នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សុប្បារកជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធបញ្ញាបារមី បានត្រាស់ព្រះ​ធម្មទេសនា​នេះ មានពាក្យថា ឧម្មុជ្ជន្តិ និមុជ្ជន្តិ ដូច្នេះ​ជាដើម ។

 

ក្នុងសាយណ្ហសម័យថ្ងៃមួយ កាលភិក្ខុទាំងឡាយ អង្គុយ​រង់ចាំការ​ចេញ​យាងមក ដើម្បីនឹង​សម្ដែងធម៌​របស់​ព្រះតថាគត ក្នុង​ធម្មសភា បានពោល​សរសើរ​មហាបញ្ញា​បារមី​របស់​ព្រះទសពល​ថា ម្នាលអាវុសោ អស្ចារ្យណាស់ ព្រះសាស្ដា​មានមហាបញ្ញា (បញ្ញាច្រើន) មាន​បុថុបញ្ញា (បញ្ញាក្រាស់) មាន​ហាសបញ្ញា (បញ្ញាផូរផង់) មាន​ជវនបញ្ញា (បញ្ញារហ័ស) មាន​តិក្ខបញ្ញា (បញ្ញា​មុតស្រួច) មាន​និព្វេធិកបញ្ញា (បញ្ញាវាងវៃ) ដល់ព្រម​ដោយបញ្ញា​ជាឧបាយ​ក្នុងបញ្ហា​នោះៗ ក្រាស់ស្មើ​ដូចផែនដី ជ្រៅដូច​មហាសមុទ្រ ធំដូចអាកាស បញ្ហា​ដែលតាំង​ឡើង សូម្បីក្នុង​ជម្ពូទ្វីប​ទាំងមូល ដែលឈ្មោះថា អាចនឹង​កន្លង​ព្រះទសពល រមែង​មិនមាន​ឡើយ ។ រលកទាំងឡាយ រមែងមិន​កន្លងនូវ​ច្រាំង​ក្នុង​មហាសមុទ្រ កាលដល់​ច្រាំងហើយ តែងបែកខ្ចាយ យ៉ាងណា បញ្ហា​យ៉ាងណាមួយ រមែង​មិនកន្លង​នូវ​ព្រះទសពល កាលដល់​បាទមូល​របស់​ព្រះសាស្ដា​ហើយ តែងបែកទៅ ក៏យ៉ាង​នោះដែរ ។ ព្រះសាស្ដាយាងមក ហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់​មិញនេះ តើអ្នកទាំងឡាយ អង្គុយ​ប្រជុំគ្នា​ដោយរឿងអ្វី កាលពួក​ភិក្ខុទូលថា ដោយរឿង​ឈ្មោះនេះ ព្រះអង្គទើប​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែកាល​ឥឡូវនេះទេ ដែលតថាគត​ជាអ្នកមាន​បញ្ញានោះ សូម្បីក្នុង​កាលមុន ពេលដែល​មិនទាន់​មានញាណ​ចាស់ក្លា តថាគត ក៏ជាអ្នក​មានបញ្ញាដែរ សូម្បីតែ​តថាគត ជាមនុស្ស​ងងឹត ក៏អាចដឹងថា រតនៈ​ឈ្មោះនេះ មានក្នុង​សមុទ្រ​ឈ្មោះនេះ ត្រង់កន្លែង​នេះៗ ដោយការ​សម្គាល់នូវ​ទឹកក្នុង​មហាសមុទ្រ ដូច្នេះហើយ ទ្រង់ក៏​នាំអតីត​និទានមកថា

 

ក្នុងអតីតកាល ព្រះរាជាព្រះនាមកុរុ សោយរាជសម្បត្តិ​ក្នុងដែនកុរុ ហើយមាន​ស្រុកដែលជា​កំពង់​ទូកមួយ ឈ្មោះ កុរុកច្ឆៈ ក្នុងដែន​កុរុនោះ ។ ក្នុងគ្រានោះ ព្រះពោធិសត្វ បានកើត​ជាបុត្រ​របស់​ប្រធាន​និយាមកៈ (អ្នកកាន់​ចង្កូតទូក) លោកមាន​ពណ៌សម្បុរ​ដូចមាស គួរជាទី​ជ្រះថ្លា មាតាបិតា​ទើបដាក់​ឈ្មោះឲ្យថា សុប្បារកកុមារ ។ សុប្បារកកុមារនោះ ចម្រើនទៅ​ដោយបរិវារ​ដ៏ច្រើន ក្នុងពេល​ដែលលោក​មានអាយុ​ត្រឹមតែ ១៦ ឆ្នាំ ក៏បាន​សម្រេចនូវ​និយាមកវិជ្ជា (វិជ្ជា​បើកបរនាវា) ។ ក្នុងកាល​ដែលបិតា​កន្លងផុតទៅ លោកបាន​ជាប្រធាន​និយាមកៈ ហើយធ្វើ​និយាមកកម្ម (ការបើក​បរនាវា) លោកជាប​ណ្ឌិត ដល់ព្រម​ដោយបញ្ញា ។ ព្រោះ​ហេតុនោះ ឈ្មោះថា​វិបត្តិរបស់អ្នក​ដែលឡើងទូក ទើបមិនមាន ។ ក្នុងកាល​ខាងក្រោយ​មក ភ្នែកទាំង ២ របស់លោក ត្រូវទឹក​ប្រៃប្រហារ ក៏វិនាសទៅ ។ ចាប់តាំង​ពីពេល​នោះមក ព្រះពោធិសត្វ មិនបាន​ធ្វើនិយាមកកម្ម​ទៀតឡើយ លោកគ្រាន់​តែជាប្រធាន​និយាមកៈ​ប៉ុណ្ណោះ ហើយបានចូល​គាល់ព្រះរាជាថា ខ្ញុំព្រះអង្គ នឹងរស់នៅ​ដោយ​អាស្រ័យ​ព្រះអង្គ ។ លំដាប់នោះ ព្រះរាជា​តាំងទុក​ព្រះពោធិសត្វនោះ ក្នុងការងារ​ជាអ្នកវាយតម្លៃ ។ ចាប់តាំង​ពីពេលនោះ​មក លោកក៏បាន​វាយតម្លៃ​ហត្ថិរតន៍ អស្សរតន៍ កែវមុក្ដា កែវមណី​ជាដើម របស់ព្រះរាជា ។

 

ថ្ងៃមួយ មនុស្សទាំងឡាយ នាំដំរីមួយ ដែលមានសម្បុរ​ដូចដុំថ្មខ្មៅ ដោយគិតថា នឹងធ្វើជា​ដំរីមង្គល​របស់​ព្រះរាជា ។ ព្រះរាជា​ទតមើល​ដំរីនោះហើយ ត្រាស់ថា អ្នកទាំងឡាយ ចូរឲ្យលោក​បណ្ឌិត​ពិនិត្យចុះ ។ លំដាប់នោះ ពួកមនុស្ស​ទាំងនោះ ក៏បាននាំ​ទៅកាន់សម្នាក់​ព្រះពោធិសត្វ ។ សុប្បារកបណ្ឌិត បានស្ទាប​អង្អែល​សរីរៈ​របស់ដំរីនោះ​ដោយដៃ ហើយ​ពោលថា ដំរីនេះ មិនសមគួរ​នឹងជា​មង្គលហត្ថី​ឡើយ ជើងទាំងឡាយ​នោះខ្លី ព្រោះថា កាលដែល​ដំរីនេះ​កើតមក មាតារបស់វា មិនអាចនឹង​ទទួលដោយ​ចង្កេះ ព្រោះ​ហេតុនោះ កាលជើង​វាធ្លាក់ចុះ​លើផែនដី ជើងខាង​ក្រោយរបស់​វាទើបខ្លី ។ មនុស្ស​ទាំងឡាយ បានសួរអ្នក​នាំដំរីមក ។ អ្នកនាំដំរី​នោះ ពោលថា លោកបណ្ឌិត​ពោលពិតហើយ ។ ព្រះរាជា បានស្ដាប់​ហេតុនោះហើយ ទ្រង់មាន​ព្រះទ័យត្រេកអរ ហើយប្រទាន ៨ កហាបណៈ​ដល់​ព្រះពោធិសត្វ ។ ថ្ងៃស្អែកឡើង មនុស្សទាំងឡាយ បាននាំសេះមួយ​មក ដោយ​គិតថា សេះនេះ នឹងជាសេះមង្គល​របស់ព្រះរាជា ។ ព្រះរាជា បានបញ្ជូន​សូម្បីនូវ​សេះនោះ ទៅកាន់​សម្នាក់​របស់បណ្ឌិត ។ ព្រះពោធិសត្វ ក៏បានស្ទាបអង្អែល​សូម្បីនូវសេះ​នោះ ហើយពោលថា សេះនេះ មិនប្រកប​ដើម្បីនឹង​ជាសេះមង្គល​បានឡើយ ព្រោះថា មាតារបស់​សេះនេះ បានស្លាប់​ក្នុងថ្ងៃដែល​សេះនេះ​កើត ព្រោះហេតុនោះ កាលមិនបាន​ទឹកដោះ​ស្រស់​របស់មាតា សេះនេះ ទើបធំ​ធាត់មិនល្អ ។ ពួកមនុស្ស ដែលនាំសេះ​នោះមក​ពោលថា ពាក្យរបស់​បណ្ឌិតនោះ ពិតហើយ ។ ព្រះរាជា បានស្ដាប់​ពាក្យនោះហើយ ទ្រង់ត្រេកអរ បានឲ្យ​គេប្រទាន ៨ កហាបណៈ ។ ថ្ងៃមួយទៀត មនុស្ស​ទាំងឡាយ បាននាំរថ​មកដោយ​គិតថា នឹងធ្វើ​ជាមង្គលរថ​របស់​ព្រះរាជា ។ ព្រះរាជា​បញ្ជូនរថនោះ ទៅកាន់​សម្នាក់ព្រះ​ពោធិសត្វ ។ ព្រះពោធិសត្វ ស្ទាបអង្អែលរថ​នោះដោយដៃ ហើយពោលថា រថនេះ ធ្វើដោយ​ឈើប្រហោង ព្រោះហេតុនោះ ទើបមិន​សមគួរដល់​ព្រះរាជាឡើយ ។ ពួកមនុស្ស​ដែលនាំ​រថនោះ ពោលថា ពាក្យរបស់​លោកបណ្ឌិត ពិតហើយ ។ ព្រះរាជា ស្ដាប់រឿងនោះហើយ ក៏បានឲ្យ​គេប្រទាន ៨ កហាបណៈ ។ លំដាប់នោះ មានគេនាំ​សំពត់កម្ពល ដែលមាន​តម្លៃថ្លៃមក ។ ព្រះរាជា ក៏បានបញ្ជូន​សំពត់កម្ពល​នោះ ឲ្យដល់​ព្រះពោធិសត្វ ។ ព្រះពោធិសត្វ ស្ទាបអង្អែល​សំពត់កម្ពល​នោះដោយដៃ ហើយពោលថា សំពត់កម្ពល​នេះ មានប្រហោង​មួយដែល​ត្រូវកណ្ដុរ​កាត់ ។ មនុស្សទាំងនោះ កាលជម្រះ បានឃើញ​ប្រហោងនោះ ទើបក្រាប​ទូលព្រះរាជា ។ ព្រះរាជា ស្ដាប់រឿងនោះ​ហើយ ក៏បានឲ្យគេប្រទាន ៨ កហាបណៈ ។

 

ព្រះពោធិសត្វគិតថា ព្រះរាជានេះ បានឃើញ​ភាពអស្ចារ្យ​ទាំងឡាយ សូម្បីដែល​មានសភាព​យ៉ាងនេះ​ហើយ ឲ្យគេប្រទាន​ទ្រព្យតែ ៨ កហាបណៈ​ប៉ុណ្ណោះ រង្វាន់នេះ ជារង្វាន់​សម្រាប់ជាង​កំណោរ (អ្នកកោរកាត់) កំណើត​ជាងកោរកាត់ នឹងមាន​ដល់យើង ដោយ​ការបម្រើ​ព្រះរាជា​យ៉ាងនេះឬ យើងនឹងទៅ​កាន់លំនៅ​របស់ខ្លួនវិញ ។ សុប្បារកបណ្ឌិត បាន​ត្រឡប់ទៅ​កំពង់​កុរុកច្ឆៈ​នោះវិញ ។ កាលព្រះពោធិសត្វ នៅក្នុង​ទីនោះ ពួកពាណិជ បានរៀបចំ​នាវា ហើយប្រឹក្សា​គ្នាថា យើងនឹងធ្វើ​អ្នកណា​ឲ្យជានិយាមកៈ ទើបមូល​មតិគ្នាថា នាវាដែល​សុប្បារកបណ្ឌិត​ឡើងជិះហើយ រមែងមិនលិច លោក គឺជាបណ្ឌិត ជាអ្នកឈ្លាស​ក្នុងឧបាយ សូម្បីលោក​ជាមនុស្សខ្វាក់ សុប្បារកបណ្ឌិត​ប៉ុណ្ណោះ ដែលប្រសើរ ដូច្នេះហើយ ទើបចូលទៅ​រកព្រះពោធិសត្វ ហើយពោលថា សូមលោក​ជានិយាមកៈរបស់ពួកខ្ញុំ កាលព្រះ​ពោធិសត្វ​ពោលថា នែអ្នកទាំងឡាយ យើងជា​មនុស្សខ្វាក់ នឹងធ្វើការ​បើកបរ ដូចម្ដេចបាន ពួកពាណិជ​ពោលថា បពិត្រ​លោកម្ចាស់ លោកសូម្បី​ជាមនុស្សខ្វាក់ ក៏ប្រសើរ​ជាងពួកខ្ញុំ ដូច្នេះ​ហើយ កាលពួកពាណិជ​នោះ សូមអង្វររឿយៗ ទើបទទួលថា ល្អហើយ​អ្នកទាំងឡាយ យើងនឹង​ជានិយាមកៈ​របស់ពួកលោក ដោយសញ្ញា​ដែលពួក​លោកប្រាប់ចុះ រួចទើប​ឡើងនាវា​របស់ពាណិជ​ទាំងនោះ ។ ពួកពាណិជ បើកបរនាវា​ទៅកាន់​មហាសមុទ្រ ។ នាវាទៅ​ដោយមិន​មានឧបទ្ទវៈ​អស់ ៧ ថ្ងៃ បន្ទាប់​ពីនោះ ខ្យល់មិនមែន​រដូវកាល បានកើត​ឡើង នាវាក៏ត្រាច់​ទៅលើខ្នង​សមុទ្រ​ធម្មតាអស់ ៤ ខែ ទើបដល់​សមុទ្រ​ឈ្មោះ ខុរមាលី ។ ក្នុង​សមុទ្រនោះ មានហ្វូងត្រី​ដែលមានសរីរៈ​ដូចមនុស្ស មានច្រមុះ​ស្រួច (ប្រហែល​ជាទេពមច្ឆា) ធ្វើការ​ផុសឡើង មុជចុះ ក្នុងទឹក ។ ពួកពាណិជ ឃើញហ្វូងត្រី​នោះហើយ កាលសួរ​នូវឈ្មោះ​សមុទ្រនោះ នឹងព្រះមហាសត្វ ទើបពោល​គាថាទី ១ ថា

ឧម្មុជ្ជន្តិ និមុជ្ជន្តិ, មនុស្សា ខុរនាសិកា;

សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។

មនុស្សទាំងឡាយ មានច្រមុះដូចកាំបិតកោរ ងើបមុជ (ក្នុងសមុទ្រនេះ) ពួកយើង សូមសួរលោក​ឈ្មោះ​សុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

 

ព្រះមហាសត្វ ត្រូវពួកពាណិជ​ទាំងនោះសួរហើយ បានប្រៀបធៀប​ដោយតម្រា​អ្នកនាំផ្លូវ រួចទើប​ពោលគាថាទី ២ ថា

កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ;

នាវាយ វិប្បនដ្ឋាយ, ខុរមាលីតិ វុច្ចតិ។

កាលសំពៅរបស់ពួកពាណិជ អ្នកសែ្វង​រកទ្រព្យចេញ​ទៅអំពី​កំពង់កុរុកច្ឆៈ លឿនទៅ​កាន់ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា ខុរមាលី ។

 

បណ្ដាបទទាំងនោះ បទថា បយាតានំ សេចក្ដីថា កាលចេញ​ពីកំពង់កុរុកច្ឆៈ​ហើយទៅ ។ បទថា ធនេសិនំ សេចក្ដីថា ពួកពាណិជ​អ្នកសែ្វង​រកទ្រព្យ ។ បទថា នាវាយ វិប្បនដ្ឋាយ សេចក្ដីថា ម្នាលអ្នក​ទាំងឡាយ កាលនាវា​របស់ពួកអ្នក​ត្រូវកម្មធ្វើ​ឲ្យស្ទុះទៅ​កាន់ផ្លូវខុស កន្លង​ហួស​បកតិសមុទ្រ (សមុទ្រធម្មតា) ហើយដល់​សមុទ្រនេះ សមុទ្រនេះ លោកហៅថា ខុរមាលី បណ្ឌិត​ទាំងឡាយ រមែងពោល​យ៉ាងនេះ ។

 

ចំណែកក្នុងសមុទ្រនោះ មានពេជ្រដុះច្រើន ។ ព្រះមហាសត្វ គិតថា បើយើងប្រាប់​ពាណិជ​ទាំងនោះថា នេះជា​វជិរសមុទ្រ ដូច្នេះ ពួកពាណិជ នឹងកាន់​យកពេជ្រ​ដ៏ច្រើន ដោយសេចក្ដី​ល្មោភ ហើយនឹង​ញ៉ាំងនាវា​ឲ្យលិច​ជាមិនខាន គិតដូច្នេះ​ហើយ លោកទើប​មិនប្រាប់​ដល់ពាណិជ​ទាំងនោះ ហើយឲ្យ​ពាណិជ​ទាំងនោះ បញ្ឈប់នាវា ឲ្យកាន់​យកខ្សែ​មួយដោយ​ឧបាយ ឲ្យបោះ​សំណាញ់ចុះទៅ ដោយទំនង​ដូចជាការ​ចាប់ត្រី ហើយស្រង់​ដុំពេជ្រ​ឡើងមក​ដាក់លើ​នាវា ឲ្យបោះភណ្ឌៈ​ដទៃ ដែលមិនមាន​តម្លៃចោល ។ នាវា​បានកន្លង​ផុតនូវ​សមុទ្រនោះ ហើយទៅ​កាន់សមុទ្រ ដែលមាន​ឈ្មោះថា អគ្គិមាលី នៅខាងមុខ ។ សមុទ្រនោះ កាលបញ្ចេញ​ពន្លឺ បីដូចជា​ព្រះអាទិត្យ ដែលរះកណ្ដាល​ថ្ងៃ ឬដូចជា​គំនរភ្លើង​ដែលឆេះ​ឡើង ។ ពួកពាណិជ បានសួរ​ព្រះពោធិសត្វ​ដោយគាថា​នេះថា

យថា អគ្គីវ សូរិយោវ, សមុទ្ទោ បដិទិស្សតិ;

សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។

សមុទ្រដែលប្រាកដចំពោះមុខ ហាក់​ដូចជា​ភ្លើង និងព្រះអាទិត្យ ពួកយើងសូម​សួរលោក​សុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

 

ចំណែកព្រះមហាសត្វ ក៏ពោលគាថា​ដោយមិនមាន​ចន្លោះដល់​ពាណិជ​ទាំងនោះថា

កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ;

នាវាយ វិប្បនដ្ឋាយ, អគ្គិមាលីតិ វុច្ចតិ។

កាលសំពៅរបស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញ​ទៅអំពី​កំពង់កុរុកច្ឆៈ លឿនទៅកាន់​ប្រទេសផ្សេង សមុទ្រនេះ ហៅថា អគ្គិមាលី ។

 

ក្នុងសមុទ្រនេះ មានមាសដុះច្រើន ។ ព្រះមហាសត្វ បានឲ្យពាណិជ​ទាំងនោះ កាន់យក​មាសអំពី​សមុទ្រនោះ ដោយន័យ​ដូចមុន​នោះឯង ហើយឲ្យ​ដាក់លើ​សំពៅ ។ សំពៅបាន​ឆ្លងផុតសមុទ្រ​នោះ ហើយដល់​សមុទ្រឈ្មោះ ទធិមាលី ដែលមាន​ពន្លឺដូចជា​ទឹកដោះស្រស់ និង​ទឹកដោះជូរ ។ ពួកពាណិជ បានសួរឈ្មោះ​សមុទ្រ​នោះ ដោយគាថានេះថា

យថា ទធីវ ខីរំវ, សមុទ្ទោ បដិទិស្សតិ;

សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។

សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជា​ទឹកដោះជូរ ទឹកដោះ​ស្រស់ ពួកយើង​សូមអ្នកសួរ​លោក​សុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

 

ព្រះមហាសត្វ បានប្រាប់ដោយ​គាថាបន្ទាប់ថា

កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ;

នាវាយ វិប្បនដ្ឋាយ, ទធិមាលីតិ វុច្ចតិ។

កាលសំពៅ របស់ពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅអំពី​កំពង់កុរុកច្ឆៈ លឿនទៅកាន់​ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា ទធិមាលី ។

 

ក្នុងសមុទ្រនោះ មានប្រាក់ដុះច្រើន ។ ព្រះពោធិសត្វ ក៏បានឲ្យ​ពាណិជ​ទាំងនោះ កាន់យក​ប្រាក់នោះ ហើយដាក់​លើសំពៅ​ដោយឧបាយ ។ សំពៅ​បានឆ្លង​ផុតសមុទ្រ​នោះ ហើយដល់​សមុទ្រឈ្មោះ កុសមាលី ដែលមាន​ពណ៌ខៀវ មានពន្លឺ​ដូចស្បូវភ្លាំង​ពណ៌ខៀវ និងដូច​សន្ទូងដែល​កំពុងលូត​លាស់ ។ ពួកពាណិជ បានសួរឈ្មោះ​សមុទ្រនោះ​ដោយគាថានេះថា

យថា កុសោវ សស្សោវ, សមុទ្ទោ បដិទិស្សតិ;

សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។

សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជា​ស្បូវភ្លាំង និងសំទូង ពួកយើង​សូមសួរលោក​សុប្បារកៈ សមុទ្រ​នេះ តើឈ្មោះអ្វី ។

 

ព្រះមហាសត្វ បានប្រាប់ដោយ​គាថាបន្ទាប់ថា

កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ;

នាវាយ វិប្បនដ្ឋាយ, កុសមាលីតិ វុច្ចតិ។

កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅ​អំពីកំពង់កុរុកច្ឆៈ លឿនទៅ​កាន់ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា កុសមាលី ។

 

ក្នុងសមុទ្រនោះ មានកែវមណី​ខៀវដុះច្រើន ។ ព្រះមហាសត្វ បានឲ្យពាណិជ​ទាំងនោះ កាន់យក​កែវមណី​នោះ ហើយដាក់លើ​សំពៅ ដោយឧបាយ​នោះឯង ។ សំពៅបាន​ឆ្លងផុត​សមុទ្រនោះ ហើយដល់​សមុទ្រឈ្មោះ នឡមាលី ដែលដូចជា​ព្រៃបបុស និងដូច​ព្រៃឫស្សី ។  ពួកពាណិជ បានសួរឈ្មោះ​សមុទ្រនោះ​ដោយគាថានេះថា

យថា នឡោវ វេឡូវ, សមុទ្ទោ បដិទិស្សតិ;

សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។

សមុទ្រដែលប្រាកដចំពោះមុខ ហាក់ដូចជាបបុស និងឫស្សី ពួកយើងសូម​សួរលោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

 

ព្រះមហាសត្វ បានពោលប្រាប់​ដោយគាថា​បន្ទាប់ថា

កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ;

នាវាយ វិប្បនដ្ឋាយ, នឡមាលីតិ វុច្ចតិ។

កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញ​ទៅ​អំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់​ប្រទេស​ផ្សេង សមុទ្រនេះ ហៅថា នឡមាលី ។

 

ក្នុងសមុទ្រនោះ មានកែវ​ពព្រុះ ឬពេជ្រ​ភ្នែក​ឆ្មាដុះច្រើន ។ ព្រះមហាសត្វ បានឲ្យពាណិជ​ទាំងនោះ កាន់យកកែវ​ពព្រុះ ឬពេជ្រ​ភ្នែក​ឆ្មានោះហើយ​ដាក់លើសំពៅ ដោយឧបាយ ។ ន័យ​ដទៃទៀត ពាក្យថា បបុស បានដល់ សូម្បី​បបុសខ្ទួយ បបុសក្ដាម បបុសនោះ មានពណ៌​ក្រហម ។ ពាក្យថា ឫស្សី ជាឈ្មោះ​នៃ​កែវប្រពាឡ​នោះឯង កែវប្រពាឡនោះ និង​សមុទ្រដែល​មាន​កែវប្រពាឡដុះ មានពន្លឺ​ពណ៌ក្រហម ព្រោះ​ហេតុនោះ ពួកពាណិជ ទើបសួរថា ដូចបបុស ដូចឫស្សី យ៉ាងណា ។ ព្រះមហាសត្វ បានឲ្យពាណិជ​ទាំងនោះ កាន់យក​កែវប្រពាឡ​អំពីសមុទ្រនោះ ។

ពួកពាណិជ កាលកន្លងសមុទ្រ​នឡមាលី ក៏បានឃើញ​សមុទ្រឈ្មោះ ពលវាមុខី ។ ទឹកក្នុង​សមុទ្រនោះ កួចហើយ ៗ ខ្ពុរឡើង​លើដោយ​ចំណែកជុំវិញ ។ ទឹកដែល​ខ្ពុរឡើង​ដោយចំណែក​ជុំវិញ​ក្នុងសមុទ្រ​នោះ ប្រាកដ​ដូចអន្លង់ធំ ដែលត្រូវ​ទឹកជ្រោះ​ទម្លុះដោយ​ជុំវិញ កាលរលក​ទឹកខ្ពុរឡើង ប្រាកដ​ដូចអន្លង់​ទឹកតែមួយ សំឡេង​ដែលគួរឲ្យ​ភ័យខ្លាច បានកើតឡើង ហាក់បីដូច​ជាទម្លាយ​នូវត្រចៀក និងដូចជា​បំបែក​បេះដូង ។ ពួកពាណិជ បានឃើញ​សមុទ្រនោះ​ហើយ មានសេចក្ដី​ភិតភ័យ ទើបសួរឈ្មោះ​សមុទ្រនោះ ដោយគាថានេះថា

មហព្ភយោ ភឹសនកោ, សទ្ទោ សុយ្យតិមានុសោ;

យថា សោព្ភោ បបាតោវ, សមុទ្ទោ បដិទិស្សតិ;

សុប្បារកំ តំ បុច្ឆាម, សមុទ្ទោ កតមោ អយំ។

សំឡេងរបស់អមនុស្ស គួរឲ្យភ័យខ្លាំង គួរឲ្យស្បើម ដែលពួក​យើងបានឮជាក់ សមុទ្រ​ដែលបា្រកដ​ចំពោះមុខ ហាក់ដូច​ជារណ្តៅ និងជ្រោះ ពួកយើង​សូមសួរ​លោកសុប្បារកៈ សមុទ្រនេះ តើឈ្មោះអ្វី ។

 

បណ្ដាបទទាំងនោះ បទថា សុយ្យតិមានុសោ សេចក្ដីថា សំឡេង​ដែលស្ដាប់ ជាសំឡេង​អមនុស្ស ។

ព្រះពោធិសត្វ បានប្រាប់ឈ្មោះ​សមុទ្រនោះ ដោយគាថាបន្ទាប់ថា

កុរុកច្ឆា បយាតានំ, វាណិជានំ ធនេសិនំ;

នាវាយ វិប្បនដ្ឋាយ, ពលវាមុខីតិ វុច្ចតិ។

កាលសំពៅពួកពាណិជ អ្នកស្វែងរកទ្រព្យ ចេញទៅ​អំពីកំពង់កុរុកច្ឆៈ លឿនទៅកាន់​ប្រទេសផ្សេង សមុទ្រនេះ ហៅថា ពលវាមុខី ។

 

ដូច្នេះហើយ លោកទើប​ពោលទៀតថា នែអ្នកទាំងឡាយ សំពៅ​ដែលដល់​សមុទ្រ​ពលវាមុខី​នេះហើយ ឈ្មោះថា​សំពៅដែល​អាចនឹងត្រឡប់​ទៅវិញ រមែង​មិនមាន សមុទ្រនេះ នឹងញ៉ាំង​សំពៅដែល​បរមក​ដល់ហើយ​ឲ្យលិចចុះ ធ្វើឲ្យដល់​សេចក្ដីវិនាស ។ ក៏ក្នុង​សំពៅនោះ មានមនុស្ស ៧០០ នាក់​ឡើងជិះ ។ ពួកមនុស្ស​ទាំងអស់ មានការភ័យ​ខ្លាចចំពោះ​សេចក្ដីស្លាប់ នាំគ្នា​បញ្ចេញ​សំឡេង ដែលគួរ​ឲ្យអាណិត ដោយសំឡេង​តែមួយ ហាក់ដូច​ជាសត្វ​ទាំងឡាយ ដែលត្រូវ​ចម្អិនក្នុង​អវីចិនរក ។ ព្រះមហាសត្វ​គិតថា វៀរចាក​យើងហើយ មនុស្ស​ដទៃ ដែលអាច​ធ្វើសេចក្ដី​សួស្ដីដល់​មនុស្សទាំងនោះ រមែង​មិនមាន យើងនឹង​ធ្វើសេចក្ដី​សួស្ដីដល់​មនុស្ស​ទាំងនោះ ដោយ​សច្ចកិរិយា ដូច្នេះហើយ ទើបហៅ​មនុស្ស​ទាំងនោះ ហើយពោលថា នែអ្នកទាំងឡាយ ពួកលោក​ចូរឲ្យយើង​ងូតដោយ​ទឹកក្រអូប ឲ្យយើង​ស្លៀកសំពត់ថ្មី ចូររៀប​ចំភាជនៈទឹក ហើយតម្កល់​នៅនឹងក្បាល​សំពៅ ដោយ​ប្រញាប់ ។ មនុស្សទាំងនោះ បានធ្វើ​យ៉ាងនោះ​ដោយរហ័ស ។ ព្រះមហាសត្វ កាន់ភាជនៈ​ទឹកដោយ​ដៃទាំងពីរ ឈរនៅ​នឹងក្បាល​សំពៅ កាលនឹងធ្វើ​សច្ចកិរិយា ទើបពោល​គាថាចុង​ក្រោយថា

យតោ សរាមិ អត្តានំ, យតោ បត្តោស្មិ វិញ្ញុតំ;

នាភិជានាមិ សញ្ចិច្ច, ឯកបាណម្បិ ហឹសិតំ;

ឯតេន សច្ចវជ្ជេន, សោត្ថឹ នាវា និវត្តតុ។

តាំងពីកាលដែលខ្ញុំរលឹកឃើញនូវខ្លួន តាំងពីកាល​ដែលខ្ញុំ​ដល់នូវភាព​ជាអ្នកដឹងក្តី ខ្ញុំមិន​ចេះក្លែង ដើម្បី​បៀតបៀន​សត្វ សូម្បីតែ​មួយឡើយ សូមឲ្យ​សំពៅត្រឡប់​ទៅកាន់​ទីមាន​សួស្តី ដោយ​ការពោល​ពាក្យសច្ចៈ​នេះចុះ ។

 

បណ្ដាបទទាំងនោះ បទថា យតោ (តាំងពី) សេចក្ដីថា ខ្ញុំរលឹកនូវ​ខ្លួនចាប់តាំង​ពីកាលណា អធិប្បាយ​ថា ខ្ញុំដល់ការ​ដឹងខ្លួនចាប់​តាំងពី​កាលណា ។ បទថា ឯកបាណម្បិ ហឹសិតំ (បៀតបៀន​សត្វ សូម្បីតែមួយ) សេចក្ដីថា ក្នុងរវាងនេះ ខ្ញុំមិនដឹង​នូវភាពដែល​ខ្លួនបាន​បៀតបៀន សូម្បីសត្វ​មានស្រមោច​ក្រហម​ត្រឹមតែមួយ ដោយការ​ក្លែងឡើយ ។ ពាក្យនេះ គ្រាន់តែ​ជាប្រមាណ​នៃទេសនា​ប៉ុណ្ណោះ ចំណែក​ព្រះពោធិសត្វ ក៏បានធ្វើ​សច្ចកិរិយា​ដោយអំណាច​នៃសីល​ទាំង ៥ យ៉ាងនេះថា វត្ថុជា​របស់អ្នក​ដទៃ សូម្បីត្រឹមតែ​ស្មៅមួយ ក៏យើងមិន​ដែលកាន់​យកដែរ, ប្រពន្ធ​អ្នកដទៃ ក៏មិនធ្លាប់​សម្លឹងមើល​ដោយអំណាច​នៃលោភៈ, មុសាវាទ ក៏យើង​មិនធ្លាប់​ពោលដែរ, យើងមិន​ធ្លាប់ផឹកទឹក​ស្រវឹង សូម្បីដោយ​ចុងស្មៅ កាលព្រះពោធិសត្វ ធ្វើសច្ចកិរិយា​ហើយ ក៏ស្រោច​ទឹកក្នុងភាជនៈ​ទៅលើក្បាល​សំពៅ ។

 

សំពៅដែលបរខុសផ្លូវអស់ ៤ ខែនោះ ក៏ត្រឡប់ ហើយទៅ​ដល់កំពង់​កុរុកច្ឆៈ​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ ដោយអំណាច​នៃពាក្យសច្ចៈ ហាក់បីដូចជា​អ្នកមាន​ឫទ្ធិបណ្ដាល ។ គ្រាទៅ​ដល់ហើយ សំពៅ​ក៏ស្ទុះទៅ​កាន់ដីគោក​ប្រមាណ ៨ ឧសភៈ (៤០០ម៉ែត្រ) ហើយឈប់​នៅត្រង់ទ្វារ​ផ្ទះរបស់​នាវិកពោធិសត្វ ។ ព្រះមហាសត្វ ឲ្យគេបែង​ចែកមាស ប្រាក់ កែវមណី កែវប្រពាឡ កែវមុក្ដា ពេជ្រ ហើយឲ្យ​ដល់ពាណិជ​ទាំងនោះ ។ ព្រះពោធិសត្វ បានឲ្យ​ឱវាទដល់​ពាណិជ​ទាំងនោះថា រតនៈ​ប៉ុណ្ណេះ ក៏ល្មមដល់​អ្នកទាំងឡាយ​ហើយ ពួកអ្នក ចូរកុំចុះ​សមុទ្រទៀត ដូច្នេះ​ហើយ កាលធ្វើបុណ្យ​ទាំងឡាយ មានឲ្យទាន​ជាដើម​រហូត​អស់ជីវិត ក៏បានកើត​ក្នុងទេវបុរី ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សូម្បីក្នុង​កាលមុន តថាគត ក៏ជាអ្នកមាន​បញ្ញាច្រើន​យ៉ាងនេះ ហើយព្រះអង្គ​ប្រជុំជាតកថា

តទា បរិសា ពុទ្ធបរិសា អហេសុំ បរិស័ទ​ក្នុងកាលនោះ បានមក​ជាពុទ្ធបរិស័ទ ។

សុប្បារកបណ្ឌិតោ បន អហមេវ អហោសឹ ចំណែក​សុប្បារកបណ្ឌិត គឺ តថាគត​នេះឯង ។

ចប់ សុប្បារកជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៣៣)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស. ២៥៦១