ជាតក

សមុទ្ទវាណិជជាតកទី៣

សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

សមុទ្ទវាណិជជាតកទី៣

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ទេវទត្ត ដែលកាន់​យកត្រកូល ៥០០ ហើយ​ធ្លាក់​ក្នុងនរក បានត្រាស់​ព្រះជាតក​នេះ មានពាក្យថា កសន្តិ វបន្តិ តេ ជនា ដូច្នេះ​ជាដើម។

 

ទេវទត្តនោះ កាលព្រះអគ្គសាវកនាំ​បរិស័ទ​ចេញទៅ​ហើយ មិនអាច​នឹងទ្រទ្រង់​សេចក្ដី​សោកបាន ក្អួតឈាម​ក្ដៅៗ​ចេញពីមាត់ ត្រូវទុក្ខ​វេទនាដ៏​ខ្លាំង​បៀតបៀន ទើបរឭក​នូវ​គុណព្រះតថាគត គិតថា យើងគិត​អំពើមិន​ជា​ប្រយោជន៍​ដល់​ព្រះតថាគត​អស់ ៩ ខែហើយ​ ចំណែកព្រះសាស្ដា​មិនមាន​ចិត្តបាប​នឹងយើង សូម្បី​ព្រះអសីតិមហាសាវក​ក៏មិនមាន​ការចង​អាឃាតនឹង​យើងដែរ ឥឡូវនេះ យើងជា​មនុស្ស​អនាថា ព្រោះកម្ម​ដែលយើង​បានធ្វើ ព្រះសាស្ដា​ក៏លះបង់​យើង សូម្បី​ព្រះមហាថេរៈ ព្រះញាតិ​ដ៏ប្រសើរ សូម្បី​រាហុលត្ថេរ សូម្បី​សក្យរាជ​ត្រកូល ក៏លះបង់​យើង យើងនឹង​ទៅសូម​ខមាទោស​ព្រះសាស្ដា ដូច្នេះ​ទើបឲ្យ​សញ្ញា​ដល់​បរិស័ទ ឲ្យនាំខ្លួន​ទៅដោយ​គ្រែ កាលទៅ​រាល់យប់ ក៏បាន​ដល់ដែន​កោសល។ ព្រះអានន្ទត្ថេរ​ក្រាបទូលព្រះសាស្ដា​ថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន បានឮថា ទេវទត្ត​មកសូម​ខមាទោស​ព្រះអង្គ។ ព្រះសាស្ដា​ត្រាស់ថា ម្នាលអានន្ទ ទេវទត្ត​មិនបានឃើញ​តថាគត​ទេ។

 

លំដាប់នោះ កាលទេវទត្តមកដល់ទ្វារនគរសាវត្ថី​ហើយ ព្រះថេរៈ​ក៏ក្រាប​ទូលព្រះសាស្ដា​ម្ដងទៀត ចំណែក​ព្រះមានព្រះភាគ នៅតែ​ត្រាស់​ដូច្នោះ​ដដែល។ ពេល​ទេវទត្ត​មកជិត​ស្រះបោក្ខរណី​វត្តជេតពន បាបកម្ម​ក៏ដល់​ទីបំផុត (ធ្វើឲ្យ) សរីរៈ​លោកក្ដៅ លោកប្រាថ្នា​ចុះមុជ និងផឹក​ទឹក ទើប​ពោលថា ម្នាល​អាវុសោ សូមអ្នក​ដាក់ខ្ញុំចុះ​ពីគ្រែ ខ្ញុំនឹង​ផឹកទឹក។ កាល​ទេវទត្ត​ចុះ គ្រាន់តែ​ដាក់ជើង​លើផែនដី មិនទាន់​បានស៊ប់​ស្រួលបួល​ផង មហាប្រឹថពី​ក៏បើក​ចន្លោះ។ ក្នុងពេល​នោះ ​អណ្ដាត​ភ្លើងតាំងឡើង​ពី​អវីចិនរក មកក្រសោប​ហ៊ុមព័ទ្ធ​ទេវទត្ត។ ទេវទត្ត​គិតថា បាបកម្ម​របស់យើង​ដល់ទី​បំផុត​ហើយ ដូច្នេះ​ទើប​រឭកគុណ​ព្រះតថាគត ហើយ​ពោល​គាថាថា

 

ឥមេហិ អដ្ឋីហិ តមគ្គបុគ្គលំ, ទេវាតិទេវំ នរទម្មសារថឹ;

សមន្តចក្ខុំ សតបុញ្ញលក្ខណំ, បាណេហិ ពុទ្ធំ សរណំ ឧបេមិ។

 ខ្ញុំព្រះករុណាសូមដល់ព្រះពុទ្ធអង្គនោះ ដែលជា​អគ្គបុគ្គល ទ្រង់ជា​អទិទេព​នៃពួក​ទេវតា ព្រះអង្គ​ជាអ្នក​ទូន្មាន​នូវ​នរៈ​ដូច​ជា​សារថី ទ្រង់មាន​សមន្តចក្ខុ ទ្រទ្រង់​បុញ្ញលក្ខណៈ​ទាំងរយ ដោយឆ្អឹង​ទាំងឡាយ​នេះ និងជីវិត ជាទីពឹង។ (មិលិន្ទបញ្ហា មេណ្ឌកបញ្ហា ឥទ្ធិពលវគ្គ ទេវទត្តបព្វជ្ជបញ្ហា )

 

កាលទេវទត្តតាំងនៅក្នុងសរណៈ​ដោយគាថា​នេះហើយ ក៏ធ្លាក់ទៅ​ក្នុង​អវីចិនរក។ ត្រកូលឧបដ្ឋាក​របស់​ទេវទត្ត មាន ៥០០ ត្រកូល សូម្បី​ទាំង ៥០០ ត្រកូល​នោះ ក៏ជា​បក្សពួក​របស់ទេវទត្ត បានជេរ​ព្រះទសពល ហើយកើត​ក្នុង​អវីចិនរក​ដូចគ្នា។ ទេវទត្ត​នាំត្រកូល ៥០០ ឲ្យតាំងនៅ​ក្នុង​អវីចិនរក។

 

ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថាឲ្យតាំងឡើងក្នុង​ធម្មសភាថា ម្នាល​អាវុសោ ទេវទត្ត​ជាមនុស្ស​អាក្រក់ ព្រោះភាព​ជាអ្នក​ជាប់ជំពាក់​នឹងលាភ​សក្ការៈ ចងក្រោធ​ក្នុងហេតុ​ដែលមិន​មែន​ជាឋានៈ​នឹង​ព្រះសម្មាសម្ពុទ្ធ មិនឃើញ​ភ័យក្នុង​អនាគត ជាអ្នក​ទៅកាន់​អវីចិនរកមួយអន្លើ​ដោយ​ត្រកូល ៥០០។ ព្រះសាស្ដា​យាងមក​ហើយ ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំងឡាយ​អង្គុយ​ប្រជុំគ្នា​រឿងអ្វី? កាលពួក​ភិក្ខុ​ទូលថា ដោយ​រឿងនេះ ទើប​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ ដែល​ទេវទត្ត​ជាអ្នកជាប់​ជំពាក់​នឹង​លាភសក្ការៈ មិនឃើញ​ភ័យក្នុង​អនាគត​នោះ សូម្បីក្នុង​កាលមុន ក៏មិន​ឃើញភ័យ​ក្នុង​អនាគត និងព្រោះ​ការជាប់​ជំពាក់​នឹងសេចក្ដី​សុខក្នុង​បច្ចុប្បន្ន ក៏ដល់​សេចក្ដី​វិនាសធំមួយអន្លើ​ដោយ​បរិស័ទ​ដែរ ដូច្នេះ​ហើយ ព្រះអង្គ​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ក្នុងទី​មិនឆ្ងាយ​ពីក្រុង​ពារាណសី​នោះ មាន​មហាវឌ្ឍកីគ្រាម (ស្រុកជាង​ឈើដ៏ធំ​មួយ) ដែលមាន​មនុស្ស ១០០០ ត្រកូល​រស់នៅ។

 

ក្នុងមហាវឌ្ឍកីគ្រាមនោះ ពួកជាងឈើ​និយាយ​នឹងអ្នក​ស្រុកថា ពួកយើង​នឹង​ធ្វើគ្រែ ធ្វើតាំង ធ្វើផ្ទះ​ឲ្យលោក ដូច្នេះ​ទើបកាន់​យក​បំណុល​ដ៏ច្រើន​អំពីដៃ​មនុស្ស​ទាំងឡាយ ហើយ​មិនអាចធ្វើ​របស់​ណាមួយ​ឡើយ។ មនុស្ស​ទាំងឡាយ​តែងដាស់​តឿន តឹងទារ​ពួកជាង​ឈើក្នុងទី​ដែលខ្លួន​ឃើញ។ ពួកជាងឈើ​ទាំងនោះ កាលមិន​អាចនៅ​ជាសុខ ព្រោះភាព​ជាអ្នក​ជាប់ជំពាក់​បំណុល គេ​បៀតបៀន ទើបនិយាយ​គ្នាថា ពួកយើង​នឹងទៅ​ប្រទេស​ផ្សេង ទៅហើយ​នឹងនៅក្នុង​ទីណា​មួយចុះ ដូច្នេះ​ក៏នាំគ្នា​ចូលទៅ​កាន់ព្រៃ កាប់ដើម​ឈើ ហើយចង​ធ្វើជា​នាវា​ដ៏ធំ នាំយក​ទៅដាក់​ក្នុងទន្លេ បរចេញ​ទៅចត​ទុកក្នុង​ទីប្រមាណ​កន្លះ​យោជន៍ និងមួយ​គាវុត​អំពីស្រុក​នោះ ក្នុងពេល​ពាក់កណ្ដាល​យប់ ទើបមក​កាន់ស្រុក នាំកូន និងប្រពន្ធ​ទៅកាន់​កន្លែង​នាវា ឡើង​នាវា បរចូល​ទៅកាន់​មហាសមុទ្រ​ដោយ​លំដាប់ នាវា​បរទៅ​យ៉ាងលឿន​ដោយសន្ទុះ​កម្លាំង​ខ្យល់ ហើយក៏​ដល់កោះ​មួយក្នុង​កណ្ដាល​សមុទ្រ​នោះ។ ក្នុងកោះ​នោះ មានផលាផល​ផ្សេងៗ គឺស្រូវ​សាលី អំពៅ ចេក ស្វាយ ព្រីង ខ្នុរ ស្រម៉ ពិភេក ដូង​ជាដើម ដែល​ដុះឯង ហើយ​មានបុរស​ម្នាក់ដែល​នាវាបែក​ធ្លុះធ្លាយ បាន​មកដល់​កោះនោះ​មុន គាត់​បរិភោគ​បាយស្រូវ​សាលី ទំពាស៊ី​អំពៅ​ជាដើម ទើបធ្វើ​ឲ្យគាត់​មានសរីរៈ​ធាត់ ជាអ្នក​អាក្រាត មាន​សក់ និងពុក​មាត់ ពុកចង្កា​ដុះ​ទ្រុបទ្រុល រស់នៅ​លើកោះ។

 

ពួកជាងឈើគិតថា បើកោះនេះ​មានអារក្សទឹក​ហួងហែង ពួកយើង​ទាំងអស់​នឹងដល់​សេចក្ដី​វិនាស ពួកយើង​គួរត្រួត​ពិនិត្យ​មើលកោះ​នេះសិន។ ពេលនោះ មានបុរស ៧-៨ នាក់ ជាអ្នកក្លាហាន មាន​កម្លាំង​មាំមួន ប្រដាប់​អាវុធ​ទាំង ៥ រួចចុះទៅ​មើលកោះ​នោះ។

 

ក្នុងខណៈនោះ បុរសដែលនៅលើកោះ បរិភោគ​អាហារ​ពេលព្រឹក​ហើយ ផឹកទឹក​អំពៅ មានសេចក្ដី​សុខ មានមុខ​ស្រស់បស់ ដេកលើ​វាលខ្សាច់​ដែលមាន​ម្លប់ត្រជាក់ ដែលហាក់​ដូចជាផែន​ប្រាក់ លើប្រទេស​ដែលគួរ​រីករាយ​មួយ ហើយស្រែក​ច្រៀង​បន្លឺឧទាន​ថា ឱ ! អ្នក​ជម្ពូទ្វីប​អើយ នាំគ្នាខំ​ភ្ជួររាស់ សាបព្រោះ ក៏មិនបាន​សេចក្ដី​សុខ​បែបនេះ កោះ​របស់​យើងនេះ​ឯង ជាទី​ប្រសើរ​ជាង​ជម្ពូទ្វីប។

 

ព្រះសាស្ដាត្រាស់ប្រាប់ភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ បុរសនោះ​បន្លឺឧទាន​នេះ កាលនឹង​សម្ដែង ទើបត្រាស់​ព្រះគាថា​ទី ១ ថា

កសន្តិ វបន្តិ តេ ជនា, មនុជា កម្មផលូបជីវិនោ;

នយិមស្ស ទីបកស្ស ភាគិនោ, ជម្ពុទីបា ឥទមេវ នោ វរំ។

ពួកមនុស្សជន (ក្នុងជម្ពូទ្វីប) ទាំងនោះ អាស្រ័យ​ចិញ្ចឹម​ជីវិត ដោយផល​នៃការងារ រមែង​សាបព្រោះ ក៏មិនបាន​មួយចំណែក​នៃកោះ​នេះឡើយ ឯកោះ​របស់​យើងនេះ ប្រសើរ​ជាង​ជម្ពូទ្វីប។

 

បណ្ដាបទទាំងនោះ បទថា តេ ជនា (ពួកជន​ទាំងនោះ) បានដល់ ជនដែល​រស់នៅ​លើជម្ពូទ្វីប​នោះ។ បទថា កម្មផលូបជីវិនោ (ចិញ្ចឹម​ជីវិត​ដោយផល​នៃការងារ) សេចក្ដីថា សត្វ​ទាំងឡាយចិញ្ចឹម​ជីវិត​ដោយ​ផលការងារ​នៃកម្ម​ផ្សេងៗ។

 

លំដាប់នោះ ពួកបុរសដែលចុះទៅពិនិត្យ​កោះនោះ ឮសំឡេង​ច្រៀង​របស់​បុរស​នោះហើយ និយាយ​ថា សំឡេង​ដែលយើង​បានឮ​នេះ ដូចជា​សំឡេង​មនុស្ស ពួកយើង​នឹងដឹង​សំឡេង​នោះ ដូច្នេះ​ហើយ ក៏នាំ​គ្នាទៅ​តាមក្រសែ​សំឡេង បានឃើញ​បុរសនោះ ម្នាក់ៗ​ភ័យខ្លាច​ដោយ​គិតថា​ជាយក្ស នាំគ្នាស៊ក​កូនសរ។

 

ចំណែកបុរសនោះឃើញពួកបុរសហើយ ដោយសេចក្ដី​ភ័យខ្លាច​គេសម្លាប់​ខ្លួន ទើបសូម​អង្វរ​គេថា បពិត្រ​លោកម្ចាស់ ខ្ញុំមិន​មែនជា​យក្ស​ទេ ខ្ញុំជា​បុរស សូមពួក​លោកចូរ​ឲ្យជីវិត​ខ្ញុំផង។ កាលពួក​បុរស​ពោលថា ឈ្មោះថា បុរស មិនមែន​អាក្រាត​ដូចអ្នក​ទេ បុរស​នោះ​ក៏សូម​អង្វរ​រឿយៗ ហើយញ៉ាំង​បុរស​ទាំងនោះ ឲ្យដឹង​ភាពជា​មនុស្ស (របស់​ខ្លួន)។ ពួកបុរស​ចូលទៅ​រកបុរស​នោះ ស្ដាប់សម្មោទនីយ​កថា សួរដល់​ការដែល​បុរសនោះ​មកកាន់​កោះ។ បុរស​អាក្រាត​ប្រាប់រឿង​រ៉ាវទាំងអស់​ដល់ពួក​បុរស ហើយ​ពោលថា លោកទាំង​ឡាយ​មកក្នុង​ទីនេះ ដោយ​បុញ្ញសម្បត្តិ​របស់ខ្លួន កោះ​នេះជាឧត្តម​ទ្វីប លើកោះនេះ មនុស្ស​មិនត្រូវ​ធ្វើការងារ​ចិញ្ចឹម​ជីវិត​ដោយដៃ​ខ្លួនឡើយ ស្រូវសាលី​ដែលដុះ​ឯង និង​អំពៅ​ជាដើម មិនមាន​ទីបំផុត ដូច្នេះ​ពួក​លោក​នឹងរស់នៅ​ដោយ​ធុញទ្រាន់។ អន្តរាយ​ដទៃ​របស់​ពួកលោក​ដែលរស់​នៅលើ​កោះនេះ រមែង​មិនមាន ភ័យ​ដទៃក៏​មិនមាន​លើកោះ​នេះដែរ តែកោះ​នេះមាន​អមនុស្ស​ហួងហែង ពួក​អមនុស្ស​កាលឃើញ​ឧច្ចារ​បស្សាវៈ​របស់​ពួកលោក រមែង​ក្រោធ​ខឹង ព្រោះ​ហេតុនោះ កាលពួក​លោកធ្វើ​ការ​បន្ទោបង់ គប្បី​កាយខ្សាច់ ហើយកប់​ដោយដី​ខ្សាច់​ចុះ ភ័យលើ​កោះនេះ​មានត្រឹម​តែប៉ុណ្ណេះ​ឯង ភ័យដទៃ​មិនមាន​ទេ ពួកលោក​គប្បី​មិនប្រមាទ​អស់កាល​ជានិច្ច។ មនុស្ស​ទាំងឡាយ​នោះ នាំគ្នា​ចូលទៅ​នៅលើ​កោះនោះ។ ក្នុង​ត្រកូល​មួយពាន់​នោះ មានជាង​ឈើ ២ នាក់ ជាប្រធាន​នៃត្រកូល ៥០០ ៗ។ បណ្តា​ប្រធាន​ជាងឈើ​ទាំង ២ នោះ មនុស្ស​មួយជា​បុគ្គលល្ងង់ ល្មោភ​ក្នុងរស មនុស្ស​មួយទៀត​ជាបណ្ឌិត មិនជាប់​ជំពាក់​នឹងរស។

 

ក្នុងកាលខាងក្រោយមក មនុស្សទាំងអស់​រស់នៅជា​សុខលើកោះ ហើយជា​អ្នកមាន​សរីរៈ​ធាត់ គិតថា​ ពួកយើង​មិនបាន​ផឹកសុរា​អស់កាល​យូរហើយ យើងនឹង​ធ្វើមេរ័យ​ដោយទឹក​អំពៅ ហើយ​នាំគ្នាផឹក​ម្ដង។ ពួកមនុស្ស​ធ្វើមេរ័យ ហើយនាំ​គ្នាផឹក រួចច្រៀង​រាំ លេងដោយ​អំណាច​សេចក្ដី​ប្រមាទ ព្រោះ​សេចក្ដី​ប្រមាទ មនុស្ស​ទាំងឡាយ​បន្ទោបង់​ឧច្ចារ​បស្សាវៈ​ដាក់លើ​កោះ ហើយ​មិនកប់ (ដូចមុន) ធ្វើកោះ​នោះឲ្យ​ទៅជា​ទីគួរខ្ពើម ជាទី​បដិកូល។

 

ទេវតាទាំងឡាយខឹងក្រោធថា មនុស្សទាំងនេះ​ធ្វើកីឡាមណ្ឌប​របស់យើង​ឲ្យជាទី​បដិកូល ហើយប្រឹក្សា​គ្នាថា យើងនឹង​ធ្វើទឹក​មហាសមុទ្រ​ឲ្យឡើង​មកលាង​សម្អាត​កោះនេះ រួចកំណត់​ថ្ងៃថា ឥឡូវនេះ​ជា​កាឡបក្ខ (បើធ្វើ) ថ្ងៃនេះ​សមាគម​របស់ពួក​យើង​នឹងបែក បន្ទាប់​ពីពេល​នេះទៅ ក្នុង​ថ្ងៃទី ១៥ កើត ជាថ្ងៃ​បុណ្ណមី​ឧបោសថ កាល​ព្រះចន្ទ្រ​រះឡើង យើងនឹង​ពន្លះ​ទឹកសមុទ្រ ញ៉ាំង​មនុស្ស​ទាំងអស់​នេះឲ្យ​សម្លាប់។

 

លំដាប់នោះ ក្នុងពួកទេវតាទាំងនោះ មានទេវបុត្រ​ជា​ធម្មិកមួយ​អង្គ (មានចិត្ត) អនុគ្រោះ​ថា កាលបើ​យើងឃើញ មនុស្ស​ទាំងនេះ ចូរកុំ​វិនាស​ឡើយ កាលមនុស្ស​ទាំងនោះ​បរិភោគ​អាហារ​ល្ងាច ហើយ​អង្គុយ​ពោលពាក្យ​ជាសុខ​ត្រង់ទ្វារផ្ទះ ធម្មិក​ទេវបុត្រ​ប្រដាប់​តាក់តែង​ដោយ​អលង្ការ​ទាំងពួង ធ្វើពន្លឺ​មួយឲ្យភ្លឺ​ទូទាំង​ផ្ទៃកោះ ឋិតនៅ​លើអាកាស​ទិសឧត្តរ​ពោលថា នែវឌ្ឍកី​ដ៏ចម្រើន ទេវតា​ទាំងឡាយ​ក្រោធខឹង​ពួកអ្នក អ្នកទាំង​ឡាយ ចូរកុំនៅ​ក្នុងទី​នេះឡើយ បន្ទាប់ពី​ថ្ងៃនេះទៅ កន្លះ​ខែទៀត ពួកទេវតា​នឹងពន្លះ​ទឹកសមុទ្រ ធ្វើពួក​អ្នកឲ្យ​ស្លាប់ អ្នកទាំង​ឡាយ ចូររត់​ចេញពី​កោះនេះ​ទៅ ដូច្នេះ​ហើយ ទើបពោល​គាថាទី ២ ថា

 

តិបញ្ចរត្តូបគតម្ហិ ចន្ទេ, វេគោ មហា ហេហិតិ សាគរស្ស;

ឧប្លវិស្សំ ទីបមិមំ ឧឡារំ, មា វោ វធី គច្ឆថ លេណមញ្ញំ។

កាលបើព្រះចន្ទ ដើរដល់រាត្រី ១៥ កើត សន្ទុះនៃ​សាគរដ៏​ធំ នឹងជោរ​លិចកោះ​ដ៏ថ្កុំថ្កើង​នេះ សន្ទុះនៃ​សាគរ​នោះ កុំសម្លាប់​អ្នកទាំង​ឡាយ​ឡើយ អ្នក​ទាំងឡាយ ចូរទៅ​រកទី​ជ្រកកោន​ដទៃចុះ។

 

ធម្មិកទេវបុត្រឲ្យឱវាទដល់មនុស្សទាំងនោះហើយ ក៏ទៅកាន់ទី​កន្លែង​របស់​ខ្លួនវិញ។ កាល​ធម្មិកទេវបុត្រ​ទៅហើយ ទេវបុត្រ​ដទៃដែល​កាច​អាក្រក់​គិតថា​ មនុស្ស​ទាំងនេះ​កាន់យក​ពាក្យ​របស់​ទេវបុត្រ​នោះ ហើយនឹង​រត់ទៅ យើងនឹង​ឃាត់​ដំណើរ​មនុស្ស​ទាំងនេះ នឹងឲ្យ​មនុស្ស​ទាំងនេះ​ដល់សេចក្ដី​វិនាស​ធំ ដូច្នេះ​ទើបប្រដាប់​តាក់តែង​ដោយ​អលង្ការ​ជាទិព្វ ធ្វើពន្លឺ​មួយឲ្យភ្លឺ​ទូទាំង​ផ្ទៃកោះ មក​ឋិតនៅ​លើអាកាស​ទិសទក្សិណ ហើយ​សួរថា មានទេវបុត្រ​មួយអង្គ​មកទី​នេះឬ?

 

ពួកមនុស្សពោលថា មក។

អធម្មិកទេវបុត្រពោលថា ចុះទេវបុត្រនោះពោលនឹង​ពួកលោក​ដូចម្ដេច?

ពួកមនុស្សពោលថា បពិត្រលោកម្ចាស់ ទេវបុត្រនោះ​ពោលរឿង​នេះ។

អធម្មិកទេវបុត្រពោលថា ទេវបុត្រនោះមិនប្រាថ្នាឲ្យពួក​លោកនៅ​ក្នុងទីនេះ ពោល​ដោយទោស​ចិត្ត ពួកលោក​កុំទៅក្នុង​ទីដទៃ ចូរនៅក្នុង​ទីនេះចុះ ដូច្នេះ​ហើយ ទើបពោល ៣ គាថា​ថា

ន ជាតុយំ សាគរវារិវេគោ, ឧប្លវិស្សំ ទីបមិមំ ឧឡារំ;

តំ មេ និមិត្តេហិ ពហូហិ ទិដ្ឋំ, មា ភេថ កឹ សោចថ មោទថវ្ហោ។

សន្ទុះនៃទឹកក្នុងសាគរនេះ មិនមែន​ជោរ​លិច​កោះ​ដ៏ថ្កុំថ្កើង​នេះទេ ដំណើរ​នោះ យើង​ឃើញដោយ​និមិត្ត​ដ៏ច្រើន អ្នក​ទាំងឡាយ​កុំខ្លាច សោយសោក​ព្រោះហេតុអ្វី ចូររីក​រាយចុះ។

 

បហូតភក្ខំ ពហុអន្នបានំ, បត្តត្ថ អាវាសមិមំ ឧឡារំ;

ន វោ ភយំ បដិបស្សាមិ កិញ្ចិ, អាបុត្តបុត្តេហិ បមោទថវ្ហោ។

 

អ្នកទាំងឡាយ បានដល់លំនៅដ៏ថ្កុំថ្កើងនេះ ជាកន្លែង​មានចំណី​ដ៏ច្រើន មានបាយ និងទឹក​ដ៏ច្រើន យើង​មិនឃើញ​ភ័យបន្តិច​បន្តួច​នៃអ្នក​ទាំងឡាយ​ឡើយ អ្នក​ទាំងឡាយ ចូររីករាយ​ជាមួយ​នឹងកូន និងចៅ​ទាំងឡាយ​ចុះ។

 

អធម្មិកទេវបុត្រលួងលោមមនុស្សទាំងនោះ​ដោយ ២ គាថា​យ៉ាងនេះ​ហើយ ក៏ចៀស​ចេញទៅ។ កាលទេវតា​នោះចេញ​ទៅហើយ ជាងឈើ​ដែលល្ងង់ មិនកាន់​យកពាក្យ​របស់​ធម្មិកទេវបុត្រ ប្រឹក្សា​នឹងជាងឈើ​ដ៏សេស​ថា នែអ្នក​ដ៏ចម្រើន អ្នកទាំងឡាយ​ចូរស្ដាប់​ពាក្យ​យើង ដូច្នេះទើប​ពោល​គាថា​ទី ៥ ថា

 

យោ ទេវោយំ ទក្ខិណាយំ ទិសាយំ, ខេមន្តិ បក្កោសតិ តស្ស សច្ចំ;

ន ឧត្តរោ វេទិ ភយាភយស្ស, មា ភេថ កឹ សោចថ មោទថវ្ហោ។

ទេវតាណាឋិតក្នុងទិសខាងត្បូង និយាយប្រាប់សេចក្តី​ក្សេម ពាក្យរបស់​ទេវតា​នោះពិត ទេវតា​ដែល​ឋិតក្នុង​ទិសខាង​ជើង មិនដឹង​នូវហេតុ​ដែល​គួរខ្លាច និងមិន​គួរខ្លាច​ទេ អ្នកទាំង​ឡាយ កុំខ្លាច​ឡើយ សោយសោក​ធ្វើអ្វី ចូរនាំ​គ្នារីក​រាយចុះ។

 

ពួកជាងឈើ ៥០០ ដែលជាប់ជំពាក់​ក្នុងរស ស្ដាប់ពាក្យ​នោះហើយ​ កាន់យក​ជឿពាក្យ​របស់​មេជាងឈើ​ល្ងង់នោះ។

ចំណែកជាងឈើជាបណ្ឌិត មិនកាន់យក មិនជឿ​ពាក្យជាង​ឈើល្ងង់​នោះទេ ប្រឹក្សា​នឹង​ជាងដ៏​សេសហើយ ពោល ៤ គាថា ថា

 

យថា ឥមេ វិប្បវទន្តិ យក្ខា, ឯកោ ភយំ សំសតិ ខេមមេកោ;

តទិង្ឃ មយ្ហំ វចនំ សុណាថ, ខិប្បំ លហុំ មា វិនស្សិម្ហ សព្វេ។

យក្ខទាំងនេះ ពោលខុសគ្នា យក្ខម្នាក់​ប្រាប់នូវ​ភ័យ យក្ខម្នាក់​ប្រាប់នូវ​សេចក្តី​ក្សេម ណ្ហើយចុះ អ្នកទាំង​ឡាយ​ចូរស្តាប់​នូវពាក្យ​របស់​យើងចុះ យើងទាំង​អស់គ្នា កុំវិនាស​ឆាប់រួស​រាន់ឡើយ។

 

សព្វេ សមាគម្ម ករោម នាវំ, ទោណឹ ទឡ្ហំ សព្វយន្តូបបន្នំ;

សចេ អយំ ទក្ខិណោ សច្ចមាហ, មោឃំ បដិក្កោសតិ ឧត្តរោយំ;

សា ចេវ នោ ហេហិតិ អាបទត្ថា, ឥមញ្ច ទីបំ ន បរិច្ចជេម។

យើងទាំងអស់គ្នា ចូរប្រជុំគ្នាធ្វើទូក គឺទូក​កំរោលមាំ ប្រកប​ដោយយន្ត​គ្រប់យ៉ាង បើទេវតា​ដែលឋិត​ក្នុងទិស​ខាងត្បូង​នេះ និយាយ​ពិត ទេវតា​ដែលឋិត​ក្នុងទិស​ខាងជើង​និយាយ​ប្រាប់នេះ មិនពិត​ឡើយ។

 

សចេ ច ខោ ឧត្តរោ សច្ចមាហ, មោឃំ បដិក្កោសតិ ទក្ខិណោយំ;

តមេវ នាវំ អភិរុយ្ហ សព្វេ, ឯវំ មយំ សោត្ថិ តរេមុ បារំ។

ទូករបស់យើងនោះ នឹងមានប្រយោជន៍​ដល់សេចក្តី​អន្តរាយ (ដែលកើត​ខាងក្រោយ) ពួកយើង​មិន​លះបង់​នូវកោះ​នេះទេ បើទេវតា​ដែលឋិត​ក្នុងទិស​ខាងជើង និយាយ​ពិត ទេវតា​ដែលឋិត​ក្នុងទិស​ខាងត្បូង​នេះ និយាយ​មិន​ពិតទេ យើងទាំង​អស់គ្នា ឡើងជិះ​ទូកនោះ​ឯង ហើយគប្បី​ឆ្លងទៅ​រកត្រើយ​ខាងនាយ ដោយ​សួស្តី​យ៉ាងនេះ។

 

ន វេ សុគណ្ហំ បឋមេន សេដ្ឋំ, កនិដ្ឋមាបាថគតំ គហេត្វា;

យោ ចីធ តច្ឆំ បវិចេយ្យ គណ្ហតិ, ស វេ នរោ សេដ្ឋមុបេតិ ឋានំ។

បុគ្គលមិនគប្បីជឿដោយងាយថា ពាក្យដែល​បុគ្គល​ទី ១ ពោល​ហើយ ជាពាក្យ​ប្រសើរ​ដូច្នេះ​ទេ នរជន​ណា ក្នុងលោកនេះ កាន់យក​នូវពាក្យ​នៃបុគ្គល​ទី ២ ដែលដល់​នូវគន្លង​នៃត្រចៀក ហើយពិចារណា (នូវពាក្យ​ខាងដើម​ និងពាក្យ​ខាង​ចុង) ហើយជឿ​នូវពាក្យ​ជា​កណ្តាល នរជន​នោះ រមែង​ដល់នូវ​ទីដ៏​ប្រសើរ។

 

បទថា ទោណឹ (ទូកកំរោល) បានដល់ មហានាវា​ដ៏ធំជ្រៅ។

 

មេជាងដែលជាបណ្ឌិតពោលយ៉ាងនេះហើយ ពោល​ទៀតថា នែអ្នក​ដ៏ចម្រើន ពួកយើង​នឹងធ្វើ​តាមពាក្យ​របស់​ទេវតា​ទាំង ២ តែពួក​យើងត្រូវ​កសាង ចងភ្ជាប់​ធ្វើនាវា​ជាដំបូង។ បើពាក្យ​របស់​ទេវតា​ដំបូង​ពិត ពួកយើង​នឹងឡើង​នាវា ហើយ​បរចេញ​ទៅ តែបើ​ពាក្យ​របស់​ទេវតា​ក្រោយ​ពិតវិញ យើងនឹង​ទុកនាវា​នៅកន្លែង​មួយ ហើយនៅ​លើកោះ​នេះចុះ។

 

កាលបណ្ឌិតវឌ្ឍកីពោលយ៉ាង​នេះហើយ ពាលវឌ្ឍកី​ពោលថា នែអ្នក​ដ៏ចម្រើន អ្នក​ចូរមើល​ក្រពើ​ក្នុង​អន្លង់ទឹក អ្នកមើល​ឃើញវែង​ពេកហើយ ទេវបុត្រ​ដំបូង​ពោល​ដោយ​អំណាច​ទោសៈ​នឹងយើង ទេវបុត្រ​ក្រោយពោល​ដោយ​សេចក្ដី​ស្រឡាញ់​ពួកយើង យើងលះ​បង់​កោះដ៏​ប្រសើរ​បែបនេះ​ហើយ នឹងទៅ​ទីណា បើអ្នក​ប្រាថ្នាទៅ ចូរកាន់​យកបរិស័ទ​របស់អ្នក ទៅធ្វើ​នាវា​ចុះ កិច្ចដោយ​នាវា​មិនមាន​ដល់​យើងឡើយ។ បណ្ឌិតវឌ្ឍកី​កាន់យក​បរិស័ទ​របស់​ខ្លួន ត្រៀម​នាវា ហើយនាំ​ឧបករណ៍​ទាំងពួង មួយអន្លើ​ដោយ​បរិស័ទ ទៅតម្កល់​ទុកលើ​នាវា។

 

លំដាប់នោះ ក្នុងថ្ងៃពេញបូណ៌មី កាល​ព្រះចន្ទ្រ​រះឡើង រលក​ក៏ផុស​ឡើងពី​សមុទ្រ មាន​ប្រមាណ​ត្រឹមជង្គង់ រសាត់​បោកបក់​លាង​សម្អាត​កោះ។ បណ្ឌិតវឌ្ឍកី​ដឹងថា ទឹកសមុទ្រ​ឡើងមក​ហើយ​ ក៏ឲ្យ​គេស្រាយ​នាវា។ មនុស្ស​ក្នុង​ត្រកូល ៥០០ ដែលជា​បក្សពួក​ពាលវឌ្ឍកី​ពោលថា រលក​រសាត់​មកពី​សមុទ្រ ដើម្បីលាង​ជម្រះ​កោះ ដូច្នេះ​នាំគ្នា​អង្គុយ (ធម្មតា)។ បន្ទាប់​មក រលក​សមុទ្រ (ចេះតែ​ធំឡើងៗ) ត្រឹម​ចង្កេះ ត្រឹមកម្ពស់​បុរស ត្រឹម​ដើមត្នោត តាម​លំដាប់ រសាត់​មកបន្សាត់​កោះនោះ។ បណ្ឌិតវឌ្ឍកី​ជាអ្នក​មិនជាប់​ជំពាក់​ក្នុងរស ព្រោះភាព​ជាអ្នក​ឈ្លាស​ក្នុងឧបាយ បានទៅ​ដោយ​សុវត្ថិភាព ចំណែក​ពាលវឌ្ឍកី​ជាអ្នក​មិនឃើញ​ភ័យ​ក្នុង​អនាគត ព្រោះជា​អ្នកជាប់​ជំពាក់​នឹងរស ក៏ដល់​សេចក្ដី​វិនាស មួយអន្លើ​ដោយ​ត្រកូល ៥០០។

អនុសាសនីដទៃពីនេះ ជាអភិសម្ពុទ្ធ​គាថា ៣ ដែល​សម្ដែង​បំភ្លឺ​សេចក្ដី​នោះថា

 

យថាបិ តេ សាគរវារិមជ្ឈេ, សកម្មុនា សោត្ថិ វហឹសុ វាណិជា;

អនាគតត្ថំ បដិវិជ្ឈិយាន, អប្បម្បិ នាច្ចេតិ ស ភូរិបញ្ញោ។

ពាណិជទាំងនោះ បានទៅដោយ​សួស្តី ក្នុងកណ្តាល​នៃទឹក​សមុទ្រ ដោយ​កម្មរបស់​ខ្លួន យ៉ាង​ណាមិញ កុលបុត្រ​មានបា្រជ្ញា​ដូចផែនដី បានដឹង​ច្បាស់នូវ​ប្រយោជន៍​ជាអនាគត ហើយ​មិន​ប្រព្រឹត្ត​កន្លង​នូវ​ប្រយោជន៍ (របស់​ខ្លួន) សូម្បីតិច ក៏យ៉ាង​នោះដែរ។

 

ពាលា ច មោហេន រសានុគិទ្ធា, អនាគតំ អប្បដិវិជ្ឈិយត្ថំ;

បច្ចុប្បន្នេ សីទន្តិ អត្ថជាតេ, សមុទ្ទមជ្ឈេ យថា តេ មនុស្សា។

ពួកជនពាល ដែលជាប់ក្នុងរស​ដោយមោហៈ មិនបាន​ដឹងច្បាស់នូវ​ប្រយោជន៍​ជា​អនាគត ក៏លិច​ចុះក្នុង​ប្រយោជន៍​ជា​បច្ចុប្បន្ន ដូចជា​មនុស្ស​ទាំងនោះ (ដល់នូវ​សេចក្តី​វិនាស) ក្នុង​កណ្តាល​សមុទ្រ។

 

អនាគតំ បដិកយិរាថ កិច្ចំ, មា មំ កិច្ចំ កិច្ចកាលេ ព្យធេសិ;

តំ តាទិសំ បដិកតកិច្ចការិំ, ន តំ កិច្ចំ កិច្ចកាលេ ព្យធេតិ។

បុគ្គលគប្បីគ្រោងទុកនូវកិច្ចជា​អនាគត (ដោយ​បំណង​ថា) កិច្ចកុំ​បៀតបៀន​អញ ក្នុងកាល​ដែលមាន​កិច្ចឡើយ ឯកិច្ច​នោះ មិនបាន​បៀតបៀន​នូវបុគ្គល​នោះ ជាអ្នក​ធ្វើកិច្ច​ដែលខ្លួន​បានគ្រោង​ទុក​ហើយ បា្រកដ​ដូច្នោះ ក្នុងកាល​ជាទី​ធ្វើកិច្ច។

 

បទថា វាណិជា (ពាណិជទាំងនោះ) សេចក្ដីថា ព្រះមានព្រះភាគ​ត្រាស់ហៅ​ពួក​ជាងឈើ (ថាពាណិជ) ព្រោះភាព​ដែលជាងឈើ​ទាំងនោះ​ត្រាច់ទៅ​តាម​សមុទ្រ។ បទថា បដិវិជ្ឈិយាន (បានដឹង​ច្បាស់​នូវ​ប្រយោជន៍) សេចក្ដីថា ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្រ​ដែលមាន​បញ្ញា​ដូច​ផែនដី ក្នុងលោក​នេះ ចាក់ធ្លុះ ដឹងច្បាស់​ប្រយោជន៍​ក្នុងអនាគត​ហើយ គប្បីធ្វើ​កិច្ចជា​ដំបូង មិនញ៉ាំង​ប្រយោជន៍​របស់ខ្លួន​ឲ្យកន្លង​ទៅ គឺមិន​ឲ្យសាបសូន្យ​ឡើយ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវ​នេះទេ សូម្បីក្នុង​កាលមុន ទេវទត្ត​ក៏ជា​អ្នកជាប់​ជំពាក់​នឹងសេចក្ដី​សុខ​ក្នុង​បច្ចុប្បន្ន មិនឃើញ​ភ័យក្នុង​អនាគត ហើយដល់​សេចក្ដី​វិនាស មួយអន្លើ​ដោយ​បរិស័ទ​របស់ខ្លួន​ដែរ ដូច្នេះ​ហើយទ្រង់​ប្រជុំ​ជាតកថា

 

តទា ពាលវឌ្ឍកី ទេវទត្តោ អហោសិ ពាលវឌ្ឍកី​ក្នុងកាល​នោះ បានមក​ជាទេវទត្ត

ទក្ខិណទិសាយ ឋិតោ អធម្មិកទេវបុត្តោ កោកាលិកោ អធម្មិកទេវបុត្រ​ដែលឋិត​នៅ​ទិសទក្សិណ​នោះ បានមក​ជា​កោកាលិកភិក្ខុ

ឧត្តរទិសាយ ឋិតោ ធម្មិកទេវបុត្តោ សារិបុត្តោ ធម្មិកទេវបុត្រ​ដែលឋិត​នៅ​ទិសឧត្តរ បាន​មកជា​សារីបុត្រ

បណ្ឌិតវឌ្ឍកី បន អហមេវ អហោសឹ ចំណែក​បណ្ឌិតវឌ្ឍកី គឺ​តថាគត​នេះឯង។

សមុទ្ទវាណិជជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៤២)

ដោយ ស.ដ.វ.ថ.