។ នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។

មណិកុណ្ឌលជាតកទី១

ព្រះសាស្ដា កាលស្ដេចគង់នៅវត្តជេតពន ទ្រង់ប្រារព្ធ​អាមាត្យ ដែល​ប្រទូស​ប្រយោជន៍​ទាំង​ពួង ក្នុង​រាជបុរី​របស់​ព្រះបាទ​កោសល បានត្រាស់​ព្រះធម្មទេសនា​នេះ មាន​ពាក្យថា ជីនោ រថស្សំ មណិកុណ្ឌលេ ច ដូច្នេះ​ជាដើម ។

 

រឿងរ៉ាវជាតកនេះ​បានពោល​ពិស្ដារហើយ​ក្នុងជាតក​ខាងក្រោយ។ តែក្នុង​ជាតក​នេះ ព្រះពោធិសត្វ​ជាព្រះរាជា​នគរ​ពារាណសី។ អាមាត្យ​អាក្រក់​នាំព្រះរាជា​ក្នុងដែន​កោសល មករឹប​យករាជ​សម្បត្តិ​ព្រះរាជា​ក្នុង​ដែនកាសី ហើយចាប់​ឲ្យព្រះបាទ​ពារាណសី​ចង​ឃុំខាំង​ក្នុង​ពន្ធនាគារ។ ព្រះរាជា​ពារាណសី​ញ៉ាំង​ឈានឲ្យ​កើតឡើង ប្រថាប់​គង់លើ​អាកាស សេចក្ដី​ក្ដៅ​ក្រហាយ រោលរាល ​អន្ទះអន្ទែង កើតឡើង​ដល់​ព្រះរាជា​ចោរ (ព្រះបាទ​កោសល)។

 

ព្រះបាទកោសលជាចោរនោះ ចូលទៅរកព្រះបាទ​ពារាណសី ត្រាស់គាថាទី ១ ថា

ជីនោ រថស្សំ មណិកុណ្ឌលេ ច, បុត្តេ ច ទារេ ច តថេវ ជីនោ;

សព្វេសុ ភោគេសុ អសេសកេសុ, កស្មា ន សន្តប្បសិ សោកកាលេ។

ព្រះអង្គសាបសូន្យចាកដែន សេះ កែវមណី និងកុណ្ឌល (ទំហូ គ្រឿង​ប្រដាប់​ត្រចៀក) សាបសូន្យ​ចាកបុត្ត និងភរិយា ដូច្នោះដែរ កាលបើ​ភោគៈ​ទាំងអស់​មិនមាន​សេសសល់ទេ តើហេតុអ្វី ទើប​ព្រះអង្គ​មិនក្តៅ​ក្រហាយ​ក្នុងកាល​ដែលគួរ​សោក​ស្តាយ។

 

ព្រះពោធិសត្វស្ដាប់ពាក្យនោះហើយ ត្រាស់ ២ គាថាថា

បុព្វេវ មច្ចំ វិជហន្តិ ភោគា, មច្ចោ វា តេ បុព្វតរំ ជហាតិ;

អសស្សតា ភោគិនោ កាមកាមិ, តស្មា ន សោចាមហំ សោកកាលេ។

ភោគៈទាំងទ្បាយលះបង់សត្វមុន ក៏មាន​ សត្វលះបង់​ភោគៈ​ទាំងនោះ​មុន ក៏មាន បពិត្រ​ព្រះអង្គ​ទ្រង់ប្រាថ្នា​កាម ជនអ្នក​មាន​ភោគៈ​ទាំងទ្បាយ មិនទៀងទេ ព្រោះ​ហេតុនោះ ទើប​ខ្ញុំមិន​សោកស្តាយ​ក្នុងកាល​ដែល​គួរ​សោក​ស្តាយ។

 

ឧទេតិ អាបូរតិ វេតិ ចន្ទោ, អត្ថំ តបេត្វាន បលេតិ សូរិយោ;

វិទិតា មយា សត្តុក លោកធម្មា, តស្មា ន សោចាមហំ សោកកាលេ។

ព្រះចន្ទរមែងរះឡើង ពេញវង់ រួចអស់ទៅ ព្រះអាទិត្យ​ក៏អស្តង្គត​ទៅ ដូចគ្នា បពិត្រ​សេ្តច​ជាសត្រូវ ពួក​លោកធម៌ ខ្ញុំឈ្នះ​ហើយ ព្រោះហេតុ​នោះ ទើបខ្ញុំ​មិនសោក​ស្តាយ ក្នុងកាល​ដែលគួរ​សោកស្តាយ។

 

ព្រះមហាសត្វសម្ដែងធម៌ដល់ព្រះរាជាចោរ​យ៉ាងនេះ​ហើយ ឥឡូវនេះ កាល​នឹង​តិះដៀល​ព្រះរាជា​ចោរនោះ ទើប​ត្រាស់ថា

អលសោ គិហី កាមភោគី ន សាធុ, អសញ្ញតោ បព្វជិតោ ន សាធុ;

រាជា ន សាធុ អនិសម្មការី, យោ បណ្ឌិតោ កោធនោ តំ ន សាធុ។

គ្រហស្ថអ្នកបរិភោគកាម ជាអ្នកខ្ជិលច្រអូស មិនល្អ បព្វជិត​មិនសង្រួម មិនល្អ ព្រះរាជា​មិនបាន​ពិចារណា​មុន ហើយធ្វើ មិនល្អ បណ្ឌិត​អ្នកច្រើន​ក្រោធ មិនល្អទេ ។

 

និសម្ម ខត្តិយោ កយិរា, នានិសម្ម ទិសម្បតិ;

និសម្មការិនោ រាជ, យសោ កិត្តិ ច វឌ្ឍតិ។

បពិត្រព្រះអង្គជាម្ចាស់នៃទិស ក្សត្រិយ៍គប្បីពិចារណា​ហើយ​សឹមធ្វើ មិន​គប្បី​ធើ្វទាំង​មិនបាន​ពិចារណា​ទេ យសក្តី កិត្តិគុណក្តី រមែង​ចម្រើន​ដល់ព្រះរាជា ដែល​ពិចារណា​ហើយ​ទើបធ្វើ។

 

គាថាទាំង ២ នេះ បានពោល​ពិស្ដារហើយ ក្នុងជាតក​ខាងក្រោយ។ ព្រះបាទ​ចោររាជ​សូម​ខមាទោស​ព្រះពោធិសត្វ ហើយប្រគល់​រាជសម្បត្តិ​ថ្វាយវិញ រួចយាង​ទៅកាន់​ជនបទ​របស់​ខ្លួនវិញ។

 

ព្រះសាស្ដានាំព្រះធម្មទេសនានេះមកហើយ ទ្រង់ប្រជុំ​ជាតកថា

តទា កោសលរាជា អានន្ទោ អហោសិ ព្រះបាទកោសលក្នុង​កាលនោះ បានមក​ជាអានន្ទ

ពារាណសិរាជា បន អហមេវ អហោសឹ ចំណែកព្រះបាទ​ពារាណសី គឺ​តថាគត​នេះឯង។

មណិកុណ្ឌលជាតក ចប់៕

(ជាតកដ្ឋកថា សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក បញ្ចកនិបាត មណិកុណ្ឌលវគ្គ បិដកលេខ ៥៩ ទំព័រ ១)

ដោយ ស.ដ.វ.ថ