វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |៤៧|៤៨|៤៩|៥០|៥១| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

អង្គុត្តរនិកាយ នវកនិបាត​ ទសមភាគ

ភាគ ៤៩

សូមនមស្ការចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បណ្ណាសក

សម្ពោធវគ្គ ទី១

១. សម្ពោធិសូត្រ

[១] ខ្ញុំបានសា្តប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថ​បិណ្ឌិកសេដ្ឋី ​ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ ក្នុងទីនោះថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធ​​ដីកា​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​​ថា ម្នាលភិក្ខុ​ទាំងឡាយ ​ប្រសិនបើ​ពួកបរិព្វាជក ជាអន្យតិរ្ថិយ ​គប្បីសួរយ៉ាងនេះថា ម្នាលអាវុសោ​​ទាំងឡាយ ​ហេតុនៃ​សេចក្តី​ចំរើន នូវពួកធម៌​ជាចំណែក​នៃការត្រាស់ដឹង តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ បើពួក​អន្យតិរ្ថិយ​សួរយ៉ាង​នេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ​ដល់​ពួកបរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ ដូចម្តេច​។ បពិត្រព្រះអង្គ​ដ៏ចំរើន ធម៌ទាំងឡាយ​របស់យើងខ្ញុំ​ព្រះអង្គ មានព្រះដ៏មាន​ព្រះភាគជាមូល។បេ។ ពួកភិក្ខុបាន​ស្តាប់ចំពោះ​ព្រះដ៏មានព្រះភាគ​ហើយ ក៏នឹងចាំទុក​​។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ អ្នក​ទាំងឡាយ ចូរចាំស្តាប់ ​​ចូរធើ្វទុកក្នុង​ចិត្តឲ្យប្រពៃចុះ​​ តថាគតនឹងសំដែង​ប្រាប់។ ភិក្ខុទាំង​នោះ ទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​​​ពួក​បរិព្វាជក ​ជាអន្យតិរ្ថិយ​ គប្បីសួរ​យ៉ាងនេះថា ​ម្នាលអាវុសោ​ទាំងឡាយ ហេតុនៃ​សេចក្តី​ចំរើន នូវពួកធម៌ជា​ចំណែកនៃ​ការត្រាស់​ដឹង តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ពួកអន្យតិរ្ថិយ​សួរ​យ៉ាងនេះ អ្នកទាំងឡាយ​​ គប្បីដោះស្រាយដល់​ពួកបរិព្វាជក ជា​​​អន្យតិរ្ថិយ​ទាំងនោះយ៉ាង​នេះ​ថា ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មាន​មិត្រល្អ ​មានសំឡាញ់​ល្អ​ សមគប់នឹងមិត្រល្អ។ ម្នាលអាវុសោ​ទាំងឡាយ ​នេះជាហេតុ​នៃសេចក្តី​ចំរើន​នូវ​ពួកធម៌​​ជាចំណែកនៃ​​ការត្រាស់ដឹង ទី១។ ម្នាលអាវុសោទាំងឡាយ មួយទៀត​ ភិក្ខុជា​អ្នកមានសីល សង្រួមក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និង​គោចរៈ ឃើញ​នូវភ័យ​​ក្នុងទោស​ទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ​​។ ម្នាលអាវុសោ​ទាំងឡាយ នេះជាហេតុ​នៃសេចក្តីចំរើន នូវពួកធម៌​ជាចំណែក​នៃការត្រាស់ដឹង ទី២​។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​បាន​តាម​ប្រាថ្នា បាន​ដោយមិនលំបាក​ បានដោយងាយ នូវកថា​មានសភាព​យ៉ាងនេះ ​​ដែលជា​កថាផូរផង់​​ ជា​ទីសប្បាយ​​ទូលាយ​ចិត្ត ​គឺអប្បិច្ឆកថា ​សន្តុដ្ឋិកថា បវិវេកកថា​​ អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា ​វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលអាវុសោ​ទាំងឡាយ នេះជាហេតុ​នៃសេចក្តី​ចំរើន នូវពួកធម៌​ជាចំណែក​នៃការត្រាស់​ដឹង ទី៣។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុប្រារព្ធ​នូវសេចក្តីព្យាយាម ដើម្បីលះបង់​នូវពួក​អកុសលធម៌​ចេញ ដើម្បី​ញុំាង​ពួក​កុសលធម៌​ឲ្យកើតឡើង ជាអ្នកមាន​កម្លាំង មានសេចក្តី​ប្រឹងប្រែង​ខ្ជាប់ខ្ជួន មិនដាក់​ធុរៈចោល ក្នុងធម៌​ទាំងឡាយ​ជាកុសល។ ម្នាលអាវុសោ​ទាំងឡាយ ​នេះជាហេតុ​នៃសេចក្តី​ចំរើន នូវពួកធម៌​ជាចំណែក​នៃការត្រាស់ដឹង ទី៤។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​មានបញ្ញា ប្រកបដោយ​បញ្ញា ដែលអាចកំណត់ នូវការ​កើត​ឡើង និង​ការវិនាស​ទៅ (នៃខន្ធបព្ចាកៈ) ជាគ្រឿង​ទំលាយ​នូវកិលេស​ដ៏ប្រសើរ ជាធម្មជាតិ​ដល់​នូវកិរិយា​អស់ទៅនៃ​ទុក្ខ​ដោយប្រពៃ។ ម្នាល​អាវុសោ​ទាំងឡាយ នេះជាហេតុ​នៃសេចក្តី​ចំរើន នូវពួកធម៌​ជាចំណែកនៃ​ការត្រាស់ដឹង ទី៥។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ​រមែងកើត​ប្រាកដ ដល់​ភិក្ខុអ្នកមាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់​នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នក​មានសីល​ សង្រួមក្នុង​បាតិមោក្ខសំវរៈ​ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញ​ភ័យក្នុង​ទោសទាំងឡាយ ​​សូម្បីបន្តិច​បន្តួច សមាទានសិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ​រមែងកើត​ប្រាកដ ​ដល់ភិក្ខុអ្នក​មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​មិត្រល្អ គឺភិក្ខុនោះ នឹងបាន​ជាអ្នក​បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ងាយនូវកថា មានសភាព​យ៉ាងនេះ ​​ដែលជាកថា​ផូរផង់ ជាទីសប្បាយ​ ទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា​​ អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ​ម្នាលភិក្ខុទាំងឡាយ ហេតុនេះ​រមែងកើត​ប្រាកដ ដល់ភិក្ខុអ្នក​មានមិត្រល្អ មានសំឡាញ់ល្អ សមគប់​នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នក​ប្រារព្ធនូវ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវពួកអកុសលធម៌​ចេញ ដើម្បីញុំាង​ពួកកុសល​ធម៌​ឲ្យកើត​ឡើង ជាអ្នកមាន​កម្លាំង មានសេចក្តី​ប្រឹងប្រែង​ខ្ជាប់ខ្ជួន​​ មិនដាក់ធុរៈចោល ក្នុងកុសលធម៌​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងកើតប្រាកដ​ ដល់ភិក្ខុ អ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​មិត្រល្អ​​ គឺភិក្ខុនោះ នឹងបានជាអ្នក​មាន​បញ្ញា​ ប្រកបដោយ​បញ្ញា ដែលអាចកំណត់​នូវការកើតឡើង និងការវិនាសទៅ ​(នៃ​ខន្ធបញ្ចកៈ) ជាគ្រឿងទំលាយ​នូវកិលេស​ដ៏ប្រសើរ ជាធម្មជាតិ​ដល់នូវកិរិយា​អស់ទៅ​នៃទុក្ខ ដោយប្រពៃ ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុនោះ តាំងនៅក្នុង​ធម៌ទាំង ៥ នេះ ហើយ​គប្បីចំរើន​នូវធម៌ ៤ យ៉ាង​តទៅទៀត គឺ ចំរើនអសុភ ដើម្បីលះរាគៈ ចំរើន​មេត្តា ដើម្បីលះព្យាបាទ ចំរើនអានាបានស្សតិ​ ដើម្បីផ្តាច់ផ្តិលនូវវិតក្កៈ​ ចំរើន​អនិច្ចសញ្ញា ដើម្បីដកចោល​នូវអស្មិមានៈ។ ម្នាលភិក្ខុទាំងឡាយ ​សេចក្តីសំគាល់​ថា មិនមែនខ្លួន រមែង​ប្រាកដដល់​ភិក្ខុអ្នកមាន​សេចក្តីសំគាល់​ថា​មិនទៀង ភិក្ខុអ្នកមាន​សេចក្តី​សំគាល់ថា​​ មិនមែនខ្លួន ​រមែងដល់នូវ​ព្រះនិព្វាន​ ជាគ្រឿងដកចោល​នូវអស្មិមានៈ ក្នុងបច្ចុប្បន្ន។

២. និស្សយសូត្រ

[២] គ្រានោះ ភិក្ខុ ១ រូប​ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាប​ថ្វាយបង្គំព្រះដ៏មានព្រះភាគ​។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាប​បង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ភិក្ខុ អ្នកបរិបូណ៌ដោយនិស្ស័យ (ទីពឹង) អ្នកបរិបូណ៌ដោយនិស្ស័យ ដូច្នេះ បពិត្រព្រះអង្គដ៏​ចំរើន ចុះភិក្ខុអ្នកបរិបូណ៌ដោយនិស្ស័យ តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ បើភិក្ខុ អាស្រ័យសទ្ធាហើយ លះបង់នូវអកុសល​ ចំរើននូវកុសលបាន អកុសលនោះ ឈ្មោះថា ភិក្ខុនោះបានលះបង់ហើយ។ បើភិក្ខុអាស្រ័យហិរិ បើភិក្ខុអាស្រ័យឱត្តប្បៈ បើភិក្ខុអាស្រ័យ វីរិយៈ បើភិក្ខុអាស្រ័យបញ្ញា ហើយលះបង់នូវអកុសល ចំរើននូវកុសលបាន អកុសល​នោះ ឈ្មោះថា​ភិក្ខុនោះ បានលះបង់ហើយ​​ ព្រោះថា អកុសលដែលភិក្ខុណា​ឃើញ​ដោយ​បញ្ញា​ដ៏ប្រសើរ ហើយលះ អកុសលនោះ ឈ្មោះថា​ភិក្ខុនោះ​លះហើយ លះស្រឡះ​ហើយ។ ម្នាលភិក្ខុទាំងឡាយ ​មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ ​នេះហើយ​ ត្រូវប្រកប​ដោយឧបនិស្ស័យ ៤ យ៉ាង។ ឧបនិស្ស័យ​ ៤ យ៉ាង តើដូចម្តេច​។​ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុក្នុងសាសនានេះ ​ពិចារណាហើយ ទើបសេពនូវវត្ថុ​ដែលគួរសេព ១ ពិចារណា​ហើយ ទើបអត់សង្កត់​នូវវត្ថុដែល​គួរអត់សង្កត់ ១ ពិចារណាហើយ​​​ ទើបវៀរ​នូវវត្ថុ​ដែល​គួរវៀរ ១ ពិចារណាហើយ​​ ទើបបន្ទោបង់ចោល​នូវវត្ថុដែលគួរបន្ទោបង់​ចោល​ ១។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌​ដោយនិស្ស័យ យ៉ាងនេះឯង។

៣. មេឃិយសូត្រ

[៣]​ សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំចាលិកា ទៀបក្រុងចាលិកា​។​ សម័យនោះឯង​ ​ព្រះមេឃិយៈដ៏មានអាយុ ជាឧបដ្ឋាកព្រះដ៏មានព្រះភាគ។ គ្រានោះ​​ ព្រះមេឃិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះព្រះមេឃិយៈដ៏មានអាយុ​​ ឋិត​នៅ​ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា​ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គប្រាថ្នានឹងចូលទៅកាន់ជន្តុគ្រាម ដើម្បីបិណ្ឌបាត។​​ ម្នាលមេឃិយៈ អ្នកចូរសំគាល់នូវកាលដែលគួរនឹងទៅ​​​​​ ក្នុងកាលឥឡូវនេះចុះ​។ គ្រានោះ មេឃិយៈ​ដ៏មានអាយុ​ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ​ ក្នុងបុព្វណ្ហសម័យ​ ហើយចូលទៅ​កាន់​ជន្តុគ្រាម ដើម្បី​បិណ្ឌបាត ​លុះត្រេចទៅ​បិណ្ឌបាត ក្នុង​ជន្តុគ្រាម​ហើយ ក៏ត្រឡប់​អំពីបិណ្ឌបាត​ ក្នុងកាល​ជាខាងក្រោយនៃភត្ត​​ ក៏ចូលទៅរក​ឆ្នេរស្ទឹង​កិមិកាឡា។ ព្រះមេឃិយៈ​ដ៏មានអាយុ​ កំពុង​ចង្រ្កម​តាមលំដាប់ ត្រេចទៅតាម​លំដាប់ ដើម្បីសម្រាក​ស្មង ទៀបឆ្នេរសឹ្ទង​កិមិកាឡា បានឃីញព្រៃស្វាយ ជាទីជ្រះថ្លា ជាទីត្រេកអរ​ លុះឃើញ​ហើយ លោកក៏មាន​សេចក្តី​ត្រិះរិះដូច្នេះថា​ ឱហ្ន៎ ព្រៃស្វាយនេះ ជាទីជ្រះថ្លា​ ជាទីត្រេកអរ​​ឱហ្ន៎ ព្រៃ​ស្វាយនេះ គួរដល់​ការតាំងព្យាយាម​របស់​កុលបុត្ត អ្នកត្រូវការ​ដោយការ​តាំង​ព្យាយាម ប្រសិនបើ​ព្រះដ៏​មានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យ​អាត្មាអញ អាត្មាអញ​នឹង​មកកាន់​ព្រៃស្វាយ​នេះ ដើម្បី​តាំង​សេចក្តី​ព្យាយាម​​។ លំដាប់នោះ ព្រះមេឃិយៈ​ដ៏មាន​អាយុចូល ទៅគាល់ព្រះដ៏​មានព្រះភាគ ​លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះ​ភាគ ហើយអង្គុយ​ក្នុងទី​សមគួរ​។ លុះព្រះ​មេឃិយៈ​ដ៏មានអាយុ អង្គុយក្នុងទី​សមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន​ ក្នុងទីឯណោះ ខ្ញុំព្រះអង្គ​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូល​ទៅកាន់​ជន្តុគ្រាម ដើម្បីបិណ្ឌបាត លុះត្រេច​ទៅបិណ្ឌបាត ក្នុងជន្តុគ្រាម​ហើយ ត្រឡប់មក​អំពី​បិណ្ឌបាត ក្នុងកាលជា​ខាង​ក្រោយ​នៃភត្ត រួចក៏ចូលទៅ​រកឆ្នេរស្ទឹង​កិមិកាឡា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ កំពុងដើរ​ចង្រ្កមតាម​លំដាប់ ត្រេចទៅតាម​លំដាប់ ដើម្បី​សម្រាក​ស្មង ទៀបឆ្នេរស្ទឹង​កិមិកាឡា បានឃើញព្រៃស្វាយ ជាទីជ្រះថ្លា ជាទីត្រេកអរ លុះឃើញហើយ ខ្ញុំព្រះ​អង្គ ក៏មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ឱហ្ន៎ ព្រៃស្វាយនេះ ជាទីជ្រះថ្លា ជាទី​ត្រេកអរ ឱហ្ន៎ ព្រៃស្វាយនេះ គួរដល់ការតាំង​ព្យាយាម​របស់កុលបុត្រ អ្នកត្រូវការ​ដោយការតាំង​ព្យាយាម​ ប្រសិនបើព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យអាត្មាអញ អាត្មាអញ​នឹង​មក​កាន់​ព្រៃស្វាយនេះ ដើម្បីតាំង​សេចក្តី​ព្យាយាម។ ​ប្រសិនបើ ព្រះដ៏មាន​ព្រះភាគ ទ្រង់​អនុញ្ញាត​ឲ្យ​ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គ​នឹងទៅកាន់​ព្រៃស្វាយនោះ ដើម្បីតាំង​សេចក្តី​ព្យាយាម។​ កាលបើព្រះមេឃិយៈ​ដ៏មានអាយុ ពោលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នឹងព្រះមេឃិយៈដ៏អាយុ​ដូច្នេះថា ម្នាលមេឃិយៈ អ្នកចូរ​បង្អង់​សិនចុះ កុំអាល​ ដ្បិតតថាគត តែម្នាក់ឯង ទម្រាំមានភិក្ខុ​ណាមួយឯទៀត មក​ប្រាកដសិន (សិមអ្នក​ទៅចុះ)។ ព្រះមេឃិយៈ​​ដ៏មានអាយុ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ជាគំរប់ ២ ដងដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន កិច្ចដែល​ត្រូវធើ្វ​តទៅទៀត​បន្តិចបន្តួច របស់​ព្រះដ៏មាន​ព្រះភាគ មិនមាន ការសន្សំ​នូវកិច្ច​ដែលធើ្វ​ហើយ មិនមានទេ បពិត្រព្រះអង្គដ៏ចំរើន​ ចំណែកខ្ញុំព្រះអង្គ នៅមានករណីយកិច្ច​តទៅទៀត នៅមានការសន្សំនូវកិច្ច ដែលធើ្វហើយ ប្រសិនបើ ព្រះ ដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ឲ្យខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទៅកាន់​ព្រៃស្វាយនោះ ដើម្បីតាំង​ព្យាយាម។ ម្នាលមេឃិយៈ អ្នកចូរបង្អង់សិនចុះ កុំអាល ដ្បិតតថាគតតែម្នាក់ឯង ទម្រាំ​មានភិក្ខុណាមួយឯទៀត មកប្រាកដសិន (សិមអ្នកទៅចុះ)។ ព្រះមេឃិយៈដ៏មានអាយុ បានក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ជាគំរប់ ៣ ដងដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ករណី​យ​កិច្ច​តទៅ​ទៀត​បន្តិចបន្តួច របស់ព្រះមានដ៏ព្រះភាគ មិនមាន ការសន្សំនូវកិច្ច​ដែលធើ្វ​ហើយ មិនមាន បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ នៅមានករណីយកិច្ច​តទៅទៀត នៅមានការសន្សំ​នូវកិច្ចដែលធើ្វហើយ ប្រសិនបើ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាតឲ្យខ្ញុំ​ព្រះអង្គ ខ្ញុំព្រះអង្គ គប្បីទៅកាន់​ព្រៃស្វាយនោះ ដើម្បីតាំង​ព្យាយាម។ ម្នាលមេឃិយៈ តថាគត​គប្បី​និយាយ​ដូចម្តេច​នឹងអ្នក ដែលចេះតែនិយាយថា ការតាំងព្យាយាម​ដូច្នេះ ម្នាល​មេឃិយៈ អ្នកចូរសំគាល់​នូវកាល ដែលគួរនឹងទៅ​ក្នុងកាលឥឡូវនេះចុះ។ គ្រានោះ​ឯង ព្រះមេឃិយៈ​ដ៏មានអាយុ ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចូលទៅរក​ព្រៃស្វាយនោះ លុះទៅដល់ហើយ ក៏ចូលទៅកាន់​ព្រៃស្វាយ​នោះ អង្គុយ​សម្រាកក្នុង​វេលាថ្ងៃ ទៀបគល់​ឈើ ១ ដើម។ លំដាប់នោះ កាលព្រះ​មេឃិយៈ​ដ៏មានអាយុ នៅក្នុង​ព្រៃស្វាយនោះ អកុសលវិតក្កៈ​ដ៏លាមក ៣ យ៉ាង គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ ក៏ពុះពោរឡើងរឿយ ៗ។ លំដាប់នោះ ព្រះ​មេឃិយៈ​ដ៏មាន​អាយុ ក៏មានសេចក្តីត្រិះរិះ​ដូច្នេះថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែក​ណាស់ហ្ន៎ បុគ្គលទាំងឡាយ ចេញចាក​ផ្ទះនោះ​ចូលកាន់ផ្នួស​ដោយសទ្ធា ក៏នៅតែមាន​អកុសល​វិតក្កៈ​ដ៏លាមក ៣ ប្រការនេះ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តាម​រួប​រឹត​ទៀត។ លំដាប់នោះ ព្រះមេឃិយៈដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​ព្រះមេឃិយៈ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មានព្រះ​ភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុទីឯណោះ កាលខ្ញុំព្រះអង្គ​នៅក្នុងព្រៃស្វាយ​នោះ អកុសល​វិតក្កៈដ៏លាមក ៣ ប្រការ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តែងពុះពោរ​ឡើងរឿយ ៗ បពិត្រព្រះដ៏អង្គចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តី​ត្រិះរិះដូច្នេះ​ថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ កុលបុត្តទាំងឡាយ ចេញចាកផ្ទះនោះ ចូលកាន់ផ្នួសដោយសទ្ធាហើយ ក៏នៅតែមានអកុសលវិតក្កៈដ៏លាមក ៣ ប្រការនេះ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ តាមរួបរឹតទៀត។ ម្នាលមេឃិយៈ ធម៌ទាំងឡាយ ៥ យ៉ាង តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់​ក្លា​ឡើងបាន។ ធម៌ ៥ យ៉ាង តើដូចម្លេចខ្លះ។ ម្នាលមេឃិយៈ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ។ ម្នាលមេឃិយៈ នេះជាធម៌ទី ១ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាល​មេឃិយៈ មួយទៀត ភិក្ខុជាអ្នកមានសីល សង្រួមហើយ ដោយការសង្រួម​ក្នុងបាតិមោក្ខ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោសទាំងឡាយ សូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ ទី ២ តែងប្រព្រឹត្ត​ទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នកបាន​តាមប្រាថ្នា បានមិនលំបាក បានដោយងាយ នូវ​កថា​មាន​សភាព​យ៉ាងនេះ ដែលជា​កថា​ដ៏ផូរផង់ ជាទីសប្បាយ​ទូលាយចិត្ត គឺអប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា។ ម្នាលមេឃិយៈ នេះជាធម៌ ទី៣ ប្រព្រឹត្តទៅ ដើម្បី​ចេតោវិមុត្តិ ដែលពុំទាន់​ចាស់ក្លា ឲ្យចាស់ក្លា​ឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នក​ប្រារព្ធ នូវសេចក្តីព្យាយាម ដើម្បីលះបង់នូវ​ពួកអកុសលធម៌ចេញ ដើម្បី​ញុំាង​ពួក​កុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំង មានសេចក្តី​ប្រឹងប្រែង​ដ៏មាំមួន មិន​ដាក់​ធុរៈចោល ក្នុងកុសលធម៌​ទាំងឡាយ។ ម្នាលមេឃិយៈ នេះជាធម៌ ទី៤ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុជាអ្នក​មានប្រាជ្ញា ប្រកប​ដោយប្រាជ្ញា ដែលកំណត់​នូវការ​កើតឡើង និងវិនាសទៅ ជា​គ្រឿង​ទំលាយ​នូវកិលេស​ដ៏ប្រសើរ ជាធម្មជាតិ​ដល់នូវកិរិយា​អស់ទៅ​នៃទុក្ខ​ដោយប្រពៃ។ ម្នាលមេឃិយៈ នេះជាធម៌ ទី៥ តែងប្រព្រឹត្តទៅ ដើម្បីចេតោវិមុត្តិ ដែលពុំទាន់ចាស់ក្លា ឲ្យចាស់ក្លាឡើងបាន។ ម្នាលមេឃិយៈ ហេតុនេះរមែងកើតប្រាកដ ដល់ភិក្ខុ​អ្នក​មាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលមេឃិយៈ ហេតុនេះ​រមែង​កើតប្រាកដ ដល់​ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុ​នោះ នឹងបាន​ជាអ្នក​បាន​តាមប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ងាយ នូវកថា​មាន​សភាព​យ៉ាងនេះ ដែល​ជាកថា​ដ៏ផូរផង់ ជាទីសប្បាយ ទូលាយចិត្ត គឺអប្បិច្ឆកថា។បេ។ វិមុត្តិញ្ញាណទស្សន​កថា។​ ម្នាលមេឃិយៈ ហេតុនេះ​ រមែងកើតប្រាកដ ដល់ភិក្ខុអ្នកមាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នក​ប្រារព្ធនូវសេចក្តី​ព្យាយាម។បេ។ ជាអ្នក​មិនដាក់ធុរៈ​ចោល ក្នុងកុសល​ធម៌ទាំងឡាយ។ ម្នាលមេឃិយៈ ហេតុនេះ​រមែងកើតប្រាកដ ដល់ភិក្ខុអ្នកមានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងមិត្រល្អ គឺភិក្ខុនោះ នឹងបានជាអ្នក​មានបញ្ញា។បេ។ ជាធម្មជាតិ​ដល់នូវកិរិយាអស់ទៅ​នៃទុក្ខ​ដោយប្រពៃ។ ម្នាលមេឃិយៈ មួយទៀត ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំង ៥ នេះហើយ គប្បី​ចំរើននូវធម៌ ៤ យ៉ាងតទៅ គឺចំរើនអសុភ ដើម្បីលះរាគៈ ចំរើនមេត្តា ដើម្បីលះព្យាបាទ ចំរើនអានាបានស្សតិ ដើម្បីផ្តាច់បង់នូវវិតក្កៈ ចំរើនអនិច្ចសញ្ញា ដើម្បីដក​ចោល​នូវ​អស្មិមានៈ។ ម្នាលមេឃិយៈ សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងប្រាកដ ដល់​ភិក្ខុអ្នកមាន​សេចក្តីសំគាល់​ថា មិនទៀង ភិក្ខុអ្នកមាន​សេចក្តីសំគាល់ថា មិនមែនខ្លួន រមែងដល់​ព្រះនិព្វាន ជាគ្រឿងដកចោល​នូវអស្មិមានៈ ក្នុងបច្ចុប្បន្ន។

៤. នន្ទកសូត្រ

[៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះនន្ទកៈដ៏មានអាយុ បានញុំាង​ភិក្ខុ​ទាំងឡាយ ឲ្យឃើញច្បាស់​ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ក្នុង​ឧបដ្ឋានសាលា។ គ្រានោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅ​ឧបដ្ឋានសាលា លុះស្តេចចូល​ទៅដល់ហើយ ក៏​ប្រថាប់នៅទៀបក្លោងទ្វារខាង​ក្រៅ រង់ចាំ​ចប់កថា។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ថា ចប់កថាហើយ ក៏គ្រហែម ហើយគោះ​សន្ទះទ្វារ។ ពួកភិក្ខុទាំងនោះ ក៏បើកទ្វារថ្វាយ​ព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ស្តេចចូលទៅក្នុង​ឧបដ្ឋានសាលា​ហើយ ទ្រង់គង់លើ​អាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់ត្រាស់​នឹង​ព្រះនន្ទកៈ​ដ៏មានអាយុថា នែនន្ទកៈ ធម្មបរិយាយ​របស់អ្នក​នេះ វែង​ពេកណាស់ ប្រាកដ​ដល់​ភិក្ខុទាំង​ឡាយហើយ ប៉ុនអម្បាល​តថាគត ឈរទៀបក្លោងទ្វារខាងក្រៅ រង់ចាំ​ទំរាំ​តែ​ចប់កថា ទាល់តែរោយខ្នង។ កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះនន្ទកៈដ៏​មានអាយុ ក៏អៀនអន់ ខ្លាច បានក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំមិនដឹងជា​ព្រះដ៏មានព្រះភាគ ទ្រង់ប្រថាប់​នៅទៀបក្លោងទ្វារ​ខាងក្រៅទេ បពិត្រព្រះអង្គដ៏ចំរើន បើប្រសិនជា​ខ្ញុំព្រះអង្គដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់សណ្ឋិត​នៅ​ទៀបក្លោងទ្វារ​ខាងក្រៅ​ដូច្នេះ ខ្ញុំព្រះអង្គ ក៏មិន​គប្បី​សំដែងនូវពាក្យ​មានប្រមាណប៉ុណ្ណេះ​ទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវព្រះនន្ទកៈ​ដ៏មានអាយុ ជាអ្នក​មាន​សភាពអៀនអន់ ហើយ​ទ្រង់ត្រាស់​នឹង​ព្រះនន្ទកៈ​ដ៏មានអាយុ ដូច្នេះថា ម្នាលនន្ទកៈ ប្រពៃហើយ ៗ ម្នាលនន្ទកៈ អ្នកទាំង​ឡាយ គប្បីអង្គុយ​ប្រជុំគ្នា ដោយធម្មីកថាណា ការ​អង្គុយប្រជុំគ្នា ដោយធម្មីកថានុ៎ះ សមគួរ​ដល់អ្នក​ទាំងឡាយ ដែលជា​កុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធាហើយ ម្នាលនន្ទកៈ អ្នកទាំងឡាយ ដែលប្រជុំគ្នាហើយ គប្បីធើ្វកិច្ច​ពីរយ៉ាងគឺ ធម្មីកថា ១ អរិយតុណ្ហីភាព ១។​ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមាន​សទ្ធា តែគ្មានសីល កាលបើ​យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិនពេញ​ដោយអង្គ​នោះទេ ភិក្ខុនោះ ត្រូវបំពេញ​អង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមាន​សទ្ធាផង មានសីលផង មិនដូច្នេះឬ។ ម្នាលនន្ទកៈ កាលណាភិក្ខុ​ជាអ្នកមានសទ្ធាផង មានសីលផង កាលបើ​យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា​ជាអ្នកពេញ​ដោយអង្គ​នោះ ម្នាលនន្ទកៈ ភិក្ខុមាន​សទ្ធាផង មានសីលផង តែមិនបាន​នូវចេតោសមាធិ​ខាងក្នុងសន្តាន កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាមិន​ពេញដោយអង្គ​នោះទេ ភិក្ខុនោះ ត្រូវបំពេញ​អង្គនោះ ដោយគិតថា អាត្មា​អញ គប្បី​ជាអ្នក​មាន​សទ្ធាផង មានសីលផង បាននូវចេតោសមាធិ​ខាងក្នុង​សន្តានផង មិនដូច្នេះឬ។ ម្នាល​នន្ទកៈ កាលណាភិក្ខុ​ជាអ្នកមានសទ្ធាផង មានសីលផង បាននូវ​ចេតោសមាធិ​ខាង​ក្នុង​សន្តានផង កាលបើ​យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា​ជាអ្នកពេញ​ដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តាន​ផង តែមិនបាន​នូវ​អធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា​មិនពេញ​ដោយ​អង្គនោះ។ ម្នាលនន្ទកៈ ដូចសត្វជើង ២ សត្វជើង ៤ តែជើង ១ របស់សត្វនោះ ៗ ថោកថយ អន់ កាលបើយ៉ាងនេះ សត្វនោះ ឈ្មោះថា មិនពេញ​ដោយអង្គនោះ យ៉ាង​ណា​មិញ ម្នាលនន្ទកៈ ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង បាន​នូវ​ចេតោសមាធិ​ខាងក្នុង​សន្តានផង តែមិនបាន​នូវ​អធិប្បញ្ញាធម្មវិបស្សនា កាលបើ​យ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នក​មានមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិស្សនាផង មិនដូច្នោះឬ ក៏យ៉ាងនោះដែរ។ ម្នាលនន្ទកៈ កាលណា​ភិក្ខុជាអ្នកមាន​សទ្ធាផង មានសីលផង បាននូវ​ចេតោសមាធិ ខាង​ក្នុង​សន្តានផង បាននូវ​អធិប្បញ្ញាធម្មវិបស្សនាផង កាលបើយ៉ាងនេះ ភិក្ខុនោះឈ្មោះថា ជាអ្នកពេញ​ដោយអង្គនោះ។ ព្រះដ៏មានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ លុះ ព្រះសុគត ទ្រង់ពោលពាក្យនេះ​ហើយ ក៏ក្រោកចាក​អាសនៈ ចូលទៅកាន់​វិហារ។ គ្រា​នោះ ព្រះនន្ទកៈដ៏មានអាយុ កាលព្រះដ៏មានព្រះភាគ ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏​ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលអាវុសោ​ទាំងឡាយ ឥឡូវនេះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ប្រកាស​ព្រហ្មចរិយធម៌​ដ៏បរិសុទ្ធ គ្រប់ទាំងអស់​ ដោយបទ​ទាំងឡាយ ៤ ហើយទ្រង់ស្តេច​ក្រោក​ចាកអាសនៈ ចូលទៅកាន់វិហារ ត្រាស់ថា ម្នាលនន្ទកៈ ភិក្ខុជាអ្នក​មានសទ្ធា តែ​គ្មាន​សីល កាលបើយ៉ាងនេះ ភិក្ខុនោះ​ឈ្មោះថា មិនពេញដោយ​អង្គនោះ ភិក្ខុនោះ ត្រូវតែបំពេញ​អង្គនោះ ដោយគិតថា អាត្មាអញ គប្បីជាអ្នកមានសទ្ធាផង មានសីលផង មិន​ដូច្នោះឬ។ ម្នាលនន្ទកៈ កាលណា​ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង កាល​បើ​យ៉ាងនេះ ភិក្ខុនោះឈ្មោះថា ពេញដោយអង្គនោះ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង តែមិនបាននូវ​ចេតោសមាធិ ខាងក្នុងសន្តាន។បេ។ បាននូវ​ចេតោសមាធិ ខាងក្នុង​សន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើយ៉ាងនេះ ភិក្ខុ​នោះ ឈ្មោះថា​មិនពេញ​ដោយអង្គនោះ ម្នាលនន្ទកៈ ដូចសត្វជើង ២ សត្វជើង ៤ តែជើង​មួយ​របស់​សត្វនោះ ៗ ថោកថយ អន់ កាលបើយ៉ាងនេះ សត្វនោះ ឈ្មោះថា​មិនពេញ​ដោយ​អង្គ​នោះ យ៉ាងណាមិញ ម្នាលនន្ទកៈ ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិខាងក្នុងសន្តានផង តែមិនបាននូវអធិប្បញ្ញាធម្មវិបស្សនា កាលបើ​យ៉ាងនេះ ភិក្ខុនោះឈ្មោះថា មិនពេញដោយអង្គនោះ ភិក្ខុនោះ ត្រូវបំពេញអង្គនោះ ដោយ​គិតថា អាត្មាអញ គប្បីជាអ្នកមាន​សទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុង​សន្តានផង បាននូវ​អធិប្បញ្ញាធម្មវិបស្សនាផង មិនដូច្នោះឬ ក៏យ៉ាងនោះដែរ។ ម្នាល​នន្ទកៈ កាលណា​ភិក្ខុជាអ្នកមានសទ្ធាផង មានសីលផង បាននូវចេតោសមាធិ ខាងក្នុងសន្តានផង បាននូវអធិប្បញ្ញាធម្មវិបស្សនាផង កាលបើយ៉ាងនេះ ភិក្ខុនោះ ឈ្មោះថាពេញដោយអង្គនោះ។ ម្នាលអាវុសោទាំងឡាយ អានិសង្សក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការសាកច្ឆាធម៌ តាមកាលគួរនេះ មាន ៥ យ៉ាង។​ អានិសង្ស ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែងធម៌ដល់​ភិក្ខុ​ទាំង​ឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាស​នូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាល​អាវុសោទាំងឡាយ ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទ​កណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយ​ធម៌​ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ដោយប្រការណា ៗ ភិក្ខុនោះ ជាទីស្រឡាញ់ផង ជា​ទីគាប់ចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់គ្រូនោះ ៗ ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី១ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុង​ការ​សាកច្ឆាធម៌​ តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែង​ធម៌​ ដល់​ភិក្ខុ​ទាំង​ឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យព្ជានៈ ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់  ម្នាល​អាវុសោ​ទាំងឡាយ  ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ ដោយប្រការណា ៗ ភិក្ខុនោះ ជាអ្នកដឹងច្បាស់នូវអត្ថផង ដឹង​ច្បាស់នូវធម៌ផង ក្នុងធម៌នោះ ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះ​ជាអានិសង្ស ទី២ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះ បទដើម ពីរោះបទកណ្តាល ពីរោះបទចុង ប្រកបដោយអត្ថ ប្រកបដោយព្យញ្ជន ប្រកាសនូវព្រហ្មចរិយធម៌ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​សំដែងដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ ដោយប្រការណា ៗ ភិក្ខុនោះ រមែងឃើញច្បាស់នូវអត្ថ និងបទដ៏ជ្រាលជ្រៅ ក្នុងធម៌​នោះ ដែលខ្លួន​ចាក់ធ្លុះ​ដោយបញ្ញា ដោយប្រការដូច្នោះ ៗ។ ម្នាលអាវុសោទាំងឡាយ នេះជា​អានិសង្ស ទី៣ ក្នុងការស្តាប់ធម៌តាមកាលគួរ ក្នុងការសាកច្ឆាធម៌តាមកាលគួរ។  ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះ​បទដើម។បេ។ ប្រកាសនូវព្រហ្មចរិយធម៌ សព្រហ្មចារី​បុគ្គលទាំងឡាយ តែងសរសើរ​នូវ​ភិក្ខុនោះ​តទៅ ដោយប្រការដូច្នោះ ៗ ថា ភិក្ខុដ៏មានអាយុនេះ ដល់ហើយ ឬនឹងដល់ (នូវ​ព្រះ​អរហត្តមិនខាន)។​ ម្នាលអាវុសោទាំងឡាយ នេះជាអានិសង្ស ទី៤ ក្នុងការ​ស្តាប់​ធម៌​តាម​កាលគួរ ក្នុងការ​សាកច្ឆាធម៌​តាមកាលគួរ។​ ម្នាលអាវុសោ​ទាំងឡាយ មួយវិញទៀត ភិក្ខុសំដែងធម៌ដល់ភិក្ខុទាំងឡាយ ជាធម៌ពីរោះបទដើម ពីរោះបទកណ្តាល ពីរោះ​បទ​ចុង ប្រកបដោយអត្ថ ប្រកបដោយ​ព្យព្ជានៈ ប្រកាសនូវ​ព្រហ្មចរិយ​ធម៌ដ៏បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុសំដែងធម៌ដល់ភិក្ខុ​ទាំងឡាយ ជាធម៌​ពីរោះ​បទ​ដើម ពីរោះ​បទកណ្តាល ពីរោះ​បទចុង ប្រកប​ដោយអត្ថ ប្រកប​ដោយ​ព្យព្ជានៈ ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ដោយ​ប្រការណា ៗ ​បណា្ត​ភិក្ខុទាំងនោះ ពួកភិក្ខុ​ណា​ ជាសេក្ខៈ មានសេចក្តី​ប្រាថ្នាក្នុង​ចិត្ត គឺអរហត្តមិនទាន់សម្រេច​ ប្រាថ្នា​នូវ​ធម៌ក្សេម ចាកយោគៈ​ដ៏ប្រសើរ ពួកភិក្ខុ​ទាំងនោះ បានស្តាប់ធម៌​នោះហើយ ក៏រមែង​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីដល់នូវ​ធម៌ដែលខ្លួន​មិនទាន់ដល់ ដើម្បី​ត្រាស់ដឹង​នូវធម៌ ដែល​ខ្លួន​មិនទាន់​ត្រាស់ដឹង ដើម្បីធើ្វ​ឲ្យជាក់ច្បាស់​នូវធម៌​ ដែលខ្លួនមិន​ទាន់​ធើ្វ​ឲ្យ​ជាក់​ច្បាស់ មួយទៀត បណ្តាភិក្ខុ​ទាំងនោះ ពួកភិក្ខុណា ជា​អរហន្ត​ខីណា​ស្រព ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ចប់​ហើយ មាន​សោឡសកិច្ច​ធើ្វស្រេចហើយ មានភារៈដាក់​ចុះហើយ បាន​សម្រេច​ប្រយោជន៍​របស់ខ្លួន​ដោយលំដាប់​ហើយ មាន​ធម៌ជា​គ្រឿង​ប្រកប​សត្វ​ ក្នុង​ភព​អស់​ហើយ មានចិត្ត​ផុតស្រឡះហើយ ព្រោះដឹង​ដោយប្រពៃ ភិក្ខុទាំងនោះ បាន​ស្តាប់​ធម៌​នោះ​ហើយ រមែង​ប្រកបរឿយ ៗ នូវធម៌ជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុច្បន្ន។ ម្នាល​អាវុសោ​ទាំង​ឡាយ នេះជាអានិសង្ស ទី៥ ក្នុងការ​ស្តាប់ធម៌​តាមកាលគួរ ក្នុងការ​សាកច្ឆាធម៌​តាម​កាល​គួរ។ ម្នាលអាវុសោ​ទាំងឡាយ នេះជាអានិសង្ស ៥ ប្រការ ក្នុងការ​ស្តាប់ធម៌​តាម​កាល​គួរ ក្នុងការ​សាកច្ឆាធម៌​តាមកាលគួរ។

៥. ពលសូត្រ

[៥] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៤ យ៉ាង។ ពលៈ ៤ យ៉ាង តើដូចម្តេច។ គឺ បញ្ញាពលៈ ១ វីរិយពលៈ ១ អនវជ្ជពលៈ ១ សង្គហពលៈ ១​។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះ​បញ្ញាពលៈ តើដូចម្តេច។ ធម៌ទាំងឡាយណា ជាកុសល រាប់ថាជា​កុសល ធម៌​ទាំងឡាយ​ណា ជាអកុសល រាប់ថាជា​អកុសល ធម៌ទាំងឡាយ​ណា មានទោស រាប់ថា​មានទោស ធម៌ទាំងឡាយណា មិនមានទោស រាប់ថា​មិនមានទោស ធម៌ទាំង​ឡាយ​ណា ជាធម៌ខ្មៅ រាប់ថាជា​ធម៌ខ្មៅ ធម៌ទាំងឡាយណា ជាធម៌ស រាប់ថាជា​ធម៌ស ធម៌ទាំង​ឡាយណា មិនគួរសេព រាប់ថា​ជាធម៌មិនគួរសេព ធម៌ទាំងឡាយណា គួរសេព រាប់ថា​ជាធម៌គួរ​សេព ធម៌ទាំងឡាយណា មិនគួរដល់​ព្រះអរិយៈ រាប់ថា​ជាធម៌​មិនគួរ​ដល់​ព្រះអរិយៈ ធម៌ទាំង​ឡាយណា​ គួរដល់ព្រះអរិយៈ រាប់ថាជាធម៌​គួរដល់ព្រះអរិយៈ ធម៌​ទាំងនោះ បុគ្គល​ឃើញច្បាស់ ស្ទង់ចុះ ដោយបញ្ញា​តាមពិត ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា បញ្ញាពលៈ។ ម្នាលភិក្ខុទាំងឡាយ ចុះវីរិយពលៈ តើដូចម្តេច។​ ធម៌ទាំង​ឡាយណា ជាអកុសល រាប់ថា​ជាអកុសល ធម៌ទាំងឡាយណា​​ មានទោស រាប់ថា​ជាធម៌​មានទោស ធម៌ទាំងឡាយ​ណា ជាធម៌ខ្មៅ រាប់ថាជា​ធម៌ខ្មៅ ធម៌ទាំងឡាយណា មិន​គួរ​សេព រាប់ថា​ជាធម៌​មិនគួរសេព ធម៌ទាំង​ឡាយណា មិនគួរដល់​ព្រះអរិយៈ រាប់ថាជាធម៌​មិន​គួរ​ដល់ព្រះ​អរិយៈ បុគ្គល​ក៏បាន​ញុំាងឆន្ទៈ​ឲ្យកើត​​ ប្រឹងប្រែង​ ប្រារព្ធព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីលះបង់​នូវធម៌​ទាំងនោះ។ ធម៌ទាំងឡាយណា ជាកុសល រាប់ថា​ជាកុសល ធម៌​ទាំងឡាយ​ណា មិនមានទោស រាប់ថា​ជាធម៌​មិនមានទោស ធម៌ទាំង​ឡាយ​ណា ជាធម៌​ស រាប់ថា​ជាធម៌ស ធម៌ទាំងឡាយ​ណា គួរសេព រាប់ថាជាធម៌​គួរសេព ធម៌ទាំង​ឡាយណា គួរដល់​ព្រះអរិយៈ រាប់ថាជា​ធម៌គួរ​ដល់ព្រះអរិយៈ បុគ្គល​ក៏បាន​ញុំាង​ឆន្ទៈ​ឲ្យកើត​​ ប្រឹងប្រែង ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ដំកល់ចិត្ត ដើម្បីឲ្យ​បាននូវ​ធម៌​ទាំង​នោះ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា វីរិយពលៈ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​អនវជ្ជពលៈ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក​ក្នុងសាសនា​នេះ ជាអ្នកប្រកប​ដោយកាយ​កម្ម​មិនមានទោស ប្រកបដោយ​វចីកម្ម​មិនមានទោស ប្រកបដោយ​មនោកម្ម​មិនមាន​ទោស ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អនវជ្ជពលៈ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​សង្គហពលៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ សង្គហវត្ថុ​នេះ​មាន ៤ ​យ៉ាង គឺ​ការឲ្យទាន ១​ ការពោលពាក្យ​ជាទីស្រលាញ់ ១ ការប្រព្រឹត្តិអំពើ​ឲ្យជាប្រយោជន៍​ ១ ភាពជា​អ្នកតាំង​ខ្លួន​សើ្ម ១​ ម្នាលភិក្ខុ​ទាំងឡាយ បណ្តាទាន​ទាំងឡាយ ទានដែល​ប្រសើរបំផុតនុ៎ះ គឺ​ធម្មទាន ម្នាលភិក្ខុ​ទាំងឡាយ បណ្តាការ​ពោលពាក្យ​ជាទីស្រឡាញ់​ទាំងឡាយ ការ​ពោល​ពាក្យ​ជាទីស្រឡាញ់​ដ៏ប្រសើរ​បំផុតនុ៎ះ គឺ​ធម្មកថិកសំដែងធម៌​រឿយ ៗ ដល់អ្នក​ត្រូវ​ការ​ស្តាប់ អ្នកផ្ទៀង​ត្រចៀកស្តាប់ ម្នាលភិក្ខុទាំងឡាយ បណ្តាការ​ប្រព្រឹត្តិអំពើ​ឲ្យជា​ប្រយោជន៍​ទាំងឡាយ ការប្រព្រឹត្តិ​អំពើឲ្យជា​ប្រយោជន៍​ដ៏ប្រសើរនុ៎ះ គឺបុគ្គល​អ្នកញុំាង​ជន​មិនមាន​សទ្ធា ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុង​សទ្ធាសម្បទា ញុំាងជន​ទ្រុស្តសីល ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងសីលសម្បទា ញុំាងជន​អ្នកមាន​សេចក្តី​កំណាញ់ ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងចាគសម្បទា ញុំាងជន​អ្នក​មិនមាន​បញ្ញា ឲ្យកាន់យក ឲ្យតាំងនៅ ឲ្យដំកល់ស៊ប់ ក្នុងបញ្ញាសម្បទា ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាភាព​ជាអ្នកតាំង​ខ្លួនសើ្មទាំងឡាយ ភាពជាអ្នក​តាំងខ្លួនសើ្ម​ដ៏ប្រសើរនុ៎ះ គឺ​សោតាបន្នបុគ្គល មានខ្លួនសើ្ម​នឹងសោតាបន្នបុគ្គល សកទាគាមិបុគ្គល មានខ្លួន​សើ្មនឹង​សកទាគាមិ​បុគ្គល អនាគាមិ​បុគ្គល មានខ្លួនសើ្មនឹង​អនាគាមិបុគ្គល អរហន្ត មានខ្លួន​ស្មើនឹង​អរហន្ត ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សង្គហពលៈ។ ម្នាលភិក្ខុ​ទាំងឡាយ ពលៈ​មាន ៤ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ប្រកបដោយ​ពលៈ ៤ យ៉ាង​នេះ​ហើយ រមែងជាអ្នក​ឆ្លងផុតភ័យ ៥ យ៉ាង។ ភ័យ ៥ យ៉ាង តើដូចម្តេច។  គឺ អាជីវិតភយៈ (ភ័យអំពីការ​ចិញ្ចឹមជីវិត) ១ អសិលោកភយៈ (ភ័យអំពីការ​មិនសរសើរ) ១ បរិសំសារជ្ជភយៈ (ភ័យអំពីការកោតញញើត​ក្នុងបរិសទ្យ) ១ មរណភយៈ (ភ័យអំពី​សេចក្តី​ស្លាប់) ១ ទុគ្គតិភយៈ (ភ័យអំពីទុគ្គតិ) ១។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក​នោះ ពិចារណា​ដូច្នេះថា អាត្មាអញ​មិនខ្លាច ចំពោះ​អាជីវិតភ័យ អាត្មាអញ​នឹងខ្លាច​អាជីវិត ភ័យ​ដូចម្តេច បើពលៈ​ទាំង ៤ គឺ​បញ្ញាពលៈ វីរិយពលៈ អនវជ្ជពលៈ សង្គហពលៈ របស់​អាត្មាអញ មានស្រេចហើយ។ ឯបុគ្គលគ្មាន​ប្រាជ្ញា គប្បីខ្លាច​អាជីវិតភ័យ បុគ្គលខ្ជិល គប្បី​ខ្លាច​អាជីវិតភ័យ គប្បីខ្លាច​អាជីវិតភ័យ ដោយកាយកម្ម វចីកម្ម មនោកម្ម ដែល​មានទោស បុគ្គល​ជាអ្នកមិនសង្រ្គោះ គប្បីខ្លាច​អាជីវិតភ័យ អាត្មាអញ មិនខ្លាចអសិលោកភ័យ​ទេ។បេ។ អាត្មាអញ​មិនខ្លាច​បរិសំសារជ្ជភ័យទេ អាត្មាអញ មិនខ្លាច​មរណភ័យទេ អាត្មាអញ​មិនខ្លាច​ទុគ្គតិភ័យទេ អាត្មាអញ​នឹងខ្លាច​ទុគ្គតិភ័យ​ដូចម្តេច បើ​ពលៈ ទាំង ៤ គឺ បញ្ញាពលៈ វីរិយពលៈ អនវជ្ជពលៈ សង្គហពលៈ របស់​អាត្មាអញ មានស្រេចហើយ។ ឯបុគ្គល​គ្មាន​ប្រាជ្ញា គប្បីខ្លាច​ទុគ្គតិភ័យ បុគ្គលខ្ជិល គប្បីខ្លាចទុគ្គតិ​ភ័យ គប្បីខ្លាច​ទុគ្គតិភ័យ ដោយកាយកម្ម វចីកម្ម មនោកម្ម ដែលមានទោស បុគ្គល​មិនមាន​សេចក្តី​សង្រ្គោះ គប្បីខ្លាច​ទុគ្គតិភ័យ។ ​ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក​ប្រកប​ដោយពលៈ ៤ យ៉ាង​នេះឯង ជាអ្នកកន្លង​ផុតនូវ​ភ័យទាំង ៥ ​នេះបាន។

៦. សេវនាសូត្រ

[៦] ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយថា។បេ។ ព្រះ​សារីបុត្ត​ដ៏មានអាយុ បានពោល​ដូច្នេះថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ស្គាល់​បុគ្គល​ពីរពួក គឺ បុគ្គល​គួរសេពគប់ ១ បុគ្គលមិន​គួរសេពគប់ ១ ម្នាលអាវុសោ​ទាំង​ឡាយ អ្នកទាំងឡាយ គប្បីស្គាល់​ចីវរពីរយ៉ាង គឺចីវរ​គួរប្រើប្រាស់ ១ មិនគួរប្រើ​ប្រាស់ ១ ម្នាល​អាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​បិណ្ឌបាត​ពីរយ៉ាង គឺ បិណ្ឌបាត​គួរសេព ១ មិនគួរសេព ១ ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​សេនាសនៈ​ពីរយ៉ាង គឺសេនាសនៈ​គួរសេព ១ មិនគួរសេព ១ ម្នាលអាវុសោទាំងឡាយ អ្នកទាំង​ឡាយ គប្បីស្គាល់​ស្រុក និងនិគមពីរយ៉ាង គឺស្រុក និងនិគម​គួសេព ១ មិនគួរសេព ១ ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​ជនបទ និង​ប្រទេស​ពីរ​យ៉ាងគឺ ជនបទ និង​ប្រទេស​ដែលគួរសេព ១ មិនគួរសេព ១។ ក៏ពាក្យថា ម្នាល​អាវុសោ​​​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​បុគ្គលពីរពួក គឺបុគ្គល​គួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំ​ពោលហើយ ពាក្យដែល​ខ្ញុំពោល​ហើយនុ៎ះ តើព្រោះ​អាស្រ័យ​ហេតុដូច​ម្តេច។ បណ្តា​បុគ្គល​ទាំងពីរ​ពួកនោះ បើបុគ្គលស្គាល់​បុគ្គលណាថា កាលបើ​អាត្មាអញ សេពគប់​បុគ្គល​នេះ អកុសលធម៌​ទាំងឡាយ តែងចំរើនឡើង កុសលធម៌​ទាំងឡាយ តែងវិនាសទៅ មួយ​ទៀត គ្រឿងបម្រុង​ជីវិតទាំងឡាយ​ណា គឺចីវរ បិណ្ឌបាត សេនា​សនៈ គិលានប្បច្ចយភេសជ្ជ​បរិក្ខារ ដែលអាត្មាអញ​ជាបព្វជិត​ត្រូវ​ប្រមូល​មក​ ក៏គ្រឿង​បម្រុង​ជីវិត​ទាំងនោះ តែងមូលមក​បានដោយក្រ មួយទៀត អាត្មាអញ ​ចេញចាក​ផ្ទះ ចូលទៅ​កាន់ផ្នួស ដើម្បី​ប្រយោជន៍ដល់​ប្រយោជន៍​នៃសមណៈ​ណា ប្រយោជន៍នៃ​សមណៈនោះ មិន​ដល់នូវការ​បរិបូណ៌ ដោយភាវនា​ដល់អាត្មាអញ​ដូច្នេះ ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​អ្នកសេពគប់​នោះ លុះដឹងក្នុង​ចំណែក​រាត្រីក្តី ក្នុងចំណែក​ថ្ងៃក្តី មិនគប្បី​លា ហើយ​ចៀស​ចេញទៅ ឬក៏មិន​គប្បីជាប់តាម​បុគ្គល​មិន​គួរសេព​គប់នោះ​ឡើយ។ បណ្តា​បុគ្គល​ទាំងពីរ​ពួកនោះ បុគ្គលស្គាល់​បុគ្គលណាថា កាលបើ​​អាត្មាអញ សេពគប់បុគ្គលនេះ អកុសលធម៌​ទាំងឡាយ តែងវិនាសទៅ កុសលធម៌​ទាំងឡាយ តែងចំរើន​ឡើង មួយទៀត គ្រឿង​បម្រុងជីវិត​ទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ដែលអាត្មាអញ​ជាបព្វជិត​ត្រូវ​ប្រមូលមក ក៏គ្រឿង​បម្រុងជីវិត​ទាំងនោះ តែង​មូលមក​បាន​ដោយងាយ មួយទៀត អាត្មាអញ​ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បី​ប្រយោជន៍​ដល់ប្រយោជន៍​នៃសមណៈ​ណា ប្រយោជន៍នៃ​សមណៈនោះ ដល់​នូវ​ការ​បរិបូណ៌​ដោយភាវនា ដល់អាត្មាអញ ដូច្នេះ ម្នាលអាវុសោ​ទាំងឡាយ បុគ្គលនោះ បើស្គាល់​ហើយ គប្បីជាប់​តាមបុគ្គល​នោះ មិនគប្បីចៀសចេញ​ទៅ ដរាប​ដល់​អស់​ជីវិតឡើយ។ បណ្តា​បុគ្គល​ទាំង​ពីរពួកនោះ បុគ្គល​ស្គាល់បុគ្គល​ណាថា កាលអាត្មាអញ​សេពគប់​បុគ្គលនេះ អកុសលធម៌​ទាំងឡាយ តែងវិនាសទៅ​ កុសលធម៌​ទាំងឡាយ តែង​ចំរើន​ឡើង មួយទៀត គ្រឿងបម្រុង​ជីវិតទាំង​ឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជ​បរិក្ខារ ដែលអាត្មាអញ​ជាបព្វជិត ត្រូវប្រមូលមក ក៏គ្រឿង​បម្រុង​ជីវិត​ទាំងនោះ មូលមកបាន​ដោយងាយ មួយទៀត អាត្មាអញ ចេញចាក​ផ្ទះ ចូល​ទៅកាន់​ផ្នួស ដើម្បីប្រយោជន៍​ដល់ប្រយោជន៍​នៃសមណៈ​ណា ប្រយោជន៍​នៃសមណៈ​នោះ តែងដល់​នូវការ​បរិបូណ៌ ដោយភាវនា​ដល់អាត្មាអញ ដូច្នេះ ម្នាល​អាវុសោ​ទាំងឡាយ បុគ្គលនោះ គប្បីជាប់តាម​បុគ្គលនោះ មិនគប្បី​ចៀសចេញទៅ ដរាប​ដល់អស់​ជីវិត​ឡើយ។ បណ្តា​បុគ្គល​ទាំងពីរ​ពួកនោះ បុគ្គលស្គាល់​បុគ្គលណាថា កាលបើ​អាត្មាអញ​សេពគប់​បុគ្គលនេះ អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅ កុសលធម៌​ទាំងឡាយ តែង​ចំរើន​ឡើង មួយទៀត គ្រឿង​បម្រុងជីវិត​ទាំងឡាយណា គឺចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជ​បរិក្ខារ ដែល​​អាត្មាអញ​​ជាបព្វជិត ​ត្រូវប្រមូលមក ក៏គ្រឿង​បម្រុងជីវិត​ទាំងនោះ មូលមកបាន​ដោយ​ងាយ មួយទៀត អាត្មាអញ ចេញ​ចាកផ្ទះ ចូលទៅ​កាន់ផ្នួស ដើម្បីប្រយោជន៍​ដល់​ប្រយោជន៍​នៃសមណៈ​ណា ប្រយោជន៍​នៃសមណៈ​នោះ តែងដល់នូវ​ការបរិបូណ៌​ដោយភាវនា​ដល់អាត្មាអញ​ដូច្នេះ ម្នាល​អាវុសោ​ទាំងឡាយ បុគ្គលនោះ ទោះបីត្រូវ​គេ​បណ្តេញ​ចេញ គប្បីជាប់​តាម​បុគ្គលនោះ មិន​គប្បីចៀស​ចេញទៅ ដរាប​ដល់អស់​ជីវិតឡើយ។ ពាក្យណាថា ម្នាលអាវុសោ​ទាំងឡាយ អ្នក​ទាំងឡាយ គប្បីស្គាល់​បុគ្គលពីរពួក គឺ​បុគ្គល​គួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែល​ខ្ញុំពោល​ហើយ ពាក្យដែល​ខ្ញុំពោលហើយនុ៎ះ ព្រោះ​អាស្រ័យ​ហេតុនេះ។ ក៏ពាក្យថា ម្នាល​អាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ស្គាល់​ចីវរ​ពីរយ៉ាង គឺចីវរ​គួរប្រើប្រាស់ ១ មិនគួរ​ប្រើប្រាស់ ១ ដូច្នេះនេះ ដែលខ្ញុំពោល​ហើយ ពាក្យដែលខ្ញុំ​ពោលហើយនុ៎ះ តើព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច។ បណ្តា​ចីវរទាំង​ពីរ​យ៉ាងនោះ ភិក្ខុស្គាល់​ចីវរណាថា កាល​អាត្មាអញ​ប្រើប្រាស់​ចីវរ​នេះហើយ អកុសលធម៌​ទាំងឡាយ តែងចំរើនឡើង កុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅ ដូច្នេះ ចីវរ​បែបនេះ ភិក្ខុមិនគួរ​ប្រើប្រាស់ឡើយ។ បណ្តា​ចីវរ​ទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់​ចីវរ​បែបណា​ថា កាលបើ​អាត្មាអញ​ប្រើប្រាស់​ចីវរនេះ អកុសល​ធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅ កុសលធម៌​ទាំងឡាយ តែងចំរើន​ឡើង ដូច្នេះ ចីវរ​បែបនេះ ភិក្ខុគួរ​ប្រើប្រាស់​បាន។ ពាក្យណាថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុត្រូវ​ស្គាល់​ចីវរ មាន ២យ៉ាង គឺចីវរ​គួរប្រើប្រាស់ ១ មិនគួរ​ប្រើប្រាស់ ១ ដូច្នេះ ដែលខ្ញុំ​ពោលហើយ ពាក្យ​ដែលខ្ញុំ​ពោលហើយ​នុ៎ះ ព្រោះអាស្រ័យ​ហេតុនេះ។ ក៏ពាក្យថា ម្នាល​អាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​បិណ្ឌបាត ២ យ៉ាង គឺ​បិណ្ឌបាត​គួរសេព ១ មិន​គួរសេព ១ ដូច្នេះនេះ ដែលខ្ញុំ​ពោលហើយ ពាក្យដែល​ខ្ញុំពោល​ហើយនុ៎ះ តើព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច។ បណ្តា​បិណ្ឌបាត​ទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់​បិណ្ឌបាត​ណាថា កាល​បើអាត្មាអញ សេពនូវ​បិណ្ឌបាតនេះ អកុសលធម៌​ទាំងឡាយ តែងចំរើនឡើង កុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅ ដូច្នេះ បិណ្ឌបាត​បែបនេះ ភិក្ខុមិនគួរ​សេព​ឡើយ។ បណ្តា​បិណ្ឌបាត​ទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់​បិណ្ឌបាត​ណាថា​ កាលបើ​អាត្មាអញ សេពនូវ​បិណ្ឌបាត​នេះ អកុសលធម៌​ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌​ទាំងឡាយ តែង​ចំរើន​ឡើងដូច្នេះ បិណ្ឌបាត​បែបនេះ ភិក្ខុ​គួរសេព​បាន។ ពាក្យ​ណា​ថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​បិណ្ឌបាត ២ យ៉ាង គឺបិណ្ឌបាត​គួរសេព ១​ មិនគួរសេព ១​ ដូច្នេះ ដែលខ្ញុំ​ពោលហើយ ពាក្យដែលខ្ញុំ​ពោលហើយនុ៎ះ ព្រោះ​អាស្រ័យ​ហេតុនោះ។ ក៏ពាក្យថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ស្គាល់​សេនាសនៈ ២ យ៉ាង គឺ​សេនាសនៈ​គួរសេព ១​ មិនគួរសេព ១​ ដូច្នេះនេះ ដែលខ្ញុំ​ពោល​ហើយ ពាក្យដែល​ខ្ញុំពោល​ហើយនុ៎ះ ព្រោះអាស្រ័យ​ហេតុដូចម្តេច។ បណ្តា​សេនាសនៈ​ទាំង ២ យ៉ាងនោះ ភិក្ខុ​ស្គាល់​សេនាសនៈ​ណាថា កាលបើ​អាត្មាអញ​សេពសេនាសនៈ​នេះ អកុសលធម៌​ទាំង​ឡាយ តែងចំរើន​ឡើង កុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅដូច្នេះ សេនាសនៈ​បែបនេះ ភិក្ខុមិន​គួរសេព​ឡើយ។ បណ្តា​សេនាសនៈ​ទាំង ២ យ៉ាងនោះ ភិក្ខុ​ស្គាល់​សេនាសនៈ​ណាថា កាលបើ​អាត្មាអញ​សេពសេនាសនៈ​នេះហើយ អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅ កុសលធម៌​ទាំងឡាយ តែងចំរើន​ឡើង ដូច្នេះ សេនាសនៈ​បែប​នេះ ភិក្ខុគួរ​សេពបាន។ ក៏ពាក្យ​ណាថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ស្គាល់​សេនា​សនៈ មាន ២​ យ៉ាង គឺសេនាសនៈ​​គួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំ​ពោល​ហើយ ពាក្យដែលខ្ញុំ​ពោលហើយនុ៎ះ ព្រោះអាស្រ័យ​ហេតុនេះ។ ក៏ពាក្យថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​ស្រុក និង​និគម ២ យ៉ាង គឺ ស្រុក និង​និគម​គួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំ​ពោលហើយ ពាក្យដែល​ខ្ញុំពោល​ហើយ​នុ៎ះ តើព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ បណ្ដា​ស្រុក និង​និគមទាំង ២ យ៉ាងនោះ ភិក្ខុស្គាល់​នូវ​ស្រុក និង​និគមណាថា កាលបើ​អាត្មាអញ​សេពស្រុក និង​និគមនេះ អកុសលធម៌​ទាំង​ឡាយ តែងចំរើន​ឡើង កុសលធម៌​ទាំងឡាយ តែងសាបសូន្យ​ទៅដូច្នេះ ស្រុក និង​និគម​បែបនេះ ភិក្ខុមិនគួរ​សេពឡើយ។ បណ្តាស្រុក និង​និគម ២ យ៉ាង​នោះ ភិក្ខុស្គាល់​ស្រុក និង​និគមណាថា កាលបើ​អាត្មាអញ សេពស្រុក និង​និគមនេះ អកុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅ កុសលធម៌​ទាំងឡាយ តែង​ចំរើនឡើងដូច្នេះ ស្រុក និង​និគមបែបនេះ ភិក្ខុ​គួរ​សេព​បាន។ ក៏ពាក្យ​ណាថា ម្នាល​អាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​ស្រុក និង​និគម ២ យ៉ាង គឺស្រុក និង​និគមគួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំ​ពោលហើយ ពាក្យនុ៎ះ ដែលខ្ញុំពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។ ក៏ពាក្យថា ម្នាល​អាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីស្គាល់​ជនបទ និង​ប្រទេស ២ យ៉ាង គឺ​ជនបទ និង​ប្រទេស​ដែលគួរសេព ១ មិនគួរសេព ១ ដូច្នេះនេះ ដែលខ្ញុំ​ពោល​ហើយ ពាក្យ​ដែលខ្ញុំ​ពោល​ហើយនុ៎ះ តើព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ បណ្តា​ជនបទ និង​ប្រទេសទាំង ២ យ៉ាង​នោះ ភិក្ខុស្គាល់​ជនបទ និង​ប្រទេសណាថា កាលបើអាត្មាអញ​ សេពជនបទ និង​ប្រទេស​នេះ អកុសលធម៌​ទាំងឡាយ តែងចំរើនឡើង កុសលធម៌​ទាំងឡាយ តែង​សាបសូន្យ​ទៅដូច្នេះ ជនបទ និង​ប្រទេស​បែបនេះ ភិក្ខុមិន​គួរសេព​ឡើយ។ បណ្តា​ជនបទ និង​ប្រទេសទាំង ២ យ៉ាង​នោះ ភិក្ខុស្គាល់​ជនបទ និង​ប្រទេស​ណាថា កាលបើ​អាត្មាអញ សេពនូវ​ជនបទ និង​ប្រទេសនេះ អកុសលធម៌​​ទាំងឡាយ តែង​សាបសូន្យទៅ កុសលធម៌​ទាំងឡាយ តែងចំរើន​ឡើងដូច្នេះ ជនបទ និង​ប្រទេសបែប​នេះ ភិក្ខុ​គួរសេពបាន។ ក៏ពាក្យ​ណាថា ម្នាលអាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ស្គាល់ជនបទ និងប្រទេស ២ យ៉ាង គឺជនបទ និងប្រទេស​ដែលគួរសេព ១ មិនគួរសេព ១ ដូច្នេះ ដែលខ្ញុំ​ពោល​ហើយ ពាក្យដែល​ខ្ញុំពោល​ហើយនុ៎ះ ព្រោះ​អាស្រ័យ​ហេតុនេះ។

៧. សុតវាសូត្រ

[៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង បរិព្វាជក ឈ្មោះ​សុតវន្តុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ធ្វើសេចក្តីរីករាយ​ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួររីក​រាយ និងពាក្យ​ដែលគួររលឹក​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​សុតវន្តុ​បរិព្វាជក អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះ​ដ៏មាន​ព្រះភាគ​​ដ៏ចំរើន សម័យមួយ ខ្ញុំព្រះអង្គ​នៅក្នុង​ក្រុងរាជគ្រឹះ ដែល​មានភ្នំ (ព័ទ្ធជុំវិញ) ដូច​ជា​ក្រោល​នេះ​ឯង។ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់​ចំពោះព្រះភក្រ្ត បាន​ទទួល​​យក​ចំពោះ​ព្រះភក្រ្ត​នៃព្រះដ៏មានព្រះភាគ ក្នុងទីនោះថា ម្នាល​​សុតវន្តុ ភិក្ខុណា ជា​អរហន្ត​ខីណាស្រព មាន​ព្រហ្មចរិយធម៌ បានប្រព្រឹត្ត​រួច​ហើយ មាន​សោឡសកិច្ច បាន​ធើ្វស្រេច​ហើយ មានភារៈ​ដាក់ចុះហើយ មាន​ប្រយោជន៍​របស់ខ្លួន​សម្រេចហើយ មាន​ធម៌ជា​គ្រឿងប្រកប​សត្វក្នុង​ភពអស់ហើយ ជាអ្នក​រួចស្រឡះ ព្រោះដឹង​ដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្ត​កន្លងនូវ​ហេតុ ៥ យ៉ាង គឺ ភិក្ខុជា​ខីណាស្រព មិនគួរ​ក្លែងផ្តាច់បង់​ជីវិតសត្វ ១ ភិក្ខុជា​ខីណាស្រព ​មិនគួរកាន់​យកនូវវត្ថុ​ ដែលគេ​មិនបានឲ្យ ដែល​ហៅថា​លួច ១ ភិក្ខុជា​ខីណាស្រព មិនគួរ​សេពមេថុនធម្ម ១ ភិក្ខុជា​ខីណាស្រព មិនគួរ​ពោល​ពាក្យ​កុហក​ទាំងដឹង​ខ្លួន ១ ភិក្ខុជា​ខីណាស្រព មិនគួរ​ធ្វើនូវការ​សន្សំទុក ហើយ​បរិភោគ​នូវកាម​ទាំង​ឡាយ ដូចជា​នៅជាគ្រហស្ថ​ក្នុងកាលមុន ១ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បានស្តាប់​ល្អហើយ បានទទួល​ល្អហើយ​ បានធើ្វទុក​ក្នុងចិត្តល្អហើយ ចាំបាន​ល្អហើយ នូវ​ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគ​នុ៎ះ មែនឬ។​ អើពាក្យនុ៎ះ អ្នកស្តាប់ល្អហើយ រៀន​ល្អហើយ ធើ្វទុកក្នុង​ចិត្តល្អហើយ ចាំល្អហើយ ម្នាល​សុតវន្តុ ក្នុងកាល​ពីដើមក្តី ក្នុងកាល​ឥឡូវនេះក្តី តថាគត តែងពោល​យ៉ាងនេះថា ភិក្ខុណា ជាអរហន្តខីណាស្រព មាន​ព្រហ្មចរិយធម៌​បាន​ប្រព្រឹត្ត​រួចហើយ មានសោឡសកិច្ច បានធើ្វ​ស្រេចហើយ មានភារៈ​ដាក់​ចុះហើយ មានប្រយោជន៍​របស់ខ្លួន​សម្រេច​ហើយ មានធម៌​ជាគ្រឿង​ប្រកប​សត្វ​ក្នុងភព​អស់ហើយ ជាអ្នករួច​ស្រឡះ ព្រោះដឹង​ដោយប្រពៃ ភិក្ខុនោះ មិនគួរ​ប្រព្រឹត្ត​កន្លងនូវ​ហេតុ ៩​ យ៉ាង គឺភិក្ខុជា​ខីណាស្រព មិនគួរ​ក្លែងផ្តាច់បង់​ជីវិតសត្វ ១ ភិក្ខុជា​ខីណាស្រព មិនគួរកាន់​យកនូវវត្ថុ​ដែលគេ​មិនបានឲ្យ​ ដែលហៅ​ថាលួច ១ ភិក្ខុជា​ខីណាស្រព មិនគួរ​សេពមេថុនធម្ម ១ ភិក្ខុជា​ខីណាស្រព មិនគួរ​ពោលពាក្យ​កុហក​ទាំងដឹង​ខ្លួន ១ ភិក្ខុជា​ខីណាស្រព មិនគួរធើ្វ​នូវការ​សន្សំទុក ហើយ​បរិភោគនូវ​កាម​ទាំងឡាយ ដូចជានៅ​ជាគ្រហស្ថ​ក្នុងកាលមុន ១ ភិក្ខុជា​ខីណាស្រព មិនគួរ​លុះក្នុង​ឆន្ទាគតិ ១ ភិក្ខុជា​ខីណាស្រព មិនគួរលុះ​ក្នុងទោសាគតិ ១ ភិក្ខុជា​ខីណាស្រព មិនគួរលុះ​ក្នុង​មោហាគតិ ១ ភិក្ខុជា​ខីណាស្រព មិនគួរ​លុះក្នុងភយាគតិ ១ ម្នាល​សុតវន្តុ​ ក្នុងកាលពី​ដើមក្តី ក្នុងកាល​ឥឡូវនេះក្តី តថាគត តែងពោល​យ៉ាងនេះថា ភិក្ខុណា ជាអរហន្ត​ខីណាស្រព ដែលមាន​ព្រហ្មចរិយធម៌ បានប្រព្រឹត្ត​រួចហើយ មាន​សោឡសកិច្ច បានធើ្វ​ស្រេច​ហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍​របស់ខ្លួន​សម្រេចហើយ មានធម៌​ជាគ្រឿង​ប្រកបសត្វ​ក្នុងភព​អស់ហើយ ជាអ្នករួច​ស្រឡះ ព្រោះដឹង​ដោយប្រពៃ ភិក្ខុនោះ មិនគួរ​ប្រព្រឹត្តកន្លង​នូវហេតុ​ទាំង ៩ យ៉ាងនេះ។

៨. សជ្ឈសូត្រ

[៨] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់លើភ្នំ​គិជ្ឈកូដ ទៀប​ក្រុងរាជគ្រឹះ។ គ្រានោះឯង បរិព្វាជក​ឈ្មោះ​សជ្ឈៈ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ធ្វើសេចក្តី​រីករាយ​ជាមួយនឹង​ព្រះដ៏មានព្រះភាគ លុះបព្ចាប់ពាក្យ​ដែលគួររីក​រាយ និងពាក្យ​ដែលគួរ​រលឹកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​សជ្ឈៈ​បរិព្វាជក អង្គុយក្នុង​ទីសមគួរ​ហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះដ៏មាន​ព្រះភាគ​ដ៏ចំរើន សម័យមួយ ខ្ញុំព្រះអង្គ​នៅក្នុង​ក្រុងរាជគ្រឹះ ដែលមាន​ភ្នំ (ព័ទ្ធជុំវិញ) ដូចជា​ក្រោលនេះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គបានស្តាប់​ចំពោះព្រះភក្រ្ត បាន​ទទួលយក​ចំពោះ​ព្រះភក្រ្ត​ព្រះដ៏មានព្រះភាគ ក្នុងទីនោះថា ម្នាលសជ្ឈៈ ភិក្ខុណា​ជា​អរហន្ត​ខីណាស្រព មានព្រហ្មចរិយធម៌​បានប្រព្រឹត្ត​រួចហើយ មាន​សោឡសកិច្ច​បាន​ធ្វើស្រេច​ហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍​របស់ខ្លួន​សម្រេចហើយ មាន​ធម៌ជាគ្រឿង​ប្រកបសត្វ​ក្នុងភព​អស់ហើយ ជាអ្នករួច​ស្រឡះ ព្រោះដឹង​ដោយប្រពៃ ភិក្ខុ​នោះ មិនគួរប្រព្រឹត្ត​កន្លងនូវ​ហេតុ ៥ យ៉ាង គឺភិក្ខុជា​ខីណាស្រព មិនគួរ​ក្លែងផ្តាច់បង់​ជីវិតសត្វ ១ ភិក្ខុជា​ខីណាស្រព​មិនគួរកាន់​យកនូវវត្ថុ​ដែលគេ​មិនបានឲ្យ ដែលហៅថា លួច ១ ភិក្ខុជា​ខីណាស្រព មិនគួរសេព​នូវមេថុនធម្ម ១ ភិក្ខុជា​ខីណាស្រព មិនគួរ​ពោលនូវ​ពាក្យកុហក​ទាំងដឹងខ្លួន ១ ភិក្ខុជា​ខីណាស្រព មិនគួរធ្វើ​នូវការ​សន្សំទុក​ ហើយ​បរិភោគ​នូវ​កាមទាំងឡាយ ដូចជានៅ​ជាគ្រហស្ថ​ក្នុងកាលមុន ១ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បានស្តាប់​ល្អហើយ បានទទួល​ល្អហើយ បានធ្វើទុក​ក្នុងចិត្តល្អហើយ ចាំបានល្អហើយ​ នូវព្រះពុទ្ធដីកា​នុ៎ះ របស់ព្រះដ៏មានព្រះភាគ​មែនឬ។ ម្នាលសជ្ឈៈ អើ ពាក្យនុ៎ះ អ្នកបាន​ស្តាប់ល្អហើយ បានទទួល​ល្អហើយ បានធ្វើទុកក្នុង​ចិត្តល្អហើយ បានចាំ​ទុកល្អហើយ។ ម្នាលសជ្ឈៈ ក្នុងកាល​ពីដើមក្តី ឥឡូវនេះក្តី តថាគតក៏ពោល​យ៉ាងនេះថា ភិក្ខុណា ជាអរហន្ត​ខីណាស្រព ជាអ្នកមាន​ព្រហ្មចរិយធម៌ បានប្រព្រឹត្ត​រួចហើយ មានសោឡសកិច្ច​បានធ្វើស្រេចហើយ មានភារៈ​ដាក់ចុះហើយ មាន​ប្រយោជន៍​របស់ខ្លួន​សម្រេចហើយ មានធម៌ជា​គ្រឿងប្រកប​សត្វក្នុងភព​អស់ហើយ ជាអ្នករួច​ស្រឡះ ព្រោះ​ដឹងដោយ​ប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្ត​កន្លងនូវហេតុ ៩ យ៉ាង គឺភិក្ខុជា​ខីណាស្រព មិនគួរក្លែងផ្តាច់​បង់ជីវិតសត្វ ១។បេ។ ភិក្ខុជា​ខីណាស្រព មិនគួរធ្វើ​នូវ​ការសន្សំទុក ហើយបរិភោគ​នូវកាមទាំងឡាយ ដូចជានៅជា​គ្រហស្ថ​ក្នុងកាលមុន ១ ភិក្ខុជា​ខីណាស្រព មិនគួរលះបង់​ព្រះពុទ្ធ ១ ភិក្ខុជា​ខីណាស្រព មិនគួរលះបង់​ព្រះធម៌ ១ ភិក្ខុជា​ខីណាស្រព មិនគួរលះបង់​ព្រះសង្ឃ ១ ភិក្ខុជា​ខីណាស្រព មិនគួរលះ​បង់សិក្ខា ១ ម្នាល​សជ្ឈៈ ក្នុងកាល​ពីដើមក្តី ឥឡូវនេះក្តី តថាគត​ក៏ពោល​យ៉ាងនេះថា ភិក្ខុណា ជាអរហន្ត​ខីណាស្រព មានព្រហ្មចរិយធម៌ បានប្រព្រឹត្ត​រួចហើយ មានសោឡសកិច្ច បានធ្វើ​ស្រេចហើយ មានភារៈដាក់​ចុះហើយ មានប្រយោជន៍​របស់ខ្លួន​សម្រេចហើយ មានធម៌​ជាគ្រឿងប្រកប​សត្វក្នុងភព​អស់ហើយ ជាអ្នករួច​ស្រឡះ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនគួរប្រព្រឹត្ត​កន្លងនូវហេតុ ៩ យ៉ាងនេះ។

៩. បុគ្គលសូត្រ

[៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះ តែងមានប្រាកដ ក្នុងលោក។ បុគ្គល ៩ ពួក តើដូចម្តេច។ គឺអរហន្ត ១ បុគ្គលប្រតិបត្តិ​ដើម្បីអរហន្ត ១ អនាគាមិបុគ្គល ១ បុគ្គល​ប្រតិបត្តិ​ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវអនាគាមិផល ១ សកទាគាមិបុគ្គល ១ បុគ្គល ប្រតិបត្តិ​ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​នូវសកទាគាមិផល ១ សោតាបន្នបុគ្គល ១ បុគ្គល​ប្រតិបត្តិ​ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវសោតាបត្តិផល ១ បុថុជ្ជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះឯង តែងមានប្រាកដ​ក្នុងលោក។

១០. អាហុនេយ្យសូត្រ

[១០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៩ ពួកនេះ ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ ដែល​គេនាំមក​បូជា គួរទទួល​នូវអាគន្តុកទាន ដែលគេនាំមក​ដើម្បីភ្ញៀវ គួរទទួលនូវ​ទក្ខិណាទាន គួរដល់​អព្ជាលិកម្ម ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់សត្វលោក។ ​បុគ្គល ៩ ពួក តើ​ដូចម្តេច។ គឺអរហន្ត ១ បុគ្គលប្រតិបត្តិ​ដើម្បីអរហត្ត ១ អនាគាមិបុគ្គល ១ បុគ្គល ប្រតិបត្តិ​ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវ​អនាគាមិផល ១ សកទាគាមិបុគ្គល ១ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យជាក់ច្បាស់​នូវសកទាគាមិផល ១ សោតាបន្នបុគ្គល ១ បុគ្គលអ្នកប្រតិបត្តិ ដើម្បីធើ្វឲ្យ​ជាក់ច្បាស់​នូវសោតាបត្តិផល ១ គោត្រភូបុគ្គល ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលទាំង ៩ ពួកនេះឯង ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់សត្វលោក។

ចប់ សម្ពោធវគ្គ ទី១។

ឧទ្ទានក្នុងសម្ពោធវគ្គនោះគឺ

និយាយអំពីការត្រាស់ដឹង ១ អំពីនិស្ស័យ ១ អំពីមេឃិយត្ថេរ ១ អំពីនន្ទកៈត្ថេរ អំពីពលៈ ១ អំពីការសេព ១ អំពីសុតវន្តុ​បរិព្វាជក ១ អំពីសជ្ឈបរិព្វាជក ១ អំពីបុគ្គល ១ អំពីអាហុនេយ្យបុគ្គល ១។

បណ្ណាសក សីហនាទវគ្គ

១. សីហនាទសូត្រ

[១១] សម័យមួយ ព្រះដ៏មានព្រះគភាគ ទ្រង់គង់នៅក្នុង​វត្តជេនពនរបស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្ត​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុង​ទីសមគួរ។ លុះព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ការនៅចាំវស្សា​ក្នុងក្រុងសាវត្ថី ខ្ញុំ​ព្រះអង្គ​នៅរួចហើយ បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គប្រាថ្នា ដើម្បីទៅកាន់​ចារិក​ក្នុងជនបទ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត អ្នកចូរសំគាល់នូវ​កាលគួរ ក្នុង​កាល​ឥឡូវ​នេះចុះ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុនោះ ក្រោកចាកអាសនៈ ថ្វាយបង្គំលា​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀស​ចេញទៅ។ លំដាប់នោះ កាល​ព្រះសារីបុត្តដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ភិក្ខុ ១ រូប បានក្រាប​បង្គំ​ទូលព្រះដ៏មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះសារីបុត្ត​ដ៏មានអាយុ បាន​ប៉ះ [មានដំណាលថា កាលព្រះសារីបុត្តថ្វាយបង្គំលា​ព្រះទសពលញ្ញាណ ហើយថយចេញ​ពីទី​នោះទៅ ជាយចីវរលោក ក៏បក់ទៅប៉ះសរីរៈភិក្ខុនោះបន្តិច ព្រោះហេតុនោះ បានជា​ភិក្ខុ​នោះចងគំនុំ លុះឃើញព្រះសារីបុត្ត ភិក្ខុបរិវារចោមរោមច្រើន ក៏យកសេចក្តីនេះ ក្រាបបង្គំទូលព្រះ ដើម្បីធ្វើឲ្យអាក់ខាន​ដំណើរនោះ ដោយសេចក្តីក្រោធ។ អដ្ឋកថា។] ខ្ញុំព្រះអង្គ មិនបានខមាទោស ហើយចៀសចេញ​ទៅកាន់ចារិក។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ត្រាស់ហៅភិក្ខុ ១ រូបមកថា ម្នាលភិក្ខុ អ្នកចូរមកអាយ ចូរទៅហៅសារីបុត្ត តាមពាក្យ​តថាគតថា ម្នាលអាវុសោ​សារីបុត្ត ព្រះសាស្តា​ទ្រង់ត្រាស់ហៅលោក។ ភិក្ខុ​នោះ ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ​ព្រះករុណា ព្រះអង្គ ហើយក៏ចូលទៅ​រក​ព្រះសារីបុត្ត​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ បាននិយាយ​នឹងព្រះសារីបុត្ត​ដ៏មាន​អាយុ ដូច្នេះថា ម្នាលអាវុសោ​សារីបុត្ត ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ ទទួលពាក្យ​ភិក្ខុនោះថា ករុណា អាវុសោ។ សម័យនោះឯង ព្រះ​មហាមោគ្គល្លាន​ដ៏មានអាយុ និងព្រះអានន្ទ​ដ៏មានអាយុ កាន់យក​នូវកូនសោ ដើរចូល​ទៅ​កាន់វិហារ ហើយនិយាយថា លោកដ៏មានអាយុទាំងឡាយ ចូរទៅឆាប់ លោកដ៏មានអាយុ ទាំងឡាយ ចូរទៅឆាប់ ដ្បិតព្រះសារីបុត្តដ៏មានអាយុ នឹងបន្លឺនូវសីហនាទ ចំពោះព្រះ​ភក្រ្ត​នៃព្រះដ៏មានព្រះភាគ ក្នុងកាលឥឡូវនេះ។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរហើ​យ ព្រះដ៏មានព្រះភាគ បាន​ត្រាស់ដូច្នេះថា ម្នាលសារីបុត្ត ក្នុងទីនេះ មានសព្រហ្មចារី ១ រូប អាក់អន់ចិត្ត​នឹងអ្នកថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះសារីបុត្ត​ដ៏មានអាយុ បានប៉ះ​ខ្ញុំព្រះអង្គ មិនបាន​ខមាទោស ហើយចៀសចេញ​ទៅកាន់ចារិក។ ព្រះសារីបុត្ត​ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា​មិនបានតាំង​ទុ​កក្នុងកាយហើយ បុគ្គល​នោះ​ប៉ះ​សព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបាន​ខមាទោស ហើយ​ចៀស​ចេញ​ទៅកាន់ចារិក បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកអ្នកផង​ដាក់វត្ថុស្អាត​ក្តី ដាក់វត្ថុ​មិន​ស្អាតក្តី ដាក់លាមកក្តី ដាក់មូត្រក្តី ដាក់ទឹកមាត់ក្តី ដាក់ខ្ទុះក្តី ដាក់ឈាមក្តី លើផែនដី ផែនដី​មិនធុញទ្រាន់ មិននឿយណាយ មិនខ្ពើមរអើម ដោយវត្ថុនោះទេ យ៉ាងណាមិញ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើ​ដោយផែនដី ជាចិត្តទូលាយ ប្រមាណមិន​បាន មិនមា​នពៀរ មិនមានព្យាបាទ យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុកហើយ​ក្នុងកាយ​ដោយពិត បុគ្គល​នោះ​ប៉ះ​សព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញទៅ​កាន់​ចារិក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកអ្នកផង លាងវត្ថុស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាង​លាមក​ក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ក្នុងទឹក ទឹករមែង​មិនធុញទ្រាន់ ឬនឿយ​ណាយ ឬក៏ខ្ពើម​រអើម​ដោយវត្ថុនោះ​ទេ យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ មានចិត្ត​ស្មើដោយ​ទឹក ជាចិត្តធំ​ទូលាយ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាង​នោះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំង​ទុក​ហើយ ក្នុងកាយ​ដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណា​មួយ ក្នុងលោកនេះ មិន​បាន​ខមាទោស គប្បីចៀស​ចេញទៅ​កាន់ចារិក។ បពិត្រព្រះអង្គ​ដ៏ចំរើន ភ្លើងតែងឆេះ​វត្ថុ​ស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះលាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ភ្លើង​រមែង​មិនធុញ​ទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម​ដោយវត្ថុនោះ យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មានចិត្តស្មើ​ដោយភ្លើង ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមាន​ពៀរ មិនមាន​ព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ​ ដែល​បុគ្គលណា មិនបានតាំង​ទុកហើយ ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះ​សព្រហ្មចារី​ណាមួយ ក្នុងលោកនេះ​ ហើយមិនបានខមាទោស គប្បីចៀសចេញទៅកាន់ចារិក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្យល់បក់វត្ថុស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ឈាមក្តី ខ្យល់រមែងមិន​ធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើមរអើម ដោយ​វត្ថុនោះ យ៉ាងណាមិញ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មានចិត្ត​ស្មើដោយខ្យល់ ជាចិត្ត​ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុក​ក្នុងកាយ​ដោយពិត បុគ្គល​នោះ ប៉ះ​សព្រហ្មចារីណា​មួយ ក្នុងលោកនេះ មិនបាន​ខមាទោស គប្បី​ចៀសចេញ​ទៅ​កាន់ចារិក។ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​ជូតវត្ថុ​ស្អាតក្តី ជូតវត្ថុមិន​ស្អាតក្តី ជូត​លាមកក្តី មូត្រក្តី ទឹកមាត់ក្តី ខ្ទុះក្តី ​ឈាមក្តី ដោយសំពត់​សម្រាប់ជូតធូលី ៗ រមែង​មិន​ធុញទ្រាន់ ឬនឿយណាយ ឬក៏ខ្ពើម​រអើម​នឹងវត្ថុនោះទេ យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើ​ដោយសំពត់​សម្រាប់ជូតធូលី ជាចិត្តធំ​ទូលាយ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា មិនបានតាំងទុក​ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះ​សព្រហ្មចារី​ណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញ​ទៅ​កាន់ចារិក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចណ្ឌាលកុមារក្តី ច​ណ្ឌាលកុមារីក្តី មានដៃកាន់​កញ្ជើ ស្លៀកពាក់​សំពត់​រេចជាយ ចូលទៅកាន់​ស្រុកក្តី និគមក្តី រមែងដាក់​ចិត្តឲ្យទាប ហើយចូលទៅ យ៉ាង​ណា​មិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ មាន​ចិត្តស្មើដោយ​ចណ្ឌាលកុមារ ជាចិត្តធំ​ទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ ដែលបុគ្គល​ណា មិនបាន​តាំងទុក ក្នុងកាយ​ដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បី​ចៀសចេញ​ទៅកាន់ចារិក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន គោឧសភ​បាក់ស្នែង ជាសត្វស្លូត ដែល​គេទូន្មានហើយ បង្ហាត់ល្អហើយ ដើរទៅកាន់​ច្រកតាមច្រក ដើរទៅកាន់​ផ្លូវបែក តាម​ផ្លូវ​បែក មិនដែល​បៀតបៀនអ្វី ៗ ដោយជើងក្តី ដោយស្នែងក្តី យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តស្មើ​ដោយ​គោឧសភ​បាក់ស្នែង ជាចិត្តធំ​ទូលាយ ប្រមាណ​មិន​បាន មិនមានពៀរ មិនមានព្យាបាទ ក៏យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គដ៏ចំរើន កាយគតាសតិ ដែលបុគ្គល​ណា មិនបានតាំង​ទុកហើយ ក្នុង​កាយដោយពិត បុគ្គលនោះ ប៉ះសព្រហ្មចារីណាមួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញ​ទៅកាន់​ចារិក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ស្រ្តី ឬបុរស​កំឡោះ ឬជំទង់ ប្រកបដោយ​ជាតិ​ជាអ្នក​ស្អិតស្អាង គប្បីធុញទ្រាន់ នឿយណាយ ខ្ពើមរអើម​នឹងសាកសព​ពស់ ឬសាកសព​កូន​សុនខ ដែល​ជាប់ត្រង់ក យ៉ាងណាមិញ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ រមែងធុញទ្រាន់ នឿយណាយ ខ្ពើមរអើម នឹងកាយស្អុយនេះ ក៏យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា បានតាំង​ទុកក្នុង​កាយដោយពិត បុគ្គលនោះ ប៉ះ​សព្រហ្មចារីណា​មួយ ក្នុងលោកនេះ មិនបានខមាទោស គប្បីចៀសចេញ​ទៅកាន់ចារិក។  បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរស​រក្សាភាជនៈ សម្រាប់ដាក់ខ្លាញ់ ដែលមាន​រន្ធតូច-ធំ ហូរចេញចូល យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​រក្សានូវកាយ​នេះ ដែលមាន​រន្ធតូច-ធំ ហូរចេញចូល ក៏យ៉ាងនោះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាយគតាសតិ ដែលបុគ្គលណា បានតាំងទុក​ក្នុងកាយដោយពិត បុគ្គលនោះ ប៉ះ​សព្រហ្មចារីណា​មួយ ក្នុងលោកនេះ មិនបាន​ខមាទោស គប្បីចៀស​ចេញ​ទៅកាន់ចារិក។ លំដាប់​នោះ ភិក្ខុនោះ ក្រោក​ចាកអាសនៈ ធ្វើសំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ក្រាបចុះ​ទៀប​ព្រះបាទ​ទាំងគូ របស់ព្រះដ៏មាន​ព្រះភាគ​ដោយក្បាល ហើយក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទោស​ដែលប្រព្រឹត្តកន្លងហើយ នូវ​ខ្ញុំ​ព្រះអង្គ ព្រោះជា​មនុស្សពាល ជាមនុស្ស​វង្វេង ជាមនុស្ស​មិន​ឈ្លាស យ៉ាងណា ខ្ញុំព្រះអង្គ​ណា និយាយ​បង្កាច់​ព្រះសារីបុត្ត​ដ៏មានអាយុ ដោយពាក្យ​មិនមែន ជាពាក្យទទេ ជាពាក្យ​កុហក មិនពិត បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ អត់ទោសតាមទោស ដល់ខ្ញុំ​ព្រះអង្គនោះ ដើម្បី​សង្រួមតទៅ។ ម្នាលភិក្ខុ អើទោសកំហុស ដែលប្រព្រឹត្ត​កន្លងនូវ​អ្នក ព្រោះ​ជាមនុស្ស​ពាល ជាមនុស្សល្ងង់​ ជា​មនុស្សមិនឈ្លាស​យ៉ាងណា  អ្នកពោល​បង្កាច់​សារីបុត្ត ដោយពាក្យ​មិនមែន ជាពាក្យ​ទទេ កុហក មិនពិត ម្នាលភិក្ខុ កាលណា​បើអ្នក​ឃើញទោស​តាមទោស ដែលប្រព្រឹត្ត​កន្លងហើយ ត្រឡប់ធ្វើ​ឲ្យត្រូវ​តាមធម៌វិញ តថាគត ក៏អត់​ទោសអ្នក បើបុគ្គលណា ឃើញ​ទោសតាមទោស ដែល​ប្រព្រឹត្តកន្លង ហើយ​ ត្រឡប់ធ្វើឲ្យ​ត្រូវតាមធម៌វិញ ដល់​នូវការសង្រួម​តទៅ ម្នាលភិក្ខុ នេះជា​សេចក្តី​ចំរើន ក្នុងវិន័យ​របស់​ព្រះអរិយៈ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅព្រះសារីបុត្ត​ដ៏មានអាយុថា ម្នាលសារីបុត្ត លោកចូរអត់ទោស​ដល់​មោឃបុរស​នេះចុះ ដ្បិតមោឃបុរសនេះ នឹងបែក​ក្បាល​ជា ៧ ភាគ ក្នុងទីនោះឯង។ ព្រះសារីបុត្ត ក្រាប​បង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ អត់ទោសដល់​លោកដ៏មាន​អាយុនោះ បើលោក​ដ៏មានអាយុ​នោះ និយាយនឹង​ខ្ញុំព្រះអង្គ​យ៉ាងនេះ សូមលោក​ដ៏មានអាយុនោះ អត់ទោស​ដល់ខ្ញុំ​ព្រះអង្គវិញ។

២. សឧបាទិសេសសូត្រ

[១២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លំដាប់​នោះ ព្រះសារីបុត្ត​ដ៏មានអាយុ មានសេចក្តី​ត្រិះរិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹកនៅឡើយ បើដូច្នោះ គួរអាត្មាអញ ឈៀងចូលទៅ​ឯអារាម​ពួក​អន្យតិរ្ថិយ​បរិព្វាជក​សិន។ ទើបព្រះសារីបុត្ត​ដ៏មានអាយុ ឈៀងចូល​ទៅឯអារាម របស់​ពួក​អន្យតិរ្ថិយ បរិព្វាជក លុះចូល​ទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ទៅរក​ពួក​អន្យតិរ្ថិយ​បរិព្វាជក លុះបព្ចាប់ពាក្យ​ដែលគួររីករាយ និង​ពាក្យដែលគួរ​រលឹកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ សម័យនោះឯង អន្តរាកថានេះ កើតដល់​ពួកអន្យតិរ្ថិយ​បរិព្វាជក ដែលកំពុង​អង្គុយប្រជុំ​គ្នា​ទាំងនោះថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គលណានីមួយ ជា​សឧបាទិសេស ធ្វើ​មរណកាលទៅ បុគ្គលទាំងអស់​នោះ មិនដែលផុត​អំពីនរក មិនផុត​អំពី​កំណើតតិរច្ឆាន មិនផុត​អំពី​បិត្តិវិស័យ មិនផុត​អំពីអបាយ ទុគ្គតិ និងវិនិបាតទេ។ គ្រានោះ ព្រះសារីបុត្ត​ដ៏មានអាយុ មិនត្រេកអរ មិនជំទាស់​នឹងភាសិត របស់​អន្យតិរ្ថិយ​បរិព្វាជក​ទាំងនោះ លុះមិនត្រេកអរ មិនជំទាស់ហើយ ទើបក្រោក​ចាកអាសនៈ ចៀសចេញ​ទៅ ដោយគិតថា អាត្មាអញ នឹងដឹងនូវ​សេចក្តី​នៃភាសិត​នេះ ក្នុង​សំណាក់​នៃ​ព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅបិណ្ឌបាត ក្នុង​ក្រុង​សាវត្ថី លុះត្រឡប់ចាក​បិណ្ឌបាត ក្នុងវេលាខាងក្រោយ​ភត្តហើយ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះសារីបុត្ត​ដ៏​មានអាយុ អង្គុយក្នុងទីសមគួរ​ហើយ បាន​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និង​ចីវរ ក្នុង​បុព្វណ្ហសម័យ ដើម្បីចូលទៅ​បិណ្ឌបាត ក្នុងក្រុងសាវត្ថី។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ដូច្នេះថា ការចូល​ទៅ​បិណ្ឌបាត ក្នុង​ក្រុង​សាវត្ថី នៅព្រឹកនៅឡើយ បើដូច្នោះ គួរតែអាត្មាអញ ឈៀងចូលទៅ​ឯអារាម របស់​ពួក​អន្យតិរ្ថិយ​បរិព្វាជក​សិន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទើបខ្ញុំព្រះអង្គ ឈៀងចូលទៅ​ឯអារាម របស់​ពួក​អន្យតិរ្ថិយ​បរិព្វាជក លុះចូលទៅ​ដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ​ទៅរក​អន្យតិរ្ថិយ​បរិព្វាជក​ទាំងនោះ លុះបព្ចាប់ពាក្យ​ដែលគួររីករាយ និង​ពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ សម័យនោះឯង អន្តរាកថានេះ កើតឡើង​ដល់ពួក​អន្យតិរ្ថិយ​បរិព្វាជក ដែលកំពុង​អង្គុយប្រជុំគ្នា​ថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​ណានីមួយ ជា​សឧបាទិសេស ធ្វើមរណកាល​ទៅ បុគ្គលទាំង​អស់នោះ មិនដែល​ផុតអំពី​នរក មិនផុត​អំពី​កំណើតតិរច្ឆាន មិនផុត​អំពីបិត្តិវិស័យ មិនផុត​អំពីអបាយ ទុគ្គតិ និង​វិនិបាតទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គ មិនត្រេកអរ មិនជំទាស់​នឹង​ភាសិត របស់ពួក​អន្យតិរ្ថិយ​បរិព្វាជក​ទាំងនោះ លុះខ្ញុំព្រះអង្គ មិនត្រេកអរ មិនជំទាស់​ហើយ ទើបក្រោក​ចាកអាសនៈ ចៀសចេញទៅ ដោយគិតថា អាត្មាអញ នឹងដឹង​នូវសេចក្តី​នៃភាសិតនេះ  ក្នុងសំណាក់​នៃព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាលសារីបុត្ត ពួកអន្យតិរ្ថិយ​បរិព្វាជក​នីមួយ ជាមនុស្សល្ងង់ ជាមនុស្ស​មិនឈ្លាស ពួកណា​ខ្លះ នឹងដឹងនូវ​សឧបាទិសេសបុគ្គល ថាជា​សឧបាទិសេសបុគ្គល​ក្តី នឹងដឹងនូវ​អនុបាទិសេស​បុគ្គល ថាជា​អនុបាទិសេស​បុគ្គលក្តី។ ម្នាលសារីបុត្ត បុគ្គលជា​សឧបាទិសេស​នេះ មាន ៩ ពួក កាលធ្វើ​មរណកាល​ទៅ តែងផុត​ចាកនរក ផុតចាក​កំណើត​តិរច្ឆាន ផុតចាក​បិត្តិវិស័យ ផុតចាក​អបាយ ទុគ្គតិ និងវិនិបាត។ បុគ្គល ៩ ពួក ដូចម្តេចខ្លះ។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុង​លោកនេះ ជាអ្នកធ្វើឲ្យ​បរិបូណ៌​ក្នុងសីល ធ្វើឲ្យបរិបូណ៌​ក្នុងសមាធិ តែធ្វើ​ឲ្យល្មម​ប្រមាណ​ក្នុងបញ្ញា បុគ្គលនោះ ជា​អន្តរាបរិនិព្វាយី ព្រោះអស់​សំយោជនៈ ជាចំណែក​ខាងក្រោម ៥។ ម្នាល​សារីបុត្ត នេះជា​សឧបាទិសេស​បុគ្គល ទី១ កាលធ្វើ​មរណកាល​ទៅ ផុតចាក​នរក ផុតចាក​កំណើតតិរច្ឆាន ​ផុតចាក​បិត្តិវិស័យ ផុតចាក​អបាយ ទុគ្គតិ និងវិនិបាតហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យ​បរិបូណ៌​ក្នុងសីល ធ្វើឲ្យ​បរិបូណ៌ក្នុងសមាធិ តែធ្វើឲ្យល្មម​ប្រមាណ​ក្នុងបញ្ញា បុគ្គលនោះ ជាឧបហច្ចបរិនិព្វាយី ជាអសង្ខារបរិនិព្វាយី ជាសសង្ខារបរិនិព្វាយី ជាឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅ​នៃ​សំយោជនៈ ជាចំណែក​ខាង​ក្រោម ៥។ ម្នាលសារីបុត្ត នេះជា​សឧបាទិសេសបុគ្គល ទី៥ កាលធ្វើមរណកាល​ទៅ ផុតចាក​នរក ផុតចាក​កំណើត​តិរច្ឆាន ផុតចាក​បិត្តិវិស័យ ផុតចាកអបាយ ទុគ្គតិ និង​វិនិបាត​ហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌​ក្នុង​សីល តែធ្វើឲ្យល្មម​ប្រមាណ​ក្នុងសមាធិ ធ្វើឲ្យល្មម​ប្រមាណ​ក្នុងបញ្ញា បុគ្គលនោះ ជា​សកទាគាមី ព្រោះ​អស់សំយោជនៈ ៣ ព្រោះ​មានរាគៈ ទោសៈ មោហៈ ស្រាល​ស្តើង មកកាន់​មនុស្ស​លោកនេះ​ម្តងទៀត ទើបធ្វើ​ទីបំផុត​ទុក្ខបាន។ ម្នាលសារីបុត្ត នេះជា​សឧបាទិសេស​បុគ្គល ទី៦ កាលធ្វើ​មរណកាលទៅ ផុតចាក​នរក។បេ។ ផុតចាក​អបាយ ទុគ្គតិ និង​វិនិបាត​ហើយ។ ម្នាលសារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យ​បរិបូណ៌​ក្នុងសីល តែធ្វើឲ្យល្មម​ប្រមាណ​ក្នុងសមាធិ ធ្វើឲ្យល្មម​ប្រមាណ​ក្នុងបញ្ញា បុគ្គលនោះ ជា​ឯកពីជី ព្រោះអស់​សំយោជនៈ ៣ ត្រូវកើត​ក្នុង​មនុស្សភព ម្តងទៀត​ ទើបធ្វើ​ទីបំផុត​ទុក្ខបាន។ ម្នាលសារីបុត្ត នេះជា​សឧបាទិសេស​បុគ្គល ទី៧ កាល​ធ្វើ​មរណកាល​ទៅ ផុតចាក​នរក។បេ។ ផុតចាក​អបាយ ទុគ្គតិ និង​វិនិបាត​ហើយ។ ម្នាល​សារីបុត្ត មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌​ក្នុងសីល តែធ្វើឲ្យល្មម​ប្រមាណ​ក្នុង​សមាធិ ធ្វើឲ្យល្មម​ប្រមាណ​ក្នុងបញ្ញា បុគ្គលនោះ ជា​កោលំកោលៈ ព្រោះ​អស់​សំយោជនៈ ៣ ត្រាច់​រង្គាត់ អន្ទោលទៅ​កាន់ត្រកូលពីរ ឬបីទៀត ទើបធ្វើ​ទីបំផុត​ទុក្ខ​បាន។ ម្នាលសារីបុត្ត នេះជា​សឧបាទិសេស​បុគ្គល ទី៨ កាលធ្វើ​មរណកាលទៅ ផុតចាក​នរក។បេ។ ផុតចាក​អបាយ ទុគ្គតិ និង​វិនិបាតហើយ​។ ម្នាលសារីបុត្ត មួយវិញទៀត បុគ្គល​ខ្លះ ក្នុងលោកនេះ ធ្វើឲ្យបរិបូណ៌​ក្នុងសីល តែធ្វើឲ្យ​ល្មមប្រមាណ​ក្នុងសមាធិ ធ្វើឲ្យ​ល្មម​ប្រមាណ​ក្នុងបញ្ញា បុគ្គលនោះ ជា​សត្តក្ខត្តុំបរមៈ ព្រោះអស់​សំយោជនៈ ៣ ត្រាច់​រង្គាត់ អន្ទោល​ទៅ​កាន់ទេវលោក និង​មនុស្សលោក ៧ ដងទៀត​ដោយច្រើន ទើបធ្វើ​ទីបំផុត​ទុក្ខ​បាន​។ ម្នាលសារីបុត្ត នេះជា​សឧបាទិសេសបុគ្គល ទី៩ កាលធ្វើ​មរណទៅ ផុតចាកនរក ផុតចាក​កំណើតតិរច្ឆាន ផុតចាកបិត្តិវិស័យ ផុតចាក​អបាយ ទុគ្គតិ និងវិនិបាត​ហើយ។ ម្នាល​សារីបុត្ត ពួកអន្យតិរ្ថិយ​បរិព្វាជក​នីមួយ ជាមនុស្សល្ងង់ មិន​ឈ្លាស ពួកណាខ្លះ នឹងដឹង​នូវ​សឧបាទិសេសបុគ្គល ថាជា​សឧបាទិសេស​បុគ្គល​ក្តី នឹង​ដឹងនូវ​អនុបាទិសេស​បុគ្គល ថាជា​អនុបាទិសេស​បុគ្គលក្តី។ ម្នាលសារីបុត្ត សឧបាទិសេស​បុគ្គល ទាំង៩ ពួក​នេះឯង កាលធ្វើ​មរណកាល​ទៅ ផុតចាក​នរក ផុតចាក​កំណើត​តិរច្ឆាន ផុតចាក​បិត្តិវិស័យ ផុតចាក​អបាយ ទុគ្គតិ និងវិនិបាត​ហើយ។ ម្នាលសារីបុត្ត ធម្មបរិយាយនេះ មិនទាន់ភ្លឺ​ច្បាស់ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា​នៅឡើយទេ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា ធម្មប​រិយាយណា ដែលតថាគត​សំដែងហើយ ដោយ​បញ្ហាធិប្បាយ ពួកជន​បានស្តាប់​ធម្មបរិយាយ​នោះហើយ ចូរកុំដល់នូវ​សេចក្តីប្រមាទឡើយ។

៣. កោដ្ឋិកសូត្រ

[១៣] គ្រានោះ ព្រះមហាកោដ្ឋិតៈដ៏មានអាយុ ចូលទៅរកព្រះសារីបុត្ត​ដ៏មានអាយុ លុះ​ចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ​ជាមួយនឹង​ព្រះសារីបុត្ត​ដ៏មានអាយុ លុះ​បព្ចាប់​ពាក្យដែលគួររីករាយ និងពាក្យដែល​គួររលឹកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះមហាកោដ្ឋិតៈដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ បានសួរ​ព្រះសារីបុត្តដ៏មាន​អាយុ​ដូច្នេះថា ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគ ដើម្បីប្រយោជន៍​ដល់ហេតុនេះ​ថា កម្មណា​ដែលឲ្យ​ផល​ក្នុងបច្ចុប្ប​ន្ន សូម​ឲ្យកម្មនោះ​ ឲ្យផល​ក្នុងបរលោក​ដល់អាត្មាអញ​វិញ​ បានឬ។ ម្នាលអាវុសោ មិន​បាន​ទេ។ ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏​មាន​ព្រះភាគ ដើម្បីប្រយោជន៍​ដល់ហេតុនេះថា កម្មណា​ឲ្យផល​ក្នុងបរលោក សូមឲ្យ​កម្មនោះ​ឲ្យផល​ក្នុងបច្ចុប្បន្ន​ដល់អាត្មាអញវិញ បានដែរឬ។ ម្នាលអាវុសោ មិនបាន​ទេ។ ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគ ដើម្បី​ប្រយោជន៍ដល់​ហេតុនេះថា កម្មណា​ដែលឲ្យផល​ជាសុខ សូមឲ្យកម្ម​នោះ ឲ្យផល​ជាទុក្ខ ដល់អាត្មាអញ​វិញ បានដែរឬ។  ម្នាល​អាវុសោ មិនបានទេ។ ម្នាល​អាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​​ដល់ហេតុ​នេះថា កម្មណា​ឲ្យផលជាទុក្ខ សូមឲ្យ​កម្មនោះ ឲ្យផល​ជា​សុខ ដល់​អាត្មាអញ​វិញ បានដែរឬ។ ម្នាល​អាវុសោ មិនបានទេ។ ម្នាល​អាវុសោសារីបុត្ត ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ដល់​ហេតុ​នេះ​ថា កម្មណា​ដែលមាន​វារៈ​ឲ្យផល សូមឲ្យកម្មនោះ ទៅជាមាន​វារៈ​មិនឲ្យ​ផល ដល់​អាត្មាអញ​វិញ បានដែរឬ។ ម្នាល​អាវុសោ មិនបានទេ។ ម្នាល​អាវុសោ​សារីបុត្ត ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ដល់​ហេតុ​នេះថា កម្មណា​ដែលមានវារៈ​មិនឲ្យផល សូមឲ្យ​កម្មនោះ ទៅជាមាន​វារៈ​ឲ្យ​ផល​ដល់​អាត្មាអញ​វិញ បានដែរឬ។ ម្នាលអាវុសោ មិនបាន​ទេ។ ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍​ដល់​ហេតុ​នេះថា កម្មណា​ឲ្យផលច្រើន សូមឲ្យ​កម្មនោះ ត្រឡប់ទៅ​ជាឲ្យផល​តិច ដល់​អាត្មាអញ​វិញ បានដែរឬ។ ម្នាល​អាវុសោ មិនបានទេ។ ម្នាលអាវុសោ​សារីបុត្ត ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍ដល់​ហេតុនេះថា កម្មណា​ឲ្យផល​តិច សូមឲ្យ​កម្មនោះ ត្រឡប់ទៅជា​ឲ្យផលច្រើន​ ដល់អាត្មាអញ​វិញ បាន​ដែរ​ឬ។ ម្នាលអាវុសោ មិន​បានទេ។ ម្នាល​អាវុសោ​សារីបុត្ត ចុះ​បុគ្គលប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ដល់​ហេតុនេះថា កម្ម​ណា​ដែលឲ្យផល សូមឲ្យកម្មនោះ ត្រឡប់ជាមិន​ឲ្យផល​ដល់អាត្មា​អញវិញ បានដែរឬ។ ម្នាល​អាវុសោ មិនបានទេ។ ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍​ដល់ហេតុនេះថា កម្មណា​ដែលមិនឲ្យផល សូម​ឲ្យកម្មនោះ ត្រឡប់ជាឲ្យផល​ដល់អាត្មាអញ​វិញ បានដែរឬ។ ម្នាលអាវុសោ​មិន​បានទេ។

ព្រះមហាកោដ្ឋិតៈដ៏មានអាយុ​ពោលថា កាលដែលខ្ញុំ​សួរដូច្នេះថា ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ដល់ហេតុនេះ​ថា កម្មណា​ដែលឲ្យផល​ក្នុងបច្ចុប្បន្ន សូមឲ្យកម្មនោះ ឲ្យផល​ក្នុង​បរលោក​ដល់អាត្មាអញ​វិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំ​សួរដូច្នេះថា ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍​ដល់ហេតុនេះថា កម្មណា​ដែលឲ្យផល​ក្នុង​បរលោក សូមឲ្យកម្មនោះ ឲ្យផល​ក្នុងបច្ចុប្បន្ននេះ ដល់អាត្មាអញវិញ បានដែរឬ លោក​ឆ្លើយថា ម្នាលអាវុសោ​ មិនបានទេ។ កាលដែល​ខ្ញុំសួរដូច្នេះថា ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍ដល់​ហេតុ​នេះថា កម្មណា​ឲ្យ​ផលជាសុខ សូមឲ្យកម្ម​នោះ ឲ្យផលជា​​ទុក្ខដល់អាត្មាអញ​វិញ  បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែល​ខ្ញុំសួរដូច្នេះ​ថា ម្នាល​អាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មាន​ព្រះភាគ ដើម្បី​ប្រយោជន៍​ដល់ហេតុ​នេះថា កម្មណា​ដែលឲ្យ​ផលជាទុក្ខ សូមឲ្យកម្មនោះ ត្រឡប់​ឲ្យផលជាសុខ​ដល់អាត្មាអញ​វិញ បានដែរឬ លោកឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែល​ខ្ញុំសួរដូច្នេះ​ថា ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍​ដល់ហេតុ​នេះថា កម្មណា​ដែល​មានវារៈ​ឲ្យផល សូមឲ្យកម្ម​នោះ មានវារៈ​មិនឲ្យផល​ដល់អាត្មាអញ​វិញ បានដែរឬ លោក​ឆ្លើយថា ម្នាលអាវុសោ មិនបានទេ។ កាលដែលខ្ញុំ​សួរដូច្នេះថា ម្នាល​អាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ដល់ហេតុ​នេះថា កម្មណា​ដែលមានវារៈ​មិនឲ្យផល សូមឲ្យកម្មនោះ មានវារៈ​ឲ្យផល​ដល់​អាត្មាអញ​វិញ បានដែរឬ លោក​ឆ្លើយថា​ ម្នាលអាវុសោ មិនបាន​ទេ។ កាល​ដែលខ្ញុំ​សួរដូច្នេះថា ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍​ដល់ហេតុនេះថា កម្មណា​ដែលឲ្យ​ផលច្រើន សូមឲ្យ​កម្មនោះ ត្រឡប់ឲ្យ​ផលតិច ដល់​អាត្មាអញវិញ បានដែរឬ លោក​ឆ្លើយថា ម្នាលអាវុសោ​ មិន​បានទេ។ កាលដែល​ខ្ញុំសួរ​ដូច្នេះថា ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ដល់​ហេតុនេះថា កម្មណា​ដែលឲ្យ​ផលតិច សូមឲ្យ​កម្មនោះ ត្រឡប់ជា​ឲ្យផល​ច្រើន ដល់​អាត្មាអញវិញ បាន​ដែរឬ លោកឆ្លើយ​ថា ម្នាលអាវុសោ មិនបានទេ។ កាលដែល​ខ្ញុំ​សួរដូច្នេះថា ម្នាល​អាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ដល់ហេតុ​នេះថា កម្មណា​ដែលឲ្យផល សូមឲ្យ​កម្មនោះ ត្រឡប់ជា​មិនឲ្យផល ដល់​អាត្មាអញ​វិញ បានដែរឬ លោកឆ្លើយ​ថា ម្នាល​អាវុសោ មិនបានទេ។ កាល​ដែលខ្ញុំ​សួរដូច្នេះ​ថា ម្នាលអាវុសោ​សារីបុត្ត ចុះបុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីប្រយោជន៍ដល់​ហេតុនេះថា កម្មណា​ដែលមិនឲ្យផល សូមឲ្យ​កម្មនោះ ត្រឡប់​ជាឲ្យផល​ ដល់​អាត្មាអញវិញ បាន​ដែរឬ លោក​ឆ្លើយថា ម្នាលអាវុសោ ​មិន​បានទេ ម្នាល​អាវុសោ កាលបើ​ដូច្នេះ ចុះ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ តើ​ប្រព្រឹត្ត​ដើម្បីអ្វី។ ម្នាលអាវុសោ គុណជាតណា ដែលបុគ្គល​មិន​បាន​ដឹង មិនបានឃើញ មិនបានដល់ មិន​បានធ្វើ​ឲ្យជាក់ច្បាស់ មិនបាន​ត្រាស់ដឹង​នៅ​ឡើយ ​បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បី​ឃើញ ដើម្បីដល់ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ ដើម្បីត្រាស់ដឹង​នូវគុណជាត​នោះ ម្នាលអាវុសោ នេះ​ជាទុក្ខ ម្នាល​អាវុសោ នេះជា​ទុក្ខសមុទ័យ ម្នាលអាវុសោ នេះជា​ទុក្ខនិរោធ ម្នាល​អាវុសោ នេះជា​ទុក្ខនិរោធគាមិនី​បដិបទា ដែលបុគ្គល​មិនបានដឹង មិនបានឃើញ មិនបាន​ដល់ មិនបានធ្វើឲ្យ​ជាក់ច្បាស់ មិនបាន​ត្រាស់ដឹង បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុង​សំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ ដើម្បី​ត្រាស់ដឹង​នូវគុណជាត​នោះ ម្នាលអាវុសោ នេះឯង​ជាគុណជាត ដែលបុគ្គល​មិន​បាន​ដឹង មិនបានឃើញ មិនបាន​ដល់ មិនបានធ្វើ​ឲ្យជាក់ច្បាស់ មិនបាន​ត្រាស់ដឹង បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ ដើម្បីដឹង ដើម្បីឃើញ ដើម្បីដល់ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ ដើម្បីត្រាស់ដឹង​នូវគុណជាត​នោះ។

៤. សមិទ្ធិសូត្រ

[១៤] គ្រានោះ ព្រះសមិទ្ធិដ៏មានអាយុ ចូលទៅរកព្រះសារីបុត្ត​ដ៏មានអាយុ លុះ​ចូល​ទៅដល់ ថ្វាយបង្គំ​ព្រះសារីបុត្ត​ដ៏មានអាយុ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះព្រះ​សមិទ្ធិ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ​ ព្រះសារីបុត្ត​ដ៏មានអាយុ សួរដូច្នេះថា ម្នាល​សមិទ្ធិ វិតក្កៈ ជាសង្កប្បៈ​របស់បុរស មានអ្វី​ជាអារម្មណ៍ ទើបកើតឡើង ព្រះ​សមិទ្ធិ​ឆ្លើយ​តប​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន មាននាម និង​រូប ជាអារម្មណ៍។ ម្នាល​សមិទ្ធិ ធម៌​ទាំង​នោះ ដល់នូវភាព​ផ្សេងគ្នា ក្នុងទី​ដូចម្តេច។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន​ ក្នុងពួកធាតុ។ ម្នាល​សមិទ្ធិ ធម៌ទាំងនោះ មានអ្វី​ជាដែនកើត។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន មានផស្សៈ ជា​ដែន​កើត។ ម្នាល​សមិទ្ធិ ធម៌ទាំងនោះ​ មាន​អ្វី​ជាទី​ប្រជុំចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន មាន​វេទនា ជាទីប្រជុំចុះ។ ម្នាល​សមិទ្ធិ ធម៌ទាំង​នោះ មានអ្វី​ជាប្រធាន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន មាន​សមាធិ ជាប្រធាន។ ម្នាល​សមិទ្ធិ ធម៌ទាំងនោះ មានអ្វី​ជាអធិបតី។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន មានសតិ ជាអធិបតី។ ម្នាល​សមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជារបស់​ខ្ពង់ខ្ពស់។ បពិត្រលោកម្ចាស់​ដ៏ចំរើន មាន​បញ្ញា ជារបស់​ខ្ពង់ខ្ពស់។ ម្នាលសមិទ្ធិ ធម៌​ទាំងនោះ មានអ្វី​ជាខ្លឹម ​។ បពិត្រលោក​ម្ចាស់ដ៏ចំរើន មានវិមុត្តិ ជាខ្លឹម។ ម្នាលសមិទ្ធិ ធម៌ទាំង​នោះ មានអ្វី ជាទីតាំងនៅស៊ប់​។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន មានអមតៈ ជាទីតាំង​នៅ​ស៊ប់។ កាលដែល​ខ្ញុំសួរ​ថា ម្នាល​សមិទ្ធិ វិតក្កៈ ជាសង្កប្បៈ របស់​បុរស មានអ្វី​ជា​អារម្មណ៍ ទើប​កើតឡើង លោក​ឆ្លើយថា បពិត្រលោក​ម្ចាស់ដ៏ចំរើន មាននាម និងរូប ជា​អារម្មណ៍។ កាលដែល​ខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ ដល់នូវភាពផ្សេងគ្នា ក្នុងទី​ដូចម្តេច លោកឆ្លើយថា បពិត្រលោកម្ចាស់​ដ៏ចំរើន ក្នុង​ពួកធាតុ។ កាល​ដែលខ្ញុំ​សួរថា ម្នាល​សមិទិ្ធ ធម៌ទាំងនោះ មានអ្វី ជាដែនកើត លោកឆ្លើយថា បពិត្រលោក​ម្ចាស់ដ៏ចំរើន មាន​ផស្សៈ ជាដែនកើត។ កាលដែល​ខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំង​នោះ មានអ្វី ជាទី​ប្រជុំចុះ លោក​ឆ្លើយថា បពិត្រលោក​ម្ចាស់ដ៏ចំរើន មានវេទនា ជាទីប្រជុំចុះ។ កាល​ដែល​ខ្ញុំសួរថា ​ម្នាល​សមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាប្រធាន លោកឆ្លើយថា បពិត្រលោកម្ចាស់​ដ៏ចំរើន មានសមាធិ ជាប្រធាន។ កាលដែល​ខ្ញុំសួរថា ម្នាល​សមិទ្ធិ ធម៌ទាំងនោះ មាន​អ្វី ជា​អធិបតី លោកឆ្លើយថា បពិត្រលោកម្ចាស់​ដ៏ចំរើន មានសតិ ជាអធិបតី។ កាល​ដែល​ខ្ញុំសួរ​ថា ម្នាល​សមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជារបស់​ខ្ពង់ខ្ពស់ លោកឆ្លើយថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន មានបញ្ញា ជារបស់ខ្ពង់ខ្ពស់។ កាល​ដែលខ្ញុំសួរថា ម្នាលសមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជា​ខ្លឹម​ លោកឆ្លើយថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន មានវិមុត្តិ ជា​ខ្លឹម។ កាលដែលខ្ញុំ​សួរថា ម្នាល​សមិទ្ធិ ធម៌ទាំងនោះ មានអ្វី ជាទីតាំង​នៅស៊ប់ លោក​ឆ្លើយថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន មានអមតៈ ជាទីតាំង​នៅស៊ប់។ ម្នាល​សមិទិ្ធ ប្រពៃណាស់ ម្នាលសមិទ្ធិ អ្នក​វិសជ្ជនា​ប្រស្នា ដែលខ្ញុំសួរហើយ ត្រូវណាស់ មួយទៀត អ្នកកុំបានចិត្ត​ព្រោះ​ការ​វិសជ្ជនា​ប្រស្នា​នោះ​ឡើយ។

៥. គណ្ឌសូត្រ

[១៥] ម្នាលភិក្ខុទាំងឡាយ​ ដូចបូសរាប់ដោយឆ្នាំមិនតែមួយ មុខដំបៅមាន ៩ គឺ មុខដំបៅដែលមិន​មានអ្នកណាទំលាយទាំង ៩ របស់បូស​នោះទេ វត្ថុនីមួយ​គប្បីហូរចេញ របស់​មិនស្អាត​ក៏គប្បី​ហូរចេញ ក្លិនអាក្រក់ ក៏គប្បី​ផ្សាយចេញ របស់គួរ​ខ្ពើមក៏គប្បីហូរ​ចេញ វ​ត្ថុនីមួយ​ក៏គប្បី​ជ្រាបចេញ របស់មិនស្អាត​ក៏គប្បីជ្រាបចេញ ក្លិនអាក្រក់​ក៏គប្បី​ផ្សាយ​ចេញ របស់ដែលគួរ​ខ្ពើមក៏គប្បី​ផ្សាយចេញ​អំពីមុខដំបៅ​នោះ។ ម្នាលភិក្ខុទាំង​ឡាយ ពាក្យថា បូសនេះ ជាឈ្មោះ​របស់កាយ ដែលប្រកប​ដោយ​មហាភូតរូប ៤ នេះ មាន​មាតាបិតា ជាដែនកើត ចំរើនដោយ​បាយ និងនំកុម្មាស មានសេចក្តី​មិនទៀង មាន​កិរិយា​ប្រោះព្រំ គក់ច្របាច់​ បែកធ្លាយ វិនាសខ្ចាត់ខ្ចាយ​ជាធម្មតា មុខដំបៅ​មាន ៩ គឺ មុខដំបៅ​ដែលមិនមាន​អ្នកណា​ទំលាយទាំង ៩ របស់កាយ​នោះទេ វត្ថុមួយ​តែងហូរចេញ របស់​មិនស្អាត​ក៏ហូរចេញ ក្លិនអាក្រក់​ក៏ហូរចេញ របស់គួរខ្ពើម​ក៏ហូរចេញ វត្ថុ​នីមួយ​ក៏ជ្រាប​ចេញ របស់មិនស្អាត​ក៏ជ្រាបចេញ ក្លិនអាក្រក់​ក៏ជ្រាបចេញ របស់គួរខ្ពើម ក៏ជ្រាប​ចេញ អំពីមុខ​ដំបៅនោះ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំង​ឡាយ ចូរនឿយណាយ​ក្នុងកាយនេះ។

៦. សញ្ញាសូត្រ

[១៦] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៩ យ៉ាងនេះ ដែលបុគ្គលចំរើន ធ្វើឲ្យច្រើន​ហើយ រមែងមាន​ផលច្រើន ​មានអានិសង្ស​ច្រើន មានអមតៈ ជាទីតាំងនៅស៊ប់ មាន​អមតៈ ជាបរិយោសាន។ សញ្ញា ៩ យ៉ាង តើដូចម្តេចខ្លះ។ គឺ អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ សញ្ញាមាន ៩ យ៉ាងនេះឯង ដែលបុគ្គល​ចំរើន ធ្វើឲ្យច្រើន​ហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មានអមតៈ ជាទីតាំង​នៅស៊ប់ មានអមតៈ​ជាបរិយោសាន។

៧. កុលសូត្រ

[១៧] ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៩ ដែលភិក្ខុមិនទាន់​ចូលទៅ ក៏មិន​គួរចូលទៅ បើភិក្ខុចូល​ជ្រុលទៅហើយ ក៏មិនគួរ​អង្គុយ។ ត្រកូល​ប្រកប​ដោយ​អង្គ ៩ តើ​ដូចម្តេចខ្លះ។ គឺគេមិន​ក្រោកទទួល ដោយសេចក្តី​ពេញចិត្ត ១ មិនថ្វាយបង្គំ​ដោយ​សេចក្តី​ពេញចិត្ត ១ មិនឲ្យ​អាសនៈ ដោយសេចក្តី​ពេញចិត្ត ១ លាក់​របស់ដែល​មាន ១ របស់​មានច្រើន​ ឲ្យតិច ១ មានរបស់​ដែលថ្លៃថ្លា ឲ្យរបស់​សៅហ្មង ១ ឲ្យដោយ​មិនគោរព មិនឲ្យ​ដោយគោរព ១ មិនចូល​ទៅអង្គុយ​ជិត ដើម្បីស្តាប់ធម៌​ដោយគោរព ១ មិន​ត្រេកអរ​នឹង​ភាសិត​របស់ភិក្ខុ​នោះ ១។ ម្នាលភិក្ខុ​ទាំងឡាយ ត្រកូល​ប្រកប​ដោយ អង្គ ៩ នេះឯង ដែល​ភិក្ខុមិនធ្លាប់​ចូលទៅ ក៏មិន​គួរចូលទៅ ឬចូលជ្រុល​ទៅហើយ ក៏មិនគួរអង្គុយ។ ម្នាលភិក្ខុ​ទាំងឡាយ ត្រកូល​ប្រកប​ដោយអង្គ ៩ ដែលភិក្ខុ​មិនទាន់ចូលទៅ ក៏គួរចូល​ទៅ​បាន ឬចូល​ទៅហើយ ក៏គួរ​អង្គុយបាន។ ត្រកូល​ប្រកប​ដោយអង្គ ៩ តើដូចម្តេចខ្លះ។ គឺគេ​ក្រោកទទួល ដោយសេចក្តី​ពេញចិត្ត ១ ថ្វាយបង្គំ​ដោយសេចក្តី​ពេញចិត្ត ១ ឲ្យអាសនៈ ដោយ​សេចក្តី​ពេញចិត្ត ១ មិនលាក់​របស់​ដែលមាន ១ របស់​ដែលមាន​ច្រើន ឲ្យច្រើន ១ របស់​ដែលថ្លៃថ្លា ឲ្យរបស់ថ្លៃថ្លា ១ ឲ្យដោយ​គោរព មិនឲ្យ​ដោយមិនគោរព ១ ចូលទៅ​អង្គុយជិត ដើម្បីស្តាប់​ធម៌ ១ ត្រេកអរ​នឹងភាសិត​របស់ភិក្ខុ​នោះ ១។ ម្នាលភិក្ខុ​ទាំងឡាយ ត្រកូល​ប្រកប​ដោយអង្គ ៩ នេះឯង ដែលភិក្ខុ​មិនទាន់ចូល​ទៅ ក៏គួរចូល​ទៅបាន​ ឬចូល​ទៅហើយ ក៏គួរ​អង្គុយបាន។

៨. នវង្គុបោសថសូត្រ

[១៨] ម្នាលភិក្ខុទាំងឡាយ ឧបោសថ​ប្រកបដោយអង្គ ៩ ប្រការ ដែលបុគ្គលចាំ​រក្សាហើយ រមែងមាន​ផលច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មាន​ការផ្សាយ​ទៅច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ឧបោសថ​ប្រកបដោយ​អង្គ ៩ ប្រការ ដែល​បុគ្គល​ចាំរក្សា​ហើយ រមែងមាន​ផលច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មាន​ការផ្សាយ​ទៅច្រើន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ អរិយ​សាវក ក្នុង​សាសនា​នេះ ពិចារណា​ដូច្នេះថា ព្រះអរហន្ត​ទាំងឡាយ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត មាន​អាជ្ញា​ដាក់ចុះហើយ មានគ្រឿង​សស្រ្តាដាក់​ចុះហើយ មាន​សេចក្តី​ខ្មាស ដល់នូវ​សេចក្តី​អាណិតអាសូរ អនុគ្រោះ​ដោយប្រយោជន៍​ដល់សត្វទាំង​អស់ ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​អាត្មាអញ ក៏លះបង់​នូវបាណាតិបាត វៀរចាក​បាណាតិបាត មានអាជ្ញា​ដាក់ចុះហើយ មានគ្រឿង​សស្រ្តាដាក់ចុះហើយ មានសេចក្តី​ខ្មាស ដល់នូវ​សេចក្តី​អាណិត​អាសូរ អនុគ្រោះ​ដោយប្រយោជន៍​​ដល់សត្វ​ទាំងពួង អស់​យប់នេះ និងថ្ងៃនេះដែរ អាត្មាអញ យកតម្រាប់ព្រះអរហន្ត​ផង អាត្មាអញ​នឹងចាំរក្សា​ឧបោសថ​ដោយអង្គ​នេះផង ឧបោសថ​ប្រកប​ដោយអង្គទី ១ នេះ ដូច្នេះ។បេ។ ព្រះអរហន្ត លះបង់​ទីដេកដ៏ខ្ពស់ និងទីដេក​ដ៏ប្រសើរ វៀរចាក​ទីដេកដ៏ខ្ពស់ និងទីដេក​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប គឺលើគ្រែ​តូចក្តី លើកម្រាល​ស្មៅក្តី ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​អាត្មាអញ ក៏លះបង់​ទីដេកដ៏ខ្ពស់ និងទីដេក​ដ៏ប្រសើរ វៀរចាក​ទីដេកដ៏ខ្ពស់ និង​ទីដេក​ដ៏ប្រសើរ សម្រេច​ទីដេក​ដ៏ទាប គឺលើ​គ្រែតូចក្តី លើកម្រាល​ស្មៅក្តី អស់យប់នេះ និង​ថ្ងៃនេះដែរ អាត្មាអញ យកតម្រាប់​ព្រះអរហន្តផង អាត្មាអញ នឹងរក្សាឧបោសថ ដោយ​អង្គនេះ​ឯង ឧបោសថ​ប្រកបដោយ​អង្គទី ៨ នេះ ដូច្នេះ បុគ្គល​មានចិត្ត​ប្រកប​ដោយ​មេត្តា ផ្សាយទៅ​កាន់ទិស ទី១ ទី២ ទី៣ ទី៤ ក៏ដូច ៗ គ្នា ផ្សាយទៅកាន់​ទិស​ខាង​លើ ខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកបដោយ​មេត្តា​ធំទូលាយ ប្រមាណមិនបាន មិន​មានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅកាន់​សត្វលោកទាំងពួង ដោយ​យកខ្លួន​ប្រៀបផ្ទឹម​នឹងសត្វ​ទាំងពួង ក្នុងទីទាំងពួង ឧបោសថ​ប្រកបដោយ​អង្គទី ៩ នេះដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ឧបោសថ​ប្រកប​ដោយអង្គ ៩ ប្រការ ដែលបុគ្គល​ចាំរក្សាហើយ រមែង​មាន​ផលច្រើន មាន​អានិសង្ស​ច្រើន មានតេជះ​ច្រើន មានការផ្សាយ​ទៅច្រើន យ៉ាងនេះឯង។

៩. ទេវតាសូត្រ

[១៩] ម្នាលភិក្ខុទាំងឡាយ ក្នុងវេលាយប់នេះ ពួកទេវតាជាច្រើន កាលដែលរាត្រី បឋមយាម កន្លងទៅហើយ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពតទាំងអស់ ឲ្យភ្លឺច្បាស់ ចូលមករកតថាគត លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទី សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះពួកទេវតាទាំងនោះ ឋិតនៅក្នុងទីសមគួរហើយ បានពោលនឹង​តថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិត​បានមក​កាន់ផ្ទះ​យើងខ្ញុំ​ព្រះអង្គ កាលដែល​កើតជាមនុស្ស ក្នុងកាលមុន បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើង​ខ្ញុំព្រះអង្គ​ទាំងនោះ បានក្រោកទទួលហើយ តែមិនបានថ្វាយបង្គំ បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ព្រះអង្គ​ទាំងនោះ ជាអ្នក​មានបុញ្ញកម្ម មិនបរិបូណ៌ គួរឲ្យមាន​សេចក្តីស្តាយ​ ក្តៅក្រហាយ ជាខាងក្រោយ ទើបបានទៅកើត ក្នុងពួកថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតាជា ច្រើនពួកទៀត ចូលមករកតថាគត ហើយពោលដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ពួកបព្វជិត​ ចូលមកកាន់ផ្ទះ​របស់យើង​ខ្ញុំព្រះអង្គ កាលដែលកើត​ជាមនុស្ស ក្នុងកាលមុន យើងខ្ញុំព្រះអង្គទាំងនោះ បានក្រោកទទួលផង បានថ្វាយ​បង្គំផងហើយ តែ​មិន​បាន​ប្រគេន​អាសនៈ បពិត្រព្រះអង្គ​ដ៏ចំរើន យើងខ្ញុំព្រះអង្គ​ទាំងនោះ ជាអ្នកមាន​បុញ្ញកម្ម មិនបរិបូណ៌ មានសេចក្តីស្តាយ ក្តៅក្រហាយ​ជាខាងក្រោយ ទើបបាន​ទៅកើត ក្នុងពួកថោកទាប។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា​ជាច្រើនផ្សេង ៗ ទៀត ចូលមក​រក​តថាគត បាន​ពោល​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកបព្វជិត បានចូល​មកកាន់​ផ្ទះ​របស់​យើងខ្ញុំព្រះអង្គ កាលដែលកើត​ជាមនុស្ស ក្នុងកាលមុន បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងនោះ បានក្រោក​ទទួលផង ថ្វាយបង្គំផង បានប្រគេនអាសនៈផង តែមិនបាន​ចាត់ចែង តាម​សមគួរ​ដល់​យសស័ក្តិ តាមសមគួរ​ដល់កម្លាំង។បេ។ ចាត់ចែង​តាមសម​គួរដល់​យសស័ក្តិ តាមសមគួរ​ដល់កម្លាំង​ហើយ តែមិនបាន​ចូលទៅអង្គុយជិត ដើម្បី​ស្តាប់ធម៌ បានចូល​ទៅអង្គុយជិត ដើម្បីស្តាប់​ធម៌ហើយ តែមិនបាន​ផ្ចង់ត្រចៀកស្តាប់ធម៌ បានផ្ចង់​ត្រចៀកស្តាប់ធម៌ហើយ តែថា​ស្តាប់ធម៌ហើយ​មិនបានចាំទុក បានស្តាប់​ធម៌ចាំទុក​ហើយ តែថា​មិនបាន​ពិចារណា​សេចក្តីនៃធម៌​ដែលចាំទុក ពិចារណា​សេចក្តីនៃធម៌ដែល​ចាំទុកបានហើយ តែថាយល់អត្ថ យល់ធម៌ហើយ មិនបានប្រតិបត្តិធម៌ តាមសមគួរ ដល់ធម៌ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងនោះ ជាអ្នកមានបុញ្ញកម្ម មិន​បរិបូណ៌ គួរឲ្យមាន​សេចក្តីស្តាយ ក្តៅក្រហាយ​ខាងក្រោយ ទើបទៅកើត​ក្នុងពួកថោក  ទាប។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា​ជាច្រើនផ្សេងទៀត ចូលមករកតថាគត ហើយ​ពោលដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកបព្វជិត ចូលមកកាន់ផ្ទះ​របស់យើង​ខ្ញុំព្រះអង្គ កាលដែល​កើតជា​មនុស្ស ក្នុងកាលមុន យើងខ្ញុំព្រះអង្គ​ទាំងនោះ បានក្រោក​ទទួលផង បានថ្វាយ​បង្គំផង បានប្រគេន​អាសនៈផង បានចាត់ចែង តាមសមគួរ​ដល់យសសក្តិ តាមសមគួរ​ដល់កំឡាំងផង ចូលទៅអង្គុយ​ជិតស្តាប់ធម៌ផង ផ្ចង់ត្រចៀកស្តាប់ធម៌ផង ស្តាប់ធម៌ហើយ បានចាំទុកផង បានពិចារណា​សេចក្តីនៃធម៌​ដែលចាំទុកផង យល់អត្ថ យល់ធម៌ ហើយប្រតិបត្តិ​ធម៌ តាមសមគួរ​ដល់ធម៌ផង បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំ​ព្រះអង្គ​ទាំងនោះ ជាអ្នក​មានបុញ្ញកម្ម​បរិបូណ៌ មិនមានសេចក្តីស្តាយ ក្តៅក្រហាយខាង​ក្រោយ ទើបបានទៅកើត ក្នុងពួកខ្ពង់ខ្ពស់។ ម្នាលភិក្ខុទាំងឡាយ នុ៎ះជារុក្ខមូល នុ៎ះជា​សុញ្ញាគារដ្ឋាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរចំរើនឈាន ចូរកុំប្រមាទ ចូរ​កុំមានសេចក្តីស្តាយ ក្នុងកាលខាងក្រោយ ដូចជាពួកទេវតា​មុននោះឡើយ។

១០. វេលាមសូត្រ

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ អនាថបិណ្ឌិក​គហបតី ចូលទៅ​គាល់​ព្រះដ៏​មានព្រះភាគ លុះចូល​ទៅដល់ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​អនាថបិណ្ឌិក​គហបតី អង្គុយក្នុង​ទីសមគួរហើយ ទើបព្រះ​ដ៏មានព្រះភាគ ទ្រង់​ត្រាស់​សួរដូច្នេះថា ម្នាលគហបតី ទានក្នុងត្រកូល​ អ្នកនៅ​តែឲ្យ​ដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គ​នៅតែ​ឲ្យដែរ តែទាននោះ​ឯង​សៅហង្ម គឺបាយ​ចុងអង្ករ និង​ទឹកជ្រក់ ជាគំរប់ពីរ។ ម្នាលគហបតី បុគ្គលឲ្យ​ទាន​សៅហង្ម​ក្តី ឲ្យទាន​ថ្លៃថ្លាក្តី តែឲ្យទាននោះ​មិនគោរព ធ្វើសេចក្តី​មិនកោតក្រែង​ហើយឲ្យ មិនឲ្យ​ដោយ​​ដៃ​ខ្លួនឯង បោះឲ្យ យល់ថាមិន​មានផល​ហើយឲ្យ វិបាក​របស់ទាន​នោះ ៗ កើតក្នុង​ត្រកូល​ណា ៗ ចិត្តក៏មិនឱនទៅ ដើម្បីប្រើប្រាស់​នូវភត្តដ៏ថ្លៃថ្លា ចិត្តមិន​ឱនទៅ ដើម្បី​ប្រើប្រាស់​នូវ​សំពត់ដ៏ថ្លៃថ្លា ចិត្តមិន​ឱនទៅ ដើម្បីប្រើប្រាស់​យានដ៏ថ្លៃថ្លា ចិត្តមិន​ឱនទៅ ដើម្បីប្រើ​ប្រាស់ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជនណា ដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ មិនស្តាប់ មិនផ្ចង់ត្រចៀក​ស្តាប់ រមែងបញ្ជូនចិត្ត​ទៅក្នុងអារម្មណ៍ដទៃ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថា វិបាកនៃកម្ម​ទាំងឡាយ ដែលបុគ្គលធ្វើ​ដោយមិនគោរព រមែងមាន​យ៉ាងនេះឯង ម្នាលគហបតី បុគ្គលឲ្យ​ទានសៅហង្មក្តី ថ្លៃថ្លាក្តី តែឲ្យទាននោះ​ដោយគោរព ធ្វើសេចក្តី​កោតក្រែង​ហើយឲ្យ ឲ្យដោយ​ដៃខ្លួនឯង មិនបោះឲ្យ យល់ថាមានផល​ហើយឲ្យ វិបាក​របស់ទាននោះ ៗ កើតក្នុងត្រកូលណា ៗ ចិត្តក៏រមែង​ឱនទៅ ដើម្បីប្រើប្រាស់​ភត្តដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់​សំពត់ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់​យាន ដ៏ថ្លៃថ្លា ចិត្តរមែងឱនទៅ ដើម្បីប្រើប្រាស់​ក្នុងកាមគុណ ៥ ដ៏ថ្លៃថ្លា មួយទៀត ពួកជន​ណាដែលជាកូនក្តី ប្រពន្ធក្តី ទាសៈក្តី អ្នកបំរើក្តី កម្មករក្តី របស់បុគ្គលនោះ ជនទាំងនោះ រមែងស្តាប់ ផ្ចង់ត្រចៀកស្តាប់ មិនបញ្ជូនចិត្ត​ទៅក្នុងអារម្មណ៍ដទៃឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលគហបតី ព្រោះថាវិបាករបស់កម្ម​ទាំងឡាយ ដែលបុគ្គលធ្វើ​ដោយ​គោរព រមែងមាន​យ៉ាងនេះឯង។ ម្នាលគហបតី កាលពីព្រេងនាយ មានព្រាហ្មណ៍ ឈ្មោះ​វេលាម លោកបានឲ្យទាន ជាមហាទាន មានសភាពយ៉ាងនេះ គឺបានឲ្យភាជន៍​មាស ៨៤.០០០ ដែល​ពេញ​ដោយប្រាក់ បានឲ្យភាជន៍ប្រាក់ ៨៤.០០០ ដែលពេញដោយមាស បានឲ្យភាជន៍​សំរិទ្ធិ ៨៤.០០០ ដែលពេញដោយប្រាក់ បានឲ្យ​ដំរី ៨៤.០០០ ដែលមាន​គ្រឿងអលង្ការមាស មានទង់ជ័យមាស ព្រមទាំង​បាំងដោយ​បណ្តាញមាស បានឲ្យរថ ៨៤.០០០ ដែលពាស​ដោយស្បែកសីហៈ ដែល​ពាសដោយស្បែកខ្លាធំ ពាសដោយស្បែក​ខ្លាដំបង ពាសដោយ​សំពត់កម្ពល មានពណ៌​លឿង មានគ្រឿង​អលង្ការមាស មាន​ទង់ជ័យ​មាស បិទបាំងដោយ​បណ្តាញមាស បាន​ឲ្យមេគោ ៨៤.០០០ សម្រាប់រូតបង្ហូរ (ទឹកដោះ) មានភាជន៍សំរិទ្ធិ​សម្រាប់ត្រង បាន​ឲ្យនាងកញ្ញា ៨៤.០០០ ដែលពាក់​កែវមណី និង​កណ្ឌល បានឲ្យបល្ល័ង្ក ៨៤.០០០ ដែលក្រាល​ដោយព្រំ ក្រាលដោយ​កម្រាលរោម មានពណ៌ស ក្រាលដោយ​កម្រាល​រោម​​មានផ្កា​ជាចង្កោម ក្រាលដោយ​កម្រាល​ដ៏ប្រសើរ ធ្វើពីរោមម្រឹគ ឈ្មស់ មានខ្នើយមានពណ៌​ក្រហម​ទាំងពីរខាង ព្រមទាំង​ពិតាន មាន​ពណ៌​ក្រហម បានឲ្យកោដិ [កោដិក្នុងទីនេះ សំដៅយក​ សំពត់សាកដ ១០ ហៅថាមួយកោដិ។ អដ្ឋកថា។] នៃសំពត់ ៨៤.០០០ គឺសំពត់ថ្មីមានសាច់ល្អិត សំពត់សូត្រមានសាច់ល្អិត សំពត់អម្បោះមានសាច់ល្អិត បាច់និយាយថ្មី ដល់បាយ ទឹក បង្អែម ភោជន គ្រឿងលាប ទីដេក ដូចជាស្ទឹង តែងហូរ​ទៅ ម្នាលគហបតី អ្នកប្រហែល​ជាមាន​សេចក្តី​សំគាល់​នូវ​វេលាម​ព្រាហ្មណ៍​នុ៎ះ​យ៉ាង​នេះថា ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ជា​បុគ្គល​ដទៃ​ដោយ​ពិត (ក្រៅពីតថាគត) លោកបានឲ្យទាន​នោះ ជាមហាទាន។ ម្នាលគហបតី ហេតុនុ៎ះ អ្នកមិនត្រូវ​យល់យ៉ាងនេះ​ឡើយ ក្នុងសម័យនោះ វេលាមព្រាហ្មណ៍ ក៏គឺតថាគត ទានដែលតថាគត​បានឲ្យនោះ ជាមហាទាន។ ម្នាលគហបតី មិនមាន​ទក្ខិណេយ្យបុគ្គល​ណាមួយ ក្នុងទាននោះទេ មិន​មានបុគ្គលណាមួយ សំអាត​ទក្ខិណាទាន​នោះទេ។ ម្នាលគហបតី វេលាមព្រាហ្មណ៍ បានឲ្យទានណា ដែលឈ្មោះថា​មហាទាន​ និងបុគ្គលណា ញុំាងបុគ្គល​ដែលមានទិដ្ឋិល្អ ១ រូប (សោតាបន្នបុគ្គល)  ឲ្យ​បរិភោគ​ ទាននេះ ជាទានមានផល​ច្រើនជាងមហាទាន បុគ្គល​ណា ញុំាងបុគ្គល​ដែល​មាន​ទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គល​ជាសកទាគាមី ១ រូប ឲ្យបរិភោគ។បេ។ បុគ្គលណា ញុំាងបុគ្គល​ជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និង​បុគ្គល​ណា ញុំាងបុគ្គល​ជាអនាគាមី ១ រូប ឲ្យបរិភោគ បើបុគ្គលណា ញុំាងបុគ្គល​ជាអនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គលជា​ព្រះអរហន្ត ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គល​ជាព្រះអរហន្ត ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាង​ព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាង​ព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និង​បុគ្គលណា ញុំាង​ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធឲ្យបរិភោគ បុគ្គលណា ញុំាងសង្ឃ​ មាន​ព្រះពុទ្ធ​ជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិស​ចំពោះសង្ឃ​មកពី​ទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លា​ដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃ​ផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាន​នូវសិក្ខាបទ​ទាំងឡាយ គឺ​ចេតនា​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​ហេតុជាទីតាំង​នៃសេចក្តី​ប្រមាទ ដោយការផឹក​នូវទឹក​ស្រវឹង គឺសុរា និងមេរ័យ បុគ្គលណា មានចិត្តជ្រះថ្លា សមាទាន​នូវសិក្ខាបទទាំងឡាយ គឺចេតនា​វៀរចាក​បាណាតិបាត។បេ។ វៀរចាក​ហេតុជាទីតាំង​នៃសេចក្តីប្រមាទ ដោយ​ការផឹក​នូវ​ទឹកស្រវឹង គឺសុរា និង​មេរ័យ ដោយហោចទៅ បុគ្គលណា ចំរើននូវមេត្តាចិត្ត សូម្បីអស់កាល​ត្រឹមតែ​មួយរូត​ទឹកដោះគោ​ប៉ុណ្ណោះ ការចំរើនមេត្តាចិត្តនេះ  របស់បុគ្គលទាំងនោះ មានផល​ច្រើន​ជាងទាន​នោះទៅទៀត។ ម្នាលគហបតី វេលាម​ព្រាហ្មណ៍ បានឲ្យទាន​ជា​មហាទាន​ណា និង​បុគ្គលណា ញុំាងបុគ្គល​មានទិដ្ឋិល្អ ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គលមានទិដ្ឋិល្អ ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គល​ជាសកទាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គល​ជាសកទាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងបុគ្គល​ជាអនាគាមី ១ រូប ឲ្យបរិភោគ បុគ្គលណា ញុំាងបុគ្គល​ជា​អនាគាមី ១០០ រូប ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះអរហន្ត ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាង​ព្រះអរហន្ត ១០០ អង្គ ឲ្យបរិភោគ និងបុគ្គលណា ញុំាងព្រះបច្ចេកពុទ្ធ ១ អង្គ ឲ្យបរិភោគ បុគ្គលណា ញុំាងពួក​ព្រះបច្ចេកពុទ្ធ ១០០ អង្គ ឲ្យបរិភោគ និង​បុគ្គលណា ញុំាងព្រះតថាគត អរហន្ត​សម្មាសម្ពុទ្ធ ឲ្យបរិភោគ បុគ្គលណា ញុំាង​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធ​ជាប្រធាន ឲ្យបរិភោគ និងបុគ្គលណា ឲ្យគេធ្វើវិហារ ឧទ្ទិស​ចំពោះ​សង្ឃ​មកអំពី​ទិសទាំង ៤ បុគ្គលណា មានចិត្តជ្រះថ្លា​ដល់នូវព្រះពុទ្ធផង ព្រះធម៌ផង ព្រះសង្ឃ​ផង ជាទីពឹង និងបុគ្គលណា មានចិត្តជ្រះថ្លា សមាទាន​នូវសិក្ខាបទទាំងឡាយ គឺចេតនា​វៀរចាក​បាណាតិបាត។បេ។ វៀរចាកហេតុជាទីតាំងនៃសេចក្តី​ប្រមាទ ដោយការផឹក​នូវ​ទឹកស្រវឹង គឺសុរា និង​មេរ័យ ដោយហោចទៅ និងបុគ្គលណា ចំរើននូវ​មេត្តាចិត្ត សូម្បីអស់កាល​ត្រឹមតែមួយរូតទឹកដោះគោ​ប៉ុណ្ណោះ និងបុគ្គលណា ចំរើននូវ​អនិច្ចសញ្ញា សូម្បីអស់កាល​គ្រាន់តែផ្ទាត់ម្រាមដៃប៉ុណ្ណោះ ការចំរើននេះ មានផលច្រើន​ជាងទាន​នោះ​ទៅ​ទៀត។

ចប់​ សីហនាទវគ្គ ទី២។

ឧទ្ទានក្នុងសីហនាទវគ្គនោះគឺ

និយាយអំពីការចាំរក្សាឧបោសថ ១ សឧបាទិសេស និង​អនុបាទិសេស ១ ព្រះកោដ្ឋិតៈ​ភិក្ខុ ១ ព្រះសមិទ្ធិភិក្ខុ ១ កាយ ដូចជាបូស ១ សញ្ញា ១ ត្រកូល ១ មេត្តា ១ ទេវតា ១ វេលាមព្រាហ្មណ៍ ១។

សត្តាវាសវគ្គ ទី៣

១. តិឋានសូត្រ

[២១] ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សអ្នកនៅក្នុងឧត្តរកុរុទ្វីប ខ្ពង់ខ្ពស់ ហួសពួក ទេវតាជាន់តាវត្តឹង្សផង និងពួកមនុស្សអ្នកនៅក្នុង​ជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺមិនមាន​សេចក្តីអន្ទះសា ១ មិនមាន​សេចក្តីហួងហែង ១ មានអាយុទៀង មានកំណើត​ដ៏វិសេស ១។ ម្នាលភិក្ខុ​ទាំងឡាយ ពួកមនុស្ស​នៅក្នុង​ឧត្តរកុរុទី្វប តែងខ្ពង់ខ្ពស់ ហួសពួកទេវតាជាន់​តាវត្តឹង្សផង និងពួកមនុស្ស​អ្នកនៅក្នុង ជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ពួកទេវតាជាន់តាវត្តឹង្ស ខ្ពង់ខ្ពស់ហួសពួកមនុស្ស​អ្នកនៅក្នុង​ឧត្តរកុរុទ្វីបផង និងពួក​មនុស្សអ្នកនៅ​ក្នុងជម្ពូទ្វីបផង ដោយ​ស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺអាយុជាទិព្វ ១ សម្បុរជាទិព្វ ១ សេចក្តីសុខ​ជាទិព្វ ១។ ម្នាលភិក្ខុ​ទាំងឡាយ ពួកទេវតាជាន់តាវតឹ្តង្ស តែងខ្ពង់​ខ្ពស់​ហួស​ពួក​មនុស្ស​អ្នកនៅក្នុងឧត្តរកុរុទ្វីបផង និងពួកមនុស្សអ្នកនៅក្នុងជម្ពូទ្វីបផង ដោយស្ថាន ៣ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស​អ្នកនៅ​ក្នុង​ជម្ពូទ្វីប ខ្ពង់​ខ្ពស់​ហួស​ពួកមនុស្ស​អ្នកនៅក្នុង​ឧត្តរកុរុទ្វីបផង និងពួកទេវតាជាន់តាវតឹ្តង្សផង ដោយ​ស្ថាន ៣ យ៉ាង។ ស្ថាន ៣ យ៉ាង តើដូចម្តេចខ្លះ។ គឺមាន​សេចក្តីក្លៀវក្លា ១ មានស្មារតី     (ខ្ជាប់ខ្ជួន) ១ មានការបំពេញ​ព្រហ្មចរិយ​ធម៌ដ៏វិសេស ១។ ម្នាលភិក្ខុទាំងឡាយ ពួក​មនុស្សនៅក្នុងជម្ពូទ្វីប តែងខ្ពង់ខ្ពស់ ហួសពួក​មនុស្ស​អ្នកនៅ​ក្នុង​ឧត្តរកុរុទ្វីបផង និងពួក ទេវតា​ជាន់តាវត្តឹង្ស​ផង ដោយស្ថាន ៣ យ៉ាងនេះឯង។

២. អស្សខឡុង្កសូត្រ

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេះខឡុង្គៈ [ពាក្យថា ខឡុង្គៈ​នេះ គឺជាគោត្ររបស់​សេះ​មួយពួក​ៗ សំដៅយក​ពួកសេះ​ធុន​អន់ជាងគេ​បំផុត។] ៣ ពួកផង នូវ​បុរសខឡុង្គៈ ៣ ពួកផង នូវសេះ [សំដៅយកសេះ​ធុន​កណ្តាល (ល្អជាង​ពួកសេះ​ខឡុង្គៈ)។] សទស្សៈ ៣ ពួកផង នូវបុរស​សទស្សៈ ៣ ពួកផង នូវ​សេះ​អាជានេយ្យ [ពួកសេះដែលស្គាល់​ហេតុខុសត្រូវ (សេះធុនល្អបំផុត)។] ដ៏ប្រសើរ ៣ ពួកផង នូវបុរស​អាជានេយ្យ​ដ៏ប្រសើរ ៣ ពួកផង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ចុះសេះខឡុង្គៈ ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ ជាសត្វបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌​ដោយសម្បុរ មិនបរិបូណ៌​ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុ​ទាំងឡាយ សេះ​ខឡុង្គៈ​ខ្លះ ក្នុងលោក​នេះ ជាសត្វបរិបូណ៌​ដោយសន្ទុះ បរិបូណ៌​ដោយពណ៌សម្បុរ​តែមិនបរិបូណ៌​ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ សេះខឡុង្គៈខ្លះ ក្នុងលោកនេះ បរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយពណ៌​សម្បុរផង បរិបូណ៌ដោយ​កំពស់ និង​ទំហំផង ១។ ម្នាលភិក្ខុ​ទាំង​ឡាយ សេះខឡុង្គៈ មាន ៣ ពួកនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរស​ខឡុង្គៈ​ខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌​ដោយសន្ទុះ តែមិន​បរិបូណ៌​ដោយគុណ មិនបរិបូណ៌​ដោយកំពស់ និង​ទំហំ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុរសខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌​ដោយសន្ទុះ បរិបូណ៌​ដោយគុណ តែមិនបរិបូណ៌​ដោយកំពស់ និងទំហំ ១។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈខ្លះ ក្នុងលោកនេះ ជាអ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយ​កំពស់ និង​ទំហំផង ១។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​ខឡុង្គៈ​មាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសខឡុង្គៈ ជាអ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌​ដោយគុណ មិនបរិបូណ៌​ដោយកំពស់ និងទំហំ តើដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ដឹងច្បាស់​តាមពិតថា នេះជាទុក្ខ ដឹងច្បាស់​តាមពិតថា នេះជាហេតុ​នាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាធម៌រំលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ធម៌​រំលត់ទុក្ខ តថាគត​ពោលថា នេះជា​សន្ទុះ​របស់ភិក្ខុនោះ កាលបើ​គេសួរប្រស្នា​ក្នុងអភិធម្ម ឬក្នុង​អភិវិន័យ ដោះស្រាយ​មិនបរិបូណ៌ តថាគត​ពោលថា នេះមិនមែន​ជាគុណរបស់ភិក្ខុនោះទេ ទាំងជាអ្នក​ឆ្នែងលាភ​ចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតពោលថា នេះមិនមែនជាកំពស់ និងទំហំរបស់ភិក្ខុនោះទេ។​ ម្នាលភិក្ខុ​ទាំងឡាយ បុរសខឡុង្គៈ អ្នកបរិបូណ៌ដោយសន្ទុះ តែមិនបរិបូណ៌ដោយគុណ មិនបរិបូណ៌​ដោយកំពស់ និងទំហំ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុរស​អ្នក​បរិបូណ៌​ដោយសន្ទុះផង បរិបូណ៌ដោយ​គុណផង តែមិន​បរិបូណ៌​ដោយកំពស់ និងទំហំ តើដោយ​ប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹង​ច្បាស់​តាមពិត​ថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរ​ទៅកាន់​ធម៌រំលត់ទុក្ខ តថាគតពោលថា នេះជាសន្ទុះ​របស់ភិក្ខុនោះ កាលបើគេសួរ​ប្រស្នា​ក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះស្រាយរួច មិនទើស​ទាល់ឡើយ តថាគត​ពោលថា នេះជាគុណ​របស់ភិក្ខុនោះ ប៉ុន្តែជាអ្នកឆ្នែង​លាភចំពោះ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតពោលថា នេះមិនមែន​ជាកំពស់ និងទំហំ​របស់ភិក្ខុនោះ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ បុរសខឡុង្គៈ អ្នកបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌ដោយគុណផង តែមិនបរិបូណ៌ដោយកំពស់ និងទំហំ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុរស​ខឡុង្គៈ អ្នកបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌​ដោយ​គុណផង បរិបូណ៌​ដោយកំពស់ និង​ទំហំផង តើដោយប្រការ​ដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹង​ច្បាស់តាមពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ធម៌រំលត់ទុក្ខ តថាគតពោលថា នេះជាសន្ទុះ​របស់ភិក្ខុនោះ កាលបើគេសួរប្រស្នា​ក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះ​ស្រាយរួច មិនទើសទាល់ឡើយ តថាគតពោលថា នេះជាគុណរបស់ភិក្ខុនោះ ទាំង​ជាអ្នកស្វាក់​លាភចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ តថាគតពោលថា នេះជាកំពស់​ និងទំហំរបស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ បុរស​ខឡុង្គៈ អ្នកបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌​ដោយកំពស់ និងទំហំផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសខឡុង្គៈ មាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះសេះ​សទស្សៈ ៣ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះសទស្សៈខ្លះ ក្នុងលោកនេះ។បេ។ ជាសត្វបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌​ដោយពណ៌សម្បុរផង បរិបូណ៌ដោយកំពស់ និងទំហំផង។ ម្នាលភិក្ខុទាំងឡាយ សេះ សទស្សៈមាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរសសទស្សៈ ៣ ពួក តើ​ដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​សទស្សៈ​ខ្លះ ក្នុងលោក​នេះ។បេ។ អ្នកបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុរសសទស្សៈ អ្នកបរិបូណ៌ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង តើដោយប្រការដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ព្រោះអស់ទៅនៃសំយោជនៈ ជាចំណែកខាងក្រោម ៥ ជាឱបបាតិក​សត្វ បរិនិព្វានក្នុងទីនោះ មានសភាពមិនបានត្រឡប់​ចាកលោកនោះ តថាគតពោលថា នេះជាសន្ទុះរបស់ភិក្ខុនោះ កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ ដោះ​ស្រាយរួច មិនទើសទាល់ តថាគតពោលថា នេះជាគុណរបស់ភិក្ខុនោះ ទាំងជាអ្នកស្វាក់​លាភ​ចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិកា្ខរ តថាគតពោលថា នេះជាកំពស់ និងទំហំរបស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ បុរសសទស្សៈ អ្នកបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង យ៉ាង​នេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសសទស្សៈ មាន ៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះសេះអាជានេយ្យដ៏ប្រសើរ ៣ ពួក តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏ប្រសើរខ្លះ ក្នុងលោកនេះ។បេ។ ជាសត្វបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌​ដោយ​ពណ៌​សម្បុរផង បរិបូណ៌​ដោយកំពស់ និង​ទំហំផង។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យ​ដ៏ប្រសើរ មាន៣ ពួកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរស​អាជានេយ្យ​ដ៏ប្រសើរ ៣ ពួក តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរស​អាជានេយ្យ​ដ៏ប្រសើរ​ខ្លះ ក្នុងលោកនេះ។បេ។ ជាអ្នកបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌ដោយ​គុណផង បរិបូណ៌ដោយ​កំពស់ និងទំហំផង។ ម្នាលភិក្ខុទាំងឡាយ ចុះបុរស​អាជានេយ្យដ៏ប្រសើរ តើដោយប្រការ​ដូចម្ដេច។បេ។ ជាអ្នកបរិបូណ៌​ដោយសន្ទុះផង បរិបូណ៌​ដោយគុណផង បរិបូណ៌ដោយកំពស់ និងទំហំផង។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ប្រសើរ ក្នុងលោកនេះ ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន តថាគតពោលថា នេះជាសន្ទុះ​របស់ភិក្ខុនោះ កាលបើគេសួរប្រស្នាក្នុងអភិធម្ម ឬក្នុងអភិវិន័យ អាចដោះស្រាយរួច មិនទើស​ទាល់​ឡើយ តថាគតពោលថា នេះជាគុណ​របស់ភិក្ខុនោះ ទាំងជា​អ្នកស្វាក់លាភ​ចំពោះ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិកា្ខរ តថាគតពោលថា នេះជាកំពស់ និងទំហំ​របស់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ បុរស​អាជានេយ្យដ៏ប្រសើរ ជាអ្នកបរិបូណ៌​ដោយ​សន្ទុះផង បរិបូណ៌​ដោយគុណផង បរិបូណ៌​ដោយកំពស់ និងទំហំផង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុរសអាជានេយ្យដ៏ប្រសើរ មាន ៣ ពួកនេះឯង។

៣. តណ្ហាមូលកសូត្រ

[២៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវពួកធម៌ ដែលមានតណ្ហាជា​ឫសគល់ ៩ យ៉ាង អ្នកទាំងឡាយ ចូរស្ដាប់នូវធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ដែលមានតណ្ហាជាឫសគល់ ៩ យ៉ាង តើដូចម្ដេចខ្លះ។ គឺការអាស្រ័យតណ្ហា ទើបមានការស្វែងរក ១ អាស្រ័យការស្វែងរក ទើបកើតលាភ ១ អាស្រ័យលាភ ទើបកើតសេចក្ដីត្រិះរិះ ១ អាស្រ័យសេចក្ដីត្រិះរិះ ទើបកើតសេចក្ដីប្រាថ្នា សេចក្ដីត្រេកអរ ១ អាស្រ័យសេចក្ដីប្រាថ្នា សេចក្ដីត្រេកអរ ទើបកើតសេចក្ដីជឿស៊ប់ ១ អាស្រ័យ​សេចក្ដីជឿស៊ប់ ទើបកើតការហួងហែងទុក ១​ អាស្រ័យការហួងហែងទុក ទើបកើត​សេចក្ដី​កំណាញ់ ១ អាស្រ័យសេចក្ដីកំណាញ់ ទើបកើតការរក្សាទុក ១ អាស្រ័យការ​រក្សា ជាហេតុហើយ ទើបអកុសលធម៌ទាំងឡាយ​ដ៏លាមកជាច្រើន គឺការកាន់ដំបង កាន់គ្រឿង​សស្រ្ដាវុធ ឈ្លោះទាស់ទែង ជជែកគ្នាថាឯង ៗ ទាំងនិយាយញុះញង់ និយាយកុហក ក៏កើត​ឡើង ១។ ម្នាលភិក្ខុទាំងឡាយ ពួកធម៌មានតណ្ហាជាឫសគល់ មាន ៩ យ៉ាងនេះឯង។

៤. សត្តាវាសសូត្រ

[២៤] ម្នាលភិក្ខុទាំងឡាយ សត្តាវាស (ប្រទេសជាទី​នៅរបស់សត្វ) នេះ មាន ៩ យ៉ាង។ សត្តាវាស ៩ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានកាយ​ផ្សេងគ្នា មានសញ្ញាផ្សេងគ្នា ក៏មាន ដូចពួកមនុស្ស និងទេវតាពួកខ្លះ និងអសុរកាយ ពួកខ្លះ នេះជា​សត្តាវាស ទី១។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ​មានកាយផ្សេងគ្នា មាន​សញ្ញាដូចគ្នា ក៏មាន ដូចពួកព្រហ្មកាយិកទេវតា ដែលកើតក្នុង​ជាន់បឋមជ្ឈានភូមិ នេះជា​សត្តាវាស ទី២។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ​មានកាយដូចគ្នា មានសញ្ញា​ផ្សេងគ្នា ក៏មាន ដូចពួកទេវតា​ជាន់អាភស្សរៈ នេះជា​សត្តាវាស ទី៣។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ​មានកាយ​ដូចគ្នា មានសញ្ញា​ដូចគ្នា ក៏មាន ដូចពួកទេវតាជាន់សុភកិណ្ហៈ នេះជា​សត្តាវាស ទី៤។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វឥតសញ្ញា ឥតមានទទួលការដឹង ក៏មាន ដូចពួកទេវតាជាន់អសញ្ញីសត្វ នេះជា​សត្តាវាស ទី៥។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​លុះបាន​កន្លងរូបសញ្ញា បានរម្ងាប់បដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត ចំពោះ​នានត្ត​សញ្ញា ដោយប្រការ​ទាំងពួង ហើយបាន​ដល់អាកាសានញ្ចាយតនជ្ឈាន ដោយ​បរិកម្មថា អាកាស មិនមានទីបំផុតដូច្នេះ ក៏មាន នេះជា​សត្តាវាស ទី៦។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លង​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់​វិញ្ញាណញ្ចា​យតនជ្ឈាន ដោយបរិកម្មថា វិញ្ញាណ មិនមានទីបំផុតដូច្នេះ ក៏មាន នេះជា​សត្តាវាស ទី៧។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយបានដល់អាកិញ្ចញ្ញាយតនជ្ឈាន ដោយបរិកម្មថា វត្ថុតិចតួច​មិន​មាន ដូច្នេះ  នេះជា​សត្តាវាស ទី៨។  ម្នាលភិក្ខុទាំងឡាយ ពួកសត្វកន្លង​អាកិញ្ចញ្ចា​យតន​ជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជា​សត្តាវាស ទី៩។  ម្នាលភិក្ខុ​ទាំងឡាយ សត្តាវាស មាន ៩ យ៉ាងនេះឯង។

៥. បញ្ញាសូត្រ

[២៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយ​ប្រាជ្ញា ម្នាលភិក្ខុទាំងឡាយ ការសន្សំរបស់ភិក្ខុនោះ គួរពោលថា ភិក្ខុនោះ រមែងដឹង​ច្បាស់​ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលភិក្ខុ​បានសន្សំល្អហើយ ដោយ​ប្រាជ្ញា តើដោយប្រការ​ដូចម្ដេច។ ចិត្តដែលភិក្ខុបាន​សន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្ត​របស់អាត្មាអញ ប្រាសចាករាគៈហើយ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ ប្រាសចាកទោសៈហើយ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយ​ប្រាជ្ញាថា ចិត្តរបស់​អាត្មាអញ ប្រាសចាក​មោហៈហើយ ចិត្តដែលភិក្ខុសន្សំល្អហើយ ដោយប្រាជ្ញា​​ថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកបដោយរាគៈ ចិត្តដែល​ភិក្ខុ​បាន​សន្សំ​ល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិនប្រកប​ដោយទោសៈ ចិត្តដែលភិក្ខុ​បានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាព​មិនប្រកបដោយមោហៈ ចិត្តដែលភិក្ខុបានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់​អាត្មាអញ មានសភាពមិនត្រឡប់ទៅ ដើម្បីកាមរាគ ចិត្តដែលភិក្ខុ​បានសន្សំ​ល្អហើយ ដោយ​ប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាព​មិនត្រឡប់ទៅ​ដើម្បីរូបរាគៈ ចិត្តដែលភិក្ខុ​បានសន្សំល្អហើយ ដោយប្រាជ្ញាថា ចិត្តរបស់អាត្មាអញ មានសភាពមិន​ត្រឡប់ទៅ​ដើម្បីអរូបរាគ។ ម្នាលភិក្ខុ​ទាំងឡាយ កាលណាបើ ចិត្តដែលភិក្ខុបាន​សន្សំ​ល្អ​ហើយ ដោយប្រាជ្ញា ម្នាលភិក្ខុ​ទាំងឡាយ ការសន្សំ​របស់ភិក្ខុនោះ គួរពោលថា ភិក្ខុ​នោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច ក៏អាត្មាអញ​បានធ្វើស្រេច​ហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡស​កិច្ចនេះទៀត មិនមាន​ឡើយ។

៦. សិលាយូបសូត្រ

[២៦] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ និងព្រះចន្ទិកាបុត្តដ៏មានអាយុ គង់​ក្នុង​វត្ត​វេឡុវន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះចន្ទិកាបុត្ត​ដ៏មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ ទេវទត្តសំដែងធម៌ ដល់ភិក្ខុទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុ​ចំរើន​ល្អ​ហើយ​ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹង​ច្បាស់ថា ជាតិរបស់អាត្មាអញ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។ កាលបើព្រះចន្ទិកាបុត្តដ៏មានអាយុ ពោលយ៉ាង​នេះហើយ ព្រះសារីបុត្ត​ដ៏មានអាយុ ក៏ពោលទៅនឹង​ព្រះចន្ទិកាបុត្ត​ដ៏មាន​អាយុ​ដូច្នេះថា ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តមិនសំដែងធម៌​ដល់ភិក្ខុទាំងឡាយ យ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះរបស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់​អាត្មាអញ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះ​ទៀត មិនមានឡើយ។ ម្នាលអាវុសោ​ចន្ទិកាបុត្ត ទេវទត្ត​បានតែសំដែង​ធម៌​ដល់ភិក្ខុ​ទាំងឡាយ យ៉ាងនេះទេ ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុ​ចំរើនល្អ​ហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បី​ព្យាករថា ភិក្ខុនោះ រមែងដឹង​ច្បាស់ថា ជាតិរបស់អាត្មាអញ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះចន្ទិកាបុត្ត​ដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយ​មក ជាគំរប់ពីរដងទៀតថា ម្នាលអាវុសោ​ទាំងឡាយ ទេវទត្តសំដែងធម៌​ដល់ភិក្ខុ​ទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ វេលាណា ចិត្តដែលភិក្ខុ​ចំរើន​ល្អហើយ​ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ​ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ព្រះសារីបុត្ត​ដ៏មានអាយុ ពោលទៅនឹងព្រះ​ចន្ទិកាបុត្តដ៏មានអាយុ ជាគំរប់ពីរដង​ទៀត​ដូច្នេះថា ម្នាលអាវុសោ​ចិន្ទកាបុត្ត ទេវទត្ត​មិន​សំដែងធម៌ ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះទេថា ម្នាលអាវុសោ​ទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើន​ល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុ​នោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច អាត្មាអញបាន​ធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ​ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។ ម្នាលអាវុសោ​ចន្ទិកាបុត្ត ទេវទត្ត​បានតែ​សំដែងធម៌ ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះទេថា ម្នាលអាវុសោ​ទាំងឡាយ វេលាណា ចិត្តដែលភិក្ខុ​ចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បី​ព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើស្រេចហើយ មគ្គ​ភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមាន​ឡើយ។ ព្រះចន្ទិកាបុត្ត​ដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយមក ជាគំរប់បីដងទៀតថា ម្នាលអាវុសោ​ទាំងឡាយ ទេវទត្ត​សំដែងធម៌ ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ វេលាណា ចិត្តដែលភិក្ខុ​ចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះរបស់ភិក្ខុនោះ គួរដើម្បីព្យាករ​ថា ភិក្ខុនោះ រមែង​ដឹងច្បាស់ថា ជាតិរបស់អាត្មាអញ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មា​អញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើស្រេចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។ ព្រះសារីបុត្តដ៏មានអាយុ ពោលទៅនឹង​ព្រះចន្ទិកាបុត្ត​ដ៏មានអាយុ ជាគំរប់ ៣ ដង​ដូច្នេះថា ម្នាលអាវុសោ​ចន្ទិកាបុត្ត ទេវទត្ត​មិនសំដែងធម៌​ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះទេថា ម្នាលអាវុសោទាំង​ឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ​ដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បី​ព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើស្រេចហើយ មគ្គ​ភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាល​អាវុសោចនិ្ទកាបុត្ត ទេវទត្តបាន​តែសំដែងធម៌ ដល់ភិក្ខុទាំងឡាយ​យ៉ាងនេះទេថា ម្នាល​អាវុសោ​ទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះ​របស់​ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ​បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ​បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមាន​ឡើយ។ ម្នាលអាវុសោ ចិត្តដែលភិក្ខុ​ចំរើនល្អហើយ​ដោយចិត្ត តើដូចម្ដេច។ ចិត្ត​ដែល​ភិក្ខុចំរើន​ល្អហើយ​ដោយចិត្តថា ចិត្តរបស់អាត្មាអញ​ ប្រាសចាករាគៈហើយ ចិត្ត​ដែលភិក្ខុចំរើន​ល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ ប្រាសចាក​ទោសៈហើយ ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់​អាត្មាអញ ប្រាសចាកមោហៈ​ហើយ ចិត្តដែលភិក្ខុចំរើន​ល្អហើយដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាព​មិនប្រកប​ដោយរាគៈ ចិត្តដែលភិក្ខុចំរើនល្អហើយ​ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាព​មិនប្រកបដោយ​ទោសៈ ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្តថា ចិត្ត​របស់អាត្មាអញ មានសភាព​មិនប្រកបដោយមោហៈ ចិត្តដែលភិក្ខុ​ចំរើនល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាព​មិនបានត្រឡប់មក ដើម្បីកាមភព ចិត្ត​ដែលភិក្ខុចំរើន​ល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិន​បានត្រឡប់មក ដើម្បីរូបភព ចិត្តដែលភិក្ខុចំរើន​ល្អហើយ ដោយចិត្តថា ចិត្តរបស់អាត្មាអញ មានសភាពមិន​បាន​ត្រឡប់មក ដើម្បីអរូបភព។ ម្នាលអាវុសោ ភិក្ខុដែលមានចិត្ត​រួចស្រះ​ដោយប្រពៃ យ៉ាងនេះ​ហើយ ទោះរូបដ៏ក្រៃលែង ដែលគប្បីដឹងដោយចក្ខុ មកកាន់​គន្លងនៃចក្ខុ ក៏គ្របសង្កត់ចិត្ត​របស់ភិក្ខុនោះ​មិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់ស្អិត ជា​ចិត្ត​តាំងនៅ ដល់​នូវការ​មិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់​នូវសេចក្តី​វិនាសទៅ​នៃចិត្តនោះ ទោះបីសំឡេងដ៏ក្រៃលែង គប្បីដឹងដោយត្រចៀក។បេ។ ក្លិនគប្បី​ដឹង​ដោយ​ច្រមុះ រស គប្បីដឹង​ដោយអណ្ដាត ផោដ្ឋព្វៈ គប្បីដឹង​ដោយកាយ ធម្មារម្មណ៍ គប្បីដឹង​ដោយចិត្ត មកកាន់គន្លងនៃចិត្ត ក៏គ្របសង្កត់ចិត្ត​របស់ភិក្ខុនោះ​មិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុនោះ រមែង​ពិចារណា​ឃើញច្បាស់​នូវសេចក្ដីវិនាស​ទៅនៃចិត្តនោះ ម្នាលអាវុសោ ដូចសសរថ្ម  មានប្រវែង ១៦ ហត្ថ សសរថ្មនោះ ដាំចុះទៅ​ខាងក្រោម​រណ្ដៅ ៨ ហត្ថ សល់នៅ​ខាងលើ​រណ្ដៅ ៨ ហត្ថ ខាងក្រោយមក ទោះបីភ្លៀងប្រកប​ដោយខ្យល់យ៉ាងខ្លាំង មក​ពីទិស​ខាង​កើត ក៏មិន​កម្រើក មិនញាប់ញ័រ មិនរំភើប ទោះបីភ្លៀង​ប្រកបដោយខ្យល់​យ៉ាងខ្លាំង មកពី​ទិសខាងលិច មកពីទិស​ខាងជើង ឬមកពីទិស​ខាងត្បូង ក៏មិនកម្រើក មិនញាប់ញ័រ មិនរំភើបដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោ ព្រោះថា សសរថ្ម ដែលគេ​ជីកដាំ​ជ្រៅល្អ យ៉ាងណាមិញ ម្នាលអាវុសោ ភិក្ខុដែលមានចិត្ត​រួចស្រឡះ​ដោយប្រពៃ យ៉ាងនេះហើយ ទោះបីរូបដ៏ក្រៃលែង ដែលគប្បីដឹងដោយចក្ខុ មកកាន់គន្លងនៃចក្ខុ ក៏គ្របសង្កត់ចិត្ត​របស់ភិក្ខុនោះ​មិនបានឡើយ ចិត្តភិក្ខុនោះ មិនជាប់​ស្អិត ជាចិត្តតាំងនៅ ដល់នូវការ​មិនញាប់ញ័រ ភិក្ខុនោះ រមែងពិចារណា​ឃើញច្បាស់នូវ​សេចក្ដីវិនាសទៅ​នៃចិត្តនោះ ទោះបីសំឡេងដ៏ក្រៃលែង គប្បីដឹងដោយត្រចៀក។បេ។ ក្លិនគប្បីដឹងដោយច្រមុះ រស​គប្បីដឹងដោយអណ្ដាត ផោដ្ឋព្វៈគប្បីដឹងដោយកាយ ធម្មារម្មណ៍ គប្បីដឹង​ដោយចិត្ត មកកាន់​គន្លងនៃចិត្ត ក៏គ្របសង្កត់ចិត្ត​របស់ភិក្ខុនោះ មិន​បានឡើយ ចិត្តរបស់ភិក្ខុនោះ មិនជាប់ស្អិត ជាចិត្តតាំងនៅ ដល់នូវការមិនញាប់ញ័រ ភិក្ខុ​នោះ រមែងពិចារណាឃើញច្បាស់ នូវសេចក្ដីវិនាសទៅនៃចិត្តនោះ ក៏យ៉ាង​នោះដែរ។

៧. បឋមវេរសូត្រ

[២៧] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះអនាថ​បិណ្ឌិក​គហបតី អង្គុយក្នុង​ទីសមគួរហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលគហបតី វេលាណា អរិយសាវក បានរម្ងាប់​នូវភ័យ និងពៀរ​ទាំង ៥ និង​ប្រកប​ដោយអង្គ​នៃសោតាបតិ្ត ៤ យ៉ាងហើយ អរិយសាវកនោះ កាលប្រាថ្នា គប្បី​ព្យាករ​នូវ​ខ្លួន​ដោយខ្លួន​ឯងបានថា អាត្មាអញ មាន​នរក​អស់ហើយ មានតិរច្ឆាន​កំណើត​អស់​ហើយ មានបិត្តិវិស័យ​អស់ហើយ មានអបាយ ទុគ្គតិ វិនិបាត​អស់ហើយ អាត្មាអញ ជា​អ្នកដល់​នូវសោតៈ មានសភាព​មិនបានធ្លាក់ចុះ ជាបុគ្គល​ទៀង មានការ​ត្រាស់ដឹង ប្រព្រឹត្តទៅ​ខាងមុខ។ ភ័យ និងពៀរ ៥ ដែល​អរិយសាវក​បានរម្ងាប់ហើយ តើដូចម្ដេច។ ម្នាល​គហបតី បុគ្គលជា​អ្នកសម្លាប់សត្វ រមែងបាននូវ​ភ័យ និងពៀរ ដែល​ប្រព្រឹត្តទៅ ក្នុង​បច្ចុប្បន្ន​ផង បាននូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ​ក្នុងលោក​ខាងមុខផង ទទួលនូវ​ទុក្ខ និង​ទោមនស្ស ដែលប្រព្រឹត្តទៅ​ក្នុងចិត្តផង ព្រោះការ​សម្លាប់សត្វ​ជាបច្ច័យ បុគ្គល​ជាអ្នក​វៀរចាក​បាណាតិបាត រមែងមិនបាន​នូវភ័យ និងពៀរ​ដែលប្រពឹត្តទៅ ក្នុងបច្ចុប្បន្ន​ផង មិនបាន​នូវភ័យ និងពៀរ​ដែលប្រព្រឹត្ត​ទៅ ក្នុងលោក​ខាងមុខផង មិនទទួល​នូវទុក្ខ និង​ទោមនស្ស ដែលប្រព្រឹត្ត​ទៅ​ក្នុងចិត្តផង កាលបើ​បុគ្គលវៀរ​ចាក​បាណាតិបាត​ហើយ ទើបភ័យ និងពៀរនោះ ស្ងប់រម្ងាប់​ទៅបាន​យ៉ាងនេះ។ ម្នាលគហបតី បុគ្គលជាអ្នក​កាន់​យក​នូវរបស់​ដែល​គេមិនបានឲ្យ។បេ។ ជាអ្នកប្រព្រឹត្ត​ខុសក្នុងកាម​ទាំងឡាយ ជា​អ្នកពោល​ពាក្យកុហក ជាអ្នកផឹក​នូវទឹកស្រវឹង គឺសុរា និងមេរ័យ​ ដែលជា​ទីតាំងនៃ​សេចក្ដី​ប្រមាទ តែងបាន​នូវភ័យ និងពៀរ​ដែលប្រព្រឹត្ត​ទៅ ក្នុងបច្ចុប្បន្នផង បាន​នូវភ័យ និងពៀរ​ដែលប្រព្រឹត្ត​ទៅ ក្នុងលោក​ខាងមុខផង ​ទទួលនូវទុក្ខ និងទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្តផង ព្រោះការ​ផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ​ ដែលជា​ទីតាំងនៃ​សេចក្ដី​ប្រមាទ​ជាបច្ច័យ បុគ្គលជា​អ្នកវៀរចាក​ការផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជា​ទីតាំងនៃ​សេចក្ដីប្រមាទ​ហើយ រមែងមិនបាន​នូវភ័យ និងពៀរ ដែលប្រព្រឹត្តទៅ​ក្នុង​បច្ចុប្បន្ន​ផង ​មិនបាននូវភ័យ និងពៀរ ដែលប្រព្រឹត្ត​ទៅក្នុងលោក​ខាងមុខផង មិន​ទទួល​នូវទុក្ខ និងទោមនស្ស ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្តផង កាលបើ​បុគ្គលវៀរ​ចាកការ​ផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជាទីតាំង​នៃសេចក្ដី​ប្រមាទហើយ ទើបភ័យ និង​ពៀរនោះ​ស្ងប់រម្ងាប់​ទៅបាន ​យ៉ាងនេះឯង។ ភ័យ និងពៀរ ដែល​អរិយសាវក​បានរម្ងាប់ ហើយ មាន ៥ យ៉ាងនេះឯង។ អរិយសាវក ប្រកបដោយអង្គ​នៃសោតាបត្តិ ៤ យ៉ាង តើដូចម្ដេច។ ម្នាល​គហបតី អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រកប​ដោយសេចក្ដី​ជ្រះថ្លា មិនកម្រើក​ក្នុងព្រះពុទ្ធថា ព្រះដ៏មាន​ព្រះភាគ​អង្គនោះ ទ្រង់ឆ្ងាយចាក​សេចក្ដី​សៅហ្មង​គ្រប់យ៉ាង ព្រះអង្គត្រាស់​ដឹងនូវ​ញេយ្យធម៌​ទាំងពួង​ដោយប្រពៃ​ចំពោះព្រះអង្គ ព្រះអង្គ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ព្រះអង្គ​មានដំណើរ​ទៅកាន់​ព្រះនិព្វាន ព្រះអង្គ​ជ្រាបច្បាស់​នូវត្រៃលោក ព្រះអង្គ​ប្រសើរដោយ​សីលាទិគុណ រកបុគ្គលណា​មួយស្មើ​គ្មាន ព្រះអង្គ​ជាអ្នក​ទូន្មាននូវបុរស ដែលគួរ​ទូន្មានបាន ព្រះអង្គ​ជាគ្រូនៃ​ទេវតា និងមនុស្សទាំង​ឡាយ ព្រះអង្គ​ត្រាស់ដឹង​នូវចតុរារិយសច្ច ព្រះអង្គ​លែងវិល​ត្រឡប់មក​កាន់ភពថ្មី​ទៀត។ អរិយសាវក ជាអ្នកប្រកប​ដោយសេចក្ដី​ជ្រះថ្លា មិនកម្រើក​ក្នុងព្រះធម៌​ថា ព្រះ​បរិយត្តិធម៌ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ហើយ​ដោយល្អ ជាធម៌​ដែលបុគ្គល គប្បីឃើញ​ច្បាស់​ដោយ​ខ្លួនឯង ជាធម៌​ឲ្យនូវផល​មិនរង់ចាំកាល ជាធម៌​គួរដល់​ឯហិបស្សវិធី ជាធម៌​ដែលបុគ្គល​គប្បីបង្អោន​ចូលមក​ទុកក្នុងខ្លួន ជាធម៌​ដែលអ្នក​ប្រាជ្ញទាំងឡាយ គប្បី​ឃើញច្បាស់​ក្នុង​ចិត្តនៃខ្លួន។ អរិយសាវក ជាអ្នកប្រកប​ដោយ​សេចក្ដីជ្រះថ្លា មិនកម្រើក​ក្នុង​ព្រះសង្ឃ​ថា ព្រះសង្ឃ​សាវក​នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ​ដោយប្រពៃ  ព្រះសង្ឃ​សាវក​នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិត្រង់ ព្រះសង្ឃសាវក​នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ​ដើម្បី​ត្រាស់ដឹង​នូវព្រះនិព្វាន ព្រះសង្ឃ​សាវក​នៃព្រះដ៏មាន​ព្រះភាគ ប្រតិបត្តិ​សមគួរ គឺប្រតិបត្តិ​គួរដល់សីល សមាធិ បញ្ញា បុរស​បុគ្គលណា បើរាប់​ជាគូ បាន ៤ គូ បើរាប់រៀង​ជាបុរស​បុគ្គល មាន ៨ ព្រះសង្ឃ​សាវក​របស់ព្រះដ៏មាន​ព្រះភាគ​នុ៎ះ ​លោក​គួរទទួល​នូវ​ចតុប្បច្ច័យ ដែលបុគ្គល​នាំមកបូជា គួរទទួល​នូវអាគន្តុកទាន គួរទទួល​នូវ​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត​នៃសត្វលោក រកខេត្ត​ដទៃក្រៃលែង​ជាង​គ្មាន។ អរិយសាវក​នោះ ប្រកបដោយ​សីល ជាទីត្រេកអរ​របស់ព្រះអរិយៈ ជាសីល​មិន​ដាច់ មិនធ្លុះ មិនពព្រុស មិនពពាល ជាសីល​ជានា ដែលពួកអ្នក​ប្រាជ្ញសរសើរហើយ ជា​សីល​មិនបបោស​អង្អែល​ដោយតណ្ហា ជាសីល​ប្រព្រឹត្តទៅ​ដើម្បីសមាធិ។ អរិយសាវក ជាអ្នក​ប្រកប​ដោយអង្គ​នៃសោតាបតិ្ត ៤ យ៉ាង​នេះឯង។ ម្នាលគហបតី វេលាណា អរិយសាវក បានរម្ងាប់​នូវភ័យ និងពៀរទាំង ៥ នេះ ទាំង​ប្រកប​ដោយអង្គ​នៃ​សោតាបត្តិ​ទាំង ៤ យ៉ាងនេះ​ហើយ អរិយសាវកនោះ កាលបើប្រាថ្នា គប្បីព្យាករ​ខ្លួន ដោយខ្លួន​ឯងបាន​ថា អាត្មាអញ មាន​នរកអស់​ហើយ មានតិរច្ឆាន​កំណើត​អស់ហើយ មាន​បិត្តិវិស័យ​អស់ហើយ មាន​អបាយ ទុគ្គតិ និងវិនិបាត​អស់ហើយ អាត្មាអញ ជាអ្នក​ដល់នូវ​សោតៈហើយ ជាអ្នក​មានសភាព មិនបាន​ធ្លាក់ចុះ ជាអ្នកទៀង មានសេចក្តី​ត្រាស់ដឹង​ប្រព្រឹត្ត​ទៅខាងមុខ។

៨. ទុតិយវេរសូត្រ

[២៨] ម្នាលភិក្ខុទាំងឡាយ វេលាណា អរិយសាវក បានរម្ងាប់​នូវភ័យ និងពៀរ​ទាំង ៥​ ទាំង​ប្រកបដោយ​អង្គនៃ​សោតាបត្តិ​ទាំង ៤ យ៉ាងហើយ អរិយសាវក​នោះ កាល​បើ​ប្រាថ្នា គប្បីព្យាករ​នូវខ្លួន​ដោយខ្លួន​ឯងបានថា អាត្មាអញ មាននរក​អស់ហើយ មាន​តិរច្ឆានកំណើត​អស់ហើយ មានបិត្តិវិស័យ​អស់ហើយ មានអបាយ ទុគ្គតិ និងវិនិបាត​អស់​ហើយ អាត្មាអញ​ជាអ្នកដល់​នូវសោតៈ ជាអ្នកមាន​សភាពមិន​បានធ្លាក់ចុះ ជាអ្នក​ទៀង មានសេចក្តីត្រាស់​ដឹងប្រព្រឹត្ត​ទៅខាងមុខ។ ភ័យ និងពៀរទាំង ៥ ដែល​អរិយសាវក បាន​រម្ងាប់​ហើយ តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលដែលជាអ្នក​សម្លាប់សត្វ តែង​បាន​នូវភ័យ និងពៀរ ដែលប្រព្រឹត្ត​ទៅ​ក្នុងបច្ចុប្បន្ន​ផង បាននូវភ័យ និងពៀរ ដែលប្រព្រឹត្ត​ទៅ ក្នុង​លោក​ខាងមុខ​ផង ទទួលនូវទុក្ខ និង​ទោមនស្ស ដែលប្រព្រឹត្តទៅ​ក្នុងចិត្តផង ព្រោះការ​សម្លាប់​សត្វ ជាបច្ច័យ បុគ្គល​ជាអ្នកវៀរចាក​ការសម្លាប់សត្វ។បេ។ ទើបភ័យ និង​ពៀរនោះ ​រម្ងាប់ទៅ​បាន យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលកាន់​យកទ្រព្យ​ដែល​គេ​មិនបាន​ឲ្យ។បេ។ បុគ្គល​ជាអ្នក​ប្រព្រឹត្តខុស ក្នុងកាម​ទាំងឡាយ ជាអ្នក​ពោលពាក្យ​កុហក ជាអ្នកផឹក​នូវទឹក​ស្រវឹង គឺសុរា និងមេរ័យ​ ដែលជា​ទីតាំង​នៃសេចក្ដី​ប្រមាទ តែង​បាននូវភ័យ និងពៀរ ដែលប្រព្រឹត្ត​ទៅក្នុង​បច្ចុប្បន្នផង បាននូវភ័យ និង​ពៀរ ដែល​ប្រព្រឹត្ត​ទៅ ក្នុងលោក​ខាងមុខផង ​ទទួលនូវ​ទុក្ខ និងទោមនស្ស ដែល​ប្រព្រឹត្តទៅ​ក្នុង​ចិត្តផង ព្រោះការ​ផឹកនូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ​ ដែលជា​ទីតាំង​នៃសេចក្ដី​ប្រមាទ ជាបច្ច័យ បុគ្គល​អ្នកវៀរ​ចាកការ​ផឹកនូវទឹក​ស្រវឹង គឺសុរា និងមេរ័យ ដែលជា​ទីតាំង​នៃ​សេចក្ដី​ប្រមាទហើយ តែងមិនបាន​នូវភ័យ និងពៀរ ដែលប្រព្រឹត្ត​ទៅ ក្នុងបច្ចុប្បន្ន​ផង ​មិន​បាននូវ​ភ័យ និងពៀរ ដែល​ប្រព្រឹត្តទៅ ក្នុងលោក​ខាងមុខផង ​មិនទទួល​នូវទុក្ខ និង​ទោមនស្ស ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្តផង កាលបើ​បុគ្គលវៀរចាក​ការផឹក​នូវទឹកស្រវឹង គឺសុរា និង​មេរ័យ ដែលជាទី​តាំងនៃ​សេចក្ដី​ប្រមាទហើយ ទើបភ័យ និងពៀរនោះ រម្ងាប់​ទៅបាន យ៉ាងនេះ។ ភ័យ និងពៀរ​ដែលអរិយសាវក បាន​រម្ងាប់ហើយ មាន ៥ យ៉ាង​នេះ​ឯង​។ ចុះ​អរិយសាវក ដែលប្រកប​ដោយអង្គ​នៃសោតាបត្តិ ៤ យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុងសាសនា​នេះ ជាអ្នកប្រកប​ដោយសេចក្ដី​ជ្រះថ្លា មិនកម្រើក​ក្នុងព្រះពុទ្ធថា ព្រះដ៏មាន​ព្រះភាគ​អង្គនោះ។បេ។ ព្រះអង្គ​ជាគ្រូនៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ព្រះអង្គ​ទ្រង់ត្រាស់​ដឹងនូវ​ចតុរារិយសច្ច ព្រះអង្គលែង​វិលមក​កាន់​ភពថ្មី​ទៀត។ ក្នុងព្រះធម៌។បេ។ ក្នុងព្រះសង្ឃ។ អរិយសាវក ប្រកបដោយ​សីលទាំងឡាយ ដែលជាទី​ត្រេកអរ​របស់ព្រះអរិយៈ ជាសីល​មិនដាច់ មិនធ្លុះ មិន​ពព្រុស មិនពពាល ជាសីល​ជានា ដែលពួកអ្នក​ប្រាជ្ញសរសើរ​ហើយ ជាសីល​មិនបបោស​អង្អែល​ដោយ​តណ្ហា ជាសីល​ប្រព្រឹត្តទៅ ដើម្បីសមាធិ។ អរិយសាវក ប្រកប​ដោយអង្គ​នៃសោតាបតិ្ត ៤ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ វេលាណា អរិយសាវក បានរម្ងាប់​នូវភ័យ និង​ពៀរ ៥ យ៉ាង​នេះ ទាំងប្រកប​ហើយដោយអង្គ​នៃសោតាបត្តិ​ទាំង ៤ យ៉ាង​នេះហើយ អរិយ​សាវក​នោះ កាលបើប្រាថ្នា គប្បីព្យាករ​នូវខ្លួនដោយខ្លួន​ឯងបានថា អាត្មាអញ មាននរក​អស់ហើយ មាន​តិរច្ឆាន​កំណើត​អស់ហើយ មានបិត្តិវិស័យ​អស់ហើយ មាន​អបាយ ទុគ្គតិ និងវិនិបាត​អស់​ហើយ អាត្មាអញ ជាអ្នកដល់​នូវសោតៈ ជាអ្នកមាន​សភាព​មិនបាន​ធ្លាក់ចុះ ជាអ្នកទៀង មានការ​ត្រាស់ដឹង​ប្រព្រឹត្តទៅ​ខាងមុខ។

៩. អាឃាតវត្ថុសូត្រ

[២៩]  ម្នាលភិក្ខុទាំងឡាយ ​អាឃាតវត្ថុ (ហេតុជាទីតាំង​នៃសេចក្ដីគុំគួន) នេះ មាន ៩ យ៉ាង។ អាឃាតវត្ថុ​ទាំង ៩ យ៉ាង តើដូចម្ដេច​ខ្លះ។ គឺបុគ្គល​ចងគំនុំ ដោយ​គិតថា ជន​ឯណោះ ​បានប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍​ដល់អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជន​ឯណោះ កំពុងប្រព្រឹត្ត​នូវអំពើមិន​ជាប្រយោជន៍​ដល់អាត្មាអញ ១ ចងគំនុំ ដោយ​គិតថា ជនឯណោះ នឹងប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍​ដល់អាត្មាអញ ១ ចង​គំនុំ ដោយ​គិតថា ជន​ឯណោះ បានប្រព្រឹត្ត​ហើយ​នូវអំពើ​មិនជា​ប្រយោជន៍​ដល់សត្វ និង​សង្ខារ​ជាទីស្រឡាញ់ ជាទីគាប់​ចិត្តរបស់​អាត្មាអញ ១ ចងគំនុំ ដោយគិត​ថា ជន​ឯណោះ កំពុង​ប្រព្រឹត្តនូវអំពើ​មិនជា​ប្រយោជន៍​ដល់សត្វ និងសង្ខារ ជាទី​ស្រឡាញ់ ជា​ទីពេញ​ចិត្ត​របស់​អាត្មាអញ ១ ចងគំនុំ ដោយ​គិតថា ជនឯណោះ នឹងប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍ ដល់សត្វ និងសង្ខារ​ជាទីស្រឡាញ់ ជាទីគាប់ចិត្ត​របស់អាត្មាអញ ១ ចងគំនុំ ដោយ​គិតថា ជនឯណោះ បានប្រព្រឹត្ត​នូវអំពើ​ជាប្រយោជន៍​ដល់សត្វ និងសង្ខារ មិនជា​ទីស្រឡាញ់ មិនជា​ទីគាប់ចិត្ត​របស់អាត្មា​អញ ១ ចងគំនុំ ដោយគិតថា ជនឯ​ណោះ កំពុង​ប្រព្រឹត្ត​នូវអំពើ​ជាប្រយោជន៍​ដល់សត្វ និងសង្ខារ មិនជាទី​ស្រឡាញ់ មិនជា​ទីគាប់​ចិត្ត​របស់​អាត្មាអញ ១ ចងគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត​នូវអំពើ​ជាប្រយោជន៍​ដល់សត្វ និង​សង្ខារ មិនជា​ទីស្រឡាញ់ មិនជាទីគាប់​ចិត្តរបស់​អាត្មាអញ ១។ ម្នាលភិក្ខុ​ទាំងឡាយ អាឃាតវត្ថុ មាន ៩ យ៉ាងនេះឯង។

១០. អាឃាតបដិវិនយសូត្រ

[៣០] ម្នាលភិក្ខុទាំងឡាយ អាឃាតប្បដិវិន័យ (ការកំចាត់បង់​នូវសេចក្ដី​គុំគួន) នេះ មាន ៩ យ៉ាង។ អាឃាតប្បដិវិន័យ​ទាំង ៩ យ៉ាង តើដូចម្ដេច។ គឺបុគ្គល​កំចាត់បង់ នូវគំនុំ ដោយ​គិតថា ជនឯណោះ បានប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍​ដល់អាត្មាអញ  ព្រោះហេតុនោះ អាត្មាអញ គប្បីបាន​នូវអំពើ​​មិនជាប្រយោជន៍​​នោះ ក្នុងបុគ្គល​នុ៎ះ អំពីណា ១ កំចាត់បង់​នូវគំនុំ ដោយគិតថា ជនឯណោះ កំពុង​ប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍ ដល់​អាត្មាអញ ព្រោះ​ហេតុនោះ អាត្មាអញ គប្បីបាន​នូវអំពើ​មិនជា​ប្រយោជន៍​នោះ ក្នុង​បុគ្គល​នុ៎ះ អំពីណា ១ កំចាត់បង់​នូវគំនុំ ដោយគិតថា ជនឯណោះ នឹង​ប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍​ដល់អាត្មាអញ ព្រោះ​ហេតុនោះ អាត្មាអញ គប្បីបាននូវ​អំពើមិនជា​ប្រយោជន៍​នោះ ក្នុងបុគ្គល​នុ៎ះ អំពីណា ១ កំចាត់បង់​នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍ដល់សត្វ និងសង្ខារ​ជាទីស្រឡាញ់ ជាទី​គាប់ចិត្ត របស់​អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវ​អំពើមិនជា​ប្រយោជន៍នោះ ក្នុង​បុគ្គល​នុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយ​គិតថា ជនឯណោះ កំពុង​ប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍ ដល់សត្វ និងសង្ខារ ជាទី​ស្រឡាញ់ ជាទីគាប់ចិត្ត​របស់អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាន​នូវអំពើ​មិនជា​ប្រយោជន៍​នោះ ក្នុងបុគ្គលនុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹងប្រព្រឹត្ត​នូវអំពើ​មិនជា​ប្រយោជន៍ ដល់សត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត​របស់អាត្មាអញ ព្រោះហេតុ​នោះ អាត្មាអញ គប្បីបាននូវ​អំពើមិនជា​ប្រយោជន៍នោះ ក្នុងបុគ្គល​នុ៎ះ អំពីណា ១ កំចាត់​បង់​នូវគំនុំ ដោយគិតថា ជនឯណោះ បានប្រព្រឹត្ត​នូវអំពើ​ជាប្រយោជន៍ ដល់សត្វ និង​សង្ខារ មិនជាទី​ស្រឡាញ់ មិនជាទី​គាប់ចិត្ត​របស់អាត្មាអញ ព្រោះ​ហេតុនោះ អាត្មាអញ គប្បី​បាននូវអំពើ​ជាប្រយោជន៍​នោះ ក្នុងបុគ្គល​នុ៎ះ​អំពីណា ១ កំចាត់បង់​នូវគំនុំ ដោយ​គិតថា ជនឯណោះ កំពុងប្រព្រឹត្ត​នូវអំពើ​ជាប្រយោជន៍​ដល់សត្វ និងសង្ខារ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត​របស់អាត្មាអញ ព្រោះ​ហេតុនោះ អាត្មាអញ គប្បីបាននូវ​អំពើជា​ប្រយោជន៍​នោះ ក្នុងបុគ្គល​នុ៎ះ អំពីណា ១ កំចាត់បង់នូវគំនុំ ដោយគិតថា ជនឯណោះ នឹង​ប្រព្រឹត្តនូវ​អំពើជា​ប្រយោជន៍​ដល់សត្វ និងសង្ខារ មិនជាទី​ស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់​អាត្មាអញ ព្រោះហេតុនោះ អាត្មាអញ គប្បីបាននូវ​អំពើជា​ប្រយោជន៍​នោះ ក្នុង​បុគ្គលនុ៎ះ​អំពីណា ១។ ម្នាលភិក្ខុ​ទាំងឡាយ អាឃាតប្បដិវិន័យ មាន ៩ យ៉ាងនេះ​ឯង។

១១. អនុបុព្វនិរោធសូត្រ

[៣១] ម្នាលភិក្ខុទាំងឡាយ​ អនុបុព្វនិរោធ (ធម៌ជាគ្រឿង​រលត់ដោយលំដាប់​ឈាន) នេះ មាន ៩ យ៉ាង។ អនុបុព្វនិរោធ​ទាំង ៩ យ៉ាង តើដូចម្តេច។ គឺកាល​បុគ្គល​ចូល​បឋមជ្ឈាន​ហើយ អាមិសសញ្ញា រលត់ទៅ ១ កាលចូល​ទុតិយជ្ឈាន វិតក្កៈ​វិចារៈ​រលត់​ទៅ ១ កាលចូល​តតិយជ្ឈាន បីតិ​រលត់ទៅ ១ កាលចូល​ចតុត្ថជ្ឈាន អស្សាសៈ និង​បស្សាសៈ រលត់ទៅ ១ កាលចូល​អាកាសានញ្ចាយតនជ្ឈាន រូបសញ្ញា​ រលត់ទៅ ១ កាល​ចូល​វិញ្ញាណញ្ចាយតនជ្ឈាន អាកាសានញ្ចាយតនជ្ឈាន​រលត់ទៅ ១ កាលចូល​អាកិញ្ចញ្ញាយតនជ្ឈាន វិញ្ញាណញ្ចាយតន​សញ្ញា​រលត់ទៅ ១ កាលចូល​នេវសញ្ញានាសញ្ញា​យតនជ្ឈាន អាកិញ្ចញ្ញា​យតនសញ្ញា រលត់ទៅ ១ កាលចូលសញ្ញា​វេទយិត​និរោធ​ សញ្ញា និង​វេទនា​រលត់ទៅ ១។ ម្នាលភិក្ខុ​ទាំងឡាយ អនុបុព្វនិរោធ មាន​ ៩ យ៉ាងនេះឯង។

ចប់ សត្តាវាសវគ្គ ទី៣។

ឧទ្ទានក្នុងសត្តាវាសវគ្គនោះគឺ

និយាយអំពីហេតុដ៏ប្រសើរ ១ អំពីគោត្រ ១ អំពីតណ្ហាមូលកធម៌ ១ អំពីវវត្ថសញ្ញា ១ អំពីការប្រៀប​ដោយសសរថ្ម ១ អំពីពៀរ​ មានពីរលើក អំពី​អាឃាតវត្ថុ មានពីរលើក អំពី​អនុបុព្វនិរោធ ១។

មហាវគ្គ ទី៤

១. អនុបុព្វវិហារសូត្រ

[៣២] ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារ (ធម៌ជាគ្រឿង​នៅតាមលំដាប់) នេះ មាន ៩ យ៉ាង។ អនុបុព្វវិហារ ៩ យ៉ាង តើដូចម្ដេច។ គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១ អាកាសានញ្ចាយតនជ្ឈាន ១ វិញ្ញាណញ្ចាយតនជ្ឈាន ១ អាកិញ្ចញ្ញាយតនជ្ឈាន ១ នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ សញ្ញាវេទយិតនិរោធ ១។ ម្នាលភិក្ខុ​ទាំងឡាយ អនុបុព្វវិហារ មាន ៩ យ៉ាងនេះឯង។

២. អនុបុព្វវិហារសមាបត្តិសូត្រ

[៣៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវ​អនុបុព្វវិហារសមាបត្តិ ៩ យ៉ាង នេះ អ្នកទាំងឡាយ ចូរប្រុងស្ដាប់នូវ​អនុបុព្វវិហារសមាបត្តិ​នោះ។បេ។ ម្នាលភិក្ខុទាំង​ឡាយ អនុបុព្វវិហារ​សមាបត្តិ ៩ យ៉ាង តើដូចម្ដេចខ្លះ។ តថាគត​ពោលថា កាមទាំង​ឡាយ​រលត់ទៅ​ក្នុងទីណា មួយទៀត ជនទាំង​ឡាយណា បានរំលត់​អស់ហើយ នូវកាម​ទាំង​ឡាយ អ្នកដ៏មាន​អាយុទាំងនោះ ឈ្មោះថា អ្នកមិនមាន​សេចក្ដីស្រេកឃ្លាន អ្នក​រំលត់ទុក្ខ បានឆ្លង​នូវកាម​ទាំងឡាយ បានដល់​នូវត្រើយ ដោយអង្គនៃ​ឈាននោះ​ដោយពិត។ (បើ) បុគ្គល​ណាមួយ គប្បីពោល​យ៉ាងនេះ​ដូច្នេះថា កាមទាំងឡាយ​រលត់ទៅ​ក្នុងទី​ដូចម្ដេច មួយ​ទៀត ពួកជនដូចម្ដេច ដែលរំលត់​អស់ហើយ នូវកាមទាំងឡាយ ខ្ញុំ​មិនស្គាល់​នូវហេតុ​នុ៎ះ ខ្ញុំមិនឃើញ​នូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់​យ៉ាងនេះ​ទៅវិញថា ម្នាល​អាវុសោ ភិក្ខុក្នុង​សាសនានេះ បានស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ បានដល់​បឋមជ្ឈាន ដែល​ប្រកបដោយ​វិតក្កៈ និង​វិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពីសេចក្ដី​ស្ងប់ស្ងាត់ ​កាមទាំងឡាយ តែងរលត់​ទៅ ក្នុងបឋមជ្ឈាន​នុ៎ះ បុគ្គល​ទាំងនោះ​ឈ្មោះថា បានរំលត់​អស់ហើយ នូវកាមទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជា​អ្នកមិន​អួតអាង មិនមាន​មាយា គប្បីត្រេកអរ គប្បី​អនុមោទនា​នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ និង​អនុមោទនា​នូវភាសិត​ថា សាធុ ដូច្នេះហើយ គប្បី​នមស្ការ ប្រណម្យអញ្ជលី ហើយចូល​ទៅអង្គុយជិត។ តថាគត​ពោលថា វិតក្កៈ និងវិចារៈ​ទាំងឡាយ រលត់ទៅ​ក្នុងទីណា មួយទៀត ពួកជនណា បានរំលត់​អស់ហើយ នូវវិតក្កៈ និងវិចារៈ​ទាំងឡាយ អ្នកដ៏មានអាយុ​ទាំងនោះ ឈ្មោះថា អ្នកមិនមាន​សេចក្ដី​ស្រេកឃ្លាន អ្នក​រំលត់ទុក្ខ បានឆ្លងនូវ​កាមទាំងឡាយ បានដល់​នូវ​ត្រើយ ដោយអង្គនៃ​ឈាននោះ​ដោយពិត។ (បើ) បុគ្គលណា ពោល​យ៉ាងនេះថា វិតក្កៈ និងវិចារៈ រលត់ទៅ​ក្នុងទី​ដូចម្ដេច មួយទៀត ពួកជន​ដូចម្ដេច ដែលរំលត់​នូវវិតក្កៈ និង​វិចារៈ ខ្ញុំមិនស្គាល់​នូវ​ហេតុនុ៎ះ ខ្ញុំមិនឃើញ​នូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរ​ប្រាប់យ៉ាងនេះ​ទៅ​វិញថា ម្នាល​អាវុសោ ភិក្ខុក្នុង​សាសនានេះ ព្រោះរម្ងាប់​នូវវិតក្កៈ និង​វិចារៈ។បេ។ បាន​ដល់​នូវ​ទុតិយជ្ឈាន វិតក្កៈ និងវិចារៈ តែងរលត់ទៅ ​ក្នុងទុតិយជ្ឈាន​នុ៎ះ បុគ្គលទាំងនោះ​ឈ្មោះថា រំលត់​អស់ហើយ នូវវិតក្កៈ និង​វិចារៈ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលជាអ្នក​មិន​អួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បី​នមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា បីតិរលត់ទៅ​ក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវបីតិ អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ បានដល់នូវ​ត្រើយដោយអង្គនៃឈាននោះ​ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាង​នេះថា បីតិ​រលត់​ទៅ ក្នុងទីដូចម្ដេច មួយវិញទៀត ពួកជនដូចម្ដេច ដែលរំលត់អស់​ហើយនូវបីតិ ខ្ញុំមិនស្គាល់​នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំង​ឡាយ គួរប្រាប់​យ៉ាងនេះ​ទៅវិញថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះ​ប្រាសចាក​បីតិផង។បេ។ បានដល់​តតិយជ្ឈាន បីតិ តែងរលត់ទៅ ក្នុងតតិយជ្ឈាននុ៎ះ បុគ្គលទាំងនោះ ឈ្មោះថា រំលត់អស់ហើយនូវបីតិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នក​មិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យ​អញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា សេចក្ដីសុខក្នុងឧបេក្ខា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ​នូវសេចក្ដីសុខ ក្នុង​ឧបេក្ខា អ្នកដ៏មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់​ទុក្ខ បានឆ្លង​នូវកាម​ទាំងឡាយ បានដល់​នូវត្រើយ ដោយអង្គនៃឈាននោះ​ដោយពិត។     (បើ) បុគ្គលណា ពោលយ៉ាងនេះថា សេចក្ដីសុខ​ក្នុងឧបេក្ខា រលត់ទៅ​ក្នុងទី​ដូចម្ដេច មួយ​ទៀត ពួកជន​ដូចម្ដេច ដែលរលត់អស់ហើយ នូវសេចក្ដីសុខ​ក្នុងឧបេក្ខា ខ្ញុំមិន​ស្គាល់នូវ​ហេតុនុ៎ះ ខ្ញុំមិនឃើញ​នូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាង​នេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខផង។បេ។ បានដល់ចតុត្ថជ្ឈាន សេចក្ដីសុខក្នុងឧបេក្ខា តែងរលត់ទៅក្នុងចតុត្ថជ្ឈាននុ៎ះ ជនទាំង​នោះ ឈ្មោះថា បានរំលត់អស់ហើយ នូវសេចក្ដីសុខក្នុងឧបេក្ខា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនានូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បី​នមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា រូបសញ្ញា រលត់ទៅ​ក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវរូបសញ្ញា  អ្នកដ៏​មានអាយុទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លង​នូវកាមទាំងឡាយ បានដល់នូវត្រើយ ដោយអង្គនៃឈាននោះ​ដោយពិត។ (បើ) បុគ្គល​ណា ពោលយ៉ាងនេះថា រូបសញ្ញារលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់អស់ហើយ​នូវរូបសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ​គួរប្រាប់យ៉ាងនេះ​ទៅវិញថា ម្នាលអាវុសោ ភិក្ខុ​ក្នុងសាសនា​នេះ ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់ទៅ​នៃបដិឃសញ្ញាហើយ លែងធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា ហើយបានដល់​នូវអាកាសានញ្ចាយតនជ្ឈាន ដោយ​ធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត​ដូច្នេះ រូបសញ្ញា​តែងរលត់ទៅក្នុង​អាកាសានញ្ចាយតនជ្ឈាននុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់​អស់ហើយ​នូវរូប​សញ្ញា។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បី​អនុមោទនា នូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះ​ហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា អាកាសានញ្ចាយតនសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់អស់ហើយ នូវអាកាសានញ្ចាយតនសញ្ញា អ្នកដ៏មាន​អាយុ​ទាំងនោះ ឈ្មោះថា អ្នកមិនមានសេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវកាម​ទាំងឡាយ ហើយបាន​ដល់នូវត្រើយ ដោយអង្គនៃឈាននោះ ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា អាកាសានញ្ចាយតនសញ្ញា រលត់ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្តេច ដែលរំលត់អស់​ហើយនូវ​អាកាសានញ្ចាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាងនេះ​ទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនា​នេះ ព្រោះកន្លង​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អាកាសានញ្ចាយតនសញ្ញា តែងរលត់ទៅក្នុងវិញ្ញាណញ្ចាយតនៈនុ៎ះ ជនទាំងនោះ ឈ្មោះថា បាន​រំលត់អស់ហើយនូវ​អាកាសានញ្ចាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នក​មិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា នូវភាសិតថា សាធុ ដូច្នេះ ដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បី​នមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅអង្គុយជិត។ តថាគតពោលថា វិញ្ញាណញ្ចាយតនសញ្ញា រលត់ទៅក្នុងទីណា មួយទៀត ពួកជនណា បានរំលត់​អស់ហើយនូវ​វិញ្ញាណញ្ចាយតនសញ្ញា អ្នកដ៏មានអាយុ​ទាំងនោះ ឈ្មោះថា អ្នកមិនមាន​សេចក្ដីស្រេកឃ្លាន អ្នក​រំលត់ទុក្ខ បានឆ្លងនូវកាមទាំងឡាយ ហើយបានដល់​នូវត្រើយ ដោយអង្គនៃ​ឈាននោះ ដោយពិត។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា វិញ្ញាណញ្ចាយតនសញ្ញា តែងរលត់​ទៅ ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែល​រំលត់​អស់ហើយ​នូវវិញ្ញាណញ្ចាយតន​សញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញ​នូវហេតុ​នុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរ​ប្រាប់យ៉ាងនេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបាន​ដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ធ្វើទុកក្នុងចិត្តថា របស់អ្វីបន្តិចបន្តួច​មិនមាន ដូច្នេះ វិញ្ញាណញ្ចាយតនសញ្ញា តែងរលត់​ទៅ ក្នុងអាកិញ្ចញ្ញាយតនជ្ឈាន​នុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយនូវវិញ្ញាណញ្ចាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នក​មិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា​នូវភាសិតថា សាធុ ដូច្នេះ លុះត្រេកអរ អនុមោទនានូវ​ភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយ​ចូលទៅអង្គុយជិត។ តថាគតពោលថា អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅ​ក្នុងទីណា មួយទៀត ពួកជន​ណា បានរំលត់អស់ហើយ នូវអាកិញ្ចញ្ញាយតនសញ្ញា អ្នកដ៏មានអាយុ​ទាំងនោះ ឈ្មោះ​ថា អ្នកមិនមាន​សេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវ​កាមទាំងឡាយ បានដល់​នូវត្រើយ ដោយអង្គ​នៃឈាននោះ។ (បើ) បុគ្គលណា ពោលយ៉ាងនេះថា អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅ​ក្នុងទីដូចម្ដេច មួយទៀត ពួកជនដូចម្ដេច ដែលរំលត់​អស់​ហើយនូវអាកិញ្ចញ្ញាយតនសញ្ញា ខ្ញុំមិនស្គាល់នូវហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនោះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាង​នេះទៅវិញថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនា​នេះ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយបានដល់នូវនេវសញ្ញា​នាសញ្ញាយតនជ្ឈាន អាកិញ្ចញ្ញាយតនសញ្ញា តែងរលត់ទៅ ក្នុងនេវសញ្ញានាសញ្ញា​យតនៈនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយ​នូវអាកិញ្ចញ្ញាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា​នូវភាសិតថា សាធុ ដូច្នេះដោយពិត លុះត្រេកអរ អនុមោទនានូវភាសិតថា សាធុ ដូច្នេះហើយ គប្បីនមស្ការ ប្រណម្យអញ្ជលី ហើយចូលទៅ​អង្គុយជិត។ តថាគត​ពោលថា នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅ​ក្នុងទីណា មួយទៀត ពួកជន​ណា បានរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា អ្នកដ៏មានអាយុ​ទាំងនោះ ឈ្មោះថា អ្នកមិនមាន​សេចក្ដីស្រេកឃ្លាន អ្នករំលត់ទុក្ខ បានឆ្លងនូវ​កាមទាំងឡាយ​ហើយ បានដល់​នូវត្រើយ​ដោយអង្គនៃ​ឈាននោះ​ដោយពិត។ (បើ) បុគ្គលណា ពោល​យ៉ាងនេះថា នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅ​ក្នុងទីដូចម្ដេច មួយទៀត ពួក​ជន​ដូចម្ដេច ដែលរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា ខ្ញុំមិនស្គាល់នូវ​ហេតុនុ៎ះ ខ្ញុំមិនឃើញនូវហេតុនុ៎ះទេ បុគ្គលនោះ អ្នកទាំងឡាយ គួរប្រាប់យ៉ាង​នេះទៅវិញ​ថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានដល់នូវសញ្ញាវេទយិតនិរោធ នេវសញ្ញានាសញ្ញាយតនសញ្ញា តែងរលត់ទៅ​ក្នុងសញ្ញាវេទយិតនិរោធនុ៎ះ ជនទាំងនោះ ឈ្មោះថា បានរំលត់អស់ហើយ នូវនេវសញ្ញានាសញ្ញាយតនសញ្ញា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអ្នកមិនអួតអាង មិនមានមាយា គប្បីត្រេកអរ គប្បីអនុមោទនា​នូវភាសិតថា សាធុ ដូច្នេះដោយពិត លុះ​ត្រេកអរ អនុមោទនា​នូវភាសិតថា សាធុ ដូច្នេះហើយ គប្បី​នមស្ការ ប្រណម្យអញ្ជលី ហើយចូល​ទៅអង្គុយជិត។ ម្នាលភិក្ខុទាំងឡាយ អនុបុព្វវិហារសមាបត្តិ មាន ៩ យ៉ាង​នេះ​ឯង។

៣. និព្វានសុខសូត្រ

[៣៤] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់ក្នុងវត្តវេឡុវន ជា​កលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលអាវុសោ​ទាំងឡាយ និព្វាននេះ​ជាសុខ ម្នាលអាវុសោ​ទាំងឡាយ និព្វាននេះ​ជាសុខ។ កាលបើ​ព្រះសារីបុត្ត​ពោលយ៉ាងនេះ​ហើយ ព្រះឧទាយិ​ដ៏មាន​អាយុ​ ក៏បាន​ពោលទៅនឹង​ព្រះសារីបុត្ត​ដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោ​សារីបុត្ត ការដឹង​ណា ក្នុង​ព្រះនិព្វាននុ៎ះ មិនមានទេ ចុះសុខ​ក្នុងព្រះនិព្វាននុ៎ះ តើដូចម្ដេច។ ម្នាល​អាវុសោ ការដឹង​ណា ក្នុងព្រះនិព្វាន​នុ៎ះ មិនមានទេ ហ្នឹង​ហើយជាសុខ​ក្នុងព្រះនិព្វាន​នុ៎ះឯង។ ម្នាល​អាវុសោ កាមគុណ​ទាំងឡាយនេះ មាន ៥ យ៉ាង។ កាមគុណ ៥ យ៉ាង តើដូចម្ដេច​ខ្លះ។ គឺរូប ដែលគប្បី​ដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មាន​សភាព​ជាទី​ស្រឡាញ់ ប្រកបដោយ​កាម ជាទីរីករាយ សំឡេង​ដែលគប្បី​ដឹងដោយ​ត្រចៀក។បេ។ ក្លិនដែល​គប្បីដឹង​ដោយច្រមុះ រសដែល​គប្បីដឹង​ដោយអណ្ដាត ផោដ្ឋព្វៈ​ដែលគប្បី​ដឹង​ដោយ​កាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាព​ជាទីស្រឡាញ់ ប្រកប​ដោយ​កាម ជាទីរីករាយ។ ម្នាលអាវុសោ កាមគុណ​មាន ៥ យ៉ាងនេះឯង។ ម្នាល​អាវុសោ សុខ និង​សោមនស្សណា កើតឡើង ព្រោះអាស្រ័យ​នូវកាមគុណ ៥ យ៉ាង​នេះ ម្នាល​អាវុសោ នេះហៅថា កាមសុខ។ ម្នាលអាវុសោ ភិក្ខុក្នុង​សាសនានេះ ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ បានដល់​បឋមជ្ឈាន ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅដោយ​វិហារធម៌​នេះហើយ សញ្ញាមនសិការៈ (ការធ្វើទុកក្នុង​ចិត្តនូវសញ្ញា) ប្រកប​ដោយកាម ក៏ច្រួលច្រាល់​ឡើង នោះជា​អាពាធ​របស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដី​ទុក្ខ គប្បី​កើតឡើង ដល់បុគ្គល​ដែលមាន​សេចក្ដីសុខ​ជាហេតុ​ ឲ្យកើតអាពាធ​ជាកំណត់ ​យ៉ាងណា​មិញ សញ្ញាមនសិការៈ ប្រកបដោយ​កាមទាំងនោះ របស់​ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជា​អាពាធរបស់​ភិក្ខុនោះ ក៏យ៉ាង​នោះដែរ។ ម្នាល​អាវុសោ អាពាធណា ដែលកើត​ឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ​ទ្រង់ពោល​ថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមាន​សេចក្ដីសុខ​យ៉ាងណានុ៎ះ គប្បីដឹង​ដោយបរិយាយ​នេះចុះ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុព្រោះ​រម្ងាប់នូវវិតក្កៈ និងវិចារៈ​ទាំងឡាយ។បេ។ បានដល់​ទុតិយជ្ឈាន ម្នាលអាវុសោ កាលបើ​ភិក្ខុនោះ កំពុងនៅ​ដោយវិហារធម៌​នេះហើយ សញ្ញាមនសិការៈ ដែលប្រកប​ដោយវិតក្កៈ ក៏ច្រួលច្រាល់​ឡើង នោះជា​អាពាធ​របស់ភិក្ខុ​នោះ។ ម្នាលអាវុសោ ដូច​សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គល​ដែលមាន​សេចក្ដីសុខ​ជាហេតុ​ឲ្យកើត​អាពាធ ជាកំណត់​យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកប​ដោយ​វិតក្កៈ​ទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជា​អាពាធ​របស់ភិក្ខុនោះ ក៏យ៉ាង​នោះ​ដែរ។ ម្នាលអាវុសោ អាពាធណា ដែល​កើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោល​ថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិញ្វន ដែលមានសេចក្ដី​សុខ​យ៉ាងណានុ៎ះ គប្បីដឹង​ដោយបរិយាយ​នេះចុះ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុព្រោះ​នឿយណាយ​ចាកបីតិ​ផង។បេ។ បានដល់​តតិយជ្ឈាន ម្នាល​អាវុសោ កាលបើ​ភិក្ខុនោះ កំពុងនៅ​ដោយវិហារធម៌​នេះហើយ សញ្ញាមនសិការៈ ដែលប្រកប​ដោយបីតិ ក៏ច្រួលច្រាល់​ឡើង នោះជា​អាពាធ​របស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង​ដល់បុគ្គល ដែលមាន​សេចក្ដីសុខ​ជាហេតុ​ ឲ្យកើត​អាពាធ​ជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកប​ដោយបីតិ​ទាំងនោះ របស់​ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជា​អាពាធ​របស់ភិក្ខុនោះ ក៏យ៉ាង​នោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើត​ឡើងហើយ អាពាធនុ៎ះ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ពោលថាជាទុក្ខ។ ម្នាល​អាវុសោ ព្រះនិព្វាន ដែលមាន​សេចក្ដីសុខ​យ៉ាងណានុ៎ះ គប្បី​ដឹងដោយ​បរិយាយ​នេះចុះ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុព្រោះ​លះបង់នូវ​សុខផង។បេ។ បានដល់​ចតុត្ថជ្ឈាន ម្នាល​អាវុសោ កាលបើ​ភិក្ខុនោះ កំពុងនៅ​ដោយវិហារធម៌​នេះហើយ សញ្ញាមនសិការៈ ដែលប្រកប​ដោយឧបេក្ខា ក៏ច្រួលច្រាល់ឡើង នោះជា​អាពាធរបស់​ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដី​ទុក្ខ គប្បីកើតឡើង​ដល់បុគ្គល​ដែល​មានសេចក្ដីសុខ ជាហេតុ​ឲ្យកើត​អាពាធ​ជាកំណត់ យ៉ាងណា​មិញ សញ្ញាមនសិការៈ ដែលប្រកប​ដោយ​ឧបេក្ខា​ទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធ របស់ភិក្ខុនោះ ក៏យ៉ាង​នោះដែរ។ ម្នាល​អាវុសោ អាពាធណា ដែលកើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោល​ថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែល​មាន​សេចក្ដីសុខ​យ៉ាងណានុ៎ះ គប្បីដឹង​ដោយ​បរិយាយ​នេះចុះ។ ម្នាល​អាវុសោ មួយ​ទៀត ភិក្ខុព្រោះ​កន្លងបង់​នូវរូបសញ្ញា ដោយប្រការ​ទាំងពួង ព្រោះវិនាស​ទៅនៃបដិឃសញ្ញា ព្រោះមិនបាន​ធ្វើទុកក្នុង​ចិត្ត​នូវនានត្តសញ្ញា ហើយបាន​ដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុក​ក្នុងចិត្តថា អាកាស​មិនមាន​ទីបំផុតដូច្នេះ ម្នាល​អាវុសោ កាល​បើភិក្ខុនោះ កំពុងនៅដោយ​វិហារធម៌នេះហើយ សញ្ញាមនសិការៈ ដែលប្រកប​ដោយរូប ក៏ច្រួលច្រាល់ឡើង នោះជាអាពាធ​របស់ភិក្ខុនោះ។ ម្នាល​អាវុសោ ដូច​សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គល​ដែលមាន​សេចក្ដីសុខ​ជាហេតុ​ឲ្យកើតអាពាធ យ៉ាងណា​មិញ សញ្ញាមនសិការៈ ដែលប្រកប​ដោយរូបទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធ​របស់ភិក្ខុនោះ ក៏យ៉ាង​នោះដែរ។ ម្នាលអាវុសោ អាពាធ​ណា ដែល​កើតឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជាទុក្ខ។ ម្នាល​អាវុសោ ព្រះនិព្វាន​ដែលមានសេចក្ដី​សុខយ៉ាងណានុ៎ះ គប្បីដឹង​ដោយ​បរិយាយ​នេះចុះ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុ​ព្រោះកន្លងបង់​នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំង​ពួងហើយ បានដល់​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើ​ទុកក្នុងចិត្តថា វិញ្ញាណ​មិន​មានទី​បំផុតដូច្នេះ ម្នាលអាវុសោ កាលបើ​ភិក្ខុនោះ កំពុងនៅ​ដោយវិហារធម៌​នេះហើយ សញ្ញាមនសិការៈ ដែលប្រកប​ដោយ​អាកាសានញ្ចាយតនជ្ឈាន​ ក៏ច្រួលច្រាល់ឡើង នោះជា​អាពាធ​របស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើត​ឡើងដល់​បុគ្គល ដែលមាន​សេចក្ដីសុខ​ជាហេតុ​ឲ្យកើត​អាពាធ​ជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកប​ដោយ​អាកាសានញ្ចាយតនជ្ឈាន​ទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជាអាពាធ​របស់ភិក្ខុនោះ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើត​ឡើង​ហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលថាជា​ទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមានសេចក្ដី​សុខយ៉ាងណានុ៎ះ គប្បីដឹង​ដោយបរិយាយ​នេះចុះ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយបានដល់​នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុក​ក្នុងចិត្តថា របស់​បន្តិចបន្តួច​មិនមាន​ ដូច្នេះ ម្នាលអាវុសោ កាលបើភិក្ខុនោះ កំពុងនៅ​ដោយវិហារធម៌​នេះហើយ សញ្ញាមនសិការៈ ដែលប្រកប​ដោយ​វិញ្ញាណញ្ចាយតនជ្ឈាន ក៏ច្រួលច្រាល់ឡើង នោះជា​អាពាធ​របស់ភិក្ខុនោះ។ ម្នាលអាវុសោ ដូចសេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គល​ដែលមាន​សេចក្ដីសុខ​ជាហេតុ​ឲ្យកើត​អាពាធ​ជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកប​ដោយ​វិញ្ញាណញ្ចាយតនជ្ឈាន​ទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់​ឡើង នោះជា​អាពាធ​របស់ភិក្ខុនោះ យ៉ាងនោះដែរ។ ម្នាល​អាវុសោ អាពាធណា ដែលកើត​ឡើងហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោល​ថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមាន​សេចក្ដីសុខ​យ៉ាងណានុ៎ះ គប្បីដឹង​ដោយ​បរិយាយ​នេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះ​កន្លងបង់​នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយបាន​ដល់​នេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអាវុសោ កាលបើ​ភិក្ខុនោះ កំពុងនៅ​ដោយវិហារធម៌​នេះហើយ សញ្ញាមនសិការៈ ដែលប្រកប​ដោយ​អាកិញ្ចញ្ញាយតនជ្ឈាន ច្រួលច្រាល់ឡើង នោះជាអាពាធ​របស់ភិក្ខុ​នោះ។ ម្នាលអាវុសោ ដូចសេចក្ដី​ទុក្ខ គប្បីកើតឡើង ដល់បុគ្គល​ដែលមាន​សេចក្ដី​សុខជាហេតុ​ឲ្យកើត​អាពាធ​ជាកំណត់ យ៉ាងណាមិញ សញ្ញាមនសិការៈ ដែលប្រកប​ដោយ​អាកិញ្ចញ្ញាយតនជ្ឈានទាំងនោះ របស់ភិក្ខុនោះ ច្រួលច្រាល់ឡើង នោះជា​អាពាធ​របស់ភិក្ខុ​នោះ ក៏យ៉ាង​នោះដែរ។ ម្នាលអាវុសោ អាពាធណា ដែលកើត​ឡើង​ហើយ អាពាធនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ពោល​ថាជាទុក្ខ។ ម្នាលអាវុសោ ព្រះនិព្វាន ដែលមាន​សេចក្ដីសុខ​យ៉ាងណានុ៎ះ គប្បីដឹង​ដោយ​បរិយាយ​នេះចុះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់​នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយបាន​ដល់សញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះបានឃើញ​ដោយបញ្ញា។ ម្នាលអាវុសោ ព្រះនិព្វាន​ដែលមាន​សេចក្ដីសុខ​យ៉ាង​ណានុ៎ះ គប្បីដឹង​ដោយ​បរិយាយនេះចុះ។

៤. គាវីឧបមាសូត្រ

[៣៥] ម្នាលភិក្ខុទាំងឡាយ ដូចមេគោ ដើរទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិន​ស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅ​លើភ្នំ​ដែលមិនស្មើ មេគោនោះ មានសេចក្ដី​ត្រិះរិះ យ៉ាង​នេះថា បើដូច្នេះ គួរតែ​អាត្មាអញ ទៅកាន់ទិស​ដែលអញ​មិនធ្លាប់ទៅផង ទំពាស៊ី​នូវស្មៅ​ដែលអញ​មិនធ្លាប់​ទំពាស៊ីផង ផឹកទឹក​ដែលអញ​មិនធ្លាប់ផឹកផង។ មេគោនោះ មិនទាន់ឈរ​ជើងមុខ​ឲ្យស៊ប់ស្រួល ហើយលើក​នូវជើងខាង​ក្រោយឡើង មេគោនោះ មិនគប្បី​ទៅកាន់ទិស​ដែលខ្លួន​មិនធ្លាប់​​ទៅបានផង មិនគប្បី​ទំពាស៊ី​នូវស្មៅ​ដែលខ្លួនមិន​ធ្លាប់​ទំពាស៊ី​បានផង មិនគប្បីផឹក​ទឹកដែលខ្លួន​មិនធ្លាប់​ផឹកបាន​ផង មេគោនោះ ឈរ​ក្នុង​ប្រទេសណា តែងមានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ​ទៅកាន់​ទិស​ដែលអញ​មិនធ្លាប់ទៅផង ទំពាស៊ី​នូវស្មៅ​ដែលអញ​មិនធ្លាប់ទំពាស៊ី​ផង ផឹកទឹក​ដែលអញ​មិនធ្លាប់​ផឹកផង។ មេគោនោះ មិនគប្បី​ត្រឡប់មក​កាន់ប្រទេស​នោះ ដោយ​សួស្ដី​បានវិញទេ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះតែ​មេគោនោះ ត្រាច់​ទៅកាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិនស្គាល់​ខេត្ត មិនប្រសប់ ត្រាច់ទៅ​លើភ្នំ ដែលមិន​ស្មើ យ៉ាងណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុខ្លះ ក្នុង​សាសនានេះ ជាអ្នក​ល្ងង់ មិន​ឈ្លាសវៃ មិនស្គាល់​ខេត្ត មិនប្រសប់ ក្នុងការ​ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់​ចាក​អកុសល​ធម៌​ទាំងឡាយ ហើយ​ដល់នូវ​បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ និងវិចារៈ មានបីតិ និង​សុខ ដែលកើតអំពី​សេចក្ដីស្ងាត់ ក៏យ៉ាង​នោះដែរ។ ភិក្ខុនោះ មិនសេព មិនចំរើន មិន​ធ្វើឲ្យរឿយ ៗ នូវ​និមិត្តនោះ មិនតាំង​ទុកនូវនិមិត្ត​ដែលខ្លួនតាំង​ទុកល្អហើយ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែ​អាត្មាអញ រម្ងាប់វិតក្កៈ និងវិចារៈ​រួច​ហើយ ចូលកាន់​ទុតិយជ្ឈាន ជាធម្មជាត​កើតមាន ក្នុងសន្ដាន​នៃខ្លួន ប្រកបដោយ​សេចក្ដីជ្រះថ្លា គឺ​សទ្ធា មានសភាព​ជាចិត្តខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈឡើយ មានតែបីតិ និងសុខ ដែលកើត​អំពីសមាធិគឺ បឋមជ្ឈាន។ ភិក្ខុនោះ មិនអាច​ដើម្បីរម្ងាប់​វិតក្កៈវិចារៈ។បេ។ បានដល់​ទុតិយជ្ឈាន។ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែ​អាត្មាអញ ស្ងាត់ចាកកាម ស្ងាត់ចាក​អកុសលធម៌​ហើយ ដល់នូវ​បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ និង​វិចារៈ មានតែបីតិ និងសុខ ដែលកើត​អំពីសេចក្ដី​ស្ងាត់។ ភិក្ខុនោះ មិនអាច​ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បាន​ដល់បឋមជ្ឈានហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា ជាអ្នក​ដឹងផង ជាអ្នក​អង់អាចផង ជាអ្នក​សាបសូន្យ​ចាកកាម និង​អកុសលធម៌​ទាំងពីរផង ដូចជា​មេគោនោះ ត្រាច់ទៅ​កាន់ភ្នំ ជាសត្វល្ងង់ មិនឈ្លាសវៃ មិន​ស្គាល់ខេត្ត មិនប្រសប់ ត្រាច់ទៅ​លើភ្នំ ដែល​មិនស្មើ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចមេគោ ត្រាច់ទៅ​លើភ្នំ ជាសត្វ​មានបញ្ញា ឈ្លាសវៃ ​ស្គាល់នូវ​ខេត្ត ​ប្រសប់ ត្រាច់ទៅលើភ្នំ ដែល​មិនស្មើ មេគោនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់​ទិស​ដែលអញ​មិនធ្លាប់​ទៅផង ទំពាស៊ី​នូវស្មៅ​ដែល​អញមិនធ្លាប់​ទំពាស៊ីផង ផឹកទឹក​ដែលអញ​មិនធ្លាប់​ផឹកផង។ មេគោនោះ ឈរជើង​មុខឲ្យស៊ប់​ល្អហើយ លើកជើងខាង​ក្រោយ​ឡើង មេគោនោះ ទើបគប្បី​ទៅកាន់ទិស ដែលខ្លួន​មិនធ្លាប់​​ទៅបានផង ទំពាស៊ី​នូវស្មៅ​ដែលខ្លួន​មិនធ្លាប់​ទំពាស៊ីបាន​ផង ផឹកទឹក​ដែលខ្លួន​មិនធ្លាប់ផឹក​បានផង កាលបើ​មេគោ​នោះ ឈរក្នុង​ប្រទេសណា មេគោនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែ​អាត្មាអញ ទៅកាន់ទិស​ដែលអញមិន​ធ្លាប់ទៅផង ទំពាស៊ី​ស្មៅ​ដែលអញ​មិនធ្លាប់​ទំពាស៊ី​ផង ផឹកទឹក​ដែលអញ​មិនធ្លាប់​ផឹកផង។ មេគោនោះ គប្បីត្រឡប់​មកកាន់​ប្រទេសនោះ​វិញ​ដោយ​សួស្ដី​។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា មេគោនោះ ត្រាច់ទៅ​កាន់ភ្នំ ជាសត្វ​មានបញ្ញា​ឈ្លាសវៃ ស្គាល់​នូវខេត្ត ប្រសប់ ត្រាច់ទៅ​លើភ្នំដែល​មិនស្មើ យ៉ាង​ណាមិញ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនា​នេះ ជាអ្នកមាន​បញ្ញា ឈ្លាសវៃ ស្គាល់​នូវខេត្ត ជាអ្នក​ប្រសប់ ក្នុងការស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ហើយបាន​ដល់បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើត​អំពីសេចក្ដី​ស្ងាត់ ក៏យ៉ាង​នោះដែរ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើ​ឲ្យរឿយ ៗ នូវនិមិត្ត​នោះ បានតាំងទុកនូវ​និមិត្ត​ដែលខ្លួន​តាំងទុក​ល្អហើយ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះយ៉ាង​នេះថា បើដូច្នោះ គួរតែ​អាត្មាអញ រម្ងាប់វិតក្កៈ និងវិចារៈ​ ហើយ​ដល់នូវ​ទុតិយជ្ឈាន ជា​ធម្មជាត​កើតមាន​ក្នុងសន្ដាន​នៃខ្លួន ប្រកប​ដោយសេចក្ដី​ជ្រះថ្លា គឺសទ្ធា មាន​សភាពជា​ចិត្តខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែបីតិ និងសុខ ដែលកើត​អំពីសមាធិគឺ បឋមជ្ឈាន។ ភិក្ខុនោះ មិនបាន​សម្រេច​ទុតិយជ្ឈាន ក៏រម្ងាប់នូវវិតក្កៈ និង​វិចារៈ។បេ។ បានដល់​ទុតិយជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើ​ឲ្យរឿយ ៗ នូវនិមិត្ត​នោះ បាន​តាំងទុកនូវ​និមិត្តដែល​ខ្លួនតាំង​ទុកល្អហើយ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើ​ដូច្នោះ គួរតែអាត្មាអញ​នឿយណាយ​ចាក​បីតិ ជាអ្នក​ប្រកបដោយ​ឧបេក្ខាផង មាន​សតិ និងសម្បជញ្ញៈ​ផង សោយ​នូវសុខ ដោយនាម​កាយផង ព្រះអរិយៈ​ទាំងឡាយ តែង​សរសើរ​បុគ្គលដែល​បាននូវ​តតិយជ្ឈាន​នោះ​ថា បុគ្គល​ប្រកបដោយ​ឧបេក្ខា មាន​ស្មារតី មានធម៌​ជាគ្រឿងនៅ​ជាសុខ​ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា ក៏គួរដល់​នូវតតិយជ្ឈាន​នោះ​។ ភិក្ខុនោះ មិនបាន​សម្រេច​នូវ​តតិយជ្ឈាន ព្រោះនឿយណាយ​ចាកបីតិ។បេ។ បានដល់នូវ​តតិយជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុក​នូវនិមិត្ត​ដែលខ្លួន​តាំងទុក​ល្អ​ហើយ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែ​អាត្មាអញ លះបង់​នូវ​សុខផង លះបង់​នូវទុក្ខផង មាន​សោមនស្ស និង​ទោមនស្ស​អស់ហើយ ក្នុងកាល​មុនផង ហើយគួរ​ដល់នូវ​ចតុត្ថជ្ឈាន ជាធម្មជាត​មាន​អារម្មណ៍​មិនជាទុក្ខ មិនជាសុខ មានតែ​សតិ​ដ៏បរិសុទ្ធ កើតអំពី​ឧបេក្ខា។ ភិក្ខុនោះ មិន​បានសម្រេច​ចតុត្ថជ្ឈាន ព្រោះលះបង់​នូវសុខ​ផង។បេ។ បានដល់​នូវចតុត្ថជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្ត​នោះ បានតាំងទុក​នូវនិមិត្ត​ដែលខ្លួន​តាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែ​អាត្មាអញ កន្លង​នូវរូបសញ្ញា ដោយប្រការ​ទាំងពួង អស់ទៅ​នៃបដិឃសញ្ញា លែងធ្វើ​ទុកក្នុងចិត្ត នូវ​នានត្តសញ្ញា ហើយគួរដល់​អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុក​ក្នុងចិត្តថា អាកាស​មិនមាន​ទីបំផុតដូច្នេះ។ ភិក្ខុនោះ មិនបាន​សម្រេច​អាកាសានញ្ចាយតនជ្ឈាន ព្រោះកន្លង​នូវរូបសញ្ញា ដោយ​ប្រការ​ទាំងពួង។បេ។ បានដល់​អាកាសានញ្ចាយតនជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំង​ទុកនូវនិមិត្ត ដែលខ្លួន​តាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែ​អាត្មាអញ កន្លងនូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយ​ដល់នូវ​វិញ្ញាណញ្ចាយតនជ្ឈាន  ដោយការ​ធ្វើទុក​ក្នុងចិត្តថា វិញ្ញាណ​មិនមាន​ទីបំផុតដូច្នេះ។ ភិក្ខុនោះ មិនបាន​សម្រេច​វិញ្ញាណញ្ចាយតនជ្ឈាន ព្រោះកន្លង​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយបាន​ដល់នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ការធ្វើ​ទុកក្នុងចិត្តថា វិញ្ញាណ​មិនមាន​ទីបំផុត​ដូច្នេះ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើឲ្យ​រឿយ ៗ នូវនិមិត្ត​នោះ បានតាំងទុក​នូវនិមិត្ត​ដែលខ្លួន​តាំងទុកល្អហើយ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយដល់​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើ​ទុកក្នុងចិត្ត​ថា វត្ថុតិចតួច មិនមាន​ដូច្នេះ។ ភិក្ខុនោះ មិនបាន​សម្រេច​អាកិញ្ចញ្ញាយតនជ្ឈាន ហើយកន្លង​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ហើយបានដល់​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការ​ធ្វើទុក​ក្នុងចិត្តថា វត្ថុតិចតួច​មិនមាន​ដូច្នេះ។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើ​ឲ្យរឿយ ៗ នូវនិមិត្ត​នោះ បានតាំង​ទុកនូវនិមិត្ត ដែលខ្លួនតាំង​ទុកល្អហើយ ភិក្ខុនោះ មាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លងនូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ហើយ​ដល់នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ភិក្ខុនោះ មិន​បានសម្រេច​នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយកន្លង​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការ​ទាំង​ពួង ហើយ​ដល់នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ភិក្ខុនោះ ខំសេព ខំចំរើន ខំធ្វើ​ឲ្យរឿយ ៗ នូវនិមិត្តនោះ បានតាំងទុក​នូវនិមិត្ត​ដែលខ្លួន​តាំងទុក​ល្អហើយ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែ​អាត្មាអញ កន្លងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយ​ដល់នូវ​សញ្ញាវេទយិត​និរោធ។ ភិក្ខុនោះ មិនបាន​សម្រេចសញ្ញាវេទយិតនិរោធ ក៏កន្លងនូវ​នេវសញ្ញានាសញ្ញា យតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយ​ដល់នូវ​សញ្ញាវេទយិតនិរោធ។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា​បើភិក្ខុ ចូលកាន់​សមាបត្ដិនោះ ៗ ក្តី ចេញចាក​សមាបតិ្តនោះ ៗ ក្ដី ចិត្តរបស់​ភិក្ខុនោះ ក៏ទន់ គួរ​ដល់​ភាវនាកម្ម សមាធិ​ដែលមាន​ប្រមាណ​មិនបាន​ដោយ​ចិត្ត ក៏ទន់គួរ​ដល់ភាវនាកម្ម ឈ្មោះថា ភិក្ខុនោះ បាន​ចំរើនហើយ ដោយប្រពៃ ភិក្ខុនោះ ក៏បង្អោន​ចិត្តទៅ​ចំពោះធម៌ណា ដែលគប្បី​ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា​ដ៏ឧត្តម ដោយ​សមាធិ ដែលមាន​ប្រមាណ​មិនបាន ដែលខ្លួន​បានចំរើន ដោយប្រពៃ ដើម្បី​ធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញា​ដ៏ឧត្តម កាលបើហេតុ​មានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈ​ដែលគួរជាក់​ច្បាស់​ក្នុង​ធម៌នោះ ៗ បាន។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីសំដែង​នូវការតាក់​តែងឫទិ្ធ​បានច្រើន​ប្រការ គឺ​ អាត្មាអញ​តែម្នាក់ ធ្វើឲ្យទៅជា​ច្រើននាក់​ក៏បាន ឬអាត្មា​អញ​ច្រើននាក់ ធ្វើឲ្យ​ទៅជាម្នាក់​វិញក៏បាន។បេ។ អាត្មាអញ ធ្វើអំណាច​ឲ្យប្រព្រឹត្ត​ទៅ​ដោយកាយ ដរាបដល់​ព្រហ្មលោក​ក៏បាន កាលបើហេតុ​មានហើយ ភិក្ខុនោះ ក៏ដល់​នូវភាវៈ ដែលគួរជាក់​ច្បាស់​ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាដោយ​សោតធាតុ​ជាទិព្យ។បេ។ កាលបើ​ហេតុមាន​ហើយ។ បើភិក្ខុនោះ ប្រាថ្នាថា អត្មាអញ​គប្បីកំណត់​ដឹងចិត្ត របស់សត្វ​ដទៃ របស់បុគ្គល​ដទៃ ដោយចិត្ត​របស់ខ្លួន គឺចិត្តដែល​ប្រកប​ដោយ​រាគៈ​ក្តី អាត្មាអញ ក៏ស្គាល់ថា ចិត្តប្រកប​ដោយរាគៈ ចិត្តដែល​ប្រាស​ចាក​រាគៈក្ដី ក៏ស្គាល់ថា ចិត្តប្រាស​ចាករាគៈ ចិត្តដែល​ប្រកបដោយ​ទោសៈក្តី ក៏ស្គាល់ថា ចិត្តប្រកប​ដោយទោសៈ ចិត្តដែល​​ប្រាសចាក​​ទោសៈក្ដី ក៏ស្គាល់ថា ចិត្ត​ប្រាសចាក​ទោសៈ ចិត្តដែលប្រកប​ដោយ​មោហៈក្ដី ក៏ស្គាល់ថា ចិត្តប្រកប​ដោយមោហៈ ចិត្តដែល​ប្រាសចាក​មោហៈក្ដី ក៏ស្គាល់ថា ចិត្ត​​ប្រាស​ចាកមោហៈ ចិត្តដែល​រួញរាក្ដី ចិត្តដែល​រាយមាយក្ដី ចិត្តដែល​ជា​មហគ្គតៈ គឺរូបាវចរ និងអរូបាវចរ​ក្ដី ចិត្តដែលមិនមែន​ជាមហគ្គតៈ​ក្ដី ចិត្តដែល​ជាសឧត្តរ គឺចិត្ត​ដែលមាន​ចិត្តដទៃ​ក្រៃលែង​ជាងក្ដី ចិត្តដែល​ជាអនុត្តរ គឺចិត្តដែល​មិនមាន​ចិត្ត​ដទៃ​ក្រៃលែង​ជាងក្ដី ចិត្តដែលមិន​តាំងមាំក្ដី ចិត្តដែល​តាំងមាំក្ដី ចិត្តដែល​ផុតស្រឡះក្ដី ចិត្តដែល​មិនផុត​ស្រឡះក្ដី ក៏ស្គាល់ថា ចិត្តមិនទាន់​ផុតស្រឡះ កាលបើ​ហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈ​ដែលគួរជាក់​ច្បាស់ក្នុង​ធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីរលឹក​ឃើញនូវ​បុព្វេនិវាស មានប្រការ​ដ៏ច្រើន គឺរលឹក​ឃើញ ១ ជាតិខ្លះ   ២ ជាតិខ្លះ។បេ។ អាត្មាអញ គប្បីរលឹក​ឃើញនូវ​បុព្វេនិវាស មានប្រការ​ដ៏ច្រើន ព្រម​ទាំង​អាការ ព្រមទាំង​ឧទេ្ទស ដោយប្រការ​ដូច្នេះ កាលបើហេតុ​មានហើយ ភិក្ខុនោះ ក៏​ដល់នូវភាវៈ​ដែលគួរជាក់​ច្បាស់​ក្នុងធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ​មាន​ចក្ខុជាទិព្យ​ដ៏បរិសុទ្ធ កន្លងបង់​នូវចក្ខុរបស់​មនុស្សធម្មតា។បេ។ អត្មាអញ ក៏ដឹងច្បាស់ នូវពួក​សត្វ ដែលអន្ទោល​ទៅតាមកម្ម (របស់ខ្លួន) កាលបើ​ហេតុមានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈ​ដែលគួរជាក់​ច្បាស់ក្នុង​ធម៌នោះ ៗ។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីធ្វើឲ្យ​ជាក់ច្បាស់​ បានដល់។បេ។ ព្រោះអស់​ទៅនៃអាសវៈ​​ទាំងឡាយ កាលបើ​ហេតុ មានហើយ ភិក្ខុនោះ ក៏ដល់នូវភាវៈ​ដែលគួរជាក់​ច្បាស់ក្នុងធម៌នោះ ៗ។

៥. ឈានសូត្រ

[៣៦] ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់ទៅ​នៃអាសវៈ ព្រោះ​អាស្រ័យ​បឋមជ្ឈាន​ខ្លះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវការអស់​ទៅនៃអាសវៈ ព្រោះអាស្រ័យ​ទុតិយជ្ឈាន​ខ្លះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការអស់ទៅ​នៃ​អាសវៈ ព្រោះអាស្រ័យ​តតិយជ្ឈាន​ខ្លះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការអស់​ទៅ​នៃអាសវៈ ព្រោះអាស្រ័យ​ចតុត្ថជ្ឈាន​ខ្លះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការអស់ទៅ​នៃអាសវៈ ព្រោះអាស្រ័យ​អាកាសានញ្ចាយតនជ្ឈាន​ខ្លះ។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការអស់ទៅ​នៃអាសវៈ ព្រោះអាស្រ័យ​នេវសញ្ញានាសញ្ញា​យតនជ្ឈាន​ខ្លះ។

ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវការអស់​ទៅនៃអាសវៈ ព្រោះអាស្រ័យ​បឋមជ្ឈាន ព្រោះហេតុនោះ ពាក្យដែល​តថាគតពោល​ហើយនុ៎ះ ពាក្យនុ៎ះ​តថាគត ពោល​ព្រោះអាស្រ័យ​សេចក្ដី​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ បាន​ដល់បឋមជ្ឈាន។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែល​ប្រព្រឹត្តទៅ ក្នុង​បឋមជ្ឈាន​នោះ ភិក្ខុនោះ ក៏រមែង​ពិចារណាឃើញ​ច្បាស់នូវធម៌ គឺបព្ចាក្ខន្ធ​ទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿង​បៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់​ទ្រុឌទ្រោម ជារបស់​សូន្យ ជា​របស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្ត​ឲ្យដំកល់នៅ​ស៊ប់ ដោយធម៌ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យ​ដំកល់នៅស៊ប់ ដោយធម៌​ទាំងនោះហើយ ក៏ប្រមូល​មកនូវចិត្ត​ទុកក្នុងអមតធាតុ​ថា ការ​រម្ងាប់នូវ​សង្ខារទាំងពួង ការលះបង់​នូវកិលេស​ទាំងពួង ការអស់​ទៅនៃ​តណ្ហា សេចក្ដី​នឿយណាយ សេចក្ដី​រលត់តណ្ហា គឺព្រះនិព្វាន​ណា ព្រះនិព្វាន​នុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់​ប្រសើរ។ ភិក្ខុនោះ បានឋិត​នៅក្នុង​វិបស្សនា ដែលមាន​ត្រៃលក្ខណ៍​ជា​អារម្មណ៍​នោះ ហើយ​រមែងដល់នូវ​ការអស់ទៅ​នៃអាសវៈ​ទាំងឡាយ បើមិន​បានដល់នូវ​ការអស់ទៅ​នៃអាសវៈ​ទេ ក៏គង់បាន​ទៅកើតជា​ឱបបាតិកៈ​កំណើត ព្រោះ​សេចក្ដី​ត្រេកអរ​ចំពោះ​សមថធម៌ និងវិបស្សនាធម៌​នោះ ព្រោះសេចក្ដី​រីករាយ ចំពោះ​ធម៌នោះ ព្រោះអស់ទៅ​នៃ​ឱរម្ភាគិយសំយោជនៈ ៥ ហើយនឹង​បរិនិព្វាន​ក្នុងទីនោះ មិន​ត្រឡប់អំពី​លោកនោះ​មកវិញឡើយ ម្នាលភិក្ខុ​ទាំងឡាយ ដូចខ្មាន់​ធ្នូក្តី កូនសិស្ស​របស់​ខ្មាន់ធ្នូក្ដី ធ្វើនូវការ​ប្រកប​ក្នុងរូបភាព​បុរស​ជាវិការ​នៃស្មៅក្ដី ក្នុងដុំ​ដីស្អិតក្ដី សម័យ​ខាងក្រោយ​មក ខ្មាន់ធ្នូនោះ បាញ់បាន​ឆ្ងាយផង បាញ់ត្រង់​ផង អាចទំលាយ​នូវកាយ​ដ៏ធំផង យ៉ាង​ណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ បាន​ដល់​បឋមជ្ឈាន ក៏យ៉ាង​នោះដែរ។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​ណា ដែល​ប្រព្រឹត្ត​ទៅ ក្នុងបឋមជ្ឈាន​នោះ ភិក្ខុនោះ រមែង​ពិចារណា​ឃើញច្បាស់​នូវធម៌ គឺ​បព្ចាក្ខន្ធ​ទាំង​នោះ​ថា ជារបស់​មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿង​បៀតបៀន ជាអាពាធ ជា​របស់ដទៃ ជារបស់​ទ្រុឌទ្រោម ជារបស់​សូន្យ ជារបស់​អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យ​ដំកល់នៅស៊ប់ ដោយធម៌​ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្ត​ឲ្យដំកល់នៅ​ស៊ប់ ដោយធម៌​ទាំងនោះ​ហើយ ក៏ប្រមូល​មកនូវចិត្ត ទុកក្នុង​អមតធាតុថា ការរម្ងាប់នូវ​សង្ខារ​ទាំងពួង លះបង់​នូវកិលេស​ទាំងពួង ការអស់ទៅ​នៃតណ្ហា សេចក្ដី​នឿយណាយ សេចក្ដី​រលត់តណ្ហា គឺព្រះនិព្វាន​ណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាន​នុ៎ះ ជា​របស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅ​ក្នុងវិបស្សនា ដែលមាន​ត្រៃលក្ខណ៍​ជាអារម្មណ៍​នោះហើយ រមែងដល់​នូវការអស់​ទៅនៃអាសវៈ​ទាំងឡាយ បើមិនបាន​ដល់នូវ​ការអស់​ទៅនៃ​អាសវៈ​ទេ ក៏គង់បានទៅ​កើតជា​ឱបបាតិកៈកំណើត ព្រោះសេចក្ដី​ត្រេកអរ ចំពោះ​ធម៌នោះ ព្រោះសេចក្តី​រីករាយ ចំពោះ​ធម៌នោះ ព្រោះអស់ទៅ​នៃ​ឱរម្ភាគិយសំយោជនៈ  ៥ ហើយនឹង​បរិនិញ្វន​ក្នុងទីនោះ មិនត្រឡប់​អំពីលោកនោះ​មកវិញឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យណា​ដែលតថាគត​ពោលថា តថាគត ពោលនូវ​ការអស់ទៅ​នៃអាសវៈ ព្រោះអាស្រ័យ​បឋមជ្ឈាន ពាក្យនុ៎ះ ​តថាគត​ពោលហើយ ព្រោះអាស្រ័យ​នូវហេតុ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ​ព្រោះអាស្រ័យ​នូវ​ទុតិយជ្ឈាន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ព្រោះអាស្រ័យ​នូវ​តតិយជ្ឈាន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពោលនូវ​ការអស់ទៅ​នៃអាសវៈ ព្រោះអាស្រ័យ​នូវចតុត្ថជ្ឈាន ព្រោះហេតុ​នោះ ពាក្យ​ដែលតថាគត ពោល​ហើយនុ៎ះ ពាក្យនុ៎ះ តថាគត​ពោល ព្រោះអាស្រ័យ​នូវហេតុដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ព្រោះលះបង់​នូវសុខផង លះបង់​នូវ​ទុក្ខផង មាន​សោមនស្ស និង​ទោមនស្សអស់​ទៅ ក្នុងកាល​មុន ហើយដល់​នូវចតុត្ថជ្ឈាន ដែលជា​ធម្មជាត មានអារម្មណ៍​មិនមែន​ជាទុក្ខ មិនមែនជា​សុខ គឺជា​ឧបេក្ខា មានសតិ​ដ៏បរិសុទ្ធ ដោយ​ឧបេក្ខា។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ​ណា ដែលប្រព្រឹត្ត​ទៅក្នុង​ចតុត្ថជ្ឈាននោះ ភិក្ខុនោះ រមែង​ពិចារណា​ឃើញច្បាស់​នូវធម៌ គឺបញ្ចក្ខន្ធទាំង​នោះថា ជារបស់​មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿង​បៀតបៀន ជា​អាពាធ ជារបស់​ដទៃ ជារបស់​ទ្រុឌទ្រោម ជារបស់​សូន្យ ជារបស់​អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យ​ដំកល់នៅស៊ប់ ដោយធម៌​ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្ត​ឲ្យដំកល់នៅស៊ប់ ដោយធម៌​ទាំងនោះ​ហើយ ក៏ប្រមូល​មកនូវចិត្ត​ទុកក្នុង​អមតធាតុថា ការរម្ងាប់​បង់នូវសង្ខារទាំងពួង ការលះបង់នូវកិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់​តណ្ហា គឺព្រះនិញ្វនណា ព្រះនិញ្វននុ៎ះ ជាទីស្ងប់ ព្រះនិញ្វននុ៎ះ ជា​របស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅ​ក្នុងវិបស្សនា ដែលមាន​ត្រៃលក្ខណ៍ ជាអារម្មណ៍​នោះហើយ រមែងដល់​នូវការអស់ទៅ​នៃអាសវៈទាំងឡាយ បើមិនបាន​ដល់នូវការអស់​ទៅនៃ​អាសវៈ​ទេ ក៏គង់បាន​ទៅកើតជា​ឱបបាតិកៈកំណើត ព្រោះសេចក្តី​ត្រេកអរចំពោះ​ធម៌នោះ ព្រោះសេចក្តីរីករាយ​ចំពោះធម៌នោះ ព្រោះអស់ទៅ​នៃឱរម្ភាគិយសំយោជនៈ ៥ ហើយ​នឹង​បរិនិញ្វនក្នុងទីនោះ មិនត្រឡប់អំពីលោកនោះ​មកវិញឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចនាយខ្មាន់ធ្នូក្តី កូនសិស្ស​របស់ខ្មាន់ធ្នូក្ដី ធ្វើនូវគ្រឿង​ប្រកបក្នុងរូបភាព​បុរស ជាវិការ​នៃស្មៅ​ក្ដី ក្នុងដុំដីស្អិតក្ដី លុះសម័យខាងក្រោយមក ខ្មាន់ធ្នូនោះ បាញ់​បានឆ្ងាយផង បាញ់ត្រង់​ផង អាចទំលាយនូវ​កាយដ៏ធំបានផង យ៉ាងណាមិញ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ ព្រោះលះបង់​នូវសុខផង។បេ។ បានដល់​ចតុត្ថជ្ឈាន ក៏យ៉ាងនោះ​ដែរ។ រូប វេទនាណា ដែលប្រព្រឹត្តទៅ​ក្នុងចតុត្ថជ្ឈាននោះ ភិក្ខុនោះ។បេ។ មាន​សភាពមិន​ត្រឡប់អំពី​លោកនោះមក​វិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណា ដែល​តថាគតពោល​ហើយថា តថាគត ពោលនូវការអស់ទៅ​នៃអាសវៈ ព្រោះ​អាស្រ័យ​នូវចតុត្ថជ្ឈាន ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវហេតុនុ៎ះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោល​នូវការអស់ទៅ​នៃអាសវៈ ព្រោះអាស្រ័យនូវ​អាកាសានញ្ចាយតនជ្ឈាន ព្រោះហេតុនោះ ពាក្យដែលតថាគត​ពោលហើយនុ៎ះ ពាក្យនុ៎ះ តថាគតពោល​ហើយ ព្រោះអាស្រ័យ​នូវ​ហេតុ​ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ  ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់នូវ​រូបសញ្ញា ដោយ​ប្រការទាំងពួង ព្រោះអស់បដិឃសញ្ញាហើយ លែងធ្វើ​ទុកក្នុងចិត្ត​នូវនានត្តសញ្ញា ហើយដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុក​ក្នុងចិត្តថា អាកាស​មិនមាន​ទី​បំផុត។ វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្ត​ទៅក្នុង​អាកាសានញ្ចាយតនជ្ឈាន​នោះ ភិក្ខុនោះ ក៏រមែងពិចារណា​ឃើញនូវ​ធម៌ គឺខន្ធ​ទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាសេចក្តី​បៀតបៀន ជាអាពាធ ជារបស់​ដទៃ ជារបស់ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យ​ដំកល់នៅស៊ប់ ដោយធម៌ទាំងនោះ លុះភិក្ខុនោះ បានញុំាងចិត្ត​ឲ្យដំកល់នៅស៊ប់ ដោយធម៌ទាំងនោះហើយ ក៏ប្រមូលចិត្តទៅ​ក្នុងអមតធាតុថា ការ​រម្ងាប់បង់​នូវសង្ខារ​ទាំងពួង លះបង់​នូវកិលេស​ទាំងពួង ការអស់ទៅ​នៃតណ្ហា សេចក្ដី​នឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់​ប្រសើរ។ ភិក្ខុនោះ បានឋិតនៅ​ក្នុងវិបស្សនា ដែលមាន​ត្រៃលក្ខណ៍​ជា​អារម្មណ៍​នោះ​ហើយ រមែងដល់នូវការ​អស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់​នូវ​ការអស់ទៅ នៃអាសវៈ​ទេ ក៏គង់បានទៅកើត​ជាឱបបាតិកៈកំណើត ព្រោះសេចក្ដី​ត្រេកអរ​ចំពោះ​ធម៌នោះ ព្រោះសេចក្ដី​រីករាយ​ចំពោះធម៌នោះ ព្រោះអស់ទៅ​នៃឱរម្ភាគិយ​សំយោជនៈ ៥ ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់អំពី​លោកនោះ​មកវិញឡើយ។  ម្នាលភិក្ខុ​ទាំងឡាយ ដូចខ្មាន់ធ្នូក្តី កូនសិស្ស​របស់ខ្មាន់ធ្នូក្ដី ធ្វើនូវការប្រកប​ក្នុងរូបភាព​បុរស ជាវិការ​នៃស្មៅក្ដី ក្នុងដុំដីស្អិតក្ដី លុះសម័យខាងក្រោយមក ខ្មាន់ធ្នូនោះ បាញ់​បានឆ្ងាយផង បាញ់ត្រង់ផង អាចទំលាយ​នូវកាយ​ដ៏ធំផង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ព្រោះកន្លងបង់​នូវរូបសញ្ញា ដោយប្រការទាំងពួង ព្រោះអស់បដិឃសញ្ញា​ហើយ លែងធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា ហើយដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា អាកាស​មិនមានទី​បំផុតដូច្នេះ។ វេទនា សញ្ញាណា ដែលប្រព្រឹត្តទៅ​ក្នុង​អាកាសានញ្ចាយតនជ្ឈាននោះ ភិក្ខុនោះ។បេ។ មានសភាពមិន​បានត្រឡប់​អំពីលោក​នោះ​មកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណា ដែលតថាគត​ពោលថា តថាគត ពោលនូវការ​អស់ទៅនៃអាសវៈ ព្រោះអាស្រ័យ​នូវអាកាសានញ្ចាយតនជ្ឈាន ពាក្យនេះ តថាគត​ពោលហើយ ព្រោះអាស្រ័យនូវហេតុនេះ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះអាស្រ័យ​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន។បេ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោល​នូវការអស់ទៅ​នៃអាសវៈ ព្រោះអាស្រ័យ​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ព្រោះហេតុនោះ ពាក្យដែល​តថាគត​ពោលហើយនុ៎ះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះ​អាស្រ័យ​នូវហេតុ​ដូចម្ដេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ។ វេទនា សញ្ញា សង្ខារ វិញ្ញាណ​ណា ដែលប្រព្រឹត្តទៅ​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាននោះ ភិក្ខុនោះ ក៏រមែង​ពិចារណា​ឃើញ​នូវធម៌ គឺខន្ធទាំងនោះ ថាជា​របស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជា​គ្រឿង​បៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់​ទ្រុឌទ្រោម ជារបស់សូន្យ ជា​របស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់​នៅស៊ប់ដោយធម៌ទាំងនោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យ​ដំកល់នៅស៊ប់​ដោយធម៌ទាំង​នោះហើយ ក៏ប្រមូលចិត្ត​ទៅក្នុងអមតធាតុថា ការរម្ងាប់​បង់​នូវសង្ខារ​ទាំងពួង លះបង់នូវកិលេស​ទាំងពួង ការអស់ទៅ​នៃតណ្ហា សេចក្ដី​នឿយណាយ សេចក្ដីរលត់តណ្ហា គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់​ប្រសើរ។ ភិក្ខុនោះ បានឋិតនៅ​ក្នុងវិបស្សនា ដែលមាន​ត្រៃលក្ខណ៍ ជាអារម្មណ៍ ហើយរមែង​ដល់នូវការអស់ទៅ​នៃអាសវៈទាំងឡាយ បើមិនបាន​ដល់នូវ​ការអស់ទៅ​នៃអាសវៈ​ទេ ក៏គង់បានទៅកើត​ជាឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរ​ចំពោះ​ធម៌នោះ ព្រោះសេចក្ដី​រីករាយ​ចំពោះធម៌​នោះ ព្រោះអស់ទៅ​នៃឱរម្ភាគិយ​សំយោជនៈ ៥ ហើយនឹងបរិនិព្វាន​ក្នុងទីនោះ មិនត្រឡប់អំពី​លោកនោះ​មកវិញឡើយ។  ម្នាលភិក្ខុ​ទាំងឡាយ ដូចខ្មាន់ធ្នូក្តី កូនសិស្ស​របស់ខ្មាន់ធ្នូក្ដី ធ្វើនូវការប្រកប​ក្នុងរូបភាព​បុរស ជាវិការនៃស្មៅក្ដី ក្នុងដុំដីស្អិតក្ដី លុះសម័យខាង​ក្រោយមក​ ខ្មាស់ធ្នូនោះ បាញ់​បានឆ្ងាយ​ផង បាញ់​ត្រង់ផង អាចទំលាយ​នូវកាយដ៏ធំផង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ព្រោះកន្លងបង់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយដល់​នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើទុកក្នុងចិត្តថា វត្ថុតិចតួចមិនមានដូច្នេះ យ៉ាង​នោះដែរ។ វេទនា សញ្ញា សង្ខារ វិញ្ញាណណា ដែលប្រព្រឹត្ត​ទៅក្នុង​អាកិញ្ចញ្ញាយតន​ជ្ឈាន​នោះ ភិក្ខុនោះ ក៏រមែងពិចារណា​ឃើញនូវធម៌ គឺខន្ធទាំងនោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាពក ជាសរ ជាគ្រឿងបៀតបៀន ជាអាពាធ ជារបស់ដទៃ ជារបស់​ទ្រុឌទ្រោម ជារបស់សូន្យ ជារបស់អនត្តា។ ភិក្ខុនោះ ញុំាងចិត្ត​ឲ្យដំកល់នៅ​ស៊ប់ ដោយ​ធម៌ទាំង​នោះ លុះភិក្ខុនោះ ញុំាងចិត្តឲ្យដំកល់​នៅស៊ប់ ដោយធម៌​ទាំងនោះ​ហើយ ក៏ប្រមូលចិត្ត​ទៅក្នុង​អមតធាតុថា ការរម្ងាប់នូវ​សង្ខារទាំងពួង ការលះបង់នូវ​កិលេស​ទាំងពួង ការអស់ទៅ​នៃតណ្ហា សេចក្ដីនឿយណាយ  សេចក្ដីរលត់​តណ្ហា គឺព្រះ​និព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិត​នៅក្នុងវិបស្សនា ដែលមាន​ត្រៃលក្ខណ៍​ ជាអារម្មណ៍នោះហើយ រមែងដល់នូវ​ការអស់​ទៅ នៃអាសវៈ​ទាំងឡាយ បើមិនបានដល់​នូវការអស់ទៅ​នៃអាសវៈទេ ក៏គង់បានទៅ​កើតជា​ឱបបាតិកៈកំណើត ព្រោះសេចក្ដីត្រេកអរ​ចំពោះធម៌នោះ ព្រោះសេចក្ដី​រីករាយ ចំពោះធម៌នោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសំយោជនៈ ៥ ហើយនឹងបរិនិព្វាន​ក្នុងទី​នោះ មិនត្រឡប់​អំពីលោកនោះ​មកវិញឡើយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យណា ដែល​តថាគតពោលហើយថា តថាគត ពោលនូវការអស់​ទៅនៃអាសវៈ ព្រោះអាស្រ័យ​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យ​នូវហេតុនេះឯង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាសមាបត្ដិ មាននៅដរាបណា សញ្ញាបដិវេធៈ ក៏មាននៅ​ដរាប​នោះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឈាន ព្រោះអាស្រ័យនូវ​អាយតនៈទាំងពីរណា គឺនេវសញ្ញានាសញ្ញាយតនសមាបត្ដិ ១ សញ្ញាវេទយិតនិរោធ ១ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវអាយតនៈ​ទាំងនុ៎ះថា ភិក្ខុដែល​មានឈាន ឈ្លាសវៃ ក្នុងការចូល​កាន់​សមាបត្តិ ឈ្លាសវៃ​ក្នុងការ​ចេញចាក​សមាបត្តិ គួរពោលថា ចូល​ចេញដោយប្រពៃ។

៦. អានន្ទសូត្រ

[៣៧] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុង​កោសម្ពី។ ក្នុងទីនោះឯង ព្រះអានន្ទដ៏មានអាយុ មានថេរវាចានឹង​ភិក្ខុទាំងឡាយថា ម្នាលអាវុសោ​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលតប​ព្រះអានន្ទដ៏មានអាយុថា ករុណា អាវុសោ។ ព្រះអានន្ទដ៏មានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោ​ទាំង​ឡាយ អស្ចារ្យណាស់ ម្នាលអាវុសោ​ទាំងឡាយ ចំឡែកណាស់ ព្រោះព្រះដ៏មានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គត្រាស់ដឹង​នូវការ​បាននូវ​ឱកាស ដើម្បីសេចក្ដីបរិសុទ្ធ ដើម្បីកន្លងបង់​នូវសេចក្ដីសោក និងខ្សឹកខ្សួល ដើម្បី​រលត់ទុក្ខ និងទោមនស្ស ដើម្បីបាននូវព្រះនិព្វាន ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវព្រះនិព្វាន របស់សត្វ​ទាំងឡាយ (ការបាននូវ​ឱកាសនោះគឺ) ចក្ខុប្បសាទនោះ ក៏មាន រូបទាំងឡាយ​នោះ មកកាន់រង្វង់ចក្ខុ តែមិនទទួលដឹង​ចំពោះរូបាយតនៈនោះ ១ សោតប្បសាទ ក៏មាន សម្លេងទាំងឡាយ​នោះក៏មក តែមិនទទួលដឹងចំពោះ​សទ្ទាយតនៈនោះ ១ ឃានប្បសាទ​នោះ ក៏មាន សំឡេងទាំងឡាយ​នោះ ក៏មក តែមិនទទួលដឹងចំពោះ​គន្ធាយតនៈនោះ ១ ជិវ្ហាបសាទនោះ ក៏មាន រសទាំងឡាយនោះ ក៏មក តែមិនទទួល​ដឹងចំពោះ​រសាយតនៈ​នោះ ១ កាយប្បសាទនោះ ក៏មាន សម្ផស្សទាំងឡាយ ក៏មក តែមិនទទួល​ដឹងចំពោះ​ផោដ្ឋព្វាយនតៈនោះ ១។ កាលដែលអានន្ទដ៏មានអាយុ មានថេរវាចា​យ៉ាងនេះហើយ ព្រះឧទាយី​ដ៏មានអាយុ បានសួរព្រះអានន្ទ​ដ៏មានអាយុ​ដូច្នេះថា អើ អាវុសោអានន្ទ ចុះ​ដែលមិន​ទទួល​ដឹង​ចំពោះ​អាយតនៈ​នោះ តើមានសញ្ញាឬទេ ឬក៏មិនមាន​សញ្ញា។ ព្រះអានន្ទ​​ដ៏មានអាយុតបថា បុគ្គលដែលទទួលដឹង​ចំពោះអាយតនៈនោះ សុទ្ធតែ​ជាអ្នក​មាន​​សញ្ញា មិនមែនជា​មិនមាន​សញ្ញាទេ។ ព្រះឧទាយីដ៏មានអាយុ​ សួរទៀតថា ម្នាល​អាវុសោ ចុះបុគ្គលមានសញ្ញា​បែបណាទៅ ទើបមិនទទួល​ដឹងចំពោះ​​អាយតនៈនោះ​។

ព្រះអានន្ទដ៏មាន​អាយុតបថា ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ព្រោះកន្លងបង់​នូវរូបសញ្ញា ព្រោះរលត់នូវបដិឃសញ្ញា ព្រោះមិនបាន​ធ្វើទុកក្នុងចិត្ត​នូវនានត្តសញ្ញា ដោយ​ប្រការ​ទាំងពួង ក៏បានដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុក​ក្នុង​ចិត្ត​ថា អាកាសមិនមានទីបំផុត។ ម្នាលអាវុសោ ភិក្ខុមានសញ្ញា​យ៉ាងនេះឯង តែង​​មិនទទួល​ដឹងចំពោះ​អាយតនៈនោះ។  ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការ​ធ្វើ​ទុកក្នុងចិត្តថា​ វិញ្ញាណមិនមាន​ទីបំផុត។ ម្នាលអាវុសោ ភិក្ខុមានសញ្ញា យ៉ាងនេះឯង តែងមិនទទួល​ដឹងចំពោះ​អាយតនៈនោះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះកន្លងបង់នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់នូវ​អាកិញ្ចញ្ញាយតន​ជ្ឈាន ដោយការធ្វើ​ទុកក្នុងចិត្តថា អ្វីតិចតួច​មិនមាន។ ម្នាលអាវុសោ ភិក្ខុ​មានសញ្ញា​ យ៉ាងនេះឯង តែងមិនទទួលដឹង​ចំពោះអាតនៈនោះ។

ម្នាលអាវុសោ សម័យមួយ ខ្ញុំនៅក្នុងអញ្ជនវន (ព្រៃអញ្ជ័ន) ជាទីឲ្យអភ័យដល់​ម្រឹគ ជិតក្រុងសាកេត។ ម្នាលអាវុសោ គ្រានោះ នាងភិក្ខុនី ជាបងប្អូននឹងជដិល បាន​ចូលមករកខ្ញុំ លុះចូលមក​ដល់ហើយ ថ្វាយបង្គំខ្ញុំ ហើយឋិតនៅ​ក្នុងទីដ៏សមគួរ។ ម្នាល​អាវុសោ លុះភិក្ខុនី ជាបងប្អូន​នឹងជដិល ឋិតនៅក្នុង​ទីដ៏សមគួរ​ស៊ប់ហើយ​ បានសួរ​ខ្ញុំ​ដូច្នេះថា បពិត្រព្រះអានន្ទ​ដ៏ចំរើន សមាធិដែល​លែងទោរទៅ (ដោយអំណាចរាគៈ) លែងងប់ទៅ (ដោយអំណាចទោសៈ) លែងសង្កត់សង្កិន ហាមឃាត់នូវកិលេសដោយ​ព្យាយាម​ (ទៀតហើយ) ជាសមាធិ ឈ្មោះថា តាំងនៅហើយ ព្រោះផុតស្រឡះចាក​កិលេស ជាសមាធិ ឈ្មោះថា ត្រេកអរព្រោះតាំងនៅ ជាសមាធិ ឈ្មោះថា មិនតក់ស្លុត​ព្រោះត្រេកអរ បពិត្រព្រះអានន្ទ​ដ៏ចំរើន តើសមាធិនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ថា មានអ្វី​ជាផល។ ម្នាលអាវុសោ កាលភិក្ខុនីនោះ សួរយ៉ាងនេះហើយ ខ្ញុំក៏បានឆ្លើយ​​តបនឹង​នាងភិក្ខុនី ជាបងប្អូន​នឹងជដិល​នោះថា ម្នាលនាង សមាធិ ដែលលែង​ទោរទៅ (ដោយអំណាច​រាគៈ) លែងងប់ទៅ (ដោយអំណាចទោសៈ) លែងសង្កត់សង្កិន ហាម​ឃាត់នូវកិលេស​ដោយព្យាយាម (ទៀតហើយ) ជាសមាធិឈ្មោះថាតាំងនៅ ព្រោះផុត​ស្រឡះ​​ចាកកិលេស ជាសមាធិ​ឈ្មោះថាត្រេកអរ ព្រោះតាំងនៅ ជាសមាធិឈ្មោះថា មិនតក់ស្លុត ព្រោះសេចក្ដីត្រេកអរ ម្នាលនាង សមាធិនេះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា មានអរហត្ត​​ជាផល។ ម្នាលអាវុសោ បុគ្គលមានសញ្ញា យ៉ាងនេះឯង តែង មិនទទួលដឹង​ចំពោះអាយតនៈនោះ។

៧. លោកាយតិកសូត្រ

[៣៨] គ្រានោះឯង ព្រាហ្មណ៍ពីរនាក់ ជាអ្នកចេះស្ទាត់នូវគម្ពីរលោកាយតៈ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ពោលពាក្យរាក់ទាក់ជា​មួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ​ដែលគួររីករាយ និងពាក្យដែលគួរ​រលឹករួច​ហើយ ក៏អង្គុយក្នុង​ទីដ៏សមគួរ។ លុះព្រាហ្មណ៍​ទាំងនោះ​ អង្គុយក្នុង​ទីដ៏សមគួរ​ហើយ បានក្រាបទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះគោតម​ដ៏ចំរើន គ្រូឈ្មោះ​បូរណកស្សប ជាអ្នកដឹង​នូវហេតុ​ទាំងពួង ឃើញនូវហេតុ​ទាំងពួង តែងប្ដេជ្ញា​នូវការដឹង ការឃើញ មិនមានសេសសល់​ថា កាលអញ​ដើរក្ដី ឈរក្ដី កាលអញ​ដេកក្ដី ភ្ញាក់ឡើងក្ដី ការដឹង និងការ​ឃើញ (នូវហេតុ​ទាំងពួង) តែងដំកល់​នៅស៊ប់ សព្វពេល​វេលា ​ជានិរន្ដរ។ បូរណកស្សប​នោះ និយាយយ៉ាងនេះថា អញតែងដឹង តែងឃើញនូវលោក ដែលមិន​មាន​ទីបំផុត ដោយសារញាណ​មិនមានទីបំផុត។ បពិត្រព្រះគោតម​ដ៏ចំរើន សូម្បីគ្រូ​ឈ្មោះ​និគ្គន្ថនាដបុត្តនេះ ក៏ជាអ្នកដឹង​នូវហេតុ​ទាំងពួង ឃើញនូវហេតុ​ទាំងពួង​ដែរ តែងប្តេជ្ញានូវ​ការដឹង ការឃើញ មិនមាន​សេសសល់ថា កាលអញដើរក្ដី ឈរក្ដី អញ​ដេកក្ដី ភ្ញាក់ឡើងក្ដី ការដឹង ការឃើញ (នូវហេតុទាំងពួង) តែងដំកល់​នៅស៊ប់ សព្វពេល​វេលា ជានិរន្តរ។ និគ្គន្ថនាដបុត្តនោះ និយាយ​យ៉ាងនេះថា អញតែងដឹង តែងឃើញ​នូវលោក ដែលមិនមានទីបំផុត ដោយសារញាណ មិនមានទីបំផុត។ បពិត្រព្រះគោតម​ដ៏ចំរើន បណ្ដាញាណវាទៈទាំងពីរ និងវិបច្ចនិកវាទៈ ទៅវិញទៅមក​ទាំងពីរនេះ តើវាទៈ​ណាពិត វាទៈណាកុហក។

ម្នាលព្រាហ្មណ៍ទាំងឡាយ ណ្ហើយកុំសួរត្រង់ពាក្យថា បណ្ដាញាណវាទៈទាំងពីរ និងវិបច្ចនិកវាទៈ ទៅវិញទៅមក​ទាំងពីរនេះ តើវាទៈ​ណាពិត វាទៈណា​កុហក ដូច្នេះនុ៎ះ ចូរផ្អាកទុក​ទៅចុះ ម្នាលព្រាហ្មណ៍​ទាំងឡាយ តថាគតនឹង​សំដែងធម៌​ដល់អ្នក​ទាំងឡាយ អ្នកទាំង​ឡាយ ចូរស្ដាប់​ធម៌នោះសិន ចូរធ្វើទុក​ក្នុងចិត្តឲ្យល្អ តថាគត​នឹងសំដែង។ ព្រាហ្មណ៍​ទាំងនោះ បានទទួលស្ដាប់​ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ​។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍​ទាំងឡាយ ដូចបុរស ៤ នាក់ ឈរនៅក្នុង​ទិសទាំង ៤ ដែលបរិបូណ៌​ដោយដំណើរ​របស់បុរសផង ដោយសន្ទុះផង ដោយជំហាន​ជើងដ៏រហ័ស​​ក្រៃលែងផង ជាអ្នកប្រកប​ដោយសន្ទុះ មានសភាព​យ៉ានេះឯង (ក្នុងបុរស​ម្នាក់ ៗ សុទ្ធតែ​ជាអ្នកប្រកប) ដោយជំហាន​ជើង (ដែលអាចដើរ​ឆ្លងចក្កវាឡ ដោយឆាប់​រហ័សបាន) មានភាពដូច​ជាខ្មាន់ធ្នូ​ដែលខ្លាំងពូកែ បានសិក្សារួចហើយ មាន​ដៃស្ទាត់​ហើយ ធ្លាប់ចូលចំណោម​ហើយ ក៏យកព្រួញដ៏ស្រាល បាញ់ស្រមោលដើមត្នោត ត្រង់ពាក់​​កណ្ដាលដើម ដោយមិនលំបាកដូច្នោះ​ឯង មានតួយ៉ាង​ដូចសមុទ្រ​ទិស​ខាងកើត និងសមុទ្រទិសខាងលិច គ្រានោះ បុរសដែលឈរ​​ក្នុងទិសខាងកើត និយាយ​​យ៉ាងនេះថា អញនឹងដើរ​​ទៅឲ្យដល់ទីបំផុត​​នៃលោក បុរសនោះ មានអាយុ ១០០ ឆ្នាំ រស់នៅ ១០០ ឆ្នាំ ក៏ដើរ​ទៅ​អស់ ១០០ ឆ្នាំ (មិនឈប់) វៀរលែង​តែស៊ី ទំពាស៊ី លិទ្ធ ភ្លក្សអាហារ ​វៀរលែង​តែការ​ធ្វើ​ឧច្ចារៈ និងបស្សាវៈ វៀរលែងតែដេក និងការបន្ទោបង់ នូវសេចក្ដី​នឿយហត់​ចេញ ក៏មិនបានដល់​​ដូចបំណង​ឡើយ ហើយធ្វើ​មរណកាល​ ក្នុង​ទីជាចន្លោះ ៗ នៃលោក ចំណែក​បុរសដែលឈរ​ក្នុងទិសខាងលិច។បេ។ ចំណែកបុរស ដែលឈរ​ក្នុង​ទិសខាង​ត្បូង ក៏​និយាយ​យ៉ាងនេះថា អញនឹងដើរ​ទៅឲ្យដល់​ទីបំផុត​នៃលោក បុរសនោះ មាន​អាយុ ១០០ ឆ្នាំ រស់នៅ ១០០ ឆ្នាំ ក៏ដើរទៅ​អស់ ១០០ ឆ្នាំ (មិនឈប់) វៀរលែង​តែស៊ី ទំពាស៊ី លិទ្ធ ភ្លក្សអាហារ វៀរលែងតែការធ្វើឧច្ចារៈ និងបស្សាវៈ វៀរលែងតែ​ដេក និងការ​បន្ទោបង់​​នូវសេចក្ដី​នឿយ​ហត់​ចេញ ក៏មិនបានដល់​ដូចបំណងឡើយ ហើយធ្វើ​មរណកាល​ ក្នុងទីជា​ចន្លោះ ៗ នៃលោក ដំណើរនុ៎ះ ព្រោះហេតុអ្វី ម្នាល​ព្រាហ្មណ៍​ទាំងឡាយ ព្រោះតថាគត​​មិនពោលថា ទីបំផុតនៃលោក បុគ្គលត្រូវដឹង ត្រូវឃើញ ត្រូវទៅ​ដល់​បាន ដោយសារសន្ទុះជើង​​មានសភាព​យ៉ាងនោះឡើយ។ ម្នាល​ព្រាហ្មណ៍​ទាំងឡាយ ឯ​តថាគត មិនធ្លាប់ពោលអំពីដំណើរ​សត្វ ដែលមិនទាន់​បានដល់នូវ​ទី​បំផុត​នៃលោក​ហើយ (ថា) ធ្វើនូវ​ទីបំផុតនៃទុក្ខ​សោះឡើយ។

ម្នាលព្រាហ្មណ៍ទាំងឡាយ កាមគុណ ៥ ប្រការនេះ​​​​​ តថាគត​ ហៅថា​​លោក លោក​ក្នុងអរិយវិន័យ។ កាមគុណ ៥ ប្រការនោះ តើដូចម្ដេចខ្លះ។ រូបទាំងឡាយ ដែល​គប្បីដឹង​បាន​​ដោយចក្ខុ ជាទីប្រាថ្នា ត្រេកអរ ពេញចិត្ត មានសភាព​ជាទីស្រឡាញ់ ប្រកបដោយ​កាម​ជាទីគាប់ចិត្ត ១ សំឡេងទាំងឡាយ ដែលគប្បី​ដឹងដោយ​ត្រចៀក ១។បេ។ ក្លិន​ទាំង​ឡាយ ដែលគប្បី​ដឹងដោយ​ច្រមុះ ១ រសទាំងឡាយ ដែលគប្បី​ដឹងដោយ​​អណ្ដាត ១ ផោដ្ឋព្វៈ​ទាំងឡាយ ដែលគប្បី​ដឹងដោយកាយ ជាទីប្រាថ្នា ត្រេកអរ ពេញ​ចិត្ត មានសភាព​​​ជាទីស្រឡាញ់ ប្រកបដោយកាម​ជាទីគាប់ចិត្ត ១។ ម្នាលព្រាហ្មណ៍​​ទាំងឡាយ កាមគុណ ៥ ប្រការនេះឯង តថាគតហៅថា​លោក លោកក្នុងអរិយវិន័យ។

ម្នាលព្រាហ្មណ៍ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់​ចាក​​អកុសលធម៌​ទាំងឡាយ ហើយបានដល់​បឋមជ្ឈាន ដែលប្រកប​ដោយវិតក្កៈ និង​វិចារៈ មានបីតិ និងសុខៈដែលកើត​អំពីសេចក្ដីស្ងប់ស្ងាត់។ ម្នាលព្រាហ្មណ៍​ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទី​បំផុតនៃលោក ឋិតនៅក្នុង​ទីបំផុតនៃលោក។ ពួកជន​ឯទៀត បាននិយាយចំពោះ​ភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូលក្នុងលោកផង ភិក្ខុនេះ មិនរលាស់ចេញ​ចាកលោក​បានផង។ ម្នាល​ព្រាហ្មណ៍​ទាំងឡាយ ឯតថាគត ក៏ពោល​​យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូល​ក្នុងលោកផង ភិក្ខុនេះ មិនរលាស់​ចេញ​ចាក​លោកបាន​ផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ និង​វិចារៈ។បេ។ ក៏​បានដល់​​ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន។ ម្នាលព្រាហ្មណ៍​ទាំងឡាយ ភិក្ខុនេះ តថាគត​ហៅថា បានដល់ទី​បំផុតនៃលោក ឋិតនៅក្នុង​ទីបំផុតនៃលោក។ ពួកជន​ឯទៀត បាននិយាយ​ចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូល​ក្នុងលោកផង ភិក្ខុនេះ មិន​រលាស់ចេញ​​ចាកលោកបានផង។ ម្នាលព្រាហ្មណ៍​ទាំងឡាយ ឯតថាគត​ពោលយ៉ាង​នេះ​ថា ភិក្ខុនេះ រាប់បញ្ចូល​ក្នុងលោកផង ភិក្ខុនេះ មិនរលាស់​ចេញចាក​លោកបានផង ដូច្នេះ​ដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់​រូបសញ្ញា ព្រោះរលត់​បដិឃសញ្ញា ព្រោះធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា ក៏បានដល់​អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើ​​ទុកក្នុង​ចិត្តថា អាកាស​មិនមាន​ទីបំផុត។ ម្នាលព្រាហ្មណ៍​ទាំងឡាយ ភិក្ខុ​នេះ តថាគត​ហៅថា បានដល់ទី​បំផុតនៃលោក ឋិតនៅក្នុង​ទីបំផុតនៃលោក។ ពួកជន​ឯទៀត បាននិយាយ​ចំពោះភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូល​ក្នុងលោកផង ភិក្ខុនេះ មិនទាន់រលាស់​ចេញចាក​លោកបានផង។ ម្នាលព្រាហ្មណ៍​ទាំងឡាយ ឯតថាគត​ក៏ពោល​យ៉ាង​នេះថា ភិក្ខុនេះ រាប់បញ្ចូល​ក្នុង​លោកផង ភិក្ខុនេះ មិនទាន់​រលាស់​ចេញ​ចាក​លោក​បានផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លង​បង់​អាកាសានញ្ចាយតន​ជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់​​វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើ​ទុកក្នុង​ចិត្តថា​ វិញ្ញាណ​មិនមាន​ទីបំផុត។បេ។ ព្រោះកន្លងបង់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់​​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើ​ទុកក្នុងចិត្ត​ថា អ្វីតិចតួច​មិនមាន ព្រោះកន្លងបង់​​អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការទាំងពួង ក៏បានដល់​នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលញ្រហ្មណ៍​ទាំងឡាយ ភិក្ខុនេះ តថាគត​ហៅថា បានដល់ទី​បំផុតនៃលោក ឋិតនៅក្នុង​​ទីបំផុតនៃលោក។ ពួកជន​ឯទៀត បាននិយាយ​ចំពោះ​ភិក្ខុនោះ យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូល​ក្នុងលោក​ផង ភិក្ខុនេះ មិនទាន់​រលាស់ចេញ ចាកលោក​បានផង។ ម្នាលញ្រហ្មណ៍​ទាំងឡាយ តថាគត ក៏និយាយ​យ៉ាងនេះថា ភិក្ខុនេះ រាប់បញ្ចូល​ក្នុង​លោកផង ភិក្ខុនេះ មិនទាន់រលាស់​ចេញចាក​លោកបាន​ផង ដូច្នេះដែរ។

ម្នាលព្រាហ្មណ៍ទាំងឡាយ មួយទៀត ភិក្ខុ ព្រោះកន្លងបង់​នេវសញ្ញានាសញ្ញា​យតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់​សញ្ញាវេទយិតនិរោធ។ អាសវៈរបស់​ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះយល់ឃើញដោយប្រាជ្ញា។ ម្នាលព្រាហ្មណ៍​ទាំងឡាយ ភិក្ខុនេះ តថាគតហៅថា បានដល់ទីបំផុត​នៃលោក ឋិតនៅក្នុង​ទីបំផុតនៃលោក បានឆ្លង ផុត​នូវតណ្ហា​ក្នុងលោកហើយ។

៨. ទេវាសុរសង្គាមសូត្រ

[៣៩] ម្នាលភិក្ខុទាំងឡាយ មានរឿងពី​ព្រេងនាយ​មកថា សង្រ្គាម​នៃអសុរ​ មួយ​អន្លើ​ដោយពួក​ទេវតា ជាសង្រ្គាម​តទល់​ ប្រឡូកកៀក​គ្នាហើយ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សង្រ្គាម​នោះឯង ពួកអសុរ​ឈ្នះ ពួកទេវតា​ចាញ់ ម្នាលភិក្ខុ​ទាំងឡាយ  លុះ​ពួកទេវតា​បរាជ័យ​ហើយ ក៏បានរត់ឆ្ពោះមុខ​ទៅកាន់ទិស​ខាងជើង ពួកអសុរ​ក៏ដេញតាម។ ម្នាល​ភិក្ខុ​ទាំងឡាយ គ្រានោះ​ឯង ពួកទេវតា មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ពួកអសុរ នាំគ្នា​នៅ​តែដេញ​តាម​មិនលែង​សោះ បើដូច្នេះ គួរតែ​ពួកយើង​តយុទ្ធ​នឹងពួកអសុរ​ឲ្យអស់ពីរ​គ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា បានតយុទ្ធ​នឹងពួកអសុរ ក្នុងលើកទី ២ ទៀត ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងលើក​ទីពីរនោះឯង ពួកអសុរ​ឈ្នះ ពួកទេវតា​ចាញ់ (ទៀត)។ ម្នាលភិក្ខុ​ទាំងឡាយ លុះពួកទេវតា​បរាជ័យហើយ ក៏បានរត់ឆ្ពោះមុខ​ទៅកាន់ទិសខាង​ជើង ពួកអសុរ ក៏នាំគ្នា​ដេញតាម។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះឯង ពួកទេវតា មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ពួកអសុរ នៅតែនាំគ្នាដេញ​តាមមិនលែងសោះ បើដូច្នេះ គួរ​តែ​ពួកយើង​តយុទ្ធនឹង​ពួកអសុរ​ឲ្យអស់ ៣ គ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា បានតយុទ្ធ​នឹងពួកអសុរ ក្នុងលើក​ទី ៣ ទៀត។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងលើកទី ៣ នោះឯង ពួកអសុរ​ឈ្នះ ពួកទេវតា​ចាញ់ទៀត ម្នាល​ភិក្ខុ​ទាំងឡាយ លុះពួក​ទេវតាបរាជ័យ​ហើយ ក៏ភ័យ រត់ចូលទៅ​ក្នុងទេវបុរី​វិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឯពួកទេវតា ដែលបាន​ចូលទៅដល់​ទេវបុរីហើយ មាន​សេចក្ដី​ត្រិះរិះ  យ៉ាងនេះ​ថា ឥឡូវនេះ ពួកយើង​មានខ្លួនបាន​ដល់នូវ​ទីការពារ​ភ័យហើយ ទាំងពួក​អសុរ ក៏មិនគប្បី​ធ្វើអ្វី​យើងបាន។ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ពួកអសុរ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះ​ថា ឥឡូវនេះ ពួកទេវតា​មានខ្លួនបាន​ដល់នូវ​ទីការពារ​ភ័យហើយ ពួកយើង​មិន​គប្បីធ្វើ​អ្វីបានទេ។

ម្នាលភិក្ខុទាំងឡាយ មានរឿង​ពីព្រេងនាយ​មកថា សង្រ្គាមនៃអសុរ​ មួយអន្លើ​ដោយ​ទេវតា ជាសង្រ្គាមតទល់ ប្រឡូកកៀកគ្នា​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក៏ក្នុង​សង្រ្គាម​នោះឯង ពួកទេវតា​ឈ្នះ ពួកអសុរ​ចាញ់ ម្នាលភិក្ខុ​ទាំងឡាយ លុះពួកអសុរ​បរាជ័យ​ហើយ ក៏បានរត់​ឆ្ពោះមុខទៅ​ទិសខាងត្បូង ពួកទេវតា​ក៏នាំគ្នាដេញ​តាម។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះឯង ពួកអសុរ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ពួកទេវតា នៅតែនាំគ្នា​ដេញតាម​មិនលែងសោះ  បើដូច្នោះ គួរតែពួក​យើងតយុទ្ធ​នឹងពួកទេវតា​ឲ្យ អស់ពីរ​គ្រាចុះ។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរ បានតយុទ្ធនឹងពួកទេវតា ក្នុងលើកទី ២ ទៀត។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងលើកទី ២ នោះឯង ពួកទេវតាឈ្នះ ពួកអសុរ​ចាញ់ទៀត ម្នាល​ភិក្ខុ​ទាំងឡាយ លុះពួក​អសុ​របរាជ័យ​ហើយ ក៏បានរត់ឆ្ពោះ​មុខទៅកាន់​ទិសខាងត្បូង ពួកទេវតា ក៏នាំគ្នា​ដេញតាម។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះឯង ពួកអសុរ​ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ពួកទេវតា​នៅតែនាំគ្នាដេញ​តាមមិន​លែងសោះ  បើដូច្នេះ គួរតែពួក​យើង​តយុទ្ធនឹង​ពួកទេវតា ឲ្យអស់ ៣ គ្រា។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរច្បាំងតនឹង​ពួកទេវតា ក្នុងលើកទី ៣ ទៀត។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងលើកទី ៣ នោះឯង ពួកទេវតា​ឈ្នះ ពួកអសុរ​ចាញ់ទៀត ម្នាលភិក្ខុ​ទាំង​ឡាយ លុះពួក​អសុរបរាជ័យ​ហើយ ក៏ភ័យ រត់ចូលទៅ​កាន់អសុរបុរី ម្នាលភិក្ខុ​ទាំង​ឡាយ ឯពួកអសុរ ដែលទៅដល់​អសុរបុរី​ហើយ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកយើងមាន​ខ្លួនបានដល់​នូវទីការពារ​ភ័យហើយ ទាំងពួកទេវតា ក៏​មិនគប្បី​ធ្វើអ្វី​យើងបាន។ ម្នាលភិក្ខុ​ទាំងឡាយ ចំណែកពួក​ទេវតា មានសេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ពួកអសុរ មានខ្លួនបាន​ដល់នូវទី​ការពារភ័យ​ហើយ ពួកយើងមិន​គប្បី​ធ្វើអ្វី​បានទេ។

ម្នាលភិក្ខុទាំងឡាយ រឿងនេះមានឧបមេយ្យ ដូចភិក្ខុដែលស្ងាត់ចាក​កាមទាំង​ឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ហើយបាន​ដល់បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ និងវិចារៈ ដែលកើតអំពី​សេចក្ដីស្ងប់ស្ងាត់ ក្នុងសម័យណា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យ​នោះ ភិក្ខុមានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា អញមានខ្លួន​បានដល់​នូវធម៌ ជា​គ្រឿងការពារ​ភ័យហើយ មារមិនគប្បី​ធ្វើអ្វី​អញបាន ម្នាលភិក្ខុ​ទាំងឡាយ ចំណែកមារ​មាន​ចិត្តបាប មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ ភិក្ខុមានខ្លួន​បានដល់​នូវគ្រឿង​ការពារ​ភ័យហើយ អញមិន​គប្បីធ្វើអ្វីបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់​ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ក្នុង​សម័យណា ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យ​នោះ ភិក្ខុមានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ អញ​មានខ្លួនបានដល់​នូវគ្រឿង​ការពារភ័យ​ហើយ មារមិនគប្បី​ធ្វើអ្វីអញ​បាន ម្នាលភិក្ខុទាំង​ឡាយ ចំណែកមារ​មានចិត្តបាប ក៏មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ ភិក្ខុមាន​គ្រឿងការពារ​ភ័យបាន​ហើយ អញមិន​គប្បីធ្វើ​អ្វីបាន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុព្រោះ​កន្លងបង់​រូបសញ្ញា ព្រោះរលត់​បដិឃសញ្ញា ព្រោះមិន​ធ្វើទុកក្នុង​ចិត្តនូវ​នានត្តសញ្ញា ដោយប្រការ​ទាំងពួង ក៏បាន​ដល់​អាកាសានញ្ចាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា អាកាស​មិនមាន​ទីបំផុត ក្នុង​សម័យណា។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សម័យនោះ ភិក្ខុ​នេះ តថាគត​ហៅថា បានធ្វើមារ​ឲ្យផុតជើង ហៅថា រុំខ្ទប់ភ្នែកមារ​ឲ្យជិតស្លុង ហៅថា ដល់នូវការ​មិនឃើញ​នៃមារ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ព្រោះកន្លងបង់​អាកាសានញ្ចាយតន​ជ្ឈាន ដោយប្រការ​ទាំងពួង ក៏បាន​ដល់​វិញ្ញាណញ្ចា​យតនជ្ឈាន ដោយ​បរិកម្មថា វិញ្ញាណ​មិនមាន​ទីបំផុត។បេ។ ភិក្ខុ ព្រោះកន្លងបង់​វិញ្ញាណញ្ចា​យតនជ្ឈាន ដោយ​ប្រការទាំងពួង ក៏បាន​ដល់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការធ្វើ​ទុកក្នុង​ចិត្តថា ​អ្វីតិច​តួច​មិនមាន។បេ។ ភិក្ខុ ព្រោះកន្លង​បង់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់​នេវសញ្ញានាសញ្ញា​យតនជ្ឈាន។បេ។ ភិក្ខុ ព្រោះកន្លងបង់​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់​សញ្ញាវេទយិតនិរោធ អាសវៈ​របស់ភិក្ខុនោះ ក៏អស់​រលីងទៅ ព្រោះឃើញ​ដោយប្រាជ្ញា ក្នុង​សម័យណា។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សម័យនោះ ភិក្ខុនេះ​ តថាគត​ហៅថា​ បានធ្វើមារ​ឲ្យផុតជើង ហៅថា រុំខ្ទប់ភ្នែកមារ​ឲ្យជិតស្លុង ហៅថា បានដល់នូវ​ការមិន​ឃើញ​នៃមារ ហៅថា​ ឆ្លងផុត​នូវតណ្ហា​ក្នុង​លោកហើយ។

៩. នាគសូត្រ

[៤០] ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ដំរីឈ្មោលក្ដី ដំរីញីក្ដី ដំរីស្ទាវក្ដី កូន​ដំរីក្ដី ទៅកាត់​ចុងស្មៅ​មុន ៗ ជាងដំរីដ៏ប្រសើរ​ដែលនៅក្នុង​ព្រៃ ខ្វល់ខ្វាយ​រកចំណី ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ ​ដំរីដ៏ប្រសើរ​នៅក្នុងព្រៃ តែង​ធុញទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យ​ណា ដំរីឈ្មោលក្ដី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី ទំពាស៊ី​មែកឈើបាក់ ដែល​ដំរីដ៏ប្រសើរ​នៅក្នុងព្រៃ​ខ្វល់ខ្វាយរកចំណី បានកាច់​បំបាក់ ខ្ទេចខ្ទី​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ ដំរីដ៏ប្រសើរ​នៅក្នុងព្រៃ តែង​ធុញទ្រាន់​ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរ​នៅក្នុងព្រៃ ចុះកាន់កំពង់ទឹក ដំរីឈ្មោលក្តី ដំរីញីក្ដី ដំរីស្ទាវក្ដី កូនដំរីក្ដី តែងទៅកូរ​ទឹក ដោយ​ប្រមោយមុន ៗ (ជាងដំរីនោះ) ម្នាលភិក្ខុ​ទាំងឡាយ  ព្រោះហេតុ​នោះ ដំរីដ៏ប្រសើរ​នៅ​ក្នុងព្រៃ រមែងធុញ​ទ្រាន់ នឿយណាយ ជិនឆ្អន់ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យណា ដំរីដ៏ប្រសើរ​នៅក្នុងព្រៃ ចុះកាន់​កំពង់ទឹក ដំរីញី​ទាំងឡាយ តែងដើរ​ដដុសកាយ ម្នាល​ភិក្ខុ​ទាំងឡាយ ​ព្រោះហេតុ​នោះ ដំរីដ៏ប្រសើរ​នៅក្នុងព្រៃ រមែងធុញទ្រាន់ នឿយណាយ ជិន​ឆ្អន់។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យនោះ ដំរីដ៏ប្រសើរ​នៅក្នុងព្រៃ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ក្នុងកាល​ឥឡូវនេះ អញនៅ​ច្រឡូកច្រឡំ ដោយ​ដំរីឈ្មោល ដំរីញី ដំរីស្ទាវ កូនដំរី អញតែង​ទំពាស៊ីស្មៅ ដែលដំរី​ទាំងនោះ​កាត់ចុងផង អញទំពាស៊ី​មែក​ឈើបាក់ ដែល​ដំរីទាំងនោះ កាច់បំបាក់ខ្ទេចខ្ទី​ហើយផង អញផឹក​ទឹកដ៏ល្អក់ផង កាល​ដែលអញ​ឡើងអំពី​កំពង់ទឹក ដំរីញី​ទាំងឡាយ តែងដើរ​ដដុសកាយ​ផង បើដូច្នោះ គួរតែ​អញ​គេចចេញ​​ចាកហ្វូង ទៅនៅ​តែម្នាក់ឯង។ ក្នុងសម័យ​ខាងក្រោយមក ដំរីនោះ ក៏​គេចចេញ​ចាកហ្វូង ទៅនៅតែ​ម្នាក់ឯង ក៏ទំពាស៊ី​នូវស្មៅ​មិនរេច​ចុងផង មិនទំពាស៊ី​មែក​ឈើបាក់ ដែល​ដំរី​ទាំងនោះ កាច់បំបាក់​ខ្ទេចខ្ទី​ហើយផង​ ផឹកទឹក​មិនល្អក់ផង កាលដែល​ឡើងអំពី​កំពង់ទឹក ដំរីញីទាំងឡាយ​មិនបាន​ដើរដដុស​កាយផង។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសម័យ​នោះ ដំរីដ៏ប្រសើរ​នៅក្នុងព្រៃ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ក្នុងកាល​ពីដើម អញនៅ​ច្រឡូកច្រឡំ ដោយដំរី​ឈ្មោល ដំរីញី ដំរីស្ទាវ កូនដំរី អញទំពាស៊ី​នូវស្មៅដែល​ដំរីទាំង​នោះ កាត់ចុង​ហើយផង អញទំពាស៊ី​នូវមែកឈើ​បាក់ ដែលដំរីទាំងនោះ កាច់​បំបាក់ខ្ទេចខ្ទី​ហើយផង អញផឹក​ទឹកល្អក់ផង កាលដែល​អញឡើង​អំពីកំពង់ទឹក ដំរីញី​ទាំងឡាយ ដើរដដុស​កាយផង ឥឡូវនេះ អញនោះ ចៀសចេញ​ចាកហ្វូង មកនៅតែ​ម្នាក់ឯង បានទំពាស៊ី​នូវស្មៅមិនបាន​រេចចុងផង អញមិន​ទំពាស៊ីមែក​ឈើបាក់ ដែលដំរី​ទាំងនោះ កាច់បំបាក់​ខ្ទេចខ្ទីហើយ​ផង​ អញផឹក​ទឹកមិនល្អក់ផង កាលដែល​អញឡើង​អំពី​កំពង់​ទឹក ដំរីញីទាំងឡាយ មិន​ដើរដដុស​កាយអញផង។ ដំរីនោះ ក៏កាច់​បំបាក់មែកឈើ ដោយ​ប្រមោយ ហើយយក​មែកឈើបាក់នោះ មកបបោស​កាយ មានចិត្តត្រេកអរ កំចាត់​បង់​សេចក្ដី​ស្កៀបរមាស់ ​។ ម្នាលភិក្ខុ​ទាំងឡាយ រឿងនេះ មានឧបមេយ្យ​ដូចជា​ភិក្ខុដែល​នៅ​ច្រឡូកច្រឡំ ដោយពួក​ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា រាជមហាមាត្យ តិរ្ថិយ និងសាវក​នៃតិរិ្ថយ ក្នុង​សម័យណា ម្នាលភិក្ខុ​ទាំងឡាយ​ ក្នុងសម័យនោះ ភិក្ខុ​ រមែងមាន​សេចក្ដីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ អញនៅ​ច្រឡូកច្រឡំ​ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា រាជមហាមាត្យ តិរិ្ថយ និងសាវក​នៃតិរិ្ថយ បើដូច្នោះ គួរតែ​អញគេចចេញ​ចាកពួក ទៅនៅតែ​ម្នាក់ឯង។ ភិក្ខុនោះ រមែងគប់​រកនូវសេនាសនៈ​ស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ញកភ្នំ គុហាភ្នំ ព្រៃស្មសាន ព្រៃស្រោង ទីវាល គំនរចំបើង ភិក្ខុនោះ ទៅនៅ​ក្នុងព្រៃក្ដី នៅក្នុង​ម្លប់ឈើក្ដី នៅក្នុងផ្ទះស្ងាត់ក្ដី តែងអង្គុយ​ពែនភ្នែន តម្រង់កាយ​ឲ្យត្រង់​ហើយ តាំងស្មារតី​ឲ្យឆ្ពោះមុខ​ទៅកាន់​កម្មដ្ឋាន ភិក្ខុនោះ លះបង់​អភិជ្ឈាក្នុង​លោក ក៏មានចិត្ត​ប្រាសចាកអភិជ្ឈា ធ្វើចិត្តឲ្យ​បរិសុទ្ធ​ចាកអភិជ្ឈា។ លះបង់​នូវការ​ប្រទូស្ត គឺព្យាបាទ ជាអ្នក​មិនមានចិត្ត​ព្យាបាទ ជាអ្នកអនុគ្រោះ​ដោយប្រយោជន៍ ដល់​សត្វ​ទាំងពួង ធ្វើចិត្ត​ឲ្យស្អាត ចាកការប្រទូស្ដ គឺព្យាបាទ។ លះបង់​ថីនមិទ្ធ ជាអ្នកប្រាស​ចាក​ថីនមិទ្ធ មានសេចក្ដី​សំគាល់​នូវពន្លឺ មានស្មារតី ជាអ្នកដឹងខ្លួន ធ្វើចិត្តឲ្យស្អាត ចាក​ថីនមិទ្ធ។ លះបង់​ឧទ្ធច្ចកុក្កុច្ចៈ ជាអ្នកមានចិត្ត​មិនរវើរវាយ មានចិត្ត​ស្ងប់រម្ងាប់​ខាង​ក្នុង​សន្តាន ធ្វើចិត្តឲ្យស្អាត​ចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់​វិចិកិច្ឆា ជាអ្នកឆ្លង​ផុតវិចិកិច្ឆា មិនមាន​សេចក្ដី​ងឿងឆ្ងល់ ក្នុងកុសលធម៌​ទាំងឡាយ ហើយធ្វើចិត្ត​ឲ្យស្អាត ចាកវិចិកិច្ឆា។ ភិក្ខុនោះ លុះលះបង់​នូវនីវរណៈ​ទាំង ៥ ប្រការ ដែលជា​ឧបក្កិលេស​នៃចិត្ត ជា​ធម៌ធ្វើ​ប្រាជ្ញា ឲ្យមានកំឡាំង​ថយនេះ​ហើយ ក៏ស្ងប់ស្ងាត់​ចាកកាម​ទាំងឡាយ ស្ងប់​ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ហើយបាន​ដល់បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ និង​វិចារៈ មានបីតិ និងសុខៈ​ដែលកើតអំពី​សេចក្ដី​ស្ងប់ស្ងាត់ ភិក្ខុនោះ រមែងមាន​ចិត្តត្រេកអរ កំចាត់​បង់នូវ​សេចក្ដី​ស្កៀបរមាស់។ ព្រោះរម្ងាប់បង់​នូវវិតក្កៈ និងវិចារៈ។បេ។ ក៏​បានដល់​ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន ភិក្ខុនោះ រមែងមាន​ចិត្តត្រេកអរ កំចាត់​បង់នូវ​សេចក្ដី​ស្កៀប​រមាស់ចេញ។ ព្រោះកន្លងបង់​នូវរូបសញ្ញា ព្រោះរលត់​បដិឃសញ្ញា ព្រោះមិនធ្វើ​ទុកក្នុងចិត្ត​នូវនានត្តសញ្ញា ដោយប្រការ​ទាំងពួង ក៏បាន​ដល់​អាកាសានញ្ចា​យតនជ្ឈាន ដោយធ្វើ​ទុកក្នុងចិត្តថា អាកាស​មិនមាន​ទីបំផុត ភិក្ខុនោះ រមែងមាន​ចិត្ត​ត្រេកអរ កំចាត់បង់​នូវសេចក្ដី​ស្កៀបរមាស់។ ព្រោះកន្លង​បង់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយការ​ធ្វើទុក​ក្នុងចិត្តថា វិញ្ញាណ​មិនមាន​ទីបំផុត។បេ។ ព្រោះកន្លងបង់​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បាន​ដល់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា អ្វីតិចតួច​មិនមាន ព្រោះកន្លងបង់​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏​បានដល់​នេវសញ្ញានាសញ្ញាយតនជ្ឈាន ព្រោះកន្លង​បង់នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់​សញ្ញាវេទយិតនិរោធ អាសវៈ​ទាំងឡាយ របស់ភិក្ខុ​នោះ ក៏អស់​រលីងទៅ ព្រោះយល់​ឃើញដោយ​ប្រាជ្ញា ភិក្ខុនោះ រមែង​មានចិត្ត​ត្រេកអរ កំចាត់​បង់នូវ​សេចក្ដី​ស្កៀបរមាស់​បាន។

១០. តបុស្សសូត្រ

[៤១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ឧរុវេលកប្បនិគម​របស់​ពួក​មល្លជន​ ក្នុងដែន​មល្លៈ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្ដេចចូល​ទៅកាន់​ឧរុវេលកប្បនិគម ដើម្បី​បិណ្ឌបាត។ លុះសេ្តច​ទៅបិណ្ឌបាត ក្នុង​ឧរុវេលកប្បនិគមហើយ ត្រឡប់​មកអំពី​បិណ្ឌបាត ក្នុងកាល​ខាង​ក្រោយ​ភត្តវិញ បានត្រាស់នឹង​ព្រះអានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ អ្នកចូរនៅ​ក្នុងទី​នេះសិន ទំរាំតថាគត​ចូលទៅកាន់​មហាវន (ព្រៃធំ) ដើម្បីសម្រាក​ក្នុងវេលាថ្ងៃ។ ព្រះអានន្ទ​ដ៏មានអាយុ បានទទួល​ស្ដាប់​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ លំដាប់​នោះ​ ព្រះដ៏មានព្រះភាគ ទ្រង់ស្ដេច​ចូលទៅកាន់​មហាវន ហើយគង់​សម្រាកក្នុង វេលាថ្ងៃ ក្នុងម្លប់​ឈើមួយ។

លំដាប់នោះ តបុស្សគហបតី​ បានចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូល​ទៅ​ដល់ ថ្វាយបង្គំ​ព្រះអានន្ទ​ដ៏មានអាយុ​ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ លុះ​តបុស្ស​គហបតី អង្គុយក្នុង​ទីសមគួរ​ហើយ បានទូល​សួរព្រះអានន្ទ​ដ៏មានអាយុ​ដូច្នេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន យើងជា​គ្រហស្ថ ជាអ្នក​បរិភោគកាម មានកាម​ជាគ្រឿង​ត្រេកអរ ត្រេកអរ​ក្នុងកាម រីករាយ​ក្នុងកាម បពិត្រលោក​ម្ចាស់ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើង​ជា​គ្រហស្ថ ជាអ្នក​បរិភោគកាម មានកាម​ជាគ្រឿង​ត្រេកអរ ត្រេកអរ​ក្នុងកាម រីករាយ​ក្នុង​កាម យល់ឃើញ​ប្រាកដថា ដូចជា​ជ្រោះធំ បពិត្រលោកម្ចាស់​ដ៏ចំរើន យើងខ្ញុំ​បាន​ឮថា ពួកភិក្ខុ​កម្លោះ ៗ ក្នុង​ធម្មវិន័យនេះ ដែលយល់​ឃើញថា​ នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាត​ស្ងប់​ដូច្នេះ ចិត្តក៏ស្ទុះ​ទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រលោក​ដ៏​ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែលជា​របស់ពួកភិក្ខុ​ក្នុងធម្មវិន័យនេះ ជាទំនាស់​នឹងជន (ជា​គ្រហស្ថ) ច្រើន​គ្នា។ ព្រះអានន្ទ​ដ៏មានអាយុ​តបថា ម្នាលគហបតី នេះពាក្យ​ជាប្រធាន ដែលនាំឲ្យ​ជួបព្រះដ៏មាន​ព្រះភាគ ម្នាលគហបតី យើង​មកទៅ យើងនឹង​ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ​ នឹងក្រាប​ទូលរឿងនុ៎ះ ដល់ព្រះដ៏មាន​ព្រះភាគ បើព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ដល់យើង​យ៉ាងណា យើងនឹងធ្វើ​តាម​យ៉ាងនោះ។ ឯ​តបុស្សគហបតី ទទួលស្តាប់​ព្រះអានន្ទ​ដ៏មានអាយុ​ថា ព្រះករុណា លោកម្ចាស់​ដ៏ចំរើន។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ បានចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ ជាមួយ​នឹងតបុស្សគហបតី លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយ​គង់នៅ​ក្នុងទី​ដ៏សមគួរ។ លុះព្រះអានន្ទ​ដ៏មានអាយុ គង់នៅក្នុង​ទីដ៏សមគួរ​ហើយ បាន​ក្រាបទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន តបុស្សគហបតី​នេះ បាន​និយាយនឹង​ខ្ញុំព្រះអង្គ​យ៉ាងនេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន យើងជា​គ្រហស្ថ ជាអ្នក​បរិភោគកាម មានកាម​ជាគឿងត្រេកអរ ត្រេកអរ​ក្នុងកាម រីករាយ​ក្នុងកាម បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា យើង​ជាគ្រហស្ថ​ ជាអ្នក​បរិភោគកាម មាន​កាម​ជាគ្រឿង​ត្រេកអរ ត្រេកអរ​ក្នុងកាម រីករាយ​ក្នុងកាម យល់ឃើញ​ប្រាកដ​ថា ដូចជា​ជ្រោះធំ បពិត្រ​លោកម្ចាស់​ដ៏ចំរើន យើងខ្ញុំ​បានឮថា ពួកភិក្ខុ​កម្លោះ ៗ ក្នុង​ធម្មវិន័យនេះ ដែលយល់​ឃើញថា នេក្ខម្មៈ គឺបព្វជ្ជានុ៎ះ ជាធម្មជាត​ស្ងប់ដូច្នេះ ចិត្តក៏ស្ទុះ​ទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុងនេក្ខម្មៈ គឺបព្វជ្ជា បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេក្ខម្មៈ គឺបព្វជ្ជា ដែល​ជារបស់ពួក​ភិក្ខុ ក្នុងធម្មវិន័យនេះ ជាទំនាស់​នឹងជន (ជាគ្រហស្ថ) ច្រើនគ្នា​ណាស់។

ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ ដំណើរនោះ យ៉ាងនេះឯង ម្នាល​អានន្ទ ដំណើរនោះ យ៉ាងនេះឯង  ម្នាលអានន្ទ សូម្បី​តថាគត កាលនៅជា​ពោធិសត្វ មិនទាន់​ត្រាស់ដឹង ក្នុងកាល​មុន អំពីកាល​ជាទីត្រាស់​ដឹងនៅឡើយ គង់មាន​សេចក្ដី​យល់ឃើញ​ថា នេក្ខម្មៈ ជាគុណជាត​ប្រពៃ សេចក្ដី​ស្ងប់ស្ងាត់ ជាគុណជាត​ប្រពៃ ដូច្នេះ​ដែរ។ ម្នាលអានន្ទ តែកាល​តថាគត​យល់ឃើញ​ថា នេក្ខម្មៈនុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្ត​ក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ​ឡើយ ម្នាល​អានន្ទ ទើបតថាគត​មានសេចក្ដី​ងឿងឆ្ងល់​ថា ចុះហេតុអ្វី បច្ច័យអ្វី បានជា​កាលអញ​យល់ឃើញ​ថា នេក្ខម្មៈនុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិន​តាំងនៅ មិនចុះ​ស៊ប់ ក្នុងនេក្ខម្មៈ ម្នាល​អានន្ទ តថាគត​មានសេចក្ដី​យល់ឃើញ​ដូច្នេះថា ឱទោស​ក្នុងកាម​ទាំងឡាយ អញមិន​ទាន់ឃើញទេ ទាំងទោស​នោះ ​អញមិនទាន់​ធ្វើឲ្យ​ច្រើន អានិសង្ស​ក្នុង​នេក្ខម្មៈ អញមិន​ទាន់បានទេ ទាំង​អានិសង្ស​នោះ អញមិន​ទាន់សេព​គប់ទេតើ បានជាកាល​អញយល់ឃើញថា នេក្ខម្មៈនុ៎ះ ជារបស់ស្ងប់​ដូច្នេះហើយ ចិត្តក៏នៅតែ​មិនស្ទុះ​ទៅ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងនេក្ខម្មៈ ម្នាល​អានន្ទ ទើប​តថាគត មានសេចក្ដី​ត្រិះរិះ​ដូច្នេះថា បើអញ​ឃើញទោស ក្នុងកាមទាំងឡាយ​ហើយ គប្បីធ្វើ​នូវការ​ឃើញ​ទោស​នោះ​ឲ្យច្រើន បើបាន​អានិសង្ស ក្នុងនេក្ខម្មៈ​ហើយ គប្បីសេពគប់​នូវអានិសង្ស​នោះ ហេតុនុ៎ះ តែងមានជា​ប្រាកដ ត្រង់ពាក្យថា កាលអញ​យល់ឃើញ​ថា នេក្ខម្មៈ​នុ៎ះ ជារបស់​ស្ងប់​ដូច្នេះ​ហើយ ចិត្តគប្បី​ស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈ​បាន ម្នាលអានន្ទ លុះសម័យ​ខាងក្រោយ​មក តថាគត​នោះ ឃើញទោស ក្នុងកាម​ទាំងឡាយ​ហើយ ក៏ធ្វើនូវ​ការឃើញ​ទោសនោះ​ឲ្យច្រើន បាន​អានិសង្ស ក្នុងនេក្ខម្មៈ​ហើយ ក៏សេពគប់​អានិសង្ស​នោះ ម្នាល​អានន្ទ កាលតថាគត​យល់ឃើញ​ថា  នេក្ខម្មៈ​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្ត​ក៏ត្រឡប់​ជាស្ទុះ​ទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងនេក្ខម្មៈ​ឡើង ម្នាល​អានន្ទ តថាគតនោះ ស្ងាត់ចាក​កាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ហើយចូល​កាន់​បឋមជ្ឈាន ប្រកប​ដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ កើតអំពី​សេចក្ដី​ស្ងប់ស្ងាត់។ ម្នាលអានន្ទ កាលតថាគត​ ប្រព្រឹត្តនៅ​ដោយ​វិហារធម៌នេះ សញ្ញា (ការសំគាល់) និង​មនសិការៈ (ការធ្វើទុក​ក្នុងចិត្ត) ប្រកប​ដោយកាម ក៏ជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធ​របស់​តថាគត ម្នាលអានន្ទ សេចក្ដី​ទុក្ខ គប្បី​កើតឡើង ដល់បុគ្គល​ដែលធ្លាប់​មានសេចក្ខីសុខ សេចក្ដី​ទុក្ខនោះ នឹងប្រព្រឹត្ត​ទៅ ដើម្បី​អាពាធ​ជាកំណត់ មាន​ឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចសញ្ញា និងមនសិការៈ របស់​តថាគត ប្រកប​ដោយកាម ដែលជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃ​សញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធ​របស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញ​រម្ងាប់បង់​នូវវិតក្កៈ និងវិចារៈ។បេ។ ហើយចូលកាន់​ទុតិយជ្ឈាន។ ម្នាលអានន្ទ កាល​តថាគត យល់ឃើញ​ថា អវិតក្កជ្ឈាន​នុ៎ះ ជារបស់​ស្ងប់​ដូច្នេះហើយ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំង​នៅ មិនចុះស៊ប់ ក្នុង​អវិតក្កជ្ឈាន​ឡើយ ម្នាលអានន្ទ ទើប​តថាគត​មានសេចក្ដី​ងឿង​ឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជា​កាលអញ​យល់ឃើញ​ថា អវិតក្កជ្ឈាន​នុ៎ះ ជា​របស់ស្ងប់​ដូច្នេះហើយ ចិត្តក៏​មិនស្ទុះទៅ​​ មិនជ្រះថា្ល មិនតាំងនៅ មិនចុះស៊ប់ ក្នុងអវិតក្ក​ជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្ដី​យល់ឃើញ​ដូច្នេះថា ឱ ទោស​ក្នុង​វិតក្កជ្ឈាន​ទាំងឡាយ អញមិន​ទាន់ឃើញ ទាំងទោសនោះ អញមិនទាន់​ធ្វើឲ្យច្រើន អានិសង្ស​ក្នុង​អវិតក្កជ្ឈាន អញមិនទាន់​បានទេ ទាំង​អានិស្សនោះ អញមិនទាន់​សេពគប់​ទេតើ បានជា​កាលអញ​យល់ឃើញ​ថា អវិតក្កជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តក៏នៅ​តែមិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​អវិតក្កជ្ឈាន ម្នាល​អានន្ទ ទើប​តថាគត​មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះថា បើអញ​ឃើញទោស ក្នុង​វិតក្កជ្ឈាន​ទាំងឡាយ​ហើយ គប្បីធ្វើនូវ​ការឃើញ​ទោសនោះ​ឲ្យច្រើន បើបាន​នូវអានិសង្ស ក្នុង​អវិតក្កជ្ឈាន​ហើយ គប្បីសេពគប់​នូវ​អានិសង្ស​នោះ ហេតុនេះ តែងមាន​ជាប្រាកដ ត្រង់ពាក្យថា កាលអញ​យល់​ឃើញថា អវិតក្កជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តគប្បី​ស្ទុះទៅ ជ្រះថា្ល តាំង​នៅ ចុះស៊ប់​ក្នុង​អវិតក្កជ្ឈាន​បាន ម្នាលអានន្ទ លុះ​សម័យខាង​ក្រោយមក តថាគត​នោះ ឃើញនូវទោស​ក្នុង​វិតក្កជ្ឈាន​ទាំងឡាយ​ហើយ ក៏ធ្វើនូវ​ការឃើញ​ទោសនោះ​ឲ្យច្រើន បាន​នូវ​អានិសង្ស ក្នុង​អវិតក្កជ្ឈាន​ហើយ ក៏សេពគប់​នូវអានិសង្ស​នោះ ម្នាល​អានន្ទ កាលតថាគត​យល់ឃើញ​ថា អវិតក្កជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្ត​ក៏ត្រឡប់​ជាស្ទុះទៅ ជ្រះថា្ល តាំងនៅ ចុះស៊ប់​ក្នុង​អវិតក្កជ្ឈាន​ឡើង ម្នាលអានន្ទ តថាគត ព្រោះ​រម្ងាប់​នូវវិតក្កៈ និងវិចារៈ។បេ។​ ហើយចូល​កាន់ទុតិយជ្ឈាន។ ម្នាល​អានន្ទ កាល​តថាគត​ ប្រព្រឹត្តនៅ​ដោយ​វិហារធម៌​នេះ ​សញ្ញា និង​មនសិការៈ ប្រកប​ដោយវិតក្កៈ ក៏​ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈនោះ ទុកជា​អាពាធរបស់​តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង​ដល់បុគ្គល​ដែលធ្លាប់មាន​សេចក្ដីសុខ សេចក្ដីទុក្ខ​នោះ នឹង​ប្រព្រឹត្តទៅ ដើម្បី​អាពាធ​ជាកំណត់ មាន​ឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចសញ្ញា និង​មនសិការៈ​របស់តថាគត ប្រកប​ដោយវិតក្កៈ ដែលជ្រួលច្រាល់ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធ​របស់តថាគត ដូច្នោះ​ឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដី​ត្រិះរិះដូច្នេះថា បើដូច្នោះ អញគួរជា​អ្នក​ព្រងើយ​កន្តើយ ព្រោះប្រាសចាក​បីតិផង ជាអ្នកប្រកប​ដោយសតិ និង​សម្បជញ្ញៈ​ផង សោយ​សេចក្ដីសុខ ដោយនាម​កាយផង រួចចូល​កាន់​តតិយជ្ឈាន ដែលព្រះអរិយៈ​ទាំង​ឡាយ សរសើរថា បុគ្គលអ្នក​ដល់​តតិយជ្ឈាន ជាអ្នកព្រងើយ​កន្តើយ មានស្មារតី​នៅជា​សុខ។ ម្នាល​អានន្ទ កាលតថាគត​យល់ឃើញ​ថា និប្បីតិកជ្ឈាន (ឈានមិន​មានបីតិ) នុ៎ះ ជា​របស់ស្ងប់​ដូច្នេះ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​និប្បីតិកជ្ឈាន​ឡើយ ម្នាលអានន្ទ ទើប​តថាគត​មានសេចក្ដី​ងឿងឆ្ងល់​ដូច្នេះថា ចុះ​ហេតុអ្វី បច្ច័យអ្វី បានជាកាល​អញយល់​ឃើញថា និប្បីតិកជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​និប្បីតិកជ្ឈាន ម្នាល​អានន្ទ តថាគត មានសេចក្ដី​យល់ឃើញ​ដូច្នេះថា ឱទោស​ក្នុងបីតិ អញមិន​ទាន់ឃើញ ទាំងទោស​នោះ អញមិន​ទាន់ធ្វើ​ឲ្យច្រើន អានិសង្ស​ក្នុង​និប្បីតិកជ្ឈាន អញមិនទាន់​បានទេ ទាំង​អានិសង្ស​នោះ អញមិនទាន់​សេពគប់ទេតើ បានជា​កាលអញ​យល់ឃើញថា និប្បីតិកជ្ឈាន​នុ៎ះ ជា​របស់ស្ងប់​ដូច្នេះហើយ ចិត្តក៏នៅ​តែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំង​នៅ មិនចុះ​ស៊ប់ ក្នុង​និប្បីតិកជ្ឈាន ម្នាលអានន្ទ ទើប​តថាគត មានសេចក្ដី​ត្រិះរិះ​ដូច្នេះថា បើអញ​ឃើញទោស ក្នុងបីតិ​ហើយ គប្បីធ្វើនូវ​ការឃើញ​ទោសនោះ ឲ្យច្រើន បាន​អានិសង្ស ក្នុងនិប្បីតិកជ្ឈានហើយ គប្បីសេពគប់​នូវអានិសង្ស​នោះ ហេតុនេះ តែងមាន​ជា​ប្រាកដ ត្រង់ពាក្យ​ថា កាលអញយល់​ឃើញថា និប្បីតិ​កជ្ឈានុ៎ះ ជារបស់ស្ងប់​ដូច្នេះ​ហើយ ចិត្តគប្បី​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុង​និប្បីតិកជ្ឈាន​បាន ម្នាលអានន្ទ លុះសម័យ​ខាងក្រោយមក តថាគតនោះ ឃើញទោស​ក្នុងបីតិហើយ ក៏ធ្វើនូវការ​ឃើញទោស​នោះ​ឲ្យច្រើន បាន​អានិសង្ស ក្នុង​និប្បីតិកជ្ឈាន​ហើយ ក៏សេពគប់​នូវ​អានិសង្ស​នោះ ម្នាល​អានន្ទ កាលតថាគត​យល់​ឃើញថា និប្បីតិកជ្ឈាន​នុ៎ះ ជារបស់​ស្ងប់​ដូច្នេះ ចិត្តក៏​ត្រឡប់​ជាស្ទុះ​ទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុង​និប្បីតិកជ្ឈាន​ឡើង ម្នាល​អានន្ទ តថាគត​នោះឯង ព្រោះប្រាស​ចាកបីតិផង។បេ។ ក៏បានចូល​កាន់តតិយជ្ឈាន។ ម្នាល​អានន្ទ តថាគត កាល​ប្រព្រឹត្តនៅ​ដោយ​វិហារធម៌នេះ សញ្ញា និងមនសិការៈ ប្រកប​ដោយ​បីតិ ក៏ជ្រួល​ច្រាល់ឡើង ការជ្រួលច្រាល់​នៃសញ្ញា និងមនសិការៈ​នោះ ទុកជា​អាពាធ​របស់​តថាគត ម្នាល​អានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង​ដល់បុគ្គល​ដែលធ្លាប់​មាន​សេចក្ដី​សុខ សេចក្ដីទុក្ខនោះ នឹង​ប្រព្រឹត្តទៅ ដើម្បី​អាពាធ​ជាកំណត់ មានឧបមា​ដូចម្ដេច​មិញ មានឧបមេយ្យ ដូចសញ្ញា និងមនសិការៈ​របស់តថាគត ប្រកប​ដោយបីតិ ដែល​ជ្រួលច្រាល់​ឡើង ការ​ជ្រួលច្រាល់​នៃសញ្ញា និងមនសិការៈ​នោះ ទុកជា​អាពាធ​របស់តថាគត​ដូច្នោះឯង។ ម្នាល​អានន្ទ តថាគត​មានសេចក្ដី​ត្រិះរិះ​ដូច្នេះថា បើដូច្នោះ គួរតែអញ​ចូលកាន់​ចតុត្ថជ្ឈាន ដែលឥត​ទុក្ខ ឥតសុខ មានឧបេក្ខា​ដ៏បរិសុទ្ធ ដោយសតិ ព្រោះលះបង់​សេចក្ដី​សុខផង លះបង់​សេចក្ដី​ទុក្ខផង វិនាស​សោមនស្ស និង​ទោមនស្សផង ក្នុងកាល​មុន។ ម្នាល​អានន្ទ កាលតថាគត យល់​ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ​នុ៎ះ ជារបស់​ស្ងប់ ដូច្នេះ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​ចតុត្ថជ្ឈាន ដែលឥត​ទុក្ខ ឥតសុខឡើយ ម្នាល​អានន្ទ ទើបតថាគត មានសេចក្ដី​ងឿងឆ្ងល់​ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជា​កាលអញ​យល់ឃើញ​ថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ ម្នាល​អានន្ទ តថាគត​មានសេចក្ដី​យល់ឃើញ​ដូច្នេះថា ឱទោស ក្នុងសេចក្ដី​សុខ​ក្នុងឧបេក្ខា អញ​មិនទាន់​ឃើញ ទាំងទោស​នោះ អញមិនទាន់​ធ្វើឲ្យច្រើន អានិសង្ស​ក្នុង​ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ អញមិន​ទាន់បានទេ ទាំង​អានិសង្ស​នោះ អញមិនទាន់​សេពគប់​ទេតើ បានជាកាល​អញយល់​ឃើញថា ចតុត្ថជ្ឈាន​ដែលឥតទុក្ខ ឥតសុខ​នុ៎ះ ជារបស់​ស្ងប់​ដូច្នេះហើយ ចិត្តក៏នៅ​តែមិនស្ទុះ​ទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​​ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខឡើយ ម្នាលអានន្ទ ទើបតថាគត មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះថា បើអញ​ឃើញទោស ក្នុងសេចក្ដី​សុខ ក្នុងឧបេក្ខាហើយ គប្បីធ្វើ​នូវការឃើញ​ទោស​នោះ​ឲ្យច្រើន បាននូវ​អានិសង្ស ក្នុង​ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥត​សុខហើយ គប្បីសេពគប់​នូវ​អានិសង្ស​នោះ ហេតុនេះ តែងមាន​ជាប្រាកដ ត្រង់ពាក្យថា កាលអញ​យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្ត​គប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុង​ចតុត្ថជ្ឈាន  ដែលឥតទុក្ខ ឥតសុខបាន  ម្នាល​អានន្ទ លុះសម័យ​ខាងក្រោយ តថាគត​នោះឯង ឃើញទោស ក្នុងសេចក្ដី​សុខ​ក្នុង​ឧបេក្ខាហើយ ក៏ធ្វើនូវការ​ឃើញទោស​នោះឲ្យ​ច្រើន បាន​អានិសង្ស ក្នុង​ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខហើយ ក៏សេពគប់​នូវអានិសង្ស​នោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខនុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់​ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុងចតុត្ថជ្ឈាន ដែលឥតទុក្ខ​ ឥតសុខឡើយ ម្នាល​អានន្ទ លុះសម័យខាង​ក្រោយមក តថាគត​នោះឯង ព្រោះលះបង់​នូវសុខផង។បេ។ ក៏ចូលកាន់​ចតុត្ថជ្ឈាន។ ម្នាល​អានន្ទ កាលតថាគត​ប្រព្រឹត្តនៅ​ដោយ​វិហារធម៌​នេះ សញ្ញា និងមនសិការៈ ប្រកបដោយ​ឧបេក្ខា ក៏ជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃ​សញ្ញា​ និង​មនសិការៈ​នោះ ទុកជា​អាពាធ​របស់តថាគត ម្នាល​អានន្ទ សេចក្ដីទុក្ខ គប្បី​កើតឡើង ដល់បុគ្គល​ដែលធ្លាប់​មានសេចក្ដី​សុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្ត​ទៅ ដើម្បី​អាពាធ​ជាកំណត់ មានឧបមា​ដូចម្ដេចមិញ មានឧបមេយ្យ​ដូចសញ្ញា និងមនសិការៈ របស់តថាគត ប្រកប​ដោយឧបេក្ខា ដែលជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈនោះ ទុកជា​អាពាធ របស់​តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញ​ចូលកាន់​អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើទុក​ក្នុងចិត្តថា អាកាស​មិនមាន​ទីបំផុត​ដូច្នេះ ព្រោះកន្លង​បង់នូវ​រូបសញ្ញា ព្រោះរលត់​បដិឃសញ្ញា ព្រោះមិនធ្វើ​ទុកក្នុងចិត្ត​នូវ​នានត្ត​សញ្ញា ដោយប្រការ​ទាំងពួង។ ម្នាលអានន្ទ កាលតថាគត យល់​ឃើញថា អាកាសានញ្ចាយតន​ជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្តក៏​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំង​នៅ មិនចុះ​ស៊ប់ ក្នុង​អាកាសានញ្ចាយតនជ្ឈាន​ឡើយ ម្នាលអានន្ទ ទើបតថាគត មាន​សេចក្ដី​ងឿងឆ្ងល់​ដូច្នេះថា ហេតុអ្វី បច្ច័យអ្វី កាលអញ​យល់ឃើញថា អាកាសានញ្ចាយតនជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះហើយ ចិត្តក៏​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិន​ចុះស៊ប់ ក្នុង​អាកាសានញ្ចាយតន​ជ្ឈាន  ម្នាលអានន្ទ តថាគត មានសេចក្ដី​យល់ឃើញ ដូច្នេះថា ឱទោស​ក្នុងរូប​ទាំងឡាយ អញមិនទាន់​ឃើញ ទាំងទោស​នោះ អញមិន​ទាន់ធ្វើ​ឲ្យច្រើន អានិសង្ស ក្នុង​អាកាសានញ្ចាយតនជ្ឈាន អញមិន​ទាន់បាន​ទេ ទាំង​អានិសង្ស​នោះ អញមិនទាន់​សេពគប់​ទេតើ បានជាកាល​អញយល់​ឃើញថា អាកាសានញ្ចាយតនជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះហើយ ចិត្តក៏នៅ​តែមិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​អាកាសានញ្ចាយតនជ្ឈាន ម្នាលអានន្ទ ទើបតថាគត មាន​សេចក្ដី​ត្រិះរិះដូច្នេះថា បើអញ​ឃើញទោស ក្នុងរូប​ទាំងឡាយ​ហើយ គប្បីធ្វើនូវ​ការឃើញ​ទោសនោះ​ឲ្យច្រើន បានអានិសង្ស ក្នុង​អាកាសានញ្ចាយតនជ្ឈាន​ហើយ គប្បីសេពគប់​នូវអានិសង្សនោះ ហេតុនេះ តែងមាន​ជាប្រាកដ ត្រង់​ពាក្យថា កាលអញ​យល់ឃើញថា អាកាសានញ្ចាយតន​ជ្ឈាន​នុ៎ះ ជារបស់ស្ងប់​ដូច្នេះហើយ ចិត្តគប្បី​ស្ទុះទៅ ​ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុង​អាកាសានញ្ចាយតនជ្ឈាន​បាន  ម្នាលអានន្ទ លុះសម័យ​ខាងក្រោយមក តថាគត​នោះឯង ឃើញទោស ក្នុងរូប​ទាំងឡាយហើយ ក៏ធ្វើនូវ​ការឃើញ​ទោសនោះ​ឲ្យច្រើន បាននូវអានិសង្ស ក្នុង​អាកាសានញ្ចាយតនជ្ឈាន​ហើយ ក៏សេពគប់​នូវអានិសង្ស​នោះ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា អាកាសានញ្ចាយតន​ជ្ឈាននុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តក៏ត្រឡប់​ជាស្ទុះទៅ ​ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុង​អាកាសានញ្ចាយតន​ជ្ឈានឡើង  ម្នាលអានន្ទ តថាគត​នោះឯង ព្រោះកន្លងបង់​នូវ​រូបសញ្ញា ព្រោះ​រលត់បដិឃសញ្ញា ព្រោះមិនបាន​ធ្វើទុកក្នុង​ចិត្តនូវ​នានត្តសញ្ញា ដោយប្រការ​ទាំងពួង ក៏​ចូលកាន់​អាកាសានញ្ចាយតន​ជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា អាកាស​មិនមានទី​បំផុត។ ម្នាលអានន្ទ កាល​តថាគត​នោះ ប្រព្រឹត្តនៅ​ដោយវិហារធម៌​នេះ សញ្ញា និងមនសិការៈ ប្រកប​ដោយរូប ក៏ជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធ​របស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង​ដល់​បុគ្គល ដែលធ្លាប់​មានសេចក្ដី​សុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្ត​ទៅ ដើម្បីអាពាធ​ជាកំណត់ មាន​ឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ ដូចសញ្ញា និង​មនសិការៈ​របស់​តថាគត ប្រកបដោយ​រូប ដែលជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធ​របស់តថាគត ដូច្នោះឯង។

ម្នាលអានន្ទ តថាគត មានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញ​កន្លងបង់​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយចូលកាន់​វិញ្ញាណញ្ចាយតន​ជ្ឈាន ដោយការធ្វើ​ទុកក្នុងចិត្តថា វិញ្ញាណ​មិនមានទីបំផុត។ ម្នាលអានន្ទ កាលតថាគត​យល់​ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្តក៏​មិនស្ទុះទៅ មិន​ជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុងវិញ្ញាណញ្ចាយតនជ្ឈាន​ឡើយ ម្នាលអានន្ទ ទើប​តថាគត មានសេចក្តី​ងឿងឆ្ងល់​ថា ចុះហេតុអ្វី បច្ច័យអ្វី បានជា​កាលអញ​យល់ឃើញ​ថា វិញ្ញាណញ្ចាយតនជ្ឈាននុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តក៏​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន ម្នាលអានន្ទ តថាគត មានសេចក្តី​យល់​ឃើញថា ឱទោស​ក្នុង​អាកាសានញ្ចាយតនជ្ឈាន អញមិនទាន់​ឃើញ ទាំងទោស​នោះ អញមិនទាន់​ធ្វើឲ្យច្រើន អានិសង្ស​ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់​បាន​ទេ ទាំង​អានិសង្សនោះ អញមិនទាន់​សេពគប់​ទេតើ បានជា​កាលអញ​យល់ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាន​នុ៎ះ ជារបស់ស្ងប់​ដូច្នេះហើយ ចិត្តក៏នៅ​តែមិនស្ទុះទៅ មិន​ជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​វិញ្ញាណញ្ចាយតន​ជ្ឈាន ម្នាលអានន្ទ ទើប​តថាគត មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា បើអញ​ឃើញទោស ក្នុង​អាកាសានញ្ចាយតនជ្ឈានហើយ គប្បីធ្វើ​នូវការឃើញ​ទោស​នោះឲ្យច្រើន បាន​នូវអានិសង្ស ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​ហើយ គប្បីសេពគប់​នូវអានិសង្ស​នោះ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ពាក្យថា កាលអញ​យល់​ឃើញថា វិញ្ញាណញ្ចាយតនជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះហើយ ចិត្ត​គប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុង​វិញ្ញាណញ្ចាយតន​ជ្ឈានបាន ម្នាលអានន្ទ លុះ​សម័យខាង​ក្រោយមក តថាគត​នោះឯង ឃើញទោស ក្នុង​អាកាសានញ្ចាយតនជ្ឈាន​ហើយ ក៏ធ្វើ​នូវការ​ឃើញ​ទោសនោះ ឲ្យច្រើន បាន​នូវអានិសង្ស ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​ហើយ ក៏សេពគប់​នូវអានិសង្ស​នោះ ម្នាលអានន្ទ កាល​តថាគត យល់​ឃើញថា​វិញ្ញាណញ្ចាយតន​ជ្ឈាននុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់​ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​ឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់​នូវ​អាកាសានញ្ចាយតនជ្ឈាន​ហើយ ចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើ​ទុកក្នុង​ចិត្តថា វិញ្ញាណមិនមាន​ទីបំផុត។ ម្នាលអានន្ទ កាលតថាគត នៅដោយ​វិហារធម៌នេះ សញ្ញា និង​មនសិការៈ ប្រកបដោយ​អាកាសានញ្ចាយតនជ្ឈាន ក៏ជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធ របស់តថាគត ម្នាលអានន្ទ សេចក្តី​ទុក្ខ គប្បីកើតឡើង​ដល់បុគ្គល​ដែលធ្លាប់​មានសេចក្តីសុខ សេចក្តីទុក្ខ​នោះ នឹង​ប្រព្រឹត្ត​ទៅ ដើម្បីអាពាធ​ជាកំណត់ មានឧបមា​ដូចម្តេចមិញ មាន​ឧបមេយ្យ ដូចសញ្ញា និងមនសិការៈ​របស់តថាគត ប្រកប​ដោយ​អាកាសានញ្ចាយតនជ្ឈាន ដែលជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈនោះ ទុកជា​អាពាធ របស់តថាគត​ដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ កន្លង​បង់នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ហើយចូលកាន់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការ​ធ្វើទុក​ក្នុងចិត្ត​ថា អ្វីតិចតួច​មិនមាន។ ម្នាលអានន្ទ កាលតថាគត យល់​ឃើញថា អាកិញ្ចញ្ញា​យតន​ជ្ឈាននុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​ឡើយ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដី​ងឿងឆ្ងល់​ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជា​កាលអញ​យល់ឃើញថា អាកិញ្ចញ្ញាយតន​ជ្ឈាននុ៎ះ ជារបស់ស្ងប់​ដូច្នេះហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះ​ស៊ប់ ក្នុង​អាកិញ្ចញ្ញាយតន​ជ្ឈាន  ម្នាលអានន្ទ តថាគត​មានសេចក្ដី​យល់ឃើញ ដូច្នេះថា ឱទោស​ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន អញមិនទាន់​ឃើញ ទាំងទោស​នោះ អញ​មិនទាន់​ធ្វើឲ្យច្រើន អានិសង្ស ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន អញមិនទាន់​បានទេ ទាំង​អានិសង្សនោះ អញមិនទាន់​សេពគប់​ទេតើ បានជាកាល​អញយល់​ឃើញថា អាកិញ្ចញ្ញាយតន​ជ្ឈាននុ៎ះ ជារបស់​ស្ងប់ដូច្នេះហើយ ចិត្តក៏នៅតែ​មិន​ស្ទុះទៅ មិនជ្រះថ្លា មិន​តាំងនៅ មិនចុះស៊ប់ ក្នុង​អាកិញ្ចញ្ញាយតន​ជ្ឈាន ម្នាលអានន្ទ ទើបតថាគត​មានសេចក្ដី​ត្រិះរិះដូច្នេះថា បើអញ​ឃើញទោស ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​ហើយ គប្បីធ្វើនូវការ​ឃើញទោសនោះ​ឲ្យច្រើន បាននូវ​អានិសង្ស ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​ហើយ គប្បី​សេពគប់​នូវអានិសង្ស​នោះ ហេតុនេះ តែងមាន​ជាប្រាកដ ត្រង់ពាក្យថា កាលអញ​យល់​ឃើញថា អាកិញ្ចញ្ញាយតនជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តគប្បី​ស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុង​អាកិញ្ចញ្ញាយតន​ជ្ឈានបាន ម្នាលអានន្ទ លុះសម័យ​ខាងក្រោយ​មក តថាគតនោះឯង ឃើញទោស​ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​ហើយ ក៏ធ្វើនូវការ​ឃើញទោសនោះ​ឲ្យច្រើន បាននូវ​អានិសង្ស ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​ហើយ ក៏សេព​គប់នូវអានិសង្ស​នោះ ម្នាលអានន្ទ កាល​តថាគត​យល់ឃើញ​ថា អាកិញ្ចញ្ញាយតនជ្ឈាននោះ ជារបស់​ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់​ជាស្ទុះ​ទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​ឡើង ម្នាលអានន្ទ តថាគត​នោះ កន្លងបង់​​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយចូលកាន់​អាកិញ្ចញ្ញាយតន​ជ្ឈាន ដោយការ​ធ្វើទុក​ក្នុងចិត្តថា អ្វីតិចតួច​មិនមាន។ ម្នាលអានន្ទ កាលតថាគត​​នៅដោយ​វិហារធម៌នេះ​ សញ្ញា និង​មនសិការៈ ប្រកបដោយ​វិញ្ញាណញ្ចាយតន​ជ្ឈាន ក៏ជ្រួលច្រាល់​ឡើង ការ​ជ្រួលច្រាល់នៃសញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធ​របស់តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើត​ឡើង ដល់បុគ្គល​ដែលធ្លាប់​មានសេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹង​ប្រព្រឹត្តទៅ ដើម្បីអាពាធ​ជាកំណត់ មាន​ឧបមា​ដូចម្ដេចមិញ មាន​ឧបមេយ្យ​ដូចសញ្ញា និង​មនសិការៈ​របស់តថាគត ប្រកបដោយ​វិញ្ញាណញ្ចាយតន​ជ្ឈាន ដែលជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធ របស់​តថាគតដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញ​កន្លងបង់​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយចូលកាន់​នេវសញ្ញានាសញ្ញាយតន​ជ្ឈាន។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ​ហើយ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះ​ស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនជ្ឈាន​ឡើយ ម្នាលអានន្ទ ទើបតថាគត​មានសេចក្ដី​ងឿងឆ្ងល់​ដូច្នេះថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាល​អញយល់ឃើញថា នេវសញ្ញានា​សញ្ញា​យតនជ្ឈាននុ៎ះ ជារបស់​ស្ងប់ដូច្នេះហើយ ចិត្តក៏​មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​នេវសញ្ញានាសញ្ញាយតន​ជ្ឈាន ម្នាលអានន្ទ តថាគត​មានសេចក្ដី​យល់ឃើញ​ដូច្នេះថា ឱ ទោស ក្នុង​អាកិញ្ចញ្ញាយតន​ជ្ឈាន អញមិនទាន់​ឃើញ ទាំង​ទោសនោះ អញមិនទាន់​ធ្វើឲ្យច្រើន អានិសង្ស​ក្នុងនេវសញ្ញានាសញ្ញាយតន​ជ្ឈាន អញ​មិនទាន់បាន ទាំង​អានិសង្សនោះ អញមិនទាន់​សេពគប់ទេតើ បានជា​កាលអញ យល់​ឃើញថា នេវសញ្ញានាសញ្ញាយតន​ជ្ឈាននុ៎ះ ជារបស់​ស្ងប់ដូច្នេះហើយ ចិត្តក៏នៅ​តែមិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់​ក្នុង​នេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាល​អានន្ទ ទើបតថាគត​មានសេចក្ដី​ត្រិះរិះ​ដូច្នេះថា បើអញ​ឃើញទោស ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​ហើយ គប្បីធ្វើនូវ​ការឃើញទោស​នោះឲ្យច្រើន បើបាន​អានិសង្ស ក្នុង​នេវសញ្ញានាសញ្ញាយតនជ្ឈាន​ហើយ គប្បីសេពគប់​នូវអានិសង្សនោះ ហេតុនេះ តែងមាន​ជាប្រាកដ ត្រង់ពាក្យថា កាលអញ យល់ឃើញថា នេវសញ្ញានាសញ្ញាយតន​ជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះហើយ ចិត្តគប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់ក្នុង​នេវសញ្ញានាសញ្ញា​យតនជ្ឈាន ម្នាលអានន្ទ លុះសម័យ​ខាងក្រោយមក តថាគត​នោះឯង ឃើញ​ទោសក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​ហើយ ក៏ធ្វើនូវការ​ឃើញទោសនោះ ឲ្យច្រើន​ បាន​នូវ​អានិសង្ស ក្នុង​នេវសញ្ញានាសញ្ញាយតនជ្ឈាន​ហើយ ក៏សេពគប់​នូវអានិសង្ស​នោះ ម្នាល​អានន្ទ កាលតថាគត យល់​ឃើញថា នេវសញ្ញានាសញ្ញាយតនជ្ឈាន​នុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់​ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុង​នេវសញ្ញានាសញ្ញា​យតន​ជ្ឈានឡើង ម្នាលអានន្ទ តថាគតនោះឯង កន្លងបង់​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយចូលកាន់​នេវសញ្ញានាសញ្ញាយតនជ្ឈាន។ ម្នាលអានន្ទ កាលតថាគត​​នៅដោយ​វិហារធម៌នេះ​ សញ្ញា និង​មនសិការៈ ដែលប្រកប​ដោយ​អាកិញ្ចញ្ញាយតន​ជ្ឈាន ក៏ជ្រួលច្រាល់ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈ​នោះ ទុកជា​អាពាធរបស់​តថាគត ម្នាលអានន្ទ សេចក្ដីទុក្ខ គប្បីកើតឡើង ដល់បុគ្គល​ដែលធ្លាប់​មាន​សេចក្ដីសុខ សេចក្ដីទុក្ខនោះ នឹងប្រព្រឹត្តទៅ ដើម្បី​អាពាធ​ជាកំណត់ មាន​ឧបមាដូច​ម្ដេចមិញ មានឧបមេយ្យ​ដូចសញ្ញា និងមនសិការៈ​របស់តថាគត ដែលប្រកប​ដោយ​អាកិញ្ចញ្ញាយតនជ្ឈាន ដែលជ្រួលច្រាល់​ឡើង ការជ្រួលច្រាល់​នៃសញ្ញា និង​មនសិការៈ​នោះ ទុកជាអាពាធ​របស់តថាគត​ដូច្នោះឯង។

ម្នាលអានន្ទ តថាគតមានសេចក្ដីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែអញ​កន្លងបង់នូវ​នេវសញ្ញានាសញ្ញាយតន​ជ្ឈាន ហើយចូលកាន់​សញ្ញាវេទយិតនិរោធ។ ម្នាលអានន្ទ កាលតថាគត យល់ឃើញថា សញ្ញាវេទយិតនិរោធ​នុ៎ះ ជារបស់ស្ងប់​ដូច្នេះហើយ ចិត្ត​ក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​សញ្ញាវេទយិតនិរោធ​ឡើយ ម្នាល​អានន្ទ ទើបតថាគត​មានសេចក្ដី​ងឿងឆ្ងល់ថា ចុះហេតុអ្វី បច្ច័យអ្វី បានជាកាល​អញយល់​ឃើញថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់​ស្ងប់ដូច្នេះហើយ ចិត្តក៏មិន​ស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់ ក្នុង​សញ្ញាវេទយិតនិរោធ ម្នាលអានន្ទ តថាគត មានសេចក្ដី​យល់ឃើញ​ដូច្នេះថា ឱទោស ក្នុង​នេវសញ្ញានាសញ្ញាយតនជ្ឈាន អញមិន​ទាន់​ឃើញ ទាំងទោសនោះ អញមិនទាន់​ធ្វើឲ្យច្រើន អានិសង្ស​ក្នុងសញ្ញាវេទយិតនិរោធ អញមិនទាន់​បាន ទាំង​អានិសង្សនោះ អញមិនទាន់​សេពគប់ទេតើ បានជា​កាលអញ​យល់ឃើញ សញ្ញាវេទយិតនិរោធ​នុ៎ះ ជារបស់ស្ងប់​ដូច្នេះហើយ ចិត្តក៏នៅ​តែមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅ មិនចុះស៊ប់​ក្នុង​សញ្ញាវេទយិតនិរោធ ម្នាលអានន្ទ ទើបតថាគត មានសេចក្ដី​ត្រិះរិះដូច្នេះថា បើអញ​ឃើញទោស ក្នុង​នេវសញ្ញានាសញ្ញាយតនជ្ឈាន​ហើយ គប្បីធ្វើនូវ​ការឃើញ​ទោសនោះ​ឲ្យច្រើន បាននូវ​អានិសង្ស​ក្នុង​សញ្ញាវេទយិតនិរោធ​ហើយ គប្បីសេពគប់​នូវអានិសង្សនោះ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ពាក្យ​ថា កាលអញ​យល់ឃើញថា សញ្ញាវេទយិតនិរោធ​នុ៎ះ ជារបស់ស្ងប់​ដូច្នេះ​ហើយ ចិត្ត​គប្បីស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុង​សញ្ញាវេទយិតនិរោធ​បាន  ម្នាល​អានន្ទ លុះសម័យខាង​ក្រោយមក តថាគត​នោះឯង ឃើញទោស​ក្នុង​នេវសញ្ញានាសញ្ញាយតនជ្ឈាន​ហើយ ក៏ធ្វើនូវ​ការឃើញ​ទោសនោះ ឲ្យច្រើន បាននូវ​អានិសង្ស​ក្នុង​សញ្ញាវេទយិតនិរោធ​ហើយ ក៏សេពគប់​នូវអានិសង្សនោះ ម្នាលអានន្ទ កាលតថាគត​យល់ឃើញ​ថា សញ្ញាវេទយិតនិរោធនុ៎ះ ជារបស់​ស្ងប់ដូច្នេះ ចិត្តក៏ត្រឡប់​ជាស្ទុះទៅ ជ្រះថ្លា តាំងនៅ ចុះស៊ប់​ក្នុង​សញ្ញាវេទយិតនិរោធឡើង ម្នាលអានន្ទ តថាគត​នោះឯង កន្លង​បង់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ហើយចូលកាន់​សញ្ញាវេទយិតនិរោធ ឯអាសវៈ​ទាំងឡាយ របស់តថាគត ក៏ដល់នូវ​ការអស់រលីង​ទៅ ព្រោះឃើញ​ដោយ​ប្រាជ្ញា។

ម្នាលអានន្ទ អនុបុព្វវិហារសមាបត្តិ​ទាំង ៩ នេះ តថាគត មិនទាន់​ចូលផង មិន​ទាន់ចេញ​ផង ជា​អនុលោមប្បដិលោម យ៉ាងនេះបាន ដរាបណា ម្នាលអានន្ទ តថាគត ក៏មិនទាន់​ហ៊ានប្ដេជ្ញា​ថា ជាអ្នកត្រាស់​ដឹងច្បាស់ នូវ​សម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរ ក្នុង​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និង​មនុស្សដ៏សេស ដរាបនោះ​ឡើយ ម្នាល​អានន្ទ លុះតែ​អនុបុព្វវិហារសមាបត្តិ​ទាំង ៩ នេះ តថាគត​ចូលផង ចេញផង ជា​អនុលោមប្បដិលោម យ៉ាងនេះបាន ក្នុងកាលណា ម្នាលអានន្ទ ទើបតថាគត ហ៊ាន​ប្ដេជ្ញាថា ជាអ្នកត្រាស់​ដឹងច្បាស់ នូវសម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរ ក្នុងលោកនេះ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ទាំង​មនុស្សជា​សម្មតិទេព និងមនុស្សដ៏សេស ក្នុងកាល​នោះ ឯ​ញាណទស្សនៈ (ការ​ដឹង និង​ការឃើញ) ក៏កើតឡើង​ដល់តថាគតថា ចេតោវិមុត្តិ​របស់អញ មិនកម្រើក នេះ​ជាតិ​ជា​ទីបំផុត (របស់អញ) ភពថ្មី​ក្នុងកាល​ឥឡូវនេះ មិនមាន​ឡើយ។

ចប់ មហាវគ្គ ទី៤។

ឧទ្ទានក្នុងមហាវគ្គនោះ គឺ

និយាយអំពីអនុបុព្វវិហារធម៌ ២ លើក ព្រះនិព្វាន ១ មេគោ ១ ឈាន ជាគំរប់ ៥ ព្រះអានន្ទ ១ លោកាយតិកព្រាហ្មណ៍ ១ សង្រ្គាមរបស់ទេវតា និងអសុរ ១ ដំរីដ៏ប្រសើរ ១ តបុស្សគហបតី ១។

(ច្បាប់ឆ ៥. សាមញ្ញវគ្គ) បញ្ចាលវគ្គ ទី៥

១. សម្ពាធសូត្រ

[៤២] សម័យមួយ ព្រះអានន្ទដ៏មានអាយុ កាលគង់នៅក្នុងឃោសិតារាម ជិត​ក្រុង​កោសម្ដី។ គ្រានោះ ព្រះឧទាយិដ៏​មានអាយុ បានចូលទៅរក​ព្រះអានន្ទដ៏មានអាយុ លុះចូល​ទៅដល់​ហើយ ក៏ធ្វើសេចក្ដី​រីករាយជាមួយ​ព្រះអានន្ទដ៏​មានអាយុ លុះបញ្ចប់​ពាក្យ​ដែលគួររីករាយ និងពាក្យដែល​គួររលឹកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះព្រះ​ឧទាយិដ៏មាន​អាយុ អង្គុយក្នុង​ទីសមគួរហើយ បាននិយាយ​នឹងព្រះអានន្ទ​ដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសា ទេវបុត្រ​ឈ្មោះ​បញ្ចាលចណ្ឌ ពោលនូវ​ពាក្យនេះថា

បុគ្គលណា មានបញ្ញាក្រាស់​ដូចផែនដី ជ្រាបច្បាស់នូវ​ឱកាស​ដែលតាំងនៅ​ក្នុង​ទី​ចង្អៀត ជាព្រះពុទ្ធ ត្រាស់​ដឹង​នូវឈាន បុគ្គលនោះ ជាអ្នក​ប្រាជ្ញ​លាក់ខ្លួន និង​ប្រសើរ​ផុត។

ម្នាលអាវុសា ទីចង្អៀតនោះ តើដូចម្ដេចខ្លះ។ ការត្រាស់ដឹង​នូវឱកាស​ក្នុងទី​ចង្អៀត ដែល​ព្រះដ៏មានព្រះភាគ​សំដែង​ហើយ តើដូចម្ដេច​ខ្លះ។ ម្នាលអាវុសា កាមគុណ ៥ យ៉ាងនេះ ព្រះដ៏មានព្រះភាគ ទ្រង់សំដែងថា ទីចង្អៀត។ កាមគុណ ៥ យ៉ាង តើដូច​ម្ដេចខ្លះ។ គឺរូប ដែលគប្បីដឹង​​ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មាន​សភាពជាទី​ស្រឡាញ់ ប្រកបដោយ​កាម ជាហេតុនៃ​សេចក្ដីត្រេកអរ ១ សំឡេង​ដែល​គប្បីដឹងដោយ​សោតៈ ១។បេ។ ក្លិនដែល​គប្បីដឹងដោយ​ច្រមុះ ១ រសដែល​គប្បីដឹង​ដោយ អណ្ដាត ១ ផ្សព្វដែល​គប្បីដឹង​ច្បាស់ដោយ​កាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាព​ជាទីស្រឡាញ់ ប្រកប​ដោយកាម ជាហេតុនៃ​សេចក្ដីត្រេកអរ ១។ ម្នាល​អាវុសោ កាមគុណ ៥ យ៉ាងនេះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងថា ទីចង្អៀត។ ម្នាលអាវុសោ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់នូវ​បឋមជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹង​នូវឱកាស​ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះ​ភាគ​ត្រាស់​សំដែងហើយ ដោយ​បរិយាយ មានប្រមាណ​ប៉ុណ្ណេះឯង។ ទីចង្អៀតតែង​មាន​ក្នុង​បឋមជ្ឈាន​នោះ ទីចង្អៀត​ក្នុងបឋមជ្ឈាន​នោះ តើដូចម្ដេច។ កាលណា បើ​វិតក្កៈ និងវិចារៈ ក្នុង​បឋមជ្ឈាននោះ មិនទាន់​រលត់ទៅទេ កាលនោះ វិតក្កៈ និងវិចារៈនេះ ឈ្មោះថា​ជា​ទី​ចង្អៀត ក្នុង​បឋមជ្ឈាន​នុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ​​ព្រោះស្ងប់​រម្ងាប់​នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវទុតិយជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹង​នូវឱកាស ក្នុង​ទី​ចង្អៀត ដែលព្រះដ៏មានព្រះភាគ​ សំដែង​ហើយ ដោយ​បរិយាយ មាន​ប្រមាណ​ប៉ុណ្ណេះឯង។ ទីចង្អៀតតែងមាន​ក្នុងទុតិយជ្ឈាននោះ ទីចង្អៀតក្នុង​ទុតិយជ្ឈាននោះ តើដូចម្ដេច។ កាលណា បើបីតិ ក្នុងទុតិយជ្ឈាននោះ មិនទាន់​រលត់ទៅទេ កាលនោះ ភាពមិនរលត់​ទៅនៃបីតិនេះ ឈ្មោះថា​ទីចង្អៀត ក្នុងទុតិយជ្ឈាននុ៎ះ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុ ព្រោះប្រាសចាកបីតិ​ផង។បេ។ បានដល់នូវ​តតិយជ្ឈាន ម្នាល​អាវុសោ ការត្រាស់ដឹង​នូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់​សំដែងហើយ ដោយ​បរិយាយ ត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត តែងមាន​ក្នុងតតិយជ្ឈាន​នោះ ទី​ចង្អៀត​ក្នុង​តតិយជ្ឈាន​នោះ តើដូចម្ដេច។ កាលណា បើឧបេក្ខា និងសុខៈ ក្នុង​តតិយជ្ឈាននោះ មិនទាន់រលត់​ទៅទេ កាលនោះ ភាពមិនរលត់​ទៅនៃឧបេក្ខា និងសុខៈ​នេះ ឈ្មោះថា ទីចង្អៀត ក្នុងតតិយជ្ឈាន​នុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុព្រោះលះ​បង់នូវ​សេចក្ដី​សុខ​ផង។បេ។ បានដល់​នូវ​ចតុត្ថជ្ឈាន ម្នាលអាវុសោ ការត្រាស់ដឹងនូវ​ឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងហើយ ដោយបរិយាយ​ត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមាន​ក្នុង​ចតុត្ថជ្ឈាន​នោះ​ ទីចង្អៀតក្នុង​ចតុត្ថជ្ឈាននោះ តើដូចម្ដេច។ កាលណា បើរូបសញ្ញា ក្នុងចតុត្ថជ្ឈាននោះ មិនទាន់​រលត់ទៅ​ទេ កាលនោះ ភាព​មិនរលត់​ទៅ​នៃរូបសញ្ញា​នេះ ឈ្មោះថា ទីចង្អៀត​ ក្នុង​ចតុត្ថជ្ឈាន​នុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយការធ្វើ​ទុកក្នុង​ចិត្តថា អាកាស​មិនមាន​ទីបំផុតដូច្នេះ ព្រោះកន្លង​នូវរូបសញ្ញា ព្រោះរលត់​នូវបដិឃ​សញ្ញា ព្រោះមិន​ធ្វើទុកក្នុង​ចិត្ត​នូវនានត្តសញ្ញា ដោយប្រការ​ទាំងពួង ម្នាលអាវុសោ ការត្រាស់ដឹង​នូវឱកាស ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សំដែង​ហើយ ដោយបរិយាយ​ត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមាន​ក្នុង​អាកាសានញ្ចាយតនជ្ឈាន​នោះ ទីចង្អៀត ក្នុង​អាកាសានញ្ចាយតនជ្ឈាន​នោះ តើដូចម្ដេច។ កាល​ណាបើ​អាកាសានញ្ចាយតនសញ្ញា ក្នុង​អាកាសានញ្ចាយតនជ្ឈាន​នោះ មិនទាន់​រលត់​ទៅទេ កាលនោះ ភាពមិន​រលត់ទៅ​នៃអាកាសានញ្ចាយតន​សញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុងអាកាសានញ្ចាយតនជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើ​ទុកក្នុង​ចិត្តថា វិញ្ញាណ​មិនមាន​ទីបំផុត​ដូច្នេះ ព្រោះ​កន្លង​នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ម្នាលអាវុសោ ការត្រាស់​ដឹង​នូវ​ឱកាស ក្នុង​ទីចង្អៀត ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សំដែង​ហើយ ដោយ​បរិយាយ​ត្រឹម​ប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមាន​ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​នោះ ទី​ចង្អៀត​ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​​នោះ តើដូចម្ដេច។ កាលណា បើវិញ្ញាណញ្ចាយតន​សញ្ញា ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​នោះ មិនទាន់​រលត់​ទៅទេ កាលនោះ ភាព​មិនរលត់​ទៅ​នៃ​វិញ្ញាណញ្ចាយតនសញ្ញា​នេះ ឈ្មោះថា​ ទីចង្អៀត​ ក្នុង​វិញ្ញាណញ្ចាយតនជ្ឈាន​នុ៎ះ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុបាន​ដល់នូវ​អាកិញ្ចញ្ញាយតន​ជ្ឈាន ដោយការ​ធ្វើទុក​ក្នុង​ចិត្ត​ថា វត្ថុតិចតួច​មិនមាន​ដូច្នេះ ព្រោះកន្លង​នូវ​វិញ្ញាណញ្ចាយតន​ជ្ឈាន ដោយ​ប្រការ​ទាំង​ពួង ម្នាល​អាវុសោ ការត្រាស់ដឹង​នូវឱកាស​ក្នុង​ទីចង្អៀត ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សំដែង​ហើយ ដោយបរិយាយ​ត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែង​មាន​ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ ទីចង្អៀតក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ តើ​ដូចម្ដេច។ កាល​ណាបើ​អាកិញ្ចញ្ញាយតន​សញ្ញា ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នោះ មិនទាន់​រលត់​ទៅ​ទេ កាល​នោះ ភាពមិនរលត់ទៅ​នៃ​អាកិញ្ចញ្ញាយតន​សញ្ញានេះ ឈ្មោះថា ទីចង្អៀត ក្នុង​អាកិញ្ចញ្ញាយតនជ្ឈាន​នុ៎ះ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុបាន​ដល់នូវ​នេវសញ្ញា​នាសញ្ញាយតនជ្ឈាន ព្រោះ​កន្លង​នូវ​អាកិញ្ចញ្ញាយតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង ម្នាល​អាវុសោ ការត្រាស់ដឹង​នូវឱកាស​ក្នុងទីចង្អៀត ដែល​ព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់​សំដែង​ហើយ ដោយ​បរិយាយ​ត្រឹមប៉ុណ្ណេះឯង។ ទីចង្អៀត រមែងមាន​ក្នុង​នេវសញ្ញានា​សញ្ញាយតន​ជ្ឈាន​នោះ ទីចង្អៀត ក្នុង​នេវសញ្ញានាសញ្ញាយតនជ្ឈាន​​នោះ តើដូចម្ដេច។ កាលណា​បើ​​នេវសញ្ញានាសញ្ញាយតន​​សញ្ញា ក្នុង​នេវសញ្ញានាសញ្ញាយតនជ្ឈាននោះ មិនទាន់​រលត់​ទៅទេ កាលនោះ ភាពមិនរលត់​ទៅនៃ​នេវសញ្ញានាសញ្ញាយតនសញ្ញា​នេះ ឈ្មោះថា​ទីចង្អៀត​ ក្នុង​នេវសញ្ញានាសញ្ញាយតន​ជ្ឈាននុ៎ះ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់​នូវសញ្ញាវេទយិតនិរោធ ព្រោះកន្លង​នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង អាសវៈ​ទាំងឡាយ​របស់ភិក្ខុនោះ ក៏អស់​រលីងទៅ ព្រោះឃើញ​ដោយ​បញ្ញា ម្នាលអាវុសោ ការត្រាស់ដឹង​នូវឱកាស​ក្នុងទីចង្អៀត ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សំដែងហើយ ដោយ​និប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

២. កាយសក្ខីសូត្រ

[៤៣] ម្នាលអាវុសោ ដែលព្រះដ៏មានព្រះភាគ​ទ្រង់ត្រាស់សំដែងថា កាយសក្ខិ កាយសក្ខិ ដូច្នេះ ម្នាលអាវុសោ កាយសក្ខិ ដែលព្រះមានព្រះភាគ​សំដែងហើយ តើ​ដោយ​ហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាក​កាមទាំងឡាយ។បេ។ បានដល់​នូវបឋមជ្ឈាន អាយតនៈ គឺបឋមជ្ឈាន​នោះមាន ព្រោះអាការណា ៗ ភិក្ខុក៏ពាល់​ត្រូវនូវ​អាយតនៈ​នោះ ដោយកាយ ព្រោះ​អាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់​សំដែងហើយ ដោយ​បរិយាយត្រឹម​ប៉ុណ្ណេះឯង។ ម្នាលអាវុសោ មួយទៀត ភិក្ខុ ព្រោះស្ងប់​រម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ក៏បានដល់នូវ​ទុតិយជ្ឈាន តតិយជ្ឈាន ចតុត្ថជ្ឈាន អាយតនៈនោះ​កើត ព្រោះអាការណា ៗ ភិក្ខុក៏ពាល់​ត្រូវនូវអាយតនៈ​នោះ ដោយកាយ ព្រោះ​អាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​ការធ្វើទុកក្នុង​ចិត្តថា អាកាស​មិនមានទី​បំផុតដូច្នេះ ព្រោះកន្លង​នូវរូបសញ្ញា ព្រោះវិនាស​នូវ​បដិឃសញ្ញា ព្រោះមិនបានធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា ដោយប្រការ​ទាំងពួង អាយតនៈ​នោះ កើតព្រោះ​អាការណា ៗ ភិក្ខុក៏ពាល់​ត្រូវ​នូវអាយតនៈ​នោះ ដោយកាយ ព្រោះ​អាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់​នូវ​សញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង អាសវៈ​ទាំងឡាយ​របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះ​ឃើញដោយបញ្ញា អាយតនៈនោះ កើតព្រោះ​អាការណា ៗ ភិក្ខុក៏ពាល់​ត្រូវនូវ​អាយតនៈ​នោះ ដោយកាយ ព្រោះ​អាការនោះ ៗ ម្នាលអាវុសោ កាយសក្ខិបុគ្គល ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែងហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

៣. បញ្ញាវិមុត្តសូត្រ

[៤៤] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សំដែងថា បញ្ញាវិមុត្ត បញ្ញាវិមុត្ត ដូច្នេះ ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះអង្គ​សំដែងហើយ តើដោយ​ហេតុ​ប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ក៏បាន​ដល់នូវ​បឋមជ្ឈាន ទាំងដឹង​ច្បាស់​ដោយបញ្ញា ម្នាលអាវុសោ បញ្ញាវិមុត្តបុគ្គល ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយបរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុបានដល់​នូវ​សញ្ញាវេទយិតនិរោធ ព្រោះកន្លង​នូវ​នេវសញ្ញានាសញ្ញា​យតនជ្ឈាន ដោយប្រការ​ទាំងពួង អាសវៈ​ទាំងឡាយ​របស់ភិក្ខុនោះ​ ក៏អស់​រលីងទៅ ព្រោះឃើញ​ដោយបញ្ញា ទាំង​ភិក្ខុនោះ ក៏ដឹងច្បាស់​ដោយបញ្ញា ម្នាល​អាវុសោ បញ្ញាវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយ​និប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

៤. ឧភតោភាគវិមុត្តសូត្រ

[៤៥]  ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ឧភតោភាគវិមុត្ត ឧភតោភាគ​វិមុត្ត ដូច្នេះ ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះមានព្រះភាគ សំដែង​ហើយ តើដោយ​ហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ក៏បានដល់​នូវបឋមជ្ឈាន អាយតនៈនោះ កើតព្រោះអាការណា ៗ ភិក្ខុ​ពាល់​ត្រូវ​នូវអាយតនៈនោះ ដោយកាយ ព្រោះអាការនោះ ៗ ទាំងដឹងច្បាស់ដោយ​បញ្ញា ម្នាលអាវុសោ ឧភតោភាគវិមុត្តបុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយ​បរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុ​បានដល់​នូវ​សញ្ញាវេទយិតនិរោធ ព្រោះកន្លង​នូវ​នេវសញ្ញានាសញ្ញាយតន​ជ្ឈាន ដោយ​ប្រការ​ទាំងពួង អាសវៈ​ទាំងឡាយរបស់​ភិក្ខុនោះ ក៏អស់​រលីងទៅ ព្រោះឃើញ​ដោយ​បញ្ញា អាយតនៈ​នោះកើត ព្រោះ​អាការណា ៗ ភិក្ខុពាល់​ត្រូវនូវ​អាយតនៈ​នោះ ដោយ​កាយ ព្រោះ​អាការនោះ ៗ ទាំងបានដឹងច្បាស់​ដោយបញ្ញា ម្នាលអាវុសោ ឧភតោភាគវិមុត្ត​បុគ្គល ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយនិប្បរិយាយ ត្រឹម​ប៉ុណ្ណេះឯង។

៥. សន្ទិដ្ឋិកធម្មសូត្រ

[៤៦] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ ដូច្នេះ ម្នាល​អាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះអង្គ​សំដែងហើយ តើដោយ​ហេតុ​ប៉ុន្មាន។ ម្នាល​អាវុសោ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ ក៏បាន​ដល់​នូវ​បឋមជ្ឈាន ម្នាលអាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយ​បរិយាយ​ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបាន​ដល់នូវ​សញ្ញាវេទយិតនិរោធ ព្រោះកន្លង​នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំង​ពួង អាសវៈ​ទាំងឡាយ​របស់ភិក្ខុនោះ ក៏អស់រលីងទៅ ព្រោះឃើញ​ដោយបញ្ញា ម្នាល​អាវុសោ សន្ទិដ្ឋិកធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយ​និប្បរិយាយ ត្រឹម​ប៉ុណ្ណេះឯង។

៦. សន្ទិដ្ឋិកនិព្វានសូត្រ

[៤៧] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សន្ទិដ្ឋិកនិព្វាន សន្ទិដ្ឋិកនិព្វាន ដូច្នេះ ម្នាលអាវុសោ សន្ទិដ្ឋិកនិព្វាន ដែល​ព្រះដ៏មានព្រះភាគ​ ទ្រង់​សំដែង​​ហើយ តើដោយ​ហេតុប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់ចាក​កាម​ទាំង​ឡាយ។បេ។ ក៏បាន​ដល់នូវ​​បឋមជ្ឈាន ម្នាល​អាវុសោ សន្ទិដ្ឋិកនិព្វាន ដែល​ព្រះដ៏មាន​ព្រះភាគ​ ទ្រង់សំដែងហើយ ដោយបរិយាយមាន​ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាល​អាវុសោ មួយ​ទៀត ភិក្ខុបានដល់​នូវ​សញ្ញាវេទយិតនិរោធ ព្រោះកន្លង​នូវនេវសញ្ញានាសញ្ញា​យតនជ្ឈាន ដោយប្រការ​ទាំងពួង អាសវៈ​ទាំងឡាយ​របស់ភិក្ខុនោះ ក៏អស់​រលីងទៅ ព្រោះឃើញ​ដោយបញ្ញា ម្នាល​អាវុសោ សន្ទិដ្ឋិកនិព្វាន ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ ដោយនិប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

៧. និព្វានសូត្រ

[៤៨] ម្នាល​អាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា និពា្វន និព្វាន ដូច្នេះ។បេ។

៨. បរិនិព្វានសូត្រ

[៤៩] ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ថា បរិនិព្វាន បរិនិព្វាន ដូច្នេះ។បេ។

៩. តទង្គនិព្វានសូត្រ

[៥០] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា តទង្គនិព្វាន តទង្គនិព្វាន ដូច្នេះ។បេ។

១០. ទិដ្ឋធម្មនិព្វានសូត្រ

[៥១] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ទិដ្ឋធម្មនិព្វាន ទិដ្ឋធម្មនិព្វាន ដូច្នេះ ម្នាល​អាវុសោ ទិដ្ឋធម្មនិព្វាន ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សំដែង​ហើយ ដោយ​ហេតុ​ប៉ុន្មាន។ ម្នាល​អាវុសោ ភិក្ខុ​ក្នុង​សាសនានេះ ស្ងាត់ចាក​កាម​ទាំង​ឡាយ។បេ។ ក៏បានដល់​នូវ​បឋមជ្ឈាន ម្នាល​អាវុសោ ទិដ្ឋធម្មនិព្វាន ដែល​ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់​សំដែង​ហើយ ដោយបរិយាយ​ត្រឹម​ប៉ុណ្ណេះឯង។បេ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុបានដល់នូវ​សញ្ញាវេទយិតនិរោធ ព្រោះកន្លងនូវ​នេវសញ្ញានាសញ្ញា​យតនជ្ឈាន ដោយ​ប្រការ​ទាំងពួង អាសវៈ​ទាំងឡាយ របស់ភិក្ខុ​នោះ ក៏អស់​រលីងទៅ ព្រោះឃើញ​ដោយបញ្ញា ម្នាល​អាវុសោ ទិដ្ឋធម្មនិព្វាន ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ ដោយ​និប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

ចប់ បញ្ចាលវគ្គ ទី៥។

ឧទ្ទានក្នុងបញ្ចាលវគ្គនោះគឺ

និយាយអំពីបញ្ចាលចណ្ឌទេវបុត្រ ១ ការបៀតបៀនកាម ១ បញ្ញាវិមុត្ត ១ ឧភតោភាគវិមុត្តបុគ្គល ១ សន្ទិដ្ឋិកៈ មាន ២ លើក និព្វាន ១ បរិនិព្វាន ១ តទង្គនិព្វាន ១ និង​ទិដ្ឋធម្មិកនិព្វាន ១។

ចប់ បណ្ណាសកៈ ក្នុងនវកនិបាត។

បណ្ណាសកាសង្គហិតវគ្គ

ខេមវគ្គ ទី១

១. ខេមសូត្រ

[៥២] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្ដីក្សេម សេចក្ដីក្សេម ដូច្នេះ ម្នាលអាវុសោ សេចក្ដីក្សេម ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយ តើដោយ​ហេតុ​​ប៉ុន្មាន។ ម្នាលអាវុសោ ភិក្ខុក្នុង​សាសនានេះ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់​នូវ​បឋមជ្ឈាន ម្នាលអាវុសោ សេចក្ដីក្សេម ដែលព្រះដ៏​មាន​ព្រះភាគ ទ្រង់​ត្រាស់​ហើយ ដោយ​បរិយាយ ត្រឹមប៉ុណ្ណេះឯង។បេ។ ម្នាលអាវុសោ មួយទៀត ភិក្ខុបានដល់​នូវ​សញ្ញាវេទយិតនិរោធ ព្រោះ​កន្លងនូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង អាសវៈ​ទាំងឡាយ របស់ភិក្ខុនោះ ក៏អស់​រលីងទៅ ព្រោះ​ឃើញដោយ​បញ្ញា ម្នាល​អាវុសោ សេចក្ដីក្សេម ដែលព្រះ​ដ៏មានព្រះភាគ ទ្រង់សំដែង​ហើយ ដោយ​និប្បរិយាយ ត្រឹមប៉ុណ្ណេះឯង។

២. ខេមប្បត្តសូត្រ

[៥៣] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលដល់នូវសេចក្ដី​ក្សេម ដល់នូវ​សេចក្ដីក្សេម ដូច្នេះ។បេ។

៣. អមតសូត្រ

[៥៤] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា អមតៈ អមតៈ ដូច្នេះ។បេ។

៤. អមតប្បត្តសូត្រ

[៥៥] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលដល់នូវអមតៈ ដល់នូវ​អមតៈ ដូច្នេះ។បេ។

៥. អភយសូត្រ

[៥៦] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ទីមិនមានភ័យ ទីមិន​មាន​ភ័យ ដូច្នេះ។បេ។

៦. អភយប្បត្តសូត្រ

[៥៧] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា បុគ្គលដល់នូវទីមិនមាន​ភ័យ ដល់នូវទីមិន​មានភ័យ ដូច្នេះ។បេ។

៧. បស្សទ្ធិសូត្រ

[៥៨]  ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្ដីស្ងប់រម្ងាប់ សេចក្ដី​ស្ងប់រម្ងាប់ ដូច្នេះ។បេ។

៨. អនុបុព្វបស្សទ្ធិសូត្រ

[៥៩] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្ដីស្ងប់រម្ងាប់​ដោយ​លំដាប់ សេចក្ដីស្ងប់​រម្ងាប់ដោយ​លំដាប់ ដូច្នេះ។បេ។

៩. និរោធសូត្រ

[៦០]   ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្ដីរលត់ សេចក្ដី​រលត់ ដូច្នេះ។បេ។

១០. អនុបុព្វនិរោធសូត្រ

[៦១] ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា សេចក្ដី​រលត់ដោយ​លំដាប់ ៗ ដូច្នេះ ម្នាលអាវុសោ សេចក្ដី​រលត់​ដោយលំដាប់ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សំដែង​ហើយ តើដោយ​ហេតុប៉ុន្មាន។ ម្នាល​អាវុសោ ភិក្ខុក្នុង​សាសនានេះ ស្ងាត់​ចាក​កាម​ទាំង​ឡាយ។បេ។ បានដល់នូវ​បឋមជ្ឈាន ម្នាលអាវុសោ សេចក្ដីរលត់​ដោយ​លំដាប់ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយ​បរិយាយ ត្រឹម​ប៉ុណ្ណេះឯង។បេ។ ម្នាល​អាវុសោ មួយទៀត ភិក្ខុបានដល់​នូវ​សញ្ញាវេទយិតនិរោធ ព្រោះកន្លង​នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង អាសវៈ​ទាំងឡាយ​របស់​ភិក្ខុនោះ ក៏អស់​រលីងទៅ ព្រោះឃើញ​ដោយបញ្ញា ម្នាលអាវុសោ សេចក្ដីរលត់​ដោយលំដាប់ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែងហើយ ដោយ​និប្បរិយាយ ត្រឹម​ប៉ុណ្ណេះឯង។

១១. អភព្វសូត្រ

[៦២] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់នូវធម៌ ៩ យ៉ាង មិនគួរ​ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះអរហត្ត​បាន។ ធម៌ ៩ យ៉ាង តើ​ដូចម្ដេចខ្លះ។ គឺ រាគៈ ១ ​ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ មក្ខៈ ១ បលាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលមិនទាន់​លះបង់នូវ​ធម៌ ៩ យ៉ាងនេះទេ មិនគួរដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះអរហត្តបាន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលបាន​លះបង់ នូវធម៌ ៩ យ៉ាងនេះ​ហើយ គួរដើម្បី​ធ្វើឲ្យជាក់ច្បាស់​នូវព្រះអរហត្តបាន។ ធម៌ ៩ យ៉ាង តើដូច​ម្ដេចខ្លះ។ គឺ រាគៈ ១ ​ទោសៈ ១ មោហៈ ១ កោធៈ ១ ឧបនាហៈ ១ មក្ខៈ ១ បលាសៈ ១ ឥស្សា ១ មច្ឆរិយៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលបាន​លះបង់នូវធម៌ ៩ យ៉ាងនេះ​ឯងហើយ ទើបគួរ​ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះអរហត្ត​បាន។

ចប់ ខេមវគ្គ ទី១។

ឧទ្ទានក្នុងខេមវគ្គនោះគឺ

និយាយអំពីសេចក្ដីក្សេម ១ អ្នកដល់នូវសេចក្ដីក្សេម ១ អមតៈ ១ ​អ្នកដល់នូវ​អមតៈ ១ ទីមិនមាន​ភ័យ ១ អ្នកដល់នូវ​ទីមិនមានភ័យ ១ សេចក្ដី​ស្ងប់រម្ងាប់ ១ សេចក្ដី​ស្ងប់រម្ងាប់​ដោយលំដាប់ ១ សេចក្ដីរលត់ ១ សេចក្ដី​រលត់​ដោយលំដាប់ ១  និង​បុគ្គល​លះបង់​នូវ​ធម៌ ៩ យ៉ាង គួរធ្វើឲ្យជាក់ច្បាស់​នូវព្រះអរហត្ត ១។​

(ច្បាប់ឆ (៧) ២. សតិបដ្ឋានវគ្គ) សតិប្បដ្ឋានវគ្គ ទី២

១. សិក្ខាទុព្វល្យសូត្រ

[៦៣] ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខា​មានកំឡាំង​ថយនេះ មាន ៥ យ៉ាង។ ហេតុ​នៃសិក្ខា​មានកំឡាំងថយ ៥ យ៉ាង តើអ្វីខ្លះ។ គឺ បាណាតិបាត ១ អទិន្នាទាន ១ កាមេសុមិច្ឆាចារ ១ មុសាវាទ ១ សុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខា​មានកំឡាំង​ថយនេះមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរ​ចំរើន​សតិប្បដ្ឋាន ៤ ដើម្បីលះបង់​នូវហេតុ​នៃសិក្ខា​មាន​កំឡាំងថយ ៥ យ៉ាងនេះឯង។ សតិប្បដ្ឋាន ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ពិចារណា​ឃើញនូវកាយ ក្នុងកាយ​ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្ស​ក្នុងលោកចេញ ១ ក្នុង​វេទនា​ទាំងឡាយ ១។បេ។ ក្នុងចិត្ត ១ ពិចារណា​ឃើញនូវធម៌​ក្នុងធម៌ទាំងឡាយជា​ប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់​នូវ​អភិជ្ឈា និង​ទោមនស្ស​ក្នុង​លោកចេញ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​នូវ​សតិប្បដ្ឋាន ៤ នេះ ដើម្បីលះបង់​នូវហេតុ​នៃសិក្ខា​មានកំឡាំងថយ ៥ យ៉ាងនេះឯង។

២. នីវរណសូត្រ

[៦៤] ម្នាលភិក្ខុទាំងឡាយ នីវរណធម៌នេះ មាន ៥ យ៉ាង។ នីវរណធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺ កាមច្ឆឆ្ទនីវរណៈ ១ ព្យាបាទនីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ នីវរណធម៌​មាន ៥ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​នូវសតិប្បដ្ឋាន ៤ ដើម្បីលះបង់​នូវ​នីវរណៈ ៥ យ៉ាង​នេះឯង។ សតិប្បដ្ឋាន ៤ តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ពិចារណាឃើញនូវកាយ ក្នុងកាយ​ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុត​កំដៅ​នូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្ស ក្នុង​លោក​ចេញ ១ ក្នុងវេទនា​ទាំងឡាយ ១។បេ។ ក្នុងចិត្ត ១ ពិចារណា​ឃើញ​នូវធម៌ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹង​ខ្លូន មាន​ស្មារតី កំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្ស ក្នុងលោក​ចេញ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​នូវសតិប្បដ្ឋាន ៤ នេះ ដើម្បីលះបង់​នូវនីវរណៈ ៥ យ៉ាងនេះឯង។

៣. កាមគុណសូត្រ

[៦៥] ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ យ៉ាង។ កាមគុណ ៥ យ៉ាង តើ​ដូចម្ដេចខ្លះ។ គឺរូប​ដែលគប្បី​ដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មាន​សភាពជាទីស្រឡាញ់ ប្រកបដោយកាម ជាហេតុនៃសេចក្ដីត្រេកអរ ១ សំឡេងដែល​គប្បីដឹងដោយត្រចៀក ១។បេ។ ក្លិនដែលគប្បី​ដឹងដោយច្រមុះ ១ រសដែលដឹងដោយ​អណ្តាត ១ ផ្សព្វ​ដែលគប្បី​ដឹងដោយ​កាយ ជាទីប្រាថ្នា ជាត្រេកអរ ជាទីពេញចិត្ត មាន​សភាពជាទីស្រឡាញ់ ប្រកប​ដោយកាម ជាហេតុនៃ​សេចក្ដីត្រេកអរ ១។ ម្នាលភិក្ខុ​ទាំងឡាយ កាមគុណមាន ៥ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរ​ចំរើននូវ​សតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់​នូវកាមគុណ ៥ យ៉ាងនេះឯង។

៤. ឧបាទានក្ខន្ធសូត្រ

[៦៦] ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះមាន ៥ យ៉ាង។ ឧបាទានក្ខន្ធ ៥ យ៉ាង តើ​ដូចម្ដេចខ្លះ។ គឺរូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុ​ទាំងឡាយ ឧបាទានក្ខន្ធមាន ៥ យ៉ាង​នេះឯង។  ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​នូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់​នូវឧបាទានក្ខន្ធ ៥ យ៉ាងនេះឯង។

៥. ឱរម្ភាគិយសូត្រ

[៦៧] ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ជាចំណែកខាង​ក្រោមនេះ​មាន ៥ យ៉ាង។ សំយោជនៈ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាស ១ កាមច្ឆន្ទ ១ ព្យាបាទ ១។ ម្នាលភិក្ខុ​ទាំងឡាយ សំយោជនៈ ជាចំណែក​ខាងក្រោម មាន ៥ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​នូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់​នូវសំយោជនៈ ជាចំណែក​ខាងក្រោម ៥ យ៉ាងនេះឯង។

៦. គតិសូត្រ

[៦៨] ម្នាលភិក្ខុទាំងឡាយ គតិនេះមាន ៥ យ៉ាង។ គតិ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ និរយៈ ១ តិរច្ឆានយោនិ ១ បិតិ្តវិស័យ ១ មនុស្ស ១ ទេវតា ១។ ម្នាលភិក្ខុ​ទាំងឡាយ គតិមាន ៥ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​នូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់​នូវគតិ ៥ យ៉ាងនេះឯង។

៧. មច្ឆរិយសូត្រ

[៦៩] ម្នាលភិក្ខុទាំងឡាយ សេចក្ដីកំណាញ់​នេះមាន ៥ យ៉ាង។ សេចក្ដីកំណាញ់ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ កំណាញ់អាវាស ១ កំណាញ់ត្រកូល ១ កំណាញ់លាភ ១ កំណាញ់គុណ ១ កំណាញ់ធម៌ ១។ ម្នាលភិក្ខុ​ទាំងឡាយ សេចក្ដីកំណាញ់ មាន ៥ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​នូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះ​បង់នូវ​សេចក្ដី​កំណាញ់ ៥ យ៉ាងនេះឯង។

៨. ឧទ្ធម្ភាគិយសូត្រ

[៧០] ម្នាលភិក្ខុទាំងឡាយ សំយោជនៈ ជាចំណែកខាង​លើនេះមាន ៥ យ៉ាង។ សំយោជនៈ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ រូបរាគៈ ១ អរូបរាគៈ ១ មានៈ ១ ឧទ្ធច្ចៈ ១ អវិជ្ជា  ១។ ម្នាលភិក្ខុ​ទាំងឡាយ សំយោជនៈ ជាចំណែក​ខាងលើ មាន ៥ យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុគួរចំរើន​នូវ​សតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់​នូវសំយោជនៈ ជាចំណែក​ខាងលើ ៥ យ៉ាងនេះឯង។

៩. ចេតោខិលសូត្រ

[៧១] ម្នាលភិក្ខុទាំងឡាយ សេចក្ដីរឹងត្អឹងនៃចិត្តនេះ មាន ៥ យ៉ាង។ សេចក្ដីរឹងត្អឹង​នៃចិត្ត ៥ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុង​ព្រះសាស្ដា។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា សង្ស័យ ងឿងឆ្ងល់ មិនចុះចិត្តស៊ប់ មិនជ្រះថ្លា ក្នុងព្រះសាស្ដា ចិត្តរបស់​ភិក្ខុនោះ រមែង​មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បីប្រកប​ព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក​នូវព្យាយាម។ ចិត្តរបស់​ភិក្ខុណា មិនឱន​ទៅ ដើម្បី​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បី​ប្រកប​ព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក​នូវព្យាយាម នេះជា​សេចក្ដីរឹងត្អឹងនៃ​ចិត្ត ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុសង្ស័យ​ក្នុងព្រះធម៌។បេ។ សង្ស័យក្នុង​ព្រះសង្ឃ សង្ស័យក្នុង​សិក្ខា ជាមនុស្ស​ខឹង មានចិត្ត​អាក់អន់ មានចិត្តត្រូវទោស​ខ្ទាំងខ្ទប់ហើយ  មានចិត្ត​រឹងរូស ក្នុងពួកសព្រហ្មចារី។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ជាមនុស្សខឹង មានចិត្ត​អាក់អន់ មានចិត្ត​ត្រូវទោស​ខ្ទាំងខ្ទប់ហើយ មានចិត្ត​រឹងរូស ក្នុងពួក​សព្រហ្មចារី ចិត្តរបស់​ភិក្ខុនោះ រមែងមិន​ឱនទៅ​ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បី​ប្រកប​ព្យាយាម​រឿយ ៗ ដើម្បី​ប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកនូវ​ព្យាយាម។ ចិត្ត​របស់ភិក្ខុណា រមែង​មិនឱនទៅ ដើម្បី​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បីប្រកប​ព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំង​ទុកនូវព្យាយាម នេះជា​សេចក្ដីរឹងត្អឹងនៃ​ចិត្ត ទី៥។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើននូវ​សតិប្បដ្ឋាន ៤ យ៉ាង​នេះ ដើម្បីលះបង់​នូវសេចក្ដី​រឹងត្អឹងនៃ​ចិត្ត ៥ យ៉ាងនេះឯង។

១០. ចេតសោវិនិពន្ធសូត្រ

[៧២] ម្នាលភិក្ខុទាំងឡាយ ចំណងរបស់ចិត្តនេះ​មាន ៥ យ៉ាង។ ចំណង​របស់​ចិត្ត ៥ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនទាន់​ប្រាសចាក​តម្រេក មិនទាន់​ប្រាសចាក​សេចក្តីពេញ​ចិត្ត មិនទាន់​ប្រាសចាក​សេចក្តី​ស្រឡាញ់ មិនទាន់​ប្រាសចាក​សេចក្ដីស្រេកឃ្លាន មិនទាន់​ប្រាសចាក​សេចក្ដី​ក្ដៅក្រហាយ មិនទាន់​ប្រាសចាក​សេចក្តីប្រាថ្នា ក្នុងកាម​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ណា មិនទាន់​ប្រាសចាកតម្រេក មិនទាន់​ប្រាសចាក​សេចក្តីពេញចិត្ត មិនទាន់​ប្រាសចាក​សេចក្តីស្រឡាញ់ មិនទាន់ប្រាសចាក​សេចក្ដីស្រេកឃ្លាន មិនទាន់ប្រាសចាក​សេចក្ដី​ក្ដៅក្រហាយ មិនទាន់ប្រាសចាក​សេចក្តីប្រាថ្នា ក្នុងកាម​ទាំងឡាយ ចិត្តរបស់ភិក្ខុនោះ រមែងមិន​ឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បី​ប្រកបព្យាយាម​រឿយ ៗ ដើម្បីប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក​នូវព្យាយាម។ ចិត្តរបស់​ភិក្ខុណា មិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ដើម្បីប្រកប​ព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំងទុក​នូវព្យាយាម នេះជាចំណងនៃចិត្ត ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុមិនទាន់​ប្រាសចាក​តម្រេកក្នុងកាយ មិនទាន់ប្រាសចាក​តម្រេក​ក្នុងរូប ជាអ្នក​បរិភោគភោជន ដរាបដល់​ឆ្អែតពេញផ្ទៃ ហើយ​ប្រកបរឿយ ៗ នូវទីដេក​ស្រួល នូវទីផ្អែក​ស្រួល និង​សេចក្ដី​លក់ស្រួល ប្រព្រឹត្ត​ព្រហ្មចារ្យ ប្រាថ្នា​នូវទេវនិកាយ​ណា​មួយ ដោយគិតថា អាត្មាអញ​នឹងបានជា​ទេវតា​មានស័ក្ដិធំ ឬជា​ទេវតា​មានស័ក្តិ​តូចណា​មួយ ដោយសីល ឬវត្ត តបៈ ឬ​ព្រហ្មចារ្យ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ប្រព្រឹត្ត​ព្រហ្មចារ្យ ប្រាថា្ននូវ​ទេវនិកាយ​ណាមួយ ដោយគតិថា អាត្មាអញ​នឹង​បាន​ជាទេវតា​មាន​ស័ក្ដិធំ ឬជាទេវតា​មានស័ក្តិ​តូច​ណាមួយ ដោយសីល ឬវត្ត តបៈ ឬព្រហ្មចារ្យ​នេះ ចិត្តរបស់​ភិក្ខុនោះ រមែងមិនឱនទៅ ដើម្បីព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ដើម្បីប្រកប​ព្យាយាមរឿយ ៗ ដើម្បីប្រព្រឹត្ត​ព្យាយាមមិនដាច់ ដើម្បីតាំង​ទុកនូវ​ព្យាយាម។ ចិត្តរបស់ភិក្ខុណា រមែងមិនឱនទៅ​ដើម្បីព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ដើម្បី​ប្រកប​ព្យាយាម​រឿយ ៗ ដើម្បីប្រព្រឹត្ត​ព្យាយាម​មិនដាច់ ដើម្បីតាំងទុកនូវ​ព្យាយាម នេះជា​ចំណងនៃ​ចិត្ត ទី៥។ ម្នាលភិក្ខុ​ទាំងឡាយ ចំណង​របស់ចិត្ត​មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​នូវសតិប្បដ្ឋាន ៤ ដើម្បីលះ​បង់នូវ​ចំណងរបស់​ចិត្ត ៥ យ៉ាង​នេះ។ សតិប្បដ្ឋាន ៤ យ៉ាង តើដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ពិចារណារឿយ ៗ នូវកាយក្នុង​កាយជាប្រក្រតី មានព្យាយាម ជា​គ្រឿងដុត​កំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី កំចាត់បង់​នូវអភិជ្ឈា និង​ទោមនស្ស ក្នុង​លោក​ចេញ ក្នុងវេទនា​ទាំងឡាយ។បេ។ ក្នុងចិត្ត ពិចារណារឿយ ៗ នូវធម៌ ក្នុងធម៌​ទាំងឡាយ​ជា​ប្រក្រតី មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក​ចេញ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុគួរចំរើន​នូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ដើម្បីលះបង់​នូវចំណង​របស់ចិត្ត ៥ យ៉ាងនេះឯង។

ចប់ សតិប្បដ្ឋានវគ្គ ទី២។

ឧទ្ទានក្នុងសតិប្បដ្ឋានវគ្គនោះគឺ

និយាយអំពីសិក្ខា ១ នីវរណៈ ១ កាម ១ ឧបាទានក្ខន្ធ ១ សំយោជនៈ ជាចំណែក​ខាង​ក្រោម ១ គតិ ១ សេចក្ដីកំណាញ់ ១ សំយោជនៈ ជាចំណែក​ខាងលើ ជាគំរប់ប្រាំបី ១ សេចក្ដី​រឹងត្អឹង​នៃចិត្ត ១ និង​ចំណងរបស់ចិត្ត ១។

(ច្បាប់ឆ (៨) ៣. សម្មប្បធានវគ្គ) សម្មប្បធានវគ្គ ទី៣

១. សិក្ខសូត្រ

[៧៣] ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខា​មានកម្លាំងថយ​នេះមាន ៥ យ៉ាង។ ហេតុ​នៃសិក្ខា​មានកម្លាំងថយ ៥ យ៉ាង តើដូចម្ដេច​ខ្លះ។ គឺ បាណាតិបាត ១។បេ។ សុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនៃសិក្ខា​មានកម្លាំងថយ មាន ៥ យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​សម្មប្បធាន ៤ យ៉ាង ដើម្បី​លះបង់​នូវ​ហេតុ​នៃសិក្ខា​មានកម្លាំង​ថយ ៥ យ៉ាងនេះ។ សម្មប្បធាន ៤ យ៉ាង តើដូចម្ដេចខ្លះ។​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ញុំាងឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីបិទ​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ដែល​មិនទាន់​កើតឡើង មិនឲ្យ​កើតឡើងបាន ១ ញុំាងឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ដែល​កើត​ឡើង​ហើយ ១ ញុំាងឆន្ទៈ​ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បី​បណ្តុះ​បណ្តាលកុសលធម៌​ទាំងឡាយ ដែលមិនទាន់​កើតឡើង ឲ្យកើតឡើង​បាន ១ ញុំាង​ឆន្ទៈ​ឲ្យកើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីញុំាង​កុសលធម៌​ទាំងឡាយ ដែលកើត​ឡើងហើយ ឲ្យឋិតនៅ មិនឲ្យ​វិនាស​ទៅ ឲ្យរឹងរឹត​តែ​ចំរើន​ឡើង ឲ្យធំទូលាយ ឲ្យចំរើន​ពេញលេញ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរ​ចំរើន​សម្មប្បធាន ៤ យ៉ាងនេះ ដើម្បីលះបង់​នូវហេតុនៃសិក្ខា​មានកម្លាំង​ថយ ៥ យ៉ាងនេះឯង។ បណ្ឌិត សំដែងសេចក្ដី​ឲ្យពិស្ដារ ដោយអំណាច​សម្មប្បធាន​ត្រឹមណា​ផងចុះ។

១០. ចេតសោវិនិពន្ធសូត្រ

[៧៤] ម្នាលភិក្ខុទាំងឡាយ ចំណងនៃចិត្តនេះមាន ៥ យ៉ាង។ ចំណងរបស់ចិត្ត ៥ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមិន​ទាន់ប្រាស​ចាក​តម្រេក​ក្នុងកាម​ទាំងឡាយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចំណងរបស់​ចិត្តមាន ៥ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​សម្មប្បធាន ៤ យ៉ាង ដើម្បីលះបង់​នូវ​ចំណង​របស់​ចិត្ត ៥ យ៉ាងនេះ។ សម្មប្បធាន ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ញុំាងឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធព្យាយាម ផ្គងចិត្ត ដម្កល់ចិត្ត ដើម្បីបិទអកុសលធម៌​ទាំងឡាយ​ដ៏លាមក ដែលមិនទាន់​កើតឡើង មិនឲ្យកើត​ឡើងបាន ១ ដើម្បីលះបង់​នូវអកុសលធម៌​ទាំងឡាយដ៏លាមក ដែលកើត​ឡើងហើយ ១។បេ។ ញុំាងឆន្ទៈ ឲ្យកើតឡើង សង្វាត ប្រារព្ធ​ព្យាយាម ផ្គងចិត្ត ដម្កល់​ចិត្ត ដើម្បីញុំាង​កុសលធម៌​​ទាំងឡាយ ដែលមិនទាន់​​កើតឡើង ឲ្យកើតបាន ១ ដើម្បី​ញុំាងកុសលធម៌​ទាំង​ឡាយ ដែលកើត​ឡើងហើយ ឲ្យឋិតនៅ មិនឲ្យ​វិនាសទៅ ឲ្យរឹង​រឹតតែ​ចំរើនឡើង ឲ្យធំទូលាយ ឲ្យចំរើន​ពេញលេញ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​គួរចំរើនសម្មប្បធាន ៤ យ៉ាង​នេះ ដើម្បីលះបង់​នូវ​ចំណង​របស់ចិត្ត ៥ យ៉ាងនេះឯង។

ចប់ សម្មប្បធានវគ្គ ទី៣។

(ច្បាប់ឆ (៩) ៤. ឥទ្ធិបាទវគ្គ) ឥទ្ធិបាទវគ្គ ទី៤

១. សិក្ខសូត្រ

[៧៥] ម្នាលភិក្ខុទាំងឡាយ ហេតុនៃសិក្ខា​មានកម្លាំងថយ​នេះមាន ៥ យ៉ាង។ ហេតុនៃសិក្ខា​មានកម្លាំងថយ ៥ យ៉ាង តើដូចម្ដេចខ្លះ។ គឺ បាណាតិបាត ១។បេ។ សុរាមេរយមជ្ជប្បមាទដ្ឋាន ១។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនៃសិក្ខា​មានកម្លាំងថយ មាន​ ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរ​ចំរើន​ឥទ្ធិបាទ ៤ យ៉ាង ដើម្បីលះ​បង់​នូវ​ហេតុ​នៃសិក្ខា​មាន​កម្លាំងថយ ៥ យ៉ាងនេះ។ ឥទិ្ធបាទ ៤ យ៉ាង តើដូចម្ដេចខ្លះ។​ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ចំរើនឥទ្ធិបាទ ដែលប្រកប​ដោយឆន្ទសមាធិ និង​បធានសង្ខារ ១ ចំរើនឥទ្ធិបាទ ដែលប្រកប​ដោយ​វីរិយសមាធិ និង​បធានសង្ខារ ១ ចំរើនឥទ្ធិបាទ ដែលប្រកប​ដោយចិត្តសមាធិ និង​បធានសង្ខារ ១ ចំរើនឥទ្ធិបាទ ដែល​ប្រកប​ដោយ​វីមំសាសមាធិ និង​បធានសង្ខារ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​ឥទ្ធិបាទ ៤ យ៉ាងនេះ ដើម្បីលះបង់​នូវហេតុ​នៃសិក្ខាមាន​កំឡាំងថយ ៥ យ៉ាង​នេះឯង។  (បទដ៏សេស​ទាំងពីរ ត្រូវសំដែង​ឲ្យពិស្ដារ ដោយ​អំណាច​ឥទ្ធិបាទ​ផងចុះ)។

១០. ចេតសោវិនិពន្ធសូត្រ

[៧៦] ម្នាលភិក្ខុទាំងឡាយ ចំណងរបស់ចិត្តនេះមាន ៥ យ៉ាង។ ចំណងរបស់ចិត្ត ៥ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិនទាន់​ប្រាសចាក​តម្រេក​ក្នុងកាម​ទាំងឡាយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចំណងរបស់​ចិត្តមាន ៥ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើនឥទ្ធិបាទ ៤ យ៉ាងនេះ ដើម្បីលះបង់​នូវ​ចំណង​របស់ចិត្ត ៥ យ៉ាងនេះឯង។ ឥទ្ធិបាទ ៤ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនានេះ ចំរើន​នូវ​ឥទ្ធិបាទ ដែលប្រកប​ដោយ​ឆន្ទសមាធិ និងបធានសង្ខារ ចំរើន​ឥទ្ធិបាទ ដែល​ប្រកបដោយ​វីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និង​បធានសង្ខារ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរចំរើន​ឥទ្ធិបាទ ៤ យ៉ាងនេះ ដើម្បីលះបង់​នូវចំណង​របស់ចិត្ត ៥ យ៉ាងនេះឯង។

ចប់ ឥទ្ធិបាទវគ្គ ទី៤។

គប្បីប្រកបសតិប្បដ្ឋាន ៤ យ៉ាង បទគឺ សម្មប្បធាន ៤ យ៉ាង ឥទ្ធិបាន ៤ យ៉ាង តាមន័យ​ដែលមានមកហើយ​ក្នុងខាងដើម​ផងចុះ។

វគ្គទី ៥

(១០) ៥. រាគបេយ្យាល

[៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនធម៌ ៩ យ៉ាង ដើម្បីដឹង​ច្បាស់នូវរាគៈ។ ធម៌ ៩ យ៉ាង តើដូចម្ដេចខ្លះ។ គឺសេចក្ដី​សំគាល់ថាមិនល្អ ១ សេចក្ដីសំគាល់ ដោយ​មរណានុបស្សនាញាណ ១ សេចក្ដីសំគាល់​ក្នុងអាហារ ថាជា​របស់គួរខ្ពើម ១ សេចក្ដី​សំគាល់​ក្នុងលោក​ទាំងពួងថា មិនគួរ​ត្រេកអរ ១ សេចក្ដីសំគាល់​ថា មិនទៀង ១ សេចក្ដី​សំគាល់​ក្នុងរបស់​ដែលមិនទៀង ថាជាទុក្ខ ១ សេចក្ដី​សំគាល់​ក្នុង​របស់​ដែល​ជាទុក្ខ ថា​មិនមែន​របស់ខ្លួន ១ សេចក្ដី​សំគាល់​នូវរបស់​ដែលត្រូវ​លះបង់ ១ សេចក្ដី​សំគាល់ថា គួរនឿយ​ណាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគួរ​ចំរើនធម៌ ៩ យ៉ាងនេះ ដើម្បី​ដឹងច្បាស់​នូវរាគៈ។

[៧៨]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនធម៌ ៩ យ៉ាង ដើម្បីដឹងច្បាស់​នូវរាគៈ។  ធម៌ ៩ យ៉ាង តើដូចម្ដេចខ្លះ។ គឺបឋមជ្ឈាន ១ ទុតិយជ្ឈាន ១ តតិយជ្ឈាន ១ ចតុត្ថជ្ឈាន ១​ អាកាសានញ្ចាយតនជ្ឈាន ១ វិញ្ញាណញ្ចាយតនជ្ឈាន ១ អាកិញ្ចញ្ញាយតនជ្ឈាន ១  នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ សញ្ញាវេទយិតនិរោធ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​គួរចំរើនធម៌ ៩ យ៉ាងនេះឯង ដើម្បីដឹងច្បាស់​នូវរាគៈ។

[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើននូវធម៌ ៩ យ៉ាងនេះ ដើម្បី​កំណត់ដឹង ដើម្បីអស់​រលីងទៅ ដើម្បីលះ ដើម្បីអស់ទៅ ដើម្បីសូន្យទៅ ដើម្បីនឿយណាយ ដើម្បី​រលត់ ដើម្បីលះបង់ ដើម្បីរលាស់​ចោលនូវរាគៈ។ ភិក្ខុគួរ​ចំរើនធម៌ ៩ យ៉ាងនេះ ដើម្បីដឹង​ច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់រលីងទៅ ដើម្បីលះ ដើម្បីអស់ទៅ ដើម្បី​សូន្យទៅ ដើម្បីនឿយណាយ ដើម្បីរលត់ ដើម្បីលះបង់ ដើម្បីរលាស់​ចោល នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ព្រះសូត្រ​នេះចប់ហើយ។ ភិក្ខុទាំងនោះ ក៏ពេញចិត្ត ត្រេកអរ​នឹងភាសិត​របស់ព្រះដ៏មានព្រះភាគ។

ចប់ នវកនិបាត។

ចប់ ភាគ៤៩ ។