វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |៤២|៤៣|៤៤|៤៥|៤៦| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

អង្គុត្តរនិកាយ បញ្ចកនិបាត បញ្ចមភាគ

ភាគ ៤៤

សូមថ្វាយបង្គំ ព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះ​។

បឋមបណ្ណាសក

សេក្ខពលវគ្គ ទី

សំខិត្តសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណិ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដី​កា របស់ព្រះដ៏មានព្រះភាគថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះករុណា ​​​​ព្រះអង្គ​​​​​​​​​​​​​​​​​​​​​​​។​​​​​​​​​​​​​​ ទើបព្រះដ៏​មានព្រះភា​​​​​​​​​​​​​គ ទ្រង់ត្រាស់​ដូច្នេះថា​​​​ ម្នាលភិក្ខុទាំងឡាយ​ កម្លាំងរបស់សេក្ខបុគ្គល​នេះ មាន​៥យ៉ាង​​។ កម្លាំង ៥យ៉ាង គឺអ្វីខ្លះ​។ គឺ កម្លាំងសទ្ធា ១ កម្លាំងហិរិ ១ ​កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១  កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ​​​ កម្លាំងរបស់សេក្ខបុគ្គលមាន​​ ៥ យ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងគួរជាអ្នកប្រកប​ដោយ​កម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងហិរិ ដែលជា​កម្លាំង​​របស់សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងឱត្តប្បៈ ដែលជាកម្លាំង​របស់​សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងវីរិយៈ​ ដែលជាកម្លាំង របស់​សេក្ខបុគ្គល គួរជាអ្នកប្រកប​ដោយ​កម្លាំង​បញ្ញា​ ដែលជាកម្លាំងរបស់សេក្ខ​បុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សា​យ៉ាងនេះឯង។

វិត្ថតសូត្រ ទី២

[២] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះមាន ៥ យ៉ាង។ កម្លាំង ៥យ៉ាង គឺអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ ​កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុង​សាសនា​នេះ ជាអ្នកមានសទ្ធា ជឿពោធិញ្ញាណរបស់ព្រះតថាគត ថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត សម្មា​សម្ពុទ្ធ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរ​ល្អ ទ្រង់ជ្រាបច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ជាសារថីទូន្មាននូវបុរស ដែលគួរទូន្មាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់​ដឹង នូវចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា កម្លាំងសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងហិរិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានហិរិ អៀន​ខ្មាស ចំពោះកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត អៀនខ្មាស ចំពោះការប៉ះពាល់ នូវអកុសលធម៌ដ៏លាមក ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងហិរិ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងឱត្តប្បៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមាន​ឱត្តប្បៈ តក់ស្លុត ចំពោះ​កាយ​ទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត តក់ស្លុត ចំពោះ​ការប៉ះពាល់ នូវអកុសលធម៌ដ៏លាមក ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា កំលាំងឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ តើដូចម្តេច​។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកប្រារព្ធព្យាយាម ដើម្បី​លះបង់​អកុសលធម៌ ដើម្បីញ៉ាំងកុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំងចិត្ត មានសេចក្តី​ខ្មីឃ្មាតដ៏មាំ មិនដាក់ធុរៈចោល ក្នុងកុសលធម៌ទាំងឡាយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងវីរិយៈ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា បរិបូណ៌ដោយបញ្ញា ដែលអាច​កំណត់​ដឹង នូវការកើត និងការរលត់ (នូវខន្ធ) ជាបញ្ញាដ៏ប្រសើរ សម្រាប់ទម្លុះ​ទម្លាយ (នូវគំនរ​កិលេស) ជាបញ្ញាអាចញ៉ាំងវដ្តទុក្ខ ឲ្យ​អស់​ទៅដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា កម្លាំងបញ្ញា​។​ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គល មាន ៥ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរសិក្សាយ៉ាងនេះថា យើងគួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំងរបស់សេក្ខបុគ្គល ដោយកម្លាំង ហិរិ… ដោយកម្លាំងឱត្តប្បៈ…​ ដោយកម្លាំងវីរិយៈ … គួរជាអ្នកប្រកបដោយកម្លាំងបញ្ញា ដែលជាកម្លាំងរបស់សេក្ខបុគ្គល ​។ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរសិក្សា​យ៉ាង​នេះឯង។

ទុក្ខសូត្រ ទី៣

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តែងនៅជាទុក្ខ ប្រកប​ដោយ​សេចក្តីតានតឹង ចង្អៀតចង្អល់ ក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយស្លាប់ទៅ ទុគ្គតិ នឹងមានប្រាកដ។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិភ្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកខ្ជិល ១ អ័ប្បឥតបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង តែងនៅ​ជា​ទុក្ខ ប្រកបដោយសេចក្តីតានតឹង ចង្អៀតចង្អល់ ក្រវល់ក្រវាយ ក្នុងបច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយស្លាប់ទៅ ទុគ្គតិនឹងមានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៥ យ៉ាង តែងនៅជាសុខ មិនមានសេចក្តីតានតឹង មិនចង្អៀតចង្អល់ មិនក្រវល់​ក្រវាយ ក្នុងបច្ចុប្បន្នឡើយ លុះបែកធ្លាយរាងកាយស្លាប់ទៅ សុគតិ នឹងមានប្រាកដ។ ប្រកប​ដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មានសទ្ធា​ ១ មានហិរិ ១ មានឱត្តប្បៈ ១ មានវីរិយៈប្រារព្ធ ១ មានបញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាងនេះ តែងនៅជាសុខ មិនមានសេចក្តីតានតឹង មិន​ចង្អៀត​ចង្អល់ មិនក្រវល់ក្រវាយ ក្នុងបច្ចុប្បន្នឡើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ សុគតិ នឹងមានប្រាកដ។

យថាភតសូត្រ ទី៤

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នឹងធ្លាក់ទៅក្នុងនរក ដូចគេ​នាំ​​យកទៅទំលាក់។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមិនមានសទ្ធា ១ មិនមានហិរិ ១ មិនមានឱត្តប្បៈ ១ ជាអ្នកខ្ជិល ១ អ័ប្បឥតបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង នឹងធ្លាក់​ទៅ​ក្នុងនរក ដូចគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នឹងទៅ​កើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដម្កល់ទុក។ ប្រកបដោយធម៌ ៥ យ៉ាង តើ​ដូច​ម្តេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ១ មានហិរិ ១ មាន​ឱត្តប្បៈ ១ មានវីរិយៈប្រារព្ធ ១ មានបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង​នេះឯង នឹងទៅកើតក្នុងស្ថានសួគ៌ ដូចគេនាំយកទៅដម្កល់ទុក។​

សិក្ខាសូត្រ ទី៥

[៥]​ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់​ភេទ​ដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥ យ៉ាង រមែងមកកាន់ស្ថាន ដែលគួរ​តិះដៀល ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យតូចពាក្យធំ ៥យ៉ាង តើអ្វីខ្លះ។ គឺសូម្បី​តែសទ្ធា ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីហិរិក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១ សូម្បីសេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌​របស់អ្នក ក៏មិនមាន ១ សូម្បីបញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មិនមាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ភិក្ខុ ឬភិក្ខុនី លាសិក្ខាត្រឡប់មកកាន់ភេទ​ដ៏ថោកទាប ពាក្យតូចពាក្យធំ សមតាមហេតុ ៥យ៉ាងនេះ រមែងមកកាន់ស្ថានដែលគួរតិះ​ដៀល ចំពោះ​បុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មាន​មុខ​ជោក​ដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង រមែងមកកាន់ស្ថាន ដែល​គួរ​សរសើរ​ចំពោះបុគ្គលនោះ ក្នុងបច្ចុប្បន្ន។ ពាក្យ (សរសើរ) សមតាមហេតុ ៥យ៉ាង តើអ្វីខ្លះ។ គឺសទ្ធាក្នុងកុសលធម៌របស់អ្នកក៏មាន ១ ហិរិក្នុងកុសលធម៌របស់អ្នក ក៏មាន ១ ឱត្តប្បៈ ក្នុងកុសលធម៌របស់អ្នក ក៏មាន ១ សេចក្តីខ្មីឃ្មាត ក្នុងកុសលធម៌ របស់អ្នក ក៏មាន ១ បញ្ញា (ការចេះដឹង) ក្នុងកុសលធម៌របស់អ្នក ក៏មាន ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ជាភិក្ខុ ឬភិក្ខុនី មានមុខជោក ដោយទឹកភ្នែក យំយែក ខំប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិសុទ្ធ​ពេញលេញ ទាំងទុក្ខ ទាំងទោមនស្ស ពាក្យ (សរសើរ) សមតាមហេតុ ៥ យ៉ាងនេះឯង រមែងមកកាន់ស្ថាន ដែលគួរសរសើរ ចំពោះមុខបុគ្គលនោះ ក្នុងបច្ចុប្បន្ននេះ។

សមាបត្តិសូត្រ ទី៦

​​​​​​​​​​​​​​​​​[៦] ម្នាលភិក្ខុទាំងឡាយ សទ្ធាដែលបុគ្គលដំកល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះសទ្ធា សាប​សូន្យ​ទៅ អស្សទ្ធិយៈ (ការមិនជឿ) រួបរឹតក្នុងកាលណា ការប៉ះពាល់នូវអកុសលធម៌ មាន​ក្នុង​កាល​ណោះ។ ម្នាលភិក្ខុទាំងឡាយ ហិរិដែលបុគ្គលដម្កល់ស៊ប់ ក្នុងកុសលធម៌ មាន​ត្រឹម​ណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិនមានត្រឹមណោះ ម្នាលភិក្ខុទាំងឡាយ លុះហិរិ សាបសូន្យ​ទៅ អហិរិកៈ (សេចក្តីមិនអៀនខ្មាស) រួបរឹតក្នុងកាលណា ការប៉ះពាល់​នូវ​អកុសលធម៌ ក៏មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ ឱត្តប្បៈ ដែលបុគ្គលដំកល់ស៊ប់ ក្នុង​កុសលធម៌ មានត្រឹមណា ការប៉ះពាល់នូវអកុសលធម៌ ក៏មិ​ន​មានត្រឹមណោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះឱត្តប្បៈ សាបសូន្យទៅ អនោត្តប្បៈ (សេចក្តីមិនតក់ស្លុត) រួបរឹត ក្នុង​កាល​ណា ការប៉ះពាល់នូវអកុសលធម៌ ក៏មានក្នុងកាលណោះ។ ម្នាលភិក្ខុទាំងឡាយ វីរិយៈ ដែល​បុគ្គលដម្កល់ស៊ប់ ក្នុងកុសលធម៌ មានត្រឹមណា ការប៉ះពាល់ នូវអកុសល ក៏មិន​មាន​ត្រឹមនោះ ម្នាលភិក្ខុទាំងឡាយ លុះវីរិយៈ សាបសូន្យទៅ កោសជ្ជៈ រួបរឹតក្នុងកាលណា ការ​ប៉ះពាល់ នូវអកុសល ក៏មានក្នុងកាលនោះ។ ម្នាលភិក្ខុទាំងឡាយ បញ្ញា​ដែល​បុគ្គលដម្កល់​ស៊ប់ ក្នុងកុសលធម៌​ មានត្រឹមណា ការប៉ះពាល់នូវ អកុសល ក៏មិនមានត្រឹមនោះ ម្នាល​ភិក្ខុទាំងឡាយ លុះបញ្ញា សាបសូន្យទៅ ទុប្បញ្ញា (ការអ័ប្បបញ្ញា) រួបរឹត ក្នុង​កាល​ណា ការប៉ះពាល់នូវអកុសល ក៏មានក្នុងកាលនោះ។

កាមសូត្រ ទី៧

[៧] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយច្រើនតែជាប់ចិត្តក្នុងកាម ម្នាលភិក្ខុទាំង​ឡាយ​ បើកុលបុត្តលះបង់កណ្តៀវ និងអម្រែក ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស គួរហៅថា កុលបុត្តអ្នកមានសទ្ធាចេញបួស។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថា កុលបុត្តអ្នកមានវ័យ គួរបាននូវកាមទាំងឡាយ តាមតែបែបណា។ ម្នាលភិក្ខុទាំង​ឡាយ ទោះកាមទាំងឡាយណា ថោកទាបក្តី កាមទាំងឡាយណា កណ្តាលក្តី កាមទាំងឡាយ​ណា ឧត្តមក្តី កាមទាំងអស់នោះ ក៏រាប់ថាជាកាមដូចៗគ្នា។ ម្នាលភិក្ខុទាំងឡាយ ដូចកុមារ​តូច ទន់ខ្ចីដេកផ្ងារ បៀមកំណាត់ឈើ ឬអំបែងក្នុងមាត់ ព្រោះអាស្រ័យ សេចក្តីប្រហែស​របស់ស្រីមេដោះ ៗ (នោះ លុះឃើញហើយ) ក៏យកចិត្តទុកដាក់ ដោយប្រញាប់ប្រញាល់ លុះយកចិត្តទុកដាក់ ដោយប្រញាប់ប្រញាល់ហើយ ក៏នាំចេញនូវកំណាត់ឈើ​ ឬអំបែង​នោះ ដោយប្រញាប់ប្រញាល់ ប្រសិនបើមិនអាចនឹងនាំចេញ ដោយប្រញាប់​ប្រញាល់​បានទេ ក៏យកដៃឆ្វេងត្រកងដោយរហ័ស ហើយធ្វើម្រាមចង្អុលដៃខាងស្តាំឲ្យខុប ខ្វេះយកចេញ ដោយទាំងឈាមមកផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះ (ខ្លាច) សេចក្តីលំបាកនុ៎ះ នឹងមានដល់កុមារ តថាគតមិនពោលថា​ សេចក្តី​លំបាកនុ៎ះ មិនមាន ដូច្នេះទេ។ ម្នាលភិក្ខុទាំងឡាយ ស្រីមេដោះ ដែលមានប្រាថ្នាសេចក្តី ចំរើន ស្វែងរកប្រយោជន៍​ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គួរតែធ្វើ​យ៉ាង​នេះឯង។ ម្នាលភិក្ខុទាំងឡាយ លុះកាលណា កុមារនោះ ចំរើនធំឡើង មានបញ្ញា​សមគួរ​ហើយ ម្នាលភិក្ខុទាំងឡាយ ទើបស្រីមេដោះ ក៏មិនសូវគយគន់មើល ចំពោះកុមារនោះ​ទេ ដោយនឹកសង្ឃឹមថា ឥឡូវនេះ កុមារចេះរក្សាខ្លួន លែងមានសេចក្តីប្រហែសធ្វេសហើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចភិក្ខុ មិនធ្វើ​ដោយ​​សទ្ធា ក្នុងកុសលធម៌ មិនធ្វើដោយហិរិ ក្នុងកុសលធម៌ មិនធ្វើដោយឱត្តប្បៈ ក្នុង​កុសលធម៌ មិន​ធ្វើដោយវីរិយៈ ក្នុងកុសលធម៌ មិនធ្វើដោយបញ្ញា ក្នុងកុសលធម៌ ដរាប​ណា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគតត្រូវតែតាមថែរក្សាភិក្ខុនោះ ដរាបនោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ លុះកាល​ណា ភិក្ខុធ្វើដោយសទ្ធា ក្នុងកុសលធម៌ ធ្វើដោយហិរិ ក្នុងកុសលធម៌ ធ្វើដោយ​ឱត្តប្បៈ ក្នុងកុសលធម៌ ធ្វើដោយបញ្ញា ក្នុងកុសលធម៌ហើយ ម្នាលភិក្ខុទាំងឡាយ ទើប​តថាគត ក៏មិនសូវគយគន់មើល ចំពោះភិក្ខុនោះទេ ដោយនឹកសង្ឃឹមថា ឥឡូវនេះ ភិក្ខុនេះ ចេះរក្សាខ្លួន លែងមានសេចក្តីប្រហែសធ្វេសហើយ។

ចវនសូត្រ ទី៨

[​៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម (សាសនធម៌)។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនមានសទ្ធា រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុមិនមានហិរិ រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនមានឱត្តប្បៈ រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នកខ្ជិលច្រអូស រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នក​អ័ប្បឥតបញ្ញា រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម​បាន​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបមិនឃ្លាត រមែង​តាំង​នៅ​ស៊ប់ ក្នុងព្រះសទ្ធម្ម ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នក​មានសទ្ធា រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​មាន​ហិរិ រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម​ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធ​សេចក្តី​ព្យាយាម រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​មាន​បញ្ញា រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៥​ យ៉ាងនេះឯង រមែងមិនឃ្លាត តាំងនៅស៊ប់​ ក្នុងព្រះសទ្ធម្មបាន។

បឋមអគារវសូត្រ ទី៩

[៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥​ យ៉ាង ជាអ្នកមិនមានសេចក្តី គោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ប្រកប ដោយ​ធម៌ ៥ ​យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានសទ្ធា មិនមាន សេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ​ភិក្ខុអ្នកមិនមានហិរិ មិនមានសេចក្តីគោរព មិនមានសេចក្តីកោត ក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមាន ឱត្តប្បៈ មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុង ព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកខ្ជិលច្រអូស មិនមានសេចក្តីគោរព មិនមាន សេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំង​នៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង នេះឯង ជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង តែងឃ្លាត មិនតាំងនៅ​ស៊ប់ ក្នុងព្រះសទ្ធម្ម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកមាន សេចក្តី​គោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម។ ប្រកប​ដោយ​ធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មានសេចក្តី​គោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុអ្នកមានហិរិ មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅ​ស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ មានសេចក្តីគោរព មាន​សេចក្តី​កោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានបញ្ញា មានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែងមិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្ម ១។ ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង រមែង​មិនឃ្លាត តាំងនៅស៊ប់ ក្នុងព្រះសទ្ធម្មបាន។

ទុតិយអគារវសូត្រ ទី១០

[១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង មិនមានសេចក្តីគោរព​​ មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុង ធម្មវិន័យនេះបាន។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​អ្នកមិនមានសទ្ធា មិនមានសេចក្តីគោរព មិនមានសេចក្តីកោតក្រែង មិនគួរនឹងដល់នូវ សេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិន មានហិរិ… ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនមានឱត្តប្បៈ … ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក ខ្ជិល​ច្រអូស ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកអ័ប្បឥតបញ្ញា មិនមានសេចក្តីគោរព មិនមាន សេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មិនមានសេចក្តីគោរព មិន​មាន​សេចក្តីកោតក្រែង មិនគួរនឹងដល់នូវសេចក្តីចំរើនលូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ​បានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង ជាអ្នកមានសេចក្តីគោរព មាន​សេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យ​នេះ​បាន។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានសទ្ធា មាន​សេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹងដល់នូវសេចក្តីចំរើន លូតលាស់ ធំ​ទូលាយ ក្នុងធម្មវិន័យនេះ ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានហិរិ… ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមានឱត្តប្បៈ … ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកប្រារព្ធសេចក្តីព្យាយាម… ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុអ្នកមានបញ្ញា ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹង​ដល់​នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង មានសេចក្តីគោរព មានសេចក្តីកោតក្រែង គួរនឹង​ដល់​នូវសេចក្តីចំរើន លូតលាស់ ធំទូលាយ ក្នុងធម្មវិន័យនេះបាន។

ចប់ សេក្ខពលវគ្គ ទី១។

ឧទ្ទាននៃសេក្ខពលវគ្គនោះ គឺ

និយាយអំពីកម្លាំងរបស់សេក្ខបុគ្គលយ៉ាងសង្ខេប ១ កម្លាំងរបស់សេក្ខបុគ្គយ៉ាង ពិស្តារ ១ ភិក្ខុមានធម៌ ៥ យ៉ាង តែងនៅជាទុក្ខ ១ ភិក្ខុមានធម៌ ៥ យ៉ាង នឹងធ្លាក់ទៅ​ក្នុង​នរក ១ ភិក្ខុ ឬភិក្ខុនីលាសិក្ខា ១ ជាគម្រប់៥ ការប៉ះពាល់អកុសល ១ សត្វតែងជាប់​ចិត្ត​ក្នុង​កាម ១ ភិក្ខុឃ្លាតចាកព្រះសទ្ធម្ម ១ ភិក្ខុមិនមានសេចក្តីគោរព ២លើក។

បឋមបណ្ណាសក ពលវគ្គ

អននុស្សុតសូត្រ ទី១

[១១] ម្នាលភិក្ខុទាំងឡាយ តថាគតប្តេជ្ញាថាជាអ្នកដល់នូវអរហត្ត ជាទីបំផុត​នៃ អភិញ្ញា និងត្រើយនៃអភិញ្ញា ក្នុងធម៌ដែលមិនធ្លាប់ឮមក ក្នុងកាលមុន ម្នាលភិក្ខុទាំងឡាយ តថាគតប្រកបដោយកម្លាំងទាំងឡាយណា ទើបប្តេជ្ញានូវតំណែងដ៏ប្រសើរ បន្លឺសីហនាទ ក្នុងកណ្តាលបរិស័ទ ញ៉ាំងចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ កម្លាំងតថាគត របស់តថាគតនោះ មាន៥ យ៉ាងនេះ។ កម្លាំង ៥យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតប្រកបដោយកម្លាំង​ទាំងឡាយណា ទើបប្តេជ្ញានូវតំណែងដ៏ប្រសើរ បន្លឺសីហនាទ ក្នុងកណ្តាលបរិស័ទ ញ៉ាំង​ចក្រដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ កម្លាំងតថាគត របស់តថាគតនោះ មាន ៥ យ៉ាងនេះឯង។

កូដសូត្រ ទី២

[១២] ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលនេះ មាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺកម្លាំងសទ្ធា ១ កម្លាំងហិរិ ១ កម្លាំងឱត្តប្បៈ ១ កម្លាំងវីរិយៈ ១ កម្លាំង​បញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់សេក្ខបុគ្គលមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្តាកម្លាំងរបស់សេក្ខបុគ្គលទាំង ៥ នេះ កម្លាំងបញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង) ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះកំពូល មាន​កំពូល​ជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃទព្វសម្ភារៈទាំងពួង) មានឧបមា ដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង របស់សេក្ខបុគ្គលទាំង ៥ យ៉ាងនេះ កម្លាំង​បញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប​​​​​​​ (នៃកម្លាំងទាំងពួង) ក៏មាន​ឧបមេយ្យ​ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរ​សិក្សា​យ៉ាងនេះថា យើងគួរជាអ្នកប្រកបដោយកម្លាំងសទ្ធា ដែលជាកម្លាំង​របស់​សេក្ខបុគ្គល គួរជាអ្នកប្រកបដោយកម្លាំងហិរិ… កម្លាំងឱត្តប្បៈ… កម្លាំងវីរិយៈ… កម្លាំង​បញ្ញា ដែលជាកម្លាំងរបស់សេក្ខបុគ្គល។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរ​សិក្សា​យ៉ាង​នេះឯង។

សំខិត្តសូត្រ ទី៣

[១៣] ម្នាលភិក្ខុទាំងឡាយ​ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥យ៉ាង តើអ្វីខ្លះ។ គឺកម្លាំង​សទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។

វិត្ថតសូត្រ ទី៤

[១៤] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ ​យ៉ាង តើអ្វីខ្លះ។​ គឺកម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ​ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះកម្លាំងសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនា​​​​នេះ ជាអ្នកមានសទ្ធា ជឿពោធិញ្ញាណរបស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ​ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាប​ច្បាស់​នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថី​ទូន្មាននូវបុរសដែលគួរទូន្មាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹង​នូវ​ចតុរារិយសច្ច ទ្រង់លែងត្រឡប់មកកាន់ភពថ្មីទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំង​សទ្ធា។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវក ក្នុងសាសនានេះ ជាអ្នកប្រារព្ធសេចក្តីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ ដើម្បី​ញ៉ាំង​កុសលធម៌ ឲ្យកើតឡើង ជាអ្នកមានកម្លាំងចិត្ត មានសេចក្តីប្រឹងប្រែង ដ៏មុតមាំ មិន​ដាក់​ធុរៈចោល ក្នុងកុសលធម៌ ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងវីរិយៈ​។ ម្នាល​ភិក្ខុ​ទាំង​​ឡាយ ចុះកម្លាំងសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ​ ជាអ្នក​មានសតិប្រកបដោយបញ្ញា ដែលមានសតិជាជំនួយ ដ៏ប្រសើរ ជាអ្នករលឹក​នឹក​ឃើញ​​ជាក់​នូវអំពើ ដែលធ្វើរួចយូរហើយខ្លះ នូវសំដីដែលពោលរួចយូរហើយខ្លះ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា កម្លាំងសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំង​សមាធិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌ បាន​ដល់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពី​សេចក្តី​​ស្ងប់ស្ងាត់ ព្រោះរម្ងាប់វិតក្កៈ វិចារៈ បានដល់ទុតិយជ្ឈាន ជាគុណជាត​មានក្នុង​សន្តាន​នៃខ្លួន មានសេចក្តីជ្រះថ្លាមាំ គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក​ មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះលះបង់​បីតិ​ផង ជាអ្នកព្រងើយកន្តើយផង មានសតិ សម្បជញ្ញៈផង ទទួលសុខដោយនាមកាយផង ក៏បានដល់តតិយជ្ឈាន ដែលព្រះអរិយទាំងឡាយ តែងសរសើរថា បុគ្គលដែលបាន​ដល់​តតិយជ្ឈាន រមែងជាអ្នកព្រងើយកន្តើយ មានសតិនៅជាសុខ ព្រោះលះបង់សុខផង ព្រោះលះបង់ទុក្ខផង ព្រោះអស់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏បានដល់​ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានតែសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ម្នាលភិក្ខុទាំងឡាយ នេះហៅថា កម្លាំងសមាធិ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា ដែលអាច​កំណត់​ដឹងនូវការកើត និងការរលត់ ជាបញ្ញាដ៏ប្រសើរ សម្រាប់ទម្លុះទម្លាយ (នូវគំនរ​កិលេស) ជាបញ្ញាអាចញ៉ាំងវដ្តទុក្ខ ឲ្យអស់ទៅដោយប្រពៃ ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា កម្លាំងបញ្ញា។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥យ៉ាងនេះឯង។

ទដ្ឋព្វសូត្រ ទី៥

[១៥] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺ​កម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុ​ទាំងឡាយ ចុះកម្លាំងសទ្ធា គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងអង្គនៃ សោតាបត្តិ ៤។ កម្លាំង​សទ្ធា គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងវីរិយៈ គួរឃើញ​ក្នុងធម៌​ណា។ គួរឃើញក្នុងសម្មប្បធាន ៤។ កម្លាំងវីរិយៈ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំង​ឡាយ ចុះកម្លាំងសតិ គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងសតិប្បដ្ធាន ៤។ កម្លាំងសតិ គួរ​ឃើញ​ក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះកម្លាំងសមាធិ គួរឃើញក្នុងធម៌ណា។ គួរ​ឃើញ​ក្នុងឈាន ៤។ កម្លាំងសមាធិ គួរឃើញក្នុងធម៌នេះ។ ម្នាលភិក្ខុទាំងឡាយ ចុះ​កម្លាំង​បញ្ញា គួរឃើញក្នុងធម៌ណា។ គួរឃើញក្នុងអរិយសច្ច ៤។ កម្លាំងបញ្ញា គួរ​ឃើញ​ក្នុង​ធម៌​នេះ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។

បុនកូដសូត្រ ទី៦

[១៦] ម្នាលភិក្ខុទាំងឡាយ កម្លាំងនេះមាន ៥ យ៉ាង។ កម្លាំង ៥ យ៉ាង តើអ្វីខ្លះ។ គឺ​កម្លាំងសទ្ធា ១ កម្លាំងវីរិយៈ ១ កម្លាំងសតិ ១ កម្លាំងសមាធិ ១ កម្លាំងបញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ កម្លាំងមាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះ កម្លាំង​បញ្ញាជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំងទាំងពួង)។ ម្នាល​ភិក្ខុ​ទាំងឡាយ ដូចផ្ទះកំពូល មានកំពូលជារបស់ប្រសើរ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃទព្វសម្ភារៈទាំងពួង) មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បណ្តាកម្លាំង ៥ យ៉ាងនេះឯង កម្លាំងបញ្ញា ជាគុណជាតខ្ពង់ខ្ពស់ ជាទីប្រជុំព្រម ជាទីអបស្ទប (នៃកម្លាំង​ទាំង​ពួង) ក៏មានឧបមេយ្យយ៉ាងនោះឯង។

បឋមហិតសូត្រ ទី៧

[១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ។ ប្រកបដោយធម៌ ៥ យ៉ាង តើ​ដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបំពេញសីលដោយខ្លួនឯង មិន​បបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកបំពេញសមាធិដោយខ្លួនឯង មិនបបួល​អ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកបំពេញបញ្ញាដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកបំពេញវិមុត្តិធម៌ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការ បំពេញក្នុងវិមុត្តិធម៌ ១ ជាអ្នកបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង មិនបបួល​អ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបត្តិដើម្បី ប្រយោជន៍អ្នកដទៃ។

ទុតិយហិតសូត្រ ទី៨

[១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនបំពេញសីល ដោយ ខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកមិនបំពេញសមាធិដោយខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកមិនបំពេញបញ្ញា ដោយខ្លួនឯង តែ បបួល​អ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកមិនបំពេញវិមុត្តិធម៌ ដោយខ្លួនឯង តែបបួល អ្នកដទៃ ក្នុងការបំពេញវិមុត្តិធម៌ ១ ជាអ្នកមិនបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង តែបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប ដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ មិនប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯង។

តតិយហិតសូត្រ ទី៩

[១៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថាជាអ្នកមិន​ប្រតិបត្តិ​ ដើម្បីប្រយោជន៍ខ្លួនឯង មិនប្រតិបត្តិ ដើម្បីប្រយោជន៍អ្នកដទៃ។ ប្រកបដោយធម៌ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនបំពេញសីល ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសីល ១ ជាអ្នកមិនបំពេញសមាធិ ដោយ ខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញសមាធិ ១ ជាអ្នកមិនបំពេញបញ្ញា ដោយ​ខ្លួន​ឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញបញ្ញា ១ ជាអ្នកមិនបំពេញវិមុត្តិធម៌ ដោយខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិធម៌ ១ ជាអ្នកមិនបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយ​ខ្លួនឯង មិនបបួលអ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាជាអ្នកមិនប្រតិបត្តិ ដើម្បីប្រយោជន៍​ខ្លួន មិនប្រតិបត្តិដើម្បីប្រយោជន៍អ្នកដទៃ។

ចតុត្ថហិតសូត្រ ទី១០

[២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥យ៉ាង ឈ្មោះថា​​ ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍ខ្លួនឯងផង ដើម្បីប្រយោជន៍អ្នកដទៃផង។ ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកបំពេញសីល ដោយខ្លួន​ឯង​ផង បបួលអ្នកដទៃ ក្នុងការបំពេញសីលផង ១ ជាអ្នកបំពេញសមាធិ ដោយខ្លួនឯង​ផង បបួលអ្នកដទៃ ក្នុងការបំពេញសមាធិផង ១ ជាអ្នកបំពេញបញ្ញា ដោយខ្លួនឯងផង បបួល​អ្នក​ដទៃ ក្នុងការបំពេញបញ្ញាផង ១ ជាអ្នកបំពេញវិមុត្តិធម៌ ដោយខ្លួនឯងផង បបួលអ្នក​ដទៃ ក្នុងការបំពេញវិមុត្តិធម៌ផង ១ ជាអ្នកបំពេញវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯងផង បបួល​អ្នកដទៃ ក្នុងការបំពេញវិមុត្តិញ្ញាណទស្សនៈផង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ជាអ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​​​​​ខ្លួនឯងផង ដើម្បី​ប្រយោជន៍​អ្នកដទៃផង។

ចប់ ពលវគ្គ ទី២។

ឧទ្ទាននៃពលវគ្គនោះគឺ

សំដែងអំពីព្រះដ៏មានព្រះភាគ ត្រាស់ដឹងសច្ចៈ ៤ ដែលមិនធ្លាប់ឮមក ១ អំពីកម្លាំង បញ្ញាប្រៀបដូចកំពូលផ្ទះ ១ អំពីកម្លាំង ៥ យ៉ាងដោយសង្ខេប ១ ដោយពិស្តារ ១ អំពី​កម្លាំង ៥ គប្បីឃើញក្នុងទីដូចម្តេច ១ អំពីកម្លាំងបញ្ញាប្រៀបដូចកំពូលផ្ទះម្តងទៀត ១ អំពី​ភិក្ខុ​ជាអ្នកប្រព្រឹត្តដើម្បីប្រយោជន៍មាន ៤លើក។

បញ្ចង្គិកវគ្គ

បឋមអគារវសូត្រ ទី១

[២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តី កោត​ក្រែង ប្រព្រឹត្តមិនស្មើ ក្នុងពួកសព្រហ្មចារីបុគ្គលសោះ នឹងបំពេញអភិសមាចារិកធម៌ គឺបញ្ញត្តសីលបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបំពេញសេក្ខធម៌ហើយ នឹង​បំពេញ​សីលបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសីលហើយ នឹងបំពេញ សម្មាទិដ្ឋិបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញ​សម្មាសមាធិបាន ហេតុនុ៎ះ រមែងមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ ជាអ្នកមាន​សេចក្តី​គោរព មានសេចក្តីកោតក្រែង ប្រព្រឹត្តស្មើ ក្នុងពួកសព្រហ្មចារីបុគ្គល នឹងបំពេញ អភិសមាចារិកធម៌បាន ហេតុនុ៎ះទើបមាន បើភិក្ខុបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះទើបមាន បើបានបំពេញសេក្ខធម៌ហើយ នឹងបំពេញ​សីលបាន ហេតុនុ៎ះទើបមាន បើបានបំពេញសីលហើយ នឹងបំពេញសម្មាទិដ្ឋិបាន ហេតុនុ៎ះទើបមាន បើបានបំពេញសម្មាទិដ្ឋិហើយ នឹងបំពេញសម្មាសមាធិបាន ហេតុនុ៎ះ​ទើបមាន។

ទុតិយអគារវសូត្រ ទី២

[២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះជាអ្នកមិនមានសេចក្តីគោរព មិនមានសេចក្តី កោតក្រែង ប្រព្រឹត្តមិនស្មើ ក្នុងពួក​សព្រហ្មចារីបុគ្គលសោះ នឹងបំពេញ​អភិសមាចារិកធម៌​បាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញអភិសមាចារិកធម៌ហើយ នឹងបំពេញ​សេក្ខធម៌​បាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញសេក្ខធម៌ហើយ នឹងបំពេញ​សីលក្ខន្ធ​បាន ហេតុនុ៎ះ​ រមែងមិនមានទេ បើមិនបានបំពេញ​សីលក្ខន្ធហើយ នឹង​បំពេញ​សមាធិក្ខន្ធបាន ហេតុនុ៎ះ រមែងមិនមានទេ បើមិនបានបំពេញ​សមាធិក្ខន្ធ​ហើយ នឹងបំពេញ​បញ្ញាខន្ធបាន ហេតុនុ៎ះ រមែងមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​នោះ ជាអ្នកមានសេចក្តីគោរព មានសេចក្តីកោតក្រែង ប្រព្រឹត្តស្មើ ក្នុងពួក​សព្រហ្មចារី​បុគ្គល​ហើយ នឹងបំពេញអភិសមាចារិកធម៌បាន ហេតុនុ៎ះ ទើបមាន បើបានបំពេញ​អភិសមាចារិកធម៌ហើយ នឹងបំពេញសេក្ខធម៌បាន ហេតុនុ៎ះ ទើបមាន បើបានបំពេញ​សេក្ខធម៌​ហើយ នឹងបំពេញសីលក្ខន្ធបាន ហេតុនុ៎ះ ទើបមាន បើបានបំពេញ​សីលក្ខន្ធ​ហើយ នឹងបំពេញសមាធិក្ខន្ធបាន ហេតុនុ៎ះ ទើបមាន បើបានបំពេញ​សមាធិក្ខន្ធ​ហើយ នឹង​បំពេញបញ្ញាខន្ធបាន ហេតុនុ៎ះ ទើបមាន។

ឧបក្កិលេសសូត្រ ទី៣

[២៣] ម្នាលភិក្ខុទាំងឡាយ មាសសៅហ្មង ដោយឧបក្កិលេសណា ជារបស់មិនទន់​ផង មិនគួរដល់ការងារផង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មិនមានរស្មីផង ជារបស់ប្រេះឆាផង មិនងាយនឹងប្រកបការ​ដោយ​ស្រួលផង ឯឧបក្កិលេសនៃមាសនេះ មាន ៥ យ៉ាង។ ឧបក្កិលេសនៃមាស ៥ យ៉ាង តើអ្វីខ្លះ។ គឺដែក ១ ស្ពាន់ ១ សំណភក់ ១ សំណប៉ាហាំង ១ ប្រាក់ ១។ ម្នាលភិក្ខុទាំងឡាយ មាសដែលសៅហ្មង ដោយឧបក្កិលេសណា ជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានរស្មីផង ជារបស់ប្រេះឆាផង មិនងាយនឹងប្រកបការដោយស្រួលផង ឧបក្កិលេស​នៃ​មាសមាន ៥ ​យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណាបើមាស ផុត​ស្រឡះចាក​ឧបក្កិលេស ​ទាំង៥ យ៉ាងនេះហើយ មាសនោះ ទើបជារបស់ទន់ផង គួរដល់ការងារផង មានរស្មីផង មិនប្រេះឆាផង ងាយនឹងប្រកបការដោយស្រួលផង បុគ្គលណាមួយ ប្រាថ្នា​គ្រឿង​ប្រដាប់ប្លែក ទោះបីចិញ្ចៀន ទោះបីកុណ្ឌល ទោះបីខ្សែក ឬសង្វារមាស ក៏គ្រឿង​ប្រដាប់​ប្លែក ៗ នោះ តែងសម្រេចប្រយោជន៍ ដល់បុគ្គលនោះ (សេចក្តីនេះ មានឧបមា​ដូច​ម្តេច​មិញ) ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចចិត្ត ដែលសៅហ្មង ដោយឧបក្កិលេស​ណា ជាធម្មជាតមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានរស្មីផង ជាចិត្តប្រេះឆាផង​ មិនងាយ​នឹងដំកល់មាំ ដើម្បីអស់អាសវៈផង ឯឧបក្កិលេស នៃចិត្តនេះមាន ៥ យ៉ាង។ ឧបក្កិលេសនៃចិត្ត ៥យ៉ាង តើអ្វីខ្លះ។ គឺ កាមច្ឆន្ទៈ ១ ព្យាបាទៈ ១ ថីនមិទ្ធៈ ១ ឧទ្ធច្ចកុក្កុច្ចៈ ១ វិចិកិច្ឆា ១។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលសៅហ្មង ដោយឧបក្កិលេសណា ជាចិត្តមិន​ទន់​ផង មិនគួរដល់ភាវនាកម្មផង មិនមានរស្មីផង ជាចិត្តប្រេះឆាផង មិនងាយនឹងដំកល់មាំ ដើម្បី​អស់អាសវៈផង ឧបក្កិលេសនៃចិត្ត មាន ៥ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលណា​បើចិត្តផុតស្រឡះ ចាកឧបក្កិលេសទាំង ៥ យ៉ាងនេះហើយ ទើបចិត្តនោះ ជាធម្មជាត​ទន់ផង គួរដល់ភាវនាកម្មផង មានរស្មីផង ជាចិត្តមិនប្រេះឆាផង ងាយនឹង​ដំកល់​មាំ ដើម្បីអស់អាសវៈផង មួយទៀត បុគ្គលបង្អោនចិត្តទៅរកធម៌ណាៗ ដែលគួរធ្វើ ឲ្យ​ជាក់ច្បាស់ ដោយអភិញ្ញាបាន កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវ សេចក្តី​ជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ បើបុគ្គល​នោះ​ ប៉ុន​ប៉ងថា អាត្មាអញ ចង់បាននូវឥទ្ធិវិធញ្ញាណច្រើនប្រការ គឺអាត្មាអញ តែម្នាក់ឯង ចង់​និម្មិតខ្លួន ឲ្យបានទៅជាមនុស្សច្រើននាក់ក៏បាន មានគ្នាច្រើននាក់ ចង់និម្មិតឲ្យ​ទៅជា​មនុស្ស​​ម្នាក់ឯងក៏បាន អាត្មាអញ ដើរទៅមិនជាប់ចំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅ ជញ្ជាំង ទីខាងក្រៅកំពែង និងទីក្រៅភ្នំ ដូចជាដើរទៅក្នុងអាកាស ក៏បាន អាត្មាអញ ចង់ងើបឡើង និងមុជចុះក្នុងផែនដី ដូចជាងើបមុជក្នុងទឹកក៏បាន អាត្មាអញ​ ចង់ដើរទៅ​លើទឹក ក៏មិនបែកធ្លាយទឹក ដូចដើរលើផែនដីក៏បាន អាត្មាអញ ចង់ទៅក្នុងអាកាស​ទាំង​ភ្នែន ដូចជាសត្វស្លាបក៏បាន អាត្មាអញ ចង់យកដៃទៅស្ទាបអង្អែល ចាប់ពាល់ព្រះចន្រ្ទ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន អាត្មាអញ ចង់ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន កាលបើ មានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងឥទ្ធិវិធញ្ញាណនោះៗ។ បើបុគ្គលនោះ​ ប៉ុនប៉ងថា អាត្មាអញ (ចង់ឲ្យ) មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងហួស នូវសោតធាតុរបស់មនុស្សធម្មតា ឮនូវសំឡេងពីរប្រការ គឺសំឡេងទិព្វ ១ សំឡេង​របស់​មនុស្ស ១ ដែលជាសំឡេងឆ្ងាយក៏បាន ជិតក៏បាន កាលបើមានហេតុ មានទំនង បុគ្គល​នោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងសោតធាតុនោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មា​អញ ចង់កំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្ត​ប្រកប​ដោយ​រាគៈ​ក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏អាត្មា​អញ គប្បីដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី អាត្មាអញ គប្បីដឹង​ច្បាស់​ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា​ ចិត្ត​ប្រាស​ចាកទោសៈ ចិត្តប្រកបដោយមោហៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រកប​ដោយ​មោហៈ ចិត្តប្រាសចាកមោហៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្ត​រួញថយក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តរួញថយ ចិត្តរាយមាយក្តី អាត្មាអញ គប្បី​ដឹង​ច្បាស់ថា ចិត្តរាយមាយ ចិត្តជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈក្តី អាត្មាអញ គប្បី​ដឹង​ច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈក្តី្ អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្ត​មិន​មែនជាមហគ្គតៈ ចិត្តជាសឧត្តរៈ គឺលោកិយចិត្តក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្ត​ជា​សឧត្តរៈ ចិត្តជាអនុត្តរៈ គឺ លោកុត្តរចិត្តក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្ត​តាំង​មាំក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តតាំងមាំ ចិត្តមិនតាំងមាំក្តី អាត្មាអញ គប្បី​ដឹង​ច្បាស់​ថា ចិត្តមិនតាំងមាំ ចិត្តរួចចាកកិលេសក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្ត​រួច​ចាក​កិលេស ចិត្តមិនទាន់រួចចាកកិលេសក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្ត​មិន​ទាន់​រួច​ចាក​កិលេស កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវ​សេចក្តីជាក់ច្បាស់ ក្នុង​បរចិត្តវិជ្ជា​នោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មាអញ ចង់រលឹកនូវបុព្វេនិវាស (ជាតិដែល​ធ្លាប់អាស្រ័យនៅ ក្នុងកាលមុន) ច្រើនប្រការ គឺរលឹកបាន ១ជាតិខ្លះ ២ជាតិខ្លះ ៣ ជាតិខ្លះ ៤ ជាតិខ្លះ ៥ជាតិខ្លះ ១០ ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ ជាតិខ្លះ ៥០ ជាតិខ្លះ ១០០ជាតិខ្លះ ១.០០០ជាតិខ្លះ ១០០.០០០ជាតិខ្លះ សំវដ្តកប្បដ៏ច្រើនខ្លះ វិវដ្តកប្បដ៏​ច្រើន​ខ្លះ សំវដ្ដវិវដ្តកប្បដ៏ច្រើនខ្លះ ថា អាត្មាអញ កើតក្នុងភពឯណោះ​ មានឈ្មោះយ៉ាងនេះ មាន​គោត្រ​យ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មាន​កំណត់​អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទៅកើតក្នុងទីឯណោះ អាត្មាអញ ​ទៅកើតក្នុងទីនោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរ​យ៉ាង​នេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះ​អាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើតក្នុងទីនេះ អាត្មាអញ គប្បីរលឹក​នូវបុព្វេនិវាស​បានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ កាល​បើ​មានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបុព្វេនិវាសញ្ញាណ​នោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មាអញ ចង់ឲ្យមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួស​ចក្ខុ​របស់​មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់​ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ចង់ដឹងច្បាស់​នូវពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយ​ទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាសត្វតិះដៀល នូវពួកព្រះអរិយៈ ជាមិច្ឆាទិដ្ធិ ប្រកាន់នូវកម្ម ជាមិច្ឆាទិដ្ធិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកខាងសត្វទាំងនេះ ប្រកប​ដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសត្វ​មិនតិះ​ដៀល​ពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែក​ធ្លាយ​រាង​កាយស្លាប់ទៅ ក៏ទៅកាន់សុគតិសួគ៌ទេវលោក អាត្មាអញ ចង់ឲ្យមានទិព្វចក្ខុដ៏បរិសុទ្ធ កន្លង​ហួសចក្ខុរបស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោក​ទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ អាត្មាអញ ចង់ដឹង​ច្បាស់ នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការៈដូច្នេះ កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងទិព្វ​ចក្ខុញ្ញាណ​នោះៗ។ បើបុគ្គលនោះ ប៉ុនប៉ងថា អាត្មាអញ ចង់ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលជាធម៌មិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រាន្តនៅ កាលបើមានហេតុ មានទំនង បុគ្គលនោះ ក៏ដល់នូវ​សេចក្តីជាក់ច្បាស់ ក្នុងអាសវក្ខយញ្ញាណនោះៗ។

ទុស្សីលសូត្រ ទី៤

[២៤] ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ឈ្មោះថា សមាធិមានឧបនិស្ស័យ [សំដៅយកសីល ដែលជាហេតុឲ្យកើត​សមាធិ ៗ​ជាហេតុ​ឲ្យកើត​យថាភូតញ្ញាណទស្សនៈ ៗ ជាហេតុឲ្យកើតនិព្វិទាវិរាគៈ ៗ ជាហេតុ​ឲ្យ​កើត​វិមុត្តិញ្ញាណទស្សនៈ។] ស្លាប់ កាលបើសម្មាសមាធិមិនមាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលដែលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា យថាភូតញ្ញាណទស្សនៈ មាន ឧបនិស្ស័យស្លាប់ កាលបើយថាភូតញ្ញាណទស្សនៈមិនមាន និព្វិទាវិរាគៈ របស់បុគ្គល ដែល​វិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ មានឧបនិស្ស័យស្លាប់ កាល​បើនិព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលដែលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈមានឧបនិស្ស័យស្លាប់ ម្នាលភិក្ខុទាំងឡាយ ដើម​ឈើ​ប្រាស​ចាក​មែក និងស្លឹកហើយ ក្រមរនៃឈើនោះក្តី ក៏មិនសូវបរិបូណ៌ សម្បកក្តី ក៏មិនសូវ​បរិបូណ៌ ស្រាយក្តី ក៏មិនសូវបរិបូណ៌ ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ សេចក្តីនេះ មាន​ឧបមា​ដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចសម្មាសមាធិ របស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល ឈ្មោះថា សម្មាសមាធិមានឧបនិស្ស័យស្លាប់ កាលបើសម្មាសមាធិ​មិន​មាន​យថាភូតញ្ញាណទស្សនៈ របស់បុគ្គលដែលវិបត្តិចាកសម្មាសមាធិ ឈ្មោះថា យថា​ភូតញ្ញាណទស្សនៈ មានឧបនិស្ស័យស្លាប់ កាលបើយថាភូតញ្ញាណទស្សនៈមិនមាន និព្វិទាវិរាគៈ របស់បុគ្គលដែលវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ​មានឧបនិស្ស័យស្លាប់ កាលបើនិព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈ​របស់បុគ្គល​ដែលវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈ មានឧបនិស្ស័យស្លាប់។ ម្នាលភិក្ខុ​ទាំងឡាយ សម្មាសមាធិ របស់បុគ្គលមានសីល ពេញលេញដោយសីល ឈ្មោះថា សមាធិ​បរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិមាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គល​ដែលពេញលេញ ដោយសម្មាសមាធិ ឈ្មោះថា យថាភូតញ្ញាណទស្សនៈ បរិបូណ៌ដោយឧបនិស្ស័យ កាលបើយថាភូតញ្ញាណទស្សនៈ មាន និព្វិទាវិរាគៈ របស់បុគ្គលដែលពេញលេញ ដោយយថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ បរិបូណ៌ដោយឧបនិស្ស័យ កាលបើនិព្វិទាវិរាគៈមាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលដែលពេញលេញ ដោយនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈ បរិបូណ៌ដោយឧបនិស្ស័យ ម្នាលភិក្ខុ​ទាំងឡាយ ដើមឈើ​ដែលមានមែក និងស្លឹកបរិបូណ៌ ក្រមរនៃឈើនោះក្តី ក៏បរិបូណ៌ សម្បកក្តី ក៏បរិបូណ៌ ស្រាយក្តី ក៏បរិបូណ៌ ខ្លឹមក្តី ក៏បរិបូណ៌ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចសម្មាសមាធិ របស់បុគ្គលមានសីល ពេញលេញដោយសីល ឈ្មោះថា សម្មាសមាធិ បរិបូណ៌ដោយឧបនិស្ស័យ កាលបើសម្មាសមាធិ មាន យថាភូតញ្ញាណទស្សនៈ របស់បុគ្គលដែល​ពេញលេញ​ ដោយ​សម្មាសមាធិ ឈ្មោះថា យថាភូតញ្ញាណទស្សនៈ បរិបូណ៌ដោយឧបនិស្ស័យ កាលបើ​យថាភូតញ្ញាណទស្សនៈ មាន និព្វិទាវិរាគៈ របស់បុគ្គល​ដែលពេញលេញ​ ដោយ​យថាភូតញ្ញាណទស្សនៈ ឈ្មោះថា និព្វិទាវិរាគៈ បរិបូណ៌ដោយឧបនិស្ស័យ កាលបើ​និព្វិទាវិរាគៈ មាន វិមុត្តិញ្ញាណទស្សនៈ របស់បុគ្គលដែលពេញលេញ ដោយនិព្វិទាវិរាគៈ ឈ្មោះថា វិមុត្តិញ្ញាណទស្សនៈ បរិបូណ៌ដោយឧបនិស្ស័យ។

អនុគ្គហិតសូត្រ ទី៥

[២៥]​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិដែលមានអង្គ ៥ ជួយទំនុកបម្រុងហើយ
រមែង​មានចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផល​ផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ អង្គ ៥ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ក្នុងធម្មវិន័យនេះ សម្មាទិដ្ឋិ ដែលសីលជួយទំនុកបម្រុង ១ សុតៈជួយទំនុកបម្រុង ១ សាកច្ឆា​ជួយទំនុកបម្រុង ១ សមថៈជួយទំនុកបម្រុង ១ វិបស្សនាជួយទំនុកបម្រុង ១។ ម្នាលភិក្ខុ​ទាំងឡាយ សម្មាទិដ្ឋិដែលអង្គ ៥ នេះឯង ជួយទំនុកបម្រុងហើយ រមែងមាន ចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។

វិមុត្តាយតនសូត្រ ទី៦

[២៦] ម្នាលភិក្ខុទាំងឡាយ វិមុត្តាយតនៈ (ហេតុជាគ្រឿងរួចចាកកិលេស) នេះ មាន ៥ យ៉ាង ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ​កិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ចិត្តដែលមិនទាន់រួចស្រឡះ ក៏រមែងរួចស្រឡះ ផង អាសវៈដែលមិនទាន់អស់ ក៏រមែងដល់នូវការអស់ទៅផង ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែងដល់ផង។ វិមុត្តាយតនៈ ៥ យ៉ាង តើដូច​ម្តេច​ខ្លះ។ ម្នាលភិក្ខុទាំងឡាយ ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ក្នុងសាសនានេះ ជាគរុដ្ឋាននីយបុគ្គល (បុគ្គលគួរគោរព) សំដែងធម៌ដល់ភិក្ខុ ម្នាលភិក្ខុទាំងឡាយ ព្រះ​សាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជាគរុដ្ឋាននីយបុគ្គល សំដែងធម៌ដល់ភិក្ខុនោះ​ យ៉ាងណា ៗ ភិក្ខុនោះ រមែងដឹងច្បាស់ នូវអដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុង​ធម៌នោះ យ៉ាងនោះ ៗ កាលបើភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ
(សេចក្តីរីករាយ) រមែងកើតឡើង កាលបើមានបាមោជ្ជៈហើយ បីតិ ក៏កើតឡើង កាល​បើមានចិត្តប្រកប​ដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ កាលបើមាននាមកាយស្ងប់ រម្ងាប់ហើយ រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសេចក្តីសុខ តែង​ដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជា វិមុត្តាយតនៈ ទី១ ដែលជាគុណជាត សម្រាប់ភិក្ខុ មិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ចិត្តដែលមិនទាន់រួចស្រឡះ ក៏រមែងរួចស្រឡះផង អាសវៈដែលមិនទាន់អស់ ក៏ដល់នូវការ​អស់ទៅផង ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែង ដល់ផង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជា​គរុដ្ឋានីយបុគ្គល មិនសំដែងធម៌ដល់ភិក្ខុ តែថាសំដែងធម៌ដល់បុគ្គលដទៃ តាម សមគួរដល់ការចេះដឹង តាមសមគួរដល់ការសិក្សា ដោយពិស្តារ ម្នាលភិក្ខុទាំងឡាយ ភិក្ខុសំដែងធម៌ដល់បុគ្គលដទៃ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារយ៉ាងណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់ នូវអដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ ក៏កើតឡើង កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្ត​ប្រកប​ដោយ​បីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ កាលបើមាននាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួល​សេចក្តីសុខ ចិត្តរបស់ភិក្ខុដែលមានសេចក្តីសុខ តែងដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះ ជាវិមុត្តាយតនៈ ទី២ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ។ បេ។ ចិត្តដែលមិន​ទាន់​ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែងដល់ផង ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ជាគរុដ្ឋានីយបុគ្គល មិនបានសំដែង ធម៌ដល់ភិក្ខុទេ ទាំងមិនបានសំដែងធម៌ដល់បុគ្គលដទៃ តាមសមគួរ ដល់ការចេះដឹង តាម សមគួរដល់ការសិក្សា ដោយពិស្តារទេ គ្រាន់តែធ្វើការស្វាធ្យាយធម៌ តាមសមគួរដល់​ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារ ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើនូវការ​ស្វាធ្យាយ​ធម៌ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារយ៉ាង​ណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់នូវអដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ ក៏រមែងកើតឡើង កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្ត ប្រកបដោយបីតិហើយ នាមកាយ ក៏ស្ងប់រម្ងាប់ កាលបើមាននាមកាយស្ងប់រម្ងាប់ហើយ ក៏រមែងទទួលសេចក្តីសុខ  ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសេចក្តីសុខ តែងដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជា វិមុត្តាយតនៈ ទី៣ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ។ បេ​។ ចិត្តដែលមិន​ទាន់​ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈ ក៏រមែងដល់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រះសាស្តា ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជាគរុដ្ឋានីយបុគ្គល មិនសំដែងធម៌ដល់ ភិក្ខុ ទាំងមិនបានសំដែងធម៌ដល់បុគ្គលដទៃ តាមសមគួរដល់ការចេះដឹង សមគួរដល់ ការសិក្សា ដោយពិស្តារទេ ទាំងមិនធ្វើនូវការស្វាធ្យាយធម៌ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារដែរ គ្រាន់តែត្រិះរិះ ពិចារណា រំពឹងក្នុងចិត្ត ដោយចិត្ត ចំពោះធម៌ តាមសមគួរ ដល់ការចេះដឹង សមគួរដល់ការសិក្សា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រិះរិះ ពិចារណា រំពឹងក្នុងចិត្ត ដោយចិត្ត ចំពោះធម៌ តាមសមគួរ ដល់ការចេះដឹង សមគួរដល់ការសិក្សា យ៉ាងណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់នូវអដ្ឋកថាផង ដឹងច្បាស់នូវ​បាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី ​បាមោជ្ជៈ រមែងកើតឡើង កាលបើមានបាមោជ្ជៈ ​បីតិក៏កើតឡើង កាលបើមានចិត្ត ប្រកបដោយបីតិ នាមកាយក៏ស្ងប់រម្ងាប់ ភិក្ខុដែលមាននាមកាយស្ងប់រម្ងាប់ ក៏រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ ក៏រមែងដំកល់មាំ ម្នាលភិក្ខុ​ទាំងឡាយ នេះជា វិមុត្តាយតនៈ ទី៤ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ។ បេ។ ចិត្តដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេមចាកយោគៈ ក៏រមែងដល់។ ម្នាលភិក្ខុ​ទាំងឡាយ មួយវិញទៀត ព្រះសាស្តា​ ឬភិក្ខុជាសព្រហ្មចារីណាមួយ ដែលជា​គរុដ្ឋានីយបុគ្គល មិនបានសំដែងធម៌ដល់ភិក្ខុទេ ទាំងក៏មិនបានសំដែងធម៌ ដល់បុគ្គលដទៃ តាមសមគួរដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារទេ ទាំងមិនបានធ្វើ​នូវការស្វាធ្យាយធម៌ តាមសមគួរ ដល់ការចេះដឹង សមគួរដល់ការសិក្សា ដោយពិស្តារទេ ទាំងមិនបានត្រិះរិះ ពិចារណា រំពឹងក្នុងចិត្ត ដោយចិត្តចំពោះធម៌ តាមសមគួរដល់ការ ចេះដឹង សមគួរដល់ការសិក្សាទេ តែលោករៀនយកដោយល្អ នូវសមាធិនិមិត្តណាមួយ ធ្វើទុកក្នុងចិត្តដោយល្អ​ ចងចាំ ដោយល្អ យល់ច្បាស់ដោយល្អ ដោយប្រាជ្ញា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុរៀនយកដោយល្អ នូវសមាធិនិមិត្តណាមួយ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញាយ៉ាងណាៗ ភិក្ខុនោះ ក៏ដឹងច្បាស់នូវ​អដ្ឋកថាផង ដឹងច្បាស់នូវបាលីផង ក្នុងធម៌នោះ យ៉ាងនោះៗ កាលភិក្ខុនោះ ដឹងច្បាស់នូវអដ្ឋកថា ដឹងច្បាស់នូវបាលី បាមោជ្ជៈ ក៏កើតឡើង កាលបើមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើមានចិត្តប្រកបដោយបីតិហើយ នាមកាយក៏ស្ងប់រម្ងាប់ កាលបើមាន​នាមកាយស្ងប់រម្ងាប់ហើយ រមែងទទួលសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលប្រកបដោយសេចក្តីសុខ​ តែងដំកល់មាំ ម្នាលភិក្ខុទាំងឡាយ នេះជាវិមុត្តាយតនៈ ទី៥ ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ​។ បេ។ ចិត្ត​ដែលមិនទាន់ដល់នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈ ក៏រមែងដល់។ ម្នាលភិក្ខុទាំងឡាយ វិមុត្តាយតនៈ ទាំង ៥ យ៉ាងនេះឯង ដែលជាគុណជាត សម្រាប់ភិក្ខុមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តស្លុងទៅ (កាន់ព្រះនិព្វាន) ចិត្តដែលមិនទាន់រួចស្រឡះ ចាកកិលេស ក៏រួចស្រឡះផង អាសវៈដែលមិនទាន់អស់ទៅ ក៏ដល់នូវការអស់ទៅផង ចិត្តដែលមិនទាន់បានដល់​នូវធម៌ ជាគ្រឿងក្សេម ចាកយោគៈដ៏ប្រសើរ ក៏រមែងដល់ផង។

សមាធិសូត្រ ទី៧

[២៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរជាអ្នកប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើននូវសមាធិប្រមាណមិនបាន (លោកុត្តរៈ) ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើននូវសមាធិ ប្រមាណមិនបាន ញាណ (ការដឹង) ៥យ៉ាង ក៏រមែងកើតឡើង ចំពោះខ្លួនមិនខាន។ ញាណ ៥យ៉ាង តើដូចម្តេចខ្លះ។ គឺញាណ រមែងកើតឡើងចំពោះខ្លួនថា សមាធិនេះ [អរហត្តផលសមាធិ ឬមគ្គសមាធិ។ សមាធិនោះ ជាសុខក្នុងបច្ចុប្បន្ន ព្រោះបានសេចក្តី​សុខ​ ក្នុងខណៈ​ដែលផឹក ឬក្រេបអារម្មណ៍។] ជាសុខក្នុងបច្ចុប្បន្នផង មានផលជាសុខតទៅផង ១ [សមាធិដែលមានមុនហើយ ឲ្យផលជាសុខ ក្នុងខាងមុខតទៅ ព្រោះសមាធិមុននោះ ជាបច្ច័យដល់សមាធិសុខខាងក្រោយ។] ញាណ រមែងកើតឡើង ចំពោះខ្លួនថា សមាធិនេះ ប្រាសចាកអាមិសៈ [អាមិសៈ មាន៣យ៉ាង គឺ កាមាមិសៈ នុយគឺកាម១ វដ្តាមិសៈ នុយគឺ​វដ្ត១ លោកាមិសៈ នុយគឺលោក១។ អដ្ឋកថា។] ដ៏ប្រសើរ ១ ញាណ រមែងកើតឡើង ចំពោះ​ខ្លួនថា សមាធិនេះ បុរសល្អតែងសេពគប់ ១ ញាណ រមែងកើតឡើង ចំពោះខ្លួនថា សមាធិនេះ ល្អិតម៉ដ្ឋចត់ ជាគុណនាំឲ្យបុគ្គលបាននូវបដិប្បស្សទ្ធិ (សេចក្តីស្ងប់) បាន​នូវ​ឯកគ្គតារម្មណ៍ តែមិនទាន់បានដល់ នូវ​ការ​សង្កត់​សង្កិន ឃាត់​ហាម​កិលេស ដោយ​សេចក្តី​ព្យាយាម​ទេ ១ ញាណ រមែងកើតឡើង ចំពោះខ្លួនថា អាត្មាអញនោះសោត នឹករលឹករួច សឹមចូលកាន់សមាធិនេះ នឹករលឹករួច សឹមចេញចាកសមាធិនេះ ១។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរជាអ្នកប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើន​នូវ​សមាធិ ប្រមាណមិនបាន ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ប្រកបដោយប្រាជ្ញាចាស់ក្លា និងសតិខ្ជាប់ខ្ជួន ចំរើនសមាធិ ប្រមាណមិនបាន ញាណទាំង ៥ ប្រការនេះឯង រមែង​កើត​ឡើង ចំពោះខ្លួនឯងមិនខាន។

បញ្ចង្គិកសូត្រ ទី៨

[២៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងវិធីចំរើន​សម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយអង្គ ៥ ចូរអ្នកទាំងឡាយ ប្រុងស្តាប់សម្មាសមាធិនោះចុះ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ វីធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម។បេ។ បានដល់បឋមជ្ឈាន។ ភិក្ខុនោះក៏ ញ៉ាំងករជកាយនេះ​ ឲ្យជ្រូតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ផ្សព្វផ្សាយដោយ​បីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់​ភិក្ខុ​នោះ ឈ្មោះថា​ មិនផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ មិនមាន​ឡើយ ​ម្នាលភិក្ខុទាំងឡាយ ដូចអ្នកផ្ងូតទឹកក្តី​ បុគ្គលអ្នកជំនួយការនៃអ្នកផ្ងូតទឹកក្តី ដែល​ឈ្លាសវៃ រោយលំអិតសម្រាប់ងូត ក្នុងភាជនៈសម្រិទ្ធិ ហើយប្រោះព្រំដោយទឹក រួចហើយ​ក៏សូនជាដុំ លុះដល់វេលាល្ងាច ដុំលំអិតសម្រាប់ងូត (នោះ) ក៏ស្អិតចាប់ចូលគ្នាស្អិតល្មួត ទាំង​ខាងក្នុងខាងក្រៅ មិនបានរាត់រាយខ្ចាយចេញឡើយ យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុដែលញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ​ដោយបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយ​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើតអំពី​សេចក្តី​ស្ងប់​ស្ងាត់ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើន​សម្មាសមាធិ​ដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី១។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ បានដល់ទុតិយជ្ឈាន។ ភិក្ខុនោះ ក៏ញ៉ាំងករជកាយនេះ ឲ្យ​ជ្រួតជ្រាប ឆ្អែតស្កប់ស្កល់​ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ​ ដែលកើតអំពីសមាធិ ប្រទេស​បន្តិច​បន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបាន​ផ្សព្វផ្សាយដោយ​បីតិ និងសុខ ដែលកើតអំពីសមាធិ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជា​អន្លង់​ទឹក​ដ៏ជ្រៅ មានទឹក​ជោរឡើង ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងកើត នៃ​អន្លង់ទឹកនោះ ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងលិច ក៏មិនមាន ប្រឡាយជា​ទីហូរ​មក​នៃ​ទឹក ក្នុងទិសខាងជើង ក៏មិនមាន ប្រឡាយជាទីហូរមកនៃទឹក ក្នុងទិសខាងត្បូង ក៏មិនមាន​ ទាំង​ភ្លៀង ក៏មិនបានបង្អុរចុះនូវធារទឹកដោយស្រួល ក្នុងអន្លង់​ទឹកនោះ តាម​កាល​វេលាឡើយ ឯធារទឹកដ៏ត្រជាក់ ក៏ស្រាប់តែជោរឡើង អំពីអន្លង់ទឹកនោះប៉ុណ្ណោះ ហើយ​ក៏​ញ៉ាំងអន្លង់ទឹកនោះ ឲ្យជ្រួតជ្រាបឆ្អែតដីបរិបូណ៌ផ្សព្វផ្សាយ ដោយទឹកដ៏ត្រជាក់ ប្រទេស​បន្តិច​បន្តួច នៃអន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិន​មាន​ឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំងករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយបីតិ និងសុខ ដែលកើត​អំពី​សមាធិ ប្រទេស​បន្តិច​បន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វ​ផ្សាយ​ដោយបីតិ និងសុខ ដែល​កើតអំពីសមាធិ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាវីធី​ចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី២។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត ភិក្ខុព្រោះនឿយណាយ ចាកបីតិ។បេ។ បានដល់តតិយជ្ឈាន។ ភិក្ខុ​នោះ ក៏ញ៉ាំង​ករជកាយនេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយសុខ ឥតមានបីតិ ប្រទេស​បន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបាន​ផ្សព្វផ្សាយ​ដោយ​សុខ ដែលគ្មានបីតិ មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ ដូចជាទីដែលដុះ​ព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី មានព្រលិត ឬឈូកក្រហម ឬឈូកសពួកខ្លះ ដែលដុះក្នុងទឹក ចំរើនក្នុងទឹក មិនទាន់លូតឡើងផុតអំពីទឹក លិចទៅក្នុងទឹក រស់នៅអាស្រ័យទឹក បទុមជាតទាំងនោះ រមែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយ​ទឹកដ៏​ត្រជាក់ តាំងអំពីឫស មើម រហូតដល់ចុង ប្រទេសបន្តិចបន្តួច នៃវារិជាតទាំងអស់ ដែលជាព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញ៉ាំង​ករជកាយ​នេះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយសុខ ឥតមានបីតិ ប្រទេស​បន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយ​សុខ ដែលគ្មានបីតិ មិនមានឡើយ​ ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ​នេះជាវិធីចំរើន សម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី៣។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ព្រោះលះបង់សុខផង លះបង់ទុក្ខផង។បេ។ ក៏បានដល់ចតុត្ថជ្ឈាន។ ភិក្ខុនោះ អង្គុយ​ផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផង មិនមានឡើយ ម្នាលភិក្ខុ​ទាំង​ឡាយ ដូចជាបុរសយកសំពត់សស្អាត មកអង្គុយទទូរអស់ទាំងក្បាល ប្រទេសបន្តិចបន្តួច​នៃកាយទាំងអស់ របស់បុរសនោះ ឈ្មោះថា មិនផ្សាយដោយសំពត់សស្អាត មិនមានឡើយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលអង្គុយផ្សាយទៅកាន់កាយនេះឯង ដោយចិត្តដ៏បរិសុទ្ធផូរផង់ ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ ឈ្មោះថា មិនផ្សាយដោយចិត្ត ដ៏បរិសុទ្ធផូរផង់ មិនមានឡើយ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំង​ឡាយ នេះជាវិធីចំរើនសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ទី៤។ ​​​​​​​​​​​​​​ ម្នាលភិក្ខុទាំង​ឡាយ មួយទៀត បច្ចវេក្ខណនិមិត្ត ភិក្ខុបានរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញា ម្នាលភិក្ខុទាំងឡាយ ដូចជាមនុស្សដទៃ​ សំឡឹងមើលបុគ្គលដទៃ ឬអ្នកឈរ សំឡឹងមើលអ្នកអង្គុយ ឬក៏អ្នកអង្គុយ សំឡឹង​មើលអ្នក​ដេក យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បច្ចវេក្ខណនិមិត្ត ភិក្ខុបានរៀនយកដោយល្អ ធ្វើទុកក្នុងចិត្តដោយល្អ ចងចាំដោយល្អ យល់ច្បាស់ដោយល្អ ដោយបញ្ញា ក៏យ៉ាងនោះឯង ម្នាលភិក្ខុទាំងឡាយ នេះជាវិធីចំរើនសម្មាសមាធិ ដ៏ប្រសើរ ប្រកបដោយ អង្គ ៥ ទី៥។ ម្នាលភិក្ខុទាំងឡាយ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ដែលភិក្ខុចំរើន​ហើយយ៉ាងនេះ ធ្វើឲ្យច្រើនហើយយ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើ​ឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា ម្នាលភិក្ខុទាំងឡាយ ដូចជាពាង​ទឹក ដែលពេញដោយទឹក ពេញស្មើ (នឹងមាត់) ល្មមសត្វក្អែកឱនផឹកបាន ដែលគេ​ដំកល់ទុកលើជើងទ្រ បុរសដែលមានកម្លាំង លើករំកិលពាងទឹកនោះ ទៅក្នុងទីណាៗ តើទឹកគប្បីដោយតាមមកបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន គប្បីដោយតាមមកបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកប​ដោយអង្គ ៥ ភិក្ខុបានចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ ភិក្ខុបង្អោន​ចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាស្រះបោក្ខរណី ក្នុងភូមិភាគដ៏ស្មើ មានជ្រុង ៤ មានភ្លឺព័ទ្ធជុំវិញ ជាស្រះពេញដោយទឹក ពេញស្មើ (នឹងមាត់) ល្មមសត្វក្អែក ឱនផឹកបាន បុរសអ្នកមានកម្លាំង នឹងបើកនូវភ្លឺនោះចេញ ត្រង់កន្លែងណាៗ តើទឹកគប្បីហូរ​ចេញទៅ​បានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន នឹងហូរចេញទៅបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ភិក្ខុបានចំរើន​ហើយ យ៉ាងនេះ បានធ្វើឲ្យច្រើនហើយ យ៉ាងនេះ ភិក្ខុបង្អោនចិត្តទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យ​ជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង ក៏រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ដូចជារថសេះអាជានេយ្យ ដែលគេទឹមបញ្ឈរទុក ក្នុងផ្លូវធំ ៤ មានផែនដី​រាបស្មើ តែងមានរំពាត់ផ្គងទុក នាយសារថីអ្នកទូន្មានសេះ ជាអាចារ្យអ្នកបង្ហាត់សេះ ស្ទាត់វាងវៃ ឡើងកាន់រថនោះ យកដៃឆ្វេងកាន់ខ្សែ ដៃស្តាំកាន់រំពាត់ហើយ បរទៅមុខក្តី បរបត់មកក្រោយក្តី តាមផ្លូវណាៗ ដែលគេប្រាថ្នា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើសម្មាសមាធិដ៏ប្រសើរ ប្រកបដោយអង្គ ៥ ដែលភិក្ខុចំរើនហើយ យ៉ាងនេះ ធ្វើឲ្យ​ច្រើនហើយយ៉ាងនេះ ភិក្ខុបង្អោនចិត្ត ទៅរកធម៌ណាៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា កាលបើមានហេតុ មានទំនង រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងធម៌នោះៗ ដោយការធ្វើឲ្យជាក់ច្បាស់ ដោយអភិញ្ញា ក៏យ៉ាងនោះឯង។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យ​អាត្មាអញ បានសម្រេចឥទ្ធិវិធញ្ញាណ ច្រើនប្រការ គឺ អាត្មាអញម្នាក់ឯង និម្មិតខ្លួនឲ្យបាន​ច្រើននាក់ក៏បាន។បេ។ អាត្មាអញ គប្បីធ្វើអំណាច ឲ្យប្រពឹត្តទៅដោយកាយ ដរាបដល់​ព្រហ្មលោក​ក៏បាន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់​នូវសេចក្តីជាក់​ច្បាស់ ក្នុងឥទ្ធិវិធញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសោត​ធាតុជាទិព្វ។បេ។ ឮសំឡេងឆ្ងាយក៏បាន ជិតក៏បាន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងដល់នូវ​សេចក្តីជាក់ច្បាស់ ក្នុងសោតធាតុនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យ​អាត្មាអញ កំណត់ដឹងចិត្ត របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្ត (របស់ខ្លួន) គឺចិត្ត ប្រកប​ដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់រួចស្រឡះ​ចាក​កិលេសក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ ចាកកិលេស កាលបើមានហេតុ មាន​ទំនង ភិក្ខុនោះ រមែងដល់នូវសេចក្តីជាក់ច្បាស់ ក្នុងបរចិត្តវិជ្ជានោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ រឭកឃើញនូវបុព្វេនិវាសច្រើនប្រការ គឺរឭកបាន ១ ជាតិខ្លះ ២ ជាតិខ្លះ។បេ។ គប្បីរឭកឃើញនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់​នូវសេចក្តី​ជាក់ច្បាស់ ក្នុងបុព្វេនិវាសញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា។បេ។ គប្បីដឹងច្បាស់ នូវពពួកសត្វ ដែលអន្ទោលទៅតាមកម្ម កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបាន​ដល់នូវសេចក្តីជាក់ច្បាស់ ក្នុងទិព្វចក្ខុញ្ញាណនោះៗ។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មា​អញ បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលជាធម៌​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសាវៈទាំងឡាយ ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន កាលបើមានហេតុ មានទំនង ភិក្ខុនោះ រមែងបានដល់នូវសេចក្តីជាក់ច្បាស់ ក្នុងអាសវក្ខយញ្ញាណនោះៗ។

ចង្កមសូត្រ ទី៩

[២៩] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការចង្រ្កមនេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកអត់ធន់ ក្នុងដំណើរផ្លូវឆ្ងាយ ១ អត់ធន់ក្នុងការព្យាយាម ១ មិនមានជម្ងឺ ១ ភោជនដែលបរិភោគ ផឹក ទំពាស៊ី លិទ្ធភ្លក្សហើយ រមែង​រលួយដោយស្រួល ១ សមាធិដែលកើតអំពីការចង្រ្កម រមែងតាំងនៅអស់កាលយូរ ១។ ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងការចង្រ្កម មាន៥យ៉ាងនេះឯង។

នាគិតសូត្រ ទី១០

[៣០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែន​កោសល ជាមួយនឹងភិក្ខុសង្ឃច្រើនអង្គ ក៏បានស្តេចទៅដល់ព្រាហ្មណគ្រាម ឈ្មោះ ឥច្ឆានង្គលៈ របស់អ្នកដែនកោសល។ តាមដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់សម្រេច​ឥរិយាបថ ក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឈ្មោះ ឥច្ឆានង្គលៈនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នូស ឥឡូវនេះ ស្តេចមកដល់ស្រុកឥច្ឆានង្គលៈ គង់​នៅក្នុងដងព្រៃឥច្ឆានង្គលៈ ជិតស្រុកឥច្ឆានង្គលៈ។ កិត្តិស័ព្ទដ៏ពីរោះ ឮខ្ចរខ្ចាយ សុះសាយ ចំពោះព្រះគោតមដ៏ចំរើននោះ យ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ជាអរហន្ត ទ្រង់ត្រាស់ដឹង នូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ ទ្រង់បរិបូណ៍ ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជា្របច្បាស់ នូវត្រៃលោក ទ្រង់ប្រសើរ​ដោយសីលាទិគុណ រកបុគ្គលណាស្មើគ្មាន ទ្រង់ទូន្មាននូវបុរស ដែលគួរទូន្មាន ទ្រង់ជាគ្រូ នៃទេវតា និងមនុស្សទាំងឡាយ ទ្រង់ត្រាស់ដឹងនូវអរិយសច្ចធម៌ ទ្រង់លែង​វិលត្រឡប់​មកកាន់ភពថ្មីទៀត​​​​​​​​​​​ ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ (នូវព្រះនិព្វាន) ដោយប្រាជ្ញាដ៏ឧត្តម ដោយព្រះអង្គ ហើយញ៉ាំងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញ៉ាំងពពួកសត្វ ព្រមទាំងសាមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ឲ្យបានត្រាស់ដឹង ព្រះអង្គសំដែងធម៌ មានលំអបទដើម បទកណ្តាល និងបទចុង ព្រមទាំងអត្ថ និងព្យព្ជានៈ ទ្រង់ប្រកាសនូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ពេញលេញទាំងអស់ ក៏ដំណើរដែលបានជួបប្រទះនឹងព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេកណាស់។ គ្រាកាលកន្លងរាត្រីនោះទៅ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈ នាំយកខាទនីយភោជនីយាហារ ដ៏ក្រាស់ក្រែល ចូលសំដៅទៅឯដងព្រៃឥច្ឆានង្គលៈ លុះចូលទៅដល់ហើយ ក៏ឈរ​ស្រែកហ៊ោ និយាយខ្លាំង នៅនាខាងក្រៅក្លោងទ្វារ។ គាប់ចួនសម័យនោះ ព្រះនាគិតៈដ៏​មានអាយុ លោកនៅជាឧបដ្ឋាកព្រះដ៏មានព្រះភាគ។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់សួរព្រះនាគិតៈ ដ៏មានអាយុថា ម្នាលនាគិតៈ ចុះពួកណាស្រែកហ៊ោ និយាយឮ​ខ្លាំងម្ល៉េះ ហាក់ដូចជាព្រានត្រី ដណ្តើមត្រីគ្នា។ ព្រះនាគិតៈដ៏មានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកឥច្ឆានង្គលៈនុ៎ះ នាំយក​ខាទនីយភោជនីយាហារ ដ៏ក្រាស់ក្រែល មកឧទ្ទិសចំពោះព្រះអង្គផង ចំពោះភិក្ខុសង្ឃផង ឈរចាំនាខាងក្រៅក្លោងទ្វារ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាគិតៈ តថាគត សូម​កុំឲ្យចួបប្រសព្វ​នឹងយសបរិវារ ទាំងយសបរិវារ ក៏សូមកុំឲ្យចួបប្រសព្វនឹងតថាគត ម្នាល​នាគិតៈ បុគ្គលណា មិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវ​នេក្ខម្មសុខ (សុខក្នុងផ្នួស) បវិវេកសុខ (សុខក្នុងសេចក្តីស្ងប់ស្ងាត់) ឧបសមសុខ (សុខ​ក្នុងសេចក្តីស្ងប់រម្ងាប់) សម្ពោធសុខ (សុខក្នុងការត្រាស់ដឹង) ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដែលតថាគត ធ្លាប់បានដូចប្រាថ្នា បានដោយងាយ បានដោយស្រួល បុគ្គលនោះឯង រមែងត្រេកអរ ចំពោះសេចក្តីសុខកខ្វក់ សុខក្នុងការ​ដេកលក់ សុខក្នុងលាភសក្ការៈ និងសេចក្តីសរសើរ។ ព្រះនាគិតៈ ក្រាបបង្គំទូលទៀតថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះដ៏មានព្រះភាគ ទទួលនិមន្ត សូមព្រះសុគត ទទួលនិមន្តចុះ បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរព្រះអង្គនឹងទទួលហើយ បពិត្រព្រះអង្គដ៏ចំរើន បើព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី នឹងនាំគ្នាតាមទៅ ក្នុង​ទីនោះៗមិនខាន បពិត្រព្រះអង្គដ៏ចំរើន ដូចជាភ្លៀង មានដំណក់ទឹកដ៏ថ្លោស កាលបង្អុរចុះ មក ទឹកទាំងឡាយ តែងហូរចាក់ទៅរកទីទំនាប យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន បើព្រះដ៏មានព្រះភាគ នឹងស្តេចទៅក្នុងទីណាៗ ក្នុងកាលឥឡូវនេះ ក៏គង់ពួកព្រាហ្មណ៍ និងគហបតី នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី នឹងនាំគ្នាតាមទៅ ក្នុងទីនោះ មិនខាន ក៏យ៉ាងនោះឯង។ ដំណើរនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះព្រះអង្គ មានសីល និងប្រាជ្ញា។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ទៀតថា ម្នាលនាគិតៈ តថាគត សូមកុំឲ្យចួបប្រសព្វ នឹងយសបរិវារ ទាំងយសបរិវារ ក៏សូមកុំឲ្យចួបប្រសព្វនឹងតថាគត ម្នាលនាគិតៈ បុគ្គលណា មិនបានដូចប្រាថ្នា មិនបានដោយងាយ មិនបានដោយស្រួល នូវនេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដូចជានេក្ខម្មសុខ បវិវេកសុខ ឧបសមសុខ សម្ពោធសុខ ដែលតថាគតធ្លាប់បានដូចប្រាថ្នា បានដោយងាយ បានដោយ ស្រួល បុគ្គលនោះឯង រមែងត្រេកអរ ចំពោះសេចក្តីសុខកខ្វក់ សុខក្នុងការដេកលក់ សុខក្នុងលាភសក្ការៈ និងសេចក្តីសរសើរ។ ម្នាលនាគិតៈ បុគ្គលដែលស៊ី ផឹក ទំពាស៊ី លិទ្ធភ្លក្ស រមែងមានឧច្ចារៈ បស្សាវៈ នេះជាអានិសង្ស នៃការជ្រោកជ្រាកនោះ ម្នាលនាគិតៈ សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ចិត្ត តែងកើតឡើង ព្រោះប្រែប្រួល ព្រាត់ប្រាស និរាសចាកសត្វ សង្ខារជាទីស្រឡាញ់ នេះជាអានិសង្ស នៃសេចក្តីស្រឡាញ់​នោះ ម្នាលនាគិតៈ ការខ្ពើមរអើម ក្នុងអសុភនិមិត្ត តែងតាំងឡើង ដល់បុគ្គលអ្នកប្រព្រឹត្ត​ព្យាយាម ក្នុងអសុភនិមិត្ត នេះជាអានិសង្ស នៃសេចក្តីព្យាយាមនោះ ម្នាលនាគិតៈ ការ​ខ្ពើមរអើម ក្នុងផស្សៈ តែងតាំងឡើង ដល់បុគ្គលអ្នកពិចារណារឿយ ៗ ថាមិនទៀង ក្នុង​ផស្សាយតនៈទាំង ៦ នេះជាអានិសង្ស នៃការពិចារណាថា មិនទៀងនោះ ម្នាលនាគិតៈ ការ​ខ្ពើមរអើម ក្នុងឧបាទានក្ខន្ធ តែងតាំងឡើង ដល់បុគ្គលអ្នកពិចារណា នូវការកើតឡើង និង​ការវិនាសទៅ ក្នុងឧបាទានក្ខន្ធទាំង ៥ នេះជាអានិសង្សនៃការពិចារណាឧបាទានក្ខន្ធនោះ។

ចប់ បញ្ចង្គិកវគ្គ ទី៣។

ឧទ្ទាននៃបញ្ចង្គិកវគ្គនោះ គឺ

និយាយអំពីសេចក្តីមិនគោរព មាន២លើក អំពីឧបក្កិលេស ១ អំពីសម្មាសមាធិ របស់បុគ្គលទ្រុស្តសីល ១ អំពីធម៌សម្រាប់ជ្រោមជ្រែងសម្មាទិដ្ឋិ ១ អំពីវិមុត្តាយតនៈ ១ អំពីបុគ្គលអ្នកចំរើនសមាធិ ១ អំពីការចំរើននូវសម្មាសមាធិ ប្រកបដោយអង្គប្រាំ ១ អំពីអានិសង្ស ក្នុងការចង្រ្កម ១ អំពីនាគិតត្ថេរ ១។

សុមនវគ្គ

សុមនសូត្រ ទី១

[៣១] គ្រានោះ នាងសុមនារាជកុមារី មានរថ ៥០០ និងរាជកុមារី ៥០០ អង្គ ហែហមចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីសមគួរ។ លុះនាងសុមនារាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សាវកពីររូបរបស់ព្រះដ៏​មាន​ព្រះភាគ ក្នុងសាសនានេះ មានសទ្ធាស្មើគ្នា មានសីលស្មើគ្នា មានបញ្ញាស្មើគ្នា ប៉ុន្តែ​មួយអង្គ​ជាទាយក មួយអង្គមិនមែនជាទាយក សាវកទាំងនោះ ដល់បែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិសួគ៌ ទេវលោក បពិត្រព្រះអង្គដ៏ចំរើន សាវកទាំងពីរដែល​កើត​ជាទេវតានោះ តើមានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ។ ព្រះដ៏មានព្រះ​ភាគ​ត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាងសុមនា សាវកណាជាទាយក សាវកនោះ ដល់​កើតជាទេវតា រមែងគ្របសង្កត់ទេវតាឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាង គឺអាយុទិព្វ ១ សម្បុរទិព្វ ១ សុខទិព្វ ១ យសទិព្វ ១ អធិបតេយ្យទិព្វ ១។ ម្នាល​នាង​សុមនា សាវកណា ជាទាយក សាវកនោះ ដល់ទៅកើតជាទេវតា រមែងគ្រប​សង្កត់​ទេវតា​ឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥ យ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះបើ​ទេវតាទាំងពីរនោះ ច្យុតអំពីទេវលោកនោះ មកកើតក្នុងមនុស្សលោកនេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គលទាំងពីរនោះ ដែលកើតជាមនុស្សហើយ តើមានសេចក្តីវិសេស មានហេតុ​ផ្សេងគ្នា​ដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលនាងសុមនា មានដែរ ម្នាលនាង​សុមនា បុគ្គលណាជាទាយក បុគ្គលនោះ ដល់មកកើតជាមនុស្ស រមែង​គ្រប​សង្កត់​បុគ្គល​ឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាង គឺអាយុជារបស់មនុស្ស ១ សម្បុរ​ជា​របស់មនុស្ស ១ សុខជារបស់មនុស្ស ១​ យសជារបស់មនុស្ស ១ អធិបតេយ្យជារបស់មនុស្ស ១។ ម្នាលនាងសុមនា បុគ្គលណាជាទាយក បុគ្គលនោះ ដល់មកកើតជាមនុស្ស រមែង​គ្រប​សង្កត់​បុគ្គលឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាងនេះ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះបើអ្នកទាំងពីរនោះ ចេញចាកផ្ទះ បួស បពិត្រព្រះអង្គដ៏ចំរើន បព្វជិតទាំងនោះ តើ​មានសេចក្តីវិសេស មានហេតុផ្សេងគ្នាដែរឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាល​នាង​សុមនា មានដែរ ម្នាលនាងសុមនា បុគ្គលណា ជាទាយក បុគ្គលនោះ លុះដល់បាន​បួសហើយ រមែងគ្របសង្កត់បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាង គឺ​បើគេអង្វរ រមែងប្រើប្រាស់ចីវរច្រើន បើគេមិនអង្វរ ប្រើប្រាស់ចីវរតិច ១ បើគេអង្វរ រមែង​បរិភោគ​បិណ្ឌបាតច្រើន បើគេមិនអង្វរ ក៏បរិភោគបិណ្ឌបាតតិច ១ បើគេអង្វរ រមែងប្រើ​ប្រាស់​សេនាសនៈ​ច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់សេនាសនៈតិច ១ បើគេអង្វរ រមែង​ប្រើប្រាស់គិលានប្បច្ចយភេសជ្ជបរិក្ខារច្រើន បើគេមិនអង្វរ ក៏ប្រើប្រាស់​គិលានប្បច្ចយភេសជ្ជបរិក្ខារតិច ១ បើប្រសិនជានៅជាមួយពួកសព្រហ្មចារីណា ពួក​សព្រហ្មចារីនោះ រមែងរាប់អានភិក្ខុនោះ ដោយកាយកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់​ចិត្ត​តិច រាប់អានដោយវចីកម្ម ជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច រាប់អានដោយមនោកម្ម ជាទី​គាប់ចិត្តច្រើន មិនគាប់ចិត្តតិច ខ្វល់ខ្វាយបំរើជាទីគាប់ចិត្តច្រើន មិនគាប់ចិត្តតិច ១។ ម្នាល​នាងសុមនា បុគ្គលណាជាទាយក បុគ្គលនោះ ដល់បានបួសហើយ រមែង​គ្រប​សង្កត់​បព្វជិតឯណោះ ដែលមិនមែនជាទាយក ដោយហេតុ ៥យ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះបើ​បព្វជិតទាំងពីររូបនោះ បានសម្រេចព្រះអរហត្ត បពិត្រព្រះអង្គដ៏ចំរើន បណ្តា​បព្វជិត​ទាំងពីររូប ដែលបានសម្រេចព្រះអរហត្តហើយនុ៎ះ តើមានសេចក្តីវិសេស មាន​ហេតុ​ផ្សេងគ្នាដែរឬទេ។ ម្នាលនាងសុមនា ត្រង់រឿងនុ៎ះ តថាគត មិនសំដែងហេតុផ្សេងគ្នា ត្រង់​ចិត្តដែលរួចស្រឡះ ដោយវិមុត្តិនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលគួរឲ្យទានទាំងឡាយមែន គួរ​ធ្វើបុណ្យទាំងឡាយមែន ព្រោះថាបុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជា​ទេវតាផង បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជាមនុស្សផង បុណ្យ​ទាំងឡាយ ជាឧបការៈដល់អ្នកបួស (បាននៅយូរ) ផង។ ម្នាលនាងសុមនា ហេតុនុ៎ះ យ៉ាងនេះហើយ ម្នាល​នាងសុមនា ហេតុនុ៎ះ យ៉ាងនេះហើយ ម្នាលនាងសុមនា បុគ្គលគួរ​ឲ្យទានទាំងឡាយ គួរ​ធ្វើបុណ្យទាំងឡាយ (ព្រោះ) បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នក ដែលកើត​ជា​ទេវតា​ផង បុណ្យទាំងឡាយ ជាឧបការៈ ដល់អ្នកដែលកើតជាមនុស្សផង បុណ្យទាំងឡាយ ជាឧបការៈ​ដល់អ្នកបួសផង។ ព្រះដ៏មានព្រះភាគ បានត្រាស់ពាក្យនេះ លុះព្រះ​សុគត​ បាន​ត្រាស់ពាក្យនេះហើយ ព្រះសាស្តាបានត្រាស់ពាក្យ ជាគាថានេះ តទៅទៀតថា

ព្រះចន្រ្ទមិនមានមន្ទិល កាលចរទៅតាមអាកាស រមែងរុង​រឿងលើសជាងពួកផ្កាយ​ទាំង​អស់លើអាកាស ដោយពន្លឺ (របស់ខ្លួន) យ៉ាងណាមិញ បុរសបុគ្គល​មានសទ្ធា បរិបូណ៌ដោយសីល រមែងរុងរឿង ជាងពួកបុគ្គលកំណាញ់ទាំងអស់​ក្នុងលោក​​ដោយចាគៈ ក៏យ៉ាងនោះដែរ។ កាលភ្លៀងប្រកប​ដោយផ្លេកបន្ទោរ ដ៏ឆ្វៀល​ឆ្វាត់​បរិបូណ៌ដោយភ្នំទឹកដ៏ច្រើន បង្អុរចុះមកបំពេញផែនដី ដែលខ្ពស់ទាប ឲ្យពោរពេញ យ៉ាងណាមិញ សាវករបស់ព្រះសម្មាសម្ពុទ្ធ ដែលបរិបូណ៌ដោយ​ទស្សនៈជាបណ្ឌិត រមែងគ្រប​សង្កត់​បុគ្គលអ្នក​មានសេចក្តីកំណាញ់ ដោយហេតុ ៥យ៉ាង គឺអាយុ យស​ សម្បុរ សុខ និងអធិបតី បណ្ឌិតនោះឯង បរិបូណ៌ដោយភោគៈ ដល់ទៅលោកខាង​មុខ រមែងរីករាយ ក្នុងឋានសួគ៌ ក៏យ៉ាងនោះដែរ។

ចុន្ទីសូត្រ ទី២

[៣២] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅវត្តវេឡុវន ជាកលន្ទកនិវាបដ្ឋាន ទៀបក្រុងរាជគ្រិះ។ គ្រានោះ​ នាងចុន្ទីរាជកុមារី មានរថ ៥០០ និងកុមារី ៥០០ ហែហម ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​ប្រថាប់​ក្នុងទីសមគួរ។ លុះនាងចុន្ទីរាជកុមារី ប្រថាប់ក្នុងទីសមគួរហើយ បានក្រាបទូល​ព្រះ​ដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន រាជកុមារឈ្មោះចុន្ទៈ ជាបងខ្ញុំព្រះអង្គ​នោះ និយាយយ៉ាងនេះថា តាមតែបុគ្គលណាក៏ដោយ ទោះស្រ្តីក្តី បុរសក្តី ដល់នូវព្រះពុទ្ធជា​ទី​ពឹង ដល់នូវព្រះធម៌ជាទីពឹង ដល់នូវព្រះសង្ឃជាទីពឹងហើយ វៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយ មជ្ជប្បមាទដ្ឋាន បុគ្គលនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុងសុគតិ មិនទៅ​កើត​ក្នុងទុគ្គតិទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមសួរព្រះដ៏មានព្រះភាគថា បុគ្គល​ជ្រះថ្លា ក្នុងព្រះសាស្តា មានសភាពដូចម្តេច លុះបែក​ធ្លាយរាងកាយស្លាប់ទៅ បាន​ទៅ​កើត​ក្នុង​សុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះធម៌ មានសភាពដូចម្តេច លុះបែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិ ជ្រះថ្លាក្នុងព្រះសង្ឃ មាន​សភាព​ដូចម្តេច លុះបែកធ្លាយរាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើត​ក្នុង​ទុគ្គតិ បំពេញក្នុងសីល មានសភាពដូចម្តេច លុះ​បែក​ធ្លាយ​រាងកាយស្លាប់ទៅ បានទៅកើតក្នុងសុគតិ មិនទៅកើតក្នុងទុគ្គតិទេ។ ម្នាលនាងចុន្ទី រាប់​តាំងពីពួកសត្វ​ឥតជើងក្តី មានជើង២ក្តី ជើង៤ក្តី ជើងច្រើនក្តី មានរូបក្តី ឥតរូបក្តី មាន​សញ្ញាក្តី ឥតសញ្ញាក្តី មិនមែនជាមិនមានសញ្ញាក្តី ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាកដ​ជាប្រសើរជាងពួកសត្វទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គលណា ជ្រះថ្លា​ក្នុងព្រះពុទ្ធ ពួកបុគ្គលនោះ ឈ្មោះថា ជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួក​បុគ្គល​អ្នកជ្រះថ្លា ក្នុងបុគ្គលដ៏ប្រសើរ។ ម្នាលនាងចុន្ទី ពួកសង្ខតធម៌ក្តី អសង្ខតធម៌ក្តី ទាំង​ប៉ុន្មាន វិរាគធម៌ គឺធម៌ញ៉ាំងសេចក្តីស្រវឹង ឲ្យទ្រុឌទ្រោម នាំបង់នូវសេចក្តីស្រេកឃ្លាន គាស់​រំលើង​នូវសេចក្តីអាល័យ ផ្តាច់បង់នូវវដ្ដៈ អស់តណ្ហា ប្រាសចាកតម្រេក រលត់ទុក្ខ មិនមាន​គ្រឿងចាក់ដោត ប្រាកដជាប្រសើរជាងពួកធម៌ទាំងនោះ។ ម្នាលនាងចុន្ទី ពួកបុគ្គល​ណាជ្រះថ្លា ក្នុងវិរាគធម៌ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ រមែង​មានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុងធម៌ដ៏ប្រសើរ។ ម្នាលនាងចុន្ទី សង្ឃក្តី គណៈក្តី ទាំង​ប៉ុន្មាន សង្ឃសាវករបស់តថាគត បើរាប់ជាគូនៃបុរស មាន៤គូ បើរាប់រៀង​ជា​បុរស​បុគ្គល មាន៨ សង្ឃទាំងនុ៎ះ ជាសង្ឃសាវក នៃព្រះដ៏មានព្រះភាគ ជាអ្នក​គួរ​ទទួល​ចតុប្បច្ច័យ ដែលគួរឧទ្ទិសចំពោះ ហើយនាំមកបូជា គួរទទួលអាគន្តុកទាន គួរ​ទទួល​នូវទាន ដែលបុគ្គលជឿនូវកម្ម និងផលនៃកម្ម ហើយបូជា គួរដល់អញ្ជលិកម្ម ដែល​សត្វ​លោក​គប្បី​ធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ​ របស់សត្វលោក ប្រាកដជាប្រសើរជាងសង្ឃ ឬគណៈទាំងនោះ ម្នាល​នាងចុន្ទី ពួកបុគ្គលណាជ្រះថ្លា ក្នុងព្រះសង្ឃ ពួកបុគ្គលនោះ ឈ្មោះថាជ្រះថ្លា ក្នុង​ព្រះសង្ឃ​ដ៏ប្រសើរ ផលដ៏ប្រសើរ រមែងមានដល់ពួកបុគ្គលអ្នកជ្រះថ្លា ក្នុង​ព្រះសង្ឃ​ដ៏​ប្រសើរ។ ម្នាលនាងចុន្ទី សីលដែលព្រះអរិយៈសរសើរ ទាំងអម្បាលម៉ាន ជាសីលមិនដាច់ មិនធ្លុះ មិនពពាល មិនពព្រុស ជាសីលអ្នកជា ដែលវិញ្ញូជនសរសើរហើយ មិនប៉ះពាល់ ដោយ​តណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅ ដើម្បីសមាធិ នេះប្រាកដជា​ប្រសើរជាង​សីល​ទាំងនោះ។ ម្នាល​នាងចុន្ទី ពួកបុគ្គលណា ជាអ្នកបំពេញក្នុងពួកសីល ដែល​ព្រះអរិយៈ​សរសើរហើយ ពួក​បុគ្គលទាំងនោះ ឈ្មោះថា បានបំពេញ ក្នុងសីលដ៏ប្រសើរ ផលដ៏ប្រសើរ រមែង​មាន​ដល់​ពួកបុគ្គលអ្នកបំពេញ ក្នុងសីលដ៏ប្រសើរ។

បុណ្យ គឺអាយុ​ដ៏ប្រសើរ​ផង យស​ស័ក្តិ​ដ៏​ប្រសើរ​ផង កេរ្តិ៍ឈ្មោះដ៏ប្រសើរផង សុខដ៏​ប្រសើរ​ផង កម្លាំងដ៏​ប្រសើរផង រមែងចំរើនដល់ពួក​បុគ្គលអ្នកជ្រះថ្លា​នឹងវត្ថុ​ដ៏​ប្រសើរ ដឹងច្បាស់នូវធម៌ដ៏ប្រសើរ ជ្រះថ្លាក្នុង​ព្រះពុទ្ធ​ដ៏​ប្រសើរ ជាទក្ខិណេយ្យ​បុគ្គល រកបុគ្គលដទៃក្រៃលែងជាងគ្មាន ជ្រះថ្លា ក្នុងព្រះធម៌ដ៏ប្រសើរ ជា​ធម៌​ប្រាសចាករាគៈ ជាធម៌ស្ងប់រម្ងាប់ នាំមកនូវសុខ ជ្រះថ្លា ក្នុងព្រះសង្ឃដ៏ប្រសើរ ជា​បុញ្ញក្ខេត្ត រកខេត្តដទៃក្រៃលែងជាងគ្មាន ជាអ្នកឲ្យនូវទាន ចំពោះបុគ្គលដ៏ប្រសើរ បុគ្គល​អ្នក​មានប្រាជ្ញា មានចិត្តដំកល់ ក្នុងធម៌ដ៏ប្រសើរ ជាអ្នកឲ្យនូវទាន ចំពោះ​បុគ្គលដ៏ប្រសើរ  តែង​បានទៅកើតជាទេវតា ឬមនុស្ស ដល់នូវសេចក្តីប្រសើរ រមែង​រីករាយ។

ឧគ្គហសូត្រ ទី៣

[៣៣] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងជាតិយាវន ទៀបក្រុងភទ្ទិយៈ។ គ្រានោះ ឧគ្គហមេណ្ឌកនត្តា (ជាចៅមេណ្ឌកសេដ្ឋី) ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។​​ លុះ​ឧគ្គហមេណ្ឌកនត្តា អង្គុយក្នុងទីសមគួររួចហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាង​នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មានភិក្ខុជាគម្រប់ ៤ នឹងព្រះអង្គ ទទួល​ភត្តខ្ញុំព្រះអង្គ ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ទទួលដោយតុណ្ហីភាព។ គ្រានោះ ឧគ្គហមេណ្ឌកនត្តាដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណចេញទៅ។ ដល់វេលារាត្រីកន្លងហើយ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅ​ឯ​លំនៅ​ របស់ឧគ្គហមេណ្ឌកនត្តា លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេ​ក្រាល​ថ្វាយ។ លំដាប់នោះ ឧគ្គហមេណ្ឌកនត្តា អង្គាសព្រះដ៏មានព្រះភាគ ឲ្យឆ្អែតស្កប់​ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឃាត់។ លុះឧគ្គហមេណ្ឌកនត្តា (ឃើញ) ព្រះដ៏មានព្រះភាគឆាន់រួច លែងលូក​ព្រះហស្ត​​ក្នុងបាត្រហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧគ្គហមេណ្ឌកនត្តា អង្គុយក្នុង​ទី​សម​គួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពួក​កុមារី​របស់ខ្ញុំព្រះអង្គទាំងអម្បាលនេះ មុខជានឹងទៅកាន់ត្រកូលប្តី បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទូន្មានពួកកុមារីទាំងនោះឲ្យទាន បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មាន​​ព្រះភាគ ប្រៀនប្រដៅពួកកុមារីទាំងនោះ ដោយ​ឱវាទានុសាសនៈណា ដែល​នាំឲ្យ​បានប្រយោជន៍ និងសេចក្តីសុខ អស់កាលដ៏វែង ដល់កុមារី​​​​​​​​​​​​​​​​​ទាំងនោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ​ទ្រង់ត្រាស់នឹងពួកកុមារីទាំងនោះ យ៉ាងនេះថា ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា មាតា និងបិតា ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន ជាអ្នកស្វែងរកប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យសេចក្តីអនុគ្រោះហើយ ឲ្យ​ដល់បុរសជាស្វាមីណា យើងទាំងឡាយ ជាស្រីភ្ញាក់ឡើងមុនគេ ដេកក្រោយគេ ប្រុង​ខ្លួន​នឹង​ទទួលកិច្ចការអ្វីៗ ប្រព្រឹត្តផ្គាប់ផ្គុន និយាយពាក្យផ្អែមល្ហែម ដល់ស្វាមីនោះ ម្នាល​កុមារី​ទាំងឡាយ ឲ្យនាងត្រូវសិក្សា យ៉ាងនេះចុះ។​ ម្នាលកុមារីទាំងឡាយ ហេតុដូច្នោះ ពួក​កុមារី​ក្នុង​លោកនេះ ត្រូវសិក្សាយ៉ាងនេះថា បុគ្គលណា ជាទីគោរពនៃស្វាមី ទោះជាមាតាក្តី បិតា​ក្តី សមណព្រាហ្មណ៍ក្តី យើងទាំងឡាយ នឹងធ្វើសក្ការៈ គោរព រាប់អាន បូជាដល់បុគ្គល​ទាំង​នោះ ទាំងទទួលគួរសម រៀបចំដោយអាសនៈ និងទឹកលាងជើង ចំពោះជនទាំងឡាយ ដែល​មកដល់ហើយ ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ការងារ​ទាំង​ឡាយ​ណា ខាងក្នុងផ្ទះរបស់ប្តី ទោះរោមចៀមក្តី កប្បាសក្តី ពួកយើងនឹងជាស្រីឈ្លាសវៃ ក្នុង​ការងារ​ទាំងនោះ មិនខ្ជិលច្រអូស បរិបូណ៌ដោយឧបាយ និងការត្រិះរិះ ក្នុង​កិច្ចការ​ទាំង​នោះ​ថា គួរធ្វើ គួរចាត់ចែង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សាយ៉ាងនេះ។ ម្នាល​កុមារី​ទាំង​ឡាយ ហេតុដូច្នោះ ពួកកុមារី ក្នុងលោកនេះ ត្រូវសិក្សាយ៉ាងនេះថា ជនណា ជា​ជនខាងក្នុងផ្ទះរបស់ស្វាមី ទោះខ្ញុំក្តី អ្នកបម្រើក្តី អ្នកធ្វើការងារក្តី ពួក​យើង​ដឹង​ការងារ ដែល​ជន​ទាំងនោះធ្វើហើយ ព្រោះការងារដែលជនទាំងនោះ ធ្វើហើយផង ដឹង​ការងារ ដែលជនទាំង​នោះមិនបានធ្វើ ព្រោះការងារ ដែលជនទាំងនោះ មិនបានធ្វើផង ដឹង​ថា​ឈឺ​ធ្ងន់ ឈឺស្រាលផង ហើយចែករំលែក ខាទនីយភោជនីយាហារ ជាចំណែកៗ ដល់ជន​ទាំង​នោះ​ផង ម្នាលកុមារីទាំងឡាយ ពួកនាងត្រូវសិក្សារយ៉ាងនេះ។ ម្នាលកុមារីទាំងឡាយ ហេតុ​ដូច្នោះ ពួកកុមារីក្នុងលោកនេះ ត្រូវសិក្សារយ៉ាងនេះថា ស្វាមីនាំរបស់ណាមក ទោះ​ទ្រព្យ​ក្តី ស្រូវក្តី ប្រាក់ក្តី មាសក្តី យើង​ទាំងឡាយ នឹង​ធ្វើ​របស់នោះ ឲ្យសម្រេច​ ដោយ​ការ​រក្សា និងការគ្រប់គ្រង មិនជាស្រីអ្នកលេង មិនជាស្រីអ្នកលួច មិនជាស្រីអ្នកផឹកសុរា មិន​មែន​ជាស្រីអ្នកបំផ្លាញរបស់ទ្រព្យ ដែលខ្លួនគ្រប់គ្រងនោះ ម្នាលកុមារីទាំងឡាយ ពួកនាង​ត្រូវ​សិក្សារយ៉ាងនេះ។ ម្នាលនាងកុមារីទាំងឡាយ មាតុគ្រាម ប្រកបដោយធម៌ទាំង ៥ យ៉ាង​នេះ​ឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើត ក្នុង​ពួក​ទេវតា​ មាន​កាយ​ជា​គាប់​ចិត្ត។

ស្វាមីណា ចិញ្ចឹមភរិយានោះសព្វកាល មានព្យាយាម ខ្វល់ខ្វាយជានិច្ច ភរិយាមិន ត្រូវ​មើលងាយស្វាមីអ្នកចិញ្ចឹម អ្នកបំពេញសេចក្តីប្រាថ្នាទាំងពួង (នោះ) ឡើយ ស្រ្តីល្អមិនត្រូវក្រោធខឹងនឹងស្វាមី ដោយកិរិយាប្រព្រឹត្តឫស្យាផង ស្រ្តីអ្នកចេះដឹង រមែង​គួរសមនឹងពួកជនទាំងពួង អ្នកជាទីគោរព របស់ស្វាមីផង ភរិយាជាស្រ្តី​មាន​ព្យាយាម មិនខ្ជិលច្រអូស សង្រ្គោះជនជាខាងក្នុងផ្ទះស្វាមី ប្រព្រឹត្តកិច្ចការជាទីគាប់​ចិត្ត​របស់ស្វាមី រក្សាទុកនូវសម្បត្តិ ដែលស្វាមីបានមកហើយ ដោយ​ប្រពៃ។ នារី​ណា​បាន​ប្រព្រឹត្តិយ៉ាងនេះ លុះតាមអំណាចសេចក្តីប្រាថ្នារបស់ស្វាមី នារីនោះ រមែង​ទៅ​កើតក្នុងពួកទេវតាទាំងនោះ ដែលមានកាយជាទីពេញចិត្ត។

សីហសេនាបតិសូត្រ ទី៤

[៣៤] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ទៀប​ក្រុងវេសាលី។ គ្រានោះ សីហសេនាបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​សីហសេនា​បតី អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះអង្គអាចនឹងបញ្ញត្តផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយ​ខ្លួនឯងបានឬទេ។ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលសីហៈ អាចបញ្ញត្តបាន ម្នាលសីហៈ ទាយកអ្នកម្ចាស់ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ម្នាលសីហៈ ទាយក​អ្នកម្ចាស់​ទាន ជាទីស្រឡាញ់ ជាទីគាប់ចិត្តរបស់ជនច្រើន ដោយហេតុណា ហេតុ​នេះ​ឯង ជាផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ពួក​សប្បុរស អ្នកមានចិត្តស្ងប់រម្ងាប់ រមែងរាប់រកទាយកអ្នកម្ចាស់ទាន ម្នាលសីហៈ បើ​ពួក​សប្បុរស មានចិត្តស្ងប់រម្ងាប់ តែងរាប់រកទាយកអ្នកម្ចាស់ទាន​​ ដោយហេតុណា ហេតុនេះ ជា​ផលទាន ដែលបុគ្គលគប្បីឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត កិតិ្តស័ព្ទ​ដ៏ពីរោះ របស់ទាយកអ្នកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ម្នាលសីហៈ ឯកិត្តិស័ព្ទដ៏​ពីរោះ របស់​ទាយកម្ចាស់ទាន រមែងខ្ចរខ្ចាយទៅ ដោយហេតុណា ហេតុនេះឯង ជាផលទាន ដែល​បុគ្គលគប្បីឃើញច្បាស់ ដោយខ្លួន​ឯង។ ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន ចូល​ទៅកាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិបរិសទ្យក្តី សមណបរិសទ្យក្តី រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ម្នាលសីហៈ បើទាយកម្ចាស់ទាន ចូល​ទៅកាន់បរិសទ្យណាក៏ដោយ ទោះជាខត្តិយបរិសទ្យក្តី ព្រាហ្មណបរិសទ្យក្តី គហបតិ​បរិសទ្យ​ក្តី សមណបរិសទ្យក្តី ក៏ក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស ដោយហេតុណា ហេតុនេះ ​ជាផលទាន ដែលបុគ្គលឃើញច្បាស់ ដោយខ្លួនឯង។ ម្នាលសីហៈ មួយទៀត ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ម្នាលសីហៈ បើទាយកម្ចាស់ទាន បែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ដោយហេតុណា ហេតុនេះ ជាផលទាន មានក្នុងលោកខាងមុខ។ កាល​ព្រះដ៏​មាន​ព្រះភាគ ត្រាស់យ៉ាងនេះហើយ សីហសេនាបតី បានក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤​ប្រការ ដែលបុគ្គលគប្បី​ឃើញ​ច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មានព្រះភាគ សំដែង​ប្រាប់ហើយនេះ ខ្ញុំព្រះអង្គ មិន​បាច់​ជឿ​ព្រះដ៏មានព្រះភាគ ត្រង់ផលទានទាំងនោះទេ ខ្ញុំព្រះអង្គ បានដឹងផលទានទាំងនុ៎ះដែរ។ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន រមែងជាទីស្រឡាញ់ ជាទីគាប់​ចិត្ត​របស់ជនច្រើន។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជាទាយកម្ចាស់ទាន ពួកសប្បុរស​អ្នក​មាន​​ចិត្តស្ងាប់រម្ងាប់ តែងរាប់រកខ្ញុំព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយក​ម្ចាស់ទាន កិត្តិស័ព្ទដ៏ពីរោះរបស់ខ្ញុំ ក៏លាន់ឮថា សីហសេនាបតី ជាអ្នកឲ្យទាន ជាអ្នកធ្វើ​បុណ្យ អ្នកឧបដ្ឋាកសង្ឃ។​ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាទាយកម្ចាស់ទាន ចូលទៅ​កាន់បរិសទ្យណា ទោះជាខត្តិយបរិសទ្យ ព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ រមែងក្លៀវក្លា មិនមានសេចក្តីអៀនខ្មាស។ បពិត្រព្រះអង្គដ៏ចំរើន ផលទានទាំង ៤ ប្រការ ដែលបុគ្គល គប្បីឃើញច្បាស់ ដោយខ្លួនឯង ដែលព្រះដ៏មាន​ព្រះភាគ សំដែងហើយនេះ ខ្ញុំព្រះអង្គ មិនបាច់ជឿព្រះដ៏មានព្រះភាគ ត្រង់ផលទាន​ទាំង​នោះទេ ដ្បិតខ្ញុំព្រះអង្គ ដឹងនូវផលទានទាំងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ដែល​ព្រះ​ដ៏មាន​ព្រះភាគ បានត្រាស់នឹងខ្ញុំព្រះអង្គ យ៉ាងនេះរួចហើយថា ម្នាលសីហៈ ទាយកម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។ ខ្ញុំព្រះអង្គ មិនដឹងហេតុនុ៎ះមែន ក៏ប៉ុន្តែថា ខ្ញុំព្រះអង្គ ចេះតែជឿព្រះដ៏មានព្រះភាគ ក្នុង​ផល​ទាននោះ។ ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ រឿងនុ៎ះពិតមែន ម្នាលសីហៈ ទាយក​ម្ចាស់ទាន លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក។

នរជន មិនមានសេចក្តីកំណាញ់ ជាអ្នកឲ្យទាន ជាទីស្រឡាញ់ (របស់​ជនដ៏ច្រើន) ផង ពួកសប្បុរសជាច្រើន តែងរាប់រកទាយកនោះផង (ទាយកនោះ) ដល់​នូវកិត្តិស័ព្ទ​ផង​​ យសរមែងចំរើន ដល់ទាយកនោះផង ទាយកនោះ ចូលទៅកាន់បរិសទ្យ មិនមានសេចក្តីអៀនខ្មាស មានតែសេចក្តីក្លៀវក្លាផង ហេតុដូច្នោះ បណ្ឌិត​ទាំង​ឡាយ    អ្នកស្វែងរកសេចក្តីសុខ ត្រូវលះបង់នូវមន្ទិល គឺសេចក្តីកំណាញ់ ហើយឲ្យនូវទានទាំងឡាយ បណ្ឌិតទាំងនោះ ស្ថិតនៅក្នុងស្ថានត្រៃត្រឹង្ស អស់កាលយូរអង្វែង បណ្ឌិតទាំងនោះ ទៅកើតក្នុងសហភាព នៃពួកទេវតា រីករាយសប្បាយ បណ្ឌិតទាំងនោះ មានឱកាសធ្វើហើយ មានកុសលធ្វើហើយ ច្យុតអំពីលោកនេះ មានរស្មីខ្លួងឯង អន្ទោលទៅក្នុងទីជាទី​ត្រេកអរ បណ្ឌិតទាំងនោះ ស្កប់ស្កល់ដោយកាមគុណទាំង ៥ រីករាយសប្បាយក្នុងទីនោះ។ ពួកសាវកទាំងអស់ របស់ព្រះសុគត ធ្វើតាមពាក្យរបស់ព្រះតថាគត ព្រះអង្គ​មិនជាប់ដោយអកុសលធម៌ ប្រកបដោយតាទិគុណហើយ រមែងរីករាយ។

ទានានិសំសសូត្រ ទី៥

[៣៥] ម្នាលភិក្ខុទាំងឡាយ អានិសង្សក្នុងទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺជាទីស្រឡាញ់ ជាទីគាប់ចិត្តជនច្រើន ១ ពួកសប្បុរសអ្នកស្ងប់ រមែងគប់រក ១ មានកិត្តិស័ព្ទដ៏ពីរោះខ្ចរខ្ចាយទៅ ១ មិនបានប្រាសចាកធម៌របស់គ្រហស្ថ ១ លុះបែក​ធ្លាយ​រាងកាយស្លាប់ទៅ រមែងកើតក្នុងសុគតិសួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះអានិសង្ស ក្នុងទានទាំង ៥ ​យ៉ាង។

បុគ្គលកាលឲ្យទាន រមែងជាទីស្រឡាញ់ ជាអ្នកអនុកូលទៅតាម​ធម៌របស់ពួក​សប្បុរស ពួកសព្រហ្មចារី អ្នកសង្រួម មានចិត្តស្ងប់រម្ងាប់ រមែងរាប់រកបុគ្គល នោះសព្វកាល ពួកព្រហ្មចារីនោះ រមែងសំដែងធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខ​ទាំង​អស់ ដល់បុគ្គលនោះ ទាំងបុគ្គលនោះ ដឹងនូវធម៌ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ​។

កាលទានសូត្រ ទី៦

[៣៦] ម្នាលភិក្ខុទាំងឡាយ កាលទាននេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យទានដល់អ្នកមកថ្មី ​១ ឲ្យទានដល់អ្នកមានដំណើរ ១ ឲ្យទានដល់អ្នកមានជម្ងឺ ១ ឲ្យទាន ក្នុងពេលអត់បាយ ១ បានដំកល់ស្រូវថ្មី ផ្លែឈើដំបូង ដល់បុគ្គល​មាន​សីល​ទាំង​ឡាយ ជាដំបូង ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាកាលទាន ៥ យ៉ាង។

ពួកជនមានបញ្ញា ដឹងភាសិតរបស់អ្នកប្រាជ្ញ មានសេចក្តីកំណាញ់​ប្រាស​ចេញ​ហើយ មានចិត្តជ្រះថ្លាហើយ រមែងឲ្យទាន ក្នុងកាលគួរ ទានដែលបុគ្គលឲ្យ តាម​កាលគួរ ចំពោះព្រះអរិយបុគ្គលទាំងឡាយ ដែលជាបុគ្គលមានកាយ និងចិត្ត ប្រកប​ដោយតាទិគុណ ទក្ខិណាទានរបស់បុគ្គលនោះ ជាទានមានផលបរិបូណ៌។ ពួកជនណា អនុមោទនា ឬធ្វើសេចក្តីខ្វល់ខ្វាយ ​ក្នុងទក្ខិណាទាននោះ ទក្ខិណាទាន របស់អ្នកទាំងនោះ នឹងបានឈ្មោះថា ជាទានថយថោក ព្រោះតែអនុមោទនា ឬធ្វើការខ្វល់ខ្វាយ​នោះក៏ទេ ពួក​ជន​ទាំង​នោះ ជាអ្នកបានចំណែកបុណ្យដែរ។ ព្រោះហេតុនោះ ទានដែលបុគ្គលឲ្យហើយ ដល់បុគ្គលណា ជាទានមានផលច្រើន បុគ្គលមានចិត្តមិនបានរួញរា គប្បីឲ្យទាន ចំពោះបុគ្គលនោះ ព្រោះថា បុណ្យទាំងឡាយ រមែងជាទីពឹងនៃពួកសត្វ ក្នុងលោកខាងមុខ។

ភោជនសូត្រ ទី៧

[៣៧] ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យស្ថាន ៥ យ៉ាង ដល់បដិគ្គាហកៈទាំងឡាយ។ ស្ថាន ៥ យ៉ាង ដូចម្តេចខ្លះ។ គឺឲ្យអាយុ ១ ឲ្យពណ៌សម្បុរ ១ ឲ្យសុខ ១ ឲ្យកម្លាំង ១ ឲ្យបដិភាណ គឺប្រាជ្ញាវាងវៃ ១។ បុគ្គល ដែល​បាន​ឲ្យអាយុហើយ រមែងបានចំណែកអាយុទិព្វ ឬអាយុជារបស់មនុស្ស ឲ្យពណ៌សម្បុរ រមែងបាន​ចំណែកពណ៌សម្បុរទិព្វ ឬសម្បុររបស់មនុស្ស ឲ្យសុខ រមែងបានចំណែកសុខ ទិព្វ ឬសុខជារបស់មនុស្ស ឲ្យកម្លាំង រមែងបានចំណែកកម្លាំងទិព្វ ឬកម្លាំងជារបស់មនុស្ស ឲ្យបដិភាណ រមែងបានចំណែកបដិភាណជារបស់ទិព្វ ឬបដិភាណជារបស់មនុស្ស។ ម្នាលភិក្ខុទាំងឡាយ ទាយក កាលឲ្យភោជនាហារ ឈ្មោះថា ឲ្យស្ថាន ៥ យ៉ាងនេះ ដល់បដិគ្គាហកៈទាំងឡាយ។

ធីរជន អ្នកមានប្រាជ្ញា ជាអ្នកឲ្យអាយុ ឲ្យកម្លាំង ឲ្យពណ៌សម្បុរ ឲ្យបដិភាណ ឲ្យសុខ (ដល់គេ) ហើយ ធីរជននោះ រមែងបានសុខ។ អ្នកប្រាជ្ញ ឲ្យអាយុ ពណ៌​សម្បុរ សេចក្តីសុខ ទាំងបដិភាណ ទៅកើតក្នុងទីណា ៗ រមែងមានអាយុវែង មាន យសបរិវារ។

សទ្ធសូត្រ ទី៨

[៣៨] ម្នាលភិក្ខុទាំងឡាយ អានិសង្ស ក្នុងកុលបុត្តអ្នកមានសទ្ធានេះ មាន ៥ យ៉ាង។ អានិសង្ស ៥ យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសប្បុរស ដែល​មានចិត្ត​ស្ងប់​ក្នុង​លោក សប្បុរសទាំងនោះ កាលអនុគ្រោះ រមែងអនុគ្រោះតែបុគ្គល ដែលមានសទ្ធាជាដំបូង មិនអនុគ្រោះបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាលចូលទៅជិត រមែងចូលទៅជិត​តែ​បុគ្គល​មានសទ្ធាជាដំបូង មិនចូលទៅជិតបុគ្គលមិនមាន​សទ្ធាដូច្នោះទេ ១ កាលទទួល រមែងទទួលតែបុគ្គលមានសទ្ធាជាដំបូង មិនទទួលបុគ្គលមិនមានសទ្ធាដូច្នោះទេ ១ កាល​សំដែងធម៌​ ក៏សំដែងចំពោះតែបុគ្គលមានសទ្ធាជាដំបូង មិនសំដែងធម៌​ចំពោះ​បុគ្គល​មិនមាន​សទ្ធាដូច្នោះទេ ១​ កុលបុត្រមានសទ្ធា លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិសួគ៌ ទេវលោក ១។ ម្នាលភិក្ខុទាំងឡាយ នេះជាអានិសង្ស ៥ ក្នុង​កុលបុត្រ​អ្នកមានសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ដើមជ្រៃធំ ដុះលើផែនដីដ៏ល្អ ត្រង់ផ្លូវ​ធំ​បែក​ជា ៤ រមែងជាទីពួនសង្ងំ នៃពួកបក្សីជុំវិញយ៉ាងណា ម្នាលភិក្ខុទាំងឡាយ កុលបុត្រ ដែលមានសទ្ធា រមែងជាទីពឹងពាក់អាស្រ័យ នៃជនដ៏ច្រើន គឺពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក៏យ៉ាងនោះដែរ។

ដើមឈើធំ បរិបូណ៌ដោយមែក ស្លឹក ផ្លែ ដើម ឫស បរិបូណ៌ដោយផ្លែ ជាទីពឹង របស់សត្វបក្សីទាំងឡាយ ពួកសត្វតែងអាស្រ័យនឹងដើមឈើនោះ ដែលនៅក្នុងព្រៃ​រំលោង ជាទីរីករាយចិត្ត ពួកសត្វដែលត្រូវការម្លប់ ក៏ទៅជ្រកម្លប់ ពួកសត្វ ដែល​ត្រូវការផ្លែ ក៏បរិភោគផ្លែ យ៉ាងណាមិញ បុរសបុគ្គលអ្នកមានសទ្ធា បរិបូណ៌ដោយ សីល ប្រព្រឹត្តឱនលំទោន មិនរឹងរូស ស្លូតត្រង់ ទន់ភ្លន់ ពួកព្រះសង្ឃ ដែល​​ប្រាស​ចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនមានអាសវៈ ជាបុញ្ញកេ្ខត្ត ក្នុងលោក រមែងរាប់រកនរជនប្រាកដដូច្នោះ ពួកព្រះសង្ឃទាំងនោះ រមែង​សំដែង​ធម៌ ជាគ្រឿងបន្ទោបង់នូវទុក្ខទាំងអស់ ដល់នរៈនោះ នរៈនោះ ដឹងនូវ​ធម៌​ច្បាស់​ហើយ ជាអ្នកមិនមានអាសវៈ រមែងបរិនិព្វាន ក្នុងលោកនេះ។

បុត្តសូត្រ ទី៩

[៣៩] ម្នាលភិក្ខុទាំងឡាយ មាតាបិតា ពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែង ចង់បានបុត្រ ដែលកើតក្នុងត្រកូល។ ហេតុ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺបុត្រដែលយើងចិញ្ចឹម​ហើយ នឹងចិញ្ចឹមយើងវិញ ១ បុត្រនឹងជួយធ្វើកិច្ចយើង ១ វង្សត្រកូលនឹងស្ថិតនៅយូរ ១ បុត្រប្រតិបត្តិទទួលយកមត៌ក ១ មួយទៀត បុត្រនឹងឧទ្ទិសទក្ខិណាទាន ឲ្យដល់យើង ដែលធ្វើមរណកាល ទៅកាន់លោកខាងមុខ ១។ ម្នាលភិក្ខុទាំងឡាយ មាតាបិតា កាលពិចារណាឃើញហេតុ ៥ យ៉ាងនេះ រមែងចង់បានបុត្រ ដែលកើតក្នុងត្រកូល។

អ្នកប្រាជ្ញទាំងឡាយ កាលបើពិចារណាឃើញហេតុទាំង ៥ យ៉ាង រមែងចង់បានបុត្រ គឺបុត្រដែលយើងចិញ្ចឹមហើយ នឹងចិញ្ចឹមយើងវិញ នឹងធ្វើកិច្ចការដល់យើង វង្ស​ត្រកូលនឹងស្ថិតនៅយូរ ប្រតិបត្តិគួរដើម្បីទទួលយកមត៌ក មួយទៀត នឹងឧទ្ទិស​ទក្ខិណាទាន ឲ្យដល់យើង ដែលទៅកាន់លោកខាងមុខ អ្នកប្រាជ្ញទាំងឡាយ កាលបើពិចារណាឃើញហេតុទាំង ៥ យ៉ាងនេះហើយ រមែងចង់បានបុត្រ ហេតុ​ដូច្នោះ ពួកសប្បុរសអ្នកស្ងប់រម្ងាប់ ជាកតញ្ញូកតវេទិបុគ្គល កាលរលឹកឃើញ នូវឧបការគុណ ដែលលោកធ្វើហើយ ក្នុងកាលមុន រមែងចិញ្ចឹមមាតាបិតា រមែងជួយធ្វើកិច្ចការ របស់បុព្វការីទាំងនុ៎ះ តាមសមគួរ បុត្រអ្នកធ្វើតាមឱវាទ អ្នកចិញ្ចឹមមាតាបិតា      ដែលលោកចិញ្ចឹមហើយ មិនញ៉ាំងវង្សត្រកូលឲ្យសាបសូន្យ ជាអ្នកមានសទ្ធា បរិបូណ៌ដោយសីល ដែលអ្នកផងគប្បីសរសើរ។

មហាសាលបុត្តសូត្រ ទី១០

[៤០] ម្នាលភិក្ខុទាំងឡាយ ដើមឈើធំ ចំរើនឡើងដោយសេចក្តីចំរើន ៥ យ៉ាង ព្រោះអាស្រ័យស្តេចភ្នំ ឈ្មោះហិមវន្ត។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺចំរើនដោយមែក ស្លឹក ត្រួយ ១ ចំរើនដោយសម្បក ១ ចំរើនដោយក្រមរ ១ ចំរើនដោយស្រាយ ១ ចំរើនដោយខ្លឹម ១។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំ ចំរើនឡើងដោយសេចក្តីចំរើន ៥ យ៉ាងនេះ ព្រោះ​អាស្រ័យស្តេចភ្នំ ឈ្មោះហិមវន្ត។ ម្នាលភិក្ខុទាំងឡាយ ជននៅខាងក្នុង រមែងចំរើនដោយ សេចក្តីចំរើន ៥ យ៉ាង ព្រោះអាស្រ័យជន ជាម្ចាស់ត្រកូលមានសទ្ធាដូច្នោះដែរ។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយ​ចាគៈ ១ ចំរើនដោយបញ្ញា​ ១។ ម្នាលភិក្ខុទាំងឡាយ ជននៅខាងក្នុង រមែងចំរើន​ដោយ​សេចក្តី​ចំរើន ៥ យ៉ាងនេះ ព្រោះអាស្រ័យជនជាម្ចាស់ត្រកូលមានសទ្ធា។

ភ្នំថ្មក្នុងដងព្រៃធំ ដើមឈើធំៗទាំងនោះ រមែងចំរើនឡើង ព្រោះអាស្រ័យភ្នំថ្មនោះ យ៉ាងណាមិញ កូនប្រពន្ធទាំងឡាយ ផៅពង្សទាំងឡាយ អមាត្យទាំងឡាយ ពួកញាតិទាំងឡាយ ពួកជនអ្នកចិញ្ចឹមជិវិត ដោយសារបុគ្គលនោះ រមែងចំរើន​ឡើង ព្រោះអាស្រ័យនឹងកុលបុត្រអ្នកមានសទ្ធា បរិបូណ៌         ដោយសីល ក្នុងលោកនេះ ពួកជន មានកូន និងប្រពន្ធ ជាដើមនោះ ឃើញសីលផង ចាគៈផង និង​សុចរិត​ទាំងឡាយផង របស់កុលបុត្រអ្នកមានសីលនោះហើយ រមែងធ្វើតាមយ៉ាង​នោះ​ដែរ ក្នុងលោកនេះ ពួកអ្នកប្រាជ្ញណា ជាអ្នកប្រពឹត្តធម៌ ជាអ្នកមានដំណើរ​ទៅកាន់​សុគតិ សួគ៌ ពួកអ្នកប្រាជ្ញនោះ ជាអ្នកត្រេកអររីករាយ សម្រេចដូចសេចក្តីប្រាថ្នា ក្នុង ទេវលោក។

ចប់ សុមនវគ្គ ទី៤​។

ឧទ្ទាននៃសុមនវគ្គនោះគឺ

រឿងទាំងនោះមាន ១០ គឺរឿងនាងសុមនារាជកុមារី ១​ ចុន្ទីរាជកុមារី ១ ឧគ្គហមេណ្ឌកនត្តា ១ សីហសេនាបតី ១ អានិសង្សទានទាំងឡាយ ១ កាលទាន ១ ភោជនាហារ ១ កុលបុត្រមានសទ្ធា ១ មាតាបិតាចង់បានកូន ១ ដើមឈើធំ ១។

មុណ្ឌរាជវគ្គ

អាទិយសូត្រ ទី១

[៤១]   គ្រានោះឯង អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះអនាថ​បិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ដូច្នេះថា ម្នាល​គហបតី ការកាន់យកនូវភោគៈនេះ មាន ៥ យ៉ាង។ ៥​យ៉ាង ដូចម្តេចខ្លះ។ ម្នាលគហបតី អរិយសាវក ក្នុងលោកនេះ មានភោគទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាម ​ដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមក​ដោយធម៌ ហើយញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតា បិតាឲ្យសុខ ឲ្យឆ្អែត​ រក្សាសេចក្តីសុខ ដោយប្រពៃ ញ៉ាំងបុត្រ​ ភរិយា ទាសកម្មករ និង​បុរសទាំងឡាយឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ នេះជាការកាន់យក នូវ​ភោគៈ ទី១។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបាន​មក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំ ដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ រមែងញ៉ាំងមិត្រអាមាត្យឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តី​សុខ ដោយប្រពៃ នេះជាការកាន់យក នូវភោគៈ​ទាំងឡាយ ទី២។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួនសន្សំ ដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ទុកការពារនូវសេចក្តីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីស្តេច អំពីចោរ អំពី​ជន​មិនជាទីស្រឡាញ់ អំពីអ្នកទាមទារមត៌ក ហើយក៏ធ្វើខ្លួនឲ្យដល់សួស្តី ព្រោះភោគៈ​ទាំងឡាយ​នោះ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៣។ ម្នាលគហបតី មួយទៀត អរិយសាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម សន្សំដោយ​កម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ហើយ​ជា​អ្នកធ្វើនូវពលី ៥ ប្រការ គឺ ញាតិពលី ១ អតិថិពលី ១ បុព្វបេតពលី ១ រាជពលី ១ ទេវតា​ពលី ១ នេះជាការកាន់យក នូវភោគៈទាំងឡាយ ទី៤។ ម្នាលគហបតី មួយទៀត អរិយ​សាវក មានភោគៈទាំងឡាយ ដែលខ្លួនបានមក ដោយការខ្នះខ្នែង ព្យាយាម ដែលខ្លួន​សន្សំដោយកម្លាំងដៃ មានញើសហូរចេញ ប្រកបដោយធម៌ បានមកដោយធម៌ ពួកសមណព្រាហ្មណ៍ណា ប្រាសចាកសេចក្តីប្រមាទ ព្រោះស្រវឹង តាំងនៅក្នុងខន្តិ និងសោរច្ចៈ ទូន្មានតែខ្លួនឯងម្នាក់ រម្ងាប់តែខ្លួនឯងម្នាក់ រំលត់ (កិលេស) ចំពោះខ្លួនម្នាក់ ហើយដំកល់ទុក នូវទក្ខិណាទាន ដ៏ខ្ពង់ខ្ពស់ ជាធម្មជាត ឲ្យនូវអារម្មណ៍ដ៏ល្អ មាន​សុខ​ជាវិបាក ប្រព្រឹត្តទៅ ដើម្បីស្ថានសួគ៌ ចំពោះពួកសមណព្រាហ្មណ៍ មានសភាពដូច្នោះ នេះជា​ការកាន់យក នូវភោគៈទាំងឡាយ ទី៥។ ម្នាលគហបតី ទាំង ៥ នេះឯង ជាការកាន់យក នូវភោគៈទាំងឡាយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ របស់​អរិយសាវកនោះ ដល់នូវកិរិយាអស់ទៅ ព្រោះហេតុដែលបុគ្គលគប្បីកាន់យក ចំពោះហេតុ ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុទាំងឡាយណា ដែលបុគ្គលគប្បីកាន់យកភោគៈទាំងឡាយ អាត្មាអញ កាន់យកនូវហេតុទាំងឡាយនោះផង ភោគៈទាំងឡាយរបស់អាត្មាអញ ក៏ដល់នូវកិរិយាអស់ទៅផង ដូច្នោះ ហេតុនោះ អរិយសាវកនោះ មិនមានសេចក្តី​ស្តាយក្រោយ​សោះឡើយ។ ម្នាលគហបតី បើភោគៈទាំង ៥ យ៉ាងនេះ អរិយសាវកនោះ ចំរើនឡើង ព្រោះហេតុដែលគប្បីកាន់យក ចំពោះហេតុដែលបុគ្គលគប្បី​កាន់​យក​ភោគៈទាំងឡាយ អរិយសាវកនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ ហេតុ​ទាំង​ឡាយណា ដែលអញគប្បីកាន់យក នូវភោគៈទាំងឡាយ អាត្មាអញ នឹងកាន់យកនូវ​ហេតុទាំងនោះផង ភោគៈទាំងឡាយ របស់អញ ចំរើនឡើងផង ហេតុដូច្នោះនោះ អរិយសាវកនោះ ជាអ្នកឥតមានសេចក្តីស្តាយក្រោយសោះឡើយ។ អរិយសាវក ឥតមានសេចក្តីស្តាយក្រោយ ដោយហេតុទាំងពីរយ៉ាង។

ភោគៈទាំងឡាយ ដែលអាត្មាអញ បានបរិភោគហើយ មិត្រ អាមាត្រ អាត្មាអញ បាន​ចិញ្ចឹមហើយ អាត្មាអញ បានកន្លងផុត អំពីសេចក្តីអន្តរាយហើយ ទក្ខិណា​ដ៏ប្រសើរ​បំផុត អាត្មាអញ បានឲ្យហើយ មួយទៀត ពលីទាំង ៥ អាត្មាអញ​បាន​ធ្វើ​ហើយ ពួកព្រហ្មចារី អ្នកមានសីល ជាអ្នកសង្រួម អាត្មាអញ បានដំកល់ទាន​ទុក​ហើយ បណ្ឌិតអ្នកនៅគ្រប់គ្រងផ្ទះ ប្រាថ្នាភោគៈ ដើម្បី​ប្រយោជន៍ណា ប្រយោជន៍​នោះ អាត្មាអញ បានសម្រេចហើយ កម្មដែលមិនបានក្តៅក្រហាយតាមក្រោយ អាត្មាអញ បានធ្វើហើយ សត្វ គឺនរជន កាលរលឹក​ឃើញហេតុនុ៎ះ ឈ្មោះថា ជាអ្នក​ឋិតនៅក្នុងអរិយធម៌ ពួក​បណ្ឌិត តែង​សរសើរ​បុគ្គលនុ៎ះ នាលោកិយនេះ​ បុគ្គលនោះ ដល់ទៅបរលោក រមែងរីករាយ ក្នុងស្ថានសួគ៌។

សប្បុរិសសូត្រ ទី២

[៤២] ម្នាលភិក្ខុទាំងឡាយ បើសប្បុរសកើតក្នុងត្រកូល រមែងកើតដើម្បីសេចក្តី​ចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើនគ្នា ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់មាតាបិតាទាំងឡាយ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់កូនប្រពន្ធ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់បុរស ជាទាសកម្មករ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសុខ ដល់​ពួក​មិត្រ​អាមាត្យ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួក​សមណ​ព្រាហ្មណ៍។ ម្នាលភិក្ខុទាំងឡាយ ភ្លៀងធំ ញ៉ាំងសំទូងទាំងអស់ ឲ្យលូតលាស់ ដើម្បីសេចក្តី​ចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន យ៉ាងណាមិញ ម្នាលភិក្ខុទាំង​ឡាយ កាលបើសប្បុរស កើតក្នុងត្រកូល (នីមួយៗ) រមែងកើត ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់មាតាបិតាទាំងឡាយ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់កូនប្រពន្ធ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់បុរស ជាទាសកម្មករ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តី​សុខ ដល់ពួកមិត្រអាមាត្យ ដើម្បីសេចក្តីចំរើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ពួក​សមណ​ព្រាហ្មណ៍ ក៏យ៉ាងនោះដែរ។

សប្បុរសមានប្រយោជន៍ដល់ពួកជនច្រើន ប្រើប្រាស់ភោគៈទាំងឡាយ ទេវតា រមែងរក្សានូវសប្បុរស ជាអ្នកគ្រប់គ្រងធម៌នោះ ជាពហុស្សូត បរិបូណ៌​ដោយ​សីល និងវ័ត កិត្តិស័ព្ទ មិនលះបង់នូវសប្បុរស អ្នកតាំងនៅក្នុងធម៌។ អ្នកណាមួយ អាចដើម្បីនិន្ទា បុគ្គលដែលឋិតនៅក្នុងធម៌ បរិបូណ៌ដោយសីល ពោលពាក្យសច្ចៈ មានចិត្តប្រកបដោយហិរិ បីដូចជាមាសជម្ពូនទនោះបាន សូម្បីតែពួកទេវតា ក៏រមែងសរសើរបុគ្គលនោះ ទាំងព្រហ្ម ក៏សរសើរបុគ្គលនោះដែរ។

ឥដ្ឋសូត្រ ទី៣

[៤៣] គ្រានោះ អនាថបិណ្ឌិកគហបតី ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​អនាថ​បិណ្ឌិកគហបតី អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ធម៌ ៥​ យ៉ាង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយ​ក្រ​ក្នុងលោក។ ធម៌ ៥ យ៉ាង ដូចម្តេចខ្លះ ​។ ម្នាលគហបតី អាយុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១ ពណ៌សម្បុរ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត រកបានដោយក្រក្នុងលោក ១ សុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបាន​ដោយក្រក្នុងលោក ១ យស ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុង​លោក ១ ស្ថានសួគ៌ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រក្នុងលោក ១។ ម្នាលគហបតី ធម៌ទាំង ៥ យ៉ាងនេះឯង ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបាន​ដោយក្រក្នុងលោក។ ម្នាលគហបតី តថាគត មិនពោលនូវការបានចំពោះធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រកបានដោយក្រ ក្នុងលោកទាំង ៥ ព្រោះការបន់ស្រន់ ឬព្រោះ​ការប្រាថ្នាទេ។ ម្នាលគហបតី បើការបានចំពោះនូវធម៌ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត រកបានដោយក្រ ក្នុងលោកទាំង ៥ នេះ នឹងមានហើយ ព្រោះការបន់ស្រន់ ឬ​ព្រោះ​ការប្រាថ្នា នរណាមួយ ក្នុងលោកនេះ អាចញ៉ាំងនរណា ឲ្យសាបសូន្យបាន។ ម្នាល​គហបតី អរិយសាវក អ្នកប្រាថ្នានូវអាយុ មិនគួរបន់ស្រន់ ឬមិនគួរត្រេកអរនឹងអាយុ ឬ​ក៏ព្រោះហេតុ នៃអាយុឡើយ។ ម្នាលគហបតី បដិបទាប្រព្រឹត្តទៅ ដើម្បីបាននូវអាយុ ដែល​អរិយសាវក អ្នកប្រាថ្នានូវអាយុ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បី​បាននូវអាយុ អរិយសាវកនោះ បានប្រតិបតិ្តហើយ ប្រព្រឹត្តទៅ ដើម្បីបាននូវអាយុ។ អរិយ​សាវកនោះ ជាអ្នកបានអាយុទិព្វ ឬអាយុជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នា​ពណ៌សម្បុរ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងពណ៌សម្បុរ ឬក៏ព្រោះហេតុតែ​ពណ៌សម្បុរទេ​។ ម្នាលគហបតី បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានពណ៌សម្បុរ ដែលអរិយសាវក អ្នកប្រាថ្នាពណ៌សម្បុរ គប្បីប្រតិបតិ្ត ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិ​ទៅ ដើម្បីបានពណ៌សម្បុរ អរិយសាវកនោះ ប្រតិបត្តិហើយ ប្រព្រឹត្តទៅ ដើម្បីបានពណ៌​សម្បុរមែន។ អរិយសាវកនោះ ជាអ្នកបានពណ៌សម្បុរទិព្វ ឬជារបស់មនុស្ស។ ម្នាល​គហបតី អរិយសាវក ជាអ្នកប្រាថ្នា នូវសេចក្តីសុខ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹង​សេចក្តីសុខ ឬក៏ហេតុតែសេចក្តីសុខទេ។ ម្នាលគហបតី បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានសេចក្តីសុខ ដែលអរិយសាវក អ្នកប្រាថ្នាសេចក្តីសុខ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានសេចក្តីសុខ អរិយសាវកនោះ ប្រតិបត្តិហើយ ប្រព្រឹត្តទៅ ដើម្បីបានសេចក្តីសុខមែន។ អរិយសាវកនោះ ជាអ្នកបានសេចក្តីសុខទិព្វ ឬជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាយសសក្តិ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងយសសក្តិ ឬក៏ហេតុតែយសសក្តិទេ។ ម្នាលគហបតី បដិបទា មានកិរិយា​ប្រព្រឹត្តិទៅ ដើម្បីបានយសសក្តិ ដែលអរិយសាវក អ្នកប្រាថ្នាយសក្តិ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រពឹត្តិទៅ ដើម្បីយសសក្តិ ដែលអរិយសាវកនោះ ប្រតិបត្តិហើយ ប្រពឹត្តទៅ ដើម្បីបានយសសក្តិមែន។ អរិយសាវកនោះ ជាអ្នកបានយសសក្តិទិព្វ ឬជារបស់មនុស្ស។ ម្នាលគហបតី អរិយសាវក អ្នកប្រាថ្នាស្ថានសួគ៌ មិនគួរដើម្បីបន់ស្រន់ ឬត្រេកអរនឹងស្ថានសួគ៌ ឬក៏ហេតុតែស្ថានសួគ៌ទេ។ ម្នាលគហបតី បដិបទា មានកិរិយា​ប្រពឹត្តិទៅ ដើម្បីបានទៅកើត ក្នុងស្ថានសួគ៌ អរិយសាវក អ្នកប្រាថ្នាស្ថានសួគ៌ គប្បីប្រតិបត្តិ ដ្បិតថា បដិបទា មានកិរិយាប្រព្រឹត្តិទៅ ដើម្បីបានស្ថានសួគ៌ អរិយសាវកនោះ ប្រតិបត្តិ​ហើយ ប្រព្រឹត្តទៅ ដើម្បីបានស្ថានសួគ៌មែន។ អរិយសាវកនោះ ជាអ្នក​បានទៅ​កើត​ស្ថាន​សួគ៌។

អ្នកប្រាជ្ញទាំងឡាយ​ តែងសរសើរសេចក្តីមិនប្រមាទ ក្នុងបុញ្ញកិរិយាវត្ថុទាំងឡាយ ព្រោះប្រាថ្នានូវសេចក្តីត្រេកអរ គឺ អាយុ ពណ៌សម្បុរ យសសក្តិ កិត្តិស័ព្ទ ស្ថានសួគ៌ ត្រកូលខ្ពស់ដ៏លើសលុបតៗទៅ។ អ្នកប្រាជ្ញមិនមានសេចក្តីប្រមាទ រមែងបាន​សម្រេច​ប្រយោជន៍ទាំងពីរ គឺប្រយោជន៍ ក្នុងបច្ចុប្បន្ននេះ ១ ប្រយោជន៍​ក្នុងបរលោក ១ អ្នកមានប្រាជ្ញា ដែលហៅថា បណ្ឌិត ព្រោះបាននូវប្រយោជន៍។

មនាបទាយីសូត្រ ទី៤

[៤៤] សម័យមួយ ព្រះដ៏មានព្រះភាគ ស្តេចគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូលទៅកាន់លំនៅ នៃឧគ្គគហបតី អ្នកក្រុងវេសាលី លុះចូល​ទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ ឧគ្គគហបតី អ្នកក្រុងវេសាលី ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះ​ដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។​ លុះឧគ្គគហបតី អ្នកក្រុងវេសាលី អង្គុយ​ក្នុងទីសមគួរហើយ បានក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា ​បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មាន​ព្រះ​ភាគ​ថា អ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន ខាទនីយាហារ ប្រាកដស្មើដោយផ្កាសាលព្រឹក្ស ជាទីគាប់ចិត្ត របស់ព្រះអង្គ សូមព្រះ​ដ៏មានព្រះភាគ ទទួលនូវខាទនីយាហារនោះ ដើម្បីសេចក្តីអនុគ្រោះ ដល់ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដោយសេចក្តីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន សូករមំសៈដ៏ប្រសើរ ស្អាតជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គមាន សូមព្រះដ៏មានព្រះភាគ ទ្រង់​ទទួលសូករមំសៈនោះ ដើម្បីអនុគ្រោះខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល ដើម្បី​អនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បាន​ទទួល​ចំពោះព្រះភក្រ្តព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត ​រមែងបាន​របស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន នាលិយសាក​ [នាលិយសាកនេះ សំដៅយក​ភោជនីយាហារ ដែលគេច្របាច់ជាមួយនឹង​ម្សៅ​ស្រូវសាលី ហើយចំអិន​ក្នុង​សប្បិ ដែលលាយដោយជីរ​ជាដើម រួចលាយដោយរសផ្អែម ៤យ៉ាង ទើប​អប់ឲ្យក្រអូប។ អដ្ឋកថា។ បើតាមសេចក្តីចូលចិត្ត គឺ សំឡប្រហិត។] ដែលច្រឡំដោយប្រេង ជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនាលិយសាកនោះ ដើម្បី​អនុគ្រោះ​ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដើម្បីអនុគ្រោះ។ បពិត្រព្រះអង្គ​ដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្តព្រះដ៏មាន​ព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះ​អង្គដ៏ចំរើន បាយស្រូវសាលី ឥតមានរនុក មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ជាទីគាប់ចិត្តខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទ្រង់ទទួលនូវភោជននោះ ដើម្បីអនុគ្រោះ ខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលដើម្បីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្ត ព្រះដ៏មាន​ព្រះភាគ ថា បុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រ​ព្រះអង្គដ៏ចំរើន សម្ពត់ទាំងឡាយ នៅក្នុងដែនកាសី ជាទីគាប់ចិត្ត របស់ខ្ញុំព្រះអង្គ សូមព្រះដ៏មានព្រះភាគ ទទួលសម្ពត់ទាំងនោះ ដើម្បីអនុគ្រោះខ្ញុំព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ទទួល ដើម្បីសេចក្តីអនុគ្រោះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំ​ព្រះអង្គ បានស្តាប់ចំពោះព្រះភក្រ្ត បានទទួលចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគថា បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។ បពិត្រព្រះអង្គដ៏ចំរើន បល្ល័ង្ក ដែលក្រាលដោយព្រំ មានរោមវែង (ជាង ៤ ធ្នាប់) កម្រាលពណ៌ស ដែលធ្វើ​ដោយរោមសត្វ កម្រាល ដែលធ្វើដោយរោមសត្វជាផ្កាចង្កោម កម្រាលដ៏ឧត្តម ដែលធ្វើដោយស្បែកសត្វឈ្មស់ មានខ្នើយពណ៌ក្រហមទាំងសងខាង ព្រមទាំងពិតានមាន ពណ៌ក្រហម ជាទីគាប់ចិត្ត របស់ព្រះអង្គ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំ​ដឹង​របស់នុ៎ះថា របស់នុ៎ះ មិនគួរដល់ព្រះដ៏មានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ផែនក្តារ​ខ្លឹមចន្ទន៍ របស់ខ្ញុំព្រះអង្គនេះ ថ្លៃជាងមួយសែន សូមព្រះដ៏មានព្រះភាគ ទទួល​ផែនក្តារនោះ ដើម្បីអនុគ្រោះខ្ញុំព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល ដើម្បីអនុគ្រោះ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ អនុមោទនា ដោយអនុមោទនីយគាថានេះ ចំពោះ​ឧគ្គគហបតី អ្នកក្រុងវេសាលីថា

បុគ្គលឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ សប្បុរសណា ដឹង​នូវពួកព្រះអរហន្ត ឧបមាដូចជាស្រែ ហើយប្រគេនសំពត់ស្លៀក ដណ្តប់ ដំណេក បាយ ទឹក និងបច្ច័យទាំងឡាយ មានប្រការផ្សេង ៗ ដែលខ្លួនបរិច្ចាគហើយផង លះបង់ហើយផង មិនមានស្តាយផង ចំពោះលោកអ្នកមានកាយ វាចា ចិត្តត្រង់ សប្បុរសនោះ ឈ្មោះថា លះបង់ហើយ នូវវត្ថុដែលគេលះបង់បានដោយកម្រ បុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ។

លំដាប់នោះ ព្រះដ៏មានព្រះភាគ អនុមោទនា ដោយអនុមោទនីយគាថានេះ ចំពោះ ឧគ្គគហបតី អ្នកក្រុងវេសាលី ហើយទ្រង់ក្រោកចាកអាសនៈ ចៀសចេញទៅ។ លំដាប់ នោះ ឧគ្គគហបតី អ្នកក្រុងវេសាលី​​ ក៏ធ្វើមរណកាល ក្នុងសម័យក្រោយមក លុះ​ឧគ្គគហបតី អ្នកក្រុងវេសាលី​ ធ្វើមរណកាលហើយ ក៏ទៅកើតក្នុងពួកទេវតា ដែល​សម្រេចដោយចិត្តណាមួយ [តាមអដ្ឋកថា ថា ទៅកើតក្នុងពួកទេវតា ដែលកើត​ក្នុង​សុទ្ធាវាស​ទាំងឡាយ ដោយឯកជ្ឈានចិត្ត។]។ សម័យនោះសោត ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ ឧគ្គទេវបុត្រ កាលរាត្រីកន្លងទៅហើយ មានរស្មីដ៏រុងរឿង បំភ្លឺវត្តជេតពនទាំងអស់ ហើយចូល​ទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយឈរ​ក្នុងទីសមគួរ។ លុះឧគ្គទេវបុត្រ ឈរក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ត្រាស់​សួរយ៉ាងនេះថា ម្នាលឧគ្គៈ សេចក្តីសមតាមបំណងរបស់អ្នក មានដែរឬទេ។ បពិត្រព្រះដ៏​មាន​ព្រះភាគ សូមទ្រង់ជ្រាប សេចក្តីសមប្រកបតាមបំណង របស់ខ្ញុំព្រះអង្គ មានដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងឧគ្គទេវបុត្រ ដោយគាថាទាំងឡាយថា

បុគ្គលអ្នកឲ្យរបស់ជាទីគាប់ចិត្ត រមែងបានរបស់ជាទីគាប់ចិត្តវិញ បុគ្គល​អ្នកឲ្យ​របស់​ខ្ពង់ខ្ពស់ រមែងបានរបស់ខ្ពង់ខ្ពស់វិញ បុគ្គលអ្នកឲ្យរបស់ប្រសើរ រមែងបាន​របស់ដ៏​ប្រសើរ​វិញ បុគ្គលអ្នកឲ្យរបស់ដ៏ថ្លៃថ្លា រមែងបាននូវឋានៈដ៏ថ្លៃថ្លាវិញ នរៈណា អ្នកឲ្យរបស់ខ្ពង់ខ្ពស់ផង អ្នកឲ្យរបស់ប្រសើរផង អ្នកឲ្យរបស់ថ្លៃថ្លាផង នរៈនោះ កើតក្នុងទីណាៗ ជាអ្នកមានអាយុវែង មានយសសក្តិ ក្នុងទីនោះៗ។

បុញ្ញាភិសន្ទសូត្រ ទី៥​​​​​​​​

[៤៥] ម្នាលភិក្ខុទាំងឡាយ គំនរបុណ្យ គំនរកុសល ប្រមូលមកនូវសុខ ជាធម៌ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ នេះមាន ៥ យ៉ាង ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសុខ។ ៥យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុប្រើប្រាស់ចីវរ របស់គហបតីណា បាន​សម្រេច​ចេតោសមាធិ មានប្រមាណមិនបាន គំនរបុណ្យ គំនរកុសល ប្រមូលមកនូវសុខ ជាធម៌​ឲ្យនូវអារម្មណ៌ដ៏ល្អ​ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ ​របស់គហបតីនោះ ប្រព្រឹត្តទៅ ដើម្បីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ មាន​ប្រមាណ​មិនបានទេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុបរិភោគបិណ្ឌបាត របស់​គហបតី​ណា… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុប្រើប្រាស់វិហារ របស់គហបតីណា… ម្នាលភិក្ខុ​ទាំង​ឡាយ កាលភិក្ខុប្រើប្រាស់គ្រែ និងតាំងរបស់គហបតីណា… ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុ​បរិភោគ នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ របស់គហបតីណា… ហើយបាន​សម្រេច​ចេតោ​សមាធិ មានប្រមាណមិនបាន គំនរបុណ្យ គំនរកុសល ប្រមូលមកនូវសុខ ជាធម៌ឲ្យ​នូវអារម្មណ៍​ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ របស់គហតីនោះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីសេចក្តីសុខ មានប្រមាណមិនបានទេ។ ម្នាល​ភិក្ខុទាំងឡាយ គំនរបុណ្យ គំនរកុសល ៥ យ៉ាងនេះឯង ជាធម៌ ប្រមូលមកនូវសេចក្តីសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត អរិយសាវក ដែលបរិបូណ៌ដោយគំនរបុណ្យ គំនរកុសល ៥ យ៉ាងនេះហើយ បុគ្គលមិនងាយប្រមាណបុណ្យថា គំនរបុណ្យ គំនរកុសល ជាធម៌ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ មានប្រមាណប៉ុណ្ណេះបានឡើយ គំនរ​បុណ្យ​រាប់មិនបាន ប្រមាណមិនកើត គ្រាន់តែរាប់ថា គំនរបុណ្យច្រើនប៉ុណ្ណោះ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមិនងាយនឹងកំណត់ នូវប្រមាណនៃទឹកក្នុង មហាសមុទ្រថា ទឹកប៉ុណ្ណេះ អឡ្ហកក្តី ទឹកប៉ុណ្ណេះរយអាឡ្ហកក្តី ទឹកប៉ុណ្ណេះពាន់អាឡ្ហកក្តី ទឹកប៉ុណ្ណេះសែនអាឡ្ហកក្តី ដូច្នេះបានឡើយ ត្រឹមតែរាប់បានថា គំនរទឹកដ៏ធំប៉ុណ្ណោះ នឹងគប្បីរាប់មិនបាន ប្រមាណ​មិនកើត មានឧបមាយ៉ាណា ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលបរិបូណ៌ ដោយ​គំនរ​បុណ្យ គំនរកុសល ទាំង៥នេះហើយ បុគ្គលមិនងាយនឹងកំណត់​ប្រមាណបុណ្យថា គំនរបុណ្យ គំនរកុសល ប្រមូលមកនូវសុខ ឲ្យនូវអារម្មណ៍ដ៏ល្អ មានសុខជាវិបាក នាំឲ្យ​កើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅ ដើម្បីសេចក្តីប្រាថ្នា ត្រេកអរ គាប់ចិត្ត ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ប៉ុណ្ណេះបានឡើយ ត្រឹមតែរាប់ថា គំនរបុណ្យដ៏ធំប៉ុណ្ណោះ នឹងគប្បីរាប់​មិន​បាន ប្រមាណមិនកើត ក៏មានឧបមេយ្យ យ៉ាងនោះដែរ។

ស្ទឹងទាំងឡាយ ដ៏ជ្រៅ ដែលហ្វូងត្រីអាស្រ័យនៅ រមែងហូរទៅ ជោរទៅកាន់សាគរ ដែលទ្រទ្រង់ទឹកដ៏ច្រើន ប្រមាណមិនបាន ជាស្រះធំ មានភ័យច្រើន ជាទីកើតនៃ​គំនរកែ​វ យ៉ាងណាមិញ ធារបុណ្យ រមែងជន់ជោរ ទៅរកនរៈជាបណ្ឌិត ដែលជាអ្នកឲ្យបាយ ទឹក សម្ពត់ អ្នកឲ្យទីដេក ទីអង្គុយ គ្រឿងកម្រាល យ៉ាងនោះដែរ ដូចជាទឹកក្នុងស្ទឹងទាំងឡាយ ហូរទៅកាន់សមុទ្រសាគរ។

សម្បទាសូត្រ ទី៦

[៤៦] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៥យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺ សទ្ធាសម្បទា ១ សីលសម្បទា ១ សុតសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង សម្បទា ៥ យ៉ាង។

ធនសូត្រ ទី៧

[៤៧] ម្នាលភិក្ខុទាំងឡាយ ទ្រព្យនេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ ទ្រព្យ គឺសទ្ធា ១ ទ្រព្យគឹសីល ១ ទ្រព្យគឺសុតៈ ១ ទ្រព្យគឺចាគៈ ១ ទ្រព្យគឺបញ្ញា ១។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះទ្រព្យគឺសទ្ធា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នក​មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគអង្គ​នោះ។បេ។ ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងអរិយសច្ច លែងវិល​មកកាន់​ភពថ្មី​ទៀត ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទ្រព្យគឺសទ្ធា។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យ​គឺ​សីល តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នក​វៀរ​ចាក​បាណាតិបាត។បេ។ ជាអ្នកវៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹក​នូវ​ទឹក​សុរា និង​មេរ័យ ​ជាគ្រឿងស្រវឹង ម្នាលភិក្ខុទាំងឡាយ នេះហៅថាទ្រព្យ គឺសីល។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះទ្រព្យគឺសុតៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ជាអ្នក​ស្តាប់ច្រើន។បេ។ ចាក់ធ្លុះដោយប្រពៃ ព្រោះសេចក្តីឃើញ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា ទ្រព្យគឺសុតៈ។ ម្នាលភិក្ខុទាំងឡាយ ចុះទ្រព្យគឺចាគៈ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ អរិយសាវក ក្នុងសាសនានេះ មានចិត្តដែល​សេចក្តីកំណាញ់​ ជាមន្ទិល​ទៅ​ប្រាស​ហើយ នៅគ្រប់គ្រងនូវផ្ទះ មានចាគៈរួចហើយ មានដៃលាងហើយ ត្រេកអរ ក្នុងការលះ​បង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងទាន និងការចែករំលែក ម្នាលភិក្ខុទាំងឡាយ នេះហៅ​ថា ទ្រព្យគឺចាគៈ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះទ្រព្យគឺបញ្ញា តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អរិយសាវក ក្នុងសាសនា​នេះ ជាអ្នកមានប្រាជ្ញា ប្រកបព្រមដោយប្រាជ្ញា ជា​គ្រឿងយល់សេចក្តីចំរើន និងវិនាស ប្រាជ្ញាដ៏មោះមុត ប្រសើរ ជាបញ្ញាឲ្យដល់នូវ​ការ​អស់​ទៅ​នៃទុក្ខ ដោយប្រពៃ​។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ទ្រព្យគឺបញ្ញា។ ម្នាលភិក្ខុ​ទាំង​ឡាយ នេះឯងជាទ្រព្យ ៥យ៉ាង។

សទ្ធារបស់បុគ្គលណា មិនញាប់ញ័រ បានដំកល់ទុកប្រពៃ ក្នុងព្រះតថាគត មួយ​ទៀត សីលរបស់បុគ្គលណា ជាសីលល្អ ជាទីត្រេកអរ របស់ព្រះអរិយៈ ដែល​ព្រះអរិយៈ​សរសើរហើយ បុគ្គលណា មានសេចក្តីជ្រះថ្លា ក្នុងព្រះសង្ឃ ទាំងមាន កិរិយា​ឃើញត្រង់ អ្នកប្រាជ្ញទាំងឡាយ ហៅបុគ្គលនោះថា ជាអ្នកមិនទាល់ក្រ ទាំង​ជីវិត​របស់បុគ្គលនោះ មិនឥតអំពើ        ហេតុដូច្នោះ អ្នកប្រាជ្ញ កាល​បើរលឹកឃើញ នូវ​ពាក្យ​ប្រៀនប្រដៅ របស់ព្រះពុទ្ធទាំងឡាយ គប្បីប្រកបសទ្ធាផង សីលផង សេចក្តី​ជ្រះថ្លា​ផង កិរិយាឃើញធម៌ផង។

អលព្ភនីយឋានសូត្រ ទី៨

[៤៨] ម្នាលភិក្ខុទាំងឡាយ អលព្ភនីយដ្ឋាន ៥ យ៉ាង (ហេតុដែលមិនគប្បីបាន) ដែល​សមណ​ព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក (បានតាមប្រាថ្នា)។ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុង​លោក​ មិន​គប្បីបាន​ (តាមប្រាថ្នា) ថា របស់ដែលមានជរា ជាធម្មតា កុំជរាឡើយ ១ របស់ដែល​មាន​ព្យាធិ ជាធម្មតា កុំឈឺចាប់ឡើយ… ១ របស់ដែលមានមរណៈ ជាធម្មតា កុំស្លាប់​ឡើយ… ១ របស់ដែលមានការអស់ទៅ ជាធម្មតា កុំអស់ទៅឡើយ… ១ ហេតុ​ដែល​សមណ​ព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមប្រាថ្នាថា របស់​ដែល​មានសេចក្តីវិនាស ជាធម្មតា កុំវិនាសឡើយ ១។ ម្នាលភិក្ខុទាំងឡាយ ជរាធម៌ របស់​បុថុជ្ជន អ្នកមិនបានស្តាប់ រមែងគ្រាំគ្រា បុថុជ្ជននោះ មិនបានពិចារណា ក្នុងជរាធម៌ ដែល​គ្រាំគ្រា​ហើយថា មិនគ្រាំគ្រា ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរ​មក ដំណើរទៅ ការច្យុតិ ការកើតឡើង របស់សត្វទាំងឡាយ ត្រឹមណា ជរាធម៌ របស់​សត្វ​ទាំង​អស់ រមែងគ្រាំគ្រាត្រឹមនោះដែរ កាលបើជរាធម៌គ្រាំគ្រាហើយ អាត្មាអញ ត្រូវតែ​សោក​សង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិន​គប្បី​ឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះ ក្នុងកាយផង ការងារក៏ប្រព្រឹត្តទៅមិន​បាន​ផង ពួកជនជាសត្រូវ ក៏មានចិត្តរីករាយផង ពួកមិត្រសំឡាញ់តូចចិត្តផង។ កាលបើ​ជរាធម៌​គ្រាំគ្រាហើយ បុថុជ្ជននោះ ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តី​វង្វេងភ្លេច។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនបានស្តាប់ ត្រូវ​សរ​ដែលសេចក្តីសោក លាបដោយថ្នាំពិសចាក់ហើយ រមែងញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ព្យាធិធម៌ របស់បុថុជ្ជន អ្នកមិនបានស្តាប់ រមែងឈឺចាប់… មរណធម៌ រមែងស្លាប់… ខយធម៌ (របស់សម្រាប់អស់ទៅ) ជាធម្មតា រមែងអស់ទៅ… នស្សនធម៌ (របស់សម្រាប់វិនាស) ជាធម្មតា រមែងវិនាសទៅ បុថុជ្ជននោះ មិនពិចារណា​ក្នុង​នស្សនធម៌ ដែលវិនាសទៅថា នស្សនធម៌ មិនមែនវិនាសទៅ​ចំពោះ​លើ​អាត្មាអញ​តែ​ម្នាក់​ឯង​ទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ និង​សេចក្តី​កើតឡើង របស់​សត្វ​ទាំងឡាយ មាននៅត្រឹមណា នស្សនធម៌ របស់សត្វទាំងអស់ រមែងវិនាសទៅ​ត្រឹម​ណោះ កាលបើនស្សនធម៌ វិនាស​ទៅហើយ អាត្មាអញ គប្បីសោកសង្រេង លំបាក ខ្សឹក​ខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនគប្បីឃ្លានភត្តផង សម្បុរ​អាក្រក់គប្បីធ្លាក់ចុះក្នុងកាយផង ការងារមិនប្រព្រឹត្តទៅបានផង ទាំងពួកជន​ជា​សត្រូវ ក៏មាន​ចិត្តត្រេកអរផង ពួកមិត្រសំឡាញ់ ក៏តូចចិត្តផង។ កាលបើនស្សនធម៌ វិនាស​ទៅ​ហើយ បុថុជ្ជននោះ ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់​នូវ​សេចក្តី​វង្វេងភ្លេច។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជនអ្នកមិនបានស្តាប់ ដែល​សរ គឺសោក លាបដោយថ្នាំពិសចាក់ហើយ រមែងញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចំណែកជរាធម៌ របស់អរិយសាវក អ្នកបានស្តាប់ រមែងគ្រាំគ្រាទៅដែរ ប៉ុន្តែ​អរិយ​សាវក​នោះ តែងពិចារណាឃើញ ក្នុងជរាធម៌ ដែលគ្រាំគ្រាដូច្នេះថា ជរាធម៌ រមែង​មិន​គ្រាំគ្រា​ទៅ ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង របស់សត្វទាំងឡាយ នៅមានត្រឹមណា ជរាធម៌ របស់​សត្វ​ទាំង​អស់ រមែងគ្រាំគ្រាទៅត្រឹមណោះ កាលបើជរាធម៌ គ្រាំគ្រាទៅហើយ អាត្មាអញ គប្បី​សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មា​អញ មិនគប្បីឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះ ក្នុងកាយផង ការងារក៏មិនប្រព្រឹត្ត ទៅ​បានផង ពួកជនជាសត្រូវ មានចិត្តត្រេកអរផង ពួកមិត្រសំឡាញ់ ក៏តូចចិត្តផង។ កាល​​បើជរាធម៌ គ្រាំគ្រាទៅហើយ អរិយសាវកនោះ ក៏មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេចឡើយ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន​អ្នកមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសណា ចាក់ហើយ រមែង​ញ៉ាំង​ខ្លួនឯង ឲ្យក្តៅក្រហាយ នេះហៅថា អរិយសាវក​អ្នកបាន​ស្តាប់​ហើយ ដកហើយ​នូវសរ គឺសោក ​ដែលលាបដោយថ្នាំពិសនោះបាន។ អរិយសាវក អ្នកមិន​មានសរ គឺសោក រមែង​ញ៉ាំងខ្លួនឯង ឲ្យរលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្យាធិធម៌ របស់​អរិយសាវក អ្នកបានស្តាប់ រមែងឈឺចាប់… មរណធម៌ រមែងស្លាប់… ខយធម៌ រមែង​អស់​ទៅ… នស្សនធម៌ រមែងវិនាសទៅ អរិយសាវកនោះ ពិចារណាឃើញច្បាស់ ក្នុង​នស្សនធម៌ ដែល​វិនាសទៅហើយ ដូច្នេះថា នស្សនធម៌ មិន​វិនាស​ទៅ ចំពោះលើអាត្មាអញ​តែម្នាក់​ឯង​ទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង នៃ​សត្វ​ទាំង​ឡាយ នៅមានត្រឹមណា នស្សនធម៌ របស់​សត្វ​ទាំងអស់ វិនាសទៅត្រឹមណោះ កាល​បើ​នស្សនធម៌ វិនាសទៅហើយ អាត្មាអញ គប្បីសោក​ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនគប្បី​ឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះ ក្នុងកាយផង ការងារក៏មិនប្រព្រឹត្តទៅបានផង ពួកជនជាសត្រូវ ក៏ត្រេកអរផង ពួកមិត្រសំឡាញ់ ក៏តូចចិត្តផង។ កាលបើនស្សនធម៌វិនាស ទៅហើយ អរិយសាវកនោះ មិនសោកសង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសណាចាក់ហើយ រមែងញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ នេះហៅថា អរិយសាវក អ្នកបានស្តាប់ ហើយដកនូវសរ គឺសោក ដែលលាបដោយថ្នាំពិស នោះបាន។ អរិយសាវក អ្នកមិនមានសរ គឺសោក រមែងញ៉ាំងខ្លួនឯង ឲ្យរលត់ទុក្ខ​។ ម្នាលភិក្ខុ​ទាំងឡាយ អលព្ភនីយដ្ឋាន ៥ យ៉ាងនេះឯង ជាហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយក្នុងលោក មិនគប្បីបាន (តាមប្រាថ្នា)។

ប្រយោជន៍ក្នុងលោកនេះ ទោះណាជាតិចតួច បុគ្គលមិនមែនបាន ព្រោះសេចក្តី​សោក ព្រោះសេចក្តីខ្សឹកខ្សួលឡើយ ពួកជនជាសត្រូវ ឃើញជននោះ កំពុងសោក សង្រេង ដល់នូវទុក្ខ ជាអ្នកមានចិត្តត្រេកអរ លុះណាតែបណ្ឌិត អ្នកឈ្វេងយល់ ក្នុងការវិនិច្ឆ័យ នូវហេតុ និងផល ទើបមិនញាប់ញ័រ ក្នុងឧបទ្រពទាំងឡាយ ពួកជនជាសត្រូវ ឃើញមុខបណ្ឌិតនោះមិនប្រែប្រួល នៅដដែល ហើយខ្លួនឯង ក៏ដល់នូវទុក្ខវិញ បុគ្គលគប្បីបានប្រយោជន៍ ក្នុងទីណា ដោយប្រការណា ៗ គប្បីព្យាយាមក្នុងទីនោះ ដោយប្រការនោះ ៗ គឺការនិយាយសរសើរក្តី ការរាយ​មន្តក្តី ការនិយាយជាសុភាសិតក្តី បវេណី (វង្សត្រកូល) ក្តី បើសិនជាបុគ្គល​ដឹងច្បាស់ថា ប្រយោជន៍នេះ អាត្មាអញក្តី បុគ្គលដទៃក្តី មិនគប្បីបានទេ មិនសោក​សៅ គប្បីអត់ធ្មត់ថា កម្មដ៏មាំ (អាត្មាអញ បានសន្សំទុកហើយ) ឥឡូវនេះ អាត្មាអញ ធ្វើដូចម្តេច។

កោសលសូត្រ ទី៩

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ ​គ្រានោះ ព្រះរាជាបសេនទិកោសល ចូលទៅគាល់ព្រះដ៏មាន​ព្រះ​ភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយប្រថាប់ក្នុងទីដ៏​សមគួរ។ ក៏ក្នុងសម័យនោះ ព្រះនាងមល្លិកាទេវី ទើបនឹងទិវង្គតទៅ។ លំដាប់នោះ មានបុរស​មួយនាក់ ចូលទៅគាល់ព្រះរាជាបសេនទិកោសល លុះចូលទៅដល់ហើយ ក្រាបទូល​ជិត​ព្រះកាណ៌ នៃព្រះរាជាបសេនទិកោសលថា បពិត្រព្រះសម្មតិទេព ព្រះនាងមល្លិកាទេវី ទិវង្គតទៅហើយ។ កាលរាជបុរស ក្រាបទូលដូច្នេះហើយ ព្រះរាជាបសេនទិកោសល មានទុក្ខទោមនស្ស មានព្រះសុរងឱនចុះ មានព្រះភក្រ្តជ្រប់ គង់សញ្ជប់សញ្ជឹង មិនមាន​បដិភាណ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា ព្រះរាជាបសេនទិកោសល ទ្រង់មានទុក្ខទោមនស្ស មានព្រះសុរងឱនចុះ មានព្រះភក្រ្តជ្រប់ សញ្ជប់សញ្ជឹង មិនមានបដិភាណ​ ហើយបានត្រាស់នឹងព្រះរាជាបសេនទិកោសល យ៉ាងនេះថា បពិត្រមហារាជ អលព្ភនីយដ្ឋាន គឺហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមសេចក្តីប្រាថ្នា នេះមាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ ហេតុមិនគប្បីបានតាមសេចក្តីប្រាថ្នាថា ជរាធម៌ កុំគ្រាំគ្រាឡើយ ដូច្នេះ។ បេ។ មិនមានបានព្រោះសោក ព្រោះខ្សឹកខ្សួលឡើយ។ បេ។ កម្មដ៏មាំ (អាត្មាអញ បានសន្សំទុកហើយ) ឥឡូវនេះ អាត្មាអញធ្វើដូចម្តេចហ៎្ន។

នារទសូត្រ ទី១០

[៥០] សម័យមួយ នារទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ទៀបក្រុងបាតលិបុត្ត។ ក៏សម័យនោះ ព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យនៃព្រះរាជាមុណ្ឌៈ ទិវង្គតទៅ។ កាលព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ពេញព្រះទ័យ ទិវង្គតទៅហើយ ទ្រង់មិន​ស្រង់ទឹក មិនប្រោះព្រំ មិនសោយក្រយាស្ងោយ មិនប្រកបការងារសោះ ទ្រង់ជាប់​ព្រះទ័យ​តែនឹងសរីរៈព្រះនាងភទ្ទាទេវី ទាំងយប់ទាំងថ្ងៃ។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ទ្រង់ត្រាស់​ហៅ សោការក្ខាមាត្យ ដែលគាប់ព្រះទ័យមកថា ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរដាក់នូវសរីរៈនាងភទ្ទាទេវី ទៅក្នុងស្នូកប្រេងជាវិការនៃដែក ហើយគ្របដោយស្នូក ដែកដទៃទៀត ទុកឲ្យយើងគ្រាន់ឃើញសរីរៈនាងភទ្ទាទេវី យូរក្រែលបន្តិច។ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ទទួលព្រះរាជឱង្ការព្រះរាជាមុណ្ឌៈថា ព្រះករុណាថ្លៃ​វិសេស ហើយដាក់សរីរៈព្រះនាងភទ្ទាទេវី ក្នុងស្នូកប្រេង ជាវិការនៃដែកហើយ គ្រប​ដោយ​ស្នូកដែកដទៃទៀត។ លំដាប់នោះ សោការក្ខាមាត្យ ជាទីស្រឡាញ់ មានសេចក្តី​ត្រិះរិះយ៉ាង នេះថា ព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យនៃព្រះរាជាមុណ្ឌៈនេះ ទិវង្គត​ទៅ​ហើយ កាលព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យ ទិវង្គតទៅហើយ ព្រះរាជា​នោះ មិនស្រង់ទឹក មិនប្រោះព្រំ មិនសោយក្រយាស្ងោយ មិនប្រកបការងារសោះ ទ្រង់ជ្រប់​ទៅ​ក្នុងសរីរៈព្រះនាងភទ្ទាទេវី ទាំងយប់ ទាំងថ្ងៃ។ ព្រះរាជាមុណ្ឌៈចូលទៅជិតសមណ​ព្រាហ្មណ៍ណាហ៎្ន ហើយស្តាប់ធម៌ របស់សមណព្រាហ្មណ៍ណា ទើបនឹងគប្បី​លះបង់ នូវសរ គឺសេចក្តីសោកចេញបាន។ លំដាប់នោះ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះនារទៈដ៏មានអាយុនេះ គង់នៅក្នុងកុក្កុដារាម ទៀប​ក្រុងបាតលិបុត្ត។ ព្រះនារទៈដ៏មានអាយុនោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅយ៉ាង​នេះថា ជាបណ្ឌិត វាងវៃ ជាអ្នកប្រាជ្ញ បានស្តាប់ច្រើន មានវាចាដ៏វិចិត្រ មានបដិភាណល្អ មានវ័យចំរើនផង ជាព្រះអរហន្តផង បើដូច្នោះ គួរតែព្រះរាជាមុណ្ឌៈ ចូលទៅរក​ព្រះនារទៈ ដ៏មានអាយុ ធ្វើដូចម្តេចហ៎្ន ឲ្យព្រះរាជាមុណ្ឌៈ ទ្រង់ព្រះសណ្តាប់ធម៌ ព្រះនារទៈ​ដ៏មាន​​អាយុហើយ លះបង់នូវសរ គឺសោកចេញបាន។ លំដាប់នោះ សោការក្ខាមាត្យ ជាទី​គាប់ព្រះទ័យ ក៏ចូលទៅគាល់ព្រះរាជាមុណ្ឌៈ លុះចូលទៅដល់ហើយ ក៏ក្រាបទូលព្រះ​រាជាមុណ្ឌៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ព្រះនារទៈដ៏មានអាយុនេះ គង់នៅក្នុង​កុក្កុដារាម ទៀបក្រុងបាតលិបុត្ត ព្រះនារទៈដ៏មាន​អាយុនោះ មានកិត្តិស័ព្ទដ៏ពីរោះ ខ្ចរខ្ចាយទៅ យ៉ាងនេះថា ជាបណ្ឌិត វាងវៃ ជាអ្នកប្រាជ្ញ បានស្តាប់ច្រើន មានវាចាដ៏វិចិត្រ មានបដិភាណល្អ ហើយមានវ័យចំរើនផង ជាព្រះអរហន្តផង បើព្រះសម្មតិទេព ចូល​ទៅរកព្រះនារទៈដ៏មានអាយុ ធ្វើដូចម្តេចហ៎្ន ឲ្យព្រះសម្មតិទេព ទ្រង់ព្រះសណ្តាប់ធម៌ ព្រះនារទៈ​ដ៏មានអាយុ ហើយលះបង់នូវសរ គឺសោកបាន។ ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរទៅផ្តៀងព្រះនារទៈដ៏មានអាយុចុះ។ ដ្បិតថា បុគ្គលប្រាកដដូចជាយើង មិនសមបើនឹងចូលទៅរកសមណព្រាហ្មណ៍ នៅក្នុងដែន ដែលមិនទាន់​បានផ្តៀង​ជា​មុនទេ។ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ ទទួលព្រះរាជឱង្ការព្រះរាជាមុណ្ឌៈថា ព្រះករុណា ថ្លៃវិសេស ហើយចូលទៅរកព្រះនារទៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះនារទៈដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះសោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ​ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលព្រះនារទៈ​ដ៏មានអាយុ យ៉ាង​នេះ​ថា បពិត្រ​ព្រះករុណាដ៏ចំរើន ព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យ របស់ព្រះរាជាមុណ្ឌៈនេះ ទិវង្គតទៅហើយ។ កាលព្រះនាងភទ្ទាទេវី ជាទីស្រឡាញ់ ពេញព្រះទ័យ ទិវង្គតទៅហើយ ព្រះរាជានោះ ទ្រង់មិនស្រង់ទឹក មិនប្រោះព្រំ មិនសោយ​ក្រយាស្ងោយ មិនប្រកបការងារ ទ្រង់ជ្រប់ព្រះទ័យ តែក្នុងសរីរៈព្រះនាងភទ្ទាទេវី ទាំង​យប់​ទាំងថ្ងៃ។ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះនារទៈដ៏មានអាយុ មេត្តាសំដែងធម៌ ដល់​ព្រះរាជា​មុណ្ឌៈឲ្យទាន ឲ្យព្រះ​រាជាមុណ្ឌៈ ទ្រង់ព្រះសណ្តាប់ធម៌ នៃព្រះនារទៈ​ដ៏មានអាយុ​ ហើយលះបង់នូវសរ គឺសោក​បាន។ ម្នាលបុរស ជាទីស្រឡាញ់ ព្រះរាជាមុណ្ឌៈ សំគាល់​កាលគួរ ដែលស្តេចមក ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ សោការក្ខាមាត្យ ជាទីគាប់​ព្រះទ័យ ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះនារទៈដ៏មានអាយុ ហើយធ្វើប្រទក្សិណ ចូលទៅគាល់​ព្រះរាជា​មុណ្ឌៈ លុះចូលទៅដល់ហើយ ក៏បានក្រាបទូល​ព្រះរាជាមុណ្ឌៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព ព្រះនារទៈដ៏មានអាយុ បើកឱកាសថ្វាយហើយ។ ព្រះសម្មតិទេព សំគាល់កាលគួរនឹងស្តេចទៅឥឡូវនេះចុះ។ ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ អ្នកចូរប្រើនាយសារថី ឲ្យរៀបយានល្អ ៗ។ សោការក្ខាមាត្យ ជាទីគាប់ព្រះទ័យ  ទទួលព្រះរាជឱង្ការព្រះរាជាមុណ្ឌៈថា ព្រះករុណា ថ្លៃវិសេស ហើយប្រើនាយសារថី ឲ្យរៀបយានល្អ ៗ ហើយក្រាបទូលព្រះរាជាមុណ្ឌៈ យ៉ាងនេះថា បពិត្រព្រះសម្មតិទេព យានល្អ ៗ សម្រាប់ព្រះអង្គ រៀបចំរួចស្រេចហើយ។ ព្រះសម្មតិទេព សំគាល់កាលគួរ ដែលព្រះអង្គនឹងស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ស្តេចឡើង​គង់យានល្អ ៗ ចូលទៅឯកុក្កុដារាម ដោយយានល្អ ៗ ដោយអានុភាពធំ ដើម្បីចួប​ព្រះនារទៈដ៏មានអាយុ។ ទីដែលយានទៅបានត្រឹមណា ព្រះរាជាក៏ស្តេចទៅ ដោយយានត្រឹមនោះ ហើយស្តេចចុះអំពីយាន ទ្រង់ព្រះដំណើរ ដោយព្រះបាទ ចូលទៅ​អារាម។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ចូលទៅរកព្រះនារទៈដ៏មានអាយុ លុះស្តេចចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះនារទៈដ៏មានអាយុ ហើយប្រថាប់ក្នុងទីដ៏សមគួរ។ លុះព្រះរាជា​មុណ្ឌៈ គង់ក្នុងទីដ៏សមគួរហើយ ព្រះនារទៈដ៏មានអាយុ ថ្វាយព្រះពរ យ៉ាង​នេះថា ថ្វាយព្រះពរ មហារាជ អលព្ភនីយដ្ឋាន គឺហេតុ ដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបានតាមប្រាថ្នានេះ មាន ៥ យ៉ាង។ ៥ យ៉ាង ដូចម្តេចខ្លះ។ គឺហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បីបាន តាមសេចក្តីប្រាថ្នាថា ជរាធម៌ កុំគ្រាំគ្រាឡើយ ព្យាធិធម៌ កុំឈឺចាប់ ដូច្នេះឡើយ… មរណធម៌ កុំស្លាប់ដូច្នេះឡើយ… ខយធម៌ កុំអស់ទៅដូច្នេះឡើយ… ហេតុដែលសមណព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយ ក្នុងលោក មិនគប្បី​បានតាមសេចក្តីប្រាថ្នាថា នស្សនធម៌ កុំវិនាសទៅដូច្នេះ។ បពិត្រមហារាជ ជរាធម៌ របស់បុថុជ្ជន អ្នកមិនបានស្តាប់ រមែងគ្រាំគ្រាទៅ បុថុជ្ជននោះ មិនពិចារណា ក្នុងជរាធម៌ ដែលគ្រាំគ្រាទៅ ដូច្នេះថា ​ជរាធម៌ មិនគ្រាំគ្រា ចំពោះលើតែអាត្មាអញម្នាក់ឯងទេ ដោយពិត​នោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង នៃសត្វទាំងឡាយ នៅមានដរាបណា ជរាធម៌ របស់សត្វទាំងឡាយទាំងអស់ រមែងគ្រាំគ្រាទៅ ដរាបនោះ កាលបើជរាធម៌ គ្រាំគ្រាទៅហើយ អាត្មាអញ គប្បីសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះ ក្នុងកាយផង ការងារក៏មិនប្រព្រឹត្តទៅផង ពួកជនជាសត្រូវ ក៏មានចិត្ត​ត្រេកអរផង មិត្តសំឡាញ់ ក៏តូចចិត្តផងដូច្នេះ។ កាលបើជរាធម៌នោះ គ្រាំគ្រាហើយ បុថុជ្ជននោះ ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវ​សេចក្តីវង្វេងភ្លេច បពិត្រមហារាជ នេះហៅថា បុថុជ្ជន អ្នកមិនបានស្តាប់ ត្រូវសរ គឺសោក ដែលលាបដោយថ្នាំពិសចាក់ហើយ ញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ។ បពិត្រមហារាជ មួយទៀត ព្យាធិធម៌ របស់បុថុជ្ជន អ្នកមិនបានស្តាប់ តែងឈឺចាប់… មរណធម៌ រមែង​ស្លាប់… ខយធម៌ រមែងអស់ទៅ… នស្សនធម៌ រមែងវិនាសទៅ បុថុជ្ជននោះ មិនពិចារណា ក្នុងនស្សនធម៌ ដែលវិនាសទៅហើយ ដូច្នេះថា នស្សនធម៌ មិនវិនាស​ទៅ ចំពោះលើតែអាត្មាអញ​ម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ​ សេចក្តីច្យុតិ សេចក្តីកើតឡើង របស់សត្វទាំងឡាយ នៅមានត្រឹមណា នស្សនធម៌ របស់សត្វទាំងអស់ រមែងវិនាសទៅត្រឹមនោះ កាលបើនស្សនធម៌ វិនាសទៅហើយ អាត្មាអញ ក៏គប្បី​សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនឃ្លានភត្តផង សម្បុរអាក្រក់ គប្បីធ្លាក់ចុះក្នុងកាយផង ការងារក៏មិនប្រព្រឹត្ត ទៅផង ពួកជនជាសត្រូវ មានចិត្តត្រេកអរផង មិត្រសំឡាញ់តូចចិត្តផង កាលបើ​នស្សនធម៌ វិនាសទៅហើយ បុថុជ្ជននោះ ក៏សោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច បពិត្រមហារាជ នេះហៅថា បុថុជ្ជនមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសចាក់ហើយ ញ៉ាំងខ្លួនឯង ឲ្យក្តៅក្រហាយ។​ បពិត្រ​មហារាជ ជរាធម៌ របស់អរិយសាវក អ្នកបានស្តាប់ហើយ គ្រាំគ្រាទៅ អរិយសាវកនោះ ពិចារណាក្នុងជរាធម៌ ដែលគ្រាំគ្រាទៅហើយ ដូច្នេះថា ជរាធម៌ មិនគ្រាំគ្រាទៅ ចំពោះ​លើតែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តី​កើតឡើង របស់សត្វទាំងឡាយ នៅមានត្រឹមណា ​ជរាធម៌ របស់សត្វទាំងអស់ ​រមែង​គ្រាំគ្រា​ទៅត្រឹមនោះ កាលបើជរាធម៌ គ្រាំគ្រាហើយ អាត្មាអញ គប្បីសោកសង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ គប្បីមិន​ឃ្លាន​ភត្ត​ផង សម្បុរអាក្រក់ ក៏ធ្លាក់ចុះក្នុងកាយផង ការងារមិនប្រព្រឹត្តទៅផង ពួកជន​ជាសត្រូវ មានចិត្តត្រេកអរផង ពួកមិត្រសំឡាញ់ តូចចិត្តផង។ កាលបើជរាធម៌ គ្រាំគ្រាហើយ អរិយសាវកនោះ ក៏មិនសោក​សង្រេង មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច ​បពិត្រមហារាជ បុថុជ្ជន អ្នកមិនបានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសណាចាក់ហើយ រមែងញ៉ាំងខ្លួនឲ្យក្តៅក្រហាយ នេះហៅថា អរិយសាវក អ្នកបានស្តាប់ បានដកនូវសរ គឺសោក ដែលលាបដោយថ្នាំពិសនោះបាន។ អរិយសាវក ដែលមិនមានសរ គឺសោក រមែងញ៉ាំងខ្លួនឯង ឲ្យរលត់ទុក្ខបាន​។ បពិត្រ​មហារាជ មួយទៀត ព្យាធិធម៌ របស់អរិយសាវក អ្នកបានស្តាប់ហើយ រមែងឈឺចាប់… មរណធម៌ រមែងស្លាប់… ខយធម៌ រមែងអស់ទៅ… ​នស្សនធម៌ រមែងវិនាសទៅ អរិយសាវក​នោះ ពិចារណា ក្នុងនស្សនធម៌ ដែលវិនាសទៅ ដូច្នេះថា នស្សនធម៌ មិនវិនាសទៅ ចំពោះលើ​តែអាត្មាអញម្នាក់ឯងទេ ដោយពិតនោះ ដំណើរមក ដំណើរទៅ សេចក្តីច្យុតិ សេចក្តីកើតឡើង នៃសត្វទាំងឡាយ នៅត្រឹមណា នស្សនធម៌ របស់សត្វទាំងអស់ រមែង​វិនាស​ទៅត្រឹមនោះ កាលបើនស្សនធម៌ វិនាសទៅហើយ អាត្មាអញសោត គប្បីសោក​សង្រេង លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់នូវសេចក្តីវង្វេងភ្លេច អាត្មាអញ មិនឃ្លាន​ភត្តផង សម្បុរអាក្រក់ ក៏ធ្លាក់ចុះក្នុងកាយផង ការងារក៏មិនប្រព្រឹត្តទៅផង ពួកជនជាសត្រូវ មានចិត្តត្រេកអរផង ពួកមិត្រសំឡាញ់ ក៏តូចចិត្តផង។ កាល​បើ​នស្សនធម៌ វិនាសទៅហើយ អរិយសាវកនោះ ក៏មិនសោកសង្រេង មិនលំបាក មិនខ្សឹក​ខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិនដល់នូវសេចក្តីវង្វេងភ្លេច បពិត្រមហារាជ បុថុជ្ជន​អ្នកមិន​បានស្តាប់ ដែលសរ គឺសោក លាបដោយថ្នាំពិសណាចាក់ហើយ រមែង​ញ៉ាំងខ្លួន ឲ្យក្តៅក្រហាយ នេះហៅថា អរិយសាវក អ្នកបានស្តាប់ បានដកនូវសរ គឺសោក ដែលលាបដោយថ្នាំពិសនោះបាន។ អរិយសាវក មិនមានសរ គឺសោក រមែងញ៉ាំងខ្លួន ឲ្យរលត់ទុក្ខបាន។ បពិត្រមហារាជ អលព្ភនីយដ្ឋាន ៥ យ៉ាងនេះឯង ដែលសមណ​ព្រាហ្មណ៍ ទេវតា មារ ព្រហ្ម ឬបុគ្គលណាមួយក្នុងលោក មិនគប្បីបានតាមប្រាថ្នា។

ប្រយោជន៍ក្នុងលោកនេះ សូម្បីបន្តិចបន្តួច បុគ្គលមិនបាន ព្រោះសេចក្តី​សោក ខ្សឹក​ខ្សួល​ឡើយ ពួកជនជាសត្រូវ ឃើញបុគ្គលនុ៎ះ កំពុង​សោកសៅ ដល់​នូវទុក្ខ ក៏មាន​ចិត្ត​ត្រេកអរ លុះណាតែបណ្ឌិត អ្នកឈ្វេងយល់នូវហេតុផល ទើបមិនញាប់ញ័រ ក្នុង​ឧបទ្រពទាំងឡាយ ពួកជនជាសត្រូវ ឃើញ (ទឹក) មុខបណ្ឌិតនោះ មិន​ប្រែប្រួល​ប្លែក​អំពីដើម ក៏កើតទុក្ខវិញ បុគ្គលគប្បីបានប្រយោជន៍ ក្នុងទីណា ដោយប្រការ​ណា ៗ គប្បីព្យាយាម ក្នុងទីនោះ ៗ ដោយប្រការដូច្នោះ ៗ គឺការនិយាយសរសើរក្តី ការ​រាយមន្តក្តី ការនិយាយជាសុភាសិតក្តី ការផ្តល់ឲ្យក្តី បវេណីក្តី បើបុគ្គលដឹងថា ប្រយោជន៍នុ៎ះ អាត្មាអញក្តី អ្នកដទៃក្តី មិនគប្បីបានតាមសេចក្តីប្រាថ្នាទេ ហើយមិនសោកសៅ គប្បីអត់ធ្មត់ថា កម្មដ៏មាំ (អាត្មាអញ បានសន្សំទុកហើយ) ឥឡូវនេះ អាត្មាអញ ធ្វើដូចម្តេចហ្ន៎។

កាលព្រះនារទៈ សំដែងយ៉ាងនេះហើយ ព្រះរាជាមុណ្ឌៈ បានទូលព្រះនារទៈដ៏មាន​អាយុ យ៉ាងនេះថា បពិត្រព្រះករុណាដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះអ្វី។ បពិត្រ​មហារាជ ធម្មបរិយាយនេះ ឈ្មោះថា សោកសល្លហរណៈ គឺឧបាយ ជាគ្រឿងដកនូវសរ គឺសោក។ បពិត្រព្រះករុណា មែនហើយ ហៅថា សោកសល្លហរណធម៌ បពិត្រព្រះករុណា មែន​ហើយ ហៅថា សោកសល្លហរណធម៌ បពិត្រព្រះករុណា ខ្ញុំព្រះករុណា បានស្តាប់​ធម្មបរិយាយ​នេះហើយ ក៏លះបង់នូវសរ គឺសោកបាន។ លំដាប់នោះ ព្រះរាជាមុណ្ឌៈ ត្រាស់ហៅសោការក្ខាមាត្យ ជាទីគាប់ព្រះទ័យថា ម្នាលសំឡាញ់ ជាទីស្រឡាញ់ បើដូច្នោះ ចូរអ្នករំលាយសរីរៈនាងភទ្ទាទេវី ហើយកសាងព្រះស្តូប ដើម្បីបញ្ចុះ​ធាតុ​នាង​ភទ្ទាទេវី​នោះ។ ចាប់ដើមតាំងពីថ្ងៃនេះទៅ យើងនឹងងូតទឹកផង ប្រោះព្រំផង បរិភោគភត្តផង ប្រកបការងារទាំងឡាយផង។

ចប់ មុណ្ឌរាជវគ្គ ទី៥។

ឧទ្ទាននៃមុណ្ឌរាជវគ្គនោះគឺ

ហេតុទាំងឡាយ ដែលបុគ្គលគប្បីបាននូវទ្រព្យ ១ សប្បុរសកើតក្នុងត្រកូល ១ ធម៌​ទាំង​ឡាយ​ជាទីប្រាថ្នា ១ បុគ្គលអ្នកឲ្យនូវរបស់ជាទីគាប់ចិត្ត តែងបានរបស់​ជាទី​គាប់ចិត្តវិញ ១ គំនរបុណ្យ ១ សម្បទា ១ ទ្រព្យ ១ ហេតុដែលបុគ្គល​មិនគប្បីបាន​តាមប្រាថ្នា ១ ព្រះរាជា​បសេនទិកោសល ព្រួយព្រះហឫទ័យ ១ នារទៈសំដែងធម៌ ១។

ចប់ បឋមបណ្ណាសក។

ទុតិយបណ្ណាសក

នីវរណវគ្គ

អាវរណសូត្រ ទី១

[៥១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណិ្ឌក​សេដ្ឋី ជិតក្រុងសាវត្ថី។​ ក្នុងទីនោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំង​ឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះ​ភាគថា ករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ។ ធម៌ ៥ ​យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់​នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១​ ម្នាលភិក្ខុទាំងឡាយ ព្យាបាទៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសោត មិនបានលះបង់ធម៌ ៥ នេះ ​ដែលជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញា​ឲ្យមានកម្លាំងថយ នឹងដឹងនូវ​ប្រយោជន៍​ខ្លួន ដឹងនូវប្រយោជន៍អ្នកដទៃ ដឹងនូវប្រយោជន៍​ទាំងពីរ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យបាននូវអរិយភាព​ដ៏លើស​​លុប ជាងមនុស្សធម៌ [សំដៅ​យក​កម្មបថ ទាំង១០។​ អដ្ឋកថា។] តទៅ ដោយប្រាជ្ញាមិនមានកម្លាំង ​ និងមានកម្លាំងថយ ដូច្នេះនុ៎ះ មិនជាហេតុ ជាទីតាំងឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹង ហូរចុះអំពីភ្នំ ប្រព្រឹត្តទៅ​កាន់ទីឆ្ងាយ មានខ្សែទឹកដ៏រហ័ស ហូរនាំយកទាំងសំណាត់ទៅ មានបុរស​ បើក​មាត់​ប្រឡាយ​​ សងខាងស្ទឹងនោះ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ ខ្សែទឹកត្រង់​កណ្តាលស្ទឹងនោះ នឹងហូររាចសាចព្រាច ទៅផ្សេងៗ មិនប្រព្រឹត្តទៅកាន់ទីឆ្ងាយបាន មានខ្សែទឹកមិនបានរហ័ស ទាំងមិនបានហូរនាំយកសំណាត់ទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ មិនបានលះនូវធម៌ ៥ យ៉ាងនេះ ដែលជាគ្រឿងទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ និងដឹងនូវប្រយោជន៍ខ្លួន ដឹងនូវ​ប្រយោជន៍​អ្នកដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យបាន នូវអរិយភាពដ៏លើសលុប ជាងមនុស្សធម៌តទៅ ដោយប្រាជ្ញាមិនមានកម្លាំង និងមានកម្លាំងថយ ដូច្នេះនុ៎ះ ក៏មិនជាហេតុ ជាទីតាំង យ៉ាងនោះដែរ។ ម្នាលភិក្ខុ​ទាំងឡាយ លុះភិក្ខុនោះ បានលះបង់នូវធម៌ ៥ ​យ៉ាងនេះ ដែលជាគ្រឿងទប់ រារាំង គ្រប​សង្កត់នូវចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ និងដឹងនូវប្រយោជន៍ខ្លួន ដឹងនូវ​ប្រយោជន៍​អ្នដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យ​បាននូវអរិយភាពដ៏លើសលុប ជាងមនុស្សធម៌តទៅ ដោយប្រាជ្ញាមានកម្លាំង ដូច្នេះ នេះទើបជាហេតុ ជាទីតាំងបាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹង ហូរចុះអំពីភ្នំ ប្រព្រឹត្តទៅកាន់ទីឆ្ងាយ មានខ្សែទឹកដ៏រហ័ស ហូរនាំយកទាំងសំណាត់ទៅ មានបុរស ទប់​មាត់ប្រឡាយសងខាងស្ទឹងនោះ កាលបើយ៉ាងនេះ ខ្សែទឹកត្រង់កណ្តាលស្ទឹងនោះ មិនបាន​ហូររាចសាចព្រាចទៅផ្សេងៗ ល្មមប្រព្រឹត្តទៅកាន់ទីឆ្ងាយ ជាខ្សែទឹកដ៏រហ័ស ទាំងហូរនាំយកសំណាត់ទៅបាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះសោត បានលះបង់នូវធម៌ ៥ យ៉ាងនេះ ដែលជាគ្រឿទប់ រារាំង គ្របសង្កត់នូវចិត្ត ធ្វើប្រាជ្ញា​ឲ្យមាន​កម្លាំងថយ និងដឹងនូវប្រយោជន៍ខ្លួន ដឹងនូវប្រយោជន៍អ្នកដទៃ ដឹងនូវប្រយោជន៍ទាំងពីរ ឬនឹងធ្វើឲ្យជាក់ច្បាស់ នូវញាណទស្សនវិសេស ល្មមឲ្យបាននូវអរិយភាព ដ៏លើស​លុប​ ជាង​​មនុស្សធម៌តទៅ ដោយប្រាជ្ញាមានកម្លាំង ដូច្នេះ នេះក៏ជាហេតុ ជាទីតាំង យ៉ាងនោះ​ដែរ។

អកុសលរាសិសូត្រ ទី២

[៥២] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា គំនរអកុសល (បើ) ពោលឲ្យត្រូវ គួរហៅថា នីវរណៈ ៥ យ៉ាង។ ម្នាលភិក្ខុទាំងឡាយ គំនរអកុសលទាំងអស់ ក៏គឺ​នីវរណៈ​ទាំង ៥ យ៉ាងនេះ។ នីវរណៈ ៥ តើដូចម្តេច។ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា គំនរអកុសល (បើ) ពោលឲ្យត្រូវ គួរហៅថា នីវរណៈ ៥ យ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ គំនរអកុសលទាំងអស់ ក៏គឺនីវរណៈ ៥ យ៉ាងនេះ។

បធានិយង្គសូត្រ ទី៣

[៥៣] ម្នាលភិក្ខុទាំងឡាយ អង្គនៃសេចក្តីព្យាយាមនេះ មាន ៥ យ៉ាង។​​ អង្គ​ ៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសទ្ធា ជឿញាណ គ្រឿងត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្ត ជាសម្មា​សម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាបុគ្គលប្រ​សើរបំផុត ជាសារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ​ ជាព្រះពុទ្ធ លែងវិលមកកាន់ភពថ្មីទៀត ១ ជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយធាតុភ្លើង សម្រាប់ដុតកំដៅយ៉ាងល្មម មិនត្រជាក់ពេក មិនក្តៅពេក ជាយ៉ាងកណ្តាល គួរនឹង​ធ្វើ​ព្យាយាមបាន ១ ជាអ្នកមិនអួតអាង មិនមានមាយា ជាអ្នកធ្វើខ្លួន ឲ្យប្រាកដតាមពិត ក្នុងសំណាក់គ្រូ និងពួកសព្រហ្មចារីជាវិញ្ញូជន ១ ជាអ្នកប្រារព្ធព្យាយាម ដើម្បីលះបង់​អកុសលធម៌ ធ្វើកុសលធម៌ ឲ្យសម្រេច មានកម្លាំងប្រឹងសង្វាត មិនដាក់ចុះនូវធុរៈ ក្នុង​កុសលធម៌ ១ ជាអ្នកមានបញ្ញា ប្រកបដោយបញ្ញា អាចកំណត់នូវការកើត និងការ​រលត់​ដ៏ប្រសើរ ជាគ្រឿងទំលុះទំលាយ (កិលេស) អាចកំណត់នូវធម៌ ជាគ្រឿងអស់ទៅ នៃទុក្ខ​ដោយប្រពៃបាន ១។ ម្នាលភិក្ខុទាំងឡាយ អង្គនៃសេចក្តីព្យាយាម មាន ៥ នេះឯង។

សមយសូត្រ ទី៤

[៥៤]​ ម្នាលភិក្ខុទាំងឡាយ អសម័យ (សម័យមិនគួរ) ៥​ យ៉ាងនេះ ដើម្បីព្យាយាម។ អសម័យ ៥ យ៉ាង តើដូចម្តេច។​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកគ្រាំគ្រា ត្រូវជរាគ្របសង្កត់ ម្នាលភិក្ខុទាំងឡាយ នេះជាអសម័យ ទី១ ដើម្បីព្យាយាម។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុជាអ្នកមានព្យាធិ ត្រូវព្យាធិគ្របសង្កត់ ម្នាលភិក្ខុទាំងឡាយ នេះជាអសម័យ ទី២ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្រុកអំណត់​អត់​បាយ មានស្រូវមិនល្អ រកបិណ្ឌបាតបានដោយក្រ មិនងាយបុគ្គលព្យាយាម ស្វែងរក​អាហារ​បានឡើយ ម្នាលភិក្ខុទាំងឡាយ នេះជាអសម័យ ទី៣ ដើម្បីព្យាយាម។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត (ស្រុក) មានភ័យ [បានសេចក្តីថា ស្រុកកើតចម្បាំង។] មានការរំភើប​កក្រើក ក្នុងដងព្រៃ ពួកអ្នកជនបទ ក៏នាំគ្នាឡើងកាន់ចក្កយាន ហើយបរទៅ ម្នាលភិក្ខុ​ទាំង​ឡាយ នេះជាអសម័យ ទី៤ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សង្ឃ​បែក​គ្នា ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃបែកគ្នាហើយ ការជេរគ្នានឹងគ្នា ក៏រមែងមាន ការ​ប្រទេចគ្នានឹងគ្នា ក៏រមែងមាន ការនិយាយបោះបោកគ្នានឹងគ្នា ក៏រមែងមាន ការបោះបង់​ចោលគ្នានឹងគ្នា ក៏រមែងមាន ពួកជនដែលមិនទាន់ជ្រះថ្លា ក្នុងសង្ឃនោះឯង ក៏នៅតែ​មិនជ្រះថ្លា ពួកជនខ្លះ ដែលជ្រះថ្លាហើយ ក៏បែរចិត្តផ្សេងទៅវិញ ម្នាលភិក្ខុទាំងឡាយ នេះជាអសម័យ ទី៥ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ យ៉ាងនេះឯង ជាអសម័យ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ អសម័យ (សម័យមិនគួរ) ៥ យ៉ាងនេះ​ឯង ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ សម័យ ៥ យ៉ាងនេះ ដើម្បីព្យាយាម។ សម័យ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្មេងកំឡោះ ពេញកម្លាំង មានសក់ខ្មៅ ប្រកបដោយវ័យកំពុងចំរើន គឺវ័យជាបឋម ម្នាលភិក្ខុទាំងឡាយ នេះជា​សម័យ ទី១ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនមានអាពាធ មិនមានទុក្ខ ប្រកបដោយធាតុភ្លើង ជាគ្រឿងដុតកំដៅយ៉ាងល្មម មិនត្រជាក់ពេក មិនក្តៅ​ពេក យ៉ាងកណ្តាល គួរដើម្បីព្យាយាមបាន ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី២ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្រុកសម្បូរភិក្ខាមានស្រូវល្អ រក​បិណ្ឌបាតបានងាយ បុគ្គលងាយព្យាយាមស្វែងរកអាហារបាន ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី៣ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកមនុស្សព្រម​ព្រៀងគ្នា ​រួសរាយរកគ្នា មិនវិវាទគ្នា រលាយចូលគ្នា ដូចទឹកដោះលាយនឹងទឹក សំឡឹង​មើលគ្នា ទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី៤ ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត សង្ឃព្រមព្រៀងគ្នា រួសរាយរកគ្នា មិនវិវាទគ្នា មានបាលីសម្រាប់សំដែងឡើងតែមួយ នៅជាសុខសប្បាយ ម្នាលភិក្ខុទាំង​ឡាយ កាលបើសង្ឃព្រមព្រៀងគ្នាហើយ ការជេរគ្នានឹងគ្នា ក៏មិនមាន ការប្រទេចគ្នានឹងគ្នា ក៏មិនមាន ការស្រដីបោះបោករកគ្នានឹងគ្នា ក៏មិនមាន ការលះបង់ចោលគ្នានឹងគ្នា ក៏មិន​មាន ពួកជនដែលមិនទាន់ជ្រះថ្លា ក្នុងសង្ឃនោះ ក៏ជ្រះថ្លាឡើង ពួកជនដែលជ្រះថ្លាហើយ ក៏រឹតតែជ្រះថ្លាក្រៃពេក ម្នាលភិក្ខុទាំងឡាយ នេះជាសម័យ ទី៥ គួរប្រព្រឹត្ត ដើម្បីព្យាយាម។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ យ៉ាងនេះឯង ជាសម័យ គួរប្រព្រឹត្ត ដើម្បីព្យាយាម។

មាតាបុត្តសូត្រ ទី៥

[៥៥]​ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណិ្ឌកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះ ជនពីរនាក់ គឺភិក្ខុ ១ ភិក្ខុនី ១ ជាមាតា និង បុត្រ បានចូលទៅនៅចាំវស្សា ទៀបក្រុងសាវត្ថី។ ជនទាំងពីរនោះ ជាអ្នកប្រាថ្នាឲ្យ​ឃើញគ្នានឹងគ្នាជារឿយៗ គឺមាតា ក៏ជាអ្នកប្រាថ្នាឲ្យឃើញបុត្ររឿយៗ ចំណែកបុត្រ ក៏ជាអ្នកប្រាថ្នាឲ្យឃើញមាតារឿយៗ។ ការនៅច្រឡូកច្រឡំកើតមាន ព្រោះជនទាំង​នោះ បាន​ឃើញគ្នារឿយៗ កាលបើការនៅច្រឡូកច្រឡំមានហើយ សេចក្តីស្និទ្ធស្នាល ក៏កើត​មាន កាលបើមានសេចក្តីស្និទ្ធស្នាលហើយ សេចក្តីស៊ប់ចិត្ត ក៏កើតមាន។ ជនទាំងពីរនោះ លុះមានចិត្តចុះស៊ប់ រកគ្នាហើយ ក៏មិនបានលាសិក្ខា មិនបានធ្វើឲ្យជាក់​ច្បាស់នូវភាព នៃខ្លួនមានកម្លាំងថយ ស្រាប់តែសេពនូវមេថុនធម្ម។ គ្រានោះ មានភិក្ខុ​ច្រើនរូប បានចូល​ទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស មានជនពីរនាក់ គឺភិក្ខុ ១ ភិក្ខុនី ១ ជាមាតា និងបុត្ត បានចូលមកនៅចាំវស្សា ក្នុងក្រុងសាវត្ថីនេះ។ ជនទាំងពីរនោះ ជាអ្នក​ប្រាថ្នា​ឲ្យឃើញគ្នានឹងគ្នា ជារឿយៗ គឺមាតា ក៏ជាអ្នកប្រាថ្នា ឲ្យឃើញបុត្ររឿយៗ ចំណែកបុត្រ ក៏ជាអ្នកប្រាថ្នា ឲ្យឃើញមាតារឿយៗ។ ការនៅច្រឡូកច្រឡំគ្នាកើតមាន ក៏ព្រោះជនទាំងពីរនោះ បានឃើញគ្នារឿយៗ កាលបើមានការនៅច្រឡូកច្រឡំហើយ សេចក្តីស្និទ្ធស្នាល ក៏កើតមាន កាលបើមានសេចក្តីស្និទ្ធស្នាលហើយ សេចក្តីស៊ប់ចិត្ត ក៏កើត​មាន។ ជនទាំងពីរនោះ លុះមានចិត្តចុះស៊ប់ រកគ្នាហើយ ក៏មិនបានលាសិក្ខា មិនបានធ្វើឲ្យជាក់ច្បាស់ នូវភាពនៃខ្លួនមានកម្លាំងថយ ស្រាប់តែសេពមេថុនធម្ម។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មោឃបុរសនោះ ដឹងដែរ ឬមិនដឹងទេថា មាតារមែងត្រេកអរក្នុងបុត្រ ឬថាបុត្រ ក៏រមែងត្រេកអរក្នុងមាតា។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគតពិចារណារកមិន​ឃើញ នូវរូបដទៃ សូម្បីតែរូបមួយ ដែលជាទី​តាំង​នៃតម្រេក យ៉ាងនេះ ជាទីតាំងនៃសេចក្តីប្រាថ្នា​ យ៉ាងនេះ ជាទីតាំង នៃសេចក្តីស្រវឹង យ៉ាងនេះ ជាទីតាំង នៃចំណង់យ៉ាងនេះ ជាទីតាំង នៃសេចក្តីជ្រប់នៅ យ៉ាងនេះ នឹងធ្វើឲ្យ​អន្តរាយ ដល់ការបានសេចក្តីក្សេមចាកយោគៈដ៏ប្រសើរលើស យ៉ាងនេះ ដូចជារូបស្រី​នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វត្រេកអរ ជាប់ជំពាក់ សញ្ជប់ជ្រប់ ស៊ប់នៅក្នុង​រូបស្រីហើយ សត្វពួកនោះ ឈ្មោះថា លុះក្នុងអំណាចនៃរូបស្រី រមែងសោកស្តាយអស់​កាលយូរអង្វែង។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតពិចារណា មិនឃើញនូវសំឡេងដទៃ សូម្បីតែសំឡេង​មួយ… នូវក្លិនដទៃ សូម្បីតែក្លិនមួយ… នូវរស់ដទៃ សូម្បីតែរសមួយ… នូវ​ផ្សព្វដទៃ សូម្បីតែផ្សព្វមួយ ដែល​ជាទីតាំង នៃតម្រេក យ៉ាងនេះ ជាទីតាំង នៃសេចក្តី​ប្រាថ្នា យ៉ាងនេះ ជាទីតាំង នៃសេចក្តី​ស្រវឹង យ៉ាងនេះ ជាទីតាំង នៃចំណង់ យ៉ាងនេះ ជាទីតាំង នៃសេចក្តីជ្រប់នៅ យ៉ាងនេះ នឹងធ្វើឲ្យ​អន្តរាយ ដល់ការ​បានសេចក្តីក្សេម ចាកយោគៈ ដ៏ប្រសើរលើស យ៉ាងនេះ ដូចជាផ្សព្វ នៃស្រីនេះទេ។ ម្នាលភិក្ខុទាំងឡាយ សត្វត្រេកអរ ជាប់ចំពាក់ សញ្ជប់​ជ្រប់ស៊ប់ នៅក្នុងផ្សព្វនៃស្រីហើយ សត្វពួកនោះ ឈ្មោះថា លុះក្នុងអំណាច នៃផ្សព្វស្រី រមែងសោកស្តាយ អស់កាលជាយូរអង្វែង។ ម្នាល​ភិក្ខុ​ទាំងឡាយ ស្រីទោះកំពុងដើរក្តី ក៏រមែងគ្របសង្កត់ចិត្តបុរសបាន ទោះឈរក្តី អង្គុយក្តី ដេកក្តី ក្រាបចុះក្តី ការនិយាយក្តី ច្រៀងក្តី យំក្តី ហើមប៉ោងក្តី ស្លាប់ក្តី ក៏រមែងគ្រប​សង្កត់នូវចិត្ត នៃបុរសបាន។ ម្នាលភិក្ខុទាំងឡាយ តាមពិតថា បុគ្គល កាលបើហៅ​មាតុគ្រាម​នោះ ឲ្យត្រូវ គួរហៅថា​ ជាអន្ទាក់ (សម្រាប់ទាក់) ដោយជុំវិញ របស់មារដូច្នេះ បុគ្គល កាលបើហៅមាតុគ្រាម​ឲ្យត្រូវ គួរហៅថា ជាអន្ទាក់ដោយជុំវិញ របស់មារដូច្នេះ។

បុគ្គលចរចាជាមួយនឹងជន ដែលមានដាវក្នុងដៃក្តី ចរចាជាមួយនឹងបិសាចក្តី ប៉ះពាល់នឹងអាសិរពិស ហើយត្រូវអាសិរពិសចឹកស្លាប់ក្តី (ប្រសើរជាង) មិនគួរចរចា ជាមួយនឹងមាតុគ្រាម តែមួយនឹងមួយឡើយ។ ពួកមាតុគ្រាមនោះ រមែង​ចង​បុរស​ដែលភ្លេចស្មារតី ដោយការសំឡឹងមើលផង ​ ដោយកិរិយាញញឹមផង មួយ​យ៉ាង​ទៀត​ ដោយការស្លៀកមិនស្រួលផង ដោយសំដីដ៏ពីរោះផង ជន គឺមាតុគ្រាមនុ៎ះ មិនមែនបៀតបៀនបុរស តែ (ត្រឹមរស់នៅ) ប៉ុណ្ណោះទេ ទោះបីហើមប៉ោង ឬ​ស្លាប់ហើយ ក៏ (គង់នៅតែបៀតបៀនដែរ)។ កាមគុណទាំង ៥ នុ៎ះ គឺរូប សំឡេង ក្លិន រស ផ្សព្វ ដែលជាតម្រេកនៃចិត្ត រមែងប្រាកដ ក្នុងរូបនៃស្រ្តី។ កាលបុរសទាំងនោះ ដែលជំនន់ គឺកាមកួចនាំទៅ មិនបានកំណត់ដឹង នូវកាមទាំងឡាយ រមែងធ្វើនូវគតិ និងការកើតរឿយៗ អស់វដ្តកាល ក្នុងសង្សារវដ្តទៅខាងមុខ។ លុះ​តែបុរស​ទាំង​ឡាយ​​ណា កំណត់ដឹង នូវកាមទាំងឡាយបាន ទើបបុរសនោះ មិនមានភ័យអំពី​ទី​ណា​ឡើយ ឬបុរសទាំងឡាយ​ណា បានដល់នូវការ​អស់ទៅ នៃអាសវៈ ក្នុង​លោក​ហើយ បុរសទាំងនោះ ទើបឈ្មោះថា បានដល់នូវត្រើយ គឺព្រះនិព្វាន។

ឧបជ្ឈាយសូត្រ ទី៦

[៥៦]​ គ្រានោះឯង មានភិក្ខុមួយរូប បានចូលទៅរកឧបជ្ឈាយ៍របស់ខ្លួន លុះចូល​ទៅដល់ហើយ បាននិយាយពាក្យនេះ នឹងឧបជ្ឈាយ៍របស់ខ្លួនថា បពិត្រព្រះថេរៈដ៏ចំរើន ឥឡូវនេះ កាយរបស់ខ្ញុំ មានសភាពធ្ងន់ ទាំងទិស ក៏មិនប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ ក៏មិន​ជាក់ច្បាស់ដល់ខ្ញុំ ថីនមិទ្ធៈគ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំប្រព្រឹត្តព្រហ្មចរិយៈ ទាំងសេចក្តីអផ្សុក សេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ក៏មានដល់ខ្ញុំ។ លំដាប់នោះឯង ភិក្ខុនោះ ​បាននាំភិក្ខុ​ជាសទ្ធិវិហារិកនោះ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុង​​ទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុនេះ ពោលយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ឥឡូវនេះ កាយរបស់ខ្ញុំ មានសភាពធ្ងន់ ទាំងទិស ក៏មិនប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ ក៏មិនជាក់ច្បាស់ដល់ខ្ញុំ​ថីនមិទ្ធៈ​គ្របសង្កត់​ចិត្ត​របស់ខ្ញុំ ខ្ញុំប្រព្រឹត្តព្រហ្មចរិយៈទាំងសេចក្តីអផ្សុក សេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ក៏មានដល់ខ្ញុំ។​ ព្រះដ៏មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ហេតុនុ៎ះ រមែងមានយ៉ាងហ្នឹងឯង។ កាលបើភិក្ខុ មិនបានគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ មិនស្គាល់ប្រមាណ ក្នុងភោជន មិនបានប្រកបរឿយៗ នូវការភ្ញាក់រលឹក មិនពិចារណា រាវរក នូវពួកធម៌ជាកុសល អស់​រាត្រី​ខាងដើម និងរាត្រីខាងចុង មិនបានប្រឹងប្រកបព្យាយាម ចំរើននូវធម៌ទាំងឡាយ ជា​ចំណែកនៃពោធិញ្ញាណ កាយរបស់ភិក្ខុនោះ រមែងមានសភាពធ្ងន់ ទាំងទិស ក៏មិនបាន​ប្រាកដ ដល់ភិក្ខុនោះ ធម៌ទាំងឡាយ ក៏មិនជាក់ច្បាស់ ដល់ភិក្ខុនោះ ថីនមិទ្ធៈ ក៏គ្របសង្កត់ចិត្តរបស់ភិក្ខុនោះ ភិក្ខុនោះ រមែងប្រព្រឹត្តព្រហ្មចរិយៈ ទាំងសេចក្តីអផ្សុក សេចក្តីសង្ស័យក្នុងធម៌ទាំងឡាយ ក៏មានដល់ភិក្ខុនោះ។ ម្នាលភិក្ខុ ព្រោះហេតុនោះ អ្នកត្រូវសិក្សា ក្នុងសាសនានេះ យ៉ាងនេះថា អាត្មា​អញ នឹងជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ជាអ្នកដឹងប្រមាណ ក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ពិចារណា រាវរក នូវពួកធម៌ជាកុសល អស់រាត្រីខាងដើម និងរាត្រីខាងចុង ប្រឹងប្រកប​ការព្យាយាម ចំរើននូវធម៌ទាំងឡាយ ជាចំណែកនៃពោធិញ្ញាណ។ ម្នាលភិក្ខុ អ្នកត្រូវសិក្សា យ៉ាងនេះឯង។ លំដាប់នោះ​​ ភិក្ខុនោះ លុះព្រះដ៏មានព្រះភាគ ទ្រង់ទូន្មាន ដោយឱវាទ​នេះហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចធ្វើប្រទក្សិណ ចៀសចេញទៅ។ លំដាប់នោះ ភិក្ខុនោះ គេចចេញទៅតែម្នាក់ឯង ជាអ្នកមិនធ្វេសប្រហែស មានព្យាយាមដុតបំផ្លាញនូវកិលេស មានចិត្តស្លុង ទៅកាន់ព្រះនិព្វាន ពួកកុលបុត្ត ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រ​យោជន៍ ដល់គុណវិសេសណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ បានដល់នូវគុណវិសេស ដ៏លើសលុបនោះ ជាទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន អស់កាលមិនយូរ ហើយបានដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានប្រព្រឹត្តចប់ហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏ជាព្រះអរហន្តមួយអង្គដែរ។ លុះភិក្ខុនោះ បានសម្រេច​អរហត្តហើយ ក៏ចូលទៅរកឧបជ្ឈាយ៍របស់ខ្លួន លុះចូល​ទៅដល់​ហើយ ក៏បាននិយាយ​នឹងឧបជ្ឈាយ៍របស់ខ្លួន យ៉ាងនេះថា បពិត្រព្រះថេរៈដ៏ចំរើន ឥឡូវនេះ កាយរបស់ខ្ញុំ​លែងធ្ងន់ហើយ ទិសទាំងឡាយ ក៏ប្រាកដដល់ខ្ញុំ ធម៌​ទាំងឡាយ ក៏ជាក់ច្បាស់​ដល់ខ្ញុំ ថីនមិទ្ធៈ ក៏លែងគ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំប្រព្រឹត្តព្រហ្មចរិយៈ ដោយសេចក្តីត្រេកអរ សេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ក៏មិនមាន​ដល់ខ្ញុំឡើយ។ លំដាប់នោះឯង ភិក្ខុនោះ បាននាំភិក្ខុជាសទ្ធិវិហារិកនោះ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះ​ភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មាន​ព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុនេះ បាននិយាយយ៉ាងនេះថា បពិត្រ​ព្រះថេរៈដ៏ចំរើន ឥឡូវនេះ កាយរបស់ខ្ញុំលែងធ្ងន់ហើយ ទិសទាំងឡាយ ក៏ប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយ ក៏ជាក់ច្បាស់ ដល់ខ្ញុំ ថីនមិទ្ធៈ ក៏លែងគ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំប្រព្រឹត្ត​ព្រហ្មចរិយៈ ដោយសេចក្តីត្រេកអរ សេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ក៏មិនមានដល់ខ្ញុំ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ ហេតុនុ៎ះ រមែងមានយ៉ាងហ្នឹងឯង។ កាល​បើភិក្ខុបានគ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ដឹងប្រមាណ ក្នុងភោជន ប្រកបរឿយៗ​នូវការភ្ញាក់រលឹក ពិចារណា រាវរក នូវពួកធម៌ជាកុសល អស់រាត្រីខាងដើម និង​រាត្រីខាងចុង ប្រឹងប្រកបការព្យាយាម ចំរើនធម៌ទាំងឡាយ ជាចំណែកនៃពោធិញ្ញាណ កាយរបស់ភិក្ខុនោះ រមែងមិនធ្ងន់ ទិសទាំងឡាយ ក៏ប្រាកដ ដល់ភិក្ខុនោះ ធម៌ទាំងឡាយ ​ក៏ជាក់ច្បាស់ដល់ភិក្ខុនោះ ថីនមិទ្ធៈ ក៏មិនគ្របសង្កត់ចិត្ត របស់ភិក្ខុនោះ ភិក្ខុនោះ ប្រព្រឹត្តព្រហ្មចរិយៈ ដោយសេចក្តីត្រេកអរ ទាំងសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ ក៏មិនមានដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវសិក្សាក្នុងសាសនានេះ យ៉ាងនេះថា ពួកយើងនឹង​ជាអ្នក​គ្រប់គ្រងទ្វារ ក្នុងឥន្រ្ទិយទាំងឡាយ ជាអ្នកដឹងប្រមាណ ក្នុងភោជន ប្រកបរឿយៗ នូវការភ្ញាក់រលឹក ពិចារណា រាវរក នូវពួកធម៌ជាកុសល អស់រាត្រីខាង​ដើម និងរាត្រីខាង​ចុង ប្រឹងប្រកបការព្យាយាម ចំរើនធម៌ទាំងឡាយ ជាចំណែកនៃពោធិញ្ញាណ។ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាងនេះឯង។

អភិណ្ហបច្ចវេក្ខិតព្វឋានសូត្រ ទី៧

[៥៧]​ ម្នាលភិក្ខុទាំងឡាយ ស្ថាន ៥​ យ៉ាងនេះ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ។ ស្ថាន ៥ យ៉ាង តើដូចម្តេច។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ មានជរាជាធម្មតា មិនកន្លងជរាទៅបានឡើយ១។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លង​ព្យាធិទៅបានឡើយ ១។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា​រឿយៗថា អាត្មាអញ មានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ ១។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ តែងមានសេចក្តី​ព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទី​គាប់ចិត្តទាំងពួង ១។ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្ម​ជាមត៌ក មានកម្មជាកំណើត ​មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើនូវ​កម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលនូវផលនៃកម្មនោះ ១។ ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន តើព្រោះអាស្រ័យ​អំណាច​ប្រយោជន៍​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងវ័យដ៏ចំរើន ដែលជា​ហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណាស្ថាននោះ រឿយៗហើយ ក៏លះបង់​យោព្វនមទៈ ​(សេចក្តី​ស្រវឹង ក្នុងវ័យដ៏ចំរើន) ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់​ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា​រឿយៗថា អាត្មាអញ មានជរា ជាធម្មតា មិនកន្លងជរាទៅបាន ព្រោះអាស្រ័យ​អំណាច​ប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗថា អាត្មាអញ មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិទៅបាន តើព្រោះ​អាស្រ័យអំណាចប្រយោជន៍ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមាន​សេចក្តី​ស្រវឹង ក្នុងភាពនៃខ្លួនជាមិន​មានរោគ ដែលជាហេតុនាំឲ្យពួកសត្វ ប្រព្រឹត្តទុច្ចរិត​ដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិត​ដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណា នូវស្ថាននោះរឿយៗ ហើយ គង់លះបង់ អារោគ្យមទៈ (សេចក្តីស្រវឹង ក្នុងភាវៈ​នៃខ្លួន​មិនមានរោគ) ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុ​ទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ មានព្យាធិ​ជាធម្មតា មិនកន្លងព្យាធិទៅបាន ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី​ គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា អាត្មាអញ មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន តើព្រោះអាស្រ័យ​អំណាច​ប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វតែងមានសេចក្តីស្រវឹង ក្នុងជីវិត ដែលជាហេតុនាំឲ្យពួកសត្វប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាលបើបុគ្គលនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ គង់លះបង់ជីវិតមទៈ (សេចក្តីស្រវឹងក្នុងជីវិត) ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាល​ស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយ ៗ ថា អាត្មាអញ មានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបាន ព្រោះ​អាស្រ័យ​អំណាចប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ តែងមានសេចក្តី​ព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង តើព្រោះអាស្រ័យ​អំណាចប្រយោជន៍ដូចម្តេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ពួកសត្វតែងមានតម្រេកក្រៃលែង ក្នុងសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្ត ដែលជាហេតុនាំឲ្យសត្វ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត។ កាល​បើបុគ្គលនោះ ពិចារណា នូវស្ថាននោះរឿយៗ ហើយ គង់លះបង់ឆន្ទរាគ (តម្រេកក្រៃ​លែង) ក្នុងសត្វ និងសង្ខារ ដោយសព្វគ្រប់ ឬពុំនោះសោត គង់ស្រាលស្តើងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា​រឿយ ៗ ថា អាត្មាអញ មានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ព្រោះអាស្រ័យអំណាចប្រយោជន៍នេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណារឿយៗ ថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មាន​កម្មជាទីរលឹក អាត្មាអញ នឹងធ្វើនូវកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក​នូវផលនៃកម្មនោះ តើព្រោះអាស្រ័យអំណាចប្រយោជន៍ដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ពួកសត្វតែងមានកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត។ កាលបើបុគ្គលនោះ ពិចារណា នូវស្ថាន​នោះរឿយៗ ហើយ គង់លះបង់ទុច្ចរិត ដោយសព្វគ្រប់ ឬពុំនោះសោត ក៏គង់​ស្រាលស្តើងទៅបាន​។ ម្នាលភិក្ខុទាំងឡាយ ស្រ្តីក្តី បុរសក្តី គ្រហស្ថក្តី បព្វជិតក្តី គួរពិចារណា​រឿយៗ ថា អាត្មាអញ មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្ម​ជាកំណើត មានកម្មជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះ ព្រោះអាស្រ័យអំណាច​ប្រយោជន៍​នេះឯង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវកនោះ តែងពិចារណាថា មិនមែន​តែអាត្មាអញ ម្នាក់ឯងទេ ដែលមានជរា ជាធម្មតា មិនកន្លងជរាទៅបាន ទោះបីពួកសត្វ ​ដែលមានការ​រង្គាត់មក រង្គាត់ទៅ ច្យុត និងកើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏តែង​មានជរា ជាធម្មតា មិនកន្លងជរាទៅបានដែរ កាលបើអរិយសាវកនោះ ពិចារណា​នូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយៗ នូវលោកុត្តរមគ្គ​នោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវ​លោកុត្តរមគ្គ​នោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែង​សាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។ (អរិយសាវកនោះ ​ពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមាន​ព្យាធិ ជាធម្មតា មិនកន្លង​ព្យាធិទៅបាន ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វ​ទាំងអស់ ក៏មានព្យាធិ ជាធម្មតា មិនកន្លងព្យាធិ​ទៅបានដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗហើយ លោកុត្តរ​មគ្គ ក៏កើតឡើងព្រម។ អរិយសាវក​នោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គនោះហើយ សញ្ញោជនៈ​ទាំងឡាយ ក៏រមែង​សាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។ (អរិយសាវកនោះ ពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែលមានសេចក្តីស្លាប់ ជាធម្មតា មិនកន្លងសេចក្តី​ស្លាប់ទៅបាន ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត​​ កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានសេចក្តីស្លាប់ជាធម្មតា មិនកន្លង​សេចក្តីស្លាប់ទៅបានដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។​ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរ​មគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវលោកុត្តរមគ្គ​នោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។ (អរិយសាវកនោះ ពិចារណា) ថា មិនមែនតែអាត្មាអញម្នាក់ឯងទេ ដែល​មាន​​សេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់ចិត្តទាំងពួង ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វ​ទាំងអស់ មានសេចក្តីព្រាត់ប្រាស និរាសចាកសត្វ និងសង្ខារ ជាទីស្រឡាញ់ ជាទីគាប់​ចិត្តទាំង​ពួងដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយៗ នូវលោកុត្តរមគ្គនោះ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយៗ នូវលោកុត្តរ​មគ្គនោះហើយ សញ្ញោជនៈ​ទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេស​ទាំងឡាយ ក៏វិនាសទៅ។ (អរិយសាវកនោះ ពិចារណា) ថា មិនមែនតែអាត្មាអញ តែម្នាក់ឯងទេ ដែលមានកម្ម ជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្ម ជាផៅពង្ស មានកម្មជាទីរលឹក អាត្មាអញ នឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផលនៃកម្មនោះ ទោះពួកសត្វ ដែលមានការរង្គាត់មក រង្គាត់ទៅ ច្យុត កើតអម្បាលម៉ាន ពួកសត្វទាំងអស់ ក៏មានកម្មជារបស់ខ្លួន មានកម្មជាមត៌ក មានកម្មជាកំណើត មានកម្មជាផៅពង្ស មានកម្ម​ជាទីរលឹក ពួកសត្វនឹងធ្វើកម្មណា ទោះល្អក្តី អាក្រក់ក្តី នឹងជាអ្នកទទួលយក នូវផល​នៃកម្មនោះដែរ កាលបើអរិយសាវកនោះ ពិចារណានូវស្ថាននោះរឿយ ៗ ហើយ លោកុត្តរមគ្គ ក៏កើតឡើងព្រម។ អរិយសាវកនោះ រមែងសេព ចំរើន ធ្វើរឿយ ៗ នូវ​លោកុត្តរមគ្គនោះ។ កាលបើអរិយសាវកនោះ សេព ចំរើន ធ្វើរឿយ ៗ នូវ​លោកុត្តរ​មគ្គ​នោះហើយ សញ្ញោជនៈទាំងឡាយ ក៏រមែងសាបសូន្យទៅ អនុសយក្កិលេសទាំងឡាយ ក៏វិនាសទៅ។

ធម៌ទាំងឡាយ គឺព្យាធិធម៌ ជរាធម៌ និងមរណធម៌ មាននៅយ៉ាងណា ពួកបុថុជ្ជន ជាសប្បុរស រមែងស្អប់ខ្ពើមយ៉ាងនោះ។ កាលបើពួកសត្វ មាន​សភាវៈ​យ៉ាង​នេះ​ហើយ តថាគត ក៏គួរធុញទ្រាន់ នឹងសភាវៈនុ៎ះដែរ ហេតុនុ៎ះ មិនមានដល់តថាគត មានសភាពដ៏សមគួរ មានវិហារធម៌យ៉ាងនេះ។ តថាគតនោះ កាលបើនៅយ៉ាងនេះ ក៏ដឹងនូវធម៌ ដែលប្រាសចាកឧបធិ បានឃើញបព្វជ្ជា ថាជាការក្សេម គ្របសង្កត់ នូវសេចក្តីស្រវឹងទាំងពួង គឺស្រវឹងក្នុងភាវៈ នៃខ្លួនជាបុគ្គលមិនមានរោគ ក្នុងវ័យ ក្នុងជីវិតបាន។ សេចក្តីព្យាយាម ក៏កើតមានដល់តថាគតនោះ កាលដែល​ឃើញច្បាស់ នូវព្រះនិព្វាន តថាគតមិនគួរដើម្បីសេពកាមទាំងឡាយបានវិញ ក្នុងកាលឥឡូវនេះទេ តថាគតនឹងជាអ្នកប្រព្រឹត្តព្រហ្មចរិយធម៌តទៅ មិន​បាន​ត្រឡប់​វិញ​ឡើយ។

លិច្ឆវិកុមារកសូត្រ ទី៨

[៥៨]​ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវន ទៀប​ក្រុងវេសាលី។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត និងចីវរ ក្នុង​បុព្វណ្ហសម័យ​ ហើយចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ ព្រះដ៏មានព្រះភាគ ទ្រង់ស្តេចទៅបិណ្ឌបាត ក្នុងនគរវេសាលី រួចត្រឡប់មកពីបិណ្ឌបាត ក្នុងកាល​ជាខាង​ក្រោយ នៃភត្តហើយ ស្តេចចូលទៅកាន់មហាវន គង់សម្រាកក្នុងវេលាថ្ងៃ ក្រោម​ម្លប់ឈើ​មួយ​ដើម។ សម័យនោះឯង ពួកលិច្ឆវិកុមារច្រើនអង្គ កាន់យកនូវធ្នូ ដែលខ្លួន​ដំឡើងហើយ មានពួកឆ្កែចោមរោម ដើរសញ្ចរទៅមក ក្នុងមហាវន បានឃើញព្រះដ៏មានព្រះភាគ ទ្រង់គង់ក្រោមម្លប់ឈើមួយដើម លុះឃើញហើយ ក៏ដាក់ធ្នូដែលខ្លួនដំឡើង ចេញហើយ បញ្ជូនពួកឆ្កែទៅក្នុងទីសមគួរ រួចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ មានសភាពស្ងប់ស្ងៀម ផ្គងអញ្ជលី ចូលទៅអង្គុយជិត ព្រះដ៏មានព្រះភាគ។ សម័យនោះ មហានាមលិច្ឆវី ដើរសញ្ចរទៅមក សម្រួលស្មង ក្នុងមហាវន បានឃើញពួកលិច្ឆវីកុមារទាំងនោះ កំពុងមានភាពស្ងប់ស្ងៀម ផ្គងអញ្ជលី ចូលទៅអង្គុយជិតព្រះដ៏មានព្រះភាគ លុះបានឃើញហើយ ក៏ចូលទៅគាល់ព្រះដ៏មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះស្តេចមហានាមលិច្ឆវី អង្គុយក្នុងទីសមគួរហើយ ក៏បន្លឺឡើងនូវឧទានថា ពួកស្តេចវជ្ជី​នឹងចំរើន ពួកស្តេចវជ្ជី​នឹងចំរើន។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលមហានាម ថ្វីក៏បានជានិយាយថា ពួកស្តេចវជ្ជីនឹងចំរើន ពួកស្តេចវជ្ជីនឹងចំរើន យ៉ាងនេះ។ សេ្តចមហានាមលិច្ឆវី ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកលិច្ឆវីកុមារទាំងនេះ ធ្លាប់តែកាចអាក្រក់ រឹងរូស (ពេកណាស់) ជំនូនទាំងឡាយណា ទោះជាអំពៅក្តី ផ្លែពទ្រាក្តី នំក្តី ត្រប៉ែក្តី ទ្រាបល្ងក្តី ដែលគេបញ្ជូនទៅ ចំពោះត្រកូលទាំងឡាយ ក៏ចេះតែប្លន់ដណ្តើម យកស៊ីនូវជំនូនទាំងនោះ (មិនតែប៉ុណ្ណោះ ថែមទាំងទៅ) ពីខាងក្រោយ ធាក់ខ្នង​ពួកស្រី ក្នុងត្រកូលខ្លះ និងពួកកុមារី ក្នុងត្រកូលខ្លះ ឥឡូវនេះ ពួកលិច្ឆវិកុមារទាំងនោះ (បែរជា) មានសភាពស្ងប់ស្ងៀម ផ្គងអញ្ជលី ចូលមកអង្គុយជិតព្រះដ៏មានព្រះភាគវិញ។ ព្រះដ៏មានព្រះភាគ ត្រាស់ថា ម្នាលមហានាម ធម៌ទាំងឡាយ ៥ យ៉ាង មានដល់​កុលបុត្តណានីមួយ ទោះជាព្រះរាជា ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយក្តី ទោះជាអ្នក​បរិភោគនូវដែនក្តី បរិភោគនូវសម្បត្តិ ដែលបិតាឲ្យក្តី ទោះជាសេនាបតី នៃសេនា​ក្តី ទោះជាម្ចាស់នៃស្រុកក្តី ទោះជាធំជាងពួកក្តី មួយទៀត ពួកជនណា ឲ្យគេ​ធ្វើនូវភាព នៃខ្លួនជាធំដោយឡែក ក្នុងត្រកូលទាំងឡាយ សេចក្តីចំរើន មានប្រាកដដល់ (ជនទាំង​ឡាយនោះ​) មិនបានសាបសូន្យឡើយ។ ធម៌​ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលមហានាម កុលបុត្តក្នុងលោកនេះ ធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាមាតាបិតាដោយភោគៈ ដែលបានដោយការសង្វាត ប្រឹងប្រែង ដែលសន្សំមក ដោយកម្លាំងដៃ បែកញើស ហូរ​ញើស ប្រកបដោយធម៌ បានមកដោយធម៌ ១។ មាតាបិតា ដែលកុលបុត្តបានធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាហើយ រមែងអនុគ្រោះកុលបុត្តនោះ ដោយចិត្តដ៏ល្អថា ចូរអ្នក​រស់នៅ អស់កាលយូរ ចូររក្សាអាយុឲ្យបានវែង។ ម្នាលមហានាម កាលបើកុលបុត្ត ដែលមាតាបិតា អនុគ្រោះហើយ រមែងមានតែសេចក្តីចំរើនប្រាកដ មិនបានសាបសូន្យ ឡើយ។ ម្នាលមហានាម មួយទៀត កុលបុត្តធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជានូវកូន ប្រពន្ធ និងបុរសជាទាសៈ និងកម្មករទាំងឡាយ ដោយភោគៈ ដែលបាន​មកដោយ​ការ​សង្វាត ប្រឹងប្រែង ដែលសន្សំមក ដោយកម្លាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមកដោយធម៌ ១។ កូនប្រពន្ធ និងបុរសជាទាសៈ និងកម្មករទាំងឡាយ ដែលកុលបុត្ត​បានធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាហើយ រមែងអនុគ្រោះកុលបុត្តនោះ ដោយចិត្តដ៏ល្អថា ចូរអ្នករស់នៅ អស់កាលយូរ ចូររក្សាអាយុឲ្យបានវែង។ ម្នាលមហានាម កាលបើកុលបុត្ត ដែលកូនប្រពន្ធ និងបុរសជាទាសៈ និងកម្មករទាំងឡាយ អនុគ្រោះហើយ សេចក្តីចំរើន មានប្រាកដ មិនបានសាបសូន្យឡើយ។ ម្នាលមហានាម មួយទៀត កុលបុត្តធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជានូវពួកជនជិតខាងស្រែ និងការងាររបស់ខ្លួន និងជន អ្នកវាស់ទីដី ដោយភោគៈទាំងឡាយ ដែលបានដោយការសង្វាត ប្រឹងប្រែង ដែល​សន្សំទុក ដោយកម្លាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមកដោយធម៌១។ ពួកជនជិតខាងស្រែ និងការងារ និងជនអ្នកវាស់ទីដី​ ដែលកុលបុត្តបានធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាហើយ រមែងអនុគ្រោះកុលបុត្តនោះ ដោយចិត្តដ៏ល្អថា អ្នកចូររស់នៅ​​ អស់កាលយូរ ចូររក្សាអាយុឲ្យបានវែង។ ម្នាលមហានាម កាលបើកុលបុត្ត ដែលពួកជនជិតខាងស្រែ និងការងារ និងជនអ្នកវាស់ទីដី បានអនុគ្រោះហើយ សេចក្តី​ចំរើន ក៏មានប្រាកដ មិនបានសាបសូន្យឡើយ។ ម្នាលមហានាម មួយទៀត កុលបុត្ត​ធ្វើ​សក្ការៈ ធ្វើគោរព រាប់អាន បូជាពួកទេវតា ដែលជាអ្នកទទួលនូវគ្រឿងបូជា ដោយភោគៈ ដែលបានមក ដោយការសង្វាត ប្រឹងប្រែង ដែលសន្សំទុក ដោយកម្លាំងដៃ បែកញើស ហូរ​ញើស ប្រកបដោយធម៌ បានមកដោយធម៌ ១។ ពួកទេវតា ដែលជាអ្នកទទួលគ្រឿងបូជា ដែលកុលបុត្តបានធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាហើយ រមែងអនុគ្រោះ នូវកុលបុត្ត​នោះ ដោយចិត្តដ៏ល្អថា អ្នកចូររស់នៅ អស់កាលយូរ ចូររក្សាអាយុឲ្យបានវែង។ ម្នាល មហានាម កាលបើកុលបុត្ត ដែលទេវតាអនុគ្រោះហើយ សេចក្តីចំរើន ក៏មានប្រាកដ មិនបានសាបសូន្យឡើយ។ ម្នាលមហានាម មួយទៀត កុលបុត្តធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាពួកសមណព្រាហ្មណ៍ ដោយភោគៈដែលបានមក ដោយការសង្វាត ប្រឹង​ប្រែង ដែលសន្សំទុក ដោយកម្លាំងដៃ បែកញើស ហូរញើស ប្រកបដោយធម៌ បានមក​ដោយធម៌ ១។ ពួកសមណព្រាហ្មណ៍ ដែលកុលបុត្ត បានធ្វើសក្ការៈ ធ្វើគោរព រាប់អាន បូជាហើយ រមែងអនុគ្រោះកុលបុត្តនោះ ដោយចិត្តដ៏ល្អថា អ្នកចូររស់នៅ អស់កាលយូរ ចូររក្សាអាយុឲ្យបានវែង។ ម្នាលមហានាម កាលបើកុលបុត្តដែលពួកសមណព្រាហ្មណ៍ អនុគ្រោះហើយ សេចក្តីចំរើន ក៏មានប្រាកដ មិនបានសាបសូន្យឡើយ​​។ ម្នាលមហានាម ធម៌ទាំង ៥ យ៉ាងនេះ មានដល់កុលបុត្តណានីមួយ ទោះជាព្រះរាជា ជាក្សត្រិយ៍ ដែលបាន​មុទ្ធាភិសេកហើយក្តី ទោះជាអ្នកបរិភោគនូវដែនក្តី បរិភោគនូវសម្បត្តិ ដែលបិតាឲ្យក្តី ទោះជាសេនាបតីនៃសេនាក្តី ទោះជាម្ចាស់នៃស្រុកក្តី ទោះជាធំជាងពួកក្តី មួយវិញទៀត ពួកជនណា ដែលឲ្យគេធ្វើនូវភាព នៃខ្លួនជាធំដោយឡែក ក្នុងត្រកូលទាំងឡាយ​ សេចក្តីចំរើន មានប្រាកដ ដល់ (ជនទាំងឡាយនោះ) មិនបានសាបសូន្យទៅឡើយ។

កុលបុត្តអ្នកធ្វើកិច្ចជំនួសមាតាបិតា ទំនុកបម្រុងកូន និងប្រពន្ធ សព្វៗកាល ប្រតិបត្តិ​ជាប្រយោជន៍ ដល់ជនទាំង ២ ពួក គឺជាប្រយោជន៍ ដល់ជនក្នុងផ្ទះ និង​ជន​ដែល​ចូលមកជ្រកអាស្រ័យ ចិញ្ចឹមជីវិត ជាអ្នកដឹងនូវពាក្យពេចន៍នៃស្មូម ជាអ្នក​មាន​សីល ជាបណ្ឌិត គ្រប់គ្រងផ្ទះ ប្រកបដោយធម៌ ធ្វើអម្ណរ ឲ្យកើតដល់​ពួកញាតិ ដែលទៅ​កាន់បរលោក ពួកញាតិដែលកំពុងរស់នៅក្នុងបច្ចុប្បន្ន ពួកសមណៈ ពួកព្រាហ្មណ៍ និងពួកទេវ​តា កុលបុត្តនោះ លុះបានធ្វើអំពើល្អហើយ រមែងជា​បុគ្គលគួរបូជា គួរសរសើរ អ្នកប្រាជ្ញទាំងឡាយ តែងសរសើរ នូវកុលបុត្តនោះ ក្នុងលោកនេះឯង កុលបុត្តនោះ លុះលះលោកនេះទៅហើយ រមែងត្រេកអរ ក្នុងស្ថានសួគ៌។

បឋមវុឌ្ឍបព្វជិតសូត្រ ទី៩

[៥៩]​ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត (អ្នកបួសខាងឯចាស់) ប្រកបដោយធម៌ ៥ យ៉ាង រកបានដោយក្រ។ វុឌ្ឍបព្វជិត ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ វុឌ្ឍបព្វជិត ជាអ្នកមានបញ្ញាល្អិតល្អ រកបានដោយក្រ ១ ជាអ្នកបរិបូណ៌ ដោយមារយាទល្អ​ រកបានដោយក្រ ១ ជាអ្នកចេះដឹងច្រើន រកបានដោយក្រ ១ ​ជាអ្នកចេះសំដែងធម៌ រកបានដោយក្រ ១ ជាអ្នកទ្រទ្រង់វិន័យ រកបានដោយក្រ ១។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត (អ្នកបួសខាងឯចាស់) ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រកបានដោយក្រ។

ទុតិយវុឌ្ឍបព្វជិតសូត្រ ទី១០

[៦០]​ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត (អ្នកបួសឯចាស់) ប្រកបដោយធម៌ ៥ យ៉ាង រកបានដោយក្រ។ វុឌ្ឍបព្វជិត ប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាល​ភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត ដែលប្រដៅងាយ រកបានដោយក្រ ១ ជាអ្នកប្រកាន់ល្អ រកបានដោយក្រ ១ ជាអ្នកទទួលយកឱវាទខាងស្តាំ រកបានដោយក្រ ១ ជាអ្នកចេះសំដែងធម៌ រកបានដោយក្រ ១ ជាអ្នកទ្រទ្រង់វិន័យ រកបានដោយក្រ ១។ ម្នាលភិក្ខុទាំងឡាយ វុឌ្ឍបព្វជិត ប្រកបដោយ​ធម៌ ៥ យ៉ាងនេះឯង រកបានដោយក្រ។

ចប់ នីវរណវគ្គ ទី១។

ឧទ្ទាននៃនីវរណវគ្គនោះ គឺ

និយាយអំពីអាវរណធម៌ ១ គំនរអកុសល ១ អង្គនៃបធាន ១ សម័យដើម្បី​ព្យាយាម ១ ភិក្ខុនី ជាមាតា និងភិក្ខុជាបុត្រ ១ ភិក្ខុ ១ រូបអផ្សុក ប្រាប់ហេតុដល់ឧបជ្ឈាយ៍ ១ ស្ថាន ៥ យ៉ាង ដែលគួរពិចារណារឿយ ៗ ១ លិច្ឆវិកុមារ ១ វុឌ្ឍបព្វជិត ប្រកបដោយធម៌ ៥ យ៉ាងដទៃទៀត ពីរលើក រកបានដោយក្រ ១។

សញ្ញាវគ្គ

បឋមសញ្ញាសូត្រ ទី១

[៦១]​ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះ ដែលបុគ្គលចំរើន ធ្វើឲ្យរឿយ ៗ​ហើយ​ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន ជាទី​បំផុត។ សញ្ញា ៥ យ៉ាង តើដូចម្តេច។ គឺអសុភសញ្ញា (សេចក្តីសំគាល់ថាមិនល្អ) ១ មរណសញ្ញា (សេចក្តីសំគាល់ក្នុងសេចក្តីស្លាប់) ១ អាទីនវសញ្ញា (សេចក្តីសំគាល់​ថា​ជាទោស) ១ អាហារេ បដិកូលសញ្ញា (សេចក្តីសំគាល់ក្នុងអាហារ ថាជាបដិកូល) ១ សព្វលោកេ អនភិរតសញ្ញា (សេចក្តីសំគាល់ថា មិនគួរត្រេកត្រអាល ក្នុងលោកទាំងពួង) ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន​ជាទីបំផុត។

ទុតិយសញ្ញាសូត្រ ទី២

[៦២]​ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យ​រឿយ ៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន ជាទីបំផុត។ សញ្ញា ៥ យ៉ាង ​តើដូចម្តេច។ គឺ អនិច្ចសញ្ញា (​សេចក្តីសំគាល់ថាមិនទៀង) ១ អនត្តសញ្ញា (​សេចក្តីសំគាល់ថាមិនមែនខ្លួន) ១ មរណសញ្ញា (សេចក្តីសំគាល់ក្នុង​សេចក្តីស្លាប់) ១ អាហារេ បដិកូលសញ្ញា (សេចក្តីសំគាល់ក្នុងអាហារ ថាជាបដិកូល) ១ សព្វលោកេ អនភិរតសញ្ញា (សេចក្តីសំគាល់ថា មិនគួរត្រេកត្រអាល ក្នុងលោកទាំងពួង) ១។ ម្នាលភិក្ខុទាំងឡាយ សញ្ញា ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ មានផលច្រើន មានអានិសង្សច្រើន មានព្រះនិព្វានជាទីតាំង មានព្រះនិព្វាន ជាទីបំផុត។

បឋមវឌ្ឍិសូត្រ ទី៣

[៦៣]​ ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើន ដោយសេចក្តីចំរើន ៥ យ៉ាង ឈ្មោះថា ចំរើន ដោយសេចក្តីចំរើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវ​ប្រយោជន៍​មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍ដ៏ឧត្តម ដល់រាងកាយ។ អរិយសាវក ចំរើន​ដោយ​សេចក្តីចំរើន ៥ យ៉ាង ​តើដូចម្តេច។ គឺ ចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក កាលចំរើនដោយសេចក្តីចំរើន ៥ យ៉ាងនេះឯង ឈ្មោះថា ចំរើនដោយ​សេចក្តីចំរើន​ដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍​ដ៏ឧត្តម ដល់រាងកាយ។

បុគ្គលណា ចំរើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ ដោយបញ្ញា បុគ្គលប្រាកដដូច្នោះនោះ ឈ្មោះថា ជាសប្បុរស មានប្រាជ្ញាជាគ្រឿងពិចារណា រមែងកាន់យក នូវប្រយោជន៍​ទាំងពីរ គឺប្រយោជន៍មានខ្លឹម និងប្រយោជន៍ដ៏ឧត្តម ដល់ខ្លួនក្នុងលោកនេះបាន។

ទុតិយវឌ្ឍិសូត្រ ទី៤

[៦៤]​ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា កាលចំរើនដោយសេចក្តីចំរើន ៥ យ៉ាង ឈ្មោះថា ចំរើនដោយសេចក្តីចំរើនដ៏ប្រសើរ ទាំងឈ្មោះថា កាន់យកនូវ​ប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍ដ៏ឧត្តម ដល់រាងកាយ។ អរិយសាវិកា ចំរើនដោយ​សេចក្តី​ចំរើន ៥ យ៉ាង តើដូចម្តេច។ គឺ ចំរើនដោយសទ្ធា ១ ចំរើនដោយសីល ១ ចំរើនដោយសុតៈ ១ ចំរើនដោយចាគៈ ១ ចំរើនដោយបញ្ញា ១។ ម្នាលភិក្ខុទាំងឡាយ អរិយសាវិកា ចំរើន​ដោយ​សេចក្តីចំរើន ៥ យ៉ាងនេះឯង ឈ្មោះថា ចំរើនដោយសេចក្តីចំរើនដ៏ប្រសើរ ទាំង​ឈ្មោះថា កាន់យកនូវប្រយោជន៍មានខ្លឹម ព្រមទាំងកាន់យក នូវប្រយោជន៍​ដ៏ឧត្តម ដល់រាងកាយ។

ស្រ្តីណា ចំរើនដោយសទ្ធា ដោយសីល ដោយសុតៈ ដោយចាគៈ ដោយបញ្ញា ស្រ្តីប្រាកដដូច្នោះនោះ ឈ្មោះថា ជាឧបាសិកាមានសីល រមែង​កាន់យកនូវ​ប្រយោជន៍​ទាំងពីរ គឺប្រយោជន៍មានខ្លឹម និង​ប្រយោជន៍ដ៏ឧត្តមដល់ខ្លួន ក្នុងលោកនេះបាន។

សាកច្ឆសូត្រ ទី៥

[៦៥]​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា គួរដល់ការ​សាកសួរ របស់សព្រហ្មចារីទាំងឡាយ។ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ បរិបូណ៌ដោយសីល ដោយខ្លួនឯង ទាំងបាន​ព្យាករ នូវប្រស្នាដែលមានមក ក្នុងសីលសម្បទាកថា ១ បរិបូណ៌ដោយ​សមាធិ ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងសមាធិសម្បទាកថា ១ បរិបូណ៌​ដោយប្រាជ្ញា ដោយខ្លួនឯង ​ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងបញ្ញាសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលមានមក ក្នុងវិមុត្តិសម្បទា​កថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ដោយខ្លួនឯង ទាំងបាន​ព្យាករ នូវប្រស្នាដែលមានមក ក្នុងវិមុត្តិញ្ញាណទស្សនកថា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​ធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា គួរដល់ការសាកសួរ របស់សព្រហ្មចារីទាំងឡាយ។

សាជីវសូត្រ ទី៦

[៦៦]​ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង ទើបគួរដល់សាជីវៈ (ការ​សួរប្រស្នា និងការដោះប្រស្នា) របស់សព្រហ្មចារីទាំងឡាយបាន។ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បរិបូណ៌ដោយសីល ដោយ​ខ្លួនឯង ទាំងបានព្យាករ នូវប្រស្នាដែលខ្លួនតាក់តែងទុក ក្នុងសីលសម្បទាកថា ១ បរិបូណ៌​ដោយសមាធិដោយខ្លួនឯង ទាំងព្យាករនូវប្រស្នា ដែលខ្លួនតាក់តែងទុក​ ក្នុង​សមាធិ​សម្បទាកថា ១ បរិបូណ៌ដោយបញ្ញាដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នា ដែល​ខ្លួន​តាក់​តែងទុក ក្នុងបញ្ញាសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិ ដោយខ្លួនឯង ទាំងបាន​ព្យាករ​នូវប្រស្នា ដែលខ្លួនតាក់តែងទុក ក្នុងវិមុត្តិសម្បទាកថា ១ បរិបូណ៌ដោយវិមុត្តិញ្ញាណ​ទស្សនៈ ដោយខ្លួនឯង ទាំងបានព្យាករនូវប្រស្នា ដែលខ្លួនតាក់តែងទុក ក្នុងវិមុត្តិញ្ញាណ​ទស្សន​សម្បទាកថា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ នេះ​ឯង ទើប​គួរ​ដល់​សាជីវៈ របស់​សព្រហ្មចារីទាំងឡាយបាន។

បឋមឥទ្ធិបាទសូត្រ ទី៧

[៦៧]​ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុក្តី ភិក្ខុនីក្តី ចំរើនធម៌ ៥ យ៉ាង ធ្វើឲ្យរឿយ ៗ នូវធម៌ ៥ យ៉ាង បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានសម្រច ដល់បុគ្គលនោះ គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះ​សោត បើមានឧបាទិសេសៈសល់នៅ ក៏គង់នឹងបានសម្រេច នូវភាវៈជាអនាគាមិ​បុគ្គល​ពុំ​ខាន​ឡើយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន​នូវ​ឥទ្ធិបាទ ប្រកបដោយឆន្ទសមាធិ​​ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយ​វីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ទាំងប្រឹងចំរើន នូវការ​ព្យាយាម​ដ៏លើសលុប ជាគំរប់ ៥។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ ទោះជាភិក្ខុក្តី ភិក្ខុនីក្តី ចំរើន​ធម៌ ៥ យ៉ាងនេះ ធ្វើឲ្យរឿយ ៗ នូវធម៌ ៥ យ៉ាងនេះ បណ្តាផលទាំងពីរ ផលណាមួយ គង់​នឹង​បានសម្រេច ដល់បុគ្គលនោះ គឺថា នឹងបានសម្រេច នូវភាវៈជាព្រះអរហន្ត ក្នុង​បច្ចុប្បន្ន​ទាន់ភ្នែក ពុំនោះសោត បើមានឧបាទិសេសៈសល់នៅ ក៏គង់នឹងបាន​សម្រេច នូវ​ភាវៈ​ជា​អនាគាមិបុគ្គលពុំខានឡើយ។

ទុតិយឥទ្ធិបាទសូត្រ ទី៨

[៦៨]​ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីកាលត្រាស់ដឹង តថាគតនៅជា​ពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ បានចំរើននូវធម៌ ៥ យ៉ាង បានធ្វើឲ្យរឿយ ៗ​ នូវធម៌ ៥ យ៉ាង។ ធម៌ ៥ យ៉ាង តើដូចម្តេច។ គឺ តថាគតបានចំរើននូវឥទ្ធិបាទ ប្រកបដោយ​ឆន្ទសមាធិ និងបធានសង្ខារ ចំរើននូវឥទ្ធិបាទ ប្រកបដោយវីរិយសមាធិ ចិត្តសមាធិ វីមំសាសមាធិ និងបធានសង្ខារ ទាំងប្រឹងចំរើននូវការព្យាយាមដ៏លើសលុប ជាគំរប់ ៥។ ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគតបានចំរើន បានធ្វើឲ្យរឿយ ៗ នូវធម៌ដែលមានការ​ព្យាយាម​ដ៏លើសលុប ជាគំរប់ ៥ នេះ ទើបតថាគតនោះ បានបង្អោនចិត្តទៅ ដើម្បី​ធម៌​ណា​ៗ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម កាលបើហេតុមាន ក៏បានដល់នូវភាវៈជា​បន្ទាល់ ក្នុងការធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ក្នុងធម៌នោះៗឯង។ បើតថាគតនោះ ប្រាថ្នា​ថា សូមឲ្យតថាគត បាននូវការតាក់តែងប្ញទ្ធិជាច្រើនប្រការ។បេ។ ញ៉ាំង​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយកាយ ដរាបដល់ព្រហ្មលោក កាលបើហេតុមាន តថាគត ក៏បានដល់​នូវភាវៈ​ជាបន្ទាល់ ក្នុងការតាក់តែងប្ញទ្ធិនោះ ៗ។ បើតថាគតនោះ ប្រាថ្នាថា។បេ។ សូម​ឲ្យ​តថាគត បានធ្វើឲ្យជាក់ច្បាស់ បានដល់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ កាល​បើ​ហេតុមាន តថាគត ក៏បានដល់នូវភាវៈជាបន្ទាល់ ក្នុងការបានសម្រេចនូវ​គុណ​វិសេស​នោះ ៗ។

និព្វិទាសូត្រ ទី៩

[៦៩]​ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ដែលភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី​សេចក្តី​រលត់​ដោយមិនសល់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយ ៗ ថា មិនស្អាតក្នុងកាយ ១ សំគាល់ថា គួរខ្ពើមក្នុងអាហារ ១ សំគាល់ថា មិនគួរត្រេកត្រអាល ក្នុង​លោកទាំងពួង ១ ឃើញរឿយ ៗ ថា មិនទៀងក្នុងសង្ខារទាំងពួង ១ ទាំងមរណសញ្ញា ក៏ប្រាកដឡើង ខាងក្នុងចិត្តរបស់ភិក្ខុនោះ ដោយប្រពៃ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាង​នេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តី​នឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់មិនសល់ ដើម្បី​រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

អាសវក្ខយសូត្រ ទី១០

[៧០]​ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ដែលភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។ ធម៌ ៥ យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកឃើញរឿយ ៗ ថា មិនស្អាត ក្នុងកាយ ១ សំគាល់ថា គួរខ្ពើមក្នុងអាហារ ១ សំគាល់ថា មិនគួរត្រេកអរក្នុងលោកទាំងពួង ១ ឃើញ​រឿយ ៗ ថា​ មិនទៀង ក្នុងសង្ខារទាំងពួង ១ ទាំងមរណសញ្ញា ក៏ប្រាកដឡើង ខាង​ក្នុង​ចិត្ត​របស់ភិក្ខុនោះ ដោយប្រពៃ​ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ដែល​ភិក្ខុ​បាន​ចំរើន បានធ្វើឲ្យរឿយ ៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈទាំងឡាយ។

ចប់ សញ្ញាវគ្គ​ ទី២។

ឧទ្ទាននៃសញ្ញាវគ្គនោះគឺ

និយាយអំពីសញ្ញា ពីរលើក ១ សេចក្តីចំរើន ពីរលើក ១ ភិក្ខុគួរដល់ការសាកសួរ ១ ភិក្ខុគួរដល់សាជីវៈ ១ ឥទ្ធិបាទ ដែលបានពោល ពីរលើក ១ ធម៌ប្រព្រឹត្តទៅ ដើម្បីសេចក្តី​នឿយ​ណាយ ១ ធម៌ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃអាសវៈ ១។

យោធាជីវវគ្គ

បឋមចេតោវិមុត្តិផលសូត្រ ទី១

[៧១]​ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះ ដែលបុគ្គលបានចំរើន បានធ្វើ​ឲ្យ​រឿយ ៗ ហើយ រមែងមានចេតោវិមុត្តិ​​ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ ធម៌ទាំង ៥ យ៉ាង តើ​ដូច​ម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយ ៗ ថា មិនស្អាត (ក្នុងរូបកាយ) ១ មានសេចក្តីសំគាល់ថា ជាបដិកូល ក្នុងអាហារ ១ មានសេចក្តីសំគាល់ថា មិនគួរត្រេកអរ ក្នុងលោកទាំងពួង ១ ពិចារណាឃើញរឿយ ៗ ថា មិនទៀង ក្នុង​សង្ខារ​ទាំង​ពួង ១ សេចក្តីសំគាល់ក្នុងមរណៈ ភិក្ខុនោះ ក៏បានដំកល់ទុក ដោយប្រពៃ ខាងក្នុងសន្តាន ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗ ហើយ រមែងមានចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មាន​បញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុបានចេតោវិមុត្តិ និងបញ្ញាវិមុត្តិហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជា ដូច្នេះខ្លះ ថា បំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត ដូច្នេះខ្លះ ថា ដកឡើងនូវសសរ គឺតណ្ហា ដូច្នេះខ្លះ ថា បើកនូវសន្ទះទ្វារ គឺនីវរណៈ ដូច្នេះខ្លះ ថា ប្រាស​ចាក​សត្រូវ រំលើងនូវទង់ គឺមានះ ទំលាក់នូវភារៈ ប្រាសចាកវដ្តៈ ដូច្នេះខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះភិក្ខុដែលហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជា តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវអវិជ្ជាចោលចេញហើយ បាន​គាស់រំលើង​ប្ញស​គល់​អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើ​មិនឲ្យ​មាន​បែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត​។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​លើក​ឡើង​នូវជើងគុល គឺអវិជ្ជា យ៉ាងនេះឯង។​ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបំផ្លេចបំផ្លាញ នូវគូ គឺ​សង្សារវដ្ត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវជាតិ និង​សង្សារ ដែលសម្រាប់តាក់តែង នូវភពថ្មីទៀតចោលចេញហើយ បានគាស់រំលើង​ប្ញសគល់​អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើ​មិន​ឲ្យ​មាន​បែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​បំផ្លេចបំផ្លាញ​នូវគូ គឺសង្សារវដ្ត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ​ជាអ្នក​ដកឡើង នូវសសរ គឺតណ្ហា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់តណ្ហាចោលចេញអស់ហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា អ្នកដកឡើងនូវសសរ គឺ​តណ្ហា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកបើក នូវសន្ទះទ្វារ គឺនីវរណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវសំយោជនៈ ដែល​ជា​ចំណែកខាងក្រោម ៥ ចោលចេញហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បាន​ធ្វើ​ឲ្យ​នៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជា​សភាវៈ​មិន​កើត​ឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបើក នូវសន្ទះទ្វារ គឺនីវរណៈ​ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់​ចោលនូវភារៈ ប្រាសចាកវដ្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បានលះបង់ នូវអស្មិមានះចោលចេញអស់ហើយ បាន​គាស់រំលើង​ប្ញសគល់​អស់​ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព  ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់​ចុះ​នូវទង់ គឺមានះ ទំលាក់ចោលនូវភារៈ ប្រាសចាកវដ្តៈ យ៉ាងនេះឯង។

ទុតិយចេតោវិមុត្តិផលសូត្រ ទី២

[៧២]​ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៥ យ៉ាងនេះ ដែលបុគ្គលបានចំរើន បានធ្វើ​ឲ្យ​រឿយ ៗ ហើយ រមែងមានចេតោវិមុត្តិ ជាផលផង មានចេតោវិមុត្តិផល ជាអានិសង្សផង មាន​បញ្ញាវិមុត្តិ ជាផលផង មានបញ្ញាវិមុត្តិផល ជាអានិសង្សផង។ ធម៌ទាំង ៥ យ៉ាង តើ​ដូចម្តេចខ្លះ។ គឺសេចក្តីសំគាល់ថា ជារបស់មិនទៀង ១ សេចក្តីសំគាល់ថា ជាទុក្ខ ក្នុង​របស់​ដែល​មិនទៀង ១ សេចក្តីសំគាល់ថា មិនមែនខ្លួន ក្នុងរបស់ដែលជាទុក្ខ ១ សេចក្តីសំគាល់​ក្នុង​ការលះបង់ ១ សេចក្តីសំគាល់ ក្នុងការប្រាសចាករាគៈ ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាង​នេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយ ៗហើយ រមែងមានចេតោវិមុត្តិ ជា​ផល​ផង មានចេតោវិមុត្តិផល ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផលផង មាន​បញ្ញា​វិមុត្តិ​ផល ជាអានិសង្សផង។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុបានចេតោវិមុត្តិ និង​បញ្ញាវិមត្តិ​ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា លើកឡើងនូវជើងគុល គឺអវិជ្ជា ដូច្នេះខ្លះ ថា បំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត ដូច្នេះខ្លះ ថា ដកឡើងនូវសសរ គឺតណ្ហា ដូច្នេះខ្លះ ថា បើកនូវសន្ទះទ្វារ គឺនីវរណៈ ដូច្នេះខ្លះ ថា ប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់នូវភារៈ ប្រាសចាកវដ្តៈ ដូច្នេះខ្លះ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នក​លើកឡើង​នូវជើងគុល គឺអវិជ្ជា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាន​លះបង់ នូវអវិជ្ជាចោលចេញហើយ បានគាស់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅ​សល់​តែ​ទី​នៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈ​មិន​កើត​ឡើង​តទៅ​ទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកលើកឡើងនូវជើងគុល គឺអវិជ្ជា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ​ ចុះភិក្ខុជាអ្នកបំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវជាតិ និងសង្សារ ដែលសម្រាប់តាក់តែង នូវ​ភពថ្មី​ទៀតចោលចេញហើយ បានគាល់រំលើងប្ញសគល់អស់ហើយ បានធ្វើឲ្យនៅសល់​តែ​ទី​នៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើត​ឡើង​ត​ទៅ​ទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបំផ្លេចបំផ្លាញនូវគូ គឺសង្សារវដ្ត យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដកឡើង នូវសសរ គឺតណ្ហា តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់តណ្ហាចោលចេញហើយ បានគាស់រំលើង​ប្ញសគល់​អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បានធ្វើមិន​ឲ្យ​មាន​បែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​ដកឡើង​នូវសសរ គឺតណ្ហា យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នក​បើក​នូវសន្ទះទ្វារ គឺនីវរណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់ នូវសំយោជនៈ ដែលជាចំណែកខាងក្រោម ៥ ចោលចេញហើយ បាន​គាស់​រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត បាន​ធ្វើ​មិន​ឲ្យមានបែបភាព ជាសភាវៈមិនកើតឡើងតទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបើកនូវសន្ទះទ្វារ គឺនីវរណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់នូវភារៈ ប្រាសចាកវដ្ដៈ តើ​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានលះបង់នូវអស្មិមានះ ចោល​ចេញ​អស់​ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត បានធ្វើមិនឲ្យមានបែបភាព ជាសភាវៈមិនកើតឡើង តទៅទៀត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុជាអ្នកប្រាសចាកសត្រូវ ដាក់ចុះនូវទង់ គឺមានះ ទំលាក់នូវភារៈ ប្រាស​ចាក​វដ្ដៈ យ៉ាងនេះឯង។

បឋមធម្មវិហារីសូត្រ ទី៣

[៧៣] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុង​ទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ភិក្ខុមានប្រក្រតីនៅដោយធម៌ ភិក្ខុមានប្រក្រតីនៅដោយធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុមានប្រក្រតីនៅដោយធម៌ ដោយហេតុប៉ុន្មានយ៉ាង។ ព្រះដ៏​មាន​ព្រះភាគត្រាស់ថា ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺ​ សុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ។ ភិក្ខុនោះ ញ៉ាំង​ថ្ងៃ​ឲ្យ​កន្លង​ទៅ ដោយការរៀននូវធម៌នោះ លះបង់នូវការសម្ងំនៅក្នុងទីស្ងាត់ មិនបាន​ប្រកប​រឿយ ៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។ ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយ​បរិយត្តិធម៌ មិនហៅថា ជាអ្នកមានប្រក្រតីនៅដោយធម៌ទេ។ មួយទៀត ភិក្ខុសំដែងធម៌ តាមទំនង​ដែល​ខ្លួន​បានចេះដឹងមក តាមទំនងដែលខ្លួនបានរៀនមក ដល់បុគ្គលទាំងឡាយដទៃ ដោយ​សេចក្តី​ពិស្តារ ភិក្ខុនោះ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការបញ្ញត្តិនូវធម៌នោះ លះបង់​នូវ​ការ​សម្ងំ​នៅក្នុងទីស្ងាត់ មិនបានប្រកបរឿយ ៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។ ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយបញ្ញត្តិ មិនហៅថា ជាអ្នកនៅដោយធម៌ទេ។ មួយទៀត ភិក្ខុ​ធ្វើ​នូវ​ការស្វាធ្យាយនូវធម៌ ​តាមទំនងដែលខ្លួនបានចេះដឹងមក តាមទំនងដែលខ្លួនបាន​រៀន​មក ដោយសេចក្តីពិស្តារ។ ភិក្ខុនោះ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការស្វាធ្យាយនោះ លះបង់​នូវការសម្ងំនៅក្នុងទីស្ងាត់ មិនបានប្រកបរឿយៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាង​ក្នុង។ ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយការស្វាធ្យាយ​ មិនហៅថា ជាអ្នកនៅដោយធម៌ ទេ។ មួយទៀត ភិក្ខុត្រិះរិះពិចារណាដោយចិត្ត ជញ្ជឹងដោយចិត្ត ចំពោះធម៌តាមទំនង ដែល​ខ្លួនបានចេះដឹងមក តាមទំនងដែលខ្លួនបានរៀនមក។ ភិក្ខុនោះ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការត្រិះរិះ នូវធម៌ទាំងនោះ លះបង់នូវការសម្ងំនៅក្នុងទីស្ងាត់ មិនបានប្រកបរឿយ ៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។ ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយសេចក្តីត្រិះរិះ នូវធម៌ មិនហៅថា ជាអ្នកនៅដោយធម៌ទេ។ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌ គឺសុត្តៈ គេយ្យៈ វេយ្យាករណៈ គាថា ឧទានៈ ឥតិវុត្តកៈ ជាតកៈ អព្ភុតធម្មៈ វេទល្លៈ។ ភិក្ខុនោះ មិនបានញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការរៀននូវធម៌នោះ មិនលះបង់នូវការសម្ងំនៅក្នុងទី​ស្ងាត់ ប្រកបរឿយ ៗ នូវធម៌ជាគ្រឿងរម្ងាប់ចិត្តខាងក្នុង។ ភិក្ខុជាអ្នកនៅដោយធម៌ យ៉ាង​នេះ​ឯង។ ភិក្ខុជាអ្នកច្រើនដោយការរៀន តថាគតបានសំដែងហើយ អ្នកច្រើនដោយការ បញ្ញត្តិ តថាគតបានសំដែងហើយ អ្នកច្រើនដោយការស្វាធ្យាយ តថាគតបានសំដែង​ហើយ អ្នកច្រើនដោយការត្រិះរិះ តថាគតបានសំដែងហើយ អ្នកមានប្រក្រតីនៅដោយ​ធម៌ តថាគតបានសំដែងហើយ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុ អំពើណា ដែលសាស្តា ជា​អ្នក​ស្វែងរកនូវប្រយោជន៍​ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គួរធ្វើ​ដល់​សាវក​ទាំងឡាយ អំពើនោះ តថាគត ក៏បានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុ ទីនុ៎ះ ជារុក្ខមូលសេនាសនៈ ទីនុ៎ះ ជាសុញ្ញាគារសេនាសនៈ។ អ្នកទាំងឡាយ ចូរចំរើន (នូវសមថៈ និង​វិបស្សនា) អ្នកទាំងឡាយ ចូរកុំប្រមាទ អ្នកទាំងឡាយ ចូរកុំមានសេចក្តីក្តៅក្រហាយ [កាល​ពីដើម ខ្លួននៅក្មេង ពុំទាន់មានរោគមកបៀតបៀន ច្រើនតែសប្បាយភ្លេចខ្លួន ដោយ​ការស៊ីផឹក ទោះបានជួបនឹង​ព្រះសាស្តាជាម្ចាស់ ក៏មិនបាន​យកចិត្តទុកដាក់ ចូលចិត្តតែ​ខាង​ដេក ទាំងយប់ទាំងថ្ងៃ ឲ្យសង្កើចខាំឥត​អំពើ ច្រើនធ្វេសប្រហែស (ឥតបាននឹកនា​ត្រង់ការ​កុសលណាមួយសោះ) លុះវេលាខាងក្រោយមក ខ្លួនមានវ័យ​កាន់តែថយទៅៗ ចាស់​ជរា​គ្រាំគ្រា ទាំងរោគ ក៏មករួបរឹតរាងកាយ ទើបបាននឹក​ក្តៅក្រហាយ​ស្តាយក្រោយ។ អដ្ឋកថា។] ក្នុងកាលជាខាងក្រោយឡើយ នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់​អ្នកទាំងឡាយ។

ទុតិយធម្មវិហារីសូត្រ ទី៤

[៧៤] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់​ហើយ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយ​ក្នុង​ទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ភិក្ខុមានប្រក្រតីនៅដោយធម៌ ភិក្ខុមានប្រក្រតីនៅដោយធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ចុះភិក្ខុមានប្រក្រតីនៅដោយធម៌ ដោយហេតុប៉ុន្មានយ៉ាង។ ព្រះដ៏​មានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ រៀននូវធម៌គឺ សុត្តៈ… វេទល្លៈ តែភិក្ខុនោះ មិនដឹងច្បាស់នូវអត្ថដ៏លើសលុប របស់ធម៌នោះ ដោយបញ្ញាឡើយ។ ​ភិក្ខុនេះ ហៅថា ជាអ្នកច្រើនដោយបរិយត្តិធម៌ មិនហៅថា ជាអ្នកនៅដោយធម៌ទេ។បេ។ ភិក្ខុក្នុង​សាសនានេះ រៀននូវធម៌ គឺសុត្តៈ … វេទល្លៈ តែភិក្ខុនោះ ដឹងច្បាស់នូវអត្ថ ដ៏លើសលុប របស់ធម៌នោះ ដោយបញ្ញា។ ភិក្ខុជាអ្នកមានប្រក្រតីនៅដោយធម៌​ យ៉ាងនេះឯង។ ភិក្ខុ។បេ។ នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។

បឋមយោធាជីវសូត្រ ទី៥

[៧៥] ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ (អ្នករស់នៅដោយឋានៈជាទាហាន) នេះ មាន ៥ ពួក តែងមានប្រាកដក្នុងលោក។ យោធាជីវៈ ទាំង ៥ ពួក តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ យោធាជីវៈ ពួកខ្លះ ក្នុងលោកនេះ គ្រាន់តែបានឃើញ នូវផង់ធូលីដែល​ហុយឡើង (អំពីផែនដី) ប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់​សង្រ្គាមបាន។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាព​យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី១ តែងមានប្រាកដក្នុងលោក។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន តែថា លុះបានឃើញចុង នៃទង់ជ័យប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិន​រឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ។ ម្នាលភិក្ខុទាំងឡាយ យោធា​ជីវៈ​ពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជា​យោធាជីវៈ ទី២ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធា​ជីវៈ​ពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន អត់ទ្រាំនូវចុង នៃ​ទង់​ជ័យបាន តែថា លុះបានឮសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ។ ​ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ​ពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះ​ជា​យោធាជីវៈ ទី៣ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈ​ពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែលហុយឡើងបាន អត់ទ្រាំនូវ​ចុង​ នៃទង់ជ័យបាន អត់ទ្រាំនូវពួកពលបាន តែថា ភាន់ភាំងស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ រមែងមានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៤ តែងមានប្រាកដក្នុងលោក។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ចេះអត់ទ្រាំនូវផង់ធូលី ដែល​ហុយឡើងបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំនូវសំឡេងហ៊ោកញ្រ្ជៀវ របស់​ពួក​ពលបាន អត់ទ្រាំនូវការប្រយុទ្ធគ្នាបាន យោធាជីវៈនោះ បានឈ្នះសង្រ្គាមនោះហើយ ឈ្មោះថា​ជាអ្នកឈ្នះសង្រ្គាម ​ តែងបាននៅគ្រប់គ្រង នៅជាប្រធាន លើសង្រ្គាមនោះឯង។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាយោធាជីវៈ ទី៥ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ទាំង៥ពួកនេះឯង តែងមានប្រាកដ​ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មាន​ឧបមា ដូចជាយោធាជីវៈនេះ មាន ៥ ពួក តែងមានប្រាកដ ក្នុងពួកភិក្ខុ ក៏យ៉ាង​នោះដែរ។ ​បុគ្គល ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បាន​ឃើញ​នូវផង់ធូលី គឺលំអ របស់មាតុគ្រាម ក៏លិចចុះទៅ ក្នុងមិច្ឆាវិតក្កៈ ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ប្រកាសនូវភាព នៃខ្លួនមាន​កម្លាំង​ថយ​ចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ អ្វីជា​ផង់ធូលី របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឮដំណឹងថា ស្រ្តី ឬកុមារី ក្នុងស្រុក ឬនិគម ឈ្មោះឯណោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកបដោយ​សម្បុរល្អក្រៃពេក។ ភិក្ខុនោះ លុះឮដំណឹងនោះហើយ ក៏លិចចុះទៅ ក្នុងមិច្ឆាវិតក្កៈ ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រងព្រហ្មចរិយៈបានឡើយ ប្រកាសនូវភាព នៃខ្លួនមាន​កម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ នេះ​ជា​ផង់ធូលី របស់​បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ គ្រាន់តែ​បាន​ឃើញ​ នូវផង់ធូលី​ប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះ​កាន់​សង្រ្គាម​បាន មានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវបុគ្គលនេះ ក៏មាន​ឧបមេយ្យ ​ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាព​យ៉ាង​នេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចយោធាជីវៈ ទី១ តែងមានប្រាកដ​ក្នុង​ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអត់ទ្រាំ នូវផង់ធូលីបាន ប៉ុន្តែ​លុះ​បាន​​ឃើញនូវចុង នៃទង់ជ័យប៉ុណ្ណោះ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹង​គ្រប់គ្រងព្រហ្មចរិយៈបានឡើយ ក៏ស្រាប់តែប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយចាក​សិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ អ្វីជាទង់ជ័យ របស់​បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានឮដំណឹងថា ស្រ្តី ឬកុមារី ក្នុង​ស្រុក ឬ​និគម ឈ្មោះឯណោះ មានរូបល្អ គួររមិលមើល គួរជ្រះថ្លា ប្រកប​ដោយ​សម្បុរ​ល្អ​ក្រៃពេកទេ ប៉ុន្តែ​បើឃើញនូវស្រ្តី ឬកុមារី ដែលមានរូបល្អ គួររមិល​មើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អក្រៃពេក ដោយខ្លួនឯង លុះភិក្ខុនោះ បានឃើញ​នូវស្រ្តីនោះហើយ ក៏លិចចុះទៅក្នុងមិច្ឆាវិតក្កៈ ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បី​នឹង​គ្រប់គ្រង​ នូវ​ព្រហ្មចរិយៈ​បាន​ឡើយ​ ​ក៏ស្រាប់តែប្រកាសនូវភាព នៃខ្លួនមានកម្លាំងថយ​ចាកសិក្ខា ពោលលានូវសិក្ខា វិលត្រឡប់ ដើម្បីភេទថោកទាបវិញ។ នេះជាចុង ​នៃទង់ជ័យ របស់បុគ្គលនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់​ធូលីបាន ប៉ុន្តែលុះបានឃើញ នូវចុងនៃទង់ជ័យ ប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បីនឹងចុះកាន់សង្រ្គាមបានឡើយ មាន​ឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មាន​ឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាង​នេះ​ឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចជាយោធាជីវៈ ទី២ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអត់ទ្រាំ នូវ​ផង់​ធូលីបាន ជាអ្នកអត់ទ្រាំនូវចុង នៃទង់ជ័យបាន ប៉ុន្តែ​លុះ​បានឮសំឡេងហ៊ោកញ្ជ្រៀវ របស់ពួកពល មកដល់ប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិនរឹងប៉ឹង មិនអាចដើម្បី​នឹងគ្រប់គ្រង​នូវព្រហ្មចរិយៈ បានឡើយ ក៏ស្រាប់តែប្រកាសនូវ​​ភាព​នៃខ្លួន ជាអ្នក​មាន​កម្លាំង​ថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ អ្វីជា​សំឡេងហ៊ោកញ្ជ្រៀវ របស់ពួកពល នៃបុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បាន​ចូលទៅរកភិក្ខុ ក្នុងសាសនានេះ ដែលជាអ្នក​អាស្រ័យនៅក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុង​ផ្ទះស្ងាត់ក្តី ក៏ញញឹម និយាយរក សើចក្អាកក្អាយ ចំអកចំអន់លេង។ ភិក្ខុនោះ កាល​បើ​មាតុគ្រាម ញញឹម និយាយរក សើចក្អាកក្អាយ ចំអកចំអន់លេង ក៏រួញរា ជច់ចិត្ត មិនរឹង​ប៉ឹង មិនអាចដើម្បីនឹងគ្រប់គ្រង​ព្រហ្មចរិយៈបានឡើយ ក៏ស្រាប់តែប្រកាសនូវភាពនៃខ្លួន ជាអ្នក​មាន​កម្លាំងថយចាក​សិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់មក​ដើម្បីភេទ​ថោក​ទាប​វិញ។ នេះជាសំឡេង​ហ៊ោកញ្រ្ជៀវ របស់ពួកពល នៃបុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ​នោះ ​អត់ទ្រាំនូវផង់ធូលីបាន អត់ទ្រាំនូវចុង នៃ​ទង់ជ័យបាន ប៉ុន្តែថា​ លុះបានឮសំឡេង​ហ៊ោក​ញ្រ្ជៀវ របស់ពួលពលមកដល់ប៉ុណ្ណោះហើយ ក៏រួញរា ជច់ចិត្ត មិន​រឹងប៉ឹង មិនអាច​ដើម្បីចុះកាន់សង្រ្គាមបានឡើយ មានឧបមា ដូចម្តេចមិញ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ​ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូច​ជា​យោធាជីវៈ ទី ៣ ​តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអត់ទ្រាំ នូវផង់ធូលីបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំនូវសំឡេង​ហ៊ោកញ្រ្ជៀវ របស់ពួកពលបាន ទាស់តែនៅភាន់ភាំង ស្រឡាំងកាំង ក្នុងការប្រយុទ្ធគ្នា។ អ្វីជាការ​ប្រយុទ្ធគ្នា របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមបានចូលទៅ​រកភិក្ខុ ក្នុងសាសនានេះ ដែលជាអ្នកនៅអាស្រ័យក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី ចូលទៅអង្គុយជិត ​ដេកជិត ឱបរឹត។ ភិក្ខុនោះ កាល​បើ​មាតុគ្រាម អង្គុយជិត ដេកជិត ឱបរឹត ក៏មិនបានពោលលានូវសិក្ខា មិនបានប្រកាស​នូវ​ភាពនៃខ្លួន ជាអ្នកមានកម្លាំងថយ​ហើយ ក៏សេពនូវមេថុនធម្ម។ នេះជាការប្រយុទ្ធគ្នា របស់បុគ្គលនោះ។ ម្នាលភិក្ខុ​ទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់ធូលីបាន អត់ទ្រាំនូវចុង នៃទង់ជ័យបាន អត់ទ្រាំ នូវសំឡេងហ៊ោកញ្រ្ជៀវ របស់ពួកពលបាន ទាស់តែនៅភាន់ភាំង ស្រឡាំងកាំង​ ក្នុងការ​ប្រយុទ្ធគ្នា មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ពោលនូវ​បុគ្គលនេះ ក៏មានឧមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាព​យ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចយោធាជីវៈ ទី៤ តែងមានប្រាកដ ក្នុង​ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញ​ទៀត ភិក្ខុអត់ទ្រាំ នូវផង់ធូលីបាន អត់ទ្រាំនូវចុងទង់ជ័យបាន អត់ទ្រាំ នូវសំឡេង​ហ៊ោកញ្ជ្រៀវ របស់ពួកពលបាន អត់ទ្រាំ នូវការប្រយុទ្ធគ្នាបាន ភិក្ខុនោះ បានឈ្នះ​នូវ​សង្គ្រាមនោះហើយ ឈ្មោះថាជាអ្នកឈ្នះនូវសង្រ្គាម តែងនៅគ្រប់គ្រង នៅជាប្រធាន លើ​កងទ័ពនោះឯង។ អ្វីជាការឈ្នះសង្រ្គាម របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាម បានចូលទៅរកភិក្ខុ ក្នុងសាសនានេះ ដែលជាអ្នកអាស្រ័យនៅក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី អង្គុយជិត ដេកជិត ឱបរឹត។ ភិក្ខុនោះ កាលបើមាតុគ្រាម ទៅអង្គុយជិត ដេកជិត ឱបរឹត ក៏រំលៀកខ្លួនចេញបាន ដោះខ្លួនចេញរួចហើយ ក៏ចៀសចេញ​ទៅ​តាម​ប្រាថ្នា។ ភិក្ខុនោះ តែងគប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ​ញកភ្នំ រូងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល និងគំនរចំបើង។ ភិក្ខុនោះ ជាអ្នកនៅអាស្រ័យក្នុងព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តម្រង់កាយឲ្យត្រង់ ប្រុងស្មារតី ឲ្យមានមុខ​ឆ្ពោះ​ទៅរក​(កម្មដ្ឋាន)។ ភិក្ខុនោះ លះបង់អភិជ្ឈាក្នុងលោក មានចិត្តប្រាសចាក​អភិជ្ឈា ជម្រះ​ចិត្ត​ចាកអភិជ្ឈា លះបង់​ព្យាបាទ​ជាគ្រឿងប្រទូស្ត មានចិត្តមិនព្យាបាទ មានសេចក្តីអនុគ្រោះ​សត្វ​ទាំងពួង ដោយប្រយោជន៍ ជម្រះចិត្តឲ្យស្អាត ចាកព្យាបាទ ជាគ្រឿងប្រទូស្ត លះបង់​ថីនមិទ្ធៈ មានចិត្ត​ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់​ច្បាស់ ក្នុងពន្លឺ មាន​សតិ មាន​សម្បជញ្ញៈ ជម្រះចិត្ត ចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មានចិត្តមិនរវើរវាយ មាន​ចិត្តស្ងប់រម្ងាប់ខាងក្នុង ជម្រះចិត្ត ចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់​វិចិកិច្ឆា មានចិត្ត​ឆ្លងផុត​ ចាកវិចិកិច្ឆា មិនមាន​សេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ ជម្រះ​ចិត្ត​ឲ្យស្អាត ចាកវិចិកិច្ឆា។ ភិក្ខុនោះ លះនីវរណៈ ទាំង ៥ នេះ ដែលជាឧបក្កិលេស​របស់ចិត្ត ជាគ្រឿង​ធ្វើបញ្ញា ឲ្យថយកម្លាំង ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ក៏បានដល់នូវចតុត្ថជ្ឈាន។ កាលបើ​ចិត្តតាំងនៅល្អ ​បរិសុទ្ធផូរផង់ មិនមានទីទួល ពោល​គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម មិនញាប់ញ័រទៅ​តាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី​អាសវក្ខយញ្ញាណ គឺប្រាជ្ញាជាគ្រឿងដឹងនូវធម៌ ដែល​ធ្វើ​នូវ​អាសវៈ ឲ្យអស់ទៅ។ ភិក្ខុនោះ ដឹងច្បាស់​តាមពិតថា នេះជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹង​ច្បាស់​តាមពិតថា នេះជាទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាអាសវៈ ដឹងច្បាស់​តាមពិតថា នេះ​ជាហេតុនាំ​ឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាទីរលត់អាសវៈ ដឹងច្បាស់​តាមពិតថា នេះ​បដិបទា ជាដំណើរទៅកាន់ទីរលត់នៃអាសវៈ។ កាលបើភិក្ខុនោះ ដឹង​យ៉ាងនេះ ឃើញយ៉ាង​នេះហើយ ចិត្តរួចចាកកាមាសវៈផង ចិត្តរួចចាកភវាសវៈផង ចិត្តរួច​ចាកអវិជ្ជាសវៈផង កាលបើចិត្តរួចផុតស្រឡះ (ចាកកាមាសវៈជាដើមហើយ)​​​ សេចក្តីដឹង ក៏កើតឡើងប្រាកដថា ចិត្តរួចស្រឡះហើយ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ នេះជាជ័យជំនះ ក្នុងសង្គ្រាម របស់បុគ្គលនោះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ អត់ទ្រាំនូវផង់ធូលីបាន អត់ទ្រាំ នូវចុងនៃទង់ជ័យបាន អត់ទ្រាំនូវ​សំឡេង​ហ៊ោកញ្ជ្រៀវ របស់ពួកពលបាន អត់ទ្រាំ​នូវការប្រយុទ្ធគ្នាបាន យោធាជីវៈនោះ បាន​ឈ្នះ​នូវសង្រ្គាមនោះហើយ ឈ្មោះថាជាអ្នកឈ្នះនូវសង្គ្រាម តែងនៅគ្រប់គ្រង នៅ​ជា​ប្រធាន​លើ​សង្គ្រាមនោះឯង មានឧបមា ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោល​នូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុង​លោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជា​យោធាជីវៈ ទី៥ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ទាំង​ឡាយ មានឧបមាដូចជាពួកយោធាជីវៈទាំង ៥ នេះឯង តែងមាន​ប្រាកដ ក្នុង​ភិក្ខុ​ទាំង​ឡាយ។

ទុតិយយោធាជីវសូត្រ ទី៦

[៧៦] ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ៥ ពួកនេះ តែងមានប្រាកដក្នុងលោក។ យោធាជីវៈ ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញហើយ ចុះកាន់សង្រ្គាម ដែលកំពុងប្រយុទ្ធ​កៀក​គ្នា។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្គ្រាមនោះ ពួកយោធាជីវៈដទៃ ក៏បៀត​បៀន សង្កត់សង្កិន នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាម ខ្នះខ្នែងបាន។ ម្នាលភិក្ខុ​ទាំង​ឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុ​ទាំង​ឡាយ នេះជាយោធាជីវៈ ទី១ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ហើយ​ចុះកាន់​សង្គ្រាម ​ដែលប្រយុទ្ធកៀកគ្នា។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុង​សង្គ្រាម​នោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ​ដែលកំពុងតែខំព្យាយាម ខ្នះខ្នែង ចាប់យក​នូវយោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅឲ្យដល់ពួកញាតិ។ យោធាជីវៈនោះ កាលពួកញាតិ ដែលកំពុងនាំទៅ មិនទាន់ដល់ផ្ទះរបស់ខ្លួន ឬសំណាក់ របស់ពួកញាតិ ក៏ធ្វើនូវមរណកាល ក្នុងពាក់កណ្តាលផ្លូវទៅ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ ​មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ នេះជាយោធា ជីវៈ ទី២ តែងមានប្រាកដ ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត យោធាជីវៈ​ពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញហើយ ចុះកាន់​សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុង​សង្រ្គាម​នោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាម ​ខ្នះខ្នែង បានចាប់យកនូវយោធាជីវៈនោះទៅ លុះចាប់យក នូវយោធាជីវៈនោះទៅហើយ ក៏នាំ​យកទៅឲ្យដល់ពួកញាតិ ពួកញាតិក៏ទំនុកបំរុង បម្រើ ក៏ធ្វើនូវមរណកាល ដោយ​អាពាធ​នោះ​ទៅ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានភាពយ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៣ តែងមានប្រាកដក្នុងលោក។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់​ព្រួញហើយ ចុះកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា។ យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាម ខ្នះខ្នែង បានចាប់យក នូវយោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅឲ្យ​ដល់​ពួកញាតិ ពួកញាតិ ក៏ទំនុកបំរុង បម្រើ នូវយោធាជីវៈនោះ។ យោធាជីវៈនោះ កាលបើ​ពួក​ញាតិ ទំនុកបំរុង បម្រើ ក៏បានជាសះស្បើយ ចាកអាពាធនោះទៅ។ ​ម្នាលភិក្ខុ​ទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុ​ទាំងឡាយ នេះជា​យោធាជីវៈ ទី៤​​ តែងមានប្រាកដក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត យោធាជីវៈពួកខ្លះ ក្នុងលោកនេះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញហើយ ចុះកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា។ យោធាជីវៈនោះ បានឈ្នះសង្រ្គាម​នោះហើយ ឈ្មោះថា ជាអ្នកឈ្នះសង្រ្គាម តែងបាននៅគ្រប់គ្រង នៅជាប្រធានលើ​សង្រ្គាម​​នោះឯង។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាព​យ៉ាងនេះឯង ម្នាល​ភិក្ខុទាំងឡាយ នេះជាយោធាជីវៈ ទី៥ តែងមានប្រាកដក្នុងលោក។​ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈ ទាំង ៥ ពួកនេះឯង តែងមានប្រាកដ ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​មានឧបមា ដូចជាយោធាជីវៈនេះ មាន ៥ ពួក តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ ក៏​យ៉ាង​នេះឯង។ បុគ្គល ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចូល​ទៅ​ពឹងពាក់អាស្រ័យនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុក ឬនិគមនោះឯង ​ដើម្បីបិណ្ឌបាត មិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនបានដម្កល់ស្មារតី មិន​សង្រួម​ឥន្រ្ទិយ។ ភិក្ខុនោះ ឃើញមាតុគ្រាម ក្នុងស្រុក ឬនិគម​នោះ​ ដែលស្លៀកពាក់មិនល្អ ឬ​ដណ្តប់មិនល្អ រាគៈ ក៏អុចអាលចិត្ត របស់ភិក្ខុនោះ ព្រោះ​ឃើញ​​នូវមាតុគ្រាម ដែល​ស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ។ ភិក្ខុនោះ កាលបើមានចិត្ត​ ត្រូវរាគៈអុចអាលហើយ ក៏មិនបានពោលលានូវសិក្ខា មិនបានប្រកាសនូវភាពនៃខ្លួន ជាអ្នក​មានកម្លាំងថយ ហើយក៏សេពនូវមេថុនធម្ម។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ ​កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញហើយ ​ចុះកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្គ្រាមនោះ ពួកយោធាជីវៈដទៃ ក៏បៀតបៀន ចាប់ទុក​នូវយោធាជីវៈនោះ ដែលកំពុងខំព្យាយាម ខ្នះខ្នែង មានឧបមាយ៉ាងណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជាយោធាជីវៈ ទី១ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុចូលទៅពឹងពាក់ អាស្រ័យនូវស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យហើយ ចូលទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បីបិណ្ឌបាត មិនបានរក្សាកាយ មិនបានរក្សាវាចា ​មិនបានរក្សាចិត្ត មិនដម្កល់ស្មារតី មិនសង្រួមឥន្រ្ទិយ។ ភិក្ខុនោះ ឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ រាគៈក៏អុចអាលចិត្ត របស់ភិក្ខុនោះ ព្រោះឃើញ​នូវមាតុគ្រាម ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ។ ភិក្ខុនោះ កាលបើមានចិត្តត្រូវ​រាគៈ​អុចអាលហើយ ក៏ក្រហល់ក្រហាយដោយកាយ ក្រហល់ក្រហាយដោយចិត្ត។​ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់អារាម ហើយ​គប្បី​ប្រាប់ (សេចក្តីនេះ) ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំករុណា ត្រូវរាគៈរោលរាល​ហើយ ត្រូវរាគៈគ្របសង្កត់ហើយ មិនអាចដើម្បីនឹងនៅគ្រប់គ្រងនូវព្រហ្មចរិយៈបានទេ ខ្ញុំករុណា នឹងប្រកាសនូវភាព នៃខ្លួន​ជាអ្នកមានកម្លាំងថយចាកសិក្ខាហើយ នឹង​ពោល​លា​នូវ​សិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ ភិក្ខុនោះ ក៏ទៅកាន់អារាម តែទៅ​មិនទាន់​ដល់អារាមនៅ​ឡើយ ក៏ប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាក​សិក្ខា ពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាប ក្នុងដំណើរពាក់កណ្តាលផ្លូវ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ​ហើយ ចុះកាន់សង្គ្រាម ដែលប្រយុទ្ធកៀកគ្នា យោធាជីវៈនោះ ខំព្យាយាម ខ្នះខ្នែង ក្នុងសង្គ្រាម​នោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ដែលកំពុងតែខំព្យាយាម ខ្នះខ្នែង បានហើយ ចាប់យកនូវយោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅ ឲ្យ​ដល់​ពួក​ញាតិ យោធាជីវៈនោះ កាលបើពួកញាតិនាំយកទៅ មិនទាន់ដល់សំណាក់​ញាតិ​ទាំងឡាយ ក៏ធ្វើនូវមរណកាល ក្នុងដំណើរពាក់កណ្តាលផ្លូវទៅ មានឧបមាដូច​ម្តេចមិញ ម្នាលភិក្ខុទាំងឡាយ គថាគត ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យ ដូច្នោះដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជាយោធាជីវៈ ទី២ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ​ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចូលទៅពឹងពាក់អាស្រ័យ នូវស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូល​ទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បីបិណ្ឌបាត មិនបានរក្សាកាយ មិនបានរក្សា​វាចា មិនបានរក្សាចិត្ត មិនដម្កល់ស្មារតី មិនសង្រួមឥន្ទ្រិយ។ ភិក្ខុនោះ បានឃើញ​មាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ រាគៈក៏អុច​អាល​ចិត្ត របស់ភិក្ខុនោះ ព្រោះឃើញនូវមាតុគ្រាម ដែលស្លៀកពាក់មិនល្អ ឬដណ្តប់មិនល្អ។ ភិក្ខុនោះ មានចិត្តត្រូវរាគៈ​អុចអាលហើយ ក៏ក្រហល់ក្រហាយ ដោយកាយ ក្រហល់​ក្រហាយ​ដោយចិត្ត។ ភិក្ខុនោះ មានចិត្តត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់​អារាម ហើយគប្បីប្រាប់ (សេចក្តីនេះ) ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំករុណា ត្រូវរាគៈ​រោលរាលហើយ ត្រូវរាគៈគ្របសង្កត់ហើយ មិនអាចដើម្បីនឹងនៅ​គ្រប់គ្រង នូវ​ព្រហ្មចរិយៈបានទេ ខ្ញុំករុណា នឹងប្រកាសនូវភាព នៃខ្លួនជាអ្នកមានកម្លាំងថយ​ចាក​សិក្ខាហើយ ពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ ភិក្ខុនោះ ក៏​បានទៅកាន់អារាម ហើយប្រាប់ (​សេចក្តីនោះ) ដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ ខ្ញុំករុណា ត្រូវរាគៈរោលរាលហើយ ត្រូវរាគៈគ្របសង្កត់ហើយ មិនអាចដើម្បីនឹងនៅ​គ្រប់គ្រង​ព្រហ្មចរិយៈបានទេ ខ្ញុំករុណា នឹងប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយ​ចាកសិក្ខាហើយ ពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ ពួក​សព្រហ្មចារី ក៏ទូន្មាន ប្រៀនប្រដៅភិក្ខុនោះថា ម្នាលអាវុសោ កាមទាំងឡាយ មានសុខតិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើន ណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចជារាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណ​ច្រើន​ណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចជាដុំសាច់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណ​ច្រើន​ណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចគប់​ភ្លើង​ស្មៅ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណ​ច្រើន​ណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមា ដូចជា​គំនររងើកភ្លើង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មាន​ប្រមាណច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចការយល់សប្តិ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុង​កាមនេះ មានប្រមាណច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំង​ឡាយ មានឧបមាដូចជារបស់ខ្ចីគេ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោស​ក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ​។ កាម​ទាំងឡាយ មានឧបមាដូចជាផ្លែឈើ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ដែល​ព្រះដ៏មានព្រះភាគត្រាស់​ហើយ ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែល​ព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចជាកាំបិត និងជ្រញ់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើន​ណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចជាចុង​លំពែង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណ ច្រើន​ណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ ​កាមទាំងឡាយ មានឧបមាដូចជា​ក្បាលពស់ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មាន​ប្រមាណ​ច្រើនណាស់ ដែលព្រះដ៏មានព្រះភាគត្រាស់ហើយ។ លោកដ៏មានអាយុ ចូរត្រេក​អរ​ ក្នុងព្រហ្មចរិយធម៌ចុះ លោកដ៏មានអាយុ កុំប្រកាសនូវភាពនៃខ្លួនជាអ្នកមាន​កម្លាំង​ថយចាកសិក្ខា ពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបឡើយ។ ភិក្ខុនោះ កាល​សព្រហ្មចារីបុគ្គលទាំងឡាយ ទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ក៏ពោល​យ៉ាង​នេះថា ម្នាលអាវុសោ កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មាន​សេចក្តី​ចង្អៀត​ចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែល​ព្រះដ៏មាន​ព្រះភាគ​ត្រាស់ហើយ ក៏ពិតមែន តែថា ខ្ញុំករុណា មិនអាចដើម្បីគ្រប់គ្រង​នូវ​ព្រហ្មចរិយៈ​បានទេ ខ្ញុំករុណា នឹងប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយ​ចាកសិក្ខា​ហើយ ពោល​លា​នូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញ។ ភិក្ខុនោះ ក៏បាន​ប្រកាស​នូវ​ភាព​នៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បី​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ហើយចូលទៅកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា យោធាជីវៈនោះ ខំ​ព្យាយាម ​ ខ្នះខ្នែង ក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះ ដែល​កំពុងតែខំព្យាយាម ខ្នះខ្នែង បាន​ចាប់យកនូវយោធាជីវៈនោះទៅ លុះចាប់យកទៅហើយ ក៏នាំយកទៅឲ្យដល់ពួកញាតិ ញាតិទាំងឡាយ ក៏ទំនុកបំរុង បម្រើ​នូវយោធាជីវៈនោះ យោធាជីវៈនោះ កាលបើពួកញាតិទំនុកបំរុង បម្រើ ក៏ធ្វើ​កាលកិរិយា ដោយ​អាពាធនោះទៅ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោល​នូវ​បុគ្គល​នេះ ក៏មានឧមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជាយោធាជីវៈ ទី​៣ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចូលទៅពឹង ពាក់អាស្រ័យនៅនឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយចូលទៅកាន់ស្រុក ឬនិគមនោះឯង ដើម្បី​បិណ្ឌបាត មិនបាន​រក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនដម្កល់ស្មារតី មិនបាន​សង្រួមឥន្រ្ទិយ។ ភិក្ខុនោះ បានឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ​ដែលស្លៀកពាក់​មិនល្អ ឬដណ្តប់​មិនល្អ រាគៈក៏អុចអាលចិត្ត របស់ភិក្ខុនោះ ព្រោះឃើញនូវមាតុគ្រាម ដែលស្លៀកពាក់​មិនល្អ ឬដណ្តប់មិនល្អ។ ភិក្ខុនោះ មានចិត្តត្រូវរាគៈអុចអាលហើយ ក៏ក្រហល់​ក្រហាយ​ដោយកាយ ក្រហល់ក្រហាយដោយចិត្ត​។ ភិក្ខុនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ទៅកាន់អារាម ហើយគប្បីប្រាប់ (សេចក្តីនេះ) ដល់ភិក្ខុទាំង​ឡាយថា ម្នាលអាវុសោ ខ្ញុំករុណា ត្រូវរាគៈរោលរាលហើយ ត្រូវរាគៈគ្របសង្គត់ហើយ មិន​អាចដើម្បីនឹងគ្រប់គ្រងនូវព្រហ្មចរិយៈបានទេ ខ្ញុំករុណា នឹងប្រកាស នូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខាហើយ ពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បីភេទ​ថោកទាបវិញ។ ភិក្ខុនោះ ក៏ទៅកាន់អារាម ហើយប្រាប់ (សេចក្តីនោះ) ដល់​ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ខ្ញុំករុណា ត្រូវរាគៈរោលរាលហើយ ត្រូវរាគៈ​គ្របសង្កត់ហើយ ខ្ញុំករុណា មិនអាចដើម្បីនឹងគ្រប់គ្រង នូវព្រហ្មចរិយៈបានទេ ខ្ញុំករុណា នឹងប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខាហើយ ពោលលានូវ​សិក្ខា វិល​ត្រឡប់មក ដើម្បីភេទដ៏ថោកទាបវិញ។ សព្រហ្មចារីបុគ្គលទាំងឡាយ ក៏ទូន្មាន ប្រៀន​ប្រដៅ នូវភិក្ខុនោះថា ម្នាលអាវុសោ កាមទាំងឡាយ មានសេចក្តីសុខតិច មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែល​ព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចរាងឆ្អឹង មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែល​ព្រះដ៏មានព្រះភាគត្រាស់ហើយ។ កាមទាំងឡាយ មានឧបមាដូចជាដុំសាច់ ដែល​ព្រះ​ដ៏មានព្រះភាគត្រាស់ហើយ… កាមទាំងឡាយ មានឧបមាដូចជាគប់ភ្លើងស្មៅ ដែល​ព្រះដ៏មានព្រះភាគត្រាស់ហើយ​… កាមទាំងឡាយ មានឧបមា ដូចជាគំនររងើកភ្លើង ​ដែល​ព្រះ​ដ៏មានព្រះភាគត្រាស់ហើយ… កាមទាំងឡាយ មានឧបមាដូចជាយល់សប្តិ ដែល​ព្រះដ៏​មានព្រះភាគត្រាស់ហើយ… កាមទាំងឡាយ មានឧបមាដូចជារបស់ខ្ចីគេ ដែល​ព្រះ​ដ៏​មានព្រះភាគត្រាស់ហើយ…​ កាមទាំងឡាយ មានឧបមាដូចជាផ្លែឈើ ដែល​ព្រះ​ដ៏​មានព្រះភាគត្រាស់ហើយ… កាមទាំងឡាយ មានឧបមាដូចជាកាំបិត និងជ្រញ់ ដែល​ព្រះដ៏មានព្រះភាគត្រាស់ហើយ… កាមទាំងឡាយ មានឧបមាដូចជាចុងលំពែង ដែល​ព្រះ​ដ៏មានព្រះភាគត្រាស់ហើយ… កាមទាំងឡាយ មានឧបមាដូចជាក្បាលពស់ មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានប្រមាណច្រើនណាស់ ដែលព្រះ​ដ៏មានព្រះភាគត្រាស់ហើយ។ លោកដ៏មានអាយុ ចូរត្រេកអរ ក្នុងព្រហ្មចរិយធម៌ចុះ លោក​ដ៏មានអាយុ កុំប្រកាសនូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខា ហើយ​ពោល​លា​នូវសិក្ខា វិលត្រឡប់មក ដើម្បីភេទថោកទាបវិញឡើយ។​ ភិក្ខុនោះ កាល​សព្រហ្មចារី​បុគ្គល​ទាំងឡាយ ទូន្មានយ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះ ក៏ពោលយ៉ាងនេះថា ម្នាល​អាវុសោ​ទាំងឡាយ ខ្ញុំករុណា នឹងព្យាយាម ម្នាលអាវុសោ ខ្ញុំករុណា នឹងទ្រទ្រង់ ម្នាលអាវុសោ ខ្ញុំករុណា នឹងត្រេកអរ ម្នាលអាវុសោ ឥឡូវនេះ ខ្ញុំករុណា មិនទាន់ប្រកាស នូវភាពនៃខ្លួន ជាអ្នកមានកម្លាំងថយចាកសិក្ខា ហើយពោលលានូវសិក្ខា វិលត្រឡប់មក ដើម្បី​ភេទថោកទាបវិញទេ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ កាន់ដាវ និងខែល សៀតនូវធ្នូ និងបំពង់ព្រួញហើយ ចូលកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា យោធាជីវៈនោះ ខំព្យាយាម ​ខ្នះខ្នែង ក្នុងសង្រ្គាមនោះ ពួកយោធាជីវៈដទៃ ក៏ចាក់នូវយោធាជីវៈនោះឯង ដែល​កំពុងតែខំព្យាយាម ខ្នះខ្នែងបាន ក៏ចាប់នូវយោធាជីវៈនោះទៅ លុះចាប់យកទៅ​ហើយ ក៏នាំយកទៅឲ្យដល់ញាតិទាំងឡាយ ពួកញាតិ ក៏ទំនុកបំរុង បម្រើនូវយោធាជីវៈ​នោះ យោធាជីវៈនោះ កាលបើពួកញាតិ ទំនុកបំរុង បម្រើ ក៏បានសះស្បើយ ចាកអាពាធ​នោះ​ទៅ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មាន​ឧបមេយ្យ ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ មានសភាព​យ៉ាង​នេះ​ឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ឧបមាដូចជា យោធាជីវៈ ទី៤ តែងមានប្រាកដ ក្នុង​ភិក្ខុទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុចូលទៅពឹងពាក់ អាស្រ័យ​នឹងស្រុក ឬនិគមណាមួយ។ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយ​ចូលទៅកាន់ស្រុក ឬនិគមនោះ ដើម្បីបិណ្ឌបាត បានរក្សាកាយ រក្សាវាចា រក្សាចិត្ត ដម្កល់​ស្មារតី សង្រួមឥន្រ្ទិយ។ ភិក្ខុនោះ ឃើញនូវរូបដោយចក្ខុហើយ តែមិន​បាន​កួចកាន់នូវនិមិត្ត មិនបានកួចកាន់ នូវ​​​​​​​អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែល​ជា​អកុសលធម៌ដ៏លាមក ​តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួម នូវចក្ខុន្រ្ទិយនោះ ព្រោះហេតុមិនសង្រួម នូវចក្ខុន្រ្ទិយណា ក៏ប្រតិបត្តិ ដើម្បីសង្រួមនូវចក្ខុន្រ្ទិយនោះ រក្សា​នូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ។ បានឮសំឡេងដោយត្រចៀក … បានធុំ​ក្លិនដោយច្រមុះ … បានទទួលរសដោយអណ្តាត … បានពាល់ត្រូវនូវផ្សព្វ ដោយកាយ … បាន​ដឹងច្បាស់ នូវធម្មារម្មណ៍ដោយចិត្តហើយ តែមិនបានកួចកាន់ នូវនិមិត្ត មិនបាន​កួចកាន់ នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក តែង​ជាប់​តាមនូវបុគ្គល ដែលមិនសង្រួមនូវមនិន្រ្ទិយនោះ ព្រោះហេតុមិនសង្រួម នូវមនិន្រ្ទិយណា ក៏ប្រតិបតិ្ត ដើម្បីសង្រួមនូវមនិន្រ្ទិយនោះ រក្សានូវមនិន្រ្ទិយ ដល់នូវ​ការសង្រួម​ ក្នុងមនិន្រ្ទិយ។ ភិក្ខុនោះ លុះត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្តហើយ តែង​គប់រកនូវសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល ទីគំនរចំបើង ឬស្លឹកឈើ។ ភិក្ខុនោះ ជាអ្នកអាស្រ័យ​នៅក្នុង​ព្រៃក្តី ក្រោមម្លប់ឈើក្តី ក្នុង​ផ្ទះ​ដ៏ស្ងាត់ក្តី ក៏អង្គុយពត់ភ្នែន តម្រង់កាយឲ្យត្រង់ ​តាំងស្មារតី ឲ្យមានមុខឆ្ពោះ​(ទៅ​កាន់​ព្រះកម្មដ្ឋាន) ភិក្ខុនោះ ក៏លះបង់ នូវអភិជ្ឈា ក្នុងលោក។បេ។ ភិក្ខុនោះ ក៏លះបង់ នូវនីវរណៈទាំង ៥ នេះ ដែលជាឧបក្កិលេសនៃចិត្ត អាចធ្វើបញ្ញាឲ្យមានកម្លាំងថយ ស្ងប់​ស្ងាត់​ចាកកាមទាំងឡាយ។បេ។ ក៏បានចូលកាន់ចតុត្ថជ្ឈាន។ កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ គួរដល់ភាវនាកម្ម ជា​ចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី​អាសវក្ខយញ្ញាណ គឺប្រាជ្ញា ជាគ្រឿងដឹងនូវកិរិយា​អស់ទៅ នូវ​អាសវៈទាំងឡាយ។ ភិក្ខុនោះ ក៏ដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ភិក្ខុនោះ ដឹង​ច្បាស់ថា មគ្គភាវនា​កិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ យោធាជីវៈនោះ កាន់ដាវ និងខែល សៀតធ្នូ និងបំពង់ព្រួញ ហើយចូលកាន់សង្រ្គាម ដែលប្រយុទ្ធកៀកគ្នា យោធាជីវៈនោះ បានឈ្នះសង្គ្រាមនោះហើយ ក៏ឈ្មោះថា ជាអ្នក​ឈ្នះសង្រ្គាម នៅគ្រប់គ្រង នៅជាប្រធានលើសង្រ្គាមនោះឯង មានឧបមា ដូចម្តេចមិញ ម្នាល​ភិក្ខុទាំងឡាយ តថាគត ពោលនូវបុគ្គលនេះ ក៏មានឧបមេយ្យដូច្នេះដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ មានសភាពយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ មានឧបមាដូចជាយោធាជីវៈ ទី៥ តែងមានប្រាកដ ក្នុងភិក្ខុទាំងឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលមានឧបមាដូចជាយោធាជីវៈ ទាំង ៥ នេះឯង តែងមានប្រាកដ ក្នុង​ភិក្ខុ​ទាំងឡាយ។

បឋមអនាគតភយសូត្រ ទី៧

[៧៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលពិចារណា​ឃើញ​នូវ​អនាគតភ័យ ៥ យ៉ាងនេះ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មាន​ចិត្ត​បញ្ជូន​ទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បី​បាន​នូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែល​ខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ភ័យ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកនៅព្រៃ ពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញ​នៅ​ក្នុងព្រៃតែម្នាក់ឯង​ ពស់គប្បីចឹកអាត្មាអញក្តី ខ្ទួយគប្បីទិចអាត្មាអញក្តី ក្អែប​គប្បី​ខាំ​អាត្មាអញ​ក្តី ដែលនៅក្នុងព្រៃតែម្នាក់ឯង កាលកិរិយា គប្បីមានដល់​អាត្មាអញ ដោយ​ហេតុ​នោះ អន្តរាយនោះ គប្បីមានដល់អាត្មាអញមិនខាន។ បើដូច្នោះ អាត្មាអញ ប្រារព្ធ​នូវសេចក្តី​ព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែល​ខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណា​ឃើញ នូវអនាគតភ័យ ទី១ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្ត​បញ្ជូនទៅ​កាន់​ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បី​បាន​នូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែល​ខ្លួន​មិន​ទាន់​បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នកនៅព្រៃ ពិចារណា​ឃើញ​ដូច្នេះថា ឥឡូវនេះ អាត្មាអញ នៅក្នុងព្រៃតែម្នាក់ឯង ក៏កាលដែលអាត្មាអញនៅ​ក្នុងព្រៃតែម្នាក់ឯង គប្បីភ្លាត់ដួលទៅក្តី ភត្តដែលអាត្មាអញ​បរិភោគហើយ គប្បីឲ្យទោសក្តី ប្រមាត់ របស់អាត្មាអញ គប្បីកំរើកឡើងក្តី ស្លេស្មរបស់អាត្មាអញ គប្បីកំរើកឡើងក្តី ខ្យល់​ទាំង​ឡាយ ដែលមានមុខមុត ដូចជាកាំបិត គប្បីកំរើកឡើងក្តី កាលកិរិយា គប្បីមានដល់​អាត្មាអញ ដោយហេតុនោះ សេចក្តីអន្តរាយនោះ គប្បីមានដល់អាត្មាអញមិនខាន។ បើ​ដូច្នោះ អាត្មាអញ ប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់​បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​គុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាល​បើពិចារណាឃើញ នូវអនាគតភ័យ ទី២ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណ​វិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុអ្នកនៅព្រៃ ពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញនៅ​ក្នុង​ព្រៃតែម្នាក់ឯង ក៏កាលដែលអាត្មាអញ នៅក្នុងព្រៃតែម្នាក់ឯង គប្បីជួបប្រទះ​នឹង​ម្រឹគ​សាហាវ​ទាំងឡាយ គឺ រាជសីហ៍ក្តី ខ្លាធំក្តី ខ្លាដម្បងក្តី ខ្លាឃ្មុំក្តី ខ្លាត្រីក្តី ម្រឹគសាហាវទាំងនោះ គប្បី​ផ្តាច់បង់អាត្មាអញចាកជីវិត កាលកិរិយា គប្បីមានដល់អាត្មាអញ ដោយហេតុនោះ សេចក្តី​អន្តរាយនោះ គប្បីមានដល់អាត្មាអញមិនខាន។ បើដូច្នោះ អាត្មាអញ ប្រារព្ធនូវ​សេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណ​វិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់​បាន​ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណាឃើញ នូវ​អនាគតភ័យ ទី៣ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មាន​ចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់​បាន​ដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​គុណ​វិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុអ្នក​នៅ​ព្រៃ ពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញនៅក្នុងព្រៃតែម្នាក់ឯង ក៏កាល​ដែល​អាត្មាអញ​នៅក្នុងព្រៃតែម្នាក់ឯង គប្បីជួបប្រទះនឹងពួកចោរ ដែលធ្វើចោរកម្មហើយក្តី ដែល​មិនទាន់បានធ្វើចោរកម្មក្តី ចោរទាំងនោះ គប្បីផ្តាច់បង់នូវអាត្មាអញចាកជីវិតទៅ កាលកិរិយា គប្បីមានដល់អាត្មាអញ ដោយហេតុនោះ សេចក្តី​អន្តរាយនោះ គប្បី​មាន​ដល់អាត្មាអញមិនខាន។ ​បើដូច្នោះ អាត្មាអញ ប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីដល់​នូវ​គុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណាឃើញ នូវអនាគតភ័យ ទី៤ នេះហើយ​ ជា​អ្នក​មិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើប​អាច​ដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែល​ខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិន​ទាន់​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុអ្នកនៅព្រៃ ពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញ នៅក្នុងព្រៃតែម្នាក់ឯង ប្រសិនបើមានអមនុស្សកំណាចនៅក្នុងព្រៃ អមនុស្សកំណាចទាំងនោះ គប្បីផ្តាច់បង់ នូវអាត្មាអញចាកជីវិតទៅ កាលកិរិយា គប្បី​មាន​ដល់​អាត្មាអញ ដោយហេតុនោះ សេចក្តីអន្តរាយនោះ គប្បីមានដល់អាត្មាអញមិនខាន។ បើដូច្នោះ អាត្មាអញ ប្រារព្ធនូវសេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែល​ខ្លួន​មិន​ទាន់​បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់ នូវ​គុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណាឃើញ នូវអនាគតភ័យ ទី៥ នេះហើយ ជាអ្នកមិនប្រមាទ មាន​ព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាច​ដើម្បីដល់ នូវ​គុណ​វិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុអ្នកនៅព្រៃ កាលបើពិចារណាឃើញ នូវអនាគតភ័យ ទាំង ៥ យ៉ាងនេះឯង ជាអ្នក​មិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើប​អាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាន​នូវគុណវិសេស ដែល​ខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួន​មិនទាន់បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់។

ទុតិយអនាគតភយសូត្រ ទី៨

[៧៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលពិចារណាឃើញ នូវអនាគតភ័យ ៥ យ៉ាងនេះ ជា​អ្នក​មិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើប​អាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ​ ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់​បាន​ធ្វើ​ឲ្យជាក់ច្បាស់។ អនាគតភ័យ ៥ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ពិចារណាឃើ់ញ ដូច្នេះថា ឥឡូវនេះ អាត្មាអញនៅក្មេង កំឡោះ ជំទង់ មាន​សក់​ខ្មៅ​ស្រិល ប្រកបដោយវ័យចំរើន គឺបឋមវ័យនៅឡើយ សម័យ​ដែល​ជរា​មក​ប៉ះ​ពាល់​ នូវរាងកាយនេះ រមែងមានដោយពិត ក៏កាយដែលចាស់គ្រាំគ្រា ត្រូវជរាមក​គ្រប​សង្កត់​ហើយ មិនងាយនឹងធ្វើទុកក្នុងចិត្ត នូវពាក្យប្រដៅ នៃព្រះសម្មាសម្ពុទ្ធបាន មិន​ងាយ​នឹង​គប់​រក​ នូវសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិន​ជាទីពេញចិត្តនោះ រមែងមកដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធ​សេចក្តីព្យាយាមឲ្យបានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បី​បាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែល​ខ្លួន​មិនទាន់បានធ្វើឲ្យជាក់ច្បាស់ អាត្មាអញ ជាអ្នកប្រកបព្រម ដោយធម៌ណា សូម្បី​ខ្លួន​ចាស់​ជរាហើយ ក៏នឹងនៅជាសុខ ដោយធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល​បើពិចារណាឃើញ នូវអនាគតភ័យ ទី១ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំង​កិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណ​វិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បី​ធ្វើ​ឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយទៀត ភិក្ខុពិចារណាឃើញដូច្នេះថា ឥឡូវនេះ អាត្មាអញ មានអាពាធតិច មាន​ទុក្ខតិច ប្រកបដោយភ្លើងធាតុ ដែលដុតកំដៅស្មើគ្នា មិនត្រជាក់ពេក មិនក្តៅពេក ជា​យ៉ាង​កណ្តាល គួរដល់សេចក្តីព្យាយាម សម័យដែលធ្យាធិមកប៉ះពាល់ នូវរាងកាយនេះ រមែង​មានដោយពិត ក៏កាយដែលមានព្យាធិ ត្រូវព្យាធិមកគ្របសង្កត់ហើយ មិនងាយ​នឹងធ្វើ​ទុកក្នុងចិត្ត នូវពាក្យប្រដៅនៃព្រះសម្មាសម្ពុទ្ធបាន មិនងាយនឹងគប់​រក នូវសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិន​ជា​ទី​ពេញចិត្តនោះ រមែងមកដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធ​សេចក្តី​ព្យាយាម​ឲ្យ​បានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បី​បាន​នូវ​គុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែល​ខ្លួន​មិនទាន់បាន​ធ្វើឲ្យជាក់ច្បាស់ អាត្មាអញ ប្រកបដោយធម៌ណា សូម្បីមាន​ព្យាធិ ក៏​នឹង​នៅ​ជា​សុខ ដោយធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើ​ពិចារណាឃើញ នូវអនាគតភ័យ ទី២ នេះហើយ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មាន​ចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់​បានដល់ ដើម្បី​បាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែល​ខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ពិចារណា​ឃើញ ដូច្នេះថា ឥឡូវនេះ សំទូងល្អ បិណ្ឌបាតបានងាយស្រួល ដើម្បីនឹងព្យាយាមស្វែង​រក​មក​ចិញ្ចឹមជីវិតបានងាយ ក៏សម័យដែលមានទុរភិក្ស សំទូងមិនល្អ បិណ្ឌបាត​បាន​ដោយ​ក្រ មិនងាយដើម្បីនឹងព្យាយាម ស្វែងរកមក​ចិញ្ចឹមជីវិតបានឡើយ មនុស្សទាំងឡាយ ក៏តែង​ទៅកាន់ទី ដែលមានភិក្ខាងាយ ក្នុងវេលា​ដែល​ស្រុកកើតមានទុរភិក្ស ការនៅ​ច្រឡូក​ច្រឡំ ការនៅដេរដាស ក្នុងទីដែល​មាន​ភិក្ខា​ងាយ​នោះ រមែងមាន កាលបើការនៅច្រឡូកច្រឡំ ការនៅដេរដាសមានហើយ មិនងាយ​នឹងធ្វើ​​ទុកក្នុងចិត្ត នូវពាក្យប្រៀន​ប្រដៅ នៃព្រះ​សម្មា​សម្ពុទ្ធ​បានទេ មិនងាយនឹងគប់​រកសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌ដែលមិន​ជា​ទី​ប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តនោះ រមែងមកដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធ​សេចក្តីព្យាយាមឲ្យបានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែល​ខ្លួន​មិន​ទាន់​បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យ​ជាក់​ច្បាស់ នូវ​គុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់ អាត្មាអញ ប្រកបដោយធម៌ណា សូម្បីក្នុង​ទុរភិក្ស​សម័យ ក៏នឹងនៅសប្បាយ ដោយធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​កាល​ពិចារណា​ឃើញ នូវអនាគតភ័យ ទី៣ នេះ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំង​កិលេស​ឲ្យ​ក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួន​មិន​ទាន់​បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវ​គុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញដូច្នេះថា ឥឡូវនេះ មនុស្សទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយ​រក​គ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយដោយទឹក ក្រឡេកមើលគ្នានឹងគ្នា ដោយ​ចក្ខុ​ជា​ទី​ស្រឡាញ់ ក៏សម័យដែលមានភ័យ គឺចោរកម្រើក ក្នុងដងព្រៃហើយ ពួកអ្នកជនបទ ក៏នាំគ្នា​​ឡើងកាន់ចក្កយាន ហើយបរទៅ (កាន់​ទិសផ្សេងៗ) ក៏កាលបើភ័យមានហើយ មនុស្ស​ទាំងឡាយ តែងទៅកាន់ទីដ៏ក្សេមក្សាន្ត ការនៅច្រឡូកច្រឡំ ការនៅដេរដាស ក្នុង​ទីនោះ រមែងមាន កាលបើការនៅច្រឡូកច្រឡំគ្នា ការនៅដេរដាសមានហើយ មិន​ងាយ​នឹង​ធ្វើទុកក្នុងចិត្ត នូវពាក្យប្រៀនប្រដៅ នៃព្រះសម្មាសម្ពុទ្ធបាន មិនងាយ​នឹង​គប់​រក​សេនាសនៈ​ស្ងាត់ គឺដងព្រៃបានឡើយ ធម៌ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិន​ជា​ទី​ពេញចិត្តនោះ រមែងមក​ដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធ​សេចក្តី​ព្យាយាម​ឲ្យ​បានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បី​បាន​នូវ​គុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែល​ខ្លួន​មិន​ទាន់​បានធ្វើឲ្យជាក់ច្បាស់ អាត្មាអញ ប្រកបដោយធម៌ណា សូម្បីក្នុងវេលាមានភ័យ ក៏នឹង​នៅ​សប្បាយ ដោយធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល​ពិចារណា​ឃើញ នូវអនាគតភ័យ ទី៤ នេះ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្ត​បញ្ជូន​ទៅកាន់ព្រះនិព្វាន ទើបអាចដើម្បីដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បី​បាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែល​ខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុពិចារណា​ឃើញ​ ដូច្នេះថា ឥឡូវនេះ សង្ឃជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មាន​ឧទ្ទេស​ជា​មួយគ្នា រមែងនៅសប្បាយ សម័យដែលសង្ឃបែកបាក់គ្នា រមែងមានដោយពិត កាល​បើ​សង្ឃ​បែកបាក់គ្នាហើយ មិនងាយនឹង​ធ្វើទុកក្នុងចិត្ត នូវ​ពាក្យ​ប្រៀន​ប្រដៅ នៃ​ព្រះសម្មាសម្ពុទ្ធបាន មិនងាយនឹងគប់រកសេនាសនៈស្ងាត់ គឺដងព្រៃបានឡើយ ធម៌​ដែល​មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីពេញចិត្តនោះ រមែងមកដល់អាត្មាអញមុន បើដូច្នោះ អាត្មាអញ ប្រារព្ធសេចក្តីព្យាយាមឲ្យបានមុនវិញ ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់ធ្វើឲ្យជាក់ច្បាស់ អាត្មាអញ ប្រកប​ដោយ​ធម៌ណា កាលបើសង្ឃបែកបាក់គ្នាហើយ ក៏នឹងនៅសប្បាយ ដោយធម៌នោះ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុកាលពិចារណាឃើញ នូវអនាគតភ័យ ទី៥ នេះ ជាអ្នកមិនប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើប​អាច​ដើម្បី​ដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវ​គុណ​វិសេស ដែល​ខ្លួន​មិន​ទាន់​បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុកាលពិចារណាឃើញ នូវអនាគតភ័យ ៥ យ៉ាងនេះឯង ជាអ្នក​មិន​ប្រមាទ មានព្យាយាម ញ៉ាំងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ទើប​អាច​ដើម្បី​ដល់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែល​ខ្លួន​មិន​ទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់​ច្បាស់។

តតិយអនាគតភយសូត្រ ទី៩

[៧៩] ម្នាលភិក្ខុទាំងឡាយ អនាគតភ័យនេះ មាន ៥ យ៉ាង មិនទាន់កើតឡើង ក្នុង​កាល​ឥឡូវនេះទេ នឹងកើតឡើងតទៅ ក្នុងខាងមុខអ្នកទាំងឡាយ គួរដឹងច្បាស់ នូវ​អនាគត​ភ័យ​ទាំងនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់នូវអនាគតភ័យទាំង​នោះ​ចេញ។ អនាគតភ័យ ៥ យ៉ាង ​តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​កាល​ដ៏​យូរ​អង្វែង​ ទៅក្នុងអនាគត ភិក្ខុទាំងឡាយ នឹងមិនបានចំរើនកាយ មិនបានចំរើនសីល មិនបាន​ចំរើនចិត្ត មិនបានចំរើនបញ្ញាទេ បើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ នឹងញ៉ាំងបុគ្គលដទៃ ឲ្យឧបសម្ប័ទ ភិក្ខុទាំងនោះឯង នឹងមិនអាចដើម្បីទូន្មាន ក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ នឹងមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបាន​ចំរើន​បញ្ញា កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបាន​ចំរើនបញ្ញាហើយ នឹងញ៉ាំងបុគ្គលដទៃ ឲ្យឧបសម្ប័ទ ភិក្ខុទាំងនោះឯង នឹង​មិន​អាច​ដើម្បីទូន្មាន ក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំង​នោះ មុខជា​នឹង​មិន​បានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ ការខូចវិន័យ ព្រោះខូចធម៌ ការខូចធម៌ ព្រោះខូចវិន័យ ដោយ​ប្រការ​ដូច្នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី១ មិនទាន់កើតឡើង ក្នុង​កាល​ឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវ​អនាគតភ័យ​នោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចោលចេញ។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត ភិក្ខុទាំងឡាយ នឹង​មិន​បានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាទេ បើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិន​បាន​ចំរើន​បញ្ញា​ហើយ ឲ្យនិស្ស័យដល់ភិក្ខុទាំងឡាយដទៃ ភិក្ខុទាំងនោះឯង ក៏មិនអាច​ដើម្បី​នឹង​ទូន្មាន ក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ នឹងមិនបានចំរើនកាយ មិន​បាន​ចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញា កាលបើភិក្ខុទាំងនោះ មិនបាន​ចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ ឲ្យនិស្ស័យ ដល់​ភិក្ខុទាំងឡាយដទៃ ភិក្ខុទាំងនោះឯង នឹងមិនអាចដើម្បីទូន្មាន ក្នុងអធិសីល អធិចិត្ត និងអធិបញ្ញាបានឡើយ ភិក្ខុទាំងនោះ មុខជានឹងមិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាដែរ។ ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យ ព្រោះ​ខូច​ធម៌ ការខូចធម៌ ​ព្រោះខូចវិន័យ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជា​អនាគតភ័យ ទី២ ​មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នក​ទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បី​លះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងកាល​ដ៏យូរ​អង្វែង​ទៅ ក្នុងអនាគត ភិក្ខុទាំងឡាយ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាទេ កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបាន​ចំរើនចិត្ត មិនបានចំរើនបញ្ញា ហើយសំដែងនូវអភិធម្មកថា​ និងវេទល្លកថា ឈានចុះទៅកាន់ធម៌ខ្មៅ ក៏មិនដឹងខ្លួន ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យ ព្រោះខូចធម៌ ការ​ខូចធម៌ ព្រោះ​ខូចវិន័យ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី៣ មិន​ទាន់​កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវ​អនាគត​ភ័យនោះចេញ។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត ភិក្ខុទាំងឡាយ មិនបាន​ចំរើន​កាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបាន​ចំរើន​បញ្ញាទេ កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិន​បានចំរើនបញ្ញាហើយ ពួកព្រះសូត្រណា ដែលជាតថាគតភាសិត ​ជ្រាលជ្រៅ (ដោយ​បាលី) ជ្រាលជ្រៅដោយអត្ថ ជាលោកុត្តរធម៌ ប្រកបដោយភាវៈសោះសូន្យ កាលបើព្រះសូត្រ​ទាំងនោះ ដែលភិក្ខុកំពុងពោល (ជនដទៃ) ក៏មិនប្រាថ្នាដើម្បីស្តាប់ មិនផ្អៀងត្រចៀកប្រុង​ស្តាប់ មិនតាំងចិត្ត ដើម្បីចង់ដឹងសោះ ទាំងមិនសំគាល់នូវកិច្ច ដែលខ្លួនត្រូវរៀន ត្រូវ​ទន្ទេញ​យក​ធម៌នោះឡើយ បើពួកព្រះសូត្រណា ដែលកវីតាក់តែង ជាពាក្យកាព្យឃ្លោង មាន​អក្ខរដ៏វិចិត្រ មានព្យញ្ជនៈដ៏វិចិត្រ ជាពាក្យខាងក្រៅ ជាភាសិតរបស់សាវកខាងក្រៅ កាល​បើព្រះសូត្រទាំងនោះ ដែលភិក្ខុកំពុងពោល (ទើ់បពួកជនដទៃ) នឹងប្រាថ្នាចង់ស្តាប់ ផ្អៀងត្រចៀកប្រុងស្តាប់ តាំងចិត្តដើម្បីចង់ដឹង ទាំងសំគាល់នូវកិច្ច ដែលខ្លួនត្រូវរៀន ត្រូវ​ទន្ទេញ​យកធម៌នោះ។ ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យ ព្រោះខូចធម៌ ការខូចធម៌ ព្រោះខូចវិន័យ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី៤ មិន​ទាន់​កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បី​លះបង់ នូវ​អនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ក្នុងកាលដ៏យូរ​អង្វែងទៅ ក្នុងអនាគត ភិក្ខុទាំងឡាយ មិនបានចំរើនកាយ មិនបានចំរើនសីល មិនបានចំរើនចិត្ត មិនបានចំរើនបញ្ញាទេ កាលបើភិក្ខុទាំងនោះ មិនបានចំរើនកាយ មិនបានចំរើនសីល មិន​បាន​ចំរើនចិត្ត មិនបានចំរើនបញ្ញាហើយ ភិក្ខុទាំងឡាយជាថេរៈ នឹងមាន​សេចក្តី​ល្មោភ​ច្រើន ជាអ្នកបន្ធូរបន្ថយ ជាប្រធានក្នុងការបន្ធូរបន្ថយ ជាអ្នកលះបង់ធុរៈក្នុងវិវេក នឹង​មិន​ប្រារព្ធ​សេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែលខ្លួនមិនទាន់បានដល់ ដើម្បី​បាន​នូវ​គុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស ដែលខ្លួន​មិន​ទាន់​បានធ្វើឲ្យជាក់ច្បាស់ ប្រជុំជន ដែលកើតជាខាងក្រោយ នឹងដល់នូវទិដ្ឋានុគតិ តាមពួក​ភិក្ខុ ដែលជាអ្នកល្មោភច្រើននោះ សូម្បីប្រជុំជន ដែលកើតខាងក្រោយនោះទៀត ក៏នឹង​មានសេចក្តីល្មោភច្រើន ជាអ្នកបន្ធូរបន្ថយ ជាប្រធាន ក្នុងការបន្ធូរបន្ថយ ជាអ្នក​លះបង់​ធុរៈ ក្នុងវិវេក នឹងមិនប្រារព្ធសេចក្តីព្យាយាម ដើម្បីដល់នូវគុណវិសេស ដែល​ខ្លួន​មិនទាន់បានដល់ ដើម្បីបាននូវគុណវិសេស ដែលខ្លួនមិនទាន់បាន ដើម្បីធ្វើឲ្យ​ជាក់ច្បាស់ នូវ​គុណវិសេស ដែលខ្លួនមិនទាន់បានធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ ការខូចវិន័យ ព្រោះខូចធម៌ ការខូចធម៌ ព្រោះខូចវិន័យ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី៥ មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹង​កើត​ឡើង​តទៅ​ក្នុង​ខាង​មុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ អនាគតភ័យ ទាំង ៥ យ៉ាងនេះឯង មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើង​ទៅ​ក្នុង​ខាង​មុខ​ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យទាំងនោះ លុះដឹងច្បាស់ហើយ គួរ​ព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។

ចតុត្ថអនាគតភយសូត្រ ទី១០

[៨០] ម្នាលភិក្ខុទាំងឡាយ អនាគតភ័យនេះ មាន ៥ យ៉ាង មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវ​អនាគតភ័យទាំងនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យ​ទាំងនោះចេញ។ អនាគតភ័យ ៥យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​កាល​ដ៏យូរ​អង្វែងទៅ​ ក្នុងអនាគត នឹងមានពួកភិក្ខុអ្នកប្រាថ្នាល្អ ក្នុងចីវរ កាលបើភិក្ខុ​ទាំង​នោះ ប្រាថ្នាល្អ ក្នុងចីវរហើយ មុខជានឹងលះបង់ នូវបង្សុកូលិកធុតង្គ នឹងលះបង់ នូវ​សេនាសនៈ​ស្ងាត់ គឺដងព្រៃ នឹងចូលទៅសម្រេចការនៅក្នុងស្រុក ក្នុងនិគម ឬក្នុង​ព្រះរាជ​ធានី​ទាំងឡាយ មួយយ៉ាងទៀត នឹងដល់នូវការស្វែងរក ដ៏មិនសមគួរ មាន​ប្រការផ្សេងៗ ព្រោះហេតុតែចីវរ។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី១ មិន​ទាន់​កើត​ឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវ​អនាគតភ័​នោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យ​នោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុង​អនាគត នឹង​មាន​ពួក​ភិក្ខុអ្នកប្រាថ្នាល្អ ក្នុងបិណ្ឌបាត កាលបើភិក្ខុទាំងនោះ ប្រាថ្នាល្អ ក្នុង​បិណ្ឌបាតហើយ មុខជា​នឹងលះបង់បិណ្ឌបាតិកធុតង្គ នឹងលះបង់ នូវសេនាសនៈស្ងាត់ គឺដងព្រៃ​ចោលចេញ ហើយនឹងចូលទៅសម្រេចការនៅ ក្នុង​ស្រុក ឬនិគម ឬក្នុងព្រះរាជធានីទាំងឡាយ មួយ​យ៉ាង​ទៀត (ភិក្ខុទាំងនោះ) ស្វែងរក​នូវ​រស​ទាំងឡាយ ​ដ៏ប្រសើរ ដោយចុងអណ្តាតហើយ នឹង​ដល់នូវការស្វែងរក ដ៏មិនសមគួរ មានប្រការផ្សេងៗ ព្រោះហេតុតែបិណ្ឌបាត។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះជាអនាគតភ័យ ទី២ មិនទាន់កើតឡើង ក្នុង​កាលឥឡូវនេះទេ នឹងកើតឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវ​អនាគតភ័យនោះ លុះ​ដឹង​ច្បាស់​ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយ​ទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុង​អនាគត នឹងមានពួកភិក្ខុអ្នកប្រាថ្នាល្អ ក្នុង​សេនាសនៈ កាលបើភិក្ខុទាំងនោះប្រាថ្នាល្អ ក្នុង​សេនាសនៈហើយ មុខជានឹងលះបង់ នូវ​អារញ្ញិកធុតង្គ នឹងលះបង់ នូវ​សេនាសនៈ​ស្ងាត់ គឺដងព្រៃ ហើយនឹង​ចូលទៅ​សម្រេច​ការនៅក្នុងស្រុក ឬនិគម ឬក្នុងព្រះរាជធានីទាំងឡាយ មួយយ៉ាងទៀត នឹងដល់​នូវការស្វែងរក ដ៏មិនសមគួរ មានប្រការផ្សេងៗ ព្រោះហេតុ​តែ​សេនាសនៈ។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី៣ មិនទាន់កើតឡើង ក្នុង​កាល​ឥឡូវ​នេះទេ នឹង​កើតឡើងតទៅ ក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវ​អនាគតភ័យនោះ លុះដឹង​ច្បាស់ហើយ គួរព្យាយាម ដើម្បីលះបង់ នូវ​អនាគតភ័យ​នោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត នឹង​មាន​ពួក​ភិក្ខុ នៅច្រឡូកច្រឡំគ្នា ដោយ​ពួកភិក្ខុនី សិក្ខមានា និងសមណុទ្ទេសៈ ម្នាលភិក្ខុទាំងឡាយ កាលបើការ​នៅច្រឡូកច្រឡំ ដោយពួកភិក្ខុនី សិក្ខមានា និងសមណុទ្ទេសៈមានហើយ អំពើនេះ នឹងប្រាកដឡើង គឺថា ពួកភិក្ខុមិនត្រេកអរ នឹងប្រព្រឹត្តព្រហ្មចរិយៈផង នឹងត្រូវអាបត្តិ ដែលសៅហ្មងឯណានីមួយផង នឹងពោលលានូវ​សិក្ខា វិល​ត្រឡប់​ទៅកាន់​ភេទថោក​ទាប​វិញផង។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី៤ មិនទាន់កើតឡើង ក្នុង​កាល​ឥឡូវនេះទេ នឹងកើតឡើងតទៅ ក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវ​អនាគត​ភ័យនោះ លុះដឹងច្បាស់ហើយ គួរព្យាយាម ដើម្បី​លះបង់ នូវ​អនាគតភ័យ​នោះ​ចេញ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ក្នុងកាលដ៏យូរអង្វែងទៅ ក្នុងអនាគត នឹងមាន​ពួក​ភិក្ខុ​នៅ​ច្រឡូកច្រឡំ ដោយពួកអារាមិកជន និងសមណុទ្ទេសៈ ម្នាលភិក្ខុទាំងឡាយ កាល​បើការ​នៅច្រឡូកច្រឡំ ដោយពួកអារាមិកជន និងសមណុទ្ទេសៈមានហើយ អំពើនេះ នឹង​ប្រាកដឡើង គឺថា ពួកភិក្ខុ នឹងប្រកបរឿយៗ នូវការបរិភោគ នូវវត្ថុ​ដែល​ខ្លួន​សន្សំទុក មាន​ប្រការ​ផ្សេងៗ ទាំងធ្វើនូវនិមិត្ត [ភិក្ខុជីកដី ដោយខ្លួនឯងក្តី ប្រើគេឲ្យ​ជីកក្តី កាត់ស្មៅ ដើមឈើ មែកឈើ ស្លឹកឈើស្រស់ ដោយខ្លួនឯងក្តី ប្រើគេឲ្យកាត់ក្តី នេះហៅថា ធ្វើនូវនិមិត្តដ៏ជ្រោកជ្រាក។ អដ្ឋកថា។] ដ៏ជ្រោកជ្រាក ដោយផែនដីខ្លះ ដោយចុងស្មៅខ្លះ។ ម្នាលភិក្ខុទាំងឡាយ នេះជាអនាគតភ័យ ទី៥ មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹង​កើត​ឡើងតទៅក្នុងខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យនោះ លុះ​ដឹង​ច្បាស់​ហើយ គួរព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យនោះចេញ។ ម្នាលភិក្ខុទាំងឡាយ អនាគតភ័យ ៥ យ៉ាងនេះឯង មិនទាន់កើតឡើង ក្នុងកាលឥឡូវនេះទេ នឹងកើតឡើង​តទៅ​ក្នុង​ខាងមុខ អ្នកទាំងឡាយ គួរដឹងច្បាស់ នូវអនាគតភ័យទាំងនោះ លុះដឹងច្បាស់ហើយ គួរ​ព្យាយាម ដើម្បីលះបង់ នូវអនាគតភ័យទាំងនោះចោលចេញ។

ចប់ យោធាជីវវគ្គ ទី៣។

ឧទ្ទាននៃយោធាជីវវគ្គនោះគឺ

និយាយអំពីចេតោវិមុត្តិ ២លើក ធម្មវិហារិបុគ្គល ២លើក ពួកយោធាជីវៈ ២លើក និង​អនាគតភ័យ ៤លើក។

ថេរវគ្គ

រជនីយសូត្រ ទី១

[៨១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែងមិន​ជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារី​ទាំងឡាយទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុត្រេកអរ ក្នុងអារម្មណ៍ជាទីត្រេកអរ ១ ប្រទូស្ត ក្នុងអារម្មណ៍ជាទីប្រទូស្ត ១ ភ័ន្ត វង្វេង ក្នុងអារម្មណ៍ជាទីភ័ន្ត វង្វេង ១ ញាប់ញ័រ ក្នុង​អារម្មណ៍​ជាទីញាប់ញ័រ ១ ស្រវឹង ក្នុងអារម្មណ៍ជាទីស្រវឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ជា​ថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិនជាទីស្រឡាញ់ មិនជាទីពេញចិត្ត មិន​ជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ​រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទី​សរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ​។ គឺភិក្ខុមិនត្រេកអរ ក្នុង​អារម្មណ៍ជាទីត្រេកអរ ១ មិនប្រទូស្ត ក្នុងអារម្មណ៍ជាទីប្រទូស្ត ១ មិនភ័ន្ត វង្វេង ក្នុង​អារម្មណ៍ជាទីភ័ន្ត វង្វេង ១ មិនញាប់ញ័រ ក្នុងអារម្មណ៍ជាទីញាប់ញ័រ ១ មិនស្រវឹង ក្នុង​អារម្មណ៍​ជាទីស្រវឹង ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ ​ជាទីពេញចិត្ត ជាទីគោរព​ ជាទីសរសើរ របស់​សព្រហ្មចារីទាំងឡាយ។

វីតរាគសូត្រ ទី២

[៨២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទី​ស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំង​ឡាយទេ។ ធម៌ ៥ យ៉ាង ​តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកមិនទាន់ប្រាសចាករាគៈ ១ មិនទាន់​ប្រាស​ចាក​ទោសៈ ១ មិនទាន់ប្រាសចាកមោហៈ ១ ជាអ្នកលុបគុណគេ ១ ​ប្រណាំងប្រជែងវាស្នា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងមិន​ជា​ទី​ស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព​ មិនជាទីសរសើរ ​របស់សព្រហ្មចារី​ទាំងឡាយ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង ​តើអ្វីខ្លះ។ គឺភិក្ខុជាអ្នកប្រាសចាករាគៈ ១ ប្រាសចាកទោសៈ ១ ប្រាសចាកមោហៈ ១ មិនលុបគុណគេ ១ មិនប្រណាំងប្រជែងវាស្នា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

កុហកសូត្រ ទី៣

[៨៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិនជាទី​ស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារីទាំង​ឡាយ​ទេ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកប្រើកិរិយាបំភ័ន្ត ១ ជាអ្នករួសរ៉ាវ ១ ជាអ្នក​និយាយ​ឲ្យ​ទំនង ១ ជាអ្នកមានកលល្បិច ១ ជាអ្នកស្វែងលាភដោយលាភ ១។ ធម៌ ៥ យ៉ាងនេះ​ឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥​ យ៉ាង រមែង​ជា​ទី​ស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកមិនប្រើកិរិយាយបំភ័ន្ត ១ ជាអ្នកមិនរួសរ៉ាវ ១ ជាអ្នក​មិននិយាយ​ឲ្យ​ទំនង ១ ជាអ្នកមិនមានកលល្បិច ១ ជាអ្នកមិនស្វែងលាភដោយលាភ ១។​ ធម៌ ៥ យ៉ាងនេះឯង។បេ។

អស្សទ្ធសូត្រ ទី៤

[៨៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិន​ជាទី​ស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារី​ទាំង​ឡាយ​ទេ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺមិនជឿកម្ម និងផល ១ មិនខ្មាសបាប ១ មិនខ្លាចបាប ១ ខ្ជិលច្រអូស ១ អ័ប្បឥតប្រាជ្ញា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្ត ជាទីគោរព ជាទី​សរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុជាអ្នកជឿកម្មផល ១ ខ្មាសបាប ១ ខ្លាចបាប ១ ប្រុងព្យាយាម ១ មានប្រាជ្ញា ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

អក្ខមសូត្រ ទី៥

[៨៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងមិន​ជាទី​ស្រឡាញ់ មិនជាទីពេញចិត្ត មិនជាទីគោរព មិនជាទីសរសើរ របស់សព្រហ្មចារី​ទាំង​ឡាយ​ទេ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជាអ្នកមិនអត់ធន់នឹងរូប ១ មិនអត់ធន់នឹងសំឡេង ១ មិនអត់​ធន់នឹងក្លិន ១ មិនអត់ធន់នឹងរស​១ មិនអត់អន់នឹងផោដ្ឋព្វៈ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែងជាទីស្រឡាញ់ ជាទីពេញ​ចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺជា​អ្នកអត់ទ្រាំនឹងរូប ១ អត់ទ្រាំនឹងសំឡេង ១ អត់ទ្រាំនឹងក្លិន ១ អត់ទ្រាំនឹងរស ១ អត់ទ្រាំ​នឹងផោដ្ឋព្វៈ ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

បដិសម្ភិទាបត្តសូត្រ ទី៦

[៨៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ​ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកបានអត្ថប្បដិសម្ភិទា ១ បានធម្មប្បដិសម្ភិទា ១ បាន​និរុត្តិប្បដិសម្ភិទា ១ បានបដិភាណប្បដិសម្ភិទា ១ ជាអ្នកឧស្សាហ៍មិនខ្ជិល ក្នុងកិច្ចដែល​ត្រូវ​ធ្វើអ្វីៗ ទោះបីតូចធំ របស់ពួកសព្រហ្មចារី ទាំងប្រកបដោយប្រាជ្ញាឈ្លាសវៃ ក្នុង​កិច្ចការនោះ ល្មមធ្វើបាន ចាត់ចែងបាន ១។ ធម៌ ៥ យ៉ាងនេះឯង។បេ។

សីលវន្តសូត្រ ទី៧

[៨៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង រមែង​ជាទី​ស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់សព្រហ្មចារីទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុមានសីល ជាអ្នកសង្រួមដោយការសង្រួម ក្នុងបាតិមោក្ខ ប្រកប​ដោយ​អាចារៈ និងគោចរៈ តែងឃើញភ័យ ក្នុងទោសទាំងឡាយ ទោះបីតិចតួច សមាទាន​សិក្សា ក្នុងសិក្ខាបទទាំងឡាយ ១ ជាអ្នកស្តាប់ច្រើន ចាំរបស់ដែលស្តាប់ហើយ ចេះចាំលែង​ភ្លេច នូវរបស់ដែលស្តាប់ហើយ ពួកធម៌ណា មានលំអត្រង់ខាងដើម មានលំអ​ត្រង់​កណ្តាល មានលំអត្រង់ខាងចុង ប្រកាសព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ បរិបូណ៌​គ្រប់គ្រាន់ ដ៏បរិសុទ្ធ ភិក្ខុនោះ បានស្តាប់ធម៌ មានសភាពយ៉ាងនោះច្រើន ជាអ្នក​ស្ទាត់​រត់មាត់ នឹកឃើញដោយចិត្តបាន ចាក់ធ្លុះល្អ ដោយប្រាជ្ញាបាន ១ ជាអ្នកមានសំដី​ពីរោះ គឹក​កងល្អ ប្រកបដោយសំដីអ្នកក្រុង ហូរមិនទាក់ មិនខុស ច្បាស់ បានសេចក្តី ១ ជាអ្នក​បាន​តាមប្រាថ្នា បានមិនលំបាក បានទូលាយ នូវឈានទាំង ៤ ជាឈានអាស្រ័យ នូវ​ចិត្តដ៏ប្រសើរ ​ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួនឯង​ក្នុងបច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ទាំង ៥ យ៉ាងនេះឯង រមែងជាទីស្រឡាញ់ ជាទីពេញចិត្ត ជាទីគោរព ជាទីសរសើរ របស់​សព្រហ្មចារីទាំងឡាយ។

ថេរសូត្រ ទី៨

[៨៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកបដោយធម៌ ៥ យ៉ាង ឈ្មោះថា ជាអ្នកប្រតិបត្តិ មិនបានជាគុណ ដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនជា​ប្រយោជន៍ ដល់ជនច្រើន មិនជាគុណ ជាទុក្ខដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែងភ្លេច នូវរបស់ដែលឮហើយ។បេ។ ចាក់ធ្លុះល្អ ដោយប្រាជ្ញា ១ តែជាមិច្ឆាទិដ្ឋិ មានសេចក្តី​យល់​ដ៏​វិបរិត​ ១ ភិក្ខុនោះ ញ៉ាំងជនច្រើន ឲ្យឃ្លាតចាកព្រះសទ្ធម្ម ឲ្យដម្កល់នៅក្នុងអស្សទ្ធម្ម ភិក្ខុដទៃដល់នូវទិដ្ឋានុគតិ [យកតម្រាប់តាម។] របស់ភិក្ខុនោះថា ភិក្ខុនោះ ជាថេរៈ ដឹងរាត្រី បួសយូរខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន ជាអ្នក​មានយស មានបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិ ​របស់​ភិក្ខុនោះ​ថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជ​បរិក្ខារ​ខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំរបស់​ដែល​ឮហើយ ចាំលែងភ្លេច នូវរបស់ដែលឮហើយខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកប​ដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថា ប្រតិបត្តិ ដើម្បីមិនបានជាគុណ ដល់ជនច្រើន មិនបានសុខដល់ជនច្រើន មិនប្រយោជន៍ដល់ជនច្រើន មិនមែនជាគុណទេ ជាទុក្ខដល់​ទេវតា និងមនុស្សទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ដែលប្រកបដោយធម៌ ៥ យ៉ាង ជាអ្នកប្រតិបត្តិ ដើម្បីជាគុណដល់ជនច្រើន ដើម្បីសេចក្តីសុខ ដល់ជនច្រើន ដើម្បី​ជា​ប្រយោជន៍ ដល់ជនច្រើន ដើម្បីគុណ និងសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ធម៌ ៥ យ៉ាង តើអ្វីខ្លះ។ គឺភិក្ខុជាថេរៈ ដឹងរាត្រី បួសយូរ ១ មានឈ្មោះល្បីល្បាញ មានយស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិត ១ ជាអ្នកសម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ ១ ជាអ្នកដឹងឮច្រើន ចាំរបស់ដែលឮហើយ ចាំលែង​ភ្លេច នូវរបស់ដែលឮហើយ។បេ។ ចាក់ធ្លុះ ដោយប្រាជ្ញា ១ ជាសម្មាទិដ្ឋិ មានសេចក្តីយល់​មិនវិបរិត ១ ភិក្ខុនោះ ញ៉ាំងជនច្រើន ឲ្យឃ្លាតចាកអស្សទ្ធម្ម ឲ្យដម្កល់នៅ​ក្នុង​ព្រះសទ្ធម្ម ពួកភិក្ខុដទៃ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ដឹងរាត្រី បួស​យូរខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ គេដឹងស្គាល់ច្រើន មាន​យស មានជនជាបរិវារច្រើន ទាំងគ្រហស្ថ ទាំងបព្វជិតខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុ​នោះ​ថា ភិក្ខុនេះជាថេរៈ សម្បូណ៌ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជ​បរិក្ខារខ្លះ ដល់នូវទិដ្ឋានុគតិ របស់ភិក្ខុនោះថា ភិក្ខុនេះជាថេរៈ ជាអ្នកដឹងឮច្រើន ចាំ​របស់​ដែលឮហើយ ចាំលែងភ្លេច នូវរបស់ដែលឮហើយខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាថេរៈ ប្រកប​ដោយធម៌ ៥ យ៉ាងនេះឯង ឈ្មោះថាប្រតិបត្តិ ដើម្បីគុណដល់ជនច្រើន​ ដើម្បី​សេចក្តីសុខ ដល់ជនច្រើន ដើម្បីប្រយោជន៍ ដល់ជនច្រើន ដើម្បីគុណ ដើម្បី​សេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

បឋមសេខសូត្រ ទី៩

[៨៩] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់​ភិក្ខុជាសេក្ខៈ។​ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីត្រេកអរ នឹងការងារ ១ សេចក្តី​ត្រេកអរ​នឹងតិរច្ឆានកថា ១ សេចក្តីត្រេកអរ នឹងកិរិយាដេកលក់ ១ សេចក្តីត្រេកអរ នឹង​ការ​ច្រឡូក​ច្រឡំ​ដោយពួក ១ មិនពិចារណាចិត្ត ដែលផុត (ចាកកិលេស) យ៉ាងណា ១។ ម្នាលភិក្ខុ​ទាំងឡាយ ធម៌ ៥​ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាល​ភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់​ភិក្ខុ​ជា​សេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ គឺសេចក្តីមិនត្រេកអរនឹងការងារ ១ សេចក្តីមិន​ត្រេកអរ​ នឹង​តិរច្ឆានកថា ១ សេចក្តីមិនត្រេកអរ នឹងកិរិយាដេកលក់ ១ សេចក្តី​មិនត្រេកអរ នឹងការនៅច្រឡូកច្រឡំដោយពួក ១ ពិចារណាចិត្ត ដែលផុត (ចាកកិលេស) យ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តី​មិន​សាបសូន្យ ដល់ភិក្ខុជាសេក្ខៈ​​។

ទុតិយសេខសូត្រ ទី១០

[៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់​ភិក្ខុជាសេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅជាសេក្ខៈ តែមានកិច្ចច្រើន មានការងារច្រើន មិនឈ្លាសវៃ ក្នុងកិច្ចដែលត្រូវធ្វើអ្វី ៗ វៀរចាកការពួនសម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបដោយចេតោសមថៈ (សេចក្តីរម្ងាប់ចិត្ត) ខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី១ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់​ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ ញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយ​ការងារ​បន្តិចបន្តួច បោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាល​ភិក្ខុទាំងឡាយ នេះជាធម៌ ទី២ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុ​ជា​សេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុនៅជាសេក្ខៈ ហើយច្រឡូកច្រឡំ​ ដោយគ្រហស្ថ និងបព្វជិត ដោយការជាប់ចំពាក់នឹងគ្រហស្ថ ដ៏មិនសមគួរ បោះបង់​ការ​ពួន​សម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៣ ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជាសេក្ខៈ ចូលទៅកាន់ស្រុកពីព្រឹកពេក ចេញមកវិញថ្ងៃពេក បោះបង់ការពួនសម្ងំ ក្នុង​កម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៤ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ភិក្ខុ​ជា​សេក្ខៈ មិនបានតាមសេចក្តីប្រាថ្នា បានលំបាក បានដោយក្រ នូវវាចាដែល​ជាគ្រឿង​ដុស​ខាត់​កិលេស ជាទីសប្បាយដល់ធម៌ ជាគ្រឿងបើកចិត្ត គឺវាចានាំឲ្យកើតសេចក្តីប្រាថ្នាតិច វាចា​នាំឲ្យកើតសន្តោស វាចានាំឲ្យស្ងប់ស្ងាត់ វាចាមិននាំឲ្យច្រឡូកច្រឡំ (ដោយពួកគណៈ) វាចានាំ​ឲ្យប្រារព្ធសេចក្តីព្យាយាម វាចានាំឲ្យកើតសីល វាចានាំឲ្យកើតសមាធិ វាចានាំ​ឲ្យ​កើតបញ្ញា វាចានាំឲ្យកើតវិមុត្តិ វាចានាំឲ្យកើតវិមុត្តិញ្ញាណទស្សនៈ មានសភាពដូច្នោះ បោះ​បង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន មិនប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៥ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ​​ ដើម្បីសេចក្តីសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៥ យ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជា​សេក្ខៈ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅជាសេក្ខៈ មិនមាន​កិច្ចច្រើន មិនមានការងារច្រើន ឈ្លាសវៃ ក្នុងកិច្ចដែលត្រូវធ្វើអ្វី ៗ មិនបោះបង់​ការពួនសម្ងំ ក្នុងកម្មដ្ឋាន ប្រកបចេតោសមថៈខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី១ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ មិនញ៉ាំងថ្ងៃឲ្យកន្លងទៅ ដោយការងារបន្តិចបន្តួច មិនបោះបង់​ការពួនសម្ងំ ក្នុង​កម្មដ្ឋាន តែងប្រកបធម៌ជាគ្រឿងស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី២ ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ជា​សេក្ខៈ​​ មិននៅច្រឡូកច្រឡំដោយពួកគ្រហស្ថ និងបព្វជិត ដោយការ​ជាប់​ជំពាក់​នឹងគ្រហស្ថ ដ៏មិនសមគួរ មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែងប្រកប​សេចក្តី​ស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៣ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​មិន​សាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ មិនចូល​ទៅកាន់​ស្រុកពីព្រឹកពេក មិនចេញមកវិញថ្ងៃពេក មិនបោះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែង​ប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៤ ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​មិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាសេក្ខៈ បាន​តាមសេចក្តីប្រាថ្នា មិនបានលំបាក បានទំលាយ នូវវាចាជាគ្រឿងដុសខាត់កិលេស ជាទីសប្បាយដល់ធម៌ ជាគ្រឿងបើកចិត្ត គឺវាចានាំឲ្យមានប្រាថ្នាតិច វាចានាំឲ្យសន្តោស វាចានាំឲ្យស្ងប់ស្ងាត់ វាចាមិននាំឲ្យច្រឡូកច្រឡំដោយពួក វាចានាំឲ្យប្រារព្ធព្យាយាម វាចា​នាំឲ្យ​កើតសីល វាចានាំឲ្យកើតសមាធិ វាចានាំឲ្យកើតបញ្ញា វាចានាំឲ្យកើតវិមុត្តិ វាចានាំ​ឲ្យ​កើត​វិមុត្តិញ្ញាណទស្សនៈ មានសភាពដូច្នោះ មិនលះបង់ការពួនសម្ងំ ក្នុងកម្មដ្ឋាន តែង​ប្រកបសេចក្តីស្ងប់ចិត្តខាងក្នុង ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ទី៥ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​មិន​សាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ធម៌ ៥ យ៉ាងនេះឯង ប្រព្រឹត្តទៅ ដើម្បីសេចក្តីមិនសាបសូន្យ ដល់ភិក្ខុជាសេក្ខៈ។

ចប់ ថេរវគ្គ ទី៤។

ឧទ្ទាននៃថេរវគ្គនោះគឺ

និយាយពីអារម្មណ៍ ជាទីរីករាយ ១ ពីភិក្ខុប្រាសចាករាគៈ ១ ពីភិក្ខុប្រើកិរិយាបំភ័ន្ត ១ ពីភិក្ខុជឿកម្មផល ១ ពីភិក្ខុមិនអត់ធន់ ១ ពីបដិសម្ភិទា ១ ពីសីល ១ ពីភិក្ខុជាថេរៈ ១ និងភិក្ខុជាសេក្ខៈដទៃ ពីរលើកទៀត។

កកុធវគ្គ

បឋមសម្បទាសូត្រ ទី១

[៩១] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៥ យ៉ាង។ សម្បទា ៥ យ៉ាង គឺអ្វីខ្លះ។ គឺសទ្ធាសម្បទា ១ សីលសម្បទា ១ សុតសម្បទា ១ ចាគសម្បទា ១ បញ្ញាសម្បទា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា សម្បទា ៥ យ៉ាង។

ទុតិយសម្បទាសូត្រ ទី២

[៩២] ម្នាលភិក្ខុទាំងឡាយ សម្បទានេះ មាន ៥ យ៉ាង។ សម្បទា ៥ យ៉ាង គឺអ្វីខ្លះ។ គឺ​សីលសម្បទា ១ សមាធិសម្បទា ១ បញ្ញាសម្បទា ១ វិមុត្តិសម្បទា ១ វិមុត្តិញ្ញាណទស្សនៈ​សម្បទា ១។ ម្នាលភិក្ខុទាំងឡាយ នេះឯហៅថា សម្បទា ៥ យ៉ាង។

ព្យាករណសូត្រ ទី៣

[៩៣] ម្នាលភិក្ខុទាំងឡាយ ការព្យាករណ៍ (អួត) អរហន្តផលនេះ មាន ៥ យ៉ាង។ ៥​ យ៉ាង គឺអ្វីខ្លះ។ គឺភិក្ខុព្យាករអរហត្តផល ព្រោះតែខ្លួនល្ងង់វង្វេង ១ ភិក្ខុអ្នកមាន​សេចក្តី​ប្រាថ្នា​អាក្រក់ លុះក្នុងអំណាចសេចក្តីប្រាថ្នា ហើយព្យាករអរហត្តផល ១ ភិក្ខុព្យាករ​អរហត្ត​ផល ព្រោះតែឆ្កួត ព្រោះចិត្តរវើរវាយ ១ ភិក្ខុព្យាករអរហត្តផល ដោយ​សំគាល់​ថា​ខ្លួន​បាន ១ ភិក្ខុព្យាករអរហត្តផល តាមត្រឹមត្រូវមែន ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង​ហៅ​ថា ការព្យាករណ៍អរហត្តផល ៥ យ៉ាង។

ផាសុវិហារសូត្រ ទី៤

[៩៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានការនៅសប្បាយនេះ មាន ៥ ពួក។ ភិក្ខុនៅ​សប្បាយ ៥ ពួក គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម​ទាំងឡាយ។បេ។ បានដល់បឋមជ្ឈាន ១ ព្រោះរម្ងាប់វិតក្កវិចារៈ។បេ។ បានដល់​ទុតិយជ្ឈាន ១ ព្រោះប្រាសចាកបីតិ។បេ។ បានដល់តតិយជ្ឈាន ១ ព្រោះលះបង់សុខផង។បេ។ បានដល់ចតុត្ថជ្ឈាន ១ បានសម្រេចចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ធ្វើឲ្យច្បាស់លាស់ ដោយប្រាជ្ញាដ៏ក្រៃលែង​ខ្លួនឯង ក្នុង​បច្ចុប្បន្ន ១។ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា ភិក្ខុមានការនៅសប្បាយ ៥ ពួក។

អកុប្បសូត្រ ទី៥

[៩៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង រមែងត្រាស់ដឹង នូវធម៌​មិន​កម្រើក (អរហត្ត) យ៉ាងឆាប់រហ័ស។ ធម៌ ៥​ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នកបានដល់អត្ថប្បដិសម្ភិទា ១ ធម្មប្បដិសម្ភិទា ១ និរុត្តិប្បដិសម្ភិទា ១ បដិភាណប្បដិសម្ភិទា ១ ពិចារណាចិត្ត ដែលផុតហើយយ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ៥ យ៉ាងនេះឯង រមែងបានត្រាស់ដឹងធម៌មិនកម្រើក យ៉ាង​ឆាប់​រហ័ស។

សុតធរសូត្រ ទី៦

[៩៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង កាលបើធ្វើឲ្យថ្នឹក បានចំរើន​នូវអានាបានស្សតិ រមែងបានត្រាស់ដឹងធម៌មិនកម្រើក យ៉ាងឆាប់រហ័ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកខ្វល់ខ្វាយតិច មានកិច្ចតិច គេចិញ្ចឹមងាយ សន្តោសល្អ ក្នុងបរិក្ខារជាគ្រឿងចិញ្ចឹមជីវិតទាំងឡាយ ១ ជាអ្នកមាន​អាហារ​តិច ប្រកបរឿយ ៗ នូវភាពជាអ្នកមានអាហារតិចក្នុងពោះ (មិនល្មោភតែស៊ី) ១ ជាអ្នក​ដេកលក់តិច ប្រកបការភ្ញាក់រលឹក ១ ជាអ្នកស្តាប់ច្រើន ចាំរបស់ដែលឮហើយ ចាំមិន​ភ្លេច នូវរបស់ដែលឮហើយ ពួកធម៌ណា មានលំអត្រង់ខាងដើម មានលំអ​ត្រង់​កណ្តាល មានលំអត្រង់ខាងចុង ប្រកាសព្រហ្មចារ្យ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ បរិសុទ្ធ​ពេញលេញ​អស់ជើង ធម៌មានសភាពដូច្នោះ ភិក្ខុនោះ បានស្តាប់ធម៌មានសភាព​យ៉ាង​នោះ​ច្រើន ចាំស្ទាត់ រត់មាត់ យល់ច្បាស់ដោយចិត្ត ចាក់ធ្លុះល្អ ដោយប្រាជ្ញា ១ បាន​ពិចារណា​ចិត្ត ​ដែលផុតស្រឡះហើយយ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ៥ យ៉ាងនេះឯង កាលបើធ្វើឲ្យថ្នឹក នូវអានាបានស្សតិហើយ រមែង​ត្រាស់​ដឹង​នូវ​ធម៌​មិន​កម្រើក យ៉ាងឆាប់រហ័ស។

កថាសូត្រ ទី៧

[៩៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង កាលបើធ្វើឲ្យថ្នឹក នូវ​អានាបានស្សតិ រមែងត្រាស់ដឹងធម៌មិនកម្រើក យ៉ាងឆាប់រហ័ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកខ្វល់ខ្វាយតិច មានកិច្ចតិច គេចិញ្ចឹមងាយ មាន​សន្តោសល្អ ក្នុងបរិក្ខារគ្រឿងចិញ្ចឹមជីវិត ១ ជាអ្នកមានអាហារតិច ប្រកបរឿយ ៗ នូវ​ភាព​ជាអ្នកមានអាហារតិចក្នុងពោះ ១ ជាអ្នកដេកលក់តិច ប្រកបរឿយ ៗ នូវ​សេចក្តី​ភ្ញាក់រលឹក ១ បានតាមសេចក្តីប្រាថ្នា បានមិនលំបាក បានទូលាយ នូវវាចា ដែល​ជា​គ្រឿងដុសខាត់កិលេស ដ៏ប្រសើរ ជាទីសប្បាយ ដល់ធម៌ជាគ្រឿងបើកចិត្ត គឺវាចា​នាំឲ្យ​ប្រាថ្នាតិច វាចានាំឲ្យសន្តោស វាចានាំឲ្យស្ងប់ស្ងាត់ វាចាមិននាំឲ្យច្រឡូកច្រឡំដោយពួក (គណៈ) វាចានាំឲ្យប្រារព្ធសេចក្តីព្យាយាម វាចានាំឲ្យកើតសីល វាចានាំឲ្យកើតសមាធិ វាចា​នាំ​ឲ្យកើតបញ្ញា វាចានាំឲ្យកើតវិមុត្តិ វាចានាំឲ្យកើតវិមុត្តិញ្ញាណទស្សនៈ មាន​សភាព​ដូច្នោះ ១ ពិចារណានូវចិត្ត ដែលផុតស្រឡះហើយយ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៥ យ៉ាងនេះឯង កាលបើធ្វើឲ្យថ្នឹក នូវអានាបានស្សតិ រមែង​បាន​ត្រាស់​ដឹង​នូវធម៌ មិនកម្រើក យ៉ាងឆាប់រហ័ស។

អារញ្ញកសូត្រ ទី៨

[៩៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង កាលបើបានធ្វើ​អានាបានស្សតិឲ្យច្រើន រមែងបានត្រាស់ដឹងធម៌ មិនកម្រើក យ៉ាងឆាប់រហ័ស។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ​​ ភិក្ខុក្នុងសាសនានេះ ជាអ្នកខ្វល់ខ្វាយតិច មានកិច្ចតិច គេ​ចិញ្ចឹមងាយ មានសន្តោសល្អ ក្នុងបរិក្ខារគ្រឿងចិញ្ចឹមជីវិត ១ ជាអ្នកមានអាហារតិច ប្រកប​រឿយ ៗ នូវភាពជាអ្នកមានអាហារតិចក្នុងពោះ ១ ជាអ្នកដេកលក់តិច ប្រកបរឿយ ៗ នូវសេចក្តីភ្ញាក់រលឹក ១ ជាអ្នកនៅក្នុងព្រៃ មានសេនាសនៈដ៏ស្ងាត់ ១ ពិចារណាចិត្ត ដែល​ផុតស្រឡះហើយយ៉ាងណា ១។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៥ យ៉ាង​នេះ​ឯង កាលបើបានធ្វើអានាបានស្សតិឲ្យច្រើន រមែងបានត្រាស់ដឹងធម៌ មិនកម្រើក យ៉ាង​ឆាប់​រហ័ស។

សីហសូត្រ ទី៩

[៩៩] ម្នាលភិក្ខុទាំងឡាយ សត្វសីហៈ ជាស្តេចម្រឹគ​ តែងចេញអំពីទីអាស្រ័យ ក្នុង​សម័យ​រសៀល លុះចេញពីទីអាស្រ័យហើយ ក៏មឹតពត់ខ្លួន លុះមឹតពត់ខ្លួនរួចហើយ ក៏​ក្រឡេក​មៀងមើលទិសទាំង ៤ ជុំវិញ លុះក្រឡេកមៀងមើលទៅទិសទាំង ៤ ជុំវិញខ្លួន​ហើយ ក៏បន្លឺសីហនាទ ៣ ដង លុះបន្លឺសីហនាទ ៣ ដងរួចហើយ ក៏ដើរចេញទៅ​ស្វែង​រកចំណី។ សត្វសីហៈនោះ កាលបើប្រហារដំរី ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែន​ប្រហារ​ខ្ជីខ្ជាទេ បើប្រហារក្របី ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារគោ ក៏​ប្រហារ​យ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារខ្លាដម្បង ក៏ប្រហារយ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ បើប្រហារពួកសត្វតូច ៗ ដូចទន្សាយ និងឆ្មាជាទីបំផុត ក៏ប្រហារ​យ៉ាងប្រយ័ត្ន មិនមែនប្រហារខ្ជីខ្ជាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះសត្វសីហៈ គិត​ថា ផ្លូវព្យាយាមរបស់អញ ចូរកុំវិនាសឡើយ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ពាក្យថា សត្វ​សីហៈ​នេះ ជាឈ្មោះរបស់ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត​សំដែងធម៌ ចំពោះបរិស័ទ ដោយពាក្យណា នេះជាសីហនាទ របស់​ព្រះតថាគតនោះ ម្នាលភិក្ខុទាំងឡាយ បើតថាគតសំដែងធម៌ ចំពោះពួកភិក្ខុ តថាគត តែង​សំដែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើ​តថាគត សំដែងធម៌ ចំពោះពួកភិក្ខុនី ក៏តថាគត តែងសំដែងធម៌ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែង​ធម៌ ចំពោះពួកឧបាសក ក៏តថាគត តែងសំដែងធម៌ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ ចំពោះពួកឧបាសិកា​ ក៏តថាគត តែងសំដែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ ម្នាលភិក្ខុទាំងឡាយ បើតថាគត សំដែងធម៌ចំពោះពួកបុថុជ្ជន ដោយហោចទៅ សូម្បីពួកអ្នកនាំបាយ និងពួកអ្នកនេសាទ ក៏តថាគត តែងសំដែងធម៌ ដោយប្រយ័ត្នណាស់ មិនមែនសំដែងទាំងខ្ជីខ្ជាទេ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត មានធម៌ជាទីគោរព ជាអ្នកគោរពធម៌។

កកុធថេរសូត្រ ទី១០

[១០០] សម័យមួយ ព្រះដ៏មានព្រះភាគ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង កូនអ្នកស្រុកកោលិយៈម្នាក់ ឈ្មោះកកុធៈ ជាឧបដ្ឋាករបស់​ព្រះមហា​មោគ្គល្លានដ៏មានអាយុ ទើបនឹងស្លាប់ភ្លាម បានទៅកើតក្នុងពួកទេវតាមួយរូប ដែល​សម្រេចដោយចិត្ត ទេវបុត្តនោះ បានអត្តភាព មានសភាពយ៉ាងនេះ ប្រហែលប៉ុនគាមក្ខេត្ត របស់​អ្នកស្រុកមគធៈពីរ ឬបី។ ​ទេវបុត្តនោះ មិនទើសខ្លួនឯង មិនទើសអ្នកដទៃ ព្រោះតែ​ការបានអត្តភាពនោះឡើយ។ គ្រានោះ កកុធទេវបុត្ត ចូលទៅរកព្រះមហា​មោគ្គល្លាន​ដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំព្រះមហាមោគ្គល្លានដ៏មានអាយុ ហើយ​ឈរ​ក្នុងទីសមគួរ។ លុះកកុធទេវបុត្ត ឈរក្នុងទីសមគួរហើយ បានទូល​ព្រះមហា​មោគ្គល្លាន ដ៏មានអាយុយ៉ាងនេះថា បពិត្រលោកម្ចាស់ ទេវទត្ត កើតចិត្តលុះក្នុង​សេចក្តី​ប្រាថ្នា​ មានសភាពយ៉ាងនេះថា អញនឹងគ្រប់គ្រងភិក្ខុសង្ឃ ដូច្នេះ បពិត្រលោកម្ចាស់ ទេវទត្ដ ក៏សាបសូន្យចាកប្ញទ្ធិនោះ ដំណាលគ្នានឹងចិត្តដែលកើតឡើង។ កកុធទេវបុត្ត បានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ក៏ក្រាបថ្វាយបង្គំលាព្រះមហា​មោគ្គល្លាន ដ៏មានអាយុ ធ្វើប្រទក្សិណហើយ ក៏បាត់ក្នុងទីនោះឯង។ លំដាប់នោះ ព្រះមហាមោគ្គល្លានដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រភាគ លុះចូលទៅដល់ ក្រាប​ថ្វាយ​បង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះមហាមោគ្គល្លាន ដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន មានកូនអ្នកស្រុកកោលិយៈម្នាក់ ឈ្មោះកកុធៈ ជាឧបដ្ឋាករបស់ខ្ញុំ​ព្រះអង្គ ទើបនឹងស្លាប់ថ្មីៗ បានទៅកើត ក្នុងពួកទេវតាមួយរូប ដែលសម្រេចដោយចិត្ត ទេវបុត្តនោះ បានអត្តភាពយ៉ាងនេះ ប្រហែលប៉ុនគាមក្ខេត្ត របស់អ្នកស្រុកមគធៈពីរ ឬបី។ ទេវបុត្តនោះ មិនទើសខ្លួនឯង និងទើសអ្នកដទៃ ព្រោះការបានអត្តភាពនោះទេ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ កកុធទេវបុត្ត ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ ថ្វាយបង្គំខ្ញុំព្រះអង្គ រួចឈរក្នុងទីដ៏សមគួរ។ លុះកកុធទេវបុត្តនោះ​ ឈរក្នុងទីដ៏សម​គួរហើយ បានថ្លែងពាក្យនេះ នឹងខ្ញុំព្រះអង្គថា បពិត្រលោកម្ចាស់ ទេវទត្តកើតចិត្ត លុះក្នុងសេចក្តីប្រាថ្នា មានសភាពយ៉ាងនេះថា អញនឹងគ្រប់គ្រងភិក្ខុសង្ឃ ដូច្នេះ​ បពិត្រលោកម្ចាស់ ទេវទត្ត សាបសូន្យចាកប្ញទ្ធិនោះ​​ ដំណាលគ្នានឹងចិត្ត ដែលកើតឡើង បពិត្រព្រះអង្គដ៏ចំរើន កកុធទេវបុត្ត បានថ្លែងពាក្យនេះ លុះថ្លែងពាក្យនេះហើយ ក្រាបថ្វាយបង្គំលាខ្ញុំព្រះអង្គ ធ្វើប្រទក្សិណហើយ ក៏បាត់ក្នុងទីនោះឯង។ ព្រះអង្គ​ទ្រង់ត្រាស់សួរថា ម្នាលមោគ្គល្លាន អ្នកបានកំណត់ដឹងច្បាស់ នូវចិត្តរបស់កកុធទេវបុត្ត ដោយ​ចិត្តហើយថា​ កកុធទេវបុត្ត និយាយពាក្យណាមួយ ពាក្យទាំងនោះ ជាពាក្យពិត មិន​មែន​ផ្តេសផ្តាសទេ ដែរឬ។ ​ព្រះមហាមោគ្គល្លាន ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កំណត់ដឹងចិត្ត ដោយចិត្តច្បាស់ថា កកុធទេវបុត្ត និយាយ​ពាក្យណាមួយ ពាក្យ​ទាំងនោះ ជាពាក្យពិត មិនមែនផ្តេសផ្តាសទេ។ ព្រះអង្គត្រាស់ថា ម្នាលមោគ្គល្លាន ចូរអ្នក​រក្សាទុក នូវសំដីនេះ ដ្បិតឥឡូវនេះ មោឃបុរសនោះ ធ្វើខ្លួនឲ្យល្បីដោយខ្លួនឯង។ ម្នាល​មោគ្គល្លាន គ្រូក្នុងលោកនេះ មាន ៥ ពួក។ គ្រូ ៥ ពួក តើដូចម្តេចខ្លះ។ ម្នាលមោគ្គល្លាន គ្រូពួកមួយ ក្នុងលោកនេះ មានសីលមិនបរិសុទ្ធទេ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធ សីល​របស់អញបរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ។ សាវកទាំងឡាយ តែងដឹង​គ្រូនោះ យ៉ាងនេះថា គ្រូដ៏ចំរើននេះ មានសីលមិនបរិសុទ្ធទេ តែប្តេជ្ញាថា អញមានសីលបរិសុទ្ធ សីលរបស់អញបរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ ដូច្នេះ តែថាបើយើងប្រាប់ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ ក៏រឿងណា មិនគាប់ចិត្តដល់លោក ​រវល់អ្វី យើងនឹងសើរើ​រឿង​នោះ ព្រោះលោកកំពុងតែទំនុកបំរុង ដោយចីវរ បិណ្ឌបាត សេនាសនៈ និង​គិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា លោកគង់នឹងឮខ្ចរខ្ចាយ ព្រោះតែ​កម្ម​នោះ​មិនខាន។ ម្នាលមោគ្គល្លាន សាវកទាំងឡាយ​ តែងរក្សាទុក នូវគ្រូបែបនេះ ដោយ​សីល ឯគ្រូមានសភាពយ៉ាងនេះ ឈ្មោះថា នឹកសង្ឃឹមនូវការរក្សា អំពីពួកសាវក ដោយ​សីល។ ម្នាលមោគ្គល្លាន មួយទៀត គ្រូពួកមួយ ក្នុងលោកនេះ មានអាជីវៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធ អាជីវៈរបស់អញបរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក ដឹងគ្រូនោះយ៉ាងនេះថា គ្រូដ៏ចំរើន មានអាជីវៈមិនបរិសុទ្ធទេ តែប្តេជ្ញាថា អញមានអាជីវៈបរិសុទ្ធ អាជីវៈរបស់អញ បរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ ដូច្នេះ តែថា​បើ​យើងប្រាប់ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ បើរឿងណា មិនគាប់ចិត្តដល់លោក រវល់​អ្វីយើងនឹងសើរើរឿងនោះ ព្រោះលោកកំពុងតែរាប់អាន ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងឮ​ខ្ចរខ្ចាយ ព្រោះតែកម្មនោះមិនខាន។ ម្នាលមោគ្គល្លាន សាវកទាំងឡាយ តែងរក្សាទុក នូវគ្រូបែបនេះ ដោយអាជីវៈ ឯគ្រូមានសភាពយ៉ាងនេះ ឈ្មោះថា នឹកសង្ឃឹមនូវការរក្សា អំពីពួកសាវក ដោយអាជីវៈ។ ម្នាលមោគ្គល្លាន មួយទៀត គ្រូពួកមួយ ក្នុងលោកនេះ មាន​ធម្មទេសនា​មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនាបរិសុទ្ធ ធម្មទេសនារបស់​អញ​បរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ។ ពួកសាវក តែងដឹងគ្រូនោះ យ៉ាងនេះថា គ្រូដ៏ចំរើននេះ មានធម្មទេសនា មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានធម្មទេសនាបរិសុទ្ធ ធម្មទេសនា របស់​អញបរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ ដូច្នេះ តែថា បើយើងប្រាប់ដល់ពួកគ្រហស្ថ គង់​លោក​មិនគាប់ចិត្ត បើរឿងណា មិនគាប់ចិត្តដល់លោក រវល់អ្វី យើងនឹងសើរើរឿងនោះ ព្រោះលោក​កំពុងរាប់អានយើង ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយ​ភេសជ្ជបរិក្ខារ លោកនឹងធ្វើកម្មណា គង់លោកនឹងឮខ្ចរខ្ចាយ ព្រោះតែកម្មនោះមិនខានទេ។ ម្នាល​មោគ្គល្លាន ពួកសាវក តែងរក្សាទុកនូវគ្រូបែបនេះ ដោយធម្មទេសនា ឯគ្រូបែបនេះ​សោត ឈ្មោះថា នឹកសង្ឃឹមនូវការរក្សា អំពីពួកសាវក ដោយធម្មទេសនា។ ម្នាល​មោគ្គល្លាន មួយទៀត គ្រូពួកមួយ ក្នុងលោកនេះ មានវេយ្យាករណ៍ មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍បរិសុទ្ធ វេយ្យាករណ៍ របស់អញបរិសុទ្ធ ផូរផង់ មិនសៅហ្មងទេ។ ពួកសាវក តែងដឹងគ្រូនោះ យ៉ាងនេះថា គ្រូដ៏ចំរើននេះ មានវេយ្យាករណ៍ មិនបរិសុទ្ធ តែប្តេជ្ញាថា អញមានវេយ្យាករណ៍បរិសុទ្ធ វេយ្យាករណ៍របស់អញបរិសុទ្ធ ផូរផង់ មិន​សៅហ្មង ដូច្នេះ បើយើងប្រាប់ដល់គ្រហស្ថ គង់លោកមិនគាប់ចិត្តទេ បើរឿងណា មិន​គាប់​ចិត្តដល់លោក រវល់អ្វី យើងនឹងសើរើរឿងនោះ ព្រោះលោកកំពុងរាប់អាន (យើង) ដោយ​ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកធ្វើអំពើណា គង់គេដឹងឮរឿងនោះមិនខានឡើយ។ ម្នាលមោគ្គល្លាន ពួកសាវក តែង​រក្សាទុក នូវគ្រូបែបនេះ ដោយវេយ្យាករណ៍ ចំណែកគ្រូមានសភាពយ៉ាងនោះ ឈ្មោះថា នឹកសង្ឃឹមនូវការរក្សា អំពីពួកសាវក ដោយវេយ្យាករណ៍។ ម្នាលមោគ្គល្លាន មួយទៀត គ្រូពួកមួយ ក្នុងលោកនេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណ​ទស្សនៈ បរិសុទ្ធ ញាណទស្សនៈរបស់អញ បរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក តែង​ដឹងគ្រូនោះ យ៉ាងនេះថា គ្រូដ៏ចំរើននេះ មានញាណទស្សនៈមិនបរិសុទ្ធ តែប្តេជ្ញាថា អញមានញាណទស្សនៈបរិសុទ្ធ ញាណទស្សនៈរបស់អញ បរិសុទ្ធ ផូរផង់ មិនសៅហ្មង ដូច្នេះ បើយើងប្រាប់ដល់ពួកគ្រហស្ថ គង់លោកមិនគាប់ចិត្តទេ បើរឿងណា មិនគាប់​ចិត្ត​ដល់លោក រវល់អ្វី យើងនឹងសើរើរឿងនោះ ព្រោះលោកកំពុងរាប់អាន (យើង) ដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ លោកធ្វើអំពើណា គង់​លោក​ឮ​ល្បី ព្រោះអំពើនោះ មិនខានឡើយ។ ម្នាលមោគ្គល្លាន ពួកសាវក តែងរក្សា​ទុក នូវគ្រូបែបនេះ ដោយញាណទស្សនៈ ឯគ្រូមានសភាពយ៉ាងនេះ ឈ្មោះថា នឹកសង្ឃឹម​នូវ​ការរក្សា អំពីពួកសាវក ដោយញាណទស្សនៈ។ ម្នាលមោគ្គល្លាន គ្រូ​ ៥ ពួកនេះឯង តែង​មាន​ក្នុងលោក។ ម្នាលមោគ្គល្លាន ចំណែកតថាគត ជាបុគ្គលមានសីលបរិសុទ្ធ ប្តេជ្ញាថា តថាគត មានសីលបរិសុទ្ធ សីលរបស់តថាគត បរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក មិន​បាច់រក្សាទុកនូវតថាគត ដោយសីលទេ តថាគតសោត ក៏មិនបាច់​សង្ឃឹម​ការរក្សា អំពី​ពួក​សាវក ដោយសីលទេ។ តថាគត ជាបុគ្គលមានអាជីវៈបរិសុទ្ធ ប្តេជ្ញាថា តថាគត មាន​អាជីវៈ​បរិសុទ្ធ អាជីវៈរបស់តថាគត បរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក មិនបាច់​រក្សា​តថាគត ដោយអាជីវៈទេ តថាគតសោត ក៏មិនបាច់សង្ឃឹមការរក្សា អំពីពួកសាវក ដោយ​អាជីវៈទេ។ តថាគត ជាបុគ្គលមានធម្មទេសនាបរិសុទ្ធ ប្តេជ្ញាថា តថាគត មាន​ធម្មទេសនា​បរិសុទ្ធ ធម្មទេសនារបស់តថាគត បរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក មិនបាច់​រក្សា​តថាគត ដោយធម្មទេសនាឡើយ តថាគតសោត ក៏មិនបាច់សង្ឃឹមការរក្សា អំពីពួកសាវក ដោយ​ធម្មទេសនាទេ។ តថាគត ជាបុគ្គលមានវេយ្យាករណ៍បរិសុទ្ធ ប្តេជ្ញាថា តថាគត មាន​វេយ្យាករណ៍បរិសុទ្ធ វេយ្យាករណ៍របស់តថាគត បរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក មិន​បាច់រក្សាតថាគត ដោយវេយ្យាករណ៍ឡើយ តថាគតសោត ក៏មិនបាច់​សង្ឃឹមការរក្សា អំពីពួកសាវក ដោយវេយ្យាករណ៍ទេ។ តថាគត ជាបុគ្គលមានញាណទស្សនៈបរិសុទ្ធ ប្តេជ្ញាថា តថាគតមានញាណទស្សនៈបរិសុទ្ធ ញាណទស្សនៈ របស់តថាគតបរិសុទ្ធ ផូរផង់ មិនសៅហ្មង។ ពួកសាវក មិនបាច់រក្សាតថាគត ដោយញាណទស្សនៈឡើយ តថាគត​សោត ក៏មិនបាច់សង្ឃឹមការរក្សា អំពីពួកសាវក ដោយញាណទស្សនៈទេ។

ចប់ កកុធវគ្គ ទី​៥។

ឧទ្ទាននៃកកុធវគ្គនោះគឺ

សម្បទា ២លើក ការព្យាករណ៍អរហត្តផល ១ ការនៅសប្បាយ ១ ជាគំរប់៥ នឹង​អកុប្បធម៌ រឿងភិក្ខុបានស្តាប់ច្រើន ១ កថាវត្ថុ ១ ភិក្ខុនៅព្រៃ ១ សត្វសីហៈ ១ ជាគំរប់ ១០ នឹង​រឿងកកុធទេវបុត្ត។

ចប់ បណ្ណាសក ទី២។

ចប់ ភាគ៤៤។