សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

សុជាតាជាតកទី៩

កាលព្រះសាស្ដា កាលស្ដេចគង់នៅវត្ត​ជេតពន ប្រារព្ធ​នាង​សុជាតា ជាធីតា​របស់​ធនញ្ចយ​សេដ្ឋី ហើយ​ជា​ប្អូនស្រី​របស់នាង​វិសាខា និងជា​កូនប្រសា​របស់​អនាថ​បិណ្ឌិក​សេដ្ឋី បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា ន ហិ វណ្ណេន សម្បន្នា ដូច្នេះ​ជាដើម។

 

មានសេចក្ដីតំណាលថា ផ្ទះអនាថបិណ្ឌិកសេដ្ឋី តាំងពី​បាននាង​សុជាតា​ចូលទៅ​នៅ (ឈ្មោះថា) ​នាងបាន​បំពេញ​ដោយ​យស​ដ៏ធំ តែនាង​មាន​សេចក្ដី​ចចេស រឹងត្អឹង ប្រកាន់​មានះ អាងថា យើង​ជា​ធីតា​របស់​មហា​ត្រកូល ដូច្នេះ​ទើបច្រើន​ទៅដោយ​សេចក្ដី​ក្រេវ​ក្រោធ ​ខឹង​សម្បា កាច​ឆ្នាស់ សំដី​អាក្រក់ មិន​ធ្វើវត្ត​ប្រតិបត្តិ​គោរព​មាតា​បិតា​ក្មេក និង​ស្វាមី​របស់​ខ្លួន ចេះ​តែ​ជេរ​ប្រទេច​គំហក​កំហែង​វាយ​ដំ​ទះ​តប់​ជនអ្នក​នៅក្នុងផ្ទះ។

 

ថ្ងៃមួយ ព្រះសាស្តាមានភិក្ខុ ៥០០ ជា​បរិវារ យាង​ទៅកាន់​ផ្ទះ​អនាថ​បិណ្ឌិក​សេដ្ឋី ហើយ​ព្រះអង្គប្រថាប់។ មហា​សេដ្ឋី​អង្គុយ​ស្ដាប់​ធម៌ជិត​ព្រះមាន​ព្រះភាគ ក្នុងខណៈ​នោះ ​នាង​សុជាតា​ឈ្លោះ​ប្រកែក​ជាមួយ​ពួកទាស​កម្មករ។ ព្រះសាស្ដាក៏​បញ្ឈប់​ធម្មកថា ហើយ​ត្រាស់​សួរថា នោះជា​សំឡេង​អ្វី? សេដ្ឋី​ក្រាប​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន នោះជា​កូន​ប្រសា​របស់​ត្រកូល នាងមិន​មាន​សេចក្ដី​គោរព​កោត​ក្រែង មិនធ្វើ​វត្តចំពោះ​ឪពុក​ម្ដាយ​ក្មេក​និង​ប្ដីរបស់​ខ្លួន​ឡើយ ជា​ស្រ្តីមិន​មាន​សទ្ធា មិន​ជ្រះ​ថ្លា ចេះ​តែ​ឈ្លោះ​ទាស់​ទែង​រាល់​ព្រឹក​ល្ងាច។ ​ព្រះមានព្រះភាគ​ត្រាស់​ថា បើ​យ៉ាងនោះ អ្នកចូរ​ឲ្យ​គេហៅ​នាង​មក។ នាង​សុជាតា​ក៏មក​ថ្វាយ​បង្គំ ហើយអង្គុយ​ក្នុងទី​ដ៏សមគួរ។

 

លំដាប់នោះ ព្រះសាស្ដា​ត្រាស់​សួរនាង​ថា នែ​នាង​សុជាតា ​ភរិយា​របស់​បុរស​ មាន ៧ ពួក តើ​នាង​ជា​ភរិយា​របស់​បុរស ​ដូច​ម្ដេច? នាង​ទូល​ថា ខ្ញុំ​ម្ចាស់​មិន​យល់​សេចក្ដី ដែល​ព្រះអង្គ​ត្រាស់​សួរ​ដូច្នេះ​ទេ សូម​ទ្រង់​សម្ដែង​ឲ្យ​ពិស្ដារផង។ ព្រះសាស្ដា​ត្រាស់​ថា បើ​យ៉ាងនោះ នាង​ចូរស្ដាប់​ចុះ ហើយ​ទ្រង់​សម្ដែងគាថា​ទាំងនេះ​ថា

 

បទុដ្ឋចិត្តា អហិតានុកម្បិនី, អញ្ញេសុ រត្តា អតិមញ្ញតេ បតឹ,

ធនេន កីតស្ស វធាយ ឧស្សុកា; យា ឯវរូបា បុរិសស្ស ភរិយា,

វធកា ច ភរិយាតិ ច សា បវុច្ចតិ។

ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមាន​ចិត្តប្រទូស្ត (នឹងស្វាមី) មានសេចក្តី​មិន​អនុគ្រោះ​នូវ​ប្រយោជន៍ ជាអ្នក​ត្រេកត្រអាល​ក្នុង​បុរស​ដទៃ មើលងាយ​ប្តី ខ្វល់ខ្វាយ​ដើម្បី​សម្លាប់ (ប្តី) ស្រ្តីណា ជាភរិយា​នៃបុរស មាន​សភាព​ដូច្នេះ ស្រ្តីនោះ ហៅថា វធកាភរិយា (ភរិយាទុក​ស្មើ​ពេជ្ឈឃាត)។

 

យំ ឥត្ថិយា វិន្ទតិ សាមិកោ ធនំ, សិប្បំ វណិជ្ជញ្ច កសឹ អធិដ្ឋហំ,

អប្បម្បិ តស្ស អបហាតុមិច្ឆតិ; យា ឯវរូបា បុរិសស្ស ភរិយា,

ចោរី ច ភរិយាតិ ច សា បវុច្ចតិ។

ស្វាមីនៃស្រ្តីបាននូវទ្រព្យណាហើយតម្កល់​ទុក ដើម្បីធ្វើ​នូវសិល្បៈ​ក្តី នូវជំនួញ​ក្តី នូវ​កសិកម្ម​ក្តី ស្ត្រីនោះ ប្រាថ្នា​ដើម្បី​លួច​កិបយក​នូវទ្រព្យ សូម្បី​បន្តិច​បន្តួច​អំពី​ទ្រព្យនោះ ស្ត្រីណា ជាភរិយា​នៃបុរស​មាន​សភាព​ដូច្នេះ ស្រ្តីនោះ ហៅថា ចោរីភរិយា (ភរិយា​ជាចោរ)។

 

អកម្មកាមា អលសា មហគ្ឃសា, ផរុសា ច ចណ្ឌី ច ទុរុត្តវាទិនី,

ឧដ្ឋាយកានំ អភិភុយ្យ វត្តតិ; យា ឯវរូបា បុរិសស្ស ភរិយា,

អយ្យា ច ភរិយាតិ ច សា បវុច្ចតិ។

ស្ត្រីមិនមានសេចក្តីប្រាថ្នានឹងធ្វើនូវការងារ ជាអ្នក​ខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោល​នូវពាក្យ​អាក្រក់ ប្រព្រឹត្ត​គ្របសង្កត់​នូវស្វាមី ដែលមាន​ព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយា​នៃបុរស​មាន​សភាព​ដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា (ភរិយា​ស្មើ​ចៅហ្វាយ​នាយ)។

 

យា សព្វទា ហោតិ ហិតានុកម្បិនី, មាតាវ បុត្តំ អនុរក្ខតេ បតឹ,

តតោ ធនំ សម្ភតមស្ស រក្ខតិ; យា ឯវរូបា បុរិសស្ស ភរិយា,

មាតា ច ភរិយាតិ ច សា បវុច្ចតិ។

ស្ត្រីណា មានសេចក្តីអនុគ្រោះនូវប្រយោជន៍​សព្វ ៗ កាល ចេះរក្សាប្តី ដូចជា​មាតារក្សា​កូន ទាំង​រក្សានូវ​ទ្រព្យដែល​ស្វាមីនោះ​បានមក​អំពី​ទីនោះ ៗ ស្រ្តីណា​ជា​ភរិយា​នៃបុរស​មាន​សភាព​ដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា (ភរិយា​ទុក​ស្មើម្ដាយ)។

 

យថាបិ ជេដ្ឋា ភគិនី កនិដ្ឋកា, សគារវា ហោតិ សកម្ហិ សាធិកេ,

ហិរីមនា ភត្តុ វសានុវត្តិនី; យា ឯវរូបា បុរិសស្ស ភរិយា,

ភគិនី ច ភរិយាតិ ច សា បវុច្ចតិ។

ស្រ្តីមានសេចក្តីគោរពក្នុងស្វាមីរបស់ខ្លួន ដូចប្អូនស្រី​គោរព​បងប្រុស មាន​សេចក្តី​អៀនខ្មាស ប្រព្រឹត្ត​ទៅតាម​អំណាច​នៃភស្តា ស្រ្តីណា​ជាភរិយា​នៃបុរស​មាន​សភាព​ដូច្នេះ ស្ត្រី​នោះ ហៅថា ភគិនីភរិយា (ភរិយា​ទុក​ដូច​ជា​ប្អូនស្រី)។

 

យាចីធ ទិស្វាន បតឹ បមោទតិ, សខី សខារំវ ចិរស្សមាគតំ,

កោលេយ្យកា សីលវតី បតិព្វតា; យា ឯវរូបា បុរិសស្ស ភរិយា,

សខី ច ភរិយាតិ ច សា បវុច្ចតិ។

ស្ត្រីណា ក្នុងលោកនេះ បានឃើញនូវប្តីហើយ ក៏រីករាយ ដូចជា​សម្លាញ់​បានឃើញ​សម្លាញ់ ដែល​មកអស់​កាលយូរ ស្រ្តីនោះ​បរិបូណ៌​ដោយ​ត្រកូល មាន​សីលធម៌ ជាស្រ្តី​មាន​វត្តប្រតិបត្តិ​ក្នុងប្តី ស្រ្តីណា ជា​ភរិយា​នៃបុរស​មានសភាព​ដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា (ភរិយា​ទុក​ដូច​ជា​សម្លាញ់)។

 

អក្កុទ្ធសន្តា វធទណ្ឌតជ្ជិតា, អទុដ្ឋចិត្តា បតិនោ តិតិក្ខតិ,

អក្កោធនា ភត្តុ វសានុវត្តិនី; យា ឯវរូបា បុរិសស្ស ភរិយា,

ទាសី ច ភរិយាតិ ច សា បវុច្ចតិ។

ស្រ្តីដែលស្វាមីជេរ វាយ គំរាមដោយដំបង មិនមានចិត្ត​ប្រទូស្តវិញ ចេះអត់​សង្កត់​ដល់ប្តី មិនក្រោធ ប្រព្រឹត្ត​ទៅតាម​អំណាច​នៃភស្តា ស្ត្រីណា​ជា​ភរិយា​នៃបុរស មាន​សភាព​ដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា (ភរិយា​ទុក​ដូច​ជាទាសី)។ (សុត្តន្តបិដក អង្គុត្តរនិកាយ សត្តកនិបាត អព្យាកតវគ្គ ភរិយាសូត្រ បិដកលេខ ៤៧ ទំព័រ ១៦៩)

 

នែនាងសុជាតា ភរិយាមាន ៧ ពួកនេះ។ បណ្ដាភរិយា​ទាំង ៧ នោះ ភរិយា ៣ ពួក គឺ វធកសមា (ភរិយា​ទុកស្មើ​អ្នក​សម្លាប់) ១ ចោរសមា (ភរិយា​ទុក​ស្មើចោរ) ១ អយ្យសមា (ភរិយា​ទុក​ស្មើម្ចាស់) ១ (ស្លាប់​ទៅ) រមែង​កើតនៅ​ក្នុង​នរក​ ឯ​ភរិយា ៤ ពួក​ក្រៅ​នេះ (ស្លាប់​ទៅ) នឹង​ទៅ​កើត​ក្នុង​ទេវលោក​ជាន់​និម្មានរតី។

 

(ព្រះពុទ្ធត្រាស់ទៀតថា)

យាចីធ ភរិយា វធកាតិ វុច្ចតិ, ចោរីតិ អយ្យាតិ ច យា បវុច្ចតិ;

ទុស្សីលរូបា ផរុសា អនាទរា, កាយស្ស ភេទា និរយំ វជន្តិ តា។

ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា​អយ្យាក្តី ភរិយា​ទាំងនោះ មាន​សភាព​ជាស្ត្រី​ទ្រុស្តសីល រឹងរូស មិនមាន​សេចក្តី​គោរព លុះបែក​ធ្លាយ​រាងកាយ ស្លាប់ទៅ រមែង​ទៅកាន់​នរក។

 

យាចីធ មាតា ភគិនី សខីតិ ច, ទាសីតិ ភរិយាតិ ច យា បវុច្ចតិ;

សីលេ ឋិតត្តា ចិររត្តសំវុតា, កាយស្ស ភេទា សុគតឹ វជន្តិ តា។

ភរិយាណាក្នុងលោកនេះ ដែលហៅថា​មាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយា​ទាំងនោះ ជាស្រ្តី​សង្រួម​អស់កាល​ជាយូរ​អង្វែង ព្រោះតាំង​នៅក្នុង​សីលធម៌ លុះបែក​ធ្លាយ​រាងកាយ ស្លាប់​ទៅ រមែង​ទៅកាន់​សុគតិ។ (សុត្តន្តបិដក អង្គុត្តរនិកាយ សត្តកនិបាត អព្យាកតវគ្គ ភរិយាសូត្រ បិដកលេខ ៤៧ ទំព័រ ១៧២)

 

កាលព្រះសាស្តាសម្ដែងភរិយា ៧ ពួក​នេះ​ហើយ នាង​សុជាតា​បាន​តាំងនៅ​ក្នុង​សោតាបត្តិផល។ ​ព្រះពុទ្ធ​ត្រាស់សួរ​ថា នែនាង​សុជាតា បណ្ដា​ភរិយា​ទាំង ៧ ពួក​នេះ ​តើនាង​ជា​ភរិយា​បែបណា? នាងសុជាតា​ក្រាប​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ខ្ញុំម្ចាស់​ជា​ទាសីភរិយា (ភរិយា​ទុកស្មើ​ខ្ញុំស្រី) រួចនាង​ថ្វាយបង្គំ​សូម​ខមាទោស​ព្រះតថាគត ។ ព្រះសាស្ដា​ទូន្មាន​នាង​សុជាតា​ដែលជា​ឃរសុណិសា (កូនប្រសាស្រី​ក្នុងផ្ទះ) ដោយ​ឱវាទ​តែមួយ ​កាល​សម្រេច​ភត្តកិច្ច​ហើយ ទ្រង់យាង​ទៅ​កាន់​វត្ត​ជេតវន​វិញ កាល​ភិក្ខុ​សង្ឃ​សម្ដែង​កិច្ច​វត្ត​ថ្វាយ​ស្រេច​ហើយ ទ្រង់​យាងចូល​ក្នុង​គន្ធកុដិ។ ភិក្ខុ​ទាំង​ឡាយ​​ញ៉ាំង​គុណកថា​របស់​ព្រះសាស្ដា​ឲ្យតាំងឡើង​ក្នុង​ធម្ម​សភា​ថា ម្នាល​អាវុសា ​ព្រះ​សាស្ដា​ទូន្មាន​នាង​សុជាតា​ឃរសុណិសា ដោយ​ឱវាទ​តែ​ម្ដង ​នាង​ក៏បានតាំង​នៅក្នុង​សោតាបត្តិ​ផល។ ព្រះសាស្ដា​យាង​​មក​ ហើយ​ត្រាស់​សួរថា ម្នាលភិក្ខុ​ទាំងឡាយ​ អម្បាញ់​មិញនេះ អ្នកទាំងឡាយ​អង្គុយ​ប្រជុំគ្នា​និយាយ​រឿងអ្វី?​ កាលពួក​ភិក្ខុទូលថា ដោយរឿង​នេះ ទើប​ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ មិនមែន​តែក្នុង​កាលឥឡូវ​នេះទេ សូម្បី​ក្នុង​កាលមុន នាង​សុជាតាក៏​តថាគត​ធ្លាប់​ទូន្មាន​បាន​ដោយ​ឱវាទ​តែ​ម្ដង​ដូចគ្នា​ដែរ ហើយ​ទ្រង់​នាំ​អតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើត​ក្នុង​ផ្ទៃ​​អគ្គ​មហេសី​របស់​ស្ដេច​អង្គនោះ លុះ​ចម្រើន​វ័យ​ធំ​​ហើយ បាន​ទៅ​រៀន​សិល្ប​សាស្រ្តទាំងពួង​នៅ​ឯ​នគរ​តក្កសិលា អំណឹះអត់​អំពី​ព្រះបិតា​ទៅ​ ក៏​បាន​សោយ​រាជ្យ​ប្រកប​ដោយ​ធម៌។ ចំណែក​ព្រះមាតា​របស់​ព្រះអង្គ ​ជា​ស្រ្តី​ក្រេវក្រោធ ​កាច​រឹង​រូស គិតតែ​ជេរ​ប្រទេច​ផ្ដាសា។ ព្រះពោធិសត្វ​ចង់​ថ្វាយ​ឱវាទ​ដល់​ព្រះមាតា​ដែរ តែគិត​ថា មិន​គួរ​និយាយ​ដោយមិន​មាន​រឿងជាឧទាហណ៍​ឡើយ ដូច្នេះទើប​សម្លឹងមើល ​រក​សេចក្ដី​ឧបមាណា​មួយ ​ដើម្បី​ជាការ​ទូន្មាន​ព្រះ​នាង។

 

ថ្ងៃមួយ ស្ដេចយាងទៅ​ក្រសាលឧទ្យាន សូម្បី​ព្រះមាតា​ក៏យាង​ទៅ​ជាមួយនឹង​បុត្រ។ លុះដល់​ពាក់​កណ្ដាល​ផ្លូវ មាន​សត្វ​ត្រដេវវិច​មួយ​ស្រែកយំ ពួកបុរស​របស់​ព្រះពោធិសត្វ​ឮ​សំឡេង​នោះហើយ ​នាំគ្នា​បិទត្រចៀក ​ស្រែកឡើង​ថា នែ​វ៉ើយ អាសត្វ​សំដី​កំណាច សំដី​អាក្រក់ ឯងកុំ​ស្រែក​យំ។ កាលព្រះ​ពោធិសត្វ​មាន​ពួក​ស្រីរបាំ​ហែហម ទ្រង់​យាងទៅ​ឧទ្យាន ជា​មួយ​ព្រះមាតា​មាន​សត្វ​តាវៅ​មួយ​​សម្ងំទំ​លើ​ដើមរាំងដែល​មាន​ផ្ការីក​ស្គុះស្គាយ វាយំ​ដោយ​សូរសៀង​ដ៏ពីរោះ។ ​មហាជន​ជក់​ចិត្តដោយ​សំឡេង​នោះ ហើយ​ប្រណម្យ​អញ្ជលី ស្រែក​អង្វរថា នែ​បក្សី​មាន​សំដី​ផ្អែមល្ហែម​ជាទី​ស្រឡាញ់ មាន​សំដីទន់​ភ្លន់ អ្នកចូរ​បង្អុរសូរ​សព្ទ​មកទៀតចុះ រួចនាំ​គ្នាងើយ កឡើង មានត្រចៀក​ផ្ទៀងស្ដាប់ ឈរសម្លឹង​រកមើល។

 

លំដាប់នោះ ព្រះមហាសត្វ​ឃើញហេតុ​ទាំងពីរ​នេះ ហើយគិត​ថា ឥឡូវ​នេះ អញនឹង​អាចញ៉ាំង​ព្រះមាតា​ឲ្យយល់​បាន ទើបទូល​ថា បពិត្រ​ព្រះមាតា ​មហា​ជន​ឮ​សំឡេង​ត្រដេវវិច នៅកណ្ដាល​ផ្លូវ ក៏នាំ​គ្នាបិទ​ត្រចៀក​ ស្រែកឃាត់​ថា កុំ​ស្រែក កុំស្រែក ឈ្មោះថា ផរុសវាចា សំដី​អាក្រក់ រមែង​មិនជា​ទីគាប់​ចិត្តដល់​អ្នកណា​មួយឡើយ ហើយពោល​គាថាទាំង​នេះ​ថា

 

ន ហិ វណ្ណេន សម្បន្នា, មញ្ជុកា បិយទស្សនា;

ខរវាចា បិយា ហោន្តិ, អស្មឹ លោកេ បរម្ហិ ច។

ពួកជនប្រកបដោយសម្បុរ មានសំឡេងពីរោះ មានរូបជា​ទីស្រឡាញ់ គួររមិល​មើល តែជា​អ្នកមាន​វាចា​រឹងរូស មិនជាទី​ស្រឡាញ់​របស់​អ្នកផង ក្នុងលោក​នេះ និងលោក​ខាង​មុខទេ។

 

ននុ បស្សសិមំ កាឡឹ, ទុព្វណ្ណំ តិលកាហតំ;

កោកិលំ សណ្ហភាណេន, ពហូនំ បាណិនំ បិយំ។

ព្រះមាតា ឃើញមេតាវៅខ្មៅនេះ ដែលមាន​សម្បុរ​អាក្រក់ ដេរដាស​ដោយពណ៌​ពព្រុះ អុចៗ តែថា​ជាទី​ស្រឡាញ់​របស់​សត្វច្រើន ដោយសារ​វាចា​ពីរោះឬទេ។

 

តស្មា សខិលវាចស្ស, មន្តភាណី អនុទ្ធតោ;

អត្ថំ ធម្មញ្ច ទីបេតិ, មធុរំ តស្ស ភាសិតំ។

ព្រោះហេតុនោះ បុគ្គលគប្បីជាអ្នកមានវាចា​ល្អិតល្អ ជាអ្នក​ពោលពាក្យ​លៃតាម​ប្រាជ្ញា មិនមាន​ចិត្តរាយមាយ រមែង​សំដែង​នូវអត្ថ និងធម៌ ភាសិត​របស់​បុគ្គល​នោះ ទើបឈ្មោះថា​ពីរោះ។

 

ព្រះពោធិសត្វសម្ដែងធម៌ថ្វាយព្រះមាតា ដោយគាថា​ទាំង ៣ នេះ យ៉ាងនេះ​ហើយ ញ៉ាំងព្រះ​នាង​ឲ្យយល់ ចាប់ពី​ពេលនោះ​មក ព្រះនាង​ក៏​បរិបូណ៌​ដោយ​អាចារៈ។ ចំណែក​ព្រះ​ពោធិសត្វ​ញ៉ាំង​ព្រះមាតា​ឲ្យ​លែងសេព​គប់ខុស​ ដោយ​ឱវាទ​តែម្ដង​ហើយ ក៏ទៅ​តាម​យថាកម្ម។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ប្រជុំ​ជាតកថា

 

តទា ពារាណសិរញ្ញោ មាតា សុជាតា អហោសិ មាតារបស់​ព្រះរាជា​ពារាណសី​ក្នុងកាល​នោះ បានមក​ជានាង​សុជាតា

រាជា បន អហមេវ អហោសឹ ចំណែក​ព្រះរាជា គឺ​តថាគត​នេះឯង។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥៥)

ដោយ ស.ដ.វ.ថ.