សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

សុសន្ធីជាតកទី១០

(ឆដ្ឋ. សុយោនន្ទីជាតកទី១០)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ឧក្កណ្ឋិតភិក្ខុ បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា វាតិ គន្ធោ តិមិរានំ ដូច្នេះ​ជាដើម។

 

ព្រះសាស្ដាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នកអផ្សុក​ពិតមែនឬ? ភិក្ខុនោះ​ទូលថា ពិតមែន​ហើយ ព្រះអង្គ។ ព្រះពុទ្ធ​ទើបត្រាស់ថា អ្នក​ឃើញអ្វី (បានជា​អផ្សុក)? លោក​ឆ្លើយថា ព្រោះបាន​ឃើញ​មាតុគ្រាម​ដែល​ប្រដាប់​តាក់តែង​ខ្លួន។ ព្រះទសពល​ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា​មាតុគ្រាម​នេះ អ្នកណាៗ មិនអាច​នឹងរក្សា​បាន បោរាណបណ្ឌិត​ទាំងឡាយ​សូម្បីធ្វើការ​រក្សាក្នុង​សុបណ្ណពិភព (ឋានគ្រុឌ) ហើយ ក៏មិន​អាចនឹង​រក្សាបាន​ដែរ។ ព្រះភគវា​ដែលភិក្ខុ​នោះទូល​អារាធនា​ហើយ ទើបទ្រង់​នាំអតីត​និទាន​មកសម្ដែង​ថា

 

អតីតេ ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះរាជា​ព្រះនាម តម្ពរាជា សោយរាជ្យក្នុង​នគរ​ពារាណសី។ ព្រះអគ្គមហេសី​របស់​ព្រះរាជា​នោះ មាន​ព្រះនាមថា សុយោនន្ទី ព្រះនាង​ទ្រទ្រង់​ព្រះរូប​ឆោមដ៏​ឧត្តម។ ក្នុងគ្រា​នោះ ព្រះពោធិសត្វ​កើតក្នុង​កំណើត​ជា​សត្វគ្រុឌ ក្នុង​កាល​នោះ នាគទ្វីប មាន​ឈ្មោះថា សេទុមទ្វីប។ ព្រះពោធិសត្វ​នៅក្នុង​សុវណ្ណពិភព​លើទ្វីប​នោះ។ ព្រះអង្គ​យាងទៅ​នគរ​ពារាណសី ហើយលេង​បាស្កា​ដោយភេទ​ជា​មាណព ជាមួយ​នឹង​ព្រះបាទ​តម្ពរាជ​នោះ។ ស្ត្រីជា​បរិចារិកា​ឃើញរូប​សម្បត្តិ​របស់​ព្រះពោធិសត្វ​នោះហើយ បានប្រាប់​ដល់​ព្រះនាង​សុយោនន្ទី​ថា មាណព​ដែលឈ្មោះ​យ៉ាងនេះ​លេងបាស្កាជាមួយ​នឹងព្រះរាជា​របស់​ពួកយើង។ ព្រះនាង​សុយោនន្ទី​នោះ បានស្ដាប់​ហើយ ក៏មានសេចក្ដី​ប្រាថ្នាចង់​ឃើញ​មាណព​នោះ។ ថ្ងៃមួយ ព្រះនាង​ប្រដាប់​តាក់តែង​ខ្លួនហើយ យាងមកកាន់​ស្ថានទី​លេងបាស្កា ទ្រង់ឋិត​នៅក្នុង​ចន្លោះនៃ​ស្ត្រីបរិចារិកា រួច​លបលួច​សម្លឹង​មើលមាណព​នោះ។ សូម្បី​មាណពនោះ ក៏សម្លឹង​មើល​ព្រះទេវី​វិញដែរ។ ជនទាំង​ពីរនាក់ ក៏មានចិត្ត​ប្រតិព័ទ្ធ ចាប់ចិត្ត​ស្រឡាញ់​ស្នេហា​នូវគ្នា​នឹងគ្នា។ (ក្នុង​ពេលនោះ) ស្ដេចគ្រុឌ​ពោធិសត្វបានញ៉ាំង​ខ្យល់ឲ្យ​តាំងឡើង​ក្នុងនគរ ដោយ​អានុភាព​របស់​ខ្លួន មនុស្ស​ទាំងឡាយ​នាំគ្នា​ចេញអំពី​រាជនិវេសន៍​ដោយ​សេចក្ដី​ភ័យខ្លាច​ផ្ទះ​បាក់រលំ។ ស្ដេច​គ្រុឌនោះ បានធ្វើ​ភាព​ងងឹត​អន្ធការ​ដោយ​អានុភាព​របស់ខ្លួន​ហើយ ទើបចាប់​ព្រះទេវី រួចមក​តាម​អាកាស ចូលកាន់​ពិភពរបស់​ខ្លួន ដែលនៅ​លើ​នាគទ្វីប​នោះ។ ឈ្មោះថា អ្នកដែល​ស្គាល់ស្ថាន​ទី​ដែល​ព្រះនាង​សុយោនន្ទី​យាងទៅ រមែង​មិនមាន។ ស្ដេចគ្រុឌ​ពោធិសត្វ​នោះ បាន​អភិរម្យ​មួយអន្លើ​ដោយព្រះនាង​សុយោនន្ទី រួចហើយ​ទើបយាង​ទៅនគរ​ពារាណសី នឹងលេង​បាស្កាជាមួយ​នឹងព្រះរាជាតម្ពៈ​នោះ (ដូច​ធម្មតា)។

 

ចំណែកព្រះបាទតម្ពរាជា មានគន្ធព្វ ឈ្មោះ សគ្គៈ។ ព្រះអង្គ​មិនជ្រាប​ស្ថានទី​ដែល​ព្រះទេវីយាង​ទៅ ទើបហៅ​គន្ធព្វ​នោះមក​ហើយ ទ្រង់​ត្រាស់ថា ម្នាល​គន្ធព្វ អ្នក​ចូរទៅ ចូរត្រាច់​ទៅតាម​ផ្លូវគោក និងផ្លូវទឹក ហើយស្វែង​រកស្ថានទី​ដែល​ព្រះទេវី​យាងទៅ ដូចនេះ​ហើយ ក៏បញ្ជូនគន្ធព្វ​នោះទៅ។ គន្ធព្វនោះ កាន់យក​ស្បៀង ហើយចេញ​ចាកទ្វារស្រុក ត្រាច់ទៅ​រហូត​ដល់កំពង់​មួយ​ឈ្មោះ កុរុកច្ឆៈ។ ក្នុងគ្រានោះ ពួកពាណិជ​ដែលរស់​នៅកំពង់​កុរុកច្ឆៈ បាននាំ​គ្នាធ្វើដំណើរ​ទៅកាន់​សុវណ្ណភូមិ​ដោយនាវា។ គន្ធព្វ​នោះ ក៏ចូល​ទៅរក​ពាណិជ​ទាំងនោះ ហើយពោល​ថា ខ្ញុំជា​គន្ធព្វ (អ្នករបាំ) នឹងបែង​ចែកថ្លៃឈ្នួល​ដល់នាវា ហើយធ្វើ​នូវការ​ដេញពិណនិង​ច្រៀងដល់​ពួកលោក សូមពួក​លោកនាំខ្ញុំ​ទៅផង។ ពួកពាណិជ​ទាំងនោះ​ទទួលថា ល្អ ហើយ​ឲ្យគន្ធព្វ​នោះឡើង​លើនាវា រួចទើប​ចេញទៅ។ កាលនាវា​កំពុង​បរទៅយ៉ាង​សុខស្រួល ពាណិជ​ទាំងនោះ ក៏ហៅ​គន្ធព្វ​មកហើយ​ពោលថា លោកចូរ​ដេញពិណ និងច្រៀង​ដល់ពួកយើង។ គន្ធព្វ​ពោលថា ប្រសិនបើ​ខ្ញុំនឹងធ្វើ​ការដេញ​ពិណ និងច្រៀង ក្នុងកាល​ដែលខ្ញុំ​កំពុងដេញពិណ និង​ច្រៀងនោះ ត្រីទាំងឡាយ​នឹង​ចលាចល លំដាប់​នោះ នាវា​របស់ពួក​លោកនឹង​បែកធ្លាយ។ ពួក ពាណិជ​ពោលថា កាលធ្វើ​ការដេញ​ពិណ និងច្រៀង​ឲ្យល្មម​ប្រមាណ​ត្រឹមតែពួក​មនុស្ស ឈ្មោះថា ការចលាចល​នៃហ្វូង​ត្រីទាំងឡាយ រមែង​មិនមាន លោកចូរ​ធ្វើការដេញ​ពិណ និង​ច្រៀងចុះ។ គន្ធព្វ​ពោលថា បើយ៉ាងនោះ លោកទាំងឡាយ​កុំខឹង​នឹងខ្ញុំ ដូច្នេះហើយ ទើបស្រាយ​នូវពិណ​រួចធ្វើនូវ​ការដេញ​ពិណ និងច្រៀង មិនឲ្យ​កន្លង​សំឡេង​ច្រៀងដោយ​សំឡេង​ពិណ មិនឲ្យ​កន្លង​សំឡេង​ពិណដោយ​សំឡេង​ច្រៀង។ ត្រីទាំងឡាយ​រំភើបស្រើប​ស្រាល អណ្ដែត​អណ្ដូង​ដោយ​សំឡេង​នោះ ទើបនាំ​គ្នា​ចលាចល។

 

លំដាប់នោះ មានមករមួយ (ឈ្មោះត្រីសមុទ្រ​មួយប្រភេទ មានខ្លួន​ធំ ក្បាលខ្លី​ក្រមុប ធ្មេញ​និង​ចង្កូម​ស្ញាញ​គួរ​ស្បើម ខ្មែរ​ហៅសំដៅ ត្រីថ្ករ ក៏​មាន ច្រើន​និយាយ​ថា ឆ្លាម​មករ) លោតឡើង ហើយ​ធ្លាក់ចុះ​លើនាវា បានញ៉ាំង​នាវាឲ្យ​បែក។ សគ្គគន្ធព្វ​បានដេក​លើបន្ទះក្ដារ រសាត់អណ្ដែត​ទៅតាម​ខ្យល់ រហូត​ដល់ដើមជ្រៃ​មួយដែល​ជាពិភព​គ្រុឌ លើ​នាគទ្វីប​នោះ។ ចំណែកព្រះនាង​សុយោនន្ទីទេវី ក្នុងវេលា​ដែល​ស្ដេចគ្រុឌ​ទៅលេង​បាស្កាជា​មួយ​ព្រះរាជា ក៏ចុះចាកវិមាន ត្រាច់យាង​តាមឆ្នេរ​សមុទ្រ បានឃើញ​សគ្គគន្ធព្វ​ហើយ ទ្រង់ចាំបាន ទើបសួរថា លោកមក​បាន​យ៉ាងណា? គន្ធព្វ​នោះ ក៏ពោល​ប្រាប់រឿង​រ៉ាវទាំងអស់។ ព្រះនាង​សុយោនន្ទី​លួងលោម​គន្ធព្វ​នោះថា បើ​យ៉ាងនោះ លោកកុំ​ភ័យឡើយ ដូច្នេះ​ហើយ ព្រះនាង​យកដៃ​ទាំងពីរ​ឱប​លើកឡើង​កាន់វិមាន ដាក់ឲ្យ​ដេកលើ​ទីដេក ក្នុងវេលា​ដែល​នាយសគ្គៈ​ភ្ញាក់ឡើង ក៏ឲ្យភោជន​ជាទិព្វ រួចឲ្យ​ងូត​ទឹកក្រអូប​ជាទិព្វ ឲ្យស្លៀក​ដណ្ដប់​សំពត់​ជាទិព្វ និង​ប្រដាប់តាក់​តែងដោយ​គ្រឿង​ក្រអូប និងផ្កា​ឈើជា​ទិព្វ ទើបឲ្យ​សគ្គគន្ធព្វ​នោះដេក​លើទីដេក​ជាទិព្វម្ដងទៀត។ ព្រះនាង​ប្រតិបត្តិ​គន្ធព្វ​នោះ អស់ថ្ងៃនោះ​យ៉ាងនេះ ក្នុងវេលា​ដែល​ស្ដេគ្រុឌ​ត្រឡប់​មក ព្រះនាង​បានបិទ​បាំងលាក់​គន្ធព្វ​នោះទុក ហើយ​ក្នុងវេលា​ដែលស្ដេច​គ្រុឌចេញ​ទៅ ព្រះនាងក៏​អភិរម្យ​ដោយ​អំណាច​កិលេស​តណ្ហា មួយអន្លើ​ដោយ​គន្ធព្វ​នោះ។ ចាប់តាំង​អំពី​ពេលនោះមក ដោយ​កាលកន្លង​ទៅកន្លះ​ខែ ពួកពាណិជ​ដែលនៅ​ក្នុង​នគរ​ពារាណសី​ទាំងឡាយ បានមក​ដល់​គល់ដើមជ្រៃ ក្នុងទ្វីប​នោះ ដើម្បី​ប្រយោជន៍​ដល់ការ​កាន់យក​ឧស និងទឹក។ សគ្គគន្ធព្វ ក៏ឡើង​នាវា​ជាមួយ​នឹង​ពាណិជ​ទាំងនោះ ហើយទៅ​កាន់នគរ​ពារាណសី និង​ចូលគាល់ព្រះ​រាជា។ ក្នុងវេលា​ដែល​ស្ដេចគ្រុឌ​នោះលេង​បាស្កា សគ្គគន្ធព្វ​បានកាន់​យកនូវ​ពិណ​កាលធ្វើនូវ​ការដេញ និងច្រៀង ទើប​ពោល​គាថាទី ១ ថា

 

វាតិ គន្ធោ តិមិរានំ, កុសមុទ្ទោ ច ឃោសវា;

ទូរេ ឥតោ សុយោនន្ទី, តម្ព កាមា តុទន្តិ មំ។

ក្លិននៃផ្កាតិមិរព្រឹក្ស រមែងផ្សាយទៅ សមុទ្រ​ដែលពេញ​ដោយទឹក មាន​សំឡេង​គឹកកង បពិត្រស្តេច​តម្ពៈ ព្រោះថា នាង​សុយោនន្ទី (នៅ) ក្នុង​ទីឆ្ងាយ​ពីនគរ​នេះ កាម​ទាំងឡាយ តែង​ចាក់ដោត​ខ្ញុំ។

 

បណ្ដាបទទាំងនោះ បទថា តិមិរានំ បានដល់ ផ្កាតិមិរព្រឹក្ស។ បានឮ​មកថា មាន​តិមិរព្រឹក្ស​ដុះឡោមព័ទ្ធ​ដើមជ្រៃ​នោះ នាយ​សគ្គគន្ធព្វ​ពោល​យ៉ាងនោះ សំដៅ​យក​តិមិរព្រឹក្ស​នោះ។ បទថា កុសមុទ្ទោ បានដល់​សមុទ្រតូច។ បទថា ឃោសវា ប្រែថា មានសំឡេង​គឹកកង។ សគ្គគន្ធព្វពោល​យ៉ាងនោះ សំដៅ​យកសមុទ្រ​ដែលនៅ​ជិត​ដើមជ្រៃ​នោះ។ បទថា ឥតោ សេចក្ដីថា អំពីនគរ​នេះ។ នាយគន្ធព្វ​ហៅព្រះរាជា​ដោយ​ពាក្យថា តម្ព។ ម្យ៉ាងទៀត បទថា តម្ពកាមា នេះ លោក​សម្ដែង​ថា កាមដែល​ព្រះបាទ​តម្ពរាជ​ទ្រង់ប្រាថ្នា ឈ្មោះថា តម្ពកាមា។ កាម​ទាំងឡាយនោះ​តែងចាក់​ដោតនូវ​ខ្ញុំ។

 

សុបណ្ណរាជស្ដាប់ពាក្យនោះហើយ ទើបពោល​គាថាទី ២ ថា

កថំ សមុទ្ទមតរិ, កថំ អទ្ទក្ខិ សេទុមំ;

កថំ តស្សា ច តុយ្ហញ្ច, អហុ សគ្គ សមាគមោ។

អ្នកឆ្លងសមុទ្របាន ដោយប្រការ​ដូចម្តេច អ្នកឃើញ​កោះឈ្មោះ​សេទុម ដោយ​ប្រការ​ដូចម្តេច ម្នាល​សគ្គៈ ការជួប​ប្រសព្វ​នាង​សុយោនន្ទី​នឹង​អ្នក បានមាន​មកដោយ​ប្រការ​ដូចម្តេច។

 

បណ្ដាបទទាំងនោះ បទថា សេទុមំ បានដល់ សេទុមទ្វីប។

លំដាប់នោះ នាយសគ្គៈ​បានពោល​គាថា​ទាំងឡាយ ៣ ថា

កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ

មករេហិ អភិទា នាវា, ផលកេនាហមប្លវិំ។

នាវារបស់ពួកឈ្មួញអ្នកស្វែងរកទ្រព្យ ចេញទៅ​អំពី​កំពង់​កុរុកច្ឆៈ បែកធ្លាយ​ដោយ​មករ ខ្ញុំក៏ឆ្លង​សមុទ្រ​ដោយ​ផែនក្តារ។

សា មំ សណ្ហេន មុទុនា, និច្ចំ ចន្ទនគន្ធិនី;

អង្គេន ឧទ្ធរី ភទ្ទា, មាតា បុត្តំវ ឱរសំ។

 

នាងសុយោនន្ទីនោះ ជាស្រ្តីមានវាចាទន់ពីរោះ មានក្លិន​ដូចខ្លឹមចន្ទន៍ អស់កាល​ជានិច្ច ជាស្រ្តីចម្រើន ស្រង់ខ្ញុំ​ដោយ​អវយវៈ ដូច​មាតា​ត្រកង​នូវបុត្ត ដែល​កើតអំពី​ទ្រូង។

សា មំ អន្នេន បានេន, វត្ថេន សយនេន ច;

អត្តនាបិ ច មន្ទក្ខី, ឯវំ តម្ព វិជានហិ។

នាងជាស្រ្តីមានភ្នែកទន់ បានផ្គត់ផ្គង់ខ្ញុំ​ដោយបាយ ទឹក សំពត់ និងទីដេក ព្រមទាំង​ខ្លួន បពិត្រស្តេច​តម្ពៈ សូមព្រះអង្គ​ជ្រាប​យ៉ាង​នេះចុះ។

 

បណ្ដាបទទាំងនោះ បទថា សា មំ សណ្ហេន មុទុនា សេចក្ដីថា ព្រះនាង​សុយោនន្ទី កាលត្រាច់ទៅតាម​ឆ្នេរសមុទ្រ ទ្រង់ឃើញ​ខ្ញុំដែល​ឡើងច្រាំង​ដោយ​ផែនក្ដារ​យ៉ាងនេះ​ហើយ បានលួងលោម​ខ្ញុំដោយ​វាចា​ដ៏ទន់ភ្លន់​យ៉ាង​ពីរោះ​ថា លោកកុំ​ភ័យឡើយ។ បទថា អង្គេន សេចក្ដីថា ដៃទាំងគូ លោក​ពោលថា អង្គេន ក្នុង​ទីនេះ។ បទថា ភទ្ទា សេចក្ដីថា គួរ​ទស្សនា គួរជា​ទីជ្រះថ្លា។ បទថា សា មំ អន្នេន សេចក្ដីថា ព្រះនាង​នោះបម្រើ​ខ្ញុំឲ្យឆ្អែត​ដោយ​បាយ​ជាដើម។ បទថា អត្តនាបិ ច សេចក្ដីថា លោក​សម្ដែងថា មិនមែន​តែបាយ​ជាដើម​ម្យ៉ាងប៉ុណ្ណោះ​ទេ ព្រះនាង​ក៏បានញ៉ាំង​ឲ្យខ្ញុំ​ឆ្អែត ដោយ​ព្រះនាង​អភិរម្យ​នឹងខ្ញុំ​ដោយខ្លួន​របស់​ព្រះនាង​ទៀត។ បទថា មន្ទក្ខី សេចក្ដីថា មានភ្នែក​ទន់ លោក​ពោលថា មានការ​មើលដោយ​អាការៈ​ទន់ជា​ប្រក្រតី។ បាឋៈថា មត្តក្ខី ដូចនេះ​ក៏មាន អធិប្បាយ​ថា ប្រកប​ដោយ​ដួងភ្នែក ដូចជា​ការស្រវឹង។ បទថា ឯវំ តម្ព សេចក្ដី​ថា បពិត្រ​ព្រះបាទ​តម្ពរាជ សូមព្រះអង្គ​ទ្រង់ជ្រាប​យ៉ាង​នេះចុះ។

 

កាលនាយគន្ធព្វពោលហើយ ស្ដេចគ្រុឌមាន​វិប្បដិសារី គិតថា យើងសូម្បី​នៅក្នុង​សុបណ្ណពិភព ក៏មិន​អាចរក្សា​នាងបាន យើងនឹង​ជា​ប្រយោជន៍អ្វី ដោយ​ស្ត្រីទ្រុស្ដសីល​នោះ ដូច្នេះហើយ ទើបនាំ​ព្រះនាង​សុយោនន្ទី​នោះ​មកថ្វាយ​ព្រះរាជា ហើយក៏​ចៀសចេញ​ទៅ ចាប់តាំងពីពេល​នោះមក ស្ដេចគ្រុឌ​ក៏លែង​ត្រឡប់​មកនគរ​ពារាណសី​នោះទៀត។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនា​នេះមក​ហើយ ទ្រង់​ប្រកាសសច្ចៈ​ទាំងឡាយ និង​ប្រជុំជាតក ក្នុងកាល​ជាទី​បញ្ចប់​នៃសច្ចៈ ឧក្កណ្ឋិតភិក្ខុ ក៏បាន​តាំងនៅ​ក្នុង​សោតាបត្តិផល។

 

តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាល​នោះ បានមកជា​អានន្ទ។

សុបណ្ណរាជា បន អហមេវ អហោសឹ ចំណែកសុបណ្ណរាជា គឺ​តថាគត​នេះឯង។

សុយោនន្ទីជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១៤)

ដោយ ខេមរ អភិធម្មាវតារ