។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

សច្ចតបាបីវត្ថុ

អតីតេ កិរ បានឮមកថា ក្នុងអតីតកាល មានសេតសមណី (ដូនជីស្លៀកស) ឈ្មោះ សច្ចតបាបី (ច្បាប់ខ្លះថា បញ្ចតបាវី) អាស្រ័យ​នឹងនគរ​ពារាណសី នាងបាន​ឲ្យគេកសាង​បណ្ណសាលា​ក្នុងព្រៃស្មសាន កាលនៅ​ក្នុងទីនោះ នាងញ៉ាំង​នូវភត្ត​ទាំងឡាយ ៤ ឲ្យកន្លង​ផុតទៅទើប​បរិភោគ (រំលង ៤ ថ្ងៃបរិភោគ ១ ដង) (កិត្តិគុណ) ក៏បានប្រាកដ​ឡើងទូទាំង​ព្រះនគរ ដូចជា​ព្រះចន្ទ្រ និងព្រះអាទិត្យ ។

អ្នកនគរពារាណសីសូម្បីកណ្ដាស់ សូម្បីភ្លាត់តែងតែពោលថា នមោ សច្ចតបាបិយា សូមនមស្ការ​នាង​សច្ចតបាបី ។ លំដាប់នោះ ក្នុងថ្ងៃមួយ ជាវេលា​លេង​មហោស្រព ក្នុងថ្ងៃដំបូង ពួកជាងមាសទាំងឡាយនាំគ្នាជាក្រុមធ្វើនូវមណ្ឌបក្នុងស្ថានទីមួយ ហើយនាំមកនូវត្រី សាច់ សុរា គ្រឿងក្រអូប និង​កម្រងផ្កា​ជាដើម ទើប​ប្រារព្ធនឹង​ផឹកនូវសុរា ។

លំដាប់នោះ ជាងមាសម្នាក់ កាលចោលនូវពែងសុរាក៏ពោលថា នមោ សច្ចតបាបិយា សូមនមស្ការនាងសច្ចតបាបី ។ ក្នុងទីនោះ មានបុរស​ឆ្លាតម្នាក់​និយាយ​ថា អម្ភោ អន្ធពាល, ចលចិត្តាយ ឥត្ថិយា នមោ ករោសិ, អហោ ពាលោ នៃលោក     អន្ធពាល លោកធ្វើ​នូវការនមស្ការ​នូវស្ត្រីដែល​ជាអ្នក​មានចិត្ត​កម្រើក ឱហ្ន៎បុគ្គល​ពាល ។ ជាងមាស​នោះឆ្លើយថា ម្នាលសម្លាញ់ លោកកុំនិយាយ​យ៉ាងនេះឡើយ កុំធ្វើកម្ម​ដែលនាំ​ទៅកាន់នរក ។ បុរសដែល​ឆ្លាតនោះ​ពោលថា អ្នកមិន​មានបញ្ញាទេ លោកចូរ​នៅស្ងៀមចុះ អ្នកចូរធ្វើ​ការភ្នាល់គ្នា​ដោយទ្រព្យ​មួយពាន់ តអំពីនេះទៅ ៧ ថ្ងៃ យើងនឹង​ទៅនាំនាង​សច្ចតបាបី​មក ឲ្យតែង​ខ្លួនយ៉ាង​ស្អាត ហើយ​ឲ្យមកអង្គុយ​ក្នុងទីនេះ ឲ្យកាន់​យកនូវពែង​សុរា ហើយយើង​នឹងផឹកសុរា ឈ្មោះថា មាតុគ្រាម​ជាអ្នកមាន​សីលជានិច្ច​នោះ មិនមានឡើយ ។ ជាងមាស​នោះតបថា លោកមិនអាច​នឹងធ្វើបាន​ឡើយ ដូច្នេះហើយ ទើបធ្វើការ​ភ្នាល់នឹងបុរសនោះ ។

បុរសអ្នកឆ្លាតនោះ ប្រាប់នូវការភ្នាល់គ្នានោះ​ដល់ជាងមាសដទៃ ក្នុងថ្ងៃបន្ទាប់ បុរសនោះ ក៏ចូលទៅក្នុង​ព្រៃស្មសាន កាល​នមស្ការ​នូវព្រះអាទិត្យ​ ក្នុងទីមិនឆ្ងាយ​អំពីលំនៅ​របស់នាង​សច្ចតបាបី​នោះ ហើយ​ក៏នៅទីនោះ ។ កាល​សច្ចតបាបី​ត្រាច់ទៅដើម្បី​ភិក្ខាក្នុង​ព្រះនគរ ពេលត្រឡប់​មក បានឃើញ​បុរសនោះ ក៏គិតថា មហិទ្ធិកោ តាបសោ ភវិស្សតិ, អហំ តាវ សុសានបស្សេ វសាមិ, អយំ មជ្ឈេ សុសានស្ស វសតិ, ភវិតព្ពមស្សព្ភន្តរេ   សន្តធម្មេន, វន្ទិស្សាមិ នំ តាបសនេះ ជាអ្នកមាន​ឫទ្ធិច្រើន យើងរស់នៅ​ក្នុងចំណែក​ខាងនៃ​ព្រៃស្មសាន​អស់កាល​ត្រឹមប៉ុណ្ណេះ តាបសនេះ (ហ៊ាន) នៅក្នុងទី​កណ្ដាលនៃ​ព្រៃស្មសាន ប្រាកដ​ជាមាន​ធម៌ជាគ្រឿង​ស្ងប់រម្ងាប់​នៅខាងក្នុង យើងនឹងចូល​ទៅធ្វើសេចក្ដី​គោរព​តាបសនោះ ដូច្នេះហើយ នាងក៏ចូល​ទៅថ្វាយបង្គំ ។ តាបស​ប្លម មិនបាន​ក្រឡេក​មើល មិនបាន​ហៅរក (មិនបាន​និយាយជាមួយ) ។ ក្នុងថ្ងៃទីពីរ ក៏ធ្វើយ៉ាង​នោះទៀត ។ តែដល់ថ្ងៃទីបី កាលនាង​សច្ចតបាបី​ថ្វាយបង្គំ តាបស​ប្លម ធ្វើជាអ្នក​មានមុខ​បែរចុះក្រោម​ ពោលថា អើ នាងចូរទៅចុះ ។ ក្នុងថ្ងៃទីបួន តាបស​ធ្វើនូវ​បដិសណ្ឋារៈ​ថា កច្ចិ ភិក្ខាយ ន កិលមសិ នាងមិន​លំបាកដោយ​ភិក្ខាហារ​ទេឬ ?

នាងសច្ចតបាបីនោះ មានចិត្តត្រេកអរ​ដោយគិតថា ការបដិសណ្ឋារៈ គឺយើងបាន​ហើយ ទើបចៀស​ចេញទៅ ។ ក្នុងថ្ងៃទីប្រាំ នាងបាន​ទទួល​ពាក្យ​បដិសណ្ឋារៈ​ច្រើនជាង​នោះ ហើយបានអង្គុយ​ក្នុងទីទាបមួយ ទើប​ចេញទៅ ។ ក្នុងថ្ងៃទីប្រាំមួយ នាងបាន​ចូលមកថ្វាយ​បង្គំតាបស​នោះ តាបសប្លម ក៏ពោល​នឹងនាង​ដែលបាន​អង្គុយរួច​ហើយថា ម្នាលប្អូនស្រី  ថ្ងៃនេះ សំឡេងនៃ​ការច្រៀង និងការប្រគំដ៏ធំ មានក្នុង​ក្រុងពារាណសីឬ ?  នាងសច្ចតបាបី​ឆ្លើយថា បពិត្រអ្នក​ដ៏ចម្រើន លោកមិន​ដឹងទេឬ គេលេង​មហោស្រព​ក្នុងនគរ នោះជាសំឡេង​ដែលគេលេង​នៅក្នុងទីនោះ ។ តាបសប្លម​ ក្លែងធ្វើជាមិន​ដឹង ដោយពោលថា សំឡេងនោះ នៅក្នុងទីនោះហ្ន៎ ហើយ​សួរនាងថា ម្នាលប្អូនស្រី នាងញ៉ាំង​ភត្តឲ្យកន្លង​ទៅប៉ុន្មានថ្ងៃ (នាងប្រព្រឹត្ត​ដោយការវៀរ​អាហារប៉ុន្មាន​ថ្ងៃ) ? នាង​ឆ្លើយថា បពិត្រអ្នក​ដ៏ចម្រើន បួនថ្ងៃ ហើយសួរ​ទៅតាបស​វិញថា ចុះលោកម្ចាស់ ញ៉ាំងភត្ត​ឲ្យកន្លងទៅ​ប៉ុន្មានថ្ងៃដែរ ?  តាបសប្លម​ពោលថា ប្រាំពីរ ប្អូនស្រី ។ ឥទំ សោ មុសា អភាសិ តាបសប្លមនោះ បានពោល​នូវពាក្យ​កុហកនេះ ។ តាមពិត តាបសនោះ បរិភោគក្នុង​ពេលយប់រាល់ៗថ្ងៃ ។

តាបសសួរតទៅថា ម្នាលប្អូនស្រី នាងបួសប៉ុន្មានឆ្នាំហើយ ? នាងសច្ចតបាបី​ឆ្លើយថា អស់ ១២ ឆ្នាំ ហើយនាង​សួរវិញថា ចុះលោកម្ចាស់​បួសបាន​ប៉ុន្មានឆ្នាំ​ដែរ ? តាបស​ពោលថា ឆ្នាំនេះ​ជាឆ្នាំទីប្រាំមួយ​របស់យើង (យើងបួសបាន ៦ ឆ្នាំ) ។ លំដាប់នោះ តាបស​ក៏សួរតទៅថា ម្នាល​ប្អូនស្រី តើនាងបាន​សម្រេចនូវ​សន្តធម៌​ដែរឬនៅ ?  នាងឆ្លើយថា បពិត្រអ្នក​ដ៏ចម្រើន នៅទេ ហើយលោក​ម្ចាស់វិញ សន្តធម៌​មានដល់​លោកនៅ ? តាបសពោលថា សត្តធម៌​មិនមានដល់​យើងទេ ។ តាបសនោះ ទើបពោលទៀតថា ម្នាលប្អូនស្រី ពួកយើង​មិនបាននូវ​កាមសុខ និងមិនបាន​នូវនេក្ខម្មសុខ នរកក្ដៅ (មើលទៅមិនមែន) សម្រាប់​តែយើង​ពីរទេ ពួកយើងនឹង​ធ្វើនូវកិរិយា​របស់មហាជន​វិញ ខ្ញុំនឹងសឹក​ជាគ្រហស្ថ ហើយទ្រព្យ​ក្នុងសម្នាក់​នៃមាតា​របស់ខ្ញុំមាន ខ្ញុំមិនអាច​នឹងនៅទទួល​រងទុក្ខវេទនា​តទៅទៀត​ឡើយ ។

នាងសច្ចតបាបីបានស្ដាប់ដូចនោះហើយ ក៏កើតចិត្ត​ប្រតិព័ទ្ធក្នុង​តាបសនោះ ព្រោះភាព​ជាអ្នកមាន​ចិត្តកម្រើក​របស់ខ្លួន ក៏បានពោលថា បពិត្រ​លោកម្ចាស់ ខ្ញុំក៏ជាអ្នក​អផ្សុកចង់សឹក​ដែរ ប្រសិនបើ​លោកម្ចាស់​មិនចោលខ្ញុំទេ ខ្ញុំនឹង​សឹកជាគ្រហស្ថ ។ លំដាប់នោះ តាបសនោះ បានពោល​នឹងនាងថា មកចុះ​អូន បងមិនបោះ​បង់អូនទេ អូននឹងជា​ភរិយារបស់​បង ដូច្នេះហើយ បុរសនោះ ក៏បាននាំនាង​សច្ចតបាបី ចូលទៅកាន់នគរ ហើយក៏រួម​សមគ្គសង្វាស រស់នៅ​ជាមួយគ្នា ហើយនាំនាង​ទៅកាន់កន្លែង​ផឹកសុរា បានឲ្យនាង​សច្ចតបាបីនោះ កាន់នូវពែងសុរា (ឲ្យចាក់ស្រា) ហើយ​ក៏ផឹកនូវសុរា ។

ចំណែកជាងមាស ក៏ចាញ់អស់​ទ្រព្យមួយពាន់ ។ នាងសច្ចតបាបីនោះ បានអាស្រ័យ​នូវបុរសនោះ ក៏ជាអ្នក​ចម្រើនដោយ​បុត្រ និងធីតាទាំងឡាយ ។

តទា កុណាលោ សុរាធុត្តកោ អហោសិ ក្នុងកាលនោះ កុណាលសកុណៈ គឺជាអ្នកលេងសុរានោះ ។ កាលប្រកាស​នូវរឿងដែល​ខ្លួនឃើញ​មក ទើប​ពោលថា

(នែបុណ្ណមុខៈសម្លាញ់ នាងសមណីឈ្មោះសច្ចតបាបី កាលនៅកណ្តាលព្រៃស្មសាន រំលងចោលនូវបាយ ៤ ដង បានធ្វើនូវអំពើដ៏លាមក ជាមួយ​នឹងអ្នក​លេងសុរា ខ្ញុំបាន​ឃើញហើយ) ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក អសីតិនិបាត កុណាលជាតក បិដកលេខ ៦១ ទំព័រ ១៦៣-១៦៤)

ប្រែដោយ ខេមរ អភិធម្មាវតារ