សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មហាកណ្ហជាតក ទី៦

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​លោកត្ថចរិយា បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យថា កណ្ហោ កណ្ហោ ច ដូច្នេះ​ជាដើម។

 

ថ្ងៃមួយ ភិក្ខុទាំងឡាយអង្គុយក្នុងធម្មសភា ពោល​លោកត្ថចរិយគុណ របស់​ព្រះទសពល​ថា ម្នាល​អាវុសោ ព្រះសាស្ដា​ប្រព្រឹត្ត​ដើម្បី​ប្រយោជន៍​ដល់​ជនច្រើន ទ្រង់លះ​ការនៅ​ជាសុខ​របស់ខ្លួន ប្រព្រឹត្ត​អំពើជា​ប្រយោជន៍​ដល់សត្វ​លោកប៉ុណ្ណោះ កាលបាន​សម្រេច​បរមាភិសម្ពោធិញាណ​ហើយ ទ្រង់កាន់​យកបាត្រ និងចីវរ​ដោយខ្លួន​ឯង យាងទៅ​កាន់ផ្លូវ​ចម្ងាយ ១៨ យោជន៍ ញ៉ាំង​ធម្មចក្រ​ឲ្យប្រព្រឹត្ត​ទៅ ដល់បញ្ចវគ្គិយត្ថេរ និងក្នុង​ថ្ងៃទី ៥ នៃបក្ខ ទ្រង់​សម្ដែង​អនត្តលក្ខណសូត្រ ប្រទាន​ព្រះអរហត្ត​ដល់​បញ្ចវគ្គិយត្ថេរ​ទាំងនោះ។ ទ្រង់យាង​ទៅកាន់​ឧរុវេលនិគម សម្ដែង​បាដិហារ្យ ៣៥០០ ដល់បង​ប្អូនជដិល​បីនាក់ ឲ្យ​ជដិល​ទាំងនោះ​បួស ទ្រង់​សម្ដែង​អាទិត្តបរិយាយសូត្រ ត្រង់​គយាសីស​ប្រទេស ប្រទាន​ព្រះអរហត្ត​ដល់​ជដិល ១០០០ រូប ទ្រង់​យាងទៅ​ទទួល​ដំណើរ​ព្រះមហាកស្សបៈ ប្រមាណ ៣ ​គាវុត និង​ប្រទាន​ឧបសម្បទា ដោយ​ឱវាទ ៣ យ៉ាង។ ក្នុងវេលា​ក្រោយភត្ត ទ្រង់យាង​ទៅកាន់​ផ្លូវ​ចម្ងាយ ៤៥ យោជន៍​តែមួយ​អង្គឯង ញ៉ាំង​បុក្កុសាតិកុលបុត្រ ឲ្យតាំង​នៅក្នុង​អនាគាមិផល ទ្រង់យាង​ទៅទទួល​ព្រះមហាកប្បិន ចម្ងាយ ១២០ យោជន៍ និងប្រទាន​ព្រះអរហត្ត ក្នុងវេលា​ក្រោយភត្ត ទ្រង់តែ​មួយអង្គ​ឯង យាងទៅ​កាន់ផ្លូវ​ចម្ងាយ ៣០ យោជន៍ ញ៉ាំង​អង្គុលិមាល ដែលកាច​អាក្រក់ រឹងរូស ឲ្យតាំងនៅ​ក្នុង​ព្រះអរហត្ត ទ្រង់យាង​ទៅកាន់ផ្លូវ​ចម្ងាយ ៣០ យោជន៍​ញ៉ាំង​អាឡវកយក្ស​ឲ្យតាំងនៅ​ក្នុង​សោតាបត្តិផល និងធ្វើ​សិរីសួស្ដី​ដល់​ព្រះកុមារ។ កាលស្ដេច​គង់នៅ​ក្នុងភពតាវត្តិង្ស ៣ ខែ ទ្រង់ញ៉ាំង​ធម្មាភិសម័យ ឲ្យកើតឡើង​ដល់ទេវតា ៨០ កោដិ ទ្រង់យាង​ទៅកាន់ព្រហ្មលោក ទម្លាយ​ទិដ្ឋិដល់​ពកព្រហ្ម ប្រទាន​ព្រះអរហត្ត​ដល់ព្រហ្ម ១០០០០ រប ទ្រង់ត្រាច់ទៅ​កាន់ចារិក​ក្នុង​មណ្ឌលបី រាល់ៗឆ្នាំ ប្រទាន​សរណៈ សីល និងមគ្គផល​ដល់មនុស្ស​ទាំង​ឡាយ​ដែលដល់​ព្រមដោយ​ឧបនិស្ស័យ ទ្រង់ប្រព្រឹត្ត​អំពើជា​ប្រយោជន៍ មាន​ប្រការ​ផ្សេងៗ ដល់សត្វ​ទាំងឡាយ មាននាគ គ្រុឌ​ជាដើម។

 

ព្រះសាស្ដាយាងមកត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់​មិញនេះ អ្នកទាំងឡាយអង្គុយ​ប្រជុំគ្នា​និយាយ​រឿងអ្វី? កាលពួក​ភិក្ខុទូល​ថា ដោយរឿង​ឈ្មោះនេះ ទើបទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលដែល​តថាគត​សម្រេច​អភិសម្ពោធិញាណ​ហើយ ប្រព្រឹត្តប្រយោជន៍​ដល់សត្វ​លោក​ក្នុងកាល​ឥឡូវនេះ មិនជា​អស្ចារ្យ​ទេ ក្នុងកាល​មុន សូម្បី​កាលតថាគត​នៅមាន​រាគៈ ក៏បាន​ប្រព្រឹត្ត​ប្រយោជន៍​ដល់សត្វ​លោកដែរ ដូច្នេះ​ហើយ ទ្រង់នាំ​អតីតនិទាន​មកថា

 

ក្នុងអតីតកាល កាលសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈ ព្រះរាជា​ព្រះនាម ឧសីនកៈ សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី។ ក្នុងកាល​ព្រះសម្មាសម្ពុទ្ធ​កស្សបៈ​សម្ដែង​ចតុរារិយសច្ច ញ៉ាំង​មហាជន​ឲ្យរួចផុត​ពីចំណង​កិលេស ធ្វើឲ្យ​ពេញក្នុង​និព្វាន​នគរ កាលស្ដេច​បរិនិព្វានហើយ ដោយកាល​កន្លងទៅ​អស់កាល​ដ៏យូរ សាសនា​របស់​ព្រះអង្គ​ក៏ធូរថយ​ទៅ។ ភិក្ខុទាំងឡាយ​សម្រេច​ការចិញ្ចឹម​ជីវិត​ដោយ​អនេសនៈ ២១ ពួកភិក្ខុ​ធ្វើ​គិហិសំសគ្គៈ (ការជាប់ជំពាក់​នៅរួម​ជាមួយ​នឹងគ្រហស្ថ) ចម្រើន​ទៅដោយ​បុត្រធីតា​ទាំងឡាយ។ សូម្បីពួក​ភិក្ខុនី ក៏ធ្វើ​គិហិសំសគ្គៈ ចម្រើនទៅ​ដោយ​បុត្រធីតា​ទាំងឡាយ​ដែរ។ ភិក្ខុទាំង​ឡាយ លះបង់​ភិក្ខុធម៌ ភិក្ខុនី​ទាំងឡាយ​លះបង់​ភិក្ខុនិធម៌ ឧបាសកទាំងឡាយ​លះបង់​ឧបាសកធម៌ ឧបាសិកាទាំងឡាយ​លះបង់​ឧបាសិកធម៌ ព្រាហ្មណ៍​ទាំងឡាយ​លះបង់​ព្រាហ្មណធម៌។ មនុស្ស​ជាច្រើនប្រព្រឹត្ត​សមាទាន​អកុសល​កម្មបថ ១០ កាលធ្វើ​មរណកាល​ហើយ កើតពេញ​ណែនតាន់​តាប់ក្នុង​អបាយភូមិ។

 

ក្នុងគ្រានោះ សក្កទេវរាជ កាលមិនឃើញ​ទេវតាថ្មីៗ ទ្រង់សម្លឹង​មើលមនុស្ស​លោក បានដឹងភាព​ដែលមនុស្ស​ទាំងឡាយ​កើតក្នុង​អបាយភូមិ ឃើញ​សាសនា​របស់​ព្រះសាស្ដា​កំពុងធូរថយ ទ្រង់​ត្រិះរិះថា យើងធ្វើ​ដូចម្ដេច​ហ្ន៎? ទ្រង់ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា មានឧបាយ​មួយ ដែលធ្វើឲ្យ​មហាជន​តក់ស្លុត ភ័យខ្លាច ហើយយើង​លួងលោម​មហាជន​ជាខាង​ក្រោយ និង​សម្ដែងធម៌ លើកសាសនា​ដែលធូរ​ថយ នឹងធ្វើ​ហេតុឲ្យ​សាសនា​ប្រព្រឹត្ត​ទៅបាន ១០០០ ឆ្នាំ​ដទៃ​ទៀត ដូច្នេះ ទើប​បញ្ជាឲ្យ​មាតលី​ទេវបុត្រ​និម្មិតខ្លួន​ជា​សុនខ​ពណ៌ខ្មៅ ធំប៉ុនសេះ​អាជានេយ្យ មានរូបគួរ​ឲ្យខ្លាច ដែលអាច​ធ្វើឲ្យស្ត្រី​មានគភ៌​ឃើញហើយ​រលូត​កូនបាន មាន​ចង្កូម ៤ ប៉ុនត្រយូង​ចេក ធ្វើការ​មកនៃ​ភ័យ ដោយរស្មី​ដែលផ្សាយ​ទៅ ចងដោយ​ចំណង ៥ ពាក់កម្រង​ផ្កាក្រហមនៅ​នឹងក កាន់ចុង​ខ្សែ ចំណែក​ព្រះឥន្ទខ្លួន​ឯងវិញ ក្លែងភេទ​ជាព្រាន​ព្រៃ ស្លៀកសំពត់​កាសាយៈ ២ ចងសក់ ៥ កន្លែង ក្នុងទីខាង​ក្រោយ និងខាងមុខ ពាក់​កម្រងផ្កា​ក្រហម កាន់ធ្នូ​ដ៏ធំដែលមាន​ខ្សែដូច​កែវប្រពាឡ កាន់​វជិរាវុធគ្រវី ចុះក្នុង​ទីប្រមាណ​មួយយោជន៍​អំពី​នគរ បន្លឺសំឡេង​ឲ្យឮឡើង ៣ ដងថា លោក​នឹងវិនាស លោក​នឹងវិនាស ញ៉ាំង​មនុស្ស​ទាំងឡាយ​ឲ្យភ័យ​តក់ស្លុត ពេលមក​ដល់ឧបចារៈ​នគរ ក៏ធ្វើ​សំឡេង​ម្ដងទៀត។

 

មនុស្សទាំងឡាយឃើញសុនខហើយ ភ័យខ្លាច នាំគ្នា​ចូលកាន់​នគរ ក្រាបទូល​រឿងនោះ​ដល់ព្រះរាជា។ ព្រះរាជា​បញ្ជាឲ្យ​បិទទ្វារ​នគរ​យ៉ាងប្រញាប់។ ចំណែក​សក្កទេវរាជ ឡើងកាន់កំពែង​កម្ពស់ ១៨ ហត្ថ ឋិតនៅ​ទីបំផុត​នគរ ជាមួយ​នឹងសុនខ។ មនុស្ស​ទាំងឡាយ ភ័យខ្លាចនាំគ្នា​រត់ចូល​កាន់ផ្ទះ ពួនសម្ងំ។ មហាសុនខ​ខ្មៅ ស្ទុះចូល​ទៅរក​មនុស្ស​ដែលបាន​ឃើញហើយ ធ្វើឲ្យ​មនុស្ស​តក់ស្លុត រត់ទៅ​កាន់​រាជនិវេសន៍។ មនុស្ស​ទាំងឡាយ​ដែលនៅក្នុង​ព្រះលានហ្លួង រត់ទៅ​ដោយ​ភ័យខ្លាច ចូលកាន់​រាជនិវេសន៍ ហើយ​បិទទ្វារ។ ចំណែក​ព្រះបាទ​ឧសីនករាជ នាំស្រីស្នំ​ឡើងទៅ​លើ​ប្រាសាទ។ មហាសុនខខ្មៅ​លើក​ជើងមុខ ដាក់លើ​បង្អួច ព្រុស​ដោយសំឡេង​ដ៏ខ្លាំង។ សំឡេង​ព្រុសនោះ ឮទៅដល់​អវីចិនរក​អំពី​ចំណែក​ខាងក្រោម និងទៅ​ដល់ភវគ្គភព​អំពី​ចំណែក​ខាងលើ សកលចក្កវាឡ​ឮទូទៅដោយ​សំឡេង​តែមួយ។ ពិតមែន​ហើយ សំឡេង ៤​ នេះ គឺ សំឡេង​ស្ដេច​បុណ្ណកយក្ស ក្នុង​វិធុរជាតក ១ សំឡេង​ព្រះបាទ​កុសរាជ ក្នុងកុសជាតក ១ សំឡេង​ស្ដេចសុទស្សននាគ (ក្នុងអដ្ឋកថាភូរិទត្តជាតកសម្ដែងថា សំឡេងសុទស្សននាគរាជ​ផ្សាយទៅ ឮតែក្នុង​នគរ​ពារាណសី ដែលមាន​ប្រមាណ ១២ យោជន៍​ប៉ុណ្ណោះ។) ក្នុងភូរិទត្តជាតក ១ សំឡេងនេះ​ក្នុង​មហាកណ្ហជាតក​នេះ ១​ ឈ្មោះថាជា​មហាសំឡេង ដែលឮ​ទូទាំង​ជម្ពូទ្វីប (សារត្ថប្បកាសិនី អដ្ឋកថា សុត្តន្តបិដក សំយុត្តនិកាយ សគាថវគ្គ យក្ខសំយុត្ត អាវឡកសូត្រថា សំឡេងអាឡវកយក្ស ១ សំឡេងបុណ្ណកយក្ស ១ សំឡេងវិស្សកម្មទេវបុត្រ ដែល​និម្មិតខ្លួន​ជាសុនខ ១ សំឡេង​ព្រះបាទកុសរាជ ១។)។

 

អ្នកនគរមានសេចក្ដីភ័យខ្លាច សូម្បីតែ​បុរសម្នាក់ ក៏មិន​អាច​និយាយ​ជាមួយ​សក្កទេវរាជ មានតែ​ព្រះរាជា​ប៉ុណ្ណោះ ខំតាំង​សតិឡើង ត្រាស់ហៅ​សក្កទេវរាជ​ដែល​អាស្រ័យ​នឹង​បង្អួចថា នែព្រាន​ដ៏ចម្រើន ព្រោះហេតុអ្វី​បានជា​សុនខ​របស់​អ្នកព្រុស។ សក្កទេវរាជ​ត្រាស់ថា បពិត្រ​មហារាជ ព្រោះវា​ឃ្លាន។ ព្រះរាជា​ត្រាស់ថា បើយ៉ាង​នោះ យើងនឹង​ប្រទាន​ភត្តដល់វា ដូច្នេះ​ទើបបញ្ជា​ឲ្យគេឲ្យ​ភត្តឆ្អិន និងរបស់​ទាំងពួង ដែលជា​របស់ខ្លួន និងរបស់​អ្នករស់​នៅក្នុង​រាជវាំង ដល់​សុនខ​នោះ។ សុនខ​ធ្វើរបស់​ទាំងអស់​ឲ្យទៅ​ជាពំនូត​តែមួយ ហើយព្រុស​ម្ដងទៀត។ ព្រះរាជាក៏សួរ​ទៀត កាលឮ​ព្រានថា សូម្បីឥឡូវ​នេះ សុនខ​របស់ខ្ញុំ​នៅតែឃ្លាន ទើបទ្រង់​បញ្ជាឲ្យ​គេនាំភត្តឆ្អិន​នៃសាច់​ដំរី និងសេះ​ជាដើម មកប្រទាន​ដល់សុនខ។ សុនខ​ស៊ីភត្ត​ទាំងអស់​ដោយការ​ត្របាក់តែម្ដង ព្រះរាជា​ក៏បញ្ជា​ឲ្យប្រទាន​ភត្តឆ្អិន របស់អ្នក​នគរ​ទាំងអស់​ទៀត។ សុនខ​ក៏ស៊ីភត្ត​នោះ ឲ្យអស់​ទៅយ៉ាង​នោះដូចគ្នា ហើយព្រុស​ម្ដងទៀត។ ព្រះរាជា​មានសេចក្ដី​ភ័យខ្លាច ទ្រង់​គិតថា នោះមិនមែន​សុនខ នោះជា​យក្ស ឥតសង្ស័យ យើងនឹង​សួរហេតុ​នៃការ​មករបស់​គេ ដូច្នេះ កាលនឹងសួរ ទើបត្រាស់​គាថាទី ១ ថា

 

កណ្ហោ កណ្ហោ ច ឃោរោ ច, សុក្កទាឋោ បភាសវា;

ពទ្ធោ បញ្ចហិ រជ្ជូហិ, កឹ រវិ សុនខោ តវ។

ម្នាលអ្នកមានព្យាយាម ឆ្កែរបស់អ្នក​ខ្មៅណាស់ គួរស្បើម មាន​ចង្កូម​សស្ងាច អ្នកចង​ដោយខ្សែ ៥ តើវាមាន​ប្រយោជន៍​អ្វីដល់​អ្នក។

 

ពាក្យថា កណ្ហោ កណ្ហោ បានដល់ ពាក្យ​និយាយ​ខ្ជាន់ៗ ដដែលៗ ដោយអំណាច​សេចក្ដី​ភ័យខ្លាច និង​ដោយ​អំណាច​ជាពាក្យ​ធ្វើឲ្យមាំ។ ពាក្យថា កឹ រវិ ប្រែថា ព្រុស​ធ្វើអ្វី។ លោកពោល​អធិប្បាយ​ថា សុនខ​ដ៏កាច​សាហាវ​បែបនេះ​របស់អ្នក​នឹងធ្វើអ្វី នឹង​ចាប់ម្រឹគ ឬចាប់​សត្រូវ សុនខ​នេះមានប្រយោជន៍​អ្វីដល់​អ្នក សូមអ្នក​ឆ្លើយមក។

 

សក្កទេវរាជស្ដាប់ពាក្យនោះហើយ ពោលគាថាទី ២ ថា

 នាយំ មិគានមត្ថាយ, ឧសីនក ភវិស្សតិ;

មនុស្សានំ អនយោ ហុត្វា, តទា កណ្ហោ បមោក្ខតិ។

បពិត្រព្រះបាទឧសីនកៈ ឆ្កែនេះ មិនមកដើម្បី​ប្រយោជន៍​ដល់ពួក​ម្រឹគទេ ឆ្កែខ្មៅ​បំផ្លិច​បំផ្លាញនូវ​ពួក​មនុស្ស ក្នុងកាល​ណា នឹង​របូតទៅ (អំពីដៃខ្ញុំ) ក្នុង​កាលនោះ។

 

គាថានេះ មានសេចក្ដីថា ឆ្កែនេះ មិនមែន​មកក្នុង​ទីនេះដោយ​គិតថា យើងនឹង​ស៊ីសាច់​ម្រឹគទេ ព្រោះ​ហេតុនោះ ប្រយោជន៍​នៃម្រឹគ​ទើបមិន​មាន វាមក​ដើម្បី​ស៊ីសាច់​មនុស្ស ព្រោះហេតុ​នោះ ឆ្កែនេះ​វាជាអ្នក​ធ្វើសេចក្ដី​មិនចម្រើន និង​សេចក្ដី​វិនាស​ដ៏ធំដល់​ពួកអ្នក ក្នុង​កាលណា​មនុស្សទាំងឡាយ​ជាអ្នក​មានបាប ធ្វើសេចក្ដី​វិនាស ក្នុង​កាលនោះ ឆ្កែនេះ​នឹងរួច​ផុត យើង​នឹងដោះលែង​វាអំពីដៃ។

 

លំដាប់នោះ ព្រះរាជាត្រាស់សួរសក្កទេវរាជថា​ នែព្រាន​ដ៏ចម្រើន សុនខ​របស់អ្នក​នឹងស៊ីសាច់​មនុស្ស​ទាំងអស់​ឬ ឬនឹង​ស៊ីតែ​សត្រូវ​របស់អ្នក? កាល​សក្កទេវរាជ​ត្រាស់ថា បពិត្រ​មហារាជ វាស៊ីតែ​សត្រូវ​របស់ខ្ញុំ​ប៉ុណ្ណោះ។ ព្រះរាជា​សួរថា ក្នុងទីនេះ អ្នកណា​ជាសត្រូវ​របស់អ្នក? ឥន្ទព្រានត្រាស់ថា បពិត្រ​មហារាជ គឺអ្នកមិន​ត្រេកអរ​ក្នុងធម៌ និងអ្នក​ប្រព្រឹត្ត​មិនស្មើ។ ព្រះរាជា​សួរថា សូមអ្នក​ពោលនូវ​មនុស្ស​ទាំងនោះ ដល់យើង​មកមុនចុះ។

 

គ្រានោះ សក្កទេវរាជ កាលនឹងប្រាប់​ព្រះរាជា ទើបត្រាស់ ១០ គាថា ថា

 បត្តហត្ថា សមណកា, មុណ្ឌា សង្ឃាដិបារុតា;

នង្គលេហិ កសិស្សន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកសមណៈត្រងោល មានបាត្រក្នុងដៃ ឃ្លុំសង្ឃាដី និងភ្ជួររាស់ដោយនង្គ័ល​ទាំងឡាយ (ក្នុងកាល​ណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីសមណៈ​ទាំងនោះ) ក្នុង​កាលនោះ។

 

តបស្សិនិយោ បព្វជិតា, មុណ្ឌា សង្ឃាដិបារុតា;

យទា លោកេ គមិស្សន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកភិក្ខុនី មានតបៈ ជាអ្នកបួសត្រងោល ឃ្លុំសង្ឃាដី នឹងទៅ (បរិភោគកាម) ក្នុងលោក ក្នុងកាល​ណា ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវនាង​ភិក្ខុនី​ទាំងនោះ) ក្នុង​កាលនោះ។

 

ទីឃោត្តរោដ្ឋា ជដិលា, បង្កទន្តា រជស្សិរា;

ឥណំ ចោទាយ គច្ឆន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកជដិល មានបបូរមាត់ខាងលើវែង មានធ្មេញ​ប្រកប​ដោយ​មន្ទិល មាន​ធូលី​លើក្បាល នឹងទៅទារ​បំណុល (ក្នុង​កាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវ​ជដិល​ទាំងនោះ) ក្នុង​កាលនោះ។

 

អធិច្ច វេទេ សាវិត្តឹ, យញ្ញតន្តញ្ច ព្រាហ្មណា;

ភតិកាយ យជិស្សន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកព្រាហ្មណ៍ បានរៀនវេទទាំង​ឡាយផង សាវិត្តិសាស្រ្ត​ផង យញ្ញសូត្រ ក្នុង​សាវិត្តិសាស្រ្ត​នោះផង និង​បូជា​ដើម្បី​ថ្លៃឈ្នួល (ក្នុង​កាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវ​ព្រាហ្មណ៍​ទាំងនោះ) ក្នុងកាល​នោះ។

 

មាតរំ បិតរំ ចាបិ, ជិណ្ណកំ គតយោព្វនំ;

បហូ សន្តោ ន ភរន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកជនអ្នកមានទ្រព្យច្រើន នឹងមិនចិញ្ចឹម​មាតាបិតា ដែលជរា មាន​វ័យ​កន្លង​ហើយ (ក្នុងកាល​ណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវជន​អ្នកមានទ្រព្យ​ទាំងនោះ) ក្នុង​កាលនោះ។

 

មាតរំ បិតរំ ចាបិ, ជិណ្ណកំ គតយោព្វនំ;

ពាលា តុម្ហេតិ វក្ខន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកជននឹងនិយាយទៅកាន់មាតាបិតាដែលជរា មានវ័យ​កន្លង​ហើយថា អ្នកទាំង​ឡាយ​ជាមនុស្សពាល​ដូច្នេះ (ក្នុង​កាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅស៊ី​នូវជន​ទាំងនោះ) ក្នុង​កាលនោះ។

 

អាចរិយភរិយំ សខឹ, មាតុលានឹ បិតុច្ឆកឹ;

យទា លោកេ គមិស្សន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកជនប្រព្រឹត្ត (សេវនកិច្ច) នឹងភរិយា​របស់អាចារ្យ ភរិយា​របស់​សម្លាញ់ មា្តយធំ ម្តាយមីង​ខាងម្តាយ ម្តាយធំ​ម្តាយមីងខាង​ឪពុក​ក្នុងលោក ក្នុងកាល​ណា ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅស៊ី​នូវជន​ទាំងនោះ) ក្នុង​កាលនោះ។

 

អសិចម្មំ គហេត្វាន, ខគ្គំ បគ្គយ្ហ ព្រាហ្មណា;

បន្ថឃាតំ ករិស្សន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកព្រាហ្មណ៍កាន់ដាវ និងខែល ងាព្រះខាន់ ធ្វើនូវការ​សម្លាប់​នូវអ្នក​ដើរផ្លូវ ក្នុង​កាលណា ឆ្កែខ្មៅនឹង​របូត (ស្ទុះទៅស៊ី​នូវពួក​ព្រាហ្មណ៍​ទាំងនោះ) ក្នុង​កាលនោះ។

 

សុក្កច្ឆវី វេធវេរា, ថូលពាហូ អបាតុភា;

មិត្តភេទំ ករិស្សន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកបុរសមានស្បែកសម្បុរថ្ងៃសស្អាត មានដើមដៃ​ថ្លោស មានអាជីវៈ​មិនប្រាកដ មាន​ពំនៀរ​នឹងស្ត្រី​មេម៉ាយ នឹងធ្វើនូវ​ការបំបែក​មិត្រ (ក្នុង​កាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅស៊ី​នូវបុរស​នោះ) ក្នុង​កាលនោះ។

 

មាយាវិនោ នេកតិកា, អសប្បុរិសចិន្តកា;

យទា លោកេ ភវិស្សន្តិ, តទា កណ្ហោ បមោក្ខតិ។

ពួកជនអ្នកមានមាយា ជាអ្នកបោកប្រាស់ មានគំនិត​ជា​អសប្បុរស នឹងមាន​ក្នុងលោក (ក្នុងកាល​ណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅស៊ី​នូវជន​មានមាយា​ទាំងនោះ) ក្នុងកាល​នោះ។

 

បទថា សមណកា សេចក្ដីថា សក្កទេវរាជ​ត្រាស់យ៉ាង​នេះ ដោយ​វោហារ​មើលងាយ ដោយ​ត្រឹមតែប្ដេជ្ញា​ថា យើងជា​សមណៈ។ បទថា កសិស្សន្តិ សេចក្ដីថា សមណៈ​ទាំងនោះ រមែង​ភ្ជួរក្នុង​ពេលខ្លះ។ សក្កទេវរាជ​ធ្វើដូច​ជាមិន​ដឹង ទើបពោល​យ៉ាងនេះ។ តែលោក​មានសេចក្ដី​ប្រាថ្នាថា ពួក​សមណៈទ្រុស្តសីល​បែបនេះ ជាសត្រូវ​របស់​យើង, កាលណា​សមណៈ​ទាំងនេះ​ត្រូវ​សុនខ​របស់យើង​សម្លាប់ ហើយ​ស៊ីសាច់ កាលនោះ សុនខ​ខ្មៅនេះ នឹងរបូត​ចាកចំណង​ខ្សែទាំង ៥។ អ្នកសិក្សា​គប្បី​ប្រកបការ​អធិប្បាយ ក្នុងគាថា​ទាំងពួង​ដោយ​ឧបាយ​នេះចុះ។

 

បទថា បព្វជិតា បានដល់ បួសក្នុងព្រះពុទ្ធសាសនា។ បទថា គមិស្សន្តិ សេចក្ដី​ថា ប្រព្រឹត្ត​បរិភោគបញ្ចកាមគុណ​ក្នុង​កណ្ដាល​អគារ។ បទថា ទីឃោត្តរោដ្ឋា សេចក្ដីថា មាន​បបូរមាត់​ខាងលើវែង ព្រោះ​ភាពជា​អ្នកចម្រើន​នៃចង្កូម។ បទថា បង្កទន្តា សេចក្ដីថា មានធ្មេញ​ដល់ព្រម​ដោយ​មន្ទិល និង​ភក់។ បទថា ឥណំ ចោទាយ សេចក្ដីថា ប្រមូល​ទ្រព្យដោយ​ភិក្ខាចរិយា (ការត្រាច់​សូមគេ) ឲ្យ​ចម្រើន ហើយបុល​បំណុល រួចទាមទារ​បំណុល​នោះ សម្រេច​ការចិញ្ចឹម​ជីវិត​ដោយការ​បានទ្រព្យ​អំពីបំណុល​នោះ។

 

បទថា សាវិត្តឹ បានដល់ រៀនសាវិត្តិសាស្ត្រ។ បទថា យញ្ញតន្តញ្ច បានដល់​ យញ្ញវិធាយកតន្តៈ អធិប្បាយ​ថា រៀននូវ​យញ្ញ។ បទថា ភតិកាយ សេចក្ដី​ថា ព្រាហ្មណ៍​នោះៗ ចូលទៅ​រក​ព្រះរាជា មហាមាត្យ​របស់​ព្រះរាជា ហើយពោល​ថា ខ្ញុំនឹងបូជា​យញ្ញ​ដើម្បី​លោក ចូរលោក​ឲ្យទ្រព្យ ដូច្នេះ ទើបពួកព្រាហ្មណ៍​នោះបូជា​យញ្ញដើម្បី​ថ្លៃឈ្នួល។

 

សក្កទេវរាជត្រាស់យ៉ាងនេះហើយ ក៏ត្រាស់​ទៀតថា បពិត្រ​មហារាជ មនុស្ស​ទាំងនេះ​ជាសត្រូវ​របស់ខ្ញុំ ដូច្នេះ​ហើយ ទ្រង់សម្ដែង​សុនខ ធ្វើដូចជា​ប្រាថ្នា​ស្ទុះទៅខាំ​មនុស្សអធម៌​នោះៗ។ កាល​មហាជនកំពុង​តក់ស្លុត​ភ័យខ្លាច សក្កទេវរាជ​ធ្វើដូចជា​ទាញខ្សែ​សុនខ ហើយ​លះបង់​ភេទជា​ព្រាន ទ្រង់រុងរឿង ឋិតនៅ​លើអាកាស​ដោយ​អានុភាព​របស់​ខ្លួន និង​ត្រាស់ថា បពិត្រ​មហារាជ យើង​ជាសក្កទេវរាជ យើងមក​ដោយ​ឃើញថា លោកនេះ​នឹងវិនាស មហាជន​ជាមនុស្ស​ប្រមាទ ប្រព្រឹត្ត​អធម៌ ឥឡូវ​នេះ បន្ទាប់​ពីស្លាប់ទៅ នឹងពេញ​ក្នុងអបាយ ទេវលោក​ហាក់ដូច​ជាសូន្យ​ទទេ ចាប់​អំពីពេលនេះ​ទៅ យើងនឹង​ដឹងនូវ​អំពើ​ដែលគប្បី​ធ្វើ ក្នុងពួក​ជនដែល​ប្រកប​អធម៌ បពិត្រ​មហារាជ សូមព្រះអង្គ​កុំប្រមាទ ដូច្នេះ​ហើយ ទ្រង់​សម្ដែង​ធម៌ដោយ​សតារហគាថា (គាថា​ដែលមាន​តម្លៃ១០០) ៤ ធ្វើឲ្យ​ពួកមនុស្ស​តាំងនៅ​ក្នុងទាន​សីល និងធ្វើ​សាសនា​ដែល​ធូរថយ ឲ្យប្រព្រឹត្ត​ទៅបាន ១០០០ ឆ្នាំដទៃ​ទៀត រួចហើយ​ទ្រង់នាំ​មាតលី​ទេវបុត្រ​ទៅកាន់​លំនៅ​របស់​ខ្លួនវិញ។ មហាជន​ធ្វើបុណ្យ មានទាន​សីល​ជាដើម (កាល​ស្លាប់ទៅ) ក៏កើត​ក្នុង​ទេវលោក។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះ​មកហើយ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ សូម្បី​ក្នុងកាល​មុន តថាគត​ក៏បាន​ប្រព្រឹត្ត​ជាប្រយោជន៍ ដល់​សត្វលោក​ដូចគ្នា ហើយ​ទ្រង់ប្រជុំ​ជាតក​ថា

 

តទា មាតលិ អានន្ទោ អហោសិ មាតលីទេវបុត្រ​ក្នុងកាល​នោះ បានមក​ជាអានន្ទ

សក្កោ បន អហមេវ អហោសឹ ចំណែកសក្កទេវរាជ គឺ​តថាគត​នេះឯង។

មហាកណ្ហជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ទ្វាទសកនិបាត បិដកលេខ ៥៩ ទំព័រ ២៥០)

ដោយ ស.ដ.វ.ថ.