។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សមុគ្គជាតក

(រឿងទានវរក្ខសៈរក្សាទុកភរិយាក្នុងស្មុគ)

ព្រះសាស្ដាកាលស្ដេចគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុដែលអផ្សុកចង់សឹកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះថា កុតោ នុ អាគច្ឆថ ដូច្នេះ (ជាដើម) ។

សេចក្ដីសង្ខេបថា ព្រះសាស្ដាត្រាស់សួរភិក្ខុដែលអផ្សុកនោះថា ម្នាកភិក្ខុ បានឮថា អ្នកអផ្សុកចង់សឹកពិតមែនឬ ? កាលភិក្ខុនោះទូលថា ពិតហើយ ព្រះអង្គ ។ ព្រះអង្គសួរទៀតថា ម្នាលភិក្ខុ អ្នកប្រាថ្នាមាតុគ្រាមធ្វើអ្វី មាតុគ្រាម ឈ្មោះថាជាអសប្បុរស ជាបុគ្គលអកតញ្ញូ    សូម្បីក្នុងកាលមុន អារក្សទឹកឈ្មោះ ទានវរក្ខសៈ បានលេបមាតុគ្រាម​ចូលទៅក្នុងពោះ​ ហើយនាំត្រាច់ទៅ ក៏មិនអាច​រក្សាមាតុគ្រាម មិនអាច​នឹងធ្វើនូវ​ការអាស្រ័យ​នឹងបុរស​តែម្នាក់បាន តើអ្នកអាច​នឹងធ្វើ​យ៉ាងណា ហើយទ្រង់​នាំយក​អតីតនិទាន​មកជា​សាធកៈដូចតទៅ ៖

អតីតេ ក្នុងអតីតកាល កាលព្រះបាទ​ព្រហ្មទត្តធ្វើនូវ​រាជ្យក្នុង​នគរពារាណសី ក្នុងកាលនោះ ព្រះពោធិសត្វ​បានលះបង់​នូវកាម ហើយចូល​ទៅកាន់​ព្រៃហិមពាន្ត បួស​ជាឥសី បានញ៉ាំង​សមាបត្តិ និង​អភិញ្ញា​ឲ្យកើតឡើង ញ៉ាំងអត្តភាព​ឲ្យប្រព្រឹត្ត​ទៅដោយ​ផលាផល បានរស់​នៅហើយ (យ៉ាងនេះ) ។ ក្នុងទីមិនឆ្ងាយ​អំពី​បណ្ណសាលា​របស់ព្រះឥសី​ពោធិសត្វ​នោះ មាន​អារក្សទឹក ទានវរក្ខសៈ រស់នៅ ។ អារក្សទឹក​ទានវរក្ខសៈ​នោះ បានចូលទៅ​រកព្រះមហាសត្វ ហើយស្ដាប់​ធម៌ជានិច្ច ។ អារក្សទឹកនោះ​បានឋិត​នៅត្រង់ផ្លូវ ដែលជា​ទីសញ្ចរ​របស់មនុស្ស​ទាំងឡាយ នៅក្នុង​ដងព្រៃ កាលមនុស្ស​ទាំងឡាយ​ដើរទៅ ដើរមក ក៏បាន​ចាប់នូវ​មនុស្សបរិភោគ ។

គ្រានោះ ក្នុងដែនកាសី មាន​នាងកុលធីតាម្នាក់ មានរូបល្អ​ស្អាត ស្រស់​ឆើតឆាយ អាស្រ័យនៅ​ក្នុង​បច្ចន្តគ្រាម​មួយកន្លែង ។ ក្នុងថ្ងៃមួយ នាងបាន​ទៅដើម្បីឃើញ​នូវមាតា​និងបិតា ក្នុងវេលា​ត្រឡប់មក ទានវៈ​នោះ បានឃើញ​នូវមនុស្ស​ជាបរិវារ​របស់នាង ក៏ស្ទុះទៅ​ដោយរូប​ដែលគួរ​ឲ្យខ្លាច ។ មនុស្សទាំងឡាយ​ភ័យខ្លាច បានចោល​នូវអាវុធ​ដែលកាន់​មក ហើយរត់ទៅ ។ ទានវៈអង្គុយ​លើយាន បានឃើញ​នូវមាតុគ្រាម​ដែលមានរូបស្អាត​ ហើយក៏មាន​ចិត្តប្រតិព័ទ្ធ​ចាប់ចិត្តស្នេហា បាននាំនូវ​នាងទៅកាន់​គុហា​របស់ខ្លួន មកធ្វើ​ជា​ភរិយា ។ ចាប់តាំងអំពី​ថ្ងៃនោះមក ទានវៈ​បាននាំនូវ សប្បិ (ទឹកដោះថ្លា) តេល (ប្រេង) តណ្ឌុល (អង្ករ) មច្ឆ (ត្រី) មំស (សាច់) ជាដើម​ផង និង​ផលាផល​ដែលមាន​រសផ្អែម​ឆ្ងាញ់ផង មកចិញ្ចឹម​នាងកុលធីតា​នោះ ហើយប្រដាក់​តាក់តែង​នូវនាង​ដោយសំពត់ និងគ្រឿង​អលង្ការ​ទាំងឡាយ ដាក់នាង​ក្នុងស្មុគមួយ ដើម្បីប្រយោជន៍​ដល់ការរក្សា ទើបលេប​នូវស្មុគនោះ ហើយរក្សា​ទុកដោយពោះ ។

ថ្ងៃមួយ ទានវៈនោះទៅកាន់​ស្រះមួយ ព្រោះភាពជា​អ្នកមានសេចក្ដី​ប្រាថ្នាដើម្បី​នឹងមុជទឹក ទើបខ្ជាក់​នូវស្មុគ នាំនាង​ចេញអំពីស្មុគ ឲ្យនាង​មុជទឹក ឲ្យលាបលន​ដោយគ្រឿង​ក្រអូប ឲ្យប្រដាប់​តាក់តែង​ហើយ ដាក់នាង​ទុកក្នុងទី​ជិតនៃស្មុគ​ដោយគិតថា ឲ្យសរីរៈ​របស់នាង​កាន់យកនូវ​ខ្យល់អាកាស ដូច្នេះហើយ ទើបចុះទៅ​កាន់កំពង់ មុជទឹក​ដោយ​ខ្លួនឯង កាលមិនមាន​សេចក្ដី​សង្ស័យ ទើបទៅ​កាន់ទី​ឆ្ងាយមួយ ហើយមុជទឹក ។

ក្នុងពេលនោះ មានវិជ្ជាធរមួយ ឈ្មោះ វាយុស្សបុត្ត មានដាវពាក់​នឹងអាវក្រោះ ហោះទៅ​តាម​អាកាស ។ នាងកុលធីតានោះ​បានឃើញ​នូវវិជ្ជាធរ​នោះ ក៏ធ្វើនូវដៃ​បក់ហៅ​គេថា អ្នកចូរមក ។ វិជ្ជាធរ​បានប្រញាប់​ចុះដោយ​រហ័ស ។ លំដាប់នោះ នាងក៏ដាក់​នូវវិជ្ជាធរ​នោះទុក​ក្នុងស្មុគ កាលសម្លឹងមើល​នូវដំណើរ​របស់ទានវៈ នាងក៏អង្គុយ​ឰដ៏ខាង​លើស្មុគ បានឃើញ​នូវទានវៈ​នោះ​មកហើយ ទើបសម្ដែង​ខ្លួនដល់​ទានវៈ កាលទានវៈ​នៅមិនទាន់​មកដល់​នូវទីជិត​នៃស្មុគ នាងក៏បាន​បើកស្មុគ ហើយចូល​ទៅខាងក្នុង ដេកលើ​វិជ្ជាធរ យកសំពត់​របស់ខ្លួន​មកដណ្ដប់ ។ ទានវៈ​មកហើយ មិនបាន​ជម្រះនូវ​ស្មុគ បានលេប​នូវស្មុគដោយ​សេចក្ដី​សម្គាល់ថា មានតែស្រី​របស់យើង​ប៉ុណ្ណោះ ដូច្នេះហើយ កាលទៅ​កាន់គុហា​របស់ខ្លួន ក៏គិតក្នុង​រវាងផ្លូវថា ថ្ងៃនេះ  យើងនឹងទៅ​ថ្វាយបង្គំ​ព្រះឥសីមុន ។ ទានវៈ​ក៏បានទៅ​ហើយកាន់​សម្នាក់របស់​ព្រះឥសីពោធិសត្វ​នោះ ។ សូម្បីព្រះតាបស​ឃើញនូវ​ការមករបស់​ទានវៈ​ដែលកំពុង​មកអំពី​ចម្ងាយ​ហើយ បានដឹង​នូវទានវៈ​មានមនុស្ស ២ នាក់ក្នុង​ពោះ កាលនឹង​ចរចា ទើបពោល​នូវគាថាទី ១ ថា

កុតោ នុ អាគច្ឆថ ភោ តយោ ជនា,    ស្វាគតា ឯថ និសីទថាសនេ;

កច្ចិត្ថ, ភោន្តោ កុសលំ អនាមយំ,       ចិរស្សមព្ភាគមនញ្ហិ វោ ឥធា។

នែអ្នកទាំងឡាយដ៏ចម្រើន ចុះអ្នកទាំង ៣ នាក់ មកអំពីទីណា អ្នកមកស្រួល​ហើយ ចូរមកអង្គុយ​លើអាសនៈ​ទៅ នែអ្នក​ដ៏ចម្រើន អ្នកមាន​សេចក្តីសុខ​ស្រួល មិនមាន​ជំងឺតម្កាត់​ទេឬ ព្រោះយូរ​ណាស់​ហើយ អ្នកទាំងឡាយ​ទើបមក​ក្នុងទីនេះ ។

បណ្ដាបទទាំងនោះ​ បទថា ភោ ជាអាលបនៈ ។ បទថា កច្ចិត្ថ សេចក្ដីថា អ្នកទាំងឡាយ​ចម្រើនល្អ​ហើយឬ ។ ព្រះតាបស​កាលនឹង​ទាក់ទាញ ទើបពោល​ទៀតថា ភោន្តោ  ប្រែថា អ្នកទាំងឡាយ​ដ៏ចម្រើន ។ ពីរបទថា កុសលំ អនាមយំ សេចក្ដីថា អ្នកទាំងឡាយ​រស់នៅ​សុខស្រួល មិនមាន​ជំងឺតម្កាត់​ទេឬ ។ បាទគាថាថា ចិរស្សមព្ភាគមនញ្ហិ វោ ឥធា សេចក្ដីថា យូរណាស់​ហើយ អ្នកទាំងឡាយ​ទើបមក​ក្នុងទី​នេះ ក្នុងថ្ងៃនេះ ។

ទានវៈបានស្ដាប់ដូចនោះ​ហើយ ក៏គិតថា យើងតែម្នាក់ឯង​ប៉ុណ្ណោះ មកកាន់​សម្នាក់របស់​តាបសនេះ តាបសនេះ​ពោលថា ជនទាំងឡាយ ៣ នាក់ លោកពោលនោះ​ដូចម្ដេច​វិញ តាបសនេះ​ដឹងភាពពិត​ហើយពោល ឬ​ជាមនុស្ស​ឆ្កួតរវើរវាយ ដូច្នេះហើយ ទើបចូល​ទៅរកតាបស ថ្វាយបង្គំ​ហើយ អង្គុយក្នុង​ទីដ៏សមគួរ​​មួយ កាលនឹង​ចរចា​ជាមួយ​តាបសនោះ ក៏ពោលនូវ​គាថាទី ២ ថា

អហមេវ ឯកោ ឥធ មជ្ជ បត្តោ,         ន ចាបិ មេ ទុតិយោ កោចិ វិជ្ជតិ;

កិមេវ សន្ធាយ តេ ភាសិតំ ឥសេ,    កុតោ នុ អាគច្ឆថ ភោ តយោ ជនា។

        ខ្ញុំមកក្នុងទីនេះ​តែម្នាក់ឯងទេ ខ្ញុំមិនមាន​​អ្នក​ណាមួយ​ជាគម្រប់​ពីរទេ បពិត្រឥសី លោកសំដៅ​ហេតុអ្វី បានជា​ពោលថា នែអ្នក​ដ៏ចម្រើន ចុះអ្នក​ទាំង ៣ នាក់​មកអំពីទីណា ។

បណ្ដាបទទាំងនោះ បទថាថា ឥធ មជ្ជ កាត់​បទជា ឥធ អជ្ជ ប្រែថា ក្នុងថ្ងៃនេះ ។ បាទគាថាថា កិមេវ សន្ធាយ តេ ភាសិតំ ឥសេ (បាទទី ៣) សេចក្ដីថា បពិត្រ​ព្រះឥសី​ដ៏ចម្រើន ពាក្យដែលលោកម្ចាស់​ពោលនោះ​សំដៅដល់អ្វី ? សូមលោកប្រាប់​ឲ្យជាក់ច្បាស់​ដល់ខ្ញុំផង ។

ព្រះតាបសសួរថា អាវុសោ ម្នាលអ្នក​មានអាយុ លោកត្រូវការ​ស្ដាប់ពិតឬ ? ទានវៈ​ឆ្លើយថា អាម ភន្តេ បាទ លោកម្ចាស់ ។ ព្រះតាបស​ទើបពោលថា បើយ៉ាងនោះ លោកចូរ​ស្ដាប់​ចុះ ហើយពោល​គាថាទី ៣ ថា

តុវញ្ច ឯកោ ភរិយា ច តេ បិយា,            សមុគ្គបក្ខិត្តនិកិណ្ណមន្តរេ;

សា រក្ខិតា កុច្ឆិគតាវ តេ សទា,               វាយុស្សបុត្តេន សហា តហឹ រតា។

ខ្លួនអ្នកឯងម្នាក់ផង ភរិយាជាទីស្រឡាញ់​របស់អ្នក ដែលអ្នក​​ដាក់​ក្នុង​ស្មុគ ហើយលេប​ចូលទៅ​ក្នុងពោះ​ផង ភរិយានោះ​ដែលអ្នក​រក្សាហើយ​​នៅក្នុង​ពោះ​​សព្វកាល ត្រេកអរ​ជាមួយ​នឹង (វិជា្ជធរ) ជា​វាយុស្សបុត្ត ក្នុងស្មុគ​នោះផង ។

   បណ្ដាបទទាំងនោះ​ ពីរបទថា តុវញ្ច ឯកោ គឺដំបូងនោះ អ្នកជាជនម្នាក់ ។ បាទគាថាថា សមុគ្គបក្ខិត្តនិកិណ្ណមន្តរេ សេចក្ដីថា ភរិយាដែល​អ្នកដាក់​ក្នុងស្មុគ​រក្សាទុក​ខាងក្នុង គឺដែលលោក​ត្រូវការ​រក្សាភរិយា​នោះ​គ្រប់កាល ទើបដាក់​ក្នុងស្មុគនោះ រក្សាទុក​ខាងក្នុង គឺដាក់ទុក​ក្នុងពោះ​ព្រមទាំង​ស្មុគនោះ ។ ពីរបទថា វាយុស្សបុត្តេន សហា គឺជាមួយ​នឹងវិជ្ជាធរ​ដែលមាន​ឈ្មោះ​យ៉ាងនោះ ។ បទថា តហឹ រតា គឺ ត្រេកអរ​ជាមួយនឹង​សេចក្ដី​ត្រេកអរ ដោយអំណាច​កិលេស ក្នុងពោះ​របស់អ្នក​នោះឯង ។ ព្រះតាបស​នោះ​ពោលថា ឥឡូវនេះ អ្នកគិតថា យើងនឹងធ្វើ​នូវមាតុគ្រាម​ឲ្យជាស្ត្រី​អាស្រ័យ​នឹងបុរស​តែម្នាក់ ដូច្នេះ កាលនឹង​រក្សាសូម្បី​ដោយពោះ ទើបលើក​នូវសហាយ​របស់ភរិយា​នោះ ហើយអ្នក​ទើប​ត្រាច់ទៅ ។

ទានវៈបានស្ដាប់ដូចនោះហើយ ជាអ្នកភ័យ​តក់ស្លុតថា ឈ្មោះថា វិជ្ជាធរ​ ជាអ្នក​មានមាយា​ច្រើន បើវិធ្ជាធរនោះ​មានដាវ​ក្នុងដៃ​ នឹងវះពោះ​យើង ហើយរត់​ចេញទៅ ដូច្នេះហើយ ទើបប្រញាប់​ខ្ជាក់ស្មុគ​ដោយរហ័ស ហើយដាក់​ទុកខាងមុខ ។

ព្រះសាស្ដាទ្រង់បានសម្រេច​អភិសម្ពុទ្ធហើយ កាលប្រកាស​នូវការប្រព្រឹត្ត​ទៅនោះ បានត្រាស់​ព្រះគាថាទី ៤ ថា

សំវិគ្គរូបោ ឥសិនា វិយាកតោ,      សោ ទានវោ តត្ថ សមុគ្គមុគ្គិលិ;

អទ្ទក្ខិ ភរិយំ សុចិមាលធារិនឹ,        វាយុស្សបុត្តេន សហា តហឹ រតំ។

  ទានវៈនោះ លុះឥសីព្យាករហើយ ក៏មានសភាព​តក់ស្លុត ​ហើយខ្ជាក់​ស្មុគចេញ​ក្នុងទីនោះ ក៏បានឃើញ​ភរិយាមាន​រូបយ៉ាងស្អាត ទ្រទ្រង់​នូវផ្កាកម្រង ត្រេកអរ​ជាមួយ​នឹងវិជា្ជធរ ជា​វាយុស្សបុត្ត​ ក្នុងស្មុគនោះ ។

បណ្ដាបទទាំងនោះ បទថា អទ្ទក្ខិ (បានឃើញ) សេចក្ដីថា ទានវៈនោះ បើកនូវស្មុគ ហើយ​ទើបឃើញ ។

ទានវៈគ្រាន់តែបើស្មុគ​ប៉ុណ្ណោះ វិជ្ជាធរក៏​ពោលរាយមន្ត​វិជ្ជា កាន់នូវដាវ ហើយហោះ​ទៅកាន់​អាកាស ។ ទានវៈបានឃើញ​ដូចនោះហើយ មានសេចក្ដី​ត្រេកអរ​នឹងព្រះមហាសត្វ ទើបពោល​នូវគាថា​ដ៏សេសដែល​មានសេចក្ដី​សរសើរថា

សុទិដ្ឋរូបមុគ្គតបានុវត្តិនា,         ហីនា នរា យេ បមទាវសំ គតា; 

យថា ហវេ បាណរិវេត្ថ រក្ខិតា,   ទុដ្ឋា មយី អញ្ញមភិប្បមោទយិ។

ព្រះករុណាដែលជាអ្នកប្រព្រឹត្តតបៈ​ដ៏ខ្ពង់ខ្ពស់ បានឃើញ​ហេតុត្រឹមត្រូវ​​មែនហើយ ពួកជនណា ជាបុគ្គល​ថោកទាប ពួកជននោះ រមែងលុះ​អំណាចស្ត្រី ដូចខ្ញុំដែល​បានរក្សា​ទុកនូវស្ត្រី ដូចជា​ជីវិតក្នុង​ទីនេះ ស្រ្តីនោះ ប្រទូស្តនឹងខ្ញុំ ហើយ​រីករាយ​នឹងបុរស​ដទៃវិញ ។

ទិវា ច រត្តោ ច មយា ឧបដ្ឋិតា,     តបស្សិនា ជោតិរិវា វនេ វសំ;

សា ធម្មមុក្កម្ម អធម្មមាចរិ,            អកិរិយរូបោ បមទាហិ សន្ថវោ។

ខ្ញុំបានទំនុកបម្រុងស្ត្រីនោះ ទាំងយប់ទាំងថ្ងៃ ដូចជាភ្លើង ដែលលោក​មានតបៈ នៅក្នុងព្រៃ​បូជាហើយ ស្ត្រីនោះ ប្រព្រឹត្ត​កន្លងធម៌ ហើយ​ប្រព្រឹត្ត​អធម៌វិញ ការ​ស្និទ្ធស្នាល​ជាមួយ​នឹងពួកស្ត្រី ជាសភាព​មិនគួរ​ធ្វើសោះឡើយ ។

សរីរមជ្ឈម្ហិ ឋិតាតិ មញ្ញហំ,    មយ្ហំ អយន្តិ អសតឹ អសញ្ញតំ;

សា ធម្មមុក្កម្ម អធម្មមាចរិ,      អកិរិយរូបោ បមទាហិ សន្ថវោ។

ខ្ញុំសម្គាល់ស្ត្រី ដែលជា​អសប្បុរស មិនសង្រួមថា (ស្ត្រីនេះ) ឋិតនៅ ក្នុងកណ្តាល​សរីរៈ ស្ត្រីនេះ​ជារបស់​អញដូច្នេះ ស្ត្រីនោះ ប្រព្រឹត្ត​កន្លងធម៌ ហើយ​ប្រព្រឹត្ត​អធម៌វិញ ការស្និទ្ធស្នាល​ជាមួយ​នឹងពួកស្ត្រី ជាសភាព​មិនគួរ​ធ្វើសោះឡើយ ។

សុរក្ខិតំ មេតិ កថំ នុ វិស្សសេ,         អនេកចិត្តាសុ ន ហត្ថិ រក្ខណា;

ឯតា ហិ បាតាលបបាតសន្និភា,     ឯត្ថប្បមត្តោ ព្យសនំ និគច្ឆតិ។

ចុះបុគ្គលគួរទុកចិត្តថា អាត្មាអញ​បានរក្សាស្ត្រី ទុកល្អហើយ​ដូច្នេះ​ដោយប្រការ​ដូចម្តេច​បាន ព្រោះមិនមាន​វិធីរក្សាទុក​នូវពួកស្ត្រី​ ដែលមាន​ចិត្តរាយ​មាយ​នេះ​បានទេ ដ្បិតពួក​ស្ត្រីទាំងនុ៎ះ ប្រហែល​នឹងអន្លង់​ក្នុងបាតសមុទ្រ បុគ្គលតែ​ប្រហែស​ក្នុងពួកស្ត្រី​ទាំងនោះហើយ រមែងដល់​នូវសេចក្តីវិនាស ។

តស្មា ហិ តេ សុខិនោ វីតសោកា,   យេ មាតុគាមេហិ ចរន្តិ និស្សដា;

ឯតំ សិវំ ឧត្តមមាភិបត្ថយំ,              ន មាតុគាមេហិ ករេយ្យ សន្ថវំ។

ព្រោះហេតុនោះឯង បុគ្គលពួកណា ជាអ្នកប្រព្រឹត្ត​រលាស់ខ្លួន​ចេញចាក​​ពួកមាតុគ្រាម បុគ្គលពួកនោះ តែងបានសុខ​ ប្រាសចាក​សេចក្តីសោក បុគ្គល​កាល​បើប្រាថ្នា​សេចក្តី​ក្សេមដ៏​ឧត្តមនុ៎ះ មិនគួរធ្វើ​នូវសេចក្តី​ស្និទ្ធស្នាល​នឹងពួកមាតុគ្រាម​​ឡើយ ។

បណ្ដាបទទាំងនោះ បាទគាថាថា សុទិដ្ឋរូបមុគ្គតបានុវត្តិនា សេចក្ដីថា បពិត្រ​ព្រះឥសី​ដ៏ចម្រើន ព្រោះហេតុនេះ លោកជាអ្នក​ប្រព្រឹត្តនូវតបៈ​ដ៏ខ្ពស់ល្អហើយ ។ បទថា ហីនា សេចក្ដីថា ជាមនុស្ស​ថោកទាប ។ បាទគាថាថា យថា ហវេ បាណរិវេត្ថ រក្ខិតា សេចក្ដីថា ភរិយានេះ គឺខ្ញុំមើល​ថែរក្សាទុក គឺខាង​ក្នុងពោះ ហាក់ដូចជា​ជីវិតរបស់ខ្លួន ។ ពីរបទថា ទុដ្ឋា មយិ សេចក្ដីថា ឥឡូវនេះ ត្រឡប់មក​ធ្វើកម្មរបស់​មនុស្ស​ទ្រូស្តមិត្រ ប្រទូស​រ៉ាយខ្ញុំ ហើយ​ត្រេកអរ​នឹងបុរសដទៃ ។ បទថា ជោតិរិវា វនេ វសំ សេចក្ដីថា ខ្ញុំទំនុកបម្រុង គឺបម្រើ​ភរិយានោះ ដូចជា​ឥសីអ្នកមាន​តបៈនៅ​ក្នុងព្រៃ​បូជាភ្លើង ។ បទថា សា ធម្មមុក្កម្ម សេចក្ដីថា ភរិយានោះ​កន្លង គឺល្មើសធម៌ ។ បទថា អកិរិយរូបោ សេចក្ដីថា មានសភាព​មិនគប្បី​ធ្វើ ។  បទថា សរីរមជ្ឈម្ហិ ឋិតាតិ មញ្ញហំ, មយ្ហំ អយន្តិ អសតឹ អសញ្ញតំ សេចក្ដីថា ខ្ញុំសម្គាល់​ស្ត្រីដែល​ជាអសប្បុរស គឺអ្នកប្រកប​ដោយធម៌​របស់​អសប្បុរស ដែលមាន​សតិ ទ្រុស្តសីល មិន​សង្រួមនេះថា នាងក្នុង​កណ្ដាល​សរីរៈ​របស់យើង និងនាង​ជា​ភរិយា​របស់យើង ។ បទថា សុរក្ខិតំ មេតិ កថំ នុ វិស្សសេ សេចក្ដីថា បណ្ឌិតនឹង​ដាក់ចិត្ត​យ៉ាងណា​បានថា ស្ត្រីនេះ គឺយើង​រក្សាល្អ​ហើយ សូម្បីតែ​មនុស្សដូចយើង រក្សាភរិយា​ទុកក្នុងពោះ​របស់ខ្លួន​ហើយ ក៏នៅមិន​អាចរក្សា​បាន ។ បទថា បាតាលបបាតសន្និភា សេចក្ដីថា ឈ្មោះថា មានអាការៈ​ដូចអន្លង់ ដែលគេ​ហៅថា ឋានបាតាល​ក្នុងមហាសមុទ្រ ព្រោះស្ត្រីនោះ ជាបុគ្គលដែល​លំបាក​នឹងឲ្យពេញ ដោយ​សេចក្ដី​ត្រេកអរ របស់​មនុស្សលោក ។ បទថា ឯត្ថប្បមត្តោ សេចក្ដីថា បុរស​ដែលប្រមាទ​ក្នុងស្ត្រីដែល​មិនមាន​គុណដូចនេះ រមែងដល់​នូវសេចក្ដី​វិនាសធំ ។ បទថា តស្មា ហិ សេចក្ដីថា ព្រោះអ្នកធ្លាក់​ក្នុងអំណាច​នៃមាតុគ្រាម រមែងដល់​នូវសេចក្ដី​វិនាសធំ ដូច្នោះ ជនទាំងឡាយ គប្បីជាអ្នក​មិនច្រឡូកច្រឡំ​ជាមួយ​មាតុគ្រាម ហើយត្រាច់ទៅ  ជននោះ​រមែង​នៅជាសុខ ។ បទថា ឯតំ សិវំ សេចក្ដីថា ការប្រព្រឹត្ត​របស់បុគ្គល​អ្នកមិន​ច្របូកច្របល់ គឺមិនលាយឡំ​នឹង​មាតុគ្រាមនោះ រមែង​ជាសុខ គឺជា​សេចក្ដី​ល្អ បានដល់​សេចក្ដីក្សេម​ដ៏ឧត្តម​ដែលបុគ្គល​គប្បីប្រាថ្នា អ្នកប្រាថ្នា​សេចក្ដី​ក្សេមនោះ មិនគួរធ្វើ​សេចក្ដី​ស្និទស្នាល​នឹងមាតុគ្រាម ។

គ្រាពោលដូចនេះហើយ ទានវៈ​ក្រាបទៀប​ជើងរបស់​ព្រះមហាសត្វ ពោល​សរសើរ​ព្រះមហាសត្វ​ថា បពិត្រ​លោកម្ចាស់ ជីវិត គឺខ្ញុំបាន​ហើយ ដោយអាស្រ័យ​លោកម្ចាស់ ព្រោះខ្ញុំមិន​ត្រូវវិជ្ជាធរ​អ្នកមាន​បាបធម៌​នេះសម្លាប់ ។ សូម្បី​ព្រះមហាសត្វ បានសម្ដែង​ធម៌ដល់​ទានវៈនោះ​ ហើយ​ពោលថា អ្នកកុំធ្វើ​បាបអ្វីដល់ស្ត្រី​នេះឡើយ អ្នកចូរកាន់​នូវសីលចុះ ដូច្នេះហើយ បានញ៉ាំង​ទាវនៈនោះ ឲ្យតាំង​នៅក្នុងសីល ៥ ។ ទានវៈ​គិតថា សូម្បីកាល​យើងរក្សាស្ត្រី​ដោយពោះ​ហើយដូច្នេះ ក៏មិនអាច​នឹងរក្សាស្ត្រី​នោះបាន ជនដទៃ​នឹងរក្សា​បានដូចម្ដេច ថាហើយ ក៏បញ្ជូន​ស្ត្រីនោះ រួចទើប​មកកាន់​ព្រៃរបស់​ខ្លួនវិញ ។

ព្រះសាស្ដាបាននាំព្រះធម្មទេសនា​នេះមកហើយ ទ្រង់ក៏ប្រកាស​នូវសច្ចធម៌ ហើយប្រជុំ​ជាតក ក្នុងកាលទី​ជាបញ្ចប់​នៃសច្ចធម៌ ភិក្ខុដែល​អផ្សុក​ បានតាំង​នៅក្នុង​សោតាបត្តិផល ។

(ការប្រជុំជាតកនោះដូច្នេះ គឺ)

តទា ទិព្វចក្ខុកតាបសោ អហមេវ អហោសឹ ទិព្វចក្ខុកតាបស (តាបស​អ្នកមាន​ចក្ខុទិព្វ) ក្នុង​កាលនោះ គឺ តថាគតនេះឯង ។

សមុគ្គជាតកវណ្ណនា និដ្ឋិតា។

ការពណ៌នាសមុគ្គជាតក ចប់ ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៥៤)

 

ថ្ងៃ ពុធ ១៣ រោច ខែ អស្សុជ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១

ម.ស. ១៩៣៩ ច.ស. ១៣៧៩

ត្រូវនឹងថ្ងៃទី ១៨ ខែ តុលា គ.ស. ២០១៧

ប្រែដោយ ខេមរ អភិធម្មាវតារ