សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មហាសុតសោមជាតក

បុព្វហេតុនៃជាតក

ព្រះសាស្ដា កាលស្ដេចគង់នៅក្នុង​វត្តជេតវនមហាវិហារ ទ្រង់ប្រារព្ធការ​ទូន្មានដល់​ព្រះអង្គុលិមាល​ត្ថេរ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា កស្មា តុវំ រសក ឯទិសានិ  ដូច្នេះ ។

ការបព្វជ្ជា និងឧបសម្បទា​របស់ព្រះអង្គុលិមាល​ត្ថេរនោះ អ្នកសិក្សា​គប្បីជ្រាប​យ៉ាងពិស្ដារ​តាមន័យ​ដែលព្រះអដ្ឋកថាចារ្យ​ពោលទុកហើយ​ ក្នុងអដ្ឋកថា​អង្គុលិមាលសូត្រ​នោះចុះ ។

ក្នុងជាតកនេះ នឹងពោលចាប់ពី​ព្រះអង្គុលិមាលត្ថេរ​នោះ បានធ្វើសេចក្ដី​សួស្ដីដល់ស្ត្រី​មានគភ៌​ដោយពាក្យ​សត្យប៉ុណ្ណោះ តាំងតែ​អំពីពេល​នោះមក ក៏បាន​អាហារយ៉ាងស្រួល ហើយ​ចម្រើនវិវេក ក្នុងកាលជាបន្តបន្ទាប់​មក ក៏បានបន្លុះ​ព្រះអរហត្ត​សម្រេចជា​ព្រះអរហន្ត មានឈ្មោះ​ប្រាកដរាប់​ចូលក្នុង (ប្រភេទ) នៃ​ព្រះមហាសាវក ៨០ អង្គ ។

ក្នុងកាលនោះ ភិក្ខុទាំងឡាយសន្ទនាគ្នា​ក្នុងរោងធម្មសភាថា ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ គួរអស្ចារ្យណាស់ ឱហ៎្ន ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ព្រះអង្គុលិមាល ដែលជា​មហាចោរ មានដៃប្រឡាក់​ដោយលោហិត ដ៏កាច​សាហាវ មានសភាពដូច្នេះ ដោយមិន​ត្រូវប្រើ​ដំបង និងសត្រា ធ្វើឲ្យអស់​យសបាន ទ្រង់ធ្វើកិច្ច​ដែលគេធ្វើ​បានដោយកម្រ ធម្មតាថា ព្រះពុទ្ធ​ទាំងឡាយ រមែងជាអ្នក​ធ្វើកិច្ចដែល​គេធ្វើបាន​ដោយក្រ គួរអស្ចារ្យណាស់ ។

ព្រះសាស្ដាប្រថាប់នៅ​ក្នុងព្រះគន្ធកុដិ ទ្រង់បាន​ស្ដាប់ពាក្យរបស់ភិក្ខុ​ទាំងនោះ ដោយ​ព្រះសោតទិព្វថ្លៃ ទ្រង់បានជ្រាបថា ក្នុងថ្ងៃនេះ ដំណើរទៅរបស់​យើងនឹង​មានឧបការៈច្រើន ព្រះធម្មទេសនាដ៏ធំ នឹងបានប្រព្រឹត្តទៅ ដូច្នេះហើយ ទើបស្ដេច​ចេញចាក​ព្រះគន្ធកុដិ យាងទៅកាន់​សាលាធម្មសភា​ដោយព្រះពុទ្ធលីលា ដែលប្រៀប​មិនបាន ទ្រង់ប្រថាប់​លើអាសនៈ​ដ៏ប្រសើរ ដែលពួកភិក្ខុ​បានចាត់ចែងថ្វាយ ហើយត្រាស់​សួរថា ​ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវពួកអ្នក​សន្ទនាគ្នា​អំពីរឿងអ្វី ? កាលពួកភិក្ខុទាំងនោះ ក្រាបទូល​ឲ្យទ្រង់​ជ្រាបហើយ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត បានបន្លុះ​បរមាភិសម្ពោធិញ្ញាណ ទូន្មានអង្គុលិមាល​បាន ក្នុងពេលនេះ មិនគួរ​អស្ចារ្យឡើយ កាលតថាគត​នៅបំពេញ​បុព្វចរិយា​ សូម្បីតាំងតែ​ញាណមិនទាន់​ចាស់ក្លា ក៏ទូន្មាន​អង្គុលិមាល​នេះបាន ត្រាស់ដូច្នេះ​ហើយ ព្រះអង្គ​ទ្រង់តុណ្ហីភាព កាលភិក្ខុទាំងឡាយ ក្រាបទូល​អារាធនា ទើបទ្រង់​នាំអតីតនិទាន មកសម្ដែងដូចតទៅ

អតីតនិទាន

ក្នុងអតីតកាល ព្រះរាជាព្រះនាមកោរព្យៈ សោយរាជសម្បត្តិ​ដោយធម៌​ក្នុងនគរ​ឥន្ទបត្ត ក្នុងដែនកុរុ ។ ក្នុងកាលនោះ ព្រះពោធិសត្វរបស់យើង​ទាំងឡាយ ស្ដេចកើតក្នុង​គភ៌របស់​ព្រះអគ្គមហេសី​នៃព្រះរាជាកោរព្យៈ​នោះ ក៏ព្រោះ​ព្រះរាជកុមារ​នោះ មានព្រះភក្ត្រ​ដូចដួង​ព្រះចន្ទ្រ មាននិស្ស័យ​ចូលចិត្តសិក្សា ជនទាំងឡាយ ទើបនាំគ្នាហៅ​ព្រះអង្គថា សុតសោម ។ ព្រះរាជាទ្រង់ឃើញព្រះកុមារនោះចម្រើនវ័យហើយ ទើបព្រះរាជ​ទានដុំមាស​ដែលមានតម្លៃ ១ ពាន់ បញ្ជូនឲ្យទៅកាន់​ក្រុងតក្កសិលា​ ដើម្បីសិក្សា​សិល្បសាស្ត្រ ក្នុងសំណាក់​អាចារ្យ ទិសាបាមោក្ខ ។ សុតសោម​ទទួលទ្រព្យ​ដែលជាចំណែក​អាចារ្យហើយ ស្ដេចយាងចេញ​ទៅក៏បានដល់ផ្លូវមួយ ។ ក្នុងពេលនោះ សូម្បីព្រហ្មទត្តកុមារ​ដែលជាឱរស​របស់ព្រះបាទ​កាសិរាជ ក្នុងនគរពារាណសី ព្រះបិតាក៏ត្រាស់យ៉ាងនោះដូចគ្នា ទ្រង់ក៏យាងចេញ​ទៅហើយ បានដល់ផ្លូវនោះដែរ ។ លំដាប់នោះ សុតសោមកុមារ​ដើរផ្លូវ​ទៅដល់​ហើយ ទើបអង្គុយ​សម្រាកលើ​ផែនក្ដារ ក្នុងសាលាជិតទ្វារនគរ ។ សូម្បីព្រហ្មទត្តកុមារ​ទៅដល់ហើយ ក៏អង្គុយ​លើផែនក្ដារ​ដូចគ្នា​ជាមួយនឹង​សុតសោមកុមារ​នោះ ។ ពេលនោះ សុតសោមធ្វើ​បដិសណ្ឋារៈហើយ សួរព្រហ្មទត្តកុមារនោះថា ​ម្នាល​សម្លាញ់ អ្នកដើរផ្លូវ​មកដោយលំបាក តើអ្នកមកអំពីទីណា ?

ព្រហ្មទត្តកុមារឆ្លើយថា ខ្ញុំមកអំពីក្រុងពារាណសី ។

សុតសោមកុមារសួរទៀតថា អ្នកជាបុត្ររបស់អ្នកណា ?

ព្រហ្មទត្តកុមារឆ្លើយថា ខ្ញុំជាបុត្ររបស់ព្រះរាជាដែនកាសី ។

សុតសោមកុមារសួរបន្តថា អ្នកមានឈ្មោះអ្វី ?

ព្រហ្មទត្តកុមារឆ្លើយថា ខ្ញុំឈ្មោះព្រហ្មទត្តកុមារ ។

សុតសោមកុមារសួរបន្តទៀតថា អ្នកមកទីនេះព្រោះហេតុអ្វី ?

ព្រហ្មទត្តកុមារឆ្លើយថា ខ្ញុំមកទីនេះដើម្បីសិក្សាសិល្បសាស្ត្រ ហើយ​ព្រហ្មទត្តកុមារ​នោះ ក៏បាន​សួរ​សុតសោមកុមារ​ដោយន័យ​ដូចគ្នា​ថា សូម្បីអ្នក​ដើរ​ផ្លូវមក​​ដោយ​​លំបាក តើអ្នកមកអំពីទីណា ?

សុតសោមកុមារក៏ប្រាប់សេចក្ដីទាំងអស់ដល់ព្រហ្មទត្តកុមារដូចគ្នា ហើយរាជកុមារទាំងពីរ ទើបនិយាយនឹងគ្នាថា យើងទាំងពីរ​ជាក្សត្រចូរ​ទៅសិក្សា​សិល្បសាស្ត្រ​ក្នុងសំណាក់   អាចារ្យតែម្នាក់ចុះ ។ ការធ្វើមិត្តភាពដល់គ្នានឹងគ្នាហើយ ទើបចូលទៅកាន់នគរ ទៅរកត្រកូលអាចារ្យ ថ្វាយបង្គំ​ហើយ​សម្ដែង​ជាតិរបស់​ខ្លួន ថ្លែងសេចក្ដីដែលខ្លួងទាំងពីរ មកដើម្បីនឹងសិក្សាសិល្បសាស្ត្រ ។ អាចារ្យទើបទទួលថា ល្អហើយ រាជកុមារ​ទាំងពីរទើប​ប្រគល់ទ្រព្យ​ដែលជាតម្លៃ​ការសិក្សា​ដល់អាចារ្យ ហើយ​ត្រេកអរ​នឹងការ​សិក្សា​សិល្បសាស្ត្រ ។

ក្នុងគ្រានោះ មិនមែនមានតែរាជបុត្រទាំងពីរអង្គនោះប៉ុណ្ណោះ សូម្បីរាជបុត្រដទៃៗ ក្នុងជម្ពូទ្វីបប្រមាណ ១០១ អង្គ ក៏សិក្សាសិល្បសាស្ត្រ​នៅក្នុង​សំណាក់​អាចារ្យនោះ។ សុតសោមកុមារ បានជា​អន្តេវាសិក​ច្បង​លើរាជបុត្រ​ទាំងនោះ ខិតខំ​សិក្សា​សិល្បសាស្ត្រ មិនយូរ​ប៉ុន្មាន​ក៏បានសម្រេច ។ សុតសោមកុមារ មិន​​បាន​ទៅ​កាន់​សំណាក់​របស់​រាជកុមារ​ដទៃ ទៅរក​តែ​ព្រហ្មទត្តកុមារ​តែ​ប៉ុណ្ណោះ ដោយគិតថា កុមារនេះ​ជាសម្លាញ់ យើងនឹង​ជាគ្រូខាង​ក្រោយ​របស់​ព្រហ្មទត្តកុមារ​នោះ ញ៉ាំងព្រហ្មទត្តកុមារ​ឲ្យសិក្សា​នូវសិប្បៈ ។ សិប្បៈសូម្បី​របស់រាជ​កុមារដទៃក៏បានបញ្ចប់ដោយលំដាប់ ។ រាជកុមារទាំងនោះ ឲ្យគ្រឿងបណ្ណាការ  ថ្វាយ​បង្គំអាចារ្យ​ហើយ ឡោមព័ទ្ធសុតសោមចេញដើរផ្លូវទៅ ។ លំដាប់នោះ សុតសោមទើបឈប់សម្រាកនៅរវាងផ្លូវដែលបែកពីគ្នា កាលនឹងប្រាប់​ឲ្យរាជបុត្រ​ទាំងនោះ​ត្រឡប់​ទើបពោលថា អ្នកទាំងឡាយសម្ដែងសិប្បៈដល់ព្រះមាតាព្រះបិតារបស់ខ្លួនហើយ នឹងតាំង​នៅក្នុង​រាជសម្បត្តិ គ្រាតាំង​នៅក្នុង​រាជសម្បត្តិ​ហើយ គប្បីធ្វើ​​តាមឱវាទ​របស់យើង ។

រាជកុមារទាំងឡាយនោះសួរថា បពិត្រលោកអាចារ្យ ត្រូវធ្វើយ៉ាងណា ?

សុតសោមប្រាប់ថា អ្នកទាំងឡាយចូររក្សាឧបោសថគ្រប់ៗកន្លះខែ កុំធ្វើការបៀតបៀន ។

រាជកុមារទាំងនោះ ទទួលពាក្យថា ល្អ ។

សូម្បីព្រះពោធិសត្វបានធ្វើហើយនូវអង្គវិជ្ជា (វិជ្ជាមើលអង្គាវយវៈ) ក៏បានជ្រាបថា ក្នុងកាលអនាគត មហាភ័យ​នឹងកើត​ឡើងក្នុង​នគរ​ពារាណសី ដោយ​អាស្រ័យ​ព្រហ្មទត្តកុមារ​នេះ ទើបបាន​ឲ្យឱវាទ​ដល់រាជ​កុមារទាំង​នោះហើយ ទើបទ្រង់​បញ្ជាឲ្យត្រឡប់ទៅ ។

រាជបុត្រទាំងនោះគ្រប់ៗព្រះអង្គទៅដល់ជនបទរបស់ខ្លួនៗហើយសម្ដែងសិល្បសាស្ត្រ ដល់ព្រះមាតាបិតា​របស់​ខ្លួនហើយ បានតាំងនៅក្នុង​រាជ​សម្បត្តិហើយ​ នាំគ្នាបញ្ជូន​រាជាសារ​ព្រមទាំង​គ្រឿងបណ្ណាការ ដើម្បីឲ្យ​ជ្រាបសេចក្ដី​ដែលខ្លួន​តាំងនៅ​ក្នុង​រាជសម្បត្តិ​ហើយ និងការប្រព្រឹត្ត​នៅក្នុង​ឱវាទផង ព្រះមហាសត្វ​​បានទទួល​ដំណឹងនោះ ហើយ​ទ្រង់ឆ្លើយ​តបទៅ​វិញថា អប្បមត្តាវ ហោថ អ្នកទាំងឡាយ ចូរជា​អ្នក​មិនប្រមាទ ។

ក្នុងបណ្ដាព្រះរាជាទាំងនោះ ព្រះបាទពារាណសី វៀរមំសៈ (សាច់) ចេញហើយសោយអាហារមិនបាន ។ សូម្បីក្នុងថ្ងៃឧបោសថ ព្រះរាជាក៏ញ៉ាំង​គេឲ្យកាន់​យកនូវមំសៈ ហើយតម្កល់ទុក (សម្រាប់សោយដែរ) ។ ក្នុងថ្ងៃមួយ សាច់ដែលរក្សាទុកយ៉ាងនោះ ត្រូវ​​កោលេយ្យកសុនខ​ក្នុងរាជវាំង​ស៊ីអស់ ដោយ​ការធ្វេស​ប្រហែស​របស់អ្នក​ចម្អិនភត្ត ។ អ្នកចម្អិនភត្ត​មិនឃើញ​នូវសាច់​នោះ ទើបកាន់​យក​កហាបណៈ​មួយក្ដាប់ ត្រាច់ទៅ ក៏មិនបាន​អាចដើម្បី​នឹងរកសាច់​បាន ទើបគិតថា បើយើងនឹង​តាំងគ្រឿង​សោយមិន​មានសាច់ យើងនឹង​មិនមានជីវិត តើយើង​គួរនឹងធ្វើ​ដូចម្ដេចហ៎្ន ? គ្រានឹក​ឃើញឧបាយ​មួយហើយ បានទៅកាន់​ព្រៃស្មសាន​ក្នុងវេលាវិកាល នាំមកនូវ​សាច់ភ្លៅ​របស់បុរស​ម្នាក់ដែល​ទើបតែ​នឹងស្លាប់ថ្មីៗ ហើយបាន​ចម្អិនឲ្យឆ្អិនល្អ បង្អោន​ចូលទៅ​នូវភត្ត (មួយអន្លើ​ដោយសាច់​នោះថ្វាយ​ព្រះរាជា) ។ ដុំសាច់ត្រឹមតែ​តម្កល់ហើយ​លើចុង​អណ្ដាត​របស់ព្រះរាជា​ប៉ុណ្ណោះ ដុំសាច់នោះ ក៏ផ្សាយ​ទៅកាន់​សរសៃប្រសាទ​ដែលសម្រាប់​ទទួលរស​ទាំង ៧ ពាន់ ហើយឲ្យបាន​ញ៉ាំងសរីរៈ​ទាំងពួង​ឲ្យកម្រើក ហើយ​ក៏ឋិតនៅ ។  មាន​ពាក្យសួរថា ព្រោះហេត្វអ្វី បានជាអីចឹង ? ឆ្លើយថា ព្រោះភាព​ជាអ្នកធ្លាប់​សោយ​មកហើយ​ក្នុងកាល​មុននោះឯង ។ បានឮមកថា ក្នុងអត្តភាព​ជាលំដាប់​អំពីអតីតជាតិ​នោះ ព្រះរាជា​ព្រហ្មទត្តនោះ បានកើត​ជាយក្ស ធ្លាប់បរិភោគ​សាច់មនុស្ស​ជាច្រើន ព្រោះហេតុនោះ សាច់មនុស្ស​ ទើបជាវត្ថុជា​ទីពេញចិត្ត​​របស់ព្រះរាជា​នោះ ។ ព្រះរាជានោះគិតថា បើយើងនឹងអង្គុយ​នៅស្ងៀម​ហើយ​បរិភោគ អ្នកចម្អិន​ភត្តនេះ នឹងមិនប្រាប់​សាច់ប្រភេទ​នោះដល់​យើង ទើប (ក្លែងស្ដោះ) ញ៉ាំង​សាច់នោះ ឲ្យធ្លាក់​ចុះលើផ្ទៃដី មួយអន្លើ​ដោយទឹកមាត់ ។ កាលអ្នក​ចម្អិនភត្ត​ក្រាប​ទូលថា បពិត្រ​ព្រះសម្មតិទេព មំសៈនេះ មិនមាន​ទោសឡើយ សូមព្រះអង្គ​យាងសោយចុះ ទើបទ្រង់​បញ្ជាឲ្យរាជ​សេវកៈ ចេញទៅហើយ បានត្រាស់​សួរអ្នក​ចម្អិនភត្ត​ថា យើងក៏ដឹងថា សាច់នេះ​មិនមាន​ទោសដែរ តើសាច់នេះ មានឈ្មោះអ្វី ? អ្នក​ចម្អិនភត្តឆ្លើយថា បពិត្រ​ព្រះសម្មតិទេព សាច់នេះឯង ដែលទ្រង់​សោយហើយ​ក្នុងថ្ងៃ​ទាំងឡាយ​មុនៗនោះ ។ ព្រះរាជាសួរថា មិនដូច្នោះឬ រសបែបនេះ មិនមាន​ក្នុងកាល​ដទៃនោះ ។ អ្នកចម្អិន​ភត្តទូលថា បពិត្រ​ព្រះសម្មតិទេព ថ្ងៃនេះ ខ្ញុំព្រះអង្គ​បានចម្អិន​យ៉ាងល្អ ។ ព្រះរាជាត្រាស់ថា មិនដូច្នោះឬ អ្នកក៏ចម្អិន​ឲ្យមានរស​យ៉ាងនោះ​សូម្បីក្នុងកាលមុន ។ លំដាប់នោះ ព្រះរាជាដឹង​នូវការនៅ​ស្ងៀមរបស់​អ្នកចម្អិន​ភត្តនោះ ហើយក៏ត្រាស់ថា អ្នកចូរពោល​នូវពាក្យពិត បើអ្នកមិន​ពោលទេ ជីវិតរបស់​អ្នកនឹង​មិនមាន ។ អ្នកចម្អិន​ភត្តនោះ ទូលសូម​ព្រះរាជ​ទានអភ័យ ហើយ​បានពោល​តាមការពិត ។ ព្រះរាជា​ត្រាស់បញ្ជាថា អ្នកកុំនិយាយឡើង ចូរបរិភោគ​នូវសាច់ដែល​ខ្លួនធ្វើតាម​ធម្មតាចុះ ហើយចូរ​ចម្អិននូវ​សាច់មនុស្ស​ប៉ុណ្ណោះ​ដល់យើង ។ អ្នកចម្អិន​ភត្តទូលសួរថា បពិត្រ​ព្រះសម្មតិទេព មិនដូច្នោះទេ អំពើនេះ ធ្វើបាន​ដោយ​កម្រណាស់ ។ ព្រះរាជា​ត្រាស់ថា អ្នកចូរ​កុំភ័យឡើយ មិន​លំបាកទេ ។ អ្នកចម្អិន​ភត្តទូលសួរថា បពិត្រ​ព្រះសម្មតិទេព ព្រះករុណា​នឹងបាន​មកពីណា ? ព្រះរាជត្រាស់​ប្រាប់ថា មិនដូច្នោះទេ មនុស្សទាំងឡាយ​ជាច្រើន​ក្នុងពន្ធនាគារ ។

ចាប់តាំងអំពីថ្ងៃនោះមក អ្នកចម្អិនភត្តនោះ បានធ្វើយ៉ាងនោះ តាមបញ្ជារបស់ព្រះរាជា ។ ក្នុងកាលជាបន្តបន្ទាប់មក អ្នកទោសក្នុងពន្ធនាគារក៏អស់ទៅ ទើបអ្នកចម្អិនភត្តទៅទូលព្រះរាជាថា បពិត្រព្រះសម្មទេព ឥឡូវនេះ ខ្ញុំព្រះករុណានឹងត្រូវធ្វើដូចម្ដេច ? ព្រះរាជា​ត្រាស់ថា អ្នកបោះ​នូវថង់​ព្រទ្យដែល​មានតម្លៃមួយ​ពាន់ក្នុង​រវាងផ្លូវ បើមានអ្នកកាន់​យកនូវថង់​ទ្រព្យនោះ ចូរចាប់​គេដោយ​ចោទជាចោរ ហើយ​សម្លាប់គេ​នោះចុះ ។ អ្នកចម្អិន​ភត្តនោះ បានធ្វើ​តាមព្រះរាជ​បញ្ជា​យ៉ាងនោះ ។ ក្នុងកាលជា​ខាងក្រោយ​មកទៀត អ្នកចម្អិន​ភត្តនោះ មិនឃើញ​សូម្បីនូវ​ជនដែល​ក្រឡេកមើល​នូវថង់ទ្រព្យ​ដែលមាន​តម្លៃ​មួយពាន់ ព្រោះខ្លាច​រាជភ័យ ទើបគេ​ទូលព្រះរាជា​ថា បពិត្រ​ព្រះសម្មទេព ឥឡូវនេះ ខ្ញុំព្រះករុណា នឹងត្រូវ​ធ្វើដូចម្ដេច​ទៀត ? ព្រះរាជាត្រាស់ថា ក្នុងវេលា​វាយស្គរ នគរ​ រមែងកើត​ភាពច្របូក​ច្របល់ ក្នុងកាលនោះ អ្នកចូរឋិត​នៅត្រង់​ច្រកផ្ទះ ឬ តាមដងផ្លូវ ឬក៏ផ្លូវបែក​ជាបួន ហើយ​សម្លាប់​មនុស្ស​ទាំងឡាយ កាន់យក​សាច់មក ។ ចាប់តាំង​អំពីពេល​នោះមក អ្នកចម្អិន​ភត្តនោះ បានធ្វើយ៉ាងនោះ កាន់យក​នូវសាច់​ធាត់ៗហើយ​ត្រាច់ទៅ ។ សាកសព​ទាំងឡាយ បានប្រាកដ​ក្នុងទីនោះៗ ។ សំឡេង​យំសោក ខ្សឹកខ្សួល​របស់មុនស្ស​ទាំងឡាយ រមែងឮឡើងថា មាតារបស់​ខ្ញុំបាត់ហើយ បិតារបស់​ខ្ញុំបាត់ហើយ បងប្អូនប្រុស បងប្អូនស្រីរបស់ខ្ញុំបាត់ហើយ ។

អ្នកនគរទាំងឡាយភ័យខ្លាចហើយបានប្រឹក្សាគ្នាថា មនុស្សទាំងនោះ ត្រូវរាជសីហ៍បរិភោគ ឬត្រូវខ្លាស៊ី ឬត្រូវយក្សស៊ី កាលពិនិត្យមើលក៏ឃើញនូវមុខការប្រហារ ទើបសន្និដ្ឋានថា ចោរស៊ីសាច់មនុស្សម្នាក់ស៊ីនូវមនុស្សទាំងនេះ ។

មហាជនទើបប្រជុំគ្នាត្រង់ព្រះលានហ្លួង ព្រះរាជាត្រាស់សួរអ្នកបម្រើថា នែអ្នក អ្វីហ្នឹង ? អ្នកបម្រើទូលថា បពិត្រព្រះសម្មតិទេព ក្នុងនគរនេះមានចោរស៊ីសាច់មនុស្ស សូមព្រះអង្គទ្រង់បញ្ជាឲ្យចាប់ចោរស៊ីសាច់មនុស្សនោះ ។ ព្រះរាជាត្រាស់ថា យើងនឹង​ដឹងនូវ​ចោរនោះ​យ៉ាងណា ? យើងសូម​កាលរក្សា​នូវនគរ​នឹងត្រាច់​ទៅដោយ​វិធីណា ។

មហាជនប្រឹក្សាគ្នាថា ព្រះរាជាទ្រង់មិនទទួលធុរៈរក្សានគរ ព្រោះហេតុនោះ ពួកយើងនាំគ្នា​ទៅ​ប្រាប់​ដល់​កាឡហត្ថីសេនាបតី​ចុះ ទើបនាំគ្នា​ទៅប្រាប់​ដំណឹង​នោះ ដល់​សេនាបតីថា គួរដើម្បី​នឹងចាប់​ចោរនោះ ។ សេនាបតី​នោះពោលថា ល្អហើយ អ្នកទាំងអស់គ្នា ចូរមក​ក្នុងថ្ងៃទី ៧ ចុះ ខ្ញុំស្វែង​រកចាប់ នឹង​សម្ដែង​នូវចោរ​នោះ  ហើយបញ្ជូន​មហាជន​ឲ្យត្រឡប់​ទៅវិញ ។ លោកសេនាបតី ក៏បញ្ជានូវពួក​បុរសថា ម្នាលអ្នកទាំងឡាយ បានឮមកថា មានចោរស៊ីសាច់​មនុស្ស​ក្នុងព្រះនគរ អ្នកទាំងឡាយ ចូរពួន​សម្ងំក្នុង​ទីនោះៗ ហើយចាប់​នូវចោរនោះ ។ ពួកបុរស​ទាំងឡាយនោះ ទទួលថា ល្អ ចាប់តាំង​អំពីនោះមក ពួកគេតែង​ឃ្លាំមើល​នូវព្រះនគរ ។  សូម្បីអ្នក​ចម្អិនភត្ត​ លបឈរ​អែបច្រកផ្ទះ​របស់ស្ត្រីម្នាក់​ ហើយសម្លាប់ស្ត្រីនោះ កាត់យក​នូវសាច់​ជាដុំៗ ហើយប្រារព្ធ​ដើម្បីបំពេញ​នូវកំប្រោង ។ លំដាប់នោះ បុរសទាំងឡាយ ចាប់នូវអ្នក​ចម្អិនភត្ត​នោះ វាយហើយ ចាប់ចង​ឲ្យមានដៃ​ទៅខាងក្រោយ ហើយធ្វើ​នូវសំឡេង​ដ៏ខ្លាំងថា  គហិតោ មនុស្សខាទកោ ចោរោ ចោរស៊ីសាច់​មនុស្ស​ត្រូវចាប់​បានហើយ ។ មហាជន​នាំគ្នាមក​ចោមរោម​នូវចោរនោះ ។ ខណៈបុរស​ទាំងឡាយ ចងនូវចោរ​នោះ​យ៉ាងមាំ ចងកំប្រោង​សាច់ឲ្យ​ជាប់នឹង​ករបស់ចោរ នាំយកទៅ​បង្ហាញ​ដល់សេនាបតី ។ សេនាបតី បានឃើញ​ចោរនោះ​ហើយគិតថា មនុស្សនេះ ស៊ីសាច់នេះ​ខ្លួនឯង ឬក៏យក​ទៅលាយ​ជាមួយ​សាច់ដទៃ ហើយយក​ទៅលក់ ឬក៏ថា សម្លាប់តាម​ពាក្យរបស់​អ្នកដទៃ កាលសួរ​នូវសេចក្ដីនោះ ទើបបាន​នូវគាថាជាដំបូងថា

ម្នាលរសកៈ (នាយគ្រួឬចុងភៅ) ព្រោះហេតុអ្វី អ្នកធ្វើនូវអំពើដ៏លាមកក្រៃលែង ប្រាកដដូច្នេះ អ្នកជាបុគ្គលវង្វេង សម្លាប់ពួកស្រីនិងប្រុស ព្រោះហេតុសាច់ ឬព្រោះហេតុទ្រព្យ ?

ក្នុងគាថានោះ លោកសេនាបតីហៅអ្នកចម្អិនភត្តថា រសកៈ ។ តទៅនេះ បណ្ឌិតគប្បីជ្រាបសេចក្ដីដែលតភ្ជាប់ដ៏ងាយស្រួល តាមព្រះបាលី (ពុទ្ធវចនៈក្នុងព្រះត្រៃបិដក) ដែលជាពាក្យសួរ និងពាក្យឆ្លើយតែម៉្យាងចុះ

(នាយចុងភៅជម្រាបថា) ខ្ញុំសម្លាប់ មិនមែនព្រោះហេតុខ្លួនឯង មិនមែនព្រោះហេតុទ្រព្យ មិនមែនព្រោះហេតុកូនប្រពន្ធ ឬសម្លាញ់និងញាតិទេ បពិត្រលោកដ៏ចម្រើនព្រោះថា ព្រះភូមិបាល (អ្នករក្សាផែនដីគឺព្រះរាជា) អ្នកមានបុណ្យជាម្ចាស់នៃខ្ញុំ ទ្រង់សោយនូវសាច់ប្រាកដដូច្នេះ

(សេនាបតីពោលថា) បើអ្នកឯងខ្វល់ខ្វាយ ក្នុងកិច្ចរបស់ព្រះរាជាជាម្ចាស់ ហើយធ្វើនូវអំពើដ៏លាមកក្រៃលែង អ្នកឯងលុះព្រឹកឡើង ចូលទៅខាងក្នុងព្រះរាជវាំង ហើយគប្បីនិយាយនូវដំណើរនោះប្រាប់ខ្ញុំ ក្នុងទីចំពោះព្រះភក្រ្តនៃព្រះរាជា

(នាយចុងភៅពោលថា) បពិត្រសេនាបតីឈ្មោះកាឡហត្ថីដ៏ចម្រើន លោកនិយាយយ៉ាងណា ខ្ញុំនឹងធ្វើយ៉ាងនោះ ព្រឹកឡើងខ្ញុំនឹងចូលទៅខាងក្នុងព្រះរាជវាំង ហើយថ្លែងសេចក្តីនោះ ជម្រាបលោកក្នុងទីចំពោះព្រះភក្រ្តនៃព្រះរាជា

ពាក្យថា ភគវា ក្នុងគាថានោះ ជាពាក្យសម្ដែងដល់សេចក្ដីគោរព ។ បទថា សចេ   តុវំ នេះ លោកសេនាបតីត្រូវការដើម្បីនឹងដឹងពាក្យដែលនាយចុងភៅនោះពោលពិត ឬមិនពិតព្រោះខ្លាចស្លាប់ បានពោលយ៉ាងនេះ ។ បទថា សុទារុណានិ ក្នុងគាថានោះ បានដល់ កម្មទាំងឡាយគឺមនុស្សឃាត ។ បទថា សម្មុខេ តំ សេចក្ដីថា អ្នកចូរទៅឈរក្នុងទីចំពោះព្រះភក្ត្ររបស់ព្រះរាជាហើយគប្បីពោលយ៉ាងនេះ នាយចុងភៅនោះ កាល​ទទួលពាក្យ​ ទើបពោល​គាថា​ដោយប្រការ​ដូច្នេះ ។

លំដាប់នោះ លោកសេនាបតីទើបបញ្ជាបុរសទាំងឡាយចាប់ចងនាយចុងភៅឲ្យមាំ កាលរាត្រីកន្លងទៅហើយ ទើបប្រឹក្សា​ជាមួយ​នឹងពួក​អាមាត្យ និងអ្នកនគរ កាលរួមឆន្ទៈ​គ្នាទាំងអស់​ហើយ ដាក់ការរក្សា​ក្នុងទីគ្រប់កន្លែង ធ្វើនគរឲ្យនៅក្នុងហត្ថគត (កណ្ដាប់ដៃ) ចងកំប្រោង​សាច់នៅនឹង​ករបស់នាយ​ចុងភៅ ហើយនាំ​ទៅកាន់រាជនិវេសន៍ ។ សំឡេងស្រែក​    កញ្រ្ចៀវ​បានមានឡើងទូទាំងនគរ ។ ក្នុងថ្ងៃម្សិលមិញ ព្រះរាជាព្រហ្មទត្តសោយភោជនពេលព្រឹកហើយ នៅមិនបាន​សាច់ក្នុង​វេលា​អាហារពេលល្ងាច ទើបប្រថាប់អង្គុយទន្ទឹងរងចាំដោយព្រះទ័យថា នាយចុងភៅនឹងមកក្នុងកាលឥឡូវនេះ នាយចុងភៅ​នឹងមកក្នុង​កាល​ឥឡូវនេះ ដូច្នេះ ឲ្យរាត្រីនោះកន្លងទៅ សូម្បីថ្ងៃនេះ នាយចុងភៅនៅតែមិនមក ។ គ្រានោះ សំឡេងដ៏ខ្លាំងរបស់អ្នកនគរទាំងឡាយក៏លាន់ឮឡើង ទើប​ទ្រង់គិតថា មានរឿងអ្វីហ៎្ន ? កាលព្រះអង្គទតមើលតាមវាតបាន (ចន្លោះប្រហោងជាទីផឹកនូវខ្យល់បានដល់បង្អូច) បានឃើញ​នាយចុងភៅ​ត្រូវគេនាំ​មកដោយ​អាការៈយ៉ាង​នោះ ព្រះអង្គគិតថា ហេតុនេះប្រាកដជាកើតឡើងហើយ ទ្រង់តាំងសតិយ៉ាងមាំប្រថាប់លើបល្ល័ង្កនោះឯង ។ សូម្បីកាឡហត្ថី     សេនាបតី​ចូលមកគាល់​ព្រះរាជា ។ ព្រះរាជាក៏បានត្រាស់ប្រាប់ដល់សេនាបតីនោះ ។

ព្រះសាស្ដា កាលនឹងទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ថា

គ្រានោះ កាលដែលវេលារាត្រីភ្លឺច្បាស់ ព្រះអាទិត្យរះឡើងប្រាកដ សេនាបតីឈ្មោះកាឡហត្ថី បាននាំរសកៈ ចូលទៅគាល់ព្រះរាជា លុះចូលទៅដល់ហើយ ក៏ក្រាបទូលពាក្យនេះ ចំពោះព្រះរាជាថា បពិត្រមហារាជ បានឮថា ព្រះអង្គប្រើរសកៈឲ្យទៅសម្លាប់ស្រីប្រុស ព្រះអង្គទ្រង់សោយសាច់មនុស្សមែនឬ ?

(ព្រះរាជាព្រះបាទព្រហ្មទត្តពោលថា) ម្នាលកាឡហត្ថី យើងបានប្រើរសកៈដូច្នោះមែន ហេតុអ្វី អ្នកជេរប្រទេចរសកបុរស ដែលធ្វើប្រយោជន៍ឲ្យខ្ញុំនុ៎ះ ?

ពាក្យថា កាឡ ក្នុងគាថានោះ សំដៅដល់ កាឡហត្ថីសេនាបតី ។ ព្រះរាជា ត្រូវ​​លោក​សេនាបតី​ដែលមាន​តេជះ សាកសួរ​ហើយ មិនអាច​នឹងនិយាយ​កុហក​បាន ទើបទ្រង់​ត្រាស់ថា យ៉ាងនោះ តាមសេចក្ដីពិត ។ ពាក្យថា ជាពាក្យពិតយ៉ាងនោះ ជាពាក្យវេវចនៈ​នៃពាក្យ​ខាងដើម ។ ពាក្យថា ប្រយោជន៍​របស់យើង គឺសេចក្ដី​ចម្រើន​របស់យើង ។ ពាក្យថា កាលធ្វើ គឺកំពុងធ្វើ ។ ពាក្យថា ហេតុអ្វី គឺព្រោះហេតុអ្វី ។ ពាក្យថា ជេរប្រទេច អធិប្បាយថា មិនគួរបើសោះ លោកធ្វើនូវ​កម្មអាក្រក់ លោកឈ្មោះ​កាឡហត្ថី​មិនចាប់​នូវចោរដទៃ មកចាប់នូវអ្នក​ធ្វើនូវកម្ម គឺកិរិយា​បម្រើដល់យើង កាលដឹង​នូវភ័យរបស់​សេនាបតីនោះ ទើបទ្រង់​ត្រាស់ហើយ​យ៉ាងនេះ ។

សេនាបតីស្ដាប់នូវពាក្យនោះហើយគិតថា ព្រះរាជាទ្រង់ទទួលសារភាពដោយព្រះ   ឱស្ឋរបស់ព្រះអង្គឯង ឱហ្ន ! មិនគួរ​ធ្វើដោយ​រហ័ស​សោះ មនុស្ស​ទាំងឡាយ​នេះ ដែលព្រះរាជា​នោះ បរិភោគ​ហើយ អស់កាល​ប្រមាណ​ប៉ុណ្ណេះ យើងនឹង​ហាមឃាត់ព្រះអង្គ ដូច្នេះហើយ ក៏ក្រាបទូលថា បពិត្រ​មហារាជ សូមព្រះអង្គ​កុំធ្វើយ៉ាងនេះ សូមទ្រង់​កុំសោយ​សាច់មនុស្ស ។ ព្រះរាជា​ត្រាស់តបថា ​ម្នាល​កាឡហត្ថីសេនាបតី លោកពោលអ្វី ? យើងមិន​អាចដើម្បី​នឹងវៀរ​សាច់មនុស្ស​បានទេ ។ សេនាបតីទូលថា ប្រសិនបើ​ព្រះអង្គ​នឹងមិនវៀរ​សាច់មនុស្សទេ ខ្លួនព្រះអង្គផង ប្រទេសជាតិផង នឹងវិនាស ។ ព្រះរាជា​ត្រាស់ថា សូម្បីយើង​នឹងវិនាស​ដោយអាការៈ​យ៉ាងនេះក្ដី យើងក៏មិនអាច​ដើម្បីនឹងវៀរ​សាច់មនុស្ស​នោះចេញឡើយ។  លំដាប់នោះ សេនាបតី​ប្រាថ្នានឹង​ឲ្យព្រះរាជា​ដឹងខ្លួន ទើបបាន​នាំរឿង​មកពោល​ថ្វាយដូចតទៅ ៖

អានន្ទមច្ឆរាជវត្ថុ

ក្នុងអតីតកាល មហាមច្ឆា ៦ រមែងមានក្នុងមហាសមុទ្រ ។ ក្នុងបណ្ដាមហាមច្ឆាទាំងឡាយនោះ មច្ឆាទាំងឡាយ ៣ គឺ អានន្ទ ១ តិមិនន្ទ ១ អជ្ឈារោហៈ ១ មច្ឆាទាំងនេះមានប្រវែង ៥០០ យោជន៍, និងមច្ឆាទាំងឡាយ ៣ នេះ គឺ តិមិង្គល ១ តិមិរបិង្គល ១ មហាតិមិរបិង្គល ១ មច្ឆាទាំងនេះមានប្រវែង ១០០០ យោជន៍ ។ សូម្បីមហាមច្ឆាទាំងឡាយនោះ ជាអ្នកមានបាសាណ (ថ្ម) និង សេវាល (សារាយ) ជាអាហារ ។ ក្នុងបណ្ដាមហាមច្ឆាទាំងឡាយនោះ អានន្ទមច្ឆា រមែងនៅក្នុងចំណែកមួយនៃមហាសមុទ្រ ។ មច្ឆាទាំងឡាយជាច្រើន តែងចូលមកដើម្បីនឹងទស្សនានូវអានន្ទមច្ឆានោះ, ថ្ងៃមួយមច្ឆាទាំងឡាយនោះគិតគ្នាថា ស្ដេចនៃសត្វជើងពីរ និងសត្វជើងបួន រមែងមាន, ចំណែកស្ដេចរបស់ពួកយើងមិនមាន, យើងទាំងឡាយនឹងធ្វើមច្ឆាមួយឲ្យជាស្ដេច, មច្ឆា​ទាំងពួង​បានជា​អ្នក​ឯកច្ឆន្ទ ធ្វើអានន្ទមច្ឆា​ឲ្យជាព្រះរាជា ។  ចាប់តាំងអំពីពេលនោះមក មច្ឆាទាំងនោះ តែងចូល​ទៅបម្រើ​អានន្ទមច្ឆា​ក្នុងវេលា​ល្ងាច និងពេលព្រឹក ។

លំដាប់ថ្ងៃមួយ កាលអានន្ទមច្ឆាបរិភោគនូវថ្មនិងសារាយត្រង់ភ្នំមួយ បានបរិភោគនូវមច្ឆាមួយដោយសម្គាល់ថាជាសារាយ ព្រោះមិនបានដឹង ។ កាលអានន្ទមច្ឆាបរិភោគនូវសាច់របស់ត្រីនោះ ផ្សាយទៅកាន់សរីរៈទាំងពួង ។ អានន្ទមច្ឆានោះគិតថា នេះជាអ្វីហ៎្ន បានមានរសវិសេសក្រៃលែងដូច្នេះ ទើបខ្ជាក់ចេញមក កាលពិនិត្យមើល ក៏ឃើញនូវដុំនៃសាច់ត្រីនោះ ហើយគិតថា យើងមិនបានបរិភោគនូវត្រីអស់កាលប្រមាណប៉ុណ្ណេះ ព្រោះមិនបានដឹងនូវរសដូច្នេះ យើងនឹងបរិភោគនូវត្រីមួយពីរ ក្នុងវេលាដែលត្រីទាំងឡាយមក ក្នុងពេលព្រឹក​និងពេលល្ងាច ក្នុងកាលយើងបរិភោគ បើធ្វើឲ្យប្រាកដ ត្រីសូម្បីតែមួយ នឹងមិនចូលមករកយើង ត្រីទាំងពួងនឹងរត់គេចទៅ យើងនឹងធ្វើឲ្យជាការបិទបាំង យើងនឹងចាប់ត្រីដែលឱនគោរពយើងក្រោយគេ ហើយបរិភោគ ដូច្នេះហើយ បានធ្វើហើយយ៉ាងនោះឯង ។ ត្រីទាំងឡាយដល់នូវការអស់ដោយលំដាប់ ទើបគិតគ្នាថា ភ័យកើតឡើងដល់ពួកញាតិរបស់យើងអំពីទីណាហ៎្ន ? លំដាប់នោះ ត្រីឆ្លាតមួយក្បាលគិតថា កិរិយា​របស់ស្ដេច​ត្រីអានន្ទ​មិនពេញ​ចិត្តយើង​ឡើយ យើងនឹង​ឃ្លាំមើល​នូវស្ដេច​ត្រីអានន្ទនោះ កាលត្រីទាំងឡាយ ចូលទៅ​បម្រើហើយ បានលាក់​ខ្លួនក្នុងស្លឹក​ត្រចៀក​របស់​ត្រីអានន្ទនោះ ។  ស្ដេច​ត្រីអានន្ទ​បញ្ជូនត្រី​ទាំងឡាយ​ឲ្យទៅហើយ បានបរិភោគ​នូវត្រីដែល​ទៅខាង​ក្រោយគេ ។ ត្រីដែលឆ្លាតនោះ បានឃើញ​កិរិយារបស់​ស្ដេចត្រីអានន្ទ​នោះ ហើយប្រាប់​ដល់ត្រី​ទាំងឡាយ​ដទៃ ។ ត្រីសូម្បី​ទាំងអស់​ភ័យតក់ស្លុត​ហើយ ក៏រត់គេចទៅ ។ ចាប់អំពីនោះមក ស្ដេចត្រីអានន្ទ មិនកាន់​យកនូវ​អាហារដទៃ​ឡើយ ព្រោះជាអ្នក​ជាប់ជំពាក់​ក្នុងសាច់ត្រី ។ ស្ដេចត្រីអានន្ទ ត្រូវសេចក្ដី​ឃ្លានបៀតបៀនហើយ ក៏មានកាយ​ដល់សភាព​នឿយហត់ ក៏គិតថា ត្រីទាំងឡាយ​នេះ ទៅក្នុងទីណាហ៎្ន ? កាលស្វែង​រកត្រីទាំងនោះ បានប្រទះ​ឃើញភ្នំមួយ ហើយគិតថា ប្រហែល​ជាត្រីទាំងឡាយ អាស្រ័យនៅ​នឹងភ្នំនេះ ព្រោះខ្លាចយើង ព្រោះ​ហេតុនោះ យើងនឹង​ព័ន្ធព័ទ្ធនូវភ្នំ ហើយ​ត្រួតមើល ទើបព័ន្ធព័ទ្ធនូវ​ផ្នែកទាំងពីរ​នៃភ្នំ​ដោយកន្ទុយម្ខាង ដោយក្បាលម្ខាង ។ លំដាប់នោះ ស្ដេចត្រីអានន្ទនោះ គិតទៀតថា ប្រសិនបើ ត្រីទាំងឡាយ​នៅក្នុងទីនេះ ពួកវានឹងរត់ទៅ, ស្ដេចត្រីអានន្ទ​ឃើញនូវកន្ទុយ​របស់ខ្លួន​ដែលកំពុង​ព័ន្ធព័ទ្ធភ្នំ ក៏ក្រោធ​ដោយ​សម្គាល់ថា ត្រីនេះ​បញ្ឆោត​យើង ហើយមក​អាស្រ័យ​នៅនឹងភ្នំ ទើបត្របាក់​ខាំនូវកំណាត់​កន្ទុយ​របស់ខ្លួន​ប្រមាណ ៥០ យោជន៍ យ៉ាងខ្លាំង ដោយ​សម្គាល់ថា ជាត្រីដទៃ ហើយទំពាស៊ី (ឮសូរ) មុរុមុរុ ទុក្ខវេទនា ក៏កើតឡើង ។ ត្រីទាំងឡាយ មកប្រជុំគ្នា​ដោយក្លិន​នៃលោហិត (របស់ស្ដេចត្រីអានន្ទ) ប្រជែងគ្នា​បរិភោគ​នូវត្រីអានន្ទ​រហូតដល់​ក្បាល ។ ស្ដេចត្រីអានន្ទ កាលមិនអាច​ដើម្បីនឹងត្រឡប់​ខ្លួនបានឡើយ ព្រោះភាព​ជាអ្នកមាន​សរីរៈធំ បានដល់​នូវការក្ស័យ​ជីវិតក្នុង​ទីនោះឯង ហើយសរីរសព​ ក៏ក្លាយ​ជាគំនរ​នៃឆ្អឹង ហាក់បីដូចជា គំនរភ្នំ ។ តាបស និង បរិព្វាជក​ទាំងឡាយ ដែលជាអ្នក​ត្រាច់ទៅ​ក្នុងអាកាស បានពោល​ប្រាប់ដល់​មនុស្សទាំងឡាយ ។ មនុស្សទាំងឡាយ ក្នុង​ជម្ពូទ្វីប​ទាំងអស់ ក៏បានដឹងហើយ ។

កាឡហត្ថីសេនាបតីនាំនូវរឿងនោះ មកសម្ដែង ទើបពោលថា

ត្រីឈ្មោះអានន្ទ ជាប់ចិត្តនឹងរស ស៊ីនូវពួកត្រីទាំងពួង កាលបើត្រីជាបរិវារអស់ហើយ ក៏ខាំស៊ីកន្ទុយខ្លួនឯងស្លាប់ទៅ

ព្រះអង្គជាអ្នកប្រមាទ ត្រេកអរ​​ក្នុងរសដែលគួរគោរព បើព្រះអង្គនៅជាបុគ្គលពាល មិនយល់ហេតុអ្វីតទៅយ៉ាងនេះទេ ព្រះអង្គនឹងឃ្លាត ហើយបោះបង់នូវបុត្រទាំងឡាយផង នូវពួកញាតិផង ដូចត្រីឈ្មោះអានន្ទត្រឡប់ស៊ីខ្លួនឯង

បពិត្រព្រះរាជា សូមសេចក្តីប្រាថ្នារបស់ព្រះអង្គប្រាសចេញទៅ ព្រោះទ្រង់បានសណ្តាប់នូវពាក្យនេះ សូមព្រះអង្គ​កុំសោយ​សាច់​មនុស្ស បពិត្រ​ព្រះអង្គជា​ធំ​ជាងសត្វ​ជើងពីរ សូមព្រះអង្គកុំ​ធ្វើដែននេះ​ឲ្យសោះសូន្យ ដូចត្រី​ឈ្មោះអានន្ទ ធ្វើមហាសមុទ្រ​ទាំងមូលនេះ​ឲ្យសូន្យ (ចាកត្រី)

បណ្ដាបទទាំងនោះ មានអត្ថាធិប្បាយថា បពិត្រមហារាជ ក្នុងកាលដ៏យូរលង់មកហើយ ក្នុងមហាសមុទ្រ មានមហាមច្ឆា ឈ្មោះ អានន្ទ មានប្រវែង ៥០០ យោជន៍ ជាព្រះរាជានៃមច្ឆាទាំងឡាយ នៅក្នុងផ្នែកមួយនៃមហាសមុទ្រ ។ ស្ដេចត្រីអានន្ទនោះជាសត្វជាប់ក្នុងរសរបស់ត្រីដែលមានជាតិដូចគ្នា បរិភោគត្រីទាំងឡាយដែលមានជាតិដូចគ្នា កាល​មច្ឆាបរិស័ទ​ដល់នូវ​ការអស់​ទៅ មិនចាប់​អាហារដទៃ ហើយ​ព័ន្ធព័ទ្ធនូវភ្នំ បានត្របាក់​ខាំនូវកំណាត់​កន្ទុយ​របស់ខ្លួន​ប្រមាណ ៥០ យោជន៍ ដោយសម្គាល់​ថាជាត្រីដទៃ ហើយក៏ស្លាប់ គឺដល់នូវ​សេចក្ដីស្លាប់ ឥឡូវនេះ សាកសព​ត្រីអានន្ទ បានក្លាយ​ជាគំនរឆ្អឹង មានប្រមាណ​ប៉ុនភ្នំ មានក្នុង​មហាសមុទ្រ ។ ព្រះអង្គជា​អ្នកជាប់​រសតណ្ហា ប្រមាទហើយ បានដល់​ភាពជាអ្នកប្រមាទ ត្រេកអរ​ហើយ គឺមាន​ព្រះទ័យ​ត្រេកអរ​យ៉ាងក្រៃលែង ក្នុងការ​សេពនូវ​រសរបស់​សាច់មនុស្ស បើព្រះអង្គ​នៅតែជាបុគ្គល​ពាល មានបញ្ញាអន់ថយ មិនបាន​ដឹងច្បាស់ គឺទ្រង់​មិនដឹង​សេចក្ដីទុក្ខ ដែលនឹង​កើតឡើង​ក្នុងអនាគត ព្រះអង្គនឹង​ត្រូវបោះបង់​ព្រះឱរស និងព្រះជាយា ព្រះញាតិ និងមិត្រទាំងឡាយ ។ ព្រះអង្គមិន​ត្រូវការ​អាហារដទៃ កាលត្រូវ​សេចក្ដីឃ្លាន​បៀតបៀន​ហើយ នឹងត្រាច់ទៅ​ដោយជុំវិញ​នគរទាំងមូល ពេលមិន​បានសាច់​មនុស្ស ទ្រង់នឹង​បរិភោគ​នូវសាច់ខ្លួនឯង ដូចជា ត្រីអានន្ទ បរិភោគ​នូវខ្លួនឯង​ដូច្នោះ ។ សូមឲ្យសេចក្ដី​ពេញចិត្ត​ក្នុងរស​របស់ព្រះអង្គ​វិនាសទៅ បពិត្រព្រះរាជា ព្រះអង្គ​កុំសោយ​សាច់មនុស្ស​ទៀតឡើយ បពិត្រ​មហារាជ​ដែលជា​ធំជាងមនុស្ស​មាន​ជើងពីរ ព្រះអង្គកុំធ្វើ​នគរ គឺដែនកាសី របស់​ព្រះអង្គ​ឲ្យសោះសូន្យ ដូចជា ត្រីអានន្ទធ្វើ​មហាសមុទ្រ​ឲ្យសូន្យ​ចាកត្រីទាំងឡាយ​ឡើយ ។

ព្រះបាទព្រហ្មទត្តស្ដាប់ពាក្យនោះហើយ ទើបត្រាស់ថា ម្នាលកាឡហត្ថីដ៏ចម្រើន អ្នកប៉ុណ្ណោះឬ ដែលដឹងនូវរឿងឧបមា សូម្បីយើងក៏ដឹងដែរ ដូច្នេះហើយ ទ្រង់បាននាំរឿងអំពីបុរាណនៃភាពជាអ្នកជាប់ជំពាក់ក្នុងរសនៃសាច់មនុស្ស កាលទ្រង់នឹងសម្ដែង បានត្រាស់ថា

កូនបង្កើតរបស់សុជាតក្ដុម្ពីនោះ ឈ្មោះសុជាតដោយឈ្មោះ មិនបានសាច់ព្រីងហើយស្លាប់ទៅ ព្រោះអស់សាច់ព្រីងនោះ (យ៉ាងណា)

ម្នាលកាឡហត្ថី ខ្ញុំបរិភោគនូវអាហារមានរសដ៏ឧត្តម បើមិនបានសាច់មនុស្សទេ ប្រហែលជានឹងលះបង់នូវជីវិត ក៏យ៉ាងនោះដែរ

បណ្ដាបទទាំងនោះ បទថា សុជាតោ នាម សេចក្ដីថា ម្នាលកាឡហត្ថី បុត្រជាឱរសដែលកើតអំពីខ្លួននៃក្ដុម្ពីឈ្មោះសុជាតនោះ មានឈ្មោះថា សុជាត មិនបាននូវសាច់ព្រីង ។ បទថា មតោ សេចក្ដីថា ក្នុងការអស់ទៅនៃសាច់ព្រីងនោះ បុត្ររបស់ក្ដុម្ពីនោះស្លាប់ហើយ យ៉ាងណា ខ្ញុំបរិភោគនូវសាច់មនុស្សដែលប្រសើរជាងរសដទៃ បើមិនបានបរិភោគ ប្រហែលជា គឺប្រាកដជានឹងលះបង់នូវជីវិត ក៏យ៉ាងនោះដែរ ។

សុជាតកុមារវត្ថុ

បានឮតៗមកថា ក្នុងអតីតកាលដ៏យូរលង់ណាស់មកហើយ ក្ដុម្ពីឈ្មោះសុជាតក្នុងនគរពារាណសី ឃើញឥសី ៥០០ ដែលមកអំពីព្រៃហិមពាន្ត ដើម្បីដល់​ការសេពរស​ប្រៃនិងជូរ បាននិមន្តឥសី​ទាំងនោះឲ្យនៅក្នុង​សួនឧទ្យានរបស់ខ្លួន ហើយ​ទំនុក​បម្រុង​យ៉ាងល្អ ។ ក្នុងផ្ទះ​របស់ក្ដុម្ពីនោះ តែងមាន​ភិក្ខា (ដោយ​ចាត់ចែង) ប្រមាណ ៥០០ ជានិច្ចដល់​តាបស​ទាំងឡាយនោះ ។ ចំណែកតាបស​ទាំងឡាយ​នោះ គ្រាខ្លះ ត្រាច់ទៅ​ដើម្បី​បិណ្ឌបាត​ក្នុងជនបទ បាននាំមក​នូវចំណិត​សាច់ព្រីង​ដ៏ធំហើយ​បរិភោគ ។ ក្នុងកាល​ដែលតាបស​ទាំងឡាយ​នាំនូវចំណិត​សាច់ព្រីង​មកបរិភោគ​នោះ សុជាត​គិតថា លោកម្ចាស់​ទាំងឡាយ មិនមក​អស់បីបួនថ្ងៃ​ហើយ ក្នុងថ្ងៃនេះ លោកនិមន្ត​ទៅណាហ៎្ន ? សុជាតនោះ បានញ៉ាំងនូវ​កូនឲ្យកាន់​ដៃរបស់​ខ្លួនហើយ ចូលទៅកាន់​សំណាក់​របស់តាបស​ទាំងនោះ ក្នុងវេលា​ដែលលោក​កំពុងបរិភោគ ។ ក្នុងពេលនោះ តាបសដែលជានវកៈ (អ្នកបួសថ្មី) ទាំងអស់ បានឲ្យនូវ​ទឹកខ្ពុរមាត់​ដល់តាបស​ចាស់​ទាំងឡាយ ហើយ​បរិភោគនូវ​ចំណិត​សាច់ព្រីង ។ សុជាត​ថ្វាយបង្គំ​តាបស រួចហើយ​ក៏អង្គុយចុះ សួរថា បពិត្រលោក​ម្ចាស់ដ៏ចម្រើន លោកម្ចាស់​ទាំងឡាយ​ឆាន់អ្វី ? ពួកតាបស​ឆ្លើយថា ម្នាលអ្នក​មានអាយុ យើងឆាន់​សាច់ព្រីងធំ ។ កុមារជាកូន​បានស្ដាប់​ពាក្យនោះហើយ ក៏ញ៉ាំង​សេចក្ដីប្រាថ្នា​ឲ្យកើតឡើង ។ លំដាប់នោះ តាបស​ដែលជាធំនៃគណៈ បានញ៉ាំង​នូវចំណែក​បន្តិចឲ្យ​ដល់កុមារនោះ ។ កុមារនោះ ទំពានូវ​សាច់ព្រីងនោះ ហើយបាន​ជាប់នូវរសដ៏ឆ្ងាញ់ ទទូច​សូមរឿយៗថា លោកឪពុក ចូរឲ្យសាច់​ព្រីងដល់ខ្ញុំ ។ ក្ដុម្ពី កាលកំពុង​ស្ដាប់ធម៌ ពោលលួង​លោមកូនថា ម្នាលកូន ចូរកូនកុំយំអី កាលទៅដល់ផ្ទះ កូននឹង​បានបរិភោគ គាត់គិតថា លោកម្ចាស់​ទាំងឡាយ គប្បីធុញទ្រាន់​ដោយអាស្រ័យ​កូននេះ កាលលួង​លោមកូន មិនបានពោល​លានូវពួកឥសី បានទៅកាន់ផ្ទះ ។ ចាប់តាំង​អំពីទៅ​ដល់ផ្ទះហើយ កូនរបស់​ក្ដុម្ពីក៏យំទារថា លោកឪពុក​ចូរឲ្យសាច់ព្រីង​ដល់ខ្ញុំ ។ ក្ដុម្ពីសុជាត​បានទៅឧទ្យាន​ដោយគិតថា យើងនឹង​សូមអំពី​ឥសីទាំងឡាយ ។ សូម្បីឥសី​ទាំងឡាយនោះ ក៏បានចេញ​ទៅព្រៃហិមពាន្ត ដោយគិតថា ពួកយើង​នៅក្នុងទីនេះ​យូរហើយ ។ ពេលសុជាត​ទៅដល់ឧទ្យាន កាលមិនឃើញ​ឥសីទាំងឡាយ​ក្នុងអារាម ក៏ត្រឡប់មកវិញ ហើយឲ្យសាច់ព្រីង សាច់ស្វាយ សាច់ខ្នុរ និងចេកជាដើម ដែលផ្សំដោយ​ទឹកឃ្មុំនិងស្ករ ដល់កូននោះ ។ ចំណិតសាច់​ផ្លែទាំងនោះ គ្រាន់តែដាក់​លើចុងអណ្ដាត​របស់កូននោះ ក៏មានសភាព​ដូចជាថ្នាំ​ពិសដ៏ខ្លាំងក្លា ។ កូននោះ​ជាអ្នកមិន​បរិភោគ​អាហារអស់ ៧ ថ្ងៃ ហើយក៏ដល់​នូវការក្ស័យ​ជីវិតទៅ ។ ព្រះបាទ​ព្រហ្មទត្ត បាននាំមក​នូវរឿងនេះ កាលទ្រង់សម្ដែង បានពោល​យ៉ាងនេះថា ម្នាលកាឡហត្ថី យើង​សោយអាហារ​ដែលមាន​រសឆ្ងាញ់ បើមិនបាន​សាច់មនុស្ស ប្រហែលជា​នឹងត្រូវ​ស្លាប់ដូចកូន​របស់សុជាត​នោះឯង ។

លំដាប់នោះ កាឡហត្ថីសេនាបតីគិតថា ព្រះរាជានេះជាអ្នកជាប់ក្នុងរសយ៉ាងខ្លាំង យើងនឹងនាំឧទាហរណ៍ទាំងឡាយដទៃៗ មកសម្ដែងដល់ព្រះរាជានេះទៀត ហើយទូលថា បពិត្រមហារាជ សូមព្រះអង្គចូរវៀរចុះ ។ ព្រះរាជាត្រាស់ថា យើងមិនអាចដើម្បីនឹងវៀរទេ។ សេនាបតីទូលថា បពិត្រទេវៈ ប្រសិនបើព្រះអង្គមិនវៀរទេ ព្រះអង្គនឹងសាបសូន្យចាកព្រះញាតិវង្សទាំងឡាយផង និងសិរីរាជសម្បត្តិផង ហើយបានសម្ដែងរឿងដូចតទៅ ៖

អតិមត្តមាណវវត្ថុ

បពិត្រមហារាជ ក្នុងអតីតកាល ក្នុងនគរពារាណសីនេះ មានត្រកូលសេដ្ឋីរក្សាសីល ៥ មួយ ។ ត្រកូលនោះមានកូនមួយ ។ មាណពនោះជាទីស្រឡាញ់ជាទីពេញចិត្តរបស់មាតាបិតា ហើយជាអ្នកចេះដឹង ឈ្លាសវៃ បានដល់ត្រើយនៃវេទទាំង ៣ ។ មាណពនោះតែងត្រាច់ទៅជាក្រុមមួយអន្លើដោយក្មេងៗកម្លោះទាំងឡាយដែលមានវ័យប្រហាក់ប្រហែលគ្នា ។ ក្មេងៗ​ទាំងឡាយ​ដ៏សេស កាល​បរិភោគ​នូវត្រី និងសាច់​ជាដើម តែងតែផឹកសុរា ។ មាណពមិន​បរិភោគនូវ​សាច់ជាដើម និងមិនផឹកសុរាឡើយ​ ។ ពួកមិត្រ​ទាំងនោះគិតគ្នាថា មាណព​នេះមិនផឹកសុរា​នឹងមិន​ប្រាប់តម្លៃ​សុរាដល់​យើងឡើយ យើងនឹងរក​ឧបាយឲ្យ​គេផឹកសុរា​ឲ្យទាល់តែបាន ។ ពួកគេទាំងនោះ បានប្រជុំគ្នា​ហើយពោលថា ម្នាល​សម្លាញ់ ពួកយើង​នឹងលេង​មហោស្រព​ក្នុងសួន ។ មាណពពោលថា ម្នាលសម្លាញ់​ទាំងឡាយ អ្នកទាំងឡាយ​ផឹកសុរា ឯខ្ញុំមិន​ផឹកសុរា ដូច្នេះ អ្នកទាំងឡាយ​ប៉ុណ្ណោះ ចូរទៅចុះ ។ ពួកមិត្រ​ពោលថា ម្នាលសម្លាញ់ ពួកយើង​នឹងយកទឹកដោះ​ដើម្បីប្រយោជន៍​ដល់ការផឹក​របស់លោក ។ មាណពនោះ ទទួលដោយ​ពោលថា ល្អហើយចឹង ។ ពួកអ្នកលេង​ទាំងឡាយ​ទៅដល់សួនហើយ យកសុរា​ខ្លាំងមកខ្ចប់​ហើយតម្កល់ទុក​ក្នុងស្លឹកឈូក ។ លំដាប់នោះ កាលដល់​វេលាដែល​ពួកគេ​ផឹកសុរា ក៏បញ្ជូន​ទឹកដោះ​ឲ្យដល់មាណព ។ ពេលនោះ អ្នកលេងម្នាក់​ពោលថា នែពួកម៉ាក អ្នកចូរនាំទឹក​ឃ្មុំក្នុងស្លឹកឈូកមក ហើយគេ​បានធ្វើប្រហោង​ខាងក្រោម​កញ្ចប់ស្លឹកឈូក យកម្រាមដៃ​ចុចមាត់​ប្រហោង​ហើយផឹក ។ សូម្បីពួក​មិត្រដទៃទៀត ក៏បាននាំមក​ហើយផឹក​យ៉ាងនោះ ។ មាណពសួរថា នោះជាអ្វី ? ពួកគេប្រាប់ថា បោក្ខរមធុ (ទឹកឃ្មុំស្លឹកឈូក) ។ មាណព​ពោលសុំថា សូម្បីខ្ញុំ​ក៏នឹងបានបន្តិច អ្នកទាំងឡាយ​ចូរឲ្យខ្ញុំផង ។ ពួកអ្នកលេង​ទាំងនោះ និយាយថា ឲ្យឯងសាកបន្តិចចុះ ហើយឲ្យដល់​មាណពនោះ ។ មាណព​បានផឹកសុរា​ដោយសម្គាល់​ថាជាទឹកឃ្មុំ ។ លំដាប់នោះ ពួកមិត្របាន​ឲ្យសាច់អាំង​ដល់មាណពទៀត  មាណព​ក៏បរិភោគ​សាច់អាំង​នោះទៅ ។

កាលមាណពផឹកយ៉ាងនេះរឿយៗ រហូតស្រវឹង ក្នុងវេលាដែលមាណពស្រវឹងហើយ ពួកមិត្រទាំងនោះបាននិយាយថា នោះមិនមែនជាទឹកឃ្មុំស្លឹកឈូកទេ នោះគឺជាសុរា ។ មាណពទើបពោលថា យើងមិនដឹងរសដ៏ល្អយ៉ាងនេះ អស់កាលមានប្រមាណប៉ុណ្ណេះ អ្នកទាំងឡាយចូរនាំសុរាមកទៀត ។ ពួកអ្នកលេងទាំងនោះបាននាំមកហើយ ក៏ឲ្យសុរាដល់មាណពនោះទៀត ។ មាណពបានក្លាយជាអ្នកប្រមឹក។ គ្រាមាណពសុំគេរឿយៗទៀត គេពោលថា អស់ហើយ ។ មាណពនោះ ក៏ឲ្យនូវជញ្ចៀននៅនឹងម្រាមដៃ ដោយពោលថា អ្នកទាំងឡាយចូរនាំសុរាមក ។ មាណពផឹកសុរាជាមួយនឹងពួកមិត្រទាំងនោះ គ្រប់ៗថ្ងៃ ស្រវឹងរហូតភ្នែកឡើងក្រហម មានខ្លួនញ័រ និយាយរៀបរាប់ ដើរទៅដល់ផ្ទះហើយក៏ដេក ។ លំដាប់នោះបិតារបស់គេដឹងថា កូនប្រុសផឹកសុរា កាលកូនស្វាងស្រាហើយទើបនិយាយថា កូនអើយ ! កូនកើតមកក្នុងត្រកូលសោត្តិយៈ (ព្រាហ្មណ៍) កូនធ្វើយ៉ាងនេះមិនសមសោះ ចូរកូនកុំប្រព្រឹត្តយ៉ាងនេះទៀតឡើយ ។ គេសួរមកវិញថា បពិត្រលោកឪពុក ខ្ញុំមានកំហុសអ្វី ? ព្រាហ្មណ៍ជាបិតាពោលថា កូនមានកំហុសព្រោះកូនផឹកស្រា ។ គេតមាត់មកវិញថា លោកឪពុកនិយាយអ្វី ? រសជាតិឆ្ងាញ់យ៉ាងនេះ ខ្ញុំមិនដែលបានផឹកអស់កាលមានប្រមាណប៉ុណ្ណេះមកហើយ ។ ព្រាហ្មណ៍ជាបិតាបានសូមជារឿយៗ ។ សូម្បីមាណពនោះ ក៏ពោលថា ខ្ញុំមិនអាចដើម្បីនឹងវៀរការផឹកស្រាបានទេ ។ លំដាប់នោះ ព្រាហ្មណ៍ជាបិតាគិតថា កាលជាយ៉ាងនេះ វង្សត្រកូលរបស់យើងនឹងដាច់សូន្យ ហើយទ្រព្យសម្បត្តិនឹងវិនាសមិនខាន ដូច្នេះហើយក៏ពោលគាថាឃាត់កូនថា

ម្នាលមាណពកូន អ្នកមានរូបស្រស់បស់ កើតក្នុងត្រកូលសោត្ថិយៈ ម្នាលកូន អ្នកមិនគួរស៊ីនូវអាហារដែលមិនគួរស៊ីទេ

ពាក្យថា មាណវ សេចក្ដី នែមាណព អ្នកមានរូបស្អាត សូម្បីកំណើតក៏កើតហើយក្នុងត្រកូលព្រាហ្មណ៍ ។ ពាក្យថា មិនគួរបរិភោគនូវរបស់ដែលមិនគួរបរិភោគ សេចក្ដីថា មិនសមគួរបរិភោគនូវរបស់ដែលមិនគួរបរិភោគឡើយ ។

គ្រាពោលយ៉ាងនេះហើយ បិតាជាព្រាហ្មណ៍ក៏ពោលបន្តទៀតថា នែកូន អ្នកចូរវៀរស្រាភ្លាម ប្រសិនបើអ្នកមិនវៀរទេ ឪពុកនឹងឲ្យកូនចេញអំពីផ្ទះនេះ ឪពុកនឹងធ្វើការបណ្ដេញឲ្យចេញអំពីដែន ។ មាណពពោលថា សូម្បីធ្វើយ៉ាងនេះ ខ្ញុំក៏នៅតែមិនអាចដើម្បីនឹងលះបង់ស្រាបានដែរ ដូច្នេះហើយទើបពោល ២ គាថាថា

បណ្តារសទាំងឡាយ ទឹកសុរានេះ រាប់ថាជាទឹកមាន រសមួយដែរ ព្រោះហេតុអ្វី ទើបលោកឪពុកឃាត់ខ្ញុំ ខ្ញុំបាននូវទឹកសុរានេះក្នុងទីណា ខ្ញុំនឹងទៅក្នុងទីនោះ

បពិត្រព្រាហ្មណ៍ឪពុក បើលោកឪពុកមិនត្រេកអរនឹងការឃើញខ្ញុំណា ខ្ញុំនោះនឹងគេចចេញ (អំពីស្រុក) ខ្ញុំមិននៅក្នុងសម្នាក់លោកឪពុកទេ

ពាក្យថា បណ្ដារសទាំងឡាយ សេចក្ដីថា ឈ្មោះថា ទឹកស្រវឹងនេះ ជារសដ៏ឧត្តមដែលដទៃពីរស ៧ ទាំងឡាយ គឺ លោណៈ រសប្រៃ ១ អម្ពិលៈ រសជូរ ១ តិត្តកៈ រសល្វីង ១ កដុកៈ រសហឹរ ១ ខារិកៈ រសខារ ១ មធុរៈ រសផ្អែម ១ កសាវៈ រសចត់ ១ ។ ពាក្យថា ខ្ញុំនោះ​ឯង គឺខ្ញុំប៉ុណ្ណោះឯង ។ ពាក្យថា នឹងចេញ គឺ នឹងចេញទៅអំពីផ្ទះ ។

គ្រាពោលយ៉ាងនេះហើយ មាណពទើបពោលតទៅថា ខ្ញុំនឹងមិនវៀរចាកការផឹកសុរា លោកឪពុកធ្វើយ៉ាងណា ក៏ចូរធ្វើតាមសេចក្ដីពេញចិត្តរបស់ពុកចុះ ។ លំដាប់នោះ ព្រាហ្មណ៍ពោលថា កាលកូនលះបង់នូវពុក សូម្បីពុកក៏នឹងលះបង់កូនដែរ ហើយពោលគាថាថា

នែមាណពកូន យើងនឹងបាននូវកូនទាំងឡាយឯទៀត ទទួលមត៌កដោយពិត នែកូន  ជួជាតិ ឯងចូរវិនាសចុះ លំនៅដែលកូនទៅដល់ក្នុងទីណា សូមកុំឲ្យអញឮនូវទីនោះ

ពាក្យថា អ្នកចូរទៅ ក្នុងគាថានេះ មានអធិប្បាយថា អ្នកនឹងទៅក្នុងទីណាដែលយើងមិនបានឮថា អ្នកនៅក្នុងទីនោះ អ្នកចូរទៅក្នុងទីនោះចុះ ។

លំដាប់នោះ ​ព្រាហ្មណ៍ជាបិតាទើបនាំខ្លួនមាណពនោះទៅកាន់សាលវិនិច្ឆ័យ ធ្វើមិនឲ្យជាកូនហើយ ឲ្យគេនាំចេញទៅ ។ ក្នុងកាលខាងក្រោយមកទៀត មាណពនោះ ក៏ក្លាយជាមនុស្សកំព្រាមិនមានទីពឹង ស្លៀកសំពត់ចាស់ កាន់អំបែង​ឆ្នាំងត្រាច់សូមទាន អាស្រ័យជញ្ជាំងផ្ទះណាមួយ ធ្វើកាលកិរិយា ។

កាឡហត្ថីសេនាបតីនាំយកហេតុនេះមកសម្ដែងដល់ព្រះរាជាហើយ ក្រាបទូលថា បពិត្រមហារាជ បើព្រះអង្គ​មិនធ្វើ​តាមពាក្យ​របស់ខ្ញុំ​ព្រះករុណា​ទេ ពួកអ្នក​នគរពិត​ជានឹងធ្វើ​ការនិរទេស​ព្រះអង្គ ហើយពោលគាថាថា

បពិត្រព្រះមហាក្សត្រិយ៍ ជាធំជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ខ្ញុំ ពួកប្រជាជននឹងបណ្តេញព្រះអង្គចាកដែន ដូចមាណពអ្នកលេងស៊ីផឹកដូច្នោះ

បណ្ដាបទទាំងនោះ បទថា ជាធំជាសត្វជើងពីរ បានសេចក្ដីថា បពិត្រមហារាជដ៏ចម្រើន ព្រះអង្គជាធំជាងប្រជាជន សូមទ្រង់ស្ដាប់នូវពាក្យរបស់ខ្ញុំ ពួកអ្នកនគរនឹងនិរទេសព្រះអង្គចេញអំពីដែន ដូចជាមាណពដែលជាអ្នកលេងសុរាដូច្នោះ ។

សូម្បីកាលកាលហត្ថីសេនាបតីបាននាំរឿងឧបមាផ្សេងៗ មកសម្ដែងថ្វាយយ៉ាងនេះហើយ ព្រះរាជា​ក៏មិនអាច​នឹងវៀរ​សាច់នោះ​ឡើយ ទើប​ទ្រង់ត្រាស់​សម្ដែង​ឧទាហរណ៍ ប្រៀបធៀប​សូម្បីដទៃ​ទៀតថា

សាវករបស់ពួកឥសី អ្នកមានខ្លួនអប់រំហើយ ជាសាវ័កឈ្មោះសុជាតៈ ប្រាថ្នានូវស្រីអប្សរ ទើបសាវ័កនោះមិនស៊ី មិនផឹកទេ

បុគ្គលយកទឹក ដោយចុងស្មៅមកប្រៀបផ្ទឹមនឹងទឹកក្នុងសមុទ្រយ៉ាងណា កាមទាំងឡាយជារបស់មនុស្ស (ប្រៀបផ្ទឹម) ក្នុងសំណាក់នៃកាមជាទិព្វក៏យ៉ាងនោះដែរ

ម្នាលកាឡហត្ថី ខ្ញុំបរិភោគនូវអាហារមានរសដ៏ឧត្តម បើមិនបានសាច់មនុស្សទេ ប្រហែលជាលះបង់ជីវិត យ៉ាងនោះឯង

និទាននៃគាថានេះ សេចក្ដីខាងដើមប្រាកដដូចដែលបានពោលមកហើយ ។

ពាក្យថា អ្នកមានខ្លួនអប់រំហើយ សំដៅដល់ឥសីទាំង ៥០០ ពួកនោះ ជាអ្នកដែលបានអប់រំខ្លួនមកហើយ ។ ពាក្យថា ប្រាថ្នានូវស្រីអប្សរ មានរឿងនិទានទុកថា

សុជាតកុដុម្ពិកវត្ថុ

កិរ បានឮមកថា ក្នុងវេលាដែលពួកឥសីទាំងឡាយនោះឆាន់ចំណិតសាច់ព្រីងធំ សុជាតនោះដឹងនូវដំណើរមិនត្រឡប់ ទើបគិតថា លោកម្ចាស់មិនមកដោយហេតុណាហ៎្ន ? តើលោកម្ចាស់ទៅណា ? យើងនឹងដឹងដូចម្ដេច ? ប្រសិនបើលោកម្ចាស់មិនបានទៅវិញ យើងនឹងបានស្ដាប់ធម៌ក្នុងសំណាក់លោក ដូច្នេះហើយ ទៅកាន់​សួន ថ្វាយបង្គំ​បាទា​របស់ឥសី​ទាំងឡាយ អង្គុយស្ដាប់​ធម៌ក្នុងសំណាក់​របស់ឥសី​ដែលជាធំ​ជាងគណៈ កាល​ព្រះអាទិត្យ​អស្ដង្គត​ហើយ ឥសីដែលធំជាងគណៈ ប្រាប់ឲ្យទៅវិញ គេនិយាយថា ថ្ងៃនេះ ខ្ញុំនឹងស្នាក់​នៅក្នុងទីនេះឯង ដូច្នេះហើយ ក៏ថ្វាយបង្គំ​ពួកឥសី​ទាំងឡាយរួច ចូលទៅ​កាន់​បណ្ណសាលា ទើបដេក ។ ក្នុងចំណែកនៃរាត្រី សក្កទេវរាជ​ដែលមាន​ពួកនាង​អប្សរទាំងឡាយ​ជាបរិវារ ស្ដេចយាង​មកមួយ​អន្លើដោយ​បរិចារិកា​របស់ខ្លួន ដើម្បីថ្វាយ​បង្គំពួកឥសី អារាមទាំងអស់ បានក្លាយ​ជាមានពន្លឺតែមួយ ។ សុជាតគិតថា នោះជាអ្វីហ៎្ន ? ដូច្នេះហើយ ទើបក្រោកឡើង​សម្លឹង​មើលតាម​ប្រហោង​នៃបណ្ណសាលា បានឃើញ​សក្កទេវរាជដែល​មានស្រី​អប្សរជា​បរិវារ មកថ្វាយ​បង្គំពួក​ឥសី ក៏ជាអ្នក​មានសេចក្ដី​ស្រឡាញ់​ដោយការ​ឃើញនូវ​ស្រីអប្សរ​ទាំងឡាយ ។ ស្ដេចសក្កៈ អង្គុយស្ដាប់​ធម្មកថាហើយ ស្ដេចទៅ​កាន់ពិភព​របស់ខ្លួនវិញ ។ ក្នុងវេលា​ថ្ងៃភ្លឺឡើង សូម្បីក្ដុម្ពីនោះ ថ្វាយបង្គំពួក​ឥសីហើយ​សួរថា បពិត្រលោកម្ចាស់ ក្នុងចំណែក​នៃរាត្រីយប់មិញ តើអ្នកណា​មកដើម្បី​ប្រយោជន៍​ដល់ការថ្វាយ​បង្គំ​លោកម្ចាស់​ទាំងឡាយ ? ពួកឥសីប្រាប់ថា ម្នាលអ្នក​មានអាយុ នោះគឺស្ដេចសក្កៈ ។ គេសួរទៀតថា អ្នកដែល​អង្គុយចោម​រោមព្រះឥន្ទ្រ​នោះជាអ្នកណា ? ឥសីឆ្លើយថា នោះជាស្រីទេពអប្សរ ។ សុជាតនោះ ថ្វាយបង្គំ​ពួកឥសី​ហើយ ក៏ទៅកាន់ផ្ទះ ចាប់តាំង​អំពីកាល​ទៅដល់ផ្ទះ​ហើយ គេរវើររវាយ​ដោយនិយាយថា លោកចូរ​ឲ្យស្រីអប្សរ​ដល់យើង លោកចូរ​ឲ្យស្រីអប្សរ​ដល់យើង ។ លំដាប់នោះ ពួកញាតិ​ទាំងឡាយ មកចោមរោម​មើលគេ ដោយ​សម្គាល់ថា គេត្រូវខ្មោច​ចូលសណ្ឋិត ទើបវាយ​នូវម្រាមដៃ ។ សុជាតនោះ ពោលថា យើងមិន​និយាយ​ដល់ម្រាមដៃ​នោះទេ យើងនិយាយ​ដល់ទេពអប្សរ ។ ពួកញាតិ ក៏តាក់តែង​នូវភរិយា និងស្រីគណិកា (ស្រីវេសិយា) ហើយនាំមក​បង្ហាញ​ដោយពោលថា នេះជាស្រីអប្សរ ។ សុជាត កាលសម្លឹង​មើលហើយ បាននិយាយថា នេះមិនមែន​ស្រីអប្សរទេ គឺជាយក្ខិនីទេតើ ហើយ​ក៏រវើររវាយថា អ្នកចូរឲ្យ​ស្រីអប្សរ​ដល់យើងភ្លាម ដូច្នេះហើយ បានជាអ្នក​អត់អាហារ (មិនយូរប៉ុន្មាន) ក៏ដល់​ការក្ស័យជីវិត​ក្នុងពេលនោះឯង ។

ព្រោះហេតុនោះ ព្រះរាជាព្រហ្មទត្តទើបត្រាស់ថា

សុជាតនោះ ប្រាថ្នាស្រីអប្សរប៉ុណ្ណោះ រហូតធ្វើឲ្យគេមិនបរិភោគ មិនផឹក ។

ពាក្យថា បុគ្គលយកទឹកដោយចុងស្មៅមកប្រៀបផ្ទឹមនឹងទឹក ក្នុងសមុទ្រយ៉ាងណា សេចក្ដីថា ម្នាលសម្លាញ់កាឡហត្ថី បុគ្គលណាយកទឹកដោយចុងស្មៅ នាំមកប្រៀបផ្ទឹមទឹកក្នុងមហាសមុទ្រថា ទឹកក្នុងមហាសមុទ្រ​មានប្រមាណប៉ុណ្ណេះ ដូច្នេះ បុគ្គលនោះគប្បីប្រៀបផ្ទឹមបានតែម្យ៉ាង ព្រោះថា ទឹកនៅនឹងចុងស្មៅមានប្រមាណតិចណាស់ យ៉ាងណា បើនឹង​ប្រៀបផ្ទឹម​កាម​ទាំងឡាយ​ជារបស់​មនុស្ស​ក្នុងសំណាក់​កាមជាទិព្វ ក៏យ៉ាង​នោះដែរ ដោយ​ហេតុនោះ សុជាតនោះ ទើបមិនមើលស្ត្រីដទៃ ប្រាថ្នាតែ​ស្រីអប្សរប៉ុណ្ណោះ ហើយ​ក៏ស្លាប់ទៅ ។ ព្រះរាជត្រាស់ថា សុជាត​នោះមិនបាន​កាមដែល​ជាទិព្វ ក៏លះបង់​ជីវិត​យ៉ាងណា សូម្បីយើង ក៏យ៉ាងនោះ កាលមិន​បានសាច់​មនុស្ស​ដែលមានរស​យ៉ាងក្រៃលែង ក៏នឹងលះបង់​ជីវិតដូចគ្នា ។

កាឡហត្ថីបានស្ដាប់ពាក្យនោះ ទើបគិតថា ព្រះរាជា​នេះ ទ្រង់ជាប់ក្នុងរសយ៉ាងខ្លាំង នឹងទូលដាស់តឿនឲ្យទ្រង់ដឹងខ្លួន កាលនឹងសម្ដែងរឿងប្រៀបធៀបថា សូម្បីសុវណ្ណហង្សដែលត្រាច់ទៅក្នុងអាកាស ស៊ីសត្វដែលមានជាតិដូចគ្នា ក៏វិនាសមកហើយដូចគ្នា ហើយពោលគាថា ២ ថា

ដូចយ៉ាងពួកបក្សីហង្សឈ្មោះធតរដ្ឋៈទាំងនោះ ជាសត្វហើរព្ធដ៏អាកាស ដល់នូវសេចក្តីវិនាសទាំងអស់គ្នា ព្រោះស៊ីនូវចំណីមិនគួរ

បពិត្រព្រះរាជាជាធំជាងសត្វជើងពីរ សូមព្រះអង្គទ្រង់ព្រះសណ្តាប់ខ្ញុំ បពិត្រព្រះរាជា ព្រះអង្គកុំសោយអាហារ ដែលមិនគួរសោយ ក៏យ៉ាងនោះឯង ពួកប្រជាជននឹងបណ្តេញព្រះអង្គ (ចាកដែន) ក៏យ៉ាងនោះដែរ

បណ្ដាបទទាំងនោះ បទថា ស៊ីនូវចំណីមិនគួរ  សេចក្ដីបរិភោគនូវសត្វដែលមានជាតិស្មើនឹងខ្លួន ។ បទថា ដល់នូវសេចក្តីវិនាសទាំងអស់គ្នា សេចក្ដីថា ដល់សេចក្ដីស្លាប់ ។

ពួកហង្សជាតិធតរដ្ឋបានដល់សេចក្ដីស្លាប់ទាំងអស់ ព្រោះបរិភោគអាហារដែលមិនមែនជាអាជីវៈរបស់ខ្លួន មានរឿងនិទានថា

ធតរដ្ឋហំសកុលវត្ថុ

អតីតេ កិរ បានឮមកថា ក្នុងអតីតកាល ហង្សទាំងឡាយ ៩ ម៉ឺន នៅក្នុងសុវណ្ណគុហា ក្នុងភ្នំចិត្រកូដ ។ ហង្សទាំងនោះ មិនចេញទៅខាងក្រៅអស់បួនខែ ក្នុងវស្សានរដូវ ។ ប្រសិនបើគប្បីចេញទៅ ស្លាបទាំងឡាយនឹងពេញដោយទឹក មិនអាចដើម្បីនឹងហើរឡើងមកវិញ ត្រូវធ្លាក់ចុះក្នុងមហាសមុទ្រ ព្រោះហេតុនោះ ទើបមិនបានចេញទៅខាងក្រៅ ។

កាលជិតចូលរដូវភ្លៀង ហង្សទាំងឡាយតែងនាំយកស្រូវសាលី ដែលកើតឯងអំពីជាតស្រះ មកដាក់គុហាឲ្យពេញ ហើយបរិភោគស្រូវសាលី នៅក្នុងទីគុហានោះឯង ។ ក្នុងវេលាដែលហង្សទាំងឡាយនោះចូលទៅកាន់គុហា  សត្វពីងពាងមួយក្បាលមានប្រមាណប៉ុនកងរថ ឈ្មោះថា ឧណ្ណនាភិ ចងសន្ធឹងនូវសំណាញ់មួយសរសៃៗអស់ខែមួយៗ ត្រង់ទ្វារនៃគុហា ។ សរសៃអំបោះនីមួយៗរបស់ពីងពាងនោះ មានប្រមាណប៉ុនខ្សែគោ ។ ហង្សទាំងឡាយទើបគិតថា នឹងទម្លាយសរសៃពីងពាងនោះ ដូច្នេះហើយ បានឲ្យនូវអាហារពីរចំណែកដល់ហង្សជំទង់មួយ ។ ហង្សជំទង់នោះ កាលរដូវភ្លៀងអស់ហើយ ទើបនាំមុខទៅទម្លាយសំណាញ់នោះ ។ ហង្សដ៏សេសបានដើរតាមផ្លូវនោះ ។ ក្នុងសម័យមួយ ភ្លៀងបន្តធ្លាក់ចុះរហូត យូរទៅដល់ ៥ ខែ ទើបផុត ។ ហង្សទាំងឡាយក៏អស់អាហារបានប្រឹក្សាគ្នាថា តើយើងគប្បីធ្វើដូចម្ដេច ? ព្រមព្រៀងគ្នាថា កាលយើងទាំងឡាយមានជីវិត យើងនឹងបាននូវពង ដូច្នេះហើយ ជាដំបូងនាំគ្នាបរិភោគនូវពងទាំងឡាយ បន្ទាប់មកទើបបរិភោគកូនហង្ស ហើយបន្ទាប់មកទៀត ក៏បរិភោគហង្សចាស់ ។ ដោយកាលកន្លងអស់ ៥ ខែ ភ្លៀងក៏បានរាំង ។ សត្វពីងពាង បានចងសន្ធឹងនូវសំណាញ់ដល់ទៅ ៥ ។ ហង្សទាំងឡាយដែលបានបរិភោគនូវសាច់នៃសត្វដែលជាតិជារបស់ខ្លួន ក៏បណ្ដាលឲ្យមានកម្លាំងតិច ។ ហង្សជំទង់ដែលបានអាហារពីរចំណែកនោះបានប្រហារនូវសំណាញ់ ទម្លាយបានត្រឹមសំណាញ់ទី ៤ មិនអាចដើម្បីនឹងកាត់សំណាញ់ទី ៥ ជាប់នៅត្រង់នោះឯង ។ លំដាប់នោះ សត្វពីងពាងចាក់នូវក្បាលរបស់ហង្សនោះ ហើយផឹកនូវឈាម ។ សូម្បីហង្សដទៃមកប្រហារសំណាញ់ សូម្បីហស្សដទៃនោះក៏បានជាប់នៅត្រង់នោះដែរ សត្វពីងពាងតែងផឹកនូវឈាមរបស់ហង្សទាំងអស់ដោយប្រការយ៉ាងនេះ ។ គេតែងនិយាយប្រាប់គ្នាថា ត្រកូលហង្ស        ធតរដ្ឋៈបានដាច់សូន្យក្នុងពេលនោះឯង ។

ព្រោះហេតុនោះ កាឡហត្ថីសេនាបតីទើបពោលថា ហង្សទាំងឡាយនោះបានដល់នូវសេចក្ដីវិនាសទាំងអស់គ្នា ។

ក្នុងគាថាទីពីរនេះ មានអត្ថាធិប្បាយថា ហង្សទាំងឡាយស៊ីសាច់ដែលមានជាតិដូចគ្នា ដែលមិនគួរស៊ី យ៉ាងណា សូម្បីព្រះអង្គក៏សោយសាច់ដែលមិនសមគួរសោយ យ៉ាងនោះដែរ ក្នុងពេលនេះនគរទាំងមូលបានដល់នូវភ័យ បពិត្រមហារាជ សូមទ្រង់លះបង់ ។ ព្រោះហេតុដែលព្រះអង្គសោយសាច់មនុស្ស ដែលមានជាតិស្មើគ្នា ដែលមិនមែនជាអាហារគួរបរិភោគដូច្នេះ អ្នកនគរទាំងនោះនឹងនាំគ្នានិរទេសព្រះអង្គឲ្យចេញចាកដែន ។

ព្រះរាជាមានសេចក្ដីប្រាថ្នានឹងពោលនូវការឧបមាសូម្បីដទៃ ។ តែអ្នកនគរក្រោកឡើងស្រែកថា បពិត្រសេនាបតីជាម្ចាស់ លោកធ្វើអ្វី ? លោកចាប់ចោរស៊ីសាច់មនុស្សទុកធ្វើអ្វី ? បើវាមិនឈប់ទេ លោកចូរនិរទេសវាចេញចាកប្រទេសទៅ ដូច្នេះ ធ្វើឲ្យព្រះរាជាមិនបានពោលតទៅ ។ ព្រះរាជាព្រហ្មទត្តបានស្ដាប់នូវពាក្យរបស់មនុស្សទាំងឡាយដ៏ច្រើននោះហើយ ទ្រង់ស្លុតព្រះទ័យភ័យខ្លាចមិនអាចនឹងត្រាស់បន្តទៀតបាន ។ សេនាបតីទូលបន្តទៀតថា បពិត្រមហារាជ ព្រះអង្គអាចដើម្បីនឹងវៀរ ឬ​ក៏មិនអាច ? កាលព្រះរាជាត្រាស់ថា យើងមិនអាចវៀរទេ សេនាបតីទើបចាត់ឲ្យពួកស្រីស្នំ និងព្រះឱរសព្រះធីតាឲ្យប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួងចូលមកគាល់ហើយពោលថា បពិត្រមហារាជ សូមព្រះអង្គទតមើលពួកញាតិ ពួកអាមាត្យ និងសិរីរាជសម្បត្តិទាំងនេះចុះ សូមទ្រង់កុំវិនាសឡើយ ព្រះអង្គចូរវៀរសាច់មនុស្សចេញ ។ ព្រះរាជាពោលថា មនុស្សនិងរាជសម្បត្តិនេះ មិនមែនជាទីស្រឡាញ់ដ៏ក្រៃលែងរបស់យើងជាងសាច់មនុស្សឡើយ កាលសេនាបតីទូលថា បើចឹងមែ​ននោះ ព្រះអង្គចូរចេញចាកព្រះនគរនិងប្រទេសនេះ ព្រះបាទព្រហ្មទត្តត្រាស់ថា ម្នាលកាឡហត្ថី ប្រយោជន៍ដោយរាជសម្បត្តិរបស់យើងមិនមាន យើងនឹងចេញពីនគរ តែលោកចូរឲ្យនូវដាវមួយ ចុងភៅម្នាក់ និងភាជនៈមួយដល់យើងសិន ។ លំដាប់នោះ អ្នកនគរបានឲ្យលើកនូវដាវមួយ ភាជន៍សម្រាប់ចម្អិនសាច់មួយ កញ្ច្រែងមួយ និងឲ្យចុងភៅម្នាក់ដល់ព្រះរាជានោះ ហើយធ្វើនូវបព្វាជនីយកម្ម (គឺការបណ្ដេញចេញចាកនគរ) ។

ព្រះរាជាព្រហ្មទត្តនោះកាន់យកនូវដាវ និងចុងភៅ ហើយក៏ចេញចាកនគរ ចូលទៅកាន់ព្រៃ ធ្វើលំនៅក្រោមដើមជ្រៃមួយ កាលនៅក្នុងទីនោះ បានឋិតនៅត្រង់ផ្លូវជាទីដើរនៃមនុស្ស ហើយសម្លាប់មនុស្សទាំងឡាយ នាំយកមក ឲ្យដល់ចុងភៅ ។ សូម្បីចុងភៅនោះ បានចម្អិននូវសាច់ឲ្យឆ្អិនហើយ ទើបបង្អោនថ្វាយដល់ព្រះរាជានោះ ។ សូម្បីជនទាំងពីរនាក់នោះរមែងចិញ្ចឹមជីវិតដោយប្រការយ៉ាងនេះឯង ។ ក្នុងកាលជាទីចាប់មនុស្ស ព្រះបាទព្រហ្មទត្តនោះ តែងពោលថា អហំ អរេ មនុស្សចោរោ បោរិសាទោ យើងជាចោរស៊ីសាច់មនុស្ស ឈ្មោះ បោរិសាទ ដូច្នេះហើយ ទើបរត់ទៅក្នុងទីនោះ បុគ្គលណាៗ រមែងមិនអាចដើម្បីនឹងតាំងនៅភាវៈរបស់ខ្លួនឡើយ បុគ្គលទាំងអស់តែងធ្លាក់ចុះលើផែនដី ។ ក្នុងមនុស្សទាំងនោះ បើបោរិសាទជាព្រះបាទព្រហ្មទត្តនោះប្រាថ្នានូវអ្នកណា ក៏ធ្វើនូវអ្នកនោះមានជើងឡើងលើ ក្បាលចុះក្រោម ហើយនាំទៅឲ្យដល់ចុងភៅ ។ ថ្ងៃមួយ បោរិសាទនោះមិនបានមនុស្សសូម្បីតែម្នាក់ក្នុងព្រៃ ត្រឡប់មកហើយ កាលចុងភៅពោលសួរថា បពិត្រទេវៈ តើត្រូវធ្វើដូចម្ដេច ? ស្ដេចបោរិសាទពោលថា អ្នកចូរលើកឆ្នាំងដាក់លើចង្ក្រានចុះ ។ លំដាប់នោះ ចោរស៊ីសាច់មនុស្សឈ្មោះបោរិសាទបានសម្លាប់នូវចុងភៅនោះដោយដាវ ចម្អិននូវសាច់ហើយទើបបរិភោគ ។ ចាប់តាំងអំពីនោះមក បោរិសាទបានជាមនុស្សនៅតែម្នាក់ឯងប៉ុណ្ណោះ កាលបានមនុស្សមក គេចម្អិនដោយខ្លួនឯង ហើយទើបបរិភោគ ។ ដំណឹងបានលេចឮប្រាកដទូទាំងជម្ពូទ្វីបថា ចោរបោរិសាទសម្លាប់នូវអ្នកដើរផ្លូវ ។ ដូច្នេះហើយ ព្រាហ្មណ៍នោះ​ក៏ឲ្យប្រាក់មួយ​ពាន់ដល់មនុស្ស​ទាំងឡាយ​ជាអ្នកនាំ​ផ្លូវដោយ​ពោលថា អ្នកទាំងឡាយចូរនាំយើងឲ្យឆ្លងចាកព្រៃ ដូច្នេះហើយ បានដើរផ្លូវជាមួយពួកមនុស្សទាំងនោះ ។

គ្រានោះ មានព្រាហ្មណ៍ម្នាក់ជាអ្នកមានសម្បត្តិច្រើន ប្រកបពាណិជ្ជកម្មដោយរទេះ ៥០០ ត្រាច់ទៅកាន់ចុងព្រៃម្ខាងអំពីខាងដើមព្រៃ ។ ព្រាហ្មណ៍នោះគិតថា បានឮថា ចោរ បោរិសាទសម្លាប់មនុស្សអ្នកដើរផ្លូវជាច្រើន យើងនឹងជួលមនុស្សឲ្យនាំឆ្លងកាត់ព្រៃនោះ ។ កាលកំពុងធ្វើដំណើរ ព្រាហ្មណ៍ឲ្យពួកអ្នករទេះនៅអំពីខាងមុខទាំងអស់ ចំណែកខ្លួនឯងងូតទឹក និងលាបលន (ដោយគ្រឿងលម្អិត) ហើយប្រដាប់តាក់តែងដោយគ្រឿងអលង្ការទាំងពួង អង្គុយលើយានដែលជាសុខ ដែលទឹមដោយគោពណ៌ស មានពួកបុរសអ្នកនាំឆ្លងកាត់ព្រៃឡោមព័ទ្ធហើយ ទៅខាងក្រោយអំពីពួកគេទាំងនោះ ។ ក្នុងខណៈនោះ បោរិសាទ ឡើងលើដើមឈើ កាលត្រួតមើលនូវបុរសទាំងឡាយ មិនពេញចិត្តក្នុងមនុស្សទាំងឡាយដ៏សេសដោយគិតថា យើងគប្បីបរិភោគមនុស្សទាំងនោះឬទេ ? ល្មមបានឃើញព្រាហ្មណ៍ ក៏ជាអ្នកមានទឹកមាត់ហូរស្រក់ ព្រោះភាវៈជាអ្នកប្រាថ្នាបរិភោគនូវព្រាហ្មណ៍នោះ ។ កាលព្រាហ្មណ៍នោះចូលមកជិតខ្លួនហើយ បោរិសាទបានចុះចាកដើមឈើ ញ៉ាំងឈ្មោះឲ្យឮអស់ វារៈ ៣ ដងថា អហំ អរេ បោរិសាទោ នែមនុស្សចង្រៃ យើងជាបោរិសាទ ដូច្នេះហើយ ក៏គ្រវីនូវដាវ ស្ទុះទៅយ៉ាងលឿន ហាក់បីដូចជាធ្វើភ្នែករបស់អ្នកទាំងនោះ ឲ្យពេញដោយដីខ្សាច់ ។ គ្មានអ្នកណាមួយអាចឈរនៅបានឡើយ ពួកគេទាំងអស់នោះក្រាបដេកលើផែនដីដោយទ្រូង ។ បោរិសាទនោះបានចាប់ព្រាហ្មណ៍ ដែលអង្គុយលើយានជាសុខនោះត្រង់ជើង ឲ្យសំយុងក្បាលចុះក្រោម ហើយប្រហារនូវកជើងរួចក៏លើកក្បាលឡើងហើយរត់ទៅ ។

គ្រានោះ បុរសទាំងឡាយនោះ ក្រោកឡើងហើយពោលថា នែបុរសដ៏ចម្រើនទាំងឡាយ យើងទាំងឡាយទទួលប្រាក់មួយពាន់អំពីដៃរបស់ព្រាហ្មណ៍ ការងាររបស់បុរស របស់យើងទាំងឡាយ ឈ្មោះថាជាយ៉ាងណា ? អាចក្ដី មិនអាចក្ដី យើងទាំងឡាយនឹងដេញតាមបន្តិចទៅ ដូច្នេះហើយ ក៏នាំគ្នាដេញតាម ។ ចំណែកបោរិសាទកាលងាកក្រោយសម្លឹងមើល មិនឃើញអ្នកណាមួយតាមមក ក៏ត្រាច់ទៅសន្សឹមៗ ប៉ុណ្ណោះ ។ ខណៈនោះ បុរសក្លាហានមួយរូប ដែលមានកម្លាំងដ៏ខ្លាំង រត់ទៅយ៉ាងរហ័ស ក៏តាមទាន់បោរិសាទនោះ ។    បោរិសាទបានឃើញបុរសនោះ ទើបលោតផ្លោះរបងមួយ ក៏ជាន់ដង្គត់ដើមគគីរដ៏មាំមួយ ជើងរបស់គេមុតដង្គត់ឈើគគីរនោះដល់ខ្នងជើង ធ្វើឲ្យគេមិនអាចនឹងចេញទៅទៀតបាន ។    កាលឈាមកំពុងហូរ គេដើរខ្ញើកៗទៅ ។ លំដាប់នោះ បុរសអ្នកក្លាហានឃើញបោរិសាទនោះហើយស្រែកឡើងថា ម្នាលអ្នកដ៏ចម្រើនទាំងឡាយអើយ អាចោរនោះត្រូវយើងចាក់ហើយ ពួកអ្នកចូរមកអំពីក្រោយដោយរហ័ស ពួកយើងនឹងចាប់វាឲ្យបាន ។ មនុស្សទាំងនោះ បានដឹងភាពទុព្វលរបស់បោរិសាទហើយ ក៏ដេញតាមទៅ ។ បោរិសាទបានដឹងថា មនុស្សទាំងនោះដេញតាមយ៉ាងនេះ ក៏បោះព្រាហ្មណ៍ចោល ហើយធ្វើឲ្យខ្លួនមានសុវត្ថិភាព (គេចខ្លួនឲ្យផុតពីអ្នកដេញតាម) ។ លំដាប់នោះ បុរសអ្នកនាំផ្លូវឆ្លងកាត់ព្រៃ កាលបានព្រាហ្មណ៍មកវិញហើយ បានពោលថា ប្រយោជន៍អ្វីដោយចោរនោះ ដូច្នេះហើយ ក៏នាំគ្នាត្រឡប់អំពីទីនោះ ។

ចំណែកបោរិសាទក៏ទៅកាន់និគ្រោធមូលរបស់ខ្លួនហើយ បានចូលទៅដេកក្នុងចន្លោះនៃពួរព្រៃ ធ្វើនូវការបួងសួងថា បពិត្ររុក្ខទេវតាដ៏ចម្រើន ប្រសិនបើ​លោកអាច​ធ្វើនូវដំបៅ​ឲ្យជាសះស្បើយ​ក្នុងរវាង ៧ ថ្ងៃប៉ុណ្ណោះ ដល់ខ្ញុំ ខ្ញុំនឹងលាងនូវដើមឈើរបស់លោកដោយឈាមដែលហូរចេញពីបំពងកនៃស្ដេចទាំង ១០១ អង្គ ក្នុងជម្ពូទ្វីទាំងមូល ហើយឡោមព័ទ្ធដោយពោះវៀនធំរបស់ស្ដេចទាំងនោះ នឹងធ្វើនូវពលិកម្មដោយបញ្ចមធុរមំសៈ (សាច់ដែលមានរស ៥ យ៉ាង) ។ កាលគេបានមិនបានបាយ​ទឹកនិងសាច់ សរីររាងកាយក៏ស្គម ។ ដំបៅនោះក៏បានជាសះស្បើយទៅក្នុងរវាង ៧ ថ្ងៃនោះឯង ។ បោរិសាទបានសម្គាល់ថា ការជាសះស្បើយនោះជា​អានុភាពរបស់ទេវតា ។ គ្រាគេបានស៊ីសាច់មនុស្សអស់ពីរបីថ្ងៃ ក៏មានកម្លាំងហើយគិតថា ទេវតាមានឧបការៈច្រើនដល់យើង យើងធ្វើនូវការលា​បំណន់នោះ ។ បោរិសាទកាន់នូវដាវ ចេញអំពីរុក្ខមូល ត្រាច់ទៅដោយគិតថា យើងនឹងនាំយកនូវព្រះរាជាទាំងនោះឲ្យបាន ។

គ្រានោះ យក្សដែលធ្លាប់ជាសម្លាញ់ ជាយក្សស៊ីសាច់មនុស្សជាមួយគ្នា ក្នុងកាលដែលបោរិសាទនៅជាយក្សក្នុងភពមុន ត្រាច់ទៅតាមផ្លូវនោះ បានជួបបោរិសាទដែលកំពុងតែត្រាស់ទៅតាមលំដាប់ហើយចាំបានថា អ្នកនេះជាសម្លាញ់របស់យើងក្នុងភពមុន ហើយបានសួរថា នែសម្លាញ់ អ្នកចាំខ្ញុំអត់ ? បោរិសាទឆ្លើយថា ខ្ញុំមិនចាំទេ ។ លំដាប់នោះ យក្សបានពោលនូវរឿងរ៉ាវហេតុការណ៍ផ្សេងៗក្នុងភពមុនប្រាប់ដល់បោរិសាទ ។ បោរិសាទក៏ចំណាំយក្សនោះបាន ទើបធ្វើបដិសណ្ឋារៈទទួល ។ យក្សសួរថា ចុះអ្នកកើតក្នុងទីណា ? បោរិសាទបានប្រាប់ទីកន្លែងដែលខ្លួនកើតហើយ និងហេតុការណ៍ដែលខ្លួនត្រូវនិរទេសចាកនគរ និងទីលំនៅបច្ចុប្បន្ន ហេតុដែលត្រូវដង្គត់ឈើមុតជើង ហេតុដែលទៅដើម្បីដល់ការលាបំណន់ដល់ទេវតា ឲ្យយក្សបានដឹងសព្វគ្រប់ប្រការហើយពោលថា នែសម្លាញ់ សូម្បីអ្នកក៏គប្បីដកនូវកិច្ចនោះដល់ខ្ញុំ យើងទាំងពីរនាក់នឹងទៅ ។ យក្សពោលថា នែសម្លាញ់ ខ្ញុំមិនគប្បីទៅទេ ខ្ញុំមានកិច្ចការមួយ តែខ្ញុំដឹងនូវមន្តមួយឈ្មោះ បទលក្ខណៈ ដែលកាត់ថ្លៃមិនបាន មន្តនោះធ្វើឲ្យមានកម្លាំង ធ្វើឲ្យរត់ទៅបានលឿន និងធ្វើឲ្យតេជះខ្ពស់ អ្នកចូររៀននូវមន្តនេះចុះ ។ បោរិសាទទទួលដោយពោលថា ល្អហើយចឹង ។ យក្សបានឲ្យនូវមន្តនោះ ដល់បោរិសាទហើយចៀសចេញទៅ ។

បោរិសាទចាប់តាំងអំពីបានរៀនមន្តនោះហើយ បានក្លាយជាអ្នកមានកាស្ទុះទៅយ៉ាងលឿនដូចខ្យល់ និងជា​អ្នកក្លាហាន​អង់អាច​ដ៏ក្រៃលែង ។ ក្នុងរវាង ៧ ថ្ងៃប៉ុណ្ណោះ បោរិសាទ​នោះបាន​ជួបព្រះរាជា​ទាំង ១០១ ព្រះអង្គដែល​កំពុងយាង​ទៅកាន់​ឧទ្យានជាដើម គេស្ទុះទៅហើយ ប្រកាសនូវឈ្មោះថា នែមនុស្សចង្រៃ យើងជាចោរស៊ី​សាច់មនុស្ស​ឈ្មោះ​បោរិសាទ ស្រែកប្រកាសឡើង បានធ្វើឲ្យព្រះរាជា​ទាំងនោះ ដល់នូវ​ការភ័យខ្លាច ហើយចាប់នូវជើង ធ្វើក្បាលឲ្យសំយុងចុះ ប្រហារនូវ​ក្បាលដោយ​កែងជើង បាននាំទៅ​ដោយសន្ទុះ​យ៉ាងលឿនដូចខ្យល់ ហើយចាក់​ទម្លុះផ្ទៃបាតដៃ ដោតក្រងដោយខ្សែ ចងប្រតោង​នឹងដើមជ្រៃ ឲ្យមានចុង​ម្រាមជើងជាប់នឹងដី ។

ព្រះរាជាទាំងអស់នោះ កាលត្រូវព្យួរសំយុងចុះ យោលទៅយោលមកដូច្នេះ មានអាការៈ​ប្រព្រឹត្តទៅ​ដូចជា​ស្មៅកន្ទុយ​ដំរី​ដែលស្វិត​ស្រពោន ព្រោះត្រូវ​ខ្យល់បក ។ បោរិសាទនោះ មិនបាននាំ​ព្រះបាទ​សុតសោមមក​ទេ ដោយគិតថា ព្រះបាទ​សុតសោម​ជាអាចារ្យ​ក្រោយខ្នង​របស់យើង ប្រសិន​បើយើង​នឹងចាប់​ព្រះអង្គសោត ជម្ពូទ្វីប​ទាំងមូល នឹងសូន្យទទេ​មិនខាន (មិនមានស្ដេច) ។ បោរិសាទនោះ ធ្វើនូវភ្លើង​ដោយគិតថា យើងធ្វើពលិកម្ម ដូច្នេះ ក៏អង្គុយ​ចាំងឈូស​នូវឈើ​អណ្ដោត ។ រុក្ខទេវតា​បានឃើញ​នូវកិរិយានោះ គិតថា បោរិសាទ​នឹងធ្វើពលិកម្ម​ដល់យើង ដំណើរជា​សុខជាសះស្បើយ​ចាកដំបៅ​របស់គេនោះ យើងមិន​បានធ្វើឡើយ ឥឡូវនេះ គេនឹងធ្វើ​សេចក្ដីវិនាស​ដ៏ធំដល់ព្រះរាជា​ទាំងឡាយនេះ តើយើង​គប្បីធ្វើដូចម្ដេចហ៎្ន ? ដូច្នេះហើយ ក៏ត្រាច់ទៅ​កាន់សំណាក់​របស់ស្ដេច​មហារាជ​ទាំងបួន ប្រាប់នូវសេចក្ដីនោះ ហើយពោលថា ខ្ញុំមិនអាច​ហាមគេបានឡើយ សូមព្រះអង្គ​ទាំងឡាយ​ជួយហាម​គេផងទាន ។ សូម្បីស្ដេច​មហារាជ​ទាំងនោះ ក៏ពោលថា យើងទាំងឡាយ មិនអាច​នឹងហាម​នូវអំពើ​របស់​បោរិសាទ​បានដែរ ដូច្នេះហើយ រុក្ខទេវតា​ពោលសួរថា តើអ្នកណា ទើបអាច​នឹងហាមបាន ? គ្រាបានស្ដាប់ថា សក្កទេវរាជ​អាចហាមបាន ទើបចូលទៅ​កាន់សំណាក់​របស់សក្ក  ទេវរាជហើយ​ប្រាប់សេចក្ដីនោះ ។ សក្កទេវរាជ ពោលថា សូម្បីយើង​ជាសក្កទេវរាជ ក៏មិនអាច​ហាមបានដែរ ប៉ុន្តែយើង​នឹងប្រាប់​នូវអ្នកដែល​មាន​សមត្ថភាព​ហាមគេ ។ រុក្ខទេវតាសួរថា អ្នកនោះឈ្មោះអ្វី ? ស្ដេចសក្កៈ​ត្រាស់ថា បុគ្គលដទៃ​ក្នុងទេវលោក​នេះមិនមានទេ ព្រះរាជា​ព្រះនាម​សុតសោម ជាព្រះរាជបុត្រ​របស់ព្រះបាទ​កោរព្យ ក្នុងឥន្ទបត្តនគរ​ ដែនកុរុ ទ្រង់នឹងធ្វើ សេចក្ដី​នឿយណាយ ហើយទូន្មាន​នូវបោរិសាទនោះ នឹងបានឲ្យជីវិត​ដល់ព្រះរាជា​ទាំងឡាយ ហើយនឹង​ញ៉ាំងបោរិសាទ​នោះ ឲ្យវៀរចាក​សាច់មនុស្ស ទ្រង់នឹង​ស្រោចស្រង់​នូវធម៌ ហាក់ដូចជា​សេចក្ដីមិនស្លាប់​ក្នុងសកលជម្ពូទ្វីប បើអ្នកប្រាថ្នា​នឹងឲ្យជីវិត​ដល់ព្រះរាជា​ទាំងនោះ អ្នកចូរពោលថា នែបោរិសាទ លោកចូរទៅ​នាំនូវ​ព្រះបាទ​សុតសោមមក គួរដើម្បី​នឹងធ្វើ​នូវពលិកម្ម ។

រុក្ខទេវតាទទួលដោយពោលថា សាធុ ដូច្នេះហើយ ក៏ត្រឡប់មកដោយរហ័ស ត្រាច់ទៅក្នុងទីមិនឆ្ងាយអំពីបោរិសាទ ដោយភេទជាបព្វជិត ។ បោរិសាទនោះកាលឮសំឡេងជើង ក៏គិតថា ព្រះរាជាណាហ៎្នដែលរត់ទៅ ? កាលក្រឡេកមើលបានឃើញនូវរុក្ខទេវតានោះហើយ បានគិតថា ឈ្មោះថា បព្វជិតទាំងឡាយរមែងជាក្សត្រ យើងនឹងចាប់បព្វជិតនេះ ធ្វើឲ្យគ្រប់ ១០១ អង្គ ហើយនឹងបានធ្វើពលិកម្ម ដូច្នេះហើយ ទើបក្រោកឡើងកាន់យកនូវដាវដេញតាមបព្វជិតនោះ សូម្បីដេញតាម អស់ប្រមាណ ៣ យោជន៍ ក៏មិនអាចនឹងតាមទាន់បព្វជិតនោះឡើ់យ ញើសទាំងឡាយបានហូរចេញអំពីកាយរបស់គេ ។ បោរិសាទគិតថា ក្នុងកាលមុន ដំរីក្ដី សេះក្ដី រថក្ដី ដែលស្ទុះរត់ទៅយ៉ាងនេះ ក៏យើងនៅចាប់បាន ថ្ងៃនេះ បព្វជិតនេះដើរទៅដំណើរធម្មតារបស់ខ្លួនសោះ យើងសូម្បីស្ទុះទៅដោយកម្លាំងទាំងអស់ហើយ ក៏នៅតែ​មិនអាច​នឹងចាប់​បព្វជិត​នេះបាន តើព្រោះហេតុអ្វីហ៎្ន ? បន្ទាប់មក បោរិសាទបានគិតថា ឈ្មោះបព្វជិត​ទាំងឡាយ រមែងជាអ្នក​ធ្វើតាមពាក្យ (ជាអ្នកស្រួល​ប្រដៅ) យើងនឹង​បង្គាប់ឲ្យឈប់ ហើយសឹម​ចាប់បព្វជិតនេះ ដូច្នេះ​ហើយ ក៏ពោលថា ឈប់សិន សមណៈ  ។ រុក្ខទេវតាពោលថា យើងឈប់​ហើយតើ អ្នកទេដែល​ធ្វើសេចក្ដី​ព្យាយាម​ដើម្បីនឹងទៅនោះ ។ លំដាប់នោះ បោរិសាទ​ពោលថា នែលោកដ៏ចម្រើន ឈ្មោះថា​បព្វជិត រមែងមិន​ពោលឡេះឡោះ សូម្បីព្រោះ​ហេតុនៃជីវិត ចំណែក​លោកបាន​ពោលពាក្​យកុហក ដូច្នេះហើយ ក៏ពោលនូវគាថាថា

អ្នកកាលដែលខ្ញុំនិយាយថា អ្នកឈប់សិនហើយចេះតែដើរទៅមុខ ម្នាលអ្នកជាព្រហ្មចារិនី អ្នកមិនឈប់តែនិយាយថា ខ្ញុំឈប់ហើយ ពាក្យនេះមិនគួរដល់ អ្នកជាសមណៈទេ អ្នកសម្គាល់នូវដាវរបស់ខ្ញុំ គួរដល់សេចក្តីសង្ស័យដែរឬ ?

គាថានេះមានអត្ថាធិប្បាយថា នែសមណៈ លោកកាលយើងពោលពាក្យថា ឈប់សិន ដូច្នេះ ក៏នៅដើរទៅក្នុងទីខាងមុខ ម្នាលព្រហ្មចារី លោកមិនបានឈប់តែពោលថាឈប់ លោកសម្គាល់នូវដាវរបស់យើងជាស្លាបខ្លែងឬ ?

លំដាប់នោះ រុក្ខទេវតាទើបពោលគាថា ២ ថា

បពិត្រព្រះរាជា អាត្មាជាអ្នកឈប់ ក្នុងព្រះសទ្ធម្មទាំងឡាយ មិនត្រឡប់ប្រែនាមនិងគោត្រទេ អ្នកប្រាជ្ញទាំងឡាយ តែងពោលនូវចោរថាមិនឈប់ក្នុងលោក ដែលច្យុតអំពីលោកនេះទៅជាអ្នកទៅកាន់អបាយ កាន់នរក

បពិត្រព្រះរាជា បើព្រះអង្គជឿ ចូរព្រះអង្គចាប់សុតសោមជាក្សត្រិយ៍មកបូជាយ័ញ្ញ ព្រះអង្គនឹងទៅកាន់ឋានសួគ៌ ដោយការបូជានោះ

បណ្ដាបទទាំងនោះ បទថា សធម្មេសុ សេចក្ដីថា បពិត្រមហារាជ អាត្មាភាពជាអ្នកឈប់នៅហើយក្នុងធម៌ គឺកុសលកម្មបថ ១០ របស់ខ្លួន ។ ក្នុងកាលមុន ព្រះអង្គជាយុវវ័យមានព្រះនាមថាព្រហ្មទត្ត កាលព្រះបិតារបស់ព្រះអង្គចូលទិវង្គតហើយ ទ្រង់បានរាជសម្បត្តិក្នុងនគរពារាណសី បានជាព្រះរាជានៃនគរពារាណសី ហើយទ្រង់លះនូវនាមនោះ ក្លាយមកជាបោរិសាទ ឥឡូវនេះទ្រង់ជាកម្មាសបាទ (អ្នកមានសម្បុរជើងពព្រុះ) សូម្បីទ្រង់កើតក្នុងខត្តិយត្រកូល តែទ្រង់សោយសាច់មនុស្សដែលមិនគួរបរិភោគ ព្រោះហេតុណា ព្រោះហេតុនោះ នាមនិងគោត្ររបស់ខ្លួនដែលទ្រង់បានប្ដូរហើយយ៉ាងណា អាត្មាមិនប្ដូរនាមនិងគោត្ររបស់ខ្លួនក៏យ៉ាងនោះឡើយ ។ បណ្ឌិតទាំងឡាយពោលនូវចោរថា ជាអ្នកមិនតាំងនៅកុសលកម្មបថ ១០ ឃ្លាតចាកលោកនេះហើយនឹងទៅកាន់អបាយនិងនរក កាលចោរនោះធ្លាក់ក្នុងនរកហើយ រមែងមិនមានទីពឹងនៃខ្លួនឡើយ ។ ពាក្យថា សុតៈ ក្នុងគាថានោះ សំដៅដល់ ព្រះបាទសុតសោម អធិប្បាយថា ម្នាលបោរិសាទដ៏ចម្រើន អ្នកនិយាយកុហក ព្រោះអ្នកបានពោលប្ដេជ្ញាដល់យើងថា នឹងនាំព្រះរាជាក្នុងជម្ពូទ្វីបទាំងអស់មកធ្វើពលីកម្ម ឥឡូវនេះ អ្នកនាំព្រះរាជាសាមញ្ញធម្មតាមានកម្លាំងទុព្វលមក ចំណែកព្រះបាទសុតសោមជាព្រះរាជាធំក្នុងដែនដីជម្ពូទ្វីបទាំងអស់ អ្នកមិនបាននាំមក ពាក្យសម្ដីរបស់អ្នកឈ្មោះថា មិនពិត ព្រោះដូច្នោះ អ្នកចូរទៅចាប់ព្រះបាទសុតសោមមក ។

ទេវតាពោលយ៉ាងនេះហើយ ក៏បណ្ដាលភេទបព្វជិតឲ្យសូន្យបាត់ទៅ និងប្រែរាងកាយជាភេទរបស់ខ្លួន ហើយឋិតនៅ បីដូចជាព្រះអាទិត្យក្នុងអាកាស ។ បោរិសាទបានស្ដាប់ពាក្យនោះ និងឃើញរូបទេវតានោះហើយ សួរថា លោកជានរណា ?

ទេវតាឆ្លើយថា យើងជាទេវតានៅនឹងដើមឈើនេះឯង ។

បោរិសាទគិតថា យើងបានឃើញទេវតាយ៉ាងប្រចក្សហើយពោលថា ទេវរាជកុំគិតព្រោះហេតុស្ដេចសុតសោម សូមស្ដេចនៅនឹងដើមឈើរបស់ខ្លួនចុះ ។

ទេវតាទៅកាន់ដើមឈើក្នុងខណៈដែលបោរិសាទកំពុងសម្លឹងមើល ។ ក្នុងពេលនោះ ដួងព្រះអាទិត្យក៏អស្ដង្គតទៅ ដួងព្រះចន្ទ្រក៏រះឡើងប្រាកដ ។ បោរិសាទជាអ្នកចេះដឹងក្នុងវិជ្ជាវេទង្គសាស្ត្រ និងនក្ខត្តឫក្សគោចរ ។ គេបានមើលអាកាសហើយគិតថា ស្អែកនេះនឹងជាផុស្សនក្ខត្តឫក្ស ស្ដេចសុតសោមនឹងយាងចេញទតព្រះរាជឧទ្យាន យើងនឹងចាប់ព្រះអង្គក្នុងទីនោះ ។ តែការរក្សាព្រះអង្គនឹងការរក្សាយ៉ាងធំ ពួកអ្នកនគរទាំងអស់នឹងត្រាច់រក្សា ៣ យោជន៍ដោយជុំវិញ យើងនឹងទៅកាន់មិគជិនឧទ្យានក្នុងបឋមយាមប៉ុណ្ណោះ ដែលជាកាលរក្សាមិនទាន់ច្បាស់លាស់ នឹងចុះកាន់ស្រះមង្គលបោក្ខរណី ហើយឋិតនៅ ដូច្នេះហើយក៏បានទៅកាន់ឧទ្យាននោះ ចុះកាន់ស្រះបោក្ខរណី បិទបាំងក្បាលដោយស្លឹកឈូក ហើយឋិតនៅ ។ ដោយតេជះនៃបោរិសាទ សត្វក្នុងទឹកមានត្រីនិងអណ្ដើកជាដើមបានថយចេញទៅ ប្រមូលផ្ដុំគ្នាជាក្រុមក្នុងទីបំផុតនៃទឹក ។

មានពាក្យសួរថា តេជះនេះបោរិសាទបានព្រោះអ្វី ?

ឆ្លើយថា បោរិសាទបានដោយអំណាចបុណ្យដែលបានធ្វើក្នុងជាតិមុន ។

ពិតមែនហើយ កាលសាសនារបស់ព្រះទសពលព្រះនាម កស្សបៈ បោរិសាទបានជាអ្នកផ្ដើមសលាកភត្តនិងទឹកដោះស្រស់ ដោយហេតុនោះ លោកទើបមានកម្លាំងច្រើន ។   បោរិសាទធ្លាប់បានសាងរោងភ្លើង និងថ្វាយភ្លើង ឧស ពូថៅ និងគំនរឧសដែលកាប់ហើយ ដើម្បីប្រយោជន៍ដល់ការកម្ចាត់ភាពត្រជាក់ដល់ភិក្ខុសង្ឃ ដោយហេតុនោះ គេទើបមានតេជះច្រើន ។

កាលបោរិសាទទៅកាន់ព្រះឧទ្យានយ៉ាងនេះហើយ អ្នកការពារបានចាត់ការរក្សាក្នុងទីប្រមាណ ៣ យោជន៍ដោយជុំវិញ ចំណែក​ព្រះបាទ​សុតសោម ទ្រង់សោយ​ព្រះក្រយា​ពេលព្រឹកហើយ ស្ដេចឡើងយានហត្ថីមង្គលដែលពួកអ្នកបម្រើប្រដាប់តាក់តែងហើយ ឡោមព័ទ្ធដោយ​ចតុរង្គសេនា ស្ដេចចេញ​ចាកព្រះនគរ ។

គ្រានោះ ព្រាហ្មណ៍នន្ទៈ នាំយកគាថាទាំងឡាយ ៤ ឈ្មោះសតារហា ឲ្យកន្លងផ្លូវប្រមាណ ១២០ យោជន៍ អំពីនគរតក្កសិលា ដល់នគរនោះហើយ ស្នាក់នៅក្នុងស្រុកជិតទ្វារនគរ កាលព្រះអាទិត្យឧទ័យហើយទើបចូលទៅកាន់នគរ បានឃើញព្រះរាជាស្ដេចចេញតាមទ្វារទិសខាងកើត ទើប​លាត​នូវដៃ​ថ្វាយ​ជ័យមង្គល ។ កាលព្រះរាជាស្ដេចយាងដំណើរទៅ ទ្រង់ទតមើលទៅកាន់ទិសទាំងឡាយ បានទតឃើញ​ដៃដែលលាត​ចេញរបស់​ព្រាហ្មណ៍​អ្នកឈរ​លើទីខ្ពស់​មួយ​កន្លែង ទ្រង់ចូលទៅជិតព្រាហ្មណ៍នោះ ដោយយានដំរីហើយត្រាស់សួរដោយគាថាថា

ជាតិភូមិរបស់អ្នកក្នុងដែនណាមួយទៀត អ្នកមកដល់ក្នុងទីនេះ ដោយប្រយោជន៍ ដូចម្តេច ម្នាលព្រាហ្មណ៍ អ្នកចូរប្រាប់សេចក្តីនុ៎ះដល់ខ្ញុំ អ្នកប្រាថ្នារបស់អ្វី ខ្ញុំនឹងឲ្យនូវរបស់នោះ តាមដែលអ្នកប្រាថ្នា ក្នុងថ្ងៃនេះ

អត្ថរបស់គាថានោះ មានដូចនេះថា ម្នាលព្រាហ្មណ៍ដ៏ចម្រើន ជាតិភូមិរបស់អ្នកមានក្នុងប្រទេសណា ? អ្នកមកដល់នគរនេះ ដោយប្រាថ្នាអ្វី ? ដោយប្រយោជន៍អ្វី ? ដោយហេតុអ្វី ? ម្នាលព្រាហ្មណ៍ដ៏ចម្រើន អ្នកគឺយើងសួរហើយ អ្នកចូរប្រាប់សេចក្ដីនោះដល់យើង ចូរប្រាប់ប្រយោជន៍នោះដល់យើង អ្នកប្រាថ្នានូវវត្ថុអ្វី ? ក្នុងថ្ងៃនេះ ឥឡូវនេះ យើងនឹងឲ្យវត្ថុអ្វីដល់អ្នក ?

លំដាប់នោះ ព្រាហ្មណ៍នោះ ទើបទូលដោយគាថាថា

បពិត្រព្រះអង្គជាមហិស្សរៈលើដែនដី គាថាទាំងឡាយ បទ មានអត្ថដ៏ជ្រៅ ប្រសើរក្រៃលែងប្រៀបដូចជាសាគរ ខ្ញុំមកក្នុងទីនេះ ដើម្បីប្រយោជន៍ ដល់ព្រះអង្គតែម្យ៉ាង សូមព្រះអង្គទ្រង់ព្រះសណ្តាប់នូវគាថា ដែលប្រកបដោយប្រយោជន៍ដ៏ប្រសើរ

បណ្ដាបទទាំងនោះ បទថា ធរណីមហិស្សរា មានអត្ថាធិប្បាយថា បពិត្រព្រះភូមិបាល គាថាទាំងឡាយ ៤ កើតឡើងហើយយ៉ាងណា ? មានអត្ថជ្រៅនិងប្រសើរក្រៃលែង ប្រៀបដូចសាគរ ទូលបង្គំមកក្នុងទីនេះ ក៏ដើម្បីប្រយោជន៍របស់ព្រះអង្គនោះឯង សូមព្រះអង្គស្ដាប់នូវសតារហាគាថាទាំងឡាយ ៤ នេះ ដែលប្រកបដោយប្រយោជន៍យ៉ាងក្រៃលែង ដែលព្រះកស្សបទសពលត្រាស់សម្លែងទុកហើយនេះ ។

ព្រាហ្មណ៍ទូលយ៉ាងនេះហើយ ក៏ទូលតទៅថា បពិត្រមហារាជ គាថាឈ្មោះថា       សតារហា ៤ គាថានេះ ដែលព្រះកស្សបទសពលទ្រង់សម្ដែងទុកហើយ ខ្ញុំព្រះអង្គបានស្ដាប់ថា ព្រះអង្គទ្រង់ប្រោសប្រាណក្នុងការសិក្សា ទើបមកដើម្បីសម្ដែងដល់ព្រះអង្គ ។ ព្រះរាជាមានព្រះទ័យសោមនស្សត្រាស់ថា បពិត្រអាចារ្យ លោកមកល្អហើយ តែខ្ញុំមិនអាចត្រឡប់វិញបាន ថ្ងៃនេះ ប្រកបដោយផុស្សនក្ខត្តឫក្ស យើងមកដើម្បីនឹងកក់នូវសីសៈ យើងនឹងមកក្នុងថ្ងៃស្អែកហើយនឹងបានស្ដាប់ចុះ លោកកុំធុញទ្រាន់ឡើយ ហើយត្រាស់បង្គាប់អាមាត្យថា អ្នកទាំងឡាយចូររៀបចំទីសម្រាកដល់ព្រាហ្មណ៍ ក្នុងផ្ទះឯណោះចុះ ហើយទើបស្ដេចយាងចូលកាន់ព្រះឧទ្យាន ។ ព្រះឧទ្យាននោះឡោមព័ទ្ធដោយកំពែងកម្ពស់ ១៨ ហត្ថ ដំរីឈររៀងតៗគ្នា ឡោមព័ទ្ធជារង្វង់មូល តអំពីនោះទៅជាពលសេះ តអំពីនោះទៅជាពលរថ តអំពីនោះទៅជាពលខ្មាន់ធ្នូ តអំពីនោះជាពលថ្មើរជើង តាំងឡោមព័ទ្ធជាលំដាប់ៗ ដូច្នេះឯង ពលនិកាយបានគឹកកងហាក់បីដូចមហាសមុទ្រដែលកម្រើកដូច្នោះ ។ លំដាប់នោះ ព្រះរាជាទ្រង់ដោះគ្រឿងរាជឥស្សរាភរណៈហើយ ប្រើអ្នកបម្រើឲ្យធ្វើមស្សុកម្ម មានព្រះសរីរៈដែលដុសសម្អាតហើយ ទ្រង់ស្រង់ត្រង់ទីបំផុតនៃស្រះបោក្ខរណី តាមព្រះរាជបវេណី ហើយស្ដេចឡើង ទ្រង់ស្លៀកឧទកគ្គហណសាដក ទើបស្ដេចប្រថាប់ឈរ ។ លំដាប់នោះ ពួកអ្នកបម្រើបង្អោននូវសំពត់ គ្រឿងក្រអូប កម្រងផ្កា និងគ្រឿងអលង្ការដល់ព្រះរាជា ។

ខណៈនោះ បោរិសាទគិតថា ព្រះរាជានេះ វេលាតែងព្រះកាយហើយនឹងមានទម្ងន់ធ្ងន់ ដូច្នោះយើងគួរនឹងចាប់ព្រះអង្គក្នុងវេលាដែលនៅស្រាលប៉ុណ្ណោះ ។ បោរិសាទនោះ កាលបង្វិលនូវដាវលើក្បាល ហាក់បីដូចជាផ្លេកបន្ទោរកាលបន្លឺឡើង បានកូរត្រីក្នុងទឹកឲ្យវិលវល់ដូច្នោះ ហើយឡើងអំពីទឹក បានដាក់ម្រាមដៃទុកលើក្បាល ញ៉ាំងឈ្មោះឲ្យលាន់ឮឡើងថា នែមនុស្សចង្រៃទាំងឡាយ យើងជាចោរស៊ីសាច់មនុស្សឈ្មោះបោរិសាទ ។ ជនជាបរិវារទាំងឡាយបានឮសំឡេងគេហើយ ក៏ធ្លាក់អំពីដំរីទាំងឡាយ ចាកយានដំរី ធ្លាក់ពីសេះទាំងឡាយចាកយានសេះ ធ្លាក់ពីរថទាំងឡាយចាកយានរថ ។ ពលនិកាយទាំងឡាយក៏បោះចោលនូវអាវុធទាំងឡាយដែលបានកាន់មក ហើយ​ដេកចុះ​លើផែន​ដីដោយទ្រូង ។           បោរិសាទ​ចាប់ព្រះបាទ​សុតសោម​លើកឡើង (មិនដូច) វេលាដែលខ្លួន​ចាប់ព្រះរាជាដទៃៗ គេតែងចាប់​ជើងធ្វើសីសៈ​ឲ្យសំយុងចុះក្រោម និងប្រហារ​សីសៈដោយស្មងជើង ។ បោរិសាទ​បានញ៉ាំង​ព្រះពោធិសត្វ​បង្អោន​ខ្លួនចូលមក​លើកឡើង​អង្គុយលើ ក ហើយគិតថា ដំណើរទៅ​ដោយទ្វាររមែង​យឺតយូរ (កាលមិនមានផ្លូវ) ទើបលោត​ឡើងកំពែងកម្ពស់ ១៨ ហត្ថ ក្នុងទីខាងមុខនោះឯង  ជាន់​ពោងដំរី​ដែលស្រវឹង​ឲ្យធ្លាក់ចុះ កាលជាន់​នូវខ្នងសេះ​អស្សតរ​ទាំងឡាយ ដែលលឿន​ដូចខ្យល់ ប្រៀបដូច​ជាកំពូលភ្នំ​ដែលធ្លាក់ចុះ កាលជាន់​នូវក្បាលនៃ​រថដែលអូស​ដោយ​រថឲ្យធ្លាក់ចុះ ហើយទៅ​កាន់ផ្លូវ​ដែល​មានប្រមាណ ៣ យោជន៍ ដោយសន្ទុះ​ដ៏រហ័ស ប្រៀបដូច​ជាញ៉ាំងខែល​ពណ៌ទាំងឡាយ​ឲ្យញាំ​ញីនូវស្លឹកជ្រៃ ប្រៀបដូចជាញ៉ាំង​គ្រឿងវិល​ឲ្យវិលទៅ​ដូច្នោះ កាលបោរិសាទ​ក្រឡេកមើល​ដោយគិតថា តើមានអ្នក​ណាដេញ​តាមមក​ជួយស្ដេច​សុតសោម ដូច្នេះហើយ កាលមិន​បានឃើញ​អ្នកណា​មួយតាមមក ទើបញ៉ាំង​ការដើរឲ្យសន្សឹមៗ តិចៗ ហើយបាន​ឃើញនូវ​ដំណក់ទឹក​ដែលហូរ​អំពីសក់របស់ស្ដេច​សុតសោម ដែលធ្លាក់​មកលើ​ទ្រូងរបស់ខ្លួន ទើបគិតថា ដែលឈ្មោះថា សត្វដែល​មិនខ្លាច​សេចក្ដីស្លាប់ រមែងមិនមាន សូម្បី​ស្ដេចសុតសោម​នេះ កាលដឹងថា ខ្លួននឹងត្រូវស្លាប់ រមែងយំ​ដោយ​សេចក្ដីស្លាប់ ដូច្នេះហើយ ក៏ពោលនូវគាថាទាំងឡាយថា

បណ្ឌិតទាំងឡាយណា ជាអ្នកមានយោបល់ ប្រកបដោយបញ្ញា ជាពហុស្សូត្រ គិតនូវហេតុបានច្រើនយ៉ាង រមែងមិនយំទេ បណ្ឌិតទាំងឡាយនោះ ជាអ្នកបន្ទោបង់នូវសេចក្តីសោក ដោយហេតុណាពិត ហេតុនុ៎ះជាទីពឹងដ៏ក្រៃលែង របស់ជនទាំងឡាយ

បពិត្រព្រះបាទសុតសោម ព្រះអង្គសោកស្តាយចំពោះខ្លួន ញាតិ ឬកូនប្រពន្ធ ស្រូវ ទ្រព្យ ប្រាក់ មាស ឬអ្វី បពិត្រព្រះបាទកោរព្យៈដ៏ប្រសើរ យើងនឹងស្តាប់ពាក្យរបស់លោក

បណ្ដាបទទាំងនោះ បទថា យេ បណ្ឌិតា សេចក្ដីថា បណ្ឌិតទាំង​ឡាយ​ដូចព្រះអង្គ​ ជាអ្នកបន្ទោបង់​សេចក្ដី​សោក​របស់​ពួក​ដទៃចេញបាន ការបន្ទោ​បង់​សេចក្ដី​សោកនេះ រមែង​ជាទីពឹង​ដ៏ល្អរបស់​ជនដទៃ ប្រៀបដូច​កោះ ជាទីស្នាក់​អាស្រ័យ របស់​អ្នកលិច​ទូកក្នុង​មហាសមុទ្រ ដូច្នោះ ព្រោះហេតុនោះ អ្នកមាន​ការចេះ​ដឹង​ដូចព្រះអង្គ គួរតែ​មិនយំ បពិត្រ​ព្រះបាទ​សុតសោម​ជាសម្លាញ់ កាលមនុស្ស​ដូចជា​ព្រះអង្គយំ ព្រោះសេចក្ដី​ខ្លាចស្លាប់ ជនអន្ធពាល​ពួកដទៃ​នឹងគប្បី​ធ្វើ​យ៉ាងណា ខ្ញុំសូមសួរព្រះអង្គ បពិត្រ​ព្រះអង្គសុតសោម ក្នុងបណ្ដា​បិយជន (ជនជាទីស្រឡាញ់) មានខ្លួនឯង​ជាដើមនេះ ព្រះអង្គគិត​ដល់រឿងអ្វី ? ព្រះអង្គ​សោកសៅ​រំពឹងដល់រឿងអ្វី ?

ព្រះបាទសុតសោមត្រាស់គាថាទាំងឡាយថា

យើងមិនសោកស្តាយចំពោះខ្លួន មិនសោកស្តាយចំពោះកូនប្រពន្ធ មិនសោកស្តាយចំពោះទ្រព្យ មិន​សោកស្តាយ​ចំពោះ​ដែនទេ (មាន) បុរាណធម៌ ជាចរិត​របស់​សប្បុរស​ទាំងឡាយ យើងសោកស្តាយ​នឹងការប្តេជ្ញា​នោះ​ចំពោះព្រាហ្មណ៍

ការប្តេជ្ញានឹងព្រាហ្មណ៍ ដែលយើងឋិតនៅក្នុងឥស្សរភាពក្នុងដែនរបស់ខ្លួន បានធ្វើហើយ យើងជាអ្នករក្សាខ្ជាប់នូវសច្ចៈ និងដោះនូវ​ការប្តេជ្ញានោះ​របស់ព្រាហ្មណ៍ ហើយនឹងត្រឡប់មកវិញ

បណ្តាបទទាំងនោះ បទថា នេវាហមត្តានមនុត្ថុនាមិ សេចក្ដីថា ព្រះបាទ          សុតសោមត្រាស់ថា យើងមិនបានយំ មិនបានសោក មិនបានគិតដល់ មិនសោកសៅ ដើម្បី ប្រយោជន៍ដល់ខ្លួនឯងជាដើម សូម្បីយ៉ាងណាឡើយ តែថាធម៌របស់​សប្បុរសដែល​ជាបណ្ឌិតដែល​បានប្រព្រឹត្តមក​ហើយតាំង​ពីបុរាណ​នៅមាន ដែលឈ្មោះថា ពាក្យសត្យណាព្រោះធ្វើការកំណត់ទុកជាមួយនឹងព្រាហ្មណ៍នោះ ។ ពាក្យថា យើងនឹងជាអ្នករក្សាពាក្យសត្យ ក្នុងគាថានោះ មាន​សេចក្ដីថា យើងនឹងជាអ្នករក្សាពាក្យសត្យ ព្រោះថាព្រាហ្មណ៍នោះនាំយកគាថា ៤ គាថា ដែលព្រះកស្សបទសពលទ្រង់សម្ដែងមកអំពីនគរតក្កសិលា យើងបាន​បញ្ជាឲ្យអ្នកបម្រើធ្វើអាគន្តុកវត្ត (បដិសណ្ឋារកិច្ចដែលគប្បីធ្វើដល់ភ្ញៀវ) ដល់ព្រាហ្មណ៍នោះ ហើយទើបមកស្រង់ទឹក យើងបានធ្វើការសន្យានឹងព្រាហ្មណ៍ទុកថា យើងនឹង​ស្ដាប់គាថានោះ សូមព្រាហ្មណ៍ចូរចាំយើងត្រឡប់មកវិញសិន ដូច្នេះហើយទើបមក តែថាឥឡូវលោកមិនបានឲ្យយើងស្ដាប់គាថានោះឡើយ លោកបាន​ចាប់យើងមក បើលោកដោះលែងយើងសិន យើងបានស្ដាប់ធម៌ហើយ យើងជាអ្នករក្សាពាក្យសត្យហើយនឹងត្រឡប់មកវិញ ។

គ្រានោះ បោរិសាទទូលព្រះបាទសុតសោមថា

ខ្ញុំមិនជឿនូវពាក្យនុ៎ះថា ជនមានសេចក្តីសុខ បានរួចអំពីមាត់នៃមច្ចុរ ហើយត្រឡប់មករកដៃនៃសត្រូវវិញដូច្នេះទេ បពិត្រព្រះបាទកោរព្យៈដ៏ប្រសើរ ទ្រង់នឹងមិនមករកខ្ញុំទេ

បពិត្រព្រះរាជា ទ្រង់បានរួចអំពីដៃនៃបោរិសាទហើយ មានប្រាថ្នាទៅកាន់មន្ទីររបស់ខ្លួន ហើយបាននូវជីវិតជាទីស្រឡាញ់ពេញចិត្ត កាលណា ទ្រង់នឹងមកកាន់សម្នាក់របស់ខ្ញុំវិញ បានយ៉ាងណា ។

បណ្ដាបទទាំងនោះ បទថា សុខី សេចក្ដីថា បុគ្គលដែលដល់សេចក្ដីសុខហើយ ។ បទថា មច្ចុមុខា បមុត្តោ សេ​ចក្ដីថា ផុតចាកមាត់នៃសេចក្ដីស្លាប់ ព្រោះផុតចាកកណ្ដាប់ដៃនៃចោរដែលប្រាកដដូចជាយើង នឹងគប្បីត្រឡប់វិញ ពាក្យខ្ញុំមិនជឿឡើយ បពិត្រព្រះបាទ  កោរព្យដ៏ប្រសើរ ព្រះអង្គនឹងមិនមកកាន់សំណាក់របស់ខ្ញុំទៀតឡើយ បពិត្រព្រះសុតសោម ព្រះអង្គផុតចាកកណ្ដាប់ដៃនៃបោរិសាទហើយ ស្ដេចទៅកាន់រាជនិវេសន៍ ។ បទថា សកំ  មន្ទិរំ បានដល់ រាជធានី ។ បទថា កាមកាមី សេចក្ដីថា ព្រះអង្គនឹងភ្លើតភ្លើនក្នុងកាមគុណ នឹងត្រឡប់មកកាន់សម្នាក់បានយ៉ាងណា ។

ព្រះមហាសត្វ​បានស្ដាប់ដូចនោះ ជាអ្នកមិនញាប់ញ័រ ហាក់ដូចជាសត្វសីហៈ ត្រាស់តបថា

បុគ្គលអ្នកមានសីលបរិសុទ្ធ រមែងប្រាថ្នានូវសេចក្តីស្លាប់ ឯបុគ្គលអ្នកមានធម៌ដ៏លាមក ដែលគួរអ្នកផងតិះដៀល មិនគួរចង់រស់ឡើយ បុគ្គលទ្រុស្តសីល ពោលនូវពាក្យមិនពិត ព្រោះហេតុខ្លួនណា ខ្លួននោះ រមែងមិនរក្សានូវ ជននោះចាកទុគ្គតិបានឡើយ

បើទុកជាខ្យល់បក់ភើចភ្នំបានក្តីព្រះចន្ទ្រនិងព្រះអាទិត្យ ធ្លាក់មកលើផែនដីក្តី ទឹកស្ទឹងទាំងអស់ ហូរច្រាសខ្សែទឹកក្តី បពិត្រព្រះរាជាខ្ញុំក៏មិនពោលពាក្យកុហកទេ

មេឃបែកធ្លាយ ទឹកសមុទ្ររីងស្ងួត ឬផែនដីជាទីទ្រទ្រង់នូវសត្វ ប្រែត្រឡប់ ក៏ភ្នំឈ្មោះមេរុរលើងទាំងឫស ខ្ញុំក៏មិនពោលពាក្យកុហកទេ

បណ្ដាបទទាំងនោះ បទថា មតំ វរេយ្យ សេចក្ដីថា ម្នាលបោរិសាទ នរជនណា មានសីលបរិសុទ្ធ គប្បីប្រាថ្នាសេចក្ដីស្លាប់ អធិប្បាយថា ចូរត្រូវការ ចូរប្រាថ្នាសេចក្ដីស្លាប់ ។ បទថា ន ជីវិតំ សេចក្ដីថា ចំណែកបុគ្គលដែលធម៌ដ៏លាមក ដែលអ្នកប្រាជ្ញតិះដៀល មិនគប្បីប្រាថ្នា គឺមិនត្រូវការជីវិត ព្រោះជីវិតរបស់គេមិនមានតម្លៃ ព្រោះមិនធ្វើសេចក្ដីចម្រើនតទៅ ។ បទថា យស្ស សេចក្ដីថា មនុស្សទ្រុស្ដសីល គប្បីពោលពាក្យ​កុហក ដើម្បីប្រយោជន៍​ដល់ខ្លួន​ណា វត្ថុមានខ្លួនឯង​ជាដើមនោះ រមែងមិនរក្សាបុគ្គលនោះ ចាកទុគ្គតិឡើយ ។

បទថា គិរិមាវហេយ្យ សេចក្ដីថា ម្នាលបោរិសាទសម្លាញ់ អ្នកជាមិត្រសម្លាញ់ដ៏ជិតស្និទ្ធ ធ្លាប់រៀនក្នុងសំណាក់​អាចារ្យជាមួយ​គ្នានឹងយើង​រហូតអស់​កាលត្រឹមនេះ  យើងនឹងមិន ពោលកុហកព្រោះហេតុនៃជីវិតឡើយ សូម្បីថាខ្យល់ប្រភេទផ្សេងមានខ្យល់ក្នុងទិសបូព៌ជាដើម នឹងគប្បី​បក់ភ្នំធំឲ្យ​ប៉ើងមកតាម​អាកាស ដូចជាប៉ុយសំឡីបាន សូម្បីហេតុនោះលោកក៏គប្បីជឿបាន តែលោកគប្បីជឿពាក្យនេះថា យើងមិនពោលកុហក ឲ្យក្រែលែងជាងហេតុនោះ ដួង​ព្រះចន្ទ្រ និងដួងព្រះអាទិត្យ ព្រមទាំងវិមានរបស់ខ្លួន គប្បីធ្លាក់ចុះលើផែនដី ទឹកស្ទឹងទាំងអស់គប្បីហូរបញ្ច្រាសបាន ម្នាលបោរិសាទដ៏ចម្រើន ពាក្យយ៉ាងនេះ បើមាន​អ្នកពោលឡើង ក៏គប្បីជឿបាន ចំណែកពាក្យថា យើងគប្បីពោលកុហកនេះ បើមានជនទាំងឡាយពោលនឹងលោក ពាក្យនោះ លោកមិនគប្បីជឿឡើយ ។

មហាមេឃនឹងគប្បីបាក់ ស្ទឹងនឹងគប្បីរីងស្ងួត ផែនដីដែលទ្រទ្រង់នូវភូតនឹងគប្បីក្រឡាប់ មេរុបព៌តនឹងគប្បីសឹករិចរិលដល់គល់ យើងក៏នឹងមិននិយាយកុហកឡើយ ។

សូម្បីព្រះពោធិសត្វត្រាស់ដូច្នេះហើយ បោរិសាទក៏នៅមិនជឿ ។ លំដាប់នោះ ព្រះពោធិសត្វទើបគិតថា បោរិសាទនេះ មិនព្រមជឿយើង យើងនឹងឲ្យគេជឿដោយពាក្យស្បថ ហើយត្រាស់ថា ម្នាលសម្លាញ់បោរិសាទ លោកចូរឲ្យយើងចុះអំពីក យើងនឹងស្បថឲ្យលោក ពេលដែលបោរិសាទដាក់ចុះលើផែនដីហើយ កាលនឹងទ្រង់ស្បថ ទើបត្រាស់ព្រះគាថាថា

យើងចាប់ដាវនិងលំពែង បពិត្រទ្រង់ជាសម្លាញ់ យើងនឹងធ្វើនូវសម្បថចំពោះទ្រង់ យើងរួចចេញអំពីទ្រង់ ជាអ្នកមិនមានបំណុល រក្សានូវសច្ចៈ នឹងត្រឡប់មកវិញ

សេចក្ដីនៃគាថានោះមានអត្ថាធិប្បាយថា ម្នាលបោរិសាទសម្លាញ់ បើលោកប្រាថ្នា យើងនឹងចាប់ដាវនិងលំពែងស្បថថា សូមកុំឲ្យយើងបានកើតក្នុងត្រកូលក្សត្រដែលមានការរក្សាយ៉ាងល្អ ដោយអាវុធមានសភាពបែបនេះ ម្នាលសម្លាញ់ ឬថា លោកប្រាថ្នាពាក្យស្បថយ៉ាងដទៃទៀត ? យើងនឹងធ្វើការស្បថដល់លោកទៀតក៏បាន យើងផុតចាកលោកហើយ នឹងទៅរកព្រាហ្មណ៍ ធ្វើខ្លួនមិនឲ្យជំពាក់ (ពាក្យសម្ដី) នឹងព្រាហ្មណ៍នោះហើយ យើងរក្សាពាក្យសត្យ នឹងត្រឡប់មកវិញ ។

ក្នុងលំដាប់នោះ បោរិសាទគិតថា ស្ដេចសុតសោមធ្វើការស្បថដែលពួកក្សត្រមិនគួរធ្វើ នឹងប្រយោជន៍អ្វីដោយស្ដេចសុតសោមនេះដល់យើង ព្រះអង្គនឹងត្រឡប់មក ឬមិនមកក៏ដោយ សូម្បីយើងក៏ជាខត្តិយរាជ នឹងកាន់យកឈាមក្នុងដៃរបស់យើងធ្វើពលីកម្មដល់ទេវតា ស្ដេចសុតសោមនេះមានការលំបាកខ្លាំង ហើយពោលថា

ការប្តេជ្ញាណា ជាមួយនឹងព្រាហ្មណ៍ដែលព្រះអង្គឋិតនៅក្នុងឥស្សរភាព ក្នុងដែនរបស់ខ្លួន បានធ្វើហើយ សូមព្រះអង្គជាអ្នករក្សានូវសច្ចៈ ដោះនូវការប្តេជ្ញានោះ នឹងព្រាហ្មណ៍ហើយ ចូរត្រឡប់មកវិញ

ពាក្យថា ត្រឡប់មក ក្នុងគាថានោះ សំដៅដល់ ព្រះអង្គនឹងត្រឡប់មកទៀត ។

លំដាប់នោះ ព្រះមហាសត្វត្រាស់ថា ម្នាលសម្លាញ់បោរិសាទ លោកកុំគិតឡើយ យើងបានស្ដាប់សតារហគាថា ៤ គាថាហើយ ឲ្យគ្រឿងបូជាដល់ធម្មកថិកហើយ នឹងមកអំពីព្រឹកតែម្ដង ហើយត្រាស់ដោយគាថាថា

ការប្តេជ្ញាណា ជាមួយនឹងព្រាហ្មណ៍ ដែលខ្ញុំឋិត នៅក្នុងឥស្សរភាព ក្នុងដែនរបស់ខ្លួន បានធ្វើហើយ ខ្ញុំជាអ្នករក្សានូវសច្ចៈ នឹងដោះនូវការ ប្តេជ្ញានោះ នឹងព្រាហ្មណ៍ហើយនឹង   ត្រឡប់មកវិញ

លំដាប់នោះ បោរិសាទទូលស្ដេចសុតសោមថា បពិត្រមហារាជ ព្រះអង្គធ្វើការស្បថដែលពួកក្សត្រមិនគួរធ្វើ ទ្រង់ចូររលឹកព្រះតម្រាស់ដែលទ្រង់ប្ដេជ្ញាទុក ។ គ្រានោះ ព្រះមហាសត្វត្រាស់នឹងគេដោយព្រះតម្រាស់ថា ម្នាលសម្លាញ់បោរិសាទ លោកស្គាល់យើងតាំងតែនៅកម្លោះ ពាក្យកុហកយើងមិនដែលពោលឡើយ សូម្បីតែការលេងសើច យើងនឹងនិយាយកុហកបានឬ ? ឥឡូវនេះ យើងតាំងនៅក្នុងរាជសម្បត្តិហើយ ដឹងខុសដឹងត្រូវ នឹងនិយាយកុហកបានឬ ? លោកចូរជឿយើងចុះ យើងនឹងត្រឡប់មកឲ្យទាន់ពលីកម្មរបស់លោកក្នុងស្អែកនេះ ។ បោរិសាទទើបពោលថា បពិត្រមហារាជ បើយ៉ាងនោះ សូមព្រះអង្គស្ដេចយាងចុះ កាលព្រះអង្គមិនត្រឡប់មក នឹងមិនជាពលីកម្មឡើយព្រោះទេវតា (ពោលថា) វៀរព្រះអង្គចេញហើយនឹងមិនទទួលឡើយ សូមព្រះអង្គកុំធ្វើសេចក្ដីអន្តរាយដល់ពលីកម្មរបស់ខ្ញុំ ហើយបញ្ជូនព្រះមហាសត្វទៅ ។ ព្រះមហាសត្វប្រៀបដូចជាព្រះចន្ទ្រដែលផុតចាកមាត់រាហូ ព្រះអង្គមានកម្លាំងដូចស្ដេចដំរី ទ្រង់យាងទៅដល់ព្រះនគរដោយឆាប់រហ័ស ។

លំដាប់នោះ សូម្បីសេនារបស់ស្ដេចសុតសោមនោះ ក៏នៅតាំងក្បួននៅខាងក្រៅព្រះនគរ ព្រោះគិតថា ស្ដេចសុតសោម ព្រះអង្គជាបណ្ឌិតទ្រង់សម្ដែងធម៌ពីរោះ កាលបានត្រាស់កថារឿងមួយឬពីរ នឹងទូន្មានបោរិសាទបានហើយត្រឡប់មក ដូចស្ដេចដំរីដ៏ប្រសើរផុតចាកមាត់នៃសីហៈដូច្នោះ និងក្រែងអ្នកស្រុកអ្នកនគរតិះដៀលថា ឲ្យព្រះរាជាដល់បោរិសាទហើយគេចមក ។ គ្រាឃើញព្រះពោធិសត្វយាងមកអំពីចម្ងាយ ទើបនាំគ្នាក្រោកឡើងទៅទទួល ថ្វាយបង្គំហើយក្រាបទូលធ្វើបដិសណ្ឋារៈថា បពិត្រមហារាជ ព្រះអង្គត្រូវបោរិសាទធ្វើឲ្យលំបាកយ៉ាងណាខ្លះ ? កាលត្រាស់តបថា បោរិសាទបានធ្វើកិច្ចដែលមាតាបិតាធ្វើបានដោយលំបាកដល់យើង បោរិសាទដ៏កាចសាហាវ ដែលទៅដោយរហ័ស មានសភាពបែបនោះ កាលបានស្ដាប់ធម្មកថារបស់យើង ហើយក៏ដោះលែងយើង ដូច្នេះហើយ ទើបអ្នកបម្រើទាំងឡាយប្រដាប់តាក់តែងស្ដេចសុតសោមហើយយាងឲ្យឡើងលើ-កដំរី ហែហមទ្រង់ឲ្យយាងចូលកាន់ព្រះនគរ ។

ពួកអ្នកនគរបានឃើញដូចនោះហើយក៏នាំគ្នារីករាយ ចំណែកស្ដេចសុតសោមនោះ ព្រោះព្រះអង្គជាអ្នកធ្ងន់ក្នុងធម៌ ជាអ្នកគោរពធម៌ មិនបានឃើញព្រះមាតាព្រះបិតា តាំងព្រះហឫទ័យថា នឹងចូលគាល់តាមក្រោយ ដូច្នេះហើយទើបស្ដេចយាងចូលរាជនិវេសន៍ ទ្រង់ប្រថាប់ហើយ បញ្ជាឲ្យហៅព្រាហ្មណ៍មក និងត្រាស់ឲ្យធ្វើកម្មមានមស្សុកម្ម (ការកោរកាត់ពុកមាត់) ជាដើម ហើយឲ្យលាបនូវសក់និងពុកមាត់ដែលប្រដាប់ហើយ ហើយ​ឲ្យប្រដាប់​ដោយគ្រឿង​អលង្ការ​ដល់ព្រាហ្មណ៍​នោះ (រួចរាល់ហើយ) ទើបឲ្យ​នាំមកគាល់ ។ ព្រះមហាសត្វ ទ្រង់ស្រង់​ទឹកហើយ បាន​ព្រះរាជ​ទាននូវ​ភោជន​របស់ព្រះអង្​គដល់ព្រាហ្មណ៍នោះ ។ កាលព្រាហ្មណ៍បរិភោគហើយ ស្ដេចអញ្ជើញ​ព្រាហ្មណ៍ឲ្យ​អង្គុយលើ​បល្ល័ង្កដែល​សមគួរ​ដល់ការបូជា ហើយ​ព្រះអង្គ​គង់លើ​អាសនៈទាប ពេលបាន​បូជាព្រាហ្មណ៍​ដោយសក្ការៈ​ មានរបស់​ក្រអូប និងផ្កាឈើ​ជាដើម​យ៉ាងនេះហើយ ព្រោះព្រះអង្គ​ជាអ្នកគោរព​ក្នុងធម៌ ស្ដេចបាន​ត្រាស់​អារាធនាថា បពិត្រ​លោកអាចារ្យ ខ្ញុំសូម​ស្ដាប់គាថាឈ្មោះ សតារហា ដែលលោក​នាំមកដើម្បីខ្ញុំ ។

តមត្ថំ ទីបេន្តោ សត្ថា គាថមាហ ព្រះសាស្ដាកាលប្រកាសសេចក្ដីនោះ ទើងទ្រង់ត្រាស់ជាព្រះគាថា ថា

ព្រះបាទសុតសោមនោះ រួចពីព្រះហស្តនៃស្ដេចបោរិសាទ ហើយទៅ​ បានពោលពាក្យនេះនឹងព្រាហ្មណ៍នោះថា ម្នាលព្រាហ្មណ៍ ខ្ញុំសូមស្តាប់នូវគាថាទាំងឡាយ ដែលមានឈ្មោះថា សតារហា ជាគាថាដែលខ្ញុំស្តាប់ហើយមាន​ប្រយោជន៍ ។

ពាក្យថា ពោលពាក្យនេះនឹងព្រាហ្មណ៍នោះថា ក្នុងគាថានោះ មានន័យថា បានត្រាស់គាថានេះ ។

លំដាប់នោះ ក្នុងវេលាដែលព្រះពោធិសត្វអារាធនាហើយ ព្រាហ្មណ៍ទើបពន្លះនូវដៃទាំងពីរដោយរបស់ក្រអូប ហើយនាំយកគម្ពីរដែលជាទីរីករាយចេញអំពីថង់យាម ចាប់ឡើងដោយដៃទាំងពីរ ហើយទូលថា ឥឡូវនេះ សូមមហារាជស្ដាប់សតារហាគាថាទាំងឡាយ ៤ ដែលព្រះកស្សបទសពលទ្រង់សម្ដែងទុក ដែល​ជាគ្រឿង​ដកនូវ​សេចក្ដីស្រវឹង​មានសេចក្ដី​ដោយរាគៈ​ជាដើម និងឲ្យសម្រេច​នូវអមត​មហានិព្វាន កាល​ព្រាហ្មណ៍នោះ មើលគម្ពីរ​ទើបពោល (សតារហាគាថាទាំងនោះ) ថា

សកិទេវ សុតសោម, សព្ភិ ហោតិ សមាគមោ;

សា នំ សង្គតិ បាលេតិ, នាសព្ភិ ពហុ សង្គមោ។

បពិត្រព្រះបាទសុតសោម ការជួបប្រទះដោយសប្បុរសទាំងឡាយ អស់វារៈតែម្តង ការជួបប្រទះនោះ រមែងរក្សានូវបុគ្គលនោះបាន ឯការជួបជុំដោយពួកអសប្បុរសជាច្រើនដង រមែងមិនរក្សានូវបុគ្គលនោះទេ

សព្ភិរេវ សមាសេថ, សព្ភិ កុព្ពេថ សន្ថវំ;

សតំ សទ្ធម្មមញ្ញាយ, សេយ្យោ ហោតិ ន បាបិយោ។

បុគ្គលគប្បីគប់រកនឹងពួកសប្បុរស គប្បីធ្វើនូវការស្និទ្ធស្នាលនឹងពួកសប្បុរស គុណធម៌ដ៏ប្រសើរ រមែងកើតមាន ព្រោះដឹងនូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនជាទោសដ៏លាមកឡើយ

ជីរន្តិ វេ រាជរថា សុចិត្តា, អថោ សរីរម្បិ ជរំ ឧបេតិ;

សតញ្ច ធម្មោ ន ជរំ ឧបេតិ, សន្តោ ហវេ សព្ភិ បវេទយន្តិ។

រាជរថទាំងឡាយ ដែលគេរចនាល្អហើយ រមែងគ្រាំគ្រាទៅវិញ សូម្បីសរីរៈ (នៃពួកសត្វ) ក៏រមែងដល់នូវសេចក្តីគ្រាំគ្រាដោយពិត ឯធម៌របស់សប្បុរសទាំងឡាយ រមែងមិនដល់នូវ សេចក្តីគ្រាំគ្រាទេ ពួកសប្បុរសរមែងចរចារដោយពួកសប្បុរស

នភញ្ច ទូរេ បថវី ច ទូរេ, បារំ សមុទ្ទស្ស តទាហុ ទូរេ;

តតោ ហវេ ទូរតរំ វទន្តិ, សតញ្ច ធម្មោ អសតញ្ច រាជា។

អាកាសនិងដីឋិតនៅក្នុងទីឆ្ងាយពីគ្នា អ្នកប្រាជ្ញទាំងឡាយបានពោលនូវច្រាំងសមុទ្រជាឆ្ងាយ បពិត្រព្រះរាជា អ្នកប្រាជ្ញទាំងឡាយបានពោល​នូវធម៌របស់ពួក​សប្បុរស និងពួកអសប្បុរសថា ឆ្ងាយជាងនោះទៅទៀត

បណ្ដាបទទាំងនោះ បទថា អស់វារៈតែម្តង សំដៅដល់ អស់វារៈតែមួយប៉ុណ្ណោះ ។ ពាក្យថា សប្បុរស សំដៅដល់ សប្បុរសទាំងឡាយ ។ ពាក្យថា ការសមាគមនោះ អធិប្បាយថា ការសមាគមជាមួយនឹងពួកសប្បុរសនោះ ប្រព្រឹត្តទៅហើយត្រឹមតែមួយគ្រា ក៏រមែងអភិបាលរក្សាឃុំគ្រងបុគ្គលនោះបាន ។ ពាក្យថា អសប្បុរស នេះ ចំណែកការរួបជាមួយនឹងអសប្បុរសសូម្បីបុគ្គលធ្វើទុកច្រើនហើយ ឬធ្វើហើយអស់កាលដ៏យូរ បានដល់ ការនៅក្នុងទីជាមួយគ្នា ក៏រក្សាមិនបាន គឺរមែងនាំសេចក្ដីវិនាសមកឲ្យ ។ ពាក្យថា គប្បីគប់រក គឺគប់រកដោយការអង្គុយជិត អធិប្បាយថា គប់រកដោយការច្របូកច្របល់ជាមួយនឹងបណ្ឌិតទាំងនោះគ្រប់ឥរិយាបថ ។ ពាក្យថា សេចក្ដីស្និទ្ធស្នាល សំដៅដល់ សេចក្ដីស្និទ្ធស្នាលគ្នាដោយមេត្រីភាព ។  ពាក្យថា សទ្ធម្មរបស់សប្បុរស សំដៅដល់ សទ្ធម្មគឺពោធិបក្ខិយធម៌ ៣៧ ប្រការ របស់បណ្ឌិតទាំងឡាយមានព្រះពុទ្ធជាដើម ។ ពាក្យថា សេចក្ដីចម្រើន  អធិប្បាយថា ព្រោះដឹងធម៌នេះហើយ មានតែសេចក្ដីចម្រើនតែម្យ៉ាង ទើបឈ្មោះថា សេចក្ដីវិនាសរមែង         មិនមាន ។ ពាក្យថា រាជរថ សំដៅដល់ រថទ្រង់គ្រឿងរបស់ព្រះរាជាទាំងឡាយ ។ ពាក្យថា ឲ្យវិចិត្រយ៉ាងល្អ សំដៅដល់ ដែលគេធ្វើបរិកម្មទុកយ៉ាងល្អ ។ ពាក្យថា ជាមួយនឹងសប្បុរសនោះឯង អធិប្បាយថា សប្បុរសទាំងឡាយមានព្រះពុទ្ធជាដើម រមែងដឹងព្រះនិព្វាន ដែលល្អស្អាតខ្ពង់ខ្ពស់ ដល់ការរាប់ថាជាសប្បុរស ធម៌របស់សប្បុរសទាំងឡាយ ពោលគឺ ព្រះនិព្វាននោះរមែងមិនចូលដល់ជរា គឺ មិនចាស់ឡើយ ។ ពាក្យថា នភំ សំដៅដល់ អាកាស ។ ពាក្យថា ឆ្ងាយពីគ្នា អធិប្បាយថា ផែនដីតាំងនៅក្នុងទីដែលអាចកាន់យកប៉ះពាល់បាន, អាកាសមិនតាំងនៅក្នុងទីដែលអាចចាប់យកបាន ព្រោះហេតុនោះ សូម្បីរបស់ទាំងពីរនេះនឹងជាប់គ្នាជារបស់តែមួយ  ឈ្មោះថា នៅឆ្ងាយពីគ្នា ព្រោះដោយការមិនប្រកបគ្នា និង ដោយការមិនចូលទៅជាប់គ្នា ។ ពាក្យថា ច្រាំង គឺអំពីច្រាំងនេះ ទីកាន់ច្រាំងនោះ ។ ពាក្យថា លោកពោល អធិប្បាយថា ធម៌របស់សប្បុរសនិងរបស់អសប្បុរសនោះ នៅឆ្ងាយពីគ្នា ។

ព្រាហ្មណ៍ពោលសតារហាគាថាទាំងឡាយ ៤ តាមដែលព្រះពុទ្ធកស្សបទសពលបានសម្ដែងទុកយ៉ាងនេះហើយ ក៏អង្គុយស្ងៀម ។ ព្រះមហាសត្វទ្រង់បានស្ដាប់ដូច្នោះហើយ មានព្រះហ្ឫទ័យសោមនស្សថា ការមករបស់យើងប្រកបដោយផលហ៎្ន ! ទ្រង់ត្រិះរិះទៀតថា គាថាទាំងនេះមិនមែនភាសិតរបស់ព្រះសាវ័ក មិនមែនភាសិតរបស់ឥសី មិនមែនភាសិតរបស់អ្នកណាមួយឡើយ នឹងជាភាសិតរបស់ព្រះសព្វញ្ញូប៉ុណ្ណោះ នឹងគួរដល់តម្លៃប៉ុណ្ណាហ៎្ន ? ទ្រង់ត្រិះរិះតទៅថា សូម្បីយើង​នឹងញ៉ាំង​ចក្រវាល​ទាំងអស់​ធ្វើឲ្យ​ពេញដោយ​រតនៈ ៧ ដរាបដល់​ព្រហ្មលោក ហើយឲ្យក្ដី ក៏មិនអាចធ្វើ​ឲ្យសមគួរឡើយ ឬថាយើង​សូម្បីឲ្យ​រាជសម្បត្តិក្នុង​នគរឥន្ទបត្ត​ប្រមាណ ៧ យោជន៍ ក្នុងកុរុរដ្ឋប្រមាណ ៣០០ យោជន៍ ដល់ព្រាហ្មណ៍នេះ ជោគវាសនាដែលនឹងបានរាជសម្បត្តិរបស់ព្រាហ្មណ៍នេះមានឬហ៎្ន ? កាល​ទ្រង់ត្រួត​មើលដោយ​ភាវៈ​នៃវិជ្ជា​មើលអវយវៈ​ហើយ មិនឃើញ​មាន​ដូច្នេះហើយ ។ បន្ទាប់​មក​ទ្រង់​ក៏ត្រួត​មើល​តំណែង​​ទាំងឡាយ មានតំណែង​​ជាសេនបតី​ជាដើម មិនឃើញ​មានដល់​ព្រាហ្មណ៍នោះ    សូម្បីត្រឹម​តែ​តំណែង​គាមភោជក​នៃស្រុក​ឡើយ កាលទ្រង់​ត្រួតមើល​នូវចំណែក​នៃការបានទ្រព្យ តាំងតែពី​ទ្រព្យមួយកោដិ​ចុះមក បានឃើញនូវ​ចំណែកនៃ​ទ្រព្យត្រឹម​តែបួនពាន់​កហាបណៈ​ប៉ុណ្ណោះ ដូច្នេះហើយ ទ្រង់ក៏តាំងចិត្តថា យើងនឹងបូជា​នូវព្រាហ្មណ៍​ដោយទ្រព្យ​មានប្រមាណ​ប៉ុណ្ណោះ ទ្រង់បញ្ជា​ឲ្យព្រះរាជទាន​ថង់ទ្រព្យ​មួយពាន់បួនថង់ ហើយ​ត្រាស់សួរថា បពិត្រអាចារ្យ លោកសម្ដែង​គាថានេះ​ដល់ពួកក្សត្រដទៃ ​ទទួលបាន​ទ្រព្យប៉ុន្មាន ? ព្រាហ្មណ៍ទូលថា បពិត្រមហារាជ គាថានីមួយ ៗ បាន​មួយរយកហាបណៈ ព្រោះហេតុនោះ គាថាទាំងឡាយនោះ ទើបមានឈ្មោះថា សតារហា (គាថាដែលគួរដល់​តម្លៃមួយរយ) ។ លំដាប់នោះ ព្រះមហាសត្វ ត្រាស់នឹង​ព្រាហ្មណ៍នោះ​តទៅទៀតថា  បពិត្រអាចារ្យ លោកមិន​ដឹងតម្លៃនៃ​ភណ្ឌដែល​គប្បីលក់​ ហើយកាន់យក​ដោយខ្លួនឯង ចាប់អំពី​ពេលនេះទៅ គាថានីមួយៗ ចូរមានឈ្មោះថា សហស្សារហា (គាថាដែលគួរ​ដល់​តម្លៃមួយពាន់) ដូច្នេះហើយ ទ្រង់​ក៏ត្រាស់ព្រះគាថាថា

គាថាទាំងនេះ គួរដល់តម្លៃ ពាន់កហាបណៈ គាថាទាំងនេះ មិនគួរដល់តម្លៃត្រឹម ១០០ កហាបណៈទេ ម្នាលព្រាហ្មណ៍ លោកចូរទទួលយកកហាបណៈ ពាន់ជាប្រញាប់ចុះ

សេចក្ដីរបស់គាថានោះ គឺ ម្នាលព្រាហ្មណ៍ គាថាទាំងឡាយនេះ គួរដល់តម្លៃបួនពាន់ គាថាទាំងឡាយនេះ មិនមែនគួរដល់តម្លៃមួយរយទេ ម្នាលព្រាហ្មណ៍ លោកចូរប្រញាប់កាន់យកទ្រព្យបួនពាន់កហាបណៈចុះ ។

គ្រានោះ ព្រះមហាសត្វបានប្រទានយានជាសុខមួយដល់ព្រាហ្មណ៍នោះ ហើយបញ្ជារាជបុរសថា អ្នកទាំងឡាយចូរញ៉ាំងព្រាហ្មណ៍ឲ្យដល់ផ្ទះដោយសុវត្ថិភាព ហើយបានបញ្ជូនព្រាហ្មណ៍នោះទៅ ។

ក្នុងខណៈក៏បានកើតសំឡេងសាធុការដ៏ខ្លាំងថា សាធុ សាធុ គាថាឈ្មោះសតារហា ស្ដេចសុតសោមប្ដូរជា សហស្សារហា ទ្រង់ធ្វើការបូជាហើយ ។ ព្រះរាជមាតាបិតារបស់ព្រះអង្គបានស្ដាប់សំឡេងនោះ ហើយត្រាស់សួរថា នោះជាសំឡេងអ្វី ? ទ្រង់បានជ្រាបតាមសេចក្ដីពិត ទ្រង់ក្រោធនឹងព្រះមហាសត្វ ព្រោះភាវៈនៃជាប់ជំពាក់នឹងទ្រព្យរបស់ខ្លួន ។ ចំណែកព្រះពោធិសត្វទ្រង់បញ្ជូនព្រាហ្មណ៍នោះហើយ បានទៅកាន់សម្នាក់របស់ព្រះរាជមាតាបិតានោះ បានក្រាបថ្វាយបង្គំព្រះរាជមាតាបិតាហើយទ្រង់ឈរ ។

លំដាប់នោះ ព្រះរាជបិតាមិនធ្វើបដិសណ្ឋារៈសូម្បីត្រឹមតែពាក្យថា ម្នាលបុត្រ អ្នកបានរួចផុតអំពីដៃចោរ ដែលកាចសាហាវមានសភាពដូច្នោះមកបានដូចម្ដេច​ ដូច្នេះឡើយ ដោយភាពជាអ្នកជាប់ជំពាក់នឹងទ្រព្យរបស់ខ្លួន ទើបសួរថា ម្នាលបុត្រ បានឮថា អ្នកស្ដាប់គាថាបីបួនហើយឲ្យទ្រព្យបួនពាន់ពិតមែនទេ ?

កាលព្រះមហាសត្វត្រាស់ថា ពិត ព្រះរាជបិតានោះទើបត្រាស់គាថាថា

គាថាមានថ្លៃ ៨០ កហាបណៈ ៩០ កហាបណៈ និងគាថា គួរដល់ថ្លៃ ១០០ កហាបណៈ ម្នាលសុតសោម អ្នកចូរដឹងដោយខ្លួនឯងចុះ គាថាដូចម្តេចដែលឈ្មោះថាគួរដល់ថ្លៃ ពាន់កហាបណៈ

សេចក្ដីនៃគាថានោះថា ម្នាលបុត្រ ដែលឈ្មោះថា គាថាដែលគប្បីបូជាដោយតម្លៃ ៨០ ផង ៩០ ផង និង ១០០ ផង អ្នកចូរដឹងដោយខ្លួនឯងចុះ គាថាដូចម្ដេច ដែលឈ្មោះថា គាថាដែលគួរដល់តម្លៃមួយនោះ នឹងមានក្នុងទីណា ?

លំដាប់នោះ ព្រះមហាសត្វកាលនឹងក្រាបទូលព្រះរាជបិតានោះឲ្យទ្រង់ជ្រាបថា ព្រះអង្គមិនប្រាថ្នាសេចក្ដីចម្រើនដោយទ្រព្យតែម្យ៉ាងប៉ុណ្ណោះទេ រមែងប្រាថ្នាសេចក្ដីចម្រើនដោយការសិក្សាផង ទើបត្រាស់គាថាដូចតទៅថា

ខ្ញុំព្រះអង្គប្រាថ្នានូវសេចក្តីចម្រើនដោយសុតៈ គឺការចេះដឹង ដើម្បីខ្លួន សប្បុរសទាំងឡាយ អ្នកមានចិត្តស្ងប់ គប្បីគប់រកនូវខ្ញុំព្រះអង្គ បពិត្រព្រះបិតា ខ្ញុំព្រះអង្គ មិនឆ្អែតដោយសុភាសិត ដូចជាមហាសមុទ្រមិនឆ្អែតដោយទឹកស្ទឹង ដែលហូរចូលទៅ

ភ្លើងកាលឆេះស្មៅនិងឈើរមែងមិនឆ្អែត សាគររមែងមិនឆ្អែតដោយទឹកស្ទឹងយ៉ាងណា បពិត្រព្រះរាជាដ៏ប្រសើរ បណ្ឌិតទាំងឡាយនោះបានស្តាប់ហើយ ក៏មិនឆ្អែតដោយសុភាសិតក៏យ៉ាងនោះដែរ

បពិត្រព្រះអង្គជាធំជាងជន ខ្ញុំព្រះអង្គស្តាប់នូវគាថា ដែលមានប្រយោជន៍របស់ទាសៈនៃខ្លួន ក្នុងកាលណា ក្នុងកាលណោះ ខ្ញុំព្រះអង្គតែងផ្ទៀងស្តាប់នូវគាថានោះឯងដោយគោរព បពិត្រព្រះបិតា ខ្ញុំព្រះអង្គមិនមានសេចក្តីឆ្អែតក្នុងធម៌ទាំងឡាយទេ

ពាក្យថា វោ ក្នុងគាថានោះ ត្រឹមតែជានិបាត (សព្ទ​សម្រាប់​ផ្សំ​សម្ដី​ត្រង់​ឃ្លា​របះ​នីមួយ​ៗ ជា​ជំនួយ​នាម​សព្ទ​និង​កិរិយា​សព្ទ ឲ្យ​មាន​សេចក្ដី​ស្រឡះ, ច្បាស់​លាស់, ពីរោះ​ស្រួល​ស្ដាប់) សម្រាប់ចុះជ្រែកក្នុងរវាងពាក្យ ។ ពាក្យថា ពួកសប្បុរស អធិប្បាយថា ខ្ញុំព្រះអង្គប្រាថ្នាថា ពួកសប្បុរសទាំងនេះ គប្បីគប់រកខ្ញុំព្រះអង្គ ។ ពាក្យថា ទឹកស្ទឹង សំដៅដល់ ទឹកស្ទឹងទាំងពួង ។ ពាក្យថា របស់ខ្លួន អធិប្បាយថា នន្ទព្រាហ្មណ៍ចូរលើកទុកសិនចុះ វេលាណាខ្ញុំព្រះអង្គត្រូវការស្ដាប់ធម្មកថា សូម្បីអំពីទាសៈរបស់ខ្លួន វេលានោះ ខ្ញុំព្រះអង្គក៏ត្រូវស្ដាប់ធម្មកថាដោយសេចក្ដីគោរព ។

គ្រាត្រាស់យ៉ាងនេះហើយ ព្រះបាទសុតសោមទើបទូលតទៅថា បពិត្រព្រះបិតា ព្រះអង្គសូមកុំបរិភាស (ជេរ​ប្រទេចផ្ដាសា) ទូលព្រះបង្គំ ព្រោះហេតុនៃទ្រព្យឡើយ ទូលព្រះបង្គំបានឲ្យបដិញ្ញា គឺការសន្យានឹងបោរិសាទថា ខ្ញុំព្រះអង្គបានស្ដាប់ធម៌ហើយនឹងវិលត្រឡប់ទៅកាន់សម្នាក់គេវិញ ឥឡូវនេះ ខ្ញុំព្រះអង្គនឹងទៅកាន់សម្នាក់របស់បោរិសាទនោះ សូមព្រះបិតាចូរទទួលនូវរាជសម្បត្តិនេះចុះ កាលនឹងក្រាបទូលឲ្យព្រះបិតាទទួលរាជសម្បត្តិ បានត្រាស់ព្រះគាថាថា

ដែនរបស់ព្រះអង្គនេះ ព្រមទាំងទ្រព្យ ព្រមទាំងយាន ព្រមទាំងគ្រឿងប្រដាប់កាយ  បរិបូណ៌ដោយវត្ថុគួរប្រាថ្នាគ្រប់យ៉ាង ព្រះអង្គជេរប្រទេចខ្ញុំព្រះអង្គ ព្រោះហេតុនៃសេចក្តីប្រាថ្នាដូចម្តេច ខ្ញុំព្រះអង្គនឹងទៅកាន់សម្នាក់នៃព្រះបាទបោរិសាទ

ពាក្យថា ក្នុងសម្នាក់ ក្នុងគាថានោះ សំដៅដល់ទីនៅរបស់ស្ដេចបោរិសាទ ។

ក្នុងពេលនោះ ព្រះហឫទ័យរបស់ព្រះរាជបិតាឡើងកម្ដៅមួយរំពេច ។ ព្រះរាជបិតានោះត្រាស់ថា ម្នាលបុត្រសុតសោម សូមអ្នកកុំពោលយ៉ាងនេះ យើងនឹងឲ្យគេចាប់ចោរដោយចតុរង្គសេនាទាំងឡាយ ហើយត្រាស់ព្រះគាថាថា

ដ្បិតពួកពលទាំងនុ៎ះ គឺពលដំរី ពលរថ ពលថ្មើរជើង ពលសេះ និងខ្មាន់ធ្នូ ក៏មានសម្រាប់រក្សាខ្លួន យើងនឹងលើកពលសេនាទៅសម្លាប់សត្រូវ

ក្នុងគាថានោះ ពាក្យថា ហនាម អធិប្បាយថា បើសេនាដែលយើងត្រៀមទុកយ៉ាងនេះ អាចនឹងចាប់ចោរនោះបាន លំដាប់នោះ យើងនាំពួកអ្នកដែនទាំងអស់ទៅចាប់ចោរនោះ ហើយសម្លាប់វាចោល គឺនឹងសម្លាប់សត្រូវដែលជាបច្ចាមិត្តរបស់ពួកយើង ។

លំដាប់នោះ ព្រះរាជមាតាបិតាមានព្រះភក្ត្រជាអ្នកមានមុខទទឹកដោយទឹកភ្នែក ទ្រង់ព្រះកន្សែងពិលាបរៀបរាប់ត្អូញត្អែរសូមអង្វរថា ម្នាលបុត្រ សូមអ្នកកុំទៅ កុំបានដើម្បីនឹងទៅ ។ សូម្បីស្រីស្នំទាំង ១៦០០០ នាក់ និងរាជបរិពារទាំងឡាយដ៏សេសក៏នាំគ្នាបរិទេវនាការថា បពិត្រព្រះសម្មតិទេព ព្រះអង្គនឹងយាងទៅណា ទ្រងលះនូវខ្ញុំព្រះអង្គទាំងអស់គ្នាឲ្យអនាថា ។ សូម្បីអ្នកណាៗក្នុងនគរទាំងអស់ អ៏មិនអាចតាំងនៅដោយភាវៈរបស់ខ្លួនបានឡើយ នគរទាំងមូលក៏បានកើតជាកោលាហលមួយថា បានឮថា ព្រះបាទសុតសោមឲ្យបដិញ្ញាដល់បោរិសាទថាព្រះអង្គនឹងយាងត្រឡប់ ឥឡូវនេះ ទ្រង់ស្ដាប់សតារហាគាថាទាំងបួន បានធ្វើសក្ការៈដល់ធម្មកថិក ទ្រង់ថ្វាយបង្គំព្រះរាជមាតាបិតាហើយ នឹងស្ដេចយាងទៅកាន់សម្នាក់ចោរនោះវិញ ។ សូម្បីព្រះមហាសត្វបានស្ដាប់ព្រះតម្រាស់ របស់ព្រះរាជមាតាបិតានោះហើយ ទ្រង់ត្រាស់ព្រះគាថាថា

ព្រះបាទបោរិសាទ បានធ្វើនូវអំពើដ៏កម្រក្រៃលែង ចាប់ខ្ញុំព្រះអង្គទាំងរស់ ហើយលែងវិញ បពិត្រព្រះអង្គជាធំជាងជន ខ្ញុំព្រះអង្គរឭកឃើញនូវឧបការគុណក្នុងកាលមុនប្រាកដដូច្នោះ ខ្ញុំនឹងប្រទូស្តចំពោះស្តេចបោរិសាទដូចម្តេចកើត

ពាក្យថា ចាប់បានរស់ ក្នុងគាថានោះមានអធិប្បាយថា ចាប់បានទាំងកំពុងមានជីវិត ។ ពាក្យថា ប្រាកដដូច្នោះ គឺបុព្វកិច្ចមានសភាពបែបនោះដែលគេធ្វើទុកហើយ ។ ពាក្យថា បុព្វកិច្ច សំដៅដល់ ឧបការៈដែលមានមកហើយក្នុងកាលមុន ។ ព្រះបាទសុតសោមទ្រង់ហៅព្រះបិតាថា ព្រះអង្គជាធំជាងជន ។

ព្រះបាទសុតសោមទូលអនុសាសន៍ដល់ព្រះរាជមាតាបិតាហើយ ក្រាបទូលតទៅថា សូមព្រះមាតាបិតាកុំព្រះបរិវិតក្កៈដល់ខ្ញុំព្រះអង្គឡើយ ខ្ញុំព្រះអង្គមានកល្យាណធម៌ ដែលបានធ្វើទុកមកហើយ ភាពជាឥស្សរៈក្នុងឆកាមាវចរសួគ៌របស់ខ្ញុំព្រះអង្គមិនជាផលដែលនឹងគប្បីបានដោយលំបាកឡើយ ហើយទ្រង់ថ្វាយបង្គំព្រះរាជមាតាបិតាទូលលា ដូច្នេះហើយ ទ្រង់ទូន្មានជនដ៏សេសហើយទ្រង់យាងចេញទៅ ។

ព្រះសាស្ដាកាលនឹងទ្រង់ប្រកាសសេចក្ដីនោះ ទើបត្រាស់ព្រះគាថាថា

ព្រះបាទសុតសោម ក្រាបថ្វាយបង្គំលាព្រះបិតាមាតា ប្រៀនប្រដៅអ្នកនិគមនិងពលសេនា ព្រះអង្គពោលនូវពាក្យសច្ចៈ រក្សានូវពាក្យសច្ចៈ ហើយក៏ទៅកាន់សម្នាក់នៃស្ដេច    បោរិសាទ

ពាក្យថា រក្សានូវពាក្យសច្ចៈ ក្នុងគាថានោះ មានអធិប្បាយថា ព្រះពោធិសត្វរក្សាពាក្យសត្យយ៉ាងមាំទាំ បានជាស្ដេចត្រូវយាងទៅ ។

ព្រះអដ្ឋកថាចារ្យពណ៌នាថា ក្នុងយប់នោះ ព្រះពោធិសត្វប្រថាប់ក្នុងរាជនិវេសន៍ ស្អែកឡើងល្មមអរុណរះឡើង ទ្រង់ថ្វាយបង្គំលាព្រះរាជមាតាបិតា ត្រាស់ទូន្មាននូវជនដ៏សេសហើយ ស្ដេចយាងចេញចាកព្រះនគរ ដោយមានពួកមហាជន មានស្ត្រីក្នុងព្រះរាជវាំងជាដើម ដែលមានមុខទទឹកដោយទឹកភ្នែក យំបរិទេវនាដោយប្រការផ្សេងៗ ជាប់តាមហើយ ។ កាលមិនអាចដើម្បីនឹងឲ្យជនទាំងនោះត្រឡប់វិញបាន ស្ដេចបានធ្វើនូវស្នាមគំនូសទទឹងដោយដំបងលើផ្លូវធំហើយត្រាស់ថា បើមានសេចក្ដីស្រឡាញ់យើង កុំកន្លងនូវស្នាមគំនូសនេះឡើយ ។ មហាជនមិនអាចដើម្បីនឹងកន្លងនូវអាជ្ញារបស់ព្រះពោធិសត្វដែលជាអ្នកមានសីលជាតេជះឡើយ ទើបនាំគ្នាទូញសោកបរិទេវនការដោយសំឡេងដ៏ខ្លាំង ហើយសម្លឹងមើលព្រះពោធិសត្វអ្នកមានអាការៈ ដូចស្ដេចរាជសីហ៍ ដែលទ្រង់កំពុងយាងទៅ កាលព្រះពោធិសត្វកន្លងយាងផុតក្រសែភ្នែកហើយ បានស្រែកយំព្រមគ្នាហើយក៏ចូលមកកាន់ព្រះនគរវិញ ។ ចំណែកព្រះពោធិសត្វស្ដេចយាងទៅកាន់សម្នាក់បោរិសាទដោយផ្លូវដែលស្ដេចយាងមក ព្រោះហេតុនោះ ព្រះសាស្ដាទើបត្រាស់ថា ព្រះពោធិសត្វទៅកាន់សម្នាក់របស់   បោរិសាទនោះ ។

ចាប់តាំងអំពីព្រះពោធិសត្វយាងទៅ បោរិសាទគិតថា ស្ដេចសុតសោមសម្លាញ់របស់យើងត្រូវការមកក៏ចូរមកចុះ បើមិនត្រូវការមកក៏កុំមកឡើយ រុក្ខទេវតាចូរលើកទោសដល់យើងតាមប្រាថ្នាចុះ យើងនឹងសម្លា្លប់ស្ដេចពួកនេះហើយ ធ្វើពលិកម្មដោយមំសៈមានរស ៥ ។ វេលាដែលបោរិសាទធ្វើចិតកាធារ (ជើងថ្ករ) បង្កភ្លើងឲ្យឆេះឡើង (ភ្លាមនោះ) ព្រះបាទ      សុតសោមក៏យាងមកដល់ ក្នុងវេលាដែលបោរិសាទនោះកំពុងអង្គុយចាំងឈើអណ្ដោត ។

លំដាប់នោះ បោរិសាទបានឃើញព្រះពោធិសត្វ​ហើយ ក៏មានចិត្តត្រេកអរទូលសួរថា ម្នាលសម្លាញ់ អ្នកទៅធ្វើកិច្ចដែលគប្បីធ្វើហើយឬ ?

ព្រះមហាសត្វតបថា មែនហើយ មហារាជ ! ព្រះគាថាដែលព្រះពុទ្ធកស្សបទសពលទ្រង់បានសម្ដែងទុកនោះ គឺយើងបានស្ដាប់ហើយ  ហើយនិងបានធ្វើសក្ការៈដល់ព្រាហ្មណ៍ជាធម្មកថិក យើងបានធ្វើស្រេចហើយ ព្រោះហេតុនោះ ទើបឈ្មោះថា យើងទៅធ្វើកិច្ចដែលគប្បីធ្វើ ដូច្នេះហើយ ទើបទ្រង់ត្រាស់គាថាថា

កាប្តេជ្ញានឹងព្រាហ្មណ៍ ដែលខ្ញុំឋិតនៅក្នុងឥស្សរៈភាព ក្នុងដែនរបស់ខ្លួនបានធ្វើហើយ ខ្ញុំជាអ្នករក្សានូវសច្ចៈ ដោះប្តេជ្ញានឹងព្រាហ្មណ៍ ហើយត្រឡប់មកវិញ បពិត្រព្រះបាទ         បោរិសាទ ចូរព្រះអង្គបូជាយញ្ញ សូមព្រះអង្គសោយ​​​​នូវខ្ញុំចុះ

ពាក្យថា ចូរព្រះអង្គបូជាយញ្ញ ក្នុងគាថានោះ អធិប្បាយថា សូមព្រះអង្គសម្លាប់នូវខ្ញុំហើយ ធ្វើការបូជាយញ្ញដល់ទេវតា និង សោយនូវសាច់របស់ខ្ញុំចុះ ។

បោរិសាទបានស្ដាប់ដូចនោះហើយគិតថា ព្រះរាជានេះមិនខ្លាច រមែងពោលដោយភាពជាអ្នកមានភ័យទៅប្រាសហើយ តើនុ៎ះជាអានុភាពអ្វី (ទ្រង់បានមកអំពីណាហ៎្ន) ? ទើបសន្និដ្ឋានថា វត្ថុដទៃមិនមាន ស្ដេចសុតសោមនេះត្រាស់ថា យើងបានស្ដាប់គាថាដែលព្រះកស្សបទសពលសម្ដែងទុកមក នោះប្រាកដជាអានុភាពរបស់គាថានោះ យើងនឹងឲ្យទ្រង់សម្ដែងគាថានោះ យើងនឹងស្ដាប់ សូម្បីយើងនឹងជាអ្នកមិនមានភ័យយ៉ាងនោះដែរ  ដូច្នេះហើយទើបពោលថា

ការបរិភោគរបស់ខ្ញុំមិនបាត់ទេ ចាំខ្ញុំស៊ីជាខាងក្រោយចុះ ព្រោះជើងថ្ករនេះ ប្រកប ដោយផ្សែងនៅឡើយ សាច់ដែលចម្អិនលើភ្លើងឥតផ្សែង ជាសាច់ឆ្អិនល្អ ខ្ញុំសូមស្តាប់នូវគាថារបស់ទ្រង់ ដែលគួរដល់ថ្លៃ ១០០ កហាបណៈនោះសិន

ក្នុងគាថានោះ ពាក្យថា ការបរិភោគ សំដៅដល់ ការទំពាស៊ី អធិប្បាយថា ការបរិភោគព្រះអង្គនោះ សម្រាប់ខ្ញុំនឹងបរិភោគមុន ឬក្រោយក៏បាន មិនបានបាត់ទៅណាឡើយ តែថា ខ្ញុំនឹងគប្បីស៊ីព្រះអង្គក្នុងពេលខាងក្រោយ ។ ពាក្យថា ឆ្អិន អធិប្បាយថា សាច់ដែលឆ្អិនលើភ្លើងដែលមិនមានផ្សែង គឺមិនមានអណ្ដាតភ្លើង រមែងឈ្មោះថា ជាសាច់ឆ្អិនល្អ ។

ព្រះមហាសត្វបានស្ដាប់ដូចនោះហើយ ទើបត្រិះរិះថា បោរិសាទនេះជាមនុស្សមានធម៌ដ៏លាមក យើងនឹងសង្កត់សង្កិនមនុស្សថោកទាបម្នាក់នេះ ឲ្យខ្មាសបាបសិនហើយ នឹងសម្ដែងចុះ ដូច្នេះហើយ ទើបទ្រង់ត្រាស់ថា

ព្រះអង្គជាអធម្មិករាជ ជាអ្នកស៊ីនូវបុរស ខ្ចាត់ព្រាត់អំពីដែន ព្រោះហេតុតែពោះ គាថាទាំងឡាយនេះ រមែងប្រកាសសុចរិតធម៌ ចំណែក​​ធម៌និងអធម៌ ស្របគ្នាក្នុងទីណាកើត ​​

ព្រះអង្គជាអធម្មិករាជ ព្រះហស្តប្រឡាក់ឈាមជានិច្ច មិនមានសច្ចៈ ធម៌នឹងមានមកអំពីណា ព្រះអង្គនឹងធ្វើអ្វីដោយការស្តាប់

ពាក្យថា ធម៌ ក្នុងគាថានោះ មានអធិប្បាយថា ចំណែកគាថាទាំងនោះពោលសរសើរលោកុត្តរធម៌ ៩ ប្រការ ។ ពាក្យថា ចំណែក​​ធម៌និងអធម៌ ស្របគ្នាក្នុងទីណាកើត  អធិប្បាយថា នឹងរួមគ្នាបានយ៉ាងណា សេចក្ដីថា ធម៌ញ៉ាំងសត្វឲ្យដល់សុគតិ និងព្រះនិព្វាន ចំណែកអធម៌ញ៉ាំងសត្វឲ្យដល់ទុគ្គតិ ។ ពាក្យថា មិនមានសច្ចៈ អធិប្បាយថា សូម្បីត្រឹមតែថា វាចាសត្យនៅមិនមានផង ហើយធម៌នោះនឹងមានអំពីទីណា ។ ពាក្យថា ព្រះអង្គនឹងធ្វើអ្វីដោយការស្តាប់ មានអធិប្បាយថា ព្រះអង្គត្រូវការអ្វីដោយការស្ដាប់នោះ ព្រោះព្រះអង្គមិនមែនជាភាជនៈរបស់ធម៌ ដែលប្រៀបដូចភាជនៈដី មិនមែនជាភាជនៈសម្រាប់ដាក់ខ្លាញ់សីហៈ ដូច្នោះដែរ ។

សូម្បីកាលព្រះពោធិសត្វត្រាស់យ៉ាងនោះ បោរិសាទក៏មិនក្រោធ ព្រោះហេតុអ្វី ព្រោះព្រះមហាសត្វជាអ្នកដ៏ប្រសើរដោយមេត្តាភាវនា ។ លំដាប់នោះ បោរិសាទទើបទូលថា ម្នាលសម្លាញ់សុតសោម ខ្ញុំជាមនុស្សមិនប្រកបដោយធម៌ឬ ? ហើយពោលគាថាថា

បុគ្គលណាត្រាច់ទៅកាន់ទីសម្លាប់ម្រឹគ ព្រោះហេតុតែសាច់ ឬសម្លាប់បុរសព្រោះហេតុតែខ្លួន បុគ្គលទាំងពីរនោះ ស្មើគ្នាក្នុងលោកខាងមុខ ហេតុអ្វីព្រះអង្គហៅខ្ញុំថាជា          អធម្មិករាជ

ក្នុងគាថានោះ ពាក្យថា ហេតុអ្វីព្រះអង្គហៅខ្ញុំថាជាអធម្មិករាជ សេចក្ដីថា បោរិសាទទូលថា ពួកព្រះរាជាក្នុងជម្ពូទ្វីប តាក់តែងខ្លួនប្រដាប់ប្រដាហើយ មានពលនិករជាបរិវារធំ យាងទៅដោយរថយ៉ាងល្អ ត្រាច់ប្រពាតព្រៃជាទីសម្រាប់សម្លាប់ម្រឹគ បាញ់ម្រឹគដោយកូនសរដ៏មុត ឲ្យស្លាប់ ព្រះអង្គមិនត្រាស់ហៅព្រះរាជាទាំងនោះ (ថាជាអធម្មិករាជផង) ត្រាស់ហៅខ្ញុំថាជាអ្នកមិនប្រកបដោយធម៌តែម្នាក់ បើព្រះរាជាទាំងនោះមិនមានទោស សូម្បីខ្ញុំក៏មិនមានទោសដូចគ្នាដែរ ។

ព្រះមហាសត្វបានស្ដាប់ដូចនោះហើយ កាលនឹងទ្រង់កែប្រែការយល់របស់បោរិសាទនោះ ទើបត្រាស់ថា

ក្សត្រិយ៍ជាអ្នកចេះដឹង មិនគួរសោយនូវពួកសត្វ និង៥ ទេ បពិត្រព្រះរាជា ព្រះអង្គសោយនូវសាច់ដែលមិនគួរសោយ ព្រោះហេតុនោះ ទើបព្រះអង្គឈ្មោះថាជាអធមិ្មករាជ

គាថានោះមានសេចក្ដីអធិប្បាយថា ម្នាលសម្លាញ់បោរិសាទ ធម្មតាក្សត្រអ្នកដឹងនូវធម៌របស់ក្សត្រ មិនគួរបរិភោគសាច់សត្វមានសាច់ដំរីជាដើម ៥ និង ៥ ប្រភេទ រួមជា ១០ [សាច់ដែលមិនគួរ (អកប្បិយមំសៈ) នោះ មាន ១០ យ៉ាង គឺ មនុស្សមំសៈ សាច់មនុស្ស ១ ហត្ថិមំសៈ សាច់ដំរី ១ អស្សមំសៈ សាច់សេះ ១ សុនខមំសៈ សាច់ឆ្កែ ១  អហិមំសៈ សាច់ពស់ ១ សីហមំសៈ  សាច់រាជសីហ៍ ១ ព្យគ្ឃមំសៈ សាច់ខ្លាធំ ១ ទីបិមំសៈ សាច់ខ្លាដំបង ១  អច្ឆមំសៈ សាច់ខ្លាឃ្មុំ ១ តរច្ឆមំសៈ សាច់ខ្លារខិន ១ ។] ប្រភេទ ដែលជាមំសៈមិនគួរបរិភោគ ។ ពាក្យថា ន ខា ក្នុងគាថានោះ បាលីច្បាប់ខ្លះជា ន ខោ ដូចនេះក៏មាន ។ ន័យម្យ៉ាងទៀត អធិប្បាយថា ក្សត្រកាលដឹងខត្តិយធម៌គួរបរិភោគសាច់ ៥ ប្រភេទប៉ុណ្ណោះ គឺ សសកោ សត្វទន្សាយ, សល្លកោ សត្វកាំប្រមា, គោធា សត្វទន្សង, កបិ សត្វស្វា, កុម្មោ សត្វអណ្ដើក ក្នុងបណ្ដាសត្វដែលមានក្រចក ៥ ប្រភេទនោះជាអាហារ មិនគួរបរិភោគសាច់ដទៃឡើយ ចំណែកព្រះអង្គបរិភោគសាច់មនុស្សដែលមិនមែនជាសាច់គួរបរិភោគ ព្រោះហេតុនោះ ព្រះអង្គទើបជាអធម្មិករាជ ។

បោរិសាទត្រូវព្រះមហាសត្វសង្កត់សង្កិនយ៉ាងនេះ មិនឃើញឧបាយដែលនឹងតបយ៉ាងដទៃបាន កាលនឹងឲ្យព្រះមហាសត្វទទួលបាបរបស់ខ្លួនខ្លះ ទើបពោលគាថាថា

ព្រះអង្គបានរួចអំពីដៃបោរិសាទហើយ ទៅកាន់មន្ទីររបស់ខ្លួន តាមសេចក្តីប្រាថ្នា ហើយត្រឡប់មករកដៃរបស់សត្រូវវិញ បពិត្រព្រះរាជា ព្រះអង្គជាបុគ្គលមិនឈ្លាសក្នុង      ខត្តិយធម៌ទេ

ក្នុងគាថានេះមានអធិប្បាយថា បោរិសាទនោះពោលថា ព្រះអង្គមិនឈ្លាសក្នុងគម្ពីរនីតិសាស្ត្រ ពោលគឺខត្តិយធម៌ ព្រះអង្គមិនដឹងសេចក្ដីចម្រើន និងសេចក្ដីវិនាសរបស់ខ្លួន កិត្តិសព្ទរបស់ព្រះអង្គដែលល្បីប្រាកដក្នុងលោកថា ជាបណ្ឌិត ដោយមិនមានហេតុឡើយ ចំណែកខ្ញុំមិនយល់ថា ព្រះអង្គជាបណ្ឌិតទេ ឃើញត្រឹមតែថា ព្រះអង្គជាមនុស្សល្ងង់បំផុត ។

លំដាប់នោះ ព្រះមហាសត្វបានស្ដាប់ដូចនោះហើយ ត្រាស់ថា ម្នាលសម្លាញ់ ដែលឈ្មោះថា អ្នកឈ្លាសក្នុងខត្តិយធម៌ គប្បីប្រាកដដូចជាយើងនេះឯង ព្រោះយើងដឹងនូវ        ខត្តិយធម៌ តែមិនបានបដិបត្តិដើម្បីប្រយោជន៍ដូចដែលលោកពោលឡើយ ដូច្នេះហើយ ក៏ត្រាស់គាថាថា

ពួកបុគ្គលណា ជាអ្នកឈ្លាសក្នុងខត្តិយធម៌ ពួកបុគ្គលនោះ ច្រើនតែធ្លាក់ទៅក្នុងនរក ព្រោះហេតុនោះ បានជាខ្ញុំព្រះអង្គលះបង់នូវខត្តិយធម៌ ជាអ្នករក្សានូវសច្ចៈ ត្រឡប់មកវិញ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយញ្ញ សូមព្រះអង្គសោយនូវខ្ញុំចុះ

ក្នុងគាថានោះ ពាក្យថា ជាអ្នកឈ្លាស គឺឈ្លាសក្នុងការបដិបត្តិដើម្បីសេចក្ដីជាយ៉ាងនោះ ។ ពាក្យថា ពួកបុគ្គលនោះ ច្រើនតែធ្លាក់ទៅក្នុងនរក អធិប្បាយថា ជនទាំងនោះដោយច្រើនតែងធ្លាក់នរក ចំណែកជនពួកណាមិនបានធ្លាក់នរកនោះ ជនពួកនោះរមែងកើតក្នុងអបាយដ៏សេស ។

បោរិសាទពោលថា

ប្រាសាទជាទីនៅ ផែនដី គោ និងសេះ ពួកស្រីដែលគួរប្រាថ្នា និងខ្លឹមចន្ទន៍ក្នុងដែន កាសី ទ្រង់បាននូវវត្ថុទាំងអស់ ក្នុងទីនោះ ដោយភាពជាម្ចាស់ ចុះទ្រង់ឃើញនូវអានិសង្សនៃពាក្យសច្ចៈ ដូចម្តេច

ក្នុងគាថា ពាក្យថា ប្រាសាទជាទីនៅ អធិប្បាយថា ម្នាលសម្លាញ់សុតសោម ប្រាសាទជាទីប្រដាប់ ៣ ខ្នង សាងឡើងដូចជាទិព្វវិមានរបស់ព្រះអង្គសមគួរដល់រដូវទាំង ៣ ។ ពាក្យថា ផែនដី គោ និង សេះ បានដល់ ផែនដី គោ និង សេះ ។ ពាក្យថា ពួកស្រីដែលគួរប្រាថ្នា គឺ ស្រីដែលជាវត្ថុនៃកាមារម្មណ៍ ។ ពាក្យថា ខ្លឹមចន្ទន៍ក្នុងដែនកាសី បានដល់ ទាំងសំពត់      កាសិកពស្ត្រ និង ខ្លឹមចន្ទន៍ក្រហម ។ ពាក្យថា វត្ថុទាំងអស់ សេចក្ដីថា គ្រឿងទាំងនេះ និងគ្រឿងឧបភោគបរិភោគដទៃ ព្រះអង្គរមែងបានក្នុងនគររបស់ព្រះអង្គគ្រប់យ៉ាង ព្រោះទ្រង់ជាម្ចាស់ កាលទ្រង់ជាម្ចាស់ហើយ ព្រះអង្គប្រាថ្នារបស់ណា រមែងបានបរិភោគវត្ថុនោះទាំងអស់ គ្រប់ៗប្រការ ព្រះអង្គលះវត្ថុទាំងអស់ជាអ្នករក្សាសច្ចៈ ស្ដេចយាងមកទីនេះ ទ្រង់ឃើញអានិសង្សដូចម្ដេចដោយពាក្យសច្ចៈនោះ ?

ព្រះពោធិសត្វពោលថា

រសឯណានីមួយ មាននៅលើផែនដី សច្ចៈជារសល្អក្រៃលែងជាងរសទាំងឡាយនោះ ពួកសមណៈនិងព្រាហ្មណ៍ ដែលតាំងនៅក្នុងសច្ចៈ រមែងឆ្លងទៅកាន់ត្រើយនៃជាតិ និង     មរណៈបាន

ក្នុងគាថានោះ ពាក្យថា សច្ចៈជារសល្អក្រៃលែងជាងរសទាំងឡាយនោះ អធិប្បាយថា ព្រោះហេតុដែលរសសូម្បីទាំងអស់ រមែងជារបស់ប្រណីតដល់សត្វទាំងឡាយ ក្នុងកាលទាំងពួង ព្រោះហេតុនោះ សច្ចៈទើបល្អជាងរសទាំងនោះ ម្យ៉ាងទៀត ព្រោះហេតុដែលបុគ្គលតាំងនៅក្នុងវិរតិសច្ច និង វចីសច្ច រមែងឆ្លងត្រើយនៃតេភូមកវដ្ដ ពោលគឺ ជាតិ និងមរណៈចេញបាន គឺដល់អមតមហានិព្វាន ព្រោះដូច្នោះ សច្ចៈទើបល្អជាងរសទាំងឡាយនោះ ។

ព្រះមហាសត្វបាន​ត្រាស់អានិសង្សនៃសច្ចៈដល់បោរិសាទដោយប្រការដូច្នេះហើយ ។ បន្ទាប់មក បោរិសាទសម្លឹងមើលព្រះភក្ត្រ របស់ព្រះមហាសត្វ ដែលប្រៀបដូចផ្កាឈូកដែលរីក និងប្រៀបដូចព្រះចន្ទ្រពេញវង់ ហើយគិតថា ស្ដេចសុតសោមនេះ សូម្បីឃើញជើងថ្ករ និងរងើកភ្លើង ឈើអណ្ដោតដែលយើងចាំងហើយ មិនមានសូម្បីត្រឹមតែការភ័យខ្លាច នោះជាអានុភាពនៃសតារហាគាថា ឬ ជាអានុភាពនៃសច្ចៈ ឬក៏ជាអានុភាពដទៃហ៎្ន ? កាលនឹងសួរសេចក្ដីនោះ ទើបពោលគាថាថា

ទ្រង់បានរួចអំពីដៃបោរិសាទហើយ បានទៅកាន់មន្ទីររបស់ខ្លួនវិញ តាមសេចក្តីប្រាថ្នា ត្រឡប់មករកដៃសត្រូវវិញ បពិត្រទ្រង់ជាធំជាងជន ភ័យអំពីសេចក្តីស្លាប់ មិនមានដល់ទ្រង់ដោយពិត ទ្រង់ជាអ្នកពោលនូវពាក្យ​សច្ចៈ ទាំងមានចិត្តក៏មិនរួញរា ។

លំដាប់នោះ ព្រះមហាសត្វកាលនឹងត្រាស់បញ្ជាក់ប្រាប់ដល់បោរិសាទនោះ ទើបត្រាស់ព្រះគាថាថា

យញ្ញ (ការបូជា) មានច្រើនប្រការ ជាកល្យាណធម៌ ដែលខ្ញុំបានធ្វើហើយ បូជាហើយ ជាបូជាដ៏ធំទូលាយ ដែលអ្នកប្រាជ្ញ តែងសរសើរផ្លូវ សម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីស្លាប់

យញ្ញមានច្រើនប្រការ ជាកល្យាណធម៌ ដែលខ្ញុំបានធ្វើហើយ បូជាហើយ ជាបូជាដ៏ធំទូលាយ ដែលអ្នកប្រាជ្ញតែងសរសើរ ខ្ញុំមិនក្តៅក្រហាយនឹងទៅកាន់បរលោកទេ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយញ្ញ សូមព្រះអង្គសោយខ្ញុំចុះ

មាតានិងបិតា ខ្ញុំបានបម្រើហើយ ឥស្សរភាពខ្ញុំគ្រប់គ្រងហើយតាមធម៌ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីសា្លប់

បិតានិងមាតាខ្ញុំក៏បានបម្រើហើយ ឥស្សរភាពខ្ញុំគ្រប់គ្រងហើយតាមធម៌ ខ្ញុំមិនក្តៅក្រហាយនឹងទៅបរលោកទេ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយញ្ញ សូមព្រះអង្គសោយខ្ញុំចុះ

ខ្ញុំបានធ្វើឧបការកិច្ចចំពោះពួកញាតិនិងមិត្តហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រងហើយ តាមធម៌ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីស្លាប់

ខ្ញុំបានធ្វើឧបការកិច្ច ចំពោះពួកញាតិ និងមិត្តហើយ ឥស្សរភាព ខ្ញុំគ្រប់គ្រងហើយតាមធម៌ ខ្ញុំមិនក្តៅក្រហាយនឹងទៅកាន់បរលោកទេ បពិត្រព្រះបាទបោរិសាទ សូមព្រះអង្គបូជាយញ្ញ សូមព្រះអង្គសោយខ្ញុំចុះ

ការឲ្យទានដល់ពួកជនជាច្រើន ដោយអាការច្រើនយ៉ាង ខ្ញុំក៏បានឲ្យហើយ ទាំងពួក សមណព្រាហ្មណ៍ ខ្ញុំក៏បានផ្គត់ផ្គង់ហើយ ផ្លូវសម្រាប់បរលោក ខ្ញុំក៏បានជម្រះហើយ អ្នកណាឋិតនៅក្នុងធម៌ហើយ នឹងខ្លាចសេចក្តីស្លាប់

ការឲ្យទានដល់ពួកជនជាច្រើន ដោយអាការច្រើនយ៉ាង ខ្ញុំក៏បានឲ្យហើយ ទាំងសមណព្រាហ្មណ៍ ខ្ញុំក៏បានផ្គត់ផ្គង់ហើយ ខ្ញុំមិនក្តៅក្រហាយនឹងទៅកាន់បរលោកទេ បពិត្រព្រះបាទបោរិសាទ សូមទ្រង់បូជាយញ្ញ សូមទ្រង់សោយខ្ញុំ ចុះ

ក្នុងគាថានោះមានអធិប្បាយថា ពាក្យថា មានច្រើនប្រការ ជាកល្យាណធម៌ សំដៅដល់ មានកល្យាណធម៌ជាច្រើន ដោយអំណាចរបស់បរិភោគមានបាយជាដើម ។ ពាក្យថា យញ្ញ (ការបូជា) អធិប្បាយថា យញ្ញដក្រៃលែងដែលបណ្ឌិតសរសើរហើយ យើងក៏បានបូជាហើយ គឺឲ្យប្រព្រឹត្តទៅហើយ ដោយអំណាចនៃការបរិច្ចាគទានវត្ថុ ១០ យ៉ាង ។ ពាក្យថា អ្នកណាឋិតនៅក្នុងធម៌ហើយ អធិប្បាយថា បុគ្គលដែលតាំងនៅក្នុងធម៌ដូចយើង ឈ្មោះថា អ្នកណានឹងពោលថា គប្បីខ្លាចសេចក្ដីស្លាប់នោះ ។ ពាក្យថា មិនក្ដៅក្រហាយ គឺមិនមានសេចក្ដីក្ដៅក្រហាយឡើយ ។ ពាក្យថា ឥស្សរភាពខ្ញុំគ្រប់គ្រងហើយតាមធម៌ អធិប្បាយថា រាជសម្បត្តិ យើងក៏បានគ្រប់គ្រងហើយដោយធម៌ ព្រោះយើងមិនបានញ៉ាំងរាជធម៌ ១០ ប្រការឲ្យកម្រើក ។ ពាក្យថា ខ្ញុំបានធ្វើឧបការកិច្ច សំដៅដល់ កិច្ចរបស់ពួកញាតិ យើងក៏បានធ្វើហើយក្នុងញាតិទាំងឡាយ និងកិច្ចរបស់មិត្រយើងក៏បានធ្វើហើយក្នុងមិត្រទាំងឡាយ ។ ពាក្យថា ជាច្រើន គឺដោយអាការច្រើន ។ ពាក្យថា ដល់ពួកជនជាច្រើន អធិប្បាយថា យើងឲ្យទានដល់មនុស្សត្រឹមតែ ៥ នាក់ ១០ នាក់ប៉ុណ្ណោះ ក៏មិនមែន យើងបានឲ្យហើយដល់មនុស្សទាំងរយទាំងពាន់ ។ ពាក្យថា ខ្ញុំក៏បានផ្គត់ផ្គង់ហើយ អធិប្បាយថា យើងធ្វើភាជនៈសម្រាប់កាន់យកឲ្យពេញហើយ ទើបបានផ្គត់ផ្គង់ហើយយ៉ាងល្អ ។

បោរិសាទបានស្ដាប់ដូចនោះហើយ ស្លុតចិត្តថា ព្រះបាទសុតសោមមហារាជនេះ ជាសប្បុរស ដែលដល់ព្រមដោយញាណ ជាមធុរធម្មកថិក បើយើងនឹងបរិភោគព្រះអង្គសោត សូម្បីក្បាលរបស់យើងនឹងបែកជា ៧ ចម្រៀក ឬផែនដីនឹងគប្បីឲ្យឱកាសប្រហោងដល់យើង (ផែនដីស្រូប) ដូច្នេះហើយទើបទូលថា ម្នាលសម្លាញ់ ព្រះអង្គជាមនុស្សដែលខ្ញុំមិនគួរបរិភោគ ហើយពោលគាថាថា

បុគ្គលណា ស៊ីនូវជនអ្នកពោលពាក្យសច្ចៈ ប្រាកដដូច្នោះ ក្បាលរបស់បុគ្គលនោះ នឹងបែកជា ភាគ ដូចបុរសស្គាល់នូវថ្នាំពិស ហើយស៊ីនូវថ្នាំពិស (ឬដូចគេចាប់) ពស់អាសីរពិសដែលមានពិសកាច មានតេជះខ្លាំង

ពាក្យថា ថ្នាំពិស សំដៅដល់ ថ្នាំពិសប្រភេទសាហាវក្រៃលែង អាចនឹងធ្វើឲ្យអ្នកផឹកស្លាប់ភ្លាមៗ ។ ពាក្យថា មានតេជះខ្លាំង អធិប្បាយថា បុគ្គលនោះគប្បីចាប់អាសីរពិសត្រង់កដែលរុងរឿងដោយពិសរបស់ខ្លួន មានតេជះខ្លាំង ដោយតេជះនៃពិសនោះ ដូចគ្នានោះឯង ដែលប្រព្រឹត្តទៅដូចកងភ្លើងដូច្នោះ ។

បោរិសាទនោះទូលព្រះមហាសត្វថា ម្នាលសម្លាញ់ ព្រះអង្គប្រៀបដូចជាថ្នាំពិសដ៏កាចសាហាវ អ្នកណានឹងបរិភោគព្រះអង្គ ដោយប្រការដូច្នេះហើយ កាលប្រាថ្នានឹងស្ដាប់គាថា ទើបសូមអង្វរព្រះមហាសត្វ សូម្បីត្រូវព្រះមហាសត្វហាមថា ព្រះអង្គមិនមែនជាភាជនៈរបស់គាថាដែលរកទោសមិនបានមានសភាពបែបនេះ ដើម្បីនឹងឲ្យកើតសេចក្ដីគោរពក្នុងធម៌ ទើបគិតថា មនុស្សក្នុងជម្ពូទ្វីបទាំងអស់ ឈ្មោះថាជាបណ្ឌិតប្រាកដដូចសុតសោមនេះមិនមាន លោករួចផុតអំពីដៃរបស់យើងទៅហើយ បានស្ដាប់គាថាទាំងនោះ ធ្វើសក្ការៈដល់ធម្មកថិកហើយ កាន់យកសេចក្ដីស្លាប់ដោយថ្ងាស ត្រឡប់មកវិញទៀត ព្រះគាថានឹងសម្រេចជាប្រយោជន៍យ៉ាងសក្តិសិទ្ធិ បានហើយកើតសេចក្ដីគោរពក្នុងការស្ដាប់ធម៌ដ៏ខ្លាំងឡើង កាលនឹងទូលសូមអង្វរព្រះមហាសត្វទើបពោលគាថាថា

ជនទាំងឡាយ បានស្តាប់ធម៌ហើយ រមែងដឹងច្បាស់នូវបុណ្យនិងបាប ប៉ុនអម្បាលចិត្តរបស់ខ្ញុំ គង់ត្រេកអរក្នុងធម៌ ព្រោះបានស្តាប់នូវគាថាទាំងឡាយ

គាថានោះមានអធិប្បាយថា ម្នាលសម្លាញ់សុតសោម ធម្មតាថា នរជនទាំងឡាយបានស្ដាប់ធម៌ហើយ រមែងស្គាល់បុណ្យស្គាល់បាប សូម្បីចិត្តរបស់ខ្ញុំ កាលបានស្ដាប់គាថានោះហើយ នឹងគប្បីត្រេកអរក្នុងធម៌គឺកុសលកម្មបថ ១០ ប្រការបានយ៉ាងពិតប្រាកដ ។

លំដាប់នោះ ព្រះមហាសត្វត្រិះរិះថា ឥឡូវនេះ បោរិសាទត្រូវការស្ដាប់ធម៌ យើងនឹងសម្ដែងធម៌ ដូច្នេះហើយ ក៏ត្រាស់ថា ម្នាលសម្លាញ់ បើយ៉ាងនោះ លោកចូរតាំងចិត្តស្ដាប់ឲ្យល្អចុះ គ្រាដាស់តឿនបោរិសាទឲ្យតាំងចិត្តស្ដាប់ហើយ ត្រាស់សរសើរព្រះគាថាដូចនន្ទព្រាហ្មណ៍ពោលហើយ កាលពួកទេវតាក្នុងឆកាមាវចរសួគ៌ទាំង ៦ ជាន់ ឲ្យសាធុការជាសំឡេងកោលាហលហើយ ទ្រង់ក៏សម្ដែងធម៌ដល់បោរិសាទដោយត្រាស់ព្រះគាថាថា

បពិត្រមហារាជ ការជួបប្រទះដោយសប្បុរស ទាំងឡាយអស់វារៈតែម្តង ការជួបប្រទះនោះ រមែងរក្សានូវបុគ្គលនោះបាន ការជួបជុំដោយ​ពួកអសប្បុរសច្រើនដង រមែងមិនរក្សាបុគ្គលបានទេ ។

បុគ្គលគប្បីគប់រកនឹងពួក​សប្បុរស គប្បីធ្វើនូវការស្និទ្ធស្នាលនឹងពួកសប្បុរស គុណធម៌ដ៏ប្រសើរ រមែងកើតមាន ព្រោះដឹងនូវព្រះសទ្ធម្មរបស់ពួកសប្បុរស មិនមែនជាទោសដ៏លាមកទេ ។

រាជរថទាំងឡាយ ដែលគេរចនាល្អហើយ រមែងគ្រាំគ្រា សូម្បីសរីរៈ (របស់ពួកសត្វ) ក៏រមែង​ដល់នូវសេចក្តីគ្រាំគ្រាដោយពិត ឯធម៌របស់សប្បុរស មិនដល់នូវសេចក្តីគ្រាំគ្រាទេ សប្បុរសទាំងឡាយ រមែងចរចាដោយពួកសប្បុរស ។

អាកាសនិងដី ឋិតនៅក្នុង​ទីឆ្ងាយពីគ្នា អ្នកប្រាជ្ញទាំងឡាយបានពោលនូវច្រាំងសមុទ្រនោះថាឆ្ងាយ បពិត្រព្រះ​រាជា បណ្ឌិតទាំងឡាយ រមែងពោលថា ធម៌របស់ពួកសប្បុរស និងពួកអសប្បុរស ​ឆ្ងាយជាងនោះទៅទៀត ។

កាលបោរិសាទគិតថា គាថាដែលព្រះពោធិសត្វត្រាស់នោះ ប្រាកដជា ព្រះសព្វញ្ញុពុទ្ធត្រាស់ហើយ ព្រោះត្រាស់ទុកយ៉ាងពីរោះ ទាំងព្រះអង្គក៏ជាបណ្ឌិតផង សរីរៈទាំងអស់របស់បោរិសាទនោះក៏ពេញដោយបីតិ មានវណ្ណៈ ៥ ប្រការ លោកក្លាយជាអ្នកមានចិត្តទន់ក្នុងព្រះពោធិសត្វ សម្គាល់ព្រះពោធិសត្វប្រាកដដូចជាព្រះជនក អ្នកប្រទានស្វេតច្ឆត្រ ដូច្នោះ ទើបគិតថា យើងមិនឃើញមាសប្រាក់អ្វីៗ ដែលនឹងគប្បីថ្វាយស្ដេចសុតសោមនេះបាន មានតែយើងនឹងថ្វាយពរមួយៗ ដល់គាថានីមួយៗនោះឯង ដូច្នេះហើយ ទើបពោលគាថាថា

បពិត្រទ្រង់ជាធំជាងជន គាថាទាំងឡាយ នេះមានអត្ថ មានព្យញ្ជនៈដ៏ល្អ ទ្រង់សំដែងពីរោះណាស់ ខ្ញុំបានស្តាប់ហើយ ក៏ត្រេកអររីករាយ មានចិត្តល្អជ្រះថ្លា បពិត្រទ្រង់ជាសម្លាញ់ ខ្ញុំសូមថ្វាយពរ ប្រការដល់ទ្រង់

ក្នុងគាថានោះ ពាក្យថា ត្រេកអរ បានដល់ កើតសេចក្ដីត្រេកអរឡើង ។ ពាក្យថា រីករាយ មានចិត្តល្អជ្រះថ្លា ក្រៅនេះក៏ជាពាក្យអធិប្បាយសេចក្ដីរបស់ពាក្យថា ត្រេកអរនោះឯង ។

លំដាប់នោះ ព្រះមហាសត្វត្រាស់ថា លោកនឹងឲ្យពរអ្វី កាលនឹងត្រាស់រុកកួន        បោរិសាទ ទើបត្រាស់ព្រះគាថាថា

ទ្រង់មិនដឹងនូវសេចក្តីស្លាប់របស់ខ្លួន ទាំងអំពើមានប្រយោជន៍ និងឥតប្រយោជន៍ ទាំងនរក និងឋានសួគ៌ទេ បពិត្រព្រះអង្គមានធម៌ដ៏លាមក ព្រះអង្គជាប់ជំពាក់ក្នុងរស (នៃសាច់មនុស្ស) តាំងនៅស៊ប់ក្នុងទុច្ចរិតធម៌ ធ្វើម្តេចនឹងឲ្យពរកើត

បើខ្ញុំពោលថា សូមព្រះអង្គប្រទានពរនោះ ព្រះអង្គប្រទានហើយ ត្រឡប់ជាមិនប្រទានវិញ តើបណ្ឌិតណាកាលដឹង និងហ៊ានចូលទៅរកជម្លោះនិងវិវាទ ដ៏ជាក់ស្តែងនេះ

ក្នុងគាថានោះ ពាក្យថា ទ្រង់ អធិប្បាយថា ព្រះអង្គមិនដឹង គឺមិនដឹងសេចក្ដីស្លាប់    សូម្បីរបស់ខ្លួនឯងថា ខ្លួនយើងនេះមានសេចក្ដីស្លាប់ជាធម្មតា ទើបបានប្រកបកម្មដ៏លាមក តែម្យ៉ាង ។ ពាក្យថា អំពើមានប្រយោជន៍ និងឥតប្រយោជន៍ សេចក្ដីថា ព្រះអង្គមិនដឹងថា កម្មនេះជាប្រយោជន៍ដល់យើង កម្មនេះមិនជាប្រយោជន៍ កម្មនេះនឹងនាំទៅកាន់នរក កម្មនេះ នឹងនាំទៅកាន់សួគ៌ ។ ពាក្យថា រស បានដល់ ក្នុងរសនៃសាច់មនុស្ស ។ ពាក្យថា ពោល គឺគប្បីពោល ។ ពាក្យថា ព្រះអង្គប្រទានពរ សេចក្ដីថា ព្រះអង្គប្រទានពរដោយវាចា សូម្បីខ្ញុំពោលថា ព្រះអង្គចូរឲ្យពរនេះដល់ខ្ញុំ ព្រះអង្គនឹងត្រឡប់មិនឲ្យក៏បាន ។

លំដាប់នោះ បោរិសាទគិតថា ស្ដេចសុតសោមនេះ មិនជឿយើង យើងនឹងឲ្យព្រះអង្គជឿ ហើយពោលគាថាថា

ជនឲ្យនូវពរណា ហើយត្រឡប់ជាមិនឲ្យវិញ មិនគួរឲ្យពរនោះទេ បពិត្រទ្រង់ជាសម្លាញ់ សូមទ្រង់កុំញាប់ញ័រ សូមទទួល (ពរ) ចុះ ខ្ញុំសូម្បីលះបង់ជីវិត ក៏នៅតែថ្វាយទ្រង់

ពាក្យថា សូមទ្រង់កុំញាប់ញ័រ ក្នុងគាថានោះ សេចក្ដីថា ចូរមានព្រះទ័យមាំតាំងចុះ ។

គ្រានោះ ព្រះមហាសត្វគិតថា បោរិសាទពោលធ្ងន់ គេនឹងធ្វើតាមពាក្យរបស់យើង យើងនឹងទទួលពរ តែបើយើងនឹងសូមពរថា សូមលោកកុំបរិភោគសាច់មនុស្សជាខដំបូង  គេនឹងលំបាកក្រៃលែង យើងនឹងសូមពរ ៣ ដទៃមុនចុះ ខាងក្រោយទើបសូមពរនេះ ដូច្នេះហើយ បានត្រាស់ព្រះគាថាថា

ធម៌ជាបន្ទាល់សាក្សីរបស់អរិយៈ រមែងស្របគ្នានឹងអរិយៈ របស់បុគ្គលមានប្រាជ្ញា រមែងស្របគ្នានឹងបុគ្គលមានប្រាជ្ញា ខ្ញុំសូមឃើញព្រះអង្គមានជន្មាយុ ១០០ ឆ្នាំ ឥតមានរោគ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នានូវពរទី នុ៎ះ

ក្នុងគាថានោះ ពាក្យថា អរិយៈ សំដៅដល់ សេចក្ដីប្រសើរដោយមារយាទ ។ ពាក្យថា បន្ទាល់សាក្សី សំដៅដល់ សាក្សីធម៌ គឺ មិត្តធម៌ ។ ពាក្យថា អ្នកមានបញ្ញា សំដៅដល់ អ្នកដល់ព្រមដោយញាណ ។ ពាក្យថា ស្មើគ្នា គឺ រមែងប្រៀបធៀបគ្នាបានដោយធាតុ ។ ពាក្យថា គប្បីឃើញលោក អធិប្បាយថា ស្ដេចសុតសោមទ្រង់ធ្វើដូចជាប្រាថ្នាឲ្យបោរិសាទមានអាយុវែង ទើបសូមពរ គឺជីវិតដ៏ប្រសើរខដំបូង ពិតមែន ធម្មតាថា អ្នកប្រាជ្ញមិនគួរនិយាយថា លោកចូរឲ្យជីវិតដល់យើង បោរិសាទស្ដាប់ពាក្យនោះ គិតថា សុតសោមប្រាថ្នាសេចក្ដីមិនមានរោគដល់យើងម្នាក់ ទើបពោលយ៉ាងនោះ ។

ចំណែកបោរិសាទបានស្ដាប់ពាក្យនោះហើយ មានចិត្តត្រេកអរថា ឥឡូវនេះ ស្ដេច   សុតសោមនេះកម្ចាត់ភាពជាឥស្សរៈ ប្រាថ្នានូវជីវិតដល់យើងដែលជាមហាចោរ អ្នកធ្វើនូវអំពើមិនជាប្រយោជន៍ដ៏ធំយ៉ាងនេះ ជាអ្នកប្រាថ្នានឹងស៊ីសាច់ ឱ ! ព្រះអង្គជាអ្នកប្រាថ្នានូវប្រយោជន៍ដល់យើងហ៎្ន ! កាលមិនដឹងនូវភាវៈនៃពរ ដែលព្រះមហាសត្វទ្រង់លួងលោមឲ្យព្រមឲ្យហើយ ក៏ប្រទានពរនោះ ទើបបានពោលគាថាថា

ធម៌ជាបន្ទាល់សាក្សីរបស់អរិយៈ រមែងស្របគ្នានិងអរិយៈ របស់បុគ្គលមានប្រាជ្ញា រមែងស្របគ្នានឹងបុគ្គលមានប្រាជ្ញា ទ្រង់សូមឃើញនូវខ្ញុំ មានអាយុ ១០០ ឆ្នាំ ឥតមានរោគ   បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយពរទី នេះ

ពាក្យថា ពរ ក្នុងគាថានោះ សំដៅដល់ ខទីមួយក្នុងបណ្ដាពរ ៤ ប្រការ។

លំដាប់នោះ ព្រះពោធិសត្វទើបត្រាស់តទៅថា

ពួកក្សត្រិយ៍ណា រក្សាផែនដីក្នុងទ្វីបនេះ បានមុទ្ធាភិសេកហើយ មានព្រះនាមសម្រេចហើយ ព្រះអង្គជាម្ចាស់ផែនដី កុំសោយនូវពួកក្សត្រិយ៍ទាំងនោះឡើយ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នានូវពរទី នេះ

ពាក្យថា មានព្រះនាមសម្រេចហើយ ក្នុងគាថានោះ អធិប្បាយថា អ្នកមាន             នាមាភិធេយ្យ ដែលធ្វើហើយថា មុទ្ធាភិសេក ដូចនេះ ព្រោះអភិសេកលើព្រះសិរសា ។ ពាក្យថា ព្រះអង្គជាម្ចាស់ផែនដី អធិប្បាយថា ព្រះអង្គកុំសោយក្សត្រដែលបានមុទ្ធាភិសេកហើយនោះឡើយ ។

ព្រះមហាសត្វកាលនឹងទ្រង់ទទួលពរទីពីរ ទ្រង់បានទទួលពរ គឺជីវិតរបស់ក្សត្រ ១០១ អង្គ ដោយប្រការដូច្នេះ សូម្បីបោរិសាទកាលនឹងថ្វាយពរដល់ព្រះពោធិសត្វនោះ ទើបពោលគាថាថា

ពួកក្សត្រិយ៍ណា រក្សាផែនដីក្នុងទ្វីបនេះ បានមុទ្ធាភិសេកហើយមានព្រះនាមសម្រេចហើយ ខ្ញុំជាម្ចាស់ផែនដីក៏លែងស៊ីនូវពួក ក្សត្រិយ៍ទាំងនោះដែរ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយនូវពរទី នេះ

មានពាក្យសួរថា ក្សត្រទាំងនោះបានឮសំឡេងរបស់បោរិសាទនិងសុតសោម ឬ មិនឮទេ ?

ឆ្លើយថា មិនឮទាំងអស់ទេ ។

បោរិសាទបង្កភ្លើងឲ្យនៅឆ្ងាយ ព្រោះខ្លាចសំណុំផ្សែងធ្វើអន្តរាយដល់ដើមឈើ ព្រះមហាសត្វប្រថាប់គង់ត្រាស់នឹងបោរិសាទ ក្នុងរវាងគំនរភ្លើងនិងដើមឈើ ព្រោះហេតុនោះ ក្សត្រទាំងនោះ ទើបមិនបានឮទាំងអស់ បានឮថា គ្រានោះ ក្សត្រទាំងនោះត្រាស់លួងលោមគ្នាថា ឥឡូវនេះ ស្ដេចសុតសោមនឹងទូន្មានបោរិសាទ សូមអ្នកទាំងឡាយកុំភ័យឡើយ ។

ក្នុងខណៈនោះ ព្រះមហាសត្វត្រាស់គាថានេះថា

ពួកក្សត្រិយ៍ជាងរយនាក់ ដែលព្រះអង្គចាប់ ដោតបាតដៃ មានមុខជោកដោយទឹកភ្នែក កំពុងទួញយំ សូមព្រះអង្គឲ្យក្សត្រិយ៍ទាំងនោះ ត្រឡប់ទៅ​​ក្នុងដែនរបស់ខ្លួនវិញ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នាពរទី នេះ

ពាក្យថា ជាងរយ ក្នុងគាថានោះ សំដៅដល់ចំនួនលើសពីមួយរយ ។ ពាក្យថា ដែលត្រូវព្រះអង្គចាប់ គឺដែលព្រះអង្គបានចាប់ទុកហើយ ។ ពាក្យថា ដោតបាតដៃ គឺ ចាប់ដោតត្រង់បាតដៃ ។

កាលព្រះមហាសត្វទទួលពរខទីបី  ទ្រង់បានទទួលពរ គឺសូមឲ្យប្រគល់ដែនរបស់     ខ្លួនៗ ដល់ក្សត្រទាំងនោះដោយប្រការដូច្នេះ ។

មានពាក្យសួរថា ទ្រង់ទទួលពរព្រោះអ្វី ?

ឆ្លើយថា បោរិសាទនោះ សូម្បីមិនស៊ី តែក៏អាចឲ្យក្សត្រទាំងនោះធ្វើជាទាសៈនៅក្នុងព្រៃនេះក៏បាន ឬអាចនឹងសម្លាប់ចោលក៏បាន ឬ អាចនឹងយកទៅលក់ក្នុងបច្ចន្តជនបទក៏បាន ព្រោះហេតុនោះ ព្រះមហាសត្វទើបត្រាស់ទទួលពរ គឺសូមឲ្យប្រគល់ដែនរបស់ខ្លួនៗ ដល់ក្សត្រទាំងនោះវិញ ។ ចំណែកបោរិសាទកាលនឹងថ្វាយពរដល់ព្រះមហាសត្វ ទើបពោលគាថាថា

ពួកក្សត្រិយ៍ជាងរយនាក់ ដែលខ្ញុំចាប់ដោតបាតដៃ មានមុខជោកដោយទឹកភ្នែក កំពុងទួញយំ ខ្ញុំនឹងឲ្យពួកក្សត្រិយ៍ទាំងនោះ ត្រឡប់នៅក្នុងដែន របស់ខ្លួនវិញ បណ្តាពរទាំងឡាយ ខ្ញុំនឹងថ្វាយពរទី នេះ

គ្រានោះ កាលព្រះពោធិសត្វនឹងទទួលពរទីបួន ទើបត្រាស់ព្រះគាថានេះថា

ដែនរបស់ព្រះអង្គ ជាដែនប្រហោង (មិនសូវមានប្រជាជន) ព្រោះពួកប្រជាជន ជាច្រើនញាប់ញ័រហើយ ព្រោះភ័យគ្របសង្កត់ ហើយរត់ចូលទៅកាន់ទីពឹងពួន បពិត្រព្រះរាជាសូមព្រះអង្គវៀរសាច់មនុស្សទៅ បណ្តាពរទាំងឡាយ ខ្ញុំប្រាថ្នាពរទី នេះ

ក្នុងគាថានោះ មានអត្ថាធិប្បាយថា ដែនរបស់ព្រះអង្គក្លាយជាដែនប្រហោង ព្រោះទីនៅទាំងឡាយមានស្រុកជាដើមក្នុងដែននោះៗ ត្រូវប្រជាជនបោះបង់ចោល ។ ពាក្យថា ព្រោះពួកប្រជាជន ជាច្រើនញាប់ញ័រហើយ ព្រោះភ័យគ្របសង្កត់ សេចក្ដីថា នរជនទាំងឡាយស្រៀវ ព្រោះខ្លាចព្រះអង្គថា បោរិសាទនឹងមកក្នុងទីនេះ ។ ពាក្យថា រត់ចូលទៅកាន់ទីពឹងពួន សេចក្ដីថា នាំគ្នាពកូនចៅ គេចចូលទៅរកទីពួនមានទីដែលប្រក់ដោយស្មៅជាដើម ។ ពាក្យថា សាច់មនុស្ស សេចក្ដីថា សូមព្រះអង្គលះបង់សាច់មនុស្ស ដែលជារបស់បដិកូលគួរខ្ពើម មានក្លិនអាក្រក់ គឺចូរវៀរចាកសាច់មនុស្សនោះចេញ ។

កាលព្រះពោធិសត្វត្រាស់យ៉ាងនេះហើយ បោរិសាទរាដៃឡើងទូលថា ម្នាលសម្លាញ់សុតសោម ព្រះអង្គពោលដល់រឿងនេះឬ (ពរនេះស្មើនឹងជីវិត) យើងនឹងថ្វាយដល់ព្រះអង្គយ៉ាងណា ? បើព្រះអង្គប្រាថ្នានឹងទទួល ចូរទទួលពរដទៃចុះ ហើយពោលគាថាថា

អាហារនោះ ជាទីពេញចិត្តរបស់ខ្ញុំដោយពិត ខ្ញុំចូលព្រៃ ព្រោះហេតុតែសាច់មនុស្សនុ៎ះឯង នឹងវៀរចាកសាច់មនុស្សនុ៎ះ ដូចម្តេចបាន បណ្តាពរទាំងឡាយ សូមទ្រង់ប្រាថ្នានូវពរទី ដទៃវិញ

ពាក្យថា ព្រៃ ក្នុងគាថានោះ បានសេចក្ដីថា ខ្ញុំព្រមលះរាជសម្បត្តិហើយចូលព្រៃនេះ។

លំដាប់នោះ ព្រះមហាសត្វទើបត្រាស់ថា ព្រះអង្គពោលថា មិនអាចវៀរបានព្រោះជារបស់ដែលពេញចិត្តក្រៃលែង ក៏អ្នកណាធ្វើបាបព្រោះហេតុនៃរបស់ជាទីស្រឡាញ់ អ្នកនោះជាជនពាល ហើយត្រាស់ព្រះគាថាថា

បពិត្រព្រះអង្គជាធំជាជន បុគ្គលប្រហែលដូចព្រះអង្គ លះបង់នូវខ្លួនចោលដោយគិតថា នេះជាសម្លាញ់របស់អញដូច្នេះ រមែងមិនបានគប់រកនូវវត្ថុជាទីស្រឡាញ់ទេ ខ្លួនហ្នឹងហើយ ជាសភាវៈប្រសើរឈ្មោះថា ប្រសើរក្រៃលែង បុគ្គលអ្នកមានចិត្តសន្សំហើយ គប្បីបាននូវគុណជាទីស្រឡាញ់ ក្នុងកាលជាខាងក្រោយ

ក្នុងគាថានោះ ពាក្យថា បុគ្គលប្រហែលដូចព្រះអង្គ សេចក្ដីថា ព្រះអង្គជាធំជាជន មនុស្សដូចជាព្រះអង្គនៅជាយុវវ័យ មានរូបស្អាត មានយសធំ ធ្វើខ្លួនឲ្យវិនាសចាកសេចក្ដីល្អ ដោយសេចក្ដីលោភក្នុងវត្ថុដែលជាទីស្រឡាញ់ថា ឈ្មោះថាវត្ថុនេះ រមែងជាទីពេញចិត្តរបស់យើង ឃ្លៀតចាកសុគតិទាំងអស់ និងវិស័យនៃសេចក្ដីសុខ ធ្លាក់ទៅក្នុងនរក ឈ្មោះថារមែងមិនបានសេពនូវរបស់ដែលជាទីស្រឡាញ់ទាំងឡាយ ។ ពាក្យថា ខ្លួនហ្នឹងហើយជាសភាវៈប្រសើរ សេចក្ដីថា ខ្លួនរបស់បុរសនោះឯងប្រសើរជាងវត្ថុដែលជាទីស្រឡាញ់នោះទៀត ។

សួរថា ព្រោះហេតុអ្វី ?

ឆ្លើយថា ព្រោះមនុស្សមានខ្លួនដែលអប់រំហើយនឹងគប្បីបានវត្ថុដែលជាទីស្រឡាញ់ទាំងឡាយ អធិប្បាយថា ឈ្មោះថា វត្ថុដែលជាទីស្រឡាញ់ទាំងឡាយ បុគ្គលអ្នកមានខ្លួនអប់រំហើយ និងមានខ្លួនចម្រើនហើយ ដោយអំណាចនៃវិស័យដែលជាទីស្រឡាញ់និងបុណ្យ ធ្វើសម្បត្តិក្នុងទេវតានិងមនុស្សហើយ ក៏អាចបានក្នុងទិដ្ឋធម្ម ឬក្នុងលោកខាងមុខ ។

កាលព្រះពោធិសត្វត្រាស់យ៉ាងនេះហើយ បោរិសាទញាប់ញ័រចិត្ត គិតថា យើងមិនអាចឲ្យស្ដេចសុតសោមបោះបង់ពរនេះចេញបាន សូម្បីសាច់មនុស្សក៏យើងមិនអាចនឹងលះបង់បាន តើយើងនឹងធ្វើយ៉ាងណាហ៎្ន ? បើលោកត្រាស់សូមពរទីបួនដទៃ យើងថ្វាយលោកភ្លាម យើងនឹងទៅជាយ៉ាងណា មានព្រះនេត្រដែលពេញដោយអស្សុជល ពោលគាថាថា

បពិត្រព្រះបាទសុតសោម សូមទ្រង់ជ្រាបនូវសាច់មនុស្ស ថាជាទីស្រឡាញ់របស់ខ្ញុំ ទ្រង់មិនអាចឃាត់ខ្ញុំបានទេ បពិត្រទ្រង់ជាសម្លាញ់ សូមទ្រង់ប្រាថ្នាពរឯទៀតវិញ

ពាក្យថា ចូរជ្រាប ក្នុងគាថាមានសេចក្ដីថា សូមព្រះអង្គចូរដឹងចុះ ។

លំដាប់នោះ ព្រះពោធិសត្វត្រាស់ថា

បុគ្គលណាជាអ្នករក្សានូវវត្ថុជាទីស្រឡាញ់ ដោយគិតថា វត្ថុនេះជាទីស្រឡាញ់របស់អញដូច្នេះ លះបង់ខ្លួន ហើយនៅសេពគប់វត្ថុជាទីស្រឡាញ់ បុគ្គលនោះ រមែងជាទុក្ខក្នុងកាលជាខាងមុខ ព្រោះអំពើនោះឯង ដូចជា អ្នកលេងសុរា ផឹកទឹកសុរាដែលលាយដោយថ្នាំពិស

ចំណែកខាងបុគ្គលណា ក្នុងលោកនេះ បានពិចារណា លះបង់នូវវត្ថុជាទីស្រឡាញ់ ហើយបែរមកគប់រកនូវអរិយធម៌ សូម្បីដោយលំបាក បុគ្គលនោះ រមែងបានសុខ ក្នុងកាលខាងមុខ ព្រោះអំពើនោះឯង ដូចបុគ្គលដល់នូវសេចក្តីទុក្ខ ព្រោះផឹកនូវឱសថ

ក្នុងគាថានោះ ពាក្យថា បុគ្គលណា មានអត្ថាធិប្បាយថា ម្នាលសម្លាញ់បោរិសាទ បុរសណាធ្វើខ្លួនឲ្យវិនាសចាកសេចក្ដីល្អដោយការធ្វើបាបថា វត្ថុនេះជាទីស្រឡាញ់ដល់យើងហើយសេពរបស់ជាទីស្រឡាញ់ បុរសនោះរមែងបានទទួលសេចក្ដីទុក្ខក្នុងអបាយមាននរកជាដើម ក្នុងលោកខាងមុខ ព្រោះបាបកម្មនោះ ប្រៀបដូចអ្នកផឹកសុរាផឹកសុរាដែលលាយដោយថ្នាំពិស ព្រោះថាខ្លួនពេញចិត្តនឹងសុរា ដូច្នោះ ។ ពាក្យថា បានពិចារណា  សំដៅដល់ បានពិចារណាដោយខ្លួនឯង ។ ពាក្យថា លះបង់នូវវត្ថុជាទីស្រឡាញ់ អធិប្បាយថា លះបង់វត្ថុជាទីស្រឡាញ់ដែលប្រកបដោយអធម៌ ។

កាលព្រះពោធិសត្វត្រាស់យ៉ាងនេះហើយ បោរិសាទកាលបរិទេវនា ទើបពោលនូវគាថាថា

ខ្ញុំលះបង់បិតាមាតា និងបញ្ចកាមគុណ ជាទីពេញចិត្ត ហើយចូលព្រៃ ព្រោះហេតុតែសាច់មនុស្សនោះ ខ្ញុំនឹងថ្វាយនូវពរនោះ ដល់ទ្រង់ដូម្តេចបាន

ក្នុងគាថានោះ បោរិសាទសម្ដែងសាច់មនុស្សដោយពាក្យថា ព្រោះហេតុនៃសាច់មនុស្សនេះ ។ ពាក្យថា យ៉ាងណាបាន អធិប្បាយថា ខ្ញុំនឹងធ្វើយ៉ាងណា បើថ្វាយពរនេះដល់ព្រះអង្គ ។

លំដាប់នោះ ព្រះមហាសត្វ ទើបត្រាស់ព្រះគាថានេះថា

បណ្ឌិតទាំងឡាយជាសប្បុរស ជាអ្នកប្តេជ្ញាដោយពាក្យសច្ចៈ មិនពោលនូវពាក្យពីរជាន់ទេ ព្រះអង្គបានពោលនឹងខ្ញុំថា បពិត្រទ្រង់ជាសម្លាញ់ សូមទ្រង់ទទួលពរចុះ ព្រះអង្គបានពោលដូច្នេះហើយ (តែពាក្យនោះ) របស់ព្រះអង្គ មិនស្របគ្នាទេ

ក្នុងគាថានោះ ពាក្យថា ពាក្យពីរជាន់ អធិប្បាយថា ម្នាលសម្លាញ់បោរិសាទ ធម្មតាថា បណ្ឌិតនិយាយពាក្យតែមួយ មិនធ្វើពាក្យនោះឲ្យឃ្លៀងឃ្លាតទៅជាប្រការដទៃ រមែងមិនពោលពាក្យជាពីរ ព្រះអង្គពោលនឹងខ្ញុំទុកយ៉ាងនេះថា ម្នាលសម្លាញ់សុតសោម ព្រះអង្គចូរទទួលពរចុះ ។ ពាក្យថា មិនស្របគ្នា សេចក្ដីថា ព្រោះដូច្នោះ ពាក្យណាលោកពោលទុកថា ដោយប្រការដូច្នេះ ពាក្យនោះរមែងមិនសមគ្នានឹងពាក្យរបស់លោកក្នុងកាលឥឡូវនេះ ។

បោរិសាទកាលយំម្ដងទៀត ទើបពោលនូវគាថាថា

ខ្ញុំដល់នូវភាពជាអ្នកមិនមានបុណ្យ មិនមានយស មិនមានកេរិ៍្តឈ្មោះ មានបាប មានទុច្ចរិត សៅហ្មងជាច្រើន ក៏ព្រោះហេតុតែសាច់មនុស្ស ខ្ញុំនឹងថ្វាយនូវពរនោះដល់ទ្រង់ដូម្តេចកើត

ក្នុងគាថានោះ ពាក្យថា បាប គឺនៅមិនដល់កម្មបថ ។ ពាក្យថា ទុច្ចរិត គឺដល់កម្មបថ។ ពាក្យថា សៅហ្មង សំដៅដល់ សេចក្ដីលំបាក ។ ពាក្យថា ព្រោះសាច់មនុស្សជាហេតុ គឺព្រោះ ហេតុនៃសាច់មនុស្ស ។ ពាក្យថា ចូលដល់ គឺ ខ្ញុំជាអ្នកចូលដល់ហើយ ។ ពាក្យថា ពរនោះ សេចក្ដីថា បោរិសាទពោលថា ខ្ញុំថ្វាយពរនោះដល់ព្រះអង្គយ៉ាងណា ព្រះអង្គកុំហាមខ្ញុំឡើយ ចូរទ្រង់ធ្វើសេចក្ដីអនុគ្រោះសេចក្ដីករុណាដល់ខ្ញុំផងចុះ សូមទ្រង់ទទួលពរដទៃចុះ ។

លំដាប់នោះ ព្រះមហាសត្វត្រាស់នឹងគេទៀតថា

(ទ្រង់មានបន្ទូលហើយថា) ជនឲ្យនូវពរណា ហើយត្រឡប់ជាមិនឲ្យវិញ មិនគួរឲ្យពរនោះទេ បពិត្រទ្រង់ជាសម្លាញ់ សូមទ្រង់កុំញាប់ញ័រ សូមទទួលយក (ពរ) ចុះ ខ្ញុំសូម្បីលះបង់ជីវិត ក៏នៅតែថ្វាយទ្រង់ដែរ

កាលព្រះមហាសត្វទ្រង់នាំគាថាដែលបោរិសាទនោះពោលទុកមុនហើយ មកសម្ដែងយ៉ាងនេះទៀត កាលនឹងទ្រង់ញ៉ាំងបោរិសាទឲ្យក្លាហានក្នុងការឲ្យពរ ទើបត្រាស់ថា

នុ៎ះជាធម៌ របស់ពួកសប្បុរស ធម្មតាពួកសប្បុរស ជាអ្នកប្តេជ្ញាដោយពាក្យសច្ចៈ តែងលះបង់នូវជីវិត ព្រះអង្គឲ្យពរហើយ ចូរឲ្យរហ័ស បពិត្រព្រះរាជាដ៏ប្រសើរ សូមព្រះអង្គសម្រេចដោយធម៌និងពាក្យសច្ចៈនុ៎ះចុះ

ជនគប្បីលះបង់នូវទ្រព្យ ព្រោះហេតុនៃអវយវៈដ៏ប្រសើរ កាលបើរក្សានូវជីវិត ក៏គប្បីលះបង់នូវអវយវៈ កាលបើរឭកឃើញនូវធម៌ គប្បីលះបង់ទាំងអវយវៈ ទ្រព្យ និង ជីវិតទាំងអស់នោះ

ក្នុងគាថានោះ ពាក្យថា ជីវិត សំដៅដល់ លះជីវិត អធិប្បាយថា ឈ្មោះថា សប្បុរសទាំងឡាយរមែងលះជីវិតបានដោយពិត ព្រះអង្គចូរប្រទានពរឲ្យឆាប់ គឺចូរប្រទានដល់យើងឲ្យរហ័សក្នុងទីនេះភ្លាម ។ ពាក្យថា នុ៎ះជាធម៌របស់ពួកសប្បុរស គឺជាអ្នកសម្បូរដល់ព្រម ចូលដល់ហើយដោយធម៌ និងសច្ចៈនេះ ។ ព្រះពោធិសត្វទ្រង់សរសើរបោរិសាទនោះ ទើបទ្រង់ហៅគេថា ព្រះអង្គជាព្រះរាជាដ៏ប្រសើរ ។ ពាក្យថា គប្បីលះទ្រព្យ អធិប្បាយថា ម្នាលបោរិសាទសម្លាញ់ បុរសជាបណ្ឌិត កាលសាច់ អវយវៈមានដៃជើងជាដើមនៅមាន គប្បីលះទ្រព្យសូម្បីច្រើន កាលត្រូវការនឹងរក្សាអវយវៈនោះ ។ ពាក្យថា កាលនឹកដល់ធម៌ អធិប្បាយថា កាលនឹកដល់ធម៌យ៉ាងនេះថា សូម្បីយើងនឹងត្រូវលះអវយវៈ ទ្រព្យ និង ជីវិត ក៏មិនព្រមកន្លងធម៌យ៉ាងនេះដែរ ។

ព្រះមហាសត្វត្រាស់បញ្ជាក់យ៉ាងនេះ នាំឲ្យបោរិសាទនោះតាំងនៅក្នុងសច្ចៈដោយហេតុផលទាំងនេះយ៉ាងនេះហើយ ឥឡូវនេះ នឹងលើកសេចក្ដីដែលព្រះអង្គជាគ្រូដ៏ប៉ិនប្រសប់ ទើបត្រាស់ព្រះគាថាថា

បុរសចេះដឹងនូវធម៌អំពីបុគ្គលណា​ ឬក៏ពួកសប្បុរសណាបន្ទោបង់នូវសេចក្តី​សង្ស័យ របស់បុគ្គលនោះបាន ដំណើរនោះ ឈ្មោះថាជាទីពឹង ជាទីពំនាក់ របស់បុគ្គលនោះ បុគ្គលអ្នកមានប្រាជ្ញា មិនត្រូវបំបាត់មេត្រីចិត្តអំពីបុគ្គលនោះទេ ។

ក្នុងគាថានោះ ពាក្យថា ណា សំដៅដល់អំពីបុរសណា ។ ពាក្យថា ធម៌ សំដៅដល់ ហេតុដែលសម្រាប់ឆ្លុះបង្ហាញកុសល និងអកុសលធម៌ ។ ពាក្យថា ដឹង គឺ គប្បីដឹងច្បាស់ ។ ពាក្យថា អ្នកនោះ អធិប្បាយថា បុគ្គលជាអាចារ្យនោះ ។ ឈ្មោះថា ជាទីពឹង ព្រោះអត្ថថា ជាទីពឹងរបស់បុគ្គលនោះ និងឈ្មោះថាជាទីពំនាក់ ព្រោះអត្ថថាជាស្ថានទីដែលបុគ្គលនោះ គប្បីទៅរកក្នុងកាលមានភ័យកើតឡើង ។ ពាក្យថា មិនគប្បីទម្លាយមេត្រីភាពពីបុគ្គលនោះ អធិប្បាយ បុគ្គលណាជាបណ្ឌិតមិនគប្បីទម្លាយមេត្រី ដោយហេតុសូម្បីយ៉ាងណាមួយនឹងបុគ្គលអ្នកជាអាចារ្យនោះ គឺមិនគប្បីធ្វើមេត្រីនោះឲ្យវិនាសទៅ ។

ព្រះពោធិសត្វគ្រាត្រាស់យ៉ាងនេះហើយ ទើបត្រាស់តទៅថា ម្នាលសម្លាញ់បោរិសាទដែលឈ្មោះថាពាក្យសម្ដីរបស់អាចារ្យអ្នកមានគុណ មិនគួរនឹងទម្លាយ យើងជាបិដ្ឋាចារ្យរបស់ព្រះអង្គ បានឲ្យព្រះអង្គសិក្សាសិល្បៈជាច្រើន សូម្បីក្នុងវេលាដែលទ្រង់នៅជាយុវវ័យ ឥឡូវនេះ បានពោលសតារហាគាថាដោយពុទ្ធលីលាដល់ព្រះអង្គ ព្រោះហេតុនោះ ព្រះអង្គគួរធ្វើតាមពាក្យរបស់យើង ។

បោរិសាទបានស្ដាប់ដូចនោះហើយ ទើបគិតថា ស្ដេចសុតសោមជាអាចារ្យរបស់យើងហើយពរ ក៏យើងបានថ្វាយព្រះអង្គ តើយើងនឹងធ្វើបានយ៉ាងណា ជាធម្មតាសេចក្ដីស្លាប់ក្នុងអត្តភាពនេះ រមែងជារបស់ដែលមានពិតប្រាកដ យើងនឹងមិនស៊ីសាច់មនុស្ស យើងនឹងថ្វាយពរនេះ ដូច្នេះហើយ ជាអ្នកមានខ្សែអស្សុជលពេញមុខហើយ ក្រោកឡើងថ្វាយបង្គំព្រះបាទសុតសោម កាលនឹងថ្វាយពរនេះ ទើបពោលពាក្យថា

អាហារនោះ ជាទីគាប់ចិត្តរបស់ខ្ញុំដោយពិត ខ្ញុំចូលព្រៃ ព្រោះហេតុតែសាច់មនុស្សនុ៎ះ បើទ្រង់ទទូចសូមសេចក្តីនុ៎ះនឹងខ្ញុំ បពិត្រទ្រង់ជាសម្លាញ់ ខ្ញុំក៏ឲ្យពរនោះដល់ទ្រង់ ។

លំដាប់នោះ ព្រះមហាសត្វត្រាស់ថា ម្នាលសម្លាញ់ មនុស្សដែលតាំងនៅក្នុងសីល ដល់សូម្បីនឹងសម្លាញ់ក៏ប្រសើរ យើងសូមទទួលពរដែលព្រះអង្គប្រទាន ហើយព្រះអង្គក៏តាំងនៅក្នុងផ្លូវរបស់អរិយៈចាប់តាំងតែថ្ងៃនេះដែរ សូម្បីយ៉ាងនោះ យើងត្រូវទូលសូមព្រះអង្គ បើសេចក្ដីស្រឡាញ់ក្នុងខ្លួនយើងរបស់ព្រះអង្គនៅមាន សូមព្រះអង្គចូរទទួលសីល ៥ ចុះ ។ បោរិសាទទូលថា ល្អណាស់សម្លាញ់ សូមព្រះអង្គចូរប្រទានសីល ៥ ដល់ខ្ញុំចុះ ។ ព្រះមហាសត្វត្រាស់ថា សូមទទួលចុះ មហារាជ ។ បោរិសាទថ្វាយបង្គំព្រះមហាសត្វដោយបញ្ចង្គប្រតិស្ថានហើយអង្គុយក្នុងទីដ៏សមគួរមួយ ។ ព្រះមហាសត្វបានឲ្យបោរិសាទតាំងនៅក្នុងសីល ៥ ហើយ ។ ភុម្មទេវតាដែលប្រជុំគ្នាក្នុងទីនោះ កើតសេចក្ដីសោមនស្សរីករាយក្នុងព្រះមហាសត្វ បានធ្វើសាធុការញ៉ាំងភ្នំឲ្យមានសំឡេងកោលាហលថា មនុស្សដទៃតាំងតែ   អវីចិរហូតដល់ភវគ្គព្រហ្ម ឈ្មោះថាអាចនឹងហាមបោរិសាទឲ្យវៀរចាកសាច់មនុស្សមិនមាន ព្រះបាទសុតសោមបានធ្វើកិច្ចដែលបុគ្គលដទៃធ្វើបានដ៏សែនលំបាក គួរអស្ចារ្យ ទេវតាជាន់ចាតុមហារាជិកា បានស្ដាប់អំពីភុម្មទេវតានោះ ក៏ធ្វើសាធុការបន្លឺឡើងតៗគ្នាយ៉ាងនេះ បានកើតកោលាហលដោយសំឡេងដូចគ្នារហូតដល់ព្រហ្មលោក សូម្បីព្រះរាជាត្រូវចង់ព្យូរនឹងដើមឈើ ក៏បានឮសំឡេងសាធុការរបស់ទេវតាពួកនោះដែរ សូម្បីពួករុក្ខទេវតាដែលនៅក្នុងវិមាននោះ ក៏ឲ្យសាធុការ ការឲ្យសាធុការរបស់ទេវតាយ៉ាងនេះ មានសំឡេងប៉ុណ្ណោះ មិនបានឃើញរូបទេវតាឡើយ ពួកព្រះរាជាបានស្ដាប់សំឡេងសាធុការរបស់ពួកទេវតា ទើបគិតថា ពួកយើងបានជីវិតព្រោះអាស្រ័យស្ដេចសុតសោម ស្ដេចសុតសោមទ្រង់ទូន្មានបោរិសាទ បាន ឈ្មោះថាធ្វើកិច្ចដែលបុគ្គលដទៃធ្វើបានដោយកម្រ ហើយនាំគ្នាសរសើរព្រះពោធិសត្វ ។ ចំណែកបោរិសាទថ្វាយបង្គំព្រះយុគលបាទ របស់ព្រះមហាសត្វហើយឈរនៅក្នុងទីមួយ ។ លំដាប់នោះ ព្រះពោធិសត្វត្រាស់នឹងបោរិសាទថា ម្នាលសម្លាញ់ លោកចូរដោះលែងពួកក្សត្រទាំងនោះចុះ ។ បោរិសាទគិតថា យើងជាសត្រូវរបស់ក្សត្រទាំងនោះ ក្សត្រទាំងនោះកាលយើងដោះលែងហើយ នឹងព្រួតគ្នាចាប់យើងដោយគិតថា យើងជាសត្រូវរបស់ខ្លួន ហើយនឹងបៀតបៀន សូម្បីយើងនឹងត្រូវបាត់បង់ជីវិតក៏មិនអាចទម្លាយសីលដែលទទួលអំពីសម្នាក់ស្ដេចសុតសោម យើងនឹងដោះលែងតាមស្ដេចសុតសោមយ៉ាងនេះ នឹងមិនជាភ័យដល់យើង ហើយថ្វាយបង្គំព្រះពោធិសត្វទូលថា បពិត្រស្ដេចសុតសោម យើងទាំងពីរនឹងទៅដោះលែងពួកក្សត្រទាំងអស់គ្នា ហើយពោលគាថាថា

ព្រះអង្គជាសាស្តារបស់ខ្ញុំផង ជាសម្លាញ់របស់ខ្ញុំផង បពិត្រព្រះអង្គជាសម្លាញ់ ខ្ញុំនឹងធ្វើតាមព្រះឱង្ការរបស់ព្រះអង្គ ព្រះអង្គក៏ចូរធ្វើតាមពាក្យរបស់ខ្ញុំដែរ យើងទាំងពីរនាក់ទៅដោះលែង (ពួកក្សត្រិយ៍ទាំងនោះជាមួយគ្នា)

ពាក្យថា ជាសាស្ដារបស់ខ្ញុំ ក្នុងគាថានោះ សំដៅដល់សាស្ដាព្រោះបានសម្ដែងផ្លូវសួគ៌ និងជាសម្លាញ់នឹងគ្នាចាប់តាំងពីដើម កាលនៅជាយុវវ័យ ។

លំដាប់នោះ ព្រះពោធិសត្វទើបត្រាស់នឹងបោរិសាទថា

ខ្ញុំជាសាស្តារបស់ព្រះអង្គផង ជាសម្លាញ់របស់ព្រះអង្គផង បពិត្រព្រះអង្គជាសម្លាញ់ បើព្រះអង្គធ្វើតាមពាក្យខ្ញុំ ទាំងខ្ញុំក៏ធ្វើតាមពាក្យព្រះអង្គដែរ យើងទាំងពីរនាក់ទៅដោះលែង (ពួកក្សត្រិយ៍ទាំងនោះជាមួយគ្នា)

គ្រាត្រាស់យ៉ាងនេះហើយ ព្រះពោធិសត្វទើបស្ដេចយាងទៅរកក្សត្រទាំងនោះហើយ ត្រាស់ព្រះគាថាថា

ពួកលោកដែលត្រូវព្រះរាជាជើងពពាល បៀតបៀនដោតបាតដៃ មានមុខជោក ដោយទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) អ្នកទាំងឡាយចូរលែងប្រទូស្តនឹងព្រះរាជានេះចុះ អ្នកទាំងឡាយចូរទទួលស្តាប់ពាក្យប្តេជ្ញាដ៏ទៀងទាត់របស់ខ្ញុំចុះ

ក្នុងគាថានោះ ពាក្យថា ជើងពពាល អធិប្បាយថា ព្រះមហាសត្វទ្រង់ទទួលពាក្យ  បោរិសាទថា សូម្បីយើងទាំងពីរទៅដោះលែងពួកក្សត្រជាមួយគ្នាដូចនេះហើយ ទ្រង់គិតថា ធម្មតាក្សត្រជាអ្នកមានមានះ ពេលបានរួចផុតហើយនឹងវាយ ឬសម្លាប់បោរិសាទដោយការចងអាឃាតថា ពួកយើងត្រូវបោរិសាទនេះបៀតបៀន ហើយដូច្នេះក៏ដោយ តែបោរិសាទមិនប្រទូសរ៉ាយក្សត្រទាំងនោះ យើងត្រឹមតែទៅទទួលបដិញ្ញាចំពោះក្សត្រទាំងនោះមុន ហើយស្ដេចទៅក្នុងសម្នាក់ក្សត្រទាំងនោះ ទ្រង់ឃើញក្សត្រទាំងនោះត្រូវចាក់ទម្លុះបាតដៃចងព្យួរនឹងមែកឈើ ចុងម្រាមជើងដាក់ដល់លើដី រើបម្រះ ប្រៀបដូចផួងផ្កាសិតមាន់ ដែលព្យួរទុកនៅក្រោមដើមឈើក្នុងវេលាដែលខ្យល់បក់ត្រូវ ។ សូម្បីក្សត្រទាំងនោះ ល្មមបានឃើញព្រះពោធិសត្វហើយ ស្រែកយំព្រមគ្នាថា ពួកយើងមិនមានរោគឥឡូវនេះហើយ ។ លំដាប់នោះ ព្រះមហាសត្វត្រាស់ប្រាប់ក្សត្រទាំងនោះថា កុំខ្លាចឡើយ ហើយត្រាស់ថា ពួកលោកចូរទទួលអភ័យទោសអំពីបោរិសាទហើយ តែពួកលោកត្រូវធ្វើតាមពាក្យរបស់ខ្ញុំផងណា ហើយទើបត្រាស់ព្រះគាថាដូចពោលមកហើយក្នុងខាងដើម ។ ពាក្យថា ដ៏ទៀងទាត់ ក្នុងគាថានោះ  អធិប្បាយថា ពួកលោកកុំគិតប្រទូសរ៉ាយដោយចំណែកមួយឡើយ ។

ក្សត្រទាំងនោះ ត្រាស់តបជាព្រះគាថាថា

ពួកយើងដែលត្រូវព្រះរាជាជើងពពាលបៀតបៀនដោតបាតដៃ មានមុខជោកដោយទឹកភ្នែក ស្រែកយំ (ឥឡូវនេះ) ពួកយើងមិនប្រទូស្តចំពោះព្រះរាជានេះទេ ពួកយើងនឹងទទួលស្តាប់ពាក្យប្តេជ្ញាដ៏ទៀតទាត់របស់ព្រះអង្គ

ក្នុងគាថានោះ ពាក្យថា ពាក្យប្តេជ្ញា សេចក្ដីថា ក្សត្រទាំងនោះទូលព្រះមហាសត្វថា ខ្ញុំទទួលបដិញ្ញាយ៉ាងនេះ តែថាពួកខ្ញុំកំពុងនឿយហត់ មិនអាចនឹងរៀបរៀងពាក្យបដិញ្ញាឲ្យល្អ សូមព្រះអង្គចូរជាទីពឹងដល់បណ្ដាសត្វទាំងពួងចុះ ព្រះអង្គចូររៀបរៀងពាក្យបដិញ្ញាឲ្យ ផង ពួកខ្ញុំបានស្ដាប់ពាក្យរបស់ព្រះអង្គហើយឲ្យពាក្យបដិញ្ញា ។

លំដាប់នោះ ព្រះពោធិសត្វទើបត្រាស់នឹងពួកក្សត្រទាំងនោះថា បើយ៉ាងនោះ ពួកលោកចូរឲ្យបដិញ្ញា ហើយត្រាស់ព្រះគាថាថា

បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នានូវសេចក្តីចម្រើនដល់បុត្រទាំងឡាយ យ៉ាងណាមិញ ចំណែកព្រះរាជានេះ ចូរមានដល់លោកទាំងឡាយ ក៏យ៉ាងនោះដែរទាំងលោកទាំងឡាយ ក៏សូមដូចជាបុត្រ

សូម្បីក្សត្រទាំងនោះ ក៏ទទួលពាក្យបដិញ្ញា បានពោលគាថានេះថា

បិតា ឬមាតា ជាអ្នកអនុគ្រោះ ប្រាថ្នានូវសេចក្តីចម្រើន ដល់បុត្តទាំងឡាយ យ៉ាងណាមិញ ចំណែកខាងព្រះរាជានេះ ចូរមានដល់យើងទាំងឡាយ យ៉ាងនោះដែរ ទាំងពួកយើងក៏ដូចបុត្រដែរ

វោ អក្សរក្នុងពាក្យថា តុម្ហេ វោ ក្នុងគាថានោះ ត្រឹមជានិបាត ។

ព្រះមហាសត្វទ្រង់ទទួលបដិញ្ញារបស់ក្សត្រទាំងនោះយ៉ាងនេះហើយ ទ្រង់ហៅបោរិសាទមក ត្រាស់ថា ចូរមកចុះសម្លាញ់ ចូរមកដោះលែងក្សត្រទាំងនោះចុះ បោរិសាទ ចាប់ដាវកាត់ខ្សែដែលចងព្រះរាជាមួយអង្គៗហើយ ព្រះរាជានោះអត់អាហារបានទទួលទុក្ខវេទនារហូតមក ៧ ថ្ងៃហើយ សន្លប់ដួលដេកលើផ្ទៃដី ព្រមនឹងការដាច់នៃខ្សែដែលចង ។ ព្រះមហាសត្វទតព្រះនេត្រឃើញដូចនោះ មានសេចក្ដីករុណាត្រាស់ថា ម្នាលបោរិសាទ​សម្លាញ់ លោកកុំកាត់យ៉ាងនេះឡើយ យើងទាំងពីរត្រូវចាប់ព្រះរាជាមួយអង្គៗឲ្យជាប់ ធ្វើឲ្យនៅលើទ្រូងហើយសឹមកាត់ខ្សែចំណងចុះ ។ កាលបោរិសាទកាត់ខ្សែដោយដាវ ព្រះមហាសត្វទទួលព្រះរាជានោះឲ្យដេកលើព្រះឧរៈ ព្រោះព្រះអង្គបរិបូណ៌ដោយកម្លាំង ហើយផ្គងឲ្យដេកលើផ្ទៃដី ដោយព្រះហឫទ័យប្រកបដោយមេត្តា ប្រៀបដូចមាតាដែលត្រកងបុត្រដែលកើតអំពីទ្រូងដូច្នោះ ទ្រង់ត្រកងព្រះរាជាទាំងនោះគ្រប់អង្គ ឲ្យដេកលើផ្ទៃដី យ៉ាងនេះហើយ ទ្រង់លាងដំបៅ និងទាញនូវខ្សែដោយសន្សឹម ប្រៀបដូចទាញសរសៃ       អម្បោះអំពីត្រចៀកកូនក្មេង ដូច្នោះ លាងជម្រះនូវខ្ទុះលាម ហើយធ្វើដំបៅឲ្យស្អាត ព្រះអង្គត្រាស់ថា ម្នាលបោរិសាទសម្លាញ់ លោកចូរត្រដុសនូវសំបកឈើនេះនឹងថ្មហើយនាំមក គ្រាបានឲ្យនាំមកហើយ ទើបទ្រង់ធ្វើសច្ចកិរិយាហើយលាបលើបាតដៃរបស់ព្រះរាជាទាំងនោះ។ ដំបៅទាំងនោះក៏បានជាសះស្បើយក្នុងពេលនោះឯង បោរិសាទយកអង្ករ​មកចម្អិន​ជាបបរ ហើយក្សត្រទាំងពីរក៏ឲ្យក្សត្រទាំង ១០១ អង្គ ផឹកនូវបបរ ។ កាលព្រះពោធិសត្វ និងបោរិសាទ​ឲ្យក្សត្រទាំងនោះផឹកបបរគ្រប់អង្គហើយ យ៉ាងនេះ ព្រះអាទិត្យក៏អស់អស្ដង្គតទៅ សូម្បីស្អែកឡើងក៏ក្សត្រទាំងនោះផឹកបបរយ៉ាងនេះទៀត ទាំងក្នុងវេលាព្រឹក ទាំងក្នុងពេលថ្ងៃ និងក្នុងពេលល្ងាច ក្នុងថ្ងៃទី ៣ បានឲ្យក្សត្រទាំងនោះផឹកបបរក្រមួន រហូតធ្វើក្សត្រទាំងនោះបានជាសះស្បើយចាករោគ ។

គ្រានោះ ព្រះមហាសត្វត្រាស់សួរក្សត្រទាំងនោះថា ពួកលោកអាចនឹងត្រឡប់ទៅវិញបានឬនៅ ?

កាលក្សត្រទាំងនោះក្រាបទូលថា អាចទៅបាន ។ ហើយព្រះពោធិសត្វត្រាស់ថា ម្នាលបោរិសាទសម្លាញ់ យើងនឹងទៅកាន់ដែនរបស់ខ្លួន ។

បោរិសាទបានស្ដាប់ដូចនោះហើយ ក៏យំហើយឱនទាបព្រះបាទរបស់ព្រះពោធិសត្វ ពោលឡើងថា ម្នាលសម្លាញ់ ព្រះអង្គចូរនាំព្រះរាជាទាំងនោះទៅចុះ ខ្ញុំនឹងបរិភោគមើមឈើ ផ្លៃឈើក្នុងព្រៃនេះឯង ។

ព្រះមហាសត្វត្រាស់ថា ម្នាលសម្លាញ់នឹងធ្វើអ្វីក្នុងព្រៃនេះ ដែនរបស់ព្រះអង្គ​​​ជាទីរីករាយ ចូរស្ដេចទៅសោយរាជសម្បត្តិក្នុងនគរពារាណសីនោះចុះ ។

បោរិសាទទូលថា សម្លាញ់ត្រាស់អ្វី ? ខ្ញុំមិនអាចទៅនគរពារាណសីវិញទេ ព្រោះអ្នកនគរទាំងអស់ ជាសត្រូវរបស់ខ្ញុំ ពួកគេនឹងនាំគ្នាជេរប្រទេចខ្ញុំថា ខ្ញុំស៊ីមាតារបស់គេ ស៊ីបិតារបស់គេ ដូច្នេះហើយ នឹងនាំគ្នាចាប់ខ្ញុំដោយតាំងឈ្មោះថា ជាចោរ នឹងដាច់ចុះនូវជីវិតរបស់ខ្ញុំដោយដំបងនិងដុំដី ចំណែកខ្ញុំនេះដែលបានទទួលសីលក្នុងសម្នាក់ព្រះអង្គហើយ មិនអាចនឹងសម្លាប់គេសូម្បីព្រោះហេតុនៃជីវិត ព្រោះហេតុនោះ ខ្ញុំទើបមិនទៅ ខ្ញុំវៀរចាកសាច់មនុស្សហើយ នឹងជាអ្នកនៅបានយូរត្រឹមណា ឥឡូវនេះ ការឃើញនូវព្រះអង្គរបស់ខ្ញុំនឹងមិនមានទៀតទេ ។ បោរិសាទពោលយ៉ាងនេះហើយ ក៏យំហើយនិយាយថា ព្រះអង្គសូមយាងទៅចុះ ។

គ្រានោះ ព្រះមហាសត្វទ្រង់ស្ទាបខ្នងបោរិសាទ និងត្រាស់ថា ម្នាលសម្លាញ់បោរិសាទ លោកកុំគិតយ៉ាងនេះឡើយ ខ្ញុំឈ្មោះសុតសោម ក៏អាចទូន្មានមនុស្សអាក្រក់រឹងរូសដូចលោកបាន អ្នកនគរពារាណសីនឹងជាអ្វី ខ្ញុំឲ្យព្រះអង្គតាំងនៅក្នុងភាពជាព្រះរាជាក្នុងនគរ
ពារាណសីដូចដើម បើសិនជាខ្ញុំមិនអាចធ្វើបាន ខ្ញុំនឹងបែងចែករាជសម្បត្តិរបស់ខ្ញុំជាពីរចំណែក ហើយថ្វាយដល់ព្រះអង្គមួយចំណែក ។ បោរិសាទទូលថា សូម្បីក្នុងនគររបស់ព្រះអង្គ ក៏មានសត្រូវរបស់ខ្ញុំដូចគ្នា ។ ព្រះពោធិសត្វគិតថា បោរិសាទនេះធ្វើតាមពាក្យរបស់យើង ឈ្មោះថាយើងធ្វើកិច្ចដែលគេធ្វើបានដោយលំបាក យើងនឹងឲ្យលោកតាំងនៅក្នុង
រាជឥស្សិយយសដូចដើមដោយឧបាយវិធីយ៉ាងណាហ៎្ន ? កាលនឹងពណ៌នានូវសម្បត្តិរបស់នគរ ដើម្បីលួងលោមបោរិសាទឲ្យកើតសេចក្ដីពេញចិត្ត ទើបទ្រង់ត្រាស់គាថាថា

ព្រះអង្គធ្លាប់សោយនូវសាច់នៃសត្វជើង ឬសត្វបក្សី ដែលពួកនាយពិសេសចាត់ចែងល្អ សម្រេចដោយល្អ ជាទីត្រេកអរ ដូចព្រះឥន្ទ្រ សោយនូវសុធាភោជន ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃតែម្នាក់ឯង ដូចម្តេចកើត

ពួកនាងខតិ្តយានីនោះ មានគ្រឿងប្រដាប់ភ្លឺផ្លេក និងចង្កេះដ៏រៀវ តាក់តែងខ្លួនគាល់ត្រៀបត្រា ញ៉ាំងព្រះអង្គឲ្យរីករាយ ដូចជាស្រី្តអប្សរ បម្រើព្រះឥន្ទ្រក្នុងទេវលោក ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត

ព្រះអង្គផ្ទំលើព្រះបន្ទំ មានខ្នើយពណ៌ក្រហម មានព្រំមានរោមច្រើន ដែលតាក់តែងក្នុងទីព្រះបន្ទំទាំងអស់ ដ៏ល្អជាសុខសប្បាយ ក្នុងទីពាក់កណ្តាលនៃព្រះបន្ទំ ហើយលះបង់ចោល  ត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត

ក្នុងវេលារាត្រី មានសូរសំឡេងគង និងស្គរ ទាំងតូរ្យតន្ត្រី ឥតមានបុរសនៅលាយ មានទាំងចម្រៀងដ៏ពីរោះ និងប្រគំក៏ពីរោះជាច្រើនយ៉ាង ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃម្នាក់ឯង ដូចម្តេចកើត

ឧទ្យាន (ឈ្មោះមិគាជិន) ក៏មានផ្កាច្រើនបរិបូរណ៌ បុរីប្រកបដោយឈ្មោះតាមឧទ្យានមិគាជិន ជាបុរី គួរជាទីសប្បាយក្រៃពេក សម្បូរដោយពាហណៈ សេះ ដំរី រថ ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃតែម្នាក់ឯង ដូចម្តេចកើត

ក្នុងគាថានោះ ចាត់ចែងល្អ គឺ ធ្វើយ៉ាងល្អដោយប្រការផ្សេងៗ ។ ពាក្យថា សម្រេចដោយល្អ សេចក្ដីថា ធ្វើឲ្យសម្រេចដោយល្អដោយប្រកបគ្រឿងផ្សេងៗ ។ ពាក្យថា ព្រះអង្គលះបង់ចោល ហើយត្រេកអរក្នុងព្រៃតែម្នាក់ឯង អធិប្បាយថា ព្រះអង្គសោយមើមឈើផ្លែឈើជាដើម នឹងពេញចិត្តយ៉ាងណា បពិត្រមហារាជ  សូមស្ដេចយាងចុះ យើងទាំងពីរនឹងទៅជាមួយគ្នា ។ ពាក្យថា មានគ្រឿងប្រដាប់ភ្លឺផ្លេក និងចង្កេះដ៏រៀវ អធិប្បាយថា មានរស្មីដូចគំនរមាសដែលកំពុងក្ដៅ និងមានចង្កេះរាងរៀវ ។ ពាក្យថា ក្នុងទេវលោក អធិប្បាយថា ក្នុងកាលមុនពួកនាងខត្តិយកញ្ញាឡោមព័ទ្ធ ធ្វើឲ្យរីករាយក្នុងនគរពារាណសី ដែលជាស្ថានទីគួររីករាយ ប្រៀបដូចទេពអប្សរឡោមព័ទ្ធព្រះឥន្ទក្នុងទេវលោក ដូច្នោះ ព្រះអង្គនឹងលះបង់នាងខត្តិយកញ្ញាទាំងនោះចោល ហើយនឹងធ្វើអ្វីក្នុងព្រៃនេះ ម្នាលសម្លាញ់ សូមស្ដេចយាងត្រឡប់ចុះ យើងទាំងពីរនឹងទៅជាមួយគ្នា ។ ពាក្យថា មានខ្នើយពណ៌ក្រហម គឺ ទីបន្ទំដែលមានខ្នើយពណ៌ក្រហម ។ ពាក្យថា លើព្រះបន្ទំ សំដៅដល់ ទីបន្ទំដែលក្រាលទុកដោយគ្រឿងកម្រាលទាំងអស់ ។ ពាក្យថា តាក់តែង អធិប្បាយថា ព្រះអង្គធ្លាប់ផ្ទំលើព្រះបន្ទំនោះ ដែលប្រកបដោយគ្រឿងអលង្ការ ក្នុងទីពាក់កណ្តាលនៃព្រះបន្ទំ ។ ពាក្យថា ជាសុខ អធិប្បាយថា ព្រះអង្គធ្លាប់ផ្ទំជាសុខ ក្នុងទីពាក់កណ្តាលនៃព្រះបន្ទំដូចនោះ ឥឡូវនេះ នឹងត្រេកអរក្នុងព្រៃ ម្នាលសម្លាញ់ សូមស្ដេចយាង យើងទាំងពីរនឹងទៅជាមួយគ្នា ។ ពាក្យថា ក្នុងវេលារាត្រី សំដៅដល់ក្នុងវេលាជាចំណែកមួយនៃរាត្រី ។ ពាក្យថា លះបង់ចោល គឺ ទាំងរាជសម្បត្តិបែបនេះ ។ ពាក្យថា ឧទ្យាន (ឈ្មោះមិគាជិន) ក៏មានផ្កាច្រើនបរិបូរណ៌ អធិប្បាយថា បពិត្រមហារាជ ព្រះរាជឧទ្យានរបស់ព្រះអង្គ បរិបូណ៌ដោយផ្កាឈើផ្សេងៗ ។ ពាក្យថា គួរជាទីសប្បាយក្រៃពេក អធិប្បាយថា ព្រះរាជឧទ្យាននោះមានឈ្មោះថា មិគជិនវ័ន ជាស្ថានទីគួររីករាយណាស់ សមនឹងឈ្មោះនោះមែន ។ ពាក្យថា លះបង់ចោល អធិប្បាយថា លះនគរដែលគួររីករាយ មានសភាពបែបនេះ ។

ព្រះមហាសត្វត្រាស់យ៉ាងនេះហើយ សង្ឃឹមថា បោរិសាទនឹងនឹកដល់គ្រឿងឧបភោគបរិភោគដែលធ្លាប់សោយ នឹងគប្បីកើតសេចក្ដីប្រាថ្នានឹងត្រឡប់ទៅកាន់នគរ ទើបត្រាស់លួងលោមដោយភោជនជាខាងដើម ដោយអំណាចកិលេសជាទីពីរ ដោយទីបន្ទំជាទីបី ដោយការរាំនិងច្រៀងនិងការប្រគំជាទីបួន និងដោយព្រះរាជឧទ្យាននិងនគរជាទីប្រាំ គ្រាត្រាស់លួងលោមយ៉ាងនេះហើយ ក៏ត្រាស់តទៅថា បពិត្រមហារាជ សូមស្ដេចយាងចុះ ខ្ញុំនឹងនាំព្រះអង្គទៅតាំងនៅក្នុងរាជ្យក្នុងនគរពារាណសី រួចហើយខ្ញុំនឹងទៅកាន់ដែនរបស់ខ្ញុំតាមក្រោយ បើមិនបានរាជសម្បត្តិក្នុងនគរពារាណសីទេ ខ្ញុំនឹងថ្វាយរាជសម្បត្តិមួយចំណែក ប្រយោជន៍អ្វីរបស់ព្រះអង្គដោយការនៅក្នុងព្រៃនេះ ចូរធ្វើតាមពាក្យរបស់ខ្ញុំចុះ ។ បោរិសាទ បានស្ដាប់ពាក្យរបស់ព្រះមហាសត្វ ក៏កើតសេចក្ដីប្រាថ្នានឹងត្រឡប់ទៅកាន់ព្រះនគរ ដោយគិតថា ស្ដេចសុតសោមទ្រង់ព្រះករុណាប្រាថ្នាសេចក្ដីចម្រើនដល់យើង តាំងយើងទុកក្នុងកល្យាណធម៌ ឥឡូវនេះនៅត្រាស់ថា នឹងស្ថាបនាក្នុងឥស្សរិយយសដូចដើមទៀត ហើយព្រះអង្គក៏អាចធ្វើបានពិត យើងគួរត្រឡប់ទៅជាមួយនឹងព្រះអង្គ ប្រយោជន៍អ្វីរបស់យើងដោយការនៅក្នុងព្រៃនេះ បានជាអ្នកមានចិត្តប្រាថ្នានឹងពណ៌នាមិត្តធម៌សរសើរគុណរបស់ព្រះមហាសត្វ ទើបទូលថា ស្ដេចសុតសោម អ្វីៗដែលនឹងល្អក្រៃលែងជាងការគប់រកកល្យាណមិត្តមិនមាន អ្វីៗ ដែលនឹងលាមកក្រៃលែងជាការគប់រកបាបមិត្រមិនមាន ហើយពោលគាថាថា

ព្រះចន្ទក្នុងកាឡបក្ខ (រនោច) រមែងអស់ទៅរាល់ថ្ងៃ យ៉ាងណាមិញ បពិត្រព្រះរាជា ការសមាគមនិងពួកអសប្បុរស ឧបមាដូចព្រះចន្ទ្រ ក្នុងកាឡបក្ខ

ដូចយ៉ាងខ្ញុំ អាស្រ័យរសកៈអ្នកស្លដណ្តាំ ជាបុរសអាក្រក់លាមក ហើយបានធ្វើនូវកម្មអាក្រក់ ជាហេតុទៅកាន់ទុគ្គតិ

ព្រះចន្ទ្រក្នុងសុក្កបក្ខ រមែងចម្រើនឡើងរាល់ៗ ថ្ងៃ យ៉ាងណាមិញ បពិត្រព្រះរាជា ការជួបប្រទះនឹងពួកសប្បុរស ឧបមាដូចជាព្រះចន្ទ្រក្នុងសុក្កបក្ខ

បពិត្រព្រះបាទសុតសោម សូមព្រះអង្គជ្រាបចុះ ដូចយ៉ាងខ្ញុំ អាស្រ័យព្រះអង្គហើយធ្វើការកុសល ជាហេតុទៅកាន់សុគតិ

បពិត្រព្រះអង្គជាធំជាងជន ទឹកដែលបង្អុរចុះលើទីទួល មិនដក់នៅ មិនឋិតនៅអស់កាលយូរ យ៉ាងណាមិញ ការសមាគមនិងពួកអសប្បុរសរបស់ខ្ញុំ មិនតាំងនៅ អស់កាលយូរ ដូចទឹកលើទីទួលយ៉ាងនោះដែរ

បពិត្រព្រះអង្គជាធំជាងជន មានព្យាយាមដ៏ប្រសើរជាងជន ទឹកដែលបង្អុរចុះក្នុងស្រះ ឋិតនៅអស់កាលយូរ យ៉ាងណាមិញ ការសមាគមនិងពួកសប្បុរសរបស់ខ្ញុំ ឋិតនៅអស់កាលយូរ ដូចទឹកក្នុងស្រះ យ៉ាងនោះដែរ

សមាគមនឹងពួកសប្បុរ រមែងមិនឃ្លាតចេញទេ គប្បីឋិតនៅដរាបអស់ជីវិត ការសមាគមនឹងពួកអសប្បុរស រមែងវិនាសទៅឆាប់ ដោយប្រការដូច្នេះឯង ព្រោះហេតុនោះ ធម៌របស់ពួកសប្បុរស រមែងឆ្ងាយអំពីពួកអសប្បុរស

ក្នុងគាថានោះ ពាក្យថា រាល់ថ្ងៃ គឺក្នុងថ្ងៃនីមួយៗ ។ ពាក្យថា មិនតាំងនៅ អស់កាលយូរ គឺមិនគួរនៅយូរឡើយ ។ ពាក្យថា ស្រះ សំដៅដល់ សមុទ្រ ។ ពាក្យថា ដ៏ប្រសើរជាងជន ព្រះអង្គជានរៈដែលក្លាហានដ៏ប្រសើរ គឺអ្នកប្រសើរជាងនរជន ។ ពាក្យថា ដូចទឹកក្នុងស្រះ គឺដូចទឹកដែលធ្លាក់ចុះក្នុងសមុទ្រ ។ ពាក្យថា មិនឃ្លាតចេញទេ គឺមិនទ្រុតទ្រោម ។ ពាក្យថា គប្បីឋិតនៅដរាបអស់ជីវិត អធិប្បាយថា ជីវិតតាំងនៅរហូតកាលត្រឹមណា ការគប់រកសប្បុរសក៏រមែងតាំងនៅរហូតកាលត្រឹមនោះ ភាពជាមិត្រនឹងសប្បុរសមិនគប្បីវិនាស ។

បោរិសាទពណ៌នាគុណរបស់ព្រះមហាសត្វ ៧ គាថា ដោយប្រការដូចនេះហើយ ព្រះមហាសត្វបាននាំបោរិសាទនិងព្រះរាជា ១០១ អង្គ ស្ដេចយាងដល់បច្ចន្តគ្រាម អ្នកស្រុក ឃើញព្រះមហាសត្វហើយ បានទៅកាន់នគរហើយប្រាប់ដល់អាមាត្យទាំងឡាយ ។ ពួកអាមាត្យបាននាំពលនិករចូលគាល់ ព្រះមហាសត្វបានយាងទៅកាន់នគរពារាណសីដោយបរិវារនោះ នៅតាមរវាងផ្លូវ ពួកអ្នកស្រុកជនបទបានថ្វាយគ្រឿងបណ្ដាការ ហើយដើរតាមមក ព្រះមហាសត្វជាអ្នកមានបរិវារច្រើនឡើង ស្ដេចយាងដល់នគរពារាណសីជាមួយនឹង បរិវារនោះ វេលានោះ ព្រះឱរសរបស់ស្ដេចបោរិសាទជាព្រះរាជា លោកកាឡហត្ថិនៅជាសេនាបតីដូចដើម ពួកអ្នកនគរក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព បានឮថា ស្ដេចសុតសោមទ្រង់ទូន្មានបោរិសាទបានហើយ ឥឡូវកំពុងនាំស្ដេចមកក្នុងនគរនេះ ពួកខ្ញុំនឹងមិនឲ្យគេចូលនគរនេះទេ ហើយប្រញាប់បិទទ្វារនគរ ហើយនាំគ្នាកាន់អាវុធ ។ ព្រះមហាសត្វទ្រង់ដឹងថា គេបិទទ្វារនគរ ទ្រង់ទុកបោរិសាទនិងស្ដេចទាំង ១០១ ឲ្យឈប់សិន ស្ដេចចូលទៅជិតទ្វារជាមួយអាមាត្យពីរបីនាក់ រួចត្រាស់ថា យើងគឺមហារាជឈ្មោះសុតសោម អ្នកទាំងឡាយចូរបើកទ្វារ ។ ពួករាជបុរសបានក្រាបទូលព្រះរាជា ព្រះរាជាត្រាស់ថា ស្ដេច      សុតសោម មហារាជជាបណ្ឌិត ជាព្រះរាជាទ្រង់ធម៌ តាំងនៅក្នុងសីល ភ័យនឹងមិនមានដល់ពួកយើងឡើយ ហើយបញ្ជាឲ្យបើកទ្វារនគរ ។ ព្រះមហាសត្វយាងចូលនគរ ព្រះរាជានិង កាឡហត្ថីសេនាបតីបានទៅទទួលព្រះមហាសត្វ ហើយនាំស្ដេចឡើងកាន់ប្រាសាទ ។ ព្រះមហាសត្វប្រថាប់លើរាជាសនៈហើយ ត្រាស់ឲ្យហៅព្រះអគ្គមហេសី និងពួកអាមាត្យរបស់ស្ដេចបោរិសាទមកហើយ ត្រាស់ថា ម្នាលកាឡហត្ថី ហេតុអ្វីទើបមិនឲ្យព្រះរាជាចូលព្រះនគរ ។

កាឡហត្ថីទូលថា កាលទ្រង់នៅគ្រងរាជ្យ បានសោយសាច់មនុស្សក្នុងនគរនេះអស់ជាច្រើន ទ្រង់ធ្វើកម្មដែលក្សត្រមិនគួរធ្វើ បានធ្វើប្រហោងក្នុងជម្ពូទ្វីបទាំងអស់ ស្ដេចនេះមានធម៌ដ៏លាមក ព្រោះហេតុនោះ យើងទើបមិនឲ្យព្រះអង្គចូលនគរ ។

ព្រះមហាសត្វត្រាស់ថា ឥឡូវពួកលោកកុំគិតឡើយថា ព្រះអង្គនឹងធ្វើដូចនោះទៀត យើងបានទូន្មានព្រះអង្គឲ្យតាំងនៅក្នុងសីលហើយ ព្រះអង្គនឹងមិនបៀតបៀនអ្នកណាៗទៀតឡើយ សូម្បីព្រោះហេតុនៃជីវិត ភ័យអំពីព្រះអង្គមិនមានដល់ពួកលោក អ្នកទាំងឡាយ កុំធ្វើយ៉ាងនេះឡើយ ដែលឈ្មោះថាបុត្រនិងធីតាត្រូវបដិបត្តិមាតានិងបិតា អ្នកដែលចិញ្ចឹមមាតាបិតានោះឯង នឹងទៅកាន់សួគ៌ មនុស្សដែលមិនចិញ្ចឹមមាតាបិតានឹងទៅកាន់នរក ។

ព្រះមហាសត្វប្រទានឱវាទដល់ព្រះឱរស ដែលប្រថាប់នៅលើអាសនៈដ៏ទាបមួយហើយ ទ្រង់ត្រាស់ទូន្មានសេនាបតីថា ម្នាលកាឡហត្ថី លោកជាសម្លាញ់ និងជាសេវកៈរបស់ព្រះរាជា សូម្បីព្រះរាជាក៏បានតែងតាំងលោកទុកក្នុងតំណែងដ៏ខ្ពង់ខ្ពស់ សូម្បីលោកក៏គួរប្រព្រឹត្តជាប្រយោជន៍ដល់ព្រះរាជា ហើយប្រទានឱវាទសូម្បីដល់ព្រះទេវីថា ម្នាលនាងទេវី សូម្បីនាងក៏មកអំពីផ្ទះនៃត្រកូល បានទទួលតំណែងជាអគ្គមហេសីក្នុងសម្នាក់ព្រះរាជា ដល់សេចក្ដីចម្រើនដោយព្រះឱរស និងព្រះធីតា សូម្បីនាងក៏គួរប្រព្រឹត្តជាប្រយោជន៍ដល់ព្រះរាជា កាលនឹងទ្រង់សម្ដែងធម៌ឲ្យសេចក្ដីនោះដល់ទីបំផុត ទើបត្រាស់ព្រះគាថាថា

ន សោ រាជា យោ អជេយ្យំ ជិនាតិ, ន សោ សខា យោ សខារំ ជិនាតិ;

ន សា ភរិយា យា បតិនោ ន វិភេតិ, ន តេ បុត្តា យេ ន ភរន្តិ ជិណ្ណំ

ព្រះរាជាណា ផ្ចាញ់នូវបុគ្គលមិនគួរផ្ចាញ់ (មាតាបិតា) ព្រះរាជានោះ មិនមែនជាព្រះរាជាទេ សម្លាញ់ណា ផ្ចាញ់នូវសម្លាញ់ សម្លាញ់នោះមិនមែនជាសម្លាញ់ទេ ភរិយាណាមិនខ្លាចប្តី ភរិយានោះមិនមែនជាភរិយាទេ ពួកបុត្រណា មិនចិញ្ចឹមមាតាបិតា ជាបុគ្គលចាស់ទុំ ពួកបុត្រនោះ មិនមែនជាកូនទេ

ន សា សភា យត្ថ ន សន្តិ សន្តោ, ន តេ សន្តោ យេ ន ភណន្តិ ធម្មំ;

រាគញ្ច ទោសញ្ច បហាយ មោហំ, ធម្មំ ភណន្តាវ ភវន្តិ សន្តោ។

ពួកសប្បុរសមិនមានក្នុងទីប្រជុំណា ទីនោះមិនមែនទីប្រជុំទេ ពួកជនណាមិនពោលនូវធម៌ ពួកជននោះមិនមែនជាសប្បុរសទេ លុះតែពួកជនលះបង់នូវរាគៈ ទោសៈ និងមោហៈ ហើយពោលនូវធម៌ ទើបឈ្មោះថា សប្បុរស

នាភាសមានំ ជានន្តិ, មិស្សំ ពាលេហិ បណ្ឌិតំ;

ភាសមានញ្ច ជានន្តិ, ទេសេន្តំ អមតំ បទំ។

បណ្ឌិតកាលបើមិនពោល (នូវធម៌) ជាអ្នកច្រឡូកច្រឡំដោយពួកជនពាល ពួកអ្នកផង រមែងស្គាល់មិនបាន លុះតែពោល សំដែងនូវអមតបទ ទើបពួកអ្នកផងស្គាល់បាន

ភាសយេ ជោតយេ ធម្មំ, បគ្គណ្ហេ ឥសិនំ ធជំ;

សុភាសិតទ្ធជា ឥសយោ, ធម្មោ ហិ ឥសិនំ ធជោ។

បណ្ឌិតគប្បីពោលបំភ្លឺនូវធម៌ ផ្គងឡើងនូវធម៌ ជាទង់ជ័យនៃពួកឥសី ពួកឥសីមានសុភាសិតជាទង់ជ័យ ព្រោះជាធម៌ទុកដូច​​ជាទង់ជ័យនៃពួកឥសី

ក្នុងគាថានោះ ពាក្យថា បុគ្គលមិនគួរផ្ចាញ់ អធិប្បាយថា មាតាបិតា ឈ្មោះថា បុគ្គលដែលមិនគួរផ្ចាញ់ ព្រះរាជាដែលយកឈ្នះមាតាបិតាទាំងពីរនោះ រមែងមិនឈ្មោះថាជាព្រះរាជា ប្រសិនបើព្រះអង្គបានរាជសម្បត្តិដែលទទួលជារជ្ជទាយាទអំពីបិតារបស់ព្រះអង្គ ក៏បានឈ្មោះថា ជាសត្រូវរបស់បិតា ឈ្មោះថាទ្រង់ធ្វើកិច្ចដែលមិនគួរធ្វើ ។ ពាក្យថា ផ្ចាញ់នូវសម្លាញ់ អធិប្បាយថា យកឈ្នះដោយគតិកោង ។ ម្នាលកាឡហត្ថី បើលោកមិនបានបំពេញមិត្តធម៌នឹងព្រះរាជា ក៏បានឈ្មោះថា មិនជាអ្នកតាំងនៅក្នុងធម៌ នឹងកើតក្នុង នរក ។ ពាក្យថា មិនខ្លាច គឺខ្លាចក្រែង ។ បើនាងមិនខ្លាចព្រះរាជា នាងក៏នឹងបានឈ្មោះថា ជាភរិយាដែលមិនតាំងនៅក្នុងធម៌ ។ ពាក្យថា ចាស់ទុំ គឺអ្នក​កាន់​យក​នូវ​ភាវៈ​នៃ​ខ្លួន​ជា​អ្នក​មាន​អាយុ​ច្រើន ។ ពិតមែន បុត្រដែលមិនចិញ្ចឹមមាតាបិតាក្នុងវេលានោះ រមែងមិនឈ្មោះថា បុត្រ ។ ពាក្យថា សប្បុរស សំដៅដល់យកបណ្ឌិត ។ ពាក្យថា ធម៌ អធិប្បាយថា បុគ្គលណា កាលត្រូវគេសួរហើយ មិនប្រាប់តាមសេចក្ដីពិត បុគ្គលនោះមិនឈ្មោះថា បណ្ឌិត ។ ពាក្យថា និយាយធម៌ អធិប្បាយថា បុគ្គលនេះលះរាគៈជាដើមបានហើយ ជាអ្នកអនុគ្រោះប្រយោជន៍ដល់បុគ្គលដទៃ ពោលតែសេចក្ដីពិត រមែងឈ្មោះថាជាបណ្ឌិត ។ ពាក្យថា កាលមិនពោល គឺមិនបានពោលអ្វីចេញមក ។ ពាក្យថា អមតធម៌ គឺ បុគ្គលអ្នកសម្ដែងនូវអមតមហានិព្វាន ទើបនឹងដឹងថា ជាបណ្ឌិត ព្រោះហេតុនោះ បោរិសាទបានស្ដាប់ធម៌ទេសនាហើយទើបមាន ចិត្តជ្រះថ្លា បានឲ្យពរ ៤ ប្រការ តាំងនៅក្នុងសីល ៥ ប្រការ ។ ពាក្យថា គប្បីពោល អធិប្បាយថា ព្រោះហេតុនោះ បុរសជាបណ្ឌិតគប្បីពោលធម៌ គឺញ៉ាំងធម៌ឲ្យភ្លឺស្វាងឡើង ពិតមែនហើយ ឥសីទាំងឡាយមានព្រះពុទ្ធជាដើម ព្រោះហេតុដែលធម៌ជាទង់របស់ឥសីទាំងនោះ ទើបឈ្មោះថា មានសុភាសិតជាទង់ លើកសរសើរសុភាសិត ចំណែកជនពាល ឈ្មោះថា សរសើរសុភាសិតរមែងមិនមាន ។

ព្រះរាជា សេនាបតី និងព្រះទេវីបានស្ដាប់ធម្មកថារបស់ព្រះពោធិសត្វហើយ កើតបីតិសោមនស្ស ហើយប្រឹក្សាគ្នាដើម្បីយាងព្រះរាជា ទើបបញ្ជាឲ្យគេវាយស្គរត្រាច់ទៅក្នុងនគរ ឲ្យអ្នកនគរប្រជុំគ្នា ហើយប្រកាសឲ្យជ្រាបថា អ្នកទាំងឡាយកុំខ្លាចឡើយ បានឮថា ព្រះរាជា ជាអ្នកតាំងនៅក្នុងធម៌ហើយ ចូរនាំគ្នាមកចុះ ពួកយើងនឹងទៅនាំព្រះរាជានោះមក ដូច្នេះហើយ ទើបនាំមហាជនទៅ ធ្វើព្រះមហាសត្វឲ្យជាប្រមុខទៅកាន់សម្នាក់របស់ស្ដេចបោរិសាទ ហើយថ្វាយបង្គំ និងឲ្យខ្នាន់ព្រះកេសតាក់តែងព្រះកេសានិងមស្ស និងឲ្យទ្រង់ស្រង់ទឹកដោយសុគន្ធវារី ហើយតែងព្រះកាយដោយព្រះភូសាភរណៈ តាមខត្តិយរាជប្រវេណី ដូច្នេះហើយ ទើបយាងស្ដេចឡើងកងកែវជារាជបល្ល័ង្ក អភិសេកព្រះអង្គហើយ យាងស្ដេចចូលកាន់ព្រះនគរ ។ បោរិសាទបានធ្វើមហាសក្ការៈដល់ក្សត្រទាំង ១០១ អង្គ និង ព្រះមហាសត្វ ។ (ក្នុងពេលនោះ) ក៏បានកើតមហាកោលាហលក្នុងជម្ពូទ្វីបទាំងមូលយ៉ាងនេះថា បានឮថា បោរិសាទត្រូវស្ដេចសុតសោមជាធំជាងជនទូន្មានហើយ បានឲ្យតាំងនៅក្នុងរាជ្យ ។

សូម្បីប្រជាជនអ្នកនគរឥន្ទបត្តបុរី ក៏បានបញ្ជូនទូកទៅយាងព្រះមហាសត្វឲ្យត្រឡប់មកនគរ ព្រះមហាសត្វប្រថាប់នៅក្នុងនគរពារាណសីនោះ ប្រមាណមួយខែ  ដោយបានត្រាស់ទូន្មានស្ដេចបោរិសាទថា ម្នាលសម្លាញ់ យើងនឹងលាត្រឡប់ទៅនគរវិញ ព្រះអង្គចូរជាអ្នកមិនប្រមាទ ចូរឲ្យសាងរោងទាន ៥ កន្លែង គឺ ធ្វើត្រង់ទ្វារនគរ ៤ កន្លែង និងត្រង់ទ្វារព្រះរាជវាំង ១ កន្លែង ហើយចូរទ្រង់បំពេញទាន ចូរប្រព្រឹត្តរាជធម៌ ១០ ប្រការ កុំឲ្យកម្រើក ទ្រង់ចូរលះអគតិ ។

ពលនិកាយអំពីនគរ ១០១ ចេញចាកនគរពារាណសី សូម្បីស្ដេចបោរិសាទក៏ស្ដេចយាងចេញចាកនគរ កាលស្ដេចយាងដល់ពាក់កណ្ដាលផ្លូវក៏យាងត្រឡប់ ព្រះមហាសត្វបានប្រទានពាហនៈដល់ពួកព្រះរាជាដែលមិនមានពាហនៈ ទ្រង់បញ្ជូនព្រះរាជាទាំងនោះគ្រប់ៗអង្គ សូម្បីព្រះរាជាទាំងនោះក៏សម្ដែងសេចក្ដីត្រេកអរនឹងព្រះពោធិសត្វ បានធ្វើកិច្ចមានការថ្វាយបង្គំ និងការចរចាជាដើមតាមសមគួរ ហើយស្ដេចក៏បានទៅកាន់ជនបទរៀងៗខ្លួន ។

សូម្បីព្រះមហាសត្វ ពេលស្ដេចយាងដល់នគរហើយ ទ្រង់ចូលទៅកាន់នគរដែលពួកអ្នកនគរឥន្ទបត្តបុរីតាក់តែងល្អហើយបីដូចជាទេវនគរ  ទ្រង់បានថ្វាយបង្គំព្រះមាតាបិតា ធ្វើបដិសណ្ឋារដ៏ល្អ ហើយស្ដេចយាងឡើងកាន់រាជបន្ទប់ ។

ចំណែកស្ដេចបោរិសាទកាលទ្រង់គ្រងរាជប្រកបដោយធម៌បានគិតថា រុក្ខទេវតាមានឧបការៈច្រើនដល់យើង យើងនឹងធ្វើលាភ គឺពលិកម្មដល់លោក ស្ដេចបានបញ្ជាឲ្យសាងស្រះធំជិតដើមជ្រៃ ទ្រង់បញ្ជូនត្រកូលជាច្រើនឲ្យទៅតាំងលំនៅ បង្កើតជាស្រុកឡើង ។ ស្រុកបានជាស្រុកធំប្រដាប់ដោយរានផ្សារចំនួន ៨ ម៉ឺន ។ សូម្បីដើមជ្រៃនោះ តាំងតែទីបំផុតមែកចូលមក ធ្វើឲ្យមានផ្ទៃរាបស្មើ ឲ្យសាងកំពែងមានកន្លែងបូជា និងសោររនុកទ្វារឡោមព័ទ្ធ ទេវតាពេញចិត្តរីករាយដ៏ក្រៃលែង ។ ស្រុកក៏បានឈ្មោះថា កម្មាសបាទនិគម ព្រោះជាស្ថានទីដែលទូន្មានមនុស្សកម្មាសបាទ (មនុស្សជើងពពាល) និងជាទីនៅរបស់ទេវតាផង ។ ព្រះរាជាទាំងនោះ តាំងនៅក្នុងឱវាទរបស់ព្រះមហាសត្វបានបំពេញបុណ្យមានទានជាដើម ក្នុងពេលជាទីបញ្ចប់នៃជីវិត បានញ៉ាំងស្ថានសួគ៌ឲ្យពេញ ។

ព្រះសាស្ដាគ្រាសម្ដែងព្រះធម្មទេសនានេះមកហើយ ទ្រង់ក៏ប្រកាសអរិយសច្ច ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានទូន្មានអង្គុលិមាលក្នុងពេលឥឡូវនេះក៏ទេ សូម្បីក្នុងកាលមុន តថាគតក៏បានទូន្មានអង្គុលិមាលដូចគ្នាដែរ ហើយទ្រង់ប្រជុំជាតកថា

តទា បោរិសាទោ រាជា អង្គុលិមាលោ អហោសិ ស្ដេចបោរិសាទក្នុងកាលនោះ បានមកជាអង្គុលិមាល ។

កាឡហត្ថិ សារិបុត្តោ កាឡហត្ថីសេនាបតី បានមកជា សារីបុត្រ ។

នន្ទព្រាហ្មណោ អានន្ទោ នន្ទព្រាហ្មណ៍បានមកជាអានន្ទ ។

រុក្ខទេវតា កស្សបោ រុក្ខទេវតា បានមកជា កស្សបៈ ។

សក្កោ អនុរុទ្ធោ សក្កទេវរាជបានមកជាអនុរុទ្ធ ។

សេសរាជានោ ពុទ្ធបរិសា ព្រះរាជាដ៏សេសបានជាមកជាពុទ្ធបរិស័ទ ។

មាតាបិតរោ មហារាជកុលានិ ព្រះមាតាបិតាបានមកជាមហារាជក្នុងត្រកូល ។

សុតសោមរាជា បន អហមេវ អហោសឹ ចំណែកស្ដេចសុតសោម បានមកជាតថាគតនេះឯង ។

មហាសុតសោមជាតកំ និដ្ឋិតំ។

មហាសុតសោមជាតក ចប់ ។

សូមអរគុណយ៉ាងក្រៃលែងដល់វិចត្តការិនីដែលបានគូររូបសម្រាប់ដាក់ជាគម្របជាតកនេះ និងបានជួយពិនិត្យផ្ទៀងផ្ទាត់អក្ខរាវិរុទ្ធ ។

ខ្ញុំសូមជូនបុណ្យកុសលគ្រប់យ៉ាងដែលកើតពីការងារធម្មទាននេះដល់វិចិត្តការិនី និងសព្វសត្វទាំងអស់ ឲ្យបានចំណែកបុណ្យស្មើៗគ្នា សូមបុណ្យកុសលដែលជាសម្មាបដិបទានេះ ចូរឲ្យបានសម្រេចព្រះនិព្វានកុំបីឃ្លៀងឃ្លាតជាប្រការដទៃឡើយ  ។

ថ្ងៃ សុក្រ ២ កើត ខែ អស្សុជ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ម.ស. ១៩៣៩ ច.ស. ១៣៧៩

ត្រូវនឹងថ្ងៃទី ២២ ខែ កញ្ញា គ.ស. ២០១៧

ដោយ ខេមរ អភិធម្មាវតារ