នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សំវរជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប ដែលលះបង់​សេចក្ដី​ព្យាយាម បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា ជានន្តោ នោ មហារាជ ដូច្នេះជាដើម ។

 

បានឮមកថា ភិក្ខុនោះ ជាកុលបុត្រអ្នក​រស់នៅ​ក្រុងសាវត្ថី បានស្ដាប់​ព្រះធម្មទេសនា​របស់​ព្រះសាស្ដា ហើយបួស និងបាន​ឧបសម្បទា កាលធ្វើ​អាចរិយវត្ត និងឧបជ្ឈាយវត្ត​ឲ្យពេញ និងធ្វើ​បាតិមោក្ខ​ទាំងពីរ​ឲ្យស្ទាត់​ជំនាញហើយ លោកមានវស្សា ៥ បរិបូណ៌ កាន់​យកកម្មដ្ឋាន លាអាចារ្យ និងឧបជ្ឈាយ៍​ដោយពោលថា ខ្ញុំនឹង​នៅក្នុងព្រៃ ដូច្នេះហើយ ក៏ទៅកាន់​បច្ចន្តគ្រាមមួយ ដែលនៅក្នុង​ដែនកោសល ។ មនុស្សទាំងឡាយ មានសេចក្ដី​ជ្រះថ្លា​ក្នុងឥរិយាបថ បានកសាង​បណ្ណសាលា និងទំនុក​បម្រុង លោកកាល​ចូលចាំវស្សា​ក្នុងទីនោះ ក៏ប្រកប​សេចក្ដីព្យាយាម ចម្រើនកម្មដ្ឋាន​អស់ ៣ ​ខែ ដោយសេចក្ដី​ព្យាយាម ដែលបាន​ប្រារព្ធហើយ កាលមិនអាច​ដើម្បីនឹង​ឲ្យគុណវិសេស សូម្បីតែ​ឱភាស​កើតឡើង ទើបគិតថា បណ្ដាបុគ្គល ៤ ពួក ដែល​ព្រះសាស្ដា​សម្ដែងហើយ យើងប្រាកដ​ជាប្រភេទ​បទបរមៈ (បុគ្គលណា ទុកជាស្តាប់ច្រើនក៏ដោយ ពោលច្រើន​ក៏ដោយ ចងចាំ​ច្រើនក៏ដោយ បង្រៀន​ច្រើនក៏ដោយ ក៏មិនមាន​ការត្រាស់ដឹង​នូវមគ្គ និងផល​ក្នុងជាតិនោះ នេះហៅថា បុគ្គល​ជា​បទបរមៈ) ដោយពិត យើងនឹង​នៅក្នុងព្រៃធ្វើអ្វី យើងនឹង​ទៅកាន់​វត្តជេតពន កាលបាន​ឃើញព្រះ​រូបដ៏មាន​សិរីរបស់​ព្រះតថាគត ហើយបាន​ស្ដាប់​ព្រះធម្មទេសនា​ដ៏ពីរោះ យើងនឹង​ធ្វើកាលឲ្យកន្លងទៅ​យ៉ាងនេះចុះ ។ លោកលះបង់​សេចក្ដី​ព្យាយាម ចេញអំពី​ទីនោះ ទៅកាន់​វត្តជេតពន ដោយ​លំដាប់ ត្រូវអាចារ្យ ឧបជ្ឈាយ៍ និងមិត្រ​ដែលធ្លាប់​ឃើញ​គ្នា សួរហេតុ​នៃការមក ក៏ពោលរៀប​រាប់សេចក្ដី​នោះប្រាប់ ។ អាចារ្យ ឧបជ្ឈាយ៍ និងមិត្រ​ដែលធ្លាប់​ឃើញគ្នា​នោះ តិះដៀលថា ព្រោះហេតុអ្វី លោកទើប​ធ្វើយ៉ាង​នេះ រួចនាំភិក្ខុ​នោះ ទៅកាន់​សម្នាក់​ព្រះសាស្ដា ។ ព្រះសាស្ដា​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុអ្វី បានជាពួក​អ្នកនាំភិក្ខុ​ដែលមិន​ចង់មក ដូច្នេះ ។ ភិក្ខុទាំងឡាយ ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ភិក្ខុនេះ លះបង់​សេចក្ដី​ព្យាយាម ហើយមក ។ ព្រះសាស្ដា ត្រាស់សួរ​ភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកពិត​ជាលះបង់​សេចក្ដី​ព្យាយាម​មែនទេ ។ ភិក្ខុនោះ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ពិតមែនហើយ ។ ព្រះសាស្ដា​ត្រាស់ថា ម្នាលភិក្ខុ ព្រោះហេតុអ្វី បានជាអ្នក​លះបង់​សេចក្ដីព្យាយាម ព្រោះថា ឈ្មោះថា អរហត្តផល ជាអគ្គផល របស់​បុគ្គលខ្ជិល​ច្រអូស ដែលលះបង់​សេចក្ដី​ព្យាយាម ក្នុងសាសនា​នេះ រមែង​មិនមាន បុគ្គល​ដែលប្រារព្ធ​សេចក្ដី​ព្យាយាម ទើបត្រេកអរ​នឹងធម៌​នេះ ចំណែក​ក្នុងកាលមុន អ្នកមាន​សេចក្ដី​ព្យាយាម អត់ធន់​នឹងឱវាទ ព្រោះហេតុនោះ សូម្បី​ជាប្អូនពៅនៃ​ព្រះឱរសទាំង ១០០ របស់ស្ដេច​ក្នុងនគរ​ពារាណសី អ្នកបាន​ឋិតនៅ​ក្នុងឱវាទ​របស់បណ្ឌិត ក៏បាន​ដល់នូវ​ស្វេតច្ឆត្រ ដូច្នេះ​ហើយ​ ព្រះសាស្ដា នាំអតីត​និទានមកថា

 

ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ កាលព្រះបាទ​ព្រហ្មទត្ត សោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី ។ ព្រះរាជបុត្រ​ប្អូនពៅ​របស់ព្រះរាជ​បុត្រទាំង ១០០ មានព្រះនាមថា​សំវរកុមារ ។ ព្រះរាជា បានប្រទាន​បុត្រមួយអង្គៗ ដល់អាមាត្យ​ម្នាក់មួយៗ ដោយត្រាស់ថា អ្នកទាំងឡាយ ចូរឲ្យបុត្រ​របស់យើង សិក្សាវិជ្ជា​ដែលគួរសិក្សា ។ អាមាត្យ​ជាអាចារ្យ របស់​សំវរកុមារនោះ គឺជា​ព្រះពោធិសត្វ លោកជា​បណ្ឌិត ឈ្លាសវៃ ឋិតនៅក្នុង​ឋានៈជាបិតា​របស់​ព្រះរាជបុត្រ ។ អាមាត្យ​ទាំងឡាយ ញ៉ាំងព្រះរាជបុត្រ ដែលមាន​វិជ្ជាបានសិក្សា​ហើយ ឲ្យសម្ដែង​ដល់ព្រះរាជា ។ សំវរកុមារ ដល់ការសម្រេច​នូវវិជ្ជា​ទាំងពួងហើយ សួរព្រះ​ពោធិសត្វ​ថា បពិត្រអាចារ្យ បើព្រះ​បិតាបញ្ជូនខ្ញុំ​ទៅកាន់​ជនបទ តើខ្ញុំនឹង​ត្រូវធ្វើ​យ៉ាងណា ? អាចារ្យ​ពោធិសត្វ​ពោលថា នែបុត្រ អ្នកមិនត្រូវ​ទទួលជនបទ​ដែលព្រះរាជា​ប្រទានឲ្យឡើយ អ្នកគប្បី​ពោលថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំជាប្អូន​ពៅគេ កាលបើ​ខ្ញុំទៅហើយ បាទមូល​របស់ព្រះអង្គ នឹងសូន្យ​ទទេ ខ្ញុំនឹងនៅ​ជិតបាទមូល​របស់ព្រះអង្គ​ប៉ុណ្ណោះ ។

 

លំដាប់នោះ ថ្ងៃមួយ ព្រះរាជាសួរសំវរកុមារ ដែលថ្វាយបង្គំហើយ គង់នៅ​កន្លែងមួយថា ម្នាលបុត្រ តើអ្នកបាន​បញ្ចប់វិជ្ជា​ហើយឬ ? សំវរកុមារ​ពោលថា បពិត្រ​ព្រះសម្មតិទេព វិជ្ជាទូល​ព្រះបង្គំ​បានបញ្ចប់​ហើយ ។ ព្រះរាជាត្រាស់ថា យើងនឹង​ប្រទានជនបទ​ដល់អ្នក ។ ព្រះកុមារ​ពោលថា បពិត្រ​ព្រះសម្មតិទេព បាទមូល​របស់ព្រះអង្គ នឹងសូន្យទទេ ខ្ញុំនឹង​នៅជិត​បាទមូល​របស់ព្រះអង្គ​ប៉ុណ្ណោះ ។ ព្រះរាជា​ត្រេកអរ ហើយ​ទ្រង់ទទួលថា ល្អហើយបុត្រ ។ ចាប់តាំង​ពីពេលនោះមក សំវរកុមារ ក៏នៅជិត​បាទមូល​របស់ព្រះរាជា​ប៉ុណ្ណោះ ហើយសួរ​ព្រះពោធិសត្វ​ទៀតថា បពិត្រអាចារ្យ តើខ្ញុំនឹង​ធ្វើអ្វីដទៃទៀត ? ព្រះពោធិសត្វ​ពោលថា នែបុត្រ អ្នកចូរសូម​ឧទ្យានចាស់​មួយរបស់​ព្រះរាជា ។ សំវរកុមារ ទទួលថា ល្អ ហើយបាន​សូមឧទ្យាននោះ និងធ្វើការ​គប់រកឥស្សរជន​ក្នុងនគរ ដោយផ្កា និងផ្លែឈើ​ទាំងឡាយ ដែលកើត​ក្នុងឧទ្យាន​នោះ រួចទើបសួរ​ព្រះពោធិសត្វ​ទៀតថា ខ្ញុំនឹងធ្វើអ្វីទៀត ? អាចារ្យ​ពោលថា នែបុត្រ អ្នកចូរទូល​ព្រះរាជា សូមការ​អនុញ្ញាត​ឲ្យអ្នក ជាអ្នកបើក​ប្រាក់ខែ នៅខាង​ក្នុងព្រះនគរ ។ សំវរកុមារ ក៏បានយ៉ាងនោះ ដោយមិន​ញ៉ាំងប្រាក់ខែ របស់អ្នកណា​មួយខាង​ក្នុងនគរ​ឲ្យសាបសូន្យ ហើយប្រគល់​ប្រាក់ខែដល់​ជនទាំងនោះ រួចហើយ​ទើបសួរ​ព្រះពោធិសត្វ​ទៀត និងក្រាបទូល​ឲ្យព្រះរាជា​បានជ្រាប នូវវត្ត​ដែលមិន​សាបសូន្យ របស់ពួក​បុរសជាទាសៈ អ្នកធ្វើការ​ក្នុងរាជនិវេសន៍ ពួកពល​ដំរី ពលសេះ និងពលកាយ ហើយបានឲ្យ​ទ្រង់បានធ្វើ​កិច្ចទាំងពួង​ដោយខ្លួន​ឯងគឺ រៀបចំ​និវាសដ្ឋាន​ជាដើម ដល់ពួកទូត​ទាំងឡាយ ដែលមក​អំពីជនបទ​ខាងក្រៅ និងរក្សាសួយ​របស់ពួក​ពាណិជ ។ សំវរកុមារ ឋិតនៅក្នុង​ឱវាទរបស់​ព្រះមហាសត្វ​យ៉ាងនេះ ទ្រង់ចងទឹក​ចិត្តជន​ទាំងពួង ទាំងអ្នក​ខាងក្នុង ទាំងអ្នក​ខាងក្រៅ ទាំងអ្នកក្រុង និងអ្នក​នៅក្នុងដែន ទាំង​អាគន្តុកៈ និងអ្នក​រាជការ ហើយសង្គ្រោះ​ដោយសង្គហវត្ថុ​នោះៗ ព្រះអង្គ​បានជាទីស្រឡាញ់ ជាទីពេញចិត្ត របស់អ្នក​ទាំងពួងនោះ ។

 

ក្នុងកាលខាងក្រោយមក ពួកអាមាត្យ​នាំគ្នាសួរ​មរណភាព ដែលកើតឡើង​ដល់ព្រះរាជាថា បពិត្រ​ព្រះសម្មតិទេព ដោយកាល​កន្លងទៅ​នៃព្រះអង្គ ទូលព្រះបង្គំ​នឹងប្រគល់​ស្វេតច្ឆត្រ​ដល់អ្នកណា ? ព្រះរាជា​ត្រាស់ថា ម្នាលអ្នក​ទាំងឡាយ បុត្រទាំងឡាយ សូម្បីទាំង​អស់​របស់យើង​នោះ នឹងជាម្ចាស់​ស្វេតច្ឆត្រ បើបុត្រណា កាន់យកនូវ​ចិត្តរបស់​អ្នកទាំងឡាយ ពួកអ្នក​ចូរឲ្យ​ស្វេតច្ឆត្រ​ដល់បុត្រ​នោះចុះ ។ ក្នុងកាល​ដែលព្រះរាជា​សោយទិវង្គត​ហើយ ពួកអាមាត្យ ធ្វើការរក្សា​សរីរៈរបស់​ព្រះរាជា ។ ក្នុងថ្ងៃទី ៧ ទើបប្រជុំ​ប្រឹក្សាគ្នាថា ព្រះរាជា​ត្រាស់ផ្ដាំថា ព្រះរាជបុត្រ​ណា កាន់យកនូវ​ចិត្តរបស់អ្នក​ទាំងឡាយ ពួកអ្នក​ចូរលើក​ស្វេតច្ឆត្រ​ដល់ព្រះរាជបុត្រ​នោះ ព្រះរាជបុត្រ​សំវរកុមារ កាន់យកនូវ​ចិត្តរបស់ខ្ញុំ ដូច្នេះហើយ អាមាត្យ​ទាំងឡាយ ដែលមានពួក​ញាតិចោមរោម នាំគ្នា​លើក​ស្វេតច្ឆត្រ និងកញ្ចនមាលា ដល់​សំវរកុមារនោះ ។ សំវរមហារាជ តាំងនៅក្នុងឱវាទ​របស់ព្រះពោធិសត្វ​ហើយ ទ្រង់សោយ​រាជសម្បត្តិ​ប្រកប​ដោយធម៌ ។

 

ព្រះរាជកុមារ ៩៩ ដទៃ បានឮដំណឹងថា បានឮមកថា ព្រះបិតា សោយទិវង្គត​ហើយ បានឮ​មកទៀត​ថា ពួកអាមាត្យ បានលើក​ស្វេតច្ឆត្រ​ថ្វាយដល់​សំវរកុមារ សំវរកុមារ ជាប្អូនពៅគេ ស្វេតច្ឆត្រ មិនគួរដល់​គេឡើយ ពួកយើង​នឹងលើក​ស្វេតច្ឆត្រ​ថ្វាយម្ចាស់​បងគេបង្អស់ ដូច្នេះហើយ ទើបធ្វើ​ដំណើរជាមួយ​គ្នាមក ហើយបញ្ជូន​សារដល់​សំវរមហារាជ​ថា ចូរឲ្យ​ស្វេតច្ឆត្រ​ដល់ពួកយើង ឬនឹង​ត្រូវច្បាំងគ្នា ដូច្នេះហើយ នាំគ្នា​ឡោមព័ទ្ធនគរ ។ ព្រះរាជា​សំវរកុមារ ប្រាប់រឿងនោះ​ដល់​ព្រះពោធិសត្វ ហើយសួរថា ឥឡូវនេះ យើងនឹង​ធ្វើដូចម្ដេច ? ព្រះពោធិសត្វ​ទូលថា បពិត្រ​មហារាជ កិច្ចដោយ​ការច្បាំង​មួយអន្លើ​ដោយបងប្អូន​របស់​ព្រះអង្គ មិនមានឡើយ ព្រះអង្គ​ចូរឲ្យគេ​បែងចែក​ទ្រព្យរបស់​បិតាជា ១០០ ចំណែក ហើយបញ្ជូន​ទៅថ្វាយដល់​ព្រះរាជបុត្រ​បងទាំង ៩៩ អង្គ និងបញ្ជូន​សារទៅថា ព្រះអង្គ​ទាំងឡាយ ចូរកាន់យក​ចំណែក​ទ្រព្យនេះ​របស់ព្រះបិតា ខ្ញុំព្រះអង្គ មិនច្បាំង​ជាមួយនឹង​ព្រះអង្គ​ទាំងឡាយ​ទេ ។ សំវរមហារាជ ក៏បានធ្វើ​យ៉ាងនោះ ។

 

លំដាប់នោះ ព្រះអង្គម្ចាស់បងគេ ព្រះនាម ឧបោសថកុមារ ហៅព្រះរាជបុត្រ​ដ៏សេសមកថា ម្នាលអ្នក​ទាំងឡាយ បុគ្គលដែល​នឹងសង្កត់សង្កិន​ព្រះរាជា រមែង​មិនមាន ព្រះរាជា​ជាប្អូនរបស់​យើងនេះ មិនបាន​តាំងខ្លួនជា​សត្រូវនឹង​ពួកយើងទេ ព្រះអង្គ​បញ្ជូនទ្រព្យ​របស់ព្រះបិតា​ដល់ពួក​យើង និងបញ្ជូន​សារមកថា ខ្ញុំមិនច្បាំង​ជាមួយព្រះអង្គ​ទាំងឡាយ​ឡើយ ចំណែកពួក​យើង ក៏មិនអាច​នឹងលើក​ស្វេតច្ឆត្រ ក្នុងខណៈ​តែមួយ ឲ្យដល់​គ្រប់គ្នា​បានដែរ ពួកយើង​នឹងលើក​ស្វេតច្ឆត្រ​ដល់បុគ្គល​តែម្នាក់​ប៉ុណ្ណោះ ម្ចាស់ប្អូន​ពៅនេះឯង ចូរជា​ព្រះរាជា អ្នកទាំងឡាយ​ចូរមក ពួកយើង​នឹងជួប​ម្ចាស់ប្អូន ប្រគល់​ព្រះរាជទ្រព្យ​ដែលបាន​ទទួលហើយ ពួកយើង​នឹងទៅកាន់​ជនបទ​របស់យើងវិញ ។ លំដាប់នោះ ព្រះរាជកុមារ សូម្បីទាំង​អស់នោះ ឲ្យគេបើក​ទ្វារនគរ ជាអ្នកមិន​មែនសត្រូវ ចូលទៅ​កាន់នគរ ។

 

សូម្បីព្រះរាជាសំវរៈ បានឲ្យពួកអាមាត្យ​កាន់គ្រឿង​បណ្ណាការ ដើម្បីព្រះរាជ​កុមារទាំងនោះ ហើយឲ្យ​ទៅទទួល ។ ព្រះកុមារ​ទាំងឡាយ យាងមក​ដោយព្រះបាទ មួយអន្លើ​ដោយបរិវារ​ល្មមប្រមាណ ស្ដេចឡើង​កាន់​រាជនិវេសន៍ សម្ដែង​អាការៈគោរព​ដល់​សំវរមហារាជ រួចគង់​លើអាសនៈ​ទាប ។ សំវរមហារាជ គង់លើ​សីហាសនៈខាងក្រោម​ស្វេតច្ឆត្រ ទ្រង់មាន​យសដ៏ធំ មានសិរីសោភា ស្ថានទី​ដែលព្រះអង្គ​សម្លឹងមើល​ហើយ តែងញាប់ញ័រ ។ ព្រះឧបោសថកុមារ សម្លឹងមើល​សិរិសម្បត្តិ​របស់​សំវរមហារាជ​ហើយ គិតថា ព្រះបិតា​របស់យើង ដឹងភាពជា​ព្រះរាជា​របស់​សំវរកុមារ ដោយកន្លង​ទៅនៃខ្លួន ទើបប្រទាន​ជនបទ​ដទៃៗ ដល់ពួកយើង មិនប្រទាន​ដល់​សំវរកុមារនេះ ដូច្នេះហើយ កាលនឹង​ចរចាមួយ​អន្លើដោយ​ព្រះរាជា​នោះ ទើបពោលគាថា ៣ ថា

ជានន្តោ នោ មហារាជ, តវ សីលំ ជនាធិបោ;

ឥមេ កុមារេ បូជេន្តោ, ន តំ កេនចិ មញ្ញថ។

បពិត្រមហារាជ ព្រះជនាធិបៈ (ជាព្រះបិតា) ប្រហែលទ្រង់​ជ្រាបនូវសីល​របស់ព្រះអង្គហើយ ​បានជា​ព្រះអង្គ​បូជានូវ​ព្រះរាជកុមារ​ទាំងនេះ (ដោយ​ជនបទនោះ ៗ) មិនសម្គាល់​នូវព្រះអង្គ ដោយ​ជនបទ ណាមួយឡើយ ។

 

តិដ្ឋន្តេ នោ មហារាជេ, អទុ ទេវេ ទិវង្គតេ;

ញាតី តំ សមនុញ្ញឹសុ, សម្បស្សំ អត្ថមត្តនោ។

កាលដែលមហារាជ គង់ព្រះជន្មនៅ ឬកាលដែលព្រះអង្គ (ជាបិតា​របស់​ពួកយើង) ទិវង្គតហើយ ពួកញាតិ កាលឃើញ​សេចក្តីចម្រើន​របស់ខ្លួន បានយល់​ព្រមឲ្យព្រះអង្គ (សោយរាជ្យ) ។

 

កេន សំវរ វត្តេន, សញ្ជាតេ អភិតិដ្ឋសិ;

កេន តំ នាតិវត្តន្តិ, ញាតិសង្ឃា សមាគតា។

បពិត្រព្រះបាទសំវរៈ ព្រះអង្គទ្រង់គ្របសង្កត់ (នូវបង ៩៩ ព្រះអង្គ) ដែលកើតជាមួយ តើដោយ​វត្តដូចម្តេច ឯពួកញាតិ​ដែលមក​ប្រជុំគ្នាហើយ ក៏មិន​គ្របសង្កត់​នូវព្រះអង្គ តើដោយ​វត្តដូចម្តេច ។

 

សំវរមហារាជ ស្ដាប់ពាក្យនោះហើយ កាលនឹងពោល​នូវគុណ​របស់ខ្លួន ទើបពោល ៦ គាថា ថា

ន រាជបុត្ត ឧសូយាមិ, សមណានំ មហេសិនំ;

សក្កច្ចំ តេ នមស្សាមិ, បាទេ វន្ទាមិ តាទិនំ។

បពិត្ររាជបុត្រ ខ្ញុំមិនច្រណែន ខ្ញុំថ្វាយបង្គំព្រះបាទ​ទាំងឡាយ របស់​ពួកសមណៈ ជា​តាទិបុគ្គល បាននមស្ការ​ពួកសមណៈ​ទាំងនោះ ដោយគោរព ។

 

តេ មំ ធម្មគុណេ យុត្តំ, សុស្សូសមនុសូយកំ;

សមណា មនុសាសន្តិ, ឥសី ធម្មគុណេ រតា។

សមណៈទាំងនោះ ជាអ្នកត្រេកអរ ក្នុងធម្មគុណ របស់ឥសី បានប្រៀន​ប្រដៅខ្ញុំ ឲ្យប្រកប​ក្នុងធម្មគុណ ឲ្យជាអ្នក​ត្រងត្រាប់ មិនច្រណែន ។

 

តេសាហំ វចនំ សុត្វា, សមណានំ មហេសិនំ;

ន កិញ្ចិ អតិមញ្ញាមិ, ធម្មេ មេ និរតោ មនោ។

ខ្ញុំបានស្តាប់ពាក្យរបស់ពួកសមណៈ អ្នកស្វែងរកនូវ​គុណនោះហើយ មិនមើល​ងាយបន្តិចបន្តួច​សោះ ចិត្តរបស់ខ្ញុំ ក៏ត្រេកអរ​ក្នុងធម៌ជានិច្ច ។

 

ហត្ថារោហា អនីកដ្ឋា, រថិកា បត្តិការកា;

តេសំ នប្បដិពន្ធាមិ, និវិដ្ឋំ ភត្តវេតនំ។

ពួកទាហានជិះដំរី ពួកទាហាន ដែលឋិតនៅក្នុង​ក្បួនទ័ព ពួកទាហាន​ជិះរថ ពួកពល​ថ្មើរជើង ខ្ញុំមិនបន្ថយ​នូវបាយ និងថ្លៃឈ្នួល ដែលពួក​ទាហាននោះ ​ចាត់ចែង​ហើយ ។

 

មហាមត្តា ច មេ អត្ថិ, មន្តិនោ បរិចារកា;

ពារាណសឹ វោហរន្តិ, ពហុមំសសុរោទនំ។

ពួកមហាមាត្យ ពួកមន្ត្រី ពួកអ្នកបម្រើ​របស់ខ្ញុំ មានពួកជន​បាន​ចាត់​ចែងនូវសាច់ និងទឹក​សុរាដ៏ច្រើន ក្នុងក្រុង​ពារាណសី ។

 

អថោបិ វាណិជា ផីតា, នានារដ្ឋេហិ អាគតា;

តេសុ មេ វិហិតា រក្ខា,     ឯវំ ជានាហុបោសថ។

មួយទៀត សូម្បីពួកពាណិជ ដែលមក​អំពីដែនផ្សេង ៗ ក៏សម្បូណ៌ ខ្ញុំបាន​ចាត់ចែង​ការរក្សា ចំពោះ​ពួកពាណិជ​ទាំងនោះ បពិត្រ​ឧបោសថ​ជាបង សូម​ម្ចាស់បង ជ្រាបយ៉ាង​នេះចុះ ។

 

កាលព្រះឧបោសថកុមារ​បានស្ដាប់​គុណរបស់​សំវររាជ​ហើយ ក៏ពោល ២ គាថា ថា

ធម្មេន កិរ ញាតីនំ, រជ្ជំ ការេហិ សំវរ;

មេធាវី បណ្ឌិតោ ចាសិ, អថោបិ ញាតិនំ ហិតោ។

បពិត្រព្រះបាទសំវរៈ ឮថាព្រះអង្គ (គ្របសង្កត់​អានុភាព) របស់ពួកញាតិ (បង ៩៩ ព្រះអង្គ) ដោយធម៌ សូមព្រះអង្គ​សោយរាជ្យចុះ ព្រះអង្គជា​អ្នកមាន​ប្រាជ្ញាផង ជាបណ្ឌិតផង ទាំងជា​ប្រយោជន៍ ដល់ពួកញាតិ​ផង ។

 

តំ តំ ញាតិបរិព្យូឡ្ហំ, នានារតនមោចិតំ;

អមិត្តា នប្បសហន្តិ, ឥន្ទំវ អសុរាធិបោ។

ពួកសត្រូវ មិនអាចគ្របសង្កត់ព្រះអង្គ ដែលពួកញាតិ​ចោមរោម​ហើយ ជាអ្នកកុះករ​ដោយ​រតនវត្ថុ​ផ្សេង ៗ ដូចជា​សេ្តចអសុរ មិនអាច​គ្របសង្កត់​ព្រះឥន្ទ្រ ដូច្នោះដែរ ។

 

សំវរមហារាជ បានប្រទានយស ដ៏ធំដល់​ព្រះរាជបុត្រ​បងសូម្បី​ទាំងអស់ ។ ព្រះរាជបុត្រ​ទាំងនោះ បាននៅ​ក្នុងសម្នាក់​របស់​សំវរមហារាជ​នោះ អស់កន្លះខែ ហើយ​ត្រាស់ថា បពិត្រមហារាជ ពួកយើង​ដឹងនូវពួកចោរ​ដែលតាំងឡើង​ក្នុងជនបទ​ទាំងឡាយ ព្រះអង្គ​ចូរសោយ​សុខក្នុង​រាជ្យចុះ ដូច្នេះហើយ ទើបនាំគ្នា​ទៅកាន់​ជនបទ​របស់ខ្លួនៗ ។ ចំណែក​ព្រះរាជា បានឋិតនៅ​ក្នុងឱវាទ​របស់ព្រះពោធិសត្វ​ហើយ កាលជា​ទីបំផុត​នៃអាយុ បានទៅ​ញ៉ាំងទេវនគរ​ឲ្យពេញ ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនា​នេះមកហើយ ត្រាស់ថា ម្នាលភិក្ខុ ក្នុងកាលមុន អ្នកជាមនុស្ស​មានសេចក្ដី​អត់ធន់​នឹងឱវាទ​យ៉ាងនេះ ឥឡូវនេះ ព្រោះហេតុអ្វី អ្នកទើប​មិនធ្វើសេចក្ដី​ព្យាយាម ដូច្នេះហើយ ទ្រង់ប្រកាស​សច្ចៈ​ទាំងឡាយ និងប្រជុំជាតក ។ ក្នុងកាល​ជាទីបញ្ចប់​នៃសច្ចៈ ភិក្ខុនោះ បានតាំង​នៅក្នុង​សោតាបត្តិផល ។

តទា សំវរមហារាជា អយំ ភិក្ខុ អហោសិ សំវរមហារាជ​ក្នុងកាលនោះ បានមក​ជាភិក្ខុនេះ ។

ឧបោសថកុមារោ សារិបុត្តោ ឧបោសថ​កុមារ បានមកជាសារីបុត្រ ។

សេសភាតិកា ថេរានុថេរា បងប្អូន​ដ៏សេស បានមកជា​ថេរានុថេរៈ ។

បរិសា ពុទ្ធបរិសា បរិស័ទ​ព្រះរាជា បានមកជា​ពុទ្ធបរិស័ទ ។

ឱវាទទាយកោ អមច្ចោ បន អហមេវ អហោសឹ ចំណែក​អាមាត្យ​ដែលជាអ្នក​ឲ្យឱវាទ គឺ តថាគត​នេះឯង ។

ចប់ សំវរជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៣១)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស. ២៥៦១