នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សិរិជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវ​សិរិចោរព្រាហ្មណ៍​ម្នាក់ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា យំ ឧស្សុកា សង្ឃរន្តិ ដូច្នេះ​ជាដើម ។

 

បច្ចុប្បន្នវត្ថុក្នុងជាតកនេះ មានពិស្ដារហើយ​ក្នុង​ខទិរង្គារជាតក [សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត កុលាវកវគ្គ បិដកលេខ ៥៨ ទំព័រ១៨] នោះឯង ។ ចំណែក​ក្នុង​ជាតកនេះ មិច្ឆាទិដ្ឋិ​ទេវតា ដែលនៅ​នឹងខ្លោងទ្វារ​ទីបួន ក្នុងផ្ទះ​របស់​អនាថបិណ្ឌិក​សេដ្ឋី​នោះ កាលធ្វើ​នូវទណ្ឌកម្ម បាននាំ​ទ្រព្យ ៥៤ កោដិ មកបំពេញ​ក្នុងឃ្លាំង ហើយបាន​ក្លាយជា​សម្លាញ់​នឹង​អនាថបិណ្ឌិកសេដ្ឋី ។ លំដាប់នោះ អនាថបិណ្ឌិកសេដ្ឋី បាននាំ​នូវទេវតា​នោះ ទៅកាន់​សម្នាក់​របស់​ព្រះសាស្ដា ។ ព្រះសាស្ដា​សម្ដែងធម៌​ដល់ទេវតា​នោះ ទេវតានោះ បានស្ដាប់​ធម៌ហើយ ក៏បានជា​ព្រះសោតាបន្ន ។ ចាប់តាំង​ពីពេល​នោះមក យសដូច​ដើម ក៏កើត​មានដល់​លោកសេដ្ឋី​វិញ ។ គ្រានោះ មានព្រាហ្មណ៍​អ្នកដឹងនូវ​សិរីលក្ខណៈ ដែលរស់​នៅក្នុងក្រុង​សាវត្ថី​មួយរូប គិតថា អនាថបិណ្ឌិកសេដ្ឋី ធ្លាក់ខ្លួនក្រ ហើយមាន​ឥស្សរៈ​វិញទៀត បើដូច្នោះ យើងនឹង​ទៅធ្វើអាការៈ​ដូចជាប្រាថ្នា​នឹងឃើញ​នូវគាត់ ហើយលួច​នូវសិរី​អំពីផ្ទះ​របស់គាត់ រួចនឹង​ត្រឡប់មក ។ ព្រាហ្មណ៍នោះ ទៅកាន់ផ្ទះ​របស់លោក​សេដ្ឋី កាលលោក​សេដ្ឋីធ្វើ​សក្ការៈ និងសម្មានៈ​ហើយ ពោលពាក្យ​ជាទី​រលឹកថា លោកមក​ដើម្បី​ប្រយោជន៍​អ្វី ? ព្រាហ្មណ៍ក៏​ពិនិត្យមើលថា សិរីឋិតនៅ​ទីណាហ៎្ន ។ សេដ្ឋីមាន​មាន់ពណ៌​សសុទ្ធ ប្រៀបដូច​ស័ង្ខ ដែលគេ​ខាត់ហើយ ដាក់ក្នុង​ទ្រុងមាស សិរីតាំង​នៅលើ​ជុកមាន់​នោះ ។ ព្រាហ្មណ៍​កាលក្រឡេក​មើល បានដឹង​ភាពនៃសិរី​ដែលតាំង​នៅក្នុងទីនោះ ទើបពោលថា បពិត្រ​មហាសេដ្ឋី ខ្ញុំញ៉ាំង​នូវមាណព ៥០០ ឲ្យពោល​នូវមន្ត, ព្រោះអាស្រ័យ​មាន់មួយ​ដែលរងាវ​ខុសកាល មាណព និងខ្ញុំ​ទើបលំបាក, បានឮថា មាន់នេះ​រងាវត្រូវ​កាល ខ្ញុំដើម្បី​ត្រូវការ​មាន់នេះ លោកមេត្តា​ឲ្យមាន់នេះ​ដល់ខ្ញុំផង ។ សេដ្ឋីពោលថា នែព្រាហ្មណ៍ លោកចូរ​ចាប់យកចុះ យើងឲ្យ​មាន់នេះ​ដល់លោក ។ ក្នុងខណៈ​ដែលលោក​សេដ្ឋីពោលថា ឲ្យ ប៉ុណ្ណោះ សិរីក៏ឃ្លាត​ចាកជុកមាន់ មកឋិត​នៅលើដួង​កែវមណី ដែលនៅ​លើក្បាល​ដំណេក ។

 

ព្រាហ្មណ៍បានដឹងនូវភាពនៃសិរីដែល​តាំងនៅក្នុង​កែវមណី ទើបសូម​កែវមណី​នោះ។ ក្នុងខណៈ​ដែលលោក​សេដ្ឋីពោលថា យើងឲ្យសូម្បី​នូវកែវមណី ដូច្នេះ សិរីក៏ផ្លាស់​ចេញអំពី​កែវមណី ទៅតាំងនៅ​លើឈើ​ច្រត់ដែល​រក្សាទុក​លើក្បាល​ដំណេក ។ ព្រាហ្មណ៍​បានដឹងនូវ​ភាពនៃសិរី ដែលតាំង​នៅនឹងឈើ​ច្រត់នោះ ទើបសូម្បី​នូវឈើ​ច្រត់នោះទៀត ។ លោកសេដ្ឋី​ពោលថា លោកចូរ​កាប់យកចុះ ដូច្នេះ ក្នុងខណៈ​ដែលលោក​សេដ្ឋីពោល​នោះឯង សិរីក៏គេច​ចេញអំពី​ឈើច្រត់ ទៅប្រតិស្ឋាន​នៅលើក្បាល​ភរិយា​របស់សេដ្ឋី​ដែលឈ្មោះថា បុញ្ញលក្ខណទេវី ។ សិរិចោរព្រាហ្មណ៍ ដឹងភាពនៃ​សិរីដែលតាំង​នៅក្នុងទីនោះ គិតថា នោះជា​ភណ្ឌៈ ដែលសេដ្ឋី​លះមិនបាន ទើបមិនអាច​នឹងសូមនូវ​របស់នោះ ដូច្នេះហើយ ក៏ប្រាប់នូវ​ការមកដល់​សេដ្ឋីថា បពិត្រ​មហាសេដ្ឋី ខ្ញុំមកដើម្បី​នឹងលួចសិរី​ក្នុងផ្ទះរបស់​លោក ប៉ុន្តែ​សិរីដែលតាំង​នៅនឹង​ជុកមាន់​របស់លោក បានប្រាស​ចេញអំពី​ទីនោះ ក្នុងពេល​ដែលលោក​ឲ្យដល់ខ្ញុំ មកតាំងនៅ​នឹងកែវមណី, ពេលលោក​ឲ្យកែវមណី ក៏មកតាំង​នៅនឹងឈើច្រត់, ពេលលោក​ឲ្យឈើច្រត់ សិរីក៏ប្រាស​ចេញអំពី​នោះ មកតាំង​នៅលើ​ក្បាលរបស់​បុញ្ញលក្ខណទេវី ខ្ញុំគិតថា នេះជាភណ្ឌៈ​ដែលលោក​លះឲ្យ​មិនបាន ភណ្ឌៈនេះ ក៏ខ្ញុំមិនគួរ​កាន់យក ខ្ញុំមិនអាច​នឹងលួច​សិរីរបស់​លោកបាន, សិរីរបស់​លោក ចូរនៅក្នុង​សម្នាក់លោក​ចុះ ថាហើយ ទើបក្រោក​ឡើយ ចៀសចេញទៅ ។

 

អនាថបិណ្ឌិកសេដ្ឋីគិតថា នឹងក្រាបទូល​ហេតុការណ៍​នេះ ដល់ព្រះមានព្រះភាគ ទើបទៅ​កាន់​ព្រះវិហារ (វត្តអារាម) បូជាព្រះសាស្ដា និងថ្វាយ​បង្គំ ហើយអង្គុយ​ក្នុងទីដ៏​សមគួរ​មួយ បានក្រាប​ទូលរឿងរ៉ាវ​ទាំងអស់ ដល់​ព្រះតថាគត ។ ព្រះសាស្ដា​ស្ដាប់រឿង​នោះ​ហើយ ត្រាស់ថា ម្នាលគហបតី មិនមែន​តែក្នុងកាល​ឥឡូវនេះទេ ដែលសិរី​របស់​មនុស្សដទៃ ទៅក្នុង​ទីដទៃ សូម្បីក្នុងកាលមុន សិរីដែល​កើតឡើង​ដល់មនុស្ស​អ្នកឥតបុណ្យ ហើយបាន​ទៅកាន់​បាទមូល​របស់មនុស្ស​អ្នកមាន​បុណ្យ ដូច្នេះហើយ ទ្រង់ដែល​អនាថបិណ្ឌិកសេដ្ឋី​ទូលអង្វរ​អារាធនា ទើបនាំ​យកអតីត​និទាន​មកសម្ដែងថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ​ក្នុង​នគរពារាណសី ។ ព្រះពោធិសត្វ កើតក្នុង​ត្រកូល​ព្រាហ្មណ៍ កាលមាន​វ័យចម្រើន​ឡើងហើយ បានសិក្សា​នូវសិល្បៈ​ក្នុង​នគរតក្កសិលា រួចក៏នៅ​គ្រប់គ្រងផ្ទះ កាលមាតាបិតា​ធ្វើកាល​កិរិយាហើយ ជាអ្នក​មានសេចក្ដី​សង្វេគ បានចេញ​ចាកផ្ទះ បួសជា​ឥសីក្នុង​ហិមវន្ត​ប្រទេស បានញ៉ាំង​អភិញ្ញា និងសមាបត្តិ​ឲ្យកើតឡើង ។ ដោយកាល​កន្លងទៅអស់​កាលយូរ ព្រះពោធិសត្វ ក៏ទៅកាន់​ជនបទ ដើម្បីប្រយោជន៍​ដល់ការសេព​នូវរសជូរ និងប្រៃ ហើយបាន​នៅក្នុងឧទ្យាន​របស់​ព្រះរាជា​ពារាណសី ក្នុងថ្ងៃស្អែកឡើង កាលត្រាច់រកភិក្ខា ព្រះពោធិសត្វ ក៏បានទៅ​កាន់ទ្វារ​ផ្ទះរបស់​ហត្ថាចារ្យ ។ នាយហត្ថាចារ្យនោះ ជ្រះថ្លា​ក្នុងអាចារៈ និងវិហារធម៌​របស់​តាបសនោះ ក៏ថ្វាយ​នូវភិក្ខា ហើយឲ្យ​តាបស​គង់នៅ​ក្នុងឧទ្យាន និងទំនុក​បម្រុងអស់​កាល​ជានិច្ច ។ គ្រានោះ មានមនុស្ស​អ្នករកឧស​ចិញ្ចឹមជីវិត​មួយរូប នាំឈើ​ទាំងឡាយ​មកអំពីព្រៃ មិនអាចនឹង​ទៅដល់​ទ្វារនគរ ។ ក្នុងវេលាល្ងាច ទើបធ្វើនូវ​គំនរឈើ​ជាក្បាល​ដំណេក ដេកក្នុង​ខ្ទមទេវតា​មួយ ។ (នៅទីនោះ) មានមាន់​ជាច្រើនដែល​អ្នកស្រុក​លែងទុក​ក្នុងខ្ទមទេវតា នាំគ្នាដេក​លើដើមឈើ​មួយ ដែលនៅមិន​ឆ្ងាយពីទីនោះ ។ បណ្ដា​មាន់​ទាំងនោះ ក្នុងវេលា​ជិតភ្លឺ មាន់ដែល​ដេកខាង​លើគេ បានញ៉ាំង​អាចម៍ឲ្យ​ធ្លាក់ចុះ​លើសរីរៈ​របស់មាន់​ដែលដេក​ខាងក្រោម ។ មាន់ខាង​ក្រោមសួរថា អ្នកណា​ជុះអាចម៍​ដាក់សរីរៈ​របស់យើង ? មាន់ខាង​លើឆ្លើយថា គឺ យើង ។ មាន់ខាង​ក្រោម​ពោលថា ព្រោះហេតុអ្វី ? មាន់ខាង​លើពោលថា ព្រោះមិន​បានពិចារណា (បានបន្តិច) ក៏ជុះ​អាចម៍ម្ដង ។ បន្ទាប់មក មាន់សូម្បី​ទាំងពីរ ក៏ក្រោធ​ដាក់គ្នានឹងគ្នា ហើយធ្វើ​នូវជម្លោះថា កម្លាំង​របស់អ្នក​ប៉ុណ្ណា កម្លាំង​របស់អ្នក​ប៉ុណ្ណា ។

 

លំដាប់នោះ មាន់ដែលដេកខាងក្រោមថា ក្នុងព្រឹកនេះ អ្នកណាបាន​សម្លាប់យើង ហើយស៊ី​សាច់ដែលចម្អិន​ដោយ​រងើកភ្លើង នឹងបាន​ទ្រព្យ​មួយពាន់ ។ មាន់ដែល​ដេកខាង​លើ​ពោលថា អម្ភោ នែអ្នក​ដ៏ចម្រើន អ្នកកុំ​និយាយ​ដោយអាង​អានុភាព​មានប្រមាណ​ប៉ុណ្ណេះឡើយ ព្រោះថា អ្នកណា​បានស៊ីសាច់​ដ៏ធាត់​របស់យើង នឹងបាន​ជាព្រះរាជា, អ្នកស៊ីសាច់​ខាងក្រៅ បើបុរស នឹងបាន​តំណែង​ជាសេនាបតី, បើស្ត្រី នឹងបាន​តំណែង​ជា​អគ្គមហេសី ។ ចំណែក​អ្នកដែល​បានស៊ីសាច់ និងឆ្អឹង​របស់យើង បើជាគ្រហស្ថ នឹងបាន​ជានាយឃ្លាំង, បើជាបព្វជិត នឹងបាន​ជាជីតុន​របស់​រាជត្រកូល ។ បុរសអ្នក​រកឧស បានស្ដាប់​ពាក្យរបស់​មាន់ទាំងនោះ​ហើយ គិតថា កាលយើង​បានរាជ​សម្បត្តិហើយ កិច្ចដោយ​ទ្រព្យមួយពាន់ រមែងមិនមាន ដូច្នេះហើយ ទើបឡើង​សន្សឹមៗ ទៅចាប់​មាន់ដែល​ដេកខាងលើ យកមកសម្លាប់ ធ្វើនូវថ្នក់ ដោយគិតថា យើងនឹង​ជាព្រះរាជា ដូច្នេះហើយ ទើបដើរទៅ ចូលកាន់​ព្រះនគរ ក្នុងវេលាទ្វារ​បើកនោះឯង ធ្វើនូវមាន់​ឲ្យមិនមានស្បែក លាងទឹក​ឲ្យស្អាត បានឲ្យ​មាន់បជាបតី (ប្រពន្ធ) ដោយ​ពោលថា សាច់​មាន់នេះ អូនចូរ​តាក់តែង (ចម្អិន) ឲ្យល្អ ។ ភរិយានោះ តាក់តែង​សាច់មាន់ និងភត្ត​រួច ក៏បង្អោន​ជូនដល់បុរស​ជាប្ដី​នោះថា បពិត្រសាមិ បងចូរបរិភោគចុះ ។ ស្វាមីនាង​ពោលថា ហៃអូន​សម្លាញ់​ដ៏ចម្រើន​អើយ សាច់នេះ មានអានុភាព​ធំណាស់ បងបរិភោគ​សាច់នេះ បងនឹងជា​ព្រះរាជា អូននឹងបាន​ជាអគ្គមហេសី យើងកាន់​យកភត្ត និងសាច់នោះ ទៅកាន់​ច្រាំងទន្លេគង្គា មុជហើយ យើងនឹង​បរិភោគ ដូច្នេះហើយ ទើបដាក់​ភាជនៈ ដែលដាក់​ភត្តនៅនឹងច្រាំង រួចក៏ចុះ​ទៅមុជទឹក ។ ក្នុងខណៈនោះ រលកទឹកត្រូវ​ខ្យល់បក់មក ក៏កៀរ​យកភាជនៈ​ភត្តហូរទៅ ។ ភាជនៈភត្ត ត្រូវក្រសែទឹក​បន្សាត់នាំទៅ ពេលនោះ មហាមាត្យ​ដែលជា​ហត្ថាចារ្យ​មួយរូប កំពុងញ៉ាំង​ដំរីឲ្យមុជទឹក ក្នុងទន្លេ​ដែលនៅ​ខាងក្រោម​ក្រសែទឹក បានឃើញ​ហើយ ឲ្យគេរើស​ឡើងមក បើកមើល ហើយ​សួរថា អ្វីហ្នឹង ?  ពួកបរិវារ​ឆ្លើយថា បពិត្រ​លោកម្ចាស់ គឺភត្ត និងសាច់មាន់ ។  មហាមាត្យនោះ ទើបឲ្យ​គេបិទភាជនៈ​ភត្តនោះ ហើយឲ្យ​បោះត្រា រួចបញ្ជូន​ទៅឲ្យភរិយា​ដោយពោលថា នាងកុំ​បើកភត្តនេះ ដរាប​ដល់យើង​មក ។ ចំណែកបុរស​អ្នករកឧសនោះ មានផ្ទៃពោះ​ហើមប៉ោង ព្រោះត្រូវ​ទឹក និងខ្សាច់​ដែលចូល​តាមមាត់ ទើបគេចទៅ ។

 

លំដាប់នោះ ទិព្វចក្ខុកតាបស​ដែលជាកុលូបកៈ​របស់នាយ​ហត្ថាចារ្យនោះ កាល​ពិចារណា (មើល) ដោយទិព្វចក្ខុ​បានឃើញថា ឧបដ្ឋាក​របស់យើង មិនផុត​ពីតំណែង​ហត្ថាចារ្យ កាលណាហ៎្ន នឹងបាននូវសម្បត្តិ ដូច្នេះហើយ បានឃើញនូវបុរសនោះ និងដឹង​នូវហេតុនោះ ទើបប្រញាប់​ទៅកាន់ផ្ទះ ហើយអង្គុយ​លើអាសនៈ​របស់​នាយហត្ថាចារ្យ ។ នាយហត្ថាចារ្យ​មកហើយ ថ្វាយបង្គំតាបស រួចអង្គុយក្នុង​ទីសមគួរមួយ ទើបឲ្យគេ​នាំភាជនៈភត្ត​នោះ​មក ហើយពោលថា អ្នកទាំងឡាយ ចូរអង្គាស​ព្រះតាបស​ដោយសាច់ និងបាយ ។ តាបស​កាន់យក​នូវតែភត្ត មិនកាន់​យកសាច់​ដែលគេថ្វាយ ដោយពោលថា យើងនឹងចាត់​ចែងនូវ​សាច់នេះ ។ កាលនាយ​ហត្ថាចារ្យ​ពោលថា ចូរចាត់ចែងចុះ លោកម្ចាស់ ។ តាបស ក៏ឲ្យគេធ្វើជា​ចំណែកមួយ ៗ មានសាច់​ធាត់ជាដើម ហើយឲ្យ​សាច់ធាត់​ដល់​នាយហត្ថាចារ្យ, សាច់ខាង​ក្រៅឲ្យដល់​ភរិយា​របស់គាត់, ឆ្អឹង និងសាច់ តាបស​ឆាន់ដោយ​ខ្លួនឯង ។ តាបសនោះ កាលទៅក្នុង​វេលាដែល​បញ្ចប់នូវ​ភត្តកិច្ចហើយ ទើបពោលថា អ្នកនឹងបាន​ជាព្រះរាជា ក្នុងថ្ងៃទីបី​អំពីថ្ងៃនេះ ចូរអ្នកកុំប្រមាទ ដូច្នេះហើយ ក៏ចៀស​ចេញទៅ ។

 

ក្នុងថ្ងៃទីបី ព្រះរាជាក្នុងសាមន្តរដ្ឋ​មួយព្រះអង្គ (លើកទ័ព) មកឡោមព័ទ្ធនគរ​ពារាណសី ។ ស្ដេចពារាណសី ឲ្យនាយហត្ថាចារ្យ​កាន់យក​ភេទជាព្រះរាជា ហើយបញ្ជា​ឲ្យឡើងលើ​ដំរីដើម្បី​ប្រយុទ្ធ ។ ព្រះរាជាអង្គឯង ក្លែងភេទ​ដែលមិនមាន​អ្នកណាស្គាល់ ត្រាច់ទៅ​ក្នុងពួកសេនា ទ្រង់បានត្រូវ​ដោយកូនសរ ដែលមាន​កម្លាំងខ្លាំងមួយ ស្ដេចក៏ចូល​ទិវង្គតក្នុង​ពេលនោះ​ឯង ។ នាយហត្ថាចារ្យ បានដឹងនូវភាព​ដែលព្រះរាជា​ចូលទិវង្គតហើយ ទើបឲ្យ​គេនាំយក​កហាបណៈ​ដ៏ច្រើន ឲ្យត្រាស់​វាយស្គរ​ប្រកាសថា អ្នកណា​ត្រូវការទ្រព្យ​ចូលច្បាំង​នៅខាងមុខ ។ ពលកាយ បានញ៉ាំង​នូវជីវិត​របស់ព្រះរាជា​សាមន្តរដ្ឋ ឲ្យអស់ទៅ​ក្នុងពេលមួយ​រំពេចនោះ​ឯង ។ អាមាត្យទាំងឡាយ ធ្វើនូវសរីរកិច្ច​របស់ព្រះរាជា​ហើយ កាលប្រជុំ​ប្រឹក្សាគ្នាថា យើងនឹង​ធ្វើអ្នកណា​ឲ្យជាព្រះរាជា ក៏ពោលថា ព្រះរាជា​របស់យើង កាលមាន​ព្រះជន្ម បានប្រទាន​នូវភេទរបស់​ខ្លួនឲ្យដល់​នាយហត្ថាចារ្យ នាយហត្ថាចារ្យ​នេះ ធ្វើនូវចម្បាំង បានរក្សា​នូវរាជសម្បត្តិនេះ ពួកយើង​នឹងឲ្យរាជ​សម្បត្តិនេះ​ដល់គាត់ ដូច្នេះហើយ បាន​អភិសេក​នាយហត្ថាចារ្យ​នោះ ដោយរាជ​សម្បត្តិ និងធ្វើនូវ​ភរិយារបស់​គាត់ ឲ្យជា​អគ្គមហេសី ។ ព្រះពោធិសត្វ បានជារាជ​កុលូបកៈ ។

 

ព្រះសាស្ដាបាននាំអតីតនិទាននេះមកហើយ កាលទ្រង់ត្រាស់​ដឹងជា​ព្រះសម្មាសម្ពុទ្ធ ទើបព្រះអង្គ​ត្រាស់ព្រះគាថា​ទាំងឡាយ ២ ថា

យំ ឧស្សុកា សង្ឃរន្តិ, អលក្ខិកា ពហុំ ធនំ;

សិប្បវន្តោ អសិប្បា ច, លក្ខិវា តានិ ភុញ្ជតិ។

ពួកបុគ្គលឥតបុណ្យ ខ្វល់ខ្វាយ ប្រមូលទ្រព្យណាដ៏ច្រើន ចំណែកខាងបុគ្គល អ្នកមាន​បុណ្យ ទោះមាន​សិល្បៈក្ដី មិនមាន​សិល្បៈក្ដី ក៏រមែង​បានបរិភោគ​នូវទ្រព្យទាំងនោះ ។

 

សព្វត្ថ កតបុញ្ញស្ស, អតិច្ចញ្ញេវ បាណិនោ;

ឧប្បជ្ជន្តិ ពហូ ភោគា, អប្បនាយតនេសុបិ។

ភោគៈទាំងឡាយច្រើន រមែងកន្លងនូវពួកបុគ្គលឥតបុណ្យ កើតឡើង​សម្រាប់បុគ្គល អ្នកមាន​បុណ្យ​ធ្វើហើយ ក្នុងទីទាំងពួង​សូម្បីក្នុងទី​មិនមែន​ជាកន្លែង​សម្រាប់កើត ។

 

បណ្ដាបទទាំងនោះ បទថា យំ ឧស្សុកា សេចក្ដីថា បុគ្គលដែលមិនមានបុណ្យ ដល់​សេចក្ដី​ខ្វល់ខ្វាយ​ក្នុងកាប្រមូល​ទ្រព្យ គឺកើតឆន្ទៈ​ប្រមូល​ទ្រព្យដ៏ច្រើន​ដោយការងារ ។ បាលីថា យេ ឧស្សុកា ដូច្នេះក៏មាន អធិប្បាយថា បុរសទាំង​ឡាយណា ព្យាយាម​ប្រមូលទ្រព្យ និងមានសិប្បៈ ដោយអំណាច​នៃសិល្បៈដំរីជាដើម ឬមិនមាន​សិល្បៈក៏ដោយ ដោយ​ហោច​ទៅ គ្រាន់តែធ្វើការ​ដោយតម្លៃឈ្លួល ក៏រមែងប្រមូល​ទ្រព្យដ៏​ច្រើនទុកបាន ។ បទថា លក្ខិវា តានិ ភុញ្ជតិ សេចក្ដីថា បុរសដែល​មានបុណ្យ កាលនឹង​បរិភោគនូវផល​នៃបុណ្យ​របស់ខ្លួន សូម្បីនឹង​មិនធ្វើនូវ​ការងារអ្វី ក៏រមែង​បានប្រើប្រាស់​ទ្រព្យ ដែលពោល​ថា ទ្រព្យច្រើន ។

បទថា អតិច្ចញ្ញេវ បាណិនោ សេចក្ដីថា កន្លងនូវសត្វទាំងឡាយ​ដទៃនោះឯង ។ ឯវ អក្សរ គប្បីប្រកប​ដោយបទខាង​ដើមនោះ មានសេចក្ដីថា បុគ្គលដែល​បានធ្វើបុណ្យ រមែង​កន្លងពួកសត្វ​ដែលមិនបាន​ធ្វើបណ្យដទៃ ក្នុងទីទាំងពួង ។ បទថា អប្បនាយតនេសុបិ សេចក្ដីថា ពិតមែនហើយ ភោគៈទាំងឡាយ​ដ៏ច្រើន ទាំងជា​សវិញ្ញាណកៈ និងអវិញ្ញាណកៈ រមែង​កើតឡើង សូម្បីក្នុង​ទីដែលមិន​មែនជា​កន្លែងកើត គឺ រតនៈ​ទាំងឡាយ រមែងកើត​ឡើងក្នុង​ទីដែលមិន​មែនជាកន្លែង​ធ្វើរតនៈ, មាសទាំងឡាយ រមែងកើត ក្នុងទីមិន​មែនកន្លែង​កើតមាស, ដំរីទាំងឡាយ រមែងកើតក្នុង​ទីមិនមែន​ជាកន្លែង​កើតដំរី​ជាដើម ។ ក្នុងបណ្ដា​ទ្រព្យទាំងនោះ កែវមុក្ដា និងកែវមណី​ជាដើម រមែងកើត​ក្នុងទីមិន​មែនជាកន្លែងកើត គប្បី​សម្ដែងរឿង​របស់ព្រះបាទ​ទុដ្ឋគាមណិមហារាជ ។

ចំណែកព្រះសាស្ដាកាលត្រាស់ព្រះគាថា ២ នេះហើយ ទើបត្រាស់តទៅថា ម្នាល​គហបតី ឈ្មោះថា ទីកើត​ដទៃដែល​ស្មើដោយ​បុណ្យរបស់​សត្វទាំងឡាយ​នេះ រមែងមិនមាន, ព្រោះរតនៈ​ទាំងឡាយ រមែងកើត​ឡើងសូម្បី​ក្នុងទីមិន​មែនកន្លែង​កើត ដល់អ្នក​មានបុណ្យ​ទាំងឡាយ​ប៉ុណ្ណោះ ដូច្នេះហើយ ព្រះអង្គ​ទើបសម្ដែង​ព្រះធម៌ថា

ឯស ទេវមនុស្សានំ, សព្វកាមទទោ និធិ;

យំ យទេវាភិបត្ថេន្តិ, សព្វមេតេន លព្ភតិ។

កំណប់ទ្រព្យ គឺបុណ្យណា ជាប់តាមខ្លួនទៅបាន អ្នកប្រាជ្ញ ធ្វើនូវកំណប់​ទ្រព្យ គឹបុណ្យ​នោះ កំណប់ទ្រព្យ គឺបុណ្យនុ៎ះ ឲ្យនូវ​សេចក្តីប្រាថ្នា​គ្រប់យ៉ាង​ដល់ទេវតា និង​មនុស្ស​ទាំងឡាយ ពួកទេវតា និងមនុស្ស​ទាំងឡាយ ប្រាថ្នានូវ​ផលណា ៗ ផលទាំង​ពួងនោះៗ រមែងបាន​ដោយកំណប់​ទ្រព្យ គឺបុណ្យនុ៎ះ ។

 

សុវណ្ណតា សុសរតា, សុសណ្ឋានា សុរូបតា;

អាធិបច្ចបរិវារោ, សព្វមេតេន លព្ភតិ។

ភាពជាអ្នកមាន​សម្បុរផូរផង់ មានសំឡេងពីរោះ ទ្រង់ទ្រាយល្អ រូបល្អ ជាអធិបតី មានយស បរិវារ ផលទាំងអស់ រមែងបាន​ដោយកំណប់​ទ្រព្យ គឺបុណ្យនុ៎ះ ។

 

បទេសរជ្ជំ ឥស្សរិយំ, ចក្កវត្តិសុខំ បិយំ;

ទេវរជ្ជម្បិ ទិព្វេសុ, សព្វមេតេន លព្ភតិ។

ភាពជាស្តេចប្រទេសរាជ ឥស្សរិយយស សេចក្តីសុខ​របស់ស្តេច​ចក្រពត្តិ​ជាទី​ស្រឡាញ់ ភាពជា​ស្តេចនៃទេវតា​ក្នុងទេពនិកាយ​ទាំងឡាយ ផលទាំង​អស់ រមែងបាន​ដោយកំណប់​ទ្រព្យ គឺបុណ្យនុ៎ះ។

 

មានុស្សិកា ច សម្បត្តិ, ទេវលោកេ ច យា រតិ;

យា ច និព្វានសម្បត្តិ, សព្វមេតេន លព្ភតិ។

សម្បត្តិជារបស់មនុស្សណា​ផង សេចក្តីត្រេកអរ ក្នុងទេវលោក​ណាផង​ សម្បត្តិ គឺព្រះនិព្វាន​ណាផង សម្បត្តិទាំងអស់​ រមែងបាន​ដោយកំណប់​ទ្រព្យ គឺបុណ្យនុ៎ះ ។

 

មិត្តសម្បទមាគម្ម, យោនិសោវ បយុញ្ជតោ;

វិជ្ជាវិមុត្តិវសីភាវោ, សព្វមេតេន លព្ភតិ។

ភាពនៃបុគ្គលកាលអាស្រ័យមិត្តសម្បទា បើប្រកបសេចក្តីព្យាយាម ដោយឧបាយ ដែលត្រូវ ជាអ្នកស្ទាត់​ក្នុងវិជ្ជា និងវិមុត្តិ ឥដ្ឋផល​ទាំងអស់ បានដោយ​កំណប់ទ្រព្យ គឺបុណ្យ​នុ៎ះ ។

 

បដិសម្ភិទា វិមោក្ខា ច, យា ច សាវកបារមី;

បច្ចេកពោធិ ពុទ្ធភូមិ, សព្វមេតេន លព្ភតិ។

បដិសម្ភិទា ​វិមោក្ខ​ សាវកបារមីញាណ បច្ចេកពោធិញាណ និងភូមិណាៗ​ ឥដ្ឋផល​ទាំងអស់ រមែងបាន​ដោយកំណប់​ទ្រព្យ គឺបុណ្យនុ៎ះ ។

 

ឯវំ មហត្ថិកា ឯសា, យទិទំ បុញ្ញសម្បទា;

តស្មា ធីរា បសំសន្តិ, បណ្ឌិតា កតបុញ្ញតំ។

បុញ្ញសម្បទានេះ ឲ្យសម្រេចប្រយោជន៍ដ៏ធំ ដោយប្រការដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញ​ទាំងនោះ ជាធីរជន ទើបសរសើរ​នូវភាពនៃ​បុគ្គលជា​អ្នកមានបុណ្យ​ធ្វើទុកហើយ ។

(សុត្តន្តបិដក ខុទ្ទកនិកាយ ខុទ្ទកបាឋ និធិកណ្ឌសូត្រ បិដកលេខ ៥២ ទំព័រ ១៥)

 

ឥឡូវនេះ កាលនឹងទ្រង់សម្ដែងរតនៈ​ទាំងឡាយនោះ ដែលជា​ទីតាំងនៅនៃ​សិរីរបស់​អនាថបិណ្ឌិកសេដ្ឋី ព្រះមានព្រះភាគ ទើបត្រាស់ថា កុក្កុដោ ដូច្នេះជាដើម ។

 

(ពាក្យពេញថា )

កុក្កុដោ មណយោ ទណ្ឌោ, ថិយោ ច បុញ្ញលក្ខណា;

ឧប្បជ្ជន្តិ អបាបស្ស, កតបុញ្ញស្ស ជន្តុនោ។

មាន់ឈ្មោលក្ដី កែវមណីក្ដី ឈើច្រត់ក្ដី នាងបុញ្ញលក្ខណាទេវី ជាប្រពន្ធ (របស់សេដ្ឋី) ក្ដី រមែងកើត​ឡើងដល់​អនាថបណ្ឌិកសេដ្ឋី អ្នកមិន​មានបាប ជាអ្នកមាន​បុណ្យ​ធ្វើហើយ ។

 

បណ្ដាបទទាំងនោះ បទថា ទណ្ឌោ លោកពោល​សំដៅយក ឈើច្រត់, បទថា ថិយោ បានដល់ បុញ្ញលក្ខណទេវី​ដែលជា​ភរិយា​របស់​លោកសេដ្ឋី ។ ពាក្យដ៏សេស ងាយស្រួល​ហើយ ។

 

ព្រះសាស្ដាបានត្រាស់គាថានេះហើយ ទ្រង់ប្រជុំជាតកថា

តទា រាជា អានន្ទោ អហោសិ ព្រះរាជាក្នុងកាលនោះ បានមកជា អានន្ទ ។

កុលូបកតាបសោ បន អហមេវ សម្មាសម្ពុទ្ធោ អហោសឹ ចំណែក​កុលូបកតាបស គឺ តថាគត ជាព្រះសម្មាសម្ពុទ្ធ​នេះឯង ។

ចប់ សិរីជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត អព្ភន្តរវគ្គ បិដកលេខ ៥៨ ទំព័រ ១៦៩)

ប្រែដោយ ខេមរ អភិធម្មាវតារ