។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

មិគលោបជាតក

(អដ្ឋកថាឆដ្ឋសង្គាយនា មិគាលោបជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធនូវភិក្ខុដែល​ប្រដៅក្រមួយរូប បានត្រាស់​ព្រះធម្មទេសនា​មានពាក្យថា ន មេ រុចិ្ច ដូច្នេះ​ជាដើម ។

គ្រានោះ ព្រះសាស្ដាត្រាស់ហៅភិក្ខុនោះ​មកហើយ ត្រាស់ថា ម្នាលភិក្ខុ បានឮថា អ្នកជា​មនុស្ស​ប្រដៅក្រ ពិតមែនឬ ? កាលភិក្ខុនោះ​ទូលថា ពិតមែន​​ហើយ ព្រះ​អង្គ ។ ព្រះអង្គ​ទើបត្រាស់​ថា ម្នាលភិក្ខុ មិនមែន​តែក្នុងពេល​នេះទេ សូម្បីក្នុង​កាលមុន អ្នកក៏ជាមនុស្ស​ប្រដៅក្រដែរ ព្រោះអាស្រ័យភាព​ជាមនុស្ស​ប្រដៅក្រ មិនស្ដាប់ពាក្យ​របស់បណ្ឌិត​ទាំងឡាយ អ្នកបាន​ដល់សេចក្ដី​វិនាស ក្នុងមាត់​ខ្យល់វេរម្ភៈ ហើយទ្រង់​នាំយក​អតីតនិទាន មកសម្ដែងថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត គ្រងរាជសម្បត្តិ​ក្នុងនគរពារាណសី ព្រះពោធិសត្វ​កើតក្នុង​កំណើតសត្វត្មាត មានឈ្មោះ​ថា អបនន្ទៈ ។ ត្មាតពោធិសត្វ​នោះ មានហ្វូងត្មាត​ជាបរិវារ នៅលើភ្នំ​គិជ្ឈកូដ ។ ចំណែក​កូនរបស់​ព្រះពោធិសត្វ មានឈ្មោះថា មិគាលោបៈ ជាអ្នកដល់​ព្រមដោយ​ថាមពល ត្មាតនោះ ហើរខ្ពស់ឡើង កន្លងនូវ​ដែនរបស់ត្មាត​ដទៃទៀត ។ ត្មាតទាំងឡាយ ប្រាប់ស្ដេច​ត្មាតថា បុត្ររបស់​ព្រះអង្គ​ហើរឆ្ងាយ​ណាស់ ។ ព្រះពោធិសត្វនោះ ប្រកាសហៅនូវ​បុត្រនោះថា ម្នាលកូន បានឮថា អ្នកហើរ​ខ្ពស់ណាស់ កាលបើ​អ្នកហើរខ្ពស់ អ្នកនឹងដល់​នូវការអស់​ជីវិត ដូច្នេះហើយ ទើបពោល​គាថាទាំងឡាយ ៣ ថា

ន មេ រុច្ចិ មិគាលោប, យស្ស តេ តាទិសី គតី;

អតុច្ចំ តាត បតសិ, អភូមឹ តាត សេវសិ។

ម្នាលមិគាលោបៈ ដំណើររបស់​អ្នកប្រាកដ​ដូច្នោះ មិនពេញ​ចិត្តអញទេ ម្នាលកូន ដ្បិតអ្នក​ហើរទៅ​ខ្ពស់ពេក ម្នាលកូន អ្នកសេពគប់​នូវទីមិន​មែនផែនដី ។

 

ចតុក្កណ្ណំវ កេទារំ, យទា តេ បថវី សិយា;

តតោ តាត និវត្តស្សុ, មាស្សុ ឯត្តោ បរំ គមិ។

ផែនដីប្រាកដដល់អ្នក ដូចជាស្រែមានជ្រុង ៤ ម្នាលកូន ចូរអ្នក​ត្រឡប់អំពី​ទីនោះមកវិញ កុំទៅហួស​អំពីទីនេះ​ឡើយ ។

 

សន្តិ អញ្ញេបិ សកុណា, បត្តយានា វិហង្គមា;

អក្ខិត្តា វាតវេគេន, នដ្ឋា តេ សស្សតីសម។

ពួកសកុណជាតិឯទៀត មានស្លាបជាយាន ទៅកាន់អាកាស ពួកសត្វ​ទាំង​នោះ សម្គាល់ខ្លួនថា ស្មើដោយ​វត្ថុដ៏ទៀងទាត់ ត្រូវកម្លាំង​ខ្យល់បក់​បោកវិនាស ។

 

គប្បីជ្រាបវិនិច្ឆ័យក្នុងបទទាំងនោះ ត្មាតបិតា​ហៅកូនដោយ​ឈ្មោះថា មិគាលោបៈ ។ បទថា អតុច្ចំ តាត បតសិ សេចក្ដីថា ម្នាលកូន អ្នកកុំហើរ​ខ្ពស់ពេក កន្លងដែន​របស់ត្មាត​ដទៃឡើយ ។ ត្មាតបិតា​ប្រាប់ដែន​ដល់កូន ដោយពាក្យនេះថា ចតុក្កណ្ណំវ កេទារំ គឺដូច​ស្រែ មាន ៤ ជ្រុង អធិប្បាយថា កូនអើយ កាលផែនដី​ដ៏ធំនេះ​ហាក់ដូច​ជាស្រែ ៤ ជ្រុង ដល់អ្នក​ហើយ គឺប្រាកដ​ដូចជាតូច​យ៉ាងនោះ កាលនោះ អ្នកគួរត្រឡប់ អំពីឋានៈ​ដែលមាន​សភាព​ដូចនោះ អ្នកកុំទៅ​ទៀតឡើយ ។ បទថា សន្តិ អញ្ញេបិ សេចក្ដីថា មិនមែន​តែអ្នក​ប៉ុណ្ណោះ សូម្បីត្មាត​ទាំងឡាយ​ដទៃ ក៏ធ្វើយ៉ាងនោះ ។ បទថា អក្ខិត្តា សេចក្ដីថា សូម្បីត្មាត​ទាំងនោះ កន្លងនូវ​ដែនរបស់​យើង​ទៅហើយ ត្រូវកម្លាំង​ខ្យល់កន្ត្រាក់​ហើយ ក៏វិនាស ។ បទថា សស្សតីសមា សេចក្ដីថា ពួកវាសម្គាល់​ខ្លួនថា ជាអ្នកស្មើ​ដោយផែនដី និងភ្នំ​ទាំងឡាយ​ដែលជាវត្ថុ​ទៀងទាត់ សូម្បីតែ​មិនអាច​បំពេញនូវ​អាយុដែលមាន​បរិមាណ ១០០០ ឆ្នាំ​របស់ខ្លួន, បានវិនាស​ហើយ នៅរវាងនោះ ។

 

មិគាលោបៈមិនធ្វើនូវពាក្យរបស់បិតា ព្រោះភាព​ជាអ្នក​មិនស្ដាប់ឱវាទ កាល​ហើរទៅ បានឃើញ​នូវដែនតាម​ដែលបិតា​ប្រាប់ហើយ នៅតែហើរ​កន្លងដែន​នោះទៅ ក៏ដល់ខ្យល់​កាលវាត (ខ្យល់រដូវកាល)  ហើយទម្លុះខ្យល់​សូម្បីនោះ ហើរស្ទុះទៅ​កាន់មុខ​ខ្យល់វេរម្ភៈ លំដាប់​នោះ ខ្យល់វេរម្ភៈ ក៏ប្រហារ​នូវមិគាលោបៈ​នោះ ។ មិគាលោបៈ គ្រាន់តែ​ត្រូវខ្យល់​វេរម្ភៈនោះ​ប្រហារហើយ ក៏ដាច់​ជាបំណែក​តូចធំ វិនាសទៅ​ក្នុងអាកាស​នោះឯង ។

 

ដោយហេតុនោះ ព្រះសម្មាសម្ពុទ្ធ​ទើបសម្ដែងថា

អកត្វា អបនន្ទស្ស, បិតុ វុទ្ធស្ស សាសនំ;

កាលវាតេ អតិក្កម្ម, វេរម្ភានំ វសំ អគា។

មិគលោបៈ មិនធ្វើតាមពាក្យប្រដៅ​របស់បិតា​ចាស់ ឈ្មោះ​អបនន្ទៈ ហើរកន្លង​នូវខ្យល់​រដូវកាល បានទៅ​ដល់អំណាច​នៃខ្យល់ព្យុះ ។

 

តស្ស បុត្តា ច ទារា ច, យេ ចញ្ញេ អនុជីវិនោ;

សព្វេ ព្យសនមាបាទុំ, អនោវាទករេ ទិជេ។

កូនក្តី ប្រពន្ធក្តី ឬសត្វឯទៀត ជាអ្នក​ចិញ្ចឹមជីវិត តាម​មិគាលោបៈ​នោះ ពួកសត្វ​ស្លាបទំាង​អស់ ក៏ដល់នូវ​សេចក្តីវិនាស ព្រោះទិជជាតិ (សត្វដែល​កើតក្នុវារៈ​ពីរដង​ បានដល់​សត្វជា​អណ្ឌជ​កំណើត មានសត្វស្លាប​ជាដើម) មិនធ្វើ​តាមឱវាទ ។

 

ឯវម្បិ ឥធ វុទ្ធានំ, យោ វាក្យំ នាវពុជ្ឈតិ;

អតិសីមចរោ ទិត្តោ, គិជ្ឈោវាតីតសាសនោ;

សព្វេ ព្យសនំ បប្បោន្តិ, អកត្វា វុទ្ធសាសនំ។

បុគ្គលណា មិនយល់នូវពាក្យ របស់បុគ្គលចាស់ទុំ ក្នុងលោកនេះ បុគ្គលនោះ (ដល់នូវ​សេចក្តី​វិនាស) ដូចជាត្មាត​កន្លងពាក្យ​ប្រៀនប្រដៅ ជាសត្វភ្លើតភ្លើន​ត្រាច់ទៅ​កាន់​ទីហួសដែន ជនទាំង​អស់ដល់​នូវសេចក្តី​វិនាស ព្រោះមិន​ធ្វើតាមពាក្យ​ប្រដៅរបស់​ព្រះពុទ្ធ ។

 

គាថាទាំងឡាយ ៣ នេះ ជា​អភិសម្ពុទ្ធគាថា ។

 

បណ្ដាបទទាំងនោះ បទថា អនុជីវិនោ បានដល់ ត្មាតដែល​អាស្រ័យ​ត្មាត​មិគាលោបៈ​នោះ ។ បទថា អនោវាទករេ ទិជេ សេចក្ដីថា កាលត្មាត​មិគាលោបៈ​នោះ មិនធ្វើ​តាមឱវាទ ត្មាតទាំងនោះ​ហើរទៅជា​មួយត្មាត​មិគាលោបៈ​នោះ កន្លងនូវដែន ដល់នូវ​សេចក្ដីវិនាស ។ បទថា ឯវម្បិ សេចក្ដីថា ម្នាលភិក្ខុ​ទាំងឡាយ ត្មាតនោះ ដល់សេចក្ដី​វិនាសហើយ​យ៉ាងណា សូម្បីអ្នក​ដទៃណា ជាគ្រហស្ថក្ដី ជាបព្វជិតក្ដី ក៏យ៉ាង​នោះដូចគ្នា មិនកាន់​នូវពាក្យ​របស់បណ្ឌិត​ទាំងឡាយ ដែលជាអ្នក​អនុគ្រោះ​ដល់សេចក្ដី​ចម្រើន សូម្បីអ្នកនោះ នឹងវិនាស​ដូចត្មាត​នេះ ដែលត្រាច់​ទៅកន្លង​នូវដែន ជាអ្នករឹង​រូសនោះឯង ។

 

ព្រះសាស្ដា កាលនាំព្រះធម្មទេសនា​នេះមក​ហើយ ទ្រង់ប្រកាស​សច្ចៈ​ទាំងឡាយ ហើយ​ប្រជុំជាតកថា

តទា មិគាលោបោ ទុព្វចភិក្ខុ អហោសិ ត្មាត​មិគាលោបៈ​ក្នុងកាលនោះ បានមក​ជា​ភិក្ខុប្រដៅ​ក្រនេះ ។

អបនន្ទោ បន អហមេវ អហោសឹ ចំណែកស្ដេចត្មាត​ឈ្មោះ​អបនន្ទៈ គឺ តថាគត នេះឯង ។

ចប់ មិគាលោបជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឆក្កនិបាត អវារិយវគ្គ បិដកលេខ ៥៩ ទំព័រ ៤៣ )

ប្រែដោយ ខេមរ អភិធម្មាវតារ