។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

មិត្តាមិត្តជាតក

(សម្ដែងអំពីលក្ខណៈមិត្ត និងអមិត្ត)

ព្រះសាស្ដា កាលស្ដេច​គង់នៅ​ក្នុង​វត្តជេតវ័ន​មហាវិហារ ទ្រង់​ប្រារព្ធ​អមាត្យ អ្នក​ប្រព្រឹត្ត​ប្រយោជន៍ របស់​ព្រះបាទ​កោសល បានត្រាស់​ព្រះធម៌​ទេសនា​នេះ មានពាក្យ​ចាប់​ផ្ដើម​ថា កានិ កម្មានិ ដូច្នេះជាដើម ។

 

កិរ បានឮ​ថា អមាត្យ​នោះ បាន​មាន​ឧបការៈ​ចំពោះ​ព្រះរាជា​ជាច្រើន ព្រះរាជា​ក៏​បាន​​ប្រទាន​សក្ការៈ​រាប់​រក​គេ​យ៉ាង​ក្រៃលែង ពួក​អមាត្យ​ដ៏សេស​អត់​ទ្រាំ​មើល​មិន​បាន ទើប​នាំ​គ្នា​ទូល​ញុះញង់​ថា “បពិត្រ​ព្រះអង្គ​ដ៏ចម្រើន អមាត្យ​ឈ្មោះ​ឯណោះ នឹងធ្វើសេចក្ដី​វិនាស​ដល់​ព្រះអង្គ ព្រះរាជា​ទ្រង់​កំណត់​ពិចារណា​មើល​អមាត្យ​នោះ ក៏​មិន​ឃើញ​ទោស​តិចតួច​ទ្រង់​​ព្រះតម្រិះ​ថា យើង​មិន​ឃើញ​ទោស​តិចតួច​របស់​អមាត្រ​នេះ ធ្វើ​យ៉ាង​ណាហ្ន៎ យើងទើប​នឹង​អាច​ដឹង​ថា អមាត្យ​នេះ​ជាមិត្ត​ឬ​មិន​មែន​មិត្ត ? ទ្រង់​គិត​ទៀតថា វៀរ​ព្រះតថាគត​ចេញ​ហើយ​ អ្នក​ដទៃ​មិន​អាច​ដឹង​បញ្ហា​នេះ​បាន យើង​នឹងទៅទូល​សួរ ។ ល្មម​សោយ​ព្រះ​ក្រយាហារ​ព្រឹក​ស្រេច​ហើយ ក៏​ចូល​ទៅ​គាត់​ព្រះសាស្ដា ទូល​សួរ​ថា បពិត្រ​ព្រះអង្គដ៏ចម្រើន ធ្វើដូច​ម្ដេច​ហ្ន៎ទើប​នឹង​អាច​ដឹង​ថា អ្នកណា​ជាមិត្ត ឬ​មិន​មែន​មិត្ត​របស់​ខ្លួន ?

 

លំដាប់​​នោះ ព្រះសាស្ដាត្រាស់​ចំពោះ​ព្រះរាជា​ថា មហាបពិត្រ សូម្បី​បណ្ឌិត​ក្នុងកាល​មុន ក៏​គិត​បញ្ហា​នេះ ហើយ​សួរ​ពួក​បណ្ឌិត ដឹង​បាន​ដោយ​បណ្ឌិត​ទាំង​នោះ​ប្រាប់ វៀរ​ពួក​ដែល​មិន​មែន​មិត្ត​ចេញ សេព​គប់​មិត្ត​ប៉ុណ្ណោះ ព្រះរាជា​ទូលអារាធនា​ឲ្យ​ទ្រង់​សម្ដែង​រឿងរ៉ាវ ព្រះអង្គ​ទ្រង់​នាំ​អតីតនិទាន​មក​សម្ដែង​ដូច​តទៅ​នេះ៖

 

អតីតេ ក្នុងអតីតកាល កាល​ព្រះបាទ​ព្រហ្មទត្ត សោយរាជ​សម្បត្តិ​នៅ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​សោយព្រះជាតិ​ជាអាមាត្យ​ទូន្មាន​អត្ថធម៌​ចំពោះ​ព្រះរាជា ។ គ្រានោះ ក្នុងព្រះនគរ​ពារាណសី មាន​អាមាត្យ​ម្នាក់ ប្រព្រឹត្ត​ប្រយោជន៍ចំពោះ​ព្រះរាជា ពួក​អមាត្យ​ដ៏សេស​នាំ​គ្នា​ទូល​ញុះញង់​ព្រះរាជា ព្រះរាជា​ទ្រង់​មិន​ឃើញ​ទោស​របស់​អាមាត្យ​នោះ ទ្រង់​ព្រះតម្រិះ​ថា​ធ្វើ​ដូចម្ដេច​ហ្ន៎ ទើប​នឹង​អាច​ដឹង​អាមាត្យ​នេះ ជាមិត្ត​ឬ​មិនមែន​មិត្ត ? កាល​នឹង​ត្រាស់​សួរ​ព្រះមហាសត្វ បានត្រាស់​ព្រះគាថា​ទី ១ ថា៖

កានិ កម្មានិ កុព្ពានំ, កថំ វិញ្ញូ បរក្កមេ;

អមិត្តំ ជានេយ្យ មេធាវី, ទិស្វា សុត្វា ច បណ្ឌិតោ។

បណ្ឌិត អ្នក​មានប្រាជ្ញា​ឃើញ ឬ​ឮ ពួក​ជន​កំពុង​ធ្វើ​អ្វី​នូវ​អំពើ​អ្វីៗ គប្បី​ដឹង​ថា ជា​អមិត្ត​បាន តើ​វិញ្ញុជន​គប្បី​ព្យាយាម ដូចម្ដេច ។

 

​គាថា​នោះ មាន​អធិប្បាយ​ថា បុរស​អ្នក​ជា​បណ្ឌិត មានបញ្ញា ឃើញ​បុរស​អ្នក​ធ្វើ​ការងារ​អ្វីៗដោយ​ចក្ខុ ​បានស្ដាប់​រឿង​នោះ​ដោយត្រចៀក គប្បី​ដឹង​ថា អ្នក​នេះ​មិនមែន​មិត្តរបស់​យើង វិញ្ញុជន​គប្បី​ព្យាយាម​យ៉ាង​ណា ដើម្បី​ស្គាល់​អ្នក​នោះ ។

 

លំដាប់​នោះ ព្រះមហាសត្វ កាល​នឹង​ត្រាស់​ប្រាប់​លក្ខណៈ​របស់​អ្នក​ដែល​មិន​មែន​មិត្ត​ដល់​ព្រះរាជា បានត្រាស់​ព្រះគាថា​ថា៖

ន នំ ឧម្ហយតេ ទិស្វា, ន ច នំ បដិនន្ទតិ;

ចក្ខូនិ ចស្ស ន ទទាតិ, បដិលោមញ្ច វត្តតិ។

បុគ្គល​ជាសត្រូវ ឃើញ​បុគ្គល​នោះ​ហើយមិនញញឹម ១ មិន​ទទួល​ត្រេកអរ​នឹង​សំដី​បុគ្គល​នោះ ១ មិន​ឲ្យ​ភ្នែក​ដល់​បុគ្គល​នោះ ១ ប្រព្រឹត្ត​ទទឹងទាស់ ១ ។

 

អមិត្តេ តស្ស ភជតិ, មិត្តេ តស្ស ន សេវតិ;

វណ្ណកាមេ និវារេតិ, អក្កោសន្តេ បសំសតិ។

បុគ្គល​ដែល​អែបអប​នឹង​ពួកសត្រូវ​របស់​បុគ្គល​នោះ ១ មិន​សេពគប់​នឹង​ពួក​មិត្ត​របស់​បុគ្គល​នោះ ១ រារាំង​ពួក​ជន​អ្នក​និយាយ​សរសើរ ១ សរសើរ​ពួក​ជន​អ្នក​ជេរ ១ ។

 

គុយ្ហញ្ច តស្ស នក្ខាតិ, តស្ស គុយ្ហំ ន គូហតិ;

កម្មំ តស្ស ន វណ្ណេតិ, បញ្ញស្ស នប្បសំសតិ។

មិន​ប្រាប់​សេចក្ដី​កំបាំង​ដល់​បុគ្គល​នោះ ១ មិន​លាក់​សេចក្ដី​កំបាំងរបស់​បុគ្គល​នោះ ១ មិនសរសើរ​ការងារ​របស់​បុគ្គល​នោះ ១ មិនសរសើរ​ប្រាជ្ញា​របស់​បុគ្គល​នោះ ១។

 

 អភវេ នន្ទតិ តស្ស, ភវេ តស្ស ន នន្ទតិ;

អច្ឆេរំ ភោជនំ លទ្ធា, តស្ស នុប្បជ្ជតេ សតិ;

តតោ នំ នានុកម្បតិ, អហោ សោបិ លភេយ្យិតោ។

ត្រេកអរ​នឹង​សេចក្ដី​វិនាស​របស់​បុគ្គល​នោះ ១ មិន​ត្រេកអរ​នឹង​សេចក្ដីចម្រើន​របស់​បុគ្គល​នោះ ១ បាន​ភោជន​ចម្លែក មិន​នឹកនា​ដល់​បុគ្គល​នោះ ១ មិនអនុគ្រោះ​បុគ្គល​នោះ អំពី​របស់​នោះ​ថា ឱមិត្ត​នោះ គប្បី​បាន​របស់​នេះ​ខ្លះ ១ ។

 

ឥច្ចេតេ សោឡសាការា, អមិត្តស្មឹ បតិដ្ឋិតា;

យេហិ អមិត្តំ ជានេយ្យ, ទិស្វា សុត្វា ច បណ្ឌិតោ។

បណ្ឌិត ឃើញ ឬឮ​ហើយ ស្គាល់​ថា​ជា​អមិត្ត​បាន​ដោយ​អាការ​ទាំង ១៦ នេះ ដែលតម្កល់​នៅ​ក្នុងអមិត្ត ដោយ​ប្រការ​ដូច្នេះ ។

 

ព្រះមហាសត្វ​ត្រាស់​ព្រះគាថា ៥ គាថា​ទាំង​នេះ​ហើយ កាល​ព្រះរាជា​ត្រាស់​សួរ​ដល់       ​លក្ខណៈ​របស់​មិត្តដោយ​ព្រះ​គាថា​នេះ​​ថា

កានិ កម្មានិ កុព្ពានំ, កថំ វិញ្ញូ បរក្កមេ;

មិត្តំ ជានេយ្យ មេធាវី, ទិស្វា សុត្វា ច បណ្ឌិតោ។

បណ្ឌិត​អ្នក​មាន​ប្រាជ្ញា ឃើញ​ ឬឮ ពួក​ជន​កំពុង​ធ្វើ​ការងារ​អ្វីៗ គប្បី​ដឹង​ថា ជា​មិត្ត​បាន តើ​វិញ្ញុជន​គប្បី​ព្យាយាម​ដូចម្ដេច ។

 

(ព្រះមហាសត្វ) ទើប​ត្រាស់​គាថា​ដែល​នៅ​សល់​ថា៖

បវុត្ថំ តស្ស សរតិ, អាគតំ អភិនន្ទតិ;

តតោ កេលាយិតោ ហោតិ, វាចាយ បដិនន្ទតិ។

បុគ្គល​ជា​មិត្ត តែង​នឹក​រលឹក​ដល់​មិត្ត​ដែល​នៅ​បែក​គ្នា ១ ត្រេកអរ​នឹង​មិត្ត​ដែល​មក​ដល់ ១ ជាអ្នក​រាប់​អាន​ចំពោះ​មិត្តនោះ ១ ទទួល​រីករាយ​ដោយ​វាចា ១ ។

 

មិត្តេ តស្សេវ ភជតិ, អមិត្តេ តស្ស ន សេវតិ;

អក្កោសន្តេ និវារេតិ, វណ្ណកាមេ បសំសតិ។

គប់​រក​នឹង​ពួក​មិត្តរបស់​មិត្ត​នោះ ១ មិនសេពគប់​នឹង​ពួកអមិត្ត​របស់​មិត្តនោះ ១ ហាមឃាត់​នូវពួក​អ្នកជេរ ១ សរសើរ​ពួក​ជន​ដែល​និយាយ​សរសើរ ១ ។

 

គុយ្ហញ្ច តស្ស អក្ខាតិ, តស្ស គុយ្ហញ្ច គូហតិ;

កម្មញ្ច តស្ស វណ្ណេតិ, បញ្ញំ តស្ស បសំសតិ។

ប្រាប់​សេចក្ដី​កំបាំង​ដល់​មិត្ត​នោះ ១ បិទបាំង​សេចក្ដី​កំបាំង​របស់​មិត្ត​នោះ ១ សរសើរ​ការងារ​របស់​មិត្ត​នោះ​ ១ សរសើរ​ប្រាជ្ញា​របស់​មិត្ត​នោះ​ ១ ។

 

 ភវេ ច នន្ទតិ តស្ស, អភវេ តស្ស ន នន្ទតិ;

អច្ឆេរំ ភោជនំ លទ្ធា, តស្ស ឧប្បជ្ជតេ សតិ;

តតោ នំ អនុកម្បតិ, អហោ សោបិ លភេយ្យិតោ។

ត្រេកអរ​នឹងសេចក្ដី​ចម្រើន​របស់​មិត្ត​នោះ ១ មិនត្រេកអរ​នឹងសេចក្ដីវិនាស​របស់​មិត្ត​នោះ ១ បានភោជនចម្លែកក​តែង​នឹក​នា​ដល់​មិត្ត​នោះ ១ អនុគ្រោះ​មិត្ត​នោះ​​អំពី​របស់​នោះ​ថា​ ឱមិត្ត​នោះ គប្បី​បាន​របស់​នេះ​ខ្លះ ១ ។

 

ឥច្ចេតេ សោឡសាការា, មិត្តស្មឹ សុប្បតិដ្ឋិតា;

យេហិ មិត្តញ្ច ជានេយ្យ, ទិស្វា សុត្វា ច បណ្ឌិតោ។

បណ្ឌិតឃើញ ឬឮហើយ ស្គាល់​ថាជាមិត្ត ដោយ​អាការ​ទាំង ១៦ នេះ ដែល​តម្កល់​នៅ​ក្នុង​មិត្ត ដោយ​បការៈ​ដូច្នេះ។

 

ព្រះរាជាមានព្រះទ័យ​សរសើរ​ពាក្យ​របស់​ព្រះមហាសត្វ​បាន​ព្រះរាជទាន​យស​ដ៏​ធំក្រៃលែង​ដល់​ព្រះមហាសត្វ​ហើយ។

 

ព្រះសាស្ដា គ្រា​ទ្រង់​នាំ​ព្រះធម៌​ទេសនា​នេះ​មក​ហើយ​ត្រាស់​ថា មហាបពិត្រ បញ្ហា​នេះ​បាន​តាំង​ឡើង​សូម្បី​ក្នុង​កាល​មុន​យ៉ាង​នេះ បណ្ឌិត​ទាំង​ឡាយ​ពោល​ដល់​បញ្ហា​នេះ​ថាអ្នក​ដែល​មិនមែន​មិត្ត និង​អ្នក​ដែល​ជាមិត្ត នឹង​គប្បី​ដឹង​បាន​ដោយ​អាការ ៣២ ទាំងនេះ ហើយទ្រង់​ប្រជុំ​ជាតក​ថា

តទា រាជា អានន្ទោ អហោសិ ព្រះរាជា​ក្នុងកាល​នោះ បាន​មក​ជា​ព្រះអានន្ទ ។

បណ្ឌិតាមច្ចោ បន អហមេវ អហោសឹ  ចំណែក​អមាត្យ​ដែលជា​បណ្ឌិត បាន​មក​​ជា​យើង​តថាគត​នេះ​ឯង ។

ចប់ អដ្ឋកថា មិត្តាមិត្តជាតក។

(ជាតកដ្ឋកថា សុត្តន្តបដិក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៦៤)

ប្រែដោយ ខេមរ អភិធម្មាវតារ