នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

យុធព្ជាយជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវ​មហាភិនេស្ក្រមណ៍ បាន​ត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា មិត្តាមច្ចបរិព្យូឡ្ហំ ដូច្នេះ (ជាដើម) ។

 

(សេចក្ដីពិស្ដារថា) ថ្ងៃមួយ ភិក្ខុទាំងឡាយ ប្រជុំគ្នាក្នុង​សាលាធម្មសភា ពោលពាក្យ​សរសើរ​ព្រះគុណ​របស់ព្រះសាស្ដា​ថា ម្នាលអ្នក​មានអាយុ​ទាំងឡាយ ប្រសិនបើ​ព្រះទសពល ស្ដេចនឹង​នៅគ្រប់គ្រង​ផ្ទះសោត ព្រះអង្គនឹង​ជាស្ដេចចក្រពត្តិ ក្នុងផ្ទៃនៃ​សកលចក្រវាឡ ប្រកប​ដោយរតនៈ ៧ ប្រការ ទ្រង់សម្រេច​ដោយឫទ្ធិទាំង ៤ មានព្រះឱរស ១០០០ ជាបរិវារ តែព្រះអង្គបាន​លះរាជសម្បត្តិ ដែលមាន​សភាពបែបនេះ ទ្រង់ឃើញ​ទោសក្នុងកាម​ទាំងឡាយ ឡើងកាន់​សេះកណ្ដកៈ មាន​នាយឆន្នអាមាត្យ​ជាមិត្រ ចេញចាក​ព្រះនគរ​ក្នុងវេលា​ពាក់កណ្ដាល​អធ្រាត្រ ទ្រង់ព្រះផ្នួស​ត្រង់ច្រាំង​ស្ទឹងអនោមា ធ្វើនូវ​ទុក្ករកិរិយា​អស់ ៦ វស្សា បានដល់នូវ​សម្មាសម្ពោធិញ្ញាណ ។ ព្រះសាស្ដា ស្ដេចយាង​មក ហើយ​ត្រាស់សួរថា ម្នាលភិក្ខុ​ទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយសន្ទនា​គ្នាដោយ​រឿងអ្វី កាលភិក្ខុ​ទាំងឡាយ​នោះ ក្រាបទូល​ឲ្យទ្រង់ជ្រាប​ហើយ ទើបព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែនតែក្នុង​កាលឥឡូវ​នេះទេ ដែលតថាគត​ចេញសាង​មហាភិនេស្ក្រមណ៍ សូម្បីក្នុងកាលមុន ក៏ធ្លាប់លះបង់​រាជសម្បត្តិ​ក្នុងនគរពារាណសី ដែលមាន​ប្រមាណ ១២ យោជន៍ ចេញបួស​ដូចគ្នាដែរ ដូច្នេះហើយ ទើបទ្រង់​នាំយកអតីត​និទានមក​សម្ដែងដូច​តទៅថា

 

ក្នុងអតីតកាល មានព្រះរាជាមួយព្រះអង្គ ទ្រង់ព្រះនាមថា សព្វទត្ត ក្នុងរម្មនគរ ។ ពិតមែន​ហើយ នគរពារាណសីនេះ ក្នុងឧទយជាតក មានឈ្មោះថា សុរុន្ធននគរ, ក្នុងចូឡសុត-សោមជាតក មានឈ្មោះថា សុទស្សនៈ, ក្នុង​សោណនន្ទជាតក មានឈ្មោះថា ព្រហ្មវឌ្ឍនៈ, ក្នុងខណ្ឌហាលជាតក មានឈ្មោះថា បុប្ផវតី ក្នុងសង្ខព្រាហ្មណជាតក មានឈ្មោះថា មោឡិនី តែក្នុង​យុធញ្ជយជាតក​នេះ មានឈ្មោះថា រម្មនគរ ។ ឈ្មោះរបស់​នគរនេះ បានផ្លាស់​ប្ដូរក្នុង​សម័យខ្លះ ដោយប្រការដូច្នេះ ។ ព្រះបាទ​សព្វទត្ត​មានព្រះឱរស​មួយពាន់អង្គ ទ្រង់ព្រះរាជ​ទានស្ថាបនា​ព្រះឱរសច្បង ដែលមាន​ព្រះនាមថា យុធញ្ជ័យ ជាឧបរាជ ។ ឧបរាជនោះ បានញ៉ាំង​មហាទាន​ឲ្យប្រព្រឹត្ត​ទៅរាល់ៗថ្ងៃ ។ កាលកន្លងទៅ​ហើយយ៉ាងនេះ ក្នុងថ្ងៃមួយ ព្រះពោធិសត្វ បានឡើងជិះ​លើរថដ៏ប្រសើរ​អំពីព្រឹក ស្ដេចយាង​ទៅកាន់​ឧទ្យានកីឡា ដោយ​សិរីសម្បត្តិដ៏ធំ ទតព្រះនេត្រ​ឃើញដំណក់​ទឹកសន្សើម ដែលជាប់នៅ​នឹងអន្ទាក់សំណាញ់ ដែលធ្វើដោយ​សរសៃអំបោះ ក្នុងទីផ្សេងៗ មានចុងស្លឹកឈើ ចុងស្មៅ ចុងមែកឈើ និងសរសៃ​ពីងពាង​ជាដើម ទើបត្រាស់សួរថា នែសារថី​សម្លាញ់ នេះជាអ្វី ទ្រង់បានស្ដាប់ថា បពិត្រទេវៈ នេះជាដំណក់​ទឹកសន្សើម​ក្នុងហិមសម័យ ។ ព្រះពោធិសត្វ​បានលេងក្នុង​ព្រះរាជឧទ្យាន​រហូតអស់​ចំណែកនៃថ្ងៃ ទើបស្ដេចយាង​ត្រឡប់ក្នុង​វេលាល្ងាច ទ្រង់មិនបាន​ឃើញដំណក់​ទឹកសន្សើម​ទាំងនោះឡើយ ក៏ត្រាស់សួរថា ម្នាលសារថី​សម្លាញ់ ដំណក់​ទឹកសន្សើម​ទាំងនេះ បាត់ទៅណា ឥឡូវនេះ យើងមិន​ឃើញឡើយ ទ្រង់បានស្ដាប់ថា បពិត្រព្រះអង្គ ដំណក់ទឹក​សន្សើមនោះ កាលដួង​ព្រះអាទិត្យ​រះឡើង ក៏រលាយធ្លាក់​ចុះលើផែនដី​អស់ហើយ ដូច្នេះហើយ ទ្រង់ដល់ហើយ​នូវសេចក្ដី​សង្វេគត្រិះរិះថា សូម្បីជីវិត និងសង្ខាររបស់​សត្វទាំងនេះ ក៏ដូចនឹងដំណក់​ទឹកសន្សើម​លើចុងស្មៅ​នេះដែរ យើងកាល​មិនទាន់​ត្រូវជរា ព្យាធិ មរណៈបៀតបៀន គួរនឹងលា​ព្រះមាតាព្រះបិតា​ទៅបួស ដូច្នេះហើយ ទ្រង់ទើប​ធ្វើដំណក់​ទឹកសន្សើម​នោះឯង​ឲ្យជាអារម្មណ៍ បានឃើញ​ភ័យក្នុងភពទាំង ៣ ដូចត្រូវ​ភ្លើងឆេះ ។ ស្ដេចមកដល់​ព្រះដំណាក់​របស់ព្រះអង្គ​ហើយ ទ្រង់យាង​ទៅសម្នាក់​របស់​ព្រះរាជបិតា ដែលប្រថាប់​នៅក្នុង​សាលាវិនិច្ឆ័យ ដែលតាក់​តែងល្អហើយ ថ្វាយបង្គំព្រះបិតា ហើយប្រថាប់​គង់ក្នុងទីដ៏សមគួរ​មួយ កាលនឹង​ទូលសូម​អនុញ្ញាត​បព្វជ្ជា ទើបត្រាស់​ព្រះគាថាទី ១ ថា

មិត្តាមច្ចបរិព្យូឡ្ហំ, អហំ វន្ទេ រថេសភំ;

បព្វជិស្សាមហំ រាជ, តំ ទេវោ អនុមញ្ញតុ។

បពិត្រព្រះរាជា ជាធំលើរថ ​ខ្ញុំព្រះអង្គសូមថា្វយបង្គំ (ព្រះអង្គ) ដែលមិត្រ និងអាមាត្រចោមរោមហើយ ខ្ញុំព្រះអង្គនឹងបួស សូមព្រះសម្មតិទេព​អនុញ្ញាត​ផ្នួសនោះ (ដល់ខ្ញុំព្រះអង្គ)។

 

បណ្ដាបទទាំងនោះ បទថា បរិព្យូឡ្ហំ ប្រែថា ឡោមព័ទ្ធហើយ ។ បទថា តំ ទេវោ សេចក្ដីថា សូមព្រះទេវៈ​មេត្តាអនុញ្ញាត​ការបព្វជ្ជា​ដល់ខ្ញុំព្រះអង្គ ។

 

លំដាប់នោះ ព្រះរាជាកាលនឹងហាមឃាត់ ទើបត្រាស់ព្រះគាថាទី ២ ថា

សចេ តេ ឩនំ កាមេហិ, អហំ បរិបូរយាមិ តេ;

យោ តំ ហិំ សតិ វារេមិ, មា បព្វពជ យុធញ្ចយ។

បើបុត្រឯងខ្វះកាមទាំងឡាយ បិតានឹងបំពេញឲ្យគ្រប់គ្រាន់ដល់អ្នក បុគ្គលណា បៀតបៀន​អ្នក បិតានឹងឃាត់ (បុគ្គលនោះ) ម្នាល​យុធព្ជា័យ អ្នកកុំបួសឡើយ ។

 

ព្រះរាជកុមារស្ដាប់ព្រះរាជតម្រាស់នោះហើយ ទើបត្រាស់ព្រះគាថាទី ៣ ថា

ន មត្ថិ ឩនំ កាមេហិ, ហឹសិតា មេ ន វិជ្ជតិ;

ទីបញ្ច កាតុមិច្ឆាមិ, យំ ជរា នាភិកីរតិ។

ខ្ញុំព្រះអង្គមិនមានសេចក្តីខ្វះកាមទាំងឡាយទេ បុគ្គល​នីមួយបៀត​បៀននូវខ្ញុំព្រះអង្គ ក៏មិនមានដែរ តែថាខ្ញុំព្រះអង្គ​ប្រាថ្នានឹងធ្វើនូវ​ទីពឹង(ដល់​ខ្លួន)ដែលជរា​កម្ចាត់បង់មិនបាន ។

 

បណ្ដាបទទាំងនោះ បទថា ទីបញ្ច សេចក្ដីថា បពិត្រព្រះអង្គ សេចក្ដីខ្វះដោយ​កាមទាំង​ឡាយ​របស់ខ្ញុំព្រះអង្គ​មិនមានឡើយ អ្នកណាៗ ដែលនឹងបៀត​បៀនខ្ញុំព្រះអង្គ ក៏មិនមានដែរ តែខ្ញុំព្រះអង្គ ប្រាថ្នានឹង​សាងទីពឹង​របស់ខ្លួន ដើម្បីដំណើរ​ទៅកាន់​បរលោក ។ បទថា យំ ជរា នាភិកីរតិ សេចក្ដីថា ខ្ញុំព្រះអង្គប្រាថ្នា​នឹងធ្វើកោះ​ដែលជរាគ្រប​សង្កត់មិនបាន កម្ចាត់​មិនបាន គឺនឹងស្វែង​រកអមតមហានិព្វាន ខ្ញុំមិនត្រូវការ​ដោយកាម​ទាំងឡាយ  បពិត្រ​មហារាជ សូមទ្រង់​អនុញ្ញាតឲ្យ​ខ្ញុំព្រះអង្គបួសចុះ ។

 

ព្រះរាជកុមារទូលសូមរឿយៗ ដោយប្រការដូច្នេះ ព្រះរាជាត្រាស់ហាមថា កុំបួសឡើយបុត្រ ។ ព្រះសាស្ដា កាលនឹងប្រកាស​សេចក្ដីនោះ ទើបត្រាស់កន្លះថា

បុត្តោ វា បិតរំ យាចេ, បិតា វា បុត្តមោរសំ

បុត្រអង្វរនូវបិតា បិតាក៏អង្វរនូវបុត្តឱរស​ដែរ ។

 

វា អក្សរក្នុងគាថានោះ ជាសម្បិណ្ឌត្ថៈ (មានការប្រមូល​មកជាអត្ថ) ។ ចំណុចនេះមាន​ពុទ្ធាធិប្បាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ព្រះឱរស​អង្វរព្រះរាជបិតា និងព្រះរាជ​បិតា​ក៏អង្វរ​​ព្រះរាជឱរស ។

 

ព្រះរាជាត្រាស់កន្លះគាថាដ៏សេសថា

នេគមោ តំ យាចេ តាត, មា បព្ពជ យុធញ្ចយ។

ម្នាលកូន ជនអ្នកនៅក្នុងនិគមអង្វរអ្នក ម្នាលយុធព្ជា័យ អ្នកកុំបួសឡើយ ។

 

ពាក្យនៃគាថាមានអធិប្បាយថា ម្នាលបុត្រ មហាជនដែលរស់នៅក្នុងនិគមនេះ នាំគ្នាអង្វរអ្នក សូម្បីអ្នកនគរ​ក៏នាំគ្នាអង្វរ​អ្នកថា ព្រះអង្គកុំបួសឡើយ ។

 

ព្រះកុមារត្រាស់ព្រះគាថាទី ៤ ថា

មា មំ ទេវ និវារេហិ, បព្វជន្តំ រថេសភ;

មាហំ កាមេហិ សម្មត្តោ, ជរាយ វសមន្វគូ។

បពិត្រព្រះបិតាជាធំក្នុងរថ សូមព្រះអង្គកុំឃាត់​ផ្នួស​ខ្ញុំព្រះអង្គនោះ កុំឲ្យខ្ញុំព្រះអង្គពោរពេញដោយកាមទាំងឡាយ ឲ្យលុះក្នុងអំណាច​ជរាឡើយ ។

 

បណ្ដាបទទាំងនោះ បទថា វសមន្វគូ សេចក្ដីថា ខ្ញុំព្រះអង្គ​កុំជាមនុស្ស​ពោរពេញ​ដោយកាម​ទាំងឡាយ បានឈ្មោះថា ដើរទៅកាន់​អំណាច​របស់ជរាឡើយ អធិប្បាយ​ថា សូមព្រះអង្គ មេត្តាទត​ទូលព្រះបង្គំ​ដោយឋានៈ ដែលជាអ្នក​ញ៉ាំង​វដ្ដទុក្ខឲ្យ​អស់ទៅ ត្រាស់ដឹងនូវ​ព្រះសព្វញ្ញុតញ្ញាណចុះ ។

 

កាលព្រះពោធសិត្វក្រាបទូលយ៉ាងនេះហើយ ព្រះរាជាក៏ជាអ្នកអស់យោបល់ ។ ចំណែក​ព្រះរាជ​មាតារបស់​ព្រះពោធិសត្វ បានស្ដាប់ថា បពិត្រព្រះទេវី ព្រះឱរស​របស់ព្រះនាង កំពុងទូល​សូមឲ្យព្រះបិតា​អនុញ្ញាត​ការបព្វជ្ជា ព្រះនាង​ក៏ត្រាស់ថា ពួកអ្នក​និយាយអ្វី ទាំងដែល​ព្រះភក្ត្រមិន​មានសេចក្ដី​ត្រេកអរ ទ្រង់ប្រថាប់​លើ​សុវណ្ណសិវិកា (គ្រែស្នែងមាស) ប្រញាប់​យាងទៅ​ទីវិនិច្ឆ័យ កាលនឹងអង្វរ​ទើបត្រាស់ព្រះគាថាទី ៦ ថា

អហំ តំ តាត យាចាមិ, អហំ បុត្ត និវារយេ;

ចិរំ តំ ទដ្ឋុមិច្ឆាមិ, មា បព្ពជ យុធញ្ចយ។

ម្នាលកូន យើងសូមអង្វរអ្នក ម្នាលកូន យើងសូមឃាត់អ្នក យើងចង់​ឃើញអ្នកអស់​កាលយូរ ម្នាលយុធព្ជា័យ ចូរអ្នកកុំបួសឡើយ ។

 

ព្រះរាជកុមារបានស្ដាប់ព្រះរាជសវនីយ៍នោះហើយ ទើបត្រាស់ព្រះគាថាទី ៧ ថា

ឧស្សាវោវ តិណគ្គម្ហិ, សូរិយុគ្គមនំ បតិ;

ឯវមាយុ មនុស្សានំ, មា មំ អម្ម និវារយ។

ទឹកសន្សើមលើចុងស្មៅ តែងធ្លាក់ចុះ (លើផែនដី) ក្នុងកាលព្រះអាទិត្យរះឡើង យ៉ាងណាមិញ អាយុរបស់មនុស្សទាំងឡាយ ក៏យ៉ាង​នោះដែរ បពិត្រព្រះមាតា សូមព្រះមាតា កុំឃាត់ខ្ញុំឡើយ ។

 

ពាក្យនៃគាថានោះមានអធិប្បាយថា បពិត្រព្រះមាតា ដំណក់ទឹកសន្សើមលើចុងស្មៅ កាល​ព្រះអាទិត្យ​រះឡើងក៏​រលាយ​បាត់ទៅ មិនអាច​នឹងតាំងនៅ គឺធ្លាក់ចុះ​ទៅ​​លើផែនដី​​ទាំងអស់ យ៉ាងណាមិញ ជីវិតរបស់​សត្វទាំងឡាយ ក៏យ៉ាងនោះ ជារបស់​តិចតួច មិនអាច​នឹងតាំងយូរ​បានឡើយ ក្នុងលោកសន្និវាស​ដែលមាន​សភាព​បែបនេះ ព្រះមាតា​​នឹងឃើញខ្ញុំ​ព្រះអង្គយូរ​បានប៉ុណ្ណា សូមព្រះម៉ែម្ចាស់​កុំឃាត់ខ្ញុំ​ព្រះអង្គឡើយ  ។

 

សូម្បីកាលព្រះពោធិសត្វក្រាបទូលយ៉ាងនេះហើយ ព្រះនាងក៏នៅតែ​អង្វរដដែលៗ ជា​រឿយៗ ។  លំដាប់នោះ ព្រះមហាសត្វ បានក្រាបទូល​ហៅព្រះរាជ​បិតា ទើប​ត្រាស់​ព្រះគាថាទី ៨ ថា

តរមានោ ឥមំ យានំ, អារោបេតុ រថេសភ;

មា មេ មាតា តរន្តស្ស, អន្តរាយករា អហូតិ។

បពិត្រព្រះបិតា ជាធំក្នុងរថ សូមឲ្យ (បុរស) ចម្លងព្រះមាតា (របស់ខ្ញុំ​ព្រះអង្គ) ឲ្យឡើងកាន់ព្រះរាជយាននេះ កុំឲ្យមាតាធ្វើនូវសេចក្តីអន្តរាយ ដល់ខ្ញុំ​ព្រះអង្គ ដែលកំពុងឆ្លង ។

 

ពាក្យនៃគាថានោះ មានអធិប្បាយថា បពិត្រព្រះបិតា​អ្នកជាធំលើរថ សូមទ្រង់បញ្ជាឲ្យ​មនុស្សយាង​ព្រះមាតារបស់​ខ្ញុំព្រះអង្គនេះ ឲ្យស្ដេចឡើង​កាន់ព្រះរាជ​យាន គឺ​ព្រះ​សុវណ្ណសិវិកា កុំឲ្យព្រះមាតា​ធ្វើសេចក្ដី​អន្តរាយ​ដល់ខ្ញុំព្រះអង្គ ដែលកំពុង​ឈានកន្លង​ដែនកន្តារ គឺ ជាតិ ជរា ព្យាធិ និងមរណៈឡើយ ។

 

ព្រះរាជាស្ដាប់ព្រះតម្រាស់របស់​ព្រះឱរសហើយ ត្រាស់ថា ម្នាលនាងដ៏ចម្រើន សូមអូន​យាងទៅចុះ ចូរប្រថាប់លើ​សុវណ្ណសិវិកា​របស់អូន ហើយឡើង​កាន់​ប្រាសាទ​ ញ៉ាំងសេចក្ដី​ត្រេកអរ​ឲ្យចម្រើនចុះ ។ ព្រះនាងស្ដាប់​ព្រះរាជតម្រាស់​របស់ព្រះរាជា​នោះហើយ កាលមិនអាច​នឹងប្រថាប់​នៅបាន ទ្រង់ឡោមព័ទ្ធ​ដោយ​ពួកនារី ស្ដេចយាង​ទៅកាន់ប្រាសាទ ទ្រង់ប្រថាប់​ឈរទតមើល​សាលាវិនិច្ឆ័យ​ដោយទឹក​ព្រះទ័យថា បុត្រជាទី​ស្រឡាញ់​របស់យើង នឹងទៅជា​យ៉ាងណាហ្ន៎ ។ ចំណែក​​ព្រះពោធិសត្វ កាលព្រះមាតា​ស្ដេចទៅហើយ ទ្រង់ក៏អង្វរ​ព្រះរាជបិតា​ម្ដងទៀត ។ ព្រះរាជា​កាលមិនអាច​នឹងហាមបាន ទ្រង់ក៏​អនុញ្ញាតថា ម្នាលបុត្រ បើ​យ៉ាងនោះ ចូរធ្វើចិត្តរបស់​អ្នកឲ្យដល់​ទីបំផុត បុត្រចូរបួសចុះ ។ ក្នុងវេលា​ដែលព្រះរាជា​អនុញ្ញាតហើយ ព្រះកនិដ្ឋា​របស់​ព្រះពោធិសត្វ​ព្រះនាម យុធិដ្ឋិលកុមារ ថ្វាយ​បង្គំ​ព្រះរាជបិតា ក្រាបទូល​សូមអនុញ្ញាត​ថា បពិត្រព្រះបិតា សូមទ្រង់​អនុញ្ញាត​ការបព្វជ្ជា​ដល់ខ្ញុំ​ព្រះអង្គផង ។ ព្រះរាជកុមារ​ទាំងពីរ ថ្វាយបង្គំ​ព្រះរាជបិតា​ហើយ លះបង់​នូវកាម​ទាំងឡាយ មានមហាជន​ឡោមព័ទ្ធ ស្ដេចយាង​ចេញចាក​ទីវិនិច្ឆ័យ ។ ចំណែក​ព្រះទេវីទត​ព្រះនេត្រ​មើល​ព្រះមហាសត្វ ទ្រង់ព្រះកន្សែង​បរិទេវនាការ​ថា កាលបុត្រ​របស់យើង​បួសហើយ រម្មនគរ​នឹងសោះសូន្យ ទើបត្រាស់​ព្រះគាថាទាំង ២ ថា

អភិធាវថ ភទ្ទន្តេ, សុញ្ញំ ហេស្សតិ រម្មកំ;

យុធញ្ចយោ អនុញ្ញាតោ, សព្វទត្តេន រាជិនា។

នាងទាំងឡាយចូរស្ទុះទៅ សេចក្តីចម្រើន (នឹងមាន) ដល់នាង នគររម្មកៈ មុខជានឹងសូន្យ (ព្រោះថា) យុធព្ជា័យកុមារ ព្រះរាជាសព្វទត្ត អនុញ្ញាត (ឲ្យបួសហើយ) ។

 

យោហុ សេដ្ឋោ សហស្សស្ស, យុវា កញ្ចនសន្និភោ;

សោយំ កុមារោ បព្ពជិតោ, កាសាយវសនោ ពលិ។

ព្រះរាជកុមារណា នៅក្មេង មានសម្បុរផ្ទឹមនឹងមាស ប្រសើរបំផុត​ជាង​ព្រះរាជបុត្រ ១០០០ ព្រះរាជកុមារនោះ ជាអ្នកមានកម្លាំង ស្លៀកសំពត់កាសាយៈ បួសហើយ ។

 

បណ្ដាបទទាំងនោះ បទថា អភិធាវថ សេចក្ដីថា ព្រះនាងត្រាស់បញ្ជាពួកនារី ដែលឈរ​ឡោមព័ទ្ធ​ព្រះនាងថា នែនាងដ៏​ចម្រើនទាំងឡាយ នាងទាំងឡាយ​ចូរស្ទុះទៅចុះ ។ ដោយ​បទថា ភទ្ទន្តេ  ព្រះនាង​ត្រាស់ថា សេចក្ដីចម្រើន​ព្រោះការទៅនោះ ចូរមានដល់នាង ។ បទថា រម្មកំ ព្រះនាងត្រាស់​សំដៅ​ដល់រម្មនគរ ។ បទថា យោហុ សេដ្ឋោ សេចក្ដីថា ព្រះឱរស​របស់ព្រះរាជា​ដ៏ប្រសើរជាង​ឱរសទាំងពាន់នោះ ទ្រង់បួសហើយ ទាំងនេះ ព្រះនាង​ត្រាស់សំដៅ​ដល់ព្រះ​មហាសត្វ​ដែល​កំពុង​យាងទៅ​ដើម្បីបួស ដោយប្រការដូច្នេះ ។

 

ចំណែកព្រះពោធិសត្វទ្រង់មិនទាន់បួសភ្លាមទេ ព្រះអង្គថ្វាយ​បង្គំព្រះរាជមាតា ព្រះរាជបិតា​ហើយ ទ្រង់ដឹកនាំ​ព្រះកនិដ្ឋាយុធិដ្ឋិលកុមារ ស្ដេចចេញចាក​ព្រះនគរ ឲ្យមហាជន​នាំគ្នាត្រឡប់​ហើយ ព្រះកុមារទាំង​ពីរអង្គក៏ចូល​ទៅកាន់​ព្រៃហិមពាន្ត ទ្រង់សាង​អាស្រមក្នុង​ស្ថានទីដែល​គួររីករាយ ទ្រង់បួសជាឥសី ធ្វើឈាន និង​អភិញ្ញា​ឲ្យកើតឡើង រស់នៅដោយ​ផ្លែឈើ មើមឈើ ក្នុងព្រៃជាដើម រហូតអស់​ព្រះជន្មាយុ ជាអ្នកមាន​ព្រហ្មលោក​ជាទីទៅ​ខាងមុខ។ ព្រះសាស្ដា កាល​នឹង​ប្រកាស​សេចក្ដីនោះ ទើបត្រាស់​ព្រះគាថាចុងក្រោយថា

ឧភោ កុមារា បព្វជិតា, យុធញ្ចយោ យុធិដ្ឋិលោ;

បហាយ មាតាបិតរោ, សង្គំ ឆេត្វាន មច្ចុនោ។

កុមារទាំងពីរអង្គ គឺយុធព្ជា័យ ១ យុធិដ្ឋិលៈ ១ លះបង់​នូវព្រះមាតា និងព្រះបិតា ផ្តាច់ចោលនូវគ្រឿងជាប់ចំពាក់របស់មច្ចុ បួសហើយ ។

 

បណ្ដាបទទាំងនោះ បទថា មច្ចុនោ ប្រែថា នៃមារ មានពុទ្ធាធិប្បាយថា ម្នាលភិក្ខុទាំងឡាយ ព្រះកុមារ​ទាំងពីរអង្គនោះ គឺយុធញ្ជ័យ និង យុធិដ្ឋិលៈ ទ្រង់លះបង់​ព្រះរាជមាតា ព្រះរាជបិតា កាត់ផ្ដាច់​គ្រឿងចង គឺរាគៈ ទោសៈ និងមោហៈ​ក្នុងសម្នាក់​របស់មារ ហើយនាំ​គ្នាបួស ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចៈទាំងឡាយ ហើយ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន​តែក្នុងកាល​ឥឡូវនេះទេ សូម្បីក្នុង​កាលមុន តថាគត​ក៏ធ្លាប់​លះបង់​រាជសម្បត្តិ ហើយបួស​ដូចគ្នា រួចទើប​ទ្រង់ប្រជុំជាតកថា

 

តទា មាតាបិតរោ មហារាជកុលានិ អហេសុំ ព្រះរាជមាតាបិតាក្នុងកាលនោះ បានមកជាមហារាជត្រកូល ។

យុធិដ្ឋិលកុមារោ អានន្ទោ យុធិដ្ឋិលកុមារ បានមកជាអានន្ទ ។

យុធញ្ចយោ បន អហមេវ អហោសិំ ចំណែក យុធញ្ជ័យ គឺ តថាគត នេះឯង ។

ចប់ យុធព្ជាយជាតក ។

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២២៧)

ប្រែដោយ ខេមរ អភិធម្មាវតារ