។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សសបណ្ឌិតជាតក

ព្រះសាស្ដា កាលគង់នៅវិហារជេតវនារាម ទ្រង់ប្រារព្ធ​ការថ្វាយបរិក្ខារ​គ្រប់យ៉ាង ទើបត្រាស់​ព្រះធម្មទេសនា​នេះ មានផ្ដើមថា សត្ត មេ រោហិតា មច្ឆា ដូចនេះ

បានឮថា ក្នុងក្រុងសាវត្ថី មានកុដុម្ពិកៈ​ម្នាក់ ត្រៀមការ​ថ្វាយបរិក្ខារ​ទាន​គ្រប់យ៉ាង​ដល់ភិក្ខុ​សង្ឃ មានព្រះពុទ្ធ​ជាប្រធាន បានឲ្យ​សាង​មណ្ឌប​ត្រង់ទ្វារ​ផ្ទះ ហើយនិមន្ត​ភិក្ខុសង្ឃ​មាន​ព្រះពុទ្ធ​ជាប្រធាន ឲ្យគង់​លើអាសនៈ​ដ៏ប្រសើរ ក្នុង​មណ្ឌប​ដែលបាន​ចាត់ចែង​ល្អហើយ បានថ្វាយ​ទាន​ដ៏ប្រណីត មាន​រសដ៏ល្អ
ផ្សេងៗ ហើយ​និមន្តឲ្យ​ឆាន់រហូត ៧ ថ្ងៃ ក្នុងថ្ងៃទី ៧ បានថ្វាយ​បរិក្ខារ​ទាំងពួង ដល់ភិក្ខុ ៥០០ មាន​ព្រះពុទ្ធ​ជាប្រធាន ។ ក្នុងវេលា​ធ្វើភត្តកិច្ច​ហើយ ព្រះសាស្ដា កាលទ្រង់​នឹងធ្វើ​អនុមោទនា ទើបត្រាស់​ថា ម្នាលឧបាសក អ្នកគួរធ្វើ​បីតិសោមនស្ស​ចុះ ឈ្មោះថា ទាន នេះ ជាវង្ស​របស់​បោរាណបណ្ឌិត​ទាំងឡាយ ព្រោះថា បោរាណបណ្ឌិត​ទាំងឡាយ បាន​បរិច្ចាគជីវិត ដល់​យាចក​អ្នកមក​ដល់​ចំពោះមុខ សូម្បីជីវិត​របស់ខ្លួន​ក៏បានឲ្យ​ហើយ ។ ឧបាសក​នោះ ក៏ក្រាល​ទូល​អារាធនា ទើបទ្រង់​នាំអតីត​និទាន​មកជា​សាធកៈ​ដូចតទៅនេះ

ក្នុងអតីតកាល កាលព្រះបាទ​ព្រហ្មទត្ត​សោយរាជ​សម្បត្តិ ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​បានកើត​ក្នុងកំណើត​សត្វទន្សាយ​នៅក្នុងព្រៃ ។ ក៏ក្នុងព្រៃនោះ មានជើងភ្នំ ទន្លេ និង​បច្ចន្តគ្រាម មករួមគ្នា​ត្រង់កន្លែង​មួយ ។ សត្វ សូម្បីដទៃ ៣ ទៀត គឺ ស្វា ឆ្កែចចក និងភេ បានជា​សំឡាញ់​របស់​ទន្សាយ​នោះ ។ សត្វសូម្បី​ទាំង ៤ នោះ ជាបណ្ឌិត​នៅរួមគ្នា កាន់យក​ចំណី​ក្នុងទីជា​ទីគោចរ របស់ខ្លួនៗ ហើយមក​ប្រជុំគ្នា​ក្នុងវេលាល្ងាច ។ សសបណ្ឌិត​សម្ដែង​ធម៌ដោយ​ការឲ្យ​ឱវាទដល់​សត្វទាំង ៣ ថា គប្បីឲ្យទាន គប្បី​រក្សាសីល ធ្វើ​ឧបោសថកម្ម ។ សត្វទាំង ៣ នោះ ទទួលឱវាទ​របស់​សសបណ្ឌិត​នោះហើយ ចូលទៅ​កាន់គុម្ពឈើ​ដែលជាទី​អាស្រ័យ​របស់ខ្លួនៗ ។ កាលកន្លង​ទៅយ៉ាងនេះ ក្នុងថ្ងៃមួយ ព្រះពោធិសត្វ​សម្លឹងមើល​ព្រះចន្ទ្រ​ពេញវង់ ដឹងថា ថ្ងៃស្អែក​ជាថ្ងៃ​ឧបោសថ ទើប​ពោលនឹង​សត្វទាំង ៣ នេះថា ថ្ងៃស្អែក​ជាថ្ងៃ​ឧបោសថ សូម្បីអ្នក​ទាំង ៣ ចូរ​សមាទាន​សីល រក្សា​ឧបោសថ ទានដែល​អ្នកតាំងនៅ​ក្នុងសីល​ឲ្យហើយ រមែង​មានផល​ច្រើន ព្រោះហេតុ​នោះ កាល​យាចក​មកដល់​ហើយ អ្នកទាំងឡាយ គប្បីឲ្យ​រសអាហារ ដែលគួរ​បរិភោគ​ហើយ​ទើប​បរិភោគ​ចុះ ។ សត្វទាំង ៣ នោះ ទទួលពាក្យ​ហើយ នាំគ្នានៅ​ក្នុងទីនៅ​របស់ខ្លួនៗ ។ ក្នុងថ្ងៃ​បន្ទាប់ បណ្ដាសត្វ​ទាំងនោះ ភេគិតថា យើងនឹងស្វែង​រកចំណីអំពី​ព្រឹក​ព្រហាម ទើបទៅកាន់​ច្រាំង​ទន្លេគង្គា ។ គ្រានោះ នាយព្រានស្ទូច​បានត្រីឆ្ពិន ៧ ទើបយក​វល្លិ​មកដោត ហើយ​ជីកដីខ្សាច់​ត្រង់ច្រាំង​ទន្លេគង្គា យកខ្សាច់​មកគ្រប​បិទបាំង​ទុក កាលនឹង​ចាប់ត្រីទៀត ទើបទៅកាន់​ផ្នែកខាងក្រោម​ទន្លេគង្គា ។ ភេហិត បានធុំក្លិនត្រី ទើបកាយ​ដីខ្សាច់ បានឃើញ​ត្រី ទើបពាំ​ចេញមក ហើយគិតថា ម្ចាស់របស់​ត្រីទាំងនេះ មានឬហ៎្ន ? ទើបប្រកាស​ឡើង ៣ គ្រា  កាលមិនឃើញ​ម្ចាស់របស់ ទើបពាំ​ចុងវល្លិ នាំទៅរក្សា​ទុកក្នុងគុម្ពឈើ ដែលជា​ទីនៅ​របស់ខ្លួន សត្វភេ​នោះគិតថា យើងនឹង​បរិភោគ​កាលដល់​វេលា ទើបដេក​នឹកដល់​សីល​របស់ខ្លួន ។

ចំណែកឆ្កែចចក កាលត្រាច់ស្វែង​រកអាហារ បានឃើញ​សាច់ ២ ជ្រនួច  ទន្សងមួយ  និងដបទធិ​មួយ ក្នុងខ្ទមរបស់​អ្នកចាំស្រែ​មួយរូប ក៏គិតថា ​ម្ចាស់របស់វត្ថុ​ទាំងនេះ​មាន ឬ​មិនមាន ? ទើបស្រែក​ប្រកាស ៣ គ្រា មិនឃើញ​ម្ចាស់របស់​មក ទើបស៊កខ្សែ​សម្រាប់យួរ​ដបទធិ​ត្រង់ក​របស់ខ្លួន យកមាត់​ពាំសាច់ និងទន្សង នាំទៅរក្សា​ទុកក្នុងគុម្ពោត​ព្រៃដែលជា​ទីនៅរបស់​ខ្លួន គិតថា​ នឹង​បរិភោគ​កាល​ដល់វេលា ទើបដេក​នឹកដល់​សីលរបស់ខ្លួន ។

ចំណែកឯស្វាវិញ ចូលទៅកាន់​ព្រៃសណ្ឌៈ នាំផ្លែស្វាយ​ទុំមក​រក្សាទុក​ក្នុងគុម្ពឈើ​ដែលជា​ទីនៅរបស់​ខ្លួន គិតថា​នឹងបរិភោគ​កាល​ដល់វេលា ទើបដេក​នឹកដល់​សីលរបស់​ខ្លួន ។

រីឯព្រះពោធិសត្វ នាកាលដេក​ក្នុងទីលំនៅ​របស់ខ្លួន បានគិតថា យើងនឹងចេញ​ចាកទី​លំនៅ ក្នុងកាល​ប៉ុណ្ណោះ ហើយ​បរិភោគ​ស្បូវភ្លាំង ហើយ​ព្រះពោធិសត្វ​គិតទៀតថា យើងមិនអាច​ឲ្យស្មៅដល់​យាចក អ្នកមក​កាន់​សំណាក់​របស់​យើង សូម្បីល្ង និងអង្ករ​ជាដើម​របស់យើង ក៏មិនមាន បើ​យាចក​នឹងមក​កាន់សំណាក់​របស់​យើងសោត យើងនឹង​ឲ្យសាច់ ក្នុងរាងកាយ​របស់​យើង ។ ដោយតេជះ​នៃសីល​របស់​ព្រះពោធិសត្វ​នោះ បណ្ឌុកម្ពលសិលាសនៈ​របស់​សក្កទេវរាជ​បានសម្ដែង​អាការៈ​ក្ដៅ [បានឮមកថា បណ្ឌុកម្ពលសិលាសនៈ​មានអាការៈ​ក្ដៅ ព្រោះសក្កទេវរាជ​នឹងអស់​អាយុ ឬ អស់បុណ្យ ១ ព្រោះសត្វដទៃ​ដែលមាន​អានុភាព​ច្រើន ប្រាថ្នាស្ថាន​ទីនោះ ១ ព្រោះ​តេជះនៃ​សីល​របស់​សមណព្រាហ្មណ៍​ដែលតាំង​នៅក្នុង​ធម៌ ១ ។] ។ ស្ដេចសក្កៈ​នោះ កាលពិចារណា​មើល ក៏ឃើញ​នូវហេតុនេះ ហើយទើប​ទ្រង់​ត្រិះរិះថា យើងនឹង​សាកល្បង​ស្ដេចទន្សាយ បានមក​ហើយ​កាន់សំណាក់​នៃសត្វ​ភេជា​ដំបូង បានក្លែង​ភេទជា​ព្រាហ្មណ៍ ហើយ​ឈរនៅ ។ កាល​ភេពោលថា ម្នាលព្រាហ្មណ៍ អ្នក​មកដើម្បី​ត្រូវការអ្វី ? ទើបពោលថា នែភេបណ្ឌិត ខ្ញុំគប្បីបាន​អាហារខ្លះ នឹងជាអ្នក​រក្សាឧបោសថ ធ្វើ​សមណធម៌ ។ ភេនោះ​ពោលថា សាធុ ល្អហើយ ខ្ញុំនឹង​ឲ្យអាហារ ដល់លោក កាលចរចា​ជាមួយ​ព្រាហ្មណ៍នោះ បានពោល​គាថាទី ១ ថា

សត្ត មេ រោហិតា មច្ឆា             ឧទកា ថលមុព្ភតា

ឥទំ ព្រាហ្មណ មេ អត្ថិ            ឯតំ ភុត្វា វនេ វសា។

ខ្ញុំមានត្រីឆ្ពិន ៧ ដែលព្រានស្ទូច​ស្រង់ឡើង ពីទឹកដាក់លើគោក ម្នាលព្រាហ្មណ៍ នេះរបស់ខ្ញុំ អ្នកចូរបរិភោគ​របស់នេះ ហើយ (ចម្រើន​សមណធម៌) នៅក្នុង​ព្រៃចុះ ។

បណ្ដាបទទាំងនោះ បទថា ថលមុព្ភតា សេចក្ដីថា សូម្បីដែល​នាយព្រានស្ទូច​ឡើងអំពី​ទឹក​រក្សាទុក​លើទីគោក ។ បទថា ឯតំ ភុត្វា សេចក្ដីថា លោកចូរ​ចម្អិនមច្ឆាហារ​ដែលជា​របស់ខ្ញុំនោះ ហើយ​បរិភោគចុះ កាលធ្វើ​សមណធម៌ ចូរអង្គុយ​ត្រង់គល់​ឈើ ដែលជា​ទីគួរត្រេកអរ ក្នុងព្រៃ​នេះចុះ ។

ព្រាហ្មណ៍ពោលថា រឿងនេះចូរ​លើកទុក​សិនចុះ ខ្ញុំនឹងដឹង​ក្នុងកាលជា​ខាង​ក្រោយ ហើយទៅកាន់​សំណាក់​របស់ឆ្កែចចក សូម្បី​ឆ្កែចចក​ចេញមក ពោលថា លោក​មកឈរ (ត្រង់នេះ) ដើម្បី​ត្រូវការអ្វី ? ព្រាហ្មណ៍​ក៏ពោល​យ៉ាងនោះ​ដូចគ្នា ។ ឆ្កែចចក​ពោលថា សាធុ ល្អហើយ ខ្ញុំនឹងឲ្យ កាលចរចា​នឹងព្រាហ្មណ៍​នោះ បានពោល​គាថាទី ២ ថា

ទុស្ស មេ ខេត្តបាលស្ស            រត្តិភត្តំ អបាភតំ

មំសសូលា ច ទ្វេ គោធា           ឯកញ្ច ទធិវារកំ

ឥទំ ព្រាហ្មណ មេ អត្ថិ            ឯតំ ភុត្វា វនេ វសា។

ភត្តរបស់អ្នករក្សាស្រែឯណោះ គឺសាច់​ពីរជ្រនួច​ផង ទន្សង​មួយផង ដបទធិ​មួយផង ខ្ញុំបាននាំ​មកក្នុង​វេលាយប់ ម្នាលព្រាហ្មណ៍ នេះរបស់​ខ្ញុំ អ្នកចូរ​បរិភោគ​របស់នេះ ហើយ (ចម្រើន​សមណធម៌) នៅក្នុងព្រៃចុះ ។

បណ្ដាបទទាំងនោះ បទថា ទុស្ស មេ សេចក្ដីថា អ្នករក្សាស្រែ ដែលនៅ ក្នុងទី​មិនឆ្ងាយពីយើង គឺទីនោះ ។ បទថា អបាភតំ ប្រែថា នាំមកហើយ ។ បទថា សសូលា ច ទ្វេ គោធា សេចក្ដីថា សាច់អាំង ២ ជ្រនួច​ដែលនៅ​លើរងើក ភ្លើង និងទន្សង ១ ក្បាល ។ បទថា ទធិវារកំ បានដល់ ដប​ទឹកដោះជូរ ។ បទថា ឥទំ ជាដើម​ទៅមាន​សេចក្ដីថា យើងមានវត្ថុនេះ គឺមាន​ប្រមាណ​ប៉ុណ្ណេះ លោកចូរ​ចម្អិនវត្ថុនេះ​សូម្បីទាំងអស់ ដោយការ​ធ្វើឲ្យឆ្អិន​តាមសេចក្ដី​ពេញចិត្ត ហើយ​បរិភោគ និងជាអ្នក​សមាទាន​ឧបោសថ អង្គុយ​ត្រង់គល់ឈើ​ដែលជា​ទី​មនោរម្យ ធ្វើសមណធម៌​នៅក្នុង​ព្រៃនេះចុះ ។

ព្រាហ្មណ៍ពោលថា រឿងនេះ​ចូរលើកទុក​សិនចុះ ខ្ញុំនឹងដឹង​ក្នុងកាលជា​ខាង​ក្រោយ ហើយទៅកាន់​សំណាក់​របស់ស្វា សូម្បីស្វា​នោះ​ពោលថា លោក​មកឈរ (ត្រង់នេះ) ដើម្បី​ត្រូវការអ្វី ? ព្រាហ្មណ៍​ក៏ពោល​យ៉ាងនោះ​ដូចគ្នា ។ ស្វាពោលថា សាធុ ល្អហើយ ខ្ញុំនឹងឲ្យ កាលចរចា​នឹងព្រាហ្មណ៍​នោះ បាន​ពោលគាថា​ទី ៣ ថា

អម្ពបក្កំ ទកំ សីតំ              សីតច្ឆាយា មនោរមា

ឥទំ ព្រាហ្មណ មេ អត្ថិ     ឯតំ ភុត្វា វនេ វសា។

ផ្លែស្វាយទុំ ទឹកត្រជាក់ ទីមានម្លប់​ត្រជាក់ ជាទី​គាប់ចិត្ត ម្នាល​ព្រាហ្មណ៍     នេះជា​របស់​ខ្ញុំ អ្នកចូរ​បរិភោគ​របស់នេះ ហើយ (ច​ម្រើន​សមណធម៌) នៅក្នុង​ព្រៃចុះ ។

បណ្ដាបទទាំងនោះ បទថា អម្ពបក្កំ បានដល់ ផ្លៃស្វាយទុំ​ដ៏ឆ្ងាញ់ ។ បទថា ទកំ សីតំ បានដល់ ទឹកនៃទន្លេគង្គា​ដ៏ត្រជាក់ ។ បទថា ឯតំ ភុត្វា សេចក្ដីថា ម្នាល​ព្រាហ្មណ៍ លោកចូរបរិភោគ​ផ្លែស្វាយនេះ និងផឹកទឹក​ត្រជាក់នេះ អង្គុយ​ត្រង់គល់ឈើ​ដែលជា​ទីរីករាយ ហើយ​ធ្វើ​សមណធម៌​នៅក្នុងព្រៃនេះចុះ ។

ព្រាហ្មណ៍ពោលថា រឿងនេះចូរលើក​ទុកសិនចុះ ខ្ញុំនឹងដឹង​ក្នុងកាលជា​ខាង​ក្រោយ ហើយទៅកាន់​សំណាក់​របស់​សសបណ្ឌិត សូម្បី​សសបណ្ឌិត​នោះ​ពោលថា លោកមកឈរ (ត្រង់នេះ) ដើម្បី​ត្រូវការអ្វី ? ព្រាហ្មណ៍​ក៏ពោល​យ៉ាងនោះ​ដូចគ្នា ។ ព្រះពោធិសត្វ បានស្ដាប់​ដូចនោះ ក៏មាន​សេចក្ដី​រីករាយ​សោមនស្ស​ពោលថា ម្នាលព្រាហ្មណ៍ លោកមក​កាន់សំណាក់​របស់យើង​ដើម្បី​ត្រូវការ​អាហារ ជាការល្អហើយ ថ្ងៃនេះ​យើងនឹងឲ្យ​ទានដែល​យើងមិន​ធ្លាប់ឲ្យ លោកជា​អ្នកមានសីល មិនធ្វើ​បាណាតិបាត លោកចូរ​ទៅប្រមូល​ឈើផ្សេងៗ មកបង្ក​ជារងើកភ្លើង ហើយចូរ​ប្រាប់ដល់​យើង យើងនឹងលះ​ខ្លួន​លោតចុះក្នុង​រងើក​ភ្លើង កាលរាងកាយ​របស់យើង​ឆ្អិនហើយ លោកចូរ​បរិភោគសាច់ ហើយ​ធ្វើ​សមណធម៌ កាលចរចា​នឹងព្រាហ្មណ៍​នោះ ទើបពោល​គាថាទី ៤ ថា

ន សសស្ស តិលា អត្ថិ       ន មុគ្គា នបិ តណ្ឌុលា

ឥមិនា អគ្គិនា បក្កំ              មមំ ភុត្វា វនេ វសា។

ទន្សាយមិនមានល្ង មិនមានសណ្ដែក មិនមានអង្ករទេ អ្នកចូរ​បរិភោគ  នូវខ្ញុំ​ដែលឆ្អិន​ដោយភ្លើង​នេះ ហើយ (ចម្រើន​សមណធម៌) នៅក្នុង​ព្រៃចុះ ។

បណ្ដាបទទាំងនោះ បទថា មមំ ភុត្វា សេចក្ដីថា លោកចូរបរិភោគ​យើង ដែលឆ្អិន​ដោយភ្លើង​ដែលយើង​ប្រាប់ឲ្យ​លោកបង្ក​ឡើងនេះ ហើយចូរ​នៅក្នុង​ព្រៃនេះ ធម្មតាថា​រាងកាយ​របស់ទន្សាយ​មួយ រមែងញ៉ាំង​ជីវិត​របស់បុរស​ម្នាក់ ឲ្យប្រព្រឹត្ត​ទៅបាន ។

ស្ដេចសក្កៈ​បានស្ដាប់ពាក្យរបស់​សសបណ្ឌិត​នោះហើយ ទើប​និម្មិត​គំនរ រងើក​ភ្លើងមួយ ដោយ​អានុភាព​របស់ខ្លួន ហើយប្រាប់​ដល់​ព្រះពោធិសត្វ ព្រះពោធិសត្វ​នោះ ក្រោកឡើង​អំពីទីលំនៅ​ដែលជា​ស្បូវភ្លាំង​របស់ខ្លួន​ហើយ ទៅកាន់​គំនរ​រងើកភ្លើង​នោះ គិតថា បើសត្វតូចៗ ក្នុងរវាង​រោមរបស់​យើងមាន សត្វទាំងនោះ ចូរកុំ​ស្លាប់ឡើយ ហើយ​រលាស់ខ្លួន ៣ ដង បានញ៉ាំង​សរីរៈ​ទាំងអស់ ឲ្យតម្កល់​ទុកក្នុងប្រធាន​នៃទាន លោតចុះ​ហើយក្នុងគំនរ​រងើកភ្លើង ដោយ​ចិត្តរីករាយ បីដូចជា​រាជហង្ស ដែលលោតចុះ​ក្នុងស្រះឈូក ។ តែភ្លើងនោះ​មិន​អាចធ្វើសេចក្ដី​ក្ដៅ​សូម្បីប៉ុន​រណ្ដៅរោម ក្នុងរាងកាយ​របស់​ព្រះពោធិសត្វ ហាក់​បីដូចជាចូល​ទៅក្នុងបន្ទប់​ទឹកកក​ដូច្នោះ ។ លំដាប់នោះ ព្រះពោធិសត្វ​ហៅ​សក្កទេវរាជ​មកពោល​ថា ម្នាល​ព្រាហ្មណ៍ ភ្លើងដែល​លោកបង្ក​ឡើងនេះ ត្រជាក់ណាស់ មិនអាច​ធ្វើសេចក្ដី​ក្ដៅ សូម្បី​ប៉ុនរណ្ដៅរោម​ក្នុងរាងកាយ​របស់ខ្ញុំ​ឡើយ អ្នកឈ្មោះអ្វី ? ស្ដេចសក្កៈ​ពោលថា ម្នាល​សសបណ្ឌិត យើងមិន​មែនជា​ព្រាហ្មណ៍ យើងជា​សក្កទេវរាជ មកដើម្បី​នឹងសាកល្បង​លោក ។ ព្រះពោធិសត្វ​បន្លឺ​សីហនាទ​ថា បពិត្រសក្កៈ ព្រះអង្គ​ចូរឈប់​សិនចុះ បើ​លោក​សន្និវាស​ទាំងអស់ គប្បីសាក​ល្បងនឹងខ្ញុំ​ព្រះអង្គ ដោយ​ទានសោត នឹងមិន​គប្បីឃើញ​នូវភាព​ជាអ្នកប្រាថ្នា​ក្នុងការ​មិនឲ្យ​របស់ខ្ញុំ​ព្រះអង្គ​ប៉ុណ្ណោះ ។ លំដាប់នោះ ស្ដេចសក្កៈ​ទើបត្រាស់​នឹង​ព្រះពោធិសត្វ​នោះ​ថា ម្នាល​សសបណ្ឌិត គុណ​របស់លោក ចូរប្រាកដ​រហូត​កប្បទាំងអស់​ចុះ ហើយទ្រង់​ច្របាច់ភ្នំ បានកាន់​យកជ័រ​នៃភ្នំ ហើយគូស​នូវលក្ខណៈ​របស់​ទន្សាយ លើ​មណ្ឌល​នៃព្រះចន្ទ្រ ហើយនាំ​ព្រះពោធិសត្វ​មកឲ្យដេក​លើដំបូល​ស្បូវភ្លាំង​ដ៏ទន់ ក្នុង​គុម្ពោតព្រៃ ក្នុង​ព្រៃសណ្ឌៈ​នោះឯង ហើយទ្រង់​ទៅហើយ​កាន់ទីលំ​នៅរបស់​ខ្លួន ។ សូម្បីបណ្ឌិត​ទាំង ៤ នោះ ព្រមព្រៀង​គ្នា កាលត្រេក​អររីករាយ បាន​បំពេញ​នូវសីល បានឲ្យទាន ធ្វើ​ឧបោសថកម្ម បានទៅហើយ​តាម​យថាកម្ម (រៀងៗខ្លួន) ។

ព្រះសាស្ដា កាលទ្រង់នាំ​ព្រះធម្មទេសនា​នេះមក​ហើយ ទើបទ្រង់​ប្រកាស​សច្ចៈ ប្រជុំជាតក ក្នុងទីបំផុត​នៃការ​ប្រកាស​សច្ចៈ គហបតី​អ្នកថ្វាយ​បរិក្ខារ​គ្រប់​យ៉ាង បានតាំងនៅ​ក្នុង​សោតាបត្តិផល ។ ភេ ក្នុងកាល​នោះ បានមក​ជាអានន្ទ ។ ឆ្កែចកក បានមក​ជាមោគ្គល្លាន ។ ស្វា បានមក​ជាសារីបុត្រ ។ សក្កទេវរាជ បាន​មកជា​អនុរុទ្ធ ។ ចំណែក​សសបណ្ឌិត បានមកជា​តថាគត ដូច្នេះឯង ។

ចប់ សសបណ្ឌិតជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ២០២។)

ប្រែដោយ ខេមរ អភិធម្មាវតារ