។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

រាជោវាទជាតក ទី៤

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​រាជោវាទ បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា គវេ ចេ តរមានានំ ដូច្នេះ​ជាដើម។

 

រឿងរ៉ាវបច្ចុប្បន្ន នឹងមានជាក់ច្បាស់​ក្នុង​តេសកុណជាតក (ចត្តាលីសនិបាត)។ ចំណែក​ក្នុងជាតក​នេះ ត្រាស់ថា បពិត្រ​មហារាជ សូម្បី​ព្រះរាជា​ពីដើម ស្ដាប់ពាក្យ​បណ្ឌិត​ហើយ សោយរាជ​សម្បត្តិ​ដោយ​ធម៌ស្មើ ធ្វើឋានសួគ៌​ឲ្យពេញ ហើយទៅ។ កាល​ព្រះរាជា​ទូលអង្វរ​ហើយ ព្រះអង្គ​នាំអតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​ព្រាហ្មណ​ត្រកូល កាលធំ និងបាន​សិក្សារៀន​សូត្រ​សិល្បសាស្ត្រ​ទាំងពួង​ហើយ បួសជា​ឥសី ញ៉ាំង​អភិញ្ញា និង​សមាបត្តិ​ឲ្យកើត​ឡើង ជាអ្នក​មានមូល​ផលាហារ​ក្នុងព្រៃ រស់​នៅក្នុង​ព្រៃហិមពាន្ត។

 

លំដាប់នោះ ព្រះរាជាស្វែងរកទោស (របស់ខ្លួន) ទើប​គិតថា តើមាន​អ្នកណា​មួយ​ពោលទោស​របស់​យើងឬ​ទេ? កាលព្រះអង្គ​ស្វែករក មិនឃើញ​អ្នកពោល​ទោស​របស់ខ្លួន ទាំងជន​ខាងក្នុង ទាំងជន​ខាងក្រៅ ទាំងខាង​ក្នុងនគរ ទាំងខាង​ក្រៅនគរ ទ្រង់​គិតថា មនុស្ស​ក្នុងជនបទ​ពោល​ដូចម្ដេច? ទើបយាង​ទៅកាន់​ជនបទ​ដោយ​ភេទមិន​មានគេ​ស្គាល់។ សូម្បី​ទីនោះ ព្រះរាជា​នៅតែមិន​ឃើញមាន​អ្នកពោល​ទោស ទ្រង់ឮ​តែការ​ពោលគុណ​របស់ខ្លួន​តែម្យ៉ាង ទើប​គិតថា ក្នុង​ហិមវន្ត​ប្រទេស មនុស្ស​ពោល​ដូចម្ដេច? រួចព្រះអង្គ​យាងចូល​ទៅកាន់​ព្រៃ រហូត​ដល់​អាស្រម​ព្រះពោធិសត្វ ថ្វាយបង្គំ​ព្រះពោធិសត្វ ធ្វើ​បដិសណ្ឋារៈ​ហើយ ប្រថាប់​ក្នុងទី​ដ៏សម​គួរមួយ។

 

គ្រានោះ ព្រះពោធិសត្វនាំផ្លែជ្រៃទុំអំពីព្រៃ មកឆាន់ ផ្លែជ្រៃទុំនោះ​មាន​ឱជារស​ផ្អែម ប្រាកដ​ដូច​ដុំស្ករ។ ព្រះមហាសត្វ​យាង​ព្រះរាជា​ដោយ​ពោលថា បពិត្រ​អ្នកមាន​បុណ្យច្រើន សូមមក​បរិភោគ​ផ្លែជ្រៃទុំ​នេះ និងផឹក​ទឹក។

 

ព្រះរាជាធ្វើតាមយ៉ាងនោះ ហើយសួរ​ព្រះពោធិសត្វ​ថា បពិត្រ​លោកម្ចាស់ ហេតុអ្វី​បាន​ផ្លែជ្រៃទុំនេះ​មានរស​ផ្អែមម្ល៉េះ?

 

ព្រះពោធិសត្វទូលថា បពិត្រអ្នកមានបុណ្យច្រើន បើព្រះរាជា​សោយរាជ​សម្បត្តិ​ដោយធម៌​ស្មើ ដោយ​ហេតុនោះ ផ្លែជ្រៃទុំ​នេះ​ទើបមាន​រសផ្អែម។

 

ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ ក្នុងកាល​ព្រះរាជា​មិនប្រកប​ដោយធម៌ ផ្លែជ្រៃទុំ​នេះ មិនមាន​រសផ្អែម​ឬ?

 

ព្រះពោធិសត្វពោលថា បពិត្រអ្នកមាន​បុណ្យច្រើន ពិតមែន​ហើយ កាលដែល​ព្រះរាជា​មិនប្រកប​ដោយធម៌ សូម្បី​ប្រេង ទឹកឃ្មុំ ទឹកអំពៅ​ជាដើម សូម្បី​មើមឈើ ផ្លែឈើព្រៃ ក៏មិន​មានរស​ផ្អែម មិនមាន​ឱជា មិនមែន​ត្រឹមតែ​របស់​ទាំងនេះ​ទេ សូម្បីរដ្ឋ​ទាំងអស់ ក៏មិន​រុងរឿង គ្មានតម្លៃ។ តែក្នុង​កាល​ព្រះរាជា​ប្រកប​ដោយធម៌ របស់​ទាំងអស់​នោះ នឹងមាន​ឱជារស​ផ្អែម សូម្បី​រដ្ឋ​ទាំងមូល ក៏រុង​រឿង។

 

ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ នឹងមាន​យ៉ាងនោះ។ ទ្រង់មិនឲ្យ​ព្រះពោធិសត្វ​ដឹងភាព​ជា​ព្រះរាជា​របស់ខ្លួន ថ្វាយបង្គំ​ព្រះពោធិសត្វ ស្ដេចយាង​ទៅកាន់​នគរ​ពារាណសី ហើយគិត​ថា យើង​នឹងសាក​ល្បងពាក្យ​របស់​តាបស ដូច្នេះ​ហើយ ទើបទ្រង់​សោយរាជ​សម្បត្តិ​មិនប្រកប​ដោយធម៌ ដោយ​គិតថា ឥឡូវនេះ យើង​នឹងដឹង។ ព្រះអង្គ​ញ៉ាំង​កាលខ្លះ​ឲ្យ​កន្លងទៅ ហើយស្ដេច​យាងទៅ​ក្នុងទី​នោះម្ដង​ទៀត ថ្វាយបង្គំ​ព្រះពោធិសត្វ ហើយ​ប្រថាប់​ទីដ៏សម​គួរមួយ។

 

ព្រះពោធិសត្វក៏ពោលយ៉ាងនោះ ហើយឲ្យ​ផ្លែជ្រៃទុំ​ដល់​ព្រះរាជា ផ្លែជ្រៃទុំ​នោះមាន​រសល្វីង​ដល់​ព្រះរាជា។ ព្រះរាជា​ដឹងថា ផ្លែជ្រៃទុំ​នេះ មិនមាន​រសផ្អែម ទើប​ខាកស្ដោះ​ចេញ​មួយអន្លើ​ដោយ​ទឹកមាត់ ហើយ​ពោលថា បពិត្រ​លោកម្ចាស់ ល្វីង​ណាស់។

 

ព្រះពោធិសត្វពោលថា បពិត្រអ្នកមាន​បុណ្យច្រើន ប្រហែល​ជា​ព្រះរាជា​មិនប្រកប​ដោយធម៌​ហើយ ព្រោះថា ក្នុងកាល​ដែល​ព្រះរាជា​មិនប្រកប​ដោយធម៌ រមែង​ធ្វើ​ផលាផល​ក្នុងព្រៃ​ជាដើម និងរបស់​ទាំងអស់ ឲ្យមិន​មាន​ឱជារស​ផ្អែម ដូច្នេះ​ហើយ ទើប​ពោលគាថា​ទាំងឡាយ​នេះថា

គវេ ចេ តរមានានំ, ជិម្ហំ គច្ឆតិ បុង្គវោ;

សព្វា តា ជិម្ហំ គច្ឆន្តិ, នេត្តេ ជិម្ហំ គតេ សតិ។

កាលដែលពួកគោញីឆ្លងដើរទៅ បើគោមេហ្វូង​ដើរវៀច ពួក​គោញី ក៏ដើរវៀច​តាមដែរ ព្រោះ​គោមេហ្វូង​ដើរវៀច​នោះ។

 

ឯវមេវ មនុស្សេសុ, យោ ហោតិ សេដ្ឋសម្មតោ;

សោ ចេ អធម្មំ ចរតិ, បគេវ ឥតរា បជា;

ព្វំ រដ្ឋំ ទុខំ សេតិ, រាជា ចេ ហោតិ អធម្មិកោ។

ក្នុងពួកមនុស្ស ក៏យ៉ាងនោះដែរ មនុស្សណា​ដែលគេ​សន្មត​ថា ប្រសើរ​ជាងគេ បើមនុស្ស​នោះប្រព្រឹត្ត​អធម៌ នឹង​បាច់និយាយ​ទៅថ្វី ដល់ប្រជាជន​ឯទៀត បើព្រះរាជា​ជាអ្នក​ប្រព្រឹត្ត​អធម៌ រាស្រ្តទាំង​អស់ រមែង​ដេក​ជាទុក្ខ។

 

គវំ ចេ តរមានានំ, ឧជុំ គច្ឆតិ បុង្គវោ;

ព្វា គាវី ឧជុំ យន្តិ, នេត្តេ ឧជុំ គតេ សតិ។

កាលដែលពួកគោញីដើរឆ្លងទៅ បើគោមេហ្វូង​ដើរត្រង់ ពួកគោញី​ទាំងអស់ ក៏ដើរ​ត្រង់ដែរ កាលបើគោ​មេហ្វូង​នាំដើរ​ទៅត្រង់។

 

ឯវមេវ មនុស្សេសុ, យោ ហោតិ សេដ្ឋសម្មតោ;

សោ សចេ ធម្មំ ចរតិ, បគេវ ឥតរា បជា;

ព្វំ រដ្ឋំ សុខំ សេតិ, រាជា ចេ ហោតិ ធម្មិកោ។

ក្នុងពួកមនុស្សក៏យ៉ាងនោះដែរ មនុស្សណា​ដែលគេ​សន្មតថា ប្រសើរ​ជាងគេ បើ​មនុស្ស​នោះប្រព្រឹត្ត​ធម៌ នឹង​បាច់​និយាយ​ទៅថ្វី ដល់​ប្រជាជន​ក្រៅនេះ បើព្រះរាជា​ជាអ្នក​ប្រព្រឹត្ត​ធម៌ រាស្រ្តទាំងអស់​ក៏ដេក​ជាសុខ។

 

ពាក្យថា រមែងដេកជាទុក្ខ សេចក្ដីថា មិនមែន​ដេកជាទុក្ខ​តែម្យ៉ាងទេ រមែង​ប្រសព្វ​សេចក្ដី​ទុក្ខ គ្រប់​ឥរិយាបថ​ទាំង ៤។

ពាក្យថា បើព្រះរាជាជាអ្នកប្រព្រឹត្តអធម៌ សេចក្ដីថា បើព្រះរាជា​មិនប្រកប​ដោយធម៌ ដោយ​អំណាច​នៃការ​លុះអគតិ មាន​ឆន្ទាគតិ​ជាដើម។

ពាក្យថា រមែងដេកជាសុខ សេចក្ដីថា បើព្រះរាជា​លះបង់​ការ​លុះអគតិ ហើយ​សោយរាជ​សម្បត្តិ​ប្រកប​ដោយធម៌ រដ្ឋទាំងអស់ នឹងដល់​សេចក្ដីសុខ ក្នុង​ឥរិយាបថ​ទាំង ៤។

 

ព្រះរាជាស្ដាប់ធម៌របស់ព្រះពោធិសត្វ ញ៉ាំង​ព្រះមហាសត្វ​ឲ្យដឹងភាព​ជាស្ដេច​របស់ខ្លួន ហើយ​ត្រាស់ថា បពិត្រ​លោកម្ចាស់ ក្នុង​កាលមុន ខ្ញុំធ្វើ​ផ្លែជ្រៃទុំ​ឲ្យមាន​រសផ្អែម ហើយ​បានធ្វើ​ឲ្យមាន​រសល្វីង​វិញ ឥឡូវនេះ ខ្ញុំនឹង​ធ្វើផ្លែជ្រៃទុំ​នេះ ឲ្យមាន​រសផ្អែម​ម្ដងទៀត ដូច្នេះ​ទើបថ្វាយបង្គំ​ព្រះពោធិសត្វ យាងទៅ​ព្រះនគរ កាលទ្រង់​សោយរាជ​សម្បត្តិ​ដោយធម៌​ហើយ ក៏បាន​ធ្វើវត្ថុ​ទាំងអស់​ឲ្យត្រឡប់​មកដូច​ប្រក្រតី​ដើមវិញ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

តទា រាជា អានន្ទោ អហោសិ ព្រះរាជា​ក្នុងកាល​នោះ បានមក​ជាអានន្ទ

តាបសោ បន អហមេវ អហោសឹ ចំណែក​តាបស គឺ​តថាគត​នេះឯង។

រាជោវាទជាតក ចប់។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត កោកិលវគ្គ បិដកលេខ ៥៨ ទំព័រ ២២២)

ដោយ ស.ដ.វ.ថ.