។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សម្ពុលាជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ​នូវព្រះនាង​មល្លិកាទេវី បានត្រាស់​ព្រះធម្មទេសនា​នេះ ដោយពាក្យថា កា វេធមានា ដូច្នេះ ។

រឿងរ៉ាវបច្ចុប្បន្នមានសេចក្ដីពិស្ដារ​មកហើយ​ក្នុង កុម្មាសបិណ្ឌិជាតក នោះ​ហើយ ។ ព្រះនាងមល្លិកា​នោះ បានតាំងនៅ​ក្នុងតំណែង​អគ្គមហេសី​នៃព្រះរាជា​ក្នុងថ្ងៃ​នោះឯង ដោយ​អានុភាព​នៃការថ្វាយ​នំកុម្មាស ៣ ដុំ ដល់​ព្រះតថាគត ព្រះនាង​ដល់ព្រម​ដោយ​កល្យាណធម៌​ទាំងឡាយ ៥ មាន បុព្ពុដ្ឋាយិតា (ភាពជាអ្នក​ក្រោកមុន) ជាដើម ដល់ព្រម​ដោយ​ញាណ ជា​ពុទ្ធុបដ្ឋាយិកា ជាអ្នក​មានស្វាមី​បីដូចជា​ទេវតា ។ ភាពជា​អ្នកបដិបត្តិ​ស្វាមី​ដូចជា​ទេវតា របស់ព្រះនាង​មល្លិកានោះ បានប្រាកដ​ទូទាំង​ព្រះនគរ ។ ថ្ងៃមួយ ភិក្ខុទាំងឡាយ​កថា​ក្នុងធម្មសភា​ឲ្យតាំង​ឡើងថា អាវុសោ ម្នាលអ្នក​មានអាយុ បានឮថា ព្រះនាង​មល្លិកាទេវី ជាអ្នកដល់​ព្រមដោយវត្ត ដល់ព្រម​ដោយញាណ ជាអ្នកមាន​ស្វាមីដូចជា​ទេវតា ។ ព្រះសាស្ដា​ស្ដេចយាង​មកហើយ​ត្រាស់សួរថា ភិក្ខវេ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ប្រជុំគ្នា​និយាយ​រឿងអ្វី ? ភិក្ខុទាំងនោះ​ពោលថា ដោយរឿង​យ៉ាងនេះ ដូច្នេះហើយ ព្រះសាស្ដា​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះទេ សូម្បីក្នុង​កាលមុន ព្រះនាងមល្លិកានោះ ក៏ជាអ្នក​ដល់ព្រម​ដោយវត្ត ដល់ព្រម​ដោយញាណ និងមាន​ស្វាមីដូច​ជាទេវតា​ដែរ ទ្រង់ក៏បាន​នាំយក​អតីតនិទាន​មកថា ៖

អតីតេ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ត​សោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី ទ្រង់មាន​ព្រះរាជបុត្រ​ព្រះនាមថា សោត្ថិសេន ។ ព្រះរាជា​បានតម្កល់​នូវព្រះរាជបុត្រ​ដែលមាន​វ័យ​ចម្រើនឡើង​ហើយ​នោះ ឲ្យតាំងនៅ​ក្នុងតំណែង​ជាឧបរាជ ព្រះអគ្គមហេសី​របស់​ព្រះសោត្ថិសេន​នោះ ព្រះនាមថា សម្ពុលា ព្រះនាង​ជាអ្នកទ្រទ្រង់​នូវរូបល្អ ដល់ព្រម​ដោយរស្មី​នៃសរីរៈ ប្រាកដ​ដូចអណ្ដាត​ប្រទីប​ដែលផ្សាយ​ទៅក្នុងទីងងឹត ។ ក្នុងកាលជា​ខាងក្រោយ​មក រោគឃ្លង់​បានកើតឡើង​ក្នុងសរីរៈ របស់​សោត្ថិសេនកុមារ ពេទ្យទាំងឡាយ​មិនអាច​នឹងព្យាបាល​បានឡើយ ។

កាលដែលរោគឃ្លង់បែកហើយ សោត្ថិសេនកុមារនោះ ជាអ្នកមាន​កាយគួរខ្ពើម ក៏ដល់​នូវវិប្បដិសារី ហើយប្រាប់​ព្រះរាជាថា ប្រយោជន៍អ្វី​ដោយ​រាជសម្បត្តិ​របស់ខ្ញុំ ខ្ញុំនឹងស្លាប់​យ៉ាងអនាថា​ក្នុងព្រៃ ដូច្នេះហើយ លះបង់​នូវ​ឥត្ថាគារ ចេញទៅ ។ ព្រះសម្ពុលា​នោះ សូម្បី​សោត្ថិសេនកុមារ​ឲ្យត្រឡប់​ដោយឧបាយ​ដ៏ច្រើនហើយ ក៏មិនត្រឡប់ បានពោល​ថា ខ្ញុំម្ចាស់​នឹងចិញ្ចឹម​ព្រះស្វាមី​ក្នុងព្រៃ ដូច្នេះហើយ ក៏ចេញ​ទៅជាមួយ​នឹង​សោត្ថិសេន​នោះ ។

សោត្ថិសេននោះ បានចូលទៅកាន់ព្រៃ ហើយធ្វើនូវ​បណ្ណសាលា​ក្នុងប្រទេស​ដែលមាន​មូលផលាផល​រកបាន​ងាយ និងដល់​ព្រមដោយ​ម្លប់ និងទឹក ហើយក៏សម្រេច​នូវការ​នៅ ។ ព្រះរាជធីតា​បានទំនុក​បម្រុងនូវ​សោត្ថិសេន ។

កថំ សួរថា ព្រះនាងទំនុកបម្រុង​ដូចម្ដេច ?

ឆ្លើយថា ព្រះនាងសម្ពុលានោះ ក្រោកអំពី​ព្រលឹម បោសសម្អាត​អាស្រមបទ ហើយតម្កល់​នូវទឹកប្រើប្រាស់ និងទឹកផឹក បង្អោន​នូវទន្តកដ្ឋ (ឈើស្ទន់) និងទឹក​លុបមុខ កាលជម្រះ​មុខហើយ បុកឱសថ​ផ្សេងៗ យកមក​លាបលើដំបៅ​របស់​សោត្ថិសេន ហើយញ៉ាំង​ឲ្យស្វាមី​បរិភោគ​នូវផលាផល ឲ្យខ្ពុរមាត់ ឲ្យលាងដៃ ហើយ​ពោលថា បពិត្រទេវៈ ព្រះអង្គចូរ​ជាអ្នក​មិនប្រមាទ ដូច្នេះហើយ ថ្វាយបង្គំ​ព្រះស្វាមី កាន់យក​នូវកញ្ជើ ចបជីក កង្វេរ ចូលទៅក្នុងព្រៃ ដើម្បីប្រយោជន៍​ដល់ផលាផល បាននាំមក​នូវផលាផល​ហើយ តម្កល់​ទុកក្នុង​កន្លែងមួយ កាន់យក​នូវទឹក​ដោយក្អម ញ៉ាំង​សោត្ថិសេន​ឲ្យងូតដោយ​លម្អិតផ្សេងៗ និងដោយ​ដីស្អិត ហើយបង្អោន​ថ្វាយនូវ​ផលាផល​ដែលមាន​រសផ្អែម ។ កាលព្រះស្វាមី​សោយ​ហើយ ក៏នាំមក​នូវទឹក​ដែលអប់​ទុក ចូលមកថ្វាយ ហើយព្រះនាង​ទើបសោយ​នូវផលាផល​ដោយខ្លួន​ឯង​រួចហើយ បានរៀបចាត់​ចែងនូវឈើ​ជាគ្រឿងក្រាល កាល​ព្រះស្វាមី​ដេកលើ​ឈើនោះ ព្រះនាង​ក៏លាងនូវ​ជើងរបស់​ស្វាមី ធ្វើនូវ សីសបរិកម្ម (ការច្របាច់ក្បាល) បិដ្ឋិបរិកម្ម (ការច្របាច់ខ្នង)  បាទបរិកម្ម (ការច្របាច់ជើង) រួចរាល់​ដូច្នេះហើយ ទើបព្រះនាង​សម្ពុលា ចូលទៅដេក​លើចំណែក​នៃទីផ្ទំ ។ ព្រះទេវី​បាន​បដិបត្តិ​ព្រះស្វាមី​ដោយឧបាយ​យ៉ាងនេះ ។

ថ្ងៃមួយ កាលព្រះសម្ពុលានោះ នាំមកនូវផលាផល​ក្នុងព្រៃ បានឃើញ​នូវទឹកជ្រោះ​មួយ ដាក់ចុះនូវ​កញ្ជើអំពីក្បាល តម្កល់ទុក​លើច្រាំង​នៃជ្រោះ ចុះទៅដោយ​គិតថា យើងនឹង​មុជទឹក ដុសជម្រះ​សរីរៈ​ដោយ​ហលិទ្ទៈ (ល្មៀត) មុជហើយ មានសរីរៈ​ដែលដុសលាង​ហើយ ក៏ឡើងមក ស្លៀកសំពត់​សំបកឈើ ឈរនៅ​លើច្រាំង​នៃជ្រោះនោះ ។ លំដាប់នោះ រស្មីនៃ​សរីរៈ​របស់ព្រះនាង ធ្វើព្រៃឲ្យ​មានពន្លឺតែមួយ ។ ក្នុងខណៈ​នោះ ទានវៈ (អសុរ ឬអារក្ស)​ មួយ កាលទៅ​ដើម្បីប្រយោជន៍​ដល់អាហារ បានឃើញ​ព្រះនាង ហើយមាន​ចិត្តប្រតិព័ទ្ធ​ស្នេហា ក៏ពោល​គាថាទាំងឡាយ ២ ថា

កា វេធមានា គិរិកន្ទរាយំ, ឯកា តុវំ តិដ្ឋសិ សំហិតូរុ;

បុដ្ឋាសិ មេ បាណិបមេយ្យមជ្ឈេ, អក្ខាហិ មេ នាមញ្ច ពន្ធវេ ច។

ម្នាលនាងមានភ្លៅមូល នាងឈ្មោះអ្វី រងាញ័រលើ​ជ្រោះនៃភ្នំ ឈរនៅ​តែម្នាក់ឯង ម្នាលនាង​មានអវយវៈ​ត្រង់កណ្តាល​គួរវាស់​ដោយដៃ (ចង្កេះរៀវ) យើង​សួរហើយ នាងចូរ​ប្រាប់ នូវនាម និង​ផៅ​ពង្ស ដល់យើង ។  ​

ឱភាសយំ វនំ រម្មំ, សីហព្យគ្ឃនិសេវិតំ;

កា វា ត្វមសិ កល្យាណិ, កស្ស វា ត្វំ សុមជ្ឈិមេ;

អភិវាទេមិ តំ ភទ្ទេ, ទានវាហំ នមត្ថុ តេតិ។

ម្នាលនាងកល្យាណី នាងជាអ្វី ម្នាលនាង​មានអវយវៈ​ពាក់កណ្តាល​ល្អ នាងជាធីតា របស់​អ្នកណា នាងញ៉ាំង​ព្រៃជា​ទីរីករាយ ដែលសីហៈ និងខ្លាធំ​អាស្រ័យនៅ ឲ្យភ្លឺ​រុងរឿង ម្នាលនាង​ដ៏ចម្រើន យើង​ឈ្មោះ​ទានវៈ សូម​សំពះនាង សូមគោរព​ចំពោះនាង ។

ព្រះសម្ពុលាបានស្ដាប់ពាក្យនោះហើយ ទើបពោលគាថា​ទាំងឡាយ ៣ ថា

យោ បុត្តោ កាសិរាជស្ស, សោត្ថិសេនោតិ តំ វិទូ;

តស្សាហំ សម្ពុលា ភរិយា, ឯវំ ជានាហិ ទានវ;

អភិវាទេមិ តំ ភន្តេ, សម្ពុលាហំ នមត្ថុ តេ។

អ្នកណាជាបុត្រ របស់ព្រះរាជា​ក្នុងដែន​កាសី អ្នកផង​តែងស្គាល់​អ្នកនោះថា ព្រះនាម សោត្ថិសេន ខ្ញុំឈ្មោះ​នាង​សម្ពុលា ជាភរិយា​របស់ព្រះរាជ​បុត្ត ព្រះនាម​សោត្តិសេន​នោះ បពិត្រ​ទានវៈ លោកចូរ​ដឹងយ៉ាង​នេះចុះ បពិត្រ​លោក​ដ៏ចម្រើន ខ្ញុំឈ្មោះ​សម្ពុលា សូមសំពះ សូមគោរព​ចំពោះ​លោក ។

វេទេហបុត្តោ ភទ្ទន្តេ, វនេ វសតិ អាតុរោ;

តមហំ រោគសម្មត្តំ, ឯកា ឯកំ ឧបដ្ឋហំ។

បពិត្រលោកដ៏ចម្រើន ព្រះរាជបុត្រ របស់ព្រះរាជា​វិទេហៈ ប្រឈួនក្តៅ​ក្រហាយ គង់នៅ​ក្នុងព្រៃ ខ្ញុំជាស្រ្តី​ម្នាក់ឯង បម្រើ​ព្រះរាជបុត្រ ដែលមាន​រោគបៀតបៀន​មួយអង្គ​ឯងនោះ ។

អហញ្ច វនមុញ្ឆាយ, មធុមំសំ មិគាពិលំ;

យទាហរាមិ តំ ភក្ខោ, តស្ស នូនជ្ជ នាធតីតិ។

មិន​តែប៉ុណ្ណោះ ខ្ញុំ (ត្រាច់) ដើម្បីស្វែង​រកផ្លែឈើ​ក្នុងព្រៃ នាំមកនូវ​ទឹកឃ្មុំ និង​សាច់​ដែលជា​អម្ពារ​របស់ម្រឹគ​ណា (ស្វាមីរបស់ខ្ញុំ) មានទឹកឃ្មុំ និងសាច់ ជាអម្ពា​របស់ម្រឹគ​នោះ ជាអាហារ (កាលបើ​មិនមាន​អាហារ​ទេ សរីរៈ) របស់ស្វាមី​ខ្ញុំនោះ នឹងទ្រាំ​ទ្រមិនបាន ក្នុងថ្ងៃនេះ ដោយពិត ។

បន្ទាប់អំពីនេះទៅ គាថាទាំងឡាយ ជាពាក្យឆ្លើយ​តបរបស់​ទានវៈ និងព្រះនាងសម្ពុលា រមែងមានថា

កឹ វនេ រាជបុត្តេន, អាតុរេន ករិស្សសិ;

សម្ពុលេ បរិចិណ្ណេន, អហំ ភត្តា ភវាមិ តេ។

(ទានវៈពោលថា) ម្នាលនាងសម្ពុលា នាងធ្វើ (នូវការមូលមិត្ត) នឹង​ព្រះរាជបុត្រ ប្រឈួន​ក្តៅក្រហាយ ដែលរោគ​ប៉ះពាល់នៅ​ក្នុងព្រៃ​ធ្វើអ្វី ខ្ញុំសូម​ជាភស្តា​របស់នាង ។

សោកដ្ដាយ ទុរត្តាយ, កឹ រូបំ វិជ្ជតេ មម;

អញ្ញំ បរិយេស ភទ្ទន្តេ, អភិរូបតរំ មយា។

(នាងសម្ពុលាពោលថា) ខ្ញុំរាប់ថា​មានរូបល្អ​ដូចម្តេចកើត ព្រោះខ្ញុំ​ជាស្ត្រីមាន​សេចក្តី​សោក​គ្របសង្កត់ មានខ្លួន​ដ៏លំបាក បពិត្រ​លោកដ៏​ចម្រើន លោកចូរ​ស្វែងរក​ស្ត្រីឯទៀត ដែលល្អ​ជាងខ្ញុំចុះ ។

ឯហិមំ គិរិមារុយ្ហ, ភរិយា មេ ចតុស្សតា;

តាសំ ត្វំ បវរា ហោហិ, សព្វកាមសមិទ្ធិនី។

(ទានវៈពោលថា) នាងចូរមកចុះ ចូរឡើងកាន់​ភ្នំនេះ ប្រពន្ធ​របស់ខ្ញុំ​មាន ៤០០ នាក់ នាងចូរជា​ស្ត្រីដ៏ប្រសើរ​ជាងភរិយា​ទាំងនោះ​ ចូរសម្រេច​តាមសេចក្តី​ប្រាថ្នា គ្រប់យ៉ាង ។

នូន តារកវណ្ណាភេ, យំ កិញ្ចិ មនសិច្ឆសិ;

សព្វំ តំ បចុរំ មយ្ហំ, រមស្ស្វជ្ជ មយា សហ។

ម្នាលនាង មានពន្លឺដូចផ្កាយ នាងប្រាថ្នា​ក្នុងចិត្ត ចំពោះ​វត្ថុ​ណាមួយ វត្ថុទាំងអស់នោះ​របស់ខ្ញុំ​មានគរគោក ចូរនាង​ត្រេកអរ​ជាមួយ​នឹងយើង ក្នុងថ្ងៃនេះចុះ ។

នោ ចេ តុវំ មហេសេយ្យំ, សម្ពុលេ ការយិស្សសិ;

អលំ ត្វំ បាតរាសាយ, បណ្ហេ ភក្ខា ភវិស្សសិ។

ម្នាលនាងសម្ពុលា បើនាង​មិនធ្វើនូវ​ភាពជា​​មហេសី​របស់ខ្ញុំទេ នាងគួរ​ជាអាហារ​ក្នុងពេល​ព្រឹក និងជា​ចំណីរបស់​ខ្ញុំ​អំពីព្រហាម ។

តញ្ច សត្តជដោ លុទ្ទោ, កឡារោ បុរិសាទកោ;

វនេ នាថំ អបស្សន្តឹ, សម្ពុលំ អគ្គហី ភុជេ។

(អភិសម្ពុទ្ធគាថា) ចំណែកទានវៈ មានភ្នួងសក់ ៧ ជាន់ ជាជាតិអាក្រក់ មានចង្កូម ជាអ្នកស៊ី​នូវបុរស បានចាប់នាង​សម្ពុលា​នោះ ត្រង់ដើមដៃ ដែលមិន​ឃើញនូវ​ទីពឹងក្នុងព្រៃ ។

អធិបន្នា បិសាចេន, លុទ្ទេនាមិសចក្ខុនា;

សា ច សត្តុវសំ បត្តា, បតិមេវានុសោចតិ។

នាងសម្ពុលា ត្រូវបិសាចអាក្រក់ មានភ្នែក​ប្រកប​ដោយ​អាមិស​គ្របសង្កត់ ជាស្រ្តីលុះ​ក្នុងអំណាច​នៃសត្រូវ​​ហើយ ក៏សោកសៅ រកតែស្វាមី​ថា

មេ ឥទំ តថា ទុក្ខំ, យំ មំ ខាទេយ្យ រក្ខសោ;

យញ្ច មេ អយ្យបុត្តស្ស, មនោ ហេស្សតិ អញ្ញថា។

យក្សស៊ីនូវខ្ញុំហើយ ដោយហេតុណា ហេតុ​នេះ មិនមែន​ជាទុក្ខនៃខ្ញុំទេ ក្រែង​តែព្រះ​ហប្ញទ័យ​នៃ​អយ្យបុត្ត​របស់ខ្ញុំ ទៅជា​បការៈដទៃ (ប្រច័ណ្ឌ) ដោយ​ហេតុណា ហេតុនោះ (ទើបជា​ទុក្ខនៃខ្ញុំ) ។

ន សន្តិ ទេវា បវសន្តិ នូន, ន ហិ នូន សន្តិ ឥធ លោកបាលា;

សហសា ករោន្តានមសញ្ញតានំ, ន ហិ នូន សន្តិ បដិសេធិតារោតិ។

មិនមាន​ពួកទេវតា នៅគ្រប់គ្រង​ដោយពិត ទាំងពួកទេវតា អ្នករក្សា​លោក ក្នុងលោក​នេះ ក៏មិនមាន​ដោយពិត ទេវតា​ទាំងឡាយ អ្នកហាម​ឃាត់ នូវ​ពួកជន​ជាអ្នក​មិនសង្រួម ជាអ្នកធ្វើ​ដោយការ​កំហែង ក៏មិនមាន​ដោយពិត។

លំដាប់នោះ ពិភពរបស់សក្កទេវរាជ ក៏កម្រើក​ដោយតេជះ​នៃសីល​របស់​ព្រះនាង បណ្ឌុកម្ពលសិលាសនៈ (ថ្មមានសម្បុរលឿងទុំដូចសំពត់កម្ពល) ជា​ឈ្មោះ​ថ្ម​ទិព្វ​ជា​អាសនៈ​​នៃ​ព្រះ​ឥន្ទ​​នា​ឋាន​ត្រ័យត្រិង្ស​សួគ៌ សម្ដែង​អាការៈក្ដៅ ។ ស្ដេចសក្កៈ​កាល​ពិចារណា​មើល ក៏បានដឹង​នូវហេតុនោះ ទើបកាន់​យក​នូវ វជិរាវុធ ទៅយ៉ាង​លឿង មកឋិត​នៅក្បាល​របស់​ទានវៈ ហើយ​ពោលគាថា​ដទៃថា

ឥត្ថីនមេសា បវរា យសស្សិនី, សន្តា សមា អគ្គិរិវុគ្គតេជា;

តញ្ចេ តុវំ រក្ខសាទេសិ កញ្ញំ, មុទ្ធា ច ហិ សត្តធា តេ ផលេយ្យ;

មា ត្វំ ទហី មុញ្ច បតិព្វតាយាតិ។

ស្រ្តីនេះជាស្រ្តីមានយស ជាស្ត្រីប្រសើរ​ជាងស្រី្ត​ទាំង​ឡាយ ជាស្រ្តី​ស្ងប់ស្ងៀម មានកិរិយា​ដ៏ស្មើ មានតេជះ​រុងរឿង​ដូចជាភ្លើង បើអ្នកឯង​ស៊ីនាង​កញ្ញានោះ ក្បាល​អ្នកឯង​នឹងបែកជា ៧ ភាគ​មិនខាន អ្នកឯង​កុំកម្ដៅ (នូវនាង​សម្ពុលា) អ្នកឯង​ចូរលែងនាង​ទៅ ព្រោះនាង​ជាស្រ្តី​គោរពប្តី ។

អសុរស្ដាប់ដូចនោះហើយ ក៏លែងនូវ​នាងសម្ពុលា ។ សក្កទេវរាជ​គិតថា អសុរនេះ គប្បីធ្វើ​យ៉ាងនេះ​ម្ដងទៀត ទើបចង​នូវទានវៈ​ដោយច្រវាក់​ជាទិព្វ ហើយយក​ទៅចោល​នៅរវាង​ភ្នំទី ៣ ដើម្បីមិន​ឲ្យមកវិញ​ទៀត ហើយព្រះអង្គ​ទូន្មាន​រាជធីតា​ដោយ​សេចក្ដី​មិនប្រមាទ ទើបស្ដេច​ទៅកាន់លំនៅ​ឋានរបស់ខ្លួន ។ ចំណែក​រាជធីតា កាល​ព្រះអាទិត្យ​អស្ដង្គត​ហើយ បានមកដល់​អាស្រម​ដោយពន្លឺ​ព្រះចន្ទ្រ ។

តមត្ថំ បកាសេន្តោ សត្ថា អដ្ឋ គាថា អភាសិ ព្រះសាស្ដា កាលប្រកាស​នូវសេចក្ដី​នោះ ទើបត្រាស់​ព្រះគាថា ៨ ថា

សា ច អស្សមមាគច្ឆិ, បមុត្តា បុរិសាទកា;

នីឡំ បឡិនំ សកុណីវ, គតសិង្គំវ អាលយំ។

នាងសម្ពុលា លុះរួចអំពី​បោរិសាទ បានត្រឡប់​មកកាន់​អាស្រមវិញ ដូចជា​មេបក្សី​បែកខ្ញែក​កូន ហើរមក​កាន់ទ្រនំ ឬដូច​មេគោ មកកាន់​លំនៅ (ដែលមាន​កូនបាត់ហើយ) ។

សា តត្ថ បរិទេវេសិ, រាជបុត្តី យសស្សិនី;

សម្ពុលា ឧតុមត្តក្ខា, វនេ នាថំ អបស្សន្តី។

ព្រះរាជបុត្រីនោះ ជា​ស្រ្តីមានយស ព្រះនាម​សម្ពុលា មានភ្នែក​ស្រទន់ ព្រោះរដូវ​កាលមិន​​ឃើញព្រះស្វាមី ជាទីពឹង ក្នុងព្រៃហើយ ក៏ទ្រង់​ព្រះកន្សែង ក្បែរ​អាស្រម​​នោះថា

សមណេ ព្រាហ្មណេ វន្ទេ, សម្បន្នចរណេ ឥសេ;

រាជបុត្តំ អបស្សន្តី, តុម្ហំម្ហិ សរណំ គតា។

ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយ​បង្គំពួក​សមណព្រាហ្មណ៍ និង​ឥសី​ទាំងឡាយ ដែលមាន​ការប្រព្រឹត្ត​បរិបូណ៌ ខ្ញុំសូម​ដល់នូវ​លោកជាទីពឹង ។

វន្ទេ សីហេ ច ព្យគ្ឃេ ច, យេ ច អញ្ញេ វនេ មិគា;

រាជបុត្តំ អបស្សន្តី, តុម្ហំម្ហិ សរណំ គតា។

ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយ​បង្គំនូវពួក​សីហៈ ខ្លាធំ និងពួកម្រឹគ​ដទៃ ក្នុងព្រៃ ខ្ញុំសូមដល់​នូវលោក​ជាទីពឹង ។

តិណា លតានិ ឱសឈោ, បព្វតានិ វនានិ ច;

រាជបុត្តំ អបស្សន្តី, តុម្ហំម្ហិ សរណំ គតា។

ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំស្មៅ វល្លិ ឈើជាឱសថ ភ្នំ និងព្រៃទាំងឡាយ ខ្ញុំសូមដល់​នូវលោកជាទីពឹង ។

វន្ទេ ឥន្ទីវរីសាមំ, រត្តឹ នក្ខត្តមាលិនឹ;

រាជបុត្តំ អបស្សន្តី, តុម្ហំម្ហិ សរណំ គតា។

ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំ​នូវរបៀបផ្កាយ​ក្នុងរាត្រី ដែលមាន​ពណ៌ដូចជា​ផ្កា​រាជព្រឹក្ស ខ្ញុំសូមដល់​នូវលោក​ជាទីពឹង។

វន្ទេ ភាគីរថឹ គង្គំ, សវន្តីនំ បដិគ្គហំ;

រាជបុត្តំ អបស្សន្តី, តុម្ហំម្ហិ សរណំ គតា។

ខ្ញុំមិនឃើញព្រះរាជបុត្រ សូមថ្វាយបង្គំ​នូវស្ទឹងឈ្មោះ​ភាគិរថី ជាទី​ទទួល​នូវស្ទឹង​ទាំងឡាយ​ដែលហូរ​មក ខ្ញុំសូមដល់​នូវលោក​ជាទីពឹង ។

វន្ទេ អហំ បព្វតរាជសេដ្ឋំ, ហិមវន្តំ សិលុច្ចយំ;

រាជបុត្តំ អបស្សន្តី, តុម្ហំម្ហិ សរណំ គតា។

ខ្ញុំមិន​ឃើញ​​ព្រះរាជបុត្រ សូមថ្វាយបង្គំ​នូវភ្នំ​ហិមពាន្ត ជាស្តេចភ្នំដ៏​ប្រសើរ ខ្ញុំ​សូមដល់​នូវលោក​ជាទីពឹង ។

ក្នុងគ្រានោះ សោត្ថិសេនកុមារ កាលនាង​សម្ពុលាយូរ​មក កាលសង្ស័យ ទើបគិតថា ឈ្មោះថា ស្ត្រីទាំងឡាយ ជាមនុស្ស​លោលៈ (ញាប់ញ័រ) គប្បីនាំ​បច្ចាមិត្រ​របស់យើង​មក ទើបស្ដេច​ចេញអំពី​បណ្ណសាលា ចូលទៅ​អង្គុយក្នុង​ចន្លោះគុម្ពឈើ ។

ព្រះសោត្ថិសេន បានឃើញនូវព្រះនាង​បរិទេវនា​យ៉ាងនេះ ក៏គិតថា ព្រះនាង​នេះ        បរិទេវនា​យ៉ាងក្រៃលែង​យ៉ាងនេះ តែថា​យើងមិនដឹង​នូវភាព​ពិតរបស់​នាង បើនាងធ្វើ​យ៉ាងនោះ ដោយសេចក្ដី​ស្នេហា​ក្នុងយើង​មែន ហឫទ័យ​របស់នាង​នឹងគប្បីបែក យើងនឹង​ចាំមើល​នាងជា​មុនសិន ដូច្នេះហើយ ទើបទៅ​អង្គុយក្បែរ​ទ្វារបណ្ណសាលា ។ សូម្បី​ព្រះនាង​កាល​បរិទេវនា ទើបទៅកាន់​ទ្វារ​បណ្ណសាលា ហើយថ្វាយ​បង្គំនូវជើង​របស់​សោត្ថិសេន​នោះ ហើយពោល​ថា បពិត្រ​ព្រះស្វាមី ព្រះអង្គ​ទៅណា ?

លំដាប់នោះ សោត្ថិសេន​កាលសួរ​នាងថា ម្នាលនាង​ដ៏ចម្រើន ក្នុងថ្ងៃ​ដទៃៗ នាងមិនមក​ក្នុងវេលា​នេះឡើយ ក្នុងថ្ងៃនេះ នាងមក​ក្នុងពេល​យប់ ដូច្នេះ​ហើយ ទើបពោល​គាថាថា

អតិសាយំ វតាគញ្ឆិ, រាជបុត្តិ យសស្សិនិ;

កេន នុជ្ជ សមាគច្ឆិ, កោ តេ បិយតរោ មយាតិ។

រាជបុត្រី ជាស្រ្តីមានយស មកក្នុងវេលា​ល្ងាចម្ល៉េះ តើថ្ងៃនេះ នាងជួប​ប្រទះនឹង​អ្នកណា​ហ្ន៎ អ្នកណា​ជាទីស្រឡាញ់​របស់នាង​ជាងខ្ញុំ ។

លំដាប់នោះ នាងសម្ពុលា ទើបក្រាប​ទូលព្រះស្វាមីថា បពិត្រ​អយ្យបុត្រ ខ្ញុំម្ចាស់​កាន់យក​នូវ​ផលាផល កាលមក បានជួប​នឹងទានវៈ​មួយ ទានវៈនោះ មានចិត្ត​ស្រឡាញ់ខ្ញុំ បានចាប់​ខ្ញុំត្រង់ដៃ​ដោយពោលថា បើនាង​មិនធ្វើតាម​ពាក្យរបស់យើង យើងនឹង​បរិភោគនាង វេលានោះ ខ្ញុំម្ចាស់​សោយសោក ក៏បរិទេវនា​យ៉ាងនេះ ដូច្នេះហើយ ទើបពោលគាថាថា

ឥទំ ខោហំ តទាវោចំ, គហិតា តេន សត្តុនា;

ន មេ ឥទំ តថា ទុក្ខំ, យំ មំ ខាទេយ្យ រក្ខសោ;

យញ្ច មេ អយ្យបុត្តស្ស, មនោ ហេស្សតិ អញ្ញថាតិ។

ខ្ញុំម្ចាស់ដែលសត្រូវនោះចាប់បាន ក៏បាន​ពោល​ពាក្យ​នេះថា យក្សទំពាស៊ី​ខ្ញុំម្ចាស់ ដោយ​ហេតុណា ហេតុនោះ​មិនមែន​ជាទុក្ខ​នៃខ្ញុំម្ចាស់ទេ ក្រែងតែ​ព្រះហប្ញទ័យ​ព្រះអយ្យបុត្រ​របស់ខ្ញុំម្ចាស់​ទៅជា​​បការៈ​ដទៃ ដោយ​ហេតុណា ហេតុនោះ (ទើបជា​ទុក្ខនៃ​ខ្ញុំម្ចាស់) ។

កាលព្រះនាងប្រាប់ការប្រព្រឹត្តទៅ​ដ៏សេស​តទៅ ទើបទូលថា បពិត្រទេវៈ ខ្ញុំម្ចាស់​ត្រូវអសុរនោះ​ចាប់ទុកហើយ កាលមិនអាច​ឲ្យគេលែង​នូវខ្លួន ទើបធ្វើ ទេវតុជ្ឈាបនកម្ម (បួងសួង​សូមអង្វរ​ទេវតា) លំដាប់នោះ សក្កទេវរាជ មានដៃកាន់​វជិរាវុធ​មកហើយ ឋិតនៅ​លើ​អាកាស គំរាម​អសុរនោះ ឲ្យវាដោះ​លែងខ្ញុំ ហើយចង​នូវវា​ដោយ​ច្រវាក់​ជាទិព្វ យកទៅ​ចោលនៅ​រវាងភ្នំទី ៣ ទើបស្ដេច​ចេញទៅ ខ្ញុំម្ចាស់បាន​ជីវិត ដោយ​អាស្រ័យ​នូវស្ដេចសក្កៈ​យ៉ាងនេះ។

ព្រះសោត្ថិសេន បានស្ដាប់ដូច​យ៉ាងនោះ​ហើយ ទើបត្រាស់ថា ម្នាលនាង​ដ៏ចម្រើន ឈ្មោះថា សច្ចៈ ខាងក្នុង​របស់មាតុគ្រាម ជាវត្ថុ​ដែលគេបាន​ដោយកម្រ ក៏ឯក្នុង​ព្រៃហិមពាន្ត​នេះ មាន វនចរកៈ (អ្នកដើរ​ក្នុងព្រៃ គឺព្រានព្រៃ) តាបស និងវិជ្ជាធរ​ជាដើម​ដ៏ច្រើន តើអ្នកណា​នឹងជឿបាន ហើយទ្រង់​ត្រាស់គាថាថា

ចោរីនំ ពហុពុទ្ធីនំ, យាសុ សច្ចំ សុទុល្លភំ;

ថីនំ ភាវោ ទុរាជានោ, មច្ឆស្សេវោទកេ គតន្តិ។

ពាក្យសច្ចៈ ក្នុងពួកស្រីចោរ មានមាយាច្រើន គេរកបាន​ដោយក្រណាស់ ភាព គឺប្ញកមារយាទ​របស់ស្រ្តី​ទាំងឡាយ គេដឹង​បានដោយក្រ ដូចដំណើរ​នៃត្រី​ក្នុងទឹក ។

ព្រះនាងសម្ពុលា បានស្ដាប់ពាក្យ​របស់ព្រះស្វាមី​នោះហើយ ទើបទូលថា បពិត្រ​អយ្យបុត្រ ខ្ញុំម្ចាស់​នឹងរក្សា​ព្រះអង្គ​ដែលមិនជឿ ដោយសច្ចពលៈ (កម្លាំងសច្ចៈ) របស់ខ្ញុំ​ដូច្នេះ​ហើយ ញ៉ាំងក្អម​នៃទឹក​ឲ្យពេញ ធ្វើនូវ​សច្ចកិរិយា កាលស្រោច​នូវទឹក​លើសីសៈ​របស់​សោត្ថិសេន​នោះ ក៏បាន​ពោលគាថាថា

តថា មំ សច្ចំ បាលេតុ, បាលយិស្សតិ ចេ មមំ;

យថាហំ នាភិជានាមិ, អញ្ញំ បិយតរំ តយា;

ឯតេន សច្ចវជ្ជេន, ព្យាធិ តេ វូបសម្មតូតិ។

ខ្ញុំម្ចាស់មិនធ្លាប់ស្គាល់ នូវបុរសដទៃ​ជាទីស្រ​ឡាញ់​ជាងព្រះអង្គ​យ៉ាងណា បើ (ដំណើរ) របស់​ខ្ញុំម្ចាស់ (នោះ) ជាសច្ចៈ យ៉ាងនោះ សូមសច្ចៈ រក្សាព្រះអង្គ ទាំងរក្សានូវ​ខ្ញុំម្ចាស់​ដោយពាក្យ​សច្ចៈនេះ សូមព្យាធិ​របស់ព្រះអង្គ​ស្ងប់រម្ងាប់ ។

កាលព្រះនាងសម្ពុលាធ្វើនូវសច្ចកិរិយា​យ៉ាងនេះ​ហើយ ត្រឹមតែ​ស្រោចទឹក​ប៉ុណ្ណោះ រោគឃ្លង់​របស់សោត្ថិសេន ក៏ប្រាស​ជាសះស្បើយ​ទៅក្នុងពេល​នោះឯង ប្រៀបដូច​មន្ទិល​ទង់ដែង​ដែលត្រូវ​ជម្រះដោយ​ទឹកជូរ ។ ស្ដេចទាំងពីរ​ក៏នៅបន្ត​ក្នុងទីនោះ​អស់ពីរបីថ្ងៃ ហើយចេញ​អំពីព្រៃ ទៅដល់​នគរពារាណសី ចូលទៅ​កាន់ឧទ្យាន ។

ព្រះរាជាទ្រង់បានដឹងភាវៈនៃការមករបស់ស្ដេច​ទាំងពីរ​នោះហើយ ទ្រង់យាង​ទៅកាន់​ឧទ្យាន ត្រាស់ឲ្យ​លើក​ស្វេតច្ឆត្រ​ថ្វាយ​សោត្ថិសេនកុមារ​ក្នុងទីនោះ​ឯង និងឲ្យ​អភិសេក​ព្រះនាង​សម្ពុលា ក្នុងតំណែង​ជា​អគ្គមហេសី ហើយឲ្យ​ស្ដេចទាំងពីរ​ចូលទៅកាន់​ព្រះនគរ ព្រះរាជា​ព្រះអង្គឯង​បួសជាឥសី សម្រេច​ការនៅ​ក្នុងឧទ្យាន និងយាង​ទៅសោយ​ក្នុង​រាជ​និវេសន៍​ជាប្រចាំ ។  ចំណែក​ស្ដេចសោត្ថិសេន បានត្រឹមតែ​ឲ្យតំណែង​អគ្គមហេសី ដល់​ព្រះនាង​សម្ពុលា​ប៉ុណ្ណោះ មិនមាន​សក្ការៈ​យ៉ាងណា​មួយឡើយ មិនដឹងនូវ​សេចក្ដី​ប្រាថ្នារបស់​ព្រះនាងសម្ពុលា ព្រះអង្គ​តែងតែ​អភិរម្យ ត្រេកអរ​មួយអន្លើ​ដោយស្ត្រី​ទាំងឡាយ​ដទៃ ។ ព្រះនាង​សម្ពុលា ក៏មានរាងកាយ​ស្គាំងស្គម ដោយ​អំណាចនៃ សបត្តិទោស (ទោស គឺសេចក្ដី​ច្រណែន​ប្រចែប្រច័ណ្ឌនឹងស្ត្រី​ដែលរួមស្វាមី) កើតជា​រោគលឿង មានខ្លួន​ដេរដាស​ដោយសរសៃ ។

ថ្ងៃមួយ ព្រះនាងសម្ពុលាទៅកាន់សម្នាក់​ព្រះសសុរតាបស ដែលមក​ដើម្បីនឹង​ឆាន់ ដើម្បីប្រយោជន៍​ដល់ការ​បន្ទោបង់​សេចក្ដីសោក ហើយថ្វាយ​បង្គំនូវតាបស​ដែលធ្វើ​ភត្តកិច្ច​ស្រេចហើយ អង្គុយក្នុងទីមួយ ។ តាបសនោះ ឃើញនូវព្រះនាង​ដែលប្រកប​ដោយ​មន្ទិល ទើប​ពោលគាថា​ថា

យេ កុញ្ជរា សត្តសតា ឧឡារា, រក្ខន្តិ រត្តិន្ទិវមុយ្យុតាវុធា;

ធនុគ្គហានញ្ច សតានិ សោឡស, កថំវិធេ បស្សសិ ភទ្ទេ សត្តវោតិ។

ដំរីទាំងឡាយច្រើនប្រមាណ ៧០០ មានអាវុធ​ដែល​​យោធាប្រកប​ហើយ ទាំងពួក​ខ្មាន់ធ្នូ​មួយពាន់​ប្រាំមួយរយ តែងរក្សា​ទាំង​យប់​ទាំងថ្ងៃ ម្នាលនាងដ៏​ចម្រើន តើនាង​នៅឃើញ​ពួក​សត្រូវ ដូចម្តេច ។

សេចក្ដីនៃគាថានោះថា ព្រះសស្សុរតាបស​សួរថា ម្នាលនាង​ដ៏ចម្រើន កុញ្ជរ​ទាំងឡាយ​ណា របស់យើងមាន ៧០០, អាវុធទាំងឡាយ ដែលប្រកប​ហើយ ដោយ​អំណាច​នៃ​យោធា ដែលទៅ​ដោយដំរី​ទាំងឡាយ​នោះ ទាំង​ទាហាន​ធ្នូ ១៦០០ នាក់​ដទៃ តែងរក្សា​នូវនគរ​ពារាណសី ទាំងថ្ងៃទាំងយប់ ។ ព្រះនគរ​មានការរក្សា​យ៉ាងនេះ នាង​នឹងមានសត្រូវ​ដោយ​វិធីដូចម្ដេច ។ ម្នាលនាងដ៏ចម្រើន ក្នុងវេលា​ដែលនាង​មកអំពីព្រៃ​ដែលគួរ​ឲ្យខ្លាច មានភ័យ​ដោយ​ជុំវិញ សរីរៈ​របស់នាង​ដល់ព្រម​ដោយពន្លឺ តែឥឡូវនេះ សរីរៈ​របស់នាង​ស្វិតគ្រាម​ស្រពោន មានពណ៌លឿង​ដូចស្លឹក​ឈើទុំ ឥន្ទ្រិយ​ក៏ស្មៅហ្មង​ខ្លាំង នាងភ័យ​ខ្លាចរឿងអ្វី ?

ព្រះនាងសម្ពុលាបានស្ដាប់ពាក្យ​របស់​សស្សុរតាបស​នោះហើយ ពោលថា បពិត្រ​ព្រះសម្មតិទេព បុត្ររបស់​ព្រះអង្គ​ ធ្វើមិនដូច​កាលមុន​ដល់ខ្ញុំ ទើប​ពោលគាថា ៥ ថា

អលង្កតាយោ បទុមុត្តរត្តចា, វិរាគិតា បស្សតិ ហំសគគ្គរា;

តាសំ សុណិត្វា មិតគីតវាទិតំ, ន ទានិ មេ តាត តថា យថា បុរេ។

ស្វាមីឃើញពួកស្រ្តី ដែលតាក់តែងកាយ មាន​សម្បុរស្បែកល្អ ដូចស្រទាប់ផ្កាឈូក មានចង្កេះរៀវ មានសំឡេង​ដូចហង្ស ទ្រង់សណ្តាប់​នូវចម្រៀង និងប្រគំ ដែលគេគួររាប់ របស់​ពួកស្រ្តី​ទាំងនោះ បពិត្រព្រះបិតា ឥឡូវនេះ ព្រះស្វាមី​របស់ខ្ញុំម្ចាស់ មិនប្រព្រឹត្ត​ដូចកាល​មុន យ៉ាង​នោះទេ ។

សុវណ្ណសំកច្ចធរា សុវិគ្គហា, អលង្កតា មានុសិយច្ឆរូបមា;

សេនោបិយា តាត អនិន្ទិតង្គិយោ, ខត្តិយកញ្ញា បដិលោភយន្តិ នំ។

បពិត្រព្រះបិតា ពួកស្ត្រីមានរូបល្អ ទ្រទ្រង់នូវ​ប្រដាប់​​សម្រាប់​រឹតដោះ​ជាវិការៈ​នៃមាស តាក់តែង​ខ្លួន ជាស្រ្តីមនុស្ស ដូចស្រ្តី​ទេពអប្សរ ជាទីស្រឡាញ់​នៃព្រះរាជា​ព្រះនាម សោត្ថិសេន ជាស្រ្តី​មានរាងកាយ តិះដៀល​មិនបាន ជាខត្តិយកញ្ញា តែងប្រលោម​ព្រះរាជានោះ ។

សចេ អហំ តាត តថា យថា បុរេ, បតឹ តមុញ្ឆាយ បុនា វនេ ភរេ;

សម្មានយេ មំ ន ច មំ វិមានយេ, ឥតោបិ មេ តាត តតោ វរំ សិយា។

បពិត្រព្រះបិតា ប្រសិនបើខ្ញុំម្ចាស់ចិញ្ចឹម​ព្រះស្វាមីនោះ ដោយការ​ស្វែងរក​នូវផ្លែឈើ ក្នុងព្រៃ ដូចក្នុង​កាលមុន​យ៉ាងនោះទៀត ព្រះស្វាមី​គប្បីរាប់​អានខ្ញុំម្ចាស់ ទាំងមិន​មើលងាយ​ខ្ញុំម្ចាស់​ទេ បពិត្រព្រះបិតា ព្រោះហេតុនោះ (ព្រៃ) របស់ខ្ញុំម្ចាស់ (នោះឯង) ប្រសើរ​ជាង​រាជសម្បត្តិ ក្នុងក្រុង​ពារាណសីនេះ ។

យមន្នបានេ វិបុលស្មិ ឱហិតេ, នារី វិមដ្ឋាភរណា អលង្កតា;

សព្វង្គុបេតា បតិនោ ច អប្បិយា, អពជ្ឈ តស្សា មរណំ តតោ វរំ។

នារីណា (កើតក្នុងផ្ទះត្រកូល) មានបាយ និងទឹកបរិបូណ៌ ដែលគេចាត់​ចែង​ហើយ ជាស្ត្រី​មានគ្រឿង​ប្រដាប់ដ៏ស្អាត​វិសេស តាក់តែង​ខ្លួនប្រកប​ដោយអង្គ​គ្រប់យ៉ាង តែមិន​ជាទីស្រឡាញ់​របស់ប្តី បានសម្លាប់ (ខ្លួន) ហើយ សេចក្តី​​ស្លាប់របស់​នារីនោះ ប្រសើរជាង​ការរស់នៅ​ជាឃរាវាស​នោះទៅទៀត។

អបិ ចេ ទលិទ្ទា កបណា អនាឡ្ហិយា, កដាទុតីយា បតិនោ ច សា បិយា;

សព្វង្គុបេតាយបិ អប្បិយាយ, អយមេវ សេយ្យា កបណាបិ យា បិយាតិ។

បើស្ត្រីណា ទ័លក្រ កំព្រា មិនមានគ្រឿងប្រដាប់ មានតែកន្ទេល​ជាគម្រប់ពីរ តែស្ត្រីនោះ ជាទីស្រឡាញ់​របស់ប្តី ស្រ្តីណា​ ទោះកំព្រា តែជាទីស្រឡាញ់ (របស់ប្តី) ស្រ្តីនេះឯង ប្រសើរ​ជាងស្ត្រី​ដែលប្រកប​ដោយអង្គ​គ្រប់យ៉ាង ដែលមិន​ជាទី​ស្រឡាញ់ (របស់ប្តី) ។

កាលព្រះនាងសម្ពុលាទូលហេតុដែលខ្លួនស្គម ដល់ព្រះសស្សុរតាបស​ហើយ ព្រះតាបស​ក៏ឲ្យហៅ​ព្រះរាជាមក ត្រាស់ថា ម្នាល​សោត្ថិសេនកូន កាលអ្នក​មានរោគឃ្លង់ ចូលទៅ​នៅក្នុងព្រៃ នាង​សម្ពុលា បានចូល​ទៅជាមួយអ្នក ហើយ​បម្រើនូវអ្នក រហូត​ញ៉ាំងរោគ​របស់អ្នក​ឲ្យជា​សះស្បើយ ដោយកម្លាំង​សច្ចៈ​របស់ខ្លួននាង និងបាន​ជួយធ្វើអ្នក​ឲ្យតាំង​នៅក្នុង​រាជសម្បត្តិ តែអ្នក​មិនដឹងនូវ​ទីឈរ​ទីអង្គុយ​របស់នាង អ្នកធ្វើដូចនេះ មិនសម​គួរឡើយ ឈ្មោះថា ការប្រទុស្ត​រ៉ាយមិត្រ​នោះ​ជាបាប ដូច្នេះហើយ កាលឲ្យ​ឱវាទដល់បុត្រ ទើបពោល​គាថាថា

សុទុល្លភិត្ថី បុរិសស្ស យា ហិតា, ភត្តិត្ថិយា ទុល្លភោ យោ ហិតោ ច;

ហិតា ច តេ សីលវតី ច ភរិយា, ជនិន្ទ ធម្មំ ចរ សម្ពុលាយាតិ។

ស្រ្តីណា ជាគុណរបស់បុរស ស្ត្រីនោះ គេរកបាន​ក្រក្រៃលែង ភស្តាណា ជាគុណ​របស់ស្ត្រី ភស្តានោះ គេរកបាន​ដោយក្រ ម្នាល​បា​ជាធំជាងជន ភរិយា​​របស់អ្នក​ជាគុណ (នៃអ្នក) ផង ជាស្ត្រីមាន​សីលផង អ្នកចូរប្រព្រឹត្ត​ធម៌ចំពោះ​នាងសម្ពុលា ។

គាថានោះ មានអត្ថាធិប្បាយថា ម្នាលបា ស្ត្រីណា ជាប្រយោជន៍​ដល់បុរស មាន​ចិត្តទន់ មានចិត្ត​អនុគ្រោះ ស្វាមីទាំងឡាយណា ដឹងនូវគុណ​ដែល​ស្ត្រីទាំងឡាយ​បានធ្វើ​ប្រយោជន៍​ហើយ ជនទាំង​ពីរនេះ គឺគេរក​បាន​ដោយក្រ ។  នាងសម្ពុលានេះ បានធ្វើនូវ​ប្រយោជន៍​ដល់អ្នក ដល់​ព្រមដោយ​សីល ព្រោះហេតុ​នោះ អ្នកចូរប្រព្រឹត្ត​នូវធម៌​ដល់នាង​សម្ពុលា ចូរដឹងនូវគុណ​ដែលនាង​បានធ្វើហើយ អ្នកចូរ​មានចិត្តទន់ ចូរញ៉ាំងចិត្ត​របស់នាង​ឲ្យស្រស់បស់ ។

ព្រះរាជឥសីនោះ បានប្រទាន​ឱវាទដល់បុត្រ​យ៉ាងនេះហើយ ក៏ក្រោក​ឡើង ចៀសចេញទៅ ។ ស្ដេចសោត្ថិសេន កាលព្រះរាជ​បិតាយាងទៅហើយ ក៏បានឲ្យ​គេហៅ​ព្រះនាង​សម្ពុលាមក​ត្រាស់ថា ម្នាលនាង​ដ៏ចម្រើន បងសូមនូវ​ទោសដែល​បានធ្វើហើយ​អស់កាល​ប្រមាណ​ប៉ុណ្ណេះ ចាប់អំពី​ពេលនេះទៅ បងនឹង​ឲ្យឥស្សរិយយស​ទាំងពួង​ដល់អូន ដូច្នេះ​ហើយ ទើបត្រាស់​ព្រះគាថា​ចុងក្រោយថា

សចេ តុវំ វិបុលេ លទ្ធភោគេ, ឥស្សាវតិណ្ណា មរណំ ឧបេសិ;

អហញ្ច តេ ភទ្ទេ ឥមា រាជកញ្ញា, សព្វេ តេ វចនករា ភវាមាតិ។

ម្នាលនាងសម្ពុលា​មានភោគៈបាន​ហើយដ៏ច្រើន បើនាងឆ្លងផុត​ចាកសេចក្តី​ប្រាថ្នា ដល់​នូវមរណៈ អញនឹង​ពួករាជកញ្ញា​ទាំងអស់​របស់នាង​នេះ នឹងធ្វើ​តាមពាក្យ​របស់នាង ។

ព្រះគាថានោះ មានសេចក្ដីថា ម្នាលនាង​សម្ពុលាដ៏ចម្រើន បើនាង​ឋិតលើ​គំនររតនៈ សូម្បី​បាននូវភោគៈ​ដ៏ច្រើន ដោយអំណាច​នៃការ​អភិសេក​ជាអគ្គមហេសី នៅធ្លាក់ចុះ​ក្នុងសេចក្ដី​ឥស្សា ហើយដល់​នូវសេចក្ដី​ស្លាប់ បង និងរាជកញ្ញា​ទាំងឡាយនេះ នឹងជា​អ្នកធ្វើតាម​ពាក្យរបស់​នាងទាំងអស់ អូនចូរ​ចាត់ចែង​រាជសម្បត្តិ​តាមសេចក្ដី​ប្រាថ្នាចុះ ដូច្នេះ​ហើយ ព្រះអង្គ​ក៏បានប្រទាន​ឥស្សរិយយស​ទាំងពួង​ដល់ព្រះនាង ។

ចាប់តាំងអំពីនោះមក ព្រះសោត្ថិសេន និងព្រះនាង​សម្ពុលា​ទាំងពីរ​អង្គ ក៏បាននៅ​រួមសមគ្គសង្វាស ធ្វើនូវបុណ្យ​ទាំងឡាយ មានឲ្យទាន​ជាដើម ហើយស្ដេច​ក៏ទៅតាម​យថាកម្ម ។ ព្រះតាបសសស្សុរ បានញ៉ាំងឈាន និងអភិញ្ញា​ឲ្យកើតឡើង ក៏បានដល់​ព្រហ្មលោក ។

ព្រះសាស្ដា បាននាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះទេ សូម្បីក្នុង​កាលមុន នាង​មល្លិកា​ក៏ជាអ្នកមាន​ស្វាមីដូចជា  ទេវតាដែរ ដូច្នេះហើយ ទើបទ្រង់​ប្រជុំជាតកថា

តទា សម្ពុលា មល្លិកា អហោសិ នាងសម្ពុលា ក្នុងកាលនោះ គឺនាង​មល្លិកា ។

សោត្ថិសេនោ កោសលរាជា សោត្ថិសេន គឺ ព្រះបាទកោសល ។

បិតា តាបសោ បន អហមេវ អហោសឹ ចំណែក​តាបស​ជាបិតា គឺ​តថាគត​នេះឯង ។

សម្ពុលាជាតកវណ្ណនា និដ្ឋិតា ។

ការពណ៌នាសម្ពុលាជាតកចប់ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តឹសនិបាត បិដកលេខ ៦០ ទំព័រ ២០៨)

 

ថ្ងៃ ពុធ ៦ កើត ខែ កត្តិក ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១

ប្រែដោយ ខេមរ អភិធម្មាវតារ