សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មហាបនាទជាតក ទី៤

ព្រះសាស្ដា កាលស្ដេចគង់នៅច្រាំងទន្លេគង្គា ទ្រង់ប្រារព្ធ​អានុភាព​របស់​ព្រះភទ្ទជិត្ថេរ បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា បនាទោ នាម សោ រាជា ដូច្នេះ​ជាដើម។

 

សម័យមួយ ព្រះសាស្ដាគង់ចាំវស្សាក្នុងក្រុងសាវត្ថី ទ្រង់​ព្រះតម្រិះ​ថា តថាគត​នឹងធ្វើ​សេចក្ដី​សង្គ្រោះ​ភទ្ទជិកុមារ ដូច្នេះហើយ ទ្រង់មាន​ភិក្ខុសង្ឃ​ជាបរិវារ ស្ដេចត្រាច់​ចារិក​ទៅដល់​ភទ្ទិយ​នគរ ហើយនៅ​ចាំវស្សា​អស់ ៣ ខែ ក្នុង​ជាតិយាវ័ន ទ្រង់រង់​ចាំភាព​ចាស់ក្លា​នូវញាណ​របស់​ភទ្ទជិ​កុមារ។ ភទ្ទជិកុមារ​មានយស​ធំជាបុត្រ​តែមួយ​របស់​ភទ្ទិយសេដ្ឋី ដែល​មាន​ទ្រព្យ ៨០ កោដិ។ ភទ្ទិយកុមារ​មាន​ប្រាសាទ ៣ ដែលសមគួរ​ដល់រដូវ​ទាំង ៣។ គេនៅ​ក្នុង​ប្រសាទ​នីមួយៗ ៤ ខែ។ កាលនៅ​ក្នុងប្រាសាទ​មួយហើយ មានស្ត្រី​របាំ​ចោមរោម ទៅកាន់​ប្រាសាទ​ដទៃដោយយស​ដ៏ធំ។ ក្នុងខណៈ​នោះ មានការ​កម្រើក​រំពើក​ទូទាំង​សកល​នគរថា ពួកយើង​នឹងមើល​នូវយស​របស់​កុមារ ដូច្នេះ​ទើបគេ​នាំគ្នា​ចងគ្រឿង​ចក្រលើគ្រឿង​ចក្រ ចងគ្រែ​លើគ្រែ ក្នុងចន្លោះប្រាសាទ។

 

ព្រះសាស្ដាគង់ចាំវស្សាអស់ ៣ ខែហើយ ទ្រង់ឲ្យគេ​ប្រាប់អ្នក​នគរថា តថាគត​នឹងទៅ។ ពួកអ្នក​នគរ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន សូមទ្រង់​យាងទៅ​ក្នុងថ្ងៃ​ស្អែកចុះ ដូច្នេះ​ទើបនិមន្ត​ព្រះសាស្ដា ហើយចាត់​ចែងមហាទាន​ដល់ភិក្ខុ​សង្ឃមាន​ព្រះពុទ្ធ​ជាប្រធាន ធ្វើ​មណ្ឌប​នៅកណ្ដាល​នគរ និង​តាក់តែង រៀបចំ​អាសនៈ ហើយ​ប្រាប់​ភត្តកាល។ ព្រះសាស្ដា​មាន​ភិក្ខុសង្ឃជា​បរិវារ យាងទៅ​កាន់ទីនោះ ពេលស្ដេច​គង់ហើយ មនុស្ស​ទាំងឡាយ​នាំគ្នា​ថ្វាយ​មហាទាន។ ព្រះសាស្ដា​ធ្វើភត្តកិច្ច​ស្រេចហើយ ទ្រង់ផ្ដើម​ការអនុមោទនា​ដោយ​ព្រះវាចា​ដ៏ពីរោះ។

 

ក្នុងខណៈនោះ ភទ្ទជិកុមារចេញពីប្រាសាទមួយ ទៅកាន់​ប្រាសាទ​មួយទៀត ក្នុងថ្ងៃ​នោះ មិនមាន​អ្នកណា​មួយទៅ​ដើម្បី​មើល​សម្បត្តិ​របស់​គេឡើយ មានតែ​មនុស្ស​ជាបរិវារ​របស់ខ្លួន​ប៉ុណ្ណោះ។ ភទ្ទជិកុមារ​សួរមនុស្ស​ជាបរិវារ​ថា ក្នុងពេល​ដទៃ កាលយើង​ចេញពី​ប្រសាទ​ទៅកាន់​ប្រាសាទ សកលនគរ​កម្រើក​រំពើក​ញាប់ញ័រ មនុស្ស​ទាំងឡាយ​ចងចក្រ​លើចក្រ ចងគ្រែលើគ្រែ តែថ្ងៃនេះ ក្រៅពី​មនុស្ស​របស់​យើងហើយ មិនមាន​មនុស្ស​ដទៃមក​ឡើយ តើព្រោះ​ហេតុអ្វី? ពួក​បរិវារ​ពោលថា បពិត្រ​លោកម្ចាស់ ព្រះសម្មាសម្ពុទ្ធ​គង់នៅ​ភទ្ទិយ​នគរ​នេះ អស់ ៣ ខែហើយ ថ្ងៃនេះ ព្រះអង្គ​នឹងយាងទៅ ទ្រង់ធ្វើ​ភត្តកិច្ច​ហើយ សម្ដែង​ធម៌ដល់​មហាជន ចំណែក​អ្នកនគរ​ទាំងអស់​កំពុង​ស្ដាប់ធម្មកថា​របស់​ព្រះសមា្មសម្ពុទ្ធ​នោះ។ ភទ្ទជិកុមារ​គិតថា បើ​យ៉ាងនោះ អ្នកទាំងឡាយ​ចូរមក យើងនឹង​ស្ដាប់ធម៌​ដែរ ដូច្នេះ​ទើប​ប្រដាប់​តាក់តែង​ដោយគ្រឿង​អាភរណៈ​ទាំងពួង ហើយ​ចូលទៅ​ដោយ​បរិវារ​ដ៏ច្រើន ឈរនៅ​ខាងចុង​បរិស័ទ កាលបាន​ស្ដាប់ធម៌​ហើយ កំពុង​ឈរនៅ​ទីនោះ​ឯង ភទ្ទជិកុមារ​ញ៉ាំង​កិលេស​ទាំងពួង​ឲ្យអស់ទៅ បាន​សម្រេច​អគ្គផល គឺ​ព្រះអរហត្ត។

 

ព្រះសាស្ដាហៅភទ្ទិយសេដ្ឋីមក​ហើយ ត្រាស់ថា មហាសេដ្ឋិ, បុត្តោ តេ អលង្កត-បដិយត្តោវ ធម្មកថំ សុណន្តោ អរហត្តេ បតិដ្ឋិតោ, តេនស្ស អជ្ជេវ បព្វជិតុំ វា វដ្ដតិ បរិនិព្វាយិតុំ វា ម្នាលមហាសេដ្ឋី បុត្ររបស់អ្នក ប្រដាប់​តាក់តែង​ដោយគ្រឿង​អលង្ការ​មកស្ដាប់​ធម្មកថា ហើយ​បានតាំង​នៅក្នុង​ព្រះអរហត្ត ព្រោះ​ហេតុនោះ ក្នុងថ្ងៃ​នេះឯង គេគួរ​នឹងបួស (ឬបើមិន​បួសទេ) គេនឹង​បរិនិព្វាន។ ភទ្ទិយសេដ្ឋី​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន កិច្ចដោយ​ការ​បរិនិព្វាន​របស់បុត្រ របស់​ខ្ញុំ​ព្រះអង្គ រមែង​មិនមាន សូមទ្រង់​បំបួសគេ កាលគេ​បួសហើយ សូមព្រះអង្គ​នាំគេចូល​ទៅកាន់​ផ្ទះ​របស់ខ្ញុំ​ព្រះអង្គ ក្នុងថ្ងៃ​ស្អែក​ផងចុះ។ ព្រះដ៏មានព្រះភាគ ទទួល​និមន្ត​ហើយ នាំកុលបុត្រ​ទៅកាន់​វិហារ ទ្រង់ញ៉ាំង​កុលបុត្រនោះឲ្យ​បព្វជ្ជា និង​ឧបសម្បទា។ មាតាបិតា​របស់ព្រះភទ្ទជិ​ធ្វើសក្ការៈ​អស់ ៧ ថ្ងៃ។

 

ព្រះសាស្ដាគង់នៅអស់ ៧ ថ្ងៃហើយ នាំកុលបុត្រ​ត្រាច់ទៅ​កាន់ចារិក រហូត​ដល់កោដិគ្រាម។ មនុស្ស​ដែលរស់​នៅ​កោដិគ្រាម ថ្វាយ​មហាទាន ដល់ភិក្ខុ​សង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ព្រះសាស្ដា​ធ្វើភត្តកិច្ច​ស្រេចហើយ ទ្រង់ផ្ដើម​ការអនុមោទនាទាន។ វេលាធ្វើ​ការ​អនុមោទនា កុលបុត្រ​ចេញទៅ​ខាង​ក្រៅស្រុក ដោយ​គិតថា ពេល​ព្រះសាស្ដា​យាងមក យើង​នឹងក្រោក ដូច្នេះ​ទើប​អង្គុយ​ចូលឈាន​នៅនឹង​គល់ឈើ​មួយដើម។ សូម្បី​កាលព្រះថេរៈ​ចាស់​និមន្ត​មក ក៏មិន​ក្រោក ព្រះភទ្ទជិ​ក្រោកក្នុង​កាលដែល​ព្រះសាស្ដា​យាងមក​ប៉ុណ្ណោះ។ ភិក្ខុទាំងឡាយ​ជាបុថុជ្ជន​ក្រោធខឹង​ថា ភិក្ខុនេះ​បួសហើយ ធ្វើដូចជា​មិនទាន់បួស សូម្បី​ឃើញ​ព្រះមហាថេរៈ​និមន្ត​មក ក៏មិនក្រោក​ទទួល​សោះ។

 

មនុស្សដែលរស់នៅកោដិគ្រាមចងនាវាឲ្យជាប់គ្នា។ ព្រះសាស្ដា​ឋិតនៅលើ​នាវានោះ ត្រាស់សួរថា ភទ្ទជិ​នៅឯណា? ពួកភិក្ខុ​ទូលថា នេះ ព្រះអង្គ លោកនៅ​ទីនេះ។ ព្រះសាស្ដា​ត្រាស់ថា នែ​ភទ្ទជិ អ្នកចូរមក ឡើងជិះ​នាវាមួយ​ជាមួយ​នឹង​តថាគត។ ព្រះថេរៈ​ឡើងឈរ​លើនាវា។ លំដាប់​នោះ កាលនាវា​ទៅដល់​ពាក់​កណ្ដាល​ទន្លេគង្គា ព្រះសាស្ដា​ត្រាស់ថា ម្នាល​ភទ្ទជិ​ ប្រាសាទ​ដែលអ្នក​ធ្លាប់គ្រប់​គ្រង ក្នុងកាល​ដែលអ្នក​នៅជា​មហាបនាទៈ​នោះ នៅទី​ណា? ព្រះភទ្ទជិ​ទូលថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន មុជចុះ​ក្នុងទី​នេះឯង។

 

ភិក្ខុទាំងឡាយជាបុថុជ្ជនពោលថា ភទ្ទជិត្ថេរ​ព្យាករ​ព្រះអរហត្ត។ ព្រះសាស្ដា​ត្រាស់ថា បើយ៉ាង​នោះ ម្នាលភទ្ទជិ អ្នកចូរ​កាត់សេចក្ដី​សង្ស័យ​របស់​សព្រហ្មចារី​ចុះ។ ក្នុងខណៈ​នោះ ព្រះថេរៈ​ថ្វាយបង្គំ​ព្រះសាស្ដា​ហើយ ទៅដោយ​កម្លាំងឫទ្ធិ កាន់យក​កំពូល​ប្រាសាទ​ដោយ​ម្រាមជើង នាំយក​ប្រាសាទ​ដែលមាន​កម្ពស់ ២៥ យោជន៍ ហោះឡើង​លើអាកាស។ ព្រះថេរៈ​ហោះឡើង​ប្រាកដ​ដល់ជន​ដែលនៅ​ខាងក្រោម​ប្រាសាទ ហើយ​ប្រាសាទ​ក៏ធ្លាក់​ចុះ។ ព្រះភទ្ទជិលើក​ប្រាសាទ​ឡើង​អំពីទឹក ១ យោជន៍ ២ យោជន៍ ៣ យោជន៍ រហូតដល់ ២៥ យោជន៍។

 

លំដាប់នោះ ញាតិទាំងឡាយរបស់​លោកក្នុង​ភពមុន ដែលកើត​ជាត្រី អណ្ដើក នាគ និងកង្កែប ព្រោះការ​ជាប់ជំពាក់​នឹង​ប្រាសាទ​នោះ កាល​ប្រាសាទ​ផុសឡើង​ហើយ ត្រឡប់​ធ្លាក់ចុះវិញ ព្រះសាស្ដា​ឃើញសត្វ​ដែលកំពុង​ធ្លាក់ចុះ​នោះ ត្រាស់ថា ម្នាល​ភទ្ទជិ ញាតិ​ទាំងឡាយ​របស់​អ្នកមាន​សេចក្ដី​លំបាក។ ព្រះថេរៈ​ស្ដាប់​ព្រះតម្រាស់​ព្រះសាស្ដា​ហើយ លោក​ក៏លែងប្រាសាទ ប្រាសាទ​ធ្លាក់ចុះ ទៅនៅក្នុង​ទីដូចដើម។ ព្រះសាស្ដា​យាងទៅ​ច្រាំង​ទន្លេគង្គា។ ពេល​នោះ មនុស្ស​ទាំងឡាយ​រៀបចំ​អាសនៈ​នៅនឹង​ច្រាំង​ទន្លេគង្គា​នោះឯង ព្រះសាស្ដាប្រថាប់​លើពុទ្ធាសនៈ​ដ៏ប្រសើរ​ដែលគេ​រៀបចំ​ថ្វាយ ទ្រង់គង់​បញ្ចេញ​ព្រះរស្មី បីដូច​ជា​ព្រះសូរិយា​ទើប​នឹងរះ។ គ្រានោះ ភិក្ខុទាំងឡាយ​ទូលសួរ​ព្រះសាស្ដា​ថា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ប្រាសាទ​នេះ ដែល​ភទ្ទជិត្ថេរ​ធ្លាប់គ្រប់​គ្រង​នោះ មានក្នុង​កាលណា? ព្រះសាស្ដា​ត្រាស់ថា ក្នុងកាល​លោកនៅ​ជាស្ដេច​មហាបនាទៈ ដូច្នេះ​ហើយ ទ្រង់នាំ​អតីត​និទានមក​ថា

 

ក្នុងអតីតកាល ក្នុងនគរមិថិលា ដែនវិទេហរដ្ឋ មាន​ព្រះរាជា​ព្រះនាម​ថា សុរុចិ សូម្បី​បុត្ររបស់​ព្រះរាជា​នោះ ក៏មាន​ព្រះនាមថា សុរុចិ ដែរ ចំណែក​បុត្ររបស់​ព្រះរាជា​សុរុចិ មាន​ព្រះនាម​ថា មហាបនាទៈ ព្រះបាទ​មហាបនាទៈនោះ បាននូវ​ប្រាសាទ​នេះ។ នេះជា​បុព្វកម្ម​ដើម្បីបាន​ប្រាសាទ​របស់​ព្រះអង្គ

 

បិតា និងបុត្របានកសាងបណ្ណសាលា ជាទីនៅ​ធ្វើដោយ​ដើមបបុស និងដើម​ឧទុម្ពរ ដល់​ព្រះបច្ចេកពុទ្ធ។ រឿងអតីត​និទាន​ទាំងអស់​ក្នុង​ជាតកនេះ នឹងមាន​ជាក់ច្បាស់​ក្នុង​សុរុចិជាតក បកិណ្ណកនិបាត។

 

ព្រះសាស្ដានាំអតីតនិទាននេះមកហើយ ព្រះអង្គ​ជា​ព្រះសម្មាសម្ពុទ្ធ បានត្រាស់​ព្រះគាថាទាំង​នេះថា

 

បនាទោ នាម សោ រាជា, យស្ស យូបោ សុវណ្ណយោ;

តិរិយំ សោឡសុព្វេធោ, ឧទ្ធមាហុ សហស្សធា។

ព្រះរាជាអង្គនោះ ទ្រង់ព្រះនាម​បនាទៈ មាន​ប្រាសាទមាស មានទទឹង​ប្រវែង​កិរិយា​ធ្លាក់ចុះ​នៃកូន​សរ ១៦ (កន្លះយោជន៍) (អ្នកប្រាជ្ញ​ទាំងឡាយ) ពោលថា ប្រាសាទ​នោះ កម្ពស់ ១ ពាន់​តំណ​នៃកូនសរ (២៥ យោជន៍)។

 

សហស្សកណ្ឌោ សតគេណ្ឌុ, ធជាលុ ហរិតាមយោ;

អនច្ចុំ តត្ថ គន្ធព្វា, ឆ សហស្សានិ សត្តធា។

ប្រាសាទនោះ កម្ពស់ ១ ពាន់តំណ​នៃកូនសរ មានជាន់​ប្រាំពីរ បរិបូណ៌​ដោយទង់ ព័ន្ធព័ទ្ធ​ហើយដោយ​កែវមណី មាន​ពណ៌ខៀវ ពួករបាំ ៦០០០ ចែកជា​ប្រាំពីរ​ចំណែក បានរាំ​លើប្រាសាទ​នោះ (គ្រប់ ៗ ថ្នាក់)។

 

ឯវមេតំ តទា អាសិ, យថា ភាសសិ ភទ្ទជិ;

សក្កោ អហំ តទា អាសឹ, វេយ្យាវច្ចករោ តវ។

ម្នាលភទ្ទជិ អ្នកពោលហើយយ៉ាងណា ប្រាសាទនោះ​មានហើយ ក្នុងកាល​នោះ យ៉ាងនោះ តថាគតកើតជា​ព្រះឥន្ទ្រ ជាវេយ្យាវច្ចករ របស់អ្នក។

 

បណ្ដាបទទាំងនោះ បទថា យូបោ បានដល់ ប្រាសាទ។ បទថា តិរិយំ សោឡសុព្វេធោ មានទទឹង​ប្រវែង​កិរិយា​ធ្លាក់ចុះ​នៃកូនសរ ១៦ (កន្លះយោជន៍) សេចក្ដីថា ធំផ្សាយ​ទៅ​ដោយ​ការធ្លាក់ចុះ​នៃកូនសរ ១៦ អំពី​ចំណែក​ទទឹង។ បទថា ឧទ្ធមាហុ សហស្សធា កម្ពស់ ១ ពាន់តំណ​នៃកូនសរ (២៥ យោជន៍) សេចក្ដីថា ខ្ពស់​ប្រមាណ​ដំណើរ​ទៅនៃ​កូនសរ ១ ពាន់ ដោយ​ចំណែកខាង​លើ គឺមាន​ប្រមាណ ២៥ យោជន៍ ដោយការ​រាប់តំណ​នៃកូន​សរ​មួយពាន់។ ចំណែកទទឹង​របស់​ប្រាសាទ​នោះ មាន​ប្រមាណ ៨ យោជន៍។

 

បទថា សហស្សកណ្ឌោ សតគេណ្ឌុ ប្រាសាទនោះ កម្ពស់ ១ ពាន់តំណ​នៃកូនសរ មានជាន់​ប្រាំពីរ សេចក្ដី​ថា ប្រាសាទ​នោះ មានកម្ពស់ ១ ពាន់តំណ​នៃកូនសរ ចែកជា ៧ ជាន់។ បទថា គន្ធព្វា បានដល់ អ្នករបាំ។ បទថា ឆ សហស្សានិ សត្តធា ពួករបាំ ៦០០០ ចែកជា​ប្រាំពីរ​ចំណែក សេចក្ដី​ថា អ្នករបាំ ៦ ពាន់ ចែកជា ៧ ចំណែក នាំគ្នារាំ​នៅលើ​ប្រាសាទ ៧ ជាន់នោះ ដើម្បី​ឲ្យព្រះរាជា​កើតសេចក្ដី​រីករាយ។ សូម្បី​ពួកគេរាំ​យ៉ាងនេះ ក៏មិនអាច​ឲ្យព្រះរាជា​សើច​បានឡើយ លំដាប់​នោះ សក្កទេវរាជ​បញ្ជូនអ្នក​របាំទេវតា មកធ្វើ​មហោស្រព គ្រានោះ ស្ដេច​មហាបនាទៈក៏សើច។

 

បទថា យថា ភាសសិ, ភទ្ទជិ ម្នាលភទ្ទជិ អ្នកពោល​ហើយ​យ៉ាងណា សេចក្ដីថា កាល​ព្រះសាស្ដាត្រាស់​ថា ម្នាលភទ្ទជិ ប្រាសាទ​ដែលអ្នក​ធ្លាប់គ្រប់​គ្រងក្នុងកាល​នៅជា​មហាបនាទៈ នៅទីណា? ព្រះភទ្ទជិត្ថេរ​ទូលថា មុជចុះ​ក្នុងទីនេះ​ឯង ព្រះអង្គ។ ព្រះភទ្ទជិ​បានពោល​ភាវៈ ដែលប្រាសាទ​នោះកើត​ឡើង​ដើម្បីខ្លួន និង​ពោល​ភាពខ្លួន ដែលនៅ​ជាមហាបនាទៈ។ ព្រះសាស្ដាកាន់យក​ពាក្យនោះ​ហើយ​ត្រាស់ថា ម្នាលភទ្ទជិ អ្នកពោល​ដោយ​ប្រការណា ប្រការ​នោះពិតហើយ ក្នុង​កាលនោះ តថាគត​ជាសក្កទេវានមិន្ទៈ ដែលជា​កាយវេយ្យាវច្ចករ របស់អ្នក។ ក្នុងខណៈ​នោះ ភិក្ខុទាំងឡាយ​ជាបុថុជ្ជន​ក៏អស់​សេចក្ដី​សង្ស័យ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

តទា មហាបនាទោ រាជា ភទ្ទជិ អហោសិ ព្រះបាទមហាបនាទៈ​ក្នុងកាល​នោះ បានមក​ជាភទ្ទជិ

សក្កោ បន អហមេវ អហោសឹ ចំណែកសក្កទេវរាជ គឺ​តថាគត​នេះឯង។

មហាបនាទជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក តិកនិបាត បទុមវគ្គ បិដកលេខ ៥៨ ទំព័រ ១៥០)

ដោយ ស.ដ.វ.ថ.