សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

សាធុសីលជាតក

បុព្វហេតុនៃជាតក

ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធព្រាហ្មណ៍ម្នាក់ ទើបត្រាស់ព្រះធម្មទេសនានេះ (មានពាក្យផ្ដើម) ថា សរីរទព្យំ ដូច្នេះ (ជាដើម) ។

កិរ បានឮមកថា ព្រាហ្មណ៍នោះមានកូនស្រី ៤ នាក់ ។ មានបុរស ៤ នាក់ ត្រូវការកូនស្រីទាំង ៤ នាក់នោះ ។ បណ្ដាបុរសទាំង ៤ នាក់នោះ បុរសម្នាក់ជាអ្នកមានសរីរៈល្អ មានរូបរាងកាយបរិបូណ៌ ។ បុរសម្នាក់ជាអ្នកមានអាយុច្រើនជាមនុស្សចាស់ ។ បុរសម្នាក់ជាអ្នកបរិបូណ៌ដោយជាតិ ។ បុរសម្នាក់ជាអ្នកមានសីល ។

ព្រាហ្មណ៍គិតថា កាលនឹងទុកដាក់កូនស្រី តើគួរឲ្យដល់បុរសណាហ៎្ន ? គួរអ្នកមាន   សរីរៈល្អ ឬឲ្យទៅអ្នកមានអាយុច្រើន ឬអ្នកបរិបូណ៌ដោយជាតិ ឬឲ្យដល់អ្នកមានសីល តើបុរសមួយណាជាបុគ្គលប្រសើរ សូម្បីគាត់ព្យាយាមគិតក៏គីតមិនឃើញសោះ ទើបគិតថា ព្រះសម្មាសម្ពុទ្ធទ្រង់នឹងជ្រាបនូវហេតុនេះ អាត្មាអញនឹងទូលសួរព្រះអង្គហើយលើកកូនស្រីឲ្យទៅអ្នកដែលសមគួរ ក្នុងបុរសទាំងនោះ ។

គាត់បានកាន់យកនូវគ្រឿងក្រអូប និងកម្រងផ្កាជាដើមដើរទៅកាន់ព្រះវិហារ (វត្ត)  ហើយថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរមួយ ហើយក្រាបទូលសួរថា ភន្តេ ឥមេសុ ចតូសុ ជនេសុ កស្ស ទាតុំ វដ្ដតិ បពិត្រព្រះអង្គដ៏ចម្រើន តើខ្ញុំព្រះអង្គគួរដើម្បីនឹងឲ្យដល់ជនណា ក្នុងបណ្ដាជនទាំង ៤ នាក់នេះ ?

ព្រះសាស្ដាត្រាស់ថា បុព្ពេបិ បណ្ឌិតា ឯតំ បញ្ហំ កថយិំសុ, ភវសង្ខេបគតត្តា បន សល្លក្ខេតុំ ន សក្កោសិ ក្នុងកាលមុនបណ្ឌិតទាំងឡាយក៏សួរបញ្ហានេះនឹងតថាគតដែរ ប៉ុន្តែព្រោះការបត់បែននៃភព អ្នកទើបចាំមិនបាន ។ កាលព្រាហ្មណ៍ទូលអារាធនា ទើបទ្រង់នាំអតីតនិទានមកសម្ដែងដូចតទៅថា

អតីតនិទាន

ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ព្រះរាជាព្រះបាទព្រហ្មទត្ត ទ្រង់សោយ រាជសម្បត្តិក្នុងនគរពារាណសី ព្រះបរមពោធិសត្វបដិសន្ធិក្នុងត្រកូលព្រាហ្មណ៍ ជាអ្នកមាន វ័យចម្រើនឡើងហើយ បានទៅសិក្សាសិល្បសាស្ត្រក្នុងនគរតក្កសិលា បានជាអាចារ្យ ទិសាបាមោក្ខ (អាចារ្យ​ជា​ប្រធាន​ក្នុង​ទិស ឬ​អាចារ្យ​ជា​ប្រធាន​នៃ​សិស្ស​គ្រប់​ទិស​ គឺ​អាចារ្យ​ធំ​ដែល​ចេះ​វិជ្ជា​ច្រើន​ប្រភេទ សម្រាប់​ប្រើ​តាម​ជាន់ តាម​សម័យ, ជា​អ្នក​អាច​បង្ហាត់​បង្រៀន​ពួក​សិស្ស​ដែល​កាត់​មក​ពី​គ្រប់​ទិស គ្រប់​ប្រទេសបាន​មិន​ទើស​ទាក់) ក្នុងនគរតក្កសិលានោះ ។

គ្រានោះ មានព្រាហ្មណ៍ម្នាក់គាត់មានកូនស្រី ៤ នាក់ ហើយមានបុរស ៤ នាក់ ត្រូវការកូនស្រីទាំងនោះ ។ ព្រាហ្មណ៍គិតថា កស្ស នុ ខោ ទាតព្ពា គួរឲ្យទៅបុរសណា ។ កាលមិនប្រាកដក្នុងចិត្ត ទើបគិតថា អញត្រូវសួរអាចារ្យសិន ហើយសឹមឲ្យទៅអ្នកដែលសមគួរ កាលនឹងសួររឿងនោះ ទើបពោលគាថាទីមួយថា

សរីរទព្យំ វុឌ្ឍព្យំ, សោជច្ចំ សាធុសីលិយំ;

ព្រាហ្មណំ តេវ បុច្ឆាម, កន្នុ តេសំ វនិម្ហសេ។

ភាពនៃបុគ្គលមានសរីរៈល្អ   ភាពនៃបុគ្គលចាស់ ភាពនៃបុគ្គលមានជាតិល្អ  ភាពនៃបុគ្គលមានសីលល្អ យើងសូមសួរអ្នកជាព្រាហ្មណ៍ថា បណ្ដាលបុគ្គលទាំបួននាក់នោះ តើយើងប្រាថ្នានូវបុគ្គលណា ។

ក្នុងបណ្ដាបទទាំងនោះ បទថា សរីរទព្យំ សេចក្ដីថា ព្រាហ្មណ៍ប្រកាសគុណដែលមានក្នុងសរីរៈរបស់បុរសទាំង ៤ នាក់នោះ ។ មានសេចក្ដីអធិប្បាយថា បុរសទាំង ៤ នាក់នោះ ត្រូវការកូនស្រីទាំង ៤ របស់ខ្ញុំ ។ បណ្ដាបុរសទាំង ៤ នាក់នោះ បុរសម្នាក់ជាអ្នកមានរូបល្អ គឺមានរូបរាងកាយបរិបូណ៌ មានភាពស្រស់សង្ហា ។ ម្នាក់ជាអ្នកមានអាយុច្រើន គឺជាមនុស្សចាស់ទុំចម្រើនដោយវ័យ ។ ម្នាក់ជាអ្នកមានជាតិខ្ពង់ខ្ពស់ គឺបរិបូណ៌ដោយជាតិព្រោះកើតមកល្អ ។ ម្នាក់ជាអ្នកមានសីល គឺស្អាតស្អំដោយសីល បរិបូណ៌ដោយសីល ។ បទថា ព្រាហ្មណំ តេវ បុច្ឆាម សេចក្ដីថា ខ្ញុំមិនដឹងថា នឹងលើកកូនស្រីទាំងនោះឲ្យទៅបុរសណា ក្នុងចំណោមបុរសទាំង ៤ នាក់នោះ ទើបមកទូលសួរលោក ។ បទថា កន្នុ តេសំ វនិម្ហសេ  សេចក្ដីថា  បុរសទាំង ៤ នាក់នោះ ខ្ញុំនឹងជ្រើសរើស គឺខ្ញុំឲ្យកូនទាំងនោះដល់អ្នកណា ។

អាចារ្យស្ដាប់ពាក្យព្រាហ្មណ៍ហើយគិតថា អ្នកមានសីលវិបត្តិហើយសូម្បីមានរូបស្អាត ក៏គួរតិះដៀលដែរ ព្រោះហេតុនោះ រូបសម្បត្តិមិនជាប្រមាណទេ យើងពេញចិត្តភាពជាអ្នកមានសីល កាលនឹងប្រកាសសេចក្ដីនោះ ទើបពោលគាថាទីពីរថា

អត្ថោ អត្ថិ សរីរស្មឹ, វុឌ្ឍព្យស្ស នមោ ករេ;

អត្ថោ អត្ថិ សុជាតស្មឹ, សីលំ អស្មាក រុច្ចតិ។

សេចក្ដីចម្រើន រមែងមានក្នុងបុគ្គលណាដែលមានសរីរៈល្អ ហើយសូមធ្វើនមស្ការចំពោះបុគ្គលចាស់ សេចក្ដីចម្រើនរមែងមាន​ក្នុងបុគ្គលដែល​មាន​ជាតិល្អ តែសីល​រមែងពេញ​ចិត្តដល់យើងទាំងឡាយ ។

បណ្ដាបទទាំងនោះ បទថា អត្ថោ អត្ថិ សរីរស្មិំ សេចក្ដីថា សេចក្ដីត្រូវការគឺភាពពិសេស សេចក្ដីចម្រើននៃរាងកាយដែលបរិបូណ៌ដោយរូបមានន័យដូចគ្នា មិនមែនយើងថា មិនមានទេ ។ បទថា វុឌ្ឍព្យស្ស នមោ ករេ សេចក្ដីថា ប៉ុន្តែយើងសូមនមស្ការចំពោះបុគ្គលដែលចម្រើនដោយវ័យ ព្រោះបុគ្គលដែលចម្រើនដោយវ័យរមែងបានទទួលការនមស្ការ ។ បទថា អត្ថោ អត្ថិ សុជាតស្មិំ សេចក្ដីថា សេចក្ដីចម្រើនរមែងមានដល់អ្នកមានជាតិល្អ ព្រោះជាតិសម្បត្តិជាគុណគួរប្រាថ្នា ។ បទថា សីលំ អស្មាក រុច្ចតិ សេចក្ដីថា ប៉ុន្តែយើងពេញចិត្តអ្នកមានសីលប៉ុណ្ណោះ ព្រោះអ្នកមានសីលបរិបូណ៌ដោយមារយាទ សូម្បីមិន         បរិបូណ៌ដោយរូបសម្បត្តិក៏ដោយ ក៏តែគួរបូជា គួរសរសើរ ។

ព្រាហ្មណ៍បានស្ដាប់ពាក្យអាចារ្យដូច្នេះហើយ ទើបលលើកកូនស្រីទាំងឡាយឲ្យដល់អ្នកមានសីលនោះឯង ។

ព្រះសាស្ដាកាលទ្រង់នាំយកព្រះធម្មទេសនានេះមកសម្ដែងហើយ ទើបទ្រង់ប្រកាសសច្ចធម៌ កាលចប់សច្ចធម៌ ព្រាហ្មណ៍ក៏បានសម្រេចសោតាបត្តិផល ហើយទ្រង់ប្រជុំជាតកថា

តទា ព្រាហ្មណោ អយមេវ ព្រាហ្មណោ អហោសិ ព្រាហ្មណ៍ក្នុងកាលនោះ បានមកជាព្រាហ្មណ៍ក្នុងកាលឥឡូវនេះ ។

ទិសាបាមោក្ខោ អាចរិយោ បន អហមេវ អហោសឹ ចំណែកអាចារ្យ ទិសាបាមោក្ខ ក៏គឺតថាគតនេះឯង ។

សាធុសីលជាតក ចប់ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ជាតក ទុកនិបាត រុហកវគ្គ បិដកលេខ ៥៨ ទំព័រ ៩៩)

ដោយ ខេមរ អភិធម្មាវតារ