វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |៤៥|៤៦|៤៧|៤៨|៤៩| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

អង្គុត្តរនិកាយ សត្តកនិបាត អដ្ឋមភាគ

ភាគ ៤៧

សូមនមស្ការចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

ធនវគ្គ

បឋមបិយសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ឆ្លើយ​តប​ព្រះពុទ្ធ​ដីកា នៃ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងមិនជាទីស្រឡាញ់ផង មិន​ជា​ទីពេញ​ចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកប្រាថ្នាលាភ ១ ប្រាថ្នាសក្ការៈ ១ មិនចង់ឲ្យគេមើលងាយខ្លួន ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ប្រាថ្នាអាក្រក់ ១ ឃើញខុស ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះ រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទី​សរសើរ​ផង របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់​សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនប្រាថ្នាមិនចង់ឲ្យគេមើលងាយខ្លួន  ១ ខ្មាសបាប ១ ខ្លាចបាប ១ ប្រាថ្នាតិច ១ ឃើញត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ៧ យ៉ាងនេះ រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយ។

ទុតិយបិយសូត្រ ទី ២

[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង រមែងមិន​ជា​ទី​ស្រឡាញ់​ផង មិនជាទីពេញចិត្តផង មិនជាទីគោរពផង មិនជាទីសរសើរផង របស់​សព្រហ្មចារី​ទាំង​ឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​ប្រាថ្នា​លាភ ១ ប្រាថ្នាសក្ការៈ ១ មិនចង់ឲ្យគេមើលងាយខ្លួន ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ មានសេចក្តីច្រណែន ១ មានសេចក្តីកំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៧ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ផង មិនជាទីពេញចិត្តផង មិនជាទី​គោរព​ផង មិនជាទីសរសើរផង របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៧ យ៉ាង រមែងជាទីស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជា​ទី​សរសើរផង របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រាថ្នាលាភ ១ មិនប្រាថ្នាសក្ការៈ ១ មិនប្រាថ្នា​មិនចង់​ឲ្យគេ​មើលងាយខ្លួន ១ ខ្មាសបាប ១ ខ្លាចបាប  ១ មិនមានសេចក្តីច្រណែន ១ មិន​មាន​សេចក្តី​កំណាញ់ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាងនេះឯង រមែង​ជា​ទី​ស្រឡាញ់ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់សព្រហ្មចារីទាំង​ឡាយ។

សំខិត្តពលសូត្រ ទី៣

[៣] ម្នាលភិក្ខុទាំងឡាយ កំឡាំងនេះ មាន ៧ យ៉ាង។ កំឡាំង ៧ យ៉ាង តើអ្វីខ្លះ។ កំឡាំងគឺសទ្ធា ១ កំឡាំងគឺសេចក្តីព្យាយាម ១ កំឡាំងគឺហិរិ១ កំឡាំងគឺឱត្តប្បៈ ១ កំឡាំងគឺសតិ ១ កំឡាំងគឺសមាធិ ១ កំឡាំងគឺបញ្ញា១។ ម្នាលភិក្ខុទាំងឡាយ នេះឯង កំឡាំង ៧ យ៉ាង។

កំឡាំងគឺសទ្ធា កំឡាំងគឺវីរិយៈ កំឡាំងគឺហិរិ កំឡាំងគឺឱត្តប្បៈ កំឡាំងគឺសតិ កំឡាំងគឺសមាធិ កំឡាំងគឺបញ្ញា ជាគំរប់ ៧ ភិក្ខុជាបណ្ឌិត មានកំឡាំង​ដោយ​កំឡាំងទាំងនេះ រមែងរស់នៅស្រួល ពិចារណាធម៌ ដោយឧបាយ តែង​ឃើញ​ច្បាស់​នូវអត្ថ [រមែងឃើញច្បាស់​នូវសច្ចធម៌ ដោយមគ្គប្បញ្ញា មួយ​អន្លើ​ដោយ​វិបស្សនា។ អដ្ឋកថា។] ដោយបញ្ញាបាន ការរួចស្រឡះ (ចាកអារម្មណ៍) នៃ​ចិត្ត​របស់​ភិក្ខុនោះ ដូចជាការរលត់នៃប្រទីប។

វិត្ថតពលសូត្រ ទី៤

[៤] ម្នាលភិក្ខុទាំងឡាយ ពលៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺ​សទ្ធា​ពលៈ ១ វីរិយពលៈ ១ ហិរិពលៈ ១ ឱត្តប្បពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១។ ម្នាលភិក្ខុទាំងឡាយ សទ្ធាពលៈ តើដូចម្តេច​។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះ​ពោធិញ្ញាណ របស់​ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ ជាសាស្តា​នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កំចាត់បង់នូវត្រៃភព។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធាពលៈ។ ម្នាលភិក្ខុទាំងឡាយ វីរិយពលៈ តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រារឰសេចក្តីព្យាយាម ដើម្បី​លះ នូវអកុសលធម៌ទាំងឡាយ ដើម្បីបំពេញនូវកុសលធម៌ទាំងឡាយ ជាអ្នក​មាន​កំឡាំង​ ព្យាយាម ប្រឹងប្រែងមុតមាំ មិនដាក់ធុរៈ ក្នុងកុសលធម៌ទាំងឡាយឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា វីរិយពលៈ។ ម្នាលភិក្ខុទាំងឡាយ ហិរិពលៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីអៀនខ្មាស រមែងអៀនខ្មាស កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងអៀនខ្មាស នូវការជួបប្រសព្វនូវអកុសលធម៌ដ៏​លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ហិរិពលៈ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមាន​សេចក្តី​តក់​ស្លុត រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុត នូវការជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឱត្តប្បពលៈ។ ម្នាលភិក្ខុទាំងឡាយ សតិពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសតិ ប្រកបដោយសតិ និង​ភាពជាអ្នក​មាន​បញ្ញាចាស់ក្លាដ៏ឧត្តម ជាអ្នកនឹករលឹក ចាំបាននូវអំពើដែលខ្លួនធ្វើយូរហើយផង នូវ​សំដី​ដែលខ្លួននិយាយយូរហើយផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិពលៈ។ ម្នាលភិក្ខុទាំងឡាយ សមាធិពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុង​សាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលដល់នូវចតុត្ថជ្ឈាន។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា សមាធិពលៈ។ ម្នាលភិក្ខុទាំងឡាយ បញ្ញាពលៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានប្រាជ្ញា រមែងប្រកប​ដោយ​បញ្ញា ជាគ្រឿងដឹងច្បាស់ នូវការកើតឡើង និងសូន្យទៅ (នៃខន្ធ ៥) ជាបញ្ញាប្រសើរ មោះមុត ជាគ្រឿងដល់នូវការអស់ទៅនៃទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា បញ្ញាពលៈ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ពលៈ ៧ យ៉ាង។

សទ្ធាពលៈ វីរិយពលៈ ហិរិពលៈ ឱត្តប្បពលៈ សតិពលៈ សមាធិពលៈ បញ្ញាពលៈ ជាគំរប់ ៧។ ភិក្ខុជាបណ្ឌិត មាន​កំឡាំង ដោយពលៈទាំងនេះ រមែងរស់នៅស្រួល ពិចារណាធម៌ ដោយ​ឧបាយ ឃើញច្បាស់ នូវអត្ថដោយបញ្ញា ការរួចស្រឡះ (ចាក​អារម្មណ៍) នៃចិត្ត (របស់ភិក្ខុនោះ) ដូចជាការរលត់នៃប្រទីប។

សំខិត្តធនសូត្រ ទី៥

[៥] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន៧យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ទ្រព្យគឺសទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺឱត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ នេះទ្រព្យ ៧ យ៉ាង។

ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យ​គឺ​ចាគៈ ទ្រព្យគឺបញ្ញា ជាគំរប់ ៧។ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យ​ទាំង​នេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថាជាអ្នកមិនទ័លក្រឡើយ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុនោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបរឿយៗ នូវ​សទ្ធា សីល សេចក្តីជ្រះថ្លា និងការឃើញនូវធម៌។

វិត្ថតធនសូត្រ ទី៦

[៦] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ទ្រព្យគឺ សទ្ធា ១ ទ្រព្យគឺសីល ១ ទ្រព្យគឺហិរិ ១ ទ្រព្យគឺ​ឱត្តប្បៈ ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺ​បញ្ញា ១។ ម្នាលភិក្ខុទាំង​ឡាយ ទ្រព្យគឺសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក​ក្នុងសាសនា​នេះ ជាអ្នកមានសទ្ធា រមែងជឿចំពោះ​​ពោធិញ្ញាណ របស់​ព្រះតថាគត​ថា ព្រះមានព្រះភាគព្រះអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ ព្រះអង្គ ត្រាស់ដឹងនូវសច្ចធម៌ ទ្រង់កាច់បង់នូវត្រៃភព។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសីល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកវៀរចាក​បាណាតិបាត។បេ។ ជាអ្នកវៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសីល។ ម្នាលភិក្ខុ​ទាំងឡាយ ទ្រព្យគឺហិរិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានសេចក្តីអៀនខ្មាស រមែងអៀនខ្មាស ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងខ្មាសនូវការ​ជួបប្រសព្វ នូវអកុសលធម៌ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺហិរិ។ ម្នាលភិក្ខុទាំង​ឡាយ ទ្រព្យគឺ​ឱត្តប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមាន​សេចក្តីតក់ស្លុត រមែងតក់ស្លុត ចំពោះកាយ​ទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់ស្លុត​ចំពោះការជួប​ប្រសព្វ នូវ​អកុសលធម៌​ដ៏លាមក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺសុតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជា​ពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណា ពីរោះបទដើម ពីរោះ​បទកណ្តាល និងពីរោះបទចុង រមែងប្រកាសព្រហ្មចរិយធម៌ ប្រកប​ដោយ​អត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌​ទាំងអស់ ធម៌ទាំងឡាយនោះ ដែលអរិយសាវក មានសភាពដូច្នោះ បានស្តាប់មកច្រើន បានទ្រទ្រង់ទុក បានចាំស្ទាត់រត់មាត់ បានចូល​ចិត្ត​ច្បាស់លាស់ បានយល់ច្បាស់​ដោយទិដ្ឋិ គឺបញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសុតៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺចាគៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តប្រាស​ចាកមន្ទិល គឺសេចក្តី​កំណាញ់ បាន​បរិច្ចាគ​រួច​ហើយ មានដៃលាង​ហើយ ត្រេកអរក្នុងការលះ ជាអ្នកគួរ​ដល់ស្មូម ត្រេកអរ​ក្នុងការ​ចែក​រំលែកទាន រមែងនៅគ្រប់គ្រងផ្ទះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺចាគៈ។ ម្នាលភិក្ខុទាំងឡាយ ទ្រព្យគឺបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនា​នេះ ជាអ្នកមានបញ្ញា។បេ។ ជាគ្រឿងដល់នូវ​ការអស់ទៅនៃទុក្ខ ដោយ​ប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺ​បញ្ញា។ ម្នាលភិក្ខុទាំងឡាយ នេះឯង​ទ្រព្យ ៧ យ៉ាង។

ទ្រព្យគឺសទ្ធា ទ្រព្យគឺសីល ទ្រព្យគឺហិរិ ទ្រព្យគឺឱត្តប្បៈ ទ្រព្យគឺសុតៈ ទ្រព្យគឺចាគៈ ទ្រព្យគឺបញ្ញា ជាគំរប់ ៧ បុគ្គលណា ទោះស្រ្តីក្តី បុរស​ក្តី មានទ្រព្យទាំងនេះ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះ ថា​ជា​អ្នក​មិនទ័លក្រ ការរស់នៅរបស់បុគ្គលនោះ មិនសោះសូន្យឡើយ។ ហេតុ​ដូច្នោះ អ្នកប្រាជ្ញ កាលរលឹកនូវពាក្យប្រៀនប្រដៅ របស់​ព្រះពុទ្ធ​​ទាំងឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តី​ជ្រះថ្លា និង​ការឃើញនូវធម៌។

ឧគ្គសូត្រ ទី៧

[៧] គ្រានោះឯង ឧគ្គរាជមហាមាត្យ បានចូលទៅគាល់ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​ឧគ្គរាជ​មហាមាត្យ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះមិគារសេដ្ឋី ជាចៅរបស់រោហណសេដ្ឋីនេះ ពេញជាមនុស្សស្តុកស្តម្ភផង ជាអ្នកមានទ្រព្យច្រើនផង មានភោគៈច្រើនផង។ ម្នាលឧគ្គៈ មិគារសេដ្ឋី ជាចៅ​របស់​រោហណសេដ្ឋី ស្តុកស្តម្ភ តើអាស្រ័យរបស់អ្វី មានទ្រព្យច្រើន តើអាស្រ័យរបស់អ្វី មានភោគៈច្រើន តើអាស្រ័យរបស់អ្វី។ បពិត្រព្រះអង្គដ៏ចំរើន មាស​រាប់​បាន​ជា​សែន​ទៅ​ហើយ ចាំបាច់ពោលទៅថ្វី ដល់រូបិយវត្ថុ។ ម្នាលឧគ្គៈ ទ្រព្យនុ៎ះ មានមែនហើយ ម្នាលឧគ្គៈ តថាគតមិននិយាយថា ទ្រព្យនុ៎ះគ្មានទេ ប៉ុន្តែទ្រព្យនោះឯង ជាសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទីស្រឡាញ់។ ម្នាលឧគ្គៈ ទ្រព្យនេះ មាន ៧ យ៉ាង ជារបស់មិនសាធារណៈដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិ​មិន​ជា​ទី​ស្រឡាញ់។ ៧ យ៉ាង តើអ្វីខ្លះ។ សទ្ធាធនៈ ១ សីលធនៈ ១ ហិរិធនៈ ១ ឱត្តប្បធនៈ ១ សុតធនៈ ១ ចាគធនៈ ១ បញ្ញាធនៈ ១។ ម្នាលឧគ្គៈ ទ្រព្យ ៧ យ៉ាងនេះឯង មិន​សាធារណៈ​ដល់ភ្លើង ទឹក ពួកស្តេច ពួកចោរ និងពួកញាតិមិនជាទី​ស្រឡាញ់​បាន​ឡើយ។

សទ្ធាធនៈ សីលធនៈ ហិរិធនៈ ឱត្តប្បធនៈ សុតធនៈ ចាគធនៈ បញ្ញាធនៈ ជាគំរប់ ៧។ បុគ្គលណា ទោះស្រ្តីក្តី បុរសក្តី មានទ្រព្យ​ទាំង​នេះ បុគ្គលនោះឯង ឈ្មោះថា មានទ្រព្យច្រើន ដែលអ្នកណា​មួយ​មិនគប្បីផ្ចាញ់បាន ក្នុងទេវលោក និងមនុស្សលោក។ ហេតុដូច្នោះ អ្នកប្រាជ្ញ កាលរលឹក​នូវពាក្យប្រៀន​ប្រដៅ របស់​ព្រះពុទ្ធ​​ទាំង​ឡាយ គប្បីប្រកបរឿយ ៗ នូវសទ្ធា សីល សេចក្តីជ្រះថ្លា និង​ការ​ឃើញនូវធម៌។

សំយោជនសូត្រ ទី៨

[៨] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺអនុនយសញ្ញោជនៈ [កាមរាគសញ្ញោជនៈ។ អដ្ឋកថា។] ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ភវរាគសញ្ញោជនៈ ១ អវិជ្ជាសញ្ញោជនៈ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង សញ្ញោជនៈ ៧ យ៉ាង។

បហានសូត្រ ទី៩

[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ​ ដើម្បី​ផ្តាច់ផ្តិល នូវ​សញ្ញោជនៈ ៧ យ៉ាង។ ៧ យ៉ាង តើដូចម្តេច។ គឺភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវអនុនយសញ្ញោជនៈ បដិឃសញ្ញោជនៈ។បេ។ ភិក្ខុប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ មានសញ្ញោជនៈ ភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវសញ្ញោជនៈ ទាំង ៧ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណាអនុនយសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ ផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតត​ទៅ​ទៀតជាធម្មតា បដិឃសញ្ញោជនៈ។បេ។ ទិដ្ឋិសញ្ញោជនៈ វិចិកិច្ឆាសញ្ញោជនៈ មាន​សញ្ញោជនៈ ភវរាគសញ្ញោជនៈ អវិជ្ជាសញ្ញោជនៈ ភិក្ខុបានលះស្រឡះហើយ បាន​ផ្តាច់ផ្តិល​ឫសគល់អស់ហើយ មិនមានទីកើត ដូចជាដើមត្នោតកំបុតក ធ្វើឲ្យលែង​មាន​បែប​ភាព មិនមានទីកើតតទៅទៀតជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយនូវសញ្ញោជនធម៌ ហើយធ្វើនូវទីបំផុតនៃទុក្ខ ព្រោះត្រាស់ដឹង​នូវ​មានះដោយប្រពៃ។

មច្ឆរិយសូត្រ ទី១០

[១០] ម្នាលភិក្ខុទាំងឡាយ សញ្ញោជនៈនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺ​អនុនយសញ្ញោជនៈ ១ បដិឃសញ្ញោជនៈ ១ ទិដ្ឋិសញ្ញោជនៈ ១ វិចិកិច្ឆាសញ្ញោជនៈ ១ មានសញ្ញោជនៈ ១ ឥស្សាសញ្ញោជនៈ ១ មច្ឆរិយសញ្ញោជនៈ ១។ ម្នាលភិក្ខុទាំងឡាយ នេះសញ្ញោជនៈ ៧ យ៉ាង។

ចប់ ធនវគ្គ ទី១។

ឧទ្ទាននៃធនវគ្គនោះគឺ

និយាយពីភិក្ខុជាទីស្រឡាញ់ និងមិនជាទីស្រឡាញ់ ពីរលើក កំឡាំង ១ ទ្រព្យ ១ (ទាំងសង្ខេប ទាំងពិស្តារ) ឧគ្គរាជមហាមាត្យ ១ ការលះបង់​សញ្ញោជនៈ ១ មានមច្ឆរិយៈជាទីបំផុត ១។

អនុសយវគ្គ

បឋមអនុសយសូត្រ ទី១

[១១] ម្នាលភិក្ខុទាំងឡាយ អនុសយៈ​នេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺ​កាមរាគានុសយៈ ១ បដិឃានុសយៈ ១ ទិដ្ឋានុសយៈ ១ វិចិកិច្ឆានុសយៈ ១ មានានុសយៈ ១ ភវរាគានុសយៈ ១  អវិជ្ជានុសយៈ ១ ម្នាលភិក្ខុទាំងឡាយ នេះ អនុសយៈ ៧ យ៉ាង។

ទុតិយអនុសយសូត្រ ទី២

[១២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវ​អនុសយៈ ទាំង ៧។ ៧ យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវកាមរាគានុសយៈ បដិឃានុសយៈ។បេ។ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវទិដ្ឋានុសយៈ វិចិកិច្ឆានុសយៈ មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីលះ ដើម្បីផ្តាច់ផ្តិល នូវ​អនុសយៈ ៧ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណាកាមរាគានុសយៈ ភិក្ខុ​បាន​លះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើមិនឲ្យមាន​ទីកើត ដូចជា​ត្នោត​កំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទីកើតតទៅទៀតជាធម្មតា បដិឃានុសយៈ។បេ។ ទិដ្ឋានុសយៈ វិចិកិច្ឆានុសយៈ មានានុសយៈ ភវរាគានុសយៈ អវិជ្ជានុសយៈ ភិក្ខុបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ ធ្វើ​មិន​ឲ្យ​មាន​ទីកើត ដូចជាត្នោតកំបុតក ធ្វើឲ្យលែងមានបែបភាព មិនមានទី​កើត​តទៅ​ទៀត​ជា​ធម្មតា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ទើបហៅថា បានកាត់តណ្ហា បានស្រាយ​នូវ​សញ្ញោជនៈ បានធ្វើនូវទីបំផុតនៃទុក្ខ ព្រោះបានត្រាស់ដឹងនូវមានះដោយប្រពៃ។

កុលសូត្រ ទី៣

[១៣] ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយអង្គ ៧ យ៉ាង ភិក្ខុ​មិនទាន់​ចូល​ទៅ​ជិត មិនគួរចូលទៅជិតទេ ឬបានចូលទៅជិតហើយ មិនគួរអង្គុយឡើយ។ ៧ យ៉ាង តើ​អ្វី​ខ្លះ។ គឺពួកជន​មិនក្រោក​ទទួល ដោយសេចក្តីពេញចិត្ត ១ មិនថ្វាយបង្គំ ដោយ​សេចក្តី​ពេញ​ចិត្ត ១ មិនប្រគេន​អាសនៈ ដោយសេចក្តី​ពេញចិត្ត ១ លាក់ទុកនូវ​ទេយ្យធម៌​របស់​គេ ១ កាលបើទេយ្យធម៌មានច្រើន ឲ្យតិច ១ កាលបើមានទេយ្យធម៌ដ៏ឧត្តម ឲ្យ​របស់​សៅ​ហ្មង ១ ឲ្យដោយសេចក្តី​មិនគោរព មិនឲ្យដោយ​សេចក្តីគោរព ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកបដោយ​អង្គ ៧ យ៉ាងនេះឯង ភិក្ខុមិនទាន់​ចូលទៅជិត មិនគួរចូលទៅជិតទេ ឬ​បានចូលទៅជិតហើយ មិនគួរអង្គុយឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកប​ដោយ​អង្គ ៧ យ៉ាង ភិក្ខុមិនទាន់​ចូលទៅជិត គួរចូលទៅ​ជិតបាន ឬបានចូល​ទៅជិតហើយ គួរ​អង្គុយ​បាន។ ៧ យ៉ាង តើអ្វីខ្លះ។ គឺពួកជន​ក្រោកទទួល ដោយសេចក្តីពេញចិត្ត ១ ថ្វាយ​បង្គំ ដោយសេចក្តីពេញចិត្ត ១ ប្រគេនអាសនៈ ដោយសេចក្តីពេញចិត្ត ១ មិនលាក់ទុក នូវ​ទេយ្យធម៌​របស់គេ ១ កាលបើមានទេយ្យធម៌ច្រើន ប្រគេនច្រើន ១ កាលបើមាន​ទេយ្យធម៌ដ៏ឧត្តម ប្រគេនទេយ្យធម៌ដ៏ឧត្តម ១ តែងប្រគេន​ដោយសេចក្តីគោរព មិន​ប្រគេន​ដោយ​សេចក្តីមិនគោរព ១។ ម្នាលភិក្ខុទាំងឡាយ ត្រកូលប្រកប​ដោយអង្គ ៧ យ៉ាង​នេះឯង ភិក្ខុមិនទាន់ចូលទៅជិត គួរចូលទៅជិតបាន ឬចូលទៅជិតហើយ គួរ​អង្គុយ​បាន។

បុគ្គលសូត្រ ទី៤

[១៤] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេ​នាំមក​បូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរ​ដល់​នូវអញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ៧ ពួក តើអ្វីខ្លះ។ គឺឧភតោភាគវិមុត្ត ១ បញ្ញាវិមុត្ត ១ កាយសក្ខិ ១ ទិដ្ឋិប្បត្តៈ ១ សទ្ធាវិមុត្ត ១ ធម្មានុសារី ១ សទ្ធានុសារី ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះឯង គួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរ​ទទួល​នូវទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ របស់​សត្វលោក។

ឧទកូបមាសូត្រ ទី៥

[១៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រៀបដូចអ្នកមុជទឹក ក្នុងលោកនេះ មាន ៧ ពួក។ ៧ ពួក តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកមុជ​ទៅ​ហើយ ក៏មុជបាត់ទៅតែម្តង ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយមុជចុះ​ទៅវិញ ១ ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយ​ឈរ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយក្រឡេក រមិល​មើល ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយហែលឆ្លងទៅ ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបធ្ងោល ហើយបានដល់ នូវទីពឹង ហើយ​ឈរនៅ ១ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ជាញ្រហ្មណ៍ ក្នុងលោកនេះ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយ ហើយឈរនៅលើគោក ១។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលជា អ្នកមុជហើយ ក៏មុជ​បាត់ទៅ​តែ​ម្តង តើដូចម្តេច។ ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គលខ្លះ ក្នុង​លោក​នេះ ជាអ្នកប្រកប​ដោយ​អកុសលធម៌​ខ្មៅសុទ្ធ។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គលជាអ្នក​មុជ​ទៅហើយ ក៏មុជ​បាត់ទៅ​តែម្តង យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គលងើបធ្ងោល ហើយមុជទៅវិញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ រមែងងើបធ្ងោល ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះ​កុសលធម៌​ទាំង​ឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត​ចំពោះបាប ជាការល្អ សេចក្តី​ព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌​ទាំងឡាយ ជាការល្អ។ សទ្ធា​របស់​បុគ្គល​នោះ មិនតាំងនៅ មិនចំរើនឡើង រមែងសាបសូន្យ​ទៅវិញ។ ហិរិ​របស់​បុគ្គល​នោះ ឱត្តប្បៈ របស់បុគ្គល​នោះ វីរិយៈ​របស់បុគ្គលនោះ បញ្ញា​របស់បុគ្គលនោះ រមែងមិន​តាំង​នៅ មិនចំរើន​ឡើង មានតែ​សាបសូន្យ​ទៅវិញ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលងើប​ធ្ងោល ហើយមុជទៅវិញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឈរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយ​សេចក្តី​យល់ថា សេចក្តី​ជឿចំពោះកុសលធម៌​ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការ​ល្អ សេចក្តីតក់ស្លុត ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុង​កុសលធម៌​ទាំងឡាយ ជាការល្អ។ សទ្ធារបស់​បុគ្គលនោះ ក៏មិនសាបសូន្យទៅ មិន​ចំរើនឡើង រមែងតាំង​នៅដដែល។ ហិរិរបស់​បុគ្គលនោះ ឱត្តប្បៈ របស់បុគ្គលនោះ វីរិយៈ​របស់​បុគ្គលនោះ បញ្ញារបស់បុគ្គលនោះ រមែង​មិនសាប​សូន្យទៅ មិនចំរើនឡើង រមែង​តាំងនៅ​ដដែល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលអ្នកងើបធ្ងោល ហើយឈរនៅ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយក្រឡេករមិលមើល តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង​ដោយសេចក្តី​យល់ថា សេចក្តីជឿ ចំពោះ​កុសលធម៌​ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តី​តក់ស្លុត ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុង​កុសលធម៌​ទាំង​ឡាយ ជាការល្អ។ បុគ្គលនោះ ជាសោតាបន្ន ព្រោះអស់សញ្ញោជនៈ ៣ យ៉ាង ជាអ្នកមាន​សភាពមិនធ្លាក់ចុះ​ក្នុងអបាយ ជាបុគ្គល​ទៀង មានសម្ពោធិ​​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលងើប​ធ្ងោល ហើយ​ក្រឡេក​រមិលមើល យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឆ្លងទៅ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តី​យល់ថា សេចក្តីជឿ ចំពោះ​កុសល​ធម៌ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត​ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌​ទាំងឡាយ ជាការល្អ។ បុគ្គល​នោះ ជាសកទាគាមី ព្រោះអស់​សញ្ញោជនៈ ទាំង ៣យ៉ាង ព្រោះរាគៈ ទោសៈ មោហៈ ក៏ស្រាល​ស្តើង រមែងមកកាន់​លោកនេះ អស់វារៈតែម្តង ហើយធ្វើនូវ​ទីបំផុត នៃ​ទុក្ខបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលងើបធ្ងោល ហើយឆ្លងទៅ យ៉ាងនេះឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលងើបធ្ងោល ហើយដល់នូវទីពឹង តើដូចម្តេច​។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ខ្លះ ក្នុងលោកនេះ ងើបឡើង ដោយសេចក្តីយល់ថា សេចក្តីជឿ ចំពោះកុសលធម៌​ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុតចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការដឹងច្បាស់ ក្នុងកុសលធម៌​ទាំងឡាយ ជាការល្អ។ បុគ្គល​នោះ ជាឱបបាតិកៈ ព្រោះអស់សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង ហើយ​បរិនិញ្វន ក្នុងលោកនោះ មិនបានត្រឡប់មក ចាកលោកនោះឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលងើបធ្ងោល ហើយដល់នូវទីពឹង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ជាញ្រហ្មណ៍ ងើបធ្ងោល ហើយឆ្លងទៅដល់ត្រើយនាយ ហើយឈរនៅលើគោក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ងើបឡើង ដោយ​សេចក្តី​យល់ថា សេចក្តីជឿ ចំពោះកុសលធម៌​ទាំងឡាយ ជាការល្អ សេចក្តីខ្មាសបាប ជាការល្អ សេចក្តីតក់ស្លុត​ចំពោះបាប ជាការល្អ សេចក្តីព្យាយាម ជាការល្អ ការ​ដឹងច្បាស់ ក្នុង​ពួក​កុសលធម៌ ជាការល្អ។ បុគ្គលនោះ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ​ទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម របស់ខ្លួន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាញ្រហ្មណ៍ ងើបធ្ងោល ហើយឆ្លង​ទៅដល់ត្រើយ​ខាងនាយ ហើយឈរ​នៅ​លើគោក យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង​ បុគ្គល ៧ ពួក ប្រៀបដូច​អ្នកមុជទឹក រមែង​មានប្រាកដ​ក្នុងលោក។

អនិច្ចានុបស្សីសូត្រ ទី៦

[១៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួលចតុប្បច្ច័យ ដែលគេនាំមក​បូជា គួរទទួលនូវអាគន្តុកទាន ដែលគេនាំមកដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរ​ដល់​អញ្ជលីកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ៧ ពួក តើ​អ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណាឃើញថា មិនទៀង មានសេចក្តី​សំគាល់ថា​មិនទៀង ដឹងច្បាស់ថា​មិនទៀង​ក្នុង​សង្ខារ​ទាំងពួង ហើយ​កំណត់​ដោយ​ចិត្ត ស្ទង់មើល​ដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ បានធ្វើ​ឲ្យជាក់​ច្បាស់​សម្រេច។បេ។ ព្រោះអស់អាសវៈ​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គល​ទី១ ដែលគួរ​ទទួលចតុប្បច្ច័យ ដែលគេនាំ​មកបូជា គួរទទួលនូវ​អាគន្តុកទាន ដែល​គេនាំមក​ដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលីកម្ម ដែលសត្វលោក គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​ដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ​​ក្នុងលោកនេះ ពិចារណា​ឃើញថា​មិនទៀង មាន​សេចក្តី​សំគាល់​ថា​មិនទៀង ដឹង​​ច្បាស់ថា​មិនទៀង​ក្នុងសង្ខារ​ទាំងពួង ហើយ​កំណត់​ដោយចិត្ត ស្ទង់មើល​ដោយ​បញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំ​គ្នា។ ការអស់ទៅ​នៃអាសវៈ និងការអស់​ទៅនៃជីវិត របស់បុគ្គលនោះ ដំណាល​គ្នាតែម្តង។ ម្នាលភិក្ខុ​ទាំងឡាយ នេះបុគ្គល​ទី២ ដែលគួរ​ទទួល​នូវចតុប្បច្ច័យ ដែលគេ​នាំមក​បូជា។បេ។ ជាបុញ្ញកេ្ខត្ត​ដ៏ប្រសើរ របស់សត្វលោក។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ​ក្នុងលោកនេះ ពិចារណា​ឃើញថា មិនទៀង មានសេចក្តី​សំគាល់ថា មិនទៀង ដឹងច្បាស់ថា មិនទៀង​ក្នុងសង្ខារ​ទាំងពួង ហើយ​កំណត់​ដោយចិត្ត ស្ទង់មើលដោយ​បញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ​​ឈ្មោះ ថា​អន្តរាបរិនិញ្វយី [បុគ្គលណា បានកើតក្នុង​សុទ្ធាវាស ទាំង៥ ណាមួយ បានដល់​​នូវអរហត្ត ក្នុង​ខណៈ​ដែលខ្លួន​កើត ឬក៏កន្លង​បន្តិច ឬក៏ឋិត​នៅពាក់​កណ្តាលអាយុ ពាក្យថា អន្តរាបរិនិព្វាយី​នេះ ជាឈ្មោះ​របស់បុគ្គល​នោះ។] ព្រោះអស់សញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥។ បេ។ ឈ្មោះថា ឧបហច្ចបរិនិញ្វយី [បុគ្គលណា កន្លងនូវ​ពាក់​កណ្តាល​អាយុ ហើយដល់នូវ​​អរហត្ត ក្នុងសុទ្ធាវាសនោះ បុគ្គលនោះ ឈ្មោះថា ឧបហច្ចបរិនិព្វាយី។] ឈ្មោះថា អសង្ខារបរិនិញ្វយី [បណ្តាបុគ្គល​ទាំងនោះ បុគ្គលណា បានញុំាង​កិលេស​ឲ្យអស់ទៅ ដោយមិនមាន​សេចក្តី​ព្យាយាម បុគ្គលនោះ ឈ្មោះថា អសង្ខារបរិនិព្វាយី។] ឈ្មោះថា សសង្ខារបរិនិញ្វយី [បុគ្គលណា ញុំាងកិលេស​​ឲ្យអស់​ទៅ ដោយ​សេចក្តី​ព្យាយាម បុគ្គលនោះ ឈ្មោះថា សសង្ខារបរិនិព្វាយី។] ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី [បុគ្គលណា កើតក្នុងសុទ្ធាវាស​ទាំង៤ ខាងក្រោម​ណាមួយ ហើយ​ច្យុតចាក​សុទ្ធាវាសនោះ ទៅកើតក្នុង​អកនិដ្ឋភព តាមលំដាប់ ហើយដល់​នូវ​អរហត្ត បុគ្គល​នោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។ អដ្ឋកថា។]។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គល​ទី៧ ដែលគួរទទួល​នូវចតុប្បច្ច័យ ដែលគេនាំ​មកបូជា គួរទទួល​​នូវ​អាគន្តុក​ទាន ដែលគេនាំមក​ដើម្បីភ្ញៀវ គួរទទួល​នូវទក្ខិណាទាន គួរដល់​អញ្ជលីកម្ម ដែល​សត្វ​លោក​គប្បីធ្វើ ជាបុញ្ញកេ្ខត្ត​ដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ៧ ពួក​នេះឯង ដែលគួរ​ទទួលនូវ​ចតុប្បច្ច័យ ដែលគេនាំ​មកបូជា គួរទទួលនូវ​អាគន្តុកទាន ដែល​គេនាំមក​ដើម្បីភ្ញៀវ គួរទទួលនូវ​ទក្ខិណាទាន គួរដល់​អញ្ជលីកម្ម ដែល​សត្វ​លោក​គប្បី​ធ្វើ ជាបុញ្ញកេ្ខត្ត​ដ៏ប្រសើរ របស់សត្វលោក។

ទុក្ខានុបស្សីសូត្រ ទី៧

[១៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួល​នូវចតុប្បច្ច័យ ដែល​គេ​នាំ​មក​​បូជា។បេ។ ជាបុញ្ញកេ្ខត្ត​ដ៏ប្រសើរ របស់សត្វលោក។ ៧ ពួក តើអ្វីខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណា​ឃើញថា ទុក្ខក្នុង​សង្ខារ​ទាំងពួង។បេ។

អនត្តានុបស្សីសូត្រ ទី៨

ពិចារណា​ឃើញ​ថា អនត្តា ក្នុងធម៌ទាំងពួង

និព្វានសូត្រ ទី៩

ពិចារណា​ឃើញថា សុខ មាន​សេចក្តី​សំគាល់​ថាសុខ ដឹងច្បាស់ថា សុខក្នុងព្រះនិញ្វន ហើយកំណត់​ដោយចិត្ត ស្ទង់មើល​ដោយ​បញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ បានធ្វើឲ្យ​ជាក់​ច្បាស់​សម្រេច។បេ។ ព្រោះអស់អាសវៈ​ទាំងឡាយ ម្នាលភិក្ខុទាំង​ឡាយ នេះបុគ្គល​ទី១ ដែល​គួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែលគេនាំមក​បូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណា​ឃើញថាសុខ មានសេចក្តី​សំគាល់ថាសុខ ដឹងច្បាស់​ថាសុខ ក្នុងព្រះនិញ្វន ហើយកំណត់​ដោយចិត្ត ស្ទង់​មើលដោយ​បញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ ការអស់ទៅ​​នៃអាសវៈ និង​ការ​អស់​ទៅ​នៃជីវិត របស់បុគ្គលនោះ ដំណាលគ្នា​តែម្តង។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គល​ទី២ ដែលគួរ​ទទួលនូវ​ចតុប្បច្ច័យ ដែលគេនាំ​មកបូជា។បេ។ ជាបុញ្ញកេ្ខត្តដ៏ប្រសើរ របស់​សត្វលោក។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ពិចារណា​ឃើញ​ថា​សុខ មានសេចក្តី​សំគាល់ថាសុខ ដឹងច្បាស់​ថាសុខ ក្នុងព្រះនិញ្វន ហើយកំណត់​​ដោយ​ចិត្ត ស្ទង់មើល​ដោយបញ្ញារឿយ ៗ មិនដាច់ មិនឲ្យច្រឡំគ្នា។ បុគ្គលនោះ ឈ្មោះថា​ អន្តរាបរិនិញ្វយី ព្រោះអស់​សញ្ញោជនៈជាចំណែកខាងក្រោម ៥។បេ។ ឈ្មោះថា ឧបហច្ចបរិនិញ្វយី ឈ្មោះថា អសង្ខារបរិនិញ្វយី ឈ្មោះថា សសង្ខារបរិនិញ្វយី ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។ ម្នាលភិក្ខុទាំងឡាយ នេះបុគ្គល​ទី៧ ដែលគួរទទួល​ចតុប្បច្ច័យ ដែលគេ​នាំមក​បូជា។បេ។ ជាបុញ្ញកេ្ខត្ត​ដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល ៧ ពួកនេះ​ឯង គួរទទួល​ចតុប្បច្ច័យ ដែលគេនាំ​មកបូជា។បេ។ ជា​បុញ្ញកេ្ខត្ត​ដ៏ប្រសើរ របស់សត្វ​លោក។

និទ្ទសវត្ថុសូត្រ ទី១០

[១៨] ម្នាលភិក្ខុទាំងឡាយ និទ្ទស [ហេតុនៃភិក្ខុ​មិនមាន​អាយុ ១០ឆ្នាំ។ តែ​ពាក្យ​នេះ លោក​សំដៅ​យក​ព្រះខីណាស្រព ព្រោះលោក សូម្បីបរិនិព្វាន​ពីអាយុ ១០ឆ្នាំ (ជាដើម) ក៏លែង​​មានអាយុ ១០ឆ្នាំ​តទៅខាង​មុខ កុំថាតែ ១០ឆ្នាំ សូម្បី​តែថយ​ចុះមក ៩ឆ្នាំ រហូត​ដល់​​១ថ្ងៃ ឬ១យាម ក៏មិនមាន ព្រោះលោក​​មិនចាប់​បដិសន្ធិ​តទៅទៀត។ អដ្ឋកថា។] វត្ថុ​ទាំង​ឡាយនេះ មាន ៧ យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នកមាន​សេចក្តីពេញ​ចិត្តដ៏ភ្លៀវក្លា ក្នុងការ​សមាទាន​នូវសិក្ខា តទៅក្នុង​កាលខាង​មុខ ក៏នៅតែ​មានសេចក្តី​ស្រឡាញ់ ក្នុងការ​សមាទាន​នូវសិក្ខា ១ ជា​អ្នក​មាន​​សេចក្តី​ពេញ​ចិត្ត​​ដ៏ក្លៀវក្លា ក្នុងការ​ពិចារណា​នូវធម៌ តទៅក្នុងកាល​ខាងមុខ ក៏នៅតែមាន​សេចក្តី​ស្រឡាញ់ ក្នុងការ​ពិចារណា​នូវធម៌ ១ ជាអ្នក​មានសេចក្តី​ពេញចិត្ត​ដ៏ក្លៀវក្លា ក្នុង​ការ​កំចាត់​បង់នូវ​ឥច្ឆា គឺតណ្ហា តទៅក្នុង​កាលខាងមុខ ក៏នៅតែ​មានសេចក្តី​ស្រឡាញ់ ក្នុងការ​កំចាត់​បង់នូវ​ឥច្ឆា គឺតណ្ហា ១ ជាអ្នកមាន​សេចក្តី​ពេញចិត្ត​ដ៏ក្លៀវក្លា ក្នុងការ​ពួន​សម្ងំ តទៅ​ក្នុងកាល​ខាងមុខ ក៏នៅ​តែមាន​សេចក្តី​ស្រឡាញ់ ក្នុងការ​ពួនសម្ងំ ១ ជាអ្នក​​មាន​សេចក្តី​ពេញចិត្ត​ដ៏ក្លៀវក្លា ក្នុងការ​ប្រារព្ធ​ព្យាយាម តទៅក្នុង​កាលខាងមុខ ក៏នៅតែ​​មាន​សេចក្តី​ស្រឡាញ់ ក្នុងការ​ប្រារព្ធព្យាយាម ១ ជាអ្នកមាន​សេចក្តីពេញ​ចិត្តដ៏ក្លៀវក្លា ក្នុងការតាំង​ស្មារតី និងភាព​ជាអ្នកមាន​ប្រាជ្ញាចាស់ក្លា តទៅក្នុង​កាលខាងមុខ ក៏នៅតែ​មាន​​សេចក្តី​ស្រឡាញ់ ក្នុងការ​តាំងស្មារតី និងភាព​ជាអ្នក​មានប្រាជ្ញា​ចាស់ក្លា ១ ជា​អ្នក​មាន​សេចក្តី​ពេញចិត្ត​ដ៏ក្លៀវក្លា ក្នុងការចាក់​ធ្លុះ​ដោយទិដ្ឋិ តទៅក្នុង​កាលខាងមុខ ក៏​នៅ​តែ​មាន​​សេចក្តី​ស្រឡាញ់ ក្នុងការចាក់​ធ្លុះដោយទិដ្ឋិ ១។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង និទ្ទសវត្ថុ ៧ យ៉ាង។

ចប់ អនុសយវគ្គ ទី២។

ឧទ្ទាននៃអនុសយវគ្គនោះគឺ

និយាយពីអនុស័យ​ពីរលើក ត្រកូល ១ បុគ្គលគួរបូជា ១ បុគ្គល​ប្រៀប​ដូច​​អ្នកមុជទឹក ១ បុគ្គលអ្នក​ពិចារណា ឃើញក្នុង​សង្ខារថា មិនទៀង ១ ជាទុក្ខ ១ ជាអនត្តា ១ ព្រះនិញ្វន ១ និទ្ទសវត្ថុ ១។

វជ្ជីវគ្គ

សារន្ទទសូត្រ ទី១

[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ក្នុង​សារន្ទទចេតិយ ជិត​ក្រុង​វេសាលី។ គ្រានោះឯង ពួកស្តេច​លិច្ឆវីជាច្រើន ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់ហើយ ក៏ថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ លុះ​ពួក​ស្តេចលិច្ឆវី​ទាំងនោះ អង្គុយក្នុង​ទីដ៏សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​ពាក្យ​នេះ​ថា បពិត្រស្តេច​លិច្ឆវីទាំងឡាយ តថាគត​នឹងសម្តែង​នូវ​អបរិហានិយធម៌ ៧ យ៉ាង ដល់​អ្នក​ទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់​ភាសិតនោះ ចូរប្រុងធ្វើ​ទុក​​ក្នុង​ចិត្ត​ឲ្យ​ល្អ​ចុះ តថាគត​នឹងសម្តែង​ប្រាប់។ ពួកស្តេច​លិច្ឆវីទាំងនោះ បានទទួល​ស្តាប់​ព្រះបន្ទូល​ព្រះដ៏មាន​ព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បពិត្រស្តេចលិច្ឆវី​ទាំងឡាយ ចុះ​អបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ។ បពិត្រ​​ស្តេចលិច្ឆវី​ទាំងឡាយ បើពួកស្តេច ក្នុងដែនវជ្ជី នឹងមាន​ការប្រជុំគ្នា​រឿយ ៗ មាន​ការ​​ប្រជុំ​គ្នា​ដោយ​ច្រើន អស់កាល​ត្រឹមណា បពិត្រ​ស្តេចលិច្ឆវី​ទាំងឡាយ សេចក្តីចំរើន តែង​មាន​​ប្រាកដ ដល់ពួក​ស្តេចក្នុង​ដែនវជ្ជី សេចក្តី​សាបសូន្យ មិនមានឡើយ (អស់​កាល​​ត្រឹម​ណោះ) ១។ បពិត្រស្តេចលិច្ឆវី​ទាំងឡាយ ពួកស្តេច​ក្នុងដែនវជ្ជី ព្រមព្រៀងគា្នប្រជុំ​ ព្រម​ព្រៀងគ្នា​លើកលែងប្រជុំ ព្រមព្រៀង​គ្នាធ្វើកិច្ច ក្នុងដែនវជ្ជី អស់កាលត្រឹមណា បពិត្រ​ស្តេច​លិច្ឆវី​ទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តី​​សាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ១។ បពិត្រ​ស្តេចលិច្ឆវី​ទាំងឡាយ ពួក​ស្តេច​ក្នុងដែនវជ្ជី មិនបញ្ញត្ត​ច្បាប់ (ដែលពួក​ស្តេចពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ ដែល​បានបញ្ញត្ត​រួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជី​អំពីបូរាណ ដែល​បាន​បញ្ញត្ត​​រួចហើយ​យ៉ាងណា អស់កាល​ត្រឹមណា បពិត្រ​ស្តេចលិច្ឆវី​ទាំងឡាយ សេចក្តី​ចំរើន តែង​មាន​ប្រាកដ ដល់ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តី​សាបសូន្យ មិនមានឡើយ (អស់​កាល​ត្រឹម​ណោះ) ១។ បពិត្រ​ស្តេចលិច្ឆវី​ទាំងឡាយ ពួកស្តេច​ក្នុងដែនវជ្ជី ធ្វើសក្ការៈ គោរព រាប់​អាន បូជា ពួកស្តេច​ក្នុងដែនវជ្ជី ដែលមាន​ព្រះជន្មច្រើន​ជាងស្តេច​ក្នុងដែនវជ្ជី​ទាំងឡាយ ទាំង​សំគាល់​ពាក្យ ដែលគួរ​ស្តាប់ របស់ពួក​ស្តេចក្នុង​ដែនវជ្ជី ដែលមាន​ព្រះជន្ម​ច្រើនជាង​​នោះ អស់កាល​ត្រឹមណា បពិត្រស្តេច​លិច្ឆវី​ទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់​ពួក​ស្តេចក្នុង​ដែនវជ្ជី សេចក្តី​សាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ១។ បពិត្រស្តេច​លិច្ឆវីទាំងឡាយ ពួកស្តេចក្នុង​ដែនវជ្ជី មិនកំហែងបង្ខំ នូវពួកស្ត្រី ក្នុងត្រកូល ពួកកុមារី​ក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា បពិត្រស្តេច​លិច្ឆវីទាំងឡាយ សេចក្តី​ចំរើន តែងមាន​ប្រាកដ ដល់ពួក​ស្តេចក្នុង​ដែនវជ្ជី សេចក្តី​សាបសូន្យ មិនមានឡើយ (អស់​កាល​ត្រឹម​ណោះ) ១។ បពិត្រស្តេច​លិច្ឆវីទាំងឡាយ ពួកស្តេច​ក្នុងដែនវជ្ជី តែង​ធ្វើ​សក្ការៈ​ គោរព រាប់អាន បូជា ចេតិយ​ក្នុងដែនវជ្ជី របស់ពួកអ្នក​ដែនវជ្ជី ដែលជាខាង​ក្នុងនគរក្តី ខាង​ក្រៅ​នគរក្តី និងមិន​ធ្វើគ្រឿងបូជា​ប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់​ធ្វើ​ដល់​ចេតិយ​​ទាំងនោះ ឲ្យសាបសូន្យ​ឡើយ អស់កាលត្រឹមណា បពិត្រ​ស្តេចលិច្ឆវី​ទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួក​ស្តេចក្នុង​ដែនវជ្ជី សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ) ១។ បពិត្រ​ស្តេចលិច្ឆវី​ទាំងឡាយ ពួកស្តេច​ក្នុងដែនវជ្ជី បានចាត់ចែង​ត្រឹមត្រូវ នូវការរក្សា​ការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុង​ពួក​ព្រះអរហន្ត ដោយបំណងថា ធ្វើម្តេចហ្ន៎! ព្រះអរហន្ត​ទាំងឡាយ ដែលមិន​ទាន់មក ក៏ សូម​ឲ្យ​មកកាន់​ដែនរបស់​យើង ព្រះអរហន្ត​ទាំងឡាយ ដែលមក​ស្រាប់ហើយ ក៏​សូម​ឲ្យ​គង់​នៅ​សប្បាយ ក្នុងដែន​របស់យើង អស់កាល​ត្រឹមណា បពិត្រស្តេចលិច្ឆវី​ទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួក​ស្តេចក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ) ១។ បពិត្រស្តេច​លិច្ឆវីទាំងឡាយ នេះ អបរិហានិយធម៌ ៧ យ៉ាង រមែងតាំងនៅ​ក្នុងពួកស្តេច​ក្នុងដែនវជ្ជី ឬថា ពួកស្តេច​ក្នុងដែនវជ្ជី ប្រតិបត្តិក្នុង អបរិហានិយធម៌​ទាំង ៧ នេះ អស់កាល​ត្រឹមណា បពិត្រ​ស្តេចលិច្ឆវី​ទាំងឡាយ សេចក្តី​ចំរើន តែងមាន​ប្រាកដ ដល់ពួក​ស្តេចក្នុង​ដែនវជ្ជី សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ) ១។

វស្សការសូត្រ ទី២

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់លើ​ភ្នំគិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ។ សម័យ​នោះឯង ព្រះរាជា​ជាធំ ក្នុងដែន​មគធៈ ព្រះនាម​អជាតសត្តុ​វេទេហីបុត្រ មាន​បំណង​នឹងយាត្រា​ទៅជាន់​យកពួក​ស្តេច​ក្នុង​ដែនវជ្ជី។ ព្រះអង្គ​​ទ្រង់​មាន​​ព្រះរាជ​ឱង្ការ យ៉ាង​នេះ​​ថា អញនឹង​ផ្តាច់ផ្តិល​ពួកអ្នកដែន​វជ្ជីទាំងនេះ ដែលមាន​ឫទ្ធិធំយ៉ាងនេះ មាន​អានុភាព​ធំយ៉ាងនេះ អញ (មានបំណង​នឹងយាត្រា​ទៅជិះជាន់) ពួកស្តេច​ក្នុងដែនវជ្ជី នឹង​បំផ្លាញ​​ពួកស្តេចក្នុង​ដែនវជ្ជី នឹងធ្វើ​ពួកស្តេច​ក្នុងដែនវជ្ជី ឲ្យដល់​នូវសេចក្តីវិនាស។ គ្រា​នោះ ព្រះបាទ​អជាតសត្តុ​មាគធរាជ វេទេហីបុត្រ ត្រាស់ហៅ​វស្សការញ្រហ្មណ៍ ដែល​​ជា​មហាមាត្យ ក្នុងដែន​មគធៈថា ម្នាលញ្រហ្មណ៍ ចូរអ្នកមកនេះ ចូរអ្នកទៅគាល់​​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅ​ដល់ហើយ ចូរថ្វាយ​បង្គំព្រះបាទា​ព្រះដ៏មានព្រះភាគ​ដោយត្បូង តាម​ពាក្យ​របស់ខ្ញុំ រួចទូល​សួរអំពី​សេចក្តី​មិនមាន​អាពាធ មិនមានរោគ ការក្រោកឡើង​រហ័ស ដោយកំឡាំងកាយ និងការនៅ​សប្បាយ​គ្រប់ឥរិយាបថ ដោយពាក្យថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះបាទ​អជាតសត្តុវេទេហីបុត្រ​មាគធរាជ ថ្វាយបង្គំ​ព្រះបាទា​​ព្រះដ៏​មាន​ព្រះភាគ ដោយព្រះសិរ្ស ហើយផ្តាំ​មកក្រាប​បង្គំទូល​សួរ អំពីសេចក្តី​មិនមានអាពាធ មិន​មាន​រោគ ការក្រោក​ឡើងរហ័ស ដោយកំឡាំងកាយ និងការនៅ​សប្បាយ មួយទៀត ចូរ​ក្រាបទូល​យ៉ាងនេះទៀតថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះបាទ​អជាតសត្តុ​វេទេហី​បុត្រ​មាគធរាជ មានបំណង​នឹងយាត្រា​ទៅជិះជាន់​យកពួក​អ្នកដែនវជ្ជី។ ព្រះអង្គ​ទ្រង់​ត្រាស់​ យ៉ាងនេះថា អញនឹងផ្តាច់​បង់នូវពួកស្តេច ក្នុងដែនវជ្ជី​ទាំងនេះ ដែលមានឫទ្ធិ​ធំយ៉ាងនេះ មាន​អានុភាព​ធំយ៉ាងនេះ (អញមានបំណង​នឹងយាត្រាទៅជិះជាន់) ពួកស្តេចក្នុងដែន​វជ្ជី នឹង​បំផ្លាញ​ពួកស្តេច​ក្នុងដែនវជ្ជី នឹងធ្វើពួក​ស្តេចក្នុង​ដែនវជ្ជី ឲ្យដល់​នូវសេចក្តី​វិនាស។ ប៉ុន្តែ​​បើព្រះដ៏មាន​ព្រះភាគ ទ្រង់ព្យាករ​យ៉ាងណា ចូរអ្នក​ចាំពាក្យនោះ ឲ្យជាក់​ច្បាស់ ហើយ​នាំមក​ប្រាប់ខ្ញុំវិញ។ ព្រោះ​ព្រះតថាគត​ទាំងឡាយ មិនដែល​មាន​​ព្រះបន្ទូល​ខុសទេ។ វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ក៏ទទួល​ព្រះរាជ​ឱង្ការ​​ព្រះបាទ​អជាតសត្តុ​វេទេហីបុត្រ​មាគធរាជ ដោយពាក្យថា ព្រះករុណា​ថ្លៃវិសេស ហើយចូលទៅ​គាល់​​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយ​នឹង​ព្រះដ៏មាន​​ព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យ​ដែលគួររលឹក​រួចហើយ ក៏​អង្គុយ​ក្នុង​ទីដ៏សមគួរ។ លុះវស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ អង្គុយ​ក្នុង​ទី​ដ៏​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ព្រះបាទ​អជាតសត្តុ​វេទេហីបុត្រ​មាគធរាជ ក្រាបថ្វាយបង្គំ​ព្រះបាទា​ព្រះ​គោតម​ដ៏ចំរើន​ដោយព្រះសិរ្ស ហើយឲ្យទូលសួរ អំពីសេចក្តី​មិនមានអាពាធ មិនមានរោគ ការ​ក្រោក​ឡើងរហ័ស ដោយព្រះកាយពល និងការនៅសប្បាយ បពិត្រព្រះគោតម​​ដ៏ចំរើន ព្រះបាទ​​អជាតសត្តុ​វេទេហីបុត្រ​មាគធរាជ មានបំណង​​នឹងយាត្រា​​ទៅជាន់​​យក​ពួក​​ស្តេច​ក្នុង​ដែន​វជ្ជី។ ព្រះអង្គ​ទ្រង់មាន​ព្រះរាជឱង្ការ យ៉ាងនេះថា អញនឹងផ្តាច់ផ្តិល​ពួកស្តេច ដែន​វជ្ជីទាំងនេះ ដែលមានឫទ្ធិធំយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ នឹងធ្វើពួកស្តេច​ក្នុង​ដែនវជ្ជី ឲ្យដល់នូវសេចក្តីវិនាស។

សម័យនោះឯង ព្រះអានន្ទដ៏មានអាយុ ឋិតនៅអំពីខាងក្រោយ ព្រះដ៏មាន​ព្រះភាគ កំពុងបក់ថ្វាយ​ព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅ​អានន្ទ​ដ៏មានអាយុថា ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេច​ក្នុងដែនវជ្ជី មានការ​ប្រជុំ​គ្នា​រឿយ ៗ មានការប្រជុំគ្នា​ដោយច្រើន ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​ឮ​ដំណឹងនោះថា ពួកស្តេច​ក្នុងដែនវជ្ជី មានការប្រជុំគ្នា​រឿយ ៗ មានការ​ប្រជុំគ្នា​ដោយ​​ច្រើន ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេចក្នុង​ដែនវជ្ជី នឹងមានការ​ប្រជុំគ្នារឿយ ៗ មានការ​ប្រជុំគ្នា​ដោយច្រើន អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែង​មាន​ប្រាកដ ដល់ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តីសាបសូន្យ​មិនមានឡើយ (អស់កាល​ត្រឹម​ណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេច​ក្នុងដែនវជ្ជី ព្រមព្រៀងគ្នា​ប្រជុំ ព្រមព្រៀង​គ្នា​លើកលែង​ប្រជុំ ព្រមព្រៀងគ្នា​ធ្វើកិច្ច ក្នុងដែនវជ្ជី ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹង​នោះថា ពួកស្តេចក្នុង​ដែនវជ្ជី ព្រមព្រៀងគ្នាប្រជុំ ព្រមព្រៀងគ្នា​លើក​លែងប្រជុំ ព្រមព្រៀងគ្នា​ធ្វើកិច្ច ក្នុងដែនវជ្ជី ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេច​ក្នុង​ដែនវជ្ជី នឹងព្រមព្រៀង​គ្នាប្រជុំ ព្រមព្រៀង​គ្នាលើកលែង​ប្រជុំ ព្រមព្រៀងគ្នា​ធ្វើកិច្ច ក្នុង​ដែនវជ្ជី អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមាន​ប្រាកដ ដល់ពួក​ស្តេច​ក្នុង​ដែនវជ្ជី សេចក្តីសាបសូន្យ​មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នក​បាន​ឮថា ពួកស្តេច​ក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ (ដែលពួក​ស្តេចពីដើម) មិនបានបញ្ញត្ត មិន​ដកច្បាប់ ដែលបាន​បញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាមច្បាប់ ក្នុងដែនវជ្ជី អំពី​បូរាណ​ ដែលបានបញ្ញត្ត​រួចហើយ​យ៉ាងណា ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ បានឮដំណឹង​នោះថា ពួកស្តេច​ក្នុងដែនវជ្ជី មិនបញ្ញត្តច្បាប់ (ដែលពួក​ស្តេច​ពីដើម) មិនបានបញ្ញត្ត មិនដកច្បាប់ ដែលបានបញ្ញត្ត​រួចហើយ កាន់តាម ប្រព្រឹត្ត​តាម​ច្បាប់ ក្នុងដែនវជ្ជី អំពីបូរាណ ដែលបាន​បញ្ញត្តរួចហើយ​យ៉ាងណា ដូច្នេះ​ដែរ។ ម្នាល​អានន្ទ បើពួកស្តេច​ក្នុងដែនវជ្ជី នឹង​មិន​បញ្ញត្តច្បាប់ (ដែលពួក​ស្តេចពីដើម) មិន​បាន​បញ្ញត្ត​ហើយ មិនដកច្បាប់ ដែលបាន​បញ្ញត្តរួចហើយ កាន់តាម ប្រព្រឹត្តតាម​​ច្បាប់ក្នុង​ដែនវជ្ជី អំពីបូរាណ ដែលបាន​បញ្ញត្តរួច​ហើយយ៉ាងណា អស់កាល​ត្រឹមណា ម្នាល​អានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេចក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព​រាប់អាន បូជា ពួកស្តេច​ក្នុងដែនវជ្ជី ដែលមាន​ព្រះជន្មច្រើន​ជាង​វជ្ជីក្សត្រិយ៍​ទាំងឡាយ ទាំងសំគាល់​ពាក្យ ដែលគួរស្តាប់​របស់ពួកស្តេច ក្នុងដែនវជ្ជី ដែលមាន​ព្រះជន្ម​ច្រើនទាំងនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ បានឮ​ដំណឹង​​នោះថា ពួកស្តេច​ក្នុងដែនវជ្ជី តែងធ្វើសក្ការៈ គោរព រាប់​អាន បូជា​ពួក​ស្តេច​ក្នុង​ដែន​វជ្ជី ដែលមាន​ព្រះជន្មច្រើន​ជាងវជ្ជីក្សត្រិយ៍​ទាំងឡាយ ទាំងសំគាល់​ពាក្យ ដែលគួរ​ស្តាប់​របស់​ពួកស្តេចក្នុង​ដែនវជ្ជី ដែលមាន​ព្រះជន្មច្រើន​ទាំងនោះ ដូច្នេះដែរ។ ម្នាល​អានន្ទ បើពួកស្តេច ក្នុងដែនវជ្ជី នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាពួក​ស្តេចក្នុងដែនវជ្ជី ដែល​មានព្រះជន្ម​ច្រើនជាង​វជ្ជីក្សត្រិយ៍​ទាំងឡាយ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់​របស់​ពួក​ស្តេច​ក្នុងដែនវជ្ជី ដែលមាន​ព្រះជន្មច្រើន​ទាំងនោះ អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តី​សាបសូន្យ​មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេច​ក្នុងដែនវជ្ជី មិនកំហែង បង្ខំ​ពួកស្រ្តី​​ក្នុងត្រកូល ពួកកុមារី​ក្នុងត្រកូល ឲ្យនៅរួម​ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បានឮដំណឹង​នោះថា ពួកស្តេច​ក្នុងដែនវជ្ជី មិនកំហែង​បង្ខំពួកស្រ្តី ក្នុងត្រកូល ពួកកុមារី​ក្នុងត្រកូល ឲ្យនៅរួម​ដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេច​ក្នុងដែនវជ្ជី មិន​កំហែង​​បង្ខំពួកស្រ្តី​ក្នុងត្រកូល ពួកកុមារី​ក្នុងត្រកូល ឲ្យនៅរួម អស់កាលត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តីសាប​សូន្យ​មិន​មាន​ឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេច​ក្នុងដែនវជ្ជី តែង​​ធ្វើសក្ការៈ គោរព រាប់អាន បូជាចេតិយ ក្នុងដែនវជ្ជី របស់ពួកស្តេច​ក្នុងដែនវជ្ជី ដែល​នៅខាង​​ក្នុងនគរផង ខាងក្រៅ​នគរផង ទាំងមិន​ធ្វើគ្រឿងបូជា ប្រកបដោយធម៌ ដែល​គេធ្លាប់​​ថ្វាយ ធ្លាប់ធ្វើដល់​ចេតិយទាំងនោះ ឲ្យសាប​សូន្យទៅ ដូច្នេះដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បានឮដំណឹង​នោះថា ពួកស្តេចក្នុង​ដែនវជ្ជី តែងធ្វើ​សក្ការៈ គោរព រាប់អាន បូជាចេតិយ​ក្នុងដែនវជ្ជី របស់ពួក​អ្នកដែនវជ្ជី ដែលនៅ​ខាងក្នុង​​នគរផង ខាងក្រៅ​នគរផង ទាំងមិន​ធ្វើគ្រឿង​បូជា ប្រកបដោយធម៌ ដែលគេធ្លាប់ថ្វាយ ធ្លាប់​ធ្វើដល់​ចេតិយ​ទាំងនោះ ឲ្យសាបសូន្យ​ទៅដូច្នេះដែរ។ ម្នាលអានន្ទ បើពួកស្តេច​ក្នុង​ដែនវជ្ជី នឹងធ្វើសក្ការៈ គោរព រាប់អាន បូជានូវចេតិយ ក្នុងដែនវជ្ជី​របស់ពួកអ្នក​ដែនវជ្ជី ដែលនៅខាង​ក្នុងនគរផង ខាងក្រៅនគរផង ទាំងមិនធ្វើ​គ្រឿងបូជា ប្រកបដោយធម៌ ដែលគេធ្លាប់​បូជា ធ្លាប់ធ្វើដល់​ចេតិយ​ទាំងនោះ ឲ្យសាបសូន្យទៅ អស់កាលត្រឹមណា ម្នាល​អានន្ទ សេចក្តីចំរើន​តែងមានប្រាកដ ដល់ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលអានន្ទ អ្នកបានឮថា ពួកស្តេច​ក្នុងដែនវជ្ជី បាន​ចាត់ចែង​ត្រឹមត្រូវ នូវការរក្សា​ការពារ និងការគ្រប់គ្រង ប្រកបដោយធម៌ ក្នុង​អរហន្ត​ទាំង​ឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្តទាំងឡាយ ដែលមិនទាន់មក ក៏សូម​ឲ្យមក​​កាន់ដែន​របស់យើង ព្រះអរហន្ត​ទាំងឡាយ ដែលមក​ស្រាប់ហើយ ក៏សូមឲ្យ​គង់​នៅ​​សប្បាយ ក្នុងដែន​របស់យើង ដូច្នេះដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​ឮ​ដំណឹង​​នោះថា ពួកស្តេច​ក្នុងដែនវជ្ជី បានចាត់​ចែងត្រឹមត្រូវ នូវការរក្សាការពារ និង​ការគ្រប់​គ្រង ប្រកប​ដោយធម៌ ក្នុងព្រះអរហន្ត​ទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្ត​ទាំងឡាយ ដែលមិន​ទាន់មក ក៏សូមឲ្យ​មកកាន់​ដែន​របស់យើង ព្រះអរហន្ត​ទាំងឡាយ ដែលមក​ស្រាប់ហើយ ក៏សូមឲ្យ​គង់នៅសប្បាយ ក្នុងដែនរបស់យើង ដូច្នេះ​ដែរ។ ម្នាលអានន្ទ បើពួកស្តេច​ក្នុងដែនវជ្ជី នឹងបានចាត់ចែង​ត្រឹមត្រូវ នូវការរក្សាការពារ និងការ​គ្រប់គ្រង ប្រកប​ដោយធម៌ ក្នុងព្រះអរហន្ត​ទាំងឡាយ ដោយបំណងថា ធ្វើម្តេចហ្ន៎ ព្រះអរហន្ត​ទាំងឡាយ ដែលមិន​ទាន់មក ក៏សូមឲ្យមកកាន់​ដែនរបស់យើង ព្រះអរហន្ត ទាំង​ឡាយ ដែលមក​ស្រាប់ហើយ ក៏សូមឲ្យ​គង់នៅសប្បាយ ក្នុងដែនរបស់យើង អស់​កាល​ត្រឹមណា ម្នាលអានន្ទ សេចក្តីចំរើន​តែងមានប្រាកដ ដល់ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តី​​សាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។

គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅ​វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុង​ដែនមគធៈ​ថា ម្នាលញ្រហ្មណ៍ សម័យមួយ តថាគត​គង់នៅក្នុង​សារន្ទទចេតិយ ទៀប​ក្រុង​​វេសាលី តថាគត បានសំដែង​អបរិហានិយធម៌​ទាំង ៧ ប្រការនេះ ដល់ពួកស្តេច ក្នុង​ដែនវជ្ជី ក្នុង​សារន្ទទចេតិយ​នោះឯង។ ម្នាលញ្រហ្មណ៍ អបរិហានិយធម៌ ៧ យ៉ាងនេះ តាំង​នៅ​ក្នុងពួកស្តេច​ក្នុងដែនវជ្ជី ឬថា​ពួកស្តេច​ក្នុងដែនវជ្ជី នឹងប្រតិបត្តិ ក្នុង​អបរិហានិយ​ធម៌ ៧ យ៉ាងនេះ អស់កាល​ត្រឹមណា ម្នាលញ្រហ្មណ៍ សេចក្តីចំរើន តែង​មាន​ប្រាកដ ដល់​ពួកស្តេច​ក្នុងដែនវជ្ជី សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាលត្រឹមណោះ)។ បពិត្រព្រះគោតម​ដ៏ចំរើន សេចក្តីចំរើន តែងមានប្រាកដ សេចក្តីសាបសូន្យ តែង​មិន​មាន​ដល់​ពួកស្តេច​ក្នុងដែនវជ្ជី ដែលប្រកប​ដោយ​អបរិហានិយធម៌ សូម្បីតែមួយ ៗ ចាំបាច់ និយាយ​ទៅ​ថ្វី ដល់ទៅគ្រប់​អបរិហានិយធម៌ ទាំង ៧ (នោះ)។ បពិត្រ​ព្រះគោតម​​ដ៏ចំរើន មួយទៀត ព្រះបាទ​អជាតសត្តុវេទេហីបុត្រ​មាគធរាជ មិនគប្បីចាប់​ពួកស្តេច​ក្នុង​ដែន​វជ្ជី ដោយ​​ចម្បាំង​បានទេ វៀរលែង​តែការលួង​លោម​យកចិត្ត ឬការធ្វើឲ្យបែកគ្នា។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ សូមលាទៅឥឡូវនេះ (ព្រោះថា) ខ្ញុំព្រះអង្គ​មាន​កិច្ចច្រើន មានការងារ​ច្រើន។ ម្នាលញ្រហ្មណ៍ អ្នកចូរសំគាល់​នូវកាលនឹងទៅ​ ក្នុង​វេលានេះ​ចុះ។ លំដាប់នោះ វស្សការញ្រហ្មណ៍ ជាមហាមាត្យ ក្នុងដែនមគធៈ ត្រេកអររីករាយ​នឹងភាសិត របស់ព្រះដ៏​មានព្រះភាគ ហើយក្រោក​​ចាក​អាសនៈ​​ចេញ​ទៅ។

បឋមសត្តកសូត្រ ទី៣

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើ​ភ្នំគិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ក្នុងទីនោះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​​នឹងសំដែង​អបរិហានិយធម៌ ទាំង ៧ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុង​ស្តាប់ នូវភាសិតនោះ ចូរធ្វើទុកក្នុងចិត្ត​ឲ្យជាក់ច្បាស់ចុះ តថាគតនឹង​សំដែងប្រាប់។ ភិក្ខុ​ទាំងនោះ ក៏ទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏​មាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចុះ​អបរិហានិយធម៌ ទាំង៧ តើអ្វីខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ នឹងប្រជុំគ្នារឿយ ៗ ប្រជុំគ្នាដោយច្រើន អស់កាលត្រឹមណា ម្នាល​ភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តី​សាបសូន្យ​​មិន​មាន​ឡើយ (អស់កាល​ត្រឹមណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងព្រមព្រៀង​​គ្នា​ប្រជុំ ព្រមព្រៀងគ្នា​លើកប្រជុំ ព្រមព្រៀងគ្នា​ធ្វើកិច្ចរបស់សង្ឃ អស់កាលត្រឹមណា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែងមាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមាន​ឡើយ (អស់កាលត្រឹម​ណោះ) ១។ ម្នាលភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹង​មិន​បញ្ញត្ត​សិក្ខាបទ ដែលតថាគត​មិនបានបញ្ញត្ត​ហើយ មិន​ដក​សិក្ខាបទ ដែល​តថាគត​​បញ្ញត្ត​រួច​ហើយ កាន់តាម ប្រព្រឹត្តតាមសិក្ខាបទ ដែលតថាគត​បញ្ញត្តហើយ​យ៉ាងណា អស់​កាល​ត្រឹម​ណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តី​សាប​សូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ) ១។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ​​នឹង​ធ្វើ​សក្ការៈ គោរព រាប់អាន បូជាពួក​ភិក្ខុ ជាថេរៈអ្នក​ដឹងរាត្រី​ច្រើន បួសយូរ ជាបិតានៃសង្ឃ ជា​បរិនាយក​របស់សង្ឃ ជាអ្នកណែ​នាំសង្ឃ ទាំងសំគាល់ពាក្យ ដែលគួរស្តាប់ របស់​ភិក្ខុ​ជា​ថេរៈ​ទាំងនោះ អស់កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ​ដល់ពួកភិក្ខុ សេចក្តី​សាបសូន្យ មិនមានឡើយ (អស់​កាលត្រឹម​ណោះ) ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើពួកភិក្ខុ​នឹងមិនលុះ​ក្នុងអំណាច​តណ្ហា ជាធម្មជាតិ​នាំសត្វទៅក្នុង​ភពថ្មីទៀត ដែល​កើត​ឡើងហើយ អស់កាលត្រឹម​ណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែង​មាន​ប្រាកដ ដល់ពួក​ភិក្ខុ សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ) ១។ ម្នាល ភិក្ខុទាំងឡាយ បើពួកភិក្ខុ នឹងមាន​សេចក្តីប្រាថ្នា ក្នុងសេនាសនៈ​ទាំងឡាយ ដែល​តាំង​នៅ​ក្នុងព្រៃ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់កាលត្រឹមណោះ) ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បើពួកភិក្ខុ នឹងប្រុងស្មារតី​ក្នុងខ្លួនថា ធ្វើម្តេចហ្ន៎ ពួក​សព្រហ្មចារី មានសីល ជាទីស្រឡាញ់ ដែលមិនទាន់​មកដល់ ក៏សូមឲ្យនិមន្តមក ពួកសព្រហ្មចារី មានសីល​ជា ទីស្រឡាញ់ ដែលមក​ដល់ហើយ ក៏សូមឲ្យនៅ​សប្បាយ ដូច្នេះ អស់កាលត្រឹមណា ម្នាលភិក្ខុទាំងឡាយ សេចក្តីចំរើន តែងមានប្រាកដ ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ) ១។ ម្នាលភិក្ខុ​ទាំងឡាយ បើ​អបរិហានិយធម៌ ទាំង ៧ នេះ តាំងនៅ​ក្នុងភិក្ខុ​ទាំងឡាយ ឬថាភិក្ខុ​ទាំងឡាយ នឹងប្រតិបត្តិ ក្នុង​​អបរិហានិយធម៌ ទាំង ៧ យ៉ាងនេះ អស់កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែង​មាន​ប្រាកដ ដល់ពួក​ភិក្ខុ សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ) ១។

ទុតិយសត្តកសូត្រ ទី៤

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​អបរិហានិយធម៌ ៧ យ៉ាង ដល់​អ្នក​ទាំង​​ឡាយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ឯ​អបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាល​ភិក្ខុ​​ទាំង​​ឡាយ បើពួកភិក្ខុ​មិនត្រេកអរ​នឹងការងារ មិនប្រកប​រឿយ ៗ នូវភាវៈ​​ជាអ្នក​មាន​ការងារ​​ជាទីត្រេកអរ អស់កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តែងមាន​ប្រាកដ​ដល់ពួក​ភិក្ខុ សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ) ១។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ នឹង​មិនជា​អ្នកមាន​ការនិយាយ​តិរច្ឆានកថា ជាទី ត្រេកអរ។បេ។ នឹងមិន​ជាអ្នកមាន​ការដេកលក់ ជាទីត្រេកអរ នឹងមិនជា​អ្នកមានគ្នីគ្នា ជាទីត្រេកអរ នឹងមិនជា​អ្នកមាន​សេចក្តីប្រាថ្នា​អាក្រក់ មិនលុះ​​ក្នុងអំណាច នៃសេចក្តី​ប្រាថ្នា​អាក្រក់ មិនមាន​មិត្តអាក្រក់ មិនមាន​សំឡាញ់អាក្រក់ មិនងាក​ទៅរកបុគ្គល​អាក្រក់ មិនដល់នូវ​សេចក្តី​បន្ធូរបន្ថយ​ព្យាយាម ក្នុងចន្លោះ ដោយការ​ត្រាស់ដឹង​នូវគុណវិសេស ត្រឹមតែ​ជាន់ក្រោម អស់កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តីចំរើន តែង​មាន​ប្រាកដ ដល់ពួកភិក្ខុ សេចក្តី​សាបសូន្យ​មិនមានឡើយ (អស់កាល​ត្រឹមណោះ) ១។ ម្នាលភិក្ខុ​ទាំងឡាយ បើ​អបរិហានិយធម៌​ទាំង ៧ នេះ ឋិតនៅក្នុង​ភិក្ខុទាំងឡាយ ឬថា ភិក្ខុ​ទាំងឡាយ នឹងប្រតិបត្តិ ក្នុង​អបរិហានិយធម៌ ៧ នេះ អស់កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តែងមាន​ប្រាកដ​ដល់ពួកភិក្ខុ សេចក្តីសាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។

តតិយសត្តកសូត្រ ទី៥

[២៣] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​អបរិហានិយធម៌ ៧ យ៉ាង ដល់​អ្នកទាំង​ឡាយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​អបរិហានិយធម៌ ៧យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បើពួក​ភិក្ខុ​នឹងមាន​សេចក្តីជឿ អស់កាល​ត្រឹមណា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តែង​មាន​ប្រាកដ​ដល់ពួកភិក្ខុ សេចក្តី​សាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ ជាអ្នកមាន​សេចក្តី​ខ្មាសបាប។បេ។ មានសេចក្តី​ខ្លាចបាប ជាពហុស្សូត ប្រារឰ​សេចក្តីព្យាយាម មានស្មារតី មាន​បញ្ញា អស់​កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តែងមាន​ប្រាកដ ដល់​ពួក​ភិក្ខុ សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើ​អបរិហានិយធម៌​ទាំង ៧ នេះ នឹង​ឋិតនៅ​ក្នុងភិក្ខុ​ទាំងឡាយ ឬថា ភិក្ខុ​ទាំងឡាយ នឹង​ប្រតិបត្តិ ក្នុង​អបរិហានិយធម៌ ទាំង ៧ នេះ អស់កាល​ត្រឹមណា សេចក្តីចំរើន តែងមាន​ប្រាកដ​ដល់ពួកភិក្ខុ សេចក្តី​សាបសូន្យ មិនមានឡើយ (អស់​កាល​ត្រឹមណោះ)។

ពោជ្ឈង្គសូត្រ ទី៦

[២៤] ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​អបរិហានិយធម៌ ៧ យ៉ាង ដល់​អ្នក​ទាំង​​ឡាយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​អបរិហានិយធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើពួកភិក្ខុ​នឹងចំរើន​សតិសម្ពោជ្ឈង្គ អស់កាល​ត្រឹមណា ម្នាល​ភិក្ខុ​​ទាំង​ឡាយ សេចក្តី​ចំរើន តែងមាន​ប្រាកដ​ដល់ពួក​ភិក្ខុ សេចក្តី​សាបសូន្យ មិនមានឡើយ (អស់កាល​ត្រឹម​ណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ នឹង​ចំរើន​ធម្មវិចយ​សម្ពោជ្ឈង្គ។បេ។ នឹង​ចំរើន​វីរិយសម្ពោជ្ឈង្គ នឹងចំរើន​បីតិសម្ពោជ្ឈង្គ នឹង​ចំរើន​​បស្សទ្ធិ​សម្ពោជ្ឈង្គ នឹង​ចំរើន​សមាធិសម្ពោជ្ឈង្គ នឹង​ចំរើន​ឧបេក្ខាសម្ពោជ្ឈង្គ អស់​កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តែង​មាន​ប្រាកដ​ដល់ពួក​ភិក្ខុ សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់​កាល​ត្រឹម​ណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើ​អបរិហានិយធម៌ទាំង ៧ នេះ នឹងឋិតនៅ ក្នុងភិក្ខុ​ទាំង​ឡាយ ឬថា​ភិក្ខុ​ទាំងឡាយ នឹងប្រតិបត្តិ​ក្នុង​អបរិហានិយ​ធម៌​​ទាំង ៧ នេះ អស់​កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តែង​មាន​​ប្រាកដ​ដល់​ពួក​​ភិក្ខុ សេចក្តី​សាបសូន្យ មិនមានឡើយ (អស់​កាល​ត្រឹមណោះ)។

សញ្ញាសូត្រ ទី៧

[២៥] ម្នាលភិក្ខុទាំងឡាយ តថាគត​នឹងសំដែង​អបរិហានិយធម៌ ៧ យ៉ាង ដល់​អ្នក​ទាំង​​ឡាយ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​អបរិហានិយធម៌ ៧យ៉ាង តើអ្វីខ្លះ។ ម្នាល​​ភិក្ខុ​ទាំង​​ឡាយ បើពួកភិក្ខុ​នឹង​ចំរើន​អនិច្ចសញ្ញា អស់កាល​ត្រឹមណា ម្នាលភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តែង​មាន​ប្រាកដ ដល់ពួក​ភិក្ខុ សេចក្តី​សាបសូន្យ​មិនមាន​ឡើយ (អស់​កាល​ត្រឹម​​ណោះ)។ ម្នាលភិក្ខុ​ទាំងឡាយ បើពួកភិក្ខុ នឹង​ចំរើន​អនត្តសញ្ញា។បេ។ នឹង​ចំរើន​ អសុភសញ្ញា នឹងចំរើន​អាទីនវសញ្ញា នឹង​ចំរើន​បហានសញ្ញា នឹង​ចំរើន​វិរាគសញ្ញា នឹង​ចំរើន​និរោធសញ្ញា អស់កាល​ត្រឹមណា ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន តែង​​មាន​ប្រាកដ​ដល់ពួក​ភិក្ខុ សេចក្តី​សាបសូន្យ មិនមាន​ឡើយ (អស់កាល​ត្រឹមណោះ)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​អបរិហានិយធម៌​ទាំង ៧ នេះ ឋិតនៅ​ក្នុងភិក្ខុ​ទាំងឡាយ ឬថា ភិក្ខុ​ទាំង​ឡាយ នឹងប្រតិបត្តិ​ក្នុង​អបរិហានិយធម៌​ទាំង ៧ នេះ អស់កាល​ត្រឹមណា ម្នាលភិក្ខុ​​ទាំង​ឡាយ សេចក្តី​ចំរើន តែងមាន​ប្រាកដ​ដល់​ពួកភិក្ខុ សេចក្តី​សាបសូន្យ​មិនមានឡើយ (អស់​កាល​​ត្រឹមណោះ)។

បឋមបរិហានិសូត្រ ទី៨

[២៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៧ នេះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​​សេចក្តី​សាប​សូន្យ ដល់​សេក្ខភិក្ខុ។ ៧ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តី​ត្រេកអរ​ក្នុងការងារ ១ សេចក្តី​ត្រេកអរ​ក្នុងការ​និយាយ​តិរច្ឆានកថា ១ សេចក្តី​ត្រេកអរ​ក្នុងការ​ដេកលក់ ១ សេចក្តី​ត្រេកអរ​ក្នុងការ​ប្រកប​ដោយគ្នីគ្នា ១ សេចក្តី​មិនគ្រប់​គ្រងទ្វារ​ក្នុង​​ឥន្រ្ទិយ​​ទាំង​ឡាយ ១ ការមិនដឹង​ប្រមាណ​ក្នុងភោជន ១ កិច្ចរបស់​សង្ឃ តែង​មានក្នុងសង្ឃ ភិក្ខុ​មិន​​ពិចារណា ក្នុងកិច្ច​នោះថា ពួកព្រះថេរៈ​ក្នុងសង្ឃ​អ្នក​ដឹង​រាត្រីវែង បួសយូរ អ្នកនាំ​ទៅ​នូវ​​ភារៈ ពួកថេរៈ​ទាំងនោះ ក៏នឹង​ប្រាកដ​ដោយ​ការងារ​នោះ​ដូច្នេះ ហើយដល់​​នូវ​ការ​​ប្រកប​​ដោយ​ខ្លួន​ឯង ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​សាបសូន្យ ដល់​សេក្ខភិក្ខុ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែង​​ប្រព្រឹត្ត​​ទៅ ដើម្បី​សេចក្តី​មិន​សាបសូន្យ ដល់​សេក្ខភិក្ខុ​ឡើយ។ ៧ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តី​មិនត្រេកអរ​ក្នុង​ការងារ ១ សេចក្តី​មិនត្រេកអរ​ក្នុងការ​និយាយ​តិរច្ឆានកថា ១ សេចក្តី​មិន​ត្រេកអរ ក្នុងការ​ដេកលក់ ១ សេចក្តី​មិន​ត្រេកអរ​ក្នុងការ​ប្រកប​ដោយគ្នីគ្នា ១ ការគ្រប់​គ្រងទ្វារ ក្នុងឥន្រ្ទិយ​ទាំងឡាយ ១ សេចក្តី​ដឹង​ប្រមាណ ក្នុងភោជន ១ កិច្ចរបស់​សង្ឃ តែងមាន​ក្នុងសង្ឃ ភិក្ខុ​ពិចារណា ក្នុងកិច្ច​នោះថា ពួកព្រះថេរៈ ក្នុងសង្ឃ​អ្នកដឹង​នូវរាត្រីវែង បួសយូរ អ្នកនាំ​ទៅនូវភារៈ ពួក​ព្រះថេរៈ​ទាំងនោះ នឹងប្រាកដ​ដោយការងារ​នោះដូច្នេះ ហើយមិន​ដល់នូវការ​ប្រកប​ដោយខ្លួនឯង ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៧យ៉ាងនេះ​ឯង រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​សាបសូន្យ ដល់​​សេក្ខភិក្ខុ​ឡើយ។

ទុតិយបរិហានិសូត្រ ទី៩

[២៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សាប​សូន្យ ដល់​ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ ឧបាសក​ញុំាងការ​ឃើញ​នូវភិក្ខុ ឲ្យ​សាបសូន្យ ១ ប្រហែស​នឹងការស្តាប់​ព្រះសទ្ធម្ម ១ មិនសិក្សា​ក្នុងអធិសីល [សីល៥ ឬសីល១០។ អដ្ឋកថា។] ១ ជាអ្នក​មិនមាន​សេចក្តី​ជ្រះថ្លាច្រើន ក្នុងពួក​ភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នក​មាន​ចិត្តរិះគន់ ស្វែង​រកទោស​ស្តាប់ធម៌ ១ ស្វែង​រកទក្ខិណេយ្យបុគ្គល​ខាង​ក្រៅ​សាសនា​នេះ ១ ធ្វើបុព្វការៈ​ក្នុងទក្ខិណេ​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ្យបុគ្គល​ខាង​ក្រៅ​សាសនា​នោះ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៧ យ៉ាងនេះ​ឯង រមែង​ប្រព្រឹត្តទៅ ដើម្បីសាបសូន្យ​ដល់​ឧបាសក។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៧ យ៉ាងនេះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិនសាប​សូន្យ ដល់​ឧបាសក។ ៧ យ៉ាង តើអ្វីខ្លះ។ គឺឧបាសក​មិនញុំាង​ការឃើញ​ភិក្ខុ​ឲ្យសាបសូន្យ ១ មិន​ប្រហែស​នឹងការ​ស្តាប់​ព្រះសទ្ធម្ម ១ សិក្សាក្នុង​អធិសីល ១ ជា​អ្នកមាន​​សេចក្តី​​ជ្រះថ្លា​ច្រើន ក្នុងពួក​ភិក្ខុចាស់ ថ្មី កណ្តាល ១ ជាអ្នក​មានចិត្ត​មិនរិះគន់ មិនស្វែង​រកទោស​​ស្តាប់​ធម៌ ១ មិនស្វែង​រក​ទក្ខិណេយ្យបុគ្គល​ខាងក្រៅ​សាសនានេះ ១ ធ្វើបុព្វការៈ​ក្នុង​ទក្ខិណេយ្យបុគ្គល ក្នុង​សាសនានេះ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៧ យ៉ាង​នេះឯង រមែង​ប្រព្រឹត្ត​​ទៅ ដើម្បី​មិនសាបសូន្យ​ដល់ឧបាសក។

ឧបាសកណា ញុំាងការឃើញ​នូវពួកភិក្ខុ ដែល​មានខ្លួន​ចំរើន​​ហើយ ឲ្យ​សាបសូន្យ ១ ប្រហែស​នឹងការស្តាប់​នូវ​​អរិយធម៌​​ទាំង​ឡាយ ១ មិនសិក្សា​ក្នុងអធិសីល ១ មានសេចក្តី​មិនជ្រះថ្លា​ក្នុង​ពួក​​ភិក្ខុចំរើន​ឡើង​ដោយ​ក្រៃលែង ១ មាន​ចិត្ត​រិះគន់​ប្រាថ្នា​​ស្តាប់​​ព្រះសទ្ធម្ម ១ ស្វែង​រក​ទក្ខិណេយ្យបុគ្គល​ដទៃ ខាង​ក្រៅ​​សាសនា​នេះ ១ ឧបាសក​ធ្វើបុព្វការៈ​ចំពោះ​ទក្ខិណេយ្យបុគ្គល​នោះ ១ ឧបាសក កាល​សេពនូវ​បរិហានិយធម៌​ទាំង ៧ យ៉ាង​នេះឯង ដែល​​ព្រះដ៏​មាន​ព្រះភាគ ទ្រង់សំដែង​ហើយ​ដោយប្រពៃ រមែង​​​សាប​សូន្យ​​​ចាកព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាង​ការឃើញ​នូវពួកភិក្ខុ ដែលមាន​ខ្លួនចំរើន​ហើយ ឲ្យ​សាបសូន្យ ១ មិនប្រហែស​នឹងការ​ស្តាប់​​នូវ​អរិយធម៌​ទាំងឡាយ ១ សិក្សាក្នុង​អធិសីល ១ សេចក្តី​ជ្រះថ្លា​ក្នុងពួកភិក្ខុ​របស់ឧបាសក​នោះ ចំរើន​ឡើង​ដោយ​ក្រៃលែង ១ មានចិត្ត​មិនរិះគន់ ស្តាប់នូវ​ព្រះសទ្ធម្ម ១ មិនស្វែង​រក​ទក្ខិណេយ្យ​បុគ្គល​​ដទៃ​ខាងក្រៅ​សាសនានេះ ១ ឧបាសក​​តែង​ធ្វើ​​បុព្វការៈ ចំពោះ​ទក្ខិណេយ្យបុគ្គល ក្នុង​សាសនានេះ ១ ឧបាសក កាលសេព​នូវ​អបរិហានិយធម៌​ទាំង ៧ យ៉ាងនេះឯង ដែល​​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ហើយ​ដោយប្រពៃ រមែង​​មិន​សាបសូន្យ ចាក​ព្រះសទ្ធម្ម​ឡើយ។

វិបត្តិសូត្រ ទី១០

[២៨] ម្នាលភិក្ខុទាំងឡាយ វិបត្តិ​របស់ឧបាសក​នេះ មាន៧យ៉ាង ម្នាល​ភិក្ខុ​ទាំង​ឡាយ សម្បត្តិ​របស់​ឧបាសក​នេះ មាន៧យ៉ាង។

បរាភវសូត្រ ទី១១

ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​​វិនាស​របស់​ឧបាសក​នេះ មាន៧យ៉ាង ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​ចំរើន​របស់​ឧបាសក​នេះ មាន៧​យ៉ាង។ ៧ យ៉ាង តើអ្វីខ្លះ។ គឺ​ឧបាសក មិនញុំាង​ការឃើញ​នូវភិក្ខុ ឲ្យសាបសូន្យ ១ មិនប្រហែស​នឹងការ​ស្តាប់​នូវ​ព្រះសទ្ធម្ម ១ សិក្សាក្នុង​អធិសីល ១ ជាអ្នកមាន​សេចក្តី​ជ្រះថ្លា​ច្រើន ក្នុងពួកភិក្ខុចាស់ ថ្មី កណ្តាល ១ មិនមាន​ចិត្ត​រិះគន់ មិនស្វែង​រកទោស​ស្តាប់ធម៌ ១ មិនស្វែង​រក​ទក្ខិណេយ្យបុគ្គល​ខាងក្រៅ​សាសនា​នេះ ១ ធ្វើ​បុព្វការៈ ចំពោះ​ទក្ខិណេយ្យបុគ្គល​ក្នុង​សាសនា​នេះ ១។ ម្នាលភិក្ខុ​​ទាំងឡាយ សេចក្តីចំរើន​របស់ឧបាសក មាន៧យ៉ាង​នេះឯង។

ឧបាសកណា ញុំាងការឃើញ​នូវពួកភិក្ខុ ដែលមាន​ខ្លួនចំរើនហើយ ឲ្យសាបសូន្យ ១ ប្រហែស​ក្នុងការស្តាប់​នូវ​អរិយធម៌​ទាំងឡាយ ១ មិន​សិក្សា​ក្នុងអធិសីល ១ មាន​សេចក្តី​មិនជ្រះថ្លា​ក្នុងពួក​ភិក្ខុ​ចំរើន​ដោយ​​ក្រៃលែង ១ ជាអ្នក​មានចិត្ត​រិះគន់​ប្រាថ្នា​ស្តាប់នូវ​ព្រះសទ្ធម្ម  ១ ស្វែងរក​ទក្ខិណេយ្យបុគ្គល​ដទៃ​ខាងក្រៅ​សាសនា​នេះ ១ ឧបាសក​​ធ្វើ​បុព្វការៈ ចំពោះ​ទក្ខិណេយ្យបុគ្គល​ខាងក្រៅ​​សាសនា​​នេះ ១ ឧបាសក​កាលសេព​នូវ​បរិហានិយធម៌​ទាំង ៧ នេះ​ឯង ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ រមែង​​សាប​សូន្យ ចាក​ព្រះសទ្ធម្ម។ ឧបាសកណា មិនញុំាង​ការឃើញ នូវ​ពួក​ភិក្ខុ​ដែលមាន​ខ្លួន​ចំរើន​ហើយ ឲ្យ​សាបសូន្យ ១ មិនប្រហែស​​ចំពោះ​​ការស្តាប់​នូវ​អរិយធម៌​ទាំង​ឡាយ ១ សិក្សា​ក្នុង​អធិសីល ១ សេចក្តី​ជ្រះថ្លា ក្នុងពួក​ភិក្ខុ​របស់​ឧបាសក​នោះ ចំរើន​​ដោយ​​ក្រៃលែង ១ មិនមាន​ចិត្តរិះគន់​ប្រាថ្នាស្តាប់​នូវ​ព្រះសទ្ធម្ម ១ មិនស្វែង​​រក​​ទក្ខិណេយ្យបុគ្គល​ដទៃ​ខាងក្រៅ​សាសនា​នេះ ១ ឧបាសក​ធ្វើ​បុព្វការៈ​ចំពោះ​ទក្ខិណេយ្យបុគ្គល​ក្នុង​សាសនា​នេះ ១ ឧបាសក​កាលសេព នូវ​អបរិហានិយធម៌​ទាំង ៧យ៉ាង​នេះ​ឯង ដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ​ដោយ​ប្រពៃ រមែង​មិនសាប​សូន្យ ចាក​ព្រះសទ្ធម្ម​ឡើយ​។

ចប់ វជ្ជីវគ្គ ទី៣។

ឧទ្ទាននៃវជ្ជីវគ្គនោះគឺ

និយាយពីសារន្ទទចេតិយ ១ វស្សការញ្រហ្មណ៍ ១ ភិក្ខុ ១ ការងារ ១ ធម្មជាត​ដែលគួរជឿ ១ ធម៌ជា​ចំណែក​នៃការ​ត្រាស់ដឹង ១ សញ្ញា ១ សេក្ខភិក្ខុ ១ សេចក្តី​​សាប​សូន្យ ១ វិបត្តិ ១ សេចក្តី​ចំរើន ១។

ទេវតាវគ្គ

អប្បមាទគារវសូត្រ ទី១

[២៩] លំដាប់នោះឯង ទេវតាមួយអង្គ មានរស្មីដ៏រុងរឿង កាល​ដែល​វេលា​រាត្រី បឋមយាម​កន្លង​ផុតទៅ ក៏ធ្វើវត្ត​ជេតវន​ទាំងមូល ឲ្យភ្លឺស្វាង ហើយចូល​​ទៅគាល់​ព្រះ​ដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ឋិត​នៅ​​ក្នុង​ទី​សមគួរ។ លុះទេវតានោះ ឋិតនៅ​ក្នុងទី​សមគួរ​ហើយ ទើបក្រាប​បង្គំ​ទូល​​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៧ ប្រការនេះ តែង​ប្រព្រឹត្តទៅ ដើម្បី​​មិន​សាប​សូន្យ​ដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេច​ខ្លះ។ គឺសេចក្តី​គោរព​ព្រះសាស្តា ១ គោរព​ព្រះធម៌ ១ គោរព​ព្រះសង្ឃ ១ គោរព​សិក្ខា ១ គោរព​សមាធិ ១ គោរព​​ការ​មិន​​ប្រមាទ ១ គោរព​ការធ្វើ​បដិសណ្ឋារៈ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៧ ប្រការ​នេះឯង តែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិនសាបសូន្យ ដល់ភិក្ខុ។ លុះទេវតានោះ ក្រាបបង្គំ​ទូល​​សេចក្តី​នេះ​​ចប់​ហើយ ព្រះសាស្តា​ក៏ទ្រង់​សព្វ​ព្រះហ្ឫទ័យ។ លំដាប់នោះ ទេវតានោះ​គិតថា ព្រះសាស្តា ទ្រង់សព្វ​ព្រះហ្ឫទ័យ​នឹងអាត្មា​អញ ដូច្នេះហើយ ក៏ថ្វាយ​បង្គំលា​ព្រះដ៏មាន​ព្រះភាគ ធ្វើប្រទក្សិណ រួចបាត់​អំពីទីនោះ​ឯង។ លុះវេលា​កន្លងរាត្រី​នោះមក ព្រះដ៏មានព្រះភាគ បានត្រាស់​នឹងភិក្ខុ​ទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ វេលាយប់​មិញនេះ មានទេវតា​មួយអង្គ មានរស្មី​ដ៏រុងរឿង កាលដែល​វេលារាត្រី​បឋមយាម កន្លងផុតទៅ ក៏ធ្វើវត្តជេតវន​ទាំងមូល ឲ្យភ្លឺ​ស្វាង ហើយចូល​​មកគាល់​​តថាគត លុះចូល​មកដល់​ហើយ ក៏ថ្វាយ​បង្គំតថាគត រួចឋិតនៅ​ក្នុង​ទីសមគួរ ម្នាល​ភិក្ខុ​​ទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុង​ទីសមគួរ​ហើយ ក៏បាន​និយាយ​​សេចក្តីនេះ​នឹង​តថាគត​​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៧ ប្រការនេះ តែងប្រព្រឹត្តទៅ ដើម្បី​មិន​​សាប​សូន្យ ដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តី​គោរព​ព្រះសាស្តា ១ គោរពព្រះធម៌ ១ គោរពព្រះសង្ឃ ១ គោរពសិក្ខា ១ គោរពសមាធិ ១ គោរព​​ការ​មិន​ប្រមាទ ១ គោរព​ការធ្វើ​​បដិសណ្ឋារៈ ១។ បពិត្រ​ព្រះអង្គដ៏​ចំរើន ធម៌ ៧ ប្រការ​នេះឯង តែង​ប្រព្រឹត្ត​ទៅ ដើម្បីមិន​​សាបសូន្យ​​ដល់​ភិក្ខុ។ ម្នាលភិក្ខុ​​ទាំងឡាយ លុះទេវតា​​នោះ បាន​និយាយ​សេចក្តី​នេះ​ចប់​ហើយ លុះថ្លែង​​សេចក្តីនេះ​​រួចហើយ ក៏ថ្វាយ​បង្គំ​​តថាគត ធ្វើ​​ប្រទក្សិណ ហើយ​​ក៏បាត់​​អំពីទី​​នោះឯង។

ភិក្ខុមានសេចក្តីព្យាយាម​ជាគ្រឿងដុត​កំដៅកិលេស មានសេចក្តី​​គោរព​ព្រះសាស្តា​ផង គោរព​ព្រះធម៌ផង គោរព​ដ៏ក្លៀវក្លា​ចំពោះ​ព្រះសង្ឃផង គោរព​សមាធិ​ផង គោរព​​ដ៏ក្លៀវក្លា​ចំពោះ​​សិក្ខាផង គោរព​ការមិន​ប្រមាទផង គោរព​ការធ្វើ​បដិសណ្ឋារៈ​ផង (ភិក្ខុនោះ) មិនគួរ​នឹង​សាបសូន្យ (ចាកមគ្គ និងផល​ឡើយ រមែង​ឋិតនៅ) ក្នុងទី​ជិតព្រះនិញ្វន។

ហិរីគារវសូត្រ ទី២

[៣០] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មាន​ទេវតា​មួយអង្គ មានរស្មី​​ដ៏រុង​រឿង កាលដែល​វេលារាត្រី​បឋមយាម​កន្លង​ផុតទៅ ក៏ធ្វើវត្ត​ជេតពន​ទាំងមូល ឲ្យភ្លឺស្វាង ហើយ​​ចូលមក​គាល់​​តថាគត លុះចូល​មកដល់​ហើយ ថ្វាយបង្គំ​​តថាគត រួចឋិត​​នៅក្នុង​ទី​សមគួរ ម្នាលភិក្ខុ​ទាំងឡាយ លុះទេវតានោះ ឋិតនៅ​ក្នុងទីសម​គួរហើយ បាន​និយាយ​សេចក្តី​​នេះ​ នឹង​តថាគតថា បពិត្រ​ព្រះអង្គ​​ដ៏ចំរើន ធម៌ ៧ ប្រការនេះ តែង​ប្រព្រឹត្តទៅ ដើម្បីមិន​សាបសូន្យ​​ដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺសេចក្តី​គោរព​ព្រះសាស្តា ១ គោរព​ព្រះធម៌ ១ គោរព​ព្រះសង្ឃ ១ គោរព​សិក្ខា ១ គោរព​សមាធិ ១ គោរព​សេចក្តី​ខ្មាសបាប ១ គោរព​សេចក្តី​ខ្លាចបាប ១។ បពិត្រ​ព្រះអង្គដ៏​ចំរើន ធម៌ ៧ ប្រការ​នេះឯង តែងប្រព្រឹត្ត​ទៅ ដើម្បី​មិនសាប​សូន្យ​ដល់ភិក្ខុ។ ម្នាលភិក្ខុ​ទាំងឡាយ ទេវតានោះ បាន​និយាយ​សេចក្តី​នេះចប់​ហើយ ថ្លែង​សេចក្តីនេះ​រួចហើយ ក៏ថ្វាយ​បង្គំតថាគត ធ្វើ​ប្រទក្សិណ ហើយក៏បាត់​អំពីទីនោះ។

ភិក្ខុមានសេចក្តីព្យាយាម​ជាគ្រឿងដុត​កំដៅកិលេស មានសេចក្តី​​គោរព​ព្រះសាស្តា​ផង គោរព​ព្រះធម៌ផង គោរព​ដ៏ក្លៀវក្លា ចំពោះ​ព្រះសង្ឃផង គោរព​សមាធិផង គោរព​ដ៏ក្លៀវក្លា ក្នុង​សិក្ខាផង បរិបូណ៌​ដោយ​សេចក្តីខ្មាស   បាប និងខ្លាចបាប​ផង ជាអ្នកប្រកប​ដោយសេចក្តី​កោតក្រែង សេចក្តីគោរព (ភិក្ខុនោះ) មិនគួរ​នឹង​សាបសូន្យ (ចាកមគ្គ និងផលឡើយ រមែង​ឋិតនៅ) ក្នុង​ទីជិតនៃ​ព្រះនិញ្វន។

បឋមសោវចស្សតាសូត្រ ទី៣

[៣១] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតា​មួយអង្គ។បេ។ បាន​និយាយ​​សេចក្តីនេះ នឹង​តថាគត​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ធម៌ ៧ ប្រការនេះ តែង​ប្រព្រឹត្ត​​ទៅ ដើម្បីមិន​សាបសូន្យ​ដល់​ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេច​ខ្លះ។ គឺសេចក្តី​​គោរព​​ព្រះសាស្តា ១ គោរព​ព្រះធម៌ ១ គោរព​ព្រះសង្ឃ ១ គោរព​សិក្ខា ១ គោរព​សមាធិ ១ ភាពជា​​អ្នក​ប្រដៅងាយ ១ ភាពជា​អ្នកមាន​មិត្រល្អ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៧ ប្រការ​នេះឯង តែង​ប្រព្រឹត្តទៅ ដើម្បី​មិនសាបសូន្យ​ដល់ភិក្ខុ។ ម្នាលភិក្ខុ​ទាំងឡាយ ទេវតានោះ បាននិយាយ​សេចក្តី​នេះ​ចប់ហើយ លុះបាន​ថ្លែង​សេចក្តី​នេះរួចហើយ ក៏ថ្វាយ​បង្គំ​តថាគត ធ្វើប្រទក្សិណ ហើយ​ក៏បាត់​អំពី​ទីនោះឯង។

ភិក្ខុមានសេចក្តីព្យាយាម​ជាគ្រឿងដុត​កំដៅកិលេស មាន​សេចក្តី​គោរព​ព្រះ​សាស្តា​ផង គោរព​​ព្រះធម៌ផង គោរព​ដ៏ក្លៀវក្លា ចំពោះ​ព្រះសង្ឃផង គោរព​សមាធិ​​ផង គោរព​ដ៏ក្លៀវក្លា ក្នុង​សិក្ខាផង ជាអ្នក​មានមិត្ត​ល្អផង គេប្រដៅ​ងាយ​​ផង ជាអ្នក​ប្រកប​ដោយ​សេចក្តី​កោតក្រែង សេចក្តី​គោរព (ភិក្ខុនោះ) មិនគួរ​នឹង​សាបសូន្យ (ចាកមគ្គ និងផល​ឡើយ រមែង​ឋិតនៅ) ក្នុងទីជិត​​នៃ​ព្រះនិញ្វន។

ទុតិយសោវចស្សតាសូត្រ ទី៤

[៣២] ម្នាលភិក្ខុទាំងឡាយ វេលាយប់មិញនេះ មានទេវតា​មួយអង្គ។បេ។ បាន​និយាយ​សេចក្តីនេះ នឹង​តថាគត​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៧ យ៉ាងនេះ តែង​ប្រព្រឹត្ត​ទៅ ដើម្បីមិន​សាប​សូន្យ​ដល់ភិក្ខុ។ ធម៌ ៧ ប្រការ តើដូចម្តេច​ខ្លះ។ គឺសេចក្តី​​គោរព​ព្រះ​សាស្តា ១ គោរព​ព្រះធម៌ ១ គោរព​ព្រះសង្ឃ ១ គោរព​សិក្ខា ១ គោរព​សមាធិ ១ ភាពជា​អ្នក​ប្រដៅងាយ ១ ភាពជាអ្នក​​មានមិត្តល្អ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៧ ប្រការ​នេះ​ឯង តែងប្រព្រឹត្ត​ទៅ ដើម្បីមិន​សាបសូន្យ​​ដល់ភិក្ខុ។ ម្នាល​ភិក្ខុ​​ទាំងឡាយ លុះទេវតា​នោះ បាននិយាយ​​សេចក្តីនេះ​​ចប់ហើយ បានថ្លែង​​សេចក្តី​នេះ​រួចហើយ ក៏ថ្វាយ​​បង្គំតថាគត ធ្វើប្រទក្សិណ ហើយ​​ក៏បាត់​អំពី​ទីនោះ​ឯង។ កាល​បើ​​ព្រះដ៏​មាន​ព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះហើយ ព្រះសារីបុត្រ​ដ៏មានអាយុ ក្រាប​បង្គំ​ទូល​​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​​ដោយ​សេចក្តី​​សង្ខេប​នេះឯង ខ្ញុំព្រះអង្គ​យល់សេចក្តី ដោយ​ពិស្តារ​យ៉ាងនេះ បពិត្រ​ព្រះ​អង្គ​​ដ៏ចំរើន ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មានសេចក្តី​​គោរព​​ព្រះសាស្តា ដោយខ្លួន​​ឯងផង ពណ៌នា​​គុណ នៃសេចក្តី​គោរព​ព្រះសាស្តា​​ផង ភិក្ខុដទៃ​ណា មិនទាន់​​មាន​សេចក្តី​​គោរព​​ព្រះសាស្តា ក៏ដឹកនាំ​ភិក្ខុ​ទាំងនោះ ឲ្យ​គោរព​​ព្រះសាស្តា​ផង ភិក្ខុដទៃណា មាន​សេចក្តី​​គោរព​​ព្រះសាស្តា​ហើយ ក៏ពណ៌នា​គុណ របស់ភិក្ខុ​ទាំងនោះ តាមសេចក្តី​ពិតមែន ក្នុង​កាល​​គួរផង។ ជាអ្នកមាន​សេចក្តី​គោរព​ព្រះធម៌ ដោយខ្លួនឯង។បេ។ ជាអ្នក​មាន​សេចក្តី​គោរព​ព្រះសង្ឃ មានសេចក្តី​គោរពសិក្ខា មាន​សេចក្តី​គោរពសមាធិ ជាអ្នក​ដែល​គេ​​ប្រដៅ​ងាយ ជាអ្នក​មានមិត្ត​ល្អ ពណ៌នាគុណ នៃការ​មានមិត្ត​ល្អផង ភិក្ខុដទៃណា មិនទាន់​​មាន​មិត្ត​ល្អ ក៏ដឹកនាំ​ភិក្ខុទាំងនោះ ឲ្យមាន​មិត្តល្អផង ភិក្ខុដទៃណា មានមិត្ត​ល្អហើយ ក៏ពណ៌នា​គុណ របស់​ភិក្ខុទាំងនោះ តាមសេចក្តី​ពិត​មែន ក្នុងកាល​គួរផង។ បពិត្រ​ព្រះអង្គ​​ដ៏ចំរើន ធម៌ដែល​​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​​ដោយសេចក្តី​​សង្ខេបនេះ​ឯង ខ្ញុំ​ព្រះអង្គ យល់​សេចក្តី​​ដោយ​ពិស្តារ​​យ៉ាងនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​តប​ថា ម្នាល​សារីបុត្ត ប្រពៃ​ហើយ ៗ ម្នាល​សារីបុត្ត ប្រពៃណាស់​ហើយ ធម៌​នេះ តថាគត​​សំដែង​ហើយ​​ដោយ​សង្ខេប អ្នកយល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ​បាន ម្នាលសារីបុត្ត ភិក្ខុក្នុង​​សាសនា​នេះ ជាអ្នកមាន​​សេចក្តី​គោរព​​ព្រះសាស្តា ដោយខ្លួន​​ឯងផង ពណ៌នាគុណ នៃ​សេចក្តី​គោរព​ព្រះសាស្តា​​ផង ភិក្ខុដទៃណា មិនទាន់​មានសេចក្តី​​គោរព​​ព្រះសាស្តា ក៏ដឹក​នាំ​ភិក្ខុទាំង​នោះ ឲ្យគោរព​​ព្រះសាស្តា​ផង ភិក្ខុដទៃ​ណា មានសេចក្តី​​គោរព​ព្រះសាស្តា​​ហើយ ពណ៌នា​គុណ របស់ភិក្ខុ​ទាំងនោះ តាមសេចក្តី​ពិតមែន ក្នុងកាលគួរផង។ ជាអ្នក​មាន​សេចក្តី​គោរព​ព្រះធម៌ ដោយខ្លួន​ឯងផង។បេ។ ជាអ្នកមាន​សេចក្តី​គោរព​ព្រះសង្ឃ មាន​សេចក្តី​គោរព​សិក្ខា មាន​សេចក្តី​​គោរព​សមាធិ ជាអ្នកដែល​គេប្រដៅងាយ ជា​អ្នក​​មាន​មិត្ត​ល្អផង ពណ៌នាគុណ នៃការមាន​មិត្តល្អផង ភិក្ខុដទៃណា មិនទាន់​មានមិត្តល្អ ក៏​ដឹកនាំ​ភិក្ខុ​ទាំងនោះ ឲ្យមាន​មិត្តល្អផង ភិក្ខុដទៃណា មានមិត្ត​ល្អហើយ ក៏​ពណ៌នា​គុណ របស់​ភិក្ខុទាំងនោះ តាមសេចក្តី​ពិតមែន ក្នុងកាល​គួរផង។ ម្នាល​សារីបុត្ត ធម៌នេះឯង តថាគត​សំដែង​ហើយ ដោយសេចក្តី​សង្ខេប គប្បីយល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ។

បឋមមិត្តសូត្រ ទី៥

[៣៣] ម្នាលភិក្ខុទាំងឡាយ មិត្តប្រកប​ដោយអង្គ ៧ ប្រការ គួរ​សេពគប់។ ប្រកប​ដោយ​អង្គ ៧ ប្រការ តើដូចម្តេច​ខ្លះ។ គឺមិត្តឲ្យ​នូវរបស់ ដែលគេ​ឲ្យបាន​ដោយកម្រ ១ ធ្វើ​នូវ​អំពើ​ដែលគេធ្វើ​​បានដោយ​​កម្រ ១ អត់ធន់​​ចំពោះហេតុ ដែលគេ​អត់​ធន់​បាន​ដោយ​កម្រ ១ បើក​បង្ហាញ​​សេចក្តី​​កំបាំង​​របស់ខ្លួន​ដល់គ្នា ១ បិទសេចក្តី​កំបាំង​របស់​គ្នា ១ មិនលះ​គ្នា​ក្នុងគ្រា​​មានសេចក្តី​​អន្តរាយ ១ មិនមើល​​ងាយគ្នា ព្រោះ​អស់​ភោគៈ ១។ ម្នាល​ភិក្ខុ​​ទាំងឡាយ មិត្តប្រកប​ដោយ​អង្គ ៧ ប្រការ​នេះឯង គួរសេពគប់។

មិត្តឲ្យនូវរបស់​ដែលគេឲ្យ​​បានដោយ​​កម្រផង ធ្វើនូវអំពើ ដែល​​គេធ្វើ​បាន​ដោយ​​កម្រផង មួយទៀត អត់ធន់​ចំពោះ​ពាក្យ​ដែល​ពោល​អាក្រក់ និង​ហេតុ​ដែល​​អត់ធន់​​បានដោយ​កម្រផង ប្រាប់សេចក្តី​កំបាំង​របស់​ខ្លួន​ដល់​គ្នា​ផង បិទ​សេចក្តី​​កំបាំង​​របស់គ្នា​ផង មិនលះគ្នា​​ក្នុងគ្រា​​មាន​សេចក្តី​​អន្តរាយ​ផង មិន​មើល​​ងាយគ្នា ព្រោះអស់​​ភោគផង ហេតុទាំងនេះ មានក្នុង​​បុគ្គលណា ក្នុង​លោកនេះ បុគ្គល​មានសភាព​ដូច្នោះនោះ ហៅថាមិត្ត ជនអ្នក​​មាន​ប្រាថ្នា​នូវមិត្ត គប្បីសេពគប់។

ទុតិយមិត្តសូត្រ ទី៦

[៣៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្ត​ប្រកប​ដោយ​ធម៌ ៧ ប្រការ បុគ្គល​​អ្នក​​ស្វែង​មិត្ត ទោះបី​លោក​​បណ្តេញ បំបរបង់​​ចេញ [ក្នុងអដ្ឋកថាថា បើអ្នកស្វែងមិត្ត បានបុគ្គល​យ៉ាងនេះ​ជាមិត្តហើយ បើទុកជា​លោកដាក់​ទណ្ឌកម្ម​ឲ្យលីឈើ​១០០​បាច់ក្តី ឲ្យដងទឹក​១០០​ក្អមក្តី ឲ្យជញ្ជូន​ខ្សាច់​១០០​ស្នូកក្តី ឬបណ្តេញ​មិនឲ្យនៅ​​ជាមួយក្តី ក៏ត្រូវតែ​សុំខមាទោស​នឹងលោក ហើយ​តាមនៅ​ជាមួយ ដរាបដល់​អស់ជីវិត។] ក៏គួរ​តែ​សេពគប់ រាប់រក ចូលទៅអង្គុយជិត។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺ​ភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទីស្រឡាញ់ និងជាទីគាប់ចិត្ត ១ គួរគោរព ១ គួរសរសើរ ១ ឧស្សាហ៍​ប្រៀនប្រដៅ ១ អត់ធន់​ចំពោះពាក្យ ១ ជាអ្នកនិយាយ​ពាក្យជ្រៅ [បាន​ដល់ពាក្យអាថ៌កំបាំង គឺពាក្យដែលជាប់ទាក់ទង ដល់ឈានវិបស្សនាមគ្គផលនិព្វាន។] ១ មិន​ដឹកនាំ ក្នុងហេតុ​ដែលមិនគួរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាមិត្ត​​ប្រកប​​ដោយធម៌ ៧ ប្រការ​​នេះឯង បុគ្គលអ្នក​ស្វែងមិត្ត បើទុក​ជាលោក​​បណ្តេញ បំបរបង់​ចេញ ក៏គួរ​តែ​​សេព​គប់ រាប់រក ចូលទៅ​អង្គុយជិត។

ភិក្ខុជាអ្នក (ធ្វើខ្លួន) ឲ្យជាទី​ស្រឡាញ់ផង គួរគោរពផង គួរសរសើរ​ផង ឧស្សាហ៍​​ប្រៀនប្រដៅផង អត់ធន់​ចំពោះពាក្យផង ជាអ្នក​និយាយ​​ពាក្យ​ជ្រៅ​ផង ទាំងមិន​​ដឹកនាំ ក្នុងហេតុ​ដែលមិនគួរផង ហេតុទាំងនេះ មានក្នុង​​បុគ្គល​ណា ក្នុងលោកនេះ បុគ្គលជាអ្នក​ប្រាថ្នានូវ​ប្រយោជន៍ អ្នក​ធ្វើនូវ​​សេចក្តី​អនុគ្រោះ មានសភាព​ដូច្នោះនោះ ឈ្មោះថា​ជាមិត្ត បុគ្គល​អ្នក​មាន​សេចក្តី​ត្រូវការ​​ដោយមិត្ត ទោះបីជា​លោកធ្វើ​ឲ្យវិនាស ក៏គួរតែតាម​សេពគប់។

បឋមបដិសម្ភិទាសូត្រ ទី៧

[៣៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៧ ប្រការ មិនយូរ​ប៉ុន្មាន នឹង​ធ្វើ​ឲ្យ​ជាក់​ច្បាស់ សម្រេច​នូវបដិសម្ភិទា ៤ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួន​ឯងមិនខាន។ ប្រកប​​ដោយធម៌ ៧ ប្រការ តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ដឹងច្បាស់​តាមពិតថា នេះជា​សេចក្តីច្រអូស​ចិត្តរបស់អញ ១ ឬចិត្តខាង​ក្នុងរួញរា ក៏ដឹងច្បាស់​តាមពិតថា ចិត្តខាងក្នុង​របស់អញ​រួញរា ១ ឬចិត្តខាង​ក្រៅ​រាយមាយ ក៏ដឹង​ច្បាស់តាម​ពិតថា ចិត្តខាងក្រៅ​របស់អញ​រាយមាយ ១ ភិក្ខុនោះ​ដឹងនូវ​វេទនាទាំង​ឡាយ ដែលកើតឡើង ដឹងនូវវេទនា​ទាំងឡាយ​ប្រាកដឡើង ដឹងនូវវេទនា​ទាំងឡាយ ដែល​ដល់នូវ​សេចក្តី​វិនាស ១ ដឹងនូវសញ្ញា​ទាំងឡាយ ដែលកើតឡើង ដឹង​នូវ​​សញ្ញា​ទាំងឡាយ ដែលប្រាកដ​ឡើង ដឹងនូវ​សញ្ញា​ទាំងឡាយ ដែលដល់​នូវសេចក្តីវិនាស ១ ដឹង​នូវ​វិតក្កៈ​ទាំងឡាយ ដែលកើត​ឡើង ដឹងនូវវិតក្កៈ​ទាំងឡាយ ដែលប្រាកដ​ឡើង ដឹង​នូវ​​វិតក្កៈ​ទាំងឡាយ ដែលដល់​នូវសេចក្តី​វិនាស ១ ហេតុក្នុង​ធម៌ជា​ទីសប្បាយ ឬ​មិន​ជា​ទី​សប្បាយ​ ថោកទាប ឬខ្ពង់ខ្ពស់ជា​ចំណែកខ្មៅ ឬស ក៏ភិក្ខុនោះ បានកំណត់​ទុកល្អ ធ្វើទុកក្នុង​ចិត្តល្អ ចងចាំល្អ ដឹងច្បាស់​ល្អហើយ ដោយប្រាជ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៧ ប្រការនេះឯង មិនយូរ​ប៉ុន្មាន នឹងធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​​នូវ​បដិសម្ភិទា ៤ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួន​ឯងមិនខាន។

ទុតិយបដិសម្ភិទាសូត្រ ទី៨

[៣៦] ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រកបដោយធម៌ ៧ ប្រការ ទើប​ធ្វើឲ្យ​ជាក់​ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ សារីបុត្ត​ដឹង​ច្បាស់​តាម​ពិត​ថា នេះជាសេចក្តី​ច្រអូសចិត្ត​របស់អញ ១ ឬចិត្តខាងក្នុងរួញរា ក៏ដឹងច្បាស់​តាមពិតថា ចិត្តខាងក្នុង​​របស់​អញរួញរា ១ ឬ​ចិត្តខាង​ក្រៅ​រាយមាយ ក៏ដឹងច្បាស់​​តាមពិតថា ចិត្ត​ខាង​ក្រៅ​របស់​អញ​រាយមាយ ១ ព្រះសារីបុត្ត​​ដឹងនូវ​វេទនា​ទាំងឡាយ ដែលកើត​​ឡើង ដឹង​នូវវេទនា ដែល​ប្រាកដ​​ឡើង ដឹងនូវវេទនា ដែលដល់​​នូវសេចក្តី​វិនាស ដឹងនូវ​សញ្ញា​​ទាំង​ឡាយ ដែលកើត​ឡើង ដឹងនូវ​សញ្ញា ដែលប្រាកដ​ឡើង ដឹងនូវសញ្ញា ដែលដល់​នូវ​សេចក្តី​វិនាស ១ ដឹង​នូវវិតក្កៈទាំងឡាយ ដែលកើតឡើង ដឹងនូវវិតក្កៈ ដែល​ប្រាកដ​ឡើង ដឹង​នូវវិតក្កៈ ដែលដល់នូវ​សេចក្តីវិនាស ១ ហេតុក្នុង​ធម៌ជាទី​សប្បាយ ឬ​មិនជា​ទី​សប្បាយ ថោក​ទាប ឬខ្ពង់ខ្ពស់ ជាចំណែក​ខ្មៅ ឬស ក៏សារីបុត្ត​បានកំណត់​ទុកល្អ ធ្វើទុក​ក្នុងចិត្ត​ល្អ ចង​ចាំល្អ ដឹងច្បាស់​ល្អ​ហើយ ដោយប្រាជ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ សារីបុត្ត ប្រកប​ដោយ​ធម៌ ៧ ប្រការនេះឯង ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវបដិសម្ភិទា ៤ ដោយប្រាជ្ញាដ៏ ឧត្តម​ដោយ​ខ្លួនឯង។

បឋមវសសូត្រ ទី៩

[៣៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ រមែង​ញុំាង​ចិត្ត​ឲ្យលុះ​ក្នុង​អំណាច (របស់ខ្លួន) បាន មិនមែនភិក្ខុ​លុះអំណាច​ចិត្តទេ។ ប្រកបដោយធម៌ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាសវៃ ក្នុងសមាធិ ១ ឈ្លាសវៃ​ក្នុង​​វិធីចូល​សមាធិ ១ ឈ្លាសវៃ ក្នុងវិធីដំកល់​ទុកសមាធិ ១ ឈ្លាស​វៃ ក្នុងវិធី​ចេញចាក​សមាធិ ១ ឈ្លាសវៃ​ក្នុងវិធី​ចែក​រលែក​នូវសមាធិ ១ ឈ្លាសវៃ​ក្នុង​ទី​គោចរ នៃ​សមាធិ [ភិក្ខុណា ចៀសវាងធម៌មិនជាទីសប្បាយ សេពគប់ធម៌ជាទី​សប្បាយ​ក្តី ស្គាល់ថា សមាធិនេះ មាននិមិត្តជា​អារម្មណ៍ នេះមានលក្ខណៈ​ជាអារម្មណ៍ក្តី ឈ្មោះ​ថា​អ្នកឈ្លាសវៃ ក្នុងទីគោចរ​នៃសមាធិ។ អដ្ឋកថា នៃឆក្កនិបាត។] ១ ឈ្លាសវៃ​ក្នុង​វិធី​នាំ​មក​នូវ​សមាធិ [ភិក្ខុដែលអាចប្រមូល​សមាធិ ដែលកើតអំពីឈាន មានបឋមជ្ឈានជាដើម ដើម្បីនឹង​ចូលកាន់​សមាបត្តិ​ជាន់ខ្ពស់ៗ ហៅថា អ្នកឈ្លាសវៃ ក្នុងការនាំសមាធិ ព្រោះ​លោកចេញ​អំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន។បេ។ ចេញអំពី​តតិយជ្ឈាន ចូលកាន់​ចតុត្ថជ្ឈាន។ អដ្ឋកថានៃឆក្កនិបាត។] ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ ប្រការ​នេះឯង រមែងញុំាង​ចិត្ត​ឲ្យលុះ​ក្នុងអំណាច (របស់ខ្លួន) បាន​ មិនមែន​​ភិក្ខុ​លុះ​អំណាច​​ចិត្តទេ។

ទុតិយវសសូត្រ ទី១០

[៣៨] ម្នាលភិក្ខុ​ទាំងឡាយ សារីបុត្ត​ប្រកបដោយ​​ធម៌ ៧ ប្រការ ទើប​ញុំាង​ចិត្ត​ឲ្យលុះ​​ក្នុង​អំណាច (របស់ខ្លួន) មិនមែន​សារីបុត្ត​​លុះអំណាច​ចិត្តទេ។ ប្រកប​ដោយធម៌ ៧ ប្រការ តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ក្នុងសាសនា​នេះ សារីបុត្ត ជាអ្នកឈ្លាសវៃ ក្នុងសមាធិ ១ ឈ្លាសវៃ​ក្នុង​វិធី​ចូល​សមាធិ ១ ឈ្លាសវៃ​​ក្នុងវិធី​​ដំកល់​ទុក​សមាធិ ១ ឈ្លាសវៃ​ក្នុង​វិធី​ចេញ​​ចាកសមាធិ ១ ឈ្លាសវៃ​​ក្នុងវិធី​ចែក​រលែក​​សមាធិ ១ ឈ្លាសវៃ​ក្នុង​ទីគោចរ នៃ​សមាធិ ១ ឈ្លាសវៃ​​ក្នុងវិធីនាំ​​មកនូវ​​សមាធិ ១។ ម្នាលភិក្ខុ​​ទាំងឡាយ សារីបុត្ត​ប្រកប​​ដោយធម៌ ៧ ប្រការ​នេះឯង ទើបញុំាង​ចិត្ត​ឲ្យលុះទៅ​​ក្នុង​អំណាច (របស់ខ្លួន) មិនមែន​​សារីបុត្ត​លុះ​អំណាច​ចិត្តទេ។

បឋមនិទ្ទសសូត្រ ទី១១

[៣៩] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និង​ចីវរ ក្នុង​បុព្វណ្ហ​សម័យ ហើយចូល​ទៅកាន់​ក្រុង​សាវត្ថី ដើម្បី​បិណ្ឌបាត។ លំដាប់នោះ ព្រះសារីបុត្ត​​ដ៏មានអាយុ មានសេចក្តី​​ត្រិះរិះ​ដូច្នេះ​ថា ដំណើរត្រាច់ទៅ ដើម្បី​បិណ្ឌបាត្រ ក្នុង​ក្រុង​សាវត្ថី ព្រឹកណាស់​​នៅឡើយ បើដូច្នោះ អញគួរ​​ឆៀងចូលទៅ​ឯអារាម​​របស់​បរិញ្វជក ជាអន្យតិរ្ថិយសិន។ ទើបព្រះសារីបុត្ត​​ដ៏មានអាយុ ចូលទៅ​​ឯអារាម​របស់​ពួក​បរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅ​​ដល់ហើយ ក៏រីករាយ​​ជាមួយនឹង​​ពួកបរិញ្វជក ជា​អន្យតិរិ្ថយ​​ទាំងនោះ លុះបញ្ចប់ពាក្យ​​ដែលគួររីករាយ និងពាក្យ​ដែល​គួររលឹកហើយ ក៏គង់​នៅក្នុង​ទីសមគួរ។ ក៏ក្នុងសម័យ​នោះ​ឯង ពួកបរិញ្វជក ជា​អន្យតិរ្ថិយ​​ទាំងនោះ អង្គុយ​ប្រជុំគ្នា ហើយបាន​ផ្តើម​សួរពាក្យ​ជា​ចន្លោះនេះ​​ថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គលណា​មួយ ប្រព្រឹត្តព្រហ្ម​ចរិយធម៌ បរិសុទ្ធ​​ពេញលេញ អស់ ១២ ឆ្នាំ តើគួរនឹងហៅ​​បុគ្គលនោះ ថាជាភិក្ខុ​​មិន​មាន​អាយុ ១០ ឆ្នាំ បានឬទេ។ លំដាប់នោះ ព្រះសារីបុត្ត​ដ៏មាន​អាយុ មិនបាន​​ត្រេកអរ មិនបាន​ហាមឃាត់ នូវភាសិត​​របស់ពួក​​បរិញ្វជក ជាអន្យតិរិ្ថយ​ទាំង​នោះ​ឡើយ លុះមិនត្រេកអរ មិនហាម​ឃាត់ហើយ ក្រោកចាកអាសនៈ ដើរចេញ​ទៅ ដោយ​មាន​បំណង​ថា អញគង់​​នឹងយល់​​នូវសេចក្តី នៃភាសិត​នុ៎ះ ក្នុង​សំណាក់​​ព្រះដ៏មាន​ព្រះភាគ។ ទើបព្រះសារីបុត្ត​​ដ៏មានអាយុ ត្រាច់ទៅដើម្បី​បិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី លុះត្រឡប់​មក​អំពីបិណ្ឌបាត្រ ក្នុងកាលជា​ខាង​ក្រោយភត្ត​វិញ ក៏ចូល​ទៅគាល់​​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅ​​ដល់ហើយ ក៏ថ្វាយបង្គំ​​ព្រះដ៏មានព្រះភាគ រួចគង់​នៅ​ក្នុងទី​សមគួរ។ លុះ​ព្រះសារីបុត្ត​​ដ៏មានអាយុ គង់នៅក្នុង​​ទីសមគួរហើយ ក៏បាន​ក្រាបបង្គំ​​ទូល​នូវ​ដំណើរ​នោះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ​​ថា បពិត្រ​ព្រះអង្គ​​ដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ​ស្លៀកស្បង់ ប្រដាប់​បាត្រ និង​ចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូល​ទៅកាន់​​ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត្រ បពិត្រព្រះអង្គ​​ដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ដំណើរ​ត្រាច់ទៅ ដើម្បីបិណ្ឌបាត្រ ក្នុងក្រុងសាវត្ថី ព្រឹកណាស់​នៅឡើយ បើដូច្នោះ អញ​គួរ​ឆៀងចូល​​ទៅ​ឯអារាម​​របស់​បរិញ្វជក ជាអន្យតិរ្ថិយ​សិន បពិត្រ​​ព្រះអង្គ​ដ៏ចំរើន លំដាប់​នោះ ខ្ញុំព្រះអង្គ ក៏បានចូល​ទៅ​ឯអារាម​​របស់ពួក​​បរិញ្វជក ជាអន្យតិរិ្ថយ លុះចូល​​ទៅដល់​ហើយ ក៏រីករាយ​​ជាមួយ​នឹង​ពួក​បរិញ្វជក ជាអន្យតិរិ្ថយ​​ទាំងនោះ លុះបញ្ចប់​ពាក្យ ដែលគួរ​​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏អង្គុយក្នុង​ទីសមគួរ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សម័យនោះឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយ​​ទាំងនោះ អង្គុយ​ប្រជុំគ្នា បាន​ផ្តើម​ពាក្យ ជាចន្លោះ​​នេះ​ថា ម្នាលអាវុសោ​​ទាំងឡាយ បុគ្គល​ណា​មួយ ប្រព្រឹត្ត​ព្រហ្មចរិយធម៌ បរិសុទ្ធ​​ពេញលេញ អស់ ១២ ឆ្នាំ តើគួរនឹងហៅ​បុគ្គលនោះ ថាជា​ភិក្ខុ​​មិនមាន​អាយុ ១០ ឆ្នាំ បានឬទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេលានោះ ខ្ញុំព្រះអង្គ មិនបាន​តេ្រកអរ មិនបាន​ហាមឃាត់ នូវភាសិត​​របស់​ពួក​បរិញ្វជក ជាអន្យតិរ្ថិយ​​ទាំងនោះ​ឡើយ លុះមិនបាន​តេ្រកអរ មិនបាន​​ហាមឃាត់ហើយ ក៏ក្រោក​​ចាកអាសនៈ ដើរចេញទៅ ដោយ​មាន​បំណង​ថា អញនឹងយល់ នូវសេចក្តី​​នៃភាសិត​នុ៎ះ ក្នុងសំណាក់​​ព្រះដ៏មាន​ព្រះភាគ។ បពិត្រព្រះអង្គ​​ដ៏ចំរើន ចុះក្នុង​ធម្មវិន័យ​នេះ បុគ្គល​អាច​នឹង​ប្តេជ្ញា (ខ្លួន) ថាជា​ភិក្ខុ​​មិន​មាន​អាយុ ១០ ឆ្នាំ ដោយគ្រាន់​តែ​រាប់ឆ្នាំ​ប៉ុណ្ណោះ បានដែរឬ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​តបថា ម្នាលសារីបុត្ត ក្នុងធម្មវិន័យ​នេះ បុគ្គលមិនអាច​​នឹងប្តេជ្ញា (ខ្លួន) ថាជាភិក្ខុ​មិនមាន​អាយុ ១០ ឆ្នាំ ដោយ​គ្រាន់តែ​រាប់​ឆ្នាំប៉ុណ្ណោះ​​បានឡើយ។ ម្នាលសារីបុត្ត និទ្ទសវត្ថុ ៧ ប្រការនេះឯង តថាគត​បានធ្វើ​ឲ្យ​ជាក់ច្បាស់ ដោយ​ប្រាជ្ញា​​ដ៏ឧត្តម ដោយ​ខ្លួនឯង ហើយ​ប្រកាស​ទុក។ និទ្ទសវត្ថុ ៧ ប្រការ តើដូចម្តេច​ខ្លះ។ ម្នាលសារីបុត្ត ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មាន​​សេចក្តីពេញ​​ចិត្តខ្លាំង ក្នុងការ​សមាទាន​​នូវសិក្ខា តទៅកាល​ខាងមុខ ក៏នៅ​តែ​មិន​លះបង់ នូវសេចក្តី​​ពេញ​ចិត្ត ក្នុងការ​សមាទាន​​នូវសិក្ខា ១ ជាអ្នក​មាន​​សេចក្តី​ពេញចិត្ត​ខ្លាំង ក្នុងការ​ពិចារណា​​នូវធម៌ តទៅកាល​ខាងមុខ ក៏នៅតែ​​មិនលះបង់ នូវ​សេចក្តី​ពេញ​ចិត្ត ក្នុង​ការ​ពិចារណា​​នូវធម៌ ១ ជាអ្នក​មាន​​សេចក្តី​ពេញ​ចិត្ត​ខ្លាំង ក្នុងការ​​កំចាត់បង់​នូវឥច្ឆា គឺតណ្ហា តទៅកាល​ខាងមុខ ក៏នៅតែ​មិន​លះបង់​​នូវ​សេចក្តី​​ពេញចិត្ត ក្នុង​ការកំចាត់​​បង់​នូវ​ឥច្ឆា ១ ជាអ្នក​មាន​សេចក្តី​ពេញ​​ចិត្តខ្លាំង ក្នុងការ​ពួន​សម្ងំ តទៅ​កាល​ខាង​មុខ ក៏នៅតែ​មិន​លះបង់ នូវ​សេចក្តី​​ពេញចិត្ត ក្នុង​ការ​ពួន​សម្ងំ ១ ជាអ្នក​មាន​​សេចក្តី​ពេញចិត្ត​ខ្លាំង ក្នុង​ការប្រាព្ធ​ព្យាយាម តទៅកាល​ខាង​មុខ ក៏នៅតែ​មិនលះបង់ នូវ​សេចក្តី​ពេញ​ចិត្ត ក្នុង​ការ​ប្រារព្ធព្យាយាម ១ ជាអ្នក​មាន​សេចក្តី​ពេញ​ចិត្ត​ខ្លាំង ក្នុងការ​តាំង​ស្មារតី និង​ភាព​ជាអ្នក​មាន​ប្រាជ្ញា​ចាស់ក្លា តទៅ​កាល​ខាង​មុខ ក៏នៅ​តែ​មិនលះបង់​នូវ​សេចក្តី​ពេញចិត្ត ក្នុង​ការ​តាំង​ស្មារតី និង​ភាព​ជា​អ្នក​មាន​ប្រាជ្ញា​ចាស់​ក្លា ១ ជាអ្នក​មាន​សេចក្តី​ពេញ​ចិត្ត​ខ្លាំង ក្នុងការ​ចាក់ធ្លុះ​ដោយ​ទិដ្ឋិ គឺ​ឃើញ​ច្បាស់​នូវមគ្គ​ តទៅ​កាលខាង​មុខ ក៏នៅ​តែ​មិន​លះបង់ នូវ​សេចក្តី​ពេញ​ចិត្ត​ ក្នុងការចាក់​ធ្លុះដោយ​ទិដ្ឋិ ១។ ម្នាល​សារីបុត្ត និទ្ទសវត្ថុ ៧ ប្រការ​នេះឯង ដែល​តថាគត​ធ្វើឲ្យជាក់​ច្បាស់ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួន​ឯង ហើយប្រកាសទុក។ ម្នាលសារីបុត្ត ភិក្ខុ​ប្រកប​ដោយ​និទ្ទសវត្ថុ ៧ ប្រការនេះ បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌​ដ៏បរិសុទ្ធ ពេញលេញ អស់ ១២ ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជាប្រព្រឹត្តព្រហ្មចរិយធម៌​ដ៏បរិសុទ្ធ ពេញ​លេញ អស់ ២៤ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដ៏បរិសុទ្ធ ពេញលេញ អស់ ៣៦ឆ្នាំ ក៏គួរហៅថា ភិក្ខុមិនមានអាយុ ១០ ឆ្នាំបាន បើទុកជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដ៏បរិសុទ្ធ ពេញលេញ អស់ ៤៨ឆ្នាំ ក៏គួរហៅថា ភិក្ខុ​មិន​មាន​អាយុ ១០ ឆ្នាំបាន។

ទុតិយនិទ្ទសសូត្រ ទី១២

[៤០] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងឃោសិតារាម ជិត​ក្រុង​កោសម្ពី។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់​ក្រុងកោសម្ពី ដើម្បី​បិណ្ឌបាត្រ។ លំដាប់​នោះ ព្រះអានន្ទ​ដ៏​មានអាយុ មានសេចក្តី​ត្រិះរិះថា ដំណើរត្រាច់​ទៅ ដើម្បីបិណ្ឌបាត្រ ក្នុង​ក្រុង​កោសម្ពី ព្រឹក​ណាស់​នៅឡើយ បើដូច្នោះ អញ​គួរឆៀង​ចូល​ទៅ​ឯអារាម​របស់​ពួក​បរិញ្វជក ជា​អន្យតិរិ្ថយ​សិន។ ទើប​ព្រះអានន្ទ​ដ៏មាន​អាយុ ចូលទៅ​ឯអារាម​របស់ពួក​បរិញ្វជក ជាអន្យតិរិ្ថយ លុះចូលទៅដល់​ហើយ ក៏រីករាយ​ជាមួយ​នឹងពួកបរិញ្វជក ជា​អន្យតិរ្ថិយ​ទាំងនោះ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏គង់​ក្នុង​ទី​សមគួរ។ ក៏​ក្នុង​សម័យនោះ​ឯង ពួកបរិញ្វជក ជាអន្យតិរ្ថិយ​ទាំងនោះ អង្គុយ​ប្រជុំគ្នា ហើយ​បាន​ផ្តើមសួរ​ពាក្យ​ជាចន្លោះ​នេះ​ថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​ណា​មួយ ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ដ៏បរិសុទ្ធ ពេញលេញ​អស់ ១២ ឆ្នាំ តើគួរ​នឹងហៅ (បុគ្គល​នោះ) ថាជា​ភិក្ខុ​មិន​មាន​អាយុ ១០ ឆ្នាំ បានដែរឬ។ លំដាប់នោះ ព្រះអានន្ទ​ដ៏មានអាយុ មិនត្រេកអរ មិន​ហាមឃាត់ នូវភាសិត​របស់​ពួកបរិញ្វជក ជា​អន្យតិរ្ថិយ​ទាំងនោះ​ឡើយ លុះ​មិន​ត្រេកអរ មិនហាម​ឃាត់ហើយ ក្រោក​ចាកអាសនៈ​ដើរ​ចេញ​ទៅ ដោយមាន​បំណង​ថា អញ​គង់នឹង​យល់ នូវ​សេចក្តី​នៃភាសិត​នុ៎ះ ក្នុង​សំណាក់​ព្រះដ៏មាន​ព្រះភាគ។ ទើប​ព្រះ​អានន្ទ​ដ៏មានអាយុ ត្រាច់ទៅ​ដើម្បី​បិណ្ឌបាត ក្នុង​ក្រុង​កោសម្ពី លុះ​ត្រឡប់​មក អំពី​បិណ្ឌបាត ក្នុងកាល​ជាខាង​ក្រោយភត្ត ក៏ចូលទៅ​គាល់​ព្រះដ៏មានព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ រួចគង់​ក្នុងទី​សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មាន​អាយុ គង់​ក្នុង​ទី​សមគួរ​ហើយ ក៏បានក្រាប​បង្គំ​ទូល​នូវ​ដំណើរនោះ ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​ទីឯ​ណោះ ខ្ញុំព្រះអង្គ​ស្លៀកស្បង់ ប្រដាប់​បាត្រ និង​ចីវរ ក្នុងបុព្វណ្ហ​សម័យ ហើយចូល​ទៅកាន់​ក្រុង​កោសម្ពី ដើម្បី​បិណ្ឌបាត បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ដំណើរ​ត្រាច់​ទៅ​ដើម្បី​បិណ្ឌបាត ក្នុង​ក្រុង​កោសម្ពី ព្រឹកណាស់​នៅឡើយ បើដូច្នោះ អញគួរ​ឆៀងចូល​ទៅឯ​អារាម​របស់​ពួក​បរិញ្វជក ជា​អន្យតិរ្ថិយ​សិន បពិត្រ​ព្រះអង្គដ៏​ចំរើន លំដាប់​នោះ ខ្ញុំព្រះអង្គ​ក៏បាន​ចូល​ទៅ​ឯអារាម​របស់បរិញ្វជក ជាអន្យតិរិ្ថយ លុះចូល​ទៅដល់​ហើយ ក៏រីករាយ​ជាមួយ​នឹង​ពួក​បរិញ្វជក ជា​អន្យតិរិ្ថយ​ទាំងនោះ លុះ​បញ្ចប់ពាក្យ​ដែលគួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុង​ទី​សមគួរ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុង​សម័យ​នោះ​ឯង ពួក​បរិញ្វជក ជា​អន្យតិរ្ថិយ​ទាំងនោះ អង្គុយ​ប្រជុំគ្នា ហើយ​បាន​ផ្តើម​នូវ​ពាក្យ​ជា​ចន្លោះ​នេះថា ម្នាល​អាវុសោ​ទាំងឡាយ បុគ្គលណា​មួយ ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​បរិសុទ្ធ ពេញលេញ អស់ ១២​ឆ្នាំ តើគួរ​នឹង​ហៅ​បុគ្គល​នោះ ថាជា​ភិក្ខុមិន​មាន​អាយុ ១០ ឆ្នាំ​បាន​ដែរឬ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លំដាប់នោះ​ ខ្ញុំព្រះអង្គ មិនតេ្រកអរ មិនហាមឃាត់​នូវ​ភាសិត របស់​ពួក​បរិញ្វជក ជា​អន្យតិរ្ថិយ​ទាំងនោះ​ឡើយ លុះមិន​​តេ្រកអរ មិន​ហាមឃាត់​ហើយ ក៏​ក្រោក​ចាក​អាសនៈ ដើរចេញ​ទៅ​ ដោយ​មាន​បំណង​ថា អញ​គង់នឹងយល់​នូវ​សេចក្តី​នៃភាសិត​នុ៎ះ ក្នុងសំណាក់​ព្រះដ៏មានព្រះភាគ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះ​ក្នុង​ធម្មវិន័យ​នេះ បុគ្គល​អាច​ប្តេជ្ញា (ខ្លួន) ថាជា​ភិក្ខុមិនមាន​អាយុ ១០ ឆ្នាំ ដោយ​គ្រាន់តែ​រាប់​ឆ្នាំ​ប៉ុណ្ណោះ​បាន​ដែរឬ។ ព្រះដ៏មាន​ព្រះភាគ​ត្រាស់​តប​ថា ម្នាល​អានន្ទ ក្នុង​ធម្មវិន័យ​នេះ បុគ្គល​មិន​អាច​នឹង​ប្តេជ្ញា​ខ្លួនថា​ ជាភិក្ខុ​មិនមាន​អាយុ ១០ ឆ្នាំ ដោយ​គ្រាន់​តែរាប់​ឆ្នាំ ប៉ុណ្ណោះ​បាន​ឡើយ។ ម្នាល​អានន្ទ និទ្ទសវត្ថុ ៧ ប្រការនេះ​ឯង តថាគត បាន​ធ្វើឲ្យ​ជាក់​ច្បាស់ ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួន​ឯង​ ហើយប្រកាសទុក។ និទ្ទសវត្ថុ ៧ ប្រការ តើ​ដូច​ម្តេច​ខ្លះ។ ម្នាលអានន្ទ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មាន​សេចក្តី​ជឿ ១ មាន​សេចក្តី​ខ្មាសបាប ១ មាន​សេចក្តី​ខ្លាចបាប ១ មាន​ការចេះ​ដឹងច្រើន ១ ជាអ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម ១ មានស្មារតី ១ មាន​ប្រាជ្ញា ១។ ម្នាល​អានន្ទ និទ្ទសវត្ថុ ៧ ប្រការ​នេះឯង ដែល​តថាគត​បានធ្វើ​ឲ្យជាក់​ច្បាស់ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយ​ខ្លួនឯង ហើយ​ប្រកាស​ទុក។ ម្នាល​អានន្ទ ភិក្ខុ​ប្រកប​ដោយ​និទ្ទសវត្ថុ ៧ ប្រការ​នេះឯង បើទុក​ជាប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញ​អស់ ១២ ឆ្នាំ ក៏គួរ​ហៅថា ភិក្ខុ​មិនមាន​អាយុ ១០ ឆ្នាំ​បាន បើ​ទុក​ជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ ពេញលេញ អស់ ២៤​ឆ្នាំ ក៏គួរហៅ​ថា​ភិក្ខុមិន​មាន​អាយុ ១០ ឆ្នាំ​បាន បើ​ទុកជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ដ៏​បរិសុទ្ធ ពេញលេញ​អស់ ៣៦ ឆ្នាំ ក៏គួរ​ហៅថា​ភិក្ខុ​មិន​មាន​អាយុ ១០ ឆ្នាំ​បាន បើទុក​ជា​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដ៏​បរិសុទ្ធ ពេញ​លេញ អស់ ៤៨ ឆ្នាំ ក៏គួរ​ហៅថា ភិក្ខុ​មិនមាន​អាយុ ១០ ឆ្នាំ​បាន។

ចប់ ទេវតាវគ្គ ទី៤។

ឧទ្ទាននៃទេវតាវគ្គនោះគឺ

និយាយពីភិក្ខុមិនមានសេចក្តីប្រមាទ ១ ភិក្ខុ​មាន​សេចក្តី​ខ្មាសបាប ១ ភិក្ខុ​អ្នក​ប្រដៅ​ងាយ ២​លើក សំឡាញ់ ២លើក បដិសម្ភិទា ២លើក ភិក្ខុ​លុះ​អំណាច​ចិត្ត ២លើក និទ្ទសវត្ថុ ២លើក។

មហាយញ្ញវគ្គ

សត្តវិញ្ញាណដ្ឋិតិសូត្រ ទី១

[៤១] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណដ្ឋិតិ (ទីតាំងនៃវិញ្ញាណ) នេះ មាន ៧ ប្រការ។ វិញ្ញាណដ្ឋិតិ ៧ ប្រការ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​មាន​កាយ​ផ្សេងគ្នា មាន​សញ្ញា​ផ្សេងគ្នា ដូចពួក​មនុស្សខ្លះ ទេវតា​ពួកខ្លះ និង​វិនិបាត​ពួកខ្លះ នេះ​ជា​វិញ្ញាណដ្ឋិតិ ទី១។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ​មានកាយ​ផ្សេងគ្នា មានសញ្ញា​ដូចគ្នា ដូច​ទេវតា​ក្នុង​ពួកព្រហ្ម ដែលកើត​ក្នុងជាន់​បឋមជ្ឈានភូមិ នេះជា​វិញ្ញាណដ្ឋិតិ ទី២។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកសត្វ​មានកាយ​ដូចគ្នា មានសញ្ញា​ផ្សេងគ្នា ដូចពួក​ទេវតា ក្នុង​ជាន់​អាភស្សរៈ នេះជា​វិញ្ញាណដ្ឋិតិ ទី៣។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​មាន​កាយដូច​គ្នា មាន​សញ្ញា​ដូចគ្នា ដូចពួក​ទេវតា​ក្នុងជាន់​សុភកិណ្ហៈ នេះជា​វិញ្ញាណដ្ឋិតិ ទី៤។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកសត្វ​ចូល​កាន់​អាកាសានញ្ចាយតនជ្ឈាន ដោយគិតថា អាកាស​មិនមាន​ទី​បំផុត ព្រោះ​កន្លង​បង់ នូវរូបសញ្ញា ព្រោះវិនាស​ទៅ​នៃ​បដិឃសញ្ញា ព្រោះមិន​ធ្វើទុក​ក្នុង​ចិត្ត​នូវ​នានត្តសញ្ញា ដោយ​ប្រការ​ទាំងពួង នេះជា​វិញ្ញាណដ្ឋិតិ ទី៥។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​សត្វ​កន្លង​បង់​នូវ​អាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំង​ពួង ហើយ​ចូល​កាន់​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​គិត​ថា វិញ្ញាណ​មិនមាន​ទីបំផុត នេះជា​វិញ្ញាណដ្ឋិតិ ទី៦។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកសត្វ​កន្លងបង់​នូវ​វិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ប្រការ​ទាំង​ពួង ហើយ​ចូល​កាន់​អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​គិតថា វត្ថុ​តិចតួច​មិនមាន នេះជា​វិញ្ញាណដ្ឋិតិ ទី៧។ ម្នាលភិក្ខុ​ទាំងឡាយ វិញ្ញាណដ្ឋិតិ មាន ៧ យ៉ាងនេះឯង។

សមាធិបរិក្ខារសូត្រ ទី២

[៤២] ម្នាលភិក្ខុទាំងឡាយ សមាធិបរិក្ខារ (អង្គរបស់សមាធិ) នេះ មាន ៧ប្រការ។ សមាធិបរិក្ខារ ៧ ប្រការ តើដូចម្តេចខ្លះ។ គឺ សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភាព​នៃចិត្ត​ដែល​មាន​អារម្មណ៍​មូល​តែ​មួយ​ឯណា ដែលអង្គ​ទាំង ៧ ប្រការនេះ​ចោម​រោម​ហើយ ម្នាល​ភិក្ខុ​ទាំងឡាយ ភាព​នៃចិត្ត​ដែល​មាន​អារម្មណ៍​មូល​តែ​មួយ​នេះ ហៅថា អរិយសមាធិ មានឧបនិស្ស័យ​ដូច្នេះខ្លះ មានបរិក្ខារ​ដូច្នេះ​ខ្លះ។

បឋមអគ្គិសូត្រ ទី៣

[៤៣] ម្នាលភិក្ខុទាំងឡាយ ភ្លើង​នេះ មាន ៧ ប្រការ។ ភ្លើង ៧ ប្រការ តើ​ដូច​ម្តេច​ខ្លះ។ ភ្លើង​គឺរាគៈ ១ ភ្លើង​គឺទោសៈ ១ ភ្លើង​គឺមោហៈ ១ ភ្លើងគឺ​អាហុណេយ្យបុគ្គល [បុគ្គល​អ្នកគួរទទួល​នូវគ្រឿង​សក្ការបូជា ហៅថា អាហុណេយ្យបុគ្គល ក្នុងទីនេះ សំដៅ​យក​មាតាបិតា ព្រោះ​លោកមានឧបការៈ​ច្រើន ដល់បុត្តធីតា សមគួរ​ជាអ្នកទទួលនូវ​គ្រឿង​គំនាប់គាប់គួរ របស់បុត្តធីតាបាន ត្រង់ដែល​ទុកលោកថាដូចភ្លើង ព្រោះថា បើបុត្ត​ធីតា ប្រតិបត្តិឆ្គាំឆ្គង​នឹងមាតាបិតា រមែង​ទៅកើតក្នុងអបាយ មាននរកជាដើម។] ១ ភ្លើង​គឺបុគ្គល​ជា​ម្ចាស់ផ្ទះ [បុគ្គលជាម្ចាស់ផ្ទះ ក្នុងទីនេះ បានដល់ស្វាមី ព្រោះជា​មនុស្ស​មាន​ឧបការៈច្រើន ដល់មាតុគ្រាម ដោយការប្រគល់​ឲ្យនូវ​វត្ថុផ្សេងៗ មានសំពត់ និងគ្រឿង​អលង្ការ​ជាដើម ត្រង់ដែលទុកស្វាមី ថាដូចជាភ្លើង ព្រោះថា បើមាតុគ្រាមប្រព្រឹត្ត​កន្លង​ចិត្តប្តី តែងទៅកើតក្នុងអបាយ មាននរកជាដើម។ តែន័យខ្លះថា ពួក​អន្តោជន មានកូន និងប្រពន្ធជាដើម ក៏ហៅថាភ្លើង គឺបុគ្គលជាម្ចាស់ផ្ទះដែរ។] ១ ភ្លើង​គឺ​ទក្ខិណេយ្យបុគ្គល [បុគ្គលគួរ​ទទួល​ទក្ខិណាទាន ហៅថា ទក្ខិណេយ្យបុគ្គល បានដល់​ភិក្ខុសង្ឃ។ អដ្ឋកថា។] ១ ភ្លើងឧស ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភ្លើង​មាន ៧ ប្រការ​នេះឯង។

ទុតិយអគ្គិសូត្រ ទី៤

[៤៤] សម័យមួយ ព្រះដ៏មាន​ព្រះភាគ កាលគង់នៅ​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថី។ សម័យ​នោះ​ឯង ឧគ្គតសរីរញ្រហ្មណ៍ ប្រុង​ទុក​មហាយញ្ញ គឺចងក្រៀកគោបា ៥០០ នឹងឈើសន្លុង ដើម្បីសម្លាប់បូជា ចង​ក្រៀក​កូន​គោ​ឈ្មោល ៥០០ នឹងឈើសន្លុង ដើម្បី​សម្លាប់​បូជា ចងក្រៀកកូនគោញី ៥០០ នឹង​ឈើសន្លុង ដើម្បី​សម្លាប់​បូជា ចង​ក្រៀក​ពពែ ៥០០ នឹងឈើសន្លុង ដើម្បី​សម្លាប់​បូជា ចង​ក្រៀក​កែះ ៥០០ នឹងឈើ​សន្លុង ដើម្បី​សម្លាប់​បូជា។ វេលានោះ ឧគ្គតសរីរញ្រហ្មណ៍ ចូល​ទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏រីករាយ​ជាមួយ​នឹង​ព្រះដ៏​មានព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីករាយ និង​ពាក្យ​ដែល​គួរ​រលឹកហើយ ក៏អង្គុយ​ក្នុង​ទី​សម​គួរ។ លុះ​ឧគ្គតសរីរ​ញ្រហ្មណ៍ អង្គុយ​ក្នុង​ទី​សម​គួរហើយ ក៏ក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​ឮថា ការតាំង​ទុក​នូវ​ភ្លើង លើក​ឡើង​នូវ​ឈើសន្លុង (ដើម្បី​បូជា​យញ្ញ) ជាកិច្ច​មាន​ផលច្រើន មាន​អានិសង្ស​ច្រើន។ ព្រះ​ដ៏មាន​ព្រះភាគ​ ទ្រង់ត្រាស់តបថា ម្នាលញ្រហ្មណ៍ ដំណើរ​នោះ តថាគត ក៏បាន​ឮថា ការ​តាំងទុក​នូវភ្លើង លើកឡើង​នូវ​ឈើសន្លុង ជាកិច្ច​មានផល​ច្រើន មានអានិសង្ស​ច្រើន​ដែរ។ ជា​គំរប់ពីរដង។បេ។ ឧគ្គតសរីរ​ញ្រហ្មណ៍ ក៏បានក្រាប​បង្គំទូល​ព្រះដ៏មាន​ព្រះភាគ ជា​គំរប់បីដង​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​ឮថា ការតាំង​ទុក​នូវភ្លើង លើក​ឡើង​នូវ​ឈើសន្លុង ជាកិច្ច​មាន​ផលច្រើន មាន​អានិសង្ស​ច្រើន។ ម្នាល​ញ្រហ្មណ៍ ដំណើរ​នុ៎ះ តថាគត​ក៏បាន​ឮថា ការតាំង​ទុកនូវ​ភ្លើង លើកឡើង​នូវ​ឈើសន្លុង ជាកិច្ច​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើនដែរ។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ដំណឹង​ទាំង​អស់​ណា ដែល​ព្រះគោតម​ដ៏ចំរើនឮ​ហើយ​ក្តី ដែលខ្ញុំ​ព្រះអង្គ​ឮហើយ​ក្តី ដំណឹងនោះ​ត្រូវគ្នា (តែ​បែបមួយ) កាល​បើ​ឧគ្គតសរីរ​ញ្រហ្មណ៍ និយាយ​យ៉ាងនេះ​ហើយ ទើប​ព្រះអានន្ទ​ដ៏មាន​អាយុ រំលឹក​ឧគ្គតសរីរ​ញ្រហ្មណ៍​ដូច្នេះថា ម្នាល​ញ្រហ្មណ៍ ព្រះតថាគត​ទាំង​ឡាយ បុគ្គល​មិន​គប្បី​សួរ​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​បានឮ​មកថា ការតាំង​ទុកនូវ​ភ្លើង លើក​ឡើង​នូវ​ឈើសន្លុង ជាកិច្ច​មាន​ផលច្រើន មាន​អានិសង្ស​ច្រើន យ៉ាងនេះ​ឡើយ ម្នាល​ញ្រហ្មណ៍ ព្រះតថាគត​ទាំង​ឡាយ បុគ្គល​គប្បីសួរ​យ៉ាងនេះ​វិញ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មានប្រាថ្នា​នឹងតាំង​ទុក​នូវភ្លើង មាន​ប្រាថ្នា​លើកឡើង​នូវឈើ​សន្លុង បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ​ ទូន្មាន​ខ្ញុំព្រះអង្គ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ ប្រៀន​ប្រដៅ​ខ្ញុំ​ព្រះអង្គ ដោយ​ពាក្យ​ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តី​សុខ​ដល់​ខ្ញុំព្រះអង្គ អស់​កាល​យូរ​អង្វែង។ លំដាប់​នោះ ឧគ្គតសរីរ​ញ្រហ្មណ៍ ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ មានប្រាថ្នា​នឹងតាំង​ទុក​នូវភ្លើង មាន​ប្រាថ្នា​នឹងលើក​ឡើងនូវ​ឈើសន្លុង សូម​ព្រះគោតម​ដ៏ចំរើន ទូន្មាន​ខ្ញុំព្រះអង្គ សូម​ព្រះគោតម​ដ៏ចំរើន​ ប្រៀនប្រដៅ​ខ្ញុំព្រះអង្គ ដោយ​ពាក្យ​ដែល​ប្រព្រឹត្ត​ទៅ​​ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់ខ្ញុំ​ព្រះអង្គ អស់​កាល​យូរ​អង្វែង។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​ញ្រហ្មណ៍ បុគ្គល​កាល​តាំងទុក​នូវ​ភ្លើង លើកឡើង​នូវ​ឈើសន្លុង ក្នុងវិធី​បូជា​ជាដម្បូង​នុ៎ះឯង រមែង​លើកឡើង​នូវ​គ្រឿង​សស្រ្តា ៣យ៉ាង ដែល​ជា​អកុសល មានតែ​ចំរើន​សេចក្តី​ទុក្ខ មាន​ទុក្ខ​ជាផល។ គ្រឿង​សស្រ្តា ៣ យ៉ាង តើ​ដូចម្តេចខ្លះ។ គ្រឿងសស្រ្តា គឺកាយ ១ គ្រឿង​សស្រ្តា គឺវាចា ១ គ្រឿងសស្ត្រា គឺចិត្ត ១។ ម្នាលញ្រហ្មណ៍ បុគ្គល​កាលតាំង​ទុកនូវ​ភ្លើង លើកឡើង​នូវឈើ​សន្លុង ក្នុង​វិធីបូជា​ជាដម្បូងនុ៎ះ​ឯង រមែងញុំាង​ចិត្ត​ឲ្យកើតឡើង​យ៉ាង​នេះថា ជន​ទាំងឡាយ ចូរសម្លាប់គោបាប៉ុណ្ណោះដើម្បីបូជា ចូរសម្លាប់​កូនគោ​ឈ្មោល​ប៉ុណ្ណោះ ដើម្បី​បូជា ចូរ​សម្លាប់​កូន​គោញី​ប៉ុណ្ណោះ​ដើម្បីបូជា ចូរ​សម្លាប់​ពពែ​ប៉ុណ្ណោះ​ដើម្បី​បូជា ចូរសម្លាប់​សត្វកែះ​ប៉ុណ្ណោះ​ដើម្បីបូជា បុគ្គលនោះ ធ្វើបាប​ដោយសំគាល់ថា អញ​ធ្វើ​បុណ្យ ធ្វើអំពើអកុសល ដោយសំគាល់ថា អញធ្វើអំពើកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសំគាល់ថា អញស្វែងរកផ្លូវសុគតិ ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជាយញ្ញ ជាដម្បូងនុ៎ះឯង រមែងលើកឡើង​នូវ​គ្រឿង​សស្ត្រា គឺចិត្តដែលជាអកុសល មានតែចំរើនសេចក្តីទុក្ខ មានទុក្ខជាផល នេះជា​គ្រឿង​សស្រ្តា ទី១។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើង​នូវ​ឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងពោលនូវវាចាយ៉ាងនេះថា ជនទាំងឡាយ ចូរសម្លាប់គោបាប៉ុណ្ណោះ ដើម្បីបូជា ចូរសម្លាប់កូនគោឈ្មោលប៉ុណ្ណេះ ដើម្បីបូជា ចូរ​សម្លាប់​កូនគោញី​ប៉ុណ្ណោះ​ដើម្បីបូជា ចូរ​សម្លាប់​ពពែប៉ុណ្ណេះ ដើម្បីបូជា ចូរសម្លាប់សត្វកែះប៉ុណ្ណេះ ដើម្បីបូជា បុគ្គលនោះ ធ្វើបាបដោយសំគាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសល ដោយសំគាល់ថា អញ​ធ្វើអំពើជាកុសល ស្វែងរកផ្លូវទុគ្គតិ ដោយសំគាល់ថា អញស្វែងរកផ្លូវសុគតិ ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងលើកឡើងនូវគ្រឿងសស្រ្តា គឺវាចាដែលជាអកុសល មានតែចំរើន​សេចក្តីទុក្ខ មានទុក្ខជាផល នេះជាគ្រឿងសស្រ្តា ទី២។ ម្នាលញ្រហ្មណ៍ មួយទៀត បុគ្គល​កាល​តាំងទុកនូវភ្លើង លើកឡើងនូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងប្រុង​ប្រៀបខ្លួនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់គោបាដើម្បីបូជា ប្រុងប្រៀបខ្លួន​ឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់​កូនគោឈ្មោល ដើម្បីបូជា ប្រុងប្រៀប​ខ្លួនឯង​ជាមុនថា ជនទាំងឡាយ ចូរសម្លាប់កូនគោញី ដើម្បីបូជា ប្រុងប្រៀបខ្លួនឯង​ជាមុនថា ជនទាំងឡាយ ចូរសម្លាប់ពពែ ដើម្បីបូជា ប្រុងប្រៀប​ខ្លូនឯងជាមុនថា ជនទាំងឡាយ ចូរសម្លាប់សត្វកែះ ដើម្បីបូជា បុគ្គលនោះ ធ្វើបាប​ដោយសំគាល់ថា អញធ្វើបុណ្យ ធ្វើអំពើអកុសល ដោយសំគាល់​ថា អញធ្វើអំពើ​កុសល ស្វែងរកផ្លូវទុគ្គតិ ដោយ​សំគាល់​ថា អញស្វែងរក​ផ្លូវសុគតិ ម្នាលញ្រហ្មណ៍ បុគ្គល​កាលតាំងទុកនូវភ្លើង លើកឡើង​នូវឈើសន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងលើកឡើង​នូវគ្រឿងសស្ត្រា គឺកាយដែលជាអកុសល មាន​តែចំរើន​ដោយសេចក្តីទុក្ខ មានទុក្ខជាផល នេះជាគ្រឿងសស្រ្តា ទី៣។ ម្នាលញ្រហ្មណ៍ បុគ្គលកាលតាំងទុកនូវភ្លើង លើកឡើង​នូវឈើ​សន្លុង ក្នុងវិធីបូជា ជាដម្បូងនុ៎ះឯង រមែងលើក​ឡើងនូវគ្រឿងសស្រ្តា ៣ ប្រការនេះ ដែលជាអកុសល មានតែចំរើន​ដោយសេចក្តីទុក្ខ មានទុក្ខជាផល។ ម្នាលញ្រហ្មណ៍ ភ្លើង ៣ ប្រការនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរ​សេព​គប់ឡើយ។ ភ្លើង ៣ ប្រការ តើដូចម្តេចខ្លះ។ ភ្លើងគឺ រាគៈ ១ ភ្លើងគឺ ទោសៈ ១ ភ្លើងគឺ មោហៈ ១។ ម្នាលញ្រហ្មណ៍ ចុះភ្លើងគឺ រាគៈនេះ បុគ្គលគួរលះបង់ចេញ គួរចៀស​វាងចេញ មិនគួរសេពគប់ឡើយ តើព្រោះហេតុអ្វី ម្នាលញ្រហ្មណ៍ ព្រោះបុគ្គលជា​រាគ​ចរិត ត្រូវរាគៈគ្របសង្កត់រួបរឹតចិត្តហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ តែង​ទៅ​កើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុនោះ ភ្លើងគឺរាគៈនេះ បុគ្គល​គួរ​លះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ឡើយ។  ម្នាលញ្រហ្មណ៍ ចុះភ្លើងគឺ ទោសៈនេះ បុគ្គលគួរលះបង់ចេញ គួរចៀសវាងចេញ មិនគួរសេពគប់ តើព្រោះហេតុអ្វី ម្នាលញ្រហ្មណ៍ ព្រោះបុគ្គលជាទោសចរិត ត្រូវទោសៈគ្របសង្កត់រួបរឹតចិត្តហើយ រមែង​ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត​ដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយចិត្ត លុះបុគ្គល​នោះ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ លុះបែក​ធ្លាយរាង​កាយស្លាប់ទៅ តែងទៅ​កើតឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​​ហេតុ​នោះ ភ្លើង គឺទោសៈនេះ បុគ្គល​គួរលះបង់​ចេញ គួរចៀស​វាងចេញ មិនគួរ​សេពគប់​ឡើយ។ ម្នាល​ញ្រហ្មណ៍ ចុះភ្លើង គឺមោហៈនេះ បុគ្គលគួរ​លះបង់ចេញ គួរចៀសវាង​ចេញ មិនគួរ​សេពគប់ តើព្រោះហេតុអ្វី ម្នាលញ្រហ្មណ៍ ព្រោះបុគ្គល​ជាមោហចរិត ត្រូវមោហៈ​គ្របសង្កត់​រួបរឹតចិត្ត​ហើយ រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្ត​ទុច្ចរិត​​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ លុះបែក​ធ្លាយរាងកាយ ស្លាប់ទៅ តែងទៅ​កើត​ឯអបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុនោះ ភ្លើង គឺមោហៈនេះ បុគ្គល​គួរលះ​បង់​ចេញ គួរចៀស​វាងចេញ មិនគួរ​សេពគប់ឡើយ។ ម្នាល​ញ្រហ្មណ៍ ភ្លើងទាំង ៣ ប្រការនេះឯង បុគ្គល​គួរលះបង់​ចេញ គួរចៀស​វាងចេញ មិនគួរ​សេព​គប់​​ឡើយ។ ម្នាល​ញ្រហ្មណ៍ ភ្លើង ៣ ប្រការនេះ បុគ្គលគួរ​ធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើ ឲ្យល្អ​ដោយ​ប្រពៃ។ ភ្លើង ៣ ប្រការ តើ​ដូចម្តេច​ខ្លះ។ ភ្លើង គឺអាហុនេយ្យ​បុគ្គល ១ ភ្លើង គឺបុគ្គល​ជាម្ចាស់ផ្ទះ ១ ភ្លើង គឺទក្ខិណេយ្យ​បុគ្គល ១។ ម្នាលញ្រហ្មណ៍ ចុះ​ភ្លើង គឺ​អាហុនេយ្យ​បុគ្គល តើដូចម្តេច។ ម្នាល​ញ្រហ្មណ៍ ជនទាំង​ឡាយនោះ ត្រូវជាមាតា ឬ​បិតា របស់​បុគ្គលណា​ក្នុងលោកនេះ ម្នាលញ្រហ្មណ៍ នេះហៅថា ភ្លើង គឺ​អាហុនេយ្យ​បុគ្គល (របស់​បុគ្គល​នោះ) ដំណើរនោះ តើព្រោះ​ហេតុអ្វី ម្នាលញ្រហ្មណ៍ ព្រោះបុគ្គលនោះ ដែលបាន​កើតមក ដោយសារ​មាតាបិតានោះ ហេតុនោះ ភ្លើង គឺ​អាហុនេយ្យបុគ្គល​នេះ បុគ្គល​គួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើ​ឲ្យល្អ ដោយប្រពៃ។ ម្នាល​ញ្រហ្មណ៍ ចុះភ្លើង គឺបុគ្គល​ជាម្ចាស់ផ្ទះ តើដូចម្តេច។ ម្នាល​ញ្រហ្មណ៍ ជន​ទាំងឡាយ​នោះ ត្រូវជាកូន ឬប្រពន្ធ ឬខ្ញុំ ឬក៏អ្នក​បម្រើ របស់​បុគ្គលណា ក្នុង​​លោក​នេះ ម្នាល​ញ្រហ្មណ៍ នេះហៅថា ភ្លើង គឺបុគ្គល​ជាម្ចាស់​ផ្ទះរបស់​បុគ្គលនោះ ព្រោះ​ហេតុនោះ ភ្លើង គឺ​បុគ្គល​ជាម្ចាស់ផ្ទះ បុគ្គល​គួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើ​ឲ្យល្អ ដោយប្រពៃ។ ម្នាលញ្រហ្មណ៍ ចុះភ្លើង គឺ​ទក្ខិណេយ្យ​បុគ្គល តើដូច​ម្តេច។ ម្នាលញ្រហ្មណ៍ សមណៈ ឬញ្រហ្មណ៍​ណា ក្នុងលោកនេះ ជាអ្នក​វៀរ​ស្រឡះ ចាក​សេចក្តី​ស្រវឹង និង​សេចក្តី​ប្រមាទ ឋិតនៅ​ក្នុងខន្តិ និង​សោរច្ចៈ ទូន្មាន​នូវចិត្ត​មួយ រម្ងាប់នូវ​ចិត្តមួយ រំលត់​នូវចិត្ត​មួយ ម្នាលញ្រហ្មណ៍ នេះ​ហៅថា ភ្លើង គឺ​​ទក្ខិណេយ្យ​​បុគ្គល ព្រោះ​ហេតុ​នោះ ភ្លើង គឺ​ទក្ខិណេយ្យបុគ្គល​នេះ បុគ្គលគួរ​ធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើឲ្យល្អ ដោយប្រពៃ។ ម្នាល​ញ្រហ្មណ៍ ភ្លើង ៣ ប្រការ​នេះឯង បុគ្គល​គួរធ្វើសក្ការៈ គោរព រាប់អាន បូជា រក្សា បម្រើ​ឲ្យល្អ​ដោយ​ប្រពៃ។ ម្នាលញ្រហ្មណ៍ ចំណែក​ឯភ្លើង​ឧសនេះសោត បុគ្គល​ក៏គួរដុត​តាមកាលគួរ បង្អន់​មើល​តាមកាល​គួរ គួរលត់​តាម​កាលគួរ គួរទុក​ដាក់តាម​កាលគួរ កាលបើ​ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​​យ៉ាង​នេះ​ហើយ ឧគ្គតសរីរ​ញ្រហ្មណ៍ ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ចាំទុក​នូវ​​ខ្ញុំ​ព្រះអង្គ​ថា ជាឧបាសក ដល់នូវ​សរណៈ​ស្មើដោយជីវិត ចាប់ដើម​តាំងអំពី​ថ្ងៃនេះទៅ បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គនុ៎ះ នឹងលែងគោបា ៥០០ ឲ្យជីវិត នឹងលែង​​កូនគោឈ្មោល ៥០០ ឲ្យជីវិត នឹងលែង​កូនគោញី ៥០០ ឲ្យជីវិត នឹងលែង​ពពែ ៥០០ ឲ្យជីវិត នឹងលែង​សត្វកែះ ៥០០ ឲ្យជីវិត ចូរសត្វ​ទាំងនោះ ទំពាស៊ី​ស្មៅខ្ចីផង ផឹកទឹក​ត្រជាក់ផង ទាំងខ្យល់​ដ៏ត្រជាក់ ចូរបក់​ផ្សាយ ដល់ពួក​សត្វទាំង​នោះ​ចុះ។

បឋមសញ្ញាសូត្រ ទី៥

[៤៥] ម្នាលភិក្ខុទាំងឡាយ សញ្ញា (សេចក្តីសំគាល់) នេះ មាន ៧ ប្រការ ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានផល​ច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈមទៅរក​ព្រះនិញ្វន មាន​ព្រះនិញ្វន​ជាទីបំផុត។ សេចក្តី​សំគាល់ ៧ ប្រការ តើដូច​ម្តេចខ្លះ។ គឺ​សេចក្តី​សំគាល់​ថា មិនស្អាត ១ សេចក្តី​សំគាល់​ក្នុងការស្លាប់ ១ សេចក្តី​សំគាល់​ក្នុង​អាហារថា ជារបស់​គួរខ្ពើម ១ សេចក្តី​សំគាល់​ក្នុងលោក​ទាំងពួងថា មិនគួរ​ត្រេកអរ ១ សេចក្តី​សំគាល់​ថា មិនទៀង ១ សេចក្តី​សំគាល់​ថាជាទុក្ខ ក្នុង​ការ​មិនទៀង ១ សេចក្តី​សំគាល់ថា មិនមែន​របស់ខ្លួន ក្នុង​របស់​ជាទុក្ខ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​សំគាល់ ៧ ប្រការ​នេះឯង ដែល​បុគ្គល​ចំរើន​ហើយ ធ្វើឲ្យច្រើន​ហើយ រមែង​មានផល​ច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈមទៅ​រកព្រះនិញ្វន មាន​​ព្រះនិញ្វន​ជាទីបំផុត។

ទុតិយសញ្ញាសូត្រ ទី៦

[៤៦] ម្នាលភិក្ខុទាំងឡាយ សញ្ញា ៧ ប្រការនេះ ដែល​បុគ្គល​ចំរើនហើយ ធ្វើ​ឲ្យ​ច្រើន​​ហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈមទៅរក​ព្រះនិញ្វន មាន​​ព្រះនិញ្វន​ជាទីបំផុត។ សញ្ញា ៧ ប្រការ តើដូច​ម្តេចខ្លះ។ គឺ អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១  អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១។ ពាក្យថា ម្នាលភិក្ខុ​ទាំងឡាយ អសុភសញ្ញា ដែល​បុគ្គល​ចំរើន​ហើយ ធ្វើឲ្យច្រើនហើយ រមែង​មានផល​ច្រើន មាន​អានិសង្ស​ច្រើន ជា​គុណឈម​ទៅរក​ព្រះនិញ្វន មាន​ព្រះនិញ្វន​ជាទីបំផុត ដូច្នេះនេះ​ឯង តថាគត​បាន​ពោល​ហើយ ចុះពាក្យ​ដែលតថាគត​ពោល​ហើយនុ៎ះ តើព្រោះ​អាស្រ័យ​ហេតុអ្វី ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា ភិក្ខុមាន​ចិត្តសន្សំ​អសុភសញ្ញា​រឿយ ៗហើយ ចិត្តរមែង​រួញ ខ្មូរ បែរចេញ ចាកការជួប​ប្រសព្វដោយ​មេថុនធម្ម មិនលា​វិញឡើយ សេចក្តី​ព្រងើយ​​កន្តើយ​ក្តី ការខ្ពើម​រអើមក្តី រមែងតាំង​ឡើង ម្នាលភិក្ខុទាំងឡាយ ប្រៀបដូច​ស្លាបមាន់ ឬ​ទង​សរសៃ ដែលបុគ្គល​ដាក់ចុះក្នុងភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលា​វិញឡើយ មាន​ឧបមា​យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមានចិត្ត​សន្សំ​អសុភសញ្ញា​រឿយ ៗហើយ ចិត្តរមែង​រួញ ខ្មូរ បែរចេញ​ចាកការ​ជួបប្រសព្វ​ដោយ​មេថុនធម្ម មិនលា​វិញឡើយ សេចក្តី​ព្រងើយ​កន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ក៏មានឧបមេយ្យ យ៉ាងនោះ​ឯង ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​​ភិក្ខុមានចិត្ត​សន្សំ​អសុភសញ្ញារឿយ ៗហើយ ចិត្ត​នៅតែ​ត្រាច់ទៅ​រកការ​ជួបប្រសព្វ ដោយ​មេថុនធម្ម ឬការមិន​ខ្ពើមរអើម នៅតែតាំង​​ឡើង​បាន ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អសុភសញ្ញា អញ​ចំរើន​មិន​ទាន់​​បានទេ កាល​ខាងដើម និងកាលខាង​ចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផល​នៃការ​ចំរើន​របស់​អញ មិនទាន់​សម្រេចទេ ភិក្ខុក្នុង​សាសនានេះ រមែងជា​អ្នកដឹងច្បាស់ ក្នុង​អសុភសញ្ញា​នោះ ដោយ​ប្រការ​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ តែបើភិក្ខុ​មានចិត្ត​សន្សំ​​អសុភសញ្ញា​រឿយ ៗហើយ ចិត្តក៏រួញ ខ្មូរ បែរចេញ​ចាកការជួប​ប្រសព្វ​ដោយ​មេថុនធម្ម មិនលា​វិញឡើយ សេចក្តី​ព្រងើយ​កន្តើយក្តី ការខ្ពើម​រអើមក្តី ក៏តាំង​ឡើង​ ម្នាល​ភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ភិក្ខុ​គប្បីដឹង​ថា អសុភសញ្ញា អញ​ចំរើន​បានហើយ កាល​ខាង​ដើម និងកាលខាង​ចុងរបស់​អញមាន សេចក្តី​ប្លែកគ្នា ផលនៃ​ការចំរើន អញ​បាន​​សម្រេច​ហើយ ភិក្ខុ​ក្នុង​សាសនា​នេះ រមែងជា​អ្នកដឹង​ច្បាស់ ក្នុង​អសុភសញ្ញា​នោះ ដោយ​​ប្រការ​ដូច្នេះ។ ក៏ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ អសុភសញ្ញា ដែលភិក្ខុ​ចំរើនហើយ ធ្វើឲ្យ​​ច្រើនហើយ មាន​ផលច្រើន មាន​អានិសង្ស​ច្រើន ឈមទៅ​រក​ព្រះនិញ្វន មាន​ព្រះនិញ្វន​​ជាទីបំផុត ដូច្នេះ ដែល​តថាគត​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​​ហេតុនេះឯង។ ពាក្យថា ម្នាលភិក្ខុ​ទាំងឡាយ មរណសញ្ញា ដែលបុគ្គល​ចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានផល​ច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈមទៅរក​ព្រះនិញ្វន មាន​ព្រះនិញ្វន​ជាទីបំផុត ដូច្នេះនេះឯង តថាគត​បាន​ពោល​​ហើយ ចុះពាក្យ​ដែលតថាគត​ពោល​ហើយ​នុ៎ះ តើ​ព្រោះអាស្រ័យ​ហេតុអ្វី ម្នាល​ភិក្ខុ​​ទាំងឡាយ ព្រោះថា ភិក្ខុមាន​ចិត្តសន្សំ​មរណសញ្ញា​រឿយ ៗហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញ​ចាកការ​ត្រេកអរ ក្នុងជីវិត មិនលា​វិញឡើយ សេចក្តី​ព្រងើយ​កន្តើយក្តី ការខ្ពើម​រអើមក្តី រមែងតាំងឡើង ម្នាលភិក្ខុ​ទាំង​ឡាយ ប្រៀបដូច​ស្លាបមាន់ ឬទង​សរសៃ ដែលបុគ្គល​ដាក់ចុះក្នុង​ភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលា​វិញឡើយ មានឧបមា​យ៉ាង​ណា​​មិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ចិត្តសន្សំ​មរណសញ្ញារឿយ ៗ  ហើយ ចិត្តរមែង​​រួញ ខ្មូរ បែរចេញ​ចាកការ​ត្រេកអរ​ក្នុង​ជីវិត មិនលា​វិញឡើយ សេចក្តី​ព្រងើយ​កន្តើយក្តី ការខ្ពើម​រអើមក្តី រមែង​តាំងឡើង មាន​ឧបមេយ្យ​យ៉ាងនោះឯង ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើភិក្ខុ​មានចិត្ត​សន្សំ​មរណសញ្ញា​រឿយ ៗ ហើយ តែចិត្តនៅ​​តែត្រាច់​​ទៅ​រក​​សេចក្តី​​ត្រេកអរ​​ក្នុងជីវិត ឬការមិន​ខ្ពើមរអើម នៅតែតាំង​ឡើងបាន ម្នាលភិក្ខុ​ទាំងឡាយ ដំណើរ​នុ៎ះ ភិក្ខុគប្បីដឹងថា មរណសញ្ញា អញចំរើន​មិនទាន់​បានទេ កាល​ខាងដើម និងកាល​​ខាងចុង​របស់អញ មិនទាន់​ប្លែកគ្នាទេ ផលនៃ​ការចំរើន​របស់អញ មិនទាន់​សម្រេចទេ ភិក្ខុ​ក្នុង​សាសនា​នេះ រមែងជាអ្នក​ដឹងខ្លួន ក្នុង​មរណសញ្ញា​នោះ ដោយប្រការដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ តែបើភិក្ខុ​មានចិត្ត​សន្សំ​មរណសញ្ញា​រឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញ​ចាកការ​ត្រេកអរ​ក្នុងជីវិត មិនលា​វិញឡើយ សេចក្តី​ព្រងើយ​កន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរ​នុ៎ះ ភិក្ខុ​គប្បីដឹងថា មរណសញ្ញា អញចំរើន​បានហើយ កាលខាង​ដើម និងកាល​ខាងចុង​របស់អញ មានសេចក្តី​ប្លែកគ្នា ផលនៃ​ការចំរើន​របស់អញ សម្រេចហើយ ភិក្ខុក្នុង​សាសនា​នេះ រមែងជា​អ្នកដឹងខ្លួន ក្នុង​មរណសញ្ញា​នោះ ដោយ​ប្រការដូច្នេះ។ ក៏ពាក្យ​ណាថា ម្នាល​ភិក្ខុ​​ទាំងឡាយ មរណសញ្ញា ដែលភិក្ខុ​បាន​ចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​​មាន​​ផល​ច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈមទៅ​រកព្រះនិញ្វន មាន​ព្រះនិញ្វន​ជាទី​បំផុត​​ដូច្នេះ ដែល​តថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល ព្រោះ​អាស្រ័យ​ហេតុនេះ​ឯង។ ពាក្យថា ម្នាល​ភិក្ខុ​ទាំងឡាយ អាហារេ បដិកូលសញ្ញា ដែល​បុគ្គល​ចំរើនហើយ ធ្វើឲ្យ​​ច្រើន​ហើយ រមែង​មាន​ផលច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈ​មទៅរក​ព្រះនិញ្វន មាន​​ព្រះនិញ្វន​ជាទីបំផុត ដូច្នេះ​នេះឯង តថាគត​បានពោល​ហើយ ចុះពាក្យ​​ដែល​តថាគត​ពោលហើយនុ៎ះ តើព្រោះ​អាស្រ័យ​ហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ភិក្ខុមាន​ចិត្ត​សន្សំអាហារេ បដិកូលសញ្ញា​រឿយ ៗ ហើយ ចិត្តរមែង​រួញ ខ្មូរ បែរចេញ​ចាក​រសតណ្ហា (ចំណង់​ក្នុងរស) មិនលា​វិញឡើយ សេចក្តី​ព្រងើយ​កន្តើយក្តី ការខ្ពើម​រអើមក្តី រមែង​តាំងឡើង ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​ស្លាបមាន់ ឬទងសរសៃ ដែលបុគ្គល​ដាក់ចុះក្នុង​ភ្លើង រមែងរួញ ខ្មូរ ងរឡើង មិនលា​វិញឡើយ មានឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមាន​ចិត្តសន្សំអាហារេ បដិកូល​សញ្ញារឿយ ៗ ហើយ ចិត្តរមែងរួញ ខ្មូរ បែរចេញ​ចាករសតណ្ហា មិនលា​វិញ​ឡើយ សេចក្តីព្រងើយ​កន្តើយក្តី ការខ្ពើម​រអើមក្តី រមែងតាំងឡើង​ព្រម មាន​ឧបមេយ្យ​យ៉ាងនោះឯង ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​ភិក្ខុមានចិត្ត​សន្សំ​អាហារេ បដិកូល សញ្ញារឿយ ៗ ហើយ តែចិត្តនៅ​តែត្រាច់ទៅ​រករសតណ្ហា ឬការមិន​ខ្ពើមរអើម នៅតែតាំង​ឡើង​បាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អាហារេ បដិកូលសញ្ញា អញចំរើន​មិនទាន់​បានទេ កាលខាងដើម និងកាលខាង​ចុងរបស់អញ មិនទាន់ប្លែកគ្នាទេ ផលនៃការ​ចំរើន​របស់អញ មិនទាន់​សម្រេចទេ ភិក្ខុក្នុង​សាសនានេះ រមែងជា​អ្នក​ដឹងច្បាស់ ក្នុង​អាហារេ បដិកូលសញ្ញានោះ ដោយ​ប្រការដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ តែបើភិក្ខុ​មានចិត្ត​សន្សំ​អាហារេ បដិកូលសញ្ញា​រឿយ ៗ ហើយ ចិត្តក៏រួញ​ចាករស តណ្ហា។បេ។ សេចក្តីព្រងើយ​កន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុ​គប្បីដឹងថា អាហារេ បដិកូលសញ្ញា អញ​ចំរើន​បានហើយ កាលខាងដើម និង​កាលខាង​ចុងរបស់អញ មាន​សេចក្តីប្លែកគ្នា ផល​នៃការចំរើន​​របស់អញ បានសម្រេច​ហើយ ភិក្ខុក្នុង​សាសនានេះ រមែងជា​អ្នកដឹងច្បាស់ ក្នុងអាហារេ បដិកូលសញ្ញា​នោះ ដោយប្រការ ដូច្នេះឯង។ ក៏ពាក្យណាថា ម្នាលភិក្ខុទាំងឡាយ អាហារេ បដិកូលសញ្ញា ដែលបុគ្គល​បានចំរើនហើយ ធ្វើឲ្យច្រើន​ហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈមទៅរក​ព្រះនិញ្វន មាន​ព្រះនិញ្វន​ជាទីបំផុត ដូច្នេះ ដែលតថាគត​​ពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះ​អាស្រ័យ​ហេតុនេះឯង។ ពាក្យថា ម្នាលភិក្ខុ​ទាំង​ឡាយ សព្វលោកេ អនភិរតសញ្ញា ដែលបុគ្គល​បានចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែង​មាន​ផលច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈមទៅរក​ព្រះនិញ្វន មាន​ព្រះនិញ្វន​ជាទីបំផុត ដូច្នេះនេះឯង តថាគត​បានពោលហើយ ចុះពាក្យ​​ដែលតថាគត​​ពោល​ហើយ​នោះ តើព្រោះ​អាស្រ័យ​ហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ភិក្ខុមាន​ចិត្តសន្សំ​សព្វលោកេ អនភិរតសញ្ញា​រឿយ ៗ ហើយ ចិត្តរមែង​រួញខ្មូរ បែរចេញ​ចាកលោក​សន្និវាស មិនលាវិញ​ឡើយ សេចក្តីព្រងើយ​កន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំងឡើង ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀបដូច​ស្លាបមាន់ ឬទងសរសៃ ដែលបុគ្គល​ដាក់ចុះ​ក្នុងភ្លើង រមែងរួញ​ខ្មូរ ងរឡើង មិនលា​វិញឡើយ មានឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ចិត្តសន្សំ​សព្វលោកេ អនភិរតសញ្ញា​រឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញចាក​លោក​សន្និវាស មិនលាវិញ​ឡើយ សេចក្តីព្រងើយ​កន្តើយក្តី ការខ្ពើមរអើមក្តី រមែងតាំង​ឡើង មានឧបមេយ្យ​យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​ភិក្ខុមានចិត្ត​សន្សំសព្វលោកេ អនភិរតសញ្ញា​រឿយ ៗ ហើយ តែចិត្តនៅ​តែត្រាច់​​ទៅរកលោកសន្និវាស ឬការមិនខ្ពើមរអើម នៅតែតាំងឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា សព្វលោកេ អនភិរតសញ្ញា អញចំរើន​មិនទាន់​បានទេ កាលខាងដើម និងកាលខាង​ចុងរបស់អញ មិនទាន់​ប្លែកគ្នាទេ ផលនៃការ​ចំរើន​របស់​អញ មិនទាន់សម្រេចទេ ភិក្ខុក្នុង​សាសនានេះ រមែងជាអ្នក​ដឹងច្បាស់ ក្នុង​សព្វលោកេ អនភិរតសញ្ញានោះ ដោយ​ប្រការ​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ តែបើភិក្ខុ​មានចិត្តសន្សំ សព្វលោកេ អនភិរតសញ្ញា​រឿយ ៗ ហើយ ចិត្តក៏រួញ​ខ្មូរ បែរចេញ​ចាកលោក​សន្និវាស មិនលាវិញឡើយ សេចក្តីព្រងើយ​កន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាល​ភិក្ខុ​​ទាំង​ឡាយ ដំណើរនុ៎ះ ភិក្ខុ​គប្បីដឹងថា សព្វលោកេ អនភិរតសញ្ញា អញចំរើន​បានហើយ កាលខាងដើម និងកាលខាង​ចុងរបស់អញ មាន​សេចក្តី​ប្លែកគ្នា ផលនៃការ​ចំរើន​របស់​អញ បានសម្រេចហើយ ភិក្ខុក្នុង​សាសនានេះ រមែងជាអ្នក​ដឹងច្បាស់ ក្នុងសព្វលោកេ អនភិរតសញ្ញានោះ ដោយ​ប្រការ​ដូច្នេះ។ ក៏ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ សព្វលោកេ អនភិរតសញ្ញា ដែលបុគ្គល​បានចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មាន​​ផល​ច្រើន មានអានិសង្សច្រើន ជាគុណ​ឈមទៅរក​ព្រះនិញ្វន មាន​ព្រះនិញ្វន​​ជាទីបំផុត​ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​​ហេតុ​នេះឯង។ ពាក្យថា ម្នាលភិក្ខុ​ទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គល​បានចំរើន​ហើយ ធ្វើឲ្យ​ច្រើន​ហើយ រមែងមាន​ផលច្រើន មានអានិសង្ស​ច្រើន ជាគុណឈម​ទៅរកព្រះនិញ្វន មានព្រះ​និញ្វនជា​ទីបំផុត ដូច្នេះនេះឯង តថាគត​បានពោលហើយ ចុះពាក្យដែល​​តថាគត​ពោលហើយ តើព្រោះ​អាស្រ័យ​ហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ភិក្ខុមានចិត្ត​សន្សំ​អនិច្ចសញ្ញា​រឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញ​ចាក​លាភសក្ការៈ និង​សេចក្តីសរសើរ មិនលាវិញ​ឡើយ សេចក្តីព្រងើយ​កន្តើយក្តី ការខ្ពើមរអើមក្តី រមែង​តាំង​ឡើង ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​ស្លាបមាន់ ឬទងសរសៃ ដែលបុគ្គល​​ដាក់ចុះ​ក្នុង​ភ្លើង រមែងរួញខ្មូរ ងរឡើង មិនលាវិញឡើយ មានឧបមា​យ៉ាងណាមិញ ម្នាលភិក្ខុ​​ទាំង​ឡាយ ភិក្ខុមាន​ចិត្តសន្សំ​អនិច្ចសញ្ញា​រឿយ ៗ ហើយ ចិត្តរមែងរួញខ្មូរ បែរចេញ​​ចាក​​លាភសក្ការៈ និងសេចក្តី​សរសើរ មិនលាវិញឡើយ សេចក្តី​ព្រងើយកន្តើយក្តី ការខ្ពើមរអើមក្តី រមែង​តាំងឡើង មានឧបមេយ្យ​យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​ភិក្ខុមានចិត្ត​សន្សំអនិច្ចសញ្ញា​រឿយ ៗ ហើយ ប៉ុន្តែចិត្តនៅ​តែត្រាច់ទៅ ស្វែងរកលាភសក្ការៈ និងសេចក្តី​សរសើរ ឬការមិន​ខ្ពើមរអើម នៅតែតាំង​ឡើងបាន ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បីដឹងថា អនិច្ចសញ្ញា អញចំរើន​មិនទាន់បានទេ កាលខាងដើម និងកាលខាង​ចុងរបស់អញ មិនទាន់ប្លែក​គ្នាទេ ផលនៃការ​​ចំរើន​របស់អញ មិនទាន់​សម្រេចទេ ភិក្ខុក្នុង​សាសនានេះ រមែងជាអ្នក​ដឹងច្បាស់ ក្នុង​អនិច្ចសញ្ញានោះ ដោយប្រការ​ដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ តែបើ​ភិក្ខុ​មាន​ចិត្ត​សន្សំ​អនិច្ចសញ្ញា​រឿយ ៗ ហើយ ចិត្តក៏រួញខ្មូរ បែរ​ចេញចាក​លាភសក្ការៈ និង​សេចក្តី​សរសើរ មិនលាវិញឡើយ សេចក្តីព្រងើយ​កន្តើយក្តី ការខ្ពើមរអើមក្តី ក៏តាំងឡើង ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បី​ដឹងថា អនិច្ចសញ្ញា អញចំរើន​បានហើយ កាល​ខាងដើម និងកាលខាង​ចុងរបស់​អញ មានសេចក្តី​ប្លែកគ្នា ផលនៃការ​ចំរើនរបស់អញ បាន​សម្រេចហើយ ភិក្ខុក្នុង​សាសនានេះ រមែងជាអ្នក​ដឹងច្បាស់ ក្នុងអនិច្ចសញ្ញា​នោះ ដោយ​ប្រការដូច្នេះ។ ក៏ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ អនិច្ចសញ្ញា ដែលបុគ្គល​ចំរើនហើយ ធ្វើឲ្យច្រើន​ហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ឈមទៅរក​ព្រះនិញ្វន មានព្រះនិញ្វន​ជាទីបំផុតដូច្នេះ ដែលតថាគត​​បានពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ក៏ពាក្យថា ម្នាលភិក្ខុ​​ទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា ដែលបុគ្គល​បានចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែងមាន​ផលច្រើន មាន​អានិសង្ស​ច្រើន ជាគុណឈម​ទៅរកព្រះ​និញ្វន មានព្រះនិញ្វន ជាទីបំផុត ដូច្នេះនេះ តថាគត​បានពោល​ហើយ ចុះពាក្យ​ដែលតថាគត ពោលហើយនុ៎ះ តើព្រោះ​អាស្រ័យ​ហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ភិក្ខុមាន​ចិត្តសន្សំ​អនិច្ចេ ទុក្ខសញ្ញារឿយ ៗ ហើយ សេចក្តីសំគាល់ ក្នុងការខ្ជិល​ច្រអូសទម្រន់ ប្រហែល​ធ្វេស មិនព្យាយាម មិនពិចារណា ថា​ជារបស់​គួរខ្លាច​ដ៏ពន្លឹក រមែង​កើតឡើង ហាក់ដូច​ពេជ្ឈឃាដ ដែលងាដាវដូច្នេះឯង ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើភិក្ខុ​មានចិត្ត​សន្សំអនិច្ចេ ទុក្ខសញ្ញារឿយ ៗ ហើយ សេចក្តីសំគាល់​ក្នុងការខ្ជិលច្រអូស ទម្រន់ ប្រហែលធ្វេស មិន​ព្យាយាម មិន​ពិចារណា ថាជារបស់​គួរខ្លាច​ដ៏ពន្លឹក នៅតែ​មិនបាន​កើតឡើង ដូចជាពេជ្ឈឃាដ​ងាដាវទេ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បី​ដឹងថា អនិច្ចេ ទុក្ខសញ្ញា អញចំរើន​មិនទាន់បានទេ កាល​ខាងដើម និងកាល​ខាងចុង​របស់អញ មិនទាន់​ប្លែកគ្នាទេ ផលនៃការ​ចំរើនរបស់អញ មិនទាន់​សម្រេចទេ ភិក្ខុក្នុង​សាសនានេះ រមែងជាអ្នក​ដឹងច្បាស់ ក្នុងអនិច្ចេ ទុក្ខសញ្ញា​នោះ ដោយ​ប្រការដូច្នេះ ម្នាលភិក្ខុទាំង​ឡាយ តែបើភិក្ខុ​មានចិត្ត​សន្សំអនិច្ចេ ទុក្ខសញ្ញា​រឿយ ៗ ហើយ សេចក្តីសំគាល់​ក្នុងការខ្ជិល​ច្រអូស ទម្រន់ ប្រហែលធ្វេស មិនព្យាយាម មិនពិចារណា ថាជារបស់​គួរខ្លាចដ៏ពន្លឹក ក៏កើតឡើង ដូច​ពេជ្ឈឃាដ​ងាដាវដូច្នោះ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បី​ដឹងថា អនិច្ចេ ទុក្ខសញ្ញា អញ​ចំរើនបាន​ហើយ កាលខាង​ដើម និងកាលខាង​ចុងរបស់អញ មានសេចក្តី​ប្លែកគ្នា ផលនៃការ​ចំរើន​របស់អញ បានសម្រេច​ហើយ ភិក្ខុក្នុង​សាសនានេះ រមែងជាអ្នកដឹងច្បាស់​ក្នុងអនិច្ចេ ទុក្ខសញ្ញានោះ ដោយប្រការ​ដូច្នេះឯង។ ក៏ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ អនិច្ចេ ទុក្ខសញ្ញា ដែលបុគ្គល​បានចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ រមែង​មានផល​ច្រើន មានអានិសង្ស​ច្រើន ជាគុណឈម​ទៅរកព្រះនិញ្វន មានព្រះនិញ្វន ជាទីបំផុត ដូច្នេះ ដែលតថាគត បានពោល​ហើយ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុនេះ​ឯង។ ក៏ពាក្យថា ម្នាលភិក្ខុ​ទាំងឡាយ ទុក្ខេ អនត្តសញ្ញា ដែលបុគ្គល​បានចំរើន​ហើយ ធ្វើឲ្យច្រើនហើយ រមែងមាន​ផលច្រើន មានអានិសង្សច្រើន ជាគុណឈម​ទៅរក​ព្រះនិញ្វន មានព្រះនិញ្វន​ជាទីបំផុត ដូច្នេះនេះ តថាគត ពោលហើយ ចុះពាក្យ ដែលតថាគត​ពោលហើយនុ៎ះ តើព្រោះអាស្រ័យ​ហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុមាន​ចិត្តសន្សំ ទុក្ខេ អនត្តសញ្ញា​រឿយ ៗ ហើយ ចិត្តក៏រមែង​ប្រាសចាក​អហង្ការមមង្ការ និងមានះ ក្នុងកាយ​ដែលមានវិញ្ញាណ​នេះផង ក្នុងនិមិត្ត​ទាំងពួងខាងក្រៅផង ជាចិត្តកន្លង​បង់នូវវិធា ៣ ប្រការ ស្ងប់រម្ងាប់ (ចាក​សត្រូវ គឺកិលេស) ផុតស្រឡះ​ដោយប្រពៃ (ចាកមិច្ឆាវិមុត្តិ) ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​​ភិក្ខុ​មាន​ចិត្ត​សន្សំទុក្ខេ អនត្តសញ្ញា​រឿយ ៗ ហើយ តែចិត្តនៅតែ​មិន​ប្រាស​ចាក​​អហង្ការមមង្ការ និងមានះ ក្នុងកាយដែលមាន​វិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួង ខាងក្រៅផង មិនកន្លងបង់វិធា ៣   ប្រការ មិនស្ងប់​រម្ងាប់ មិនផុតទុក្ខ​ស្រឡះ ដោយប្រពៃទេ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បី​ដឹងថា ទុក្ខេ អនត្តសញ្ញា អញចំរើន​មិនទាន់​បានទេ កាលខាងដើម និងកាលខាង​ចុងរបស់​អញ មិនទាន់ប្លែកគ្នាទេ ផលនៃការចំរើន​របស់អញ មិនទាន់សម្រេចទេ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនានេះ រមែង​ជាអ្នក​ដឹងច្បាស់ ក្នុងទុក្ខេ អនត្តសញ្ញានោះ ដោយ​ប្រការដូច្នេះ ម្នាលភិក្ខុ​ទាំងឡាយ តែ​បើភិក្ខុ​មានចិត្តសន្សំ​ទុក្ខេ អនត្តសញ្ញារឿយ ៗ ហើយ ចិត្តក៏រួញ ចាក​​អហង្ការមមង្ការ និងមានះ ក្នុងកាយដែល​មានវិញ្ញាណនេះផង ក្នុងនិមិត្ត​ទាំងពួងខាង​ក្រៅផង ចិត្តកន្លង​​បង់នូវវិធា ៣ ប្រការ ស្ងប់រម្ងាប់ ផុតស្រឡះ​ដោយប្រពៃ ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ភិក្ខុគប្បី​ដឹងថា ទុក្ខេ អនត្តសញ្ញា អញចំរើន​បានហើយ កាលខាងដើម និង​កាលខាងចុង​​របស់អញ មានសេចក្តីប្លែកគ្នា ផលនៃការ​ចំរើន​របស់អញ បានសម្រេច​ហើយ ភិក្ខុ​ក្នុង​​សាសនានេះ រមែងជាអ្នក​ដឹងច្បាស់ ក្នុងទុក្ខេ អនត្តសញ្ញា​នោះ ដោយប្រការ​ដូច្នេះឯង។ ក៏ពាក្យណាថា ម្នាលភិក្ខុ​ទាំងឡាយ ទុក្ខេ អនត្តសញ្ញា ដែលបុគ្គល​បានចំរើន​ហើយ ធ្វើឲ្យ​ច្រើនហើយ រមែងមាន​ផលច្រើន មានអានិសង្ស​ច្រើន ជាគុណឈម​ទៅរក​ព្រះនិញ្វន មានព្រះនិញ្វន​ជាទីបំផុត ដូច្នេះ ដែលតថាគត​ពោលហើយ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ សញ្ញា ៧ ប្រការនេះឯង ដែលបុគ្គល​បានចំរើន​ហើយ ធ្វើឲ្យច្រើន​ហើយ រមែងមាន​ផលច្រើន មានអានិសង្សច្រើន ជាគុណ​ឈមទៅរក​ព្រះនិញ្វន មាន​ព្រះនិញ្វន​ជាទីបំផុត។

មេថុនសូត្រ ទី៧

[៤៧] គ្រានោះ ញ្រហ្មណ៍ឈ្មោះ​ជាណុស្សោណី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ត្រេកអររីករាយ​នឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ​ដែល​គួរ​រីករាយ និង​ពាក្យដែល​គួរ​រលឹក​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះ​ជាណុស្សោណិ​ញ្រហ្មណ៍ អង្គុយ​ក្នុងទីសម​គួរហើយ បាន​ក្រាបបង្គំ​​ទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា ព្រះគោតម​ដ៏ចំរើន ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរឬ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ញ្រហ្មណ៍ គេកាល​បើពោល​ត្រឹមត្រូវ គប្បីពោល​ចំពោះ​បុគ្គល​ដែល​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិន​ពព្រុស។ ម្នាល​ញ្រហ្មណ៍ កាលគេ​ពោល​ដោយ​ត្រឹមត្រូវ គប្បី​ពោល​​ចំពោះ​​តថាគត​​នោះឯង​ថា ម្នាល​ញ្រហ្មណ៍ ព្រោះតថាគត ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធ មិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះការ​ដាច់ក្តី ធ្លុះក្តី ពពាល​ក្តី ពព្រុស​ក្តី នៃ​ព្រហ្មចរិយធម៌ តើដូច​ម្តេច។ ម្នាលញ្រហ្មណ៍ បុគ្គលខ្លះ ក្នុង​លោក​នេះ ជា​សមណៈ ឬញ្រហ្មណ៍ ប្តេជ្ញាថា​ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ​ដោយប្រពៃ មិនបាន​​ប៉ះពាល់ នូវការប៉ះពាល់​ដោយបុគ្គលពីរ ៗ មួយអន្លើ​ដោយ​មាតុគ្រាម (សេពមេថុន) តែថា រមែង​ត្រេកអរ​នឹងការ​ដុសខាត់ នួត ងូត ច្របាច់​របស់​មាតុគ្រាម។ បុគ្គលនោះ រមែង​ត្រេកអរ​នឹងការ​ដុសខាត់​នោះ រីករាយ​នឹងការ​ដុសខាត់នោះ ដល់នូវ​សេចក្តី​ត្រេកអរ ដោយការ​ដុសខាត់​នោះ។ ម្នាលញ្រហ្មណ៍​ នេះឯងហៅថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុសផង នៃព្រហ្មចរិយធម៌ ម្នាលញ្រហ្មណ៍ នេះហៅថា បុគ្គល​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ មិន​បរិសុទ្ធ ជាអ្នក​ប្រកប​ដោយ​មេថុនសំយោគ រមែងមិន​ផុតចាក​ជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគតហៅថា រមែងមិនរួច​ចាក​​វដ្តទុក្ខ​​ឡើយ។ ម្នាល​ញ្រហ្មណ៍ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ជាសមណៈ ឬញ្រហ្មណ៍ ប្តេជ្ញាថា ជាអ្នក​ប្រព្រឹត្ត​ធម៌ដ៏​ប្រសើរ ដោយប្រពៃ រមែងមិន​ប៉ះពាល់ ចំពោះ​ការប៉ះពាល់ ដោយ​បុគ្គលពីរ ៗ មួយអន្លើ​ដោយមាតុគ្រាម ទាំងមិន​ត្រេកអរ​នឹងការដុស​ខាត់ នួត ងូត ច្របាច់ របស់​មាតុគ្រាម​ទេ តែថា រមែង​ចំអក​ឡកឡឺយ សើចក្អាក​ក្អាយ ជាមួយ​នឹង​មាតុគ្រាម។បេ។ បើមិន​ចំអកឡកឡឺយ សើច ក្អាកក្អាយ ជាមួយ​នឹងមាតុគ្រាម​ទេ រមែង​នៅមៀង​ភ្នែក​ដោយ​ភ្នែក ដៀង​ចំពោះ​មាតុគ្រាម បើមិនបាន​មៀងភ្នែក​ដោយភ្នែក ដៀង​ចំពោះ​មាតុគ្រាម​ទេ រមែង​ស្តាប់​សំឡេង​នៃមាតុគ្រាម កាល​សើចក្តី កាល​និយាយក្តី ច្រៀង​ក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅកំពែង បើមិនស្តាប់​សំឡេង​នៃមាតុគ្រាម កាល​​សើចក្តី និយាយក្តី ច្រៀងក្តី យំក្តី ខាងក្រៅ​ជញ្ជាំង ឬខាង​ក្រៅ​កំពែង​ទេ តែថា រលឹក​រឿយ ៗ នូវហេតុ​ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់​លេង ជាមួយ​នឹងមាតុគ្រាម ក្នុងកាល​ពីដើម បើមិនរលឹក​រឿយ ៗ នូវហេតុ ដែលធ្លាប់​សើច ធ្លាប់និយាយ ធ្លាប់លេង​ជាមួយ​នឹង​មាតុគ្រាម ក្នុងកាលពីដើមទេ តែថា រមែងឃើញ​នូវគហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើដោយ​កាមគុណ​ទាំង ៥ បើមិនបាន​ឃើញនូវ​គហបតី ឬគហបតិ​បុត្រ ដែលស្កប់​ស្កល់ មូលមិត្រ បម្រើ​ដោយកាម​គុណ​ទាំង ៥ ទេ តែថាប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដើម្បីប្រាថ្នា​នូវទេពនិកាយ​ណាមួយ​ថា អញសុំឲ្យ​បានជាទេវតា ទោះជាទេវតា​ណាមួយ ដោយសីល​នេះផង ដោយវត្ត​នេះផង ដោយ​តបធម៌​នេះផង ដោយព្រហ្ម​ចរិយធម៌ផង។ បុគ្គលនោះ រមែងត្រេកអរ​នឹងធម៌នោះ រីករាយ​នឹងធម៌នោះ ដល់នូវ​សេចក្តី​ត្រេកអរ​ចំពោះធម៌នោះ។ ម្នាលញ្រហ្មណ៍ នេះឈ្មោះថា ដាច់ផង ធ្លុះផង ពពាលផង ពព្រុស​ផង នៃ​ព្រហ្មចរិយធម៌ ម្នាល​ញ្រហ្មណ៍ បុគ្គល​នេះ​ហៅថា ប្រព្រឹត្ត​ព្រហ្មចរិយធម៌​មិនបរិសុទ្ធ ជាអ្នក​ប្រកបដោយ​មេថុនសំយោគ រមែង​មិនរួច​ចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស ឧបាយាសៈ តថាគត​ហៅថា មិនរួចចាក​វដ្តទុក្ខ​ឡើយ។ ម្នាលញ្រហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​ឃើញច្បាស់ នូវ​មេថុនសំយោគ​​ណា​មួយ ក្នុងខ្លួន​ដែលមិន​ទាន់លះបង់​ដរាបណា ម្នាល​ញ្រហ្មណ៍ តថាគត​​មិនទាន់​ប្តេជ្ញា​​ថា ជា​អ្នកត្រាស់​ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​ដ៏ប្រសើរ ក្នុងលោក​ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក ព្រមទាំង​សមណញ្រហ្មណ៍ និង​មនុស្ស​ជា​សម្មតិទេព និង​​មនុស្ស​​ដ៏សេស ដរាបនោះ​ដែរ ម្នាល​ញ្រហ្មណ៍ បណ្តា​មេថុនសំយោគ​ទាំង ៧ យ៉ាងនេះ តថាគត​មិនឃើញច្បាស់ នូវ​មេថុនសំយោគ​ណាមួយ​ក្នុងខ្លួន ដែលមិន​លះបង់​​ក្នុង​កាល​​ណា​ទេ ម្នាលញ្រហ្មណ៍ តថាគត​ក៏ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវ​សម្មាសម្ពោធិញ្ញាណ​​ដ៏ប្រសើរ ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណញ្រហ្មណ៍ និងមនុស្ស​​ជាសម្មតិទេព និងមនុស្ស​ដ៏សេស ក្នុងកាល​​នោះ​ដែរ។ លុះតែបញ្ញា​ដែលដឹងច្បាស់ ឃើញច្បាស់ កើតឡើងហើយ ដល់​តថាគត​ដូច្នេះថា ការរួចស្រឡះ​របស់តថាគត មិនកម្រើក ជាតិនេះ​ជាទីបំផុត ភពថ្មី​ទៀត​មិនមាន​ឡើយ។ កាលព្រះសម្ពុទ្ធ ទ្រង់តា្រស់​យ៉ាងនេះហើយ ជាណុស្សោណិ​ញ្រហ្មណ៍ បានក្រាប​បង្គំទូល​​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ភ្លឺច្បាស់​ណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ចាំនូវខ្ញុំ​ព្រះអង្គ​ថាជា​ឧបាសក​អ្នកដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត ចាប់ដើម​អំពីថ្ងៃនេះតទៅ។

សំយោគសូត្រ ទី៨

[៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវ​ធម្មបរិយាយ​ដែល​​សម្រេច​​អំពី​សញ្ញោគៈ (ការប្រកប) និងវិសញ្ញោគៈ (ការនឿយណាយ) ដល់អ្នក​ទាំងឡាយ ចូរអ្នក​ទាំង​ឡាយ​ស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត​ដោយប្រពៃចុះ តថាគត​នឹងសំដែង។ ភិក្ខុទាំងនោះ បានទទួល​ស្តាប់​ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ចុះ​ធម្មបរិយាយ សម្រេច​អំពី​សញ្ញោគៈ និង​វិសញ្ញោគៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីរមែង​កំណត់ក្នុង​ចិត្តនូវឥន្រ្ទិយ នៃស្ត្រី​ខាងក្នុង គឺកិរិយា​នៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តីប្រាថ្នា​នៃស្រ្តី សំឡេងនៃស្រ្តី អលង្ការ​នៃស្រ្តី។ ស្រ្តីនោះ រមែងត្រេកអរ​ក្នុងហេតុ​ទាំងនោះ រីករាយ​​ក្នុង​ហេតុ​​ទាំងនោះ លុះស្ត្រីនោះ ត្រេកអរក្នុង​ហេតុទាំងនោះ រីករាយក្នុង​​ហេតុទាំង​នោះ​ហើយ រមែងកំណត់​ក្នុងចិត្ត ចំពោះ​ឥន្រ្ទិយ​នៃបុរសខាងក្រៅ គឺកិរិយា​នៃបុរស ឫកពានៃបុរស បែបផែន​នៃបុរស សេចក្តីប្រាថ្នា​នៃបុរស សំឡេង​នៃបុរស អលង្ការ​​នៃបុរស។ ស្រ្តីនោះ រមែងត្រេកអរ​ក្នុងហេតុ​ទាំងនោះ រីករាយក្នុង​ហេតុទាំងនោះ លុះ​ស្រ្តីនោះ ត្រេកអរក្នុង​ហេតុទាំងនោះ រីករាយក្នុង​ហេតុទាំងនោះ​ហើយ រមែងប៉ុន​ប៉ង​​នូវការប្រកប​ខាងក្រៅ សេចក្តីសុខ និងសោមនស្ស​ណា កើតឡើងដល់​ស្រ្តីនោះ ព្រោះការប្រកប​ជាបច្ច័យ ស្រ្តីនោះឯង រមែងប៉ុនប៉ង​នូវសេចក្តីសុខ និងសោមនស្សនោះ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វដែល​ត្រេកអរ ក្នុងឥត្ថីភាព តែងដល់នូវ​ការប្រកប ក្នុង​ពួក​បុរិសភាព។ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីរមែង​មិនកន្លង​ភាពនៃស្រ្តី​យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ បុរសរមែង​កំណត់ទុក​ក្នុងចិត្ត ចំពោះ​ឥន្រ្ទិយនៃបុរស​ខាងក្នុងសន្តាន គឺកិរិយា​នៃបុរស ឫកពា​នៃបុរស បែបផែន​នៃបុរស សេចក្តីប្រាថ្នា​នៃបុរស សំឡេង​នៃ​បុរស អលង្ការ​នៃបុរស។ បុរសនោះ រមែងត្រេកអរ​ក្នុងហេតុទាំងនោះ រីករាយ​ក្នុង​​ហេតុ​ទាំង​នោះ លុះបុរសនោះ ត្រេកអរ​ក្នុងហេតុ​ទាំងនោះ រីករាយ​ក្នុងហេតុ​ទាំងនោះហើយ រមែងកំណត់​ទុកក្នុងចិត្ត ចំពោះឥន្រ្ទិយ​នៃស្រ្តីខាងក្រៅវិញ គឺកិរិយា​នៃស្រ្តី ឫកពានៃស្រ្តី បែបផែន​នៃស្រ្តី សេចក្តីប្រាថ្នា​នៃស្រ្តី សំឡេង​នៃស្រ្តី អលង្ការ​នៃស្រ្តី។ បុរសនោះ រមែង​ត្រេកអរ​ក្នុងហេតុ​នោះ រីករាយ​ក្នុងហេតុ​នោះ លុះបុរស​នោះ ត្រេកអរ​ក្នុងហេតុនោះ រីករាយក្នុង​ហេតុនោះ​ហើយ រមែងប៉ុនប៉ង​នូវសេចក្តីប្រកប​ខាងក្រៅ។ សេចក្តីសុខ និង​សោមនស្សណា កើតឡើង​ដល់បុរសនោះ ព្រោះការ​ប្រកប​ជាបច្ច័យ បុរសនោះ តែងប៉ុនប៉ង​នូវសេចក្តី​សុខ និងសោមនស្ស​នោះវិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​ដែលត្រេកអរ ក្នុងភាព​នៃបុរស តែងដល់នូវ​ការប្រកប​ក្នុងពួកស្រ្តី។ ម្នាលភិក្ខុ​​ទាំងឡាយ បុរសរមែង​មិនកន្លង​នូវភាព​នៃបុរស យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ សញ្ញោគៈ​យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​វិសញ្ញោគៈ តើដូចម្តេច។ ម្នាលភិក្ខុ​​ទាំង​ឡាយ ស្រ្តីមិន​កំណត់ក្នុង​ចិត្ត ចំពោះ​ឥន្រ្ទិយនៃស្រ្តី ខាងក្នុង​សន្តាន គឺកិរិយា​នៃស្រ្តី ឫកពា​នៃស្រ្តី បែបផែន​នៃស្រ្តី សេចក្តីប្រាថ្នា​នៃស្រ្តី សំឡេង​នៃស្រ្តី អលង្ការ​នៃស្រ្តី។ ស្រ្តីនោះ រមែងមិន​ត្រេកអរ​ក្នុងហេតុ​នោះ មិនរីករាយ​ក្នុងហេតុនោះ លុះស្រ្តីនោះ មិនត្រេកអរ​ក្នុងហេតុនោះ មិនរីករាយ​ក្នុងហេតុនោះ​ហើយ រមែងមិនកំណត់​ទុកក្នុងចិត្ត ចំពោះ​ឥន្ទ្រិយនៃបុរស​ខាងក្រៅ គឺកិរិយានៃបុរស ឫកពា​នៃបុរស បែបផែន​នៃបុរស សេចក្តីប្រាថ្នា​នៃបុរស សំឡេង​នៃបុរស អលង្ការ​នៃបុរស។ ស្ត្រីនោះ រមែង​មិនត្រេកអរ​ក្នុងហេតុនោះ មិនរីករាយ​ក្នុងហេតុនោះ លុះស្រ្តីនោះ មិនត្រេកអរ​ក្នុងហេតុ​នោះ មិនរីករាយ ក្នុងហេតុនោះ​ហើយ រមែងមិន​ប៉ុនប៉ងនូវ​ការប្រកប​ខាងក្រៅ សេចក្តីសុខ និង​សោមនស្សណា កើតឡើង​ដល់ស្រ្តីនោះ ព្រោះការ​ប្រកបជាបច្ច័យ ស្រ្តីនោះ តែងមិនប៉ុនប៉ង​នូវសេចក្តីសុខ និងសោមនស្ស​នោះវិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែល​មិនត្រេកអរ​ក្នុងភាពនៃស្រ្តី តែងដល់នូវ​ការនឿយណាយ ក្នុងបុរសទាំង​ឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីរមែងកន្លង​នូវភាព​នៃស្រ្តី យ៉ាងនេះឯង។ ម្នាលភិក្ខុ​​ទាំងឡាយ បុរសមិន​ធ្វើទុកក្នុងចិត្ត នូវឥន្រ្ទិយ​របស់បុរស ខាងក្នុងសន្តាន គឺកិរិយា​​នៃបុរស ឫកពា​នៃបុរស បែបផែន​នៃបុរស សេចក្តីប្រាថ្នា​នៃបុរស សំឡេង​នៃបុរស អលង្ការ​នៃបុរស។ បុរសនោះ មិនត្រេកអរ​ក្នុងហេតុនោះ មិនរីករាយ​ក្នុងហេតុនោះ លុះបុរស​នោះ មិនត្រេកអរ​ក្នុងហេតុនោះ មិនរីករាយ ក្នុងហេតុនោះ​ហើយ រមែងមិនធ្វើ​​ទុកក្នុងចិត្ត នូវឥន្រ្ទិយ​នៃស្រ្តីខាងក្រៅ គឺកិរិយា​នៃស្រ្តី ឫកពានៃស្រ្តី បែបផែននៃស្រ្តី សេចក្តី​ប្រាថ្នា​នៃស្រ្តី សំឡេងនៃស្រ្តី អលង្ការ​នៃស្រ្តី។ បុរសនោះ មិនតេ្រកអរ ក្នុងហេតុ​​នោះ មិនរីករាយ​ក្នុងហេតុនោះ លុះបុរសនោះ មិនត្រេកអរ​ក្នុងហេតុនោះ មិនរីករាយ​ក្នុងហេតុនោះហើយ រមែងមិនប្រាថ្នា​នូវការប្រកប​ខាងក្រៅ សេចក្តីសុខ និងសោមនស្សណា កើតឡើង​ដល់បុរសនោះ ព្រោះការប្រកប​ជាបច្ច័យ បុរសនោះ តែងមិន​ប្រាថ្នានូវ​សេចក្តីសុខ និងសោមនស្ស​នោះវិញ។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វ​ដែលមិន​ត្រេកអរ ក្នុងភាពនៃបុរស តែងដល់នូវ​ការនឿយណាយ ក្នុងស្ត្រី​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ បុរសកន្លង​នូវភាពនៃបុរស យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ វិសញ្ញោគៈ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ធម្មបរិយាយ​នេះ​ឯង ដែល​សម្រេចអំពី​ការប្រកប និងការនឿយណាយ។

ទានមហប្ផលសូត្រ ទី៩

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់ទៀប​ឆ្នេរស្រះ​បោក្ខរណី ឈ្មោះ​គគ្គរា ជិតក្រុងចម្បា។ គ្រានោះឯង ពួកឧបាសក​ច្រើននាក់ នៅក្នុង​ស្រុកចម្បា ចូលទៅរក​ព្រះសារីបុត្ត​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​​ព្រះសារីបុត្ត​ដ៏មាន​អាយុ ហើយ​អង្គុយក្នុង​ទីដ៏សមគួរ។ លុះពួក​ឧបាសក ក្នុងស្រុកចម្បា អង្គុយ​ក្នុង​ទីដ៏សម​គួរ​ហើយ បាននិយាយ​នឹងព្រះសារីបុត្ត​ដ៏មានអាយុ ដូច្នេះថា បពិត្រ​លោក​ដ៏​ចំរើន ធម្មីកថា​ចំពោះព្រះភក្រ្ត នៃព្រះដ៏មាន​ព្រះភាគ យើងខ្ញុំខាន​​ស្តាប់អស់​កាល​​យូរ​ហើយ បពិត្រ​លោកដ៏ចំរើន សូមឲ្យយើង​ខ្ញុំគប្បីបាន​ស្តាប់នូវធម្មីកថា នៃព្រះដ៏មាន​ព្រះភាគ។ ម្នាលអ្នកដ៏មានអាយុ​ទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ គប្បីមក​ក្នុង​ថ្ងៃ​ឧបោសថចុះ ធ្វើដូច្នេះ អ្នកទាំងឡាយ គប្បីបាន​ស្តាប់នូវ​ធម្មីកថា ក្នុងសំណាក់​​ព្រះដ៏មានព្រះភាគ។ ពួកឧបាសក​នៅក្នុង​ស្រុកចម្បា ទទួលស្តាប់​​ព្រះសារីបុត្ត​​ដ៏មាន​អាយុ​ថា ព្រះករុណា លោកម្ចាស់ ហើយក្រោក​ចាកអាសនៈ ថ្វាយបង្គំ​​ព្រះសារីបុត្ត​​ដ៏មានអាយុ ធ្វើប្រទក្សិណ ចៀស​ចេញទៅ។ លំដាប់នោះ ពួកឧបាសក​អ្នកស្រុកចម្បា ចូលទៅរក​ព្រះសារីបុត្ត​ដ៏មាន​អាយុ ក្នុងថ្ងៃឧបោសថ លុះចូល​ទៅដល់ហើយ ក៏ថ្វាយ​​បង្គំ​​ព្រះសារីបុត្ត ហើយឋិតនៅ​ក្នុងទីដ៏​សមគួរ។ គ្រានោះ ព្រះសារីបុត្ត​ដ៏មានអាយុ ចូល​ទៅគាល់​​ព្រះមានព្រះភាគ ជាមួយ​នឹងពួកឧបាសក​អ្នកស្រុកចម្បា​នោះ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្ត​​ដ៏មាន​អាយុ អង្គុយក្នុង​ទីដ៏សម​គួរហើយ បានក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ទានបែបនោះ ដែលបុគ្គល​ឲ្យហើយ ចំពោះ​បុគ្គលខ្លះ ក្នុងលោកនេះ មាន​ផលច្រើន តែមិនមាន​អានិសង្សច្រើន មានដែរឬ បពិត្រព្រះអង្គ​ដ៏ចំរើន ទានបែបនោះ ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គល​ខ្លះ ក្នុងលោកនេះ មានផលច្រើន មាន​អានិសង្ស​ច្រើន មានដែរឬ។ ព្រះអង្គត្រាស់​ថា ម្នាលសារីបុត្ត ទានដែលបុគ្គល​ឲ្យ​​ហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន តែមិនមាន​អានិសង្សច្រើន ក៏មាន ម្នាលសារីបុត្ត ទានដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ មានផលច្រើន មានអានិសង្ស​ច្រើន ក៏មាន។ បពិត្រព្រះអង្គ​ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​ទាន​បែប​នោះឯង ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោកនេះ ជាទានមាន​ផលច្រើន តែមិនមាន​អានិសង្សច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​ទាន​បែបនោះឯង ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុង​លោកនេះ ជាទានមាន​ផលច្រើន មាន​អានិសង្ស​ច្រើន។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុងលោកនេះ ឲ្យទានទាំង​ប្រកប​ដោយតណ្ហា ឲ្យទានទាំងចិត្តជាប់ជំពាក់ ឲ្យទានទាំងសំឡឹង​នូវការសន្សំទុក ឲ្យទានដោយគិតថា អាត្មាអញ លះលោកនេះទៅ នឹងបរិភោគ។ បុគ្គលនោះ ឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿង​ឧបករណ៍ដល់​ប្រទីប​ជាទាន ចំពោះសមណៈ ឬញ្រហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់​នូវហេតុនោះ​ដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទាន មានសភាព​បែបនេះ​ដែរឬ។ មានព្រះអង្គ។ ម្នាលសារីបុត្ត ក្នុងដំណើរ​នោះ បុគ្គលណា ឲ្យទាន​ទាំងប្រកប​ដោយតណ្ហា ឲ្យទាន​ទាំងចិត្ត​ជាប់ជំពាក់ ឲ្យទាន​ទាំងសំឡឹង​​នូវ​ការ​សន្សំ​ទុក ឲ្យទាន​ដោយគិតថា អាត្មាអញ លះលោកនេះ​ទៅ នឹងបរិភោគ លុះបុគ្គល​នោះ ឲ្យទាន​នោះរួច​ហើយ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ជាមួយ​​នឹង​ទេវតា​​ជាធំ​ ក្នុងជាន់​ចាតុម្មហារាជិកៈ។ លុះបុគ្គលនោះ អស់កម្មនោះ​ហើយ ក៏បានមកកាន់​អត្តភាព​នេះ បាននូវឫទ្ធិនោះ យសនោះ អធិបតេយ្យនោះទៀត។ ម្នាលសារីបុត្ត បុគ្គលខ្លះ ក្នុង​លោកនេះ មិនឲ្យទាន​ប្រកបដោយតណ្ហា មិនឲ្យទាន​ទាំងចិត្តជាប់ជំពាក់ មិនឲ្យទាន​ទាំង​សំឡឹង​នូវ​ការសន្សំ​ទុក មិនឲ្យ​ទានដោយ​គិតថា អាត្មាអញ លះលោក​នេះទៅ នឹងបរិភោគ​ចំណែកខ្លះ ឲ្យទាន​ដោយគិតថា ទាន​ជាការល្អ។បេ។ ទាំងមិនឲ្យ​ទាន​ដោយ​គិតថា អាត្មាអញ​មិនគួរដើម្បីញុំាង​វង្ស របស់ត្រកូល​បុរាណ ដែល​ជីដូន​ជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ទាំងមិនឲ្យទានដោយគិតថា អាត្មាអញ មិនគួរ​ញុំាងវង្ស​ត្រកូល​បុរាណ ដែលជីដូនជីតា ធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យសោះ ចំណែកខ្លះ ឲ្យទាន​ដោយ​គិតថា អាត្មាអញ​ចម្អិន (បាយ) ជនទាំងឡាយ​នេះ មិនទាន់​ចម្អិន កាលអញ​ចម្អិន មិនគួរ​ដើម្បីមិនឲ្យ​ទានដល់​ជនដែល​មិនទាន់​ចម្អិន ទាំងមិនឲ្យ​​ទាន​ដោយ​គិតថា អាត្មាអញ​ចម្អិន ជនទាំងឡាយ​នេះ មិនទាន់ចម្អិន កាលអញចម្អិន មិនគួរ​ដើម្បី​មិនឲ្យ​ទាន ដល់ជន​មិនទាន់ចម្អិន ចំណែកខ្លះ ឲ្យទានដោយ​គិតថា មហាយញ្ញ​ទាំងឡាយ​នោះ របស់​ឥសីជាន់មុន​ទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និង​ការ​ចែក​រលែកនេះ នឹងមានដល់​អាត្មាអញ យ៉ាងនោះដែរ ទាំងមិនឲ្យទាន​ដោយគិតថា មហាយញ្ញ​ទាំងឡាយនោះ របស់ឥសី​ជាន់មុន​ទាំងនោះ គឺឥសីឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាង​ណា ទាននឹង​ការចែក​រលែក នឹងមានដល់​អាត្មាអញ យ៉ាងនោះដែរ ចំណែកខ្លះ ឲ្យទាន​ដោយគិតថា កាលអាត្មា​អញ ឲ្យទាននេះ ចិត្តក៏រមែង​ជ្រះថ្លា ការពេញចិត្ត និងសេចក្តី​សោមនស្ស ក៏រមែង​កើតឡើង ទាំងមិនឲ្យ​ទានដោយគិតថា កាលអាត្មាអញ​ឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និង​សេចក្តី​សោមនស្ស ក៏រមែងកើតឡើង ចំណែកខ្លះ ឲ្យទានជា​គ្រឿងប្រដាប់​នៃចិត្ត ជាបរិក្ខារ​នៃចិត្ត។ បុគ្គលនោះ តែងឲ្យបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿង​ឧបករណ៍​ដល់ប្រទីប ជាទាន​ដល់សមណៈ ឬញ្រហ្មណ៍។ ម្នាលសារីបុត្ត អ្នកសំគាល់​នូវហេតុនោះ​ដូចម្តេច បុគ្គលខ្លះ ក្នុងលោកនេះ គប្បីឲ្យទាន​មានសភាព​យ៉ាងនេះដែរឬ។ មាន ព្រះអង្គ។ ម្នាលសារីបុត្ត ក្នុងដំណើរនោះ បុគ្គលណា មិនឲ្យទាន​ប្រកប​ដោយ​តណ្ហា មិនឲ្យ​ទាន​ទាំងចិត្ត​ជាប់​ជំពាក់ មិនឲ្យទាន ទាំងសំឡឹង​នូវការសន្សំទុក មិនឲ្យ​ទានដោយ​គិតថា អាត្មាអញ លះលោក​នេះទៅ នឹងបរិភោគ ទាំងមិនឲ្យ​ទានដោយគិតថា ទានជាការល្អ ទាំងមិនឲ្យទាន​ដោយគិតថា អាត្មាអញ មិនគួរញុំាងវង្ស​ត្រកូលបុរាណ ដែលជីដូន​ជីតាធ្លាប់ឲ្យ ធ្លាប់ធ្វើ ឲ្យសាបសូន្យ​សោះ ទាំងមិនឲ្យទាន​ដោយគិតថា អាត្មាអញ​ចម្អិន ជនទាំងឡាយនេះ មិនទាន់ចម្អិន កាលអញ​ចម្អិន មិនគួរដើម្បី​នឹងមិន​ឲ្យទាន ដល់ពួកបុគ្គល​មិនចម្អិន ទាំងមិនឲ្យ​ទាន​ដោយគិតថា មហាយញ្ញ​ទាំងឡាយ​នោះ របស់ឥសីទាំង​នោះគឺ ឥសី ឈ្មោះ អដ្ឋកៈ ១ វាមកៈ ១ វាមទេវៈ ១ វេស្សាមិត្តៈ ១ យមទគ្គិ ១ អង្គីរសៈ ១ ភារទ្វាជៈ ១ វាសេដ្ឋៈ ១ កស្សបៈ ១ ភគុ ១ យ៉ាងណា ទាន និង​ការចែក​រលែកនេះ នឹងមាន​ដល់អាត្មា​អញ យ៉ាងនោះដែរ ទាំងមិនឲ្យ​ទានដោយគិតថា កាលអាត្មាអញ​ឲ្យទាននេះ ចិត្តក៏ជ្រះថ្លា ការពេញចិត្ត និងសេចក្តី​សោមនស្ស ក៏កើត​ឡើង ចំណែកខ្លះ ឲ្យទាន​ជា​គ្រឿង​​ប្រដាប់នៃចិត្ត ជាបរិក្ខារ​នៃចិត្ត លុះបុគ្គលនោះ ឲ្យទាននោះ​រួចហើយ ​បែក​ធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយ​នឹង​ព្រហ្មកាយិក​ទេវតា បុគ្គលនោះ ញុំាង​ផល​​កម្ម​នោះ ញុំាងឫទ្ធិនោះ ញុំាងយសនោះ ញុំាង​អធិបតេយ្យ​នោះ ឲ្យអស់ហើយ ជា​អនាគាមី មិនមកកាន់​ភពនេះទេ ម្នាលសារីបុត្ត នេះឯង​ជាហេតុ នេះឯង​ជាបច្ច័យ ដែល​នាំឲ្យ​​ទានបែប​នោះឯង ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គលខ្លះ ក្នុងលោក​នេះ ជាទាន​​មាន​ផលច្រើន តែមិនមាន​អានិសង្ស​ច្រើន ម្នាលសារីបុត្ត នេះឯង​ជាហេតុ នេះជាបច្ច័យ ដែលនាំ​ឲ្យទាន​បែបនោះឯង ដែលបុគ្គល​ឲ្យហើយ ចំពោះបុគ្គល​ខ្លះ ក្នុងលោកនេះ ជាទានមាន​ផលច្រើន មាន​អានិសង្សច្រើន។

នន្ទមាតាសូត្រ ទី១០

[៥០] សម័យមួយ ព្រះមានព្រះភាគ ព្រះសារីបុត្តដ៏មានអាយុ និង​ព្រះមហាមោគ្គល្លាន​​ដ៏មានអាយុ ត្រាច់ទៅកាន់​ចារិក ក្នុង​ទក្ខិណាគីរី ជា​មួយនឹង​​ភិក្ខុសង្ឃ​ច្រើន​រូប។ សម័យនោះឯង នន្ទមាតា​ឧបាសិកា នៅក្នុងក្រុង​ឈ្មោះ វេឡុកណ្តកៈ ក្រោក​ឡើង​ក្នុង​បច្ចូសសម័យ​នៃរាត្រី សូត្រ​បារាយនធម៌ គឺព្រះនិញ្វន ដោយសំឡេង​ដ៏ពីរោះ។ សម័យនោះឯង មហារាជ ឈ្មោះ​វេស្សវណ ស្តេចចេញទៅ​អំពីទិស​ខាងជើង ទៅកាន់​ទិស​ខាង​ត្បូង ដោយកិច្ចនីមួយ។ មហារាជ​ឈ្មោះ​វេស្សវណ បានឮ​នន្ទមាតា​ឧបាសិកា កំពុងសូត្រ​បារាយនធម៌ ដោយសំឡេង (ដ៏ពីរោះ) ក៏បង្អង់​ឈរចាំស្តាប់​ត្រាតែចប់ពាក្យ​ពោល។ លុះនន្ទមាតា​ឧបាសិកា សូត្រនូវ​បារាយនធម៌ ដោយសំឡេង (ដ៏ពីរោះ) រួចហើយ ក៏នៅស្ងៀម។ លំដាប់នោះ មហារាជ​ឈ្មោះ វេស្សវណ ជ្រាបច្បាស់​នូវការចប់​នៃកថា របស់​នន្ទមាតា​ឧបាសិកាហើយ ក៏អនុមោទនា​ថា ម្នាលនាង ពីរោះ​ណាស់ ម្នាលនាង ពីរោះ​ណាស់។ (នន្ទមាតា​ឧបាសិកា​សួរថា) បពិត្រព្រះអង្គ​មានមុខ​ដ៏ចំរើន ចុះអ្នកជាអ្វី។ ម្នាលនាង ខ្ញុំជា​មហារាជ ឈ្មោះ​វេស្សវណ ជាប្អូន​នៃនាង។ បពិត្រ​​ព្រះអង្គ​​អ្នកមានមុខ​ដ៏ចំរើន ប្រពៃហើយ បើដូច្នោះ ធម្មបរិយាយ ដែលខ្ញុំពោល​ហើយនេះ សូមជា​​បណ្ណាការ​យ៉ាងវិសេស ដល់ព្រះអង្គ។ វេស្សវណ​មហារាជ​ពោលថា ម្នាលនាង ប្រពៃហើយ ពាក្យនុ៎ះ សូមជា​បណ្ណាការ​យ៉ាងវិសេស​ដល់ខ្ញុំចុះ ភិក្ខុសង្ឃមាន​ព្រះសារីបុត្ត និង​ព្រះមហា​មោគ្គល្លាន​ជាប្រធាន មិនទាន់បាន​ធ្វើភត្តកិច្ច​ក្នុងវេលាព្រឹក នឹងមក​កាន់ វេឡុកណ្តកនគរ ក្នុងថ្ងៃស្អែក នាងចូរអង្គាស​នូវភិក្ខុសង្ឃនោះ ឧទ្ទិសនូវ​ចំណែក​បុណ្យ​ដល់​ខ្ញុំផង បណ្ណាការ​យ៉ាងវិសេស នឹងមានដល់​ខ្ញុំយ៉ាងនេះឯង។ គ្រានោះ នន្ទមាតា​ឧបាសិកា លុះកាល​កន្លងទៅ ក៏ប្រើបុរស​មួយនាក់ ឲ្យចាត់ចែង​​ខាទនីយ​​ភោជនីយាហារ​ដ៏ឧត្តម ក្នុងលំនៅរបស់ខ្លួន។ លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និង​ព្រះមហា​មោគ្គល្លាន​​ជាប្រធាន មិនទាន់ធ្វើភត្ត​កិច្ច ក្នុងពេលព្រឹក​នៅឡើយ ក៏សំដៅ​ទៅកាន់​វេឡុកណ្តក​នគរ។ ចំណែកខាង​នន្ទមាតា​ឧបាសិកា ក៏ហៅបុរស​​មួយ​នាក់​ថា នែបុរស​ដ៏ចំរើន អ្នកចូរមក អ្នកចូរ​ទៅឯអារាម ចូរក្រាប​ទូលនូវ​ភត្តកាល ចំពោះ​ភិក្ខុ​​សង្ឃថា បពិត្រលោក​ទាំងឡាយ​ដ៏ចំរើន កាលគួរហើយ ភត្តក្នុង​លំនៅ នៃ​នន្ទមាតា​​ជា​ម្ចាស់ ក៏សម្រេច​ហើយ។ បុរសនោះ ក៏ទទួល​ស្តាប់​នន្ទមាតា​ឧបាសិកាថា បាទ អ្នកម្ចាស់ ហើយក៏​សំដៅទៅ​ឯអារាម ក្រាបទូលនូវ​កាល ដល់ភិក្ខុសង្ឃថា បពិត្រ​លោកម្ចាស់​​ទាំងឡាយ​ដ៏ចំរើន កាលគួរហើយ ភត្តក្នុងលំនៅ​នៃនន្ទមាតា​ឧបាសិកា​ជាម្ចាស់ ក៏សម្រេច​ហើយ។ លំដាប់នោះ ភិក្ខុសង្ឃ មានព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន​ជាប្រធាន ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅ​ត្រង់លំនៅ ដែល​​នន្ទមាតា​​ឧបាសិកា​នៅ លុះចូល​ទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាល​ស្រេចហើយ។ ចំណែកខាង​នន្ទមាតា​ឧបាសិកា អង្គាសភិក្ខុសង្ឃ មាន​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន​ជាប្រធាន ដោយខាទនីយ​ភោជនីយាហារ​ដ៏ឧត្តម ដោយដៃខ្លួនឯង ឲ្យឆ្អែត​ស្កប់ស្កល់​ត្រាតែ​ហាមឃាត់។ នន្ទមាតា​ឧបាសិកា លុះកំណត់ដឹង​​នូវ​ព្រះសារីបុត្ត​ដ៏មានអាយុ កាលឆាន់រួច មានព្រះហស្ត​ដាក់ចេញ​ពីបាត្រហើយ ក៏អង្គុយ​​ក្នុង​ទីដ៏សមគួរ។ លុះ​នន្ទមាតា​ឧបាសិកា អង្គុយក្នុងទី​ដ៏សមគួរហើយ ព្រះសារីបុត្ត​ដ៏​មាន​អាយុ ក៏សួរ​ដូច្នេះថា ម្នាលនន្ទមាតា ចុះអ្នកណា​​​ប្រាប់ដំណើរ​​មកនៃ​​ភិក្ខុសង្ឃ​​ដល់នាង។ បពិត្រ​​លោកម្ចាស់​​ដ៏ចំរើន ខ្ញុំម្ចាស់​ក្រោក​ឡើង​ក្នុង​បច្ចូស​សម័យ​​នៃរាត្រី​​ឯណោះ សូត្រ​​បារាយនធម៌​​ដោយសំឡេង (ដ៏ពីរោះ) ហើយ​នៅ​ស្ងៀម។ បពិត្រ​​លោកម្ចាស់​​ដ៏ចំរើន ស្រាប់តែ​​មហារាជ​​ឈ្មោះ​​វេស្សវណ ដឹងច្បាស់​នូវ​ទីបំផុត​​នៃធម្មកថា​​របស់ខ្ញុំ ក៏​អនុមោទនា​​ថា ម្នាល​នាង ពីរោះ​ណាស់ ម្នាលនាង ពីរោះ​ណាស់។ (ខ្ញុំម្ចាស់​សួរថា) ម្នាលអ្នក​​មានមុខ​ដ៏​ចំរើន ចុះអ្នក​ជាអ្វី។ ម្នាលនាង ខ្ញុំជា​មហារាជ​​ឈ្មោះ​​វេស្សវណ ជាប្អូន​​នៃនាង។ បពិត្រ​ព្រះអង្គ​​មាន​ភ័ក្រ្ត​ដ៏ចំរើន ការមក​របស់​​ព្រះអង្គ ប្រពៃ​ណាស់ បើដូច្នោះ ធម្មបរិយាយ ដែល​ខ្ញុំបាន​ពោល​ហើយ​នេះ សូម​ជា​​បណ្ណាការ​​យ៉ាង​វិសេស​​ដល់ព្រះអង្គ។ ម្នាលនាង ប្រពៃ​ហើយ ពាក្យ​នុ៎ះឯង សូមជា​​បណ្ណាការ​​យ៉ាងវិសេស​​ដល់ខ្ញុំ ភិក្ខុសង្ឃ​ មាន​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន​​ជាប្រធាន មិនទាន់​ធ្វើ​ភត្តកិច្ច​​ក្នុងវេលា​​ព្រឹកនៅ​​ឡើយ និមន្ត​​មកកាន់​វេឡុកណ្តក​​នគរ ក្នុងថ្ងៃ​ស្អែក ចូរនាង​អង្គាស​​ភិក្ខុសង្ឃ​ ហើយ​ឧទ្ទិស​​ជូនចំណែក​​បុណ្យ​ដល់​ខ្ញុំផង។ បណ្ណាការ​​យ៉ាងវិសេស នឹងមាន​ដល់​ខ្ញុំ​​យ៉ាងនេះ​ឯង។ បពិត្រ​​លោកម្ចាស់​ដ៏ចំរើន បុណ្យក្នុង​ទាននេះ [ត្រង់ពាក្យថា បុណ្យក្នុងទាន ដែលបូជា​ហើយ អដ្ឋកថា សំដៅយក ចេតនា ៣ ប្រការ។] សូមឲ្យ​ជាបុណ្យ​ ដែលខ្ញុំបូជា​ហើយ ដើម្បី​សេចក្តី​សុខ​ដល់​មហារាជ​ ឈ្មោះ​វេស្សវណ​​ចុះ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែក​ណាស់ ព្រោះនាង​​បានចរចា​​ក្នុងទី​ចំពោះមុខ ជាមួយ​​នឹង​មហារាជ​​ឈ្មោះ​វេស្សវណ ជា​ទេវបុត្ត​​មានឫទ្ធិធំ​​យ៉ាងនេះ មានស័ក្តិធំ​​យ៉ាងនេះ។ បពិត្រលោក​ម្ចាស់​ដ៏ចំរើន ធម៌នេះឯង មិនមែន​អស្ចារ្យ​ចំឡែក​​របស់ខ្ញុំ​ទេ នៅមាន​ធម៌​​ឯទៀត ដែល​អស្ចារ្យ​ចំឡែក​​របស់​ខ្ញុំ បពិត្រ​​លោកម្ចាស់​​ដ៏ចំរើន ក្នុងគ្រានេះ ខ្ញុំមាន​កូន​ប្រុសម្នាក់​​ឈ្មោះ​​នន្ទៈ ជាទី​​ស្រឡាញ់ ជាទីពេញ​ចិត្ត ព្រះរាជា​​ទាំងឡាយ ចាប់ទាញ​​កំហែង​កូននោះ ព្រោះ​ហេតុ​នីមួយ មកផ្តាច់​ជីវិត បពិត្រ​លោកម្ចាស់​​ដ៏ចំរើន កាលទារក​នោះ គេចាប់យក​ទៅ​ហើយ​ក្តី កំពុង​ចាប់ក្តី សម្លាប់​ហើយក្តី កំពុង​សម្លាប់ក្តី បៀតបៀន​​ហើយក្តី កំពុង​បៀត​បៀន​ក្តី ខ្ញុំម្ចាស់​មិនដឹង​​នូវសេចក្តី​​ប្រែប្រួល​​នៃចិត្ត​ឡើយ។​ ម្នាលនាង​​នន្ទមាតា អស្ចារ្យ​ណាស់ ម្នាល​នាង​​នន្ទមាតា ចំឡែក​ណាស់ កោតតែ​នាង​​ជំរះ​នូវ​ហេតុ​​ត្រឹមតែ​​ការកើត​​ឡើង​នៃ​​ចិត្ត​បាន។ បពិត្រ​លោកម្ចាស់​​ដ៏ចំរើន ធម៌នេះឯង មិនមែន​​អស្ចារ្យ​ចំឡែក​នៃ​ខ្ញុំទេ នៅមាន​ធម៌ឯ​ទៀត អស្ចារ្យ​ចំឡែក​​របស់ខ្ញុំ បពិត្រលោក​​ដ៏ចំរើន ក្នុងគ្រានេះ ស្វាមីរបស់​ខ្ញុំ ធ្វើ​មរណកាល​​ទៅ ក៏ទៅកើត​​ក្នុងកំណើត​​នៃយក្សមួយ ស្វាមីរបស់​​ខ្ញុំនោះ សំដែង​​នូវ​អត្តភាព​ដល់​ខ្ញុំ ដូចក្នុង​កាលមុន បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន ខ្ញុំ​ម្ចាស់​មិនដឹង​​នូវ​សេចក្តី​​ប្រែប្រួលនៃ​ចិត្ត ដែលជា​ហេតុ​ជាង​​នោះឡើយ។ ម្នាល​នន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់ កោតតែ​នាង​ជំរះ​នូវហេតុ​ត្រឹម​តែការ​កើត​ឡើង​នៃ​ចិត្តបាន។ បពិត្រ​លោកម្ចាស់​​ដ៏ចំរើន ធម៌នោះឯង មិនមែន​​អស្ចារ្យចំឡែក​​របស់ខ្ញុំទេ នៅមានធម៌​ឯទៀត ជា​អស្ចារ្យ​ចំឡែក​របស់ខ្ញុំ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន កាលខ្ញុំម្ចាស់​​នៅក្រមុំ គេនាំមក​ឲ្យស្វាមី​កំឡោះ ខ្ញុំមិន​ដែល​​ប្រព្រឹត្ត​កន្លង​​ដោយ​ចិត្តទេ មិនបាច់​និយាយ​​ដល់ការ​ប្រព្រឹត្ត​កន្លង​ដោយ​កាយ​ឡើយ។ ម្នាល​នន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែកណាស់ កោត​តែ​នាង​ជំរះ​នូវហេតុ ត្រឹមតែ​ការ​កើត​ឡើង​​នៃចិត្ត​បាន។ បពិត្រ​លោកម្ចាស់​​ដ៏ចំរើន ធម៌​នោះឯង មិនមែន​ជា​អស្ចារ្យចំឡែក​​របស់ខ្ញុំទេ នៅមាន​​ធម៌ឯទៀត ជាអស្ចារ្យ ចំឡែក​របស់​ខ្ញុំ បពិត្រ​​លោកម្ចាស់​​ដ៏ចំរើន កាលដែល​ខ្ញុំម្ចាស់​​សំដែងខ្លួន ជា​ឧបាសិកា​ឡើង មិន​ធ្លាប់ក្លែង​​ប្រព្រឹត្ត​កន្លង​នូវ​សិក្ខាបទ​​ណាមួយទេ។ ម្នាល​​នន្ទមាតា អស្ចារ្យ​ណាស់ ម្នាល​នន្ទមាតា ចំឡែក​​ណាស់។ បពិត្រ​​លោកម្ចាស់​​ដ៏ចំរើន ធម៌នោះឯង មិនមែន​​ជា​អស្ចារ្យ​ចំឡែក​​របស់ខ្ញុំទេ នៅមាន​​ធម៌ឯទៀត ជាអស្ចារ្យ​ចំឡែក​​របស់ខ្ញុំ បពិត្រ​​លោកម្ចាស់​​ដ៏​ចំរើន ខ្ញុំម្ចាស់​​ប៉ុនប៉ង​​ដរាប​មក​ ក្នុង​ទីនេះថា ខ្ញុំស្ងាត់​ចាកកាម​ទាំងឡាយ ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ ហើយបាន​​ដល់នូវ​បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ និង​វិចារៈ មានបីតិ និង​សុខ កើត​អំពីសេចក្តី​​ស្ងប់ស្ងាត់ ព្រោះ​​រម្ងាប់វិតក្កៈ និង​វិចារៈ ក៏បាន​ដល់​នូវ​ទុតិយជ្ឈាន ជា​ធម្មជាត​​កើតមាន​​ក្នុងសន្តាន​នៃខ្លួន ប្រកប​ដោយ​​សេចក្តីជ្រះថ្លា គឺសទ្ធា មាន​សភាព​ជាចិត្ត​ខ្ពស់ឯក មិនមាន​វិតក្កៈ មិនមានវិចារៈ មានតែបីតិ និង​សុខ កើតអំពី​​សមាធិ គឺ​បឋមជ្ឈាន ព្រោះវិនាសទៅ​​នៃបីតិផង ជាអ្នកប្រកប​​ដោយ​​ឧបេក្ខាផង ខ្ញុំជាអ្នក​​នឹក​រលឹក ដឹងច្បាស់ ទទួលនូវ​សុខ ដោយនាមកាយ​ផង បានដល់​នូវ​តតិយជ្ឈាន ដែល​អរិយៈ​ទាំងឡាយ តែង​សរសើរថា បុគ្គល​មាន​សតិ​ប្រកប​​ដោយ​ឧបេក្ខា នៅជាសុខ ព្រោះលះបង់​​នូវសុខផង លះបង់នូវទុក្ខផង វិនាសទៅ នៃ​សោមនស្ស និង​ទោមនស្ស​​ក្នុង​កាល​មុនផង ខ្ញុំក៏បាន​ដល់​នូវ​ចតុត្ថជ្ឈាន មានសតិ​​ដ៏បរិសុទ្ធ​​ដោយឧបេក្ខា មិនជា​ទុក្ខ មិន​ជា​សុខ។ ម្នាលនន្ទមាតា អស្ចារ្យណាស់ ម្នាលនន្ទមាតា ចំឡែក​ណាស់។ បពិត្រ​លោកម្ចាស់​​ដ៏ចំរើន ធម៌នេះ​ឯង មិនមែន​ជា​អស្ចារ្យ​ចំឡែក​របស់ខ្ញុំទេ នៅមាន​​ធម៌ឯ​ទៀត​ ជាអស្ចារ្យ​​ចំឡែក​របស់ខ្ញុំ បពិត្រ​លោក​ម្ចាស់​ដ៏ចំរើន សំយោជនៈ​​ខាងក្រោម​​ទាំង ៥ ណា ដែល​​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ បណ្តា​​សំយោជនៈ​​ទាំងនោះ ខ្ញុំម្ចាស់​​ពិចារណា​មិនឃើញ នូវសំយោជនៈ​​ណាមួយ ក្នុងខ្លួន​​ដែលមិនទាន់​​លះបង់​​សោះឡើយ។ ម្នាល​នន្ទមាតា អស្ចារ្យណាស់ ម្នាល​នន្ទមាតា ចំឡែក​ណាស់។ លំដាប់នោះ ព្រះសារីបុត្ត​ដ៏មាន​អាយុ ញុំាងនន្ទមាតា​​ឧបាសិកា ឲ្យឃើញ​ច្បាស់ ឲ្យ​ប្រតិបត្តិ​តាម ឲ្យអាច​ហ៊ាន ឲ្យរីក​រាយ ដោយធម្មីកថា ហើយក្រោក​ចាកអាសនៈ​ចេញទៅ។

ចប់ មហាយញ្ញវគ្គ ទី៥។

ឧទ្ទាននៃមហាយញ្ញវគ្គនោះគឺ

និយាយអំពីចិត្ត ១ បរិក្ខារ ១ អំពីភ្លើង ពីរលើក អំពីសញ្ញា ២ លើកទៀត អំពី​មេថុន ១ អំពីសញ្ញោគៈ និងវិសញ្ញោគៈ ១ អំពីទាន ១ អំពីនន្ទមាតា​ឧបាសិកា ១ រួមជា ១០។

ចប់ បណ្ណាសក។

បណ្ណាសកាសង្គហិតវគ្គ

អព្យាកតវគ្គ

អព្យាកតសូត្រ ទី១

[៥១] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​​ទៅដល់​ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏​សមគួរ។ លុះភិក្ខុ​នោះ អង្គុយ​​ក្នុងទីដ៏​​សមគួរ​ហើយ បានក្រាប​បង្គំទូល​​ព្រះមាន​ព្រះភាគ​​ដូច្នេះថា បពិត្រ​​ព្រះអង្គ​ដ៏​ចំរើន អ្វីជា​ហេតុ អ្វីជាបច្ច័យ ដែលនាំ​ឲ្យ​វិចិកិច្ឆា​​របស់​អរិយសាវក អ្នក​មាន​សេចក្តី​​ចេះដឹង​ មិន​កើត​​ឡើង ក្នុង​អព្យាកត​វត្ថុ​​ទាំងឡាយ។ ម្នាលភិក្ខុ វិចិកិច្ឆា​របស់​អរិយសាវក អ្នក​មាន​​សេចក្តី​​ចេះដឹង រមែង​មិនកើត​ឡើង ក្នុង​អព្យាកត​វត្ថុ​​ទាំងឡាយ ព្រោះ​​រលត់​ទិដ្ឋិ។ ម្នាល​ភិក្ខុ ទិដ្ឋិកើត​​ឡើងថា សត្វស្លាប់ទៅ រមែង​កើតទៀត ម្នាលភិក្ខុ ទិដ្ឋិ​កើត​ឡើង​ថា សត្វស្លាប់ទៅ មិនកើតទៀត ម្នាលភិក្ខុ ទិដ្ឋិ កើត​ឡើងថា សត្វស្លាប់ទៅ រមែងកើត​ទៀត ក៏មាន មិនកើតទៀត ក៏មាន ម្នាលភិក្ខុ ទិដ្ឋិកើតឡើងថា សត្វស្លាប់​ទៅកើត​ទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន។ ម្នាលភិក្ខុ បុថុជ្ជនអ្នក​មិនចេះដឹង រមែងមិន​​ដឹងច្បាស់ នូវទិដ្ឋិ មិនដឹងច្បាស់នូវហេតុ ជាទីកើតឡើងនៃទិដ្ឋិ មិនដឹងច្បាស់នូវ សេចក្តីរលត់ទៅនៃទិដ្ឋិ មិនដឹងច្បាស់​នូវបដិបទា ដែលដល់នូវ​ការរលត់​ទៅនៃទិដ្ឋិ ទិដ្ឋិនោះ រមែងចំរើន​​ដល់បុថុជ្ជននោះ បុថុជ្ជននោះ រមែងមិន​​រួចចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីតានតឹង តថាគត​ហៅថា រមែងមិនរួច​​ចាកវដ្តទុក្ខ​​ឡើយ។ ម្នាលភិក្ខុ អរិយសាវក អ្នកមាន​សេចក្តីចេះដឹង រមែងដឹង​ច្បាស់ នូវទិដ្ឋិ ដឹងច្បាស់​នូវហេតុ​ជាទី​កើតឡើង​នៃទិដ្ឋិ ដឹងច្បាស់​នូវសេចក្តី​រលត់ទៅ​​នៃទិដ្ឋិ ដឹងច្បាស់​នូវបដិបទា ជាដំណើរ​ទៅកាន់​ទីរលត់​ទៅនៃទិដ្ឋិ ទិដ្ឋិ​នោះរបស់អរិយ​សាវកនោះ រមែងរលត់ទៅ អរិយសាវកនោះ ទើបរួច​ស្រឡះ​ចាកជាតិ ជរា មរណៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស សេចក្តី​តានតឹង តថាគត​ហៅថា រមែងរួច​ស្រឡះ​ចាក​វដ្តទុក្ខ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ រមែងមិនពោលថា សត្វស្លាប់ទៅ កើតទៀតដូច្នេះខ្លះ មិនពោលថា សត្វ ស្លាប់ទៅ មិនកើតទៀត​ដូច្នេះខ្លះ មិនពោលថា សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិន​កើតទៀត​​ក៏មិនមែន​ដូច្នេះខ្លះ។ ម្នាលភិក្ខុ អរិយសាវក អ្នកមានសេចក្តី​ចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ជាអ្នកមាន​កិរិយាមិនពោល​ជាធម្មតា ក្នុងអព្យាកតវត្ថុ​​ទាំងឡាយ យ៉ាងនេះឯង។ ម្នាលភិក្ខុ អរិយសាវក អ្នកមាន​សេចក្តីចេះដឹង កាលដឹង​យ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនរន្ធត់ មិនចំប្រប់ មិនញាប់ញ័រ មិនដល់នូវ​សេចក្តី​តក់ស្លុត​ ក្នុងអព្យាកតវត្ថុ​​ទាំងឡាយ​​ទេ។ ម្នាលភិក្ខុ តណ្ហា សញ្ញា មានះ បបញ្ចធម៌ (សេចក្តី​យឺតយូរ) ឧបាទាន និង​វិប្បដិសារៈ​នុ៎ះ កើតឡើងថា សត្វស្លាប់ទៅ កើតទៀត​ក៏មាន ម្នាលភិក្ខុ វិប្បដិសារៈ​នុ៎ះ កើតឡើងថា សត្វស្លាប់ទៅ មិនកើតទៀត​ក៏មាន ម្នាលភិក្ខុ វិប្បដិសារៈ​នុ៎ះ កើតឡើងថា ស្វតស្លាប់ទៅ កើតទៀត​ក៏មាន មិនកើតទៀត​ក៏មាន ម្នាលភិក្ខុ វិប្បដិសារៈ​នុ៎ះ កើតឡើងថា សត្វស្លាប់ទៅ កើតទៀត​ក៏មិនមែន មិនកើតទៀត​ក៏មិនមែន។ ម្នាលភិក្ខុ បុថុជ្ជន អ្នកមិនមាន​សេចក្តីចេះដឹង រមែង​មិនដឹង​ច្បាស់ នូវវិប្បដិសារៈ មិនដឹងច្បាស់​នូវហេតុ ជាទីកើតឡើង​នៃវិប្បដិសារៈ មិនដឹងច្បាស់​នូវ​សេចក្តី​​រលត់ទៅ​​នៃវិប្បដិសារៈ មិនដឹងច្បាស់​​នូវបដិបទា ដែលដល់​​នូវការ​រលត់ទៅ​​នៃវិប្បដិសារៈ វិប្បដិសារៈនោះ របស់បុថុជ្ជននោះ រមែងចំរើន​ឡើង បុថុជ្ជននោះ រមែង​មិនរួច​​ចាកជាតិ ជរា មរណៈ សេចក្តីសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីទុក្ខ ទោមនស្ស សេចក្តីតានតឹង តថាគត​ពោលថា រមែងមិន​រួច​ចាក​វដ្តទុក្ខ​ឡើយ។ ម្នាលភិក្ខុ លុះតែ​អរិយសាវក អ្នកមានសេចក្តី​ចេះដឹង ទើបដឹងច្បាស់​​នូវវិប្បដិសារៈ ដឹងច្បាស់​នូវ​ហេតុ​ជាទី​កើតឡើង​​នៃ​វិប្បដិសារៈ ដឹងច្បាស់​នូវ​សេចក្តី​រលត់​​នៃវិប្បដិសារៈ ដឹងច្បាស់​​នូវ​បដិបទា ដែលដល់​នូវ​ការរលត់ នូវវិប្បដិសារៈ វិប្បដិសារៈនោះ របស់អរិយសាវក​​នោះ រមែង​រលត់​ទៅ។បេ។ ម្នាលភិក្ខុ អរិយសាវក អ្នកមាន​សេចក្តីចេះដឹង កាលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនរន្ធត់ មិនចំប្រប់ មិនញាប់ញ័រ មិនដល់​នូវសេចក្តី​តក់ស្លុត ក្នុងអព្យាកតវត្ថុ​​ទាំងឡាយ​​ទេ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យ​​វិចិកិច្ឆា​របស់​​អរិយសាវក អ្នកមាន​សេចក្តី​ចេះដឹង មិនកើតឡើង ក្នុង​អព្យាកតវត្ថុ​​ទាំងឡាយ។

បុរិសគតិសូត្រ ទី២

[៥២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង​នូវ​គតិរបស់បុរស ទាំង៧ប្រការ​ផង នូវ​​អនុបាទាបរិនិញ្វន​ផង ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្ត​ដោយប្រពៃ តថាគត​នឹងសំដែង។ ភិក្ខុទាំងនោះ ទទួល​ស្តាប់​​ព្រះពុទ្ធដីកា នៃ​ព្រះមាន​ព្រះភាគ​ថា ព្រះករុណា​ ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ ចុះគតិ​របស់បុរស ៧ ប្រការ តើដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រតិបត្តិ​​យ៉ាងនេះ រមែង​បាន​​ឧបេក្ខាថា បើកម្ម (ដែល​ញុំាង​សត្វ​ឲ្យកើត ក្នុង​អត្តភាពនេះ) មិនធ្លាប់មានទេ អត្តភាព​របស់អញ ក៏មិនមាន (ក្នុងកាល​ឥឡូវ​នេះ​ដែរ) បើកម្ម (ដែលញុំាងសត្វ​​ឲ្យកើតក្នុង​​អនាគត) របស់អញ មិនមាន (ក្នុង​កាល​ឥឡូវ​នេះ) ទេ អត្តភាព​របស់អញ (ក្នុងអនាគត) ក៏មិនមាន​ដែរ ខន្ធបញ្ចកៈណា ដែលកើតមាន អញ​លះបង់ នូវខន្ធបញ្ចកៈនោះ​ចេញ។ ភិក្ខុនោះ មិនត្រេកអរ​ក្នុងភព មិនជាប់ជំពាក់​​ក្នុង​សម្ភវៈ រមែង​ឃើញនូវ​​ព្រះនិញ្វន ជាចំណែក​ដ៏ស្ងប់​ក្រៃលែង ដោយបញ្ញា​​ដ៏ប្រពៃ តែព្រះ​និញ្វន​នោះ ភិក្ខុនោះ មិនទាន់បាន​ធ្វើ​ឲ្យជាក់ច្បាស់ ដោយសព្វគ្រប់​​នៅឡើយ ភិក្ខុនោះ មិនទាន់លះបង់​​មានានុស័យ ដោយសព្វគ្រប់​នៅ​ឡើយ មិនទាន់​លះបង់​ភវរាគានុស័យ ដោយសព្វ​គ្រប់​នៅ​ឡើយ មិនទាន់​​លះបង់​​អវិជ្ជានុស័យ ដោយសព្វ​​គ្រប់នៅ​ឡើយ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅ​​នៃសំយោជនៈ ជាចំណែក​​ខាងក្រោម ៥។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូចជា​អម្បែងដែក ដែលក្តៅ​អស់មួយថ្ងៃ កាល​បុគ្គល​ដំ ក្រមរផ្កាភ្លើង​​ខ្ទាតឡើង ហើយរលត់​ទៅវិញយ៉ាងណា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នក​ប្រតិបត្តិ​​យ៉ាងនេះ រមែងបាន​នូវ​ឧបេក្ខាថា បើកម្ម (ដែលញុំាង​សត្វឲ្យកើត ក្នុងអត្តភាព កន្លង​​មកហើយ) មិនធ្លាប់​មានទេ អត្តភាព​របស់អញ (ក្នុងកាល​ឥឡូវនេះ) ក៏មិនមានដែរ បើកម្ម (ដែលញុំាង​​សត្វឲ្យកើត​​ក្នុងអនាគត) មិនមានទេ អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមានដែរ ខន្ធបញ្ចកៈ​ណា ដែលកើតមាន អញលះបង់​​នូវខន្ធបញ្ចកៈ​នោះចេញ។ ភិក្ខុនោះ មិនត្រេកអរក្នុងភព មិនជាប់ជំពាក់​ក្នុងសម្ភវៈ រមែងឃើញ​នូវព្រះនិញ្វន ជាចំណែក​ស្ងប់​ដ៏ក្រៃលែង ដោយបញ្ញា​ដ៏ប្រពៃ តែព្រះនិញ្វន​នោះ ភិក្ខុនោះ មិនទាន់​បានធ្វើ​​ឲ្យជាក់ច្បាស់ ដោយសព្វ​គ្រប់​នៅឡើយ មិនទាន់បាន​លះបង់​​មានានុស័យ ដោយសព្វ​​គ្រប់នៅឡើយ មិនទាន់បាន​​លះបង់​​ភវរាគានុស័យ ដោយសព្វ​គ្រប់​នៅឡើយ មិន​ទាន់បាន​លះបង់​​អវិជ្ជានុស័យ ដោយសព្វ​គ្រប់​នៅឡើយ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅ​​នៃសំយោជនៈ ជាចំណែក​​ខាងក្រោម ៥។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកប្រតិបត្តិ​​យ៉ាងនេះ រមែង​បាន​នូវ​ឧបេក្ខាថា បើកម្ម (ដែលញុំាងសត្វ​ឲ្យកើតក្នុង​អត្តភាពនេះ) មិន​ធ្លាប់មានទេ អត្តភាព​​របស់​អញ ក៏មិនមាន (ក្នុងកាល​ឥឡូវ​នេះដែរ) បើកម្ម (ដែលញុំាង​សត្វ​ឲ្យកើត​​ក្នុង​អនាគត) របស់អញ មិនមាន (ក្នុង​កាលឥឡូវ​នេះទេ) អត្តភាពរបស់អញ (ក្នុងអនាគត) ក៏មិនមាន ខន្ធបញ្ចកៈ​ណា ដែលកើតមាន អញលះបង់​​នូវខន្ធបញ្ចកៈនោះចេញ។ ភិក្ខុនោះ មិន​ត្រេកអរ​ក្នុងភព មិនជាប់ជំពាក់​​ក្នុងសម្ភវៈ រមែងឃើញ​នូវព្រះនិញ្វន ជា​ចំណែក​ដ៏​ស្ងប់ក្រៃលែង ដោយ​បញ្ញា​ដ៏ប្រពៃ តែព្រះនិញ្វន​នោះ ភិក្ខុនោះ មិនទាន់​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ដោយសព្វគ្រប់​នៅឡើយ មិនទាន់លះបង់​​មានានុស័យ ដោយសព្វ​​គ្រប់​នៅ​ឡើយ មិនទាន់លះបង់​ភវរាគានុស័យ ដោយសព្វ​គ្រប់នៅឡើយ មិនទាន់លះបង់​​អវិជ្ជានុស័យ ដោយសព្វគ្រប់​នៅឡើយ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់​ទៅ​​នៃសំយោជនៈ ជាចំណែក​ខាងក្រោម ៥។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូចអម្បែង​ដែក ដែលក្តៅអស់​​មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង​ខ្ទាតអណ្តែតឡើង ហើយ​រលត់​​បាត់​ទៅវិញ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ប្រតិបត្តិ​យ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់​ទៅ​​នៃសំយោជនៈ ជាចំណែក​ខាងក្រោម ៥ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​ប្រតិបត្តិ​​យ៉ាង​នេះ។បេ។ ភិក្ខុនោះ ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅ​នៃសំយោជនៈ ជាចំណែក​​ខាងក្រោម ៥។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​អម្បែងដែក ដែលក្តៅអស់​មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កា​ភ្លើង ខ្ទាតអណ្តែត​ឡើងទៅទល់ផ្ទៃ (ខាងលើ) ហើយរលត់​បាត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​ប្រតិបត្តិ​​យ៉ាងនេះ។បេ។ ភិក្ខុនោះ​ឈ្មោះ​ថា អន្តរាបរិនិញ្វយី ព្រោះអស់ទៅ​​នៃសំយោជនៈ ជាចំណែក​​ខាងក្រោម ៥ ក៏យ៉ាង​នោះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកប្រតិបត្តិ​យ៉ាងនេះ។បេ។ ភិក្ខុនោះ​ឈ្មោះថា ឧបហច្ចបរិនិញ្វយី ព្រោះអស់ទៅ​នៃសំយោជនៈ ជាចំណែក​​ខាង​ក្រោម ៥។ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រៀប​ដូច​អម្បែងដែក​ដែល​ក្តៅ​អស់​មួយថ្ងៃ កាលបុគ្គល​ដំ ក្រមរ​ផ្កា​ភ្លើង ខ្ទាតអណ្តែត​ឡើងទៅទល់ផ្ទៃ (ខាងលើ) ហើយ​រលត់​បាត់ទៅ យ៉ាងណាមិញ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ជាអ្នកប្រតិបត្តិ​យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧបហច្ចបរិនិព្វាយី ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ ជា​ចំណែក​ខាង​ក្រោម​ ៥ ក៏យ៉ាង​នោះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ជាអ្នកប្រតិបត្តិ​​យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា អសង្ខារបរិនិព្វាយី ព្រោះអស់ទៅ​​នៃ​សំយោជនៈ ជា​ចំណែក​​ខាងក្រោម ៥។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​អម្បែងដែក ដែលក្តៅ​អស់មួយថ្ងៃ កាល​បុគ្គល​ដំ ក្រមរ​ផ្កាភ្លើង ខ្ទាតអណ្តែត​ឡើង ហើយធ្លាក់​ទៅលើ​គំនរស្មៅ ឬគំនរ​​ឧស​​ដែល​មាន​ប្រមាណតិច ផ្កាភ្លើងនោះ គប្បីញុំាង​​ភ្លើង ក្នុងគំនរ​ទាំងនោះ ឲ្យកើត​ឡើង​ផង ញុំាងផ្សែង ឲ្យកើត​ឡើងផង លុះញុំាង​​ភ្លើងឲ្យកើត ញុំាងផ្សែង​​ឲ្យកើតឡើង​ហើយ ក៏ឆាបឆេះ​នូវគំនរស្មៅ ឬគំនរឧស​​មានប្រមាណ​តិចនោះឯង ឲ្យទៅជា​របស់ខ្ទេចខ្ទី ហើយរលត់​ទៅ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ប្រតិបត្តិ​យ៉ាងនេះ។បេ។ ភិក្ខុនោះឈ្មោះថា អសង្ខារបរិនិព្វាយី ព្រោះអស់ទៅ​នៃសំយោជនៈ ជាចំណែក​​ខាង​ក្រោម ៥ ក៏យ៉ាងនោះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​ប្រតិបត្តិ​យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា សសង្ខារបរិនិញ្វយី ព្រោះអស់​ទៅនៃ​សំយោជនៈ ជា​ចំណែក​ខាងក្រោម ៥។ ម្នាលភិក្ខុ​ទាំងឡាយ ប្រៀបដូច​អម្បែងដែក ដែលក្តៅ​អស់មួយ​ថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែត​ឡើងទៅ ហើយធ្លាក់ចុះ​លើគំនរស្មៅ ឬគំនរ​​ឧស​ដ៏ធំ ផ្កាភ្លើងនោះ គប្បីញុំាងភ្លើង ក្នុងគំនរ​ទាំងនោះ ឲ្យកើតឡើងផង ញុំាងផ្សែង​ឲ្យ​កើត​ឡើង​ផង លុះញុំាង​ភ្លើងឲ្យកើត ញុំាងផ្សែង​ឲ្យកើតឡើង​ហើយ ក៏ឆាបឆេះ​នូវគំនរស្មៅ ឬគំនរឧស​ដ៏ធំនោះឯង ឲ្យទៅជារបស់​ខ្ទេចខ្ទី ហើយរលត់ទៅ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នក​ប្រតិបត្តិ យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា សសង្ខារបរិនិញ្វយី ព្រោះអស់ទៅ​នៃសំយោជនៈ ជាចំណែក​ខាងក្រោម ៥ ក៏យ៉ាងនោះ​ឯង។ ម្នាលភិក្ខុ​​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកប្រតិបត្តិ យ៉ាងនេះ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅ​នៃសំយោជនៈ ជាចំណែក​ខាងក្រោម ៥។ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រៀបដូច​អម្បែងដែក ដែលក្តៅ​អស់មួយថ្ងៃ កាលបុគ្គលដំ ក្រមរផ្កាភ្លើង ខ្ទាតអណ្តែត​ឡើង ហើយធ្លាក់ចុះ​លើគំនរស្មៅ ឬគំនរឧស​ច្រើន ផ្កាភ្លើងនោះ គប្បីញុំាង​ភ្លើង​ក្នុង​គំនរ​ទាំងនោះ ឲ្យកើត​ឡើងផង ញុំាងផ្សែង​ឲ្យកើត​ឡើង​ផង លុះញុំាងភ្លើង​ឲ្យកើតឡើង ញុំាងផ្សែងឲ្យ​កើតឡើង​ហើយ ក៏​ឆាបឆេះ​នូវគំនរ​ស្មៅ ឬ គំនរឧស គប្បីឆេះ​គុម្ពឈើ (ដែលគ្មាន​​គេរក្សា) ខ្លះ ឆេះព្រៃ (ដែលគេរក្សា) ខ្លះ លុះឆេះ​គុម្ពឈើ (ដែលគ្មាន​គេរក្សា) ឆេះព្រៃ (ដែលគេរក្សា) ហើយ ក៏ទៅជា​របស់ខ្ទេចខ្ទី ហើយរលត់ទៅ ព្រោះអាស្រ័យ​​នូវវត្ថុ​មានពណ៌​ខៀវខ្លះ នូវថ្មខ្លះ នូវទឹកខ្លះ នូវចំណែក​​នៃ​ផែនដី ជាទី​រីករាយខ្លះ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​អ្នកប្រតិបត្តិ យ៉ាង​នេះ។បេ។ ភិក្ខុនោះ ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី ព្រោះអស់ទៅ​នៃ​សំយោជនៈ ជា​ចំណែក​ខាងក្រោម ៥ ក៏យ៉ាង​នោះឯង។ ម្នាលភិក្ខុ​ទាំងឡាយ គតិនៃបុរស មាន ៧ យ៉ាង​នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ ចុះ​​អនុបាទាបរិនិញ្វន តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រតិបត្តិ​យ៉ាងនេះ រមែងបាន​នូវឧបេក្ខាថា បើកម្ម (ដែល​ញុំាង​​សត្វ​ឲ្យកើតក្នុង​អត្តភាព) មិនធ្លាប់​មានទេ អត្តភាព​របស់អញ​​ក៏មិនមាន (ក្នុងកាល​ឥឡូវនេះ) បើកម្ម (ដែលញុំាង​សត្វ​ឲ្យកើត​ក្នុង​អនាគត) របស់អញ មិនមាន (ក្នុងកាល​ឥឡូវ​​នេះទេ) អត្តភាព​របស់​អញ (ក្នុងអនាគត) ក៏មិន​​មានដែរ ខន្ធបញ្ចកៈ​​ណា ដែល​កើត​មាន អញលះបង់​​នូវខន្ធបញ្ចកៈ​នោះ​ចេញ។​ ភិក្ខុនោះ មិនត្រេកអរ​ក្នុងភព មិនជាប់​ជំពាក់​ក្នុងសម្ភវៈ រមែង​ឃើញ​នូវព្រះនិញ្វន ជាចំណែក​ស្ងប់ដ៏ក្រៃលែង ដោយបញ្ញា​​ដ៏ប្រពៃ ទាំង​ព្រះនិញ្វន​នោះ ភិក្ខុនោះ ក៏បានធ្វើ​ឲ្យជាក់ច្បាស់ ដោយ​​សព្វ​គ្រប់ ភិក្ខុ​នោះ បានលះបង់​​មានានុស័យ ដោយសព្វ​គ្រប់ បានលះបង់​​នូវភវរាគានុស័យ ដោយ​សព្វគ្រប់ បានលះបង់​​នូវអវិជ្ជានុស័យ ដោយ​សព្វគ្រប់។ ភិក្ខុនោះ ព្រោះអស់ទៅ​​នៃអាសវៈ។បេ។ រមែងបាន​ធ្វើឲ្យជាក់​ច្បាស់ សម្រេច។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អនុបាទាបរិនិញ្វន។ ម្នាលភិក្ខុ​ទាំងឡាយ គតិនៃបុរស មាន ៧ យ៉ាង និង​អនុបាទាបរិនិញ្វន យ៉ាងនេះឯង។

តិស្សព្រហ្មាសូត្រ ទី៣

[៥៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់លើ​ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ទេវតាពីរអង្គ កាលរាត្រី​បឋមយាម​កន្លងទៅហើយ មានរស្មីដ៏ល្អ បានធ្វើភ្នំ​គិជ្ឈកូដ​​ទាំងអស់​ឲ្យភ្លឺ ហើយចូល​ទៅគាល់​​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក៏ថ្វាយ​បង្គំ​ព្រះ​ដ៏មាន​ព្រះភាគ ហើយឋិតនៅ​ក្នុងទីដ៏សមគួរ។ លុះទេវតា​មួយអង្គ ឋិតនៅក្នុង​ទីសម​​គួរហើយ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុនីទាំង​នោះ រួចស្រឡះហើយ (ចាកកិលេស) ទេវតា​មួយអង្គទៀត បានក្រាប​បង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុនីទាំងនោះ បានជា​អនុបាទិសេសនិញ្វន រួចស្រឡះ​ដោយប្រពៃ (ចាកកិលេស) លុះទេវតាទាំងនោះ បាន​ពោល​ពាក្យ​នេះហើយ ព្រះសាស្តា ក៏ទ្រង់ពេញ​ព្រះហ្ឫទ័យ។ គ្រានោះ ទេវតា​ទាំងនោះ​គិតថា ព្រះសាស្តា ពេញ​ព្រះហឫទ័យ ហើយថ្វាយ​​​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ធ្វើប្រទក្សិណ រួចក៏បាត់​​ចាកទី​​នោះឯង។ លំដាប់នោះ កាលរាត្រី​នោះ​​កន្លងទៅ ព្រះដ៏​មានព្រះភាគ ទ្រង់​ត្រាស់​ហៅភិក្ខុ​​ទាំងឡាយ​ថា ម្នាលភិក្ខុ​​ទាំងឡាយ ក្នុង​រាត្រីនេះ ទេវតា​ពីរអង្គ កាល​រាត្រី​បឋមយាម កន្លង​ទៅ​ហើយ មាន​រស្មីដ៏ល្អ ធ្វើភ្នំ​​គិជ្ឈកូដ​​ទាំងអស់​ឲ្យភ្លឺ ហើយ​ចូល​មក​រក​តថាគត លុះចូល​មក​ដល់​ហើយ ក៏ថ្វាយ​បង្គំ​តថាគត​ ហើយឋិត​នៅ​ក្នុង​ទីដ៏​សមគួរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះទេវតា​មួយ​អង្គ ឋិតក្នុង​​ទីសមគួរ​ហើយ បានពោល​​នឹងតថាគត ដូច្នេះ​ថា បពិត្រព្រះអង្គ​ដ៏​ចំរើន ភិក្ខុនី​​ទាំងនោះ​​រួចស្រឡះ (ចាក​កិលេស) ទេវតា​​មួយ​អង្គ​ទៀត ក៏ពោល​​នឹងតថាគត​​ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន ភិក្ខុនី​​ទាំង​នោះ ជា​អនុបាទិសេសនិញ្វន រួចស្រឡះ​​ដោយប្រពៃ (ចាក​កិលេស) ម្នាលភិក្ខុ​​ទាំងឡាយ លុះ​ទេវតា​​ទាំងនោះ បានពោលពាក្យ​​ដូច្នេះហើយ ពោលនូវ​​ហេតុនេះ​ហើយ ក៏​ថ្វាយ​បង្គំ​តថាគត ធ្វើប្រទក្សិណ រួចក៏បាត់​ចាក​ទីនោះឯង។ សម័យ​នោះឯង ព្រះមហា​មោគ្គល្លាន​ដ៏មាន​អាយុ អង្គុយ​ក្នុងទីជិត​​ព្រះដ៏មាន​ព្រះភាគ​​ដែរ។ លំដាប់នោះ ព្រះមហា​មោគ្គល្លាន​ដ៏​​មាន​អាយុ មាន​សេចក្តី​​ត្រិះរិះ​ដូច្នេះថា ពួកទេវតា​​ដូចម្តេច មាន​ញាណ​កើត​ឡើង​យ៉ាង​នេះ​ថា សឧបាទិសេសៈ ក្នុង​សឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុង​អនុបាទិសេសៈ ដូច្នេះខ្លះ។ សម័យនោះ​ឯង ភិក្ខុឈ្មោះ​តិស្សៈ ធ្វើមរណកាល ក្នុង​កាល​ឥឡូវ​នេះ បានទៅ​កើតក្នុង​​ព្រហ្មលោក​​ណាមួយ ជនទាំងឡាយ តែងដឹង​នូវ​ព្រហ្ម​នោះ ក្នុង​រឿងនោះ យ៉ាងនេះថា ព្រហ្មឈ្មោះ​​តិស្ស ជាអ្នកមាន​ឫទ្ធិច្រើន មានអានុភាព​ច្រើន។ លំដាប់នោះ ព្រះមហា​មោគ្គល្លាន​​ដ៏មានអាយុ ក៏ស្រាប់តែ​បាត់​ពីភ្នំគិជ្ឈកូដ ទៅប្រាកដ​ឯព្រហ្មលោក​​នោះឯង ដូចជាបុរស​​មានកំឡាំង លានូវដៃ​ដែល​បត់ចូល ឬបត់​ចូលនូវ​ដៃ​ដែល​​លាចេញ ដូច្នោះឯង។ លុះព្រហ្ម​ឈ្មោះ​តិស្សៈ បានឃើញ​​ព្រះមហា​មោគ្គល្លាន​ដ៏​មាន​អាយុ មកពីចម្ងាយ លុះឃើញហើយ បានពោលនឹង​​ព្រះមហា​មោគ្គល្លាន​​ដ៏មាន​អាយុ ដូច្នេះថា បពិត្រ​​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់​​ចូរនិមន្តមក បពិត្រ​ព្រះ​មោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់​និមន្តមក​ស្រួលហើយ បពិត្រ​​ព្រះ​មោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់​​ខានធ្វើ​នូវ​បរិយាយ ដែលជា​បរិយាយ​​អំពីដំណើរ​​មក​ក្នុង​​ទីនេះ អស់​កាល​​យូរហើយ បពិត្រ​​ព្រះមហា​មោគ្គល្លាន អ្នកនិរទុក្ខ លោកម្ចាស់​ចូរគង់ចុះ នេះជា​អាសនៈ ដែលខ្ញុំម្ចាស់​ក្រាលទុក។ ព្រះមហា​មោគ្គល្លាន​​ដ៏មានអាយុ ក៏គង់​លើ​អាសនៈ ដែល​ព្រហ្ម​ក្រាល​ហើយ។ តិស្សព្រហ្ម បានថ្វាយ​​បង្គំ​​ព្រះមហា​មោគ្គល្លាន​​ដ៏មាន​អាយុ ហើយអង្គុយ​​ក្នុងទីដ៏សមគួរ។ លុះតិស្សព្រហ្ម អង្គុយ​ក្នុងទី​សមគួរ​ហើយ ព្រះមហាមោគ្គល្លាន​​ដ៏មាន​អាយុ បានសួរដូច្នេះ​ថា ម្នាលតិស្សៈ ទេវតា​ពួក​ណាខ្លះ មានញាណ​​កើតឡើង​យ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រ​ព្រះ​មោគ្គល្លាន អ្នកនិរទុក្ខ ញាណ​រមែង​​កើត​ដល់​ទេវតា ក្នុងពួកព្រហ្ម​យ៉ាងនេះថា សឧបាទិសេសៈ ក្នុង​​សឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុង​អនុបាទិសេសៈ ដូច្នេះខ្លះ។ ម្នាលតិស្ស ពួកទេវតា​​ក្នុងពួក​ព្រហ្ម​​ទាំងអស់ឬ ដែលមាន​ញាណ​កើត​ឡើង​យ៉ាង​នេះថា សឧបាទិសេសៈ ក្នុង​សឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រ​​ព្រះមោគ្គល្លាន​ អ្នកនិរទុក្ខ មិនមែន​ទេវតា​ក្នុង​ពួកព្រហ្ម​ទាំងអស់ទេ ដែលមាន​​ញាណ​កើតឡើង​​យ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ​ដូច្នេះខ្លះ អនុបាទិសេសៈ​ ក្នុង​អនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រ​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ទេវតា​​ក្នុង​ពួកព្រហ្ម ដែល​​ត្រេកអរ​​ដោយ​អាយុ​ដ៏ប្រសើរ ដោយពណ៌​សម្បុរ​ដ៏​ប្រសើរ ដោយ​សេចក្តី​​សុខ​ដ៏​ប្រសើរ ដោយយស​​ដ៏ប្រសើរ ដោយ​​អធិបតេយ្យ​​ដ៏ប្រសើរ រមែង​មិនដឹង​​នូវការ​​រលាស់​ចេញ​​នូវធម៌​នោះ​​តទៅតាម​សេចក្តី​​ពិតទេ ទេវតានោះ មិនមែន​​មាន​ញាណ​កើត​ឡើង​យ៉ាង​នេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុង​អនុបាទិសេសៈ ដូច្នេះខ្លះទេ។ បពិត្រ​ព្រះ​មោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតា​​ក្នុង​ពួក​ព្រហ្ម​ណា ដែលមិន​ត្រេកអរ ដោយអាយុ​ដ៏ប្រសើរ ដោយពណ៌សម្បុរ​​ដ៏ប្រសើរ ដោយ​សេចក្តី​សុខ​​ដ៏ប្រសើរ ដោយ​យស​ដ៏ប្រសើរ មិនត្រេកអរ​​ដោយ​អធិបតេយ្យ​ដ៏ប្រសើរ ទើប​ដឹង​នូវ​ការ​​រលាស់ចេញ នូវធម៌នោះ​តទៅទៀត​​តាមសេចក្តី​ពិត ទេវតា​​ទាំងនោះ ទើប​មាន​ញាណ​​កើតឡើង​​យ៉ាងនេះថា សឧបាទិសេសៈ ក្នុង​សឧបាទិសេសៈ ដូច្នេះខ្លះ អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះខ្លះ។ បពិត្រ​​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុ​ក្នុង​សាសនា​​នេះ ជាឧភតោភាគវិមុត្ត (រួចចាក​​កិលេស​ដោយ​ចំណែក​ទាំងពីរ) ទេវតា​ទាំង​នោះ រមែង​ដឹងច្បាស់​​នូវភិក្ខុនោះ​​យ៉ាងនេះថា លោកដ៏​មាន​អាយុ​អង្គ​នេះឯង ជា​ឧភតោភាគវិមុត្ត កាយ​របស់ភិក្ខុនោះ ឋិតនៅ​ត្រឹមណា ពួកទេវតា និង​មនុស្ស រមែង​ឃើញ​នូវភិក្ខុ​នោះ​ត្រឹមណោះ លុះបែក​ធ្លាយរាង​​កាយស្លាប់​ទៅ ពួកទេវតា និង​មនុស្ស មិនបាន​ឃើញ​នូវភិក្ខុនោះ​​ឡើយ។ បពិត្រ​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតា​ទាំងនោះ រមែងមាន​ញាណកើត​ឡើង​យ៉ាង​នេះថា អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះ។ បពិត្រ​ព្រះ​មោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុងសាសនា​នេះ ជាបញ្ញាវិមុត្ត ពួកទេវតា​ទាំងនោះ រមែងដឹង​នូវ​ភិក្ខុនោះ យ៉ាងនេះថា លោកដ៏មាន​​អាយុនេះឯង ជាបញ្ញាវិមុត្ត កាយរបស់ ភិក្ខុ​នោះ ឋិតនៅ​ត្រឹមណា ពួកទេវតា និងមនុស្ស តែងឃើញ​នូវភិក្ខុនោះ​ត្រឹមណោះ លុះបែកធ្លាយ​​រាងកាយ​​ស្លាប់ទៅ ពួកទេវតា និងមនុស្ស មិន​បាន​ឃើញ​នូវ​ភិក្ខុ​នោះ​ឡើយ។ បពិត្រ​​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតា​​ទាំងនោះ រមែងមានញាណ​កើតឡើង​​យ៉ាងនេះថា អនុបាទិសេសៈ ក្នុងអនុបាទិសេសៈ ដូច្នេះ។ បពិត្រ​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុក្នុង​​សាសនានេះ ជាកាយសក្ខី ពួកទេវតា​ទាំងនោះ រមែង​ដឹង​ភិក្ខុនោះ​យ៉ាង​​នេះថា លោកដ៏មានអាយុ​នេះឯង ជាកាយសក្ខី ធ្វើម្តេចទៅហ្ន៎ លោកដ៏​មាន​អាយុ​នេះ អាស្រ័យ​សេព​នូវ​សេនាសនៈ​​ដ៏សមគួរ គប់រកនូវ​កល្យាណមិត្ត ប្រមូល​នូវ​ឥន្រ្ទិយ​ទាំង​ឡាយ កុលបុត្រ​​ទាំងឡាយ ចេញចាកផ្ទះ ចូល​កាន់ផ្នួស​​ដោយប្រពៃ ដើម្បី​ប្រយោជន៍​​ដល់គុណ​វិសេស​ណា ក៏ធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវ​​គុណវិសេស​នោះ មាន​ព្រហ្មចរិយធម៌​​ជាទីបំផុត ដោយបញ្ញា​​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ បពិត្រ​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ពួកទេវតា​ទាំងនោះ រមែងមាន​ញាណ​កើតឡើង​យ៉ាងនេះថា សឧបាទិសេស ក្នុងសឧបាទិសេស ដូច្នេះ។ បពិត្រ​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ភិក្ខុ​ក្នុង​សាសនា​នេះ ជាទិដ្ឋិប្បត្ត។បេ។ ជាសទ្ធាវិមុត្ត ជាធម្មានុសារី ពួកទេវតា​ទាំងនោះ តែងដឹង​នូវ​ភិក្ខុ​នោះ យ៉ាងនេះថា លោកដ៏មាន​អាយុ​នេះឯង ជាធម្មានុសារី ធ្វើម្តេច​ទៅហ្ន៎ លោក​ដ៏មាន​​អាយុនេះ អាស្រ័យ​សេពនូវ​​សេនាសនៈ​​ដ៏សមគួរ គប់រកនូវ​​កល្យាណមិត្ត ប្រមូល​នូវឥន្រ្ទិយ​​ទាំងឡាយ កុលបុត្រ​ទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បី​ប្រយោជន៍ ដល់គុណ​វិសេស​ណា ក៏ធ្វើឲ្យ​ជាក់ច្បាស់ សម្រេចនូវ​​គុណវិសេស​​នោះ មាន​ព្រហ្មចរិយធម៌​​ជាទីបំផុត ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន បពិត្រ​ព្រះមោគ្គល្លាន អ្នកនិរទុក្ខ ទេវតា​​ទាំងនោះ មានញាណ​កើតឡើង​​យ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះ។ លំដាប់នោះ ព្រះមហា​​មោគ្គល្លាន​​ដ៏​មាន​អាយុ ក៏ត្រេកអរ រីករាយ ចំពោះ​ភាសិត​របស់​ព្រហ្មឈ្មោះ​តិស្សៈ ហើយស្រាប់តែបាត់ អំពី​ព្រហ្មលោក មកប្រាកដ​ឯ​ភ្នំឈ្មោះ​គិជ្ឈកូដភ្លាម ដូចបុរស​មានកំឡាំង លានូវ​ដៃ​ដែល​បត់ចូល ឬបត់​ចូលនូវដៃ ដែលលា​ចេញ ដូច្នោះឯង។ លំដាប់នោះ ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ ក៏ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ ហើយ​អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះព្រះ​មហា​មោគ្គល្លាន​​ដ៏មាន​អាយុ អង្គុយក្នុងទីដ៏​សមគួរហើយ ក៏ក្រាបបង្គំទូល​ដំណើរ ដែលបាន​ចរចា​ត្រឹម​ណា ជាមួយ​នឹង​ព្រហ្ម ឈ្មោះតិស្សៈ ដោយសព្វគ្រប់ ចំពោះ​ព្រះដ៏មានព្រះភាគ។ ម្នាល​មោគ្គល្លាន តិស្សព្រហ្ម សំដែង​នូវបុគ្គល​អ្នកនៅ​ដោយ​​អនិមិត្តសមាធិ ទី៧ ដល់​អ្នក​​មិន​បានទេ។ ព្រះដ៏មាន​ព្រះភាគ គប្បីសំដែង​នូវបុគ្គល​អ្នកនៅ​ដោយ​​អនិមិត្តសមាធិ ទី៧ ណា បពិត្រ​ព្រះដ៏មាន​ព្រះភាគ កាលនេះ ជាកាលគួរ​ដល់សេចក្តីនោះ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដល់សេចក្តី​នោះហើយ ភិក្ខុទាំងឡាយ បានស្តាប់​​ព្រះដ៏មាន​ព្រះ​ភាគ​ហើយ នឹងចងចាំទុក។ ម្នាលមោគ្គល្លាន បើដូច្នោះ ចូរអ្នកស្តាប់ចុះ ចូរធ្វើទុកក្នុង ចិត្តដោយ​ល្អចុះ តថាគត​នឹងសំដែង។ ព្រះមហា​មោគ្គល្លាន​​ដ៏មានអាយុ បានទទួល​​ស្តាប់​​ព្រះពុទ្ធដីកា​ព្រះដ៏មាន​ព្រះភាគ​ថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បាន​ត្រាស់​​ដូច្នេះ​ថា ម្នាលមោគ្គល្លាន ភិក្ខុក្នុង​សាសនានេះ បានដល់​នូវចេតោសមាធិ ដែលមិន​មាន​​និមិត្ត ព្រោះមិនធ្វើ​ទុកក្នុងចិត្ត នូវ​និមិត្តទាំងអស់ ទេវតា​ទាំងនោះ តែងដឹង​នូវ​ភិក្ខុនោះ​​យ៉ាងនេះ​ថា លោក​ដ៏​មានអាយុ​​នេះឯង បានដល់​នូវ​​ចេតោសមាធិ ដែល​មិនមាន​និមិត្ត ព្រោះ​មិនធ្វើទុក​ក្នុង​ចិត្តនូវ​​និមិត្តទាំងអស់ ធ្វើម្តេច​ទៅហ្ន៎ លោកដ៏មាន​អាយុនេះ អាស្រ័យ​សេពនូវ​សេនាសនៈ​​ដ៏សមគួរ គប់រកនូវ​កល្យាណមិត្ត ប្រមូលមក នូវឥន្រ្ទិយ​​ទាំងឡាយ កុលបុត្រ​ទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍​​ដល់​គុណវិសេស​​ណា ក៏បានធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​គុណវិសេស​នោះ មាន​ព្រហ្មចរិយធម៌​​ជាទីបំផុត ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាល​​មោគ្គល្លាន ពួកទេវតា​ទាំងនោះ មានញាណ​​កើតឡើង​​យ៉ាងនេះថា សឧបាទិសេសៈ ក្នុងសឧបាទិសេសៈ ដូច្នេះ។

សីហសេនាបតិសូត្រ ទី៤

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារសាលា នាមហាវន ជិត​ក្រុង​វេសាលី។ គ្រានោះ សីហសេនាបតី (សេនាបតី​ឈ្មោះ សីហៈ) ចូលទៅគាល់​​ព្រះដ៏មាន​​ព្រះភាគ លុះចូល​ទៅដល់​ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​​ក្នុងទី​​សមគួរ។ លុះ​សីហសេនាបតី អង្គុយ​ក្នុងទី​សមគួរ​ហើយ ក្រាប​បង្គំ​​ទូល​ព្រះដ៏មាន​​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គ​អាចនឹង​ពន្យល់​នូវផល​​នៃ​ទាន ដែល​​បុគ្គល​​ឃើញ​ដោយខ្លួន​ឯង​​បាន​ដែរឬ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ថា ម្នាល​សីហៈ បើដូច្នោះ តថាគត​នឹងត្រឡប់​សួរអ្នក ក្នុងរឿង​នុ៎ះវិញ អ្នកគាប់​ចិត្តយ៉ាង​ណា គប្បី​ដោះ​ស្រាយ​​នូវរឿងនោះ​​យ៉ាងនោះ​ចុះ។ ម្នាលសីហៈ អ្នកសំគាល់​នូវរឿងនោះ​​ដូច​ម្តេច។ ក្នុង​លោកនេះ មានបុរស​ពីរនាក់ បុរស​ម្នាក់មិន​មាន​សទ្ធា មាន​សេចក្តី​កំណាញ់​ស្វិត​​ស្វាញ ជាអ្នក​ជេរប្រទេច បុរសម្នាក់​មានសទ្ធា ជាម្ចាស់ទាន ជាអ្នក​ត្រេកអរ​ក្នុងការ​ឲ្យទាន​​រឿយ ៗ។ ម្នាលសីហៈ អ្នកសំគាល់​នូវរឿងនោះ ដូចម្តេច។ ព្រះអរហន្ត​ទាំងឡាយ កាល​អនុគ្រោះ តើគួរ​នឹងអនុគ្រោះ​បុរស​ណាមុន (អនុគ្រោះ) បុរស​ដែល​មិន​មានសទ្ធា មាន​​សេចក្តី​កំណាញ់​​ស្វិតស្វាញ ជាអ្នកជេរ ប្រទេច ឬ (អនុគ្រោះ) បុរស​ដែលមាន​សទ្ធា ជាម្ចាស់​ទាន ជាអ្នក​ត្រេកអរ ក្នុងការ​ឲ្យទាន​​រឿយ ៗ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរស​ណា មិនមាន​សទ្ធា មាន​សេចក្តី​កំណាញ់​ស្វិតស្វាញ ជាអ្នកជេរ ប្រទេច ព្រះអរហន្ត​ទាំងឡាយ កាល​អនុគ្រោះ នឹងអនុគ្រោះ​បុរសនោះ​មុន ដូចម្តេច​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរស​ណា មានសទ្ធា ជាម្ចាស់ទាន ជាអ្នក​ត្រេកអរ​ក្នុងការ​ឲ្យទានរឿយ ៗ ព្រះអរហន្ត​​ទាំង​ឡាយ កាល​អនុគ្រោះ គួរអនុគ្រោះ​បុរសនោះ​ឯងមុន។ ម្នាលសីហៈ អ្នកសំគាល់​នូវរឿង​នោះ ដូចម្តេច។ ព្រះអរហន្ត​ទាំងឡាយ កាលចូល​ទៅរក តើគួរ​ចូល​ទៅ​រក​​បុរសណា​មុន (ចូលទៅរក) បុរស​ដែលមិន​មានសទ្ធា មានសេចក្តី​​កំណាញ់​​ស្វិតស្វាញ ជាអ្នក​ជេរប្រទេច ឬ (ចូល​ទៅរក) បុរស​ដែលមាន​សទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការ​ឲ្យទាន​រឿយ ៗ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា មិនមាន​សទ្ធា មានសេចក្តី​កំណាញ់​ស្វិតស្វាញ ជាអ្នកជេរ​ប្រទេច​ ព្រះអរហន្ត​ទាំងឡាយ កាលចូល​ទៅរក នឹងចូល​ទៅរក​បុរសនោះ​មុន​ ដូចម្តេចបាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា មានសទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការ​​ឲ្យទាន​រឿយ ៗ ព្រះអរហន្ត​​ទាំងឡាយ កាល​ចូលទៅ​រក គួរចូល​ទៅរក​​បុរសនោះ​ឯង​មុន។ ម្នាលសីហៈ អ្នកសំគាល់​​នូវរឿង​នោះ ដូចម្តេច។ ព្រះអរហន្ត​ទាំងឡាយ កាល​ទទួល​យក (ទាន) គួរទទួល​យក (ទាន) របស់​​បុរសណា​មុន (ទទួល​យកទាន) របស់​បុរស​ដែលមិន​មានសទ្ធា មានសេច​ក្តី​​កំណាញ់​​ស្វិតស្វាញ ជាអ្នក​ជេរប្រទេច ឬ (ទទួល​យកទាន) របស់​បុរស ដែល​មាន​សទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការ​ឲ្យទាន​រឿយ ៗ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា ដែល​មិនមាន​សទ្ធា មានសេចក្តី​កំណាញ់​ស្វិតស្វាញ ជាអ្នក​ជេរប្រទេច ព្រះអរហន្ត​ទាំង​ឡាយ កាល​ទទួល​យក (ទាន) នឹង​ទទួល​យក (ទាន) របស់បុរស​នោះមុន​​ ដូចម្តេច​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា ដែល​មាន​សទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុង​ការឲ្យ​​ទានរឿយ ៗ ព្រះអរហន្ត​ទាំងឡាយ កាលទទួល​យក (ទាន) គួរទទួល​យក (ទាន) របស់​បុរសនោះ​ឯង​មុន។ ម្នាលសីហៈ អ្នកសំគាល់​នូវរឿង​នោះ ដូចម្តេច។ ព្រះអរហន្ត​​ទាំងឡាយ កាល​សំដែង​ធម៌ តើគួរ​សំដែង​ដល់បុរស​ណាមុន (សំដែង) ដល់​បុរស​ដែល​មិន​មាន​សទ្ធា មាន​សេចក្តី​កំណាញ់​ស្វិតស្វាញ ជាអ្នក​ជេរប្រទេច ឬ (សំដែង) ដល់បុរស ដែល​មានសទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការឲ្យ​ទានរឿយ ៗ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា ដែល​មិនមាន​សទ្ធា មានសេចក្តី​កំណាញ់​​ស្វិតស្វាញ ជាអ្នកជេរ​ប្រទេច ព្រះអរហន្ត​ទាំងឡាយ កាល​សំដែង​ធម៌ នឹងសំដែង​ដល់បុរស​នោះមុន ដូច​ម្តេច​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា​ដែល​មានសទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការ​ឲ្យទាន​​រឿយ ៗ ព្រះអរហន្ត​ទាំងឡាយ កាល​សំដែង​ធម៌ គួរសំដែង​​ដល់​បុរស​នោះ​ឯង​មុន។ ម្នាលសីហៈ អ្នក​សំគាល់​នូវ​រឿង​នោះ ដូចម្តេច។ កិត្តិសព្ទ​ដ៏ពីរោះ របស់​​បុរសណា​ហ្ន៎ គប្បីខ្ចរខ្ចាយ​ទៅ (កិត្តិសព្ទ) របស់​បុរស​ដែលមិន​មានសទ្ធា មាន​​សេចក្តី​​កំណាញ់​​ស្វិតស្វាញ ជាអ្នកជេរ​ប្រទេច (ខ្ចរខ្ចាយ​ទៅ) ឬ (កិត្តិសព្ទ) របស់​បុរស​​ដែល​មាន​សទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការ​ឲ្យទាន​រឿយ ៗ (ខ្ចរខ្ចាយ​ទៅ)។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា ដែលមិន​មានសទ្ធា មានសេចក្តី​កំណាញ់​​ស្វិតស្វាញ ជាអ្នកជេរ ប្រទេច កិត្តិសព្ទ​ដ៏ពីរោះ របស់​បុរស​នោះ នឹងខ្ចរខ្ចាយ​ទៅ​ដូចម្តេច​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា មាន​សទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​​ត្រេកអរ ក្នុងការ​​ឲ្យទាន​​រឿយ ៗ កិត្តិសព្ទ​ដ៏ពីរោះ របស់បុរស​នោះឯង គួរ​​នឹងខ្ចរខ្ចាយ​​ទៅបាន។ ម្នាល​សីហៈ អ្នកសំគាល់​នូវរឿងនោះ ដូចម្តេច។ បុរស​ដូចម្តេច​ហ្ន៎ គប្បីចូល​ទៅរក​បរិសទ្យ​ណា ទោះជា​ខត្តិយបរិសទ្យ​ក្តី ញ្រហ្មណ​បរិសទ្យ​ក្តី គហបតិ​បរិសទ្យក្តី សមណ​បរិសទ្យក្តី ជាអ្នក​ក្លៀវក្លា មិនញញើត​ញញើម គប្បីចូល​ទៅរក​បរិសទ្យ​នោះបាន បុរស​ដែលមិន​មាន​សទ្ធា មាន​សេចក្តី​កំណាញ់​​ស្វិតស្វាញ ជាអ្នក​ជេរ​ប្រទេច ឬ​បុរស​​ដែលមាន​សទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការ​ឲ្យទាន​រឿយ ៗ (គប្បី​ចូលទៅ​រក​បរិសទ្យ​​នោះ​បាន)។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា ដែល​មិនមាន​សទ្ធា មាន​សេចក្តី​​កំណាញ់​​ស្វិតស្វាញ ជាអ្នក​ជេរប្រទេច បុរសនោះ នឹងចូល​ទៅរក​បរិសទ្យ​ណា ទោះជា​ខត្តិយ​បរិសទ្យ​​ក្តី ញ្រហ្មណ​​បរិសទ្យក្តី គហបតិ​បរិសទ្យក្តី សមណ​បរិសទ្យក្តី ជាអ្នក​ក្លៀវក្លា មិន​ញញើត​ញញើម នឹងចូល​ទៅរក​បរិសទ្យ​នោះ ដូចម្តេច​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា ដែល​មានសទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការ​ឲ្យទាន​រឿយ ៗ បុរសនោះ គប្បីចូល​ទៅរក​បរិសទ្យ​ណា ទោះជា​ខត្តិយបរិសទ្យ​ក្តី ញ្រហ្មណ​បរិសទ្យក្តី គហបតិ​បរិសទ្យក្តី សមណ​បរិសទ្យក្តី ជាអ្នក​ក្លៀវក្លា មិនញញើត​ញញើម គប្បីចូល​ទៅ​រក​បរិសទ្យ​​នោះបាន។ ម្នាលសីហៈ អ្នកសំគាល់​នូវរឿង​នោះ ដូចម្តេច។ បុរស​ណាហ្ន៎ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ គប្បីទៅ​កើត​ក្នុង​សុគតិសួគ៌ ទេវលោក​បាន បុរស​ដែល​មិនមាន​សទ្ធា មាន​សេចក្តី​កំណាញ់​ស្វិតស្វាញ ជាអ្នក​ជេរប្រទេច ឬ​បុរស​​ដែល​​មានសទ្ធា ជាម្ចាស់​នៃទាន ជាអ្នក​ត្រេកអរ ក្នុងការឲ្យ​ទានរឿយ ៗ (គប្បីទៅ​កើតក្នុង​សុគតិ​សួគ៌​​ទេវលោក)។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា ដែល​មិនមាន​សទ្ធា មាន​សេចក្តី​កំណាញ់​​ស្វិតស្វាញ ជាអ្នក​ជេរប្រទេច បុរស​នោះ លុះបែក​ធ្លាយរាង​​កាយ​ស្លាប់​ទៅ នឹងទៅ​កើត​ក្នុង​សុគតិ សួគ៌​ទេវ​លោក ដូចម្តេច​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសណា ដែល​មាន​សទ្ធា ជាម្ចាស់​ទាន ជាអ្នក​ត្រេកអរ ក្នុងការ​ឲ្យទានរឿយ ៗ បុរសនោះ លុះបែកធ្លាយ​រាងកាយ​​ស្លាប់ទៅ គប្បី​ទៅកើត​​ក្នុងសុគតិសួគ៌ ទេវលោក​​បាន។ បពិត្រ​​ព្រះអង្គ​ដ៏ចំរើន ផលនៃ​ទាន ដែល​បុគ្គល​ឃើញ​ច្បាស់​ដោយខ្លួនឯង ទាំង ៦ នេះ ព្រះដ៏មាន​ព្រះភាគ សំដែង​ហើយ ខ្ញុំព្រះអង្គ មិនបាន​​ដល់នូវ​​សេចក្តី​ជឿ​​ព្រះដ៏មាន​ព្រះភាគ ក្នុងហេតុ​នុ៎ះទេ ខ្ញុំព្រះអង្គ ក៏បាន​ដឹង​ច្បាស់ នូវផលនៃ​ទានទាំង​នុ៎ះដែរ បពិត្រ​​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់​ទាន ព្រះអរហន្ត​ទាំងឡាយ កាល​អនុគ្រោះ រមែងអនុគ្រោះ​នូវខ្ញុំព្រះអង្គ​មុន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្ត​ទាំងឡាយ កាល​ចូល​ទៅ​រក រមែង​ចូលទៅ​រកខ្ញុំ​ព្រះអង្គ​មុន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់​ទាន ព្រះអរហន្ត​ទាំងឡាយ កាល​ទទួល​យកទាន រមែង​ទទួលយក​ទានរបស់​ខ្ញុំព្រះអង្គ​មុន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ព្រះអរហន្ត​ទាំងឡាយ កាល​សំដែង​ធម៌ រមែង​សំដែង​​ដល់ខ្ញុំ​ព្រះអង្គ​មុន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ជា​ទាយក ជាម្ចាស់ទាន កិត្តិសព្ទ​ដ៏ពីរោះ​របស់ខ្ញុំ​ព្រះអង្គ ខ្ចរខ្ចាយ​ទៅថា សីហសេនាបតី ជាទាយក ជាអ្នកធ្វើ ជាអ្នក​​បម្រើសង្ឃ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក ជាម្ចាស់ទាន ចូលទៅ​​រក​បរិសទ្យ​ណា ទោះជា​ខត្តិយបរិសទ្យ​ក្តី ញ្រហ្មណ​បរិសទ្យក្តី គហបតិ​បរិសទ្យក្តី សមណ​បរិសទ្យក្តី ខ្ញុំព្រះអង្គ ជាអ្នកក្លៀវក្លា មិនញញើត​ញញើម រមែង​ចូលទៅ​រក​បរិសទ្យ​នោះ​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ផលនៃទាន​ដែល​បុគ្គល​ឃើញ​ច្បាស់​ដោយខ្លួន​ឯងទាំង ៦ នេះ ព្រះដ៏មានព្រះភាគ ទ្រង់​សំដែង​ហើយ ខ្ញុំព្រះអង្គ មិនដល់​នូវ​សេចក្តី​ជឿ​​ព្រះដ៏មានព្រះភាគ ក្នុងហេតុ​នុ៎ះទេ ខ្ញុំព្រះអង្គ ក៏បាន​ដឹងច្បាស់ នូវផល​នៃ​ទាន​​ទាំង​នុ៎ះ​ដែរ ចំណែក​ដែល​ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នូវផល​នៃ​ទាន​ណា នឹងខ្ញុំ​ព្រះអង្គ​​យ៉ាងនេះ​ថា ម្នាលសីហៈ បុគ្គល​ជាទាយក ជាម្ចាស់​ទាន លុះបែក​ធ្លាយរាង​​កាយ​​ស្លាប់ទៅ រមែង​ចូលទៅ​កើតក្នុង​​សុគតិសួគ៌ ទេវលោក ខ្ញុំព្រះអង្គ មិនបាន​ដឹង​ច្បាស់ នូវផល​​នៃទាន​ទាំងនុ៎ះទេ ឥឡូវ ខ្ញុំព្រះអង្គ ដល់នូវ​សេចក្តី​ជឿ​ព្រះដ៏មានព្រះភាគ ត្រង់ផល​​នៃទាន​ទាំងនុ៎ះ។ ម្នាលសីហៈ ដំណើរនុ៎ះ យ៉ាងហ្នឹង​ហើយ ម្នាលសីហៈ ដំណើរនុ៎ះ យ៉ាង​ហ្នឹងហើយ ម្នាលសីហៈ បុគ្គល​ជាទាយក ជាម្ចាស់ទាន លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិ​សួគ៌ ទេវលោក។

អរក្ខេយ្យសូត្រ ទី៥

[៥៥] ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ៤ យ៉ាងនេះ តថាគត មិន​បាច់​រក្សា​ផង មិនមាន​ការតិះដៀល​ដោយហេតុ ៣ យ៉ាងផង។ ហេតុទាំង ៤ យ៉ាង ដែល​តថាគត​មិនបាច់​រក្សា តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មាន​កាយ​​សមាចារ​បរិសុទ្ធ​ហើយ កាយទុច្ចរិត​​របស់​តថាគត មិនមាន​ទេ ដែល​តថាគត​​គួររក្សា​ថា កុំឲ្យ​​បុគ្គល​ដទៃ ដឹងនូវ​​កាយទុច្ចរិត​​នេះ របស់​​តថាគត​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​មាន​វចីសមាចារ​បរិសុទ្ធ​​ហើយ វចីទុច្ចរិត​​របស់តថាគត​​មិនមាន​ទេ ដែល​តថាគត​​គួររក្សា​​ថា កុំ​ឲ្យ​បុគ្គល​​ដទៃ ដឹងនូវ​វចីទុច្ចរិត​នេះ របស់​តថាគត​​ឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត មាន​មនោសមាចារ​បរិសុទ្ធ​ហើយ មនោទុច្ចរិត​​របស់​តថាគត​​មិនមានទេ ដែល​តថាគត​គួររក្សា​ថា កុំឲ្យ​បុគ្គល​ដទៃ ដឹងនូវ​មនោទុច្ចរិត​នេះ របស់​តថាគត​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មានការ​ចិញ្ចឹមជីវិត​​បរិសុទ្ធ​ហើយ ការចិញ្ចឹម​ជីវិតខុស របស់​តថាគត មិនមាន​ទេ ដែល​តថាគត​គួររក្សា​ថា កុំឲ្យ​បុគ្គល​ដទៃ ដឹងនូវ​ការ​ចិញ្ចឹម​​ជីវិត​ខុស​នេះ របស់​តថាគត​​ឡើយ។ ហេតុទាំង ៤ យ៉ាងនេះ តថាគត​មិនបាច់​រក្សាទេ។ តថាគត​មិនមាន​ការតិះដៀល​ដោយ​ហេតុ ៣ យ៉ាង តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​មានធម៌​សំដែង​ល្អហើយ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណា​មួយក្តី ក្នុង​លោក នឹងចោទ​ចំពោះ​តថាគត​ក្នុងរឿង​នោះ ប្រកប​ដោយហេតុ​ថា ព្រះអង្គ​មិនមែន​មានធម៌​សំដែង​ដោយល្អ ដូច្នេះក្តី។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មិន​ដែល​​ឃើញ​នូវ​និមិត្ត​​នុ៎ះ ម្នាលភិក្ខុ​​ទាំងឡាយ កាល​តថាគត មិនបាន​ឃើញ​នូវ​​និមិត្ត​នុ៎ះ​​ហើយ ក៏ដល់នូវ​សេចក្តី​​ក្សេម​ក្សាន្ត ដល់នូវ​​សេចក្តី​​មិនមាន​ភ័យ ដល់នូវ​​សេចក្តី​​ក្លាហាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្តី​ប្រតិបត្តិ ជាទី​ទៅកាន់​​ព្រះនិញ្វន ដែល​តថាគត​​បញ្ញត្ត​ហើយ ដោយ​​ប្រពៃ ដល់​ពួក​សាវក​​របស់​តថាគត ពួក​សាវក​​របស់​តថាគត ដែល​​ប្រតិបត្តិ​តាម រមែង​​មាន​អាសវៈ​​អស់ហើយ ​​បានធ្វើឲ្យ​ជាក់​ច្បាស់​​ដោយ​បញ្ញា​​ដ៏ឧត្តម ដោយ​​ខ្លួនឯង ក្នុង​​បច្ចុប្បន្ន​ហើយ បាន​ដល់​នូវ​ចេតោវិមុត្តិ និង​​បញ្ញាវិមុត្តិ ដែល​មិនមាន​​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​​ទាំងឡាយ ហើយ​សម្រេច​​សម្រាន្ត​នៅ។ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណា​មួយក្តី ក្នុងលោក នឹងចោទ​​ចំពោះ​​តថាគត ក្នុងរឿងនោះ ប្រកប​ដោយ​ហេតុ​ថា សេចក្តី​ប្រតិបត្តិ ជាទីទៅ​កាន់​​ព្រះនិញ្វន ព្រះអង្គ​​មិនមែន​​ជា​បញ្ញត្ត​​ដោយ​ប្រពៃ ដល់​ពួកសាវក គួរឲ្យ​ពួក​សាវក​​របស់​ព្រះអង្គ ដែល​ប្រតិបត្តិ​តាម​ហើយ បានធ្វើ​​ឲ្យជាក់​ច្បាស់ បាន​ដល់។បេ។ ព្រោះអស់​ទៅ​នៃ​អាសវៈ​​ទាំងឡាយ ហើយ​​សម្រេច​សម្រាន្ត​នៅ ដូច្នេះ​​ក្តី។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​​មិនដែល​​ឃើញនូវ​​និមិត្ត​នុ៎ះ ម្នាល​ភិក្ខុ​​ទាំងឡាយ កាល​​តថាគត​​មិនឃើញ​នូវ​និមិត្ត​នុ៎ះ ក៏ដល់​​នូវសេចក្តី​​ក្សេម​ក្សាន្ត ដល់​​នូវ​​សេចក្តី​មិនមាន​ភ័យ ដល់​នូវ​សេចក្តី​​ក្លាហាន។ ម្នាលភិក្ខុ​​ទាំងឡាយ ពួក​សាវក​​បរិសទ្យ​​របស់​​តថាគត ជា​ច្រើនរយ បានធ្វើ​​ឲ្យជាក់ច្បាស់ បានដល់។បេ។ ព្រោះអស់​ទៅ​នៃអាសវៈ​​ទាំងឡាយ ហើយ​សម្រេច​​សម្រាន្តនៅ។ សមណៈក្តី ញ្រហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណា​មួយ​ក្តី ក្នុងលោក នឹង​ចោទ​​តថាគត ក្នុងរឿង​នោះ ​ប្រកប​ដោយ​ហេតុថា ពួក​សាវក​របស់​ព្រះអង្គ​​ជាច្រើន​រយ មិនមែន​​បានធ្វើ​​ឲ្យជាក់​ច្បាស់ ដោយ​​បញ្ញា​​ដ៏ឧត្តម ដោយ​​ខ្លួនឯង ក្នុង​បច្ចុប្បន្ន​ ហើយ​​បានដល់​នូវ​​ចេតោវិមុត្តិ និង​​បញ្ញាវិមុត្តិ ដែល​​មិនមាន​​អាសវៈ ព្រោះអស់​ទៅ​នៃ​អាសវៈ​​ទាំងឡាយ ហើយ​​សម្រេច​សម្រាន្ត​នៅ ដូច្នេះក្តី។ ម្នាល​ភិក្ខុ​​ទាំងឡាយ តថាគត មិន​ដែល​ឃើញ​នូវ​និមិត្ត​នុ៎ះ ម្នាលភិក្ខុ​ទាំងឡាយ កាល​តថាគត មិនឃើញ​នូវ​និមិត្ត​នុ៎ះហើយ ក៏​ដល់​នូវ​សេចក្តី​​ក្សេមក្សាន្ត ដល់នូវ​​សេចក្តី​​មិនមានភ័យ ដល់​​នូវ​​សេចក្តី​ក្លាហាន ហើយ​សម្រេច​​សម្រាន្តនៅ។ តថាគត មិនមាន​ការ​តិះដៀល​​ដោយ​​ហេតុ ៣ យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុទាំង ៤ យ៉ាងនេះ​ឯង ព្រះតថាគត មិន​បាច់​​រក្សា​ផង មិនមាន​ការតិះដៀល​ដោយ​ហេតុ ៣ យ៉ាង​នេះផង។

កិមិលសូត្រ ទី៦

[៥៦] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុងវត្ត​វេឡុវន ជិត​​ក្រុង​​កិមិលា។ គ្រានោះ ព្រះកិមិលៈ​ដ៏មានអាយុ ចូលទៅ​គាល់​​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់​​ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​​ក្នុងទី​សមគួរ។ លុះ​ព្រះកិមិលៈ​​ដ៏មានអាយុ អង្គុយ​ក្នុងទី​សម​គួរ​ហើយ ក៏ក្រាបបង្គំ​​ទូល​​ព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​​ដ៏ចំរើន អ្វីជា​ហេតុ អ្វីជាបច្ច័យ កាលបើ​​ព្រះតថាគត​​បរិនិញ្វន​ហើយ ព្រះសទ្ធម្ម មិនតាំង​នៅអស់​កាលយូរ​បាន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាលកិមិលៈ ក្នុងសាសនា​នេះ កាល​តថាគត​បរិនិញ្វន​ហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មិនមាន​សេចក្តី​គោរព​​កោតក្រែង ក្នុងព្រះសាស្តា មិនមាន​សេចក្តី​គោរព កោត​ក្រែង ក្នុងព្រះធម៌ មិនមាន​សេចក្តី​គោរព​​កោតក្រែង ក្នុង​ព្រះសង្ឃ មិនមាន​សេចក្តី​​គោរព​កោតក្រែង ក្នុងសិក្ខា មិន​មាន​សេចក្តី​​គោរព កោតក្រែង ក្នុង​សមាធិ មិនមាន​​សេចក្តី​គោរព កោត​ក្រែង ក្នុង​អប្បមាទៈ មិនមាន​សេចក្តី​​គោរព​កោតក្រែង ក្នុង​​បដិសណ្ឋារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាល​តថាគត​បរិនិញ្វន​ហើយ ព្រះសទ្ធម្ម មិនតាំង​នៅអស់​កាលយូរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ កាលបើ​ព្រះតថាគត​​បរិនិញ្វន​ហើយ ព្រះសទ្ធម្ម តាំងនៅ​អស់​កាល​យូរបាន។ ម្នាល​កិមិលៈ ក្នុងសាសនា​នេះ កាលបើ​តថា​គត​​បរិនិញ្វន​​ហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មានសេចក្តី​គោរព​​កោតក្រែង ក្នុង​ព្រះសាស្តា មាន​សេចក្តី​គោរព​កោតក្រែង ក្នុងព្រះធម៌ មានសេចក្តី​​គោរព​​កោតក្រែង​ក្នុង​ព្រះសង្ឃ មាន​សេចក្តី​​គោរព​​កោតក្រែង​​ក្នុង​សិក្ខា មានសេចក្តី​​គោរព​​កោតក្រែង ក្នុងសមាធិ មានសេចក្តី​គោរព​កោតក្រែង ក្នុងអប្បមាទៈ មានសេចក្តី​គោរព​​កោតក្រែង ក្នុង​បដិសណ្ឋារៈ។ ម្នាលកិមិលៈ នេះជា​ហេតុ នេះជា​បច្ច័យ កាលបើ​​តថាគត​​បរិនិញ្វន​​ហើយ ទើប​ព្រះសទ្ធម្ម តាំង​​នៅអស់​​កាល​យូរ​បាន។

សត្តធម្មសូត្រ ទី៧

[៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង មិនយូរ​​ប៉ុន្មាន នឹង​បាន​ធ្វើឲ្យ​​ជាក់ច្បាស់ បាន​ដល់។បេ។ ព្រោះអស់​ទៅ​នៃ​អាសវៈ​​ទាំងឡាយ ហើយ​​សម្រេច​សម្រាន្ត​​នៅ។ ភិក្ខុ​​ប្រកប​​ដោយធម៌ ៧ យ៉ាង តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​​មានសទ្ធា ១ មានសីល ១ ជាពហុស្សូត ១ ជាអ្នក​សម្ងំនៅ​ក្នុង​ទីស្ងាត់ ១ ជាអ្នក​ប្រារព្ធ​​សេចក្តី​ព្យាយាម ១ មានសតិ ១ មានបញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ ប្រកប​ដោយ​ធម៌ ៧ យ៉ាង នេះឯង មិនយូរ​ប៉ុន្មាន នឹងបាន​ធ្វើឲ្យ​ជាក់ច្បាស់​ បាន​ដល់។បេ។ ព្រោះអស់​ទៅ​នៃអាសវៈ​​ទាំងឡាយ ហើយ​សម្រេច​​សម្រាន្តនៅ។

បចលាយមានសូត្រ ទី៨

[៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​ក្នុង​សុំសុមារគិរី នា​ភេសកឡាវន ជាទី​ឲ្យ​នូវអភ័យ​​ដល់ម្រឹគ​ ជិត​ក្រុងភគ្គៈ។ សម័យនោះ ព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ អង្គុយ​ងោកងក់ ក្នុង​កល្លវាលមុត្តគ្រាម ក្នុង​ដែន​មគធៈ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់​មាន​ទិព្វ​ចក្ខុ​ដ៏បរិសុទ្ធ កន្លង​បង់នូវ​​ចក្ខុរបស់​​មនុស្ស​ធម្មតា ទ្រង់បាន​​ឃើញនូវ​ព្រះមហា​មោគ្គល្លាន​​ដ៏មានអាយុ កំពុង​អង្គុយ​​ងោកងក់ ក្នុង​​កល្លវាលមុត្តគ្រាម ក្នុង​ដែន​មគធៈ លុះឃើញ​​ហើយ ក៏ទ្រង់បាត់​​អំពី​​ភេសកឡាវន ជាទីឲ្យ​នូវ​អភ័យ​​ដល់ម្រឹគ ជិត​ក្រុង​​សុំសុមារគិរី ក្នុងដែន​ភគ្គៈ ទៅប្រាកដ​​ក្នុងទីចំពោះ​​មុខ នៃ​​មហាមោគ្គល្លាន​ដ៏​មាន​​អាយុ ក្នុង​កល្លវាលមុត្តគ្រាម ក្នុងដែន​មគធៈ ប្រៀបដូច​​បុរស​មាន​​កំឡាំង គប្បីលា​នូវ​ដៃ​​ដែល​បត់​ចូល ឬគប្បី​បត់​ចូល​នូវ​ដៃ​​ ដែល​លា​ចេញ ក៏​យ៉ាង​នោះដែរ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​លើ​​អាសនៈ ដែល​គេក្រាល​​ថ្វាយ។ លុះ​ព្រះដ៏មាន​ព្រះភាគ ទ្រង់គង់​ហើយ ក៏ត្រាស់ទៅ​នឹង​​ព្រះមហា​​មោគ្គល្លាន​ដ៏មាន​អាយុ ដូច្នេះថា នែ​មោគ្គល្លាន អ្នក​ងោកងក់​ឬ នែ​មោគ្គល្លាន អ្នកងោក​ងក់ឬ។ ព្រះមហា​មោគ្គល្លាន តបថា ព្រះករុណា ព្រះអង្គ។ នែ​មោគ្គល្លាន ព្រោះហេតុ​នោះ ក្នុង​សាសនា​នេះ កាលបើ​អ្នកមាន​សញ្ញា​យ៉ាង​ណា​​ហើយ សេចក្តី​​ងងុយងោក នៅតែគ្រប​សង្កត់អ្នក អ្នកគប្បី​ធ្វើទុក​​ក្នុងចិត្ត​នូវសញ្ញា​នោះ គប្បីធ្វើ​នូវ​សញ្ញា​នោះ​ឲ្យ​ក្រាស់ក្រែល​​ឡើង ហេតុនុ៎ះ រមែង​មានជា​ប្រាកដ កាលបើ​អ្នក​ធ្វើ​យ៉ាង​នេះ​ហើយ នឹងលះ​សេចក្តី​ងងុយ​ងោក​នោះបាន​មិនខាន។ បើអ្នក​ធ្វើ​យ៉ាង​នេះ​​ហើយ នៅ​តែលះ​​សេចក្តី​​ងងុយ​​ងោក​នោះ​​មិនបាន​ទេ នែ​មោគ្គល្លាន តពីនោះ​ទៅ អ្នក​គប្បី​​ត្រិះរិះ​រឿយ ៗ គប្បី​ពិចារណា​​រឿយ ៗ គប្បីរំពឹង​រឿយ ៗ នូវធម៌​​ដែលធ្លាប់​​ស្តាប់​ហើយ ធ្លាប់រៀន​សូត្រ​ហើយ​​ដោយ​ចិត្ត ហេតុនុ៎ះ រមែងមាន​ជាប្រាកដ កាលបើអ្នក​ធ្វើ​យ៉ាង​នេះ នឹងអាច​លះ​​សេចក្តី​ងងុយ​ងោក​នោះ​បាន​​មិនខាន។ បើអ្នក​ធ្វើយ៉ាង​នេះហើយ នៅតែលះ​​សេចក្តី​ងងុយ​​ងោកនោះ​មិន​បាន​ទេ នែ​មោគ្គល្លាន តពីនោះ​ទៅ អ្នកគប្បី​​ស្វាធ្យាយ​​នូវធម៌​ដែលអ្នក​​ធ្លាប់ស្តាប់​​ហើយ ធ្លាប់រៀន​សូត្រហើយ ដោយ​ពិស្តារ ហេតុនុ៎ះ រមែង​​មាន​ជា​ប្រាកដ កាលបើ​អ្នកបាន​​ធ្វើយ៉ាង​នេះ នឹងលះ​សេចក្តី​​ងងុយងោក​នោះ បាន​មិនខាន។ កាលបើ​អ្នក​ធ្វើ​យ៉ាងនេះ នៅតែ​លះសេចក្តី​​ងងុយងោក នោះមិន​បានទេ នែ​មោគ្គល្លាន តពីនោះ​ទៅ អ្នក​គប្បីខ្វៀល​នូវប្រហោង​ត្រចៀក​​ទាំងពីរ ហើយ​គប្បី​ស្ទាប​អង្អែល​​ខ្លួន​ដោយដៃ ហេតុនុ៎ះ រមែង​មានជា​ប្រាកដ កាលបើ​អ្នកធ្វើ​យ៉ាងនេះ នឹងលះ​សេចក្តី​ងងុយ​ងោក​នោះ​បាន​​មិនខាន។ បើអ្នក​ធ្វើយ៉ាងនេះ​ហើយ នៅតែលះ​​សេចក្តី​​ងងុយងោក​នោះ​មិន​បានទេ នែ​មោគ្គល្លាន តពីនោះ​ទៅ អ្នកគប្បី​ក្រោកពី​អាសនៈ ហើយ​​យក​ទឹកលាប​ភ្នែក រួចគប្បី​ក្រឡេក​មើល​​ទិស​ទាំងឡាយ គប្បី​ក្រឡេក​មើល​ផ្កាយ​​នក្ខត្តឫក្ស ហេតុនុ៎ះ រមែង​មានជា​ប្រាកដ កាលបើ​អ្នកបាន​ធ្វើ​​យ៉ាងនេះ នឹង​អាចលះ​​សេចក្តី​​ងងុយ​ងោកនោះ​បាន​មិន​ខាន។ កាលបើ​​អ្នកបាន​ធ្វើ​យ៉ាងនេះ នៅតែ​​លះសេចក្តី​​ងងុយ​ងោកនោះ​មិន​បាន​ទេ នែ​​មោគ្គល្លាន តពីនោះទៅ អ្នកគប្បី​ធ្វើទុក​​ក្នុង​ចិត្ត​ នូវ​​អាលោកសញ្ញា (សេចក្តី​សំគាល់​នូវពន្លឺ) គប្បី​អធិដ្ឋាន​នូវ​សញ្ញាថា វេលា​ថ្ងៃ គឺ​អធិដ្ឋាន​ថា វេលាថ្ងៃ​យ៉ាងណា វេលា​យប់ ក៏យ៉ាង​នោះ វេលាយប់​យ៉ាងណា វេលាថ្ងៃ ក៏យ៉ាង​នោះដែរ គប្បីមាន​ចិត្តបើក​ស្រឡះ​ដូច្នេះ មិនមាន​អ្វីរួបរឹត ចំរើន​នូវចិត្ត​ប្រកប​ដោយពន្លឺ ហេតុនោះ រមែង​មានជា​ប្រាកដ កាលបើ​អ្នកបាន​ធ្វើ​យ៉ាង​នេះ នឹងលះ​សេចក្តី​​ងងុយ​​ងោក​នោះ​​បាន​មិនខាន។ កាល​បើអ្នក​បានធ្វើ​យ៉ាងនេះ នៅតែ​លះ​​សេចក្តី​​ងងុយ​ងោក​នោះ​មិន​បានទេ នែ​​មោគ្គល្លាន តពីនោះ​ទៅ អ្នកគប្បី​​មានសេចក្តី​​សំគាល់ ក្នុង​ខាង​ក្រោយ និង​ខាង​មុខ មាន​ឥន្រ្ទិយ​តាំងនៅ​ខាងក្នុង មានចិត្ត​មិនប្រព្រឹត្ត​ទៅខាង​ក្រៅ ហើយ​គប្បី​អធិដ្ឋាន​​នូវទីចង្រ្កម ហេតុនុ៎ះ រមែង​មានជា​ប្រាកដ កាលបើ​អ្នកធ្វើ​យ៉ាងនេះ នឹង​លះ​សេចក្តី​ងងុយ​ងោកនោះ​បាន​មិនខាន។ កាលបើ​អ្នកបាន​ធ្វើយ៉ាងនេះ នៅតែ​លះ​សេចក្តី​​ងងុយងោក​នោះមិន​បាន​ទេ នែ​មោគ្គល្លាន តពីនោះ​ទៅ អ្នក​គប្បីសម្រេច​​នូវ​សីហសេយ្យ គឺដេក​ដូចជា​​សត្វសីហៈ ផ្អៀងទៅ​ខាងស្តាំ គប្បី​តម្រួត​​ជើង​ដោយ​ជើង ជាអ្នក​មានសតិ មាន​សម្បជញ្ញៈ គប្បីធ្វើ​ទុកក្នុង​ចិត្ត នូវ​ឧដ្ឋានសញ្ញា គឺសេចក្តី​សំគាល់ថា នឹងក្រោក​ឡើង នែ​មោគ្គល្លាន កាលបើ​អ្នកភ្ញាក់​ហើយ គប្បី​ក្រោក​ឡើង​​ឲ្យឆាប់ ដោយ​គិតថា អាត្មាអញ នឹងមិន​ប្រកប​រឿយ ៗ នូវសេចក្តី​សុខព្រោះ​ការដេក មិន​ប្រកប​រឿយ ៗ នូវ​សេចក្តី​សុខ ព្រោះ​ការទំរេត មិន​ប្រកប​រឿយ ៗ នូវ​សេចក្តី​សុខ ព្រោះ​សេចក្តី​ងងុយ​ងោកទេ។ នែ​មោគ្គល្លាន អ្នក​ត្រូវ​សិក្សា​យ៉ាង​នេះឯង។ នែ​មោគ្គល្លាន ព្រោះ​ហេតុនោះ ក្នុង​សាសនា​នេះ អ្នកគប្បី​សិក្សា​យ៉ាងនេះ​ថា អាត្មាអញ មិនលើក​ឡើង​នូវ​ប្រមោយ គឺ មានះឲ្យ​ខ្ពស់ ហើយចូល​ទៅរក​ត្រកូល​ទាំងឡាយ​ទេ។ នែ​មោគ្គល្លាន អ្នក​គប្បីសិក្សា​យ៉ាងនេះ។ នែ​មោគ្គល្លាន បើភិក្ខុ​លើកឡើង​នូវ​​ប្រមោយ គឺមានះ​​ឲ្យខ្ពស់ ចូល​ទៅរក​ត្រកូល​ទាំងឡាយ​ហើយ នែ​មោគ្គល្លាន ព្រោះក្នុង​ត្រកូល​​ទាំង​ឡាយ រមែង​មានកិច្ច​ដែលគួរ​ធ្វើច្រើន មនុស្ស​ទាំងឡាយ រមែង​មិនយក​ចិត្ត​ទុក​ដាក់ នឹង​ភិក្ខុដែល​មកដល់​ទេ។ ក្នុងរឿង​នោះ ភិក្ខុមាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា ក្នុង​វេលា​នេះ អ្នកណា​ហ្ន៎ បំបែក​អាត្មាអញ ចេញ​ពីត្រកូល​នេះ បានជា​មនុស្ស​ទាំងនេះ មាន​សេចក្តី​ធុញទ្រាន់ ក្នុង​អាត្មាអញ។ សេចក្តី​អៀនខ្មាស រមែង​មានដល់​ភិក្ខុនោះ ដោយ​​មិន​មាន​​លាភ កាលបើ​ភិក្ខុ​មាន​សេចក្តី​អៀនខ្មាស​​កើតឡើង​ហើយ សេចក្តី​រាយមាយ ក៏កើត​ឡើង កាល​បើភិក្ខុ​​មាន​សេចក្តី​​រាយមាយ កើតឡើង​ហើយ សេចក្តី​មិន​សង្រួម ក៏កើត​ឡើង កាលបើ​សេចក្តី​មិន​សង្រួម​​កើតឡើង​ហើយ ចិត្តក៏ឆ្ងាយ​អំពី​សមាធិ។ នែ​មោគ្គល្លាន ព្រោះ​ហេតុ​នោះ ក្នុង​សាសនា​នេះ អ្នក​គប្បីសិក្សា​យ៉ាងនេះ​ថា អាត្មាអញ នឹងមិន​ពោល​នូវពាក្យ​ទាស់​ទែង។ នែ​មោគ្គល្លាន អ្នកគប្បី​សិក្សាយ៉ាង​នេះចុះ នែ​មោគ្គល្លាន កាល​បើពាក្យ​ទាស់ទែង​មានហើយ ការល្មោភ​និយាយច្រើន ក៏ប្រាកដ​ឡើង កាលបើ​ការល្មោភ​និយាយ​ច្រើន​មាន​ហើយ សេចក្តី​រាយមាយ ក៏ប្រាកដ​ឡើង កាល​បើសេចក្តី​រាយមាយ​មាន​ហើយ សេចក្តី​មិនសង្រួម ក៏ប្រាកដ​ឡើង  កាលបើ​សេចក្តី​មិន​សង្រួម​​មានហើយ ចិត្តក៏ឆ្ងាយ​អំពី​សមាធិ។ នែ​មោគ្គល្លាន តថាគត មិនបាន​សរសើរ​​នូវការ​ជាប់​ជំពាក់​ដោយ​វត្ថុ​ទាំង​អស់ នែ​មោគ្គល្លាន ប៉ុន្តែ​តថាគត មិនមែន​​ជាមិន​​សរសើរ​​ការជាប់​​ជំពាក់ ដោយ​វត្ថុទាំង​អស់ទេ នែ​មោគ្គល្លាន តថាគត មិនបាន​សរសើរតែនូវ​​ការ​ជាប់​​ជំពាក់ ដោយ​គ្រហស្ថ និងបព្វជិត​ទាំងឡាយ​ប៉ុណ្ណោះ ឯ​សេនាសនៈ​ណា មាន​សំឡេង​​តិច មិនមាន​សំឡេង​គឹកកង មានខ្យល់​បក់រហើយ គួរជាទី​ធ្វើនូវ​ការ​កំបាំង​​របស់​​មនុស្ស​ សមគួរ​ដល់​ការ​ពួន​សម្ងំ តថាគត រមែង​សរសើរ​នូវការ​ជាប់ជំពាក់​​ដោយ​​សេនាសនៈ មាន​សភាព​ដូច្នោះ។ កាល​ព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់យ៉ាង​នេះហើយ ព្រះ​មហា​មោគ្គល្លាន​ដ៏មាន​អាយុ ក៏ក្រាបបង្គំ​​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​មានចិត្ត​ផុត​ស្រឡះ​ពិត ក្នុង​ការអស់​ទៅ​នៃ​តណ្ហា មាន​សេចក្តី​​សម្រេច​ដ៏​ទៀង មាន​សេចក្តី​ក្សេម​ចាក​យោគៈ​ដ៏ទៀង មានព្រហ្មចារ្យ​​ដ៏ទៀង មាន​ទី​បំផុត​​ដ៏ទៀង ជា​បុគ្គល​ប្រសើរ​​ជាង​ទេវតា និង​​មនុស្ស​ទាំងឡាយ យ៉ាង​​សង្ខេប តើដោយ​​ហេតុ​ប៉ុន្មាន​​ហ្ន៎។ នែ​មោគ្គល្លាន ភិក្ខុ​ក្នុងសាសនា​នេះ មានការ​ចេះដឹង​ថា ធម៌​ទាំងអស់ មិន​គួរប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តី​ប្រកាន់​មាំ​ឡើយ នែ​មោគ្គល្លាន ភិក្ខុ​មានការចេះ​ដឹងនុ៎ះ​ថា ធម៌ទាំង​អស់​ មិនគួរ​ប្រព្រឹត្ត​​ទៅ ដើម្បី​សេចក្តី​ប្រកាន់មាំ យ៉ាងនេះ​ឡើយ។ ភិក្ខុនោះ រមែង​ដឹង​ច្បាស់ នូវធម៌​ទាំងអស់ លុះ​ដឹងច្បាស់​​នូវធម៌ទាំង​អស់​ហើយ ក៏កំណត់​ដឹង​នូវធម៌​ទាំងអស់ លុះ​កំណត់​ដឹង នូវធម៌​ទាំងអស់​ហើយ ក៏ទទួល​នូវវេទនា​​ណាមួយ គឺវេទនា​ជាសុខ ឬជាទុក្ខ ឬមិន​មែនជាទុក្ខ​មិនមែន​ជាសុខ។ ភិក្ខុនោះ ជាអ្នក​ពិចារណា​​ឃើញ​រឿយ ៗ ថា មិនទៀង ក្នុងវេទនា​ទាំងនោះ ពិចារណា​ឃើញរឿយ ៗ នូវការ​ប្រាស​ចាក​​តម្រេក ពិចារណា​ឃើញ​រឿយ ៗ នូវ​ការ​រំលត់​ទុក្ខ ពិចារណាឃើញ​រឿយ ៗ នូវ​កិរិយា​លះបង់។ កាលភិក្ខុ​នោះ ពិចារណា​​ឃើញ​រឿយ ៗ ថា មិនទៀង ក្នុងវេទនា​ទាំងនោះ ពិចារណា​ឃើញរឿយ ៗ នូវការ​ប្រាសចាក​តម្រេក ពិចារណា​ឃើញ​រឿយ ៗ នូវការ​រំលត់​ទុក្ខ ពិចារណា​ឃើញ​រឿយ ៗ នូវកិរិយា​លះ​បង់ ក៏លែង​ប្រកាន់​មាំ នូវវត្ថុ​ណាមួយ​ក្នុងលោក កាលបើ​មិន​ប្រកាន់​មាំហើយ រមែង​មិន​តក់ស្លុត កាលបើ​មិនតក់​ស្លុត​ហើយ ក៏រមែង​បរិនិញ្វន​ដោយពិត (ភិក្ខុនោះ) ដឹងច្បាស់​ថា ជាតិអស់​ហើយ ព្រហ្មចរិយធម៌ អាត្មាអញ​បានអប់រំ​ហើយ សោឡសកិច្ច អាត្មាអញ បាន​ធ្វើ​​សេ្រចហើយ មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ច​នេះទៀត មិនមាន​​ឡើយ ។ ម្នាល​មោគ្គល្លាន ភិក្ខុ​មានចិត្ត​ផុតស្រឡះ ព្រោះ​ធ្វើធម៌នោះ ឲ្យជា​អារម្មណ៍ ក្នុង​ការ​អស់ទៅ​នៃ​តណ្ហា មានសេចក្តី​សម្រេច​ដ៏ទៀង មានសេចក្តី​​ក្សេមចាក​យោគៈ​ដ៏ទៀង មាន​ព្រហ្មចារ្យ​ដ៏ទៀង មាន​ទីបំផុត​ដ៏ទៀង ជា​បុគ្គល​​ប្រសើរ​​ជាង​ទេវតា និង​មនុស្ស​​ទាំងឡាយ យ៉ាង​សង្ខេប ដោយហេតុ​​ដូច្នេះឯង។

មេត្តសូត្រ ទី៩

[៥៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចនូវបុណ្យ​ឡើយ ម្នាលភិក្ខុ​ទាំង​ឡាយ ពាក្យថា បុណ្យនេះ ​ជាឈ្មោះ​នៃសេចក្តី​សុខ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​ដឹងច្បាស់​ថា តថាគត​បានចំរើន​មេត្តាចិត្ត​ ដែល​ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត ជាផល​ដែលបុគ្គល​ទទួលរឿយ ៗ អស់ឆ្នាំ ៧ ជាយូរអង្វែង លុះតថាគត​ចំរើន​នូវ​មេត្តចិត្ត​អស់ឆ្នាំ ៧ ហើយ ក៏មិនបាន​មកកាន់​លោកនេះ​ទៀត អស់​សំវដ្តកប្ប និង​វិវដ្តកប្ប ៧ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ដែលលោក​វិនាសទៅ តថាគត បានទៅ​កើតក្នុង​អាភស្សរព្រហ្ម កាល​ដែល​លោក​ចំរើន​ឡើង តថាគត​បានទៅ​កាន់​ព្រហ្មវិមាន​ដែល​សូន្យ។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​ព្រហ្មវិមាន​នោះ តថាគត​ជា​ព្រហ្ម ជា​មហាព្រហ្ម គ្រប​សង្កត់​លើ​ព្រហ្ម​ឯទៀត ព្រហ្ម​ឯទៀត មិនអាច​គ្របសង្កត់​តថាគត​បាន តថាគត​ជាអ្នក​ឃើញ​ហេតុ​សព្វគ្រប់ ជាអ្នកធ្វើ​ព្រហ្ម​ទាំងពួង ឲ្យលុះ​ក្នុងអំណាច​ខ្លួន។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​កើត​ជា​សក្កទេវរាជ ៣៦ ដង។ តថាគត បានជា​ស្តេចចក្រពត្តិ ប្រកប​ដោយ​ធម៌ ជាធម្មរាជ ជាឥស្សរៈ​ក្នុងផែនដី មាន​ព្រំប្រទល់ ក្នុង​ទីបំផុត​នៃ​សមុទ្រ ទាំង ៤ មាន​ជ័យជំនះ​ដល់នូវ​ភាវៈមាំមួន​ក្នុងជនបទ បរិបូណ៌​ដោយរតនៈ ទាំង ៧ ប្រការ ជាច្រើន​រយផង។ ម្នាលភិក្ខុ​ទាំងឡាយ រតនៈ ៧ ប្រការ​នេះ កើតដល់​តថាគត​នោះ គឺ​ចក្ករតនៈ ១ ហត្ថិរតនៈ ១ អស្សរតនៈ ១ មណិរតនៈ ១ ឥត្ថីរតនៈ ១ គហបតិរតនៈ ១ បរិនាយករតនៈ ១ ជា​គំរប់ ៧។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត មាន​កូនច្រើន​ពាន់ ជាអ្នក​ក្លៀវក្លា មាន​សភាពជា​អ្នកមាន សេចក្តី​ព្យាយាម អាចញាំញី​នូវសេនា​នៃសេ្តច​ដទៃបាន។ តថាគត​បានឈ្នះ​ហើយ នៅគ្រប់គ្រង​នូវផែនដី​នេះ ដែល​មាន​សាគរ​ជាទីបំផុត ដោយធម៌​មិនបាច់​​ប្រើអាជ្ញា មិនបាច់​ប្រើគ្រឿង​សស្រ្តាទេ។

ម្នាលភិក្ខុទាំងឡាយ តថាគត បានឃើញ​នូវផល​នៃបុណ្យ ជាកុសល​ហើយ ក៏បាន​ប្រាប់ពួក​សត្វ​អ្នកស្វែង​រក​នូវ​សេចក្តី​សុខ ហើយ​ចំរើន​នូវមេត្តចិត្ត អស់ ៧ ឆ្នាំ មិន​បាន​មក​កាន់លោក​នេះទៀត អស់​សំវដ្តកប្ប និង​វិវដ្តកប្ប ៧ ដង កាលដែល​លោក​វិនាស តថាគត​ទៅកើត ក្នុង​អាភស្សរព្រហ្ម កាល​ដែលលោក​ចំរើន តថាគត ចូល​ទៅ​កាន់​ព្រហ្មលោក​ដែល​សូន្យ​ ក្នុង​កាលនោះ តថាគត បានជា​មហាព្រហ្ម ជាអ្នក​ធ្វើ​ព្រហ្មឯទៀត ឲ្យលុះ​ក្នុងអំណាច​នៃខ្លួន​​អស់ ៧ ដង បានជា​ស្តេចនៃ​ទេវតា ជា​កំពូល​នៃទេញ្ត​អស់ ៣៦ ដង បានជាស្តេច​ចក្រពត្តិ ជាធំក្នុង​ជម្ពូទ្វីប។ បាន​ជាក្សត្រ​ដែល​បាន​មុទ្ធាភិសេក ជាអធិបតី​របស់​មនុស្ស បានឈ្នះ​នូវផែនដី​នេះ​ដោយ​ធម៌ មិន​បាច់​ប្រើអាជ្ញា មិនបាច់​ប្រើគ្រឿង​សស្រ្តា មិន​បាច់​កំហែង​កំហល់​ទេ បាន​ប្រៀន​ប្រដៅ​ដោយ​ធម៌ដ៏ស្មើ ហើយបាន​សោយ​រាជ​សម្បត្តិ​នោះ លើមណ្ឌល​នៃ​ផែនដី​នេះ​ដោយធម៌ តែងបាន​កើតក្នុង​ត្រកូល​ស្តុកស្តម្ភ មាន​ទ្រព្យច្រើន មាន​ភោគៈ​ច្រើន បរិបូណ៌​ដោយកាម​ទាំងពួង​ផង ដោយរតនៈ​ទាំង ៧ ផង ព្រះពុទ្ធ​ទាំង​ឡាយ ជាអ្នក​សង្គ្រោះ​ពួកសត្វ​លោក ព្រះពុទ្ធ​ទាំងនោះ ទ្រង់សំដែង​​ដោយ​ប្រពៃ នូវហេតុ​នុ៎ះ នេះជា​ហេតុ ហៅថា ជាម្ចាស់នៃ​ផែនដី​របស់ជន​ដ៏ច្រើន តថាគត​ជាស្តេច មាន​ទ្រព្យសម្បត្តិ​ច្រើន ជាអ្នក​អង់អាច ជាអ្នក​មានឫទ្ធិ មានយស ជាឥស្សរៈ​ក្នុង​ជម្ពូទ្វីប។ បុគ្គល​ណា​ស្តាប់​ហើយ មិនជ្រះថ្លា ចាត់ជា​កណ្ហាភិជាតិ ព្រោះហេតុ   នោះ បុគ្គល​មានប្រាថ្នា​នូវ​ប្រយោជន៍ ប្រាថ្នា​នូវភាវៈ​ជាធំ រលឹក​នូវ​ពុទ្ធសាសនា គប្បីធ្វើ​នូវសេចក្តី​គោរព​នូវ​ព្រះសទ្ធម្ម​ចុះ។

ភរិយាសូត្រ ទី១០

[៦០] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហ​សម័យ ហើយចូល​ទៅលំនៅ​របស់​អនាថបិណ្ឌិក​គហបតី លុះ​ចូលទៅ​ដល់ហើយ ក៏គង់​លើអាសនៈ ដែល​គេក្រាល​ថ្វាយ។ សម័យនោះ​ឯង មនុស្ស​ទាំងឡាយ មានសម្លេង​ហ៊ោ​កញ្ជ្រៀវ ក្នុងលំនៅ​នៃអនាថបិណ្ឌិក​គហបតី។ លំដាប់នោះ អនាថបិណ្ឌិក​គហបតី ចូលទៅ​គាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​អនាថបិណ្ឌិក​គហបតី អង្គុយ​ក្នុងទី​សមគួរ​ហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់​ដូច្នេះថា ម្នាលគហបតី មនុស្ស​ទាំងឡាយ មានសំឡេង​ហ៊ោ​កញ្ជ្រៀវ ក្នុងលំនៅ​នៃអ្នក ទំនង​ដូចជា​ញ្រនសន្ទូច​ចាប់ត្រី ដូចម្តេច​ហ្ន៎។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន នាង​សុជាតា​នេះ ជាឃរសុណ្ហា (កូនប្រសាស្រ្តី​ក្នុងផ្ទះ) ខ្ញុំព្រះអង្គ​បាន​នាំមក​អំពីត្រកូល​ស្តុកស្តម្ភ នាង​សុជាតា​នោះ មិនអើពើ​នឹង​ឪពុកក្មេក មិនអើពើ​នឹង​ម្តាយក្មេក មិនអើពើ​នឹងស្វាមី ទាំងមិន​បាន​ធ្វើសក្ការ មិនបាន​គោរព មិនបាន​រាប់អាន មិនបាន​បូជា​ព្រះដ៏មានព្រះភាគ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ហៅនាង​សុជាតា ជាឃរសុណ្ហាថា ម្នាលនាង​សុជាតា ចូរ​នាងមក​នេះ។ នាង​សុជាតា ជា​ឃរសុណ្ហា បានទទួល​ព្រះពុទ្ធដីកា​ព្រះដ៏​មាន​ព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏​ចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយក្នុង​ទីសមគួរ។ លុះនាង​សុជាតា ជាឃរសុណ្ហា អង្គុយ​ក្នុងទីសមគួរ​ហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលនាង​សុជាតា ភរិយា​របស់បុរស​នេះ មាន ៧ ពួក។ ភរិយា ៧ ពួក តើ​ដូចម្តេច​ខ្លះ។ គឺ វធសមាភរិយា (ភរិយា​ស្មើដោយ​អ្នក​សម្លាប់) ១ ចោរសមាភរិយា (ភរិយាស្មើ​ដោយចោរ) ១ អយ្យសមាភរិយា (ភរិយាស្មើ​ដោយម្ចាស់) ១ មាតុសមាភរិយា (ភរិយាស្មើ​ដោយមាតា) ១ ភគិនិសមាភរិយា (ភរិយា​ស្មើដោយ​ប្អូនស្រី) ១ សខីសមាភរិយា (ភរិយា​ស្មើដោយ​សំឡាញ់) ១ ទាសីសមាភរិយា (ភរិយា​ស្មើដោយ​ខ្ញុំស្រី) ១។ ម្នាលនាង​សុជាតា នេះជា​​ភរិយា ៧ ពួក របស់បុរស។ បណ្តា​ភរិយាទាំង ៧ ពួកនោះ នាងជា​ភរិយា​ដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​មិនបាន​ដឹងនូវ​អត្ថ​នៃភាសិត​នេះ ដែល​ព្រះដ៏មានព្រះភាគ ទ្រង់សំដែង​ដោយ​សេចក្តី​សង្ខេប ឲ្យពិស្តារ​បានទេ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ គប្បីដឹង​នូវអត្ថ​នៃភាសិត​នេះ ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ហើយ ដោយ​សេចក្តី​សង្ខេប ឲ្យពិស្តារ​បាន យ៉ាង​ណា សូមព្រះដ៏មាន​ព្រះភាគ សំដែងនូវធម៌​ឲ្យប្រពៃ ដល់ខ្ញុំព្រះអង្គ យ៉ាងនោះ។ ម្នាលនាង​សុជាតា បើដូច្នោះ ចូរនាង​ចាំស្តាប់ ចូរធ្វើទុកក្នុង​ចិត្ត ដោយប្រពៃ តថាគត​នឹង​សំដែង។ នាង​សុជាតា ជាឃរសុណ្ហា បាន​ទទួល​ព្រះពុទ្ធដីកា ព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា

ភរិយាដែលស្វាមីលោះមកដោយទ្រព្យ ស្រ្តីមាន​ចិត្ត​ប្រទូស្ត (នឹង​ស្វាមី) មាន​សេចក្តី​មិនអនុគ្រោះ​នូវ​ប្រយោជន៍ ជាអ្នក​ត្រេកត្រអាល​ក្នុង​បុរស​ដទៃ មើល​ងាយ​ប្តី ខ្វល់ខ្វាយ​ដើម្បី​សម្លាប់ (ប្តី) ស្រ្តីណា​ជាភរិយា​នៃបុរស មាន​សភាព​ដូច្នេះ ស្រ្តីនោះ​ហៅថា វធកាភរិយា។ ស្វាមីនៃស្រ្តី​ បាននូវទ្រព្យ​ណា ហើយដំកល់​ទុក ដើម្បី​ធ្វើនូវ​សិល្បៈ​ក្តី នូវជំនួញក្តី នូវកសិកម្ម​ក្តី ស្ត្រីនោះ ប្រាថ្នា​ដើម្បីលួច​កិប​យក​នូវ​ទ្រព្យ សូម្បីបន្តិចបន្តួច​អំពីទ្រព្យ​នោះ ស្ត្រីណា ជាភរិយា​នៃបុរស មាន​សភាព​ដូច្នេះ ស្រ្តី​នោះ ហៅថា ចោរីភរិយា។ ស្ត្រីមិនមាន​សេចក្តី​ប្រាថ្នា នឹងធ្វើនូវ​ការងារ ជាអ្នក​ខ្ជិលច្រអូស ស៊ីច្រើន រឹងរូស កាច ពោលនូវ​ពាក្យអាក្រក់ ប្រព្រឹត្ត​គ្របសង្កត់​នូវ​ស្វាមី ដែលមាន​ព្យាយាម ប្រឹងប្រែង ស្ត្រីណា ជាភរិយា​នៃបុរស​មាន​សភាព​ដូច្នេះ ស្ត្រីនោះ ហៅថា អយ្យាភរិយា។ ស្ត្រីណា មានសេចក្តី​អនុគ្រោះ​នូវ​ប្រយោជន៍​សព្វ ៗកាល ចេះរក្សាប្តី ដូចជា​មាតា​រក្សាកូន ទាំង​រក្សា​នូវទ្រព្យ​​ដែល​ស្វាមី​នោះ បានមក​អំពីទីនោះ ៗ ស្រ្តីណា​ជា​ភរិយា​នៃបុរស​ មាន​សភាព​ដូច្នេះ ស្រ្តីនោះ ហៅថា មាតាភរិយា។ ស្រ្តីមាន​សេចក្តី​គោរព ក្នុងស្វាមី​របស់ខ្លួន ដូចប្អូន​ស្រី​គោរព​បងប្រុស មានសេចក្តី​អៀនខ្មាស ប្រព្រឹត្តទៅ​តាម​អំណាច​នៃភស្តា ស្រ្តីណា ជាភរិយា​នៃបុរស​ មានសភាព​ដូច្នេះ ស្ត្រីនោះ ហៅថា ភគិនីភរិយា។ ស្ត្រីណា ក្នុងលោកនេះ បានឃើញ​នូវប្តីហើយ ក៏រីករាយ ដូចជា​សំឡាញ់ បាន​ឃើញ​សំឡាញ់ ដែល​មក​អស់​កាល​យូរ ស្រ្តីនោះ បរិបូណ៌​ដោយ​ត្រកូល មាន​សីលធម៌ ជាស្រ្តីមាន​វត្ត​ប្រតិបត្តិ​ក្នុងប្តី ស្រ្តីណា ជាភរិយានៃ​បុរស មានសភាព​ដូច្នេះ ស្រ្តីនោះ ហៅថា សខីភរិយា។ ស្រ្តីដែល​ស្វាមីជេរ វាយ គំរាម​ដោយ​ដំបង មិនមាន​ចិត្ត​ប្រទូស្តវិញ ចេះអត់​សង្កត់​ដល់ប្តី មិនក្រោធ ប្រព្រឹត្ត​ទៅតាម​អំណាច​នៃភស្តា ស្ត្រីណា​ជាភរិយា​នៃបុរស មាន​សភាព​ដូច្នេះ ស្ត្រីនោះ ហៅថា ទាសីភរិយា។ ភរិយាណា ក្នុងលោកនេះ ដែលហៅថា វធកាក្តី ហៅថា ចោរីក្តី ហៅថា អយ្យាក្តី ភរិយា​ទាំងនោះ មាន​សភាពជា​ស្ត្រី​ទ្រុស្តសីល រឹងរូស មិនមាន​សេចក្តី​គោរព លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ រមែង​ទៅកាន់​នរក។ ភរិយាណា ក្នុង​លោកនេះ ដែលហៅ​ថា​មាតាក្តី ភគិនីក្តី សខីក្តី ទាសីក្តី ភរិយា​ទាំងនោះ ជាស្រ្តី​សង្រួម​អស់កាល​ជាយូរ​អង្វែង ព្រោះតាំងនៅ​ក្នុងសីលធម៌ លុះបែក​ធ្លាយរាង កាយ​ស្លាប់​ទៅ រមែងទៅ​កាន់សុគតិ។

ម្នាលនាងសុជាតា នេះជាភរិយា​របស់បុរស ៧ ពួក បណ្តា​ភរិយា ទាំង ៧ ពួក​នោះ នាងតើ​ជា​​ភរិយា​ដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ សំគាល់​ទុក​នូវ​ខ្ញុំ​ព្រះអង្គ ថាជា​ភរិយា​ស្មើដោយ​ទាសី​របស់​ស្វាមី ចាប់ដើម​អំពីថ្ងៃ​នេះតទៅ។

កោធនសូត្រ ទី១១

[៦១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាងនេះ ជាទីត្រេកអរ​​នៃសត្រូវ ជា​ហេតុ​​នៃ​សត្រូវ រមែង​មក​កាន់​ស្ត្រីភាព ឬ​បុរិសភាព​​ដែលមាន​​សេចក្តី​​ក្រោធ។ ធម៌ ៧ យ៉ាង តើដូច​ម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ សត្រូវ​​ក្នុង​លោក​នេះ រមែង​ប្រាថ្នា​​នូវហេតុ​យ៉ាងនេះ ​​ដល់​​សត្រូវ​​​ថា ឱហ្ន៎ សូមឲ្យ​​បុគ្គល​​នេះ មានវណ្ណៈ​​អាក្រក់។ រឿងនោះ ព្រោះ​​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​​ទាំង​​ឡាយ សត្រូវ រមែង​មិន​ត្រេកអរ​​ដល់​សត្រូវ ព្រោះ​វណ្ណៈ​​ទេ ម្នាលភិក្ខុ​​ទាំងឡាយ បុរស​​បុគ្គល​​នេះ (កាលបើ) មាន​សេចក្តី​​ក្រោធ មាន​​សេចក្តី​​ក្រោធ​​គ្រប​សង្កត់ មាន​សេចក្តី​ក្រោធ​​រួបរឹត​​ហើយ បុរស​​បុគ្គល​​នោះ ទុកជា​ងូតស្អាត ​លាប​​ស្រឡាប​​​ល្អ បាន​​​កោរសក់ និង​​ពុក​មាត់ ហើយស្លៀក​​​សំពត់​​​មានពណ៌ ស ក៏មែន​​​ពិត​ហើយ ប៉ុន្តែ​​បុរស​​​បុគ្គល​​នោះ ឈ្មោះថា មានវណ្ណៈ​​​អាក្រក់ ជាអ្នក​​​មានសេចក្តី​​​ក្រោធ​គ្រប​​សង្កត់។ ម្នាល​ភិក្ខុ​​​ទាំង​ឡាយ នេះ​ហៅ​ថា ធម៌ទី ១ ជាទី​​ត្រេកអរ​​​នៃសត្រូវ ជាហេតុ​​​នៃ​សត្រូវ រមែង​​​មកកាន់​​​ស្ត្រីភាព ឬបុរិសភាព​​​ដែល​មាន​​​សេចក្តី​​ក្រោធ។ ម្នាលភិក្ខុ​​​ទាំងឡាយ មួយ​​ទៀត សត្រូវ រមែង​​​ប្រាថ្នា​​នូវហេតុ​​​យ៉ាង​នេះ ដល់​​​សត្រូវ​​ថា ឱហ្ន៎ សូម​​ឲ្យ​បុគ្គល​​នេះ ដេក​​ជា​​​ទុក្ខ។ រឿង​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាលភិក្ខុ​​​ទាំងឡាយ សត្រូវ រមែង​​​មិន​​ត្រេកអរ ក្នុង​ការ​​​ដេក​ជា​សុខ​​​របស់​​​សត្រូវ​ទេ ម្នាល​ភិក្ខុ​​ទាំងឡាយ បុរស​​បុគ្គល​​នេះ មាន​​សេចក្តី​​ក្រោធ មាន​​សេចក្តី​ក្រោធ​​គ្រប​សង្កត់ មាន​​សេចក្តី​​ក្រោធ​​រួបរឹត​​ហើយ បុរស​​បុគ្គល​​នោះ ទុកជា​​ដេក​លើ​បល្ល័ង្ក លើ​​កម្រាលព្រំ ដែលមាន​រោមវែង​ជាង ៤ ធ្នាប់ លើ​កម្រាល​មាន​ពណ៌ស ដែលធ្វើ​ដោយ​រោមសត្វ លើ​កម្រាល​ដែលគេ​ធ្វើដោយ​រោមសត្វ​ជាផ្កា​ចង្កោម លើ​កម្រាល​ដ៏ឧត្តម ដែលគេធ្វើ​ដោយ​ស្បែក​ឈ្មូស មានខ្នើយ​មាន​ពណ៌ក្រហម​ទាំងពីរ​ខាង ព្រមទាំង​ពិតាន​ដែល​មានពណ៌​ក្រហម ក៏មែន​ពិតហើយ ប៉ុន្តែ​បុរស​បុគ្គល​នោះ ត្រូវសេចក្តី​ក្រោធ​គ្របសង្កត់​ហើយ ក៏ ឈ្មោះថា ដេកជាទុក្ខ​ដោយពិត។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម៌ទី ២ ជាទីត្រេកអរ​នៃ​សត្រូវ ជាហេតុ​នៃសត្រូវ រមែង​មកកាន់​ស្រ្តីភាព ឬ​បុរិសភាព ដែលមាន​សេចក្តី​ក្រោធ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សត្រូវ​រមែងប្រាថ្នា​យ៉ាងនេះ ​ដល់​សត្រូវ​ថា ឱហ្ន៎ សូមឲ្យ​បុគ្គល​នេះ កុំមាន​ប្រយោជន៍​ច្រើន​ឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ សត្រូវ រមែង​មិន​ត្រេកអរ ក្នុង​ប្រយោជន៍​ដ៏ច្រើន ​របស់​សត្រូវទេ ម្នាលភិក្ខុ​ទាំងឡាយ បុរស​បុគ្គល​នេះ ជាអ្នក​មាន​សេចក្តី​ក្រោធ មានសេចក្តី​ក្រោធ​គ្របសង្កត់ មានសេចក្តី​ក្រោធ​រួបរឹត​ហើយ កាន់យក​នូវហេតុ​មិនមែន​ជា​ប្រយោជន៍ សំគាល់ថា​ប្រយោជន៍ អាត្មាអញ បានកាន់​យកហើយ​ផង កាន់​យកនូវ​ហេតុជា​ប្រយោជន៍ សំគាល់​ថាហេតុ​មិនមែន​ជា​ប្រយោជន៍ អាត្មា​អញ បានកាន់​យកហើយ​ផង។ នេះជាធម៌ ជាសត្រូវ​ដល់គ្នា​នឹងគ្នា ដែល​សត្រូវនោះ មានសេចក្តី​ក្រោធគ្របសង្កត់ កាន់យក​ហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិនជា​ប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ​ អស់កាល​ជាយូរ​អង្វែង។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​ធម៌ទី ៣ ដែលជា​ទីត្រេកអរ​នៃសត្រូវ ជាហេតុ​នៃសត្រូវ​ រមែង​មកកាន់​ស្រ្តីភាព ឬ បុរិសភាព​ដែលមាន​សេចក្តី​ក្រោធ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សត្រូវរមែង​ប្រាថ្នា​យ៉ាងនេះ​ ដល់​សត្រូវ​ថា ឱហ្ន៎ សូមឲ្យ​បុគ្គលនេះ កុំមាន​ភោគៈ​ឡើយ។ រឿងនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ សត្រូវ រមែង​មិនត្រេកអរ​ដល់សត្រូវ ព្រោះ​មាន​ភោគៈទេ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើបុរស​បុគ្គល មាន​សេចក្តី​ក្រោធ មានសេចក្តី​ក្រោធ​គ្រប​សង្កត់ មាន​សេចក្តី​ក្រោធ​រួបរឹត​ហើយ ភោគៈទាំង​ឡាយ​ណា ដែលបុគ្គល​នោះ បានមក​ដោយ​សេចក្តី​ប្រឹងប្រែង​ព្យាយាម​ សន្សំដោយ​កំឡាំងដៃ បែកញើស ​ហូរញើស ប្រកប​ដោយ​ធម៌ បានមក​ដោយធម៌ ព្រះរាជា​ទាំងឡាយ រមែងញុំាង​ភោគៈ​ទាំងនោះ របស់​បុគ្គល​ដែលមាន​សេចក្តី​ក្រោធ​គ្របសង្កត់ ឲ្យចូល​ទៅកាន់​ព្រះឃ្លាំង។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​ទី ៤ ដែលជា​ទីត្រេកអរ​នៃសត្រូវ ជាហេតុ​នៃសត្រូវ រមែង​មក​កាន់​ស្រ្តីភាព ឬ បុរិសភាព ដែល​មានសេចក្តី​ក្រោធ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត សត្រូវ រមែង​ប្រាថ្នា​យ៉ាងនេះ ដល់​សត្រូវ​ថា ឱហ្ន៎ សូមឲ្យ​បុគ្គល​នេះ កុំមាន​យសឡើយ។ រឿងនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ សត្រូវ រមែង​មិនត្រេកអរ​ដល់​សត្រូវ ព្រោះ​មាន​យសទេ ម្នាលភិក្ខុ​ទាំង​ឡាយ បុរស​បុគ្គលនេះ មានសេចក្តី​ក្រោធ មានសេចក្តី​ក្រោធគ្របសង្កត់ មានសេចក្តី​ក្រោធ​រួបរឹតហើយ យសណា របស់បុគ្គល​នោះ ដែលបាន​មក ដោយ​សេចក្តី​មិន​ប្រមាទ (កាលបើ) មានសេចក្តី​ក្រោធគ្រប​សង្កត់​ហើយ ក៏រមែង​ភ្លាត់​ចេញចាក​យស​នោះ​មិនខាន​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជាធម៌​ទី ៥ ដែលជា​ទីត្រេកអរ​នៃសត្រូវ ជាហេតុ​នៃ​សត្រូវ រមែង​មកកាន់​ស្រ្តីភាព ឬ​បុរិសភាព​ដែលមាន​សេចក្តី​ក្រោធ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នា​យ៉ាងនេះ ដល់​សត្រូវ​ថា ឱហ្ន៎ សូម​ឲ្យ​បុគ្គល​នេះ កុំមាន​មិត្តឡើយ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ សត្រូវ រមែងមិន​ត្រេកអរ​ដល់​សត្រូវ ព្រោះ​មានមិត្ត​ទេ ម្នាលភិក្ខុ​ទាំងឡាយ បុរស​បុគ្គល​នេះ មានសេចក្តី​ក្រោធ មានសេចក្តី​ក្រោធគ្រប​សង្កត់ មាន​សេចក្តី​ក្រោធរួប​រឹតហើយ ពួកមិត្ត​ អាមាត្យ ញាតិ ​សាលោហិត​ណា របស់​បុរស​បុគ្គល​នោះ ពួកជន​ទាំងនោះ រមែងវៀរ​បង់នូវ​បុរស​បុគ្គល ដែល​មាន​សេចក្តី​ក្រោធគ្រប​សង្កត់នោះ អំពី​ចម្ងាយ។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា ធម៌ទី ៦ ដែលជា​ទីត្រេកអរ​នៃសត្រូវ ជាហេតុ​នៃសត្រូវ រមែង​មកកាន់ស្រ្តី​ភាព ឬ​បុរិសភាព​ ដែលមាន​សេចក្តី​ក្រោធ។ ម្នាលភិក្ខុ​ទាំងឡាយ មួយ​ទៀត សត្រូវ រមែង​ប្រាថ្នា​យ៉ាងនេះ ​ដល់​សត្រូវ​ថា ឱហ្ន៎ សូមឲ្យ​បុគ្គលនេះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ គប្បីចូល​ទៅកើត​ក្នុង​តិរច្ឆាន ប្រេត អសុរកាយ នរក។ រឿងនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ សត្រូវ​រមែង​មិនត្រេកអរ​ដល់សត្រូវ ដោយ​ដំណើរ​ទៅកាន់​សុគតិទេ ម្នាលភិក្ខុ​ទាំងឡាយ ប៉ុន្តែ​បុរស​បុគ្គល​នេះ មាន​សេចក្តី​ក្រោធ មានសេចក្តី​ក្រោធគ្រប​សង្កត់ មាន​សេចក្តី​ក្រោធរួប​រឹតហើយ ក៏ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត។ លុះបុគ្គល​ដែលមាន​សេចក្តី​ក្រោធ​គ្របសង្កត់​នោះ ប្រព្រឹត្ត​ទុច្ចរិត ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត​ហើយ បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ ក៏ទៅ​កើតក្នុង​តិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជា​ធម៌​ទី ៧ ដែលជា​ទីត្រេកអរ​នៃសត្រូវ ជាហេតុ​នៃសត្រូវ រមែង​មក​កាន់​ស្រ្តីភាព ឬបុរិសភាព​ដែល​មាន​សេចក្តី​ក្រោធ។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៧ ប្រការ​នេះ ជាទីត្រេកអរ​នៃសត្រូវ ជាហេតុ​នៃសត្រូវ រមែង​មកកាន់​ស្រ្តីភាព ឬ​បុរិសភាព ដែល​មានសេចក្តី​ក្រោធជា​ប្រក្រតី។

បុគ្គលមានសេចក្តីក្រោធ រមែងមាន​វណ្ណៈ​អាក្រក់ ទាំង​បុគ្គល​នោះ រមែងដេក​ជា​ទុក្ខ ទោះបី​កាន់យក​នូវប្រយោជន៍​ហើយ រមែង​ប្រតិបត្តិ​មិនជា​ប្រយោជន៍​វិញ បុរសមាន​សេចក្តី​ក្រោធ ត្រូវសេចក្តី​ក្រោធ​គ្របសង្កត់ ធ្វើនូវ​ការសម្លាប់​ដោយកាយ ដោយ​វាចា ក្នុងកាល​នោះ​ហើយ រមែង​ដល់នូវ​សេចក្តី​សាបសូន្យ ចាក​ទ្រព្យមិន ខាន បុរស​ដែល​ស្រវឹង ព្រោះស្រវឹង​ដោយ​សេចក្តី​ក្រោធ​ហើយ រមែង​ដល់នូវ​សេចក្តី​អាប់យស ពួកញាតិ មិត្ត និងអ្នក​មានចិត្តល្អ សំឡាញ់ ​រមែងចៀស​វាង​នូវ​បុគ្គល​អ្នក​មាន​សេចក្តី​ក្រោធ។ សេចក្តី​ក្រោធ ជាហេតុ​ឲ្យកើត​សេចក្តីវិនាស សេចក្តី​ក្រោធ​ ជាហេតុ​ញុំាងចិត្ត​ឲ្យ​កម្រើក ភ័យ​កើតឡើង ក្នុង​សន្តាន​ ជន​មិនបាន​ដឹងនូវ​ភ័យ​នោះឡើយ។ បុគ្គល​អ្នកក្រោធ មិនដឹង​នូវសេចក្តី​ចំរើន បុគ្គល​អ្នកក្រោធ មិនឃើញ​នូវធម៌ សេចក្តី​ក្រោធ​គ្របសង្កត់​នូវជន​ណា សេចក្តី​ងងឹត រមែង​មាន​ប្រាកដ​ដល់ជន​នោះ ក្នុងកាល​នោះដែរ។ បុគ្គលអ្នក​ក្រោធ បៀតបៀន​នូវបុគ្គល​ណា កាលធ្វើ​នូវអំពើ​អាក្រក់ ហាក់ដូចជា​អំពើល្អ បុគ្គល​អ្នក​ក្រោធនោះ កាល​បើ​សេចក្តី​ក្រោធ​ប្រាស​ចេញ​ហើយ រមែង​ក្តៅក្រហាយ ជាខាង​ក្រោយ ដូចជា​ត្រូវ​ភ្លើង​ឆេះ។ សេចក្តី​ក្រោធ ឆួល​ឡើងក្នុង​វេលា​ណា មាណព​ទាំងឡាយ ខឹងក្នុង​វេលា ណា រមែង​សំដែង​នូវមុខ​ក្រញូវ​ជាដម្បូង ក្នុងវេលា​នោះ ដូចភ្លើង​កាល​បង្ហុយ​នូវ​ផ្សែង។ បុគ្គល​នោះ មិនមាន​ហិរិ មិនមាន​ឱតប្បៈ មិនមាន​សេចក្តី​គោរព​ឡើយ បុគ្គល ត្រូវសេចក្តី​ក្រោធ​គ្របសង្កត់​ហើយ រមែង​រកទី​ពឹងបន្តិច​បន្តួច​គ្មាន។ កម្មទាំង​ឡាយ​ណា ជាទីតាំង​នៃសេចក្តី​ក្តៅក្រហាយ ក៏រមែង​ឆ្ងាយអំពី​ធម៌ តថាគត នឹង​សំដែង​ប្រាប់នូវ​កម្មទាំង​នោះ ចូរអ្នក​ទាំងឡាយ ចាំស្តាប់​នូវធម៌​នោះ តាម​សេចក្តី​ពិត។ បុគ្គលក្រោធ សម្លាប់​នូវបិតា ក៏មាន បុគ្គល​ក្រោធ សម្លាប់​នូវមាតា​របស់ខ្លួន​ក៏មាន បុគ្គល​ក្រោធ សម្លាប់​នូវ​ខីណាសវញ្រហ្មណ៍​ក៏មាន បុគ្គល​ក្រោធ សម្លាប់​នូវ​បុថុជ្ជន​ក៏មាន។ បុរសដែល​មាតា​ណា​ចិញ្ចឹម​ហើយ បាន​ឃើញ​ច្បាស់​នូវ​លោក​នេះ បុថុជ្ជន​ដែល​ក្រោធ រមែង​សម្លាប់​នូវមាតា ដែល​ឲ្យនូវ​ជីវិត​នោះ​ក៏មាន។ សត្វ​ទាំងនោះ មានខ្លួន​ជាឧបមា ព្រោះខ្លួន​ជាទីស្រឡាញ់​ដ៏ឧត្តម បុគ្គល​ក្រោធ ដែល​ជ្រប់ទៅ​ក្នុងរូប​ផ្សេង ៗ រមែង​សម្លាប់នូវ​ខ្លួន​ដោយ​ហេតុ​ផ្សេង ៗ។ ពួក​ជន​ដែល​ជ្រប់ទៅ (ក្នុងរូប​ផ្សេង ៗ) ហើយ រមែង​សម្លាប់ខ្លួន​ដោយ​ដាវ ទំពាស៊ី​នូវថ្នាំ​ពិស ចងកសម្លាប់ ទម្លាក់ខ្លួន​ក្នុង​ជ្រោះភ្នំ។ ជនទាំង​ឡាយ កាល​ធ្វើនូវ​អំពើ ជាហេតុ​នាំឲ្យ​សាបសូន្យ ​ចាកសេចក្តី​ចំរើន​ផង ជាហេតុ​នឹងសម្លាប់​ខ្លួនផង រមែង​មិនបាន​ដឹងខ្លួន​ទេ បុគ្គល​ដែលមាន​សេចក្តី​ក្រោធ កើតឡើង​ហើយ រមែង​វិនាស​មិន​ខាន។ អន្ទាក់ គឺសេចក្តី​ស្លាប់នេះ ជាគុហា ជា​ទីអាស្រ័យ​នៅ ដោយ​សភាព​នៃសេចក្តី​ក្រោធ ដោយ​ប្រការ​ដូច្នេះ បុគ្គល​គួរផ្តាច់ផ្តិល​នូវសេចក្តី​ក្រោធ​នោះ​ចេញ ដោយ​ទមៈបញ្ញា ព្យាយាម និង​មគ្គសម្មាទិដ្ឋិ បណ្ឌិត​គប្បីផ្តាច់ផ្តិល​ នូវ​អកុសល​មួយ ៗ។ បុគ្គល​គប្បី​សិក្សានូវ​ធម៌​ទាំងឡាយ ​ដូច្នេះថា យើង​ទាំងឡាយ កុំ​មានមុខ​ក្រញូវ​ឡើយ។ កាលបើអ្នក​មិនមាន​សេចក្តី​ក្រោធ មិនមាន​សេចក្តី​ប៉ុនប៉ង មិនមាន​សេចក្តី​លោភ មិនមាន​សេចក្តី​ខ្វល់ខ្វាយ មានខ្លួន​ទូន្មាន​ហើយ សម្លាប់​បង់នូវ​សេចក្តី​ក្រោធ​ហើយ នឹងបាន​ជា​អនាសវបុគ្គល បរិនិញ្វន​ពុំខាន។

ចប់ អព្យាកតវគ្គ ទី១។

ឧទ្ទាននៃអព្យាកតវគ្គនោះគឺ

និយាយអំពីវត្ថុ ដែលគេ​មិនបានពោល ១ អំពីញាណ​គតិរបស់​បុរស ១ អំពីភិក្ខុ​ឈ្មោះ​តិស្សៈ ១ អំពី​សេនាបតី ឈ្មោះសីហៈ ១ អំពីហេតុ​ដែល​ព្រះដ៏មានព្រះភាគ មិន​បាច់​រក្សា ជា​គំរប់​ប្រាំ អំពី​ព្រះកិមិលៈ ១ អំពី​ភរិយា ៧ ពួក ១ អំពី​សេចក្តី​ក្រោធ ១។

មហាវគ្គ

ហិរីឱត្តប្បសូត្រ ទី១

[៦២] ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈ មិនមាន​ឥន្រ្ទិយ​សំវរៈ​នៃ​បុគ្គល​អ្នក​វិបត្តិ​ចាក​ហិរិ និង​ឱត្តប្បៈ ឈ្មោះថា មានហេតុ​សាបសូន្យ កាលបើ​ឥន្រ្ទិយ​សំវរៈ​មិន​មាន សីលនៃ​បុគ្គល​អ្នកវិបត្តិ​ចាក​ឥន្រ្ទិយ​សំវរៈ ឈ្មោះថា មានហេតុ​សាបសូន្យ កាល​បើ​សីល​មិនមាន​ សម្មាសមាធិ​នៃបុគ្គល​អ្នកវិបត្តិ​ចាកសីល ឈ្មោះថា មាន​ហេតុ​សាបសូន្យ កាលបើ​សម្មាសមាធិ​មិនមាន យថាភូតញ្ញាណ​ទស្សនៈ​នៃបុគ្គល​អ្នកវិបត្តិ​ចាក​សម្មាសមាធិ ឈ្មោះថា មានហេតុ​សាបសូន្យ កាលបើ​យថាភូតញ្ញាណ​ទស្សនៈ មិនមាន និព្វិទាវិរាគៈ​នៃបុគ្គល​អ្នកវិបត្តិ​ចាក​យថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានហេតុ​សាប​សូន្យ កាលបើ​និព្វិទាវិរាគៈ​មិនមាន វិមុត្តិញ្ញាណទស្សនៈ​នៃ​បុគ្គល​អ្នកវិបត្តិ​ចាក​និព្វិទាវិរាគៈ ឈ្មោះថា មានហេតុ​សាបសូន្យ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជាដើមឈើ​ដែល​វិបត្តិ​ចាកមែក និ​ងស្លឹក ក្រមរនៃឈើ​នោះក្តី ក៏មិន​សូវ​បរិបូណ៌ សំបក​ក្តី ស្រាយ​ក្តី ខ្លឹមក្តី ក៏មិន​សូវ​បរិបូណ៌ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ហិរិ និងឱត្តប្បៈ មិនមាន ឥន្រ្ទិយសំវរៈ​នៃបុគ្គល​អ្នកវិបត្តិ​ចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មាន​ហេតុ​សាបសូន្យ។បេ។ វិមុត្តិញ្ញាណ​ទស្សនៈ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ហិរិ និង​ឱត្តប្បៈ​មាន ឥន្រ្ទិយសំវរៈ​នៃបុគ្គល​អ្នកបរិបូណ៌​ដោយហិរិ និងឱត្តប្បៈ ឈ្មោះថា បរិបូណ៌​ដោយហេតុ កាលបើ​ឥន្ទ្រិយសំវរៈ មាន សីលនៃ​បុគ្គល​អ្នកបរិបូណ៌ ដោយ​ឥន្រ្ទិយ​សំវរៈ ឈ្មោះថា បរិបូណ៌​ដោយ​ហេតុ កាលបើ​សីលមាន សម្មាសមាធិ​នៃបុគ្គល​អ្នកបរិបូណ៌​ដោយសីល ឈ្មោះថា បរិបូណ៌​ដោយហេតុ កាលបើ​សម្មាសមាធិ មាន យថាភូតញ្ញាណទស្សនៈ នៃបុគ្គល​អ្នកបរិបូណ៌​ដោយ​សម្មាសមាធិ ឈ្មោះថា បរិបូណ៌​ដោយ​ហេតុ កាលបើ​យថាភូតញ្ញាណទស្សនៈ មាន និព្វិទាវិរាគៈ​នៃបុគ្គល​អ្នក​បរិបូណ៌ ដោយ​យថាភូតញ្ញាណ​ទស្សនៈ ឈ្មោះថា បរិបូណ៌​ដោយ​ហេតុ កាលបើ​និព្វិទាវិរាគៈ មាន វិមុត្តិញ្ញាណ​ទស្សនៈ​នៃបុគ្គល​អ្នកបរិបូណ៌​ដោយ​និព្វិទាវិរាគៈ ឈ្មោះថា បរិបូណ៌​ដោយ​ហេតុ។ ម្នាលភិក្ខុ​ទាំង​ឡាយ ដូចជា​ដើមឈើ ដែល​បរិបូណ៌​ដោយមែក និង​ស្លឹក ក្រមរនៃ​ឈើនោះក្តី ក៏​បរិបូណ៌ សំបក​ក្តី ស្រាយក្តី ខ្លឹមក្តី ក៏បរិបូណ៌ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំង​ឡាយ កាល​បើ​ហិរិ និង​ឱត្តប្បៈ មាន ឥន្ទ្រិយសំវរៈ​នៃបុគ្គល​អ្នកបរិបូណ៌​ដោយហិរិ និង​ឱត្តប្បៈ ឈ្មោះថា បរិបូណ៌ ដោយ​ហេតុ។បេ។ វិមុត្តិញ្ញាណ​ទស្សនៈ ក៏យ៉ាងនោះដែរ។

សត្តសូរិយសូត្រ ទី២

[៦៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅ​ក្នុង​អម្ពបាលិវន ទៀប​ក្រុង​វេសាលី។ ក្នុងទី​នោះឯង ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ហៅ​ពួកភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ។ ពួកភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះពុទ្ធ​ដីកា នៃព្រះដ៏មាន​ព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ [សង្ខារ​ដែល​មានចិត្ត​គ្រប់គ្រង និងសង្ខារ​ដែល​មិនមាន​ចិត្ត​គ្រប់គ្រង។ អដ្ឋកថា។] ទាំងឡាយ មិន​ទៀង​ទាត់ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ មិន​ខ្ជាប់ខ្ជួន ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំង​ឡាយ មិន​ឋិតថេរ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនោះ បុគ្គល​គួរ​នឿយណាយ គួរ​ធុញ​ទ្រាន់ គួររួច​ស្រឡះ ចាក​សង្ខារ​ទាំងពួង ម្នាលភិក្ខុ​ទាំងឡាយ ដូចយ៉ាង​ស្តេចភ្នំ​ឈ្មោះ​សិនេរុ ទទឹង ៨ ម៉ឺន ៤ ពាន់យោជន៍ បណ្តោយ ៨ ម៉ឺន ៤ ពាន់យោជន៍ លិចចុះ​ក្នុង​មហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍ ផុសឡើង​អំពី​មហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍។ ម្នាល​ភិក្ខុ​ទាំងឡាយ មានសម័យ​ដែលភ្លៀង​មិនបង្អោរចុះ អស់ច្រើន​ឆ្នាំ ច្រើន​រយឆ្នាំ ច្រើន​ពាន់ឆ្នាំ ច្រើន​សែនឆ្នាំ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភ្លៀង​មិនបង្អោរ​ចុះ ពីជគាម ភូតគាម ឈើជាថ្នាំ ស្មៅ និង​ឈើជាធំ ក្នុងព្រៃ​ណាមួយ ពីជគាម ភូតគាម និង​ឈើជាថ្នាំ ស្មៅ និង​ឈើជាធំ ក្នុងព្រៃ​ទាំងនោះ នឹង​ស្វិត ស្ងួត មិនកើត​ឡើង។ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ មិនទៀង​យ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំង​ឡាយ មិនខ្ជាប់​ខ្ជួន​យ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ មិន​ឋិតថេរ​យ៉ាងនេះ ម្នាលភិក្ខុ​ទាំង​ឡាយ ហេតុនោះ បុគ្គល​គួរនឿយ​ណាយ គួរធុញ​ទ្រាន់ គួររួច​ស្រឡះ ចាកសង្ខារ​ទាំងពួង។ ម្នាលភិក្ខុ​ទាំងឡាយ មាន​សម័យ​ដែល​ព្រះអាទិត្យ ជាគំរប់ពីរ កើតប្រាកដ ដោយអំណឹះ​នៃកាល​ដ៏វែង​ម្តង ៗ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​ព្រះអាទិត្យ ជាគំរប់ពីរ កើត ប្រាកដ​ហើយ ស្ទឹងតូច​ទាំងឡាយ បារាយណ៍​ទឹក​តូច​ទាំងឡាយ​ណាមួយ ស្ទឹង និង​បារាយណ៍​តូច​ទាំងអស់​នោះ​ នឹង​គោក រីងស្ងួត មិនមាន​ប្រាកដ។ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ មិនទៀង​យ៉ាងនេះ… គួររួច​ស្រឡះ។ ម្នាលភិក្ខុ​ទាំងឡាយ មាន​សម័យ​ដែល​ព្រះអាទិត្យ ជាគំរប់បី កើត​ប្រាកដ ដោយអំណឹះ​នៃកាល​ដ៏វែង​ម្តង ៗ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​ព្រះអាទិត្យ​ជាគំរប់​បី កើតមាន​ប្រាកដ ទន្លេធំ​ទាំងឡាយ​ណា គឺទន្លេ​គង្គា យមុនា អចិរវតី សរភូ មហី ទន្លេធំ​ទាំងអស់​នោះ គង់នឹង​រីងស្ងួត មិនមាន​ប្រាកដ។ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ មិនទៀង​យ៉ាងនេះ… គួររួច​ស្រឡះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាន​សម័យ​ដែល​ព្រះអាទិត្យ ជាគំរប់ ៤ កើតមាន​ប្រាកដ ដោយអំណឹះ​នៃកាល​ដ៏វែង​ម្តង ៗ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​ព្រះអាទិត្យ ជា​គំរប់ ៤ កើតប្រាកដ​ហើយ ស្រះធំ​ទាំង​ឡាយ​ណា (ក្តី) ទន្លេធំ​ទាំងឡាយ​នេះ គឺទន្លេគង្គា យមុនា អចិរវតី សរភូ មហី រមែង​កើតអំពី​ស្រះធំណា (ក្តី) ស្រះធំ និង​ទន្លេធំ​ទាំងអស់​នោះ ក៏គោករីងស្ងួត មិនមាន​ប្រាកដ។ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ មិនទៀង​យ៉ាងនេះ… គួររួច​ស្រឡះ។ ម្នាលភិក្ខុ​ទាំងឡាយ មានសម័យ ដែល​ព្រះអាទិត្យ ជាគំរប់ ៥ កើតប្រាកដ ដោយអំណឹះ​នៃកាល​ដ៏វែងម្តងៗ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​ព្រះអាទិត្យ​ជាគំរប់ ៥ កើតប្រាកដ​ហើយ ទឹកក្នុង​មហាសមុទ្រ ស្រកអស់​មួយរយ​យោជន៍​ខ្លះ ទឹកក្នុង​មហាសមុទ្រ ស្រក​អស់ ២រយ​ យោជន៍​ខ្លះ ៣រយ​យោជន៍​ខ្លះ ៤រយ​យោជន៍​ខ្លះ ៥រយ​យោជន៍​ខ្លះ ៦រយ​យោជន៍​ខ្លះ ៧ រយ​យោជន៍​ខ្លះ ទឹករមែង​ដក់នៅ ក្នុង​មហាសមុទ្រ ៧ ជំហរ​ដើមត្នោត​ខ្លះ ទឹកក្នុង​មហា​សមុទ្រ រមែង​ដក់នៅ ៦ ជំហរ​ដើមត្នោត​ខ្លះ ៥ ជំហរ​ដើមត្នោត​ខ្លះ ៤ ជំហរ​ដើមត្នោត​ខ្លះ ៣ ជំហរ​ដើមត្នោត​ខ្លះ ២ ជំហរ​ដើមត្នោត​ខ្លះ ១ ជំហរ​ដើមត្នោត​ខ្លះ ទឹកក្នុង​មហាសមុទ្រ រមែង​ដក់នៅ ៧ ជំហរ​បុរស​ខ្លះ ទឹកក្នុង​មហាសមុទ្រ រមែងដក់​នៅ ៦ ជំហរ​បុរស​ខ្លះ ៥ ជំហរ​បុរស​ខ្លះ ៤ ជំហរ​បុរស​ខ្លះ ៣ ជំហរ​បុរស​ខ្លះ ២ ជំហរ​បុរស​ខ្លះ ១ ជំហរ​បុរស​ខ្លះ ពាក់​កណ្តាល​ជំហរ​បុរស​ខ្លះ ត្រឹម​ចង្កេះខ្លះ ត្រឹម​ជង្គង់ខ្លះ ត្រឹម​ភ្នែកគោរ​ខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើភ្លៀង​មានគ្រាប់​ថ្លោស ៗ បង្អោរចុះ ក្នុង​សរទសម័យ ទឹករមែង​ដក់នៅ ក្នុងស្នាម​ជើងគោ ក្នុងប្រទេស​នោះ ៗ យ៉ាង​ណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ទឹកក្នុង​មហា​សមុទ្រ ដក់នៅ​ប៉ុនប្រឡង់​ជើងគោ ក្នុង​ប្រទេស​នោះ ៗ ក៏យ៉ាង​នោះដែរ ម្នាលភិក្ខុ​ទាំង​ឡាយ លុះ​ព្រះអាទិត្យ ជាគំរប់ ៥ កើតប្រាកដ​ហើយ ទឹក​ក្នុង​មហា​សមុទ្រ សូម្បី​ត្រឹម​តែ​មួយ​ថ្នាំង​នៃម្រាមដៃ ក៏មិនមានឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សង្ខារ​ទាំងឡាយ មិនទៀង​យ៉ាងនេះ… គួររួច​ស្រឡះ។ ម្នាលភិក្ខុ​ទាំងឡាយ មានសម័យ​ដែល​ព្រះអាទិត្យ ជា​គំរប់ ៦ កើត​ប្រាកដ ដោយ​អំណឹះ​នៃកាល​ដ៏វែងម្តង ៗ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​ព្រះអាទិត្យ​ជា  គំរប់ ៦ កើត​ប្រាកដ​ហើយ មហាប្រថពី​នេះផង ស្តេចភ្នំ​ឈ្មោះ​សិនេរុផង រមែង​ហុយផ្សែង​ឡើង ហុយផ្សែង​ឡើងព្រម ហុយផ្សែង​ឡើងសព្វ។ ម្នាល​ភិក្ខុ​ទាំងឡាយ ឡដុតឆ្នាំង​ ដែល​ស្មូនឆ្នាំង​បិទ​ហើយ រមែង​ហុយផ្សែង​ឡើង ហុយផ្សែង​ឡើងព្រម ហុយផ្សែង​ឡើងសព្វ យ៉ាង​ណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ លុះ​ព្រះអាទិត្យ ជា​គំរប់ ៦ កើតប្រាកដ​ហើយ មហា​ប្រថពី​នេះ​ផង ស្តេចភ្នំ​ឈ្មោះ​សិនេរុផង ក៏ហុយ​ផ្សែង​ឡើង ហុយផ្សែង​ឡើងព្រម យ៉ាង​នោះ​ឯង។ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ មិនទៀង​យ៉ាងនេះ… គួររួច​ស្រឡះ។ ម្នាលភិក្ខុ​ទាំងឡាយ មានសម័យ​ដែល​អាទិត្យ​ជាគំរប់ ៧ កើតប្រាកដ ដោយ​អំណឹះ​នៃកាល​ដ៏វែង​ម្តង ៗ។ ម្នាលភិក្ខុ​ទាំងឡាយ លុះ​ព្រះអាទិត្យ ជាគំរប់ ៧ កើតប្រាកដ​ហើយ មហាប្រថពី​នេះផង ស្តេចភ្នំ​ឈ្មោះ​សិនេរុ​ផង រមែង​ឆេះសព្វ រុងរឿង មានអណ្តាត​តែមួយ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​មហាប្រថពី​នេះផង ស្តេចភ្នំឈ្មោះ​សិនេរុផង ដែលភ្លើង​កំពុង​ឆេះ​ក្តៅ អណ្តាតភ្លើង​ដែលត្រូវ​ខ្យល់បក់​ឡើងទៅ ដរាប​ដល់​ព្រហ្មលោក ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើ​ស្តេចភ្នំ​ឈ្មោះ​សិនេរុ ដែល​ភ្លើងកំពុង​ឆេះក្តៅ កំពុង​វិនាស ដែលគំនរ​ភ្លើង​ដ៏ធំ គ្របសង្កត់​ហើយ កំពូលភ្នំ​ទាំងឡាយ ១ រយយោជន៍ខ្លះ ក៏ដាច់​រាត់រាយ កំពូលភ្នំ​ទាំងឡាយ ២ រយ​យោជន៍​ខ្លះ ៣ រយ​យោជន៍​ខ្លះ ៤ រយ​យោជន៍​ខ្លះ ៥ រយ​យោជន៍​ខ្លះ ក៏ដាច់​រាត់រាយ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​មហាប្រថពី​នេះផង ស្តេច​ភ្នំ​ឈ្មោះ​សិនេរុផង ដែលភ្លើង​កំពុងឆេះ​ក្តៅ ផែះ​ក៏មិន​ប្រាកដ កំញមក៏មិន​ប្រាកដ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូចជា​សប្បិក្តី ប្រេងក្តី កាលដែល​ភ្លើងកំពុង​ឆេះក្តៅ ផែះក៏​មិនប្រាកដ កំញម​ក៏មិន​ប្រាកដ យ៉ាងណា​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ មហាប្រថពី​នេះផង ស្តេចភ្នំ​ឈ្មោះ​សិនេរុ​នេះផង កាល​ដែល​ភ្លើង​កំពុង​ឆេះក្តៅ ផែះក៏​មិនប្រាកដ កំញម​ក៏មិន​ប្រាកដ យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ សង្ខារ​ទាំងឡាយ មិនទៀង​យ៉ាងនេះ ម្នាល​ភិក្ខុ​ទាំង​ឡាយ សង្ខារ​ទាំងឡាយ មិនខ្ជាប់ខ្ជួន​យ៉ាងនេះ ម្នាលភិក្ខុ​ទាំង​ឡាយ សង្ខារ​ទាំងឡាយ មិន​ឋិតថេរ​យ៉ាងនេះ ម្នាលភិក្ខុ​ទាំងឡាយ ហេតុ​នេះ បុគ្គល​គួរនឿយ​ណាយ គួរធុញ​ទ្រាន់ គួររួច​ស្រឡះ​ចាកសង្ខារ​ទាំងពួង។ ម្នាលភិក្ខុ​ទាំងឡាយ នរណា​ដឹង នរណាជឿ ក្នុង​សង្ខារ​នោះ​ថា ផែនដី​នេះក្តី ស្តេចភ្នំ​ឈ្មោះ​សិនេរុក្តី គង់នឹងឆេះ​រលាយ គង់នឹង​វិនាស មិន​មាន​ប្រាកដ​យ៉ាងនេះ វៀរលែង​តែ​អរិយសាវក​ទាំងឡាយ អ្នកមាន​បទ គឺ​ធម៌​ឃើញ​ហើយ។

ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានគ្រូឈ្មោះ​សុនេត្តៈ ជា​អ្នក​ធ្វើនូវ​លទ្ធិ​ដូច​ជាកំពង់ ជាអ្នក​ប្រាសចាក [គ្រាន់តែស្ងប់​រាគៈ ដោយ​អំណាច​ឈាន មិនបាន​លះ​ដាច់ទេ។] រាគៈ ក្នុងកាម​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ គ្រូឈ្មោះ​សុនេត្តៈ មានរយ​នៃ​សាវក​ដ៏ច្រើន។ គ្រូ​ឈ្មោះ​សុនេត្តៈ សំដែង​ធម៌ដល់​ពួកសាវក ដើម្បីឲ្យបាន​ទៅកើត​ក្នុងព្រហ្ម​លោក។ ម្នាលភិក្ខុ​ទាំងឡាយ កាលគ្រូ​ឈ្មោះ​សុនេត្តៈ កំពុង​សំដែង​ធម៌ ដើម្បីឲ្យ​បាន​ទៅកើត​ក្នុង​ព្រហ្មលោក ពួកសាវក​ណា ដឹងច្បាស់​នូវពាក្យ​ប្រៀនប្រដៅ​ទាំងអស់ ដោយ​សព្វគ្រប់ ពួកសាវក​ទាំងនោះ លុះបែក​ធ្លាយ​រាង​កាយស្លាប់​ទៅ ទៅកើត​ឯសុគតិ ព្រហ្មលោក។ ពួក​សាវក​ណា មិន​ដឹងច្បាស់​នូវពាក្យ​ប្រៀនប្រដៅ ដោយសព្វ​គ្រប់ទេ ពួក​សាវក​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ពួកខ្លះ ទៅកើត​ជាមួយ​នឹង​ពួកទេវតា ជាន់​បរនិម្មិតវសវត្តី ពួកខ្លះ ទៅកើតជា​មួយនឹង​ពួកទេវតា ជាន់​និម្មានរតី ពួក​ខ្លះ ទៅកើត​ជាមួយ​នឹងពួក​ទេវតា​ជាន់តុសិត ពួកខ្លះ ទៅកើត​ជាមួយ​នឹង​ពួកទេវតា​ជាន់​យាមៈ ពួកខ្លះ ទៅកើត​ជាមួយ​នឹងពួក​ទេវតា​ជាន់​តាវត្តិង្ស ពួកខ្លះ ទៅកើតជា​មួយនឹង​ពួកទេវតា​ជាន់​ចាតុម្មហារាជិក ពួកខ្លះ ទៅ​កើតជា​មួយនឹង​ពួកខត្តិយ​មហាសាល ពួកខ្លះ ទៅកើតជា​មួយនឹង​ពួក​ញ្រហ្មណ​មហាសាល ពួកខ្លះ ទៅកើត​ជាមួយនឹង​ពួក​គហបតិ​មហាសាល។

ម្នាលភិក្ខុទាំងឡាយ គ្រានោះ គ្រូឈ្មោះ​សុនេត្តៈ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ហេតុនេះ មិនសម​គួរសោះ ដែល​អាត្មាអញ ជាអ្នក​មានគតិ​ស្មើ ៗ នឹងពួក​សាវក​ក្នុងភព​មុខ បើដូច្នោះ មានតែ​អាត្មាអញ ចំរើន​នូវមេត្តា​ឲ្យ​លើសលុប ជាង​បឋមជ្ឈាន​ទៅទៀត។ ម្នាលភិក្ខុ​ទាំងឡាយ លំដាប់​នោះ គ្រូឈ្មោះ​សុនេត្តៈ ចំរើន​នូវ​មេត្តចិត្ត​អស់ ៧ ឆ្នាំ លុះ​ចំរើន​នូវ​មេត្តចិត្ត អស់ ៧ ឆ្នាំហើយ មិនបានមក​កាន់លោក​នេះ​​ទៀត​អស់ ៧ សំវដ្តវិវដ្តកប្ប ម្នាលភិក្ខុ​ទាំងឡាយ មានសេចក្តី​ដំណាល​ថា កាល​លោកំពុង​វិនាស គ្រូ ឈ្មោះ​សុនេត្តៈ ក៏បាន​ទៅកើត​ក្នុង​ព្រហ្មលោក​ជាន់អាភស្សរៈ កាល​លោកកំពុង​ចំរើន ក៏ចូលទៅ​កើតក្នុង​សុញ្ញវិមាន​នៃព្រហ្ម។ ម្នាលភិក្ខុ​ទាំងឡាយ មាន​សេចក្តី​ដំណាល​ថា ក្នុង​សុញ្ញវិមាន​នៃព្រហ្មនោះ មានព្រហ្ម​ជាមហាព្រហ្ម គ្របសង្កត់​នូវព្រហ្ម​ឯទៀត ៗ បាន ព្រហ្ម​ឯទៀត ៗ មិនអាច​គ្រប​សង្កត់​លើបាន ជាអ្នក​ឃើញហេតុ​ដោយសព្វ​គ្រប់ ជាអ្នក​ធ្វើជន​ទាំងពួង ឲ្យលុះ​នៅក្នុង​អំណាចខ្លួន ម្នាលភិក្ខុ​ទាំងឡាយ គ្រូឈ្មោះ​សុនេត្តៈ បាន ជាសក្កៈ​ ជាធំជាង​ទេវតា​ទាំងឡាយ ៣៦ លើក បានជា​ស្តេច​ចក្រពត្តិ ប្រកប​ដោយធម៌ ជា​ធម្មរាជា (ជាឥស្សរៈ​លើផែនដី) មាន​មហាសមុទ្រ​ទាំង ៤ ជាទីបំផុត ព្រះអង្គ​ជាស្តេច​ឈ្នះ​សង្រ្គាម ទ្រង់មាន​ជនបទ ដល់នូវ​សេចក្តី​មាំមួន ប្រកប​ដោយ​កែវ ៧ ប្រការ ព្រះរាជ​បុត្រ​របស់​ព្រះអង្គ​ច្រើនជាង​ពាន់ សុទ្ធតែជា​អ្នកក្លៀវក្លា មានសភាព​ជាអ្នក​មានសេចក្តី​ព្យាយាម សង្កត់​សង្កិន​នូវសេនា​របស់ស្តេច​ដទៃ បានច្រើន​រយលើក។ ព្រះអង្គ​ទ្រង់ប្រាម ប្រាប គ្រប់គ្រង​ផែនដី​ដែលមាន​សាគរ ជាទី​បំផុត​ដោយធម៌ មិនបាច់​ប្រើ​អាជ្ញា មិនបាច់​ប្រើគ្រឿង​សស្រ្តាវុធ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ អម្បាល​ដូចជា​គ្រូឈ្មោះ​សុនេត្តៈ​នោះ មានអាយុ​វែង​យ៉ាងនេះ ឋិតនៅ​យូរយ៉ាង​នេះ ក៏នៅតែ​ជាអ្នក​មិនផុត​អំពី​ជាតិ ជរា មរណៈ សោកៈ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់​ចិត្ត តថាគត​ហៅថា មិនរួច​អំពី​ទុក្ខ​ដូច្នេះ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ព្រោះមិន​ទាន់ត្រាស់​ដឹង មិនទាន់​ចាក់ធ្លុះ ចំពោះ​នូវធម៌​ទាំង ៤។ ធម៌ទាំង ៤ តើដូច​ម្តេច។ គឺមិនទាន់​ត្រាស់ដឹង មិនទាន់​ចាក់ធ្លុះ​នូវសីល​ដ៏ប្រសើរ ១ មិនទាន់​ត្រាស់ដឹង មិនទាន់​ចាក់ធ្លុះ នូវសមាធិ​ដ៏ប្រសើរ ១ មិនទាន់​ត្រាស់ដឹង មិនទាន់​ចាក់ធ្លុះ​នូវបញ្ញា​ដ៏ប្រសើរ ១ មិនទាន់​ត្រាស់ដឹង មិនទាន់​ចាក់ធ្លុះ​នូវវិមុត្តិ​ដ៏ប្រសើរ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ សីលដ៏​ប្រសើរ​នោះឯង ដែលបុគ្គល​បានត្រាស់​ដឹង បាន​ចាក់ធ្លុះ​ហើយ សមាធិ​ដ៏ប្រសើរ ដែលបុគ្គល​បានត្រាស់​ដឹង បានចាក់​ធ្លុះ​ហើយ បញ្ញា​ដ៏ប្រសើរ ដែលបុគ្គល​បានត្រាស់​ដឹង បានចាក់​ធ្លុះ​ហើយ វិមុត្តិ​ដ៏ប្រសើរ ដែលបុគ្គល​បាន​ត្រាស់ដឹង បានចាក់​ធ្លុះហើយ។ ភវតណ្ហា គឺ​សេចក្តីប្រាថ្នា​ក្នុងភព ក៏សូន្យ​ទៅ ខ្សែ​គឺតណ្ហា ដែលអាច​នាំសត្វ​អំពីភពមួយ ទៅ​ភពមួយ ក៏អស់​ទៅ ភពថ្មី​ទៀត ក៏មិនមាន​ក្នុង​កាល​ឥឡូវនេះ​ឡើយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សំដែង​ដូច្នេះហើយ ព្រះសុគត ជា​សាស្តា លុះទ្រង់​មាន​ព្រះពុទ្ធដីកា​ដូច្នេះហើយ ក៏ទ្រង់​ត្រាស់​ដូច្នេះ ត​ទៅទៀត​ថា

ធម៌ទាំងនេះ គឺសីល សមាធិ បញ្ញា និងវិមុត្តិដ៏ប្រសើរ ព្រះគោតម​ដ៏មាន​យស បានត្រាស់​ដឹងហើយ ព្រះពុទ្ធ ទ្រង់ត្រាស់​ដឹង​យ៉ាងនេះ​ហើយ ទើប​សំដែង​ធម៌​ប្រាប់​ដល់​ភិក្ខុ​ទាំងឡាយ ព្រះសាស្តា​មាន​ចក្ខុ ទ្រង់ធ្វើ​នូវ​ព្រះនិញ្វន ជាទី​បំផុត​នៃកង​ទុក្ខ ទ្រង់​បរិនិញ្វន​ហើយ។

នគរោបមសូត្រ ទី៣

[៦៤] ម្នាលភិក្ខុទាំងឡាយ កាលណា នគរនៃស្តេច ជាទីបំផុត​នៃដែន ដែលរៀប​ចំល្អហើយ ដោយ​​នគរបរិក្ខារ [គ្រឿងរក្សាទីក្រុង។] ៧ យ៉ាង ទាំងស្តេច​ ក៏រមែង​បាន​​តាម​ប្រាថ្នា បានដោយ​​មិនលំបាក បាន​ដោយងាយ​​នូវ​អាហារ ៤ យ៉ាង ម្នាលភិក្ខុ​​ទាំង​ឡាយ នេះតថាគត​​ហៅថា នគរ​នៃស្តេច​​ជាទីបំផុត​​នៃដែន ដែលពួក​បច្ចាមិត្ត ជាសត្រូវ​​ខាង​ក្រៅ មិនគប្បី​​ធ្វើបាន។ នគរ​ដែលរៀប​​ចំ​ល្អហើយ ដោយ​​នគរ​បរិក្ខារ ៧ យ៉ាង តើដូច​ម្តេច។ ម្នាលភិក្ខុ​​ទាំងឡាយ នគរ​នៃស្តេច ជាទីបំផុត​​នៃដែន ក្នុងលោក​នេះ មាន​​សសរគោល មាន​រណ្តៅ​ដ៏ជ្រៅ ដែលគេដាំ​​ល្អហើយ មិន​កម្រើក មិន​រញ្ជួយ។ នគរ​​នៃស្តេច ជាទីបំផុត​នៃដែន ដែលរៀប​​ចំល្អ​ហើយ ដោយ​​នគរបរិក្ខារ​ទី ១ នេះ ដើម្បី​​គ្រប់គ្រង​​នូវពួកជន​ខាងក្នុង ដើម្បី​ការពារ​​នូវពួក​សត្រូវ​​ខាងក្រៅ។ ម្នាល​ភិក្ខុ​​ទាំងឡាយ​ មួយទៀត នគរ​នៃស្តេច ជាទីបំផុត​​នៃដែន មាន​ស្នាមភ្លោះ​​ដ៏ជ្រៅផង ធំ​ទូលាយ​ផង។ នគរ​នៃស្តេច ជាទីបំផុត​នៃដែន ដែលរៀបចំ​ល្អហើយ ដោយ​នគរបរិក្ខារទី ២ នេះ ដើម្បីគ្រប់គ្រង​ពួកជនខាង​ក្នុង ដើម្បី​ការពារ​ពួកសត្រូវ​ខាងក្រៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត នគរ​នៃស្តេច ជាទី​បំផុត​នៃដែន មានផ្លូវ​យាមល្បាត​ដ៏ខ្ពស់ផង ទូលាយផង។ នគរ​នៃស្តេច ជាទី​បំផុត​នៃដែន ដែលរៀប​ចំល្អ​ហើយ ដោយ​នគរបរិក្ខារ ទី៣ នេះ ដើម្បី​គ្រប់គ្រង​ពួកជន​ខាង​ក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត នគរ​នៃស្តេច ជាទីបំផុត​នៃដែន មានអាវុធ​ដ៏ច្រើន គឺ ព្រួញ និង​លំពែង​ផង និង​អាវុធ​មានមុខ​ម្ខាង​ផង ដែល​គេសន្សំ​ទុកហើយ។ នគរ​នៃស្តេច ជាទីបំផុត​នៃដែន ដែលគេរៀប​ចំល្អហើយ ដោយ​នគរបរិក្ខារទី ៤ នេះ ដើម្បីគ្រប់គ្រង​ពួកជនខាង​ក្នុង ដើម្បី​ការពារ ពួកសត្រូវ​ខាងក្រៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត នគរនៃស្តេច ជាទី​បំផុតនៃ​ដែន មានពួក​ពលដ៏ច្រើន តែង​នៅ​អាស្រ័យ គឺ ទ័ពជិះដំរី ទ័ព​ជិះសេះ ទ័ពបររថ ខ្មាន់ធ្នូ អ្នកកាន់ទង់ជ័យ (ដើរមុខ) អ្នកចាត់កងទ័ព ជា​អ្នកឲ្យ​នូវស្បៀង (ពួក​អ្នកចែក​ស្បៀង ដល់​ពួក​ទាហាន​ក្នុង​សង្រ្គាម) ពួក​រាជបុត្រ អ្នកពុះពារ (ចូលទៅក្នុង​សង្គ្រាម) ពួកទាហាន​អ្នក​លុកចូល ពួកទាហាន​អ្នក​អង់​អាច ពួក​ទាហាន​អ្នកក្លៀវក្លា ដូចជា​ដំរីដ៏ប្រសើរ ពួក​ទាហាន​អ្នកទ្រទ្រង់នូវ​ផែនក្តារ (សម្រាប់​ការពារសរ) គឺខែល ពួកទាហាន​អ្នក​ពាក់​អាវ​ក្រោះ ពួកទាហាន​ជាកូន​នៃ​ជន​ជា​ទាសៈ។ នគរនៃស្តេច ជា​ទីបំផុតនៃ​ដែន ដែលគេរៀប​ចំល្អហើយ ដោយ​នគរបរិក្ខារទី ៥ នេះ ដើម្បីគ្រប់គ្រង​ពួកជនខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត នគរ​នៃស្តេច ជាទីបំផុត​នៃដែន មានឆ្មាំទ្វារ​ជាបណ្ឌិត អ្នកឈ្លាសវៃ មានបញ្ញា ឃាត់ពួកជន​ដែលមិនស្គាល់ បើក​ឲ្យពួក ជន​ដែលស្គាល់​ចូលទៅ។ នគរនៃស្តេច ជាទីបំផុត​នៃដែន ដែលគេរៀប​ចំល្អហើយ ដោយ​នគរបរិក្ខារ ទី ៦ នេះ ដើម្បីគ្រប់គ្រង​ពួកជនខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត នគរ​នៃស្តេច ជាទីបំផុតនៃដែន មានកំពែង​ខ្ពស់ផង ក្រាស់ផង បរិបូណ៌​ដោយ​គ្រឿងអប់ និងគ្រឿង​លាបផង។ នគរ​នៃស្តេច ជាទីបំផុត​នៃដែន ដែលគេ​រៀបចំ​ល្អហើយ ដោយ​នគរបរិក្ខារទី ៧ នេះ ដើម្បីគ្រប់គ្រង​ពួកជន​ខាង​ក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ។ នគរ​ដែល​គេរៀបចំ​ល្អហើយ ដោយ​នគរបរិក្ខារ ៧ យ៉ាងនេះ។ ចុះស្តេចដែល​បានតាម​ប្រាថ្នា បាន​ដោយ​មិនលំបាក បានដោយ​ងាយ នូវអាហារ​ទាំង ៤ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងលោកនេះ នគរ​នៃស្តេច ជាទីបំផុត​នៃដែន មានស្មៅ និងឧស និងទឹកដ៏ច្រើន ដែលគេ​សន្សំទុកហើយ ដើម្បីសេចក្តី​ត្រេកអរ ដើម្បីមិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បី​ការពារពួក​សត្រូវខាងក្រៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុត​នៃ​ដែន មានស្រូវ​ខ្សាយ និង​ស្រូវដំណើប​ដ៏ច្រើន ដែលគេសន្សំទុក ដើម្បី​សេចក្តីត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បីនៅសប្បាយ ដល់ពួកជន​ខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត នគរ​នៃស្តេច ជាទីបំផុត​នៃដែន មានល្ង និង​សណ្តែក និង​អបរណ្ណជាតិ​ដ៏ច្រើន ដែល​គេសន្សំ​ទុក ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិន​តក់​ស្លុត ដើម្បីនៅ​សប្បាយ ដល់ពួកជន​ខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត នគរនៃស្តេច ជាទីបំផុត​នៃដែន មានភេសជ្ជៈ​ច្រើន គឺទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ និងអម្បិល ដែលគេ​សន្សំទុក ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បីនៅ​សប្បាយ ដល់ពួកជន​ខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ។ ស្តេច រមែងបាន​តាមប្រាថ្នា បានមិនលំបាក បានដោយងាយ​នូវអាហារទាំង ៤ នេះ។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា​នគរនៃស្តេច ជាទីបំផុតនៃដែន ដែលរៀបចំល្អ​ហើយ ដោយ​នគរបរិក្ខារទាំង ៧ យ៉ាង ទាំងស្តេច​ ក៏រមែង​បានតាម​ប្រាថ្នា បានមិន​លំបាក បាន​ដោយ​ងាយ​នូវ​អាហារ​ទាំង ៤ យ៉ាង ម្នាលភិក្ខុ​ទាំងឡាយ នេះតថាគត​ហៅថា នគរ​នៃស្តេច ជាទីបំផុត​នៃដែន ដែលពួក​បច្ចាមិត្ត​ជាសត្រូវ​ខាងក្រៅ មិនគប្បីធ្វើបាន (យ៉ាងណាមិញ) ម្នាលភិក្ខុ​ទាំងឡាយ កាលណា អរិយសាវក ជាអ្នក​ប្រកប​ដោយ​ព្រះសទ្ធម្ម ៧ យ៉ាង បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ងាយ​នូវ​ឈាន ទាំង ៤ ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ដ៏ប្រសើរ មានការនៅ​ជាសុខ​ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុ​ទាំងឡាយ នេះតថាគត​ហៅថា អរិយសាវក ដែលមារ​មិនគប្បី​ធ្វើបាន ដែល​មារមាន​ចិត្ត​បាប មិនគប្បី​ធ្វើបាន យ៉ាងនោះ​ដែរ។ អរិយ​សាវក ជាអ្នក​ប្រកបដោយ​ព្រះសទ្ធម្ម ៧ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជាទីបំផុតនៃដែន មាន​សសរគោល មានរណ្តៅដ៏ជ្រៅ ដែលគេដាំ​ដោយល្អ មិនកម្រើក មិនរញ្ជួយ ដើម្បី​គ្រប់គ្រង​ពួកជន​ខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាងណា​មិញ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ជាអ្នក​មានសទ្ធា រមែងជឿ​ចំពោះ​ពោធិញ្ញាណ របស់តថាគត​ដូច្នេះថា ព្រះដ៏មាន​ព្រះភាគ​អង្គនោះ។បេ។ ទ្រង់ត្រាស់ដឹង​នូវ​ចតុរារិយសច្ច ទ្រង់លែង​ត្រឡប់មក​កាន់ភព​ថ្មីទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក មានសទ្ធាទុក​ជា​សសរគោល រមែង​លះបង់​​នូវអកុសល ចំរើន​នូវកុសល លះបង់​នូវអំពើ​ដែល​មាន​ទោស ចំរើន​នូវអំពើ​ដែល​មិន​មាន​ទោស រក្សាខ្លួន​ឲ្យបរិសុទ្ធ ក៏យ៉ាង​នោះដែរ។ អរិយសាវក ជាអ្នក​ប្រកបដោយ​ព្រះសទ្ធម្មទី ១ នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជា​ទីបំផុត​នៃដែន មានស្នាមភ្លោះ​ដ៏ជ្រៅផង ធំទូលាយ​ផង ដើម្បីគ្រប់គ្រង​ពួកជនខាង​ក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាងណា​មិញ ម្នាល​ភិក្ខុទាំងឡាយ អរិយសាវក ជាអ្នក​ខ្មាសបាប រមែងខ្មាស​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងខ្មាសការ​ជួបប្រសព្វ​នូវ​អកុសលធម៌​ដ៏លាមក​ទាំងឡាយ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក មាន​ហិរិ ទុកជា​ស្នាមភ្លោះ រមែងលះបង់​នូវអកុសល ចំរើន​នូវកុសល លះបង់​នូវ​អំពើ​ដែល​មាន​ទោស ចំរើន​នូវអំពើ​ដែលមិន​មានទោស​ រក្សាខ្លួន​ឲ្យបរិសុទ្ធ។ អរិយសាវក ជាអ្នកប្រកប​ដោយ​ព្រះសទ្ធម្មទី ២ នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជាទីបំផុត​នៃដែន មានផ្លូវ​ចាំយាមល្បាត​ដ៏ខ្ពស់ផង ធំទូលាយ​ផង ដើម្បីគ្រប់គ្រង​ពួកជន​ខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ជាអ្នកមាន​សេចក្តី​តក់ស្លុត​ចំពោះបាប រមែងតក់ស្លុត ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត រមែងតក់​ស្លុត ចំពោះការជួប​ប្រសព្វ នូវអកុសលធម៌​ទាំង​ឡាយ ដ៏លាមក ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក មានឱត្តប្បៈទុកជាផ្លូវ​យាមល្បាត រមែងលះបង់​នូវ​អកុសល ចំរើន​នូវ​កុសល លះបង់​នូវអំពើ​មាន​ទោស ចំរើន​នូវ​អំពើ​មិនមាន​ទោស រក្សាខ្លួន​ឲ្យបរិសុទ្ធ។ អរិយសាវក ជាអ្នកប្រកប​ដោយ​ព្រះសទ្ធម្មទី ៣ នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃ​ស្តេច ជាទីបំផុត​នៃដែន មានគ្រឿង​អាវុធដ៏ច្រើន គឺព្រួញ និងលំពែងផង និង​អាវុធមាន​មុខម្ខាង​ផង ដែលគេ​សន្សំទុក ដើម្បីគ្រប់​គ្រងពួក​ជនខាង​ក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាង​ណាមិញ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ជា​ពហុស្សូត។បេ។ ចាក់ធ្លុះ​ចំពោះ​ដោយទិដ្ឋិ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក មានការ​ចេះដឹង ទុកជាអាវុធ រមែងលះបង់​នូវអកុសល ចំរើន​នូវកុសល លះបង់​នូវអំពើ​មានទោស ចំរើន​នូវអំពើ​មិនមាន​ទោស រមែងរក្សា​ខ្លួនឲ្យ បរិសុទ្ធ។ អរិយសាវក ជាអ្នក​ប្រកប​ដោយ​ព្រះសទ្ធម្មទី ៤ នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជាទីបំផុត​នៃដែន មានពួកពល​ដ៏ច្រើន តែង​នៅអាស្រ័យគឺ ទ័ពជិះដំរី ទ័ពជិះសេះ ទ័ពបររថ ខ្មាន់ធ្នូ អ្នកកាន់ទង់ជ័យ (ដើរមុខ) អ្នកចាត់កង់ទ័ព អ្នកឲ្យ​នូវស្បៀង (ដល់ពួក​ទាហាន​ក្នុងសង្គ្រាម) ពួករាជបុត្រ អ្នកពុះពារ (ចូល​ទៅ​ក្នុងសង្រ្គាម) ពួកទាហាន អ្នកលុកចូល​កាន់សង្រ្គាម ពួកទាហាន អ្នកអង់អាច ពួកទាហាន អ្នកក្លៀវក្លា ដូចជាដំរី​ដ៏ប្រសើរ ពួកទាហាន អ្នកទ្រង់នូវ​​ផែនក្តារ (សម្រាប់​ការពារសរ) គឺខែល ពួកទាហាន ជាកូន​នៃជន​ជាទាសៈ ដើម្បីគ្រប់គ្រង​ពួកជន​ខាងក្នុង ដើម្បី ការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក អ្នកប្រារព្ធ​សេចក្តី​ព្យាយាម ដើម្បី​លះបង់​នូវអកុសលធម៌​ទាំងឡាយ ដើម្បីចំរើន​នូវកុសលធម៌​ទាំងឡាយ ជាអ្នក​មាន​កំឡាំង មានសេចក្តី​ប្រឹងប្រែង​ដ៏មាំមួន មិនដាក់ធុរៈចោល ក្នុង​កុសលធម៌​ទាំងឡាយ ក៏យ៉ាងនោះ​ដែរ។ អរិយសសាវក មានសេចក្តី​ព្យាយាម ទុក​ជា​ពួកពល រមែង​លះបង់​នូវ​អកុសលធម៌ ចំរើន​នូវ​កុសលធម៌ លះបង់​នូវអំពើ​មានទោស ចំរើន​នូវ​អំពើ​មិនមាន​ទោស រមែង​រក្សាខ្លួន​ឲ្យបរិសុទ្ធ។ អរិយសាវក ជាអ្នក​ប្រកបដោយ​ព្រះសទ្ធម្មទី ៥ នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជា​ទីបំផុត​នៃដែន មានឆ្មាំ​ទ្វារ ជាបណ្ឌិត ឈ្លាសវៃ មាន​ប្រាជ្ញា ឃាត់នូវពួកជន​ដែលមិន​ស្គាល់ បើកឲ្យ​ពួកជន​ដែលស្គាល់​ឲ្យចូល ដើម្បីគ្រប់គ្រង​ពួកជន​ខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក ជាអ្នក​មានសតិ ប្រកប​ដោយសតិ និង​ភាព​ជាបុគ្គល មាន​ប្រាជ្ញា​ចាស់ក្លា​ដ៏ក្រៃលែង ជាអ្នក​រលឹកបានរឿយ ៗ នូវការងារ​ដែល​បានធ្វើ​យូរហើយក្តី និយាយ​យូរហើយក្តី ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក​អ្នកមានសតិ ទុកជា​ឆ្មាំទ្វារ រមែងលះបង់​នូវអកុសល ចំរើន​នូវកុសល លះបង់​នូវអំពើ​មានទោស ចំរើន​នូវ​អំពើ​មិនមាន​ទោស រមែង​រក្សាខ្លួន​ឲ្យ​បរិសុទ្ធ។ អរិយសាវក ជាអ្នក​ប្រកបដោយ​ព្រះសទ្ធម្មទី ៦ នេះ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជាទីបំផុត​នៃដែន មានកំពែង​ដ៏ខ្ពស់ផង ក្រាស់ផង បរិបូណ៌​ដោយគ្រឿង​អប់ និង​គ្រឿង​លាបផង ដើម្បី​គ្រប់គ្រង​ពួកជន​ខាងក្នុង ដើម្បី​ការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ អរិយ​សាវក ជាអ្នក​មានប្រាជ្ញា ប្រកប​ដោយប្រាជ្ញា​ជាគ្រឿងចាក់ធ្លុះ យល់នូវ​សេចក្តី​ចំរើន និង​សេចក្តី​វិនាស ជាប្រាជ្ញា​ ជាគ្រឿងចាក់​ធ្លុះដ៏​ប្រសើរ ដល់​នូវ​សេចក្តី​អស់ទៅ​នៃទុក្ខ​ដោយ ប្រពៃ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក បរិបូណ៌​ដោយប្រាជ្ញា ទុកជា​គ្រឿងអប់ និង​គ្រឿងលាប រមែងលះបង់​នូវអកុសល ចំរើន​នូវកុសល លះបង់​នូវ​អំពើ​ដែល​មានទោស ចំរើន​នូវអំពើ​ដែល​មិន​មាន​ទោស រក្សាខ្លួន​ឲ្យបរិសុទ្ធ។ អរិយសាវក ជាអ្នក​ប្រកបដោយ​ព្រះសទ្ធម្មទី ៧ នេះ។ អរិយសាវក ជាអ្នកប្រកប​ដោយព្រះសទ្ធម្ម​ទាំង ៧ យ៉ាងនេះឯង។ (អរិយសាវក) ជាអ្នកបាន​តាមប្រាថ្នា បានដោយ​មិន​លំបាក បានដោយ​ងាយ​នូវឈាន​ទាំង ៤ ដែល​ប្រព្រឹត្ត​ទៅ ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅសប្បាយ ក្នុង​បច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជាទីបំផុត​នៃដែន មានស្មៅ និង​ឧស និងទឹក​ដ៏ច្រើន ដែល​សន្សំទុក ដើម្បីសេចក្តី​ត្រេកអរ ដើម្បីមិន​តក់ស្លុត ដើម្បីនៅ​សប្បាយ ដល់ពួកជន​ខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវក ស្ងាត់​ចាកកាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីឈម​ចុះកាន់​ព្រះនិញ្វន ចំពោះ​ខ្លួន ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជាទីបំផុត​នៃដែន មានស្រូវ​ខ្សាយ ស្រូវដំណើប​ដ៏ច្រើន ដែលគេ​សន្សំទុក ដើម្បីសេចក្តី​ត្រេកអរ ដើម្បីមិន​តក់ស្លុត ដើម្បី​នៅសប្បាយ ដល់ពួកជនខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាង ណាមិញ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ព្រោះ​រម្ងាប់នូវ​វិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បីនៅ​សប្បាយ ដើម្បីឈម​ចុះកាន់​ព្រះនិញ្វន ចំពោះខ្លួន ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជាទីបំផុត​នៃដែន មានល្ង សណ្តែក និង​អបរណ្ណជាតិ​ដ៏ច្រើន ដែលគេ​សន្សំទុក ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បី​នៅ​សប្បាយ ដល់ពួក​ជនខាង​ក្នុង ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ព្រោះ​នឿយណាយ​ចាកបីតិផង។បេ។ ចូលកាន់​តតិយជ្ឈាន ដើម្បីសេចក្តី​ត្រេកអរ ដើម្បីមិន​តក់ស្លុត ដើម្បី​នៅសប្បាយ ដើម្បីឈម​ចុះកាន់​ព្រះនិញ្វន ចំពោះ​ខ្លួន ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ នគរនៃស្តេច ជាទីបំផុត​នៃដែន មាន​ភេសជ្ជៈ​ដ៏ច្រើន ដែលគេ​សន្សំទុក គឺ​ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ អំបិល ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់​ស្លុត ដើម្បីនៅ​សប្បាយ ដល់ពួក​ជនខាងក្នុង ដើម្បីការពារ​ពួកសត្រូវ​ខាងក្រៅ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ព្រោះលះបង់​នូវសុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ដើម្បី​សេចក្តី​ត្រេកអរ ដើម្បី​មិនតក់ស្លុត ដើម្បី​នៅ​សប្បាយ ដើម្បី​ឈមចុះ​កាន់​ព្រះនិញ្វន ចំពោះខ្លួន ក៏យ៉ាង​នោះដែរ។ អរិយសាវក ជាអ្នក​បានតាម​ប្រាថ្នា បានដោយ​មិនលំបាក បានដោយ​ងាយនូវឈាន​ទាំង ៤ នេះ ដែល​ប្រព្រឹត្តទៅ ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿងនៅ​សប្បាយ​ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ កាលណា អរិយ​សាវក ជា​អ្នកប្រកប​ដោយ​ព្រះសទ្ធម្ម​ទាំង ៧ យ៉ាងនេះ ទាំង​បានតាម​ប្រាថ្នា បាន​ដោយមិន​លំបាក បានដោយ​ងាយ នូវឈានទាំង ៤ នេះ ដែល​ប្រព្រឹត្តទៅ ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅសប្បាយ ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុ​ទាំងឡាយ   នេះ​តថាគត​ហៅថា អរិយសាវក ដែល​មារមិន​គប្បីធ្វើបាន មារមានចិត្ត​បាប មិនគប្បី​ធ្វើបាន​ឡើយ។

ធម្មញ្ញូសូត្រ ទី៤

[៦៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៧ យ៉ាង ជាអ្នកគួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែលគេ​នាំមក​បូជា។បេ។ ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ របស់​សត្វ​លោក។ ប្រកប​ដោយធម៌ ៧ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ជាអ្នក​ដឹង​នូវធម៌ ១ ដឹង​នូវអត្ថ (របស់ធម៌) ១ ដឹងខ្លួន ១ ដឹងនូវ​ប្រមាណ ក្នុង (ភោជន) ១ ដឹង​កាល​គួរ ១ ដឹង​បរិសទ្យ ១ ដឹងបុគ្គល​ដែលគួរ​គប់រក ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជាអ្នក​ដឹងនូវ​ធម៌ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ដឹង​នូវធម៌ គឺ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​មិនគប្បី​ដឹងនូវ​ធម៌គឺ សុត្តៈ… វេទល្លៈ ទេ តថាគត មិនគប្បីហៅថា ជាអ្នក​ដឹងនូវ​ធម៌ ក្នុងបទ​នេះឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ចំណែក​ឯភិក្ខុ​ដឹងនូវ​ធម៌គឺ សុត្តៈ… វេទល្លៈ ព្រោះ​ហេតុនោះ ទើប​តថាគត​ហៅថា អ្នកដឹង​នូវធម៌ ភិក្ខុជាអ្នក​ដឹងនូវ​ធម៌ យ៉ាងនេះ​ឯង។ ចុះភិក្ខុ​អ្នកដឹង​នូវអត្ថ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ដឹងនូវ​អត្ថនៃ​ភាសិតនោះ ៗ ថា នេះ​ជាអត្ថ របស់​ភាសិត​នេះ នេះជា​អត្ថ របស់​ភាសិត​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនដឹង​នូវអត្ថ នៃភាសិត​នោះ ៗ ថា នេះជា​អត្ថ​របស់​ភាសិតនេះ នេះ​ជាអត្ថ របស់​ភាសិត​នេះទេ តថាគត​មិនហៅ​ថា អ្នកដឹង​នូវអត្ថ ក្នុង​​បទនេះ​​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ចំណែក​ឯភិក្ខុ​ដឹងនូវ​អត្ថ​របស់​ភាសិតនោះ ៗ ថា នេះជា​​អត្ថ​​របស់​​ភាសិត​​នេះ នេះជា​​អត្ថ​​របស់​​ភាសិត​នេះ ព្រោះ​ហេតុ​នោះ ទើប​​តថាគត​ហៅ​​ថា អ្នកដឹង​​នូវអត្ថ អ្នកដឹង​​នូវធម៌ ដឹងនូវអត្ថ យ៉ាងនេះ​ឯង។ ចុះ​ភិក្ខុអ្នក​ដឹងខ្លួន តើ​ដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹងខ្លួន​ថា អាត្មាអញ ជាអ្នក​ប្រកប​ដោយ​សទ្ធា មានសីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹម​ប៉ុណ្ណេះ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនដឹង​ខ្លួនថា អាត្មាអញ ជាអ្នក​ប្រកប​ដោយសទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹម​ប៉ុណ្ណេះ​ទេ តថាគត មិនហៅ​ថា អ្នកដឹង​ខ្លួន​ក្នុង​បទនេះ​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាងភិក្ខុ​អ្នកដឹង​ខ្លួនថា អាត្មាអញ ជាអ្នក​ប្រកបដោយ​សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា បដិភាណៈ ត្រឹម​ប៉ុណ្ណេះ ព្រោះហេតុ​នោះ ទើប​តថាគត​ហៅថា អ្នកដឹង​ខ្លួន ភិក្ខុអ្នក​ដឹងធម៌ ដឹង​អត្ថ ដឹង​ខ្លួន យ៉ាងនេះ​ឯង។ ចុះភិក្ខុ​អ្នកដឹង​ប្រមាណ តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹងប្រមាណ​ក្នុងការ​ទទួល​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​មិន​ដឹង​ប្រមាណ ក្នុង​ការទទួល​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទេ តថាគត មិនហៅថា អ្នកដឹង​ប្រមាណ​ក្នុងបទ​នេះឡើយ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាង​ភិក្ខុ​ដឹង​ប្រមាណ ក្នុងការ​ទទួល​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ព្រោះ​ហេតុ​នោះ ទើប​តថាគត​ហៅថា អ្នក​ដឹង​ប្រមាណ ភិក្ខុអ្នក​ដឹង​ធម៌ ដឹង​អត្ថ ដឹង​ខ្លួន ដឹង​ប្រមាណ យ៉ាងនេះ​ឯង។ ចុះភិក្ខុ​អ្នកដឹង​នូវកាល តើ​ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ដឹងនូវ​កាលថា នេះ​ជាកាល​គួរ​រៀន​បាលី នេះជាកាល​គួរសាកសួរ នេះជា​កាលគួរ​ប្រកប នេះជា​កាលគួរ​ពួនសម្ងំ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើភិក្ខុ​មិនដឹង​នូវកាល​ថា នេះជា​កាលគួរ​រៀនបាលី នេះ​ជាកាលគួរ​សាកសួរ នេះជាកាល​គួរប្រកប នេះជា​កាលគួរ​ពួនសម្ងំ​ទេ តថាគត​មិនហៅ​ថា អ្នកដឹង​កាល ក្នុង​បទ​នេះ​ឡើយ ម្នាលភិក្ខុ​ទាំងឡាយ ចំណែក​ខាងភិក្ខុ​អ្នកដឹង​នូវកាលថា នេះជា​កាលគួរ​រៀន​បាលី នេះជា​កាលគួរ​សាកសួរ នេះ​ជាកាល​គួរប្រកប នេះ​ជាកាល​គួរពួន​សម្ងំ ព្រោះ​ហេតុ​នោះ ទើប​តថាគត​ហៅថា អ្នកដឹង​នូវកាល ភិក្ខុអ្នក​ដឹងធម៌ ដឹង​អត្ថ ដឹង​ខ្លួន ដឹង​ប្រមាណ ដឹង​កាល យ៉ាងនេះឯង។ ចុះភិក្ខុ​អ្នក​ដឹង​បរិសទ្យ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុងសាសនា​នេះ ដឹង​បរិសទ្យ​ថា នេះជា​ខត្តិយបរិសទ្យ នេះជា​ញ្រហ្មណ​បរិសទ្យ នេះជា​គហបតិ​បរិសទ្យ នេះជា​សមណបរិសទ្យ អាត្មាអញ គួរចូល​ទៅរក​យ៉ាង​នេះ គួរឈរ​យ៉ាងនេះ គួរធ្វើ​យ៉ាងនេះ គួរអង្គុយ​យ៉ាងនេះ គួរនិយាយ​យ៉ាងនេះ គួរស្ងៀម​យ៉ាង​នេះ ចំពោះ​បរិសទ្យ​ទាំងនុ៎ះ។ ម្នាលភិក្ខុ​ទាំងឡាយ បើភិក្ខុ​មិនដឹង​បរិសទ្យ​ថា នេះជា​ខត្តិយបរិសទ្យ… គួរស្ងៀម​យ៉ាងនេះ តថាគត​មិនហៅថា​អ្នកដឹង​បរិសទ្យ​ក្នុងបទនេះ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ ចំណែក​ខាង​ភិក្ខុ​ដឹង​បរិសទ្យ​ថា នេះជា​ខត្តិយបរិសទ្យ… គួរស្ងៀម​យ៉ាងនេះ ព្រោះ​ហេតុ​នោះ ទើប​តថាគត​ហៅថា អ្នកដឹង​បរិសទ្យ ភិក្ខុអ្នក​ដឹងធម៌ ដឹងអត្ថ ដឹងខ្លួន ដឹងប្រមាណ ដឹងកាល ដឹង​បរិសទ្យ យ៉ាងនេះ​ឯង។ ចុះភិក្ខុ​ដឹងបុគ្គលដែល​គួរគប់​រក តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ រមែង​ដឹងច្បាស់​នូវបុគ្គល​ពីរពួក ឯបុគ្គល​ពីរពួក គឺ មួយពួក ជាអ្នកចង់​ជួបប្រទះ​ពួក​ព្រះអរិយៈ មួយ​ពួក មិន​ចង់ជួប​ប្រទះពួក​ព្រះអរិយៈ។ បុគ្គល​ណា មិនចង់​ជួបប្រទះ​ពួក​ព្រះអរិយៈ បុគ្គល​នោះ គេគប្បី​តិះដៀល ដោយហេតុ​នោះ ៗ យ៉ាងនេះ។ បុគ្គលណា ចង់ជួប​ប្រទះ​ពួក​ព្រះអរិយៈ បុគ្គល​នោះ គេគប្បី​សរសើរ ដោយហេតុ​នោះៗ យ៉ាង​នេះ។ បុគ្គល​ពីរពួក ចង់ជួប​ប្រទះពួក​ព្រះអរិយៈ គឺ មួយពួក ចង់​ស្តាប់​ព្រះសទ្ធម្ម មួយពួក មិនចង់​ស្តាប់​ព្រះសទ្ធម្ម។ បុគ្គល​ណា មិនចង់​ស្តាប់​ព្រះសទ្ធម្ម បុគ្គល​នោះ គេគប្បី​តិះដៀល ដោយ​ហេតុ​នោះៗ យ៉ាង​នេះ។ បុគ្គល​ណា ចង់ស្តាប់​ព្រះសទ្ធម្ម បុគ្គល​នោះ គេគប្បី​សរសើរ ដោយ​ហេតុ​នោះៗ យ៉ាងនេះ។ បុគ្គល​ពីរពួក ចង់ស្តាប់​នូវ​ព្រះសទ្ធម្ម គឺ បុគ្គល​មួយពួក មាន​ត្រចៀក ផ្ទៀង​ស្តាប់​នូវធម៌ បុគ្គល​មួយពួក មានត្រចៀក មិនផ្ទៀង​ស្តាប់នូវ​ធម៌។ បុគ្គល​ណា មាន​ត្រចៀក មិនផ្ទៀង​ស្តាប់​នូវធម៌ បុគ្គល​នោះ គេ​គប្បី​តិះដៀល ដោយ​ហេតុ​នោះៗ យ៉ាងនេះ។ បុគ្គល​ណា មានត្រចៀក ផ្ទៀងស្តាប់​នូវធម៌ បុគ្គល​នោះ គេ​គប្បី​សរសើរ ដោយ​ហេតុ​នោះៗ យ៉ាងនេះ។ បុគ្គល​ពីរពួក មាន​ត្រចៀក ផ្ទៀងស្តាប់​នូវធម៌ គឺ មួយ​ពួក ស្តាប់ហើយ​ចាំទុក​នូវធម៌ មួយពួក ស្តាប់​ហើយ​មិនចាំ​ទុកនូវ​ធម៌។ បុគ្គល​ណា ស្តាប់​ហើយ មិនចាំទុក​នូវធម៌ បុគ្គល​នោះ គេគប្បី​តិះដៀល​ដោយ​ហេតុ​នោះៗ យ៉ាង​នេះ។ បុគ្គល​ណា ស្តាប់ហើយ​ចាំទុក​នូវធម៌ បុគ្គល​នោះ គេគប្បី​សរសើរ ដោយ​ហេតុ​នោះ ៗ យ៉ាងនេះ។ បុគ្គល​ពីរពួក ស្តាប់ហើយ​ចាំទុក​នូវធម៌ គឺ មួយពួក ពិចារណា​នូវអត្ថ​នៃធម៌​ទាំង​ឡាយ ដែលខ្លួន​ចាំទុក​ហើយ មួយពួក មិន​ពិចារណា​នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលខ្លួន​ចាំទុក​ហើយទេ។ បុគ្គលណា មិន​ពិចារណា នូវអត្ថ​នៃធម៌​ទាំងឡាយ ដែល​ខ្លួនចាំ​ទុក​ហើយ បុគ្គល​នោះ គេគប្បី​តិះដៀល ដោយ​ហេតុ​នោះៗ យ៉ាងនេះ។ បុគ្គល​ណា ពិចារណា​នូវអត្ថ​នៃធម៌​ទាំងឡាយ ដែល​ខ្លួនចាំ​ទុកហើយ បុគ្គលនោះ គេគប្បី​សរសើរ ដោយ​ហេតុ​នោះៗ យ៉ាង​នេះ។ បុគ្គល​ពីរពួក ពិចារណា​នូវអត្ថ​នៃធម៌​ទាំងឡាយ ដែលខ្លួន​ចាំ​ទុក​ហើយ គឺ មួយពួក ដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​នូវធម៌ ហើយ​ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់​ធម៌ មួយពួក ដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​នូវធម៌ ហើយ​មិន​ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់​ធម៌។ បុគ្គល​ណា ដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​នូវធម៌ ហើយ​មិន​ប្រតិបត្តិធម៌ ដ៏សមគួរ​ដល់​ធម៌ បុគ្គល​នោះ គេគប្បី​តិះដៀល ដោយ​ហេតុ​នោះៗ យ៉ាងនេះ។ បុគ្គល​ណា ដឹងច្បាស់​នូវអត្ថ ដឹង​ច្បាស់​នូវធម៌ ហើយ​ប្រតិបត្តិធម៌ ដ៏សម​គួរដល់​ធម៌ បុគ្គល​នោះ គេគប្បី​សរសើរ ដោយ​ហេតុ​នោះៗ យ៉ាងនេះ។ បុគ្គល​ពីរពួក ដឹងច្បាស់​នូវអត្ថ ដឹងច្បាស់​នូវធម៌ ហើយ​ប្រតិបត្តិធម៌ ដ៏សម​គួរដល់​ធម៌ គឺ មួយពួក ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន មិន​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ មួយពួក ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួនផង ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃផង។ បុគ្គល​ណា ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួន មិន​ប្រតិបត្តិ ដើម្បី​ប្រយោជន៍​បុគ្គល​ដទៃ បុគ្គល​នោះ គេគប្បី​តិះដៀល ដោយ​ហេតុ​នោះៗ យ៉ាងនេះ។ បុគ្គល​ណា ប្រតិបត្តិ​ដើម្បី​ប្រយោជន៍​ខ្លួនផង ដើម្បី​ប្រយោជន៍​បុគ្គលដទៃ​ផង បុគ្គល​នោះ គេគប្បី​សរសើរ ដោយ​ហេតុនោះៗ យ៉ាងនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ដឹងច្បាស់ បុគ្គល​ពីរ​ពួក យ៉ាងនេះ​ឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុជា​អ្នកដឹង​នូវ​បុគ្គល​ដែល​គួរគប់​រក យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៧ យ៉ាងនេះ ជាអ្នក​គួរទទួល​ចតុប្បច្ច័យ ដែល​គេនាំមក​បូជា។បេ។ ជាបុញ្ញក្ខេត្ត​ដ៏ប្រសើរ របស់​សត្វ​លោក។

បារិច្ឆត្តកសូត្រ ទី៥

[៦៦] ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស មានស្លឹក​ទុំជ្រុះ​ហើយ ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ ពួក​ទេវតា​ជាន់​តាវត្តិង្ស ក៏មានចិត្ត​ត្រេកអរ​ថា ឥឡូវ​នេះ ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស មានស្លឹក​ទុំជ្រុះ​ហើយ មិនយូរ​ប៉ុន្មាន មុខជា​នឹងមាន​ស្លឹក ៧ ក្នុង​កាល​ឥឡូវនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ សម័យ​ណា ដើមរលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់​ពួកទេវតា​ជាន់​តាវត្តិង្ស មាន​ស្លឹក ៧ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ ពួក​ទេវតា​ជាន់តាវត្តិង្ស ក៏មាន​ចិត្ត​ត្រេកអរ​ថា ឥឡូវនេះ ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស មាន​ស្លឹក ៧ ហើយ មិន​យូរ​ប៉ុន្មាន មុខជា​នឹងមាន​កញ្ចុំនៃ​ស្លឹក និង​ផ្កា ក្នុង​កាល​ឥឡូវ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស ជាឈើ​មាន​កញ្ចុំ​នៃស្លឹក និង​ផ្កា ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ ពួក​ទេវតា​ជាន់​តាវត្តិង្ស ក៏មាន​ចិត្ត​ត្រេកអរ​ថា ឥឡូវនេះ ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស មាន​កញ្ចុំ​នៃស្លឹក និង​ផ្កា​កើតហើយ មិនយូរ​ប៉ុន្មាន មុខជា​នឹងមាន​កញ្ចុំ​នៃ​ស្លឹក និង​ផ្កា តាំង​ឡើង​ផ្សេងៗគ្នា ក្នុង​កាល​ឥឡូវ​នេះ។ ម្នាលភិក្ខុ​ទាំង​ឡាយ សម័យណា ដើម​រលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួក​ទេវតា​ជាន់តាវត្តិង្ស ជាឈើ​មានកញ្ចុំ​នៃស្លឹក និង​ផ្កា តាំងឡើង​ផ្សេងៗគ្នា ម្នាល​ភិក្ខុ​ទាំងឡាយ សម័យនោះ ពួកទេវតា​ជាន់​តាវត្តិង្ស មាន​ចិត្ត​ត្រេកអរ​ថា ឥឡូវនេះ ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស មាន​កញ្ចុំនៃ​ស្លឹក និងផ្កា តាំង​ឡើង​ផ្សេងៗគ្នា កើត​ហើយ មិនយូរ​ប៉ុន្មាន មុខជា​នឹងមាន​ផ្កា​ក្រពុំ កើត​ឡើង ក្នុង​កាល​ឥឡូវ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យណា ដើម​រលួស​ផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់ពួក​ទេវតា​ជាន់​តាវត្តិង្ស ជាឈើ​មានផ្កា​ក្រពុំ កើត​ឡើង ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ ពួកទេវតា​ជាន់​តាវត្តិង្ស ក៏​មានចិត្ត​ត្រេកអរ​ថា ឥឡូវនេះ ដើម​រលួសផ្អុង​ជាបារិច្ឆត្តកព្រឹក្ស មានផ្កា​ក្រពុំ កើតឡើង​ហើយ មិនយូរ​ប៉ុន្មាន មុខជា​នឹងមានផ្កា​បែកជា​មាត់ចាប ក្នុងកាល​ឥឡូវ​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យណា ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់ពួក​ទេវតាជាន់​តាវត្តិង្ស ជាឈើ​មានផ្កា​បែក​ជាមាត់ចាប កើតឡើង ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ ពួកទេវតា​ជាន់​តាវត្តិង្ស ក៏មានចិត្ត​ត្រេកអរ​ថា ឥឡូវនេះ ដើម​រលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស មានផ្កា​បែកជា​មាត់ចាប កើតហើយ មិនយូរប៉ុន្មាន មុខជានឹងមាន​ផ្ការីក​ស្គុសស្គាយ ដោយអាការ​ទាំងពួង ក្នុងកាល​ឥឡូវនេះ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា ដើម​រលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួក​ទេវតា​ជាន់តាវត្តិង្ស ជាឈើ​មានផ្កា​រីក​ស្គុសស្គាយ ដោយ​អាការ​ទាំងពួង ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ ពួក​ទេវតា​ជាន់​តាវត្តិង្ស ក៏មានចិត្ត​ត្រេកអរ ឆ្អែត​ស្កប់​ស្កល់​បរិបូណ៌ ឲ្យគេ​បម្រើដោយ​កាមគុណ​ទាំង ៥ ជាទិព្វ អស់ ៤ ខែ ទៀបគល់​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស។ ម្នាលភិក្ខុ​ទាំងឡាយ ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស មានផ្ការីក​ស្គុសស្គាយ ដោយ​អាការ​ទាំងពួង មាន​ពន្លឺ​ផ្សាយ​ចេញ​ទៅ ៥០​យោជន៍ ដោយ​ជុំវិញ ក្លិន​ផ្សាយ​ទៅ​បណ្តោយ​ខ្យល់ ១០០​យោជន៍ នេះ​ជាអានុភាព​នៃដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា អរិយសាវក​គិតដើម្បី​ចេញចាក​ផ្ទះ ចូលទៅ​កាន់ផ្នួស ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ អរិយសាវក ដូចជា​ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់ពួក​ទេវតា​ជាន់​តាវត្តិង្ស ដែល​មាន​ស្លឹក​ទុំហើយ យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា អរិយ​សាវក កោរសក់ និង​ពុកមាត់ ស្លៀក​ដណ្តប់​សំពត់​កាសាយៈ ហើយ​ចេញ​ចាក​ផ្ទះ ចូលទៅ​កាន់​ផ្នួស ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ អរិយសាវក ដូចជា​ដើមរលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់​ពួកទេវតា​ជាន់តាវត្តិង្ស ដែល​មាន​ស្លឹក ៧។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា អរិយសាវក ស្ងប់​ស្ងាត់​ចាកកាម​ទាំងឡាយ។​បេ។ ចូលកាន់​បឋមជ្ឈាន ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ អរិយសាវក ដូចជា​ដើមរលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់​ពួកទេវតា​ជាន់តាវត្តិង្ស ដែលមាន​កញ្ចុំនៃ​ស្លឹក និងផ្កា។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា អរិយសាវក ព្រោះ​រម្ងាប់នូវវិតក្កៈ និង​វិចារៈ។បេ។ ចូលកាន់​ទុតិយជ្ឈាន ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ អរិយសាវក ដូច​ជាដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស​របស់ពួក​ទេវតា​ជាន់​តាវត្តិង្ស ដែល​មានស្លឹក និង​ផ្កា តាំងឡើង​ផ្សេង ៗ គ្នា។ ម្នាលភិក្ខុ​ទាំងឡាយ សម័យណា អរិយសាវក ព្រោះនឿយ​ណាយ​ចាកបីតិ​ផង។បេ។ ចូលកាន់​តតិយជ្ឈាន ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ អរិយសាវក ដូចជា​ដើម​រលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់ពួក​ទេវតា​ជាន់​តាវត្តិង្ស ដែលមាន​ផ្កាក្រពុំ​កើតហើយ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា អរិយសាវក ព្រោះលះបង់​នូវសុខ​ផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ អរិយសាវក ដូចជា​ដើមរលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់ពួក​ទេវតា​ជាន់​តាវត្តិង្ស ដែលមាន​ផ្កាបែក​ជាមាត់ចាប កើត​ហើយ។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​ណា អរិយសាវក ធ្វើឲ្យ​ជាក់ច្បាស់។បេ។ ព្រោះ​អស់អាសវៈ​ទាំងឡាយ ម្នាលភិក្ខុ​ទាំង​ឡាយ សម័យនោះ អរិយសាវក ដូចជា​ដើមរលួសផ្អុង ជា​បារិច្ឆត្តកព្រឹក្ស របស់ពួក​ទេវតា​ជាន់​តាវត្តិង្ស ដែលមាន​ផ្ការីក​ស្គុសស្គាយ ដោយ​អាការ​ទាំងពួង។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះ ភុម្មទេវតា​ទាំង​​ឡាយ ក៏ញុំាង​សំឡេង​ឲ្យលាន់​ឮឡើង​ថា អរិយសាវក​ដ៏មានអាយុ ឈ្មោះនេះ ជាសិទ្ធិវិហារិក​របស់លោក​ដ៏មាន​អាយុ​ឈ្មោះនេះ ចេញ​ចាកផ្ទះ ដែលតាំង​នៅក្នុង​ស្រុក ឬ​និគម​ឯណោះ ហើយ​ចូលមក​កាន់ផ្នួស បាន​ធ្វើឲ្យ​ជាក់​ច្បាស់។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ។ ពួកទេវតា​ជាន់​ចាតុម្មហារាជិកៈ ឮ​នូវ​សំឡេង​នៃភុម្មទេវតា​ទាំងឡាយ… ពួកទេវតា ជាន់​តាវត្តិង្ស… ពួកទេវតា​ជាន់​យាមៈ… ពួក​ទេវតា​ជាន់​តុសិត… ពួកទេវតា​ជាន់​និម្មានរតី… ពួកទេវតា​ជាន់​បរនិម្មិតវសវត្តី… ពួក​ទេវតា​ជាន់​ព្រហ្មកាយិកៈ ញុំាងសំឡេងឲ្យលាន់​ឮឡើងថា អរិយសាវក​ដ៏មានអាយុ ឈ្មោះនេះ ជាសទ្ធិវិហារិក​របស់លោក​ដ៏មាន​អាយុ​ឈ្មោះនេះ ចេញ​ចាកផ្ទះ ដែលតាំង​នៅ​ក្នុង​ស្រុក ឬនិគម​ឯណោះ ហើយចូល​មកកាន់​ផ្នួស បានធ្វើ​ឲ្យជាក់​ច្បាស់។បេ។ ព្រោះ​អស់អាសវៈ​ទាំងឡាយ។ ព្រោះ​ហេតុនោះ សំឡេងក៏​ឮផ្សាយ​ឡើងទៅ ដរាប​ដល់​ព្រហ្មលោក ក្នុងខណៈ​នោះ មួយ​រំពេច​នោះ​ថា នេះ​ជា​អានុភាព​របស់ភិក្ខុ ជា​ព្រះខីណាស្រព។

សក្កច្ចសូត្រ ទី៦

[៦៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំ ក៏​មាន​ចិត្តត្រិះរិះ កើត​ឡើង​យ៉ាងនេះ​ថា ភិក្ខុ​កាល​ធ្វើសក្ការៈ គោរព អាស្រ័យ​អ្វីហ្ន៎ ទើបលះបង់​នូវអកុសល ចំរើន​នូវ​កុសល​បាន។ លំដាប់​នោះ ព្រះសារីបុត្ត​ដ៏មានអាយុ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ភិក្ខុ​កាល​ធ្វើ​សក្ការៈ គោរព អាស្រ័យ​ព្រះសាស្តា ទើបលះ​បង់នូវ​អកុសល ចំរើន​នូវ កុសល​បាន ភិក្ខុ​កាលធ្វើ​សក្ការៈ គោរព អាស្រ័យ​ព្រះធម៌… ព្រះសង្ឃ… សិក្ខា… សមាធិ… អប្បមាទៈ… បដិសន្ថារៈ ទើបលះបង់​នូវ​អកុសល ចំរើន​នូវ​កុសល​បាន។ លំដាប់នោះ ព្រះសារីបុត្ត​ដ៏មាន​អាយុ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ធម៌ទាំងឡាយ របស់​អាត្មាអញ​នេះ ដ៏បរិសុទ្ធ​ផូរផង់ បើដូច្នេះ មានតែ​អាត្មាអញ យកធម៌​ទាំងនេះ ទៅក្រាប​បង្គំទូល ចំពោះ​ព្រះដ៏មាន​ព្រះភាគ កាលបើ​យ៉ាងនេះ ធម៌ទាំងឡាយ​របស់អញ​នេះ នឹង​ជាធម៌​ដ៏​បរិសុទ្ធ​ផង ជាធម៌​ដែលបច្ច័យ​តាក់តែង​ដ៏បរិសុទ្ធ​ក្រៃពេក យ៉ាងនេះ​ផង។ ដូចជា​បុរស បាន​មាស​ឆ្តោរ​ដ៏បរិសុទ្ធ ផូរផង់ បុរស​នោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា មាស​ឆ្តោរ​របស់​អាត្មាអញ​នេះ ដ៏បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែ​អាត្មាអញ យកមាស​ឆ្តោរនេះ ទៅ​បង្ហាញ​ដល់ពួក​ជាង​មាស កាលបើ​យ៉ាងនេះ មាសឆ្តោរ​របស់អញ​នេះ តាំងនៅ​ក្នុងចង្រ្កាន​នៃ​ជាង​មាស នឹងជាមាស​ដ៏បរិសុទ្ធ​ផង ជាមាស​ដែលជាង​តាក់តែង ដ៏​បរិសុទ្ធ​ក្រៃ​ពេក​ផង យ៉ាងណា​មិញ។ ធម៌ទាំងឡាយ របស់អាត្មាអញ​នេះ បរិសុទ្ធ ផូរផង់ បើ​ដូច្នោះ មានតែ​អាត្មាអញ យកធម៌​ទាំងនេះ ទៅក្រាប​បង្គំទូល ចំពោះ​ព្រះដ៏មានព្រះភាគ កាលបើ​យ៉ាងនេះ ធម៌របស់​អញនេះ​ឯង នឹង​ជាធម៌​ដ៏បរិសុទ្ធ​ផង ជាធម៌​ដែលបច្ច័យ​តាក់​តែង ដ៏បរិសុទ្ធ​ក្រៃពេក​ផង ក៏​យ៉ាងនោះ​ដែរ។ លំដាប់​នោះ ព្រះសារីបុត្ត​ដ៏មានអាយុ ចេញ​ចាក​ការពួន​សម្ងំ ក្នុង​សាយណ្ហសម័យ ហើយក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះ​ចូលទៅ​ដល់ហើយ ក្រាបថ្វាយ​បង្គំព្រះដ៏មាន​ព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះសារីបុត្ត​ដ៏មានអាយុ អង្គុយ​ក្នុងទីដ៏​សមគួរ​ហើយ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងទី​ឯណោះ ខ្ញុំព្រះអង្គ​នៅក្នុង​ទីស្ងាត់ ហើយ​ពួនសម្ងំ ក៏មានចិត្ត​ត្រិះរិះ​កើត​ឡើង​យ៉ាងនេះ​ថា ភិក្ខុ​កាលធ្វើ​សក្ការៈ គោរព អាស្រ័យ​អ្វីហ្ន៎ ទើបលះបង់​នូវអកុសល ចំរើន​នូវ​កុសល​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​នោះ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ភិក្ខុកាល​ធ្វើសក្ការៈ គោរព អាស្រ័យ​ព្រះ​សាស្តា ទើបលះបង់​នូវអកុសល ចំរើន​នូវកុសល​បាន ភិក្ខុកាល​ធ្វើសក្ការៈ គោរព អាស្រ័យ​ព្រះធម៌… ព្រះសង្ឃ… សិក្ខា… សមាធិ… អប្បមាទៈ … បដិសន្ថារៈ ទើប​លះបង់​នូវ​អកុសល ចំរើន​នូវកុសល​បាន។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​នោះ មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា ធម៌ទាំងឡាយ របស់អញ​នេះ ដ៏បរិសុទ្ធ ផូរផង់ បើដូច្នោះ មាន​តែអញ​យក​ធម៌​ទាំងនោះ ទៅក្រាបទូល​ចំពោះ​ព្រះមានព្រះភាគ កាលបើយ៉ាងនេះ ធម៌​ទាំង​ឡាយ របស់​អញ​នេះ នឹងជាធម៌​ដ៏បរិសុទ្ធ​ផង ជាធម៌​ដែលមាន​បច្ច័យ​តាក់តែង ដ៏​បរិសុទ្ធ​ក្រៃពេក​ផង។ ដូច​បុរស​បាន​មាសឆ្តោរ ដ៏បរិសុទ្ធ ផូរផង់ បុរស​នោះ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា មាសឆ្តោរ​របស់​អាត្មាអញ​នេះ ដ៏​បរិសុទ្ធ ផូរផង់ បើ​ដូច្នោះ មានតែ​អាត្មាអញ យកមាស​ឆ្តោរ​នេះ​ទៅបង្ហាញ​ដល់ពួក​ជាងមាស កាលបើ​យ៉ាងនេះ មាសឆ្តោរ​របស់​អញ​នេះ តាំងនៅ​ក្នុងចង្ក្រាន​នៃជាង​មាស នឹងជា​មាសដ៏​បរិសុទ្ធ​ផង ជាមាស​ដែលជាង​តាក់ តែង ដ៏បរិសុទ្ធ​ក្រៃពេក​ផង យ៉ាងណា​មិញ។ ធម៌ទាំង​ឡាយ របស់​អាត្មា​អញ​នេះ ដ៏​បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែ​អាត្មាអញ យកធម៌​ទាំងនេះ ទៅក្រាប​ទូល​ចំពោះ​ព្រះមានព្រះភាគ កាលបើ​យ៉ាងនេះ ធម៌ទាំង​ឡាយ របស់អញ​នេះ នឹងជា​ធម៌បរិសុទ្ធ​ផង ជាធម៌​ដែល​បច្ច័យ​តាក់តែង ដ៏បរិសុទ្ធ​ក្រៃពេក​ផង យ៉ាងនោះ​ដែរ។ ម្នាលសារីបុត្ត ត្រូវ​ហើយ ៗ ម្នាល​សារីបុត្ត ភិក្ខុកាល​ធ្វើសក្ការៈ គោរព អាស្រ័យ​នូវ​ព្រះសាស្តា ទើបលះ​បង់​នូវ​អកុសល ចំរើន​នូវកុសល​បាន ម្នាល​សារីបុត្ត ភិក្ខុកាល​ធ្វើសក្ការៈ គោរព អាស្រ័យ​នូវព្រះធម៌… ព្រះសង្ឃ… សិក្ខា… សមាធិ… អប្បមាទៈ…  បដិសន្ថារៈ ទើបលះបង់​នូវ​អកុសល ចំរើននូវ​កុសល​បាន។ កាលបើ​ព្រះសាស្តា ទ្រង់ត្រាស់​យ៉ាងនេះ​ហើយ ព្រះសារីបុត្ត​ដ៏មានអាយុ ក្រាបបង្គំ​ទូលព្រះដ៏​មានព្រះភាគ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ធម៌ដែល​ព្រះដ៏មានព្រះ​ភាគ ទ្រង់​សំដែង​ដោយ​សង្ខេប​នេះ ខ្ញុំព្រះអង្គ​យល់​សេចក្តី ដោយ​ពិស្តារ បាន​យ៉ាងនេះ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ​មិនគោរព​ព្រះសាស្តា ជាអ្នកគោរព​ក្នុងព្រះធម៌​ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា មិនគោរព​ព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា មិនគោរព ក្នុងព្រះធម៌ដែរ។ បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិនគោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ ជាអ្នកគោរព​ក្នុង​ព្រះសង្ឃ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ណា មិនគោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ ភិក្ខុនោះ ឈ្មោះថា មិនគោរព​ក្នុង ព្រះសង្ឃ​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិនគោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ មិនគោរព​ព្រះសង្ឃ ជាអ្នក​គោរព​សិក្ខា ដូច្នេះ ហេតុនុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា មិន​គោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ មិនគោរព​ព្រះសង្ឃ ភិក្ខុនោះ ឈ្មោះ​ថា មិនគោរព​ក្នុងសិក្ខា​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិនគោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ មិនគោរព​ព្រះសង្ឃ មិន​គោរព​សិក្ខា ជា​អ្នក​គោរព ក្នុង​សមាធិ​ដូច្នេះ ហេតុនុ៎ះ​មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា មិន​គោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ មិន​គោរព​ព្រះសង្ឃ មិន​គោរព​សិក្ខា ភិក្ខុនោះ ឈ្មោះ​ថា មិនគោរព​ក្នុង​សមាធិ​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិន​គោរព​ព្រះ​សាស្តា មិនគោរព​ព្រះធម៌ មិនគោរព​ព្រះសង្ឃ មិនគោរព​សិក្ខា មិន​គោរព​សមាធិ ជា​អ្នក​គោរព​ក្នុង​អប្បមាទៈ​ដូច្នេះ ហេតុនុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា មិន​គោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ មិនគោរព​ព្រះសង្ឃ មិនគោរព​សិក្ខា មិន​គោរព​សមាធិ ភិក្ខុនោះ ឈ្មោះ​ថា មិន​គោរព ក្នុង​អប្បមាទៈ​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យ​ថា ភិក្ខុ​នោះ មិនគោរព​ព្រះសាស្តា មិន​គោរព​ព្រះធម៌ មិន​គោរព​ព្រះសង្ឃ មិន​គោរព​សិក្ខា មិន​គោរព​សមាធិ មិន​គោរព​អប្បមាទៈ ជាអ្នក​គោរព ក្នុង​បដិសន្ថារៈ ដូច្នេះ ហេតុ​នុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា មិន​គោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ មិនគោរព​ព្រះសង្ឃ មិនគោរព​សិក្ខា មិន​គោរព​សមាធិ មិន​គោរព​អប្បមាទៈ ភិក្ខុនោះ ឈ្មោះថា មិន​គោរព​ក្នុង​បដិសន្ថារៈ​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ ​គោរព​ក្នុងព្រះសាស្តា ជាអ្នក​មិនគោរព​ព្រះធម៌ដូច្នេះ ហេតុនុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា គោរព​ព្រះសាស្តា ភិក្ខុ​នោះ ឈ្មោះថា គោរព​ក្នុង​ព្រះធម៌​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុ​នោះ គោរព​ព្រះសាស្តា គោរព​ព្រះធម៌ ជាអ្នក​មិន​គោរព​ក្នុងព្រះសង្ឃ ដូច្នេះ ហេតុ​នុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា គោរព​ព្រះសាស្តា គោរព​ព្រះធម៌ ភិក្ខុ​នោះ ឈ្មោះថា គោរព​ក្នុងព្រះសង្ឃ​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ ជាអ្នក​មិនគោរព​ក្នុង​សិក្ខា​ដូច្នេះ ហេតុ​នុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ ភិក្ខុនោះ ឈ្មោះថា គោរព​ក្នុងសិក្ខា​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ គោរព​សិក្ខា ជាអ្នក​មិន​គោរព ក្នុង​សមាធិ​ដូច្នេះ ហេតុនុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ណា គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ គោរព​សិក្ខា ភិក្ខុ​នោះ ឈ្មោះថា គោរព​ក្នុង​សមាធិ​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ គោរព​សិក្ខា គោរព​សមាធិ ជាអ្នក​មិនគោរព ក្នុង​អប្បមាទៈ​ដូច្នេះ ហេតុនុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុណា គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ គោរព​សិក្ខា គោរព​សមាធិ ភិក្ខុនោះ ឈ្មោះថា គោរព​ក្នុង​អប្បមាទៈ​ដែរ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ គោរព​សិក្ខា គោរព​សមាធិ គោរព​អប្បមាទៈ ជាអ្នក​មិនគោរព​ក្នុង​បដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមាន​ឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ គោរព​សិក្ខា គោរព​សមាធិ គោរព​អប្បមាទៈ ភិក្ខុនោះ ឈ្មោះថា គោរព​ក្នុង​បដិសន្ថារៈ​ដែរ។ បពិត្រ​ព្រះអង្គដ៏​ចំរើន ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែង​ដោយ​សង្ខេប​នេះ ខ្ញុំ​ព្រះអង្គ​យល់​សេចក្តី ដោយ​ពិស្តារ​យ៉ាងនេះ។ ម្នាលសារីបុត្ត ត្រូវហើយ ៗ ម្នាល​សារីបុត្ត ធម៌ដែល​តថាគត សំដែង​ដោយ​សង្ខេប​នេះ អ្នកយល់​សេចក្តី ដោយពិស្តារ​យ៉ាងនេះ​ល្អហើយ។ ម្នាល​សារីបុត្ត ពាក្យថា ភិក្ខុ​នោះ មិនគោរព​ព្រះសាស្តា ជាអ្នក​គោរព​ក្នុងព្រះធម៌​ដូច្នេះ ហេតុ​នុ៎ះ មិន​មាន​ឡើយ ម្នាល​សារីបុត្ត ភិក្ខុណា មិនគោរព​ព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា មិនគោរព​ក្នុងព្រះធម៌​ដែរ។បេ។ ម្នាល​សារីបុត្ត ពាក្យថា ភិក្ខុ​នោះ មិនគោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ មិនគោរព​ព្រះសង្ឃ មិន​គោរព​សិក្ខា មិនគោរព​សមាធិ មិនគោរព​អប្បមាទៈ ជាអ្នក​គោរព​ក្នុង​បដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមាន​ឡើយ ម្នាល​សារីបុត្ត ភិក្ខុណា មិន​គោរព​ព្រះសាស្តា មិនគោរព​ព្រះធម៌ មិនគោរព​ព្រះសង្ឃ មិនគោរព​សិក្ខា មិនគោរព​សមាធិ មិនគោរព​អប្បមាទៈ ភិក្ខុនោះ ឈ្មោះថា មិន​គោរព​ក្នុង​បដិសន្ថារៈ​ដែរ។ ម្នាល​សារីបុត្ត ពាក្យថា ភិក្ខុនោះ គោរព​ព្រះសាស្តា ជាអ្នកមិន​គោរព​ក្នុងព្រះធម៌​ដូច្នេះ ហេតុនុ៎ះ មិនមាន​ឡើយ ម្នាល​សារីបុត្ត ភិក្ខុណា គោរព​ព្រះសាស្តា ភិក្ខុ​នោះ ឈ្មោះថា គោរព​ក្នុងព្រះធម៌​ដែរ។បេ។ ម្នាល​សារីបុត្ត ពាក្យថា ភិក្ខុនោះ គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ គោរព​សិក្ខា គោរព​សមាធិ គោរព​អប្បមាទៈ ជាអ្នក​មិន​គោរព​ក្នុង​បដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមែន​ជាឋានៈ​ឡើយ ម្នាល​សារីបុត្ត ភិក្ខុណា គោរព​ព្រះសាស្តា គោរព​ព្រះធម៌ គោរព​ព្រះសង្ឃ គោរព​សិក្ខា គោរព​សមាធិ គោរព​អប្បមាទៈ ភិក្ខុនោះ ឈ្មោះថា គោរព​ក្នុង​បដិសន្ថារៈ​ដែរ។  ម្នាល​សារីបុត្ត ធម៌ដែល​តថាគត សំដែង​ដោយសង្ខេប​នេះ អ្នក​យល់​សេចក្តី​ដោយ​ពិស្តារ​យ៉ាងនេះ។

ភាវនាសូត្រ ទី៧

[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​មិនប្រកបរឿយ ៗ នូវភាវនា បើទុកជា​មាន​សេចក្តី​ប្រាថ្នា យ៉ាងនេះថា ធ្វើដូច​ម្តេចហ្ន៎ ចិត្ត​របស់អាត្មា​អញ គប្បីផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិនប្រកាន់​មាំ​ដូច្នេះ​ក៏ដោយ ក៏គង់​តែចិត្ត​របស់ភិក្ខុ​នោះ មិនរួច​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះតែ​មិនប្រកាន់​មាំដែរ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ត្រូវ​និយាយ​ថា ព្រោះតែភិក្ខុ​មិនបាន​ចំរើន។ ព្រោះមិន​បាន​ចំរើន​អ្វី។ ព្រោះតែ​មិន​បាន​ចំរើន​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨។ ម្នាលភិក្ខុ​ទាំងឡាយ ដូច​ពងមាន់​ទាំងឡាយ ៨ក្តី ១០ក្តី ១២ក្តី ពងមាន់​ទាំងឡាយ​នោះ ដែល​មេមាន់​មិនក្រាប​ដោយ​ប្រពៃ មិនបាន​ធ្វើឲ្យកក់​ក្តៅដោយ​ប្រពៃ មិនបាន​ឲ្យជាប់ក្លិន​វា​ជាមេ​ដោយ​ប្រពៃ បើទុក​ជា​មេមាន់​នោះ មាន​សេចក្តី​ប្រាថ្នា យ៉ាង​នេះថា ធ្វើដូចម្តេច​ហ្ន៎ កូនទាំងឡាយ​របស់អញ គប្បី​ទំលាយ​សម្បក ពង ដោយ​ចុងក្រចក​ជើង ឬ​ដោយ​ចុង​ចំពុះ ហើយញាស់​ចេញមក​ដោយ​ស្រួល ដូច្នេះ​ក៏ដោយ ក៏គង់តែ​កូនមាន់​ទាំងនោះ មិនអាច​នឹងទំលាយ​នូវ​សម្បក​ពង ដោយ​ចុងក្រចក​ជើង ឬដោយ​ចុងចំពុះ ហើយ​ញាស់​ចេញមក​ដោយស្រួល​បានដែរ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះពង​ទាំងនោះ ដែល​មេមាន់​មិនបាន​ក្រាប​ដោយប្រពៃ មិនបាន​ធ្វើឲ្យកក់ក្តៅ​ដោយប្រពៃ មិនបាន​ឲ្យជាប់​ក្លិនវាជាមេ ដោយ​ប្រពៃ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​មិនបាន​ប្រកប​រឿយ ៗ នូវភាវនា បើទុកជា​មានសេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា ធ្វើដូចម្តេច​ហ្ន៎ ចិត្តរបស់​អាត្មាអញ គប្បីផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះ​មិន​ប្រកាន់មាំ ដូច្នេះ​ក៏ដោយ ក៏គង់តែ​ចិត្តរបស់​ភិក្ខុនោះ មិនផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះតែ​មិនប្រកាន់​មាំបានដែរ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ត្រូវ​និយាយ​ថា ព្រោះតែ​មិនបាន​ចំរើន។ ព្រោះមិន​បាន​ចំរើន​អ្វី។ ព្រោះមិនបាន​ចំរើន​សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គៈ ៧ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែល​បានប្រកប​រឿយ ៗ នូវ​ភាវនា បើទុក​ជាមិនមាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះថា ធ្វើដូចម្តេច​ហ្ន៎ ចិត្ត​របស់​អាត្មា​អញ គប្បីផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់មាំ ដូច្នេះ​ក៏ដោយ ក៏គង់តែ​ចិត្ត​របស់​ភិក្ខុ​នោះ ផុតស្រឡះ​ចាកអាសវៈ​ទាំងឡាយ ព្រោះមិន​ប្រកាន់មាំ​បានដែរ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ត្រូវ​និយាយ ថា ​ព្រោះតែ​ភិក្ខុបាន​ចំរើន។ ព្រោះបាន​ចំរើនអ្វី។ ព្រោះ​បាន​ចំរើន សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គ​ប្រកប​ដោយអង្គ ៨។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​ពងមាន់​ទាំង​ឡាយ ៨ក្តី ១០ក្តី ១២ក្តី ពងមាន់​ទាំងនោះ ដែលមេមាន់​ក្រាបដោយ​ប្រពៃ​ហើយ ធ្វើឲ្យ​កក់ក្តៅ​ដោយប្រពៃ​ហើយ ធ្វើឲ្យ​ជាប់ក្លិន​វាជា​មេដោយ​ប្រពៃ​ហើយ មេមាន់នោះ បើទុកជា​មិនមាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះថា ធ្វើដូចម្តេច​ហ្ន៎ កូនទាំងឡាយ​របស់អញ គប្បី​ទំលាយ​សម្បកពង ដោយ​ចុង​ក្រចក​ជើង ឬដោយ​ចុងចំពុះ ហើយញាស់​ចេញមក​ដោយ​ស្រួល ដូច្នេះ​ក៏ដោយ ក៏គង់តែ​កូនមាន់​ទាំងនោះ អាច​ទំលាយ​សម្បកពង ដោយ​ចុងក្រចក​ជើង ឬដោយ​ចុងចំពុះ ហើយញាស់​ចេញមក​ដោយស្រួលបាន។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះតែ​ពង​ទាំងនោះ ដែលមេមាន់​ក្រាបដោយ​ប្រពៃហើយ ធ្វើឲ្យ​កក់ក្តៅ​ដោយ​ប្រពៃ​ហើយ ឲ្យ​ជាប់ក្លិន​វាជាមេ​ដោយ​ប្រពៃហើយ យ៉ាងណា​មិញ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុដែល​បានប្រកប​រឿយ ៗ នូវភាវនា បើទុកជា​មិនមាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា ធ្វើដូច​ម្តេចហ្ន៎ ចិត្ត​របស់​អាត្មាអញ គប្បី​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ ព្រោះតែ​មិនប្រកាន់​មាំ ដូច្នេះ​ក៏ដោយ ក៏​គង់តែចិត្ត​របស់ភិក្ខុ​នោះ ផុតស្រឡះ​ចាកអាសវៈ​ទាំងឡាយ ព្រោះ​តែមិន​ប្រកាន់​មាំបាន​ដែរ។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ត្រូវ​និយាយ​ថា ព្រោះ​តែភិក្ខុ​បាន​ចំរើន។ ព្រោះបាន​ចំរើនអ្វី។ ព្រោះបាន​ចំរើន​សតិប្បដ្ឋាន ៤។បេ។ អរិយមគ្គ​ប្រកប​ដោយ​អង្គ ៨ ក៏យ៉ាង​នោះដែរ។ ម្នាលភិក្ខុ​ទាំង​ឡាយ ដូចជាង​ឈើ ឬ​កូនសិស្ស​របស់ជាង​ឈើ យក​ម្រាមដៃ និង​មេដៃ ទៅចាប់​កាន់ត្រង់​មៀនកាំបិត ប៉ុន្តែ​ជាង​ឈើ ឬ​កូនសិស្ស​របស់​ជាង​ឈើ​នោះ មិនដឹង​យ៉ាង​នេះថា មៀនកាំបិត​របស់អញ​នោះ ថ្ងៃនេះ​សឹកអស់​ប៉ុណ្ណេះ ឬ​ថ្ងៃម្សិល សឹកអស់​ប៉ុណ្ណេះ ឬ​ក៏ម្សិលម្ង៉ៃ សឹកអស់​ប៉ុណ្ណេះ ដូច្នេះទេ លុះដល់​មៀន​កាំបិត​នោះ សឹកអស់​ហើយ ទើបបាន​ដឹងថា អស់​ហើយ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើភិក្ខុ​ប្រកប​រឿយ ៗ នូវ​ភាវនា បើទុកជា​មិនបានដឹង​យ៉ាងនេះ​ថា ថ្ងៃនេះ អាសវៈ​ទាំង​ឡាយ របស់​អញ អស់ទៅ​ប៉ុណ្ណេះ ឬ​ថ្ងៃម្សិល អស់ទៅ​ប៉ុណ្ណេះ ឬក៏​ម្សិលម្ង៉ៃ អស់ទៅ​ប៉ុណ្ណេះ ដូច្នេះ​ទេ លុះ​អាសវៈ​នោះអស់ទៅ ទើបដឹង​ថា​អស់ហើយ​ ក៏យ៉ាងនោះ​ដែរ។ ម្នាលភិក្ខុ​ទាំងឡាយ ដូចជា​សំពៅសមុទ្រ​ដែល​គេចង​នឹងផ្តៅ ត្រាំនៅ​ក្នុងទឹក​អស់ ៦ ខែ ដល់​ហេមន្ត​រដូវ គេលើក​ឡើង ដាក់​លើគោក ចំណង​ទាំងឡាយ ត្រូវខ្យល់ និងកំដៅ​ថ្ងៃ ចំណង​ទាំងនោះ ត្រូវ​ភ្លៀង​បង្អុរ​ស្រោច ក៏ខូច​ពុកផុយ​បានដោយ​ងាយ យ៉ាងណា​មិញ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​ភិក្ខុ​បានប្រកប​រឿយ ៗ នូវ​ភាវនា សំយោជនៈ​ទាំងឡាយ ក៏ស្ងប់​រម្ងាប់​បានដោយ​ងាយ ក៏យ៉ាង​នោះដែរ។

អគ្គិក្ខន្ធោបមសូត្រ ទី៨

[៦៩] សម័យមួយ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិក ក្នុងដែន​កោសល ជាមួយ​នឹងភិក្ខុ​សង្ឃច្រើ​ន​រូប។ ព្រះដ៏មានព្រះភាគ ទ្រង់យាង​ទៅកាន់​ផ្លូវឆ្ងាយ ទ្រង់បាន​ឃើញគំនរ​ភ្លើងធំ ក្នុងប្រទេស​មួយកន្លែង កំពុង​ឆេះភ្លឺ​ច្រាលរន្ទាល សន្ធោ​សន្ធៅ លុះទត​ឃើញ​ហើយ ក៏យាង​ចេញអំពី​ផ្លូវ ទៅគង់​លើអាសនៈ ដែល​គេក្រាល​ថ្វាយ ប្រប​គល់​ឈើ​មួយ​ដើម។ លុះ​ព្រះដ៏មានព្រះភាគ គង់រួច​ហើយ ទ្រង់ត្រាស់​ហៅភិក្ខុ​ទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ បានឃើញ​គំនរភ្លើងធំ ឯណោះ កំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោ​សន្ធៅដែរ​ឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​ហេតុ​នោះ ថា​ដូចម្តេច ភិក្ខុ​អង្គុយ ឬ​ដេកឱបគំនរ​ភ្លើងធំ​ឯណោះ កំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោ​សន្ធៅ ហើយនឹង​ភិក្ខុ​អង្គុយ ឬ​ដេកឱបខត្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមាន​ដៃ និងជើង​ដ៏ទន់​ល្វាស​ល្វន់ តើ​របស់ណា​ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​អង្គុយ ឬ​ដេក​ឱប​ខន្តិយ​កញ្ញាក្តី ញ្រហ្មណ​កញ្ញាក្តី គហបតិ​កញ្ញាក្តី ដែលមាន​ដៃ និង​ជើង​ដ៏ទន់​ល្វាសល្វន់​នុ៎ះឯង ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឯភិក្ខុ​អង្គុយ ឬ​ដេកឱប​គំនរភ្លើង​ធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាល​សន្ធោសន្ធៅ នុ៎ះ​ជាសេចក្តី​ទុក្ខ​វិញទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ប្រាប់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពន្យល់អ្នក​ទាំងឡាយ ភិក្ខុ​អង្គុយ ឬ​ដេកឱប​គំនរភ្លើង​ធំឯណោះ កំពុង​ឆេះ ភ្លឺ​ច្រាលរន្ទាល​សន្ធោសន្ធៅ អំពើ​នុ៎ះឯង ប្រសើរ​ជាងភិក្ខុ​ទ្រុស្តសីល មាន​ធម៌អាក្រក់ មានមារយាទ​មិនស្អាត ដែលគួរ​រលឹក​ដោយ​សេចក្តី​រង្កៀស បិទបាំង​អំពើ​អាក្រក់ មិនមែន​សមណៈ តែប្តេជ្ញា​ខ្លួនថា​ជាសមណៈ មិនមែន​ព្រហ្មចារី តែប្តេជ្ញា​ខ្លួន ថាជា​ព្រហ្មចារី ស្អុយខាង​ក្នុង មាន​ចិត្តទទឹក​ដោយរាគៈ ជាបុគ្គល​មានចិត្ត​ជ្រោកជ្រាក។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះភិក្ខុ​នោះ ដល់នូវ​សេចក្តី​ស្លាប់ សេចក្តី​ទុក្ខ ស្ទើរតែ​នឹងស្លាប់ ព្រោះតែ​អង្គុយ ឬ​ដេកឱប​គំនរភ្លើង​នោះ​ប៉ុណ្ណោះ ដល់​បែកធ្លាយ​រាងកាយ បន្ទាប់​អំពីមរណៈ​ទៅ ក៏មិនទៅ​កើតក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែ​អង្គុយ ឬ​ដេក​ឱបគំនរ​ភ្លើងនោះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទ្រុស្តសីល មានធម៌​អាក្រក់ មាន​មារយាទ​មិនស្អាត ដែល​គួររលឹក​ដោយ​សេចក្តី​រង្កៀស បិទបាំង​អំពើ​អាក្រក់ មិនមែន​ជាសមណៈ តែប្តេជ្ញា​ថាជា​សមណៈ មិនមែន​ជាព្រហ្មចារី តែប្តេជ្ញា​ថាជា​ព្រហ្មចារី ស្អុយ​ខាងក្នុង មានចិត្ត​ទទឹកដោយ​រាគៈ មានចិត្ត​ជ្រោកជ្រាក អង្គុយ ឬ​ដេកឱប​ខត្តិយ​កញ្ញាក្តី ញ្រហ្មណ​កញ្ញាក្តី គហបតិ​កញ្ញាក្តី ដែល​មានដៃ និង​ជើងទន់​ល្វាសល្វន់ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនោះ​ឯង នាំឲ្យ​ភិក្ខុនោះ បានសេចក្តី​វិនាស និង​សេចក្តី​ទុក្ខអស់​កាលយូរ លុះបែក​ធ្លាយរាង​កាយ ស្លាប់ទៅ រមែងទៅ​កើតក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ទៀត។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ សំគាល់​សេចក្តីនោះ ដូចម្តេច បុរស​មាន​កំឡាំង រុំកួតស្មង​ទាំងពីរ ដោយខ្សែ​កន្ទុយសត្វ​យ៉ាងជាប់ ខ្សែនោះ​ក៏មុត​ស្បែក​សម្បុរថ្ងៃ លុះមុត​ស្បែក​សម្បុរ​ថ្ងៃហើយ ក៏មុត​ស្បែកខាង​ក្នុង លុះ​មុតស្បែក​ខាងក្នុង​ហើយ ក៏មុត​សាច់ លុះមុត​សាច់ហើយ ក៏មុត​សរសៃ លុះមុត​សរសៃ​ហើយ ក៏មុត​ឆ្អឹង លុះមុត​ឆ្អឹង​ហើយ ក៏ចុច​ជាប់ទៅ​នឹងខួរ​ក្នុងឆ្អឹង ភិក្ខុត្រេកអរ​នឹងការ​ថ្វាយ​បង្គំ របស់​ខត្តិយ​មហាសាល​ទាំង​ឡាយ ឬញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ (ទាំង​ពីរនេះ) ឯណា​ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ត្រេកអរ​នឹងការថ្វាយ​បង្គំរបស់ ខត្តិយមហាសាល​ទាំងឡាយ ឬញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ការត្រេកអរ​នឹងគេ​ថ្វាយ​បង្គំ​នុ៎ះ ប្រសើរជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរស​មាន​កំឡាំង រុំកួតស្មង​ទាំងពីរ ដោយខ្សែ​កន្ទុយសត្វ​យ៉ាងជាប់ ខ្សែនោះ ក៏មុត​ស្បែក​សម្បុរ​ថ្ងៃ។បេ។ ក៏ចុច​ជាប់ទៅ​នឹងខួរ​ក្នុងឆ្អឹង ការមុតនុ៎ះ ជាទុក្ខ​លំបាក​វិញទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ប្រាប់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​ពន្យល់អ្នក​ទាំងឡាយ បុរស​មានកំឡាំង ហើយ​កួតស្មង​ទាំងពីរ ដោយ​ខ្សែកន្ទុយ​សត្វយ៉ាង​ជាប់ ខ្សែនោះ ក៏មុត​ស្បែក​សម្បុរថ្ងៃ។ បេ។ ក៏ចុច​ជាប់ទៅ​នឹងខួរក្នុង​ឆ្អឹង ការមុតនុ៎ះ ប្រសើរ​ជាង​បុគ្គល​ទ្រុស្តសីល។បេ។ មានចិត្តជ្រោកជ្រាក​នោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថា បុរសនោះ ដល់នូវ​សេចក្តីស្លាប់ ឬដល់នូវ​សេចក្តី​ទុក្ខ ស្ទើរតែ​នឹងស្លាប់ ព្រោះហេតុ​តែរុំ ហើយកួត​នូវស្មង​ទាំងពីរ​ដោយខ្សែ​កន្ទុយ​សត្វយ៉ាង​ជាប់ (ប៉ុណ្ណោះ) ដល់បែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏មិន​ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែ​រុំ ហើយកួត​នូវស្មង​ទាំងពីរ ដោយខ្សែ​កន្ទុយសត្វ​នោះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទ្រុស្តសីល​នោះ។បេ។ មានចិត្ត​ជ្រោកជ្រាក ត្រេកអរ​ចំពោះការ​ថ្វាយបង្គំ របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដោយ​ហេតុណា ម្នាលភិក្ខុ​ទាំងឡាយ ហេតុនោះ នាំឲ្យ​ភិក្ខុនោះ បាន​សេចក្តី​វិនាស សេចក្តី​ទុក្ខ អស់កាល​ដ៏វែង លុះ​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក​ទៀត។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​សេចក្តីនោះ​ថាដូច​ម្តេច បើបុរស​មាន​កំឡាំង ពួយ​នឹងលំពែង​ដ៏មុត ដែលគេលាប​ដោយ​ប្រេង ចំដើម​ទ្រូង ភិក្ខុត្រេកអរ​នឹង​អញ្ជលិកម្ម របស់​ខត្តិយមហាសាល​ទាំងឡាយ ឬញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ឯ​ណា​ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុត្រេកអរ​នឹង​អញ្ជលិកម្ម របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬ​ក៏​គហបតិ​មហាសាល​ទាំងឡាយ ការត្រេកអរ​នឹង​អញ្ជលិកម្ម​នុ៎ះ ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសមាន​កំឡាំង ពួយនឹង​លំពែង​ដ៏មុត ដែលគេ​លាបដោយ​ប្រេង ចំដើម​ទ្រូង ការពួយ​ចំដើម​ទ្រូងនោះ ជាទុក្ខ​លំបាកវិញ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ប្រាប់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ពន្យល់អ្នក​ទាំងឡាយ បុរស​មាន​កំឡាំង ពួយនឹង​លំពែង​ដ៏មុត ដែលគេ​លាបដោយ​ប្រេង ចំ​ដើមទ្រូង ដោយ​ហេតុណា ហេតុ​នោះ ប្រសើរ​ជាងភិក្ខុ​ទ្រុស្តសីល។បេ។ មានចិត្ត​ជ្រោកជ្រាក​នោះ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ បុរសនោះ ដល់នូវ​សេចក្តីស្លាប់ ឬ​ដល់នូវ​សេចក្តីទុក្ខ ស្ទើរតែ​នឹងស្លាប់ ព្រោះ​ហេតុតែ​ពួយនឹង​លំពែង​ដ៏មុត ដែលលាប​ដោយប្រេង ចំដើម​ទ្រូង​ប៉ុណ្ណោះ លុះបែក​ធ្លាយ រាងកាយ​ស្លាប់ទៅ ក៏មិន​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុតែ​គេពួយ​នឹងលំពែង​ដ៏មុត ដែលលាប​ដោយប្រេង ចំ​ដើមទ្រូង​នោះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទ្រុស្តសីល​នោះ។បេ។ មានចិត្ត​ជ្រោកជ្រាក ត្រេកអរ​នឹង​អញ្ជលិកម្ម របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដោយ​ហេតុណា ម្នាលភិក្ខុ​ទាំងឡាយ ហេតុនោះ នាំឲ្យ​ភិក្ខុនោះ បាន​សេចក្តី​វិនាស សេចក្តីទុក្ខ អស់កាល​ដ៏វែង លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក​ទៀត។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ សំគាល់​សេចក្តី​នោះ​ដូចម្តេច បុរស​មានកំឡាំង ស្រោប​កាយ​ដោយ​បន្ទះដែក​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោ​សន្ធៅ ភិក្ខុ​ប្រើប្រាស់​ចីវរ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែលគេឲ្យ​ដោយ​សទ្ធា ណា​ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុប្រើ​ប្រាស់ចីវរ របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែល​គេឲ្យ​ដោយ​សទ្ធា ការប្រើប្រាស់​ចីវរ​នោះ ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសមាន​កំឡាំង ស្រោប​កាយដោយ​បន្ទះដែក​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល​សន្ធោ​សន្ធៅ ការស្រាប​កាយ​ដោយដែក​ដ៏ក្តៅ​នុ៎ះ ជាទុក្ខ​លំបាក​វិញ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពន្យល់​អ្នកទាំង​ឡាយ បុរស​មាន​កំឡាំង ស្រោបកាយ​ដោយបន្ទះ​ដែកដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោ​សន្ធៅ ដោយហេតុ​ណា ហេតុ​នុ៎ះ ប្រសើរ​ជាង។ ភិក្ខុ​ទ្រុស្តសីល។បេ។ មានចិត្ត​ជ្រោកជ្រាក​នោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា បុរស​នោះ ដល់នូវ​សេចក្តី​ស្លាប់ ឬដល់នូវ​សេចក្តី​ទុក្ខ ស្ទើរតែ​នឹងស្លាប់ ព្រោះ​ហេតុតែ​ស្រោប​កាយ ដោយបន្ទះ​ដែកដ៏​ក្តៅនោះ​ប៉ុណ្ណោះ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ ក៏មិន​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះហេតុ​តែ​ស្រោបកាយ ដោយបន្ទះ​ដែកដ៏ក្តៅ​នោះ​ទៀត​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទ្រុស្តសីល​នោះ។បេ។ មានចិត្ត​ជ្រោកជ្រាក ប្រើប្រាស់​ចីវរ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហា​សាល​ទាំងឡាយ ដែល​គេឲ្យដោយ​សទ្ធា ដោយ​ហេតុណា ម្នាលភិក្ខុ​ទាំងឡាយ ហេតុ​នោះ នាំឲ្យ​ភិក្ខុនោះ បាន​សេចក្តី​វិនាស ​សេចក្តី​ទុក្ខ អស់កាល​ដ៏វែង លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏ទៅ​កើតក្នុង​អបាយ ទុគ្គតិ វិនិបាត នរក​ទៀត។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ សំគាល់​សេចក្តីនោះ​ដូចម្តេច បុរសមាន​កម្លាំង បើក​មាត់​ដោយ​សណ្ឌាស​ដែក​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោសន្ធៅ ហើយដាក់​ដុំទង់​ដែង​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់ ដុំទង់ដែង​នោះ រលាក​បបូរមាត់​បុរស​នោះផង រលាក​មាត់ផង រលាក​អណ្តាត​ផង រលាកក​ផង រលាក​ទ្រូងផង រលួយ​ទាំងពោះ​វៀនធំ ពោះវៀន​តូច ធ្លាក់​រហូត​ទៅ​ខាងក្រោម​ផង ភិក្ខុឆាន់​ចង្ហាន់​បិណ្ឌបាត របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែលគេឲ្យ​ដោយសទ្ធា ណា​ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុ​ឆាន់ចង្ហាន់​របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែល​គេឲ្យដោយ​សទ្ធា ការ​ឆាន់​ចង្ហាន់​បិណ្ឌបាត​នុ៎ះ ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឯបុរស​មានកំឡាំង បើក​មាត់​ដោយ​សណ្ឌាស​ដែកដ៏​ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ ហើយដាក់​ដុំទង់ដែង​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល​សន្ធោសន្ធៅ​ទៅក្នុងមាត់ ដុំទង់​ដែងនោះ រលាក​បបូរមាត់​បុរស​នោះផង រលាក​មាត់ផង រលាក​អណ្តាតផង រលាកក​ផង រលាក​ទ្រូង​ផង រលាក​រលួយ​ទាំងពោះ​វៀនធំ ពោះវៀន​តូច ធ្លាក់​ទៅខាង​ក្រោម​ផង ដោយ​ហេតុណា ហេតុនុ៎ះ ជាទុក្ខ​លំបាក​វិញ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ប្រាប់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគត ពន្យល់​អ្នក​ទាំងឡាយ បុរស​មាន​កំឡាំង បើកមាត់​ដោយ​សណ្ឌាស​ដែកដ៏​ក្តៅ ដែល​ភ្លើងកំពុងឆេះ ភ្លឺច្រាល​រន្ទាល​សន្ធោសន្ធៅ ហើយដាក់​ដុំទង់ដែង​ដ៏ក្តៅ ដែល​ភ្លើងកំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោសន្ធៅ​ទៅក្នុង​មាត់ ដុំទង់ដែង​នោះ រលាក​បបូរមាត់​បុរសនោះ​ផង រលាក​មាត់ផង រលាក​អណ្តាត​ផង រលាក​ក​ផង រលាក​ទ្រូងផង រលាក​រលួយទាំង​ពោះវៀន​ធំ ពោះវៀន​តូច ធ្លាក់​រហូតទៅ​ខាងក្រោម​ផង ដោយ​ហេតុណា ហេតុនុ៎ះ ប្រសើរ​ជាង​ភិក្ខុទ្រុស្ត​សីល។បេ។ មានចិត្ត​ជ្រោកជ្រាក​នោះ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះបុរស​នោះ ដល់នូវ​សេចក្តី​ស្លាប់ ឬ​ដល់​នូវ​សេចក្តីទុក្ខ ស្ទើរតែ​នឹងស្លាប់ ព្រោះ​ហេតុតែដាក់​ដុំទង់​ដែងដ៏ក្តៅ ទៅក្នុង​មាត់​នោះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏មិន​ទៅកើត ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក​ទៀត ព្រោះតែ​ដាក់ដុំទង់​ដែងដ៏ក្តៅ​ទៅក្នុងមាត់​នោះ​ឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទ្រុស្តសីល​នោះ។បេ។ មានចិត្ត​ជ្រោកជ្រាក ឆាន់​ចង្ហាន់​បិណ្ឌបាត របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែល​ឲ្យដោយ​សទ្ធា ម្នាលភិក្ខុ​ទាំងឡាយ ការឆាន់​ចង្ហាន់បិណ្ឌ​បាត​នោះ នាំឲ្យ​ភិក្ខុ​នោះ បាន​សេចក្តី​វិនាស សេចក្តី​ទុក្ខអស់​កាលដ៏វែង លុះបែក​ធ្លាយរាងកាយ​ស្លាប់ទៅ ក៏ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក​ថែមទៀត។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ សំគាល់​សេចក្តីនោះ ថាដូចម្តេច បុរស​មានកំឡាំង ចាប់បុរស​ឯទៀត ត្រង់ក្បាល ឬ​ត្រង់ក ហើយ​ទង្គិចឲ្យ​អង្គុយ ឬឲ្យដេក​លើគ្រែដែក ឬក៏​តាំងដែក​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល​សន្ធោសន្ធៅ ភិក្ខុប្រើប្រាស់​គ្រែ និង​តាំង របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែលឲ្យ​ដោយ​សទ្ធា ណា​ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុប្រើប្រាស់​គ្រែ និង​តាំង​របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែលឲ្យ​ដោយ​សទ្ធា ការប្រើប្រាស់​គ្រែ និង​តាំងនុ៎ះ ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរស​មាន​កំឡាំង ចាប់ (បុរស​ឯទៀត) ត្រង់​ក្បាល ឬ​ត្រង់ក ហើយ​ទង្គិច​ឲ្យអង្គុយ ឬ​ដេកលើ​គ្រែដែក ឬ​តាំងដែក​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺ​ច្រាល​រន្ទាល សន្ធោសន្ធៅ នុ៎ះជា​ទុក្ខលំបាក​វិញ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ប្រាប់អ្នក​ទាំង​ឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពន្យល់​អ្នកទាំង​ឡាយ បុរស​ដ៏មាន​កំឡាំង ចាប់ (បុរស​ឯទៀត) ត្រង់ក្បាល ឬត្រង់ក ហើយ​ទង្គិច​ឲ្យ​អង្គុយ ឬ​ឲ្យដេកលើ​គ្រែដែក ឬ​តាំងដែក​ដ៏ក្តៅ ដែល​ភ្លើង​កំពុង​ឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ការដេក​នោះ ប្រសើរជាង​ភិក្ខុទ្រុស្ត​សីល។បេ។ មានចិត្ត​ជ្រោកជ្រាក​នោះ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា បុរស​នោះ គ្រាន់តែ​ដល់នូវ​សេចក្តីស្លាប់ ឬ​ដល់នូវ​សេចក្តីទុក្ខ ស្ទើរតែ​នឹងស្លាប់ ព្រោះហេតុ​តែអង្គុយ ឬ​ដេកលើ​គ្រែ ឬតាំង​ដ៏ក្តៅនោះ (ប៉ុណ្ណោះ) លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏មិន​ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក ព្រោះតែ​អង្គុយ ឬ​ដេកលើ​គ្រែ ឬតាំង​ដ៏ក្តៅនោះ​ទៀតទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ទ្រុស្តសីល​នោះ។បេ។ មានចិត្ត​ជ្រោកជ្រាក ប្រើប្រាស់​គ្រែ និងតាំង របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែលឲ្យ​ដោយ​សទ្ធា ម្នាលភិក្ខុ​ទាំងឡាយ ការប្រើប្រាស់​នោះ នាំឲ្យ​ភិក្ខុនោះ បាន​សេចក្តី​វិនាស សេចក្តីទុក្ខ​អស់កាល​ដ៏វែង លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក (ថែម​ទៀត)។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ សំគាល់​សេចក្តី​នោះ ដូចម្តេច បុរស​មាន​កំឡាំង ចាប់ (បុរស​ឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យ​ក្បាល​សំយុង​ចុះក្រោម ហើយបោះ​ទៅក្នុងខ្ទះ​ទង់ដែង​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោសន្ធៅ កាល​បុរសនោះ កំពុង​ឆេះពុះ​ផុល ក្នុងខ្ទះ​នោះ អណ្តែត​ឡើងលើម្តង លិចចុះ​ក្រោមម្តង ទៅ​ទទឹងម្តង ភិក្ខុ​ប្រើប្រាស់​វិហារ របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែលឲ្យ​ដោយសទ្ធា ណា​ប្រសើរ​ជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ភិក្ខុប្រើ​ប្រាស់វិហារ របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬក៏​គហបតិ​មហាសាល​ទាំងឡាយ ដែលឲ្យ​ដោយ​សទ្ធា ការប្រើប្រាស់​នុ៎ះ ប្រសើរជាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុរសមាន​កំឡាំង ចាប់ (បុរស​ឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាល​សំយុងចុះ​ក្រោម ហើយបោះ​ទៅក្នុង​ខ្ទះទង់​ដែង​ដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោសន្ធៅ កាល​បុរស​នោះ កំពុងឆេះ​ពុះផុល ក្នុងខ្ទះ​ទង់ដែង​នោះ ក៏អណ្តែត​ឡើងលើ​ម្តង លិច​ចុះ​ក្រោម​ម្តង ទៅទទឹង​ម្តង ការនុ៎ះ ជាទុក្ខ​លំបាក​វិញ។ ម្នាល​ភិក្ខុទាំង​ឡាយ តថាគត​ប្រាប់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគត​ពន្យល់​អ្នកទាំង​ឡាយ បុរស​មាន​កំឡាំង ចាប់ (បុរស​ឯទៀត) យួរជើង (ទាំងពីរ) ឡើងលើ ឲ្យក្បាល​សំយុង​ចុះក្រោម ហើយបោះ​ទៅ​ក្នុងខ្ទះទង់​ដែងដ៏ក្តៅ ដែលភ្លើង​កំពុងឆេះ ភ្លឺច្រាល​រន្ទាល សន្ធោសន្ធៅ កាល​បុរស​នោះ កំពុង​ឆេះពុះ​ផុល ក្នុងខ្ទះទង់​ដែងនោះ អណ្តែត​ឡើងលើ​ម្តង លិចចុះ​ក្រោម​ម្តង ទៅទទឹង​ម្តង ការនុ៎ះ ប្រសើរ​ជាងភិក្ខុ​ទ្រុស្តសីល។បេ។ មានចិត្ត​ជ្រោកជ្រាក​នោះ។ ដំណើរ​នោះ ព្រោះហេតុ​អ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​បុរស​នោះ ដល់នូវ​សេចក្តី​ស្លាប់ ឬ​ដល់នូវ​សេចក្តី​ទុក្ខ ស្ទើរតែ​នឹងស្លាប់ ព្រោះ​ហេតុតែ​គេបោះ​ទៅក្នុង​ខ្ទះទង់ដែង​ដ៏ក្តៅ​នោះ លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏មិន​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ព្រោះ​ហេតុ តែគេបោះ​ទៅក្នុងខ្ទះ​ទង់ដែង​ដ៏ក្តៅនោះ​ទៀតឡើយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុទ្រុស្ត​សីល​នោះ។បេ។ មានចិត្ត​ជ្រោកជ្រាក ប្រើប្រាស់​វិហារ របស់​ខត្តិយ​មហាសាល​ទាំងឡាយ ឬ​ញ្រហ្មណ​មហាសាល​ទាំងឡាយ ឬ​ក៏​គហបតិ​មហាសាល​ទាំងឡាយ ដែលឲ្យ​ដោយ​សទ្ធា ម្នាលភិក្ខុ​ទាំង​ឡាយ ការប្រើប្រាស់​នោះ នាំឲ្យ​ភិក្ខុនោះ បានសេចក្តី​វិនាស សេចក្តី​ទុក្ខ អស់កាល​ដ៏វែង លុះបែក​ធ្លាយរាង​កាយស្លាប់​ទៅ ក៏ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក (ថែម​ទៀត)។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះហេតុ​នោះ ពួកភិក្ខុ​ក្នុង​សាសនា​នេះ ត្រូវសិក្សា​យ៉ាងនេះ​ថា យើង​បរិភោគ​ប្រើប្រាស់ ចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួក​បុគ្គល​ណា បច្ចយ​ទាន​ទាំងនោះ នឹង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន ដល់ពួក​បុគ្គល​ទាំងនោះ ឯបព្វជ្ជា​របស់​យើងនេះ មានផល​មាន​ប្រយោជន៍ (មិនមែន​ឥតអំពើ​ទេ)។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ត្រូវ​សិក្សា​យ៉ាង​នេះ។ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើភិក្ខុ ឃើញ​ប្រយោជន៍​របស់​ខ្លួន​ច្បាស់​ហើយ គួរដើម្បី​ញុំាងកិច្ច​ឲ្យសម្រេច ដោយសេចក្តី​មិនប្រមាទ​ផង ម្នាលភិក្ខុ​ទាំងឡាយ កាល​បើ​ភិក្ខុ ឃើញ​ប្រយោជន៍​របស់អ្នក​ដទៃ​ច្បាស់​ហើយ គួរដើម្បី​ញុំាង​កិច្ចឲ្យ​សម្រេច​ ដោយ​សេចក្តី​មិន​ប្រមាទ​ផង ម្នាល​ភិក្ខុ​ទាំងឡាយ កាល​បើភិក្ខុ ឃើញ​ប្រយោជន៍​ទាំងពីរ​ច្បាស់​ហើយ គួរ​ដើម្បី​ញុំាងកិច្ច​ឲ្យសម្រេច ដោយ​សេចក្តី​មិនប្រមាទ​ផង។ ព្រះដ៏មាន​ព្រះ​ភាគ បាន​ទ្រង់ត្រាស់​ភាសិតនេះ​ហើយ កាល​ព្រះដ៏មាន​ព្រភាគ សំដែង​វេយ្យាករណ៍​នេះ​ចប់​ហើយ ពួកភិក្ខុ​ទាំង ៦០ រូប ក្អួត​សុទ្ធ​តែឈាម​ក្តៅ ៗ តាម​មាត់ ពួកភិក្ខុ ៦០ រូប​ទៀត លះ​បង់​សិក្ខា ត្រឡប់​ទៅកាន់​ភេទ​ថោកទាប ព្រោះ​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ព្រះដ៏មាន​ព្រះភាគ សំដែង​នូវអំពើ​ដែលគេ​ធ្វើបាន​ដោយក្រ ព្រះដ៏មាន​ព្រះភាគ សំដែង​នូវ​អំពើ​ដែល​គេ​មិនងាយ​ធ្វើកើត ពួកភិក្ខុ ៦០ រូបទៀត មានចិត្ត​រួចស្រឡះ ចាក​អាសវៈ​ទាំង​ឡាយ ព្រោះ​មិនប្រកាន់​មាំ។

សុនេត្តសូត្រ ទី៩

[៧០] ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះ​សុនេត្តៈ ជា​អ្នកធ្វើ​នូវ​កំពង់ ជាទី​ទៅកាន់​សុគតិភព ជាអ្នក​ប្រាសចាក​តម្រេក​ក្នុងកាម​ទាំង​ឡាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ឯគ្រូឈ្មោះ​សុនេត្តៈ មាន​សាវក​ច្រើន​រយ។ ក៏គ្រូ​ឈ្មោះ​សុនេត្តៈ រមែង​សំដែង​ធម៌ ដើម្បី​ដឹកនាំ​សាវក​ទាំងឡាយ ឲ្យទៅ​កើតក្នុង​ព្រហ្មលោក។ ម្នាលភិក្ខុ​ទាំងឡាយ បើពួក​សាវក​ណា មិន​បានញុំាង​ចិត្តឲ្យ​ជ្រះថ្លា ចំពោះ​គ្រូឈ្មោះ​សុនេត្តៈ ដែល​សំដែង​ធម៌ ដើម្បី ដឹកនាំ​ឲ្យទៅ​កើតក្នុង​ព្រហ្មលោក​ទេ ពួក​សាវក​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ តែង​ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុ​ទាំងឡាយ បើពួក​សាវក​ណា បានញុំាង​ចិត្តឲ្យ​ជ្រះថ្លា ចំពោះ​គ្រូឈ្មោះ​សុនេត្តៈ ដែលសំដែង​ធម៌ ដើម្បី​ដឹកនាំ​ឲ្យទៅ​កើត​ក្នុង​ព្រហ្មលោក​ហើយ ពួកសាវក​នោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ តែង​ទៅកើត​ក្នុង​សុគតិ សួគ៌ ទេវលោក។ ម្នាល​ភិក្ខុ​ទាំងឡាយ កាលពីដើម មាន​គ្រូឈ្មោះ​មូគបក្ខៈ។បេ។ មាន​គ្រូឈ្មោះ​អរនេមិ។បេ។ មានគ្រូ​ឈ្មោះ​កុទ្ទាលៈ។បេ។ មាន​គ្រូ​ឈ្មោះ​ហត្ថិបាល។បេ។ មាន​គ្រូឈ្មោះ​ជោតិបាល។បេ។ មានគ្រូ​ឈ្មោះ​អរកៈ ជាអ្នក​ធ្វើនូវ​កំពង់ ជាទី​ទៅកាន់​សុគតិភព ជាអ្នក​ប្រាសចាក​តម្រេក​ក្នុង​កាម​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ឯគ្រូឈ្មោះ​អរកៈ មានសាវក​ច្រើនរយ។ គ្រូឈ្មោះ​អរកៈ តែងសំដែង​ធម៌ ដើម្បី​ដឹកនាំ​សាវក​ទាំងឡាយ ឲ្យទៅ​កើត​ក្នុង​ព្រហ្មលោក។ ម្នាលភិក្ខុ​ទាំងឡាយ ពួក​សាវក​ណា មិនបាន​ញុំាង​ចិត្តឲ្យ​ជ្រះថ្លា ចំពោះ​គ្រូឈ្មោះ​អរកៈ ដែល​សំដែង​ធម៌ ដើម្បី​ដឹកនាំ ឲ្យទៅ​កើត​ក្នុង​ព្រហ្មលោក​ទេ ពួក​សាវក​ទាំងនោះ លុះបែក​ធ្លាយរាង​កាយ​ស្លាប់ទៅ តែង​ទៅកើត ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុ​ទាំងឡាយ បើ​ពួកសាវក​ណា បានញុំាង​ចិត្តឲ្យ​ជ្រះថ្លា ចំពោះ​គ្រូឈ្មោះ​អរកៈ ដែល​​សំដែង​ធម៌ ដើម្បីដឹកនាំ​ឲ្យទៅកើត​ក្នុង​ព្រហ្មលោក​ហើយ ពួក​សាវក​នោះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ តែង​ទៅកើត​ក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុ​ទាំងឡាយ អ្នក​ទាំង​ឡាយ សំគាល់​ហេតុនោះ ដូចម្តេច អ្នក​ណា មាន​ចិត្ត​ប្រទូស្ត ជេរប្រទេច ផ្តាសា​នូវគ្រូ​ទាំង ៧ នេះ ជាអ្នក​ធ្វើនូវ​កំពង់ ជាទី​ទៅកាន់​សុគតិភព ជាអ្នក​ប្រាសចាក​តម្រេក ក្នុងកាម​ទាំងឡាយ មាន​បរិវារ​ច្រើនរយ ប្រកប​ដោយ​ពួក​សាវក អ្នកនោះ​ឈ្មោះថា សន្សំនូវបាប​ច្រើនដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន យ៉ាងនោះ​មែន។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកណា​មានចិត្ត​ប្រទូស្ត ជេរប្រទេច ផ្តាសាគ្រូ​ទាំង ៧ នេះ ជាអ្នក​​ធ្វើនូវ​កំពង់ ជាទីទៅ​កាន់​សុគតិភព ជាអ្នក​ប្រាសចាក​តម្រេក ក្នុងកាម​ទាំងឡាយ មាន​បរិវារ​ច្រើនរយ ប្រកប​ដោយពួក​សាវក អ្នកនោះ ឈ្មោះថា សន្សំ​បាបដ៏​ច្រើន អ្នកណា​មាន​ចិត្ត​ប្រទូស្ត ជេរប្រទេច ផ្តាសា​បុគ្គល​ម្នាក់ ដែល​បរិបូណ៌​ដោយទិដ្ឋិ (សោតាបន្ន​បុគ្គល) អ្នកនេះ ឈ្មោះថា សន្សំនូវ​បាបដ៏ច្រើន​ជាងនោះ​ទៅទៀត។ ដំណើរ​នោះ ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​តថាគត មិនហៅ​ការជេរ​ប្រទេច​ពួក​សព្រហ្មចារី​បុគ្គលនេះ ថាជា​ខន្តិ​មានសភាព​យ៉ាងនេះ ខាងក្រៅ​អំពី​ខន្តិ​នេះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុក្នុង​សាសនា​នេះ ត្រូវសិក្សា​យ៉ាងនេះ​ថា ចិត្ត​ទាំងឡាយ​របស់​យើង នឹង​មិនបាន​ប្រទូស្ត​ពួក​សព្រហ្មចារី​បុគ្គល ដូច្នេះ​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ត្រូវសិក្សា​យ៉ាងនេះ។

អរកសូត្រ ទី១០

[៧១] ម្នាលភិក្ខុទាំងឡាយ កាលពីដើម មានគ្រូឈ្មោះ​អរកៈ ជាអ្នក​ធ្វើនូវ​កំពង់ ជាទី​ទៅកាន់​សុគតិភព ជាអ្នក​ប្រាសចាក​តម្រេក​ក្នុងកាម​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ ឯគ្រូ​ឈ្មោះ​អរកៈ មានសាវក​ច្រើនរយ។ គ្រូ​ឈ្មោះ​អរកៈ រមែង​សំដែង​ធម៌ដល់​សាវក​ទាំងឡាយ យ៉ាងនេះ​ថា ម្នាល​ញ្រហ្មណ៍ ជីវិត​ពួក​មនុស្ស ជារបស់​តិច ខ្លី មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន។ អ្នកទាំង​ឡាយ ត្រូវដឹង ត្រូវធ្វើ​នូវកុសល ត្រូវ​ប្រព្រឹត្ត នូវ​ព្រហ្មចរិយធម៌ ដោយ​ប្រាជ្ញា ព្រោះសត្វ​ដែលកើត​ហើយ សុទ្ធតែ​ស្លាប់។ ម្នាលញ្រហ្មណ៍ ប្រៀប​ដូចដំណក់​ទឹកសន្សើម លើចុង​ស្មៅ ដល់​ព្រះអាទិត្យ​រះឡើង ក៏ត្រឡប់​បាត់វិញ​ឆាប់​រហ័ស ជា​របស់​មិន​ឋិតថេរ​នៅយូរ​យារ​បាន យ៉ាងណា ម្នាល​ញ្រហ្មណ៍ ជីវិត​របស់ពួក​មនុស្ស ជា​របស់​តិច ខ្លី មានទុក្ខ​ច្រើន មានសេចក្តី​ចង្អៀតចង្អល់​ច្រើន ប្រៀប​ដូច​ដំណក់​ទឹក​សន្សើម យ៉ាងនោះ​ដែរ។ អ្នកទាំងឡាយ ត្រូវដឹង ត្រូវធ្វើនូវ​កុសល ត្រូវប្រព្រឹត្ត​នូវ​ព្រហ្មចរិយធម៌ ដោយ​ប្រាជ្ញា សត្វដែល​កើត​ហើយ សុទ្ធតែ​ស្លាប់។ ម្នាល​ញ្រហ្មណ៍ ប្រៀបដូច​ភ្លៀង មានដំណក់​ដ៏ថ្លោស ធ្លាក់​ចុះមក ក្រពេញ​ទឹក ក៏ត្រឡប់​បាត់ទៅ​វិញឆាប់ មិន​ឋិតថេរ​យូរយារ​បាន យ៉ាងណា​មិញ ម្នាល​ញ្រហ្មណ៍ ជីវិត​របស់ពួក​មនុស្ស ជារបស់​តិច ខ្លី មាន​សេចក្តី​ទុក្ខ​ច្រើន មានសេចក្តី​ចង្អៀតចង្អល់​ច្រើន ប្រៀនដូច​ជាក្រពេញ​ទឹក យ៉ាងនោះ​ដែរ។ អ្នកទាំង​ឡាយ ត្រូវដឹង ត្រូវធ្វើនូវកុសល ត្រូវប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយ​ប្រាជ្ញា ព្រោះសត្វ​ដែលកើត​ហើយ សុទ្ធ​តែ​ស្លាប់។ ម្នាល​ញ្រហ្មណ៍ ប្រៀបដូច​ស្នាមគំនូស​ដម្បង​លើទឹក តែង​ត្រឡប់​បាត់ទៅ​វិញឆាប់ មិនឋិត​ថេរយូរយារ​បាន យ៉ាង​ណា​មិញ ម្នាល​ញ្រហ្មណ៍ ជីវិត​របស់​ពួក​មនុស្ស ជារបស់​តិច ខ្លី… ប្រៀបដូច​ជាស្នាម​គំនូស​ដម្បង​លើទឹក យ៉ាងនោះ​ដែរ ព្រោះសត្វ​ដែលកើត​ហើយ សុទ្ធតែ​ស្លាប់ទៅ​វិញ។ ម្នាល​ញ្រហ្មណ៍ ប្រៀបដូច​ស្ទឹងហូរ​ពីភ្នំ ហូរទៅ​កាន់ទីឆ្ងាយ មានខ្សែ​ទឹករហ័ស អាច​នាំ ទៅនូវ​របស់ដែល​គួរនាំទៅ​បាន គ្មាន​កំណត់​កាល កំណត់​វេលា កំណត់​យាមឡើយ ព្រោះ​ស្ទឹងនោះ ចេះ​តែទៅ ចេះតែ​ប្រព្រឹត្តទៅ ចេះ​តែហូរ​ទៅបាន យ៉ាង​ណាមិញ ម្នាល​ញ្រហ្មណ៍ ជីវិត​របស់ពួក​មនុស្ស ជា​របស់តិច ខ្លី ប្រៀបដូច​ជាស្ទឹង​ហូរពីភ្នំ… យ៉ាងនោះ​ដែរ ព្រោះ​សត្វដែល​កើត​ហើយ សុទ្ធតែ​ស្លាប់ទៅ​វិញ។​ ម្នាល​ញ្រហ្មណ៍ ប្រៀបដូច​បុរស​ដែល​មាន​កំឡាំង គ្រលៀវ​ដុំទឹកមាត់ ដាក់លើ​ចុង​អណ្តាត ហើយស្តោះ​ចោលទៅ ដោយ​ងាយ​បាន យ៉ាងណា​មិញ ម្នាល​ញ្រហ្មណ៍ ជីវិត​របស់ពួក​មនុស្ស ជារបស់​តិច ខ្លី ប្រៀបដូច​ដុំទឹកមាត់… យ៉ាងនោះ​ដែរ ព្រោះសត្វ​ដែលកើត​ហើយ សុទ្ធតែ​ស្លាប់ទៅ​វិញ។ ម្នាល​ញ្រហ្មណ៍ ដូចជា​ដុំសាច់​ដែលគេ​យក​ទៅដាក់​ក្នុងខ្ទះ​ដែក​ដ៏ក្តៅ អស់មួយ​ថ្ងៃ រមែង​ខ្លោច​ចង្រុះ​ឆាប់ មិនឋិត​ថេរយូរ​យារបាន យ៉ាងណា​មិញ ម្នាល​ញ្រហ្មណ៍ ជីវិតរបស់​ពួក​មនុស្ស ជារបស់​តិច ខ្លី ប្រៀបដូច​ដុំសាច់… យ៉ាងនោះ​ដែរ ព្រោះសត្វ​ដែលកើត​ហើយ សុទ្ធតែ​ស្លាប់។ ម្នាល​ញ្រហ្មណ៍ ដូចមេគោ​ដែលត្រូវ​សម្លាប់ ដែល​គេនាំទៅ​កាន់កន្លែង​សម្លាប់ ឈាន​ជំហាន​ណាទៅ ឈ្មោះថា ខិត​ទៅជិត​កន្លែង​សម្លាប់ ជិតសេចក្តី​ស្លាប់ យ៉ាងណា​មិញ ម្នាល​ញ្រហ្មណ៍ ជីវិត​របស់​ពួក​មនុស្ស ជារបស់​តិច ខ្លី មានទុក្ខ​ច្រើន មានសេចក្តី​ចង្អៀតចង្អល់​ច្រើន ប្រៀប​ដូចជា​មេគោ ដែល​ត្រូវ​សម្លាប់ យ៉ាងនោះ​ដែរ។ អ្នកទាំង​ឡាយ ត្រូវ​ដឹង ត្រូវធ្វើ​នូវ​កុសល ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយ​ប្រាជ្ញា ព្រោះ​សត្វ​ដែលកើត​ហើយ សុទ្ធ​តែស្លាប់។ ម្នាលភិក្ខុ​ទាំងឡាយ សម័យនោះ​ឯង ពួក​មនុស្ស មាន​អាយុ​ប្រាំមួយ​ហ្មឺន​ឆ្នាំ។ កុមារិកា មានអាយុ​ត្រឹមប្រាំ​រយឆ្នាំ ទើបល្មម​មានប្តី។ ម្នាលភិក្ខុ​ទាំងឡាយ សម័យ​នោះឯង ពួក​មនុស្ស មានតែ​អាពាធ ៦ យ៉ាងគឺ រងា ១ ស្អុះ ១ ឃ្លាន ១ ស្រេក ១ ឈឺឧច្ចារៈ ១ ឈឺបស្សាវៈ ១។ ម្នាលភិក្ខុ​ទាំងឡាយ គ្រូឈ្មោះ​អរកៈ​នោះ អម្បាល​ពួក​មនុស្ស​មានអាយុវែង​យ៉ាងនេះ ឋិតថេរ​យូរយារ​យ៉ាងនេះ មាន​អាពាធ​តិច យ៉ាង​នេះ ម្តេចគង់​សំដែង​ធម៌ដល់​ពួកសាវក​យ៉ាងនេះ​ថា ម្នាល​ញ្រហ្មណ៍ ជីវិតរបស់​ពួកមនុស្ស ជា​របស់​តិច ខ្លី មានទុក្ខ​ច្រើន មានសេចក្តី​ចង្អៀត​ចង្អល់​ច្រើន។  អ្នកទាំង​ឡាយ ត្រូវដឹង ត្រូវធ្វើ​នូវកុសល ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយ​ប្រាជ្ញា ព្រោះសត្វ​ដែលកើត​ហើយ សុទ្ធ​តែស្លាប់។ ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​កាល​ឥឡូវនេះ បើបុគ្គល​និយាយ​ឲ្យ​ត្រូវ ត្រូវ​និយាយ​ថា ជីវិត​របស់ពួក​មនុស្ស ជារបស់​តិច ខ្លី មានទុក្ខ​ច្រើន មាន​សេចក្តី​ចង្អៀត​ចង្អល់​ច្រើន។ បុគ្គល​ត្រូវដឹង ត្រូវធ្វើ​នូវកុសល ត្រូវ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ដោយ​ប្រាជ្ញា ព្រោះសត្វ​ដែលកើត​ហើយ សុទ្ធតែ​ស្លាប់។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុង​កាល​ឥឡូវ​នេះ បុគ្គល​រស់នៅ​យ៉ាងយូរ​ត្រឹម​មួយរយ​ឆ្នាំ ឬ​តិចជាង ឬក៏​លើស​ពីមួយរយ​ឆ្នាំ​បន្តិច​បន្តួច។ ម្នាលភិក្ខុ​ទាំងឡាយ ក៏​បុគ្គល​ដែលរស់នៅ​បាន​មួយរយឆ្នាំ ឈ្មោះថា​រស់នៅ​អស់​បីរយ​រដូវ គឺ ហេមន្តរដូវ មួយរយ គិម្ហរដូវ មួយរយ វស្សានរដូវ មួយរយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក៏បុគ្គល​ដែលរស់​នៅអស់​បីរយរដូវ ឈ្មោះថា រស់នៅ​មួយ​ពាន់ពីររយ​ខែ គឺ ហេមន្ត​រដូវ បួនរយខែ គិម្ហរដូវ បួនរយខែ វស្សានរដូវ បួនរយខែ។ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើ​បុគ្គល រស់នៅ​អស់​មួយពាន់​ពីររយខែ​ហើយ បើរាប់​ជាកន្លះ ៗ ខែ ឈ្មោះថា រស់នៅ​អស់​ពីរពាន់​បួនរយ​កន្លះ ៗ ខែ គឺ ហេមន្តរដូវ ប្រាំបីរយកន្លះខែ គិម្ហរដូវ ប្រាំបីរយកន្លះខែ វស្សានរដូវ ប្រាំបីរយកន្លះខែ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​បុគ្គល​រស់នៅ​អស់ពីរពាន់​បួនរយកន្លះ ៗ ខែហើយ ឈ្មោះថា រស់នៅ​អស់​បីហ្មឺន​ប្រាំមួយពាន់​រាត្រី គឺ ហេមន្តរដូវ មួយហ្មឺន​ពីរពាន់រាត្រី គិម្ហរដូវ មួយហ្មឺន​ពីរពាន់រាត្រី វស្សានរដូវ មួយហ្មឺន​ពីរពាន់រាត្រី។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​បុគ្គល រស់នៅ​អស់​បីហ្មឺន​ប្រាំមួយពាន់​រាត្រីហើយ រមែង​បរិភោគ​បាយ ប្រាំពីរហ្មឺនពីរពាន់ដង គឺ ហេមន្តរដូវ ពីរហ្មឺន​បួនពាន់ដង គិម្ហរដូវ ពីរហ្មឺន​បួនពាន់ដង វស្សានរដូវ ពីរហ្មឺន​បួនពាន់ដង រាប់ទាំងបៅ​ទឹកដោះម្តាយ រាប់ទាំង​ខាន​បរិភោគ​បាយ។ ក្នុងហេតុ​ទាំងនោះ ការអត់​បាយនេះ គឺ បុគ្គលខឹង មិន​បរិភោគ​បាយ បុគ្គល​ព្រួយ មិន​បរិភោគ​បាយ បុគ្គល​ឈឺចាប់ មិនបរិភោគ​បាយ បុគ្គល​រក្សាឧបោសថ មិន​បរិភោគ​បាយ បុគ្គល​មិនបរិភោគ​បាយ ព្រោះរកអ្វី​មិនបាន។ ម្នាលភិក្ខុ​ទាំងឡាយ អាយុ​របស់​មនុស្ស ដែលមាន​អាយុ​មួយរយឆ្នាំ តថាគត​បានរាប់​ហើយ ប្រមាណ​នៃអាយុ តថាគត​បាន​រាប់ហើយ រដូវ​ទាំងឡាយ តថាគត​បានរាប់​ហើយ ឆ្នាំ​ទាំងឡាយ តថាគត បានរាប់​ហើយ ខែទាំង​ឡាយ តថាគត​បានរាប់​ហើយ កន្លះខែ​ទាំងឡាយ តថាគត​បាន​រាប់​ហើយ រាត្រី​ទាំងឡាយ តថាគត​បានរាប់​ហើយ ថ្ងៃ​ទាំង​ឡាយ តថាគត​បានរាប់​ហើយ បាយ​ទាំងឡាយ តថាគត​បានរាប់​ហើយ ការអត់​បាយ​ទាំងឡាយ តថាគត​បានរាប់​ហើយ ដូច្នេះឯង។ ម្នាលភិក្ខុ​ទាំងឡាយ កិច្ចណា ដែល​សាស្តា ជាអ្នក​ស្វែងរក​ប្រយោជន៍​ ទំនុក​បំរុង ជាអ្នក​ឈឺឆ្អាល អាស្រ័យ​នូវសេចក្តី​ឈឺឆ្អាល គួរធ្វើ​ដល់ពួក​សាវក កិច្ច​នោះ តថាគត​បានធ្វើ​ហើយ ដល់អ្នក​ទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ នុ៎ះជា​គល់ឈើ​ទាំងឡាយ នុ៎ះជា​ផ្ទះស្ងាត់​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំង​ឡាយ ចូរចំរើន​ឈាន កុំប្រមាទ កុំមាន​សេចក្តី​ក្តៅក្រហាយ ក្នុងកាល​ជាខាង​ក្រោយ​ឡើយ។ នេះជា​ពាក្យ​ប្រៀនប្រដៅ​របស់​តថាគត ចំពោះ​អ្នក​ទាំងឡាយ។

ចប់ មហាវគ្គ ទី២។

ឧទ្ទានក្នុងមហាវគ្គនោះគឺ

និយាយពីហិរិ (ឱត្តប្បៈ) ១ ព្រះអាទិត្យ ១ ប្រៀប​ដូច​ជា​នគរ ១ អ្នកដឹង​នូវធម៌ ១ ដើម​បារិច្ឆត្តកព្រឹក្ស ១ ធ្វើ​សក្ការៈ​គោរព ១ ភាវនា ១ គំនរភ្លើង ១ ពាក្យ​ប្រៀន​ប្រដៅ​របស់​គ្រូ​សុនេត្តៈ ១ របស់គ្រូ​អរកៈ ១។

វិនយវគ្គ

បឋមវិនយធរសូត្រ ទី១

[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ (អ្នក​ទ្រទ្រង់​វិន័យ)។ ប្រកប​ដោយ​ធម៌ ៧ យ៉ាង តើដូចម្តេច​ខ្លះ។ គឺភិក្ខុស្គាល់​អាបត្តិ ១ ស្គាល់​អនាបត្តិ ១ ស្គាល់​លហុកាបត្តិ ១ ស្គាល់​គរុកាបត្តិ ១ ជាអ្នក​មានសីល សង្រួម​ក្នុង​បាតិមោក្ខសំវរៈ បរិបូណ៌​ដោយ​អាចារៈ និង​គោចរៈ ជាអ្នកឃើញ​ភ័យក្នុង​ទោស​ទាំងឡាយ​បន្តិចបន្តួច សមាទាន សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ ១ ជាអ្នក​បានតាម​ប្រាថ្នា បាន​ដោយងាយ បានដោយ​ស្រួល នូវឈាន​ទាំង ៤ ដែល​ប្រព្រឹត្តទៅ​ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជា​គ្រឿង​នៅ​ជាសុខ ក្នុង​បច្ចុប្បន្ន ១ ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំងឡាយ ដោយ​ខ្លួនឯង​ក្នុង​បច្ចុប្បន្ន ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌​ទាំង ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ។

ទុតិយវិនយធរសូត្រ ទី២

[៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ។ ប្រកប​ដោយធម៌ ៧ យ៉ាង តើដូច​ម្តេចខ្លះ។ គឺស្គាល់​អាបត្តិ ១ ស្គាល់​អនាបត្តិ ១ ស្គាល់​លហុកាបត្តិ ១ ស្គាល់​គរុកាបត្តិ ១ បាតិមោក្ខ​ទាំងពីរ ក៏ភិក្ខុ​នោះ​ចេះចាំ​ដោយ​ត្រឹមត្រូវ​ល្អ​យ៉ាង​ពិស្តារ បានចែក​រលែក​ដោយល្អ បានឲ្យ​ប្រព្រឹត្តទៅ​ដោយប្រពៃ បានវិនិច្ឆ័យ​ដោយ​ត្រឹមត្រូវ តាម​សុត្តៈ តាម​របៀប​នៃព្យញ្ជនៈ ១ ជាអ្នក​បានតាម​ប្រាថ្នា បានដោយ​ងាយ បាន​ដោយស្រួល​នូវឈាន​ទាំង ៤ ដែល​កើតក្នុង​ចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជា​សុខ​ក្នុង​បច្ចុប្បន្ន ១ ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះ​អស់អាសវៈ​ទាំងឡាយ ដោយខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ទាំង ៧ យ៉ាង​នេះ ឈ្មោះថា វិនយធរ។

តតិយវិនយធរសូត្រ ទី៣

[៧៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ។ ប្រកប​ដោយ​ធម៌ ៧ យ៉ាង តើដូចម្តេច​ខ្លះ។ គឺស្គាល់​អាបត្តិ ១ ស្គាល់​អនាបត្តិ ១ ស្គាល់​លហុកាបត្តិ ១ ស្គាល់​គរុកាបត្តិ ១ ជាអ្នក​ខ្ជាប់ខ្ជួន មិន​ឃ្លេងឃ្លោង ក្នុង​វិន័យ ១ ជាអ្នក​បាន​តាម​ប្រាថ្នា បានដោយ​ងាយ បាន​ដោយស្រួល​នូវឈាន​ទាំង ៤ ដែលកើត​ក្នុងចិត្ត​ដ៏ថ្លៃថ្លា ជាគ្រឿង​នៅជា​សុខ​ក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិន​មាន​អាសវៈ ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយខ្លួន​ឯង ក្នុង​បច្ចុប្បន្ន ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៧ យ៉ាងនេះ ឈ្មោះថា វិនយធរ។

ចតុត្ថវិនយធរសូត្រ ទី៤

[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង ឈ្មោះថា វិនយធរ។ ប្រកប​ដោយ​ធម៌ ៧ យ៉ាង តើដូច​ម្តេចខ្លះ។ គឺស្គាល់​អាបត្តិ ១ ស្គាល់​អនាបត្តិ ១ ស្គាល់​លហុកាបត្តិ ១ ស្គាល់​គរុកាបត្តិ ១ រលឹក​ឃើញ​នូវ​បុព្វេនិវាសៈ ជាច្រើន​ប្រការ គឺ ១ជាតិ ២ជាតិ។បេ។ រលឹក​ឃើញ​នូវ​បុព្វេនិវាសៈ ជាច្រើន​ប្រការ ព្រមទាំង​អាការៈ និង​ឧទ្ទេស ១ មាន​ចក្ខុ​ដូចជា​ទិព្វ ដ៏បរិសុទ្ធ កន្លង​ផុតចក្ខុ​ជារបស់​មនុស្ស​ធម្មតា។បេ។ ដឹងច្បាស់​នូវពួក​សត្វ ដែល​អន្ទោល​ទៅតាម​កម្ម ១ ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់អាសវៈ​ទាំងឡាយ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ទាំង ៧ យ៉ាង​នេះ ឈ្មោះថា វិនយធរ។

បឋមវិនយធរសោភនសូត្រ ទី៥

[៧៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកប​ដោយធម៌ ៧ យ៉ាង ទើប​រុងរឿង។ ប្រកប​ដោយ​ធម៌ ៧ យ៉ាង តើដូច​ម្តេចខ្លះ។ គឺស្គាល់​អាបត្តិ ១ ស្គាល់​អនាបត្តិ ១ ស្គាល់​លហុកាបត្តិ ១ ស្គាល់​គរុកាបត្តិ ១ ជាអ្នក​មានសីល។បេ។ សមាទាន សិក្សា ក្នុងសិក្ខាបទ​ទាំងឡាយ ១ ជា​អ្នកបាន​ដោយស្រួល​នូវឈាន​ទាំង ៤។បេ។ ១ ធ្វើឲ្យ​ជាក់ច្បាស់​សម្រេច។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​វិនយធរ ប្រកប​ដោយធម៌​ទាំង ៧ យ៉ាងនេះ ទើប​រុងរឿង។

ទុតិយវិនយធរសោភនសូត្រ ទី៦

[៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាវិនយធរ ប្រកប​ដោយ​ធម៌ ៧ យ៉ាង ទើបរុង​រឿង។ ប្រកប​ដោយ​ធម៌ ៧ យ៉ាង តើដូច​ម្តេចខ្លះ។ គឺស្គាល់​អាបត្តិ ១ ស្គាល់​អនាបត្តិ ១ ស្គាល់​លហុកាបត្តិ ១ ស្គាល់​គរុកាបត្តិ ១ ទាំង​បាតិមោក្ខ​ទាំងពីរ ភិក្ខុនោះ ចេះចាំ​ដោយ​ត្រឹមត្រូវ​ល្អ យ៉ាង​ពិស្តារ បានចែក​រលែក​ដោយល្អ ឲ្យ​ប្រព្រឹត្តទៅ​ដោយ​ប្រពៃ បាន​វិនិច្ឆ័យ​ដោយ​ត្រឹមត្រូវ តាមសុត្តៈ តាម​របៀប​នៃ​ព្យញ្ជនៈ ១ ជាអ្នកបាន​ដោយស្រួល​នូវ​ឈាន​ទាំង ៤។បេ។ ១ ធ្វើឲ្យ​ជាក់ច្បាស់​ សម្រេច។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ជា​វិនយធរ ប្រកប​ដោយធម៌​ទាំង ៧ យ៉ាង​នេះ ទើប​រុងរឿង​បាន។

តតិយវិនយធរសោភនសូត្រ ទី៧

[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា​វិនយធរ ប្រកប​ដោយ​ធម៌ ៧ យ៉ាង ទើប​រុង​រឿង។ ប្រកប​ដោយធម៌ ៧ យ៉ាង តើដូច​ម្តេចខ្លះ។ គឺស្គាល់​អាបត្តិ ១ ស្គាល់​អនាបត្តិ ១ ស្គាល់​លហុកាបត្តិ ១ ស្គាល់​គរុកាបត្តិ ១ ជា​អ្នក​ខ្ជាប់ខ្ជួន មិន​ឃ្លេងឃ្លោង ក្នុង​វិន័យ ១ ជាអ្នក​បានដោយ​ស្រួល នូវ​ឈាន​ទាំង ៤។បេ។ ១ ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច។បេ។ ព្រោះ​អស់​អាសវៈ​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​វិនយធរ ប្រកប​ដោយធម៌​ទាំង ៧ យ៉ាង​នេះ ទើប​​រុងរឿង។

ចតុត្ថវិនយធរសោភនសូត្រ ទី៨

[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា​វិនយធរ ប្រកប​ដោយ​ធម៌ ៧ យ៉ាង ទើបរុង​រឿង។ ប្រកប​ដោយធម៌ ៧ យ៉ាង តើដូច​ម្តេចខ្លះ។ គឺស្គាល់​អាបត្តិ ១ ស្គាល់​អនាបត្តិ ១ ស្គាល់​លហុកាបត្តិ ១ ស្គាល់​គរុកាបត្តិ ១ រលឹក​ឃើញ នូវ​បុព្វេនិវាសៈ ជាច្រើន​ប្រការ គឺ ១ជាតិ ២ជាតិ។បេ។ រលឹក​ឃើញនូវ​បុព្វេនិវាសៈ ជាច្រើន​ប្រការ ព្រមទាំង​អាការៈ និង​ឧទ្ទេស ១ មាន​ចក្ខុដូច​ជាទិព្វ ដ៏បរិសុទ្ធ កន្លង​ផុតចក្ខុ​ជារបស់​មនុស្ស​ធម្មតា។បេ។ ដឹង​ច្បាស់​នូវពួក​សត្វ ដែល​អន្ទោល​ទៅតាម​កម្ម ១ ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច។បេ។ ព្រោះអស់​អាសវៈ​ទាំងឡាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុជា​វិនយធរ ប្រកប​ដោយធម៌​ទាំង ៧ យ៉ាង​នេះ ទើបរុងរឿង។

សត្ថុសាសនសូត្រ ទី៩

[៨០] គ្រានោះឯង ព្រះឧបាលិដ៏មានអាយុ ចូលទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួច​អង្គុយ​ក្នុងទី​ដ៏សមគួរ។ លុះ​ព្រះឧបាលិ​ដ៏មាន​អាយុ អង្គុយ​ក្នុងទីដ៏​សមគួរ​ហើយ ទើបក្រាប​ទូល​ព្រះដ៏មាន​ព្រះភាគ យ៉ាង​នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូម​ព្រះដ៏មាន​ព្រះភាគ សំដែង​ធម៌ដល់​ខ្ញុំព្រះអង្គ ដោយ​សេចក្តី​សង្ខេប​ឲ្យទាន ខ្ញុំព្រះអង្គ​បានស្តាប់​ធម៌ របស់​ព្រះដ៏មានព្រះភាគ​ហើយ នៅតែ​ម្នាក់ឯង ចៀសចេញ​ចាក​ពួកគណៈ ជាអ្នក​មិនប្រមាទ មាន​ព្យាយាម​ ដុត​កំដៅ​កិលេស បញ្ជូនចិត្ត​ទៅក្នុង​ព្រះនិញ្វន។ ម្នាល​ឧបាលិ អ្នកត្រូវ​ដឹង​នូវពួក​ធម៌ណា​ថា ធម៌ទាំង​នេះ មិននាំ​ឲ្យនឿយណាយ​ដោយ​ដាច់ខាត មិននាំ​ឲ្យ​រសាយចិត្ត មិននាំ​ឲ្យ​រលត់ មិននាំ​ឲ្យស្ងប់ មិននាំ​ឲ្យបាន​អភិញ្ញា មិននាំ​ឲ្យបាន​ត្រាស់ដឹង មិននាំ​ឲ្យបាន​ព្រះនិញ្វន ម្នាល​ឧបាលិ អ្នកត្រូវ​ចាំទុក ដោយដាច់​ខាតថា នេះមិន​មែនជា​ធម៌ នេះមិន​មែនជា​វិន័យ នេះ​មិនមែន​ជាពាក្យ​ប្រដៅ​របស់​ព្រះសាស្តា​ឡើយ។ ម្នាល​ឧបាលិ អ្នកត្រូវ​ដឹងនូវ​ពួកធម៌​ណា​ថា  ធម៌ទាំង​ឡាយនេះ នាំឲ្យ​នឿយណាយ ដោយ​ដាច់ខាត នាំឲ្យ​រសាយចិត្ត នាំឲ្យ​រលត់ នាំឲ្យ​ស្ងប់ នាំឲ្យ​បាន​អភិញ្ញា នាំឲ្យ​បាន​ត្រាស់​ដឹង នាំឲ្យ​បាន​ព្រះនិញ្វន ម្នាល​ឧបាលិ អ្នកត្រូវ​ចាំទុក​ដោយដាច់​ខាតថា នេះជា​ធម៌ នេះជា​វិន័យ នេះជា​ពាក្យប្រដៅ របស់​ព្រះសាស្តា។

អធិករណសមថសូត្រ ទី១០

[៨១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៧ នេះ ឈ្មោះថា អធិករណសមថៈ សម្រាប់​រម្ងាប់ សម្រាប់​ផ្សះផ្សា​នូវ​អធិករណៈ​ទាំងឡាយ ដែល​កើតឡើង​ហើយ កើតឡើង​ហើយ។ ធម៌ទាំង ៧ យ៉ាង តើដូច​ម្តេចខ្លះ។ គឺសង្ឃ​ត្រូវឲ្យ​សម្មុខាវិន័យ ១ ត្រូវឲ្យ​សតិវិន័យ ១ ត្រូវឲ្យ​អមូឡ្ហវិន័យ ១ ត្រូវ​វិនិច្ឆ័យ​កាត់ទោស តាមពាក្យ​ប្តេជ្ញា​របស់អ្នក​ឆ្លើយ ១ ត្រូវ​វិនិច្ឆ័យ តាម​ភាគច្រើន​ជា​ប្រមាណ ១ ត្រូវកាត់​ទោស តាមកម្ម​របស់​ភិក្ខុ ដែល​ប្រព្រឹត្ត​លាមក ១ ត្រូវ​វិនិច្ឆ័យ​ឲ្យពួក​ភិក្ខុ ដែល​វិវាទ​ទាស់ទែង​គ្នា សង្រួប​សង្រួម អត់ឱនគ្នា​ទៅវិញ​ទៅមក ដូចគេ​គ្របមូត្រ​លាមក​ដោយ​ស្មៅ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ឈ្មោះថា អធិករណសមថៈ សម្រាប់​រម្ងាប់ សម្រាប់​ផ្សះផ្សា​នូវ​អធិករណៈ​ទាំងឡាយ ដែលកើត​ឡើង​ហើយ កើតឡើង​ហើយ។

ចប់ វិនយវគ្គ ទី៣។

ឧទ្ទាននៃវិនយវគ្គនោះគឺ

បាលី ១០ លើក មានក្នុង​អដ្ឋមវគ្គ គឺនិយាយ​អំពីភិក្ខុ ជា​វិនយធរ​បួនពួក ១ ភិក្ខុជា​វិនយធរ ដែល​រុងរឿង​បួនពួក ១ ពាក្យប្រដៅ ១ អធិករណសមថៈ ១។

វគ្គាសង្គហិត សុត្តន្ត

[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែល​ហៅថា ភិក្ខុ ព្រោះបាន​ទម្លាយ​នូវធម៌ ៧ យ៉ាង។ ធម៌ ៧ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ​ជាអ្នក​បាន​ទម្លាយ​សក្កាយទិដ្ឋិ ១ ទម្លាយ​វិចិកិច្ឆា ១ ទម្លាយ​សីលព្វតបរាមាសៈ ១ ទម្លាយ​រាគៈ ១ ទម្លាយ​ទោសៈ ១ ទម្លាយ​មោហៈ ១ ទម្លាយ​មានះ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ដែលហៅ​ថា ភិក្ខុ ព្រោះបាន​ទម្លាយ​នូវ​ធម៌​ទាំង ៧ យ៉ាងនេះ។

[៨៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលហៅថា សមណៈ ព្រោះ​បាន​​រម្ងាប់​ធម៌ ៧ យ៉ាង។បេ។ បុគ្គល​ដែល​ហៅថា ញ្រហ្មណ៍ ព្រោះ​បាន​បន្សាត់។បេ។ បុគ្គល​​ដែល​​ហៅថា សោត្តិកៈ ព្រោះជា​អ្នកប្រាស​ចាក។បេ។ បុគ្គល​ដែលហៅ​ថា នហាតកៈ ព្រោះជា​អ្នកលាង​ជម្រះ។បេ។ បុគ្គល​ដែលហៅ​ថា វេទគូ ព្រោះ​ជាអ្នក​ត្រាស់ដឹង។បេ។ បុគ្គល​ដែលហៅ​ថា អរហន្ត ព្រោះជា​អ្នកឆ្ងាយ។ ធម៌ ៧ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ​ឆ្ងាយចាក​សក្កាយទិដ្ឋិ ១ ឆ្ងាយចាក​វិចិកិច្ឆា ១ ឆ្ងាយចាក​សីលព្វតបរាមាសៈ ១ ឆ្ងាយចាក​រាគៈ ១ ឆ្ងាយចាក​ទោសៈ ១ ឆ្ងាយចាក​មោហៈ ១ ឆ្ងាយចាក​មានះ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​ហៅថា អរហន្ត ព្រោះ​ជា​អ្នកឆ្ងាយ​ចាកធម៌​ទាំង ៧ យ៉ាង​នេះឯង។

[៨៤] ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មនេះ មាន ៧ យ៉ាង។ អសទ្ធម្ម ៧ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ​បុគ្គល​មិនមាន​សទ្ធា ១ ​មិនមាន​ហិរិ ១ មិនមាន​ឱត្តប្បៈ ១ ជាអ្នក​ចេះដឹង​តិច ១ ខ្ជិល​ច្រអូស ១ ភ្លេចភ្លាំង​ស្មារតី ១ ឥត​ប្រាជ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ អសទ្ធម្ម មាន​៧យ៉ាង​នេះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ សទ្ធម្មនេះ​ មាន៧យ៉ាង។ សទ្ធម្ម ៧ យ៉ាង​ តើ​ដូចម្តេច​ខ្លះ។ គឺ​បុគ្គល​មានសទ្ធា ១ មានហិរិ ១ មាន​ឱត្តប្បៈ ១ អ្នកចេះ​ដឹងច្រើន ១ ជាអ្នកផ្គង​ព្យាយាម ១ មាន​ស្មារតី ១ មាន​ប្រាជ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធម្ម មាន ៧ យ៉ាងនេះឯង។

[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ ជាអ្នក​គួរ​ទទួល​​នូវវត្ថុ ដែល​គេ​នាំ​មក​បូជា គួរ​ទទួល​​នូវវត្ថុ ដែល​​គេរៀ​ប​ចំ​ទទួលភ្ញៀវ គួរទទួល​នូវ​ទក្ខិណាទាន គួរគេ​ប្រណម្យ​អញ្ជលី ជាស្រែ​បុណ្យដ៏​ប្រសើរ របស់​​សត្វលោក។ បុគ្គល ៧ ពួក តើ​ដូចម្តេច​ខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ខ្លះ ក្នុង​លោកនេះ ជាអ្នក​ឃើញ​រឿយ ៗ ថា​មិនទៀង មាន​សេចក្តី​សំគាល់​ថា មិនទៀង ដឹងច្បាស់​ថា មិនទៀង មាន​ចិត្តចុះ​ស៊ប់ ស្ទង់​ដោយ​ប្រាជ្ញា ជាប់​រឿយ ៗ មិន​ច្រឡូក​ច្រឡំ​ក្នុងចក្ខុ។ បុគ្គល​នោះ បានធ្វើ​ឲ្យជាក់​ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់អាសវៈ​ទាំងឡាយ ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ជា​បុគ្គល​ទី ១ ដែល​គួរទទួល​នូវវត្ថុ ដែលគេ​នាំមក​បូជា គួរ​ទទួល​នូវវត្ថុ ដែល​គេរៀប​ចំទទួល​ភ្ញៀវ គួរទទួល​នូវ​ទក្ខិណាទាន គួរគេ​ប្រណម្យ​អញ្ជលី ជាស្រែ​បុណ្យដ៏​ប្រសើរ​របស់​សត្វលោក។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គល​ខ្លះ ក្នុង​លោកនេះ ជាអ្នក​ឃើញ​រឿយ ៗ ថា​មិន​ទៀង មាន​សេចក្តី​សំគាល់​ថា មិនទៀង ដឹងច្បាស់​ថា មិន​ទៀង មានចិត្ត​សុះស៊ប់ ស្ទង់​ដោយ​ប្រាជ្ញា​ជាប់​រឿយ ៗ មិន​ច្រឡូក​ច្រឡំ​ក្នុងចក្ខុ។ បុគ្គលនោះ អស់​ទាំង​អាសវៈ អស់ទាំង​ជីវិត​ដំណាល ៗ គ្នា។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​បុគ្គលទី ២ ដែលគួរ​ទទួលនូវ​វត្ថុ ដែលគេនាំ​មក​បូជា… ជាស្រែ​បុណ្យ​ដ៏ប្រសើរ​របស់​សត្វលោក។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោក​នេះ ជា​អ្នកឃើញ​រឿយ ៗ ថា​មិនទៀង មានសេចក្តី​សំគាល់​ថា មិនទៀង ដឹង​ច្បាស់​ថា មិនទៀង មានចិត្ត​ចុះស៊ប់ ស្ទង់ ដោយ​ប្រាជ្ញា​ជាប់​រឿយ ៗ មិន​ច្រឡូក​ច្រឡំ​ក្នុង​ចក្ខុ។ បុគ្គល​នោះ បាន​ឈ្មោះថា អន្តរាបរិនិញ្វយី ព្រោះ​អស់​សំយោជនៈ ៥ ដែលជា​ចំណែក​ខាងក្រោម​រលីង។បេ។ បាន​ឈ្មោះ​ថា ឧបហច្ចបរិនិញ្វយី។បេ។ បានឈ្មោះ​ថា អសង្ខារបរិនិញ្វយី។បេ។ បាន​ឈ្មោះថា សសង្ខារបរិនិញ្វយី។បេ។ បាន​ឈ្មោះថា ឧទ្ធំសោតអកនិដ្ឋគាមី។ ម្នាលភិក្ខុ​ទាំងឡាយ នេះជា​បុគ្គលទី ៧ ដែល​គួរទទួល​នូវវត្ថុ ដែល​គេនាំ​មកបូជា… ជាស្រែ​បុណ្យ​ដ៏ប្រសើរ​របស់​សត្វលោក។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ទាំង ៧ ពួកនេះ ជាអ្នក​គួរទទួល​នូវវត្ថុ ដែល​គេនាំ​មក​បូជា គួរទទួល​នូវវត្ថុ ដែល​គេរៀប​ចំ​ទទួល​ភ្ញៀវ គួរទទួល​នូវ​ទក្ខិណាទាន គួរគេ​ប្រណម្យ​អញ្ជលី ជាស្រែ​បុណ្យ​ដ៏ប្រសើរ របស់​សត្វ​លោក។

[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គល ៧ ពួកនេះ គួរទទួល​នូវវត្ថុ ដែល​គេនាំ​មក​បូជា… ជា​ស្រែបុណ្យ​ដ៏ប្រសើរ របស់​សត្វលោក។ បុគ្គល ៧ ពួក តើដូច​ម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ខ្លះ ក្នុងលោក​នេះ ជាអ្នក​ឃើញរឿយ ៗ ក្នុងចក្ខុ​ថាជាទុក្ខ… ១ ឃើញ​​រឿយ ៗ ក្នុងចក្ខុ​ថា មិនមែន​ជារបស់​ខ្លួន ១ ឃើញ​រឿយ ៗ ក្នុង​ចក្ខុថា អស់​ទៅ ១ ឃើញ​រឿយ ៗ ក្នុង​ចក្ខុថា សាបសូន្យ​ទៅ ១ ឃើញ​រឿយ ៗ ក្នុងចក្ខុថា គួរ​រសាយ​ចិត្ត ១ ឃើញ​រឿយ ៗ ក្នុងចក្ខុ​ថា ជារបស់​រលត់ ១ ឃើញ​រឿយ ៗ ក្នុងចក្ខុ​ថា ជា​របស់​គួរលះបង់​ចេញ ១ ក្នុងសោតៈ ឃានៈ ជិវ្ហា កាយ មនៈ ក្នុងរូប​ទាំង​ឡាយ សម្លេង​ទាំងឡាយ ក្លិនទាំង​ឡាយ រស​ទាំងឡាយ ផោដ្ឋព្វៈ​ទាំង​ឡាយ ធម្មារម្មណ៍​ទាំងឡាយ ក្នុង​ចក្ខុវិញ្ញាណ សោត​វិញ្ញាណ ឃាន​វិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ ក្នុង​ចក្ខុសម្ផស្ស សោតសម្ផស្ស ឃានសម្ផស្ស ជិវ្ហាសម្ផស្ស កាយសម្ផស្ស មនោសម្ផស្ស ក្នុងវេនទា​ដែល​កើតអំពី​ចក្ខុសម្ផស្ស វេទនា​ដែលកើត​អំពី​សោតសម្ផស្ស វេទនា​ដែលកើត​អំពី​ឃានសម្ផស្ស វេទនា​ដែល​កើត​អំពី​ជិវ្ហាសម្ផស្ស វេទនា​ដែល​កើតអំពី​កាយសម្ផស្ស វេទនា​ដែល​កើត​អំពី​មនោសម្ផស្ស ក្នុងរូប​សញ្ញា សទ្ទសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា ក្នុង​រូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា ក្នុង​រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា ក្នុង​រូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ ក្នុង​រូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ ក្នុង​រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ជា​អ្នកឃើញ​រឿយ ៗ ក្នុង​វិញ្ញាណក្ខន្ធ​ថា ជា​របស់​មិន​ទៀង ឃើញ​រឿយ ៗ ថាជាទុក្ខ ឃើញ​រឿយ ៗ ថា​មិនមែន​របស់ខ្លួន ឃើញ​រឿយ ៗ ថា​អស់ទៅ ឃើញ​រឿយ ៗ ថា សាបសូន្យ​ទៅ ឃើញរឿយ ៗ ថា គួរ​រសាយចិត្ត ឃើញ​រឿយ ៗ ថា រលត់ ឃើញ​រឿយ ៗ ថាជា​របស់គួរ​លះបង់ចេញ។

[៨៧] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គល​ត្រូវចំរើន ដើម្បីដឹង​ច្បាស់​នូវ​រាគៈ។ ធម៌ ៧ យ៉ាង តើដូច​ម្តេចខ្លះ។ គឺ សតិសម្ពោជ្ឈង្គ ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ទាំង ៧ យ៉ាងនេះ ដែលបុគ្គល​ត្រូវចំរើន ដើម្បី​ដឹងច្បាស់​នូវរាគៈ។

[៨៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គល​ត្រូវចំរើន ដើម្បីដឹង​ច្បាស់​នូវ​រាគៈ។ ធម៌ ៧ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ អនិច្ចសញ្ញា ១ អនត្តសញ្ញា ១ អសុភសញ្ញា ១ អាទីនវសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៧ យ៉ាងនេះ ដែល​បុគ្គល​ត្រូវចំរើន ដើម្បី​ដឹងច្បាស់​នូវរាគៈ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែលបុគ្គល​ត្រូវចំរើន ដើម្បី​ដឹងច្បាស់​នូវរាគៈ។ ធម៌ ៧ យ៉ាង តើ​ដូចម្តេច​ខ្លះ។ គឺ អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេ បដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេ ទុក្ខសញ្ញា ១ ទុក្ខេ អនត្តសញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ធម៌ទាំង ៧ យ៉ាងនេះ ដែលបុគ្គល​ត្រូវចំរើន ដើម្បី​ដឹងច្បាស់​នូវរាគៈ។

[៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៧ យ៉ាង ដែល​បុគ្គល​ត្រូវចំរើន ដើម្បីកំណត់​ដឹង។បេ។ ដើម្បី​ឲ្យអស់​រលីង ដើម្បីលះ ដើម្បី​ឲ្យក្ស័យ ដើម្បី​ឲ្យ​សាបសូន្យ ដើម្បី​រំសាយ ដើម្បី​រំលត់ ដើម្បី​ឲ្យដាច់ ដើម្បី​បោះបង់​នូវ​រាគៈ។ ធម៌ ៧ យ៉ាងនេះ ដែល​បុគ្គល​ត្រូវចំរើន ដើម្បី​ដឹងច្បាស់ ដើម្បី​កំណត់​ដឹង ដើម្បី​ឲ្យអស់​រលីង ដើម្បីលះ ដើម្បី​ឲ្យក្ស័យ ដើម្បី​ឲ្យ​សាបសូន្យ​ទៅ ដើម្បី​រំសាយ ដើម្បី​រំលត់ ដើម្បី​ឲ្យដាច់ ដើម្បី​បោះបង់​នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ។

ចប់ សត្តកនិបាត។

ចប់ ភាគ៤៧។