នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សុវណ្ណកក្កដកជាតក

(ច្បាប់ឆដ្ឋសង្គាយនាថា កក្កដកជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធស្ត្រីម្នាក់ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា សិង្គី មិគោ ដូច្នេះ (ជាដើម) ។

បានឮមកថា ក្នុងក្រុងសាវត្ថី មានកុដុម្ពិកៈ (ក្ដុម្ពី) ម្នាក់បាននាំភរិយា​របស់ខ្លួនទៅ​កាន់ជនបទ ដើម្បីត្រូវការជម្រះបំណុល (ទារបំណុល) ឲ្យអស់ ។ ពេលជម្រះ​បំណុលអស់​ហើយ ក៏ដើរផ្លូវមកវិញ ហើយត្រូវពួកចោរចាប់បានក្នុងរវាងផ្លូវ ។ ភរិយារបស់​ក្ដុម្ពីនោះ ជាស្ត្រីមានរូបស្អាតគួរជាទីស្រឡាញ់ ។ មេចោរប្រាថ្នានឹងសម្លាប់ក្ដុម្ពីនោះ ព្រោះសេចក្ដី​ស្នេហាលើនាង តែនាងជាស្ត្រីមានសីល បរិបូរណ៍​ដោយអាចារមារមាទ គោរពស្វាមី​ដូចទេវតា ។ នាងទើបក្រាបទៀប​ជើងរបស់​មេចោរលន់តួអង្វរថា បពិត្រលោកចោរអើយ បើលោក​មានសេចក្ដីស្នេហាខ្ញុំ លោកកុំ​សម្លាប់ស្វាមីរបស់ខ្ញុំអី បើលោកសម្លាប់គាត់ ខ្ញុំនឹងផឹកថ្នាំពិស ឬអត់ដង្ហើមឲ្យស្លាប់ ខ្ញុំនឹងមិនទៅជា​មួយលោកទេ លោកកុំសម្លាប់​ស្វាមីរបស់ខ្ញុំដោយ​ហេតុនេះឡើយ ហើយនាងបាន​សូមឲ្យដោះលែង​ស្វាមីនោះ ។

ចំណែកស្វាមីភរិយាទាំងពីរនោះ បានទៅដល់ក្រុងសាវត្ថី​ដោយផុតភ័យ ដើរផ្លូវមកតាម​ខាងក្រោយ​វិហារជេតពន ក៏ចូលទៅ​កាន់វិហារ ផឹកទឹកហើយ និយាយគ្នាថា យើងនឹងថ្វាយ​បង្គំព្រះសាស្ដា ទើបចូលទៅ​កាន់បរិវេណ​ព្រះគន្ធកុដិ បានថ្វាយបង្គំ​ព្រះសាស្ដាហើយ អង្គុយក្នុង​ទីដ៏សមគួរមួយ ។

ព្រះសាស្ដាត្រាស់សួរស្វាមីភរិយាទាំងពីរ​នោះថា ម្នាលឧបាសក​ឧបាសិកាទាំងឡាយ អ្នកទាំងឡាយ​ទៅពីណា ?

គេទាំងពីរទើបក្រាបទូលថា ទៅដើម្បី​ប្រយោជន៍​ដល់ការជម្រះ​បំណុល ។

កាលព្រះសាស្ដាត្រាស់ថា ក្នុងរវាងផ្លូវ ពួកអ្នកមកដោយមិនមានរោគទេឬ ?

ក្ដុម្ពីទើបក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងរវាងផ្លូវ ពួកចោរបាន​ចាប់ខ្ញុំព្រះ​អង្គទាំងពីរ ក្នុងពេលនោះ ភរិយារបស់​ខ្ញុំព្រះអង្គនេះ បានសូមអង្វរ​មេចោរដែលប្រាថ្នា​នឹងសម្លាប់ខ្ញុំ​ព្រះអង្គ ឲ្យរួចខ្លួន ព្រោះអាស្រ័យភរិយានេះ ខ្ញុំព្រះអង្គទើបមានជីវិត ។

ព្រះសាស្ដាត្រាស់ថា ម្នាកឧបាសក មិនមែនតែឥឡូវនេះទេ ដែលស្ត្រីនេះ បានឲ្យជីវិត​ដល់លោក សូម្បីក្នុងកាលមុន ស្ត្រីនេះក៏បានឲ្យជីវិតដល់បណ្ឌិតទាំងឡាយដែរ ។ ព្រះអង្គ​ត្រូវក្ដុម្ពីនោះ​ទូលអារាធនាហើយ ទើបទ្រង់នាំយក​អតីតនិទាន​មកជាសាធកៈ ដូចទៅថា ៖

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយ​រាជសម្បត្តិក្នុងក្រុងពារាណសី ។ ក្នុងព្រៃហិមពាន្ត​មានស្រះធំដ៏ជ្រៅមួយ ។ ក្នុងស្រះធំនោះ មានសុវណ្ណកក្កដកៈ (ក្ដាមពណ៌មាស) ធំ អាស្រ័យនៅ ។ ស្រះធំនោះបានប្រាកដឈ្មោះថា កុឡីររហទៈ ប្រែថា បឹងក្ដាម ព្រោះជាទីនៅ​របស់ក្ដាមមាសនោះ ។ ក្ដាមមាសនោះ មានប្រមាណ​ប៉ុនលានស្រូវ តែងចាប់​ដំរីស៊ី ព្រោះខ្លាចក្ដាមមាសនោះ ដំរីទាំងឡាយ មិនអាចនឹង​ចុះស្រះទឹកនោះ​ស្វែងរក​អាហារឡើយ ។

ក្នុងកាលនោះ ព្រះពោធិសត្វកាន់យកបដិសន្ធិក្នុងផ្ទៃនៃមេដំរីមួយ ដែលអាស្រ័យនឹង​ប្រធាននៃហ្វូងដំរីទាំង​ឡាយដែលនៅ​អាស្រ័យនឹងស្រះក្ដាមនោះ ។ គ្រានោះ មាតារបស់ព្រះពោធិសត្វគិតថា យើងនឹងរក្សាគភ៌ ទើបទៅកាន់ភ្នំដទៃមួយ ហើយរក្សានូវគភ៌ និងបានប្រសូតនូវកូនដំរីមួយ ។

ព្រះពោធិសត្វនោះចម្រើនវ័យធំឡើងជាលំដាប់ហើយ ជាអ្នកមានបរិវារច្រើន បរិបូណ៌ដោយកម្លាំង និងជាអ្នកក្រៃលែងដោយភាពស្អាត ហាក់បីដូចជា ភ្នំអញ្ជន ។ ព្រះពោធិសត្វបាននៅរួមជាមួយនឹងដំរីញីមួយ ហើយគិតថា យើងនឹងចាប់ក្ដាម ទើបនាំភរិយានិងមាតារបស់ខ្លួនចូលទៅក្នុងហ្វូងដំរីនោះ និងជួបបិតារបស់ខ្លួន ហើយនិយាយថា បពិត្រលោកឪពុក ខ្ញុំនឹងចាប់ក្ដាម ។

លំដាប់នោះ បិតារបស់ព្រះពោធិសត្វពោលហាមថា នែកូន ! អ្នកមិនអាចទេ កាលពោលហាមដូច្នេះរឿយៗហើយទើបពោលទៀតថា អ្នកនឹងដឹងដោយខ្លួងឯងចុះ ។

ព្រះពោធិសត្វនោះ បានឲ្យដំរីទាំងអស់ដែលអាស្រ័យនឹងស្រះក្ដាមមកប្រជុំគ្នា ហើយទៅកាន់ទីជិតស្រះនោះ និងបានសួរថា ក្ដាមនោះ ចាប់ដំរីក្នុងពេលដែលចុះ ឬ ក្នុងពេលដែលដំរីស្វែករកអាហារ ឬ ក្នុងពេលឡើងមកវិញ កាលបានស្ដាប់ថា ក្នុងពេលដែលឡើងមកវិញ ដូច្នេះ ទើបពោលថា ព្រោះហេតុនោះ អ្នកទាំងឡាយចូរចុះស្រះក្ដាម ហើយកាន់យកអាហារដរាបគ្រប់គ្រាន់ ហើយចូរនាំគ្នាឡើងមកមុនចុះ យើងនឹងជាអ្នកនៅក្រោយគេ ។ ដំរីទាំងឡាយក៏បានធ្វើយ៉ាងនោះ ។

ក្ដាមជាអ្នកពិឃាតបានចាប់ព្រះពោធិសត្វ ដែលជាអ្នកកំពុងឡើងក្រោយគេ ដោយតង្កៀបទាំងពីរយ៉ាងមាំ ហាក់បីដូចជាស្លាកដែក ។ ដំរីទាំងឡាយមិនលះបង់ព្រះពោធិសត្វ ហើយឋិតនៅក្នុងទីជិតនោះឯង ។ ព្រះពោធិសត្វមិនអាចនឹងធ្វើក្ដាមឲ្យកម្រើកឡើយ ចំណែកក្ដាមកាលទាញព្រះពោធិសត្វ ធ្វើឲ្យនៅនឹងមាត់របស់ខ្លួន ។ ព្រះពោធិសត្វនោះ ត្រូវមរណភ័យគ្របសង្កត់ហើយ ទើបស្រែកឡើងជាប់បន្តគ្នា ។ ដំរីទាំងអស់ ជាអ្នកដល់នូវមរណភ័យ បានធ្វើនូវកោញ្ជនាទ ចេញអាចម៍ចេញនោម នាំគ្នាបោលរត់ទៅ ។ សូម្បីមេដំរីដែលជាភរិយារបស់ព្រះពោធិសត្វក៏មិនអាចនឹងឋិតនៅ ហើយប្រារព្ធនឹងរត់ទៅ ។

លំដាប់នោះ ព្រះពោធិសត្វបានញ៉ាំងមេដំរីនោះឲ្យដឹងថា ខ្លួនត្រូវកៀបជាប់ ដើម្បីនឹងមិនឲ្យនាងគេចទៅ ទើបពោលគាថាទីមួយ ថា

សិង្គីមិគោ អាយតចក្ខុនេត្តោ, អដ្ឋិត្តចោ វារិសយោ អលោមោ;

តេនាភិភូតោ កបណំ រុទាមិ, មា ហេវ មំ បាណសមំ ជហេយ្យ ។

ម្រឹគមានសម្បុរដូចមាស ជាសត្វមានភ្នែកលៀនវែង មានឆ្អឹងជាស្បែក ជាសត្វនៅក្នុងទឹក មិនមានរោម យើងត្រូវក្ដាមនោះថ្កៀបហើយ ទើបកម្សត់ទួញយំ សូមភរិយាកុំលះបង់នូវបងដែលស្មើដោយជីវិតឡើយ ។

លំដាប់នោះ មេដំរីបានត្រឡប់មកវិញ កាលលួងលោមព្រះពោធិសត្វ ទើបពោលគាថាទីពីរថា

អយ្យ ន តំ ជហិស្សាមិ, កុញ្ជរំ សដ្ឋិហាយនំ;

បថព្យា ចាតុរន្តាយ, សុប្បិយោ ហោសិ មេ តុវំ។

បពិត្រអ្នកជាម្ចាស់ ខ្ញុំមិនបានលះបង់អ្នកដែលជាដំរីថមថយកម្លាំង ក្នុងកាលនៃអ្នកមានអាយុ ៦០ ឆ្នាំឡើយ ខ្ញុំស្រឡាញ់អ្នក​ក្រៃលែងជាង​ប្រថពី​ដែលទល់​នឹងសមុទ្រទាំង ៤ ទៅទៀត ។

ពេលមេដំរីបានធ្វើព្រះពោធិសត្វនោះឲ្យរឹងមាំហើយ ទើបពោលថា បពិត្រអ្នកជាម្ចាស់ ឥឡូវនេះ ខ្ញុំនឹងនិយាយប្រាស្រ័យជាមួយក្ដាមមាសនោះបន្តិច នឹងឲ្យគេដោះលែងអ្នក កាលនឹងអង្វរក្ដាម មេដំរីទើបពោលគាថាទីបីថា

យេ កុឡីរា សមុទ្ទស្មឹ, គង្គាយ យមុនាយ ច;

តេសំ ត្វំ វារិជោ សេដ្ឋោ, មុញ្ច រោទន្តិយា បតឹ។

ពួកក្ដាមណា ដែលនៅក្នុងសមុទ្រក្ដី ក្នុងទន្លេគង្គាក្ដី យមុនាក្ដី អ្នកជាសត្វទឹកប្រសើរ   ជាងក្ដាមទាំងនោះ សូមអ្នកមេត្តាលែងប្ដី កាលដែលខ្ញុំកំពុងទួញយំរកប្ដី សូមអ្នកមេត្តាលែងប្ដី (របស់ខ្ញុំ) មកវិញ ក្នុងកាលឥឡូវនេះ ។

សេចក្ដីក្នុងគាថានោះយ៉ាងនេះ គឺ ក្ដាមពួកណាក្នុងមហាសមុទ្រក្ដី ក្នុងទន្លេគង្គា ឬ យមុនាក្ដី លោកជាអ្នកប្រសើរជាងក្ដាមទាំងអស់នោះ ដោយការដល់ព្រមដោយវណ្ណៈ និងភាពជាធំ ដោយហេតុនោះ ខ្ញុំទើបសូមអង្វរលោក សូមលោកមេត្តាលែងប្ដីរបស់ខ្ញុំដែលកំពុងស្រែកនោះ ។

កាលមេដំរីនោះកំពុងនិយាយ ក្ដាមបានកាន់យកនិមិត្តបនៃសំឡេងស្ត្រី ជាអ្នកមានចិត្តញាប់ញ័រ ទើបបន្ធូរតង្កៀបពីជើងដំរីពោធិសត្វ ដោយសម្គាល់ថា ដំរីនេះដែលយើងលែងហើយ នឹងធ្វើយ៉ាងនេះ ។ លំដាប់នោះ ដំរីលើកជើងជាន់ស្នូកក្ដាម ឆ្អឹងទាំងឡាយក៏បែកក្នុងទីនោះឯង ។ ដំរីពោធិសត្វស្រែកឡើងដោយសេចក្ដីរីករាយ ដំរីទាំងអស់មកប្រជុំគ្នាហើយនាំយកមកនូវក្ដាមដាក់ទុកលើគោក កាលជាន់ញ៉ាំញី ក៏បានធ្វើក្ដាមឲ្យជាកម្ទេចតូចធំ ។

តង្កៀបទាំងពីររបស់ក្ដាមនោះបែកចេញពីសរីរៈ ហើយធ្លាក់ចុះក្នុងកន្លែងមួយ ។ បឹងក្ដាមនោះជាបឹងដែលជាប់នឹងទន្លេគង្គា ក្នុងកាលដែលទន្លេគង្គាពេញ ក៏ពេញទៅដោយទឹកក្នុងទន្លេគង្គា កាលទឹកទន្លេគង្គាតិច ទឹកក្នុងបឹងក៏ហូរចុះកាន់ទន្លេគង្គា ។

លំដាប់នោះ តង្កៀបក្ដាមសូម្បីទាំងពីរនោះអណ្ដែតទៅក្នុងទន្លេគង្គា ។ ក្នុងបណ្ដាតង្កៀបក្ដាមទាំងពីរនោះ តង្កៀបមួយបានចូលទៅកាន់សមុទ្រ មួយទៀត ត្រូវបានទៅបងប្អូនព្រះរាជាទាំង ១០ អង្គ (ទសារហៈ) ដែលកំពុងលេងទឹក ហើយធ្វើជាស្គរឈ្មោះ អាឡិង្គៈ [ក្នុងសារត្ថប្បកាសិនី អដ្ឋកថាសុត្តន្តបិដក សំយុត្តនិកាយ និទានវគ្គ ឱបម្មសំយុត្ត អាណិសូត្រ ពោលថា ស្គរនោះឈ្មោះ អានកៈ ។]។ ចំណែកតង្កៀបមួយទៀត អណ្ដែតហូរចូលទៅកាន់សមុទ្រ ពួកអសុរាទាំងឡាយបានកាន់យក ហើយធ្វើជាស្គរឈ្មោះ អាលម្ពរៈ ។ ក្នុងកាលជាក្រោយមក ពួកអសុរានោះ ត្រូវសក្កទេវរាជបានឲ្យចាញ់ហើយ ទើបបោះចោលនូវស្គរនោះហើយរត់ទៅ ។ គ្រានោះ ស្ដេចសក្កៈ ក៏គេកាន់យកដើម្បីប្រយោជន៍ខ្លួន ។ អាចារ្យទាំងឡាយសំដៅយកស្គរនោះ ពោលថា ស្គរអាលម្ពរៈ​គ្រហឹមដូចផ្គរលាន់ ។

ព្រះសាស្ដា បាននាំយកព្រះធម្មទេសនានេះមកហើយទ្រង់ក៏ប្រកាសសច្ចធម៌ និងប្រជុំជាតក ក្នុងកាលជាទីបញ្ចប់នៃការប្រកាសសច្ចធម៌ ប្ដីប្រពន្ធទាំងពីរ ក៏បាន​តាំងនៅក្នុងសោតាបត្តិផល ។

តទា ករេណុកា អយំ ឧបាសិកា អហោសិ មេដំរីក្នុង​កាលនោះ បានមក​ជា​ឧបាសិកានេះ ។

វារណោ បន អហមេវ អហោសឹ ចំណែកដំរីនោះ បានមកជា​តថាគត​នេះឯង ។

សុវណ្ណកក្កដកជាតកំ និដ្ឋិតំ ។

សុវណ្ណកក្កដកជាតក ចប់ ។

ថ្ងៃ អាទិត្យ ១១ កើត ខែ អស្សុជ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៩

ត្រូវនឹងថ្ងៃទី ០១ ខែ កញ្ញា គ.ស. ២០១៧

ដោយ ខេមរ អភិធម្មាវតារ