នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សាធិនជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ឧបាសក​ទាំងឡាយ ដែល​សមាទាន​ឧបោសថ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា អព្ភុតោ វត លោកស្មឹ ដូច្នេះ​ជាដើម ។

 

គ្រានោះ ព្រះសាស្ដាត្រាស់ថា ម្នាលឧបាសកទាំងឡាយ បោរាណបណ្ឌិត​បានអាស្រ័យ​ឧបោសថកម្ម​របស់ខ្លួន ហើយទៅកាន់​ទេវលោក​ដោយសរីរៈ​ជារបស់​មនុស្ស និងនៅ​អស់កាល​យូរ ដូច្នេះហើយ ទ្រង់ដែល​ឧបាសក​ទាំងឡាយ​នោះសូម​អង្វរហើយ ទើបនាំ​អតីត​និទាន​មកថា

 

ក្នុងអតីតកាល ព្រះរាជាព្រះនាម សាធិនៈ សោយរាជសម្បត្តិ​ប្រកបដោយធម៌ ក្នុង​នគរមិថិលា ។ ព្រះរាជានោះ ឲ្យគេកសាង​សាលា ៦ កន្លែង គឺ ត្រង់ទ្វារនគរ ៤ កន្លែង ត្រង់​កណ្ដាល​នគរ ១ កន្លែង និង​ត្រង់ទ្វារនិវេសន៍ ១ កន្លែង ទ្រង់ធ្វើ​ជម្ពូទ្វីប​ទាំងមូល​ឲ្យលើក​នង្គលឡើង (រក្សានង្គ័ល លែងភ្ជួររាស់) ញ៉ាំង​មហាទាន​ឲ្យប្រព្រឹត្ត​ទៅ ដោយ​ចំណាយ​ព្រះរាជ​ទ្រព្យ ៦០០.០០០ រាល់ៗថ្ងៃ ទ្រង់​រក្សាសីល ៥ និង​ឧបោសថ ។ សូម្បីអ្នក​ដែន ក៏ឋិតនៅ​ក្នុងឱវាទ​របស់​ព្រះរាជានោះ ធ្វើបុណ្យ​ទាំងឡាយ មានឲ្យ​ទានជាដើម កាលធ្វើ​កាលកិរិយា​ហើយ បានកើត​ក្នុងទេវនគរ ។ ទេវតាទាំងឡាយ ដែលអង្គុយ​ត្រៀបត្រា​ក្នុង​សុធម្មទេវសភា នាំគ្នាពណ៌នា​សីលគុណ​ជាដើម របស់​ព្រះរាជា​សាធិនៈ ។ សូម្បី​ទេវតាដ៏សេស ស្ដាប់ពាក្យនោះ​ហើយ ជាអ្នកប្រាថ្នា​នឹងឃើញ​ព្រះរាជា​នោះ ។ សក្កទេវរាជ បានដឹង​ចិត្តរបស់​ទេវតា​ទាំងនោះ ហើយពោលថា អ្នកទាំងឡាយ ប្រាថ្នា​នឹងឃើញ​នូវ​សាធិនរាជ​ឬ ? ពួកទេវតា​ពោលថា ព្រះករុណា ទេវរាជ ។ ស្ដេចសក្កៈ បញ្ជាមាតលីថា អ្នក​ចូរទៅ ដោយប្រកប​វេជយន្តរថ ហើយនាំ​សាធិនរាជ​មក ។ ព្រះមាតលី​ទទួលថា សាធុ ហើយ​ប្រកបនូវ​រថទៅកាន់​វិទេហរដ្ឋ ពេលនោះ​ជាថ្ងៃពេញ​បូណ៌មី ។ ព្រះមាតលី បររថ ឲ្យទៅជា​មួយនឹង​មណ្ឌលព្រះចន្ទ ក្នុងកាល​ដែលមនុស្ស​ទាំងឡាយ​បរិភោគ​អាហារ​ពេលល្ងាចរួច អង្គុយប្រជុំ​គ្នាពោលកថា ដែលជា​សុខត្រង់ទ្វារផ្ទះ ។ មនុស្ស​ទាំងឡាយ​ពោលថា ព្រះចន្ទ ២ ដួង​តាំងឡើង ពេលឃើញ​រថដែល​កំពុងមក ដោយការ​លះបង់​មណ្ឌល​ព្រះចន្ទ​ហើយ ទើបពោល​ម្ដងទៀតថា នេះមិនមែន​ព្រះចន្ទទេ នោះ​គឺជារថ ប្រាកដ​ជាទេវបុត្រ​នាំរថជាទិព្វ ដែល​ប្រកបដោយ​សិន្ធពមនោម័យ​មក ដើម្បី​អ្នកណា មិនដើម្បី​អ្នកដទៃ​ឡើយ ដើម្បីព្រះរាជា​របស់យើង ព្រោះថា ព្រះរាជា​របស់​យើងជា​ធម្មិករាជ ជាធម្មរាជា ដូច្នេះ​ហើយ មានសេចក្ដី​សោមនស្ស ផ្គងអញ្ជលី ពោលគាថា​ទី ១ ថា

អព្ភុតោ វត លោកស្មឹ, ឧប្បជ្ជិ លោមហំសនោ;

ទិព្វោ រថោ បាតុរហុ, វេទេហស្ស យសស្សិនោ។

ចម្លែកណាស់តើ គួរឲ្យព្រឺរោម កើតឡើងក្នុងលោក រថជាទិព្វ បានកើត​ប្រាកដដល់​ស្តេចវិទេហៈ ព្រះអង្គ​មានយស

 

គាថានោះ មានសេចក្ដីថា ឱហ្ន៎ អស្ចារ្យណាស់ ព្រះរាជា​របស់យើង ការព្រឺរោម​កើតឡើង​ក្នុងលោក រថជាទិព្វ រមែងប្រាកដ​ដល់ព្រះបាទ​វិទេហៈ​ដ៏ទ្រង់យស ។

 

ចំណែកព្រះមាតលី នាំរថនោះមក​ហើយ កាលមនុស្ស​ទាំងឡាយ​បូជា ដោយគ្រឿង​ក្រអូប និងកម្រងផ្កា​ជាដើម ក៏ធ្វើ​ប្រទក្សិណ​នគរ ៣ ជុំ រួចទៅកាន់​ទ្វាររាជនិវេសន៍​របស់ព្រះរាជា ញ៉ាំងរថ​ឲ្យបែរត្រឡប់ ទើបឋិត​នៅត្រង់​ធរណីទ្វារ​សីហបញ្ជរ ដោយចំណែក​ខាងក្រោយ ធ្វើការ​ត្រៀមជណ្ដើរ ។ ថ្ងៃនោះ សូម្បីព្រះរាជា កាលទ្រង់​សម្លឹងសាលា​ទានជាដើម បាន​បញ្ជាថា អ្នកទាំងឡាយ ចូរឲ្យទាន​ដោយនិយាម​នេះ ហើយទ្រង់​សមាទាន​ឧបោសថ ញ៉ាំងថ្ងៃ​ឲ្យកន្លង​ទៅ ទ្រង់ឡោមព័ទ្ធ​ដោយពួក​អាមាត្យ ប្រថាប់ដោយ​បែរព្រះភក្ត្រ​ឆ្ពោះទៅ​សីហបញ្ជរ​ទិសខាង​កើត សម្ដែង​កថាប្រកប​ដោយធម៌ ក្នុងសាលា​ដែលគេប្រដាប់​តាក់តែង​ហើយ ។ លំដាប់នោះ ព្រះមាតលី ទូលយាង​ព្រះអង្គឲ្យ​ឡើងលើរថ ហើយ​នាំទៅ ។ ព្រះសាស្ដា កាលប្រកាស​សេចក្ដីនោះ បានត្រាស់​ព្រះគាថា​ទាំងឡាយថា

ទេវបុត្តោ មហិទ្ធិកោ, មាតលិ ទេវសារថិ;

និមន្តយិត្ថ រាជានំ, វេទេហំ មិថិលគ្គហំ។

ទេវបុត្រឈ្មោះមាតលី ជាទេវសារថី មានប្ញទ្ធិច្រើនបានយាង​ព្រះបាទវិទេហៈ ព្រះអង្គ​គ្រប់គ្រង​ក្រុង​មិថិលាថា

 

ឯហិមំ រថមារុយ្ហ, រាជសេដ្ឋ ទិសម្បតិ;

ទេវា ទស្សនកាមា តេ, តាវតឹសា សឥន្ទកា;

សរមានា ហិ តេ ទេវា, សុធម្មាយំ សមច្ឆរេ។

បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គ​យាងឡើង​កាន់រថនេះ ទេវតា​ទាំងឡាយ​ជាន់តាវត្តិង្ស ព្រមទាំង​ព្រះឥន្ទ ចង់ឃើញ​ព្រះអង្គ ព្រោះទេវតា​ទាំងឡាយ រលឹក​ព្រះអង្គ នៅរង់ចាំ​ក្នុងរោងឈ្មោះ​សុធម្មា

 

តតោ ច រាជា សាធិនោ, វេទេហោ មិថិលគ្គហោ;

សហស្សយុត្តមារុយ្ហ, អគា ទេវាន សន្តិកេ;

តំ ទេវា បដិនន្ទឹសុ, ទិស្វា រាជានមាគតំ។

លំដាប់នោះឯង ព្រះបាទវិទេហៈព្រះនាមសាធិន ព្រះអង្គ​គ្រប់គ្រង​ក្រុងមិថិលា ទ្រង់យាង​ឡើង​កាន់រថ ទឹមដោយ​សេះច្រើន ហើយបាន​យាងទៅក្នុងសំណាក់នៃ​ទេវតា​ទាំងឡាយ (ព្រះរាជា​ជាធំ ទ្រង់ប្រថាប់​លើទិព្វយានឈ្មោះ​ហយវាហី ដែលទឹម​ដោយសេះ​ច្រើន កំពុង​យាងទៅ ក៏បានទតឃើញ​ទេវសភានេះ) ពួកទេវតា បានឃើញ​ព្រះរាជានោះ​មកដល់​ហើយ ក៏ត្រេកអរ​ស្មោះ​ចំពោះថា

 

ស្វាគតំ តេ មហារាជ, អថោ តេ អទុរាគតំ;

និសីទ ទានិ រាជីសិ, ទេវរាជស្ស សន្តិកេ។

បពិត្រមហារាជ ព្រះអង្គយាង​មកស្រួលហើយ មិនមែន​យាងមក​ដោយមិន​ស្រួលទេ បពិត្រ​ព្រះរាជា​អ្នកស្វែង​រកគុណ​ដ៏ប្រសើរ ឥឡូវនេះ សូម្បី​ព្រះអង្គ ទ្រង់គង់ក្នុង​សំណាក់នៃ​ទេវរាជចុះ

 

សក្កោបិ បដិនន្ទិត្ថ, វេទេហំ មិថិលគ្គហំ;

និមន្តយិត្ថ កាមេហិ, អាសនេន ច វាសវោ។

ឯព្រះឥន្ទ ក៏ទទួលរាក់ទាក់ចំពោះ​ព្រះបាទ​វិទេហៈ ព្រះអង្គ​គ្រប់គ្រង​ក្រុងមិថិលា ព្រះឥន្ទ​បានអញ្ជើញ​ដោយកាម​ទាំងឡាយ​ផង ដោយអាសនៈ​ផងថា

 

សាធុ ខោសិ អនុប្បត្តោ, អាវាសំ វសវត្តិនំ;

វស ទេវេសុ រាជីសិ, សព្វកាមសមិទ្ធិសុ;

តាវតឹសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។

ប្រពៃណាស់ហើយ ព្រះអង្គបានដល់​អាវាស​របស់ទេវតា​ទាំងឡាយ ដែលញ៉ាំង​គេឲ្យប្រព្រឹត្ត​ក្នុងអំណាច​ខ្លួន បពិត្រ​ព្រះរាជា​អ្នកស្វែង​រកគុណ​ដ៏ប្រសើរ សូមព្រះអង្គ គង់នៅ​ក្នុងពួកទេវតា​ដែលសម្រេច​នូវកាម​គ្រប់យ៉ាងបាន សូមព្រះអង្គ សោយនូវ​កាម​ទាំងឡាយ ដែលមិនមែន​ជារបស់​មនុស្ស ក្នុងពួក​ទេវតាជាន់​តាវត្តិង្សចុះ

 

បណ្ដាបទទាំងនោះ បទថា សមច្ឆរេ សេចក្ដីថា នៅរង់ចាំ ។ បទថា អគា ទេវាន សន្តិកេ សេចក្ដីថា ទៅកាន់​សម្នាក់ទេវតា ។ ក្នុងពេលនោះ កាលព្រះរាជា​ឡើងកាន់​រថ ហើយឋិតនៅ រថបាន​ស្ទុះទៅកាន់​អាកាស ព្រះរាជានោះ ដែលមហាជន​កំពុងមើល ក៏បានបាត់ទៅ ។ ព្រះមាតលី នាំព្រះរាជា​ទៅកាន់​ទេវលោក ។ ទេវតា និង​ស្ដេចសក្កៈ បានឃើញ​ព្រះរាជា​ហើយ មានចិត្តត្រេកអរ នាំគ្នា​ក្រោកទទួល និងធ្វើ​បដិសណ្ឋារៈ ។ ដើម្បី​សម្ដែង​សេចក្ដីនោះ លោកទើប​ពោលថា តំ ទេវ ដូច្នេះ​ជាដើម ។ បទថា បដិនន្ទឹសុ សេចក្ដីថា ត្រេកអរ​រឿយៗ ។ បទថា អាសនេន សេចក្ដីថា ព្រះឥន្ទ​ឱបព្រះរាជា ហើយអញ្ជើញ​ដោយ​បណ្ឌុកម្ពលសិលាសនៈ និងដោយ​កាមទាំងឡាយ​របស់ខ្លួនថា សូមអង្គុយ​ទីនេះ រួចហើយ​ក៏បែង​ចែក​រាជសម្បត្តិ​ពាក់កណ្ដាល ឲ្យព្រះរាជា​អង្គុយ​លើអាសនៈ​ជាមួយគ្នា ។

 

កាលព្រះបាទសាធិនៈសោយរាជសម្បត្តិ ដែលសក្កទេវរាជ​បែងចែក​ទេវនគរ ដែលមាន​ទំហំ ១០.០០០ យោជន៍ ស្រីទេពអប្សរ ២ កោដិកន្លះ និងវេជយន្តប្រាសាទ ពាក់កណ្ដាល ប្រទាន​ឲ្យ អស់កាល ៧០០ ឆ្នាំ ដោយការរាប់​ឆ្នាំមនុស្ស ឲ្យកន្លង​ទៅ ។ ព្រះអង្គ​នៅក្នុង​ទេវលោក​ដោយអត្តភាព​នោះ កាលអស់​បុណ្យហើយ ក៏កើត​សេចក្ដី​មិនត្រេកអរ ព្រោះ​ហេតុនោះ កាលចរចា​ជាមួយនឹង​ស្ដេចសក្កៈ ទើបពោល​គាថា ថា

អហំ បុរេ សគ្គគតោ រមាមិ, នច្ចេហិ គីតេហិ ច វាទិតេហិ;

សោ ទានិ អជ្ជ ន រមាមិ សគ្គេ, អាយុំ នុ ខីណោ មរណំ នុ សន្តិកេ;

ឧទាហុ មូឡ្ហោស្មិ ជនិន្ទសេដ្ឋ។

កាលពីដើម ខ្ញុំមកនៅក្នុងឋានសួគ៌ រីករាយដោយរបាំ ចម្រៀង និងប្រគុំ​ទាំងឡាយ ឥឡូវនេះក្នុងថ្ងៃនេះ ខ្ញុំមិន​ត្រេកអរ​ក្នុងឋានសួគ៌​ទេ បពិត្រ​ព្រះជនិន្ទ​ដ៏ប្រសើរ អាយុ (របស់ខ្ញុំ) នឹងអស់ឬ ឬសេចក្តី​ស្លាប់ (ឋិតនៅ) ក្នុងទីជិត ឬក៏ខ្ញុំជា​បុគ្គលវង្វេង

 

បណ្ដាបទទាំងនោះ បទថា អាយុំ នុ ខីណោ សេចក្ដីថា ព្រះបាទ​សាធិនៈសួរថា ជីវិតិន្ទ្រិយ៍​ក្នុងសរីរៈ​របស់ខ្ញុំ​អស់ហើយឬ ឬថា ជីវិតិន្ទ្រិយ៍​នឹងកើត​ក្នុងទី​ជិតនៃ​មរណៈ​ដោយអំណាច​នៃ​ឧបច្ឆេទកកម្ម ។ បទថា ជនិន្ទសេដ្ឋ សេចក្ដីថា បពិត្រ​ព្រះអង្គ​ដែលប្រសើរ​ជាងជន និងទេវតា​ទាំងឡាយ ។

 

លំដាប់នោះ ស្ដេចសក្កៈពោលថា

ន តាយុ ខីណំ មរណញ្ច ទូរេ, ន ចាបិ មូឡ្ហោ នរវីរសេដ្ឋ;

តុយ្ហញ្ច បុញ្ញានិ បរិត្តកានិ, យេសំ វិបាកំ ឥធ វេទយិត្ថោ។

បពិត្រព្រះអង្គដ៏ប្រសើរ មានព្យាយាមជាងជន អាយុរបស់ព្រះអង្គ​មិនទាន់​អស់ទេ ទាំងសេចក្តី​ស្លាប់របស់​ព្រះអង្គ (ក៏ឋិតនៅ) ក្នុងទីឆ្ងាយ មួយវិញ​ទៀត ព្រះអង្គមិនមែន​ជាមនុស្ស​វង្វេងទេ តែថា ព្រះអង្គ​សោយនូវ​ផលនៃ​បុណ្យណា ក្នុងទេវលោក​នេះបុណ្យរបស់ព្រះអង្គ​តិច

 

វស ទេវានុភាវេន, រាជសេដ្ឋ ទិសម្បតិ;

តាវតឹសេសុ ទេវេសុ, ភុញ្ជ កាមេ អមានុសេ។

បពិត្រព្រះរាជាដ៏ប្រសើរ ជាម្ចាស់នៃទិស សូមព្រះអង្គ​គង់នៅដោយ​ទេវានុភាពចុះ សូមព្រះអង្គ​សោយនូវ​កាមទាំងឡាយ មិនមែនជារបស់មនុស្ស ក្នុងទេវលោក​ជាន់តាវត្តិង្សចុះ

 

បណ្ដាបទទាំងនោះ បទថា បរិត្តកានិ សេចក្ដីថា សក្កទេវរាជ ពោលសំដៅ​យកបុណ្យ​ទាំងឡាយ ដែលឲ្យ​វិបាក​ក្នុងទេវលោក​ដោយអត្តភាព​នោះ តែថា​បុណ្យដទៃ​ទៀត​របស់​ព្រះបាទ​សាធិនៈ​ច្រើនប្រមាណ​មិនបាន បីដូចជា​ធូលីក្នុង​ផែនដី ។ បទថា វស ទេវានុភាវេន សេចក្ដីថា សក្កទេវរាជ លួងលោម​ព្រះពោធិសត្វ​ដោយ​ពោលថា ខ្ញុំចែក​បុណ្យទាំងឡាយ ពាក់កណ្ដាល​របស់ខ្ញុំ​ដល់ព្រះអង្គ សូមព្រះអង្គ​នៅដោយ​ទេវានុភាព​របស់ខ្ញុំចុះ ។

 

លំដាប់នោះ ព្រះមហាសត្វ កាលហាមឃាត់ ទើបពោលថា

យថា យាចិតកំ យានំ, យថា យាចិតកំ ធនំ;

ឯវំសម្បទមេវេតំ, យំ បរតោ ទានបច្ចយា។

យានដែលខ្ចីគេ និងទ្រព្យដែលខ្ចីគេ មានឧបមា​យ៉ាងណាមិញ ទ្រព្យណា ដែលគេបាន ព្រោះបុគ្គល​ដទៃឲ្យ​ជាបច្ច័យ ទ្រព្យនុ៎ះឯង ក៏មាន​ឧបមេយ្យ​យ៉ាងនោះដែរ

 

ចាហមេតមិច្ឆាមិ, យំ បរតោ ទានបច្ចយា;

សយំកតានិ បុញ្ញានិ, តំ មេ អាវេណិកំ ធនំ។

ទ្រព្យណាដែលគេបាន ព្រោះបុគ្គលដទៃ​ឲ្យជាបច្ច័យ ខ្ញុំមិនចង់​បានទ្រព្យ​នុ៎ះឡើយ បុណ្យ​ទាំងឡាយ ដែលខ្ញុំបានធ្វើហើយ​ដោយខ្លួន​ឯង បុណ្យនោះ ទុកជាទ្រព្យ​របស់ខ្ញុំ​ជាប់តាមខ្លួន

 

សោហំ គន្ត្វា មនុស្សេសុ, កាហាមិ កុសលំ ពហុំ;

ទានេន សមចរិយាយ, សំយមេន ទមេន ច;

យំ កត្វា សុខិតោ ហោតិ, ន ច បច្ឆានុតប្បតិ។

ខ្ញុំនោះ នឹងទៅធ្វើកុសលច្រើន​ក្នុងពួកមនុស្ស ដោយឲ្យ​ទានផង កិរិយាប្រព្រឹត្តធម៌ស្មើផង កិរិយា​សង្រួមដោយ​សីលផង កិរិយា​ទូន្មាននូវឥទ្រ្ទិយ​ផង ព្រោះថាបុគ្គលធ្វើ​កុសល​ហើយ រមែងដល់​នូវសេចក្តី​សុខ ទាំងមិនក្តៅក្រហាយ​រឿយៗ ក្នុងកាល​ជាខាង​ក្រោយ

 

លំដាប់នោះ សក្កទេវរាជ បានស្ដាប់ពាក្យរបស់​ព្រះរាជា​នោះហើយ ទើបបញ្ជា​មាតលីថា ម្នាលអ្នក ចូរទៅ ហើយនាំ​សាធិនរាជ​ទៅកាន់ក្រុង​មិថិលា ឲ្យស្ដេចចុះ​ក្នុងឧទ្យាន ។ ព្រះមាតលី ក៏បានធ្វើ​យ៉ាងនោះ ។ ព្រះរាជា យាងចង្ក្រម​ក្នុងឧទ្យាន ។ គ្រានោះ នាយ​ឧទ្យានបាល ឃើញព្រះរាជា​ហើយ ទូលសួរ រួចហើយ​ក៏ទៅប្រាប់​ដល់​ព្រះបាទនារទៈ។ ព្រះបាទ​នារទៈ​នោះ ស្ដាប់នូវការមក របស់ព្រះរាជា​ហើយ ទ្រង់បញ្ជូន​ឧទ្យាន​បាលថា អ្នកចូរ​ទៅមុនចុះ ចូររៀប​ចំឧទ្យាន និងចាត់ចែង​អាសនៈ ២ សម្រាប់យើង និងព្រះរាជា​សាធិនៈ ។ នាយ​ឧទ្យានបាល បានធ្វើ​យ៉ាងនោះ ។ លំដាប់នោះ ព្រះរាជា​សាធិនៈ​សួរឧទ្យាន​បាលថា អ្នករៀបចំ​អាសនៈ ២ ដើម្បីអ្នក​ណា ? ឧទ្យាន​បាលពោលថា ដើម្បីព្រះអង្គ ១ ដើម្បីព្រះរាជា​របស់ខ្ញុំ ១ ។ ព្រះរាជា​ពោលថា សត្វដទៃណា នឹងអង្គុយ​លើអាសនៈ​ក្នុងសម្នាក់​យើង ដូច្នេះហើយ ទើបទ្រង់​អង្គុយលើ​អាសនៈមួយ ហើយដាក់​ព្រះបាទ​លើអាសនៈ​មួយ ។ ព្រះបាទ​នារទៈ យាងមកហើយ ថ្វាយបង្គំ​ព្រះបាទ​របស់​ព្រះបាទសាធិនៈ រួចក៏អង្គុយ​នៅកន្លែង​មួយ ។ បានឮមកថា ព្រះបាទនារទៈ​នោះ ត្រូវជាចៅ (ជំនាន់) ទី ៧ របស់ព្រះបាទ​សាធិនៈ បានឮ​មកទៀតថា ក្នុងសម័យ​នោះ ជាកាលនៃ​មនុស្សដែល​មានអាយុ ១០០ ឆ្នាំ ។ ចំណែក​ព្រះមហាសត្វ បានញ៉ាំង​កាលដែលមាន​ប្រមាណប៉ុណ្ណេះ ឲ្យកន្លងទៅ ដោយកម្លាំង​បុណ្យរបស់ខ្លួន ។ ព្រះពោធិសត្វ កាន់ដៃ​ព្រះបាទនារទៈ ហើយត្រាច់​ទៅក្នុងឧទ្យាន រួចក៏​ពោល ៣ គាថា ថា

ឥមានិ តានិ ខេត្តានិ, ឥមំ និក្ខំ សុកុណ្ឌលំ;

ឥមា តា ហរិតានូបា, ឥមា នជ្ជោ សវន្តិយោ។

ស្រែទាំងឡាយនេះផង ទទឹកប្រកបដោយ​កុណ្ឌល​ដ៏ល្អនេះផង ផែនដី​ដ៏ដេរដាស ដោយស្មៅ​ពណ៌ខៀវ​នេះផង ស្ទឹងទាំងឡាយ ដែលកំពុង​ហូរនេះផង ។

 

ឥមា តា បោក្ខរណី រម្មា, ចក្កវាកបកូជិតា;

មន្ទាលកេហិ សញ្ឆន្នា, បទុមុប្បលកេហិ ច;

យស្សិមានិ មមាយឹសុ, កឹ នុ តេ ទិសតំ គតា។

ស្រះបោក្ខរណីទាំងឡាយ ជាទីរីករាយ មានសត្វចាក្រពាក (សត្វ​ប្រវឹក, ព្រវែក: សត្វ​ចាក្រពាក [ច្រើន​ប្រើ​តែ​ក្នុង​កាព្យ]) យំហើយ ដ៏ដេរដាស​ដោយចង្កុលណី (ឈ្មោះ​វារិជជាតិ​មួយ​ប្រភេទ ពួកឈូក, មាន​កេសរផ្កាច្រើនស្រទាប់, ផ្កាបែក​ជាខ្នែង​តពីគ្នា​ជាបី ឬជាបួន​ទៅទៀត​ក៏មាន) ដោយ​ផ្កាឈូក និងផ្កា​ឧប្បល​នេះផង ពួកជនណា រាប់អាននូវ​ទីទាំងឡាយនេះ ថាជា​របស់អញ អស់ផង​ទាំងនោះ ទៅកាន់​ទិសណាហ្ន៎ ។

 

តានីធ ខេត្តានិ សោ ភូមិភាគោ, តេយេវ អារាមវនូបចារា;

តមេវ មយ្ហំ ជនតំ អបស្សតោ, សុញ្ញំវ មេ នារទ ខាយតេ ទិសា។

ម្នាលនារទៈ ស្រែទាំងឡាយ នៅជាស្រែទាំងនោះ​ដដែល ភូមិភាគ​នៅជាភូមិភាគ​ដដែល ឧបចារៈ​នៃសួនច្បារ​ទាំងឡាយ ក៏នៅជា​ឧបចារៈនោះដដែល តែថា កាលយើង​មិនឃើញនូវ​ជនទាំងនោះ ទិសប្រាកដ​ដល់យើង ហាក់ដូច​ជាសូន្យឈឹង

 

លំដាប់នោះ ព្រះបាទនារទៈពោលថា បពិត្រ​ព្រះសម្មតិទេព ឥឡូវនេះ ជា ៧០០ ឆ្នាំ នៃកាល​ដែលព្រះអង្គ​យាងទៅ​កាន់​ទេវលោក ខ្ញុំត្រូវជា​ចៅជំនាន់​ទី ៧ របស់​ព្រះអង្គ ឧបដ្ឋាក និងអ្នក​រស់នៅក្នុង​វាំងទាំងឡាយ​របស់ព្រះអង្គ បានដល់មាត់​នៃសេចក្ដី​ស្លាប់ នេះជារាជ​សម្បត្តិក្នុង​សម្នាក់​របស់ខ្លួន​ព្រះអង្គ សូមទ្រង់​យាងសោយ​រាជ្យចុះ ។ ព្រះរាជាសាធិនៈ ពោលថា ម្នាល​ចៅនារទៈ យើងកាល​មកក្នុង​ទីនេះ មិនមែន​មកដើម្បី​ប្រយោជន៍​ដល់រាជ​សម្បត្តិទេ យើងមកក្នុងទីនេះ ដើម្បីធ្វើបុណ្យ យើងនឹង​ធ្វើបុណ្យ​ប៉ុណ្ណោះ ដូច្នេះហើយ ទ្រង់ទើប​ពោលគាថាថា

ទិដ្ឋា មយា វិមានានិ, ឱភាសេន្តា ចតុទ្ទិសា;

សម្មុខា ទេវរាជស្ស, តិទសានញ្ច សម្មុខា។

វិមានទាំងឡាយ ញ៉ាំងទិសទាំង ឲ្យភ្លឺចិញ្ចែង​ចំពោះមុខ​ទេវរាជ​ផង ចំពោះមុខ​ទេវតាជាន់​ត្រៃត្រិង្ស​ផង យើងបាន​ឃើញហើយ

 

វុត្ថំ មេ ភវនំ ទិព្យំ, ភុត្តា កាមា អមានុសា;

តាវតឹសេសុ ទេវេសុ, សព្វកាមសមិទ្ធិសុ។

ភពជាទិព្យយើងបាននៅរួចហើយ កាមទាំងឡាយ​មិនមែន​ជារបស់មនុស្ស យើងបាន​បរិភោគរួច​ហើយ ក្នុងពួកទេវតា​ជាន់តាវត្តិង្ស អាចសម្រេច​នូវសេចក្តី​ប្រាថ្នាគ្រប់​យ៉ាងបាន

 

សោហំ ឯតាទិសំ ហិត្វា, បុញ្ញាយម្ហិ ឥធាគតោ;

ធម្មមេវ ចរិស្សាមិ, នាហំ រជ្ជេន អត្ថិកោ។

យើងនោះ បានលះបង់សម្បត្តិទិព្យប្រាកដ​ដូច្នោះហើយ មកក្នុងទីនេះ ដើម្បីធ្វើបុណ្យ យើងនឹង​ប្រព្រឹត្តធម៌​តែម្យ៉ាង យើងមិនមាន​សេចក្តីត្រូវ​ការដោយ​រាជសម្បត្តិទេ

 

អទណ្ឌាវចរំ មគ្គំ, សម្មាសម្ពុទ្ធទេសិតំ;

តំ មគ្គំ បដិបជ្ជិស្សំ, យេន គច្ឆន្តិ សុព្វតា។

ព្រះពុទ្ធទាំងឡាយ ដែលមានវត្តល្អ ស្តេចយាងទៅ​តាមផ្លូវណា យើងនឹង​ដើរទៅតាមផ្លូវនោះ ដែល​ព្រះសម្មាសម្ពុទ្ធ​សំដែង​ហើយ ជាផ្លូវដែល​បុគ្គលមិនមានអាជ្ញា​គប្បីត្រាច់ទៅ

 

ព្រះពោធិសត្វ ពោលគាថា​ទាំងឡាយនេះ ដាក់ចុះក្នុង​សព្វញ្ញុតញ្ញាណ ដោយប្រការ​យ៉ាង​នេះ ។ ព្រះបាទ​នារទៈ ពោលទៀតថា បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​គ្រង​រាជសម្បត្តិ ។ ព្រះពោធិសត្វ​ត្រាស់ថា នែចៅ យើងមិន​ត្រូវការដោយ​រាជសម្បត្តិ យើងទៅ​អស់កាល ៧០០ ឆ្នាំ ដូច្នេះ យើងប្រាថ្នា​នឹងឲ្យ​ទានដោយ ៧ ថ្ងៃ ។ ព្រះបាទនារទៈ ទទួល​ពាក្យរបស់​ព្រះរាជា​នោះថា សាធុ ហើយ ឲ្យគេចាត់ចែង​មហាទាន ។ ព្រះរាជា​សាធិនៈឲ្យទានអស់ ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ ទ្រង់ក៏ធ្វើ​កាលកិរិយា ហើយកើត​ក្នុងភព​ត្រៃត្រិង្ស​នោះឯង ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់សម្ដែងថា ឈ្មោះថា ឧបោសថកម្ម គឺអ្នក​ទាំងឡាយ គប្បីប្រកប​យ៉ាងនេះ ដូច្នេះហើយ ទើបព្រះអង្គ​ប្រកាសសច្ចៈ​ទាំងឡាយ និងប្រជុំ​ជាតក ក្នុងកាល​ជាទីបញ្ចប់​នៃសច្ចៈ បណ្ដា​ឧបាសក​ទាំងឡាយ ដែលប្រកប​ដោយ​ឧបោសថ​នោះ ពួកខ្លះ តាំងនៅ​ក្នុងសោតាបត្តិផល ពួកខ្លះ បានតាំង​នៅក្នុង​សកទាគាមិផល ពួកខ្លះ បានតាំង​នៅក្នុង​អនាគាមិផល ។

 

តទា នារទរាជា សារិបុត្តោ អហោសិ ព្រះបាទនារទៈក្នុងកាលនោះ បានមកជា សារីបុត្រ ។

មាតលិ អានន្ទោ ព្រះមាតលី បានមកជាអានន្ទ ។

សក្កោ អនុរុទ្ធោ ស្ដេចសក្កៈ បានមកជាអនុរុទ្ធ ។

សាធិនរាជា បន អហមេវ អហោសឹ ចំណែក​សាធិនរាជ គឺ តថាគត​នេះឯង ។

ចប់ សាធិនរាជជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាកត បកិណ្ណកនិបាត បិដកលេខ ៦០ ទំព័រ ៤៤)

ប្រែដោយ ខេមរ អភិធម្មាវតារ

ព.ស. ២៥៦១