។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

វេឡុកជាតក ទី៣

ព្រះសាស្តា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ភិក្ខុប្រដៅ​ក្រមួយរូប ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យ​ថា យោ អត្ថកាមស្ស ដូច្នេះ​ជាដើម។

 

មានរឿងសង្ខេបថា ព្រះមានព្រះភាគត្រាស់សួរ​ភិក្ខុនោះ​ថា ម្នាលភិក្ខុ បានឮថា អ្នក​ប្រដៅក្រ ពិត​មែនឬ? កាលភិក្ខុនោះ​ទូលថា ព្រះករុណា​ព្រះអង្គ ទើបទ្រង់​ត្រាស់ថា ម្នាលភិក្ខុ មិនមែន​តែក្នុង​កាលឥឡូវ​នេះ​ប៉ុណ្ណោះ​ទេ សូម្បីក្នុង​កាលមុន អ្នកក៏​ជាមនុស្ស​ប្រដៅ​ក្រដែរ ព្រោះភាព​ជាមនុស្ស​ប្រដៅក្រ​នោះឯង ទើបមិន​ធ្វើតាម​ពាក្យទូន្មាន​របស់​បណ្ឌិត ហើយត្រូវ​ដល់ការ​អស់ជីវិត​ក្នុង​មាត់ពស់ (ពស់ចឹក​ស្លាប់) ដូច្នេះ​ហើយ ព្រះអង្គ​នាំយកអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​សោយរាជ​សម្បត្តិ ក្នុង​នរគ​ពារាណសី ព្រះពោធិសត្វ​បដិសន្ធិ​ក្នុងត្រកូល​ដែលមាន​សម្បត្តិ​ច្រើន​ក្នុងដែន​កាសី លុះចម្រើន​វ័យហើយ ឃើញទោស​ក្នុង​កាមគុណ និងឃើញ​អានិស្ស​ក្នុងការ​ចេញបួស ទើបលះបង់​កាមទាំង​ឡាយ ហើយចូល​ព្រៃហិមពាន្ត បួសជា​ឥសី ធ្វើ​កសិណ​បរិកម្ម ញ៉ាំង​អភិញ្ញា ៥ និង​សមាបត្តិ ៨ ឲ្យកើត​ហើយ នៅដោយ​សុខដែល​កើតអំពី​ឈាន ក្រោយមក​មាន​បរិវារ​ច្រើន មាន​តាបស ៥០០ចោមរោម ជាគ្រូនៃ​គណៈ។

 

គ្រានោះ មានកូនអាសិរ្ពិសមួយ លូន​ទៅតាម​ធម្មតា​របស់វា ក៏ដល់​អាស្រមបទ​របស់​តាបស​មួយរូប។ តាបស​ឃើញហើយ កើតសេចក្តី​ស្រឡាញ់​អាសិរ្ពិសនោះ​ដូចជា​កូន ក៏ចាប់​វាយកមក​ចិញ្ចឹម ដាក់ឲ្យ​ដេកក្នុង​បំពង់ឫស្សី​មួយ ព្រោះហេតុ​តែ​អាសិរ្ពិស​នោះ​ដេកក្នុង​បំពង់​ឫស្សី ទើប​តាបស​ទាំងឡាយ​ឲ្យវា​ឈ្មោះថា វេឡុកៈ ហើយ​ព្រោះហេតុ​តែ​តាបស​នោះ​ចិញ្ចឹម​អាសិរ្ពិស​នោះ​ដោយ​សេចក្តី​ស្រឡាញ់​ដូចជា​កូន ទើប​តាបស​ទាំងឡាយ​ដាក់ឈ្មោះ​ឲ្យ​តាបស​នោះថា វេឡុកបិតា។ ពេលនោះ ព្រះពោធិសត្វ​ដឹងថា បានឮថា តាសប​មួយរូប​ចិញ្ចឹម​អាសិរ្ពិស ទើបហៅ​មកសួរថា បានឮថា អ្នកចិញ្ចឹម​អាសិរ្ពិស​មែនឬ? កាល​តាសប​នោះឆ្លើយ​ថា ពិតមែន​ហើយ លោកក៏​ដាស់តឿន​ថា ដែលឈ្មោះ​ថា អាសិរ្ពិស ទុកចិត្ត​មិនបាន​ទេ ដូច្នេះអ្នក​កុំចិញ្ចឹម​វាអី។

 

តាបសឆ្លើយតបថា បពិត្រអាចារ្យ វាដូចជាកូន​របស់ខ្ញុំ ខ្ញុំមិន​អាចព្រាត់​ប្រាសវា​បានទេ។

 

ព្រះពោធិសត្វដាស់តឿនទៀតថា បើដូច្នេះ អ្នកនឹង​ដល់នូវ​សេចក្តីស្លាប់ ព្រោះតែ​នៅជិត​វាជា​ប្រាកដ។

 

តាបសនោះមិនជឿពាក្យទូន្មាន​របស់​ព្រះពោធិសត្វ ហើយមិន​ដោះលែង​អាសិរ្ពិស​នោះឡើយ។

 

បន្ទាប់ពីពេលនោះ ពីរបីថ្ងៃប៉ុណ្ណោះ តាបស​ទាំងអស់ នាំគ្នាទៅ​រក​ផលាផល លុះ​ទៅដល់​ហើយ ក៏ឃើញថា ផលាផលរក​បាន​ដោយងាយ ទើប​សម្រាក​នៅទីនោះ​ពីរបីថ្ងៃ។ ចំណែក​តាបស​វេឡុកបិតា កាលទៅ​ជាមួយ​នឹងក្រុម​តាបស​ទាំងនោះ ក៏ឲ្យ​អាសិរ្ពិស​ដេកក្នុង​បំពង់ឫស្សី បិទទុក​ហើយ ទើបទៅ។ កន្លង​ទៅពីរបីថ្ងៃ ទើបត្រឡប់​មកវិញ​ជាមួយ​នឹងពួក​តាបស រួច​គិតថា អញនឹង​ឲ្យអាហារ​វេឡុកៈ​ស៊ី បើកបំពង់​ឫស្សីហើយ​និយាយ​ថា មកចុះ​កូន កូនឯង​ឃ្លាន​ហើយឬ? និយាយ​បណ្តើរ លូកដៃ​ចូលទៅ​បណ្តើរ អាសិរ្ពិស​ខឹងព្រោះ​អត់អាហារ​មកពីរ​បីថ្ងៃ ទើបចឹក​ដៃតាបស​ដែលលូក​ចូលទៅ ធ្វើឲ្យ​តាបស​អស់ជីវិត​នៅត្រង់​នោះឯង ហើយលូន​ចូលព្រៃ​បាត់ទៅ។ តាបស​ទាំងឡាយ​ឃើញដូច្នេះ ក៏ប្រាប់​ព្រះពោធិសត្វ។ ព្រះមហាសត្វ​ប្រាប់ឲ្យ​ធ្វើ​សរីរកិច្ច​របស់​តាបស​ដែលអស់​ជីវិតនោះ ហើយអង្គុយ​នៅកណ្តាល​តាបស ពោលគាថា​នេះ ដោយ​អំណាច​ជាពាក្យ​ទូន្មាន​តាបស​ទាំងនោះ​ថា

 

យោ អត្ថកាមស្ស ហិតានុកម្បិនោ, ឱវជ្ជមានោ ន ករោតិ សាសនំ;

ឯវំ សោ និហតោ សេតិ, វេឡុកស្ស យថា បិតា។

បុគ្គលណា កាលលោកអ្នកប្រាថ្នាសេចក្តីចម្រើន អនុគ្រោះដោយប្រយោជន៍ទូន្មាន មិនធ្វើតាម​ពាក្យប្រៀន​ប្រដៅ បុគ្គលនោះ រមែង​ដេកស្លាប់ ដូចឥសី​ជាបិតា​នៃពស់​ឈ្មោះ​វេឡុកៈ។

 

ព្រះពោធិសត្វទូន្មានប្រៀនប្រដៅពួក​ឥសី​យ៉ាងនេះ​ហើយ ចម្រើន​ព្រហ្មវិហារ​ទាំង ៤ ក្រោយអំពី​អស់​ជីវិត ក៏កើតក្នុង​ព្រហ្មលោក។

 

ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ មិនមែនតែ​ក្នុងកាល​ឥឡូវនេះ​ប៉ុណ្ណោះ​ទេ ដែលអ្នក​ជាមនុស្ស​ប្រដៅក្រ​នោះ សូម្បីក្នុង​កាលមុន អ្នកក៏​ជាមនុស្ស​ប្រដៅក្រ​ដែរ ព្រោះភាព​ជាមនុស្ស​ប្រដៅក្រ​នោះឯង ទើបធ្វើ​ឲ្យអ្នកដល់​ភាពស្អុយ​ក្នុងមាត់​អាសិរ្ពិស។

 

ព្រះសាស្តានាំព្រះធម្មទេសនានេះមក​ហើយ ទ្រង់បន្ត​អនុសន្ធិ និងប្រជុំ​ជាតកថា

តទា វេឡុកបិតា ទុព្វចភិក្ខុ អហោសិ តាបសវេឡុកបិតា​ក្នុងកាល​នោះ បានមក​ជាភិក្ខុ​ប្រដៅក្រ​នេះ

សេសបរិសា ពុទ្ធបរិសា បរិសទ័ដ៏សេស បានមក​ជាពុទ្ធបរិស័ទ

គណសត្ថា បន អហមេវ អហោសឹ សាស្តាមេគណៈ​នៃឥសី គឺ​តថាគត​នេះឯង។

វេឡុកជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកកនិបាត អត្ថកាមវគ្គ វេឡុកជាតក បិដកលេខ ៥៨ ទំព័រ ២០)

ដោយ ស.ដ.វ.ថ.