នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

មហាសុវរាជជាតក

(ឆដ្ឋ. មហាសុវជាតក)

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមួយរូប បានត្រាស់ព្រះធម្មទេសនា​នេះ មានពាក្យថា ទុមោ យទា ហោតិ ដូច្នេះជាដើម ។

 

បានឮមកថា ភិក្ខុនោះកាន់យកកម្មដ្ឋានក្នុងសម្នាក់ព្រះសាស្ដា ហើយទៅនៅក្នុងព្រៃ ដែលអាស្រ័យ​នឹងបច្ចន្តគ្រាម​មួយ ក្នុងកោសលជនបទ ។ មនុស្ស​ទាំងឡាយ តាក់តែង​កសាងទីនៅ​ក្នុងពេលយប់ ទីនៅក្នុងពេលថ្ងៃ​ដល់លោក និងធ្វើ​សេនាសនៈ​ក្នុងទីដែល​ដល់ព្រម​ដោយ​គមនាគម ហើយទំនុកបម្រុង​ដោយសេចក្ដី​គោរព ។ កាលភិក្ខុនោះ កំពុងចាំ ក្នុងខែ​ដំបូងនោះឯង ក៏មានភ្លើង​ឆេះស្រុក សូម្បីត្រឹមតែ​គ្រាប់ពូជ​របស់មនុស្ស​ទាំងឡាយ ក៏មិនមាន​សេសសល់ ។ ពួកគេទើប​មិនអាចនឹងថ្វាយ​បិណ្ឌបាត​ប្រណីតដល់​ភិក្ខុនោះ ។ ភិក្ខុនោះ សូម្បីបាន​សេនាសនៈ​សប្បាយ តែកាលលំបាក​ដោយចង្ហាន់​បិណ្ឌបាត ទើបមិនអាច​នឹងញ៉ាំងមគ្គ និងផល​ឲ្យកើតឡើង ។

 

លំដាប់នោះ ដោយកាលកន្លងទៅ ៣ ខែ ភិក្ខុនោះ​ក៏ធ្វើដំណើរ​មក ដើម្បីនឹង​ថ្វាយបង្គំ​ព្រះសាស្ដា ។ ព្រះសាស្ដាធ្វើបដិសណ្ឋារៈ​នឹងភិក្ខុនោះ ហើយ​ត្រាស់សួរថា ម្នាលភិក្ខុ អ្នកមិន​លំបាកដោយ​បិណ្ឌបាត​ទេឬ សេនាសនៈ​ជាទីសប្បាយ​ទេឬ ។ ភិក្ខុនោះ​ប្រាប់សេចក្ដី​នោះ ។ ព្រះសាស្ដា​ដឹងថា សេនាសនៈ​សប្បាយមាន​ដល់លោក ដូច្នេះហើយ ត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា សមណៈ កាលមាន​សេនាសនៈ​ជាទីសប្បាយ​ហើយ គួរលះ​សេចក្ដី​ល្មោភក្នុង​អាហារចេញ ត្រូវបរិភោគ​បច្ច័យតាម​ដែលមាន​បាននោះឯង គួរដើម្បី​នឹងធ្វើសមណធម៌ ដោយ​សេចក្ដីសន្តោស ។ បោរាណកបណ្ឌិត​ទាំងឡាយ សូម្បីកើត​ក្នុងកំណើត​សត្វតិរច្ឆាន ទំពា​ស៊ីកម្ទេចឈើ​ស្ងួតដែលខ្លួននៅ លះសេចក្ដី​ល្មោភក្នុងអាហារ ជាអ្នក​សន្តោស មិនទម្លាយ​មិត្តធម៌ មិនទៅ​កាន់ទីដទៃ ព្រោះហេតុ​អ្វី អ្នកទើបគិតថា បិណ្ឌបាតតិច សៅហ្មង ហើយលះសេនាសនៈ​សប្បាយ ដូច្នេះហើយ ព្រះអង្គ​ដែលភិក្ខុទូល​អារាធនាហើយ ទើបនាំ​អតីតនិទាន​មកថា

 

ក្នុងអតីតកាល នៅនឹងច្រាំងទន្លេគង្គាក្នុងព្រៃហិមពាន្ត មានសត្វសេក​ច្រើនសែន នៅក្នុងព្រៃ​ឧទុម្ពរ (ព្រៃល្វារ) មួយ ។ បណ្ដាសេក​ទាំងនោះ ស្ដេចសេកមួយ កាលដើមឈើ​របស់ខ្លួន​អស់ផ្លែហើយ វត្ថុណា​ដែលនៅសល់ ទោះជា​ពន្លកក្ដី ស្លឹកក្ដី សំបកក្ដី ក្រម៉ក្ដី ក៏ទំពាស៊ីវត្ថុ​ទាំងនោះ ផឹកទឹក​ទន្លេគង្គា ជាអ្នក​ប្រាថ្នាតិច និងមាន​សេចក្ដីសន្តោស​ដ៏ក្រៃលែង មិនទៅ​កាន់ទីដទៃ ។ ព្រោះគុណនៃភាព​ជាអ្នកប្រាថ្នាតិច និងសន្តោស​របស់ស្ដេច​សេកនោះ ភពរបស់​សក្កទេវរាជ​ក៏កម្រើក​ញាប់ញ័រ ។ ស្ដេចសក្កៈ​កាលពិចារណា​មើល បានឃើញ​ហេតុនោះ ដើម្បីនឹងសាក​ល្បងចិត្តរបស់​សេកនោះ ព្រះអង្គ​ក៏បណ្ដាលឲ្យ​ដើមឈើនោះ ស្វិតក្រៀម​ស្រពោនដោយ​អានុភាពរបស់ខ្លួន ។ ដើមឈើ​បានក្លាយ​ជាដង្គត់ កាលខ្យល់​បក់មកត្រូវ ក៏មាន​ប្រហោងតូចធំ តាំងនៅដូចជា​មានគេមកវាយ ។ លម្អិត​ទាំងឡាយ​ហូរចេញតាម​ប្រហោងដើម​ឈើនោះ ។ សេកសុវរាជ​បរិភោគ​លម្អិតនោះ​ ផឹកទឹកក្នុង​ទន្លេគង្គា មិនទៅ​កាន់ទីដទៃ មិនអើពើនឹង​ខ្យល់ និងកម្ដៅ អង្គុយលើ​ដង្គត់ដើម​ឧទុម្ពរ ។ សក្កទេវរាជ​បានដឹងភាព​ជាអ្នកប្រាថ្នា​តិចដ៏ក្រៃលែង​របស់សេក​នោះហើយ ទ្រង់គិតថា យើងនឹងមក ឲ្យស្ដេចសេកសម្ដែង​គុណនៃមិត្តធម៌ ហើយនឹងឲ្យ​ពរដល់សេកនោះ និងធ្វើឲ្យដើម​ឧទុម្ពរនោះមាន​ផ្លែរហូត ដូច្នេះហើយ ទើបព្រះអង្គ​ក្លែងខ្លួនជា​ស្ដេចហង្ស ធ្វើនាង​សុជាអសុរកញ្ញា​ឲ្យនៅខាង​មុខ យាងមក​ព្រៃឧទុម្ពរនោះ អង្គុយលើ​មែកដើម​ឈើមួយ ក្នុងទីមិនឆ្ងាយ កាលនឹងញ៉ាំង​កថាឲ្យតាំងឡើង​ជាមួយនឹង​ស្ដេចសេកនោះ ទើបពោល​គាថាទី ១ ថា

ទុមោ យទា ហោតិ ផលូបបន្នោ, ភុញ្ជន្តិ នំ វិហង្គមា សម្បតន្តា;

ខីណន្តិ ញត្វាន ទុមំ ផលច្ចយេ, ទិសោទិសំ យន្តិ តតោ វិហង្គមា។

កាលណា ឈើមានផ្លែបរិបូណ៌ ពួកសត្វស្លាបក៏ហើរ​សំដៅទៅបរិភោគ​ផ្លែឈើនោះ លុះពួកសត្វ​ស្លាបបានដឹងថា ឈើអស់​ផ្លែហើយ ក៏ហើរចេញ​អំពីដើមឈើនោះ ទៅកាន់​ទិសផ្សេង ៗ ក្នុងវេលា​ជាទីអស់ទៅនៃផ្លែ ។

 

អ្នកសិក្សាគប្បីជ្រាបសេចក្ដីនៃគាថានោះថា បពិត្រស្ដេចសេក កាលណាដើមឈើ​ដែលមានផ្លែ​បរិបូណ៌ កាលនោះ ហ្វូងបក្សី​ទាំងឡាយ​នាំគ្នាមកបរិភោគ​ផ្លៃនោះ អំពីមែក​មួយទៅ​មែកមួយ កាលដឹងថា ដើមឈើនេះ​អស់ផ្លែហើយ ហ្វូងបក្សីនាំគ្នា​ហើរចេញ​ពីដើមនោះ ទៅកាន់​ទិសតូចទិសធំ ។

 

កាលពោលយ៉ាងនេះហើយ ដើម្បីបញ្ជូនស្ដេច​សេកនោះ ចេញពីទីនោះ ស្ដេចហង្ស​ទើបពោល​គាថាទី ២ ថា

ចរ ចារិកំ លោហិតតុណ្ឌ មា មរិ, កឹ ត្វំ សុវ សុក្ខទុមម្ហិ ឈាយសិ;

តទិង្ឃ មំ ព្រូហិ វសន្តសន្និភ, កស្មា សុវ សុក្ខទុមំ ន រិញ្ចសិ។

ម្នាលសេកមានចំពុះក្រហម អ្នកចូរត្រាច់ទៅកាន់ចារិក កុំឲ្យខ្លួនអ្នកស្លាប់​ឡើយ ម្នាលសេក ម្តេចក៏អ្នកនៅសញ្ជប់សញ្ជឹង​លើដើមឈើងាប់ (នេះ) ​ម្នាល​សេកមានសម្បុរខៀវ ស្រដៀង​នឹងឈើ ក្នុងវស្សន្តរដូវ យើងសូមដាស់​តឿនអ្នក អ្នកចូរ​ថាមកមើល ព្រោះហេតុអ្វី ក៏បានជាអ្នក​មិនលះបង់នូវ​ឈើងាប់នេះ ។

 

បណ្ដាបទទាំងនោះ បទថា ឈាយសិ សេចក្ដីថា ព្រោះហេតុអ្វី អ្នកទើប​សញ្ជប់សញ្ជឹង ឋិតនៅលើ​កំពូលដើម​ឈើស្ងួត ។ បទថា ឥង្ឃ សេចក្ដីថា ជានិបាត ចុះក្នុង​អត្ថដាស់តឿន ។ បទថា វសន្តសន្និភ សេចក្ដីថា ក្នុងរដូវភ្លៀង ព្រៃសណ្ឌៈ នឹងមាន​ពណ៌ខៀវ ដូចដេរដាស​ដោយ​ហ្វូងសេក ព្រោះហេតុនោះ ស្ដេចហង្សទើប​ហៅស្ដេចសេកថា វសន្តសន្និភៈ ។ បទថា រិញ្ចសិ ប្រែថា អ្នកមិនលះ ។

 

លំដាប់នោះ ស្ដេចសេកពោលថា បពិត្រហង្ស ខ្ញុំមិនលះដើមឈើនេះ ព្រោះភាពជា​កតញ្ញុកតវេទី របស់ខ្លួន ដូច្នេះទើបពោល ២ គាថា ថា

យេ វេ សខីនំ សខារោ ភវន្តិ, បាណច្ចយេ ទុក្ខសុខេសុ ហំស;

ខីណំ អខីណម្បិ ន តំ ជហន្តិ, សន្តោ សតំ ធម្មមនុស្សរន្តា។

ម្នាលហង្ស ពួកសប្បុរសណា រលឹករឿយ ៗ នូវ​ធម៌របស់ពួកសប្បុរស លោកជាសម្លាញ់ និងពួកសម្លាញ់ (ទៅវិញទៅមកហើយ) ពួកសប្បុរសនោះ សូម្បីដល់នូវការអស់ទៅនៃជីវិត ក៏មិនលះបង់​សម្លាញ់នោះចោល ដោយគិតថាអស់ ឬមិនអស់ ក្នុងកាលដែលបានសុខ និងទុក្ខឡើយ ។

 

សោហំ សតំ អញ្ញតរោស្មិ ហំស, ញាតី ច មេ ហោតិ សខា ច រុក្ខោ;

តំ នុស្សហេ ជីវិកត្ថោ បហាតុំ, ខីណន្តិ ញត្វាន ន ហេស ធម្មោ។

ម្នាលហង្ស ខ្ញុំជាសប្បុរសដែរ ដើមឈើនេះ ទុកជាញាតិ ឬជាសម្លាញ់​របស់ខ្ញុំក៏បាន ខ្ញុំជាអ្នកត្រូវការដោយជីវិត ក៏មិនអាចនឹងលះបង់នូវដើមឈើនោះ​ចោល​ឡើយ (បើខ្ញុំដឹងថា ឈើនោះអស់ហើយ ៗ លះបង់ចោល) នុ៎ះ មិនមែន​ជា​ធម៌របស់សប្បុរសទេ ។

 

ស្ដេចសក្កៈបានស្ដាប់ពាក្យរបស់ស្ដេចសេកនោះហើយ មានចិត្តត្រេកអរ ត្រាស់​សរសើរ កាលប្រាថ្នា​នឹងឲ្យពរ ទើបពោល ២ គាថា ថា

សាធុ សក្ខិ កតំ ហោតិ, មេត្តិ សំសតិ សន្ថវោ;

សចេតំ ធម្មំ រោចេសិ, បាសំសោសិ វិជានតំ។

ម្នាលបក្សី សេចក្តីមេត្រី សេចក្តីជួបជុំ និង​សេចក្តីស្និទ្ធស្នាល ដែលអ្នកបានធ្វើហើយ ជាការប្រពៃណាស់ បើអ្នកពេញចិត្ត​នឹងធម៌នោះ អ្នកនឹងបានជាទីសរសើរនៃពួកវិញ្ញូជន ។

 

សោ តេ សុវ វរំ ទម្មិ, បត្តយាន វិហង្គម;

វរំ វរស្សុ វក្កង្គ, យំ កិញ្ចិ មនសិច្ឆសិ។

ម្នាលសេក អ្នកមានស្លាបជាយាន ហើរទៅឰដ៏អាកាស យើងឲ្យពរដល់អ្នក ម្នាលបក្សី បើអ្នកមានចិត្តប្រាថ្នានូវពរណាមួយ ចូរទទួលយកនូវពរនោះចុះ ។

 

ស្ដេចសេកស្ដាប់ពាក្យនោះហើយ កាលទទួលពរ ទើបពោលគាថាទី ៧ ថា

វរញ្ច មេ ហំស ភវំ ទទេយ្យ, អយញ្ច រុក្ខោ បុនរាយុំ លភេថ;

សោ សាខវា ផលិមា សំវិរូឡ្ហោ, មធុត្ថិកោ តិដ្ឋតុ សោភមានោ។

ម្នាលហង្ស អ្នកគប្បីឲ្យពរដល់ខ្ញុំ សូមឲ្យដើមឈើ​នេះ ត្រឡប់មាន​អាយុរស់វិញ សូមឲ្យ​ដើមឈើនោះ មានមែក មានផ្លែ លូតលាស់ល្អ មានផ្លែ មានរសផ្អែមល្អ ។

 

លំដាប់នោះ សក្កទេវរាជកាលឲ្យពរ ទើបពោលគាថាទី ៨ ថា

តំ បស្ស សម្ម ផលិមំ ឧឡារំ, សហាវ តេ ហោតុ ឧទុម្ពរេន;

សោ សាខវា ផលិមា សំវិរូឡ្ហោ, មធុត្ថិកោ តិដ្ឋតុ សោភមានោ។

ម្នាលសម្លាញ់ អ្នកចូរមើលដើមឈើ ដែលមានផ្លែដ៏​លើសលុបនេះចុះ ទីលំនៅរបស់​អ្នកចូរកើត​ជាមួយ​នឹងដើមល្វា ដើមល្វានោះ ​ចូរមាន​មែក មានផ្លែលូតលាស់ល្អ មានផ្លែ មានរសផ្អែមល្អ ។

 

បណ្ដាបទទាំងនោះ បទថា សហាវ តេ ហោតុ ឧទុម្ពរេនា សេចក្ដីថា ការនៅជា​មួយនឹង​ដើមល្វា ចូរ​មានដល់លោក ។

 

ស្ដេចសក្កៈកាលពោលយ៉ាងនេះហើយ ក៏លះបង់អត្តភាពនោះ សម្ដែងអានុភាពរបស់ខ្លួន និងនាងសុជា កាន់យកទឹកដោយ​ដៃពីទន្លេគង្គា ស្រោចដង្គត់ដើមល្វា ។ ក្នុងពេលនោះឯង ដើមល្វាក៏ដល់​ព្រមដោយមែក និងប្រគាប មានផ្លែផ្អែម តាំងឡើង ឋិតនៅយ៉ាង​ស្រស់បំព្រង ហាក់ដូច​ជាមុណ្ឌមណិបព៌ត ។ ស្ដេចសេកឃើញ​ដើមឈើ​នោះហើយ ក៏មានសេចក្ដី​សោមនស្ស កាលធ្វើការសរសើរ​ដល់សក្កទេវរាជ ទើបពោល​គាថាទី ៩ ថា

ឯវំ សក្ក សុខី ហោហិ, សហ សព្ពេហិ ញាតិភិ;

យថាហមជ្ជ សុខិតោ, ទិស្វាន សផលំ ទុមំ។

បពិត្រសក្កៈ កាលបើយ៉ាងនេះ សូមឲ្យព្រះអង្គបាន​សេចក្តីសុខ ព្រមទាំងពួកញាតិ​ទាំងអស់ ឲ្យដូចខ្ញុំដែលបាន​សេចក្តីសុខ ព្រោះបាន​ឃើញដើមឈើ ប្រកបដោយផ្លែ ក្នុងថ្ងៃនេះឯង ។

 

ចំណែកសក្កទេវរាជ​កាលឲ្យពរដល់ស្ដេចសេកនោះហើយ ក៏បានធ្វើដើមល្វា​ឲ្យមានផ្លែ​ជាប់ជានិច្ច ហើយទើបទៅកាន់ឋានរបស់ខ្លួន ជាមួយនឹងនាងសុជា ។

 

ព្រះសាស្ដាកាលសម្ដែងសេចក្ដីនោះ ទ្រង់ក៏តម្កល់អភិសម្ពុទ្ធគាថា ថា

សុវស្ស ច វរំ ទត្វា, កត្វាន សផលំ ទុមំ;

បក្កាមិ សហ ភរិយាយ, ទេវានំ នន្ទនំ វនំ។

ព្រះឥន្ទបានឮពាក្យសេកហើយ ក៏ធ្វើនូវដើមឈើនោះ ឲ្យមានផ្លែ រួចចៀសចេញ​ទៅកាន់​នន្ទនវនឧទ្យាន​របស់ពួកទេវតា ជាមួយ​នឹងភរិយា ។

 

ព្រះសាស្ដាបាននាំព្រះធម្មទេសនានេះមកហើយ ត្រាស់ថា ម្នាលភិក្ខុ បោរាណកបណ្ឌិត​ទាំងឡាយ សូម្បីកើតក្នុង​កំណើត​សត្វតិរច្ឆាន ក៏លះសេចក្ដី​ល្មោភក្នុង​អាហារ ។ ព្រោះហេតុអ្វី អ្នកដែលបាន​បួសក្នុងសាសនា​មានសភាព​បែបនេះហើយ ក៏នៅប្រព្រឹត្ត​ល្មោភអាហារ​ទៀត អ្នកចូរទៅ ហើយនៅក្នុង​ទីនោះចុះ ដូច្នេះហើយ ទ្រង់សម្ដែង​កម្មដ្ឋានដល់​ភិក្ខុនោះ ហើយប្រជុំជាតក ។ ភិក្ខុនោះ ទៅក្នុងទីនោះ កាលចម្រើន​វិបស្សនា ក៏បានសម្រេចព្រះអរហត្ត ។

តទា សក្កោ អនុរុទ្ធោ អហោសិ ស្ដេចសក្កៈក្នុងកាលនោះ បានមកជា អនុរុទ្ធ

សុវរាជា បន អហមេវ អហោសឹ ចំណែកស្ដេចសេក គឺ តថាគត នេះឯង ។

ចប់ មហាសុវរាជ ៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក នវកនិបាត បិដកលេខ ៥៩ ទំព័រ ១៣៩)

ថ្ងៃអង្គារ ១០ កើត ខែវិសាខ ឆ្នាំច សំរិទ្ធិស័ក ច.ល. ១៣៨០

ថ្ងៃទី ២៤ ខែមេសា ព.ស. ២៥៦១ គ.ស.២០១៨

ប្រែដោយ ស.ដ.វ.ថ.