ជាតក

1 2 3 120

រថលដ្ឋិជាតកទី២

សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

រថលដ្ឋិជាតក ទី២

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​បុរោហិត​របស់​ព្រះបាទ​កោសល បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អបិ ហន្ត្វា ហតោ ព្រូតិ ដូច្នេះ​ជាដើម។

 

បានឮមកថា បុរោហិតនោះ ធ្វើដំណើរ​ទៅកាន់ស្រុក ជាភោគៈ​របស់ខ្លួន ដោយរថ កាល​ដែល​បររថ​ក្នុងផ្លូវ​ចង្អៀត គាត់ឃើញ​អ្នករទេះ​មួយជួរ ក៏ប្រាប់ថា អ្នក​ទាំងឡាយ​ចូរ​បររទេះ​អ្នកចេញ ហើយ​ក៏បរ​ទៅមុខ កាលរទេះ​គេមិន​ចៀស គាត់​ក្រោធខឹង ក៏យក​ដង​ជន្លួញ​វាយក្បាល​រទេះ​របស់​អ្នកបរ​រទេះដែល​នៅខាង​មុខគេ។ ចុងជន្លួញ​ដែល​វ័ធត្រូវ​ក្បាល​រទេះ ក៏ខ្ទាត​មកក្រោយ ត្រូវលលាដ៍ក្បាល​របស់​បុរោហិត​នោះវិញ។ រំពេច​នោះ ធ្វើឲ្យ​លលាដ៍ក្បាល​របស់​គាត់ពក។ បុរោហិតនោះ ត្រឡប់​មកវិញ គាត់បាន​ក្រាបទូល​ព្រះរាជា​ថា ទូលព្រះបង្គំ​ត្រូវពួក​អ្នករទេះ​វាយ។ អាមាត្យ​ទាំងឡាយ បានកោះ​ហៅពួក​អ្នករទេះ ឲ្យចូល​មកជួប ហើយ​កាត់ក្ដី ក៏បាន​ឃើញទោស​របស់​បុរោហិត​តែម្យ៉ាង។

 

ថ្ងៃមួយ ភិក្ខុទាំងឡាយញ៉ាំងកថា​ឲ្យតាំងឡើង​ក្នុង​ធម្មសភា​ថា ម្នាល​អាវុសោ បាន​ឮថា បុរោហិត​របស់​ព្រះរាជា ដាក់ពាក្យ​បណ្ដឹង​ថា ពួកអ្នក​រទេះ​វាយគាត់ តែគាត់​ចាញ់ក្ដី ដោយ​ខ្លួនឯង​វិញ។ ព្រះសាស្ដា​យាងមក​ហើយ ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់​មិញនេះ អ្នក​ទាំងឡាយ​អង្គុយ​ប្រជុំគ្នា​និយាយ​រឿងអ្វី? កាលពួក​ភិក្ខុក្រាប​ទូល​រឿង​តាមដំណើរ​នោះហើយ ព្រះសាស្ដា​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវ​នេះទេ សូម្បីក្នុង​កាលមុន បុរោហិត​នោះ ក៏ធ្លាប់​ធ្វើអំពើ​បែបនោះ​ដែរ ហើយ​ព្រះអង្គ​នាំអតីត​និទាន​ថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី ព្រះពោធិសត្វ​កើតជា​អាមាត្យ​អ្នក​កាត់ក្ដី​របស់​ព្រះរាជា​នោះ។ គ្រានោះ បុរោហិត​របស់​ព្រះរាជា ធ្វើដំណើរទៅ​កាន់ស្រុក​ជាភោគៈ​របស់ខ្លួន​ដោយរថ។ រឿងរ៉ាវ​ទាំងអស់ ប្រាកដដូច​រឿងរ៉ាវ​បច្ចុប្បន្ន​ខាងដើម​នោះឯង។ ប៉ុន្តែ​រឿងរ៉ាវ​អតីតនេះ បុរោហិត​នោះ ក្រាបទូល​ព្រះរាជា ដែល​ទ្រង់ប្រថាប់​ក្នុង​សាលាក្ដី ហើយព្រះរាជា​ឲ្យហៅអ្នក​រទេះមក​ចូលគាល់ ព្រះអង្គ​មិនទាន់​ជម្រះ​ក្ដីផង ក៏ត្រាស់​ថា អ្នកទាំងឡាយ​វាយ​បុរោហិត​យើង ឲ្យពក​លលាដ៍​ក្បាល និងត្រាស់​បញ្ជា​រាជបុរស​ថា អ្នកទាំងឡាយ ចូររឹបអូស​ទ្រព្យ​ទាំងអស់​របស់​អ្នករទេះ​ទាំងនេះ។

 

លំដាប់នោះ ព្រះពោធិសត្វនិយាយថា បពិត្រ​មហារាជ ព្រះអង្គ​មិនទាន់​កាត់ក្ដី​ឲ្យ​ដាច់ផង បញ្ជា​ឲ្យគេរឹប​អូសទ្រព្យ​សម្បត្តិ​ទាំងអស់​របស់​ពួកអ្នក​រទេះ ចំណែក​បុគ្គលខ្លះ ទោះបី​វាយខ្លួន​ដោយ​ខ្លួនឯង នៅតែ​និយាយថា អ្នកដទៃ​វាយខ្លួន ព្រោះ​ហេតុនោះ ការមិន​បានពិចារណា​ហើយធ្វើ មិន​សមគួរទេ ធម្មតា បុគ្គលអ្នក​សោយរាជ្យ ពិចារណា​ឲ្យល្អិតល្អន់​សិន ទើបគួរ​ធ្វើការ​កាត់ក្ដី ហើយ​ព្រះពោធិសត្វ​ពោលគាថា​ទាំងនេះ​ថា

 

អបិ ហន្ត្វា ហតោ ព្រូតិ, ជេត្វា ជិតោតិ ភាសតិ;

បុព្វមក្ខាយិនោ រាជ, អញ្ញទត្ថុ ន សទ្ទហេ។

បពិត្រព្រះរាជា បុគ្គលប្រហារខ្លួនដោយខ្លួនឯង ហើយនិយាយ​ថា គេប្រហារ ក៏មាន ផ្ចាញ់​គេ ហើយ​និយាយថា គេផ្ចាញ់ខ្លួន ក៏មាន អ្នកប្រាជ្ញ​កុំគប្បី​ជឿពាក្យ​នៃអ្នក​និយាយមុន ដោយ​ដាច់ខាត​ឡើយ។

 

តស្មា បណ្ឌិតជាតិយោ, សុណេយ្យ ឥតរស្សបិ;

ឧភិន្នំ វចនំ សុត្វា, យថា ធម្មោ តថា ករេ។

ហេតុនោះ បណ្ឌិតជាតិ គួរស្ដាប់ពាក្យរបស់បុគ្គល​ក្រៅពី​នេះផង លុះស្ដាប់​ពាក្យ​របស់ជន​ទាំងពីរ​នាក់ហើយ គប្បីធ្វើ​តាមច្បាប់​ចុះ។

 

អលសោ គិហី កាមភោគី ន សាធុ, អសញ្ញតោ បព្វជិតោ ន សាធុ;

រាជា ន សាធុ អនិសម្មការី, យោ បណ្ឌិតោ កោធនោ តំ ន សាធុ។

គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនប្រពៃ អ្នកបួស​មិនសង្រួម មិនប្រសើរ ព្រះរាជា​មិនពិចារណា​ហើយធ្វើ មិនប្រសើរ បណ្ឌិត​ដែលជា​អ្នកច្រើន​ក្រោធ ក៏ពុំ​ប្រសើរ។

 

និសម្ម ខត្តិយោ កយិរា, នានិសម្ម ទិសម្បតិ;

និសម្មការិនោ រាជ, យសោ កិត្តិ ច វឌ្ឍតិ។

បពិតព្រះអង្គជាម្ចាស់នៃទិស ក្សត្រិយ៍គប្បី​ពិចារណា​ហើយ​សឹមធ្វើ បើមិន​ទាន់​ពិចារណា មិនត្រូវ​ធ្វើទេ យសក្ដី កិត្តិសព្ទក្ដី​ រមែងចម្រើន​ដល់​ព្រះរាជា ដែល​ពិចារណា​ហើយទើបធ្វើ។

 

ព្រះរាជាស្ដាប់ពាក្យរបស់ព្រះពោធិសត្វហើយ ព្រះអង្គ​វិនិច្ឆ័យក្ដី ដោយធម៌ កាលក្ដី​ត្រូវបាន​វិនិច្ឆ័យ​ដោយធម៌​ហើយ ទោសនោះ​កើតមាន​ចំពោះ​បុរោហិត​តែម្យ៉ាង។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតក​ថា

 

តទា ព្រាហ្មណោ ឯតរហិ ព្រាហ្មណោវ អហោសិ ព្រាហ្មណ៍ក្នុង​កាលនោះ បានមក​ជាព្រាហ្មណ៍​ឥឡូវនេះ

បណ្ឌិតាមច្ចោ បន អហមេវ អហោសឹ អាមាត្យបណ្ឌិត គឺ​តថាគត​នេះឯង។

ចប់ រថលដ្ឋិជាតក៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កោកិលវគ្គ បិដកលេខ ៥៨ ទំព័រ ២២០)

ដោយ ស.ដ.វ.ថ.

1 2 3 120