សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

អលម្ពុសាជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅ ក្នុងវត្តជេតវ័នមហាវិហារ ទ្រង់ប្រារព្ធនូវ ប្រលោមរបស់នាងបុរាណទុតិយិកា​ (របស់ឧក្កណ្ឋិតភិក្ខុមួយរូប) បានត្រាស់​ធម្មទេសនា​នេះ មានពាក្យផ្ដើមថា អថាព្រវិ ដូច្នេះ ។ រឿងរ៉ាវក្នុងបច្ចុប្បន្ន ខ្ញុំបានពោល​ហើយទុកយ៉ាង​ពិស្ដារ​ហើយ ក្នុងឥន្ទ្រិយជាតក ។

ព្រះសាស្ដាសួរភិក្ខុនោះថា ម្នាលភិក្ខុ តើលោកជាអ្នកអផ្សុកពិតមែនឬ ? កាលភិក្ខុនោះក្រាបទូលតាមពាក្យសត្យហើយ ទើបព្រះអង្គត្រាស់សួរថា អ្នកណាធ្វើឲ្យអ្នកអផ្សុក ? កាលភិក្ខុនោះក្រាបទូលថា នាងបុរាណទុតិយិកា ទើបព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ស្ត្រីនេះធ្វើសេចក្ដីសាបសូន្យដល់លោក លោកអាស្រ័យស្ត្រីនេះញ៉ាំងឈានឲ្យវិនាស ជាអ្នកវង្វេងសន្លប់ដេកលង់លក់អស់ ៣ ឆ្នាំ បន្ទាប់ពីកើតការដឹងខ្លួនវិញ ទើបកើតសេចក្ដីខ្សឹក​ខ្សួលយ៉ាងធំ ហើយទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅ

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត សោយរាជ្យសម្បត្តិនៅក្នុងនគរ ពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងកាសិរដ្ឋ បានចម្រើន
វ័យហើយ ដល់នូវការសម្រេចក្នុងសិល្បៈទាំងពួង ហើយបួសជាឥសី មានមូល ផលាផលក្នុងព្រៃជាអាហារ ញ៉ាំងអត្តភាពឲ្យប្រព្រឹត្តទៅក្នុងព្រៃធំ ។ គ្រានោះ មេម្រឹគមួយ បានបរិភោគស្មៅដែលលាយដោយទឹកសម្ភព ក្នុងស្ថានទីបន្ទោបង់ បស្សាវៈរបស់តាបសពោធិសត្វនោះ ហើយផឹកនូវទឹក ។ ដោយហេតុត្រឹមប៉ុណ្ណេះឯង មេម្រឹគក៏មានចិត្តប្រតិព័ទ្ធក្នុងព្រះតាបស ហើយកាន់យកនូវគភ៌ ចាប់តាំងពីពេលនោះមកក៏មិនទៅក្នុងទីណាមួយឡើយ បរិភោគនូវស្មៅក្នុងទីនោះឯង ត្រាច់ទៅក្នុងទីជិតនៃអាស្រមប៉ុណ្ណោះ ។ ព្រះមហាសត្វពិចារណា ក៏បានដឹង​ហើយនូវហេតុនោះ ។ ក្នុងកាលជាខាងក្រោយ មេម្រឹគនោះបានកើតនូវទារកជាមនុស្ស ។ ព្រះមហាសត្វក៏ចិញ្ចឹមទារកនោះ ទុកដោយសេចក្ដីស្រឡាញ់ថាជាបុត្រ ហើយបានដាក់ឈ្មោះថា ឥសិសិង្គៈ ។ លំដាប់នោះ ព្រះមហាសត្វ បានឲ្យឥសិសិង្គៈដែលធំដឹងក្ដីហើយនោះបួស ក្នុងវេលាដែលខ្លួនជរា ព្រះមហាសត្វបាននាំតាបសកុមារនោះទៅហើយកាន់នារិវ័ន (ព្រៃស្រ្តី គឺព្រៃដែលមានដើមឈើផ្កាមកមានរាងដូចស្ត្រី) បានពោលប្រៀនប្រដៅថា ម្នាលកូន ឈ្មោះថា ស្ត្រីទាំងឡាយប្រាកដដូចជាផ្កាឈើទាំងឡាយនេះ ក្នុងព្រៃមិហពាន្តនេះ ស្ត្រីទាំងឡាយនោះនឹងញ៉ាំងអ្នកឲ្យធ្លាក់ក្នុងអំណាចខ្លួន និងឲ្យដល់សេចក្ដីវិនាសធំ អ្នកមិនគួរ​ដល់នូវការ​លុះក្នុង​អំណាច​នៃស្ត្រីទាំងឡាយ​នោះឡើយ ក្នុងគ្រាជាខាងក្រោយទៀត ព្រះមហាសត្វធ្វើនូវកាលកិរិយា ជាអ្នកមានព្រហ្មលោកជាទីប្រព្រឹត្តទៅក្នុងខាងមុខ ។

ចំណែកឥសិសិង្គតាបស កាលលេងនូវឈានកីឡា ក៏ស្នាក់នៅក្នុងហិមវន្តប្បទេស បានជាអ្នកមានតបៈដ៏ខ្លាំងក្លា ជាអ្នក​មានឥន្ទ្រិយ​ដែលឈ្នះ​ហើយយ៉ាង​ក្រៃលែង ។ គ្រានោះ ពិភពរបស់ស្ដេចសក្កទេវរាជកម្រើកញាប់ញ័រ ដោយតេជះនៃសីលរបស់តាបសនោះ សក្កទេវរាជពិចារណាមើល បានជ្រាបនូនូវហេតុនោះ ទ្រង់ព្រះតម្រិះថា តាបសនេះនឹងគប្បីញ៉ាំងយើងឲ្យឃ្លាតចាកភាពជាសក្កទេវរាជ យើងនឹងត្រូវបញ្ជូនស្រីអប្សរមួយរូប ឲ្យទៅទម្លាយសីលរបស់តាបស ដូចនេះហើយ ទ្រង់ពិចារណានូវទេវលោកទាំងអស់ ក្នុងកណ្ដាលនៃពួកទេពធីតាបរិចារិកា ២ កោដិកន្លះ របស់ព្រះអង្គ មិនបានឃើញអ្នកណាដទៃដែលអាចនឹងទម្លាយសីលរបស់ឥសិសិង្គតាបសបាន ក្រៅពីនាងទេពអប្សរឈ្មោះ អលម្ពុសា តែមួយនោះឡើយ ទើបត្រាស់ហៅឲ្យនាងចូលគាល់ ហើយទ្រង់បញ្ជាឲ្យទម្លាយសីលរបស់ឥសិសិង្គតាបសនោះ ។

កាលព្រះបរមសាស្ដាទ្រង់ធ្វើសេ​ចក្ដីនោះ ឲ្យជាក់ច្បាស់ទើបត្រាស់ព្រះគាថាទី ១ ថា

គ្រានោះព្រះឥន្ទ្រជាធំ គ្របសង្កត់នូវអសុរឈ្មោះវត្រៈ ទ្រង់ជាបិតា របស់ទេវបុត្រ អ្នកឈ្នះ (សង្គ្រាម) ទ្រង់ឈ្វេងយល់នូវនាងកញ្ញា ឈ្មោះអលម្ពុសា ដែលនៅក្នុងរោងឈ្មោះធម្មសភា ហើយបានត្រាស់ថា ។

បណ្ដាបទទាំងនោះ បទថា ព្រហា ប្រែថា អ្នកជាធំ ។ បទថា វត្រភូ សេចក្ដីថា ទ្រង់គ្របសង្កត់អសុរៈឈ្មោះ វត្រៈ ។ បទថា ជយតំ បិតា សេចក្ដីថា ជាបិតានៃទេវបុត្រដ៏សេសទាំង ៣៣ អង្គ ជាអ្នកឈ្នះគឺដល់នូវភាពឈ្នះដោយញ៉ាំងកិច្ចរបស់បិតាឲ្យសម្រេច ។ បទថា បរាភេត្វា សេចក្ដីថា ប្រៀបដូចសម្រេចការត្រួតពិនិត្យសព្វកាយចិត្ត ទើបដឹងថា នាងអលម្ពុសានេះ កំពុង ប្រឆាំង ។ បទថា សុធម្មាយំ សេចក្ដីថា ក្នុងទេវសភា ឈ្មោះសុធម្មា ។
សក្កទេវរាជប្រថាប់គង់ លើបណ្ឌុកម្ពលសិលាសនៈ ត្រាស់បញ្ជាឲ្យហៅនាង​អលម្ពុសានោះមក ហើយត្រាស់គាថានេះថា

ម្នាលនាង (អ្នកធ្វើបុរស) ឲ្យច្រឡូកច្រឡំ (ដោយកិលេស) ទេវតា ទាំងឡាយ ក្នុងជាន់តាវត្តិង្ស ព្រមទាំងព្រះឥន្ទ្រអង្វរនាង ម្នាលនាងអលម្ពុសា ជាស្រ្តីលួងលោមនូវឥសី ចូរនាងទៅរកព្រះឥសីសិង្គៈ ។

គប្បីជ្រាបវិនិច្ឆ័យក្នុងគាថាតទៅនេះ សក្កទេវរាជត្រាស់អង្វរនាងអលម្ពុសាទេពកញ្ញានោះថា មិស្សេ និងពាក្យនេះជាឈ្មោះរបស់ទេពកញ្ញានោះ ។ ក៏ស្ត្រីគ្រប់ជំពូកលោកហៅថា មិស្សា ព្រោះច្របូកច្របល់ដោយកិលេសក្នុងបុរស ។ កាលសក្កទេវរាជអង្វរដោយគុណនាមដែលសាធារណៈនោះ ទើបត្រាស់យ៉ាងនេះ ។ បទថា ឥសិបលោភិកេ សេចក្ដីថា ម្នាលនាង អ្នកអាចប្រលោមឥសី ។ បទថា ឥសិសិង្គំ សេចក្ដីថា បានឮថា ពកពីរដែល កើតលើសីសៈរបស់ឥសិសិង្គតាបសនោះ ដោយអាការៈដូចស្នែងម្រឹគ ព្រោះហេតុនោះ ទើបហៅយ៉ាងនេះ (ឥសិសិង្គៈ) ។

ដោយប្រការដូច្នេះ សក្កទេវរាជទើបត្រាស់បញ្ជានាងអលម្ពុសាថា នាង ចូរទៅ ចូរទៅរកឥសិសិង្គតាបស នាំមកកាន់អំណាចរបស់ខ្លួន ហើយទម្លាយ សីលរបស់លោកចុះ ដូចនេះហើយ ត្រាស់គាថានេះថា

តាបសនេះ មានវត្ត មានព្រហ្មចរិធម៌ ត្រេកអរក្រៃលែងក្នុងព្រះនិព្វាន ជាអ្នកចម្រើន (ដោយគុណ) កុំឲ្យលោកប្រព្រឹត្តកន្លងនូវយើងទាំងឡាយបានមុន នាងចូរបិទផ្លូវទាំងឡាយរបស់លោក ។

បណ្ដាបទទាំងនោះ បទថា បុរាយំ សេចក្ដីថា តាបសនេះ ជាអ្នកបរិបូណ៌ដោយវត្ត និងប្រព្រឹត្តព្រហ្មចរិយៈ ។ តាបសនោះត្រេកអរហើយក្នុងមគ្គ គឺនិព្វាន និងចម្រើនដោយគុណវុឌ្ឍិ ព្រោះសេចក្ដីជាអ្នកមានអាយុយឺនយូរ ។ ព្រោះហេតុនោះ ដរាបណា តាបសនេះនៅមិនកន្លងបង់នូវពួកយើង គឺមិនគ្របសង្កត់ ធ្វើឲ្យពួកយើងឃ្លាតចាកទីនេះបានត្រឹមតែនាងចូរទៅហាមផ្លូវដែលនឹង ចូលទៅកាន់ទេវលោករបស់លោកនោះឯង អធិប្បាយថា នាងចូរធ្វើដោយប្រការដែលតាបសនោះនឹងមកទីនេះមិនបាន ។

នាងអលម្ពុសាទេពកញ្ញាបានស្ដាប់នូវពាក្យនោះ ទើបពោលគាថា ២ ថា

បពិត្រទេវរាជ ហេតុអ្វីព្រះអង្គធ្វើយ៉ាងនេះ ព្រះអង្គឃើញខ្ញុំម្ចាស់ហើយក៏ត្រាស់ថា ម្នាលនាង ជាស្រីលួងលោមឥសី នាងចូរទៅចុះ ដូច្នេះ ត្បិតស្រីអប្សរទាំងឡាយដទៃក៏មាន ។

នាងទេពអប្សរដែលប្រហែលខ្ញុំម្ចាស់ ទាំងប្រសើរជាងខ្ញុំមា្ចស់ ក៏មានក្នុងព្រៃដែលមិនមានសេចក្តីសោក មានតែសេចក្តីរីករាយ សូមផ្លាស់ឲ្យស្រីទេពអប្សរទាំងឡាយនោះទៅវិញ ស្រីអប្សរ ជាអ្នកអាចលួងលោមទាំងនោះ ចូរទៅចុះ ។

ក្នុងបណ្ដាបទទាំងនោះ បទថា កិមេវ ត្វំ នេះ នាងអលម្ពុសាទេពអប្សរ សម្ដែងសេចក្ដីថា ព្រះអង្គធ្វើវត្ថុនេះឈ្មោះអ្វី ។ ដោយបទថា មមេវ ត្វំ
សិក្ខសិ នាងអលម្ពុសាទេពអប្សរ ពោលដោយប្រាថ្នាថា ក្នុងទេវលោកនេះ ទាំងអស់ ហេតុអ្វីព្រះអង្គកំណត់ខ្ញុំម្ចាស់តែមួយ ទ្រង់មិនមើលអ្នកដទៃខ្លះ ។
ក៏ សអក្សរ ក្នុងគាថានេះ ធ្វើការភ្ជាប់ព្យញ្ជនៈ អធិប្បាយថា ព្រោះហេតុអ្វី ទើបត្រាស់យ៉ាងនេះថា នែនាងអាចប្រលោមឥសី នាងចូរទៅ ដូចនេះ ។ បទថា
បវរា ចេវ សេចក្ដីថា នាងទេពធីតាដែលក្រៃលែងជាងខ្ញុំម្ចាស់ក៏មាន ។ បទថា អសោកេ ប្រែថា អ្នកប្រាសចាកសេចក្ដីសោក ។ បទថា នន្ទនេ បានដល់ ក្នុង សួនដែលជាទីកើតសេចក្ដីត្រេកអរ ។ បទថា បរិយាយោ បានដល់ វារៈ គឺ ការទៅ ។

លំដាប់នោះ សក្កទេវរាជបានពោលគាថា ៣ គាថា សេចក្ដីថា

នាងពោលនូវពាក្យពិតមែន ឯស្រីអប្សរទាំងឡាយដទៃ ប្រហែលដូចនាង ទាំងប្រសើរជាងនាងក៏មាន ក្នុងព្រៃមិនមានសេចក្តីសោក មានតែសេចក្តី រីករាយ ។

ម្នាលនារី មានអវយវៈទាំងពួងដ៏ល្អ នាងដឹងនូវការផ្គាប់ (ប្រុស) ប្រាកដ យ៉ាងណា នាងទេពអប្សរទាងឡាយនោះ ទៅដល់ប្រុសហើយ រមែងមិនដឹងនូវការផ្កាប់ យ៉ាងនោះទេ ។

ម្នាលនាងកល្យាណី នាងឯងចូរទៅចុះ ព្រោះថា នាងជាស្រី្តប្រសើរជាងស្រី្តទាំងឡាយ នាងនឹងញ៉ាំង (តាបស) ឲ្យលុះអំណាច ដោយវណ្ណៈ និងរូប របស់នាង ។

បណ្ដាបទទាំងនោះ បទថា បុមំ គតា សេចក្ដីថា ស្ត្រីទាំងនោះកាលចូល ទៅរកបុរសក៏មិនដឹងការបម្រើ គឺការប្រលោមបុរស ។ បទថា វណ្ណរូបេន សេចក្ដីថា ដោយវណ្ណៈនៃសរីរៈ និងដោយរូបសម្បត្តិ ។ បទថា វសន្នាបយិស្សតិ សេចក្ដីថា នាងនឹងនាំតាបសមកនកាន់អំណាចរបស់ខ្លួន ។

នាងអលម្ពុសាទេពកញ្ញាបានស្ដាប់ដូចនោះ បានពោលគាថា ២ គាថា សេចក្ដីថា

ខ្ញុំម្ចាស់ដែលព្រះអង្គជាទេវរាជទ្រង់ប្រើហើយ នឹងខានទៅមិនបាន ប៉ុន្តែខ្ញុំម្ចាស់ខ្លាចអំពោះឥសិសិង្គៈនោះ តេ្រកអរព្រោះថា ឥសិសិង្គនោះ ជាព្រាហ្មណ៍ មានតេជះខ្ពង់ខ្ពស់ ។

ជនទាំងឡាយច្រើននាក់ ញ៉ាំងឥសីឲ្យត្រេកអរ ហើយទៅកាន់នរកបានដល់នូវការអន្ទោលវែងឆ្ងាយ ព្រោះសេចក្តីវង្វេង ហេតុនោះទើបខ្ញុំម្ចាស់
ព្រឺរោម ។

បណ្ដាបទទាំងនោះ បទថា នវាហំ កាត់បទថា នវេ អហំ ។ បទថា វិភេមិ សេចក្ដីថា ខ្ញុំម្ចាស់ខ្លាចក្រែង ។ បទថា អាសាទុំ ប្រែថា ធ្វើឲ្យអន់ចិត្ត ។ លោកពោលអធិប្បាយសេចក្ដីទុកថា បពិត្រទេវៈ ព្រះអង្គទ្រង់ប្រើខ្ញុំហើយនឹង មិនទៅមិនបាន តែថាខ្ញុំខ្លាចនឹងឱបឥសិសិង្គតាបស ដើម្បីទម្លាយសីល ព្រោះ លោកជាអ្នកមានតេជះខ្ពស់ ។ បទថា អាសាទិយា សេចក្ដីថា បៀតបៀនឥសី ។ បទថា មោហសំ សារំ សេចក្ដីថា សត្វទាំងឡាយ មិនមែនតិចបៀតបៀនឥសី ដល់សង្សារវដ្ដ ព្រោះសេចក្ដីល្ងង់ ប្រលោមឥសីព្រោះសេចក្ដីល្ងង់ហើយ ដល់សង្សារវដ្ដ តាំងនៅក្នុងវដ្ដទុក្ខ រាប់មិនអស់ ។ បទថា តស្មា សេចក្ដីថា ដោយហេតុនោះ ។ បទថា លោមានិ ហំ សយេ សេចក្ដីថា ខ្ញុំម្ចាស់ទើបព្រឺរោម ។ នាងអលម្ពុសាទេពកញ្ញាទូលថា កាលខ្ញុំម្ចាស់គិតថា យើងនឹងត្រូវទម្លាយសីលរបស់តាបសដូចនេះ លោមជាតិក៏ព្រឺឡើង ។

ព្រះបរមសាស្ដាត្រាស់អភិសម្ពុទ្ធគាថាទាំងនេះ ថា

ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រាថ្នា ជាស្រីញ៉ាំងបុរសឲ្យច្រឡូកច្រឡំ ប្រាថ្នាញ៉ាំងឥសីសិង្គៈឥច្រឡូកច្រឡំ  (ដោយកិលេស) លុះពោលនូវពាក្យនេះហើយក៏ចៀសចេញទៅ ។

នាងអលម្ពុសានោះ ចូលទៅកាន់ព្រៃដែលឥសីសិង្គៈរក្សាហើយនោះ ជាព្រៃដេរដាស់ដោយវល្លិបាសក្រហមមានទំហំកន្លះយោជន៍ដោយជុំវិញ ។

នាងចូលទៅរកឥសីសិង្គៈ ដែលកំពុងបោសរោងភ្លើង ជិតសម័យជាទីរះឡើងនៃព្រះអាទិត្យ ក្នុងវេលាមុនបរិភោគអាហារ ក្នុងពេលព្រឹកព្រហាម ។

បណ្ដាបទទាំងនោះ បទថា បក្កាមិ សេចក្ដីថា នាងអលម្ពុសាទេពកញ្ញានោះទូលថា បពិត្រទេវរាជ បើដូច្នោះ ព្រះអង្គមេត្តាពិចារណាដល់ខ្ញុំម្ចាស់ ហើយចូលកាន់បន្ទប់របស់ខ្លួន ប្រដាប់តាក់តែងប្រាថ្នា នឹងញ៉ាំងឥសិសិង្គតាបស ឲ្យច្របូកច្របល់ដោយកិលេស ទើបគេចទៅ ម្នាលភិក្ខុទាំងឡាយ នាងអប្សរនោះទៅកាន់អាស្រមរបស់ឥសិសិង្គតាបសហើយ ។ បទថា ពិម្ពិ-
ជាលកសញ្ឆន្នំ សេចក្ដីថា ដែលដេរដាសដោយព្រៃបាសក្រហម ។ បទថា បាតោវ បាតរាសម្ហិ សេចក្ដីថា អំពីព្រឹកព្រលឹម គឺមុនវេលាអាហារពេលព្រឹកតែម្ដង ។ មុនវេលាត្រឹមណា ដល់ណា ? បទថា ឧទណ្ហសមយំ បតិ សេចក្ដីថា ក្នុងវេលាព្រឹក ជិតនឹងពេលដែលព្រះអាទិត្យរះឡើងនោះឯង ។ បទថា អគ្គិដ្ឋំ បានដល់ រោងភ្លើង អធិប្បាយថា នាងអលម្ពុសាទេពអប្សរនោះ ចូលទៅរកឥសិសិង្គតាបសនោះ ដែលប្រកបសេចក្ដីព្យាយាមក្នុងកណ្ដាលយប់ ហើយស្រង់ទឹកអំពីព្រឹក ធ្វើឧទកកិច្ចស្រេចហើយ ឲ្យប្រព្រឹត្តកន្លងទៅហើយ ដោយឈានសុខក្នុងបណ្ណសាលាតូចមួយ ទើបចេញមកបោសសម្អាតរោងភ្លើង នាងឈរសម្ដែងភាពស្អាតនៃស្ត្រីនៅខាងមុខនៃឥសិសិង្គតាបសនោះ ។

លំដាប់នោះ តាបសកាលនឹងសួរនាងទើបពោលថា

នាងជាអ្វី មានគ្រឿងប្រដាប់ដៃដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមណី ភ្លឺដូចផ្លែកបន្ទោរ ឬដូចផ្កាយព្រឹក ។

នាងមានសម្បុរ ប្រហែលពណ៌នៃព្រះអាទិត្យ មានក្លិនក្រអូប ដូចខ្លឹមចន្ទន៍ក្រហម មានភ្លៅមូលល្អ មានមាយាច្រើន ជាកុមារីមានលំអគួរមើល ។

ជើងទាំងឡាយ របស់នាង មិនខូងកណ្តាល ជាជើងទន់ល្មើយ ស្អាត ជាន់ស៊ប់ល្អ ជើងទាំងពីរនោះ កាលដើរទៅ គួរឲ្យប្រាថ្នា ដឹកនាំនូវចិត្តរបស់អាត្មា
បាន ។

ភ្លៅទាំងឡាយរបស់នាងរៀវជាលំដាប់ ប្រៀបស្មើដោយប្រមោយដំរីត្រគាករបស់នាងសាយ ដូចជាផែនដីនៃមាស ។

ផ្ចិតរបស់នាងស្និទ្ធល្អពេញ ដូចបណ្តូលផ្កាឧប្បល ប្រាកដអំពីចម្ងាយដូចជាផ្កាអញ្ជ័នដ៏ខៀវ ។

ដោះទាំងពីរ កើតឰដ៏ទ្រូង ជាដោះមិនមានទង លៀនចេញល្អ ទ្រទ្រង់នូវទឹកដោះ មិនធ្លាក់យារ (ដោះក្បំ) បា្រកដស្មើដោយផ្លែឃ្លោកពាក់កណ្តាល ។

(របស់នាង) ប្រហែលដម្បារមាស វែងដូចកទ្រាយ បបូរមាត់ល្អ ដូចជាចិត្តជាគម្រប់ ៤ គឺអណ្តាត ។

ធ្មេញទាំងឡាយ របស់នាង មិនមានទោស ជាធ្មេញ ដុះស្មើទាំងពីរខាង ទាំងខាងលើ ទាំងខាងក្រោម ដែលជម្រះហើយដោយឈើស្ទន់ ជាធ្មេញគួររមិលមើលក្រៃពេក ។

ភ្នែកទាំងឡាយរបស់នាងដ៏ខ្មៅ មានចុងក្រហម ប្រហែលដោយផ្លែទំពាំងបាយជូរ ដ៏វែងទូលាយ ជាភ្នែកគួររមិលមើលក្រៃពេក ។

សក់ទាំងឡាយរបស់នាង ដែលដុះលើក្បាលមិនវែងពេក ជាសក់រលើបដែលសិតដោយក្រាសមាស ក្រអូបសាយដោយក្លិននៃខ្លឹមចន្ទន៍ ។

ការភ្ជួររាស់និងការរក្សារគោ (នៃជនទាំងឡាយណា) ក្តី គតិណានៃពាណិជទាំងឡាយក្តី សេចក្តីព្យាយាម (ណា) នៃឥសីទាំងឡាយអ្នកសង្រួម អ្នកមានតបៈក្តី កាលប្រព្រឹត្តទៅ អាត្មាមិនឃើញនូវជនទាំងនោះ លើមណ្ឌលនៃផែនដីនេះ ឲ្យសមស្មើ (នឹងនាង) អ្នកជាអ្វី ជាកូននៃអ្នកណា យើងនឹងដឹងនូវអ្នកដូចម្តេចបាន ។

បណ្ដាបទទាំងនោះ បទថា វិចិត្តហត្ថាភរណា សេចក្ដីថា ដល់ព្រម ដោយហត្ថាភរណៈដ៏វិចិត្រ ។ បទថា ហេមចន្ទនគន្ធិនី សេចក្ដីថា អប់ដោយ ក្លិនចន្ទន៍ មានពណ៌ក្រហម ។ បទថា សញ្ញតូរុ សេចក្ដីថា ជើងមូលល្អ គឺ ដល់ព្រមដោយលក្ខណៈមូល ។ បទថា វិលិកា ប្រែថា (ជើងរបស់នាង) មិនខូងកណ្ដាល ។ បទថា មុទុកា សេចក្ដីថា ទន់ ជាសុខមាលជាតិ ។ បទថា សុទ្ធា បានដល់ ប្រាសចាកមន្ទិល ។ បទថា សុបតិដ្ឋិតា សេចក្ដីថា កាលជាន់លើ
ផែនដីក៏រៀបស្មើ ប្រតិស្ឋានដោយល្អ ។

បទថា កមនា ប្រែថា អ្នកឈានដើរទៅ ។ បទថា កាមនីយា សេចក្ដីថា កាលឈានដើរ ក៏ទន់ភ្លន់គួរស្រឡាញ់ ។ បទថា ហរន្តិយេវ នេ មនោ សេចក្ដីថា ជើងទាំងពីររបស់នាងឈានដើរទៅ ដោយដំណើរដែលស្អាតរបស់ ស្ត្រីថ្នាក់ជាន់ខ្ពស់មានសភាពបែបនេះ រមែងដាស់តឿនចិត្តរបស់យើង ។

បទថា វិមដ្ឋា ប្រែថា ស្រស់ស្អាត ។ បទថា សុស្សោណិ បានដល់ មាន ត្រគាកសាយ ស្រស់ស្អាត ។ បទថា អក្ខស្ស សេចក្ដីថា ត្រគាករបស់នាង សាយស្អាត ដូចផែនមាស ។

បទថា ឧប្បលស្សេវ កិញ្ជក្ខា សេចក្ដីថា ប្រៀបដូចបាច់នៃនីលឧប្បល ។ បទថា កណ្ហញ្ជនស្សេវ សេចក្ដីថា តាបសពោលយ៉ាងនេះ ព្រោះនាងទេពអប្សរនោះ ជាអ្នកមានលោមជាតិខ្មៅល្អិតវិចិត្រ ។ តាបសកាល នឹងសរសើរដោះទាំងពីរ ទើបពោលគាថាថា ទុវិធា ជាដើម ។ ពិតមែន ដោះ ដែលកើតឰដ៏ទ្រូងទាំងគូនោះ ឈ្មោះថា រកទងមិនបាន ព្រោះមិនមានទង ជារបស់ជាប់នៅនឹងទ្រូងតែម្ដង ឈ្មោះថា ប្រាកដដោយល្អ ព្រោះលៀនចេញមក ដោយល្អ ឈ្មោះថា ទ្រទ្រង់នូវទឹកដោះ ព្រោះទ្រទ្រង់នូវទឹកដោះស្រស់ទុក ។

បទថា អបតិតា សេចក្ដីថា មិនរបូត គឺឈ្មោះថា មិនធ្លាក់ ព្រោះមិនស្វិត មិនថយចុះ ឬព្រោះមិនរួញចូលក្នុង ។ ដោះទាំងពីរបរិសុទ្ធដោយមាសដែលតាំងទុកលើផែនមាស ឈ្មោះថា បា្រកដស្មើដោយផ្លែឃ្លោកពាក់កណ្តាល ព្រោះប្រៀបដូចផ្លែឃ្លោកដែលមូលពាក់កណ្តាល ។

បទថា ឯណេយ្យកា យថា សេចក្ដីថា ករបស់ម្រឹគទ្រាយទាំងវែង ទាំងមូល រមែងស្អាតយ៉ាងណា ក៏របស់នាងវែងតូច ក៏ស្អាតយ៉ាងនោះ ។ បទថា កម្ពុតលាភាសា សេចក្ដីថា ករបស់នាងរៀបស្អាតដូចសុវណ្ណភេរី ។ បទថា បណ្ឌរាវរណា បានដល់ មានធ្មេញស្អាត ។ បទថា ចតុត្ថមនសន្និភា សេចក្ដីថា ជិវ្ហាដែលជាទីតាំងនៃមនៈទី ៤ (វិញ្ញាណទី ៤) លោកហៅថា ចតុត្ថមនៈ តាបសពោលថា រឹមបបូរមាត់របស់នាង ក៏ដូចជិវ្ហា ព្រោះក្រហមព្រឿងៗ​គួរឲ្យស្រឡាញ់ ។

បទថា ឧទ្ធគ្គា បានដល់ ធ្មេញលើ ។ បទថា អធគ្គា បានដល់ ធ្មេញខាងក្រោម ។ បទថា ទុមគ្គបរិមជ្ជិតា សេចក្ដីថា (ធ្មេញតទាំងខាងលើទាំងខាងក្រោម) ជម្រះហើយដោយឈើស្ទន់ រហូតស្អាតបរិសុទ្ធ ។ បទថា ទុវិជា ប្រែថា កើតពីរគ្រា ។ បទថា នេលសម្ភូតា សេចក្ដីថា ធ្មេញកើតឯងពីរគ្រាត្រង់ ទីបំផុតនៃចង្កា រកទោសមិនបាន ។

បទថា អបណ្ឌរា សេចក្ដីថា ខ្មៅ ។ បទថា លោហិតន្តា ប្រែថា មានទី ជុំវិញក្រហម ។ បទថា ជិញ្ជូកផលសន្និភា សេចក្ដីថា ក្នុងទីដែលគួរក្រហម ដូចផ្លែទំពាំងបាយជូរ ។ បទថា សុទស្សនា សេចក្ដីថា ប្រកបដោយប្រសាទទាំង ៥ គួរមើល មិនឆ្អែត ។

បទថា នាតិទីឃា សេចក្ដីថា មានខ្នាតល្មមសមល្អ ។ បទថា សុសម្មដ្ឋា សេចក្ដីថា រលីងរលោងដោយល្អ ។ បទថា កនកព្យាសមោចិតា សេចក្ដីថា ក្រាសមាស លោកហៅថា កនកព្យា យកប្រេងក្រអូប មកលាបក្រាសមាសនោះ តុបតែងឲ្យស្អាត ។ តាបសសម្ដែងសត្វមានជីវិត ក៏ព្រោះអាស្រ័យកសិកម្ម និងគោរក្ខកម្ម ដោយបទនេះថា កសិគោរក្ខា ។

បទថា យា គតិ សេចក្ដីថា សេចក្ដីសម្រេចមានប្រមាណប៉ុណ្ណា ។ បទថា បរក្កន្តំ សេចក្ដីថា សេចក្ដីលំបាករបស់ឥសីមានប្រមាណប៉ុណ្ណា អធិប្បាយ ថា ឥសីទាំងឡាយមានប្រមាណប៉ុណ្ណានៅក្នុងហិមវន្តប្បទេសនេះ ។

បទថា ន តេ សមសមំ សេចក្ដីថា ក្នុងជនទាំងអស់នោះ យើងមិនឃើញសូម្បីមួយរូប ដែលប្រៀបស្មើនឹងនាង ដោយរូបរាងនិងភាពស្រស់ស្អាត អាកប្បកិរិយា លីលាជាដើម កាលតាបសដឹងថា នាងនោះជាស្ត្រី ទើបសួរដោយអំណាចវោហារនៃបុរសនេះថា កោ វា ត្វំ ជាដើម ។

កាលតាបសពោលសរសើរខ្លួន តាំងតែពីជើងរហូតដល់សក់យ៉ាងនេះ នាងអលម្ពុសាទេពកញ្ញានោះក៏អង្គុយ កាលតអនុសន្ធិតាមលំដាប់របស់ពាក្យ នោះហើយ នាងអលម្ពុសាទេពកញ្ញា ក៏ដឹងថា តាបសនេះជាមនុស្សល្ងង់ ទើប ពោលគាថាថា

បពិត្រកស្សបដ៏ចម្រើន កាលបើចិត្តរបស់លោកប្រព្រឹត្តទៅហើយយ៉ាងនេះ កាលនេះមិនមែនជាកាលនៃប្រស្នាទេ នែសំឡាញ់ លោកចូរមក យើងទាំងពីរនាក់នឹងត្រេកត្រអាលក្នុងអាស្រមរបស់យើង លោកចូរមក ខ្ញុំនឹងឱប លោកចូរលោកជាអ្នកឈ្លាសក្នុងសេចក្តីត្រេកអរដោយកាមគុណ ។

បណ្ដាបទទាំងនោះ បទថា កស្សបេវំ គតេ សតិ សេចក្ដីថា ម្នាល លោកជាកស្សបគោត្រ កាលចិត្តរបស់លោកប្រព្រឹត្តទៅយ៉ាងនេះហើយ ក៏មិនគួរនឹងជាបញ្ហា ។ បទថា សម្មា នេះ ជាពាក្យអញ្ជើញដោយពាក្យគួរឲ្យ ស្រឡាញ់ ។ បទថា រតីនំ សេចក្ដីថា លោកចូរជាអ្នកឆ្លាតក្នុងសេចក្ដីត្រេកអរដោយកាមគុណ ។

នាងអលម្ពុសាទេពកញ្ញា ពោលយ៉ាងនេះហើយគិតថា កាលយើងឈរ នៅស្ងៀម តាបសនេះក៏នឹងមិនចូលមកកាន់ហត្ថបាសនៃយើង យើងនឹងជាអ្នកដើរទៅ នាងទើបចូលទៅរកតាបស ព្រោះខ្លួនជាអ្នកឆ្លាតក្នុងមាយាស្ត្រី ទើបដើរសំដៅត្រង់ទៅតាមផ្លូវដែលមកហើយ ។

កាលនឹងប្រកាសសេចក្ដីនោះ ព្រះបរមសាស្ដាទើបត្រាស់ថា

ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រថ្នា ជាស្រីធ្វើបុរសឲ្យច្រឡូកច្រឡំ កាលប្រាថ្នានឹងញ៉ាំងឥសីសិង្គៈឲ្យច្រឡូកច្រឡំ (ដោយកិលេស) លុះពោលពាក្យនេះហើយ ក៏ចៀសចេញទៅ ។

លំដាប់នោះ តាបសឃើញនាងកំពុងដើរទៅ គិតថា នាងនឹងចេញទៅទើបលះបង់សេចក្ដីយឺតយ៉ាវរបស់ខ្លួនហើយ រត់ទៅដោយរហ័ស យកដៃស្ទាប អង្អែលភ្នួងសក់ ។

កាលព្រះបរមសាស្ដាប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាថា

ឯឥសីសិង្គៈនោះ ក៏ផ្តាច់បង់នូវសេចក្តីខ្នះខ្នែងដ៏យឺត ហើយស្ទុះទៅដោយប្រញាប់ប្រញាល ដល់ហើយ ក៏ស្ទាបអង្អែលនាងអលម្ពុសានោះ ឰដ៏ភ្នួងសក់ឧត្តម ។

នាងកល្យាណី មានលំអដ៏ល្អ ងាកមកឱបរឹតតាបសនោះដែរ តាបសនោះ ឃ្លាតចាកព្រហ្មចារ្យនោះ ព្រោះលោកត្រេកត្រអាលចំពោះនាង ក្នុងកាលនោះ (ដូចចំណងដែលសក្កទេវរាជប្រាថ្នាហើយនោះ)

នាងក៏នឹកដល់ព្រះឥន្ទ្រ ដែលកំពុងប្រថាប់នៅក្នុងនន្ទនវ័ន ឯមឃវាទេវកុញ្ជរក៏ជ្រាបនូវសេចក្តីត្រិះរិះរបស់នាងហើយ ។

ទ្រង់បញ្ជូនបល្ល័ង្កមាស មានទាំងបរិវារ មានទាំងសំពត់សម្រាប់គ្របបិទទ្រូង ៥០ មានទាំងកម្រាល ១០០០ ដ៏ឆាប់ នាងល្អ ក៏ផ្តេកនូវតាបសនោះលើទ្រូងលើបល្ល័ង្កទិព្វនោះ ។

នាងអលម្ពុសា ផ្តេកតាបសនោះទុកអស់ ៣ ឆ្នាំ ហាក់ដូចជាមួយរំពេច ព្រាហ្មណ៍ (ដេកលើទូ្រងនាងអលម្ពុសា) អស់ ៣ ឆ្នាំ ក៏បាត់សន្លប់ភ្ញាក់ឡើង
វិញ ។

បានឃើញពួកឈើមានស្លឹកខៀវ (ដុះព័ទ្ធ) រោងភ្លើងជុំវិញ និងព្រៃដ៏ដេរដាស ដោយស្លឹកថ្មីៗ មានផ្ការីក ក៏គឹកកង ដោយពួកតាវ៉ៅ ។

តាបសក្រឡេកមើលឃើញច្បាស់ជុំវិញហើយ ក៏យំសម្រក់ទឹកភ្នែកថា អាត្មាអញមិនបូជាភ្លើង មិនរាយមន្ត ការបូជាភ្លើងក៏សាបសូន្យអស់ ។

បុគ្គលណាហ្ន៎ លួងលោមចិត្តរបស់អាត្មាអញ ដោយការផ្គាប់ក្នុងកាលមុន កាលអាត្មាអញនៅក្នុងព្រៃ បុគ្គលណាញ៉ាំងឈានគុណ ដែលកើតព្រមដោយតេជានុភាពរបស់អាត្មាអញឲ្យវិនាស ដូចជាបុគ្គលញ៉ាំងទូកដ៏ពេញដោយកែវផ្សេងៗ ឲ្យវិនាសក្នុងសមុទ្រ បុគ្គលនោះឈ្មោះអ្វីហ្ន៎ ។

បណ្ដាបទទាំងនោះ បទថា អជ្ឈប្បត្តោ សេចក្ដីថា តាបសនោះ​មកទាន់ ពេល ។

បទថា តមុទាវត្ត កល្យាណី សេចក្ដីថា នាងអលម្ពុសាទេពកញ្ញា ដែលស្រស់ស្អាត គួរគន់នោះ ងាកត្រឡប់មកឱបឥសីដែលឈរស្ទាប់អង្អែលសក់ (របស់ខ្លួន) ។ បទថា បលិស្សជិ ប្រែថា  ឱបរឹត ។ បទថា ចវិតម្ហិ ព្រហ្មចរិយា, យថា តំ អថ តោសិតា សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ក្នុង ពេលនោះឯង ឈានរបស់ឥសីនោះ ក៏អន្តរធានទៅ កាលលោកឃ្លាតចាក ព្រហ្មចរិយៈនោះហើយ បាន​ប្រព្រឹត្តទៅដូចដែលសក្កទេវរាជប្រាថ្នានោះឯង ។ លំដាប់នោះ នាងទេពកញ្ញាអ្នកដែលសក្កទេវរាជបញ្ជាមកនោះដឹងថា សេចក្ដី ប្រាថ្នារបស់សក្កទេវរាជបានសម្រេចហើយ ក៏កើតបីតិប្រាមោទ្យ ដោយការ ញ៉ាំងព្រហ្មចរិយៈរបស់តាបសឲ្យវិនាស ។

បទថា មនសា អគមា សេចក្ដីថា នាងឈរឱបតាបសនោះ ចិត្តប្រព្រឹត្ត ទៅដល់ព្រះឥន្ទយ៉ាងនេះថា ​ឱ! សក្កទេវរាជគប្បីបញ្ជូនបល្ល័ង្កមក ។ បទថា
នន្ទនេ វនេ សេចក្ដីថា សក្កទេវរាជដែលប្រថាប់នៅក្នុងតាវត្តិង្សពិភព ពោលថា គឺនន្ទនវ័ន ព្រោះអាចឲ្យសេចក្ដីត្រេកអរ ។ បទថា ទេវកុញ្ជរោ បានដល់
ទេវរាជដ៏ប្រសើរ ។ បទថា បាហិណិ ប្រែថា ចូរបញ្ជូនទៅ ។ បាឋៈថា បហិណិ ដូចនេះក៏មាន ។ បទថា សោបវាហនំ បានដល់ ព្រមទាំងបរិវារ ។ បទថា សឧត្តរច្ឆទបញ្ញាសំ បានដល់ គ្រឿងស្លៀកដណ្ដប់ ព្រមដោយសំពត់ សម្រាប់បិទបាំងទ្រូង ៥០ ផ្ទាំង ។ បទថា សហស្សបដិយត្ថតំ បានដល់ គ្រឿងលាត គឺសំពត់កោជៈជាទិព្វ ១ ពាន់ ។ បទថា តមេនំ តត្ថ សេចក្ដីថា នាងអង្គុយលើទិព្វបល្ល័ង្កនោះ ឱបឥសិសិង្គតាបសផ្អឹបទុកនឹងដើមទ្រូង ។

បទថា តីណិ វស្សានិ សេចក្ដីថា នាងឱបឥសិសិង្គតាបសឲ្យដេកផ្អឹបនឹង ទ្រូង អង្គុយបីលើបល្ល័ង្កនោះ អស់វេលា ៣ ឆ្នាំ ដោយការរាប់វេលារបស់មនុស្ស ហាក់ដូចជា មួយរំពេច ។ បទថា វិមទោ សេចក្ដីថា តាបសនោះស្វាងពីក្ដីស្រវឹង គឺដល់ភាពជាអ្នកប្រាសចាកការសន្លប់ ព្រោះតាបសដេកសន្លប់រហូត ៣ ឆ្នាំ ខាងក្រោយត្រឡប់បានសេចក្ដីដឹងខ្លួនឡើង ។ កាលតាបសកំពុងដឹងខ្លួនឡើង នាងអលម្ពុសាឃើញអាការៈកម្រើកដៃជាដើមហើយ ជ្រាបថា តាបសកំពុងដឹងខ្លួន ទើបបណ្ដាលឲ្យបល្ល័ង្កអន្តរធាន សូម្បីខ្លួនឯងក៏បានអន្តរធានទៅ ហើយឈរនៅទីម្ខាង ។

បទថា អទ្ទសាសិ សេចក្ដីថា តាបសនោះត្រួតមើលអាស្រមហើយ គិត ថា អ្នកណាហ្ន៎ ធ្វើឲ្យយើងដល់សីលវិបត្តិ ហើយបរិវេទនាការដោយសំឡេង ខ្លាំង ។ បទថា ហរិតរុក្ខេ សេចក្ដីថា បានឃើញដើមឈើមានស្លឹកខៀវស្រស់ ឡើងព័ទ្ធរោងភ្លើង ពោលគឺកងភ្លើងដោយជុំវិញ ។ បទថា នវបត្តវនំ សេចក្ដីថា ព្រៃដែលដេរដាសដោយដើមតូចនិងថ្មីទាំងឡាយ ។

បទថា រុទំ ប្រែថា បរិវេទនាការ ។ គាថាបរិវេទនាការរបស់តាបសនោះ យ៉ាងនេះថា យើងមិនបានបូជាភ្លើង មិនបានរាយមន្ត ។ បទថា បហាបិតំ សេចក្ដីថា អ្វីបណ្ដាលឲ្យការបូជាភ្លើងត្រូវសាបសូន្យ ។ បអក្សរត្រឹមតែជាឧបសគ្គ ។

បទថា បារិចរិយាយ សេចក្ដីថា តាបសបរិវេទនាការថា ក្នុងកាលមុន អ្នកណាហ្ន៎ ប្រលោមចិត្តរបស់យើង ដោយការបម្រើដោយកិលេស ។ ហអក្សរ ក្នុងបទថា យោ មេ តេជាហ សម្ភូតំ នេះ ត្រឹមតែជានិបាត ។ សេចក្ដីថា ឥសិសិង្គតាបសបរិវេទនាការថា អ្នកណាទាញ គឺញ៉ាំងឈានគុណដែលជាតេជះនៃសមណៈរបស់យើងឲ្យវិនាស ដូចញ៉ាំងទូកក្នុងអន្លង់ទឹកធំ ដែលពេញ ដោយរតនៈផ្សេងៗ ឲ្យវិនាសដូច្នោះ អ្នកនោះ គឺអ្នកណាហ្ន៎ ? អលម្ពុសាទេព-កញ្ញាបានស្ដាប់ហើយនូវពាក្យនោះ ក៏គិតថា បើយើងមិនប្រាប់ តាបសនេះនឹងផ្ដាសានូវយើង ឥឡូវនេះ យើងនឹងប្រាប់ឲ្យលោកជ្រាប ទើបឈរប្រាកដដោយកាយពោលគាថាថា

ខ្ញុំដែលទេវរាជត្រាស់ប្រើមក ដើម្បីផ្គាប់លោក បានសម្លាប់ចិត្ត (របស់លោក) ដោយចិត្ត (របស់ខ្ញុំ) លោកមិនជ្រាប ព្រោះតែសេចក្តីធ្វេសប្រហែស ។

ឥសិសិង្គតាបសបានស្ដាប់ពាក្យរបស់នាងហើយ រលឹកដល់ឱវាទដែលបិតាផ្ដាំទុក ក៏បរិវេទនាការថា ព្រោះយើងមិនបានធ្វើតាមពាក្យបិតា ទើបដល់សេចក្ដីវិនាសយ៉ាងធំ ដូចនេះហើយបានពោលគាថា ៤ គាថា ថា

បានស្តាប់មកថា កស្សបៈជាបិតា បានប្រៀនប្រដៅនូវពាក្យទាំងនេះ ចំពោះអាត្មាអញថា នែមាណព ស្រី្តទាំងឡាយប្រាកដស្មើដោយផ្កានារីផល អ្នកគប្បីស្គាល់នូវស្ត្រីទាំងឡាយនោះចុះ ។

នែមាណព អ្នកគប្បីស្គាល់នូវផ្កានារីផលដែលមានបូសពីរឰដ៏ទ្រូង អ្នកគប្បីស្គាល់ថាស្រ្តីទាំងឡាយនោះ បិតាទំនុកបម្រុងអាត្មាអញ យ៉ាងណា
ក៏ប្រៀន
ប្រដៅអាត្មាអញ យ៉ាងនោះ ដោយប្រការដូច្នោះ ។

តែអាត្មាអញមិនបានធ្វើ​តាមពាក្យប្រដៅ​របស់បិតា​ជាអ្នក​ចម្រើន​ដោយ​គុណសម្បត្តិ​នោះឡើយ ថ្ងៃនេះអាត្មាអញ​តែម្នាក់ឯង សញ្ជប់សញ្ជឹង​ក្នុងព្រៃ ដែលមិនមានមនុស្ស។

ថ្វីយ ជិវិតរបស់អញ គួរតិះដៀល អញនឹងធ្វើយ៉ាងនោះវិញ តែបើអញជាបុគ្គលមានឈានប្រាកដដូច្នោះទៀត សេចក្តីស្លាប់នឹងមានដល់អញ ។

បណ្ដាបទទាំងនោះ បទថា ឥមានិ បានដល់ ពាក្យទាំងនេះ ។ បទថា កមលាសទិសិត្ថិយោ សេចក្ដីថា នារិបុប្ផលតា [នៅក្នុងបរមត្ថជោតិកៈ បរិច្ឆេទទី ៥ ភូមិចតុក្កៈ ពន្យល់ថា ក្នុងព្រៃហិមពាន្ត ត្រង់បរិវេនដែលជាប់នឹងភ្នំតណ្ហាវឌ្ឍនៈ មានព្រៃមក្កលីផល (នារិវ័ន) ដើមមក្កលីផលនេះ (នារិបុប្ផលតា) ពេលចេញផ្កាមក ផ្កាមក្កលីផលនេះមានរូបរាងលក្ខណៈដូចមនុស្សស្រីគ្រប់យ៉ាង និងមានភាពស្រស់ស្អាតដូចទេពធីតា ផ្កាមក្កលីផលនេះ អាចតាំងនៅបាន ៤-៥ ខែ ទើបស្អុយរលួយ និងក្នុងពេលដែលមក្កលីផលកំពុងពេញរូបរាង ពួកវិជ្ជាធរដែលនៅក្នុងព្រៃក៏នាំគ្នាមកយកទៅអភិរម្យជាមួយ វិជ្ជាធរណាដែលបានអភិរម្យ រួមរស់ជាមួយនាងមក្កលីផលហើយនឹងដល់នូវវិសញ្ញិភាពរហូត ៤ ខែ ទើបដឹងខ្លួន មានសតិឡើងវិញបាន ។] (វល្លិនារីបុប្ផៈ) លោកហៅថា កមលា ។ ស្ត្រីទាំងឡាយប្រាកដដូចផ្កានៃនារិបុប្ផលតា (វល្លិនារីបុប្ផៈ)នោះ ។

បទថា តាយោ ពុជ្ឈេសិ មាណវ សេចក្ដីថា គ្រានោះបិតាប្រៀនប្រដៅពាក្យយ៉ាងនេះដល់យើងថា នែមាណព អ្នកគួរដឹងស្ត្រីទាំងនោះ គ្រាដឹង ហើយកុំទៅកាន់ផ្លូវដែលនឹងមើលឃើញ គួរគេចចេញ ។

បទថា ឧរេគណ្ឌាយោ សេចក្ដីថា អ្នកចូរស្គាល់ផ្កានារីផលដែលប្រកប ដោយបូសទាំងឡាយពីរនៅឰដ៏ទ្រូង ។ បទថា តាយោ ពុជ្ឈេសិ, មាណវ សេចក្ដីថា នែមាណព អ្នកចូរដឹងថា ស្ត្រីទាំងនោះរមែងញ៉ាំងអ្នកដែលធ្លាក់ក្នុង អំណាចខ្លួនឲ្យវិនាស ។

បទថា នាកំ សេចក្ដីថា យើងមិនបានធ្វើតាមពាក្យរបស់បិតា ។ បទថា ឈាយាមិ សេចក្ដីថា យើងទើបត្រូវសោកសៅ គឺបិរវេទនាការ ។

បទថា ធិរត្ថុ ជីវិតេន មេ សេចក្ដីថា ជីវិតរស់អាត្មាអញគួតិះដៀល គឺ ទិតៀន ប្រយោជន៍អ្វីដោយការដែលយើងមានជីវិត ។ បទថា បុន ថា សេចក្ដីថា យើងនឹងជាអ្នកដូចសភាពដើមទៀត គឺនឹងញ៉ាំងឈានដែលសាបសូន្យ ហើយឲ្យកើតឡើង ជាអ្នកប្រាសចាចរាគៈដោយប្រការណា នឹងធ្វើដោយប្រការនោះឬ ឬថាយើងនឹងត្រូវ​ស្លាប់ ។

តាបសឥសិសិង្គៈនោះ លះកាមរាគៈ បានញ៉ាំងឈានឲ្យកើតឡើងទៀត ។ លំដាប់នោះ នាងអលម្ពុសាទេពកញ្ញាឃើញតេជះនៃសមណៈរបស់ តាបសនោះផង និងដឹងថា លោកបំពេញឈានឲ្យកើតឡើងហើយផង ក៏តក់ ស្លុតភ័យខ្លាច ទើបសូមឲ្យលោកអត់ទោសដល់ខ្លួន ។

ព្រះបរមសាស្ដាកាលទ្រង់ប្រកាសសេចក្ដីនោះ បានត្រាស់ព្រះគាថា ២ គាថា ថា

នាងអលម្ពុសា លុះដឹងនូវតេជះ នូវសេចក្តីព្យាយាម និងប្រាជ្ញាដ៏ខ្ជាប់ខ្ជួន របស់ឥសីសិង្គៈនោះហើយ ក៏ឱនក្បាលទៀបជើងឥសីសិង្គៈពោលថា

បពិត្រលោកអ្នកមានព្យាយាមធំ សូមលោកកុំខ្ញាល់នឹងខ្ញុំ បពិត្រមហាឥសី សូមលោកកុំខ្ញាល់នឹងខ្ញុំ ត្បិតប្រយោជន៍ដ៏ធំខ្ញុំបានប្រព្រឹត្តហើយ ដើម្បី
ទេវតាទាំងឡាយ
ជាន់តាវត្តិង្ស ជាអ្នកមានយស ឯទេវបុរីទាំងមូល លោកបានឲ្យកម្រើកញាប់ញ័រហើយ ក្នុងកាលនោះ

លំដាប់នោះ ឥសិសិង្គតាបសឆ្លើយថា ម្នាលនាងដ៏ចម្រើន យើងអត់ទោសឲ្យនាង នាងចូរទៅតាមសប្បាយចុះ កាលនឹងឲ្យនាងទៅ ទើបពោលគាថាថា

ម្នាលនាងដ៏ចម្រើន ទេវតាទាំងឡាយក្នុងជានតាវត្តិង្សក្តី ព្រះវាសវៈ (ជាឥស្សរៈ) របស់ទេវតាទាំងឡាយជាន់តាវត្តិង្សក្តី ខ្លួននាងក្តី ចូរមានសេចក្តីសុខចុះ ម្នាលនាងកញ្ញា នាងចូរទៅតាមសប្បាយចុះ ។

នាងអលម្ពុសាទេពកញ្ញាសំពះតាបសហើយ ត្រឡប់ទៅកាន់ទេវបុរីព្រម ដោយបល្ល័ង្កមាសនោះឯង ។

ព្រះបរមសាស្ដាកាលនឹងប្រកាសសេចក្ដីនោះ បានត្រាស់ព្រះគាថា ៣ គាថា ថា

នាងអលម្ពុសា ឱនក្បាលទៀបជើងនៃតាបស រូចធ្វើប្រទក្សិណតាបសនោះ ប្រណម្យអញ្ជលីហើយចៀសចេញទៅចាកទីនោះ

បល្ល័ង្កដែលមានទាំងបរិវារ មានទាំងសំពត់សម្រាប់គ្រប់បិទទ្រូង ៥០ មានទាំងកម្រាល ១០០០ របស់នាង នាងក៏ឡើងកាន់បល្ល័ង្កមាសនោះហើយទៅក្នុងសំណាក់នៃទេវតាទាំងឡាយ

សក្កទេវិន្ទទ្រង់មានបីតិសោមនស្សរីករាយព្រះទ័យ ចំពោះនាងអលម្ពុសានោះ ដែលមកដូចកោះ រុងរឿងដូចផ្លេកបន្ទោរ ហើយប្រទានពរ

បណ្ដាបទទាំងនោះ បទថា ឱក្កមិវ សេចក្ដីថា ដូចប្រទីប ។ ដោយបទមានអាទិ៍ថា បតីតោ ដូចនេះ លោកសម្ដែងដល់អាការៈដែលសក្កទេវរាជទ្រង់ ត្រេកអរ ។ បទថា អទទា វរំ សេចក្ដីថា សក្កទេវរាជទ្រង់ត្រេកអរបានប្រទាន ពរឲ្យដល់នាងអលម្ពុសាទេពកញ្ញាអ្នកមកថ្វាយបង្គំហើយឋិតនៅ ។

នាងអលម្ពុសាទេពកញ្ញាកាលនឹងទទួលពរក្នុងសំណាក់នៃសក្កទេវរាជ ទើបពោលគាថាចុងក្រោយថា

បពិត្រសក្កទេវរាជ ជាឥស្សរៈជាងភូតទាំងពួង បើព្រះអង្គប្រទានពរដល់ខ្ញុំម្ចាស់ ខ្ញុំម្ចាស់សូមកុំបានទៅប្រលោមលួងលោមឥសីទៀត បពិត្រសក្កទេវរាជ ខ្ញុំម្ចាស់សូមពរនេះ ។

គាថានោះមានអត្ថាធិប្បាយដូចនេះ បពិត្រសក្កទេវរាជ បើព្រះអង្គប្រទានពរដល់ខ្ញុំម្ចាស់ហើយ ខ្ញុំម្ចាស់សូមចំណុចនេះ គឺកុំឲ្យខ្ញុំម្ចាស់ត្រូវទៅ ប្រលោមឥសីទៀត គឺព្រះអង្គកុំប្រើខ្ញុំម្ចាស់ ដើម្បីប្រយោជន៍នេះទៀត ។

ព្រះសាស្ដាទ្រង់នាំធម្មទេសនានេះ មកសម្ដែងដល់ភិក្ខុនោះ ព្រះអង្គទ្រង់ ប្រកាសអរិយសច្ចៈ ហើយទ្រង់ប្រជុំជាតក ។ ក្នុងទីបំផុតនៃអរិយសច្ចកថា ភិក្ខុនោះបានតាំងនៅក្នុងសោតាបត្តិផល ។ (ហើយទ្រង់ប្រជុំជាតកថា) នាងអលម្ពុសាក្នុងកាលនោះ បានមកជានាងបុរាណទុតិយិកា, ឥសិសិង្គតាបសបាន មកជាឧក្កណ្ឋិតភិក្ខុ ចំណែកមហាឥសិជាបិតា បានមកជាតថាគត ដូច្នេះឯង ។

ចប់ អលម្ពុសាជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ចត្តាលីសនិបាត អលម្ពុសាជាតក ទី៣ បិដកលេខ ៦០ ទំព័រ ២៤៣)

 

ប្រែដោយ ខេមរៈ អវតារ