នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សិវិជាតក

(បិដកខ្មែរ សិវិរាជជាតក)

ព្រះសាស្ដា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ​អសទិសទាន ត្រាស់​ធម្មទេសនា​នេះ មានពាក្យថា ទូរេ អបស្សំ ថេរោវា  ដូចនេះជាដើម ។

រឿងរ៉ាវជាបច្ចុប្បន្ននិទាននោះ បានពោល​ពិស្ដារហើយ​ក្នុង​សិវិរាជជាតក ក្នុង អដ្ឋកនិបាត​នោះឯង ។

ក្នុងកាលនោះ ព្រះបាទបសេនទិកោសល ទ្រង់ថ្វាយបរិក្ខារ​គ្រប់យ៉ាង ក្នុងថ្ងៃ​ទី ៧ ទូល​សូមនូវ​ការ​អនុមោទនា ។ ព្រះសាស្ដា​មិនបានត្រាស់​អ្វីឡើយ ស្ដេចទៅ​កាន់វិហារ ។ ព្រះរាជា​ទ្រង់យាង​ទៅកាន់​វិហារ​ក្នុងវេលា​នៃភោជន គឺ​បុគ្គល​គប្បី​បរិភោគ​ក្នុងវេលាព្រឹក (ក្នុង​វេលាអាហារ​ពេលព្រឹក) ហើយ​ត្រាស់សួរ​ថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ព្រោះហេតុអ្វី ព្រះអង្គ​ទើបមិន​ធ្វើការ​អនុមោទនា ? ព្រះសាស្ដា​ត្រាស់ថា បពិត្រមហារាជ ព្រោះបរិសទ្យ​មិនបរិសុទ្ធ ហើយ​ទ្រង់សម្ដែង​ព្រះធម្មទេសនា​ដោយ​ព្រះគាថា​ថា ន វេ កទរិយា ទេវលោកំ វជន្តិ [ខុទ្ទកនិកាយ ធម្មបទ លោកវគ្គ បិដកលេខ ៥២ ទំព័រ ៥៩ ។] បុគ្គល​កំណាញ់​ស្វិតស្វាញ មិនបានទៅ​កាន់​ទេវលោក​ទេ ជាដើម ។ ព្រះរាជា​ទ្រង់ជ្រះថ្លា​ បានបូជា​ព្រះតថាគត​ដោយសំពត់​ឧត្តរាសង្គៈ (សំពត់ដណ្ដប់) ដែលជា​សីវេយ្យកពស្ត្រ​មានតម្លៃ ១ សែន ហើយ​ស្ដេច​ត្រឡប់​ទៅ​ព្រះនគរ ។ ក្នុងថ្ងៃស្អែក ភិក្ខុទាំងឡាយ​សន្ទនាគ្នា ក្នុង​សាលាធម្មសភា​ថា ម្នាលអាវុសោ​ទាំងឡាយ ព្រះរាជា​ក្នុងដែន​កោសល ទ្រង់ថ្វាយ​អសទិសទាន ហើយនៅ​មិនឆ្អែត​ស្កប់ស្កល់​ដោយទាន​សូម្បីមាន​សភាព​ដូច្នោះ កាលព្រះ​ទសពល​ទ្រង់​សម្ដែង​ធម៌ហើយ បានថ្វាយ​សំពត់​សីវេយ្យកៈ​ដែលមាន​តម្លៃ ១ សែនទៀត ម្នាល​អាវុសោ​ទាំងឡាយ រហូតវេលា​ដែលទ្រង់​ថ្វាយទាន​នៅមិន​ឆ្អែតស្កប់ស្កល់​ព្រះទ័យ​ឡើយ ។ ព្រះសាស្ដា ស្ដេចមកហើយ ត្រាស់សួរថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ឥឡូវនេះ ពួកអ្នក​សន្ទនាគ្នា​ដោយរឿងអ្វី ? កាលភិក្ខុទាំងនោះ ក្រាបទូលហើយ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដែលឈ្មោះថា ពាហិរភណ្ឌ គឺជាទាន​ដែលបុគ្គល​ឲ្យហើយ​ដោយល្អ បោរាណកបណ្ឌិត​ទាំងឡាយ ធ្វើជម្ពូទ្វីប​ទាំងអស់​ឲ្យជាទីទួល ហើយឲ្យ​ទាន បរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ នៅមិន​ឆ្អែតស្កប់ស្កល់​ដោយ​ពាហិរទាន​ឡើយ ហើយ​ត្រាស់ទៀតថា អ្នកឲ្យ​របស់ដែល​ជាទីស្រឡាញ់ រមែង​បានរបស់​ដែលជាទី​ស្រឡាញ់ ដូច្នេះ បណ្ឌិត​ទាំងឡាយ ទើបបានឆ្កៀល​ហើយនូវ​ភ្នែកទាំង ២ ឲ្យដល់​យាចក​ដែលមក​ដល់​ចំពោះមុខ ហើយទ្រង់​នាំអតីតនិទាន​មកសម្ដែងថា

ក្នុងអតីតកាល ព្រះបាទ​សិវិមហារាជ សោយរាជ្យសម្បត្តិ​ក្នុង​អរិដ្ឋបុរនគរ ក្នុងដែន​សិវិរដ្ឋ ព្រះមហាសត្វ ទ្រង់កើត​ជាព្រះឱរស របស់​ព្រះបាទ​សិវិមហារាជ​នោះ ។ ព្រះញាតិវង្ស​ទាំងឡាយ បានថ្វាយ​ព្រះនាមថា សិវិកុមារ ។ ព្រះរាជកុមារ​ចម្រើបវ័យ​ហើយ បានទៅកាន់​នគរតក្កសិលា សិក្សា​សិល្ប៍សាស្ត្រ​ចប់ សព្វគ្រប់ហើយ ត្រឡប់មក​សម្ដែង​សិល្ប៍សាស្ត្រ​ថ្វាយព្រះរាជ​បិតាទត ហើយបាន​ទទួល​ព្រះរាជទាន​យសជា​មហាឧបរាជ ក្នុងវេលា​បន្តបន្ទាប់​មក កាលព្រះរាជបិតា​ទ្រង់ចូល​ទិវង្គត​ហើយ ក៏បាន​ជាព្រះរាជា ទ្រង់លះ​ការលុះ​ក្នុងអគតិ មិនញ៉ាំង​នូវ​ទសរាជធម៌​ឲ្យកម្រើក សោយរាជ្យ​សម្បត្តិ​ប្រកប​ដោយធម៌ ទ្រង់បាន​ឲ្យសាង​សាលទាន​ទុក ៦ កន្លែង គឺត្រង់ទ្វារ​ព្រះនគរ ៤ កន្លែង កណ្ដាល​ព្រះនគរ ១ កន្លែង និងត្រង់​ទ្វារព្រះរាជ​និវេសន៍ ១ កន្លែង ហើយទ្រង់​ញ៉ាំង​មហាទាន​ឲ្យប្រព្រឹត្តទៅ ដោយទ្រង់​បរិច្ចាគទ្រព្យ ៦ សែន រាល់ ៗ ថ្ងៃ ។ ក្នុងថ្ងៃ​អដ្ឋមី ចាតុទ្ទសី បន្នរសី គឺថ្ងៃ ៨, ១៤, ១៥ ព្រះរាជា​ស្ដេចយាង​ទៅកាន់​រោងទាន ទ្រង់ត្រួត​ពិនិត្យ​មើលការឲ្យទាន ជា​ព្រះរាជ​ករណីយកិច្ច​ជាប្រចាំ ។

គ្រាមួយ ជាថ្ងៃពេញបូរមី មានតិថី ១៥ កើត ក្នុងពេលព្រឹក ព្រះបាទសិវិ ប្រថាប់​លើរាជបល្ល័ង្ក​ខាងក្រោម​សមុស្សិតស្វេតច្ឆត្រ ទ្រង់ត្រិះរិះ​ដល់ទានដែល​ព្រះអង្គ​បានបរិច្ចាគ មិនបាន​ឃើញ​ពាហិរវត្ថុ​ណាមួយ ដែលព្រះអង្គ​នៅធ្លាប់ឲ្យ​ឡើយ ទើបទ្រង់​ព្រះចិន្តាថា ពាហិរវត្ថុ​ដែលឈ្មោះថា យើងនៅ​មិនបាន​បរិច្ចាគ មិនមាន ពាហិរទាន​នៅមិនបាន​ញ៉ាំងយើង​ឲ្យត្រេកអរឡើយ យើង​ប្រាថ្នានឹង​ឲ្យ​អជ្ឈត្តិកទាន ឱហ៎្ន ! ក្នុងថ្ងៃនេះ វេលាដែល​យើងទៅ​រោងទាន យាចក​ណានីមួយ​ប៉ុណ្ណោះ កុំសូម​ពាហិរវត្ថុ​ឡើយ គប្បីកាន់​យកនូវ​ឈ្មោះនៃ​អជ្ឈត្តិកទាន​ចុះ ពិតមែន ប្រសិនបើ​អ្នកណា​នីមួយ គប្បីកាន់​យកនូវ​ឈ្មោះនៃ​សាច់​បេះដូង របស់យើង​សោត យើងនឹងពុះ​ទ្រូង​ដោយច្បូក នាំយក​បេះដូង​ដែលជាទី​ហូរចេញ​នៃដំណក់​ឈាម ហើយឲ្យ បីដូចជា ការដកឡើង​នូវ​បទុមជាតិ​ទាំងដើម ចេញអំពី​ទឹកដ៏ថ្លា​ដូច្នោះ បើអ្នក​ណាមួយ ចេញមាត់​សូមសាច់​ក្នុងសរីរៈ​របស់យើង យើងនឹង​ពន្លះសាច់​ក្នុងសរីរៈ​ហើយឲ្យ បីដូច​ជាការឆូត​នូវចន្ទន៍ក្រហម ដោយសស្ត្រាសម្រាប់​ឆូតដូច្នោះ ប្រសិនបើ​អ្នកណា​សូម​លោហិត យើងនឹងចូល​ទៅក្នុង​យន្តមុខ (អាវុធ) ញ៉ាំងភោជន​ដែលមនុស្ស​នាំចូល​ទៅហើយ​ឲ្យពេញ ហើយឲ្យ​នូវលោហិត ។ ម្យ៉ាងទៀត ប្រសិនបើ​អ្នកណា​មួយ និយាយនឹង​យើងថា ការងារក្នុង​ផ្ទះរបស់ខ្ញុំ​មិនប្រព្រឹត្តទៅ ព្រះអង្គ​ចូរធ្វើនូវ​ការងារ​នៃទាសៈ ក្នុងផ្ទះ​របស់ខ្ញុំ ដូច្នេះ យើងនឹង​លះការតែង​ខ្លួនជា​ក្សត្រ ធ្វើខ្លួនឲ្យ​តាំងនៅក្នុង​ចំណែកខាង​ក្រៅតំណែង ហើយ​ប្រកាស​ខ្លួន ធ្វើការងារ​របស់ទាសៈ ។ បើអ្នកណា​សូមកែវភ្នែក​របស់យើង យើងឆ្កៀល​កែវភ្នែក​ទាំងគូឲ្យ ហាក់បី​ដូចជាការនាំ​ចេញ នូវសាច់ត្នោត ដូច្នោះ ។ ព្រះរាជា​ទ្រង់ត្រិះរិះ​តទៅទៀតថា

យំកិញ្ចិ មានុសំ ទានំ, អទិន្នំ មេ ន វិជ្ជតិ

យោបិ យាចេយ្យ មំ ចក្ខុំ, ទទេយ្យំ អវិកម្បិតោ [ខុទ្ទកនិកាយ ចរិយាបិដក សិវិរាជចរិយា បិដកលេខ ៧៧ ទំព័រ ២៥០ ។] ។

ទានណាមួយ ជារបស់មនុស្ស ទាននោះ គឺអញមិន​ដែលឱ្យហើយ មិនមាន​ឡើយ បើមាន​យាចកណា មកសូម​ភ្នែកអញ អញនឹង​មិនញាប់ញ័រ ត្រូវតែឱ្យ (ដល់យាចកនោះ) ។

ដូចនេះហើយ ទ្រង់ស្រង់ដោយទឹក​ក្រអូប ១៦ ក្អម ទ្រង់ប្រដាប់​តាក់តែង​ហើយ ដោយគ្រឿង​អលង្ការ​ទាំងពួង សោយ​ព្រះក្រយាហារ ដែលមាន​រសដ៏​ប្រណីត​ផ្សេងៗ ហើយស្ដេច​ប្រថាប់លើ​ដំរីមង្គល ដែល​ប្រដាប់​តាក់តែងហើយ ស្ដេចបាន​ទៅកាន់​រោងទាន ។

សក្កទេវរាជ ទ្រង់ជ្រាបអធ្យាស្រ័យ​របស់​ព្រះមហាសត្វ ទើបត្រិះរិះថា ថ្ងៃនេះ ព្រះបាទ​សិវិរាជ​ទ្រង់ត្រិះរិះថា នឹងឆ្កៀល​ព្រះនេត្រ​ព្រះរាជទាន​ដល់​យាចក ដែលមក​ដល់ចំពោះ​មុខ ព្រះអង្គ​នឹងអាច​ព្រះរាជទាន ឬមិនអាច ? កាលនឹង​ទ្រង់សាកល្បង​ព្រះបាទសិវិ ទើបទ្រង់​ក្លែងភេទ​ជាព្រាហ្មណ៍​ចាស់ជរា មានភ្នែក​ងងឹត ក្នុងវេលា​ព្រះរាជា​ស្ដេចទៅកាន់​រោងទាន បានឈរ​ក្នុងទីខ្ពស់​មួយ លាតនូវដៃ​ថ្វាយ​ជយមង្គល​ដល់ព្រះរាជា ។ ព្រះរាជា ឲ្យបញ្ឈប់​ដំរីចំពោះ​មុខ​ព្រាហ្មណ៍នោះ ហើយត្រាស់​សួរថា ម្នាលព្រាហ្មណ៍ លោក​និយាយអ្វី ? លំដាប់នោះ សក្កទេវរាជ​ត្រាស់ថា បពិត្រ​មហារាជ លោកសន្និវាស​ទាំងអស់ ផ្សាយ​ទៅដោយ​កិត្តិសព្ទ ដែលទៅ​ហើយក្នុង​ចំណែក​ខាងលើ អស់កាល​ជានិច្ច ព្រោះ​អាស្រ័យ​អធ្យាស្រ័យ​បង្អោនទៅ​ក្នុងទាន​របស់ព្រះអង្គ ចំណែកខ្ញុំព្រះ​ករុណា ជាមនុស្ស​ខ្វាក់ ព្រះអង្គ​មានព្រះនេត្រ​ទាំងពីរ ដូចនេះហើយ កាលនឹង​ទូលសុំ​កែវភ្នែក ទើបត្រាស់​ព្រះគាថាទី ១ ថា

ទូរេ អបស្សំ ថេរោវ, ចក្ខុំ យាចិតុមាគតោ;

កនេត្តា ភវិស្សាម, ចក្ខុំ មេ ទេហិ យាចិតោ។

ខ្ញុំព្រះអង្គជាបុគ្គលចាស់ជរា មើលមិនឃើញឆ្ងាយ មកដើម្បី​សុំនូវ​ព្រះនេត្រ ខ្ញុំព្រះអង្គ​ជាអ្នកមាន​ភ្នែកម្ខាង កាលបើ​ខ្ញុំសុំហើយ សូម​ព្រះអង្គ​ប្រទាន​នូវព្រះនេត្រ​ដល់ខ្ញុំ​ព្រះអង្គ

បណ្ដាបទទាំងនោះ បទថា ទូរេ សេចក្ដីថា នៅឆ្ងាយអំពីទីនេះ ។ បទថា ថេរោ សេចក្ដីថា ជាមនុស្ស​ចាស់ អ្នកចូល​ដល់សេចក្ដី​គ្រាំគ្រា​ព្រោះជរា ។ បទថា ឯកនេត្តា សេចក្ដីថា សូមព្រះអង្គ​ទ្រង់ព្រះរាជ​ទានព្រះនេត្រ ១ ដល់ខ្ញុំ ខ្ញុំព្រះករុណា ជាអ្នកមាន​ភ្នែកម្ខាង នឹងមាន​ទាំងពីរខាង​បាន​ដោយវិធីនេះ ។

ព្រះមហាសត្វ ទ្រង់ស្ដាប់ពាក្យ​នោះហើយ បានត្រិះរិះថា យើងអង្គុយ​គិត​លើ​ប្រាសាទ ឥឡូវមក​ទាន់ពេល​តែម្ដង នេះជាលាភ​របស់យើង មនោរថ​របស់​យើង នឹងដល់​ទីបំផុត​ក្នុងថ្ងៃនេះពិត យើងនឹង​បរិច្ចាគទាន​ដែលមិនធ្លាប់​បរិច្ចាគ​ក្នុងកាល​មុន ហើយទ្រង់​មាន​ព្រះហឫទ័យ​រីករាយ សោមនស្ស ត្រាស់​ព្រះគាថា​ទី ២ ថា

កេនានុសិដ្ឋោ ឥធ មាគតោសិ, វនិព្វក ចក្ខុបថានិ យាចិតុំ;

សុទុច្ចជំ យាចសិ ឧត្តមង្គំ, បុរិសេនយមាហុ នេត្តំ ទុច្ចជំ។

នែស្មូម អ្នកណាប្រាប់អ្នក ទើបអ្នក​មកក្នុងទីនេះ បម្រុង​សុំនូវភ្នែក​ទាំងឡាយ ជនទាំងឡាយពោលនូវ​ភ្នែកណា ថាជារបស់​ដែលបុរស​លះបាន​ដោយក្រ អ្នកសុំ​នូវភ្នែក ជា​អវយវៈ​ដ៏ខ្ពង់ខ្ពស់នោះ ដែលគេ​លះបាន​ដោយ​ក្រក្រៃលែង

ក្នុងព្រះគាថានោះ ព្រះបាទសិវិរាជ ត្រាស់ហៅ​សក្កទេវរាជថា វនិព្វកៈ ។ បទថា ចក្ខុបថានិ នេះ ជាឈ្មោះនៃចក្ខុ​ទាំងពីរខាង ។ បទថា យមាហុ សេចក្ដីថា បណ្ឌិត​ទាំងឡាយ ពោលដួងភ្នែកណា ដែលបុរស​លះបាន​ដោយក្រ ។

ខាងមុខអំពីនេះទៅ គប្បីជ្រាប​សម្ព័ន្ទគាថា​ងាយៗ ដោយន័យ​ដែលមក​ហើយ​ក្នុងព្រះបាលី​ដូចតទៅ ព្រាហ្មណ៍​ទូលតបថា

យមាហុ ទេវេសុ សុជម្បតីតិ, មឃវាតិ នំ អាហុ មនុស្សលោកេ;

តេនានុសិដ្ឋោ ឥធ មាគតោស្មិ, វនិព្វកោ ចក្ខុបថានិ យាចិតុំ។

ពួកទេវតាបានពោលនូវ​ទេវតាវិសេស​ណា ថា​សុជម្បតិ ក្នុងទេវលោក ពួកជន​បានពោល​នូវទេវតា​វិសេសនោះ ថាមឃវៈ ក្នុងមនុស្សលោក ខ្លួនខ្ញុំជាស្មូម ដែលទេវតា​វិសេសនោះ​ប្រាប់ ទើបមក​ក្នុងទីនេះ​បម្រុង​សុំព្រះនេត្រ​ទាំងឡាយ

វនិព្វតោ មយ្ហ វនឹ អនុត្តរំ, ទទាហិ តេ ចក្ខុបថានិ យាចិតោ;

ទទាហិ មេ ចក្ខុបថំ អនុត្តរំ, យមាហុ នេត្តំ បុរិសេន ទុច្ចជំ។

ខ្លួនខ្ញុំជាស្មូម ការសូមជាកិច្ចឧត្តម របស់ខ្ញុំ កាលបើខ្ញុំ​សូម​ព្រះនេត្រ​ទាំងឡាយ សូមព្រះអង្គ​ប្រទាន ពួកជន​បានពោល​នូវភ្នែកណា ថាជា​របស់ដែល​បុរស​លះបាន​ដោយក្រ សូមព្រះអង្គប្រទាន​នូវព្រះនេត្រ​ដ៏ប្រសើរ​នោះ​ដល់ខ្ញុំ​ព្រះអង្គ

ព្រះបាទសិវិត្រាស់តបថា

យេន អត្ថេន អាគច្ឆិ, យមត្ថមភិបត្ថយំ;

តេ តេ ឥជ្ឈន្តុ សង្កប្បា, លភ ចក្ខូនិ ព្រាហ្មណ។

ខ្លួនអ្នកមកដោយប្រយោជន៍ណា ប្រាថ្នានូវប្រយោជន៍ណា ម្នាល​ព្រាហ្មណ៍ អ្នកចូរបាន​នូវភ្នែក​ទាំងឡាយ

ឯកំ តេ យាចមានស្ស, ឧភយានិ ទទាមហំ;

ស ចក្ខុមា គច្ឆ ជនស្ស បេក្ខតោ, យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតូតិ។

កាលបើ អ្នកសូមភ្នែកមួយ យើងនឹងឲ្យ​ភ្នែកទាំងពីរ កាលជន​កំពុងមើល សូមអ្នក​នោះជា​បុគ្គល​មានភ្នែក​ទៅចុះ អ្នកប្រាថ្នា​នូវរបស់ណា របស់នោះ​ចូរសម្រេច​ដល់អ្នក

បណ្ដាបទទាំងនោះ បទថា វនិព្វតោ បានដល់ យាចក ។ បទថា វនឹ សេចក្ដីថា ការសូម ។ បទថា តេ តេ សេចក្ដីថា សេចក្ដី​ត្រិះរិះ​ដើម្បី​ត្រូវការ​របស់​នោះ​របស់លោក​ចូរសម្រេច ។ បទថា ស ចក្ខុមា សេចក្ដីថា អ្នកនោះ ចូរជាអ្នក​មានចក្ខុ​ដោយចក្ខុ​របស់យើង​ទៅចុះ ។ បទថា យទិច្ឆសេ ត្វំ តទតេ សមិជ្ឈតុ សេចក្ដីថា លោកប្រាថ្នា​វត្ថុណា​អំពីយើង សូមវត្ថុនោះ​ចូរសម្រេច​ដល់​លោកចុះ​ ។

ព្រះរាជាត្រាស់ត្រឹមតែប៉ុណ្ណេះ ហើយទ្រង់ត្រិះរិះថា ការដែល​យើងនឹង​ឆ្កៀលភ្នែក​ឲ្យដល់ព្រាហ្មណ៍​ក្នុងទីនេះឯង ជាការ​មិនសមគួរ ទើបនាំ​ព្រាហ្មណ៍ ទៅ​ក្នុងបុរី ហើយប្រថាប់​លើរាជាសនៈ ត្រាស់​បង្គាប់ឲ្យ​ហៅពេទ្យឈ្មោះ​សីវកៈ​មក ហើយត្រាស់ថា អ្នកចូរ​ជម្រះភ្នែក​របស់យើង​ឲ្យស្អាត ។ សំឡេង​គឹក​កង​បានមាន​ក្នុងនគរ​ទាំងមូលថា បានឮថា ព្រះរាជា​របស់យើង មានព្រះរាជ​បំណង​នឹងឆ្កៀល​ព្រះនេត្រ​ទាំងពីរ ព្រះរាជ​ទានដល់​ព្រាហ្មណ៍ ។ លំដាប់នោះ រាជវល្លភៈ​ទាំងឡាយ (អ្នកស្និទ្ធស្នាល​នឹងព្រះរាជា) មាន​សេនាបតី​ជាដើមផង អ្នកនគរ​ទាំងឡាយ​ផង ស្រីស្នំ​ទាំងឡាយផង មកប្រជុំគ្នា កាលនឹង​ក្រាបទូល​ឃាត់ទាន​របស់ព្រះរាជា បានពោល​គាថា​ទាំងឡាយ ៣ ថា

មា នោ ទេវ អទា ចក្ខុំ, មា នោ សព្វេ បរាករិ;

ធនំ ទេហិ មហារាជ, មុត្តា វេឡុរិយា ពហូ។

បពិត្រព្រះសម្មតិទេព សូមទ្រង់កុំប្រទាននូវព្រះនេត្រ សូមទ្រង់​កុំលះបង់ នូវពួក​យើងទាំងអស់​គ្នាឡើយ បពិត្រមហារាជ សូមទ្រង់​ប្រទាននូវ​ព្រះរាជទ្រព្យ គឺ​កែវមុក្តា និង​កែវវិទូរ្យ​ដ៏ច្រើន វិញចុះ

យុត្តេ ទេវ រថេ ទេហិ, អាជានីយេ ចលង្កតេ;

នាគេ ទេហិ មហារាជ, ហេមកប្បនវាសសេ។

បពិត្រសម្មតិទេព សូមទ្រង់ប្រទាននូវរថ ដែលទឹម​ដោយសេះ​អាជានីយ ដែលប្រថាប់​ហើយ បពិត្រមហារាជ សូមព្រះអង្គ​ប្រទាននូវដំរី​ទាំងឡាយ ប្រកប​ដោយគ្រឿង​ប្រដាប់ក្បាល គឺបណ្តាញ​មាសវិញចុះ

យថា តំ សិវយោ សព្វេ, សយោគ្គា សរថា សទា;

សមន្តា បរិកិរេយ្យុំ, ឯវំ ទេហិ រថេសភាតិ។

វទាំងពួងព្រមទាំងខ្សែ ព្រមទាំង​រាជរថ​ចោមរោម​ព្រះអង្គ​ដោយជុំវិញ​គ្រប់កាល ដោយ​ប្រការៈណា បពិត្រ​ព្រះអង្គ​ដ៏ប្រសើរ​ក្នុងរថ សូមព្រះអង្គ​ប្រទាន​ដោយប្រការៈ​នោះចុះ

បណ្ដាបទទាំងនោះ បទថា បរាករិ ប្រែថា លះបង់ហើយ អធិប្បាយថា អ្នកដែនសិវិ​ទាំងឡាយ នាំគ្នាក្រាប​ទូលដោយ​សេចក្ដី​ប្រាថ្នាដូចគ្នាថា កាល​ព្រះអង្គ​ព្រះរាជទាន​ព្រះនេត្រ​ហើយ ព្រះអង្គនឹង​គ្រប់គ្រង​រាជសម្បត្តិ​មិនបាន មនុស្ស​ដទៃនឹង​គ្រប់គ្រង​ជំនួស កាលជា​យ៉ាងនេះ ខ្ញុំព្រះករុណា​ទាំងឡាយ នឹង​ឈ្មោះថា ជាអ្នក​ដែលព្រះអង្គ​លះបង់ហើយ ។ បទថា បរិកិរេយ្យុំ ប្រែថា គប្បី​ឡោមព័ទ្ធ ។ បទថា ឯវំ ទេហិ សេចក្ដីថា អ្នកដែន​សិវិទាំងឡាយ នឹងគប្បី​ចោមរោម​ព្រះអង្គ​អ្នកព្រះនេត្រ​មិនវិកល ដោយ​វិធីយ៉ាងណា សូម​ព្រះអង្គ​ព្រះរាជទាន​ដោយវិធី​យ៉ាងនោះចុះ គឺព្រះអង្គ​ចូរព្រះរាជទាន​ត្រឹមតែទ្រព្យ​ដល់​ព្រាហ្មណ៍​ប៉ុណ្ណោះ កុំព្រះរាជទាន​ព្រះនេត្រទាំង​ពីរឡើយ ព្រោះកាល​ព្រះអង្គ ព្រះរាជទាន​ព្រះនេត្រ​ទាំងពីរហើយ ប្រជារាស្ត្រ​អ្នកដែន​សិវិទាំងឡាយ នឹងមិន​ចោមរោម​ព្រះអង្គតទៅ ។

លំដាប់នោះ ព្រះរាជាបានត្រាស់​ព្រះគាថាទាំងឡាយ ៣ ថា

យោ វេ ទស្សន្តិ វត្វាន, អទានេ កុរុតេ មនោ;

ភូម្យំ សោ បតិតំ បាសំ, គីវាយំ បដិមុញ្ចតិ។

បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្ត ក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថា​យកអន្ទាក់​ដែលធ្លាក់​លើផែន​ដីមក​ពាក់ឰដ៏ក

យោ វេ ទស្សន្តិ វត្វានំ, អទានេ កុរុតេ មនោ;

បាបា បាបតរោ ហោតិ, សម្បត្តោ យមសាធនំ។

បុគ្គលណាពោលថាអាត្មាអញនឹងឲ្យ ហើយធ្វើនូវចិត្តក្នុងការមិនឲ្យវិញ បុគ្គលនោះ ឈ្មោះថាជាបុគ្គលលាមកក្រៃលែងជាងបុគ្គលលាមក ហើយដល់នូវឋាននរកជាទីសម្រេចរបស់យមរាជ

យញ្ហិ យាចេ តញ្ហិ ទទេ, យំ ន យាចេ ន តំ ទទេ;

ស្វាហំ តមេវ ទស្សាមិ, យំ មំ យាចតិ ព្រាហ្មណោតិ។

ស្មូមសូមនូវរបស់ណា បុគ្គលគួរតែឲ្យនូវរបស់នោះ មិនសូមនូវរបស់ណា មិនត្រូវឲ្យ​របស់នោះទេ ព្រាហ្មណ៍​សូមនូវ​របស់ណា​នឹង​អាត្មាអញ អាត្មាអញ​នោះ​នឹងឲ្យ​នូវរបស់​នោះឯង

បណ្ដាបទទាំងនោះ បទថា បដិមុញ្ចតិ សេចក្ដីថា ឲ្យចូលទៅ ។ បទថា បាបា បាបតរោ សេចក្តីថា រមែងឈ្មោះថា ជាបុគ្គល​អាក្រក់​លាមក​ជាងបុគ្គល​អាក្រក់លាមក ។ បទថា សម្បត្តោ យមសាធនំ សេចក្ដីថា រមែងជាអ្នកឈ្មោះ​ថាដល់ឧស្សទនរក ដែលជាស្ថាន​ទីមានអាជ្ញា​នៃស្ដេច​យមរាជ​ដោយពិត ។ បទថា យញ្ហិ យាចេ សេចក្ដីថា ព្រះបាទសិវិត្រាស់ថា បើយាចក​គប្បីសូម​របស់ណា សូម្បីទាយក​ក៏ត្រូវឲ្យ​របស់នោះ ក៏ព្រាហ្មណ៍​នេះ សូមចក្ខុ​នឹងយើង មិនមែនសូម​ទ្រព្យមានកែវ​មុក្តាជាដើម យើងនឹង​ឲ្យចក្ខុដល់​ព្រាហ្មណ៍​ប៉ុណ្ណោះ ។

លំដាប់នោះ កាលអាមាត្យទាំងឡាយ កាលទូលសួរព្រះរាជាថា ព្រះអង្គ នឹងព្រះរាជទានព្រះនេត្រ ព្រោះប្រាថ្នាអ្វី ? ទើបពោលគាថាថា

អាយុំ នុ វណ្ណំ នុ សុខំ ពលំ នុ,កឹ បត្ថយានោ នុ ជនិន្ទ ទេសិ;

កថញ្ហិ រាជា សិវិនំ អនុត្តរោ, ចក្ខូនិ ទជ្ជា បរលោកហេតុ។

បពិត្រព្រះអង្គជាធំជាងជន ព្រះអង្គប្រាថ្នានូវរបស់អ្វី គឺអាយុ ឬពណ៌សម្បុរ ឬសេចក្តីសុខ ឬក៏កម្លាំង ទើបព្រះអង្គប្រទាន (ព្រះនេត្រ) ព្រះរាជាទ្រង់ប្រសើរជាងជន អ្នកនៅក្នុងដែនសិវិទាំងឡាយ មិនសម​បើប្រទានព្រះនេត្រទាំងឡាយ ព្រោះហេតុនៃប្រយោជន៍ក្នុងបរលោក

បណ្ដាបទទាំងនោះ បទថា បរលោកហេតុ សេចក្ដីថា បពិត្រមហារាជ ឈ្មោះថាបុរសជាបណ្ឌិតដូចព្រះអង្គ ចាំបាច់លះ​ឥស្សរិយយស​ជាចំណែក​បច្ចុប្បន្ន​ហើយ ព្រះរាជទាន​ព្រះនេត្រ ព្រោះហេតុនៃ​បរលោកឬ ?

លំដាប់នោះ ព្រះរាជាកាលនឹងត្រាស់តបអាមាត្យទាំងនោះ ទើបត្រាស់ ព្រះគាថា ថា

វាហមេតំ យសសា ទទាមិ, ន បុត្តមិច្ឆេ ន ធនំ ន រដ្ឋំ;

សតញ្ច ធម្មោ ចរិតោ បុរាណោ, ឥច្ចេវ ទានេ រមតេ មនោ មម។

អញមិនមែនឲ្យចក្ខុនេះ ព្រោះយសទេ មិនមែនប្រាថ្នាកូន មិនមែនប្រាថ្នាទ្រព្យ មិនមែនប្រាថ្នានូវដែនទេ ធម៌គឺប្រវេណីនៃការឲ្យទានជាផ្លូវបុរាណ ដែលពួកសប្បុរសធ្លាប់ប្រព្រឹត្តមកហើយ ចិត្តរបស់អញតែងរីករាយក្នុងការឲ្យ ដោយប្រការដូច្នេះឯង

បណ្ដាបទទាំងនោះ បទថា វាហំ កាត់បទជា ន វេ អហំ ។ បទថា យសសា សេចក្ដីថា ព្រោះហេតុនៃយសដែលជាទិព្វ ឬជារបស់មនុស្ស ក៏រកមិនបាន ។ បទថា ន បុត្តមិច្ឆេ សេចក្ដីថា យើងមិនមែនប្រាថ្នាបុត្រ មិនប្រាថ្នាទ្រព្យ មិនប្រាថ្នាដែន ព្រោះផលនៃចក្ខុទាននេះឡើយ តែថាអំពើនេះ ឈ្មោះថា បោរាណកមគ្គ ដែលសប្បុរសគឺបណ្ឌិតទាំងឡាយ ដែលជាព្រះសព្វញ្ញុ​ពោធិសត្វ សន្សំមកហើយ គឺសន្សំដល់ព្រមហើយ ។ ពិតមែន ព្រះពោធិសត្វ មិនបំពេញនូវបារមីទាំងឡាយហើយ ឈ្មោះថា អាចដើម្បីបន្លុះ​សព្វញ្ញុតញ្ញាណ​លើពោធិបល្ល័ង្ក មិនមានឡើយ, ក៏ឯយើងបំពេញបារមីទាំងឡាយ ប្រាថ្នាឲ្យបានជាព្រះពុទ្ធ ។ បទថា ឥច្ចេវ ទានេ រមតេ មនោ មម សេចក្ដីថា ព្ររាជាត្រាស់ថា ព្រោះហេតុនេះ ចិត្តរបស់យើងទើបត្រេកអរស៊ប់ហើយ ក្នុងទានប៉ុណ្ណោះ ។

សូម្បីព្រះសម្មាសម្ពុទ្ធ កាលទ្រង់សម្ដែងចរិយាបិដក ដល់​ព្រះធម្មសេនាបតី​សារីបុត្រ ដើម្បីសម្ដែងថា សព្វញ្ញុតញ្ញាណ​ប៉ុណ្ណោះ ជាទីស្រឡាញ់​ជាង​ព្រះនេត្រ​ទាំងពីរ​របស់យើង ទើបត្រាស់ថា

ន មេ ទេស្សា ឧភោ ចក្ខូ, អត្តានំ មេ ន ទេស្សិយំ;

សព្វញ្ញុតំ បិយំ មយ្ហំ, តស្មា ចក្ខុំ អទាសហន្តិ។

 ភ្នែកទាំងពីរ មិនជាទីស្អប់ របស់តថាគតទេ តថាគតមិនមែន​ស្អប់ខ្លួន​របស់តថាគត​ទេ សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់​របស់តថាគត ព្រោះហេតុនោះ បានជា​តថាគត​ឲ្យនូវភ្នែក

កាលអាមាត្យទាំងឡាយ បានស្ដាប់​ព្រះតម្រាស់​របស់​ព្រះមហាសត្វ​ហើយ មិនអាចនឹង​ទូលឃាត់ ត្រូវអង្គុយ​ស្ងៀម ព្រះមហាសត្វ​បានត្រាស់នឹង​សីវិកពេទ្យ​ដោយគាថាថា

សខា ច មិត្តោ ច មមាសិ សីវិក, សុសិក្ខិតោ សាធុ ករោហិ មេ វចោ;

ឧទ្ធរិត្វា ចក្ខូនិ មមំ ជិគីសតោ, ហត្ថេសុ ឋបេហិ វនិព្វកស្ស។

ម្នាលពេទ្យឈ្មោះសីវិកៈ ខ្លួនអ្នកជាសំឡាញ់ ជាមិត្តរបស់យើង អ្នកមានវិជ្ជាពេទ្យសិក្សាល្អហើយ ចូរធ្វើតាមសំដីរបស់យើង ដោយប្រពៃចុះ កាលយើងកំពុងប្រាថ្នា អ្នកចូរឆ្កៀលនូវភ្នែកទាំងឡាយ (របស់យើង) ហើយដាក់លើដៃរបស់ស្មូមចុះ

ព្រះគាថានេះមានអត្ថាធិប្បាយថា ម្នាលសីវិកពេទ្យ អ្នកជាសំឡាញ់ និង ជាមិត្ររបស់យើង អ្នកមានវិជ្ជាពេទ្យ​ដែលសិក្សាមកល្អហើយ ចូរធ្វើតាមរបស់ យើងឲ្យសម្រេច​ប្រយោជន៍ កាលយើង​ពិចារណាគឺថាសម្លឹងមើលនោះឯង អ្នកចូរឆ្កៀល​នូវភ្នែកទាំង​ឡាយរបស់យើង ដូចជាសាច់ត្នោត ហើយដាក់​ទុកក្នុងដៃ ទាំងឡាយរបស់​យាចកនេះចុះ ។

លំដាប់នោះ សីវិកពេទ្យទូលនឹងព្រះរាជាថា ដែលឈ្មោះ​ថាការឲ្យភ្នែក​ជាទាន ជាកម្មធ្ងន់ សូមព្រះសម្មតិទេព ចូរ​ពិចារណាឲ្យល្អ ។ ព្រះរាជាត្រាស់ថា ម្នាល​សីវិកពេទ្យ យើងពិចារណា​ល្អហើយ លោកកុំធ្វើឲ្យយឺតយូរឡើយ កុំនិយាយ​ច្រើននឹង​យើងឡើយ ។ សីវិកពេទ្យគិតថា ការដែល​ពេទ្យអ្នកមាន​ការសិក្សាល្អ​ដូចយើង នឹងយកសស្ត្រា​ដាក់ចុះ​ព្រះនេត្រ​របស់ព្រះរាជា មិនសម​គួរឡើយ ។ ពេទ្យនោះ ទើបត្រដុស​ឱសថផ្សេងៗ យកផ្កា​ឧប្បលខៀវ​លាយលម្អិត​ឱសថ ហើយថ្វាយ​ឲ្យទ្រង់ជូត​ព្រះនេត្រខាងស្ដាំ ព្រះនេត្រ​ក៏ប្រែប្រួល ទុក្ខវេទនា ក៏កើតឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គ ចូរកំណត់​ព្រះទ័យចុះ ការធ្វើ​ព្រះនេត្រ​ឲ្យជាប្រក្រតី ជាភារៈ​របស់ខ្ញុំ​ព្រះករុណា ។ ព្រះរាជាត្រាស់ថា ម្នាលពេទ្យ អ្នកចូរកុំធ្វើ​ដំណើរ​យឺតយូរឡើយ ។ ពេទ្យទើប ផ្សំឱសថ​បង្អោនចូលទៅថ្វាយ ឲ្យទ្រង់ជូត​ព្រះនត្រខាង​ឆ្វេងទៀត ព្រះនេត្រ ក៏របេះ​ចាករណ្ដៅភ្នែក ទុក្ខវេទនា​ដ៏ខ្លាំង រមែងកើត​ឡើង ។ ពេទ្យក្រាបទូលថា បពិត្រមហារាជ សូមព្រះអង្គ​កំណត់​ព្រះទ័យចុះ ការធ្វើព្រះនេត្រ​ឲ្យជាប្រក្រតី ជាភារៈ​របស់ខ្ញុំ​ព្រះករុណា ។ ម្នាលពេទ្យ អ្នកចូរកុំ​ធ្វើដំណើរ​យឺតយូរឡើយ ។ ក្នុងវារៈទី ៣ ពេទ្យនោះ ផ្សំឱសថ​ឲ្យខ្លាំង​ជាងមុន ហើយ​បង្អោនថ្វាយ ។ ព្រះនេត្រ​វិលទៅហើយ​ដោយកម្លាំង​នៃឱសថ របូតចាក​ហើយ​ពីរណ្ដៅព្រះនេត្រ ព្យួរសំយុង​ចុះដោយ​សរសៃ ។ ពេទ្យនោះ ទើបក្រាបទូល​ទៀតថា បពិត្រ​ព្រះអង្គ ជាធំជាងជន សូមព្រះអង្គ​កំណត់ព្រះទ័យ​ពិចារណាចុះ ការធ្វើ​ព្រះនេត្រឲ្យជា ប្រក្រតី​ជាភារៈ​របស់ខ្ញុំ​ព្រះករុណា ។ ព្រះរាជាត្រាស់ថា អ្នកចូរកុំធ្វើ​ដំណើរឲ្យ​យឺតយូរឡើយ ។ ទុក្ខវេទនា មានប្រមាណ​ដ៏ក្រៃលែង ក៏កើតឡើង, លោហិត ហូរចេញ, ព្រះភូសាទទឹក​ហើយដោយ​លោហិត ។ នាងស្នំ និងពួកអាមាត្យ​ទាំងឡាយ ក្រាបចុះទៀប​ព្រះបាទនៃ​ព្រះរាជា នាំគ្នាទួញសោក បរិវេទនាការ​ដ៏ធំថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ​កុំឲ្យនូវ​ព្រះនេត្រ​ទាំងឡាយឡើយ ។ ព្រះរាជាទ្រង់​អត់សង្កត់​នូវទុក្ខវេទនា ត្រាស់ថា ម្នាលពេទ្យ អ្នកកុំធ្វើ​ឲ្យយឺតយូរ ឡើយ ។ ពេទ្យនោះពោលថា សាធុ ទេវៈ ប្រពៃហើយ ព្រះអង្គ ហើយទ្រនូវ​ព្រះនេត្រដោយ​ដៃឆ្វេង ចាប់សស្ត្រាកាត់​សរសៃដែល​តភ្ជាប់នឹង​ភ្នែកដោយ​ដៃស្ដាំ កាន់យក​ព្រះនេត្រដាក់​ទុកលើព្រះហស្ដ​របស់ព្រះមហាសត្វ ។ ព្រះរាជា​ទតព្រះនេត្រ​ខាងស្ដាំ​ដោយព្រះនេត្រ​ខាងឆ្វេង ទ្រង់អត់​សង្កត់នូវ​ទុក្ខវេទនា ត្រាស់ហៅ​ព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ អ្នកចូរមក ហើយត្រាស់ថា ភ្នែក គឺសព្វញ្ញុតញ្ញាណ​ប៉ុណ្ណោះ ជាទីស្រឡាញ់​ជាងភ្នែក​របស់យើង ដោយរយ​នៃគុណ ដោយពាន់​នៃគុណ ដោយសែន​នៃគុណ សូមចក្ខុទាន​របស់យើងនេះ ចូរជាបច្ច័យ នៃសព្វញ្ញុតញ្ញាណ​នោះចុះ ហើយបាន​ព្រះរាជទាន​ព្រះនេត្រដល់​ព្រាហ្មណ៍ ។ ព្រាហ្មណ៍នោះ លើកឡើង​នូវព្រះនេត្រនោះ ដាក់ទុកក្នុង​ភ្នែករបស់ខ្លួន ។ ដោយអានុភាព​នៃព្រះបាទសិវិនោះ ភ្នែកនោះ ក៏បាន​ប្រតិស្ឋានទុក ហាក់ដូចជា ផ្កាឧប្បលខៀវ​ដែលរីកហើយ ។ ព្រះមហាសត្វ បានឃើញ​ភ្នែកនោះ របស់ព្រាហ្មណ៍នោះ ដោយព្រះនេត្រ​ខាងឆ្វេង ហើយទ្រង់​ព្រះតម្រិះថា ឱ! អក្ខិទាន គឺយើងបាន​ឲ្យហើយ​ដោយល្អ ទ្រង់សោយបីតិ ដែលជ្រួតជ្រាប​ទៅខាងក្នុង​ព្រះហឫទ័យជានិច្ច ទើបបាន​ព្រះរាជទាន​ព្រះនេត្រឆ្វេងទៀត ។ សក្កទេវរាជ ក៏ប្រតិស្ឋាន​សូម្បីព្រះនេត្រ​ឆ្វេងនោះ ក្នុងភ្នែក​របស់ព្រះអង្គ ហើយស្ដេច​ចេញចាក​ព្រះរាជនិវេសន៍ កាលមហាជន​កំពុងក្រឡេក​មើលនោះឯង បានចេញ​ចាកព្រះនគរ ទៅកាន់​ទេវលោក ។

ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើបត្រាស់ ១ គាថាកន្លះថា

ចោទិតោ សិវិរាជេន, សីវិកោ វចនំករោ;

រញ្ញោ ចក្ខូនុទ្ធរិត្វា, ព្រាហ្មណស្សូបនាមយិ;

សចក្ខុ ព្រាហ្មណោ អាសិ, អន្ធោ រាជា ឧបាវិសិ។

ពេទ្យឈ្មោះសីវិកៈ លុះព្រះរាជាទ្រង់ព្រះនាមសិវិ តឿន (យ៉ាងនេះហើយ) ក៏ធ្វើតាម​ព្រះបន្ទូល ហើយ​ឆ្កៀល​នូវព្រះនេត្រ​ទាំងពីរ​របស់​ព្រះរាជា បង្អោន​ទៅឲ្យ​ព្រាហ្មណ៍ ចំណែក​ព្រាហ្មណ៍ ក៏ទៅជាបុគ្គល​មានភ្នែក ព្រះរាជា​ទៅជា​បុគ្គលខ្វាក់

មិនយូរប៉ុន្មានឡើយ ព្រះនេត្ររបស់ព្រះរាជាក៏ដុះឡើង កាលដុះឡើង មិនបាន​ដល់ភាព​ជារណ្ដៅ ពេញដោយ​ដុំសាច់​ដែលទៅ​ខាងលើ ហាក់បី​ដូជា ឆ្នុក​សំពត់​កម្ពល ភ្នែកទាំងឡាយ​បានមានហើយ ហាក់ដូច​ជា​រូបវិចិត្តកម្ម ទុក្ខវេទនា ក៏ដាច់​សូន្យទៅ ។ គ្រានោះ ព្រះមហាសត្វ​​ប្រថាប់នៅ​លើ​ប្រាសាទ​ពីរ​បីថ្ងៃ ទ្រង់​ត្រិះរិះថា ប្រយោជន៍​អ្វី​ ដោយ​រាជសម្បត្តិ​​របស់​មនុស្សខ្វាក់ ព្រោះហេតុ​នោះ យើងនឹង​ប្រគល់​​រាជសម្បត្តិ ដល់អាមាត្យ​ទាំងឡាយ ហើយទៅ​​កាន់ឧទ្យាន បួសហើយ យើងនឹង​​សមណធម៌​ចុះ ដូចនេះហើយ ត្រាស់​បង្គាប់​ឲ្យ​អាមាត្យ​ទាំងឡាយ​​ចូលគាល់ ត្រាស់ប្រាប់​សេចក្ដីនោះ ដល់អាមាត្យ​ទាំងនោះ ហើយបញ្ជាថា កប្បិយការកៈ​ម្នាក់ប៉ុណ្ណោះ សម្រាប់ឲ្យ​​របស់របរ មានទឹក​លុបមុខ​ជាដើម នឹងនៅក្នុង​សំណាក់យើង អ្នកទាំងឡាយ ចូរចងនូវខ្សែ​ទុកក្នុងទីធ្វើ សរីរកិច្ចដល់យើង ហើយត្រាស់​ហៅនាយ​សារថីមក​បញ្ជាថា អ្នកចូរទឹមរថ ។ ចំណែកអាមាត្យទាំងឡាយ មិនឲ្យ​ព្រះអង្គទៅ​ដោយរថ នាំព្រះអង្គ​ទៅដោយ សុវណ្ណសីវិកា (គ្រែស្នែងមាស) ហើយឲ្យ​ប្រថាប់នៅជិត​ច្រាំងនៃស្រះ​បោក្ខរណី ចាត់ចែង​កម្លាំងថែរក្សា ហើយទើប​ត្រឡប់ទៅ ។ ព្រះរាជាប្រថាប់​លើបល្ល័ង្ក ទ្រង់ពិចារណា​ដល់ទានរបស់ព្រះអង្គ ។ ក្នុងខណៈនោះ អាសនៈរបស់ស្ដេច​សក្កៈមានអាការៈក្ដៅ ។ ស្ដេចសក្កៈនោះ ពិចារណា​មើល បានឃើញនូវ​ហេតុនោះ ទ្រង់ត្រិះរិះថា យើងនឹងឲ្យពរ​ដល់សិវិមហារាជ ហើយនឹងធ្វើ​ព្រះនេត្រឲ្យ​ប្រក្រតី ដូចនេះហើយ ស្ដេចមកត្រង់​ច្រាំងនៃ​ស្រះបោក្ខរណីនោះ ស្ដេចយាង​ទៅយាងមក ក្នុងទីមិនឆ្ងាយ​ពីព្រះមហាសត្វ ។

ព្រះសាស្ដាកាលទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

តតោ សោ កតិបាហស្ស, ឧបរូឡ្ហេសុ ចក្ខុសុ;

សូតំ អាមន្តយី រាជា, សិវីនំ រដ្ឋវឌ្ឍនោ។

តអំពីនោះមក ប្រមាណពីរបីថ្ងៃ លុះដល់ព្រះនេត្រទាំងពីរដុះឡើង ព្រះរាជា ជាអ្នកញ៉ាំងដែនឲ្យចម្រើនដល់ពួកជនអ្នកសិវិ

យោជេហិ សារថិ យានំ, យុត្តញ្ច បដិវេទយ;

ឧយ្យានភូមឹ គច្ឆាម, បោក្ខរញ្ញោ វនានិ ច។

ទ្រង់ត្រាស់បង្គាប់នាយសារថីថានែនាយសារថី អ្នកចូរទឹមយាន លុះទឹមហើយចូរប្រាប់យើង យើងនឹងទៅកាន់ទីឧទ្យាន ដែលមានស្រះបោក្ខរណីនិងព្រៃព្រឹក្សា

សោ ច បោក្ខរណីតីរេ, បល្លង្កេន ឧបាវិសិ;

តស្ស សក្កោ បាតុរហុ, ទេវរាជា សុជម្បតីតិ។

ព្រះបាទសិវិនោះ ទ្រង់បានចូលទៅគង់ពែនភ្នែន ប្របឆ្នេរស្រះបោក្ខរណី ទេវរាជឈ្មោះសក្កៈ ជាសុជម្បតិ ក៏មកដល់ចំពោះ​​ព្រះអង្គ

ចំណែកសក្កទេវរាជ ដែលព្រះមហាសត្វទ្រង់ស្ដាប់សំឡេងនៃព្រះបាទ ហើយត្រាស់សួរថា អ្នកណាហ្នឹង ? ទើបត្រាស់ព្រះគាថាថា

សក្កោហមស្មិ ទេវិន្ទោ, អាគតោស្មិ តវន្តិកេ;

វរំ វរស្សុ រាជីសិ, យំ កិញ្ចិ មនសិច្ឆសិ។

ខ្ញុំជាទេវរាជឈ្មោះសក្កៈ ជាធំជាងទេវតា មកក្នុងសំណាក់ព្រះអង្គ បពិត្រសេ្តចឥសី ព្រះអង្គ​ប្រាថ្នា​ក្នុងព្រះទ័យ​ចំពោះ​ពរ​ណាមួយ សូម​ត្រេកអរ​នឹងពរ​នោះចុះ

កាលសក្កទេវរាជត្រាស់យ៉ាងនេះហើយ ព្រះរាជាបានត្រាស់ព្រះគាថាថា

បហូតំ មេ ធនំ សក្ក, ពលំ កោសោ ចនប្បកោ;

អន្ធស្ស មេ សតោ ទានិ, មរណញ្ញេវ រុច្ចតិ។

បពិត្រសក្កៈ ទ្រព្យនិងពលរបស់ខ្ញុំមានច្រើនហើយ ទាំងឃ្លាំងរបស់ខ្ញុំ មិនមែនមានតិចទេ កាលបើខ្ញុំនៅតែខ្វាក់ ក្នុងកាលឥឡូវនេះ ខ្ញុំពេញចិត្តចំពោះ
សេចក្តីស្លាប់តែម្យ៉ាង

បណ្ដាបទទាំងនោះ បទថា មរណញ្ញេវ រុច្ចតិ សេចក្ដីថា បពិត្រទេវរាជ ឥឡូវនេះ សេចក្ដីស្លាប់តែម្យ៉ាងប៉ុណ្ណោះ ដែលខ្ញុំពេញចិត្ត​ព្រោះភាព​ជាមនុស្ស​ខ្វាក់ភ្នែក សូមព្រះអង្គ​ចូរឲ្យសេចក្ដី​ស្លាប់ដល់ខ្ញុំចុះ ។

លំដាប់នោះ សក្កទេវរាជបានត្រាស់នឹងព្រះរាជាថា បពិត្រព្រះបាទសិវិ ព្រះអង្គប្រាថ្នាសេចក្ដីស្លាប់ ទើបពេញចិត្តសេចក្ដីស្លាប់ ឬប្រាថ្នាសេចក្ដីស្លាប់​ព្រោះភាព​ជាមនុស្សខ្វាក់ ? ព្រះបាទសិវិរាជទូលតបថា បពិត្រទេវៈ ខ្ញុំប្រាថ្នា​សេចក្ដីស្លាប់​ព្រោះភាពជាមនុស្សខ្វាក់ ។ សក្កទេវរាជត្រាស់តបថា បពិត្រមហា-រាជ ឈ្មោះថា​ទាន មិនមែនឲ្យផលតែក្នុងសម្បរាយភពប៉ុណ្ណោះទាំងអស់ទេ រមែងជាបច្ច័យ​សូម្បីក្នុងប្រយោជន៍បច្ចុប្បន្ន ព្រះអង្គដែល​យាចក​ទូលសូម​ព្រះនេត្រម្ខាង បានព្រះរាជទានទាំងពីរខាង ហេតុនោះ ព្រះអង្គមេត្តា​ធ្វើសច្ចកិរិយា​ចុះ ហើយត្រាស់ថា

យានិ សច្ចានិ ទ្វិបទិន្ទ, តានិ ភាសស្សុ ខត្តិយ;

សច្ចំ តេ ភណមានស្ស, បុន ចក្ខុ ភវិស្សតិ។

បពិត្រក្សត្រិយ៍ជាធំជាងជនមានជើងពីរ សូមព្រះអង្គពោល​នូវពាក្យទាំងឡាយ​ដែលជាសច្ចៈចុះ កាលបើព្រះអង្គ​ពោលនូវពាក្យសច្ចៈ ព្រះនេត្រ​នឹងមានឡើងវិញ

ព្រះមហាសត្វស្ដាប់ពាក្យនោះហើយត្រាស់ថា បពិត្រសក្កទេវរាជ ប្រសិន បើព្រះអង្គប្រាថ្នា​ប្រទានចក្ខុដល់ខ្ញុំ សូមកុំធ្វើឧបាយដទៃឡើយ ចក្ខុចូរកើតឡើងដល់ខ្ញុំ ដោយផល​នៃទានរបស់ខ្ញុំប៉ុណ្ណោះ កាលសក្កទេវរាជ​ត្រាស់ថា បពិត្រមហារាជ យើងជាសក្កៈ សូម្បីជាស្ដេចនៃទេវតា ក៏មិនអាច​ដើម្បីនឹងឲ្យនូវ​ចក្ខុដល់អ្នកដទៃឡើយ ចក្ខុនឹងកើត​ឡើងដល់ព្រះអង្គ​ដោយផលនៃទាន ដែលព្រះអង្គបានឲ្យហើយប៉ុណ្ណោះ ព្រះបាទសិវិត្រាស់ថា ពិតមែន​ហើយ ទានគឺយើងបាន​ហើយឲ្យ​ដោយល្អ កាលធ្វើសច្ចកិរិយា ទើបពោលគាថាថា

យេ មំ យាចិតុមាយន្តិ, នានាគោត្តា វនិព្វកា;

យោបិ មំ យាចតេ តត្ថ, សោបិ មេ មនសោ បិយោ;

ឯតេន សច្ចវជ្ជេន, ចក្ខុ មេ ឧបបជ្ជថ។

ពួកស្មូមណាមានគោត្រផ្សេងៗគ្នា មកដើម្បីសូមចំពោះយើង បណ្តាស្មូមទាំងនោះ ស្មូមណាសូមយើង ស្មូមនោះជាទីស្រឡាញ់ នៃចិត្តរបស់យើង សូមឲ្យភ្នែកកើតមានដល់យើង ដោយការពោលនូវពាក្យសច្ចៈនេះ

បណ្ដាបទទាំងនោះ បទថា យេ មំ សេចក្ដីថា ស្មូមទាំងឡាយណា​មកសូមនឹង​យើង កាលស្មូមទាំងនោះមកសូមនឹងយើង សូម្បីស្មូម​នោះ រមែងជាទីស្រឡាញ់ពេញចិត្តរបស់យើង ។ បទថា  ឯតេន សេចក្ដីថា ប្រសិនបើ យាចកសូម្បី​ទាំងអស់ជាទីស្រឡាញ់របស់យើង នេះជាសច្ចវាចា​ដែលយើងបានពោលហើយ ដោយការ​ពោល​សច្ចវាចានេះ សូមចក្ខុម្ខាង​របស់យើងចូរ​កើតឡើងចុះ។

លំដាប់នោះ ចក្ខុទី ១ ក៏កើតឡើងក្នុង​រវាងនៃព្រះ​តម្រាស់​របស់ព្រះរាជា​នោះឯង ។ តអំពីនោះ ព្រះរាជា ក៏ត្រាស់ព្រះគាថា​ទាំងឡាយ ២ ដើម្បីប្រយោជន៍​ដល់ការកើត​នៃចក្ខុទី ២ ថា

យំ មំ សោ យាចិតុំ អាគា, ទេហិ ចក្ខុន្តិ ព្រាហ្មណោ;

តស្ស ចក្ខូនិ បាទាសឹ, ព្រាហ្មណស្ស វនិព្វតោ។

ព្រាហ្មណ៍នោះមក ដើម្បីសូមនូវភ្នែកណានឹងយើងថា សូមព្រះអង្គ ប្រទាននូវភ្នែក យើងក៏បានឲ្យនូវភ្នែកទាំងឡាយនោះ ដល់ព្រាហ្មណ៍ដែល​​សូមនោះហើយ

ភិយ្យោ មំ អាវិសី បីតិ, សោមនស្សញ្ចនប្បកំ;

ឯតេន សច្ចវជ្ជេន, ទុតិយំ មេ ឧបបជ្ជថ។

បីតិនិងសោមនស្សដ៏ច្រើន ក៏កើតឡើងដល់យើង ដោយក្រៃលែង សូមឲ្យ​ភ្នែកជា​គម្រប់ពីរ​កើតមាន​ដល់យើង ដោយ​ពោល​ពាក្យសច្ចៈ​នេះ

បណ្ដាបទទាំងនោះ បទថា យំ មំ សេចក្ដីថា ព្រាហ្មណ៍មកសូមនឹង​យើង ។ បទថា សោ សេចក្ដីថា ព្រាហ្មណ៍នោះ អ្នកមានចក្ខុ​ពិការ មកដើម្បីសូម​យើងថា សូមព្រះអង្គ​មេត្តាប្រទានចក្ខុដល់ខ្ញុំ ។ បទថា វនិព្វតោ សេចក្ដីថាដល់ព្រាហ្មណ៍​អ្នកមកសូម ។ បទថា ភិយ្យោ មំ អាវិសិ សេចក្ដីថា គ្រាឲ្យចក្ខុ ទាំងពីរដល់​ព្រាហ្មណ៍ហើយ រាប់តាំងតែអំពី​កាលនោះ​មក ក៏ជាមនុស្ស​ខ្វាក់ មិនអើពើនូវទុក្ខវេទនាដែលមានសភាពដូចនោះ ក្នុងកាល​ងងឹតនោះឡើយ បីតីដ៏ខ្លាំងក្លាផ្សាយទៅ គឺចូលទៅកាន់ហឫទ័យរបស់យើង អ្នកពិចារណា​ថា ឱ !ទាន គឺយើងបានឲ្យដោយល្អ ទាំងសេចក្ដី​សោមនស្ស​ដ៏អបរិមាណ​ជាអនន្ត ក៏កើតដល់យើង ។ បទថា ឯតេន សេចក្ដីថា ប្រសិនបើ​បីតិសោមនស្ស​មិនមែនតិច កើតឡើង​ដល់យើង ក្នុងកាលនោះសោត នេះជា​សច្ចវាចា​ដែលយើង​បានពោល​ហើយ ដោយការ​ពោល​សច្ចវាចា​នេះ ចក្ខុសូម្បីទី ២ ចូរកើតឡើងដល់ យើងចុះ ។

ក្នុងខណៈនោះឯង ព្រះនេត្រដួងទី ២ ក៏កើតឡើង ។ តែព្រះនេត្ររបស់ ព្រះបាទសិវិនោះ មិនមែន​ជាព្រះនេត្រ​ធម្មតា ហើយក៏​មិនមែន​ជាព្រះនេត្រទិព្វ ។ ព្រោះ​ព្រះនេត្រ​របស់​ព្រះអង្គ​ទ្រង់ប្រទាន​ដល់​សក្កព្រាហ្មណ៍​ហើយ ទាំងសក្កព្រាហ្មណ៍ ក៏មិនអាច​ធ្វើព្រះនេត្រ ឲ្យជា​ប្រក្រតី​ដូចដើម​ឡើយ ម្យ៉ាងទៀត ឈ្មោះថា ចក្ខុជាទិព្វ រមែងមិន​កើតដល់​វត្ថុដែល​វិនាស​ហើយឡើយ ព្រោះហេតុនោះ ព្រះនេត្រទាំងនោះ របស់​ព្រះបាទសិវិ​នោះ ត្រូវហៅថា សច្ចបារមិតាចក្ខុ គឺចក្ខុដែល​កើតឡើង​ដោយ​អានុភាព​នៃសច្ចបារមី ។ ក្នុងកាល​ព្រះនេត្រ​ទាំងនោះ​កើតឡើង ព្រមគ្នានោះឯង រាជបរិវារ​ទាំងពួង បានមក​ប្រជុំគ្នាហើយ ដោយ​អានុភាព​របស់ សក្កទេវរាជ ។ លំដាប់នោះ កាល​សក្កទេវរាជ ធ្វើនូវការ​សរសើរ​ព្រះបាទសិវិ​ក្នុងកណ្ដាល​មហាជន​នោះឯង ទើបត្រាស់​ព្រះគាថា​ទាំងឡាយ ២ ថា

ធម្មេន ភាសិតា គាថា, សិវីនំ រដ្ឋវឌ្ឍន;

ឯតានិ តវ នេត្តានិ, ទិព្វានិ បដិទិស្សរេ។

បពិត្រក្សត្រិយ៍ អ្នកញ៉ាំងដែនរបស់អ្នកដែនសីវិឲ្យចម្រើន គាថាដែលព្រះអង្គពោលតាមធម៌ សូមឲ្យព្រះនេត្រទាំងពីរ របស់ព្រះអង្គនេះប្រាកដដូចជាទិព្វ

តិរោកុដ្ដំ តិរោសេលំ, សមតិគ្គយ្ហ បព្វតំ;

សមន្តា យោជនសតំ, ទស្សនំ អនុភោន្តុ តេ។

ព្រះនេត្រទាំងពីររបស់ព្រះអង្គនោះ សូមឲ្យបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួនមួយរយយោជន៍ ដោយជុំវិញ

បណ្ដាបទទាំងនោះ បទថា ធម្មេន ភាសិតា សេចក្ដីថា បពិត្រមហារាជ គាថាទាំងឡាយនេះ ព្រះអង្គពោលហើយតាមធម៌ គឺតាមសភាវៈ ។ បទថា ទិព្វានិ សេចក្ដីថា ប្រកបដោយអានុភាពដែលជាទិព្វ ។ បទថា បដិទិស្សរេ ប្រែថា នឹងប្រាកដ ។ បទថា តិរោកុដ្ដំ សេចក្ដីថា បពិត្រមហារាជ ព្រះនេត្រទាំងនោះរបស់ព្រះអង្គ មើលឃើញចាក់ធ្លុះ កន្លងផុតខាងក្រៅជញ្ជាង គំនរនៃភ្នំ សូម្បីភ្នំយ៉ាងណានីមួយ ហាក់បីដូចជាភ្នែកនៃទេវតាទាំងឡាយ រមែងសោយ គឺសម្រេចនូវការឃើញរូប អស់ទីចំនួន ១០០ យោជន៍ អំពីទិសទាំងឡាយ ១០ ដោយជុំវិញ ។

សក្កទេវរាជ ប្រថាប់ឈរលើអាកាស ត្រាស់ព្រះគាថាទាំងនេះ ក្នុងកណ្ដាល​មហាជនហើយ ទ្រង់ប្រទានឱវាទព្រះមហាសត្វថា សូមព្រះអង្គ​កុំប្រមាទ ហើយស្ដេច​ទៅកាន់ទេវលោក ។

ចំណែកមហាសត្វ ទ្រង់ឡោមព័ទ្ធ​ដោយមហាជន​ស្ដេចចូល​កាន់ព្រះនគរ ដោយសក្ការៈធំ ហើយស្ដេច​ឡើងកាន់​សុចន្ទកប្រាសាទ ។ ភាពដែល​ព្រះបាទសិវិ​បាននូវចក្ខុ​ទាំងគូដូចដើមវិញ បានប្រាកដ​ក្នុងដែន​សិវិទាំងមូល ។ លំដាប់នោះ អ្នកដែន​សិវិទាំងអស់ កាន់គ្រឿង​បណ្ណាការជាច្រើន មកហើយដើម្បី​ចូលគាល់​ព្រះបាទសិវិ ។ ព្រះមហាសត្វទ្រង់ត្រិះរិះថា យើងពណ៌នា​នូវទាន​របស់ក្នុង​មហាសន្និបាតនេះ ទើបត្រាស់ឲ្យ​សាង​មហាមណ្ឌប ត្រង់ទ្វារព្រះរាជ​និវេសន៍ ទ្រង់ប្រថាប់​លើរាជបល្ល័ង្ក ខាងក្រោម​សមុស្សិតស្វេតច្ឆត្រ ត្រាស់ឲ្យវាយស្គរ​ប្រកាសក្នុងព្រះនគរ ឲ្យសេនា​ទាំងពួងប្រជុំគ្នា​ហើយត្រាស់ថា ម្នាលអ្នកដែន​សិវិដ៏ចម្រើនទាំងឡាយ អ្នកទាំងឡាយ បានឃើញព្រះនេត្រ​ដែលដូចជាទិព្វ​របស់យើងនេះ ចាប់អំពី​នេះតទៅ បើមិនទាន់បាន​ឲ្យទានជាមុន អ្នកទាំងឡាយ កុំបរិភោគឡើយ កាលទ្រង់​សម្ដែងធម្មទេសនា បានត្រាស់ព្រះគាថា ទាំងឡាយ ៤ ថា

កោ នីធ វិត្តំ ន ទទេយ្យ យាចិតោ, អបិ វិសិដ្ឋំ សុបិយម្បិ អត្តនោ;

តទិង្ឃ សព្វេ សិវយោ សមាគតា, ទិព្វានិ នេត្តានិ មមជ្ជ បស្សថ។

អ្នកណាមួយក្នុងលោកនេះ ដែលគេសូម ហើយមិនឲ្យនូវទ្រព្យដ៏ពេញចិត្ត ឬទ្រព្យដ៏ថ្លៃថ្លា ជាទីស្រឡាញ់ ដ៏ក្រៃលែងរបស់ខ្លួន នែអ្នកដែនសីវិទាំងអស់​ដែលមកប្រជុំគ្នា ចូរអ្នកទាំង​ឡាយមើល នូវភ្នែកទាំងពីររបស់អញ ដែលដូច​ជាទិព្វ ក្នុងថ្ងៃនេះចុះ

តិរោកុដ្ដំ តិរោសេលំ, សមតិគ្គយ្ហ បព្វតំ;

សមន្តា យោជនសតំ, ទស្សនំ អនុភោន្តិ មេ។

ចក្ខុទាំងពីររបស់យើង រមែងបាននូវការឃើញធ្លុះធ្លាយ ទៅខាងក្រៅ​ជញ្ជាំង ខាងក្រៅភ្នំថ្ម អស់ទីចំនួន​មួយរយយោជន៍​ដោយជុំវិញ

ន ចាគមត្តា បរមត្ថិ កិញ្ចិ, មច្ចានំ ឥធ ជីវិតេ;

ទត្វាន មានុសំ ចក្ខុំ, លទ្ធំ មេ ចក្ខុំ អមានុសំ។

(វត្ថុណាមួយ)​ ក្នុងជីវិត របស់សត្វទាំងឡាយនេះ រមែងមិនប្រសើរជាង   ចាគៈទេ (ខ្លួនយើង) បានឲ្យ​នូវចក្ខុ​ជារបស់​មនុស្ស​ ហើយ​បាននូវ​ចក្ខុទិព្វ ដែលមិនមែន​ជារបស់​មនុស្ស

ឯតម្បិ ទិស្វា សិវយោ, ទេថ ទានានិ ភុញ្ជថ;

ទត្វា ច ភុត្វា ច យថានុភាវំ, អនិន្ទិតា សគ្គមុបេថ ឋាន។

ម្នាលអ្នកដែនសីវិទាំងឡាយ អ្នកទាំងឡាយបានឃើញហេតុនេះហើយ ចូរឲ្យទាន ចូរបរិភោគ លុះឲ្យហើយបរិភោគហើយ តាមសមគួរដល់អនុភាព សូមឲ្យជាអ្នកមិនមានអ្នកណាតិះដៀលបាន ហើយចូរទៅកាន់ឋានសួគ៌ចុះ

បណ្ដាបទទាំងនោះ បទថា កោ នីធ កាត់បទថា កោ នុ ឥធ ប្រែថា អ្នកណាក្នុងលោកនេះ ។ បទថា អបិ វិសិដ្ឋំ សេចក្ដីថា សូម្បីជារបស់វិសិដ្ឋ ។ បទថា ចាគមត្តា សេចក្ដីថា ឈ្មោះថារបស់​ដទៃដែល​នឹងប្រសើរ​ជាងប្រមាណ​នៃទានរបស់​យើងមិនមាន ។ បទថា ឥធ ជីវិតេ សេចក្ដីថា ក្នុង​ជីវលោកនេះ ។ បទថា អមានុសំ សេចក្ដីថា ចក្ខុដូចជាទិព្វ​ដែលយើងបានហើយ​ដោយហេតុនេះ​ទើបគួរជ្រាប​សេចក្ដីនេះថា ឈ្មោះថាវត្ថុ​ដែលប្រសើរ​ជាងការបរិច្ចាគ​មិនមាន ។ បទថា ឯតម្បិ ទិស្វា សេចក្ដីថា អ្នកទាំងឡាយ​សូម្បីឃើញ​នូវចក្ខុដែល​ដូចជាទិព្វ​ដែលយើង​បានហើយ (ចូរឲ្យទានមុន​ទើបបរិភោគ​ជាក្រោយ) ។

ព្រះបាទសិវិទ្រង់សម្ដែងធម៌ដោយគាថាទាំង ៤ នេះដោយប្រការ​ដូច្នេះហើយ ចាប់ផ្ដើម​អំពីនោះមក ក្នុងថ្ងៃ​បន្នរសុបោសថ (ឧបោសថថ្ងៃទី១៥) រាល់កន្លះខែ​ទ្រង់ឲ្យមហាជន​ប្រជុំគ្នា ទ្រង់សម្ដែង​ធម៌ដោយគាថា​ទាំងនេះ​ជាប្រចាំ ។ មហាជន​ស្ដាប់ព្រះធម៌​នោះហើយ នាំគ្នាធ្វើបុណ្យ​ទាំងឡាយ​ មានឲ្យទាន​ជាដើម កាលធ្វើឲ្យ​ពេញនូវ​ទេវលោក បានទៅកាន់​ហើយ​ទេវលោក ។

ព្រះសាស្ដាគ្រាទ្រង់នាំព្រះធម្មទេសនានេះហើយ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បោរាណកបណ្ឌិតទាំងឡាយ មិនត្រេកអរ​ដោយ​ពាហិរទាន បានឆ្កៀល​នូវភ្នែកទាំងពីរ​របស់ខ្លួនឲ្យជាទាន ដល់យាចក​អ្នកមកដល់​ចំពោះមុខ ដោយអាការៈយ៉ាងនេះ ហើយទ្រង់​ប្រកាស​ចតុរារិយសច្ច ប្រជុំជាតកថា

តទា សីវិកវេជ្ជោ អានន្ទោ អហោសិ សីវិកពេទ្យ​ក្នុងកាល​នោះ បានមកជា​អានន្ទ ។

សក្កោ អនុរុទ្ធោ អហោសិ សក្កទេវរាជ បានមកជាអនុរុទ្ធ ។

សេសបរិសា ពុទ្ធបរិសា រាជបរិសទ្យ​ដ៏សេស បានមកជា​ពុទ្ធបរិស័ទ ។

សិវិរាជា បន អហមេវ អហោសឹ ចំណែក​ព្រះបាទសិវិរាជ បានមក​ជាតថាគត ដូច្នេះឯង ។

ចប់ សិវិជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក វីសតិនិបាត បិដកលេខ ៦០ ទំព័រ ៧៤)

ដោយ ខេមរ អភិធម្មាវតារ