។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សិរិកាឡកណ្ណិជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​នូវអនាថបិណ្ឌិក​សេដ្ឋី បានត្រាស់​ព្រះធម្មទេសនា​មានពាក្យ​ថា កា នុ កាឡេន វណ្ណេន ដូច្នេះ​ជាដើម ។

 

អនាថបិណ្ឌិកសេដ្ឋីនោះ ចាប់តាំងពី​ពេលបានតាំង​នៅក្នុងសោតាបត្តិផល​ហើយ រក្សា​សីល ៥ មិនដាច់ ទាំងភរិយា ទាំង​បុត្រធីតា ទាំងទាសៈ ទាំងកម្មករ​របស់លោក ក៏នាំគ្នា​រក្សាសីល​ដូចគ្នា​ទាំងអស់ ។ កន្លងមក​ថ្ងៃមួយ ភិក្ខុទាំងឡាយ តាំងជារឿង​ក្នុងធម្មសភាថា ម្នាលអ្នក​ដ៏មានអាយុ​ទាំងឡាយ អនាថបិណ្ឌិកសេដ្ឋី ទាំងខ្លួន​ឯងក៏ស្អាត ទាំង​បរិវារក៏ស្អាត នាំគ្នា​ប្រព្រឹត្តធម៌ ។ ព្រះសាស្ដា ស្ដេចយាង​មកហើយ​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ អង្គុយសន្ទនាគ្នា​ដោយរឿងអ្វី ? កាលពួកភិក្ខុ​ក្រាបទូលថា ដោយរឿង​ឈ្មោះនេះ ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែនតែ​ក្នុងកាល​ឥឡូវនេះទេ សូម្បីក្នុង​កាលមុន បោរាណបណ្ឌិត​ទាំងឡាយ ក៏បានជាអ្នក​ស្អាតខ្លួនឯង ទាំងជាអ្នក​មានបរិវារ​ស្អាតផង ដូច្នេះហើយ ភិក្ខុទាំងនោះនាំ​គ្នាទូលអារាធនា ទើបទ្រង់នាំ​យករឿងក្នុង​អតីតកាល​មកសម្ដែងថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​ជាសេដ្ឋី បានថ្វាយទាន រក្សាសីល ធ្វើនូវ​ឧបោសថកម្ម ចំណែក​ភរិយារបស់​លោក ក៏រក្សាសីល ៥ សូម្បីបុត្រធីតា និងបុរសជា​ទាសៈកម្មករ ក៏រក្សាសីល ៥ ដែរ ។ លោកទើប​ប្រាកដ​ឈ្មោះ ថា សុចិបរិវារសេដ្ឋី (សេដ្ឋីមាន​បរិវារបរិសុទ្ធ) ។ កន្លង​មកថ្ងៃមួយ លោកគិតថា ប្រសិនបើ​អ្នកណា ដែលមាន​បរិវារស្អាត​ជាប្រក្រតី នឹងមកសោត យើងមិន​គួរឲ្យនិសីទនបល្ល័ង្ក (ទីសម្រាប់អង្គុយ) ឬទីដេក​សម្រាប់ដេក​របស់យើង​ដល់គេ យើងគួរ​ឲ្យទីអង្គុយ និងទីដេក​ដែលមិនមែន​ជារបស់​សល់ មិនទាន់បាន​ប្រើដល់គេ ។ ព្រោះហេតុ​នោះ លោកទើប​ឲ្យគេក្រាល​ទីអង្គុយ និងទីដេក​ដែលមិនទាន់​បានប្រើ​ទុកម្ខាង ក្នុងលំនៅ​របស់ខ្លួន ។

 

សម័យនោះ ធីតា ២ រូប គឺធីតារបស់ស្ដេច​វិរូបក្ខមហារាជ ឈ្មោះ កាឡកណ្ណី ១ ធីតារបស់​ស្ដេចធតរដ្ឋ​មហារាជ ឈ្មោះ សិរី ១ ក្នុងទេវលោក​ឋានចាតុមហារាជិកា កាន់យក​របស់ក្រអូប និងផ្កាឈើ​ជាច្រើន នាំគ្នាមកកាន់​អនោតត្តស្រះ ដោយប្រាថ្នាថា ពួកយើង​នឹងលេងទឹក​ក្នុង​អនោតត្តស្រះនោះ ។ ក៏ក្នុង​ស្រះអនោតត្តៈ​នោះ មានកំពង់​ទឹកច្រើន ក្នុងចំនួន​កំពង់ទឹក​ទាំងនោះ កំពង់សម្រាប់​ព្រះពុទ្ធ​ទាំងឡាយ ព្រះពុទ្ធប៉ុណ្ណោះ ទ្រង់ស្រង់ កំពង់សម្រាប់​ព្រះបច្ចេកពុទ្ធ​ទាំងឡាយ ព្រះបច្ចេកពុទ្ធ​ទាំងឡាយ​ប៉ុណ្ណោះ ទ្រង់ស្រង់ កំពង់សម្រាប់​ភិក្ខុទាំងឡាយ ក៏សម្រាប់​ភិក្ខុទាំងឡាយ​ស្រង់ កំពង់សម្រាប់​តាបសទាំងឡាយ តាបសទាំង​ឡាយប៉ុណ្ណោះ​ស្រង់ កំពង់សម្រាប់​ទេវបុត្រទាំងឡាយ​ក្នុងឋានសួគ៌ ៦ ជាន់ មានឋាន​ចាតុមហារាជិកាជាដើម ទេវបុត្រទាំងឡាយ​នោះ នាំគ្នាស្រង់ កំពង់សម្រាប់​ទេពធីតាទាំង​ឡាយ ក៏ចំពោះតែ​ទេពធីតា​ទាំងឡាយ​ប៉ុណ្ណោះស្រង់ ។

 

ក្នុងចំណោមទេពធីតាទាំងនោះ ទេពធីតាទាំង ២ នេះ ឈ្លោះគ្នាដោយ​ត្រូវការកំពង់​ទឹកថា ខ្ញុំនឹងមុជមុន ខ្ញុំនឹងមុជមុន ។ កាឡកណ្ណី​ទេពធីតា​និយាយថា ខ្ញុំរក្សាលោក ត្រាច់ត្រួត​មើលលោក ព្រោះហេតុនោះ ខ្ញុំគួរបាន​មុជមុន ។ ចំណែក​សិរីទេពធីតា​និយាយថា ខ្ញុំតាំងនៅ​ក្នុងសេចក្ដី​ប្រតិបត្តិល្អ ដែលនឹង​ឲ្យឥស្សរិយយស​ដល់មហាជន ព្រោះហេតុនោះ ខ្ញុំគួរនឹងបាន​មុជមុន ។ ពួកនាង​យល់ថា ស្ដេចមហារាជទាំង ៤ នឹងដឹងថា ក្នុងចំណោម​ពួកយើងទាំង ២ នេះ អ្នកណា​សមគួរនឹង​មុជមុន អ្នកណា​ជាអ្នកមិន​សមគួរនឹង​មុជមុន ទើបនាំគ្នា​ទៅកាន់សម្នាក់​របស់មហារាជ​ទាំងនោះ ហើយទូលសួរថា បណ្ដាខ្ញុំទាំង ២ អ្នកណា​សមគួរនឹង​បានមុជ​ក្នុងកំពង់ទឹក​ស្រះអនោតត្តៈមុន ? ស្ដេចធតរដ្ឋៈ និង ស្ដេចវិរូបក្ខៈ​ប្រាប់ថា ពួកយើង​មិនអាចនឹង​វិនិច្ឆ័យបាន ទើបបាន​លើកឲ្យជាភារៈ​របស់ស្ដេចវិរូឡ្ហកៈ និងស្ដេច​វេស្សវ័ណ ។ ស្ដេចទាំង ២ នោះ ប្រាប់ថា សូម្បីពួក​យើងក៏អាច​នឹងវិនិច្ឆ័យដែរ ពួកយើងនឹង​បញ្ជូនទៅកាន់​បាទមូល​របស់សក្កទេវរាជ ហើយ​បានបញ្ជូន​នាងទាំង ២ ទៅកាន់សម្នាក់​របស់សក្ក​ទេវរាជ ។ សក្កទេវរាជ​ស្ដាប់ពាក្យ​របស់នាង​ទាំងនោះហើយ ទ្រង់​ត្រិះរិះថា នាងទាំង ២ នេះ ជាធីតារបស់​បុរសរបស់​យើងដូចគ្នា យើងមិនអាច​នឹងវិនិច្ឆ័យ​បានឡើយ ។ គ្រានោះ សក្កទេវរាជ​បានត្រាស់ថា ក្នុងនគរ​ពារាណសី មានសេដ្ឋី​ឈ្មោះ សុចិបរិវារ ក្នុងផ្ទះរបស់សេដ្ឋីនេះ ក្រាលអាសនៈ​ដែលមិនសៅហ្មង និងទីដេក​ដែលមិន​សៅហ្មងទុក ទេពធីតាណា​បានអង្គុយ ឬបានដេក​ក្នុងទីនោះ ទេពធីតានោះ គួរនឹងបាន​មុជមុន ។ កាឡកណ្ណីទេពធីតា បានស្ដាប់នូវ​ពាក្យនោះ​ហើយ  ក្នុងខណៈ​នោះឯង បានស្លៀក​សំពត់ពណ៌ខៀវ លាបគ្រឿង​លាបពណ៌​ខៀវ ប្រដាប់គ្រឿង​ប្រដាប់កែវមណី​ពណ៌ខៀវ ចុះចាក​ទេវលោក ដូចយន្ត​បាសាណ (ថ្មយន្ត) បានឋិតនៅ​លើអាកាស ផ្សាយរស្មី​ពណ៌ខៀវ ក្នុងទីមិនឆ្ងាយ​នៃទីដេក ដែលនៅជិត​ទ្វារប្រាសាទ​របស់សេដ្ឋី ក្នុងរវាង​មជ្ឈិមយាម​នោះឯង ។ សេដ្ឋីសម្លឹង​មើល បាន​ឃើញនាង ក្នុងពេល​ដែលឃើញ​នោះឯង នាងមិនបាន​ជាទីស្រឡាញ់ មិនជាទីពេញ​ចិត្តរបស់​សេដ្ឋីនោះឡើយ ។ លោក​កាលចរចា​នឹងនាង ទើបពោល​គាថាទី ១ ថា

កា នុ កាឡេន វណ្ណេន, ន ចាបិ បិយទស្សនា;

កា វា ត្វំ កស្ស វា ធីតា, កថំ ជានេមុ តំ មយំ។

នាងជាអ្វី មានវណ្ណៈខ្មៅ ទាំងមិនមានគ្រឿង​មើលជាទី​ស្រឡាញ់ នាងជាអ្វី ឬជាធីតា​របស់​អ្នកណា យើងស្គាល់​នាងដូចម្តេចបាន ។

 

បណ្ដាបទទាំងនោះ បទថា កាឡេន បានដល់ ពណ៌ខៀវ ។ បទថា វណ្ណេន សេចក្ដីថា ដោយពណ៌របស់រាងកាយ ពណ៌របស់សំពត់ និងគ្រឿង​អាភរណៈ ។ បទថា ន ចាបិ បិយទស្សនា ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សត្វទាំងឡាយ ប្រៀបធៀប​ដោយស្ត្រី​មេនំ ទេពធីតានេះ មិនមាន​មារយាទ គឺអាចារៈ ទ្រូស្តសីល ព្រោះហេតុនោះ នាងទើប​មិនជាទី​ស្រឡាញ់​របស់សេដ្ឋី ក្នុងពេល​ដែលលោក​ឃើញនោះឯង ព្រោះហេតុនោះ លោកទើប​ពោលថា នាងជា​អ្នកណា ។ ម្យ៉ាងទៀត សព្ទថា កា វា ត្វំ បានដល់ កា ច ត្វំ បាលី​នេះឯង ។

 

កាឡកណ្ណីទេពធីតាស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា

មហារាជស្សហំ ធីតា, វិរូបក្ខស្ស ចណ្ឌិយា;

អហំ កាឡី អលក្ខិកា, កាឡកណ្ណីតិ មំ វិទូ;

ឱកាសំ យាចិតោ ទេហិ, វសេមុ តវ សន្តិកេ។

ខ្ញុំឈ្មោះចណ្ឌី ជាធីតានៃមហារាជ ឈ្មោះ វិរូបក្ខៈ ខ្ញុំមាន​សម្បុរខ្មៅ ជាស្រ្តីឥតបុណ្យ ពួកទេវតា រមែងស្គាល់​ខ្ញុំថា ជាកាឡកណ្ណី អ្នកកាល​បើខ្ញុំសូម​ឱកាស សូមឲ្យយើង​នឹងនៅក្នុង​សម្នាក់នៃអ្នក ។

 

បណ្ដាបទទាំងនោះ បទថា ចណ្ឌិយា បានដល់ សេចក្ដីក្រោធ អធិប្បាយថា មនុស្សទាំងឡាយ ធ្វើនូវឈ្មោះ​ខ្ញុំថា ចណ្ឌី ព្រោះភាព​នៃសេចក្ដី​ក្រោធ ។ បទថា អលក្ខិកា បានដល់ អ្នកមិន​មានបញ្ញា ។ បទថា មំ វិទូ សេចក្ដីថា ទេវតា​ទាំងឡាយ ក្នុងជាន់​ចាតុមហារាជិកា ស្គាល់ខ្ញុំ​ដោយប្រការ​យ៉ាងនេះ ។  បទថា វសេមុ  សេចក្ដីថា ថ្ងៃនេះខ្ញុំសូម​នៅក្នុង​សម្នាក់​លោកមួយយប់ សូមលោកចូរឲ្យ​ឱកាសដល់ខ្ញុំ ក្នុងទីអង្គុយ និងទីដេក​ដែលមិន​ទាន់បានប្រើ ។

 

លំដាប់នោះ ព្រះពោធិសត្វពោលគាថាទី ៣ ថា

សីលេ កឹសមាចារេ, បុរិសេ និវិសសេ តុវំ;

បុដ្ឋា មេ កាឡិ អក្ខាហិ, កថំ ជានេមុ តំ មយំ។

នាងតម្កល់ចិត្តចំពោះបុរស មានសីលធម៌​ដូចម្តេច មានសមាចារ​ដូចម្តេច ម្នាល​នាងកាឡី នាង គឺខ្ញុំសួរហើយ ក៏ចូរប្រាប់មក យើងនឹង​ស្គាល់នាង ដូចម្តេចបាន ។

 

បណ្ដាបទទាំងនោះ បទថា និវិសសេ សេចក្ដីថា តាំងចុះ គឺតាំងនៅ​ក្នុងចិត្តរបស់​នាង ។

 

លំដាប់នោះ នាងកាឡកណ្ណី កាលនឹងពោលគុណ​របស់ខ្លួន ទើបពោល​គាថាទី ៤ ថា

មក្ខី បឡាសី សារម្ភី, ឥស្សុកី មច្ឆរី សឋោ;

សោ មយ្ហំ បុរិសោ កន្តោ, លទ្ធំ យស្ស វិនស្សតិ។

បុរសណា ជាអ្នកលុបគុណ ប្រឡង​វាសនា ប្រណាំង​ប្រជែង ច្រណែន កំណាញ់ ជាអ្នកអួតអាង បានទ្រព្យ​ហើយបំផ្លាញ​ទៅវិញ បុរសនោះ ជាទីត្រេកអរ​របស់ខ្ញុំ ។

 

គាថានោះ មានសេចក្ដីថា បុរសណា​មិនដឹងគុណ​ដែលអ្នកដទៃ​ធ្វើហើយ​ដល់ខ្លួន, ជាមនុស្ស​លុបគុណ, កាលគេ​ពោលនូវ​ហេតុអ្វីណា​មួយរបស់ខ្លួន ក៏កាន់​យកជាគូថា ខ្ញុំមិនដឹង​នូវហេតុ​នោះឬ ពេលឃើញអ្វី​ដែលអ្នកដទៃ​ធ្វើហើយ ក៏ធ្វើនូវហេតុ​ឲ្យក្រៃលែង​ឡើង ដោយអំណាច​នៃការប្រណាំង​ប្រជែង, កាលអ្នក​ដទៃបាន​លាភ តែងមិន​ត្រេកអរ ប្រាថ្នាថា អ្នកដទៃ​កុំមានសេចក្ដី​ធំជាងយើង សូមភាព​ជាធំ ចូរមានដល់​យើងតែម្នាក់, ហួងហែង​សម្បត្តិ​របស់ខ្លួន មិនឲ្យសូម្បី​តែដំណក់​ប្រេងប៉ុនចុង​ស្មៅដល់​អ្នកដទៃ, ជាអ្នកដល់​ព្រមដោយ​លក្ខណៈ​របស់មនុស្ស​អែបអប ឲ្យរបស់ខ្លួន​ដល់អ្នកដទៃ បរិភោគ​របស់អ្នក​ដទៃដោយ​ឧបាយ​នោះ, ទ្រព្យក្ដី ធញ្ញជាតិក្ដី របស់បុរស​ណា ដែលបាន​ហើយ តែងវិនាស​ទៅ មិនឋិតនៅ គឺបុរស​ណា ជាអ្នកលេង​សុរាក្ដី ជាអ្នកលេង​ល្បែងក្ដី ជាអ្នកលេង​ស្រីក្ដី ញ៉ាំងទ្រព្យ​ដែលបាន​មកហើយៗ ឲ្យវិនាសទៅ​នោះឯង បុរសនេះ ជាអ្នកដល់​ព្រមដោយ​គុណ​ទាំងឡាយ​នេះ នឹងជាទីប្រាថ្នា ជាទីស្រឡាញ់ ជាទីពេញ​ចិត្តរបស់ខ្ញុំ ខ្ញុំនឹងឲ្យ​បុរសបែប​នោះ តាំងនៅក្នុង​ចិត្តរបស់ខ្ញុំ ។

 

លំដាប់នោះ នាងកាឡកណ្ណី ក៏ពោលគាថាទី ៥ ទី ៦ និងទី ៧ ដោយ​ខ្លួនឯងទៀតថា

កោធនោ ឧបនាហី ច, បិសុណោ ច វិភេទកោ;

កណ្ឌកវាចោ ផរុសោ, សោ មេ កន្តតរោ តតោ។

បុរសណា ច្រើនក្រោធ ចងសេចក្តីក្រោធទុក ញុះញង់​បំបែកមិត្ត ពោល​ពាក្យចាក់​ដោត ដូចបន្លា ពោលពាក្យ​ទ្រគោះ បុរសនោះ ជាទីត្រេកអរ​ក្រៃលៃង របស់ខ្ញុំជាង​នោះទៅ​ទៀត ។

 

អជ្ជ សុវេតិ បុរិសោ, សទត្ថំ នាវពុជ្ឈតិ;

ឱវជ្ជមានោ កុប្បតិ, សេយ្យំ សោ អតិមញ្ញតិ។

បុរសមិនយល់ប្រយោជន៍របស់ខ្លួនថា (កិច្ចនេះ​ត្រូវធ្វើ) ក្នុងថ្ងែនេះ ឬក្នុងថ្ងែស្អែក កាលបើ​គេទូន្មាន ក៏ខឹងតប មើលងាយ​នូវបុគ្គល​ប្រសើរ ។

 

ទវប្បលុទ្ធោ បុរិសោ, សព្វមិត្តេហិ ធំសតិ;

សោ មយ្ហំ បុរិសោ កន្តោ, តស្មឹ ហោមិ អនាមយ។

បុរសណា ជាប់ចិត្តក្នុងល្បែង គឺកាមគុណ រមែងឃ្លាត​ចាកមិត្ត​ទាំងពួង បុរសនោះ ជាទីត្រេកអរ​របស់ខ្ញុំ ទាំងខ្ញុំ ក៏មិនមាន​មោះមៃ ចំពោះ​បុរសនោះទេ ។

 

សូម្បីគាថាទាំងនោះ បណ្ឌិតគប្បី​ឲ្យពិស្ដារ​ដោយន័យ​នេះចុះ ។ តែក្នុងទីនេះ គប្បីជ្រាប​ដោយសេចក្ដី​សង្ខេប ។ បទថា កោធនោ បានដល់ ជាអ្នក​ក្រោធសូម្បី​ត្រឹមតែ​ហេតុ​បន្តិចបន្តួច ។ បទថា ឧបនាហី បានដល់ តម្កល់​នូវកំហុស​របស់អ្នក​ដទៃទុក​ក្នុងចិត្ត ហើយធ្វើ​នូវអំពើមិន​ជាប្រយោជន៍​ដល់អ្នកនោះ អស់កាលដ៏យូរ ។ បទថា បិសុណោ បានដល់ បិសុណវាចា ។ បទថា វិភេទកោ សេចក្ដីថា ជាអ្នកបំបែក​មិត្តសូម្បី​ដោយហេតុ​បន្តិចបន្តួច។ បទថា កណ្ឌកវាចោ  បានដល់ វាចាប្រកប​ដោយទោស ។ បទថា ផរុសោ បានដល់ វាចា​រឹងរូស ។ បទថា កន្តតរោ សេចក្ដីថា បុរស​ជាទីប្រាថ្នា ជាទីស្រឡាញ់​របស់ខ្ញុំ ក្រៃលែង​ជាបុរស​ខាងដើមទៀត ។ បទថា អជ្ជ សុវេតិ  សេចក្ដីថា បុរសណា​មិនស្គាល់ គឺមិនដឹង​ប្រយោជន៍​របស់ខ្លួន​យ៉ាងនេះថា កិច្ចនេះគួរ​ធ្វើក្នុងថ្ងៃនេះ កិច្ចនេះគួរ​ធ្វើក្នុងថ្ងៃស្អែក កិច្ចនេះគួរ​ធ្វើក្នុងថ្ងៃទី ៣ ដូច្នេះជាដើម ។ បទថា ឱវជ្ជមានោ បានដល់ កាលគេ​ពោលដាស់​តឿន។ បទថា សេយ្យំ សោ អតិមញ្ញតិ សេចក្ដីថា មើលងាយ​មនុស្ស​ដ៏ប្រសើរ គឺឧត្តម​បុគ្គល​ដែលខ្ពង់ខ្ពស់​ដោយគុណ​ទាំងឡាយ គឺជាតិ គោត្ត ត្រកូល ប្រទេស សីល អាចារៈថា អ្នកល្មម​នឹងយើង​ឬ ។ បទថា ទវប្បលុទ្ធោ សេចក្ដីថា អ្នកជាប់ចិត្ត​ដ៏ស៊ប់ក្នុង​កាមគុណ​ទាំងឡាយ មានរូប​ជាដើម ធ្លាក់ចុះក្នុង​អំណាច​នៃកាមគុណ​ហើយ ។ បទថា ធំសតិ សេចក្ដីថា គេពោលថា លោកធ្វើអ្វី​ដល់យើង​ជាដើម ហើយពា្រត់​ប្រាសចាក​មិត្រទាំងឡាយ ។ បទថា អនាមយ សេចក្ដីថា ខ្ញុំគិតថា បុរសប្រកប​ដោយគុណ​យ៉ាងនេះ នឹងជា​មនុស្ស​មិនមានទុក្ខ មិនមាន​សោក បានបុរស​នោះហើយ នឹងអស់​អាល័យក្នុង​មនុស្សដទៃ ។

 

លំដាប់នោះ ព្រះមហាសត្វ កាលនឹង​តិះដៀល​ទេពធីតានោះ ទើបពោល​គាថាទី ៨ ថា

អបេហិ ឯត្តោ ត្វំ កាឡិ, នេតំ អម្ហេសុ វិជ្ជតិ;

អញ្ញំ ជនបទំ គច្ឆ, និគមេ រាជធានិយោ។

ម្នាលនាងកាឡី នាងចូរចៀសចេញ​អំពីនេះទៅ អំពើ​អាក្រក់នេះ មិនមាន​ក្នុងយើង​ទាំងឡាយ​ទេ នាងចូរទៅ​កាន់ជនបទ ឬ​និគម ​រាជធានី​ដទៃចុះ ។

 

បណ្ដាបទទាំងនោះ បទថា អបេហិ សេចក្ដីថា ចូរចេញទៅ ។ បទថា នេតំ អម្ហេសុ សេចក្ដីថា ការធ្វើសេចក្ដី​ស្រឡាញ់​របស់នាង មានការលុបគុណ​ជាដើមនោះ មិនមាន​ក្នុងយើង​ទេ ។ បទថា និគមេ រាជធានិយោ សេចក្ដីថា មហាសត្វ​សម្ដែងថា នាងចូរទៅ​សូម្បីនិគមដទៃ សូម្បីរាជធានី​ដទៃចុះ យើងមិន​ឃើញនាង​ក្នុងទីណា ចូរនាងទៅ​ក្នុងទីនោះ​ចុះ ។

 

នាងកាឡកណ្ណី បានស្ដាប់នូវពាក្យ​នោះហើយ ជាអ្នកកាត់ពាក្យ ពោលនូវ​គាថាជាចន្លោះ​ថា

អហម្បិ ខោ តំ ជានាមិ, នេតំ តុម្ហេសុ វិជ្ជតិ;

សន្តិ លោកេ អលក្ខិកា, សង្ឃរន្តិ ពហុំ ធនំ;

អហំ ទេវោ ច មេ ភាតា, ឧភោ នំ វិធមាមសេ។

ខ្ញុំក៏បានដឹងហេតុនោះដែរ អំពើនោះ មិនមាន​ក្នុងអ្នកទេ ពួកជនជា​អ្នកឥតបុណ្យ​ក្នុងលោក រមែង​ប្រមូល​នូវទ្រព្យ​ច្រើន ខ្ញុំនិង​ទេវតាជា​បងរបស់ខ្ញុំ ទាំងពីរនាក់ តែងបំផ្លាញ​នូវទ្រព្យ​នុ៎ះ ។

 

បណ្ដាបទទាំងនោះ បទថា នេតំ តុម្ហេសុ សេចក្ដីថា ខ្ញុំក៏ដឹង​សេចក្ដីនេះថា ការធ្វើ​សេចក្ដី​ស្រឡាញ់​ណារបស់ខ្ញុំ មានភាព​ជាអ្នកលុប​គុណជាដើម គឺខ្ញុំដល់​ព្រមដោយ​ខ្លួនឯង​ដោយសេចក្ដី​ស្រឡាញ់​ណា ខ្ញុំដឹងនូវ​សេចក្ដី​ស្រឡាញ់​នោះថា សេចក្ដីស្រឡាញ់​នោះ មិនមាន​ក្នុងលោក ។ បទថា សន្តិ លោកេ អលក្ខិកា សេចក្ដីថា ចំណែក ពួកជនដទៃ ជាអ្នក​មិនមាន​សីល មិនមានបញ្ញា តែងមាន​ក្នុងលោក ។ បទថា សង្ឃរន្តិ សេចក្ដីថា ជនទាំងនោះ សូម្បីជាអ្នក​មិនមានសីល មិនមានបញ្ញា ប្រមូល​ទ្រព្យមក​ទុកច្រើន គឺរក្សា​ទុកជាដុំ ដោយ​ហេតុនេះ ភាពជា​អ្នកលុបគុណ​ជាដើមនោះ ។ បទថា ឧភោ នំ សេចក្ដីថា យើងទាំង​ពីរនាក់ គឺទាំងខ្ញុំ និងទេវបុត្រ​ឈ្មោះទេព ដែលជា​បងប្រុស​របស់ខ្ញុំ​នោះឯង រួមគ្នា​បំផ្លាញទ្រព្យ ដែលមនុស្ស​ទាំងនោះ​ប្រមូលមក​ហើយ ។ ទេពធីតានោះ​ពោលថា ក្នុងទេវលោក ពួកខ្ញុំ​ក៏មានគ្រឿង​បរិភោគ​ដែលជាទិព្វ និងទីដេក​ជាទិព្វច្រើន លោកឲ្យ​ក៏ដោយ មិនឲ្យក៏ដោយ លោកនឹង​មានប្រយោជន៍​អ្វី​សម្រាប់ខ្ញុំ ដូច្នេះហើយ ក៏ចៀសចេញទៅ ។

 

ក្នុងវេលាដែលទេពធីតាកាឡកណ្ណីនោះ​ចៀសចេញទៅ​ហើយ សិរីទេពធីតា មានគ្រឿង​លាប និងសំពត់​ពណ៌មាស មានគ្រឿង​អលង្ការ​ជាមាស មកហើយ បញ្ចេញ​រស្មីពណ៌លឿង ត្រង់​ឧបដ្ឋានទ្វារ មានសេចក្ដី​គោរព​ ឈរនៅលើ​ផែនដី ដោយជើង​ទាំងពីរ​ដ៏ស្មើ ។ ព្រះមហាសត្វ ឃើញនាង​ហើយ ទើបពោល​គាថាទី ១ ថា

កា នុ ទិព្វេន វណ្ណេន, បថព្យា សុបតិដ្ឋិតា;

កា វា ត្វំ កស្ស វា ធីតា, កថំ ជានេមុ តំ មយំ។

នាងជាអ្វី មានវណ្ណៈជាទិព្វ មកឋិតលើ​ផែនដី នាងជាអ្វី ឬជាធីតា​របស់នរណា យើងនឹង​ស្គាល់នាង ដូចម្តេចបាន ។

 

បណ្ដាបទទាំងនោះ បទថា ទិព្វេន សេចក្ដីថា ឧត្តម ប្រសើរបំផុត ។

 

សិរីទេពធីតា បានស្ដាប់​នូវពាក្យនោះ​ហើយ ទើបពោលគាថាទី ២ ថា

មហារាជស្សហំ ធីតា, ធតរដ្ឋស្ស សិរីមតោ;

អហំ សិរី ច លក្ខី ច, ភូរិបញ្ញាតិ មំ វិទូ;

ឱកាសំ យាចិតោ ទេហិ, វសេមុ តវ សន្តិកេ។

ខ្ញុំជាធីតានៃមហារាជ ឈ្មោះធតរដ្ឋ​ដ៏មានសិរី ខ្ញុំជាស្រ្តី​ឈ្មោះ​សិរីផង លក្ខីផង ពួកទេវតា រមែង​ស្គាល់ខ្ញុំថា ជាស្រ្តីមាន​ប្រាជា្ញ ដូច​ផែនដី លោក ខ្ញុំ​សូមឱកាសហើយ សូមឲ្យយើង នឹងសូមនៅ​ក្នុងសម្នាក់​លោក ។

 

បណ្ដាបទទាំងនោះ បទថា សិរី ច លក្ខី ច សេចក្ដីថា ខ្ញុំមានឈ្មោះថា សិរី ផង លក្ខី ផង មិនមែនដទៃ ។ បទថា ភូរិបញ្ញាតិ មំ វិទូ សេចក្ដីថា ក្នុង​ចាតុមហារាជិក​ទេវលោក គេតែង​ស្គាល់ខ្ញុំថា ជាអ្នកដល់​ព្រមដោយ​បញ្ញាដ៏វិបុល ដែលស្មើ​ដោយផែនដី ។ បទថា វសេមុ តវ សន្តិកេ សេចក្ដីថា ខ្ញុំសូមនៅ​អស់មួយរាត្រី ក្នុងទីអង្គុយ​ដែលមិនមែន​ជារបស់​សល់ផង ទីដេក​ដែលមិនមែន​ជារបស់​សល់ផង​របស់លោក លោកចូរ​ឲ្យឱកាស​ដល់ខ្ញុំ ។

 

លំដាប់នោះ ព្រះពោធិសត្វ ទើបពោលនូវ​គាថាដទៃថា

កឹសីលេ កឹសមាចារេ, បុរិសេ និវិសសេ តុវំ;

បុដ្ឋា មេ លក្ខិ អក្ខាហិ, កថំ ជានេមុ តំ មយំ។

នាងនឹងតម្កល់ចិត្តចំពោះបុរស មានសីលធម៌​ដូចម្តេច មានសមាចារ​ដូចម្តេច ម្នាល​នាងលក្ខី ខ្ញុំសួរ​ហើយ នាងចូរប្រាប់ យើងស្គាល់​នាង​ដូចម្តេច ។

 

(នាង​សិរីទេវធីតា ពោលថា)

យោ ចាបិ សីតេ អថ វាបិ ឧណ្ហេ, វាតាតបេ ឌំសសរីសបេ ច;

ខុធំ បិបាសំ អភិភុយ្យ សព្វំ,     រត្តិន្ទិវំ យោ សតតំ និយុត្តោ។

បុរសណា គ្របសង្កត់នូវត្រជាក់ក្តី ក្តៅក្តី ខ្យល់ និងកម្ដៅថ្ងែក្តី របោម ពស់តូច ពស់ធំក្តី ឃ្លានក្តី ស្រេកក្តី ទាំងអស់ ហើយប្រកប​ព្យាយាមរឿយ ៗ ក្នុងវេលា​យប់ និងថ្ងែ ។

 

កាលាគតញ្ច ន ហាបេតិ អត្ថំ, សោ មេ មនាបោ និវិសេ ច តម្ហិ;

អក្កោធនោ មិត្តវា ចាគវា ច, សីលូបបន្នោ អសឋោជុភូតោ។

បុរសណា រមែងមិនញ៉ាំងប្រយោជន៍ ដែលតាំង​នៅក្នុងកាល​គួរឲ្យវិនាស បុរសនោះ ជាទីពេញចិត្ត​របស់ខ្ញុំ ខ្ញុំគប្បីស៊ប់​ចិត្តក្នុងបុរស​នោះឯង បុរសណា ជាអ្នក​មិនក្រោធ មាន​កល្យាណមិត្ត មានការ​បរិច្ចាគ ជាអ្នក​បរិបូណ៌​ដោយសីល មិនមែនជា​អ្នកលេង​បោកប្រាស់ ជាអ្នកត្រង់ ។

 

សង្គាហកោ សខិលោ សណ្ហវាចោ, មហត្តបត្តោបិ និវាតវុត្តិ;

តស្មឹហំ បោសេ វិបុលា ភវាមិ, ឩមិ សមុទ្ទស្ស យថាបិ វណ្ណំ។

បុរសណា ជាអ្នកមាន​សង្គហធម៌ មានវាចាទន់ភ្លន់ មានវាចាពីរោះ សូម្បីដល់​នូវភាពជា​អ្នកធំ ក៏ប្រព្រឹត្ត​ឱនលំទោន ខ្ញុំជាអ្នកមាន​ចិត្តធំទូលាយ ចំពោះ​បុរសនោះ ដូចជារលក (ប្រាកដជា​របស់ធំ​ទូលាយ ដល់បុគ្គល​ដែលសម្លឹង​មើល) នូវពណ៌​របស់​សមុទ្រ ។

 

យោ ចាបិ មិត្តេ អថ វា អមិត្តេ, សេដ្ឋេ សរិក្ខេ អថ វាបិ ហីនេ;

អត្ថំ ចរន្តំ អថ វា អនត្ថំ, អាវី រហោ សង្គហមេវ វត្តេ។

បុរសណា ប្រព្រឹត្តនូវសេចក្តី​សង្រ្គោះ ក្នុងចំពោះមុខ កំបាំងមុខ ចំពោះ​ពួកមិត្តក្តី សត្រូវក្តី បុគ្គល​ប្រសើរក្តី ស្មើគ្នាក្តី ថោកទាបក្តី បុគ្គល​អ្នកប្រព្រឹត្តនូវ​ប្រយោជន៍ក្តី មិនមែន​ជាប្រយោជន៍​ក្តី ។

 

វាចំ ន វជ្ជា ផរុសំ កទាចិ, មតស្ស ជីវស្ស ច តស្ស ហោមិ;

ឯតេសំ យោ អញ្ញតរំ លភិត្វា, កន្តា សិរី មជ្ជតិ អប្បបញ្ញោ;

តំ ទិត្តរូបំ វិសមំ ចរន្តំ, ករីសឋានំវ វិវជ្ជយាមិ។

បុរសណា មិនពោលពាក្យអាក្រក់ ក្នុងកាល​ណាម្តង ខ្ញុំជាអ្នក​គប់រកចំពោះ​បុរស​នោះ ទោះបី​ស្លាប់ក្តី រស់ក្តី បណ្តា​គុណទាំងនុ៎ះ បុរសណា​មួយ ជាអ្នកគ្មាន​បញ្ញា បាននូវសិរី ជាទី​ត្រេកអរ​ណាមួយ ហើយស្រវឹង ខ្ញុំវៀរនូវបុរសនោះ អ្នកប្រព្រឹត្ត​មិនស្មើ មានសភាពដ៏​ក្តៅ​​ក្រហាយ ដូចជាបុគ្គល​វៀរបង់នូវ​រណ្តៅលាមក ។

 

អត្តនា កុរុតេ លក្ខឹ, អលក្ខឹ កុរុតត្តនា;

ន ហិ លក្ខឹ អលក្ខឹ វា, អញ្ញោ អញ្ញស្ស ការកោ។

បុគ្គលធ្វើនូវគុណសម្បត្តិ គឺបុណ្យ​ដោយខ្លួនឯង ធ្វើនូវ​អំពើមិនមែន​ជាបុណ្យ ក៏ដោយ​ខ្លួនឯង ព្រោះថា បុគ្គលដទៃ ធ្វើនូវ​គុណសម្បត្តិ គឺបុណ្យក្តី មិនមែន​បុណ្យក្តី ដល់បុគ្គល​ឯទៀត​មិនបានទេ ។

 

គាថាទាំងនេះ ជាពាក្យសួររបស់​សេដ្ឋី និងជាពាក្យ​ឆ្លើយរបស់​សិរីទេពធីតា ។

 

បណ្ដាបទទាំងនោះ បទថា ឌំសសរីសបេ ច សេចក្ដីថា សត្វរបោម លោកហៅថា ឌំសៈ ។ ម្យ៉ាងទៀត សត្វរុយ សូម្បីទាំងអស់ លោក​អធិប្បាយថា​ជា ឌំសៈ ក្នុងទីនេះ ។ សត្វ​ទីឃជាតិ ឈ្មោះថា សរីសបៈ ។ សត្វ​របោមផង សត្វទីឃជាតិ​ផង ឈ្មោះថា ឌំសសរីសបៈ មានក្នុង​សត្វរបោម និង​ទីឃជាតិនោះ ។ លោក​ពោលថា មហា​សេដ្ឋិណា មានសេចក្ដី​រងាក្ដី ក្ដៅក្ដី ខ្យល់កម្ដៅក្ដី របោមពស់ក្ដី ត្រូវអន្តរាយ​ទាំងនេះ មានរងាជាដើម បៀតបៀនហើយ រមែង​គ្របសង្កត់ គឺសង្កត់សង្កិន នូវអន្តរាយ​សូម្បីទាំង​អស់ គឺអន្តរាយ សូម្បីទាំងនេះ មានរងា​ជាដើមផង សម្រេកផង ការឃ្លានផង រមែងគ្រប​សង្កត់បាន បានដល់ មិនអើពើ​ដូចជាស្មៅ ហើយប្រកប គឺប្រកបខ្លួន ប្រព្រឹត្តទៅ​ក្នុងកម្មទាំងឡាយ​របស់ខ្លួនជានិច្ច មានកសិកម្ម និងពាណិជ្ជកម្ម​ជាដើមផង មានទាន និងសីលជា​ដើមផង អស់ថ្ងៃ និងយប់ ។

 

បទថា កាលាគតញ្ច សេចក្ដីថា មិនឲ្យកិច្ចទាំងឡាយ មានកសិកម្ម​ជាដើមវិនាស ទៅក្នុងកាល​ធ្វើកសិកម្ម​ជាដើម និងមិនញ៉ាំង​នូវប្រយោជន៍ ដែលនាំ​សេចក្ដីសុខ​មកឲ្យក្នុង​ទិដ្ឋធម្មភព និង​សម្បរាយភព ដែលមាន​ប្រភេទ គឺការបរិច្ចាគ​ទ្រព្យជាដើម ក្នុងកាល​នៃការបរិច្ចាគ​ទ្រព្យ ការរក្សាសីល ការស្ដាប់​ធម៌ជាដើម ឲ្យវិនាស​ទៅឡើយ រមែងធ្វើ​នូវការងារ​ដ៏សមគួរ​នោះឯង ។ បុរសនោះ ជាទីពេញ​ចិត្តនៃខ្ញុំ ខ្ញុំនឹងនៅ​ជាប្រចាំ​ក្នុងបុរស​នោះ។ បទថា អក្កោធនោ បានដល់ អ្នកប្រកប​ដោយ​អធិវាសនខន្តី ។ បទថា មិត្តវា សេចក្ដីថា ដល់ព្រម​ដោយ​កល្យាណមិត្ត ។ បទថា ចាគវា សេចក្ដី ប្រកប​ដោយការ​បរិច្ចាគទ្រព្យ ។

 

បទថា សង្គាហកោ បានដល់ អ្នកធ្វើនូវមិត្តសង្គ្រោះ អាមិសសង្គ្រោះ និង ធម្មសង្គ្រោះ ។ បទថា សខិលោ គឺ វាចាទន់ភ្លន់ ។ បទថា សណ្ហវាចោ គឺ ធមុរវាចា ។ បទថា មហត្តបត្តោបិ និវាតវុត្តិ សេចក្ដីថា សូម្បីដល់​នូវឋានៈដ៏ធំ ឥស្សរិយយស​ដ៏វិបុល តែជាអ្នក​មិនតម្កើង​ដោយយស ប្រព្រឹត្ត​ឱនលំទោន ធ្វើតាមឱវាទ​របស់បណ្ឌិត ។ បទថា តស្មឹហំ បោសេ សេចក្ដិថា ខ្ញុំក្នុង​បុរសនោះ ។ បទថា វិបុលា ភវាមិ សេចក្ដីថា ខ្ញុំមិន​មែនតូច។​ សេចក្ដីពិត​បុរសនោះ​ជាហេតុជិត​នៃសិរីដ៏ធំ ។ បទថា ឩមិ សមុទ្ទស្ស យថាបិ វណ្ណំ សេចក្ដីថា រលក​កាលមក​កាន់ចំណែក​ខាងលើ រមែងប្រាកដ​ដល់អ្នកសម្លឹង​មើលពណ៌​នៃ​សមុទ្រ ដូចជា​រលកធំ យ៉ាងណា ខ្ញុំក៏យ៉ាងនោះ គឺមានចិត្ត​ទូលាយ​ក្នុងបុគ្គលនោះ ។

 

បទថា អាវី រហោ សេចក្ដីថា ទាំងចំពោះមុខ ទាំងកំបាំងមុខ ។ បទថា សង្គហមេវ វត្តេ សេចក្ដីថា ញ៉ាំង​សង្គហធម៌​ទាំង ៤ ប្រការ (ទាន ១ បិយវាចា ១  អត្ថចរិយា ១ សមានត្តតា ១) ឲ្យប្រព្រឹត្ត​ទៅក្នុងបុគ្គល​មានប្រភេទ​ជាមិត្ត​ជាដើម ។  បទថា ន វជ្ជា សេចក្ដីថា បុរសណា មិនពោល​នូវផរុសវាចា​ក្នុងកាលខ្លះ ឈ្មោះថា ជាអ្នកមាន​មធុរវាចា​នោះឯង ។ បទថា មតស្ស ជីវស្ស ច សេចក្ដីថា បុរសនោះ ស្លាប់ហើយក្ដី មានជីវិតក្ដី ខ្ញុំនឹងភក្ដី​ក្នុងបុរសនោះ ។ សិរីទេពធីតា សម្ដែងថា ខ្ញុំគប់រកបុរស​ដូចនោះ​ទាំងលោកនេះ និងលោកខាងមុខ ។ បទថា ឯតេសំ យោ សេចក្ដីថា បុគ្គលណា បានគុណសូម្បី ១ នៃគុណ​ដែលបាន​ពោលមក​ហើយខាង​ក្រោម មានការគ្រប​សង្កត់រងា​ជាដើម ហើយប្រមាទ គឺភ្លាំងភ្លាត់ ប៉ុន្តែ​បានប្រកប​រឿយៗ ម្ដងទៀត ។ បទថា សិរិ មានបាឋៈ​សូម្បី ៣ យ៉ាងគឺ កន្តា សិរី, កន្តសិរី និង កន្តំ សិរី ប្រែថា សិរីដែល​គួរប្រាថ្នា ។ ដោយអំណាច​នៃបាឋៈទាំង ៣ នោះ មានការ​ប្រកបសេចក្ដី​ដូចតទៅនេះ បុគ្គលណា បានសិរីហើយ គិតថា សិរីរបស់​យើងគួរ​ប្រាថ្នា តាំងនៅ​ហើយ​តាមឋានៈ រមែង​ប្រមាទ គឺលុបគុណ​សេចក្ដីល្អ​យ៉ាងណា​មួយ ក្នុងបណ្ដា​សេចក្ដីល្អ​ទាំងនោះ ។ ម្យ៉ាងទៀត បុគ្គលប្រាថ្នា​សិរីដូចមនុស្ស​ដែលមាន​សិរីគួរប្រាថ្នា បានសេចក្ដី​ល្អយ៉ាងណា​មួយ បណ្ដា​សេចក្ដីល្អ​ទាំងនោះ ហើយទើបប្រមាទ ។ ម្យ៉ាងទៀត បុគ្គលណា បានសិរី​គួរប្រាថ្នា គួរពេញចិត្ត​ហើយទើប​ប្រមាទ សេចក្ដីល្អ​យ៉ាងណា​មួយ ក្នុងបណ្ដា​សេចក្ដីល្អ​យ៉ាង​នោះ ។ បទថា អប្បញ្ញោ បានដល់ មិនមានបញ្ញា ។ បទថា តំ ទិត្តរូបំ វិសមេ ចរន្តំ សេចក្ដីថា មនុស្សមាន​សេចក្ដីស្អាត​ដោយកំណើត កាលប្រព្រឹត្ត​មិនស្មើ ដែលមាន​ប្រភេទ គឺមាន​សភាពក្ដៅ មានសភាព​ឆ្មើងឆ្មៃ មានកាយទុច្ចរិត​ជាដើម ខ្ញុំវៀរនូវ​មនុស្សនោះ​អំពីចម្ងាយ ។ បទថា អញ្ញោ អញ្ញស្ស ការកោ សេចក្ដីថា កាលបើយ៉ាងនេះ បុរសដទៃ​ ឈ្មោះថា​ជាអ្នកធ្វើ​សិរីក្ដី មិនមែន​សិរីក្ដី ដល់អ្នកដទៃ រមែងមិនមាន បុគ្គលណាមួយ រមែង​ធ្វើសិរី និងមិន​មែនសិរី ដល់ខ្លួនៗ ។

 

ព្រះមហាសត្វ កាលស្ដាប់យ៉ាងនេះហើយ ក៏រីករាយ​នឹងពាក្យ​របស់សិរី​ទេពធីតា លោក​ទើប​ពោលថា ទីអង្គុយផង ទីដេកផង មិនមែនជា​របស់សល់ សមគួរដល់​នាងប៉ុណ្ណោះ សូមនាង​អង្គុយលើ​ទីអង្គុយផង ដេកលើក​ទីដេកផង ។ ទេពធីតានោះ បាននៅ​ក្នុងទីនោះ ហើយចេញ​ទៅក្នុងកាល​ជិតភ្លឺ ទៅកាន់​ចាតុមហារាជិក​ទេវលោក និងបានមុជ​ទឹកក្នុងកំពង់​ស្រះអនោតត្តៈ​នោះមុន ។ សយនៈ​នោះ ក៏បានឈ្មោះថា សិរិសយនៈ ព្រោះភាព​ដែលទេវតាសិរី​បានប្រើប្រាស់ ។ នេះជា​ប្រវត្តិ​របស់​សិរិសយនៈ ដោយហេតុ​នេះឯង លោក​ពោលថា សិរិសយនៈ រហូតមកដល់​ថ្ងៃនេះ ។

 

ព្រះសាស្ដា កាលនាំព្រះធម្មទេសនា​នេះមក​ហើយ ទ្រង់ប្រជុំ​ជាតកថា

តទា សិរិទេវី ឧប្បលវណ្ណា អហោសិ សិរីទេពធីតា​ក្នុងកាលនោះ បានមកជា ឧប្បលវណ្ណា ។

សុចិបរិវារសេដ្ឋិ បន អហមេវ អហោសឹ ចំណែកសុចិបរិវារសេដ្ឋី គឺ តថាគត នេះឯង ។

ចប់ សិរិកាឡកណ្ណិជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៤ )

ប្រែដោយ ខេមរ អភិធម្មាវតារ