នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

ហរិតចជាតក

(រឿងហារិតតាបសពោធិសត្វដាច់ឈានព្រោះស្រឡាញ់អគ្គមហេសីរបស់ព្រះរាជា)

ព្រះសាស្ដាកាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធឧក្កណ្ឋិតភិក្ខុ បានត្រាស់រឿង​នេះមាន​ពាក្យផ្ដើមថា សុតំ មេតំ មហាព្រហ្មេ  ដូចនេះ ។

សេចក្ដីសង្ខេបថា ភិក្ខុនោះឃើញមាតុគ្រាមម្នាក់តែងខ្លួនយ៉ាងស្រស់ស្អាត កើតសេចក្ដី​អផ្សុក បណ្ដោយឲ្យសក់ ក្រចក និង​ពុកមាត់​មានសភាព​វែង ប្រាថ្នា​ដើម្បី​សឹក ព្រះឧបជ្ឈាយ៍ និងអាចារ្យ​ណែនាំ ក៏មិនពេញចិត្ត បាននាំ​មកហើយ (កាន់សំណាក់​ព្រះសាស្ដា) ព្រះសាស្ដា​ត្រាស់សួរថា ពិតឬភិក្ខុ បានឮថា អ្នក​អផ្សុក ? កាលភិក្ខុនោះ​ក្រាបទូល​ថា ពិតមែន ព្រះអង្គ ។ ព្រះពុទ្ធត្រាស់ថា ហេតុអ្វីបាន​ជាអ្នកអផ្សុក ? កាលភិក្ខុនោះ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ដោយ​អំណាច​កិលេស ព្រោះ​បានឃើញ​​មាតុគ្រាម​​ដែលប្រដាប់​​តាក់តែង​ខ្លួន ។ ព្រះដ៏មានជោគ​ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា កិលេស​ រមែង​មិនមាន​​សេចក្ដី​ជ្រះថ្លា និង​កម្ចាត់​គុណ​សេចក្ដីល្អ និងមាន​តែឲ្យធ្លាក់​ក្នុងនរក នឹង​​កិលេសនោះ ហេតុអ្វី​នឹង​មិន​ញ៉ាំងលោក​ឲ្យលំបាក ? ខ្យល់​ព្យុះ ប្រហារនូវ​ភ្នំសិនេរុ ហេតុអ្វី​នឹងមិន​បក់ផាត់​ស្លឹកឈើ​ចាស់ៗ ឲ្យខ្ចាត់ខ្ចាយ​ទៅបាននោះ សូម្បី​មហាបុរស​ដែល​បរិសុទ្ធ បានអភិញ្ញា ៥ សមាបត្តិ ៨ កាលត្រាច់​ទៅកាន់​អនុបទ នៃ​ពោធិញាណ អាស្រ័យ​នូវកិលេស​នេះ មិនអាច​ដើម្បីនឹង​តាំងសតិ បានញ៉ាំង​ឈានឲ្យ​អន្តរធាន​ទៅ ដូច្នេះហើយ ទ្រង់នាំ​អតីតនិទាន​មកជា​សាធកៈ ដូចតទៅ

ក្នុងអតីតកាល ព្រះបាទព្រហ្មត្ត គ្រងរាជសម្បត្តិ​នៅក្នុង​នគរ​ពារាណសី ។ ព្រះពោធិសត្វ កើតនៅ​ក្នុងត្រកូល​ព្រាហ្មណ៍​ដែលមាន​ទ្រព្យ ៨០ កោដិ នៅក្នុង​និគម​មួយ មាតាបិតា​បានដាក់​ឈ្មោះឲ្យ​ព្រះអង្គថា ហរិតចកុមារ ព្រោះព្រះអង្គ​មានពណ៌​​សម្បុរលឿង​ដូចមាស ។ កុមារនោះ ពេលចម្រើន​​វ័យធំ​ហើយ សម្រេច​ការសិក្សា​​នៅនគរតក្កសិលា រួបរួម​ទ្រព្យ​ទុក​ គ្រាមាតាបិតា​​កន្លងផុតទៅ បានត្រួតពិនិត្យ​ទ្រព្យសម្បត្តិ ហើយគិតថា ទ្រព្យប៉ុណ្ណោះ​នៅប្រាកដ ចំណែក​អ្នកធ្វើឲ្យ​ទ្រព្យកើត​ឡើងនោះ មិនប្រាកដ សូម្បីយើង ក៏ត្រូវឃ្លាត​ទៅក្នុង​មាត់មច្ចុរាជ ដូច្នេះ លោកខ្លាច​ចំពោះ​មរណភ័យ បានឲ្យ​មហាទាន ហើយចូល​ទៅកាន់​ព្រៃហិមពាន្ត បួសជាឥសី ក្នុងថ្ងៃទី ៧ លោកបាន​អភិញ្ញា ៥ និងសមាបត្តិ ៨ មានមើមឈើ និងផ្លៃឈើ​ក្នុងព្រៃ​ជាអាហារ តម្កល់ជីវិត​នៅក្នុងទីនោះ​ អស់​កាលដ៏យូរ លោកត្រូវ​ការសេព​អាហារ​ដែលមាន​រសប្រៃ និងជូរ (លោណរស អម្ពិលរស) ទើបចុះ​ចាកបព៌ត ទៅតាមលំដាប់ ដល់​នគរពារាណសី ចូលទៅ​នៅក្នុង​ព្រះរាជឧទ្យាន ក្នុងថ្ងៃ​ស្អែកឡើង ត្រាច់ភិក្ខាចារ​ក្នុងក្រុង​ពារាណសី បានដល់​រាជទ្វារ (ព្រះលានហ្ហួង) ព្រះរាជា​ទតព្រះនេត្រ​ឃើញតាបស​នោះ ទ្រង់មាន​ព្រះទ័យជ្រះថ្លា បានបញ្ជា​ឲ្យនិមន្ត​អង្គុយ​លើរាជបល្ល័ង្ក​ខាងក្រោម​សមុស្សិតស្វេតច្ឆត្ត ឲ្យឆាន់​ភោជនដែល​មាន​រសដ៏លើស​ផ្សេងៗ កាល​តាបស​ឆាន់ហើយ ធ្វើការ​អនុមោទនា​ចប់ហើយ ព្រះរាជា​ទ្រង់រីករាយ ជ្រះថ្លាយ៉ាង​ក្រៃលែង ទ្រង់ត្រាស់​សួរថា លោកម្ចាស់នៅក្នុងទីណា ?

កាលតាបសថ្វាយព្រះពរថា បពិត្រមហារាជ អាត្មាត្រាច់រក​ទៅចាំវស្សា ព្រះរាជា​ត្រាស់ថា បពិត្រលោកម្ចាស់ ល្អហើយ គ្រាសោយ​ព្រះក្រយា​ស្រេចហើយ ទ្រង់នាំ​តាបសទៅ​ព្រះរាជ​ឧទ្យាន បញ្ជាឲ្យ​សាងទី​សម្រាប់ស្នាក់​នៅក្នុងវេលា​ថ្ងៃ និងទីសម្រាប់​ស្នាក់នៅ​ក្នុងវេលា​យប់ជាដើម ថ្វាយតាបស ចាត់ឲ្យ​មនុស្ស​រក្សាព្រះរាជ​ឧទ្យាន ជាអ្នកបដិបត្តិ ទ្រង់អភិវាទ ហើយស្ដេច​ត្រឡប់ទៅ ចាប់តាំង​ពីពេលនោះមក ព្រះមហាសត្វ បានឆាន់​ក្នុងរាជវាំង​ជានិច្ច អស់ ១២ ឆ្នាំ ។

ក្នុងថ្ងៃមួយ ព្រះរាជាស្ដេចទៅបង្ក្រាបបច្ចន្តជនបទ ដែលបង្ក​ការបះបោះ ទ្រង់ប្រគល់​ព្រះមហាសត្វ​ដល់​ព្រះទេវីថា នាងចូរ​កុំប្រមាទ​ក្នុង​បុញ្ញក្ខេត្ត​របស់​យើង ហើយ​ស្ដេចយាង​ទៅ  តាំងតែ​ពីពេល​នោះមក ព្រះទេវី​បានអង្គាស​ព្រះមហាសត្វ​ដោយ​ព្រះហស្ដ​របស់ព្រះនាង ។ ក្នុងថ្ងៃមួយ ព្រះនាង​តាក់តែង​ភោជន​ទុក​រៀបរយ​ហើយ កាលតាបស​នៅមិន​ទាន់មក ព្រះនាង​ក៏ស្រង់​សុគន្ធវារី ហើយ​ទ្រង់ស្លៀក​សំពត់​ដែលមាន​សាច់ម៉ដ្ឋ ទន់រលោង ឲ្យគេបើក សីហបញ្ជរ​ឲ្យខ្យល់​បក់ត្រូវ​ព្រះវរកាយ ទ្រង់ផ្ទំ​លើគ្រែតូច ។ សូម្បី​ព្រះមហាសត្វ ស្លៀក​ដណ្ដប់រៀប​រយហើយ កាន់យក​ភាជនៈ​សម្រាប់​ដាក់ភិក្ខា ហោះមក​តាមផ្លូវ​អាកាស ដល់​សីហបញ្ជរ ។ ព្រះទេវី​បានឮសំឡេង​ចីវរ​សំបកឈើ​របស់ព្រះមហាសត្វ ក៏ស្ដេចក្រោក​ឡើង​ដោយរហ័ស សំពត់​សាច់ម៉ដ្ឋ ក៏របូត​ធ្លាក់ចុះ វិសភាគារម្មណ៍ បានប៉ះ​ផ្ទប់នឹង​ចក្ខុរបស់​ព្រះមហាសត្វ​ភ្លាមនោះ កិលេស​ដែលរុំព័ទ្ធ​នៅខាង​ក្នុង​ព្រះមហាសត្វ​អស់កាល​ច្រើនសែន​កោដិឆ្នាំ​នោះ មានអាការ​ដូច​អាសិរ្ពិស ដែលដេក​នៅក្នុង​កំសៀវ បានក្រោក​ឡើង ធ្វើឈាន​ឲ្យអន្តរធាន ។ ព្រះមហាសត្វ មិនអាច​នឹងតាំង​សតិទុកបាន ទៅចាប់​ព្រះហស្តព្រះទេវី បិទបាំង​នូវវាំងនន ក្នុង​ពេល​នោះឯង ព្រះមហាសត្វនោះ បានសេព​នូវ​លោកធម៌​ជាមួយ​នឹងព្រះទេវីនោះ ហើយ​ទើបបរិភោគ (នូវភោជន) រួចហើយ​ទើបទៅកាន់​ព្រះរាជឧទ្យាន​វិញ  តាំង​អំពីពេល​នោះមក ព្រះមហាសត្វ បានធ្វើយ៉ាង​នោះរាល់ៗថ្ងៃ ។

ដំណឹងដែលព្រះមហាសត្វសេពលោកធម៌នឹងព្រះទេវី បានប្រាកដ​ផ្សាយទៅ​ទូទាំង​នគរ ពួកអាមាត្យបាន​បញ្ជូនសារ​ទៅទូល​ព្រះរាជាថា ហរិតចតាបស​បាន​ធ្វើ​យ៉ាងនោះ ។ ព្រះរាជាទ្រង់​មិនជឿឡើយ ដោយគិតថា ពួកអាមាត្យ​ប្រាថ្នាទម្លាយ​យើង ទើបពោល​យ៉ាងនេះ គ្រាទ្រង់​បង្ក្រាបជាយ​ដែនឲ្យស្ងប់ហើយ ស្ដេចក៏ត្រឡប់​មកនគរ​ពារាណសី ទ្រង់ធ្វើ​ប្រទក្សិណ​ព្រះនគរហើយ ចូលទៅកាន់​សំណាក់​ព្រះទេវី មាន​ព្រះតម្រាស់​សួរថា បានឮ​ដំណឹងថា ហរិតចតាបស​ជាម្ចាស់​របស់​យើង សេពលោកធម៌​នឹងនាង ជាការពិតឬ ? ព្រះទេវីទូលថា បពិត្រទេវៈ ពិតមែន ។ ព្រះរាជា ទ្រង់នៅតែ​មិនជឿ​សូម្បីនូវ​ពាក្យរបស់​ព្រះទេវី ដោយគិតថា នឹងសួរតាបស​នោះឯង ។ ទើបស្ដេច​ទៅព្រះរាជ​ឧទ្យាន ទ្រង់នមស្ការ ហើយប្រថាប់​ក្នុងទីដ៏​សមគួរមួយ កាលនឹង​សួរសេចក្ដី បានពោល​គាថាទី ១ ថា

សុតំ មេតំ មហាព្រហ្មេ, កាមេ ភុញ្ជតិ ហារិតោ

កច្ចេតំ វចនំ តុច្ឆំ, កច្ចិ សុទ្ធោ ឥរិយ្យសិ។

បពិត្រមហាព្រហ្ម ខ្ញុំបានឮថា ព្រះហារិតតាបសបរិភោគកាម ពាក្យនុ៎ះ ទទេ ទេឬ លោកជាបុគ្គលបរិសុទ្ធ ទេឬ ។

បណ្ដាបទទាំងនោះ បទថា កច្ចេតំ ជាដើម សេចក្ដីថា ពាក្យដែលខ្ញុំបានឮថា ព្រះហារិតតាបស​បរិភោគកាម ដូច្នេះនោះ ជាពាក្យទទេ គឺជាពាក្យ​មិនពិត លោកម្ចាស់ នៅជា​អ្នក​បរិសុទ្ធឬ ?

តាបសគិតថា កាលយើងទូលថា យើងមិនបាន​បរិភោគកាម ព្រះរាជា​នេះនឹង​ជឿប៉ុណ្ណោះ តែថា​ក្នុងលោក​នេះ ដែល​ឈ្មោះថា ទីពឹង​ប្រាកដ​ស្មើដោយ​សច្ចៈ មិនមាន ព្រោះថា អ្នកដែល​លះសច្ចៈ​ហើយ រមែង​មិនអាច​នឹងអង្គុយ​លើពោធិបល្ល័ង្ក បន្លុះពោធិញាណ​បានឡើយ យើងគួរ​តែពោលពាក្យ​សត្យតែម្យ៉ាង ។ ពិតមែន​ហើយ សូម្បី​បាណាតិបាតក្ដី អទិន្នាទានក្ដី កាមេសុមិច្ឆាចារក្ដី សុរាមេរយមជ្ជបានក្ដី រមែងមាន​ដល់​ព្រះពោធិសត្វ​បានក្នុង​ចំណែក​យ៉ាងខ្លះ ឈ្មោះថា​មុសាវាទ ដែល​ចោមរោម​​នូវការ​កម្ចាត់​ទម្លាយ​ប្រយោជន៍ រមែងមិន​មាន​ដល់​ព្រះពោធិសត្វឡើយ ព្រោះហេតុនោះ ហារិតតាបស​​នោះ កាលពោល​នូវពាក្យ​សច្ចៈ​ប៉ុណ្ណោះ ទើបពោល​គាថាទី ២ ថា

ឯវមេតំ មហារាជ, យថា តេ វចនំ សុតំ

កុម្មគ្គំ បដិបន្នោស្មិ, មោហនេយ្យេសុ មុច្ឆិតោ។

បពិត្រមហារាជ ពាក្យដែលទ្រង់បាន​ព្រះសណ្តាប់មកយ៉ាងណា ពាក្យនុ៎ះ ពិតយ៉ាងនោះហើយ អាត្មាភាព​ជាបុគ្គល​បានដើរ​ទៅកាន់​ផ្លូវខុស ជ្រប់នៅក្នុង​អារម្មណ៍​ដែលជា​ទីតាំង​នៃសេចក្តី​វង្វេង ។

បណ្ដាបទទាំងនោះ បទថា មោហនេយ្យេសុ គឺក្នុងកាមគុណ ពិតមែនហើយ សត្វ​លោកទាំងឡាយរមែងវង្វេងក្នុងកាមគុណ ព្រោះហេតុនោះ កាមគុណ លោកទើបហៅថា មោហនេយ្យៈ ។

ព្រះរាជាបានស្ដាប់ដូចនោះ ទើបត្រាស់គាថាទី ៣ ថា

អទុ បញ្ញា កិមត្ថិយា, និបុណា សាធុចិន្តិនី

យាយ ឧប្បតិតំ រាគំ, កឹ មនោ ន វិនោទយេ។

បើបុគ្គលមិនអាចដើម្បីបន្ទោបង់នូវគំនិតមិនល្អ គឺរាគៈ ដែលកើតឡើង ដោយប្រាជ្ញា​ណាបានទេ ប្រាជ្ញានោះ នឹងចាត់​ថាមាន​ប្រយោជន៍ ជាគុណជាតិដ៏​ល្អិត អាចគិត​ឃើញនូវ​របស់ល្អ ដូចម្តេចបាន ។

សព្ទថា អទុ ក្នុងគាថានេះជានិបាត ។ លោកអធិប្បាយថា បពិត្រលោកម្ចាស់ ធម្មតា ភេសជ្ជៈ​រមែងជា​ទីពឹងរបស់​មនុស្សឈឺ ទឹកផឹក​ជាទី​ពឹងរបស់​មនុស្ស​ដែលស្រេក​ទឹក ក៏បញ្ញាដ៏ល្អិត​គិតវត្ថុ​ដែលល្អ គឺដែលជា​ប្រយោជន៍ ជាគ្រឿងបន្ទោ​បង់រាគៈ ដែលកើតឡើង​​ហើយ​​របស់លោក​​មានទុក​ដើម្បី​ប្រយោជន៍អ្វី ? បទថា កឹ មនោ ន វិនោទយេ  សេចក្ដីថា ហេតុអ្វី ? លោកម្ចាស់​ទើប​មិនអាច​ប្រើបញ្ញា​នោះ បន្ទោបង់​​ការគិត​ដែលអាក្រក់ ។

លំដាប់នោះ ហារិតតាបសកាលនឹង​សម្ដែងកម្លាំង​របស់កិលេស​ដល់ព្រះរាជា បានពោលគាថាទី ៤ ថា

ចត្តារោមេ មហារាជ, លោកេ អតិពលា ភុសា

រាគោ ទោសោ មទោ មោហោ, យត្ថ បញ្ញា ន គាធតិ។

បពិត្រមហារាជ ធម៌ទាំង ៤ ប្រការនេះ គឺរាគៈ ទោសៈ មទៈ និង មោហៈ ជាកិលេស​មានកម្លាំង​ក្លៀវក្លា​បំផុតក្នុង​លោក ប្រាជ្ញា​មិនបាន​ទីពំនាក់ ព្រោះ​តែ​កិលេស​ទាំងនោះ ។

បណ្ដាបទទាំងនោះ បទថា យត្ថ ជាដើម សេចក្ដីថា កាលកិលេសពួក​ណា ដល់​ការតាំង​ឡើងហើយ បញ្ញា​រមែងមិន​តាំងនៅ ហាក់បី​ដូចធ្លាក់​ក្នុងអង្លង់​ទឹកធំ ។

ព្រះរាជាបានស្ដាប់ដូចនោះ ទើបត្រាស់គាថាទី ៥ ថា

អរហា សីលសម្បន្នោ, សុទ្ធោ ចរតិ ហារិតោ

មេធាវី បណ្ឌិតោ ចេវ, ឥតិ នោ សម្មតោ ភវំ។

លោកដ៏ចម្រើន ពួកយើងសន្មតថា ព្រះហារិតតាបស ជាព្រះអរហន្ត បរិបូណ៌​​ដោយសីល ជាបុគ្គល​បរិសុទ្ធ ជាអ្នក​ប្រាជ្ញ មានប្រាជ្ញា​សម្រាប់​​​ទម្លុះ​ទម្លាយ​កិលេស ។

បណ្ដាបទទាំងនោះ បទថា ឥតិ នោ សម្មតោ សេចក្ដីថា ញោម​បានសរសើរ គឺបាន​សរសើរ​លោកម្ចាស់​ហើយយ៉ាងនេះ ។

ហារិតតាបសបានស្ដាប់ដូចនោះហើយ បានពោលគាថាទី ៦ ថា

មេធាវីនម្បិ ហឹសន្តិ     , ឥសឹ ធម្មគុណេ រតំ

វិតក្កា បាបកា រាជ, សុភា រាគូបសំហិតា។

បពិត្រមហារាជ វិតក្កៈទាំងឡាយដ៏លាមក ប្រកបដោយ​​សុភនិមិត្ត និងប្រកបដោយ រាគៈ តែងបៀតបៀន​អ្នកប្រាជ្ញ ដែលជា​អ្នកត្រេកអរ ក្នុង​គុណធម៌​របស់ឥសី ។

បណ្ដាបទទាំងនោះ បទថា សុភា សេចក្ដីថា ប្រព្រឹត្តទៅហើយ​​ដោយការ​កាន់​យក​និមិត្តថា ស្អាត ។

លំដាប់នោះ ព្រះរាជាកាលនឹងឲ្យហារិតតាបសកើត​ឧស្សាហៈក្នុង​ការលះ​កិលេស ទើបត្រាស់​គាថាទី ៧ ថា

ឧប្បន្នាយំ សរីរជោ, រាគោ វណ្ណវិទូសនោ តវ

តំ បជហ ភទ្ទមត្ថុ តេ, ពហុន្នាសិ មេធាវិសម្មតោ។

រាគៈនេះ ជាសភាពកើតអំពីសរីរៈ តែកើតឡើង​ហើយ​រមែង​ប្រទូស្តនូវ​គុណឲ្យខូច សូមលោក​លះរាគៈ​របស់លោក​នោះចេញ សេចក្តី​ចម្រើន​ទើបកើត​មានដល់​លោក ដ្បិតជន​ច្រើននាក់ សន្មត​លោកថា​ជាអ្នកប្រាជ្ញ ។

បណ្ដាបទទាំងនោះ បទថា វណ្ណវិទូសនោ តវ សេចក្ដីថា ជារបស់ទម្លាយ​ពណ៌គឺ សរីរៈ និងពណ៌ គឺគុណ​របស់លោក ។ បទថា ពហុន្នាសិ សេចក្ដី លោកជាអ្នក​ដែលមហាជន​សរសើរ​ហើយ ថាជាអ្នកប្រាជ្ញ ។

គ្រានេះ ព្រះមហាសត្វបានស្ដាប់​ដូច្នោះហើយ ត្រឡប់​បានសតិ កំណត់ទោសក្នុង​កាមទាំងឡាយ​ហើយ ពោលគថាទី ៨ ថា

តេ អន្ធការកេ កាមេ, ពហុទុក្ខេ មហាវិសេ

តេសំ មូលំ គវេសិស្សំ, ឆេច្ឆំ រាគំ សពន្ធនំ។

កាមទាំងឡាយនោះ ជាគ្រឿងធ្វើឲ្យងងឹត នាំមកនូវទុក្ខច្រើន មាន​ពិសច្រើន អាត្មាភាព​នឹងស្វែង​រកនូវឫស​នៃកាម​ទាំងឡាយ​នោះ នឹងកាត់​​ផ្តាច់នូវរាគៈ ព្រមទាំង​ចំណង ។

បណ្ដាបទទាំងនោះ បទថា អន្ធការកេ សេចក្ដីថា កាមទាំងឡាយឈ្មោះថា ធញវើតែ​សេចក្ដីងងឹតឲ្យ ព្រោះធ្វើ​ឲ្យ​បញ្ញាចក្ខុវិនាស ។ ក្នុងបទថា ពហុទុក្ខេ នេះ បណ្ឌិតគប្បី​នាំសូត្រថា អប្បស្សាទា កាមា កាមទាំង​ឡាយ មាន​សេចក្ដី​​ត្រេកអរ​តិច ដូច្នេះជាដើម មកសម្ដែង​ដល់សេចក្ដី​ដែលកាម​ទាំងនោះ​មានទុក្ខច្រើន ។ បទថា មហាវិសេ គឺ ឈ្មោះថា ពិសធំ ព្រោះពិស គឺប្រកប​ដោយ​កិលេសផង និងពិស គឺវិបាកដ៏ធំផង ។ ពីរបទថា តេសំ មូលំ សេចក្ដីថា អាត្មានឹង​ស្វែករក គឺស្រាវ​ជ្រាវ​រកឫសគល់​​នៃកាម​ទាំងនោះ ដើម្បីលះ​​ ដែលមាន​ប្រការ​ដូច​ពោល​ហើយ​នោះចេញ ។

សួរថា អ្វីជាឫសគល់នៃកាមទាំងនោះ ?

ឆ្លើយថា អនិសោនមសិការ ។

បទថា ឆេច្ឆំ រាគំ សពន្ធនំ សេចក្ដីថា បពិត្រមហារាជ ឥឡូវនេះ អាត្មាភាពនឹងកាត់ សេចក្ដី​តម្រេក​ដែល​ឈ្មោះ​ថា​គ្រឿងចង ព្រោះគ្រឿងចង គឺសុភនិមិត្ត ដោយដាវ គឺបញ្ញា ។

គ្រាពោលដូចនេះហើយ បានសូមព្រះរាជទានឱកាសថា បពិត្រមហារាជ សូមព្រះ​អង្គ​ប្រទាបឱកាស​ដល់អាត្មាបន្តិច ហើយចូល​ទៅកាន់​បណ្ណសាលា សម្លឹង​មើល​​មណ្ឌលកសិណ ញ៉ាំងឈាន​ដែលសាបបសូន្យ​ហើយ ឲ្យកើតឡើងវិញ ចេញចាក​​បណ្ណសាលា អង្គុយ​ពែនភ្នែន​លើអាកាស ថ្វាយ​ធម្មទេសនា​ដល់ព្រះរាជា ហើយទូលថា បពិត្រមហារាជ អាត្មាភាព​​ត្រូវតិះដៀល​​ក្នុងកណ្ដាល​មហាជន ព្រោះហេតុ​ដែល​មក​នៅក្នុង​​ទីមិនសមគួរ សូម ព្រះអង្គ​ចូរជា​អ្នកមិន​ប្រមាទ ឥឡូវនេះ អាត្មានឹង​​ត្រឡប់ទៅ​​កាន់ព្រៃសណ្ឌៈ ដែលជាទី​ផុតចាក​ក្លិនស្ត្រី ។ កាលព្រះរាជា កំពុង​បរិវេទនា​ស្រែកយំនោះ ព្រះពោធិសត្វ​បានទៅ​ព្រៃហិមវន្ត ជាអ្នក​មិនសាបសូន្យ​ចាកឈាន ជាអ្នកទៅ​កាន់​ព្រហ្មលោក ។

ព្រះសាស្ដាទ្រង់ដឹងហេតុនោះ ទើបត្រាស់គាថានេះថា

ឥទំ វត្វាន ហារិតោ, ឥសិ សច្ចបរក្កមោ

កាមរាគំ វិរាជេត្វា, ព្រហ្មលោកូបគោ អហុ។

ឥសីឈ្មោះហារិតៈ ជាអ្នកខំប្រឹងព្យាយាមដោយសច្ចៈ លុះពោល​ពាក្យនេះរួច ក៏លះបង់​កាមរាគៈ ហើយបាន​ចូលទៅកើត​ក្នុង​ព្រហ្មលោក ។

ព្រះសាស្ដា គ្រាទ្រង់នាំធម្មទេសនា​នេះមកហើយ ទ្រង់ប្រកាសសច្ចធម៌ វេលា​ចប់​សច្ចធម៌ ឧក្កណ្ឋិតភិក្ខុ បានតាំងនៅ​​ក្នុង​អរហត្តផល ហើយ​ព្រះទសពល​ប្រជុំជាតកថា ព្រះរាជា​ក្នុងកាលនោះ បានមក​ជាអានន្ទ​ក្នុងកាល​ឥឡូវនេះ ហារិតតាបស​ក្នុងកាលនោះ បានមក​ជា​តថាគត ដូច្នេះឯង ។

ចប់ ហរិតចជាតក ។

(អដ្ឋកថាជាតក សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៤៤)

ដោយ ខេមរ អភិធម្មាវតារ