វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |៤៤|៤៥|៤៦|៤៧|៤៨| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

អង្គុត្តរនិកាយ ឆក្កនិបាត សត្តមភាគ

ភាគ ៤៦

សូមនមស្ការចំពោះព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បឋមបណ្ណាសក

អាហុនេយ្យវគ្គ

បឋមអាហុនេយ្យសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ពួក​ភិក្ខុ ដែលនៅក្នុង​ទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បាន​ទទួល​ស្តាប់​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេ​នាំ​មក​បូជា គួរទទួលវត្ថុ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើ​ដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយភ្នែក ជាអ្នកមិន​ត្រេក​អរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ឮសំឡេង​ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់​ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនត្រេកអរ មិនអាក់អន់ ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៦យ៉ាងនេះឯង ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួល​វត្ថុ​ ដែលគេរៀបចំដើម្បីភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់សត្វលោក។ លុះព្រះដ៏មានព្រះភាគ សំដែងសូត្រនេះចប់ហើយ។ ភិក្ខុ​ទាំង​នោះ ក៏មានចិត្តត្រេកអរ រីករាយចំពោះភាសិត នៃព្រះដ៏មានព្រះភាគ។

ទុតិយអាហុនេយ្យសូត្រ ទី២

[២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នក​គួរទទួល​នូវ​ចតុប្បច្ច័យ​ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកប​ដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងបាននូវការតាក់តែង ឬសំដែងឫទ្ធិច្រើនប្រការបាន គឺមនុស្សម្នាក់ ធ្វើឲ្យ​ទៅជា​ច្រើន​នាក់ក៏បាន មនុស្សច្រើននាក់ ធ្វើឲ្យទៅជាម្នាក់ក៏បាន ធ្វើទីកំបាំង​ឲ្យទៅជា​ទីវាល​ក៏​បាន ធ្វើទីវាលឲ្យទៅជាទីកំបាំងក៏បាន ដើរ (ទម្លុះ) ទៅក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ ឥត​ទើស​ទាល់ ដូចដើរទៅក្នុងអាកាសក៏បាន ធ្វើនូវការមុជងើបក្នុងផែនដី ដូចមុជងើប​ក្នុង​ទឹក​ក៏បាន ដើរទៅលើទឹក ឥតបែកធ្លាយទឹក ដូចជាដើរលើផែនដីក៏បាន អណ្តែត​ទៅឯ​អាកាស​​ទាំងភ្នែន ដូចជាសត្វស្លាបក៏បាន ចាប់ស្ទាបអង្អែលព្រះចន្ទ និង​ព្រះអាទិត្យ​ទាំង​នេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ញ៉ាំង​អំណាចឲ្យប្រព្រឹត្តទៅដោយកាយ រហូតដល់ព្រហ្មលោកក៏បាន ១។ ភិក្ខុមាន សោតធាតុ​ជា​ទិព្វដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា រមែងស្តាប់​សំឡេង​ពីរ​ប្រការ គឺសំឡេងទិព្វ និងសំឡេងមនុស្ស ក្នុងទីឆ្ងាយក៏បាន ជិតក៏បាន ១។ ភិក្ខុ​រមែងកំណត់​ដឹងច្បាស់ នូវចិត្តរបស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្ត​ដែល​ប្រកប​ដោយ​រាគៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាក​រាគៈក្តី… ចិត្ត​ដែល​ប្រកបដោយទោសៈក្តី… ចិត្តដែលប្រាសចាកទោសៈក្តី… ចិត្ត​ដែល​ប្រកប​ដោយ​មោហៈក្តី… ចិត្តដែលប្រាសចាកមោហៈក្តី ចិត្តដែលរួញរាក្តី… ចិត្តដែលរាយមាយក្តី… ចិត្ត​ដែលជាមហគ្គតៈក្តី… ចិត្តដែលមិនមែនជាមហគ្គតៈក្តី… ចិត្តដែលជាសឧត្តរៈក្តី… ចិត្ត​ដែលជាអនុត្តរៈក្តី… ចិត្តដែលតាំងមាំក្តី… ចិត្តដែលមិន​តាំង​មាំ​ក្តី… ចិត្តដែលរួច​ចាក​កិលេស​ក្តី… ចិត្តមិនរួចចាកកិលេសក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួច​ចាកកិលេស ១។ ភិក្ខុ​រលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាលមុនជាច្រើនជាតិ គឺ​រលឹក​ឃើញ​បាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ មួយពាន់ជាតិ មួយសែន​ជាតិ​ក៏បានខ្លះ រលឹក​ឃើញ​បាន​ច្រើន​សំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អញបានកើតក្នុង​ភព​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មាន​អាហារ​យ៉ាង​នេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់​អាយុប៉ុណ្ណេះ លុះ​អញ​ច្យុតចាក​ភព​នោះ​ហើយ បានទៅកើតក្នុងភពឯណោះ ដែល​អញ​បានទៅកើត ក្នុងភពនោះ មាន​ឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ បាន​ទទួល​សុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអញច្យុត​ចាកភពនោះហើយ ក៏​បាន​មកកើតក្នុងភពនេះ ភិក្ខុរលឹកឃើញនូវជាតិ ដែលខ្លួនធ្លាប់នៅអាស្រ័យ ក្នុងកាល​មុន​បានច្រើនជាតិ ព្រមទាំងអាការ ទាំងឧទ្ទេស ដោយប្រការដូច្នេះ ១។ ភិក្ខុមានចក្ខុ​ដូចជា​ទិព្វដ៏បរិសុទ្ធ កន្លងបង់នូវ​ចក្ខុរបស់​មនុស្សធម្មតា ឃើញនូវសត្វ​ទាំងឡាយ ដែលកំពុងច្យុត និងកំពុងកើត មានសភាព​ថោកទាប និងឧត្តម មានសម្បុរល្អ និង​សម្បុរអាក្រក់ មានគតិល្អ និងគតិអាក្រក់ ដឹងច្បាស់​នូវពួកសត្វ ដែល​អន្ទោល​ទៅ​តាម​កមុ្ម​របស់ខ្លួនថា អើហ៎្ន សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នក​តិះ​ដៀល នូវព្រះអរិយៈទាំងឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់​មាំ ​នូវអំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើត​ឯ​អបាយ ទុគ្គតិ វិនិបាត នរក អើហ៎្ន ចំណែក​ឯសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយ​មនោសុចរិត ជាអ្នកមិន​តិះដៀល នូវ​ព្រះអរិយៈ​ទាំង​ឡាយ ជាសម្មាទិដ្ឋិ ប្រកាន់មាំ នូវ​អំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយ​រាង​កាយ​ស្លាប់ទៅ ក៏ទៅកើតឯ​សុគតិសួគ៌ ទេវលោក ភិក្ខុមានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ ​កន្លង​បង់​នូវចក្ខុរបស់មនុស្សធម្មតា បាន​ឃើញ​នូវសត្វទាំងឡាយ ដែល​ច្យុត ដែល​ចាប់​បដិសន្ធិ មានសភាពថោកទាប និងឧត្តម មានសម្បុរល្អ និងសម្បុរអាក្រក់ មានគតិល្អ និងគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅ តាមកម្មរបស់ខ្លួន ដោយប្រការដូច្នេះ ១។ ភិក្ខុបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈ​ទាំង​ឡាយ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង ទើបគួរ​ទទួល​នូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

ឥន្ទ្រិយសូត្រ ទី៣

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នក​គួរទទួល​នូវ​ចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកប​ដោយ​ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺ ភិក្ខុប្រកបដោយសទ្ធិន្រ្ទិយ ១ វីរិយិន្រ្ទិយ ១ សតិន្រ្ទិយ ១ សមាធិន្រ្ទិយ ១ បញ្ញិន្រ្ទិយ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង នេះ​ឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួលវត្ថុ ដែល​គេរៀបចំ​ទទួលភ្ញៀវ គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់​សត្វលោក។

ពលសូត្រ ទី៤

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺភិក្ខុប្រកបដោយសទ្ធាពលៈ ១ វីរិយពលៈ ១ សតិពលៈ ១ សមាធិពលៈ ១ បញ្ញាពលៈ ១ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាង​នេះ​ឯង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់​សត្វ​លោក។

បឋមអាជានីយសូត្រ ទី៥

[៥] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា។ ប្រកប​ដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យ​ដ៏ប្រសើរ​​របស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់​នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសម្បុរ ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង​នេះ​ឯង ទើបជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ​ជា​អង្គ​របស់​ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មាន​ឧបមេយ្យដូចភិក្ខុ ប្រកប​ដោយ​ធម៌ ៦យ៉ាង ទើបគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ទើប​គួរទទួលនូវ​ចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

ទុតិយអាជានីយសូត្រ ទី៦

[៦] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើររបស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថា ជាអង្គរបស់ព្រះ​រាជា។ ប្រកបដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យ​ដ៏ប្រសើរ​របស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៍ដោយកម្លាំង ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេចប្រកបដោយអង្គ ៦​យ៉ាង​នេះ​ឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មាន​ឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦យ៉ាង ទើបជាអ្នកគួរទទួល នូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជា​បុញ្ញក្ខេត្ត​ដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់​នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ៦យ៉ាងនេះឯង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែល​គេ​នាំ​មក​បូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

តតិយអាជានីយសូត្រ ទី៧

[៧] ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦យ៉ាង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា។​ ប្រកបដោយអង្គ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏ប្រសើរ​របស់ស្តេច ក្នុងលោកនេះ ជាសត្វចេះអត់ធន់នឹងរូប ១ អត់ធន់នឹងសំឡេង ១ អត់ធន់នឹងក្លិន ១ អត់ធន់នឹងរស ១ អត់ធន់នឹងការពាល់ត្រូវ ១ បរិបូណ៌ដោយសន្ទុះ  ១។ ម្នាលភិក្ខុទាំងឡាយ សេះអាជានេយ្យដ៏ប្រសើរ របស់ស្តេច ប្រកបដោយអង្គ ៦​យ៉ាង​នេះ​ឯង ជាសត្វគួរដល់ព្រះរាជា គួរជារាជបម្រើ ដល់នូវការរាប់ថាជាអង្គរបស់ព្រះរាជា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុប្រកបដោយធម៌ ៦​យ៉ាង ទើបជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ប្រកបដោយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នកអត់ធន់នឹងរូប ១។បេ។ អត់ធន់នឹងធម្មារម្មណ៍ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៦យ៉ាងនេះឯង ជាអ្នកគួរទទួល​នូវចតុប្បច្ច័យ ដែល​គេនាំ​មកបូជា។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

អនុត្តរិយសូត្រ ទី៨

[៨] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតដ៏ប្រសើរ) នេះ មាន ៦យ៉ាង។ អនុត្តរិយៈ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺ ទស្សនានុត្តរិយៈ ១ សវនានុត្តរិយៈ ១ លាភានុត្តរិយៈ ១ សិក្ខានុត្តរិយៈ ១ បារិចរិយានុត្តរិយៈ ១ អនុស្សតានុត្តរិយៈ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អនុត្តរិយៈ មាន ៦យ៉ាងនេះឯង។

អនុស្សតិដ្ឋានសូត្រ ទី៩

[៩] ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន (ហេតុជាទីតាំងនៃសេចក្តីរលឹក) នេះ មាន៦យ៉ាង។ អនុស្សតិដ្ឋាន ៦យ៉ាង តើដូចម្តេចខ្លះ។ គឺពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១។ ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន មាន៦យ៉ាងនេះឯង។

មហានាមសូត្រ ទី១០

[១០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀប​ក្រុង​កបិលវត្ថុ ក្នុងសក្កជនបទ។ គ្រានោះ មហានាមសក្កៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់​ក្នុង​ទីដ៏​សម​គួរ។ លុះមហានាមសក្កៈ ប្រថាប់ក្នុងទីសមគួរស៊ប់ហើយ បានក្រាបទូលសួរព្រះដ៏​មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់​នូវសាសនា គឺត្រៃសិក្ខាហើយ តើអរិយសាវកនោះ ច្រើនតែនៅដោយ​វិហារធម៌​ដូចម្តេច។ ថ្វាយព្រះពរមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹងច្បាស់នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ។ បពិត្រមហានាម អរិយសាវក ក្នុងសាសនានេះ រលឹករឿយៗ នូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាករាគាទិក្កិលេស ត្រាស់​ដឹងនូវញេយ្យធម៌ ដោយប្រពៃ ចំពោះព្រះអង្គឯង ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គ​មាន​ដំណើរ​ល្អ ព្រះអង្គជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គជាបុគ្គលប្រសើរ ដោយ​សីលា​ទិគុណ ព្រះអង្គជាអ្នកទូន្មាននូវបុរស ព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹង នូវចតុរារិយសច្ច ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត ដោយ​ហេតុ​នេះៗ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវគុណនៃ​ព្រះ​តថាគត ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវ​ទោសៈ​រួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្ត​របស់​អរិយសាវក​នោះ ក៏រមែងជាចិត្តត្រង់បាន ព្រោះប្រារព្ធនូវគុណ នៃព្រះតថាគត។ បពិត្រ​មហានាម លុះអរិយសាវក មានចិត្តត្រង់ រមែងបាននូវការដឹងនូវអត្ថ ​បាន​នូវ​ការ​ដឹង​នូវ​ធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិ​ក៏​កើត​ឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់ រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ លុះប្រកបដោយសេចក្តីសុខហើយ ចិត្ត​ក៏​រមែង​ដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែល​ប្រកប​ដោយសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើន​នូវ​ពុទ្ធានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយទៀត អរិយសាវករលឹករឿយៗ នូវគុណ​ព្រះធម៌​ថា ព្រះបរិយត្តិធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះនព្វលោកុត្តរធម៌ ដែលបុគ្គលគប្បីឃើញ ដោយខ្លួនឯង ជាធម៌​ឲ្យផល​មិន​រង់ចាំ​កាល ជាធម៌គួរដល់ឯហិបស្សវិធី ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌​ដែល​ពួក​វិញ្ញូជន គប្បីដឹងច្បាស់ចំពោះខ្លួន។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក​ រលឹក​រឿយៗ នូវព្រះធម៌ ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិន​ត្រូវ​ទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្ត​របស់​អរិយ​សាវក​នោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវគុណព្រះធម៌។ បពិត្រមហានាម លុះអរិយ​សាវក មានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវ​សេចក្តី​រីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាល​បើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់​ហើយ រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រ​មហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុង​ពួកសត្វ​ដែល​ប្រាសចាក​ការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែល​មាន​សេចក្តីចង្អៀត​ចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវធម្មានុស្សតិកម្មដ្ឋាន។ បពិត្រ​មហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវគុណនៃព្រះសង្ឃថា ព្រះសង្ឃសាវក នៃ​ព្រះដ៏មានព្រះភាគ ប្រតិបត្តិល្អហើយ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិ​ត្រង់ហើយ ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិដើម្បី​ត្រាស់ដឹង​ព្រះនិព្វាន ព្រះសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ប្រតិបត្តិគួរដល់សាមីចិកម្ម បើរាប់​ជា​គូនៃបុរស បាន៤គូ បើរាប់រៀងជាបុរសបុគ្គល បាន៨ ព្រះសង្ឃទាំងនុ៎ះ ជាសង្ឃ​សាវក​នៃ​ព្រះដ៏មានព្រះភាគ គួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមកបូជា គួរទទួល​នូវវត្ថុ ដែល​គេរៀបចំ​ដើម្បីភ្ញៀវ គួរទទួលនូវទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវគុណ​ព្រះសង្ឃ ក្នុងសម័យនោះ អរិយសាវកនោះ ក៏មិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈ​រួប​រឹត​ចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែង​ជា​ចិត្តត្រង់ ព្រោះប្រារព្ធនូវគុណព្រះសង្ឃ។ បពិត្រមហានាម លុះអរិយសាវក មាន​ចិត្ត​ត្រង់​ហើយ រមែងបាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តី​រីករាយ​ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកប​ដោយ​បីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ រមែង​ទទួល​នូវ​សេចក្តី​សុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែល​ប្រាសចាក​ការ​ស្ងប់​រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នក​សម្រេច នូវធម្មស្សោតៈ គឺវិបស្សនា ចំរើនសង្ឃានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវសីលរបស់ខ្លួន ដែលមិនដាច់ មិនធ្លុះ មិនពពាល មិន​ពព្រុស ជាសីលរួចខ្លួន គឺ មិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិន​មាន​តណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ។ បពិត្រមហានាម ក្នុង​សម័យ​ណា អរិយសាវករលឹករឿយៗ នូវសីលរបស់ខ្លួន ក្នុងសម័យនោះ អរិយ​សាវក​នោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវសីល។ បពិត្រមហានាម លុះអរិយសាវកមានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាន​នូវ​ការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តី​រីករាយ​ហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះ​នាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្តក៏រមែងដំកល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថាជាអ្នកដល់​នូវការ​ស្ងប់​រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែល​មានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺវិបស្សនា ចំរើន​នូវ​សីលានុស្សតិកម្មដ្ឋាន បពិត្រមហានាម មួយទៀត អរិយសាវក រលឹករឿយៗ នូវចាគៈ​របស់​ខ្លួនថា ឱហ៎្ន អញពេញជាមានលាភហើយ ឱហ៎្ន អត្តភាពជាមនុស្ស អញពេញជា បានល្អហើយ ព្រោះកាលពួកសត្វមានសេចក្តីកំណាញ់ជាមន្ទិល កំពុងរួបរឹត អញ​មាន​ចិត្ត​ប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល ជាអ្នកមានការលះរួចផុតហើយ មានដៃលាង​ស្អាត​ហើយ ត្រេកអរក្នុងការលះបង់ ជាបុគ្គលគួរគេសូម ត្រេកអរក្នុងការចែកចាយទាន នៅគ្រប់គ្រងផ្ទះ។ បពិត្រមហានាម ក្នុងសម័យណា អរិយសាវករលឹករឿយៗ នូវចាគៈ ក្នុងសម័យនោះ អរិយសាវកនោះ រមែងមិនត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវកនោះ ក៏រមែង​ជា​ចិត្ត​ត្រង់ ព្រោះប្រារព្ធនូវចាគៈ។ បពិត្រមហានាម លុះអរិយសាវក មានចិត្តត្រង់ហើយ រមែង​បាននូវការដឹងនូវអត្ថ បាននូវការដឹងនូវធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ កាលបើមានសេចក្តីរីករាយហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយ​ក៏ស្ងប់រម្ងាប់ លុះនាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវសេចក្តីសុខ កាល​បើមានសេចក្តីសុខហើយ ចិត្តក៏រមែងដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នក​មិនចង្អៀតចង្អល់ ក្នុងពួកសត្វ ដែលមានសេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេច​នូវធម្មស្សោតៈ គឺវិបស្សនា ចំរើននូវចាគានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម មួយវិញ​ទៀត អរិយសាវក ចំរើននូវទេវតានុស្សតិថា ទេវតាទាំងឡាយ ជាន់ចាតុម្មហារាជិកៈ​ក៏មាន ទេវតាទាំងឡាយជាន់តាវត្តឹង្សក៏មាន ទេវតាទាំងឡាយជាន់យាមៈក៏មាន ទេវតាទាំងឡាយជាន់តុសិតក៏មាន ទេវតាទាំងឡាយ ជាន់និម្មានរតីក៏មាន ទេវតាទាំងឡាយ ជាន់បរនិម្មិតវសវត្តីក៏មាន ទេវតាទាំងឡាយជាព្រហ្មកាយិកៈក៏មាន ទេវតាទាំងឡាយខ្ពស់លើសជាងនោះក៏មាន ទេវតាទាំងនោះ ប្រកបដោយសទ្ធា មាន​សភាពយ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សទ្ធារបស់​អញ​ដែល​មានសភាពយ៉ាងនោះក៏មាន ទេវតាទាំងនោះ ប្រកបដោយសីល មានសភាព យ៉ាង​​ណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សីលរបស់អញ ដែល​មាន​សភាពយ៉ាងនោះក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយសុតៈ មានសភាពយ៉ាងណា លុះច្យុតចាកលោកនេះហើយ ទៅកើតក្នុងទីនោះ សុតៈរបស់អញ ដែល​មាន​សភាព​យ៉ាង​នោះក៏មាន ពួកទេវតាទាំងនោះ ប្រកបដោយចាគៈមានសភាពយ៉ាងណា លុះច្យុត​ចាក​លោក​នេះហើយ ទៅកើតក្នុងទីនោះ ចាគៈរបស់អញ ដែលមានសភាព​ដូច្នោះ​ក៏មាន ទេវតាទាំងនោះ ប្រកបដោយបញ្ញាមានសភាពយ៉ាងណា លុះច្យុតចាក​លោក​នេះ​​ហើយ ទៅកើតក្នុងទីនោះ បញ្ញារបស់អញ ដែលមានសភាពដូច្នោះក៏មាន។ បពិត្រ​មហានាម ក្នុងសម័យណា អរិយសាវក រលឹករឿយៗ នូវសទ្ធា សីល សុតៈ ចាគៈ និង​បញ្ញារបស់ខ្លួនផង របស់ទេវតាទាំងនោះផង ក្នុងសម័យនោះ អរិយសាវកនោះ រមែង​មិន​ត្រូវរាគៈរួបរឹតចិត្ត មិនត្រូវទោសៈរួបរឹតចិត្ត មិនត្រូវមោហៈរួបរឹតចិត្តបាន ក្នុង​សម័យ​នោះ ចិត្តរបស់អរិយសាវកនោះ រមែងជាចិត្តត្រង់ ព្រោះប្រារព្ធនូវពួកទេវតា។ បពិត្រ​មហានាម លុះអរិយសាវកមានចិត្តត្រង់ហើយ រមែងបាននូវការដឹងនូវអត្ថ បាន​នូវ​ការ​ដឹង​នូវធម៌ បាននូវសេចក្តីរីករាយ ដែលប្រកបដោយធម៌ កាលបើមាន​សេចក្តី​រីករាយ​ហើយ បីតិក៏កើតឡើង កាលបើចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ លុះ​នាមកាយស្ងប់រម្ងាប់ ក៏រមែងទទួលនូវសេចក្តីសុខ កាលបើមានសេចក្តីសុខហើយ ចិត្ត​ក៏​រមែង​ដម្កល់មាំ។ បពិត្រមហានាម អរិយសាវកនេះ ហៅថា ជាអ្នកដល់នូវការស្ងប់រម្ងាប់ ក្នុងពួកសត្វ ដែលប្រាសចាកការស្ងប់រម្ងាប់ ជាអ្នកមិនចង្អៀតចង្អល់ ក្នុង​ពួក​សត្វ​ដែល​មាន​សេចក្តីចង្អៀតចង្អល់ ជាអ្នកសម្រេចនូវធម្មស្សោតៈ គឺ វិបស្សនា ចំរើន​នូវ​ទេវតានុស្សតិកម្មដ្ឋាន។ បពិត្រមហានាម អរិយសាវកណា បានសម្រេចអរិយផល ដឹង​ច្បាស់​នូវសាសនាហើយ អរិយសាវកនោះ ច្រើនតែនៅដោយវិហារធម៌នេះ។

ចប់ អាហុនេយ្យវគ្គ ទី១។

ឧទ្ទាននៃអាហុនេយ្យវគ្គនោះគឺ

និយាយអំពីអាហុនេយ្យបុគ្គល ២លើក អំពីឥន្រ្ទិយ ១ ពលៈ ១ សេះអាជានេយ្យ ៣លើក អនុត្តរិយៈ ១ អនុស្សតិ ១ មហានាមសក្កៈ ១ រួមជា ១០។

សារាណីយាទិវគ្គ

បឋមសារណីយសូត្រ ទី១

[១១] ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ (ធម៌គួររលឹក) នេះ មាន៦យ៉ាង។ សារាណីយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់នូវកាយកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំង​ទី​ចំពោះ​មុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដំកល់នូវវចីកម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ទាំង​ទី​ចំពោះ​មុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដំកល់​នូវ​មនោកម្ម ប្រកប​ដោយ​មេត្តា ចំពោះ​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ទាំង​ទី​​ចំពោះ​មុខ ទាំងទី​កំបាំងមុខ នេះជា​សារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​អ្នកបរិភោគ មិនញែកមុខដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បាន​មក​ដោយ​ធម៌ ដោយហោចទៅ សូម្បីលាភ​ត្រឹមតែ​របស់ដែល​មានក្នុងបាត្រ ជាអ្នក​បរិភោគ​​ជា​សាធារណៈ ដោយ​សព្រហ្មចារី​ទាំងឡាយ ដែល​មានសីល នេះជា​សារាណីយធម៌។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នក​មានសីល​ស្មើគ្នា​នឹងសព្រហ្មចារី​ទាំងឡាយ ក្នុងសីល​ទាំងឡាយ ដែលជា​សីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីល​​រួច​ខ្លួន គឺមិន​ជាខ្ញុំតណ្ហា ដែលវិញ្ញូជន​សរសើរ​ហើយ មិនមានតណ្ហា និង​ទិដ្ឋិ​ប៉ះពាល់​បាន ជាសីល​ប្រព្រឹត្តទៅ ដើម្បីសមាធិ ទាំងទី​ចំពោះមុខ ទាំង​ទីកំបាំងមុខ នេះជា​សារាណីយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត ភិក្ខុមាន​សេចក្តីយល់​ឃើញស្មើគ្នា​នឹង​សព្រហ្មចារី​ទាំងឡាយ ក្នុងទិដ្ឋិ​ដ៏ប្រសើរ ជាទី​ស្រោចស្រង់​សត្វ ប្រព្រឹត្តទៅ​ដើម្បី​អស់​​ទៅ​នៃ​កងទុក្ខ​ដោយប្រពៃ ដល់អ្នកធ្វើ​តាមទិដ្ឋិនោះ ទាំង​ទីចំពោះមុខ ទាំងទី​កំបាំងមុខ នេះ​ជា​សារាណីយធម៌។ ម្នាលភិក្ខុ​ទាំងឡាយ សារាណីយធម៌ ៦យ៉ាងនេះឯង។

ទុតិយសារណីយសូត្រ ទី២

[១២] ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ៦យ៉ាងនេះ ជាធម៌​ធ្វើ​សេចក្តី​ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បី​ព្រម​ព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ សារាណីយធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ដំកល់កាយកម្ម ប្រកបដោយមេត្តា ចំពោះ​សព្រហ្មចារី​ទាំង​ឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តី​ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បី​ព្រម​ព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដំកល់​វចីកម្ម ប្រកប​ដោយ​មេត្តា។បេ។ ដំកល់មនោកម្ម ប្រកបដោយមេត្តា ចំពោះ​សព្រហ្មចារី​ទាំង​ឡាយ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តី ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បី​ព្រម​ព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកបរិភោគ មិន​ញែក​មុខ ដោយលាភទាំងឡាយ ដែលប្រកបដោយធម៌ បានមកដោយធម៌ ដោយ​ហោច​ទៅ សូម្បីលាភត្រឹមតែរបស់ ដែលមានក្នុងបាត្រ ជាអ្នកបរិភោគជាសាធារណៈ ដោយ​សព្រហ្មចារីទាំងឡាយ ដែលមានសីល នេះជាសារាណីយធម៌ ជាធម៌​ធ្វើ​សេចក្តី​ស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បី​ព្រម​ព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជា​អ្នក​មាន​សីល​ស្នើគ្នានឹងសព្រហ្មចារីទាំងឡាយ ក្នុងសីលទាំងឡាយ ដែលជាសីលមិនដាច់ មិនធ្លុះ មិន​ពពាល មិនពព្រុស ជាសីលរួចខ្លួន គឺមិនជាខ្ញុំតណ្ហា ដែលវិញ្ញូជនសរសើរហើយ មិន​មាន​តណ្ហា និងទិដ្ឋិប៉ះពាល់បាន ជាសីលប្រព្រឹត្តទៅ ដើម្បីសមាធិ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះជាសារាណីយធម៌ ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បី​មូល​មិត្រ​គ្នា។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុមានសេចក្តីយល់ឃើញស្មើគ្នា នឹង​សព្រហ្មចារី​ទាំង​ឡាយ ក្នុងទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ ប្រព្រឹត្តទៅ ដើម្បីអស់​ទៅ​នៃ​កងទុក្ខ ដោយប្រពៃ ដល់អ្នកធ្វើតាមទិដ្ឋិនោះ ទាំងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះ​ជា​សារាណីយធម៌ ជាធម៌ដែលធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រគ្នា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សារាណីយធម៌ ៦យ៉ាងនេះឯង ជាធម៌ធ្វើសេចក្តីស្រឡាញ់ ធ្វើសេចក្តីគោរព ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីសង្គ្រោះ ដើម្បីមិនទាស់គ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្រ​គ្នា។

និស្សារណីយសូត្រ ទី៣

[១៣] ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុនេះ មាន៦យ៉ាង។ និស្សារណីយធាតុ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ និយាយ​យ៉ាងនេះថា ចេតោវិមុត្តិប្រកបដោយមេត្តា ខ្ញុំបានអប់រំបន្ទុំច្រើនហើយ បាន​ធ្វើឲ្យ​ដូច​ជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែ​បើទុកជាដូច្នោះក៏ដោយ ព្យាបាទ ក៏គង់តែគ្របសង្គត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង​គប្បី​និយាយ​ឃាត់ភិក្ខុនោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ​ កុំ​និយាយ​យ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយ​បង្កាច់​ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់​យ៉ាង​នេះ​ទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យ​ដែល​ថា ចេតោវិមុត្តិ ប្រកបដោយមេត្តា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យ​ដូច​ជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែ​បើ​ទុក​ជា​ធ្វើដូច្នោះ​ក៏ដោយ ព្យាបាទ ក៏គង់នៅគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុ​នុ៎ះ មិន​ដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនុ៎ះ គឺចេតោវិមុត្តិ ដែល​ប្រកប​ដោយ​មេត្តា​ហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោល នូវព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយករុណា ខ្ញុំ​បាន​អប់​រំ​បន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បាន​ប្រារព្ធល្អហើយ តែបើទុកជាដូច្នោះក៏ដោយ វិហេសា (សេចក្តីបៀតបៀន) ក៏​គង់​តែ​គ្រប​សង្កត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះថា លោក​កុំនិយាយ​យ៉ាង​នេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយ​បង្កាច់​ព្រះដ៏មាន​ព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះ​ដ៏​មានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិន​មែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិប្រកបដោយករុណា ដែល​គេបាន​អប់រំ​បន្ទុំ​ឲ្យ​ច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយ ៗ បាន​សន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ វិហេសា ក៏គង់តែ​គ្របសង្កត់​ចិត្ត​របស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាម​ដែល​ពិត​នុ៎ះ គឺ​ចេតោវិមុត្តិ ដែលប្រកបដោយករុណាហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោលនូវវិហេសា។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា ចេតោវិមុត្តិ ប្រកប​ដោយមុទិតា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បាន​ដំកល់​ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុកជាធ្វើដូច្នោះក៏ដោយ អរតិ (សេចក្តីមិនត្រេកអរ) ក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង គប្បី​និយាយ​ឃាត់​ភិក្ខុ​នោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយ​យ៉ាង​នេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិន​ល្អទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាល​អាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកប​ដោយ​មុទិតា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បាន​ដំកល់​ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើទុក​ជា​ធ្វើដូច្នោះ​ក៏​ដោយ អរតិ ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាល​អាវុសោ តាមដែលពិតនោះ គឺចេតោវិមុត្តិ ដែលប្រកបដោយមុទិតាហ្នឹងឯង ជា​ធម៌​រលាស់ចោលនូវអរតិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល​យ៉ាង​នេះ​ថា ចេតោវិមុត្តិ ប្រកបដោយឧបេក្ខា ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើ​ឲ្យដូច​ជា​យាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែបើ​ទុក​ជា​ធ្វើ​ដូច្នោះក៏ដោយ រាគៈក៏គង់តែគ្របសង្កត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង គួរ​និយាយ​ឃាត់​ភិក្ខុ​នោះថា លោកកុំនិយាយយ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំ​និយាយ​បង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិន​ល្អ​ទេ តាមដែលពិតនោះ ព្រះដ៏មានព្រះភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរ​នេះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកប​ដោយ​ឧបេក្ខា ដែលគេបានអប់រំបន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បាន​ដំកល់​ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ បើទុកជាធ្វើដូច្នោះក៏ដោយ រាគៈ​ក៏គង់តែគ្របសង្កត់ចិត្តរបស់គេបាន ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាល​អាវុសោ តាមដែលពិតនោះ គឺចេតោវិមុត្តិ ដែលប្រកបដោយឧបេក្ខាហ្នឹងឯង ជាធម៌​សម្រាប់​រលាស់ចោលនូវរាគៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុក្នុងសាសនានេះ ពោល​យ៉ាងនេះថា ចេតោវិមុត្តិ ប្រកបដោយអនិមិត្ត ខ្ញុំបានអប់រំបន្ទុំឲ្យច្រើនហើយ បាន​ធ្វើ​ឲ្យ​ដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ តែ​បើទុកជាធ្វើដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណ គឺវិញ្ញាណដែលរលឹកឃើញ នូវ​និមិត្ត​របស់ខ្ញុំ នៅតែមាន។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះថា លោក​កុំនិយាយ​យ៉ាង​នេះ​ឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ កុំនិយាយបង្កាច់ព្រះដ៏មានព្រះភាគ ព្រោះការនិយាយបង្កាច់ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែលពិតនោះ ព្រះដ៏មាន​ព្រះ​ភាគ មិនបានត្រាស់យ៉ាងនេះទេ ម្នាលអាវុសោ ដំណើរនេះ មិនមែនជាហេតុ មិនមែន​ជាបច្ច័យ ត្រង់ពាក្យដែលថា ចេតោវិមុត្តិ ប្រកបដោយអនិមិត្ត ដែលគេ​បាន​អប់រំ​បន្ទុំឲ្យច្រើនហើយ បានធ្វើឲ្យដូចជាយាន បានដំកល់ស៊ប់ បានប្រព្រឹត្តរឿយៗ បានសន្សំ បានប្រារព្ធល្អហើយ បើទុកជាដូច្នោះក៏ដោយ និមិត្តានុសារិវិញ្ញាណ​របស់​គេ គង់​តែនៅ​មាន​ដូច្នេះ ហេតុនុ៎ះ មិនដែលមានឡើយ ម្នាលអាវុសោ តាមដែលពិតនោះ ចេតោវិមុត្តិ ដែលប្រកបដោយអនិមិត្តហ្នឹងឯង ជាធម៌សម្រាប់រលាស់ចោល នូវនិមិត្តទាំងអស់។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញទៀត ភិក្ខុក្នុងសាសនានេះ ពោលយ៉ាងនេះថា អស្មិមានះ​របស់​ខ្ញុំនេះ ទៅប្រាសអស់ហើយ ខ្ញុំពិចារណាមិនឃើញថា អាត្មាអញ មាន​អស្មិមានះ​ដូច្នេះ​ឡើយ តែបើទុកជាដូច្នោះក៏ដោយ សរ គឺសេចក្តីសង្ស័យ និងសេចក្តីងឿងឆ្ងល់ ក៏គង់​តែ​គ្របសង្កត់ចិត្តរបស់ខ្ញុំបាន។ អ្នកផង គប្បីនិយាយឃាត់ភិក្ខុនោះ យ៉ាងនេះថា លោកកុំ​និយាយ​យ៉ាងនេះឡើយ លោកដ៏មានអាយុ កុំនិយាយយ៉ាងនេះ លោក​កុំនិយាយ​បង្កាច់​ព្រះដ៏មានព្រះភាគ ព្រោះ​ការនិយាយ​បង្កាច់​ព្រះដ៏មានព្រះភាគ មិនល្អទេ តាមដែល​​ពិត​នោះ ព្រះដ៏មាន​ព្រះភាគ មិនបាន​ត្រាស់យ៉ាង​នេះទេ ម្នាលអាវុសោ ដំណើរនុ៎ះ មិន​មែន​​ជាហេតុ មិនមែន​ជាបច្ច័យ ត្រង់​ពាក្យដែល​ថា អស្មិមានះ​របស់​​គេនេះ ​ទៅ​ប្រាស​​អស់​ហើយ គេពិចារណា​មិនឃើញថា អាត្មាអញ មានអស្មិមានះ​ដូច្នេះឡើយ តែ​បើ​ទុក​ជា​ដូច្នោះ សរ គឺសេចក្តី​សង្ស័យ និងសេចក្តី​ងឿងឆ្ងល់ ក៏គង់តែ​​គ្រប​សង្កត់​​ចិត្ត​របស់​គេ​​បាន ដូច្នេះ ហេតុនុ៎ះ មិនដែល​មានឡើយ ម្នាលអាវុសោ តាមដែល​ពិតនោះ ការដក​ឡើង​​នូវអស្មិមានះ​បានហ្នឹងឯង ជាធម៌​សម្រាប់​រលាស់​ចេញនូវសរ គឺសេចក្តីសង្ស័យ និង​សេចក្តី​ងឿងឆ្ងល់។ ម្នាលភិក្ខុទាំងឡាយ និស្សារណីយធាតុ មាន៦យ៉ាងនេះឯង។

ភទ្ទកសូត្រ ទី៤

[១៤] ព្រះសារីបុត្រដ៏មានអាយុ ហៅពួកភិក្ខុក្នុងទីនោះថា ម្នាលអាវុសោភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ថេរវាចាព្រះសារីបុត្ត​ដ៏មានអាយុថា ករុណា អាវុសោ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ គេ​កាល​សម្រេច​នូវការនៅយ៉ាងណា ៗ មរណៈមិនល្អ [បុគ្គលដែលស្លាប់ទាំង​សេចក្តី​តក់​ស្លុតភិតភ័យ ឈ្មោះថា មរណៈមិនល្អ។] កាលកិរិយាក៏មិនល្អ [បុគ្គលដែលស្លាប់ហើយ ទៅ​កើតក្នុងអបាយ ឈ្មោះថា កាលកិរិយាមិនល្អ។ អដ្ឋកថា។] ភិក្ខុរមែងសម្រេចការនៅ​យ៉ាង​នោះៗ។ ម្នាលអាវុសោទាំងឡាយ គេកាលសម្រេចការនៅយ៉ាងណា ៗ មរណៈ​មិន​ល្អ កាលកិរិយាក៏មិនល្អ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ តើដោយប្រការដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីរីករាយ ក្នុងការងារ [ការងារ មានធ្វើវិហារជាដើម។] ត្រេកអរ ក្នុងការងារ ប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុង​ការងារ ជាអ្នកមានសេចក្តីរីករាយ ក្នុងការចរចា ត្រេកអរក្នុងការចរចា ប្រកបរឿយៗ នូវ​សេចក្តីរីករាយ ក្នុងការចរចា រមែងជាអ្នកមានសេចក្តីរីករាយនឹងការដេកលក់ ត្រេកអរ ក្នុងការដេកលក់ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងការដេកលក់ ជា​អ្នក​មាន​សេចក្តីរីករាយ ក្នុងពួកគណៈ ត្រេកអរ ក្នុងពួកគណៈ ប្រកបរឿយៗ នូវ​សេចក្តី​រីករាយ​នឹង​ពួកគណៈ ជាអ្នកមានសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ត្រេកអរ ក្នុង​ការ​ច្រឡូក​ច្រឡំ ប្រកបរឿយៗ នូវសេចក្តីរីករាយនឹងការច្រឡូកច្រឡំ ជាអ្នកមានសេចក្តីរីករាយ ក្នុងបបញ្ចធម៌ គឺតណ្ហា ទិដ្ឋិ មានះ ត្រេកអរ ក្នុងបបញ្ចធម៌ ប្រកបរឿយៗ នូវ​សេចក្តី​រីករាយ​នឹង​បបញ្ចធម៌។ ម្នាលអាវុសោទាំងឡាយ គេ​កាលសម្រេច​ការនៅ​យ៉ាងណាៗ មរណៈមិនល្អ កាលកិរិយា ក៏មិនល្អ ភិក្ខុរមែង​សម្រេច​ការនៅ​យ៉ាងនោះៗ យ៉ាង​នេះ​ឯង។ ម្នាលអាវុសោ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ​ចំពោះ​សក្កាយ គឺវដ្តៈ​ក្នុង​ត្រៃ​ភូមិ មិនលះបង់​សក្កាយ ដើម្បីធ្វើនូវ​ទីបំផុតនៃទុក្ខ ដោយ​ប្រពៃឡើយ។ ម្នាល​អាវុសោ​​ទាំងឡាយ គេកាល​សម្រេច​ការនៅ​យ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុ​រមែង​សម្រេចការ​នៅយ៉ាងនោះៗ។ ម្នាលអាវុសោ គេកាល​សម្រេចការ​នៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុ រមែងសម្រេច​ការនៅយ៉ាងនោះៗ តើដោយ​​ប្រការ​ដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិន​មានសេចក្តី​រីករាយ ក្នុងការងារ មិនត្រេកអរ​ក្នុងការងារ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការងារ ជា​អ្នក​មិន​មាន​សេចក្តីរីករាយ ក្នុង​ការចរចា មិនត្រេកអរ ក្នុងការចរចា មិនប្រកបរឿយៗ នូវ​សេចក្តីរីករាយ ក្នុងការចរចា ជាអ្នកមិន​មានសេចក្តី​រីករាយ ក្នុងការដេកលក់ មិន​ត្រេកអរ​​ក្នុងការដេកលក់ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការដេកលក់ ជា​អ្នក​មិនរីករាយ ក្នុងពួកគណៈ មិនត្រេកអរ ក្នុងពួកគណៈ មិន​ប្រកបរឿយៗ នូវសេចក្តី​រីករាយ ក្នុងពួកគណៈ ជាអ្នកមិនរីករាយ ក្នុងការ​ច្រឡូកច្រឡំ មិនត្រេកអរ ក្នុងការ​ច្រឡូក​ច្រឡំ មិនប្រកបរឿយៗ នូវសេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ ជាអ្នក​មិន​មាន​សេចក្តី​រីករាយ ក្នុងបបញ្ចធម៌ មិនត្រេកអរ ក្នុងបបញ្ចធម៌ មិនប្រកបរឿយៗ នូវ​សេចក្តី​រីក​រាយ ក្នុងបបញ្ចធម៌។ ម្នាលអាវុសោ​ទាំងឡាយ គេកាល​សម្រេចការ​នៅយ៉ាងណាៗ មរណៈល្អ កាលកិរិយាក៏ល្អ ភិក្ខុរមែង​សម្រេចការ​នៅយ៉ាងនោះៗ យ៉ាងនេះឯង។ ម្នាល​អាវុសោ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះព្រះនិព្វាន លះបង់​ហើយ​​នូវ​សក្កាយ ដើម្បីធ្វើនូវទី​បំផុតនៃ​ទុក្ខដោយប្រពៃ។

បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុង​បបញ្ចធម៌ ដូចជាម្រឹគ បុគ្គល​នោះ ឈ្មោះថា រៀរនូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរ។ លុះ​តែ​បុគ្គលណា លះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែលមិនមាន​បបញ្ចធម៌ បុគ្គលនោះ ឈ្មោះថា ញ៉ាំងព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដ៏ប្រសើរ ​ឲ្យសម្រេចបាន។

អនុតប្បិយសូត្រ ទី៥

[១៥] ព្រះសារីបុត្រដ៏មានអាយុ មានថេរវាចានឹងពួកភិក្ខុក្នុងទីនោះថា ម្នាល​អាវុសោ​ទាំងឡាយ គេកាល​សម្រេចការ​នៅយ៉ាង​ណាៗ កាលកិរិយា ក៏រមែង​ក្តៅ​​ក្រហាយ​​រឿយៗ ភិក្ខុរមែង​សម្រេចការ​នៅ​យ៉ាងនោះៗ ម្នាលអាវុសោ​ទាំងឡាយ ចុះ​គេ​សម្រេច​ការនៅ​យ៉ាងណាៗ កាលកិរិយា ក៏រមែង​ក្តៅក្រហាយ​រឿយៗ ភិក្ខុ​រមែង​​សម្រេច​​ការនៅ​​យ៉ាងនោះៗ តើដូចម្តេច។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនានេះ ជា​អ្នក​មាន​សេចក្តីរីករាយ ក្នុងការងារ ត្រេកអរក្នុងការងារ ប្រកបរឿយៗ នូវសេចក្តី​ត្រេកអរ ក្នុងការងារ ជាអ្នកមានសេចក្តីរីករាយ ក្នុងការចរចា… ជាអ្នកមាន​សេចក្តីរីករាយ ក្នុងការ​​ដេក​លក់… ជាអ្នកមាន​សេចក្តីរីករាយ ក្នុងពួកគណៈ… ជាអ្នកមាន​សេចក្តីរីករាយ​ ក្នុង​ការ​​ច្រឡូកច្រឡំ… ជាអ្នកមាន​សេចក្តីរីករាយ ក្នុងបបញ្ចធម៌ ត្រេកអរ​ក្នុងបបញ្ចធម៌ ប្រកប​រឿយៗ នូវ​សេចក្តី​ត្រេកអរ ក្នុងបបញ្ចធម៌។ ម្នាលអាវុសោ​ទាំងឡាយ គេកាល​​សម្រេច​ការ​​នៅយ៉ាងណាៗ កាលកិរិយា ក៏ក្តៅក្រហាយរឿយៗ ភិក្ខុសម្រេច​ការនៅ​យ៉ាង​នោះៗ យ៉ាងនេះឯង។ ម្នាលអាវុសោ​ទាំងឡាយ នេះហៅថា ភិក្ខុអ្នក​ត្រេកអរ ចំពោះ​សក្កាយ មិនលះបង់សក្កាយ ដើម្បីធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃឡើយ។ ម្នាល​អាវុសោ​ទាំងឡាយ គេកាល​សម្រេចការ​នៅយ៉ាងណាៗ កាលកិរិយា ក៏មិនក្តៅ​ក្រហាយ​រឿយៗ ភិក្ខុរមែងសម្រេច​ការនៅ​យ៉ាងនោះៗ។ ម្នាលអាវុសោ​ទាំងឡាយ ចុះគេ​កាល​​សម្រេច​ការ​នៅយ៉ាងណាៗ កាលកិរិយា ក៏មិនក្តៅក្រហាយ​រឿយៗ ភិក្ខុរមែង​​សម្រេច​ការ​នៅ​យ៉ាងនោះៗ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មិន​មានសេចក្តីរីករាយ ក្នុងការងារ មិនត្រេកអរក្នុងការងារ មិនប្រកបរឿយៗ នូវ​សេចក្តី​រីករាយ ក្នុងការងារ ជាអ្នកមិនមាន​សេចក្តីរីករាយ ក្នុងការចរចា។បេ។ ជា​អ្នក​មិន​មាន​​សេចក្តីរីករាយ ក្នុងការដេកលក់ ជាអ្នកមិនមាន​សេចក្តីរីករាយ ក្នុងពួកគណៈ ជា​អ្នក​មិន​មាន​សេចក្តីរីករាយ ក្នុងការច្រឡូកច្រឡំ។បេ។ ជាអ្នកមិន​មាន​សេចក្តី​រីករាយ ក្នុង​បបញ្ចធម៌ មិនត្រេកអរក្នុងបបញ្ចធម៌ មិនប្រកបរឿយៗ នូវសេចក្តី​ត្រេកអរ ក្នុង​បបញ្ចធម៌។ ម្នាលអាវុសោទាំងឡាយ គេកាល​សម្រេចការនៅ​យ៉ាងណាៗ កាលកិរិយា ក៏​មិនក្តៅក្រហាយរឿយៗ ភិក្ខុរមែងសម្រេចការនៅយ៉ាងនោះៗ យ៉ាងនេះឯង។ ម្នាល​អាវុសោ​​ទាំង​ឡាយ នេះហៅថា ភិក្ខុអ្នកត្រេកអរ ចំពោះព្រះនិព្វាន លះបង់នូវសក្កាយ ដើម្បី​ធ្វើនូវទីបំផុតនៃទុក្ខដោយប្រពៃបាន។

បុគ្គលណា ប្រកបរឿយៗ នូវបបញ្ចធម៌ ត្រេកអរក្នុងបបញ្ចធម៌ ប្រាកដ​ដូច​ជា​ម្រឹគ បុគ្គលនោះ ឈ្មោះថា វៀរនូវព្រះនិព្វាន ជាទីក្សេម​ចាក​យោគៈ​ដ៏​ប្រសើរ។ លុះតែបុគ្គលណា លះបង់នូវបបញ្ចធម៌ ត្រេកអរក្នុងព្រះនិព្វាន ដែល​មិនមានបបញ្ចធម៌ បុគ្គលនោះ ទើបឈ្មោះថា ញ៉ាំង​ព្រះនិព្វាន ជា​ទីក្សេម​ចាកយោគៈដ៏ប្រសើរ ឲ្យសម្រចបាន។

នកុលបិតុសូត្រ ទី៦

[១៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទី​ឲ្យនូវ​អភ័យ​ដល់ម្រឹគ ជិតក្រុងឈ្មោះ សុំសុមារគីរៈ ក្នុងភគ្គជនបទ។ សម័យនោះឯង នកុលបិតា​គហបតី មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់។ គ្រានោះ នកុលមាតាគហបតានី បាន​និយាយនឹងនកុលបិតាគហបតី ដូច្នេះថា បពិត្រគហបតី អ្នកកុំធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែល​ប្រកប​ដោយ​សេចក្តីអាល័យ រមែងនាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែល​ប្រកប​ដោយ​សេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង បពិត្រគហបតី អ្នក​ប្រហែល​ជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី នឹង​មិនអាចដើម្បីចិញ្ចឹម នូវទារកទាំងឡាយ ទាំងគ្រប់គ្រង នូវឃរាវាសបានឡើយ បពិត្រ​គហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញយ៉ាងនុ៎ះឡើយ បពិត្រគហបតី ខ្ញុំជាស្រ្តី​ប្រសប់​រវៃកប្បាស ឆ្លៀវឆ្លាស បួងភ្នួងសក់ បពិត្រគហបតី អំណឹះអំពីអ្នកទៅ ខ្ញុំអាច​ដើម្បី​ចិញ្ចឹម នូវទារកទាំងឡាយ ទាំងគ្រប់គ្រងនូវឃរាវាសបាន បពិត្រគហបតី ព្រោះ​ហេតុ​ដូច្នោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី កាលកិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាល​កិរិយា​របស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀល​ផង។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា អំណឹះ​អំពីអញ​ទៅ នកុលមាតាគហបតានី ថប់តែយកប្តីទៀត បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិន​ត្រូវ​យល់ឃើញយ៉ាងនុ៎ះឡើយ បពិត្រគហបតី អ្នកក្តី ខ្ញុំក្តី ក៏ដឹងថា ព្រហ្មចរិយធម៌​របស់​គ្រហស្ថ យើងធ្លាប់សន្សំមក អស់១៦ឆ្នាំហើយ បពិត្រគហបតី ព្រោះហេតុនោះ អ្នក​កុំធ្វើ​មរណកាល​ទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល​ ដែលប្រកបដោយសេចក្តីអាល័យ រមែងនាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែល​ប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី អ្នក​ប្រហែលជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា​ អំណឹះអំពីអញទៅ នកុលមាតា​គហបតានី ថប់តែមិនចង់ឃើញ​ព្រះដ៏មានព្រះភាគ មិនចង់ឃើញព្រះភិក្ខុសង្ឃ បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវយល់ឃើញ យ៉ាងនុ៎ះឡើយ បពិត្រគហបតី ជឿ​ចុះ​ អំណឹះអំពីអ្នកទៅ ខ្ញុំនឹងរឹងរឹត​តែ​ចង់ឃើញព្រះដ៏មានព្រះភាគផង នឹង​រឹងរឹត​តែចង់​ឃើញ​ព្រះភិក្ខុសង្ឃផង បពិត្រគហបតី ព្រោះហេតុនោះ  អ្នកកុំធ្វើ​មរណកាល​ទាំង​សេចក្តី​អាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែល​ប្រកប​ដោយ​សេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកប​ដោយ​សេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី អ្នកប្រហែល​ជា​មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា អំណឹះអំពីអញទៅ នកុលមាតាគហបតានី ថប់​តែ​លែង​បំពេញ​សីលទាំងឡាយ បពិត្រគហបតី ដំណើរនុ៎ះ អ្នកមិនត្រូវ​យល់​ឃើញ​យ៉ាងនុ៎ះ​ឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិការបស់ព្រះដ៏មានព្រះភាគអង្គនោះទាំង​ប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស បំពេញសីលទាំងឡាយ បណ្តាពួកសាវិកា​ទាំង​នោះ ខ្ញុំជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មានសេចក្តីសង្ស័យក្តី មាន​សេចក្តី​ងឿង​ឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ ទ្រង់​គង់​នៅ​ភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងសុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គល​នោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគនោះ ហើយសួរល្បងចុះ បពិត្រគហបតី ព្រោះ​ហេតុ​នោះ អ្នកកុំធ្វើមរណកាលទាំងសេចក្តីអាល័យឡើយ បពិត្រគហបតី (ព្រោះ) កាល​កិរិយារបស់បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ នាំមកនូវទុក្ខផង កាលកិរិយា​របស់​បុគ្គល ដែលប្រកបដោយសេចក្តីអាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី អ្នកប្រហែលជាមានសេចក្តីត្រិះរិះ យ៉ាងនេះថា នកុលមាតាគហបតានី ជាស្រ្តីមិនបាននូវចេតោសមថៈ ក្នុងសន្តាន បពិត្រគហបតី ដំណើរនុ៎ះ អ្នក​មិន​ត្រូវ​យល់​ឃើញ​យ៉ាងនុ៎ះឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិការបស់ព្រះដ៏មានព្រះ​ភាគ​ទាំងប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស បាននូវចេតោសមថៈ ក្នុងសន្តាន បណ្តា​ពួកសាវិកាទាំងនុ៎ះ ខ្ញុំក៏ជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មាន​សេចក្តី​សង្ស័យ​ក្តី មានសេចក្តីងឿងឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្ត​សម្មាសម្ពុទ្ធ​ព្រះអង្គ​នោះ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិត​ក្រុង​សុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គលនោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគនោះ ហើយ​សួរល្បងចុះ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាល​ទាំង​សេចក្តី​អាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយ​សេចក្តី​អាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែល​ប្រកប​ដោយ​សេចក្តី​អាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ បពិត្រគហបតី ប្រហែល​ជាអ្នកមាន​សេចក្តី​ត្រិះរិះ យ៉ាងនេះថា នកុលមាតាគហបតានី មិនទាន់ដល់នូវការចុះចិត្តស៊ប់ មិន​ទាន់​ដល់នូវទីពឹង មិនទាន់ដល់នូវការកក់ក្តៅ មិនទាន់ឆ្លងផុតសេចក្តីសង្ស័យ មិន​ទាន់​ប្រាសចាក​សេចក្តីងឿងឆ្ងល់ មិនទាន់ដល់នូវសេចក្តីក្លៀវក្លា ក្នុងធម្មវិន័យនេះ មិន​ទាន់​លែង​ជឿតាមបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បពិត្រគហបតី ដំណើរនុ៎ះ អ្នក​មិន​ត្រូវ​យល់ឃើញយ៉ាងនុ៎ះឡើយ បពិត្រគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់​ព្រះដ៏មានព្រះភាគ​ទាំងប៉ុន្មាននាក់ ជាស្រ្តីស្លៀកដណ្តប់សំពត់ស ដល់នូវការចុះចិត្តស៊ប់ ដល់នូវទីពឹង ដល់នូវការកក់ក្តៅ មានសេចក្តីសង្ស័យឆ្លងផុតហើយ ប្រាសចាក​សេចក្តី​ងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវក្លា ក្នុងធម្មវិន័យនេះ មិនជឿតាមបុគ្គលដទៃ ក្នុងសាសនា​នៃ​ព្រះសាស្តា បណ្តាសាវិកាទាំងនុ៎ះ ខ្ញុំជាសាវិកាមួយដែរ (រឿងនេះ) បើបុគ្គលណា មាន​សេចក្តី​សង្ស័យក្តី មានសេចក្តីងឿងឆ្ងល់ក្តី ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មា​សម្ពុទ្ធ ព្រះអង្គនោះ ទ្រង់គង់នៅក្នុងភេសកឡាវន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុង​សុំសុមារគីរៈ ក្នុងភគ្គជនបទ បុគ្គលនោះ ចូរចូលទៅគាល់ព្រះដ៏មានព្រះភាគ អង្គនោះ ហើយ​សួរល្បងចុះ។ បពិត្រគហបតី ព្រោះហេតុនោះ អ្នកកុំធ្វើមរណកាល​ទាំង​សេចក្តី​អាល័យឡើយ បពិត្រគហបតី (ព្រោះ) កាលកិរិយារបស់បុគ្គល ដែលប្រកបដោយ​សេចក្តី​អាល័យ នាំមកនូវទុក្ខផង កាលកិរិយារបស់បុគ្គល ដែលប្រកប​ដោយ​សេចក្តី​អាល័យ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀលផង។ លំដាប់នោះ នកុលបិតាគហបតី ដែល​នកុលមាតាគហបតានីទូន្មានដោយឱវាទនេះ អាពាធនោះ ក៏ស្ងប់រម្ងាប់ ដោយឋានៈ ទាំង​នកុលបិតាគហបតី ក៏សះស្បើយ ចាកអាពាធនោះ។ អាពាធនោះ ជា​ស្រឡះ​អំពី​នកុលបិតាគហបតីហើយ។ លុះនកុលបិតាគហបតី ស្បើយចាកជម្ងឺ ក្រោកចាកជម្ងឺ មិន​យូរ​ប៉ុន្មាន ក៏ច្រត់នូវឈើច្រត់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះនកុលបិតាគហបតី អង្គុយ​ក្នុងទីដ៏សមគួរហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី អ្នកពេញជាមានលាភហើយ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នក​ពេញ​ជា​បាន​ល្អ​ហើយ ត្រង់ដែលអ្នកបាននកុលមាតាគហបតានី មកជាអ្នកអនុគ្រោះ ប្រាថ្នា​នូវ​ប្រយោជន៍ ជាអ្នកទូន្មានប្រៀនប្រដៅ ម្នាលគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់​តថាគតទាំងប៉ុន្មាននាក់ ជាអ្នកស្លៀកដណ្តប់សំពត់ស បំពេញសីលទាំងឡាយ បណ្តា​ពួកសាវិកាទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកាមួយដែរ ម្នាលគហបតី ពួកស្រ្តី​គ្រហស្ថ ជាសាវិកា របស់តថាគតទាំងប៉ុន្មាននាក់ ជាអ្នកស្លៀកដណ្តប់សំពត់ស បាននូវ​ចេតោសមថៈ ក្នុងសន្តាន បណ្តាពួកសាវិកាទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកា​មួយ​ដែរ ម្នាលគហបតី ពួកស្រ្តីគ្រហស្ថ ជាសាវិកា របស់តថាគតទាំងប៉ុន្មាននាក់ ជាអ្នក​ស្លៀកដណ្តប់សំពត់ស ដល់នូវការចុះចិត្តស៊ប់ ដល់នូវទីពឹងមាំ ដល់នូវការកក់ក្តៅ មាន​សេចក្តីសង្ស័យឆ្លងផុតហើយ ប្រាសចាកសេចក្តីងឿងឆ្ងល់ ដល់នូវសេចក្តីក្លៀវ​ក្លា ក្នុង​ធម្មវិន័យនេះ មិនជឿតាមបុគ្គលដទៃ ក្នុងសាសនានៃព្រះសាស្តា បណ្តា​ពួកសាវិកា​ទាំងនុ៎ះ នកុលមាតាគហបតានី ជាសាវិកាមួយដែរ ម្នាលគហបតី អ្នកពេញជា​មាន​លាភ​ហើយ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នកពេញជាបានល្អហើយ ត្រង់ដែលអ្នកបាន​នកុលមាតាគហបតានី មកជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ទូន្មានប្រៀនប្រដៅ។

សោប្បសូត្រ ទី៧

[១៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ទ្រង់គង់​លើ​អាសនៈ ដែលគេក្រាលថ្វាយ។ ចំណែកព្រះសារីបុត្រដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ ក្នុង​សាយណ្ហសម័យ ហើយចូលទៅឯឧបដ្ឋានសាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំ ព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ទាំងព្រះមោគ្គល្លាន​ដ៏មានអាយុ ព្រះមហាកស្សបដ៏មានអាយុ ព្រះមហាកច្ចានៈដ៏មានអាយុ ព្រះមហាកោដ្ឋិកៈ​ដ៏​មាន​អាយុ ព្រះមហាចុន្ទដ៏មានអាយុ ព្រះមហាកប្បិន​ដ៏មានអាយុ ព្រះអនុរុទ្ធ​ដ៏មានអាយុ ព្រះរេវតៈដ៏មានអាយុ ព្រះអានន្ទ ដ៏មានអាយុ ក៏ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយ​ចូលទៅ​ឯឧបដ្ឋាន​សាលាដែរ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មាន​​ព្រះ​ភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់គង់កន្លងវេលា រហូត​យប់ជ្រៅ ហើយក៏ទ្រង់ក្រោកចាកអាសនា ស្តេចទៅកាន់វិហារ។ ពួក​ព្រះថេរៈ​ដ៏​មាន​អាយុទាំងនោះ កាលដែលព្រះដ៏មានព្រះភាគ ស្តេចចេញទៅមិនយូរប៉ុន្មាន ក៏​ក្រោក​ចាកអាសនៈ ទៅកាន់លំនៅនៃខ្លួនៗ។ ចំណែកពួកភិក្ខុណា ដែលនៅក្នុងឧបដ្ឋាន​សាលា​នោះ ជាភិក្ខុថ្មី បួសមិនទាន់អស់កាលយូរប៉ុន្មាន ទើបនឹងមកកាន់​ធម្មវិន័យនេះ ពួក​ភិក្ខុទាំងនុ៎ះ ក៏សិងស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង។ ព្រះដ៏មាន​ព្រះភាគ​បានឃើញ ពួកភិក្ខុទាំងនុ៎ះ កំពុងសិងស្រមុកលន់លក់ ដរាប​ដល់​ព្រះអាទិត្យ​រះ​ឡើង ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សសាមញ្ញ លុះឃើញហើយ ក៏យាង​ចូលទៅ​ឯឧបដ្ឋានសាលា លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែល​គេ​ក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ស៊ប់ហើយ ក៏ត្រាស់សួរពួកភិក្ខុថា ម្នាល​ភិក្ខុ​ទាំងឡាយ សារីបុត្រទៅក្នុងទីណា មោគ្គល្លាន ទៅក្នុងទីណា មហាកស្សប​ទៅ​ក្នុង​ទីណា មហាកច្ចានៈទៅក្នុងទីណា មហាកោដ្ឋិកៈទៅក្នុងទីណា មហាចុន្ទ​ទៅក្នុង​ទីណា មហាកប្បិន​ទៅក្នុងទីណា អនុរុទ្ធទៅក្នុងទីណា រេវតៈទៅក្នុងទីណា អានន្ទ​ទៅ​ក្នុង​ទីណា ម្នាលភិក្ខុទាំងឡាយ ពួកសាវកជាថេរៈទាំងនោះ ទៅក្នុងទីណាបាត់អស់អេះ។ ពួក​ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន កាលព្រះអង្គស្តេច​ចេញ​ទៅ​មិន​យូរ​ប៉ុន្មាន ពួកលោកទាំងនោះ ក៏ក្រោកចាកអាសនៈ ហើយទៅកាន់លំនៅនៃខ្លួនៗ។ ម្នាល​ភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ ជាថេរៈ ឬជាភិក្ខុថ្មី សុទ្ធតែដេកស្រមុកលន់លក់ ដរាបដល់ព្រះអាទិត្យរះឡើង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា ព្រះរាជា ជាក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេក​ហើយ ទ្រង់សព្វព្រះរាជហឫទ័យ តែខាងសុខអំពីការផ្ទំ សុខអំពីការផ្អែក សុខអំពីផ្ទំលក់​ទាល់តែស្កប់ស្កល់ សោយរាជ្យដរាបដល់អស់ព្រះជន្ម ហើយ​បាន​ជា​ទី​ស្រឡាញ់​ពេញចិត្ត នៃអ្នកជនបទដូច្នេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិន​ដូច្នោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ សូម្បីតថាគត ក៏​មិន​ដែលឃើញ មិនដែលឮថា ព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ ទ្រង់​សព្វ​ព្រះរាជហឫទ័យតែខាងសុខអំពីទីការផ្ទំ សុខអំពីការផ្អែក សុខអំពីផ្ទំលក់​ទាល់​តែ​ស្កប់​ស្កល់ សោយរាជ្យ ដរាបដល់អស់ព្រះជន្ម ហើយបានជាទីស្រឡាញ់ពេញចិត្ត នៃ​អ្នក​ជនបទដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូច​ម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកធំ ក្នុងដែន​អ្នក​ប្រើប្រាស់ទ្រព្យ​ជា​ដំណែល​បិតា ជាសេនាបតី ជាចៅហ្វាយស្រុក អ្នកជាធំលើប្រជាជន ចូលចិត្តតែខាង​សុខ​អំពីការដេក សុខអំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ គ្រាន់​តែ​ទទួល​ដំណែង ជាចៅហ្វាយស្រុក នៃប្រជាជន ដរាបដល់អស់ជីវិត ហើយ​បាន​ជា​ទី​ស្រឡាញ់​ពេញចិត្ត នៃប្រជាជនដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិន​ដែល​ឃើញ មិនដែលឮថា អ្នកជាធំលើប្រជាជន ចូលចិត្តតែខាងសុខអំពីការដេក សុខ​អំពី​ការ​ផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ ទទួលដំណែងជាចៅហ្វាយស្រុក នៃ​ប្រជាជន ដរាបដល់អស់ជីវិត ហើយបានជាទីស្រឡាញ់ ជាទីពេញចិត្ត នៃប្រជាជន​ដូច្នេះ​ដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុនោះ ថាដូចម្តេច អ្នក​ទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា សមណៈក្តី ព្រាហ្មណ៍ក្តី ខ្វល់ខ្វាយតែ​ខាង​សុខ​អំពី​ការ​ដេក សុខអំពីការផ្អែក សុខអំពីដេកលក់ទាល់តែស្កប់ស្កល់ ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុង​ឥន្រ្ទិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិនប្រកបនូវការភ្ញាក់រលឹក មិន​ពិចារណា​រកកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលជាខាងចុងរាត្រី មិន​ខ្វល់ខ្វាយ នូវការព្យាយាមចំរើនពោធិបក្ខិយធម៌ទាំងឡាយទេ ហើយអាច​ធ្វើឲ្យ​ជាក់​ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយ​ប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិន​ដូច្នោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិន​ដែល​ឃើញ មិនដែលឮថា សមណៈក្តី ព្រាហ្មណ៍ក្តី ខ្វល់ខ្វាយតែខាងសុខអំពីការដេក សុខ​អំពីការផ្អែក សុខអំពីការដេកលក់ទាល់តែស្កប់ស្កល់ ជាអ្នកមិនគ្រប់គ្រងទ្វារ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ មិនស្គាល់ប្រមាណក្នុងភោជន មិនប្រកបរឿយៗ នូវការភ្ញាក់រលឹក មិនពិចារណា​រកកុសលធម៌ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលខាង​​ចុងរាត្រី មិន​ខ្វល់ខ្វាយ នូវការព្យាយាមចំរើនពោធិបក្ខិយធម៌ទាំងឡាយទេ ហើយអាច​ធ្វើឲ្យ​ជាក់​ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈ ដោយ​ប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ដូច្នេះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នក​ទាំង​ឡាយ គប្បីសិក្សាយ៉ាងនេះថា យើងគួរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ស្គាល់ប្រមាណក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ជាអ្នក​ពិចារណា​នូវ​កុសលធម៌​ទាំងឡាយ ក្នុងកាលជាខាងដើមរាត្រី និងកាលខាងចុងរាត្រី គួរខ្វល់ខ្វាយ​នូវការព្យាយាម​ចំរើនពោធិបក្ខិយធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវ​សិក្សាយ៉ាងនេះឯង។

មច្ឆពន្ធសូត្រ ទី៨

[១៨] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ចារិក ក្នុងដែនកោសល មួយអន្លើដោយភិក្ខុសង្ឃច្រើនរូប។ កាលព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ផ្លូវឆ្ងាយ បានឃើញព្រានត្រី អ្នកចាប់ត្រី កំពុងកាប់ សម្លាប់ត្រីលក់ ក្នុងប្រទេសមួយ លុះទត​ឃើញ​ហើយ ស្តេចចេញអំពីផ្លូវ ទៅគង់លើអាសនៈ ដែលគេក្រាលទុក ទៀប​គល់​ឈើ​មួយ​ដើម។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ បានត្រាស់នឹងពួកភិក្ខុថា ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ឃើញព្រានត្រី អ្នកចាប់ត្រីឯណោះ កំពុងកាប់សំឡាប់​ត្រី​លក់ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់នូវហេតុ​នោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ​ ឬ​ធ្លាប់​ឮ​ថា បុគ្គលជាព្រានត្រី អ្នកចាប់ត្រី សំឡាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅ​ដោយ​សេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ ឬនៅគ្រប់​គ្រង ​នូវគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិត​បែបនោះ ដូច្នេះ​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុនុ៎ះ សូម្បី​តថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា បុគ្គល​ជា​ព្រាន​ត្រី អ្នកចាប់ត្រី សំឡាប់ត្រីលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយ​រថ ទៅដោយយាន ឬបានជាអ្នក​បរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រង នូវគំនរ​ភោគ​សម្បត្តិ​ដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរ។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះថា ព្រានត្រីនោះ តែងរំពៃរកត្រី ដែល​ខ្លួន​ត្រូវសំឡាប់ នាំមក​ដើម្បី​សំឡាប់នោះ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ ព្រាននោះ ទើប​ជាអ្នកមិនបាន​ទៅ​ដោយ​ដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបាន​ទៅ​ដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបាន​គ្រប់គ្រង ​នូវ​គំនរ​ភោគ​សម្បត្តិ​ដ៏ច្រើនឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នក​ទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នកពិឃាតគោ សំឡាប់គោលក់ បានជា​អ្នក​ទៅ​ដោយ​ដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬបានជាអ្នកបរិភោគ នូវ​ភោគ​សម្បត្តិ នៅគ្រប់​គ្រងគំនរភោគសម្បត្តិដ៏ច្រើន ព្រោះអំពើបែបនោះ ព្រោះការចិញ្ចឹមជីវិត បែប​នោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ហើយ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិនធ្លាប់ឃើញ មិនធ្លាប់ឮថា អ្នក​ពិឃាត​គោ សំឡាប់គោលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅ​ដោយ​យាន ឬបានជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិ​ដ៏​ច្រើន ​ដូច្នេះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អ្នក​ពិឃាត​គោនោះ រមែងរំពៃរកគោ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមកដើម្បីសំឡាប់​នោះ ដោយ​ចិត្ត​អាក្រក់ ព្រោះហេតុនោះ អ្នកពិឃាតគោនោះ ទើបមិនបានជាអ្នក​ទៅដោយ​ដំរី មិន​បាន​ទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបាន​ជាអ្នក​បរិភោគ នូវភោគសម្បត្តិ មិននៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ យល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ធ្លាប់ឃើញ ឬធ្លាប់ឮថា អ្នក​សំឡាប់កែះ។បេ។ អ្នកសំឡាប់ជ្រូក អ្នកសំឡាប់សត្វស្លាប អ្នកសំឡាប់​ម្រឹគ ដែល​សំឡាប់​ម្រឹគលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយរថ ទៅដោយយាន ឬជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ដោយ​អំពើ​បែប​នោះ ដោយការចិញ្ចឹមជីវិតបែបនោះ ដូច្នេះដែរឬ។ បពិត្រព្រះអង្គ​ដ៏ចំរើន មិនដូច្នោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ហេតុនុ៎ះ សូម្បីតថាគត ក៏មិន​ដែល​ឃើញ មិន​ដែល​ឮ​ថា អ្នកសំឡាប់ម្រឹគ ដែលសំឡាប់ម្រឹគលក់ បានជាអ្នកទៅដោយដំរី ទៅដោយសេះ ទៅដោយ​រថ ទៅដោយយាន ឬជាអ្នកបរិភោគ នូវភោគសម្បត្តិ នៅគ្រប់គ្រង​គំនរ​ភោគ​សម្បត្តិដ៏ច្រើន ដូច្នេះដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ព្រាន​ម្រឹគនោះ រមែងរំពៃរកម្រឹគ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមកដើម្បីសំឡាប់នោះ ដោយ​ចិត្តអាក្រក់ ព្រោះហេតុនោះ ព្រានម្រឹគនោះ មិនបានជាអ្នកទៅដោយដំរី មិនបាន​ទៅ​ដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នក​បរិភោគ នូវ​ភោគសម្បត្តិ មិនបាននៅ​គ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន។ ម្នាលភិក្ខុទាំងឡាយ ព្រោះព្រាននោះ រមែងរំពៃរកសត្វតិរច្ឆានទាំងនោះ ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមក ដើម្បីសំឡាប់ ដោយចិត្តអាក្រក់ ព្រោះហេតុនោះ បានជាព្រានម្រឹគនោះ មិនបាន​ជា​អ្នក​ទៅ​ដោយ​ដំរី មិនបានទៅដោយសេះ មិនបានទៅដោយរថ មិនបានទៅដោយយាន មិនបានជាអ្នកបរិភោគ នូវភោគសម្បត្តិ មិនបាន​នៅគ្រប់គ្រងគំនរភោគសម្បត្តិដ៏ច្រើន ចាំ​​បាច់និយាយថ្វី ដល់បុគ្គល ដែល​សំឡឹង​រកមនុស្ស ដែលខ្លួនត្រូវសំឡាប់ ដែលខ្លួននាំមក​ដើម្បី​សំឡាប់ ដោយចិត្តអាក្រក់ ម្នាលភិក្ខុទាំងឡាយ ដ្បិតការសំឡឹងបែបនោះ រមែង​ប្រព្រឹត្តទៅមិនជាប្រយោជន៍ ជាទុក្ខអស់កាលយូរអង្វែង ដល់បុគ្គលនោះ លុះបុគ្គល​នោះ បែកធ្លាយរាងកាយ​ស្លាប់​ទៅ តែងទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។

បឋមមរណស្សតិសូត្រ ទី៩

[១៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទឥដ្ឋ ទៀប​នាទិក​គ្រាម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅ​ក្នុង​​ទីនោះថា ម្នាលភិក្ខុ​ទាំង​ឡាយ។ ភិក្ខុទាំងនោះ ទទួលតបព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែល​បុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងជាគុណជាតិមានផលច្រើន មាន​អានិសង្ស​ច្រើន ជាគុណ​ជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ម្នាលភិក្ខុ​ទាំងឡាយ ចុះអ្នក​ទាំង​ឡាយ ចំរើននូវមរណស្សតិដែរឬ។ និមិត្តតែ​ព្រះដ៏មានព្រះភាគ ត្រាស់​សួរ​យ៉ាង​នេះ​ហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះករុណា ចំរើននូវមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញ​មុខ​ជានឹងរស់នៅ​តែត្រឹមមួយយប់​មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនា​របស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើនូវកិច្ច (ក្នុងសាសនា​របស់​ព្រះដ៏មាន​ព្រះភាគ) ឲ្យបានច្រើន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ ចំរើនមរណស្សតិ យ៉ាង​នេះ​ឯង។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញ មុខជានឹងរស់នៅតែត្រឹមមួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវ​សាសនា​របស់​ព្រះដ៏មានព្រះភាគ អញគប្បីធ្វើនូវកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ​ ចំរើនមរណស្សតិយ៉ាងនេះឯង។ ភិក្ខុ​មួយ​រូប​ទៀត ក្រាបបង្គំទូលព្រះដ៏​មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណ​ស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គ​ដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញ មុខជានឹងរស់​នៅ​តែក្នុងខណៈ ដែលអញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយក​ចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនា​របស់ព្រះដ៏មាន​ព្រះ​ភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ ភិក្ខុមួយរូបទៀត ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញមុខ​ជា​នឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយ ៤ពំនូត (ដូច្នេះ) អញ​គប្បីយក​ចិត្តទុកដាក់ នូវសាសនារបស់​ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនា​របស់​ព្រះដ៏មានព្រះ​ភាគ) ឲ្យបានច្រើន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ ភិក្ខុមួយរូបទៀត ក្រាបបង្គំ​ទូល​ព្រះដ៏មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិដែរ។ ម្នាលភិក្ខុ ចុះអ្នក​ចំរើន​មរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បាន​តាំង​ចិត្ត​ទុក យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញ​ទំពាលេប​ពំនូតបាយ​មួយពំនូត (ដូច្នេះ) អញគប្បីយកចិត្ត​ទុកដាក់ នូវ​សាសនា​របស់​ព្រះដ៏មាន​ព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុង​សាសនា​​​របស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ ភិក្ខុមួយរូបទៀត ក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើននូវ​មរណស្សតិ​ដែរ​។ ម្នាលភិក្ខុ ចុះអ្នកចំរើនមរណស្សតិបែបណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានតាំងចិត្តទុក យ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែ​ក្នុងខណៈ ដែលអញដកដង្ហើមចេញ ហើយដកដង្ហើមចូលវិញ ឬដកដង្ហើមចូល ហើយ​ដក​ដង្ហើមចេញវិញ (ដូច្នេះ) អញគប្បីយកចិត្ត​ទុកដាក់ នូវ​សាសនា​របស់​ព្រះដ៏មាន​ព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើន បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ចំរើនមរណស្សតិយ៉ាងនេះឯង។ កាលដែលភិក្ខុនោះ ក្រាប​បង្គំ​ទូល យ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងពួកភិក្ខុ ដូច្នេះថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែ​ត្រឹម​មួយ​យប់មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនា​របស់​ព្រះដ៏មានព្រះ​ភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏ព្រះមានព្រះភាគ) ឲ្យបានច្រើនក្តី មា្នល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅ​តែ​ត្រឹម​មួយថ្ងៃ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខ​ជានឹងរស់នៅ​តែ​ក្នុងខណៈ ដែល​អញបរិភោគបិណ្ឌបាតមួយ (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវ​សាសនារបស់ព្រះដ៏មាន​ព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនា​របស់ព្រះដ៏មាន​ព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ ដែលអញទំពាលេបនំពូតបាយបួន ឬ​ប្រាំពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុទាំងនេះ ហៅថាជាអ្នកប្រមាទ ចំរើនមរណស្សតិយ៉ាងទន់ខ្សោយ ដើម្បី​ឲ្យ​អស់អាសវៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជា​នឹង​រស់នៅតែក្នុងខណៈ ដែលអញទំពាលេបពំនូតបាយមួយពំនូត (ដូច្នេះ) អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យ​បានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចំរើនមរណស្សតិយ៉ាងនេះថា ឱហ្ន៎ អញមុខជានឹងរស់នៅតែក្នុងខណៈ​ដែល​អញ​ដក​ដង្ហើម​ចេញ ហើយដកដង្ហើមចូលវិញ ឬដកដង្ហើមចូល ហើយដក​ដង្ហើមចេញ​វិញ​ ដូច្នេះ អញគប្បីយកចិត្តទុកដាក់ នូវសាសនារបស់ព្រះដ៏មានព្រះភាគ អញគប្បីធ្វើកិច្ច (ក្នុងសាសនារបស់ព្រះដ៏មានព្រះភាគ) ឲ្យបានច្រើនក្តី ម្នាលភិក្ខុទាំងឡាយ ពួក​ភិក្ខុ​ទាំង​នេះ ទើបហៅថា ជាអ្នកមិនប្រមាទ ចំរើននូវមរណស្សតិយ៉ាងក្លៀវក្លា ដើម្បីឲ្យអស់​អាសវៈ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ គួរជាអ្នកមិនប្រមាទ គួរចំរើនមរណស្សតិយ៉ាងក្លៀវក្លា ដើម្បី​ឲ្យ​អស់​អាស​វៈ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។

ទុតិយមរណស្សតិសូត្រ ទី១០

[២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទឥដ្ឋ ទៀប​នាទិកគ្រាម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងពួកភិក្ខុ ដែលនៅក្នុងទីនោះថា ម្នាល​ភិក្ខុ​ទាំងឡាយ មរណស្សតិ ដែលភិក្ខុចំរើនហើយ ធ្វើឲ្យ​ច្រើនហើយ រមែងជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះ​និព្វាន​ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ចុះមរណស្សតិ ដែលភិក្ខុចំរើនហើយ ដោយ​ប្រការ​ដូចម្តេច ធ្វើឲ្យច្រើនហើយ ដោយប្រការដូចម្តេច ទើបជាគុណជាតិ មាន​ផល​ច្រើន មានអានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វាន​ជា​ទី​បំផុត។ ម្នាលភិក្ខុទាំងឡាយ កាលបើថ្ងៃអស្តង្គតហើយ រាត្រីក៏ដល់មក ភិក្ខុក្នុងសាសនា​នេះ ពិចារណាដូច្នេះថា បច្ច័យនៃសេចក្តីស្លាប់របស់អញ មានច្រើនណាស់ គឺពស់​នឹង​ចឹក​អញ ឬខ្ទួយនឹងទិចអញ ក្អែបនឹងខាំអញ អញគប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ អញនឹងភ្លាត់ដួល ឬបាយ​ដែលអញ​បរិភោគហើយ នឹងឲ្យទោស ប្រម៉ាត់របស់អញ នឹងកម្រើក ស្លេស្មរបស់អញនឹងកម្រើក ខ្យល់មានអាការដូចកាំបិតកោររបស់អញ នឹងកម្រើក អញគប្បីធ្វើមរណកាល ដោយ​ហេតុ​នោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គួរ​ពិចារណា​ដូច្នេះថា អកុសលធម៌ដ៏លាមកទាំង​ឡាយ ដែលអញមិនទាន់លះបង់ ជាធម៌​ដែល​នឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលារាត្រី តើមានឬទេ។ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹងយ៉ាងនេះថា អកុសលធម៌​ដ៏​លាមក​ទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាល​ធ្វើមរណភាព ក្នុងវេលារាត្រី ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បី​ធ្វើនូវ​សេចក្តី​ប៉ុនប៉ង​ផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការ​ប្រព្រឹត្តិ​មិន​ថយ​ក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់​នូវអកុសលធម៌​ដ៏លាមក​ទាំងនោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលត្រូវភ្លើងឆេះសំពត់ក្តី ឆេះ​ក្បាល​ក្តី ធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តី​ប្រឹង​ប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលត់​ភ្លើង (ដែលឆេះ) សំពត់ ឬក្បាលនោះចេញ សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តី​ខ្មីឃ្មាត​ផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យ​មាំ​មួន ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញ មាន​ឧបមេយ្យ​យ៉ាង​នោះ​ឯង។ ម្នាលភិក្ខុទាំង​ឡាយ តែបើភិក្ខុ កាលពិចារណាទៅ ដឹងយ៉ាងនេះវិញថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌ដែល​នឹង​នាំឲ្យ​អន្តរាយដល់អញ​ កាលធ្វើមរណភាព ក្នុងវេលារាត្រី មិនមានទេ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ក្នុងកុសលធម៌ទាំងឡាយ ទាំងវេលាថ្ងៃ និងវេលាយប់ ដោយ​បីតិ និង​បាមោជ្ជៈនោះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត កាលបើវេលាយប់​កន្លងផុតទៅ វេលាថ្ងៃ ក៏ដើរមកដល់ ភិក្ខុក្នុងសាសនានេះ រមែងពិចារណាដូច្នេះថា បច្ច័យនៃ​សេចក្តី​ស្លាប់​របស់អញ មានច្រើនណាស់ គឺពស់នឹងចឹកអញ ឬខ្ទួយនឹងទិចអញ ក្អែបនឹងខាំអញ អញ​គប្បីធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ អញ​នឹង​ភ្លាត់ដួល ឬបាយដែល​អញ​បរិភោគ​ហើយ នឹងឲ្យទោស ប្រម៉ាត់របស់អញនឹងកម្រើក ស្លេស្មរបស់អញនឹងកម្រើក ខ្យល់មានអាការដូចកាំបិតកោរ​របស់អញ នឹង​កម្រើក អញ​គប្បី​ធ្វើមរណកាល ដោយហេតុនោះ សេចក្តីអន្តរាយនោះ នឹងមានដល់អញ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុនោះ គប្បីពិចារណាដូច្នេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះ​បង់ ជាធម៌ដែលនឹងនាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ កាលពិចារណាទៅ ដឹង​យ៉ាង​នេះថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌​ដែល​នឹង​នាំឲ្យអន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ មាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តីព្យាយាមផង សេចក្តីខ្មីឃ្មាតផង សេចក្តី​ប្រឹង​ប្រែងផង ការប្រព្រឹត្តិមិនថយ​ក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បី​លះបង់​អកុសលធម៌ដ៏លាមកទាំងនោះចេញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលត្រូវ​ភ្លើង​ឆេះសំពត់ក្តី ឆេះក្បាលក្តី គប្បីធ្វើនូវសេចក្តីប៉ុងប៉ងផង សេចក្តីព្យាយាមផង សេចក្តី​ខ្មីឃ្មាត​ផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យ​មាំមួន ដើម្បីលត់ភ្លើងដែលឆេះសំពត់ ឬក្បាលនោះ​ចេញ សេចក្តីនេះ មាន​ឧបមា​យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ គប្បីធ្វើនូវសេចក្តីប៉ុនប៉ងផង សេចក្តី​ព្យាយាម​ផង សេចក្តីខ្មីឃ្មាតផង សេចក្តីប្រឹងប្រែងផង ការប្រព្រឹត្តិមិនថយក្រោយផង សតិផង សម្បជញ្ញៈផង ឲ្យមាំមួន ដើម្បីលះបង់នូវអកុសលធម៌ដ៏លាមកទាំងនោះចេញ មាន​ឧបមេយ្យយ៉ាងនោះឯង​។ ម្នាលភិក្ខុទាំងឡាយ តែបើភិក្ខុ កាលពិចារណាទៅ ដឹង​យ៉ាង​នេះវិញថា អកុសលធម៌ដ៏លាមកទាំងឡាយ ដែលអញមិនទាន់លះបង់ ជាធម៌​ដែល​នឹង​នាំឲ្យ​អន្តរាយដល់អញ កាលធ្វើមរណភាព ក្នុងវេលាថ្ងៃ មិនមានទេ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុនោះ គប្បីជាអ្នកសិក្សារឿយៗ ក្នុងកុសលធម៌ទាំងឡាយ ទាំងវេលាថ្ងៃ និង​វេលា​យប់ ដោយបីតិ និងបាមោជ្ជៈនោះឯង។ ម្នាលភិក្ខុទាំងឡាយ មរណស្សតិ ដែល​បុគ្គល​ចំរើន​យ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ ទើបជាគុណជាតិ មានផលច្រើន មាន​អានិសង្សច្រើន ជាគុណជាតិ ឈមទៅរកព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត។

ចប់ សារាណីយាទិវគ្គ ទី២។

ឧទ្ទាននៃសារាណីយាទិវគ្គនោះគឺ

និយាយអំពីសារាណីយធម៌ ពីរលើក អំពីមេត្តា ១ អំពីកាលកិរិយាល្អ ១ អំពីកាលកិរិយាក្តៅក្រហាយ ១ អំពីរឿងនកុលបិតា ១ អំពីការមិន​ពិចារណា​នូវ​កុសលធម៌ ១ អំពីអ្នកសម្លាប់ត្រី ១ អំពីមរណស្សតិ ពីរលើក ត្រូវជា ១០ រឿង។

អនុត្តរិយវគ្គ

សាមកសូត្រ ទី១

[២១] សម័យមួយ ព្រះដ៏មានព្រះភាគ ប្រថាប់នៅក្នុងវិហារឈ្មោះ បោក្ខរណិយា ជិតសាមគ្រាម ក្នុងដែនសក្កៈ។ គ្រានោះ ទេវតាមួយអង្គ មានរស្មីរុងរឿង កាលរាត្រី​បឋម​យាម​កន្លងហើយ បណ្តាលវិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​ឈរនៅក្នុងទីសមគួរ។ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ បាន​ក្រាបបង្គំ​ទូល​​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះ តែង​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ។ ធម៌ ៣យ៉ាង តើដូចម្តេច។ គឺសេចក្តី​ត្រេកអរ​ក្នុង​ការងារ ១ សេចក្តីត្រេកអរ​ក្នុងការចរចា ១ សេចក្តីត្រេកអរ ក្នុងការដេកលក់ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ​ដល់​ភិក្ខុ។ លុះទេវតានោះ ក្រាបបង្គំទូលដូច្នេះហើយ។ ព្រះសាស្តា ក៏ទ្រង់ពេញ​ព្រះហ្ឫទ័យ។ ទើបទេវតានោះ ដឹងថាព្រះសាស្តារបស់អញ ទ្រង់ពេញ​ព្រះហ្ឫទ័យហើយ ​ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ បាត់ទៅក្នុងទីនោះឯង។ លុះកន្លង​រាត្រី​នោះ​ទៅហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំង​ឡាយ កាលរាត្រីបឋមយាមយប់មិញ កន្លងទៅហើយ ទេវតាមួយអង្គ មានរស្មីរុងរឿង បណ្តាល​វិហារឈ្មោះ បោក្ខរណិយាទាំងមូលឲ្យភ្លឺច្រាល ហើយចូលមកគាល់តថាគត លុះ​ចូលមកដល់ហើយ ក៏ថ្វាយបង្គំតថាគត ហើយឈរនៅក្នុងទីសមគួរ ម្នាលភិក្ខុ​ទាំង​ឡាយ លុះទេវតានោះ ឈរនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​សាបសូន្យ​ដល់​ភិក្ខុ។ ៣យ៉ាង តើដូចម្តេច។ គឺសេចក្តីត្រេកអរ ក្នុងការ​ងារ ១ សេចក្តីត្រេកអរ ក្នុង​ការ​ចរចា ១ សេចក្តីត្រេកអរ ក្នុងការដេកលក់ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៣​យ៉ាង​នេះ​ឯង តែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាន​និយាយយ៉ាង​នេះ លុះនិយាយយ៉ាងនេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើប្រទក្សិណ ហើយ​​បាត់ទៅក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា ដឹងលោកទាំង​ឡាយ​ណា ដែលកំពុងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ លោកទាំងនោះឈ្មោះថា ឥតលាភ លោកទាំងនោះ ឈ្មោះថា បានដោយអាក្រក់។ ម្នាលភិក្ខុទាំងឡាយ តថាគត​នឹងសំដែងនូវបរិហានិយធម៌ (ធម៌ជាគ្រឿងសាបសូន្យ) ៣ដទៃទៀត អ្នក​ទាំងឡាយ ចូរស្តាប់ធម៌នោះ ចូរធ្វើទុកក្នុងចិត្តឲ្យស្រួលបួល តថាគតនឹងសំដែងប្រាប់។ ភិក្ខុទាំង​នោះ បានទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះ​ករុណា ​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បាន​ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ បរិហានិយធម៌ ៣ យ៉ាង តើដូចម្តេច។ គឺសេចក្តី​ត្រេកអរនឹងការវឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅបានដោយក្រ ១ ភាព​ជាអ្នកមានមិត្រអាក្រក់ ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង បរិហានិយធម៌ ៣ យ៉ាង។​ម្នាល​ភិក្ខុទាំងឡាយ ពួកបុគ្គលណាមួយ សាបសូន្យហើយ ចាកកុសលធម៌ទាំងឡាយ ក្នុង​អតីតកាល បុគ្គលទាំងអស់នោះ សាបសូន្យ​ហើយ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួក​បុគ្គលណាមួយ នឹងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងអនាគតកាល បុគ្គលទាំងអស់នោះ គង់នឹងសាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកបុគ្គលណាមួយ កំពុងសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ គង់សាបសូន្យ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។

អបរិហានិយសូត្រ ទី២

[២២] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង អបរិហានិយធម៌ (ធម៌​ដែល​មិន​សាប​សូន្យ)  ៦ យ៉ាងនេះ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ អបរិហានិយធម៌ ៦ យ៉ាង តើដូចម្តេច។ គឺសេចក្តីមិនត្រេកអរ ក្នុងការងារ ១ សេចក្តី​មិន​ត្រេកអរ​ ក្នុងការចរចារ ១ សេចក្តី​មិនត្រេកអរ ក្នុងការដេកលក់ ១ សេចក្តី​មិនត្រេកអរ ក្នុងការ​វឹកវរដោយគ្នីគ្នា ១ ភាពជាអ្នកដែលគេប្រដៅងាយ ១ ភាពជាអ្នក​មាន​កល្យាណ​មិត្ត ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង អបរិហានិយធម៌ ទាំង ៦ យ៉ាង។ ម្នាលភិក្ខុទាំង​ឡាយ ទោះពួកបុគ្គលណាមួយ មិនសាបសូន្យហើយ ចាកកុសលធម៌ទាំងឡាយ ក្នុង​អតីតកាល បុគ្គលទាំងអស់នោះ មិនសាបសូន្យហើយ ចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គលណាមួយ នឹង​មិនសាបសូន្យ ​ចាក​កុសលធម៌​ទាំងឡាយ ក្នុងអនាគតកាល បុគ្គល​ទាំងអស់នោះ នឹងមិន​សាបសូន្យ ​ចាក​ពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។ ម្នាលភិក្ខុទាំងឡាយ ទោះពួកបុគ្គល​ណា​មួយ មិនសាបសូន្យ ចាកកុសលធម៌ទាំងឡាយ ក្នុងកាលឥឡូវនេះ បុគ្គលទាំងអស់នោះ មិនសាបសូន្យចាកពួកកុសលធម៌ ដោយធម៌ទាំង ៦ នេះឯង។

ភយសូត្រ ទី៣

[២៣] ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា ភ័យនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា រោគនុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា គណ្ឌៈ (ពក) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សង្គៈ (ការជាប់​ចំពាក់​ចិត្ត) នុ៎ះ ជាឈ្មោះនៃកាមទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បង្កៈ (ភក់) នុ៎ះ ជាឈ្មោះ​នៃកាមទាំងឡយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យនុ៎ះ ជាឈ្មោះ​នៃកាម​ទាំង​ឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែលត្រេកអរ ដោយ​កាមរាគនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីភ័យ ក្នុងបច្ចុប្បន្នផង មិនរួចអំពី​ភ័យ​ក្នុង​បរលោកផង ព្រោះហេតុនោះ បានជាពាកថា ភ័យនុ៎ះ ជាឈ្មោះនៃ​កាម​ទាំង​ឡាយ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ទុក្ខ… រោគ… គណ្ឌៈ… សង្គៈ… បង្កៈ នុ៎ះ ជា​ឈ្មោះ​នៃកាមទាំងឡាយ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ (ព្រោះថា) បុគ្គលដែល​ត្រេកអរ ដោយកាមនេះ រមែងជាប់ចំពាក់ដោយឆន្ទរាគ មិនរួចអំពីបង្កៈ ក្នុងបច្ចុប្បន្នផង មិនរួចអំពីបង្កៈ ក្នុងបរលោកផង​ ហេតុ​នោះ បានជាពាក្យថា បង្កៈនុ៎ះ ទើបជាឈ្មោះ​នៃ​កាម​ទាំងឡាយ។

កាមទាំងឡាយ ដែលជាទីជាប់នៅ របស់បុថុជ្ជននុ៎ះ លោកតែងហៅថា ភ័យផង ទុក្ខផង រោគផង និងធម្មជាតទាំង ២ គឺសង្គៈផង បង្កៈផង។ អរិយ​សាវក​ទាំង​ឡាយ ឃើញភ័យ ក្នុងឧបាទាន ដែលជាហេតុឲ្យកើតជាតិ និងមរណៈ លុះមិន​ប្រកាន់​ហើយ រមែងរួចស្រឡះ ព្រោះការអស់ជាតិ និង​មរណៈ។ អរិយសាវកនោះ ដល់​នូវសេចក្តីក្សេមក្សាន្ត មានសេចក្តីសុខ រំលត់កិលេស ក្នុងអត្តភាពនេះ ប្រព្រឹត្ត​​កន្លងនូវវេរា និងភ័យទាំងអស់ ហើយលះបង់នូវទុក្ខទាំងអស់បាន។

ហិមវន្តសូត្រ ទី៤

[២៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង គប្បីទំលាយ​ភ្នំហិមពាន្ត ជា​ស្តេចភ្នំបាន មិនបាច់និយាយ (ដល់ការទំលាយ) អវិជ្ជាដែលលាមកទេ។ ធម៌ ៦យ៉ាង តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ឈ្លាសក្នុងការចូលសមាធិ ១ ឈ្លាស​ក្នុងការធ្វើសមាធិ ឲ្យតាំងនៅតាមកំណត់ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ឈ្លាសក្នុងការបែងចំណែកសមាធិ ១ ឈ្លាសក្នុងគោចរ របស់សមាធិ ១ ឈ្លាសក្នុង​ការ​សាងសន្សំ នូវសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៦ នេះឯង គប្បី​ទំលាយភ្នំហិមពាន្ត ជាស្តេចភ្នំបាន មិនបាច់និយាយដល់អវិជ្ជា ដែលលាមកទេ។

អនុស្សតិដ្ឋានសូត្រ ទី៥

[២៥] ម្នាលភិក្ខុទាំងឡាយ អនុស្សតិដ្ឋាន (ហេតុជាទីតាំងនៃ​សេចក្តី​រឭក) នេះ​មាន ៦យ៉ាង។ ៦យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកក្នុងសាសនានេះ រឭកនូវព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ដោយប្រការដូច្នេះ។បេ។ ជាសាស្តា​នៃ​ទេវតា និងមនុស្សទាំងឡាយ ជ្រាបច្បាស់នូវសច្ចៈ ទាំង៤ លែងវិល​ត្រឡប់​មកកាន់​ភព​ថ្មី​ទៀត។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកព្រះតថាគត សម័យ​នោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្ត​ដែល​ទោសៈ​គ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវក​នោះ មាន​ចិត្ត​ប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួច ឃ្លាតអំពីគេធៈបាន ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យថា គេធៈនោះ ជាឈ្មោះនៃកាមគុណ ទាំង៥។ ម្នាលភិក្ខុទាំងឡាយ សត្វ​ពួក​ខ្លះ ក្នុងសាសនានេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវពុទ្ធានុស្សតិកម្មដ្ឋាននេះ ឲ្យ​ជា​អារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវព្រះធម៌ថា ព្រះធម៌​ដែល​ព្រះដ៏មានព្រះភាគសំដែងល្អហើយ។បេ។ ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹងច្បាស់ចំពោះខ្លួន។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុង​រឭក​នូវ​ព្រះធម៌ សម័យនោះ អរិយសាវកនោះ ​មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមាន​ចិត្ត​ដែល​ទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវក​នោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញ​រួច​ឃ្លាត​អំពី​គេធៈ​បាន ម្នាលភិក្ខុទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះនៃកាមគុណ ទាំង៥។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សត្វពួកខ្លះ ក្នុងសាសនានេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវ​ធម្មានុស្សតិកម្មដ្ឋាន​នេះ ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយ​សាវក​រឭក​នូវព្រះសង្ឃថា ព្រះសង្ឃជាសាវករបស់ព្រះដ៏មានព្រះភាគ ប្រតិបត្តិដោយ​ប្រពៃ។បេ។ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកព្រះសង្ឃ សម័យនោះ អរិយសាវកនោះ មិនមានចិត្ត​ដែល​រាគៈ​គ្រប​សង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញ​រួច​ឃ្លាត​អំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាល​ភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបានយ៉ាងនេះ ព្រោះធ្វើនូវ សង្ឃានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយ​សាវក​រឭក​នូវសីលទាំងឡាយរបស់ខ្លួន ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅដើម្បីសមាធិ។ ម្នាល​ភិក្ខុ​ទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវសីល សម័យនោះ អរិយសាវក មិន​មានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត ដែល​មោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់តែ​មួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែង​បរិសុទ្ធ​បាន​យ៉ាងនេះ ព្រោះធ្វើសីលានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវចាគៈរបស់ខ្លួនថា ជាលាភរបស់អញហើយ អញ​ឈ្មោះថាបាន​ស្រួលហើយ ព្រោះអាត្មាអញ។បេ។ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និង​ការចែករលែក។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវចាគៈ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែល​ទោសៈ​គ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ​ សម័យនោះ​ អរិយសាវកនោះ មានចិត្ត​ប្រព្រឹត្ត​ទៅត្រង់​តែមួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យ​ថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលភិក្ខុទាំងឡាយ សត្វពួកខ្លះ​ ក្នុង​លោកនេះ តែង​បរិសុទ្ធ​បានយ៉ាងនេះ ព្រោះធ្វើនូវចាគានុស្សតិកម្មដ្ឋាន ឲ្យជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក រឭកនូវពួកទេវតាថា មានពួកទេវតាជាន់ចាតុម្មហារាជិកៈ ទេវតា​ជាន់​តាវត្តឹង្ស ទេវតាជាន់យាមៈ ទេវតាជាន់តុសិតៈ ទេវតាជាន់និម្មានរតី ទេវតាជាន់​បរនិម្មិតវសវត្តី មានទេវតាជាពួក​របស់ព្រហ្ម មានទេវតាជាន់ខ្ពស់ជាងនោះទៀត ទេវតា​ទាំង​នោះ ដែលប្រកបដោយ​សទ្ធាយ៉ាងណា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ យើង​សោត ក៏មានសទ្ធាដូច្នោះ​ដែរ ទេវតាទាំងនោះ ប្រកបដោយសីលៈ សុតៈ ចាគៈ បញ្ញាយ៉ាងណា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទី​នោះ យើងសោត ក៏មាន​បញ្ញា​ដូច្នោះ​ដែរ។ ម្នាលភិក្ខុទាំងឡាយ សម័យ​ណា អរិយសាវក កំពុងរឭកនូវសទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់ខ្លួនផង របស់ទេវតាទាំងនោះផង សម័យនោះ អរិយសាវក​នោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត​ដែល​មោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្ត​ទៅ​ត្រង់​តែមួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលភិក្ខុទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះរបស់កាមគុណ ៥។ ម្នាលភិក្ខុទាំង​ឡាយ សត្វពួកខ្លះ ក្នុងលោកនេះ តែងបរិសុទ្ធបាន​យ៉ាងនេះ ព្រោះធ្វើនូវទេវតានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង អនុស្សតិដ្ឋាន ទាំង៦។

មហាកច្ចានសូត្រ ទី៦

[២៦] ក្នុងទីនោះឯង ព្រះមហាកច្ចានៈដ៏មានអាយុ បានហៅពួកភិក្ខុ​ថា ម្នាល​អាវុសោ​ភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ព្រះមហាកច្ចានៈដ៏មានអាយុថា អាវុសោ ​ដូច្នេះ។ ទើបព្រះមហាកច្ចានៈដ៏មានអាយុ បាននិយាយយ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ហេតុគួរឲ្យអស្ចារ្យ ម្នាលអាវុសោទាំងឡាយ ហេតុមិនធ្លាប់កើត ក៏​កើត​ឡើងបាន ព្រោះព្រះដ៏មាន​ព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទ្រង់ជ្រាប​ ទ្រង់​ឃើញ បានត្រាស់ដឹង នូវការបានឱកាសក្នុងទីដ៏ចង្អៀត ដើម្បីសេចក្តីបរិសុទ្ធិដល់សត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និង​ទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ការត្រាស់ដឹងនេះ គឺអនុស្សតិដ្ឋាន ទាំង៦។ អនុស្សតិដ្ឋាន ទាំង៦ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អរិយសាវក ក្នុងសាសនានេះ រឭកនូវព្រះតថាគតថា ព្រះដ៏មាន​ព្រះភាគ អង្គនោះ ដោយ​ប្រការដូច្នេះ។បេ។ ជាសាស្តានៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់​ដឹង​នូវ​សច្ចៈ ទាំង៤ ទ្រង់លែងវិលត្រឡប់មកកាន់ភពថ្មីទៀត។ ម្នាលអាវុសោទាំងឡាយ សម័យ​ណា អរិយសាវក កំពុងរឭកនូវព្រះតថាគត សម័យនោះ អរិយសាវកនោះ មិន​មាន​ចិត្តដែលរាគៈគ្រប​សង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្ត ដែល​មោហៈ​គ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជា​ឈ្មោះនៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយ​សាវកនោះ មានចិត្តស្មើ​ដោយ​អាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ​ មិន​មាន​ព្យាបាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មាន​សេចក្តី​បរិសុទ្ធិ​ជា​ធម្មតាបាន​យ៉ាងនេះ ព្រោះធ្វើ​នូវ​ពុទ្ធា​នុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាល​អាវុសោ​ទាំង​ឡាយ មួយទៀត អរិយសាវក រឭកនូវព្រះធម៌ថា ព្រះធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់សំដែងហើយដោយល្អ។បេ។ ជាធម៌ដែលអ្នកប្រាជ្ញទាំងឡាយ គប្បីដឹង​ចំពោះ​ខ្លួន។ ម្នាល​អាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭកនូវព្រះធម៌ សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែល​ទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈ​គ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្ត​ប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាល​អាវុសោ​ទាំង​ឡាយ ពាក្យថា គេធៈ​នេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយ​សាវកនោះ មានចិត្តស្មើ ដោយអាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុង​លោក​នេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវធម្មា​នុស្សតិកម្មដ្ឋាន​នេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭក​នូវ​ព្រះ​សង្ឃ​ថា ព្រះសង្ឃជាសាវករបស់​ព្រះដ៏មានព្រះភាគ លោកប្រតិបត្តិហើយដោយល្អ។បេ។ លោក​ជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុត របស់សត្វលោក។ ម្នាលអាវុសោទាំងឡាយ សម័យ​ណា អរិយសាវក កំពុងរឭកនូវព្រះសង្ឃ សម័យនោះ អរិយសាវកនោះ មិន​មាន​ចិត្ត​ដែល​រាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិន​មាន​ចិត្ត​ដែល​មោហៈ​គ្រប​សង្កត់​ទេ សម័យនោះ អរិយសាវកនោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្ត​ចេញ​រួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះ​នៃ​កាមគុណ ៥​។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើរដោយ​អាកាស​ទាំង​មូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ។ ម្នាល​អាវុសោ​ទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិ​ជា​ធម្មតា​បាន​យ៉ាងនេះ ព្រោះធ្វើនូវសង្ឃានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត អរិយសាវក រឭកនូវសីលរបស់ខ្លួន ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ​ដើម្បី​បាននូវសមាធិ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុង​រឭក​នូវ​សីល សម័យនោះ អរិយសាវកនោះ មិនមានចិត្ត ដែលរាគៈគ្របសង្កត់ មិនមានចិត្ត​ដែល​ទោសៈគ្របសង្កត់ មិនមានចិត្ត​ដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយ​សាវក​នោះ មានចិត្តប្រព្រឹត្តទៅត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើដោយអាកាសទាំងមូល ជាចិត្តដ៏​ទូលាយធំ ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ។ ម្នាល​អាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុង​លោកនេះ មានសេចក្តីបរិសុទ្ធិជាធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវ​សីលានុស្សតិ​កម្មដ្ឋាន​នេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក​ រឭក​នូវចាគៈ​របស់ខ្លួនថា ជាលាភរបស់អញហើយ អញឈ្មោះថាបានស្រួលហើយ ព្រោះអាត្មា​អញ។បេ។ គួរគេសូមបាន ត្រេកអរក្នុងការឲ្យ និង​ការចែករលែក។ ម្នាល​អាវុសោ​ទាំង​ឡាយ សម័យណា អរិយសាវក កំពុងរឭកនូវចាគៈ សម័យនោះ អរិយសាវកនោះ មិន​មាន​ចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិន​មានចិត្ត​ដែល​មោហៈ​គ្របសង្កត់ទេ សម័យនោះ អរិយសាវកនោះ មានចិត្ត​ប្រព្រឹត្តទៅ​ត្រង់តែ​មួយ​យ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យថាគេធៈនេះ ជាឈ្មោះ​នៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយសាវកនោះ មានចិត្តស្មើ​ដោយ​អាកាសទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិនមាន​ព្យាបាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តីបរិសុទ្ធិជា ធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវចាគានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ មួយទៀត អរិយសាវក រឭកនូវពួកទេវតាថា ទេវតាជាន់​ចាតុម្មហារាជិកៈក៏មាន។បេ។ ទេវតាជាន់ខ្ពស់ជាងនោះទៀត ក៏មាន ទេវតាទាំងនោះ ប្រកបដោយសទ្ធាយ៉ាងណា ច្យុតអំពីទីនេះ ហើយទៅកើតក្នុងទីនោះ អាត្មាអញ តែងមាន​សទ្ធាដូច្នោះដែរ ទេវតាទាំងនោះ ប្រកប​ដោយសីលយ៉ាងណា។បេ។ ដោយ​សុតៈ ចាគៈ បញ្ញា ច្យុតអំពីទីនេះហើយ ទៅកើតក្នុងទីនោះ អាត្មាអញ តែង​មាន​បញ្ញា​ដូច្នោះ​ដែរ។ ម្នាលអាវុសោទាំងឡាយ សម័យណា អរិយសាវក កំពុងរឭក​នូវគុណ គឺ​សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់ខ្លួនផង របស់ទេវតាទាំងនោះផង សម័យនោះ អរិយសាវកនោះ មិនមានចិត្តដែលរាគៈគ្របសង្កត់ មិនមានចិត្តដែលទោសៈគ្របសង្កត់ មិនមានចិត្តដែលមោហៈគ្របសង្កត់ទេ សម័យនោះ អរិយសាវក​នោះ មានចិត្ត​ប្រព្រឹត្ត​ទៅ​ត្រង់តែមួយយ៉ាង ជាចិត្តចេញរួចឃ្លាតអំពីគេធៈបាន ម្នាលអាវុសោទាំងឡាយ ពាក្យ​ថា គេធៈនេះ ជាឈ្មោះនៃកាមគុណ ៥។ ម្នាលអាវុសោទាំងឡាយ អរិយ​សាវកនោះ មាន​ចិត្តស្មើដោយអាកាស​ទាំងមូល ជាចិត្តដ៏ទូលាយធំ ប្រមាណមិនបាន មិនមានពៀរ មិន​មានព្យា​បាទ។ ម្នាលអាវុសោទាំងឡាយ សត្វពួកខ្លះ ក្នុងលោកនេះ មានសេចក្តី​បរិសុទ្ធិជាធម្មតាបានយ៉ាងនេះ ព្រោះធ្វើនូវទេវតានុស្សតិកម្មដ្ឋាននេះ ឲ្យជាអារម្មណ៍។ ម្នាលអាវុសោទាំងឡាយ ហេតុគួរឲ្យអស្ចារ្យ ម្នាលអាវុសោទាំងឡាយ ហេតុមិនធ្លាប់កើត ក៏​កើតឡើងបាន ត្រង់ដែលព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ ទ្រង់​ជ្រាប ទ្រង់ឃើញ បានត្រាស់ដឹងនូវ​ការបានឱកាស ក្នុងទីចង្អៀតនេះ ដើម្បីសេចក្តី​បរិសុទ្ធិ ដល់ពួកសត្វ ដើម្បីប្រព្រឹត្តកន្លង នូវសេចក្តីសោក និងខ្សឹកខ្សួលទាំងឡាយ ដើម្បី​ឲ្យ​អស់​​ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​ព្រះនិព្វាន ការត្រាស់ដឹងនេះ គឺអនុស្សតិដ្ឋាន ទាំង៦នេះ។

បឋមសមយសូត្រ ទី៧

[២៧] គ្រានោះ ភិក្ខុ ១ រូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុង​ទីសមគួរស៊ប់ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សម័យដែលគួរចូលទៅឃើញភិក្ខុជាអ្នកមានចិត្តចំរើនហើយ តើមានប៉ុន្មាន។ ម្នាល​ភិក្ខុ សម័យដែលគួរចូលទៅឃើញភិក្ខុមានចិត្តចំរើនហើយនេះ មាន៦យ៉ាង។ ៦ តើអ្វីខ្លះ។ ម្នាលភិក្ខុ សម័យណា ភិក្ខុក្នុងសាសនានេះ មានចិត្តដែលកាមរាគគ្រប​សង្កត់​ហើយ រវើរវាយ ដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដបាន សម័យនោះ ត្រូវចូលទៅរកភិក្ខុជាអ្នកមានចិត្តចំរើនហើយ និយាយ​យ៉ាង​នេះ​ថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវកាមរាគគ្របសង្កត់ហើយ រវើរវាយ​ដោយ​កាមរាគ ទាំងមិនដឹងនូវការលះ​កាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដបានទេ សូម​លោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បីលះកាមរាគដល់ខ្ញុំ ភិក្ខុដែលមានចិត្ត​ចំរើន គង់នឹងសំដែងធម៌ ដើម្បីលះកាមរាគ ដល់ភិក្ខុនោះ។ ម្នាលភិក្ខុ នេះជា​សម័យ​ដែល​គួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី១។​ ម្នាលភិក្ខុ មួយទៀត សម័យណា បើភិក្ខុមានចិត្ត ត្រូវព្យាបាទគ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំងមិនដឹង​នូវ​ការ​លះ​ព្យាបាទ ដែលកើតឡើងហើយ ឲ្យពិតប្រាកដ សម័យនោះ ទើបត្រូវចូលទៅរកភិក្ខុ ដែល​មានចិត្តចំរើនហើយ និយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវព្យាបាទ គ្របសង្កត់ហើយ រវើរវាយដោយព្យាបាទ ទាំងមិនដឹងនូវការលះព្យាបាទ ដែលកើត​ឡើង​ហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ ដើម្បី​លះព្យាបាទ​ដល់​ខ្ញុំ។ ភិក្ខុដែលមានចិត្តចំរើន គង់នឹង​សំដែងធម៌ ដើម្បីលះព្យាបាទ​ដល់​ភិក្ខុ​នោះ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី២។ ម្នាលភិក្ខុ មួយ​ទៀត សម័យណា ភិក្ខុមានចិត្តត្រូវថីនមិទ្ធៈគ្របសង្កត់ រវើរវាយ​ដោយ​ថីនមិទ្ធៈ ទាំងមិនដឹងនូវការលះថីនមិទ្ធៈ ដែលកើតឡើង ឲ្យពិតប្រាកដ សម័យនោះ ត្រូវចូល​ទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមាន​ចិត្ត​ត្រូវថីនមិទ្ធៈគ្របសង្កត់ ហើយរវើរវាយដោយថីនមិទ្ធៈ ទាំងមិនដឹង​នូវ​ការ​លះ​ថីនមិទ្ធៈ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិត​សំដែង​ធម៌ ដើម្បីលះថីនមិទ្ធៈដល់ខ្ញុំ ភិក្ខុ​ដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ ដើម្បី​លះ​ថីនមិទ្ធៈដល់ភិក្ខុនោះ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញ​ភិក្ខុ​ដែល​មាន​ចិត្តចំរើន ទី៣។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈ គ្រប​សង្កត់ រវើរវាយដោយឧទ្ធច្ចកុក្កុច្ចៈ ទាំងមិនដឹងនូវការលះឧទ្ធច្ចកុក្កុច្ចៈ ដែល​កើត​ឡើង​ហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវចូលទៅរកភិក្ខុមានចិត្តចំរើន ហើយ​និយាយ​យ៉ាង​នេះថា ម្នាលអាវុសោ ខ្ញុំមានចិត្តត្រូវ​ឧទ្ធច្ចកុក្កុច្ចៈ គ្របសង្កត់ហើយ រវើរវាយ​ដោយ​ឧទ្ធច្ចកុក្កុច្ចៈ ទាំងមិនដឹងនូវការលះឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សូម​លោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើមលះនូវឧទ្ធច្ចកុក្កុច្ចៈ ភិក្ខុជា​អ្នក​មាន​ចិត្ត​ចំរើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីលះឧទ្ធច្ចកុក្កុច្ចៈ។ ម្នាលភិក្ខុ នេះ​ជា​សម័យ ដែលគួរចូលទៅឃើញភិក្ខុ​ ដែលមានចិត្តចំរើន ទី៤។ ម្នាលភិក្ខុ មួយទៀត សម័យ​ណា ភិក្ខុមានចិត្តត្រូវវិចិកិច្ឆាគ្របសង្កត់ រវើ​​​រវាយដោយវិចិកិច្ឆា ទាំងមិនដឹង​នូវ​ការ​លះវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវចូលទៅ​រកភិក្ខុ ដែល​មានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមានចិត្ត​ត្រូវ​វិចិកិច្ឆាគ្រប​សង្កត់ហើយ រវើរវាយដោយវិចិកិច្ឆា ទាំងមិនដឹងនូវការលះវិចិកិច្ឆា ដែល​កើត​ឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌​ដល់ខ្ញុំ ដើម្បីលះវិចិកិច្ឆា ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បីលះនូវ​វិចិកិច្ឆា។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី៥។ ម្នាល​ភិក្ខុ មួយទៀត សម័យណា ភិក្ខុមិនដឹង មិនឃើញនូវនិមិត្ត ដែលខ្លួនអាស្រ័យ​និមិត្ត​ណា ធ្វើទុកក្នុងចិត្ត នូវនិមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សម័យនោះ ត្រូវចូលទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាល​អាវុសោ ខ្ញុំមិនដឹង មិនឃើញនូវនិមិត្ត (ដែលខ្ញុំ​) អាស្រ័យនិមិត្តណា ធ្វើទុក​ក្នុងចិត្ត នូវ​និមិត្តណា  ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្ត​រាយនោះ សូមលោកដ៏មាន​អាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីឲ្យអស់អាសវៈទាំងឡាយ ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ ដល់ភិក្ខុនោះ ដើម្បីឲ្យអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុ នេះជា​សម័យ ដែលគួរចូលទៅឃើញនូវភិក្ខុ ដែលមានចិត្តចំរើន ទី៦​។ ម្នាលភិក្ខុ នេះឯងជា​សម័យ​ទាំង ៦ ដែលគួរចូលទៅឃើញភិក្ខុមានចិត្តចំរើន។

ទុតិយសមយសូត្រ ទី៨

[២៨] ​សម័យមួយ ភិក្ខុជាថេរៈច្រើនអង្គ នៅក្នុងឥសិបតនមិគទាយវន ជិត​ក្រុង​ពារាណសី។ គ្រានោះ ភិក្ខុជាថេរៈអម្បាលនោះ ផុតកិច្ចដោយបិណ្ឌបាត ក្នុងកាល​ជាខាង​ក្រោយ ពេលចង្ហាន់ហើយ បានអង្គុយប្រជុំគ្នា ក្នុងរោងនៅក្នុងមណ្ឌលទី (ភោជនសាលា) ហើយនិយាយឡើងក្នុងចន្លោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ សម័យដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន តើសម័យណា។ កាលបើ​ពួក​ព្រះថេរៈ​និយាយយ៉ាងនេះហើយ ភិក្ខុ ១ រូប បាននិយាយនឹងពួក​ភិក្ខុជា​ថេរៈ យ៉ាង​នេះ​ថា ម្នាលអាវុសោទាំងឡាយ សម័យណា ភិក្ខុដែលមានចិត្តចំរើន ផុតកិច្ចដោយ​បិណ្ឌបាត ក្នុងកាលជាខាងក្រោយពេលចង្ហាន់ លោកលាងជើងហើយ អង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើប​គួរចូលទៅឃើញភិក្ខុ ដែល​មាន​ចិត្តចំរើន។ កាលបើភិក្ខុនោះ និយាយ​យ៉ាងនេះហើយ ភិក្ខុ ១ រូបទៀត និយាយ​នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ មិនមែនជាសម័យ គួរចូលទៅឃើញ​ភិក្ខុ ដែល​មាន​ចិត្តចំរើនទេ។ ម្នាលអាវុសោ ព្រោះថា សម័យណា ភិក្ខុដែលមានចិត្តចំរើន ផុតកិច្ច​ដោយ​បិណ្ឌបាត ក្នុងកាលក្រោយពេលចង្ហាន់ លោកលាងជើងហើយ អង្គុយផ្គត់ភ្នែន តម្រង់​កាយឲ្យត្រង់ តាំងសតិចំពោះមុខ លោកកំពុងមាន​សេចក្តីលំបាកនឹងការត្រេចទៅ (បិណ្ឌបាត) មិនទាន់ស្ងប់រម្ងាប់ ក្នុងសម័យនោះនៅឡើយ សូម្បីសេចក្តីលំបាកព្រោះភត្ត ក៏មិនទាន់ស្ងប់រម្ងាប់ ក្នុង​សម័យនោះនៅឡើយដែរ ហេតុនោះ បានជាសម័យនោះ មិនមែន​ជា​សម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើនទេ។ ម្នាលអាវុសោ សម័យ​ណា ភិក្ខុដែល​មានចិត្តចំរើន ចេញអំពីទីសម្ងំ ក្នុងសាយណ្ហ​សម័យ ហើយអង្គុយ​ក្នុង​ម្លប់​ខាងក្រោយវិហារ ផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបជា​សម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើនបាន។ កាលបើភិក្ខុនោះ និយាយ​យ៉ាងនេះហើយ ភិក្ខុដទៃទៀត និយាយនឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលអាវុសោ មិន​មែន​ជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែល​មានចិត្តចំរើន (នោះទេ)។ ម្នាលអាវុសោ ព្រោះថា សម័យណា ភិក្ខុមានចិត្តចំរើន ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ អង្គុយ​ក្នុង​ម្លប់​ខាងក្រោយវិហារ ផ្គត់ភ្នែន តម្រង់កាយឲ្យ​ត្រង់ តាំងសតិចំពោះមុខ ហើយធ្វើទុក​ក្នុង​ចិត្ត នូវ​សមាធិនិមិត្តណា ក្នុងវេលាថ្ងៃ សមាធិនិមិត្ត របស់លោកនោះឯង រមែងកម្រើក (ក្នុងមនោទ្វារ) ក្នុង​សម័យនោះ​។ ហេតុនោះ បានជាសម័យនោះ មិនមែនជាសម័យ ដែល​គួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើនទេ។ ម្នាលអាវុសោ លុះតែសម័យណា ភិក្ខុ​ដែលមានចិត្តចំរើន ក្រោកឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយ​​ផ្គត់ភ្នែន តម្រង់​កាយឲ្យត្រង់ តាំងសតិចំពោះមុខ សម័យនោះ ទើបគួរចូលទៅឃើញភិក្ខុ ដែល​មាន​ចិត្ត​ចំរើន។ កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុឯទៀត និយាយ​នឹងភិក្ខុនោះ យ៉ាងនេះថា  ម្នាលអាវុសោ មិនមែនជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែល​មានចិត្ត​ចំរើនទេ។ ម្នាលអាវុសោ លុះតែសម័យណា ភិក្ខុដែលមានចិត្តចំរើន ក្រោក​ឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់  តាំង​សតិ​ចំពោះមុខ សម័យនោះ កាយរបស់លោក កំពុងតាំងនៅក្នុងឱជារស (អាហារ) លោក​កំពុងសប្បាយនឹងធ្វើតាមពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធ។ ព្រោះហេតុនោះ សម័យនោះ ទើបជាសម័យគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន។ កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ទើបព្រះមហាកច្ចានៈដ៏មានអាយុ បាននិយាយនឹងពួក​ភិក្ខុជា​ថេរៈ​ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ការនោះ ខ្ញុំបានស្តាប់ចំពោះព្រះភក្រ្ត​ ខ្ញុំ​បាន​រៀន ចំពោះព្រះភក្ត្រ នៃព្រះដ៏មានព្រះភាគ យ៉ាងនេះថា ម្នាលភិក្ខុ សម័យដែល​គួរ​ចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើននេះ មាន៦។ ៦ តើអ្វីខ្លះ។ ម្នាលភិក្ខុ សម័យណា ភិក្ខុ​ក្នុងសាសនានេះ មានចិត្តត្រូវកាមរាគគ្របសង្កត់​ហើយ រវើរវាយដោយកាមរាគ ទាំង​មិន​ដឹងនូវការលះកាមរាគ ដែលកើតឡើងហើយ ឲ្យពិតប្រាកដទេ សម័យនោះ ត្រូវ​ចូល​ទៅរក​ភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំមាន​ចិត្តត្រូវ​កាមរាគ​គ្របសង្កត់ហើយ រវើរវាយដោយកាមរាគ ទាំងមិនដឹងនូវការលះកាមរាគ ដែល​កើត​ឡើងហើយ ឲ្យពិតប្រាកដទេ សូមលោកដ៏មានអាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បី​លះកាមរាគ ភិក្ខុដែលមានចិត្តចំរើន គង់នឹងសំដែងធម៌ដល់ភិក្ខុនោះ ដើម្បី​លះ​កាម​រាគ។ ម្នាលភិក្ខុ នេះជាសម័យ ដែលគួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី១។ ម្នាលភិក្ខុ មួយទៀត សម័យណា ភិក្ខុមានចិត្តត្រូវព្យាបាទគ្របសង្កត់។បេ។ មានចិត្ត​ត្រូវ​ថីនមិទ្ធគ្របសង្កត់ មានចិត្តត្រូវឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ មានចិត្តត្រូវ​វិចិកិច្ឆា​គ្រប​សង្កត់។បេ។ មិនដឹង មិនឃើញនូវនិមិត្ត ដែលខ្លួនអាស្រ័យនិមិត្តណា ធ្វើទុកក្នុងចិត្ត​នូវ​និមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សម័យនោះ ទើបជា​សម័យគួរចូលទៅរកភិក្ខុ ដែលមានចិត្តចំរើន ហើយនិយាយយ៉ាងនេះ នឹងភិក្ខុនោះថា ម្នាល​អាវុសោ ខ្ញុំមិនដឹង មិនឃើញនិមិត្ត (ដែលខ្ញុំ) អាស្រ័យនិមិត្តណា ធ្វើទុក​ក្នុងចិត្ត​នូវ​និមិត្តណា ហើយអស់អាសវៈទាំងឡាយ ដោយឥតអន្តរាយនោះ សូមលោកដ៏មាន​អាយុ អាណិតសំដែងធម៌ដល់ខ្ញុំ ដើម្បីឲ្យអស់អាសវៈទាំងឡាយ ភិក្ខុដែល​មានចិត្តចំរើន គង់​នឹង​សំដែងធម៌ដល់ភិក្ខុនោះ ដើម្បីធ្វើឲ្យអស់អាសវៈទាំងឡាយ។ ម្នាលភិក្ខុ នេះជាសម័យ ដែល​គួរចូលទៅឃើញភិក្ខុ ដែលមានចិត្តចំរើន ទី៦។ ម្នាលអាវុសោ​ទាំងឡាយ ការនោះ ខ្ញុំបាន​ស្តាប់ចំពោះព្រះភក្ត្រ ខ្ញុំ​បានរៀនហើយ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគថា ម្នាលភិក្ខុ នេះឯង ជាសម័យទាំង ៦ នេះ ដែលគួរចូលទៅឃើញ​ភិក្ខុ ដែល​មានចិត្តចំរើន។

ឧទាយីសូត្រ ទី៩

[២៩] គ្រានោះ ព្រះដ៏មានព្រះភាគ ត្រាស់ហៅព្រះឧទាយិដ៏មានអាយុថា ម្នាល​ឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង។ កាលបើព្រះដ៏មាន​ព្រះភាគ ត្រាស់យ៉ាង​នេះ​ហើយ ព្រះឧទាយិដ៏មានអាយុ ក៏នៅស្ងៀម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ព្រះ​ឧទាយិ​ដ៏មានអាយុ អស់វារៈពីរដងថា ម្នាលឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង។ កាលបើព្រះដ៏មានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏នៅ​ស្ងៀម​ទៀត។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះឧទាយិដ៏មានអាយុ ជាគំរប់ ៣ ដងថា ម្នាល​ឧទាយិ អនុស្សតិដ្ឋាន តើមានប៉ុន្មានយ៉ាង។ ព្រះឧទាយិដ៏មានអាយុ ក៏នៅ​ស្ងៀម​ អស់វារៈ ៣ ដងទៀត។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បាននិយាយ​នឹងព្រះឧទាយិ​ដ៏មានអាយុ យ៉ាងនេះថា ម្នាលអាវុសោ ឧទាយិ ព្រះសាស្តាទ្រង់ត្រាស់ហៅអ្នក។ ម្នាល​អាវុសោ អានន្ទ ខ្ញុំបានឮព្រះដ៏មានព្រះភាគហើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ក្នុង​សាសនានេះ រឭកឃើញនូវ​បុព្វេនិវាសបានច្រើនប្រការ គឺ ១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រឭកឃើញនូវបុព្វេនិវាសបានច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយ​ប្រការដូច្នេះ​ បពិត្រព្រះអង្គដ៏ចំរើន ការរឭកឃើញជាតិនេះ ឈ្មោះថា អនុស្សតិដ្ឋាន។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ តថាគត​ដឹងច្បាស់ថា ឧទាយិនេះ ជាមោឃបុរស មិនមែនជាប្រកបរឿយៗ នូវអធិចិត្ត (សមាធិវិបស្សនា) ទេ។ ម្នាលអានន្ទ អនុស្សតិ​ដ្ឋាន តើមានប៉ុន្មានយ៉ាង។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន អនុស្សតិដ្ឋាន មាន៥។ ៥យ៉ាង តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់ស្រឡះចាកកាមទាំងឡាយ។បេ។ ចូលតតិយជ្ឈាន។ បពិត្រព្រះអង្គដ៏​ចំរើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុចំរើនយ៉ាងនេះហើយ បានធ្វើរឿយៗ យ៉ាង​នេះ​ហើយ តែងប្រព្រឹត្តទៅ ដើម្បីជាសុខក្នុងបច្ចុប្បន្ន។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុ​ធ្វើ​ទុកក្នុងចិត្ត នូវសេចក្តីសំគាល់នូវពន្លឺ អធិដ្ឋាននូវសេចក្តីសំគាល់ថាថ្ងៃ គឺតាំងចិត្ត​ក្នុង​វេលា​ថ្ងៃយ៉ាងណា ក្នុងវេលាយប់ ក៏យ៉ាងនោះ ក្នុងវេលាយប់យ៉ាងណា ក្នុងវេលាថ្ងៃ ក៏​យ៉ាងនោះ ជាបុគ្គលមានចិត្តជាប្រក្រតី ដែលនីវរណៈរួបរឹតមិនបាន តែងចំរើនចិត្ត ប្រកប​ដោយពន្លឺ (ដើម្បីបានទិព្វចក្ខុ)។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​អនុស្សតិដ្ឋាន ដែលភិក្ខុ​បានចំរើនយ៉ាងនេះហើយ បានធ្វើរឿយៗ យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បី​បានញាណទស្សនៈ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុពិចារណា​ឃើញច្បាស់ នូវកាយនេះ ខាងលើតាំងអំពីបាទជើង ខាងក្រោមតាំងអំពីចុងសក់ ទីបំផុតជុំវិញអំពីត្រឹមស្បែក ដែលពេញដោយវត្ថុមិនស្អាត មានប្រការផ្សេង ៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ [ខ្លះថា តម្រងបស្សាវៈ] សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ​ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ។ បពិត្រព្រះអង្គដ៏ចំរើន នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះហើយ បានធ្វើរឿយៗ យ៉ាងនេះហើយ តែងប្រព្រឹត្តទៅ ដើម្បីលះនូវកាមរាគ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ដូចភិក្ខុណា ឃើញនូវសរីរៈ ដែលគេចោលទៅក្នុងព្រៃស្មសាន ទោះស្លាប់ ១ថ្ងៃក្តី ស្លាប់២ថ្ងៃក្តី ស្លាប់៣ថ្ងៃក្តី ជាសាកសពហើម​ប៉ោង មានសម្បុរខៀវដោយច្រើន មានខ្ទុះចេញតាមទ្វារផ្សេងៗ ភិក្ខុនោះ ប្រៀប​ផ្ទឹម​នឹងកាយ (ខ្លួន) នេះ យ៉ាងនេះថា សូម្បីកាយនេះសោត ក៏មានសភាពដូច្នោះ គង់នឹងក្លាយទៅដូច្នោះ​ ​កន្លង​​​​មិន​ផុតដូច្នោះដែរ​។ ពុំនោះសោត ដូចភិក្ខុណា ឃើញសរីរៈ ដែលគេ​ចោល​នៅក្នុង​ព្រៃស្មសាន ត្រូវពួកក្អែកជញ្ជែងក្តី ពួកត្រដក់គម្រង់ជញ្ជែងក្តី ពួក​ត្មាត​ជញ្ជែង​ក្តី ពួក​ស្វាន​ជញ្ជែងក្តី ពួកចចកកកេរស៊ីក្តី បាណកជាតិ (ពួកដង្កូវ) ផ្សេងៗ រូងជញ្ជក់ស៊ីក្តី ភិក្ខុ​នោះ ប្រៀបផ្ទឹមនឹងកាយនេះ យ៉ាង​នេះថា ទោះកាយនេះសោត ក៏មានសភាពដូច្នោះ គង់​នឹងក្លាយទៅដូច្នោះ មិនកន្លង​យ៉ាងនោះទៅបានឡើយ។ ឬថា ដូចភិក្ខុឃើញសរីរៈ ដែល​គេ​ចោលក្នុងព្រៃស្មសាន ជារាងឆ្អឹង ប្រកបដោយសាច់ និងឈាម មានសរសៃ ជា​គ្រឿង​ចងរាងឆ្អឹង ឥតមានសាច់ គ្រាន់តែនៅប្រឡាក់ដោយឈាម ដែល​ជាប់​គ្នា​ដោយ​សរសៃ រាងឆ្អឹងឥតមានសាច់ និងឈាម ជាប់គ្នាដោយសរសៃ ជាគ្រឿង​ចង​ឆ្អឹង ដែល​ដាច់​ចេញហើយ ខ្ចាត់ខ្ចាយរាត់រាយ ទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹង​ជើងទៅដោយឡែក ឆ្អឹងស្មង ទៅដោយឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះ​ទៅ​ដោយ​ឡែក ឆ្អឹងទ្រនុងខ្នងទៅដោយឡែក រលាក្បាលទៅដោយឡែក ភិក្ខុនោះ ប្រៀប​ផ្ទឹម​នឹងកាយនេះ យ៉ាងនេះថា កាយនេះសោត ក៏មានសភាពដូច្នោះ គង់នឹងក្លាយ​ទៅ​ដូច្នោះ នឹងកន្លងនូវភាវៈដូច្នោះពុំបានឡើយ មួយទៀត ឬថា ដូចភិក្ខុ​ឃើញ​នូវ​សរីរៈ ដែលគេចោលក្នុងព្រៃស្មសាន សល់នៅតែឆ្អឹងទទេ មាន​សម្បុរស ដូចស័ង្ខ រាងឆ្អឹង​ដែល​គរ​ជា​ពំនូក កន្លងហួស ១ឆ្នាំហើយ ពុកផុយ ខ្ទេចខ្ទីជាកំទេច ភិក្ខុនោះ ប្រៀបផ្ទឹម​នឹងកាយ​នេះ យ៉ាងនេះថា ទោះជាកាយនេះក៏ដោយ ក៏មានសភាពយ៉ាងដូច្នោះ គង់នឹងក្លាយទៅដូច្នោះ នឹងកន្លង​នូវ​ភាវៈដូច្នោះពុំបានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះជា​អនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើរឿយ ៗ យ៉ាងនេះហើយ តែង​ប្រព្រឹត្តទៅ ដើម្បីដកចោលនូវអស្មិមានះ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត ភិក្ខុលះបង់សេចក្តីសុខផង។បេ។ ចូលចតុត្ថជ្ឈាន។ បពិត្រព្រះអង្គដ៏​ចំរើន នេះជា​អនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើរឿយ ៗ យ៉ាងនេះហើយ តែង​ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹងនូវធាតុច្រើនប្រការ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង​ជា​អនុស្សតិដ្ឋាន ទាំង៥។ ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរចាំ នូវ​អនុស្សតិដ្ឋាន ទី៦ នេះថែមទៀតចុះ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ប្រុងស្មារតី ឈានដើរទៅមុខ ប្រុងស្មារតីត្រឡប់មកវិញ ប្រុងស្មារតីឈរ ប្រុងស្មារតីដេក ប្រុង​ស្មារតី​អធិដ្ឋានការងារ។ ម្នាលអានន្ទ នេះជាអនុស្សតិដ្ឋាន ដែលភិក្ខុបានចំរើនយ៉ាងនេះ បាន​ធ្វើ​រឿយ ៗ យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បីបាននូវសតិសម្បជញ្ញៈ។

អនុត្តរិយសូត្រ ទី១០

[៣០] ម្នាលភិក្ខុទាំងឡាយ អនុត្តរិយៈ (ធម្មជាតប្រសើរបំផុត) នេះ​ មាន៦។ ៦ តើ​អ្វីខ្លះ។ គឺ ទស្សនានុត្តរិយៈ (ការឃើញដ៏ប្រសើរបំផុត) ១ សវនានុត្តរិយៈ (ការស្តាប់​ប្រសើរ​បំផុត) ១ លាភានុត្តរិយៈ (ការបានប្រសើរបំផុត) ១ សិក្ខានុត្តរិយៈ (ការ​សិក្សា​ប្រសើរ​បំផុត) ១ បារិចរិយានុត្តរិយៈ (ការបម្រើប្រសើរបំផុត) ១ អនុស្សតានុត្តរិយៈ (ការរឭកប្រសើរបំផុត) ១។ ម្នាលភិក្ខុទាំងឡាយ ទស្សនានុត្តរិយៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ទៅមើលដំរីរតន៍ក្តី ទៅមើលសេះរតន៍ក្តី ទៅមើល​មណិរតន៍ក្តី ឬក៏ទៅមើល​របស់ធំ តូចណាមួយក្តី ទៅមើលសមណៈ ឬព្រាហ្មណ៍ ជាមិច្ឆាទិដ្ឋិ អ្នក​ប្រតិបត្តិ​ខុស​ក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការឃើញនុ៎ះ ឈ្មោះថាឃើញហើយ ការឃើញនុ៎ះ មិនមែនជាមិនឃើញទេ ម្នាលភិក្ខុទាំងឡាយ តែថា ការ​ឃើញនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥត​ប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បី​រលត់​កិលេស​ទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាល​ភិក្ខុទាំងឡាយ លុះតែបុគ្គលណា ទៅឃើញតថាគត ឬសាវកនៃតថាគត ជា​អ្នក​មាន​សទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការ​ឃើញ​នុ៎ះ ទើបប្រសើរបំផុត ជាងការឃើញទាំងឡាយ (ព្រោះប្រព្រឹត្តទៅ) ដើម្បី​សេចក្តី​បរិសុទ្ធិដល់​សត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បី​ឲ្យ​អស់​ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យច្បាស់ នូវព្រះនិព្វាន គឺ​នៅ​ត្រង់បុគ្គលទៅឃើញតថាគត ឬសាវកនៃតថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្ត​ស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការឃើញនេះ ទើបតថាគតឲ្យឈ្មោះថា ការឃើញប្រសើរបំផុត។ ទស្សនានុត្តរិយៈ ដូច្នេះឯង។ ចំណែក​​សវនានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ទៅស្តាប់​សំឡេងស្គរក្តី ទៅស្តាប់សំឡេងពិណក្តី ទៅស្តាប់សំឡេងច្រៀងក្តី ឬក៏ទៅ​ស្តាប់សំឡេងធំ តូចណាមួយក្តី ទៅស្តាប់ធម៌ របស់សមណៈ ឬ​ព្រហ្មណ៍ ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិ​ខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា ការស្តាប់នុ៎ះ ក៏ឈ្មោះថា​ស្តាប់​ដែរ ការស្តាប់នុ៎ះ មិនមែនថាមិនស្តាប់ទេ មា្នលភិក្ខុទាំងឡាយ តែថាការស្តាប់នុ៎ះ ជារបស់​ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាលភិក្ខុទាំង​ឡាយ លុះតែបុគ្គលណា ទៅស្តាប់ធម៌តថាគត ឬសាវកនៃតថាគត ជាអ្នក​មាន​សទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំង​ឡាយ ការ​ស្តាប់​នុ៎ះ ទើបប្រសើរបំផុត ជាងការស្តាប់ទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បី​សេចក្តី​បរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យ​អស់ទៅ នៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យច្បាស់នូវព្រះនិព្វាន គឺនៅត្រង់​បុគ្គល​ទៅ​ស្តាប់ធម៌​តថាគត ឬសាវកនៃតថាគតហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្ត​ស្រឡាញ់​មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការស្តាប់នេះ ទើប​តថាគត​ឲ្យ​ឈ្មោះ​ថា ការស្តាប់ប្រសើរបំផុត។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ ដូច្នេះឯង។ ឯ​លាភានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បានលាភ គឺ កូន​ក្តី បានលាភ គឺប្រពន្ធក្តី បានលាភ គឺទ្រព្យក្តី ឬក៏បានលាភធំតូចណាមួយក្តី បាន​សេចក្តី​ជឿក្នុងសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី​ ម្នាលភិក្ខុទាំងឡាយ​ តថាគតពោលថា លាភនុ៎ះ ក៏ជាលាភដែរហើយ មិនមែនឥតលាភទេ ម្នាលភិក្ខុទាំង​ឡាយ តែថាលាភនុ៎ះ ជារ​បស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥត​ប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បី​ប្រាស​​ចាកតម្រេកទេ ដើម្បី​រលត់​កិលេស​ទេ ដើម្បីស្ងប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាល​ភិក្ខុទាំងឡាយ លុះតែបុគ្គលណា បានសេចក្តីជឿក្នុងតថាគត ឬក្នុងសាវក​របស់​តថាគត ហើយជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការបាននុ៎ះ ប្រសើរបំផុតជាងលាភទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បី​សេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បី​ឲ្យ​អស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់​នូវ​ព្រះនិព្វាន គឺនៅត្រង់បុគ្គលបានសេចក្តីជឿ ក្នុងតថាគត ឬក្នុងសាវករបស់តថាគត ហើយ​ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាល​ភិក្ខុ​ទាំង​ឡាយ ការបាននេះ ទើបតថាគតឲ្យ​ឈ្មោះថា ជាលាភប្រសើរបំផុត។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ ដូច្នេះឯង។ ចំណែកខាងសិក្ខានុត្តរិយៈ តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ សិក្សាវិជ្ជាដំរីក្តី សិក្សាវិជ្ជាសេះក្តី សិក្សា​វិជ្ជា​រថក្តី សិក្សាវិជ្ជាធ្នូក្តី សិក្សាវិជ្ជាដងដាវក្តី ឬក៏សិក្សាវិជ្ជាខ្ពស់ទាបក្តី សិក្សា (វិជ្ជា) របស់​សមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគត​ពោល​ថា ការសិក្សានុ៎ះ ក៏ជាការសិក្សាហើយ មិនមែនមិនសិក្សាទេ ម្នាលភិក្ខុទាំងឡាយ តែថា ការសិក្សានុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥត​ប្រយោជន៍ មិនប្រព្រឹត្ត​ទៅ ដើម្បីនឿយណាយទេ ដើម្បីប្រាសចាកតម្រេកទេ ដើម្បី​រលត់​កិលេស​ទេ ដើម្បីរម្ងាប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បីត្រាស់ដឹងទេ ដើម្បីនិព្វានទេ។ ម្នាល​ភិក្ខុទាំងឡាយ លុះតែបុគ្គលណា សិក្សានូវអធិសីល សិក្សានូវអធិចិត្ត សិក្សា​នូវ​អធិប្បញ្ញ ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មាន​ចិត្ត​ស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំង​ឡាយ ការសិក្សានុ៎ះ ប្រសើរបំផុត ជាង​ការ​សិក្សាទាំងឡាយ ព្រោះប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បី​កន្លង​បង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និង​ទោមនស្ស ដើម្បី​ត្រាស់​ដឹង​នូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលសិក្ខា នូវអធិសីលក្តី សិក្សា​នូវ​អធិចិត្តក្តី សិក្សានូវអធិប្បញ្ញាក្តី ក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ជាអ្នក​មានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការ​សិក្សានេះ ទើបតថាគតហៅថា សិក្សាប្រសើរបំផុត។ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ សិក្ខានុត្តរិយៈ ដូច្នេះឯង។ ឯបារិចរិយានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ បម្រើក្សត្រិយ៍ក្តី បម្រើព្រាហ្មណ៍ក្តី បម្រើគហបតីក្តី ឬបម្រើ​បុគ្គល​ធំតូចណាមួយក្តី បម្រើសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នកប្រតិបត្តិខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការបម្រើនុ៎ះ ក៏ជាការបម្រើហើយ មិនមែនមិន​បម្រើទេ ម្នាលភិក្ខុទាំងឡាយ តែថា ការបម្រើនុ៎ះ ជារបស់​ថោក សម្រាប់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ ឥតប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ។បេ។ ដើម្បី​និព្វានទេ។ ម្នាលភិក្ខុទាំងឡាយ ​លុះតែបុគ្គលណា បម្រើតថាគត ឬសាវក​របស់​តថាគត ហើយជា​អ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការបម្រើនុ៎ះ ប្រសើរបំផុត ជាងការបម្រើទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីឲ្យអស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវព្រះនិព្វាន គឺនៅត្រង់បុគ្គលបម្រើតថាគត ឬសាវករបស់តថាគត  ហើយជាអ្នក​មាន​សទ្ធា​ខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការ​បម្រើ​នេះ ទើបតថាគតហៅថា ការបម្រើប្រសើរបំផុត។ ម្នាលភិក្ខុទាំងឡាយ ទស្សនានុត្តរិយៈ សវនានុត្តរិយៈ លាភានុត្តរិយៈ សិក្ខានុត្តរិយៈ បារិចរិយានុត្តរិយៈ ដូច្នេះឯង។ ចំណែក​អនុស្សតានុត្តរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោក​នេះ រឭកនូវការបានកូនក្តី រឭកនូវការបានប្រពន្ធក្តី រឭកនូវការបានទ្រព្យក្តី ឬក៏​រឭកនូវការបានរបស់តូចធំក្តី រឭកនូវសមណៈ ឬព្រាហ្មណ៍ជាមិច្ឆាទិដ្ឋិ អ្នក​ប្រតិបត្តិ​ខុសក្តី ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ការរឭកនុ៎ះ ក៏ឈ្មោះថា រឭកដែរ មិន​មែន​មិន​រឭកទេ ម្នាលភិក្ខុទាំងឡាយ តែថា ការរឭកនុ៎ះ ជារបស់ថោក សម្រាប់អ្នកស្រុក ជា​របស់បុថុជ្ជន មិនប្រសើរ ឥត​ប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយទេ ដើម្បី​ប្រាស​ចាកតម្រេកទេ ដើម្បីរលត់កិលេសទេ ដើម្បីរម្ងាប់ទុក្ខទេ ដើម្បីដឹងប្រសើរទេ ដើម្បី​ត្រាស់​​ដឹងទេ ដើម្បីនិព្វានទេ​។ ម្នាលភិក្ខុទាំងឡាយ លុះតែបុគ្គលណា រឭកនូវ​តថាគត ឬសាវករបស់តថាគត ហើយ​ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មានចិត្តស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុ​ទាំង​ឡាយ សេចក្តីរឭកនុ៎ះ ប្រសើរបំផុត ជាងសេចក្តីរលឹក​ទាំងឡាយ ព្រោះប្រព្រឹត្តទៅ ដើម្បី​សេចក្តីបរិសុទ្ធិ ដល់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បី​ឲ្យ​អស់ទៅនៃទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវនិព្វាន គឺនៅ​ត្រង់បុគ្គលរឭកនូវតថាគត ឬសាវករបស់តថាគត ជាអ្នកមានសទ្ធាខ្ជាប់ខ្ជួន មាន​ចិត្ត​ស្រឡាញ់មាំ ជឿស៊ប់ ជ្រះថ្លាខ្លាំង ម្នាលភិក្ខុទាំងឡាយ ការរឭកនេះ ទើប​តថាគត​ហៅថា ការរឭកប្រសើរបំផុត។ ម្នាលភិក្ខុទាំងឡាយ នេះឯងអនុត្តរិយៈ ទាំង៦យ៉ាង។

ពួកជនណា បាននូវទស្សនានុត្តរិយៈផង នូវសវនានុត្តរិយៈផង បាន​នូវ​លាភានុត្តរិយៈផង ត្រេកអរក្នុងសិក្ខានុត្តរិយៈផង តាំងនៅក្នុងបារិចរិយានុត្តរិយៈ ចំរើន​នូវអនុស្សតានុត្តរិយៈ ដែលប្រកបដោយវិវេក ដ៏ក្សេម ជា​គ្រឿងឲ្យ​ដល់​និព្វានផង ពួកជននោះ រីករាយក្នុងសេចក្តីមិនប្រហែស មានបញ្ញាចាស់ សង្រួមហើយក្នុងសីល រមែងដឹងនូវអមតនិព្វាន ដែលជាទីរលត់ទុក្ខ តាម​កាល​ដ៏គួរ។

ចប់ អនុត្តរិយវគ្គ ទី៣។

ឧទ្ទាននៃអនុត្តរិយវគ្គនោះគឺ

ព្រះដ៏មានព្រះភាគ ទ្រង់គង់ជិតសាមគ្រាម ១សូត្រ អបរិហានិយធម៌ ១សូត្រ ភ័យជាឈ្មោះរបស់កាមជាដើម ១សូត្រ ភិក្ខុអាចទំលាយភ្នំ​ហិមពាន្ត ១សូត្រ ភិក្ខុ​រមែងស្អាត ១សូត្រ ព្រះមហាកច្ចានៈ ១សូត្រ សម័យ ២សូត្រ ឧទាយិត្ថេរ ១សូត្រ អនុត្តរិយៈ ១សូត្រ។   ​

សេក្ខបរិហានិយវគ្គ

សេខសូត្រ ទី១

[៣១] ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសាបសូន្យ (ចាកគុណឰដ៏ខាងលើ) ដល់ភិក្ខុជាសេក្ខៈ (ទាំង៧ពួក)។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺ​សេចក្តីត្រេកអរក្នុងការងារ ១  សេចក្តីត្រេកអរក្នុងការចរចា ១ សេចក្តីត្រេកអរ​ក្នុង​ការ​ដេក ១ សេចក្តីត្រេកអរក្នុងពួកគណៈ ១ មិនមានសេចក្តីគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំង​ឡាយ ១ មិនដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីមិនត្រេកអរក្នុងការងារ ១ សេចក្តីមិនត្រេកអរក្នុងការចរចា ១ សេចក្តីមិនត្រេកអរក្នុងការដេក ១ សេចក្តីមិនត្រេកអរក្នុងពួកគណៈ ១ គ្រប់គ្រងទា្វរ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ ១ ដឹងប្រមាណក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦យ៉ាង​នេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។

បឋមអបរិហានសូត្រ ទី២

[៣២] គ្រានោះ មានទេវតា ១អង្គ កាលរាត្រីបឋមយាមកន្លងហើយ មាន​រស្មី​ដ៏​រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះទេវតានោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តី​គោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរពក្នុងអប្បមាទធម៌ ១ សេចក្តីគោរពក្នុងបដិសន្ថារៈ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាង នេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ទេវតានោះ បានក្រាប​ទូល​ដូច្នេះ​ហើយ។ ព្រះសាស្តា ក៏មានព្រះហ្ឫទ័យរីករាយ។ លុះទេវតានោះ ដឹងថា​ព្រះសាស្តា​មាន​ព្រះហ្ឫទ័យរីករាយនឹងអាត្មាហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើបទក្សិណ ហើយក៏បាត់ក្នុងទីនោះឯង។ លុះដល់រាត្រីបឋមយាមនោះ កន្លងហើយ ព្រះដ៏មាន​ព្រះភាគ ក៏ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មានទេវតា ១រូប កាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពន​ទាំងអស់​ឲ្យ​ភ្លឺស្វាង ចូលមករកតថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅ​ក្នុង​ទី​ដ៏សមគួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឋិតនៅក្នុងទីសមគួរហើយ បាន​និយាយ​នឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តី​គោរព​ក្នុង​ព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តី​គោរព​ក្នុង​សិក្ខា ១ សេចក្តីគោរព ក្នុងអប្បមាទធម៌១ សេចក្តីគោរពក្នុងបដិសន្ថារៈ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌៦យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ម្នាល​ភិក្ខុទាំងឡាយ ទេវតានោះ បាននិយាយដូច្នេះ លុះនិយាយដូច្នេះហើយ ក៏ថ្វាយ​បង្គំ​តថាគត ធ្វើបទក្សិណ ហើយបាត់ក្នុងទីនោះឯង។

ភិក្ខុអ្នកគោរពក្នុងព្រះសាស្តា គោរពក្នុងព្រះធម៌ គោរពដ៏​ក្លៀវក្លា ក្នុង​ព្រះសង្ឃ (គោរពក្នុងសិក្ខា) គោរពក្នុងសេចក្តីមិនប្រមាទ គោរព​ក្នុង​បដិសន្ថារៈហើយ មិនគួរដើម្បីសាបសូន្យ រមែងតាំងនៅ ក្នុងទីជិត​នៃ​ព្រះនិព្វាន។

ទុតិយអបរិហានសូត្រ ទី៣

[៣៣] ម្នាលភិក្ខុទាំងឡាយ យប់មិញនេះ មានទេវតា ១រូប កាលរាត្រី​បឋមយាម កន្លងហើយ មានរស្មីដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង   ចូល​មក​រក​តថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតក្នុងទីសមគួរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះទេវតានោះ ឋិតក្នុងទីសមគួរហើយ បាននិយាយនឹងតថាគត យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង ដូចម្តេចខ្លះ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ សេចក្តីគោរព​ក្នុង​ការ​ខ្មាស​បាប ១ សេចក្តីគោរពក្នុងការខ្លាចបាប ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យដល់ភិក្ខុ។ ម្នាលភិក្ខុទាំងឡាយ ទេវតានោះ បាន​និយាយ​ដូច្នេះ លុះបាននិយាយដូច្នេះហើយ ក៏ថ្វាយបង្គំតថាគត ធ្វើបទក្សិណ ហើយបាត់ក្នុងទីនោះឯង។

ភិក្ខុអ្នកគោរពក្នុងព្រះសាស្តា គោរពក្នុងព្រះធម៌ គោរពដ៏​ក្លៀវក្លា ក្នុង​ព្រះសង្ឃ (គោរពក្នុងសិក្ខា) បរិបូរណ៌ដោយហិរិ និង​ឱត្តប្បៈ ប្រកប​ដោយ​សេចក្តីឱនលំទោនដ៏ទន់ភ្លន់ មិនគួរដើម្បីសាបសូន្យ រមែង​តាំង​នៅ​ក្នុងទីជិតនៃព្រះនិព្វាន។

មហាមោគ្គល្លានសូត្រ ទី៤

[៣៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូល​ទៅកាន់​ទីស្ងាត់ ពួនសម្ងំ ហើយមានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង យ៉ាងនេះថា ពួក​ទេវតា​ណា មានសេចក្តីដឹងថា យើងទាំងឡាយ ជាអ្នកដល់ស្រោតៈ មានសភាពមិន​ធ្លាក់​ចុះ​ជាធម្មតា ជាបុគ្គលទៀង បានត្រាស់ដឹងទៅខាងមុខ យ៉ាងនេះ ដែរឬទេ។ សម័យ​នោះ មានភិក្ខុឈ្មោះតិស្សៈ ធ្វើមរណកាលថ្មីៗ បានទៅកើតក្នុងព្រហ្មលោកណាមួយ។ ឯពួកព្រហ្ម ក្នុងព្រហ្មលោកនោះ ក៏ស្គាល់ព្រហ្មនោះ យ៉ាងនេះថា នេះជា​ព្រហ្ម​ឈ្មោះ​តិស្សៈ មានឫទ្ធិច្រើន មានអានុភាពច្រើន។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ បាត់​អំពីវត្តជេតពន ទៅប្រាកដឯព្រហ្មលោកនោះ ដូចជាបុរសដ៏មានកំឡាំង លាដៃដែល​ខ្លួនបត់ ឬបត់ដៃដែលខ្លួនលា ដូច្នោះឯង។ តិស្សព្រហ្ម បានឃើញ​ព្រះមហាមោគ្គល្លានដ៏មានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏បាន​និយាយ នឹងព្រះមហាមោគ្គល្លានដ៏មានអាយុ យ៉ាងនេះថា បពិត្រ​ព្រះមោគ្គល្លាន​ជា​ម្ចាស់ សូមលោកនិមន្តចូលមកចុះ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លោកនិមន្ត​មក​ស្រួល​ហើយ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លោកបានធ្វើបរិយាយនេះ ដើម្បីមកក្នុងទីនេះ អស់​កាលយូរណាស់ហើយហ្ន៎ បពិត្រព្រះមោគ្គល្លានជាម្ចាស់ សូមលោកគង់ចុះ នេះ​ជា​អាសនៈ​ដែលខ្ញុំក្រាលប្រគេន។ ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់លើអាសនៈ ដែល​តិស្សព្រហ្មក្រាលប្រគេន។ ឯតិស្សព្រហ្ម ថ្វាយបង្គំព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​ហើយ អង្គុយក្នុងទីសមគួរ។ លុះតិស្សព្រហ្ម អង្គុយក្នុងទីសមគួរហើយ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ មានថេរវាចា យ៉ាងនេះថា ម្នាលតិស្សៈ ពួកទេវតា ណា​ហ្ន៎ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង បានត្រាស់ដឹងទៅខាងមុខ យ៉ាងនេះ ដែរឬទេ។ បពិត្រ​ព្រះមោគ្គល្លាន​ជា​ម្ចាស់ ពួកទេវតាជាន់ចាតុម្មហារាជិកៈ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងបានត្រាស់ដឹងទៅខាងមុខ យ៉ាង​នេះ​ដែរ។ ម្នាលតិស្សៈ ពួកទេវតាជាន់ចាតុម្មហារាជិកៈទាំងអស់ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹង​មាន​សេចក្តី​ត្រាស់ដឹងទៅខាងមុខ យ៉ាងនេះដែរ ឬដូចម្តេច។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកទេវតា ជាន់ចាតុម្មហារាជិកៈ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹង​ទៅខាង​មុខ​យ៉ាងនេះទាំងអស់គ្នាទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកចាតុម្មហារាជិកទេវតាណា មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុង​ព្រះធម៌ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ មិនប្រកប​ដោយ​សីល​ទាំង​ឡាយ ដែលព្រះអរិយៈត្រេកអរហើយ ពួកចាតុម្មហារាជិកទេវតានោះ មិនមាន​សេចក្តី​ដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹង​មានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួក​ចាតុម្មហារាជិកទេវតាណា ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ ប្រកប​ដោយ​សេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ ប្រកប​ដោយ​សីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ទើបពួក​ចាតុម្មហារាជិក​ទេវតា​នោះ មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជា​បុគ្គល​ទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាងនេះបាន។ ម្នាលតិស្សៈ ចុះមាន​តែ​ពួកចាតុម្មហារាជិកទេវតា មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាព​មិន​ធ្លាក់ចុះ ជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខប៉ុណ្ណោះឬ ឬក៏ពួកតាវត្តិង្សទេវតាក្តី។បេ។ ពួកយាមទេវតាក្តី ពួកតុសិតទេវតាក្តី ពួក​និម្មានរតី​ទេវតា​ក្តី ពួកបរនិម្មិតវសវត្តីទេវតាក្តី មានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាព​មិន​ធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខ យ៉ាង​នេះ​ដែរ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួកបរនិម្មិតវសវត្តីទេវតា មានសេចក្តីដឹងថា យើង​ជា​អ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមាន​សេចក្តី​ត្រាស់​ដឹង​ទៅខាងមុខ យ៉ាងនេះបាន។ ម្នាលតិស្សៈ ពួកបរនិម្មិតវសវត្តីទេវតា មាន​សេចក្តី​ដឹងថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹងទៅខាងមុខយ៉ាងនេះ ទាំងអស់គ្នា ឬដូចម្តេច។ បពិត្រ​ព្រះមោគ្គល្លាន​ជាម្ចាស់ ពួកបរនិម្មិតវសវត្តីទេវតា មិនមានសេចក្តីដឹងថា យើងជាអ្នក​ដល់​ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹង ទៅខាងមុខយ៉ាងនេះ ទាំងអស់គ្នាទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ ពួក​បរនិម្មិតវសវត្តីទេវតា​ណា មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ មិន​ប្រកប​ដោយ​សេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ មិនប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុង​ព្រះសង្ឃ មិនប្រកបដោយសីលទាំងឡាយ ដែលព្រះអរិយៈត្រេកអរហើយ ពួក​បរនិម្មិតវសវត្តីទេវតាទាំងនោះ មិនមានសេចក្តីដឹងថា យើងជាអ្នកដល់ស្រោតៈ មាន​សភាព​មិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមានសេចក្តីត្រាស់ដឹង ទៅខាងមុខ​យ៉ាង​នេះ​ទេ។ បពិត្រព្រះមោគ្គល្លានជាម្ចាស់ លុះតែពួកបរនិម្មិតវសវត្តីទេវតាណា ប្រកប​ដោយ​សេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះពុទ្ធ ប្រកបដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះធម៌ ប្រកប​ដោយសេចក្តីជ្រះថ្លាមាំទាំ ក្នុងព្រះសង្ឃ ប្រកបដោយសីលទាំងឡាយ ដែល​ព្រះអរិយៈ​ត្រេកអរហើយ ទើបបានពួកបរនិម្មិតវសវត្តីទេវតាទាំងនោះ មាន​សេចក្តី​ដឹង​ថា យើងជាអ្នកដល់ស្រោតៈ មានសភាពមិនធ្លាក់ចុះជាធម្មតា ជាបុគ្គលទៀង នឹងមាន សេចក្តី​ត្រាស់ដឹង ទៅខាងមុខយ៉ាងនេះបាន។ គ្រានោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ត្រេកអរ អនុមោទនាភាសិតរបស់តិស្សព្រហ្ម ហើយក៏បាត់ពីព្រហ្មលោក មក​ប្រាកដ​ឯ​វត្តជេតពន​វិញ ដូចជាបុរសមានកំឡាំង លាដៃដែលខ្លួនបត់ ឬបត់ដៃដែលខ្លួនលា ដូច្នោះ​ឯង។

វិជ្ជាភាគិយសូត្រ ទី៥

[៣៥] ម្នាលភិក្ខុទាំងឡាយ ពួកធម៌ ជាចំណែកនៃវិជ្ជានេះ មាន ៦យ៉ាង។ ធម៌ ៦យ៉ាង តើដូចម្តេច។ គឺសេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងអនិច្ចានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុងទុក្ខានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែល​កើត​ឡើង) ក្នុងអនត្តានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុង​បហានានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុង​វិរាគានុបស្សនាញាណ ១ សេចក្តីសំគាល់ (ដែលកើតឡើង) ក្នុង​ និរោធានុបស្សនាញាណ ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលជាចំណែកនៃវិជ្ជា ៦​យ៉ាង។

វិវាទមូលសូត្រ ទី៦

[៣៦] ម្នាលភិក្ខុទាំងឡាយ មូលហេតុនៃសេចក្តីវិវាទនេះ មាន៦យ៉ាង។ ៦យ៉ាង តើ​ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មានសេចក្តីក្រោធ ចង​សេចក្តី​ក្រោធទុក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មានសេចក្តីក្រោធ ចងសេចក្តី​ក្រោធ​ទុក ភិក្ខុនោះ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសាស្តាផង មិន​មានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះធម៌ផង មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃផង ជាអ្នកមិនធ្វើឲ្យ​បរិបូណ៌ ក្នុងសិក្ខាផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនមានសេចក្តីគោរព មិន​មាន​សេចក្តី​កោតក្រែង ក្នុងព្រះសាស្តា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុង​ព្រះធម៌ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង ក្នុងព្រះសង្ឃ ជាអ្នក​មិន​ធ្វើ​ឲ្យបរិបូណ៌ ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទក្នុងសង្ឃ ដែលជាវិវាទប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ដល់ជនច្រើន ដើម្បីមិនជាសុខ ដល់ជនច្រើន មិនចំរើន​ដល់​ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំង​ឡាយ បើអ្នកទាំងឡាយ បានឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬ​ជាខាងក្រៅហើយ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បី​លះមូលហេតុ នៃវិវាទដ៏លាមកនោះចេញ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិន​ឃើញមូលហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ សមបីប្រតិបត្តិ ដើម្បីឲ្យមូលហេតុ នៃ​វិវាទ​ដ៏លាមក​នោះ ជាប់តាមតទៅទៀតបាន។ យ៉ាងនេះ ឈ្មោះថា ការលះមូលហេតុ នៃ​វិវាទ​ដ៏លាមកនុ៎ះចេញ។ យ៉ាងនេះ ឈ្មោះថា មានមូលហេតុ នៃវិវាទដ៏លាមកនុ៎ះ ជាប់​តាមតទៅទៀត១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណ និង​វាយ​ឫកស្មើ ១។បេ។ ជាអ្នកមានសេចក្តីឫស្យា មានសេចក្តីកំណាញ់ ១ ជាអ្នកអួតអាង មាន​ពុតត្បុត ១ ជាអ្នកមានសេចក្តីប្រាថ្នាដ៏លាមក មានសេចក្តីយល់ខុស ១ ជា​អ្នកស្ទាប​អង្អែល តាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ លះបង់បានដោយក្រ ១។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុណា ស្ទាបអង្អែលតាមសេចក្តីយល់របស់ខ្លួន ប្រកាន់មាំ លះបង់​បាន​ដោយ​ក្រ ភិក្ខុនោះ មិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តាផង មិនគោរព មិនកោតក្រែង ក្នុង​ព្រះធម៌ផង មិនគោរព មិនកោតក្រែង ក្នុងព្រះសង្ឃផង មិនធ្វើឲ្យបរិបូណ៌​ក្នុង​សិក្ខាផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា មិនគោរព មិនកោតក្រែង ក្នុង​ព្រះសាស្តា។បេ។ មិនធ្វើឲ្យបរិបូណ៌ក្នុងសិក្ខាទេ ភិក្ខុនោះ រមែងបង្កវិវាទ ឲ្យកើត​ឡើង​ក្នុង​ព្រះសង្ឃ ដែលជាវិវាទប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដល់ជនច្រើន ដើម្បី​មិនជា​សុខដល់ជនច្រើន ដើម្បីមិនចំរើនដល់ជនច្រើន មិនជាប្រយោជន៍ ជាទុក្ខ ដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ពិចារណាឃើញ​មូល​ហេតុនៃវិវាទ មានសភាពយ៉ាងនេះ ជាខាងក្នុង ឬជាខាងក្រៅហើយ ម្នាលភិក្ខុទាំង​ឡាយ ក្នុងរឿងនោះ អ្នកទាំងឡាយ ត្រូវព្យាយាម ដើម្បីលះបង់នូវវិវាទមូល​ដ៏លាមក​នោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនពិចារណាឃើញនូវវិវាទមូល មាន​សភាពយ៉ាងនេះ ទាំងខាងក្នុង ទាំងខាងក្រៅទេ ម្នាលភិក្ខុទាំងឡាយ ក្នុងរឿងនោះ អ្នក​ទាំងឡាយ សមបីប្រតិបត្តិ ដើម្បីឲ្យវិវាទមូលដ៏លាមកនុ៎ះជាប់តាម តទៅទៀត​បាន។ យ៉ាងនេះ ឈ្មោះថា ការលះបង់ចោល នូវវិវាទមូលដ៏លាមកនោះ។ យ៉ាងនេះ ឈ្មោះ​ថា មានវិវាទមូលដ៏លាមកនុ៎ះ ជាប់តាមតទៅទៀត ១។ ម្នាលភិក្ខុទាំងឡាយ នេះ​ហើយ ជាវិវាទមូល ៦យ៉ាង។

ឆឡង្គទានសូត្រ ទី៧

[៣៧] សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ឧបាសិកា ជាមាតាព្រះនន្ទ អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈ ដំកល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មាន​ព្រះសារីបុត្រ និងព្រះមោគ្គល្លាន ជាប្រធាន។ ព្រះដ៏មានព្រះភាគ បានទត​ឃើញ​នន្ទមាតាឧបាសិកា អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈ ដោយទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លង​ចក្ខុ​របស់មនុស្សធម្មតា ដែលកំពុងដំកល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មាន​ព្រះសារីបុត្រ និងព្រះមោគ្គល្លាន ជាប្រធាន លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុ​ទាំង​ឡាយ​ថា ម្នាលភិក្ខុទាំងឡាយ នន្ទមាតាឧបាសិកា អ្នកនៅក្នុងក្រុងវេឡុកណ្ឌកៈនោះ កំពុងដំកល់ទាន ប្រកបដោយអង្គ ៦ ចំពោះភិក្ខុសង្ឃ មានព្រះសារីបុត្រ និង​ព្រះមោគ្គល្លាន ជាប្រធាន។ ម្នាលភិក្ខុទាំងឡាយ ចុះទានប្រកបដោយអង្គ ៦ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ អង្គរបស់ទាយក មាន៣ អង្គ​របស់​បដិគ្គាហកៈ​ទាំងឡាយ មាន៣។ ចុះអង្គរបស់ទាយក ៣ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងសាសនានេះ ទាយកជាអ្នកមានចិត្តត្រេកអរមុន អំពីកាលឲ្យ ១ កំពុងតែឲ្យ  ធ្វើចិត្តឲ្យជ្រះថ្លា ១ លុះឲ្យហើយ មានចិត្តរីករាយ ១។ នេះជាអង្គទាយកមាន ៣។ អង្គ​របស់បដិគ្គាហកៈទាំងឡាយ មាន ៣ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សាសនា​នេះ ពួកបដិគ្គាហកៈ ជាអ្នកប្រាសចាករាគៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់រាគៈ ១ ប្រាស​ចាក​ទោសៈ ឬប្រតិបត្តិ ដើម្បីបន្ទោបង់ទោសៈ ១ ប្រាសចាកមោហៈ ឬប្រតិបត្តិ ដើម្បី​បន្ទោបង់មោហៈ ១។ នេះជាអង្គបដិគ្កាហកៈមាន៣។ អង្គរបស់ទាយក មាន ៣ អង្គ​របស់​បដិគ្គាហកៈមាន ៣ ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះឯង ជាទាន​ប្រកប​ដោយ​អង្គ ៦។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយកំណត់ នូវប្រមាណនៃបុណ្យ របស់​ទាន ដែលប្រកបដោយអង្គ ៦ យ៉ាងនេះថា គំនរបុណ្យ គំនរកុសល ជាគ្រឿង​នាំមក​នូវ​សេចក្តីសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ជាប្រយោជន៍ ជាសុខបានឡើយ។ ដោយ​ពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា ជាគំនរបុណ្យច្រើន​ប៉ុណ្ណេះ​បាន។ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលដែលមិនងាយកំណត់ប្រមាណនូវទឹក ក្នុងមហាសមុទ្ទថា ទឹកប៉ុណ្ណេះអាឡ្ហកក្តី ទឹកប៉ុណ្ណេះរយអាឡ្ហកក្តី ទឹក​ប៉ុណ្ណេះពាន់​អាឡ្ហកក្តី ទឹកប៉ុណ្ណេះសែនអាឡ្ហកក្តី បានឡើយ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា គំនរទឹកដ៏ច្រើនប៉ុណ្ណោះបាន យ៉ាងណាមិញ។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមិនងាយកំណត់ប្រមាណនូវបុណ្យ នៃទានប្រកបដោយអង្គ ៦ យ៉ាង យ៉ាងនេះថា គំនរបុណ្យ គំនរកុសល ជាគ្រឿងនាំមកនូវសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ប៉ុណ្ណេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ជាប្រយោជន៍ ជាសុខបានឡើយ។ ដោយពិតនោះថា រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា ជាគំនរបុណ្យដ៏ច្រើនប៉ុណ្ណោះបាន ក៏យ៉ាងនោះដែរ។

ទាយកមានចិត្តរីករាយ ក្នុងវេលាមុនអំពីកាលឲ្យ កំពុងឲ្យ ធ្វើចិត្តឲ្យជ្រះថ្លា លុះ​ឲ្យ​ហើយ ក៏មានចិត្តត្រេកអរ (តាមក្រោយ) នេះជាសេចក្តីបរិបូណ៌របស់ទាន។ បុគ្គលអ្នកប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិន​មាន​អាសវៈ​ ជាព្រហ្មចារី មានសេចក្តីសង្រួម ឈ្មោះថាជាខេត្តនៃទានដ៏បរិបូណ៌ (ដោយគុណ)។ បុគ្គលខ្វល់ខ្វាយដោយខ្លួនឯង ឲ្យទានដោយដៃរបស់ខ្លួន។ ទាន​នុ៎ះ ជាទានមានផលច្រើន ព្រោះខ្លួនផង ព្រោះបុគ្គលដទៃផង។ អ្នកប្រាជ្ញ​ជាបណ្ឌិត​អ្នកមានសទ្ធា មានចិត្តផុតស្រឡះ (ចាកសេចក្តីកំណាញ់) លុះឲ្យទាន​យ៉ាង​នេះហើយ ក៏រមែងទៅកើតក្នុងទេវលោក ជាសុខ ឥតមានទុក្ខ។

អត្តការីសូត្រ ទី៨

[៣៨] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ពោលរួសរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យរួសរាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទី​ដ៏សមគួរហើយ ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់និយាយយ៉ាងនេះ ធ្លាប់យល់យ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃបានឡើយ។ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប មិនដែលឮ មនុស្សនិយាយយ៉ាងនេះ យល់យ៉ាងនេះឡើយ ហេតុអ្វីបានជាមនុស្ស​ឈាន​ដើរ​ទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង និយាយយ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ ដូច្នេះបាន។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច ការផ្គងនូវសេចក្តីព្យាយាម មានដែរឬទេ។ មានដែរ ព្រះអង្គ។ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មាន​សេចក្តីប្រារព្ធ រមែងប្រាកដឡើងដែរឬទេ។ មានដែរ ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលបើមានការផ្គង នូវសេចក្តីព្យាយាមហើយ សត្វទាំងឡាយ មានសចក្តីប្រារព្ធ ប្រាកដ​ដោយហេតុណា ហេតុនេះហើយ ជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បី​បុគ្គល​ដទៃ របស់សត្វទាំងឡាយ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់ហេតុនោះដូចម្តេច សេចក្តី​ព្យាយាម មានសភាពចេញចាកការខ្ជឹលច្រអូស មានដែរឬទេ។ប។ សេចក្តី​ប្រឹងប្រែង​ មានដែរឬទេ សេចក្តីរឹងប៉ឹង មានដែរឬទេ សេចក្តីមាំមួន មានដែរឬទេ សេចក្តីខ្វល់ខ្វាយ មានដែរឬទេ។ មានដែរ ព្រះអង្គ។ កាលបើមានសេចក្តីខ្វល់ខ្វាយហើយ សត្វទាំងឡាយ មានសេចក្តីខ្វល់ខ្វាយ ក៏រមែងប្រាកដឡើងដែរឬទេ។ មានប្រាកដដែរ ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលបើសេចក្តីខ្វល់ខ្វាយមានហើយ សត្វទាំងឡាយ មានសេចក្តី​ខ្វល់ខ្វាយ ប្រាកដឡើងដោយហេតុណា ហេតុនេះជាការធ្វើ (កម្ម) ដើម្បីខ្លួន ជាការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃ របស់សត្វទាំងឡាយ ម្នាលព្រាហ្មណ៍ តថាគតមិនដែលចួប  មិនដែលឮមនុស្សនិយាយយ៉ាងនេះ យល់យ៉ាងនេះឡើយ ដូចម្តេចក៏​មនុស្សឈាន​ដើរទៅមុខខ្លួនឯង ឈានដើរត្រឡប់មកខ្លួនឯង មកនិយាយយ៉ាងនេះថា មិនមានការធ្វើ (កម្ម) ដើម្បីខ្លួន មិនមានការធ្វើ (កម្ម) ដើម្បីបុគ្គលដទៃសោះឡើយ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីរោះណាស់។បេ។ ចាប់ដើមតាំងពីថ្ងៃនេះទៅ ជាអ្នកដល់នូវព្រះអង្គ ជាទីពឹង​ស្មើ​ដោយជីវិត។

និទានសូត្រ ទី៩

[៣៩] ម្នាលភិក្ខុទាំងឡាយ ហេតុទាំងឡាយ ៣ យ៉ាងនេះ ដែលផ្តួចផ្តើមឲ្យកើត អកុសលកម្មទាំងឡាយ។ ហេតុ ៣ យ៉ាង តើដូចម្តេច។ គឺលោភៈ ជាហេតុ​ផ្តួចផ្តើម​ឲ្យកើត​អកុសលកម្មទាំងឡាយ ១ ទោសៈ ជាហេតុផ្តួចផ្តើម ឲ្យកើត​អកុសលកម្ម​ទាំងឡាយ ១ មោហៈ ជាហេតុផ្តួចផ្តើម ឲ្យកើតអកុសលកម្មទាំងឡាយ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ អលោភៈ មិនកើតមកអំពីលោភៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ លោភៈ ប្រាកដជាកើតមកអំពីលោភៈដដែល។ ម្នាលភិក្ខុទាំងឡាយ អទោសៈ មិនកើត​មក​អំពីទោសៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ ទោសៈ ប្រាកដជា​កើត​មក​អំពី​ទោសៈដដែល។ ម្នាលភិក្ខុទាំងឡាយ អមោហៈ មិនកើតមកអំពីមោហៈទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើដូច្នោះ មោហៈ ប្រាកដជាកើតមកអំពីមោហៈដដែល។ ម្នាលភិក្ខុទាំង​ឡាយ ពួកទេវតាក្តី ពួកមនុស្សក្តី ឬសុគតិណាមួយឯទៀត មិនមែនបានប្រាកដ មក​អំពីកម្ម ដែលកើតអំពីលោភៈ កម្មដែលកើតអំពីទោសៈ កម្មដែលកើតអំពីមោហៈទេ ម្នាល​ភិក្ខុទាំងឡាយ កាលបើដូច្នោះ នរកក្តី កំណើតតិរច្ឆានក្តី ប្រេតវិស័យក្តី ឬក៏ទុគ្គតិ​ណាមួយ​ឯទៀត រមែងកើតប្រាកដមកអំពីកម្ម ដែលកើតអំពីលោភៈ កម្មដែល​កើត​អំពី​ទោសៈ កម្មដែលកើតអំពីមោហៈជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ហេតុ ៣ យ៉ាង​នេះ​ហើយ ដែលផ្តួចផ្តើម ឲ្យកើតអកុសលកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៣ យ៉ាងនេះ ដែលផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ។ ចុះហេតុ៣ យ៉ាង តើ​ដូច​ម្តេច។ គឺអលោភៈ ជាហេតុផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ១ អទោសៈ ជាហេតុ​ផ្តួចផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ ១ អមោហៈ ជាហេតុផ្តួចផ្តើម ឲ្យកើត​កុសលកម្ម​ទាំងឡាយ ១។ ម្នាលភិក្ខុទាំងឡាយ លោភៈ មិនមែនកើតមកអំពីអលោភៈទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើដូច្នោះ អលោភៈ ប្រាកដជាកើតមកអំពីអលោភៈដដែល។ ម្នាល​ភិក្ខុ​ទាំងឡាយ ទោសៈ មិនមែនកើតមកអំពីអទោសៈទេ ម្នាលភិក្ខុទាំងឡាយ កាល​បើ​ដូច្នោះ អទោសៈ ប្រាកដជាកើតមកអំពីអទោសៈដដែល។ ម្នាលភិក្ខុទាំងឡាយ មោហៈ មិនមែន​កើតមកអំពីអមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាលបើដូច្នោះ អមោហៈ ប្រាកដ​ជា​កើតមកអំពីអមោហៈដដែល។ ម្នាលភិក្ខុទាំងឡាយ នរកក្តី កំណើតតិរច្ឆានក្តី ប្រេត​វិស័យក្តី ឬក៏ទុគ្គតិណាមួយឯទៀត មិនកើតប្រាកដមកអំពីកម្ម ដែលកើតពីអលោភៈ កម្មដែលកើតអំពីអទោសៈ កម្មដែលកើតអំពីអមោហៈទេ ម្នាលភិក្ខុទាំងឡាយ កាល​បើ​ដូច្នោះ ពួកទេវតាក្តី ពួកមនុស្សក្តី ឬក៏សុគតិណាមួយឯទៀត តែងកើត​ប្រាកដ​មកអំពីកម្ម ដែលកើតអំពីអលោភៈ កម្មដែលកើតមកអំពីអទោសៈ កម្ម​ដែលកើត​មក​អំពីអមោហៈជាប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ហេតុទាំង ៣ យ៉ាងនេះហើយ ដែល​ផ្តួច​ផ្តើម ឲ្យកើតកុសលកម្មទាំងឡាយ។

កិមិលសូត្រ ទី១០

[៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​វត្តវេឡុវន ទៀបក្រុងកិមិលា។ គ្រានោះ ព្រះកិមិលៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏​មាន​ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះកិមិលៈ ដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូល​សួរ​ព្រះដ៏មាន​ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាល​បើ​ព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្មមិនឋិតឋេរនៅអស់កាលយូរបាន។ ម្នាល​កិមិលៈ ក្នុងសាសនានេះ កាលតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកមិនគោរព មិនកោតក្រែង ក្នុងព្រះសាស្តា មិនគោរព មិនកោតក្រែង ក្នុង​ព្រះធម៌ មិនគោរព មិនកោតក្រែង ក្នុងសង្ឃ មិនគោរព មិនកោតក្រែង ក្នុងសិក្ខា មិនគោរព មិនកោតក្រែង ក្នុងអប្បមាទ មិនគោរព មិនកោតក្រែងក្នុងបដិសន្ថារៈ។ ម្នាល​កិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះ​សទ្ធម្ម​មិនឋិតថេរនៅអស់កាលយូរបាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេចអេះ កាលព្រះតថាគតបរិនិព្វានហើយ  ព្រះសទ្ធម្ម ឋិតថេរ​នៅ​អស់​កាល​យូរ​បាន។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលបើព្រះតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាអ្នកគោរព កោតក្រែង ក្នុងព្រះសាស្តា គោរព កោតក្រែង ក្នុង​ព្រះធម៌ គោរព កោតក្រែង ក្នុងសង្ឃ គោរព កោតក្រែងក្នុងសិក្ខា គោរព   កោតក្រែង ក្នុងអប្បមាទ គោរព កោតក្រែងក្នុងបដិសន្ថារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើព្រះតថាគត បរិនិព្វានហើយ ព្រះសទ្ធម្ម ឋិតថេរ​នៅ​អស់​កាល​យូរ​បាន។

ទារុក្ខន្ធសូត្រ ទី១១

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅ​លើ​ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ព្រះសារីបុត្រដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចុះអំពីភ្នំគិជ្ឈកូដ ជាមួយនឹងពួកភិក្ខុដ៏ច្រើន បាន​ឃើញគំនរឈើដ៏ធំ ក្នុងប្រទេសមួយ ហើយប្រឹក្សានឹងភិក្ខុទាំងឡាយថា ម្នាល​អាវុសោទាំងឡាយ លោកទាំងឡាយ ឃើញគំនរឈើដ៏ធំឯណោះ ដែរឬទេ។ ឃើញ​ដែរ អាវុសោ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុមានឫទ្ធិ ប្រាថ្នាដល់នូវសេចក្តី​ស្ទាត់ជំនាញ​ក្នុងចិត្ត គប្បីកំណត់នូវគំនរឈើឯណោះ ថាជាបឋវីធាតុ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះថា ភិក្ខុមានឫទ្ធិ ដល់នូវ​សេចក្តី​ស្ទាត់​ជំនាញក្នុងចិត្ត អាស្រ័យបឋវីធាតុ ក្នុងគំនរឈើឯណោះ ហើយគប្បីកំណត់ នូវគំនរ​ឈើ​ឯណោះ ថាជាបឋវីធាតុ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុមានឫទ្ធិ ប្រាថ្នាដល់​នូវ​សេចក្តី​ស្ទាត់ជំនាញក្នុងចិត្ត គប្បីកំណត់នូវគំនរឈើឯណោះ   ថាជាអាបោធាតុ។បេ។   គប្បី​កំណត់ថាជាតេជោធាតុ គប្បីកំណត់ថាជាវាយោធាតុ គប្បីកំណត់ថាជាសុភធាតុ [ផ្កាឈូកក្នុងស្រះ មានពណ៌ក្រហម ហៅថា សុភធាតុ។]  គប្បីកំណត់ ថាជាអសុភធាតុ [កំទេចស្អុយក្តី ស្រាយ និងក្រមរទាំងឡាយដ៏ស្អុយក្តី ដែលមានពណ៌មិនជាទី​គាប់ចិត្ត ហៅថា អសុភធាតុ។ អដ្ឋកថា។]។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះភិក្ខុ​មានឫទ្ធិ ដល់នូវសេចក្តីស្ទាត់ជំនាញក្នុងចិត្ត អាស្រ័យអសុភធាតុ ក្នុងគំនរ​ឈើ​ឯណោះ គប្បីកំណត់នូវគំនរឈើឯណោះ ថាជាអសុភធាតុ។

នាគិតសូត្រ ទី១២

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់​ពុទ្ធ​ដំណើរ​ទៅកាន់ចារិក ក្នុងដែនកោសល ជាមួយនឹងភិក្ខុសង្ឃជាច្រើន ស្តេចទៅដល់​ព្រាហ្មណគ្រាម ឈ្មោះឥច្ឆានង្គលៈ របស់អ្នកដែនកោសលទាំងឡាយ។ មាន​សេចក្តី​ដំណាល​ថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃឥច្ឆានង្គលៈ ទៀប​ព្រាហ្មណ​គ្រាម ឈ្មោះឥច្ឆានង្គលៈនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នក​ស្រុក​ឥច្ឆានង្គលៈ បានឮថា ព្រះសមណគោតមដ៏ចំរើន ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់​ព្រះផ្នួស ស្តេចមកដល់ស្រុកឥច្ឆានង្គលៈ ហើយគង់ក្នុងដងព្រៃឥច្ឆានង្គលៈ ទៀប​ស្រុក​ឥច្ឆានង្គលៈ។ ឯព្រះគោតមដ៏ចំរើននោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅយ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គឆ្ងាយចាកសឹកសត្រូវ គឺកិលេស ទ្រង់ត្រាស់ដឹង​នូវញេយ្យធម៌ ដោយព្រះអង្គឯង បរិបូណ៌ដោយវិជ្ជា និងចរណៈ។បេ។ ត្រាស់​ដឹង​អរិយសច្ច​ទាំង ៤ ព្រះអង្គលែងវិលមកកាន់ភពថ្មីទៀត។ ព្រះដ៏មានព្រះភាគនោះ ទ្រង់​ញ៉ាំង​លោកនេះ ព្រមទាំងទេវលោក មារលោក។បេ។ ការបានចួប​ប្រទះ​ព្រះអរហន្ត​ទាំងឡាយ។ គ្រាកាលរាត្រីនោះ កន្លងទៅហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​ឥច្ឆានង្គលៈ កាន់ខាទនីយភោជនីយាហារដ៏ច្រើន ចូលទៅក្នុងដងព្រៃឥច្ឆានង្គលៈ លុះចូល​ទៅដល់ហើយ ឋិតនៅខាងក្រៅខ្លោងទ្វារ រួចមានសំឡេងគឹកកងយ៉ាងខ្លាំង។ សម័យនោះ ព្រះនាគិតៈដ៏មានអាយុ ជាអ្នកត្រូវវេនបំរើព្រះដ៏មានព្រះភាគ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរព្រះនាគិតៈដ៏មានអាយុថា នែនាគិតៈ ពួកជនណា ស្រែកហ៊ោគឹកកង ទំនងដូចជាព្រានសំណាញ់ ដណ្តើមត្រីគ្នា។ បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ គហបតី អ្នកស្រុកឥច្ឆានង្គលៈនុ៎ះ នាំយកខាទនីយ​ភោជនីយាហារ​ដ៏ច្រើនមុខ ហើយឈរខាងក្រៅខ្លោងទ្វារ ឧទ្ទិសចំពោះព្រះដ៏មានព្រះភាគផង ភិក្ខុ​សង្ឃ​ផង។ ម្នាលនាគិតៈ តថាគតសុំកុំចួបប្រសប់នឹងយសបរិវារ ឯយសក៏កុំចួបប្រសប់ នឹង​តថាគត​យ៉ាងនេះឡើយ។  ម្នាលនាគិតៈ តថាគតជាអ្នកបានសមតាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ (សុខកើតអំពីកិរិយាចេញបួស) បវិវេកសុខ (សុខ​កើត​អំពី​សេចក្តី​ស្ងប់ស្ងាត់) ឧបសមសុខ (សុខកើតអំពីសេចក្តីស្ងប់រម្ងាប់) សម្ពោធសុខ (សុខកើតអំពីសេចក្តីត្រាស់ដឹង) បុគ្គលណា ជាអ្នកមិនបានសមតាមប្រាថ្នា មិន​បាន​ងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខទេ បុគ្គលនោះ គប្បី​ត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និង​សេចក្តី​សរសើរ​នោះ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត សូម​ព្រះសុគត ទ្រង់ទទួលនិមន្តឥឡូវ បពិត្រព្រះអង្គដ៏ចំរើន កាលនេះ គួរ​ព្រះដ៏មាន​ព្រះភាគ ទទួលនិមន្តណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន កាលនេះ គួរព្រះដ៏មានព្រះភាគ​ទទួលនិមន្តណាស់។ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ ស្តេច​នឹងយាងទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹង​បាក់បប​ទៅ​តាមព្រះដ៏មានព្រះភាគ ក្នុងទីនោះៗដែរ។ បពិត្រព្រះអង្គដ៏ចំរើន ដូចជាភ្លៀង មានដំណក់​ទឹកធំៗ បង្អុរចុះ ទឹករមែងហូរទៅកាន់ទីទំនាប យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណា ៗ ពួកព្រាហ្មណ៍ គហបតី អ្នកនិគម ជនបទ នឹងបាក់បបទៅតាមព្រះដ៏មានព្រះភាគ ក្នុងទីនោះ ៗ ក៏យ៉ាង​នោះ​ដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះដ៏មានព្រះភាគ មានសីល និងបញ្ញា។ ម្នាលនាគិតៈ តថាគតសុំកុំចួបនឹងយសបរិវារ ឯយស​ក៏កុំចួបប្រសប់នឹងតថាគត (យ៉ាងនេះ) ឡើយ។ ម្នាលនាគិតៈ តថាគតជាអ្នក​បាន​សម​តាមប្រាថ្នា បានងាយ បានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធ​សុខ បុគ្គលណា មិនបានសមតាមប្រាថ្នា មិនបានងាយ មិនបានស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខនេះទេ បុគ្គលនោះ គប្បីត្រេកអរនឹងសុខកខ្វក់ សុខងុយងោក សុខប្រកបដោយលាភសក្ការៈ និងសេចក្តីសរសើរនោះ។ ម្នាល​នាគិតៈ ក្នុងទីឯណោះ តថាគតឃើញភិក្ខុ នៅក្នុងសេនាសនៈ នាចន្លោះស្រុក កំពុង​អង្គុយ​ចំរើន​សមាធិ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ ជន​ជា​ម្ចាស់​អារាម នឹងបៀតបៀននូវលោកដ៏មានអាយុនេះ ឬក៏សាមណេរ មុខ​ជា​ញ៉ាំង​ភិក្ខុ​នោះ ឲ្យឃ្លាតចាកសមាធិដែរឬទេ។ ម្នាលនាគិតៈ ហេតុនោះ តថាគត​មិន​ពេញ​ចិត្ត​នឹង​ភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នាចន្លោះស្រុក។ ម្នាលនាគិតៈ មួយទៀត ក្នុង​ទី​ឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ កំពុងអង្គុយលក់ក្នុងព្រៃ ម្នាលនាគិតៈ តថាគត​នោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះបន្ទោបង់ នូវ​សេចក្តី​លំបាក ក្នុងកិរិយាដេកលក់នេះ ហើយធ្វើមនសិការៈ នូវអរញ្ញសញ្ញា ឲ្យប្រសើរឯក។  ម្នាល​នាគិតៈ ហេតុនោះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ អ្នកនៅក្នុងព្រៃ មិន​អង្គុយ​ចំរើន​សមាធិក្នុងព្រៃទេ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា  ឥឡូវ​នេះ លោកនេះនឹងតាំងចិត្ត ដែលមិនទាន់ដល់សមាធិផង រក្សាចិត្ត​ដែល​បាន​ដល់​សមាធិ​ហើយផង។ ម្នាលនាគិតៈ ហេតុនេះ បានជាតថាគតពេញចិត្តនឹងភិក្ខុនោះ ព្រោះ​តែ​នៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុ​អ្នក​នៅ​ក្នុង​ព្រៃ បានដល់សមាធិ ហើយអង្គុយនៅក្នុងព្រៃ ម្នាលនាគិតៈ តថាគតនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា ឥឡូវនេះ លោកនេះ ញ៉ាំងចិត្តដែលមិនទាន់រួចស្រឡះ ឲ្យរួច​ស្រឡះ​ផង រក្សាទុកនូវចិត្ត ដែលរួចស្រឡះហើយផង។ ម្នាលនាគិតៈ ហេតុនោះ បានជា​តថាគត​ពេញចិត្តនឹងភិក្ខុនោះ ព្រោះតែនៅក្នុងព្រៃ។ ម្នាលនាគិតៈ មួយទៀត ក្នុងទី​ឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងសេនាសនៈ នាចន្លោះស្រុក ធ្លាប់​បាន​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ កាលបើភិក្ខុនោះចង់បាន​លាភសក្ការៈ សេចក្តីសរសើរនោះហើយ រមែងលះបង់នូវទីសម្ងំ លះបង់​នូវ​សេនាសនៈ​ដ៏ស្ងាត់ គឺព្រៃ និងដងព្រៃ ក៏ជ្រកនៅតែក្នុងស្រុក និគម រាជធានី។ ម្នាលនាគិតៈ ហេតុនោះ​ បានជាតថាគតមិនពេញចិត្ត នឹងភិក្ខុនោះ ព្រោះតែនៅក្នុងសេនាសនៈ នា​ចន្លោះ​ស្រុក។ ម្នាលនាគិតៈ មួយទៀត ក្នុងទីឯណោះ តថាគតឃើញភិក្ខុអ្នកនៅក្នុងព្រៃ ធ្លាប់បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ភិក្ខុនោះ បន្ទោបង់ នូវ​លាភសក្ការៈ សេចក្តីសរសើរនោះ ហើយមិនលះបង់ទីសេនាសនៈដ៏ស្ងាត់ គឺព្រៃ និងដងព្រៃ។ ម្នាលនាគិតៈ ហេតុនោះ បានជាតថាគត ពេញចិត្តនឹងភិក្ខុនោះ ព្រោះ​តែ​នៅ​ក្នុងព្រៃ។ ម្នាលនាគិតៈ ពេលណាតថាគតដើរទៅកាន់ផ្លូវឆ្ងាយ មិនបានឃើញ​បុគ្គល​ណា​មួយ ខាងមុខ ឬខាងក្រោយ ម្នាលនាគិតៈ ពេលនោះ តថាគតមាន​សេចក្តី​សុខ​សប្បាយ ដោយហោចទៅ (សូម្បីគ្រាន់តែ) ធ្វើឧច្ចារៈបស្សាវៈ ក៏ស្រួលដែរ។

ចប់ សេក្ខបរិហានិយវគ្គ ទី៤។

ឧទ្ទាននៃសេក្ខបរិហានិយវគ្គនោះគឺ

និយាយអំពីសេក្ខបរិហានិយធម៌ ១ សេក្ខអបរិហានិយធម៌ ២លើក សេចក្តី​ត្រិះរិះ​នៃ​ព្រះមហាមោគ្គល្លាន  ១ ធម៌ជាចំណែកនៃវិជ្ជា ១ មូលហេតុនៃវិវាទ ១ ការឲ្យទាន ១ មិន​មានការធ្វើ (កម្ម) ដើម្បីខ្លួន ១ ហេតុឲ្យកើតកម្មទាំងឡាយ ១ ព្រះកិមិលៈ ទូល​សួរ​ព្រះដ៏​មានព្រះភាគ ១ ព្រះសារីបុត្របង្ហាញគំនរឈើ ដល់ភិក្ខុទាំងឡាយ ​១ នាគិតត្ថេរ អ្នក​បំរើ​ព្រះដ៏មានព្រះភាគ ១។

ធម្មិកវគ្គ

នាគសូត្រ ទី១

[៤៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ស្បង់ ប្រដាប់បាត្រ និង​ចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ លុះព្រះអង្គ​ចូល​ទៅ​បិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្ត ទ្រង់ត្រាស់នឹងព្រះអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ដើម្បីសម្រាកក្នុងវេលាថ្ងៃ។ ព្រះអានន្ទដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះដ៏មាន​ព្រះភាគ ទ្រង់ចូលទៅបុព្វារាម ជាមិគារមាតុប្រាសាទ ជាមួយនឹងព្រះអានន្ទដ៏​មាន​អាយុ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់​មាន​ព្រះបន្ទូលនឹងអានន្ទដ៏មានអាយុថា ម្នាលអានន្ទ មក យើងនឹងចូល​ទៅ​ឯស្រះ​ឈ្មោះ បុព្វកោដ្ឋកៈ ដើម្បីស្រោចស្រប់ខ្លួន។ ព្រះអានន្ទដ៏មានអាយុ ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ចូល​ទៅ​ឯស្រះបុព្វកោដ្ឋកៈ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ ដើម្បីស្រោចស្រប់ព្រះអង្គ។ លុះ​ព្រះដ៏មានព្រះភាគ ស្រោចស្រប់ព្រះអង្គ ក្នុងស្រះបុព្វកោដ្ឋកៈរួចហើយ ទ្រង់​ត្រឡប់​ឡើងមក មានចីវរតែមួយ ទ្រង់ឈរធ្វើព្រះអង្គឲ្យប្រាកដ ដូចជាកាលមុន។ សម័យ​នោះ​ឯង ដំរីឈ្មោះសេតៈ របស់ព្រះបាទបសេនទិកោសល ត្រូវគេដេញ​ដំ ប្រគំ​តូរ្យតន្រ្តី​ដ៏ប្រសើរ ក៏ឆ្លងឡើងមកអំពីស្រះបុព្វកោដ្ឋកៈដែរ។ មហាជនបានឃើញដំរីនោះហើយ ក៏​និយាយយ៉ាងនេះថា យីអើ ដំរីរបស់ស្តេច មានរូបល្អណាស់តើ យីអើ ដំរីរបស់ស្តេច គួរ​ជាទីរមឹលមើលណាស់តើ យីអើ ដំរីរបស់ស្តេច គួរជាទីជ្រះថ្លាណាស់តើ យីអើ ដំរី​របស់​ស្តេច មានកាយសមរម្យល្អណាស់តើ។ កាលបើមហាជន និយាយយ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន មហាជនបានឃើញនូវដំរីធំប្រសើរ មានកាយសមរម្យប៉ុណ្ណោះ ក៏និយាយ​យ៉ាង​នេះ​ថា យីអើ ប្រសើណាស់តើ ប្រសើរណាស់តើ ឬហ្ន៎ ឬថាមហាជន បានឃើញ​នូវ​វត្ថុ​ឯ​ទៀត​ណាមួយ ធំប្រសើរ មានកាយសមរម្យ ក៏និយាយយ៉ាងនេះថា យីអើ ប្រសើរ​ណាស់​តើ ប្រសើរណាស់តើ។ ម្នាលឧទាយិ មហាជនបានឃើញដំរីធំប្រសើរ មាន​កាយ​សមរម្យ​ក្តី ក៏និយាយយ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរណាស់តើ។ ម្នាល​ឧទាយិ មហាជនបានឃើញសេះធំប្រសើរក្តី ម្នាលឧទាយិ មហាជន​បាន​ឃើញ​គោធំ​ប្រសើរ​ក្តី ម្នាលឧទាយិ មហាជនបានឃើញ​ពស់​ធំ​ប្រសើរក្តី ម្នាលឧទាយិ មហាជន បានឃើញដើមឈើធំប្រសើរក្តី ម្នាលឧទាយិ មហាជនបានឃើញមនុស្ស​ធំ​ប្រសើរ មាន​កាយ​សមរម្យក្តី ហើយក៏និយាយ យ៉ាងនេះថា យីអើ ប្រសើរណាស់តើ ប្រសើរ​ណាស់​តើ។ ម្នាលឧទាយិ មួយទៀត បុគ្គលណា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស មិនធ្វើនូវអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត តថាគត ក៏ហៅ​បុគ្គលនោះថា នាគៈ គឺបុគ្គលប្រសើរ ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ​អស្ចារ្យ​ពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះចំឡែកពេកណាស់ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ព្រោះពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់បានពោលហើយដោយប្រពៃ។ ម្នាល​ឧទាយិ មួយទៀត បុគ្គលណា ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្ស ជាសម្មតិទេព និង​មនុស្សដ៏សេស មិនធ្វើនូវអំពើអាក្រក់ ដោយកាយ ដោយវាចា ដោយចិត្ត តថាគត ហៅ​បុគ្គល​នោះថា នាគៈ ដូច្នេះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែល​ព្រះដ៏មានព្រះភាគ ទ្រង់​សំដែងដោយប្រពៃហើយនេះ ខ្ញុំព្រះអង្គសូមអនុមោទនា ដោយគាថាទាំងនេះថា

មនុស្សទាំងឡាយ តែងនមស្ការ ព្រះសម្ពុទ្ធអង្គណា ដែលជាមនុស្សជាតិ មាន​ព្រះអង្គ​ទូន្មាន មានព្រះទ័យដំកល់មាំ តាំងនៅក្នុងផ្លូវដ៏ប្រសើរ ទ្រង់ត្រេកអរ ក្នុង​ព្រះនិព្វាន ជាទីរម្ងាប់នូវចិត្ត ដល់នូវត្រើយនៃធម៌ទាំងពួង គឺ ខន្ធ អាយតនៈ ធាតុ ខ្ញុំបានឮអំពីសំណាក់ នៃព្រះអរហន្តថា សូម្បីពួកទេវតា ក៏តែងនមស្ការ ចំពោះ​ព្រះសម្ពុទ្ធ​អង្គនោះ ដែលទ្រង់កន្លងបង់ នូវសំយោជនៈទាំងអស់ ចេញចាកព្រៃ គឺកិលេស ហើយបានដល់ព្រះនិព្វាន ទ្រង់ត្រេកអរក្នុងការចេញចាក​កាម​ទាំង​ឡាយ ដូចជាមាស ដែលផុតចាកថ្ម ព្រះពុទ្ធ ជាបុគ្គលប្រសើរ រុងរឿង​ កន្លងបង់​នូវ​សត្វ​ទាំងពួង ដូចភ្នំហិមពាន្ត ដែលរុងរឿងជាងភ្នំដទៃ (ព្រះសម្ពុទ្ធអង្គនោះ) មាន​នាម​ប្រាកដប្រសើរជាងនាគនាមទាំងអស់។ តថាគត នឹង​សំដែង​នូវ​ពុទ្ធនាគ ដល់អ្នកទាំងឡាយ ព្រោះថាពុទ្ធនាគនោះ រមែងមិនធ្វើអំពើអាក្រក់ សេចក្តី​ស្ងប់​ស្ងៀម​ និងសេចក្តីមិនបៀតបៀនទាំងពីរនោះ ទុកជាជើងខាងមុខរបស់ពុទ្ធនាគ តបៈ គឺការសមាទាននូវវត្ត ព្រហ្មចរិយៈ គឺសីលប្រកបដោយអរិយមគ្គនោះ ជា​ជើង​ខាង​ក្រោយ របស់ពុទ្ធនាគ មហានាគ (នោះ) មានសទ្ធាជាប្រមោយ មាន​ឧបេក្ខា ជាភ្លុកស មានសតិជាក មានបញ្ញាជាក្បាល ការគិតនូវធម៌ ទុកជាចុង (ប្រមោយ) មានធម៌ គឺចតុត្ថជ្ឈានសមាធិ ជាពោះសម្រាប់ចំអែតអាហារ មាន​សេចក្តី​ស្ងប់ស្ងាត់ ជាកន្ទុយរបស់ពុទ្ធនាគនោះ ពុទ្ធនាគនោះ មានឈាន មាន​សេចក្តី​ត្រេកអរ ក្នុងការដកដង្ហើមចេញ មានចិត្តដំកល់ខ្ជាប់ ក្នុងសន្តាន កាល​ពុទ្ធនាគ​ដើរ ក៏មានចិត្តដំកល់ខ្ជាប់ កាលពុទ្ធនាគឈរ ក៏មានចិត្តដំកល់ខ្ជាប់ កាល​ពុទ្ធនាគសិង ក៏មានចិត្តដំកល់ខ្ជាប់ សូម្បីអង្គុយ ក៏មានចិត្តដំកល់ខ្ជាប់ ពុទ្ធនាគ​បាន​សង្រួម ក្នុងទ្វារទាំងអស់ នេះជាសម្បទានៃពុទ្ធនាគ។ ពុទ្ធនាគនោះ រមែង​បរិភោគ​ភោជន ដែលមិនមានទោស មិនបរិភោគភោជន ដែលមានទោស បាន​គ្រឿង​បរិភោគ និងគ្រឿងស្លៀកដណ្តប់ តែងវៀរបង់នូវការសន្សំទុកដាក់ ផ្តាច់​បង់​នូវ​ចំណង គឺសំយោជនៈតូច និងធំទាំងអស់ បើទៅត្រង់ទីណាៗ មិនអាឡោះ​អាល័យ​នូវទីនោះៗ។ ឈូកស ដែលដុះឡើង ចំរើនឡើងក្នុងទឹក មានក្លិន​ល្អ​ ជា​ទី​ត្រេកអរ​នៃចិត្ត មិនជាប់ដោយទឹក ដូចម្តេចមិញ ព្រះពុទ្ធទ្រង់កើតឡើងក្នុងលោក ទ្រង់គង់​នៅក្នុងលោក ក៏មិនជាប់ដោយលោកឡើយ ដូចជាផ្កាឈូក មិនជាប់​ដោយ​ទឹក ដូច្នោះដែរ។ គំនរភ្លើងធំឆេះឡើង រមែង​រលត់ទៅ​ដោយ​មិន​មាន​អាហារ​ភ្លើង សង្ខារទាំងឡាយ ស្ងប់រម្ងាប់ទៅ ហៅថា រលត់ដូច្នេះ នេះជាសេចក្តី​ឧបមា ជាគ្រឿងពន្យល់ នូវសេចក្តីនោះ ដែលវិញ្ញុជនទាំងឡាយ បាន​សំដែង​ហើយ។ ពួកមហានាគ រមែងដឹងច្បាស់នូវវត្ថុដ៏ប្រសើរ ដែលពុទ្ធនាគ បានសំដែង​ហើយ ពុទ្ធនាគ ដែលប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិន​មាន​អាសវៈ លះបង់នូវសរីរៈ ជាបុគ្គលមិនមានអាសវៈ នឹងបរិនិព្វាន។

មិគសាលាសូត្រ ទី២

[៤៤] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅ​ដល់​ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ វេលានោះ មិគសាលាឧបាសិកា ចូល​ទៅ​រកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ បានថ្វាយបង្គំ​ព្រះអានន្ទ​ដ៏មាន​អាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះមិគសាលាឧបាសិកា អង្គុយក្នុងទីសមគួរហើយ បាន​និយាយនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែល​ព្រះដ៏​មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗគ្នា ក្នុង​បរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំឈ្មោះ បុរាណៈ ជាអ្នកប្រព្រឹត្តនូវ​ធម៌​ដ៏​ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក កាល​គាត់ធ្វើ​មរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុង​ស្ថានតុសិត បពិត្រលោកម្ចាស់ដ៏ចំរើន ចំណែកឥសិទត្ត ជាទីស្រឡាញ់​ នៃ​បិតា​របស់​ខ្ញុំ ជាអ្នកមិនប្រព្រឹត្តនូវធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែ​ក្នុងប្រពន្ធរបស់ខ្លួន កាលគាត់​ធ្វើ​មរណកាលទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើត​ក្នុង​ពួកទេវតា ក្នុងស្ថានតុសិតដែរ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះ​ដ៏មាន​ព្រះ​ភាគ ទ្រង់​សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាង​បុគ្គល​ពីរ​ពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើ ៗគ្នា ក្នុងបរលោក។ ម្នាល​នាង រឿងនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករយ៉ាងហ្នឹងហើយ។ លំដាប់នោះ ព្រះអានន្ទ​ដ៏​មានអាយុ ទទួលយកចង្ហាន់បិណ្ឌបាត ក្នុងលំនៅនៃមិគសាលាឧបាសិការួចហើយ ក៏​ក្រោក​ចាកអាសនៈ ចៀសចេញទៅ។ លុះព្រះអានន្ទដ៏មានអាយុ ត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាខាងក្រោយ នៃភត្តហើយ ក៏ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទ​ដ៏​មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃមិគសាលាឧបាសិកា លុះចូលទៅ​ដល់​ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ មិគសាលា​ឧបាសិកា ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះមិគសាលា​ឧបាសិកា អង្គុយ​ក្នុង​ទីសម​គួរហើយ ក៏បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ធម៌​ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយ​ហេតុ​ដូច​ម្តេច ដូចយ៉ាងបុគ្គលពីរពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្កល ១ មានគតិស្មើៗគ្នា ក្នុងបរលោក។ បពិត្រលោកម្ចាស់ដ៏ចំរើន បិតារបស់ខ្ញុំ ឈ្មោះបុរាណៈ ជាអ្នកប្រព្រឹត្តធម៌​ដ៏ប្រសើរ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌របស់អ្នកស្រុក កាលគាត់ធ្វើមរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើតក្នុងពួកទេវតា ក្នុង​ស្ថានតុសិត បពិត្រលោកម្ចាស់ដ៏ចំរើន ឥសិទត្តៈ ជាទីស្រឡាញ់ នៃបិតារបស់ខ្ញុំ ជាអ្នក​មិនប្រព្រឹត្តធម៌ដ៏ប្រសើរទេ ជាអ្នកត្រេកអរតែក្នុងប្រពន្ធរបស់ខ្លួន កាលគាត់​ធ្វើ​មរណកាល​ទៅ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា ជាសកទាគាមិសត្វ បានទៅកើត​ក្នុង​ពួកទេវតា ក្នុងស្ថានតុសិតដែរ។ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់​សំដែងហើយនេះ គួរឲ្យអ្នកផងដឹងបាន ដោយហេតុដូចម្តេច ដូចយ៉ាង​បុគ្គល​ពីរ​ពួក គឺ ព្រហ្មចារីបុគ្គល ១ អព្រហ្មចារីបុគ្គល ១ មានគតិស្មើៗគ្នា ក្នុងបរលោក។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន កាលមិគសាលាឧបាសិកា និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាន​និយាយ​នឹងមិគសាលាឧបាសិកា ដូច្នេះថា ម្នាលនាង រឿងនុ៎ះ ព្រះដ៏មានព្រះភាគ ព្យាករ​យ៉ាងហ្នឹង​មែនហើយ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មិគសាលា​ឧបាសិកា​ណា ជាស្រ្តីល្ងង់ មិនឈ្លាស មានសភាពជាស្រ្តី មានសញ្ញាជាស្រ្តី ព្រះសម្មាសម្ពុទ្ធទាំង​ឡាយ​ណា មានវិស័យមិនបានទើសទាល់ ក្នុងសេចក្តីដឹង នូវឥន្រ្ទិយរឹង និង​ទន់​នៃ​បុរសបុគ្គល​ទាំងពីរនោះ ឆ្ងាយអំពីគ្នាណាស់។ ម្នាលអានន្ទ បុគ្គល ៦ពួកនេះ មាន​ប្រាកដ​ក្នុងលោក។ បុគ្គលទាំង ៦ពួក តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុង​លោក​នេះ ជាអ្នកស្លូត ជាអ្នកមានសំវាសជាសុខ ពួកសព្រហ្មចារី រមែង​ត្រេកអរ​ដោយ​ការ​នៅ​ជា​មួយ (នឹងបុគ្គលនោះ)។ បុគ្គលនោះ មិនបានធ្វើដោយការស្តាប់ផង មិនបាន​ធ្វើដោយ​សេចក្តី​ព្យាយាមផង មិនចាក់ធ្លុះ ដោយទិដ្ឋិផង មិនបាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែល​អាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយ​រាង​កាយ​ស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បីគុណវិសេស ជាអ្នក​ដល់នូវការសាបសូន្យ មិនដល់នូវគុណវិសេស។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុង​លោក​នេះ ជាអ្នកស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយ​ការ​នៅ​ជា​មួយនឹងបុគ្គលនោះ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយ​សេចក្តី​ព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ គឺបីតិ និងបាមោជ្ជៈ ដែល​អាស្រ័យ​នូវ​ការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជាអ្នក​ដល់​នូវ​គុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ។ មា្នលអានន្ទ បុគ្គលអ្នកកាន់យក​ប្រមាណ​ក្នុង​ធម៌នោះ រមែងដឹងប្រមាណថា នោះជាធម៌របស់អ្នកនេះ នោះ​ជា​ធម៌​របស់​អ្នក​ឯទៀត ហេតុដូចម្តេច បានជាអ្នកទាំងនោះ មានធម៌មួយថោកទាប មានធម៌មួយឧត្តម។ ម្នាល​អានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីវិនាស ដើម្បីសេចក្តីទុក្ខ អស់​កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ។ ម្នាលអានន្ទ ក្នុងរឿងនោះ បុគ្គលណាជា​អ្នក​ស្លូត មានសំវាសជាសុខ ពួកសព្រហ្មចារី រមែងត្រេកអរដោយការនៅ ជាមួយ​នឹង​បុគ្គល​នោះ។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយសេចក្តីព្យាយាមផង បាន​ចាក់ធ្លុះ ដោយទិដ្ឋិផង បាននូវវិមុត្តិ គឺ បីតិ និងបាមោជ្ជៈ ដែល​អាស្រ័យ​នូវ​ការស្តាប់​ធម៌​សព្វកាលផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរជាង ឧត្តមជាងបុគ្គលជាន់មុនឯ​ណោះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះធម្មស្សោតៈ គឺ វិបស្សនាញាណ រមែង​ដឹក​នាំ នូវបុគ្គលនេះ (ឲ្យបានសម្រេចអរិយភូមិ)។ លំដាប់តពីនោះមក អ្នកណា​គប្បី​ដឹងបាននូវហេតុនោះកើត លើកលែងតែព្រះតថាគតចេញ។ ម្នាលអានន្ទ ព្រោះ​ហេតុ​នោះ បុគ្គលក្នុងលោកនេះ កុំប្រកបដោយប្រមាណ ក្នុងបុគ្គលទាំងឡាយផង កុំ​ប្រកាន់​យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយផង។ ម្នាលអានន្ទ ព្រោះថា បុគ្គលកាន់​យក​នូវប្រមាណ ក្នុងបុគ្គលទាំងឡាយហើយ ហៅថា ជីករំលើងនូវគុណ។ ម្នាលអានន្ទ តថាគត គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ឬ​បុគ្គល​ណា​ប្រហែល​នឹង​តថាគត (ក៏គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបានដែរ)។ ម្នាលអានន្ទ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ លោក​ធម៌ រមែងកើតឡើងដល់បុគ្គលនោះ សព្វៗកាល។ បុគ្គលនោះ មិនបានធ្វើដោយការ​ស្តាប់​ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនបានចាក់ធ្លុះដោយទិដ្ឋិផង មិន​បាន​នូវ​វិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ មិនប្រព្រឹត្តទៅ ដើម្បី​គុណ​វិសេស ជាបុគ្គលដល់នូវសេចក្តីសាបសូន្យ មិនដល់នូវគុណវិសេសឡើយ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ លោកធម៌ រមែង​កើតឡើង ដល់បុគ្គលនោះសព្វៗកាល។ បុគ្គលនោះ បានធ្វើដោយ​ការ​ស្តាប់​ផង។បេ។ ម្នាលអានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះ​គ្រប​សង្កត់​ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គលនោះ សព្វៗកាល។ បុគ្គលនោះ មិន​បាន​ធ្វើដោយការស្តាប់ផង មិនបានធ្វើដោយសេចក្តីព្យាយាមផង មិនបានចាក់ធ្លុះ ដោយ​ទិដ្ឋិផង មិនបាននូវវិមុត្តិ ដែលអាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះ​បុគ្គល​នោះ បែកធ្លាយរាងកាយស្លាប់ទៅ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​សាបសូន្យ មិន​ប្រព្រឹត្ត​ទៅ ដើម្បីគុណវិសេស ជាបុគ្គលដល់នូវការសាបសូន្យ មិនដល់នូវគុណវិសេស។ ម្នាល​អានន្ទ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចី​សង្ខារ រមែងកើតឡើង ដល់បុគ្គលនោះសព្វៗកាល។ បុគ្គលនោះ បានធ្វើ​ដោយ​ការ​ស្តាប់​ផង បានធ្វើដោយសេចក្តីព្យាយាមផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែល​អាស្រ័យនូវការស្តាប់ធម៌សព្វកាលផង។ លុះបុគ្គលនោះ បែក​ធ្លាយ​រាង​កាយ​ស្លាប់​ទៅ រមែងប្រព្រឹត្តទៅ ដើម្បីគុណវិសេស មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ជា​បុគ្គល​ដល់នូវគុណវិសេស មិនដល់នូវសេចក្តីសាបសូន្យ។ ម្នាលអានន្ទ បុគ្គលអ្នកកាន់ យក​នូវប្រមាណ រមែងដឹងប្រមាណក្នុងធម៌នោះថា នោះជាធម៌របស់អ្នកនេះ នោះជា​ធម៌​របស់អ្នកឯទៀត ព្រោះហេតុអ្វី បានជាបុគ្គលទាំងនោះ មានធម៌មួយថោកទាប មាន​ធម៌​មួយឧត្តម។ ម្នាលអានន្ទ ព្រោះថា ដំណើរនោះ ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ អស់កាលជាយូរអង្វែង ដល់បុគ្គលទាំងនោះ។ រឿងនោះ បុគ្គលណា មាន​សេចក្តីក្រោធ និងមានះគ្របសង្កត់ហើយ វចីសង្ខារ រមែងកើតឡើង ដល់បុគ្គល​នោះ​សព្វៗកាល។ បុគ្គលនោះ បានធ្វើដោយការស្តាប់ផង បានធ្វើដោយ​សេចក្តី​ព្យាយាម​ផង បានចាក់ធ្លុះដោយទិដ្ឋិផង បាននូវវិមុត្តិ ដែលអាស្រ័យ​នូវការ​ស្តាប់ធម៌​សព្វ​កាល​ផង។ ម្នាលអានន្ទ បុគ្គលនេះ ប្រសើរជាង ឧត្តមជាងបុគ្គលជាន់មុនឯណោះ។ រឿង​នោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះធម្មស្សោតៈ គឺវិបស្សនាញាណ ដឹកនាំ​នូវ​បុគ្គល​នេះ (ឲ្យបានសម្រេចអរិយភូមិ)។ លំដាប់តពីនោះមក អ្នកណាគប្បីដឹង​បាន​នូវ​ហេតុ​នោះកើត លើកលែងតែព្រះតថាគតចេញ។ ម្នាលអានន្ទ ព្រោះហេតុនោះ បុគ្គល​ក្នុង​លោកនេះ កុំប្រកបដោយប្រមាណ ក្នុងបុគ្គលទាំងឡាយផង កុំប្រកាន់យក​នូវ​ប្រមាណ ក្នុងបុគ្គលទាំងឡាយផង។ ម្នាលអានន្ទ ព្រោះថា កាលបុគ្គលកាន់យក​នូវ​ប្រមាណ ក្នុងបុគ្គលទាំងឡាយ ហៅថា ជីករំលើងនូវគុណ។ ម្នាលអានន្ទ តថាគត កាន់យក​នូវប្រមាណ ក្នុងបុគ្គលទាំងឡាយបាន ឬបុគ្គលណា ប្រហែលនឹងតថាគត (ក៏​គប្បីកាន់យកនូវប្រមាណ ក្នុងបុគ្គលទាំងឡាយបានដែរ )។ ម្នាលអានន្ទ មិគសាលា​ឧបាសិកាណាក្តី ជាស្រ្តីល្ងង់ មិនឈ្លាស មានសភាពជាស្រ្តី មានសញ្ញាជាស្រ្តី ព្រះសម្មាសម្ពុទ្ធ​ទាំងឡាយណាក្តី មានវិស័យមិនបានទើសទាល់ ក្នុងសេចក្តីដឹង នូវឥន្រ្ទិយ​រឹង និងទន់ របស់បុរសបុគ្គល បុគ្គលទាំងពីរនោះ ឆ្ងាយអំពីគ្នាណាស់។ ម្នាល​អានន្ទ បុគ្គល ៦ពួកនេះឯង មានប្រាកដក្នុងលោក។ ម្នាលអានន្ទ បុរាណឧបាសក ប្រកប​ដោយសីល មានសភាពយ៉ាងណា ឥសីទត្ត ក៏ប្រកបដោយសីល មាន​សភាព​យ៉ាង​នោះដែរ តែបុរាណឧបាសក មិនបានដឹង នូវគតិរបស់ឥសីទត្ត ក្នុងលោកនេះ​ឡើយ។ ម្នាលអានន្ទ ឥសីទត្ត ប្រកបដោយបញ្ញា មានសភាពយ៉ាងណា បុរាណ​ឧបាសក ក៏ប្រកបដោយបញ្ញា មានសភាពយ៉ាងនោះដែរ តែឥសីទត្ត មិនបានដឹង នូវ​គតិ​របស់បុរាណឧបាសក ក្នុងលោកនេះឡើយ។ ម្នាលអានន្ទ បុគ្គលទាំងពីរនាក់នេះ មាន​សេចក្តីសាបសូន្យ ចាកអង្គ ១ ដូច្នេះឯង។

ឥណសូត្រ ទី៣

[៤៥] ម្នាលភិក្ខុទាំងឡាយ សេចក្តីទ័លក្រ ជាទុក្ខនៃកាមភោគីបុគ្គល (បុគ្គល​អ្នក​បរិភោគកាម) ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាន់យកនូវបំណុលណា ម្នាល​ភិក្ខុទាំងឡាយ ការកាន់យកនូវបំណុលនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមាន​វត្ថុ​ជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាន់យកនូវបំណុលហើយ ប្តេជ្ញានូវអំពើ​ចង​ការ​ណា ម្នាលភិក្ខុទាំងឡាយ អំពើចងការនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិន​បាន​ជាបុគ្គលស្តុកស្តម្ភ ប្តេជ្ញានូវអំពើចងការហើយ មិនឲ្យការដែលគេឲ្យនាំមក​ តាម​កំណត់​កាល ម្ចាស់បំណុលទាំងឡាយ រមែងតឹងទារ នូវបុគ្គលនោះ ដោយការ​តឹង​ទារ​ណា ម្នាលភិក្ខុទាំងឡាយ ការតឹងទារនោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិន​បាន​ជាបុគ្គលស្តុកស្តម្ភ កាលបើគេតឹងទារហើយ មិនបានឲ្យគេ រមែងដេញ​តាម​នូវ​បុគ្គល​នោះ ដោយការដេញតាមទារណា ម្នាលភិក្ខុទាំងឡាយ ការដេញតាមនោះ ជាទុក្ខ​នៃ​កាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជាបុគ្គលស្តុកស្តម្ភ កាលបើគេដេញ​តាមទារ ក៏​មិនបានឲ្យគេ គេរមែងចងនូវបុគ្គលនោះ ដោយចំណងណា ម្នាលភិក្ខុ​ទាំងឡាយ ចំណង​នោះ ជាទុក្ខនៃកាមភោគីបុគ្គល ក្នុងលោកដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទ័លក្រក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការកាន់​យក នូវបំណុលក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក អំពើចងការក្តី ក៏ជាទុក្ខ​នៃកាមភោគី​បុគ្គលក្នុងលោក ការតឹងទារក្តី ក៏ជាទុក្ខនៃកាមភោគី​បុគ្គល​ក្នុងលោក ការដេញ​តាមទារក្តី ក៏ជាទុក្ខនៃកាមភោគីបុគ្គលក្នុងលោក ការចងក្តី ក៏សុទ្ធ​តែជាទុក្ខ នៃ​កាមភោគីបុគ្គលក្នុងលោកដោយពិត។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ណា​មួយ មិនមាន​សទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិន​មាន​វីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញា ក្នុងកុសលធម៌ ក៏យ៉ាង​ដូច្នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា បុគ្គលទ័លក្រ មិនមានវត្ថុជារបស់ខ្លួន មិនបានជា​បុគ្គល​ស្តុក​ស្តម្ភ ក្នុងអរិយវិន័យ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រនោះឯង មិនមានវត្ថុជារបស់ខ្លួន មិន​បានជាបុគ្គលស្តុកស្តម្ភ កាលបើមិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុង​កុសល​ធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិនមានវីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញា ក្នុង​កុសលធម៌ហើយ រមែងប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត។ តថាគត ពោលនូវអំពើនេះ ថាជា​ការកាន់យក នូវ​បំណុល​របស់​បុគ្គល​នោះ។ បុគ្គលនោះ រមែងដំកល់ទុក នូវសេចក្តីប្រាថ្នា​ដ៏លាមក ព្រោះហេតុតែការ​បិទ​បាំង នូវកាយទុច្ចរិតនោះ ប្រាថ្នាមិនឲ្យជនណាស្គាល់ខ្លួន ត្រិះរិះមិនឲ្យ​ជនណា​ស្គាល់​ខ្លួន ពោលនូវវាចាមិនឲ្យជនណាស្គាល់ខ្លួន ប្រឹងប្រែងដោយកាយ មិនឲ្យ​ជនណា​ស្គាល់​ខ្លួនឡើយ។ បុគ្គលនោះ ព្រោះហេតុតែការបិទបាំង នូវទុច្ចរិតនោះ។បេ។ បុគ្គល​នោះ រមែងដំកល់នូវសេចក្តីប្រាថ្នាដ៏លាមក ព្រោះហេតុ​តែ​ការ​បិទបាំង នូវ​មនោទុច្ចរិត​នោះ ប្រាថ្នាមិនឲ្យជនណាស្គាល់ខ្លួន ត្រិះរិះមិនឲ្យជនណាស្គាល់ខ្លួន ពោលនូវវាចា​មិនឲ្យជនណាស្គាល់ខ្លួន ប្រឹងប្រែងដោយកាយ មិនឲ្យជនណាស្គាល់ខ្លួនឡើយ។ តថាគត ពោលនូវអំពើនេះថា ជាអំពើចងការ របស់បុគ្គលនោះ។ ពួកសព្រហ្មចារី បុគ្គលអ្នកមានសីលជាទីស្រឡាញ់ និយាយចោទបុគ្គលនោះ យ៉ាងនេះថា នេះឯង គឺ​អ្នក​ដ៏មានអាយុនោះ ជាអ្នកធ្វើយ៉ាងនេះ មានសមាចារៈយ៉ាងនេះ។ តថាគត ពោល​នូវ​អំពើ​នេះ ថាជាការតឹងទារ របស់បុគ្គលនោះ។ អកុសលវិតក្កៈ​ដ៏លាមក ដែល​ប្រកប​ដោយ​សេចក្តីក្តៅក្រហាយ រមែងផុះផុលឡើង ចំពោះបុគ្គលនោះ ដែលនៅក្នុងព្រៃក្តី នៅ​ក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះដ៏ស្ងាត់ក្តី តថាគតពោលនូវអំពើនេះថា ជាការដេញ​តាម​របស់​បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលទ័លក្រនោះឯង មិនមានវត្ថុជារបស់ខ្លួន មិន​បានជាបុគ្គលស្តុកស្តម្ភ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្តហើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងជាប់នៅ​ក្នុង​ចំណង គឺ​នរក ឬក្នុងចំណង គឺកំណើតតិរច្ឆាន។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែល​ឃើញ​ នូវចំណងដទៃណាមួយ អាក្រក់យ៉ាងនេះ នាំមកនូវសេចក្តីទុក្ខយ៉ាងនេះ ធ្វើនូវសេចក្តី​អន្តរាយ​យ៉ាងនេះ ដល់ការបាននូវព្រះនិព្វាន ជាទីក្សេមចាកយោគៈដ៏ប្រសើរទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូចជាចំណង គឺនរក ឬចំណង គឺកំណើតតិរច្ឆាននេះឡើយ។

សេចក្តីទ័លក្រក្តី ការកាន់យកនូវបំណុលក្តី ហៅថាជាទុក្ខក្នុងលោក បុគ្គល​ទ័ល​ក្រ កាន់យកនូវបំណុលមកបរិភោគ រមែងលំបាក ព្រោះហេតុនោះ ពួក​ជន​ជាម្ចាស់ រមែងដេញតាមបុគ្គលនោះ បុគ្គលនោះ រមែងដល់នូវចំណង ចំណង​នេះឯង ជាទុក្ខនៃបុគ្គលអ្នកប្រាថ្នានូវកាម និងលាភទាំងឡាយ។ ក្នុង​អរិយវិន័យដូច្នោះដែរ បុគ្គលណា មិនមានសទ្ធា មិនមានហិរិ មិនមាន​ឱត្តប្បៈ ជាអ្នកបំប៉ននូវបាបកម្ម ធ្វើនូវកាយទុច្ចរិតផង វចីទុច្ចរិតផង មនោ​ទុច្ចរិត​ផង ហើយប្រាថ្នា​មិនឲ្យ​ជន​ដទៃ​ស្គាល់ខ្លួនឡើយ។ បុគ្គលនោះ រមែង​ញាប់ញ័រដោយកាយ ដោយវាចា ឬដោយចិត្ត ឈ្មោះថា បំប៉ននូវ​បាបកម្ម​រឿយៗ ក្នុងទីនោះៗ។ បុគ្គលនោះ មានអំពើអាក្រក់​ឥត​ប្រាជ្ញា កាលដឹង​នូវ​អំពើ​អាក្រក់របស់ខ្លួន រមែងលំបាកដូចអ្នកទ័លក្រ កាន់យក​នូវ​បំណុល​ហើយ​បរិភោគ។ សេចក្តីត្រិះរិះដោយចិត្ត កើតឡើងអំពីសេចក្តី​ក្តៅ​ក្រហាយ របស់​បុគ្គល​ដែលនៅ​ក្នុង​ស្រុក ឬនៅក្នុងព្រៃ ក៏ជាទុក្ខ ដូចកូនបំណុល ដែល​ត្រូវម្ចាស់​បំណុល​ដេញ​តាម​ទារ។ បុគ្គលនោះ មានអំពើអាក្រក់ ឥតប្រាជ្ញា កាលដឹងនូវអំពើអាក្រក់របស់ខ្លួន រមែង​ទៅកាន់កំណើតណាមួយ ឬជាប់នៅក្នុងនរក អ្នកមានប្រាជ្ញា រមែង​ផុត​ស្រឡះ ចាក​ចំណងដែលជាទុក្ខនុ៎ះ។ បុគ្គលញ៉ាំងចិត្តឲ្យជ្រះថ្លាហើយ ឲ្យទាន​ដោយ​ភោគៈ ដែលបានមកដោយធម៌ ការកាន់យកជំនះ ក្នុងធម៌ទាំងពីរនោះ រមែង​ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ក្នុងបច្ចុប្បន្នផង ដើម្បី​សេចក្តីសុខ ក្នុង​បរលោក​ផង របស់បុគ្គលអ្នកមានសទ្ធា ជាអ្នកស្វែងរកផ្ទះ បុណ្យ គឺការបរិច្ចាគនុ៎ះ រមែង​ចំរើន​ដល់គ្រហស្ថទាំងឡាយ យ៉ាងនេះឯង។ ក្នុងអរិយវិន័យ បុគ្គលណា មាន​សទ្ធា​ដំកល់នៅ មានហិរិ មានឱត្តប្បៈ មានបញ្ញា សង្រួមក្នុងសីល បុគ្គលនុ៎ះឯង ទើប​ហៅថា រស់នៅជាសុខ ក្នុងអរិយវិន័យ។ បុគ្គលបាននូវសេចក្តីសុខ ប្រាស​ចាស​អាមិសៈ រមែងដំកល់ចិត្ត​ជាឧបេក្ខា លះបង់នូវនីវរណៈទាំង ៥ ហើយ​ប្រារព្ធ​សេចក្តីព្យាយាមជានិច្ច បានដល់នូវឈានទាំងឡាយ ជាបុគ្គលមានចិត្តខ្ពស់ឯក មាន​បញ្ញា មានស្មារតី ចិត្តក៏ផុតស្រឡះដោយប្រពៃ ព្រោះដឹងនូវហេតុនុ៎ះតាមពិត ព្រោះ​មិនបានប្រកាន់យក ដោយប្រការៈទាំងពួង ក្នុងការអស់ទៅ នៃសំយោជនៈ​ទាំង​ពួង។ បុគ្គលនោះ លុះមានចិត្តផុតស្រឡះ ដោយប្រពៃហើយ ជា​បុគ្គល​មិន​កក្រើក ដោយលោកធម៌ រមែងមានបច្ចវេក្ខណញ្ញាណថា វិមុត្តិរបស់អាត្មាអញ មិន​បានកក្រើក ដូច្នេះ កើតឡើងក្នុងកិរិយាអស់ទៅ នៃភវសំយោជនៈ។ ញាណ​នុ៎ះឯង ជាញាណដ៏ឧត្តម សេចក្តីសុខក្នុងមគ្គ និងផលនុ៎ះ ជាសុខ​រក​សេចក្តី​សុខ​ដទៃ​ក្រៃលែងជាងគ្មាន ឥតមានសេចក្តីសោក ប្រាសចាកធុលី គឺកិលេស ជា​ទី​ក្សេម អរហត្តផលនុ៎ះ ជាគុណជាតដ៏ឧត្តម ជាងភាវៈនៃបុគ្គលមិនមានបំណុល។

មហាចុន្ទសូត្រ ទី៤

[៤៦] សម័យមួយ ព្រះមហាចុន្ទដ៏មានអាយុ នៅក្នុងនិគម ឈ្មោះសញ្ជាតិ ជិត​ដែន​ឈ្មោះចេតី។ ក្នុងទីនោះ ព្រះមហាចុន្ទដ៏មានអាយុ មានថេរវាចាហៅភិក្ខុ​ទាំង​ឡាយ​មក​ថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់ថេរវាចា ព្រះ​មហា​ចុន្ទ​ដ៏មានអាយុថា អាវុសោ ដូច្នេះ។ ព្រះមហាចុន្ទដ៏មានអាយុ មានថេរវាចា ដូច្នេះថា មា្នល​អាវុសោទាំងឡាយ ពួកធម្មយោគភិក្ខុ (ភិក្ខុអ្នកព្យាយាមក្នុងធម៌) [សំដៅយក​ធម្មកថិក។ អដ្ឋកថា។] ក្នុងសាសនានេះ បន្តុះបង្អាប់ពួកឈាយីភិក្ខុ (ភិក្ខុអ្នកមានឈាន) ថា ភិក្ខុទាំងនេះ រិះគិតថា យើងជាអ្នកមានឈាន យើងជាអ្នកមានឈាន ចុះភិក្ខុ​ទាំង​នេះ គិតអ្វី ភិក្ខុទាំងនេះ គិតដើម្បីអ្វី ភិក្ខុទាំងនេះ គិតដោយហេតុអ្វី។ បណ្តា​ភិក្ខុ​ទាំង​នោះ ឯពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ទាំងមិន​បាន​ប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បី​សេចក្តី​ចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់ទេវតា និងមនុស្ស ទាំង​ឡាយ។ ម្នាលអាវុសោទាំងឡាយ ឯពួកឈាយីភិក្ខុ ក្នុងសាសនានេះ រមែង​បន្តុះ​បង្អាប់​ធម្មយោគភិក្ខុថា ភិក្ខុទាំងនេះ ជាអ្នកមានចិត្តប៉ោងឡើង មានចិត្តខ្ពស់ឡើង មាន​ចិត្ត​ឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មានសតិភ្លាំងភ្លាត់ មិនបានដឹងព្រម មានចិត្តមិនដំកល់មាំ មានចិត្តរវើរវាយ មានឥន្រ្ទិយតាំងនៅ ជាប្រក្រតី គិតថា យើងជាអ្នក​មានព្យាយាមក្នុងធម៌ យើងជាអ្នកមានព្យាយាមក្នុងធម៌ ភិក្ខុទាំងនេះ ជា​ធម្មយោគអ្វី ភិក្ខុទាំងនេះ ជាធម្មយោគដើម្បីអ្វី ភិក្ខុទាំងនេះ ជាធម្មយោគ ដោយហេតុអ្វី បណ្តាភិក្ខុទាំងនោះ ឯពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ទាំង​មិន​បានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បី​សេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ពួកធម្មយោគភិក្ខុ ក្នុងសាសនានេះ រមែង​និយាយសរសើរតែពួកភិក្ខុជាធម្មយោគៈដូចគ្នា មិននិយាយសរសើរពួកឈាយីភិក្ខុ​ឡើយ។ បណ្តាភិក្ខុទាំងនោះ ឯពួកធម្មយោគភិក្ខុ ក៏មិនជ្រះថ្លា ពួកឈាយីភិក្ខុ ក៏​មិន​ជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់​ជនច្រើន ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់​ទេវតា និង​មនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ឯពួកឈាយីភិក្ខុ ក្នុង​សាសនា​នេះ រមែងនិយាយសរសើរតែពួកឈាយីភិក្ខុដូចគ្នា មិន​និយាយ​សរសើរ​ពួក​ធម្មយោគ​ភិក្ខុ​ឡើយ។ បណ្តាភិក្ខុទាំងនោះ ឯពួកឈាយីភិក្ខុ ក៏មិនជ្រះថ្លា ពួក​ធម្មយោគ​ភិក្ខុ ក៏​មិន​ជ្រះថ្លា ទាំងមិនបានប្រតិបត្តិ ដើម្បីជាប្រយោជន៍ ដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់​ជន​ច្រើន ដើម្បីសេចក្តីចំរើន ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដល់​ទេវតា និង​មនុស្សទាំងឡាយ។ ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុង​សាសនា​នេះ គប្បីសិក្សាយ៉ាងនេះថា យើងជាធម្មយោគភិក្ខុ នឹង​និយាយ​សរសើរ​ពួក​ឈាយី​ភិក្ខុ។ ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលអាវុសោទាំងឡាយ ព្រោះថា បុគ្គលណា បាន​ពាល់​ត្រូវ​នូវធាតុ ឈ្មោះអមតៈ ដោយនាមកាយហើយ បុគ្គលនុ៎ះ ជាបុគ្គលអស្ចារ្យ រកបាន​ដោយ​ក្រ​ក្នុងលោក។ ម្នាលអាវុសោទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សា​យ៉ាងនេះថា យើងជាពួកឈាយីភិក្ខុ នឹងនិយាយសរសើរពួកធម្មយោគភិក្ខុ។ ម្នាល​អាវុសោ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាល​អាវុសោទាំងឡាយ ព្រោះថា បុគ្គលណា ត្រាស់ដឹង ឃើញ​នូវចំណែក​នៃ​អត្ថ ដ៏​ជ្រាល​ជ្រៅ ដោយប្រាជ្ញាហើយ បុគ្គលនុ៎ះ ជាបុគ្គលអស្ចារ្យ រកបានដោយក្រក្នុងលោក។

បឋមសន្ទិដ្ឋិកសូត្រ ទី៥

[៤៧] គ្រានោះ មោឡិយសិវកបរិព្វាជក (បរិព្វាជក ឈ្មោះមោឡិយសិវកៈ) ចូល​ទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយ​នឹង​ព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមោឡិយសិវកបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏​ក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ បពិត្រព្រះអង្គដ៏ចំរើន ចុះសន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ តើដូចម្តេច។ ម្នាលសិវកៈ បើដូច្នោះ តថាគត នឹង​សួរតបទៅអ្នកវិញ ក្នុងហេតុនុ៎ះ អ្នកគាប់ចិត្តយ៉ាងណា គប្បីដោះស្រាយសេចក្តីនោះ យ៉ាង​នោះចុះ។ ម្នាលសិវកៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច កាលលោភៈមានក្នុង​សន្តាន​ក្តី អ្នកដឹងច្បាស់ថា លោភៈ មានក្នុងសន្តានរបស់អាត្មាអញ កាល​លោភៈ​មិន​មាន​ក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមិនមានក្នុងសន្តានរបស់អាត្មាអញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសិវកៈ កាលលោភៈមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា លោភៈមានក្នុងសន្តានរបស់អាត្មាអញ កាលលោភៈមិនមានក្នុងសន្តានក្តី អ្នក​ដឹង​ច្បាស់​ថា លោភៈមិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាលសិវកៈ យ៉ាងនេះ​ឯង​ហៅថា សន្ទិដ្ឋិកធម៌។បេ។ ម្នាលសិវកៈ អ្នកសំគាល់នូវហេតុនោះដូចម្តេច កាល​ទោសៈ មានក្នុងសន្តានក្តី។បេ។ កាលមោហៈមានក្នុងសន្តានក្តី កាល​លោភធម៌ មាន​ក្នុងសន្តានក្តី ទោសធម៌មានក្នុងសន្តានក្តី មោហធម៌មានក្នុងសន្តានក្តី អ្នក​ដឹង​ច្បាស់​ថា មោហធម៌ មានក្នុងសន្តានរបស់អាត្មាអញ កាលមោហធម៌ មិនមាន​ក្នុង​សន្តាន​ក្តី អ្នកដឹងច្បាស់ថា មោហធម៌ មិនមានក្នុងសន្តានរបស់អាត្មាអញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសិវកៈ កាលមោហធម៌ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មាន​ក្នុង​សន្តានរបស់អាត្មាអញ កាលមោហធម៌ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា មោហធម៌ មិនមានក្នុងសន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាល​សិវកៈ យ៉ាង​នេះ​ឯង ហៅថា សន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌។ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់លាស់ពេកណាស់។បេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះដ៏មានព្រះភាគ សំគាល់នូវខ្ញុំព្រះអង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

ទុតិយសន្ទិដ្ឋិកសូត្រ ទី៦

[៤៨]​ លំដាប់នោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែល​គួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ព្រាហ្មណ៍​នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ដែលហៅថា សន្ទិដ្ឋិកធម៌ សន្ទិដ្ឋិកធម៌ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះសន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌ តើ​ដូច​ម្តេច។ ម្នាលព្រាហ្មណ៍ បើដូច្នោះ តថាគតនឹងសួរតបទៅអ្នកវិញ ក្នុងហេតុនុ៎ះ អ្នក​គាប់ចិត្តយ៉ាងណា គប្បីដោះស្រាយ នូវហេតុនោះ យ៉ាងនោះចុះ។ ម្នាលព្រាហ្មណ៍ អ្នក​សំគាល់នូវហេតុនោះ ដូចម្តេច កាលរាគៈ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈ មាន​ក្នុងសន្តានរបស់អាត្មាអញ កាលរាគៈ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈ មិនមានក្នុងសន្តាន របស់អាត្មាអញដែរឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលរាគៈ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈ មានក្នុងសន្តានរបស់អាត្មាអញ កាលរាគៈ មិនមានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា រាគៈមិនមានក្នុងសន្តាន របស់​អាត្មាអញ ដោយហេតុណា ម្នាលព្រាហ្មណ៍ យ៉ាងនេះឯង ហៅថា សន្ទិដ្ឋិកធម៌។បេ។ ម្នាល​ព្រាហ្មណ៍ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច កាលទោសៈ មានក្នុងសន្តានក្តី កាល​មោហៈ មានក្នុងសន្តានក្តី កាលហេតុជាគ្រឿងប្រទូស្ត នៃកាយទ្វារ មានក្នុងសន្តានក្តី កាល​ហេតុជាគ្រឿងប្រទូស្ត នៃវចីទ្វារ មានក្នុងសន្តានក្តី។បេ។ កាលហេតុ​ជាគ្រឿង​ប្រទូស្ត នៃមនោទ្វារ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុជាគ្រឿង​ប្រទូស្ត នៃ​មនោទ្វារ មានក្នុងសន្តានរបស់អាត្មាអញ កាលហេតុជាគ្រឿង​ប្រទូស្ត នៃ​មនោទ្វារ មិនមាន​ក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មិន​មាន​ក្នុងសន្តាន របស់អាត្មាអញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលព្រាហ្មណ៍ កាលហេតុ​ជា​គ្រឿង​ប្រទូស្ត នៃមនោទ្វារ មានក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុជា​គ្រឿង​ប្រទូស្ត នៃ​មនោទ្វារ មានក្នុងសន្តាន របស់អាត្មាអញ កាលហេតុជាគ្រឿង​ប្រទូស្ត នៃ​មនោទ្វារ មិន​មាន​ក្នុងសន្តានក្តី អ្នកដឹងច្បាស់ថា ហេតុជាគ្រឿងប្រទូស្ត នៃមនោទ្វារ មិនមានក្នុង​សន្តានរបស់អាត្មាអញ ដោយហេតុណា ម្នាលព្រាហ្មណ៍ យ៉ាងនេះឯង ហៅថា សន្ទិដ្ឋិកធម៌ អកាលិកធម៌ ឯហិបស្សិកធម៌ ឱបនយិកធម៌ បច្ចត្តំ វេទិតព្វោ វិញ្ញូហិធម៌។ បពិត្រ​ព្រះគោតមដ៏ចំរើន ច្បាស់លាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​លាស់​ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន សំគាល់នូវខ្ញុំព្រះអង្គ ថាជា​ឧបាសក អ្នក​ដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

ខេមសូត្រ ទី៧

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់​អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី សម័យនោះ ព្រះខេមៈដ៏មានអាយុ និងព្រះសុមនៈ​ដ៏មាន​អាយុ នៅក្នុងអន្ធវន ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះខេមៈដ៏មានអាយុ និងព្រះសុមនៈ​ដ៏មាន​អាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះដ៏​មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះខេមៈ អង្គុយក្នុងទីសមគួរ​ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា ជាងអរហន្តខីណាស្រព មានមគ្គព្រហ្មចរិយធម៌នៅរួចហើយ មានសោឡសកិច្ច​ធ្វើ​រួច​ហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន សម្រេចហើយ មានភវ​សំយោជនៈ​អស់រលីងហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនមានសេចក្តីត្រិះរិះថា បុគ្គលដទៃ ប្រសើរជាងអាត្មាអញក្តី ប្រហែលអាត្មាអញក្តី ថោកទាបជាងអាត្មាអញក្តី យ៉ាងនេះទេ។ ព្រះខេមៈដ៏មានអាយុ បានក្រាបបង្គំ​ទូល​ដូច្នេះ​ហើយ។ ព្រះសាស្តា ក៏សព្វព្រះហ្ឫទ័យ។ លំដាប់នោះ ព្រះខេមៈដ៏មានអាយុ គិតថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់សព្វព្រះហ្ឫទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ កាលព្រះខេមៈដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះសុមនៈដ៏មានអាយុ ក៏ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា ជា​អរហន្ត​ខីណាស្រព មានមគ្គព្រហ្មចរិយនៅរួចហើយ មានសោឡសកិច្ចធ្វើរួចហើយ មានភារៈ​ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានភវសំយោជនៈអស់រលីង​ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ ភិក្ខុនោះ មិនមាន​សេចក្តីត្រិះរិះ យ៉ាងនេះថា  មិនមានបុគ្គលដទៃ ប្រសើរជាងអាត្មាអញផង មិនមានបុគ្គលដទៃ ប្រហែល​នឹងអាត្មាអញផង មិនមានបុគ្គលដទៃ ថោកទាបជាងអាត្មាអញផង។ ព្រះសុមនៈ​ដ៏មានអាយុ បានក្រាបបង្គំទូលដូច្នេះរួចហើយ។ ព្រះសាស្តា ក៏​ទ្រង់​សព្វ​ព្រះហ្ឫទ័យ។ គ្រានោះ ព្រះសុមនៈដ៏មានអាយុ គិតថា ព្រះសាស្តារបស់អាត្មាអញ ទ្រង់​សព្វ​ព្រះហ្ឫទ័យហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ កាលព្រះខេមៈ​ដ៏មានអាយុ និង​ព្រះ​សុមនៈ​ដ៏មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំង​ឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកកុលបុត្ត រមែងពោលនូវ​អរហត្តផល យ៉ាង​នេះ​ឯង ទាំងសេចក្តី ក៏ពួកកុលបុត្តនោះ បានពោលហើយ ទាំងខ្លួន ក៏ពួកកុលបុត្តនោះ មិន​បានបង្អោនទៅដោយមានះ ចំណែកមោឃបុរសពួកខ្លះ ក្នុងលោកនេះ ហាក់​ដូច​ជា​រីក​រាយ ពោលនូវអរហត្តផល ពួកមោឃបុរសទាំងនោះ នឹងដល់នូវសេចក្តីទុក្ខ ក្នុង​កាល​ជា​ខាងក្រោយ។

ព្រះខីណាស្រពទាំងឡាយ មិនបានបង្អោនខ្លួនទៅដោយមានះ ក្នុងពួក​បុគ្គល​ខ្ពស់ មិនបានបង្អោនខ្លួន ទៅដោយមានះ ក្នុងពួកបុគ្គលទាប មិន​បាន​បង្អោនខ្លួនទៅដោយមានះ ក្នុងបុគ្គលស្មើនឹងខ្លួន ព្រោះមានជាតិ អស់​ហើយ មានមគ្គព្រហ្មចរិយធម៌ នៅរួចហើយ មានចិត្ត​ផុតស្រឡះ ចាក​សំយោជនៈ​ហើយ។

ឥន្ទ្រិយសំវរសូត្រ ទី៨

[៥០] ម្នាលភិក្ខុទាំងឡាយ កាលបើឥន្រ្ទិយសំវរៈ មិនមានហើយ សីលនៃបុគ្គល ដែល​វិបត្តិ​ចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើសីល​ មិនមានហើយ សម្មាសមាធិ នៃបុគ្គលដែលវិបត្តិចាកសីល ឈ្មោះថា មាន​ឧបនិស្ស័យ​សាប​សូន្យហើយ កាលបើសម្មាសមាធិ មិនមានហើយ យថាភូតញ្ញាណទស្សនៈ នៃបុគ្គល​ដែលវិបត្តិ ចាកសម្មាសមាធិ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាលបើយថាភូតញ្ញាណទស្សនៈ មិនមានហើយ និព្វិទាវិរាគៈ នៃបុគ្គលដែលវិបត្តិ ចាក​យថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យសាបសូន្យហើយ កាល​បើ​និព្វិទាវិរាគៈ មិនមានហើយ វិមុត្តិញ្ញាណទស្សនៈ នៃបុគ្គលដែលវិបត្តិ ចាកនិព្វិទាវិរាគៈ ឈ្មោះ​ថា មានឧបនិស្ស័យសាបសូន្យហើយ។ ម្នាលភិក្ខុទាំងឡាយ ដូចដើមឈើ ដែល​វិបត្តិ​ចាកមែក និងស្លឹក ក្រមរ នៃដើមឈើនោះក្តី ក៏មិនដល់នូវការពេញលេញ សម្បកក្តី ក៏​មិនដល់នូវការពេញលេញ ស្រាយក្តី ក៏មិនដល់នូវការពេញលេញ ខ្លឹមក្តី ក៏មិន​ដល់​នូវ​ការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើ​ឥន្រ្ទិយ​សំវរៈ មិន​មាន​ហើយ សីលនៃបុគ្គលដែលវិបត្តិ ចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានឧបនិស្ស័យ​សាប​សូន្យ​ហើយ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ឥន្រ្ទិយ​សំវរៈ មានហើយ សីលនៃបុគ្គលដែលបរិបូណ៌ ដោយឥន្រ្ទិយសំវរៈ ឈ្មោះថា មាន​ឧបនិស្ស័យបរិបូណ៌ កាលបើសីលមានហើយ សម្មាសមាធិ នៃបុគ្គល​ដែល​បរិបូណ៌​ដោយសីល ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ កាលបើ​សម្មាសមាធិ មាន​ហើយ យថាភូតញ្ញាណទស្សនៈ នៃបុគ្គលដែលបរិបូណ៌ ដោយសម្មាសមាធិ ឈ្មោះថា មាន​ឧបនិស្ស័យបរិបូណ៌ កាលបើយថាភូតញ្ញាណទស្សនៈ មានហើយ និព្វិទាវិរាគៈ នៃបុគ្គល​ដែលបរិបូណ៌ ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មាន​ឧបនិស្ស័យ​បរិបូណ៌ កាលបើនិព្វិទាវិរាគៈ មានហើយ វិមុត្តិញ្ញាណទស្សនៈ នៃបុគ្គលដែល​បរិបូណ៌​ដោយនិព្វិទាវិរាគៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ដែរ។ ម្នាលភិក្ខុទាំងឡាយ ដូចដើមឈើ ដែលបរិបូណ៌ ដោយមែក និងស្លឹក ក្រមរនៃដើមឈើនោះក្តី ក៏ដល់​នូវ​ការ​ពេញលេញ សម្បកក្តី ក៏ដល់នូវការពេញលេញ ស្រាយក្តី ក៏ដល់នូវការពេញលេញ ខ្លឹមក្តី ក៏ដល់នូវការពេញលេញ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើ​ឥន្រ្ទិយ​សំវរៈ មានហើយ សីលនៃបុគ្គលដែលបរិបូណ៌ ដោយឥន្រ្ទិយសំវរៈ។បេ។ វិមុត្តិញ្ញាណទស្សនៈ ឈ្មោះថា មានឧបនិស្ស័យបរិបូណ៌ ក៏យ៉ាងនោះដែរ។

អានន្ទសូត្រ ទី៩

[៥១] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅរកព្រះសារីបុត្តដ៏មានអាយុ លុះ​ចូល​ទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះសារីបុត្តដ៏មានអាយុ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បាននិយាយ​នឹង​ព្រះសារីបុត្ត​ដ៏មាន​អាយុ ដូច្នេះថា មា្នលអាវុសោសារីបុត្ត ភិក្ខុស្តាប់នូវធម៌ ដែលខ្លួនមិនដែលស្តាប់ក្តី ធម៌​ដែល​ភិក្ខុនោះស្តាប់ហើយ មិនដល់នូវសេចក្តីភ្លេចភ្លាំងទៅវិញក្តី ពួកធម៌ណា ដែល​ភិក្ខុនោះ ធ្លាប់ប៉ះពាល់ ដោយចិត្តក្នុងកាលមុន ធម៌ទាំងនោះ ក៏ផុះផុលឡើងក្តី ភិក្ខុនោះ ដឹងច្បាស់នូវធម៌ ដែលខ្លួនមិនធ្លាប់ដឹងក្តី តើដោយហេតុប៉ុន្មាន។ ព្រះសារីបុត្ត និយាយថា អានន្ទដ៏មានអាយុ ជាពហុស្សូតស្រាប់ហើយ សូមអានន្ទដ៏មានអាយុ សំដែង​នូវ​ធម៌​នោះ​ទៅ។ ព្រះអានន្ទតបថា ម្នាលអាវុសោសារីបុត្ត បើដូច្នោះ សូមលោកចាំស្តាប់នូវធម៌  ហើយធ្វើទុកក្នុងចិត្តឲ្យល្អចុះ ខ្ញុំនឹងសំដែង។ ព្រះសារីបុត្តដ៏មានអាយុ បានទទួល​ពាក្យ​ព្រះអានន្ទ​ដ៏មានអាយុថា អើ អាវុសោ។ ព្រះអានន្ទដ៏មានអាយុ ក៏និយាយដូច្នេះថា ម្នាល​អាវុសោសារីបុត្ត ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ សំដែងនូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដល់បុគ្គលដទៃដោយពិស្តារ បង្រៀននូវធម៌ តាម​ទំនង​ដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រដោយពិស្តារ ស្វាធ្យាយនូវធម៌ តាមទំនង ដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដោយពិស្តារ ត្រិះរិះរឿយ ៗ ពិចារណារឿយ ៗ គិតរឿយៗនូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនង​ដែលខ្លួន​បាន​រៀនសូត្រដោយចិត្ត ពួកភិក្ខុជាថេរៈ ជាពហុស្សូត ជាអ្នកចេះចាំ នូវនិកាយ ទ្រទ្រង់​ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា នៅក្នុងអាវាសណា ក៏ចូលទៅកាន់វស្សា ក្នុង​អាវាស​នោះ លុះចូលទៅរកភិក្ខុទាំងនោះ សព្វកាលហើយ ក៏សាកសួរដេញដោលថា បពិត្រ​ព្រះករុណា​ដ៏ចំរើន ពាក្យនេះ ដូចម្តេច អត្ថរបស់ពាក្យនេះ ដូចម្តេច។ ភិក្ខុទាំងនោះ រមែងបង្ហាញនូវធម៌ ដ៏កំបាំងផង ធ្វើនូវធម៌ដែលក្រ ឲ្យទៅជាងាយផង បន្ទោបង់​នូវ​សេចក្តី​សង្ស័យ ក្នុងធម៌ដែលមានប្រការច្រើន ជាទីតាំងនៃសេចក្តីសង្ស័យផង ដល់​ភិក្ខុ​នោះ។ មា្នលអាវុសោសារីបុត្ត ភិក្ខុស្តាប់នូវធម៌ ដែលខ្លួនមិនដែលបានស្តាប់ក្តី ធម៌ដែល​ភិក្ខុនោះ​ស្តាប់ហើយ មិនដល់នូវសេចក្តីភ្លេចភ្លាំងទៅវិញក្តី ពួកធម៌ណា ដែលភិក្ខុនោះ ធ្លាប់​ប៉ះពាល់ហើយដោយចិត្ត ក្នុងកាលមុន ធម៌ទាំងនោះ ក៏ផុះផុលឡើងក្តី ភិក្ខុនោះ រមែង​ដឹងច្បាស់ នូវធម៌ដែលខ្លួនមិនធ្លាប់ដឹងក្តី ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ ម្នាល​អាវុសោ អស្ចារ្យពេកណាស់ មា្នលអាវុសោ ចំឡែកពេកណាស់ ព្រោះថា ពាក្យនេះ ព្រះអានន្ទដ៏មានអាយុ បានពោលហើយដោយប្រពៃ។ យើង​ចាំទុក នូវ​ព្រះអានន្ទ​ដ៏មាន​អាយុ ដែលប្រកបដោយធម៌ ៦ យ៉ាងនេះឯង។ ព្រោះថា ព្រះអានន្ទដ៏មានអាយុ រៀន​យក​នូវធម៌ គឺ ​សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភូតធម្មៈ វេទល្លៈ ព្រះអានន្ទដ៏មានអាយុ រមែងសំដែងធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនង​ដែល​ខ្លួនបានរៀនសូត្រ ដល់បុគ្គលដទៃ ដោយពិស្តារ ព្រះអានន្ទដ៏មានអាយុ បង្ហាញ​ធម៌​ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែលខ្លួនបានរៀនសូត្រ ដល់បុគ្គលដទៃ ដោយ​ពិស្តារ ព្រះអានន្ទដ៏មានអាយុ ស្វាធ្យាយនូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាម​ទំនង ដែលខ្លួនបានរៀនសូត្រ ដោយពិស្តារ ព្រះអានន្ទដ៏មានអាយុ ត្រិះរិះរឿយៗ ពិចារណារឿយៗ គិតរឿយៗ នូវធម៌ តាមទំនងដែលខ្លួនចេះដឹង តាមទំនងដែល​ខ្លួន​បាន​រៀនសូត្រដោយចិត្ត ពួកភិក្ខុជាថេរៈ ជាពហុស្សូត ជាអ្នកចេះចាំ នូវនិកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា នៅក្នុងអាវាសណា ព្រះអានន្ទដ៏មានអាយុ ចូលទៅកាន់​វស្សា ក្នុងអាវាសនោះ ព្រះអានន្ទដ៏មានអាយុ រមែងចូលទៅរកភិក្ខុទាំងនោះ សព្វៗកាល ហើយ​សាកសួរ ដេញដោលថា បពិត្រលោកទាំងឡាយដ៏ចំរើន ពាក្យនេះ ដូចម្តេច អត្ថ​របស់ពាក្យនេះ ដូចម្តេច។ ភិក្ខុទាំងនោះ ក៏បង្ហាញនូវធម៌ ដែលកំបាំងផង ធ្វើនូវធម៌ដែល​ក្រ ឲ្យទៅ​ជាងាយផង បន្ទោបង់នូវសេចក្តីសង្ស័យ ក្នុងធម៌ដែលមានប្រការច្រើន ជាទីតាំង​​នៃ​សេចក្តីសង្ស័យផង ដល់ព្រះអានន្ទដ៏មានអាយុ។

ខត្តិយសូត្រ ទី១០

[៥២]  គ្រានោះ ជាណុស្សោណិព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែល​គួរ​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ជាណុស្សោណិ​ព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតមដ៏ចំរើន ពួកក្សត្រ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វី​ជា​ទី​តាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកក្សត្រ មានភោគៈ ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានពួកពល ជាទីតាំងមាំ មានប្រថពី ជាទីប្រកាន់ មាន​ឥស្សរិយៈ ជាទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន ចុះពួកព្រាហ្មណ៍ មានអ្វី​ជា​ទី​ប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ មា្នល​ព្រាហ្មណ៍ ពួកព្រាហ្មណ៍ មានភោគៈ ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានមន្ត ជាទីតាំងមាំ មានការបូជា ជាទីប្រកាន់ មានព្រហ្មលោក ជាទីបំផុត។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះពួកគហបតី មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វី​ជា​ទី​តាំង​មាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកគហបតី មានភោគៈ ជាទី​ប្រាថ្នា មានបញ្ញាជាទីពិចារណា មានសិល្បៈ ជាទីតាំងមាំ មានការងារ ជាទីប្រកាន់ មាន​ការងារសម្រេចហើយ ជាទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន ចុះពួកស្រ្តី មាន​អ្វី​ជា​ទី​ប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វីជាទីតាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាល​ព្រាហ្មណ៍ ពួកស្រ្តី មានប្រុសជាទីប្រាថ្នា មានគ្រឿងអលង្ការ ជាទីពិចារណា មាន បុត្រ​ជាទីតាំងមាំ មិនមានស្រ្តីរួមស្វាមី ជាទីប្រកាន់ មានឥស្សរិយៈ ជាទីបំផុត។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះពួកចោរ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វី​ជាទី​តាំងមាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកចោរ មានការលួច​យក ជាទីប្រាថ្នា មានព្រៃញាតស្បាត ជាទីពិចារណា មានគ្រឿងសស្រ្តា ជាទីតាំងមាំ មានទីងងឹត ជាទីប្រកាន់ មានកិរិយាមិនឃើញ គឺការវេះគេច ជាទីបំផុត។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះពួកសមណៈ មានអ្វីជាទីប្រាថ្នា មានអ្វីជាទីពិចារណា មានអ្វី ជាទី​តាំង​មាំ មានអ្វីជាទីប្រកាន់ មានអ្វីជាទីបំផុត។ ម្នាលព្រាហ្មណ៍ ពួកសមណៈ មានខន្តិ និងភាវៈស្ងៀម ជាទីប្រាថ្នា មានបញ្ញា ជាទីពិចារណា មានសីល ជាទីតាំងមាំ មានសេចក្តីមិនកង្វល់ ជាទីប្រកាន់ មាននិព្វានជាទីបំផុត។ បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែកពេកណាស់ ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវសេចក្តីប្រាថ្នា នូវកិរិយាពិចារណា នូវកិរិយាតាំងមាំ នូវសេចក្តីប្រកាន់ នូវទីបំផុត នៃក្សត្រទាំងឡាយផង ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នា ជាដើម) នៃព្រាហ្មណ៍ទាំងឡាយផង។បេ។ ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប (នូវសេចក្តី​ប្រាថ្នា​ជាដើម) នៃគហបតីទាំងឡាយផង ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប (នូវសេចក្តី​ប្រាថ្នា ជាដើម) នៃស្រ្តីទាំងឡាយផង ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប (នូវសេចក្តីប្រាថ្នា ជាដើម) នៃចោរទាំងឡាយផង ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាប នូវសេចក្តីប្រាថ្នា នូវ​កិរិយា​ពិចារណា នូវកិរិយាតាំងមាំ នូវកិរិយាប្រកាន់ នូវទីបំផុត នៃសមណៈទាំងឡាយផង។ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់លាស់ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុក​នូវ​ខ្ញុំព្រះអង្គថាជាឧបាសកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមអំពីថ្ងៃនេះតទៅ។

អប្បមាទសូត្រ ទី១១

[៥៣] គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏រីករាយ​ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ព្រាហ្មណ៍​នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតមដ៏ចំរើន ធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែង​បាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ មាន​ដែរឬ។ ម្នាលព្រាហ្មណ៍ ធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ មាន​ដែរ។ បពិត្រព្រះគោតមដ៏ចំរើន ចុះធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យ​រឿយៗ​ហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ ក្នុងបរលោក ១ ដូចម្តេច។ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌តែមួយ ដែលបុគ្គល​បាន​ចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺ​ប្រយោជន៍​ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក១។ ម្នាលព្រាហ្មណ៍ ដូចស្នាមជើងណានីមួយ នៃសត្វ​ទាំង​ឡាយ ដែលត្រេចទៅលើផែនដី ស្នាមជើងនៃសត្វទាំងអស់នោះ រមែងដល់នូវ​ការ​ប្រជុំ​ចុះ ក្នុងស្នាមជើងនៃដំរី ស្នាមជើងនៃដំរី ប្រាកដជាប្រសើរជាងស្នាមជើង​ នៃសត្វ​ទាំង​នោះ ព្រោះស្នាមជើងនៃដំរីនោះធំ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌​តែ​មួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំងពីរ គឺ​ប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្រាហ្មណ៍ ដូចបង្កង់ណានីមួយ នៃផ្ទះកំពូល បង្កង់ទាំងអស់នោះ ប្រឈមទៅ​កាន់​កំពូល បង្អោនទៅកាន់កំពូល ប្រជុំចុះក្នុងកំពូល កំពូលប្រាកដជាប្រសើរជាង​បង្កង់​ទាំង​នោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ ម្នាល​ព្រាហ្មណ៍ ដូចបុគ្គលជាអ្នកច្រូត នូវស្មៅដំណេកទន្សាយ បានច្រូតនូវស្មៅ​ដំណេក​ទន្សាយ ចាប់យកត្រង់ចុង ជជុះ រលាស់ ហើយបោកនឹងដៃ ឬដើមឈើ យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ ម្នាលព្រាហ្មណ៍ ដូចចង្កោម​ផ្លែ​ស្វាយ ដែលជ្រុះចាកទង ផ្លែស្វាយទាំងឡាយណានីមួយ ដែលជាប់នឹងទង ផ្លែស្វាយ​ទាំង​អស់នោះ រមែងប្រព្រឹត្តទៅតាមនូវទងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។ មា្នលព្រាហ្មណ៍ ដូចពួកស្តេចតូចៗណានីមួយ ស្តេច​ទាំងអស់នោះ រមែងប្រព្រឹត្តទៅតាម នូវស្តេចចក្រពត្តិ ស្តេចចក្រពត្តិ ប្រាកដ​ជា​ប្រសើរ​ជាងស្តេចទាំងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ (អប្បមាទធម៌) ក៏​យ៉ាង​នោះ​ដែរ។បេ។ ម្នាលព្រាហ្មណ៍ ដូចពន្លឺណានីមួយនៃផ្កាយ ពន្លឺនៃផ្កាយទាំងអស់នោះ មិន​ដល់​នូវចំណិត នៃចំណែក ១៦ ៗ ដង នៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ ប្រាកដ​ជា​ប្រសើរ​ជាងពន្លឺ នៃផ្កាយទាំងនោះ យ៉ាងណាមិញ ម្នាលព្រាហ្មណ៍ អប្បមាទធម៌ ជាធម៌​តែ​មួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែងបាននូវប្រយោជន៍ទាំង​ពីរ គឺ​ប្រយោជន៍ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក ១ ក៏យ៉ាងនោះដែរ។ ម្នាល​ព្រាហ្មណ៍ នេះឯង ជាធម៌តែមួយ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ រមែង​បាន​នូវប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ន ១ ប្រយោជន៍ក្នុងបរលោក១។ បពិត្រ​ព្រះគោតមដ៏ចំរើន ច្បាស់លាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​លាស់​ពេកណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់​នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

ធម្មិកសូត្រ ទី១២

[៥៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើភ្នំគិជ្ឈកូដ ក្បែរក្រុងរាជគ្រឹះ។ សម័យ​នោះឯង ព្រះធម្មិកៈដ៏មានអាយុ ជាចៅអាវាស ក្នុងជាតិភូមិ គឺនៅក្នុង​អាវាស​ទាំង​៧ ក្នុងជាតិភូមិ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់​ដោត កោសរូស នូវពួកភិក្ខុជាអាគន្តុកៈ ដោយវាចា ឯអាគន្តុកភិក្ខុទាំងនោះ ត្រូវ​ព្រះ​ធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏​ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិក​ឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ក៏ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀស​ចេញ​ទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បាន​ជា​ពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់អាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា ច្បាស់ជាព្រះធម្មិកៈ ដ៏មានអាយុ​នេះ​ឯង ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស នូវពួកអាគន្តុកភិក្ខុ ដោយវាចា បាន​ជាអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់​ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់​ទី​អាវាស​ចោល​អស់។ បើដូច្នោះ យើងទាំងឡាយ ត្រូវបណ្តេញព្រះធម្មិកៈ ដ៏មានអាយុចេញ។ លំដាប់​នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាន​និយាយនឹងព្រះធម្មិកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ចូរ​ព្រះធម្មិកៈ​ដ៏មានអាយុ ចៀសចេញ ចាកអាវាសនេះទៅ មិនគួរលោកនៅ​ក្នុង​អាវាស​នេះ​ទេ។ វេលានោះ ព្រះធម្មិកៈដ៏មានអាយុ ក៏បានចេញអំពីអាវាសនោះ ទៅកាន់អាវាស​ដទៃ​វិញ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់​ដោត កោសរូស ពួកអាគន្តុកភិក្ខុ ដោយវាចា ឯពួកអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈ ដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀស​ចេញ​ទៅ មិនឋិតនៅ លះបង់ទីអាវាសចោល។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មាន​សេចក្តីត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិន​ឋិត​នៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួក​អាគន្តុក​ភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ វេលានោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា ច្បាស់ជាព្រះធម្មិកៈដ៏មានអាយុនេះ ជេរ​ប្រទេច បៀតបៀន ចាក់ដោត កោសរូស ពួកអាគន្តុកភិក្ខុ ដោយវាចា បានជា​អាគន្តុក​ភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោស​រូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់ បើ​ដូច្នោះ យើងទាំងឡាយ ត្រូវតែបណ្តេញព្រះធម្មិកៈ ដ៏មានអាយុចេញ។ លំដាប់នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូលទៅដល់ហើយ បាន​និយាយ​នឹងព្រះធម្មិកៈ ដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ចូរព្រះធម្មិកៈ​ដ៏​មាន​អាយុ ចៀសចេញ ចាកអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ គ្រានោះ ព្រះធម្មិកៈដ៏មានអាយុ ក៏ចេញចាកអាវាសនោះ ទៅកាន់អាវាសដទៃវិញ។ បានឮថា ក្នុងទីនោះ ព្រះធម្មិកៈដ៏មានអាយុ ជេរប្រទេច បៀតបៀន ចាក់ដោត កោស​រូសពួកអាគន្តុកភិក្ខុ ដោយវាចា ឯអាគន្តុកភិក្ខុទាំងនោះ ត្រូវព្រះធម្មិកៈដ៏មានអាយុ ជេរ​ប្រទេច បៀតបៀន ចាក់ដោត កោសរូស ដោយវាចាហើយ ក៏ចៀសចេញទៅ មិន​ឋិត​នៅ លះបង់ទីអាវាសចោលអស់។ លំដាប់នោះ ពួកជាតិភូមិកឧបាសក មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា យើងទាំងឡាយ ខំផ្គត់ផ្គង់ព្រះភិក្ខុសង្ឃ ដោយចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ ស្រាប់តែពួកអាគន្តុកភិក្ខុ ចៀសចេញទៅ មិន​ឋិត​នៅ លះបង់ទីអាវាសចោលអស់ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាពួក​អាគន្តុក​ភិក្ខុ ចៀសចេញទៅ មិនឋិតនៅ លះបង់ទីអាវាសចោលអស់។ វេលានោះ ពួកជាតិភូមិកឧបាសក មានសេចក្តីត្រិះរិះ ដូច្នេះថា។បេ។ បើដូច្នោះ យើងទាំងឡាយ ត្រូវតែបណ្តេញព្រះធម្មិកៈដ៏មានអាយុ ឲ្យចេញចាកអាវាស គ្រប់ទាំង៧ ក្នុងជាតិភូមិ។ លំដាប់​នោះ ពួកជាតិភូមិកឧបាសក ចូលទៅរកព្រះធម្មិកៈដ៏មានអាយុ លុះចូល​ទៅ​ដល់​ហើយ បាននិយាយនឹងព្រះធម្មិកៈដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ចូរព្រះធម្មិកៈដ៏មានអាយុ ចៀសចេញ ចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិទៅ។

គ្រានោះ ព្រះធម្មិកៈដ៏មានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មា​អញ ត្រូវ​ពួក​ជាតិភូមិកៈ បណ្តេញឲ្យចេញ ចាកអាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិហើយ ឥឡូវនេះ អាត្មាអញ នឹងទៅក្នុងទីណាហ្ន៎។ លំដាប់នោះ ព្រះធម្មិកៈដ៏មានអាយុ មានសេចក្តី​ត្រិះរិះ ដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ ចូលទៅរកព្រះដ៏មានព្រះភាគ។ សម័យ​នោះ ព្រះធម្មិកៈដ៏មានអាយុ ប្រដាប់បាត្រ និងចីវរ ដើរសំដៅទៅក្រុងរាជគ្រឹះ ហើយ​ចូល​ទៅភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ ដោយលំដាប់ ដែលព្រះដ៏មានព្រះភាគគង់នៅ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​ព្រះធម្មិកៈ​ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់ដូច្នេះថា ម្នាល​ព្រាហ្មណ៍ធម្មិកៈ អើ អ្នកមកពីណាហ្នឹង។ ព្រះធម្មិកៈ ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវពួកជាតិភូមិកឧបាសក បណ្តេញអំពីអាវាស គ្រប់ទាំង៧ ក្នុង​ជាតិភូមិ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ណ្ហើយ ប្រយោជន៍អ្វី ដោយ​អ្នកឯង​នៅ​ក្នុង​អាវាស​នេះ។ ពួកជាតិភូមិកឧបាសក បណ្តេញអ្នកឯង អំពីទីនោះ ៗ អ្នកឯងទាល់តែ​ពួក​ជាតិភូមិក​ឧបាសក បណ្តេញអំពីទីនោះៗហើយ ទើបបានមកក្នុង​សំណាក់​តថាគត​វិញ។

ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានពួកពាណិជអ្នកដើរក្នុងសមុទ្ទ ចាប់​សត្វ​ស្លាបបង្ហាញត្រើយ ហើយចុះទៅកាន់សមុទ្ទ ដោយសំពៅ។ ពាណិជ​ទាំង​នោះ កាលបើសំពៅទៅ មិនបានឃើញត្រើយ ក៏លែង​សត្វ​ស្លាប​បង្ហាញ​ត្រើយ​ទៅ។ សត្វនោះ ក៏ហើរទៅទិសខាងកើត ហើរទៅទិសខាងលិច ហើរ​ទៅទិស​ខាង​ជើង ហើរទៅទិសខាងត្បូង ហើរទៅទិសខាងលើ ហើរទៅទិសតូច បើសត្វនោះ ឃើញ​ត្រើយដោយជុំវិញហើយ ក៏ហើរបាត់ទៅតែម្តង។ បើសត្វនោះ មិនបាន​ឃើញ​ត្រើយ ដោយជុំវិញទេ ក៏ត្រឡប់មកកាន់សំពៅនោះវិញ យ៉ាងណាមិញ ម្នាល​ព្រាហ្មណ៍ធម្មិកៈ ពួកជាតិភូមិកឧបាសក បណ្តេញអ្នក អំពីទីនោះៗ អ្នកឯង​ទាល់តែគេបណ្តេញ អំពីទីនោះៗ ហើយ ទើបបានមកក្នុងសំណាក់តថាគតវិញ ក៏​យ៉ាងនោះដែរ។

ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានស្តេចដើមជ្រៃ ឈ្មោះសុប្បតិដ្ឋៈ របស់​ព្រះបាទកោរព្យៈ មានមែក៥ មានម្លប់ត្រជាក់ ជាទីរីករាយចិត្ត។ ម្នាល​ព្រាហ្មណ៍​ធម្មិកៈ សុប្បតិដ្ឋនិគ្រោធរាជ មានទំហំ ១២ យោជន៍ មានបណ្តាញឫស ៥យោជន៍។ ម្នាល​ព្រាហ្មណ៍ ធម្មិកៈ សុប្បតិដ្ឋនិគ្រោធរាជ មានផ្លែធំប៉ុនភាជនៈ សម្រាប់ចំអិននូវភត្ត ចំនួន​មួយអាឡ្ហក ផ្លែជ្រៃនោះ មានរសផ្អែមដូចទឹកឃ្មុំពុំមានមេ។ ម្នាលព្រាហ្មណ៍ធម្មិកៈ ព្រះរាជា សោយមែកមួយ របស់សុប្បតិដ្ឋនិគ្រោធរាជ ជាមួយស្រីស្នំ ពួកពល បរិភោគ​មែក​មួយ ពួកអ្នកនិគម ជនបទ បរិភោគមែកមួយ ពួកសមណព្រាហ្មណ៍ បរិភោគ​មែក​មួយ ពួកម្រឹគបក្សី បរិភោគមែកមួយ។  ម្នាលព្រាហ្មណ៍ធម្មិកៈ មិនមានបុគ្គលណា រក្សា​នូវ​ផ្លែ នៃសុប្បតិដ្ឋនិគ្រោធរាជទេ។ សេចក្តីដំណាលថា ពួកជន​មិនហ៊ាន​បៀតបៀន នូវ​ផ្លែ​របស់គ្នានឹងគ្នាឡើយ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ លំដាប់នោះ មានបុរសម្នាក់ ស៊ីផ្លែ​សុប្បតិដ្ឋនិគ្រោធរាជ ដរាបដល់ឆ្អែត ហើយក៏កាច់យកមែក ចៀសចេញទៅ។ ម្នាល​ព្រាហ្មណ៍​ធម្មិកៈ វេលានោះ ទេវតាដែលនៅអាស្រ័យលើដើមសុប្បតិដ្ឋនិគ្រោធរាជ មាន​សេចក្តី​ត្រិះរិះ ដូច្នេះថា យីអើ អស្ចារ្យណាស់ហ្ន៎ យីអើ ចំឡែកណាស់ហ្ន៎ កោតតែ​មនុស្ស​បាប ហ៊ានស៊ីផ្លែសុប្បតិដ្ឋនិគ្រោធរាជ ដរាបទាល់តែឆ្អែត ហើយកាច់យកមែក ចៀស​ចេញទៅ បើដូច្នោះ សុប្បតិដ្ឋនិគ្រោធរាជ មិនគួរឲ្យផ្លែតទៅទៀតទេ។ ម្នាល​ព្រាហ្មណ៍​ធម្មិកៈ ដើមសុប្បតិដ្ឋនិគ្រោធរាជ ក៏មិនបានឲ្យផ្លែតទៅទៀតឡើយ។ ម្នាល​ព្រាហ្មណ៍​ធម្មិកៈ លំដាប់នោះ ព្រះបាទកោរព្យៈ ចូលទៅរកសក្កទេវានមិន្ទៈ លុះចូលទៅដល់​ហើយ ក៏ពោលទៅនឹងសក្កទេវានមិន្ទៈ ដូច្នេះថា បពិត្រលោកនិទ៌ុក្ខ ដែលគួរគេបូជា លោកគួរជ្រាប ឥឡូវនេះ សុប្បតិដ្ឋនិគ្រោធរាជ មិនផ្លែទេ។ ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់​នោះ សក្កទេវានមិន្ទៈ បានចាត់ចែងឥទ្ធាភិសង្ខារ គឺការចាត់ចែង ដោយឫទ្ធ មានសភាពដូច្នោះ ឲ្យខ្យល់ និងគ្រាប់ភ្លៀង ដ៏មានកំឡាំង បក់បោក​មក​ឲ្យ​សុប្បតិដ្ឋនិគ្រោធរាជរលំ ធ្វើឲ្យមានឫសឡើងលើ។ ម្នាលព្រាហ្មណ៍ធម្មិកៈ វេលានោះ ពួក​ទេវតា ដែលអាស្រ័យនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ ក៏ដល់នូវសេចក្តីទុក្ខ តូចចិត្ត មាន​មុខជោកដោយទឹកភ្នែក ទួញយំ ឈរនៅក្នុងទីសមគួរ។ ម្នាលព្រាហ្មណ៍ធម្មិកៈ លំដាប់នោះ សក្កទេវានមិន្ទៈ ចូលទៅរកទេវតា ដែលនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ លុះចូលទៅដល់ហើយ បាននិយាយនឹងទេវតា ដែលនៅលើដើមសុប្បតិដ្ឋនិគ្រោធរាជ ថា នែទេវតា អ្នកដល់នូវសេចក្តីទុក្ខ តូចចិត្ត មានមុខជោក​ដោយទឹកភ្នែក ទួញយំឈរ​នៅ​ក្នុងទីសមគួរ ដោយហេតុដូចម្តេចហ្ន៎។ ម្នាលអ្នកនិទ៌ុក្ខ ដ្បិតខ្យល់ និងភ្លៀងខ្លាំង បក់​បោក​ពិភពរបស់ខ្ញុំឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើងលើ។ ម្នាលទេវតា អ្នកឋិតនៅ​ក្នុង​រុក្ខធម៌ហើយ ខ្យល់ និងភ្លៀងដ៏ខ្លាំង បក់បោកពិភពឲ្យវឹលត្រឡប់ ធ្វើឲ្យមានឫសឡើង​លើ​ដែរឬ។ ម្នាលអ្នកនិទ៌ុក្ខ ចុះដើមឈើឋិតនៅក្នុងរុក្ខធម៌ ដូចម្តេច។ ម្នាលទេវតា ក្នុង​លោក​នេះ ពួកជនអ្នកត្រូវការដោយឫសឈើ តែងនាំយកឫសទៅ អ្នកត្រូវការ​ដោយ​សម្បក តែងនាំយកសម្បកទៅ អ្នកត្រូវការដោយស្លឹក តែងនាំយកស្លឹកទៅ អ្នកត្រូវការ​ដោយ​ផ្កា តែងនាំយកផ្កាទៅ អ្នកត្រូវការដោយផ្លែ តែងនាំយកផ្លែទៅ ព្រោះហេតុនោះ ទេវតា មិនត្រូវធ្វើនូវសេចក្តីតូចចិត្តផង នូវសេចក្តីមិនត្រេកអរផងទេ ម្នាលទេវតា យ៉ាង​នេះ​ឯង ហៅថា ដើមឈើឋិតនៅក្នុងរុក្ខធម៌។ ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំមិនបាន​ឋិតនៅ​ក្នុង​រុក្ខធម៌​ហើយ បានជាខ្យល់ និងភ្លៀងដ៏ខ្លាំងបក់បោកពិភពឲ្យវឹលត្រឡប់ ធ្វើឲ្យមាន​ឫស​ឡើង​លើ។ ម្នាលទេវតា ប្រសិនបើអ្នកគប្បីឋិតនៅក្នុងរុក្ខធម៌ហើយ ទើបពិភព​របស់​អ្នក​ នឹងមានដូចកាលមុន។ ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំគប្បីឋិតនៅក្នុងរុក្ខធម៌ សូមឲ្យពិភព​របស់ខ្ញុំ​កើត​ឡើងដូចកាលមុន។ ម្នាលព្រាហ្មណ៍ធម្មិកៈ វេលានោះ សក្កទេវានមិន្ទ ក៏បាន​ចាត់ចែង​នូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះ ឲ្យខ្យល់ និងភ្លៀងដ៏ខ្លាំងបក់បោកមក ធ្វើ​ឲ្យ​សុប្បតិដ្ឋនិគ្រោធរាជ ដុះឡើង មានឫសពេញដូចដែលវិញ។ ម្នាល​ព្រាហ្មណ៍​ធម្មិកៈ អើ ពួកជាតិភូមិកឧបាសក បានបណ្តេញអ្នកឯង ដែលឋិតនៅក្នុងសមណធម៌ ឲ្យ​ចេញ​ចាក​អាវាសគ្រប់ទាំង ៧ ក្នុងជាតិភូមិ ក៏យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះ​សមណៈ​ឋិតនៅក្នុងសមណធម៌ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ ធម្មិកៈ សមណៈ​ក្នុង​សាសនានេះ មិនជេរតបបុគ្គល ដែលជេរខ្លួន មិនកោសរូសតបបុគ្គល ដែលកោស​រូស​ខ្លួន មិនឈ្លោះតបបុគ្គល ដែលឈ្លោះនឹងខ្លួនទេ ម្នាលព្រាហ្មណ៍ ធម្មិកៈ យ៉ាង​នេះ​ឈ្មោះ​ថា សមណៈឋិតនៅក្នុងសមណធម៌។ បពិត្រព្រះអង្គដ៏ចំរើន ពួកជាតិភូមិក​ឧបាសក បណ្តេញខ្ញុំព្រះអង្គ ដែលមិនបានឋិតនៅក្នុងសមណៈធម៌ អំពី​អាវាស​គ្រប់​ទាំង៧ ក្នុងជាតិភូមិ។

ម្នាលព្រាហ្មណ៍ធម្មិកៈ ពីព្រេងនាយមក មានគ្រូឈ្មោះ សុនេត្ត អ្នក​ធ្វើនូវកំពង់​ជា​ទី​ឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ។ ម្នាល​ព្រាហ្មណ៍​ធម្មិកៈ គ្រូសុនេត្ត មានសាវកច្រើនរយ។ គ្រូសុនេត្ត បានសំដែងធម៌ ដើម្បី​ប្រព្រឹត្តទៅ​កាន់​ព្រហ្មលោក ដល់ពួកសាវក។ ម្នាលព្រាហ្មណ៍ធម្មិកៈ បើពួក​ជន​ណា មិនញ៉ាំង​ចិត្ត​ឲ្យ​ជ្រះថ្លា ដល់គ្រូសុនេត្ត កំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅ​កាន់​ព្រហ្មលោក​ទេ លុះ​ជន​ទាំង​នោះ បែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ពួកជនណា ញ៉ាំងចិត្ត​ឲ្យជ្រះថ្លា ដល់​គ្រូ​សុនេត្ត ដែល​កំពុង​សំដែង​ធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោក។ លុះជនទាំងនោះ បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ នឹងបានទៅកើត ក្នុងសុគតិ សួគ៌ ទេវលោក។

ម្នាល​ព្រាហ្មណ៍ ធម្មិកៈ ពីព្រេង​នាយមក មានគ្រូឈ្មោះ មូគបក្ខ។បេ។ មាន​គ្រូឈ្មោះ​ អរនេមិ មានគ្រូឈ្មោះ កុទ្ទាលកៈ មានគ្រូឈ្មោះ ហត្ថិបាល។ល។ មាន​គ្រូ​ឈ្មោះ ជោតិបាល ជាអ្នកធ្វើនូវកំពង់ ជាទីឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុង​កាមទាំងឡាយ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ឯគ្រូឈ្មោះ ជោតិបាល មាន​សាវក​ច្រើន​រយ។ គ្រូជោតិបាល សំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោក ដល់ពួកសាវក។ ម្នាល​ព្រាហ្មណ៍ធម្មិកៈ ពួកជនណា មិនបានញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូជោតិបាល ដែល​កំពុងសំដែងធម៌ ដើម្បីប្រព្រឹត្តទៅកាន់ព្រហ្មលោកទេ លុះជនទាំងនោះ បែក​ធ្លាយ​រាង​កាយ ស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ពួកជនណា ញ៉ាំងចិត្តឲ្យជ្រះថ្លា ដល់គ្រូជោតិបាល ដែលកំពុងសំដែងធម៌ ដើម្បី​ប្រព្រឹត្ត​ទៅ​កាន់ព្រហ្មលោកហើយ លុះជនទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើត​ក្នុង​សុគតិ សួគ៌ ទេវលោក។ មា្នលព្រាហ្មណ៍ធម្មិកៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេចគ្រូទាំង ៦ នេះ ដែលជាអ្នកធ្វើនូវកំពង់ ជាទីឆ្លង គឺលទ្ធិ ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ មានពួកសាវកច្រើនរយ ជាបរិវារហើយ បុគ្គលនោះ គប្បីបាននូវបាបដ៏ច្រើនដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាល​ព្រាហ្មណ៍​ធម្មិកៈ បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេចគ្រូទាំង ៦ នេះ ដែល​ជាអ្នក​ធ្វើ​នូវ​កំពង់ជាទីឆ្លង ប្រាសចាកសេចក្តីត្រេកត្រអាល ក្នុងកាមទាំងឡាយ មានពួក​សាវក​ច្រើនរយ ជាបរិវារ បុគ្គលនោះ គប្បីបាននូវបាបដ៏ច្រើន។ បុគ្គលណា មានចិត្តប្រទូស្ត ជេរប្រទេច​បុគ្គលម្នាក់ ដែលបរិបូណ៌ដោយទិដ្ឋិ បុគ្គលនេះ រមែងបាននូវ​បាប​ដ៏ច្រើន​ ជាង​បុគ្គលទាំងនោះ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលព្រាហ្មណ៍ធម្មិកៈ (ព្រោះ) តថាគត មិនសំដែងនូវការជីករំលើងនូវគុណ មានសភាពដូច្នេះ ខាងក្រៅអំពី​សាសនា​នេះ ដូចជាការជេរប្រទេចនេះ ក្នុងសព្រហ្មចារីបុគ្គលទាំងឡាយទេ។ ម្នាលព្រាហ្មណ៍ ធម្មិកៈ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សាយ៉ាងនេះថា ចិត្តដែលប្រទូស្ត ក្នុងពួកសព្រហ្មចារីបុគ្គលរបស់ខ្លួន នឹងមិនមានដល់យើងឡើយ។ ម្នាល​ព្រាហ្មណ៍ ធម្មិកៈ អ្នកគប្បីសិក្សាយ៉ាងនេះចុះ។

ក្នុងកាលកន្លងទៅហើយ មានគ្រូទាំង ៦​ គឺ គ្រូឈ្មោះ សុនេត្ត ១ ឈ្មោះ​មូគបក្ខៈ ១ ឈ្មោះ អរនេមិ ១ ព្រាហ្មណ៍ឈ្មោះ កុទ្ទាលកៈ ១ មាណពឈ្មោះ ហត្ថិបាល ១ គោវិន្ទព្រាហ្មណ៍ ឈ្មោះជោតិបាល ជាបុរោហិត នៃ​ស្តេច​ទាំង​ប្រាំពីរ ១ ជាអ្នកមិនបៀតបៀន (អ្នកដទៃ) ជាអ្នកមានយស មិន​មាន​ក្លិន​ឆ្អេះឆ្អាប គឺក្រោធ មានចិត្តចុះក្នុងសេចក្តីករុណា កន្លងបង់នូវកាម​សំយោជនៈ លះបង់នូវកាមរាគ ជាអ្នកចូលទៅកាន់ព្រហ្មលោក។ ពួក​សាវកជាច្រើនរយ របស់គ្រូទាំងនោះ ក៏មិនមានក្លិនឆ្អេះឆ្អាប មានចិត្ត​ឈម​ចុះក្នុងសេចក្តីករុណា កន្លងបង់នូវកាមសញ្ញោជនៈ លះបង់នូវកាមរាគ ចូលទៅកាន់ព្រហ្មលោកដែរ។ ជនណា មានចិត្តត្រិះរិះ ដើម្បីប្រទូស្ត ជេរ​ប្រទេច​ពួកឥសីជាខាងក្រៅទាំងនោះ ដែលប្រាសចាកតម្រេក មានចិត្តតាំង​ខ្ជាប់ ជនបែបនោះ រមែងបាននូវបាបច្រើន។ មួយទៀត ជនណា មានចិត្ត​ត្រិះរិះ ដើម្បីប្រទូស្ត ជេរប្រទេច ភិក្ខុ ១ រូប ដែលបរិបូណ៌ដោយទិដ្ឋិ ជាសាវក​របស់​ព្រះពុទ្ធ ជននេះ រមែងបាននូវបាបច្រើនជាងជនដែលប្រទូស្តគ្រូទាំង ៦ នោះ។ ទាំងមិនបានជួប នូវបុគ្គលមានសភាពល្អ ជាអ្នកលះបង់ នូវហេតុ​ជាទីតាំង​នៃទិដ្ឋិ។ បុគ្គលណា មានឥន្រ្ទិយទាំង ៥ ដ៏ទន់ គឺសទ្ធា ១ សតិ ១ វីរិយៈ ១ សមថៈ ១ វិបស្សនា ១ បុគ្គលនុ៎ះជាគំរប់ ៧ របស់អរិយសង្ឃ ហៅថា មិនទាន់ប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ បុគ្គលនោះ ប្រទូស្ត នូវភិក្ខុបែបនោះ ឈ្មោះថា បៀតបៀននូវខ្លួនមុន លុះបៀតបៀនខ្លួនហើយ ទើបបៀតបៀនបុគ្គលដទៃជាខាងក្រោយ។ បុគ្គលណារក្សាខ្លួន បុគ្គលនោះ ឈ្មោះថា រក្សាហេតុខាងក្រៅ ព្រោះហេតុនោះ បណ្ឌិតដែល​មិនមាន​សេចក្តី​ក្រោធ គប្បីរក្សាខ្លួនទុកសព្វៗកាល។

ចប់ ធម្មិកវគ្គ ទី៥។

ឧទ្ទាននៃធម្មិកវគ្គនោះ គឺ

និយាយអំពីនាគ ១ អំពីឧបាសិកាឈ្មោះ មិគសាលា ១ អំពីបំណុល ១ អំពីមហាចុន្ទដ៏មានអាយុ ១ អំពីសន្ទិដ្ឋិកធម៌ ២ លើក អំពីព្រះខេមៈ ១ អំពីឥន្រ្ទិយ ១ អំពីព្រះអានន្ទ ១ អំពីពួកក្សត្រ ១ អំពីអប្បមាទធម៌ ១ អំពីធម្មិកត្ថេរ ១។

ចប់ បឋមបណ្ណាសក។

ទុតិយបណ្ណាសក

មហាវគ្គ

សោណសូត្រ ទី១

[៥៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិត​ក្រុង​រាជ​គ្រឹះ។ សម័យនោះឯង ព្រះសោណៈដ៏មានអាយុ គង់នៅនាព្រៃស្មសាន ឈ្មោះសីតវន ជិត​ក្រុងរាជគ្រឹះដែរ។

លំដាប់នោះ ព្រះសោណៈដ៏មានអាយុ សម្ងំនៅក្នុងទីស្ងាត់ មានសេចក្តី​ត្រិះរិះ ក្នុងចិត្ត​កើតឡើង យ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវករបស់ព្រះដ៏មានព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថាជាសាវក ដែល​មាន​ព្យាយាម​តឹងតែង​មួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់អញ ក៏មិនរួចស្រឡះ ចាក​កង​អាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិក្នុងត្រកូលរបស់អញ ក៏មាន​គ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ភោគសម្បត្តិ និងធ្វើនូវបុណ្យទាំងឡាយបានដែរ បើ​ដូច្នោះ គួរតែអញលានូវសិក្ខា វិលត្រឡប់មកកាន់ហីនភេទ ប្រើប្រាស់​នូវ​ភោគ​សម្បត្តិ និងធ្វើបុណ្យទាំងឡាយវិញ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានជ្រាប​ច្បាស់ នូវ​សេចក្តីត្រិះរិះក្នុងចិត្ត របស់ព្រះសោណៈដ៏មានអាយុ ដោយព្រះហ្ឫទ័យព្រះអង្គ ក៏ស្រាប់តែបាត់អំពីភ្នំគិជ្ឈកូដ មកប្រតិស្ថាន ក្នុងទីចំពោះមុខ នៃព្រះសោណៈ​ដ៏​មាន​អាយុ នាព្រៃសីតវន ដូចបុរសមានកំឡាំង លាចេញនូវដៃដែលបត់ចូល ឬ​បត់ចូល​នូវដៃ ដែល​លាចេញ។ ព្រះដ៏មានព្រះភាគ ទ្រង់គង់លើពុទ្ធាសនៈ ដែលគេក្រាលថ្វាយ។ ឯ​ព្រះសោណៈដ៏មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយគង់នៅ​ក្នុង​ទី​ដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះដ៏មាន​ព្រះ​ភាគ ក៏ត្រាស់សួរយ៉ាងនេះថា នែសោណៈ ក្រែងអ្នកសម្ងំនៅក្នុងទីស្ងាត់ មានសេចក្តី​ត្រិះរិះ​ក្នុងចិត្ត កើតឡើងយ៉ាងនេះថា ពួកភិក្ខុណាមួយ ជាសាវករបស់​ព្រះដ៏មាន​ព្រះភាគ ជាអ្នកមានព្យាយាមតឹងតែង បណ្តាភិក្ខុទាំងនោះ អញក៏រាប់ថា ជាសាវក ដែល​មានព្យាយាមតឹងតែងមួយដែរ តែបើទុកជាដូច្នោះ ចិត្តរបស់អញ ក៏មិនរួច​ស្រឡះ ចាក​កងអាសវៈ ព្រោះមិនប្រកាន់មាំបានឡើយ ណ្ហើយ ភោគសម្បត្តិ ក្នុង​ត្រកូល​របស់អញ ក៏មានគ្រប់គ្រាន់ អញក៏អាចប្រើប្រាស់ភោគសម្បត្តិផង ធ្វើបុណ្យទាំង​ឡាយ​បាន​ផង បើដូច្នោះ គួរតែអញលានូវសិក្ខា វិល​ត្រឡប់មកកាន់ហីនភេទវិញ ហើយ​គប្បី​ប្រើ​ប្រាស់ នូវភោគសម្បត្តិផង ធ្វើនូវបុណ្យទាំងឡាយផង ដូច្នេះមែនឬ។ ព្រះសោណៈ​ដ៏មានអាយុ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់​សួរ​ថា នែសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច ខ្លួនអ្នក កាលនៅជាគ្រហស្ថ​អំពី​ដើម ជាអ្នកឈ្លាសវៃ ក្នុងការដេញខ្សែពិណដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាល​សោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក តឹងពេក សម័យ​នោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។ មិន​ដូច្នោះទេ ព្រះអង្គ។ ម្នាលសោណៈ អ្នកយល់នូវសេចក្តីនោះ ថាដូចម្តេច សម័យណា ខ្សែពិណរបស់អ្នក ធូរពេក សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬ​គួរ​ដល់​ការ​ដេញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលសោណៈ មួយទៀត សម័យណា ខ្សែ​ពិណ​របស់អ្នក មិនតឹងពេក មិនធូរពេកទេ តាំងនៅក្នុងគុណដ៏ស្មើល្មម គឺសំឡេងជា​កណ្តាល សម័យនោះ តើពិណរបស់អ្នក មានសំឡេងពីរោះ ឬគួរដល់ការដេញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលសោណៈ ព្យាយាមដែលតឹងពេក រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តី​អណ្តែតអណ្តូងចិត្ត ព្យាយាមដែលធូរពេក រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តី​ខ្ជិល​ច្រអូស ក៏យ៉ាងនោះដែរ ម្នាលសោណៈ ព្រោះហេតុនោះ អ្នក​ចូរតាំង​សេចក្តី​ព្យាយាម ឲ្យ​ស្មើល្មមផង [ពាក្យនេះ ព្រះសម្ពុទ្ធទ្រង់ត្រាស់​ដាស់តឿន​ព្រះសោណត្ថេរ ឲ្យតាំង​សេចក្តីព្យាយាម ចំរើនសមថកម្មដ្ឋាន កុំឲ្យតឹងពេក ធូរពេក។ អដ្ឋកថា។] ចូរតាំងនូវឥន្រ្ទិយទាំងឡាយ (មានសិទ្ធិន្រ្ទិយ ជាដើម) ឲ្យស្មើគ្នាផង ចូរកាន់យកនូវនិមិត្ត ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយដែលស្មើល្មមនោះផង។ ព្រះសោណៈដ៏មានអាយុ បាន​ទទួល​ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ លុះព្រះដ៏មាន​ព្រះភាគ ទ្រង់ទូន្មានព្រះសោណៈដ៏មានអាយុ ដោយឱវាទនេះហើយ ក៏ស្រាប់តែ​បាត់​អំពីព្រៃសីតវន ទៅប្រាកដលើភ្នំគិជ្ឈកូដ ដូចជាបុរសដ៏មានកំឡាំង លាចេញនូវដៃ​ដែល​បត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ គ្រាសម័យជាខាងក្រោយមក ព្រះ​សោណៈដ៏មានអាយុ ក៏បានតាំងនូវសេចក្តីព្យាយាម ឲ្យស្មើល្មមផង តាំង​នូវឥន្រ្ទិយ​ទាំងឡាយ ឲ្យស្មើគ្នាផង បានកាន់យកនូវនិមិត្ត [សំដៅយកសមថនិមិត្ត និងវិបស្សនានិមិត្ត។ អដ្ឋកថា។] ក្នុងសេចក្តីព្យាយាមនឹងឥន្រ្ទិយ ដែលស្មើល្មមនោះផង។ លំដាប់នោះ ព្រះសោណៈដ៏មានអាយុ គេចចេញចាកពួក ទៅនៅតែម្នាក់ឯង ជា​អ្នក​មិនប្រមាទ មានព្យាយាមដុតបំផ្លាញ (នូវកិលេស) មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ពួកកុលបុត្ត ដែលចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរធម៌​ណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌ ដែលមាន​ព្រហ្មចរិយៈ ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ននេះ ហើយ​បាន​ដឹងច្បាស់ថា ជាតិ (របស់អញ) អស់ហើយ ព្រហ្មចរិយធម៌ អញបាន​ប្រព្រឹត្ត​ចប់​ហើយ សោឡសកិច្ច អញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។ មានសេចក្តីសរសើរថា បណ្តាពួកព្រះអរហន្តទាំងឡាយ ព្រះសោណៈដ៏មានអាយុ រាប់ថាជាអរហន្តមួយដែរ។ លំដាប់នោះ ព្រះសោណៈដ៏​មាន​អាយុ កាលបានសម្រេចព្រះអរហត្តហើយ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអញ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ គួរក្រាបទូល​នូវ​អរហត្ត​គុណ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះសោណៈដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះសោណៈដ៏មានអាយុ គង់ក្នុងទីដ៏សមគួរស៊ប់​ហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ណា ជាអរហន្តខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បានធ្វើ​សោឡសកិច្ច​ស្រេច​ហើយ បានដាក់ភារៈចុះហើយ មានប្រយោជន៍នៃខ្លួន សម្រេចហើយ មាន​កិលេស​ ជាគ្រឿងប្រកបក្នុងភពអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះដឹង​ដោយ​ប្រពៃ ភិក្ខុនោះ ជាអ្នកមានចិត្តចុះស៊ប់ កាន់ឋានៈ ៦ យ៉ាង គឺមានចិត្តចុះស៊ប់ ក្នុង​នេក្ខម្មៈ (ការចេញចាកកាម) ១ ចុះស៊ប់ ក្នុងបវិវេក (ទីស្ងប់ស្ងាត់ចាកកិលេស) ១ ចុះស៊ប់ ក្នុង​សេចក្តីមិនមានព្យាបាទ ១ ចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ១ ចុះស៊ប់ ក្នុង​ធម៌​ជាទីអស់ទៅនៃឧបាទាន ១ ចុះស៊ប់ ក្នុងធម៌មិនមានសេចក្តីវង្វេង ១។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកនេះ មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអាស្រ័យនូវគុណធម៌ ត្រឹមតែសទ្ធាម្យ៉ាង ដោយពិត។ បពិត្រ​ព្រះអង្គដ៏ចំរើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ យ៉ាងនេះឡើយ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌ចប់ហើយ បាន​ធ្វើ​សោឡសកិច្ច​ស្រេច​ហើយ បើទុកជាមិនបានពិចារណា នូវសោឡសកិច្ចរបស់ខ្លួន ឬការ​សន្សំ​របស់​ខ្លួន ដែល​បានធ្វើហើយទេ ក៏គង់មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអស់រាគៈ ព្រោះ​ប្រាស​ចាក​រាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងនេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះ​ប្រាស​ចាក​ទោសៈ ក៏គង់មានចិត្តចុះស៊ប់​ ក្នុងនេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះ​ប្រាស​ចាក​មោហៈ។ បពិត្រព្រះអង្គដ៏ចំរើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាង​នេះ​ថា លោកនេះ កាលប្រាថ្នាលាភសក្ការៈ និងសេចក្តីសរសើរក៏ដោយ ក៏គង់​មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់​ឃើញ យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជាមិនបាន​ពិចារណា នូវ​សោឡសកិច្ចរបស់ខ្លួន ឬនូវការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់​មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ គ៏គង់មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងសេចក្តីស្ងប់ស្ងាត់ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន លោកខ្លះ ក្នុងសាសនានេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកនេះ កាល​ត្រឡប់​មកកាន់សីលព្វតបរាមាសៈ ថាជាធម៌មានខ្លឹមក៏ដោយ ក៏គង់ជាអ្នក​មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងការមិនព្យាបាទ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ បុគ្គលមិនត្រូវយល់ឃើញ យ៉ាងនេះឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយធម៌​ចប់ហើយ បានធ្វើសោឡសកិច្ចស្រេចហើយ បើទុកជា​មិនបានពិចារណា នូវ​សោឡសកិច្ច​របស់ខ្លួន ឬនូវការសន្សំរបស់ខ្លួន ដែលបានធ្វើហើយទេ ក៏គង់មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាកមោហៈ។បេ។ ក៏គង់​មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មាន​ចិត្ត​ចុះ​ស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់​មាន​ចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅនៃតណ្ហា ព្រោះអស់មោហៈ ព្រោះ​ប្រាសចាក​មោហៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះអស់រាគៈ ព្រោះ​ប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះអស់​ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងធម៌ជាទីអស់ទៅ នៃឧបាទាន ព្រោះ​អស់មោហៈ ព្រោះប្រាសចាកមោហៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះ​អស់រាគៈ ព្រោះប្រាសចាករាគៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ ក៏គង់មានចិត្តចុះស៊ប់ ក្នុងការមិនវង្វេង ព្រោះអស់    មោហៈ ព្រោះប្រាសចាកមោហៈ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើភិក្ខុមានចិត្ត​ផុត​ស្រឡះ ដោយប្រពៃ យ៉ាងនេះហើយ ទោះបីរូបារម្មណ៍ យ៉ាងពន្លឹក ដែលគប្បី​ដឹង​ដោយ​ភ្នែក មកកាន់រង្វង់នៃចក្ខុទ្វារ ក៏គ្របសង្កត់ចិត្ត របស់ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងរលត់ទៅ នៃចិត្តនោះ។ ទោះបីសទ្ទារម្មណ៍ យ៉ាងពន្លឹក ដែលគប្បីដឹងដោយត្រចៀក។បេ។ គន្ធារម្មណ៍ ដែលគប្បីដឹងដោយច្រមុះ រសារម្មណ៍ ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វារម្មណ៍ ដែលគប្បីដឹងដោយកាយ ធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត មកកាន់រង្វង់នៃមនោទ្វារ ក៏គ្របសង្កត់ចិត្ត​របស់ភិក្ខុនោះ​មិនបាន ចិត្តរបស់លោក មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំងលោក ក៏ឃើញនូវការកើតឡើង និងការលត់ទៅ នៃចិត្តនោះ។ បពិត្រព្រះអង្គដ៏ចំរើន ភ្នំថ្មមិនមានចន្លោះ មិនមានប្រហោង ជាភ្នំតាន់សុទ្ធ ទោះបី​គំនរ​ខ្យល់​ដ៏ពន្លឹក បក់បោកមកពីទិសខាងកើតក្តី ក៏ធ្វើភ្នំនោះឲ្យឃ្លាតមិនបាន ឲ្យកម្រើក​មិន​បាន ឲ្យញាប់ញ័រមិនបាន ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពី​ទិសខាង​លិច​ក្តី។បេ។ ទោះបីគំនរខ្យល់ដ៏ពន្លឹក បក់បោកមកអំពីទិសខាងជើងក្តី ទោះបីគំនរ​ខ្យល់​ដ៏​ពន្លឹក បក់បោកមកអំពីទិសខាងត្យូងក្តី ក៏ធ្វើភ្នំនោះឲ្យឃ្លាតមិនបាន ឲ្យកម្រើកមិនបាន ឲ្យញាប់ញ័រមិនបាន មានឧបមា ដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន មានឧបមេយ្យ ដូច​ភិក្ខុមានចិត្តផុតស្រឡះ ដោយប្រពៃ យ៉ាងនេះហើយ ទោះបីរូបារម្មណ៍ដ៏ពន្លឹក ដែល​គប្បី​ដឹងដោយភ្នែក មកកាន់រង្វង់នៃចក្ខុទ្វារ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះមិនបាន ចិត្ត​របស់​លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់នូវការមិនរំភើប ទាំង​លោក ក៏ពិចារណាឃើញ នូវការកើតឡើង និង​ការ​រលត់ទៅ នៃចិត្តនោះ ទោះបី​សទ្ទារម្មណ៍ដ៏ពន្លឹក ដែលគប្បីដឹងដោយត្រចៀក។បេ។ គន្ធារម្មណ៍ ដែលគប្បី​ដឹង​ដោយ​ច្រមុះ រសារម្មណ៍ ដែលគប្បីដឹងដោយអណ្តាត ផោដ្ឋព្វារម្មណ៍ ដែលគប្បី​ដឹង​ដោយ​កាយ ធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត មកកាន់រង្វង់នៃមនោទ្វារ ក៏គ្របសង្កត់ចិត្ត របស់​ភិក្ខុនោះមិនបាន ចិត្តរបស់លោក ក៏មិនបានច្រឡំដោយអារម្មណ៍ ជាចិត្តនឹងធឹង ដល់​នូវការមិនញាប់ញ័រ ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និង​ការរលត់ទៅ​នៃចិត្តនោះ។

កាលបើភិក្ខុមានចិត្តចុះស៊ប់កាន់នេក្ខម្មៈ កាន់សេចក្តីស្ងប់ស្ងាត់ មានចិត្តចុះស៊ប់  កាន់សេចក្តីមិនព្យាបាទ កាន់ធម៌ជាទីអស់ទៅ នៃឧបាទាន មានចិត្តចុះស៊ប់ កាន់​ធម៌ជាទីអស់ទៅ នៃតណ្ហា​ កាន់សេចក្តីមិនវង្វេង ចិត្តក៏រមែងផុតស្រឡះ ដោយ​ប្រពៃ ព្រោះឃើញនូវការកើត និងការរលត់ទៅ នៃអាយតនៈ កាលបើភិក្ខុនោះ មានចិត្តផុតស្រឡះ ដោយប្រពៃហើយ មានចិត្តស្ងប់រម្ងាប់ហើយ ការសន្សំនូវកិច្ច ដែលលោកត្រូវធ្វើ ក៏មិនមាន កិច្ចដែលគួរធ្វើ ក៏មិនមាន។ ភ្នំថ្មតាន់សុទ្ធ រមែង​មិន​កម្រើកដោយខ្យល់ យ៉ាងណា អារម្មណ៍ទាំងឡាយ គឺ រូប សំឡេង ក្លិន រស ផ្សព្វ​ទាំង​អស់ ជាទីប្រាថ្នាក្តី មិនជាទីប្រាថ្នាក្តី ក៏ធ្វើចិត្តរបស់អ្នកខ្ជាប់ខ្ជួន ជាចិត្តនឹងធឹង រួចស្រឡះចាកកិលេស ឲ្យញាប់ញ័រមិនបាន ទាំងលោក ក៏ពិចារណាឃើញ នូវការកើតឡើង និងការរលត់ទៅនៃចិត្តនោះ ក៏យ៉ាងនោះដែរ។

ផគ្គុនសូត្រ ទី២

[៥៦] សម័យនោះ ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់។ លំដាប់​នោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់​ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទ​ដ៏មាន​អាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ព្រះផគ្គុណៈដ៏មានអាយុ មានអាពាធ ដល់នូវទុក្ខ ឈឺធ្ងន់ បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ស្តេចចូលទៅឯលំនៅ នៃព្រះផគ្គុណៈ​ដ៏​មាន​អាយុ ដើម្បីអនុគ្រោះ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ទទួលដោយតុណ្ហីភាព។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅឯ​លំនៅ ដែល​ព្រះផគ្គុណៈដ៏មានអាយុនៅ។ ព្រះផគ្គុណៈដ៏មានអាយុ បានឃើញព្រះដ៏មាន​ព្រះ​ភាគ ស្តេចមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏គ្រាន់តែសំដែងអាការជាទីក្រោក​ឡើង​លើគ្រែតូច។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់ឃាត់ព្រះផគ្គុណៈ​ដ៏មាន​អាយុ យ៉ាង​នេះថា កុំ ផគ្គុណៈ អ្នកកុំក្រោកអំពីគ្រែតូចឡើយ។ អាសនៈនេះ ដែលភិក្ខុឯទៀត ក្រាល​បម្រុងទុក មានហើយ តថាគត នឹងអង្គុយលើអាសនៈនោះ ព្រះដ៏មានព្រះភាគ ក៏​ទ្រង់​គង់លើអាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះព្រះដ៏មានព្រះភាគគង់ហើយ បាន​ត្រាស់​សួរ​ព្រះផគ្គុណៈដ៏មានអាយុ យ៉ាងនេះថា ម្នាលផគ្គុណៈ អ្នកល្មមអត់ធន់បានទេឬ អ្នក​ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេឬ ទុក្ខវេទនា (របស់អ្នក) ធូរថយ មិនចំរើនឡើង​ សេចក្តីធូរថយ រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ ព្រះផគ្គុណៈ ក្រាប​ទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យ​ប្រព្រឹត្តទៅ​បានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយ​សោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន បុរសមានកំឡាំង យកដែកស្រួចដ៏មុត មកចាក់ទំលុះក្បាល យ៉ាងណាមិញ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្យល់យ៉ាងខ្លាំង តែងចាក់ដោតក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏​យ៉ាង​នោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំង​អត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តីធូរថយមិនប្រាកដទេ។ បុរស​មាន​កំឡាំង យកព្រ័ត្រដ៏មាំមួយចង្វាយ មករុំត្របែងក្បាល យ៉ាងណាមិញ បពិត្រ​ព្រះអង្គ​ដ៏ចំរើន វេទនាក្នុងក្បាល (របស់ខ្ញុំព្រះអង្គ) ក៏ខ្លាំងយ៉ាងនោះដែរ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តី​ចំរើន​ឡើង ចេះតែប្រាកដ សេចក្តីធូរថយ មិនប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន នាយ​គោឃាតកក្តី អ្នកជំនួយការ នៃនាយគោឃាតកក្តី ដែលឆ្លាស យកកាំបិតសម្រាប់​វះគោ​ដ៏​មុត មកវះពោះ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ខ្យល់យ៉ាងខ្លាំង តែង​កាត់​នូវ​ផ្ទៃ របស់​ខ្ញុំព្រះអង្គ យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះទេ សេចក្តីចំរើនឡើង ចេះតែប្រាកដ សេចក្តី​ធូរថយ មិន​ប្រាកដទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំងពីរនាក់ នាំគ្នាចាប់បុរស ដែលមាន​កំឡាំងថយជាង ត្រង់ដើមដៃផ្សេងគ្នា មកដុត រោលអាល លើរណ្តៅ​រងើក​ភ្លើង យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីក្តៅក្រហាយយ៉ាងខ្លាំង ក្នុងកាយ (របស់ខ្ញុំព្រះអង្គ) ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនល្មម​អត់​ធន់​បាន​ទេ មិនល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ណាស់ ចេះតែចំរើនឡើង មិនធូរថយសោះ សេចក្តីចំរើន ចេះតែប្រាកដ សេចក្តីធូរថយ មិន​ប្រាកដ​ទេ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើព្រះផគ្គុណៈដ៏មានអាយុ ឲ្យ​យល់​ឃើញ​ច្បាស់ ឲ្យជឿកាន់តាម ឲ្យក្លៀវក្លា ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោក​ចាក​អាសនៈ ស្តេចចៀសចេញទៅ។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់ស្តេច​ចេញទៅ មិន​យូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួលមរណភាព ក៏ក្នុងសម័យ​ជាកាល​ជិត​មរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏ជ្រះថ្លា។ លំដាប់នោះ ព្រះអានន្ទ​ដ៏មាន​អាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏​មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទី​ដ៏សម​គួរ​ហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាល​ព្រះអង្គ ទ្រង់ស្តេចចេញមក មិនយូរប៉ុន្មាន ព្រះផគ្គុណៈដ៏មានអាយុ ក៏ទទួល​មរណភាព ប៉ុន្តែសម័យជាកាលជិតមរណៈនោះ ឥន្រ្ទិយទាំងឡាយរបស់លោក ក៏​ជ្រះថ្លា។ ព្រះដ៏មានព្រះភាគត្រាស់ថា ឱអានន្ទ ឥន្រ្ទិយទាំងឡាយ របស់ផគ្គុណភិក្ខុ  នឹង​មិន​ជ្រះថ្លាឯណាបាន ម្នាលអានន្ទ ចិត្តរបស់ផគ្គុណភិក្ខុ ជាចិត្តមិនទាន់ផុតស្រឡះ ចាក​សញ្ញោជនៈ ជាចំណែកខាងក្រោម ៥យ៉ាងទេ ប៉ុន្តែចិត្តរបស់លោក ផុតស្រឡះ​ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបានវិញ ព្រោះស្តាប់ធម្មទេសនានោះ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុងការពិចារណា​សេចក្តី តាម​កាល​គួរនេះ មាន ៦ យ៉ាង។ អានិសង្ស ៦ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ ភិក្ខុក្នុង​សាសនា​នេះ មានចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងទេ ប៉ុន្តែក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ព្រះតថាគតសំដែងធម៌ មានពីរោះបទដើម បទកណ្តាល បទចុង ប្រកបដោយអត្ថ ដោយ​ព្យញ្ជនៈ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធពេញលេញទាំងអស់ ដល់ភិក្ខុនោះ ចិត្ត​របស់ភិក្ខុនោះ ក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ព្រោះ​ស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី១ ក្នុងការស្តាប់ធម៌ តាម​កាល​គួរ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជា​ចំណែក​ខាងក្រោម ៥ យ៉ាងទេ តែក្នុងសម័យកាលជិតមរណៈនោះ ភិក្ខុនោះ មិនបាន​ចួប​ប្រទះព្រះតថាគតទេ ប៉ុន្តែបាបចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់​ព្រះ​តថាគត ក៏សំដែងធម៌ មានពីរោះបទដើម បទកណ្តាល បទចុង ប្រកបដោយអត្ថ ដោយព្យញ្ជនៈ ប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធពេញលេញទាំងអស់ ដល់ភិក្ខុនោះ ចិត្ត​របស់ភិក្ខុនោះ ក៏ផុតស្រឡះចាកសញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងបាន ព្រោះ​ស្តាប់ធម្មទេសនានោះ នេះជាអានិសង្ស ទី២ ក្នុងការស្តាប់ធម៌ តាមកាលគួរ។ ម្នាល​អានន្ទ មួយទៀត ចិត្តរបស់ភិក្ខុមិនទាន់ផុតស្រឡះ ចាកសញ្ញោជនៈ ជាចំណែក​ខាង​ក្រោម ៥ យ៉ាងទេ តែក្នុងសម័យជាកាលជិតមរណៈ ភិក្ខុនោះ មិនបាន​ចួប​ប្រទះ​ព្រះតថាគត មិនបាន​ចួបនឹងសាវក របស់ព្រះតថាគតទេ ប៉ុន្តែត្រិះរិះរឿយៗ ពិចារណា​រឿយ​ៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បាន​រៀន​មក កាលភិក្ខុនោះ ត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក ចិត្តក៏ផុតស្រឡះ ចាកសញ្ញោជនៈ ជា​ចំណែក​ខាងក្រោម ៥ យ៉ាងបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៣ ក្នុង​ការ​ពិចារណា​សេចក្តី តាមកាលគួរ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះ ចាក​សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុង​ធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុង​សម័យ​ជា​កាល​ជិតមរណៈនោះ ភិក្ខុនោះ បានចួបប្រទះព្រះតថាគត ទាំងព្រះតថាគត ក៏សំដែង​ធម៌ មាន​ពីរោះបទដើម បទកណ្តាល។បេ។ ប្រកាសព្រហ្មចរិយធម៌ ដល់ភិក្ខុនោះ ចិត្ត​របស់​ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិបាន ព្រោះ​ស្តាប់ធម្មទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៤ ក្នុងការ​ស្តាប់​ធម៌​តាម​កាល​គួរ។ ម្នាលអានន្ទ មួយទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាកសញ្ញោជនៈ ជា​ចំណែក​ខាង​ក្រោម ៥ យ៉ាងស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺ​ព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុងសម័យជាកាលជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ប៉ុន្តែបានចួបប្រទះនឹងសាវក របស់ព្រះតថាគត សាវករបស់ព្រះតថាគត ក៏សំដែងធម៌ មានពីរោះបទដើម។បេ។ ប្រកាសព្រហ្មចរិយធម៌ ដ៏​បរិសុទ្ធ ដល់ភិក្ខុនោះ ចិត្តរបស់ភិក្ខុនោះ ក៏ចុះស៊ប់ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទី​អស់ទៅ នៃឧបធិបាន ព្រោះស្តាប់ធម៌ទេសនានោះ ម្នាលអានន្ទ នេះជាអានិសង្ស ទី៥ ក្នុង​ការស្តាប់ធម៌ តាមកាលគួរ។ ម្នាលអានន្ទ មួយវិញទៀត ភិក្ខុមានចិត្តផុតស្រឡះ ចាក​សញ្ញោជនៈ ជាចំណែកខាងក្រោម ៥ យ៉ាង ស្រេចហើយ ប៉ុន្តែមានចិត្តមិនទាន់​ចុះស៊ប់ ក្នុង​ធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់ទៅ នៃឧបធិនៅឡើយទេ លុះក្នុង​សម័យ​ជា​កាល​ជិតមរណៈនោះ ភិក្ខុនោះ មិនបានចួបប្រទះព្រះតថាគត ទាំងមិនបានចួបប្រទះ នឹង​សាវករបស់ព្រះតថាគតទេ ប៉ុន្តែបានត្រិះរិះរឿយៗ ពិចារណារឿយៗ ដោយ​ចិត្ត ពិនិត្យ​រឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែលខ្លួនបានស្តាប់ បានរៀនមក កាល​ភិក្ខុ​នោះ ត្រិះរិះ​រឿយៗ ពិចារណារឿយៗ ដោយចិត្ត ពិនិត្យរឿយៗ ក្នុងចិត្ត ចំពោះធម៌ តាមដែល​ខ្លួន​បានស្តាប់ បានរៀនមក ចិត្តក៏ចុះស៊ប់ ក្នុងធម៌ដ៏ប្រសើរ គឺព្រះនិព្វាន ជាទីអស់​ទៅ នៃឧបធិបាន ម្នាលអានន្ទ នេះជាអានិសង្ស ទី៦ ក្នុងការពិចារណាសេចក្តី តាម​កាល​គួរ។ ម្នាលអានន្ទ អានិសង្ស ក្នុងការស្តាប់ធម៌ តាមកាលគួរ ក្នុង​ការ​ពិចារណាធម៌ តាម​កាល​គួរ មាន​ ៦ យ៉ាងនេះឯង។

ឆឡភិជាតិសូត្រ ទី៣

[៥៧] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ជិត​ក្រុង​រាជ​គ្រឹះ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះ​ព្រះអានន្ទ​ដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បញ្ញត្តជាតិកំណើត ៦ យ៉ាង គឺ បញ្ញត្តជាតិខ្មៅ ១ បញ្ញត្តជាតិខៀវ ១ បញ្ញត្តជាតិក្រហម ១ បញ្ញត្តជាតិលឿង ១ បញ្ញត្តជាតិស ១ បញ្ញត្តជាតិសសុទ្ធ ១។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកជនអ្នកសម្លាប់ពពែ អ្នកសម្លាប់ជ្រូក អ្នកសម្លាប់សត្វបក្សី អ្នក​សម្លាប់​ម្រឹគ ពួកព្រាន ពួកអ្នកសម្លាប់ត្រី ពួកចោរ ពួកអ្នកសម្លាប់ចោរ ពួកអ្នកជាប់គុក ឬក៏ពួកជនណាមួយក្រៅពីនេះ ដែលមានអំពើអាក្រក់ ថាជាជាតិខ្មៅ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកភិក្ខុ ដែលមានអធ្យាស្រ័យខ្មៅ ឬ​ក៏​ពួកជនណាមួយ ក្រៅពីនេះ ដែលជាកម្មវាទ និងកិរិយវាទ ថាជាជាតិខៀវ។ បពិត្រ​ព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកនិគ្រន្ថ ដែល​មាន​សាដក​តែ ១ ថាជាជាតិក្រហម។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកគ្រហស្ថ អ្នកស្លៀកដណ្តប់សំពត់ស មានសាដកដូចជា សាដក​អចេលកៈ ថាជាជាតិលឿង។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តពួកអាជីវកៈ និងអាជីវិកា ថាជាជាតិ ស។ បពិត្រព្រះអង្គដ៏ចំរើន ក្នុង​ជាតិ ៦ យ៉ាងនោះ បូរណកស្សប បញ្ញត្តជនឈ្មោះ នន្ទវច្ឆៈ ឈ្មោះកច្ចសង្កិច្ចៈ និងឈ្មោះមក្ខលិគោសាល ថាជាជាតិ សសុទ្ធ។ បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បាន​បញ្ញត្តជាតិ ៦ យ៉ាងនេះឯង។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ចុះសត្វ​លោក​ទាំងពួង យល់តាមពាក្យ របស់បូរណកស្សប ដែលបញ្ញត្តជាតិ ៦ យ៉ាងនេះដែរ​ឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនយល់តាមទេ។ ម្នាលអានន្ទ ដូចជាបុរសទ័លក្រ មិនមាន​ទ្រព្យ​របស់ខ្លួន ជាអ្នកមិនស្តុកស្តម្ភ ពួកជនឯទៀត ជម្រុញឲ្យចំណែកសាច់ ដល់​បុរស​នោះ ដែលជាអ្នកមិនត្រូវការ ដោយបង្ខំថា នែបុរសអឺយ អ្នកត្រូវទំពាស៊ីសាច់នេះផង ត្រូវ​ប្រគល់ឲ្យនូវថ្លៃផង យ៉ាងណាមិញ ម្នាលអានន្ទ បូរណកស្សប ជាមនុស្សពាល មិន​វាង​វៃ មិនស្គាល់ខេត្ត (នៃការបញ្ញត្តិជាតិ) មិនឆ្លៀវឆ្លាស បានបញ្ញត្តជាតិ ៦ យ៉ាងនេះ របស់ពួកសមណព្រាហ្មណ៍ទាំងនុ៎ះ ដោយគេមិនបានយល់ព្រម ក៏យ៉ាងនោះដែរ។ ម្នាល​អានន្ទ ឥឡូវនេះ តថាគត នឹងបញ្ញត្តជាតិ ៦ យ៉ាង អ្នកចូរស្តាប់បញ្ញត្តនោះ ចូរ​ធ្វើ​ទុក​ក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះដ៏មាន​ព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលអានន្ទ ចុះជាតិ ៦ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ប្រព្រឹត្ត​ធម៌ខ្មៅ ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ប្រព្រឹត្តធម៌ ស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិខ្មៅ ដល់នូវព្រះនិព្វាន ដែល​ជា​ធម៌​មិន​ខ្មៅ មិនស ១ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ប្រព្រឹត្តធម៌ខ្មៅ ១ ម្នាល​អានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មានជាតិ ស ប្រព្រឹត្តធម៌ ស ១ ម្នាលអានន្ទ បុគ្គល​ខ្លះ ក្នុងលោកនេះ មានជាតិ ស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស ១។ ម្នាល​អានន្ទ ចុះបុគ្គលមានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ តើយ៉ាងណា។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុង​លោក​នេះ មកកើតក្នុងត្រកូលថោកទាប គឺត្រកូលចណ្ឌាល ឬត្រកូលនេសាទ ត្រកូល​ជាង​ផែង ត្រកូលជាងរថ ត្រកូលអ្នកយកសម្រាម ជាត្រកូលក្រីក្រ មិនមានបាយទឹក និងគ្រឿងប្រើប្រាស់ រស់នៅដោយលំបាក ដែលជាត្រកូលរកគ្រឿងបរិភោគ និងគ្រឿង​ស្លៀក​ពាក់​បានដោយក្រ បុគ្គលនោះឯង ជាអ្នកមានសម្បុរអាក្រក់ លំបាកមើល ជា​បុគ្គល​ទាប តឿ មានអាពាធច្រើន ជាបុគ្គលខ្វាក់ ឬក្ងែង ខ្ចក ស្លាប់អវយវៈ ជាអ្នក​មិនសូវ​បាន​នូវបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និង​គ្រឿង​ប្រទីប បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលអានន្ទ បុគ្គលជាអ្នកមានជាតិខ្មៅ ប្រព្រឹត្តធម៌ខ្មៅ យ៉ាង​នេះ​ឯង។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិខ្មៅ ប្រព្រឹត្តធម៌ស តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលទាប គឺ ត្រកូលចណ្ឌាល។បេ។ ជាអ្នក​មិនសូវ​បាននូវទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិត​ដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្តហើយ គ្រាបែក​ធ្លាយ​រាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិ សួគ៌ ទេវលោក។ ម្នាលអានន្ទ បុគ្គលជាអ្នកមាន​ជាតិខ្មៅ ប្រព្រឹត្តធម៌ស យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលអ្នកមានជាតិខ្មៅ ដល់នូវ​ព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ មកកើតក្នុង​ត្រកូលទាប គឺត្រកូលចណ្ឌាល។ប។ បុគ្គលនោះឯង ជាអ្នកមានសម្បុរអាក្រក់ លំបាក​មើល ជាមនុស្សទាបតឿ បុគ្គលនោះ កោរសក់ កោរពុកមាត់ពុកចង្កា ស្លៀកដណ្តប់​នូវ​កាសាវពស្រ្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស លុះបុគ្គលនោះ បួសយ៉ាងនេះហើយ ក៏បាន​លះ នូវនីវរណធម៌ ៥ ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើ​ប្រាជ្ញា ឲ្យថយ​កម្លាំង មានចិត្តខ្ជាប់ខ្ជួន ក្នុងសតិប្បដ្ឋាន ៤ ចំរើនពោជ្ឈង្គ ៧ តាមសមគួរ ហើយដល់​នូវ​ព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស។ ម្នាលអានន្ទ បុគ្គលអ្នកមានជាតិខ្មៅ ដល់នូវ​ព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលអ្នកមាន​ជាតិស ប្រព្រឹត្តធម៌ខ្មៅ តើដូចម្តេច។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុងលោកនេះ កើតក្នុង​ត្រកូល​ខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូលព្រាហ្មណមហាសាល ត្រកូល​គហបតិ​មហាសាល ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធាន និងធញ្ញាហារច្រើន បុគ្គលនោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយសប្បុរដ៏ល្អក្រៃលែង ជាអ្នកស្វាក់លាភ ចំពោះបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿងក្រអូប គ្រឿងលាប ទីដេក ទីនៅ និង​គ្រឿង​ប្រទីប បុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ គ្រាបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលអានន្ទ បុគ្គលមានជាតិស ដែលប្រព្រឹត្តធម៌ខ្មៅ យ៉ាង​នេះ​ឯង។ ម្នាលអានន្ទ ចុះបុគ្គលជាអ្នកមានជាតិស ប្រព្រឹត្តធម៌ស តើដូចម្តេច។ ម្នាលអានន្ទ បុគ្គល​ខ្លះ ក្នុងលោកនេះ មកកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល។បេ។ ជាអ្នក​ស្វាក់លាភ ចំពោះទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ ប្រព្រឹត្ត​សុចរិត​ដោយ​កាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបុគ្គលនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិត ដោយចិត្តហើយ គ្រាបែកធ្លាយ​រាងកាយស្លាប់ទៅ ក៏ទៅកើតឯសុគតិ សួគ៌ ទេវលោក។ ម្នាលអានន្ទ បុគ្គល​អ្នកមានជាតិស ប្រព្រឹត្តធម៌ស យ៉ាងនេះឯង។ ម្នាលអានន្ទ ចុះបុគ្គលមានជាតិស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស តើយ៉ាងណា។ ម្នាលអានន្ទ បុគ្គលខ្លះ ក្នុង​លោកនេះ មកកើតក្នុងត្រកូលខ្ពស់ គឺត្រកូលខត្តិយមហាសាល ឬត្រកូល​ព្រាហ្មណ​មហា​សាល ត្រកូលគហបតិមហាសាល ជាត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន មានភោគៈ​ច្រើន មានមាសប្រាក់ច្រើន មានគ្រឿងឧបករណ៍ជាទីគាប់ចិត្តច្រើន មានធនធាន និងធញ្ញាហារច្រើន បុគ្គលនោះ ជាអ្នកមានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយ​សម្បុរ​ដ៏ល្អក្រៃលែង ជាអ្នកស្វាក់លាភ ចំពោះបាយ ទឹក សំពត់ យាន កម្រងផ្កា គ្រឿង​ក្រអូប គ្រឿងលាប ទីដេក ទីនៅ និងគ្រឿងប្រទីប បុគ្គលនោះ បានកោរសក់ កោរពុក​មាត់ ពុកចង្កា ស្លៀកដណ្តប់នូវកាសាវពស្រ្ត ចេញចាកផ្ទះ ចូលកាន់ផ្នួស លុះ​បុគ្គល​នោះ​បួស យ៉ាងនេះហើយ ក៏លះនូវនីវរណ ៥ប្រការ ដែលជាឧបក្កិលេសនៃចិត្ត ជាគ្រឿងធ្វើប្រាជ្ញា ឲ្យថយកំឡាំង មានចិត្តខ្ជាប់ខ្ជួន ក្នុងសតិប្បដ្ឋាន ៤ ចំរើនពោជ្ឈង្គ ៧ តាមសមគួរ ហើយដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅមិនស​​។ ម្នាលអានន្ទ បុគ្គល​ដែលមានជាតិស ដល់នូវព្រះនិព្វាន ដែលជាធម៌មិនខ្មៅ មិនស យ៉ាងនេះឯង។ មា្នល​អានន្ទ ជាតិ ៦ យ៉ាងនេះឯង។

អាសវសូត្រ ទី៤

[៥៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នក​គួរ​ទទួល​នូវវត្ថុ ដែល​គេនាំមកបូជា គួរទទួលនូវវត្ថុ ដែលគេរៀបទទួលភ្ញៀវ គួរទទួល​នូវទក្ខិណាទាន គួរធ្វើអញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការសង្រួម អាសវៈ​ទាំងឡាយនោះ ភិក្ខុក្នុងសាសនានេះ បានលះបង់ហើយ ដោយការសង្រួម ១ អាសវៈ​ទាំង​ឡាយណា ដែលត្រូវលះបង់ ដោយការសេព (នូវបច្ច័យ) អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការសេព ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយ​ការអត់ធន់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការអត់ធន់ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយការវៀរ អាសវៈទាំងឡាយនោះ ភិក្ខុ​បានលះបង់ហើយ ដោយការវៀរ ១ អាសវៈទាំងឡាយណា ដែលត្រូវលះបង់ ដោយ​ការ​បន្ទោបង់ អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយ​ការបន្ទោបង់ ១ អាសវៈ​ទាំងឡាយណា ដែលត្រូវលះបង់ ដោយការចំរើន អាសវៈទាំងឡាយនោះ ភិក្ខុបានលះបង់ហើយ ដោយការចំរើន ១។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយ ដូចម្តេច ដែលត្រូវលះបង់ ដោយការសង្រួម ភិក្ខុបានលះបង់ដោយការសង្រួម។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ ហើយ​សង្រួម​នូវ​ចក្ខុន្រ្ទិយសំវរៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មិនសង្រួមនូវចក្ខុន្រ្ទិយសំវរៈទេ អាសវៈ​ទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើ​ភិក្ខុ​នោះ បានសង្រួមនូវចក្ខុន្រ្ទិយសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ​ទាំង​នោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ភិក្ខុពិចារណាដោយឧបាយហើយ សង្រួម​នូវសោតិន្រ្ទិយ… ឃានិន្រ្ទិយ… ជីវ្ហិន្រ្ទិយ… កាយិន្រ្ទិយ… មនិន្រ្ទិយសំវរៈ។ ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើភិក្ខុនោះ មិនសង្រួមនូវមនិន្រ្ទិយសំវរៈទេ អាសវៈទាំងឡាយ ដែល​ជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន បើភិក្ខុនោះ បាន​សង្រួម​នូវ​មនិន្រ្ទិយសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែង​មិន​មាន​ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុនោះ មិន​សង្រួម​នូវ​សំវរៈទេ អាសវៈទាំងឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើតឡើង​បាន បើភិក្ខុនោះ បានសង្រួមនូវសំវរៈ អាសវៈ ដែលជាគ្រឿងចង្អៀត​ចង្អល់ ក្តៅ​ក្រហាយ​ទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះបង់ ដោយការសង្រួម ភិក្ខុក៏បានលះបង់ ដោយ​ការសង្រួម។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយការសេព ភិក្ខុក៏បានលះបង់ ដោយការសេព។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណាដោយឧបាយហើយ ប្រើប្រាស់នូវចីវរ ដើម្បីការពារត្រជាក់ ដើម្បី​ការពារកំដៅ ដើម្បីការពារសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និង​ពស់តូច ពស់​ធំ​ទាំង​ឡាយ ដើម្បីបិទបាំងអវយវៈ ដែលធ្វើនូវសេចក្តីខ្មាស ឲ្យកម្រើក។ ពិចារណាដោយ ឧបាយ​ហើយ បរិភោគនូវចង្ហាន់បិណ្ឌបាត ដើម្បីលេងដូចក្មេងអ្នកស្រុក ក៏ទេ ដើម្បី​ឲ្យកើត​បុរិសមានះ ស្រវឹងដូចអ្នកប្រដាល់ ក៏ទេ ដើម្បី​ប្រដាប់​តាក់តែង​រាងកាយ ដូច​ស្រ្តីក្នុង​បូរី ក៏ទេ ដើម្បីធ្វើឲ្យផូរផង់ពណ៌សម្បុរ ដូចអ្នករបាំ ក៏ទេ បរិភោគ​គ្រាន់​តែ​ដើម្បី​ឲ្យ​តាំងនៅ នៃរាងកាយនេះ ដើម្បីញ៉ាំងជីវិតិន្រ្ទិយ ឲ្យប្រព្រឹត្តទៅ ដើម្បី​បំបាត់​នូវ​សេចក្តី​លំបាក ដើម្បីអនុគ្រោះ ដល់ព្រហ្មចរិយធម៌ អញនឹងកំចាត់បង់ នូវវេទនាចាស់ គឺសេចក្តី​ស្រេក​ឃ្លាន ដែលមានហើយផង ញ៉ាំងវេទនាថ្មី គឺឆ្អែតហួសប្រមាណ មិន​ឲ្យកើត​ឡើង​បាន​ផង កិរិយាប្រព្រឹត្តទៅ នៃឥរិយាបថទាំង ៤ ក្តី សេចក្តីមិនមានទោស មាន​មិន​ច្រអូស​កាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ ក្នុងឥរិយាបថទាំង ៤ ក្តី នឹង​មាន​ដល់អញ។ ពិចារណា ដោយឧបាយហើយ ប្រើប្រាស់នូវសេនាសនៈ ដើម្បី​ការពារ​ត្រជាក់ ដើម្បីការពារ​កំដៅ ដើម្បីការពារសម្ផស្ស របោម មូល ខ្យល់ កំដៅថ្ងៃ និង​ពស់តូច ពស់ធំ​ទាំង​ឡាយ ដើម្បីបន្ទោបង់នូវអន្តរាយ ដែល​កើតអំពី​រដូវ ហើយ​អភិរម្យ​សម្ងំ​​នៅ​ក្នុងព្រះកម្មដ្ឋាន។ ពិចារណាដោយឧបាយហើយ ប្រើប្រាស់នូវគ្រឿង​បរិក្ខារ គឺ​ថ្នាំ ជាបច្ច័យដល់អ្នកជំងឺ ដើម្បីការពារនូវវេទនាទាំងឡាយ ដែល​បៀត​បៀនផ្សេងៗ ដែល​កើត​ឡើងហើយ ដើម្បីប្រាសចាកទុក្ខខ្លាំង។ ម្នាលភិក្ខុ​ទាំងឡាយ កាលភិក្ខុនោះ មិន​សេព (នូវបច្ច័យ​ណាមួយ ​ដោយ​ឧបាយ) ទេ អាសវៈ​ទាំងឡាយ ដែលជា​គ្រឿង​ចង្អៀត​ចង្អល់ ក្តៅក្រហាយ គប្បី​កើតឡើងបាន បើភិក្ខុនោះ បានសេព (នូវបច្ច័យ​ណាមួយ​ដោយ​​ឧបាយ) អាសវៈ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែងមិន​មាន​ ​ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អាសវៈ​ទាំង​ឡាយ ដែល​ត្រូវលះបង់ ដោយការពារសេព ភិក្ខុក៏បាន​លះបង់ ​ដោយ​ការ​សេព។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះអាសវៈទាំងឡាយដូចម្តេច ដែលត្រូវលះបង់ ដោយ​ការអត់ធន់ ភិក្ខុ​ក៏​បាន​លះបង់ ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ ដោយ​ឧបាយហើយ អត់ធន់នូវត្រជាក់ ក្តៅ ឃ្លាន ស្រេក ជាបុគ្គលអត់ធន់ ចំពោះ​សម្ផស្ស របោម មូស ខ្យល់ កំដៅ​ថ្ងៃ​ និង​ពស់តូច ពស់ធំទាំងឡាយ និងពាក្យទ្រគោះ អាក្រក់​​ដែលអាស្រ័យ ​នូវសរីរៈ​ជាទុក្ខក្លាខ្លាំង ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទី​គាប់​ចិត្ត ជាវេទនាអាច​នាំ​យកជីវិតទៅបាន ដែលកើតឡើងហើយ។ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើ​ភិក្ខុ​នោះ មិនអត់ធន់ (ចំពោះហេតុណាមួយទេ) អាសវៈទាំងឡាយ ​ដែល​ជា​គ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយ គប្បី​កើត​ឡើងបាន បើភិក្ខុ​នោះ ​បាន​អត់ធន់ (នូវហេតុណាមួយ) អាសវៈ​​ដែល​ជាគ្រឿង​ចង្អៀត​ចង្អល់ ក្តៅ​ក្រហាយ​ទាំងនោះ  រមែងមិន​មាន ​ដោយឧបាយយ៉ាងនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា អាសវៈ​ ដែលត្រូវលះបង់ ដោយការអត់ធន់ ភិក្ខុក៏បានលះបង់​ ដោយ​ការ​អត់​ធន់។ ម្នាលភិក្ខុទាំងឡាយ ចុះអាសវៈ​ទាំង​ឡាយដូចម្តេច ដែលត្រូវលះបង់ ដោយ​ការវៀរ ភិក្ខុបានលះបង់ ដោយការ​វៀរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ដោយឧបាយ ហើយ​​ចៀសវាងដំរីកាច ចៀស​វាងសេះកាច ចៀសវាងគោកាច ចៀស​វាង​ឆ្កែកាច ពស់ ដង្គត់ឈើ ចម្រូងបន្លា អណ្តូង ជ្រោះ រណ្តៅទឹកសំអុយ និង​ប្រ​ឡាយ​​​​ទឹកសំអុយ។ ពួក​សព្រហ្មចារី​ទាំងឡាយ ជាអ្នកដឹង គប្បីកំណត់​ទុក​ នូវ​បុគ្គលដែល​អង្គុយ​​លើ​អាសនៈមិនសមគួរ យ៉ាងណា ដែលត្រេច​ទៅ​ក្នុងទីមិន​សម​គួរយ៉ាងណា ដែលសេព​គប់ នូវពួក​បាបមិត្រយ៉ាងណា ថាដូចជាទីអាក្រក់ ភិក្ខុនោះ ពិចារណា​ដោយ​ឧបាយ ហើយចៀសវាង ​នូវអាសនៈមិនសមគួរ​នោះ​​ផង ទីគោចរមិនសមគួរនោះផង ពួក​បាបមិត្តនោះផង។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើភិក្ខុនោះ មិនចៀសវាង (នូវ​ហេតុ​ណា​មួយ) ទេ អាសវៈ​ទាំង​ឡាយ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើត​ឡើង​បាន បើ​ភិក្ខុ​នោះ បានចៀសវាង (នូវហេតុ​ណាមួយ) អាសវៈ ដែលជា​គ្រឿង​ចង្អៀត​ចង្អល់ ​​ក្តៅក្រហាយ​ទាំងនោះ រមែង​មិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អាសវៈ ដែលត្រូវលះបង់ ដោយ​ការចៀស​វាង ភិក្ខុក៏​បានលះបង់ ដោយ​ការចៀសវាង។ ​ម្នាល​ភិក្ខុ​ទាំង​​ឡាយ ចុះ​អាសវៈ​ទាំងឡាយដូចម្តេច ដែល​ត្រូវ​លះ​បង់ ដោយការបន្ទោបង់ ភិក្ខុក៏​បាន​លះបង់ ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​ក្នុងសាសនានេះ ពិចារ​ណាដោយឧបាយ ហើយអត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស មិន​ឲ្យកើតមាន នូវកាមវិតក្កៈ ដែលកើតឡើង នូវព្យាបាទវិតក្កៈ ដែល​កើត​ឡើង។បេ។ នូវវិហឹសាវិតក្កៈ ដែលកើតឡើង… ​អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យ​វិនាស បំផ្លាញនូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយៗ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើភិក្ខុនោះ មិនបន្ទោបង់ (នូវវិតក្កៈណាមួយ) ទេ អាសវៈ​ទាំងឡាយ ដែល​ជា​គ្រឿង​ចង្អៀតចង្អល់ ក្តៅក្រហាយ គប្បីកើត​ឡើង​បាន បើភិក្ខុនោះ បានបន្ទោបង់ (នូវ​វិតក្កៈ​​ណា​មួយ) អាសវៈ​ដែលជា​គ្រឿង​ចង្អៀតចង្អល់ ក្តៅក្រហាយទាំងនោះ រមែង​មិន​មាន​ ដោយឧបាយយ៉ាងនេះ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា អាសវៈទាំង​ឡាយ ដែល​ត្រូវ​លះ​ ដោយ​ការ​បន្ទោបង់ ភិក្ខុក៏បានលះ ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំងឡាយ ចុះ​​អាសវៈ​ទាំងឡាយដូចម្តេច ដែលត្រូវលះ ដោយការ​ចំរើន ភិក្ខុក៏បាន​លះ​បង់​ដោយ​ការ​ចំរើន។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារ​ណា​ដោយឧបាយ ហើយ​ចំរើន​នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យនូវ​សេចក្តី​ស្ងប់ស្ងាត់ អាស្រ័យនូវធម៌ ជា​គ្រឿង​ប្រាស​ចាករាគៈ អាស្រ័យធម៌ ជា​ទី​រលត់​ទុក្ខ ជាធម៌បង្អោនទៅ ដើម្បីលះកិលេស ពិចារណាដោយឧបាយ ហើយ​ចំរើន​ធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើន​វីរិយ​សម្ពោជ្ឈង្គ ចំរើនបីតិ​សម្ពោជ្ឈង្គ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ចំរើនសមាធិសម្ពោជ្ឈង្គ ចំរើន​ឧបេក្ខា​សម្ពោជ្ឈង្គ ដែល​អាស្រ័យ​សេចក្តី​ស្ងប់ស្ងាត់ អាស្រ័យធម៌​ជាទី​ប្រាស​ចាករាគៈ អាស្រ័យធម៌​ជា​ទីរលត់ទុក្ខ ជា​ធម៌​បង្អោនទៅ ដើម្បីលះកិលេស។ ម្នាលភិក្ខុ​ទាំងឡាយ កាល​បើភិក្ខុ​នោះ មិនចំរើន​ (សម្ពោជ្ឈង្គណាមួយ) ទេ អាសវៈទាំងឡាយ ដែល​ជា​គ្រឿង​ចង្អៀតចង្អល់ ក្តៅក្រហាយ គប្បី​កើតឡើង​បាន បើភិក្ខុនោះ ​បាន​ចំរើន (សម្ពោជ្ឈង្គណាមួយ) អាសវៈ ដែល​ជា​គ្រឿង​ចង្អៀតចង្អល់ ក្តៅ​ក្រហាយ​ទាំងនោះ រមែងមិនមាន ដោយឧបាយយ៉ាងនេះ។ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា អាសវៈទាំងឡាយ ដែលត្រូវលះ​ដោយការចំរើន ភិក្ខុក៏​បាន​លះ​បង់ដោយការចំរើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង​នេះឯង ជាអ្នកគួរទទួលវត្ថុ ដែល​គេ​នាំ​មក​បូជា គួរទទួលវត្ថុដែល​គេ​រៀប​ទទួល​ភ្ញៀវ គួរ​ទទួលនូវ​ទក្ខិណាទាន គួរធ្វើនូវ​អញ្ជលី​កម្ម ជាបុញ្ញ​ក្ខេត្ត​ដ៏​ប្រសើរ របស់សត្វលោក។

ទារុកម្មិកសូត្រ ទី៥

[៥៩] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ ដែល​ធ្វើអំពីឥដ្ឋ ក្នុងនាទិកគ្រាម។ គ្រានោះឯង គហបតីឈ្មោះ ទារុកម្មិកៈ បាន​ចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ រួចអង្គុយក្នុង​ទី​សម​គួរ។ លុះទារុកម្មិកគហបតី អង្គុយ​ក្នុង​ទី​សម​គួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​សួរ​ដូច្នេះថា ម្នាល​គហប​តី ចុះ​ទានក្នុងត្រកូល អ្នកតែងឲ្យដែរឬ។ ទារុកម្មិកគហបតី ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ទានក្នុងត្រកូល ខ្ញុំព្រះអង្គតែងឲ្យ បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន តែថាទាននោះ ខ្ញុំព្រះអង្គ ឲ្យចំពោះតែពួកភិក្ខុ ដែលជាអ្នក​ប្រព្រឹត្ត​អរញ្ញិក​ធុតង្គ ប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប្រព្រឹត្តបំសុកុលិកធុតង្គ ជា​ព្រះអរហន្ត ឬភិក្ខុ​ដែលដល់នូវអរហត្តមគ្គប៉ុណ្ណោះ។ ម្នាល​គហបតី ​ខ្លួនអ្នកជា​​គ្រហស្ថ ជាអ្នកបរិភោគកាម នៅគ្រប់គ្រងដំណេកដ៏ចង្អៀត​ដោយ​កូន​ប្រពន្ធ ប្រើប្រាស់នូវខ្លឹមចន្ទន៍ដ៏ល្អិត ទ្រទ្រង់នូវ​កម្រងផ្កា គ្រឿងក្រអូប និងគ្រឿង​លាប ត្រេកអរនូវមាស និងប្រាក់ កម្រនឹង​ដឹង​ហេតុ​នេះ​ថា ភិក្ខុទាំងនេះ ជាព្រះអរហន្ត ឬភិក្ខុទាំងនេះ បានដល់នូវអរហត្តមគ្គ ដូច្នេះ​បាន​ឡើយ។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប៉ុន្តែមានចិត្តរាយមាយ ជា​អ្នក​លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដីផ្តេសផ្តាស ជាអ្នកភ្លេចស្មារតី មិនមានសម្បជញ្ញៈ មិនមានចិត្តតាំងមាំ មានចិត្តវិលខុស មានឥន្រ្ទិយជាប្រក្រតី កាលបើ​យ៉ាងនេះ ភិក្ខុនោះ គួរគេតិះដៀលដោយ​ហេតុនោះបាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តអរញ្ញិកធុតង្គ ប៉ុន្តែ​ជាអ្នកមានចិត្តមិនរាយមាយ ជាអ្នក​មិន​លើក​កំពស់ មិនមានចិត្តឃ្លេង​ឃ្លោង មិនមានមាត់រឹង មិនមានវាចាផ្តេសផ្តាស មាន​ស្មារតី​ខ្ជាប់​ខ្ជួន មានសម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្តមូលតែ ១ ជាអ្នកសង្រួមឥន្រ្ទិយ កាលបើយ៉ាងនេះ ភិក្ខុ​នោះ គួរសរសើរដោយហេតុនោះបាន។ ម្នាល​គហបតី បើទុកជាភិក្ខុ​អ្នក​នៅក្នុងសេនាសនៈជិតស្រុក ប៉ុន្តែជាអ្នកមានចិត្ត​រាយមាយ។បេ។ កាលបើ​យ៉ាង​នេះ ភិក្ខុនោះ គួរតិះដៀល ដោយហេតុនោះ​បាន។ ម្នាលគហបតី បើ​ទុកជាភិក្ខុ​អ្នកនៅក្នុងសេនាសនៈជិតស្រុក ប៉ុន្តែជាអ្នក​មានចិត្ត​មិនរាយមាយ។បេ។ កាលបើ​យ៉ាងនេះ ភិក្ខុនោះ គួរសរសើរ​ដោយហេតុ​នោះបាន។ ម្នាលគហបតី បើទុក​ជា​ភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ ប៉ុន្តែជាអ្នកមានចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀលដោយហេតុនោះបាន។ ម្នាល​គហបតី បើទុកជាភិក្ខុ​អ្នក​ប្រព្រឹត្ត​បិណ្ឌបាតិ​កធុតង្គ ប៉ុន្តែជាអ្នកមានចិត្ត​មិនរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរ​សើរ ដោយហេតុនោះ​បាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទទួលនិមន្តគេ ប៉ុន្តែ​ជា​អ្នក​មាន​ចិត្តរាយមាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល ដោយ​ហេតុ​នោះ​​បាន។ ម្នាលគហបតី បើទុកជាភិក្ខុអ្នកទទួលនិមន្តគេ ប៉ុន្តែជាអ្នក​មិន​មាន​ចិត្ត​រាយ​មាយ។បេ។ កាលបើយ៉ាងនេះ ភិក្ខុនោះ គួរសរសើរ ដោយ​ហេតុនោះបាន។ ម្នាល​គហបតី បើទុកជាភិក្ខុអ្នកប្រព្រឹត្តបំសុកុលិកធុតង្គ ប៉ុន្តែជា​អ្នក​មាន​ចិត្តរាយមាយ។បេ។ កាល​បើយ៉ាងនេះ ភិក្ខុនោះ គួរតិះដៀល​ ដោយ​ហេតុ​នោះបាន។ ម្នាលគហបតី បើទុក​ជាភិក្ខុ​អ្នកប្រព្រឹត្ត​បំសុកុលិកធុតង្គ ប៉ុន្តែជាអ្នក​មិនមានចិត្តរាយមាយ។បេ។ កាលបើ​យ៉ាង​នេះ ភិក្ខុនោះ គួរសរសើរ ដោយហេតុ​នោះបាន។ ម្នាលគហបតី បើទុកជា​ភិក្ខុ​អ្នក​ទ្រទ្រង់ ​នូវគហបតីចីវរ ប៉ុន្តែ​ជាអ្នកមានចិត្តរាយមាយ ជាអ្នកលើកកំពស់ មានចិត្ត​ឃ្លេង​ឃ្លោង មាន​មាត់​រឹង មានសំដីផ្តេសផ្តាស ជាអ្នកភ្លេចភ្លាំងស្មារតី មិនមានសម្បជញ្ញៈ មានចិត្តមិន​ខ្ជាប់​ខ្ជួន មានចិត្តវិលខុស មានឥន្រ្ទិយជាប្រក្រតី កាល​បើ​យ៉ាងនេះ ភិក្ខុនោះ គួរតិះ​ដៀល ដោយហេតុនោះបាន។ ម្នាល​គហបតី បើទុកជាភិក្ខុ​អ្នក​ទ្រទ្រង់​ នូវ​គហបតិ​ចីវរ ប៉ុន្តែជាអ្នកមិនមានចិត្តរាយមាយ មិនលើកកំពស់ មិនមាន​ចិត្តឃ្លេងឃ្លោង មិន​មាន​មាត់រឹង មិនមាន​សំដី​ផ្តេស​ផ្តាស មានស្មារតី​ខ្ជាប់​ខ្ជួន មាន​សម្បជញ្ញៈ មានចិត្តដំកល់មាំ មានចិត្ត​មូល​តែ​មួយ ជាអ្នកសង្រួមឥន្រ្ទិយ កាល​បើ​យ៉ាងនេះ ភិក្ខុនោះ គួរសរសើរ​ដោយ​ហេតុនោះបាន។ ម្នាលគហបតី អញ្ជើញអ្នកឲ្យទាន ចំពោះសង្ឃវិញ កាលបើអ្នកឲ្យ​ទាន​​ចំពោះ​សង្ឃហើយ ចិត្តរមែងជ្រះថ្លា លុះអ្នកនោះមានចិត្តជ្រះថ្លាហើយ គ្រា​បែក​ធ្លាយ​រាងកាយស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ទារុកម្មិក​គហបតី​ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ចាប់ដើម​អំពីថ្ងៃនេះទៅ ខ្ញុំ​ព្រះអង្គហ្នឹងឯង នឹង​ឲ្យ​ទានចំពោះសង្ឃវិញ។

ហត្ថិសារិបុត្តសូត្រ ទី៦

[៦០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគ​ទាយវន ជិតក្រុងពារាណសី។ សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់​អំពីបិណ្ឌបាត ក្នុង​វេលាក្រោយភត្ត ហើយអង្គុយប្រជុំគ្នា និយាយ​អភិធម្មកថា ក្នុងរោងមូល (ឧបដ្ឋានសាលា)។ បានឮថា បណ្តាពួកភិក្ខុទាំង​នោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួកភិក្ខុជាថេរៈ កំពុង​និយាយ​អភិធម្មកថា ក៏និយាយស្កាត់ពាក្យ ក្នុង​ចន្លោះៗ។ លំដាប់នោះ ព្រះមហាកោដ្ឋិកៈ ដ៏មានអាយុ បាននិយាយឃាត់​ព្រះចិត្តហត្ថិ​សារីបុត្ត​ដ៏មានអាយុ យ៉ាងនេះថា ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ កាលដែលពួក​ភិក្ខុ​ជា​ថេរៈ កំពុងនិយាយអភិធម្មកថា ចេះតែនិយាយស្កាត់ពាក្យ ក្នុងចន្លោះ ៗ ព្រះ​ចិត្ត​ហត្ថិសារីបុត្តដ៏មានអាយុ សូមបង្អង់ ចាំចប់អភិធម្មកថាសិន។ កាលបើព្រះ​មហា​កោដ្ឋិកៈ​ដ៏មានអាយុ និយាយឃាត់យ៉ាងនេះហើយ ពួកភិក្ខុ​ជាសំឡាញ់​របស់​ព្រះចិត្តហត្ថិសារីបុត្ត​ដ៏មានអាយុ ក៏បាន​និយាយនឹង​ព្រះ​មហាកោដ្ឋិកៈ​ដ៏​មាន​អាយុ យ៉ាងនេះថា ព្រះមហាកោដ្ឋិកៈដ៏មានអាយុ មិន​សម​បើហាម​ឃាត់​ព្រះ​ចិត្តហត្ថិ​សារីបុត្ត​ដ៏មាន​អាយុសោះ (ព្រោះ) ព្រះចិត្តហត្ថិ​សារីបុត្តដ៏មានអាយុ ជាអ្នកប្រាជ្ញ ព្រះចិត្តហត្ថិសារីបុត្ត​ដ៏មានអាយុ អាចសំដែងអភិធម្មកថា ជាមួយ​នឹង​ពួក​ភិក្ខុ​ជា​ថេរៈ​បាន។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ បាននិយាយថា ម្នាលអាវុសោទាំងឡាយ ពួក​ជន​ដែល​មិនដឹង នូវវារៈនៃចិត្តរបស់ជនដទៃ កម្រនឹងដឹងហេតុនុ៎ះបាន។ ម្នាលអាវុសោទាំង ឡាយ បុគ្គលខ្លះ ក្នុងលោកនេះ កាលនៅអាស្រ័យនឹងគ្រូ ឬសព្រហ្មចារី គួរជា​ទីគោរព​ណាមួយ​នៅឡើយ រមែងជាអ្នកស្លូតបូតណាស់ ជាអ្នកសភាព រាបទាបណាស់ ជាអ្នកស្រគត់ស្រគំណាស់។ លុះកាលណាភិក្ខុនោះចេញអំពីគ្រូ ចេញអំពី​ពួក​សព្រហ្មចារី គួរជាទីគោរព ភិក្ខុនោះ ក៏ត្រឡប់ជានៅ​ច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ព្រះរាជា ពួកអាមាត្យ​ធំ នៃព្រះរាជា ពួកតិរ្ថិយ និង​ពួក​សាវក​នៃ​តិរ្ថិយវិញ កាលដែលភិក្ខុនោះ នៅច្របូកច្របល់ លះបង់ (មារយាទល្អ) មាន​ឥន្រ្ទិយ​ជា​ប្រក្រតី គឺមិន​សង្រួមឥន្រ្ទិយ ខ្វល់ខ្វាយតែនិយាយពាក្យឆ្លើយឆ្លង រាគៈក៏គ្របសង្កត់ចិត្ត លុះភិក្ខុនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់​ភេទ​ដ៏ថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចជាគោ (ល្មោភ) ស៊ី​សំណាប គេ​ចង​ទុក​ដោយ​ខ្សែ ឬគេក្រៀកទុកក្នុងក្រោល ម្នាលអាវុសោ​ទាំងឡាយ បើបុគ្គលណា គប្បី​និយាយ​យ៉ាងនេះថា គោ (ល្មោភ) ស៊ីសំ​ណាប​នេះ មុខជាមិនហ៊ានចុះ (ស៊ី) សំណាប ក្នុង​កាលឥឡូវនេះទៀតឡើយ​ អើអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បី​និយាយ​សមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាល​អាវុសោ ព្រោះថាហេតុនុ៎ះ រមែងមាន ត្រង់ដែលគោល្មោភស៊ីសំណាប​នោះ មុខជា​ផ្តាច់​ខ្សែ ឬទំលាយក្រោល ហើយចុះ (ស៊ី) សំណាប ​ក្នុងកាលជាខាងក្រោយវិញទៀត។ ព្រះមហាកោដិ្ឋកៈដ៏មានអាយុ​ពោល​ថា ម្នាល​អាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោក​នេះ ក៏យ៉ាងនោះដែរ កាល​នៅអាស្រ័យនឹងគ្រូ ឬសព្រហ្មចារី គួរជាទីគោរព​ណាមួយ​នៅ​ឡើយ រមែង​ជា​អ្នក​ស្លូតបូតណាស់ ជាអ្នកសភាពរាបទាបណាស់ ជាអ្នកស្រគត់ស្រ គំណាស់។ លុះកាលណាភិក្ខុនោះ ចេញអំពីគ្រូ ចេញអំពីពួកសព្រហ្មចារី គួរ​ជា​ទីគោរព ភិក្ខុនោះ ក៏ត្រឡប់ជានៅច្របូកច្របល់ ដោយពួកភិក្ខុ ភិក្ខុនី ពួកឧបាកស ឧបាសិកា ព្រះរាជា អាមាត្យធំរបស់ព្រះរាជា ពួកតិរ្ថិយ និង​សាវកនៃតិរ្ថិយវិញ កាលដែលភិក្ខុនោះ នៅច្របូកច្របល់ លះបង់មារ​យាទ​ល្អ មានឥន្រ្ទិយជាប្រក្រតី ខ្វល់ខ្វាយតែនិយាយ​ពាក្យ​ឆ្លើយឆ្លង រាគៈ​ក៏គ្របសង្កត់ចិត្ត លុះភិក្ខុនោះ ត្រូវរាគៈគ្របសង្កត់ចិត្តហើយ រមែង​លា​នូវ​សិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយ​ទៀត បុគ្គលខ្លះ ក្នុងលោកនេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ បាន​ចូល​កាន់បឋមជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបានបឋមជ្ឈាន ដូច្នេះ ហើយ​នៅច្របូកច្របល់ ដោយពួក​ភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់​ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចភ្លៀងមាន​ដំណក់​ទឹកធំៗ  បង្អុរចុះមកក្នុងផ្លូវធំ ៤ បំបាត់​បង់​នូវ​ធូលី ធ្វើភក់ឲ្យកើតប្រាកដឡើង ម្នាលអាវុសោទាំងឡាយ បើបុគ្គលណា គប្បីនិយាយ​យ៉ាងនេះថា ធូលី នឹងមិនមានប្រាកដ ក្នុងផ្លូវធំ ៤ ឯណោះ ក្នុងកាលឥឡូវនេះ​ទៀត​ឡើយ អើ អាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬ​ទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាលអាវុសោ ព្រោះ​ថា ហេតុនុ៎ះ រមែងមាន គឺពួកមនុស្ស គង់ដើរកាត់ ឬពួកគោ និងសត្វ​ចិញ្ចឹម​ដើរកាត់ ខ្យល់ ឬដំដៅថ្ងៃ គង់បក់ផាត់ ចែងចាំងឲ្យរីងខះបាន ក្នុងផ្លូវធំ ៤ ឯ​ណោះ កាលបើដូច្នេះ ធូលី នឹងកើតមាន​ប្រាកដវិញ។ ព្រះមហា​កោ​ដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោ​ទាំង​ឡាយ បុគ្គលខ្លះ ក្នុងលោក​នេះ ក៏យ៉ាងនោះដែរ ស្ងប់ស្ងាត់​ចាកកាមទាំងឡាយ។បេ។ បានចូលកាន់​បឋមជ្ឈាន បុគ្គលនោះគិតថា អញជាអ្នក​បាន​បឋមជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះរម្ងាប់នូវវិតក្កៈ និងចារៈ។បេ។ បានចូលកាន់​ទុតិយជ្ឈាន បុគ្គលនោះ គិតថា អញជាអ្នកបានទុតិយជ្ឈាន ​ដូច្នេះ ហើយ​នៅច្របូក​ច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិល​ត្រឡប់​ទៅកាន់ភេទដ៏ថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចជា​ស្រះ​មួយ​ធំ ជិតស្រុក ឬនិគម ជួនជាភ្លៀងដែល​មាន​ដំណក់​ទឹកធំៗ ក៏បង្អុរ​ចុះមក​ក្នុងស្រះនោះ ញុំាងខ្យង គ្រំ ក្រួស និង​អម្បែង​ ឲ្យ​សាបសូន្យទៅ ម្នាល​អាវុ​សោទាំងឡាយ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា ខ្យង គ្រំ ឬក្រួស​ អម្បែង នឹងមិនមានប្រាកដ ក្នុងស្រះឯណោះ ក្នុងកាលឥឡូវនេះទៀតទេ ម្នាលអាវុសោទាំងឡាយ តើបុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុ​ឬទេ។ ពួក​ភិក្ខុតបថា ម្នាលអាវុសោ មិនសមតាមហេតុទេ ម្នាល​អាវុសោ ព្រោះថា ហេតុនុ៎ះ រមែង​មាន គឺពួកមនុស្សគង់ផឹក ឬពួកគោ​ និង​ពពែ ​គង់ផឹក ខ្យល់ ឬកំដៅថ្ងៃ គង់​បក់​ផាត់​ ចែងចាំងឲ្យរីងខះទៅបានក្នុង​ស្រះនោះ កាលបើដូច្នេះ ខ្យងគ្រំក្តី ក្រួស និង​អម្បែងក្តី នឹងមានប្រាកដ​ឡើង​វិញ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ ពោលថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គល​ខ្លះ ក្នុងលោកនេះ ក៏យ៉ាងនោះដែរ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានចូលកាន់ទុតិយជ្ឈាន បុគ្គលនោះគិតថា អញជាអ្នកបាននូវ​ទុតិយជ្ឈានដូច្នេះ ហើយនៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវ​សិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុង​លោកនេះ ព្រោះប្រាសចាកបីតិផង។បេ។ បានចូលកាន់តតិយជ្ឈាន បុគ្គលនោះ​គិត​ថា អញជាអ្នកបាននូវតតិយជ្ឈានដូច្នេះ ហើយ​នៅច្របូកច្របល់ ដោយពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅ​កាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ ដូចបុរសដែលធ្លាប់​បរិភោគភោជន ដ៏ថ្លៃថ្លាហើយ រមែងមិនគាប់ចិត្ត នឹង​ភោជន​ដែល​ផ្អូម ម្នាល​អាវុសោ​ទាំងឡាយ បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា បុរសឯណោះ នឹងមិនគាប់ចិត្ត ចំពោះភោជនថ្មីទៀតឡើយ ម្នាលអាវុសោទាំងឡាយ តើ​បុគ្គល​នោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសម​តាម​ហេតុទេ ម្នាល​អាវុសោ​ ព្រោះថា បុរសឯណោះ ដែលធ្លាប់បរិភោគភោជន ដ៏ថ្លៃថ្លាហើយ បើឱជារស របស់ភោជនដ៏ថ្លៃថ្លានោះ នឹងឋិតនៅក្នុងកាយត្រឹមណា ក៏នឹងមិនគាប់ចិត្ត ចំពោះភោជនដទៃ ត្រឹម​ណោះ លុះកាលណា ឱជារស នៃភោជនដ៏ថ្លៃថ្លានោះ សាបសូន្យទៅ ទើប​នឹងគាប់ចិត្ត ចំពោះភោជនថ្មីទៀតមិនខាន។ ព្រះមហា​កោដ្ឋិកៈ​ដ៏មាន​អាយុ​​ ពោល​ថា ម្នាលអាវុសោទាំងឡាយ បុគ្គលខ្លះ ក្នុងលោក​នេះ ក៏យ៉ាង​នោះ​ដែរ ព្រោះប្រាសចាកបីតិផង។បេ។ បានចូលកាន់តតិយជ្ឈាន បុគ្គល​នោះ គិតថា អញជាអ្នកបាន នូវតតិយជ្ឈានដូច្នេះ ហើយនៅ​ច្របូក​ច្របល់ ​ដោយ​ពួកភិក្ខុ។បេ។ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់​ភេទ​ថោក​ទាប​វិ​ញ។ ម្នាល​អាវុ​សោទាំងឡាយ មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះលះបង់ នូវសុខផង លះ​បង់​នូវទុកផង។បេ។ បាន​ចូលកាន់ចតុត្ថជ្ឈាន បុគ្គលនោះគិតថា អញជាអ្នក​បាន​នូវ​ចតុត្ថជ្ឈាន ដូច្នេះ ហើយនៅ​ច្របូក​ច្របល់ ​ដោយពួកភិក្ខុ។បេ។ រមែង​លានូវសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោក​ទាប​វិញ។ ម្នាល​អាវុសោ​ទាំង​ឡាយ ដូចជាអន្លង់ទឹក ក្នុងចន្លោះភ្នំ ជាអន្លង់ទឹក​ប្រាសចាក​ខ្យល់ ប្រាសចាក​រលក បើបុគ្គលណា គប្បីនិយាយយ៉ាងនេះថា ឥឡូវនេះ រលក នឹង​មិន​មានប្រាកដ ក្នុងអន្លង់ទឹកឯណោះទៀតទេ  ម្នាល​អាវុសោ​ទាំងឡាយ តើ​បុគ្គលនោះ ឈ្មោះ​ថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុតបថា ម្នាលអាវុសោ មិនសម​តាម​ហេតុទេ ម្នាល​អាវុសោ​ ព្រោះ​ថា ហេតុនុ៎ះ រមែងមាន គឺខ្យល់ព្យុះដ៏ខ្លាំងណា បក់ផាត់មក​ អំពីទិស​ខាងកើត ខ្យល់ព្យុះដ៏ខ្លាំងនោះ គង់ធ្វើ​រលក​ឲ្យកើតមាន​ក្នុងអន្លង់ទឹកនោះបាន ខ្យល់​ព្យុះ​ដ៏ខ្លាំង​ណា បក់ផាត់មកអំពីទិស​ខាងលិច។បេ។  ខ្យល់ព្យុះដ៏ខ្លាំង​ណា បក់​ផាត់​មកអំពីទិស​ខាងជើង ខ្យល់ព្យុះដ៏ខ្លាំង​ណា​ បក់​ផាត់​មក​អំពី​ទិស​​ខាងត្បូង ខ្យល់​ព្យុះដ៏ខ្លាំងនោះ គង់ធ្វើឲ្យរលកកើត​មាន ​ក្នុង​អន្លង់ទឹកនោះបាន។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុពោលថា ម្នាល​អាវុសោទាំងឡាយ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ក៏យ៉ាងនោះដែរ ព្រោះលះបង់នូវ​សុខផង លះបង់នូវទុក្ខផង។បេ។ បាន​ចូល​កាន់​ចតុត្ថជ្ឈាន បុគ្គលនោះ​គិតថា អញជាអ្នកបាន​នូវ​ចតុត្ថជ្ឈាន ដូច្នេះ ហើយនៅ​ច្របូក​ច្របល់ ដោយ​ពួកភិក្ខុ។បេ។ រមែងលា​នូវ​សិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ម្នាលអាវុសោទាំងឡាយ មួយ​ទៀត បុគ្គលខ្លះ ក្នុងលោកនេះ ព្រោះមិនបាន​ធ្វើ​ទុកក្នុង​ចិត្ត នូវនិមិត្តទាំងពួង បានចូលកាន់​ចេតោសមាធិ ដែលមិនមាននិមិត្ត បុគ្គលនោះគិតថា អញ​ជា​អ្នក​បាននូវចេតោសមាធិ ដែលមិនមាននិមិត្ត ​ដូច្នេះ ហើយនៅ​ច្របូក​ច្របល់​ដោយ​​ពួកភិក្ខុ ភិក្ខុនី ពួកឧបាសក ឧបាសិកា ព្រះរាជា អាមាត្យ​ធំ ​របស់ព្រះរាជា ពួកតិរិ្ថយ និងសាវកនៃតិរ្ថិយ កាលបើ​បុគ្គលនោះ នៅ​ច្របូក​ច្របល់ លះបង់ (មារយាទ​ល្អ) មានឥន្រ្ទិយជាប្រក្រតី ខ្វល់ខ្វាយ​តែ​ខាង​និយាយ​ពាក្យឆ្លើយឆ្លង រាគៈ​រមែង​គ្រប​សង្កត់​ចិត្ត លុះបុគ្គលនោះ ត្រូវរាគៈ​គ្របសង្កត់​ចិត្តហើយ រមែងលានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទ​ថោក​ទាប​វិញ។ ម្នាលអាវុសោទាំងឡាយ ដូចជាព្រះរាជាក្តី អាមាត្យធំ របស់​ព្រះរាជាក្តី ដើរ​ទៅ​កាន់ផ្លូវឆ្ងាយ ដោយចតុរង្គសេនា ហើយចូលទៅស្នាក់​នៅ​ក្នុង​ដង​ព្រៃ​ណា​មួយ អស់រាត្រីមួយ សំឡេងគគ្រឹកគគ្រេង ដោយសូរដំរី សូរសេះ សូររថ សូរពលថ្មើរជើង សូរកងរំពងនៃស្គរធំ ស្គរតូច ស័ង្ខ និងពិណ ក៏បាត់សូន្យ​ទៅ​ ក្នុង​ដង​ព្រៃ​នោះ បើបុគ្គលណា គប្បី​និយាយ​យ៉ាងនេះថា ឥឡូវនេះ សំឡេង​កង​រំពង នឹង​មិន​មាន​ប្រាកដ ក្នុងដងព្រៃ​ឯណោះទៀតឡើយ ម្នាលអាវុសោ​ទាំងឡាយ បុគ្គលនោះ ឈ្មោះថា គប្បីនិយាយសមតាមហេតុឬទេ។ ពួកភិក្ខុ​តបថា ម្នាលអាវុសោ មិនសមតាម ហេតុទេ ម្នាលអាវុសោ ព្រោះថា ហេតុនុ៎ះ រមែងមាន គឺស្តេចនោះក្តី អាមាត្យធំ របស់ស្តេចនោះក្តី មុខជាចេញចាក​ដង​ព្រៃ​នោះទៅ វេលានោះ សំឡេងគគ្រឹកគគ្រេង គង់​មានប្រាកដ​ឡើងវិញ។ ព្រះមហា​កោដ្ឋិកៈដ៏មាន​អាយុពោលថា ម្នាលអាវុសោ​ទាំង​ឡាយ បុគ្គលខ្លះ ​ក្នុង​លោកនេះ ក៏យ៉ាង​នោះ​ដែរ ព្រោះមិនបានធ្វើទុកក្នុងចិត្ត នូវនិមិត្ត​ទាំង​ពួង បានចូលកាន់​ចេតោសមាធិ ដែលមិនមាននិមិត្ត បុគ្គលនោះគិតថា អញ​ជា​អ្នក​បាននូវចេតោសមាធិ ដែលមិនមាននិមិត្ត ដូច្នេះ ហើយនៅច្របូក​ច្របល់​ដោយពួក​ភិក្ខុ  ភិក្ខុនី ពួកឧបាសក ឧបាសិកា ព្រះរាជា អាមាត្យធំ ​របស់​ព្រះរាជា ពួកតិរិ្ថយ​និងសាវកនៃតិរិ្ថយវិញ កាលដែលបុគ្គលនោះ នៅ​ច្របូកច្របល់ លះបង់ (មារយាទល្អ) មាន​ឥន្រ្ទិយជាប្រក្រតី​ ខ្វល់ខ្វាយ​តែ​ខាងនិយាយ​ពាក្យឆ្លើយឆ្លង រាគៈរមែង​គ្រប​សង្កត់ចិត្ត លុះបុគ្គលនោះ ត្រូវរាគៈ​គ្រប​សង្កត់ចិត្តហើយ ក៏រមែងលានូវសិក្ខា​ វិល​ត្រឡប់​ទៅ​កាន់​ភេទថោក​ទាប​វិញ។ គ្រាសម័យជា​ខាងក្រោយមក ចិត្តហត្ថិសារីបុត្តដ៏មានអាយុ បាន​លា​នូវ​សិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ លំដាប់នោះ ពួកភិក្ខុ​ជា​សំឡាញ់​របស់​ចិត្តហត្ថិសារីបុត្ត បានចូលទៅ​រក​ព្រះមហា​កោដ្ឋិកៈដ៏មានអាយុ លុះចូលទៅដល់​ហើយ បានសួរព្រះមហាកោដ្ឋិកៈ​ដ៏​មាន​អាយុ យ៉ាងនេះថា ព្រះមហាកោដ្ឋិកៈដ៏មាន​អាយុ បានស្ទង់មើល​ចិត្ត រ​បស់​ចិត្តហត្ថិសារីបុត្ត ដោយចិត្ត​របស់ខ្លួន ហើយដឹងច្បាស់ថា ចិត្ត​ហត្ថិ​សារីបុត្ត ជាអ្នកបាននូវ​វិហារសមាបត្តិ​ទាំងឡាយនេះផង នេះផង តែ​បើ​ទុក​ជា​ដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់​ទៅកាន់ភេទថោកទាបវិញ ដូច្នេះឬ ឬក៏ពួក​ទេវតោ ប្រាប់​សេចក្តីនុ៎ះថា បពិត្រព្រះ​ករុណាដ៏ចំរើន ចិត្ត​ហត្ថិ​សារីបុត្ត ជាអ្នកបាននូវ​វិហារ​សមាបត្តិ​ទាំងឡាយ នេះផង នេះផង តែបើ​ទុក​ជា​ដូច្នោះ ក៏គង់លានូវសិក្ខា វិល​ត្រឡប់​ទៅ​កាន់ភេទថោកទាបវិញ។ ព្រះមហាកោដ្ឋិកៈដ៏មានអាយុ តបថា ម្នាលអាវុសោ ខ្ញុំបានស្ទង់មើលចិត្ត (របស់​ចិត្តហត្ថិសារីបុត្ត) ដោយចិត្តរបស់ខ្លួន ហើយដឹងច្បាស់ថា ចិត្ត​ហត្ថិ​សារីបុត្ត ជាអ្នក​បាននូវវិហារសមាបត្តិទាំងឡាយ នេះផង នេះផង តែ​បើ​ទុក​ជា​ដូច្នោះ ក៏គង់លានូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោក​ទាបវិញ ទាំងពួង​ទេវតា ក៏បានប្រាប់​សេចក្តីនេះដល់ខ្ញុំថា បពិត្រព្រះករុណាដ៏ចំរើន ចិត្តហត្ថិសារីបុត្ត ជាអ្នកបាន​នូវវិហារសមាបត្តិ​ទាំងឡាយនេះផង នេះផង តែបើទុក​ជាដូច្នោះ ក៏គង់​លានូវ​សិក្ខា វិល​ត្រឡប់​ទៅ​កាន់ភេទថោកទាបវិញ។ លំដាប់នោះ ពួកភិក្ខុជាសំឡាញ់ របស់ចិត្ត​ហត្ថិ​សារីបុត្ត បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះពួកភិក្ខុ​ទាំង​នោះ អង្គុយ​ក្នុង​ទី​សមគួរ​ស៊ប់​ហើយ ក៏ក្រាបបង្គំទូលព្រះដ៏មាន​ព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន ចិត្ត​ហត្ថិសារីបុត្ត ជាអ្នកបាន​នូវ​វិហារសមាបត្តិទាំងឡាយនេះផង នេះផង តែបើទុក​ជា​ដូច្នោះ ក៏គង់លា​នូវសិក្ខា វិលត្រឡប់ទៅកាន់ភេទថោកទាបវិញ។ ព្រះដ៏មានព្រះភាគ ទ្រង់​​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ចិត្តហត្ថិសារីបុត្ត មិនយូរប៉ុន្មានទេ គង់នឹក​រលឹក​ដល់​នេក្ខម្មគុណវិញ។ គ្រានោះឯង ចិត្តហត្ថិសារីបុត្ត មិនយូរប៉ុន្មាន ក៏​បាន​កោរសក់ កោរពុក​មាត់ ស្លៀកដណ្តប់សំពត់កាសាវៈ ចេញចាកផ្ទះ​ ចូលកាន់ផ្នួស។ លំដាប់នោះ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ ចៀសចេញចាក​ពួក ​ទៅនៅតែម្នាក់ឯង មិនមាន​សេចក្តី​ប្រមាទ មានព្យាយាម ជាគឿងដុតបំផ្លាញ​កិលេស មានចិត្តស្លុង​ទៅកាន់​ព្រះនិព្វាន ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍ ដល់​អនុត្តរធម៌ណា មិនយូរប៉ុន្មាន លោកក៏បាន​ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវអនុត្តរធម៌ ដែល​មាន​ព្រហ្មចរិយធម៌ ជាទីបំផុតនោះ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មរិយធម៌ អាត្មាអញ​បាន​ប្រព្រឹត្ត​ចប់ហើយ សោឡសកិច្ច ដែលត្រូវធ្វើ អាត្មា​អញ បានធ្វើ​ស្រេច​ហើ​យ កិច្ចដទៃ​ក្រៅពីសោឡសកិច្ចនេះ មិនមានឡើយ។ មានសេចក្តីសរ​សើរថា បណ្តាព្រះអរហន្ត​ទាំង​ឡាយ ព្រះចិត្តហត្ថិសារីបុត្តដ៏មានអាយុ រាប់ថាជាព្រះអរហន្តមួយអង្គដែរ។

មជ្ឈេសូត្រ ទី៧

[៦១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគ​ទាយវន ទៀបក្រុងពារាណសី សម័យនោះឯង ពួកភិក្ខុជាថេរៈច្រើនរូប ត្រឡប់​មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ហើយអង្គុយប្រជុំគា្ន ក្នុងរោងសម្រាប់សម្រាកកាយ ក៏កើត​សំដី​ជាចន្លោះ​នេះឡើងថា ម្នាលអាវុសោទាំងឡាយ ពាក្យនេះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ ក្នុងប្រស្នានៃមេត្តេយ្យមាណព ត្រង់បរាយនវគ្គថា

​បុគ្គលណា ដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញា មិនជាប់ចំពាក់ក្នុងកណ្តាល តថាគត ហៅបុគ្គលនោះថា ជាមហាបុរស មហាបុរស​នោះ បានកន្លងផុត ធម្មជាតិ ជាគ្រឿងចាក់ស្រែះ ក្នុងលោកនេះចេញបានហើយ។

ម្នាលអាវុសោទាំងឡាយ ចុះចំណែកទី១ តើដូចម្តេច ចំណែកទី២ តើដូចម្តេច អ្វីជាកណ្តាល ធម្មជាតិ ជាគ្រឿងចាក់ស្រែះ តើដូចម្តេច។ កាលបើភិក្ខុទាំងនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាននិយាយនឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះ​ថា បពិត្រលោកដ៏មានអាយុទាំងឡាយ ផស្សៈ [សំដៅ​យកអត្តភាព ដែលកើត​ដោយ​អំណាចផស្សៈ (បានខាងអត្តភាពជាបច្ចុប្បន្ន)។]​​ ឈ្មោះថា ចំណែកទី១ ផស្សសមុទយៈ [សំដៅយកអត្តភាពជាអនាគត ដែលកើត​មកពីបច្ច័យ គឺកម្ម និងផស្សៈ ដែលបុគ្គលធ្វើហើយ ក្នុងអត្តភាពនេះ។] ឈ្មោះថា ចំណែកទី២ ផស្សនិរោធ [សំដៅ​យក​ព្រះនិព្វាន។]ឈ្មោះថា កណ្តាល តណ្ហា ឈ្មោះថា ជាគ្រឿងចាកស្រែះ ព្រោះថា តណ្ហាតែងតែចាក់ស្រែះ នូវផស្សទាំងនោះ ដើម្បី​ឲ្យកើតភពនោះៗ បពិត្រ​លោក​ដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង។ ភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ [បានខាង​ចតុសច្ចធម៌ ដែលបុគ្គល​គប្បីដឹងច្បាស់។] កំណត់ដឹងបរិញ្ញេយ្យធម៌ [បានខាង​លោកិយសច្ច ២ ប្រការ គឺទុក្ខសច្ច ១ សមុទយសច្ច ១ ដែលបុគ្គល​គប្បី​កំណត់ ដោយ​តិរណបរិញ្ញា និងបហានបរិញ្ញា។ អដ្ឋកថា។]កាលបើដឹងច្បាស់​អភិញ្ញេយ្យ​ធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាន​និយាយ​នឹង​ភិក្ខុ​ទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ អតីតក្ខន្ធ [១.២.៣ បណ្ឌិតគប្បីដឹងតាមសេចក្តីប្រៀបធៀប ដោយព្រួញទាំង ៣ ចុះ កាលបើព្រួញ​ទាំង ៣ គេចងផ្អោបគ្នានឹងខ្សែ លុះខ្សែដាច់ហើយ ព្រួញទាំង ៣ ក៏ធ្លាក់ត្រង់កន្លែង​ទាំង៣ យ៉ាងណាមិញ អតីតក្ខន្ធ អនាគតក្ខន្ធ បច្ចុប្បន្នក្ខន្ធ ដូចគ្នានឹងព្រួញ​ទាំង ៣ យ៉ាងនោះដែរ តណ្ហា ដូចគ្នានឹងខ្សែ ព្រោះតណ្ហា តែងចាក់ស្រែះអតីតក្ខន្ធ ភ្ជាប់នឹង​បច្ចុប្បន្នក្ខន្ធ ចាក់ស្រែះ​បច្ចុប្បន្នក្ខន្ធ ភ្ជាប់នឹងអនាគតក្ខន្ធ កាលបើតណ្ហារលត់ហើយ ខន្ធ​ទាំង ៣ ក៏ឈ្មោះថា រលត់ដែរ ដូចជាព្រួញទាំង៣ កាលបើខ្សែដាច់ហើយ ក៏ធ្លាក់ចុះក្នុង​កន្លែងទាំង៣។ អដ្ឋកថា។]ឈ្មោះថា ចំណែកទី១ អនាគតក្ខន្ធ [២] ឈ្មោះថា ចំណែកទី២ បច្ចុប្បន្នក្ខន្ធ [៣] ជា​កណ្តាល តណ្ហាជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវខន្ធទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មាន​អាយុ​ទាំងឡាយ ដោយហេតុប៉ុណ្ណេះឯង ភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹង​បរិញ្ញេយ្យ​ធម៌ កាលបើដឹងច្បាស់​អភិញ្ញេយ្យ​ធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌​ហើយ ជាអ្នកធ្វើនូវ​ទីបំផុត​នៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាន​និយាយ​នឹង​ភិក្ខុ​ទាំង​ឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ សុខវេទនា ឈ្មោះថា ចំណែកទី១ ទុក្ខវេទនា ឈ្មោះថា ចំណែកទី២ អទុក្ខមសុខវេទនា ជាកណ្តាល តណ្ហា ជា​គ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះ នូវ​វេទនា​ទាំងនោះ ដើម្បី​ឲ្យកើត​ភព​នោះៗ បពិត្រលោកដ៏មានអាយុទាំង​ឡាយ ដោយហេតុប៉ុណ្ណេះឯង ទើបភិក្ខុដឹង​ច្បាស់​អភិញ្ញេយ្យធម៌ កំណត់​ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់​ដឹង​បរិញ្ញេយ្យ​ធម៌ហើយ ជា​អ្នក​ធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាង​នេះហើយ ភិក្ខុមួយរូបទៀត បាន​និយាយ​នឹង​ភិក្ខុ​ទាំង​ឡាយ ជាថេរៈ ដូច្នេះ​ថា បពិត្រលោកដ៏មានអាយុទាំងឡាយ នាម ឈ្មោះថា ចំណែកទី១ រូប ឈ្មោះ​ថា ចំណែកទី២ វិញ្ញាណ [បដិសន្ធិវិញ្ញាណក្តី វិញ្ញាណដ៏សេសក្តី ឈ្មោះថា ធម៌ជាចំណែក​ត្រង់កណ្តាល នៃនាម និងរូប ព្រោះវិញ្ញាណ កើតឡើង​ដោយសារ​បច្ច័យ គឺនាម និងរូប។] ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវធម៌ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រ​លោក​ដ៏មាន​អាយុ​ទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹង​បរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូប​ទៀត បាននិយាយ​នឹង​ភិក្ខុ​ទាំង​ឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មាន​អាយុទាំងឡាយ អាយតនៈខាងក្នុង ៦ ឈ្មោះថា ចំណែកទី១ អាយតនៈខាងក្រៅ ៦ ឈ្មោះថា ចំណែកទី២ វិញ្ញាណ [សំដៅយក​កម្មវិញ្ញាណ។ ន័យមួយទៀតថា បណ្តាអាយតនៈខាងក្នុង​ទាំងឡាយ ត្រង់​ទីនេះ តាមតែវិញ្ញាណណាចុះ ក៏ឈ្មោះថា ជាធម៌ចំណែក​ត្រង់កណ្តាល​ទាំងអស់ ព្រោះ​មនាយតនៈ ជាធម្មជាតទទួលយកកម្ម។ បើក្នុងមនោទ្វារ សំដៅយក​ជវនវិញ្ញាណ ក៏ឈ្មោះថា ធម៌កណ្តាលដែរ ព្រោះអាវជ្ជនៈអាស្រ័យនឹង​អាយតនៈ​ខាងក្នុង។ អដ្ឋកថា។] ជាកណ្តាល តណ្ហា ជាគ្រឿង​ចាក់ស្រែះ ព្រោះថា តណ្ហាតែង​ចាក់ស្រែះ​នូវ​អាយតនៈ​ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏​មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះឯងហើយ ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់​អភិញ្ញេយ្យ​ធម៌ កំណត់ដឹងបរិញេ្ញយ្យធម៌​ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាន​និយាយ​នឹង​ភិក្ខុ​ទាំង​ឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មានអាយុទាំងឡាយ សក្កាយ [វដ្តដែល​ប្រព្រឹត្តទៅក្នុងភូមិ ៣។] ឈ្មោះថា ចំណែក ទី១ សក្កាយសមុទយៈ [សមុទយសច្ច។] ឈ្មោះថា ចំណែកទី២ សក្កាយនិរោធ [និរោធសច្ចៈ។ អដ្ឋកថា។] ជាកណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហា តែងចាក់ស្រែះ នូវសក្កាយ​ទាំង​នោះ ដើម្បីឲ្យកើតភពនោះៗ បពិត្រលោកដ៏មានអាយុទាំងឡាយ ដោយហេតុប៉ុណ្ណេះ​ឯង​ហើយ ទើបភិក្ខុដឹង​ច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹង​ច្បាស់​អភិ​ញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជាអ្នកធ្វើនូវទីបំផុតនៃទុក ក្នុងបច្ចុប្បន្នបាន។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ ភិក្ខុមួយរូបទៀត បាន​និយាយ​នឹងភិក្ខុទាំងឡាយ ជាថេរៈ ដូច្នេះថា បពិត្រលោកដ៏មាន​អាយុទាំងឡាយ ពួកយើង​ទាំងអស់គ្នា ព្យាករតាមសេចក្តីយល់តែរៀងខ្លួន​ទេ បពិត្រលោកដ៏​មានអាយុ​ទាំង​ឡាយ មក ពួកយើងនឹងចូលទៅគាល់ព្រះដ៏​មានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ នឹងបាន​ព្រះដ៏មានព្រះភាគ​ព្យាករ​ដល់យើងយ៉ាងណា យើងនឹងចាំទុក នូវ​សេចក្តីនុ៎ះយ៉ាងនោះ។ ភិក្ខុទាំងឡាយ ជាថេរៈ បានទទួលពាក្យភិក្ខុ​នោះ​ថា អើអាវុសោ។ គា្រ​នោះ ភិក្ខុទាំងឡាយ ជាថេរៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មាន​ព្រះភាគ ហើយអង្គុយក្នុងទី​សមគួរ។ លុះ​ភិក្ខុទាំងឡាយជាថេរៈ អង្គុយក្នុងទីសម​គួរ​ហើយ ក៏ក្រាបទូលសេចក្តី​ទាំង​ប៉ុន្មាន ដែលខ្លួនបានចរចា ជាមួយនឹងភិក្ខុទាំងអស់នោះ ចំពោះព្រះ​ដ៏​មាន​​ព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណានិយាយត្រូវ។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងអស់គ្នា និយាយត្រូវតាមបរិយាយ ដែលតថាគតសំដែង ក្នុងប្រស្នានៃមេត្តេយ្យមាណព ត្រង់​បរាយនវគ្គថា

បុគ្គលណា ដឹងនូវចំណែកទាំងពីរ ដោយប្រាជ្ញា មិនជាប់ចំពាក់ក្នុងកណ្តាល តថាគតហៅបុគ្គលនោះ​ថា ជាមហាបុរស មហាបុរសនោះ បានកន្លងផុត​នូវ​ធម្មជាតិ ជាគ្រឿងចាក់​ស្រែះ ក្នុងលោកនេះចេញបានហើយ។

អ្នកទាំងឡាយ ចូរស្តាប់ធើ្វទុកក្នុងចិត្ត នូវហេតុនោះ ឲ្យប្រពៃចុះ តថាគត​នឹង​សំដែង។ ភិក្ខុទាំងឡាយ ទទួលស្តាប់ព្រះពុទ្ធដីកា របស់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ ឈ្មោះថា ចំណែកទី១ ផស្សសមុទយៈ ឈ្មោះថា ចំណែកទី២ ផស្សនិរោធ ឈ្មោះថា កណ្តាល តណ្ហា ជាគ្រឿងចាក់ស្រែះ ព្រោះថា តណ្ហាតែងចាក់ស្រែះនូវផស្សៈ ទាំងនោះ ដើម្បីឲ្យកើតភពនោះៗ ម្នាលភិក្ខុទាំងឡាយ ដោយហេតុប៉ុណ្ណេះ​ឯង ទើបភិក្ខុដឹងច្បាស់អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ កាលបើដឹងច្បាស់​អភិញ្ញេយ្យធម៌ កំណត់ដឹងបរិញ្ញេយ្យធម៌ហើយ ជា​អ្នក​ធ្វើនូវ​ទីបំផុត​នៃទុក ក្នុង​បច្ចុប្បន្នបាន។

បុរិសិន្ទ្រិយញាណសូត្រ ទី៨

[៦២] សម័យមួយ ព្រះដ៏មានព្រះភាគ ត្រាច់ទៅកាន់ចារិក ក្នុងដែន​កោសល ជាមួយ​នឹងភិក្ខុសង្ឃដ៏ច្រើន បានយាងទៅដល់និគមឈ្មោះ ទណ្ឌកប្បកៈ​របស់​ពួក​អ្នក​ដែន​កោសល។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញពីផ្លូវ ហើយ​ទៅ​គង់​លើ​អាសនៈ ដែល​គេក្រាលថ្វាយ ទៀបគល់ឈើមួយដើម។ ភិក្ខុ​ទាំង​នោះ ចូល​ទៅរកនិគម​ឈ្មោះ ទណ្ឌកប្បកៈ ដើម្បីស្វែងរកទីសំណាក់។ លំដាប់នោះ ព្រះអានន្ទដ៏អាយុ ក៏សំដៅទៅ​ស្ទឹង​អចិរវតី ជាមួយនឹងពួកភិក្ខុដ៏ច្រើន ដើម្បីស្រឡាបខ្លួន ក្នុងស្ទឹងអចិរវតី លុះ​ស្រឡាប​ខ្លួន​រួចហើយ ក៏ឡើងមក មានតែចីវរមួយ ហើយឈរធ្វើខ្លួនឲ្យប្រាកដ ដូចជាកាលមុន។ ស្រាប់​តែមានភិក្ខុមួយរូប ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏​និយាយនឹងព្រះអានន្ទដ៏មានអាយុ យ៉ាងនេះថា បពិត្រអានន្ទដ៏មានអាយុ ព្រះដ៏មាន​ព្រះភាគ ទ្រង់រំពឹងនូវហេតុទាំងអស់ ដោយព្រះហ្ឫទ័យ ហើយព្យាករទេវទត្តថា ទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប រកកែមិនកើត ឬហ្ន៎ ឬថា ដោយ​ហេតុណាមួយទេ។ ម្នាលអាវុសោ ដំណើរនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​ហើយយ៉ាងនុ៎ះមែន។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក៏ចូលទៅគាល់ព្រះដ៏មាន​ព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ​ព្រមទាំងភិក្ខុ​សង្ឃ​ជាច្រើន ចុះទៅក្នុងស្ទឹងអចិរវតី ដើម្បីស្រឡាបខ្លួន ក្នុងស្ទឹងអចិរវតី លុះស្រឡាប​ខ្លួនរួច​ហើយ ក៏ឡើងមក មានតែចីវរមួយ ហើយឈរធ្វើខ្លួនឲ្យប្រាកដ ដូចជាកាលមុន។ បពិត្រ​ព្រះអង្គដ៏ចំរើន លំដាប់នោះ មានភិក្ខុមួយរូប ចូលទៅរកខ្ញុំព្រះអង្គ លុះចូល​ទៅ​ដល់​ហើយ ក៏និយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រអានន្ទដ៏មានអាយុ ព្រះដ៏មាន​ព្រះភាគ ទ្រង់ប្រមូលហេតុទាំងអស់ ដោយព្រះហ្ឫទ័យ ហើយព្យាករទេវទត្តថា ទេវទត្តជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប រកកែមិនកើតទេឬ ឬថាកែបាន ដោយហេតុណាមួយដែរ។

កាលបើភិក្ខុនោះ និយាយយ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បាន​និយាយនឹងភិក្ខុនោះ ដូច្នេះថា ម្នាល​អាវុសោ ហេតុនុ៎ះ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករ​យ៉ាង​នោះដែរ។ ម្នាលអានន្ទ ភិក្ខុនោះ ជាភិក្ខុខ្ចី ទើបតែនឹងបួសក្តី ជាថេរៈល្ងង់ មិន​ឈ្លាសវៃក្តី ពាក្យណា ដែលតថាគត ព្យាករដោយចំណែកមួយ ភិក្ខុនោះ នឹងមិនដល់ នូវ​ចំណែកពីរ ក្នុងពាក្យនោះឡើយ ម្នាលអានន្ទ តថាគត មិនដែលឃើញ​បុគ្គលដទៃ សូម្បីម្នាក់ ដែលតថាគតរំពឹងរក នូវហេតុទាំងអស់ដោយចិត្ត ហើយព្យាករ ដូចជាភិក្ខុ ទេវទត្តនេះទេ។ ម្នាលអានន្ទ តថាគតបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់​ដោយ​ចុង​បំផុត នៃរោមបាន ដរាបណា តថាគត ក៏មិនព្យាករភិក្ខុទេវទត្តថា ទេវទត្ត ជាអ្នក​កើត​ក្នុងអបាយ ទៅនរក តាំងនៅ​អស់ ១ កប្ប កែមិនកើត ដរាបនោះ ម្នាលអានន្ទ កាលណាបើតថាគត មិនបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់ដោយ​ចុងបំផុត នៃរោមបាន តថាគត ព្យាករទេវទត្តនោះថា ភិក្ខុទេវទត្ត ជាអ្នកកើត​ក្នុង​អបាយ ទៅ​នរក តាំង​នៅអស់ ១ កប្ប កែមិនបាន​ ក្នុងកាលនោះ​។ ម្នាលអានន្ទ រណ្តៅលាមក ដែលមានជំរៅជាង ១ ជំហរ ដ៏ពេញដោយលាមក ប្រៀបស្មើមាត់ មាន​បុរស​លិច​ចុះ​ទៅ​ទាំង​ក្បាល ក្នុងរណ្តៅលាមកនោះ បុរសណាមួយ ជា​អ្នកប្រាថ្នាប្រយោជន៍ ប្រាថ្នា​សេចក្តី​ចំរើន ប្រាថ្នាដើម្បីក្សេម ចាកយោគៈ ដល់បុរសនោះ ប្រាថ្នានឹងស្រង់​អំពី​រណ្តៅលាមក​នោះ ក៏ដើរចូលមកកាន់​បុរសនោះ ឯបុរសនោះ ដើរ​ក្រឡឹង​ជុំវិញ​រណ្តៅ​លាមកនោះហើយ មិន​ឃើញសរីរប្រទេស របស់បុរសនោះ ដែលត្រឹមតែចាក់ដោយចុង​បំផុត​នៃ​រោម ដែលមិនប្រឡាក់ដោយលាមក ដែលគួរនឹងចាប់ស្រង់បុរសនោះឡើងបាន យ៉ាងណាមិញ ម្នាលអានន្ទ តថាគតមិនបានឃើញធម៌ស របស់ទេវទត្ត ត្រឹមតែចាក់​ដោយ​ចុងបំផុត នៃរោមបាន ក្នុងកាលណា តថាគតព្យាករទេវទត្តថា ភិក្ខុ​​​ទេវទត្ត​ជាអ្នកកើតក្នុងអបាយ ទៅនរក តាំងនៅអស់ ១ កប្ប កែមិនកើត ក្នុងកាលនោះ ក៏យ៉ាង​នោះឯង ម្នាលអានន្ទ បើដូច្នោះ អ្នកទាំងឡាយ ត្រូវស្តាប់ តថាគត ចែក​នូវ​បុរិសិន្រិ្ទយញ្ញាណ [សេចក្តីដឹងនូវឥន្ទ្រិយ របស់បុរសដ៏ក្លៀវក្លា និងទន់។] បពិត្រ​ព្រះដ៏មាន​ព្រះភាគ កាលនេះ​ ជាកាលគួរ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ សូម​ព្រះដ៏មាន​ព្រះភាគ ចែកនូវបុរិសិន្រ្ទិយញ្ញាណ ពួកភិក្ខុស្តាប់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត​នឹង​សំដែង។

ព្រះអានន្ទដ៏មានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះសម្ពុទ្ធ​ដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុង​លោក​នេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ​ក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ។ សម័យ​ក្រោយទៀត តថាគតកំណត់ដឹង នូវចិត្តរបស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនោះបាត់ទៅ អកុសលធម៌​កើតឡើងប្រាកដ តែ​បុគ្គលនោះ មិនគាស់ មិនរំលើងកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសល​របស់​បុគ្គលនោះ នឹងកើតឡើងប្រាកដវិញ បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យត​ទៅទៀត ដោយប្រការយ៉ាងនេះ ម្នាលអានន្ទ ដូចពូជ​ទាំងឡាយ ដែលមិនដាច់ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ មានបណ្តូលល្អ គេទុកដាក់ដោយល្អ ហើយគេសាបព្រោះ លើទីដែលភ្ជួររាស់ ដោយស្រួលបួល ក្នុង​ស្រែល្អ ម្នាល​អានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ នឹងដល់នូវការដុះ លូតលាស់ឡើងធំ ទង្គំ​ទង្គោល​បានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់​បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្តរបស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះ​ថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌​ទាំង​ឡាយ កើតឡើងប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើង​កុសលមូលទេ ហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹង​កើត​ប្រាកដវិញបាន បុគ្គលនេះ​ នឹងមានធម៌មិនសាបសូន្យតទៅទៀត ដោយ​ប្រការ​យ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល ដែលតថាគតកំណត់ដឹង ដោយ​ចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ ដែលតថាគតកំណត់ដឹង ដោយ​ចិត្ត​យ៉ាង​នេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ ដែល​តថាគតកំណត់ដឹង ដោយ​ចិត្តយ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់​បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយ​ចិត្ត​យ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់​បុគ្គលនេះ ​បាត់សូន្យទៅ កុសលធម៌​ទាំង​ឡាយ កើត​ឡើង​ប្រាកដ ទាំងបុគ្គលនោះ មិនបានគាស់រំលើង​កុសលមូលទេ ព្រោះ​ហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតបា្រកដ បុគ្គលនេះ នឹង​មាន​ធម៌​សាបសូន្យ តទៅទៀត ដោយប្រការយ៉ាងនេះ​ ម្នាលអានន្ទ ដូច​ពូជទាំងឡាយ ដែលមិនដាច់ មិនស្អុយ មិនត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ មានបណ្តូលនៅល្អ គេទុកដាក់ដោយស្រួល តែគេសាបព្រោះលើថ្មដ៏ក្រាស់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជ​ទាំង​នេះ មិនងាយនឹងដុះលូតលាស់ឡើង ទង្គំទង្គោលបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាល​អានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយ​ចិត្ត​យ៉ាង​នេះថា កុសល​ធម៌​ទាំង​ឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្តរបស់បុគ្គលនោះ ដោយចិត្តយ៉ាង​នេះថា អកុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់​សូន្យទៅ កុសលធម៌​ទាំងឡាយ កើតឡើងប្រាកដវិញបាន ទាំងបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ ព្រោះហេតុនោះ កុសល និងអកុសល របស់បុគ្គលនោះ នឹងកើតប្រាកដវិញបាន បុគ្គលនេះ នឹងមានធម៌សាបសូន្យ តទៅទៀត យ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល ដែល​តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ ដែលតថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ ដែល​តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត​យ៉ាង​នេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យ​ក្រោយ​ទៀត តថាគតកំណត់ដឹងនូវចិត្ត របស់​បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា ធម៌សរបស់បុគ្គលនេះ សូម្បីល្មមត្រឹម​តែចាក់ដោយចុងបំផុត នៃរោមបាន មិនមាន​ឡើយ បុគ្គលនេះ ប្រកបដោយ​អកុសលធម៌ទាំងឡាយ ដែលមានពណខ្មៅសុទ្ធ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលអានន្ទ ដូចពូជទាំងឡាយ ដែលដាច់ ស្អុយ ត្រូវខ្យល់ និងកំដៅថ្ងៃប្រហារ ហើយគេ​សាប​ព្រោះលើទី ដែលគេភ្ជួររាស់ដោយល្អ ក្នុងស្រែល្អ ម្នាលអានន្ទ អ្នកត្រូវដឹងថា ពូជទាំងនេះ នឹងមិនដុះលូតលាស់ ទង្គំទង្គោលបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត​យ៉ាង​នេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់​បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា ធម៌ស របស់បុគ្គលនេះ សូម្បីល្មមត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមាន​ឡើយ បុគ្គលនេះ ប្រកបដោយអកុសលធម៌ទាំងឡាយ ដែលមានពណ៌ខ្មៅសុទ្ធ ដល់​បែកធ្លាយរាងកាយ​ស្លាប់ទៅ នឹងចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតដំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើត​ឡើងនៃធម៌តទៅ តថាគតកំណត់ដឹង ដោយចិត្ត​យ៉ាងនេះផង។

កាលបើ​ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទដ៏មានអាយុ បានក្រាប​បង្គំទូល​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ​អាច​បញ្ញត្ត​បុគ្គល ៣ ពួក ក្រៅពីបុគ្គល ៣ ពួកនេះ ឲ្យមានចំណែកស្មើគ្នាបានឬទេ។ ព្រះដ៏​មាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគតអាចបញ្ញត្តបាន ហើយ​ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់​បុគ្គល​នេះ សម័យក្រោយទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយ​ចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ​ អកុសលធម៌​ទាំង​ឡាយ កើតឡើងប្រាកដ តែបុគ្គលនោះ មិនបានគាស់​រំលើងកុសលមូលទេ ឯកុសលមូល​នោះ ដល់នូវការបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹង​មានធម៌​សាបសូន្យ​តទៅទៀត យ៉ាងនេះ ម្នាលអានន្ទ ដូចរងើកភ្លើងទាំងឡាយ កំពុងឆេះ រន្ទាលច្រាលឆ្អៅ ដែលគេដាក់លើផែនថ្មដ៏កា្រស់ ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ ​នឹងមិន​ដល់នូវការចំរើនរាលដាលធំទូលាយឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ មួយទៀត ដូចព្រះអាទិត្យលិច ក្នុងសាយណ្ហសម័យ ម្នាល​អានន្ទ អ្នកត្រូវដឹងថា ពន្លឺនឹងបាត់សូន្យទៅ ងងឹតនឹងកើតប្រាកដបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ ពុំនោះសោត ដូចសម័យភត្តកាល ចំពាក់កណ្តាលយប់ ម្នាល​អានន្ទ អ្នកត្រូវដឹងថា ពន្លឺបាត់ទៅ ងងឹតកើតប្រាកដបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្តរបស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយ​ទៀត តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយ របស់បុគ្គលនេះ បាត់សូន្យទៅ អកុសលធម៌​ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងកុសលមូលទេ កុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌​សាបសូន្យតទៅទៀត ដោយប្រការយ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតកំណត់ដឹង ដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគតកំណត់ដឹង ដោយចិត្ត​យ៉ាងនេះផង ម្នាលអានន្ទ តថាគតកំណត់​ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុង​លោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់បុគ្គលនេះ សម័យក្រោយទៀត តថាគត​កំណត់ដឹង​នូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់​បុគ្គល​នេះ បាត់សូន្យទៅ កុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិនបានគាស់រំលើងអកុសលមូលទេ អកុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌មិនបានសាបសូន្យតទៅទៀតយ៉ាងនេះ ម្នាលអានន្ទ ដូចរងើកភ្លើងទាំងឡាយ ឆេះរន្ទាល ច្រាលឆ្អៅ ហើយបុគ្គលដាក់លើគំនរ​ស្មៅក្តី គំនរឧសក្តី ដែលស្ងួត ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ នឹងដល់នូវ​ការចំរើន ធំ​ទូលាយបានឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ មួយទៀត ដូច​ព្រះអាទិត្យ​រះឡើង ក្នុងបច្ចូសសម័យនៃរាត្រី ម្នាលអានន្ទ អ្នកត្រូវដឹងថា ងងឹត នឹងបាត់​ទៅ ពន្លឺនឹងកើតប្រាកដឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ ពុំនោះសោត ដូចសម័យភត្តកាល ពេលថ្ងៃត្រង់ជាក់ ម្នាលអានន្ទ អ្នកត្រូវដឹងថា ងងឹតបាត់ទៅ ពន្លឺកើតប្រាកដឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មានដល់​បុគ្គល​នេះ សម័យក្រោយទៀត តថាគតកំណត់​ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌ទាំងឡាយ របស់​បុគ្គលនេះ សាបសូន្យទៅ កុសលធម៌ទាំងឡាយ កើតប្រាកដ តែបុគ្គលនោះ មិន​បាន​គាស់​រំលើងអកុសលមូលទេ អកុសលមូលនោះ ដល់នូវការរបើកឡើង ដោយប្រការទាំងពួង បុគ្គលនេះ នឹងមានធម៌មិនសាបសូន្យតទៅទៀត យ៉ាងនេះ ក៏យ៉ាងនោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្រ្ទិយញ្ញាណ តថាគតកំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាល​អានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគត កំណត់ដឹងដោយចិត្ត យ៉ាងនេះផង ម្នាលអានន្ទ តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្តយ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំងឡាយក្តី មាន​ដល់​បុគ្គលនេះ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្ត​យ៉ាងនេះថា អកុសលធម៌របស់បុគ្គលនេះ ត្រឹមតែចាក់ដោយចុងបំផុត នៃរោមបាន មិនមានឡើយ បុគ្គលនេះ ជាអ្នកប្រកបដោយធម៌ទាំងឡាយ ដែលគ្មានទោស មាន​ពណ៌ស​សុទ្ធ នឹងបរិនិព្វាន ក្នុងបច្ចុប្បន្ន មា្នលអានន្ទ ដូចរងើកភ្លើងទាំងឡាយ ដែល​រលត់​ ត្រជាក់ បុគ្គលដាក់លើគំនរស្មៅ ឬគំនរឧសដ៏ស្ងួត ម្នាលអានន្ទ អ្នកត្រូវដឹងថា រងើកភ្លើងទាំងនេះ មិនដល់នូវការចំរើនរាលដាលឡើងបានឬទេ។ ព្រះករុណា ​ព្រះអង្គ។ ម្នាលអានន្ទ តថាគតកំណត់ដឹងនូវចិត្ត របស់បុគ្គលពួកខ្លះ ក្នុងលោកនេះ ដោយចិត្ត​យ៉ាងនេះថា កុសលធម៌ទាំងឡាយក្តី អកុសលធម៌ទាំង​ឡាយក្តី មានដល់​បុគ្គល​នេះ។ សម័យក្រោយទៀត តថាគត កំណត់ដឹងនូវចិត្ត របស់បុគ្គលនោះ ដោយចិត្តយ៉ាងនេះថា អកុសលធម៌របស់បុគ្គលនេះ ត្រឹមតែចាក់ដោយចុងបំផុត នៃរោម មិនមានឡើយ បុគ្គលនេះ ប្រកបដោយធម៌ទាំងឡាយ ដែលមិនមានទោស  មានពណ៌សសុទ្ធ នឹងបរិនិព្វាន ក្នុងបច្ចុប្បន្ន ដូច្នោះឯង ម្នាលអានន្ទ បុរសបុគ្គល តថាគតកំណត់ដឹងដោយចិត្តយ៉ាងនេះផង ម្នាលអានន្ទ បុរិសិន្ទ្រិយញ្ញាណ តថាគត កំណត់ដឹងដោយ​ចិត្ត យ៉ាងនេះផង ម្នាលអានន្ទ សេចក្តីកើតឡើងនៃធម៌តទៅ តថាគត កំណត់ដឹង ដោយចិត្តយ៉ាងនេះផង។ ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គល ៣ ខាងដើមណា បណ្តាបុគ្គលទាំង ៣ នោះ បុគ្គលមួយ មានធម៌មិនបានសាបសូន្យ បុគ្គល​មួយ មានធម៌សាបសូន្យ បុគ្គលមួយ កើតក្នុងអបាយ ទៅនរក ម្នាលអានន្ទ បណ្តា​បុគ្គល​ទាំង​នោះ បុគ្គល ៣ ខាងចុងណា បណ្តាបុគ្គល ទាំង ៣ នេះ បុគ្គលមួយ មាន​សភាព​មិន​សាបសូន្យ បុគ្គលមួយ មានសភាពសាបសូន្យ បុគ្គលមួយ មានសភាពបរិនិព្វាន។

និព្វេធិកសូត្រ ទី៩

[៦៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវនិព្វេធិកបរិយាយ (ហេតុ​ដែល​ទំលាយ នូវលោភក្ខន្ធ ជាដើម ដែលបុគ្គលមិនបានទំលាយ) និងធម្មបរិយាយ ដល់អ្នក​ទាំង​ឡាយ អ្នកទាំងឡាយ ចូរស្តាប់ ធ្វើទុកក្នុងចិត្ត នូវបរិយាយនោះ ឲ្យស្រួលបួលចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ បានទទួលព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ និព្វេធិកបរិយាយ និងធម្មបរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមទាំង​ឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកាមទាំងឡាយ បុគ្គលគប្បីដឹង សេចក្តី​ប្លែក​គ្នា​ នៃកាមទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តី​រលត់​កាម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង។ ម្នាល​ភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតវេទនាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ បុគ្គលគប្បីដឹង វិបាកនៃ​វេទនា​ទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង បដិបទា ជាដំណើរ​ទៅ​កាន់​សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតសញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃ​សញ្ញា​ទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង សេចក្តី​រលត់​សញ្ញា បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅ​កាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ អាសវៈ​ទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យ​កើត​អាសវៈទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់អាសវៈ​ទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង។ ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតកម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា ​នៃ​កម្ម​ទាំងឡាយ បុគ្គលគប្បីដឹង វិបាករបស់កម្មទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់​កម្ម បុគ្គលគប្បីដឹង។ ម្នាលភិក្ខុ​ទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យ​កើត​ទុក្ខ​ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា​ នៃ​ទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរ​ទៅ​កាន់​សេចក្តី​រលត់ទុក្ខ បុគ្គលគប្បីដឹង។

ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹង ហេតុនាំឲ្យ​កើត​កាម​​​ទាំង​ឡាយ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នា ​នៃ​កាម​ទាំងឡាយ បុគ្គល​គប្បី​ដឹង វិបាករបស់​កាម​ទាំងឡាយ បុគ្គលគប្បីដឹង សេចក្តីរលត់កាម បុគ្គល​គប្បី​ដឹង បដិបទា ជាដំណើរ​ទៅ​កាន់​សេចក្តី​រលត់កាម បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ  តថាគត​សំដែងហើយ ព្រោះ​អាស្រ័យអ្វី។​ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន ៥ គឺ រូបទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ដោយចក្ខុ ជារូបគួរប្រាថ្នា ជាទីត្រេកអរ ជា​ទី​ពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១ សំឡេង​ទាំង​ឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយត្រចៀក។បេ។ ក្លិនទាំងឡាយ ដែល​បុគ្គល​គួរដឹងច្បាស់ ដោយច្រមុះ រសទាំងឡាយ ដែលបុគ្គលគួរដឹង​ច្បាស់​ដោយអណ្តាត ផោដ្ឋព្វៈ​ទាំងឡាយ ដែលបុគ្គលគួរដឹងច្បាស់ ដោយ​កាយ គួរបា្រថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងនុ៎ះ មិនមែនកាម​ទេ ធម៌ទាំងនុ៎ះ ហៅថា កាមគុណ ក្នុង​អរិយវិន័យ។

សេចក្តីត្រេអរកើតឡើង ដោយអំណាចការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍ដ៏វិចិត្រ ក្នុងលោក មិនមែនកាមទេ សេចក្តីត្រេកអរកើតឡើង ដោយអំណាច​ការត្រិះរិះ ជាកាមរបស់បុរស អារម្មណ៍​ដ៏វិចិត្រ​ទាំងឡាយ តែង​ឋិត​នៅក្នុងលោក ដោយប្រការ​ដូច្នោះ តែអ្នកប្រាជ្ញទាំងឡាយ រមែងកំចាត់បង់ នូវសេចក្តីគាប់ចិត្ត ក្នុង​អារម្មណ៍ទាំងឡាយនុ៎ះចេញ។

ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតកាមទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ផស្សៈ ជាហេតុនាំឲ្យកើតកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តី​ប្លែកគ្នា នៃកាមទាំងឡាយ តើដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមក្នុងរូបទាំងឡាយ ដោយឡែក កាមក្នុងសំឡេងទាំងឡាយ ដោយឡែក កាមក្នុងក្លិនទាំងឡាយ ដោយឡែក កាមក្នុង​រសទាំងឡាយ ដោយឡែក កាមក្នុងផោដ្ឋព្វៈទាំងឡាយ ដោយ​ឡែក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា​នៃកាម​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់កាម​ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលកាលប្រាថ្នានូវ​អារម្មណ៍ណា ញុំាងអត្តភាព​ដែលកើតអំពីអារម្មណ៍នោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា វិបាករបស់កាមទាំង​ឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តីរលត់កាម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់​កាម ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកប​ដោយ​អង្គ ៨ នេះឯង ជាបដិបទា ដំ​ណើរទៅ​កាន់​សេចក្តី​រលត់កាម គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើ​អរិយសាវក ដឹងច្បាស់​នូវ​កាម​ទាំងឡាយ យ៉ាងនេះ ដឹងច្បាស់​នូវហេតុនាំឲ្យ​កើតកាមទាំងឡាយយ៉ាងនេះ ដឹងច្បាស់ នូវសេចក្តីប្លែកគ្នា នៃកាម​ទាំងឡាយយ៉ាងនេះ​ ដឹងច្បាស់នូវវិបាករបស់​កាម​ទាំង​ឡាយ​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីរលត់​កាម យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរ ទៅកាន់សេចក្តីរលត់​កាម យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវ​ព្រហ្មចរិយធម៌ ដែលជាគ្រឿងទំលុះទំលាយ (នូវគំនរលោភៈជាដើម) នេះ​ថា​​ជា​សេចក្តី​រលត់កាម។ ម្នាលភិក្ខុទាំងឡាយ កាមទាំងឡាយ បុគ្គលគប្បីដឹ​ង។បេ។ បដិបទា ជា​ដំណើរ​ទៅកាន់សេចក្តីរលត់កាម បុគ្គលគប្បីដឹង ពាក្យ​ណា ដែលតថាគតសំដែង​ហើយ ដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះ​អាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ វេទនាទាំងឡាយ បុគ្គល​គប្បីដឹង។បេ។ បដិបទា ជា​ដំណើរ​ទៅកាន់​សេចក្តី​រលត់​វេទនា បុគ្គល​គប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគត​​សំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ​ វេទនានេះ មាន ៣ យ៉ាង​គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុ​នាំឲ្យ​កើត​វេទនាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំ​ឲ្យកើត​វេទនា​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ តើដូច​ម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ សុខវេទនា ប្រកបដោយអាមិសៈ ក៏មាន សុខវេទនាមិន ប្រកប​​ដោយអាមិសៈ​ក៏មាន ទុក្ខវេទនា ប្រកបដោយអាមិសៈក៏មាន ទុក្ខវេទនា មិន​ប្រកប​ដោយអាមិសៈ​ក៏មាន  អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ ក៏មាន អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ​ក៏មាន។ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាក​របស់​វេទនា​ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាល​បុគ្គល​ទទួលត្រងរង នូវវេទនាណា តែងញុំាងអត្តភាព ដែលកើតអំពីវេទនានោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើត​ឡើង ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា វិបាករបស់វេទនាទាំងឡាយ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​​រលត់វេទនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់វេទនា ព្រោះ​រលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ជាដំណើរ​ទៅកាន់សេចក្តីរលត់វេទនា គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាល​ភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវវេទនាយ៉ាងនេះ ដឹងច្បាស់នូវហេតុ​នាំឲ្យ​កើត​វេទនាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់​នូវ​សេចក្តី​​​ប្លែកគ្នា នៃវេទនាទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវវិបាក របស់វេទនាទាំង​​ឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តី​រលត់​វេទនា យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ដែលជាគ្រឿងទំលុះទំលាយនេះ ថា​ជា​សេចក្តី​រលត់វេទនា។ ម្នាលភិក្ខុទាំងឡាយ វេទនាទាំងឡាយ បុគ្គលគប្បី
ដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់វេទនា បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគត​សំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យ​ហេតុ​នេះ​ឯង។

ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជា​ដំណើរ​ទៅកាន់សេចក្តីរលត់សញ្ញា បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែង​ហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ សញ្ញានេះ មាន ៦ យ៉ាង គឺរូបសញ្ញា ១ សទ្ទសញ្ញា ១ គន្ធសញ្ញា ១ រសសញ្ញា ១ ផោដ្ឋព្វសញ្ញា ១ ធម្មសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យ​កើត​សញ្ញា​ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុនាំឲ្យកើតសញ្ញាទាំង
ឡាយ។  ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយ តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ សញ្ញាក្នុងរូបទាំងឡាយ ដោយឡែក សញ្ញាក្នុង​សំឡេងទាំងឡាយ ដោយឡែក សញ្ញាក្នុងក្លិនទាំងឡាយ ដោយឡែក សញ្ញាក្នុងរសទាំងឡាយ ដោយឡែក សញ្ញាក្នុងផោដ្ឋព្វៈទាំងឡាយ ដោយឡែក សញ្ញាក្នុងធម៌​ទាំងឡាយ ដោយឡែក។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃ​សញ្ញា​ទាំង​ឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះ​វិបាកនៃសញ្ញាទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតហៅ​សញ្ញា​ទាំង​ឡាយថា មានវោហារជាវិបាក បុគ្គលចាំបានយ៉ាងណាៗ និយាយយ៉ាងនោះៗ ថា ខ្ញុំជាអ្នកមាន​សេចក្តីសំគាល់​យ៉ាងនេះ។ ម្នាលភិក្ខុទាំង​ឡាយ នេះហៅថា វិបាករបស់សញ្ញា​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់សញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់សញ្ញា ព្រោះរលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកប​ដោយអង្គ ៨ នេះឯង  ជាបដិបទា ដំណើរទៅកាន់សេចក្តីរលត់សញ្ញា គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវសញ្ញាទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវហេតុ​នាំឲ្យកើតសញ្ញា​ទាំងឡាយ យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃសញ្ញាទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវ​វិបាក​របស់​សញ្ញា​ទាំងឡាយ យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីរលត់សញ្ញាយ៉ាងនេះ  ដឹងច្បាស់​នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់សញ្ញា យ៉ាងនេះហើយ  អរិយសាវក​នោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់សញ្ញា។ ម្នាលភិក្ខុទាំងឡាយ សញ្ញាទាំងឡាយ បុគ្គល​គប្បី​ដឹង។បេ។ បដិបទា ជាដំណើរទៅកាន់​សេចក្តី​រលត់សញ្ញា បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ​ តថាគតសំដែង ព្រោះអាស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរ​ទៅកាន់​សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគត​សំដែង​ហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគត​សំដែង ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣ យ៉ាង គឺ កាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុ​នាំ​​ឲ្យកើតអាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អវិជា្ជ ជាហេតុនាំឲ្យ​កើត​អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្លែកគ្នា នៃ​អាសវៈទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ នាំសត្វឲ្យទៅនរកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់កំណើត​តិរច្ឆានក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យទៅកាន់បិត្តិវិស័យក៏មាន អាសវៈ​ទាំងឡាយ នាំសត្វឲ្យទៅមនុស្សលោកក៏មាន អាសវៈទាំងឡាយ នាំសត្វឲ្យ​ទៅទេវលោកក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃ​អាសវៈទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ វិបាករបស់​អាសវៈ​ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលុះក្នុងអវិជ្ជាណា ញុំាងអត្តភាព ដែល​កើតអំពីអវិជ្ជានោះៗ ជាចំណែកបុណ្យក្តី ចំណែកបាបក្តី ឲ្យកើតឡើង ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា វិបាករបស់អាសវៈទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់​អាសវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់អាសវៈ ព្រោះរលត់អវិជ្ជា។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា ដំណើរទៅកាន់សេចក្តី​រលត់​អាសវៈ គឺសម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១ ម្នាលភិក្ខុទាំងឡាយ  កាលបើអរិយសាវក ដឹងច្បាស់នូវ​អាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតអាសវៈទាំងឡាយ​យ៉ាងនេះ​ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃអាសវៈទាំងឡាយយ៉ាងនេះ ដឹង​ច្បាស់នូវ​វិបាក របស់អាសវៈទាំងឡាយយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់អាសវៈ​យ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿង​ទំលុះទំលាយនេះ ថាជា​សេចក្តីរលត់អាសវៈ។ ម្នាលភិក្ខុទាំងឡាយ អាសវៈ​ទាំងឡាយ បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់អាសវៈ បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះស្រ័យ​ហេតុ​នេះ​ឯង។

ម្នាលភិក្ខុទាំងឡាយ កម្ម បុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅ​កាន់​សេចក្តី​រលត់កម្ម បុគ្គលគប្បីដឹង ក៏ពាក្យដែលតថាគតសំដែងហើយដូច្នេះនុ៎ះ ពាក្យ​នុ៎ះ តថាគត​សំដែងហើយ ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ចេតនា ថា​ជា​កម្ម ព្រោះបុគ្គលគិតហើយ ទើបធ្វើកម្មដោយកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យកើតកម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ ជាហេតុ​នាំឲ្យកើតកម្មទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តី​ប្លែកគ្នា នៃ​កម្ម​ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ កម្មនាំឲ្យទទួលផល ក្នុងនរកក៏មាន កម្មនាំឲ្យទទួល​ផល ក្នុងកំណើត​តិរច្ឆានក៏មាន កម្មនាំឲ្យទទួលផល ក្នុងបិត្តិវិស័យ​ក៏មាន កម្មនាំឲ្យទទួលផល ក្នុងមនុស្សលោកក៏មាន កម្មនាំឲ្យទទួលផល ក្នុងទេវ​លោក​ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីប្លែកគ្នា នៃកម្មទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះវិបាករបស់កម្មទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតពោល​នូវវិបាក របស់កម្មទាំងឡាយ ថាមាន ៣ ប្រការ គឺវិបាករបស់កម្ម ក្នុងបច្ចុប្បន្ន ១ វិបាករបស់កម្ម ក្នុងអត្តភាពបន្ទាប់ ១ វិបាករបស់កម្ម ក្នុងអត្តភាព​ជា​លំដាប់​តៗ ទៅ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិបាករបស់កម្មទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់​កម្ម តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់​កម្ម​ ព្រោះ​រលត់ផស្សៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាបដិបទា មានដំណើរ​ទៅកាន់​សេចក្តីរលត់កម្ម គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវក ដឹងច្បាស់នូវកម្មយ៉ាងនេះ ដឹងច្បាស់នូវ​ហេតុនាំឲ្យកើត​កម្ម​ទាំង​ឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នា នៃ​កម្ម​ទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវ​វិបាក របស់កម្មទាំងឡាយ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់កម្ម យ៉ាងនេះ ដឹងច្បាស់​នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់កម្ម។ ម្នាល​ភិក្ខុ​ទាំងឡាយ កម្មបុគ្គលគប្បីដឹង។បេ។ បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់កម្ម បុគ្គលគប្បីដឹង ពាក្យណា ដែលតថាគតសំដែងហើយដូច្នេះ ពាក្យនុ៎ះ តថាគត​សំដែង​ហើយ ព្រោះអាស្រ័យហេតុនេះឯង។

ម្នាលភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង​ ហេតុ​នាំឲ្យ​កើតទុក្ខ បុគ្គលគប្បីដឹង សេចក្តីប្លែកគ្នានៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គលគប្បីដឹង ពាក្យដែលតថាគតសំដែងហើយ ដូច្នេះនុ៎ះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះ​អាស្រ័យអ្វី។ ជាតិក៏ជាទុក្ខ ជរាក៏ជាទុក្ខ ព្យាធិក៏ជាទុក្ខ មរណៈក៏ជាទុក្ខ សោក បរិទេវៈ ទុក្ខ ទោមនស្ស ឧបាយាសៈក៏ជាទុក្ខ បុគ្គលចង់បានរបស់ណា ហើយមិនបាននូវរបស់នោះ ក៏ជាទុក្ខ បើនិយាយដោយខ្លី ឧបាទានក្ខន្ធ ទាំង ៥ ក៏ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុនាំឲ្យកើតទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ តណ្ហា ជាហេតុ​នាំឲ្យកើត​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​សេចក្តីប្លែកគ្នានៃទុក្ខ តើដូចម្តច។ ម្នាលភិក្ខុទាំងឡាយ ទុក្ខយ៉ាងខ្លាំងក៏មាន ទុក្ខយ៉ាងខ្សោយក៏មាន ទុក្ខក្ររសាយ ក៏មាន ទុក្ខឆាប់រសាយ ក៏មាន។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះហៅថា សេចក្តីប្លែកគ្នានៃទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះវិបាករបស់ទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ​ មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹត​ចិត្តហើយ រមែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេង​ងេងងោង មួយទៀត បុគ្គលមានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតចិត្ត​ហើយ តែងដល់នូវការស្វែងរកហេតុខាងក្រៅព្រះពុទ្ធសាសនាថា បុគ្គលណាហ៎្ន ចេះ (មន្តអាគម) តែមួយបទ ឬពីរបទ ដើម្បីរំលត់ទុក្ខនេះបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវទុក្ខថា មានសេចក្តីវងេ្វងងេងងោងជាវិបាក ឬការស្វែងរកជាវិបាក។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា វិបាករបស់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តី​រលត់ទុក្ខ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់ទុក្ខ ព្រោះរលត់​តណ្ហា។ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរនេះឯង ជាបដិបទា មាន​ដំណើរ​ទៅកាន់​សេចក្តីរលត់ទុក្ខ គឺ សម្មាទិដ្ឋិ ១។បេ។ សម្មាសមាធិ ១។ ម្នាលភិក្ខុទាំងឡាយ កាលបើ​អរិយ​សាវក ដឹងច្បាស់នូវទុក្ខយ៉ាងនេះ ដឹងច្បាស់នូវហេតុនាំឲ្យកើតទុក្ខយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្លែកគ្នានៃទុក្ខយ៉ាងនេះ ដឹងច្បាស់នូវវិបាករបស់ទុក្ខ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរលត់ទុក្ខយ៉ាងនេះ ដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់​សេចក្តីរលត់​ទុក្ខ យ៉ាងនេះហើយ អរិយសាវកនោះ ក៏ដឹងច្បាស់ នូវព្រហ្មចរិយធម៌ ជាគ្រឿងទំលុះទំលាយនេះ ថាជាសេចក្តីរលត់ទុក្ខ។ ម្នាល​ភិក្ខុទាំងឡាយ ទុក្ខ បុគ្គលគប្បីដឹង ហេតុនាំឲ្យកើតទុក្ខ បុគ្គលគប្បីដឹង សេចក្តី​ប្លែកគ្នា​នៃទុក្ខ បុគ្គលគប្បីដឹង វិបាករបស់ទុក្ខ បុគ្គលគប្បីដឹង ​សេចក្តី​រលត់ទុក្ខ បុគ្គលគប្បីដឹង បដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ បុគ្គល​គប្បីដឹង ពាក្យណា ដែលតថាគតសំដែង​ហើយ​ដូច្នេះ ពាក្យនុ៎ះ តថាគតសំដែងហើយ ព្រោះអាស្រ័យហេតុនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះឈ្មោះថា និព្វេធិក​បរិយាយ ឈ្មោះថា ធម្មបរិយាយ។

សីហនាទសូត្រ ទី១០

[៦៤] ម្នាលភិក្ខុទាំងឡាយ តថាគតពលៈ របស់ព្រះតថាគតនេះ មាន ៦ ដែល​ព្រះ​តថាគត បានប្រកបដោយពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺ​សីហនាទ​ ក្នុង​ពួក​បរិសទ្យ ញុំាងព្រហ្មចក្រ (ចក្រដ៏ប្រសើរ) ឲ្យប្រព្រឹត្ត​ទៅ។ តថាគតពលៈ ៦ តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ​ក្នុងលោកនេះ ដឹងច្បាស់​ជាក់លាក់ នូវហេតុ តាម​​ហេតុផង ដឹងច្បាស់ជាក់លាក់ នូវអំពើ​មិន​មែន​ជា​ហេតុ​តាម​អំពើ​មិន​មែន​ជា​ហេតុ​ផង ម្នាលភិក្ខុទាំង​ឡាយ ត្រង់ព្រះតថាគតដឹងច្បាស់ជាក់លាក់នូវហេតុ តាមហេតុផង ដឹង​ច្បាស់ជាក់លាក់ នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុ ទាំងឡាយ នេះ តថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត​បាន​អាស្រ័យ​ពលៈ ហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្ត​ទៅ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវ​វិបាក​របស់​កុសលកម្ម និងអកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត ទាំងអនាគត និង​បច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវ​វិបាករបស់កុសលកម្ម និង​អកុសលកម្ម ដែលសត្វបានធ្វើហើយ ទាំងអតីត ទាំង​អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ ម្នាលភិក្ខុទាំងឡាយ នេះជាតថាគតពលៈ របស់​ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុ​ដ៏​ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ព្រះតថាគត ដឹងច្បាស់ជាក់លាក់ នូវសេចក្តីសៅ​ហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ [បានដល់​ឈាន​ទាំង៤ វិមោក្ខទាំង៨ សមាធិទាំង៣ និងអនុបុព្វសមាបត្តិទាំង៩។ អដ្ឋកថា។] ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះតថាគត។បេ។ ម្នាលភិក្ខុទាំងឡាយ នេះជា​តថាគតពលៈ របស់​ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាង​ព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត រលឹក​ឃើញ នូវបុព្វេនិវាសៈ​ជា​ច្រើន​ប្រការ គឺ រលឹកឃើញ ១ជាតិ ២ ជាតិ។បេ។ រលឹកឃើញ នូវបុពេ្វនិវាសៈ ជាច្រើនប្រការ ព្រម​ទាំងអាការៈ ព្រមទាំងឧទេ្ទសដូច្នេះ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត រលឹកឃើញ នូវបុពេ្វនិវាសៈ ជាច្រើនប្រការ គឺរលឹក​បាន ១ជាតិ ២ជាតិ។បេ។ រលឹក​ឃើញ​នូវ​បុព្វេនិវាសៈ ជាច្រើនប្រការ ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេសដូច្នេះ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យ​ពលៈ​ហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាង​ព្រហ្ម​ចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះតថាគត មាន​ចក្ខុដូចជា​ទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា។បេ។ ដឹងច្បាស់​នូវ​សត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ម្នាលភិក្ខុទាំងឡាយ ព្រះ​តថាគត មានចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា។បេ។ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោល​ទៅ​តាម​កម្ម ម្នាលភិក្ខុទាំង​ឡាយ នេះជាតថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បាន​​អាស្រ័យពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាង​ព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។

ម្នាលភិក្ខុទំាងឡាយ មួយទៀត ព្រះ​តថាគត បានធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោចវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត ធ្វើ​ឲ្យ​ជាក់ច្បាស់ សម្រេច។បេ។ ព្រោះអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះជា​តថាគតពលៈ របស់ព្រះតថាគត ដែលព្រះតថាគត បានអាស្រ័យពលៈ​ហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ តថាគតពលៈ របស់ព្រះតថាគត ទាំង ៦ ប្រការនេះ ដែលព្រះតថាគត បាន​ប្រកបដោយពលៈហើយ ប្តេជ្ញានូវហេតុដ៏ប្រសើរ បន្លឺសីហនាទ ក្នុងពួកបរិសទ្យ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយ​ដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់នូវហេតុ តាម​ហេតុ​ផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើមិនមែនជាហេតុ តាមអំពើមិនមែនជាហេតុផង យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ តាមការដឹងជាក់លាក់ នូវហេតុតាមហេតុផង នូវអំពើ​មិនមែនជាហេតុ តាមអំពើមិនមែន​ជា​ហេតុផង យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករក​ព្រះតថាគត ហើយ​សួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវវិបាក របស់កុសលកម្ម និង​អកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាម​ហេតុ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់ នូវវិបាក របស់កុសល និងអកុសលដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និង​បច្ចុប្បន្ន តាមបច្ច័យ តាមហេតុយ៉ាងណាៗ  ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែល​ពួកជន​ទាំង​នោះសួរហើយ ដោយការដឹងជាក់លាក់ នូវវិបាក របស់កុសលកម្ម និងអកុសលកម្ម ដែលសត្វធ្វើហើយ ទាំងអតីត ទាំងអនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាមហេតុ​យ៉ាង​នោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករក​ព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និង​ការចេញ​ចាក​ឈាន វិមោក្ខ សមាធិ និងសមាបត្តិ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់លាក់នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួក​ជនទាំងនោះ​សួរ​ហើយ ដោយការដឹង​ជាក់លាក់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និង​ការចេញចាក​ឈាន វិមោក្ខ សមាធិ និងសមាបត្តិ យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជន​ទាំង​ឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវ​បុព្វេនិវាសានុស្សតិ ម្នាលភិក្ខុទាំង​ឡាយ ញាណដែលព្រះតថាគត​ដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ យ៉ាងណាៗ តថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះ សួរហើយ តាមការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិ យ៉ាងនោះៗ បាន។ ម្នាលភិក្ខុ​ទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត​ដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ ដោយ​ការដឹងជាក់លាក់ នូវចុតិ និងបដិសន្ធិ របស់សត្វទាំងឡាយ យ៉ាងនោះៗ បាន។ ម្នាលភិក្ខុទាំងឡាយ បើជនទាំងឡាយដទៃ ចូលមករកព្រះតថាគត ហើយសួរប្រស្នា ត្រង់ការ​ដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃ​អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ ញាណដែលព្រះតថាគត ដឹងជាក់​លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ យ៉ាងណាៗ ព្រះតថាគត ក៏ឆ្លើយ​ដោះប្រស្នា ដែលពួកជនទាំងនោះសួរហើយ តាមការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈទាំងឡាយ យ៉ាងនោះៗបាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពោល នូវការ​ដឹង​ជាក់លាក់នូវហេតុ តាមហេតុផង នូវអំពើ​មិនមែនជាហេតុ តាមអំពើ​មិនមែន​ជា​ហេតុ​ផង​នោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមានចិត្ត​មិនតាំងមាំ​ទេ។ តថាគតពោល នូវការដឹងជាក់លាក់ នូវ​វិបាករបស់​កុសលកម្ម និង​អកុសលកម្ម ដែល​សត្វធ្វើហើយ ទាំងអតីត ទាំង​អនាគត និងបច្ចុប្បន្ន តាមបច្ច័យ តាម​ហេតុនោះ ថាជារបស់​បុគ្គល​ដែល​មានចិត្តតាំងមាំ មិនមែន​របស់បុគ្គល​ដែល​មាន​ចិត្ត​មិនតាំងមាំទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោល​នូវ​ការដឹងជាក់លាក់ នូវ​សេចក្តី​សៅហ្មង សេចក្តីផូរផង់ និងការចេញចាកឈាន វិមោក្ខ សមាធិ និងសមាបត្តិនោះ ថាជា​របស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ​ដែលមានចិត្តមិនតាំងមាំទេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលនូវការដឹងជាក់លាក់ នូវបុព្វេនិវាសានុស្សតិនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំង​មាំ មិនមែនរបស់បុគ្គល ដែល​មាន​ចិត្ត​មិន​តាំង​មាំទេ។ តថាគត ពោលនូវការដឹងជាក់លាក់ នូវចុតិ និង​បដិសន្ធិ របស់សត្វទាំង​ឡាយ​នោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែល​មាន​ចិត្ត​មិន​តាំង​មាំទេ។ តថាគតពោល នូវការដឹងជាក់លាក់ នូវសេចក្តីអស់ទៅ នៃអាសវៈ​ទាំងឡាយនោះ ថាជារបស់បុគ្គល ដែលមានចិត្តតាំងមាំ មិនមែនរបស់បុគ្គល ដែលមាន ចិត្តមិនតាំងមាំទេ។ ម្នាលភិក្ខុទាំងឡាយ សមាធិ ជាផ្លូវត្រូវ អសមាធិ ជាផ្លូវខុស ដូច​បាន​សំដែង​មកហើយ។

ចប់ មហាវគ្គ ទី១។

ឧទ្ទាននៃមហាវគ្គនោះគឺ

និយាយអំពីរឿងព្រះថេរៈ ឈ្មោះសោណៈ ១ ព្រះថេរៈ​ឈ្មោះ​ផគ្គុ​ណៈ អភិជាតិ ៦ យ៉ាង ១ អាសវៈទាំងឡាយ ១ រឿងទារុកម្មិកៈ​ជ្រះ​ថ្លា​នឹងភិក្ខុប្រាំរូប ១ ចិត្តហត្ថិសារីបុត្ត ១ មេត្តយ្យបញ្ហា ក្នុងបរាយន​វគ្គ ១ ព្រះអានន្ទ ចុះទៅជម្រះខ្លួន ក្នុងទឹកស្ទឹងអចិរវតី ១ និព្វេធិក​បរិយាយ ១ ពលៈ ៦ យ៉ាង ១។

ទុតិយបណ្ណាសក

ទេវតាវគ្គ

អនាគាមិផលសូត្រ ទី១

[៦៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង មិនគួរដើម្បីធ្វើឲ្យ ជាក់ច្បាស់ នូវអនាគាមិផលបានឡើយ។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តី​មិន​ជឿ ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្ប​ឥតប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាងនេះឯង មិនគួរដើម្បីធ្វើឲ្យជាក់​ច្បាស់ នូវអនាគាមិផលបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​លះបង់ធម៌ ៦ យ៉ាង គួរ​ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបាន។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ។ គឺ​សេចក្តី​មិន​ជឿ​ ១ មិន​ខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥត​ប្រាជ្ញា ១។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​លះបង់​ធម៌ ៦ យ៉ាងនេះឯង ទើបគួរ​ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវ​អនាគាមិផលបាន។

អរហត្តសូត្រ ទី២

[៦៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង មិនគួរដើម្បី​ធ្វើ​ឲ្យជាក់​ច្បាស់ នូវអរហត្តបានទេ។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីច្រអូសចិត្ត ១ សេចក្តី​ច្រអូស​កាយ ១ សេចក្តីរាយមាយចិត្ត ១ សេចក្តីរសាប់រសល់ចិត្ត ១ សេចក្តីមិនជឿ ១ សេចក្តី​ធ្វេស​ប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាងនេះឯង មិន​គួរ​ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ធម៌ ៦ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តី​ច្រអូសចិត្ត ១ សេចក្តីច្រអូសកាយ ១ សេចក្តីរាយមាយចិត្ត ១ សេចក្តីរសាប់រសល់ចិត្ត ១ សេចក្តីមិនជឿ ១ សេចក្តីធ្វេសប្រហែស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់នូវធម៌ ៦ យ៉ាងនេះឯង ទើបគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។

មិត្តសូត្រ ទី៣

[៦៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានមិត្តអាក្រក់ មានសំឡាញ់អាក្រក់ បែរ​ទៅ​រាប់រកតែបុគ្គលអាក្រក់ សេពគប់ ចូលទៅអង្គុយជិតពួកមិត្ត​អាក្រក់ យក​តម្រាប់​តម្រា​តាម​ពួកមិត្តអាក្រក់ទាំងនោះ នឹងបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានឡើយ។ បើមិនបានបំពេញអភិសមាចារិកធម៌ ឲ្យបរិបូណ៌ហើយ នឹង​បំពេញសេក្ខធម៌ឲ្យបរិបូណ៌បាន ហេតុនេះមិនដែលមានទេ។ បើមិនបាន​បំពេញ​សេក្ខធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញសីលទាំងឡាយ ឲ្យបរិបូណ៌បាន ហេតុនេះ​មិនដែលមានទេ។ បើមិនបាន​បំពេញសីលទាំងឡាយ ឲ្យបរិបូណ៌បានទេ នឹង​លះបង់​កាម​រាគ ឬរូបរាគ ​ឬក៏អរូបរាគបាន ហេតុនេះក៏មិនដែល​មានទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុនោះ មានមិត្តល្អ មានសំឡាញ់ល្អ បែរទៅរាប់រកតែមិត្តល្អ សេពគប់ ចូលទៅអង្គុយ​ជិត​ចំពោះពួកមិត្តល្អ ហើយក៏យកតម្រាប់តម្រាតាមពួកមិត្តល្អទាំងនោះ នឹង​បំពេញ​អភិសមាចារិកធម៌ ឲ្យបរិបូណ៌បាន ហេតុនេះទើប​មានមែន។ បើបានបំពេញ​អភិសមាចារិកធម៌ ឲ្យបរិបូណ៌ហើយ នឹងបំពេញសេក្ខធម៌ ឲ្យបរិបូណ៌បានទៀត ហេតុនេះ​ទើបមានមែន។ បើបានបំពេញសេក្ខធម៌ហើយ នឹងបំពេញសីល​ទាំងឡាយ បាន​ទៀត ហេតុនេះទើបមាន​មែន។ បើបានបំពេញសីលទាំងឡាយហើយ នឹងលះបង់​កាម​រាគ ឬរូបរាគ ឬក៏អរូបរាគចេញបាន ហេតុនេះទើបមានមែន។

សង្គណិការាមសូត្រ ទី៤

[៦៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ជាអ្នករីករាយ ក្នុងការច្របូកច្របល់ដោយ​ពួក ត្រេកអរ ក្នុងការច្របូកច្របល់ដោយពួក ប្រកបសេចក្តីត្រេកអរ ក្នុងការ​ច្របូកច្របល់​ដោយ​ពួក រីករាយក្នុងពួក ត្រេកអរក្នុងពួក ប្រកបសេចក្តីត្រេកអរក្នុងពួកហើយ ត្រេកអរ​ក្នុងវិវេកតែម្នាក់ឯងបាន ហេតុ​នេះមិនដែលមានឡើយ។ កាលបើមិនត្រេកអរ​ក្នុង​វិវេកតែម្នាក់​ឯង​ ទើប​អាច​នឹ​ងទទួលយកនិមិត្តនៃចិត្តបាន ហេតុនេះមិនដែល​មានឡើយ។ កាលបើមិនទទួលយក​និមិត្តនៃចិត្តហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុ​នេះ​​មិន​ដែល​​មានឡើយ។ លុះមិនបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មា​សមាធិ​បាន ហេតុនេះមិនដែលមានឡើយ។ បើមិនបំពេញសម្មាសមាធិ​ហើយ នឹងលះបង់​សញ្ញោជនៈទាំងឡាយបាន ហេតុនេះមិនដែលមានឡើយ។ បើមិនលះបង់​សញ្ញោជនៈ​ទាំងឡាយហើយ នឹង​ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ហេតុនេះមិនដែលមាន​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ទាល់តែភិក្ខុនោះ មិនរីករាយ ក្នុងការ​ច្របូកច្របល់​ដោយ​ពួក មិនត្រេកអរ ក្នុងការច្របូក​ច្របល់ដោយពួក មិនប្រកបសេចក្តីត្រេកអរ ក្នុងការ​ច្របូក​ច្របល់ដោយពួក មិនរីករាយក្នុងពួក មិនត្រេកអរក្នុងពួក មិន​ប្រកប​សេចក្តី​រីករាយក្នុងពួកហើយ ត្រេកអរក្នុងវិវេកតែម្នាក់ឯងបាន ហេតុនេះទើបមានមែន។ កាលបើត្រេកអរក្នុងវិវេកតែម្នាក់ឯងហើយ នឹងទទួលយកនិមិត្តនៃចិត្តបាន ហេតុ​នេះ​ទើបមានមែន។ កាលបើទទួលយកនិមិត្តនៃចិត្តហើយ នឹង​បំពេញ​សម្មា​ទិដ្ឋិ​បាន ហេតុ​នេះ​ទើបមានមែន។ បើបំពេញ​សម្មា​ទិដ្ឋិ​ហើយ នឹងបំពេញសម្មាសមាធិបានទៀត ហេតុ​នេះ​ទើបមានមែន​។ បើបំពេញសម្មាស​មា​ធិហើយ នឹងលះបង់​សញ្ញោជនៈ​ទាំង​ឡាយ​បាន ហេតុ​នេះ​ទើបមានមែន​។ លះបង់សញ្ញោជនៈទាំងឡាយហើយ នឹងធ្វើឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វានបាន ហេតុ​នេះ​ទើបមានមែន​។

ទេវតាសូត្រ ទី៥

[៦៩] គ្រានោះ ទេវតាមួយអង្គ កាលបើរាត្រីបឋមយាម កន្លងទៅហើយ មានរស្មីភ្លឺ ញុំាងវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចឈរនៅក្នុងទីដ៏សមគួរ។ លុះ​ទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូល​ព្រះដ៏មានព្រះភាគ យ៉ាង​នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌ ៦ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីមិនសាបសូន្យ​ដល់​ភិក្ខុ។ ធម៌ ៦ យ៉ាង ដូច​ម្តេចខ្លះ។ គឺសេចក្តីគោរពក្នុងព្រះសាស្តា ១ សេចក្តីគោរពក្នុងព្រះធម៌ ១ សេចក្តីគោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរពក្នុងសិក្ខា ១ ភាពជាអ្នកប្រដៅ​ងាយ ១ ភាព​ជា​អ្នកមានមិត្តល្អ ១។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ ៦ យ៉ាង​នេះឯង ប្រព្រឹត្តទៅ ដើម្បីមិន​សាបសូន្យដល់ភិក្ខុ។ ទេវតានោះ បានក្រាបទូល​ពាក្យនេះហើយ។ ព្រះសាស្តា ទ្រង់សព្វ​ព្រះទ័យ។ គ្រានោះ ទេវតានោះ បានដឹងថា ព្រះសាស្តា សព្វព្រះទ័យនឹងអញ​ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់ក្នុង​ទីនោះឯង។ លំដាប់​ពីនោះមក ព្រះដ៏មានព្រះភាគ កាលដែលរាត្រី​នោះ កន្លងទៅហើយ ទ្រង់​ត្រាស់នឹងភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំង​ឡាយ យប់មិញ មានទេវតាមួយរូប កាលដែលរាត្រីបឋម​យាម កន្លងទៅហើយ មានរស្មីដ៏ភ្លឺ ធ្វើវត្តជេតពនជុំវិញទាំងអស់ ឲ្យភ្លឺស្វាង ហើយ​ចូល​មករកតថាគត លុះចូល​មកដល់ហើយ ក៏ក្រាបថ្វាយ​បង្គំតថាគត រួចឈរក្នុងទីដ៏សម​គួរ។ ម្នាលភិក្ខុទាំងឡាយ លុះទេវតានោះ ឈរក្នុងទីដ៏សមគួរហើយ  បាននិយាយ​នឹង​តថាគត យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌ ៦យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​មិនសាបសូន្យដល់ភិក្ខុ។ ធម៌ ៦យ៉ាង តើដូចម្តេចខ្លះ។ គឺសេចក្តី​គោរពក្នុង​ព្រះសាស្តា ១ សេចក្តី​គោរពក្នុងព្រះធម៌ ១ សេចក្តី​គោរពក្នុងព្រះសង្ឃ ១ សេចក្តីគោរព​ក្នុងសិក្ខា ១ ភាព​ជាអ្នកប្រដៅងាយ ១ ភាពជាអ្នក​មានមិត្តល្អ ១។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ធម៌ ៦ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តី​មិនសាបសូន្យដល់ភិក្ខុ។ ម្នាល​ភិក្ខុទាំងឡាយ ទេវតា​នោះ បាននិយាយ​យ៉ាងនេះ លុះនិយាយពាក្យនេះចប់ហើយ ក៏​ថ្វាយ​បង្គំ​តថាគត ដើរ​ប្រទក្សិណ ហើយបាត់ក្នុងទីនោះ។ កាលបើ​ព្រះ​សាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មានព្រះភាគ ហើយទូលយ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​យល់​សេចក្តីអធិប្បាយនៃធម៌ ដែលព្រះដ៏មាន​ព្រះភាគ​សំដែងបំប្រួញនេះ ដោយសេចក្តីពិស្តារ យ៉ាងនេះបាន។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុក្នុង​សាស​នា​​នេះ ជាអ្នកគោរពក្នុងព្រះសាស្តា ដោយខ្លួនឯងផង ជាអ្នកនិយាយសរ​សើរ​គុណ នៃសេចក្តីគោរព ក្នុងព្រះសាស្តាផង ពួកភិក្ខុណា មិនគោរពក្នុង​ព្រះសាស្តាទេ ក៏ដឹកនាំ​ពួកភិក្ខុនោះ ឲ្យគោរពក្នុងព្រះសាស្តាផង។ ពួកភិក្ខុ​ណា ជាអ្នកគោរពក្នុង ព្រះសាស្តា​ស្រាប់ ​ក៏​និយាយសរសើរគុណ ​របស់ពួក​ភិក្ខុ​នោះ ដែលមានពិតប្រាកដ តាមកាលគួរផង។ ជាអ្នកគោរពក្នុងព្រះធម៌ ដោយខ្លួនឯងផង។បេ។ ជាអ្នកគោរពក្នុងព្រះសង្ឃ ជាអ្នកគោរពក្នុងសិក្ខា ជាអ្នកប្រដៅងាយ។បេ។ ជាអ្នកមានមិត្តល្អ និយាយសរសើរគុណ នៃការមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នក​ឥត​មានមិត្តល្អទេ ក៏ដឹកនាំពួកភិក្ខុទាំងនោះ ឲ្យមានមិត្តល្អផង បើពួក​ភិក្ខុណា ជាអ្នក​មានមិត្តល្អស្រាប់ហើយ ក៏និយាយសរសើរគុណ របស់ពួកភិក្ខុនោះ ដែលមានពិត​ប្រាកដ តាមកាលដ៏គួរផង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គយល់ច្បាស់ នូវ​សេចក្តី​អធិប្បាយ​នៃធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងបំប្រួញនេះ ដោយ​សេចក្តី​ពិស្តារ យ៉ាង​នេះបាន។ ម្នាលសារីបុត្ត ត្រូវហើយ ត្រូវហើយ ម្នាលសារីបុត្ត អ្នកបានយល់ច្បាស់ នូវ​សេចក្តីអធិប្បាយនៃធម៌ ដែលតថាគត សំដែងបំប្រួញនេះ ដោយ​សេចក្តី​ពិស្តារ យ៉ាង​នេះ​បាន ប្រពៃណាស់។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកគោរពក្នុងសាស្តា ដោយខ្លួនឯងផង និយាយសរសើរគុណ នៃសេចក្តីគោរពក្នុងសាស្តាផង បើពួកភិក្ខុណា មិន​គោរពក្នុងសាស្តាទេ ក៏ដឹកនាំពួកភិក្ខុទាំងនោះ ឲ្យគោរពក្នុងសាស្តាផង បើពួក​ភិក្ខុ​ណា​គោរពក្នុងសាស្តាស្រាប់ហើយ ក៏និយាយសរសើរគុណ របស់​ពួកភិក្ខុទាំងនោះ ដែល​មានពិតប្រាកដ តាមកាលគួរផង។ ជាអ្នកគោរពក្នុងធម៌ ដោយខ្លួនឯងផង។ ជា​អ្នក​គោរពក្នុងសង្ឃ ជាអ្នកគោរពក្នុងសិក្ខា ជាអ្នកប្រដៅងាយ។បេ។ ជាអ្នកមានមិត្តល្អ ជា​អ្នកសរសើរគុណ នៃការមានមិត្តល្អផង បើពួកភិក្ខុណា ជាអ្នកឥតមិត្តល្អទេ ក៏​បបួល​ពួក​ភិក្ខុ​ទាំងនោះ ឲ្យមានមិត្តល្អផង បើភិក្ខុណា ជាអ្នកមានមិត្តល្អស្រាប់ហើយ ក៏និយាយ​សរសើរគុណ របស់ពួកភិក្ខុទាំង​នោះ ដែលមានពិតប្រាកដ តាមកាលគួរផង។ ម្នាល​សារីបុត្ត សេចក្តីអធិ​ប្បាយនៃធម៌ ដែលតថាគតសំដែងបំប្រួញនេះ​ អ្នកគួរដឹង​ដោយ​​សេចក្តីពិ​ស្តារយ៉ាងនេះចុះ។

សមាធិសូត្រ ទី៦

[៧០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនមានសមាធិដ៏ស្ងប់រម្ងាប់ មិនមាន​សមាធិ​ដ៏​ឧត្តម មិនបាននូវបដិប្បស្សទ្ធិ មិនដល់នូវឯកោទិភាព ហើយនឹង​បាន​ឥទ្ធិវិធៈច្រើន​ប្រការ គឺ មនុស្សម្នាក់ ធ្វើឲ្យទៅជាច្រើនអ្នកបាន ឬមនុស្ស​ច្រើនអ្នក ធ្វើឲ្យទៅ​ជា​មនុស្ស​ម្នាក់​បាន។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ រហូតដល់ព្រហ្មលោកបាន ហេតុនេះមិនមានឡើយ។ ឮនូវសំឡេងទាំង ២ពួក គឺជាសំឡេងទេវតា និង​សំឡេង​មនុស្ស ឆ្ងាយក្តី ជិតក្តី ដោយសោតធាតុ ដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសសោតធាតុ​ជារបស់​មនុស្ស​ធម្មតាបាន ហេតុនេះមិនមានឡើយ។ កំណត់ដឹងនូវចិត្ត របស់សត្វទាំងឡាយ​ដទៃ របស់បុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់ផុតចាកកិលេសក្តី ក៏ដឹងថា ចិត្តមិនទាន់ផុតចាកកិលេស ហេតុនេះមិនមានឡើយ។ រលឹកឃើញ នូវបុពេ្វនិវាសៈ គឺ លំដាប់ខន្ធ ដែលសត្វអាស្រ័យនៅ ក្នុងកាលមុនជាច្រើនប្រការ គឺរលឹកឃើញមួយជាតិ ពីរជាតិ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ហេតុនេះមិនមានឡើយ។ មានចក្ខុដ៏បរិសុទ្ធ ដូចជាទិព្វ កន្លងចក្ខុរបស់​មនុស្សធម្មតា ឃើញនូវពួកសត្វ។បេ។ ដឹងនូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ហេតុនេះមិនមានឡើយ។ ព្រោះអស់អាសវៈ​ទាំង​ឡាយ។បេ។ ធ្វើឲ្យជាក់ច្បាស់ បានដល់ ហេតុនេះមិនមានឡើយ។

ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុនោះ មានសមាធិដ៏ល្អិត ដ៏ឧត្តម បាននូវបដិប្បស្សទ្ធិ បានដល់នូវឯកោទិភាព បាននូវឥទ្ធិវិធៈច្រើនប្រការ។បេ។ នឹងធ្វើអំណាច ឲ្យប្រព្រឹត្តទៅ ដោយកាយ រហូតដល់ព្រហ្មលោកបាន ហេតុនេះទើបមាន។ អាចឮនូវសំឡេង​ទាំង​ពីរ​ពួក គឺសំឡេងទេវតា ១ សំឡេងមនុស្ស ១ ទោះនៅឆ្ងាយក្តី ជិតក្តី ដោយសោតធាតុ ដូច​ជា​ទិព្វ ដ៏បរិសុទ្ធ កន្លងសោតធាតុរបស់មនុស្សធម្មតា ហេតុនេះទើបមាន អាចកំណត់ដឹង នូវចិត្តរបស់សត្វទាំងឡាយដទៃ របស់​បុគ្គលទាំងឡាយដទៃ ដោយចិត្តរបស់ខ្លួនបាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងថា ចិត្តប្រកប​ដោយ​រាគៈ។បេ។ ចិត្តដែលមិនទាន់រួចស្រ​ឡះក្តី ក៏ដឹងថា ចិត្តមិនទាន់រួចស្រឡះ ហេតុនេះ​ទើប​មាន។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន គឺរលឹកឃើញមួយជាតិ ពីរជាតិ។បេ។ រលឹកឃើញនូវបុព្វេនិវាសៈ មានប្រការដ៏ច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ហេតុនេះទើបមាន។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា អាចឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វ​ថោកទាប ខ្ពង់ខ្ពស់ សម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់ ដឹងច្បាស់នូវ​ពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន ហេតុនេះទើបមាន។ ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវចេតោវិមុត្តិ មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ហេតុនេះទើបមាន។

សក្ខិភព្វសូត្រ ទី៧

[៧១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង កាលបើមានហេតុ មិនគួរដើម្បីដល់នូវសេចក្តីជាក់ច្បាស់ ក្នុងគុណវិសេស​នោះៗ ទេ។ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា នេះពួកធម៌​ជាចំណែក នៃ​សេចក្តីសាបសូន្យ ១ មិនដឹងច្បាស់តាមពិតថា នេះពួកធម៌​ជាចំណែក នៃ​ការ​តាំងនៅ ១ មិនដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែកដ៏វិសេស ១ មិន​ដឹង​ច្បាស់ តាមពិតថា នេះពួកធម៌ជាចំណែក នៃសេចក្តីនឿយណាយ ១ ជាអ្នកមិនធ្វើ ដោយ​សេចក្តីគោរព ១ ជាអ្នកមិនធ្វើសេចក្តីសប្បាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង កាលបើមានហេតុ មិនគួរ​ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងគុណវិសេសនោះ ៗ ទេ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង កាលបើមាន​ហេតុ​ គួរដើម្បី​ដល់​នូវ​សេចក្តីជាក់ច្បាស់ ក្នុងគុណវិសេស​នោះៗ បាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹង​ច្បាស់តាមពិតថា នេះពួកធម៌​ជា​ចំណែក​ នៃសេចក្តីសាបសូន្យ ១ ដឹងច្បាស់តាមពិត​ថា ​នេះពួកធម៌ជាចំណែក នៃការ​តាំងនៅ ១ ដឹងច្បាស់តាមពិតថា នេះពួកធម៌ជាចំណែកដ៏វិសេស ១ ដឹងច្បាស់តាមពិតថា  នេះពួកធម៌ ជាចំណែក នៃសេចក្តីនឿយណាយ ១ ជាអ្នកធ្វើដោយ​សេចក្តី​​​គោរព ១ ជាអ្នកធ្វើសេចក្តីសប្បាយ ១។ ​ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៦ យ៉ាងនេះឯង កាលបើមានហេតុ គួរ​ដើម្បី​ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងគុណវិសេសនោះៗ បាន។

ពលសូត្រ ទី៨

[៧២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង មិនគួរដើម្បីដល់នូវភាព ជាអ្នកមានកំឡាំងក្នុងសាមាធិ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមិនឈ្លាស ក្នុងការចូលសមាធិ ១ មិនឈ្លាសក្នុងការ​តាំងនៅ​ក្នុង​សមាធិ ១ មិនឈ្លាសក្នុងការចេញចាកសមាធិ ១ មិនធ្វើនូវសេចក្តីគោរព ១ មិនធ្វើរឿយ ៗ ១ មិនធ្វើសេចក្តីសប្បាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បីដល់នូវភាពជាអ្នកមានកំឡាំងក្នុងសមាធិ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បី ដល់នូវភាព​ជាអ្នក​មានកំឡាំង ក្នុងសមាធិ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នកឈ្លាស ក្នុងការចូលសមាធិ ១ ឈ្លាសក្នុងការតាំងនៅក្នុងសមាធិ ១ ឈ្លាសក្នុងការចេញចាកសមាធិ ១ ធ្វើនូវសេចក្តីគោរព ១ ធ្វើរឿយ ៗ ១ ធ្វើសេចក្តី​សប្បាយ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរ​ដើម្បី​ដល់នូវភាពជាអ្នកមានកំឡាំងក្នុងសមាធិ។

បឋមតជ្ឈានសូត្រ ទី៩

[៧៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិនគួរបាន​បឋមជ្ឈាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺ កាមឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ​ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គលនោះ មិនបាន​ពិចារ​ណាឲ្យឃើញច្បាស់ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១។ ​ម្នាលភិក្ខុទាំង​ឡាយ បុគ្គលមិនបានលះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរបានបឋមជ្ឈានឡើយ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ទើបជាអ្នកគួរបានបឋមជ្ឈាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺ កាមច្ឆន្ទៈ ១ ព្យាបាទ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១ ទោសក្នុងកាមទាំងឡាយ បុគ្គលនោះ ពិចារណាឃើញ ដោយប្រាជ្ញារបស់ខ្លួនតាមពិត ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរ​បាន​បឋមជ្ឈាន។

ទុតិយតជ្ឈានសូត្រ ទី១០

[៧៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិនគួរ​បាន​បឋមជ្ឈាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិន​លះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរបានបឋមជ្ឈានទេ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ទើបជាអ្នកគួរបានបឋមជ្ឈាន។ ៦ យ៉ាង តើអ្វីខ្លះ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរបានបឋមជ្ឈាន។

ចប់ ទេវតាវគ្គ ទី២។

ឧទ្ទាននៃទេវតាវគ្គនោះ គឺ

និយាយអំពីអនាគាមិបុគ្គល ១ ព្រះអរហន្ត ១ មិត្ត ១ រឿងទេវតា ១ កាលបើ​មាន​ហេតុ មិនគួរដល់នូវសេចក្តីជាក់ច្បាស់ ១ កំឡាំង (ក្នុងសមាធិ) ១ បឋមជ្ឈាន ១ ឈាន ២ លើកឯទៀត ១។

អរហន្តវគ្គ

ទុក្ខសូត្រ ទី១

[៧៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង តែងនៅជាទុក្ខ ប្រកប​ដោយ​សេចក្តីលំបាក ចង្អៀតចង្អល់ ក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែក​ធ្លាយរាងកាយ​ស្លាប់​ហើយ ទៅកើតក្នុងទុគ្គតិ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺកាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១ កាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង តែងនៅជាទុក្ខ ប្រកបដោយសេចក្តី​លំបាក ប្រកប​ដោយ​សេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែក​ធ្លាយ​រាងកាយស្លាប់ហើយ ទៅកើតក្នុងទុគ្គតិ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង តែងនៅជាសុខ មិនមាន​សេចក្តី​លំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយ​រាង​កាយ​ស្លាប់​ហើយ តែងមានសុគតិ ជាទីសង្ឃឹម។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺ នេក្ខម្មវិតក្កៈ ១ អព្យាបាទវិតក្កៈ ១ អវិហឹសាវិតក្កៈ ១ នេក្ខម្មសញ្ញា ១ អព្យាបាទសញ្ញា ១ អវិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង រមែង​នៅ​ជា​សុខ មិនមានសេចក្តីលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះបែក​ធ្លាយ​រាងកាយស្លាប់ហើយ តែងមានសុគតិជាទីសង្ឃឹម។

អរហត្តសូត្រ ទី២

[៧៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិនគួរ​ធ្វើឲ្យ​ជាក់​ច្បាស់ នូវអរហត្ត។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីប្រកាន់ ដោយអាងជាតិជាដើម ១ សេចក្តីប្រកាន់ថា អញថោកទាប ១ សេចក្តីប្រកាន់ថា ខ្ពង់ខ្ពស់ ១ សេចក្តីប្រកាន់ថា លើសលុប ១ រឹងត្អឹង ១ សេចក្តីប្រកាន់ថា អញថោកថយជាងគេ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលមិនលះបង់ធម៌ទាំង ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់ នូវអរហត្តទេ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីប្រកាន់ ដោយអាងជាតិជាដើម ១ សេចក្តីប្រកាន់ថា ថោកទាប ១ សេចក្តីប្រកាន់ថា ខ្ពង់ខ្ពស់ ១ សេចក្តីប្រកាន់ថា លើស​លុប ១ រឹងត្អឹង ១ សេចក្តីប្រកាន់ថា ថោកថយជាងគេ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​លះបង់​ធម៌ ៦ យ៉ាងនេះឯង ទើបគួរ​ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តបាន។

ឧត្តរិមនុស្សធម្មសូត្រ ទី៣

[៧៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះបង់ធម៌ ៦ យ៉ាង ជាអ្នកមិន​គួរ ដើម្បីធ្វើ​ឲ្យ​ជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តម លើសមនុស្សធម៌។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺភ្លេចស្មារតី ១ មិនដឹងខ្លួន ១ មានទ្វារមិនបានគ្រប់គ្រង ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ ១ មិនដឹងប្រមាណ ក្នុងភោជន ១ និយាយកុហក ១ និយាយលើកដាក់ ១។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនលះបង់ធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរ ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ឧត្តម លើសមនុស្សធម៌។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាង ជាអ្នកគួរ ដើម្បីធ្វើឲ្យជាក់​ច្បាស់ នូវ​គុណ​វិសេស គឺញាណទស្សនៈ ដ៏ឧត្តម លើសមនុស្សធម៌។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺភ្លេច​ស្មារតី ១ មិនដឹងខ្លួន ១ មានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ ១ មិនដឹងប្រមាណ ក្នុងភោជន ១ និយាយកុហក ១ និយាយលើកដាក់ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលលះបង់ធម៌ ៦ យ៉ាងនេះឯង ទើបជាអ្នកគួរ ដើម្បី​ធ្វើឲ្យ​ជាក់​ច្បាស់ នូវ​គុណវិសេស គឺញាណទស្សនៈ ដ៏ឧត្តម លើសមនុស្សធម៌បាន។

សុខសោមនស្សសូត្រ ទី៤

[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកមាន​សុខ និង​សោមនស្សដ៏ច្រើន ក្នុងបច្ចុប្បន្ន ទាំងហេតុប្រព្រឹត្តទៅ ដើម្បីអស់អាសវៈទាំងឡាយ ភិក្ខុនោះ បានប្រារព្ធហើយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកត្រេកអរក្នុងធម៌ ១ ត្រេកអរក្នុងភាវនា ១ ត្រេកអរក្នុងការលះ ១ ត្រេកអរ​ក្នុងបវិវេក ១ ត្រេកអរក្នុងអព្យាបាទ ១ ត្រេកអរក្នុងធម៌ មិនធ្វើដំណើរ​ឲ្យ​យឺត​យូរ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមានសុខ និង​សោមនស្សដ៏ច្រើន ក្នុងបច្ចុប្បន្ន ទាំងហេតុប្រព្រឹត្តទៅ ដើម្បីអស់អាសវៈទាំងឡាយ ភិក្ខុនោះ​ បានប្រារព្ធហើយ។

អធិគមសូត្រ ទី៥

[៧៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកមិនគួរ​ដើម្បី​បាន នូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើកុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យ​ផ្សាយ​​ចេញទៅ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជា​អ្នក​មិនឈ្លាស ក្នុងសេចក្តីចំរើន ១ មិនឈ្លាសក្នុង​សេចក្តីវិនាសមួយ មិន​ឈ្លាស​ក្នុង​ឧបាយ ១ មិនញ៉ាំង​សេចក្តី​ចូល​ចិត្ត ឲ្យ​កើតឡើង ដើម្បីបាននូវកុសលធម៌ទាំងឡាយ ដែលខ្លួនមិនទាន់បាន ១ មិនរក្សា​នូវ​កុសលធម៌ទាំងឡាយ ដែលខ្លួនបានហើយ ១ មិនញ៉ាំងកុសលធម៌ ឲ្យដល់ព្រម ដោយ​ការធ្វើរឿយៗ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជា​អ្នក​មិន​គួរ ដើម្បីបាននូវកុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវ​កុសលធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយ​ចេញទៅ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បីបាន នូវ​កុសលធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវកុសលធម៌ ​ដែលខ្លួនបានរួចហើយ ឲ្យផ្សាយ​ចេញទៅ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឈ្លាស ក្នុងសេចក្តីចំរើន ១ ឈ្លាសក្នុងសេចក្តីវិនាស ១ ឈ្លាសក្នុងឧបាយ ១ ញ៉ាំងសេចក្តី​ចូល​ចិត្ត ឲ្យ​កើត​ឡើង ដើម្បីបាននូវកុសលធម៌ទាំងឡាយ ដែលខ្លួនមិនទាន់បាន ១ រក្សាកុសល​ធម៌​ទាំង​ឡាយ ដែលខ្លួនបានរួចហើយ ១ ញ៉ាំងកុសលឲ្យដល់ព្រម ដោយកិរិយាធ្វើរឿយ ៗ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរដើម្បី​បាន​នូវ​កុសល​ធម៌ ដែលខ្លួនមិនទាន់បាន ឬដើម្បីធ្វើនូវធម៌ ដែលខ្លួនបានរួចហើយ ឲ្យផ្សាយ​ចេញ​ទៅ។

មហន្តត្តសូត្រ ទី៦

[៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង មិនយូរប៉ុន្មាន គង់​ដល់​នូវ​ភាពជាធំ ទូលំទូលាយ ក្នុងធម៌ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​​មាន​ពន្លឺ គឺញាណ​ដ៏ច្រើន ១ មានព្យាយាម​ដ៏ច្រើន ១ មានសេចក្តីត្រេកអរ​ដ៏ច្រើន ១ មានសន្តោស​ដ៏ច្រើន ១ មិនលះធុរៈ​ចោលក្នុងកុសលធម៌ ១ ញ៉ាំងចិត្តឲ្យឆ្លង​ទៅរកគុណខាងលើ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង មិនយូរ​ប៉ុន្មាន គង់បាន​ដល់នូវភាពជាធំ ទូលំទូលាយ ក្នុងធម៌ទាំងឡាយ។

បឋមនិរយសូត្រ ទី៧

[៨១] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ៦ យ៉ាង តែងទៅ​កើតក្នុងនរក ដូច​ជា​គេនាំ​យកទៅទំលាក់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នក​សម្លាប់សត្វ ១ កាន់យក​ទ្រព្យ ដែលគេមិនបានឲ្យ ១ ប្រព្រឹត្តខុស​ក្នុងកាមទាំងឡាយ ១ ពោលពាក្យកុហក ១ មាន​សេចក្តី​ប្រាថ្នាអាក្រក់ ១ មានទិដ្ឋិខុ​ស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយ​ធម៌ ៦ យ៉ាងនេះឯង តែងទៅកើត​ក្នុងនរក ដូចជាគេនាំយកទៅទំលាក់។

ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង តែងទៅកើត​ក្នុងឋានសួគ៌ ដូចជាគេនាំយកទៅដាក់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរ​ចាកការសម្លាប់ ១ វៀរចាក​ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ១ វៀរ​ចាកការប្រព្រឹត្តិខុស ក្នុង​កាម​ទាំង​ឡាយ ១ វៀរចាកការនិយាយកុហក ១ មានសេចក្តីប្រាថ្នាតិច ១ មានទិដ្ឋិត្រូវ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង តែងទៅកើត​ក្នុងឋានសួគ៌ ដូច​ជា​គេនាំយកទៅដាក់។

ទុតិយនិរយសូត្រ ទី៨

[៨២] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង តែងទៅ​កើតក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល ជាអ្នកនិយាយកុហក ១ និយាយញុះញង់ ១ និយាយអាក្រក់ ១ និយាយឥតប្រយោជន៍ ១ កាចអាក្រក់ ១ ឃ្នើសឃ្នង ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយ​ធម៌ ៦ យ៉ាងនេះឯង តែងទៅកើត​ក្នុងនរក ដូចជាគេ​នាំ​​យកទៅទំលាក់។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ៦ យ៉ាង តែងទៅកើត​ក្នុងឋានសួគ៌ ដូច​ជាគេនាំ​យកទៅដាក់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​ជាអ្នកវៀរចាក​ការ​និយាយ​កុហក ១ វៀរចាកការ​និយាយញុះញង់ ១ វៀរចាកការ​និយាយអាក្រក់ ១ វៀរចាក​ការ​និយាយ​​ឥតប្រយោជន៍ ១ មិនកាចអាក្រក់ ១ មិនឃ្នើសឃ្នង ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះ​ឯង តែងទៅកើត​ក្នុងឋានសួគ៌ ដូចជាគេ​នាំ​យក​ទៅ​ដាក់។

អគ្គធម្មសូត្រ ទី៩

[៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកមិនគួរដើម្បីធ្វើ​ឲ្យ​ជាក់ច្បាស់ នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ មិនខ្មាសបាប​ ១ មិនក្តៅក្រហាយ​នឹងបាប ១ ខ្ជឹលច្រអូស ១ អប្បឥតប្រាជ្ញា ១ មានសេចក្តី​អាឡោះ​អាល័យ ក្នុងរាងកាយ និងជីវិត ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាងនេះ​ឯង ជាអ្នកមិនគួរ​ដើម្បីធ្វើឲ្យជាក់ច្បាស់​នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរ​ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវ​អរហត្ត ជាធម៌ដ៏​ខ្ពង់ខ្ពស់។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មានសទ្ធា ១ មានសេចក្តី​ខ្មាសបាប ១ មានសេចក្តី​ខ្លាចបាប​ ១ ប្រារព្ធ​ព្យាយាម ១ មានប្រាជ្ញា ១ មិន​អាឡោះអាល័យ ក្នុងរាងកាយ និងជីវិត ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរ​ដើម្បីធ្វើ​ឲ្យ​ជាក់ច្បាស់ នូវអរហត្ត ជាធម៌ដ៏ខ្ពង់ខ្ពស់។

រត្តិទិវសសូត្រ ទី១០

[៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង យប់ក្តី ថ្ងៃក្តី រមែង​មាន​មក ឯសេចក្តី​សាបសូន្យ ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តី​ចំរើន​មិន​មានឡើយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នកមានសេចក្តី​ប្រាថ្នាច្រើន មានសេច​ក្តី​ចង្អៀតចង្អល់ មិនសន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមាន តាមបាន ១ មិន​មាន​សទ្ធា ១ ទ្រុស្តសីល ១ ខ្ជឹលច្រអូស ១ ភ្លេចស្មារតី ១ អប្បឥតប្រាជ្ញា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីសាប សូន្យ ក្នុងកុសលធម៌​ទាំងឡាយ តែងកើតឡើង​ប្រាកដ សេចក្តីចំរើន​មិនមានឡើយ។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង យប់ក្តី ថ្ងៃក្តី រមែងមានមក ឯសេចក្តីចំរើន ក្នុងកុសលធម៌​ទាំងឡាយ តែងកើតឡើង​ប្រាកដ សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។​ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​មិន​មាន​សេចក្តីប្រាថ្នាច្រើន មិនមានសេចក្តីចង្អៀតចង្អល់ សន្តោសដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបាន ១ ជាអ្នក​មាន​សទ្ធា ១ មានសីល ១ ប្រារព្ធសេចក្តី​ព្យាយាម ១ មានស្មារតី ១ មានប្រាជ្ញា ១។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង យប់ក្តី ថ្ងៃក្តី រមែងមាន​មក ​​​​​​​ឯ​សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ តែងកើតឡើងប្រាកដ សេចក្តី​សាបសូន្យ​មិន​មាន​ឡើយ។

ចប់ អរហត្តវគ្គ ទី៣។

ឧទ្ទាននៃអរហត្តវគ្គនោះ គឺ

និយាយពីការនៅជាទុក្ខ ១ មិនគួរធ្វើឲ្យជាក់ច្បាស់អរហត្ត ១ ឧត្តរិមនុស្សធម៌ ១ សុខ និងសោមនស្សដ៏ច្រើន ១ ការត្រាស់ដឹង និងមិនត្រាស់ដឹង ១ ដល់នូវភាពជាធំ ១ ការទៅកើតក្នុងនរក ពីរលើក មិនគួរធ្វើឲ្យជាក់ច្បាស់នូវអគ្គធម៌ និង​គួរ​ធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវ​អគ្គធម៌ ១ យប់ និងថ្ងៃ រមែងមានមក ១។

សីតិវគ្គ

សីតិភាវសូត្រ ទី១

[៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកមិនគួរ​ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរបាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ចិត្តដែលគួរសង្កត់សង្កិន ក្នុងពេលណា មិនសង្កត់​សង្កិន​ចិត្ត ក្នុងពេលនោះ ១ ចិត្តដែលគួរផ្គងឡើង ក្នុងពេលណា មិនផ្គងចិត្តឡើង ក្នុង​ពេល​នោះ ១ ចិត្តដែលគួរធ្វើឲ្យរីករាយ ក្នុងពេលណា មិនធ្វើ​ចិត្តឲ្យរីករាយ ក្នុងពេលនោះ ១ ចិត្តដែលគួរធ្វើឲ្យព្រងើយ ក្នុងពេលណា មិនធ្វើចិត្តឲ្យព្រងើយ​ ក្នុង​ពេល​នោះ ១ ជាអ្នកស្លុងចុះ ក្នុងធម៌ថោកទាប ១ ត្រេកអរនឹងកាយរបស់ខ្លួន ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកមិនគួរដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរបាន។

ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកគួរដើម្បីធ្វើ​ឲ្យជាក់​ច្បាស់ នូវសេចក្តីត្រជាក់ចិត្ត ដ៏ប្រសើរ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចិត្តដែលគួរសង្កត់សង្កិន ក្នុងពេល​ណា ក៏សង្កត់សង្កិនចិត្ត ក្នុង​ពេល​នោះ​ ១ ចិត្តដែលគួរផ្គងឡើង ក្នុងពេល​ណា ក៏ផ្គងចិត្តឡើង ក្នុងពេលនោះ ១ ចិត្ត​ដែល​គួរធ្វើឲ្យរីករាយ ក្នុងពេលណា ក៏ធ្វើចិត្តឲ្យរីករាយ ក្នុងពេលនោះ ១ ចិត្តដែល​គួរ​ធ្វើ​ឲ្យព្រងើយ ក្នុងពេលណា ក៏ធ្វើចិត្តឲ្យព្រងើយ ក្នុងពេលនោះ ១ ជាអ្នកស្លុងចុះ ក្នុង​ធម៌​ដ៏ថ្លៃថ្លា ១ ត្រេកអរ ក្នុងព្រះនិព្វាន ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង ជាអ្នកគួរ​ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ នូវសេចក្តី​ត្រជាក់ចិត្ត​ដ៏ប្រសើរ។

អាវរណសូត្រ ទី២

[៨៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើទុកជា​កំពុង​​ស្តាប់​ព្រះសទ្ធម្ម ក៏មិនគួរដើម្បី​ចុះកាន់និយាម ៩ គឺ មគ្គដ៏ប្រពៃ ក្នុងកុសលធម៌​ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នក​ប្រកប​ដោយ​​​​​​ការរារាំង គឺកម្ម [អនន្តរិយកម្ម ទាំង ៥។] ១ ប្រកបដោយការរារាំង គឺកិលេស [និយតមិច្ឆាទិដ្ឋិ។]  ១ ប្រកបដោយការរារាំង គឺវិបាក [ឲ្យបដិសន្ធិតាមអកុសលវិបាក ឬឲ្យបដិសន្ធិជាអហេតុកកំណើត គឺកើតជាមនុស្ស​គ ថ្លង់ ខ្វាក់ ជាដើម ព្រោះអកុសលវិបាកទាំងឡាយ។ អដ្ឋកថា។] ១ មិនមាន​សទ្ធា ១ មិនពេញចិត្តនឹងធម៌ ១ អប្បឥតប្រាជ្ញា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ ៦ យ៉ាងនេះឯង បើទុកជាកំពុង​ស្តាប់ព្រះសទ្ធម្ម​ ក៏មិនគួរ​ដើម្បី​ចុះកាន់​និយាម​ ដ៏ប្រពៃ ក្នុង​កុសលធម៌​ទាំងឡាយ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើបានស្តាប់​ព្រះសទ្ធម្ម ជា​អ្នក​គួរដើម្បី​ចុះកាន់​និយាមដ៏ប្រពៃ ក្នុងកុសលធម៌​ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​ជាអ្នកមិន​ប្រកបដោយ​ការរារាំង គឺកម្ម ១ មិនប្រកប​ដោយការរារាំង គឺកិលេស ១ មិនប្រកប​ដោយការ​រារាំង គឺវិបាក ១ មានសទ្ធា ១ ពេញចិត្ត​នឹងកុសលធម៌ ១ មាន​ប្រាជ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង កាល​​បើ​បាន​ស្តាប់​ នូវព្រះសទ្ធម្ម ជាអ្នកគួរ​ដើម្បីចុះ​កាន់និយាម​ដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។

វោរោបិតសូត្រ ទី៣

[៨៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង បើទុក​ជា​កំពុង​ស្តាប់​ព្រះ​សទ្ធម្ម ក៏ជាអ្នក​មិនគួរដើម្បី​ចុះកាន់​និយាមដ៏ប្រពៃ ក្នុងកុសលធម៌​ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​ជាអ្នកផ្តាច់ផ្តិល​ជីវិតមាតា ១ ផ្តាច់ផ្តិល​ជីវិតបិតា ១ ផ្តាច់ផ្តិល​ជីវិត​អរហន្ត ១ មានចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិតឲ្យពុរពងឡើង ១ បំបែកសង្ឃ ១ អប្បឥតប្រាជ្ញា ឆ្កូតលេលា ១។ ម្នាលភិក្ខុទាំងឡាយ​ បុគ្គល​ប្រកប​ដោយ​ធម៌ ៦ យ៉ាងនេះឯង បើទុកជាកំពុងស្តាប់ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរដើម្បី​ចុះកាន់និយាម ដ៏ប្រពៃ ក្នុងកុសលធម៌​ទាំងឡាយ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង កាលបើបានស្តាប់ព្រះ​សទ្ធម្ម​ហើយ ជាអ្នកគួរដើម្បីចុះកាន់​និយាមដ៏ប្រពៃ ក្នុងកុសលធម៌​ទាំង​ឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​ជាអ្នកមិនផ្តាច់​ផ្តិលជីវិត​មាតា ១ មិនផ្តាច់ផ្តិល​ជីវិតបិតា ១ មិន​ផ្តាច់​ផ្តិល​ជីវិតអរហន្ត ១ មិនមាន​ចិត្តប្រទូស្ត ចំពោះព្រះតថាគត ធ្វើលោហិត​ឲ្យពុរ​ពង​ឡើង ១ មិនបំបែកសង្ឃ ១ មានប្រាជ្ញា មិនឆ្កូតលេលា ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌ ៦ យ៉ាងនេះឯង កាលបើបានស្តាប់​​ព្រះសទ្ធម្មហើយ ជា​អ្នក​គួរ​ដើម្បី​ចុះ​កាន់និយាមដ៏ប្រពៃ ក្នុងកុសលធម៌ទាំងឡាយ។

សុស្សូសតិសូត្រ ទី៤

[៨៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកប​ដោយធម៌ ៦ យ៉ាង បើទុកជា​កំពុង​​ស្តាប់​ព្រះសទ្ធម្ម ក៏ជាអ្នកមិនគួរ​ដើម្បីចុះកាន់​និយាមដ៏ប្រពៃ ក្នុង​កុសលធម៌​ទាំងឡាយ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺកាលបើ​ធម៌វិន័យ ដែលព្រះតថាគត​ប្រកាសសំដែង បុគ្គល​មិន​ស្តាប់​​ដោយគោរព ១ មិនប្រុង​ត្រចៀកស្តាប់ ១ មិនតាំងចិត្តស្តាប់​ឲ្យបានដឹង ១ កាន់​យក​តែ​អំពើឥតប្រយោជន៍ ១ លះបង់ប្រយោជន៍ចោល ១ ប្រកបដោយខន្តី ដ៏មិនសមគួរ ១។ ម្នាលភិក្ខុទាំងឡាយ​ បុគ្គលប្រកបដោយធម៌ ៦ យ៉ាងនេះឯង បើទុកជា​កំពុង​ស្តាប់​ព្រះ​សទ្ធម្ម ក៏មិនគួរដើម្បី​ចុះកាន់និយាម ដ៏ប្រពៃ ក្នុងកុសលធម៌​ទាំងឡាយ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៦ យ៉ាង កាលបើបាន​ស្តាប់​ព្រះសទ្ធម្ម ជាអ្នកគួរដើម្បី​ចុះកាន់និយាម​ដ៏ប្រពៃ ក្នុងកុសលធម៌​ទាំងឡាយ។ ធម៌ ៦​ យ៉ាង តើអ្វីខ្លះ។ គឺកាលបើ​ធម្មវិន័យ ដែលព្រះតថាគត ទ្រង់ប្រកាស​សំដែង បុគ្គល​ស្តាប់​ដោយ​គោរព ១ ប្រុងត្រចៀក​ស្តាប់ ១ តាំងចិត្ត​ប្រុងស្តាប់ឲ្យដឹង ១ កាន់យកនូវ​ប្រយោជន៍ ១ លះបង់នូវអំពើ​មិនជាប្រយោជន៍ ១ ប្រកបដោយ​ខន្តីដ៏សមគួរ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយធម៌ ៦ យ៉ាងនេះឯង កាលបើបាន​ស្តាប់​ព្រះសទ្ធម្ម ជា​អ្នក​គួរដើម្បី​ចុះកាន់និយាម​ដ៏ប្រពៃ ក្នុងកុសលធម៌​ទាំងឡាយ។

អប្បហាយសូត្រ ទី៥

[៨៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានលះធម៌ ៦ យ៉ាង ជាអ្នកមិនគួរ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់ នូវទិដ្ឋិសម្បទា (សោតាបត្តិមគ្គ) បានឡើយ។​ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺ​សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ​ ជាហេតុនាំឲ្យ​ទៅកាន់អបាយ ១ ទោសៈ ជាហេតុនាំឲ្យ​ទៅកាន់អបាយ ១ មោហៈ ជាហេតុ​នាំឲ្យទៅ​កាន់អបាយ ១។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មិន​បាន​លះធម៌ទាំង ៦ យ៉ាងនេះទេ មិនគួរដើម្បី​ធ្វើឲ្យជាក់​ច្បាស់​ នូវទិដ្ឋិសម្បទាបានឡើយ។

ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងបាន ទើបគួរដើម្បីធ្វើឲ្យ​ជាក់​ច្បាស់ នូវ​ទិដ្ឋិសម្បទា។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ ជាហេតុនាំ​ឲ្យទៅកាន់​អបាយ ១ ទោសៈ ជាហេតុ​នាំ​ឲ្យទៅកាន់​អបាយ ១ មោហៈ ជាហេតុនាំ​ឲ្យទៅកាន់​អបាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងនេះ​បានហើយ ទើបគួរធ្វើ​ឲ្យជាក់ច្បាស់ នូវទិដ្ឋិសម្បទាបាន។

បហីនសូត្រ ទី៦

[៩០] ម្នាលភិក្ខុទាំងឡាយ បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ទើបលះធម៌ ៦ យ៉ាង​នេះ​បាន។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ ជាហេតុនាំ​ឲ្យទៅកាន់​អបាយ ១ ទោសៈ ជាហេតុនាំ​ឲ្យទៅកាន់​អបាយ ១ មោហៈ ជា​ហេតុនាំឲ្យ​ទៅកាន់​អបាយ ១។ ម្នាលភិក្ខុទាំង​ឡាយ បុគ្គល​​ដែល​បរិបូណ៌​​ដោយ​ទិដ្ឋិ​ទើប​លះធម៌ទាំង ៦ យ៉ាងនេះបាន។

អភព្វសូត្រ ទី៧

[៩១] ម្នាលភិក្ខុទាំងឡាយ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរធ្វើធម៌ ៦ យ៉ាង ឲ្យ​កើត​ឡើង​ទេ។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺសក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីលព្វតបរាមាសៈ ១ រាគៈ ជា​ហេតុនាំ​ឲ្យទៅកាន់​អបាយ ១ ទោសៈ ជាហេតុ​នាំឲ្យទៅ​កាន់អបាយ ១ មោហៈ ជាហេតុ​នាំ​ឲ្យទៅកាន់​អបាយ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​បរិបូណ៌ដោយ​ទិដ្ឋិ មិន​គួរ​ធ្វើធម៌ ៦ យ៉ាងនេះ ឲ្យកើតឡើង​បានទេ។

បឋមអភព្វដ្ឋានសូត្រ ទី៨

[៩២] ម្នាលភិក្ខុទាំងឡាយ អភព្វដ្ឋាន (ហេតុដែលមិនគួរ) នេះ មាន ៦ យ៉ាង។ ធម៌ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គល​បរិបូណ៌ដោយ​ទិដ្ឋិ មិនគួរមិន​គោរព មិនកោតក្រែង​ចំពោះ​ព្រះសាស្តា ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែង​ចំពោះព្រះធម៌ ១ បុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោត​ក្រែងចំពោះ​សង្ឃ ១ បុគ្គល​បរិបូណ៌​ដោយទិដ្ឋិ មិនគួរមិនគោរព មិនកោតក្រែង​ចំពោះសិក្ខា ១ បុគ្គល​​បរិបូណ៌​ដោយ​ទិដ្ឋិ មិនគួរដើម្បី​ត្រឡប់មក​កាន់ហេតុ ដែលខ្លួនមិនគប្បីប្រកាន់ [ហេតុដែល​ខ្លួន​មិនគួរ​ប្រកាន់នេះ ជាឈ្មោះនៃទិដ្ឋិ ៦២ ប្រការ។] ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរញ៉ាំងភពជាគំរប់ ៨ ឲ្យកើត [មិនចាប់បដិសន្ធិជាគំរប់ ៨ ក្នុងកាមាវចរភពទៀត​ទេ។ អដ្ឋកថា។] ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាងប៉ុណ្ណេះ។

ទុតិយអភព្វដ្ឋានសូត្រ ទី៩

[៩៣] ម្នាលភិក្ខុទាំងឡាយ ហេតុមិនគួរនេះ មាន ៦ យ៉ាង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺ​បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរប្រកាន់សង្ខារណាមួយ ថាទៀង ១ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ មិនគួរប្រកាន់សង្ខារណាមួយ ថាសុខ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិន​គួរ​ប្រកាន់​ធម៌ណាមួយ ថាខ្លួន ១ បុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរធ្វើនូវអនន្តរិយកម្ម ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរ​ត្រឡប់ទៅកាន់​សេចក្តីបរិសុទ្ធិ ដោយមង្គលភ្ញាក់ផ្អើល ១ បុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរស្វែង​រក​ទក្ខិណេយ្យបុគ្គល​​ខាងក្រៅ​​ព្រះពុទ្ធ​សាសនា​នេះ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាងនេះឯង។

តតិយអភព្វដ្ឋានសូត្រ ទី១០

[៩៤] ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាង។ ៦ យ៉ាង តើអ្វី​ខ្លះ។ គឺបុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិល​ជីវិតមាតា ១ បុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិល​ជីវិតបិតា ១ បុគ្គល​បរិបូណ៌​ដោយទិដ្ឋិ មិនគួរផ្តាច់ផ្តិល​ជីវិតអរហន្ត ១ បុគ្គល​​បរិបូណ៌ដោយ​ទិដ្ឋិ មិនគួរញ៉ាំង​លោហិត​របស់ព្រះតថាគត ឲ្យពុរពង ដោយ​ចិត្ត​ប្រទូស្ត ១ បុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរបំបែកសង្ឃ ១ បុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរ​ប្រគល់ខ្លួនទៅគ្រូដទៃ ១។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាងនេះឯង។

ចតុត្ថអភព្ពដ្ឋានសូត្រ ទី១១

[៩៥] ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាង។ ៦ យ៉ាង តើអ្វី​ខ្លះ។ គឺបុគ្គល​បរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់​មកកាន់សុខ និងទុក្ខ ដែល​ខ្លួនធ្វើដោយ​ខ្លួន​ឯង ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មកកាន់សុខ និងទុក្ខ ដែលបុគ្គល​ដទៃ​ធ្វើ ១ បុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរត្រឡប់​មកកាន់សុខ និងទុក្ខ ដែលខ្លួន​ឯងធ្វើផង ដែលបុគ្គលដទៃធ្វើផង ១ បុគ្គលបរិបូណ៌​ដោយទិដ្ឋិ មិនគួរត្រឡប់​មកកាន់សុខ និងទុក្ខ ដែល​កើតឡើង ដោយមិន​អាស្រ័យហេតុ មិនជាអំពើ​ដែលខ្លួនឯងធ្វើ ១ បុគ្គលបរិបូណ៌ ដោយទិដ្ឋិ មិនគួរត្រឡប់​មកកាន់សុខ និងទុក្ខ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ មិនមែនជាអំពើ ដែលបុគ្គលដទៃធ្វើ ១ បុគ្គលបរិបូណ៌ដោយទិដ្ឋិ មិនគួរត្រឡប់មក​កាន់សុខ និងទុក្ខ ដែលកើតឡើង ដោយមិនអាស្រ័យហេតុ មិនមែនជាអំពើ ដែល​ខ្លួនឯងធ្វើផង មិនមែនជាអំពើ ដែលបុគ្គលដទៃធ្វើផង ១។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បុគ្គលដែលបរិបូណ៌​ដោយទិដ្ឋិនោះ ឃើញច្បាស់លាស់ នូវ​ហេតុផង នូវធម៌កើតអំពីហេតុផង។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលមិនគួរនេះ មាន ៦ យ៉ាង ប៉ុណ្ណេះឯង។

ចប់ សីតិវគ្គ ទី៤។

ឧទ្ទាននៃសីតិវគ្គនោះគឺ

និយាយអំពីភិក្ខុ មិនគួរធ្វើឲ្យជាក់ច្បាស់ នូវសេចក្តីត្រជាក់ ១ គួរ​ធ្វើឲ្យជាក់ច្បាស់ នូវ​សេចក្តីត្រជាក់ ១ ការរារាំង ១ ស្តាប់ដោយគោរព ១ បុគ្គលត្រូវលះបង់ធម៌ ៦ យ៉ាង ១ បុគ្គលលះបង់ធម៌ ៦ យ៉ាងហើយ ១ មិនគួរធ្វើធម៌ ៦ យ៉ាង ឲ្យកើតឡើង ១ គោរព​ក្នុង​ព្រះសាស្តា ១ មិនគួរប្រកាន់  សង្ខារណាមួយ ១ មិនគួរផ្តាច់ផ្តិលជីវិតមាតា ជាដើម ១ មិនគួរប្រកាន់សុខទុក្ខ ដោយការធ្វើខ្លួនឯង ១ មគ្គ ១។

អានិសំសវគ្គ

បាតុភាវសូត្រ ទី១

[៩៦] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦ យ៉ាង គឺ បុគ្គល​បាន​ដោយ​ក្រ​ក្នុងលោក។ ៦យ៉ាង តើអ្វីខ្លះ។ គឺការកើតឡើង នៃព្រះតថាគត ជាអរហន្តសមា្មសម្ពុទ្ធ បុគ្គល​បានដោយក្រក្នុងលោក ១ បុគ្គលជាអ្នកសំដែងធម្ម​វិន័យ ដែលព្រះតថាគត​បាន​ប្រកាស​ហើយ បុគ្គលបានដោយក្រក្នុងលោក ១ សត្វត្រឡប់មកកើត​ក្នុងប្រទេស​ជា​ទី​នៅ នៃអរិយជន បុគ្គលបានដោយក្រ ក្នុងលោក ១ ការមិនខូចខាតឥន្រ្ទិយទាំងឡាយ បុគ្គល​បានដោយក្រក្នុង​លោក ១ ភាពនៃបុគ្គល​មិន​លេលា មិនឆ្កួត បុគ្គល​បាន​ដោយ​ក្រ​ ក្នុងលោក ១  សេចក្តីពេញចិត្ត ក្នុងកុសលធម៌ បុគ្គលបានដោយក្រ ក្នុងលោក ១​។ ម្នាល​ភិក្ខុទាំងឡាយ ការកើតឡើងនៃសភាវៈ ៦ យ៉ាងនេះ បុគ្គលបានដោយ​ក្រ ក្នុង​លោក។

អានិសំសសូត្រ ទី២

[៩៧] ម្នាលភិក្ខុទាំងឡាយ អានិសង្សនៃកិរិយាធ្វើឲ្យជាក់ច្បាស់ នូវ​សោតាបត្តិផល​នេះ មាន ៦ យ៉ាង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលជាអ្នកទៀងត្រង់ ក្នុង​ព្រះ​សទ្ធម្ម ១ មានធម៌មិនសាបសូន្យ ១ សេចក្តីទុក្ខ មិនមានដល់បុគ្គល អ្នក​ធ្វើ​នូវ​ព្រះនិព្វាន ជាទីបំផុតទុក្ខ ១ ប្រកបដោយញាណមិនទួទៅ (ដល់បុថុជ្ជនទាំងឡាយ) ១ ហេតុដែលបុគ្គលនោះឃើញដោយប្រពៃ ១ ធម៌ទាំងឡាយ កើតឡើងអំពីហេតុ ១ ម្នាល​ភិក្ខុទាំងឡាយ អានិសង្ស នៃកិរិយាធ្វើឲ្យជាក់ច្បាស់ នូវសោតបត្តិផល មាន ៦ យ៉ាងនេះឯង។

អនិច្ចសូត្រ ទី៣

[៩៨] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារណាមួយ ថាទៀង នឹងប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមាន​ឡើយ។ ភិក្ខុមិន​ប្រកប​ដោយ​អនុលោមិកាខន្តិ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ មិន​ដែល​មាន​ឡើយ។ កាលភិក្ខុមិនឈានចុះកាន់និយាមដ៏ប្រពៃ នឹងធ្វើឲ្យជាក់ច្បាស់ នូវ​សោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ​មិនដែល​មាន​ឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារទាំងពួង ថាមិនទៀង នឹងប្រកប​ដោយ​អនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន។ ភិក្ខុប្រកបដោយអនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះរមែងមាន។ ភិក្ខុឈានចុះកាន់និយាមដ៏​ប្រពៃ​ហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬ​ក៏​អរហត្តបាន ហេតុនេះ​រមែង​មាន។

ទុក្ខសូត្រ ទី៤

[៩៩] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវសង្ខារណាមួយ ថា សុខ។បេ។ កាលពិចារណា នូវសង្ខារទាំងពួង ថាទុក្ខ។បេ។

អនត្តសូត្រ ទី៥

[១០០] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវធម៌ណាមួយ ថា​ជា​ខ្លួន។បេ។ កាលពិចារណា នូវធម៌ទាំងពួង ថាមិនមែនខ្លួន។បេ។

និព្វានសូត្រ ទី៦

[១០១] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថាជាទុក្ខ នឹង​ប្រកបដោយអនុលោមិកាខន្តិបាន ហេតុនេះ មិនដែលមានឡើយ។ ភិក្ខុមិន​ប្រកប​ដោយ​អនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុនេះ មិន​ដែល​មាន​ឡើយ។ ភិក្ខុមិនឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវ​សោតាបត្តិផល ឬសកទាគាមិផល អនាគាមិផល ឬក៏អរហត្តបា​ន ហេតុនេះ មិន​ដែល​មាន​ឡើយ។

ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ ពិចារណានូវព្រះនិព្វាន ថាជាសុខ នឹង​ប្រកប​ដោយ​អនុលោមិកាខន្តិបាន ហេតុនេះ រមែងមាន។ ភិក្ខុប្រកប​ដោយ​អនុលោមិកាខន្តិហើយ នឹងឈានចុះកាន់និយាមដ៏ប្រពៃបាន ហេតុ​នេះ រមែងមាន។ ភិក្ខុឈានចុះកាន់និយាមដ៏ប្រពៃហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល ឬ​សកទាគាមិផល អនាគាមិផល ឬក៏អរហត្តបាន ហេតុនេះ រមែងមាន។

អនវត្ថិតសូត្រ ទី៧

[១០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរ​ធ្វើមិន​ឲ្យ​មានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តី​សំគាល់​ថា មិនទៀង។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសង្ខារទាំងឡាយទាំងពួង នឹងប្រាកដ​ថា ជារបស់​មិនតាំង​នៅ​ខ្ជាប់​ខ្ជួន​បាន ១ ចិត្តអាត្មាអញ នឹងមិនត្រេកអរ ក្នុងលោកទាំងពួង ១ ចិត្តអាត្មាអញ នឹង​ចេញ​ចាក​​លោក​ទាំង​ពួង ១ ចិត្តឈម​ទៅរកព្រះនិព្វាន នឹងមានដល់អាត្មាអញ ១ សញ្ញោជនៈទាំងឡាយ របស់អាត្មាអញ នឹងដល់នូវការសាបសូន្យ ១ អាត្មាអញ នឹងប្រកបដោយ​ភាព នៃខ្លួន​ជា​សមណៈ​ដ៏ឧត្តម ១។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញ​នូវអានិសង្ស ៦ យ៉ាងនេះឯង គួរ​ធ្វើមិនឲ្យមានខេត្តដែន ក្នុងសង្ខារ​ទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា មិន​ទៀង។

ឧក្ខិត្តាសិកសូត្រ ទី៨

[១០៣] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរធ្វើ​មិនឲ្យ​មានខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់​នូវសេចក្តីសំគាល់ថា ជាទុក្ខ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីសំគាល់ ក្នុងការរលត់ ចំពោះសង្ខារទាំងពួង នឹង​តាំងឡើង​ប្រាកដ ដល់អាត្មាអញ ដូចនាយពេជ្ឈឃាត ដែលងារដាវឡើង ១ ចិត្តអាត្មាអញ នឹង​ចេញ​ចាកលោកទាំងពួង ១ អាត្មាអញ ជាអ្នកឃើញនូវសេចក្តីស្ងប់រម្ងាប់ ក្នុងព្រះនិព្វាន ១ អនុសយធម៌ទាំងឡាយ របស់អាត្មាអញ នឹងដល់នូវការគាស់រំលើង ១ អាត្មាអញ នឹង​ជា​អ្នកធ្វើនូវកិច្ចការ ១ ព្រះសាស្តា អាត្មាអញនឹងជាអ្នកបំរើ ប្រកបដោយមេត្តា ១។ ម្នាល​ភិក្ខុទាំងឡាយ កាលភិក្ខុឃើញ នូវអានិសង្សទាំង ៦ យ៉ាងនេះឯង គួរ​ធ្វើមិន​ឲ្យ​មាន​​ខេត្តដែន ក្នុងសង្ខារទាំងពួង ហើយដំកល់នូវសេចក្តីសំគាល់ថា​ជាទុក្ខ។

អតម្មយសូត្រ ទី៩

[១០៤] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញនូវអានិសង្ស ទាំង ៦ យ៉ាង គួរធ្វើមិន​ឲ្យ​មាន​ខេត្តដែន ក្នុងធម៌ទាំងពួង ហើយដំកល់នូវសេចក្តី​សំគាល់​ថា អនត្តា។ ៦ យ៉ាង តើអ្វីខ្លះ។ គឺអាត្មាអញ នឹងមិនមានតម្មយៈ (គឺតណ្ហា ទិដ្ឋិ) ក្នុងលោកទាំងពួង ១ ពួក​អហំការទិដ្ឋិ របស់អាត្មាអញ នឹងរលត់ទៅ ១ ពួកមមំការតណ្ហា របស់អាត្មាអញ នឹង​រលត់​ទៅ ១ អាត្មាអញ ជាអ្នកប្រកបដោយញាណមិនទួទៅ ១ ហេតុ អាត្មាអញ នឹង​ឃើញ​ដោយប្រពៃ ១ ធម៌ទាំងឡាយ កើតឡើងអំពីហេតុ ១។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុឃើញ​អានិសង្ស ទាំង ៦ យ៉ាងនេះឯង គួរធ្វើមិនឲ្យមានខេត្តដែន ក្នុង​ធម៌​ទាំង​ពួង ហើយដំកល់នូវសេចក្តីសំគាល់ថា អនត្តា។

ភវសូត្រ ទី១០

[១០៥] ម្នាលភិក្ខុទាំងឡាយ ភព ៣ នេះ បុគ្គលគួរលះ ហើយគួរសិក្សា ក្នុង​សិក្ខាទាំង ៣។ ភព ៣ ដែលបុគ្គលគួរលះ តើអ្វីខ្លះ។ គឺកាមភព ១ រូបភព ១ អរូបភព ១។ ភព ៣ យ៉ាងនេះ បុគ្គលគួរលះបង់ចេញ។ សិក្ខា ៣ ដែលបុគ្គលគួរសិក្សា តើអ្វីខ្លះ។ គឺអធិសីលសិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ បុគ្គលគួរសិក្សា ក្នុងសិក្ខាទាំង ៣ នេះ។ ម្នាលភិក្ខុទាំងឡាយ ភពទាំង ៣ នេះ ជាភពដែលភិក្ខុលះបង់ហើយផង ភិក្ខុ​ជា​អ្នកមានសិក្ខាសិក្សាហើយ ក្នុងសិក្ខាទាំងឡាយ ៣ នេះផង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភិក្ខុអ្នកបានកាត់នូវតណ្ហា ស្រាយនូវសញ្ញោជនៈ ធ្វើនូវទីបំផុតនៃទុក្ខ ព្រោះ​ត្រាស់ដឹងនូវមានះដោយប្រពៃ។

តណ្ហាសូត្រ ទី១១

[១០៦] ម្នាលភិក្ខុទាំងឡាយ តណ្ហា ៣ នេះ បុគ្គលគួរលះ ទាំងមានះ ៣ បុគ្គល​ក៏ត្រូវលះដែរ។ តណ្ហា ៣ ដែលបុគ្គលគួរលះ តើអ្វីខ្លះ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១។ តណ្ហា ទាំង ៣ នេះ បុគ្គលគួរលះ។ មានះ ៣ តើអ្វីខ្លះ។ គឺមានះ ១ ឱមានះ ១ អតិមានះ ១។ នេះមានះ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ កាលណា​តណ្ហា​ទាំង ៣ នេះ ភិក្ខុលះហើយ មានះទាំង ៣ នេះ ក៏ឈ្មោះថា ភិក្ខុលះហើយដែរ។ ម្នាល​ភិក្ខុទាំងឡាយ នេះទើបហៅថា ភិក្ខុអ្នកបានកាត់នូវតណ្ហា បានរលាស់​ចោល នូវសញ្ញោជនៈ ធ្វើនូវទី​បំផុតនៃទុក្ខ ព្រោះត្រាស់ដឹងនូវមានះដោយប្រពៃ។

ចប់ អានិសំសវគ្គ ទី៥។

ឧទ្ទាននៃអានិសំសវគ្គនោះគឺ

និយាយអំពីការកើតប្រាកដ ១ អានិសង្ស ១ អនិច្ចសញ្ញា ១ ទុក្ខសញ្ញា ១ អនត្តសញ្ញា ១ ព្រះនិព្វាន ១ មានះបី ១ មិនធ្វើនូវការចែក ១ ភពទាំងឡាយ ១ តណ្ហា ១ ទាំងអស់ត្រូវជា ១០។

ចប់ ទុតិយបណ្ណាសក។

បណ្ណាសកាសង្គហិតវគ្គ

តិកវគ្គ

រាគសូត្រ ទី១

[១០៧] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើអ្វី​ខ្លះ។ គឺរាគៈ ១ ទោសៈ ១ មោហៈ ១។ ម្នាលភិក្ខុទាំងឡាយ នេះ ធម៌ ៣ យ៉ាង។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលត្រូវចំរើនធម៌ ៣ ប្រការ ដើម្បីលះធម៌ ៣ ប្រការនេះចេញ។ ធម៌ ៣ ប្រការ តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើនអសុភ ដើម្បីលះរាគៈ ១ ត្រូវចំរើនមេត្តា ដើម្បីលះ​ទោសៈ ១ ត្រូវចំរើនបញ្ញា ដើម្បីលះមោហៈ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវចំរើន​ធម៌​ទាំង ៣ នេះ ដើម្បីលះធម៌​ ៣ យ៉ាងនេះ​។

ទុច្ចរិតសូត្រ ទី២

[១០៨] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺកាយទុច្ចរិត ១ វចីទុច្ចរិត ១ មនោទុច្ចរិត ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើនកាយសុចរិត ដើម្បីលះ​កាយទុច្ចរិតចេញ ១ ត្រូវចំរើនវចីសុចរិត ដើម្បីលះ​វចីទុច្ចរិតចេញ ១ ត្រូវចំរើនមនោសុចរិត ដើម្បីលះមនោទុច្ចរិត​ចេញ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌​ ៣ យ៉ាងនេះ។

វិតក្កសូត្រ ទី៣

[១០៩] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺ កាមវិតក្កៈ ១ ព្យាបាទវិតក្កៈ ១ វិហឹសាវិតក្កៈ ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ ១។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើននេក្ខម្មវិតក្កៈ ដើម្បីលះកាមវិតក្កៈចេញ​ ១ ត្រូវចំរើនអព្យាបាទវិតក្កៈ ដើម្បីលះព្យាបាទវិតក្កៈចេញ ១ ត្រូវ​ចំរើនអវិហឹសាវិតក្កៈ ដើម្បីលះវិហឹសាវិតក្កៈចេញ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវ​ចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។

សញ្ញាសូត្រ ទី៤

[១១០] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើ​អ្វីខ្លះ។ គឺកាមសញ្ញា ១ ព្យាបាទសញ្ញា ១ វិហឹសាសញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ​។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើននេក្ខម្មសញ្ញា ដើម្បីលះ​កាមសញ្ញា ១ ត្រូវ​ចំរើនអព្យាបាទសញ្ញា ដើម្បីលះព្យាបាទសញ្ញា ១ ត្រូវចំរើនអវិហឹសាសញ្ញា ដើម្បី​លះ​វិហឹសា​សញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បី​លះ​ធម៌ ៣ យ៉ាងនេះចេញ។

ធាតុសូត្រ ទី៥

[១១១] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺកាមធាតុ ១ ព្យាបាទធាតុ ១ វិហឹសាធាតុ ១។ ម្នាលភិក្ខុទាំង​ឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើន នេក្ខម្មធាតុ ដើម្បីលះកាមធាតុ ១ ត្រូវចំរើន​អព្យាបាទធាតុ ដើម្បីលះព្យាបាទធាតុ ១ ត្រូវចំរើនអវិហឹសាធាតុ ដើម្បីលះ​វិហឹសាធាតុ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។

អស្សាទសូត្រ ទី៦

[១១២] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺ អស្សាទទិដ្ឋិ (យល់ថាសត្វទៀង) ១ អត្តានុទិដ្ឋិ [បានដល់​សក្កាយទិដ្ឋិ ២០​ប្រការ ដែលអាស្រ័យនឹងខ្លួន។ អដ្ឋកថា។] ​១ មិច្ឆាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន​ ដើម្បីលះធម៌ ៣ យ៉ាង​នេះចេញ។ ៣ យ៉ាង តើអ្វី​ខ្លះ។ គឺបុគ្គលត្រូវចំរើនអនិច្ចសញ្ញា ដើម្បីលះអស្សាទទិដ្ឋិ ១ ត្រូវចំរើនអនត្តសញ្ញា ដើម្បីលះអត្តានុទិដ្ឋិ ១ ត្រូវចំរើនសម្មាទិដ្ឋិ ដើម្បីលះមិច្ឆាទិដ្ឋិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវ​ចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។

អរតិសូត្រ ទី៧

[១១៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើអ្វីខ្លះ។ គឺអរតិ (សេចក្តីមិនត្រេកអរ) ១ វិហឹសា (ការបៀតបៀន)១ អធម្មចរិយា (ការ​មិនប្រព្រឹត្តិធម៌) ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ទាំងឡាយ ៣ យ៉ាង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើ​អ្វីខ្លះ។ គឺបុគ្គលត្រូវចំរើនមុទិតា ដើម្បីលះអរតិ ១ ត្រូវចំរើនអវិហឹសា ដើម្បីលះវិហឹសា ១ ត្រូវ​ចំរើនធម្មចរិយា ដើម្បីលះអធម្មចរិយា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។

សន្តុដ្ឋិតាសូត្រ ទី៨

[១១៤] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើ​អ្វីខ្លះ។ គឺ អសន្តុដ្ឋិតា (សេចក្តីមិនសន្តោស) ១ អសម្បជញ្ញៈ (មិនដឹងខ្លួន) ១ មហិច្ឆតា (សេចក្តីប្រាថ្នាច្រើន) ១។ ម្នាលភិក្ខុទាំងឡាយ នេះ ធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺ​បុគ្គលត្រូវចំរើន​សន្តុដ្ឋិតា ដើម្បីលះអសន្តុដ្ឋិតា ១ ត្រូវចំរើនសម្បជញ្ញៈ ដើម្បីលះ​អសម្បជញ្ញៈ ១ ត្រូវចំរើន​អប្បិច្ឆតា ដើម្បីលះ​មហិច្ឆតា ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។

ទោវចស្សតាសូត្រ ទី៩

[១១៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ធម៌ ៣ យ៉ាង តើអ្វីខ្លះ។ គឺទោវចស្សតា (ភាពនៃបុគ្គលជាអ្នកប្រដៅបានដោយ​ក្រ) ១ បាបមិត្តតា (ភាព​នៃបុគ្គល​ជាអ្នកមាន​មិត្រអាក្រក់) ១ សេចក្តីរវើររវាយចិត្ត ១។ ម្នាលភិក្ខុទាំងឡាយ នេះ​ធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវ​ចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលគួរចំរើនសោវចស្សតា (ភាពនៃបុគ្គល​ជាអ្នកប្រដៅ​បានដោយងាយ) ដើម្បីលះទោវចស្សតា ១ ត្រូវចំរើនកល្យាណមិត្តតា ដើម្បីលះបាបមិត្តតា ១ ត្រូវ​ចំរើនអានាបានស្សតិ ដើម្បីលះសេចក្តីរវើរវាយចិត្ត ១។ ម្នាល​ភិក្ខុទាំង​ឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។

ឧទ្ធច្ចសូត្រ ទី១០

[១១៦] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយនេះ មាន ៣ យ៉ាង។ ៣ យ៉ាង តើ​អ្វីខ្លះ។ គឺ ឧទ្ធច្ចៈ (សេចក្តីរាយមាយ) ១ អសំវរៈ (សេចក្តីមិនសង្រួម) ១ បមាទៈ (សេចក្តី​ធ្វេសប្រហែស) ១។ ម្នាលភិក្ខុទាំងឡាយ នេះធម៌ ៣ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាង បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះចេញ។ ៣ យ៉ាង តើអ្វីខ្លះ។ គឺបុគ្គលត្រូវចំរើនសមថៈ ដើម្បីលះឧទ្ធច្ចៈ ១ ត្រូវចំរើនសំវរៈ ដើម្បីលះអសំវរៈ ១ ត្រូវចំរើននអប្បមាទៈ ដើម្បី លះបមាទៈ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៣ យ៉ាងនេះ បុគ្គលត្រូវចំរើន ដើម្បីលះធម៌ ៣ យ៉ាងនេះ។

ចប់ តិកវគ្គ។

ឧទ្ទាននៃតិកវគ្គនោះគឺ

និយាយអំពីរាគៈ ១ ទុច្ចរិត ១ វិតក្កៈ ១ សញ្ញា ១ ធាតុ ១ អស្សាទទិដ្ឋិ ១ អរតិ ១ តុដ្ឋិពីរលើក ១ ឧទ្ធច្ចៈ ១ វគ្គ ១។

វគ្គាសង្គហិតសុត្តន្ត / សាមញ្ញវគ្គ

កាយានុបស្សីសូត្រ ទី១

[១១៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាងចេញទេ ជា​អ្នក​មិនគួរ​ពិចារណា​ឃើញកាយក្នុងកាយ។ ៦ យ៉ាង​ តើអ្វីខ្លះ។ គឺសេចក្តីត្រេកអរ ក្នុងការងារ ១ សេចក្តីត្រេកអរ ក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរ ក្នុងការដេក ១ សេចក្តី​ត្រេកអរ ក្នុង​ការច្រឡូកច្រឡំ ដោយពួកគណៈ ១ សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណ ក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាង​នេះ​ចេញទេ ជាអ្នកមិនគួរ​ពិចារណាឃើញ​កាយក្នុងកាយឡើយ។

[១១៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងចេញ ជាអ្នកគួរ​​ពិចារណា​ឃើញ​កាយ​ក្នុងកាយ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីត្រេកអរ​ក្នុងការងារ ១ សេចក្តី​ត្រេកអរ​​​ក្នុងតិរច្ឆាន​កថា ១ សេចក្តីត្រេកអរ​ក្នុងការដេក ១ សេចក្តី​ត្រេកអរ​ក្នុង​ការ​ច្រឡូកច្រឡំ ដោយ​ពួកគណៈ ១ សេចក្តីមិន​សង្រួមទ្វារ ក្នុងឥន្រ្ទិយ​ទាំងឡាយ ១ សេចក្តីមិនដឹងប្រមាណ​ក្នុងភោជន ១។​ ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងនេះចេញ ជាអ្នកគួរ​ពិចារណាឃើញ​កាយក្នុងកាយបាន។

ធម្មានុបស្សីសូត្រ ទី២

[១១៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិន​លះធម៌ ៦ យ៉ាង ជាអ្នកមិន​គួរពិចារណា​ឃើញកាយ ក្នុងកាយ​ជាខាងក្នុង។បេ។ ក្នុងកាយ​ខាងក្រៅ… ក្នុងកាយទាំង​ខាងក្នុង ទាំង​ខាង​ក្រៅ …

[១២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាង ជាអ្នកមិនគួរ​ពិចារណា ឃើញវេទនា ក្នុងវេទនា​ទាំងឡាយ។បេ។ ក្នុងវេទនា​ទាំងឡាយ ជាខាងក្នុង… ក្នុង​វេទនា​ទាំង​ឡាយ ជាខាងក្រៅ…ក្នុងវេទនា​ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ …

[១២១] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាង ជាអ្នកមិនគួរ​​ពិចារណា​ឃើញ​ចិត្ត ក្នុងចិត្ត។បេ។ ក្នុងចិត្តជាខាងក្នុង… ក្នុងចិត្តជាខាងក្រៅ ក្នុងចិត្តទាំងខាងក្នុង ទាំង​ខាងក្រៅ…

[១២២] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាង មិនគួរពិចារណា​​ឃើញ​ធម៌ ក្នុងធម៌​ទាំងឡាយ។បេ។ ក្នុងធម៌​ទាំងឡាយ ជាខាងក្នុង… ក្នុងធម៌ទាំងឡាយ ជា​ខាង​ក្រៅ… ពិចារណា​ឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តី​ត្រេកអរ ក្នុងការងារ ១ សេចក្តីត្រេកអរ ក្នុងតិរច្ឆានកថា ១ សេចក្តីត្រេកអរ ក្នុងការដេក ១ សេចក្តី​ត្រេកអរ ក្នុង​ការច្រឡូកច្រឡំ ដោយពួកគណៈ ១ សេចក្តីមិនសង្រួមទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ១ សេចក្តីមិនដឹង​ប្រមាណ ក្នុងភោជន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនលះធម៌ ៦ យ៉ាងនេះ ទេ ជា​អ្នក​មិនគួរ​ពិចារណា​​ឃើញ​ធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅឡើយ។

[១២៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលលះធម៌ ៦ យ៉ាងបានហើយ ជាអ្នក​គួរ​ពិចារណា​​ឃើញធម៌ ក្នុងធម៌ទាំងឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។ ៦ យ៉ាង តើអ្វីខ្លះ។ គឺ​សេចក្តីត្រេកអរ ក្នុងការងារ ១។បេ។ មិនដឹងប្រមាណ​ក្នុងភោជន ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលលះធម៌ ៦ យ៉ាងនេះចេញ ជាអ្នកគួរពិចារណា​ឃើញធម៌ ក្នុង​ធម៌​ទាំង​ឡាយ ទាំងខាងក្នុង ទាំងខាងក្រៅ។

តបុស្សសូត្រ ទី៣

[១២៤] ម្នាលភិក្ខុទាំងឡាយ តបុស្សគហបតី ប្រកបដោយធម៌ ៦ យ៉ាង ជាអ្នក​អស់​សង្ស័យ ក្នុងព្រះតថាគត ជាអ្នកឃើញអមតធម៌ ហើយធ្វើឲ្យជាក់ច្បាស់ នូវ​អមតធម៌។ ៦ យ៉ាង តើអ្វីខ្លះ។ គឺសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ ១ សេចក្តីជ្រះថ្លា​មិនញាប់ញ័រ ក្នុងព្រះធម៌ ១ សេចក្តីជ្រះថ្លា មិន​ញាប់ញ័រ ក្នុងព្រះសង្ឃ ១ សីល​ដ៏ប្រសើរ ១ ញាណដ៏ប្រសើរ ១ វិមុត្តិដ៏​ប្រសើរ ១។ ម្នាលភិក្ខុទាំងឡាយ តបុស្ស​គហបតី​ ប្រកបដោយធម៌ ៦ យ៉ាងនេះ​ឯង ជាអ្នកអស់​សង្ស័យ ក្នុងព្រះតថាគត ជាអ្នកឃើញ​អមតធម៌ ហើយធ្វើឲ្យ​ជាក់ច្បាស់ នូវអមតធម៌។

ភល្លិកាទិសុត្តានិ ទី៤-ទី២៣

[១២៥] ម្នាលភិក្ខុទាំងឡាយ ភល្លិកគហបតី ១ សុទត្តគហបតី គឺអនាថ​បិណ្ឌិក ១ ចិត្តគហបតី នៅក្នុងមច្ឆិកាសណ្ខៈ ១ ហត្ថកអាឡវកៈ ១ មហានាមសក្កៈ ១ ឧគ្គគហបតី នៅក្នុង​ក្រុងវេសាលី ១ ឧគ្គតគហបតី ១ សូរអម្ពដ្ឋ ១ ជីវកកោមារភត្យ ១ នកុលបិតាគហបតី ១ តវកណ្ណិកគ​ហ​បតី ១ បូរណគហបតី ១ ឥសិទត្តគហបតី ១ សន្ធានគហបតី ១ វិជយគហបតី ១ វជ្ជិយមហិតគហបតី ១ មេណ្ឌកគហបតី ១  វាសេដ្ឋឧបាសក ១ អរិដ្ឋឧបាសក ១ សាទត្តឧបាសក ១ សុទ្ធតែប្រកបដោយធម៌ ៦ យ៉ាង ជាអ្នកអស់សេចក្តី​សង្ស័យ ក្នុងព្រះតថាគត ជាអ្នក​ឃើញ​​អមតធម៌ ហើយ​ធ្វើឲ្យជាក់​​ច្បាស់ នូវអមតធម៌។ ៦ យ៉ាង តើអ្វីខ្លះ។ គឺ សេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះពុទ្ធ ១ សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ១ សេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុង​ព្រះសង្ឃ ១ សីលដ៏ប្រសើរ ១ ញាណដ៏ប្រសើរ ១ ​វិមុត្តិ​ដ៏ប្រសើរ ១។ ម្នាលភិក្ខុ​ទាំងឡាយ សាទត្តឧបាសក ប្រកបដោយ​ធម៌ទាំង ៦ យ៉ាងនេះ ជាអ្នកអស់​សេចក្តី​សង្ស័យ ក្នុងព្រះតថាគត ឃើញអមតធម៌ ហើយធ្វើឲ្យជាក់​ច្បាស់នូវ​អមតធម៌។

រាគបេយ្យាល

[១២៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរតែចំរើនធម៌ ៦ ប្រការ ដើម្បីឲ្យ​បាន​ដឹង​ច្បាស់​នូវរាគៈ។ ៦ ប្រការ តើអ្វីខ្លះ។ គឺការឃើញដ៏ប្រសើរ ១ ការស្តាប់ដ៏ប្រសើរ ១ ការ​បាន​ដ៏ប្រសើរ ១ ការរៀនដ៏ប្រសើរ ១ ការបម្រើដ៏​ប្រសើរ ១ ការរលឹកដ៏ប្រសើរ ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៦ ប្រការនេះ បុគ្គលគួរតែចំរើន ដើម្បីឲ្យបាន​ដឹងច្បាស់នូវរាគៈ។

[១២៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលគួរតែចំរើនធម៌ ៦ ប្រការ ដើម្បីឲ្យ​បាន​ដឹង​ច្បាស់​​នូវរាគៈ។ ៦ ប្រការ តើអ្វីខ្លះ។ គឺពុទ្ធានុស្សតិ ១ ធម្មានុស្សតិ ១ សង្ឃានុស្សតិ ១ សីលានុស្សតិ ១ ចាគានុស្សតិ ១ ទេវតានុស្សតិ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការ​នេះ បុគ្គលគួរតែចំរើន ដើម្បីឲ្យបាន​ដឹងច្បាស់នូវរាគៈ។

[១២៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការ បុគ្គលគួរតែចំរើន ដើម្បីឲ្យ​បាន​ដឹង​ច្បាស់​​នូវរាគៈ។ ៦ ប្រការ តើអ្វីខ្លះ។ គឺសេចក្តីសំគាល់ថា​មិនទៀង ក្នុងរបស់មិនទៀង ១ សេចក្តីសំគាល់ថា​ជាទុក្ខ ក្នុងរបស់ជាទុក្ខ ១ សេចក្តី​សំគាល់ថា​មិនមែន​ជារបស់ខ្លួន ១ សេចក្តីសំគាល់​ក្នុងការលះ ១ សេច​ក្តី​សំគាល់ ក្នុងការ​ប្រាសចាកតម្រេក ១ សេចក្តីសំគាល់​ក្នុងការរលត់ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៦ ប្រការនេះ បុគ្គល​គួរ​តែ​ចំរើន ដើម្បីឲ្យ​បាន​ដឹងច្បាស់​នូវរាគៈ។

[១២៩] ម្នាលភិក្ខុទាំងឡាយ ដើម្បីកំណត់ដឹងនូវរាគៈ។បេ។ ធម៌ ៦ យ៉ាងនេះ បុគ្គលគួរតែចំរើន ដើម្បីឲ្យអស់រលីង លះបង់អស់ទៅ សូន្យទៅ ប្រាសចាក រលត់ កំចាត់​ចេញ រលាស់ចេញ។បេ។

[១៣០] ដើម្បីដឹងច្បាស់ កំណត់ដឹង អស់រលីង លះអស់ទៅ សូន្យទៅ ប្រាសចាក រលត់ កំចាត់ចេញ រលាស់ចេញ នូវទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ ឥស្សា មច្ឆរិយៈ មាយា សាថេយ្យៈ ថម្ភៈ សារម្ភៈ មានៈ អតិមានៈ មទៈ បមាទៈ។បេ។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ ធម៌ទាំង ៦ ប្រការនេះ​ឯង បុគ្គលគួរ​តែចំរើន។ លុះព្រះដ៏មាន​ព្រះភាគ ទ្រង់​ត្រាស់​សូត្រនេះចប់ហើយ ភិក្ខុទាំងនុ៎ះ មានចិត្តរីករាយ ត្រេកអរ នឹង​ភាសិត​​របស់​ព្រះដ៏​មាន​ព្រះភាគ។

ចប់ ឆក្កនិបាត។

ចប់ ភាគ៤៦។