នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។
ហលិទ្ទរាគជាតក
(ឆដ្ឋ. ហលិទ្ទិរាគជាតក)
ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធការលួងលោមរបស់ថុល្លកុមារិកា បានត្រាស់ព្រះធម្មទេសនានេះ មានពាក្យថា សុតិតិក្ខំ ដូច្នេះជាដើម ។
រឿងបច្ចុប្បន្នរបស់ជាតកនេះ នឹងមានជាក់ច្បាស់ក្នុងចូឡនារទជាតក ក្នុងតេរសកនិបាតឯណោះ ។ ចំណែករឿងក្នុងអតីត (ព្រះពោធិសត្វ កាលភរិយារបស់ខ្លួនស្លាប់ហើយ គិតថា សេចក្ដីស្លាប់មានដល់ភរិយាជាទីស្រឡាញ់របស់យើង យ៉ាងណា សេចក្ដីស្លាប់នោះ នឹងមានដល់យើង ក៏យ៉ាងនោះ ទើបនាំកូនរបស់ខ្លួន ទៅព្រៃហិមពាន្ត បួសជាឥសី ញ៉ាំងឈានអភិញ្ញាឲ្យកើតឡើង មានមើមឈើ និងផ្លែឈើក្នុងព្រៃជាអាហារ ក្នុងពេលនោះ ពួកចោរក្នុងបច្ចន្តជនបទចូលមកប្លន់អ្នកស្រុក ហើយចាប់មនុស្សយកទៅធ្វើជាឈ្លើយ ក្នុងបណ្ដាឈ្លើយទាំងនោះ មានកុមារិកាម្នាក់ បានរត់រួច ហើយក៏មកដល់អាស្រមរបស់តាបស ចំពេលដែលតាបសជាបិតា ចូលទៅរកមើមឈើផ្លែឈើ) កុមារិកានោះ (ក៏បានឱកាស) ទម្លាយសីលរបស់តាបសកុមារនោះ និងដឹងភាពដែលតាបសនោះឋិតក្នុងអំណាចរបស់ខ្លួនហើយ គិតថា យើងនឹងបោកបញ្ឆោតតាបសនេះ ហើយនឹងនាំទៅកាន់ស្រុកមនុស្ស ដូច្នេះហើយ ពោលថា ឈ្មោះថា សីលដែលរក្សាក្នុងព្រៃ ជាទីវៀរចាកកាមគុណទាំងឡាយ មានរូបជាដើម រមែងមិនមានផលច្រើន សីលដែលរក្សាក្នុងស្រុកមនុស្ស ជាទីតាំងនៃកាមគុណទាំងឡាយ មានរូបជាដើម ទើបមានផលច្រើន លោកចូរមក ទៅទីនោះជាមួយនឹងខ្ញុំ ព្រៃនឹងជាប្រយោជន៍អ្វីដល់លោក ពោលយ៉ាងនេះហើយ ទើបពោលគាថាទី ១ ថា
សុតិតិក្ខំ អរញ្ញម្ហិ, បន្តម្ហិ សយនាសនេ;
យេ ច គាមេ តិតិក្ខន្តិ, តេ ឧឡារតរា តយា។
ការដែលលោកអត់ទ្រាំក្នុងព្រៃ ជាសេនាសនៈដ៏ស្ងាត់ ជាការប្រពៃហើយ តែថាពួកជនណា អត់ទ្រាំនៅក្នុងស្រុក ពួកជននោះ ឈ្មោះថា ប្រសើរលើសលុប ជាងលោកទៅទៀត ។
បណ្ដាបទទាំងនោះ បទថា សុតិតិក្ខំ សេចក្ដីថា ការអត់ធន់ដោយល្អ ។ បទថា តិតិក្ខន្តិ សេចក្ដីថា ការអត់ធន់នឹងត្រជាក់ជាដើម ។
តាបសកុមារស្ដាប់ពាក្យនោះហើយ ពោលថា បិតារបស់ខ្ញុំទៅព្រៃ កាលបិតារបស់ខ្ញុំមក ខ្ញុំនឹងលាគាត់ ហើយខ្ញុំនឹងទៅ ។ នាងកុមារិកានោះគិតថា បានឮថា តាបសនេះ មានបិតា បើបិតារបស់តាបសនេះនឹងឃើញយើង គាត់នឹងវាយយើងដោយចុងដងរែក ឲ្យយើងដល់នូវសេចក្ដីវិនាស យើងគួរទៅមុន ។ លំដាប់នោះ កុមារិកាពោលនឹងកុមារតាបសថា បើយ៉ាងនោះ ខ្ញុំនឹងធ្វើគ្រឿងសម្គាល់ផ្លូវទុក ខ្ញុំនឹងទៅមុន លោកចូរមកតាមក្រោយចុះ ថាដូច្នេះ នាងក៏ចេញទៅ ។ តាបសនោះ កាលនាងកុមារិកាទៅហើយ ក៏មិននាំឧសមកទុក មិនតម្កល់ទឹកប្រើប្រាស់ និងទឹកផឹក គិតតែអង្គុយសញ្ជប់សញ្ជឹងតែប៉ុណ្ណោះ កាលបិតាមក ក៏មិនធ្វើការក្រោកទទួល ។ គ្រានោះ បិតាសូម្បីដឹងថា កូននេះលុះក្នុងអំណាចស្ត្រីហើយ ក៏ពោលនឹងតាបសនោះថា នែកូន ព្រោះហេតុអ្វី បានជាអ្នកមិននាំឧសមកទុក មិនតម្កល់ទឹកប្រើប្រាស់ និងទឹកផឹក ហើយអង្គុយសញ្ជប់សញ្ជឹង។ ពេលនោះ តាបសកុមារពោលនឹងបិតាថា បពិត្របិតា បានឮថា សីលដែលរក្សាក្នុងព្រៃ ឈ្មោះថា មិនមានផលច្រើន ការរក្សាសីលក្នុងស្រុកមនុស្ស ទើបមានផលច្រើន ខ្ញុំនឹងទៅរក្សាសីលនៅទីនោះ សម្លាញ់របស់ខ្ញុំពោលនឹងខ្ញុំថា អ្នកគប្បីមក គេទៅមុនហើយ ខ្ញុំទៅរកគេ តើបុរសណាមួយ ដែលខ្ញុំគប្បីសេពដោយការនៅក្នុងទីនោះ ដូច្នេះ កាលនឹងសួរ ទើបពោលគាថាទី ២ ថា
អរញ្ញា គាមមាគម្ម, កឹសីលំ កឹវតំ អហំ;
បុរិសំ តាត សេវេយ្យំ, តំ មេ អក្ខាហិ បុច្ឆិតោ។
បពិត្របិតា លុះដល់ខ្ញុំចេញអំពីព្រៃមកកាន់ស្រុក តើគួរសេពគប់បុរសមានសីលដូចមេ្តច មានវត្តដូចម្តេច ខ្ញុំសួរហើយ សូមបិតាប្រាប់ហេតុនោះ ។
លំដាប់នោះ បិតាកាលសម្ដែងប្រាប់ ទើបពោលគាថាដ៏សេសថា
យោ តេ វិស្សាសយេ តាត, វិស្សាសញ្ច ខមេយ្យ តេ;
សុស្សូសី ច តិតិក្ខី ច, តំ ភជេហិ ឥតោ គតោ។
នែបា បើបុគ្គលណាស្និទ្ធស្នាលនឹងអ្នក ថែមទាំងគាប់ចិត្តនឹងសេចក្តីស្និទ្ធស្នាលរបស់អ្នក ហើយស្តាប់បង្គាប់ និងអត់ទ្រាំ (នូវពាក្យសំដី) អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់បុគ្គលនោះចុះ ។
យស្ស កាយេន វាចាយ, មនសា នត្ថិ ទុក្កដំ;
ឧរសីវ បតិដ្ឋាយ, តំ ភជេហិ ឥតោ គតោ។
បុគ្គលណា មិនមានអំពើអាក្រក់ ដោយកាយ វាចា ចិត្ត អ្នកចេញអំពីព្រៃនេះទៅ ចូរតាំងខ្លួនដូចជាកូន ហើយសេពគប់បុគ្គលនោះចុះ ។
យោ ច ធម្មេន ចរតិ, ចរន្តោបិ ន មញ្ញតិ;
វិសុទ្ធការឹ សប្បញ្ញំ, តំ ភជេហិ ឥតោ គតោ។
មួយទៀត បុគ្គលណាប្រព្រឹត្តតាមធម៌ ទោះបីកំពុងប្រព្រឹត្ត ក៏មិនប្រកាន់ខ្លួន លុះដល់អ្នកចេញអំពីព្រៃនេះទៅ ចូរសេពគប់នូវបុគ្គល ដែលជាអ្នកធ្វើអំពើដ៏បរិសុទ្ធ ប្រកបដោយប្រាជ្ញានោះចុះ ។
ហលិទ្ទិរាគំ កបិចិត្តំ, បុរិសំ រាគវិរាគិនំ;
តាទិសំ តាត មា សេវិ, និម្មនុស្សម្បិ ចេ សិយា។
នែបា បុគ្គលណា មានចិត្តដូចជាសំពត់ជ្រលក់ល្មៀត មានចិត្តដូចស្វា ត្រេកអរហើយ បែរជាមិនត្រេកអរវិញ បើទុកជា (ក្នុងជម្ពូទ្វីបនេះ) មិនមានមនុស្សសោះ អ្នកកុំគប់រកបុរសបែបនោះឡើយ ។
អាសីវិសំវ កុបិតំ, មីឡ្ហលិត្តំ មហាបថំ;
អារកា បរិវជ្ជេហិ, យានីវ វិសមំ បថំ។
អ្នកចូរចៀសវាង (បុគ្គលបែបនោះ) អំពីចម្ងាយ ឲ្យដូចបុគ្គលចៀសវាងអាសិរពិសដែលក្រោធ ឬចៀសវាងផ្លូវធំ ដែលប្រឡាក់ដោយលាមក ឬដូចបុគ្គលអ្នកទៅដោយយាន ចៀសវាងផ្លូវមិនស្មើ ។
អនត្ថា តាត វឌ្ឍន្តិ, ពាលំ អច្ចុបសេវតោ;
មាស្សុ ពាលេន សំគច្ឆិ, អមិត្តេនេវ សព្វទា។
នែបា អំពើមិនជាប្រយោជន៍ទាំងឡាយ តែងចម្រើនដល់បុគ្គលដែលគប់រកបុគ្គលពាល អ្នកកុំគប់រកបុគ្គលពាល ដែលដូចជាសត្រូវសព្វ ៗ កាលឡើយ ។
តំ តាហំ តាត យាចាមិ, ករស្សុ វចនំ មម;
មាស្សុ ពាលេន សំគច្ឆិ, ទុក្ខោ ពាលេហិ សង្គមោ។
នែបា ព្រោះហេតុនោះហើយ បានជាយើងសូមអង្វរអ្នក ចូរអ្នកធ្វើតាមពាក្យយើង ចូរអ្នកកុំគប់រកបុគ្គលពាលឡើយ (ព្រោះ) ការគប់រកនូវបុគ្គលពាលទាំងឡាយ តែងនាំមកនូវសេចក្តីទុក្ខ ។
តាបសកំលោះកាលស្ដាប់ឱវាទរបស់បិតាយ៉ាងនេះហើយ ពោលថា បពិត្របិតា ខ្ញុំទៅកាន់ស្រុកមនុស្សហើយ នឹងមិនបានបណ្ឌិតដែលដូចបិតា ខ្ញុំខ្លាចការទៅស្រុកមនុស្ស ខ្ញុំនឹងនៅក្នុងសម្នាក់របស់បិតាក្នុងទីនេះឯង ។ លំដាប់នោះ បិតាកាលឲ្យឱវាទដល់កូនឲ្យក្រៃលែងឡើងហើយ ក៏ប្រាប់ការបរិកម្មកសិណ ។ មិនយូរប៉ុន្មាន តាបសកំលោះ បានញ៉ាំងអភិញ្ញាសមាបត្តិឲ្យកើតឡើង ហើយជាអ្នកមានព្រហ្មលោកជាទីទៅខាងមុខ ជាមួយនឹងបិតា ។
ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាសសច្ចៈទាំងឡាយ និងប្រជុំជាកត ក្នុងកាលជាទីបញ្ចប់នៃសច្ចៈ ឧក្កណ្ឋភិក្ខុបានតាំងនៅក្នុងសោតាបត្តិផល ។
តទា តាបសកុមារោ ឧក្កណ្ឋិតភិក្ខុ អហោសិ តាបសកុមារក្នុងកាលនោះ បានមកជាឧក្កណ្ឋភិក្ខុ
កុមារិកា ថុល្លកុមារិកាវ កុមារិកាបានមកជាថុល្លកុមារិកា
បិតា តាបសោ បន អហមេវ អហោសឹ ចំណែកតាបសជាបិតា គឺ តថាគត នេះឯង ។
ចប់ ហលិទ្ទិរាគជាតក ៕
(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥៣)
ថ្ងៃអង្គារ ១០ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០
ថ្ងៃទី ២៤ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨
ប្រែដោយ ស.ដ.វ.ថ.