សូមនមស្ការព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

មតរោទនជាតក ទី៧

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​កុដុម្ពិកៈ​អ្នករស់​នៅក្នុង​ក្រុង​សាវត្ថី​ម្នាក់ បានត្រាស់​ព្រះធម្មទេសនា​នេះ មានពាក្យ​ថា មតំ មតំ ឯវ រោទថ ដូច្នេះ​ជាដើម។

 

បានឮមកថា បងប្រុសរបស់កុដុម្ពិកៈនោះ​ធ្វើ​មរណកាល។ ដោយសារ​ការស្លាប់​របស់​បងប្រុស កុដុម្ពិកៈ​នោះ​ត្រូវសេចក្ដី​សោកស្ដាយ​គ្របសង្កត់ មិនងូត មិន​បរិភោគ មិន​លាប ពេលព្រឹក គាត់តែង​ទៅព្រៃ​ស្មសាន យំសោក​ស្ដាយបង​ប្រុស។ ក្នុង​បច្ចូស​សម័យ ព្រះសាស្ដា​ប្រមើល​មើល​សត្វលោក ឃើញ​ឧបនិស្ស័យ​សោតាបត្តិផល​របស់​កុដុម្ពិកៈ​នោះ ទ្រង់​ត្រិះរិះ​ថា បើវៀរចាក​តថាគត​ហើយ បុគ្គល​ដទៃ​ណាមួយ ដែល​មាន​សមត្ថភាព អាច​លើក​ហេតុការណ៍​អតីត មកសម្ដែង​ដល់​កុដុម្ពិកៈ​នេះ ឲ្យគាត់​រំងាប់​សេចក្ដី​សោក ហើយ​ប្រទាន​សោតាបត្តិផល​ដល់គេ រមែង​មិនមាន តថាគត​គួរជា​ទីពឹង​របស់​កុដុម្ពិកៈ​នេះ។

 

ក្នុងថ្ងៃស្អែក ព្រះអង្គត្រឡប់ពីបិណ្ឌបាត ក្នុងវេលា​ក្រោយភត្ត ទ្រង់យក​បច្ឆាសមណៈ​ទៅកាន់​ទ្វារផ្ទះ​កុដុម្ពិកៈ​នោះ។ កុដុម្ពិកៈ​ឮដំណឹង​ថា ព្រះសាស្ដា​យាងមក​ដូច្នេះ គាត់ក៏​ក្រាល​អាសនៈ និមន្ត​ព្រះសាស្ដា​ថា សូមព្រះអង្គ​យាងចូល។ ព្រះសាស្ដា យាងចូល​ហើយ ទ្រង់​ប្រថាប់​លើ​អាសនៈ ដែលគាត់​ក្រាលថ្វាយ។ ចំណែក​កុដុម្ពិកៈ មកថ្វាយ​បង្គំ​ព្រះសាស្ដា ហើយ​អង្គុយក្នុង​ទីដ៏​សមគួរ។

 

គ្រានោះ ព្រះសាស្ដាត្រាស់សួរគាត់ថា ម្នាលកុដុម្ពិកៈ អ្នក​គិតអ្វី?

កុដុម្ពិកៈទូលថា ព្រះករុណាព្រះអង្គ ចាប់តាំង​ពីបងប្រុស​របស់ខ្ញុំ​ព្រះអង្គ​ស្លាប់​ទៅ ខ្ញុំព្រះអង្គ​គិតពី​គាត់។

 

ព្រះពុទ្ធត្រាស់ថា ម្នាលអាវុសោ សង្ខារទាំងឡាយ​ទាំងពួង មិនទៀងទេ របស់​ដែលត្រូវបែក រមែង​បែកធ្លាយ មិនគប្បី​គិតក្នុង​របស់ត្រូវ​បែកធ្លាយ​នោះ​ឡើយ។ សូម្បី​បោរាណកបណ្ឌិត​ទាំងឡាយ កាលបង​ប្រុសស្លាប់ ក៏មិន​បានគិត​ច្រើន ដោយ​យល់ឃើញ​ថា របស់​ត្រូវបែក​ធ្លាយ រមែង​បែកធ្លាយ ដូច្នេះ​ហើយ កាល​កុដុម្ពិកៈ​នោះ​អារាធនា ព្រះអង្គ​ក៏នាំ​អតីត​និទាន​មកថា

 

ក្នុងអតីតកាល កាលព្រះបាទព្រហ្មទត្ត​បាន​សោយរាជ​សម្បត្តិ​ក្នុងនគរ​ពារាណសី ព្រះពោធិសត្វ​កើតក្នុង​ត្រកូល​សេដ្ឋី ដែលមាន​ទ្រព្យសម្បត្តិ ៨០ កោដិ។ កាលលោក​ចម្រើន​វ័យឡើង មាតាបិតា​របស់​លោក បានធ្វើ​មរណកាល។ កាល​មាតាបិតា​ស្លាប់ទៅ បងប្រុស​របស់​ព្រះពោធិសត្វ បានបែង​ចែកទ្រព្យ ព្រះពោធិសត្វ​រស់នៅ​ដោយ​អាស្រ័យ​ទ្រព្យ​នោះ។ កាលខាង​ក្រោយមក បងប្រុស​នោះ​ក៏បានធ្វើ​មរណកាល ដោយ​ជំងឺបែប​នោះ​ដែរ។ ពួកញាតិ​មិត្រដែល​មានចិត្ត​ល្អ មកជួប​ជុំគ្នា ផ្គង​ដើមដៃ កន្ទក់​កន្ទេញ យំសោក ពុំមាន​អ្នកណា​ម្នាក់អាច​តាំងនៅ ដោយ​សភាព​ខ្លួនឡើយ ចំណែក​ព្រះពោធិសត្វ​មិន​កន្ទក់​កន្ទេញ មិនយំ​សោកសោះ។

 

មនុស្សទាំងឡាយតិះដៀលព្រះពោធិសត្វថា អ្នកទាំងឡាយ​ចូរមើលចុះ បងប្រុស​ស្លាប់​ម្ល៉ឹង​ហើយ គាត់នេះ​មិនមាន​ទឹកមុខ​ក្រៀមក្រំ​បន្តិចសោះ ចិត្ត​ដាច់ម្ល៉េះ ប្រហែល​ជា​គាត់ចង់​ឲ្យបង​ស្លាប់ ដោយ​គិតថា អញនឹង​បានប្រើ​ប្រាស់ទ្រព្យ​ទាំងពីរ​ចំណែក​តែម្នាក់​ឯង។ សូម្បីពួក​ញាតិវិញ ក៏តិះដៀល​ព្រះពោធិសត្វ​ដូចគ្នាថា កាលបើ​បងស្លាប់​ម្ល៉ឹងហើយ អ្នក​ឯងមិនយំ​សោះ។

 

ព្រះពោធិសត្វស្ដាប់ពាក្យ​របស់មនុស្ស​ទាំងនោះ​ហើយ លោក​ពោលថា អ្នក​ទាំងឡាយ​មិនដឹង​លោកធម៌​ទាំង ៨ ព្រោះភាព​ល្ងង់ខ្លៅ​ងងឹត​ងងុល​របស់ខ្លួន អ្នក​ទាំងឡាយ​យំដោយ​គិតថា បងប្រុស​របស់ខ្ញុំ​ស្លាប់ សូម្បីខ្ញុំ​ក៏នឹង​ស្លាប់ សូម្បី​អ្នក​ទាំងឡាយ​ក៏នឹង​ស្លាប់ ហេតុអ្វី ក៏អ្នក​ទាំងឡាយ​មិនយំ​សោកស្ដាយ​ខ្លួនថា យើងនឹង​ស្លាប់ផង​ដូច្នេះ។ សង្ខារ​ទាំងឡាយ​មិនទៀង​ទេ តែង​រលត់ទៅ សង្ខារ​សូម្បី​មួយ ដែល​អាច​តាំងនៅតាម​សភាវៈ​ខ្លួន​ រមែង​មិនមាន​ឡើយ អ្នកទាំង​ឡាយ ជាមនុស្ស​ល្ងង់ខ្លៅ មិនដឹង​លោកធម៌​ទាំង ៨ ព្រោះសេចក្ដី​វង្វេង ទើបយំ តើខ្ញុំនឹង​យំដើម្បីអ្វី? លុះពោល​ដូច្នេះហើយ ព្រះពោធិសត្វក៏ពោល​គាថា​ទាំងនេះថា

 

មតំ មតំ ឯវ រោទថ, ន ហិ តំ រោទថ យោ មរិស្សតិ;

សព្វេបិ សរីរធារិនោ, អនុបុព្វេន ជហន្តិ ជីវិតំ។

អ្នកទាំងឡាយ យំរកបុគ្គលស្លាប់ទៅហើយ ៗ តែម្យ៉ាង បុគ្គលណា បម្រុងស្លាប់ អ្នកទាំងឡាយ មិនយំ​រកបុគ្គល​នោះសោះ ពួកសត្វ​ទាំងអស់ ជាអ្នក​ទ្រទ្រង់​នូវសរីរៈ តែងបង់​នូវជីវិត​តាមលំដាប់។

 

ទេវមនុស្សា ចតុប្បទា, បក្ខិគណា ឧរគា ច ភោគិនោ;

សម្ហិ សរីរេ អនិស្សរា, រមមានាវ ជហន្តិ ជីវិតំ។

ពួកទេវតា មនុស្ស សត្វជើង ៤ ពួកសត្វស្លាប​ និងពួកពស់ ប្រកប​ដោយភ្នេន មិនជា​ធំក្នុងសរីរៈ​ឡើយ តែងលះបង់​ជីវិត ទាំងកំពុង​ត្រេកអរ (ក្នុងឋាន​ដែលខ្លួន​កើតហើយ)

 

ឯវំ ចលិតំ អសណ្ឋិតំ, សុខទុក្ខំ មនុជេស្វបេក្ខិយ;

កន្ទិតរុទិតំ និរត្ថកំ, កឹ វោ សោកគណាភិកីររេ។

សុខ និងទុក្ខជាធម្មជាតកម្រើក មិនតំាង​នៅយ៉ាងនេះ បុគ្គល​គួររមិល​មើល​ក្នុងពួក​មនុស្ស ការកន្ទក់​កន្ទេញ ការយំ​សោកជា​របស់​មិនមាន​ប្រយោជន៍​ទេ ព្រោះហេតុអ្វី ក៏គំនរ​នៃសេចក្ដីសោក គ្របសង្កត់​អ្នកទាំង​ឡាយ។

 

ធុត្តា ច សោណ្ឌា អកតា, ពាលា សូរា អយោគិនោ;

ធីរំ មញ្ញន្តិ ពាលោតិ, យេ ធម្មស្ស អកោវិទា។

ពួកជនណា ជាអ្នកលេង ជាអ្នកស្រវឹង មិនធ្វើ (សេចក្ដី​ចម្រើន) ជាមនុស្ស​ពាល ក្លៀវក្លា មិនមាន​សេចក្ដី​ព្យាយាម មិនឈ្លាស​ក្នុងធម៌ ពួក​ជននោះ តែងសំគាល់​នូវអ្នក​ប្រាជ្ញ (ដែល​មិនយំសោក​ជាដើម) ថាជា​មនុស្ស​ពាលទៅ​វិញ។

 

ព្រះពោធិសត្វសម្ដែងធម៌ដល់មនុស្សទាំងនោះ យ៉ាងនេះហើយ មនុស្ស​ទាំងនោះ​សូម្បី​ទាំងអស់ ក៏ធ្វើ​សេចក្ដី​មិនសោក។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រកាស​សច្ចៈ​ទាំងឡាយ និងប្រជុំ​ជាតក កាល​ចប់សច្ចៈ កុដុម្ពិកៈ​បានតាំងនៅ​ក្នុងសោតាបត្តិផល។

 

តទា មហាជនស្ស ធម្មំ ទេសេត្វា និស្សោកភាវករបណ្ឌិតោ បន អហមេវ អហោសឹ បណ្ឌិត​ដែលធ្វើ​សេចក្ដី​មិនសោក សម្ដែង​ធម៌ដល់​មហាជន ក្នុង​កាលនោះ គឺ​តថាគត​នេះឯង។

មតរោទនជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក ចតុក្កនិបាត បុចិមន្ទវគ្គ បិដកលេខ ៥៨ ទំព័រ ២០៣)

ដោយស.ដ.វ.ថ.