សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

សន្ធិភេទជាតកទី៩

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​បេសុញ្ញសិក្ខាបទ (ព្រះពុទ្ធ​បញ្ញត្ត​សិក្ខាបទ​ថា ភិក្ខុបេសុញ្ញេ បាចិត្តិយំ ភិក្ខុត្រូវ​អាបត្ដិ​បាចិត្ដិយៈ ព្រោះពោល​ពាក្យញុះញង់​ភិក្ខុផង​គ្នា។) (សិក្ខាបទ​និយាយ​ពីការ​នាំពាក្យ​ញុះញង់) បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា នេវ ឥត្ថីសុ សាមញ្ញំ ដូច្នេះជា​ដើម។

 

បានឮមកថា ក្នុងសម័យមួយ ព្រះសាស្ដា​ស្ដាប់ឮថា ឆព្វគ្គិយភិក្ខុ​ទាំងឡាយ តែងពាំ​នាំពាក្យញុះញង់ ទ្រង់ក៏​ឲ្យហៅភិក្ខុ​ទាំងនោះ​មកសួរ​ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ​តែងពាំនាំ​ពាក្យញុះញង់​របស់ភិក្ខុ​ទាំងឡាយ​ដែល​បង្កហេតុ ប្រកួត​ប្រកាន់ ឈ្លោះ​វិវាទគ្នា ព្រោះហេតុនោះ សេចក្ដី​បង្កហេតុ​ទាំងឡាយ ដែលមិន​ទាន់កើត ក៏កើត​ឡើងផង សេចក្ដី​បង្កហេតុ​ទាំងឡាយ ដែល​បានកើត​ឡើងហើយ ក៏រឹង​រឹតតែ​ចម្រើន​ដោយ​ក្រៃលែង​ឡើងផង (រឿងនេះ) ពិតឬ។ ពួកឆព្វគ្គិយ​ភិក្ខុ​ក្រាបទូល​ថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មាន​ព្រះភាគត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ឈ្មោះថា បិសុណាវាចា ប្រាកដ​ដូចជា​ការប្រហារ​ដោយ​សស្ត្រា​ដ៏មុត បិសុណាវាចា​នោះ តែង​ទម្លាយ​សេចក្ដី​ស្និទ្ធស្នាល​ដ៏មាំ​យ៉ាងឆាប់ បុគ្គល​ដែលកាន់​យក​បិសុណាវាចានោះ​ហើយ នឹងជា​អ្នកបែកបាក់​មិត្តភាព​របស់​ខ្លួន ប្រាកដ​ដូចសីហៈ និងគោ ហើយ​ព្រះអង្គ​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ្យ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​ជាបុត្រ​របស់ព្រះរាជា​នោះ ធំដឹង​ក្ដីហើយ បាន​សិក្សា​រៀនសូត្រ​នៅឯ​នគរ​តក្កសិលា កាល​ព្រះវររាជ​បិតា​កន្លងផុតទៅ​ហើយ ព្រះអង្គ​ក៏បាន​សោយរាជ​សម្បត្តិ​ប្រកប​ដោយធម៌។

 

គ្រានោះ នាយគោបាលម្នាក់ចិញ្ចឹមគោក្នុងព្រៃ កាលគាត់​មក មិនបាន​គិតដល់​មេគោ​មួយដែលមាន​គភ៌ លះបង់​មេគោនោះ ហើយមក។ មេគោនោះ មាន​សេចក្ដី​ស្និទ្ធស្នាល​នឹង​មេសីហៈ​មួយ។ សត្វ​ទាំងពីរ​ជាមិត្រ​នឹងគ្នា​ដ៏មាំ តែងត្រាច់​ទៅជា​មួយគ្នា។

 

ចំណេរកាលតមក មេគោក៏កើតបានកូន​ខ្ចីមួយ ចំណែក​មេសីហៈ ក៏កើត​បានកូន​សីហៈ​មួយដែរ។ កូន​សត្វសូម្បី​ទាំងពីរ​នោះ ក៏ជាមិត្ត​នឹងគ្នា​ដ៏មាំ ដោយ​មិត្តភាព​របស់​ត្រកូល តែងត្រាច់​ទៅជាមួយ​គ្នា។

 

លំដាប់នោះ ថ្មើរព្រៃម្នាក់​ចូលទៅ​កាន់ព្រៃ បានឃើញ​សេចក្ដី​ស្និទ្ធស្នាល​របស់​សត្វទាំង​នោះ គាត់កាន់​យក​ភណ្ឌ​ដែលកើត​ក្នុងព្រៃ ហើយទៅ​កាន់ក្រុង​ពារាណសី ថ្វាយ​ព្រះរាជា។

 

ព្រះរាជាសួរថា នែសម្លាញ់ ក្នុងព្រៃ អ្នកបានឃើញ​ភាពអស្ចារ្យ​អ្វីទេ?

ព្រានព្រៃទូលថា បពិត្រព្រះសម្មតិទេព ទូលបង្គំ​មិនឃើញ​អ្វីដទៃទេ ទូលបង្គំ​ឃើញតែ​សីហៈមួយ និង​គោមួយ មាន​សេចក្ដី​ស្និទ្ធស្នាល​នឹងគ្នា តែងត្រាច់​ទៅជា​មួយគ្នា។

ព្រះរាជាត្រាស់ថា កាលណាសត្វទីបីកើតឡើង ភ័យនឹង​មានដល់​សត្វទាំង​នោះ ក្នុង​កាលណា អ្នកឃើញ​សត្វទីបី​កើតឡើង​ដល់សត្វ​ទាំងពីរ​នោះ ក្នុង​កាលនោះ អ្នកគប្បី​ប្រាប់យើង។

ព្រានព្រៃទទួលថា ល្អហើយ បពិត្រព្រះសម្មតិទេព។

 

កាលព្រានព្រៃទៅហើយ មានឆ្កែចចកមួយ​មកទំនុក​បម្រុងសីហៈ និងគោ​នោះ។ ព្រានព្រៃ​កាលទៅកាន់​ព្រៃ បានឃើញ​ចចក​នោះ រួចគិតថា យើងនឹង​ប្រាប់ការ​កើតឡើង​របស់សត្វ​ទីបី​ដល់ព្រះរាជា ដូច្នេះ ទើបត្រឡប់​ទៅកាន់​នគរវិញ។

 

ចចកនោះគិតថា វៀរលែងតែសាច់សីហៈ និងសាច់គោ​ចេញហើយ សាច់សត្វ​ដទៃដែល​ឈ្មោះថា យើង​មិនធ្លាប់​បរិភោគ មិនមាន​ឡើយ យើងទម្លាយ​សត្វទាំង​នេះហើយ នឹងបាន​ស៊ីសាច់​របស់សត្វ​ទាំងពីរ​នេះ។

 

ចចកនោះ ញុះញង់សត្វ​ទាំងពីរ​នោះថា សត្វនេះ​និយាយ​ពីអ្នក​យ៉ាងនេះ សត្វនេះ​និយាយ​ពីអ្នកយ៉ាង​នេះ ដូច្នេះ​ហើយ សត្វសីហៈ និងគោ​ទាំងពីរ​នោះ​ក៏បែក​បាក់គ្នា​នឹងគ្នា មិនយូរ​ប៉ុន្មាន ក៏ធ្វើវិវាទ​ឈ្លោះទាស់​ទែងគ្នា​រហូត​ដល់ស្លាប់។

 

ចំណែកព្រានព្រៃទៅហើយ ក្រាបទូលព្រះរាជាថា បពិត្រ​ព្រះសម្មតិទេព សត្វទី​បីកើត​ឡើងដល់​សត្វ​ទាំងនោះ​ហើយ។

ព្រះរាជាសួរថា សត្វនោះ​ជាសត្វអ្វី?

ព្រានព្រៃទូលថា បពិត្រ​ព្រះអង្គ គឺឆ្កែចចក។

ព្រះរាជាត្រាស់ថា ចចកនោះ ទម្លាយមិត្តភាព​របស់សត្វ​ទាំងនោះ​ហើយ នឹងញ៉ាំង​សត្វទាំង​នោះឲ្យ​ស្លាប់ យើងកាល​ទៅដល់ ប្រហែល​ជាសត្វ​ទាំងពីរ​នោះ​ហើយ ដូច្នេះ​ទ្រង់ប្រញាប់​ឡើងលើ​រថ ហើយយាង​ទៅដោយ​មានព្រាន​ព្រៃជា​មគ្គុទេសក៍។

 

សត្វទាំងពីរនោះធ្វើការឈ្លោះគ្នា​រហូតដល់​ស្លាប់រៀងៗ​ខ្លួន។ ចំណែក​ចចក មានចិត្ត​ត្រេកអរ ស៊ីសាច់​សីហៈ​អស់ហើយ ទើបស៊ី​សាច់គោ​ទៀត។​

 

ព្រះរាជាឃើញសត្វទាំងពីរដែលស្លាប់ហើយ ទ្រង់ឋិត​នៅលើរថ ចរចា​នឹងនាយ​សារថី ត្រាស់​គាថាទាំងនេះ​ថា

 

នេវ ឥត្ថីសុ សាមញ្ញំ, នាបិ ភក្ខេសុ សារថិ;

អថស្ស សន្ធិភេទស្ស, បស្ស យាវ សុចិន្តិតំ។

ម្នាលសារថី សេចក្ដីស្មើគ្នា (របស់សត្វទាំងពីរ) ក្នុងសត្វញី​ទាំងឡាយ មិនមាន ក្នុងចំណី​អាហារទាំង​ឡាយ ក៏មិន​មានដែរ អ្នកចូរ​មើលគំនិត​របស់​ចចក​អ្នកបំបែក​នូវតំណ​នៃមិត្រ​នោះ គិតមើលឲ្យ​ល្អចុះ។

 

អសិ តិក្ខោវ មំសម្ហិ, បេសុញ្ញំ បរិវត្តតិ;

យត្ថូសភញ្ច សីហញ្ច, ភក្ខយន្តិ មិគាធមា។

ពួកម្រឹគអធម៌ (ចចក) ស៊ីគោផង ស៊ីសីហៈផង ព្រោះសេចក្ដី​ញុះញង់ណា សេចក្ដី​ញុះញង់នោះ រមែង​ប្រែប្រួល ដូចជា​ដាវមុត​ក្នុងសាច់។

 

ឥមំ សោ សយនំ សេតិ, យមិមំ បស្សសិ សារថិ;

យោ វាចំ សន្ធិភេទស្ស, បិសុណស្ស និពោធតិ។

ម្នាលសារថី អ្នកឃើញកិរិយាដេកស្លាប់ (នៃសត្វទាំងពីរ) នេះ បុគ្គលណា ជឿពាក្យ​របស់​បុគ្គល​អ្នកញុះញង់ បំបែក​នូវតំណ​នៃមិត្រ បុគ្គលនោះ រមែង​ដេកស្លាប់​យ៉ាងនេះ (ពុំខាន)។

 

តេ ជនា សុខមេធន្តិ, នរា សគ្គគតារិវ;

យេ វាចំ សន្ធិភេទស្ស, នាវពោធន្តិ សារថិ។

ម្នាលសារថី ពួកជនណា មិនជឿពាក្យញុះញង់​របស់អ្នក​បំបែកនូវ​តំណនៃ​មិត្រ ពួកជន​នោះ តែងបាន​នូវសេចក្ដី​សុខ ដូចជា​ពួកនរជន​អ្នកទៅ​កើត​ក្នុងឋាន​សួគ៌​ដូច្នោះ។

 

ព្រះរាជាសម្ដែងគាថាទាំងនេះ​ហើយ ឲ្យគេកាន់​យកសំណុំ​រោម​វែង​ៗត្រង់​ក ស្បែក ក្រចក និង​ចង្កូម​របស់សីហៈ រួចស្ដេច​យាងទៅ​កាន់​នគរវិញ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

តទា ពារាណសិរាជា អហមេវ អហោសឹ ព្រះបាទ​ពារាណសី​ក្នុង​កាលនោះ គឺ​តថាគត​នេះឯង។

សន្ធិភេទជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ បិដកលេខ៥៨ ទំព័រ២៣៨)

ដោយ សដវថ