វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |៤៦|៤៧|៤៨|៤៩|៥០| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

អង្គុត្តរនិកាយ​ អដ្ឋកនិបាត នវមភាគ

ភាគ ៤៨

សូមនមស្ការចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បឋមបណ្ណាសក

មេត្តាវគ្គ

មេត្តាសូត្រ ទី១

[១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ ក្នុង​ទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា​ ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែល​បុគ្គលធ្វើ​ឲ្យថ្នឹក ចំរើនធ្វើឲ្យ​រឿយ​ៗ ធ្វើឲ្យ​ដូចជាយាន ធ្វើឲ្យជាទី​នៅ បានតាំង​ទុករឿយ ៗ បាន​សន្សំ បាន​ប្រារព្ធ​ល្អហើយ មាន​អានិសង្ស ៨ ប្រការ​ជា​ប្រាកដ។ អានិសង្ស ៨ ប្រការ តើ​ដូចម្តេច​ខ្លះ។ គឺដេកលក់​ជាសុខ ១ ភ្ញាក់​ឡើង​ជាសុខ ១ មិនឃើញ​នូវ​​សុបិន​អាក្រក់ ១ ជាទីស្រឡាញ់​នៃពួក​មនុស្ស ១ ជា​ទី​ស្រឡាញ់​នៃពួក​អមនុស្ស ១ ពួក​ទេវតា​តែង​រក្សា ១ ភ្លើងក្តី ថ្នាំពិសក្តី សស្រ្តាវុធក្តី មិន​ប៉ះពាល់​នូវ​បុគ្គល​នោះ ១ កាលបើ​មិនទាន់​បានគុណ​វិសេស​ដ៏ខ្ពង់​ខ្ពស់ទេ រមែង​ទៅកើត​ក្នុង​ព្រហ្ម‌‌លោក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលបុគ្គល​ធ្វើឲ្យ​ថ្នឹក ចំរើន​ធ្វើ​ឲ្យ​រឿយ ៗ​ ធ្វើឲ្យដូច​ជាយាន ធ្វើឲ្យ​ជាទីនៅ បានតាំង​ទុករឿយ ៗ បាន​សន្សំ​ បាន​ប្រារព្ធ​ល្អ​ហើយ រមែង​មាន​អានិសង្ស ៨ ប្រការនេះឯង​ជាប្រាកដ។

បុគ្គល​ដែលនឹក​រលឹក​ចំពោះ​ ចំរើននូវមេត្តា ប្រមាណ​មិនបាន ពិចារណា​ឃើញ​នូវ​ការ​អស់ទៅ នៃ​ឧបធិក្កិលេស សំយោជនៈ​ទាំងឡាយ ក៏ស្រាលស្តើង (ចាក​ខន្ធសន្ដាន)

បើបុគ្គលមានចិត្តមិនបានប្រទុស្ដសត្វណា​មួយ ឈ្មោះថា ជាប់​មេត្តា កុសល​ក៏​រមែង​​កើត​មាន ដោយហេតុ​នោះ ចំណែក​ព្រះអរិយៈ មានចិត្ត​អនុគ្រោះ​​សត្វទាំង​ឡាយ​ទាំង​ពួង តែង​ធ្វើ​បុណ្យ​ច្រើន ពួកស្ដេច​ណា ដែល​ប្រាកដ​ដូចជា​ឥសី បាន​ឈ្នះនូវ​ផែនដី ដែល​ពាសពេញ​ដោយ​មនុស្ស​សត្វ កាល​ឲ្យទាន ប្រព្រឹត្ត​រឿយ ៗ (ដោយសង្គហវត្ថុ ៤ ប្រការ) គឺឈ្លាសវៃ ក្នុងការ​ទំនុក​បម្រុងធញ្ញជាតិ ១ ឈ្លាសវៃ​ក្នុងការ​ទំនុក​បម្រុង​មនុស្ស ១ ការចងចិត្ត​មនុស្ស ១ ពោលពាក្យ​ជាទីស្រឡាញ់ ១ មិនបាច់ប្រើ​រនុក​ទ្វារផ្ទះឡើយ ការ​ឲ្យទាន​ទាំងឡាយ​នោះ ក៏មិនដល់​នូវចំណិត​ក្នុង​ចំណែក ១៦ នៃមេត្តាចិត្ត ដែល​បានអប់រំ​ហើយ ដូចជា​រស្មី​ព្រះចន្ទ្រ និងពួកផ្កាយ​ទាំងពួង បុគ្គល​ណា ជាអ្នក​មាន​ចំណែក​នៃ​មេត្តាសមាធិ​ចិត្ត ចំពោះ​ពួកសត្វ​ទាំងអស់ មិន​បៀតបៀន មិន​សម្លាប់ មិនធ្វើ​សេចក្តី​វិនាស​ដល់សត្វ​ដទៃ​ដោយ​ខ្លួនឯង មិនប្រើ​អ្នកដទៃ ឲ្យធ្វើ​សេចក្តី​វិនាស​ដល់សត្វ​ដទៃ វេរា​របស់​បុគ្គលនោះ មិនមាន​ដោយហេតុ​ណាមួយ​ឡើយ។

បញ្ញាសូត្រ ទី២

[២] ម្នាលភិក្ខុទាំងឡាយ ហេតុ ៨ យ៉ាង បច្ច័យ ៨ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បី​បាន​នូវ​បញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជាភិយ្យោភាព ដ៏​ធំទូលាយ ចំរើន​​បរិបូណ៌នូវ​បញ្ញា​ដែលខ្លួន​បានហើយ។ ហេតុបច្ច័យ ៨ យ៉ាង តើដូច​ម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​​ក្នុង​សាសនានេះ ចូល​ទៅអាស្រ័យ​នៅ​នឹងគ្រូ ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ ជាគរុដ្ឋានិយបុគ្គល (បុគ្គល​តាំងនៅ​ក្នុងស្ថាន​ដែលគួរ​គោរព) ជា​អ្នក​មាន​ហិរិ និង​ឱត្តប្បៈ​ដ៏ក្លៀវក្លា ដម្កល់នូវ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព ចំពោះ​បុគ្គល​ជាគរុដ្ឋានិយៈ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ នេះជា​បច្ច័យ ទី១ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវបញ្ញា​ជាខាងដើម​នៃ​មគ្គ​ព្រហ្មចារ្យដែល​ខ្លួន​មិនធ្លាប់​បាន ដើម្បី​​​ជា​ភិយ្យោភាព ដ៏ធំ​ទូលាយ ចំរើន​បរិបូណ៌​នូវ​បញ្ញា​ដែល​ខ្លួន​បាន។ បុគ្គលនោះ ចូល​ទៅ​អាស្រ័យ​នៅ​នឹង​គ្រូ​នោះ ឬ​សព្រហ្មចារី​បុគ្គល​ណាមួយ ​ជា​គរុដ្ឋានិយៈ ជា​អ្នក​មាន​ហិរិ និងឱត្តប្បៈដ៏​ក្លៀវក្លា ដម្កល់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព​ចំពោះ​បុគ្គល​គរុដ្ឋានិយៈ ភិក្ខុនោះ ចូល​ទៅរក (បុគ្គលនោះ) តាម​កាលគួរ ហើយ​សាក​សួរ​ត្រង់​ប្រស្នា​ថា បពិត្រលោក​ដ៏ចំរើន ហេតុនេះ​ដូចម្តេច សេចក្តី​អធិប្បាយ នៃ​ភាសិត​នេះ​ដូចម្តេច។ លោក​ដ៏មានអាយុ​ទាំងឡាយ​នោះ បើក​បង្ហាញ​នូវធម៌​ដែល​កំបាំង​ផង ធ្វើ​ធម៌​ដែល​មាន​ជម្រៅ ឲ្យរាក់​ផង បន្ទោបង់​នូវ​សេចក្តី​សង្ស័យ ក្នុងធម៌​ដែលគួរ​សង្ស័យ​ច្រើន​ប្រការ​ផង ដល់​ភិក្ខុនោះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី២ ជាបច្ច័យ ទី២​ ដែល​ប្រព្រឹត្តទៅ ដើម្បី​បាន​ចំពោះ​នូវ​បញ្ញា ជាខាង​ដើម​នៃមគ្គ​ព្រហ្មចារ្យ​ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន​បរិបូណ៌​នូវបញ្ញា​ដែល​ខ្លួនបាន។ ភិក្ខុនោះ ​លុះ​បាន​ស្ដាប់ធម៌​នោះហើយ ​ទើបញុំាងសេចក្តីស្ងប់​រម្ងាប់ ២ ប្រការ ឲ្យសម្រេច គឺ​ការ​ស្ងប់​រម្ងាប់​កាយ ១ ស្ងប់រម្ងាប់​ចិត្ត ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី៣ ជាបច្ច័យ ទី៣ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះ​នូវបញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែល​ខ្លួនមិន​ធ្លាប់បាន ដើម្បី​ជាភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។ ភិក្ខុជា​អ្នកមាន​សីល សង្រួមហើយ​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និង​គោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ សូម្បី​បន្តិចបន្តួច សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ ទី៤ ជា​បច្ច័យ ទី៤ ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​បាន​ចំពោះនូវ​បញ្ញា ជាខាង​ដើមនៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវ​បញ្ញា ដែលខ្លួន​បាន។ ភិក្ខុ​ជា​អ្នករៀន​សូត្រ​ច្រើន ទ្រទ្រង់ព្រះសូត្រ ចេះចាំ​ព្រះសូត្រ ធម៌ទាំង​ឡាយណា មានពីរោះ​បទដើម ពីរោះ​បទកណ្ដាល ពីរោះ​បទចុង​ ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌ ព្រមទាំង​អត្ថ ព្រម​ទាំងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ មានសភាព​ដូច្នោះ ភិក្ខុនោះ​ បានរៀនសូត្រ​ច្រើន ទ្រទ្រង់​ចាំស្ទាត់ រត់មាត់ ជាក់ច្បាស់​ក្នុងចិត្ត​ យល់ច្បាស់​ដោយទិដ្ឋិ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះជាហេតុ ទី៥ ជាបច្ច័យ ទី៥ ដែលប្រព្រឹត្តទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃមគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បីជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា ដែលខ្លួន​បាន។ ភិក្ខុ​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំងឡាយ ហើយបំពេញ​នូវកុសលធម៌​ទាំងឡាយ មានកំឡាំង មានសេចក្តី​ប្រឹងប្រែង​ដ៏មាំ មិនដាក់ធុរៈ ក្នុងធម៌​ទាំងឡាយ​ជាកុសល ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៦ ជាបច្ច័យ ទី៦ ដែល​ប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាង​ដើម​នៃមគ្គព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន  បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។ ភិក្ខុ​នៅក្នុង​​សង្ឃ មិនមែន​និយាយ​ផ្តេសផ្ដាស មិនមែន​ជាអ្នក​និយាយ​តិរច្ឆានកថា រមែង​សំដែងធម៌​ដោយ​ខ្លួន​ឯងផង អារាធនា​អ្នកឯទៀត ឲ្យសំដែង​ផង មិនមើល​ងាយ​ព្រះអរិយៈ ដែល​ស្ងប់ស្ងៀម​ផង ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៧ ជាបច្ច័យ ទី៧ ដែលប្រព្រឹត្ត​ទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃ​មគ្គព្រហ្មចារ្យ ដែលខ្លួន​ធ្លាប់បាន​ ដើម្បីជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវបញ្ញា​​ដែលខ្លួន​បាន។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវការ​កើតឡើង និង​សូន្យទៅ ក្នុង​ឧបាទានក្ខន្ធ​ទាំងឡាយ ៥ ​ថា រូបដូច្នេះ ការកើតឡើង​នៃរូប​ដូច្នេះ ការវិនាស​នៃរូប​ដូច្នេះ វេទនា​ដូច្នេះ សញ្ញា​ដូច្នេះ សង្ខារទាំងឡាយ​ដូច្នេះ វិញ្ញាណ​ដូច្នេះ ការកើតឡើង​នៃ​វិញ្ញាណ​​ដូច្នេះ ការវិនាស​ទៅ នៃវិញ្ញាណ​ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ ទី៨ ជាបច្ច័យ ទី៨ ដែល​ប្រព្រឹត្តទៅ ដើម្បីបាន​ចំពោះនូវ​បញ្ញា ជាខាងដើម​នៃមគ្គ​ព្រហ្មចារ្យ​ដែលខ្លួន​មិនធ្លាប់​បាន ដើម្បីជា​ភិយ្យោភាព​ដ៏ធំទូលាយ ចំរើន បរិបូណ៌​នូវ​បញ្ញា ដែល​ខ្លួនបាន​ហើយ។ ពួកសព្រហ្មចារីបុគ្គល តែងនាំគ្នា​សរសើរ​នូវភិក្ខុនោះ យ៉ាងនេះថា លោក​ដ៏មាន​អាយុ (នេះ) បានចូល​ទៅនៅអាស្រ័យ​នៅនឹងគ្រូ ឬសព្រហ្មចារីបុគ្គល​ណាមួយ ជា​គរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ​ ដម្កល់​សេចក្តី​ស្រឡាញ់ និង​សេចក្តី​គោរព ចំពោះបុគ្គលជាគរុដ្ឋានិយៈ ដោយគិតថា លោកដ៏មានអាយុនេះ ដឹងនូវ​ហេតុ​ដែលគួរ​ដឹង ឃើញនូវ​ហេតុ ដែលគួរ​ឃើញ​ដោយពិត ធម៌នេះ​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បី​ឲ្យគេ​គោរព ដើម្បីញុំាង​គុណ ឲ្យចំរើន ដើម្បីភាព​ជាសមណៈ  ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែក​លោកដ៏មាន​អាយុនេះ ចូលទៅនៅ​អាស្រ័យ​នឹងគ្រូនោះ ឬសព្រហ្មចារីបុគ្គល​ណា​មួយ ជាគរុដ្ឋានិយៈ ជាអ្នកមានហិរិ និងឱត្តប្បៈ​ ដម្កល់សេចក្តី​ស្រឡាញ់ និងសេចក្តី​គោរព ចំពោះ​បុគ្គល​ជា​គរុដ្ឋានិយៈ លុះលោកដ៏មាន​អាយុនោះ ចូលទៅរក​គ្រូ​នោះតាម​កាល​ដ៏សមគួរហើយ សាកសួរ​ត្រង់ប្រស្នា​ថា បពិត្រលោក​ដ៏ចំរើន ហេតុនេះ​ដូចម្ដេច​ សេចក្ដី​អធិប្បាយ​នៃភាសិតនេះ​ដូចម្ដេច។ លោកដ៏មានអាយុ​ទាំងនោះ ក៏បើក​បង្ហាញ នូវ​ធម៌ដែល​កំបាំងផង ធ្វើធម៌ដែល​មាន​ជម្រៅ ឲ្យរាក់ផង បន្ទោបង់​នូវសេចក្តី​សង្ស័យ ​ក្នុងធម៌​ទាំងឡាយ ដែលគួរសង្ស័យ​ច្រើនប្រការ​ផង ដោយ​គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវហេតុ​ដែលគួរដឹង ឃើញ​នូវហេតុ​ដែលគួរឃើញ​ដោយពិត ឯធម៌នេះ ប្រព្រឹត្ត​ទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យ​គេគោរព ដើម្បីញុំាង​គុណ​​ឲ្យចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ លុះ​លោកមាន​អាយុនេះ ស្ដាប់ធម៌នោះ​ហើយ ទើបញុំាង​ការស្ងប់​រម្ងាប់ ២ ប្រការ​ឲ្យសម្រេច គឺការ​ស្ងប់រម្ងាប់​កាយ ១ ស្ងប់រម្ងាប់​ចិត្ត​ ១ ដោយ​គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវ​ហេតុដែល​គួរដឹង ឃើញនូវ​ហេតុ ដែល​គួរឃើញ​ដោយពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យគេ​គោរព ដើម្បី​​ញុំាងគុណ​ឲ្យចំរើន ដើម្បីភាព​ជាសមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ ចំណែក​ខាងលោក​ដ៏មានអាយុនេះ ជាអ្នក​មានសីល សង្រួម​ហើយក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យ​ក្នុងទោស​ទាំងឡាយ​បន្តិចបន្តួច សមាទាន សិក្សាក្នុង​សិក្ខាបទទាំងឡាយ ក៏គិតថា លោកដ៏មាន​អាយុនេះ រមែង​ដឹងនូវ​ហេតុ ដែល​គួរ​ដឹង ឃើញនូវហេតុ​ដែលគួរ​ឃើញដោយពិត ធម៌នេះឯង​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រឡាញ់ ដើម្បីឲ្យគេ​គោរព ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បីភាព​ជាសមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។ ចំណែកលោកដ៏មានអាយុនេះ​ ជាអ្នករៀនសូត្រ​ច្រើន ទ្រទ្រង់​ព្រះសូត្រ ចេះដឹងព្រះសូត្រ ធម៌ទាំងឡាយណា មានពីរោះ​បទដើម ពីរោះ​បទកណ្ដាល ពីរោះ​បទចុង ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ព្រមទាំង​ព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ធម៌ទាំងឡាយ​មានសភាព​ដូច្នោះ ភិក្ខុនោះ ​បានរៀន​សូត្រ​ច្រើន ទ្រទ្រង់ ចាំ​ស្ទាត់​រត់មាត់  ​ជាក់ច្បាស់​ក្នុងចិត្ត​ យល់ច្បាស់​ដោយទិដ្ឋិ ក៏គិតថា​ លោក​ដ៏មាន​អាយុនេះ រមែងដឹង​នូវហេតុ​ដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង​ ប្រព្រឹត្តទៅ ដើម្បីឲ្យគេស្រឡាញ់ ដើម្បី​ឲ្យគេគោរព ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បីភាព​ជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែកខាង​លោកដ៏មានអាយុ​នេះ ប្រារព្ធ​នូវសេចក្ដី​ព្យាយាម ដើម្បីលះបង់​នូវ​អកុសលធម៌​ទាំងឡាយ ដើម្បីបំពេញ​នូវ​កុសលធម៌​ទាំងឡាយ ជាអ្នកមាន​កំឡាំង មានសេចក្ដី​ប្រឹងប្រែងមាំ មិនដាក់ធុរៈ​ក្នុងធម៌​ជាកុសល ក៏គិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវ​ហេតុដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរ​ឃើញដោយ​ពិត ធម៌នេះឯង ប្រព្រឹត្តទៅ ដើម្បីឲ្យ​គេស្រ​ឡាញ់ ដើម្បីឲ្យ​គេគោរព ដើម្បី​​ញុំាងគុណ​ឲ្យចំរើន ដើម្បីភាពជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ចំណែកខាង​លោក​ដ៏មានអាយុនេះ តាំងនៅក្នុង​សង្ឃ មិនមែន​និយាយពាក្យ​ផ្ដេសផ្ដាស មិនមែន​និយាយ​តិរច្ឆានកថា តែងសំដែង​ធម៌​ដោយខ្លួនឯងផង អារាធនាអ្នកដទៃ​ឲ្យសំដែងផង មិនមើលងាយ​នូវព្រះអរិយៈ​ដែលស្ងប់ស្ងៀម​ផង ដោយគិតថា លោកដ៏មាន​អាយុនេះ រមែងដឹងនូវហេតុ​ដែលគួរ​ដឹង ឃើញនូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង ប្រព្រឹត្ត​ទៅ ដើម្បីឲ្យគេស្រ​ឡាញ់ ដើម្បីឲ្យគេគោរព​ ដើម្បី​ញុំាង​គុណឲ្យចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បីសេចក្ដី​ស្ងប់ស្ងាត់។ ក៏ឯលោកដ៏មានអាយុនេះ ពិចារណា​ឃើញ​រឿយ ៗ នូវការ​ចំរើន​ឡើង និង​ការសាបសូន្យ​ទៅ ក្នុង​ឧបាទានក្ខន្ធ​ទាំងឡាយ ៥ ថា រូប​ដូច្នេះ ការកើតឡើង​នៃរូបដូច្នេះ​ ការវិនាសទៅ​នៃរូប​ដូច្នេះ វេទនា​ដូច្នេះ សញ្ញា​ដូច្នេះ សង្ខារ​ទាំងឡាយ​ដូច្នេះ វិញ្ញាណ​ដូច្នេះ ការកើតឡើង​នៃវិញ្ញាណ​ដូច្នេះ ការវិនាស​នៃវិញ្ញាណ​ដូច្នេះ ក៏គិតថា លោកដ៏​មាន​អាយុនេះ រមែងដឹង​នូវហេតុ​ដែលគួរដឹង ឃើញ​នូវហេតុ​ដែលគួរឃើញ​ដោយពិត ធម៌នេះឯង​ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ស្រ​ឡាញ់ ដើម្បីឲ្យ​គេគោរព​ ដើម្បី​ញុំាង​គុណឲ្យ​ចំរើន ដើម្បី​ភាពជា​សមណៈ ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់។  ម្នាល​ភិក្ខុទាំង​ឡាយ ហេតុទាំង ៨ យ៉ាង បច្ច័យ​ទាំង ៨ យ៉ាង​នេះឯង ប្រព្រឹត្ត​ទៅ ដើម្បី​បានចំពោះ​នូវ​បញ្ញា ជាខាងដើម​នៃមគ្គ​ព្រហ្មចារ្យ ដែលខ្លួន​មិនធ្លាប់​បាន ដើម្បី​ជា​ភិយ្យោភាព ដ៏ធំទូលាយ ចំរើន​បរិបូណ៌​នូវបញ្ញា​ដែលខ្លួន​បាន។

បឋមអប្បិយសូត្រ ទី៣

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ ​យ៉ាង រមែង​មិន​ជាទី​ស្រឡាញ់ មិនជា​ទីពេញចិត្ត ​មិនជា​ទីគោរព មិនជា​ទីសរសើរ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​សរសើរ​ចំពោះ បុគ្គល​មិនជាទី​ស្រឡាញ់ ១ តិះដៀល​នូវជន​ជាទីស្រឡាញ់ ១ ប្រាថ្នាលាភ ១ ប្រាថ្នា​សក្ការៈ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១​ ប្រាថ្នាលាមក ១​ យល់ខុស ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ យ៉ាង​នេះឯង រមែងមិន​ជាទី​ស្រឡាញ់ មិនជាទី​ពេញចិត្ត មិន​ជាទី​គោរព មិនជា​ទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៨ ​យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទីពេញ​ចិត្ត ជាទី​គោរព ជាទី​សរសើរ​នៃសព្រហ្មចារី​បុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​មិន​សរសើរ​នូវបុគ្គល​មិនជាទី​ស្រឡាញ់ ១ មិន​តិះដៀល​នូវជន​ជាទី​ស្រឡាញ់ ១ មិន​ប្រាថ្នាលាភ ១ មិនប្រាថ្នា​សក្ការៈ ១ មាន​សេចក្ដី​ខ្មាស​បាប ១ មានសេចក្ដី​ខ្លាចបាប ១​ ប្រាថ្នាតិច ១ មាន​សេចក្ដី​យល់ត្រូវ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ​យ៉ាង​នេះឯង ទើបជា​ទីស្រឡាញ់ ជាទីពេញ​ចិត្ត ជាទី​គោរព ជាទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ​។

ទុតិយអប្បិយសូត្រ ទី៤

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​ធម៌ ៨ ​យ៉ាង រមែងមិន​ជាទី​ស្រឡាញ់ មិនជាទី​ពេញចិត្ត ​មិនជាទី​គោរព មិនជា​ទីសរសើរ នៃ​សព្រហ្មចារីបុគ្គល​ទាំងឡាយ។  ធម៌​ ៨ យ៉ាង តើដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១   ប្រាថ្នាមិន​ឲ្យគេមើល​ងាយ ១ មិនស្គាល់​កាល​ ១ មិនស្គាល់​ប្រមាណ ១ មានការងារ​មិនស្អាត ១ និយាយ​ច្រើន ១ ជេរ​ប្រទេច​ផ្ដាសា នូវ​សព្រហ្មចារីបុគ្គល​ទាំង​ឡាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ​យ៉ាង​នេះឯង រមែង​មិនជា​ទី​ស្រឡាញ់ មិនជា​ទីគាប់ចិត្ត មិនជាទី​គោរព មិនជាទី​សរសើរ នៃ​សព្រហ្មចារី​បុគ្គល​ទាំង​ឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទី​ពេញ​ចិត្ត ជាទី​គោរព គួរជាទី​សរសើរ នៃ​សព្រហ្មចារីបុគ្គល​ទាំងឡាយ។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មិនប្រាថ្នា​លាភ ១ មិនប្រាថ្នា​សក្ការៈ ១ មិនមែន​ជាអ្នក​ប្រាថ្នា​មិនឲ្យអ្នក​ដទៃ​មើលងាយ ១​ ស្គាល់​កាល ​១ ស្គាល់​ប្រមាណ ១ មាន​ការងារ​ស្អាត ១ មិន​និយាយ​ច្រើន ១ មិនជេរ​ប្រទេច​ផ្ដាសា នូវ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង​នេះ​ឯង ទើបជាទី​ស្រឡាញ់ ជាទី​ពេញចិត្ត ជាទី​គោរព ជាទី​សរសើរ ​នៃ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ។

 បឋមលោកធម្មសូត្រ ទី៥

[៥] ម្នាលភិក្ខុទាំងឡាយ លោកធម៌​ទាំងឡាយ ៨ យ៉ាងនេះ តែងជាប់​តាម​នូវ​សត្វ​លោក ទាំងសត្វ​លោក ក៏វិលទៅ​តាមនូវ​លោកធម៌​ទាំង ៨ ដែរ។ លោកធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ គឺ លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាល​ភិក្ខុទាំងឡាយ លោកធម៌​ទាំង ៨ យ៉ាងនេះ តែងជាប់​តាម​សត្វលោក ទាំង​សត្វ​លោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងនេះ​ដែរ។

ធម៌ទាំងឡាយនេះគឺ លាភៈ ១ អលាភៈ ១​ យសៈ ១ អយសៈ ១ និន្ទា ១ ​បសំសា ១ សុខ ១ ទុក្ខ ១ ជា​ធម៌​មិនទៀង ក្នុង​មនុស្សជាតិ​ទាំងឡាយ ជាធម៌​មិន​ឋិតថេរ មាន​សេចក្ដី​ប្រែលប្រួល​ជាធម្មតា ចំណែក​បុគ្គលអ្នក​មានប្រាជ្ញា មាន​ស្មារតី លុះដឹង​នូវ​ធម៌​នេះ​ហើយ រមែង​ពិចារណា​នូវធម៌ ដែលមាន​សេចក្ដី​ប្រែលប្រួល​ជាធម្មតា ឥដ្ឋារម្មណ៍​ទាំងឡាយ រមែង​មិនញាំញី​នូវចិត្ត​របស់បុគ្គល​នោះ​បាន ទាំង​អនិដ្ឋារម្មណ៍ ក៏មិនអាច​ប៉ះ​ទង្គិច​បាន សេចក្ដី​ត្រេកអរ ឬ​ថាសេចក្ដី​ថ្នាំថ្នាក់ចិត្ត ក៏បុគ្គលនោះ​បានកំចាត់​បង់ហើយ ដល់នូវ​សេចក្ដី​វិនាស មិនមាន​តទៅទៀត​ឡើយ បុគ្គលអ្នក​ដល់នូវ​ត្រើយ​នៃភព រមែង​ដឹង​ច្បាស់​ដោយ​ប្រពៃ ព្រោះដឹងច្បាស់​នូវបទ គឺព្រះ​និព្វាន ដែលមិនមាន​ធូលី គឺកិលេស មិនមាន​សេចក្ដី​សោក។

ទុតិយលោកធម្មសូត្រ ទី៦

[៦] ម្នាលភិក្ខុទាំងឡាយ លោកធម៌ទាំង ៨ យ៉ាងនេះ តែងជាប់​តាម​សត្វលោក ទាំង​សត្វលោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងដែរ។ លោកធម៌​ ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺលាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១។ ម្នាលភិក្ខុទាំងឡាយ លោកធម៌​ទាំង ៨  យ៉ាងនេះឯង តែងជាប់តាម​សត្វលោក ទាំងសត្វ​លោក ក៏វិលទៅតាម​នូវលោកធម៌​ទាំង ៨ យ៉ាងដែរ។ ម្នាលភិក្ខុ​ទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសាក្ដី សុខក្ដី ទុក្ខក្ដី តែង​កើតឡើង​ដល់​បុថុជ្ជន​អ្នក​មិន​ចេះដឹង ម្នាលភិក្ខុ​ទាំងឡាយ លាភក្ដី អលាភក្ដី យសក្ដី អយសក្ដី និន្ទាក្ដី បសំសា​ក្ដី សុខក្ដី ទុក្ខក្ដី តែងកើត​ឡើងដល់​អរិយសាវក អ្នកចេះ​ដឹងដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះក្នុង​លោកធម៌​ទាំងនោះ មានសេចក្ដី​ប្លែកគ្នា​ដូចម្ដេច មាន​អធិប្បាយ​ដូចម្ដេច មាន​ហេតុ​ផ្សេងគ្នា​ដូចម្ដេច របស់​អរិយសាវក អ្នកចេះ​ដឹង និង​បុថុជ្ជន​អ្នកមិន​ចេះដឹង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ទាំង​ឡាយ មានព្រះ​ដ៏មានព្រះភាគ​ជាមូល មានព្រះ​ដ៏មានព្រះភាគ ជា​អ្នក​ណែនាំ មាន​ព្រះដ៏មានព្រះភាគ ជាទីពឹង​របស់យើង​ទាំងឡាយ​ស្រាប់​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សេចក្ដី​នៃភាសិត​នោះ ជាក់ច្បាស់​ដល់​ព្រះដ៏មាន​ព្រះភាគ​ដោយល្អ​ស្រាប់​ហើយ ភិក្ខុ​ទាំងឡាយ បានស្ដាប់ (ធម៌) របស់​ព្រះដ៏មាន​ព្រះភាគ នឹង​ចង​ចាំទុក​បាន។ ម្នាល​ភិក្ខុទាំងឡាយ បើដូច្នោះ ចូរអ្នក​ទាំងឡាយ ប្រុងស្ដាប់​ ធ្វើទុក​ក្នុង​ចិត្ត​ដោយ​ប្រពៃចុះ តថាគត​នឹង​សំដែង។ ភិក្ខុ​ទាំងនេះ ទទួល​ព្រះពុទ្ធដីកា​ព្រះដ៏មាន​ព្រះភាគ​ថា ​ព្រះករុណា ព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ បាន​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ លាភ​តែងកើត​ឡើងដល់​បុថុជ្ជន​អ្នក​មិនចេះដឹង បុថុជ្ជននោះ មិន​ពិចារណា​ មិនដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា លាភ​នេះ កើតឡើង​ដល់​អាត្មាអញ​ហើយ លាភ​នោះឯង មិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួល ជាធម្មតា អលាភ រមែង​កើតឡើង យស​រមែង​កើតឡើង អយស រមែង​កើតឡើង និន្ទា រមែង​កើតឡើង បសំសា រមែង​កើតឡើង សុខ រមែង​កើតឡើង ទុក្ខ រមែង​កើតឡើង (ដល់បុថុជ្ជន​អ្នកមិន​ចេះដឹង) បុថុជ្ជននោះ មិន​ពិចារណា មិន​ដឹងច្បាស់​តាម​ពិតដូច្នេះ​ថា ទុក្ខនេះ កើតឡើង​ដល់អាត្មាអញ​ហើយ ទុក្ខនោះឯង មិនទៀង ជា​របស់​អត់ធន់​បាន​ដោយក្រ មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា។ លាភក្ដី រមែង​គ្របសង្កត់​ចិត្ត របស់​បុថុជ្ជន​នោះ អលាភក្ដី រមែង​គ្របសង្កត់​ចិត្ត យសក្ដី រមែង​គ្របសង្កត់​ចិត្ត អយស​ក្ដី រមែង​គ្របសង្កត់​ចិត្ត និន្ទា​ក្ដី រមែង​គ្របសង្កត់​ចិត្ត បសំសា​ក្ដី រមែង​គ្របសង្កត់​ចិត្ត សុខក្ដី រមែង​គ្របសង្កត់​ចិត្ត ទុក្ខក្ដី រមែង​គ្របសង្កត់​ចិត្ត។ បុថុជ្ជននោះ តែង​ត្រេកអរ នឹងលាភ​ដែល​កើត​ឡើង តូចចិត្ត​ព្រោះអលាភ ត្រេកអរ​នឹង​យស​ដែលកើត​ឡើង តូច​ចិត្ត​ព្រោះអយស ត្រេកអរ​នឹង​បសំសា​ដែលកើត​ឡើង តូចចិត្ត​ព្រោះនិន្ទា ត្រេកអរ​នឹង​សុខ​ដែល​កើតឡើង តូចចិត្ត​ព្រោះទុក្ខ។ បុថុជ្ជននោះ ប្រកប​នូវសេចក្ដី​ត្រេកអរ និង​សេចក្ដី​តូចចិត្ត​យ៉ាងនេះ​ហើយ រមែង​មិនរួច​ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគត​ពោលថា មិនរួច​ចាក​វដ្ដទុក្ខ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ លាភកើតឡើង​ដល់​អរិយសាវក​អ្នកចេះដឹង​ អរិយសាវក​នោះ ពិចារណា ដឹង​ច្បាស់​តាម​ពិត​ដូច្នេះ​ថា លាភនេះ​កើតឡើង​ដល់​អាត្មាអញ​ហើយ លាភ​នោះឯង មិនទៀង ជាទុក្ខ មាន​សេចក្ដី​ប្រែប្រួលជា​ធម្មតា ​អលាភ​កើតឡើង យស​កើត​ឡើង អយស​កើតឡើង និន្ទាកើត​ឡើង បសំសា​កើតឡើង សុខ​កើតឡើង ទុក្ខ​កើតឡើង អរិយ​សាវក​នោះ ពិចារណា​ដឹងច្បាស់​តាមពិត​ដូច្នេះថា​ ទុក្ខ​កើតឡើង​ដល់​អាត្មាអញ​ហើយ ទុក្ខ​នោះឯង ក៏មិនទៀង អត់ធន់បាន​ដោយក្រ មាន​សេចក្ដី​ប្រែប្រួល​ជា​ធម្មតា។ អរិយសាវក ដឹងច្បាស់​តាមពិតថា ​នេះជាទុក្ខ ទុក្ខនោះឯង ក៏មិនទៀង អត់ធន់​បាន​ដោយក្រ មានសេចក្ដី​ប្រែប្រួល​ជាធម្មតា លាភក្ដី មិនគ្រប​សង្កត់ចិត្ត​របស់​អរិយសាវក​នោះ អលាភក្ដី ក៏មិន​គ្របសង្កត់​ចិត្ត យសក្ដី ក៏មិនគ្របសង្កត់ចិត្ត អយសក្ដី ក៏មិន​គ្របសង្កត់​ចិត្ត និន្ទា​ក្ដី ក៏មិនគ្រប​សង្កត់​ចិត្ត បសំសាក្ដី ក៏មិនគ្រប​សង្កត់ចិត្ត សុខក្ដី ក៏មិន​គ្រប​សង្កត់​ចិត្ត ទុក្ខក្ដី ក៏មិន​គ្របសង្កត់​ចិត្តបាន។ អរិយសាវក​នោះ មិន​ត្រេកអរ​នឹង​លាភ ដែល​កើតឡើង មិនអាក់អន់​ព្រោះអលាភ  មិនត្រេកអរ​នឹងយស ដែល​កើតឡើង មិន​អាក់អន់​ព្រោះអយស មិនត្រេកអរ​នឹង​បសំសា ដែលកើតឡើង មិន​អាក់អន់​ព្រោះនិន្ទា មិន​ត្រេកអរ​នឹងសុខ​ដែលកើត​ឡើង មិនអាក់អន់ ព្រោះ​សេចក្ដី​ទុក្ខ។ អរិយសាវក​នោះ លះបង់​សេចក្ដី​ត្រេកអរ និង​សេចក្ដី​អាក់អន់​យ៉ាងនេះ​ហើយ រមែង​រួចចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈ តថាគត​ពោលថា រួចស្រឡះ​ចាក​វដ្ដទុក្ខ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង​ជា​សេចក្ដី​ប្លែកគ្នា នេះជា​អធិប្បាយ នេះជា​ហេតុ​ផ្សេងៗ គ្នា នៃ​អរិយសាវក​អ្នកចេះដឹង និង​បុថុជ្ជន​អ្នក​មិនចេះដឹង។

ធម៌ទាំងឡាយនេះ គឺ លាភ ១ អលាភ ១​ យស ១ អយស ១ និន្ទា ១ បសំសា ១ សុខ ១ ទុក្ខ ១ ជាធម៌​មិនទៀង​ក្នុង​មនុស្សជាតិ​ទាំងឡាយ ជាធម៌​មិនឋិតថេរ មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា ចំណែក​បុគ្គល​អ្នកមាន​ប្រាជ្ញា មាន​ស្មារតី លុះដឹង​នូវធម៌​ទាំងនេះ​ហើយ​ រមែង​ពិចារណាឃើញ​ច្បាស់នូវ​ធម៌ដែល​មាន​សេចក្ដី​ប្រែប្រួល​ជាធម្មតា ឥដ្ឋារម្មណ៍ រមែង​មិនញាំញី​ចិត្ត​របស់​បុគ្គល​នោះបាន ទាំង​អនិដ្ឋារម្មណ៍ ក៏​មិន​អាច​ប៉ះទង្គិច​បាន សេចក្ដី​ត្រេកអរ​ ឬថា​សេចក្ដី​ថ្នាំងថ្នាក់ ក៏បុគ្គលនោះ​បាន​កំចាត់​បង់ហើយ ដល់​នូវសេចក្ដី​វិនាស មិន​មានតទៅទៀត​ឡើយ បុគ្គល​អ្នកដល់​នូវត្រើយ​នៃភព រមែង​ដឹង​ច្បាស់​ដោយប្រពៃ ព្រោះ​ដឹងច្បាស់​នូវបទ គឺ ព្រះនិព្វាន ដែល​មិនមាន​ធូលី គឺកិលេស មិន​មាន​សេចក្ដី​សោក។

ទេវទត្តវិបត្តិសូត្រ ទី៧

[៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រងគង់នៅលើភ្នំ​គិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។ កាលដែល​ទេវទត្តភិក្ខុ ចៀសចេញ​មិនយូរប៉ុន្មាន ក្នុងទី​នោះឯង ព្រះមាន​ព្រះភាគ​ ទ្រង់​ប្រារព្ធ​នូវ​ទេវទត្តភិក្ខុ ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​នៃ​ខ្លួនសព្វៗ កាល ជាការ​ប្រពៃ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវវិបត្តិ​របស់បុគ្គល​ដទៃសព្វៗ កាល ជាការ​ប្រពៃ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុជា​អ្នក​ពិចារណា នូវ​សម្បត្តិ​នៃខ្លួន​សព្វៗ កាល ជាការ​ប្រពៃ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអ្នក​ពិចារណា នូវ​សម្បត្តិ​របស់បុគ្គល​ដទៃសព្វៗកាល ជាការ​ប្រពៃ។​ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវ​អសទ្ធម្ម​ទាំងឡាយ ៨ ប្រការ​ គ្របសង្កត់​ហើយ មានចិត្ត​ត្រូវ​អសទ្ធម្មរួបរឹតហើយ ទៅកើតក្នុង​អបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ អសទ្ធម្ម ៨ ប្រការ តើ​ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​លាភ​គ្របសង្កត់ហើយ មានចិត្ត​ដែលលាភ​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាចអ្នក​ណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អសក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សេចក្តីប្រាថ្នា​ដ៏លាមក ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវបាបមិត្តគ្របសង្កត់​ហើយ មានចិត្ត​ត្រូវ​បាបមិត្ត​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាល​ភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្ម​ទាំង ៨ ប្រការ​នេះឯង គ្របសង្កត់ មានចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត ទៅកើត​ក្នុង​អបាយ ទៅកាន់​នរក តាំង​នៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញី​នូវលាភ ដែលកើតឡើងហើយ ជាការ​ប្រពៃ នូវអលាភ​ដែលកើត​ឡើងហើយ នូវយស​ដែល​កើតឡើង​ហើយ នូវ​អយស​ដែល​កើតឡើង​ហើយ នូវ​សក្ការៈ​ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ដែល​កើតឡើង​ហើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ តើព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍​ដូចម្ដេច។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ថា​ អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀត​ចង្អល់រោលរាល កើតឡើង​ដល់​ភិក្ខុនោះ ព្រោះ​មិនបាន​គ្របសង្កត់​នូវលាភ​ ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល រមែង​មិនមាន​ដល់ភិក្ខុ​នោះយ៉ាងនេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះថា ​អាសវៈ​ទាំងឡាយណា ​ជា​សភាវៈ​ចង្អៀតចង្អល់ រោលរាល​កើត​ឡើង​ដល់​ភិក្ខុនោះ កាល​មិនបាន​គ្របសង្កត់​នូវ​អលាភ ដែលកើត​ឡើងហើយ នូវ​យស ដែល​កើត​ឡើង​ហើយ នូវ​អយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ នូវ​បាបមិត្ត​ដែល​កើតឡើង​ហើយ អាសវៈ​ទាំងឡាយ​នោះ ជា​សភាវៈ​ចង្អៀតចង្អល់ រោល​រាល រមែង​មិនមាន​ដល់ភិក្ខុ កាលគ្រប​សង្កត់ នូវ​បាបមិត្ត​ដែល​កើតឡើងហើយ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្របសង្កត់ ញាំញី​នូវលាភ ដែល​កើត​ឡើង​ហើយ នូវ​អលាភ​ដែលកើត​ឡើងហើយ នូវយស​ដែលកើត​ឡើងហើយ នូវ​អយស ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ​ដែលកើត​ឡើងហើយ នូវ​អសក្ការៈ ដែលកើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នាលាមក ដែលកើត​ឡើងហើយ គ្របសង្កត់ ញាំញី​នូវបាបមិត្ត ដែលកើត​ឡើង​ហើយ ព្រោះ​អាស្រ័យ​នូវ​អំណាច​ប្រយោជន៍នេះឯង ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ភិក្ខុ​ក្នុង​សាសនា​នេះ គប្បី​សិក្សា​យ៉ាងនេះថា យើង​ទាំងឡាយ គួរ​ជាអ្នក​គ្របសង្កត់ ញាំញី​នូវលាភ ដែលកើតឡើង យើង​ទាំងឡាយ​ គួរ​ជាអ្នក​គ្រប​សង្កត់ ញាំញី​នូវ​អលាភ ដែលកើត​ឡើងហើយ នូវ​យស​ដែលកើត​ឡើង​ហើយ នូវ​អយស ដែល​កើត​ឡើង​ហើយ នូវ​សក្ការៈ ដែលកើត​ឡើង​ហើយ​ នូវ​អសក្ការៈ ដែល​កើត​ឡើង​ហើយ នូវ​សេចក្តី​ប្រាថ្នាលាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត​ដែលកើត​ឡើង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ ត្រូវ​សិក្សា​យ៉ាងនេះ​ឯង។

ឧត្តរវិបត្តិសូត្រ ទី៨

[៨] សម័យមួយ ព្រះឧត្តរដ៏មានអាយុ គង់ក្នុង​វិហារឈ្មោះ​វដ្តជាលិកា ទៀប​ភ្នំ​ឈ្មោះ​សង្ខេយ្យកៈ ជិត​ស្រុក​មហិសវត្ថុ។ ក្នុងទីនោះ ព្រះឧត្តរ​ដ៏មានអាយុ ហៅ​ភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវ​វិបត្តិ​នៃខ្លួន​សព្វៗកាល ជា​ការ​ប្រពៃ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​របស់​បុគ្គល​ដទៃ​សព្វៗកាល ជា​ការ​ប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណានូវ​សម្បត្តិ​នៃខ្លួន​សព្វៗកាល ជា​ការ​ប្រពៃ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​សព្វ ៗកាល ជា​ការប្រពៃ។

សម័យនោះឯង មហារាជឈ្មោះ​វេស្សវ័ណ ចេញ​អំពី​ឧត្តរ​ទិស​ ទៅកាន់​ទក្សិណ​ទិស ដោយ​កិច្ចនីមួយ។ មហារាជ​ឈ្មោះ​វេស្សវ័ណ បានឮ​ថេរវាចា​នៃ​ព្រះឧត្តរ​ដ៏មាន​អាយុ កំពុង​សំដែង​ធម៌​ដល់​ភិក្ខុ​ទាំងឡាយ ក្នុង​វិហារ​ឈ្មោះ​វដ្តជាលិកា ទៀបភ្នំ​សង្ខេយ្យកៈ ជិតស្រុកមហិសវត្ថុ យ៉ាង​នេះថា ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា នូវ​វិបត្តិ​នៃខ្លួន​សព្វៗកាល ជា​ការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណា នូវវិបត្តិ​របស់​អ្នក​ដទៃសព្វ​ ៗ​កាល ជា​ការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​នៃខ្លួន​សព្វ ៗកាល ជាការប្រពៃ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុ​ជា​អ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​សព្វៗកាល ជា​ការប្រពៃ។ លំដាប់​នោះ មហារាជ​ឈ្មោះ​វេស្សវ័ណ ក៏បាត់​អំពី​វដ្តជាលិកាវិហារ ទៀប​ភ្នំ​សង្ខេយ្យកៈ ជិត​ស្រុក​មហិស​វត្ថុ ទៅប្រាកដ​ក្នុង​តាវត្តឹង្ស​​ទេវលោក ដូច​បុរស​មានកំឡាំង ​លាដៃ​ដែលបត់ចូល ឬ​បត់ចូល​នូវដៃ​ដែល​លាចេញ​យ៉ាងនោះ​ឯង។ លំដាប់​នោះ មហារាជវេស្សវ័ណ ចូល​ទៅ​គាល់​​ព្រះឥន្ទ្រជាធំ​ជាង​ពួក​ទេវតា លុះ​ចូលទៅ​ដល់ហើយ បាន​ទូល​ពាក្យនេះ នឹង​ព្រះឥន្ទ្រ​ជាធំ​ជាង​​ពួក​ទេវតា បពិត្រ​លោកជា​ម្ចាស់​យើង ​សូម​ទ្រង់ជ្រាប ព្រះឧត្តរដ៏​មាន​អាយុនុ៎ះ សំដែងធម៌ដល់​ភិក្ខុទាំង​ឡាយ ក្នុង​វដ្តជាលិកាវិហារ ទៀបភ្នំ​សង្ខេយ្យកៈ ជិត​ស្រុក​មហិសវត្ថុ​យ៉ាងនេះ​ថា ម្នាលអាវុសោទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវវិបត្តិ​របស់​ខ្លួន​សព្វៗកាល ជាការប្រពៃ។បេ។ ជាអ្នកពិចារណា​នូវ​សម្បត្តិ​របស់​អ្នក​ដទៃ។

គ្រានោះ សក្កៈជាធំជាង​ពួកទេវតា ក៏បាត់អំពី​ទេវលោក ទៅប្រាកដ​ក្នុងទី​ចំពោះ​មុខ​ព្រះឧត្តរ​ដ៏មាន​អាយុ ក្នុង​វត្តជាលិកា​វិហារ ទៀប​ភ្នំ​សង្ខេយ្យកៈ ជិតស្រុក​មហិសវត្ថុ ដូច​បុរសមាន​កំឡាំង លាដៃ​ដែលបត់​ចូល ឬបត់ចូល​នូវដៃ​ដែល​លាចេញ​យ៉ាងនោះ​ឯង។ លំដាប់​នោះ សក្កៈ​ជាធំជាង​ពួក​ទេវតា ចូលទៅ​រក​ព្រះឧត្តរដ៏​មានអាយុ ត្រង់​កន្លែង​ដែលលោក​គង់នៅ លុះចូលទៅ​ហើយ ថ្វាយ​បង្គំ​ព្រះឧត្តរ​ដ៏មាន​អាយុ ហើយ​ឋិតនៅ​ក្នុង​ទី​សមគួរ។ លុះ​សក្កៈជាធំ​ជាងពួក​ទេវតា ឋិត​នៅក្នុង​ទីសមគួរ​ហើយ បានដំ​ណាល​ពាក្យនេះ នឹងព្រះឧត្តរ​ដ៏មាន​អាយុ ដូច្នេះថា បានឮថា ព្រះឧត្តរ​ដ៏មានអាយុ សំដែង​ធម៌ដល់ភិក្ខុ​ទាំងឡាយថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុជា​អ្នក​ពិចារណា​នូវវិបត្តិ​នៃខ្លួន ជា​ការប្រពៃ។បេ។ ជាអ្នក​ពិចារណា​នូវ​សម្បត្តិ​របស់​អ្នកដទៃ​ពិតមែន​ឬ។ ថ្វាយ​ព្រះពរ ទេវានមិន្ទ។ បពិត្រ​លោកដ៏ចំរើន ចុះ​ការសំដែង​តាម​សេចក្តីយល់​​របស់​ខ្លួន​ព្រះឧត្តរ​ដ៏មាន​អាយុឬ ឬក៏​សំដែង​តាម​ព្រះពុទ្ធ​ដីការបស់​ព្រះដ៏មានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។ ថ្វាយព្រះពរ ទេវានមិន្ទ បើដូច្នោះ អាត្មាភាព នឹងឧបមា​ថ្វាយ​មហាបពិត្រ ពួក​វិញ្ញូបុរស​ក្នុងលោក​នេះ​ គង់ដឹង​នូវ​សេចក្តីអធិប្បាយ​នៃ​ភាសិត​ដោយ​សេចក្តីឧបមា​ ថ្វាយ​ព្រះពរ ទេវានមិន្ទ ដូចជាគំនរ​ស្រូវដ៏ធំ ក្នុងទីជិត​ស្រុកក្តី និគមក្តី ពួក​មហាជន​នាំយក​ស្រូវ​អំពី​គំនរ​នោះ ដោយ​អម្រែកទាំង​ឡាយខ្លះ ដោយល្អី​ទាំងឡាយ​ខ្លះ ដោយ​ថ្នក់​ទាំងឡាយ​ខ្លះ ដោយ​កំបង់ដៃ​ទាំងឡាយ​ខ្លះ ថ្វាយ​ព្រះពរ ទេវានមិន្ទ ពួក​មហា​ជនណា ដែល​មិនបាន​ចូលទៅ (នឹងគេ) គប្បីសួរ​យ៉ាងនេះថា អ្នកទាំងឡាយ នាំ​យក​ស្រូវនេះ​អំពី​ទីណា។ ថ្វាយព្រះពរ ទេវានមិន្ទ ពួកមហាជននោះ កាលនឹងឆ្លើយ​ប្រាប់ គប្បីឆ្លើយ​ប្រាប់​តាម​ទំនង​ដូចម្ដេច។ បពិត្រលោកដ៏ចំរើន ពួកមហាជន​នោះ កាលឆ្លើយ​ប្រាប់ គប្បីឆ្លើយ​ប្រាប់​តាមទំនង​ថា យើងទាំងឡាយ នាំមកអំពី​គំនរស្រូវ​ធំឯណោះ ដូច្នេះ។ ថ្វាយ​ព្រះពរ ទេវានមិន្ទ ពាក្យឯណានីមួយ ជាសុភាសិត សុភាសិត​ទាំង​អស់​នោះ ជា​ព្រះពុទ្ធ​ដីកា នៃ​ព្រះដ៏មាន​ព្រះភាគ អរហន្តសម្មាសម្ពុទ្ធ​អង្គនោះ យើង​ទាំងឡាយ នាំ​ចេញ​មក​អំពី​ព្រះពុទ្ធដីកា​នោះ ទើប​សំដែង​ដូចជា​សូ្រវ យ៉ាង​នោះដែរ។ បពិត្រ​លោក​ដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រលោកដ៏ចំរើន ចំឡែកណាស់ ពាក្យនេះ ព្រះឧត្ដរ​ដ៏មាន​អាយុ ពោល​ហើយ​ដោយ​ប្រពៃ (ព្រោះ) ពាក្យឯណា​នីមួយ​ជា​សុភាសិត ពាក្យទាំង​អស់​នោះ ជា​ព្រះពុទ្ធ​ដីកា របស់​ព្រះដ៏មាន​ព្រះភាគ អរហន្ដ​សម្មាសម្ពុទ្ធ​ព្រះអង្គនោះ យើង​ទាំងឡាយ ក៏ពោល​នូវ​ស្រូវ ប្រៀបធៀប​នឹង​ព្រះពុទ្ធដីកា​នោះដែរ បពិត្រ​ព្រះឧត្ដរ​ដ៏ចំរើន សេចក្ដីនេះ​យ៉ាង​នេះ សម័យមួយ ព្រះដ៏មានព្រះភាគ គង់លើភ្នំ​គិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ កាល​ដែល​ព្រះ​ទេវទត្ត ចៀសចេញទៅ​មិន​យូរប៉ុន្មាន ក្នុង​ទីនោះឯង​ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ប្រារព្ធ​នូវ​ទេវទត្ត ត្រាស់នឹង​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ពិចារណា​នូវ​វិបត្តិ​នៃខ្លួន ជាការ​ប្រពៃ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​ពិចារណា​នូវ​វិបត្តិ​​របស់​អ្នក​ដទៃ នូវ​សម្បត្តិ​របស់​ខ្លួន នូវ​សម្បត្តិ​របស់​អ្នកដទៃ។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្មទាំង ៨ ប្រការ​គ្របសង្កត់ហើយ មាន​ចិត្តត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំង​នៅអស់ ១ កប្ប មិនអាច​អ្នកណា​ស្រោច​ស្រង់បាន។ អសទ្ធម្ម ៨ ប្រការ តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​លាភ​គ្រប​សង្កត់​ហើយ មានចិត្ត​ត្រូវលាភរួប​រឹត​ហើយ ទៅកើត​ក្នុងអបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវអលាភ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវយស ម្នាល​ភិក្ខុ​ទាំងឡាយ ត្រូវអយស ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​សក្ការៈ ម្នាលភិក្ខុ​ទាំងឡាយ ត្រូវ​អសក្ការៈ ម្នាល​ភិក្ខុ​ទាំងឡាយ ដែលត្រូវ​សេចក្ដី​ប្រាថ្នា​លាមក ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត​ត្រូវ​បាបមិត្ត​គ្របសង្កត់​ហើយ មានចិត្ត​ដែលត្រូវ​បាបមិត្ត​រួបរឹត​ហើយ ទៅកើត​ក្នុង​អបាយ ទៅ​កាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោចស្រង់​បាន។ ម្នាលភិក្ខុ​ទាំងឡាយ ទេវទត្ត ត្រូវ​អសទ្ធម្មទាំងឡាយ ៨ ប្រការនេះឯង គ្របសង្កត់​ហើយ មាន​ចិត្ត​ត្រូវ​អសទ្ធម្ម​រួបរឹត​ហើយ ទៅកើត​ក្នុង​អបាយ ទៅកាន់​នរក តាំងនៅ​អស់ ១ កប្ប មិនអាច​អ្នកណា​ស្រោច​ស្រង់​បាន។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​គ្រប​សង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ ជាការប្រពៃ នូវ​អលាភ​ដែលកើត​ឡើងហើយ នូវយស​ដែលកើត​ឡើងហើយ នូវ​អយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ​ដែលកើត​ឡើងហើយ នូវ​អសក្ការៈ​ដែល​កើត​ឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើតឡើង​ហើយ គ្របសង្កត់ ញាំញី​នូវ​បាបមិត្ត ដែល​កើត​ឡើង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញី​នូវលាភ ដែល​កើត​ឡើងហើយ គ្របសង្កត់ ញាំញី​នូវអលាភ ដែលកើត​​ឡើងហើយ នូវយស​ដែលកើត​ឡើង​ហើយ នូវ​អយស​ដែលកើត​ឡើងហើយ នូវ​សក្ការៈ​ដែលកើត​ឡើង​ហើយ នូវ​អសក្ការៈ​ដែល​កើតឡើង​ហើយ នូវសេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ តើ​ព្រោះ​អាស្រ័យ​អំណាច​ប្រយោជន៍ដូចម្ដេច ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា​ អាសវៈ​ទាំងឡាយណា ជា​សភាវៈ​ចង្អៀត​ចង្អល់ រោលរាល កើតឡើង​ដល់ភិក្ខុ​នោះ កាល​មិនបាន​គ្របសង្កត់​នូវ​លាភ ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជាសភាវៈ​ចង្អៀត​ចង្អល់ រោលរាល រមែង​មិនមាន​ដល់ភិក្ខុ​នោះ កាល​គ្របសង្កត់​នូវលាភ ដែលកើត​ឡើងហើយ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា អាសវៈ​ទាំងឡាយ​ណា ជាសភាវៈ​ចង្អៀតចង្អល់ រោលរាល គប្បីកើតឡើង​ដល់ភិក្ខុនោះ កាលមិន​បានគ្រប​សង្កត់ នូវអលាភ ដែលកើត​ឡើង​ហើយ នូវយស ដែលកើតឡើងហើយ នូវអយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែល​កើតឡើងហើយ នូវអសក្ការៈ ដែលកើត​ឡើងហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែល​កើត​ឡើង​ហើយ នូវបាបមិត្ត ដែលកើត​ឡើងហើយ អាសវៈ​ទាំងឡាយ​នោះ ជាសភាវៈ​ចង្អៀត​ចង្អល់ រោលរាល រមែងមិនមាន​ដល់​ភិក្ខុនោះ កាល​គ្រប​សង្កត់​នូវ​បាបមិត្ត​ដែលកើតឡើង​បាន​យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគ្រប​សង្កត់ ញាំញីនូវ​លាភ ដែលកើត​ឡើងហើយ គ្រប​សង្កត់ ញាំញី​នូវ​អលាភ ដែលកើត​ឡើង​ហើយ នូវ​យស ដែល​កើតឡើង​ហើយ នូវអយស ដែលកើត​ឡើងហើយ នូវ​សក្ការៈ ដែលកើត​ឡើងហើយ នូវ​អសក្ការៈ​ដែលកើត​ឡើងហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត ដែលកើត​ឡើងហើយ ព្រោះ​អាស្រ័យ​នូវអំណាច​ប្រយោជន៍នេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនា​នេះ គប្បី​សិក្សា​យ៉ាងនេះ​ថា យើង​ទាំងឡាយ គួរជាអ្នក​គ្របសង្កត់ ញាំញី​នូវលាភ ដែលកើត​ឡើង​ហើយ យើង​ទាំងឡាយ គួរ​ជាអ្នក​គ្របសង្កត់ ញាំញីនូវអលាភ ដែលកើត​​ឡើងហើយ នូវយស ដែលកើត​ឡើង​ហើយ នូវអយស ដែលកើត​ឡើងហើយ នូវសក្ការៈ ដែលកើត​ឡើងហើយ នូវ​អសក្ការៈ ដែល​កើតឡើង​ហើយ នូវ​សេចក្ដី​ប្រាថ្នា​លាមក ដែលកើត​ឡើងហើយ នូវ​បាបមិត្ត​ ដែល​កើត​ឡើង​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សា​យ៉ាងនេះ​ឯង។ បពិត្រ​ព្រះឧត្ដរ​ដ៏ចំរើន បណ្ដា​បរិសទ្យទាំង ៤ ពួក គឺ ភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ធម្មបរិយាយ​នេះ មិនទាន់​តាំងនៅ​ក្នុង​បរិសទ្យ​ណាទេ បពិត្រ​លោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មាន​អាយុ កាន់យក​នូវ​ធម្មបរិយាយ​នេះ បពិត្រ​លោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មានអាយុ រៀន​យក​នូវ​ធម្មបរិយាយ​នេះ បពិត្រលោក​ដ៏ចំរើន សូម​ព្រះឧត្ដរ​ដ៏មានអាយុ ទ្រទ្រង់​នូវ​ធម្មបរិយាយ​នេះ បពិត្រ​លោក​ដ៏ចំរើន ធម្មបរិយាយ​នេះ ប្រកប​ដោយ​ប្រយោជន៍​ជាខាង​ដើម​នៃមគ្គ​ព្រហ្មចរិយធម៌។

នន្ទសូត្រ ទី៩

[៩] ម្នាលភិក្ខុទាំងឡាយ អ្នកផង​កាលបើ​ពោលតាម​ត្រឹមត្រូវ គប្បី​ពោលនូវ​នន្ទភិក្ខុ ថាជា​កុលបុត្ត​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផង​កាលបើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវ​នន្ទភិក្ខុថា​ជាអ្នក​មានកម្លាំង​កាយ​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកផង​កាល​បើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវនន្ទភិក្ខុ ថាជាអ្នក​គួរនាំមក​នូវ​សេចក្ដី​ជ្រះថ្លា​ដូច្នេះ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផង​កាលបើ​ពោល​តាម​ត្រឹមត្រូវ គប្បី​ពោល​នូវនន្ទភិក្ខុ ថាជា​អ្នក​មាន​រាគៈ​ដ៏ក្លៀវក្លា​ដូច្នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ចាំបាច់​ពោលទៅ​ថ្វី ក្នុងទីដទៃ ថានន្ទ​ភិក្ខុ គ្រប់គ្រង​ទ្វារ​ក្នុង​ឥន្ទ្រិយទាំងឡាយ ដឹង​ប្រមាណ​ក្នុង​ភោជន ប្រកប​រឿយៗ នូវការ​ភ្ញាក់​រលឹក​ ប្រកប​ដោយ​សតិ និង​សម្បជញ្ញៈ ទើប​នន្ទភិក្ខុអាច​ដើម្បី​ប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌ បរិសុទ្ធ​បាន។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​មានទ្វារ​គ្រប់គ្រង​ហើយ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ​នោះ ​យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ បើនន្ទភិក្ខុ​រមិលមើល​ទៅទិសខាងកើត លុះតែ​ប្រមូល​នូវហេតុ​ទាំងអស់ ដោយចិត្ត ទើបនន្ទភិក្ខុ រមិលមើល​នូវទិស​ខាងកើត ដោយ​គំនិត​ថា ​អកុសលធម៌​ទាំងឡាយ​ដ៏លាមក គឺ​អភិជ្ឈា និង​ទោមនស្ស នឹង​មិនជាប់​តាម​អាត្មាអញ ដែល​កំពុង​រមិល​មើល​ទិសខាង​កើត​យ៉ាងនេះ។ ព្រោះ​ហេតុនោះ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ទើបឈ្មោះថា​ ជាអ្នក​មានសេចក្ដី​ដឹងខ្លួន ក្នុង​ការគ្រប់គ្រង​ទ្វារ​នោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើនន្ទភិក្ខុ​រមិល​មើលទិស​ខាងលិច រមិល​មើល​ទិសខាង​ជើង រមិល​មើល​ទិស​ខាង​ត្បូង ងើយមើល​ទៅទិស​ខាងលើ ឱន​មើលទិស​ខាងក្រោម ងាកមើល​​ទៅទិស​ជា​លំដាប់ លុះតែ​ប្រមូល​នូវ​​ហេតុទាំង​អស់​ដោយចិត្ត ទើប​នន្ទភិក្ខុ​ងាកមើល​នូវ​ទិស​ជា​លំដាប់​ ដោយ​គំនិត​ថា អកុសល​ធម៌ទាំងឡាយ​ដ៏លាមក គឺ​អភិជ្ឈា និង​ទោមនស្ស នឹង​មិន​ជាប់​តាម​អាត្មាអញ ដែល​កំពុង​ងាកមើល​ទិស​ជាលំដាប់​។​​ ព្រោះ​ហេតុនោះ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ទើបឈ្មោះ​ថា ជាអ្នក​មាន​សេចក្ដី​ដឹងខ្លួន ក្នុង​ការគ្រប់​គ្រង​ទ្វារ​យ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ មាន​ឥន្រ្ទិយ​គ្រប់គ្រងហើយ យ៉ាងនេះ​ឯង។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ស្គាល់​ប្រមាណ​ក្នុងភោជននោះ យ៉ាងនេះ ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ នន្ទភិក្ខុ​ពិចារណា ដោយ​ឧបាយ​ហើយ ទើប​បរិភោគ នូវ​អាហារ មិនមែន​ដើម្បី​លេង​ មិនមែន​ដើម្បី​ស្រវឹង មិនមែន​ដើម្បី​តាក់តែង​រាងកាយ មិនមែន​ដើម្បី​ផូរផង់ គ្រាន់តែឲ្យ​តាំងនៅ​នៃកាយនេះ ដើម្បីញុំាង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បី​បំបាត់​បង់​នូវ​សេចក្តី​លំបាក ដើម្បី​អនុគ្រោះ​ដល់​ព្រហ្មចារ្យ អាត្មាអញ នឹង​កំចាត់​បង់​នូវវេទនា​ចាស់ផង ញុំាង​វេទនាថ្មី មិនឲ្យ​កើតឡើង​បានផង ការ​ប្រព្រឹត្តិ​ទៅ​នៃ​ឥរិយាបថ​ក្ដី ការ​មិនមាន​ទោសក្ដី ការនៅ​សប្បាយ​ក្ដី នឹង​មានដល់​អាត្មាអញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ស្គាល់​ប្រមាណ​ក្នុង​ភោជន យ៉ាងនេះឯង។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុប្រកប​រឿយ ៗ​ ក្នុងការ​ភ្ញាក់រលឹក​នោះ យ៉ាង​នេះ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​សាសនា​នេះ នន្ទភិក្ខុ ជម្រះចិត្ត​ចាក​អាវរណីយធម៌ ដោយ​ការ​ចង្ក្រមន៍ ដោយការ​អង្គុយ​អស់មួយ​ថ្ងៃ ជម្រះចិត្ត​ចាក​អាវរណីយធម៌ ដោយ​ការ​ចង្រ្កមន៍ ដោយ​ការ​អង្គុយ​អស់​បឋមយាម​នៃរាត្រី សម្រេច​នូវ​សីហសេយ្យ ដោយ​ផ្អៀង​ទៅ​ខាង​ស្ដាំ តំរួត​ជើង​ដោយ​ជើង ជាអ្នក​មាន​សតិសម្បជញ្ញៈ ធ្វើទុក​ក្នុង​ចិត្ត​នូវ​ឧដ្ឋាន​សញ្ញា អស់​​មជ្ឈិមយាម​នៃរាត្រី ហើយ​ក្រោកឡើង ជម្រះចិត្ត​ចាក​អាវរណីយ​ធម៌ ដោយ​ការ​ចង្រ្កមន៍ ដោយ​ការអង្គុយ អស់​បច្ឆិមយាម​នៃរាត្រី។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​ប្រកប​រឿយ ៗ​ ក្នុង​ការភ្ញាក់​រលឹក​ យ៉ាងនេះ។

ម្នាលភិក្ខុទាំងឡាយ ហេតុដែល​នន្ទភិក្ខុ​មាន​សតិសម្បជញ្ញៈ​នោះ ​យ៉ាងនេះ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ វេទនា​កើតឡើង​ដល់​នន្ទភិក្ខុ ក៏ដឹងច្បាស់ វេទនា​ប្រាកដ​ឡើង ក៏ដឹង​ច្បាស់ ដល់​នូវ​សេចក្ដី​វិនាស ក៏ដឹង​ច្បាស់​ សញ្ញា​ដែល​កើតឡើង ក៏ដឹង​ច្បាស់ សញ្ញា​ប្រាកដ​ឡើង ក៏ដឹង​ច្បាស់ សញ្ញា​ដល់នូវ​សេចក្ដី​វិនាស ក៏ដឹង​ច្បាស់ វិតក្កៈ ដែល​កើតឡើង ក៏ដឹង​ច្បាស់ វិតក្កៈ​ដែលប្រាកដ​ឡើង ក៏ដឹង​ច្បាស់ វិតក្កៈ​ដែលដល់​នូវ​សេចក្ដី​វិនាស ក៏ដឹងច្បាស់។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដែល​នន្ទភិក្ខុ មាន​សតិសម្បជញ្ញៈ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចាំបាច់​ពោលទៅថ្វី ក្នុង​ទីដទៃ​ថា នន្ទ​ភិក្ខុ​គ្រប់​គ្រង​ទ្វារ ក្នុង​ឥន្ទ្រិយ​ទាំងឡាយ ដឹង​ប្រមាណ ក្នុងភោជន ប្រកប​រឿយៗ នូវ​ការភ្ញាក់​រលឹក​ ប្រកប​​ដោយ​សតិសម្បជញ្ញៈ ទើបនន្ទភិក្ខុ អាចប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យ​បរិបូណ៌ បរិសុទ្ធ បាន។

ការណ្ឌវសូត្រ ទី១០

[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្បែរឆ្នេរ​ស្រះបោក្ខរណី​ឈ្មោះ​គគ្គរា ជិតក្រុង​ចម្បា។ សម័យនោះ​ឯង ភិក្ខុទាំងឡាយ ​ចោទ​ភិក្ខុផងគ្នា​ដោយ​អាបត្តិ។ ភិក្ខុ​នោះ កាល​ត្រូវពួក​ភិក្ខុផងគ្នា ចោទដោយ​អាបត្តិ ក៏អាងពាក្យ​ដទៃដោយ​ពាក្យ​ដទៃ បដិសេធ​ពាក្យទៅខាងក្រៅ  ធ្វើសេចក្ដី​ក្រោធផង ទោស​ផង សេចក្ដី​មិនពេញចិត្ត​ផង​ ឲ្យ​កើត​ប្រាកដ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំង​ឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរ​បណ្ដេញនូវ​បុគ្គល​នេះចេញ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំង​ឡាយ ចូរបណ្ដេញ​នូវបុគ្គល​នេះចេញ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល (នោះ) ជាបុគ្គល​គួរ​បណ្ដេញ​ចេញ បុគ្គល​ដូចជាកូន​នៃបុគ្គល​ដទៃ រមែង​បៀតបៀន​បានទេ​ដឹង ម្នាលភិក្ខុ​ទាំង​ឡាយ ការឈាន​ទៅមុខ និង​ថយក្រោយ ការមើល​ទួទៅ​ មើលផ្សេងៗ ការបត់​អវយវៈ​ចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវសង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ​ក្នុង​សាសនា​នេះ ប្រាកដ​ដូច្នោះ ដូចដំណើរ​នៃពួក​ភិក្ខុ​ដ៏ចំរើន​ដទៃ ពួកភិក្ខុ​មិន​ឃើញនូវ​អាបត្ដិ​របស់​ភិក្ខុ​នោះ លុះកាល​ណាពួក​ភិក្ខុ ឃើញនូវ​អាបត្ដិ ភិក្ខុនោះ ក៏ដឹង​នូវភិក្ខុ​នោះ​យ៉ាង​នេះ​ថា ភិក្ខុនេះ​ជាអ្នក​ប្រទូស្ដ​ដល់​សមណៈ ដូចជា​សំដី ឬអង្កាម​ក្នុង​សមណៈ ជា​សម្រាម​ក្នុង​សមណៈ លុះពួក​ភិក្ខុដឹង​ច្បាស់​នូវភិក្ខុនោះ ដូច្នេះ​ហើយ ក៏ធ្វើឲ្យ​វិនាស ទៅខាង​ក្រៅ (ជំនុំសង្ឃ)។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អ្នកកុំ​ប្រទូស្ត​ភិក្ខុល្អ​ទាំងឡាយឯ​ទៀត​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចយ៉ាង​ស្មៅ​ដែលបង្ខូច​ស្រូវ ជាសំដី​ក្នុង​ស្រូវ ជា​សម្រាម​ដល់​ស្រូវ ដុះឡើង​ក្នុងស្រែ​នៃស្រូវ​ដ៏ល្អ គល់ស្មៅ​នោះ ក៏ដូច្នោះ​ដែរ ដូចគល់​នៃស្រូវ​ដ៏ចំរើន​ដទៃ ដើម ក៏ដូច្នោះដែរ ដូចជាដើម​នៃស្រូវ​ដ៏ចំរើន​ដទៃ ស្លឹក ក៏ដូច្នោះ​ដែរ ដូចជាស្លឹកនៃស្រូវ ដ៏ចំរើនដទៃ កំណត់ត្រឹម​គួរនៃស្មៅ​នោះ​មិនទាន់​កើត លុះកាលណា​គួរនៃ​ស្មៅនោះ​កើត​ឡើង អ្នកផង​ទើបដឹង​ស្មៅនោះ​យ៉ាងនេះ​ថា នេះជា​ស្មៅបង្ខូច​ស្រូវ ជាសំដី​ក្នុងស្រូវ ជាសម្រាម​ដល់ស្រូវ លុះអ្នកផងដឹងច្បាស់​នូវ​ស្មៅនោះ យ៉ាងនេះ​ហើយ ក៏ដក​រំលើង​ទាំងឫស​ចោល​ទៅ​ខាងក្រៅ​នៃស្រែ​ស្រូវ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា​ កុំឲ្យ​បង្ខូច​ស្រូវ​ទាំងឡាយ​ឯទៀត​បានឡើយ សេចក្ដី​នេះ យ៉ាងណា​មិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ  ការឈាន​ទៅមុខ និង​ការ​ថយក្រោយ​ ការមើល​ទួទៅ​ ការមើល​ផ្សេង ៗ ការបត់​អវយវៈចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ ក្នុង​សាសនា​នេះ ប្រាកដ​ដូចយ៉ាង​ដំណើរ នៃពួក​ភិក្ខុល្អ​ដទៃ កំណត់​ត្រឹម​ពួក​ភិក្ខុ​មិនឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ ក្នុងកាល​ណា​ពួក​ភិក្ខុ​ឃើញនូវ​អាបត្តិ​របស់​ភិក្ខុ​នោះ ក៏ដឹងនូវ​ភិក្ខុនោះ​ យ៉ាងនេះ​ថា ភិក្ខុនេះ ជា​អ្នកប្រទូស្ដ​សមណៈ ដូចជា​សំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់សមណៈ លុះពួក​ភិក្ខុដឹងច្បាស់​នូវ​ភិក្ខុនោះ ​ដូច្នេះហើយ ក៏​ធ្វើឲ្យ​វិនាស​ទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាល​នោះ ក៏យ៉ាង​នោះឯង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះថា ​កុំឲ្យ​ប្រទូស្ដ​ភិក្ខុល្អ​ទាំងឡាយ​ឯទៀត​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូច​យ៉ាងគំនរ​ស្រូវ​ដ៏ធំ ដែលគេ​កំពុង​រោយ ស្រូវណា​ក្នុង​គំនរ​ទាំងនោះ ដែល​ជាស្រូវ​សុទ្ធ ជា​ស្រូវ​មានគ្រាប់ ស្រូវទាំងនោះ ក៏ទៅជា​គំនរ​ដោយ​ឡែក ចំណែក​ស្រូវណា ជាស្រូវ​មាន​កំឡាំង​ថយ ជាសំដី​ស្រូវ ខ្យល់ក៏បក់​ស្រូវ​ទាំងនោះ ទៅជា​គំនរ​ដោយឡែក ពួក​ម្ចាស់​ក៏យកអម្បោស​ទៅបោស​ស្រូវនោះ (ឲ្យស្អាត​ចេញ) ដោយ​ក្រៃលែង។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា កុំឲ្យ​បង្ខូច​ស្រូវល្អ​ទាំងឡាយ​ឯទៀត​បានឡើយ យ៉ាងណា​មិញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ដំណើរ​ប្រាកដ​ដូច្នោះ គឺ ការឈាន​ទៅមុខ និង​ការថយ​ក្រោយ ការ​មើល​ទួទៅ ការមើល​ផ្សេង ៗ ការបត់​អវយវៈចូល ការលា​អវយវៈ​ចេញ ការទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ ចីវរ របស់​បុគ្គល​ពួកខ្លះ ក្នុងសាសនា​នេះ ប្រាកដ​ដូច​យ៉ាង​ដំណើរ​នៃពួក​ភិក្ខុល្អ​ដទៃ កំណត់​ត្រឹមពួក​ភិក្ខុ​មិនឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ លុះ​កាលណា​ពួកភិក្ខុ​ឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ ក៏ដឹង​ភិក្ខុនោះ​យ៉ាងនេះ​ថា ភិក្ខុនេះ​ជាអ្នក​ប្រទូស្ដ​សមណៈ ដូច​ជាសំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់សមណៈ លុះពួក​ភិក្ខុដឹង​ច្បាស់នូវ​ភិក្ខុនោះ​ដូច្នេះហើយ ធ្វើឲ្យ​វិនាស​ទៅ​ខាងក្រៅ (ជំនុំសង្ឃ) ក្នុងកាល​នោះ ក៏យ៉ាង​នោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា កុំឲ្យប្រទូស្ដពួក​ភិក្ខុល្អ​ទាំងឡាយ​ឯទៀតបាន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចយ៉ាង​បុរសត្រូវ​ការថាំង​សម្រាប់ដង​ទឹក​អណ្ដូង ក៏ត្រូវ​កាន់​យក​ដឹង​ដ៏មុត ចូលទៅ​ព្រៃ បុរសនោះ គោះមើល​ឈើនោះ ដោយ​ស្លាប​ដឹង។ ឈើ​ទាំង​នោះ ឈើណា​ជាឈើ​មាំមួន មានខ្លឹម ឈើទាំងនោះ កាលត្រូវ​គេគោះ​ដោយ​ស្លាប​ដឹង​ហើយ ក៏បញេ្ចញ​សូរបែប​រឹងតាន់។ ចំណែក​ឈើ​ទាំងឡាយ​ណា ជាឈើ​ស្អុយក្នុង ជា​ឈើពុក ជាឈើ​ជ្រោកជ្រាក ឈើទាំង​នោះ កាលត្រូវ​គេគោះ​ដោយ​ស្លាបដឹង​ហើយ ក៏​បញេ្ចញ​សូរ​បែបព្រុក ៗ។ បុរសនោះ ក៏កាត់យក​ឈើនោះ​ត្រង់​គល់ លុះកាត់​គល់​ហើយ ទើប​កាត់​ចុង ​លុះកាត់​ចុងហើយ ទើប​សំអាត​ខាងក្នុង​ឲ្យស្អាត លុះសំអាត​ខាង​ក្នុង​ឲ្យ​ស្អាត​ហើយ ទើបធ្វើទៅ​ជាថាំង​សម្រាប់​ដងទឹក​អណ្ដូង យ៉ាងណា។ ម្នាលភិក្ខុ​ទាំងឡាយ ការឈាន​​ទៅមុខ និងការ​ថយក្រោយ ការមើល​ទួទៅ ការមើល​ផ្សេង ៗ ការបត់​អវយវៈ​ចូល ការ​លាអវយវៈ​ចេញ ការ​ទ្រទ្រង់​នូវសង្ឃាដិ បាត្រ ចីវរ តែងមាន​ដល់បុគ្គល​ពួកខ្លះ ក្នុង​សាសនា​នេះ ប្រាកដ​ដូចយ៉ាង​ដំណើរ​នៃ​ពួកភិក្ខុ​ល្អដទៃ កំណត់​ត្រឹមពួក​ភិក្ខុ​​មិនទាន់​ឃើញ​នូវ​អាបត្តិ​របស់ភិក្ខុ​នោះ លុះកាល​ណា ពួកភិក្ខុឃើញ​នូវអាបត្តិ​របស់ភិក្ខុ​នោះ​ហើយ ក៏ដឹងនូវ​ភិក្ខុនោះ យ៉ាងនេះ​ថា ភិក្ខុនេះ ជាអ្នក​ប្រទូស្ដ​សមណៈ ដូចជា​សំដី ឬ​អង្កាម​ក្នុង​សមណៈ ជាសម្រាម​ដល់​សមណៈ លុះពួក​ភិក្ខុ ដឹងច្បាស់​នូវ​ភិក្ខុ​នោះ ដូច្នេះហើយ ធ្វើឲ្យ​វិនាស​ទៅខាងក្រៅ (ជំនុំសង្ឃ) ក្នុង​កាលនោះ ក៏យ៉ាង​នោះដែរ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ព្រោះថា កុំឲ្យ​ប្រទូស្ដ​ពួកភិក្ខុ​ល្អ​ឯទៀត​បាន​ឡើយ។

ដោយ​ការនៅ​រួមគ្នា បុគ្គល​គប្បី​ដឹងថា បុគ្គល​មាន​ប្រាថា្ន​ដ៏លាមក មាន​សេចក្ដី​ក្រោធ ជាអ្នក​លុបគុណ រឹងត្អឹង លើកខ្លួន ច្រណែន មានសេចក្ដី​កំណាញ់ ជាអ្នក​អួតអាង មាន​សំដីទន់ភ្លន់ និយាយ​ក្នុងកណ្ដាល​ប្រជុំជន ដូចជា​សមណៈ តែជាអ្នក​មានទិដ្ឋិ​អាក្រក់ មិនអើពើ (ក្នុងធម៌វិន័យ) ជាបុគ្គល​រឡេម​រឡាម ពោលនូវ​ពាក្យកុហក តែង​ធ្វើ​នូវ​អំពើ (អាក្រក់) ក្នុងទី​ស្ងាត់ យ៉ាងណា អ្នក​ទាំងឡាយ ទាំងអស់គ្នា លុះ​ដឹងច្បាស់​នូវពាក្យ​នោះ យ៉ាង​ណាហើយ គួរជាអ្នក​ព្រមព្រៀង​គ្នា ចូរបណ្ដេញ​នូវបុគ្គលនោះ​ចេញ កំចាត់​បង់​នូវ​បុគ្គល​ដូចជា​សម្រាម កំចាត់បង់​នូវបុគ្គល​ជ្រោកជ្រាក​ចេញ លំដាប់​អំពី​នោះ អ្នក​ទាំងឡាយ ចូរបន្សាត់​នូវបុគ្គល​ទាំងឡាយ ដូចជាសំដី ឬអង្កាម មិនមែន​ជា​សមណៈ​ លើក​ខ្លួនថាជា​សមណៈ​នោះចេញ លុះអ្នក​ទាំងឡាយ កំចាត់បង់​នូវបុគ្គល​ប្រាថ្នា​លាមក​មាន​អាចារៈ និងគោចរៈដ៏លាមកចេញ​ហើយ ជាអ្នក​មាន​ស្មារតី ចូរកំណត់​នូវ​ការនៅរួមគ្នា​ដោយ​បុគ្គល​បរិសុទ្ធ និង​មិនបរិសុទ្ធ គួរជា​អ្នក​ព្រមព្រៀង​គ្នា មាន​ប្រាជ្ញា​ដ៏ខ្ជាប់ខ្ជួន និងធ្វើនូវ​ទីបំផុត​នៃទុក្ខ​បាន។

ចប់ មេត្តាវគ្គ ទី១។

ឧទ្ទានក្នុងមេត្តាវគ្គនោះគឺ

និយាយ​អំពីអានិសង្សមេត្តាចេតោសមាធិ ១ អំពី​ការបាន​បញ្ញា​ ពីរលើក អំពី​បុគ្គល​ជាទី​ស្រឡាញ់​ ពីរលើក អំពី​បុគ្គល​មិនជាទី​ស្រឡាញ់​ ពីរលើក អំពី​លោកធម៌ និង​ការប្រាស​ចាក​លោកធម៌ ១ អំពី​ទេវទត្ត ១ អំពី​ព្រះឧត្ដរៈ ១ អំពីព្រះនន្ទៈ ១ អំពី​សមណៈ​ដូចជា​សម្រាម ១។

មហាវគ្គ

វេរញ្ជសូត្រ ទី១

[១១] ខ្ញុំបានស្ដាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្បែរ​ដើមស្ដៅ ជាលំនៅ​របស់​នឡេរុយក្ស ជិតស្រុកវេរញ្ជា។ គ្រានោះ វេរញ្ជព្រាហ្មណ៍  ចូល​សំដៅ​ទៅត្រង់​ទី ដែល​ព្រះដ៏មានព្រះភាគ​គង់ លុះ​ចូលទៅ​ដល់ហើយ ធ្វើ​សេចក្ដី​រីករាយ ជាមួយនឹង​ព្រះដ៏មានព្រះភាគ​ លុះបញ្ចប់​ពាក្យដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ទើប​អង្គុយ​ក្នុងទី​ដ៏សមគួរ។ កាលដែល​វេរញ្ជព្រាហ្មណ៍ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ បានក្រាបទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំបាន​ឮពាក្យថា ព្រះសមណ​គោតម មិនសំពះ  មិនក្រោក​ទទួល​ព្រាហ្មណ៍ទាំង​ឡាយ ដែល​ចាស់ជរា​ ជាព្រឹទ្ធាចារ្យ​មានអាយុ​ច្រើន រស់នៅ​បានយូរ​ឆ្នាំ​មកហើយ មាន​អាយុ​ជ្រុលចូល​ក្នុង​បច្ឆិម​វ័យហើយ ទោះបី​គ្រាន់តែ​អញ្ជើញហៅ​រក​ព្រាហ្មណ៍​ទាំងនោះ ឲ្យ​អង្គុយ​លើអាសនៈ (ព្រះអង្គ​ក៏មិនធ្វើ) បពិត្រ​ព្រះគោតម​ដ៏ចំរើន ពាក្យ​ដែលខ្ញុំបាន​ឮមក​នោះ ជាប្រាកដថា ព្រះគោតម​ដ៏ចំរើន​មិនសំពះ មិនក្រោក​ទទួល​ព្រាហ្មណ៍​ទាំងឡាយ ដែល​ចាស់ជរា ជាព្រឹទ្ធាចារ្យ​មានអាយុ​ច្រើន រស់នៅ​បានយូរ​ឆ្នាំមក​ហើយ មានអាយុ​ជ្រុលចូលមក​ក្នុង​បច្ឆិមវ័យ​ហើយ ថាសូម្បី​ត្រឹមតែអញ្ជើញ​ហៅរក​ព្រាហ្មណ៍​ទាំងនោះ​ដោយ​អាសនៈ (ព្រះអង្គ​ក៏មិនធ្វើ) បពិត្រ​ព្រះគោតម​ដ៏ចំរើន កិច្ច មាន​មិនសំពះ​ជាដើម​នោះ  ជា​ទំនង​ពុំសមគួរ​ឡើយ។ ព្រះដ៏មានព្រះភាគ​ត្រាស់ថា ម្នាលព្រាហ្មណ៍ ក្នុង​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជា​សម្មតិទេព និង​មនុស្សដ៏សេស តថាគត មិនឃើញ​អ្នកណាមួយ ល្មមឲ្យ​តថាគត​សំពះ ឬ​ក្រោកទទួល ឬអញ្ជើញ​ហៅរក​ឲ្យអង្គុយ​លើអាសនៈ​ឡើយ ម្នាលព្រាហ្មណ៍ ព្រោះថា បើ​តថាគត​សំពះអ្នកណា ឬក្រោក​ទទួល​អ្នកណា ឬក៏​អញ្ជើញ​ហៅរក​ដោយ​អាសនៈ ក្បាលរបស់​អ្នកនោះ នឹង​ដាច់​ធ្លាក់ចេញចាក​ក។ វេរញ្ជព្រាហ្មណ៍ ក៏ពោល​ពាក្យ​ច្រឡោះបោះ ទៅរក​ព្រះសាស្ដា​ថា ព្រះគោតម​ដ៏ចំរើន ជា​មនុស្ស​សោះកក្រោះ ឥត​រសជាតិ​ទេតើ។ ព្រះដ៏មានព្រះភាគ​ ត្រាស់​តបថា ម្នាល​ព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជាទំនង​គួរឲ្យ​អ្នកផង​គេថា​ ព្រះសមណ​គោតម ជាមនុស្ស​សោះ​កក្រោះ ឥតរសជាតិ ដែល​គេថា​នោះ ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​រសជាតិ  គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ទាំងប៉ុន្មាន​នោះ តថាគត​បានលះស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើមិនឲ្យមាន​ទីកើត ដូចជា​ដើមត្នោត ដែល​គេគាស់​រំលើង ឲ្យលែងដុះ​តទៅ​ទៀត​ហើយ ជាធម៌​លែងមាន​បែបភាព​តទៅទៀត​ហើយ ជាធម៌​លែងមាន​​កំណើត​តទៅ​មុខ​ទៀត​ហើយ ម្នាល​ព្រាហ្មណ៍ ដែលអ្នក​ផង​គេថា ព្រះសមណ​គោតម ជាមនុស្ស​សោះ​កក្រោះ ឥតមាន​រសជាតិ​នោះ គឺ​ត្រូវត្រង់​ហេតុនេះ​ឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុដែល​ព្រាហ្មណ៍​ឯង និយាយ​ដៅនោះទេ។ ព្រាហ្មណ៍​ពោលថា​ ព្រះគោតម​ដ៏ចំរើន គ្មានគ្រឿង​ប្រើ​ការ​ទេតើ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់ត្រាស់​តបថា ម្នាល​ព្រាហ្មណ៍ ពិតមែន មានហេតុ​ជាទំនង​គួរឲ្យ​អ្នកផង​គេថា ព្រះសមណ​គោតម ជាមនុស្ស​ប្រើការ​មិនកើត ដែលគេថា​នោះ ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​គ្រឿង​ប្រើការ គឺរូប សំឡេង ក្លិន រស ផោដ្ឋព្វ ទាំង​ប៉ុន្មាននោះ តថាគត បានលះស្រឡះហើយ បាន​ផ្ដាច់ផ្ដិលឫសគល់អស់​ហើយ បានធ្វើមិនឲ្យមាន​ទី​កើត ដូចជា​ដើមត្នោត​ដែលគេ​គាស់​រំលើង ឲ្យលែងដុះ​តទៅទៀត​ហើយ ជាធម៌​លែង​មាន​បែប​ភាព​តទៅទៀត​ហើយ ជាធម៌​មិនមាន​កំណើត​តទៅខាង​មុខ​ទៀតទេ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេថា ព្រះសមណ​គោតម ជា​មនុស្ស​ប្រើការ​មិនកើត​នោះ គឺ​ជាសំដីត្រូវ​ត្រង់​ហេតុ​នេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុ ដែលអ្នកនិយាយ​សំដៅនោះ​ទេ។ ព្រាហ្មណ៍​ពោល​ថា​ ព្រះ​គោតម​ដ៏ចំរើន ជា​អកិរិយវាទ​ទេតើ។ ព្រះសាស្ដាទ្រង់​ត្រាស់តបថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មានហេតុ​ជា​ទំនង​គួរឲ្យអ្នក​​ផងគេថា ព្រះសមណ​គោតម ជាអកិរិយវាទ ដែល​គេថានោះ​ ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ​ពីព្រោះ​តថាគត​ ប្រកាន់​និយាយ​ហាមឃាត់​ថា មិន​ត្រូវ​អ្នកណា​​មួយ ធ្វើកាយទុច្ចរិត​ វចីទុច្ចរិត មនោទុច្ចរិត​ឡើយ តែង​និយាយ​ហាមឃាត់​ថា មិនត្រូវ​អ្នកណាមួយ​ ​ធ្វើនូវធម៌​ទាំងឡាយ ជា​អកុសល​អាក្រក់​ច្រើនប្រការ​នោះ​ឡើយ ម្នាល​ព្រាហ្មណ៍ ​ដែលអ្នកផង​​គេថា ​​ព្រះសមណ​គោតម ​ជាអកិរិយវាទ​នោះ គឺ​ជាសំដី​ត្រូវ​ត្រង់​ហេតុ​​នេះឯង ​ប៉ុន្តែមិន​មែនត្រូវត្រង់​ហេតុ​ដែលអ្នក​និយាយ​សំដៅ​នោះទេ។

ព្រាហ្មណ៍​ពោលថា ​ព្រះគោតម​ដ៏ចំរើន ​ជាឧច្ឆេទវាទទេតើ។ ព្រះសាស្ដា​ទ្រង់​ត្រាស់​តបថា​ ​ម្នាល​ព្រាហ្មណ៍ ពិតមែន មានហេតុ​ជាទំនង​​គួរឲ្យ​អ្នកផង​គេថា​​​ ព្រះសមណ​គោតម ជាឧច្ឆេទវាទ ដែលគេ​ថា​នោះ ត្រូវហើយ ​​ម្នាល​ព្រាហ្មណ៍​ ពីព្រោះ​តថាគត​​ប្រកាន់​និយាយ​ថា​ ឲ្យសត្វ​កាត់ផ្ដាច់ផ្ដិលនូវរាគៈ  ទោសៈ  មោហៈ  តថាគត តែងនិយាយថា ឲ្យ​សត្វ​កាត់ផ្ដាច់ផ្ដិលនូវ​ធម៌ទាំងឡាយ ជា​អកុសល​អាក្រក់​ច្រើនយ៉ាង​នេះចេញ ម្នាល​ព្រាហ្មណ៍ ​ដែលអ្នកផង​គេថា ​ព្រះ​សមណ​គោតម ជា​ឧច្ឆេទវាទ​នោះ គឺត្រូវ​ត្រង់ហេតុ​នេះ​ឯង ​ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុដែល​អ្នក​និយាយសំ​ដៅនោះទេ​។ ​ព្រាហ្មណ៍​ពោលថា​ ​ព្រះ​គោតម​ដ៏ចំរើន ​ជាអ្នក​ខ្ពើមរអើម (ណាស់) ទេតើ។ ព្រះសម្ពុទ្ធទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពិតមែន ​មានហេតុ​ជា​ទំនង​គួរ​ឲ្យអ្នក​ផង​គេថា ​ព្រះសមណ​គោតម ជាអ្នក​ខ្ពើមរអើម​ ដែល​គេ​ថា​នោះ ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ​ពីព្រោះ​តថាគត​​តែងនិយាយ​ថា គួរខ្ពើម​រអើម​សេចក្ដី​ប្រព្រឹត្តិអាក្រក់​ដោយ​កាយ ​វាចា ​ចិត្ត​ តថាគត​តែងនិយាយ​ថា គួរខ្ពើមរអើម​សេចក្ដី​ប្រកប​ចិត្ត ផ្ដេកផ្ដិតទៅរក​អកុសល​ធម៌​ទាំងឡាយដ៏​អាក្រក់​ច្រើន​ប្រការ ​ម្នាល​ព្រាហណ៍ ដែល​អ្នកផង​គេថា​ ព្រះសមណ​គោតម ជាអ្នក​ខ្ពើមរអើម​នោះ គឺត្រូវ​ត្រង់ហេតុ​នេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុដែលអ្នក​និយាយ​សំដៅ​នោះទេ​។ ព្រាហ្មណ៍​ពោលថា ​​ព្រះគោតម​ដ៏ចំរើន ជាអ្នក​បំផ្លាញ​ទេតើ។ ​ព្រះលោកនាថ​ជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពិតមែន មានហេតុជាទំនង ​គួរឲ្យ​អ្នកផងគេ​ថា​​​ ព្រះសមណ​គោតម ជាអ្នក​បំផ្លាញ ដែលគេថានោះ​ត្រូវហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​តថាគត​សំដែងធម៌​ចំពោះ​ផ្លូវ​ប្រតិបត្តិ​ ដែលបំផ្លាញ​បង់នូវរាគៈ ​ទោសៈ មោហៈ​ តថាគត​សំដែងធម៌​ចំពោះផ្លូវ​ប្រតិបត្តិ ដែល​រំលាយ​បង់នូវ​អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើនប្រការ ម្នាល​ព្រាហ្មណ៍ ដែល​អ្នកផង​គេថា ​ព្រះសមណ​គោតម ​ជាអ្នក​បំផ្លាញនោះ គឺត្រូវ​ត្រង់​ហេតុនេះឯង ប៉ុន្តែ​មិន​មែន​ត្រូវត្រង់​ហេតុដែល​អ្នកនិយាយ​សំដៅ​នោះទេ។ ព្រាហ្មណ៍​ពោលថា ព្រះគោតម​ដ៏ចំរើន ជាអ្នក​ដុតកំដៅ​ទេតើ។ ព្រះសព្វញ្ញូ​ទ្រង់ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជាទំនង គួរឲ្យ​អ្នកផង​គេថា​​ ព្រះសមណ​គោតម ជាអ្នកដុត​កំដៅ ដែល​គេថានោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​តថាគត​ប្រកាន់​និយាយ​ថា ការប្រព្រឹត្តិអាក្រក់​ដោយ​កាយ វាចា ចិត្ត ជាទីតាំង​នៃសេចក្ដី​ក្ដៅក្រហាយ ជា​អកុសល​ធម៌​ដ៏អាក្រក់ អកុសល​ធម៌​ទាំង​ឡាយ​ដ៏អាក្រក់ ដែល​ជាទីតាំង​នៃសេចក្ដី​ក្ដៅក្រហាយ (នោះ) បើអ្នក​ណា​បាន​លះបង់​ស្រឡះ​ហើយ បានផ្ដាច់ផ្ដិលឫស​គល់អស់​ហើយ បានធ្វើ​មិនឲ្យ​មាន​ទីកើត​ដូចជា​ដើម​ត្នោត ដែល​គេគាស់​រំលើង ឲ្យ​លែងដុះ​តទៅទៀត​ហើយ បានធ្វើ​ឲ្យ​លែង​មាន​បែប​ភាព​តទៅទៀត​ហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅខាង​មុខ​ទៀត​ហើយ តថាគត​ហៅអ្នកនោះ​ថា អ្នកដុត​កំដៅ ម្នាល​ព្រាហ្មណ៍ អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់ ជា​ទីតាំង​នៃសេចក្ដី​ក្ដៅក្រហាយ តថាគត​បានលះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫស​គល់អស់​ហើយ បានធ្វើ​មិនឲ្យ​មានទីកើត ដូចជា​ដើមត្នោត ដែល​គេគាស់​រំលើង ឲ្យ​លែង​ដុះ​តទៅ​ទៀត​ហើយ បានធ្វើឲ្យ​លែងមាន​បែបភាព​តទៅទៀត​ហើយ ឲ្យ​ជាធម៌​លែងមាន​កំណើត​តទៅខាង​មុខទៀតហើយ ម្នាល​ព្រាហ្មណ៍​ ​ដែល​អ្នកផង​គេថា ព្រះ​សមណ​គោតម ជាអ្នក​ដុតកំដៅ​នោះ គឺត្រូវត្រង់​ហេតុនេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុ ដែល​អ្នក​និយាយ​សំដៅ​នោះទេ។ ព្រាហ្មណ៍​ពោលថា ព្រះ​គោតម​ដ៏ចំរើន ជា​មនុស្សឥត​​កំណើត​ទេតើ។ ព្រះដ៏មានជោគ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ពិតមែន មាន​ហេតុ​ជា​ទំនងគួរ​ឲ្យអ្នកផង​គេថា​​ ព្រះសមណ​គោតម ជា​មនុស្ស​ឥត​កំណើត ដែល​គេថា​នោះ ត្រូវ​ហើយ ម្នាល​ព្រាហ្មណ៍ ពីព្រោះ​កិរិយាដេក​ក្នុងគភ៌តទៅទៀត​ ដំណើរ​​កើត​ក្នុង​ភពត​ទៅ​ទៀត បើអ្នកណា​បានលះ​បង់ស្រឡះ​ហើយ បានផ្ដាច់​ផ្ដិលឫស​គល់អស់​ហើយ បាន​ធ្វើ​មិនឲ្យ​មាន​ទីកើត ដូចដើមត្នោត​ដែល​គេគាស់​រំលើង​ឲ្យលែងដុះ​តទៅទៀត​ហើយ ​ធ្វើឲ្យ​លែង​មាន​បែបភាព​តទៅទៀត​ហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅទៀត​ហើយ តថាគតហៅ​អ្នកនោះ​ថា អ្នក​ឥតកំណើត ម្នាល​ព្រាហ្មណ៍ កិរិយាដេក​ក្នុងគភ៌​តទៅទៀត ដំណើរ​កើត​ក្នុងភព​តទៅមុខទៀត តថាគត​បាន​លះបង់ស្រឡះ​ហើយ បានផ្ដាច់ផ្ដិល​ឫស​គល់​អស់ហើយ បានធ្វើ​មិនឲ្យ​មានទីកើត​ ដូចជាដើមត្នោត​ដែលគេ​គាស់​រំលើង ឲ្យ​លែង​ដុះតទៅ​ទៀតហើយ បានធ្វើ​ឲ្យលែង​មានបែប​ភាព​តទៅទៀត​ហើយ ឲ្យជាធម៌​លែងមាន​កំណើត​ទៅខាង​មុខ​ទៀតហើយ ម្នាល​ព្រាហ្មណ៍ ដែលអ្នក​ផងគេថា ព្រះ​សមណគោតម ជា​មនុស្ស​ឥតកំណើត​នោះ គឺត្រូវត្រង់​ហេតុ​នេះឯង ប៉ុន្តែ​មិនមែន​ត្រូវត្រង់​ហេតុ ដែល​អ្នក​និយាយ​សំដៅ​នោះទេ។ ម្នាល​ព្រាហ្មណ៍ ដូចជា​ស៊ុត​មាន់​ទាំងឡាយ ៨ក្ដី ១០ក្ដី ១២ក្ដី ស៊ុត​មាន់ទាំងនោះ គឺ​មេមាន់​ក្រាប​ដោយប្រពៃហើយ ធ្វើឲ្យ​កក់ក្ដៅ ដោយប្រពៃហើយ ឲ្យ​ចាប់​ក្លិនមេ ដោយប្រពៃហើយ (លុះដល់​វេលា​ញាស់) ក៏បណ្ដាកូនមាន់​ទាំងនោះ កូនមាន់​ណា ទំលាយ​សម្បកស៊ុត ដោយចុង​ក្រចកជើង ឬ​ដោយចុង​ចំពុះ ហើយ​ញាស់ចេញមក​ដោយស្រួល​មុនគេ​បំផុត បើដូច្នេះ តើអ្នកផង​គួរហៅកូន​មាន់នោះថា កូនច្បង ឬ​កូន​ពៅហៈ!។ ព្រាហ្មណ៍​ក្រាបទូលថា បពិត្រ​ព្រះគោតម​ដ៏ចំរើន (កូនមាន់នោះ) គេគួរ​ហៅថា កូន​ច្បង បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីព្រោះ​វាជា​បងគេ​បំផុត។ ព្រះសាស្ដា​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ កាលបើ​ពពួកសត្វ ដូចជាស៊ុត (មាន់) មាន​អវិជ្ជា គឺសេចក្ដី​ល្ងង់ ដូចជា​សម្បកស៊ុត កំពុង​រួបរឹត ក្នុងលោក​មានតែ​តថាគត​ម្នាក់ឯង ដែល​ទំលាយ​សម្បក​ស៊ុត គឺ​សេចក្ដី​ល្ងង់ ហើយត្រាស់ដឹង​ខ្លួនឯង ដោយប្រពៃ នូវ​សម្មាសម្ពោធិញ្ញាណ ដែល​មិនមាន​គុណជាត​ឯទៀត​ប្រសើរជាង​ឡើយ ម្នាលព្រាហ្មណ៍ តថាគតឯង ជាចម្បង ជាបុគ្គល​ប្រសើរបំផុត​ជាងសត្វ​លោក ម្នាលព្រាហ្មណ៍ ព្យាយាម តថាគតបានតាំង​ផ្ដើមហើយ មិន​បន្ធូរ​បន្ថយ​ឡើយ ទាំងស្មារតី តថាគត​ក៏ប្រុង​មិនឲ្យមាន​ភ្លាត់ កាយសោត ក៏ស្ងប់​រម្ងាប់ មិនក្រវល់​ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្ត​មានអារម្មណ៍​តែមួយ ម្នាល​ព្រាហ្មណ៍ តថាគត​នោះ លុះស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់ចាកធម៌​ទាំងឡាយ​ជា​អកុសលហើយ ក៏ចូលបឋមជ្ឈាន ដែល​ប្រកបដោយ​វិតក្កវិចារៈ មានបីតិ និង​សុខ ដែលកើត​អំពើ​សេចក្ដី​ស្ងប់ស្ងាត់ ព្រោះ​រម្ងាប់វិតក្កវិចារៈ តថាគត បានចូល​ដល់​ទុតិយជ្ឈាន ជាធម្មជាត​កើតមាន​ក្នុង​​សន្ដាន ចិត្ត​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា មាន​សភាព​ជាចិត្ត​ខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែបីតិ និង​សុខ កើតអំពី​សមាធិ ព្រោះ​លះបង់​បីតិ​ចេញ​ហើយ តថាគត ជាបុគ្គល​ព្រងើយផង មានសតិ សម្បជញ្ញៈផង សោយសុខ​ដោយនាមកាយ​ផង ព្រះ​អរិយ​ទាំងឡាយ តែងសរសើរ​នូវបុគ្គល ដែល​បាននូវ​តតិយជ្ឈាន​នោះថា បុគ្គល​អ្នកបាន​តតិយជ្ឈាន មានចិត្ត​ព្រងើយ មានស្មារតី មានប្រក្រតី​នៅជាសុខ ព្រោះ​តតិយជ្ឈាន​ណា តថាគត ក៏បានដល់​នូវ​តតិយជ្ឈាន​នោះ ព្រោះលះបង់​នូវសេចក្ដី​សុខ​ផង ព្រោះលះបង់​នូវសេចក្ដី​ទុក្ខផង ព្រោះ​រំលត់​នូវសោមនស្ស និង​ទោមនស្ស​អំពីមុន​ផង តថាគត​បានចូល​ដល់​ចតុត្ថជ្ឈាន ដែល​ឥតទុក្ខ ឥតសុខ មាន​សតិ​ដ៏ស្អាត ប្រាកដ​ចំពោះ​ត្រង់​ឧបេក្ខា កាលដែលចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ​ផូរផង់ មិនមាន​កិលេស ប្រាសចាក​សេចក្ដី​សៅហ្មង ជាចិត្តទន់ សមគួរ​ដល់កម្ម ជាចិត្ត​នឹងធឹង​ មិនញាប់ញ័រ​យ៉ាងនេះហើយ តថាគត ក៏បានបង្អោន​ចិត្តចូលទៅ​ក្នុងបុព្វេនិវាសានុស្សតិញ្ញាណ តថាគត ក៏រលឹក​ជាតិ ដែលបាន​អាស្រ័យ​នៅអំពីមុន ជាអនេកជាតិ គឺ​រលឹកបាន ១ជាតិ ​​២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ​ក៏បាន រលឹក​បានច្រើន​សំវដ្ដកប្ប ច្រើន​វិវដ្ដកប្ប ច្រើន​សំវដ្ដវិវដ្ដកប្ប​ក៏បាន ដូច្នេះ​ថា​ តថាគត​បានកើត​ក្នុងភព​ឯណោះ មានឈ្មោះ​យ៉ាងនេះ មានគោត្ត​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ សោយសុខ​ទុក្ខយ៉ាងនេះ មានកំណត់​អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាកអត្តភាព​នោះហើយ បានទៅកើត​ក្នុងភពឯណោះ ដែល​ទៅកើតក្នុង​ភពនោះ តថាគត មានឈ្មោះ​យ៉ាងនេះ មានគោត្ត​យ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មាន​អាហារយ៉ាងនេះ បានសោយសុខ ទុក្ខយ៉ាងនេះ មានកំណត់អាយុ​ប៉ុណ្ណេះ តថាគត​ច្យុតចាក​អត្តភាព​នោះហើយ មកកើត​ក្នុងភពនេះ។ តថាគតរលឹក​តាមនូវជាតិ ដែល​អាស្រ័យ​នៅពីមុន​បានច្រើន​ជាតិ ព្រម​ទាំងអាការ ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ។ ម្នាល​ព្រាហ្មណ៍ បឋមវិជ្ជា​នេះហើយ ដែល​តថាគត បានក្នុង​យាមជាដំបូង​នៃរាត្រី អវិជ្ជា​ខ្ចាត់បាត់​ទៅ វិជ្ជា​ក៏កើតឡើង ងងឹត​ខ្ចាត់បាត់ទៅ ពន្លឺក៏​កើតឡើង ដល់​តថាគត​ ដូចជា​បុគ្គល​ដែលមិន​ប្រហែសធ្វេស ខំប្រឹងដុត​បំផ្លាញ​កិលេស មានចិត្ត​បញ្ជូនទៅ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាការ​ញាស់​ចេញជាដំបូង របស់តថាគត ដូចជា​កូនមាន់​ញាស់ចេញ​ចាកសម្បក​ស៊ុត។ កាលដែលចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមាន​កិលេស ប្រាសចាក​សេចក្ដី​សៅហ្មង ជាចិត្តទន់​ សមគួរ​ដល់កម្ម ជាចិត្ត​នឹងធឹង មិនញាប់ញ័រ​យ៉ាងនេះ​ហើយ តថាគត ទើបបង្អោនចិត្ត ដើម្បី​ដឹងនូវ​ចុតិ និង​បដិសន្ធិ​នៃសត្វ​ទាំងឡាយ (ចុតូបបាតញ្ញាណ)។ តថាគត​ពិចារណា​មើលនូវសត្វ​ទាំងឡាយ ដែល​ច្យុត និង​ចាប់​បដិសន្ធិ ថោកទាប និងឧត្ដម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់​សុគតិ និង​ទុគ្គតិ ដោយ​ចក្ខុ​ដូចជា​ទិព្វ ដ៏បរិសុទ្ធ ក្រៃលែង​ជាងចក្ខុ​របស់​មនុស្ស​សាមញ្ញ ក៏ដឹងច្បាស់​នូវសត្វ​ទាំងឡាយ ដែលអន្ទោល​ទៅតាមកម្ម​ថា អើហ្ន៎! សត្វទាំងឡាយ​អម្បាល​នេះ ប្រកប​ដោយ​កិរិយា​ប្រព្រឹត្ត​អាក្រក់​ដោយកាយ ដោយវាចា ដោយចិត្ត និយាយ​តិះដៀល​អរិយបុគ្គល​ទាំងឡាយ ជាមិច្ឆាទិដ្ឋិ  ប្រកាន់មាំ​នូវកម្ម ជា​មិច្ឆាទិដ្ឋិ សត្វ​ទាំងនោះ លុះ​រំលាង​ខន្ធ បន្ទាប់​អំពី​មរណៈ ក៏ទៅកើត​ឯអបាយ ទុគ្គតិ វិនិបាត នរក មួយសោត ឱហ្ន៎‌! សត្វទាំងឡាយ​នេះ ប្រកប​ដោយកិរិយា​ប្រព្រឹត្តល្អ ដោយកាយ ដោយវាចា ដោយចិត្ត មិនតិះ​ដៀល​អរិយបុគ្គល​ទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំ​នូវកម្មជា​សម្មាទិដ្ឋិ សត្វទាំងនោះ លុះ​រំលាង​ខន្ធ បន្ទាប់​អំពីមរណៈ ក៏ទៅកើត​ឯឋាន​សុគតិ សួគ៌ ទេវលោក។ តថាគត​ពិចារណា​មើលសត្វ​ទាំងឡាយ ដែលច្យុត និងចាប់​បដិសន្ធិ ថោកទាប និង​ឧត្ដម មាន​សណ្ឋានល្អ និង​អាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយ​ចក្ខុដូចជា​ទិព្វ ដ៏បរិសុទ្ធ​ក្រៃលែង​ជាង​ចក្ខុរបស់​មនុស្ស​សាមញ្ញ ក៏ដឹងច្បាស់​នូវ​សត្វទាំងឡាយ ដែល​អន្ទោលទៅ​តាមកម្ម ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ព្រាហ្មណ៍ វិជ្ជាទី២ នេះហើយ ដែលតថាគត​បានក្នុង​យាម​ជា​កណ្ដាល​នៃរាត្រី អវិជ្ជាខ្ចាត់​បាត់ទៅ វិជ្ជា ក៏កើតឡើង ងងឹត​ខ្ចាត់បាត់ទៅ ពន្លឺ​ក៏កើតឡើង ដល់តថាគត ដូចជាបុគ្គល​មិនប្រហែស​ធ្វេស ខំប្រឹងដុត​បំផ្លាញកិលេស មានចិត្ត​បញ្ជូន​ទៅ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាការ​ញាស់ចេញ ជាគំរប់ ២ របស់តថាគត ដូចជា​កូនមាន់ ដែលញាស់ចេញ​ចាកសម្បកស៊ុត។ កាលដែលចិត្ត​ខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមាន​កិលេស ប្រាសចាក​សេចក្ដី​សៅហ្មង ជាចិត្តទន់ សមគួរ​ដល់កម្ម ជាចិត្តនឹងធឹង មិន​ញាប់ញ័រ យ៉ាងនេះហើយ តថាគត ទើប​បង្អោនចិត្ត​ទៅ ដើម្បីដឹង​នូវធម៌​ជាគ្រឿង​អស់ទៅ​នៃ​អាសវៈ​ទាំងឡាយ (​អាសវក្ខយញ្ញាណ)។ តថាគត​ដឹងប្រាកដ​តាមពិតថា នេះ​ជា​ទុក្ខ ដឹងប្រាកដ​តាមពិតថា នេះជា​ហេតុនាំឲ្យ​កើតទុក្ខ ដឹង​ប្រាកដ​តាម​ពិតថា នេះ​ជា​សេចក្ដី​រំលត់ទុក្ខ ដឹង​ប្រាកដតាម​ពិតថា នេះ​ជា​ឧបាយឲ្យ​បានដល់​នូវ​សេចក្ដី​រលត់ទុក្ខ ដឹង​ប្រាកដតាម​ពិតថា ធម៌​ប៉ុណ្ណេះ​ជាអាសវៈ ​ដឹង​ប្រាកដ​តាមពិតថា ធម៌នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ ដឹង​ប្រាកដ​តាម​ពិតថា នេះ​ជាសេចក្ដី​រលត់​នៃអាសវៈ ដឹង​ប្រាកដ​តាម​ពិតថា នេះជា​ឧបាយ​ឲ្យបាន​ដល់នូវ​សេចក្ដី​រលត់​នៃអាសវៈ កាល​ដែល​តថាគត​ដឹង​យ៉ាង​នេះ ឃើញ​យ៉ាងនេះ ចិត្ត​នៃ​តថាគត​ក៏ផុត​ចាក​គ្រឿង​ត្រាំង គឺ​កាមផង គឺ​ភពផង គឺ​អវិជ្ជា​ផង កាល​បើចិត្ត​នៃ​តថាគត បាន​រួចផុត​ស្រឡះ​ហើយ សេចក្ដី​ដឹងថា​ចិត្តផុត​ស្រឡះ ក៏កើត​ប្រាកដ​ឡើង តថាគត ដឹងច្បាស់​ថា កំណើត​របស់អញ​អស់ហើយ ព្រហ្មចរិយធម៌ អញ​បាន​ប្រព្រឹត្ត​គ្រប់គ្រាន់​ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេច​ហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្ត​ទៅ​ដើម្បី​សោឡកិច្ចនេះទៀត​មិនមាន​ឡើយ។ ម្នាល​ព្រាហ្មណ៍ វិជ្ជា​ទី៣ នេះ​ហើយ ដែល​តថាគត​បានក្នុង​យាមជា​បំផុត​នៃរាត្រី អវិជ្ជា​ខ្ចាត់​បាត់ទៅ វិជ្ជា​ក៏កើត​ឡើង ងងឹត​ខ្ចាត់បាត់​ទៅ ពន្លឺ​ក៏កើតឡើង ដល់​តថាគត​ ដូចជា​បុគ្គល​មិន​ប្រហែស​ធ្វេស ខំប្រឹង​ដុត​បំផ្លាញ​កិលេស មាន​ចិត្តបញ្ជូន​ទៅ។ ម្នាល​ព្រាហ្មណ៍ នេះឯង​ជាការ​ញាស់​ជា​គំរប់ ៣ របស់​តថាគត ដូចគ្នា​នឹងការ​ញាស់ចេញ​របស់កូន​មាន់អំពី​សម្បកស៊ុត។ កាលបើ​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាង​នេះហើយ វេរញ្ជព្រាហ្មណ៍ បាន​ក្រាបទូល​ព្រះ​ដ៏មាន​ព្រះភាគ​វិញថា ព្រះគោតម​ដ៏ចំរើន ព្រះអង្គ​ជាចម្បង​ជាងមនុស្ស ព្រះគោតម​ដ៏ចំរើន ព្រះអង្គ​ប្រសើរ​បំផុត​ជាងមនុស្ស បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ធម៌​ដែល​ព្រះគោតម​ដ៏ចំរើន​សំដែង​ហើយ ដោយ​អនេកបរិយាយ​យ៉ាងនេះ (ភ្លឺច្បាស់ណាស់) គួរនា​ដូចជា​មនុស្ស​ចាប់របស់​ដែល​គេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចមនុស្ស​បើក​បង្ហាញ​របស់​ដែល​គេលាក់​បិទបាំង ពុំនោះសោត ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង​ទិស ឬក៏ដូចជា​មនុស្ស​កាន់ប្រទីប​ទ្រោល​បំភ្លឺក្នុង​ទីងងឹត ដោយគិតថា​ មនុស្ស​អ្នកមាន​ភ្នែក នឹង​ឃើញនូវ​រូប​ទាំងឡាយ​បាន ខ្ញុំព្រះអង្គនុ៎ះ សូមដល់នូវ​ព្រះគោតម​ដ៏ចំរើនផង ព្រះ​ធម៌ផង ព្រះភិក្ខុ​សង្ឃផង ជាទីពឹង​ទីរលឹក ចាប់ដើមតាំង​ពីថ្ងៃនេះ​ទៅ សូម​ព្រះ​គោតម​ដ៏ចំរើន ជ្រាបនូវ​ខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់​សរណៈ​ស្មើដោយ​ជីវិត។

សីហសូត្រ ទី២

[១២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់​ក្នុង​កូដាគារសាលា នា​មហាវន ជិត​ក្រុង​វេសាលី។ សម័យនោះឯង ពួក​លិច្ឆវី​ជន​ច្រើននាក់ ដែល​មាន​កេរ្តិឈ្មោះ ល្បីល្បាញ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ពោល​សរសើរ​គុណ​ព្រះពុទ្ធ សរសើរ​គុណ​ព្រះធម៌ សរសើរ​គុណ​ព្រះសង្ឃ ដោយ​អនេក​បរិយាយ។ ជួន​សម័យ​នោះឯង សីហសេនាបតី ជាសាវក​របស់​និគន្ថនាដបុត្រ អង្គុយ​ក្នុង​បរិសទ្យ​នោះដែរ។ គ្រានោះ សីហសេនាបតី មាន​សេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ ជាក់ជា​អរហន្ត សម្មាសម្ពុទ្ធ​ប្រាកដ បានជា​ពួកលិច្ឆវិជន​ច្រើននាក់ ដែលមាន​កេរ្តិឈ្មោះ​ល្បីល្បាញ​ទាំង​នោះ អង្គុយ​ប្រជុំគា្នក្នុង​សណ្ឋាគារសាលា ពោល​សរសើរ​គុណព្រះពុទ្ធ សរសើរ​គុណ​ព្រះធម៌ សរសើរ​គុណ​ព្រះសង្ឃ ដោយ​អនេកបរិយាយ បើដូច្នោះ គួរតែអញ​ចូល​ទៅ​ដើម្បី​ជួបនឹង​ព្រះដ៏មានព្រះភាគ ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ។ លំដាប់​នោះ សីហសេនាបតី ចូលទៅឯលំនៅ​និគន្ថនាដបុត្រ លុះចូល​ទៅដល់​ហើយ បានស្នើសេចក្ដី​នេះ នឹង​និគន្ថនាដបុត្រ​ថា បពិត្រ​លោកដ៏ចំរើន ខ្ញុំចង់ចូលទៅ​ដើម្បីជួប​នឹង​ព្រះសមណ​គោតម។ និគន្ថនាដបុត្រ​តបថា ម្នាលសីហៈ អ្នកឯង ជាកិរិយវាទ នឹងចូល​ទៅជួប​ព្រះ​សមណគោតម ជាអកិរិយវាទដូចម្ដេចកើត ម្នាលសីហៈ ព្រោះថា សមណគោតម ជាអកិរិយវាទ តែងសំដែងធម៌ ដើម្បី​ឃាត់កិច្ចការថា​មិនត្រូវធ្វើ ទាំង​ទូន្មាន​ពួកសាវក ដោយ​ធម៌នោះ​ដែរ។ លំដាប់នោះ ការប្រុងប្រៀប​ដំណើរដើម្បីទៅ​ជួប​ព្រះដ៏មានព្រះភាគ របស់​សីហសេនាបតី ក៏ត្រឡប់​ជាអាក់ខាន​ទៅវិញ។ ពួកលិច្ឆវីជន​ច្រើននាក់ ដែលមាន​កេរ្តិ​ឈ្មោះ​ល្បីល្បាញ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ពោលសរសើរ​គុណព្រះពុទ្ធ សរសើរ​គុណ​ព្រះធម៌ សរសើរ​គុណ​ព្រះសង្ឃ ដោយអនេកបរិយាយ ក្នុងលើក​ទី២ ទៀត។ សីហសេនាបតី មាន​សេចក្ដី​ត្រិះរិះ​ក្នុងលើក​ទី២ ទៀត​ដូច្នេះថា ព្រះដ៏មានព្រះភាគ​អង្គនោះ ជាក់ជា​ព្រះអរហន្ត​សម្មាសម្ពុទ្ធ​ប្រាកដ បានជា​ពួក​លិច្ឆវិជន ច្រើន​នាក់​ដែល​មាន​កេរ្តិឈ្មោះ​ល្បីល្បាញ​ទាំងនេះ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារ​សាលា ពោល​សរសើរ​គុណព្រះពុទ្ធ សរសើរ​គុណព្រះធម៌ សរសើ​គុណ​ព្រះសង្ឃ ដោយ​អនេកបរិយាយ បើដូច្នោះ គួរតែអញ​ចូលទៅ​ដើម្បីជួប​នឹងព្រះដ៏មាន​ព្រះភាគ ជា​ព្រះ​អរហន្ត​សម្មាសម្ពុទ្ធ​អង្គនោះ។ លំដាប់​នោះ សីហសេនាបតី ក៏ចូលទៅ​ឯលំនៅ​របស់​និគន្ថនាដ​បុត្រ លុះ​ចូលទៅ​ដល់ហើយ បានស្នើ​សេចក្ដី​នេះនឹង​និគន្ថនាដបុត្រ​ថា បពិត្រ​លោក​ដ៏ចំរើន ខ្ញុំចង់ចូល​ទៅ​ដើម្បីជួប​ព្រះសមណ​គោតម។ និគន្ថនាដបុត្រ​តបថា ម្នាល​សីហៈ ចំណែក​អ្នកឯង​ជាកិរិយវាទ នឹង​ចូលទៅ​ដើម្បី​ជួប​ព្រះសមណ​គោតម ជា​អកិរិយវាទ​ដូចម្ដេច​កើត ម្នាលសីហៈ ព្រោះថា សមណ​គោតម ជាអកិរិយវាទ តែង​សំដែងធម៌​ដើម្បី​ឃាត់ថា កិច្ចការ មិនត្រូវធ្វើ ទាំងទូន្មាន​ពួក​សាវក​ដោយធម៌​នោះដែរ។ ការ​​ប្រុងប្រៀប​ដំណើរ​ដើម្បី​ទៅជួប​ព្រះដ៏មានព្រះភាគ របស់​សីហសេនាបតី  ក៏ត្រឡប់​ជា​អាក់ខានទៅវិញ ក្នុងលើក​ទី២ ទៀត។ ពួក​លិច្ឆវីជន​ច្រើន​នាក់ ដែល​មាន​កេរ្តិឈ្មោះ​ល្បីល្បាញ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារសាលា ពោល​សរសើរ​គុណ​ព្រះពុទ្ធ សរសើរ​គុណ​ព្រះធម៌ សរសើរ​គុណព្រះសង្ឃ ដោយ​អនេកបរិយាយ ក្នុង​លើកទី៣​ទៀត។ សីហសេនាបតី មាន​សេចក្តី​ត្រិះរិះ​ក្នុង​លើក​ទី៣ ដូច្នេះថា ព្រះដ៏​មានព្រះភាគ​អង្គនោះ ជាក់​ជា​ព្រះអរហន្តសម្មាសម្ពុទ្ធ​ប្រាកដ បាន​ជាពួក​លិច្ឆវិជន​ច្រើននាក់ ដែល​មាន​កេរ្តិឈ្មោះ​ល្បីល្បាញ​ទាំងនេះ អង្គុយ​ប្រជុំគា្ន​ក្នុង​សណ្ឋាគារ​សាលា ពោល​សរសើរ​គុណ​ព្រះពុទ្ធ សរសើរ​គុណព្រះធម៌ សរសើរគុណ​ព្រះសង្ឃ ដោយ​អនេកបរិយាយ ក៏​ឯ​និគ្រន្ថ​ទាំង​ឡាយនេះ ទោះបី​អញលាក្ដី មិន​លាក្ដី នឹងហ៊ាន​ធ្វើអ្វី បើដូច្នោះ អញ​មិន​បាច់​លា​និគន្ថនាដបុត្រទេ នឹងចូលទៅ​ដើម្បីជួប​ព្រះដ៏មានព្រះភាគ ជា​ព្រះអរហន្តសម្មាសម្ពុទ្ធ​នោះ​តែ​ម្ដង។ លំដាប់​នោះ សីហសេនាបតី​ចេញ​ទៅអំពីក្រុង​វេសាលី​ពេលជ្រេ​ពី​ត្រង់ ដោយ​រថ​ចំនួន​ប្រាំរយ ដើម្បី​ជួប​ព្រះដ៏មានព្រះភាគ  ទី (ទៅ) ដោយ​យានបាន​ត្រឹម​ណា​ ក៏ទៅ​ដោយ​យាន​ត្រឹមនោះ ហើយចុះ​អំពីយាន ដើរដោយ​ជើង ចូលទៅ​កាន់​អារាម។ លំដាប់​នោះ សីហសេនាបតី ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទីដ៏​សមគួរ។ លុះ​សីហសេនាបតី អង្គុយ​ក្នុង​ទីដ៏​សមគួរ​ហើយ បាន​ក្រាបទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​បាន​ឮពាក្យ​នេះថា ព្រះសមណ​គោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់ថា កិច្ចការ​​មិនត្រូវ​ធ្វើ ទាំង​ទូន្មាន​ពួក​សាវក​ដោយធម៌​នោះដែរ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ជនទាំង​ឡាយណា ពោលពាក្យ​យ៉ានេះថា ព្រះសមណ​គោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់ថា កិច្ចការ​មិនត្រូវធ្វើ ទាំង​ទូន្មានពួក​សាវក​ដោយធម៌​នោះដែរ បពិត្រ​ព្រះអង្គដ៏ចំរើន ចុះជនទាំងឡាយ​នោះ ឈ្មោះថា​អ្នកពោល​តាមពាក្យ​ដែល​ព្រះដ៏មានព្រះភាគ​ពោល​ហើយផង ឈ្មោះថា​មិនពោល​បង្កាច់​ព្រះដ៏មានព្រះភាគ ដោយ​ពាក្យ​មិនពិតផង ឈ្មោះថា ព្យាករ​នូវធម៌​សមគួរ​ដល់ធម៌​ផង លំអាន​នៃពាក្យ​តូចធំ ប្រកប​ដោយធម៌​តិចតួច រមែង​មិនមក​កាន់ឋានៈ​គួរតិះដៀល​ផងទេឬ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះយើងខ្ញុំមិនបាន​ប្រាថ្នា​បង្កាច់​ព្រះដ៏មានព្រះភាគ​ឡើយ។ ព្រះសាស្ដា​ទ្រង់​ត្រាស់​តបថា ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់ថា កិច្ចការ​មិនត្រូវធ្វើ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះដែរ ដែល​គេថានោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​កិរិយវាទ តែងសំដែងធម៌ ដើម្បីធ្វើដែរ ទាំងទូន្មាន​​ពួកសាវក​ដោយធម៌​នោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាឧច្ឆេទវាទ តែង​សំដែងធម៌ ដើម្បី​កាត់ផ្ដាច់​ផ្ដិល​ដែរ ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​ខ្ពើម​រអើម តែង​សំដែង​ធម៌ ដើម្បី​សេចក្ដី​ខ្ពើម​រអើម ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ ត្រូវហើយ។ ម្នាលសីហៈ ដែល​អ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​បំផ្លាញ តែង​សំដែង​ធម៌ ដើម្បី​បំផ្លាញ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះ​សមណ​គោតម ជាអ្នក​ដុតកំដៅ តែង​សំដែង​ធម៌ ដើម្បី​ដុតកំដៅ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាមនុស្ស​ឥតកំណើត តែង​សំដែង​ធម៌ ដើម្បីឥត​កំណើត ទាំង​ទូន្មាន​ពួក​សាវក​ដោយ​ធម៌នោះ​ ដែលគេថានោះ ត្រូវហើយ។ ម្នាល​សីហៈ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​លួងលោម ទាំងទូន្មានពួកសាវកដោយធម៌នោះ ដែលគេថានោះ ត្រូវ​ហើយ។ ម្នាល​សីហៈ ចុះបរិយាយ​ដែលអ្នកផង​ថា ព្រះសមណគោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បីឃាត់​ថា កិច្ចការ​មិនត្រូវធ្វើ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាលសីហៈ ព្រោះថា តថាគត តែង​និយាយថា មិនគួរធ្វើ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត​ទេ តែង​និយាយ​ថា មិនគួរធ្វើ​អកុសល​ទាំងឡាយ​ដ៏អាក្រក់​ច្រើន​ប្រការ​ទេ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​អកិរិយវាទ តែង​សំដែង​ធម៌ ដើម្បី​ឃាត់ថា កិច្ចការ​មិនត្រូវធ្វើ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ ចុះ​បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​កិរិយវាទ តែង​សំដែង​ធម៌ ដើម្បីធ្វើ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា​តថាគត​តែង​និយាយថា គួរធ្វើ​កាយសុចរិត វចីសុចរិត មនោសុចរិត តែង​និយាយ​ថា គួរធ្វើ​កុសល​ធម៌ទាំងឡាយ​ច្រើនប្រការ។ ម្នាល​សីហៈ នេះឯង ជា​បរិយាយ ដែល​អ្នកផង​ថា ព្រះសមណ​គោតម ជាកិរិយវាទ តែងសំដែង​ធម៌ ដើម្បីធ្វើ ទាំង​ទូន្មាន​ពួក​សាវក ដោយធម៌នោះ។ ម្នាល​សីហៈ ចុះ​បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជា​ឧច្ឆេទវាទ តែង​សំដែងធម៌ ដើម្បីកាត់​ផ្ដាច់ផ្ដិល ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា តថាគត​តែង​និយាយ ចំពោះ​ការកាត់​ផ្ដាច់ផ្ដិល​រាគៈ ទោសៈ មោហៈ តែងនិយាយ​ចំពោះការកាត់​ផ្ដាច់ផ្ដិល​នូវ​អកុសលធម៌​ទាំងឡាយ​ច្រើន​ប្រការ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ ដែលអ្នកផង​ថា ព្រះសមណ​គោតម ជា​ឧច្ឆេទវាទ តែង​សំដែង​ធម៌ ដើម្បីកាត់​ផ្ដាច់ផ្ដិល ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ ចុះបរិយាយ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​ខ្ពើម​រអើម តែង​សំដែង​ធម៌ ដើម្បី​ខ្ពើមរអើម ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា តថាគត​ខ្ពើមរអើម​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើម​រអើម ការ​ប្រកប​ចិត្ត ផ្ដេកផ្ដិត​ទៅរកអកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់​ច្រើន​ប្រការ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ​ដែលអ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​ខ្ពើមរអើម តែង​សំដែង​ធម៌ ដើម្បី​ខ្ពើមរអើម ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ ចុះ​បរិយាយ​ដែល​អ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​បំផ្លាញ តែង​សំដែងធម៌ ដើម្បី​បំផ្លាញ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា តថាគត សំដែង​ធម៌ ដើម្បី​បំផ្លាញ​រាគៈ ទោសៈ មោហៈ សំដែង​ធម៌ ដើម្បីបំផ្លាញ​អកុសលធម៌​ទាំងឡាយ ដ៏​អាក្រក់​ច្រើន​ប្រការ។ ម្នាល​សីហៈ  នេះឯង​ជាបរិយាយ​ដែលអ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​បំផ្លាញ តែងសំដែង​ធម៌ ដើម្បី​បំផ្លាញ ទាំង​ទូន្មាន​ពួកសាវក​ដោយ​ធម៌នោះ។ ម្នាល​សីហៈ ចុះបរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​ដុតកំដៅ តែង​សំដែងធម៌ ដើម្បីដុត​កំដៅ ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ តថាគត តែង​និយាយ​ចំពោះ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំង​នៃ​សេចក្ដី​ក្ដៅក្រហាយ ជា​អកុសលធម៌​ដ៏អាក្រក់។ ម្នាល​សីហៈ អកុសលធម៌​ទាំងឡាយ​ដ៏អាក្រក់ ដែលជា​ទីតាំង​នៃសេចក្ដី​ក្ដៅក្រហាយ បើអ្នក​ណា បានលះបង់​ស្រឡះ​ហើយ បាន​ផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ បានធ្វើ​មិនឲ្យ​មានទីកើត ដូចជា​ដើមត្នោត ដែល​គេគាស់រំលើង​ ឲ្យលែងដុះ​តទៅទៀត​ហើយ បានធ្វើ​ឲ្យលែង​មានបែប​ភាព តទៅទៀត​ហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅមុខ​ទៀតហើយ តថាគត ហៅអ្នកនោះ​ថា អ្នក​ដុត​កំដៅ។ ម្នាលសីហៈ អកុសលធម៌ទាំងឡាយ​ដ៏អាក្រក់ ដែលជា​ទី​តាំង​នៃ​សេចក្ដី​ក្ដៅ​ក្រហាយ តថាគត​បានលះបង់​ស្រឡះហើយ បានផ្ដាច់​ផ្ដិល​ឫសគល់ហើយ បានធ្វើ​មិនឲ្យ​មាន​ទីកើត ដូចជា​ដើមត្នោត ដែលគេគាស់​រំលើង ឲ្យលែងដុះ​តទៅ​ទៀត​ហើយ បានធ្វើ​ឲ្យលែង​មានបែប​ភាព តទៅ​ទៀតហើយ ឲ្យជាធម៌​លែង​មាន​កំណើត​តទៅមុខ​ទៀត​ហើយ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​ដុតកំដៅ តែង​សំដែងធម៌ ដើម្បី​ដុតកំដៅ ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាមនុស្ស​មិនមាន​កំណើត តែង​សំដែងធម៌ ដើម្បីមិន​មានកំណើត ទាំងទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើ​ដូចម្ដេច។ ម្នាល​សីហៈ កិរិយាដេក​ក្នុងគភ៌​តទៅទៀត ដំណើរ​កើតក្នុង​ភពតទៅ​ទៀត បើអ្នកណា បាន​លះស្រឡះ​ហើយ បានផ្ដាច់ផ្ដិល​ឫសគល់​អស់ហើយ បានធ្វើ​មិនឲ្យមាន​ទីកើត ដូចជា​ដើមត្នោត ដែលគេ​គាល់រំលើង​ ឲ្យលែង​ដុះតទៅ​ទៀតហើយ ឲ្យជាធម៌​លែងមាន​កំណើត​តទៅខាង​មុខទៀត​ហើយ តថាគត ហៅអ្នក​នោះថា ជាអ្នក​មិនមាន​កំណើត។ ម្នាល​សីហៈ កិរិយាដេក​នៅក្នុងគភ៌​តទៅទៀត ដំណើរ​កើតក្នុង​ភពតទៅ​ទៀត តថាគត បាន​លះបង់​ស្រឡះហើយ បានផ្ដាច់ផ្ដិល​អស់​ហើយ បានធ្វើ​មិនឲ្យមាន​ទីកើត ដូចជា​ដើមត្នោត ដែលគេគាស់រំលើង ឲ្យលែងដុះ​តទៅទៀត​ហើយ បានធ្វើឲ្យ​លែងមាន​បែបភាព​តទៅ​ទៀត​ហើយ ឲ្យជាធម៌​លែង​មានកំណើត​តទៅខាង​មុខទៀត​ហើយ។ ម្នាល​សីហៈ នេះឯង​ជាបរិយាយ ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​មិនមាន​កំណើត តែង​សំដែង​ធម៌ ដើម្បីមិនមាន​កំណើត ទាំង​ទូន្មានពួក​សាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ បរិយាយ​ដែលអ្នក​ផងថា ព្រះសមណ​គោតម ជាអ្នក​លួងលោម តែងសំដែង​ធម៌ ដើម្បី​លួងលោម ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ តើដូចម្ដេច។ ម្នាល​សីហៈ ព្រោះថា តថាគត ជាអ្នក​លួងលោម តែង​សំដែងធម៌ ដើម្បី​លួងលោម ដោយសេចក្ដី​លួងលោម​យ៉ាង​ក្រៃលែង ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ ម្នាល​សីហៈ នេះឯង​ជា​បរិយាយ ដែល​អ្នកផង​ថា ព្រះសមណ​គោតម ជាអ្នក​លួងលោម តែង​សំដែងធម៌ ដើម្បី​លួងលោម ទាំង​ទូន្មាន​ពួកសាវក​ដោយធម៌​នោះ។ កាលបើ​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះ​ហើយ សីហសេនាបតី បានក្រាបទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់​ពេកណាស់។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចាប់ដើម​តាំងអំពី​ថ្ងៃនេះទៅ សូម​ព្រះដ៏មានព្រះភាគ ចាំទុក​នូវខ្ញុំ​ព្រះអង្គ ថាជា​ឧបាសក ដល់សរណៈ​ស្មើដោយជីវិត។ ព្រះសាស្ដា​ទ្រង់ត្រាស់ថា ម្នាលសីហៈ អ្នកចូរធ្វើ​នូវ​ការពិចារណា រួចហើយសិមធ្វើ (ព្រោះ) ការពិចារណា​រួចហើយ សិមធ្វើ រមែង​ជាគុណ​គាប់​ប្រសើរ​របស់ពួក​មនុស្ស​អ្នកចេះដឹង​ប្រហែល​នឹង​អ្នក។ សីហសេនាបតី ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​មានសេចក្ដី​ពេញចិត្ត ត្រេកអរ​លើសលុប​ហួសប្រមាណ ចំពោះ​ភាសិត​របស់ព្រះអង្គ ដោយ​ហេតុ​ដែល​ព្រះអង្គ សំដែង​នឹង​ខ្ញុំព្រះអង្គ​យ៉ាងនេះថា ម្នាល​សីហៈ អ្នកចូរ​ធ្វើនូវការ​ពិចារណា​រួចហើយសិមធ្វើ (ព្រោះ) ការ​ពិចារណា​រួចហើយ​សិមធ្វើ រមែង​ជាគុណគាប់​ប្រសើរ​របស់ពួក​មនុស្សអ្នក​ចេះដឹង​ប្រហែល​នឹងអ្នក បពិត្រព្រះអង្គ​ដ៏ចំរើន ដ្បិត​ពួក​អន្យតិរិ្ថយ បានខ្ញុំព្រះអង្គ​ជាសាវកហើយ ក៏​ដង្ហែ​ទង់ ចូលទៅកាន់​ក្រុងវេសាលី​ទាំងមូល ហើយ​ប្រកាស​សេចក្តី​ថា សីហសេនាបតី បានចុះចូល​មក​ជាសាវក​របស់​ពួកយើង​ហើយ ចំឡែក​តែព្រះដ៏មាន​ព្រះភាគ ត្រឡប់​ជាទ្រង់ត្រាស់​ចំពោះ​ខ្ញុំព្រះអង្គ​យ៉ាងនេះ​វិញថា ម្នាល​សីហៈ អ្នកចូរធ្វើ​នូវការពិចារណា រួចហើយ​សិមធ្វើ (ព្រោះ) ការ​ពិចារណា​រួចហើយ​សិមធ្វើ រមែង​ជា​គុណគាប់​ប្រសើរ របស់​មនុស្ស​អ្នកចេះដឹង​ប្រហែល​នឹង​អ្នក បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នេះ សូមដល់​ព្រះដ៏មាន​ព្រះភាគផង ព្រះធម៌​ផង ព្រះសង្ឃ​ផង ជាទី​ពឹង​ ទីរលឹក ចាប់ដើម​តាំងពីថ្ងៃ​នេះទៅ សូម​ព្រះដ៏មានព្រះភាគ ចាំទុក​នូវខ្ញុំព្រះអង្គ​ថាជា​ឧបាសក អ្នកដល់នូវ​សរណៈ​ស្មើដោយ​ជីវិត ជា​គំរប់​ពីរដង​ផង។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​សីហៈ ត្រកូល​របស់អ្នក ដូចជា​អណ្ដូងទឹក​របស់​ពួកនិគ្រន្ថ អស់​កាលយូរ​ណាស់​មកហើយ អ្នកគប្បី​សំគាល់​នូវបិណ្ឌបាត ដែលអ្នក​គួរឲ្យ​ដល់ពួក​និគ្រន្ថ ដែលចូល​មករក​នោះផង។ សីហសេនាបតី ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ មាន​សេចក្ដី​ពេញចិត្ត ត្រេកអរ​លើសលុប​ហួសប្រមាណ ចំពោះ​ភាសិត​របស់​ព្រះអង្គ ដោយ​ហេតុដែល​ព្រះអង្គ​បានសំដែង​នឹងខ្ញុំព្រះអង្គ​យ៉ាងនេះថា ម្នាល​សីហៈ  ត្រកូល​របស់អ្នក ដូចជា​អណ្ដូងទឹក របស់​ពួកនិគ្រន្ថ អស់កាល​យូរណាស់​មកហើយ អ្នក​គប្បី​សំគាល់ នូវបិណ្ឌបាត ដែលអ្នកគួរ​ឲ្យដល់ពួកនិគ្រន្ថ ដែលចូល​មករកនោះ​ផង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ធ្លាប់ឮពាក្យ​នេះថា ព្រះសមណ​គោតម ទ្រង់ត្រាស់​យ៉ាង​នេះថា បុគ្គល​ត្រូវឲ្យទាន​ដល់តថាគត​តែម្យ៉ាង មិនត្រូវឲ្យ​ទានដល់ពួក​សាស្ដាដទៃ​ឡើយ  បុគ្គលត្រូវ​ឲ្យទាន​ដល់ពួក​សាវក​របស់តថាគត​តែម្យ៉ាង មិនត្រូវឲ្យ​ទានដល់​ពួកសាវក របស់​ពួក​សាស្ដាដទៃ​ឡើយ បុគ្គលឲ្យ​ទានដល់​តថាគត​តែម្យ៉ាង ទើបមាន​ផលច្រើន ឲ្យដល់​ពួក​សាស្ដា​ដទៃ មិនមាន​ផលច្រើន​ឡើយ បុគ្គលឲ្យទាន​ដល់ពួក​សាវក​របស់តថាគត​តែម្យ៉ាង ទើបមាន​ផលច្រើន ឲ្យទាន​ដល់ពួក​សាវក​របស់ពួក​សាស្ដាដទៃ មិនមាន​ផលច្រើន​ឡើយ តែឥឡូវនេះ ព្រះដ៏មានព្រះភាគ ត្រឡប់​ជាបបួល​ខ្ញុំព្រះអង្គ ឲ្យធ្វើទាន​ក្នុងពួក​និគ្រន្ថ បពិត្រ​ព្រះអង្គដ៏ចំរើន ចំណែកខាង​ខ្ញុំព្រះអង្គ គង់នឹង​ដឹងនូវកាល​គួរ ក្នុង​ទាននុ៎ះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នេះ សូមដល់​នូវ​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌​ផង ព្រះភិក្ខុ​សង្ឃផង ជាទីពឹង ទីរលឹក បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចាប់ដើមតាំង​អំពីថ្ងៃ​នេះទៅ សូម​ព្រះដ៏មាន​ព្រះភាគ ចំាទុកនូវ​ខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នកដល់​នូវសរណៈ ស្មើដោយ​ជីវិត ជាគំរប់​បីដង​ផង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​អនុបុព្វីកថា ចំពោះ​សីហសេនាបតី គឺទ្រង់ប្រកាស​នូវទានកថា សីលកថា សគ្គកថា នូវទោស​របស់​កាម​ដ៏លាមក សៅហ្មង និង​អានិសង្សក្នុង​ការចេញ​ចាកកាម។ កាលណា​ព្រះដ៏មាន​ព្រះភាគ​ទ្រង់ជ្រាប​ថា សីហសេនាបតី មានចិត្ត​ស្រួល មានចិត្ត​ទន់ មានចិត្ត​ផុត​ចាក​នីវរណធម៌ មានចិត្ត​ខ្ពស់ មានចិត្ត​ជ្រះថ្លាហើយ ទើបទ្រង់​ប្រកាស​នូវធម្មទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គឯង គឺ ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ ធម្មតា សំពត់​សស្អាត មិនដិត​ប្រឡាក់​ដោយវត្ថុ​មាន​ពណ៌ខ្មៅ គួរ​ទទួល​ទឹកជ្រលក់​បានដោយ​ល្អ មានឧបមា​ដូចម្ដេច​មិញ ​ធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ដ៏​ប្រាសចាក​ធូលី ប្រាសចាក​មនិ្ទល ក៏កើតឡើង​ដល់​សីហសេនាបតី ក្នុងទី​នោះឯង​ថា ធម្មជាត​ណាមួយ ដែលកើត​ឡើង ធម្មជាត​ទាំងអស់នោះ តែងរលត់​ទៅវិញ​ជាធម្មតា មាន​ឧបមេយ្យ​ដូច្នោះ​ឯង។ គ្រានោះ សីហសេនាបតី បានឃើញ​អរិយសច្ចធម៌​ហើយ បាន​លុះអរិយសច្ចធម៌​ហើយ បានដឹងច្បាស់​អរិយសច្ចធម៌ហើយ បានជឿជាក់​អរិយសច្ចធម៌​ហើយ ឆ្លងផុត​សេចក្ដី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់នូវ​ភាពជា​អ្នក​ក្លាហាន មិនជឿ​ស្ដាប់បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសាស្ដា​ ហើយ​ទើប​ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​នូវ​ភត្ត​របស់​ខ្ញុំព្រះអង្គ ជាមួយ​នឹង​ភិក្ខុសង្ឃ ដើម្បីឆាន់ក្នុង​ថ្ងៃស្អែក។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ទទួល​ដោយ​តុណ្ហីភាព។ លំដាប់នោះ សីហសេនាបតី ដឹងច្បាស់​ថា ព្រះដ៏មាន​ព្រះភាគ ទទួល​និមន្ដហើយ ទើប​ក្រោកចាក​ទីអង្គុយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ធ្វើ​ប្រទក្សិណ ហើយ​ដើរចេញ​ទៅ។ លំដាប់​នោះ សីហសេនាបតី បាន​ហៅ​បុរស ១នាក់​មកថា ម្នាលបុរស​ដ៏ចំរើន អ្នក​ចូរទៅ ចូរដឹង​នូវសាច់ ដែលគួរ​ប្រព្រឹត្ត​ទៅតាម​ប្រក្រតី (សាច់ទុកលក់)។ លំដាប់​នោះ សីហសេនាបតី ក៏ចាត់ចែង​ខាទនីយ​ភោជនីយាហារ​ដ៏ផ្ចិតផ្ចង់ ក្នុងផ្ទះ​របស់ខ្លួន ដោយកាល​កន្លងទៅ​នៃរាត្រី​នោះ ទើប​ប្រើបុរស​នោះ ឲ្យទៅក្រាប​ទូល​នូវភត្តកាល​ដល់ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាល​គួរ​ហើយ ភត្តក្នុង​ផ្ទះ​របស់​សីហសេនាបតី សម្រេច​ហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ស្បង់ ប្រដាប់បាត្រ និង​ចីវរ ក្នុងបុព្វណ្ហសម័យ ស្ដេចចូល​ទៅ​កាន់​លំនៅ​របស់​សីហសេនាបតី លុះចូល​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ដែល​សីហសេនាបតី​ក្រាល​បម្រុង​ទុក ជាមួយនឹង​ភិក្ខុសង្ឃ។ ក្នុងសម័យ​នោះ ពួកនិគ្រន្ថ ជា​ច្រើន​នាក់ ផ្គងនូវ​ដើមដៃ ស្រែក​កន្ទក់កន្ទេញ សព្វច្រក សព្វផ្លូវ​ត្រឡែងកែង ក្នុងក្រុង​វេសាលី​ថា ថ្ងៃនេះ​សីហសេនាបតី សម្លាប់សត្វ​មានសរីរៈ​ធាត់ធំ ធ្វើភត្ត​ដើម្បី​សមណគោតម ៗ ទុកជា​ដឹង​ គង់ឆាន់​នូវសាច់​ដែលគេ​សម្លាប់​ចំពោះខ្លួន (ព្រះសមណ​គោតមនេះឈ្មោះថាត្រូវ) បដិច្ចកម្ម [ពាក្យថា បដិច្ចកម្មនេះ ជាឈ្មោះអំពើ​របស់​អ្នកដែល​គ្រាន់តែ​បរិភោគសាច់ ក៏​បាននាមថា​សម្លាប់សត្វដែរ ឬជាឈ្មោះ​អំពើ​ដែល​គេសម្លាប់​ព្រោះ​អាស្រ័យ​ខ្លួន ពុំ​នោះ​សោត ពាក្យថា បដិច្ចកម្មនេះ ជាឈ្មោះ​របស់​និមិត្តកម្ម។ លទ្ធិពួក​និគ្រន្ថ​ប្រកាន់​ថា បដិច្ចកម្មនោះ ជា​អកុសល ត្រូវបាន​ដល់អ្នក​ឲ្យ​ពាក់កណ្តាល អ្នកទទួល​ពាក់កណ្តាល។ អដ្ឋកថា។]។ លំដាប់នោះ បុរស​ម្នាក់ ក៏ចូល​ទៅឯកន្លែង ដែល​សីហសេនាបតី​នៅ លុះ​ចូលទៅ​ដល់ហើយ ក៏ខ្សឹប​ប្រាប់ក្បែរ​ត្រចៀកនៃ​សីហសេនាបតី​ថា សូម​ព្រះតេជ​ព្រះគុណ​ជ្រាប ពួកនិគ្រន្ថ​ជាច្រើន​ទាំង​អម្បាលនេះ ផ្គងដើម​ដៃកន្ទក់​កន្ទេញ សព្វច្រក សព្វផ្លូវ​ត្រឡែង​កែង ​ជិតក្រុង​វេសាលី​ថា ក្នុងថ្ងៃនេះ​ សីហសេនាបតី សម្លាប់​សត្វ​មាន​សរីរៈ​ធាត់ធំ ធ្វើភត្ត​ដើម្បី​ព្រះសមណ​គោតម ៗ ទុកជាដឹង ក៏គង់ឆាន់​នូវសាច់​ដែលគេ​សម្លាប់​ចំពោះ​ខ្លួន​ ព្រះសមណ​គោតមនេះ ឈ្មោះថា ត្រូវ​បដិច្ចកម្ម។ លោកម្ចាស់​ទាំងឡាយ មិន​គួរសោះ ព្រោះថា លោកដ៏មាន​អាយុ​ទាំងនោះ ប្រាថ្នា​រកទោស​ព្រះពុទ្ធ ប្រាថ្នា​រកទោស​ព្រះធម៌ ប្រាថ្នា​រកទោស​ព្រះសង្ឃ អស់កាល​ជាយូរ​ណាស់មក​ហើយ តែលោក​ដ៏មានអាយុ​ទាំងនោះ មិនអៀនសោះ នៅតែ​ពោល​បង្កាច់​ព្រះដ៏មាន​ព្រះភាគ​នោះ ដោយ​ពាក្យ​មិនមាន ពាក្យទទេ ជាពាក្យ​កុហក មិនពិត ទាំងពួង​យើង​ក៏មិនក្លែង​ផ្ដាច់បង់​សត្វ​ចាកជីវិត​ព្រោះហេតុ​តែជីវិត (របស់ខ្លួន​ឡើយ)។ លំដាប់នោះ សីហសេនាបតី ញុំាង​ភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆាន់ឆ្អែត​ស្កប់ស្កល់ ដោយ​ខាទនីយ​ភោជនីយាហារ​ដ៏ឧត្ដម​ដោយដៃ​ខ្លួនឯង។ កាលដែល​ព្រះដ៏មានព្រះភាគ​អង្គនោះ​ឆាន់រួច​ លែងដាក់​ព្រះហស្ដ​ទៅក្នុង​បាត្រទៀត​ហើយ សីហសេនាបតី ក៏អង្គុយ​ក្នុងទី​សមគួរ។ កាលដែល​សីហសេនាបតី អង្គុយ​ក្នុង​ទីសមគួរ​ហើយ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យកាន់​យក ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា ហើយ​ក្រោកចាក​អាសនៈ សេ្ដច​ចេញទៅ។

អស្សាជានីយសូត្រ ទី៣

[១៣] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ល្អ របស់ស្ដេច​ដែលប្រកប​ដោយ​អង្គ ៨យ៉ាង ជាសត្វគួរ​ដល់ព្រះរាជា ជារាជ​បម្រើ ដល់នូវ​ការរាប់ថា​ជាអង្គ​របស់​ព្រះ​រាជា។ អង្គ ៨ យ៉ាង ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ ក្នុងលោក​នេះ សេះ​អាជានេយ្យ​ដ៏ល្អ​របស់សេ្ដច​ ជាសត្វមាន​កំណើត​​ដ៏ល្អ​ទាំងពីរខាង គឺទាំង​ខាងមេ និង​ខាង​បា ១ សេះ​អាជានេយ្យ​ទាំងឡាយ ដ៏ល្អ​ដទៃទៀត កើតក្នុង​ទិសណា ក៏កើត​ក្នុង​ទិសនោះ ១ ជន​ទាំងឡាយ ឲ្យស្មៅ​ស្រស់ក្ដី ស្មៅស្ងួត​ក្ដីណា ដល់វា ៗ ក៏ចេះតែ​ស៊ីស្មៅស្រស់ ឬ​ស្មៅស្ងួត​នោះ ដោយ​គោរព មិនឲ្យ​រាត់រាយ ១ ជាសត្វ​ខ្ពើមរអើម​នឹង​ការអង្គុយ​សង្កត់​នូវ​ឧច្ចារៈ និង​បស្សាវៈ ១ វាជាសត្វ​ត្រេកអរ តែង​សប្បាយ មិន​បៀតបៀន​នូវពួក​សេះដទៃ ១ ការ​អួតអាង កោង មិតពត់ និង​ការវៀច​ទាំងឡាយ​ណា​របស់វា ៗ ក៏ធ្វើនូវ​ការអួតអាង​ជាដើម​នោះ ឲ្យជាក់ច្បាស់​គួរតាមពិត ដល់​នាយសារថី ៗ ក៏ព្យាយាម​ដើម្បី​ញាំញី​នូវការ​អួតអាង​ជាដើម​របស់វា ១ ជាសត្វ​តែងនាំទៅ តែងញុំាង​ចិត្ត​ឲ្យ​កើតឡើង​ថា ពួកសេះ​ដទៃ ទោះ​នាំទៅក៏ដោយ មិននាំទៅ​ក៏ដោយ អញនឹង​នាំ​ទៅដោយ​ពិត​ក្នុងទីនោះ កាល​ដែល​ទៅ ក៏រមែង​ទៅតាមផ្លូវ​ត្រង់តែម្យ៉ាង ១ ជាសត្វមាន​កំឡាំងមាំមួន ដែល​នឹង​ថយ​កំឡាំង​ត្រាតែ​សេចក្ដី​ស្លាប់​គ្របសង្កត់​ជីវិត ១។ ម្នាលភិក្ខុ​ទាំងឡាយ សេះអាជានេយ្យ​ដ៏ល្អ​របស់​ស្ដេច ប្រកប​ដោយអង្គ ៨ យ៉ាងនេះឯង ជាសត្វ​គួរដល់​ព្រះរាជា ជារាជ​បម្រើ ដល់នូវ​ការរាប់ថា​ជាអង្គ​របស់​ព្រះរាជា។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក៏យ៉ាងនោះ​ដែរ ជាអ្នក​ប្រកប​ដោយធម៌ ៨ យ៉ាង ទើបជា​អ្នកគួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែល​បុគ្គល​ឧទ្ទិស​ចំពោះ​អ្នក​មាន​សីល​ ហើយនាំមក​បូជា។បេ។ ជា​បុញ្ញក្ខេត្តដ៏ប្រសើរ​របស់​សត្វលោក។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល តែង​សង្រួម​ក្នុង​បាតិមោក្ខ​សំវរសីល ជាអ្នក​បរិបូណ៌​ដោយ​អាចារៈ និងគោចរៈ ១ ឃើញ​ភ័យក្នុង​ទោស​ទាំងឡាយ សូម្បីមាន​ប្រមាណ​តិចតួច សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជន​ប្រគេន​នូវ​ភោជន​ណាមួយ ទោះសៅហ្មង​ក្ដី ឧត្តមក្ដី ដល់លោក ៗ ក៏ចេះតែ​ឆាន់នូវ​ភោជន​នោះ ដោយគោរព មិនរើស​អើង ១ ជាអ្នកខ្ពើម​រអើម​ចំពោះ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ខ្ពើមរអើម ចំពោះការជួប​ប្រសព្វ​នឹង​អកុសលធម៌​ទាំងឡាយ​ដ៏លាមក ១ លោក​ជាអ្នក​រីករាយ មាន​ការនៅ​សប្បាយ មិនបៀតបៀន​ពួកភិក្ខុ​ដទៃ ១ ការអួតអាង កោង មិតពត់ និងការវៀច​ទាំងឡាយ​ណារបស់​លោក ៗ ជាអ្នក​ធ្វើនូវការ​អួតអាង​ជាដើម​នោះ ឲ្យជាក់​ច្បាស់​តាមពិត​ចំពោះ​ព្រះសាស្ដា ឬ​សព្រហ្មចារី​ជាវិញ្ញូជន ព្រះសាស្ដា ឬសព្រហ្មចារី​ជាវិញ្ញូជន តែងព្យាយាម​ដើម្បី​ញាំញីនូវ​ការអួតអាង​ជាដើមនោះ របស់​លោក ១ ជាអ្នក​សិក្សា ញុំាងចិត្ត​ឲ្យកើតឡើង​ថា ពួកភិក្ខុ​ដទៃ ទោះសិក្សា​ក៏ដោយ មិន​សិក្សា​ក៏ដោយ អញនឹង​សិក្សា​ក្នុងធម្មវិន័យ​នេះ​ដោយពិត លោកកាល​នឹង​ទៅ ក៏ទៅ​តាមផ្លូវ​ត្រង់តែ​ម្យ៉ាង បណ្ដាផ្លូវ​ត្រង់ទាំង​នោះ ផ្លូវត្រង់នេះ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១ ជាអ្នកមាន​សេចក្ដីព្យាយាម​តឹង​តែងថា ស្បែក​ សរសៃ និង​ឆ្អឹង ចូរស្វិត​ក្រៀមចុះ សាច់ ​និង​ឈាម ចូររីងស្ងួត​ក្នុងសរីរៈ​ចុះ កិច្ចណា ដែលអ្នកផង​ត្រូវដល់​ដោយ​កំឡាំង​នៃបុរស ព្យាយាម​នៃបុរស សេចក្ដី​ប្រឹងប្រែង​នៃបុរស បើមិនទាន់​ដល់នូវកិច្ច​នោះទេ ក៏មិន​បញ្ឈប់​សេចក្ដី​ព្យាយាម ១ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាងនេះឯង ទើប​ជាអ្នក​គួរទទួល​នូវ​ចតុប្បច្ច័យ ដែល​បុគ្គល​ឧទ្ទិស​ចំពោះអ្នក​មានសីល ហើយ​នាំមក​បូជា។បេ។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ​របស់សត្វ​លោក។

អស្សខឡុង្កសូត្រ ទី៤

[១៤] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែងនូវ​សេះមាន​ពុតត្បុត ៨ យ៉ាង និង ទោស​នៃសេះ ៨យ៉ាង បុរស​មានពុតត្បុត ៨ យ៉ាង និងទោស​នៃបុរស ៨ យ៉ាង ចូរអ្នក​ទាំងឡាយ​ ចាំស្ដាប់​នូវធម៌នោះ​ចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ សេះមានពុត​ត្បុត ៨ យ៉ាង និងទោស​នៃសេះ ៨ យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុង​លោកនេះ កាលដែល​នាយសារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយ​ចាក់ ដាស់តឿន ក៏ត្រឡប់​ថយក្រោយ ញុំាងរថឲ្យ​ត្រឡប់ថយ​ក្រោយ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត ពួកខ្លះ ក្នុងលោកនេះ​បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ  នេះជាទោស​របស់សេះ ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថីនិយាយ​ថា ឯងចូរដើរ​ទៅ ហើយចាក់ ដាស់តឿន ក៏ប្រាយ​ជើងខាងក្រោយ ទង្គិច​ក្បាលនឹងក្បាល​​​ក្រពើរថ បំបាក់ឈើជា ៣ កំណាត់ (ចែរថ) ម្នាលភិក្ខុ​ទាំងឡាយ សេះ​មាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាល​ភិក្ខុ​ទាំងឡាយ  នេះជាទោស​របស់​សេះ ទី២។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាល​ដែល​នាយ​សារថី​និយាយថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏លើក​នូវជើង ពាក់លើ​ចន្ទោល​នៃរថ ញាំញី​នូវចន្ទោលរថ ឲ្យខ្ទេចខ្ទី ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត ពួកខ្លះ ក្នុងលោកនេះ ​បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ  នេះជាទោស​របស់​សេះ ទី៣។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថីនិយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រកាន់ខុស​ផ្លូវ ធ្វើរថ​ឲ្យខុស​ផ្លូវ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោក​នេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ  នេះជាទោស​របស់សេះ ទី៤។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏លោត​កញ្ជ្រោល​កាយខាងមុខ ផ្គងនូវជើង​ទាំងពីរ​ខាងមុខ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោក​នេះ​ បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ  នេះជាទោស​របស់សេះ ទី៥។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែលនាយ​សារថី​និយាយថា ឯងចូរដើរ​ទៅ ហើយ​ចាក់ ដាស់តឿន ក៏មិនអើពើ​នឹង​ដងជន្លួញ ខាំផ្ដាច់​នូវខ្សែ​បង្ហៀរ ដោយធ្មេញ​ទាំងឡាយ ហើយគេច​ចេញទៅ​តាមសេចក្ដី​ប្រាថ្នា ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ  នេះជា​ទោស​របស់សេះ ទី៦។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏មិនឈាន​ទៅមុខ មិនឈាន​ថយ​ក្រោយ នៅឈរ​នឹង​ថ្កល់ ដូចជាសសរខឿន​​ក្នុងទី​នោះ​ដដែល ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជាទោស​របស់​សេះ ទី៧។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ កាលដែល​នាយ​សារថី​និយាយថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏កង្កុញ​ជើងទាំងពីរ​ខាងមុខ កង្កុញ​ជើងទាំងពីរ​ខាងក្រោយ ហើយក្រាប​សង្កត់​នូវជើង​ទាំង៤ ក្នុង​ទីនោះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ  នេះជាទោស​របស់សេះ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត ៨ យ៉ាង និងទោស​នៃសេះ ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​មាន​ពុតត្បុត ៨យ៉ាង និងទោស​នៃបុរស ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំងឡាយ​ក្នុង​សាសនា​នេះ ដាស់តឿន​ភិក្ខុផងគ្នា ដោយអាបតិ្ត​ ភិក្ខុនោះ កាលដែល​ភិក្ខុទាំង​ឡាយ ដាស់តឿនដោយ​អាបត្តិ ក៏បណ្ដោះ​បណ្ដៃ​អំពីអាបត្តិ​ថា ខ្ញុំនឹក​មិនឃើញ​ទេៗ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​នោះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏ត្រឡប់​ថយក្រោយ ញុំាងរថឲ្យត្រឡប់ខាង​ក្រោយ​ មានឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មាន​ឧបមេយ្យ​ដូច្នោះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុត​ពួកខ្លះ ក្នុង​លោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ទោសរបស់​បុរស ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿន​ភិក្ខុ​ផងគ្នា ដោយអាបត្តិ ភិក្ខុនោះ កាលដែល​ពួកភិក្ខុ​ដាស់តឿន​ដោយអាបត្តិ ក៏តបតនឹង​ពាក្យចោទ​វិញថា ប្រយោជន៍អ្វី អញនឹង​និយាយ​ជាមួយ​អ្នកឯង ដែលជា​មនុស្សពាល មិនឈ្លាសវៃ អម្បាលយ៉ាងអញ អ្នកឯង​ហ៊ាន​សំគាល់ថា​ជាបុគ្គល​គួរគេស្ដី​ថាបាន​ទៅហើយ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​នោះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏ប្រាយជើងខាង​ក្រោយ ទង្គិចក្បាល​នឹងក្បាល​ក្រពើរថ បំបាក់ឈើ​ជា ៣ កំណាត់ (ចែរថ) មានឧបមា​ដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មាន​ឧបមេយ្យ ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាទោស​របស់បុរស ទី២។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿន​ភិក្ខុផងគ្នា​ដោយអាបត្តិ ភិក្ខុនោះ កាលដែល​ពួកភិក្ខុ ដាស់តឿន ដោយ​អាបត្តិ ក៏ត្រឡប់​លើកទោស ដល់ភិក្ខុអ្នក​ដាស់តឿន​វិញថា អ្នកឯងទេ​តើ ដែល​ត្រូវ​អាបត្តិ​ឈ្មោះ​នេះ អ្នកឯង​ចូរសំដែង​អាបត្តិមុន​សិនទៅ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​នោះ កាលដែល​នាយ​សារថី​និយាយថា ឯងចូរដើរ​ទៅ ហើយចាក់ ដាស់តឿន ក៏លើកនូវជើង​ពាក់លើចន្ទោលរថ ហើយញាំញី​នូវចន្ទោល​រថ ឲ្យខ្ទេចខ្ទី មាន​ឧបមាដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ​មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ  នេះជាទោស​របស់បុរស​ ទី៣។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿនភិក្ខុផងគ្នា​ដោយអាបត្តិ ភិក្ខុនោះ កាល​ដែល​ពួកភិក្ខុ​ដាស់តឿន​ដោយ​អាបត្តិ ក៏បិទបាំង​នូវហេតុ​ដទៃ​ដោយ​ហេតុដទៃ ទាត់ពាក្យ​សំដី​ចោល​ទៅខាងក្រៅ ធ្វើ​នូវ​សេចក្តីក្រោធ​ផង នូវទោសផង នូវ​សេចក្តី​មិនត្រេកអរផង ឲ្យ​ប្រាកដ ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុតនោះ កាលដែលនាយ​សារថី​និយាយថា ឯងចូរដើរ​ទៅ ហើយចាក់ ដាស់តឿន ក៏ប្រកាន់ខុសផ្លូវ ធ្វើរថឲ្យ​ខុសផ្លូវ មានឧបមា​ដូចម្ដេច​មិញ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតពោលថា បុគ្គលនេះ​ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាល​ភិក្ខុ​ទាំងឡាយ បុរស​មានពុតត្បុតពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ នេះ​ជាទោស​របស់​បុរស​ ទី៤។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿន ភិក្ខុផងគ្នា​ដោយ​អាបត្តិ ភិក្ខុនោះ កាលដែល​ពួក​ភិក្ខុដាស់តឿន​ដោយអាបត្តិ ក៏និយាយ​ឆ្កាដៃ ក្នុងកណ្ដាល​​ជំនុំសង្ឃ ម្នាលភិក្ខុទាំងឡាយ សេះមានពុត​ត្បុតនោះ កាលដែល​នាយ​សារថី​និយាយថា ឯងចូរដើរទៅ ហើយចាក់ ដាស់តឿន ក៏លោត​កញ្ជ្រោល​កាយខាង​មុខ ផ្គងនូវជើង​ទាំងពីរខាង​មុខ មានឧបមា​ដូច​ម្ដេចមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ​មានឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាទោស​របស់បុរស ទី៥។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុដាស់តឿន​ភិក្ខុផងគ្នាដោយ​អាបត្តិ ភិក្ខុនោះ កាលដែល​ភិក្ខុ​ទាំងឡាយ​ដាស់តឿន​​ដោយអាបត្តិ ក៏មិនអើពើនឹងសង្ឃ មិនអើពើនឹង​ភិក្ខុអ្នក​ដាស់តឿន ដើរចេញទៅ​ទាំងអាបត្តិ កាន់ទីតាមសេចក្ដី​ប្រាថា្ន ម្នាលភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុត​នោះ កាលដែលនាយ​សារថី និយាយថា ឯងចូរដើរ​ទៅ ហើយចាក់ ដាស់តឿន ក៏មិនអើពើនឹងដងជន្លួញ ខាំផ្ដាច់​នូវ​ខ្សែបង្ហៀរ​ដោយធ្មេញ​ទាំងឡាយ ហើយគេច​ចេញទៅ​តាម​សេចក្ដី​ប្រាថា្ន មានឧបមា​ដូចម្ដេចមិញ  ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គលនេះ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរសមាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ​ បែបនេះឯង ម្នាលភិក្ខុទាំងឡាយ  នេះជាទោសរបស់​បុរស ទី៦។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ពួកភិក្ខុ​ដាស់តឿន​ភិក្ខុផងគ្នា​ដោយអាបត្តិ ភិក្ខុនោះ កាល​ដែលពួក​ភិក្ខុដាស់តឿន​ដោយអាបត្តិ ក៏ប្រកែក​ថា ខ្ញុំមិនត្រូវ​អាបតិ្តទេ ៗ ភិក្ខុនោះ រមែង​បៀតបៀន​នូវសង្ឃ​ដោយតុណ្ហីភាព ម្នាល​ភិក្ខុ​ទាំងឡាយ សេះមាន​ពុតត្បុតនោះ កាលដែល​នាយ​សារថី​និយាយ​ថា ឯងចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏មិន​ឈាន​ទៅមុខ មិនឈាន​ថយក្រោយ នៅឈរ​នឹង​ថ្កល់ ដូចជា​សសរ​ខឿន ក្នុងទីនោះ​ដដែល មាន​ឧបមា​ដូចម្ដេចមិញ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា បុគ្គលនេះ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុទាំងឡាយ បុរស​មានពុតត្បុត​ពួកខ្លះ ក្នុង​លោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ  នេះជា​ទោស​របស់​បុរស ទី៧។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​វិញទៀត ពួកភិក្ខុ​ដាស់តឿន​ភិក្ខុផងគ្នា​ដោយអាបត្តិ ភិក្ខុនោះ កាលដែល​ពួកភិក្ខុ​ចោទ​ដោយអាបត្តិ ក៏ពោល​យ៉ាង​នេះថា លោកទាំងឡាយ​ដ៏មានអាយុ ហេតុអ្វី​ក៏បានជា​ខំខ្វល់ខ្វាយ​នឹង​ខ្ញុំ​ខ្លាំងម្ល៉េះ ណ្ហើយចុះ ខ្ញុំនឹង​លាសិក្ខា ត្រឡប់មកកាន់​ភេទថោក​ទាប​វិញ ក្នុងឥឡូវនេះ ភិក្ខុនោះ ក៏លាសិក្ខា ហើយត្រឡប់​មកកាន់​ភេទ​ថោកទាប រួច​ពោល​យ៉ាង​នេះថា ឥឡូវនេះ លោកទាំងឡាយ​ដ៏មានអាយុ ចូរ​មានចិត្ត​ត្រេកអរ​ចុះ ម្នាលភិក្ខុ​ទាំង​ឡាយ សេះមាន​ពុតត្បុត​នោះ កាលដែល​នាយ​សារថី​និយាយ​ថា ឯង​ចូរ​ដើរទៅ ហើយចាក់ ដាស់តឿន ក៏កង្កុញជើង​ទាំងពីរ​ខាងមុខ កង្កុញ​ជើងទាំងពីរ​ខាង​ក្រោយ ក្រាប​សង្កត់​នូវ​ជើងទាំង ៤ ក្នុងទី​នោះឯង មាន​ឧបមា​ដូចម្ដេច​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ពោលថា បុគ្គល​នេះ មាន​ឧបមេយ្យ​ដូច្នោះឯង ម្នាលភិក្ខុ​ទាំងឡាយ បុរស​មាន​ពុតត្បុត​ពួកខ្លះ ក្នុងលោកនេះ បែបនេះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ  នេះជា​ទោស​របស់​បុរស ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​មាន​ពុតត្បុត​ ៨ យ៉ាង និងទោស​នៃបុរស ៨ យ៉ាងនេះឯង។

 មលសូត្រ ទី៥

[១៥] ម្នាលភិក្ខុទាំងឡាយ មន្ទិលនេះ មាន ៨ យ៉ាង។ មន្ទិល ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មន្ត​ទាំងឡាយ មានការ​មិនស្វាធ្យាយ ជាមន្ទិល ១ ម្នាលភិក្ខុ​ទាំងឡាយ ផ្ទះទាំងឡាយ មានការ​មិនថែទាំ​ជាមន្ទិល ១ ម្នាលភិក្ខុ​ទាំងឡាយ ការខ្ជិល​ច្រអូស ជាមន្ទិល​នៃសម្បុរសរីរៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ការប្រហែស​ធ្វេស ជាមន្ទិល​នៃអ្នក​ថែរក្សា ១ ម្នាលភិក្ខុ​ទាំងឡាយ ការប្រព្រឹត្តិ​អាក្រក់ [សំដៅ​យកការ​ប្រព្រឹត្តិ​ក្បត់ចិត្ត​ប្តី។] (ចំពោះប្ដី) ជាមន្ទិល​របស់ស្រ្តី ១ ម្នាលភិក្ខុ​ទាំងឡាយ សេចក្ដី​កំណាញ់ ជា​មន្ទិល​របស់​អ្នកឲ្យ ១ ម្នាលភិក្ខុ​ទាំងឡាយ អកុសលធម៌​ដ៏លាមក ជាមន្ទិល​ក្នុងលោកនេះ និង​លោក​ខាងមុខ ១ ម្នាលភិក្ខុ​ទាំងឡាយ មន្ទិល​ដ៏លើស​ជាង​មន្ទិល​ទាំងនោះ គឺអវិជ្ជា ជា​មន្ទិល​យ៉ាងក្រៃលែង ១។ ម្នាលភិក្ខុ​ទាំងឡាយ មន្ទិល ៨ យ៉ាងនេះឯង។

មន្តទាំងឡាយ មានការ​មិនស្វាធ្យាយ​ជាមន្ទិល ផ្ទះ​ទាំងឡាយ មាន​ការមិន​ថែទាំ​ជាមន្ទិល ការខ្ជិលច្រអូស ជាមន្ទិល​នៃពណ៌​សម្បុរ ការ​ប្រហែល​ធ្វេស ជាមន្ទិល​នៃអ្នក​ថែរក្សា ការប្រព្រឹត្តិ​អាក្រក់ (ចំពោះប្ដី) ​ជាមន្ទិល​របស់ស្រ្តី សេចក្ដី​កំណាញ់ ជាមន្ទិល​របស់​អ្នកឲ្យ អកុសលធម៌​ដ៏លាមក ជាមន្ទិល​ក្នុង​លោកនេះ និង​លោក​ខាងមុខ មន្ទិល​ដ៏លើសជាង​មន្ទិល​ទាំងនោះ គឺអវិជ្ជា ជា​មន្ទិល​យ៉ាងក្រៃលែង។

 ទូតេយ្យសូត្រ ទី៦

[១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ យ៉ាង ទើបគួរ​ដើម្បីដល់​នូវ​ទូត​កម្ម [បាន​សេច​ក្តី​ថា គួរ​ធ្វើជាទូត គឺ​ជាអ្នក​ទទួល​ពាក្យ​បណ្តាំ។] បាន។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​ស្ដាប់ខ្លួន​ឯង ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃឲ្យ​ស្ដាប់ ១ ជាអ្នក​រៀនខ្លួនឯង ១ ជាអ្នក​យល់ច្បាស់​នូវ​សេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃ ឲ្យយល់ច្បាស់​នូវ​សេចក្ដី​មាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​ឈ្លាស​ក្នុងអំពើ​មាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នក​មិនធ្វើនូវ​ការឈ្លោះ​ប្រកែក ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៨ យ៉ាងនេះ ទើបគួរ​ដើម្បីដល់​នូវ​ទូតកម្ម​បាន។ ម្នាលភិក្ខុ​ទាំងឡាយ សារីបុត្រ​ប្រកប​ដោយធម៌ ៨ យ៉ាង ទើបគួរ​ដើម្បីដល់​នូវ​ទូតកម្ម​បាន។ ធម៌ ៨ យ៉ាង តើ​ដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​ធម្មវិន័យ​នេះ សារីបុត្រ ជា​អ្នកស្តាប់​ខ្លួនឯង ១ ជាអ្នក​ញុំាងបុគ្គល​ដទៃ​ឲ្យស្តាប់ ១ ជាអ្នក​រៀនខ្លួន​ឯង ១ ជាអ្នក​ចងចាំ​ទុក ១ ជាអ្នក​យល់ច្បាស់ (នូវសេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍) ១ ជាអ្នក​ញុំាង​បុគ្គល​ដទៃ​ឲ្យយល់​ច្បាស់ (នូវសេចក្ដី​មានប្រយោជន៍ និង​មិនមាន​ប្រយោជន៍) ១ ជាអ្នក​ឈ្លាស ក្នុង​អំពើមាន​ប្រយោជន៍ និង​មិនមាន​ប្រយោជន៍ ១ ជាអ្នកមិន​ធ្វើនូវ​ការឈ្លោះ​ប្រកែក ១។ ម្នាល​ភិក្ខុ​ទាំងឡាយ សារីបុត្រ​ប្រកប​ដោយធម៌ ៨ យ៉ាង នេះឯង ទើបគួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន។

ភិក្ខុណានិយាយ​ទៅរក​បរិសទ្យ ដែលជា​អ្នកពោល​ពាក្យ​លើកដំកើង ក៏មិនតក់​ស្លុត​ផង មិនឲ្យ​បាត់ពាក្យ​ផង មិនឲ្យ​បាត់ពាក្យ​បណ្ដាំ​ផង ពោលពាក្យ​មិនឲ្យ​គេមាន​សេចក្ដី​សង្ស័យ​ផង គេសួរ​មិនខឹង​ផង​ ភិក្ខុប្រាកដ​ដូច្នោះ​នោះ​ឯង គួរ​ដើម្បី​ដល់​នូវ​ទូតកម្ម​បាន។

 បឋមពន្ធនសូត្រ ទី៧

[១៧] ម្នាលភិក្ខុទាំងឡាយ ស្រ្តីតែងចង​បុរស​ដោយអាការ ៨ យ៉ាង។ អាការ ៨ យ៉ាង តើដូចម្ដេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីចងបុរស​ដោយរូប ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចង​បុរស ដោយ​សំណើច ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចងបុរស ដោយ​និយាយ ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចងបុរស ដោយចម្រៀង ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចង​បុរស​ដោយយំ ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចង​បុរស ដោយការស្អាង (មានវិធី​ស្លៀកពាក់​ជាដើម) ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចងបុរស ដោយគ្រឿង​បណ្ណាការ មានផ្កា​ឈើ និង​ផ្លែឈើ ដែលខ្លួន​កាច់មក​អំពីព្រៃ ១ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចងបុរស ដោយផស្សៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីចង​បុរស​ដោយ​អាការ ៨យ៉ាងនេះឯង ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​ដែលស្ត្រី​ចងក្រៀក ដោយអាការទាំង ៨ យ៉ាងនេះឯង ឈ្មោះថា ជាប់អន្ទាក់។

 ទុតិយពន្ធនសូត្រ ទី៨

[១៨] ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយអាការ ៨យ៉ាង។ អាការ ៨ យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយរូប ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចង​ស្រ្តី ដោយសំណើច ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចងស្រ្តី ដោយនិយាយ ១ ម្នាលភិក្ខុទាំងឡាយ បុរសចងស្រ្តី ដោយចម្រៀង ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចងស្រ្តី ដោយយំ ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចងស្រ្តី ដោយការស្អាង ១ ម្នាលភិក្ខុ​ទាំងឡាយ បុរសចងស្រ្តី ដោយគ្រឿង​បណ្ណាការ ដែលខ្លួន​កាច់មក​អំពីព្រៃ ១ ម្នាលភិក្ខុ​ទាំងឡាយ បុរស​ចងស្រ្តី ដោយ​ផស្សៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុរស​ចងស្រ្តី​ដោយអាការ ៨​យ៉ាង​នេះឯង ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​ដែលបុរស​ចងក្រៀក ដោយអាការ​ ៨ យ៉ាងនោះឯង ឈ្មោះថា ជាប់អន្ទាក់។

 បហារាទសូត្រ ទី៩

[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្រោម​ដើមស្ដៅ ជាលំនៅ​នៃ​នឡេរុយក្ខ ទៀប​ស្រុក​វេរញ្ជា។ គ្រានោះ បហារាទ អសុរិន្ទ (សេ្ដច​អសុរ ឈ្មោះ​បហារាទ) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​ឋិត​នៅក្នុង​ទីសមគួរ។ លុះ​បហារាទ អសុរិន្ទ ​ឋិតនៅក្នុង​ទីសមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​បហារាទ ចុះពួក​អសុរ តែង​រីករាយ ក្នុង​មហាសមុទ្រ​ដែរឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន ពួក​អសុរ តែង​រីករាយ ក្នុង​មហាសមុទ្រ​ដែរ។ ម្នាល​បហារាទ ចុះក្នុង​មហាសមុទ្រ មានហេតុ​ជា​អស្ចារ្យចំឡែក​ប៉ុន្មាន​យ៉ាង បានជា​ពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាង បានជា​ពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង តើដូចម្ដេច​ខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មាន​ទី​ជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​ទៅ​តែម្ដង ដូចជា​អណ្ដូង​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទី​ជម្រាលទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិន​ចោតជ្រៅ​ទៅតែម្ដង ដូចជា​អណ្ដូង ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ ទី១ ក្នុង​មហាសមុទ្រ ដែល​ពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មានទឹក​តាំងនៅ​នឹង​ជាធម្មតា មិនដែល​ឡើង ឬ​ជោរ​ហួសច្រាំង​ទៅបាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានទឹកតាំង​នៅនឹង​ជាធម្មតា មិនដែល​ឡើង ឬ​ជោរ​ហួស​ច្រាំង​ទៅបាន ដោយហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី២ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មិនដែល​នៅរួម​ដោយ​សាកសព​ស្លាប់ទេ បើ​សាកសព​ស្លាប់ណា មានក្នុង​មហាសមុទ្រ រលកតែង​បន្សាត់​សាកសព​ស្លាប់នោះ ទៅ​រកច្រាំង ផាត់ឡើង​ទៅលើ​គោក​មួយរំពេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មិនដែល​នៅរួម​ដោយ​សាកសព​ស្លាប់ បើសាកសព​ស្លាប់ណា មាននៅ​ក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសព​ស្លាប់នោះ​ទៅរក​ច្រាំង ផាត់ឡើង​ទៅលើគោក​មួយរំពេច ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុ​អស្ចារ្យ ចំឡែក​ ទី៣ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ទន្លេធំៗ ទាំងឡាយ​ណាមួយ គឺ​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើ​ទន្លេ​ទាំងនោះ ហូរទៅដល់​មហាសមុទ្រ​ហើយ រមែង​លះបង់​នាម និង​គោត្រ​ដើម (របស់ខ្លួន) ហើយ​ដល់នូវ​កិរិយា​រាប់​បញ្ចូល​ថា មហាសមុទ្រ​តែម្យ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទន្លេធំៗ​ទាំងឡាយ​ណាមួយ គឺ ទន្លេគង្គា។បេ។ ដល់នូវ​កិរិយា​រាប់ថា  មហាសមុទ្រ​តែម្យ៉ាង ដោយហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក​ ទី៤ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ទឹកទន្លេ​ទាំង​ឡាយណា​មួយ​ក្នុងលោក ដែលហូរ​ស្រោច​ទៅ​រក​មហាសមុទ្រ​ក្ដី ធារទឹក​ភ្លៀង​ទាំងឡាយ​ណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាស​ក្ដី មហាសមុទ្រ ក៏មិន​ប្រាកដ​ជាស្រក ឬ​ពេញដោយ​ទឹកទន្លេ និងធារទឹកភ្លៀង​នោះឡើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទឹកទន្លេ​ទាំងឡាយ​ណាមួយ​ក្នុងលោក ដែលហូរ​ស្រោច ទៅ​រក​មហាសមុទ្រ​ក្ដី ធារទឹកភ្លៀង​ទាំងឡាយណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាសក្ដី មហាសមុទ្រ ក៏មិន​ប្រាកដ​ជាស្រក ឬ​ពេញដោយ​ទឹកទន្លេ និងធារ​ទឹកភ្លៀង​នោះ ដោយ​ហេតុ​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៥ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មានរស​តែមួយ គឺរសប្រៃ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហា​សមុទ្រ មានរស​តែមួយ គឺរសប្រៃ ដោយហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៦ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត មហាសមុទ្រ មាន​រតនៈ (ទ្រព្យជា​គ្រឿងពេញ​ចិត្ត) ច្រើន​យ៉ាង មិនមែនមាន​តែរតនៈ​ម្យ៉ាងទេ ឯរតនៈ​ទាំងនេះ ដែលមាន​នៅក្នុង​មហាសមុទ្រ​នោះ គឺ កែវមុក្តា កែវមណី កែវពីទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវ​មរកត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានរតនៈ​ម្យ៉ាងទេ ឯរតនៈ​ទាំងនេះ ដែលមាន​នៅក្នុង​មហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ សង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម និង​កែវ​មរកត ដោយ​ហេតុណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៧ ក្នុង​មហាសមុទ្រ ដែល​ពួកអសុរ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយវិញទៀត មហាសមុទ្រ ជាទីនៅ​អាស្រ័យ​នៃពួក​សត្វធំៗ ជាច្រើន ពួកសត្វ​ធំៗ ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មានអត្តភាព ១០០​យោជន៍​ខ្លះ មានអត្តភាព ២០០​យោជន៍ខ្លះ មានអត្តភាព ៣០០​យោជន៍ខ្លះ មាន​អត្តភាព ៤០០​យោជន៍ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាសមុទ្រ ជាទីនៅ​អាស្រ័យ​នៃពួក​សត្វធំៗ ជាច្រើន ពួកសត្វធំៗ ទាំងនេះ ដែលនៅ​អាស្រ័យក្នុង​មហា​សមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មានអត្តភាព ១០០​យោជន៍ខ្លះ។បេ។ មានអត្តភាព ៣០០​យោជន៍ខ្លះ មានអត្តភាព ៤០០​យោជន៍ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ ដោយ​​ហេតុណា បពិត្រ​ព្រះអង្គដ៏​ចំរើន នេះជា​ហេតុអស្ចារ្យ ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​ហេតុជា​អស្ចារ្យ​ចំឡែក ក្នុងមហាសមុទ្រ មាន ៨យ៉ាង​នេះឯង ដែល​ពួកអសុរ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះពួក​ភិក្ខុ​ តែងរីករាយ​ក្នុង​ធម្មវិន័យ​នេះដែរឬ។ ម្នាល​បហារាទ ពួកភិក្ខុតែង​រីករាយ ក្នុង​ធម្មវិន័យ​នេះដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងធម្មវិន័យ​នេះ មានហេតុ​ជាអស្ចារ្យ​ចំឡែក ប៉ុន្មាន​យ៉ាង ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាល​បហារាទ ក្នុងធម្មវិន័យនេះ មានហេតុ​ជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលពួកភិក្ខុ​​ឃើញហើយ ៗ តែង​រីករាយ ក្នុង​ធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាង តើដូចម្ដេច។ ម្នាល​បហារាទ មហាសមុទ្រ​ដែលមាន​ទំនាបទៅ​ដោយ​លំដាប់ មានទី​ជម្រាល​ទៅដោយ​លំដាប់ មានទី​ទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅទៅ​តែម្ដង​ដូច​អណ្ដូង​ទេ យ៉ាងណា​មិញ ម្នាល​បហារាទ ក្នុង​ធម្មវិន័យនេះ មានការ​សិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ​ដោយ​លំដាប់ មានសេចក្ដី​ប្រតិបត្តិ​ដោយលំដាប់ មិនមែន​បានត្រាស់ដឹង​អរហត្តផល​តែម្ដង​ទេ ក៏​យ៉ាងនោះ​ដែរ។ ម្នាល​បហារាទ ក្នុង​ធម្មវិន័យ​នេះ មានការ​សិក្សា​ដោយ​លំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មានសេចក្ដី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់ដឹង​អរហត្តផល​​តែម្ដង​ទេ ដោយ​ហេតុណា ម្នាល​បហារាទ នេះជាហេតុ​អស្ចារ្យចំឡែក ទី១ ក្នុងធម្មវិន័យនេះ ដែល​ពួក​ភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមានទឹក​តាំងនៅ​នឹង​ជាធម្មតា មិនដែលឡើង ឬ​ជោរ​ហួសច្រាំង​ទៅ យ៉ាងណាមិញ ម្នាល​បហារាទ សិក្ខាបទណា ដែល​តថាគត​បាន​បញ្ញត្ត​ដល់​សាវក​ទាំងឡាយ​ហើយ ពួក​សាវក​តថាគត សូម្បី​មានហេតុ​ដល់ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ សិក្ខាបទ​ណា ដែល​តថាគត​បាន​បញ្ញត្ត​ដល់សាវក​ទាំងឡាយ​ហើយ ពួក​សាវក​តថាគត សូម្បី​មាន​ហេតុ​ដល់​ជីវិត ក៏មិនហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខាបទ​នោះ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី២ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមិន​នៅរួម​ដោយ​សាកសព​ស្លាប់ បើសាកសព​ស្លាប់ណា ដែលមាន​ក្នុង​មហាសមុទ្រ រលក​តែងបន្សាត់​សាកសពនោះ ទៅ​រកច្រាំង ផាត់ឡើង​ទៅលើគោក​មួយរំពេច យ៉ាងណាមិញ ម្នាល​បហារាទ បុគ្គល​ណា ជាអ្នក​ទ្រុស្ដសីល មានធម៌​អាក្រក់ មាន​មារយាទ​មិនស្អាត គួរឲ្យ​គេរង្កៀស បិទបាំង​អំពើ​អាក្រក់​ទុក មិនមែន​ជាសមណៈ ប្ដេជ្ញា​ខ្លួនថាជា​សមណៈ ជាអ្នកប្រព្រឹត្តធម៌​មិនប្រសើរ ប្ដេជ្ញាខ្លួន​ជាអ្នក​ប្រព្រឹត្តធម៌​ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយ​រាគៈ ក្រខ្វក់​ដូច​សម្រាម សង្ឃនៅរួម​ជាមួយនឹង​បុគ្គលនោះ​មិនបាន សង្ឃ​តែងប្រជុំ​គ្នា នាំយកបុគ្គលនោះ​ចេញមួយ​រំពេច បុគ្គលនោះ ទុកជា​អង្គុយ​នៅក្នុង​កណ្ដាល​ជំនុំសង្ឃ​ពិតមែន ប៉ុន្តែ​បុគ្គល​នោះ ឈ្មោះថានៅឆ្ងាយ​អំពីសង្ឃ ចំណែក​ខាងសង្ឃ ក៏ឈ្មោះ​ថា​នៅ​ឆ្ងាយ​អំពី​បុគ្គល​នោះដែរ។ ម្នាល​បហារាទ បុគ្គល​ណា ជាអ្នក​ទ្រុស្ដសីល មានធម៌​អាក្រក់ មានមារយាទ​មិនស្អាត គួរឲ្យ​គេរង្កៀស បិទបាំង​អំពើអាក្រក់​ទុក មិនមែន​ជាសមណៈ ប្ដេជ្ញា​ខ្លួនថា​ជា​សមណៈ ជាអ្នក​ប្រព្រឹត្តធម៌​មិនប្រសើរ ប្ដេជ្ញាខ្លួនថា​ជាអ្នក​ប្រព្រឹត្តធម៌​ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោកដោយ​រាគៈ ក្រខ្វក់​ដូចសម្រាម សង្ឃនៅរួម​ជាមួយនឹង​បុគ្គលនោះ​មិនបាន សង្ឃ​តែងប្រជុំគ្នា នាំយកបុគ្គល​នោះចេញ​មួយ​រំពេច បុគ្គលនោះ ទុកជា​អង្គុយ​នៅក្នុង​កណ្ដាល​ជំនុំសង្ឃ​ពិតមែន ប៉ុន្តែ​បុគ្គលនោះ ឈ្មោះថា​នៅឆ្ងាយ​អំពីសង្ឃ ចំណែក​ខាង​សង្ឃ ក៏ឈ្មោះថា នៅឆ្ងាយ​អំពីបុគ្គល​នោះ ដោយ​ហេតុណា ម្នាលបហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៣ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាល​បហារាទ ទន្លេធំៗ ទាំងឡាយណាមួយ គឺ​ទន្លេគង្គា យមុនា អចិរវតី សរភូ មហី កាលបើទន្លេ​ទាំងនោះ ហូរចូលទៅ​ដល់​មហាសមុទ្រ​ហើយ តែង​លះបង់​នាម និង​គោត្រ​ដើម (របស់ខ្លួន) ហើយដល់​នូវ​កិរិយា​រាប់ថា​ជា​មហាសមុទ្រ​តែម្យ៉ាង យ៉ាង​ណា​មិញ ម្នាល​បហារាទ វណ្ណៈ គឺត្រកូល ៤ ពួកនេះ គឺ​ក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ បើវណ្ណៈ​ទាំងនោះ​ចេញចាក​ផ្ទះ បួស​ក្នុង​ធម្មវិន័យ ដែលតថាគត​សំដែងហើយ រមែង​លះបង់​នាម និងគោត្រដើម (របស់ខ្លួន) ហើយ​ដល់នូវ​កិរិយា​រាប់ថា​ជា​សមណ​សក្យបុត្រ​តែម្យ៉ាង ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ វណ្ណៈ ៤ពួកនេះ គឺ​ក្សត្រិយ៍ ១ ព្រាហ្មណ៍ ១ វេស្សៈ ១ សុទ្ទៈ ១ វណ្ណៈ​ទាំងនោះ​ចេញចាកផ្ទះ បួស​ក្នុង​ធម្មវិន័យ ដែល​តថាគត​សំដែងហើយ រមែង​លះ​បង់នាម និងគោត្រដើម (របស់ខ្លួន) ដល់នូវ​កិរិយា​រាប់ថាជា សមណ​សក្យបុត្រ​តែម្យ៉ាង ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី៤ ក្នុងធម្មវិន័យ​នេះ ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​ធម្មវិន័យ​នេះ។ ម្នាលបហារាទ ទឹកទន្លេ​ទាំងឡាយណា​មួយ​ក្នុង​លោក ដែលហូរ​ស្រោច​ចុះទៅ​កាន់​មហាសមុទ្រ​ក្ដី ធារទឹកភ្លៀង​ទាំងឡាយ​ណា ដែលហូរ​ធ្លាក់ចុះ​មកអំពី​អាកាស​ក្ដី មហាសមុទ្រ​ក៏មិន​ប្រាកដ​ជាស្រក ឬពេញ​ដោយទឹក​នោះ យ៉ាង​ណា​មិញ ម្នាល​បហារាទ ទោះបី​ពួកភិក្ខុ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ និព្វានធាតុ​ក៏មិន​ប្រាកដ​ជាខ្វះ ឬពេញ​ដោយ​ភិក្ខុទាំងនោះ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ទោះបី​ពួកភិក្ខុ​ច្រើនរូប បរិនិព្វាន​ដោយ​អនុបាទិសេស​និព្វានធាតុ និព្វានធាតុ ក៏មិន​ប្រាកដ​ជាខ្វះ ឬពេញ​ដោយ​ភិក្ខុទាំងនោះ ដោយ​ហេតុណា  ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៥ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ ដែលមាន​រសតែមួយ គឺរសប្រៃ យ៉ាង​ណា​មិញ ម្នាល​បហារាទ ធម្មវិន័យនេះ មានរស​តែមួយ គឺ​វិមុត្តិរស ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ មានរស​តែមួយ គឺ​វិមុត្តិរស ដោយ​ហេតុណា  ម្នាល​បហារាទ នេះជា​​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៦ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ មានរតនៈ​ច្រើនយ៉ាង មិនមែន​មានតែ​មួយទេ រតនៈ​ទាំងនេះ ក្នុង​មហាសមុទ្រ​នោះ គឺ​កែវមុក្តា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) ​កែវ​មរកត យ៉ាង​ណាមិញ ម្នាល​បហារាទ ធម្មវិន័យ​នេះ មានរតនៈ​​ច្រើនយ៉ាង មិនមែន​មានត្រឹម​តែ​មួយទេ រតនៈ​ទាំងនេះ​ ក្នុង​ធម្មវិន័យនោះ គឺ​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ និង​មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ក៏យ៉ាង​នោះដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ មាន​រតនៈ​ច្រើនយ៉ាង មិនមែន​មានត្រឹម​តែមួយទេ រតនៈ​ទាំង​នេះ​ ក្នុងធម្មវិន័យ​នោះ​គឺ សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្ទ្រិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ មគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៧ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ មហាសមុទ្រ​ដែលជាទី​នៅអាស្រ័យ​នៃពួកសត្វ​ធំៗ ជាច្រើន ពួកសត្វ​ធំៗ ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺ​ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមាន​ក្នុង​មហាសមុទ្រ មាន​អត្តភាព ១០០យោជន៍​ខ្លះ មានអត្តភាព ២០០​យោជន៍​ខ្លះ មានអត្តភាព​ ៣០០​យោជន៍​ខ្លះ មានអត្តភាព ៤០០​យោជន៍​ខ្លះ មានអត្តភាព ៥០០​យោជន៍ខ្លះ យ៉ាងណា​មិញ ម្នាល​បហារាទ ធម្មវិន័យនេះ ជាទីនៅ​អាស្រ័យនៃ​ពួកបុគ្គល​ធំៗ ជាច្រើន បុគ្គល​ទាំងនេះ ក្នុង​ធម្មវិន័យ​នោះ​គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល សកទាគាមិបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល អនាគាមិផល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​​អនាគាមិផល អរហន្ដ និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ដ ក៏យ៉ាង​នេះ​ដែរ។ ម្នាល​បហារាទ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំៗ ជាច្រើន បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះគឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់​នូវ​សោតាបត្តិផល សកទាគាមិបុគ្គល និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល អនាគាមិបុគ្គល និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីធ្វើ​​ឲ្យជាក់ច្បាស់​នូវ​អនាគាមិផល អរហន្ដ និង​បុគ្គលដែល​កំពុងប្រតិបត្តិ ដើម្បី​ភាវៈ​នៃខ្លួន​ជាអរហន្ដ ដោយ​ហេតុណា ម្នាល​បហារាទ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក​ ទី៨ ក្នុង​ធម្មវិន័យនេះ ដែលពួក​ភិក្ខុ​ឃើញហើយ ៗ តែងរីករាយ​ក្នុង​ធម្មវិន័យនេះ។ ម្នាល​បហារាទ ក្នុងធម្មវិន័យនេះ មានហេតុ​ជាអស្ចារ្យ​ចំឡែក ទាំង ៨ យ៉ាងនេះឯង ដែល​ពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុង​ធម្មវិន័យនេះ។

 ឧបោសថសូត្រ ទី១០

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​មិគារមាតុប្រាសាទ ក្នុង​បុព្វារាម ទៀប​ក្រុង​សាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃ​ចោមរោម ទ្រង់គង់​ក្នុង​ឧបោសថ​ថ្ងៃនោះ។ លុះ​វេលារាត្រី​អស់ហើយ បឋមយាម​កន្លងទៅ​ហើយ ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើកអញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏មានព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ បឋមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ កាលដែល​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំ​ទូល​យ៉ាងនេះហើយ ព្រះ​ដ៏មានព្រះភាគ ក៏គង់ស្ងៀម។ កាលបើ​វេលារាត្រី​អស់ហើយ មជ្ឈិមយាម ​កន្លង​ទៅហើយ ព្រះអានន្ទ​ដ៏​មានអាយុ ក៏ក្រោក​ចាក​អាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លើក​អញ្ជលី​ប្រណម្យ ចំពោះ​ព្រះដ៏​មានព្រះភាគ ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជា​គំរប់​ពីរដងទៀតថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលារាត្រី​អស់ហើយ មជ្ឈិមយាម​កន្លង​ទៅហើយ ភិក្ខុសង្ឃ​អង្គុយ​ចាំយូរ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​បាតិមោក្ខ​ដល់​ភិក្ខុ​ទាំងឡាយ។ ព្រះ​ដ៏មានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈ​ជាគំរប់​ពីរដង។ កាលបើ​វេលារាត្រី​អស់ហើយ បច្ឆិមយាម កន្លងទៅហើយ រាត្រី​ប្រាកដ​ដូចជា​មាន​មុខស្រស់ (បំព្រង) ក្នុងពេលដែល​អរុណរះ​ឡើង ព្រះអានន្ទ​ដ៏មានអាយុ ក៏ក្រោកចាក​អាសនៈ ហើយធ្វើ​ឧត្តរាសង្គៈ ឆៀង​ស្មាម្ខាង លើកអញ្ជលីប្រណម្យ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ អស់វារៈ​ជាគំរប់​ ៣ដង​ទៀត​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ រាត្រីអស់ហើយ បច្ឆិមយាម​កន្លង​ទៅហើយ អរុណ​ក៏រះហើយ​ រាត្រី​ក៏ប្រាកដ​ដូចជា​មុខស្រស់​ហើយ ភិក្ខុសង្ឃ​​ក៏អង្គុយ​ចាំយូរហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ សូមព្រះដ៏មាន​ព្រះភាគ​ ទ្រង់សំដែង​បាតិមោក្ខ​ដល់ភិក្ខុ​ទាំង​ឡាយ​។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ មាន​បរិសទ្យ​មិន​បរិសុទ្ធទេ។ គ្រានោះ ព្រះ​មហាមោគ្គល្លាន​ដ៏មាន​អាយុ​ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះដ៏មានព្រះភាគ ទ្រង់ដៅ​យកបុគ្គលណា​ហ្ន៎​ បាន​ជា​ទ្រង់​ត្រាស់ថា ម្នាល​អានន្ទ បរិសទ្យ មិនបរិសុទ្ធទេ យ៉ាងនេះ។ លំដាប់នោះ ព្រះ​មហាមោគ្គល្លានដ៏​មានអាយុ ស្ទង់មើល​ចិត្ត (របស់ភិក្ខុសង្ឃ) ដោយចិត្ត (របស់លោក) ហើយ​ធ្វើទុកក្នុង​​ចិត្ត​ចំពោះភិក្ខុសង្ឃ​ទាំងអស់នោះ។ ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ បានឃើញ​បុគ្គលនោះ​ទ្រុស្តសីល មានធម៌លាមក មានមារយាទ​មិនស្អាត គួរឲ្យរង្កៀស មាន​អំពើអាក្រក់​បិទបាំង​ទុក មិនមែន​ជាសមណៈ ប្តេជ្ញាខ្លួនថាជា​សមណៈ ប្រព្រឹត្តធម៌​មិន​ប្រសើរ ប្តេជ្ញាខ្លួន​ថាជា​អ្នកប្រព្រឹត្ត​ធម៌ដ៏ប្រសើរ ស្អុយក្នុង មានចិត្ត​ជោក​ដោយរាគៈ ក្រខ្វក់​ដូច​សម្រាម អង្គុយ​នៅក្នុង​កណ្តាល​ភិក្ខុសង្ឃ លុះឃើញ​ហើយ ក៏​ក្រោកចាក​អាសនៈ ចូលទៅរក​បុគ្គលនោះ​ លុះចូល​ទៅជិត​ហើយ ក៏ពោល​ចំពោះទៅបុគ្គល​នោះ ដូច្នេះថា នែ​អាវុសោ អ្នកចូរក្រោក​ចេញ ដ្បិត​ព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុទាំងឡាយ​ហើយ។ កាលដែល​ព្រះមហាមោគ្គល្លាន ពោលយ៉ាង​នេះហើយ បុគ្គលនោះ​ក៏នៅ​ស្ងៀម។ ព្រះមហាមោគ្គល្លាន​​ដ៏មានអាយុ បាននិយាយ​​នឹងបុគ្គលនោះ ជាគំរប់ពីរដងទៀត ដូច្នេះថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់​បានឃើញ​អ្នក​ច្បាស់​ហើយ អ្នកលែង​បាននៅរួម​ជាមួយ​នឹង​ភិក្ខុ​ទាំងឡាយ​ហើយ។ បុគ្គលនោះ​ក៏​នៅ​ស្ងៀម អស់វារៈ​ពីរដងទៀត។ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បាននិយាយ​នឹងបុគ្គល​នោះ ជាគំរប់បី​ដងទៀត​ដូច្នេះ​ថា នែ​អាវុសោ អ្នកចូរ​ក្រោកចេញ ដ្បិត​ព្រះដ៏មានព្រះ​ភាគ ទ្រង់​បានឃើញ​អ្នកច្បាស់​ហើយ អ្នកលែងបាន​នៅរួម​ជាមួយនឹង​ភិក្ខុ​ទាំងឡាយ​ទៀត​ហើយ។ បុគ្គល​នោះក៏​នៅស្ងៀម អស់វារៈជាគំរប់​បីដងទៀត។ ទើប​ព្រះមហា​មោគ្គលា្លន​ដ៏មាន​អាយុ ចាប់ដើមដៃ​បុគ្គលនោះ ទាញចេញទៅ​ខាងក្រៅ​ស៊ុំទ្វារ ហើយខ្ទាស់គន្លឹះ និង​រនុក​ទ្វារ រួចចូលទៅ​គាល់ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គ​បាន​បណ្តេញ​ឲ្យដើរ​ចេញហើយ ឥឡូវ​នេះ​ បរិសទ្យ​បរិសុទ្ធ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះអង្គ​ទ្រង់សំដែង​បាតិមោក្ខ ដល់ភិក្ខុ​ទាំងឡាយ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​មោគ្គល្លាន ហេតុនេះ អស្ចារ្យណាស់ ម្នាលមោគ្គលា្លន ហេតុនេះ​ចំឡែក​ណាស់ មោឃបុរស​នោះ មិនសមបើ​នឹង​បង្អង់​ទាល់តែ​ចាប់ទាញដៃ​ចេញសោះ។ លំដាប់​នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយ គប្បី​ធ្វើ​ឧបោសថ គប្បីសំដែង​បាតិមោក្ខចុះ។ ម្នាលភិក្ខុ​ទាំងឡាយ ឥឡូវនេះ តថាគត ឈប់សំដែង​បាតិមោក្ខ ចាប់ដើម​តាំងអំពី​ថ្ងៃ​នេះតទៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះតថាគត គប្បីសំដែង​នូវបាតិមោក្ខ​ដល់បរិសទ្យ មិនបរិសុទ្ធ ដោយ​ហេតុ​ណា ហេតុនោះ​មិនមែន​ជាឋានៈ មិនមែន​ជាបច្ច័យ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួក​អសុរ​ឃើញហើយ ៗ តែង​រីករាយ​ក្នុង​មហាសមុទ្រ។ ហេតុជាអស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មហាសមុទ្រ មានទំនាបទៅ​ដោយ​លំដាប់ មានទីជម្រាលទៅ​ដោយ​លំដាប់ មាន​ទីទេរ​ទៅដោយ​លំដាប់ មិនមែន​ចោតជ្រៅ​តែម្តង ដូចជា​អណ្តូង​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ មានទំនាប​ទៅដោយ​លំដាប់ មានទីជម្រាល​ទៅដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនមែនចោតជ្រៅ​ទៅតែម្តង ដូចជា​អណ្តូង ដោយហេតុ​ណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុ​អស្ចារ្យ​ចំឡែក ទី១ ក្នុង​មហាសមុទ្រ​ ដែលពួក​អសុរ​ឃើញហើយៗ តែងរីករាយ​ក្នុងមហាសមុទ្រ។ សេចក្តីពិស្តារ ដូចពាក្យ​ខាងដើមដែរ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត​ មហាសមុទ្រ ជាទីនៅអាស្រ័យ​​នៃពួកសត្វ​ធំ ៗ ជាច្រើន ពួក​សត្វធំៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និងពួក​អសុរ នាគ គន្ធព្វ ដែលមាន​អត្តភាព ១០០ យោជន៍ខ្លះ។បេ។ មាន​អត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ ជាទីនៅអាស្រ័យ នៃពួកសត្វធំៗ ជាច្រើន ពួកសត្វធំៗ​ទាំងនេះ ដែលនៅ​ក្នុង​មហាសមុទ្រ​នោះ គឺត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួក​អសុរ នាគ គន្ធព្វ ដែលមានអត្តភាព ១០០ យោជន៍ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍ខ្លះ តែងនៅ​ក្នុង​មហាសមុទ្រ ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជាហេតុ​អស្ចារ្យ​ចំឡែក ទី៨ ក្នុង​មហាសមុទ្រ ដែលពួក​អសុរឃើញ​ហើយ ៗ តែងរីករាយ​ក្នុង​មហាសមុទ្រ។ ម្នាលភិក្ខុ​ទាំងឡាយ  ក្នុង​មហាសមុទ្រ មានហេតុ​ជាអស្ចារ្យចំឡែក ៨ យ៉ាង​នេះឯង ដែលពួក​អសុរឃើញហើយ ៗ តែងរីករាយ​ក្នុងមហា​សមុទ្រ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះ ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ​ក្នុងធម្មវិន័យ​នេះ។ ហេតុជា​អស្ចារ្យចំឡែក ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ដែលមានទំនាប​ទៅដោយ​លំដាប់ មាន​ទីជម្រាល​ទៅ​ដោយ​លំដាប់ មានទីទេរ​ទៅដោយ​លំដាប់ មិនចោត​ជ្រៅ​ទៅតែ​ម្តង ដូចជា​អណ្តូង យ៉ាង​ណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយ​លំដាប់ មានកិច្ច​ដែលត្រូវ​ធ្វើ ដោយ​លំដាប់ មានសេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងធម្មវិន័យ​នេះ មាន​ការសិក្សា​ដោយលំដាប់ មានកិច្ច​ដែល​ត្រូវធ្វើ​ដោយ​លំដាប់ មាន​សេចក្តី​ប្រតិបត្តិ​ដោយ​លំដាប់ មិនមែន​បានត្រាស់​ដឹងនូវ​អរហត្តផល​តែម្តង​ទេ ដោយ​ហេតុណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​អស្ចារ្យ ចំឡែក​ ទី១ ក្នុង​ធម្មវិន័យនេះ ដែល​ពួកភិក្ខុ​ឃើញ​ហើយ ៗ​ តែង​រីករាយ​ក្នុងធម្មវិន័យ​នេះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មហាសមុទ្រ ជាទីអាស្រ័យ​នៃពួក​សត្វធំ ៗ ជាច្រើន ពួកសត្វធំ ៗ ទាំងនេះ ដែលនៅក្នុង​មហាសមុទ្រ​នោះគឺ ត្រីឈ្មោះ​តិមិ ឈ្មោះ​តិមិង្គលៈ ឈ្មោះ​តិមិរមិង្គលៈ និង​ពួកអសុរ នាគ គន្ធព្វ ដែល​មាន​អត្តភាព ១០០ ​យោជន៍​ខ្លះ។បេ។ មានអត្តភាព ៥០០ យោជន៍​ខ្លះ ដែលនៅក្នុង​មហាសមុទ្រ យ៉ាងណាមិញ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មវិន័យនេះ ជាទីនៅអាស្រ័យ​នៃពួក​បុគ្គលធំ ៗ ជាច្រើនពួក បុគ្គល​ទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និង​បុគ្គល​ដែលកំពុង​ប្រតិបត្តិ ដើម្បីធ្វើ​អោយជាក់ច្បាស់​នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈ​នៃខ្លួន​ជាអរហន្ត ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ​ធម្មវិន័យ​នេះ ជាទីនៅអាស្រ័យនៃពួក​បុគ្គលធំ ៗ ជាច្រើន បុគ្គលទាំងនេះ ក្នុងធម្មវិន័យ​នោះ គឺ សោតាបន្នបុគ្គល និងបុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​សោតាបត្តិផល។បេ។ អរហន្ត និង​បុគ្គល​ដែល​កំពុង​ប្រតិបត្តិ ដើម្បីភាវៈនៃ​ខ្លួន​ជា​អរហន្ត ដោយហេតុណា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ហេតុអស្ចារ្យ​ចំឡែក ទី៨ ក្នុង​ធម្មវិន័យ​នេះ ដែលពួកភិក្ខុ​ឃើញហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ​ក្នុង​ធម្មវិន័យ​នេះ មានហេតុជា​អស្ចារ្យ​ចំឡែក ៨ យ៉ាងនេះឯង ដែលពួកភិក្ខុ​ឃើញ​ហើយ ៗ តែងរីករាយ ក្នុងធម្មវិន័យនេះ។

ចប់ មហាវគ្គ ទី២។

ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពី​វេរញ្ជព្រាហ្មណ៍ ១ អំពីសីហសេនាបតី ១ អំពីសេះអាជានេយ្យ ១ អំពី​ពុតត្បុត​របស់សេះ ១ អំពីមន្ទិល ១ អំពីភិក្ខុដែលគួរ​ធ្វើជាទូត ១ អំពីចំណង មាន ២លើក អំពី​បហារាទអសុរ ១ អំពីឧបោសថ ១។

គហបតិវគ្គ

បឋមឧគ្គសូត្រ ទី១

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារសាលា នាព្រៃ​មហាវន ជិត​ក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ  ចូលចាំទុក​នូវឧគ្គគហបតី អ្នកស្រុក​វេសាលី ថាជាអ្នក​ប្រកប​ដោយធម៌ អស្ចារ្យចំឡែក ៨ យ៉ាង។ ព្រះដ៏មានព្រះភាគ បានត្រាស់​នូវពាក្យនេះ លុះ​ព្រះសុគត ទ្រង់ត្រាស់​នូវពាក្យនេះរួច​ហើយ ទើប​ក្រោកចាក​អាសនៈ ហើយទ្រង់​ស្តេចចូល​ទៅកាន់​វិហារ។ គ្រានោះ មានភិក្ខុ ១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​លំនៅ របស់​ឧគ្គគហបតី អ្នកស្រុក​វេសាលី លុះចូលទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែល​គេក្រាល​ទុក។ ទើប​ឧគ្គគហបតី អ្នកស្រុក​វេសាលី ចូលទៅរក​ភិក្ខុនោះ លុះចូល​ទៅដល់ ថ្វាយបង្គំ​ភិក្ខុនោះ​ដោយគោរព ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧគ្គគហបតី អ្នកស្រុក​វេសាលី អង្គុយក្នុងទី​សមគួរ​ហើយ ភិក្ខុនោះ ក៏បានពោល​ដូច្នេះថា ម្នាល​គហបតី អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ។ ម្នាល​គហបតី អ្នកប្រកប​ដោយធម៌អស្ចារ្យ​ចំឡែក​ទាំងឡាយ​​ណា ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ ធម៌អស្ចារ្យ​ចំឡែក​ទាំង ៨ នោះ តើដូចម្តេច។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំព្រះករុណា​មិនដឹង​សោះថា ខ្ញុំករុណា​ប្រកប​ដោយធម៌អស្ចារ្យចំឡែក ៨ យ៉ាង​ដូចម្តេចខ្លះ ដែលព្រះ​ដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​ហើយ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប៉ុន្តែធម៌​អស្ចារ្យ​ចំឡែក ៨យ៉ាងណា ដែលមាន​ដល់ខ្ញុំ​ករុណា លោកម្ចាស់​ចូរប្រុង​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត​ដោយប្រពៃ​ចុះ ខ្ញុំព្រះករុណា​នឹង​សំដែង​នូវ​ធម៌អស្ចារ្យ​ចំឡែក​ទាំងនោះ។ ភិក្ខុនោះ ទទួលស្តាប់​ពាក្យឧគ្គគហបតី អ្នកស្រុក​វេសាលី​ថា ចំរើន​ពរ​គហបតី។ ឧគ្គគហបតី​អ្នកស្រុកវេសាលី បាន​ពោល​ដូច្នេះ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលណា​បើខ្ញុំ​ករុណា​បានឃើញ​ព្រះដ៏មានព្រះភាគ អំពីចម្ងាយ​ជាដំបូងហើយ​ បពិត្រលោកម្ចាស់​​ដ៏ចំរើន ចិត្តខ្ញុំករុណា ក៏ជ្រះថ្លា​ចំពោះ​ព្រះដ៏មានព្រះភាគ ដោយគ្រាន់​តែបានឃើញ​ប៉ុណ្ណោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នោះជាធម៌អស្ចារ្យ​ចំឡែក ទី១ តែងមាន​ដល់ខ្ញុំករុណា។ បពិត្រលោកម្ចាស់ដ៏ចំរើន លុះខ្ញុំករុណា មានចិត្តជ្រះថ្លា​ហើយ ក៏ចូល​ទៅ​អង្គុយ​ជិតព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​នូវ​អនុបុព្វីកថា ដល់​ខ្ញុំករុណា គឺទ្រង់​សំដែង​ទានកថា សីលកថា សគ្គកថា ទោស​របស់កាម​ទាំងឡាយ​ដ៏លាមក សៅហ្មង និង​អានិសង្ស​ក្នុងការ​ចេញចាក​កាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំព្រះករុណា​មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ផុតចាក​នីវរណធម៌ មានចិត្ត​អណ្តែត​ឡើង មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​សំដែងធម៌ទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើកឡើង​សំដែង​​ដោយ​ព្រះអង្គ​ឯង គឺទ្រង់សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុងកាលនោះ។ សំពត់សស្អាត មិនប្រឡាក់ពណ៌ខ្មៅ គួរទទួលទឹក​ជ្រលក់បាន ដោយប្រពៃ យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល កើតឡើង​ដល់ខ្ញុំករុណា លើអាសនៈ​នោះឯងថា ធម្មជាត​ណាមួយ ដែលកើត​ឡើង​ជាធម្មតា ធម្មជាត​ទាំងអស់នោះ តែងរលត់​ទៅវិញ​ជា​ធម្មតា ក៏យ៉ាងនោះដែរ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា​បានឃើញ​អរិយសច្ច​ធម៌ បានដល់អរិយសច្ចធម៌ បានដឹងច្បាស់​អរិយសច្ចធម៌ បានចុះចិត្តស៊ប់ ក្នុង​អរិយសច្ចធម៌ បានឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿងឆ្ងល់ ដល់នូវ​សេចក្តី​ក្លៀវក្លា​ហើយ មិនបាន​ជឿស្តាប់​បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសាស្តា​ បានដល់​ព្រះពុទ្ធផង ព្រះធម៌​ផង ព្រះសង្ឃ​ផង ជាទីពឹង​ ក្នុងទីនោះ ទាំងបាន​សមាទាន​នូវ​សិក្ខាបទ​ទាំងឡាយ មាន​ព្រហ្មចរិយៈ ជាគំរប់ ៥ បពិត្រលោកម្ចាស់ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី២ តែង​មានដល់​ខ្ញុំព្រះករុណា។ បពិត្រលោកម្ចាស់​ដ៏ចំរើន ខ្ញុំព្រះករុណា មាននាងកុមារី​ជា​ប្រពន្ធ ៤ នាក់ បពិត្រលោកម្ចាស់​ដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះករុណា ចូលទៅរក​ប្រពន្ធ​ទាំង​នោះ លុះចូលទៅ​ដល់ហើយ ក៏ពោល​ទៅនឹង​ប្រពន្ធ​ទាំងនោះ ដូច្នេះថា ម្នាលនាង​ទាំងឡាយ យើង​សមាទាន​សិក្ខាបទទាំងឡាយ មាន​ព្រហ្មចរិយៈ ជាគំរប់ ៥ ហើយ (បើ) នាងណា​ប្រាថ្នា នាងនោះ ចូរប្រើប្រាស់​នូវភោគៈ​ទាំងឡាយ​នេះផង ចូរធ្វើ​បុណ្យ​ទាំងឡាយ​ផងចុះ ឬថា ទៅកាន់​ត្រកូលញាតិ ជារបស់​ខ្លួនក៏បាន ពុំនោះ​សោត នាង​ទាំង​ឡាយ ត្រូវការ​បុរសណា យើងនឹង​ឲ្យនាង​ទាំងឡាយ​ទៅបុរស​នោះ។  បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា និយាយ​យ៉ាងនេះហើយ នាងដែល​ជាប្រពន្ធ​ច្បងនោះ និយាយ​នឹង​ខ្ញុំករុណាថា បពិត្រ​អយ្យបុត្ត ចូរអ្នកឲ្យ​ខ្ញុំទៅបុរស​ឈ្មោះនេះចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ឯខ្ញុំករុណា ក៏ឲ្យគេហៅ​បុរសនោះមក ហើយដៃឆ្វេង​កាន់ប្រពន្ធ ដៃស្តាំ​កាន់កុណ្ឌី (ច្រួចទឹក) ប្រគល់​ឲ្យដល់​បុរសនោះ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន កាលខ្ញុំ​ករុណា លះបង់​នូវនាង​កុមារី ឲ្យទៅជាទាន​ហើយ ក៏មិនដឹង​ធ្វើចិត្តឲ្យ​ប្រែប្រួល​ឡើយ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ភោគៈ​ទាំងឡាយ មានច្រើន​ក្នុងត្រកូល​របស់ខ្ញុំ​ករុណា តែភោគៈ​ទាំងនោះ មិនបាន​ចែកមុខ​អំពី​លោកអ្នក​មានសីល មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែងមាន​ដល់​ខ្ញុំ​ករុណា។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើខ្ញុំ​ករុណា​ចូល​ទៅ​អង្គុយ​ជិត​ភិក្ខុណា តែង​ចូលទៅ​អង្គុយ​ជិត ដោយគោរព មិនមែន​ចូលទៅ​អង្គុយជិត ដោយមិនគោរពទេ។ បពិត្រ​លោក​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៥ តែងមាន​ដល់​ខ្ញុំករុណា។ បើលោក​ដ៏មាន​អាយុ​នោះ សំដែងធម៌​ដល់ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយគោរព មិនមែនស្តាប់​ដោយ​មិនគោរព​ទេ បើលោកដ៏មាន​អាយុ មិនសំដែងធម៌​ដល់ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា តែង​សំដែង​ធម៌​ដល់លោក​ដ៏មាន​អាយុនោះ​វិញ។ បពិត្រលោក​ម្ចាស់ដ៏ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី៦ តែង​មានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ពួកទេវតា​តែង​ចូល​មករក​ខ្ញុំករុណា ហើយ​ប្រាប់ថា ម្នាល​គហបតិ ធម៌ដែល​ព្រះដ៏មានព្រះភាគ ​ទ្រង់​សំដែង​ហើយ ដោយ​ប្រពៃ​ដូច្នេះ មិនជា​ទីអស្ចារ្យ​ទេ។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ទេវតា និយាយ​យ៉ាងនេះ​ហើយ ខ្ញុំករុណា ក៏និយាយ​ទៅរក​ពួកទេវតា​ទាំងនោះ ​យ៉ាងនេះថា ម្នាល​ទេវតា​ទាំងឡាយ អ្នកទាំងឡាយ គប្បី​ពោលយ៉ាង​នេះក្តី មិនគប្បី​ពោល​យ៉ាងនេះក្តី ឯធម៌​ពិត ព្រះ​ដ៏មានព្រះភាគ ទ្រង់សំដែង​ហើយដោយ​ប្រពៃ​មែន។ បពិត្រ​លោក​ម្ចាស់ដ៏ចំរើន ខ្ញុំមិនដឹង​ថា ចិត្តដែល​ប៉ោងឡើង ព្រោះរឿង​នោះ​ជា​ហេតុ​ទេ ពួកទេវតា​តែងចូលមក​រកខ្ញុំករុណា​ក៏មាន ខ្ញុំករុណា​តែង​ចរចា ជាមួយនឹង​ពួក​ទេវតា​ក៏មាន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៧ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រលោក​ម្ចាស់ដ៏ចំរើន សញ្ញោជនធម៌​ទាំងឡាយ ជាចំណែកខាង​ក្រោម ៥ យ៉ាង​ណា​ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ហើយ បណ្តា​សញ្ញោជនៈ​ទាំងនោះ ខ្ញុំ​ករុណា​ពិចារណារក​សញ្ញោជនធម៌​បន្តិចបន្តួច ដែលមិនទាន់​លះបង់​ក្នុងខ្លួន​មិនឃើញ​ឡើយ។ បពិត្រលោក​ម្ចាស់ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៨ តែងមាន​ដល់​ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ធម៌អស្ចារ្យ​ចំឡែកទាំង ៨ នេះឯង តែងមាន (ដល់ខ្ញុំករុណា) ចំណែក​ខ្ញុំករុណា មិនដឹង​សោះថា ខ្ញុំករុណា​ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេចខ្លះ ដែលព្រះដ៏​មានព្រះភាគ ទ្រង់បាន​ព្យាករហើយ​។ ​គ្រានោះ ភិក្ខុនោះ ទទួលចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​របស់​ឧគ្គគហបតី អ្នកស្រុក​វេសាលីហើយ ក៏ក្រោក​ចាក​អាសនៈ ចៀស​ចេញទៅ។ លុះភិក្ខុនោះ ត្រឡប់ពី​បិណ្ឌបាត ក្នុង​វេលា​ខាង​ក្រោយ​នៃភត្តហើយ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយក៏​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​នូវរឿងរ៉ាវ​ទាំងអស់​នោះ ដែលខ្លួន​ចរចា​ទាំង​ប៉ុន្មាន ជាមួយ​នឹងឧគ្គគហបតី អ្នកស្រុក​វេសាលី ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុក​វេសាលី កាលបើ​ព្យាករ​ឲ្យសម​ហេតុ ឈ្មោះថា​ព្យាករ​តាមពិត ម្នាលភិក្ខុ​ ឧគ្គគហបតី អ្នកស្រុក​វេសាលី ប្រកបដោយ​ធម៌អស្ចារ្យចំឡែក ៨ យ៉ាងនេះឯង ដែលតថាគត​បានព្យាករ​ហើយ ម្នាលភិក្ខុ មួយទៀត អ្នកទាំងឡាយ ចូរចាំទុកនូវ​ឧគ្គគហបតី អ្នកស្រុក​វេសាលី ថាប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែកទាំង ៨ យ៉ាងនេះចុះ។

 ទុតិយឧគ្គសូត្រ ទី២

[២២] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​ហត្ថិគ្រាម ក្នុង​ដែនវជ្ជី។ ក្នុង​ទី​នោះ​ឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរចាំទុក​នូវ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ថាជា​អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ។ ព្រះដ៏មានព្រះភាគ បានត្រាស់​ពាក្យនេះ លុះព្រះសុគត ទ្រង់ត្រាស់​ពាក្យនេះរួច​ហើយ ក៏ក្រោក​ចាក​អាសនៈ ស្តេចចូល​ទៅកាន់​វិហារ។ គ្រានោះ ភិក្ខុ ១រូប ស្លៀកស្បង់ ប្រដាប់​បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់​លំនៅ​របស់​ឧគ្គគហបតី  អ្នក​ស្រុក​ហត្ថិគ្រាម លុះចូលទៅ​ដល់ហើយ ក៏អង្គុយ​លើអាសនៈ ដែលគេ​ក្រាលទុក។ លំដាប់​នោះ ឧគ្គគហបតី  អ្នកស្រុក​ហត្ថិគ្រាម ចូលទៅរក​ភិក្ខុនោះ លុះចូល​ទៅដល់​ ថ្វាយ​បង្គំភិក្ខុនោះ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម អង្គុយ​ក្នុងទី​សមគួរ​ហើយ ភិក្ខុនោះ​ពោល​ដូច្នេះថា ម្នាល​គហបតី អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដែលព្រះ​ដ៏មានព្រះភាគ​ទ្រង់ព្យាករ​ហើយ ម្នាល​គហបតី អ្នកប្រកបដោយ​ធម៌​អស្ចារ្យ​ ៨យ៉ាងណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ព្យាករ​ហើយ ធម៌អស្ចារ្យ​ចំឡែក ៨ យ៉ាង​នោះ តើដូចម្តេច។ បពិត្រលោក​ម្ចាស់ដ៏ចំរើន ខ្ញុំករុណា​មិនដឹងសោះថា ខ្ញុំ​ករុណា ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាង ដូចម្តេច​ខ្លះ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ហើយទេ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ក៏ប៉ុន្តែ ធម៌​អស្ចារ្យ​ចំឡែក ៨ យ៉ាងណា ដែល​មានដល់ខ្ញុំ​ករុណា សូមលោកម្ចាស់​ស្តាប់នូវធម៌​អស្ចារ្យ​ចំឡែក​ទាំងនោះ សូមធ្វើ​ទុកក្នុងចិត្ត​ដោយប្រពៃចុះ ខ្ញុំករុណានឹង​សំដែង។ ភិក្ខុនោះ ទទួលស្តាប់ពាក្យ​ឧគ្គគហបតី អ្នក​ស្រុក​ហត្ថិគ្រាម​ថា ចំរើនពរ គហបតី។ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម បាន​ពោល​ដូច្នេះថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលណា​ខ្ញុំករុណា កំពុង​ត្រាច់​ទៅក្នុង​នាគវន បាន​ឃើញ​ព្រះដ៏មានព្រះភាគ​ជាដំបូង អំពីចម្ងាយ បពិត្រ​លោកដ៏ចំរើន ចិត្តខ្ញុំ​ករុណា​ក៏ជ្រះថ្លា ចំពោះ​ព្រះដ៏មានព្រះភាគ ដោយគ្រាន់តែ​ឃើញ​ប៉ុណ្ណោះ ទាំងការ​ស្រវឹង​សុរា ក៏​ស្វាង​ទៅ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី១ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លុះខ្ញុំ​ករុណា​មានចិត្ត​ជ្រះថ្លា​ហើយ ក៏ចូលទៅ​អង្គុយ​ជិត​ព្រះមានព្រះភាគ ព្រះអង្គ​ទ្រង់សំដែង​អនុបុព្វីកថា​ដល់ខ្ញុំ​ករុណា គឺទ្រង់​ប្រកាស​ទានកថា សីលកថា សគ្គកថា ទោសរបស់កាម​ដ៏លាមក​សៅហ្មង និងអានិសង្ស​ក្នុង​ការ​ចេញចាក​កាម។ ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ខ្ញុំករុណា​មានចិត្តស្រួល មាន​ចិត្តទន់ មានចិត្តផុត​ចាក​នីវរណធម៌ មានចិត្ត​អណ្តែត​ឡើង មានចិត្ត​ជ្រះថ្លា ក្នុង​កាលណា ព្រះអង្គ​ក៏ទ្រង់​សំដែង​ធម៌ទេសនា​ ដែល​ព្រះពុទ្ធទាំងឡាយ ទ្រង់លើកឡើង​សំដែង ដោយ​ព្រះអង្គ​ឯង គឺទ្រង់សំដែង​ទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច ក្នុង​កាលនោះ។ សំពត់​សស្អាត មិនប្រឡាក់​ពណ៌ខ្មៅ គួរទទួល​ទឹកជ្រលក់​បាន ដោយប្រពៃ យ៉ាង​ណា​មិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាក​ធូលី ប្រាសចាក​មន្ទិល កើតឡើង​ដល់ខ្ញុំ​ករុណា លើអាសនៈ​នោះឯង​ថា ធម្មជាត​ណាមួយ ដែលកើតឡើង​ហើយ​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានការ​រលត់​ទៅវិញ​ជាធម្មតា ក៏យ៉ាង​នោះដែរ។ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន ខ្ញុំករុណា បានឃើញ​អរិយសច្ចធម៌ បានដល់​អរិយសច្ចធម៌ បានដឹងច្បាស់​អរិយសច្ចធម៌ បានចុះចិត្តស៊ប់​ក្នុង​អរិយសច្ច​ធម៌ បានឆ្លងផុត​សេចក្តី​សង្ស័យ មិនមាន​ងឿង​ឆ្ងល់ ដល់នូវសេចក្តី​ក្លៀវក្លា មិនជឿស្តាប់​បុគ្គល​ដទៃ ក្នុងសាសនា​នៃព្រះសស្តា បានដល់​នូវព្រះពុទ្ធ​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង​ក្នុងទីនោះ ទាំងបាន​សមាទាន នូវ​សិក្ខាបទ​ទាំងឡាយ មានព្រហ្មចរិយៈ ជាគំរប់ ៥។ បពិត្រ​លោកម្ចាស់ដ៏​ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី២ តែងមាន​ដល់ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា មាននាង​កុមារី​ជាប្រពន្ធ ៤ នាក់។ បពិត្រលោក​ម្ចាស់ដ៏ចំរើន លំដាប់នោះ ខ្ញុំករុណា​ចូលទៅរក​ប្រពន្ធ​ទាំងនោះ លុះចូលទៅ​ដល់ហើយ បាននិយាយ​ទៅនឹង​ប្រពន្ធ​ទាំងនោះ ដូច្នេះថា ម្នាល​នាងទាំងឡាយ យើងបានសមាទាន​សិក្ខាបទទាំងឡាយ មាន​ព្រហ្ម​ចរិយៈ ជា​គំរប់​ ៥ ហើយ បើនាង​ណាប្រាថ្នា នាងនោះ​ចូរប្រើប្រាស់​នូវ​ភោគសម្បត្តិ​ទាំងនេះ​ផង ចូរ​ធ្វើបុណ្យ​ទាំងឡាយ​ផងចុះ ឬថា ទៅកាន់​ត្រកូល​ញាតិរបស់ខ្លួន​ក៏បាន ពុំនោះ​សោត នាងទាំងឡាយ ត្រូវការ​បុរសណា យើងនឹង​ឲ្យនាង​ទាំងឡាយ​ទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា​និយាយ​យ៉ាងនេះ​ហើយ នាង​ដែលជា​ប្រពន្ធ​ច្បង​នោះ ក៏និយាយ​នឹងខ្ញុំ​ករុណា ដូច្នេះថា បពិត្រ​អយ្យបុត្គ សូមអ្នក​ឲ្យខ្ញុំ​ទៅបុរស​ឈ្មោះនេះចុះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ទើបខ្ញុំករុណា​ ក៏ឲ្យគេហៅ​បុរសនោះ​មក ហើយដៃ​ឆ្វេងកាន់​ប្រពន្ធ ដៃស្តាំ​កាន់​កុណ្ឌី (ច្រួចទឹក) ប្រគល់​ឲ្យទៅបុរស​នោះ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាល​​ខ្ញុំករុណា លះបង់​នាងកុមារី​ឲ្យទៅជា​ទានហើយ ក៏មិនដឹង​ធ្វើចិត្ត​ឲ្យប្រែប្រួល​ឡើយ។ បពិត្រ​លោក​ម្ចាស់ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៣ តែងមាន​ដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ភោគសម្បត្តិ​ទាំងឡាយ មានច្រើន​ក្នុងត្រកូល​របស់ខ្ញុំករុណា តែ​ភោគសម្បត្តិ​ទាំងនោះ មិនទាន់បាន​ចែកមុខ អំពីអ្នក​មានសីល មាន​កល្យាណធម៌​ទាំង​ឡាយ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៤ តែង​មាន​ដល់​ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើខ្ញុំករុណា​ចូល​ទៅ​អង្គុយ​​ជិត​ភិក្ខុណា តែចូល​ទៅអង្គុយជិត​ដោយគោរព មិនបាន​ចូលទៅអង្គុយ​ជិតដោយ​​មិនគោរព​ទេ។ បើ​លោកដ៏​មាន​អាយុនោះ សំដែងធម៌​ដល់ខ្ញុំករុណា ខ្ញុំករុណា​តែងស្តាប់​ដោយគោរព មិនបាន​ស្តាប់​ដោយ​មិនគោរពទេ ប្រសិនបើ​លោកដ៏មានអាយុ មិនសំដែងធម៌​ដល់ខ្ញុំ​ករុណា​ទេ ខ្ញុំករុណា​តែងសំដែង​ធម៌​ដល់លោក​ដ៏មាន​អាយុ​នោះវិញ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៥ តែង​មានដល់​ខ្ញុំករុណា។​ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ខ្ញុំករុណា និមន្ត​ព្រះសង្ឃមក​ហើយ ពួកទេវតា ចូលទៅ​ប្រាប់ថា ម្នាល​គហបតី ភិក្ខុ​ឯណោះ ជាឧភតោភាគវិមុត្ត [បាន​ដល់បុគ្គល​ដែល​ផុតស្រឡះ​ចាក​ចំណែក​ទាំងពីរ គឺ​ផុតស្រឡះ​ចាករូបកាយ ដោយអរូបសមាបត្តិ ១ ផុតស្រឡះ​ចាក​នាមកាយ ដោយមគ្គ ១។] ភិក្ខុ​ឯណោះ ជាបញ្ញាវិមុត្ត [បានដល់បុគ្គល​ជា​សុក្ខវិបស្សកៈ។] ភិក្ខុ​ឯណោះ ជា​កាយសក្ខី [បានដល់បុគ្គល​ដែលបាននូវឈានសម្ផស្ស​ជាដំបូង ទើបធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះនិព្វាន​ជាខាងក្រោយ។] ភិក្ខុ​ឯណោះ ជាទិដ្ឋិប្បត្តៈ [បានដល់​បុគ្គល​ដែល​ដឹងច្បាស់ ឃើញ​ច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា​ថា សង្ខារទាំងឡាយ​ រមែង​នាំមក​នូវ​ទុក្ខ មានតែ​ព្រះនិព្វាន ទើបបានសុខ គឺថា ឃើញច្បាស់នូវ​អរិយសច្ចទាំង ៤ ដោយបញ្ញា។] ភិក្ខុ​ឯណោះ ជាសទ្ធាវិមុត្ត [បានដល់បុគ្គល​ដែល​ផុតស្រឡះ​ ចាកកិលេស​ដោយសទ្ធា សេចក្តី​ដូចគ្នានឹង​ទិដ្ឋិប្បត្តបុគ្គល ប្លែកគ្នាតែត្រង់​សេចក្តី​ជឿស៊ប់សួន ក្នុងខណៈ​ដែល​បាន​នូវមគ្គ​ជាចំណែក​ខាងដើម។] ភិក្ខុឯណោះ ជាធម្មានុសារី [បានដល់បុគ្គលដែល​ចំរើន​នូវមគ្គ មានធម៌ គឺបញ្ញាជាប្រធាន។] ភិក្ខុ​ឯណោះ ជាសទ្ធានុសារី [ប្រហែលគ្នានឹង​ធម្មានុសារីបុគ្គល។] ភិក្ខុ​ឯណោះ ជាអ្នកមានសីល មានកល្យាណធម៌ ភិក្ខុ​ឯណោះ ជាអ្នក​ទ្រុស្តសីល មានធម៌​ដ៏លាមក ហេតុនេះ មិនជា​អស្ចារ្យទេ។  បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលខ្ញុំ​ករុណា កំពុងអង្គាស​ព្រះសង្ឃ មិនដឹង​ធ្វើចិត្ត​ឲ្យ​កើតឡើង​យ៉ាងនេះថា អាត្មាអញ ឲ្យវត្ថុតិច ដល់ភិក្ខុ​នេះផង ឲ្យវត្ថុច្រើន​ដល់ភិក្ខុ​នេះផងទេ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​ឲ្យទាន​មានចិត្តស្មើ​ដោយពិត។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌អស្ចារ្យ​ចំឡែក ទី៦ តែងមាន​ដល់ខ្ញុំ​ករុណា។ បពិត្រ​លោកម្ចាស់ដ៏ចំរើន ពួកទេវតា តែង​ចូលមករក​ខ្ញុំករុណា ហើយប្រាប់​ថា ម្នាល​គហបតី ព្រះធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែងហើយ​ដោយប្រពៃ មិនជា​អស្ចារ្យ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន កាលដែល​ពួកទេវតា​ពោល​យ៉ាងនេះហើយ ខ្ញុំករុណា ក៏និយាយ​ទៅរកទេវតា​ទាំងនោះ​យ៉ាងនេះថា ម្នាល​ទេវតា អ្នកទាំងឡាយ គប្បីពោល​យ៉ាងនេះក្តី មិនគប្បីពោល​យ៉ាងនេះក្តី ឯធម៌ពិត ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃមែន។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ខ្ញុំករុណា​មិនដឹងថា ចិត្តដែល​ប៉ោងឡើង ព្រោះរឿងនោះ​ជាហេតុទេ ទោះពួក​ទេវតា ចូល​មករក​ខ្ញុំករុណា​ក្តី ខ្ញុំករុណា​ចរចា ជាមួយ​នឹងពួកទេវតាក្តី។  បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជា​ធម៌​អស្ចារ្យ​ចំឡែក ទី៧ តែងមានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ប្រសិនបើ​ខ្ញុំករុណា គប្បីធ្វើ​មរណកាល​មុន​ព្រះដ៏មានព្រះភាគ ព្រះអង្គ​គប្បីព្យាករ​យ៉ាងនេះ ចំពោះ​ខ្ញុំករុណាថា ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ប្រកប​ដោយ​សំយោជនៈណាហើយ គប្បីមកកាន់​មនុស្ស​លោកនេះ​ម្តងទៀត សំយោជនៈនោះ​គ្មានទេ ហេតុនុ៎ះ មិនជាអស្ចារ្យទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន នេះជាធម៌​អស្ចារ្យ​ចំឡែក ទី៨ តែង​មានដល់​ខ្ញុំករុណា។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន ធម៌ជាទី​អស្ចារ្យ​ចំឡែក​ទាំង ៨ នេះ តែង​មាន (ដល់ខ្ញុំករុណា) តែថា ខ្ញុំករុណា​មិនដឹងសោះ​ថា ខ្ញុំករុណា​ប្រកប​ដោយធម៌ ជា​អស្ចារ្យ​ចំឡែក​ ៨ យ៉ាង ដូចម្តេចខ្លះ  ដែលព្រះដ៏មានព្រះភាគ ​ទ្រង់ព្យាករ​ហើយទេ។ លំដាប់​នោះ ភិក្ខុនោះ ទទួលចង្ហាន់​បិណ្ឌបាត ក្នុងលំនៅ​របស់ឧគ្គគហបតី  អ្នកស្រុក​ហត្ថិគ្រាម ​រួច​ក្រោកចាកអាសនៈ ចៀស​ចេញទៅ។ លុះភិក្ខុនោះ ត្រឡប់​អំពី​បិណ្ឌបាត ក្នុងវេលា​ខាង​ក្រោយ​នៃភត្ត ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំទូល​នូវហេតុ​ទាំងអស់នោះ ដែលខ្លួន​ចរចា​ទាំងប៉ុន្មាន ជាមួយ​នឹង​ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុ ប្រពៃហើយ ប្រពៃហើយ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម កាលបើ​ព្យាករឲ្យ​សមហេតុ ឈ្មោះថា ព្យាករ​តាមពិត ម្នាលភិក្ខុ ឧគ្គគហបតី អ្នកស្រុក​ហត្ថិគ្រាម ប្រកបដោយ​ធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការនេះឯង ដែលតថាគត​ព្យាករហើយ ម្នាលភិក្ខុ អ្នកចូរចាំទុក​នូវ​ឧគ្គគហបតី  អ្នកស្រុក​ហត្ថិគ្រាមថា ប្រកបដោយ​ធម៌អស្ចារ្យ ចំឡែក ៨ ប្រការនេះចុះ។

 បឋមហត្ថកសូត្រ ទី៣

[២៣] សម័យមួយ ព្រះដ៏មានព្រះភាគ ​កាលគង់​ក្នុង​អគ្គាឡវចេតិយ ជិត​ស្រុក​អាឡវី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ​​ត្រាស់ហៅ​ភិក្ខុទាំង​ឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​​ហត្ថក​អាឡវក ថាជា​អ្នកប្រកប​ដោយ​ធម៌អស្ចារ្យ ចំឡែក ៧ ប្រការ។ ហត្ថកអាឡវក ប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសីល ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ខ្មាសបាប ១ ម្នាល​ភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ខ្លាចបាប ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថក​អាឡវក ជាពហុស្សូត ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​ចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានបញ្ញា​ ១។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក ថាជា​អ្នកប្រកប​ដោយ​ធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ​នេះឯង។ ព្រះដ៏មានព្រះភាគ បានត្រាស់​ពាក្យនេះ លុះព្រះ​សុគត ទ្រង់​ត្រាស់ពាក្យនេះរួចហើយ ទ្រង់ក្រោក​ចាកអាសនៈ ស្តេចចូល​ទៅ​កាន់វិហារ។ គ្រានោះ ភិក្ខុ​១ រូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយ​ចូលទៅ​កាន់​លំនៅ​របស់​ហត្ថកអាឡវក លុះចូលទៅ​ដល់ហើយ ​ក៏អង្គុយលើអាសនៈ​ដែល​គេក្រាល​ទុក។ លំដាប់នោះ ហត្ថកអាឡវក ចូលទៅ​រកភិក្ខុនោះ លុះ​ចូលទៅ​ដល់ហើយ ថ្វាយ​បង្គំ​ភិក្ខុនោះ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ភិក្ខុ​នោះ បាន​ពោលថា ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករហើយ។ ប្រកប​ដោយធម៌ អស្ចារ្យ ចំឡែក ៧ ប្រការ តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាស​បាប ១ មានសេចក្តីខ្លាចបាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាល​ភិក្ខុទាំង​ឡាយ ហត្ថក​អាឡវក មាន​បញ្ញា ១។ ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យ ចំឡែក ៧ ប្រការ​នេះ ដែលព្រះដ៏មាន​ព្រះភាគ ទ្រង់ព្យាករហើយ។ ហត្ថកអាឡវក សួរតបថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន ចុះ​គ្រហស្ថ​នីមួយ អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ដែល​ព្យាករ​នេះ​ទេឬ។ ម្នាល​អាវុសោ គ្រហស្ថ​នីមួយ អ្នកស្លៀកស មិនមានក្នុង​ហេតុ​​ព្យាករនេះ​ទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើគ្រហស្ថនីមួយ អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ព្យាករនេះ​ទេ នុ៎ះ​ជាការ​ប្រពៃហើយ។ លំដាប់នោះ ភិក្ខុនោះ ទទួល​បិណ្ឌបាត ក្នុងលំនៅ​ហត្ថកអាឡវក​ហើយ ក៏ក្រោក​ចាក​អាសនៈ ចៀសចេញ​ទៅ។ លុះភិក្ខុនោះ ត្រឡប់​​អំពី​បិណ្ឌបាត ក្នុង​វេលាខាង​ក្រោយ​នៃភត្ត ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏​មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏​ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​ទី​ឯណោះ ខ្ញុំព្រះអង្គ​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់លំនៅ​របស់​ហត្ថកអាឡវក លុះចូល​ទៅដល់​ហើយ ក៏អង្គុយ​លើអាសនៈ​ដែលគេក្រាល​ទុក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ហត្ថកអាឡវក ចូលទៅ​រកខ្ញុំ​ព្រះអង្គ លុះចូល​ទៅដល់​ហើយ ក៏ថ្វាយបង្គំ​ខ្ញុំព្រះអង្គ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ខ្ញុំព្រះអង្គ​បានពោលទៅ​ដូច្នេះ​ថា ម្នាល​អាវុសោ អ្នកប្រកប​ដោយធម៌​អស្ចារ្យចំឡែក ៧ ប្រការ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ព្យាករ​ហើយ។ ប្រកប​ដោយ​ធម៌អស្ចារ្យ​ចំឡែក ៧ ប្រការ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាសបាប ១ មាន​សេចក្តី​ខ្លាចបាប ១ ជា​ពហុស្សូត ១ មាន​ចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​បញ្ញា ១។ ម្នាលអាវុសោ​ អ្នកប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៧ ប្រការ​នេះឯង ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​ហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន​ កាល​ដែល​ខ្ញុំព្រះអង្គ​ពោល​​យ៉ាង​នេះហើយ ហត្ថកអាឡវក និយាយ​នឹង​ខ្ញុំព្រះអង្គ​ដូច្នេះ​ថា បពិត្រ​លោកម្ចាស់​ដ៏ចំរើន គ្រហស្ថ​នីមួយ​អ្នកស្លៀក​ស មិនមាន​ក្នុងហេតុ​ព្យាករ​នេះទេឬ។ ម្នាល​អាវុសោ គ្រហស្ថ​នីមួយ​អ្នកស្លៀកស មិនមាន​ក្នុងហេតុ​ព្យាករ​នេះទេ។ បពិត្រ​លោកម្ចាស់​ដ៏ចំរើន បើគ្រហស្ថនីមួយ​អ្នកស្លៀក​ស មិនមាន​ក្នុង​ហេតុព្យាករ​នេះទេ នុ៎ះ​ជាការ​ប្រពៃហើយ។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយ ប្រពៃហើយ កុលបុត្រនោះ ជាអ្នក​ប្រាថ្នា​តិច កាលបើ​កុសលធម៌​មាននៅ​ក្នុងខ្លួន​ហើយ រមែង​មិនប្រាថ្នា​ឲ្យអ្នក​ដទៃ​ដឹង​ទេ។ ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរ​ចាំទុក​នូវ​ហត្ថកអាឡវក ថាជា​អ្នក​ប្រកប​ដោយ​ធម៌​អស្ចារ្យ​ចំឡែក​នេះគឺ។បេ។ ភាព​ជាអ្នក​ប្រាថ្នាតិច។

 ទុតិយហត្ថកសូត្រ ទី៤

[២៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​អគ្គាឡវចេតិយ ជិត​ស្រុក​អាឡវី។ គ្រានោះ ហត្ថកអាឡវក មាន​ឧបាសក​ចំនួន ៥០០ នាក់ចោមរោម ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ហត្ថកអាឡវក អង្គុយ​ក្នុងទី​សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​​ថា ម្នាល​ហត្ថកៈ ពួកបរិសទ្យ​របស់​អ្នក​ច្រើនណាស់ ម្នាល​ហត្ថកៈ ចុះអ្នក​សង្គ្រោះ​បរិសទ្យ​ច្រើននេះ​ដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន សង្គហវត្ថុ​ទាំងឡាយ ៤ ប្រការ​ណា ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ ខ្ញុំព្រះអង្គ​រមែង​សង្គ្រោះ​បរិសទ្យ​ច្រើននេះ ដោយ​សង្គហវត្ថុ​ទាំងឡាយ​នោះ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ ដឹងនូវ​បុគ្គល​ណាថា បុគ្គលនេះ គួរ​សង្គ្រោះដោយការ​ឲ្យ ខ្ញុំព្រះអង្គក៏​សង្គ្រោះ​បុគ្គលនោះ ដោយ​ការឲ្យ ខ្ញុំ​ព្រះអង្គ​​ដឹងនូវ​បុគ្គល​ណាថា បុគ្គលនេះ គួរសង្គ្រោះ​ដោយសំដី ជាទីស្រឡាញ់ ខ្ញុំព្រះអង្គ ក៏សង្គ្រោះ​បុគ្គលនោះ ដោយសំដី​ជាទីស្រឡាញ់ ខ្ញុំព្រះអង្គ​ដឹងនូវបុគ្គល​ណាថា បុគ្គលនេះ គួរ​សង្គ្រោះ​ដោយ​ការប្រព្រឹត្តិ​នូវប្រយោជន៍ ខ្ញុំ​ព្រះអង្គ ក៏សង្គ្រោះបុគ្គលនោះ ដោយ​ការ​ប្រព្រឹត្តិនូវ​ប្រយោជន៍ ខ្ញុំ​ព្រះអង្គដឹង​នូវបុគ្គលណាថា បុគ្គលនេះ គួរ​សង្គ្រោះ​ដោយ​ការ​តាំងខ្លួន​ឲ្យស្មើៗ ខ្ញុំព្រះអង្គ​ក៏សង្គ្រោះ​បុគ្គលនោះ ដោយការ​តាំងខ្លួនឲ្យ​ស្មើៗ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភោគសម្បត្តិ​ក្នុងត្រកូល​របស់​ខ្ញុំព្រះអង្គ​ មានច្រើន ពួកមហាជន រមែង​មិន​សំគាល់នូវ​ពាក្យ​របស់ជនអ្នក​កំសត់​ថាជាពាក្យ​គួរស្តាប់ ដូចជា​ពាក្យរបស់​ខ្ញុំ​ព្រះអង្គទេ។ ម្នាល​ហត្ថកៈ ប្រពៃហើយ ប្រពៃហើយ ម្នាលហត្ថកៈ នេះជា​ឧបាយ​របស់​អ្នក ដើម្បីសង្គ្រោះ​នូវ​បរិសទ្យ​ច្រើន។ ម្នាលហត្ថកៈ ព្រោះថា ពួកជនណាមួយ បានសង្គ្រោះ​បរិសទ្យច្រើន ក្នុងកាលកន្លងទៅហើយ ជនទាំងអស់នោះ បានសង្គ្រោះនូវ​បរិសទ្យ​ច្រើន ដោយសង្គហវត្ថុ​ទាំង ៤ នេះឯង។ ម្នាល​ហត្ថកៈ ពួកជនណាមួយ នឹង​សង្គ្រោះ​បរិសទ្យ​ច្រើន ក្នុងកាលជា​អនាគត ជនទាំងអស់​នោះ នឹង​សង្គ្រោះ​បរិសទ្យ​ច្រើន​ ដោយ​សង្គហវត្ថុ​ទាំង ៤ នេះឯង។ ម្នាល​ហត្ថកៈ ពួកជនណាមួយ សង្គ្រោះ​បរិសទ្យ​ច្រើន ក្នុង​កាល​ឥឡូវ​នេះ ជនទាំងអស់​នោះ តែងសង្គ្រោះនូវ​បរិសទ្យ​ច្រើន ដោយសង្គហវត្ថុ​ទាំង ៤ នេះឯង។ លំដាប់​នោះ ហត្ថកអាឡវក កាលដែល​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ណែនាំ ឲ្យអាច​ហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ​ចៀសចេញទៅ។ លុះ​ហត្ថកអាឡវក ចៀសចេញទៅ​មិនយូរប៉ុន្មាន ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក​ ថាជាអ្នក​ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ។ ហត្ថកអាឡវក ប្រកប​ដោយធម៌​អស្ចារ្យ​ចំឡែក ៨ ប្រការ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ហត្ថកអាឡវក មានសទ្ធា ១ មានសីល ១ មានសេចក្តី​ខ្មាសបាប ១ មាន​សេចក្តី​ខ្លាច​បាប ១ ជាពហុស្សូត ១ មានចាគៈ ១ ម្នាលភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មាន​បញ្ញា ១ ម្នាល​ភិក្ខុ​ទាំងឡាយ ហត្ថកអាឡវក មានសេចក្តី​ប្រាថ្នា​តិច ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរចាំទុក​នូវ​ហត្ថកអាឡវក​ ថាជា​អ្នក​ប្រកប​ដោយធម៌​អស្ចារ្យចំឡែក ៨ ប្រការ​នេះចុះ។

 មហានាមសូត្រ ទី៥

[២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុងនិគ្រោធារាម ជិត​ក្រុង​កបិលពស្តុ ក្នុងដែន​សក្កៈ។ គ្រានោះ សក្យមហានាម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចគង់ក្នុង​ទីដ៏សមគួរ។ លុះ​សក្យមហានាម គង់ក្នុង​ទីដ៏សមគួរ​ហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គល​បានជា​ឧបាសក តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម បុគ្គលអ្នកដល់​នូវព្រះពុទ្ធ​ជាទីពឹង ដល់នូវ​ព្រះធម៌​ជាទីពឹង ដល់​នូវ​ព្រះសង្ឃ​ជាទីពឹង ដោយ​​ហេតុណា បពិត្រ​មហានាម បុគ្គល​បានជា​ឧបាសក ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង។

បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​ឧបាសក​អ្នកមាន​សីល តើដោយហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក​ជាអ្នក​វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​​សុរាមេរយមជ្ជប្បមាទដ្ឋាន ដោយហេតុ​ណា បពិត្រ​មហានាម ឧបាសក​អ្នកមានសីល ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ​​ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ​ទេ តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា ដោយ​ខ្លួនឯង មិនបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយ​សទ្ធា ១ អ្នកបរិបូណ៌​ដោយសីល ដោយខ្លួន​ឯង មិនបបួលបុគ្គលដទៃ ឲ្យបរិបូណ៌​ដោយ​សីល ១ អ្នក​​បរិបូណ៌​ដោយចាគៈ ដោយខ្លួនឯង មិនបបួល​បុគ្គលដទៃ​ឲ្យ​បរិបូណ៌​ដោយ​ចាគៈ ១ អ្នកចង់​ជួប​ប្រទះ​ពួក​ភិក្ខុ​ដោយ​ខ្លួន​ឯង មិន​បបួល​​បុគ្គល​ដទៃ ឲ្យជួប​ប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួនឯង មិនបបួល​បុគ្គលដទៃ ឲ្យបាន​ស្តាប់​ព្រះសទ្ធម្ម ១ អ្នកទ្រទ្រង់​ធម៌ទាំង​ឡាយ ដែលបាន​ស្តាប់ហើយ ដោយខ្លួនឯង មិន​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់​នូវធម៌ ១ អ្នក​ពិចារណានូវអត្ថ​នៃធម៌​ទាំងឡាយ ដែលបាន​ស្តាប់​ហើយ ដោយខ្លួនឯង មិន​បបួល​បុគ្គល​ដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹង​នូវអត្ថ​ដឹង​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ ដ៏សមគួរ​ដល់ធម៌ ដោយខ្លួន​ឯង មិនបបួល​បុគ្គល​ដទៃ ឲ្យ​ប្រតិបត្តិ​នូវធម៌​ ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុណា បពិត្រ​មហានាម ឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិនប្រតិបត្តិ​ដើម្បី​ប្រយោជន៍​បុគ្គលដទៃ ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​ឧបាសក អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃផង តើដោយ​ហេតុ​ដូចម្តេច។ បពិត្រ​មហានាម ឧបាសក អ្នកបរិបូណ៌​ដោយសទ្ធា ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយ​សទ្ធា ១ អ្នកបរិបូណ៌ដោយសីល ដោយខ្លួនឯង ទាំង​បបួល​​បុគ្គល​​ដទៃ ឲ្យ​បរិបូណ៌ដោយសីល ១ អ្នកបរិបូណ៌ដោយ​ចាគៈដោយខ្លួនឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយចាគៈ ១ អ្នកចង់​ជួបប្រទះ​ពួកភិក្ខុ​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបាន​ជួបប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបានស្តាប់​ព្រះសទ្ធម្ម ១ អ្នកទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយ​ខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់នូវធម៌ ១ អ្នកពិចារណា​នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយខ្លួន​ឯង ទាំងបបួល​បុគ្គលដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹង​នូវអត្ថ ដឹង​នូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយខ្លួន​ឯង ទាំងបបួល​បុគ្គលដទៃ ឲ្យប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុ​ណា បពិត្រ​មហានាម ឧបាសក​អ្នកប្រតិបត្តិ ដើម្បី​ប្រយោជន៍​ខ្លួនផង ដើម្បីប្រយោជន៍​បុគ្គល​ដទៃផង ដោយហេតុ​មានប្រមាណប៉ុណ្ណេះ។

 ជីវកសូត្រ ទី៦

[២៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ជីវកម្ពវន ជិត​ក្រុង​រាជគ្រឹះ។ គ្រានោះ ជីវកកោមារភត្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ហើយ ក៏​ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ជីវក​កោមារភត្យ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន បុគ្គល​បានជា​ឧបាសក តើដោយ​ហេតុ​ដូចម្តេច។ ម្នាលជីវក បុគ្គល​អ្នកដល់នូវ​ព្រះពុទ្ធ​ជាទីពឹង ដល់នូវ​ព្រះធម៌​ជាទីពឹង ដល់នូវ​ព្រះសង្ឃ​ជាទីពឹង ដោយហេតុ​ណា ម្នាល​ជីវក បុគ្គលនោះ បានជា​ឧបាសក ដោយហេតុ​មាន​ប្រមាណប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកមានសីល តើដោយ​ហេតុដូចម្តេច។ ម្នាល​ជីវក ឧបាសក​ជាអ្នកវៀរចាក​បាណាតិបាត។បេ។  វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ដោយ​ហេតុណា ម្នាល​ជីវក ឧបាសក​ជា​អ្នក​មានសីល ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ ដើម្បីប្រយោជន៍​បុគ្គល​ដទៃ តើដោយ​ហេតុ​ដូចម្តេច។ ម្នាល​ជីវក ឧបាសក អ្នក​បរិបូណ៌ដោយ​សទ្ធា ដោយ​ខ្លួនឯង តែមិន​បបួល​បុគ្គលដទៃ ឲ្យ​បរិបូណ៌ ដោយ​សទ្ធា ១។បេ។ អ្នកដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយ​ខ្លួនឯង តែមិនបបួល​បុគ្គលដទៃ ឲ្យប្រតិបត្តិ​នូវធម៌ដ៏​សមគួរ​ដល់ធម៌ ១ ដោយ​ហេតុ​ណា ម្នាល​ជីវក ឧបាសក​អ្នកប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន មិន​ប្រតិបត្តិ​ដើម្បីប្រយោជន៍​បុគ្គល​ដទៃ ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

បពិត្រព្រះអង្គដ៏ចំរើន ចុះឧបាសក​អ្នក​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួនផង ដើម្បីប្រយោជន៍បុគ្គល​ដទៃ​ផង តើដោយ​ហេតុ​ដូចម្តេច។ ម្នាល​ជីវក ឧបាសក​អ្នក​បរិបូណ៌​ដោយ​សទ្ធា ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យ​បរិបូណ៌​ដោយសទ្ធា ១ អ្នកបរិបូណ៌ដោយ​សីល​ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយសីល ១ អ្នក​បរិបូណ៌​ដោយចាគៈ​ដោយខ្លួនឯង ទាំងបបួល​បុគ្គល​ដទៃ ឲ្យបរិបូណ៌​ដោយចាគៈ ១ អ្នក​ចង់ចួប​ប្រទះ​ពួកភិក្ខុ​ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យចួប​ប្រទះ​ពួកភិក្ខុ ១ អ្នកចង់ស្តាប់​ព្រះសទ្ធម្ម​ដោយខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យបានស្តាប់​នូវ​ព្រះសទ្ធម្ម ១ ជាអ្នក​ទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលបាន​ស្តាប់ហើយ​ដោយខ្លួន​ឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យទ្រទ្រង់​នូវធម៌ ១ អ្នកពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែល​បានស្តាប់​ហើយ ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យពិចារណា​នូវអត្ថ ១ អ្នកដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​​នូវធម៌ ហើយប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ដោយ​ខ្លួនឯង ទាំង​បបួល​បុគ្គល​ដទៃ ឲ្យប្រតិបត្តិ​​នូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ដោយ​ហេតុណា ម្នាលជីវក ឧបាសក​អ្នក​ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​ផង ដើម្បីប្រយោជន៍​បុគ្គល​ដទៃផង ដោយ​ហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះឯង។

 បឋមពលសូត្រ ទី៧

[២៧] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ៨ យ៉ាង។ កំឡាំង ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកក្មេង​មានការ​យំ​ជាកំឡាំង​ ១ ពួកមាតុគ្រាម​មាន​សេចក្តី​ក្រោធ ជា​កំឡាំង ១ ពួកចោរ​មានគ្រឿង​អាវុធ​ជាកំឡាំង ១ ពួក​ព្រះរាជា​មាន​ឥស្សរិយៈ ជាកំឡាំង ១ ពួកជនពាល​មានការ​លើក​ទោស ជាកំឡាំង ១ ពួក​បណ្ឌិត​មានការ​រំពឹង​គិត ជា​កំឡាំង ១ ពួកពហុស្សូត ​មានការ​ពិចារណា ជាកំឡាំង ១ ពួកសមណ​ព្រាហ្មណ៍ ​មានការ​អត់ធន់ ជា​កំឡាំង ១។ ម្នាលភិក្ខុ​ទាំងឡាយ កំឡាំង​មាន ៨ យ៉ាង​នេះឯង។

 ទុតិយពលសូត្រ ទី៨

[២៨] គ្រានោះ ព្រះសារីបុត្រ​ដ៏មានអាយុ បានចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូលទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ រួចអង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះសារីបុត្រ​ដ៏មានអាយុ អង្គុយក្នុងទី​ដ៏សមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះថា ម្នាល​សារីបុត្ត ភិក្ខុជា​ខីណាស្រព ប្រកប​ដោយកំឡាំង​ទាំងឡាយ​ណា រមែង​ប្តេជ្ញា​នូវការ​អស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់​អាត្មាអញ​អស់ហើយ កំឡាំង​ទាំងនោះ របស់ភិក្ខុ​ជា​ខីណាស្រព​ តើមានប៉ុន្មាន​យ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជាខីណាស្រព ប្រកបដោយ​កំឡាំង​ទាំងឡាយ​ណា រមែង​ប្តេជ្ញា​នូវ​ការអស់ទៅ​នៃអាសវៈ​ទាំងឡាយថា អាសវៈ​ទាំងឡាយ របស់​អាត្មាអញ​អស់ហើយ កំឡាំង​ទាំងនោះ របស់​ភិក្ខុ​ជាខីណាស្រព មាន ៨ យ៉ាង។ ៨ យ៉ាង តើដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ក្នុង​សាសនា​នេះ ឃើញច្បាស់​នូវសង្ខារទាំង​ពួងថា មិន​ទៀង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ឃើញច្បាស់​នូវសង្ខារ​ទាំងពួង​ថា មិនទៀង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត ដោយ​កំឡាង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវ​កិរិយា​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​​អស់ហើយ ព្រោះ​អាស្រ័យ​កំឡាំង​ណា កំឡាំង​នេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន មួយទៀត ភិក្ខុជាខីណាស្រព​ឃើញច្បាស់​នូវកាម​ទាំងឡាយ មាន​ឧបមា​ដូចជា​រណ្តៅ​ដ៏ពេញ​ដោយ​រងើក​ភ្លើង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ជាខីណាស្រព​ឃើញច្បាស់​នូវកាម​ទាំងឡាយ ដែលមាន​ឧបមា​​ដូចជា​រណ្តៅ​ដ៏ពេញ​ដោយ​រងើក​ភ្លើង ដោយបញ្ញា​ដ៏ប្រពៃ គួរតាម​ពិត ដោយ​កំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញានូវ​កិរិយាអស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​អស់ហើយ ព្រោះអាស្រ័យ​កំឡាំងណា កំឡាំងនេះ ជា​កំឡាំង​របស់ភិក្ខុ​ជាខីណាស្រព។ បពិត្រ​ព្រះអង្គដ៏​ចំរើន មួយទៀត ចិត្ត​របស់​ភិក្ខុជា​ខីណាស្រព តែងឱនទៅរក​វិវេក ឈាន​ទៅរកវិវេក បែរ​ទៅរកវិវេក ដំកល់​នៅក្នុង​វិវេក ត្រេកអរ​​ចំពោះ​ក្នុងការ​ចេញចាកកាម ជាចិត្ត​ប្រាសចាក​​ធម៌ទាំងឡាយ ដែលជា​ទីតាំង​នៃអាសវៈ​ដោយ​ប្រការទាំងពួង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចិត្ត​របស់ភិក្ខុ​ជា​ខីណាស្រព តែងឱនទៅរកវិវេក ឈានទៅរកវិវេក បែរទៅរក​វិវេក ដំកល់នៅ​ក្នុងវិវេក ត្រេកអរ​ចំពោះ​ក្នុង​ការ​ចេញចាកកាម ជាចិត្ត​ប្រាស​ចាក​​ធម៌ទាំងឡាយ ដែលជា​ទីតាំង​នៃអាសវៈ ដោយ​ប្រការ​ទាំងពួង ដោយ​កំឡាំងណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព ប្តេជ្ញានូវ​ការអស់ទៅ​​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់អាត្មាអញ​អស់​ហើយ ព្រោះ​អាស្រ័យ​កំឡាំងណា កំឡាំង​នេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព​ បានចំរើន អប់រំល្អ​ហើយ នូវ​សតិប្បដ្ឋាន​ទាំង ៤។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព បាន​ចំរើន អប់រំល្អ​ហើយ  នូវ​សតិប្បដ្ឋាន​ ៤ ដោយ​កំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវការ​អស់ទៅ​នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ របស់​អាត្មា​អញ​អស់ហើយ ព្រោះអាស្រ័យ​កំឡាំងណា កំឡាំងនេះ ជាកំឡាំង​របស់ភិក្ខុ​ជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ភិក្ខុជា​ខីណាស្រព បាន​ចំរើន អប់រំ​ល្អ​ហើយ នូវឥទ្ធិបាទ ៤។បេ។ បានចំរើន អប់រំ​ល្អហើយ នូវ​ឥន្រ្ទិយ ៥ បានចំរើន អប់រំ​ល្អហើយ នូវ​ពោជ្ឈង្គ ៧ បានចំរើន អប់រំ​ល្អហើយ នូវមគ្គ​ប្រកប​ដោយអង្គ ៨ ដ៏ប្រសើរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជាខីណាស្រព​ បាន​ចំរើន អប់រំល្អ​ហើយ នូវ​មគ្គ​ប្រកប​ដោយ​អង្គ ៨ ដ៏ប្រសើរ ដោយកំឡាំង​ណា បពិត្រ​ព្រះអង្គ​ដ៏ចំរើន (ម្យ៉ាងទៀត) ភិក្ខុជា​ខីណាស្រព ប្តេជ្ញា​នូវការ​អស់​ទៅ នៃអាសវៈ​ទាំងឡាយ​ថា អាសវៈ​ទាំងឡាយ​របស់​អាត្មាអញ​អស់ហើយ ព្រោះ​អាស្រ័យ​កំឡាំង​ណា កំឡាំង​នេះ ជាកំឡាំង​របស់​ភិក្ខុជា​ខីណាស្រព។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុជា​ខីណាស្រព ប្រកបដោយ​កំឡាំង​ទាំងឡាយ​ណា រមែងប្តេជ្ញា​នូវការ​អស់ទៅ​នៃ​អាសវៈ​ទាំងឡាយថា អាសវៈ​ទាំងឡាយ របស់​អាត្មា​អញ​អស់ហើយ កំឡាំង​ទាំងនោះ របស់ភិក្ខុ​ជា​ខីណាស្រព មាន ៨ យ៉ាងនេះ​ឯង។

 អក្ខណសូត្រ ទី៩

[២៩] ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន​មិនមានការ​ចេះដឹង រមែង​និយាយ​ថា សត្វ​លោក​មានកិច្ច​ក្នុងខណៈ សត្វលោក​មានកិច្ច​ក្នុង​ខណៈ តែ​បុថុជ្ជន​នោះ មិន​ដឹង​នូវ​ខណៈ ឬ​អក្ខណៈ​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ​នេះ មាន ៨ យ៉ាង។ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត ឆ្ងាយចាក​កិលេល ទ្រង់​ត្រាស់ដឹង​នូវ​ញេយ្យធម៌ទាំង​ពួង ដោយប្រពៃ​ចំពោះ​ព្រះអង្គ ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា និង​ចរណៈ ទ្រង់​មាន​ដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ឥតមាន​បុគ្គល​ណាស្មើ ទ្រង់ទូន្មាន​នូវបុរស​ដែលគួរទូន្មាន ដូច​នាយ​សារថី ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ បានកើតឡើង​ក្នុងលោកនេះ ទាំងធម៌​ដែល​ធ្វើកិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត ទ្រង់ប្រកាស​ទុក ព្រះអង្គ​ក៏បាន​សំដែង​ហើយ តែទាស់​បុគ្គល​នេះ​ទៅ​កើត​ក្នុង​នរក។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាអក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី១។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត។បេ។ ជាសាស្តា​នៃទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់​ចោល​ហើយ រមែងកើតឡើង​ក្នុងលោក ទាំងធម៌​ដែលធ្វើ​កិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត​ទ្រង់ប្រកាស​ទុក ព្រះអង្គ​បាន​សំដែង​ហើយ តែទាស់​បុគ្គល​នេះ ទៅកើត​ក្នុង​កំណើត​តិរច្ឆាន។បេ។ តែទាស់​បុគ្គលនេះ ទៅកើត​ក្នុង​បិត្តិវិស័យ។បេ។ តែទាស់​បុគ្គលនេះ ទៅកើត​ក្នុងពួក​ទេវតា​ណាមួយ​មាន​អាយុវែង។បេ។ តែទាស់​បុគ្គលនេះ ជាអ្នក​មកកើត​ក្នុងពួក​បច្ចនិ្តមជនបទ ទាំងជា​អ្នកបាន​កើតក្នុង​ពួក​មិលក្ខជន ដែល​មិនដឹង​ការខុសត្រូវ​ច្បាស់លាស់ ដែលជា​ប្រទេស​គ្មានភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា​ទៅដល់។បេ។ បុគ្គលនេះ បានមកកើត​ក្នុង​ពួក​មជ្ឈិមជនបទហើយ ទាស់តែបុគ្គល​នោះ ជា​មិច្ឆាទិដ្ឋិ មាន​សេចក្តី​ឃើញ​វិបរិត​ថា ទាន​ដែលបុគ្គល​ឲ្យហើយ គ្មានផល ការបូជា​ធំ គ្មានផល ការបូជា​តូច គ្មានផល ផល និង​វិបាក​របស់កម្ម ដែលសត្វ​ធ្វើល្អ និងធ្វើ​អាក្រក់ មិនមាន លោកនេះ ក៏មិនមាន លោកដទៃ ក៏មិនមាន មាតាក៏មិនមាន បិតាក៏មិនមាន ពួកសត្វជាឱបបាតិកៈ ក៏មិនមាន ពួកសមណ​ព្រាហ្មណ៍​ក្នុងលោក ជាអ្នកព្រម​ព្រៀងគ្នា ប្រតិបត្តិ​ដោយល្អ ធ្វើឲ្យជាក់ច្បាស់​នូវ​លោក​នេះ និង​លោកខាង​មុខ ព្រោះដឹងច្បាស់​ដោយខ្លួនឯង ហើយញុំាង​អ្នកដទៃ​ឲ្យត្រាស់​ដឹង​ផង ក៏មិនមាន។បេ។ បុគ្គល​នេះ បានមក​កើតក្នុង​ពួក​មជ្ឈិម​ជនបទ ទាស់តែ​បុគ្គល​នោះ ជាអ្នក​អប្បឥត​ប្រាជ្ញា ល្ងង់ខ្លៅ ជាមនុស្សគ មិនអង់អាច ដើម្បី​ដឹងសេចក្តី​នៃ​សុភាសិត  និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី៧។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត ឆ្ងាយ​ចាក​កិលេស ទ្រង់ត្រាស់​ដឹងនូវ​ញេយ្យធម៌​ទាំងពួង ចំពោះ​ព្រះអង្គ។បេ​។ ជា​សាស្តានៃ​ទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវចតុរារិយសច្ច មានដំណើរទៅ​កាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ មិនកើតឡើង​ក្នុងលោក​ ទាំងធម៌​ដែលធ្វើ​កិសេល ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្ត​ទៅ ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគត ទ្រង់ប្រកាសទុក​ ព្រះអង្គ​ក៏មិន​បានសំដែង បុគ្គលនេះ បានកើតក្នុង​មជ្ឈិម​ជនបទ ក៏ឯ​បុគ្គល​នោះ ជាអ្នក​មានប្រាជ្ញា មិនល្ងង់ខ្លៅ មិនជា​មនុស្សគ អង់អាច ដើម្បីដឹង​សេចក្តី​នៃសុភាសិត និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ អក្ខណៈ អសម័យ នៃការនៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ មាន ៨ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ខណៈ និង​សម័យ​នៃការ​នៅ​ប្រព្រឹត្ត​ព្រហ្មចារ្យ មានតែមួយ។ មួយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះតថាគត ឆ្ងាយ​ចាក​កិលេស ទ្រង់ត្រាស់ដឹង​នូវ​ញេយ្យធម៌​ទាំងពួង ដោយប្រពៃ​ចំពោះ​ព្រះអង្គ ទ្រង់​បរិបូរណ៌ ដោយ​វិជ្ជា និង​ចរណៈ ទ្រង់មាន​ដំណើរល្អ ទ្រង់ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​ដោយ​សីលាទិគុណ ឥតមាន​បុគ្គល​ណាស្មើ ទ្រង់ទូន្មាន​នូវបុរស​ដែលគួរ​ទូន្មាន ដូច​នាយ​សារថី ជាសាស្តា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ជ្រាបច្បាស់​នូវ​​ចតុរារិយសច្ច ទ្រង់មាន​ដំណើរ​ទៅកាន់​ត្រៃភព​ខ្ជាក់ចោល​ហើយ បានកើតឡើង​​ក្នុងលោកនេះ ទាំងធម៌​ដែល​ធ្វើ​កិលេល​ឲ្យស្ងប់រម្ងាប់ ប្រព្រឹត្តទៅ​ដើម្បី​ព្រះនិព្វាន ជាដំណើរ​ដើម្បី​ត្រាស់ដឹង ជាធម៌​ដែល​ព្រះសុគតទ្រង់​ប្រកាសទុក ព្រះអង្គ​ក៏បានសំដែង​ហើយ ទាំងបុគ្គល​នេះ បាន​កើតក្នុង​ពួក​មជ្ឈិម​ជនបទ ថែមទាំង​បុគ្គលនោះ ជាអ្នកមាន​ប្រាជ្ញា មិនល្ងង់ខ្លៅ មិនជា​មនុស្ស​គ អង់អាច ដើម្បីដឹង​សេចក្តីនៃ​សុភាសិត និង​ទុព្ភាសិត​បាន។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ខណៈ និង​សម័យ នៃការនៅប្រព្រឹត្ត​ព្រហ្មចារ្យ​តែមួយ។

ពួកជនណា បាននូវ​មនុស្ស​លោក​ហើយ (បានកើត​ជាមនុស្ស) តែមិនចួប​ប្រទះ​នូវ​ខណៈ ក្នុង​ព្រះសទ្ធម្ម ដែល​ព្រះតថាគត​ទ្រង់​សំដែង​ដោយល្អ ជនទាំង​នោះ ឈ្មោះថា​កន្លងបង់​នូវខណៈ អក្ខណៈ​ទាំងឡាយ ដែលអ្នក​ប្រាជ្ញ​ទាំងឡាយ​ជា​ច្រើន បានពោល​ហើយថា ធ្វើនូវ​សេចក្តី​អន្តរាយ​ដល់​បុគ្គល ព្រះតថាគត​ទាំង​ឡាយ ទ្រង់​កើតឡើង ក្នុងលោក​ម្តង ៗ ការកើត​ឡើង នៃ​ព្រះតថាគត​ទាំងឡាយ​ណា ដែលសត្វ​បានដោយ​កម្រក្រៃពេក ក្នុងលោក ការកើតឡើង​នៃ​ព្រះតថាគត​ទាំង​ឡាយ​នោះ ក៏កើត​ចំពោះ​មុខហើយ ការបាន​អត្តភាព​ជា​មនុស្សផង ការសំដែង​នូវ​ព្រះសទ្ធម្មផង (ក៏បាន​កើតចំពោះ​មុខហើយ) ជនអ្នកមាន​សេចក្តី​ប្រាថ្នា​នូវ​ប្រយោជន៍ គួរព្យាយាម​ក្នុង​ព្រះសទ្ធម្ម​នោះ។ បុគ្គល​គប្បីដឹងច្បាស់ នូវ​ព្រះសទ្ធម្ម​ដោយហេតុ​ដូចម្តេច ខណៈ​កុំកន្លង​នូវអ្នក​ទាំងឡាយ​ឡើយ ព្រោះថា ពួកជន​ដែលខណៈ​កន្លងហើយ រមែង​សង្រេង​សង្រៃ​ក្នុងនរក​ត្រៀបត្រា។ បើ​បុគ្គល​ណា ក្នុងលោកនេះ ញុំាង​សេចក្តី​កំណត់​នូវព្រះសទ្ធម្ម គឺ​អរិយមគ្គ មិនឲ្យ​សម្រេច​ទេ បុគ្គលនោះ ជាអ្នក​កន្លងបង់​នូវប្រយោជន៍ រមែង​សង្រេង​សង្រៃ អស់​រាត្រីយូរ ដូចជា​ពាណិជ ដែល​កន្លងបង់​នូវប្រយោជន៍ ដូច្នោះ​ដែរ សត្វដែល​អវិជ្ជា រួបរឹតហើយ មិនញុំាង​ព្រះសទ្ធម្ម​ឲ្យ​សម្រេច​បាន គង់នឹង​ត្រឡប់​មក​កាន់សង្សារ គឺ​ការកើត និង​ការ​ស្លាប់ អស់កាល​ដ៏យូរ មួយទៀត ពួកជនណា បាន​នូវ​អត្តភាព​ជា​មនុស្ស ក្នុង​ព្រះសទ្ធម្ម​ ដែល​ព្រះតថាគត សំដែង​ល្អហើយ បានធ្វើ​ហើយ នឹង​ធ្វើ ឬ​កំពុង​ធ្វើ តាមពាក្យ​នៃ​ព្រះសាស្តា ពួកជនណា ដើរទៅកាន់​ផ្លូវ ដែល​ព្រះតថាគត សំដែង​ទុក​ហើយ ពួក​ជននោះ ឈ្មោះថា ត្រាស់ដឹង​នូវ​ខណៈ និង​ព្រហ្មចារ្យ​ដ៏ប្រសើរ​ក្នុង​លោក សេចក្តី​សង្រួម​ណា ដែល​ព្រះពុទ្ធ​ជាអាទិច្ចពន្ធុ ព្រះអង្គ​មាន​ចក្ខុ បាន​សំដែង​ហើយ បុគ្គល​មានចិត្ត​មិនទទឹក​ដោយ​កិលេស ជាអ្នក​មាន​ស្មារតី​គ្រប់​កាល គប្បី​គ្រប់គ្រង​ក្នុង​សេចក្តី​សង្រួម​ទាំងនោះ ពួក​ជនណា បានដល់​នូវការ​អស់ទៅ​នៃអាសវៈ ជន​ទាំងនោះ បានកាត់​នូវ​អនុស័យ​ទាំងពួង ដែល​ទៅ​កាន់​សង្សារ ជាលំនៅ​នៃមារ ហើយ​ដល់នូវ​ត្រើយ គឺ​ព្រះនិព្វាន ក្នុងលោក។

 អនុរុទ្ធមហាវិតក្កសូត្រ ទី១០

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ភេសកឡាវន ជាទីឲ្យ​នូវ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ។ ក្នុងសម័យនោះ ព្រះ​អនុរុទ្ធ​ដ៏មាន​អាយុ គង់នៅក្នុង​បាចីនវង្សទាយវន ក្នុង​ដែន​ចេតី។ គ្រានោះ ព្រះអនុរុទ្ធ​ដ៏មាន​អាយុ នៅក្នុង​ទីស្ងាត់ពួនសម្ងំ មានចិត្ត​ត្រិះរិះ​កើតឡើង យ៉ាងនេះថា នេះជាធម៌​របស់​អ្នកប្រាថ្នា​តិច នេះមិនមែន​​ជាធម៌​របស់​អ្នក​ប្រាថ្នា​ច្រើន នេះជាធម៌​របស់អ្នក​សន្តាស  នេះមិនមែន​ជាធម៌​របស់អ្នកមិនសន្តាស នេះជាធម៌​របស់អ្នក​ស្ងាត់ នេះ​មិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ ក្នុង​ការ​ច្រឡូកច្រឡំ​ដោយពួក នេះជា​ធម៌របស់​អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌​របស់អ្នក​ខ្ជិល​ច្រអូស នេះជាធម៌​របស់អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី នេះជាធម៌​របស់អ្នក​មានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់​អ្នកមានចិត្ត​មិន​តាំងមាំ នេះជាធម៌​របស់​អ្នក​មាន​ប្រាជ្ញា នេះ​មិនមែន​ជាធម៌​របស់​អ្នក​ឥតប្រាជ្ញា។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវសេចក្តី​ត្រិះរិះ​ក្នុងចិត្ត របស់​ព្រះអនុរុទ្ធ​ដ៏មានអាយុ ដោយ​ព្រះហឫទ័យ​នៃ​ព្រះអង្គហើយ ក៏បាត់​អំពី​ភេសកឡាវន ជាទីឲ្យនូវ​អភ័យ​ដល់​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ ស្រាប់តែ​មកប្រាកដ ក្នុង​ទីចំពោះ​មុខនៃ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ ក្នុង​បាចីន​វំសទាយវន ក្នុង​ដែន​ចេតី ព្រះអង្គ​ទ្រង់គង់​លើអាសនៈ​ដែលគេ​ក្រាលថ្វាយ ដូចជា​បុរសមាន​កំឡាំង លា​នូវដៃ​ដែលខ្លួន​បត់ចូល ឬបត់ចូល​នូវដៃ ដែលខ្លួន​លាចេញ ដូច្នោះឯង។ ព្រះអនុរុទ្ធ​ដ៏មាន​អាយុ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មាន​អាយុ អង្គុយ​ក្នុងទី​ដ៏សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា ម្នាល​អនុរុទ្ធ ប្រពៃហើយ ៗ ម្នាល​អនុរុទ្ធ អ្នកបាន​ត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ប្រពៃ​ហើយ​ថា នេះ​ជាធម៌​របស់អ្នក​ប្រាថ្នា​តិច នេះ​មិនមែន​ជាធម៌​របស់​អ្នកប្រាថ្នា​ច្រើន នេះជាធម៌​របស់​អ្នក​សន្តោស នេះ​មិនមែន​ជាធម៌​របស់អ្នក​មិនសន្តោស នេះជា​ធម៌​របស់​អ្នក​ស្ងាត់ នេះ​មិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ ក្នុងការនៅ​ច្រឡូក​ប្រឡំដោយ​ពួក នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌ របស់អ្នក​ខ្ជិល​ច្រអូស នេះជាធម៌​របស់អ្នក​មាន​ស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី នេះជាធម៌​របស់​អ្នកមាន​ចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មាន​ចិត្ត​មិនតាំងមាំ នេះជាធម៌​របស់​អ្នកមាន​ប្រាជ្ញា នេះមិនមែន​ជាធម៌​របស់អ្នក​ឥតប្រាជ្ញា។ ម្នាល​អនុរុទ្ធ បើដូច្នោះ អ្នកត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ ទី៨ នេះ​ថា នេះជាធម៌​របស់​អ្នកមាន​និប្បបញ្ចធម៌ គឺ​ព្រះនិព្វាន ជាទីត្រេកអរ អ្នកត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះ​មិនមែន​ជាធម៌​របស់អ្នកមាន​បបញ្ចធម៌ [តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។] ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុង​បបញ្ចធម៌។ ម្នាល​អនុរុទ្ធ កាលណា​អ្នក​នឹងត្រិះរិះ នូវ​មហាបុរិសវិតក្កៈ ទាំង៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា​ដរាបណា អ្នកនឹង​ស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ដល់​បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ និងវិចារៈ មានបីតិ និងសុខ កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ដរាប​នោះ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹង​ត្រិះរិះ នូវមហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា​ដរាបណា ព្រោះ​រម្ងាប់​នូវវិតក្កៈ និងវិចារៈ អ្នកនឹង​ដល់នូវ​ទុតិយជ្ឈាន ជា​ធម្មជាត កើតមាន​ក្នុងសន្តាន​នៃខ្លួន ប្រកប​ដោយ​សេចក្តី​ជ្រះថ្លា គឺ​សទ្ធា មាន​សភាព​ជា​ចិត្ត​ខ្ពស់ឯក មិនមាន​វិតក្កៈ មិនមាន​វិចារៈ មានតែ​បីតិ និងសុខ ដែលកើត​អំពី​សមាធិ គឺ​បឋមជ្ឈាន (ដរាបនោះ)។ ម្នាលអនុរុទ្ធ កាលណា​អ្នកត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា ដរាបណា អ្នកនឹង​ប្រកប​ដោយ​ឧបេក្ខា ព្រោះ​មានចិត្ត​នឿយណាយ ចាកបីតិ មានស្មារតី​ ដឹងខ្លួន សោយនូវ​សេចក្តីសុខ ដោយ​នាមកាយ ព្រះអរិយៈ​ទាំងឡាយ តែង​សរសើរ​នូវបុគ្គល ដែលបាន​តតិយជ្ឈាន​នោះថា បុគ្គល​នេះ ប្រកប​ដោយ​ឧបេក្ខា មានស្មារតី មានធម៌​ជាគ្រឿងនៅ​ជាសុខ​ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា អ្នក​នឹងដល់​នូវតតិយជ្ឈាន​នោះ (ដរាបនោះ)។ ម្នាល​អនុរុទ្ធ កាលណា អ្នក​នឹងត្រិះរិះ​​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ ម្នាល​អនុរុទ្ធ កាលនោះ អ្នកនឹង​ប្រាថ្នា ដរាបណា អ្នក​នឹង​ដល់​នូវ​ចតុត្ថជ្ឈាន ជា​ធម្មជាត មាន​អារម្មណ៍​មិនមែន​ជាទុក្ខ មិនមែន​ជាសុខ គឺ​ឧបេក្ខា មាន​សតិដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា ព្រោះ​លះបង់​នូវ​សុខផង លះបង់​នូវ​ទុក្ខផង អស់ទៅ​នៃសោមនស្ស និង​ទោមនស្សផង (ដរាបនោះ)។ ម្នាល​អនុរុទ្ធ កាលណា អ្នក​នឹងត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះ​ផង ជាអ្នក​បាន​តាមប្រាថ្នា បាន​មិន​លំបាក បាន​ដោយងាយ នូវ​ឈានទាំង ៤ នេះ ប្រព្រឹត្ត​ទៅក្នុង​ចិត្ត​ដ៏ថ្លៃថ្លា​ ជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ទូ​សម្រាប់​ដាក់សំពត់​​ដ៏ពេញ​ដោយ​សំពត់​ទាំងឡាយ ដែល​គេជ្រលក់​ដោយ​ពណ៌ផ្សេងៗ របស់​គហបតី ឬ​គហបតិបុត្ត យ៉ាងណាមិញ បំសុកូល​ចីវរ ក៏នឹង​ប្រាកដ​ដល់អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បី​នៅសប្បាយ ដើម្បីចុះ​កាន់ព្រះនិព្វាន ក្នុងកាល​នោះ ក៏យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវ​មហា​បុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នកបាន​តាមប្រាថ្នា បាន​មិន​លំបាក បាន​ដោយងាយ​នូវឈាន​ទាំង ៤ នេះ ប្រព្រឹត្ត​ទៅក្នុង​ចិត្តដ៏ថ្លៃថ្លា  ជាគ្រឿង​នៅ​ជាសុខ ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​បាយ​នៃស្រូវ​សាលី​របស់​គហបតី ឬ​គហបតិបុត្ត ដែលប្រាស​ចាក​ពណ៌ខ្មៅ មាន​សម្លច្រើន​មុខ មានម្ហូប​ក្រៀម​ច្រើនមុខ យ៉ាង​ណា​មិញ ភោជន​ជាដុំ ជាពំនូត នឹង​ប្រាកដ​ដល់អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ​ យ៉ាង​នោះ​ដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវ​មហាបុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាម​ប្រាថ្នា បានមិន​លំបាក បានដោយ​ងាយនូវ​ឈាន​ទាំង ៤ នេះ ដែលប្រព្រឹត្តទៅ​ក្នុង​ចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅសប្បាយ ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ផ្ទះកំពូល របស់​គហបតី ឬគហបតិបុត្ត ដែល​គេលាប​ខាងក្នុង និង​ខាងក្រៅ មិនមាន​ខ្យល់ (ចេញចូល) មាន​គន្លឹះ​ដ៏​ជិត​ស្និទ្ធ មាន​បង្អួច​បិទហើយ យ៉ាង​ណាមិញ រុក្ខមូល​សេនាសនៈ ក៏នឹង​ប្រាកដ​ដល់​អ្នក​ដែល​សន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ ក៏​យ៉ាងនោះដែរ។ ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹង​ត្រិះរិះ​នូវ​មហា​បុរិស​វិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាមប្រាថ្នា បានមិន​លំបាក បាន​ដោយ​ងាយ នូវឈាន​ទាំង ៤ នេះ ដែលប្រព្រឹត្ត​ទៅក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ​ក្នុង​បច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​បល្លង្ក (គ្រែ​ដែលមាន​ជើងខ្ពស់ វិចិត្រ​ដោយរូប​សត្វ​សាហាវ) របស់​គហបតី ឬ​គហបតិបុត្ត ដែល​ក្រាល​ដោយព្រំ មានរោមវែង​ជាង ៤ ធ្នាប់ ដែល​ក្រាលដោយ​កម្រាល​មានពណ៌​ស ដែល​ធ្វើដោយ​រោមសត្វ ដែលក្រាល​ដោយកម្រាល​ធ្វើដោយ​រោមសត្វ ជាផ្កា​ចង្កោម មាន​កម្រាល​ដ៏ឧត្តម ដែលគេ​ធ្វើ​ដោយ​ស្បែក​សត្វឈ្មុស មាន​ខ្នើយមាន​ពណ៌​ក្រហម​ទាំង​ពីរខាង គឺ​ខ្នើយក្បាល និងខ្នើយ​ជើង ព្រមទាំង​ពិដាន​មានពណ៌​ក្រហម​ពីខាងលើ យ៉ាងណាមិញ ទីដេក និងទីអង្គុយ​ ដែលធ្វើ​ដោយកម្រាល​ស្មៅ ក៏នឹង​ប្រាកដ​ដល់អ្នក​ដែលសន្តោស ដើម្បីសេចក្តី​ត្រេកអរ ដើម្បី​មិន​តក់ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះនិព្វាន ក្នុងកាលនោះ​ ក៏យ៉ាង​នោះដែរ។   ម្នាល​អនុរុទ្ធ កាលណា​អ្នកនឹងត្រិះរិះ​នូវមហា​បុរិសវិតក្កៈ​ទាំង ៨ នេះផង ជាអ្នក​បាន​តាម​ប្រាថ្នា បានមិនលំបាក បានដោយងាយ ​នូវឈានទាំង ៤ នេះ ប្រព្រឹត្តទៅ​ក្នុងចិត្តដ៏​ថ្លៃថ្លា  ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន​ផង ម្នាល​អនុរុទ្ធ ដូចជា​ភេសជ្ជៈផ្សេង ៗ គឺ​ទឹកដោះថ្លា ទឹកដោះ​ខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ របស់​គហបតី ឬ​គហបតិបុត្ត យ៉ាងណា​មិញ ថ្នាំដែល​ត្រាំ​ដោយ​ទឹកមូត្រ​ស្អុយ នឹង​ប្រាកដ​ដល់អ្នក​ដែលសន្តោស ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីចុះកាន់​ព្រះនិព្វាន ក្នុង​កាលនោះ ក៏​យ៉ាង​នោះដែរ។ ម្នាល​អនុរុទ្ធ បើដូច្នោះ អ្នកគប្បីនៅ​ចាំវស្សា​តទៅទៀត ក្នុង​បាចីនវំសទាយវន ជិត​ដែន​ចេតីនេះចុះ។ ព្រះអនុរុទ្ធ​ដ៏មានអាយុ ទទួល​ស្តាប់​ព្រះពុទ្ធ​ដីកាថា ព្រះករុណា ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មាន​ព្រះអនុរុទ្ធ​ដ៏មានអាយុ ដោយ​ឱវាទ​នេះ​ហើយ ក៏បាត់អំពី​បាចីនវំសទាយវន ក្នុង​ដែន​ចេតី មកប្រាកដ​ក្នុង​ភេសកឡាវន ជាទីឲ្យ​នូវអភ័យ​ដល់​ពួក​សត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុង​ភគ្គជនបទ ព្រះអង្គ​គង់​លើ​អាសនៈ ដែលគេ​ក្រាលថ្វាយ ដូចជា​បុរស​មានកំឡាំង លាដៃ​ដែលខ្លួន​បត់ចូល ឬ​បត់ចូលនូវដៃ ដែលខ្លួន​លាចេញ​ដូច្នោះឯង។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់គង់​ហើយ ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត នឹង​សំដែង​នូវ​មហាបុរិសវិតក្កៈ ៨ យ៉ាង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវពាក្យ​នោះ​ចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​មហាបុរិសវិតក្កៈ ៨ យ៉ាង តើអ្វីខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រាថ្នាតិច នេះមិនមែន​ជា​ធម៌របស់​អ្នកប្រាថ្នា​ច្រើន ១ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​សេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់​អ្នក​មិនមាន​សេចក្តី​សន្តោស ១ ម្នាល​ភិក្ខុ​​ទាំងឡាយ នេះជាធម៌​របស់អ្នក​ស្ងាត់ នេះមិនមែន​ជាធម៌​របស់អ្នក​ត្រេកអរ​ដោយពួក ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម នេះមិនមែន​ជាធម៌​របស់​អ្នក​ខ្ជិលច្រអូស ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នកមាន​ស្មារតី​ខ្ជាប់ខ្លួន នេះមិនមែន​ជាធម៌​របស់អ្នក​ភ្លេច​ស្មារតី ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកមាន​ចិត្តតាំងមាំ នេះ​មិនមែន​ជាធម៌​របស់​អ្នកមានចិត្ត​មិនតាំងមាំ ១ ម្នាលភិក្ខុ​​ទាំងឡាយ  នេះជាធម៌​របស់អ្នក​មានប្រាជ្ញា​ នេះ​មិនមែន​​ជាធម៌​របស់អ្នក​​ឥតប្រាជ្ញា ១ ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកមាន​និប្បបញ្ចធម៌ គឺ​ព្រះនិព្វាន ជាទី​ត្រេកអរ អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌​របស់អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុងបបញ្ចធម៌ ១។

ឯពាក្យថា ម្នាលភិក្ខុទាំងឡាយ  នេះជាធម៌​របស់អ្នក​ប្រាថ្នាតិច នេះមិនមែន​ជាធម៌​របស់អ្នក​ប្រាថ្នាច្រើន ដូច្នេះនេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះដែលតថាគត​ពោល​ហើយ តើព្រោះ​អាស្រ័យ​​ហេតុ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រាថ្នាតិច រមែងមិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជា​អ្នកប្រាថ្នា​តិច ដូច្នេះ ជាអ្នកមាន​សេចក្តី​សន្តោស រមែង​មិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញថា ជាអ្នក​​មានសេចក្តី​សន្តោស ដូច្នេះ ជាអ្នក​ស្ងាត់ រមែងមិន​ប្រាថ្នាថា ពួកជនគប្បី​ដឹងនូវ​អាត្មាអញ ថាជា​អ្នកស្ងាត់ ដូច្នេះ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម រមែង​មិនប្រាថ្នា​ថា ពួក​ជន គប្បីដឹង​នូវអាត្មាអញ ថាជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដូច្នេះ ជាអ្នក​មានស្មារតី​ខ្ជាប់ខ្ជួន រមែងមិន​ប្រាថ្នាថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មានស្មារតី​ខ្ជាប់ខ្ជួនដូច្នេះ ជាអ្នកមាន​ចិត្តតាំងមាំ រមែង​មិនប្រាថ្នា​ថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មានចិត្ត​តាំងមាំ ដូច្នេះ ជាអ្នក​មានប្រាជ្ញា រមែង​មិនប្រាថ្នា​ថា ពួកជន គប្បីដឹង​នូវ​អាត្មាអញ ថាជាអ្នក​មានប្រាជ្ញា ដូច្នេះ ជាអ្នក​មាន​និប្បបញ្ចធម៌ ជាទីត្រេកអរ រមែង​មិន​ប្រាថ្នា​ថា ពួកជន គប្បីដឹងនូវ​អាត្មាអញ ថាជាអ្នក​មាន​និប្បបញ្ចធម៌ ជាទីត្រេកអរ ដូច្នេះ។ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នក​​ប្រាថ្នាតិច នេះមិនមែន​ជាធម៌​របស់អ្នក​ប្រាថ្នា​ច្រើន​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ ​តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មានសេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់​អ្នក​មិនមាន​សេចក្តី​សន្តោស ដូច្នេះនេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ ដែល​តថាគត​ពោលហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​សន្តោស​ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារតាមមាន តាមបាន ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​របស់​​អ្នកមាន​សេចក្តី​សន្តោស នេះមិនមែន​ជាធម៌​របស់អ្នក​មិនមាន​សេចក្តីសន្តោស ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ស្ងាត់ នេះមិនមែន​ជាធម៌​របស់​អ្នក​ត្រេកអរ​ដោយពួក ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​ស្ងប់ស្ងាត់ នៅមាន​ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា មហាមាត្យ​របស់​ព្រះរាជា តិរិ្ថយ និងសាវក​របស់​តិរ្ថិយ រមែង​ចូលទៅរក​ភិក្ខុនោះ។ ក្នុង​ទីនោះ ភិក្ខុមានចិត្ត​ឱនទៅរក​វិវេក ឈានទៅ​រកវិវេក បែរទៅ​រកវិវេក ដំកល់​នៅក្នុងវិវេក ត្រេកអរ​ចំពោះក្នុង​ការ​ចេញចាកកាម ជាអ្នកធ្វើ​តាមនូវពាក្យ ដែល​ប្រកប​ចំពោះ​​ដោយពាក្យ ដែលគួរ​បញ្ជូន​ទៅដោយ​ពិត ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នកស្ងាត់ នេះមិនមែន​ជាធម៌​របស់​អ្នក​ត្រេកអរ​ដោយពួក ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិន​មែនជា​ធម៌​របស់​អ្នកខ្ជិល​ច្រអូស ​ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​តថាគត​ពោល​ហើយ តើ​ព្រោះអាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បីលះបង់​នូវពួក​អកុសលធម៌ ដើម្បី​ញុំាង​ពួក​កុសលធម៌​ឲ្យកើត​ឡើង ជាអ្នក​មានកំឡាំង មានសេចក្តី​ប្រឹងប្រែងមាំ មិន​ទំលាក់​ធុរៈ​ចោល​ក្នុង​កុសលធម៌​ទាំងឡាយ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​ប្រារព្ធ​ព្យាយាម នេះមិនមែន​ជាធម៌​របស់អ្នក​ខ្ជិលច្រអូស ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌​របស់​អ្នក​ភ្លេច​ស្មារតី​ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ​ តថាគត​ពោលហើយ តើ​ព្រោះ​អាស្រ័យ​ហេតុ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​​មានស្មារតី ប្រកប​ដោយ​​ស្មារតី និង​ភាពជាអ្នក​មានប្រាជ្ញា​​ចាស់ក្លា​ដ៏ខ្ពង់ខ្ពស់ នឹក​ឃើញ រឭក​បាន​រឿយ ៗ នូវអំពើ​ដែលធ្វើរួច​យូរហើយ​ផង នូវសំដី​ដែលនិយាយ​រួច​យូរហើយ​ផង ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់​អ្នក​មានស្មារតី​ខ្ជាប់ខ្ជួន នេះមិនមែន​ជាធម៌របស់អ្នក​ភ្លេច​ស្មារតី ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មានចិត្ត​មិនតាំងមាំ ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យ​នុ៎ះ តថាគត​ពោលហើយ តើ​ព្រោះ​អាស្រ័យ​ហេតុដូចម្តេច។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ស្ងប់ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ដល់​នូវ​ចតុត្ថជ្ឈាន ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​របស់​អ្នកមានចិត្ត​តាំងមាំ នេះ​មិនមែន​ជាធម៌​របស់អ្នក​មានចិត្ត​មិន​តាំងមាំ​ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម៌ របស់អ្នក​មានប្រាជ្ញា នេះមិនមែន​ជាធម៌​របស់អ្នក​ឥតប្រាជ្ញា ដូច្នេះ​នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ តើព្រោះអាស្រ័យ​​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ជាអ្នក​មាន​ប្រាជ្ញា ប្រកប​ដោយប្រាជ្ញា ជាដំណើរ​ទៅកាន់​សេចក្តី​ចំរើន និងសេចក្តីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ ជាគ្រឿង​ត្រាស់ដឹង ជាដំណើរ​ទៅកាន់​ការអស់ទៅ​នៃទុក្ខ​ដោយប្រពៃ ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មានប្រាជ្ញា នេះមិនមែន​ជាធម៌ របស់​អ្នកឥត​ប្រាជ្ញា​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះ។

ពាក្យថា ម្នាលភិក្ខុទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​និប្បបញ្ចធម៌​ជាទី​ត្រេកអរ អ្នក​ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌របស់​អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នក​ត្រេកអរ ក្នុង​បបញ្ចធម៌ ដូច្នេះនេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ តើព្រោះ​អាស្រ័យ​ហេតុដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ចិត្តរបស់ភិក្ខុ​ក្នុង​សាសនា​នេះ រមែងស្ទុះទៅ រមែងជ្រះថ្លា រមែង​តាំងនៅ រមែងបង្អោន​ទៅ ក្នុង​កិរិយារលត់​នៃបបញ្ចធម៌ គឺ​ព្រះនិព្វាន ពាក្យ​ណាថា ម្នាលភិក្ខុ​ទាំងឡាយ នេះជាធម៌​របស់អ្នក​មាន​និប្បបញ្ចធម៌ ជាទី​ត្រេកអរ អ្នកត្រេកអរ​ក្នុង​និប្បបញ្ចធម៌ នេះមិនមែន​ជាធម៌​របស់​អ្នកមាន​បបញ្ចធម៌​ជាទី​ត្រេកអរ អ្នកត្រេកអរ ក្នុង​បបញ្ចធម៌ ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ។

គ្រានោះ ព្រះអនុរុទ្ធ​ដ៏មានអាយុ ក៏នៅចាំ​វស្សា​តទៅ ក្នុង​បាចីនវំសទាយវន ក្នុង​ដែន​ចេតីនោះឯង។ លំដាប់នោះ ព្រះអនុរុទ្ធ​ដ៏​មានអាយុ តែម្នាក់ឯង ចៀសចេញ​ចាកពួក មិនមាន​សេចក្តី​ប្រមាទ មានព្យាយាម​ដុត​កំដៅកិលេស មានចិត្ត​បញ្ជូន​ទៅកាន់​ព្រះនិព្វាន ពួកកុលបុត្ត​ចេញចាក​ផ្ទះ ចូលកាន់​ផ្នួស​ដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា មិនយូរប៉ុន្មាន លោកក៏បាន​ធ្វើឲ្យជាក់ច្បាស់ នូវ​អនុត្តរធម៌ ដែល​មាន​ព្រហ្មចរិយៈ​ជាទីបំផុត​នោះ ដោយបញ្ញា​ដ៏ឧត្តម​របស់ខ្លួន​ ក្នុង​បច្ចុប្បន្ន ក៏ដឹង​ច្បាស់ថា ជាតិ​អស់ហើយ ព្រហ្មចរិយធម៌ បាន​នៅរួច​ហើយ សោឡសកិច្ច បានធ្វើ​រួចហើយ មគ្គភាវនាកិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះ មិនមាន​ទៀតឡើយ មាន​សេចក្តី​សរសើរ​ថា បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះអនុរុទ្ធ​ដ៏មានអាយុ ជា​ព្រះអរហន្ត​មួយ​អង្គដែរ។ លុះ​ព្រះអនុរុទ្ធ​ដ៏មានអាយុ បានដល់​ព្រះអរហត្តហើយ បានពោល​គាថា​ទាំងឡាយ​នេះ ក្នុង​វេលា​នោះថា

ព្រះសាស្តា ជាបុគ្គលប្រសើរក្នុងលោក ព្រះអង្គ​ទ្រង់​ជ្រាបច្បាស់​នូវសេចក្តី​ត្រិះរិះ របស់​អាត្មាអញ ទ្រង់មាន​កាយ​សម្រេច​ដោយចិត្ត ទ្រង់ស្តេច​ចូលមក​ដោយ​ឫទ្ធិ តម្រិះ​របស់​អាត្មាអញ កើតមាន​យ៉ាងណា ព្រះអង្គ​ក៏ទ្រង់​សំដែង​នូវធម៌​ដ៏លើសលុប​យ៉ាងនោះ ព្រះពុទ្ធ​ទ្រង់ត្រេកអរ​ក្នុង​និប្បបញ្ចធម៌ ក៏ទ្រង់​សំដែង​នូវ​និប្បបញ្ចធម៌ អាត្មាអញ បាន​ដឹងច្បាស់​នូវធម៌​របស់​ព្រះអង្គ ក៏ត្រេកអរ​ក្នុង​សាសនា​ វិជ្ជា​ទាំង ៣ អាត្មាអញ​ក៏បាន​សម្រេច​ហើយ សាសនា​របស់ព្រះពុទ្ធ អាត្មាអញ​ក៏បាន​ធ្វើហើយ។

ចប់ គហបតិវគ្គ ទី៣។

ឧទ្ទាននៃគហបតិវគ្គនោះគឺ

និយាយអំពីឧគ្គគហបតី ពីរលើក ហត្ថកអាឡវក ពីរលើក សក្កមហានាម ១ ជីវកកោមារភត្យ ១ កំឡាំង ពីរលើក អក្ខណៈ ជាគំរប់ ១០ នឹងព្រះអនុរុទ្ធ។

ទានវគ្គ

បឋមទានសូត្រ ទី១

[៣១] ម្នាលភិក្ខុទាំងឡាយ ទាននេះ​មាន ៨ យ៉ាង។ ទាន ៨ យ៉ាង តើដូចម្តេចខ្លះ។ គឺ​បុគ្គល​ឲ្យទាន ព្រោះបាន​ចាត់ចែង​ទុកស្រេច ១ ឲ្យទានព្រោះភ័យ ១ ឲ្យទាន​ដោយគិត​ថា គេបានឲ្យដល់អញ ១ ឲ្យទានដោយគិត​ថា គេនឹងឲ្យ​ដល់អញ​វិញ ១  ឲ្យទាន​ដោយ​គិតថា ទាន​ជាការប្រពៃ ១ ឲ្យទាន​ដោយ​គិតថា អញចំអិន បុគ្គល​​ទាំងឡាយនេះ មិន​ទាន់​ចំអិន អញ​កាលចំអិន មិនគួរ​ដើម្បី​មិនឲ្យទាន​ដល់បុគ្គល​មិនទាន់ចំអិន ១ ឲ្យទាន​ដោយ​គិតថា កាលបើអញ​ឲ្យនូវទាន​នេះ កិត្តិស័ព្ទ​ដ៏ពីរោះ រមែងខ្ចរខ្ចាយទៅ ១ ឲ្យទាន​ដើម្បីជា​គ្រឿង​​ប្រដាប់​នៃចិត្ត និងជាបរិក្ខារ​​នៃចិត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ ទាន​មាន ៨ យ៉ាង​នេះឯង។

 ទុតិយទានសូត្រ ទី២

[៣២] សទ្ធាទាន ហិរិទាន កុសលទាន ធម៌ទាំងនេះ ជាធម៌​តាំងនៅ​ក្នុង​ពួក​សប្បុរស សប្បុរសទាំងឡាយ តែង​ពោលនូវធម៌នេះ​ ថាជា​ផ្លូវ​ទៅកាន់​ទេវលោក ព្រោះថា​បុគ្គល​តែងទៅកាន់​ទេវលោក​បានដោយ​ធម៌នេះ។

 ទានវត្ថុសូត្រ ទី៣

[៣៣] ម្នាលភិក្ខុទាំងឡាយ ទានវត្ថុនេះមាន ៨ យ៉ាង។ ទានវត្ថុ ៨ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ​បុគ្គល​ឲ្យទាន ព្រោះសេចក្តី​ស្រលាញ់ ១ ឲ្យទាន​ព្រោះសេចក្តី​ខឹង ១ ឲ្យទាន​ព្រោះសេចក្តី​ល្ងង់ ១ ឲ្យទាន​ព្រោះសេចក្តី​ភ័យ ១ ឲ្យទាន​ព្រោះគិតថា ជីដូន​ជីតា​ទាំងឡាយ (របស់អញ) ធ្លាប់ឲ្យ ធ្លាប់ធ្វើមក អញមិនគួរ​ញុំាងវង្សត្រកូល​ពី​បូរាណនុ៎ះ​ឲ្យ​វិនាស ១ ឲ្យទាន​ព្រោះគិតថា អញបាន​ឲ្យទាននេះ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ នឹង​ទៅកើត​ក្នុងសុគតិ សួគ៌ ទេវលោក ១ ឲ្យទានព្រោះគិតថា កាលអញ​​ឲ្យទាននេះ ចិត្ត​រមែង​ជ្រះថ្លា ទាំងសេចក្តី​ពេញចិត្ត និងសោមនស្ស ក៏រមែងកើតឡើង ១ ឲ្យទាន ដើម្បី​ជាគ្រឿង​ប្រដាប់​នៃចិត្ត​ និង​ជាបរិក្ខារ​នៃចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ ទានវត្ថុ​មាន ៨យ៉ាង​នេះឯង។

 ខេត្តសូត្រ ទី៤

[៣៤] ម្នាលភិក្ខុទាំងឡាយ ពូជដែលបុគ្គល​សាបព្រោះ​ក្នុងស្រែ​ប្រកប​ដោយអង្គ ៨ ជាពូជ​មិនមាន​ផលច្រើន មិនមាន​សេចក្តី​ត្រេកអរ​ច្រើន មិន​ចំរើន។ ស្រែប្រកប​ដោយអង្គ ៨ តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ស្រែក្នុង​លោកនេះ ជាស្រែមាន​ទីទួលខ្លះ ទីទំនាបខ្លះ ១ មានថ្ម និង​ក្រួស ១ មាន​ទឹកប្រៃ ១ គន្លង​នង្គ័លមិនជ្រៅ ១ មិន​បរិបូណ៌​ដោយ​ផ្លូវ​ទឹក​សម្រាប់​បញ្ចូល ១ មិន​បរិបូណ៌​ដោយផ្លូវ​ទឹក​សម្រាប់​បញ្ចេញ ១ មិន​បរិបូណ៌​ដោយ​ប្រឡាយ​ទឹក ១ មិន​បរិបូណ៌​ដោយភ្លឺ ១។ ម្នាលភិក្ខុ​ទាំងឡាយ ពូជដែល​បុគ្គល​សាបព្រោះ​ក្នុងស្រែ​ប្រកប​​ដោយអង្គ ៨ យ៉ាងនេះ ជាពូជ​មិនមាន​ផលច្រើន មិន​មាន​សេចក្តី​ត្រេកអរច្រើន មិនចំរើន​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ទានដែល​បុគ្គលឲ្យ ចំពោះ​ពួក​សមណព្រាហ្មណ៍ ដែលប្រកប​ដោយអង្គ ៨ ជាទាន​មិនមាន​ផលច្រើន មិនមាន​អានិសង្ស​ច្រើន មិនមាន​សេចក្តី​រុងរឿង​ច្រើន មិនផ្សាយ​ទៅច្រើន ក៏យ៉ាង​នោះដែរ។ សមណព្រាហ្មណ៍ ដែល​ប្រកប​ដោយអង្គ ៨ តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​សមណ​ព្រាហ្មណ៍​ក្នុង​លោកនេះ ជាអ្នក​យល់ឃើញ​ខុស ១ ត្រិះរិះ​ខុស ១ និយាយ​ខុស ១ ធ្វើការងារ​ខុស ១ ចិញ្ចឹម​ជីវិតខុស ១ ព្យាយាមខុស ១ នឹក​រលឹកខុស ១ តាំងចិត្ត​ខុស ១។ ម្នាលភិក្ខុ​ទាំងឡាយ ទានដែល​បុគ្គលឲ្យ ចំពោះ​សមណ​ព្រាហ្មណ៍ ដែល​ប្រកប​ដោយអង្គ ៨ យ៉ាងនេះ ជាទាន​មិនមាន​ផលច្រើន មិនមាន​អានិសង្ស​ច្រើន មិនមាន​សេចក្តី​រុងរឿង​ច្រើន មិនផ្សាយ​ទៅច្រើន។

ម្នាលភិក្ខុទាំងឡាយ ចំណែកខាងពូជដែល​បុគ្គល​សាបព្រោះ ក្នុងស្រែ​ប្រកប​ដោយ​អង្គ ៨ ទើបជាពូជ​មានផលច្រើន មានសេចក្តី​ត្រេកអរច្រើន មានសេចក្តី​ចំរើន។ ស្រែ​ប្រកប​ដោយអង្គ ៨ តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រែក្នុង​លោកនេះ មិនមាន​ទីទួលខ្លះ ឬទីទំនាបខ្លះ ១ មិនមានថ្ម និងក្រួស ១ មិនមានទឹកប្រៃ ១ មាន​គន្លង​នង្គ័ល​ជ្រៅ ១ បរិបូណ៌ដោយ​ផ្លូវទឹក​សម្រាប់​បញ្ចូល ១ បរិបូណ៌​ដោយផ្លូវ​ទឹក​សម្រាប់​បញ្ចេញ ១ បរិបូណ៌​ដោយប្រឡាយ​ទឹក ១ បរិបូណ៌​ដោយភ្លឺ ១។ ម្នាលភិក្ខុ​ទាំងឡាយ ពូជ​ដែលបុគ្គល​សាបព្រោះ ក្នុងស្រែ​ប្រកប​ដោយអង្គ ៨ យ៉ាងនេះ ជាពូជ​មានផល​ច្រើន មាន​សេចក្តី​ត្រេកអរ​ច្រើន មាន​សេចក្តី​ចំរើន។ ម្នាលភិក្ខុ​ទាំងឡាយ ទានដែល​បុគ្គល​​ឲ្យហើយ ចំពោះ​សមណព្រាហ្មណ៍ ដែលប្រកប​​ដោយអង្គ ៨ ជាទាន​មានផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយទៅ​ច្រើន ក៏យ៉ាង​​នោះដែរ។ សមណ​ព្រាហ្មណ៍ ប្រកប​ដោយអង្គ ៨ តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​សមណ​ព្រាហ្មណ៍ ក្នុងលោកនេះ ជាអ្នក​យល់​ឃើញត្រូវ ១ ត្រិះរិះ​ត្រូវ ១ និយាយ​ត្រូវ ១ ធ្វើការ​ងារត្រូវ ១ ចិញ្ចឹមជីវិតត្រូវ ១ ព្យាយាមត្រូវ ១ នឹករលឹកត្រូវ ១ តាំងចិត្តត្រូវ ១។​  ម្នាល​ភិក្ខុ​ទាំងឡាយ ទានដែល​បុគ្គល​ឲ្យហើយ​ ចំពោះ​ពួកសមណ​ព្រាហ្មណ៍ ដែលប្រកប​​ដោយ​អង្គ ៨ យ៉ាង​នេះ ទើបជា​ទាន​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​រុងរឿង​ច្រើន មាន​សេចក្តី​ផ្សាយទៅច្រើន។

ពូជដ៏បរិបូណ៌ ​ដែលគេ​សាបព្រោះក្នុងស្រែដ៏ល្អ កាលបើ​មានភ្លៀង​ស្រួល ការ​បរិបូណ៌​ដោយ​គ្រាប់ស្រូវ ក៏រមែង​មាន គឺបរិបូណ៌​ដោយការ​មិន​អន្តរាយ ១ ការ​ចំរើន​ឡើង បរិបូណ៌ ១ ការលូតលាស់ បរិបូណ៌ ១ ផ្លែហ្នឹងឯង បរិបូណ៌ ១ មាន​ឧបមា​យ៉ាងណា​មិញ។ ភោជន​ដ៏បរិបូណ៌ ដែល​បុគ្គល​ឲ្យហើយ ចំពោះ​ពួកបុគ្គល​មាន​សីល​បរិបូណ៌ រមែងញុំាង​ចំណែក​កុសល​ឲ្យកើត​ឡើង កុសលកម្ម​ដែល​បុគ្គល​នោះ​ធ្វើហើយ ឈ្មោះថា​កម្ម​ដ៏បរិបូណ៌ មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ ព្រោះ​ហេតុ​នោះ បុគ្គល​​ក្នុងលោក​នេះ ជាអ្នក​បរិបូណ៌ មានប្រាថ្នា​នូវសេចក្តី​បរិបូណ៌ គួរ​សេពគប់​នូវបុគ្គល​​ដែលមាន​បញ្ញា​ដ៏បរិបូណ៌ ការ​បរិបូណ៌ រមែង​សម្រេច​យ៉ាង​នេះ​ឯង។ បុគ្គល​អ្នកបរិបូណ៌​​ដោយ​វិជ្ជា និង​ចរណៈ បាននូវ​សេចក្តី​បរិបូណ៌​នៃចិត្ត រមែង​ធ្វើនូវកម្ម​ដ៏បរិបូណ៌​ផង បាននូវ​ប្រយោជន៍​ក៏បរិបូណ៌។ បុគ្គល​ដឹងច្បាស់​នូវ​សត្វលោក តាម​សេចក្តី​ពិត រមែង​សម្រេច​នូវ​វិបស្សនា​សម្មាទិដ្ឋិ​ដ៏បរិបូណ៌ បុគ្គល​អាស្រ័យ​នូវមគ្គ​ដ៏បរិបូណ៌ មានចិត្ត​ដ៏បរិបូណ៌ រមែងដល់​នូវ (ព្រះអរហត្ត)។ បុគ្គល​កំចាត់​បង់នូវ​មន្ទិល​ទាំងពួង ដល់នូវ​ព្រះនិព្វាន ដ៏បរិបូណ៌ រមែង​រួចចាក​ទុក្ខ​ទាំង​ពួង ការរួចចាក​ទុក្ខនោះឯង ទើបឈ្មោះថា សេចក្តីបរិបូណ៌គ្រប់យ៉ាង។

 ទានូបបត្តិសូត្រ ទី៥

[៣៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើង​នៃទាននេះ មាន ៨ យ៉ាង។  ការកើតឡើង​នៃទាន ៨ យ៉ាង តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោក​នេះ ឲ្យទាន គឺបាយ ទឹក សំពត់ យានជំនិះ កំរងផ្កា គ្រឿង​ក្រអូប គ្រឿង​លាប ទីដេក ទីអាស្រ័យ​នៅ គ្រឿង​ប្រដាប់ ប្រទីប ជាទាន ដល់​សមណៈ ឬព្រាហ្មណ៍ បុគ្គល​នោះ ឲ្យនូវ​វត្ថុណា ក៏ប្រាថ្នា​នូវវត្ថុនោះ បុគ្គលនោះ​ឃើញ​ពួក​ខត្តិយមហាសាល​ក្តី ព្រាហ្មណមហាសាល​ក្តី គហបតិ​មហាសាល​ក្តី ដែល​កំពុង​ឆ្អែត​ស្កប់ស្កល់ មូលមិត្រ បំរើ​ដោយ​កាមគុណ​ទាំង ៥។ បុគ្គលនោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អញ​លុះ​បែក​ធ្លាយ​រាងកាយ ស្លាប់ទៅ សូមឲ្យទៅ​កើត​ជាមួយ​នឹង​​ខត្តិយមហា​សាល​ក្តី ព្រាហ្មណ​មហាសាល​ក្តី គហបតិ​មហាសាល​ក្តី បុគ្គលនោះ ក៏ដម្កល់ចិត្តនោះ អធិដ្ឋាន​ចិត្តនោះ ចំរើន​ចិត្តនោះ ចិត្តរបស់​បុគ្គលនោះ ក៏ស៊ប់​ក្នុងកាមគុណ​ដ៏ថោកទាប មិនបាន​ចំរើន​គុណធម៌​ដ៏លើសលុប​ឡើង​ទៅទៀត លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែង​ទៅកើត​ជាមួយ​នឹងពួក​ខត្តិយមហាសាលខ្លះ ព្រាហ្មណមហាសាលខ្លះ គហបតិ​មហាសាល​ខ្លះ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវ​ការសម្រេច​នោះឯង ចំពោះ​បុគ្គល​មានសីល មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ សេចក្តី​ប្រាថ្នា​ដោយចិត្ត​របស់​បុគ្គល​មានសីល រមែង​សម្រេច​ព្រោះចិត្ត​ដ៏បរិសុទ្ធ ១។ ម្នាល​ភិក្ខុទាំងឡាយ  បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទាន​គឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿង​ប្រដាប់ ប្រទីប ជាទាន​ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ​ឲ្យ​វត្ថុណា ក៏ប្រាថ្នា​វត្ថុនោះ បុគ្គលនោះ បានឮថា ពួកទេវតា​ចាតុម្មហារាជិកៈ មានអាយុវែង មាន​សម្បុរល្អ មានសេចក្តី​សុខច្រើន បុគ្គលនោះ ​មានសេចក្តី​​​ត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ​លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ ​សូមឲ្យទៅ​កើតជាមួយ​នឹង​ពួក​ទេវតា​ចាតុម្មហារាជិកៈ បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋានចិត្តនោះ ចំរើនចិត្តនោះ ចិត្ត​របស់​បុគ្គល​នោះ ក៏ចុះស៊ប់ក្នុង​កាមគុណ​ដ៏ថោកទាប មិនចំរើន​គុណធម៌​ដ៏លើសលុប​ឡើង​ទៅ​ទៀត លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែងទៅកើត​ជាមួយនឹង​ពួក​ទេវតា​ចាតុម្មហារាជិកៈ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពោលនូវការ​សម្រេច​នោះឯង ចំពោះ​បុគ្គល​មានសីល មិនចំពោះ​បុគ្គល​​ទ្រុស្តសីល​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ប្រាថ្នា​ដោយ​ចិត្តរបស់​បុគ្គល​មាន​សីល រមែង​​សម្រេច​ព្រោះចិត្ត​បរិសុទ្ធ ១។ ម្នាលភិក្ខុ​ទាំងឡាយ  បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទាន​គឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់​សមណៈ ឬព្រាហ្មណ៍ បុគ្គល​នោះ ឲ្យវត្ថុណា ក៏ប្រាថ្នា​វត្ថុនោះ បុគ្គលនោះ បានឮថា ពួក​ទេវតា​តាវត្តិង្ស។បេ។ ពួក​ទេវតាយាមៈ . . . ពួក​ទេវតាតុសិត . . . ពួកទេវតានិម្មារតី . . . ពួក​ទេវតា​បរនិម្មិតវសវត្តី មានអាយុវែង មានសម្បុល្អ មានសេចក្តី​សុខច្រើន បុគ្គលនោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎  អាត្មាអញ លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ ​សូមឲ្យទៅ​កើតជាមួយ​នឹង​​ពួកទេវតា​បរនិម្មិតវសវត្តី បុគ្គលនោះ ដម្កល់ចិត្តនោះ អធិដ្ឋាន​ចិត្តនោះ ចំរើនចិត្ត​នោះ ចិត្តរបស់​បុគ្គលនោះ ក៏ចុះស៊ប់​ក្នុង​កាមគុណ​ដ៏ថោកទាប មិនបាន​ចំរើន​គុណធម៌​ដ៏លើសលុប​ឡើង​ទៅទៀត លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែង​ទៅកើត​ជាមួយ​​នឹង​ពួកទេវតា​បរនិម្មិតវសវត្តី ម្នាលភិក្ខុ​ទាំងឡាយ  តថាគត​ពោលនូវ​ការសម្រេច​នោះឯង ចំពោះ​បុគ្គល​មានសីល មិន​ចំពោះ​បុគ្គល​ទ្រុស្តសីល​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ប្រាថ្នា​ដោយចិត្ត របស់បុគ្គល​មានសីល រមែង​សម្រេច​ព្រោះ​ចិត្ត​បរិសុទ្ធ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទាន​គឺបាយ ទឹក សំពត់ យានជំនិះ កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីអាស្រ័យនៅ គ្រឿងប្រដាប់ ប្រទីប ជាទាន ដល់សមណៈ ឬព្រាហ្មណ៍ បុគ្គលនោះ​ឲ្យវត្ថុណា ក៏ប្រាថ្នាវត្ថុនោះ បុគ្គល​នោះ បានឮថា ពួកទេវតា ព្រហ្មកាយិកៈ មានអាយុវែង មានសម្បុរល្អ មាន​សេចក្តី​សុខ​ច្រើន បុគ្គលនោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ​លុះបែកធ្លាយ​រាងកាយ ស្លាប់​ទៅ សូមឲ្យ​ទៅកើត​ជាមួយ​នឹង​ពួកទេវតា​ព្រហ្មកាយិកៈ បុគ្គលនោះ ដម្កល់ចិត្ត​នោះ តាំង​ចិត្តនោះ​ ចំរើនចិត្តនោះ ចិត្តរបស់​បុគ្គលនោះ ក៏ចុះស៊ប់​ក្នុងកាមគុណ​ដ៏ថោកទាប មិន​ចំរើន​គុណធម៌​ដ៏លើសលុប​ឡើងទៅ​ទៀត លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជា​មួយ​​នឹង​ពួកទេវតា​​ព្រហ្មកាយិកៈ តថាគត​ពោលនូវ​ការសម្រេច​នោះឯង ចំពោះ​បុគ្គល​មានសីល មិនចំពោះ​បុគ្គល​ទ្រុស្តសីល​ទេ ទានចំពោះ​បុគ្គលប្រាសចាក​រាគៈ មិន​ចំពោះ​បុគ្គល​ប្រកប​ដោយ​រាគៈ​ទេ ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ប្រាថ្នា​ដោយ​ចិត្ត​របស់​បុគ្គល​មានសីល រមែង​សម្រេច​ព្រោះ​ប្រាសចាក​រាគៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ ការកើត​ឡើង​នៃទាន មាន៨ ប្រការ​នេះឯង។

 បុញ្ញកិរិយវត្ថុសូត្រ ទី៦

[៣៦] ម្នាលភិក្ខុទាំងឡាយ បុញ្ញកិរិយាវត្ថុនេះមាន ៣ យ៉ាង។ បុញ្ញកិរិយាវត្ថុ​ ៣ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ​ទានមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំង​នៃការ​បំពេញបុណ្យ សម្រេច​អំពីការឲ្យ) ១ សីលមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំង​នៃការបំពេញ​បុណ្យ សម្រេច​អំពី​ការរក្សាសីល) ១ ភាវនាមយបុញ្ញកិរិយាវត្ថុ (វត្ថុជាទីតាំង​នៃការ​បំពេញ​បុណ្យ​សម្រេច​អំពីការ​ចំរើន) ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទាន​មយបុញ្ញកិរិយា​វត្ថុ មានប្រមាណតិច ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ មាន​ប្រមាណ​តិច ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេច​នៅឡើយ។ បុគ្គលនោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ក្នុងត្រកូល​មនុស្ស​ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុង​លោកនេះ ធ្វើទាន​មយបុញ្ញកិរិយាវត្ថុ​ល្មមប្រមាណ ធ្វើសីល​មយបុញ្ញកិរិយា​វត្ថុ​ក៏ល្មមប្រមាណ ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយា​វត្ថុ មិនទាន់​សម្រេច​នៅ​ឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងកើត​ក្នុង​ត្រកូល​មនុស្ស​ដ៏ខ្ពង់ខ្ពស់។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយា​វត្ថុ​ដ៏ច្រើន​ក្រៃលែង ធ្វើសីល​មយបុញ្ញកិរិយា​វត្ថុ​ដ៏ច្រើនក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយា​វត្ថុ មិនទាន់សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅ​កើតជាមួយ​នឹង​ពួកទេវតា​ចាតុម្មហារាជិកៈ។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ មហារាជ​ទាំង ៤ អង្គ បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃពេក ធ្វើ​សីលមយបុញ្ញកិរិយា​វត្ថុ​ច្រើនក្រៃពេក រមែងខ្ពង់ខ្ពស់​កន្លងនូវ​ពួក​ទេវតា​ចាតុម្មហារាជិកៈ ដោយ​ស្ថាន ១០ យ៉ាងគឺ អាយុជាទិព្យ ១ ពណ៌ជាទិព្យ ១ សុខជាទិព្យ ១ យសជាទិព្យ ១ អធិបតីជាទិព្យ ១ រូបជាទិព្យ ១ សំឡេង​ជាទិព្យ ១ ក្លិនជាទិព្យ ១ រសជាទិព្យ ១ ផោដ្ឋព្វៈ​ជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រែលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ជាមួយនឹង​ពួក​ទេវតាតាវត្តិង្ស។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ សក្កទេវរាជ ជា​ធំជាង​ទេវតា បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លងទេវតាជាន់​តាវត្តិង្ស ដោយ​ស្ថាន ១០ យ៉ាង គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ធ្វើ​សីល​មយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេច​នៅ​ឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែងទៅ​កើតជាមួយនឹង​ពួក​ទេវតា​ជាន់យាមៈ។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ សុយាមទេវបុត្រ បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក បានធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវពួក​ទេវតា​ជាន់​យាមៈ ដោយ​ស្ថាន ១០ យ៉ាង​គឺ អាយុ​ជាទិព្យ ១។បេ។ ផោដ្ឋព្វៈ​ជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ  បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ធ្វើសីល​មយបុញ្ញកិរិយាវត្ថុ​ច្រើនក្រែលែង  ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែងទៅកើតជា​មួយនឹងពួក​ទេវតា​ជាន់តុសិត។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ សន្តុសិតទេវបុត្រ ​បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើន​ក្រៃពេក បានធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវ​ពួកទេវតា​ជាន់តុសិត ដោយស្ថាន ១០ យ៉ាង គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ  បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ច្រើនក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិន​​សម្រេចនៅឡើយ។ បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏រមែង​ទៅកើត​ជាមួយ​នឹង​ពួក​ទេវតា​និម្មានរតី។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តា​ទេវតា​ទាំងនោះ​ សុនិម្មិតទេវបុត្រ ​បានធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើនក្រៃពេក បានធ្វើ​សីលមយ​បុញ្ញកិរិយា​វត្ថុ​ដ៏ច្រើន​ក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លងពួក​ទេវតា​និម្មានរតី ដោយ​ស្ថាន ១០ យ៉ាង​គឺ អាយុជាទិព្យ ១។បេ។ ផោដ្ឋព្វៈ​ជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ  បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើ​ទានមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើន​ក្រៃលែង ធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើន​ក្រៃលែង ប៉ុន្តែ​ភាវនា​មយបុញ្ញកិរិយាវត្ថុ មិនទាន់​សម្រេច​នៅឡើយ។ បុគ្គល​នោះ លុះ​បែកធ្លាយ​រាងកាយ ស្លាប់ទៅ ក៏រមែង​ទៅកើត​ជាមួយនឹង​ពួក​ទេវតា​បរនិម្មិតវសវត្តី។ ម្នាលភិក្ខុ​ទាំងឡាយ បណ្តាទេវតា​ទាំងនោះ បរនិម្មិតវសវត្តីទេវបុត្រ ​បានធ្វើ​ទានមយបុញ្ញកិរិយា​វត្ថុ ដ៏ច្រើន​ក្រៃពេក បានធ្វើ​សីលមយបុញ្ញកិរិយាវត្ថុ​ដ៏ច្រើន​ក្រៃពេក រមែង​ខ្ពង់ខ្ពស់​កន្លង​នូវពួក​ទេវតា​បរនិម្មិតវសវត្តី ដោយស្ថាន ១០ យ៉ាង​គឺ អាយុជាទិព្យ ១ ពណ៌ជាទិព្យ ១ សុខជាទិព្យ ១ យសជាទិព្យ ១ អធិបតីជាទិព្យ ១ រូបជាទិព្យ ១ សំឡេងជាទិព្យ ១ ក្លិនជាទិព្យ ១ រសជាទិព្យ ១ ផោដ្ឋព្វៈជាទិព្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុញ្ញកិរិយាវត្ថុ មាន ៣ យ៉ាងនេះឯង។

 សប្បុរិសទានសូត្រ ទី៧

[៣៧] ម្នាលភិក្ខុទាំងឡាយ សប្បុរិសទាន​នេះមាន ៨ យ៉ាង។ សប្បុរិសទាន ៨ យ៉ាង តើដូចម្តេច​ខ្លះ។ គឺ​បុគ្គល​ឲ្យវត្ថុស្អាត ១ ឲ្យវត្ថុថ្លៃថ្លា ១ ឲ្យតាមកាល ១ ឲ្យវត្ថុគួរ ១ ជ្រើសរើស​ហើយទើបឲ្យ ១ ឲ្យទាន​រឿយៗ ១ កំពុងឲ្យ ញុំាំង​ចិត្តឲ្យជ្រះថ្លា ១ លុះឲ្យ​ផុត​ហើយ រមែងមាន​សេចក្តី​ពេញចិត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ សប្បុរិសទាន ៨ យ៉ាង​នេះ​ឯង។

បុគ្គល រមែងឲ្យនូវទានទាំងឡាយគឺ ទឹក និងភោជន​ដ៏ស្អាត ថ្លៃថ្លា តាមកាល វត្ថុ​ដ៏គួរ រឿយ​ ៗ ចំពោះ​ព្រហ្មចារីបុគ្គល​ទាំងឡាយ ដូចជា​ស្រែដ៏ល្អ ពួក​អ្នកប្រាជ្ញ រមែង​សរសើរ នូវទាន​ទាំងឡាយ ដែលបុគ្គល​លះបង់​នូវ​អាមិសៈ​ជាច្រើន ដែល​មិនគួរ​ឲ្យកើត​សេចក្តី​ក្តៅក្រហាយ ហើយឲ្យ​យ៉ាងនេះ អ្នកប្រាជ្ញមាន​បញ្ញា ជាអ្នក​មានសទ្ធា បានបូជា​យ៉ាងនេះហើយ មានចិត្ត​រួចស្រឡះ រមែង​ចូលទៅកាន់​ទេវ​លោក ដែល​មិនមាន​សេចក្តី​ទុក្ខ មានតែ​សេចក្តី​សុខ។

 សប្បុរិសសូត្រ ទី៨

[៣៨] ម្នាលភិក្ខុទាំងឡាយ សប្បុរស កាលកើតក្នុង​ត្រកូល រមែងប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ​ដល់ជន​ច្រើន ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីចំរើន ដើម្បី​សេចក្តីសុខ​ដល់​មាតាបិតា ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខដល់​បុត្ត​ភរិយា ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ​ដល់​បុរស​ជា​ទាសកម្មករ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីចំរើន ដើម្បី​សេចក្តីសុខ ដល់​មិត្ត និង​អាមាត្យ​ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខ​ដល់ពួក​ញាតិ ដែល​ចែកឋាន​ទៅកាន់​បរលោក ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ​ដល់​ព្រះរាជា ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខ​ដល់​ពួកទេវតា ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខ​ដល់​សមណ​ព្រាហ្មណ៍​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ មហាមេឃ កាល​ញុំាងសំទូង​ទាំងអស់ ឲ្យ​សម្រេច​ព្រម រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន​ដល់​ជន​ច្រើន។បេ។ មាន​ឧបមា​ដូចម្តេច​មិញ ម្នាលភិក្ខុ​ទាំងឡាយ សប្បុរស កាលកើត​ក្នុងត្រកូល រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តីសុខ​ដល់ជនច្រើន ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ ដល់​មាតា និង​បិតា​ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ ដល់​បុត្តភរិយា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ ដល់​បុរស​ជា​ទាសកម្មករ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តីសុខ ដល់​មិត្ត និង​​អាមាត្យទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ ដល់ពួក​ញាតិ ដែលចែកឋាន ទៅកាន់បរលោក ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តីសុខ ដល់ព្រះរាជា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ ដល់​ពួកទេវតា ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ ដល់​សមណ​ព្រាហ្មណ៍​ទាំងឡាយ ក៏មាន​ឧបមេយ្យ​ដូច្នោះ​ដែរ។

បុគ្គលប្រកបដោយបញ្ញា កាលនៅគ្រប់គ្រងផ្ទះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍​ដល់​ពួក​ជនច្រើន ជាអ្នក​មិនខ្ជិលច្រអូស ក្នុង​វេលាយប់ និង​​ថ្ងៃ កាល​នឹករលឹក​ដល់​បុព្វការគុណ​ ដែលមាតា និងបិតាធ្វើហើយ រមែងបូជា​មាតាបិតា​ជាមុន ដោយ​ហេតុ​ប្រកប​ដោធម៌ រមែងកោតក្រែង​ចំពោះ​បព្វជិត ជាអនាគារិកបុគ្គល ជា​ព្រហ្មចារីបុគ្គល មានសទ្ធា​ដម្កល់មាំ មានសីល​ជាទីស្រលាញ់ លុះដឹងច្បាស់​នូវធម៌​ទាំងឡាយ​ហើយ រមែង​បូជា​ បុគ្គលណា​ដែលមាន​ប្រយោជន៍​ដល់ព្រះរាជា មានប្រយោជន៍​ដល់ទេវតា មានប្រយោជន៍​ដល់ពួកញាតិ ដល់មិត្ត​សំឡាញ់ ដម្កល់ស៊ប់​ក្នុង​ព្រះសទ្ធម្ម បុគ្គលនោះ​ឈ្មោះថា​ មាន​ប្រយោជន៍​ដល់បុគ្គល​ទាំងអស់ បុគ្គលណា កំចាត់បង់​នូវមន្ទិល គឺ​សេចក្តីកំណាញ់​ បុគ្គលនោះ រមែង​ជួបប្រទះ​នូវលោក​ក្សេមក្សាន្ត។​

 អភិសន្ទសូត្រ ទី៩

[៣៩] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃបុណ្យ អានិសង្ស​នៃកុសល ជា​អាហារនៃ​សេចក្តី​សុខ ជាធម៌ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តី​សុខ ប្រព្រឹត្ត​ទៅ ដើម្បី​សួគ៌ ៨ យ៉ាង​នេះ រមែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ។ អានិសង្ស​នៃបុណ្យ អានិសង្សនៃ​កុសល ៨ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុង​សាសនានេះ ជាអ្នក​ដល់នូវ​ព្រះពុទ្ធ​ជាទីពឹង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃកុសល ជាអាហារនៃ​សេចក្តីសុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃ​សេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បី​សួគ៌ ទី១ រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បីសេចក្តី​ពេញចិត្ត ដើម្បី​សេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត អរិយសាវក ជាអ្នកដល់​នូវព្រះធម៌​ជាទីពឹង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ ទី២។បេ។ រមែង​ប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ជាអ្នកដល់​នូវ​ព្រះសង្ឃ​ជាទីពឹង នេះជា​អានិសង្សនៃ​បុណ្យ អានិសង្ស​នៃ​កុសល ជាអាហារនៃ​សេចក្តី​សុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៣ រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។ ម្នាលភិក្ខុ​ទាំងឡាយ ទាន​ទាំង ៥ យ៉ាងនេះ ចាត់ជា​មហាទាន ដែលអ្នក​ប្រាជ្ញ​ដឹងថា ជារបស់​ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្ត​ទៅ អស់​រាត្រីយូរ ដឹងថា​ជាវង្ស​នៃ (កល្យាណ​ជន) ជារបស់​មានមក​ក្នុងកាល​មុន ជារបស់​មិន​រោយរាយ ជារបស់​មិនធ្លាប់​រោយរាយ​ហើយ រមែង​មិនខ្ចាត់ខ្ចាយ (ក្នុងកាល​ឥឡូវ​នេះ) និង​​មិនខ្ចាត់ខ្ចាយ (ក្នុងអនាគត) ពួក​សមណព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀល​ឡើយ។ ទាន ៥ យ៉ាង តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ជាអ្នកវៀរចាក​បាណាតិបាត ឈ្មោះថា​ឲ្យនូវ​អភ័យ ឲ្យនូវអំពើ​មិនមានពៀរ ឲ្យនូវ​អំពើមិនមាន​ទុក្ខ ដល់សត្វទាំងឡាយ មាន​ប្រមាណ​មិនបាន លុះឲ្យនូវ​អភ័យ ឲ្យនូវ​អំពើ​មិនមានពៀរ ឲ្យនូវ​អំពើមិន​មានទុក្ខ ដល់សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន​ហើយ រមែងជាអ្នក​មានចំណែក នៃសេចក្តី​មិនមានភ័យ មិនមាន​ពៀរ មិនមាន​ទុក្ខ មាន​ប្រមាណ​មិនបានវិញ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជាទាន ទី១ ចាត់ជាមហាទាន ដែលអ្នកប្រាជ្ញ​ដឹងថា​ ជារបស់ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្តទៅ​អស់រាត្រីយូរ ដឹងថា​ជាវង្ស​នៃ (កល្យាណជន) ជារបស់មាន​មកក្នុង​កាលមុន ជារបស់​មិនរោយរាយ មិនធ្លាប់​រោយរាយ​ហើយ រមែងមិន​ខ្ចាត់ខ្ចាយ នឹង​មិនខ្ចាត់ខ្ចាយ ពួកសមណ​​ព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀលឡើយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃកុសល ជាអាហារនៃសេចក្តី​សុខ ជាធម៌ឲ្យ​នូវអារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តី​សុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៤ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បី​សេចក្តី​រីករាយ ដើម្បីសេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត អរិយសាវក លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន។បេ។ លះបង់​កាមេសុមិច្ឆាចារ វៀរចាក​កាមេសុមិច្ឆាចារ។បេ។ លះបង់​មុសាវាទ វៀរចាក​មុសាវាទ។បេ។ លះបង់​សុរាមេរយមជ្ជប្បមាទដ្ឋាន វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ឈ្មោះថា​ឲ្យនូវអភ័យ ឲ្យនូវ​អំពើមិន​មានពៀរ ឲ្យនូវអំពើ​មិនមានទុក្ខ ដល់សត្វ​ទាំងឡាយ មានប្រមាណ​មិនបាន​ លុះ​ឲ្យ​នូវអភ័យ ឲ្យនូវអំពើ​មិនមានពៀរ ឲ្យនូវអំពើ​មិនមានទុក្ខ ដល់សត្វ​ទាំងឡាយ មាន​ប្រមាណ​មិនបាន​ហើយ រមែងជាអ្នក​មានចំណែក នៃសេចក្តី​មិនមាន​ភ័យ មិនមានពៀរ មិន​មានទុក្ខ មានប្រមាណ​មិនបានវិញ ម្នាលភិក្ខុទាំងឡាយ នេះជាទាន ទី៥ ចាត់ជា​មហាទាន ដែលអ្នកប្រាជ្ញ​ដឹងថា ជារបស់ប្រសើរ ដឹងថា​ជារបស់​ប្រព្រឹត្តទៅ​អស់រាត្រីយូរ ដឹងថា​ជា​វង្សនៃ (កល្យាណជន) ជារបស់​មានមកក្នុង​កាលមុន ​មិនរោយរាយ មិនធ្លាប់​រោយរាយ​ហើយ រមែង​មិនខ្ចាត់​ខ្ចាយ នឹង​មិន​ខ្ចាត់ខ្ចាយ ពួកសមណ​ព្រាហ្មណ៍ ជាវិញ្ញូជន ក៏មិនដែល​តិះដៀលឡើយ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អានិសង្ស​នៃបុណ្យ អានិសង្ស​នៃ​កុសល ជាអាហារនៃ​សេចក្តីសុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផលនៃ​សេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ទី៨ រមែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បី​សេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បីសេចក្តី​សុខ។ ម្នាលភិក្ខុ​ទាំងឡាយ អានិសង្ស​នៃបុណ្យ អានិសង្សនៃកុសល ជាអាហារនៃ​សេចក្តីសុខ ជាធម៌​ឲ្យនូវ​អារម្មណ៍​ដ៏ល្អលើស ជាផល​នៃសេចក្តីសុខ ប្រព្រឹត្តទៅ ដើម្បីសួគ៌ ៨ ប្រការ​នេះឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​ត្រេកអរ ដើម្បីសេចក្តី​រីករាយ ដើម្បីសេចក្តី​ពេញចិត្ត ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តីសុខ។

 ទុច្ចរិតវិបាកសូត្រ ទី១០

[៤០] ម្នាលភិក្ខុទាំងឡាយ បាណាតិបាត ដែលបុគ្គល​សេព​ថ្នឹកហើយ ចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​បាណាតិបាត ដែលស្រាល​ជាងផល​ទាំងអស់ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មាន​អាយុខ្លី ដល់កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ អទិន្នាទាន ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បីបិត្តិវិស័យ។ ផលនៃអទិន្នាទាន ដែលស្រាល​ជាង​ផល​ទាំងអស់ រមែងប្រព្រឹត្ត​ទៅ ដើម្បីវិនាស​នូវភោគៈ ដល់កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំង​ឡាយ កាមេសុមិច្ឆាចារ ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​កាមេសុមិច្ឆាចារ ដែលស្រាលជាងផល​ទាំងអស់ រមែងប្រព្រឹត្ត​ទៅ ដើម្បីសត្រូវ និង​ពៀរ ដល់​កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ មុសាវាទ ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​មុសាវាទ ដែលស្រាល​ជាងផល​ទាំងអស់ រមែងប្រព្រឹត្ត​ទៅ ដើម្បី​គេពោល​បង្កាច់ ដោយពាក្យ​មិនពិត ដល់កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ បិសុណាវាចា ដែលបុគ្គល​ថ្នឹកហើយ ចំរើន​ហើយ ធ្វើឲ្យច្រើន​ហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​បិសុណាវាចា ដែលស្រាលជាង​ផលទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីបែកបាក់​ចាកមិត្រ ដល់​កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ ផរុសវាចា ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃ​ផរុសវាចា ដែលស្រាល​ជាងផល​ទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បី​សម្លេង​មិនជា​ទីគាប់ចិត្ត ដល់កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ សម្ជប្បលាបៈ ដែល​បុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បី​កំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃសម្ជប្បលាបៈ ដែលស្រាល​ជាងផល​ទាំងអស់ រមែងប្រព្រឹត្តទៅ ដើម្បីពាក្យដែល​មិនគួរកាន់យក ដល់​កើត​ជាមនុស្ស។ ម្នាលភិក្ខុ​ទាំងឡាយ កាផឹកនូវ​សុរា និង​​មេរ័យ ដែលបុគ្គល​ថ្នឹកហើយ ចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅ ដើម្បីនរក ប្រព្រឹត្តទៅ ដើម្បីកំណើត​តិរច្ឆាន ប្រព្រឹត្តទៅ ដើម្បី​បិត្តិវិស័យ។ ផលនៃការ​ផឹក​នូវសុរាមេរ័យ ដែលស្រាល​ជាងផល​ទាំង​អស់ រមែងប្រព្រឹត្តទៅ ដើម្បី​ភាពជាឆ្កួត ដល់កើត​ជាមនុស្ស។

ចប់ ទានវគ្គ ទី៤។

ឧទ្ទានក្នុងវគ្គនោះ គឺ

និយាយអំពីទាន ពីរលើក អំពីវត្ថុ ១ អំពីបុញ្ញក្ខេត្ត ១ អំពី​ការកើតឡើង​នៃទាន ១ អំពី​បុញ្ញកិរិយាវត្ថុ ១ អំពី​សប្បុរស ពីរលើក អំពីផល​ដ៏ស្រាលជាងផល​ទាំងអស់ ១ អំពី​អានិសង្ស ១។

ឧបោសថវគ្គ

សង្ខិត្តូបោសថសូត្រ ទី១

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ​ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុង​សាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅពួកភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​ភិក្ខុ​ទាំងឡាយ ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយទៅ​ច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ឧបោសថ ប្រកបដោយអង្គ ៨ ប្រការ ដែល​បុគ្គល​ចាំរក្សាហើយ រមែងមាន​ផលច្រើន មាន​អានិសង្សច្រើន មានសេចក្តី​រុងរឿងច្រើន មាន​សេចក្តី​ផ្សាយទៅច្រើន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ ពិចារណាថា ព្រះអរហន្ត​ទាំងឡាយ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត មាន​អាជ្ញា​ដាក់ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់ចុះហើយ ជាអ្នក​មាន​សេចក្តី​ខ្មាសបាប មានសេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍​ដល់​សព្វសត្វ ដរាបអស់​ជីវិត ក្នុង​ថ្ងៃនេះ ចំណែកខ្លួន​អញ លះបង់​នូវបាណាតិបាត វៀរចាក​បាណាតិបាត មានអាជ្ញា​ដាក់ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មាន​សេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍​ដល់សព្វសត្វ អស់យប់​នេះ និង​​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយផង  ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គនេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី១ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន កាន់យក​តែវត្ថុ​ដែលគេឲ្យ ប្រាថ្នាចំពោះ​វត្ថុដែលគេឲ្យ មានខ្លួន​ដ៏ស្អាត មិនមែន​ជាអ្នកលួច​ ដរាបអស់ជីវិត ក្នុង​ថ្ងៃនេះ ចំណែកខ្លួនអញ លះបង់​អទិន្នាទាន វៀរចាក​អទិន្នាទាន កាន់យក​តែវត្ថុ​ដែលគេ​ឲ្យ ប្រាថ្នាចំពោះ​តែវត្ថុដែល​គេឲ្យ មានខ្លួន​ដ៏ស្អាត មិនមែន​ជាអ្នកលួច អស់យប់នេះ និង​ថ្ងៃ​នេះដែរ យកតម្រាប់ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​ចាំរក្សា​ឧបោសថ​ផង ដោយ​អង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី២ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​អព្រហ្មចរិយៈ ជាអ្នកមាន​ព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរចាក​មេថុន ដែល​ជាធម៌​របស់​អ្នកស្រុក ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​អព្រហ្មចរិយៈ ជាអ្នក​មាន​ព្រហ្មចារ្យ ប្រព្រឹត្តឆ្ងាយ វៀរចាក​មេថុន ដែលជាធម៌​របស់អ្នកស្រុក អស់យប់​នេះ និង​​ថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយ​អង្គនេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៣ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​មុសាវាទ វៀរចាក​មុសាវាទ អ្នកពោលពាក្យពិត ទ្រទ្រង់​ពាក្យពិត ពោលពាក្យ​ខ្ជាប់ខ្ជួន គួរឲ្យគេជឿបាន មិនបាន​ពោលពាក្យ​បង្កាច់លោក ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​មុសាវាទ វៀរចាក​មុសាវាទ ជាអ្នកពោល​ពាក្យពិត ទ្រទ្រង់​ពាក្យពិត ពោលពាក្យខ្ជាប់ខ្ជួន គួរឲ្យ​គេជឿបាន មិនបាន​ពោលពាក្យ​បង្កាច់លោក អស់​យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​នឹងចាំរក្សា ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៤ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់ហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺផឹក​គ្រឿង​ស្រវឹង គឺ​សុរា និង​មេរ័យ វៀរចាកហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺផឹកគ្រឿង​ស្រវឹង គឺសុរា និង​មេរ័យ ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែកខ្លួនអញ លះបង់ហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺ​ផឹក​គ្រឿងស្រវឹង គឺសុរា និង​មេរ័យ វៀរចាកហេតុ​ជាទីតាំង​នៃសេចក្តី​ប្រមាទ គឺផឹក​គ្រឿង​ស្រវឹង គឺសុរា និង​មេរ័យ អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំង​ឡាយផង ខ្លួនអញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ​ ទី៥នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ បរិភោគ​បាយតែម្តង វៀរបរិភោគ​ក្នុង​វេលាយប់ វៀរចាក​ភោជន​ក្នុង​វេលាវិកាល ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ បរិភោគ​បាយតែម្តង វៀរបរិភោគ​ក្នុងវេលាយប់ វៀរចាក​ភោជន​ក្នុង​វេលាវិកាល អស់យប់នេះ និង​ថ្ងៃនេះ​ដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៦ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​ការរាំ ច្រៀង ប្រគំ មើលល្បែង ដែលជាសត្រូវ​ដល់​កុសលធម៌ និង​ការទ្រទ្រង់ ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ដោយផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ វៀរចាក​ការរាំ ច្រៀង ប្រគំ មើលល្បែង ដែលជា​សត្រូវ​ដល់​កុសលធម៌ និង​​ការទ្រទ្រង់ ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ដោយ​ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​ការរាំ ច្រៀង ប្រគំ មើលនូវ​ល្បែង ដែលជា​សត្រូវ​​ដល់កុសលធម៌ និង​​ការទ្រទ្រង់ ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ដោយផ្កាកម្រង គ្រឿង​ក្រអូប គ្រឿងលាប​ផ្សេង ៗ វៀរចាក​ការរាំ ច្រៀង ប្រគំ មើលនូវល្បែង ដែលជា​សត្រូវ​ដល់​កុសលធម៌ និង​​ការទ្រទ្រង់ ប្រដាប់​តាក់តែង ស្អិតស្អាង​រាងកាយ ដោយ​ផ្កាកម្រង គ្រឿង​ក្រអូប គ្រឿង​លាបផ្សេង ៗ អស់​យប់នេះ និង​​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹង​ចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៧ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​សេនាសនៈ ដ៏ខ្ពស់ហួសប្រមាណ និង​​សេនាសនៈ​ដ៏ប្រសើរ វៀរចាក​​សេនាសនៈ​​ដ៏ខ្ពស់​​ហួសប្រមាណ និង​សេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវ​ទីដេក​ដ៏ទាប​លើគ្រែក្តី លើកម្រាល ដែលគេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​សេនាសនៈ​ដ៏ខ្ពស់​ហួសប្រមាណ និង​​សេនាសនៈ​ដ៏ប្រសើរ វៀរ​ចាក​សេនាសនៈ​​ដ៏ខ្ពស់​ហួសប្រមាណ និង​​សេនាសនៈ​ដ៏ប្រសើរ សម្រេចនូវ​ទីដេក​ដ៏ទាប​លើគ្រែ​ក្តី លើកម្រាល​ដែលគេធ្វើ​ដោយ​ស្មៅក្តី អស់យប់នេះ និង​​ថ្ងៃនេះដែរ យក​តម្រាប់​ព្រះអរហន្ត​​ទាំងឡាយផង ខ្លួនអញ នឹងចាំរក្សា​ឧបោសថផង ដោយ​អង្គនេះឯង។ ឧបោសថ ប្រកបដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ឧបោសថ ប្រកប​ដោយ​អង្គ ៨ ដែលបុគ្គល​ចាំរក្សា​យ៉ាងនេះឯង រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មាន​សេចក្តី​រុង​រឿង​ច្រើន មានសេចក្តី​ផ្សាយច្រើន។

 វិត្ថតូបោសថសូត្រ ទី២

[៤២] ម្នាលភិក្ខុទាំងឡាយ ឧបោសថ​ប្រកបដោយ​អង្គ ៨ ប្រការ ដែលបុគ្គលចាំ​រក្សា​ហើយ រមែងមាន​ផលច្រើន មានអានិសង្សច្រើន មានសេចក្តី​រុងរឿង​ច្រើន មាន​សេចក្តី​ផ្សាយទៅច្រើន។ ម្នាលភិក្ខុទាំងឡាយ ឧបោសថ​ប្រកបដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សាហើយ រមែងមាន​ផលច្រើន មានអានិសង្សច្រើន មានសេចក្តី​​រុងរឿង​ច្រើន មានសេចក្តី​ផ្សាយទៅច្រើន តើដោយ​ប្រការ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ពិចារណាថា ព្រះអរហន្តទាំងឡាយ លះបង់​បាណាតិបាត មាន​អាជ្ញាដាក់ចុះហើយ មានគ្រឿងសស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មាន​សេចក្តីអាណិត មានសេចក្តី​អនុគ្រោះ ដោយប្រយោជន៍​ដល់សព្វសត្វ ដរាប​អស់ជីវិត​ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់បាណាតិបាត វៀរចាក​បាណាតិបាត មានអាជ្ញា​ដាក់ចុះ​ហើយ មានគ្រឿងសស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មាន​សេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍​ដល់សព្វសត្វ អស់យប់នេះ និង​ថ្ងៃនេះ​ យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយ​អង្គ​នេះ​ឯង។ ឧបោសថ ប្រកបដោយអង្គ ទី១ នេះឯង។ (សេចក្តីពិស្តារ​ដូចអង្គ ទី១) ព្រះអរហន្ត​ទាំងឡាយ លះបង់​សេនាសនៈ​ដ៏ខ្ពស់​​ហួសប្រមាណ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈដ៏ខ្ពស់​ហួសប្រមាណ និង​សេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប​លើគ្រែ​ក្តី លើ​កម្រាល ដែលគេ​ធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​ខ្លួន​អញ លះបង់​សេនាសនៈ​ដ៏ខ្ពស់​​ហួសប្រមាណ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈដ៏ខ្ពស់​ហួសប្រមាណ និងសេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប​លើ​គ្រែក្តី លើ​កម្រាល​ដែលធ្វើ​ដោយស្មៅ​ក្តី អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​​ទាំងឡាយផង អញនឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៨ នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ឧបោសថ ប្រកបដោយ​អង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា យ៉ាងនេះឯង រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មាន​សេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយទៅច្រើន។

ឧបោសថ មានផលច្រើនដូចម្តេច មានអានិសង្សច្រើន ដូចម្តេច មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច មានសេចក្តី​ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​បុគ្គល​សោយរាជ្យ ជាឥស្សរាធិបតី​នៃមហាជនបទ ទាំង ១៦ នេះ ដែលជា​ជនបទ​សម្បូរ​ដោយកែវ ៧ ប្រការ គឺ​មហាជនបទ ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ​មហាជនបទ​ទាំងនុ៎ះ មិនដល់​នូវចំណិត ១ ក្នុងចំណិត ទី១៦ ៗ លើក​នៃឧបោសថ​ប្រកបដោយអង្គ ៨ ប្រការ​ឡើយ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​​​របស់មនុស្ស ជា​របស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀបនឹង​សេចក្តី​សុខ​ជា​របស់​ទិព្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ ៥០ ឆ្នាំ របស់មនុស្ស ត្រូវ​ជា ១យប់ ១ថ្ងៃ របស់ចាតុម្មហារាជិក​ទេវតា រាប់រាត្រីនោះ បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​​ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ​រមែង​មាន ត្រង់ដែលស្រ្តី ឬ​បុរស​ពួកខ្លះ ក្នុងលោកនេះ ​ចាំរក្សានូវ​ឧបោសថ​ដែល​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយស្លាប់​ទៅ រមែងទៅកើត​ជាមួយ​នឹង​ពួក​ចាតុម្មហារាជិកទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​របស់មនុស្ស ជារបស់ស្តួចស្តើង ហើយ​យកទៅ​ប្រៀប​ធៀប​នឹង​សេចក្តីសុខ​ជារបស់ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះ​អាស្រ័យ​​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ១០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់​តាវត្តិង្សទេវតា រាប់រាត្រីនោះ​បាន ៣០ ត្រូវជា ១ខែ រាប់ខែនោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​តាវត្តិង្ស​ទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោក​នេះ ចាំរក្សា​នូវឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយ​នឹង​ពួក​តាវត្តិង្សទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​របស់​មនុស្ស​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​​ជារបស់ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះ​អាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​​ទាំងឡាយ ២០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក​យាមទេវតា រាប់​រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន ២០០០ ​ឆ្នាំទិព្យ ត្រូវជាប្រមាណ​នៃអាយុ​របស់​យាមទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​នូវឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​​ជាមួយ​នឹង​ពួកយាម​ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ​របស់មនុស្ស​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​ជារបស់ទិព្យ ដែល​តថាគត​សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ៤០០​ឆ្នាំ របស់​មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក​តុសិតទេវតា រាប់រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះ​បាន ៤០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់ពួក​តុសិតទេវតា។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ ប្រកប​​ដោយអង្គ ៨ ប្រការ លុះបែក​ធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយនឹង​​ពួក​តុសិតទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​របស់មនុស្សនេះឯង ជារបស់​ស្តួចស្តើង ហើយយកទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ​ជារបស់ទិព្យ ដែល​តថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ៨០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក​និម្មានរតីទេវតា រាប់​រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ៨០០០ឆ្នាំទិព្យ ត្រូវជាប្រមាណ​នៃអាយុរបស់​​ពួក​និម្មានរតី​ទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយស្លាប់ទៅ រមែងទៅកើត​ជាមួយ​នឹង​ពួក​និម្មានរតី​ទេវតា។ ម្នាលភិក្ខុទាំងឡាយ រាជសម្បត្តិ​របស់មនុស្សនេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តីសុខ​ជារបស់ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​​ហេតុ​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ  ១៦០០ឆ្នាំ របស់មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់រាត្រីនោះបាន ៣០ ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​​បរនិម្មិតវសវត្តី​ទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬ​បុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​នូវឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយ​នឹងពួក​បរនិម្មិត​វសវត្តីទេវតា។ ម្នាលភិក្ខុ​ទាំងឡាយ រាជសម្បត្តិ​របស់មនុស្ស​នេះឯង ជា​របស់​ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តីសុខ​ជារបស់ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុ​នេះឯង។

បុគ្គលមិនគប្បីសម្លាប់សត្វ ១ មិនគប្បីកាន់​យកវត្ថុ​ដែលគេ​មិនបានឲ្យ ១ មិន​គប្បី​ពោល​ពាក្យ​កុហក ១ មិនគប្បី​ផឹកទឹក​ស្រវឹង ១ គប្បី​វៀរចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ គឺ​មេថុន ១ មិនគប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី​ និង​ក្នុងវេលា​វិកាល ១ មិន​គប្បី​ទ្រទ្រង់​ផ្កាកម្រង មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ គប្បី​ដេក​លើគ្រែ លើ​ផែនដី ឬ​លើ​កម្រាល ១ ព្រះពុទ្ធ​ព្រះអង្គ​ដល់​នូវទីបំផុត​នៃទុក្ខ ទ្រង់​ប្រកាសហើយ នូវ​ឧបោសថ ដែល​ប្រកប​ដោយអង្គ ៨ ប្រការ​នេះឯង សភាវៈ​ទាំង​ឡាយ​ពីរ គឺ​ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជា​សភាវៈ​ល្អមើល កាលបំភ្លឺលោក រមែង​ចរ​ទៅ​អស់​ទីត្រឹម​ណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ ដែល​កំចាត់បង់​នូវងងឹត ចរទៅ​ក្នុង​អាកាស ញុំាងទិស​ឲ្យរុងរឿង​ភ្លឺច្បាស់​ក្នុង​អាកាស អស់ទី​ត្រឹមនោះ ទ្រព្យ​ណា មានក្នុង​ចន្លោះនេះ គឺ​កែវមុក្តា​ក្តី កែវមណី​ក្តី កែវពិទូរ្យ​ដ៏ល្អក្តី មាស​ឈ្មោះ​សិង្គីក្តី ឈ្មោះ​សុវណ្ណ​ក្តី ឬ​មាសឈ្មោះ​កាញ្ចនៈ​ក្តី ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិនដល់​នូវ​ចំណិត​មួយក្នុង​ចំណែក ១៦ ៗ លើក​នៃឧបោសថ ដែល​ប្រកប​ដោយ​អង្គ៨ ប្រការ​ឡើយ ដូចជា​ពួកផ្កាយ​ទាំង​អស់ មិនដល់​នូវពន្លឺ​នៃព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នក​មាន​សីល គួរ​ចាំរក្សា​នូវ​ឧបោសថ​ ប្រកប​ដោយអង្គ ៨ ប្រការ ពួកជន​ដែលមិន​មាន​គេនិន្ទា បំពេញ​នូវបុណ្យ​ទាំងឡាយ ដែលមាន​សេចក្តី​សុខ​ជាកម្រៃ រមែងចូល​ទៅកាន់​ឋានសួគ៌​បាន។

 វិសាខាសូត្រ ទី៣

[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​នាប្រាសាទ​មិគារមាតា ក្នុង​បុព្វារាម ជិតក្រុង​សាវត្ថី។ គ្រានោះ នាង​វិសាខា​ជាមិគារមាតា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​ក្នុងទី​សមគួរ។ លុះ​វិសាខា ជាមិគារមាតា អង្គុយក្នុង​ទីសមគួរ​ហើយ ទើប​ព្រះដ៏មាន​ព្រះភាគ ​ទ្រង់ត្រាស់​ដូចនេះ​ថា ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន មានសេចក្តី​​រុងរឿងច្រើន មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន។ ម្នាល​វិសាខា ចុះ​ឧបោសថ ​ប្រកប​​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​ហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុងរឿងច្រើន មានសេចក្តី​ផ្សាយ​ទៅច្រើន តើដោយ​ប្រការ​​​​​​ដូចម្តេច។ ម្នាលវិសាខា អរិយសាវក ក្នុងសាសនានេះ ពិចារណា​ថា ព្រះអរហន្តទាំងឡាយ លះបង់​បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញា​ដាក់ចុះហើយ មាន​គ្រឿង​សស្រ្តា​ដាក់ចុះហើយ មានសេចក្តី​ខ្មាសបាប មានសេចក្តី​អាណិត មាន​សេចក្តី​អនុគ្រោះ ដោយ​ប្រយោជន៍ ដល់​សព្វសត្វ ដរាប​អស់ជីវិត​ ក្នុងថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត  មាន​អាជ្ញាដាក់​ចុះហើយ មានគ្រឿង​សស្រ្តា​ដាក់​ចុះហើយ មានសេចក្តី​ខ្មាស​បាប មានសេចក្តី​អាណិត មានសេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សព្វសត្វ អស់យប់នេះ និង​ថ្ងៃនេះដែរ យក​តម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំ​រក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយ​អង្គ ទី១ នេះឯង។បេ។ ព្រះអរហន្ត​ទាំងឡាយ លះបង់​នូវសេនាសនៈ​ដ៏ខ្ពស់ និង​សេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេច​នូវទីដេក​ដ៏ទាប លើគ្រែក្តី លើកម្រាល​ដែលគេធ្វើ​ដោយ​ស្មៅក្តី ដរាប​អស់ជីវិត ក្នុង​ថ្ងៃនេះ ចំណែក​ខ្លួនអញ លះបង់​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ វៀរចាក​សេនាសនៈ​ដ៏ខ្ពស់ និងសេនាសនៈ​ដ៏ប្រសើរ សម្រេចនូវ​ទីដេកដ៏ទាប លើគ្រែ​ក្តី លើ​កម្រាល ដែលគេធ្វើ​ដោយស្មៅក្តី អស់យប់នេះ និង​ថ្ងៃនេះដែរ យកតម្រាប់​ព្រះអរហន្ត​ទាំងឡាយ​ផង ខ្លួនអញ​នឹងចាំរក្សា​ឧបោសថ​ផង ដោយអង្គ​នេះឯង។ ឧបោសថ ប្រកប​ដោយអង្គ ទី៨ នេះឯង។ ម្នាល​វិសាខា ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ដែលបុគ្គល​ចាំរក្សា​យ៉ាង​នេះហើយ រមែង​មានផលច្រើន មាន​អានិសង្ស​ច្រើន មានសេចក្តី​រុង​រឿង​ច្រើន មានសេចក្តី​ផ្សាយទៅច្រើន។

ឧបោសថ មានផលច្រើន​ដូចម្តេច មាន​អានិសង្សច្រើន ដូចម្តេច មាន​សេចក្តី​រុងរឿង​ច្រើន ដូចម្តេច មាន​សេចក្តី​ផ្សាយទៅច្រើន ដូចម្តេច។ ម្នាលវិសាខា ប្រៀប​ដូច​បុគ្គល​សោយរាជ្យ ជាឥស្សរាធិបតី​នៃ​មហាជនបទ ទាំង ១៦ នេះ ដែលជា​ជនបទ​សម្បូរ​ដោយកែវ ៧ ប្រការ គឺ​មហាជនបទ ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី ១ វំសៈ ១ កុរុ ១ បញ្ចាលៈ ១ មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្តី ១ គន្ធារៈ ១ កម្ពោជៈ ១ រាជសម្បត្តិនៃ​មហាជនបទ​ទាំងនុ៎ះ មិន​ដល់​នូវចំណិត ១ ក្នុង​ចំណិត​ ទី១៦ ៗ លើក​នៃឧបោសថ​ ដែលប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស ជារបស់​ស្តួចស្តើង ហើយយកទៅ​ប្រៀបធៀបនឹង​សេចក្តីសុខ​ជា​របស់ទិព្យ។ ម្នាលវិសាខា ៥០​ឆ្នាំរបស់មនុស្ស ត្រូវ​ជា ១យប់ ១ថ្ងៃ របស់​ចាតុម្មហារាជិក​ទេវតា រាប់រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ៥០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​ចាតុម្មហារាជិក​ទេវតា។ ម្នាលវិសាខា ហេតុនេះ រមែងមាន ត្រង់ដែលស្រ្តី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សានូវ​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​​ជាមួយនឹង​​​​ពួកចាតុម្មហារាជិក​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​របស់​​​មនុស្ស​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តីសុខ​ជា​របស់​ទិព្យ ដែលតថាគត​សំដែងហើយ ព្រោះអាស្រ័យ​ហេតុនេះ។ ម្នាល​វិសាខា ១០០ឆ្នាំ របស់​មនុស្ស ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួកតាវត្តិង្ស​ទេវតា រាប់រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះ​បាន ១២ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១០០០ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​តាវត្តិង្ស​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​​ឧបោសថ ​ប្រកប​ដោយអង្គ ៨ ប្រការ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ រមែងចូលទៅកើត​ជាមួយនឹង​ពួក​តាវត្តិង្សទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​របស់មនុស្ស​នេះឯង ស្តួចស្តើង ហើយយក​ទៅ​ប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែងហើយ ព្រោះអាស្រ័យ​​ហេតុនេះ។ ម្នាល​វិសាខា ២០០ឆ្នាំ​របស់​មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០​ឆ្នាំ។បេ។ ១៦០០ ឆ្នាំ ត្រូវជា ១យប់ ១ថ្ងៃ របស់​ពួក​បរនិម្មិតវសវត្តី​ទេវតា រាប់​រាត្រីនោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ខែ ត្រូវ​ជា ១ឆ្នាំ រាប់ឆ្នាំ​នោះបាន ១៦០០០ (មួយហ្មឺន​ប្រាំមួយពាន់) ឆ្នាំទិព្យ ត្រូវជា​ប្រមាណ​នៃអាយុ របស់ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា ហេតុនេះ រមែងមាន  ត្រង់ដែល​ស្រ្តី ឬបុរស​ពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅកើត​ជាមួយនឹង​ពួក​បរនិម្មិតវសវត្តី​ទេវតា។ ម្នាល​វិសាខា រាជសម្បត្តិ​​របស់​មនុស្ស​​​នេះឯង ជារបស់​ស្តួចស្តើង ហើយយក​ទៅប្រៀបធៀប​នឹង​សេចក្តី​សុខ ជា​របស់ទិព្យ ដែល​តថាគត​សំដែង​ហើយ ព្រោះអាស្រ័យ​ហេតុនេះ។

បុគ្គលមិនគប្បី​សម្លាប់សត្វ ១ មិនគប្បីកាន់​យកវត្ថុ​ដែលគេ​មិនបានឲ្យ ១ មិនគប្បី​ពោលពាក្យ​កុហក ១ មិនគប្បី​ផឹកទឹកស្រវឹង ១ គប្បី​វៀរចាក​ការ​ប្រព្រឹត្តិ​មិន​ប្រសើរ គឺ​មេថុន ១ មិន​គប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី​ និង​ក្នុងវេលា​វិកាល ១ មិន​គប្បី​ទ្រទ្រង់​នូវផ្កាកម្រង មិន​គប្បី​ប្រស់ព្រំ​ដោយ​គ្រឿង​ក្រអូប ១ គប្បី​ដេកលើ​គ្រែ លើ​ផែនដី ឬ​លើ​កម្រាល ១ ព្រះពុទ្ធ ព្រះអង្គ​ដល់នូវ​ទីបំផុត​នៃទុក្ខ ទ្រង់ប្រកាស​ហើយ នូវ​ឧបោសថ​​ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង សភាវៈ​ទាំងឡាយ​ពីរ គឺ​ព្រះចន្ទ ១ ព្រះអាទិត្យ ១ ជាសភាវៈ​ល្អមើល កាល​បំភ្លឺលោក រមែង​ចរ​ទៅ​ អស់ទី​ត្រឹមណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងនោះ ដែល​កំចាត់​បង់​នូវ​ងងឹត ចរ​ទៅ​ក្នុង​អាកាស ញុំាងទិស​ឲ្យរុងរឿង​ភ្លឺច្បាស់ ក្នុង​អាកាស អស់ទី​ត្រឹមនោះ ទ្រព្យណា មាន​ក្នុង​ចន្លោះ​នេះ គឺ​កែវមុក្តា​ក្តី កែវមណី​ក្តី កែវពិទូរ្យ​ដ៏ល្អក្តី មាសឈ្មោះ​សិង្គី​ក្តី ឈ្មោះ​សុវណ្ណក្តី ឬមាសឈ្មោះ​កាព្ចានៈ​ក្តី ឈ្មោះ​ជាតរូប​ក្តី ឈ្មោះ​ហដកៈ​ក្តី ទ្រព្យ​ទាំង​អម្បាល​នោះ មិនដល់​នូវ​ចំណិត​ ១ ក្នុង​ចំណែក ១៦ ៗ លើក នៃ​ឧបោសថ ដែល​​ប្រកប​ដោយអង្គ ៨ ប្រការ​ឡើយ ដូចជា​ពួកផ្កាយ​ទាំងអស់ មិនដល់​នូវពន្លឺ នៃ​ព្រះចន្ទ ហេតុដូច្នោះ ស្រ្តីក្តី បុរសក្តី ជាអ្នក​មានសីល គួរចាំ​រក្សា​នូវ​ឧបោសថ ប្រកប​ដោយអង្គ ៨ ប្រការ ពួកជន​ដែលមិន​មាន​គេនិន្ទា បំពេញ​នូវ​បុណ្យ ដែល​មាន​សេចក្តីសុខ​ជាកម្រៃ រមែង​ចូលទៅកាន់​ឋានសួគ៌​បាន។

 វាសេដ្ឋសូត្រ ទី៤

[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុង​កូដាគារសាលា នា​ព្រៃ​មហាវន ជិតក្រុង​វេសាលី។ គ្រានោះ វាសេដ្ឋឧបាសក (ឧបាសក​ឈ្មោះ​វាសេដ្ឋ) ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយ​ក៏អង្គុយ​​ក្នុងទីសមគួរ។ លុះវាសេដ្ឋ​ឧបាសក អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាល​វាសេដ្ឋ ឧបោសថ​ប្រកប​ដោយអង្គ ៨ ដែល​បុគ្គល​ចាំ​រក្សា​ហើយ រមែងមាន​ផលច្រើន។បេ។ ពួកជនដែល​គេមិន​និន្ទា តែងទៅកាន់​ឋានសួគ៌។ កាល​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ វាសេដ្ឋឧបាសក បាន​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​​ដ៏ចំរើន ពួកញាតិ​សាលោហិត ជាទី​ស្រឡាញ់ របស់ខ្ញុំ​ព្រះអង្គ គប្បីរក្សា​ឧបោសថ​​ប្រកប​ដោយអង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្ត​ទៅ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់​ពួកញាតិ​សាលោហិត ជាទី​ស្រឡាញ់ របស់ខ្ញុំ​ព្រះអង្គ អស់​កាល​យូរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រសិនបើ​ពួក​ក្សត្រិយ៍​ទាំង​ពួង គប្បី​ចាំរក្សា​ឧបោសថ​​​​ប្រកប​ដោយ​អង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ពួក​ក្សត្រយ៍​ទាំងពួង អស់​កាលយូរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ប្រសិនបើ​ពួកព្រាហ្មណ៍​ទាំងពួង។បេ។ ពួកវេស្សៈ សុទ្ទៈ គប្បី​ចាំ​រក្សា​ឧបោសថ​​ប្រកបដោយ​អង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បីប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ដើម្បី​​សេចក្តីសុខ ដល់​ពួកសុទ្ទៈ​ទាំងពួង  អស់​កាលយូរ។ ម្នាលវាសេដ្ឋ ប្រសិនបើ​ពួកក្សត្រិយ៍ទាំងពួង គប្បីចាំ​រក្សា​ឧបោសថ​ប្រកប​ដោយអង្គ ៨ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដល់ពួក​ក្សត្រិយ៍​ទាំងពួង អស់​កាលយូរ។ ម្នាល​វាសេដ្ឋ ប្រសិនបើ​ពួក​ព្រាហ្មណ៍​ទាំងពួង។បេ។ ពួកវេស្សៈ សុទ្ទៈ គប្បី​ចាំរក្សា​ឧបោសថ ប្រកប​ដោយ​អង្គ ៨ ហើយ ការរក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់​ពួក​សុទ្ទៈ​ទាំងពួង អស់​កាល​យូរ។ ម្នាល​វាសេដ្ឋ ប្រសិនបើ​លោក (នេះ) ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍​ទាំង​មនុស្ស ជាសម្មតិទេព និងមនុស្ស​ដ៏សេស គប្បីចាំរក្សា​ឧបោសថ​​ប្រកប​ដោយអង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​​សេចក្តីសុខ ដល់​លោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍​ ទាំង​មនុស្ស ជាសម្មតិទេព និងមនុស្ស​ដ៏សេស អស់​កាលយូរ។ ម្នាល​វាសេដ្ឋ ប្រសិនបើ​ដើម​មហាសាលព្រឹក្ស​ទាំងនេះ គប្បី​ចាំរក្សា​ឧបោសថ​​ប្រកប​ដោយអង្គ ៨ ការ​រក្សា​ឧបោសថ​នោះ គប្បី​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ ដើម្បី​​សេចក្តីសុខ ដល់​ដើម​មហាសាលព្រឹក្ស​ទាំងនេះ អស់កាលយូរ ប្រសិនបើ​ឈើទាំងនេះ ចេះគិត ចាំបាច់​ទៅ​និយាយ​ថ្វី ដល់មនុស្ស។

 ពោជ្ឈសូត្រ ទី៥

[៤៥] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​វត្តជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថី។ គ្រានោះ នាង​ពោជ្ឈាឧបាសិកា (ឧបាសិកា​ឈ្មោះ​ពោជ្ឈា) ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាប​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ហើយ​អង្គុយ​ក្នុងទី​សមគួរ។ លុះនាង​ពោជ្ឈា​ឧបាសិកា អង្គុយ​ក្នុងទី​សមគួរហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​នាង​ពោជ្ឈា​ ឧបោសថ​ប្រកប​ដោយអង្គ ៨ ដែលបុគ្គល​ចាំរក្សា​ហើយ រមែង​មានផលច្រើន មានអានិសង្ស​ច្រើន មាន​ការ​រុងរឿង​ច្រើន មាន​គុណផ្សាយទៅ​ច្រើន។ ម្នាល​នាង​ពោជ្ឈា ចុះ​ឧបោសថ​ប្រកបដោយ​អង្គ ៨ ដែល​បុគ្គល​ចាំរក្សា​ហើយ រមែង​មាន​ផលច្រើន មានអានិសង្ស​ច្រើន មាន​ការរុង​រឿង​ច្រើន មានការផ្សាយ​ទៅច្រើន តើដូចម្ដេច។ ម្នាល​នាងពោជ្ឈា អរិយសាវក ក្នុង​សាសនា​នេះ ពិចារណា​ថា ព្រះអរហន្ដ​ទាំងឡាយ លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត ដាក់ចុះ​នូវអាជ្ញា ដាក់ចុះនូវគ្រឿង​សស្រ្ដា មានសេចក្ដី​អៀនខ្មាស ដល់នូវ​ការ​អាណិត អនុគ្រោះ​ដោយប្រយោជន៍ ដល់សត្វ​ទាំងអស់ ដរាប​ដល់អស់​ជីវិត ក្នុង​ថ្ងៃ​នេះ ចំណែក​អាត្មាអញ បាន​លះបង់​បាណាតិបាត វៀរចាក​បាណាតិបាត ដាក់ចុះ​នូវអាជ្ញា ដាក់ចុះនូវ​គ្រឿងសស្រ្ដា មានសេចក្ដី​អៀនខ្មាស ដល់នូវ​ការអាណិត អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សត្វ​ទាំងអស់ អស់យប់​នេះ និង​ថ្ងៃនេះ​ដែរ  ធ្វើតាម​ព្រះអរហន្ដ​ទាំងឡាយ​ផង ឧបោសថ​អាត្មាអញ នឹង​ចាំរក្សា​ហើយផង ដោយ​អង្គនេះ។ អរិយសាវក​ប្រកប​ដោយអង្គ ទី១នេះ។បេ។ ព្រះ​អរហន្ដ​ទាំងឡាយ លះបង់ទីដេក ទីអង្គុយ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​ទីដេក​ទីអង្គុយ​ដ៏ប្រសើរ វៀរចាក​ទីដេក ទីអង្គុយ​ដ៏ខ្ពស់​ហួស​ប្រមាណ និងទីដេក​ ទីអង្គុយ​ដ៏ប្រសើរ សម្រេច​ការដេក​លើអាសនៈ​ទាប គឺ​លើគ្រែ ឬ​លើ​កម្រាល​ស្មៅ ដរាប​អស់ជីវិត ក្នុងថ្ងៃនេះ ចំណែក​អាត្មាអញ បាន​លះបង់​ទីដេក ទីអង្គុយ​ដ៏ខ្ពស់​ហួស​ប្រមាណ និង​ទីដេក ទី​អង្គុយ​ដ៏ប្រសើរ វៀរចាក​ទីដេក ទីអង្គុយ​ខ្ពស់​ហួស​ប្រមាណ និង​ទីដេក ទីអង្គុយ​ដ៏ប្រសើរ សម្រេច​ការដេក​លើអាសនៈ​ទាប គឺ​លើគ្រែ ឬ​លើ​កម្រាល​ស្មៅ អស់យប់នេះ និងថ្ងៃនេះដែរ ធ្វើតាម​ព្រះអរហន្ដ​ទាំងឡាយ​នេះផង ឧបោសថ អាត្មាអញ​នឹង​ចាំរក្សា​ហើយផង ដោយ​អង្គនេះឯង។ អរិយសាវក​ប្រកប​ដោយអង្គ ទី៨ នេះ។ ម្នាល​នាង​ពោជ្ឈា ឧបោសថ​ប្រកបដោយ​អង្គ ៨ ដែល​បុគ្គល​ចាំរក្សា​យ៉ាងនេះហើយ រមែង​មានផលច្រើន មាន​អានិសង្ស​ច្រើន មានការ​រុងរឿង​ច្រើន មានគុណ​ផ្សាយទៅច្រើន។ ឧបោសថមាន​ផល​ច្រើន​ប៉ុនណា មាន​អានិសង្ស​ច្រើន​ប៉ុន​ណា មានការរុងរឿង​ច្រើនប៉ុនណា មាន​គុណ​ផ្សាយ​ទៅ​ច្រើន​ប៉ុនណា។ ម្នាលនាង​ពោជ្ឈា ប្រៀបដូចជា​បុគ្គលណា​សោយរាជ្យ ជាឥស្សរាធិបតី​លើមហាជនបទ​ទាំង ១៦ នេះ ដែល​សម្បូណ៌​ដោយរតនៈ (ទ្រព្យជា​គ្រឿងរីករាយ) ទាំង៧ ប្រការ គឺ​មហាជនបទ​ឈ្មោះ​អង្គៈ ១ មគធៈ ១ កាសី ១ កោសលៈ ១ វជ្ជី ១ មល្លៈ ១ ចេតី១ វង្សៈ ១ កុរុ ១ បញ្ចាលៈ ១​មច្ឆៈ ១ សូរសេនៈ ១ អស្សកៈ ១ អវន្ដី ១ គន្ធារៈ ១ កម្ពោជៈ ១ ឯភោគសម្បទ​ទាំងនុ៎ះ មិនដល់នូវ​ចំណិត​នៃចំណែក ១៦ ៗ លើក​នៃឧបោសថ ដែល​ប្រកប​ដោយអង្គ ៨ ឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​នាង​ពោជ្ឈា (ព្រោះថា) រាជសម្បតិ្ត​របស់​មនុស្ស ជារបស់​ស្ដួចស្ដើង ហើយប្រៀបផ្ទឹមនឹង​សុខជាទិព្វ។ ម្នាលនាង​ពោជ្ឈា ព្រោះថា ៥០ឆ្នាំ​របស់មនុស្ស ជា ១យប់ ១ថ្ងៃ​របស់ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈ រាប់​រាត្រីនោះ​បាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែនោះ​បាន ​១២​ខែ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំ​នោះ​បាន ៥០០​ឆ្នាំ​ទិព្វ ត្រូវជា​ប្រមាណ​នៃអាយុ​របស់​ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈ។ ម្នាល​នាង​ពោជ្ឈា ហេតុនេះ រមែង​មានប្រាកដ ត្រង់ដែល​ស្រ្ដី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ​ប្រកបដោយ​អង្គ ៨ ហើយ លុះទំលាយ​រាងកាយ​ស្លាប់ទៅ គប្បីទៅកើត​ជាមួយ​នឹង​ពួកទេវតា​ជាន់​ចាតុម្មហារាជិកៈ។ ម្នាលនាង​ពោជ្ឈា ពាក្យដែល​តថាគត​សំដែង​ហើយ​ថា រាជសម្បតិ្ត​របស់មនុស្ស ជារបស់​ស្ដួចស្ដើង ប្រៀប​ផ្ទឹមដោយសុខ​ជាទិព្វនេះ ព្រោះ​សំដៅ​នូវហេតុនុ៎ះ។ ម្នាលនាង​ពោជ្ឈា ១០០ឆ្នាំ​របស់មនុស្ស។បេ។ ម្នាលនាង​ពោជ្ឈា  ២០០ឆ្នាំ​របស់​មនុស្ស។បេ។ ៤០០ឆ្នាំ។បេ។ ៨០០ឆ្នាំ។បេ។ ១៦០០ឆ្នាំ (របស់មនុស្ស) ត្រូវជា​១យប់ ១ថ្ងៃ​របស់ពួកទេវតា​ជាន់​បរនិមិ្មតវសវត្តី រាប់រាត្រី​នោះបាន ៣០រាត្រី ត្រូវជា ១ខែ រាប់ខែ​នោះបាន ១២ ត្រូវជា ១ឆ្នាំ រាប់ឆ្នាំនោះបាន ១៦០០០ឆ្នាំ​ទិព្វ ត្រូវជា​ប្រមាណ​នៃ​អាយុ​របស់ពួក​ទេវតា​ជាន់​បរនិមិ្មតវសវត្តី។ ម្នាលនាង​ពោជ្ឈា ហេតុនេះ រមែងមាន​ពិត​ប្រាកដ ត្រង់ដែលស្រ្ដី ឬបុរសពួកខ្លះ ក្នុងលោកនេះ ចាំរក្សា​ឧបោសថ​ប្រកបដោយ​អង្គ ៨ហើយ លុះទំលាយ​រាងកាយ​ស្លាប់ទៅ គប្បីទៅកើត​ជាមួយនឹងពួក​ទេវតាជាន់​បរនិមិ្មតវសវត្តី។ ម្នាលនាង​ពោជ្ឈា ពាក្យ​ដែលតថាគត​សំដែង​ហើយថា រាជសម្បតិ្ត របស់​មនុស្ស ជារបស់​ស្ដួចស្ដើង ប្រៀបផ្ទឹម​ដោយសុខ​ជាទិព្យនេះ ព្រោះសំដៅ​នូវ​ហេតុនុ៎ះ។

បុគ្គល​កុំគប្បីសម្លាប់​សត្វ ១ កុំគប្បី​កាន់យកទ្រព្យ​ដែលគេមិនបាន​ឲ្យ ១ កុំគប្បី​ពោលពាក្យ​កុហក ១ កុំគប្បី​ផឹកទឹកស្រវឹង ១ គប្បី​វៀរចាក​អព្រហ្មចរិយៈ គឺមេថុន ១ កុំគប្បីបរិភោគ​ភោជន​ក្នុងវេលារាត្រី និង​វេលា​វិកាល ១ កុំគប្បី​ទ្រទ្រង់​ផ្កា​កម្រង កុំគប្បី​លាបគ្រឿង​ក្រអូប ១ គប្បីដេក​លើគ្រែ លើផែនដី ឬ​លើកម្រាល ១ ព្រោះថា ឧបោសថ​ប្រកបដោយអង្គ ៨នេះ ព្រះពុទ្ធ​ទ្រង់ដល់​នូវទីបំផុត​នៃទុក្ខ ទ្រង់ប្រកាស​ហើយ ព្រះចន្ទ និង​ព្រះ​អាទិត្យ​ទាំង​២ ជារបស់ល្អ​មើល កាលចរទៅ​បំភ្លឺ​ត្រឹមណា ព្រះចន្ទ និង​ព្រះអាទិត្យ​ទាំងពីរនោះ តែងកំចាត់​បង់នូវ​ងងឹត ត្រាច់ទៅក្នុង​អាកាស ភ្លឺ​ក្នុងអាកាស រុងរឿង​សព្វទិស ទ្រព្យណា​ដែលមាន​ក្នុង​ចន្លោះនុ៎ះ គឺ​កែវមុក្ដា កែវមណី កែវពិទូរ្យដ៏ល្អ ម្យ៉ាងទៀត មាសឈ្មោះ​សិង្គី ឈ្មោះ​សុវណ្ណ ឬ​មាស​ ឈ្មោះកាញ្ចនៈ ឈ្មោះ​ជាតរូប ឈ្មោះ​ហដកៈ របស់​ទាំងអស់នោះ ក៏មិន​ដល់នូវ ១ ចំណិត​នៃ​ចំណែក ១៦ ៗ លើក នៃឧបោសថ ប្រកប​ដោយអង្គ ៨ ដូចជា​ពួកផ្កាយ​ទាំងអស់ មិនដល់​នូវពន្លឺ​នៃព្រះចន្ទ ព្រោះ​ហេតុនោះ ជនស្រីប្រុស អ្នក​មានសីល គួររក្សាឧបោសថ ប្រកប​ដោយអង្គ ៨ ពួកជនដែល​គេ​មិននិន្ទា​ហើយ បំពេញបុណ្យ​ដែលជា​កម្រៃ​នៃ​សេចក្ដី​សុខ រមែង​ចូលទៅកាន់​ឋានសួគ៌​បាន។

 អនុរុទ្ធសូត្រ ទី៦

[៤៦] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ឃោសិតារាម ទៀបក្រុង​កោសម្ពី។ សម័យនោះឯង ព្រះអនុរុទ្ធ​ដ៏មានអាយុ ចូលទៅកាន់​ទីនៅ ក្នុងវេលាថ្ងៃ សម្ងំ​នៅ។ គ្រានោះ ពួក​ទេវតា​ឈ្មោះ​មនាបកាយិកា ជាច្រើនអង្គ នាំគ្នាចូលទៅ​រកព្រះអនុរុទ្ធ លុះ​ចូល​ទៅដល់ ថ្វាយបង្គំ​ព្រះអនុរុទ្ធ ហើយឋិតនៅ​ក្នុងទីសមគួរ។ លុះ​ទេវតា​ទាំងនោះ ឋិតនៅ​ក្នុងទី​សមគួរហើយ ក៏ពោលទៅ​នឹងព្រះអនុរុទ្ធ​ដ៏មានអាយុ ដូច្នេះ​ថា បពិត្រ​ព្រះ​អនុរុទ្ធ​ដ៏ចំរើន យើងខ្ញុំ​ជាពួកទេវតា ឈ្មោះ​មនាបកាយិកា ធ្វើឥស្សរិយភាព ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ ក្នុងហេតុ​ទាំង ៣ បពិត្រ​ព្រះអនុរុទ្ធ​ដ៏ចំរើន យើងខ្ញុំ​ប្រាថ្នានូវ​វណ្ណៈ​បែប​ណា ក៏បាននូវ​វណ្ណៈ​បែបនោះ​មួយរំពេច ១ ប្រាថ្នានូវ​សំឡេង​បែបណា ក៏បាន​នូវសំឡេង បែបនោះ​មួយរំពេច ១ ប្រាថ្នានូវសុខ​បែបណា ក៏បាន​នូវសុខ​បែបនោះ​មួយរំពេច ១ បពិត្រ​ព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំ​ជាពួកទេវតា ឈ្មោះ​មនាបកាយិកា ធ្វើនូវ​ឥស្សរិយភាព ញុំាង​អំណាច​ឲ្យប្រព្រឹត្តទៅ ក្នុងហេតុ​ទាំង ៣នេះ។ លំដាប់នោះ ព្រះអនុរុទ្ធ​ដ៏មានអាយុ មាន​សេចក្ដី​ត្រិះរិះថា ធ្វើដូចម្ដេច​ហ្ន៎ នឹងបាន​ទេវតា​ទាំងនេះ ទៅជាខៀវ​ទាំងអស់ គឺ​មាន​សម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿង​អលង្ការ ក៏ខៀវ។ វេលានោះ ទេវតា​ទាំងនោះ បាន​ដឹងចិត្ត​នៃព្រះអនុរុទ្ធ​ដ៏មានអាយុ ហើយក៏ទៅ​ជាខៀវ​ទាំងអស់ គឺ​មានសម្បុរ ក៏ខៀវ មានសំពត់ ក៏ខៀវ មានគ្រឿងអលង្ការ ក៏ខៀវ។ លំដាប់នោះ ព្រះអនុរុទ្ធដ៏មានអាយុ មាន​សេចក្ដី​ត្រិះរិះដូច្នេះថា ធ្វើដូចម្ដេចហ្ន៎ នឹងបាន​ទេវតាទាំងនេះ ទៅជាលឿង​ទាំង​អស់។បេ។ ទៅជា​ក្រហម​ទាំងអស់ ទៅជាស​ទាំងអស់ គឺ​មានសម្បុរ ក៏ស មានសំពត់ ក៏ស មាន​គ្រឿងអលង្ការ ក៏ស។ វេលានោះ ទេវតាទាំងនោះ បានដឹងចិត្ត​នៃព្រះអនុរុទ្ធ​ដ៏មានអាយុ​ហើយ ក៏ទៅជាសទាំងអស់ គឺ​មានសម្បុរ ក៏ស មានសំពត់ ក៏ស មាន​គ្រឿង​អលង្ការ ក៏ស។ លំដាប់នោះ ទេវតាទាំង​នោះ ១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះដៃ។ ប្រៀប​ដូចតូរ្យតន្ត្រី​ប្រកបដោយអង្គ ៥ ដែល​បុគ្គលអ្នក​ឈ្លាសវៃ បាន​សិក្សា​ស្ទាត់​ ប្រគំ​ដោយ​ប្រពៃ ដេញដំ​ដោយប្រពៃ មានសំឡេង​ពីរោះផង គួរត្រេកអរ​ផង គួរប្រាថ្នា​ផង គួរ​ស្រឡាញ់​ផង គួររីករាយផង យ៉ាងណាមិញ សំឡេង​នៃគ្រឿងអលង្ការ របស់​ពួកទេវតា​ទាំងនោះ ពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង ក៏​យ៉ាងនោះ​ដែរ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ដាក់ចុះនូវ​ឥន្រ្ទិយ​ទាំងឡាយ គឺ​ធ្វើ​ព្រងើយ។ លំដាប់នោះ ទេវតា​ទាំងនោះដឹងថា ព្រះអនុរុទ្ធ​ជាម្ចាស់ មិនត្រេកអរ​ ហើយ​បាត់​ក្នុងទី​នោះទៅ។ គ្រានោះ ព្រះអនុរុទ្ធដ៏មានអាយុ ចេញចាក​ទី​សម្ងំ នៅ​ក្នុង​សាយណ្ហសម័យ ហើយចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអនុរុទ្ធដ៏​មានអាយុ អង្គុយ​ក្នុងទី​សមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុង​ទី​ឯណោះ ខ្ញុំព្រះអង្គ​ចូលទៅកាន់​ទីនៅ ក្នុងវេលាថ្ងៃ ហើយ​សម្ងំនៅ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ ពួកទេវតា ឈ្មោះ​មនាបកាយិកា ជាច្រើនអង្គ ចូលទៅរក​ខ្ញុំព្រះអង្គ លុះ​ចូល​ទៅដល់ ថ្វាយបង្គំ​ខ្ញុំព្រះអង្គ ហើយ​ឋិតនៅ​ក្នុង​ទីសមគួរ។ បពិត្រ​ព្រះអង្គដ៏ចំរើន លុះ​ទេវតាទាំងនោះ ឋិតនៅក្នុង​ទីសមគួរ​ហើយ ក៏ពោលទៅ​នឹង​ខ្ញុំព្រះអង្គ​ដូច្នេះថា បពិត្រ​ព្រះអនុរុទ្ធដ៏ចំរើន យើងខ្ញុំ​ជាពួក​ទេវតា ឈ្មោះ​មនាបកាយិកា ធ្វើនូវ​ឥស្សរិយភាព ញុំាង​អំណាចឲ្យ​ប្រព្រឹត្តទៅ ក្នុង​ហេតុ ៣យ៉ាង បពិត្រ​​ព្រះអនុរុទ្ធ​ដ៏ចំរើន យើងខ្ញុំ​ប្រាថ្នានូវ​វណ្ណៈ​បែបណា ក៏បាន​នូវវណ្ណៈ​បែបនោះ មួយរំពេច ១ ប្រាថ្នា​នូវ​សំឡេង​បែបណា ក៏បាននូវ​សំឡេង​បែបនោះ​មួយរំពេច ១ ប្រាថ្នា​នូវសុខ​បែបណា ក៏បាន​នូវ​សុខ​បែបនោះមួយរំពេច ១ បពិត្រព្រះអនុរុទ្ធ​ដ៏ចំរើន យើងខ្ញុំជា​ពួកទេវតា ឈ្មោះ​មនាបកាយិកា ធ្វើនូវ​ឥស្សរិយភាព ញុំាង​អំណាច​ឲ្យប្រព្រឹត្ត​ទៅ ក្នុងហេតុ​ទាំង ៣នេះ។ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​ដូច្នេះ​ថា ធ្វើដូចម្ដេច​ហ្ន៎ នឹង​បានទេវតា​ទាំងនេះ ទៅជា​ខៀវទាំងអស់ គឺ​មានសម្បុរ ក៏ខៀវ មាន​សំពត់ ក៏ខៀវ មានគ្រឿង​អលង្ការ ក៏ខៀវ។ បពិត្រ​ព្រះអង្គដ៏ចំរើន វេលានោះ ទេវតា​ទាំងនោះ បាន​ដឹងចិត្ត​ខ្ញុំព្រះអង្គ​ហើយ ក៏ទៅជា​ខៀវ​ទាំងអស់ គឺ​មានសម្បុរ ក៏ខៀវ មាន​សំពត់ ក៏ខៀវ មាន​គ្រឿងអលង្ការ ក៏ខៀវ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​ដូច្នេះថា ធ្វើដូច​ម្ដេចហ្ន៎ នឹង​បានទេវតា​ទាំងនេះ ទៅជា​លឿង​ទាំងអស់។បេ។ ទៅជា​ក្រហម​ទាំងអស់។បេ។ ទៅជា​សទាំងអស់ គឺ​មានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿងអលង្ការ ក៏ស។ បពិត្រ​ព្រះអង្គដ៏ចំរើន លុះទេវតា​ទាំងនោះ បានដឹងចិត្ត​ខ្ញុំព្រះអង្គ​ហើយ ក៏ទៅជាស​ទាំងអស់ គឺ​មានសម្បុរ ក៏ស មានសំពត់ ក៏ស មានគ្រឿង​អលង្ការ ក៏ស។  បពិត្រ​ព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ ១ អង្គច្រៀង ១ អង្គរាំ ១ អង្គទះដៃ។ ប្រៀបដូច​តូរ្យតន្ត្រី ប្រកបដោយអង្គ​៥ ដែល​គេរៀប​ចំល្អហើយ បុគ្គល​ឈ្លាសវៃ បាន​ប្រគំ​ដោយ​ប្រពៃ បានដេញដំ​ដោយប្រពៃ មានសំឡេង​ពីរោះផង គួរត្រេកអរ​ផង គួរ​ប្រាថ្នា​ផង គួរ​ស្រឡាញ់​ផង គួរ​រីករាយផង យ៉ាងណាមិញ សំឡេង​គ្រឿងអលង្ការ របស់​ពួកទេវតា​ទាំងនោះ ក៏ពីរោះផង គួរត្រេកអរផង គួរប្រាថ្នាផង គួរស្រឡាញ់ផង គួររីករាយផង ក៏យ៉ាងនោះដែរ។ បពិត្រ​ព្រះអង្គដ៏ចំរើន ឯខ្ញុំព្រះអង្គ ក៏​ដាក់ចុះ​នូវ​ឥន្រ្ទិយ​ទាំងឡាយ គឺ​ធ្វើព្រងើយ។ បពិត្រព្រះអង្គដ៏ចំរើន វេលានោះ ទេវតាទាំងនោះ គិតគ្នាថា ព្រះអនុរុទ្ធ​ជាម្ចាស់ មិនត្រេកអរ​ហើយ ក៏បាត់​ក្នុងទីនោះទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​មាតុគ្រាម ប្រកប​ដោយធម៌​ប៉ុន្មានយ៉ាង លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ បានទៅកើត​ជាមួយនឹង​ពួកទេវតាឈ្មោះ មនាបកាយិកា។ ព្រះអង្គ​ត្រាស់ថា ម្នាលអនុរុទ្ធ មាតុគ្រាម​ប្រកប​ដោយធម៌ ៨ ប្រការ លុះបែកធ្លាយ​រាងកាយ ស្លាប់ទៅ រមែង​ទៅកើត​ជាមួយ​នឹង​ពួកទេវតា​ឈ្មោះ មនាបកាយិកា។ ប្រកប​ដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ ម្នាល​អនុរុទ្ធ មាតុគ្រាម ក្នុងលោកនេះ ដែលមាតាបិតា​ប្រាថ្នា​សេចក្ដីចំរើន ស្វែង​រក​ប្រយោជន៍ ជាអ្នក​អនុគ្រោះ អាស្រ័យ​នូវសេចក្ដី​អនុគ្រោះ បានរៀបចំ​ឲ្យដល់​ស្វាមី​ណាហើយ ជាស្រី​ក្រោកមុន ដេកក្រោយ ទទួលស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់ចិត្ត ពោលពាក្យ​ជាទី​ស្រឡាញ់ ចំពោះ​ស្វាមីនោះ ១ ពួកជនណា​ជាទីគោរព​របស់​ស្វាមី ទោះមាតាក្ដី បិតា​ក្ដី សមណ​ព្រាហ្មណ៍ក្ដី មាតុគ្រាម តែងធ្វើសក្ការៈ គោរព រាប់អាន បូជា​ចំពោះជន​ទាំងនោះ​ផង តែងបូជា​ពួកជន ដែលទើប​មកដល់​ថ្មី ដោយ​អាសនៈ និង​ទឹកផង ១ ការងារ​ទាំងឡាយ​ណា ជាបន្ទុក​របស់ស្វាមី ទោះជា​រោមសត្វ​ក្ដី កប្បាស​ក្ដី ជាស្រី​ប៉ិនប្រសប់​ក្នុងការងារ​ទាំងនោះ មិនខ្ជិល​ច្រអូស ប្រកបដោយ​ការពិចារណា​ដោយ​ឧបាយក្នុង​កិច្ចទាំងនោះ​ថា គួរធ្វើ គួរចាត់ចែង ១ ពួកជនណា​នៅខាងក្នុង​ ជា​បន្ទុក​របស់​ស្វាមី ទោះជាខ្ញុំក្ដី ជាអ្នក​បម្រើក្ដី ជាកម្មករ​ក្ដី មាតុគ្រាម តែងដឹង​នូវអំពើដែល​ជនទាំង​នោះធ្វើថា ធ្វើ ដឹងនូវអំពើ​ដែលជន​ទាំងនោះមិនបានធ្វើ ថាមិនបាន​ធ្វើ ដឹងនូវ​កំឡាំង​តិច និង​កំឡាំងច្រើន​របស់​អ្នកឈឺ ទាំងចេះ​ចាត់ចែង នូវខាទនីយ​ភោជនីយាហារ តាម​ចំណែក​ដែលគួរ​ដល់ជន​ជាខាងក្នុង​បន្ទុក​នោះ ១ ស្វាមី​បាន​នាំមក នូវទ្រព្យណាក្ដី ស្រូវ​ណាក្ដី ប្រាក់ណាក្ដី មាសណាក្ដី មាតុគ្រាមនោះ តែងសម្រេច​ដោយការរក្សា គ្រប់គ្រង​នូវទ្រព្យ​ជាដើមនោះ និងជាអ្នក​មិនលេង មិនលួច មិនខិលខូច មិនធ្វើសម្បតិ្ត​ទាំងនោះ ឲ្យ​វិនាស ១ ជាឧបាសិកា​ដល់នូវព្រះពុទ្ធ​ជាទីពឹង ដល់នូវព្រះធម៌​ជាទីពឹង ដល់នូវ​ព្រះសង្ឃ​ជាទីពឹង ១ ជាស្រ្ដី​មានសីល វៀរចាក​បាណាតិបាត វៀរចាក​អទិន្នាទាន វៀរចាក​កាមេសុមិច្ឆាចារ វៀរចាក​មុសាវាទ វៀរចាក​ការផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ដែលជា​ទីតាំង​នៃសេចក្ដី​ប្រមាទ ១ ជាស្រ្ដី​មាន​ចាគៈ មានចិត្តប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅ​គ្រប់គ្រងផ្ទះ មានទាន​បរិច្ចាគ ស្រឡះហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុងការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរក្នុង​ការចែក​រលែក​នូវទាន ១​។ ម្នាល​អនុរុទ្ធ មាតុគ្រាម ប្រកប​ដោយ​ធម៌ទាំង ៨ នេះឯង លុះបែក​ធ្លាយ​រាងកាយ ស្លាប់ទៅ តែងទៅកើត​ជាមួយនឹង​ពួកទេវតា​ឈ្មោះ មនាបកាយិកា។

មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹមស្វាមីនោះ​សព្វ​កាលជានិច្ច មិន​មើល​ងាយបុរស​ជាស្វាមី ដែលនាំ​មកនូវ​សេចក្ដី​ប្រាថ្នា​គ្រប់យ៉ាង​នោះ ជាស្រ្ដី​ល្អ មិនធ្វើស្វាមី​ឲ្យក្តៅក្រហាយ ដោយ​ពាក្យ​ច្រណែន ជាស្រ្តី​មានបញ្ញា តែង​បូជាស្វាមី​ និង​បុគ្គល​ដែលជាទី​គោរព​ទាំងអស់ ជាស្រ្ដី​មានសេចក្ដី​ខ្នះខ្នែង មិនខ្ជិល​ច្រអូស សង្រ្គោះ​ជនជា​បរិសទ្យ តែង​ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់ចិត្ត​នៃស្វាមី ថែទាំ​សម្បតិ្ត​ដែលស្វាមី​រកបាន​មក នារីណា ជាស្ត្រីលុះ​ក្នុង​អំណាច​សេចក្តី​ប្រាថ្នា​របស់​ស្វាមី ហើយប្រព្រឹត្ត​យ៉ាងនេះ នារីនោះ រមែង​ទៅកើតក្នុង​ពួក​ទេវតា ឈ្មោះ មនាបកាយិកា។

 ទុតិយវិសាខាសូត្រ ទី៧

[៤៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​មិគារមាតុប្រាសាទ ក្នុង​វត្តបុព្វារាម ជិតក្រុង​សាវតី្ថ។ គ្រានោះ នាង​វិសាខាមិគារមាតា។បេ។ អង្គុយ​ក្នុង​ទីសមគួរ​។ លុះ​នាងវិសាខាមិគារមាតា អង្គុយ​ក្នុងទី​សម​គួរហើយ​ ព្រះដ៏មានព្រះ​ភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលនាងវិសាខា មាតុគ្រាម​ប្រកបដោយ​ធម៌ ៨ ប្រការ លុះបែក​ធ្លាយ​រាងកាយ ស្លាប់ទៅ រមែង​ទៅកើត​ជាមួយនឹង​ពួក​ទេវតា​មនាបកាយិកា។ ប្រកប​ដោយធម៌ ៨ ប្រការ តើ​ដូចម្ដេចខ្លះ។ ម្នាលនាងវិសាខា មាតុគ្រាម ក្នុង​លោកនេះ ដែល​មាតាបិតា មានប្រាថ្នា​សេចក្ដី​ចំរើន ស្វែងរកប្រយោជន៍ ជាអ្នក​អនុគ្រោះ អាស្រ័យ​នូវសេចក្ដី​អនុគ្រោះ បានរៀបចំ​ឲ្យដល់​ស្វាមីណា​ហើយ ជាស្រី​ក្រោកមុន ដេកក្រោយ ទទួលស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្តនូវ​អំពើជាទី​គាប់ចិត្ត ពោលពាក្យ​ជាទី​ស្រឡាញ់ ចំពោះ​ស្វាមីនោះ ១។បេ។ ជា​ស្ដ្រី​មានចាគៈ មានចិត្តប្រាសចាក​មន្ទិល គឺសេចក្ដី​កំណាញ់ នៅគ្រប់គ្រងផ្ទះ មាន​ទានបរិច្ចាគ​ស្រឡះហើយ មានដៃលាង​ហើយ ត្រេកអរ​ក្នុងការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរ​ក្នុងការ​ចែករលែក​នូវទាន ១​។ ម្នាល​នាងវិសាខា មាតុគ្រាម ប្រកបដោយ​ធម៌ ៨ ប្រការ​នេះឯង លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែងទៅ​កើតជា​មួយនឹង​ពួក​ទេវតាមនាបកាយិកា។

មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយ​ចិញ្ចឹមស្វាមីនោះ​សព្វកាល​ជានិច្ច មិន​មើល​ងាយ​បុរស​ជាស្វាមី ដែលនាំមក​នូវសេចក្ដី​ប្រាថ្នាគ្រប់យ៉ាងនោះ ជាស្រ្ដីល្អ មិនបាន​ធ្វើស្វាមីឲ្យ​ក្ដៅក្រហាយ ដោយពាក្យ​ច្រណែន ជាស្រ្ដី​មានបញ្ញា តែង​បូជា​ស្វាមី និងបុគ្គល​ដែលជាទី​គោរព​ទាំងអស់ ជាស្រ្ដីមាន​សេចក្ដី​ខ្នះខ្នែង មិន​ខ្ជិល​ច្រអូស សង្រ្គោះ​ជនជា​បរិសទ្យ តែងប្រព្រឹត្ត​នូវ​អំពើជាទី​គាប់ចិត្ត​នៃស្វាមី ថែទាំ​សម្បតិ្ត​ដែលស្វាមី​រកបានមក នារីណា ជាស្រ្ដី​លុះក្នុង​អំណាច​សេចក្ដី​ប្រាថ្នា​របស់​ស្វាមី ប្រព្រឹត្ត​យ៉ាងនេះ នារីនោះ រមែង​ទៅកើត​ក្នុងពួកទេវតា ឈ្មោះ មនាបកាយិកា។

 នកុលមាតាសូត្រ ទី៨

[៤៨] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​ភេសកឡាវន ជាទី​ឲ្យអភ័យ ដល់​សត្វម្រឹគ ទៀបក្រុង​សុំសុមារគិរៈ ក្នុង​ដែនភគ្គៈ។ គ្រានោះ នកុលមាតាគហបតានី (នាង​គហបតានី ឈ្មោះ​នកុលមាតា) ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ។បេ។ ក៏អង្គុយនៅ។ លុះ​នកុលមាតា​គហបតានី អង្គុយ​ក្នុងទី​សមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​នកុលមាតា មាតុគ្រាម​ប្រកប​ដោយធម៌ ៨ ប្រការ លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ តែងទៅកើត​ជាមួយនឹង​ពួក​ទេវតាមនាបកាយិកា។ ប្រកប​ដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ ម្នាល​នកុលមាតា មាតុគ្រាម​ក្នុង​លោកនេះ ដែល​មាតាបិតា​ មានប្រាថ្នាសេចក្ដី​ចំរើន ស្វែងរក​ប្រយោជន៍ ជាអ្នក​អនុគ្រោះ អាស្រ័យនូវ​សេចក្ដីអនុគ្រោះ បានរៀបចំ​ឲ្យដល់ស្វាមី​ណាហើយ ជាស្ត្រី​ក្រោក​មុន ដេកក្រោយ ទទួលស្ដាប់​កិច្ចការអ្វីៗ ប្រព្រឹត្តនូវ​អំពើជាទីគាប់​ចិត្ត ពោលពាក្យ​ជា​ទី​ស្រឡាញ់ ចំពោះស្វាមី​នោះ ១។បេ។ ជាស្ដ្រី​មានចាគៈ មានចិត្ត​ប្រាសចាក​មន្ទិល គឺសេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មានទាន​បរិច្ចាគ​ស្រឡះហើយ មានដៃលាង​ហើយ ត្រេកអរ​ក្នុងការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវទាន ១​។ ម្នាល​នកុលមាតា មាតុគ្រាម ប្រកបដោយ​ធម៌ ៨ ប្រការ​នេះឯង លុះបែក​ធ្លាយរាងកាយ ស្លាប់ទៅ តែងទៅកើត​ជាមួយនឹង​ពួកទេវតាមនាបកាយិកា។

មាតុគ្រាមណា មានព្យាយាម ខ្វល់ខ្វាយចិញ្ចឹម​ស្វាមីនោះ​សព្វកាល​ជានិច្ច មិនមើលងាយ​បុរស​ជាស្វាមី ដែលនាំមកនូវ​សេចក្ដីប្រាថ្នា​គ្រប់​យ៉ាងនោះ ជា​ស្រ្ដីល្អ មិនបាន​ធ្វើស្វាមី​ឲ្យក្ដៅក្រហាយ ដោយពាក្យ​ច្រណែន ជាស្រ្ដី​​មានបញ្ញា តែង​បូជាស្វាមី និងបុគ្គល​ដែលជា​ទីគោរព​ទាំងអស់ ជាស្រ្ដីមាន​សេចក្ដីខ្នះខ្នែង មិន​ខ្ជិលច្រអូស សង្រ្គោះជនជា​បរិសទ្យ ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់​ចិត្តនៃស្វាមី ថែទាំ​សម្បតិ្ត ដែលស្វាមី​រកបាន​មក នារីណា ជាស្រ្ដី​លុះក្នុង​អំណាច​សេចក្ដី​ប្រាថ្នា​របស់ស្វាមី ប្រព្រឹត្ត​យ៉ាងនេះ នារីនោះ រមែងទៅ​កើតក្នុង​ពួកទេវតា ឈ្មោះ មនាបកាយិកា។

 បឋមឥធលោកិកសូត្រ ទី៩

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុង​វត្តបុព្វារាម ជា​ប្រាសាទ របស់​មិគារមាតា ជិត​ក្រុងសាវត្ថី។ គ្រានោះ នាងវិសាខា​មិគារមាតា ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូលទៅ​ដល់ហើយ។បេ។ ក៏អង្គុយ​នៅ។ លុះនាង​វិសាខា​មិគារមាតា អង្គុយក្នុង​ទីសមគួរ​ហើយ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាល​វិសាខា មាតុគ្រាម​ប្រកប​ដោយធម៌ ៤ ប្រការ ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​នូវ​លោកនេះ លោកនេះ​ក៏ឈ្មោះថា មាតុគ្រាមនោះ ប្រារព្ធហើយ។ ប្រកប​ដោយធម៌ ៤ ប្រការ តើ​ដូចម្ដេច​ខ្លះ។ ម្នាលវិសាខា មាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​ចេះចាត់​ចែង​ការងារ ដោយ​ប្រពៃ ១ ចេះសង្រ្គោះពួក​ជនជា​បរិសទ្យ ១ ចេះ​ប្រព្រឹត្ត​នូវអំពើជា​ទីគាប់ចិត្ត​របស់​ស្វាមី ១ ចេះថែទាំ​សម្បតិ្ត​ដែលស្វាមី​រក​បានមក ១។ ម្នាលវិសាខា ចុះមាតុគ្រាម ជាស្រ្ដី​ចេះ​ចាត់​ចែង​ការងារ ដោយប្រពៃ តើ​ដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ ការទាំងឡាយណា ជាបន្ទុក​របស់ស្វាមី ទោះរោមសត្វក្តី កប្បាសក្តី ជាស្រ្ដីឆ្លៀវឆ្លាស មិន​ខ្ជិល​ច្រអូស ក្នុងការងារ​ទាំងនោះ ប្រកប​ដោយ​ការពិចារណា ដោយ​ឧបាយ​ក្នុង​ការងារ​នោះ​ថា គួរធ្វើ គួរ​ចាត់ចែង។ ម្នាល​វិសាខា មាតុគ្រាម ជាស្រ្ដី​ចេះចាត់ចែង​ការងារ ដោយ​ប្រពៃ យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម ជាស្រ្ដីចេះ​សង្គ្រោះ​ពួកជន​ជាបរិសទ្យ តើ​ដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុងលោកនេះ ពួកជនណា ជាខាងក្នុង ជាបន្ទុក​របស់​ស្វាមី ទោះខ្ញុំក្ដី អ្នកបំរើក្ដី កម្មករក្ដី តែងដឹងនូវ​អំពើ​ដែលជន​ទាំងនោះ​ធ្វើ ថាធ្វើ ដឹងនូវ​អំពើ​ដែល​ជន​ទាំងនោះ​មិនបានធ្វើ ថា​មិនបាន​ធ្វើ ដឹងនូវ​កំឡាំង​តិច និង​កំឡាំង​ច្រើន​នៃពួក​ជនអ្នកឈឺ ចេះចាត់ចែង​ខាទនីយ​ភោជនីយាហារ តាម​ចំណែក​ដែលគួរ ដល់​ពួកជន​ខាងក្នុង​បន្ទុក​នោះ។ ម្នាល​វិសាខា មាតុគ្រាម ជាស្រ្ដីចេះ​សង្គ្រោះពួក​ជន​ជាបរិសទ្យ យ៉ាងនេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម ចេះ​ប្រព្រឹត្ត​នូវអំពើ​ជាទីគាប់​ចិត្ត​នៃស្វាមី តើដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុងលោកនេះ អំពើណា មិនជាទី​គាប់ចិត្ត​របស់​ស្វាមី បើទុកជា​មានហេតុ​ដល់ជីវិត ក៏មិន​ប្រព្រឹត្ត​កន្លង​នូវអំពើនោះ។ ម្នាល​វិសាខា មាតុគ្រាម ចេះប្រព្រឹត្ត​អំពើ ជាទីគាប់​ចិត្តនៃ​ស្វាមី យ៉ាងនេះឯង។ ម្នាល​វិសាខា ចុះ​មាតុគ្រាម ចេះថែទាំ​សម្បត្តិ ដែលស្វាមី​រកបាន​មក តើ​ដូចម្ដេច។ ម្នាល​វិសាខា ទ្រព្យ​ណា​ក្ដី ស្រូវណាក្ដី ប្រាក់ណាក្ដី មាស​ណាក្ដី ដែលស្វាមី​រកបានមក មាតុគ្រាម ក្នុង​លោកនេះ តែងសម្រេច​ដោយ​ការរក្សា គ្រប់គ្រងនូវ​ទ្រព្យ​ជាដើមនោះ ទាំងជា​ស្រ្ដីអ្នក​មិនលេង មិន​លួច មិនខិលខូច មិនធ្វើ​សម្បត្តិ​ទាំង​នោះ ឲ្យវិនាស។ ម្នាល​វិសាខា មាតុគ្រាម ចេះថែ​ទាំសម្បត្តិ ដែលស្វាមីរក​បានមក យ៉ាងនេះឯង។ ម្នាល​វិសាខា មាតុគ្រាម ប្រកប​ដោយ​ធម៌ ៤ ប្រការ​នេះឯង ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះនូវ​លោកនេះ លោកនេះ ក៏ឈ្មោះថា​ មាតុគ្រាមនោះ បាន​ប្រារព្ធ​ហើយ។ ម្នាល​វិសាខា មាតុគ្រាម ប្រកបដោយ​ធម៌ ៤ ប្រការ ឈ្មោះថា​ប្រតិបត្តិ ដើម្បីឈ្នះ​នូវលោក​ខាងមុខ លោកខាងមុខ ក៏ឈ្មោះថា មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ។ ប្រកប​ដោយធម៌ ៤ ប្រការ តើ​ដូចម្ដេច​ខ្លះ។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ បរិបូណ៌​ដោយ​សទ្ធា ១ បរិបូណ៌ដោយ​សីល ១ បរិបូណ៌ដោយចាគៈ ១ បរិបូណ៌​ដោយ​បញ្ញា ១។ ម្នាល​វិសាខា ចុះ​មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា តើដូចម្ដេច។ ម្នាល​វិសាខា មាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​មានសទ្ធា ជឿ​ការត្រាស់​ដឹង​របស់ព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ ជា​អរហន្ដ​សម្មាសម្ពុទ្ធ ទ្រង់​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់​ប្រសើរ​បំផុត ទ្រង់​ទូន្មាន​នូវបុរស ដែលគួរ​ទូន្មាន​បាន ជាសាស្ដា​នៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវអរិយសច្ច ៤ ទ្រង់ខ្ជាក់ចោល​នូវត្រៃភព គឺលែង​វិល​ត្រឡប់មក​កើតទៀត​ហើយ។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយសទ្ធា យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម បរិបូណ៌​ដោយសីល តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុង​លោក​នេះ ជាស្រ្ដី​វៀរចាក​បាណាតិបាត។បេ។ វៀរចាក​ហេតុជាទីតាំង​នៃ​សេចក្ដី​ប្រមាទ គឺ​ផឹកនូវទឹក​ស្រវឹង គឺ​សុរា និងមេរ័យ។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយសីល យ៉ាង​នេះឯង។ ម្នាល​វិសាខា ចុះមាតុគ្រាម បរិបូណ៌​ដោយចាគៈ តើដូចម្តេច។ ម្នាលវិសាខា មាតុគ្រាម ក្នុងលោកនេះ មានចិត្ត​ប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រងផ្ទះ មានទាន​បរិច្ចាគ​រួចស្រឡះ​ហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុង​ការ​លះបង់ គួរដល់​ពួកស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវទាន។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ យ៉ាងនេះឯង។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយបញ្ញា តើ​ដូចម្ដេច។ ម្នាល​វិសាខា ចុះមាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដី​មានបញ្ញា ប្រកប​ដោយ​បញ្ញា ជា​ដំណើរ​ទៅកាន់​សេចក្ដី​ចំរើន និង​សេចក្ដីវិនាស ជា​បញ្ញា​ដ៏ប្រសើរ​មុះមុត ដល់នូវការ​អស់ទៅ​នៃទុក្ខ​ដោយប្រពៃ។ ម្នាលវិសាខា មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា យ៉ាង​នេះឯង។ ម្នាល​វិសាខា មាតុគ្រាម បរិបូណ៌​ដោយធម៌ ៤ ប្រការនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីឈ្នះ​នូវលោក​ខាងមុខ លោក​ខាងមុខ ក៏ឈ្មោះថា មាតុគ្រាមនោះ បាន​ប្រារព្ធ​ហើយ។

មាតុគ្រាមចាត់ចែងការងារដោយប្រពៃ ១ សង្រ្គោះ​ពួកជន​ជាបរិសទ្យ ១ ប្រព្រឹត្ត​នូវអំពើ​ជាទី​គាប់ចិត្ត​នៃស្វាមី ១ ថែទាំ​សម្បតិ្ត​ដែលស្វាមី​រក​បានមក ១ បរិបូណ៌​ដោយ​សទ្ធា ១ សីល ១ ដឹងនូវ​ពាក្យពោល ១ ប្រាសចាក​សេចក្ដី​កំណាញ់ ១ ជម្រះ​ផ្លូវជាទី​ទៅកាន់​បរលោក ឲ្យស្អាត​ជានិច្ច ១ ធម៌ទាំង ៨ នេះ មាន​ដល់​នារី​ណា អ្នក​ប្រាជ្ញ​ពោលថា នារីនោះមានសីល ឋិតនៅ​ក្នុងធម៌ ពោលនូវ​ពាក្យពិត ជា​ឧបាសិកា ដែល​បរិបូណ៌​ដោយអាការ ១៦ [អាការ ១៦ នោះ សំដៅយក​ បបួល​អ្នកដទៃ ៨ ចូល​មកទៀតផង។ អដ្ឋកថា។] ប្រកប​ដោយអង្គទាំង ៨ ប្រការ មានសីល​បែបនោះ រមែងទៅកើត​ក្នុង​ទេវលោក ឈ្មោះមនាបកាយិកា។

 ទុតិយឥធលោកិកសូត្រ ទី១០

[៥០] ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយធម៌ ៤ ប្រការ ឈ្មោះថា​​ប្រតិបត្តិ ដើម្បី​ឈ្នះនូវ​លោកនេះ លោកនេះ ក៏ឈ្មោះថា​មាតុគ្រាម​នោះ បានប្រារព្ធ​ហើយ។ ប្រកប​ដោយ​ធម៌ ៤ ប្រការ តើដូច​ម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ជាស្រ្ដីចេះចាត់​ចែងការងារ​ដោយប្រពៃ ១ ចេះសង្រ្គោះ​ពួកជនជា​បរិសទ្យ ១ ចេះប្រព្រឹត្ត​នូវអំពើ​ជាទីគាប់​ចិត្តនៃស្វាមី ១ ​ចេះថែទាំ​សម្បត្តិ​ដែលស្វាមី​រកបានមក ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះមាតុគ្រាម ជាស្រ្ដីចេះចាត់​ចែង​ការងារ​ដោយប្រពៃ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ក្នុង​លោកនេះ ការងារ​ទាំងឡាយ​ណា ជាបន្ទុក​របស់​ស្វាមី។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ជាស្រ្ដី​ចេះចាត់ចែង​ការងារ​ដោយប្រពៃ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម ចេះសង្រ្គោះ​ពួកជន​ជាបរិសទ្យ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ ពួកជនណា​ជាខាងក្នុង ជាបន្ទុក​របស់​ស្វាមី។បេ។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតុគ្រាម ចេះសង្គ្រោះ​ពួកជន​ជាបរិសទ្យ យ៉ាងនេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម ចេះប្រព្រឹត្តអំពើ​ជាទីគាប់​ចិត្តរបស់ស្វាមី តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ អំពើណា​ដែលមិនជាទី​គាប់​ចិត្តនៃស្វាមី បើទុក​ជាមាន​ហេតុដល់​ជីវិត ក៏មិនប្រព្រឹត្ត​កន្លង​នូវអំពើនោះ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម​ប្រព្រឹត្ត​អំពើជាទី​គាប់ចិត្ត​នៃស្វាមី យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម ចេះថែ​ទាំសម្បតិ្ត ដែល​ស្វាមី​រកបានមក តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុង​លោកនេះ ស្វាមី​នាំមក​នូវទ្រព្យណា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ចេះថែទាំ​សម្បតិ្ត ដែលស្វាមីរក​បានមក យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម​ប្រកប​ដោយ​ធម៌ ៤ ប្រការ​នេះឯង ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះលោកនេះ លោកនេះ ក៏ឈ្មោះថា មាតុគ្រាម​នោះ បាន​ប្រារព្ធ​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ប្រកប​ដោយធម៌ ៤ ប្រការ ឈ្មោះថា​ប្រតិបត្តិ ដើម្បី​ឈ្នះ​លោក​ខាងមុខ លោកខាងមុខ ក៏ឈ្មោះថា​មាតុគ្រាមនោះ បានប្រារព្ធ​ហើយ។ ប្រកប​ដោយធម៌ ៤ ប្រការ តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ បរិបូណ៌​ដោយសទ្ធា ១ បរិបូណ៌​ដោយ​សីល ១ បរិបូណ៌​ដោយចាគៈ ១ បរិបូណ៌​ដោយបញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​មាតុគ្រាម បរិបូណ៌​ដោយសទ្ធា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម​ក្នុង​លោកនេះ មាន​សទ្ធា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម បរិបូណ៌​ដោយ​សទ្ធា យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌​ដោយសីល តើដូច​ម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតុគ្រាម ក្នុងលោកនេះ វៀរចាក​បាណាតិបាត។បេ។ វៀរចាក​ហេតុជាទីតាំង​នៃ​សេចក្ដី​ប្រមាទ គឺផឹកនូវទឹក​ស្រវឹង គឺសុរា និង​មេរ័យ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម បរិបូណ៌​ដោយសីល យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះមាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុងលោកនេះ មានចិត្ត​ប្រាសចាក​មន្ទិល គឺសេចក្ដី​កំណាញ់ នៅគ្រប់គ្រងផ្ទះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម បរិបូណ៌​ដោយ​ចាគៈ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​មាតុគ្រាម បរិបូណ៌​ដោយ​បញ្ញា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ក្នុង​លោកនេះ ជាស្រ្ដីមាន​បញ្ញា។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតុគ្រាម បរិបូណ៌​ដោយបញ្ញា យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ មាតុគ្រាម ប្រកប​ដោយធម៌ ៤ ​ប្រការ​នេះឯង ឈ្មោះថា​ប្រតិបត្តិ ដើម្បីឈ្នះ​លោក​ខាងមុខ លោក​ខាងមុខ ក៏ឈ្មោះថា មាតុគ្រាម​នោះ បានប្រារព្ធ​ហើយ។

មាតុគ្រាមចាត់ចែងការងារដោយប្រពៃ ១ សង្រ្គោះ​ពួកជន​ជាបរិសទ្យ ១ ប្រព្រឹត្ត​អំពើ​ជាទីគាប់ចិត្ត​នៃស្វាមី ១ ថែទាំសម្បតិ្ត​ដែលស្វាមី​រក​បានមក ១ បរិបូណ៌​ដោយ​សទ្ធា ១ សីល ១ ដឹងនូវ​ពាក្យពោល ១ ប្រាសចាក​សេចក្ដី​កំណាញ់  ជម្រះ​ផ្លូវ​ជាទី​ទៅកាន់​បរលោក​ឲ្យស្អាត​ជានិច្ច ១ ធម៌ទាំង ៨ នេះ មានដល់​នារីណា អ្នក​ប្រាជ្ញ​ពោលថា នារីនោះ មានសីល ឋិតនៅ​ក្នុងធម៌ ពោលនូវ​ពាក្យពិត ឧបាសិកា ដែល​បរិបូណ៌​ដោយ​អាការ ១៦ ប្រកប​ដោយអង្គ​ទាំង ៨ មានសីល​បែបនោះ រមែង​ទៅកើត​ក្នុង​ទេវលោក ឈ្មោះ​មនាបកាយិកា។

ចប់ ​ឧបោសថវគ្គ ទី៥​។

ឧទ្ទានក្នុង​ឧបោសថវគ្គនោះគឺ

និយាយអំពីការរក្សាឧបោសថ​យ៉ាងសង្ខេប ១ ពិស្តារ ១ អំពី​នាង​វិសាខា​ ១​អំពីវាសេដ្ឋ​ព្រាហ្មណ៍ ១ ជាគំរប់ ៥ និងនាង​ពោជ្ឈា អំពី​ព្រះអនុរុទ្ធ ១ អំពី​នាង​វិសាខា​ ១ អំពី​នកុលមាតា ១ អំពី​ការឈ្នះលោកនេះ មានពីរលើក។

ចប់ បណ្ណាសក។

បណ្ណាសកាសង្គហិតវគ្គ

សន្ធានវគ្គ

គោតមីសូត្រ ទី១

[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​និគ្រោធារាម ក្បែរក្រុង​កបិលពស្តុ ​ក្នុង​ដែនសក្កៈ។ គ្រានោះ ព្រះនាង​មហាបជាបតិគោតមី ចូលទៅគាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូលទៅដល់​ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឋិតនៅ​ក្នុងទី​សមគួរ។ លុះ​ព្រះនាង​មហាបជាបតិគោតមី ឋិតនៅ​ក្នុងទី​សមគួរ​ហើយ​ ទើប​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ​ មាតុគ្រាម គួរ​ចេញ​ចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត ទ្រង់​សំដែង​ហើយ។ ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់​ឃាត់ថា ម្នាលនាង​គោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ ហើយបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្ម​វិន័យ ដែល​តថាគត​បានសំដែង​ឡើយ។ ព្រះនាង​មហាបជាបតិគោតមី ក្រាបថ្វាយបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះ ជាគំរប់​ពីរ​ដងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែង​ហើយ។ ម្នាល​នាងគោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យ​មាតុគ្រាម​ចេញចាក​ផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​តថាគត​បាន​សំដែង​ឡើយ។ ព្រះនាង​មហាបជាបតិគោតមី ក្រាបបង្គំទូល​ព្រះ​មាន​ព្រះភាគ​ដូច្នេះ ជាគំរប់បីដង​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំម្ចាស់​សូមអង្វរ មាតុគ្រាម គួរចេញ​ចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត សំដែង​ហើយ។ ម្នាលនាង​គោតមី ណ្ហើយនាង កុំគាប់ចិត្ត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ ​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​តថាគត​បានសំដែង​ឡើយ។ លំដាប់​នោះឯង ព្រះនាង​មហាបជាបតិគោតមី បានជ្រាបថា ព្រះដ៏មានព្រះភាគ មិន​ទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្ម​វិន័យ ដែលព្រះតថាគត​សំដែងហើយ ក៏កើតទុក្ខ តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ទ្រង់ព្រះកន្សែង ហើយ​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ​ រួចចៀសចេញ​ទៅ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់​សម្រេចសម្រាន្ដ ក្នុង​ក្រុង​កបិលពស្ដុ តាមគួរ​ដល់ពុទ្ធ​អធ្យាស្រ័យ ហើយស្ដេច​ចៀសចេញទៅ​កាន់ចារិក ក្រុង​វេសាលី កាល​ទ្រង់ស្ដេច​ទៅ​កាន់​ចារិក តាម​លំដាប់ ក៏បានទៅដល់ក្រុងវេសាលីនោះឯង។ មានសេចក្ដី​ដំណាល​ថា​ ព្រះដ៏មានព្រះភាគ ទ្រង់គង់​សម្រេចសម្រាន្ដ ក្នុងកូដាគារ​សាលា នាមហាវន ទៀប​ក្រុង​វេសាលីនោះ។ លំដាប់នោះឯង ព្រះនាង​មហាបជាបតិ​គោតមី ឲ្យគេកោរ​ព្រះកេសា ហើយស្លៀក​សំពត់ជ្រលក់​ដោយទឹក​អម្ចត់ ទ្រង់យាងសំដៅទៅ​ក្រុងវេសាលី ជាមួយ​នឹង​ពួកនាង​សាកិយានី​ជាច្រើន យាងចូលទៅកាន់​កូដាគារសាលា នាមហាវន ទៀប​ក្រុង​វេសាលី​នោះ តាមលំដាប់។ វេលានោះ ព្រះនាង​មហាបជាបតិ​គោតមី មានព្រះបាទ​ទាំង​គូ​ពុរពង​ មានព្រះអង្គ​ប្រឡាក់​ដោយធូលី កើតទុក្ខ​តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ឈរ​ទ្រង់​ព្រះ​កន្សែង ទៀបក្លោង​ទ្វារខាងក្រៅ។ ព្រះអានន្ទ​ដ៏មានអាយុ បានឃើញ​ព្រះនាង​មហាបជាបតិ​គោតមី មានព្រះបាទ​ទាំងគូ​ពុរពង មានព្រះអង្គ​ប្រឡាក់ដោយធូលី កើត​ទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ កំពុងតែឈរទ្រង់ព្រះកន្សែង​ទៀបក្លោងទ្វារ​ខាង​ក្រៅ លុះបាន​ឃើញហើយ ក៏ពោលទៅ​នឹង​ព្រះនាង​មហា​បជាបតិ​គោតមី​ដូច្នេះថា បពិត្រ​ព្រះនាង​គោតមី ហេតុអ្វី​បានជា​ព្រះនាង​មាន​ព្រះបាទ​ទាំងគូ​ពុរពង មានព្រះ​អង្គ​ប្រឡាក់​ដោយធូលី កើតទុក្ខ​តូចព្រះទ័យ ស្រក់ទឹក​ព្រះនេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារ​ខាង​ក្រៅ​ដូច្នេះ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បានជាដូច្នោះ ព្រោះតែ​ព្រះដ៏​មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ​ដែល​ព្រះតថាគត​ទ្រង់សំដែង​ហើយ​ផងសោះ។ បពិត្រ​ព្រះនាង​គោតមី បើ​ដូច្នោះ សូមព្រះនាង​ទ្រង់រង់ចាំ​ក្នុងទីនេះ​សិនចុះ ទំរាំអាត្មាភាព ទៅក្រាបបង្គំ​ទូល​សុំ​ព្រះដ៏​មាន​ព្រះភាគ ឲ្យមាតុគ្រាម​បានចេញ​ចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែងហើយ។ លំដាប់នោះ ព្រះអានន្ទដ៏​មានអាយុ ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំព្រះដ៏​មាន​ព្រះភាគ​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសម​គួរហើយ ទើបក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះនាង​មហាបជាបតិ​គោតមី​នុ៎ះ មានព្រះបាទ​ទាំងគូ​ពុរពង មានព្រះអង្គ​ប្រឡាក់ដោយ​ធូលី កើត​ទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះ​នេត្រ ឈរទ្រង់ព្រះកន្សែង ទៀបក្លោងទ្វារ​ខាង​ក្រៅ​ដោយ​ជ្រាបថា ព្រះដ៏មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែងហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ។ ម្នាល​អានន្ទ ណ្ហើយ អ្នកកុំគាប់​ចិត្តឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមានប្រយោជន៍​ដោយ​ផ្ទះ ក្នុងធម្មវិន័យ​ដែលតថាគត​សំដែង​ឡើយ។ ព្រះអានន្ទ​ដ៏មានអាយុ ក្រាប​បង្គំ​ទូល ជាគំរប់ពីរ​ដងផង។បេ។ ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ ជាគំរប់ ៣ដងផងថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តាប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែល​ព្រះតថាគត​ទ្រង់សំដែងហើយ​ផង។ ម្នាលអានន្ទ ណ្ហើយ អ្នក​កុំគាប់ចិត្តឲ្យ​មាតុគ្រាម​ចេញចាក​ផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគត​សំដែងឡើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ព្រះដ៏មានព្រះភាគ មិនទ្រង់​អនុញ្ញាត​ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយទេ បើដូច្នេះ គួរតែអាត្មាអញ ក្រាបបង្គំទូល​សុំព្រះដ៏មានព្រះភាគ ដោយ​បរិយាយ​ដទៃទៀត ដើម្បីឲ្យ​មាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ បានក្រាបបង្គំ​ទូលសួរ​ព្រះដ៏មានព្រះភាគ​ដូច្នេះថា ​បពិត្រ​ព្រះអង្គដ៏ចំរើន  មាតុគ្រាម បើចេញ​ចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយ គួរធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបតិ្តផល​ក្ដី សកទាគាមិផលក្ដី អនាគាមិផលក្ដី អរហត្ត​ផល​ក្ដី បានដែរ​ឬ​។ ម្នាលអានន្ទ មាតុគ្រាម បើចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគតសំដែង​ហើយ ក៏គួរធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបតិ្តផលផង សកទាគាមិផលផង អនាគាមិផលផង អរហត្តផលផង។ ​បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើមាតុគ្រាម ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ ដែលព្រះតថាគត​សំដែងហើយ គួរធ្វើឲ្យជាក់​ច្បាស់នូវ​សោតាបតិ្ត ផលផង។បេ។ អរហត្តផលផង ​បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតិ​គោតមី មាន​ឧបការៈច្រើន ជាព្រះមាតុច្ឆា​របស់ព្រះដ៏មានព្រះភាគ បានបី​បាច់ចិញ្ចឹម កាលព្រះ​មាតា​ទ្រង់ទិវង្គតទៅ បានបំបៅ​ព្រះដ៏មានព្រះភាគ តរៀងមក។ បពិត្រព្រះអង្គ​ដ៏ចំរើន សូមទ្រង់​ព្រះមេត្តា​ប្រោស ឲ្យមាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលព្រះតថាគត​ទ្រង់សំដែង​ហើយផង។ ម្នាលអានន្ទ បើព្រះ​នាង​មហាបជាបតិ​គោតមី ទទួលប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន ឧបសម្បទានោះ ចូរសម្រេច​ដល់ព្រះនាងចុះ។ (ឯ​គរុធម៌ ៨ប្រការ​នោះគឺ) ភិក្ខុនី សូម្បីឧបសម្បទា​បាន មួយរយវស្សា​ហើយ ក៏ត្រូវតែថ្វាយ​បង្គំ ក្រោកទទួល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើប​នឹង​ឧបសម្បទា​ក្នុងថ្ងៃនោះ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរពរាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់ជីវិត ១។ ភិក្ខុនី​មិនត្រូវ​នៅចាំវស្សា ក្នុងអាវាស​ដែលគ្មាន​ភិក្ខុ​ឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ១។ ភិក្ខុនី ​ត្រូវ​ស្វែងរកសួរ​ឧបោសថផង ចូលទៅស្ដាប់ឱវាទផង អំពីសំណាក់​ភិក្ខុសង្ឃ​រាល់កន្លះខែ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​​នៅចាំវស្សា​រួចហើយ ត្រូវបវារណា ក្នុង​សំណាក់សង្ឃ​ទាំង២ ពួក (គឺភិក្ខុសង្ឃ ១ ភិក្ខុនីសង្ឃ ​១) ដោយឋាន ៣ យ៉ាងគឺ ឃើញ ឮ រង្កៀស នេះជាធម៌ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ១។ ភិក្ខុនី​​ត្រូវគរុកាបត្តិ​ហើយ គប្បីប្រព្រឹត្ត​បក្ខមានត្ត ក្នុងសំណាក់​សង្ឃទាំង ២ ពួក នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​ត្រូវ​ជួយស្វែងរក​ឧបសម្បទា ក្នុងសំណាក់​សង្ឃទាំង ២ ពួក ដល់សិក្ខមានា ដែលបានសិក្សាសិក្ខា​ក្នុងធម៌ ៦ [សំដៅយកសិក្ខាបទ ៦ ពីបាណាតិបាត ដល់វិកាលភោជនៈ។] ប្រការ គ្រប់ ២ ឆ្នាំហើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។ ភិក្ខុនី​មិន​ត្រូវជេរ មិនត្រូវ​ប្រទេចភិក្ខុ ដោយបរិយាយ​ណាមួយឡើយ នេះជា​ធម៌ដែល​ភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ តាំងពីថ្ងៃ​ដែលបាន​ឧបសម្បទានេះ​ទៅ ភិក្ខុនី​ត្រូវតែស្ដាប់​បង្គាប់ភិក្ខុ ឯភិក្ខុ​មិនត្រូវ​ស្ដាប់បង្គាប់​ភិក្ខុនី​វិញឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាប​អស់ជីវិត ១។ ម្នាលអានន្ទ បើព្រះនាង​មហាបជាបតិ​គោតមី ទទួល​ប្រព្រឹត្ត​តាម​គរុធម៌​ទាំង ៨ នេះបាន ឧបសម្បទា​នោះ ចូរសម្រេច​ដល់ព្រះនាងចុះ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ បានរៀន​គរុធម៌ ៨ ប្រការ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ (ចាំស្ទាត់ហើយ) ក៏ចូលទៅរក​ព្រះនាង​​មហាបជាបតិ​គោតមី លុះចូល​ទៅដល់​ហើយ ក៏ពោល​ទៅនឹង​ព្រះនាង​មហាបជាបតិ​គោតមី​ដូច្នេះថា បពិត្រ​ព្រះនាង​គោតមី បើព្រះនាង​ទទួលប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការ​បាន ឧបសម្បទានោះ នឹង​សម្រេចដល់​ព្រះនាង។ (ឯគរុធម៌ ៨ ប្រការនោះគឺ) ភិក្ខុនីសូម្បីឧបសម្បទា បានមួយ​រយវស្សា​ហើយ ក៏ត្រូវតែ​ថ្វាយបង្គំ ក្រោកទទូល ធ្វើអញ្ជលិកម្ម សាមីចិកម្ម ចំពោះភិក្ខុ ដែលទើបនឹង​បួស​ហើយ​ក្នុងថ្ងៃនោះ នេះជាធម៌ ដែលភិក្ខុនី​ត្រូវធ្វើសក្ការៈ គោរព រាប់អាន បូជា កុំគប្បីប្រព្រឹត្តកន្លង ដរាបអស់ជីវិត ១។បេ។ ចាប់ដើមតាំងពីថ្ងៃ (ដែលបាន​ឧបសម្បទា) នេះ​ទៅ ភិក្ខុនី​ត្រូវតែស្ដាប់​បង្គាប់ភិក្ខុ ឯភិក្ខុមិនត្រូវ​ស្ដាប់បង្គាប់​ភិក្ខុនីវិញឡើយ នេះជាធម៌​ដែលភិក្ខុនី​ត្រូវធ្វើ​សក្ការៈ គោរព រាប់អាន បូជា កុំគប្បី​ប្រព្រឹត្ត​កន្លង ដរាបអស់ជីវិត ១។ បពិត្រ​ព្រះនាង​គោតមី បើព្រះនាង​ទទួល​ប្រតិបត្តិ​គរុធម៌ ៨ ប្រការ​នេះបាន។ ឧបសម្បទា​នោះ នឹង​សម្រេចដល់​ព្រះនាងបាន។ ព្រះនាង​មហាបជាបតិ​គោតមី ឆ្លើយតបថា បពិត្រ​ព្រះអានន្ទដ៏ចំរើន ស្រ្ដី ឬបុរស​នៅក្រមុំ​កំឡោះ ប្រកប​ដោយ​ជាតិ​ជាអ្នក​ស្អិតស្អាងខ្លួន មានក្បាលលុបលាងហើយ បានកម្រងផ្កា​ឧប្បលក្ដី កម្រងផ្កា​ម្លិះក្ដី កម្រងផ្កា​ដែលមាន​ក្លិនក្រអូប​ណាស់ក្ដី ហើយទទួល​យកដោយ​ដៃ​ទាំងពីរ ដំកល់​ទុក​លើ​អវយវៈ​ដ៏ឧត្តម គឺក្បាល យ៉ាងណាមិញ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ខ្ញុំនឹង​ទទួល​ប្រតិបត្តិ​តាម​គរុធម៌ ៨ ប្រការនេះ មិនប្រព្រឹត្ត​កន្លង ដរាបអស់​ជីវិត ក៏យ៉ាងនោះដែរ។ លំដាប់​នោះ ព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ រួច​អង្គុយក្នុង​ទីសមគួរ​។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទីសម​គួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន គរុធម៌​ទាំង ៨ ប្រការ ព្រះនាង​មហាបជាបតិ​គោតមី ព្រមទទួលហើយ មិន​ប្រព្រឹត្ត​ឲ្យកន្លង ដរាបអស់​ជីវិតទេ។ ម្នាលអានន្ទ ប្រសិនបើ​មាតុគ្រាម មិនបាន​ចេញ​ចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​​ដោយផ្ទះ ក្នុងធម្មវិន័យ ដែល​តថាគត​សំដែង​ហើយ​ទេ ​ម្នាលអានន្ទ ព្រហ្មចរិយធម៌ នឹង​បានតាំង​នៅ​ជា​អង្វែង ព្រះសទ្ធម្ម គឺ​អរហត្តផល នឹង​បានតាំង​នៅអស់ ១ ពាន់ឆ្នាំ។ ម្នាលអានន្ទ តែកាលណា​​មាតុគ្រាម​ចេញចាកផ្ទះ បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ ដែលតថាគត​សំដែងហើយ ម្នាលអានន្ទ ឥឡូវ​នេះ ព្រហ្មចរិយធម៌ នឹង​មិនតាំងនៅ​យូរអង្វែង​ទេ ម្នាលអានន្ទ ឥឡូវនេះ ព្រះសទ្ធម្មនឹង​ឋិត​នៅ​បានត្រឹមតែ​ប្រាំរយ​ឆ្នាំវិញ ម្នាលអានន្ទ ត្រកូល​ទាំងឡាយណាមួយ ​ដែលមាន​ស្រី​ច្រើន មានប្រុស​តិច ត្រកូលទាំងនោះ ពួកចោរលួច​ឧជប្រទីបក្នុង​ក្អមឆ្នាំង ហើយគន់​មើលទ្រព្យ​ក្នុងផ្ទះ​អ្នក​ដទៃ ​ដោយពន្លឺ​នោះ អាចចូល​មកបំផ្លាញ​បានដោយងាយ យ៉ាង​ណា​មិញ ម្នាលអានន្ទ មាតុគ្រាម​ចេញចាកផ្ទះ បានបព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុង​ធម្មវិន័យ គឺព្រហ្មចរិយធម៌ណា ព្រហ្មចរិយធម៌​នោះ មិនបានតាំងនៅ​យូរអង្វែងទេ ក៏យ៉ាង​នោះដែរ។ ម្នាលអានន្ទ រោគជាតិឈ្មោះសេតដ្ឋិកា (ក្រា-ស) ធ្លាប់ចុះ​ក្នុងស្រែ​ស្រូវ​ណា ដែលកំពុង​តែលូតលាស់​ល្អ ស្រែស្រូវនោះ មិនបាន​តាំងនៅ​យូរអង្វែង ដោយ​ប្រការ​យ៉ាងនេះ យ៉ាងណា​មិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាកផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌នោះ មិនបាន​តាំង​នៅ​យូរ​អង្វែងទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ រោគជាតិ​ឈ្មោះ​មញ្ជេដ្ឋិកា (ក្រាក្រហម) ធ្លាក់ចុះ​ក្នុង​ច្បារអំពៅ​ណា ដែលកំពុង​លូតលាស់ល្អ ច្បារអំពៅនោះ មិន​បាន​តាំង​នៅយូរអង្វែង ដោយប្រការ​យ៉ាងនេះ យ៉ាងណាមិញ ម្នាលអានន្ទ មាតុគ្រាម ចេញចាក​ផ្ទះ បាន​បព្វជ្ជា មិនមាន​ប្រយោជន៍​ដោយផ្ទះ ក្នុងធម្មវិន័យ គឺ​ព្រហ្មចរិយធម៌​ណា ព្រហ្មចរិយធម៌នោះ មិនបានតាំងនៅ​យូរអង្វែង​ទេ ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ បុរស ប្រញាប់​លើកទំនប់​ទប់ទឹកស្រះ​ដ៏ធំ​ជាមុន ដើម្បី​មិនឲ្យ​ទឹកហូរ​ចេញទៅជាកំណត់ យ៉ាង​ណាមិញ ម្នាលអានន្ទ គរុធម៌ ៨ ប្រការ ដែលតថាគត បានបញ្ញត្ត​ហើយ ចំពោះ​ភិក្ខុនី​​ជា​ដម្បូង ដើម្បី​មិនឲ្យ (ភិក្ខុនី) ប្រព្រឹត្ត​កន្លង ដរាបដល់អស់ជីវិត ក៏យ៉ាង​នោះដែរ។

 ឱវាទសូត្រ ទី២

[៥២] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ក្បែរក្រុង​វេសាលី។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះព្រះ​អានន្ទ​ដ៏មានអាយុ អង្គុយក្នុង​ទីសមគួរហើយ ទើបក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុប្រកប​ដោយធម៌​ប៉ុន្មាន ដែលសង្ឃ​គួរសន្មត ជាអ្នក​ឲ្យឱវាទដល់នាង​ភិក្ខុនីបាន។ ម្នាលអានន្ទ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ ទើបសង្ឃ​គួរ​សន្មត ជាអ្នក​ឲ្យឱវាទ​ដល់នាង​ភិក្ខុនីបាន។ ប្រកប​ដោយធម៌ទាំង ៨ ប្រការ តើ​ដូចម្ដេច។ ម្នាល​អានន្ទ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ​ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជាអ្នក​ចេះចាំច្រើន។បេ។ យល់ត្រឹម​ត្រូវដោយទិដ្ឋិ ១​ បាតិមោក្ខទាំងពីរ​ ភិក្ខុនោះ ក៏ចេះចាំ​ដោយសេចក្ដី​ពិស្ដារ ចែកចេញ​ដោយប្រពៃ ចាំស្ទាត់​រត់មាត់ កាត់​សេចក្ដី​បាន​ដោយល្អ តាមសូត្រ តាម​អនុព្យញ្ជនៈ ១ ជាអ្នកមាន​វាចាពីរោះ ពោលពាក្យ​ពីរោះ ប្រកបដោយវាចា​អ្នកក្រុង ជាវាចា​ក្បោះក្បាយ​ មិនមានទោស អាចញុំាង​អ្នកផង ឲ្យដឹងច្បាស់​សេចក្ដី ១ ជាអ្នកអង់អាច ដើម្បីញុំាង​ភិក្ខុនីសង្ឃ ឲ្យយល់ ឲ្យប្រតិបត្តិ​តាម ឲ្យក្លាហាន​ ឲ្យជ្រះថ្លា​ដោយធមី្មកថា ១ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត​នៃនាង​ភិក្ខុនីទាំង​ឡាយ​ដោយច្រើន ១ ជាអ្នកមិនធ្លាប់​ត្រូវគរុកាបត្តិ [សំដៅយក​កាយសំសគ្គៈ ការចាប់​ពាល់​ត្រូវ​កាយភិក្ខុនី។ អដ្ឋកថា។] ដោយ​នាង​ភិក្ខុនី ដែលស្លៀក​សំពត់​ជ្រលក់​ដោយ​ទឹក​អម្ចត់ បួស​ចំពោះ​ព្រះដ៏មានព្រះភាគ​អង្គនុ៎ះ ១ ជាអ្នក​មានវស្សា ២០ ឬ​មានវស្សា​ច្រើន​ជាង ២០ ឡើង​ទៅ ១។ ម្នាល​អានន្ទ ភិក្ខុប្រកប​ដោយធម៌​ទាំង ៨ ប្រការ​នេះឯង ទើប​សង្ឃ​គួរសន្មត​ជាអ្នកឲ្យឱវាទ​ដល់នាង​ភិក្ខុនី​បាន។

 សំខិត្តសូត្រ ទី៣

[៥៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ក្បែរ​ក្រុង​វេសាលី។ គ្រានោះ ព្រះនាង​មហាបជាបតិ​គោតមី ចូលទៅគាល់​ព្រះដ៏មាន​ព្រះ​ភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចហើយ​ក៏ឋិតនៅ​ក្នុងទី​សម​គួរ។ លុះព្រះនាង​មហា​បជាបតិ​គោតមី ឋិតនៅក្នុង​ទីសមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រ​​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ សំដែង​ធម៌​ដោយ​សង្ខេប​ដល់​ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ​បានស្ដាប់​ធម៌ព្រះដ៏មាន​ព្រះភាគ​ហើយ គប្បី​ចៀសចេញ​ទៅ​តែម្នាក់ឯង មិនប្រមាទ មានសេចក្ដី​ព្យាយាម ជាគ្រឿងដុត​កំដៅកិលេស មានចិត្ត​បញ្ជូន​​ទៅកាន់​ព្រះនិព្វាន (មិនខាន)។ ម្នាល​នាងគោតមី នាង​គប្បីដឹង​នូវធម៌​ទាំងឡាយ​ណា ធម៌ទាំងនេះ រមែងប្រព្រឹត្ត​ទៅ ដើម្បីប្រកប​ដោយ​តម្រេក មិនប្រព្រឹត្ត​ទៅ ដើម្បី​ប្រាសចាក​តម្រេក ប្រព្រឹត្តទៅ ដើម្បី​ប្រកប​ក្នុងវដ្តៈ មិន​ប្រព្រឹត្តទៅ ដើម្បី​ប្រាសចាក​ការប្រកប​ក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីការសន្សំ​កិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បី​មិនមាន​ការសន្សំ​កិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​ប្រាថ្នាច្រើន មិនប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​ប្រាថ្នាតិច ប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​មិនសន្ដោស មិនប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សន្ដោស ប្រព្រឹត្ត​ទៅ ដើម្បី​ច្រឡូកច្រឡំ​ដោយពួក មិនប្រព្រឹត្តទៅ ដើម្បី​ស្ងាត់ចាកពួក ប្រព្រឹត្តទៅ ដើម្បី​សេចក្ដីខ្ជិល​ច្រអូស មិនប្រព្រឹត្តទៅ ដើម្បីប្រារព្ធ​សេចក្ដី​ព្យាយាម ប្រព្រឹត្តទៅ ដើម្បី​ឲ្យគេ​ចិញ្ចឹមក្រ មិនប្រព្រឹត្តទៅ ដើម្បីឲ្យ​គេចិញ្ចឹមងាយ។ ម្នាល​នាងគោតមី នាង​គប្បីចាំទុក​ដោយ​ពិតចុះថា នេះមិនមែន​ជាធម៌ នេះមិនមែន​ជាវិន័យ នេះមិនមែន​ជាពាក្យប្រៀន​ប្រដៅ​របស់ព្រះសាស្ដា​ទេ។ ម្នាលនាង​គោតមី មួយទៀត នាង​គប្បីដឹង​នូវធម៌​ទាំងឡាយណា ធម៌ទាំងនេះ រមែង​ប្រព្រឹត្តទៅ ដើម្បីប្រាស​ចាកតម្រេក មិន​ប្រព្រឹត្ត​ទៅ ដើម្បីប្រកប​ដោយ​តម្រេក ប្រព្រឹត្តទៅ ដើម្បី​ប្រាសចាកការប្រកបក្នុងវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីការប្រកប​ក្នុងវដ្ដៈ ប្រព្រឹត្តទៅ ដើម្បីមិនមាន​ការសន្សំ​កិលេសវដ្ដៈ មិនប្រព្រឹត្តទៅ ដើម្បី​ការ​សន្សំកិលេសវដ្ដៈ ប្រព្រឹត្តទៅ ដើម្បី​សេចក្ដីប្រាថ្នាតិច មិនប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ប្រាថ្នាច្រើន ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សន្ដោស មិនប្រព្រឹត្តទៅ ដើម្បី​មិន​សន្ដោស ប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដី​ស្ងាត់ចាកពួក មិនប្រព្រឹត្ត​ទៅ ដើម្បីច្រឡូក​ច្រឡំ​ដោយពួក ប្រព្រឹត្ត​ទៅ ដើម្បីប្រារព្ធ​សេចក្ដីព្យាយាម មិន​ប្រព្រឹត្តទៅ ដើម្បីសេចក្ដី​ខ្ជិលច្រអូស ប្រព្រឹត្ត​ទៅ ដើម្បីឲ្យ​គេចិញ្ចឹម​ងាយ មិនប្រព្រឹត្ត​ទៅ ដើម្បីឲ្យគេ​ចិញ្ចឹមក្រ។ ម្នាលនាង​គោតមី នាង​គប្បី​ចាំទុក ដោយ​ពិតចុះថា នេះជាធម៌ នេះជា​វិន័យ នេះជា​ពាក្យ​ប្រៀនប្រដៅ របស់​ព្រះសាស្ដា​ហើយ។

 ទីឃជាណុសូត្រ ទី៤

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុង​និគមឈ្មោះ​កក្ករបត្តៈ របស់​កោឡិយក្សត្រ ក្នុងដែន​កោឡិយៈ។ គ្រានោះ ទីឃជាណុកោឡិយបុត្រ (កោឡិយបុត្រ ឈ្មោះ​ទីឃជាណុ) ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ ក្រាបថ្វាយបង្គំ​ព្រះ​ដ៏មានព្រះភាគ​រួចហើយ អង្គុយ​ក្នុង​ទីសមគួរ។ លុះ​ទីឃជាណុកោឡិយបុត្រ អង្គុយ​ក្នុង​ទីសមគួរ​ហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំ​ព្រះអង្គ​ជាគ្រហស្ថ បរិភោគកាម តែង​គ្រប់គ្រង​ទីដំណេក​ចង្អៀតចង្អល់​ដោយ​កូន ប្រស់​ព្រំនូវ​លំអិត​នៃខ្លឹមចន្ទន៍ ពីដែន​កាសី ទ្រទ្រង់នូវ​ផ្កាកម្រង គ្រឿងក្រអូប គ្រឿង​លាប ត្រេកអរ​នូវមាស និងប្រាក់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ធម៌​បែបនោះ ដល់យើងខ្ញុំ​ទាំងឡាយ​នោះ ជាធម៌​ប្រពឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ​ក្នុងបច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុងបរលោក ដើម្បី​សេចក្ដីសុខ ក្នុង​បរលោក ដល់យើង​ខ្ញុំព្រះអង្គ។ ម្នាល​ព្យគ្ឃបជ្ជៈ [ហៅតាម​បវេណី ព្រោះបុព្វបុរស គឺ​ត្រកូលរបស់​បុរសនោះ កើតក្បែរផ្លូវខ្លាធំ។ អដ្ឋកថា។] ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្ត​ទៅ ដើម្បីប្រយោជន៍​ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ​ក្នុងបច្ចុប្បន្ន ដល់​កុលបុត្រ។ ធម៌៤ ប្រការ តើ​ដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១។ ម្នាលព្យគ្ឃបជ្ជៈ ចុះឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ កុលបុត្រ ក្នុង​លោកនេះ ចិញ្ចឹមជីវិត ដោយការ​ប្រឹងប្រែង ក្នុងការងារ​ណា ទោះភ្ជួររាស់​ក្ដី ជួញ​ប្រែក្ដី រក្សាគោក្ដី ការងាររបស់​ខ្មាន់ធ្នូក្ដី ការងារ​របស់រាជ​បុរសក្ដី សិល្បៈ​ណា​មួយក្ដី ជាអ្នក​ប៉ិន​ប្រសប់ ក្នុងការងារ​ទាំងនោះ មិនខ្ជិលច្រអូស ប្រកបដោយ​ឧបាយ ជាគ្រឿង​ពិចារណា ក្នុងការងារ​ទាំងនោះថា គួរធ្វើ គួរចាត់ចែង ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​អារក្ខសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ ភោគៈ​ទាំងឡាយ ដែល​កុលបុត្រ​ក្នុងលោកនេះ បានមក​ដោយកំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ​ដោយ​កំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ​ប្រកបដោយ​ធម៌ បានមក​ដោយ​ធម៌ កុលបុត្រនោះ បានញុំាង​ភោគៈទាំងនោះ ឲ្យសម្រេច​ដោយការ​រក្សា​គ្រប់គ្រង ដោយ​គិត​ថា ធ្វើដូចម្ដេច កុំឲ្យសេ្ដច​ទាំងឡាយ នាំយក​ភោគៈ​ទាំងនេះ របស់អាត្មាអញ​ទៅបាន កុំឲ្យ​ពួកចោរ​លួច​ទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យ​ទឹកបន្សាត់​ទៅបាន កុំឲ្យ​ពួកទាយាទ មិនជា​ទីស្រឡាញ់ ដណ្ដើម​យកទៅបាន ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា អារក្ខសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាលព្យគ្ឃបជ្ជៈ  កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគមណា ពួកជនណា ទោះ​គហបតីក្ដី គហបតិបុត្រក្ដី ក្មេង តែចំរើន​ដោយសីលក្ដី ចាស់ហើយ តែចំរើន​ដោយសីលក្ដី បរិបូណ៌​ដោយ​សទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា ដែល​នៅ​ក្នុង​ស្រុក ឬ​និគមនោះ កុលបុត្រ​នោះ តែងឈរ ចរចា សាកច្ឆាជាមួយនឹង​ពួក​ជនទាំងនោះ តែង​សិក្សា​នូវ​សទ្ធាសម្បទា​នឹងពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាមសមគួរ សិក្សា​នូវ​សីលសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នក​បរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា កល្យាណមិត្តតា។ ម្នាលព្យគ្ឃបជ្ជៈ ចុះសមជីវិតា តើដូចម្តេច។ ម្នាល​ព្យគ្ឃបជ្ជៈ  កុលបុត្រ​ក្នុងលោកនេះ ដឹងច្បាស់នូវ​ការចំរើននៃ​ភោគៈទាំងឡាយផង ដឹងច្បាស់​នូវការវិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រៀបដូច​ជនអ្នក​ថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នកថ្លឹង​ជញ្ជីងក្ដី លើកនូវ​ជញ្ជីង​ថ្លឹងហើយ ក៏ដឹងថា ទន់​ទៅខាង​ម្ខាងផង បះឡើង​ខាងម្ខាងផង យ៉ាងណាមិញ ម្នាលព្យគ្ឃបជ្ជៈ  កុលបុត្រ​អ្នកដឹងច្បាស់​នូវការ​ចំរើន​នៃភោគៈទាំងឡាយ​ផង ដឹងច្បាស់នូវ​ការវិនាសទៅ នៃ​ភោគៈ​ទាំងឡាយផង ហើយចិញ្ចឹម​ជិវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើន របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស​របស់​អាត្មា​អញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច ហើយចិញ្ចឹម​ជីវិតច្រើន​លើស​លុប អ្នកផង​តែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា [អ្នកចង់ស៊ីផ្លែល្វា មិនបេះឲ្យល្មម​តែបរិភោគឆ្អែត ទៅចាប់​ដើម​អង្រន់ ឲ្យជ្រុះ​ផ្លែទាំង​អស់នោះតែម្តង ហើយរើសយក​តែផ្លែណាដែល​គួរស៊ីបាន ផ្លែ​ក្រៅពីនោះ នៅសល់ចោលជាច្រើន។ អដ្ឋកថា។]។ ម្នាល​ព្យគ្ឃបជ្ជៈ ប្រសិនបើ​កុលបុត្រ​នេះ មានសេចក្ដី​ចំរើនធំ​ហើយ ចិញ្ចឹមជីវិត​ដោយក្បិតក្បៀត អ្នកផង​ទាំងឡាយ រមែងនិយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ មុខជា​នឹងស្លាប់ ៗ ដោយ​ឥតទីពឹង។ ម្នាល​ព្យគ្ឃបជ្ជៈ កាលណា​កុលបុត្រនេះ ដឹងច្បាស់​នូវសេចក្ដីចំរើន នៃភោគៈ​ទាំងឡាយ​ផង ដឹងច្បាស់​នូវសេចក្ដី​វិនាសនៃភោគៈ​ទាំងឡាយ​ផង ហើយចិញ្ចឹម​ជីវិតស្មើ មិន​ខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀត​ពេក ដោយគិតថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្របសង្កត់​នូវសេចក្ដី​វិនាសយ៉ាងនេះ ឯសេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្រប​សង្កត់សេចក្ដី​ចំរើនបានឡើយ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា សមជីវិតា។ ម្នាល​ព្យគ្ឃបជ្ជៈ កាលដែល​ភោគៈទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃសេចក្ដី​វិនាស ៤ យ៉ាង​ គឺ ជាអ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រដ៏លាមក មាន​សំឡាញ់​ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១។ ម្នាល​ព្យគ្ឃបជ្ជៈ ដូច​ស្រះទឹកដ៏ធំ មាន​ផ្លូវនៃ​សេចក្ដី​ចំរើន ៤ យ៉ាងផង មាន​ប្រធាន​នៃសេចក្ដី​វិនាស ៤ យ៉ាងផង បុរស​គប្បីបិទ​ខ្ទប់នូវ​ផ្លូវ​នៃសេចក្ដី​វិនាសទាំងនោះ របស់​ស្រះនោះក្ដី គប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះក្ដី ទាំងភ្លៀង ក៏មិនបង្អោរ​នូវធារទឹក​ដោយប្រពៃក្ដី ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាងនេះហើយ ស្រះដ៏ធំ​នោះ នឹង​មានសេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ​ យ៉ាងណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មានមិត្រ​ដ៏លាមក មានសំឡាញ់ដ៏លាមក សមគប់​នឹង​បុគ្គល​ដ៏លាមក ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ កាលបើភោគៈទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ ប្រធាននៃ​សេចក្ដី​ចំរើន ៤ យ៉ាងគឺ ជាអ្នក​មិនលេងស្រី ១ មិន​លេងសុរា ១ មិនលេង​ល្បែងភ្នាល់១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១ ក៏មាន​ឡើង។ ម្នាល​ព្យគ្ឃបជ្ជៈ ដូចស្រះ​ទឹកដ៏ធំ មានផ្លូវនៃ​សេចក្ដីចំរើន ៤ យ៉ាងផង មានប្រធាន​នៃសេចក្ដីវិនាស ៤ យ៉ាងផង បុរសគប្បីបើក​បង្ហូរនូវផ្លូវ​នៃសេចក្ដី​ចំរើន​ទាំង​នោះ របស់ស្រះនោះផង គប្បី​បិទនូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះផង ទាំងភ្លៀង ក៏បង្អោរ​ចុះនូវធារទឹក ដោយ​ប្រពៃផង ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​យ៉ាង​នេះហើយ សេចក្ដីចំរើន​របស់ស្រះនោះ នឹង​មានប្រាកដ មិនមាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាង​ណាមិញ ម្នាល​ព្យគ្ឃបជ្ជៈ កាលបើ​ភោគៈ​ទាំងឡាយ ចំរើនឡើង​យ៉ាងនេះហើយ រមែង​មានផ្លូវ នៃសេចក្ដីចំរើន ៤ យ៉ាងគឺ អ្នកមិនលេងស្រី ១ មិនលេងសុរា ១ មិនលេង​ល្បែងភ្នាល់ ១ មានមិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្យគ្ឃបជ្ជៈ ធម៌ទាំងឡាយ ៤ ប្រការនេះឯង ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដីសុខ​ក្នុងបច្ចុប្បន្ន ដល់កុលបុត្រ។  ម្នាលព្យគ្ឃបជ្ជៈ  ធម៌​ទាំង​ឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍ក្នុងបរលោក ដើម្បី​សេចក្ដីសុខ​ក្នុងបរលោក ដល់កុលបុត្រ។ ធម៌ ៤ ប្រការ តើដូចម្ដេច។ គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សទ្ធាសម្បទា តើដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការ​ត្រាស់ដឹង​នៃ​ព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ​អង្គនោះ។បេ។ ជាសាស្ដា​នៃទេវតា និង​មនុស្ស​ទាំងឡាយ ទ្រង់​ត្រាស់​ដឹង​នូវចតុរារិយសច្ច ទ្រង់លែង​វិលត្រឡប់​មកកាន់​ភពថ្មីទៀត​ហើយ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា​សទ្ធាសម្បាទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​សីលសម្បទា តើដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ ជាអ្នក​វៀរចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាល​ព្យគ្ឃបជ្ជៈ នេះ​ហៅថា សីលសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​ចាគៈសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ មាន​ចិត្ត​ប្រាសចាក​មន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់​គ្រងផ្ទះ មានទាន​បរិច្ចាគ​រួចស្រឡះហើយ មាន​ដៃលាងហើយ ត្រេកអរ​ក្នុងការលះបង់ គួរដល់ស្មូម ត្រេកអរ​ក្នុងការចែក​រលែក​នូវ​ទាន ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា ចាគសម្បទា។ ម្នាល​ព្យគ្ឃបជ្ជៈ ចុះ​បញ្ញាសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្យគ្ឃបជ្ជៈ កុលបុត្រ​ក្នុងលោកនេះ មានប្រាជ្ញា​ ប្រកប​ដោយប្រាជ្ញា ជា​ដំណើរ​យល់ការ​សេចក្ដី​ចំរើន និង​សេចក្ដីវិនាស ជាប្រាជ្ញា​ដ៏ប្រសើរ​មុះមុត ជាដំណើរ​យល់ការ​ដែលអស់​ទៅ នៃ​ទុក្ខ​ដោយប្រពៃ ម្នាល​ព្យគ្ឃបជ្ជៈ នេះហៅថា បញ្ញាសម្បទា។ ម្នាលព្យគ្ឃបជ្ជៈ ធម៌ទាំង៤ យ៉ាងនេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បី​សេចក្ដីសុខ​ក្នុងបរលោក ដល់​កុលបុត្រ។

កុលបុត្រ អ្នកមានព្យាយាម​ប្រឹងប្រែង ក្នុងទី​នៃការងារ​ទាំងឡាយ ១ មិន​ប្រហែស​ធ្វេស​មានការចាត់ចែង ១ ចិញ្ចឹម​ជីវិតស្មើ ១ ចេះ​ថែរក្សាទ្រព្យ ដែល​រកបានមក ១ មានសទ្ធា ១ បរិបូណ៌​ដោយសីល ១ ដឹងនូវ​ពាក្យពេចន៍ ១ ប្រាសចាក​សេចក្ដី​កំណាញ់ រមែងជំរះនូវផ្លូវ​ មានសួស្ដី ជាផ្លូវ​ទៅកាន់​បរលោក​ជានិច្ច ១ ធម៌ទាំង៨ ប្រការនេះ តែងនាំមក​នូវសេចក្ដី​សុខ​ក្នុង​លោក​ទាំងពីរ ដែល​ព្រះដ៏មានព្រះភាគ ព្រះអង្គ​ជាសច្ចនាម ទ្រង់សំដែង​ហើយ ដល់​កុលបុត្រ​អ្នកមានសទ្ធា ស្វែង​រកផ្ទះ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង ដោយ​ប្រការ​ដូច្នេះ ការ​បរិច្ចាគ និងបុណ្យនេះ តែង​ចំរើន​ដល់​គ្រហស្ថទាំង​ឡាយ យ៉ាងនេះឯង។

 ឧជ្ជយសូត្រ ទី៥

[៥៥] លំដាប់នោះ ឧជ្ជយព្រាហ្មណ៍ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏និយាយរីករាយ​ជាមួយ​នឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួរ​រីករាយ និង​ពាក្យដែល​គួររលឹក​ហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះ​ឧជ្ជយព្រាហ្មណ៍ អង្គុយ​ក្នុងទី​សមគួរ​ហើយ ក៏ក្រាបបង្គំ​ទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន យើងខ្ញុំ​មានប្រាថ្នា ដើម្បីទៅ​ឃ្លាត​ចេញអំពីស្រុក ធម៌​ទាំងឡាយ​ណា ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្ដីសុខ ក្នុង​បច្ចុប្បន្ន ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បីសេចក្តីសុខ ក្នុងបរលោក គប្បីមានដល់​ពួកយើងខ្ញុំ សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់សំដែង​នូវ​ធម៌នោះ​ដល់យើងខ្ញុំ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្ន ដើម្បីសេចក្ដី​សុខ ក្នុង​បច្ចុប្បន្ន ដល់​កុលបុត្រ។ ធម៌៤ ប្រការ តើដូចម្ដេច។ គឺ ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ ​សមជីវិតា ១។ ម្នាល​ព្រាហ្មណ៍ ចុះឧដ្ឋានសម្បទា តើ​ដូចម្តេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ចិញ្ចឹម​ជីវិត​ដោយការ​ប្រឹងប្រែង ក្នុង​ការងារ​ណា ទោះភ្ជួរក្ដី ជួញប្រែក្ដី រក្សាគោក្តី ការងារ​របស់​ខ្មាន់ធ្នូក្ដី ការងារ​របស់​រាជបុរស​ក្ដី សិល្បៈណាមួយ​ក្ដី ជាអ្នកប៉ិន​ប្រសប់​ក្នុងការងារ​ទាំងនោះ មិនខ្ជិល​ច្រអូស ប្រកប​ដោយ​ឧបាយ ជាគ្រឿង​​ពិចារណា ក្នុងការងារ​ទាំងនោះថា គួរធ្វើ គួរ​ចាត់ចែង ម្នាល​ព្រាហ្មណ៍ នេះហៅថា ឧដ្ឋានសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​អារក្ខសម្បទា តើដូចម្ដេច។ ម្នាល​ព្រហ្មណ៍ ភោគៈទាំងឡាយ ដែល​កុលបុត្រ​ក្នុង​លោកនេះ បានមក​ដោយ​កំឡាំង​ព្យាយាម ប្រឹងប្រែង សន្សំ ដោយ​កំឡាំងដៃ បែកញើស ហូរញើស ជាភោគៈ ប្រកប​ដោយធម៌ កុលបុត្រនោះ រមែងញុំាង​ភោគៈទាំងនោះ ឲ្យសម្រេច ដោយការ​រក្សា​គ្រប់គ្រង​ ដោយគិតថា ធ្វើដូចម្ដេច កុំឲ្យសេ្ដច​ទាំងឡាយ នាំយក​ភោគៈ​ទាំងនេះ របស់​អាត្មាអញ​ទៅបាន កុំឲ្យពួកចោរ​លួចយក​ទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យ​ទឹកបន្សាត់​ទៅ​បាន កុំឲ្យពួក​ទាយាទ មិនជាទី​ស្រឡាញ់ ដណ្ដើម​យក​ទៅបាន ម្នាល​ព្រាហ្មណ៍ នេះហៅថា​អារក្ខសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​កល្យាណមិត្តតា តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ នៅអាស្រ័យ​ក្នុងស្រុក ឬ​និគម​ណា ពួកជនណា ទោះ​គហបតី​ក្ដី គហបតិ​បុត្រក្ដី ក្មេង​ តែចំរើន​ដោយសីល ចាស់ហើយ​តែ​ចំរើន​ដោយ​សីល បរិបូណ៌​ដោយសទ្ធា បរិបូណ៌​ដោយសីល បរិបូណ៌​ដោយចាគៈ បរិបូណ៌​ដោយបញ្ញា មាន​នៅក្នុង​ស្រុក ឬនិគម​នោះ (កុលបុត្រនោះ) រមែង​ឈរចរចា សាកច្ឆាជាមួយ​នឹង​ពួក​ជន​ទាំងនោះ តែង​សិក្សានូវ​សទ្ធាសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសទ្ធា តាម​សមគួរ សិក្សានូវ​សីលសម្បទា​ នឹង​ពួកជន​អ្នកបរិបូណ៌​ដោយសីល តាមសមគួរ សិក្សានូវ​ចាគសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយចាគៈ តាមសមគួរ សិក្សានូវ​បញ្ញាសម្បទា នឹង​ពួកជន​អ្នកបរិបូណ៌​ដោយបញ្ញា តាមសមគួរ ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា កល្យាណមិត្តតា។ ម្នាល​ព្រាហ្មណ៍ ចុះ​សមជីវិតា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍  កុលបុត្រ​ក្នុង​លោកនេះ ដឹងច្បាស់​នូវការចំរើន​នៃភោគៈ​ទាំងឡាយ​ផង ដឹងច្បាស់​នូវការ​វិនាសទៅ នៃ​ភោគៈ​ទាំងឡាយ​ផង ហើយចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀត​ពេក ដោយ​គិតថា សេចក្ដីចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស​យ៉ាងនេះ ឯ​សេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ។ ម្នាល​ព្រាហ្មណ៍ ប្រៀប​ដូចជន​អ្នកថ្លឹង​ជញ្ជីង​ក្ដី កូនសិស្ស​នៃជនអ្នក​ថ្លឹងជញ្ជីង​ក្ដី លើកនូវ​ជញ្ជីងថ្លឹង ហើយ​ក៏ដឹង​ថា ទន់ទៅ​ខាងម្ខាង បះឡើង​ខាងម្ខាង​ផង យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​អ្នកដឹងច្បាស់​នូវការចំរើន នៃភោគៈ​ទាំង​ឡាយផង ដឹងច្បាស់​នូវការ​វិនាស​ទៅ នៃភោគៈ​ទាំងឡាយផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយពេក មិនក្បិត​ក្បៀតពេក ដោយ​គិតថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាស​យ៉ាងនេះ ឯ​សេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​កុំគ្របសង្កត់​សេចក្ដីចំរើន​បានឡើយ ក៏យ៉ាង​នោះដែរ។ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រនេះ មានសេចក្ដី​ចំរើនតិច តែ​ចិញ្ចឹមជីវិត ច្រើន​លើស​លុប អ្នកផង​ទាំងឡាយ តែង​និយាយ​ដល់កុលបុត្រ​នោះថា កុលបុត្រនេះ បរិភោគ​នូវ​ភោគៈ​ទាំងឡាយ ដូចជាគេ​ស៊ីផ្លែល្វា។ ម្នាល​ព្រាហ្មណ៍ ប្រសិនបើ​កុលបុត្រនេះ មាន​សេចក្ដី​ចំរើនធំ តែ​ចិញ្ចឹម​ជីវិត ដោយ​ក្បិតក្បៀត អ្នកផង​ទាំងឡាយ រមែង​និយាយ​ដល់​កុលបុត្រ​នោះថា កុលបុត្រ​នេះ មុខជានឹង​ស្លាប់ ៗ ដោយ​ឥត​ទីពឹង។ ម្នាល​ព្រាហ្មណ៍ កាលណា​កុលបុត្រ​នេះ ដឹងច្បាស់នូវ​ការចំរើន នៃភោគៈ​ទាំងឡាយផង ដឹងច្បាស់​នូវការ​វិនាស​ទៅ នៃភោគៈ​ទាំង​ឡាយផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនខ្ជះខ្ជាយ​ពេក មិនក្បិតក្បៀតពេក ដោយ​គិតថា សេចក្ដី​ចំរើន​របស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដីវិនាស យ៉ាងនេះ ឯ​សេចក្ដី​វិនាស របស់អាត្មាអញ នឹង​កុំគ្រប​សង្កត់​សេចក្ដីចំរើន​បានឡើយ ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា សមជីវិតា។ ម្នាល​ព្រាហ្មណ៍ កាល​ដែលភោគៈ​ទាំងឡាយ ចំរើន​ឡើង​យ៉ាងនេះ​ហើយ រមែងមាន​ផ្លូវ​នៃសេចក្ដី​វិនាស ៤ ប្រការ គឺជាអ្នក​លេងស្រី ១ លេងសុរា ១ លេងល្បែង​ភ្នាល់ ១ មាន​មិត្រលាមក មានសំឡាញ់​លាមក សមគប់​នឹង​បុគ្គលលាមក ១។ ម្នាល​ព្រាហ្មណ៍ ដូចស្រះធំ មានផ្លូវនៃ​សេចក្ដីចំរើន ៤ ផង មានផ្លូវ​នៃសេចក្ដី​វិនាស ៤ ផង បុរស​គប្បី​បិទខ្ទប់​នូវផ្លូវ​នៃសេចក្ដី​ចំរើន​ទាំងនោះ របស់​ស្រះនោះផង គប្បី​បើកបង្ហូរ នូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់ស្រះ​នោះផង ទាំងភ្លៀង​សោត ក៏មិន​បង្អោរ​នូវ​ធារទឹក ដោយប្រពៃ​ផង ម្នាល​ព្រាហ្មណ៍ កាលបើ​យ៉ាងនេះ ស្រះដ៏ធំនោះ នឹង​មាន​សេចក្ដី​សាបសូន្យ​ជាប្រាកដ មិនមាន​សេចក្ដីចំរើន​ឡើយ យ៉ាងណា​មិញ ម្នាល​ព្រាហ្មណ៍ កាល​ដែល​ភោគៈទាំងឡាយ ចំរើនឡើង យ៉ាងនេះ​ហើយ រមែងមាន​ផ្លូវនៃ​សេចក្ដីវិនាស ៤ យ៉ាងគឺ ជាអ្នកលេងស្រី ១ លេងសុរា ១ លេងល្បែងភ្នាល់ ១ មាន​មិត្រលាមក មាន​សំឡាញ់​លាមក សមគប់នឹង​បុគ្គលលាមក ១ ក៏យ៉ាងនោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ កាលដែលភោគៈ​ទាំងឡាយ​ចំរើនឡើង យ៉ាងនេះហើយ រមែងមាន​ផ្លូវ​នៃ​សេចក្ដី​ចំរើន ៤ ប្រការគឺ ជាអ្នក​មិនលេងស្រី ១ មិនលេងសុរា ១ មិនលេង​ល្បែងភ្នាល់ ១ មាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹង​បុគ្គលល្អ ១។ ម្នាល​ព្រាហ្មណ៍ ស្រះធំ​មានផ្លូវ​នៃ​សេចក្ដី​ចំរើន ៤ផង មានផ្លូវ​នៃសេចក្ដីវិនាស ៤ផង បុរស​គប្បី​បើកបង្ហូរ​នូវផ្លូវ​នៃ​សេចក្ដី​ចំរើន​ទាំងនោះ របស់​ស្រះនោះផង គប្បីបិទ​នូវផ្លូវ​នៃសេចក្ដី​វិនាស​ទាំងនោះ របស់​ស្រះ​នោះ​ផង ទាំង​ភ្លៀងសោត ក៏បង្អោរ​ចុះនូវធារទឹក​ដោយប្រពៃផង ម្នាល​ព្រាហ្មណ៍ កាលបើ​យ៉ាងនេះហើយ សេចក្ដីចំរើន​របស់ស្រះនោះ​ នឹងមាន​ប្រាកដ មិនមាន​សេចក្ដី​សាបសូន្យ​ឡើយ យ៉ាងណា​មិញ ម្នាល​ព្រាហ្មណ៍ កាលបើ​ភោគៈទាំងឡាយ ចំរើន​ឡើង យ៉ាងនេះហើយ រមែង​មាន​ផ្លូវនៃ​សេចក្ដីចំរើន ៤ ប្រការ គឺ​ជាអ្នក​មិនលេងស្ត្រី ១។បេ។ សមគប់នឹង​បុគ្គលល្អ ១ យ៉ាងនោះ​ដែរ។ ម្នាល​ព្រាហ្មណ៍ ធម៌ទាំង​ឡាយ ៤ ប្រការនេះ​ឯង តែង​ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន ដើម្បី​សេចក្តីសុខ​ក្នុង​បច្ចុប្បន្ន ដល់​កុលបុត្រ។ ម្នាលព្រាហ្មណ៍ ធម៌ទាំងឡាយ ៤ ប្រការនេះ ប្រព្រឹត្តទៅ ដើម្បី​ប្រយោជន៍​ក្នុង​បរលោក ដើម្បីសេចក្ដី​សុខ ក្នុង​បរលោក ដល់​កុលបុត្រ។ ធម៌ ៤ ប្រការ តើ​ដូចម្ដេច។ គឺ​សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលព្រាហ្មណ៍ ចុះ​សទ្ធាសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នក​មានសទ្ធា ជឿ​នូវការ​ត្រាស់ដឹង​នៃព្រះតថាគត​ថា ព្រះដ៏មានព្រះភាគ អង្គនោះ។បេ។ ជា​សាស្ដានៃ​ទេវតា និង​មនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវ​ចតុរារិយសច្ច ទ្រង់លែងវិល​ត្រឡប់មក​កាន់​ភពថ្មី​ទៀតហើយ ម្នាល​ព្រាហ្មណ៍ នេះហៅថា ​សទ្ធាសម្បាទា។ ម្នាល​ព្រាហ្មណ៍ ចុះ​សីលសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកវៀរ​ចាក​បាណាតិបាត។បេ។ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន ម្នាល​ព្រាហ្មណ៍ នេះ​ហៅថា សីលសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះ​ចាគសម្បទា តើ​ដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុង​លោកនេះ មានចិត្តប្រាស​ចាកមន្ទិល គឺ​សេចក្ដី​កំណាញ់ នៅគ្រប់គ្រង​ផ្ទះ មានទាន​បរិច្ចាគ​រួច​ស្រឡះ​​ហើយ មានដៃ​លាងហើយ ត្រេកអរ​ក្នុង​ការលះបង់ ជាអ្នក​គួរដល់ស្មូម ត្រេកអរ​ក្នុង​ការចែក​រលែក​នូវទាន ម្នាល​ព្រាហ្មណ៍ នេះហៅថា ចាគសម្បទា។ ម្នាល​ព្រាហ្មណ៍ ចុះបញ្ញាសម្បទា តើដូចម្ដេច។ ម្នាល​ព្រាហ្មណ៍ កុលបុត្រ​ក្នុងលោកនេះ ជាអ្នកមាន​ប្រាជ្ញា។បេ។ ជាដំណើរ​យល់ការ ដែលអស់ទៅ​នៃទុក្ខ​ដោយប្រពៃ ម្នាល​ព្រាហ្មណ៍ នេះហៅថា បញ្ញាសម្បទា។ ម្នាល​ព្រាហ្មណ៍ ធម៌​ទាំងឡាយ ៤ ប្រការនេះឯង តែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍​ក្នុង​បរលោក ដើម្បី​សេចក្ដីសុខ ក្នុង​បរលោក​ ដល់​កុលបុត្រ។

កុលបុត្រអ្នកមានព្យាយាម ប្រឹងប្រែង ក្នុងទីនៃការងារ​ទាំងឡាយ ១ មិន​ប្រហែស​ធ្វេស មានការចាត់ចែង ១ ចិញ្ចឹមជីវិតស្មើ ១ ចេះថែរក្សាទ្រព្យ ដែល​រកបានមក ១ មានសទ្ធា ១ បរិបូណ៌​ដោយសីល ១ ដឹងនូវ​ពាក្យពេចន៍ ១ ប្រាសចាក​សេចក្ដី​កំណាញ់ ជំរះនូវផ្លូវ​ មានសួស្ដី ជាផ្លូវ​ទៅកាន់​បរលោក​ជានិច្ច ១ ធម៌​ទាំង ៨ ប្រការនេះ តែងនាំ​មកនូវ​សេចក្ដីសុខ​ក្នុង​លោក​ទាំង​ពីរ ដែល​ព្រះដ៏មានព្រះភាគ​ ព្រះអង្គ​ជាសច្ចនាម ទ្រង់​សំដែងដល់​កុលបុត្រ​អ្នក​មានសទ្ធា ស្វែងរកផ្ទះ ដើម្បី​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​បរលោក​ផង ដោយ​ប្រការដូច្នេះ ការ​បរិច្ចាគ និង​បុណ្យនេះ តែង​ចំរើន​ដល់​គ្រហស្ថទាំងឡាយ​ យ៉ាងនេះឯង។

 ភយសូត្រ ទី៦

[៥៦] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា ទុក្ខនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា រោគនេះ ជា​ឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ពកនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា ព្រួយនេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ជាប់​ជំពាក់​នេះ ជាឈ្មោះ​របស់កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ភក់នេះ ជាឈ្មោះ​របស់​កាម ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា គភ៌នេះ ជាឈ្មោះ​របស់កាម។ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​ដូចម្ដេច បានជា​ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្រ​នេះ ត្រេកអរ​ដោយអំណាច​កាមរាគ ជាប់ជំពាក់​ដោយឆន្ទរាគ រមែង​មិនរួច​ចាកភ័យ​ក្នុង​បច្ចុប្បន្ន​ផង មិនរួចចាក​ភ័យក្នុង​បរលោកផង ហេតុនោះ​បានជា​ពាក្យថា ភ័យនេះ ជាឈ្មោះ​របស់កាម។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុដូចម្ដេច បានជា​ពាក្យ​ថា​ទុក្ខ។បេ។ ថារោគ ថាពក ថាព្រួយ ថាជាប់ជំពាក់ ថាភក់ (នេះជាឈ្មោះ​របស់កាម)។ ម្នាល​ភិក្ខុទាំងឡាយ ហេតុដូចម្ដេច បានជា​ពាក្យថាគភ៌នេះ ជាឈ្មោះ​របស់កាម។ ម្នាល​ភិក្ខុ​ទាំងឡាយ កុលបុត្រនេះ ត្រេកអរ​ដោយអំណាច​កាមរាគ ជាប់ជំពាក់​ដោយឆន្ទរាគ រមែង​មិនរួច​ចាកគភ៌ ក្នុង​បច្ចុប្បន្នផង មិនរួច​ចាកគភ៌ ក្នុង​បរលោក​ផង ហេតុនោះ​បានជា ពាក្យថា គភ៌នេះ ជាឈ្មោះ​របស់កាម។

បុថុជ្ជនជាប់ជំពាក់ក្នុង​កាមណា កាមទាំងពីរនុ៎ះ លោកហៅថា ភ័យ ថាទុក្ខ ថា​រោគ ថាពក ថាព្រួយ ថាការ​ជាប់ជំពាក់ ថាភក់ ថា​គភ៌ បុថុជ្ជន ត្រូវ​សេចក្ដី​សុខ​ក្នុងកាម​គ្របសង្កត់ហើយ រមែងទៅ​កាន់គភ៌​ទៀត លុះតែភិក្ខុ​មាន​ព្យាយាម ដុតកំដៅ​កិលេស ត្រេកអរ​ដោយសម្បជញ្ញៈ​ក្នុង​វេលាណា ភិក្ខុនោះ បែបនោះ កន្លងនូវផ្លូវ​វាងគឺ វដ្ដៈនេះ ដែលគេ​ឆ្លងបាន​ដោយក្រ រមែង​ឃើញ​នូវពួក​សត្វ ដែលចូល​ទៅកាន់ជាតិ និងជរា កំពុង​តែ​ញាប់ញ័រ (ក្នុងភព​ទាំង ៣ ក្នុង​វេលានោះ)។

 បឋមអាហុនេយ្យសូត្រ ទី៧

[៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នក​គួរទទួលនូវ​ចតុប្បច្ច័យ​ដែលគេនាំមក​បូជា គួរទទួល​នូវចតុប្បច្ច័យ​ដែលគេ​តាក់តែង​ដើម្បីភ្ញៀវ គួរទទួល​នូវទក្ខិណាទាន គួរ​ដល់អញ្ជលិកម្ម​ដែលសត្វលោក​គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​នៃ​សត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាងគ្មាន។ ប្រកប​ដោយធម៌ ទាំង ៨យ៉ាង តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ ១ ជាអ្នកចេះ​ចាំច្រើន ១។បេ។ យល់ត្រឹមត្រូវ​ដោយទិដ្ឋិ ១ ជាអ្នក​មាន​មិត្រល្អ មានសំឡាញ់ល្អ សមគប់នឹងបុគ្គល​ល្អ ១ ជាអ្នក​សមា្មទិដ្ឋិ ប្រកប​ដោយ​សម្មាទស្សនៈ ១ ជាអ្នកបាន​តាមប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ទូលាយ នូវ​ឈាន​ទាំង ៤ ដែលអាស្រ័យ​នូវចិត្តដ៏ប្រសើរ ជាគ្រឿង​នៅសប្បាយ ក្នុងបច្ចុប្បន្ន ១ តែង​រឭក​ឃើញ នូវបុព្វេនិវាស គឺការនៅ​ក្នុងភពមុន មានប្រការ​ដ៏ច្រើនគឺ រឭក​ឃើញ ១ជាតិ​ខ្លះ ២​ជាតិខ្លះ។បេ។ រលឹកឃើញ​នូវបុព្វេនិវាស ព្រមទាំង​អាការៈ ព្រមទាំង​ឧទ្ទេស មាន​ប្រការដ៏ច្រើន ដោយ​ប្រការដូច្នេះ ១ បានដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅតាម​កម្ម។បេ។ ទិព្វចក្ខុ​ដ៏ស្អាត កន្លងបង់​នូវចក្ខុ​របស់មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោលទៅ​តាមកម្ម ១ បានធ្វើឲ្យ​ជាក់ច្បាស់ បាន​ដល់។បេ។ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ទាំង ៨ យ៉ាង​នេះឯង ជាអ្នក​គួរទទួល​ចតុប្បច្ច័យ ដែលគេ​នាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្តនៃ​សត្វលោក រក​ខេត្ត​ដទៃ ក្រៃលែង​ជាងគ្មាន។

 ទុតិយអាហុនេយ្យសូត្រ ទី៨

[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨យ៉ាង ជាអ្នកគួរ​ទទួល​ចតុប្បច្ច័យ ដែលគេនាំមក​បូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាង​គ្មាន។ ប្រកប​ដោយធម៌ ៨យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មានសីល។បេ។ សមាទាន​សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជាអ្នកចេះ​ចាំ​ច្រើន ១។បេ។ យល់ត្រឹមត្រូវ​ដោយទិដ្ឋិ ១ ជាអ្នកប្រារព្ធ​សេចក្ដីព្យាយាម មានកំឡាំង​ប្រឹង​ប្រែង​ដ៏មាំ មិនដាក់ធុរៈ​ចោល ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នកនៅ​ក្នុងព្រៃ មាន​ទីសេនាសនៈ​ស្ងាត់ ១ អត់ទ្រាំនូវ​សេចក្ដីអផ្សុក និង​សេចក្ដីត្រេកអរ តែងគ្រប​សង្កត់ នូវ​សេចក្ដី​អផ្សុក ដែលកើត​ឡើងហើយ ១ ជាអ្នកអត់ទ្រាំ​នូវភ័យ គួរ​ស្ញប់ស្ញែង តែង​គ្រប​សង្កត់​នូវភ័យ គួរស្ញប់ស្ញែង​ដែលកើត​ឡើងហើយ ១ ជាអ្នកបាន​តាមប្រាថ្នា បាន​ដោយ​មិន​លំបាក បានដោយ​ទូលាយ នូវឈាន​ទាំង ៤ ដែលអាស្រ័យ​នូវចិត្ត​ដ៏ប្រសើរ ជាគ្រឿង​នៅ​ជាសុខ ក្នុងបច្ចុប្បន្ន ១ បានធ្វើឲ្យ​ជាក់ច្បាស់ បានដល់។បេ។ ព្រោះ​អស់ទៅនៃ​អាសវៈ​ទាំង​ឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨យ៉ាងនេះឯង ជាអ្នក​គួរទទួលនូវ​ចតុប្បច្ច័យ​ដែលគេ​នាំមកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្តដទៃ​ក្រៃលែង​ជាង​គ្មាន។

 បឋមបុគ្គលសូត្រ ទី៩

[៥៩] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរទទួល​នូវ​ចតុប្បច្ច័យ ដែល​គេនាំ​មកបូជា គួរទទួល​នូវចតុប្បច្ច័យ​ដែលគេ​តាក់តែង​ដើម្បីភ្ញៀវ គួរទទួល​នូវ​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ដែលសត្វលោក​គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃក្រៃលែង​ជាងគ្មាន។ បុគ្គល ៨ ពួក ​តើដូចម្ដេច។ គឺ​បុគ្គល​ជា​សោតាបន្ន ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជាសកទាគាមី ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់​ច្បាស់​សកទាគាមិផល ១ បុគ្គល​ជាអនាគាមី ១ បុគ្គល​អ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​អនាគាមិផល ១ បុគ្គល​ជាអរហន្ដ ១ បុគ្គលជា​អ្នក​ប្រតិបត្តិ ដើម្បីអរហត្ត ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ទាំង៨ ពួកនេះឯង ជាអ្នកគួរ​ទទួល​នូវចតុប្បច្ច័យ​ដែលគេនាំ​មកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រក​ខេត្តដទៃ ក្រៃលែង​ជាងគ្មាន។

បុគ្គល ៤ពួក ជាអ្នកប្រតិបត្តិផង ៤ពួក​តាំងនៅក្នុង​ផលផង​ នេះ​ជា​សង្ឃ​មាន​សភាពដ៏ត្រង់ ប្រកបដោយ​បញ្ញា និងសីល រមែងធ្វើ​នូវ​បុណ្យដ៏​ក្រៃលែង​ ដល់ពួកសត្វ គឺ​មនុស្ស កាលស្វែងរកនូវ​បុណ្យ ហើយបូជា ព្រោះទាន​ដែលបុគ្គល​ឲ្យហើយ​ចំពោះសង្ឃ​ រមែងមាន​ផលច្រើន។

 ទុតិយបុគ្គលសូត្រ ទី១០

[៦០] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះ ជាអ្នកគួរ​ទទួលនូវ​ចតុប្បច្ច័យ ដែល​គេនាំ​មកបូជា។បេ។ ជាបុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្តដទៃ​ក្រៃលែងជាងគ្មាន។ បុគ្គល​ទាំង ៨ ពួក តើដូចម្ដេច។ គឺបុគ្គល​ជាសោតាបន្ន ១ បុគ្គលអ្នក​ប្រតិបត្តិ​ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សោតាបត្តិផល ១ បុគ្គល​ជា​សកទាគាមី ១ បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​សកទាគាមិផល ១ បុគ្គល​ជាអនាគាមី ១ បុគ្គលអ្នក​ប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់នូវ​អនាគាមិផល ១ បុគ្គល​ជាអរហន្ដ ១ បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​អរហត្ត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលទាំង ៨ ពួកនេះឯង ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ​ដែលគេនាំ​មកបូជា។បេ។ ជា​បុញ្ញកេ្ខត្ត​នៃសត្វលោក រកខេត្ត​ដទៃ​ក្រៃលែង​ជាងគ្មាន។

បុគ្គល ៤ពួក ជាអ្នកប្រតិបត្តិផង ៤ពួក ជាអ្នកតាំងនៅក្នុងផល​ផង នេះជា​សង្ឃ​ដ៏ឧត្ដម ជាងសត្វ​ទាំងឡាយ បុគ្គល ៨ ពួក រមែងធ្វើបុណ្យ​ដ៏ក្រៃលែង ដល់​ពួកសត្វ គឺមនុស្ស កាលស្វែង​រកនូវ​បុណ្យហើយបូជា ព្រោះទាន​ដែល​បុគ្គល​ឲ្យហើយ​ចំពោះសង្ឃនុ៎ះ រមែងមាន​ផលច្រើន។

ចប់ សន្ធានវគ្គ ទី១។

ឧទ្ទាននៃសន្ធានវគ្គនោះ គឺ

និយាយអំពីរឿងនាងមហាបជាបតិគោតមី ១ អំពីភិក្ខុគួរ​ឲ្យឱវាទ​ដល់​ភិក្ខុនី ១ អំពី​ធម៌​ដ៏សង្ខេប ១ អំពី​ទីឃជាណុកោឡិយបុត្ត ១ អំពីឧជ្ជយព្រាហ្មណ៍ ១ អំពីភ័យ ១ អំពី​អាហុនេយ្យបុគ្គល មាន ២លើក អំពីបុគ្គល ៨ពួក មាន២លើក។

ចាលវគ្គ

ឥច្ឆាសូត្រ ទី១

[៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ពួកនេះ រមែងមានប្រាកដ​ក្នុងលោក។ បុគ្គល​ ៨ពួក តើដូចម្ដេច​ខ្លះ​។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភ​ក៏​មិនកើត​ឡើង។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់​នូវ​សេចក្ដីវង្វេង ព្រោះមិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង សោក​ស្ដាយផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង (១)។ ម្នាលភិក្ខុទាំងឡាយ មួយ​ទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បី​លាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភក៏​កើតឡើង។ ភិក្ខុនោះ ស្រវឹងជ្រុលជ្រប់ ដល់នូវ​សេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បី​លាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមាន​លាភផង ស្រវឹងផង ប្រមាទ​ផង ឃ្លាតចាក​ព្រះសទ្ធម្មផង (២)។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បី​លាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាល​ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិនកើតដែរ។ ភិក្ខុនោះ រមែងសោកស្ដាយ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្ដី​វង្វេង ព្រោះមិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បី​លាភ តែមិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម​ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង   សោកស្ដាយ​ផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង (៣)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដី​ប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម​ដើម្បីលាភទេ។ កាល​ភិក្ខុនោះ មិនសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែ​លាភ​ក៏កើត​ឡើង​បាន។ ភិក្ខុនោះ ស្រវឹង​ជ្រុលជ្រប់ ដល់នូវ​សេចក្ដីប្រមាទ ព្រោះ​លាភនោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បី​លាភទេ ប៉ុន្តែជា​អ្នកមាន​លាភផង ស្រវឹងផង ប្រមាទផង ឃ្លាតចាក​ព្រះសទ្ធម្មផង (៤)។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែ​លាភ មិនកើតឡើង។ ភិក្ខុនោះ មិនសោកស្ដាយ មិនលំបាក មិនខ្សឹកខ្សួល មិន​គក់ទ្រូង កន្ទក់​កន្ទេញ មិនដល់នូវ​សេចក្ដីវង្វេង ព្រោះ​មិនមាន​លាភ​នោះទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ប៉ុន្តែជាអ្នក​មិនមាន​លាភផង មិន​សោកស្ដាយផង មិនខ្សឹក​ខ្សួលផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង (៥)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ។ កាលភិក្ខុនោះ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ លាភ​ក៏កើត​ឡើង។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់នូវ​សេចក្ដីប្រមាទ ព្រោះលាភ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា​ដើម្បីលាភ ខំសង្វាត ខ្មីឃ្មាត ព្យាយាម ដើម្បីលាភ ជាអ្នកមាន​លាភផង មិន​ស្រវឹងផង មិនប្រមាទផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង (៦)។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ លាភក៏មិន​កើតឡើងដែរ។ ភិក្ខុនោះ រមែងមិនសោកស្ដាយ មិន​លំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្ដីវង្វេង ព្រោះ​មិនមាន​លាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកប្រាថ្នា​ដើម្បីលាភ មិន​ខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ទាំងជាអ្នក​មិនមានលាភ​ផង   មិន​សោកស្ដាយ​ផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាក​ព្រះសទ្ធម្មផង (៧)។  ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុក្នុង​សាសនានេះ ជាអ្នកស្ងាត់ ប្រព្រឹត្តមិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ ក៏កើតឡើង។ ភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បី​លាភទេ។ កាលភិក្ខុនោះ មិនខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភទេ ប៉ុន្តែ​លាភ​កើតឡើងបាន។ ភិក្ខុនោះ មិនស្រវឹង មិនជ្រុលជ្រប់ មិនដល់​នូវសេចក្ដីប្រមាទ ព្រោះលាភនោះ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ប្រាថ្នា ដើម្បីលាភ មិន​ខំសង្វាត មិនខ្មីឃ្មាត មិនព្យាយាម ដើម្បីលាភ ក៏ជាអ្នក​មាន​លាភផង មិន​ស្រវឹងផង មិន​ប្រមាទ​ផង មិនឃ្លាត​ចាក​ព្រះសទ្ធម្ម​ផង (៨)។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៨ ពួកនេះឯង រមែង​មានប្រាកដ​ក្នុងលោក។

 អលំសូត្រ ទី២

[៦២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាង ទើបគួរ​ដល់ខ្លួន គួរដល់​ពួក​ជនដទៃ។ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹង​ឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នក​ទ្រទ្រង់​ធម៌ទាំងឡាយ ដែលខ្លួនស្ដាប់​ហើយ ១ ជាអ្នក​ពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវ​អត្ថ ដឹង​នូវធម៌ ហើយ​ប្រតិបត្តិ​ធម៌ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នក​មានវាចាល្អ មានពាក្យ​​ពីរោះ ប្រកប​ដោយ​វាចា​អ្នកក្រុង ជាវាចា​ច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជន ឲ្យដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នកញុំាង​ពួកសព្រហ្មចារី​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរ​ដល់ខ្លួន គួរដល់​ពួកជនដទៃ។

[៦៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរដល់ខ្លួន គួរដល់​ពួក​ជនដទៃ។ ៥ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយទេ តែជាអ្នកទ្រទ្រង់​ធម៌ទាំងឡាយ ដែល​ខ្លួនស្ដាប់ ១ ជាអ្នកពិចារណា​នូវអត្ថនៃធម៌​ដែលខ្លួន​ទ្រទ្រង់ ១ ជាអ្នកដឹងនូវ​អត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នក​មានវាចា​ល្អ។បេ។ ជាគ្រឿងញុំាង​ជនឲ្យ​ដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នក​ញុំាងពួក​សព្រហ្មចារី​ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៥ យ៉ាងនេះឯង ទើបគួរ​ដល់ខ្លួន គួរដល់​ពួកជនដទៃ។

[៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរ​ដល់ពួក​ជនដទៃទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នក​ទ្រទ្រង់ធម៌​ទាំងឡាយ ដែលខ្លួន​បានស្ដាប់​ហើយ ១ ជាអ្នក​ពិចារណា នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវអត្ថ ដឹងនូវធម៌​ហើយ ប្រតិបត្តិ​ធម៌ដ៏សម​គួរដល់ធម៌ តែជាអ្នក​មាន​វាចា​មិនល្អ ជាអ្នកមាន​ពាក្យមិនពីរោះ ជាអ្នកមិន​ប្រកបដោយ​វាចាអ្នកក្រុង ដែលជា​វាចា​ច្បាស់​លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់​នូវសេចក្ដី ទាំងជា​អ្នកមិន​ញុំាងពួក​សព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរដល់​ពួកជន​ដទៃឡើយ។

[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៤ យ៉ាង រមែងគួរដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនទេ។ ៤ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ១ ជាអ្នកទ្រទ្រង់​នូវធម៌ទាំងឡាយ ដែលខ្លួន​​ស្ដាប់ហើយ តែជាអ្នក​មិនពិចារណា នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ទាំងជាអ្នក​មិនដឹងនូវអត្ថ មិនដឹង​នូវធម៌ ហើយ​ប្រតិបត្តិនូវធម៌​ដ៏សមគួរ​ដល់ធម៌ ១ ជាអ្នកមាន​វាចាល្អ ជាអ្នកមាន​ពាក្យ​ពីរោះ។បេ។ ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់ នូវសេចក្ដី ១ ជាអ្នកញុំាង​ពួក​សព្រហ្មចារី ឲ្យឃើញ​ច្បាស់១។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៤ យ៉ាងនេះឯង រមែងគួរ​ដល់ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនឡើយ។

[៦៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៣ យ៉ាង រមែងគួរដល់ខ្លួន តែមិនគួរ​ដល់ពួកជនដទៃទេ។ ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយទេ តែជាអ្នកទ្រទ្រង់​នូវធម៌ទាំងឡាយ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នកពិចារណា​នូវអត្ថនៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នកដឹង​នូវអត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌ដ៏សម​គួរដល់ធម៌ តែជា​អ្នកមាន​វាចា​មិនល្អ ជាអ្នកមាន​ពាក្យមិនពីរោះ ជាអ្នកមិន​ប្រកបដោយ​វាចាអ្នកក្រុង ដែលជា​វាចា​ច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿង​ញុំាងជន ឲ្យដឹងច្បាស់​នូវសេចក្ដី ទាំង​មិនញុំាង​ពួកសព្រហ្មចារី ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។

[៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាង រមែងគួរដល់​ពួក​ជន​ដទៃ តែមិនគួរ​ដល់ខ្លួនទេ។ ៣ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចេះ​ដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ​ទេ តែជាអ្នក​ទ្រទ្រង់នូវធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់​ហើយ ១ ជាអ្នកមិន​ពិចារណា​នូវអត្ថនៃ​ធម៌ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់​ហើយ ទាំងជា​អ្នកមិនដឹង​នូវអត្ថ មិនដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌​ដ៏សមគួរ​ដល់ធម៌ តែជាអ្នកមាន​វាចាល្អ។បេ។ ជាគ្រឿងញុំាង​ជនឲ្យដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នក​ញុំាង​ពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកប​ដោយធម៌ ៣ យ៉ាងនេះ រមែងគួរ​ដល់ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឡើយ។

[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរដល់​ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមិន​ចេះដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ថែម​ទាំងមិនជាអ្នក​ទ្រទ្រង់​នូវធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់​ហើយផង តែជាអ្នក​ពិចារណា នូវអត្ថនៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់ហើយ ១ ជាអ្នក​ដឹងនូវអត្ថ ដឹងនូវធម៌ ហើយ​ប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់ធម៌ តែជាអ្នក​មានវាចា​មិនល្អ។បេ។ ជាគ្រឿង​ញុំាងជន​ឲ្យដឹងច្បាស់​នូវ​សេចក្ដី ជាអ្នក​មិនញុំាង​ពួកសព្រហ្មចារី ឲ្យឃើញ​ច្បាស់១។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ២ យ៉ាងនេះឯង រមែងគួរ​ដល់ខ្លួន តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។

[៦៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ២ យ៉ាង រមែងគួរ​ដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួន​ទេ។ ២ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមិន​ចេះដឹងឆាប់ ក្នុងកុសលធម៌​ទាំងឡាយ ថែមទាំង​ជាអ្នកមិនទ្រទ្រង់​ធម៌​ទាំងឡាយ ដែលខ្លួន​ស្ដាប់ហើយ ទាំងជា​អ្នកមិន​ពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលខ្លួន​ទ្រទ្រង់​ហើយ ជាអ្នក​មិនដឹងនូវអត្ថ មិនដឹង​នូវធម៌ ហើយ​មិនប្រតិបត្តិ​នូវធម៌ ដ៏សមគួរ​ដល់​ធម៌​ផង តែជា​អ្នកមាន​វាចាល្អ ជាអ្នកមាន​ពាក្យ​ពីរោះ ប្រកប​ដោយវាចា​អ្នកក្រុង ដែលជា​វាចាច្បាស់លាស់ ជាវាចា​ឥតទោស ជាគ្រឿងញុំាង​ជនឲ្យ​ដឹងច្បាស់​នូវសេចក្ដី ១ ជាអ្នកញុំាង​ពួកសព្រហ្មចារី ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យក្លាហាន ឲ្យរីករាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ២ យ៉ាងនេះឯង រមែងគួរ​ដល់​ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឡើយ។

 សំខិត្តសូត្រ ទី៣

[៧០] គ្រានោះ ភិក្ខុមួយរូប បានចូលទៅគាល់​ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុ​នោះ អង្គុយក្នុង​ទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​យ៉ាង​នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ធម៌ដល់ខ្ញុំ​ព្រះអង្គ ដោយសេចក្ដី​បំព្រួញ​ឲ្យទាន ដែលខ្ញុំព្រះអង្គ​បានស្ដាប់ធម៌ របស់​ព្រះដ៏​មានព្រះភាគ​ហើយ ជាបុគ្គល​ម្នាក់​ឯង ចៀសចេញទៅ ជាអ្នកមិន​ធ្វេសប្រហែស មានព្យាយាម​ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន។ មោឃបុរស​ពួកខ្លះ ក្នុងលោកនេះ គ្រាន់តែ​អារាធនា​តថាគត យ៉ាងនេះ កាលធម៌ដែល​តថាគត​សំដែងហើយ សំគាល់​តែត្រង់ដើម​តាម​តថាគត​ប៉ុណ្ណោះ។ បពិត្រព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ធម៌ដល់​ខ្ញុំព្រះអង្គ ដោយ​សេចក្ដី​បំព្រួញ​ឲ្យទាន សូមព្រះសុគត​ទ្រង់សំដែង​ធម៌ ដោយ​សេចក្ដី​បំព្រួញ​ឲ្យទាន គិតធ្វើ​ដូចម្ដេច សូមឲ្យ​ខ្ញុំព្រះអង្គ បានយល់​នូវអត្ថនៃ​ភាសិត​របស់​ព្រះដ៏មាន​ព្រះភាគ គិតធ្វើដូចម្តេច សូម​ឲ្យខ្ញុំ​ព្រះអង្គ បានទទួល​នូវ​ភាសិត​របស់​ព្រះដ៏​មានព្រះភាគ។ ម្នាលភិក្ខុ ហេតុដូច្នោះ ក្នុង​សាសនានេះ អ្នកគប្បី​សិក្សាយ៉ាង​នេះថា ចិត្ត​របស់​អាត្មាអញ នឹង​តាំងនៅ​ក្នុងសន្ដាន តាំងនៅ​ដោយល្អ ទាំងពួក​អកុសល​ធម៌​ដ៏លាមក ក៏មិនកើត​ឡើង គ្របសង្កត់​ចិត្តបាន​ឡើយ។ ម្នាលភិក្ខុ ​អ្នកគប្បី​សិក្សា​យ៉ាងនេះ​ចុះ។ ម្នាលភិក្ខុ កាលណា ចិត្តរបស់អ្នក​តាំងនៅក្នុង​សន្ដាន តាំងនៅល្អហើយ ទាំងពួក​អកុសលធម៌​​ដ៏លាមក ក៏មិនកើតឡើង គ្របសង្កត់ចិត្ត​បាន ម្នាល​ភិក្ខុ កាលនោះ អ្នកគប្បី​សិក្សា​យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយ​មេត្តា អាត្មាអញ បានចំរើន​ហើយ បានធ្វើ​ឲ្យ​ច្រើន​ហើយ បានធ្វើឲ្យ​ដូចជាយាន បានដំកល់​ស៊ប់ បានប្រព្រឹត្ត​រឿយៗ បានសន្សំ​ទុក បាន​ប្រារព្ធ​ល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សា​យ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិ​នេះ អ្នកបាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន​ហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរ​ចំរើននូវ​សមាធិនេះ ដែលប្រកប​ដោយវិតក្កៈ និងវិចារៈផង គួរចំរើន​នូវសមាធិ ដែល​មិនមានវិតក្កៈផង មានតែវិចារៈ​ប៉ុណ្ណោះ គួរចំរើន​នូវសមាធិ ដែលមិន​មានវិតក្កៈ មិនមាន​វិចារៈផង គួរចំរើននូវ​សមាធិ ដែលប្រកប​ដោយបីតិផង គួរចំរើន​នូវសមាធិ ដែលមិនមានបីតិផង គួរចំរើន​នូវសមាធិ ដែល​ប្រកប​ដោយ​សេចក្ដី​សប្បាយផង គួរចំរើន​នូវសមាធិ ដែលប្រកប​ដោយ​ឧបេក្ខាផង។ ម្នាល​ភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើនល្អ​ហើយយ៉ាងនេះ ម្នាល​ភិក្ខុ កាលនោះ អ្នកគប្បី​សិក្សាយ៉ាងនេះ​ថា ចេតោវិមុត្តិ​ប្រកបដោយ​ករុណា អាត្មា​អញ។បេ។ ចេតោវិមុត្តិ​ប្រកបដោយមុទិតា អាត្មាអញ។បេ។ ចេតោវិមុត្តិ ប្រកប​ដោយ​ឧបេក្ខា អាត្មាអញ​បានចំរើនហើយ  បានធ្វើ​ឲ្យច្រើនហើយ បានធ្វើ​ឲ្យដូចជាយាន បានដំកល់​ស៊ប់ បានប្រព្រឹត្ត​រឿយៗ បានសន្សំទុក បានប្រារព្ធ​ល្អហើយ។ ម្នាលភិក្ខុ អ្នកគប្បី​សិក្សា​យ៉ាងនេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ ធ្វើឲ្យច្រើន​ហើយយ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើន​នូវសមាធិនេះ ដែលប្រកប​ដោយ​វិតក្កៈវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិនមាន​វិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើន​សមាធិ ដែលមិនមាន​វិតក្កៈ មិនមានវិចារៈ​ផង អ្នកគួរចំរើន​សមាធិ ដែលប្រកប​ដោយ​បីតិ​ផង អ្នកគួរ​ចំរើន​សមាធិ ដែល​​មិនមាន​បីតិផង អ្នកគួរចំរើន​សមាធិ ដែលប្រកបដោយ​សេចក្ដី​សប្បាយ​ផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយ​ឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នក​បានចំរើនហើយ បានចំរើន​ល្អហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បី​សិក្សា​យ៉ាងនេះ​ថា អាត្មាអញ នឹងពិចារណា​នូវកាយ​ក្នុងកាយ ជាប្រក្រតី មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស ជាអ្នក​ដឹងខ្លួន មាន​ស្មារតី កំចាត់បង់នូវ​អភិជ្ឈាន និង​ទោមនស្ស ក្នុងលោក​ចេញ។ ម្នាលភិក្ខុ អ្នកគប្បី​សិក្សាយ៉ាង​នេះចុះ។ ម្នាលភិក្ខុ កាលណា សមាធិ​នេះ អ្នកបាន​ចំរើន​ហើយ បានធ្វើឲ្យ​ច្រើនហើយ​យ៉ាងនេះ  ម្នាលភិក្ខុ កាលនោះ អ្នកគួរចំរើនសមាធិ​នេះ ដែលប្រកប​ដោយវិតក្កៈវិចារៈ​ផង អ្នកគួរចំរើនសមាធិ ដែល​មិន​មាន​វិតក្កៈ មានតែវិចារៈផង អ្នកគួរចំរើនសមាធិ ដែលមិន​មានវិតក្កៈ មិនមាន​វិចារៈ​ផង អ្នកគួរ​ចំរើនសមាធិ ដែលប្រកប​ដោយបីតិផង អ្នកគួរចំរើន​សមាធិ ដែលមិន​មាន​បីតិផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយសេចក្ដី​សប្បាយផង អ្នកគួរ​ចំរើន​សមាធិ ដែល​ប្រកប​ដោយ​ឧបេក្ខាផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើន​ល្អហើយ​យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកគប្បី​សិក្សាយ៉ាង​នេះថា ក្នុងវេទនា​ទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ អាត្មាអញ នឹង​ពិចារណាឃើញ នូវធម៌ក្នុង​ធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុត​កំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់​នូវអភិជ្ឈាន និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ អ្នកគប្បីសិក្សា​យ៉ាងនេះ​ចុះ។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបានចំរើន​ហើយ បានធ្វើឲ្យច្រើន​ហើយ​យ៉ាងនេះ  ម្នាលភិក្ខុ កាលនោះ អ្នកគួរ​ចំរើន​សមាធិនេះ ដែលប្រកប​ដោយវិតក្កៈ​វិចារៈ​ផង អ្នកគួរចំរើន​សមាធិ ដែល​មិនមាន​វិតក្កៈ មានតែ​វិចារៈផង អ្នកគួរ​ចំរើន​សមាធិ ដែលមិនមានវិតក្កៈ មិនមានវិចារៈផង អ្នកគួរចំរើនសមាធិ ដែលប្រកប​ដោយបីតិ​ផង អ្នកគួរ​ចំរើន​សមាធិ ដែលមិន​មានបីតិផង អ្នកគួរ​ចំរើន​សមាធិ ដែល​ប្រកប​ដោយ​សេចក្ដី​សប្បាយផង អ្នកគួរ​ចំរើន​សមាធិ ដែលប្រកប​ដោយ​ឧបេក្ខា​ផង។ ម្នាលភិក្ខុ កាលណា សមាធិនេះ អ្នកបាន​ចំរើនហើយ បានចំរើន​ល្អហើយ យ៉ាងនេះ ម្នាលភិក្ខុ កាលនោះ អ្នកនឹង​ទៅក្នុង​ទីណា ៗ អ្នកនឹង​នៅសប្បាយ ក្នុងទីនោះ ៗ អ្នកនឹង​ឈរ​នៅក្នុងទីណាៗ អ្នកនឹង​ឈរ​នៅសប្បាយ ក្នុងទី​នោះៗ អ្នកនឹង​អង្គុយ ក្នុងទីណា ៗ អ្នកនឹងអង្គុយ​សប្បាយ​ក្នុងទី​នោះៗ អ្នក​នឹង​សម្រេច​ការដេក ក្នុងទី​ណាៗ អ្នកនឹង​សម្រេច​ការដេកសប្បាយ ក្នុងទីនោះៗ។

គ្រានោះ ភិក្ខុនោះ ដែល​​ព្រះដ៏មានព្រះភាគ ទូន្មានដោយ​ឱវាទនេះ​ហើយ ក៏ក្រោក​ចាកអាសនៈ ហើយក្រាប​ថ្វាយបង្គំ​លា​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញ​ទៅ។ លំដាប់នោះ ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនធ្វេស​ប្រហែស មានព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន កុលបុត្ត​ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួសដោយ​ប្រពៃ ដើម្បី​ប្រយោជន៍ ដល់អនុត្តរ​ធម៌ណា មិនយូរប៉ុន្មាន លោក​ក៏ធ្វើឲ្យជាក់ច្បាស់​នូវ​អនុត្តរធម៌ ដែលមាន​ព្រហ្មចរិយៈ​ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏​ប្រសើរ​របស់ខ្លួន​ក្នុង​បច្ចុប្បន្ន​នេះ ដឹងច្បាស់ថា ជាតិរបស់​អាត្មាអញ​អស់ហើយ ព្រហ្មចរិយធម៌​ អាត្មា​អញ បាន​ប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​រួចហើយ មគ្គភាវនាកិច្ច​ដទៃទៀត ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមាន​ឡើយ។ មានសេចក្ដី​សរសើរថា បណ្ដា​ព្រះអរហន្ដ​ទាំងឡាយ ភិក្ខុនោះ ក៏ជា​ព្រះអរហន្ដ មួយអង្គដែរ។

 គយាសីសសូត្រ ទី៤

[៧១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុងគយាសីសប្រទេស ទៀប​ស្រុកគយា។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ពាក្យនេះថា ម្នាលភិក្ខុ​ទាំងឡាយ កាលមុន​អំពីការ​ត្រាស់ដឹង តថាគត​នៅជា​ពោធិសត្វ មិនទាន់ត្រាស់​ដឹងនៅឡើយ ស្គាល់​នូវពន្លឺ​ដោយច្បាស់​លាស់ តែមិនឃើញ​នូវរូប​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​នោះ ក៏មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ប្រសិន​បើតថាគត​ស្គាល់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំង​ឡាយផង ញាណទស្សនៈ​របស់តថាគត​នេះ គប្បីបរិសុទ្ធ​យ៉ាង​ក្រៃលែង យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ដទៃទៀត តថាគតនោះ ជាអ្នក​មិនប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន ស្គាល់ច្បាស់​នូវ​​ពន្លឺផង ឃើញច្បាស់​នូវរូបទាំង​ឡាយផង តែមិនឋិត​នៅជាមួយ មិន​ចរចា​ជាមួយ មិនដល់​នូវការ​សាកច្ឆា ជាមួយនឹង​ទេវតា​ទាំងឡាយ​នោះ។ ម្នាល​ភិក្ខុទាំងឡាយ តថាគត​នោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ប្រសិនបើ​តថាគតស្គាល់​ច្បាស់នូវពន្លឺផង ឃើញ​ច្បាស់នូវ​រូបទាំងឡាយ​ផង គប្បីឋិតនៅ​ជាមួយ គប្បីចរចា​ជាមួយ គប្បីដល់​នូវការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​ឡាយផង ញាណទស្សនៈ​របស់​តថាគត​នេះ គប្បីបរិសុទ្ធ​​ក្រៃលែង យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យមួយ​ទៀត តថាគតនោះ ជាអ្នក​មិន​ប្រមាទ មានព្យាយាម​ជាគ្រឿង​ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះ​និព្វាន ស្គាល់ច្បាស់​នូវពន្លឺផង ឃើញច្បាស់​នូវរូបទាំង​ឡាយផង ក៏​ឋិតនៅជា​មួយ ចរចា​ជាមួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​ឡាយ​នោះផង តែមិនស្គាល់​នូវទេវតា​ទាំងឡាយ​នោះថា ទេវតា​ទាំងឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះ​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតនោះ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ប្រសិន​បើ​តថាគត​ស្គាល់ច្បាស់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយ​ផង ក៏ឋិតនៅ​ជាមួយ ចរចា​ជាមួយ ដល់នូវ​ការសាកច្ឆា ជាមួយនឹង​ទេវតាទាំងឡាយ​នោះផង តថាគត​ស្គាល់នូវ​ទេវតា​ទាំងឡាយនោះ​ថា ទេវតាទាំង​ឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះផង ញាណទស្សនៈ​របស់​តថាគតនោះ គប្បី​បរិសុទ្ធក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ សម័យ​ខាងក្រោយមក តថាគត​នោះឯង ជាអ្នកមិនមាន​សេចក្ដីប្រមាទ មាន​ព្យាយាម ជាគ្រឿង​ដុតកំដៅ​កិលេស មានចិត្ត​បញ្ជូនទៅ​កាន់ព្រះនិព្វាន ស្គាល់​ច្បាស់នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ក៏ឋិត​នៅជាមួយ ចរចា​ជាមួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំង​នោះផង ស្គាល់នូវ​ទេវតាទាំងនោះថា ទេវតា​ទាំងឡាយ​នេះ មកអំពី​ទេវនិកាយ​ឯណោះៗ ដូច្នេះផង តែមិនស្គាល់​នូវទេវតា​ទាំងនោះ​ថា ទេវតា​ទាំងឡាយនេះ ច្យុត​អំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្ម​នេះ​ដូច្នេះ​ផង ស្គាល់​នូវ​ទេវតាទាំងនោះថា ទេវតាទាំងឡាយ​នេះ ច្យុត​អំពីទីនេះ ទៅកើតក្នុង​ទីនោះ ដោយ​ផល​កម្ម​នេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា ទេវតាទាំងនេះ មានអាយុវែង​យ៉ាងនេះ ឋិតនៅអស់​កាល​យូរ​យ៉ាង​នេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែងយ៉ាងនេះ ឋិតនៅអស់​កាលយូរ​យ៉ាងនេះ ដូច្នេះផង តែមិនស្គាល់​ទេវតា​ទាំងនោះថា អាត្មាអញ ធ្លាប់នៅ​ជាមួយនឹង​ទេវតាទាំងឡាយ​នេះ ឬថា ​មិនធ្លាប់​នៅជាមួយ ដូច្នេះផង។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតនោះ មានសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ប្រសិនបើ អាត្មាស្គាល់ច្បាស់​នូវ​ពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ឋិតនៅ​ជាមួយ ចរចាជា​មួយ ដល់នូវ​ការ​សាកច្ឆា ជាមួយនឹង​ទេវតាទាំងនោះ​ផង គប្បីស្គាល់​នូវទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយ​នេះ មកអំពី​ទេវនិកាយ​ឯណោះ ៗ ដូច្នេះផង គប្បីស្គាល់​ទេវតាទាំង​នោះថា ទេវតា​ទាំងឡាយនេះ ច្យុតអំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង គប្បីស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខ​ទុក្ខ​យ៉ាងនេះ ដូច្នេះផង គប្បីស្គាល់​នូវទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែង​យ៉ាងនេះ ឋិតនៅអស់​កាលយូរ​យ៉ាងនេះ ដូច្នេះផង គប្បីស្គាល់នូវ​ទេវតា​ទាំង​នោះ​ថា អាត្មាអញ ធ្លាប់នៅ​ជាមួយនឹង​ទេវតាទាំងឡាយ ឬថា មិនធ្លាប់​នៅជាមួយ​ទេ ដូច្នេះផង ញាណទស្សនៈ​របស់តថាគត​នេះ គប្បីបរិសុទ្ធ​ក្រៃលែង យ៉ាងនេះ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យដទៃទៀត តថាគតនោះ ជាអ្នកមិន​ប្រមាទ មាន​ព្យាយាមជា​គ្រឿងដុត​កំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់​ព្រះនិព្វាន ស្គាល់ច្បាស់​នូវពន្លឺផង ឃើញច្បាស់​នូវរូប​ទាំងឡាយផង ឋិតនៅ​ជាមួយ ចរចាជាមួយ ដល់នូវ​ការសាកច្ឆា ជាមួយនឹង​ទេវតាទាំងឡាយ​នោះផង ស្គាល់ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មកអំពី​ទេវនិកាយ​ឯណោះ ៗ ដូច្នេះផង ស្គាល់ទេវតា​ទាំងឡាយនោះថា ទេវតាទាំង​ឡាយ​នេះ ច្យុតអំពីទីនេះ ទៅកើត​ក្នុងទីនោះ ដោយផលកម្មនេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំង​នោះថា ទេវតា​ទាំងឡាយនេះ មានអាហារ​យ៉ាងនេះ សោយសុខទុក្ខ​យ៉ាងនេះ ដូច្នេះផង ស្គាល់​ទេវតា​ទាំងនោះថា ទេវតា​ទាំងឡាយនេះ មានអាយុ​វែងយ៉ាងនេះ ឋិតនៅ​អស់កាល​យូរយ៉ាងនេះ ដូច្នេះផង ស្គាល់ទេវតា​ទាំងនោះថា អាត្មាអញ ធ្លាប់នៅជា​មួយ​នឹង​ទេវតា​ទាំងឡាយនោះ ឬថា មិនធ្លាប់​នៅជាមួយទេ ដូច្នេះផង។ ម្នាលភិក្ខុ​ទាំងឡាយ អធិទេវញ្ញាណទស្សនៈ (ការដឹង និងការឃើញ នូវទេវតាដ៏ក្រៃលែង) របស់​តថាគត មាន​បរិវដ្ដ ៨ ប្រការយ៉ាងនេះ មិនបរិសុទ្ធ​ដរាបណា ម្នាលភិក្ខុ​ទាំងឡាយ តថាគត ក៏មិនទាន់​ប្ដេជ្ញា​ខ្លួន ថា​ជាអ្នកត្រាស់​ដឹងនូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំងទេវ​លោក មារលោក និងព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទេវតា និង​មនុស្ស​ដរាប​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត កាលណា អធិទេវញ្ញាណទស្សនៈ របស់​តថាគត មានបរិវដ្ដ ៨ ប្រការយ៉ាងនេះ បរិសុទ្ធ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ កាលនោះ តថាគត​ប្ដេជ្ញាខ្លួន ថាជាអ្នក​ត្រាស់ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទេវតា និងមនុស្ស។ មិនតែ​ប៉ុណ្ណោះសោត ញាណទស្សនៈ ក៏កើតឡើង​ដល់តថាគតថា ចេតោវិមុត្តិ របស់តថាគត​មិនកម្រើក ជាតិនេះ ជាជាតិ​ទីបំផុត​ក្នុង​កាល​ឥឡូវនេះ ភពថ្មីមិន​មានទៀត​ឡើយ។

 អភិភាយតនសូត្រ ទី៥

[៧២] ម្នាលភិក្ខុទាំងឡាយ អភិភាយតនៈ (ហេតុជាគ្រឿង​គ្របសង្កត់​នូវធម៌ ជាសត្រូវ​ផង នូវ​អារម្មណ៍ផង)​ នេះមាន ៨ យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​ពួកមួយ មានសេចក្ដី​សំគាល់នូវ​រូបខាង​ក្នុង ឃើញនូវ​រូបខាងក្រៅ ជារូប​មានប្រមាណ​តិច មាន​សម្បុរ​ល្អ ឬសម្បុរ​អាក្រក់ គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្ដីសំគាល់​យ៉ាង​នេះថា អាត្មាអញ​ដឹង អាត្មាអញឃើញ ដូច្នេះ នេះជា​អភិភាយតនៈ ទី១។ បុគ្គលពួកមួយ មាន​សេចក្ដី​សំគាល់នូវ​រូបខាងក្នុង ឃើញនូវរូប​ខាងក្រៅ ជារូប​មានប្រមាណ​ច្រើន មាន​សម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយ​មានសេចក្ដី​សំគាល់​យ៉ាងនេះ​ថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ ដូច្នេះ នេះជា​អភិភាយតៈ ទី២។ បុគ្គល​ពួកមួយ មិនមាន​សេចក្ដីសំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូប​មាន​ប្រមាណ​តិច មាន​សម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់នូវ​រូបទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ​ដូច្នេះ នេះជា​អភិភាយតៈ ទី៣។ បុគ្គល​ពួកមួយ មិនមាន​សេចក្ដីសំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូប​ខាងក្រៅ ជារូបមាន​ប្រមាណ​ច្រើន មានសម្បុរល្អ ឬ​សម្បុរអាក្រក់ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៤។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវរូប​ខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបខៀវ មាន​សម្បុរខៀវ ជាទីចង្អុល​ប្រាប់ថា នេះមាន​សម្បុរខៀវ មានពន្លឺខៀវ គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មា​អញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៥។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវរូប​ខាងក្នុង ឃើញនូវរូប​ខាងក្រៅ ជារូបលឿង មានសម្បុរ​លឿង ជាទី​ចង្អុលប្រាប់ថា នេះមាន​សម្បុរលឿង មាន​ពន្លឺលឿង គ្របសង្កត់នូវ​រូបទាំងនោះ ហើយមាន​សេចក្ដីសំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា អភិភាយតៈ ទី៦។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់នូវ​រូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបក្រហម មាន​សម្បុរក្រហម ជាទីចង្អុល​ប្រាប់ថា  នេះមាន​សម្បុរ​ក្រហម មានពន្លឺ​ក្រហម គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៧។  បុគ្គលពួកមួយ មិនមានសេចក្ដី​សំគាល់​នូវរូបខាងក្នុង ឃើញនូវ​រូបខាងក្រៅ ជារូបស មាន​សម្បុរស ជាទីចង្អុល​ប្រាប់ថា នេះមាន​សម្បុរស មាន​ពន្លឺស គ្របសង្កត់​នូវរូបទាំង​នោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញ​ឃើញដូច្នេះ នេះជា​អភិភាយតៈ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ អភិភាយតនៈ មាន ៨ យ៉ាងនេះឯង។

 វិមោក្ខសូត្រ ទី៦

[៧៣] ម្នាលភិក្ខុទាំងឡាយ វិមោក្ខនេះ មាន ៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​មាន​រូបជ្ឈាន រមែងឃើញ​នូវរូប គឺកសិណ​ទាំងឡាយ (មាននីលកសិណ ជាដើម) នេះជា​វិមោក្ខ ទី១។ បុគ្គលពួកមួយ មិនមាន​សេចក្ដី​សំគាល់​នូវរូបខាងក្នុង (មានសក់ជាដើម) រមែងឃើញ​នូវរូប​ខាងក្រៅ​ទាំងឡាយ គឺកសិណ (មាននីលកសិណ​ជាដើម) នេះជា​វិមោក្ខ ទី២។ បុគ្គល​មានចិត្តចុះ​ស៊ប់ថា វណ្ណកសិណ​ដ៏បរិសុទ្ធ នេះជា​វិមោក្ខ ទី៣។ ព្រោះកន្លង​នូវ​រូបសញ្ញា ដោយប្រការ​ទាំងពួង ដល់នូវសេចក្ដី​វិនាស​នៃបដិឃសញ្ញា មិនបាន​ធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា បានដល់​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​ការ​ធ្វើទុក​ក្នុងចិត្តថា អាកាស​មិនមាន​ទីបំផុត​ដូច្នេះ នេះជា​វិមោក្ខ ទី៤។ ព្រោះកន្លង​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា វិញ្ញាណ​មិនមាន​ទីបំផុត​ដូច្នេះ នេះជា​វិមោក្ខ ទី៥។  ព្រោះកន្លងនូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយការ​ធ្វើទុកក្នុង​ចិត្តថា អ្វីតិចតួច​ក៏មិនមាន​ដូច្នេះ នេះជា​វិមោក្ខ ទី៦។ ព្រោះកន្លង​នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង បានដល់​នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន នេះជា​វិមោក្ខ ទី៧។ ព្រោះកន្លង​នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង បានដល់​នូវសញ្ញាវេទយិតនិរោធ (សេចក្ដីរលត់​នៃសញ្ញា និងវេទនា) នេះជា​វិមោក្ខ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ វិមោក្ខ មាន៨ យ៉ាងនេះឯង។

 អនរិយវោហារសូត្រ ទី៧

[៧៤] ម្នាលភិក្ខុទាំងឡាយ អនរិយវោហារ (វោហារមិនប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថា​ឃើញ ១ មិនឮ និយាយថា ឮ ១ មិនបាន​ហិតភ្លក់ និយាយថា បានហិតភ្លក់ ១ មិនដឹង និយាយថា ដឹង ១ ឃើញ និយាយថា មិនឃើញ ១ ឮ និយាយថា មិនឮ ១ បានហិតភ្លក់ និយាយថា មិនបានហិតភ្លក់ ១ ដឹង និយាយថា មិនដឹង ១។ ម្នាលភិក្ខុ​ទាំងឡាយ អនរិយវោហារ មាន៨ យ៉ាងនេះឯង។

 អរិយវោហារសូត្រ ទី៨

[៧៥] ម្នាលភិក្ខុទាំងឡាយ អរិយវោហារ (វោហារដ៏ប្រសើរ) នេះ មាន៨យ៉ាង។ ៨យ៉ាង តើអ្វីខ្លះ។ គឺមិនឃើញ និយាយថា មិនឃើញ ១ មិនឮ និយាយថា មិនឮ ១ មិនបាន​ហិតភ្លក់ និយាយថា មិនបាន​ហិតភ្លក់ ១ មិនដឹង និយាយថា មិនដឹង ១ ឃើញ និយាយ​ថា ឃើញ ១ ឮ និយាយថា ឮ ១ បានហិតភ្លក់ និយាយថា បានហិតភ្លក់ ១ ដឹង និយាយថា ដឹង ១។ ម្នាលភិក្ខុ​ទាំងឡាយ អរិយវោហារ មាន៨ យ៉ាងនេះឯង។

 បរិសាសូត្រ ទី៩

[៧៦] ម្នាលភិក្ខុទាំងឡាយ បរិសទ្យ មាន ៨ ពួក។ ៨ ពួក តើអ្វីខ្លះ។ គឺ​ខត្តិយបរិសទ្យ ១ ព្រាហ្មណបរិសទ្យ ១ គហបតិបរិសទ្យ ១ សមណបរិសទ្យ ១ ចាតុម្មហារាជិកបរិសទ្យ ១ តាវត្តឹង្សបរិសទ្យ ១ មារបរិសទ្យ ១ ព្រហ្មបរិសទ្យ ១។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតធ្លាប់បានចូលទៅរក​ខត្តិយបរិសទ្យ​ជាច្រើន​រយ។ ក្នុង​បរិសទ្យ​នោះ តថាគត​ធ្លាប់អង្គុយ​ជាមួយផង ធ្លាប់ចរចា​ជាមួយផង ធ្លាប់​ដល់នូវ​ការសាកច្ឆាជា​មួយផង សម្បុរ​របស់​ជនទាំង​នោះ ក្នុង​បរិសទ្យនោះ យ៉ាងណា សម្បុរ​របស់​តថាគត ក៏យ៉ាង​នោះដែរ សំឡេង​របស់ជន​ទាំងនោះ យ៉ាងណា សំឡេង​របស់​តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត បានញុំាង​ជនទាំងនោះ ឲ្យ​ឃើញច្បាស់​ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា កាលដែល​តថាគត កំពុង​និយាយ ជនទាំង​នោះ មិនស្គាល់ថា ជនដែល​កំពុងនិយាយ​នេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​មនុស្ស​ដូច្នេះ​ឡើយ លុះតថាគត​ញុំាងជន​ទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏បាត់ទៅ កាល​ដែលតថាគត​បាត់ទៅហើយ ចំណែក​ជនទាំង​នោះ នៅតែ​មិនស្គាល់ថា ជនដែល​បាត់ទៅ​ហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​ជា​មនុស្ស​ដូច្នេះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ធ្លាប់ចូល​ទៅរក​ព្រាហ្មណបរិសទ្យ ជាច្រើនរយ។បេ។ បានចូល​ទៅរក​គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិក​បរិសទ្យ តាវត្តឹង្សបរិសទ្យ មារបរិសទ្យ ព្រហ្មបរិសទ្យ។ ក្នុង​ព្រហ្មបរិសទ្យនោះ តថាគត​ធ្លាប់អង្គុយ​ជាមួយផង ធ្លាប់ចរចា​ជាមួយផង ធ្លាប់ដល់នូវ​ការ​សាកច្ឆាជាមួយ​ផង សម្បុរ​របស់​ព្រហ្មទាំងនោះ ក្នុង​បរិសទ្យ​នោះយ៉ាងណា សម្បុរ​របស់តថាគត ក៏យ៉ាងនោះ​ដែរ សំឡេង​របស់ព្រហ្ម​ទាំងនោះ​យ៉ាងណា សំឡេងរបស់​តថាគត ក៏យ៉ាងនោះដែរ មួយទៀត តថាគត​ បានញុំាង​ព្រហ្មទាំងនោះ​ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថា កាលដែល​តថាគត​កំពុងនិយាយ ចំណែក​ព្រហ្មទាំងនោះ​មិនស្គាល់ថា ជនដែល​កំពុងនិយាយ​នេះ ជាអ្វីហ្ន៎ ជាទេវតា ឬ​ជាមនុស្ស​ដូច្នេះឡើយ។ លុះតថាគត​ញុំាង​ព្រហ្មទាំងនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក៏បាត់ទៅ កាលដែល​តថាគតបាត់​ទៅហើយ ចំណែក​ព្រហ្មទាំងនោះ នៅតែមិន​ស្គាល់ថា ជនដែល​បាត់ទៅ​ហើយនេះ ជាអ្វីហ្ន៎ ជាទេវតា ឬជាមនុស្ស​ដូច្នេះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ បរិសទ្យ ៨ ពួកនេះឯង។

 ភូមិចាលសូត្រ ទី១០

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលី។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅកាន់ក្រុង​វេសាលី ដើម្បី​បិណ្ឌបាត។ លុះ​ទ្រង់ត្រាច់​ទៅ​បិណ្ឌបាត ក្នុង​ក្រុងវេសាលី​ហើយ ត្រឡប់​អំពីបិណ្ឌបាត ក្នុងវេលា​ខាងក្រោយភត្ត ហើយ​ទ្រង់ត្រាស់​ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​ថា ម្នាលអានន្ទ ចូរអ្នក​កាន់យក​និសីទនៈ​ទៅ យើងនឹង​ចូល​ទៅសម្រាក ក្នុងវេលា​ថ្ងៃ ឯបាវាលចេតិយ។ ព្រះអានន្ទដ៏​មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ ហើយក៏​កាន់​និសីទនៈទៅតា​មខាងក្រោយ ៗ ព្រះដ៏មានព្រះភាគទៅ។

គ្រានោះ ព្រះដ៏មានព្រះភាគ កាលស្ដេចចូល​ទៅកាន់​បាវាលចេតិយ លុះចូលទៅ​ដល់ហើយ ក៏គង់លើ​អាសនៈ ដែលព្រះអានន្ទ​ក្រាលថ្វាយ។ លុះ​ព្រះដ៏មានព្រះភាគ គង់​ហើយ ក៏ទ្រង់ត្រាស់​នឹង​ព្រះអានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ ក្រុង​វេសាលី ជាទីគួរ​ត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទី​គួរត្រេកអរ សត្តម្ពចេតិយ ជាទីគួរត្រេកអរ សារន្ទទចេតិយ ជាទីគួរត្រេកអរ បាវាលចេតិយ ជាទីគួរត្រេកអរ។ ម្នាលអានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បាន​ចំរើនហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូចជាយាន បានដម្កល់ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ បុគ្គលនោះ ទោះបី​ប្រាថ្នា នឹង​គប្បី​ឋិត​នៅ​អស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ម្នាលអានន្ទ ឯ​ឥទ្ធិបាទទាំង ៤ តថាគត​បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់ស៊ប់ បាន​ប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បានប្រារព្ធ​ល្អហើយ ម្នាល​អានន្ទ តថាគត បើ​ប្រាថ្នា ​គប្បីឋិត​នៅអស់ ១ អាយុកល្ប ឬ​លើសជាង ១ អាយុកល្បក៏បាន។ ឯ​ព្រះអានន្ទ​ដ៏មានអាយុ ទុកជា​ព្រះ​ដ៏មានព្រះភាគ ទ្រង់ធ្វើ​និមិត្តជាឱឡារិក ទ្រង់ធ្វើឱភាស​ជាឱឡារិក យ៉ាងនេះ​ហើយ ក៏មិនអាច​នឹង​យល់​សេចក្ដី​ច្បាស់លាស់​បាន មិនបាន​អារាធនា​ព្រះដ៏​មាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍​ដល់​ជនច្រើន ដើម្បី​សេចក្ដីសុខ​ដល់ជន​ច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្តី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ពួក​​ទេវតា និង​មនុស្ស​ដូច្នេះ​សោះ ព្រោះ​មារ ចូលមក​ជ្រែកគំនិត។ ព្រះដ៏មាន​ព្រះភាគ ទ្រង់មាន​ព្រះពុទ្ធដីកា ជាគំរប់​ពីរ​ដងផង។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា​នឹងព្រះអានន្ទ​ដ៏មានអាយុ ជាគំរប់​បីដង​ផងថា ម្នាលអានន្ទ ក្រុងវេសាលី ជាទីគួរត្រេកអរ ឧទេនចេតិយ ជាទីគួរត្រេកអរ គោតមកចេតិយ ជាទីគួរត្រកអរ ពហុបុត្តកចេតិយ ជាទីគួរត្រេកអរ សត្តម្ពចេតិយ ជាទី​គួរត្រេកអរ សារន្ទទចេតិយ ជាទីគួរ​ត្រេកអរ បាវាលចេតិយ ជាទី​គួរត្រេកអរ។ ម្នាល​អានន្ទ ឥទ្ធិបាទ​ទាំង ៤ បើបុគ្គល​ណាមួយ បានចំរើន​ហើយ បានធ្វើ​ឲ្យច្រើន បានធ្វើ​ឲ្យដូច​ជាយាន បានដម្កល់​ស៊ប់ បានប្រព្រឹត្ត​រឿយ ៗ បាន​សន្សំទុក បាន​ប្រារព្ធល្អ​ហើយ។បេ។  ម្នាលអានន្ទ តថាគត បើប្រាថ្នា គប្បីឋិត​នៅ អស់១ អាយុកល្ប ឬ​លើស​ជាង ១ អាយុកល្ប​ក៏បាន។ ឯព្រះ​អានន្ទ​ដ៏មានអាយុ ទុកជា​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ធ្វើ​និមិត្ត​ជាឱឡារិក​យ៉ាងនេះហើយ ក៏នៅតែមិនអាច​យល់​សេចក្ដី​ច្បាស់លាស់​បានឡើយ ហើយមិន​បាន​អារាធនា​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មាន​ព្រះភាគ ឋិតនៅ​អស់ ១ អាយុកល្ប បពិត្រព្រះអង្គ​ដ៏ចំរើន សូមព្រះសុគត ឋិតនៅ​អស់ ១ អាយុកល្ប ដើម្បី​ប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្ដី​សុខ ដល់ជនច្រើន ដើម្បី​អនុគ្រោះ ដល់​សត្វលោក ដើម្បី​សេចក្ដី​ចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្ដីសុខ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយដូច្នេះសោះឡើយ ព្រោះមារ ចូលមក​ជ្រែកគំនិត។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​នឹង​អានន្ទដ៏មាន​អាយុថា ម្នាលអានន្ទ អ្នកចូរទៅចុះ អ្នកចូរសំគាល់​នូវកាល​ដែលគួរ​នឹងទៅ ក្នុងកាល​ឥឡូវ​នេះចុះ។ ព្រះអានន្ទ​ដ៏មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណា ព្រះអង្គ រួចក៏ក្រោក​ចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចអង្គុយ​ទៀបគល់ឈើមួយ ​ជិត​ព្រះដ៏មានព្រះភាគ។

គ្រានោះ កាលបើព្រះអានន្ទ​ដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន មារមាន​ចិត្ត​បាប ក៏បាន​ពោលពាក្យនេះ នឹង​ព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ បរិនិព្វាន​ក្នុង​កាល​ឥឡូវនេះ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន​របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ បានត្រាស់​វាចានេះ​ហើយថា នែ​មារមាន​ចិត្តបាប ពួកភិក្ខុ ជាសាវក​របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាក​យោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរដល់​ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្ត​តាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បាន​សង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជា​កិច្ច​ដែល​ខ្លួនបាន​សង្កត់សង្កិន​ដោយល្អ​ តាមពាក្យ​ដែល​សមហេតុ ហើយសំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ នៅ​មិនទាន់​មាន ដរាប​ណាទេ តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ​ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ ជាសាវក​របស់​ព្រះដ៏មានព្រះភាគ បាន​ឈ្លាសវៃ ក្លៀវក្លា ដល់នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួន ហើយប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយ​បានហើយ ទាំងសង្កត់សង្កិន​បរប្បវាទ ដែលកើត​ឡើងហើយ ឲ្យជាកិច្ច​ដែលបាន​សង្កត់​សង្កិន​ដោយល្អ តាមពាក្យ ដែល​សមហេតុ ហើយ​សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យបានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរនឹង​បរិនិព្វាន របស់ព្រះ​ដ៏មានព្រះភាគ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះព្រះដ៏មាន​ព្រះភាគ ត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មាន​ចិត្តបាប ពួកភិក្ខុ​នី ជាសាវិកា របស់តថាគត មិនទាន់​មាន​ដរាបណា តថាគត​នឹង​មិនទាន់​បរិនិព្វាន​ដរាប​នោះ។បេ។ ពួកឧបាសក ជាសាវក របស់តថាគត មិនទាន់មាន ដរាបណា។បេ។ ពួកឧបាសិកា ជាសាវិកា របស់តថាគត ដែល​ឈ្លាសវាងវៃ ក្លៀវក្លា ដល់​នូវ​ការក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌​សម​គួរដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ បានរៀន​នូវវាទៈ​នៃអាចារ្យ​របស់ខ្លួនហើយ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបាន បានសង្កត់​សង្កិននូវ​បរប្បវាទ ដែលកើត​ឡើង​ហើយ ឲ្យជា​កិច្ចដែលសង្កត់សង្កិនដោយល្អ តាមពាក្យ​ដែលសមហេតុ សំដែងធម៌ ប្រកប​ដោយ​បាដិហារ្យ នៅមិនទាន់​មាន ដរាបណា​ទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ឧបាសិកា ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ ដែលឈ្លាស​វាងវៃ ក្លៀវក្លា ដល់​នូវ​ការ​ក្សេម ចាកយោគៈ ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិ​ធម៌​សមគួរ​ដល់ធម៌ ប្រតិបត្តិ​ដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀន​នូវវាទៈ នៃអាចារ្យ​របស់ខ្លួន​ហើយ ប្រាប់សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យ​ងាយបានហើយ ទាំងសង្កត់​សង្កិន​នូវបរប្បវាទ ដែល​កើត​ឡើង​ហើយ ឲ្យជា​កិច្ចដែល​សង្កត់សង្កិន​ដោយល្អ តាមពាក្យ ដែលសមហេតុ ហើយ​សំដែង​ធម៌ ប្រកប​ដោយ​បាដិហារ្យ​បានហើយ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វាន​ទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាលគួរ​នឹង​បរិនិព្វាន របស់ព្រះដ៏មាន​ព្រះភាគហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មួយទៀត ព្រះដ៏មាន​ព្រះភាគ បានត្រាស់​វាចានេះ​ហើយថា ម្នាលមារ​មានចិត្តបាប ព្រហ្មចារ្យ របស់​តថាគតនេះ នៅមិនទាន់​ខ្ជាប់ខ្ជួន មិនទាន់​ចំរើន មិនទាន់ផ្សាយ​ទៅសព្វទិស គេមិនទាន់​ដឹងច្រើនគ្នា និង​មិនទាន់​ពេញ​បរិបូណ៌​ដរាបណា មួយទៀត ពួក​ទេវតា និងមនុស្ស​មិនទាន់​​ចេះសំដែងបាន ដោយប្រពៃ ដរាបណា តថាគត​នឹងមិនបរិនិព្វាន ដរាបនោះ ដូច្នេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រហ្មចារ្យ​របស់​ព្រះដ៏មាន​ព្រះភាគ​នេះ បាន​ខ្ជាប់ខ្ជួនហើយ បានចំរើនហើយ បានផ្សាយទៅ​សព្វទិសហើយ គេបាន​ដឹងច្រើន​គ្នាហើយ បានពេញ​បរិបូណ៌ហើយ ពួកទេវតា និងមនុស្ស ចេះ​សំដែង​បាន​ដោយល្អហើយ។ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ បរិនិព្វាន​ទៅ សូមព្រះសុគត បរិនិព្វានទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ជាកាល​គួរ​នឹង​បរិនិព្វាន របស់​ព្រះដ៏មានព្រះភាគ​ហើយ។ ម្នាល​មារមានចិត្តបាប ចូរអ្នក​មាន​សេចក្ដី​ខ្វល់ខ្វាយ​តិចចុះ ការ​បរិនិព្វាន របស់តថាគត មិនយូរប៉ុន្មានទេ កន្លង ៣ ខែ អំពី​ថ្ងៃនេះ​ទៅ តថាគតនឹងបរិនិព្វាន​ហើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​សតិសម្បជញ្ញៈ ទ្រង់ដាក់​អាយុសង្ខារ ឰដ៏បាវាលចេតិយ។ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ដាក់​អាយុសង្ខារ​ហើយ ក៏កើតការកក្រើក​ផែនដី​យ៉ាងធំ គួរឲ្យភ្លូក​ភ្លឹក ព្រឺព្រួចរោម ទាំងផ្គរ​ ក៏លាន់ឮឡើង។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ជ្រាបច្បាស់​នូវ​សេចក្ដី​នេះ​ហើយ ក៏បន្លឺនូវ​ឧទាននេះ ក្នុងវេលានោះថា

ព្រះពុទ្ធ ជាអ្នកប្រាជ្ញ ទ្រង់ពិចារណាឃើញ​នូវព្រះនិព្វាន ​ដែលមាន​គុណ​ថ្លឹង​មិនបានផង នូវភពផង ទ្រង់លះបង់​នូវសង្ខារ ដែល​នាំសត្វ​ទៅកាន់ភព ទ្រង់ត្រេកអរ​នូវអារម្មណ៍​ខាងក្នុង (ដោយអំណាច​វិបស្សនា) មាន​ព្រះហឫទ័យ​តាំងមាំហើយ (ដោយអំណាច​សមថៈ) ទ្រង់បាន​ទំលាយ​នូវ​បណ្ដាញ គឺកិលេស ដែល​កើតមាន​នៅ​ក្នុង​ព្រះអង្គ​ដូចជា​ក្រោះ។

លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ មានសេចក្ដី​ត្រិះរិះយ៉ាង​នេះថា អើហ្ន៎ ការ​កក្រើក​ផែនដី​នេះជាយ៉ាងធំ ការកក្រើក​ផែនដីនេះ​ធំណាស់​តើ គួរឲ្យភ្លូកភ្លឹក ឲ្យព្រឺព្រួច​រោម ទាំងផ្គរ​ក៏លាន់ឮឡើង។ ហេតុ​ដូចម្ដេច បច្ច័យ​ដូចម្ដេចហ្ន៎ ដែលនាំ​ឲ្យការ​កក្រើក​ផែនដី ជា​យ៉ាង​ធំម្ល៉េះ។ ទើបព្រះអានន្ទ​ដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយគង់​ក្នុង​ទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ គង់ក្នុងទី​សមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការកក្រើក​ផែនដីនេះ​ជាយ៉ាងធំ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការ​កក្រើក​ផែន​ដីនេះ ធំពេក​ណាស់តើ គួរឲ្យ​ភ្លូកភ្លឹក គួរឲ្យ​ព្រឺព្រួចរោម ទាំងផ្គរ​ក៏លាន់​ឮ​ឡើង។ បពិត្រ​ព្រះអង្គដ៏​ចំរើន ហេតុដូចម្ដេច បច្ច័យដូច​ម្ដេចហ្ន៎ ដែលនាំឲ្យកើតការ​កក្រើកផែនដី ជាយ៉ាងធំម្ល៉េះ។

ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ហេតុបច្ច័យ​ដែលនាំឲ្យ​កើតការកក្រើក​ផែនដីនេះ​មាន ៨ យ៉ាង។ ហេតុ​បច្ច័យទាំង ៨យ៉ាង តើដូច​ម្ដេចខ្លះ។ ម្នាលអានន្ទ មហាប្រឋពី​នេះ ប្រតិស្ថាន​នៅលើ​ទឹក ឯទឹក​ប្រតិស្ថាន​នៅលើខ្យល់ ខ្យល់​ប្រតិស្ថាន​នៅលើអាកាស ម្នាល​អានន្ទ សម័យ​ដែលមាន​ខ្យល់បក់ ខ្យល់​ធំដែល​បក់នោះ រមែងធ្វើ​ទឹកឲ្យ​កក្រើក ឯទឹកដែល​កក្រើក​មកហើយ ក៏ធ្វើផែនដី​ឲ្យកក្រើក​ដែរ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ​ ទី១ ដែលនាំ​ឲ្យកើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត សមណៈ​ក្ដី ព្រាហ្មណ៍ក្ដី ដែលមាន​ឫទ្ធិ ដល់នូវការ​ស្ទាត់ជំនាញ ក្នុងចិត្ត ឬទេវតា​ដែលមានឫទ្ធិធំ មាន​អានុភាព​ធំ បុគ្គលនោះ បានចំរើន​បឋវិសញ្ញា ឲ្យមាន​កំឡាំងតិច ចំរើន​អាបោសញ្ញា ឲ្យ​មាន​កំឡាំង​ច្រើន បុគ្គលនោះ រមែងធ្វើ​ផែនដីនេះ ឲ្យកក្រើក​រំភើប ញាប់ញ័រ​បាន ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី២ ដែលនាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា​ដែលព្រះពោធិសត្វ ច្យុតចាក​ពួកទេវតា ដែលឋិតនៅ​ក្នុងឋាន​តុសិត​ មានសតិ និងសម្បជញ្ញៈ យាងចុះ​កាន់ព្រះមាតុឧទរ ក្នុងកាល​នោះ​ ផែនដី​នេះ តែងកក្រើក​រំភើប ញាប់ញ័រ​ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៣ ដែលនាំ​ឲ្យ​កក្រើកផែនដី ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ពោធិសត្វ មាន​សតិ និងសម្បជញ្ញៈ ទ្រង់ប្រសូត​ចាកព្រះមាតុឧទរ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៤ ដែលនាំឲ្យ​កក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ត្រាស់ដឹង​នូវអនុត្តរសម្មាសម្ពោធិញ្ញាណ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​រំភើប ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៥ ដែលនាំ​ឲ្យកើត​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត ញុំាង​អនុត្តរធម្មចក្រ ឲ្យប្រព្រឹត្តទៅ កាលនោះ ផែនដីនេះ តែងកក្រើក​ រំភើប​ញាប់ញ័រ ម្នាល​អានន្ទ នេះជាហេតុ ជាបច្ច័យ ទី៦ ដែលនាំឲ្យ​កើតការកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាល​អានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគតគត មានសតិ និងសម្បជញ្ញៈ ដាក់​ចុះនូវ​អាយុសង្ខារ ក្នុងកាលនោះ ផែនដីនេះ តែងកក្រើក ​រំភើប​ញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៧ ដែលនាំឲ្យកក្រើក​ផែនដី​ជាយ៉ាងធំ។ ម្នាលអានន្ទ មួយទៀត កាលណា ដែល​ព្រះតថាគត បរិនិព្វាន​ដោយ​អនុបាទិសេសនិព្វានធាតុ ក្នុងកាលនោះ ផែនដីនេះ តែង​កក្រើក​ រំភើបញាប់ញ័រ ម្នាលអានន្ទ នេះជាហេតុ ជាបច្ច័យ ទី៨ ដែលនាំ​ឲ្យ​ការកក្រើក​ផែនដី ជាយ៉ាងធំ។ ម្នាលអានន្ទ ហេតុបច្ច័យ ដែល​នាំឲ្យ​កើតការ​កក្រើក​ផែនដី ជាយ៉ាងធំ មាន ៨ យ៉ាងនេះឯង។

ចប់ ចាលវគ្គ ទី២។

ឧទ្ទានក្នុងចាលវគ្គនោះគឺ

និយាយអំពីសេចក្ដីប្រាថ្នា ១ ភិក្ខុដែលគួរ ១ ព្រះដ៏មានព្រះភាគ​ទ្រង់​សំដែង​ធម៌ ដោយ​សង្ខេប ១ ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​ក្នុងគយាសីស​ប្រទេស ១ អភិភាយតនៈ ១ វិមោក្ខ ១ វោហារ ២លើក បរិសទ្យ ១ ផែនដីកក្រើក ១។

យមកវគ្គ

 បឋមសទ្ធាសូត្រ ទី១

[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមាន​សីលទេ យ៉ាងនេះ ភិក្ខុនោះ​ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណង​ថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បីជាអ្នក​មានសទ្ធាផង មាន​សីលផង ម្នាលភិក្ខុ​ទាំង​ឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គ​នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មានសទ្ធាផង មាន​សីលផង តែមិនមែន​ជា​ពហុស្សូត​ទេ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិន​បរិបូរ​ដោយ​អង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បី​ជាអ្នក​មានសទ្ធាផង មាន​សីលផង ជាពហុស្សូត​ផងហើយ យ៉ាងនេះ ទើប​ភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​មាន​សទ្ធាផង មានសីល​ផង ជាពហុស្សូត​ផង តែមិនមែន​ធម្មកថិក​ទេ។ បេ។ ជាធម្មកថិក​ផង តែមិនមែន​ជាអ្នក​ចូល​ទៅកាន់​បរិសទ្យទេ។បេ។ ជាអ្នកចូល​ទៅ​កាន់បរិសទ្យ​ផង តែមិនមែន​ជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យទេ។បេ។ ជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យ​ផង តែជាអ្នក​មិនបាន​តាមប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវឈាន​ទាំង៤ ដែលជាធម៌​អាស្រ័យនៅ​នឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្ន​ទេ។បេ។ ជាអ្នក​បានតាម​ប្រាថ្នា បានដោយងាយ បានដោយស្រួល នូវឈាន​ទាំង៤ ដែលជា​ធម៌អាស្រ័យ​នៅនឹងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជាសុខ ក្នុង​បច្ចុប្បន្នផង តែមិនធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នទេ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ​គប្បីជាអ្នក​មានសទ្ធា​ផង មានសីលផង ជាពហុស្សូត​ផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នក​បានតាមប្រាថ្នា បានដោយ​ងាយ បានដោយ​ស្រួល នូវឈានទាំង៤ ដែល​ជាធម៌​អាស្រ័យនៅ​នឹងចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជា​សុខ ក្នុងបច្ចុប្បន្នផង ហើយ​ធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នផង ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នកមាន​សទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យផង ជាអ្នក​បានតាមប្រាថ្នា បានដោយ​ងាយ បានដោយ​ស្រួល នូវឈាន​ទាំង៤ ដែលជា​ធម៌អាស្រ័យ​នៅនឹង​ចិត្តដ៏ថ្លៃថ្លា ជាគ្រឿង​នៅជា​សុខ ក្នុងបច្ចុប្បន្ន​ផង ហើយបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិន​មានអាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្នផង យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបរិបូរ​ដោយធម៌​ទាំង ៨ យ៉ាងនេះ​ ឈ្មោះថា ជាអ្នក​បណ្ដុះសេចក្ដី​ជ្រះថ្លា ឲ្យកើតដោយ​គ្រប់គ្រាន់ផង ឈ្មោះថា ជាអ្នកបរិបូរ​ដោយអាការៈ គឺចំណែក​នៃ​សមណធម៌​សព្វគ្រប់ផង។

 ទុតិយសទ្ធាសូត្រ ទី២

[៧៩]  ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសទ្ធា តែមិនមាន​សីលទេ យ៉ាងនេះ ភិក្ខុនោះ​ឈ្មោះថា មិនបរិបូរ​ដោយអង្គនោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយបំណង​ថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីជាអ្នក​មានសទ្ធាផង មានសីល​ផង ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង យ៉ាងនេះ ទើបភិក្ខុនោះ​ឈ្មោះថា បរិបូរ​ដោយ​អង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ  ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង តែមិន​មែនជា​ពហុស្សូតទេ។បេ។ ជាពហុស្សូត​ផង តែមិនមែន​ជាធម្មកថិក​ទេ។បេ។ ជាធម្មកថិក​ផង តែមិនមែន​ជាអ្នកចូល​ទៅកាន់​បរិសទ្យទេ។បេ។ ជាអ្នក​ចូលទៅកាន់​បរិសទ្យ​ផង តែមិន​មែនជាអ្នក​ក្លៀវក្លា​ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យទេ។បេ។ ជាអ្នក​ក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នកពាល់​ត្រូវនូវ​ពួកវិមោក្ខ​ដ៏ល្អិត ជា​អរូបជ្ឈាន​ដែលកន្លង​ផុតនូវ​រូបជ្ឈាន ដោយនាម​កាយផង តែមិន​ទាន់ធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមិត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏ឧត្ដម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន​នៅឡើយ យ៉ាងនេះ ភិក្ខុនោះ ឈ្មោះថា មិនទាន់បរិបូរ​ដោយអង្គ​នោះ ភិក្ខុនោះ គួរបំពេញ​អង្គនោះ ដោយ​បំណងថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីជាអ្នក​មានសទ្ធាផង មានសីលផង ជាពហុស្សូតផង ជាធម្មកថិក​ផង ជាអ្នកចូល​ទៅកាន់​បរិសទ្យផង ជាអ្នកក្លៀវក្លា ខាងសំដែង​ធម៌កណ្ដាល​បរិសទ្យផង ជាអ្នកពាល់​ត្រូវនូវ​ពួកវិមោក្ខ​ដ៏ល្អិត ជាអរូបជ្ឈាន​ដែលកន្លង​ផុតរូបជ្ឈាន ដោយនាម​កាយ​ផង បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ព្រោះអស់អាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្ដម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន ម្នាលភិក្ខុ​ទាំងឡាយ កាលណា ភិក្ខុជាអ្នក​មានសទ្ធាផង មានសីលផង ជាពហុស្សូត​ផង ជាធម្មកថិក​ផង ជាអ្នកចូលទៅ​កាន់បរិសទ្យ​ផង ជាអ្នកក្លៀវក្លា ខាងសំដែង​ធម៌​កណ្ដាល​បរិសទ្យ​ផង ជាអ្នកពាល់ត្រូវ​នូវពួក​វិមោក្ខដ៏ល្អិត ជាអរូបជ្ឈាន​ដែលកន្លង​ផុតនូវរូបជ្ឈាន ដោយនាម​កាយផង បានធ្វើ​ឲ្យជាក់ច្បាស់។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ យ៉ាងនេះ ទើបភិក្ខុនោះ ឈ្មោះថា បរិបូរ​ដោយអង្គនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុបរិបូរ​ដោយ​ធម៌ទាំង ៨ យ៉ាង​នេះ ឈ្មោះថា ជាអ្នកបណ្ដុះ​សេចក្ដីជ្រះថ្លា ឲ្យកើតដោយ​គ្រប់គ្រាន់​ផង ឈ្មោះថា ជាអ្នកបរិបូរ​ដោយអាការៈ គឺចំណែក​នៃសមណធម៌សព្វគ្រប់ផង។

 បឋមមរណស្សតិសូត្រ ទី៣

[៨០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុង​គិញ្ជកាវសថៈ (ប្រាសាទឥដ្ឋ) ជិត​នាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ពួក​ភិក្ខុថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​របស់ព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំង​ឡាយ មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ មានផល​ច្រើន មាន​អានិសង្ស​​ច្រើន ឈមចុះ​កាន់អមតៈ មានអមតៈ​ជាទីបំផុត ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ បាន​ចំរើន​មរណស្សតិ​ឬទេ។

កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបទូលព្រះ​ដ៏មាន​ព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​ចំរើន​មរណស្សតិ។ ម្នាលភិក្ខុ​ ចុះ​អ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ​ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន (ក្នុងសាសនា​របស់ព្រះអង្គ) បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើន​មរណស្សតិ​ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់ ១ថ្ងៃ អាត្មាអញ ធ្វើទុកក្នុង​ចិត្តនូវ​ពាក្យប្រៀន​ប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ​ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់កន្លះ​ថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈឆាន់​ចង្ហាន់​បិណ្ឌបាតម្ដង អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេច​ហ្ន៎ អាត្មាអញ គប្បីរស់​នៅបានត្រឹមខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ពាក់កណ្ដាល អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើកិច្ចការ​ឲ្យបាន​ច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើននូវ​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើនមរណស្សតិ ដូចម្ដេច។ បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅ​បានត្រឹមខណៈ​ ដែលទំពា​ពំនូតបាយ ៤ ឬ ៥ ពំនូត លេបចូលទៅ អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ​ទំពា​លេបអស់ ១ ពំនូត អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន បពិត្រព្រះ​អង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

មានភិក្ខុមួយរូបទៀត ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​ដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិ ដូចម្ដេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ ដែលដក​ដង្ហើមចូល ហើយចេញ ឬដកដង្ហើមចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្តនូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើន​មរណស្សតិ​យ៉ាងនេះ។

កាលបើពួកភិក្ខុទាំងនោះ ក្រាបទូលយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នឹង​ពួកភិក្ខុ​ទាំងនោះ​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅ អស់យប់ និងថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មាន​ព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់នៅ​អស់ ១ថ្ងៃ អាត្មាអញ គប្បីធ្វើទុកក្នុង​ចិត្ត នូវពាក្យប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ អាត្មាអញ គប្បីរស់នៅ​អស់កន្លះថ្ងៃ អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ធ្វើដូចម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ម្ដង  អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់​ព្រះដ៏មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹម​ខណៈ​ឆាន់ចង្ហាន់​បិណ្ឌបាត​ពាក់កណ្ដាល អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្ត​នូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ​ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅ​ត្រឹមខណៈ ​ទំពាពំនូតបាយ ៤ ឬ ៥ ពំនូត លេប​ចូលទៅ អាត្មាអញ គប្បីធ្វើ​ទុកក្នុង​ចិត្តនូវពាក្យ​ប្រៀនប្រដៅ របស់ព្រះដ៏​មាន​ព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំង​អម្បាល​នេះ ហៅថា មានសេចក្ដី​ប្រមាទ​នៅឡើយ ចំរើន​មរណស្សតិ ដើម្បីធ្វើ​ឲ្យអស់​អាសវៈ​ទាំងឡាយ យឺតយូរទេ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយសេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ ឲ្យអាត្មាអញ គប្បីរស់​នៅត្រឹមខណៈ​ទំពាលេប​បាយ ១ ពំនូត អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យប្រៀនប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បីធ្វើ​កិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើន​មរណស្សតិ ដោយ​សេចក្ដី​ត្រិះរិះ យ៉ាងនេះថា ធ្វើដូច​ម្ដេចហ្ន៎ អាត្មាអញ គប្បីរស់​នៅត្រឹមខណៈ ដែល​ដក​ដង្ហើម​ចូល ហើយចេញ ឬ​ដកដង្ហើម​ចេញ ហើយចូល អាត្មាអញ គប្បីធ្វើទុក​ក្នុងចិត្តនូវ​ពាក្យ​ប្រៀន​ប្រដៅ របស់ព្រះដ៏​មានព្រះភាគ អាត្មាអញ គប្បី​ធ្វើកិច្ចការ​ឲ្យបានច្រើន។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទាំង​អម្បាលនេះ ហៅថា មិនមាន​សេចក្ដី​ប្រមាទ ចំរើន​មរណស្សតិ ដើម្បី​ឲ្យអស់​អាសវៈ​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ ត្រូវសិក្សា​យ៉ាងនេះថា ពួកយើងនឹង​មិនមាន​សេចក្ដីប្រមាទ និង​ចំរើន​មរណស្សតិ ដើម្បីធ្វើ​ឲ្យអស់​អាសវៈ​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សា​យ៉ាងនេះ​ណ៎ា។

 ទុតិយមរណស្សតិសូត្រ ទី៤

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុងគិញ្ជកាវសថៈ ជិត​នាទិកគ្រាម។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយ​ថា។បេ។ ម្នាលភិក្ខុ​ទាំងឡាយ មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ សន្សំ​រឿយៗហើយ មានផល​ច្រើន មាន​អានិសង្ស​ច្រើន ឈមចុះ​កាន់អមតៈ មានអមតៈ​ជាទីបំផុត។ ម្នាលភិក្ខុទាំង​ឡាយ ចុះ​មរណស្សតិ ដែលភិក្ខុ​ចំរើនហើយ តើដូចម្ដេច សន្សំរឿយៗហើយ មានផល​ច្រើន មានអានិសង្ស​ច្រើន ឈមចុះកាន់​អមតៈ មានអមតៈ​ជាទីបំផុត តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ កាលបើថ្ងៃ​កន្លងទៅហើយ យប់មក​ដល់វិញ តែង​ពិចារណា​ដូច្នេះថា ហេតុនៃសេចក្ដី​ស្លាប់ របស់អាត្មាអញ មាន​ច្រើន​ណាស់​តើ (ដូចជា) ពស់ចឹក​អាត្មាអញ​ក្ដី ខ្ទួយទិច​អាត្មាអញក្ដី ក្អែបខាំ​អាត្មាអញ​ក្ដី អាត្មាអញ​នឹង​ស្លាប់ អន្ដរាយ [អន្តរាយ មាន ៣ យ៉ាងគឺ ជីវិតន្តរាយ ១ សមណធម្មន្តរាយ ១ សគ្គមគ្គន្តរាយ ១។ អដ្ឋកថា។] នោះ នឹង​មានដល់អាត្មាអញ ព្រោះហេតុ​តែពស់ចឹក​ជាដើម​នោះ អាត្មាអញ ភ្លាត់ដួលក្ដី ភត្តដែល​អាត្មាអញ​បរិភោគ​ហើយ ហល់ក្ដី ប្រមាត់​របស់​អាត្មាអញ កម្រើកក្ដី ស្លេស្មរបស់អាត្មាអញ​កម្រើក​ក្ដី កងខ្យល់​ដូច​សស្រ្ដាវុធ​របស់​អាត្មាអញ កម្រើក​ក្ដី ពួកមនុស្ស​ព្យាយាម​សម្លាប់​អាត្មាអញក្ដី ពួកអមនុស្ស​ព្យាយាម​សម្លាប់​អាត្មា​អញ​ក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់​អាត្មាអញ  ព្រោះហេតុ​តែភ្លាត់ដួល​ជាដើមនោះ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុនោះ ត្រូវពិចារណា​ថា អកុសលធម៌​ទាំងឡាយ​ដ៏លាមកណា នាំឲ្យ​អន្តរាយ​ដល់​អាត្មាអញ ដែលធ្វើមរណកាល ក្នុងរាត្រី អកុសលធម៌ដ៏លាមកនោះ អាត្មាអញ មិនទាន់​បានលះបង់​នៅឡើយ មាន​ដែរ​ឬទេ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​ភិក្ខុពិចារណា​ដឹងយ៉ាង​នេះថា អកុសលធម៌​ទាំង​ឡាយ​ដ៏លាមកណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុងរាត្រី អកុសល​ធម៌ដ៏​លាមកទាំង​នោះ អាត្មាអញ​មិនទាន់បាន​លះបង់ហើយ នៅមានមែន ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែង​ផង សេចក្ដី​មិនរួញរា​ផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីលះបង់​នូវអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញឲ្យឆាប់ ម្នាលភិក្ខុ​ទាំងឡាយ ដូចបុគ្គល​មានសំពត់​ឆេះក្ដី មានក្បាល​ឆេះក្ដី ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹង​លត់សំពត់​នោះផង លត់​ក្បាល​នោះផង យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនោះ ត្រូវធ្វើឆន្ទៈ​ផង សេចក្ដី​ព្យាយាមផង ឧស្សាហៈ​ផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លះអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញ ឲ្យឆាប់​យ៉ាងនោះដែរ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុពិចារណាដឹង យ៉ាងនេះថា អកុសលធម៌​ទាំងឡាយ ដ៏លាមក​ណា ​នាំឲ្យអន្តរាយ​ដល់អាត្មា​អញ ដែលធ្វើ​មរណកាល ក្នុងរាត្រី អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះ​ហើយ មិនមានទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បី​ជាអ្នក​សិក្សារឿយៗ ទាំងថ្ងៃ​ទាំងយប់ ក្នុងកុសលធម៌​ទាំងឡាយ ដោយ​បីតិ និងបាមោជ្ជនោះចុះ។

មួយទៀត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ កាលបើយប់​កន្លង​ទៅហើយ ថ្ងៃមក​ដល់វិញ តែងពិចារណា​ដូច្នេះថា ហេតុនៃ​សេចក្ដីស្លាប់ របស់​អាត្មាអញ មាន​ច្រើន ណាស់តើ (ជួនជា) ពស់ចឹក​អាត្មាអញ​ក្ដី ខ្ទួយទិច​អាត្មាអញ​ក្ដី ក្អែបខាំ​អាត្មាអញ​ក្ដី អាត្មាអញ​នឹងស្លាប់ អន្ដរាយនោះ នឹងមានដល់អាត្មា​អញ ព្រោះហេតុ​តែពស់ចឹក​ជាដើម​នោះ (ឬមួយ) អាត្មាអញ ភ្លាត់ដួល​ក្ដី ភត្តដែល​អាត្មាអញ បរិភោគ​ហើយ ហល់ក្ដី ប្រមាត់​របស់​អាត្មាអញ​កម្រើកក្ដី ស្លេស្ម​របស់​អាត្មាអញ កម្រើក​ក្ដី កងខ្យល់​ដូចសស្រ្ដាវុធ​របស់​អាត្មាអញ​កម្រើក​ក្ដី ពួកមនុស្ស​ព្យាយាម​សម្លាប់​អាត្មាអញ​ក្ដី ពួកអមនុស្ស​ព្យាយាម សម្លាប់​អាត្មា​អញក្ដី អាត្មាអញនឹងស្លាប់ អន្តរាយនោះ នឹងមានដល់​អាត្មាអញ  ព្រោះហេតុ​តែភ្លាត់​ដួល​ជាដើមនោះ ម្នាលភិក្ខុ​ទាំងឡាយ​ ភិក្ខុនោះ ត្រូវពិចារណាថា អកុសលធម៌ទាំងឡាយ​ដ៏លាមក​ណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល​ក្នុង​វេលាថ្ងៃ អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះ​បង់​ហើយ មានដែរ​ឬទេ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុ​ពិចារណា​ដឹង យ៉ាងនេះថា អកុសលធម៌​ទាំងឡាយ​ដ៏លាមក​ណា នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុង​វេលាថ្ងៃ អកុសលធម៌ដ៏​លាមកទាំងនោះ អាត្មាអញ​មិនទាន់​បានលះនៅឡើយ នៅមាន​មែន ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ ត្រូវធ្វើឆន្ទៈ​ផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែងផង សេចក្ដី​មិន​រួញរាផង សតិផង សម្បជញ្ញៈផង ឲ្យខ្លាំង ដើម្បីនឹងលះ​អកុសល​ធម៌ដ៏លាមក​ទាំងនោះ​ចេញ​ឲ្យឆាប់ ម្នាលភិក្ខុ​ទាំងឡាយ ដូចបុគ្គល​មាន​សំពត់​ឆេះក្ដី មានក្បាល​ឆេះក្ដី ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដី​ខ្នះខ្នែង​ផង សេចក្ដី​មិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លត់សំពត់ ឬ​ក្បាល​នោះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ​ភិក្ខុនោះ ត្រូវធ្វើ​ឆន្ទៈផង សេចក្ដី​ព្យាយាមផង ឧស្សាហៈផង សេចក្ដីខ្នះខ្នែងផង សេចក្ដីមិនរួញរាផង សតិផង សម្បជញ្ញៈ​ផង ឲ្យខ្លាំង ដើម្បីនឹង​លះអកុសល​ធម៌​ដ៏លាមក​ទាំងនោះ​ចេញ​ឲ្យ​ឆាប់​ យ៉ាងនោះដែរ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ ភិក្ខុ​ពិចារណា​ដឹងយ៉ាង​នេះថា អកុសលធម៌​ទាំងឡាយ ដ៏លាមក​ណា ​នាំឲ្យអន្តរាយ​ដល់អាត្មាអញ ដែលធ្វើ​មរណកាល ក្នុងវេលាថ្ងៃ អកុសលធម៌​ដ៏លាមកទាំងនោះ អាត្មាអញ​មិនទាន់បាន​លះហើយ មិនមានទេ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីជាអ្នក​សិក្សារឿយៗ ទាំងថ្ងៃ ទាំងយប់ ក្នុង​កុសលធម៌​ទាំងឡាយ ដោយ​បីតិ និងបាមោជ្ជនោះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ មរណស្សតិ ដែល​ភិក្ខុចំរើន​ហើយ​យ៉ាងនេះ សន្សំរឿយៗ​ហើយ​យ៉ាងនេះ មានផលច្រើន មាន​អានិសង្ស​ច្រើន ឈមចុះកាន់​អមតៈ មាន​អមតៈ​ជាទីបំផុត។

 បឋមសម្បទាសូត្រ ទី៥

[៨២] ម្នាលភិក្ខុទាំងឡាយ សម្បទា​នេះ មាន ៨ យ៉ាង។ ៨យ៉ាង គឺអ្វីខ្លះ។ គឺឧដ្ឋាន​សម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីល​សម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​សម្បទា ៨ យ៉ាង។

បុគ្គលអ្នកប្រឹងប្រែង មាន​វិធានការ មិនបណ្ដែត​បណ្ដោយ ក្នុង​ការងារ​ទាំងឡាយ​តែងចិញ្ចឹម​ជិវិតស្មើ រក្សាទ្រព្យ​ដែលខ្លួន​រកបានមក មានសទ្ធា បរិបូណ៌​ដោយ​សីល ឈ្លាស​ក្នុង​សំដី លះចោល​សេចក្ដី​កំណាញ់ ជំរះ​នូវផ្លូវ​សម្រាប់ទៅ​កាន់​លោក​ខាងមុខ ឲ្យមាន​សួស្ដីជានិច្ច ធម៌ទាំង ៨ យ៉ាងនេះ នាំមកនូវ​សេចក្ដី​សុខ ក្នុងលោក​ទាំងពីរ ដែល​ព្រះសម្ពុទ្ធ​ទ្រង់ព្រះនាម​ថាសច្ចៈ ទ្រង់សំដែង​ហើយ ដល់កុលបុត្ត​អ្នកមានសទ្ធា នៅគ្រប់​គ្រងផ្ទះ មួយទៀត ការបរិច្ចាគ និងបុណ្យដ៏សេសនេះ តែង​ចម្រើន​ដល់​ពួក​គ្រហស្ថ ដើម្បី​សេចក្ដី​ចម្រើន ​និង​ប្រយោជន៍ ក្នុងបច្ចុប្បន្ន​ផង ដើម្បី​សេចក្ដី​សុខ ក្នុង​លោកខាង​មុខផង យ៉ាងនេះ។

 ទុតិយសម្បទាសូត្រ ទី៦

[៨៣] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន៨ យ៉ាង។ ៨ យ៉ាង គឺអ្វីខ្លះ។ គឺ​ឧដ្ឋានសម្បទា ១ អារក្ខសម្បទា ១ កល្យាណមិត្តតា ១ សមជីវិតា ១ សទ្ធាសម្បទា ១ សីលសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។

ម្នាលភិក្ខុទាំងឡាយ ចុះ​ឧដ្ឋានសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ ​កុលបុត្ត ក្នុង​លោកនេះ ចិញ្ចឹម​ជីវិតដោយ​ខំធ្វើការងារ ទោះបី​ធ្វើស្រែ​ចម្ការក្ដី ជំនួញក្ដី រក្សាគោ​ក្ដី ធ្វើ​សេនាយោធា​ក្ដី ធ្វើជា​រាជបុរស​ក្ដី ចេះសិល្បៈ​ណាមួយក្ដី ជាអ្នក​ឈ្លាស​ក្នុងអំពើ​នោះៗ មិនខ្ជិល​ច្រអូស បរិបូណ៌​ដោយការ​លៃលក មានល្បិច​ក្នុងការ​នោះថា គួរធ្វើ​ គួរចាត់ចែង ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ឧដ្ឋានសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​អារក្ខសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ  កុលបុត្ត​ក្នុង​លោកនេះ មានភោគៈ​ច្រើនដែល​ខ្លួនរក​បានមក ដោយការ​ប្រឹងប្រែង ព្យាយាម សន្សំ​ដោយ​កំឡាំង​ដៃ បែកញើស​ហូរញើស ប្រកប​ដោយធម៌ បានមក​ដោយធម៌ ហើយថែទាំ​ភោគៈ​ទាំង​នោះ ដោយ​ការរក្សា គ្រប់គ្រង ដោយ​បំណងថា ធ្វើដូចម្ដេច​ហ្ន៎ កុំឲ្យ​ព្រះរាជា​ទាំងឡាយ រឹបជាន់​យក កុំឲ្យ​ពួកចោរ​លួចយក កុំឲ្យ​ភ្លើង​ឆេះ កុំឲ្យ​ទឹកលិច កុំឲ្យ​ពួកទាយាទ មិនជាទីគាប់​ចិត្តយក​ទៅបាន ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា អារក្ខសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​កល្យាណមិត្តតា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ  កុល​បុត្ត​ក្នុង​លោកនេះ នៅក្នុង​ស្រុកណាក្ដី និគម​ណាក្តី ក្នុងស្រុក ឬនិគម​នោះ មាន​ពួក​គហបតី ឬពួក​គហបតិ​បុត្ត ទោះបី​នៅក្មេង តែជាអ្នកចំរើន​ដោយសីល ទោះបីចាស់ ក៏​ចំរើន​​ដោយសីល មានសទ្ធា​បរិបូណ៌ មាន​សីលបរិបូណ៌ មាន​ចាគៈ​បរិបូណ៌ មានបញ្ញា​បរិបូណ៌ កុលបុត្ត​តែង​ឋិតនៅ​ចរចា សាកសួរ ជាមួយនឹង​ពួក​គហបតី​ទាំងនោះ ហើយ​សិក្សា​រឿយៗ​នូវ​សទ្ធាសម្បទា នឹងពួក​បុគ្គល​ដែលជាអ្នក​មានសទ្ធាបរិបូណ៌ តាមសមគួរ​ សិក្សារឿយ ៗ នូវ​សីលសម្បទា នឹងពួកបុគ្គល ជាអ្នកមានសីល​បរិបូណ៌ តាមសមគួរ សិក្សារឿយៗ នូវ​ចាគសម្បទា នឹងពួក​អ្នកមានចាគៈបរិបូណ៌ តាមសម​គួរ សិក្សារឿយៗ នូវបញ្ញាសម្បទា នឹងពួកបុគ្គលអ្នកមាន​បញ្ញាបរិបូណ៌ តាមសមគួរ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កល្យាណមិត្តតា។

ម្នាលភិក្ខុទាំងឡាយ ចុះសមជីវិតា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុង​លោក​នេះ ស្គាល់​សេចក្ដី​ចំរើនភោគៈ​ទាំងឡាយផង ស្គាល់សេចក្ដី​សាបសូន្យភោគៈ ទាំងឡាយ​ផង ហើយចិញ្ចឹមជីវិត​តាមសមគួរ មិនទូលាយពេក មិនក្បិតក្បៀត​ពេក ដោយ​បំណង​យ៉ាងនេះថា សេចក្ដីចំរើន​របស់អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដី​វិនាស​របស់អាត្មាអញ នឹង​មិនគ្របសង្កត់​សេចក្ដី​ចំរើន​យ៉ាងនេះ​បានទេ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រៀបដូច​អ្នកថ្លឹងក្ដី សិស្ស​របស់អ្នក​ថ្លឹងក្ដី លើក​ជញ្ជីងឡើង​ ហើយដឹង​ថា​ស្រាល ព្រោះ (ខ្វះ) ប៉ុណ្ណេះ ឬធ្ងន់ ព្រោះ (លើស) ប៉ុណ្ណេះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ កុលបុត្ត​ស្គាល់សេចក្ដី​ចំរើន​នូវភោគៈ​ទាំងឡាយ​ផង ស្គាល់សេចក្ដី​សាបសូន្យ​ភោគៈ​ទាំងឡាយ​ផង ហើយ​ចិញ្ចឹមជីវិត តាមសមគួរ មិនទូលាយ​ដៃពេក មិនក្បិត​ក្បៀតពេក ដោយបំណង​យ៉ាងនេះថា សេចក្ដី​ចំរើនរបស់​អាត្មាអញ នឹង​គ្រប​សង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដីវិនាស របស់អាត្មាអញ នឹង​មិនអាច​គ្របសង្កត់​សេចក្ដីចំរើន យ៉ាង​នេះបានទេ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ កុលបុត្តនេះ មានសេចក្ដី​ចំរើនតិច គឺខ្សត់ទ្រព្យ ហើយចិញ្ចឹម​ជីវិតលើសលុប អ្នកផង​តែងតិះដៀល​កុលបុត្ត​នោះថា កុលបុត្តនេះ ស៊ីភោគៈ ដូចគេស៊ី​ផ្លែល្វា។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ កុលបុត្តនេះ មានសេចក្ដី​ចំរើនច្រើន គឺមានទ្រព្យ ហើយចិញ្ចឹមជីវិត រលីបរលាប  អ្នកផង​តែងតិះដៀល​កុលបុត្ត​នោះថា កុលបុត្តនេះ មុខតែនឹង​ស្លាប់ឥត​មានទីពឹង។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា​បើកុលបុត្តនេះ ស្គាល់សេចក្ដី​ចំរើនភោគៈ​ទាំងឡាយផង ស្គាល់​សេចក្ដី​វិនាស​ភោគៈទាំងឡាយ​ផង ហើយ​ចិញ្ចឹម​ជីវិតស្មើ មិនទូលាយ​ដៃពេក មិនក្បិត​ក្បៀត​ពេក ដោយ​បំណងថា សេចក្ដីចំរើន​របស់​អាត្មាអញ នឹង​គ្របសង្កត់​សេចក្ដី​វិនាសបាន ឯសេចក្ដី​វិនាស​របស់​អាត្មាអញ នឹង​មិនអាចគ្រប​សង្កត់​សេចក្ដីចំរើន យ៉ាងនេះ​បានទេ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សមជីវិតា។

ម្នាលភិក្ខុទាំងឡាយ ចុះ​សទ្ធាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមានសទ្ធា ជឿការត្រាស់ដឹង​របស់ព្រះតថាគត​ថា ព្រះដ៏មានព្រះ​ភាគអង្គ​នោះ។បេ។ ជាគ្រូនៃ​ទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង​នូវសច្ចៈ​ទាំង៤ លែង​វិល​ត្រឡប់​មកកាន់​ភពថ្មីទៀត ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សទ្ធាសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះសីលសម្បទា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្ត​ក្នុង​លោកនេះ ជាអ្នកវៀរ​ចាក​កិរិយា​សម្លាប់សត្វ។បេ។ ជាអ្នកវៀរចាក​ហេតុ​ជាទីតាំង​នៃ​សេចក្តីប្រមាទ គឺការផឹក​នូវទឹក​ស្រវឹង បានខាង​ឯសុរា និងមេរ័យ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា សីលសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​ចាគសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ មានចិត្ត​ប្រាសចាកមន្ទិល គឺសេចក្ដី​កំណាញ់ ហើយនៅ​គ្រប់គ្រង​ផ្ទះ។បេ។ ជាអ្នកគួរ​ឲ្យគេសូម​បាន ត្រេកអរ​ក្នុងការ​ឲ្យ និងការចែក​រលែក ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា ចាគសម្បទា។

ម្នាលភិក្ខុទាំងឡាយ ចុះ​បញ្ញាសម្បទា តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំងឡាយ កុលបុត្ត ក្នុងលោកនេះ ជាអ្នកមាន​បញ្ញា។បេ។ ជាដំណើរ​អាចយល់​សេចក្ដី​អស់ទៅ​នៃ​ទុក្ខ​ដោយប្រពៃ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា បញ្ញាសម្បទា។ ម្នាលភិក្ខុ​ទាំងឡាយ​នេះ​សម្បទា ទាំង ៨ យ៉ាង។

បុគ្គលអ្នកប្រឹងប្រែង មានវិធានការ មិនបណ្ដែត​បណ្ដោយ​ក្នុង​ការងារ​ទាំងឡាយ តែងចិញ្ចឹម​ជីវិតស្មើ រក្សាទ្រព្យដែល​ខ្លួនរក​បាន​មក មានសទ្ធា បរិបូណ៌​ដោយសីល ឈ្លាស​ក្នុងសំដី លះ​ចោល​សេចក្ដី​កំណាញ់ ជំរះនូវ​ផ្លូវ​សម្រាប់ទៅ​កាន់លោក​ខាងមុខ ឲ្យមាន​សួស្ដី​ជានិច្ច ធម៌ទាំង​ ៨ យ៉ាងនេះ នាំមក​នូវ​សេចក្ដីសុខ ក្នុង​លោក​ទាំង​ពីរ ដែល​ព្រះសម្ពុទ្ធ​ទ្រង់​ព្រះនាម​ថាសច្ចៈ ទ្រង់សំដែង​ហើយ ដល់​កុលបុត្ត​អ្នកមាន​សទ្ធា នៅគ្រប់​គ្រងផ្ទះ មួយទៀត ការ​បរិច្ចាគ និង​បុណ្យ​ដ៏សេសនេះ តែង​ចម្រើន​ដល់ពួក​គ្រហស្ថ ដើម្បី​សេចក្ដី​ចម្រើន និង​ប្រយោជន៍ ក្នុងបច្ចុប្បន្ន​ផង ដើម្បី​សេចក្ដីសុខ​ក្នុង​លោក​ខាង​មុខផង យ៉ាងនេះ។

 ឥច្ឆាសូត្រ ទី៧

[៨៤] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មានថេរវាចានឹង​ពួកភិក្ខុថា ម្នាល​ភិក្ខុ​ទាំងឡាយ​ដ៏មានអាយុ។ ពួកភិក្ខុ​ទាំងនោះ ទទួលថេរវាចា របស់​ព្រះសារីបុត្ត​ដ៏មាន​អាយុ​ថា បពិត្រ​លោក​ដ៏មានអាយុ។ ព្រះសារីបុត្ត​ដ៏មានអាយុ មានថេរវាចា​ដូច្នេះថា ម្នាល​លោក​ដ៏​មាន​អាយុទាំងឡាយ បុគ្គល ៨ ពួកនេះ មាន​ពាស​ក្នុងលោក។ ៨ ពួក តើ​ដូចម្ដេច​ខ្លះ។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ​កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភហើយ លាភ​ក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវ​សេចក្ដី​វង្វេង ព្រោះតែ​ឥតលាភនោះ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា​ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ តែជា​អ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជា​អ្នកស្ងាត់​កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដី​ប្រាថ្នា​ដើម្បីលាភ​កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ​ហើយ លាភក៏​កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវ​សេចក្ដីប្រមាទ ព្រោះ​តែ​លាភនោះ ម្នាលលោក​ដ៏មាន​អាយុទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ស្រវឹងផង ងេងងោង​ផង  ឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏មិនកើតឡើង ភិក្ខុនោះ ក៏ក្រៀមក្រំ លំបាក ខ្សឹកខ្សួល គក់ទ្រូង យំ កន្ទក់កន្ទេញ ដល់នូវ​សេចក្ដីវង្វេង ព្រោះតែ​ឥតលាភនោះ ម្នាលលោកដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ជាអ្នកឥតលាភផង ក្រៀមក្រំផង ខ្សឹកខ្សួលផង ឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែ​ប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង​ ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ​ហើយ លាភក៏​កើតឡើង ភិក្ខុនោះ ក៏ស្រវឹង ងេងងោង ដល់នូវ​សេចក្ដីប្រមាទ ព្រោះតែលាភនោះ ម្នាលលោក​ដ៏មាន​អាយុទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ តែមិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នក​មានលាភផង ស្រវឹងផង ងេងងោងផង  ឃ្លាតចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង​ ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បី​លាភ​ហើយ លាភ​ក៏មិនកើត​ឡើង ភិក្ខុនោះ ក៏មិន​ក្រៀមក្រំ មិនលំបាក មិនខ្សឹកខ្សួល មិន​គក់ទ្រូងយំ កន្ទក់កន្ទេញ មិនដល់នូវ​សេចក្ដីវង្វេង ព្រោះតែ​ឥតលាភ​នោះទេ ម្នាលលោក​ដ៏មាន​អាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកឥតលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិន​ឃ្លាត​ចាក​ព្រះសទ្ធម្ម​ផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នកស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ ប្រឹងប្រែង ខ្វល់​ខ្វាយ ព្យាយាម ដើម្បីលាភ កាលភិក្ខុនោះ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ​ហើយ លាភក៏កើត​ឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវ​សេចក្ដី​ប្រមាទ ព្រោះ​តែលាភ​នោះទេ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា ដើម្បីលាភ ប្រឹងប្រែង ខ្វល់ខ្វាយ ព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង ជាអ្នក​មិនស្រវឹង​ផង មិនងេងងោង​ផង មិនឃ្លាត​ចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បី​លាភហើយ លាភក៏មិន​កើតឡើងដែរ ភិក្ខុនោះ មិនក្រៀមក្រំ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង យំ កន្ទក់កន្ទេញ មិនដល់​នូវសេចក្ដី​វង្វេង ព្រោះតែ​ឥត​លាភនោះ​ឡើយ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ​ហៅថា អ្នកមាន​សេចក្ដី​ប្រាថ្នា​ដើម្បីលាភ តែមិន​ប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមិនមានលាភផង មិនក្រៀមក្រំផង មិនខ្សឹកខ្សួលផង មិនឃ្លាតចាក​ព្រះសទ្ធម្មផង។

ម្នាលលោកដ៏មានអាយុទាំងឡាយ ក្នុងសាសនានេះ ភិក្ខុជាអ្នក​ស្ងាត់កាយ តែប្រព្រឹត្ត​មិនជាប់លាប់ សេចក្ដីប្រាថ្នា​ដើម្បីលាភ កើតឡើង ភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភទេ កាលភិក្ខុនោះ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភហើយ លាភក៏កើតឡើង តែភិក្ខុនោះ មិនស្រវឹង មិនងេងងោង មិនដល់នូវ​សេចក្ដី​ប្រមាទ ព្រោះតែ​លាភនោះទេ ម្នាលលោក​ដ៏មានអាយុ​ទាំងឡាយ ភិក្ខុនេះ ហៅថា អ្នកមាន​សេចក្ដីប្រាថ្នា ដើម្បីលាភ មិនប្រឹងប្រែង មិនខ្វល់ខ្វាយ មិនព្យាយាម ដើម្បីលាភ ជាអ្នកមានលាភផង មិនស្រវឹងផង មិន​ងេងងោងផង មិន​ឃ្លាតចាក​ព្រះសទ្ធម្មផង។ ម្នាល​លោកដ៏​មាន​អាយុទាំងឡាយ បុគ្គល​ទាំង៨ ពួកនេះ មាន​ពាស​ក្នុងលោក។

 អលំសូត្រ ទី៨

[៨៥] ក្នុងទីនោះ ព្រះសារីបុត្តដ៏មានអាយុ មាន​ថេរវាចា​នឹងពួក​ភិក្ខុថា។បេ។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ ៦ យ៉ាង គួរដល់ខ្លួន (ផង) គួរដល់ពួក ជនដទៃ (ផង)។ ៦ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាល​អាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងធម៌ ជាកុសល​ដោយឆាប់ ១ ជាអ្នក​ចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នក​រំពឹងនូវ​សេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ ​១ ជាអ្នកយល់​អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរ​តាមធម៌ ១ ជាអ្នកមាន​សំដីពីរោះ មានសំឡេង​ពីរោះ ប្រកប​ដោយ​វាចា របស់អ្នក​ក្រុង ជាវាចា​ក្បោះក្បាយ មិន​រអាក់អួល អាចបំភ្លឺ​សេចក្ដី​ឲ្យបុគ្គល​ដទៃ​ដឹងច្បាស់ ១ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួក​សព្រហ្មចារី យល់​ប្រយោជន៍ ក្នុង​បច្ចុប្បន្ន និងបរលោក ឲ្យជឿជាក់​ក្នុងកុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយធម៌​ទាំង ៦យ៉ាងនេះ គួរដល់​ខ្លួនឯង (ផង) គួរដល់​ពួកជនដទៃ (ផង)។

[៨៦] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៥ យ៉ាង គួរដល់ខ្លួនឯង (ផង) គួរដល់​ពួកជនដទៃ (ផង)។ ៥ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនា​នេះ មិនជាអ្នក​ចុះចិត្ត​ក្នុងកងកុសលធម៌ដោយឆាប់ តែជា​អ្នកចាំ​កងធម៌ ដែលខ្លួន​ស្ដាប់ហើយ ១ ជាអ្នករំពឹងសេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ ​១ ជាអ្នក​យល់​អត្ថ យល់ធម៌ ហើយប្រតិបត្តិ​ធម៌​សមគួរ​តាមធម៌ ១ ជាអ្នកមាន​សំដីពីរោះ ១។បេ។ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ ឲ្យពួក។បេ។ របស់​សព្រហ្មចារី​ទាំងឡាយ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌​ទាំង ៥យ៉ាងនេះ គួរដល់ខ្លួន​ឯង (ផង) គួរដល់ពួកជនដទៃ (ផង)។

[៨៧] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់​ខ្លួនឯង តែមិនគួរ​ដល់ពួក​ជនដទៃឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ​ផង ១ ជាអ្នករំពឹង​សេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរតាម​ធម៌ផង ១ តែជាអ្នក​មិនមាន​សំដីពីរោះ ១។បេ។ ជាអ្នកមិន​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​សព្រហ្មចារី​ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ ៤យ៉ាងនេះ គួរដល់​ខ្លួនឯង តែ​មិនគួរ​ដល់​ជនដទៃឡើយ។

[៨៨] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ដោយធម៌ ៤ យ៉ាង គួរដល់ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួន​ឯងឡើយ។ ៤ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកចុះចិត្ត​ក្នុងកងកុសលធម៌ ដោយឆាប់ផង ចាំកងធម៌ ដែលខ្លួន​ស្ដាប់​ហើយផង ១ មិនរំពឹងសេចក្ដី​នៃកងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់ធម៌​ ហើយមិនប្រតិបត្តិ​ធម៌សមគួរ​តាមធម៌ផង ១ មាន​សំដី​ពីរោះ ១។បេ។ ​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​ពួកសព្រហ្មចារី​ ១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយ​ធម៌ទាំង ៤យ៉ាងនេះ គួរដល់​ពួក​ជន​ដទៃ តែមិនគួរដល់ខ្លួនឯងឡើយ។

[៨៩] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរ​ដល់ពួកជន​ដទៃឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នកមិន​ចុះចិត្តក្នុង​កងកុសលធម៌ ដោយឆាប់​ផង ជាអ្នកចាំកងធម៌ ដែលខ្លួន​ស្ដាប់ហើយ​ផង ជាអ្នករំពឹង​សេចក្ដី​កងធម៌ ដែលខ្លួន​ចាំហើយ​ផង ជាអ្នក​យល់​អត្ថ យល់ធម៌ ហើយ​ប្រតិបត្តិធម៌ សមគួរតាម​ធម៌ផង ១ ជាអ្នក​មិនមានសំដី​ពីរោះ ១។បេ។ ជាអ្នកមិន​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់​ពួកសព្រហ្មចារី​ ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌​ទាំង ៣ យ៉ាងនេះ គួរដល់​ខ្លួនឯង តែមិនគួរ​ដល់ពួក​ជនដទៃឡើយ។

[៩០] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌ ដោយធម៌ ៣ យ៉ាង គួរដល់​ជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។ ៣ យ៉ាង តើដូចម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិនចុះចិត្ត​ក្នុង​កងកុសលធម៌ ដោយ​ឆាប់ផង ជាអ្នកចាំ​កងធម៌ ដែលខ្លួន​ស្ដាប់​ហើយផង តែជាអ្នក​មិនរំពឹង​នូវសេចក្ដី​នៃកងធម៌ ដែល​ខ្លួនចាំ​ហើយ​ផង យល់អត្ថ យល់ធម៌ ហើយ​មិនប្រតិបត្តិធម៌ សមគួរ​តាមធម៌​ផង ១ ជាអ្នកមានសំដី​ពីរោះ ១។បេ។ ជាវាចាបំភ្លឺ​នូវសេចក្ដី​ឲ្យអ្នកដទៃ​ដឹងច្បាស់ ១ ជាអ្នក​សំដែងធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី​ ១។ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុបរិបូណ៌ ដោយ​ធម៌ ៣ យ៉ាងនេះ គួរដល់​ពួកជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។

[៩១] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ពីរ យ៉ាង គួរដល់ខ្លួនឯង តែមិនគួរ​ដល់ពួកជនដទៃ​ឡើយ។ ២ យ៉ាង តើដូច​ម្ដេចខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នកមិនទាន់ចុះចិត្ត​ក្នុងកុសលធម៌​ដោយឆាប់ផង ជាអ្នកចាំ​កង​ធម៌ ដែលខ្លួន​ស្ដាប់​ហើយផង  រំពឹង​សេចក្ដីនៃ​កងធម៌ ដែលខ្លួន​ចាំហើយ​ផង យល់អត្ថ យល់​ធម៌ ហើយ​ប្រតិបត្តិធម៌​សមគួរ​តាមធម៌​ផង ១ ជាអ្នកមិនមាន​សំដី​ពីរោះ។បេ។ ផង ជាអ្នក​មិន​សំដែង​ធម៌ ពន្យល់ ណែនាំ។បេ។ របស់ពួកសព្រហ្មចារី ១។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយធម៌​ទាំងពីរយ៉ាងនេះ គួរដល់ខ្លួនឯង តែ​មិនគួរ​ដល់​ពួក​ជនដទៃ​ឡើយ។

[៩២] ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយធម៌ពីរ​យ៉ាង គួរដល់​ពួកជន​ដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។ ២ យ៉ាង តើដូចម្ដេច​ខ្លះ​។ ម្នាលអាវុសោ​ទាំងឡាយ​ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មិនទាន់ចុះចិត្ត​ក្នុងកង​កុសលធម៌ ដោយឆាប់ផង មិនចាំកង​ធម៌​ដែលខ្លួន​ស្ដាប់ហើយផង មិនបាន​រំពឹងសេចក្ដីនៃ​កង​ធម៌ ដែលខ្លួន​ចាំ​ហើយ​ផង យល់​អត្ថ យល់ធម៌ ហើយមិន​ប្រតិបត្តិធម៌​សមគួរ​តាមធម៌ផង ១ ជាអ្នក​មានសំដីពីរោះ មាន​សំឡេង​ពីរោះ ប្រកប​ដោយ​វាចា​របស់​អ្នកក្រុង ជាវាចាក្បោះក្បាយ មិន​រអាក់រអួល ជាវាចា​បំភ្លឺសេចក្ដី​ឲ្យអ្នក​ដទៃ​ដឹងច្បាស់​ផង ជាអ្នក​ពន្យល់ ណែនាំ ពួកសព្រហ្មចារី ឲ្យ​ជឿជាក់ ក្នុង​កុសលធម៌ ឲ្យរីករាយ ១។ ម្នាលអាវុសោទាំងឡាយ ភិក្ខុបរិបូណ៌​ដោយ​ធម៌​ទាំងពីរ​យ៉ាង​នេះ គួរដល់ពួក​ជនដទៃ តែមិនគួរ​ដល់ខ្លួនឯងឡើយ។

 បរិហានសូត្រ ទី៩

[៩៣] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្ត​ទៅ ដើម្បីសេចក្ដីសាប​សូន្យ ដល់​សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដីត្រេកអរ ក្នុងការងារ ១ សេចក្ដីត្រេកអរ ក្នុង​តិរច្ឆានកថា ១ សេចក្ដីត្រេកអរ​ក្នុងការដេក ១ សេចក្ដីត្រេកអរ​ក្នុង​ពួក ១ សេចក្ដី​មិនគ្រប់​គ្រងទ្វារ​ក្នុងពួកឥន្រ្ទិយ ១ សេចក្ដី​មិនស្គាល់​ប្រមាណ​ក្នុង​ភោជន ១ សេចក្ដី​ត្រេកអរ​ក្នុងការ​ជាប់ជំពាក់ [ធម៌​សម្រាប់ជាប់​ជំពាក់ មាន៥យ៉ាងគឺ សវនសំសគ្គៈ ជាប់​ជំពាក់​ដោយ​ការឮ​សំឡេង ១ ទស្សនសំសគ្គៈ ជាប់​ជំពាក់​ដោយ​ការឃើញ​រូប ១ សមុល្លាបសំសគ្គៈ ជាប់ជំពាក់​ដោយពាក្យសំដី ១ សម្ភោគសំសគ្គៈ ជាប់ជំពាក់​ដោយ​ការប្រើ​របស់ភិក្ខុ-ភិក្ខុនី ១ កាយសំសគ្គៈ ជាប់ជំពាក់​ដោយ​កាយសម្ផស្ស ១។ អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសក ត្រង់​រថវនីតសូត្រ។] ១ សេចក្ដីត្រេកអរ​ក្នុងធម៌ជា​គ្រឿង​យឺត​យូរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដី​សាបសូន្យ ដល់សេក្ខភិក្ខុ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ធម៌៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្ដី​មិន​សាបសូន្យ ដល់សេក្ខភិក្ខុ។ ៨យ៉ាង តើដូចម្ដេចខ្លះ។ គឺ សេចក្ដី​មិនត្រេកអរ​ក្នុងការងារ ១ សេចក្ដី​មិនត្រេកអរ​ក្នុង​តិរច្ឆានកថា ១ សេចក្ដី​មិនត្រេកអរ​ក្នុងការដេក ១ សេចក្ដី​មិន​ត្រេកអរ​ក្នុងពួកគណៈ ១ សេចក្ដី​គ្រប់គ្រងទ្វារ​ក្នុងពួកឥន្រ្ទិយ ១ សេចក្ដីស្គាល់​ប្រមាណ​ក្នុង​ភោជន ១ សេចក្ដី​មិន​ត្រេកអរ​ក្នុងការជាប់​ជំពាក់១ សេចក្ដី​មិនត្រេកអរ​ក្នុង​ធម៌​ជា​គ្រឿង​យឺតយូរ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង៨ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បី​សេចក្ដី​មិន​សាបសូន្យ ដល់សេក្ខភិក្ខុ។

 កុសីតារម្ភវត្ថុសូត្រ ទី១០

[៩៥] ម្នាលភិក្ខុទាំងឡាយ កុសីតវត្ថុ​នេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អំពើ គឺការលៃលក​វាស់កាត់​ចីវរ​ជាដើម ដែលភិក្ខុ​ក្នុង​សាសនានេះ គួរធ្វើ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អំពើ​ដែល​អាត្មាអញ គួរធ្វើ គង់នឹង​មាន តែបើ​អាត្មាអញ​ធ្វើអំពើ (នោះហើយ) កាយ​ក៏នឹង​លំបាក បើដូច្នោះ អាត្មាអញ​ដេក​សិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យដល់​នូវគុណ គឺឈាន វិបស្សនា មគ្គ ផល​ដែលខ្លួន​មិនទាន់​ដល់ ដើម្បីដឹង​នូវគុណ​ដែលខ្លួន​មិនទាន់បានដឹង ដើម្បីធ្វើឲ្យ​ច្បាស់លាស់ នូវគុណ​ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី១។

ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើដែល​ភិក្ខុធ្វើរួច​ហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានធ្វើ​អំពើ (នោះ) រួចហើយ តែកាល​ដែល​អាត្មា​អញ ធ្វើអំពើ​នោះ រាងកាយ​លំបាកហើយ បើដូច្នោះ អាត្មាអញ ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់លាស់ នូវគុណ​ដែលខ្លួន​មិនទាន់​បានធ្វើឲ្យ ច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី២។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុ​គួរដើរ​ទៅ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ផ្លូវដែល​អាត្មាអញ គួរដើរទៅ គង់នឹង​មាន តែថា​ កាល​បើ​អាត្មាអញ ដើរទៅ​កាន់ផ្លូវ (នោះហើយ) រាងកាយនឹងលំបាក​ បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បី​ឲ្យដឹងនូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បានធ្វើឲ្យ​ច្បាស់លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៣។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុ​ដើរទៅហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានដើរទៅកាន់ផ្លូវ (នោះ) រួចហើយ តែថា កាល​អាត្មាអញ ដើរទៅកាន់​ផ្លូវ រាងកាយ​លំបាកហើយ​ បើដូច្នោះ អាត្មាអញ ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បី​ឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់​លាស់នូវគុណ ដែលខ្លួន​មិនទាន់​បានធ្វើឲ្យ​ច្បាស់លាស់​ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៤។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា គ្រាន់តែ ១ ចំអែត​ឡើយ ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបានភោជន​ថោកទាប ឬថ្លៃថ្លា គ្រាន់តែ ១ ចំអែត​សោះ អាត្មាអញ​នោះ មាន​រាងកាយ​លំបាក​ហើយ មិនគួរ​ដល់​សមណកម្ម បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៥។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅកាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាង​នេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ហើយបាន​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតដែរ អាត្មាអញនោះ មាន​កាយធ្ងន់ ដូច​សណ្ដែក​រាជមាស​ទទឹក មិនគួរដល់​សមណកម្ម  បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៦។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមាន​អាពាធតិចតួច​កើតឡើង ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ មានអាពាធ​តិចតួច​នេះ​កើតឡើង​ហើយ គួរតែ​ដេកសិន បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម​ឡើយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៧។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចេញ​ចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មីៗ ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ចេញចាកជម្ងឺ ទើបតែ​ស្បើយ​ជម្ងឺថ្មី ៗ អាត្មាអញ​នោះ មានរាងកាយ​ថមថយ​កំឡាំង មិនគួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ​ដេកសិន ភិក្ខុនោះ ក៏ដេក មិនផ្គង​ព្យាយាម ដើម្បី​ឲ្យដល់​នូវគុណ ដែលខ្លួន​មិន​ទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណ ដែលខ្លួន​មិនទាន់បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ទេ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​កុសីតវត្ថុ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង ​កុសីតវត្ថុ ៨យ៉ាង។

[៩៦] ម្នាលភិក្ខុទាំងឡាយ អារព្ភវត្ថុ​នេះ មាន៨ យ៉ាង។ ៨ យ៉ាង តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ អំពើដែល​ភិក្ខុក្នុង​សាសនានេះ​គួរធ្វើ ក៏មាន ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អំពើ​ដែលអាត្មាអញ​គួរធ្វើ គង់នឹងមាន តែថា កាល​អាត្មាអញធ្វើ អំពើ (នោះហើយ) មិនងាយ​នឹង​ធ្វើ​ពុទ្ធសាសនា ឲ្យតាំងនៅ​ក្នុងចិត្ត​បានឡើយ បើដូច្នោះ អាត្មាអញ​ ​ផ្គងព្យាយាម​មុនសិន ដើម្បី​ឲ្យដល់​នូវគុណ គឺឈាន វិបស្សនា មគ្គ ផលដែល​អាត្មាអញ​មិនទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែលអាត្មាអញ​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលអាត្មាអញ​មិនទាន់បាន​ធ្វើឲ្យច្បាស់លាស់​ ភិក្ខុនោះ ក៏ផ្គងព្យាយាម ដើម្បី​ឲ្យដល់​នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែល​ខ្លួនមិន​ទាន់​បានដឹង ដើម្បីធ្វើ​ឲ្យច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី១។

ម្នាលភិក្ខុទាំងឡាយ មួយទៀត អំពើដែល​ភិក្ខុធ្វើរួច​ហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា អាត្មាអញ បានធ្វើ​អំពើរួចហើយ តែថា កាល​អាត្មាអញ ធ្វើអំពើ (នោះ) មិនអាចនឹង​ធ្វើពុទ្ធសាសនា​ឲ្យតាំងនៅ​ក្នុងចិត្ត​បានឡើយ បើដូច្នោះ អាត្មាអញ ផ្គងព្យាយាម ដើម្បីឲ្យ​ដល់នូវគុណ​ ​​ដែលអាត្មា​អញ​មិនទាន់​បានដល់ ដើម្បី​ឲ្យ​ដឹងនូវ​គុណ ដែលខ្លួន​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែល​អាត្មាអញ មិនទាន់​បានធ្វើឲ្យច្បាស់លាស់​ ភិក្ខុនោះ ក៏ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី២។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុគួរដើរទៅ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ផ្លូវដែល​អាត្មាអញ គួរដើរទៅ​ គង់នឹងមាន តែថា អាត្មាអញ​ដើរទៅ​កាន់ផ្លូវ (នោះ) មិនងាយនឹងធ្វើ​ពុទ្ធសាសនា​ឲ្យតាំង​នៅក្នុងចិត្ត​បានឡើយ បើ​ដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជា​អារព្ភវត្ថុ ទី៣។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ផ្លូវដែលភិក្ខុដើរទៅហើយ ក៏មាន ភិក្ខុនោះ មាន​សេចក្ដី​ត្រិះរិះយ៉ាង​នេះថា​ អាត្មាអញ បានដើរ​ទៅ​កាន់ផ្លូវ​ហើយ តែថា កាលណា​អាត្មាអញ ដើរទៅ​កាន់ផ្លូវ មិនអាច​ធ្វើពុទ្ធសាសនា​ឲ្យតាំងនៅ​ក្នុងចិត្តបាន​ឡើយ បើ​ដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៤។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតទេ​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា កាលអាត្មាអញ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏មិនបាន​នូវភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​ឡើយ អាត្មាអញនោះ មាន​រាងកាយស្រាល គួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៥។

ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលភិក្ខុ​ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាននូវ​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែត​​ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា កាលអាត្មាអញ ត្រាច់ទៅ​កាន់ស្រុក ឬនិគម ដើម្បី​បិណ្ឌបាត ក៏បាននូវ​ភោជន​ថោកទាប ឬថ្លៃថ្លា ល្មម ១ ចំអែតហើយ អាត្មាអញ​នោះ មានរាង​កាយស្រាល គួរដល់​សមណកម្ម បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាម។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៦។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុមានអាពាធ​តិចតួច​កើតឡើង ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះយ៉ាងនេះថា អាត្មាអញ កើត​អាពាធតិចតួច​នេះហើយ អាពាធ​ចំរើន ដល់​អាត្មាអញ ដោយហេតុ​ណា ហេតុនុ៎ះ ជាហេតុ​តែងមាន​ជា​ធម្មតាទេ បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាមឲ្យបានមុនសិន។បេ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៧។

ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុចេញ​ចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មី ៗ ភិក្ខុនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញ ចេញចាកជម្ងឺ ទើបតែ​ស្បើយជម្ងឺថ្មី ៗ អាពាធ​របស់​អាត្មាអញ រើឡើងវិញ ដោយ​ហេតុណា ហេតុនុ៎ះ ជាហេតុ​តែងមាន​ជាធម្មតាទេ បើដូច្នោះ អាត្មាអញ ផ្គង​ព្យាយាមឲ្យបានមុន ដើម្បីឲ្យដល់​នូវគុណ​ដែលអាត្មា​អញមិន​ទាន់​បានដល់ ដើម្បីឲ្យ​ដឹងនូវគុណ ដែលអាត្មាអញ​មិនទាន់​បានដឹង ដើម្បី​ធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលអាត្មាអញ​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់សិន ភិក្ខុនោះ ក៏ផ្គង​ព្យាយាម ដើម្បីឲ្យដល់​នូវគុណ ដែលខ្លួន​មិនទាន់​បានដល់ ដើម្បីឲ្យដឹង​នូវគុណដែល​ខ្លួន​មិនទាន់​បានដឹង ដើម្បីធ្វើឲ្យ​ច្បាស់លាស់​នូវគុណ ដែលខ្លួន​មិនទាន់បាន​ធ្វើឲ្យច្បាស់​លាស់ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​អារព្ភវត្ថុ ទី៨។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង​អារព្ភវត្ថុ ទាំង ៨ យ៉ាង។

ចប់ យមកវគ្គ ទី៣។

ឧទ្ទានក្នុងយមកវគ្គនោះគឺ

និយាយពីភិក្ខុបរិបូរ​ដោយ​អង្គ ពីរលើក សម្បទា ១ ភិក្ខុចំរើន​មរណស្សតិ ដទៃ​ទៀត ១ សេចក្ដីប្រាថ្នាលាភ ១ គួរដល់​ខ្លួន និងអ្នកដទៃ ១ សេចក្ដី​សាបសូន្យ  របស់​សេក្ខភិក្ខុ ១ កុសីតវត្ថុ ១ អារព្ភវត្ថុ ១។

សតិវគ្គ

 សតិសម្បជញ្ញសូត្រ ទី១

[៩៧] ម្នាលភិក្ខុទាំងឡាយ កាលបើ​សតិ និងសម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់​បុគ្គល​វិបត្តិ​ចាក​សតិ និងសម្បជញ្ញៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ​ហិរិ និងឱត្តប្បៈ មិនមាន ឥន្រ្ទិយសំវរៈ របស់បុគ្គល​វិបត្តិចាក​ហិរិ និងឱត្តប្បៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ​ឥន្រ្ទិយសំវរៈ មិនមាន សីលរបស់​បុគ្គល​វិបត្តិចាក​ឥន្រ្ទិយ​សំវរៈ ឈ្មោះថា មាន​ឧបនិស្ស័យ សាបសូន្យ កាលបើ​សីល មិនមាន សម្មាសមាធិ របស់​បុគ្គល​វិបត្តិ​ចាកសីល ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ សម្មាសមាធិ មិនមាន យថាភូតញ្ញាណទស្សនៈ របស់​បុគ្គល​វិបត្តិចាក​សម្មាសមាធិ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ​យថាភូតញ្ញាណទស្សនៈ មិនមាន និព្វិទាវិរាគៈ របស់​បុគ្គល​វិបត្តិ​ចាក​យថាភូតញ្ញាណទស្សនៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ កាលបើ​និព្វិទាវិរាគៈ មិនមាន វិមុត្តិញ្ញាណទស្សនៈ របស់​បុគ្គល​វិបត្តិចាក​និព្វិទាវិរាគៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ។ ម្នាលភិក្ខុ​ទាំងឡាយ ដើមឈើ ដែល​មិនមាន​មែក និង​ស្លឹកហើយ ក្រមរ​ឈើនោះ​ក្ដី មិនដល់នូវ​ការពេញ​លេញទេ សម្បក ស្រាយ​ក្ដី ខ្លឹមក្ដី ក៏មិន​ដល់នូវ​ការ​ពេញលេញ មានឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​សតិ និង​សម្បជញ្ញៈ មិនមាន ហិរិ និងឱត្តប្បៈ របស់បុគ្គល​វិបត្តិចាក​សតិ និងសម្បជញ្ញៈ ឈ្មោះថា មាន​ឧបនិស្ស័យ សាបសូន្យ កាលបើហិរិ និងឱត្តប្បៈ មិនមាន (ឥន្រ្ទិយសំវរៈ) របស់​បុគ្គល​វិបត្តិ​ចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មាន​ឧបនិស្ស័យ​សាបសូន្យ។បេ។ វិមុត្តិញ្ញាណ​ទស្សនៈ មាន​ឧបមេយ្យ​យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​សតិ និងសម្បជញ្ញៈ មាន ហិរិ និងឱត្តប្បៈ របស់បុគ្គល​បរិបូណ៌​ដោយសតិ និង​សម្បជញ្ញៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​ហិរិ និងឱត្តប្បៈ មាន ឥន្រ្ទិយសំវរៈ របស់បុគ្គល​បរិបូណ៌​ដោយ​ហិរិ និង​ឱត្តប្បៈ ឈ្មោះថា មាន​ឧបនិស្ស័យបរិបូណ៌ កាលបើ​ឥន្រ្ទិយសំវរៈ​មាន សីលរបស់​បុគ្គល​បរិបូណ៌​ដោយ​ឥន្រ្ទិយសំវរៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​សីលមាន សម្មាសមាធិ​របស់បុគ្គល​បរិបូណ៌​ដោយសីល ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​សម្មាសមាធិ មាន យថាភូតញ្ញាណទស្សនៈ របស់​បុគ្គល​បរិបូណ៌​ដោយ​សម្មាសមាធិ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​យថាភូតញ្ញាណទស្សនៈ​មាន និព្វិទាវិរាគៈ របស់បុគ្គល​បរិបូណ៌​ដោយ​យថាភូតញ្ញាណទស្សនៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​និព្វិទាវិរាគៈ មាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គល​បរិបូណ៌​ដោយ​និព្វិទាវិរាគៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌។ ម្នាលភិក្ខុ​ទាំងឡាយ ដើមឈើ ដែល​បរិបូណ៌​ដោយមែក និង​ស្លឹកហើយ ក្រមរ​ឈើនោះ ក៏ដល់​នូវ​ការ​ពេញលេញ សម្បកក្ដី ស្រាយក្ដី ខ្លឹមក្ដី (របស់ឈើនោះ) ក៏ដល់​នូវការ​ពេញលេញ មានឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើសតិ និង​សម្បជញ្ញៈ មាន ហិរិ និងឱត្តប្បៈ របស់បុគ្គល​បរិបូណ៌ដោយសតិ និងសម្បជញ្ញៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើ​ហិរិ និងឱត្តប្បៈ មាន (ឥន្រ្ទិយសំវរៈ) របស់​បុគ្គល​បរិបូណ៌​ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌។បេ។ វិមុត្តិញ្ញាណទស្សនៈ មាន​ឧបមេយ្យ​យ៉ាងនោះដែរ។

 បុណ្ណិយសូត្រ ទី២

[៩៨] គ្រានោះ ព្រះបុណ្ណិយៈដ៏មានអាយុ ចូលទៅគាល់​​ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយក៏​អង្គុយក្នុង​ទីសមគួរ។ លុះព្រះបុណ្ណិយៈ​ដ៏​មានអាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ​ ទើបក្រាបបង្គំទូលសួរ ព្រះដ៏មាន​ព្រះភាគដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ហេតុអ្វី បច្ច័យអ្វី បានជាក្នុង​កាលខ្លះ ព្រះតថាគត​ទ្រង់​សំដែង​ធម្មទេសនា ក្នុង​កាលខ្លះ ក៏មិន​សំដែង។ ព្រះអង្គ​ត្រាស់​តបថា ម្នាល​បុណ្ណិយៈ ភិក្ខុមាន​សទ្ធាហើយ តែមិន​ចូលមក​រកទេ តថាគតក៏​មិន​ទាន់​សំដែង​ធម្មទេសនា ម្នាល​បុណ្ណិយៈ កាលបើភិក្ខុ​មាន​សទ្ធាផង បានចូល​មករកផង យ៉ាងនេះ ទើប​តថាគត​សំដែង​ធម្មទេសនា ម្នាល​បុណ្ណិយៈ ភិក្ខុមាន​សទ្ធាផង បានចូល​មករកផង តែមិន​បាន​ចូល​មកអង្គុយ​ជិត។បេ។ បានចូល​មក​អង្គុយ​ជិតហើយ តែមិនបានសាកសួរ បាន​សាក​សួរហើយ តែមិនបាន​ផ្ទៀង​ត្រចៀក​ស្ដាប់ធម៌ ផ្ទៀងត្រចៀក​ស្ដាប់ហើយ តែមិន​ស្ដាប់​ឲ្យចាំធម៌ ស្ដាប់ចាំ​ធម៌​ហើយ តែមិន​ពិចារណា​នូវសេចក្ដី​នៃធម៌ ដែលខ្លួន​ចងចាំហើយ ពិចារណា​នូវ​សេចក្ដីនៃធម៌ ដែលខ្លួន​ចងចាំហើយ តែមិនដឹង​នូវអត្ថ មិនដឹងនូវធម៌ ហើយ​ប្រតិបតិ្ត​នូវធម៌​ដ៏សមគួរ​ដល់​ធម៌ទេ តថាគត ក៏មិន​សំដែងធម្មទេសនាឡើយ។ ម្នាល​បុណ្ណិយៈ កាលបើ​ភិក្ខុមាន​សទ្ធាផង បានចូល​មករកផង បាន​ចូលមក​អង្គុយជិតផង បានសាក​សួរផង បាន​ផ្ទៀង​ត្រចៀកស្ដាប់​ធម៌ផង ស្ដាប់ឲ្យ​ចាំធម៌ផង ពិចារណា​នូវសេចក្ដី​នៃធម៌​ដែលខ្លួន​ចងចាំផង ដឹងនូវ​អត្ថ ដឹងនូវ​ធម៌ ហើយ​ប្រតិបតិ្ត​ធម៌ ដ៏សមគួរ​ដល់ធម៌ផង យ៉ាងនេះ ទើប​តថាគត សំដែង​ធម្មទេសនា។ ម្នាល​បុណ្ណិយៈ ភិក្ខុប្រកប​ដោយធម៌ (៨យ៉ាង) នេះឯង ទើបតថាគត សំដែងនូវ​ធម្មទេសនា​យ៉ាងច្បាស់លាស់។

 មូលកសូត្រ ទី៣

[៩៩] ម្នាលភិក្ខុទាំងឡាយ ​បើពួកបរិព្វាជក ជាអន្យតិរិ្ថយ​សួរយ៉ាងនេះថា ម្នាល​អាវុសោ ធម៌ទាំងអស់ គឺបព្ចាក្ខន្ធ មានអ្វី​ជាមូល ធម៌ទាំងអស់​កើតអំពីអ្វី ធម៌ទាំងអស់​ប្រជុំកើត​អំពីអ្វី ធម៌ទាំងអស់​ប្រជុំចុះ​ក្នុងអ្វី ធម៌ទាំងអស់​មានអ្វីជា​ប្រធាន ធម៌ទាំងអស់​មាន​អ្វីជា​អធិបតី ធម៌ទាំងអស់​មានអ្វី​ជាវិសេស ធម៌ទាំងអស់ មានអ្វីជាខ្លឹម ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​បរិព្វាជកជាអន្យតិរិ្ថយ សួរយ៉ាងនេះ តើអ្នកទាំង​ឡាយ គប្បីដោះ​ស្រាយ​ដូចម្ដេច ដល់ពួកបរិព្វាជក ជាអន្យតិរិ្ថយនោះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ទាំងឡាយ មានព្រះដ៏មានព្រះភាគ​ជាមូល មានព្រះដ៏​មានព្រះភាគ ជាអ្នក​ណែនាំ មាន​ព្រះដ៏មានព្រះភាគ​ជាទីពឹង​របស់យើង​ខ្ញុំព្រះអង្គ​ស្រាប់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំដែង​នូវ​សេចក្ដី​នៃភាសិត​នេះ​ឲ្យទាន ពួកភិក្ខុ បានស្ដាប់​ភាសិត​របស់​ព្រះអង្គហើយ នឹងចង​ចាំទុក។ ម្នាលភិក្ខុ​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរ​ប្រុង​ស្ដាប់ ចូរធ្វើ​ទុកក្នុង​ចិត្ត​ដោយប្រពៃចុះ តថាគត​នឹង​សំដែង។ ភិក្ខុទាំងនោះ បាន​ទទួល​តបថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ បើ​ពួកបរិព្វាជក ជាអន្យតិរិ្ថយ សួរយ៉ាងនេះថា ម្នាលអាវុសោ ធម៌ទាំងអស់ មានអ្វីជាមូល ធម៌ទាំងអស់​កើតអំពីអ្វី ធម៌ទាំងអស់​ប្រជុំកើត​អំពីអ្វី ធម៌ទាំង​អស់​ប្រជុំចុះក្នុងអ្វី ធម៌ទាំងអស់​មានអ្វី​ជាប្រធាន ធម៌ទាំងអស់​មានអ្វីជា​អធិបតី ធម៌ទាំង​អស់មាន​អ្វី​ជាវិសេស ធម៌ទាំងអស់​មាន​អ្វីជាខ្លឹម ម្នាលភិក្ខុ​ទាំងឡាយ កាលបើពួក​បរិព្វាជក​អន្យតិរិ្ថយ សួរ​យ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះ​ស្រាយ ដល់បរិព្វាជក​អន្យតិរិ្ថយទាំងនោះ យ៉ាង​នេះ​ថា ម្នាល​អាវុសោ ធម៌ទាំងអស់ មានឆន្ទៈជាមូល ធម៌ទាំងអស់ កើតអំពី​មនសិការៈ ធម៌ទាំងអស់ ប្រជុំកើត​អំពី​ផស្សៈ ធម៌ទាំងអស់ ប្រជុំចុះក្នុង​វេទនា ធម៌ទាំង​អស់ មាន​សមាធិ​ជាប្រធាន ធម៌ទាំងអស់ មាន​សតិជាអធិបតី ធម៌ទាំងអស់ មានបញ្ញា​ជា​វិសេស ធម៌ទាំងអស់ មាន​វិមុត្តិជាខ្លឹម ម្នាលភិក្ខុ​ទាំងឡាយ កាលបើពួក​បរិព្វាជកអន្យតិរិ្ថយ សួរ​យ៉ាង​នេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់បរិព្វាជកអន្យតិរិ្ថយទាំងនោះ យ៉ាងនេះឯង។

 ចោរសូត្រ ទី៤

[១០០] ម្នាលភិក្ខុទាំងឡាយ មហាចោរ​ប្រកបដោយអង្គ ៨ប្រការ រមែង​វិនាសឆាប់ មិនតាំង​នៅយូរឡើយ។ ប្រកប​ដោយអង្គ ៨ ប្រការ តើដូចម្ដេច។ គឺប្រហារ​នូវបុគ្គល​ដែល​មិន​ប្រហារតប [បុគ្គលដែល​មិនចងពៀរ​នឹងខ្លួន សម្បូណ៌​ដោយគុណធម៌ មនុស្សចាស់ កូនក្មេងតូច។ អដ្ឋកថា។] ១ កាន់យកទ្រព្យ​របស់គេ មិនឲ្យមាន​សេសសល់ ១ នាំ​យកស្រ្ដី ១ ប្រទូស្ដនឹង​ក្មេងស្រ្ដី ១ ប្លន់​បព្វជិត ១ ប្លន់ព្រះរាជឃ្លាំង ១ ធ្វើចោរកម្ម​ក្នុងទីជិត (ស្រុក ឬនិគម រាជធានី​ជាដើម) ១ ជាអ្នក​មិនឈ្លាសវៃ ក្នុងការ​កប់ទ្រព្យទុក (ក្នុង​ទក្ខិណេយ្យ​បុគ្គល) ១។ ម្នាលភិក្ខុ​ទាំងឡាយ មហាចោរ​ប្រកប​ដោយអង្គ ៨ ប្រការនេះឯង រមែង​វិនាស​ឆាប់ មិនតាំង​នៅយូរឡើយ។

[១០១] ម្នាលភិក្ខុទាំងឡាយ មហាចោរ ប្រកប​ដោយអង្គ ៨ ប្រការ រមែង​មិនវិនាស​ឆាប់ ជាអ្នកតាំង​នៅយូរបាន។ ប្រកបដោយ​អង្គ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺមិន​ប្រហារ​នូវបុគ្គល​ដែល​មិន​ប្រហារតប ១ មិនកាន់​យកទ្រព្យ​របស់គេ មិនឲ្យ​មាន​សេសសល់ ១ មិន​នាំយកស្រ្ដី ១ មិនប្រទូស្ដ​ក្មេងស្រ្ដី ១ មិនប្លន់​បព្វជិត១ មិនប្លន់​ព្រះរាជឃ្លាំង ១ មិន​ធ្វើចោរកម្ម​ក្នុងទីជិត ១ ជាអ្នកឈ្លាសវៃ ក្នុងការ​កប់​ទ្រព្យ​ទុក (ក្នុងទក្ខិណេយ្យបុគ្គល) ១។ ម្នាលភិក្ខុ​ទាំងឡាយ មហាចោរ ប្រកប​ដោយអង្គ ៨ ប្រការ​នេះឯង រមែង​មិនវិនាស​ឆាប់ ជាអ្នកតាំង​នៅយូរបាន។

 សមណសូត្រ ទី៥

[១០២] ម្នាលភិក្ខុទាំងឡាយ ពាក្យថា សមណៈ (អ្នកស្ងប់រម្ងាប់) នេះ ជាឈ្មោះ​របស់​តថាគត ជាអរហន្ដសម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ព្រាហ្មណ៍ (អ្នកបន្សាត់បង់​នូវបាប) នេះ ជាឈ្មោះ​របស់តថាគត ជាអរហន្ដ​សម្មាសម្ពុទ្ធ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យថា វេទគូ (អ្នកចេះចប់ត្រៃវេទ) នេះ ជាឈ្មោះ​របស់តថាគត ជា​អរហន្ដ​សម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា ភិសក្កៈ (គ្រូពេទ្យ​វះកាត់) នេះ ជាឈ្មោះ​របស់​តថាគត ជាអរហន្ដ​សម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា និម្មលៈ (អ្នកគ្មាន​មន្ទិល) នេះ ជាឈ្មោះ​របស់តថាគត ជាអរហន្ដ​សម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា វិមលៈ (អ្នក​ប្រាសចាក​មន្ទិល) នេះ ជាឈ្មោះរបស់​តថាគត ជាអរហន្ត​សម្មាសម្ពុទ្ធ ម្នាល​ភិក្ខុ​ទាំងឡាយ ពាក្យថា ញាណី (អ្នកមានញាណ) នេះ ជាឈ្មោះ​របស់តថាគត ជា​អរហន្ដ​សម្មាសម្ពុទ្ធ ម្នាលភិក្ខុ​ទាំងឡាយ ពាក្យថា វិមុត្ត (អ្នកផុតស្រឡះ) នេះ ជាឈ្មោះ​របស់​តថាគត ជាអរហន្ដ​សម្មាសម្ពុទ្ធ។

គុណជាតណា ដែលតថាគត​ជាសមណៈ ជាព្រាហ្មណ៍ មានព្រហ្ម​ចរិយៈ​នៅ​រួច​ហើយ គប្បីសម្រេច​ក្ដី គុណជាតណា ដែលតថាគត អ្នកចេះ​ចប់​ត្រៃវេទ ​ជាគ្រូពេទ្យវះកាត់ គប្បី​សម្រេចក្ដី គុណជាតនោះ ប្រសើរ​បំផុត គុណជាត​ណា​ ដែលតថាគត​គ្មានមន្ទិល ប្រាសចាកមន្ទិល មាន​ព្រហ្មចរិយៈ នៅរួចហើយ គប្បី​សម្រេច​ក្ដី គុណជាត​ណា ដែល​តថាគត មាន​ញាណ អ្នក​រួចស្រឡះ គប្បី​សម្រេចក្ដី គុណជាត​នោះ ប្រសើរ​បំផុត តថាគត​នោះ ជាអ្នក​ឈ្នះសង្រ្គាម រួចចាក​ចំណង ទាំង​ស្រាយ​មហាជន ឲ្យ​រួច​ចាក​ចំណង ជាបុគ្គល​ប្រសើរ មាន​ខ្លួន​ទូន្មាន​ហើយ ដោយប្រពៃ ជា​អសេក្ខបុគ្គល បរិនិព្វាន​ហើយ។

 យសសូត្រ ទី៦

[១០៣] សម័យមួយ ព្រះដ៏មានព្រះភាគ ព្រមដោយ​ភិក្ខុសង្ឃ​ច្រើនរូប ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់​ចារិក ក្នុងក្រុង​កោសម្ពី បានសេ្ដច​ទៅដល់​ព្រាហ្មណគ្រាម ឈ្មោះ​ឥច្ឆានង្គលៈ របស់ពួកអ្នក​ដែនកោសល។ បានឮថា ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​នៅក្នុង​ដងព្រៃ​ឥច្ឆានង្គលៈ ជិតស្រុក​ឥច្ឆានង្គលៈ​នោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នក​ស្រុក​ឥច្ឆានង្គលៈ បានឮ​ដំណឹង (ប្រកាសប្រាប់គ្នា) ថា ម្នាលគ្នាយើង ឮថា ព្រះសមណ​គោតម ជាសក្យបុត្ត ចេញចាក​សក្យ​ត្រកូល ទៅទ្រង់​ព្រះផ្នួស ឥឡូ​វបាន​សេ្ដច​មកដល់​ស្រុក​ឥច្ឆានង្គលៈ​ហើយ ទ្រង់​គង់នៅក្នុង​ដងព្រៃ​ឥច្ឆានង្គលៈ ជិតស្រុក​ឥច្ឆានង្គលៈ។ កិត្តិសព្ទ​ដ៏ពីរោះ​យ៉ាងនេះ របស់​ព្រះគោតម​ដ៏ចំរើន​អង្គនោះ ល្បីឮ​សុះសាយ​ទៅថា ព្រះដ៏មាន​ព្រះភាគ អង្គនោះ ជាអរហន្ដ​សម្មាសម្ពុទ្ធ។បេ។ ក៏ការ​ដែលបាន​ជួប​ប្រទះ​នឹង​ព្រះអរហន្ដ​ទាំងឡាយ មានសភាព​ដូច្នោះ ជាការប្រពៃពេកណាស់។ គ្រានោះ ពួកព្រាហ្មណ៍ និង​គហបតី អ្នកស្រុក​ឥច្ឆានង្គលៈ កាលកន្លង​រាត្រី​នោះទៅហើយ ក៏នាំយក​ខាទនីយ​ភោជនីយាហារ​ដ៏ក្រាស់ក្រែល នាំគ្នាដើរ​ចូលសំដៅទៅ​រកដងព្រៃ​ឥច្ឆានង្គលៈ លុះចូល​ទៅដល់​ហើយ ក៏ឈរ​ស្រែកហ៊ោ និយាយខ្លាំង ទៀបក្លោងទ្វារ​ខាងក្រៅ។

សម័យនោះឯង ព្រះនាគិតៈ​ដ៏មានអាយុ ជាឧបដ្ឋាក​ព្រះដ៏មាន​ព្រះភាគ។ វេលា​នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​សួរ​ព្រះនាគិតៈ​ដ៏មានអាយុ​ថា ម្នាល​នាគិតៈ ចុះពួកណា​ស្រែកហ៊ោ និយាយ​ឮខ្លាំងម្ល៉េះ ហាក់ដូចជា​ព្រានសំណាញ់​ដណ្ដើម​ត្រីគ្នា។ ព្រះនាគិតៈ​ដ៏មានអាយុ ក្រាបបង្គំ​ទូលថា សូមទ្រង់ព្រះ​មេត្តាប្រោស អ្នកទាំងនុ៎ះ ជាព្រាហ្មណ៍ និង​គហបតី នៅក្នុងស្រុក​ឥច្ឆានង្គលៈ នាំយក​ខាទនីយ​ភោជនីយាហារ ដ៏ក្រាស់​ក្រែល ឧទ្ទិសចំពោះ​ព្រះដ៏មានព្រះភាគ​ផង ព្រះភិក្ខុ​សង្ឃផង ហើយឈរ​ទៀប​ក្លោងទ្វារ​ខាងក្រៅ។ ម្នាល​នាគិតៈ តថាគត សូមកុំឲ្យ​ជួបប្រសព្វ​នឹង​យសបរិវារ​ ទាំង​យស​បរិវារ ក៏​សូមកុំឲ្យ​ជួបប្រសព្វ​នឹង​តថាគត​ឡើយ ម្នាល​នាគិតៈ បុគ្គលណា មិនបាន​ដូច​ប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវ​នេក្ខម្មសុខ បវិវេក​សុខ ឧបសមសុខ​ សម្ដោធសុខនេះ ដូច​ជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដែល​តថាគត​បានដូច​ប្រាថ្នា បាន​ដោយងាយ បានដោយ​ស្រួលទេ បុគ្គលនោះ​ឯង គប្បី​ត្រេកអរ​ចំពោះ​សេចក្ដីសុខមិនស្អាត សុខក្នុង​ការដេកលក់ សុខ​កើតអំពី​លាភ​សក្ការៈ និង​ពាក្យ​សរសើរ។ ព្រះនាគិតៈ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ឥឡូវនេះ សូមព្រះដ៏មាន​ព្រះភាគ​ទទួលនិមន្ដ សូម​ព្រះសុគត​ទទួលនិមន្ដ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ កាលនេះ ជាកាលគួរ​ព្រះដ៏មាន​ព្រះភាគ​ទទួលនិមន្ដ​ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើ​ព្រះ​ដ៏មានព្រះភាគ​នឹង​ស្តេច​ទៅក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួក​ព្រាហ្មណ៍ និងគហបតី ជាអ្នក​និគមក្ដី អ្នក​ជនបទ​ក្ដី នឹង​តាមទៅ​ក្នុងទីនោះៗមិនខាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាល​បើភ្លៀងមាន​ដំណក់ទឹក​ថ្លោសៗ​បង្អុរចុះ​មក ទឹកទាំង​ឡាយ តែង​ហូរធ្លាក់​ទៅកាន់​ទីទាប ដូចម្ដេច​មិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បើព្រះដ៏មាន​ព្រះភាគ​នឹង​ស្ដេច​ទៅ​ ក្នុងទីណាៗ ក្នុងកាល​ឥឡូវនេះ ក៏គង់ពួក​ព្រាហ្មណ៍ និង​គហបតី ជាអ្នក​និគមក្ដី អ្នកជនបទ​ក្ដី នឹង​តាមទៅ ក្នុងទីនោះៗ មិនខាន ដូច្នោះ​ឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះព្រះ​ដ៏មាន​ព្រះភាគ​ ព្រះអង្គ មានសីល និងប្រាជ្ញា។ ម្នាល​នាគិតៈ តថាគត សូមកុំឲ្យ​ជួបប្រសព្វនឹង​យសបរិវារ ទាំង​យសបរិវារ ក៏​សូមកុំ​ឲ្យជួប​ប្រសព្វ​នឹង​តថាគតឡើយ ម្នាល​នាគិតៈ បុគ្គល​ណា មិនបាន​ដូចប្រាថ្នា មិនបាន​ដោយ​ងាយ មិនបាន​ដោយស្រួល នូវ​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ​នេះ ដូចជា​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែល​តថាគត​បាន​ដូចប្រាថ្នា បាន​ដោយងាយ បានដោយ​ស្រួលទេ បុគ្គលនោះ គប្បី​ត្រេកអរ​ចំពោះ​សេចក្ដី​សុខ​មិនស្អាត សុខក្នុង​ការដេកលក់ សុខដែលកើត​អំពីលាភ​សក្ការៈ និង​ពាក្យសរសើរ។ ម្នាល​នាគិតៈ សូម្បីទេវតា​ពួកខ្លះ ក៏មិន​បានដូច​ប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវ​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខនេះ ដូចជានេក្ខម្មសុខ​ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខ ដែល​តថាគត​បាន​ដូចប្រាថ្នា បានដោយ​ងាយ បានដោយ​ស្រួលដែរ ម្នាលនាគិតៈ អ្នកទាំងឡាយ កាលមក​ប្រជុំ សមាគមគ្នា ខ្វល់ខ្វាយ​ខាងការ​នៅ​ច្រឡូកច្រឡំ​ដោយពួក​ហើយ រមែងមាន​សេចក្ដីត្រិះរិះ​យ៉ាងនេះថា លោក​ទាំងឡាយ​នេះ មុខជាមិន​បាន​ដូចប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវ​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខនេះ ដូចជា​នេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែល​តថាគត​បានដូចប្រាថ្នា បាន​ដោយងាយ បានដោយ​ស្រួល ដោយពិត ព្រោះថា លោកដ៏មានអាយុ​ទាំងនេះ មកប្រជុំ​សមាគមគ្នា ប្រកប​រឿយៗ​ខាងការនៅ​ច្រឡូក​ច្រឡំ​ដោយពួក។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគត​ឃើញពួក​ភិក្ខុ កំពុង​សើចក្អាកក្អាយ សើចប្រឡែងគ្នា ដោយការចាក់​ដោយ​ជន្លួញ គឺ​ម្រាមដៃ ទៅវិញ​ទៅមក ម្នាលនាគិតៈ តថាគត មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា លោក​ដ៏មាន​​អាយុទាំងនេះ មុខជា​មិនបាន​ដូចប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខ​នេះ ដូចជា​នេក្ខម្មសុខ​ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខ ដែល​តថាគត​បានដូចប្រាថ្នា បានដោយងាយ បានដោយ​ស្រួល ដោយពិត ព្រោះថា លោក​ដ៏មាន​អាយុ​ទាំងនេះ សើចក្អាកក្អាយ សើចប្រឡែង​គ្នា ដោយការចាក់​ដោយជន្លួញ គឺម្រាមដៃ ទៅវិញទៅមក។ ម្នាលនាគិតៈ មួយទៀត ក្នុងទី​ឯណោះ តថាគត​ឃើញពួក​ភិក្ខុ បរិភោគដរាប​ទាល់ឆ្អែត​ពេញពោះ ហើយខ្វល់ខ្វាយ​ខាងសេចក្ដី​សុខនឹង​ដំណេក សុខនឹង​បង្អែក សុខនឹង​ការដេកលក់ ម្នាលនាគិតៈ តថាគតនោះ មានសេចក្ដីត្រិះរិះ​យ៉ាងនេះថា  លោកទាំងឡាយនេះ មុខជា​មិនបាន​ដូចប្រាថ្នា មិនបាន​ដោយងាយ មិនបាន​ដោយ​ស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ​ សម្ដោធសុខ​នេះ ដូចជា​នេក្ខម្ម​សុខ បវិវេកសុខ ឧបសមសុខ សម្តោធសុខ ដែលតថាគត​បានដូចប្រាថ្នា បាន​ដោយងាយ បាន​ដោយស្រួល ដោយពិត ព្រោះថា លោកទាំង​ឡាយនេះ បរិភោគ​ដរាប​ទាល់ឆ្អែត​ពេញពោះ ខ្វល់ខ្វាយ​ខាងសេចក្ដី​សុខ​នឹងដំណេក សុខនឹងបង្អែក សុខនឹងការដេក​លក់។ ម្នាលនាគិតៈ ក្នុងទីឯណោះ តថាគត ឃើញភិក្ខុ​មានចិត្ត​ដម្កល់​នៅនឹង អង្គុយក្នុង​វិហារ ជិតស្រុក តថាគតនោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ អារាមិកជន ឬក៏​សមណុទ្ទេស នឹង​មក​បម្រើ​លោក​នេះ ឯការ​បម្រើនោះ នឹង​ញុំាង​លោកនេះ ឲ្យឃ្លាត​ចាក​សមាធិនោះពុំខាន ម្នាល​នាគតិៈ ព្រោះហេតុ​នោះ តថាគត មិនត្រេកអរ​នឹង​ភិក្ខុនោះ ដោយការ​នៅ​ក្នុង​ទីជិតស្រុក។ ម្នាល​នាគិតៈ មួយទៀត ក្នុង​ទីឯណោះ តថាគត​ឃើញ​ភិក្ខុ រត់ចេញទៅ​អង្គុយនៅ​ក្នុងព្រៃ ម្នាល​នាគិតៈ តថាគតនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ លោកនេះ មុខជា​នឹងកំចាត់​បង់នូវ​សេចក្តី​ងោកងក់ និង​សេចក្តី​លំបាកនេះ ហើយនឹង​ធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញា ជាធម្មជាត​មានចិត្តមូល​តែមួយពុំខាន ម្នាលនាគិតៈ ព្រោះ​ហេតុនោះ តថាគត​ត្រេកអរ​នឹងភិក្ខុនោះ ដោយការនៅ​ក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទី​ឯណោះ តថាគត​ឃើញភិក្ខុ មានចិត្ត​មិនទាន់​ដម្កល់នៅ​នឹងទេ អង្គុយនៅ​ក្នុងព្រៃ ម្នាល​នាគិតៈ តថាគតនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ លោកនេះ នឹង​ដម្កល់​ចិត្ត​ដែល​មិនទាន់​ដម្កល់ ឬ​នឹង​រក្សាចិត្ត​ដែលខ្លួន​បាន​ដម្កល់​ហើយពុំខាន ម្នាលនាគិតៈ ព្រោះ​ហេតុនោះ តថាគត​មានចិត្ត​ត្រេកអរ​នឹង​ភិក្ខុនោះ ដោយការ​នៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយ​វិញទៀត ក្នុងទីឯណោះ តថាគត ឃើញភិក្ខុ​មួយរូប អ្នកនៅក្នុងព្រៃ មានចិត្ត​ដម្កល់ នៅ​នឹង កំពុង​អង្គុយ ម្នាល​នាគិតៈ តថាគតនោះ មានសេចក្ដី​ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ លោកនេះ នឹងធ្វើ​ចិត្ត​ដែលមិនទាន់​រួច ឲ្យរួចស្រឡះ ឬនឹង​រក្សាចិត្ត​ដែល​រួចស្រឡះ​ហើយពុំខាន ម្នាលនាគិតៈ ព្រោះហេតុនោះ តថាគត​មានចិត្ត​ត្រេកអរ​នឹង​ភិក្ខុនោះ ដោយការ​នៅក្នុងព្រៃ។ ម្នាលនាគិតៈ សម័យណា ដែលតថាគត​ដើរទៅកាន់​ផ្លូវឆ្ងាយ មិនបាន​ជួបប្រទះ​អ្វីតិចតួច ក្នុងខាងមុខក្ដី ខាង​ក្រោយក្ដី ម្នាលនាគិតៈ សម័យ​នោះ តថាគត​មានតែសេចក្ដី​សប្បាយ ​ដោយហោចទៅ សូម្បី​ការធ្វើ​ឧច្ចារៈ ឬបស្សាវៈ​ក៏ស្រួល។

 បត្តនិកុជ្ជនសូត្រ ទី៧

[១០៤] ម្នាលភិក្ខុទាំងឡាយ ឧបាសក ប្រកបដោយ​អង្គ ៨ ប្រការ សង្ឃ កាល​ប្រាថ្នា គប្បីផ្កាប់​បាត្រ​បាន។ អង្គ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺឧបាសក ព្យាយាម ដើម្បីមិនឲ្យ​ភិក្ខុទាំងឡាយ​​បានលាភ ១ ព្យាយាម ដើម្បីមិនឲ្យ​ភិក្ខុទាំង​ឡាយបាន ប្រយោជន៍ ១ ព្យាយាម ដើម្បីមិនឲ្យ​ភិក្ខុទាំងឡាយ​​បានទីលំនៅ ១ ជេរប្រទេច​ភិក្ខុ​ទាំងឡាយ ១ បំបែកភិក្ខុ​ទាំងឡាយ ឲ្យបែក​ចាកភិក្ខុ​ទាំងឡាយ​ ១ តិះដៀល​ព្រះពុទ្ធ ១ តិះដៀល​ព្រះធម៌ ១ តិះដៀល​ព្រះសង្ឃ ១​។ ម្នាលភិក្ខុទាំង​ឡាយ ឧបាសក​ប្រកប​ដោយ​អង្គ ៨ ប្រការនេះឯង សង្ឃ កាលប្រាថ្នា គប្បីផ្កាប់​បាត្របាន។

[១០៥] ម្នាលភិក្ខុទាំងឡាយ ឧបាសក​ប្រកបដោយ​អង្គ ៨ ប្រការ សង្ឃកាល​ប្រាថ្នា គប្បីផ្ងារ​បាត្របាន។ ដោយអង្គ ៨ ប្រការ តើដូច​ម្ដេចខ្លះ។ គឺឧបាសក មិនព្យាយាម ដើម្បីមិន​ឲ្យភិក្ខុ​ទាំងឡាយ​​បានលាភ ១ មិនព្យាយាម ដើម្បីមិនឲ្យ​ភិក្ខុទាំងឡាយ​បាន ប្រយោជន៍ ១ មិនព្យាយាម ដើម្បីមិន​ឲ្យភិក្ខុទាំងឡាយ​​បានទីលំនៅ ១ មិនជេរប្រទេច​ភិក្ខុ​ទាំងឡាយ ១ មិនបំបែក​ភិក្ខុទាំងឡាយ ឲ្យបែក​ចាកភិក្ខុ​ទាំងឡាយ ​១ ពោល​សរសើរ ព្រះពុទ្ធ ១ ពោល​សរសើរ​ព្រះធម៌ ១ ពោលសរសើរ​ព្រះសង្ឃ ១​។ ម្នាលភិក្ខុ​ទាំងឡាយ ឧបាសក​ប្រកប​ដោយអង្គ ៨ ប្រការនេះឯង សង្ឃកាល​ប្រាថ្នា គប្បីផ្ងារបាត្របាន។

 អប្បសាទបវេទនីយសូត្រ ទី៨

[១០៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ ពួកឧបាសក កាល​ប្រាថ្នា គប្បីសំដែង​សេចក្ដី​មិនជ្រះថ្លា​បាន។ ប្រកបដោយធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺភិក្ខុ​ព្យាយាម ដើម្បីមិនឲ្យ​ពួកគ្រហស្ថ​បានលាភ ១ ព្យាយាម ដើម្បីមិនឲ្យ​ពួកគ្រហស្ថ បាន​ប្រយោជន៍ ១ ជេរប្រទេច​ពួកគ្រហស្ថ ១ បំបែក​ពួកគ្រហស្ថ​ឲ្យបែកចាកពួក​គ្រហស្ថ​១ តិះដៀល​ព្រះពុទ្ធ ១ តិះដៀល​ព្រះធម៌ ១ តិះដៀល​ព្រះសង្ឃ ១​ ទាំងពួក​ទេវតា ក៏ឃើញ​នូវភិក្ខុនោះ​ដោយហេតុ​នោះ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ នេះឯង ពួកឧបាសក កាលប្រាថ្នា គប្បីសំដែង​សេចក្ដី​មិនជ្រះថ្លា​បាន។

[១០៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ ពួកឧបាសក កាល​ប្រាថ្នា គប្បីសំដែង​សេចក្ដី​ជ្រះថ្លាបាន។ ប្រកបដោយ​ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺភិក្ខុ​មិនព្យាយាម ដើម្បីមិន​ឲ្យពួក​គ្រហស្ថបាន​លាភ ១ មិនព្យាយាម ដើម្បី​មិនឲ្យពួក​គ្រហស្ថ​បានប្រយោជន៍ ១ មិនជេរ​ប្រទេចពួក​គ្រហស្ថ ១ មិនបំបែក​ពួកគ្រហស្ថ ឲ្យបែកចាក​ពួកគ្រហស្ថ​ ១ ពោល​សរសើរ​ព្រះពុទ្ធ ១ ពោលសរសើរ​ព្រះធម៌ ១ ពោលសរសើរ​ព្រះសង្ឃ ១​ ពួកទេវតា ឃើញភិក្ខុនោះ ដោយហេតុនោះ ១។ ម្នាលភិក្ខុ​​ទាំងឡាយ  ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការនេះឯង ពួក​ឧបាសក កាលប្រាថ្នា គប្បីសំដែង​នូវសេចក្ដី​ជ្រះថ្លា​បាន។

 បដិសារណីយសូត្រ ទី៩

[១០៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការ សង្ឃកាល​ប្រាថ្នា គប្បីធ្វើ​បដិសារណីយកម្ម​បាន។ ប្រកប​ដោយធម៌ ៨ ប្រការ តើដូចម្ដេច​ខ្លះ។ គឺភិក្ខុ​ព្យាយាម ដើម្បីមិន​ឲ្យពួក​គ្រហស្ថ​បានលាភ ១ ព្យាយាម ដើម្បីមិនឲ្យ​ពួកគ្រហស្ថ បាន​ប្រយោជន៍ ១ ជេរប្រទេច​ពួកគ្រហស្ថ ១ បំបែកពួកគ្រហស្ថ ឲ្យបែក​ចាកពួក​គ្រហស្ថ​ ១ តិះដៀល​ព្រះពុទ្ធ ១ តិះដៀល​ព្រះធម៌ ១ តិះដៀល​ព្រះសង្ឃ  ១ ញុំាងពាក្យ​និមន្ត​របស់គ្រហស្ថ​ប្រកប​ដោយធម៌ ឲ្យឃ្លៀងឃ្លាត ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៨ ប្រការនេះឯង សង្ឃ​កាលប្រាថ្នា គប្បីធ្វើ​បដិសារណីយកម្ម​បាន។

[១០៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៨ ប្រការ សង្ឃកាល​ប្រាថ្នា គប្បីរម្ងាប់​នូវ​បដិសារណីយកម្ម​បាន។ ប្រកប​ដោយធម៌ ៨ ប្រការ តើដូច​ម្ដេចខ្លះ។ គឺភិក្ខុមិនព្យាយាម ដើម្បីមិន​ឲ្យពួក​គ្រហស្ថ​បានលាភ ១ មិនព្យាយាម ដើម្បីមិន​ឲ្យពួក​គ្រហស្ថ​បាន​ប្រយោជន៍ ១ មិនជេរ​ប្រទេច​ពួកគ្រហស្ថ ១ មិនបំបែក​ពួកគ្រហស្ថ ឲ្យបែកចាក​ពួកគ្រហស្ថ​ ១ ពោលសរសើរព្រះពុទ្ធ ១ ពោលសរសើរ​ព្រះធម៌ ១ ពោលសរសើរ​ព្រះសង្ឃ ១​ ញុំាងពាក្យ​និមន្ត​របស់​ពួកគ្រហស្ថ ប្រកប​ដោយធម៌ ឲ្យទៀង​ទាត់ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៨ ប្រការនេះឯង សង្ឃកាល​ប្រាថ្នា គប្បីរម្ងាប់​នូវ​បដិសារណីយកម្ម​បាន។

 សម្មាវត្តនសូត្រ ទី១០

[១១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃធ្វើ​តស្សបាបិយសិកាកម្ម​រួចហើយ ត្រូវ​ប្រព្រឹត្ត​ឲ្យល្អ ក្នុងធម៌ ៨ ប្រការគឺ មិនត្រូវ​ឲ្យឧបសម្បទា ១ មិនត្រូវឲ្យ​និស្ស័យ ១ មិនត្រូវឲ្យ​សាមណេរ​បម្រើ ១ មិនត្រូវ​ត្រេកអរ​នឹងការសន្មតិ​ជាអ្នក​ឲ្យឱវាទ​ដល់ភិក្ខុនី ១ បើទុក​ជាសង្ឃ​សន្មតហើយ ក៏មិនត្រូវ​ឲ្យឱវាទ​ពួកភិក្ខុនី ១ មិនត្រូវ​ត្រេកអរ​នឹង​សង្ឃសម្មតិ​ណាមួយ ១ មិនត្រូវ​និយម​ខ្លួន ក្នុងទី​ជា​អធិបតី​ណាមួយ ១ មិនត្រូវ​ឲ្យ (ភិក្ខុ) ចេញចាក​អាបត្តិ​ដោយមូល​នោះ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​សង្ឃធ្វើ​តស្សបាបិយសិកាកម្ម​រួចហើយ ត្រូវប្រព្រឹត្ត​ឲ្យល្អ ក្នុងធម៌ ៨ ប្រការនេះឯង។

ចប់ សតិវគ្គ។

ឧទ្ទានក្នុងសតិវគ្គនោះគឺ

និយាយអំពី​សតិសម្បជញ្ញៈ ១ អំពីរឿង​បុណ្ណិយភិក្ខុ ១ អំពីធម៌​ជា​មូល ១ អំពី​មហាចោរ ១ អំពី​ព្រះនាម​ព្រះតថាគត មាន​ព្រះនាម​ថា សមណៈ​ជាដើម ១ ត្រូវជា ៥ អំពី​ព្រះអង្គ​មិនចង់ជួប​នឹង​​យសបរិវារ ១ អំពីការ​ផ្កាប់បាត្រ និងផ្ងារបាត្រ ១ អំពី​សេចក្ដី​ជ្រះថ្លា និង​មិនជ្រះថ្លា ១ អំពី​បដិសារណីយកម្ម ១ អំពី​ភិក្ខុ​ប្រព្រឹត្ត​ល្អ ១។

សាមញ្ញវគ្គ

រឿងក្រៅពីនេះទៅ ដែលព្រះសម្មាសម្ពុទ្ធ​ទ្រង់សំដែង​ឧបោសថកម្ម​ប្រកបដោយ​អង្គ ៨ ប្រការ ដល់ពួក​ឧបាសិកា​ទាំងអម្បាល​នេះ គឺ​ពោជ្ឈាឧបាសិកា សិរិមា​ឧបាសិកា បទុមា​ឧបាសិកា សុធម្មាឧបាសិកា មណុជាឧបាសិកា ឧត្តរា​ឧបាសិកា មុត្តាឧបាសិកា ខេមាឧបាសិកា រុចីឧបាសិកា ចុន្ទីរាជកុមារី ពិម្ពី​ឧបាសិកា សុមនារាជកុមារី មល្លិកាទេវី តិស្សមាតា​ឧបាសិកា សោណមាតា​ឧបាសិកា កាណមាតា​ឧបាសិកា ឧត្តរានន្ទមាតា​ឧបាសិកា វិសាខាមិគារមាតា​ឧបាសិកា ​ខុជ្ជុត្តរាឧបាសិកា សមាវតី​ឧបាសិកា សុប្បវាសាកោឡិយធីតា​ឧបាសិកា សុប្បិយា​ឧបាសិកា នកុលមាតា​គហបតានី​ឧបាសិកា។

រាគបេយ្យាល

[១១១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលត្រូវចំរើន ដើម្បីដឹង​ច្បាស់​នូវ​រាគៈ។ ធម៌ ៨ ប្រការ តើដូច​ម្ដេចខ្លះ។ គឺ​សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៨ ប្រការនេះ បុគ្គល​ត្រូវចំរើន ដើម្បីដឹង​ច្បាស់នូវរាគៈ។

[១១២] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គលគប្បីចំរើន ដើម្បីដឹង​ច្បាស់នូវ​រាគៈ។ ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ គឺបុគ្គល​មានសេចក្ដី​សំគាល់​ក្នុងរូបខាងក្នុង (មានសក់​ជាដើម​របស់ខ្លួន) ឃើញរូប​ខាងក្រៅ គឺ​កសិណ មាន​នីលកសិណ​ជាដើម ជារូប​មាន​ប្រមាណតិច មាន​សម្បុរល្អ ឬសម្បុរ​អាក្រក់ ក៏គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញ​ឃើញ ១។ បុគ្គល មានសេចក្ដី​សំគាល់​ក្នុងរូប​ខាងក្នុង តែង​ឃើញ​នូវរូបខាងក្រៅ ជារូប​ប្រមាណ​មិនបាន មានសម្បុរល្អ ឬសម្បុរ​អាក្រក់ ក៏គ្របសង្កត់​នូវរូបទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញ​ឃើញ ១។ បុគ្គលមិន​មាន​សេចក្ដី​សំគាល់ ក្នុងរូប​ខាងក្នុង តែង​ឃើញនូវ​រូបខាងក្រៅ ជារូបមាន​ប្រមាណតិច មានសម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្របសង្កត់​នូវរូបទាំងនោះ ហើយមានសេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញ​ឃើញ ១។ បុគ្គល​មិនមាន​សេចក្ដីសំគាល់ ក្នុងរូប​ខាងក្នុង តែង​ឃើញរូប​ខាងក្រៅ ជារូប​ប្រមាណ​មិនបាន មានសម្បុរល្អ ឬសម្បុរអាក្រក់ ក៏គ្រប​សង្កត់​នូវរូប​ទាំងនោះ ហើយមានសេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ ១។  បុគ្គល មិនមាន​សេចក្ដី​សំគាល់ ក្នុងរូប​ខាងក្នុង តែងឃើញ​នូវរូប​ខាងក្រៅ ជារូបខៀវ មាន​សម្បុរខៀវ ឆ្លុះចេញ​នូវពណ៌ខៀវ មានពន្លឺ​ខៀវ ១។បេ។ ជារូបលឿង មានសម្បុរ​លឿង ឆ្លុះ​ចេញនូវ​ពណ៌លឿង មានពន្លឺ​លឿង ១។បេ។ ជារូប​ក្រហម មានសម្បុរក្រហម ឆ្លុះចេញ​នូវពណ៌​ក្រហម មានពន្លឺ​ក្រហម ១។បេ។ ជារូប​ស មានសម្បុរស ឆ្លុះ​ចេញ​នូវ​ពណ៌ស មានពន្លឺស ក៏គ្របសង្កត់​នូវរូប​ទាំងនោះ ហើយមាន​សេចក្ដី​សំគាល់​យ៉ាងនេះថា អាត្មាអញ​ដឹង អាត្មាអញ​ឃើញ ១។  ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៨ ប្រការនេះ បុគ្គល​ត្រូវ​ពិចារណា ដើម្បីដឹង​ច្បាស់​នូវរាគៈ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ធម៌ ៨ ប្រការ បុគ្គល​ត្រូវចំរើន ដើម្បីដឹង​ច្បាស់​នូវរាគៈ។ ធម៌ ៨ ប្រការ តើដូចម្ដេចខ្លះ។ បុគ្គល​មានរូបជ្ឈាន តែង​ឃើញរូប គឺ​កសិណ​ទាំងឡាយ មាន​នីលកសិណ​ជាដើម មិនមាន​សេចក្ដីសំគាល់​ក្នុង​រូបខាង​ក្នុង (មានសក់​ជាដើម​របស់ខ្លួន) តែងឃើញ​រូប​ខាងក្រៅ គឺកសិណ មាន​នីលកសិណ​ជាដើម ជាអ្នក​មានចិត្ត​ចុះស៊ប់​ថា វណ្ណកសិណ​បរិសុទ្ធ ១។ ព្រោះកន្លងបង់​នូវរូបសញ្ញា​ ដោយ​ប្រការ​ទាំងពួង វិនាសទៅ​នៃបដិឃសញ្ញា មិនបាន​ធ្វើទុក​ក្នុងចិត្ត​នូវនានត្តសញ្ញា ក៏ចូលកាន់​អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើ​ទុកក្នុង​ចិត្តថា អាកាស​មិនមាន​ទីបំផុត ១។ ព្រោះកន្លង​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ក៏ចូលកាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយការធ្វើ​ទុក​ក្នុងចិត្ត​ថា វិញ្ញាណ​មិនមាន​ទីបំផុត ១។ ព្រោះ​កន្លង​នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏ចូល​កាន់​អា