នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សមុទ្ទជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធព្រះឧបនន្ទត្ថេរ បានត្រាស់ព្រះ​ធម្មទេសនា​នេះ មានពាក្យថា កោ នាយំ ដូច្នេះ​ជាដើម ។

 

ពិតមែនហើយ ព្រះឧបនន្ទត្ថេរនោះ ជាអ្នកប្រាថ្នា​ច្រើន ជាអ្នក​ល្មោភច្រើន មិនអាច​នឹងគ្រប់​គ្រាន់ សូម្បីដោយ​បច្ច័យទាំងឡាយ​ដែលពេញ​រទេះ ។ ក្នុងវេលា​ដែលជិត​ចូល​ព្រះវស្សា បានចូល​វស្សា ក្នុងវត្ត​ទាំងឡាយ​ពីរបី ដោយដាក់​ស្បែកជើង​ក្នុងវត្តមួយ, ដាក់​ឈើច្រត់ ក្នុងវត្ត​មួយ, ដាក់កំសៀវ​ទឹកក្នុង​វត្តមួយ ។ ចំណែក​លោកនៅ​ដោយខ្លួន​ឯងក្នុង​វត្តមួយ និងបានទៅ​កាន់វត្ត​ក្នុងជនបទ ឃើញភិក្ខុ​ទាំងឡាយ​ដែលមាន​បរិក្ខារ​ប្រណីត ទើបសម្ដែង​អរិយវំសកថា ឲ្យភិក្ខុ​ទាំងឡាយ​នោះ​កាន់យក​សំពត់បង្សុកូល​ទាំងឡាយ ហើយ​លោក​ទទួល​ចីវរ​របស់ភិក្ខុ​ទាំងនោះ, ឲ្យភិក្ខុ​ទាំងឡាយ កាន់យក​បាត្រដី លោកខ្លួន​ឯងកាន់​យកបាត្រ​ដែលជា​ទីពេញចិត្តៗ និងភាជនៈ​ដែលថ្លាស្អាត ហើយញ៉ាំង​យានឲ្យ​ពេញដោយ​គ្រឿងបរិក្ខារ​ទាំងនោះ ធ្វើដំណើរទៅ​កាន់វត្តជេតពន ។ លំដាប់នោះ ថ្ងៃមួយ ភិក្ខុទាំងឡាយ ញ៉ាំងកថា​ឲ្យតាំងឡើង​ក្នុងធម្មសភាថា ម្នាលអាវុសោ ព្រះឧបនន្ទសក្យបុត្ត ជាអ្នក​ប្រាថ្នា​ច្រើន សម្ដែងនូវ​ការបដិបត្តិ​ដល់ភិក្ខុដទៃ ហើយញ៉ាំង​យានឲ្យពេញ​ដោយ​សមណបរិក្ខារ រួចដើរ​មក ។ ព្រះសាស្ដា​យាងមក ហើយត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំ​គ្នាដោយ​កថាអ្វី ? កាលភិក្ខុ​ទាំងឡាយ​ទូលថា ដោយកថា​ឈ្មោះ​នេះ ទ្រង់ទើប​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អំពើដែល​ឧបនន្ទ​ធ្វើនេះ មិនសម​គួរឡើយ អរិយវំសកថា ដែលឧបនន្ទ​សម្ដែងដល់​ភិក្ខុទាំង​ឡាយដទៃ យ៉ាងនេះ ឧបនន្ទ​គួរតែជាអ្នក​ប្រាថ្នាតិច​ដោយខ្លួន​ឯងជា​ដំបូងសិន ហើយទើប​នឹងសម្ដែង​អរិយវង្ស ដល់ភិក្ខុ​ដទៃ ដូច្នេះ​ហើយ ទ្រង់ក៏សម្ដែង​ធម្មបទគាថា​នេះថា

អត្តានមេវ បឋមំ, បតិរូបេ និវេសយេ;

អថញ្ញមនុសាសេយ្យ, ន កិលិស្សេយ្យ បណ្ឌិតោ។

បណ្ឌិតគួរតម្កល់ខ្លួនទុក ក្នុងគុណដ៏សមគួរជាមុនសិន ហើយសឹម​ប្រៀនប្រដៅ​អ្នកដទៃ​ជាខាង​ក្រោយ (ធ្វើយ៉ាងនេះ) នឹង​មិនលំបាក​ឡើយ

(សុត្តន្តបិដក ខុទ្ទកនិកាយ ធម្មបទ អត្តវគ្គ បិដកលេខ ៥២ ទំព័រ ៥៥)

 

ដូច្នេះហើយ កាលទ្រង់តិះដៀលព្រះឧបនន្ទរួចហើយ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឧបនន្ទ​ជាអ្នក​ប្រាថ្នាច្រើន មិនមែន​តែក្នុងកាល​ឥឡូវនេះទេ ក្នុងកាលមុន ឧបនន្ទ​បានសម្គាល់​នូវភាព​ជាអ្នករក្សាទឹក សូម្បីក្នុង​មហាសមុទ្រ ដូចនេះ​ហើយ ទ្រង់នាំ​អតីតនិទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត សោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី គ្រានោះ ព្រះពោធិសត្វ​កើតជា​សមុទ្ទទេវតា ។ លំដាប់នោះ មានក្អែក​មួយ បានត្រាច់​ទៅខាង​លើសមុទ្រ កាល​ហាមពួកត្រី និង​ពួកបក្សី​ទាំងឡាយ​ថា អ្នកទាំងឡាយ កុំផឹកទឹក​ក្នុង​សមុទ្រ​ឲ្យលើស​ប្រមាណឡើយ កាលត្រាច់ទៅ ចូរផឹកតិចៗ ដូច្នេះ​ហើយ ទើបត្រាច់ទៅ ។ សមុទ្រ​ទេវតា​ឃើញក្អែក​នោះហើយ ក៏ពោល​គាថាទី ១ ថា

កោ នាយំ លោណតោយស្មឹ, សមន្តា បរិធាវតិ;

មច្ឆេ មករេ ច វារេតិ, ឩមីសុ ច វិហញ្ញតិ។

អ្នកណានេះហ្ន៎ ស្ទុះទៅមក ដោយជុំវិញ ក្នុងសមុទ្រ​មានទឹកប្រៃ ហាមឃាត់​នូវពួកត្រី និងពួក​មករ លំបាក​ក្នុងរលកទឹក ។

 

បណ្ដាបទទាំងនោះ បទថា កោ នាយំ សេចក្ដីថា អ្នកនេះ​ជានរណាហ្ន៎ ។

 

ក្អែកបានស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា

អនន្តបាយី សកុណោ, អតិត្តោតិ ទិសាសុតោ;

សមុទ្ទំ បាតុមិច្ឆាមិ, សាគរំ សរិតំបតឹ។

ខ្ញុំជាសត្វស្លាប ជាសត្វផឹកទឹកមិនមានទីបំផុត ល្បីល្បាញ​ទៅគ្រប់ទិស ថាជា​សត្វមិន​ចេះឆ្អែត ប្រាថ្នា​ដើម្បីផឹក​នូវទឹកសមុទ្រ គឺសាគរ ដែលជា​ម្ចាស់នៃទន្លេ ។

 

គាថានោះមានសេចក្ដីថា យើងប្រាថ្នានឹង​ផឹកទឹកសមុទ្រ​ដែលមិន​មានទីបំផុត ព្រោះ​ហេតុនោះ យើងទើប​ជាបក្សី​ដែលមាន​ឈ្មោះថា អនន្តបាយី ព្រោះភាព​ជាអ្នក​ដល់ព្រម​ដោយតណ្ហា​ដែលមិន​អាចឲ្យ​ពេញ សូម្បីដោយ​វត្ថុដ៏ធំ ។ សូម្បី​បទថា អតិត្តោតិ សេចក្ដីថា ខ្ញុំប្រាកដ គឺល្បីល្បាញ​ក្នុងទិស​ទាំងឡាយ ។ យើងប្រាថ្នា​ផឹកទឹក​សមុទ្រនេះ​ទាំងអស់ ដែល​ឈ្មោះថា សាគរ ព្រោះជា​អណ្ដូង​នៃរតនៈ​ដ៏ល្អ និងព្រោះ​ភាពដែល​ត្រូវជីកហើយ ។ ឈ្មោះថា ជាម្ចាស់​នៃទន្លេ ព្រោះជាធំ​លើទន្លេ​ទាំងឡាយ ។

 

សមុទ្រទេវតាស្ដាប់ពាក្យនោះហើយ ទើបពោលគាថាទី ៣ ថា

សោ អយំ ហាយតិ ចេវ, បូរតេ ច មហោទធិ;

នាស្ស នាយតិ បីតន្តោ, អបេយ្យោ កិរ សាគរោ។

សមុទ្រធំនោះ ជួនកាលក៏នាចទៅ ជួនកាលក៏ជោរឡើង ទីបំផុតនៃ​ទឹកសមុទ្រ​នោះ​ដែលសកល​លោកផឹក​ហើយ មិនប្រាកដទេ ឮថាសាគរ អ្នកណា​មួយក៏មិន​អាចផឹកទឹក ឲ្យអស់​បានឡើយ ។

 

បណ្ដាបទទាំងនោះ បទថា សោ អយំ ហាយតិ ចេវ សេចក្ដីថា សមុទ្រ​រមែងនាច​ក្នុងវេលា​ថយមក, រមែង​ពេញក្នុង​វេលា​ចេញទៅ ។ បទថា នាស្ស នាយតិ សេចក្ដីថា បើសត្វ​ក្នុងសកល​លោក​គប្បីផឹកទឹក​មហាសមុទ្រ​នោះ រមែងមិន​មានការ​កំណត់ថា ទឹកដែល​សត្វទាំងនោះ​ផឹកហើយ មានប្រមាណ​ប៉ុណ្ណេះ​អំពី​មហាសមុទ្រ​នោះ ។ បទថា អបេយ្យោ កិរ សេចក្ដី​ថា បានឮមកថា សាគរនោះ គឺអ្នក​ណាមួយ មិនអាច​ផឹកទឹកឲ្យ​អស់ទៅ ។

 

សមុទ្រទេវតាពោលយ៉ាងនេះហើយ បានសម្ដែង​រូបារម្មណ៍​ដែលគួរខ្លាច ញ៉ាំងក្អែក​សមុទ្រឲ្យ​រត់ទៅ ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

តទា សមុទ្ទកាកោ ឧបនន្ទោ អហោសិ ក្អែកសមុទ្រក្នុងកាលនោះ បានមកជា ឧបនន្ទ ។

ទេវតា បន អហមេវ អហោសឹ ចំណែកទេវតា គឺ តថាគត នេះឯង។

ចប់ សមុទ្ទជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត កុម្ភវគ្គ បិដកលេខ ៥៨ ទំព័រ ១៧៦)

ប្រែដោយ ខេមរ អភិធម្មាវតារ