។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ឧទយជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ឧក្កណ្ឋិតភិក្ខុ​មួយរូប បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ឯកា និសិន្នា ដូច្នេះ​ជាដើម ។

 

រឿងរ៉ាវរបស់ជាតកនេះ នឹងមានជាក់ច្បាស់​ក្នុង​កុសជាតក (ខុទ្ទកនិកាយ ជាតក សត្តតិនិបាត បិដកលេខ ៦១ ទំព័រ ៦៤) ឯណោះ ។ ព្រះសាស្ដា​សួរភិក្ខុនោះ​ថា ម្នាលភិក្ខុ បាន​ឮថា អ្នកអផ្សុក ពិតមែនឬ កាលភិក្ខុនោះ​ឆ្លើយថា បពិត្រព្រះអង្គ ពិតមែន​ហើយ ទ្រង់ទើប​ត្រាស់ថា ម្នាលភិក្ខុ អ្នកបួស​ក្នុងសាសនា​ដែលដឹកនាំ​ឲ្យរួច​ផុតចាក​ទុក្ខ​មានសភាព​បែបនេះ​ហើយ ព្រោះហេតុអ្វី បានជា​អ្នកអផ្សុក ? បុរាណបណ្ឌិត​ទាំងឡាយ កាល​សោយរាជ​សម្បត្តិ​ក្នុង​សុរុន្ធននគរ ដែលមាន​ទំហំ ១២ យោជន៍ សម្រេចហើយ សូម្បី​នៅក្នុង​បន្ទប់តែ​មួយ​ជាមួយ​នឹងស្ត្រី​ដែលស្រដៀង​នឹង​ទេពធីតា អស់កាល ៧០០ ឆ្នាំ ក៏មិនឲ្យ​បែកធ្លាយ​ឥន្ទ្រិយ​ទាំងឡាយ មិនបាន​សម្លឹងមើល​ដោយអំណាច​នៃលោភៈ ដូច្នេះហើយ ទ្រង់បាន​នាំអតីត​និទាន​មកសម្ដែងថា

 

ក្នុងអតីតកាល ព្រះរាជាកាសីសោយរាជសម្បត្តិ នៅសុរុន្ធននគរ ក្នុងដែនកាសី ព្រះរាជា​នោះ មិនមាន​ព្រះឱរស មិនមាន​ព្រះធីតា​ឡើយ ។ ព្រះរាជា​កាសី ត្រាស់នឹង​ព្រះទេវី​របស់​ខ្លួនថា នាងចូរ​ប្រាថ្នាបុត្រ ។ សូម្បី​ព្រះអគ្គមហេសី​ទទួលពាក្យ​របស់​ព្រះរាជា​ហើយ ក៏ធ្វើ​យ៉ាងនោះ ។ គ្រានោះ ព្រះពោធិសត្វ​ចុតិពី​ព្រហ្មលោក បានកើត​ក្នុងផ្ទៃ​នៃ​ព្រះអគ្គមហេសី របស់​ព្រះរាជា​នោះ ។ លំដាប់នោះ ហឫទ័យ​របស់​មហាជន បានចម្រើន​ឡើង​ដោយ​កំណើត​របស់​ព្រះពោធិសត្វ​នោះ ដូច្នេះ ទើបនាំ​គ្នាធ្វើព្រះនាម​ថ្វាយទ្រង់​ថា ឧទយភទ្ទ ។ ក្នុងកាល​ព្រះរាជកុមារ​ចេះដើរ មានសត្វ​សូម្បីដទៃ បានចុតិ​ពីព្រហ្មលោក កើតជា​កុមារិកា​ក្នុងផ្ទៃនៃ​ព្រះទេវី​ដទៃ​របស់​ព្រះរាជា​កាសីនោះ មហាជន​ទាំងឡាយ បាន​ធ្វើ​ព្រះនាមថ្វាយ សូម្បីដល់​ព្រះនាង​ថា ឧទយភទ្ទា ។ ព្រះកុមារ កាលចម្រើន​វ័យធំហើយ ដល់នូវ​ការសម្រេច​ក្នុងសិល្ប​សាស្ត្រទាំងពួង តែទ្រង់​ជាអ្នក​ប្រព្រឹត្តធម៌​ដ៏ប្រសើរ​ដោយ​កំណើត មិនស្គាល់​នូវ​មេថុនធម្ម សូម្បីដោយ​ការ​យល់សប្តិ ចិត្តរបស់​ព្រះអង្គ មិនជាប់​ក្នុងកិលេស​ទាំងឡាយ ។ ព្រះរាជបិតា ប្រាថ្នានឹង​អភិសេក​នូវបុត្រ​ក្នុងរាជ​សម្បត្តិ បានបញ្ជូន​សារ​ទៅថា ឥឡូវនេះ ជាកាល​នៃការសោយ​សុខក្នុង​រាជសម្បត្តិ របស់​ព្រះរាជកុមារ​ហើយ អ្នកទាំងឡាយ ចូរតម្កល់​នូវស្ត្រីរបាំ​ទាំងឡាយ​ចំពោះ​ព្រះកុមារ ។ ព្រះពោធិសត្វ ហាមឃាត់​ដោយ​ពោលថា ខ្ញុំមិនត្រូវ​ការដោយ​រាជសម្បត្តិ ចិត្តរបស់​ខ្ញុំមិនជាប់​ជំពាក់​ក្នុងកិលេស​ទាំងឡាយ ដូច្នេះហើយ កាលពោល​ហាមរឿយៗ ក៏បានញ៉ាំង​គេឲ្យ​រូបស្ត្រី ដែល​សម្រេចអំពី​មាស​ជម្ពូទន​ពណ៌ក្រហម (ឈ្មោះ​មាស​វិសេស​មួយ​ប្រភេទ​ កើត​អំពី​កករ​ដី​ដែល​ជ្រាប​ជោក​ដោយ​ទឹក​ផ្លែ​ព្រីង​ប្រចាំ​ទ្វីប, ជា​មាស​បរិសុទ្ធ​ឥត​មាន​មន្ទិល មាន​សាច់​ល្អ​បំផុត​ជាង​មាស​ទាំង​ពួង, មាស​នេះ សូម្បី​ព្រះ​សម្មាសម្ពុទ្ធ ក៏​ទ្រង់​ត្រាស់​សរសើរ​ដែរ; ខ្មែរ​យើង​ហៅ​ក្លាយ​មក​ជាមាស​ជម្ពូនុទ) ហើយបញ្ជូន​ទៅឲ្យព្រះរាជ​មាតាបិតា​ដោយពាក្យ​ថា កាលបាន​ស្ត្រីដែល​មានរូប​យ៉ាងនេះ ទើបខ្ញុំនឹង​ទទួល​រាជសម្បត្តិ ។ ព្រះរាជ​មាតាបិតា ឲ្យគេនាំ​រូបមាស​នោះ ទៅកាន់​ជម្ពូទ្វីប​ទាំងមូល កាលមិនបាន​ស្ត្រីដែល​មានរូប​យ៉ាងនោះ ទើបប្រដាប់​តាក់តែង​នាង​ឧទយភទ្ទា យកមក​តម្កល់ទុក​ក្នុងសម្នាក់​រូបមាសនោះ ។ រូបនាង​ឧទយភទ្ទា គ្របសង្កត់​នូវរូបមាស​នោះ ហើយឋិតនៅ ។ លំដាប់នោះ ព្រះមាតា​ព្រះបិតា បានធ្វើ​ព្រះនាង​ឧទយភទ្ទា​កុមារី ដែលជា​ប្អូនស្រី​មានមាតា​ផ្សេងគ្នា ឲ្យជា​អគ្គមហេសី (របស់​ឧទយភទ្ទកុមារ) ទាំងដែល​អ្នកទាំង ២ នោះ មិនប្រាថ្នា ហើយ​អភិសេក​ព្រះពោធិសត្វ​ក្នុង​រាជសម្បត្តិ ។ ចំណែក​ព្រះឧទយភទ្ទកុមារ និង​ព្រះឧទយភទ្ទាកុមារី​ទាំង ២ នោះ (ជាអ្នក) នៅក្នុង​ព្រហ្មចរិយៈ​ប៉ុណ្ណោះ ។

 

ក្នុងកាលខាងក្រោយមក កាលដែល​ព្រះរាជ​មាតាបិតា​កន្លងផុតទៅ ព្រះពោធិសត្វ បានគ្រប់​គ្រងរាជ​សម្បត្តិ ។ ព្រះអង្គ​ទាំងពីរ សូម្បីនៅ​ក្នុងបន្ទប់​តែមួយ ក៏ទ្រង់​មិនទម្លាយ​ឥន្ទ្រិយ សម្លឹង​មើលគ្នា​នឹងគ្នា ដោយ​អំណាច​នៃលោភៈឡើយ ។ តែព្រះអង្គ​បានធ្វើ​ការប្ដេជ្ញា​គ្នាថា បណ្ដា​យើងទាំងពីរ បើអ្នកណា​ធ្វើកាល​កិរិយាមុន អ្នកនោះ ត្រូវមក​អំពីស្ថាន​ទីកើត ហើយ​ប្រាប់ថា ខ្ញុំបាន​កើតក្នុងទី​ឈ្មោះឯណោះ ។ លំដាប់នោះ ព្រះពោធិសត្វ ក៏បាន​ធ្វើកាល​កិរិយា ដោយកាល​កន្លង ៧០០ ឆ្នាំ អំពី​ឆ្នាំអភិសេក ។ មិនមាន​អ្នកដទៃ​ឡើង​សោយរាជ្យ​ឡើយ អំណាច​រាជការ ប្រព្រឹត្តទៅ​ក្នុងព្រះនាង​ឧទយភទ្ទា​នោះឯង ។ អាមាត្យ​ទាំងឡាយ (រួមគ្នា) គ្រប់គ្រងរាជ្យ ។ ចំណែក​ព្រះពោធិសត្វ ក្នុងខណៈចុតិ (កាល​ចុតិហើយ) បានដល់​ភាពជា​ស្ដេចសក្កៈ ក្នុងភពតាវត្តិង្ស មិនអាច​នឹងរលឹក​អស់ ៧ ថ្ងៃ ព្រោះភាព​ជាអ្នក​មានយសធំ ។ ព្រោះហេតុ​ដូច្នេះ ទើបជាកាល​កន្លងទៅ ៧០០ ឆ្នាំ ដោយការ​រាប់ឆ្នាំមនុស្ស ព្រះឥន្ទនោះ ក៏រឭកបាន ទើបគិតថា យើងនឹង​សាកល្បង​ព្រះរាជធីតា​ឧទយភទ្ទា​ដោយទ្រព្យ ញ៉ាំងឲ្យ​នាងបន្លឺ​សីហនាទ យើងនឹង​សម្ដែងធម៌ កាលបាន​រួចចាក​ការប្ដេជ្ញា​ហើយ សឹមត្រឡប់​មក ។ គ្រានោះ បានឮមកថា ជាកាល​ដែលមនុស្ស​មានអាយុ ១ ម៉ឺនឆ្នាំ ។ សូម្បី​ព្រះរាជធីតា ទ្រង់គង់នៅ​ស្ងៀមតែមួយ​អង្គឯង ក្នុងបន្ទប់​ដ៏មានសិរី ដែលប្រដាប់​តាក់តែង​ហើយ លើប្រាសាទ​ដ៏ប្រសើរ​ជាន់ទី ៧ ដែលបាន​តម្កល់​ការរក្សា ត្រង់ទ្វារ​ដែលបាន​បិទហើយ ក្នុងពេលរាត្រី កាលពិចារណា​សីល​របស់ខ្លួន ទើបអង្គុយ​អស់ថ្ងៃនោះ ។ លំដាប់នោះ ស្ដេចសក្កៈ កាន់យក​ភាជនៈមាស​មួយដែលពេញ​ទៅដោយ​មាសកៈមាស មកប្រាកដ​ក្នុងបន្ទប់ផ្ទំ ហើយឋិត​នៅកន្លែង​មួយ កាលនឹង​ចរចា​ជាមួយ​ព្រះរាជធីតា ទើបត្រាស់​គាថាទី ១ ថា

ឯកា និសិន្នា សុចិ សញ្ញតូរូ, បាសាទមារុយ្ហ អនិន្ទិតង្គី;

យាចាមិ តំ កិន្នរនេត្តចក្ខុ, ឥមេករត្តឹ ឧភយោ វសេមា។

ម្នាលនាងមានចក្ខុប្រាកដស្មើដោយភ្នែកនៃកិន្នរ នាងស្លៀក​សំពត់ដ៏ស្អាត មានភ្លៅ​រៀប​ស្រួលបួល មានអវយវៈ​តិះដៀល​មិនបាន ឡើងកាន់​ប្រាសាទ អង្គុយតែ​ម្នាក់ឯង បងសូម​អង្វរនាង សូម​យើងទាំងពីរ​នាក់នៅ (ជាមួយគ្នា) អស់មួយ​យប់នេះ ។

 

លំដាប់នោះ ព្រះរាជធីតាបានត្រាស់ ២ ព្រះគាថា ថា

ឱកិណ្ណន្តរបរិខំ, ទឡ្ហមដ្ដាលកោដ្ឋកំ;

រក្ខិតំ ខគ្គហត្ថេហិ, ទុប្បវេសមិទំ បុរំ។

បុរីនេះ មានគូខណ្ឌ ជាសង្កាត់ ៗ មានប៉ម​និងខ្លោងទ្វារ យ៉ាងមាំ (មានទាហាន ១០០០០ នាក់) កាន់ព្រះខាន់​គ្រប់ដៃ រក្សាហើយ គេចូលបាន​ដោយក្រ ។

 

ទហរស្ស យុវិនោ ចាបិ, អាគមោ ច ន វិជ្ជតិ;

អថ កេន នុ វណ្ណេន, សង្គមំ ឥច្ឆសេ មយា។

មិនមានប្រុសជំទង់ ឬប្រុសកំលោះមក (ក្នុងទីនេះ ទាំងថ្មើរ​ណេះទេ) បើយ៉ាងនេះ តើហេតុអ្វី បានជាអ្នក​ចង់មកជួប​នឹងខ្ញុំ (ទាំងថ្មើរណេះ) ។

 

លំដាប់នោះ ស្ដេចសក្កៈ ទើបត្រាស់គាថាទី ៤ ថា

យក្ខោហមស្មិ កល្យាណិ, អាគតោស្មិ តវន្តិកេ;

ត្វំ មំ នន្ទយ ភទ្ទន្តេ, បុណ្ណកំសំ ទទាមិ តេ។

ម្នាលនាងកល្យាណី យើងជាយក្ខ (បុគ្គល​ដែល​គេ​តែង​បូជា) មកក្នុង​សម្នាក់នាង ម្នាលនាង​ដ៏ចម្រើន នាងចូរត្រេកអរ​នឹងយើង យើងនឹងឲ្យ​ភាជន៍មាស​ដ៏ពេញ​ដោយ​មាស ដល់នាង ។

 

គាថានោះមានសេចក្ដីថា ម្នាលនាង​កល្យាណី ស្រីមានរូប​គួរទស្សនា បងជាទេវតា (រូបសង្ហា) មួយ មកក្នុងទីនេះ ដោយអានុភាព​នៃទេវតា ក្នុងថ្ងៃនេះ អូនចូរ​ត្រេកអរ​នឹងបង បងនឹង​ឲ្យភាជនៈ​មាស ដែលពេញ​ទៅដោយ​មាសកៈមាស​នេះដល់អូន ។

 

ព្រះនាងស្ដាប់ពាក្យនោះហើយ ទើបត្រាស់គាថាទី ៥ ថា

ទេវំវ យក្ខំ អថ វា មនុស្សំ, ន បត្ថយេ ឧទយមតិច្ច អញ្ញំ;

គច្ឆេវ ត្វំ យក្ខ មហានុភាវ,    មា ចស្សុ គន្ត្វា បុនរាវជិត្ថ។

ម្នាលទេវបុត្រ មានអានុភាពច្រើន ខ្ញុំមិនប្រាថ្នា​បុគ្គលដទៃ ទោះបី​ជាទេវតា យក្ស ឬមនុស្ស លើសជាង​ព្រះបាទឧទយៈ​ទេ អ្នកចូរទៅចុះ លុះ​អ្នកទៅហើយ កុំត្រឡប់​មកវិញ​ឡើយ ។

 

គាថានោះ មានសេចក្ដីថា បពិត្រទេវរាជ ខ្ញុំកាលកន្លង​ផុតពី​ព្រះបាទឧទយៈ​ហើយ ខ្ញុំមិនប្រាថ្នា​បុរសដទៃ សូម្បី​ជាទេវតា​ក៏ដោយ យក្សក៏ដោយ លោកចូរ​ទៅចុះ កុំឋិតនៅ​ក្នុងទីនេះ ខ្ញុំមិនត្រូវ​ការដោយ​បណ្ណាការ​ដែលលោក​នាំមក ចូរទៅ ហើយកុំ​ត្រឡប់មក​ទីនេះម្ដង​ទៀត ។

 

សក្កទេវរាជស្ដាប់សីហនាទ​របស់នាងហើយ មិនឋិតនៅ ធ្វើដូច​ជាទៅ បាត់ទៅ​ក្នុងទីនោះ​ឯង ហើយឋិតនៅ ។ ថ្ងៃស្អែក ក្នុងវេលា​នោះឯង ព្រះអង្គ​កាន់យក​ភាជនៈប្រាក់​ដែលពេញ​ដោយ​មាសកៈមាស កាលនឹង​ចរចា​ជាមួយ​ព្រះនាង ទើបត្រាស់​គាថាទី ៦ ថា

យា សា រតិ ឧត្តមា កាមភោគិនំ, យំហេតុ សត្តា វិសមំ ចរន្តិ;

មា តំ រតឹ ជីយិ តុវំ សុចិម្ហិតេ, ទទាមិ តេ រូបិយំ កំសបូរំ។

សេចក្តីត្រេកត្រអាលណាដ៏ឧត្តម របស់ពួក​សត្វអ្នក​បរិភោគកាម ពួកសត្វ​ប្រព្រឹត្តមិន​ស្មើ ព្រោះហេតុ​នៃសេចក្តី​ត្រេកត្រអាល​ណា នាង​កុំផ្ចាញ់​សេចក្តី​ត្រេកត្រអាល​នោះ ក្នុងធម្មជាតិ​ស្អាតរបស់នាង យើងនឹង​ឲ្យភាជន៍​បា្រក់ ដ៏ពេញ​ដោយមាស ដល់នាង ។

 

គាថានោះមានសេចក្ដីថា ម្នាលរាជធីតា​ដ៏ចម្រើន បណ្ដា​សេចក្ដី​ត្រេកអរ​ទាំងឡាយ​ណា របស់សត្វ​អ្នកបរិភោគកាម សេចក្ដីត្រេកអរ​ក្នុងមេថុន ឈ្មោះថា ជាសេចក្ដី​ត្រេកអរ​ដ៏ថ្លៃថ្លា សត្វទាំងឡាយ តែងប្រព្រឹត្ត​មិនស្មើ មានកាយ​ទុច្ចរិត​ជាដើម ដោយហេតុ​នៃសេចក្ដី​ត្រេកអរ​ណា ម្នាលនាង​ដ៏ចម្រើន សូមនាង​កុំផ្ចាញ់សេចក្ដី​ត្រេកអរនោះ ក្នុងចិត្ត​ដែលត្រេកអរ ក្នុងធម្មជាតិ​ស្អាតរបស់​នាង ។ សូម្បីយើង កាលមក មិនមែន​មកដោយ​ដៃទទេ ថ្ងៃម្សិលមិញ យើងបាន​នាំនូវភាជនៈមាស​ដែលពេញ​ទៅដោយ​មាសកៈមាស ថ្ងៃនេះ យើងនាំ​នូវភាជនៈ​ប្រាក់ ដែលពេញ​ទៅដោយ​មាសកៈមាស យើងនឹង​ឲ្យភាជនៈប្រាក់ ដែល​ពេញដោយ​មាសកៈមាស​នេះដល់នាង ។

 

ព្រះរាជធីតាគិតថា ទេវបុត្រនេះ កាលបាន​ការសន្ទនា តែងមករឿយៗ យើងនឹង​មិននិយាយ​ជាមួយគេ ដូច្នេះហើយ ទើបមិនពោល​នូវពាក្យអ្វីឡើយ ។

 

សក្កទេវរាជ ដឹងនូវភាព​មិននិយាយស្ដី​របស់ព្រះនាង ទើបបាត់​ទៅក្នុងទី​នោះឯង ថ្ងៃស្អែក ក្នុងវេលា​នោះឯង ទ្រង់កាន់​យកភាជនៈ​លោហៈដែល​ពេញដោយ​កហាបណៈ មកហើយ​ពោលថា ហៃអូនសម្លាញ់​ដ៏ចម្រើន អូនចូរ​ត្រេកអរ​ដោយតម្រេក​ក្នុងកាម​ជាមួយ​នឹងបង បងនឹងឲ្យភាជនៈ​លោហៈ​ដែលពេញ​ដោយ​កហាបណៈ​នេះដល់អូន ។

 

ព្រះរាជធីតា ស្ដាប់ពាក្យ​នោះ ទើបត្រាស់​គាថាទី ៧ ថា

នារឹ នរោ និជ្ឈបយំ ធនេន, ឧក្កំសតី យត្ថ ករោតិ ឆន្ទំ;

វិបច្ចនីកោ តវ ទេវធម្មោ, បច្ចក្ខតោ ថោកតរេន ឯសិ។

បុរសកាលលួងលោមស្ត្រី ដោយទ្រព្យ ធ្វើនូវសេចក្តី​ពេញចិត្ត ក្នុងស្ត្រីណា ក៏លើក​តម្កើងស្ត្រី​នោះ ទេវធម៌​របស់អ្នក ខុស​គេ (ព្រោះថា) អ្នកមក​ដោយវត្ថុ​រឹតតែតិច ដោយពិត​ប្រាកដ ។

 

គាថានោះ មានសេចក្ដីថា នែបុរសល្ងង់ខ្មៅ នរជន​ឈ្មោះថា កាលលួង​លោមស្ត្រី​ដោយទ្រព្យ ព្រោះហេតុ​នៃសេចក្ដី​ត្រេកអរ​ដោយ​កិលេស រមែងធ្វើ​ឆន្ទៈរបស់​ស្ត្រីឲ្យ​យល់ព្រម តែងញ៉ាំង​នាងឲ្យ​ខ្ពង់ខ្ពស់ តែងពោល តែងសរសើ និងលួងលោម​ដោយទ្រព្យ​ឲ្យច្រើន​ឡើង សភាព​ទេវតារបស់​លោក ខុសគេ ព្រោះថា លោកនាំ​ទ្រព្យឲ្យ​តិចជាងមុន មកប្រាដក​ដល់ខ្ញុំ ក្នុងថ្ងៃទី ១ លោកនាំ​ភាជនៈមាស​ដែលពេញ​ដោយ​មាសមក, ថ្ងៃទី ២ នាំភាជនៈ​ប្រាក់ដែល​ពេញដោយ​មាសមក, ថ្ងៃទី ៣ លោកនាំ​ភាជនៈ​លោហៈ​ដែលពេញ​ដោយ​កហាបណៈមក ។

 

សក្កទេវរាជស្ដាប់ពាក្យនោះហើយ ពោលថា ម្នាលរាជកុមារី​ដ៏ចម្រើន យើងជា​ពាណិជ​ដ៏ឆ្លាត យើងមិន​ឲ្យប្រយោជន៍​វិនាសដោយ​វត្ថុមិនមាន​ប្រយោជន៍​ឡើយ បើនាង​ចេះតែចម្រើន​ដោយអាយុ (នៅមាន​វ័យក្មេង) ឬដោយ​ពណ៌សម្បុរ យើងនឹង​បន្ថែម​បណ្ណាការ​ឲ្យច្រើន ហើយនាំ​មកឲ្យនាង ប៉ុន្តែនាង​មានតែ​ការអស់ទៅ​ប៉ុណ្ណោះ ព្រោះ​ហេតុនោះ សូម្បី​យើង ក៏ត្រូវ​បន្ថយទ្រព្យ​ឲ្យអស់​ទៅដែរ ដូច្នេះហើយ ទើបត្រាស់​គាថា​ទាំងឡាយ ៣ ថា

អាយុ ច វណ្ណោ ច មនុស្សលោកេ, និហីយតិ មនុជានំ សុគត្តេ;

តេនេវ វណ្ណេន ធនម្បិ តុយ្ហំ, និហីយតិ ជិណ្ណតរាសិ អជ្ជ។

ម្នាលនាងមានខ្លួនល្អ អាយុ និងវណ្ណៈ​របស់ពួក​មនុស្ស ក្នុងមនុស្ស​លោក រមែង​សាបសូន្យ​ទៅ ព្រោះហេតុ​នោះឯង បានជា​ទ្រព្យរបស់​នាងក៏សាប​សូន្យដែរ នាងរឹត​តែចាស់​ទៅក្នុងថ្ងៃ​នេះ ។

 

ឯវំ មេ បេក្ខមានស្ស, រាជបុត្តិ យសស្សិនិ;

ហាយតេវ តវ វណ្ណោ, អហោរត្តានមច្ចយេ។

ម្នាលរាជបុត្រី មានយស កាល​យើងរមិល​មើលយ៉ាង​នេះ ពណ៌សម្បុរ​របស់នាង ក៏សាបសូន្យ​ទៅ ក្នុងកាល​កន្លងទៅ​នៃថ្ងៃ និងយប់​ទាំងឡាយ ។

 

ឥមិនាវ ត្វំ វយសា, រាជបុត្តិ សុមេធសេ;

ព្រហ្មចរិយំ ចរេយ្យាសិ, ភិយ្យោ វណ្ណវតី សិយា។

ម្នាលរាជបុត្រី មានប្រាជ្ញាល្អ នាងគប្បី​ប្រព្រឹត្ត​ព្រហ្មចារ្យ​ដោយវ័យ​នេះ នាងមុខ​ជានឹងមាន​ពណ៌សម្បុរ​ដ៏ក្រៃលៃង ។

 

បន្ទាប់មក ព្រះរាជធីតាត្រាស់គាថាដទៃថា

ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ;

បុច្ឆាមិ តំ យក្ខ មហានុភាវ, កថំ នុ ទេវាន សរីរទេហោ។

ទេវតាទាំងឡាយ មិនចាស់ដូចពួកមនុស្សទេ ការជ្រួញជ្រីវ​ក្នុងខ្លួន​របស់ទេវតា​ទាំងនោះ មិនមាន​ទេឬ បពិត្រយក្ខ ខ្ញុំសូម​សួរលោក ដែល​មានអានុភាព​ច្រើន រាងកាយ គឺសរីរៈ​របស់ទេវតា​ទាំងឡាយ (មិនចាស់) តើដោយ​ហេតុអ្វី ។

 

លំដាប់នោះ សក្កទេវរាជ កាលនឹងឆ្លើយ​ប្រាប់នាង ទើបពោល​គាថាដទៃថា

ទេវា ន ជីរន្តិ យថា មនុស្សា, គត្តេសុ តេសំ វលិយោ ន ហោន្តិ;

សុវេ សុវេ ភិយ្យតរោវ តេសំ, ទិព្វោ ច វណ្ណោ វិបុលា ច ភោគា។

ទេវតាទាំងឡាយ មិនចាស់ ដូចពួកមនុស្ស​ទេ ​ការ​ជ្រួញជ្រីវ​ក្នុងខ្លួនរបស់​ទេវតា​ទាំងនោះ មិនមានឡើយ ពណ៌សម្បុរ​ជាទិព្វ និងភោគៈ​ដ៏ច្រើន​របស់ទេវតា​ទាំងឡាយនោះ រឹងរឹត​តែចម្រើន​ឡើង​រាល់ ៗ ថ្ងៃ ។

 

ព្រះនាងបានស្ដាប់គុណរបស់ទេវលោកហើយ កាលនឹងសួរផ្លូវ ជាទីទៅ​ទេវលោក​នោះ ទើបពោល​គាថាដទៃ​ទៀតថា

កឹសូធ ភីតា ជនតា អនេកា, មគ្គោ ច នេកាយតនំ បវុត្តោ;

បុច្ឆាមិ តំ យក្ខ មហានុភាវ, កត្ថដ្ឋិតោ បរលោកំ ន ភាយេ។

ប្រជុំជនដ៏ច្រើនក្នុងលោកនេះ ខ្លាចអ្វី (ទើបមិនទៅកាន់​ទេវលោក) ម្យ៉ាងទៀត ផ្លូវ (ទៅទេវលោក) បណ្ឌិតសំដែង​ដោយអណ្តូង ​គឺ​កំពង់ច្រើន (ផ្លូវណា ជាផ្លូវទៅ​ទេវលោក) បពិត្រយក្ខ មានអានុភាពច្រើន ខ្ញុំសូម​សួរលោក បុគ្គល (កាលទៅ) កាន់បរលោក តើឋិត​នៅក្នុងផ្លូវ​ណា ទើប​មិនខ្លាច ។

 

លំដាប់នោះ ស្ដេចសក្កៈ កាលនឹងប្រាប់​ដល់ព្រះនាង ទើបពោល​គាថាដទៃ​ទៀតថា

វាចំ មនញ្ច បណិធាយ សម្មា, កាយេន បាបានិ អកុព្វមានោ;

ពហុន្នបានំ ឃរមាវសន្តោ, សទ្ធោ មុទូ សំវិភាគី វទញ្ញូ;

សង្គាហកោ សខិលោ សណ្ហវាចោ, ឯត្ថដ្ឋិតោ បរលោកំ ន ភាយេ។

បុគ្គលបានតាំងវាចា និងចិត្ត ដោយត្រឹមត្រូវ មិនធ្វើបាប​ទាំងឡាយ​ដោយកាយ នៅគ្រប់​គ្រងផ្ទះ ដែលមានបាយ និងទឹកដ៏ច្រើន ជាអ្នកមាន​សទ្ធា មានចិត្តទន់ បានចែក​រំលែក​នូវទាន ជាអ្នកដឹង​នូវពាក្យស្មូម ជាអ្នកសង្គ្រោះគេ មានវាចាផ្អែម មានវាចា​ល្អិតល្អ បានឋិត​នៅក្នុងគំនរ​នៃគុណ​នេះហើយ (កាលនឹងទៅ) កាន់​បរលោក មិនខ្លាចឡើយ ។

 

គាថានោះ មានសេចក្ដី​អធិប្បាយថា ម្នាលនាងដ៏ចម្រើន បុគ្គលណា តាំងវាចា និងចិត្ត​ដោយប្រពៃ សូម្បីទាំងកាយ ក៏មិនបាន​ធ្វើបាបផ្សេងៗ គឺប្រព្រឹត្ត​មាំមួន​ក្នុង​កុសលកម្មបថ ១០ កាលនៅ​គ្រប់គ្រងផ្ទះ មានបាយ និងទឹកច្រើន គឺមាន​ទេយ្យធម៌​ល្មម ប្រកប​ដោយការ​ជឿដ៏មាំថា វិបាកនៃ​ទានមាន មានចិត្តទន់, បានឈ្មោះថា អ្នកបរិច្ចាគ​ព្រោះចេះ​ចែកទាន, បានឈ្មោះថា អ្នកដឹង​ពាក្យសូម ព្រោះដឹង​នូវការឲ្យ​បច្ច័យ​ដល់ពួក​បព្វជិត, បានឈ្មោះថា អ្នកសង្គ្រោះ ព្រោះចូល​ចិត្តសង្គ្រោះ​ដោយ​សង្គហវត្ថុ ៤ ប្រការ, បានឈ្មោះថា មានវាចាផ្អែម ព្រោះជា​អ្នកនិយាយ​វាចាគួរ​ជាទីស្រឡាញ់, បានឈ្មោះថា មានវាចា​ល្អិតល្អន់ ព្រោះពោល​វាចាដែល​មានប្រយោជន៍ បុគ្គលនោះ តាំងនៅ​ក្នុងគុណធម៌​ទាំងនេះ គឺមានប្រមាណ​ប៉ុណ្ណេះ កាលនឹង​ទៅកាន់​បរលោក រមែង​មិនខ្លាច ។

 

បន្ទាប់ពីព្រះរាជធីតាបានស្ដាប់ពាក្យរបស់​សក្កទេវរាជ​ហើយ កាលនឹង​ធ្វើការ​សរសើរ ទើបពោល​គាថាដទៃ​ទៀតថា

អនុសាសសិ មំ យក្ខ, យថា មាតា យថា បិតា;

ឧឡារវណ្ណ បុច្ឆាមិ, កោ នុ ត្វមសិ សុព្រហា។

បពិត្រទេវបុត្រ លោកប្រៀនប្រដៅខ្ញុំ ដូចជាមាតា ដូចជាបិតា បពិត្រលោក​មានសម្បុរ​ដ៏លើស​លុប ខ្ញុំសូមសួរ លោកមាន​សរីរៈ​សមរម្យល្អ លោកជាអ្វី ។

 

គាថានោះមានសេចក្ដីថា មាតាបិតាប្រៀន​ប្រដៅបុត្រ​យ៉ាងណា លោកបាន​ប្រៀនប្រដៅ​ខ្ញុំយ៉ាង​នោះដែរ ។ បពិត្រលោក​ដែលមាន​ពណ៌សម្បុរ​ដ៏ក្រៃលែង មានរូប​ដែលដល់​ភាពស្រស់ស្អាត តើលោក​ជាអ្នកណា ទើបមាន​សរីរៈស្អាត​យ៉ាងនេះ ។

 

លំដាប់នោះ ព្រះពោធិសត្វ ទើបពោលគាថា​ដទៃទៀតថា

ឧទយោហមស្មិ កល្យាណិ, សង្គរត្តា ឥធាគតោ;

អាមន្ត ខោ តំ គច្ឆាមិ, មុត្តោស្មិ តវ សង្គរា។

ម្នាលនាងកល្យាណី យើងឈ្មោះឧទយៈ បានមកក្នុងទីនេះ ដើម្បីដោះ​ពាក្យប្តេជា្ញ យើងបា្រប់​នាងហើយ​នឹងទៅ យើងរួច​ចាកពាក្យ​ប្តេជ្ញា​របស់​នាងហើយ ។

 

គាថានេះ មានសេចក្ដី​អធិប្បាយថា ម្នាលនាង​មានរូបល្អ​គួរទស្សនា ក្នុងភពមុន យើងជា​ស្វាមី​របស់នាង ឈ្មោះ ឧទយៈ យើងបាន​កើតជាស្ដេច​សក្កៈក្នុង​ភពតាវត្តិង្ស មកក្នុង​ទីនេះ មិនមែន​មកដោយ​អំណាច​កិលេស យើងរឭក​នូវនាង ហើយនឹងរួច​ផុតពាក្យប្ដេជ្ញា ទើបមក​ដោយភាព​ជាអ្នកធ្វើ​តាមពាក្យ​ប្ដេជ្ញា ដែលបាន​ប្ដេជ្ញាក្នុងកាល​មុន ឥឡូវនេះ យើងប្រាប់​នាងហើយ នឹងសូម​លាទៅ យើងរួច​ផុតពីការ​ប្ដេជ្ញារបស់​នាងហើយ ។

 

ព្រះរាជធីតាត្រេកអរហើយ ដោយពោលថា បពិត្រ​ព្រះស្វាមី ព្រះអង្គ​ជាឧទយភទ្ទ ដូច្នេះ កាល​ទឹកនេត្រា​ហូរស្រក់ ទើបពោលថា ខ្ញុំម្ចាស់​មិនអាច​នឹងនៅដោយ​វៀចាក​ព្រះអង្គ​បានឡើយ តើខ្ញុំម្ចាស់​នឹងនៅក្នុង​សម្នាក់​ព្រះអង្គ​បានយ៉ាងណា សូមទ្រង់​ប្រៀនប្រដៅ​ខ្ញុំម្ចាស់​យ៉ាងនោះ ដូច្នេះហើយ ទើបពោល​គាថាដទៃ​ទៀតថា

សចេ ខោ ត្វំ ឧទយោសិ, សង្គរត្តា ឥធាគតោ;

អនុសាស មំ រាជបុត្ត, យថាស្ស បុន សង្គមោ។

បពិត្រព្រះរាជបុត្រ ប្រសិនបើព្រះអង្គ ព្រះនាមឧទយៈ បានមក​ក្នុងទីនេះ ដើម្បី​ប្រយោជន៍​ដល់ពាក្យ​ប្តេជា្ញ សូមព្រះអង្គ​ប្រៀនប្រដៅខ្ញុំ ឲ្យបាន​ជួបគា្នទៀត ។

 

លំដាប់នោះ ព្រះមហាសត្វ កាលនឹងទូន្មាន​ព្រះនាង ទើបពោល​គាថាទាំង ៤ ថា

អតិបតតិ វយោ ខណោ តថេវ, ឋានំ នត្ថិ ធុវំ ចវន្តិ សត្តា;

បរិជីយតិ អទ្ធុវំ សរីរំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។

វ័យកន្លងទៅឆាប់ ខណៈចិត្តក៏កន្លងទៅឆាប់ដូចគ្នា ការតាំងនៅ (នៃសង្ខារ​ទាំងឡាយ) មិនមាន ពួកសត្វ​តែងច្យុត​ទៅដោយ​ពិត សរីរៈ​មិនទៀង តែងទ្រុឌទ្រោម​ទៅ ម្នាលនាង​ឧទយភទ្ទា នាងកុំប្រមាទ ចូរ​ប្រព្រឹត្ត​ធម៌ចុះ ។

 

កសិណា បឋវី ធនស្ស បូរា, ឯកស្សេវ សិយា អនញ្ញធេយ្យា;

តំ ចាបិ ជហតិ អវីតរាគោ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។

ផែនដីទាំងមូលរបស់សេ្តចតែមួយព្រះអង្គ ដ៏ពេញ​ដោយទ្រព្យ ជាផែនដី​ដែលអ្នក​ដទៃទ្រទ្រង់​មិនបាន ឯបុគ្គល​ដែលមិនទាន់​ប្រាសចាក​រាគៈ រមែងលះបង់​នូវទ្រព្យនោះ ម្នាលនាង​ឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។

 

មាតា ច បិតា ច ភាតរោ ច, ភរិយា យាបិ ធនេន ហោតិ កីតា;

តេ ចាបិ ជហន្តិ អញ្ញមញ្ញំ, ឧទយេ មា បមាទ ចរស្សុ ធម្មំ។

មាតា បិតា បងប្អូនប្រុស បងប្អូនស្ត្រី និងប្រពន្ធក្តី ប្តីក្តី ព្រមទាំងទ្រព្យ ឯជន​ទាំងនោះ រមែង​លះបង់នូវ​គ្នានឹងគ្នា ម្នាលនាង​ឧទយភទ្ទា នាងកុំប្រមាទ ចូរប្រព្រឹត្ត​ធម៌ចុះ ។

 

កាយោ បរភោជនន្តិ ញត្វា, សំសារេ សុគតិញ្ច ទុគ្គតិញ្ច;

ឥត្តរវាសោតិ ជានិយាន, ឧទយេ មា បមាទ ចរស្សុ ធម្មំ។

ម្នាលនាងឧទយភទ្ទា នាងដឹងថា កាយជាចំណីនៃពួកសត្វដទៃ ដឹងថា សុគតិ​ និងទុគ្គតិ​ក្នុងសង្សារ ជាលំនៅ​របស់សត្វ​ថោកទាប ដូច្នេះហើយ កុំប្រមាទ ចូរប្រព្រឹត្តធម៌ចុះ ។

 

ព្រះមហាសត្វ បានឲ្យឱវាទ​យ៉ាងនេះដល់​ព្រះនាង ។ សូម្បីព្រះនាង​ឧទយភទ្ទា ក៏ត្រេកអរ​នឹងធម្មកថា​របស់​ព្រះមហាសត្វ កាលនឹង​សរសើរ ទើបពោល​គាថាចុង​ក្រោយថា

សាធុ ភាសតិយំ យក្ខោ, អប្បំ មច្ចាន ជីវិតំ;

កសិរញ្ច បរិត្តញ្ច,តញ្ច ទុក្ខេន សំយុតំ;

សាហំ ឯកា បព្វជិស្សាមិ, ហិត្វា កាសឹ សុរុន្ធនំ។

យក្ខនោះ ពោលពីរោះណាស់ ជីវិតរបស់ពួកសត្វខ្លី លំបាកផង តិចផង ព្រោះជីវិតនោះ ប្រកបដោយ​ទុក្ខ ខ្ញុំនោះ នឹងលះ​ដែនកាសី និង​ក្រុងសុរុន្ធនៈ បួសតែម្នាក់ឯង ។

 

ព្រះពោធិសត្វ ឲ្យឱវាទដល់​ព្រះនាងហើយ ទើបយាង​ទៅកាន់លំនៅ​របស់ខ្លួន ។ សូម្បីព្រះនាង ក៏បានឲ្យ​អាមាត្យ​ទាំងឡាយ ទទួលរាជ​សម្បត្តិ ហើយទ្រង់​បួសជាឥសី​ក្នុង​ព្រះរាជឧទ្យាន​ដែលជាទី​គួររីករាយ ដែលនៅ​ខាងក្នុង​នគរនោះឯង កាលបាន​ប្រព្រឹត្តធម៌ ក្នុងទីបំផុត​នៃអាយុ ព្រះនាង​ក៏កើតជា​បាទបរិចារិកា​របស់​ព្រះពោធិសត្វ ក្នុង​ភពតាវត្តិង្ស ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រកាស​សច្ចៈ​ទាំងឡាយ រួច​ប្រជុំជាតក ក្នុងកាល​ជាទីបញ្ចប់​នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុ បានតាំង​នៅក្នុង​សោតាបត្តិផល ។

 

តទា រាជធីតា រាហុលមាតា អហោសិ រាជធីតាក្នុងកាលនោះ បានមកជា រាហុលមាតា ។

សក្កោ បន អហមេវ អហោសឹ ចំណែកស្ដេចសក្កៈ គឺ តថាគត នេះឯង ។

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២១៩)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស.២៥៦១