។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

អម្ពជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធទេវទត្ត បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អហាសិ មេ អម្ពផលានិ បុព្វេ ដូច្នេះជាដើម ។

 

ពិតមែនហើយ ទេវទត្តលះបង់​អាចារ្យថា យើងនឹង​ជាព្រះពុទ្ធ ព្រះសមណគោតម មិនមែន​ជា​អាចារ្យ មិនមែន​ជា​ឧបជ្ឈាយ៍​របស់យើង​ទេ ដូច្នេះហើយ ជាអ្នក​សាបសូន្យ​ចាកឈាន ទម្លាយ​នូវសង្ឃ កាលមកកាន់​ក្រុងសាវត្ថី​ដោយលំដាប់ ពេលនៅ​ក្រៅ​វត្តជេតពន ត្រូវផែនដី​ឲ្យចន្លោះ (ផែនដីស្រូប) បានចូល​ទៅកាន់​អវីចិមហានរក ។ គ្រានោះ ភិក្ខុទាំងឡាយ ញ៉ាំងកថា​ឲ្យតាំងឡើង​ក្នុងធម្មសភា​ថា ម្នាល​អាវុសោ ទេវទត្ត​លះបង់​អាចារ្យ ហើយដល់​នូវសេចក្ដី​វិនាសធំ និងបាន​កើតក្នុង​អវីចិមហានរក ។ ព្រះសាស្ដា ស្ដេចយាង​មក ហើយ​ត្រាស់សួរ ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញ​នេះ អ្នកទាំងឡាយ អង្គុយ​ប្រជុំគ្នា​ដោយ​កថាអ្វី ? កាលភិក្ខុ​ទាំងឡាយ​ទូលថា ដោយកថា​ឈ្មោះនេះ ដូច្នេះហើយ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះទេ សូម្បីក្នុង​កាលមុន ទេវទត្ត​ក៏លះបង់​អាចារ្យ ហើយដល់​នូវសេចក្ដី​វិនាសធំដែរ ហើយព្រះអង្គ​នាំយកអតីត​និទានមកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ។ (ក្នុងកាលនោះ) ត្រកូល​បុរោហិត​របស់​ព្រះបាទព្រហ្មទត្ត​នោះ វិនាសដោយ​អហិវាតរោគ (រោគកើតអំពីខ្យល់​មាន​ពិស​ដូច​ជា​ពិស​នៃ​ពស់) ។ បុត្រប្រុស​មួយ​ប៉ុណ្ណោះ បានទម្លាយ​ជញ្ជាំង ហើយរត់ទៅ ។ បុត្រនោះ បានទៅ​នគរតក្កសិលា ហើយរៀន​នូវត្រៃវេទ និង​សិល្បសាស្ត្រ​ដ៏សេស ក្នុងសម្នាក់​អាចារ្យ​ទិសាបាមោក្ខ (អាចារ្យ​ជា​ប្រធាន​ក្នុង​ទិស ឬ​អាចារ្យ​ជា​ប្រធាន​នៃ​សិស្ស​គ្រប់​ទិស​ គឺ​អាចារ្យ​ធំ​ដែល​ចេះ​វិជ្ជា​ច្រើន​ប្រភេទ សម្រាប់​ប្រើ​តាម​ជាន់ តាម​សម័យ, ជា​អ្នក​អាច​បង្ហាត់​បង្រៀន​ពួក​សិស្ស​ដែល​កាត់​មក​ពី​គ្រប់​ទិស គ្រប់​ប្រទេស បាន​មិន​ទើស​ទាក់) (កាលរៀនចប់ហើយ) ក៏ថ្វាយ​បង្គំអាចារ្យ កាលចេញទៅ បានគិតថា យើងនឹង​ដឹងនូវ​ទំនៀមទម្លាប់​របស់ប្រទេស (ផ្សេងៗ) ដូច្នេះហើយ ទើបត្រាច់ទៅ ហើយដល់​បច្ចន្តនគរ​មួយ ។ មាន​មហាចណ្ឌាលគ្រាម (ស្រុករបស់​មនុស្សវណ្ណៈ​ចណ្ឌាលដ៏ធំ) មួយអាស្រ័យ​នឹងនគរ​នោះ ។ ក្នុងកាលនោះ ព្រះពោធិសត្វ អាស្រ័យនៅ​ក្នុងស្រុកនោះ លោកជា​បណ្ឌិត ឈ្លាសវៃ ចេះនូវ​ផលគណ្ហាបនមន្ត (មន្តដែល​ធ្វើឲ្យស្វាយ​ចេញផ្លែ​ក្នុងកាល​មិនមែន​រដូវ) ។ ព្រះពោធិសត្វ ក្រោកឡើង​អំពីព្រលឹម កាន់យកអម្រែក ចេញអំពី​ស្រុកនោះ ចូលទៅ​កាន់ដើមស្វាយ​មួយក្នុងព្រៃ ឈរឋិតនៅ​ក្នុងទីបំផុត​ប្រមាណ ៧ ជំហាន ហើយ​រាយមន្ត​នោះ ប្រោសដោយ​ទឹកមួយទូក​ដៃដាក់​ដើមស្វាយ ។ ក្នុងខណៈ​នោះឯង ស្លឹកចាស់​ទាំងឡាយ​ធ្លាក់ចុះ​អំពីដើម ស្លឹកថ្មី​ទាំងឡាយ ក៏តាំងឡើង ផ្កាទាំងឡាយ​ចេញ ហើយជ្រុះចុះ ផ្លែស្វាយ​ទាំងឡាយ​បានតាំងឡើង ហើយទុំ​ដោយពេល​មួយរំពេច (ផ្លែស្វាយនោះ) មានឱជារស​ផ្អែមដូច​ឱជារស​ជាទិព្វ ហើយជ្រុះ​អំពីដើម ។ ព្រះមហាសត្វ រើសផ្លែស្វាយ​ទាំងនោះ មកបរិភោគ​ដរាបដល់​សេចក្ដី​ត្រូវការ រួចដាក់ឲ្យ​ពេញអម្រែក ទៅកាន់ផ្ទះ លក់ផ្លែស្វាយ​ទាំងនោះ ចិញ្ចឹម​កូនប្រពន្ធ ។

 

ព្រាហ្មណកុមារ​នោះ បានឃើញ​ព្រះមហាសត្វ​ដែលនាំ​ផ្លែស្វាយទុំ​មិនមែន​រដូវកាល​មកលក់​យ៉ាងនេះ គិតថា ផ្លែស្វាយ​ទាំងនោះ ពិតជា​កើតឡើង​ដោយកម្លាំង​នៃមន្ត ដោយឥត​សង្ស័យ យើងអាស្រ័យ​បុរសនេះ នឹងបាន​មន្តដែលមាន​តម្លៃកាត់ថ្លៃ​ពុំបាន គិតដូច្នេះហើយ បានកំណត់​ផ្លូវដែល​ព្រះមហាសត្វ​នាំផ្លែស្វាយមក បានដឹងច្បាស់​ហើយ ក៏ទៅកាន់​ផ្ទះរបស់​ព្រះមហាសត្វ ក្នុងពេល​ដែលព្រះមហាសត្វ​មិនទាន់​មកអំពីព្រៃ គេធ្វើដូច​ជាមិនដឹង សួរភរិយា​របស់​ព្រះពោធិសត្វ​ថា លោកអាចារ្យ​ទៅណា ? កាលភរិយា​របស់​ព្រះពោធិសត្វ​ប្រាប់ថា ទៅព្រៃ ទើប​ឈរចាំ កាលឃើញ​ព្រះពោធិសត្វ​កំពុង​ដើរមក ក៏ទៅ​ទទួល​អម្រែក​អំពីដៃ នាំទៅដាក់​ក្នុងផ្ទះ ។

 

ព្រះមហាសត្វសម្លឹងមើលព្រាហ្មណកុមារនោះ ហើយពោល​នឹងភរិយាថា ហៃអូន​ដ៏ចម្រើន មាណព​នេះ មកដើម្បី​ប្រយោជន៍​ដល់មន្ត តែមន្ត​នេះ នឹងវិនាស​ក្នុងដៃ​របស់មាណព​នោះ ព្រោះគេជា​អសប្បុរស ។ ចំណែក​មាណព​គិតថា យើងធ្វើ​ជាអ្នកមាន​ឧបការៈ​ដល់​អាចារ្យហើយ នឹងបាន​នូវមន្ត​នេះ គិតដូច្នេះ​ហើយ ចាប់តាំង​អំពីពេល​នោះមក បានធ្វើ​កិច្ចគ្រប់​ទាំងពួង​ក្នុងផ្ទះ​របស់អាចារ្យ​នោះ ។ គេបាន​នាំមកនូវ​ឧស បុកស្រូវ ចម្អិនភត្ត ឲ្យឈើស្ទន់ និងទឹក​លុបមុខ​ជាដើម ហើយនិង​ជ្រះជើង ។

 

ថ្ងៃមួយ ព្រះមហាសត្វពោលនឹងគេថា នែមាណព អ្នកចូរឲ្យ​គ្រឿងទ្រ​ជើងគ្រែ​ដល់យើង ។ មាណពនោះ កាលមិន​ឃើញវត្ថុដទៃ ទើបយក​ភ្លៅកល់ ហើយអង្គុយ​រហូតភ្លឺ ។ ក្នុងកាល​ខាងក្រោយ​មកទៀត ភរិយា​របស់​ព្រះមហាសត្វ​ប្រសូតបុត្រ ។ ព្រាហ្មណ៍នោះ បានធ្វើ​ការបរិកម្ម​ទាំងពួង ក្នុងវេលា​ប្រសូតបុត្រ​របស់នាង ។ ថ្ងៃមួយ ភរិយា​ពោលនឹង​ព្រះមហាសត្វ​ថា បពិត្រស្វាមី មាណពនេះ ជាអ្នកដល់​ព្រមដោយ​ជាតិ គេធ្វើ​ការបម្រើ​ដល់ពួក​យើង ដើម្បី​ប្រយោជន៍​ដល់មន្ត មន្តនឹង​តាំងនៅ​ក្នុងដៃ​របស់គេ ឬមិនតាំង​នៅក៏ដោយ​ចុះ សូមបង​ឲ្យមន្ត​ដល់គេផង ។ ព្រះពោធិសត្វ​ទទួលថា ល្អ ដូច្នេះហើយ ក៏បានឲ្យ​មន្តដល់​ព្រាហ្មណ៍នោះ រួចពោល​យ៉ាងនេះថា នែអ្នក មន្តនេះ មានតម្លៃ​កាត់ថ្លៃ​ពុំបាន មហាលាភសក្ការៈ​នឹងកើត​មានដល់អ្នក ព្រោះអាស្រ័យ​មន្តនេះ, តែក្នុងវេលា​ដែលត្រូវ​ព្រះរាជា ឬ​រាជមហាមាត្យ​សួរថា អ្នកណា​ជាអាចារ្យ​របស់អ្នក ? អ្នកចូរកុំបិទបាំង​យើង បើអ្នក (ខ្លាច) ខ្មាសដោយ​គិតថា មន្តនេះ យើងរៀន​អំពីសម្នាក់​មនុស្សចណ្ឌាល ដូច្នេះ​ ហើយ​ពោលថា ព្រាហ្មណមហាសាល​ជាអាចារ្យ​របស់ខ្ញុំ ដូច្នេះ ផលរបស់​មន្តនេះ នឹងមិនមាន​ឡើយ ។ ព្រាហ្មណ៍​នោះពោលថា ព្រោះហេតុអ្វី ខ្ញុំត្រូវបិទ​បាំងលោក បើមាន​គេសួរ ខ្ញុំនឹងប្រាប់ថា លោកប៉ុណ្ណោះ (ជាអាចារ្យ) លុះពោល​យ៉ាងនេះ​ហើយ ក៏ថ្វាយ​បង្គំ​ព្រះពោធិសត្វ ហើយចេញ​ចាកចណ្ឌាលគ្រាម​នោះ ពិចារណាមន្ត បានទៅ​ដល់នគរ​ពារាណសី​ដោយលំដាប់ ហើយលក់​ផ្លែស្វាយ បានទ្រព្យ​យ៉ាងច្រើន ។

 

ថ្ងៃមួយ នាយឧទ្យានបាល បានទិញ​ផ្លែស្វាយ​អំពីដៃ​របស់​ព្រាហ្មណ៍នោះ យកទៅ​ថ្វាយ​ព្រះរាជា ។ ព្រះរាជា​សោយផ្លែ​ស្វាយនោះ​ហើយសួរថា ម្នាលសម្លាញ់ អ្នកមាន​ផ្លែស្វាយ​ដែលមាន​សភាពបែប​នេះអំពីណា ? នាយ​ឧទ្យានទូលថា បពិត្រទេវៈ មានមាណព​ម្នាក់ នាំផ្លែស្វាយ​ដែលមិន​មែនរដូវកាល មកលក់ ផ្លែស្វាយ​នោះ ទូលព្រះបង្គំ​កាន់យក​អំពីគេ​នោះ ។ ព្រះរាជា​ត្រាស់នឹង​នាយឧទ្យានបាល​ឲ្យទៅប្រាប់​គេថា ចាប់តាំង​ពីពេល​នេះទៅ អ្នកចូរនាំ​ផ្លែស្វាយ​មកទីនេះ ។ នាយឧទ្យាន​បាលបាន​ធ្វើយ៉ាងនោះ ។ ចាប់តាំង​ពីពេលនោះ​មក មាណព​ក៏បាននាំ​ផ្លែស្វាយ​មកកាន់​រាជត្រកូល ។ លំដាប់នោះ​ កាល​ព្រះរាជា​ត្រាស់ថា អ្នកចូរ​ទំនុកបម្រុង​យើង ដូច្នេះហើយ កាលបាន​ទំនុកបម្រុង​ព្រះរាជា មាណព​ក៏បាន​ទ្រព្យដ៏ច្រើន ហើយក្លាយ​ជាអ្នកស្និទ្ធស្នាល (នឹងព្រះរាជា) ដោយ​លំដាប់ ។

 

លំដាប់នោះ ក្នុងថ្ងៃមួយ ព្រះរាជាសួរថា នែមាណព អ្នកបានផ្លែស្វាយ​ដែលបរិបូណ៌​ដោយពណ៌ ក្លិន និងរស​យ៉ាងនេះ ក្នុងកាល​មិនមែន​រដូវ មកពី​ណា នាគ គ្រុឌ ទេវតា ឬ អ្នកណា​មួយឲ្យ​ដល់អ្នក ឬក៏ទាំងនេះ ជាកម្លាំង​នៃមន្ត ? មាណព​ទូលថា បពិត្រមហារាជ គ្មានអ្នក​ណាឲ្យ​ដល់ខ្ញុំទេ តែមន្ត​ដែលមាន​តម្លៃកាត់​ថ្លៃពុំបាន មានដល់ខ្ញុំ ទាំងនេះ​ជាកម្លាំង​នៃមន្ត​នោះ ។ ព្រះរាជាត្រាស់ថា បើយ៉ាងនោះ សូម្បីយើង​ក៏ប្រាថ្នាមើល​នូវកម្លាំងនៃ​មន្តរបស់​អ្នក​មួយថ្ងៃ ។ មាណពនោះ​ទូលថា ប្រពៃណាស់ ព្រះអង្គ ទូលព្រះបង្គំ​នឹងសម្ដែង (ថ្វាយ) ។

 

ក្នុងថ្ងៃស្អែក ព្រះរាជាស្ដេច​យាងទៅកាន់​ឧទ្យានមួយ​អន្លើដោយ​មាណពនោះ ហើយ​ត្រាស់ថា អ្នកចូរ​សម្ដែងចុះ ។ មាណពទូលថា ល្អ ហើយចូល​ទៅកាន់​ដើមស្វាយ ឈរឋិត​នៅក្នុងទី​បំផុត​ប្រមាណ ៧ ជំហាន រាយមន្ត ហើយប្រោស​ដោយទឹក ។ ក្នុងខណៈនោះ ដើមស្វាយ​ចេញផ្លែ ដូចដែល​ពោលហើយ​ខាងដើម​នោះឯង ភ្លៀង គឺផ្លែស្វាយ​បានបង្អុរដូច​មហាមេឃ​ញ៉ាំងភ្លៀង​ធ្លាក់ចុះ ។ មហាជន ឲ្យសាធុការ ការក្រាល​សំពត់​បានប្រព្រឹត្តទៅ ។ ព្រះរាជា​សោយផ្លែ​ស្វាយហើយ ប្រទានទ្រព្យ​ជាច្រើន​ដល់​មាណពនោះ រួចសួរថា នែមាណព អច្ឆរិយមន្ត​ដែលមាន​សភាព​បែបនេះ អ្នកកាន់​យកក្នុង​សម្នាក់​អ្នកណា ? មាណព​គិតថា បើយើងទូលថា ក្នុងសម្នាក់​មនុស្សចណ្ឌាល នឹងត្រូវ​អៀនខ្មាស ហើយមនុស្ស​ទាំងឡាយ នឹងតិះដៀល​យើង ចំណែក​មន្តនេះ ស្ទាត់ជំនាញ​ដល់យើងហើយ ឥឡូវនេះ មន្តនឹង​មិនវិនាស យើងនឹង​អាងនូវ​អាចារ្យទិសាបាមោក្ខ លុះគិតដូច្នេះ​ហើយ ទើបធ្វើ​នូវមុសាវាទ ដោយពោលថា មន្តនេះ ខ្ញុំព្រះអង្គ​កាន់យក ក្នុងសម្នាក់​អាចារ្យទិសាបាមោក្ខ ក្នុង​នគរតក្កសិលា ហើយធ្វើ​នូវការលះបង់​អាចារ្យ (របស់ខ្លួន) ។ មន្តក៏​អន្តរធាន​ទៅក្នុងខណៈ​នោះឯង ។ ព្រះរាជា មានសេចក្ដី​សោមនស្ស នាំមាណព​ចូលកាន់​នគរ ។ ថ្ងៃស្អែកឡើង ទ្រង់គិតថា យើងសោយ​ផ្លែស្វាយ ដូច្នេះ​ហើយ បានទៅ​កាន់ឧទ្យាន គង់លើ​ខ្នងមង្គល​សិលា ត្រាស់ថា នែមាណព ចូរនាំ​ផ្លែស្វាយមក ។ មាណព​ទទួលថា ល្អ ដូច្នេះហើយ ក៏ចូល​ទៅកាន់ដើម​ឈើ ឈរឋិត​នៅក្នុងទីបំផុត​ប្រមាណ ៧ ជំហាន រួចគិតថា យើងនឹង​រាយមន្ត ។ តែមន្ត​មិនបាន​ប្រាកដសោះ ក៏ដឹងនូវភាព​ដែលខ្លួន​សាបសូន្យ​ចាកមន្ត​នោះហើយ ទើបឈរនៅ ដោយ​សេចក្ដីអៀនខ្មាស ។ ព្រះរាជា​ត្រិះរិះថា ថ្ងៃមុន មាណពនេះ នាំផ្លែស្វាយ​មកឲ្យយើង​ក្នុងកណ្ដាល​បរិស័ទនេះ​ឯង បានញ៉ាំង​ភ្លៀង គឺផ្លែស្វាយ​ឲ្យធ្លាក់ចុះ ដូចជា​ភ្លៀងព្រិល ឥឡូវនេះ ឈរនៅ ដូចជាដុំថ្ម ហេតុអ្វីហ៎្ន ដូច្នេះហើយ កាលនឹងសួរ ទើបត្រាស់​ព្រះគាថាទី ១ ថា

អហាសិ មេ អម្ពផលានិ បុព្វេ, អណូនិ ថូលានិ ច ព្រហ្មចារិ;

តេហេវ មន្តេហិ ន ទានិ តុយ្ហំ, ទុមប្ផលា បាតុភវន្តិ ព្រហ្មេ។

នែអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរ កាលពីដើម អ្នកបានយកផ្លែស្វាយ​ទាំងឡាយ តូចក៏មាន ធំក៏មាន មកឲ្យយើង នែព្រាហ្មណ៍ ឥឡូវនេះ ផ្លែឈើទាំងឡាយ មិនកើតប្រាកដ ដោយមន្ត​ទាំងឡាយ​របស់អ្នកនោះ ។

 

បណ្ដាបទទាំងនោះ បទថា អហាសិ ប្រែថា នាំមកហើយ ។ បទថា ទុមប្ផលា ប្រែថា ផ្លែឈើទាំង​ឡាយ ។

 

មាណពស្ដាប់ពាក្យនោះហើយ គិតថា បើយើងនឹងទូលថា ថ្ងៃនេះ ខ្ញុំនឹង​កាន់យក​ផ្លែស្វាយ ថ្វាយមិនបាន ដូច្នេះ ព្រះរាជា​ពិតជាក្រោធ​នឹងយើង យើងនឹង​បោកបញ្ឆោត​ព្រះអង្គ​ដោយ​មុសាវាទ គិតដូច្នេះ​ហើយ ទើបពោលគាថាទី ២ ថា

នក្ខត្តយោគំ បដិមានយាមិ, ខណំ មុហុត្តញ្ច មន្តេ ន បស្សំ;

នក្ខត្តយោគញ្ច ខណញ្ច លទ្ធា, អទ្ធា ហរិស្សម្ពផលំ បហូតំ។

ខ្ញុំព្រះអង្គរាប់អាននូវការប្រកប​ដោយនក្ខត្តឫក្ស ខ្ញុំព្រះអង្គ​មើលឃើញ​ដោយមន្ត តែមួយពេល មួយស្របក់ ខ្ញុំព្រះអង្គ​បាននូវការ​ប្រកប​ដោយ​នក្ខត្តឫក្ស និងពេលហើយ សឹមខ្ញុំព្រះអង្គ នាំយកផ្លែស្វាយ​ឲ្យបានច្រើន មកថា្វយ​ព្រះអង្គ ពុំខានឡើយ ។

 

បណ្ដាបទទាំងនោះ បទថា អទ្ធា ហរិស្សម្ពផលំ ប្រែថា ខ្ញុំព្រះអង្គ​នឹងនាំផ្លែស្វាយ​មកយ៉ាង​ពិតប្រាកដ ។

 

ព្រះរាជាគិតថា មាណពនេះ ក្នុងកាលដទៃមុន មិនពោលនូវ​ការប្រកប​ដោយ​នក្ខត្តឫក្ស ចុះកាលនេះ​ជាអ្វី ដូច្នេះហើយ កាលនឹងសួរ ទើបត្រាស់ព្រះគាថា​ទាំងឡាយ ២ ថា

នក្ខត្តយោគំ ន បុរេ អភាណិ, ខណំ មុហុត្តំ ន បុរេ អសំសិ;

សយំ ហរី អម្ពផលំ បហូតំ, វណ្ណេន គន្ធេន រសេនុបេតំ។

កាលពីដើម អ្នកមិនបាននិយាយអាងនូវ​ការប្រកបដោយ​នក្ខត្តឫក្ស ពីដើម​មិនឃើញ​រកពេល រកស្របក់ តែអ្នកបាន​យកផ្លែស្វាយ​ដ៏ច្រើន ដែលបរិបូណ៌ ដោយពណ៌ ដោយក្លិន ដោយរស (មកឲ្យយើង) ។

 

មន្តាភិជប្បេន បុរេ ហិ តុយ្ហំ, ទុមប្ផលា បាតុភវន្តិ ព្រហ្មេ;

ស្វាជ្ជ ន បារេសិ ជប្បម្បិ មន្តំ, អយំ សោ កោ នាម តវជ្ជ ធម្មោ។

នែព្រាហ្មណ៍ កាលពីដើម ផ្លែឈើទាំងឡាយ រមែងកើតប្រាកដ ដោយការ​សូធ្យសែកមន្ត​របស់អ្នក ថ្ងែនេះ អ្នកមិនសូធ្យ​សែកមន្ត តើធម្មតា របស់អ្នក ក្នុងថ្ងែ​នេះ ដូចម្តេច ។

 

បណ្ដាបទទាំងនោះ បទថា ន បារេសិ ប្រែថា រមែងមិនអាច ។ បទថា ជប្បម្បិ សេចក្ដីថា សូម្បីកាលពោល សូម្បីរាយមន្ត ។ បទថា អយំ សោ សេចក្ដីថា សភាព​របស់អ្នកជា​យ៉ាងណា​ក្នុងថ្ងៃនេះ ។

 

មាណពស្ដាប់ពាក្យនោះហើយ គិតថា យើងមិនអាច​នឹងបោក​បញ្ឆោត​ព្រះរាជា​ដោយ​មុសាវាទ បើយើង​ពោលសភាព​របស់យើង ព្រះរាជា​គប្បីធ្វើអាជ្ញា សូមទ្រង់ធ្វើចុះ យើងពោល​សភាព​របស់យើង គិតយ៉ាង​នេះហើយ ទើបពោល​គាថាទាំងឡាយ ២ ថា

ចណ្ឌាលបុត្តោ មម សម្បទាសិ, ធម្មេន មន្តេ បកតិញ្ច សំសិ;

មា ចស្សុ មេ បុច្ឆិតោ នាមគោត្តំ, គុយ្ហិត្ថោ អត្ថំ វិជហេយ្យ មន្តោ។

កូនចណ្ឌាលបានឲ្យមន្តទាំងឡាយ ដល់ខ្ញុំព្រះអង្គ ដោយធម៌ ទាំងបាននិយាយប្រាប់ នូវប្រក្រតី គឺសេចក្តីវិនាស​នៃមន្ត​ទាំងឡាយថា បើមានគេសួរ ​អ្នកកុំលាក់នាម និងគោត្រ​របស់ខ្ញុំ កុំឲ្យមន្ត​លះបង់អ្នកបាន ។

 

សោហំ ជនិន្ទេន ជនម្ហិ បុដ្ឋោ, មក្ខាភិភូតោ អលិកំ អភាណឹ;

មន្តា ឥមេ ព្រាហ្មណស្សាតិ មិច្ឆា, បហីនមន្តោ កបណោ រុទាមិ។

ខ្ញុំព្រះអង្គដែលព្រះជនិន្ទ្រាធិរាជសួរ​ក្នុងប្រជុំជន​នោះ មានសេចក្តីលុប​គុណ​គេគ្រប​សង្កត់ បានក្រាប​ទូលពាក្យ​កុហក ជាពាក្យខុសថា មន្តទាំងឡាយ​នេះ ជារបស់ព្រាហ្មណ៍ ខ្ញុំព្រះអង្គ​មានមន្ត​សាបសូន្យ ជាបុគ្គល​កំព្រា​យំទួញ ។

 

បណ្ដាបទទាំងនោះ បទថា ធម្មេន ប្រែថា ឲ្យដោយស្មើ ដោយហេតុ គឺមិនបិទ​បាំងឡើយ ។ បទថា បកតិញ្ច សំសិ សេចក្ដីថា បុត្ររបស់​មនុស្សចណ្ឌាល​បានបញ្ជាក់​ដល់​សេចក្ដី​វិនាស និងភាព​ជាប្រក្រតី​របស់មន្តនោះ ដល់ខ្ញុំព្រះអង្គថា បើមាន​អ្នកណាសួរ ចូរកុំបិទ​បាំងនូវនាម និងគោត្រ​របស់យើង​ឡើយ បើអ្នកបិទបាំង អ្នកនឹង​វិនាសចាកមន្ត ។ បទថា ព្រាហ្មណស្សាតិ មិច្ឆា សេចក្ដីថា ខ្ញុំព្រះអង្គ បានបិទបាំង​ដោយពោល​ខុសថា មន្តទាំង​ឡាយនេះ គឺខ្ញុំកាន់​យកក្នុង​សម្នាក់នៃ​ព្រាហ្មណ៍ ព្រោះហេតុនោះ មន្តទាំងឡាយ​របស់ខ្ញុំ ទើប​សាបសូន្យ ខ្ញុំកាលមន្ត​វិនាសហើយ ឥឡូវទើប​ទួញយំដូច​មនុស្សកំព្រា ។

 

ព្រះរាជាស្ដាប់ពាក្យនោះហើយ ទ្រង់ក្រោធថា អ្នកឯងនេះមាន​បាបធម៌ មិនឃើញ​រតនៈ​ដែលមាន​សភាព​បែបនេះ អ្នកកាល​បានមន្ត​ដែលជារតនៈ​មានសភាព​បែបនេះហើយ អារឿង​ជាតិ​វានឹងធ្វើ​អ្វីបាន ដូច្នេះហើយ កាលនឹង​តិះដៀល​ដល់មាណព​នោះ ទើបត្រាស់​ព្រះគាថា​ទាំងនេះថា

ឯរណ្ឌា បុចិមន្ទា វា, អថ វា បាលិភទ្ទកា;

មធុំ មធុត្ថិកោ វិន្ទេ, សោ ហិ តស្ស ទុមុត្តមោ។

បុរសអ្នកត្រូវការដោយទឹកឃ្មុំ ទោះបានទឹកឃ្មុំអំពីដើមល្ហុង​ខ្ញែរក្តី អំពីដើមស្តៅក្តី ឬក៏អំពីដើម​រលួស​បាយក្តី ឯដើមឈើនោះ ឈ្មោះថា​ ជា​ឈើដ៏ប្រសើរ របស់បុរសនោះ ។

 

ខត្តិយា ព្រាហ្មណា វេស្សា, សុទ្ទា ចណ្ឌាលបុក្កុសា;

យម្ហា ធម្មំ វិជានេយ្យ, សោ ហិ តស្ស នរុត្តមោ។

បុគ្គលចេះដឹងធម៌ អំពីជនណា ទោះក្សត្រិយ៍ក្តី ព្រាហ្មណ៍ក្តី អ្នកជំនួញក្តី អ្នកគ្រួក្តី ចណ្ឌាលក្តី អ្នកចោល​សំរាមក្តី ជននោះ ឈ្មោះថា ជាជនដ៏ប្រសើរ របស់បុគ្គលនោះ ។

 

ឥមស្ស ទណ្ឌញ្ច វធញ្ច ទត្វា, គលេ គហេត្វា ខលយាថ ជម្មំ;

យោ ឧត្តមត្ថំ កសិរេន លទ្ធំ, មានាតិមានេន វិនាសយិត្ថាតិ។

បុរសណា ញ៉ាំងប្រយោជន៍ដ៏ឧត្តម ដែលខ្លួនបានមកហើយ ដោយលំបាក ឲ្យវិនាសទៅ ដោយមានះ និងអតិមានះ អ្នកទាំងឡាយ​ចូរឲ្យនូវ​អាជ្ញាផង នូវការ​សម្លាប់ផង ដល់ជន​អាក្រក់នេះ ហើយចាប់​បុរសដ៏​លាមកនេះ ត្រង់ក ហើយញាំញី ។

 

បណ្ដាបទទាំងនោះ បទថា មធុត្ថិកោ ប្រែថា បុរសដែលត្រូវការ​ដោយទឹកឃ្មុំ កាលសម្លឹង​រកមើល​ទឹកឃ្មុំក្នុងព្រៃ រមែងបានទឹកឃ្មុំ អំពីដើម​ឈើទាំងនោះ​ពួកណា ដើមឈើ​នោះឯង ឈ្មោះថា​ជាដើមឈើដ៏​ប្រសើរ​របស់បុរស​នោះ ។ បទថា ឥមស្ស ទណ្ឌញ្ច សេចក្ដីថា អ្នកទាំងឡាយ ចូរដកស្បែកខ្នង របស់មាណព​ដែលមាន​បាបធម៌នេះ ដោយបន្ទះ​ឫស្សីទាំងឡាយ​ជាដើមផង និងធ្វើ​នូវទណ្ឌកម្ម​គ្រប់យ៉ាង ហើយឲ្យ​ការបៀតបៀន ចាប់បុរស​អាក្រក់​នេះត្រង់ក អូសទៅ ដាក់ទោស​តាមការភ្លាំង​ភ្លាត់ខុស កម្ចាត់វា ហើយ​បណ្ដេញ​ចេញទៅ ប្រយោជន៍អ្វី​ដោយបុរស​នេះ ដែលនឹង​ឲ្យនៅក្នុងទីនេះ ។

 

រាជបុរសទាំងឡាយ បានធ្វើយ៉ាងនោះ ហើយពោលថា អ្នកឯងចូរទៅចុះ ចូរទៅកាន់​សម្នាក់អាចារ្យ​របស់អ្នក ចូរធ្វើអាចារ្យ​របស់អ្នក​ឲ្យត្រេកអរ ហើយបើ​បានមន្ត​ម្ដងទៀត ទើបអ្នក​អាចមក​ទីនេះ បើមិនបានទេ ចូរកុំសម្លឹង​ទិសនេះឡើយ ដូច្នេះហើយ បានធ្វើ​បុរសនោះ​ឲ្យអស់​អំណាច ។ បុរសនោះ ជាមនុស្ស​អនាថា គិតថា វៀរអាចារ្យ​ចេញហើយ ទីពឹងដទៃ​រមែងមិនមាន​ដល់យើង យើងត្រូវទៅ​កាន់សម្នាក់​របស់អាចារ្យនោះ ធ្វើឲ្យគាត់​ត្រេកអរ​ហើយ នឹងសូមមន្ត​ម្ដងទៀត ដូច្នេះហើយ ក៏ដើរយំ​ទៅកាន់​ស្រុកនោះ ។ លំដាប់នោះ ព្រះមហាសត្វ បានឃើញ​បុរសនោះ​កំពុងដើរមក ក៏ហៅភរិយាមក ពោលថា ហៃអូន​សម្លាញ់​ដ៏ចម្រើន អូនចូរមើលចុះ បុរសអាក្រក់​ដែលមានមន្ត​សាបសូន្យ​កំពុងដើរមក ។ បុរសនោះ ចូលទៅរក​ព្រះមហាសត្វ ហើយថ្វាយបង្គំ រួចអង្គុយក្នុងទីមួយ កាលព្រះពោធិសត្វ​សួរថា ហេតុអ្វីទើបមក បុរសនោះ​ពោលថា បពិត្រលោកអាចារ្យ ខ្ញុំធ្វើ​មុសាវាទ បិទបាំង​អាចារ្យ ហើយដល់​សេចក្ដី​វិនាសយ៉ាងធំ ដូច្នេះហើយ គេក៏សម្ដែង​ទោសដែល​កន្លងល្មើស កាលនឹង​សូមមន្ត​ម្ដងទៀត ទើបពោលគាថាថា

យថា សមំ មញ្ញមានោ បតេយ្យ, សោព្ភំ គុហំ នរកំ បូតិបាទំ;

រជ្ជូតិ វា អក្កមេ កណ្ហសប្បំ, អន្ធោ យថា ជោតិមធិដ្ឋហេយ្យ;

ឯវម្បិ មំ តំ ខលិតំ សបញ្ញ, បហីនមន្តស្ស បុនប្បទាហិ។

បុរសស្មានថា (ទីនេះ) រាបស្មើ ក៏លោតទៅកាន់ត្រពាំង គុហា ជ្រោះ និងឈើមាន​ឫសស្អុយ​ក្តី ដើរជាន់​លើពស់វែក ដោយស្មានថា ខ្សែក្តី បុគ្គល​ខ្វាក់ដើរជាន់​ភ្លើងក្តី យ៉ាងណា ៗ បពិត្រលោក ប្រកប​ដោយប្រាជ្ញា សូមលោក (អត់ទោស) ចំពោះខ្ញុំ ដែលជា​អ្នកភ្លាំងភ្លាត់ យ៉ាងនោះ ៗ ដែរ ហើយចែក​មន្តឲ្យខ្ញុំ ដែលជា​អ្នកមានមន្ត​សាបរលាប​អស់ហើយ ម្តងទៀត ។

 

បណ្ដាបទទាំងនោះ បទថា យថា សមំ សេចក្ដីថា បុរសសម្គាល់ថា ទីនេះជាទីរាបស្មើ គប្បី​លោតចុះ រន្ធក្ដី គុហាក្ដី ជ្រោះក្ដី ឫសឈើស្អុយក្ដី ពោលគឺកន្លែងបង្កើតដី ។ បទថា បូតិបាទោ សេចក្ដីថា ដើមឈើធំ​ក្នុងហិមវន្ត​ប្រទេស​ក្រៀមស្ងួត​ហើយស្លាប់ រណ្ដៅធំ​បានកើត​ក្នុងទីនោះ ព្រោះការ​ស្អុយរលួយ​របស់ឫស​ឈើនោះ ស្ថានទីនេះ ជាឈ្មោះរបស់​បូតិបាទោ​នោះឯង ។ បទថា ជោតិមធិដ្ឋហេយ្យ សេចក្ដីថា គប្បីដើរជាន់ភ្លើង ។ បទថា ឯវម្បិ សេចក្ដីថា សូម្បីខ្ញុំ​ក៏យ៉ាងនោះ ជាមនុស្សខ្វាក់ ព្រោះមិនមាន​បញ្ញាចក្ខុ មិនដឹងគុណ​វិសេសរបស់​លោក បានភ្លាំងភ្លាត់​ហើយលើ​លោក លោកបាន​ដឹងនូវខ្ញុំ ថាជាអ្នកភ្លាំង​ភ្លាត់ហើយ បពិត្រលោក​អ្នកមានបញ្ញា ដល់ព្រម​ដោយញាណ ចូរឲ្យមន្ត​ដល់ខ្ញុំដែល​ជាអ្នកសាប​សូន្យចាក​មន្តនោះ ម្ដងទៀត ។

 

លំដាប់នោះ អាចារ្យពោលនឹងគេថា នែអ្នក អ្នកនិយាយអ្វី ធម្មតាមនុស្សខ្វាក់ កាលមានអ្នក​ឲ្យសញ្ញាហើយ រមែងទៅកាន់​រណ្ដៅជាដើម យើងប្រាប់​អ្នកតាំង​តែពីដំបូងម្ល៉េះ ឥឡូវនេះ អ្នកនឹងមក​កាន់សម្នាក់​យើងដើម្បី​ប្រយោជន៍អ្វី ដូច្នេះហើយ ទើបពោល​គាថាទាំងឡាយ​ថា

ធម្មេន មន្តំ តវ សម្បទាសឹ, តុវម្បិ ធម្មេន បដិគ្គហេសិ;

បកតិម្បិ តេ អត្តមនោ អសំសឹ, ធម្មេ ឋិតំ តំ ន ជហេយ្យ មន្តោ។

យើងបានឲ្យមន្តទាំងឡាយ ដល់អ្នកដោយធម៌ហើយ គឺមិនយក​រង្វាន់អ្វីឡើយ ទាំងអ្នក​ក៏បានទទួល​រៀនយកមន្ត ដោយធម៌​ហើយដែរ យើង​មានចិត្តត្រេកអរ បានទាំង​ប្រាប់នូវ​ប្រក្រតី (នៃមន្ត) ដល់អ្នកហើយ បើអ្នកតាំង​នៅក្នុងធម៌ មន្តមិនលះបង់​អ្នកបានទេ ។

 

យោ ពាលមន្តំ កសិរេន លទ្ធំ, យំ ទុល្លកំ អជ្ជ មនុស្សលោកេ,

កិញ្ចាបិ លទ្ធា ជីវិតុំ អប្បបញ្ញោ, វិនាសយី អលិកំ ភាសមានោ។

នែបុគ្គលពាល អ្នកណាធ្វើមន្តដែលខ្លួន​បានហើយ ដោយលំបាក បានមក​ដោយកម្រ ក្នុងមនុស្ស​លោក ឲ្យវិនាសទៅ ក្នុងថ្ងែនេះ អ្នកនោះ ជាអ្នកឥត​ប្រាជ្ញា ពោលពាក្យ​កុហក ឈ្មោះថា ញ៉ាំងជីវិត ដែលខ្លួនបាន​ដោយកម្រ ឲ្យវិនាស ។

 

ពាលស្ស មូឡ្ហស្ស អកតញ្ញុនោ ច, មុសា ភណន្តស្ស អសញ្ញតស្ស;

មន្តេ មយំ តាទិសកេ ន ទេម, កុតោ មន្តា គច្ឆ ន មយ្ហំ រុច្ចសិ។

យើងមិនឲ្យមន្តទាំងឡាយបែបនោះ ដល់មនុស្សល្ងង់​ខ្លៅវងេ្វង ជាអកតញ្ញូ ពោលពាក្យ​កុហក មិនសង្រួម ឯមន្តទាំងឡាយ មានមកពី​ណាទៀត អ្នកឯងចូរ​ចេញទៅ អ្នកឯងមិន​គាប់ចិត្ត​យើងទេ ។

 

បណ្ដាបទទាំងនោះ បទថា ធម្មេន សេចក្ដីថា សូម្បីយើង​មិនបាន​ទទួលប្រាក់ ឬមាស​ដែលជា​ចំណែក​នៃអាចារ្យ ញ៉ាំងមន្ត​ដោយធម៌​ប៉ុណ្ណោះ​ឲ្យដល់ព្រម សូម្បីអ្នក​ក៏មិនបាន​ឲ្យរបស់​អ្វីមួយ រមែងទទួល​ដោយធម៌ ដូចគ្នា ។ បទថា ធម្មេ ឋិតំ បានដល់ តាំងនៅក្នុង​ធម៌របស់បុគ្គល​ដែលបូជា​អាចារ្យ ។ បទថា តាទិសកេ សេចក្ដីថា យើងនឹង​មិនឲ្យមន្ត​ដែលអាចឲ្យ​ផ្លែឈើ​កើតឡើង​ក្នុងរដូវ​ដែលមិន​មែនកាល ដែលមាន​សភាពបែប​នោះទេ អ្នកចូរ​ទៅចុះ គឺយើងមិន​ពេញចិត្តឡើយ ។

 

មាណពនោះ ត្រូវអាចារ្យបញ្ជូនទៅ​ហើយយ៉ាងនេះ គិតថា ជីវិតយើង​នឹងរស់យ៉ាង​ណា ដូច្នេះហើយ ក៏ចូលទៅកាន់ព្រៃ ហើយស្លាប់​យ៉ាងអនាថា ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ សូម្បីក្នុង​កាលមុន ទេវទត្ត​ក៏បានលះបង់​អាចារ្យ ហើយដល់​នូវសេចក្ដី​វិនាសធំ ដូច្នេះហើយ ទ្រង់ប្រជុំជាតកថា

តទា អកតញ្ញូ មាណវោ ទេវទត្តោ អហោសិ មាណពអកតញ្ញូ​ក្នុងកាលនោះ បានមក​ជា ទេវទត្ត ។

រាជា អានន្ទោ ព្រះរាជា បានមក​ជាអានន្ទ ។

ចណ្ឌាលបុត្តោ បន អហមេវ អហោសឹ ចំណែកបុត្រ​របស់មនុស្ស​ចណ្ឌាល គឺ តថាគត នេះឯង ។

ចប់ អម្ពជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តេរសកនិបាត បិដកលេខ ៥៩ ទំព័រ ២៦៧)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស. ២៥៦១