។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

វានរជាតក ទី២

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តវេឡុវ័ន ទ្រង់ប្រារព្ធការ​ព្យាយាម​សម្លាប់​របស់ភិក្ខុ​ទេវទត្ត (មក​លើ​ព្រះអង្គ) បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យ​ថា អសក្ខឹ វត អត្តានំ ដូច្នេះ​ជាដើម។

 

រឿងរ៉ាវ (បច្ចុប្បន្ន) បានពោលពិស្ដារ ក្នុង (សុសុមារជាតក ទុកនិបាត) ខាងក្រោយ​រួច​ហើយ។

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី (ក្នុងកាល​នោះ) ព្រះពោធិសត្វ​កើតក្នុង​កំណើត​ស្វា ក្នុង​ហិមវន្ត​ប្រទេស កាលចម្រើន​វ័យធំ​ហើយ រស់នៅនឹង​ច្រាំង​ទន្លេគង្គា។ ពេលនោះ ក្នុង​ទន្លេគង្គា មាន​ក្រពើញី​មួយកើត​ចំណង់​ប្លែក (ចង់ស៊ី) សាច់​បេះដូង​របស់​ព្រះពោធិសត្វ ហើយ​ប្រាប់ដល់​ក្រពើឈ្មោល។

 

ក្រពើឈ្មោលគិតថា យើងនឹងចាប់ស្វានោះ​ជ្រមុជ​ក្នុងទឹក សម្លាប់​ហើយ យកសាច់​បេះដូង ឲ្យដល់​ក្រពើញី ដូច្នេះ​ហើយ ក៏ពោល​នឹង​ព្រះមហាសត្វ​ថា នែសម្លាញ់ ចូរមក យើង​នឹងទៅ​បរិភោគ​ផលាផល ដែលនៅ​នឹង​អន្តរទ្វីប (ឯណោះ)។

 

កបិពោធិសត្វពោលថា នែសម្លាញ់ ខ្ញុំនឹងទៅ​ដូចម្ដេច​កើត?

ក្រពើពោលថា ខ្ញុំនឹងឲ្យអ្នកអង្គុយ​លើខ្នង​ខ្ញុំ ហើយនាំទៅ។

 

ព្រះពោធិសត្វ កាលមិនដឹងចិត្តក្រពើនោះ ក៏លោត​ទៅអង្គុយ​លើខ្នង​ក្រពើ។ ក្រពើ (នាំ) ទៅបាន​បន្តិច ក៏ប្រារព្ធ​នឹងជ្រមុជ (ព្រះពោធិសត្វ)។

 

លំដាប់នោះ វានរពោធិសត្វពោលនឹងក្រពើថា នែអ្នកដ៏ចម្រើន ហេតុដូចម្ដេច បានជា​អ្នកជ្រមុជ​ខ្ញុំក្នុងទឹក។

សត្វក្រពើពោលថា យើងសម្លាប់អ្នក ហើយយក​សាច់បេះដូង​ឲ្យភរិយា​របស់យើង។

ព្រះមហាសត្វពោលថា នែក្រពើល្ងង់ អ្នកសម្គាល់​ថា បេះដូង​យើងមាន​ក្នុងទ្រូងឬ?

ក្រពើសួរថា តើអ្នកទុកនៅទីណា?

ព្រះពោធិសត្វសួរថា ចុះអ្នកមិនឃើញបេះដូងនោះ​ដែលព្យួរ​នៅនឹង​ដើមល្វា​ទេឬ?

ក្រពើពោលថា ខ្ញុំឃើញ អ្នកចូរឲ្យបេះដូង​ដល់ខ្ញុំ។

កបិពោធិសត្វពោលថា បាទ ខ្ញុំនឹងឲ្យ។

 

ក្រពើនោះព្រោះភាពជាសត្វល្ងង់ខ្លៅ ទើបនាំ​ព្រះពោធិសត្វ​ទៅកាន់​ដើមល្វា ដែលនៅ​ច្រាំងទន្លេ។ ព្រះពោធិសត្វ​លោតចេញ​ពីខ្នងក្រពើ ទៅអង្គុយ​លើ​ដើមល្វា ហើយ​ពោល​គាថា​ទាំងឡាយ​នេះថា

 

អសក្ខឹ វត អត្តានំ, ឧទ្ធាតុំ ឧទកា ថលំ;

ន ទានាហំ បុន តុយ្ហំ, វសំ គច្ឆាមិ វារិជ។

នែសត្វក្រពើទឹក អញអាចរើខ្លួនអំពីទឹកមកលើគោកហើយ ឥឡូវនេះ អញមិន​លុះអំណាច​នៃអ្នក​ឯងទៀត​ទេ។

 

អលមេតេហិ អម្ពេហិ, ជម្ពូហិ បនសេហិ ច;

យានិ បារំ សមុទ្ទស្ស, វរំ មយ្ហំ ឧទុម្ពរោ។

 

ផ្លែឈើទាំងឡាយណា ដែលយើងគប្បីទៅកាន់ត្រើយ​នៃ​សមុទ្រ ហើយស៊ី​ផ្លែឈើ​ទាំងឡាយ​នោះ គឺផ្លែស្វាយ ផ្លែព្រីង ផ្លែខ្នុរ មិនគួរ​ដល់យើង​ឡើយ ឯផ្លែល្វា​របស់​យើង ទើប​ប្រសើរជាង។

 

យោ ច ឧប្បតិតំ អត្ថំ, ន ខិប្បមនុពុជ្ឈតិ;

អមិត្តវសមន្វេតិ, បច្ឆា ច អនុតប្បតិ។

 

បុគ្គលណា មិនដឹងហេតុដែលកើតឡើងភ្លាម ៗ ទេ បុគ្គលនោះ គង់លុះ​ក្នុងអំណាច​សត្រូវ​ផង រមែង​ក្ដៅក្រហាយ​ក្នុងកាល​ជាខាង​ក្រោយផង។

 

យោ ច ឧប្បតិតំ អត្ថំ, ខិប្បមេវ និពោធតិ;

មុច្ចតេ សត្តុសម្ពាធា, ន ច បច្ឆានុតប្បតិ។

 

បុគ្គលណា ដឹងនូវហេតុដែលកើតឡើងភ្លាម បុគ្គលនោះ គង់រួច​ចាកសេចក្ដី​ចង្អៀត គឺ​សត្រូវ​ផង មិនក្ដៅ​ក្រហាយ ក្នុងកាល​ជាខាង​ក្រោយផង។

ព្រះមហាសត្វពោលហេតុនៃសេចក្ដី​សម្រេច របស់​កិច្ចការងារ​ក្នុង​លោក ដោយ​គាថា ៤ ដូច្នេះ​ហើយ ក៏ចូល​ទៅក្នុង​ព្រៃបាត់​ទៅ។

ព្រះសាស្ដានាំព្រះធម្មទេសនានេះមក​ហើយ ទ្រង់ប្រជុំ​ជាតក​ថា

 

តទា សំសុមារោ ទេវទត្តោ អហោសិ ក្រពើឈ្មោលក្នុងកាល​នោះ បាន​មកជា​ទេវទត្ត

វានរោ បន អហមេវ អហោសឹ ចំណែកស្វា គឺ​តថាគត​នេះឯង។

វានរជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត ចូឡកុណាលវគ្គ បិដកលេខ ៥៨ ទំព័រ ២៣១)

ដោយ ស.ដ.វ.ថ.