។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

មាតុបោសកជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ​ដែលចិញ្ចឹមមាតា បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា តស្ស នាគស្ស វិប្បវាសេន ដូច្នេះ​ជាដើម ។

 

បច្ចុប្បន្នវត្ថុ ប្រាកដដូច​សាមជាតកវត្ថុ​នោះឯង ។ ចំណែក​ព្រះសាស្ដា ត្រាស់ហៅ​ឲ្យភិក្ខុ​ទាំងឡាយ​មកហើយ ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ កុំលើក​ទោសភិក្ខុ​នេះឡើយ បោរាណបណ្ឌិត​ទាំងឡាយ សូម្បីកើត​ក្នុងកំណើត​សត្វតិរច្ឆាន កាល​ព្រាត់ប្រាស​ចាកមាតា ក៏ស្គាំងស្គម ព្រោះអត់​អាហារអស់ ៧ ថ្ងៃ សូម្បី​បានភោជន​ដែលសមគួរ​ដល់​ព្រះរាជា ហើយ​គិតថា យើងវៀរ​ចាកមាតា​ហើយ នឹងមិន​បរិភោគ ទាល់តែ​បានឃើញ​មាតា ទើបកាន់​យកនូវ​អាហារ ដូច្នេះហើយ កាលដែល​ភិក្ខុទាំងឡាយ​ទូលអង្វរ​អារាធនា ទើបទ្រង់​នាំយក​អតីតនិទាន​មកសម្ដែងថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ​ក្នុងនគរ​ពារាណសី គ្រានោះ ព្រះពោធិសត្វ​កើតក្នុង​កំណើត​ដំរី ក្នុង​ហិមវន្ត​ប្រទេស មានពណ៌​សសុទ្ធ មានរូប​ស្អាត គួរពេច​ពិលរមិល​មើល គួរជាទីជ្រះថ្លា ដល់ព្រម​ដោយលក្ខណៈ មានដំរី ៨០០០០ ជា​បរិវារ ។ ព្រះពោធិសត្វ​នោះ ចិញ្ចឹមមាតា​ដែលចាស់​ជរា មាតារបស់​ព្រះពោធិសត្វ​ជាដំរីខ្វាក់​ភ្នែក ។ ព្រះពោធិសត្វ​បានឲ្យ​ផលាផល ដែលមាន​រសផ្អែម​ទាំងឡាយ​ដល់ដំរី ហើយ​បញ្ជូនទៅ​កាន់សម្នាក់​មាតា ។ ដំរីទាំងឡាយ មិនបាន​ឲ្យដល់​មេដំរីនោះ​ឡើយ នាំគ្នា​បរិភោគ​ដោយខ្លួន ។ ព្រះពោធិសត្វ កំណត់ដឹង​រឿងនោះ​ហើយ គិតថា យើងលះបង់​នូវហ្វូង​ហើយ នឹងទៅ​ចិញ្ចឹម​មាតា ពេលដល់​ចំណែកនៃ​រាត្រីហើយ កាលដំរី​ទាំងឡាយ​ដទៃ​មិនដឹង ទើបនាំ​មាតា ទៅកាន់​ជើងភ្នំ ឈ្មោះ ចណ្ឌោរណៈ ទុកមាតា​ក្នុងគុហាភ្នំ ដែលឋិត​នៅជាប់​តំបន់មួយ ហើយ​ក៏ចិញ្ចឹម ។

 

លំដាប់នោះ ព្រានព្រៃដែលរស់នៅនគរពារាណសី​មួយរូប វង្វេងផ្លូវ មិនអាច​នឹងកំណត់​នូវទិស បានស្រែក​យំដោយ​សំឡេង​ដ៏ខ្លាំង ។ ព្រះពោធិសត្វ​ស្ដាប់នូវ​សំឡេង​របស់ព្រាន​នោះហើយ គិតថា បុរសនេះ ជាមនុស្ស​អនាថា បើគេវិនាស​ក្នុងទីដែល​យើងឋិត​នៅនោះ មិនសម​គួរឡើយ ដូចនេះ​ហើយ ទើបទៅ​រកគេ ឃើញគេ​កំពុងគេច​ទៅដោយ​សេចក្ដី​ភ័យខ្លាច ក៏សួរថា អម្ភោ នែបុរស​ដ៏ចម្រើន លោកកុំ​មានភ័យ​ព្រោះអាស្រ័យ​យើងឡើយ លោកកុំ​គេចទៅអី ព្រោះ​ហេតុអ្វី លោកទើប​ស្រែកយំ ត្រាច់ទៅ​ដូច្នេះ កាលគេ​ពោលថា បពិត្រ​លោកម្ចាស់ ខ្ញុំវង្វេងផ្លូវ ថ្ងៃនេះ​ជាថ្ងៃទី ៧ ហើយ​សម្រាប់ខ្ញុំ ។ ព្រះមហាសត្វ​ពោលថា នែបុរស​ដ៏ចម្រើន លោកកុំ​ភ័យឡើយ យើងដាក់​លោកទុក​ក្នុងផ្លូវមនុស្ស ដូចនេះ​ហើយ ឲ្យគេឡើង​ជិះលើខ្នង​របស់ខ្លួន នាំចេញ​អំពីព្រៃហើយ ទើបត្រឡប់​មកវិញ ។ ចំណែក​ព្រាននោះ ជាមនុស្ស​អាក្រក់ គិតថា យើងទៅ​កាន់នគរ​ហើយ នឹងទូល​ដល់ព្រះរាជា ដូច្នេះ​ហើយ ទើបធ្វើ​ដើមឈើ​ជាគ្រឿង​ចំណាំ ធ្វើភ្នំ​ជាគ្រឿង​ចំណាំ បានចេញ​ទៅកាន់​នគរពារាណសី ។

 

ក្នុងពេលនោះ ដំរីមង្គលរបស់ព្រះរាជា​បានធ្វើ​កាលកិរិយា ។ ព្រះរាជា​ត្រាស់បញ្ជា​ឲ្យវាយ​ស្គរប្រកាស​ថា បើអ្នកណា ឃើញដំរីដែល​មានរូប​ដ៏សមគួរ ដើម្បី​នឹងធ្វើជា​ព្រះទីនាំង​ក្នុងទីណា អ្នកចូរប្រាប់ ។ បុរសនោះ ចូលគាល់​ព្រះរាជាទូល​ថា បពិត្រ​ព្រះសម្មតិទេព ខ្ញុំព្រះអង្គ​បានឃើញ​ស្ដេចដំរី​ដែលមាន​សីល ពណ៌សសុទ្ធ ជាដំរីប្រកប​ដោយរូប ដើម្បី​នឹងជាព្រះ​ទីនាំងរបស់​ព្រះអង្គបាន ខ្ញុំនឹង​ប្រាប់ផ្លូវ សូមទ្រង់​បញ្ជូន​នាយហត្ថាចារ្យ និងទូល​ព្រះបង្គំ​ទៅចាប់​ដំរីនោះចុះ ។ ព្រះរាជា​ទទួល​ពាក្យនោះ ហើយ​ត្រាស់ថា ពួកលោក​ចូរធ្វើបុរស​នេះឲ្យ​ជាអ្នក​នាំផ្លូវ​ទៅកាន់ព្រៃ ហើយនាំ​នូវស្ដេចដំរី​ដូចដែលបុរស​នេះពោល​មក ដូច្នេះ​ហើយ ទ្រង់ក៏បញ្ជូន​នាយហត្ថាចារ្យ និងបុរសនោះ មួយអន្លើ​ដោយ​បរិវារដ៏ច្រើន ។ នាយហត្ថាចារ្យ​ទៅជាមួយ​បុរសនោះ បានឃើញ​ព្រះពោធិសត្វ ដែលកំពុង​ចូលទៅកាន់​ស្រះឈូក ស្វែង​រកអាហារ ។ ចំណែក​ព្រះពោធិសត្វ ឃើញ​នាយហត្ថាចារ្យ ហើយ​អធិដ្ឋានថា ភ័យនេះ មិនកើតឡើង​អំពីអ្នកដទៃ នឹង​កើតឡើង​អំពីសម្នាក់​បុរសនោះ យើងនេះ ជាអ្នកមាន​កម្លាំងខ្លាំង អាចដើម្បី​នឹងកម្ចាត់​នូវដំរីសូម្បី​ទាំងពាន់ បើយើង​ក្រោធហើយ អាចនឹងញ៉ាំង​នូវពាហនៈ​របស់សេនា ព្រមទាំង​ដែនឲ្យ​វិនាស ប្រសិនបើ​យើងនឹង​ក្រោធ សីលរបស់​យើងនឹង​បែកធ្លាយ ព្រោះ​ហេតុនោះ ក្នុងថ្ងៃនេះ សូម្បីគេ​ចាក់យើង​ដោយ​លំពែង យើងនឹង​មិនក្រោធ​ឡើយ ដូច្នេះហើយ បង្អោន​ក្បាលចុះ ឈរនៅ​មិនកម្រើក ។

 

នាយហត្ថាចារ្យចុះកាន់ស្រះបទុម មើលនូវលក្ខណ​សម្បត្តិរបស់​ដំរីនោះ​ហើយ​ពោលថា ម្នាលបុត្រ ចូរមក ដូចនេះ​ហើយ ចាប់កាន់​ប្រម៉ោយ​ដែលប្រាកដ​ដូចខ្សែប្រាក់ (រួចធ្វើ​ដំណើរ​ទៅ) ក្នុងថ្ងៃទី ៧ ទើបដល់​នគរពារាណសី ។ ចំណែក​មាតាព្រះ​ពោធិសត្វ កាលកូន​មិនមក ក៏បរិទេវនាការ​ថា កូនរបស់​យើង នឹងត្រូវ​ព្រះរាជា និងរាជ​មហាមាត្យ​នាំទៅ ឥឡូវនេះ ព្រៃនេះ នឹងចម្រើន​ដោយការ​ព្រាត់ប្រាស​ចាកដំរីនោះ ដូច្នេះហើយ ទើបពោល​គាថាទាំង​ឡាយ ២ ថា

តស្ស នាគស្ស វិប្បវាសេន, វិរូឡ្ហោ សល្លកី ច កុដជា ច;

កុរុវិន្ទករវីរា ភិសសាមា ច, និវាតេ បុប្ផិតា ច កណិការា។

ដើមពោនស្វាផង ដើមខ្លែង​គង់ផង ដើមទទឹម និងស្មៅធំ ឈ្មោះករវីរៈផង ក្រអៅឈូក និងស្រងែផង ដុះ​ទ្រុបទ្រុលហើយ ទាំងដើម​កណិការ​ជិតជើងភ្នំ ក៏ចេញផ្កា​ដែរ ព្រោះតែ​ដំរីនោះ​មិននៅ ។

 

កោចិទេវ សុវណ្ណកាយុរា, នាគរាជំ ភរន្តិ បិណ្ឌេន;

យត្ថ រាជា រាជកុមារោ វា, កវចមភិហេស្សតិ អឆម្ភិតោ។

ក្នុងស្រុក ឬក្នុងក្រុងណាមួយ ព្រះរាជា ឬព្រះរាជកុមារ​ណាមួយ មានគ្រឿង​អាភារណៈ ជាវិការ​នៃមាស រមែងចិញ្ចឹម​សេ្តចដំរី ដោយដុំ​នៃភោជន ដ្បិតដំរី​ដែលព្រះរាជា ឬព្រះរាជ​កុមារ (គង់ហើយ) មិនតក់​ស្លុត (ក្នុងសង្គ្រាម) អាច​នឹងទម្លុះ​ទម្លាយនូវក្រោះ (នៃពួក​បច្ចាមិត្របាន) ។

 

ចំណែកនាយហត្ថាចារ្យ កាលធ្វើដំណើរ​ទៅក្នុងរវាង​ផ្លូវ បានបញ្ជូន​សារទៅដល់​ព្រះរាជា ។ ព្រះរាជា​បានបញ្ជា​ឲ្យគេតាក់តែង​ព្រះនគរ ។ នាយហត្ថាចារ្យ​នាំព្រះពោធិសត្វ​ដែលប្រោះព្រំ​ដោយរបស់​ក្រអូប និងប្រដាប់​តាក់តែង ចូលកាន់​រោងដំរី ឲ្យគេឡោមព័ទ្ធ​ដោយវាំងនន​ដ៏វិចិត្រ និងឲ្យគេទៅ​ទូលដល់ព្រះរាជា ។ ព្រះរាជាទ្រង់នាំ​នូវភោជន​ដែលរស់ដ៏លើស​ផ្សេងៗ យាងទៅ ញ៉ាំងឲ្យអ្នក​បម្រើឲ្យដល់​ព្រះពោធិសត្វ ។ ព្រះពោធិ​សត្វគិតថា យើងកាល​វៀរចាក​មាតាហើយ នឹងមិនទទួល​យកនូវអាហារ ដូច្នេះ​ហើយ ទើបមិនកាន់​យកនូវដុំបាយ ។ លំដាប់នោះ ព្រះរាជាកាល​នឹងអង្វរ​ព្រះពោធិសត្វ​ ទើបត្រាស់​ព្រះគថាទី ៣ ថា

គណ្ហាហិ នាគ កពឡំ, មា នាគ កិសកោ ភវ;

ពហូនិ រាជកិច្ចានិ, តានិ នាគ ករិស្សសិ។

ម្នាលដំរី អ្នកចូរទទួលពំនូតភោជនចុះ ម្នាលដំរី អ្នកកុំស្គម​ឡើយ ម្នាលដំរី រាជកិច្ច​ទាំងឡាយ មានច្រើន អ្នកនឹងធ្វើ​នូវរាជកិច្ច​ទាំងនោះ ។

 

ព្រះពោធិសត្វ​ស្ដាប់ពាក្យនោះ​ហើយ ទើបពោលគាថាទី ៤ ថា

សា នូនសា កបណិកា, អន្ធា អបរិណាយិកា;

ខាណុំ បាទេន ឃដ្ដេតិ, គិរឹ ចណ្ឌោរណំ បតិ។

មេដំរីនោះ ជាសត្វកំព្រា ខ្វាក់ភ្នែក មិនមាន​គេដឹកនាំ ទង្គិចជើង​នឹងដង្គត់ឈើ ហើយបែរ​មុខទៅរក​ភ្នំចណ្ឌោរណៈ ដួលនៅ ។

 

លំដាប់នោះ ព្រះរាជាកាលនឹងសួរ ទើបត្រាស់គាថាទី ៥ ថា

កា នុ តេ សា មហានាគ, អន្ធា អបរិណាយិកា;

ខាណុំ បាទេន ឃដ្ដេតិ, គិរឹ ចណ្ឌោរណំ បតិ។

មា្នលដំរីប្រសើរ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិច​ជើងនឹងដង្គត់ឈើ បែរមុខទៅរកភ្នំ​ចណ្ឌោរណៈ ដួលនៅនោះ តើត្រូវជា​អ្វីនឹងអ្នកឯង ។

 

ព្រះពោធិសត្វ ទើបពោលគាថាទី ៦

មាតា មេ សា មហារាជ, អន្ធា អបរិណាយិកា;

ខាណុំ បាទេន ឃដ្ដេតិ, គិរឹ ចណ្ឌោរណំ បតិ។

បពិត្រមហារាជ មេដំរីខ្វាក់ភ្នែក មិនមានគេដឹកនាំ ទង្គិចជើង​នឹងជង្គត់ឈើ បែរមុខទៅ​រកភ្នំ​ចណ្ឌោរណៈ ដួលនៅនោះ ត្រូវជា​មាតា​របស់ទូល​ព្រះបង្គំជាខ្ញុំ ។

 

ព្រះរាជាបានស្ដាប់នូវអត្ថនៃគាថាទី ៦ នោះហើយ កាលញ៉ាំងគេ​ឲ្យដោះលែង​ព្រះពោធិសត្វ ទើបត្រាស់​គាថាទី ៧ ថា

មុញ្ចថេតំ មហានាគំ, យោយំ ភរតិ មាតរំ;

សមេតុ មាតរា នាគោ, សហ សព្ពេហិ ញាតិភិ។

អ្នកទាំងឡាយចូរលែង នូវដំរីប្រសើរនុ៎ះ ជាសត្វចិញ្ចឹម​នូវមាតា ចូរឲ្យដំរី​បានជួបជុំ​នឹងមាតា ព្រមទាំង​ញាតិទាំង​ពួងចុះ ។

 

អភិសម្ពុទ្ធគាថាទី ៨ និងទី ៩ ថា

មុត្តោ ច ពន្ធនា នាគោ, មុត្តមាទាយ កុញ្ជរោ;

មុហុត្តំ អស្សាសយិត្វា, អគមា យេន បព្ពតោ។

ដំរីគ្រាន់តែរួចចាកចំណង ដែលព្រះរាជាកាសី​ បាន​បញ្ចូនទៅ សម្រាកខ្លួន​តែមួយ​រំពេច ក៏ដើរ​សំដៅទៅ​រកភ្នំ ។

 

តោ សោ នឡិនឹ គន្ត្វា, សីតំ កុញ្ជរសេវិតំ;

សោណ្ឌាយូទកមាហត្វា, មាតរំ អភិសិញ្ចថ។

ដំរីនោះ ចេញទៅអំពីភ្នំនោះ ដើរទៅកាន់ព្រៃ ជាទីពួនសម្ងំ​ដ៏ត្រជាក់ ដែលដំរី​ធ្លាប់សេព (នៅ)​ ហើយ​ដងទឹក ដោយ​ប្រមោយ យកមកស្រោច​ស្រពមាតា ។

 

បានឮថា ដំរីនោះ បានរួចផុត​ចាកចំណង​ហើយ សម្រាកបន្តិច ក៏សម្ដែង​ធម៌ដោយ​ទសរាជធម្មគាថា ដល់ព្រះរាជា និងឲ្យ​ឱវាទថា បពិត្រ​មហារាជ សូមទ្រង់​ចូរជាអ្នក​កុំប្រមាទ​ឡើយ ដូច្នេះហើយ កាលមហាជន​បូជាដោយ​គ្រឿងក្រអូប និងផ្កាកម្រង​ជាដើម ទើបចេញ​ចាកព្រះនគរ ហើយទៅ​ដល់ស្រះ​បទុមនោះ ។ ក្នុងខណៈ​នោះឯង ព្រះពោធិសត្វ​គិតថា យើងនឹង​ញ៉ាំងមាតា​របស់យើង ឲ្យកាន់យក​នូវអាហារ​ហើយ ទើបនឹងកាន់​យកដោយខ្លួន ដូច្នេះ​ហើយ ទើបកាន់​យកក្រអៅឈូក​ដ៏ច្រើន និងកាន់​យកទឹកឲ្យ​ពេញដោយ​ប្រមោយ ហើយចេញ​ចាកគុហា​ដែលជាទីពួន ទៅកាន់​សម្នាក់មាតា​ដែលអង្គុយ​ទៀបទ្វារ​គុហា ទើបស្រោច​នូវទឹក ដើម្បី​ត្រឡប់បាន​នូវសម្ផស្ស លើសរីរៈ​របស់មាតា​ដែលអត់​អាហារ​អស់ ៧ ថ្ងៃ ។ ព្រះសាស្ដា កាលធ្វើ​ឲ្យជាក់ច្បាស់​នូវសេចក្ដី​នោះ ទើបត្រាស់​ព្រះគាថា​ទាំងឡាយ ២ នេះ ។ សូម្បីមាតា​របស់ព្រះពោធិសត្វ កាលនឹងជេរ​នូវទឹក​ដែលធ្លាក់​មកនោះ ដោយ​សម្គាល់ថា ភ្លៀវធ្លាក់ ដូច្នេះ​ហើយ ទើបពោល​គាថាទី ១០ ថា

កោយំ អនរិយោ ទេវោ, អកាលេនបិ វស្សតិ;

គតោ មេ អត្រជោ បុត្តោ, យោ មយ្ហំ បរិចារកោ។

ភ្លៀងអ្វីហ្នឹងផ្តេសផ្តាស បង្អុរចុះ ពុំជួកាលសោះ កូនបង្កើត​របស់អញ ដែលជា​អ្នកបម្រើ​អញ ទៅបាត់​ហើយតើ ។

 

លំដាប់នោះ ព្រះពោធិសត្វ កាលនឹងលួង​លោមមាតា ទើបពោល​គាថាទី ១១ ថា

ឧដ្ឋេហិ អម្ម កឹ សេសិ, អាគតោ ត្យាហមត្រជោ;

មុត្តោម្ហិ កាសិរាជេន, វេទេហេន យសស្សិន។

បពិត្រអ្នកមេ សូមអ្នកក្រោកឡើង សម្រាន្តអ្វី ​ខ្ញុំជាកូន​បង្កើតរបស់​លោក ដែលព្រះរាជា​កាសី ទ្រង់ប្រកប​ដោយប្រាជ្ញា មានយស បាន​លែងមក​វិញហើយ ។

 

មាតាព្រះពោធិសត្វនោះ មានចិត្តត្រេកអរ កាលនឹងធ្វើ​នូវការអនុមោទនា​ដល់​ព្រះរាជា ទើបពោល​គាថាចុង​ក្រោយថា

ចិរំ ជីវតុ សោ រាជា, កាសីនំ រដ្ឋវឌ្ឍនោ;

យោ មេ បុត្តំ បមោចេសិ, សទា វុទ្ធាបចាយិកំ។

ព្រះរាជាណា បានលែងកូនរបស់ខ្ញុំ ជាអ្នកកោតក្រែង ចំពោះបុគ្គល​ចាស់សព្វ ៗ កាល សូម​ព្រះរាជានោះ ញ៉ាំងដែន​របស់ពួក​អ្នកកាសី​ឲ្យចម្រើន គង់ព្រះជន្ម​នៅអស់កាល​យូរអង្វែង​ចុះ ។

 

គ្រានោះ ព្រះរាជា កាលនឹង​សរសើនូវ​គុណរបស់​ព្រះពោធិសត្វ ទើបឲ្យ​គេកសាង​នូវស្រុក ក្នុងទីមិន​ឆ្ងាយអំពី​នឡិនិ (កន្លែង​ព្រះពោធិសត្វ) ហើយបាន​ញ៉ាំង​វត្តបដិបត្តិ​ដែលជាប់ជា​និច្ចឲ្យតម្កល់ ដល់​ព្រះពោធិសត្វ និងមាតានោះ ។ ក្នុងកាល​ជាចំណែក​ខាងក្រោយ ព្រះពោធិសត្វ កាលមាតា​ធ្វើកាល​កិរិយា​ហើយ ទើបធ្វើ​នូវការរក្សា​សរីរៈ​របស់មាតា​នោះ ហើយបាន​ទៅកាន់​អាស្រមបទ​ឈ្មោះ ការណ្ឌកៈ ។ ក្នុងទីនោះ ឥសីចំនួន ៥០០ ចុះចាក​អំពីភ្នំ​ហិមពាន្ត​មកនៅ ។ ព្រះពោធិសត្វ បានថ្វាយ​វត្តបដិបត្តិ​នោះ ដល់ឥសី​ទាំងនោះ ។ ព្រះរាជា បានញ៉ាំង​គេឲ្យកសាង​នូវ​រូបបដិមាថ្ម ដែលដូច​រូបរបស់​ព្រះពោធិសត្វ និងបាន​ញ៉ាំងនូវ​មហាសក្ការៈ​ឲ្យប្រព្រឹត្តទៅ ។ អ្នករស់​នៅក្នុងជម្ពូទ្វីប​ទាំងអស់ បានប្រជុំគ្នា​ជាប្រចាំឆ្នាំ ធ្វើនូវ​មហោស្រព​ឈ្មោះ ហត្ថិមហៈ (បុណ្យដំរី) ។

 

ព្រះសាស្ដា បាននាំព្រះធម្មទេសនា​នេះមក​ហើយ ទ្រង់ប្រកាស​សច្ចៈទាំងឡាយ និង​ប្រជុំ​ជាតក ក្នុងកាល​ជាទីបញ្ចប់​នៃសច្ចៈ មាតុបោសកភិក្ខុ បានតាំង​នៅក្នុង​សោតាបត្តិផល ។

 

តទា រាជា អានន្ទោ អហោសិ ព្រះរាជា​ក្នុងកាលនោះ បានមកជាអានន្ទ ។

បាបបុរិសោ ទេវទត្តោ បុរសបាប បានមកជាទេវទត្ត ។

ហត្ថាចរិយោ សារិបុត្តោ ហត្ថាចារ្យ បានមកជាសារីបុត្រ ។

មាតា ហត្ថិនី មហាមាយា ដំរី​ជាមាតា បានមកជា​ព្រះនាង​មហាមាយា ។

មាតុបោសកនាគោ បន អហមេវ អហោសឹ ចំណែកមាតុបោសកនាគ (ដំរីចិញ្ចឹមមាតា) គឺ តថាគត នេះឯង ។

ចប់ មាតុបោសកជាតក ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ឯកទសកនិបាត បិដក ៥៩ ទំព័រ ២១០)

ប្រែដោយ ខេមរ អភិធម្មាវតារ