។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

លោហកុម្ភិជាតក ទី៤

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​ព្រះបាទ​កោសល បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យ​ថា ទុជ្ជីវិតមជីវិម្ហ ដូច្នេះ​ជាដើម។

 

បានឮមកថា ក្នុងគ្រានោះ ព្រះបាទកោសល​ស្ដាប់ឮ​សំឡេង​សត្វនរក​ទាំង ៤ ក្នុង​ពេលរាត្រី។ សត្វនរក​មួយ​ពោល ទុអក្សរ សត្វនរក​មួយពោល សអក្សរ សត្វនរក​មួយ​ពោល នអក្សរ សត្វនរក​មួយ​ពោល សោអក្សរ។ បានឮ​ទៀតថា សត្វនរក​ទាំងនោះ ក្នុងអតីតភព ជា​រាជបុត្រ ដែល​ប្រព្រឹត្ត​បារទារិកកម្ម (ការប្រព្រឹត្ត​កន្លងលើ​ប្រពន្ធ​អ្នកដទៃ) ក្នុង​ក្រុង​សាវត្ថី​នេះឯង។ ពួកគេ​ប្រទូស្ត​នឹង​មាតុគ្រាម​ដែលមាន​អ្នកដទៃ​ឃុំគ្រងរក្សា លេងល្បែង​កម្សាន្ត​ចិត្ត ធ្វើ​បាបកម្ម​យ៉ាងច្រើន កាលត្រូវ​ចក្រ គឺ​មរណៈ​កាត់ហើយ ក៏បាន​កើតក្នុង​លោហកុម្ភីនរក (នរកខ្ទះទង់ដែង) ទាំង ៤ ដែលនៅ​ជិត​ក្រុងសាវត្ថី ឆេះក្នុង​លោហកុម្ភីនរក​នោះ អស់ ៦ ម៉ឺនឆ្នាំ កាលផុស​ឡើង​មកលើ ឃើញ​កណ្ដាប់​មាត់​លោហកុម្ភីនរក ជនទាំង ៤ នាក់ ក៏ស្រែកយំ​ដោយសំឡេង​ខ្លាំងៗ​តាមលំដាប់​ថា តើពេល​ណា ពួកយើង​នឹងរួច​ផុតពី​សេចក្ដី​ទុក្ខនេះ។ ព្រះបាទ​កោសល​ស្ដាប់ឮ​សំឡេង​របស់​សត្វនរក​នោះហើយ ទ្រង់ត្រូវ​មរណភ័យ​គំរាម (ផ្ទំលែង​លក់) ស្ដេច​ប្រថាប់​គង់ រហូត​ទាល់​អរុណរះ​ឡើង។ វេលាអរុណរះ​ឡើង ពួកព្រាហ្មណ៍​មកសួរ​ការផ្ទំ​ជាសុខ​របស់​ព្រះរាជា។

 

ព្រះរាជាត្រាស់ថា លោកអាចារ្យ តើឲ្យយើង​ផ្ទំជាសុខ​អំពីណា ថ្ងៃនេះ យើងស្ដាប់​ឮសំឡេង​ដែលគួរ​ឲ្យ​ភ័យខ្លាច ៤ មាន​សភាព​បែបនេះ។

 

ពួកព្រាហ្មណ៍ក៏នាំគ្នារលាស់ដៃ។

 

ព្រះរាជាសួរថា មានរឿងអ្វី លោកអាចារ្យ?

ពួកព្រាហ្មណ៍ទូលថា បពិត្រ​មហារាជ នេះជា​សំឡេង​អាក្រក់​មកគំរាម​កំហែង។

ព្រះរាជាត្រាស់ថា ជាកម្ម​ដែលកែប្រែ​បាន ឬមិនបាន?

ពួកព្រាហ្មណ៍ទូលថា បពិត្រ​មហារាជ កម្មដែល​កែប្រែ​មិនបាន​នេះ ទូល​ព្រះបង្គំ​បាន​សិក្សាមក​ល្អហើយ។

ព្រះរាជាត្រាស់ថា ពួកលោកនឹង​ធ្វើអ្វី ទើបកែប្រែ​បាន?

ព្រាហ្មណ៍ពោលថា បពិត្រ​មហារាជ ពួកទូល​ព្រះបង្គំ​មិនអាច​ធ្វើពិធី​កម្មកែប្រែ​ឲ្យធំ​បានទេ តែទូល​ព្រះបង្គំ​នឹងបូជា​យញ្ញ​ដោយវត្ថុ ៤ គ្រប់មុខ ហើយ​កាត់បន្ថយ​អន្តរាយ​បាន។

ព្រះរាជាត្រាស់ថា បើយ៉ាងនោះ ពួកលោកចូរប្រញាប់​ឲ្យគេចាប់​សត្វ​មួយ​មុខៗ ៤ ធ្វើចាប់​តាំងពី​ចាបចៀបកប្បាស​ជាដើម គឺ​ដំរី ៤ សេះ ៤ គោ ៤ មនុស្ស ៤ ហើយបូជា​យញ្ញ​ដោយវត្ថុ ៤ គ្រប់មុខ ចូរធ្វើ​សុវត្ថិភាព​ដល់យើង។

ពួកព្រាហ្មណ៍ទទួលថា ល្អហើយ​មហារាជ។

 

រួចក៏ឲ្យគេចាប់សត្វតាមសេចក្ដីត្រូវការ យកទៅ​កាន់​រណ្ដៅ​សម្រាប់​បូជាយញ្ញ និងឲ្យ​គេនាំសសរ​មកតម្កល់​ទុកក្នុង​ទីនោះ។ ពួកព្រាហ្មណ៍​ជាអ្នក​ដល់​សេចក្ដី​ឧស្សាហៈ​ថា ពួកយើង​នឹងបាន​ស៊ីសាច់ និងត្រីច្រើន នឹងបាន​ទ្រព្យច្រើន ដូច្នេះហើយ ទូល​ព្រះរាជា​ថា បពិត្រ​ព្រះសម្មតិទេព គួរនឹង​បានវត្ថុនេះ គួរនឹង​បាន​វត្ថុនេះ ដូច្នេះ​ទើប​ត្រាច់ទៅ​ត្រាច់មក។

 

ព្រះនាងមល្លិកាទេវីចូលគាល់ព្រះរាជា​ហើយសួរថា បពិត្រ​មហារាជ ហេតុអ្វី​បានជា​ពួកព្រាហ្មណ៍​ឧស្សាហ៍​ត្រាច់ទៅ​មកខ្លាំង​ម្ល៉េះ?

ព្រះរាជាត្រាស់ថា នែទេវី ប្រយោជន៍​អ្វី​ដោយរឿង (នេះ) ដល់នាង នាងរវល់​តែស្រវឹង និងប្រមាទ​ដោយ​យស​របស់​ខ្លួន​ប៉ុណ្ណោះ នាងមិន​ដឹងសេចក្ដី​ទុក្ខរបស់​យើងទេ។

ព្រះនាងទូលថា មានរឿងអ្វី មហារាជ?

ព្រះរាជាត្រាស់ថា នែទេវី យើងស្ដាប់ឮ​សំឡេង​ដែលមិន​ធ្លាប់ឮ មាន​សភាព​បែបនេះ បន្ទាប់​ពីស្ដាប់​សំឡេង​ទាំងនោះ​មក យើងក៏​សួរពួក​ព្រាហ្មណ៍​ថា មានរឿង​អ្វីកើត​ឡើង ពួក​ព្រាហ្មណ៍​ពោល​ថា នឹងមាន​អន្តរាយ​ដល់រាជ​សម្បត្តិ ឬ​ភោគសម្បត្តិ ឬ​ជីវិត​ដល់​ព្រះអង្គ​ជាប្រាកដ ពួកទូល​ព្រះបង្គំ​បូជា​យញ្ញ​ដោយ​សត្វមួយ​មុខ ៤ ៗ ហើយ​នឹងធ្វើ​សុវត្ថិភាព ពួក​ព្រាហ្មណ៍​នោះធ្វើ​តាមពាក្យ​យើង នាំគ្នាធ្វើ​រណ្ដៅ ត្រូវការ​ដោយ​វត្ថុណាៗ ក៏មក​ដោយហេតុ​នោះៗ។

ព្រះនាងពោលថា បពិត្រ​ព្រះសម្មតិទេព ចុះព្រះអង្គ​បានសួរ​ព្រាហ្មណ៍​ដែល​ប្រសើរ​ខ្ពង់ខ្ពស់ លើលោក ព្រមទាំង​ទេវលោក ពីសេចក្ដី​សម្រេច​នៃសំឡេង​ទាំងនោះ​ហើយឬ?

ព្រះរាជាសួរថា នែទេវី ព្រាហ្មណ៍នោះ​ជាអ្នក​ណា ដែលជា​អគ្គព្រាហ្មណ៍​ដ៏ប្រសើរ​ខ្ពង់ខ្ពស់​លើលោក ព្រមទាំង​ទេវលោក​នោះ?

ព្រះនាងទូលថា គឺមហាគោតមសម្មាសម្ពុទ្ធ។

ព្រះរាជាត្រាស់ថា នែទេវី យើងមិនបាន​សួរ​ព្រះសម្មាសម្ពុទ្ធ​ទេ។​

ព្រះនាងទូលថា បើយ៉ាងនោះ សូមព្រះអង្គ​យាងទៅ​ទូលសួរ​ព្រះពុទ្ធ​ចុះ។

 

ព្រះរាជាកាន់យកពាក្យរបស់ព្រះនាង កាល​សោយក្រយា​ពេលព្រឹក​រួច ស្ដេចឡើង​រថដ៏ប្រសើរ យាង​ទៅកាន់​វត្តជេតពន ថ្វាយបង្គំ​ព្រះសាស្ដា រួចទូល​សួរថា

 

បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ​ស្ដាប់ឮ​សំឡេង ៤ ក្នុងពេល​រាត្រី ហើយ​បានសួរ​ពួកព្រាហ្មណ៍ ព្រាហ្មណ៍​ទាំងនោះ​ពោលថា ទូល​ព្រះបង្គំ​បូជា​យញ្ញ​ដោយវត្ថុ ៤ ៗ គ្រប់មុខ នឹងធ្វើ​សិរីសួស្ដី ពួកគេ​ធ្វើកម្ម​ក្នុង​រណ្ដៅ​យញ្ញ ព្រោះការ​ឮសំឡេង​ទាំងនោះ តើនឹង​មានរឿង​អ្វីកើត​ដល់ខ្ញុំ​ព្រះអង្គ​ទេ?

 

ព្រះសាស្ដាត្រាស់ថា បពិត្រ​មហារាជ មិនមាន​រឿងអ្វីទេ សត្វនរក​ទាំងឡាយ​ដែល​កំពុង​សោយ​សេចក្ដី​ទុក្ខ បានស្រែក​យំយ៉ាងនេះ ហើយ​មិនមែន​តែក្នុង​កាលឥឡូវ​នេះប៉ុណ្ណោះ​ទេ ដែល​មហាបពិត្រ​ឮសំឡេង​បែបនេះ សូម្បី​ព្រះរាជា​ទាំងឡាយ​ក្នុង​កាលមុន ក៏ធ្លាប់​ឮសំឡេង​នេះដែរ កាល​សួរពួក​ព្រាហ្មណ៍​ហើយ (ព្រះរាជា​នោះ) ក៏ជា​អ្នកប្រាថ្នា​ធ្វើ​បសុឃាតយញ្ញ (ការសម្លាប់​សត្វបូជា​យញ្ញ) តែកាល​បានស្ដាប់​ពាក្យរបស់​បណ្ឌិត ទើបទ្រង់​មិនធ្វើ បណ្ឌិត​ទាំងឡាយ​ពោលចន្លោះ​នៃសំឡេង​របស់​សត្វនរក​ទាំងនោះ ហើយឲ្យ​ដោះលែង​មហាជន ធ្វើឲ្យមាន​សិរីសួស្ដី ដូច្នេះ​ហើយ កាល​ព្រះរាជា​ទូលអង្វរ​សូម​អារាធនា ព្រះសាស្ដា​បាន​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិ​ក្នុង​នគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​ត្រកូល​ព្រាហ្មណ៍ ក្នុង​កាសិគ្រាម​មួយ កាលចម្រើន​វ័យធំហើយ ឃើញ​ទោសក្នុង​កាមទាំង​ឡាយ លះបង់​កាម បួសជា​ឥសី និងបាន​ធ្វើ​អភិញ្ញា និង​សមាបត្តិ​ឲ្យកើត​ឡើង លេងឈាន​កីឡា រស់នៅ​ក្នុងព្រៃ​ដែលគួរ​រីករាយ​ក្នុង​ហិមវន្ត​ប្រទេស។

 

គ្រានោះ ព្រះបាទពារាណសីស្ដាប់ឮសំឡេង​ទាំង ៤ (ទុ-ស-ន-សោ) នេះឯង របស់​សត្វនរក​ទាំង ៤ ហើយ​ទ្រង់​ភ័យខ្លាច កាលពួក​ព្រាហ្មណ៍​ក្រាបទូល​តាមនិយាម​នេះថា បណ្ដា​អន្តរាយ ៣ យ៉ាង អន្តរាយ​ណាមួយ​នឹងកើត​មានឡើង ទូល​ព្រះបង្គំ​នឹងរម្ងាប់​អន្តរាយ​នោះ ដោយ​យញ្ញដែល​ត្រូវធ្វើ​ដោយវត្ថុ ៤ ៗ គ្រប់មុខ ព្រះរាជា​ក៏យល់​ព្រម។ បុរោហិត​រៀបចំ​ធ្វើរណ្ដៅ​យញ្ញ​មួយអន្លើ​ដោយពួក​ព្រាហ្មណ៍។ មហាជន​ត្រូវនាំចូល​ទៅកាន់​សសរយញ្ញ។

 

ពេលនោះ ព្រះពោធិសត្វធ្វើ​មេត្តាភាវនា​ឲ្យជា​បុរេចារិក (ធ្វើចិត្តឲ្យ​ប្រកប​ដោយមេត្តា​ត្រាច់ទៅ​ខាងមុខ) ប្រមើល​មើលសត្វ​លោក​ដោយ​ទិព្វចក្ខុ ឃើញ​ហេតុការណ៍​នោះ ហើយ​គិតថា ថ្ងៃនេះ យើងគួរទៅ សិរីសួស្ដី​នឹងមាន​ដល់​មហាជន ដូច្នេះ ទើបហោះ​ឡើងកាន់​អាកាស​ដោយ​កម្លាំងឫទ្ធិ ទៅចុះ​ក្នុងឧទ្យាន​របស់​ព្រះបាទ​ពារាណសី អង្គុយ​លើផែនថ្ម​មង្គល ហាក់ដូចជា​រូបបដិមាមាស។

 

គ្រានោះ អន្តេវាសិកជាប្រធានរបស់បុរោហិត ចូលទៅ​រកអាចារ្យ​ពោលថា បពិត្រ​អាចារ្យ ក្នុងវេទ​ទាំងឡាយ​របស់ពួក​យើង ឈ្មោះថា ការធ្វើ​សិរីសួស្ដី ដោយការ​សម្លាប់​សត្វដទៃ រមែង​មិនមាន មិនមែន​ឬ?

 

បុរោហិតហាមឃាត់សិស្សនោះថា អ្នកចូរពេញចិត្ត​នឹង​រាជទ្រព្យ ពួកយើង​នឹងបាន​ស៊ីត្រី និងសាច់​យ៉ាងច្រើន នឹងបាន​ទ្រព្យ​ច្រើន អ្នកចូរ​នៅស្ងៀម​ចុះ។

សិស្សជាប្រធាននោះគិតថា យើងនឹងមិន​ជាមិត្រ (មិនជាប់​ពាក់ព័ន្ធ) ក្នុងរឿង​នេះ ដូច្នេះ​ទើបចេញ​ទៅកាន់​រាជឧទ្យាន ឃើញ​ព្រះពោធិសត្វ ហើយមក​ថ្វាយបង្គំ ធ្វើ​បដិសណ្ឋារៈ រួច​អង្គុយក្នុង​ទីដ៏សម​គួរមួយ។

 

ព្រះពោធិសត្វសួរថា នែមាណព ព្រះរាជា​សោយរាជ្យ​ដោយធម៌​ទេឬ?

 

បុរសនោះពោលថា បពិត្រលោកម្ចាស់ ព្រះរាជា​សោយរាជ្យ​ប្រកប​ដោយធម៌ទេ តែក្នុង​ពេលរាត្រី (យប់មួយ) ទ្រង់ស្ដាប់​ឮសំឡេង ៤ ហើយ​សួរពួក​ព្រាហ្មណ៍ ពួកព្រាហ្មណ៍​ពោលថា នឹងបូជា​យញ្ញ​ដោយវត្ថុ ៤ ៗ គ្រប់មុខ ដើម្បីធ្វើ​សិរីសួស្ដី។ ព្រះរាជា​ធ្វើ​បសុឃាតកម្ម ប្រាថ្នា​ធ្វើសិរីសួស្ដី​ដល់ខ្លួន មហាជន​ត្រូវនាំ​ចូលទៅ (ចង) នឹង​សសរយញ្ញ បពិត្រ​លោកម្ចាស់ អ្នកមាន​សីលដែល​ប្រាកដ​ដូចលោក គួរពោល​សេចក្ដី​សម្រេច​នៃសំឡេង​ទាំងនោះ សូមរំដោះ​មហាជន​ឲ្យរួច​ពីមាត់នៃ​មច្ចុរាជ មិនមែន​ឬ?

 

ព្រះពោធិសត្វពោលថា នែមាណព ព្រះរាជាមិនស្គាល់​យើងទេ សូម្បី​យើងក៏មិន​ស្គាល់ព្រះរាជា​នោះ តែយើង​ដឹងសេចក្ដី​សម្រេច​នៃសំឡេង​ទាំងនោះ បើ​ព្រះរាជា​ចូលមក​សួរយើង យើងនឹង​ធ្វើព្រះរាជា​ឲ្យអស់​សេចក្ដី​សង្ស័យ ហើយ​សម្ដែង​ប្រាប់។

 

អន្តេវាសិកនោះពោលថា បពិត្រ​លោកម្ចាស់ បើយ៉ាងនោះ លោកចូរ​នៅក្នុងទី​នេះមួយ​ភ្លែត ខ្ញុំនឹងនាំ​ព្រះរាជា​មក។

ព្រះមហាសត្វពោលថា ល្អហើយ​មាណព។

 

មាណពនោះទៅហើយ ទូលសេចក្ដីនោះ​ដល់ព្រះរាជា ហើយនាំ​ព្រះរាជា​ទៅ។ លំដាប់​នោះ ព្រះរាជា​ថ្វាយបង្គំ​ព្រះពោធិសត្វ ទ្រង់​ប្រថាប់​ក្នុងទីដ៏​សមគួរ​មួយ ហើយ​ត្រាស់​សួរថា បានឮថា លោកម្ចាស់​ដឹងសេចក្ដី​សម្រេច​នៃសំឡេង​ដែលយើង​បានឮ ពិត​មែនឬ?

 

ព្រះមហាសត្វទូលថា ពិតមែនហើយ​មហារាជ។

ព្រះរាជាត្រាស់ថា បើដូច្នេះ សូមលោកម្ចាស់​ប្រាប់ (យើង) ផង។

ព្រះពោធិសត្វទូលថា បពិត្រមហារាជ មុនភពមុន សត្វនរក​ទាំងនេះ​ប្រព្រឹត្ត​ខុសក្នុង​ប្រពន្ធ​ដែលអ្នក​ដទៃឃុំ​គ្រងរក្សា ទើបកើត​ក្នុង​លោហកុម្ភីនរក​ទាំង ៤ ដែល​នៅជិត​នគរ​ពារាណសី កាល​ឆេះរាងកាយ (មានអាការ) ដូចជា​ពពុះទឹក ក្នុង​ទឹកលោហៈប្រៃ លិចចុះ​ក្រោម​អស់ ៣ ម៉ឺនឆ្នាំ ទើបទៅ​ដល់​បាទខ្ទះ កាលផុស​ឡើងមក​លើ ឃើញ​មាត់ខ្ទះ ក៏ដោយកាល ៣ ម៉ឺនឆ្នាំដែរ សម្លឹង​មើលចេញ​មកក្រៅ ជនទាំង ៤ (ម្នាក់ៗ) ប្រាថ្នា​ធ្វើគាថា​ឲ្យពេញ​បរិបូណ៌​ទាំង ៤ គាថា តែកាល​មិនអាច​នឹងធ្វើ​បាន​យ៉ាងនោះ ពួកគេ​ម្នាក់ៗ ធ្វើបាន​តែអក្សរ ១ ប៉ុណ្ណោះ ហើយក៏ត្រូវ​មុជចុះក្នុង​លោហកុម្ភីនរក​ម្ដងទៀត។

 

បណ្ដាសត្វនរកទាំងនោះ សត្វដែលពោល​ទុអក្សរ ហើយមុជ​ចុះនោះ ជាអ្នក​ប្រាថ្នានឹង​ពោលយ៉ាង​នេះថា

ទុជ្ជីវិតមជីវិម្ហ, យេ សន្តេ ន ទទម្ហសេ;

វិជ្ជមានេសុ ភោគេសុ, ទីបំ នាកម្ហ អត្តនោ។

ពួកយើងដែលមិនបានឲ្យទាន បានជាពួកយើងរស់នៅដោយ​ត្រដាបត្រដួស កាល​ភោគៈ​ទំាងឡាយ​មាន ពួកយើង​មិនបាន​ធ្វើនូវ​ទីពឹង​បម្រុង​ខ្លួនសោះ។

 

ព្រះពោធិសត្វពោលថា សត្វនរកមិនអាចនឹងធ្វើ​គាថានោះ​ឲ្យពេញ​បរិបូណ៌ ដូច្នេះ​ហើយ លោកទើប​ពោលគាថា​នោះឲ្យ​ពេញបរិបូណ៌​ដោយញាណ​របស់ខ្លួន។ សូម្បី​ក្នុងគាថា​ដ៏សេស ក៏មាន​ន័យនេះ​ដូចគ្នា។

 

បណ្ដាសត្វនរកទាំងនោះ គាថានេះ​របស់សត្វ​ដែល​ពោល​អក្សរ ដោយ​ប្រាថ្នា​ពោលថា

សដ្ឋិ វស្សសហស្សានិ, បរិបុណ្ណានិ សព្វសោ;

និរយេ បច្ចមានានំ, កទា អន្តោ ភវិស្សតិ។

ពួកយើងឆេះក្នុងនរកគ្រប់ជា ៦០០០០ ឆ្នាំ ដោយអការៈ​ទាំងពួង​ហើយ កាលណា​នឹងមាន​ទីបំផុត (នៃទុក្ខ)

 

គាថានេះរបស់សត្វដែលពោល​អក្សរ ដោយប្រាថ្នា​ពោលថា

នត្ថិ អន្តោ កុតោ អន្តោ, ន អន្តោ បដិទិស្សតិ;

តទា ហិ បកតំ បាបំ, មម តុយ្ហញ្ច មារិសា។

ម្នាលអ្នកស្មើនឹងខ្ញុំ ទីបំផុត (នៃទុក្ខយើង) មិនមានទេ ទីបំផុត​នឹងមាន​មកពីណា ទីបំផុត​នឹងមិន​ប្រាកដ​ទេ ព្រោះថា ខ្ញុំ និងអ្នក បានធ្វើបាប​ក្នុងកាល​នោះ។

 

គាថានេះរបស់សត្វ​ដែលពោល​សោអក្សរ ដោយប្រាថ្នា​ពោលថា

សោហំ នូន ឥតោ គន្ត្វា, យោនឹ លទ្ធាន មានុសឹ;

វទញ្ញូ សីលសម្បន្នោ, កាហាមិ កុសលំ ពហុំ។

ខ្ញុំនោះ លុះទៅអំពីទីនេះ បានកំណើត​ជាមនុស្ស ចាប់អំពី​ដឹងក្ដីទៅ សូមជា​អ្នក​បរិបូណ៌​ដោយសីល ធ្វើកុសល​ឲ្យច្រើន។

 

ពាក្យថា ទុជ្ជីវិតមជីវិម្ហ បានដល់ ការប្រព្រឹត្ត​ទុច្ចរិត ៣ ឈ្មោះថា ជីវិត​អាក្រក់​លាមក។

 

ព្រះពោធិសត្វពោលគាថានីមួយៗ ដូច្នេះ​ហើយ ឲ្យព្រះរាជា​ដឹងថា បពិត្រ​មហារាជ សត្វនរក​ចង់ពោល​គាថានេះ​ឲ្យពេញ​បរិបូណ៌ តែមិន​អាចនឹង​ពោល​យ៉ាងនោះ ព្រោះភាព​ជាអ្នក​មានបាប​ច្រើនរបស់​ខ្លួន គេកាល​សោយ​វិបាកកម្ម​របស់ខ្លួន ទើបស្រែក​យំ​យ៉ាងនេះ។ ឈ្មោះថា អន្តរាយ​ពីការ​ស្ដាប់សំឡេង​នោះជា​បច្ច័យ រមែង​មិនមាន​ដល់​ព្រះអង្គ​ទេ សូម​ព្រះអង្គ​កុំភ័យ​ឡើយ។ ព្រះរាជា​បញ្ជាឲ្យ​ដោះលែង​មហាជន ឲ្យ​រាជបុរសចង​ត្រាច់វាយ​សុវណ្ណភេរី​ប្រកាស និង​ឲ្យទម្លាយ​រណ្ដៅ​យញ្ញ។ ព្រះពោធិសត្វ​បានធ្វើ​សិរីសួស្ដី​ដល់​មហាជន​ហើយ ស្នាក់នៅ​ទីនោះ អស់ពីរ​បីថ្ងៃ រួចក៏​ទៅកាន់​ព្រៃហិមពាន្ត​វិញ ជាអ្នក​មិនមាន​ឈាន​សាបសូន្យ បានកើត​ក្នុង​ព្រហ្មលោក។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចធម៌ និងប្រជុំ​ជាតក​ថា

 

តទា បុរោហិតស្ស ជេដ្ឋន្តេវាសិកមាណវោ សារិបុត្តោ អហោសិ មាណពជាប្រធាន​អន្តេវាសិករបស់​បុរោហិត ក្នុងកាល​នោះ បានមក​ជា​សារីបុត្រ

តាបសោ បន អហមេវ អហោសឹ ចំណែកតាបស គឺ​តថាគត នេះឯង។

លោហកុម្ភិជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ លោហកុម្ភិជាតក បិដកលេខ ៥៨ ទំព័រ ២០០)

ដោយ ស.ដ.វ.ថ.