វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |៣៩|៤០|៤១|៤២|៤៣| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

អង្គុត្តរនិកាយ តិកនិបាត ទុតិយភាគ

ភាគ ៤១

សូមនមស្ការព្រះដ៏មានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។

បឋមបណ្ណាសក

ពាលវគ្គ

ភយសូត្រទី១

[១] ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាង​នេះ។  សម័យ​មួយ ព្រះមានព្រះភាគ ទ្រង់​សម្រេច​ឥរិយាបថ ក្នុង​វត្ត​ជេតពន ​របស់​​អនាថបិណ្ឌិក​គហបតី ជិត​ក្រុងសាវត្ថី។  ព្រះមាន​ព្រះភាគ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុទាំងឡាយ ក្នុង​ទីនោះថា ម្នាលភិក្ខុ​ទាំង​ឡាយ។  ពួក​ភិក្ខុ​​​ទាំងនោះ ​ទទួលតប​ព្រះពុទ្ធដីកា ​របស់ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុ​ទាំង​ឡាយ ភ័យ​ទាំងឡាយ​ណាមួយ ​កើតឡើង ភ័យ​ទាំងអស់នោះ​ តែង​កើត​អំពី​ជន​ពាល មិនមែន​កើតអំពីបណ្ឌិតទេ ឧបទ្រព (ចង្រៃ) ទាំងឡាយ​ណា​មួយកើត​ឡើង ឧបទ្រព​ទាំងអស់នោះ តែង​កើតឡើង​អំពីជនពាល មិនមែន​កើតអំពីបណ្ឌិតទេ ឧបស័គ្គ (សេចក្ដី​ទើសទាក់) ទាំងឡាយណាមួយ កើតឡើង ឧបស័គ្គទាំងអស់នោះ តែងកើតឡើងអំពីជនពាល មិនមែន​កើត​អំពីបណ្ឌិតឡើយ។  ម្នាលភិក្ខុទាំងឡាយ ភ្លើង​តែង​ឆេះ​រាល​ អំពីផ្ទះបបុស ​ឬផ្ទះស្មៅ មក​ឆេះ​ផ្ទះកំពូល​ទាំងឡាយ ដែល​គេ​លាប​ទាំងខាងក្នុង ​ទាំងខាងក្រៅ មិន​មានខ្យល់​ចូល មាន​សន្ទះទ្វារ ដ៏ជិតស្និទ្ធ មាន​បង្អួច​បិទ​ជិតបាន ដូចម្ដេចមិញ ម្នាលភិក្ខុទាំងឡាយ ភ័យ​ទាំងឡាយ​ណា​មួយ កើត​ឡើង ភ័យ​ទាំងអស់នោះ តែង​កើតឡើងអំពីជនពាល ​មិនមែន​កើត​អំពី​បណ្ឌិតទេ ឧបទ្រពទាំងឡាយណាមួយ កើតឡើង ឧបទ្រពទាំងអស់នោះ តែង​កើត​ឡើងអំពីជនពាល មិនមែនកើតអំពីបណ្ឌិតទេ ឧបស័គ្គទាំងឡាយ​ណាមួយ​កើតឡើង ឧបស័គ្គទាំងអស់នោះ តែងកើតអំពី​ជនពាល មិនមែនកើត​អំពី​បណ្ឌិតទេ ក៏ដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ជនពាល​ប្រកប​​ដោយ​ភ័យ​​ដ៏ពន្លឹក បណ្ឌិតមិនមាន​ភ័យដ៏​ពន្លឹកទេ ជនពាលប្រកបដោយ​ឧបទ្រព បណ្ឌិត​មិនមានឧបទ្រពទេ ជនពាលប្រកបដោយឧបស័គ្គ បណ្ឌិតមិនមានឧបស័គ្គទេ។  ម្នាលភិក្ខុទាំងឡាយ ភ័យមិនមាន​មកអំពីបណ្ឌិត ឧបទ្រព​មិនមាន​មកអំពីបណ្ឌិត ឧបស័គ្គ​មិនមាន​មកអំពី​បណ្ឌិតទេ។  ​ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ​គួរអ្នក​ទាំងឡាយ​សិក្សា ​​យ៉ាងនេះ​ថា បុគ្គលប្រកប​ដោយធម៌ ៣យ៉ាង ណា ​ដែលគេគួរ​ស្គាល់​បានថា ​ជាពាល បុគ្គល​ដែលវៀរធម៌​ ទាំង ៣​យ៉ាង​នោះហើយ​ ប្រកប​ដោយធម៌ ​៣ ​ណា ដែល​គេគួរ​ស្គាល់​បានថា​ ជាបណ្ឌិត ពួកយើង​នឹងប្រព្រឹត្ត សមាទានធម៌ ទាំង៣​​នោះ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះ​ឯង។

លក្ខណសូត្រទី២

[២] ម្នាលភិក្ខុ​ទាំងឡាយ ជនពាល​ មានកម្មជាលក្ខណៈ​ បណ្ឌិតក៏​មានកម្ម​ជាលក្ខណៈ ប្រាជ្ញា​តែង​មានសេចក្ដីរុងរឿង​ ក្នុង​ការ​ប្រព្រឹត្តិ​មិនដាច់។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលប្រកបដោយ​ធម៌ ​៣​ យ៉ាង​ គួរ​សំគាល់​បាន​ថាជាជនពាល។  ធម៌​៣​ តើដូចម្ដេច។  គឺ កាយទុច្ចរិត​ ១ វចីទុច្ចរិត ១ មនោទុច្ចរិត១។  ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌ទាំង​ ៣​ នេះឯង ដែល​គួរ​សំគាល់​បាន ​ថា​ជា​ជនពាល។  ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយ​ធម៌​៣​ គួរសំគាល់​បាន​ ថា​ជា​បណ្ឌិត។  ធម៌​៣ តើ​ដូចម្ដេច។  គឺកាយសុចរិ​ត ១ វចីសុចរិត ១ មនោសុចរិត ១។  ម្នាលភិក្ខុទាំងឡាយ បុគ្គល​​ប្រកបដោយ​ធម៌ ទាំង​៣ នេះឯង ​ដែលគួរសំគាល់​បាន ថា​ជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ អ្នក​ទាំងឡាយ គប្បី​សិក្សា​យ៉ាង​នេះថា បុគ្គល​ប្រកបដោយ​ធម៌ ​៣ ណា ដែល​គួរ​សំគាល់​បាន​ថា ​ជា​ជនពាល បុគ្គលវៀរធម៌ ទាំង​៣​នោះ ហើយ​ប្រកបដោយធម៌​៣ ណា ដែល​គួរ​សំគាល់​បាន​ថា​ជាបណ្ឌិត យើងទាំងឡាយ នឹង​សមាទាន​ ប្រព្រឹត្ត​ធម៌ ទាំង​៣​នោះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះ​ឯង​។

ចិន្តីសូត្រទី៣

[៣] ​ម្នាលភិក្ខុទាំងឡាយ ពាល​លក្ខណៈ [គ្រឿងសំគាល់របស់​បុគ្គលពាល។] ពាលនិមិត្ត [ហេតុរបស់បុគ្គលពាល។] ពាលាបទាន របស់​បុគ្គល​​ពាល [ចរិតរបស់បុគ្គលពាល។] ​​នេះ មាន៣យ៉ាង។  ៣​យ៉ាង តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ ជន​ពាល​​​ក្នុងលោកនេះ អ្នក​គិត​គំនិតអាក្រក់ ១ អ្នកនិយាយ​សំដី​អាក្រក់ ១ អ្នកធ្វើអំពើ​អាក្រក់ ១​។  ម្នាលភិក្ខុទាំងឡាយ ប្រសិន​បើជនពាល​មិនបាន​គិតគំនិត​អាក្រក់ក្ដី មិន​បាន​និយាយ​សំដីអាក្រក់​ក្ដី មិនបានធ្វើ​អំពើ​អាក្រក់ក្ដីទេ បណ្ឌិត​ទាំងឡាយ ​គប្បី​ស្គាល់​បុគ្គលនោះ​ថា អ្នកដ៏ចំរើន​នេះ ​ជា​ជនពាល ជា​អសប្បុរស ដូចម្តេចបាន។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះជនពាល ជាអ្នក​គិតគំនិតអាក្រក់ផង ជាអ្នកនិយាយសំដីអាក្រក់ផង ជាអ្នកធ្វើអំពើអាក្រក់​ផង បានជាបណ្ឌិតទាំងឡាយ ស្គាល់បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាជនពាល ជាអសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ពាល​លក្ខណៈ ពាលនិមិត្ត ពាលាបទាន នៃជនពាល ​៣​យ៉ាង​នេះឯង។  ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិតលក្ខណៈ [គ្រឿងសំគាល់ របស់បុគ្គលជាបណ្ឌិត។] បណ្ឌិតនិមិត្ត [ហេតុរបស់បុគ្គលជា​បណ្ឌិត។] បណ្ឌិតាបទាន [ចរិតរបស់បុគ្គលជាបណ្ឌិត។] របស់​បុគ្គល​ជា​បណ្ឌិតនេះ ​មាន​៣យ៉ាង។ ៣​យ៉ាង តើដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បណ្ឌិត​ក្នុងលោក​នេះ ជា​អ្នក​គិត​គំនិត​ល្អ​ ១ និយាយ​សំដីល្អ ១ ធ្វើអំពើល្អ ១។  ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើបណ្ឌិត ជា​អ្នកមិនបាន​គិត​គំនិត​ល្អផង មិនបាន​និយាយ​សំដីល្អផង មិន​បាន​ធ្វើអំពើល្អផងទេ បណ្ឌិត​ទាំងឡាយ គប្បី​ស្គាល់​បុគ្គលនោះថា អ្នកដ៏ចំរើននេះ ជាបណ្ឌិត ជា​សប្បុរស ដូចម្ដេចបាន។ ម្នាលភិក្ខុ​ទាំងឡាយ ព្រោះបណ្ឌិត​​ ជា​អ្នក​គិត​គំនិត​ល្អផង និយាយសំដីល្អផង ធ្វើអំពើ​ល្អផង បាន​ជាបណ្ឌិតទាំងឡាយ ស្គាល់​បុគ្គល​នោះ​ថា អ្នកដ៏ចំរើននេះ​​ ជា​បណ្ឌិត ជា​សប្បុរស។ ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិត​លក្ខណៈ បណ្ឌិតនិមិត្ត បណ្ឌិតាបទាន របស់​បុគ្គល​ជា​បណ្ឌិត ​៣ យ៉ាងនេះឯង។  ម្នាលភិក្ខុទាំងឡាយ ហេតុនោះ​អ្នកទាំងឡាយ ​ត្រូវ​សិក្សា​យ៉ាងនេះថា បុគ្គល ប្រកបដោយ​ធម៌ ​៣ ណា ដែល​ស្គាល់​​បាន ​ថា​ជា​ជនពាល បុគ្គលវៀរធម៌ ទាំង​៣​នោះ ហើយប្រកបដោយ​ធម៌​ ៣ ណា ដែលស្គាល់បាន ​ថា​ជាបណ្ឌិត យើង​ទាំងឡាយ នឹង​សមាទាន ​ប្រព្រឹត្ត​ធម៌​ទាំង​៣ យ៉ាងនោះ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ត្រូវ​សិក្សា​យ៉ាងនេះចុះ។

អច្ចយសូត្រ ទី៤

[៤] ​ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​ ៣ យ៉ាង ​ដែលសំគាល់​បាន​ ថា​ជា​​ជនពាល​។ ​ ធម៌៣ តើដូចម្ដេច។  គឺបុគ្គល​មិន​ឃើញ​ទោសរបស់​ខ្លួន​ តាម​ទោស​ ១ លុះ​ឃើញទោស​តាមទោសហើយ មិនសំដែងទោសឲ្យសម​គួរ​ តាម​ធម៌​ ១ ទុកជា​សំដែងទោសរបស់ខ្លួន ប្រាប់បុគ្គលដទៃហើយ ក៏មិនទទួល​ទោស ឲ្យសម​គួរ​តាម​ធម៌​ ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ​ធម៌​៣ នេះឯង ដែលគប្បី​ដឹង​បាន ថា​ជាជនពាល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៣​ គប្បី​ដឹង​បាន ​ថា​ជា​បណ្ឌិត។ ធម៌​៣ តើដូចម្ដេច។  គឺ បុគ្គលឃើញ​ទោសរបស់​ខ្លួន​តាមទោស​ ១ លុះឃើញទោស​តាម​ទោស​ហើយ ក៏សំដែង​ទោស​ ឲ្យសមគួរ​តាម​ធម៌ ១ លុះ​សំដែង​​ទោស ប្រាប់​បុគ្គល​ដទៃហើយ ក៏ទទួល​ទោស ឲ្យសម​គួរតាមធម៌​ ១។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយធម៌​៣​នេះឯង ដែល​គប្បីដឹង​បាន ថា​ជាបណ្ឌិត។

អយោនិសោសូត្រ ទី៥

[៥] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣​យ៉ាង​ គប្បីដឹងបាន ​ថា​ជា​ជនពាល។  ធម៌​៣ តើដូចម្ដេច។  គឺ ជា​អ្នក​តាក់តែង​ នូវប្រស្នាដោយ​មិន​ត្រូវ​ទំនង​ ១ ជាអ្នក​ដោះស្រាយ​ប្រស្នា ​ដោយ​មិន​ត្រូវ​ទំនង​ ១ បើអ្នក​ដទៃដោះស្រាយ​ប្រស្នា​ដោយត្រូវ​ទំនង​ហើយ ក៏មិន​សរសើរដោយ​បទ និងព្យញ្ជនៈ ជាបរិមណ្ឌល​ស្រួល​បរិបូណ៌​ឡើយ​ ១។  ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយ​ធម៌​៣ នេះឯង ដែល​គួរស្គាល់​​បាន​ ថា​ជាជនពាល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកប​ដោយធម៌៣ គួរ​ស្គាល់​បាន ​​ថា​ជាបណ្ឌិត។  ធម៌​៣ តើដូចម្ដេច។  គឺ ជាអ្នក​តាក់​តែង​ប្រស្នា ​ដោយត្រូវ​ទំនង​ ១ ជា​អ្នកដោះស្រាយប្រស្នា ដោយត្រូវវទំនង ​១ បើ​អ្នក​ដទៃ​ដោះប្រស្នា​ ដោយ​ត្រូវ​​ទំនងហើយ ក៏​សរសើរ ដោយ​បទ និង​ព្យញ្ជនៈ ​ជាបរិមណ្ឌល​ ស្រួលបរិបូណ៌​ ១។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយធម៌​៣ នេះឯង ដែល​គួរ​ស្គាល់​បាន ​ថា​ជា​បណ្ឌិត។

អកុសលសូត្រ ទី៦

[៦] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៣ យ៉ាង​ គួរ​ស្គាល់បាន​​ថា​​ជាជនពាល។  ធម៌​៣ តើដូចម្ដេច។  គឺ កាយកម្ម ​ជាអកុសល ១ វចីកម្ម​ ជា​អកុសល ១ មនោកម្ម ជា​អកុសល ១។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយ​ធម៌​៣ នេះឯង ដែល​គប្បី​ដឹង​បាន ​ថា​ជា​ជនពាល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​៣ ​គប្បី​ដឹង​បាន ​ថា​ជា​បណ្ឌិត។  ធម៌​៣​ តើដូចម្ដេច។  គឺ កាយ​កម្ម ​ជាកុសល​ ១  វចីកម្ម ​ជា​កុសល ​១ មនោកម្ម​ ជា​កុ​សល ​១​។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ប្រកប​ដោយ​ធម៌​៣ យ៉ាង​នេះ​ឯង ដែល​គប្បីដឹងបាន​ ថា​ជា​បណ្ឌិត។

សាវជ្ជសូត្រ ទី៧

[៧] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយ​ ធម៌៣យ៉ាង គួរ​ស្គាល់បាន​ថា​ជា​ជនពាល។ ​ ធម៌​៣​យ៉ាង តើ​ដូចម្ដេច។  គឺ កាយកម្ម​ ប្រកបដោយទោស​ ១ វចីកម្ម​ ប្រកបដោយទោស​ ១ មនោកម្ម​ ប្រកប​ដោយទោស​ ១។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣ នេះឯង​ ដែល​គប្បី​ដឹង​បាន ថា​ជា​ជនពាល។ ​ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣ ​គួរ​ស្គាល់បាន​ ថា​ជា​បណ្ឌិត។  ធម៌​៣​ តើដូចម្ដេច។  គឺកាយកម្ម​មិនមាន​ទោស១ វចីកម្មមិនមាន​ទោស​១ មនោកម្ម​មិនមាន​ទោស​ ១។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ប្រកបដោយធម៌​៣​ យ៉ាងនេះឯង ដែលគប្បី​ដឹង​បាន ​ថា​ជាបណ្ឌិត។

សព្យាពជ្ឈសូត្រ ទី៨

[៨] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣​ យ៉ាង  គួរ​ស្គាល់បាន​ថាជា​ជនពាល។ ធម៌​៣​ តើដូចម្ដេច។ គឺកាយកម្ម ​ប្រកបដោយសេចក្ដីបៀតបៀន​ ១ វចីកម្មប្រកបដោយសេចក្ដីបៀតបៀន ១ មនោកម្ម ប្រកបដោយសេចក្ដីបៀត បៀន​ ១។ ​ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌ ​៣ យ៉ាងនេះឯង ដែល​គប្បី​ដឹង​បាន ​ថា​ជាជនពាល។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣​ យ៉ាង គួរ​ស្គាល់​បាន ​ថា​ជាបណ្ឌិត​។  ធម៌​៣ តើដូចម្ដេច។  គឺ កាយកម្ម​មិន​មាន​សេចក្ដីបៀតបៀន ​១ វចីកម្ម​ មិនមាន​សេចក្ដីបៀតបៀន ​១ មនោកម្ម​ មិនមាន​សេចក្ដី​បៀតបៀន ​១។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលប្រកបដោយធម៌​៣​ នេះ​ឯង ដែលគប្បី​ដឹង​បាន ថា​ជាបណ្ឌិត។ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនោះ អ្នក​ទាំងឡាយ គប្បីសិក្សា​ យ៉ាងនេះថា បុគ្គល​ប្រកបដោយ​ធម៌ ​៣ ​ណា ដែលគួរ​ស្គាល់​ថា​ជាជនពាល បុគ្គល​បាន​វៀរបង់ ​នូវ​ធម៌​៣​នោះ ហើយប្រកបដាយធម៌៣​ណា ដែល​គួរស្គាល់​បាន ​ថា​ជាបណ្ឌិត យើង​ទាំងឡាយ ​នឹង​សមាទាន ប្រព្រឹត្ត​នូវ​ធម៌ទាំង៣​នោះ​។  ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះ​ចុះ។ ​​

ខតសូត្រ ទី៩

[៩] ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពាល ជា​អ្នក​មិនឈ្លាសវៃ ជាអសប្បុរស​ប្រកបដោយធម៌​ ៣​យ៉ាង ​រមែង​រក្សា​ខ្លួន ​ដែល​មាន​ទីពឹង​ជីកគាស់ចោល​ហើយ មាន​ទីពឹង​បំផ្លាញ​ចោល​ហើយ ជាអ្នក​ប្រកបដោយ​ទោសផង ប្រកបដោយ​សេចក្ដី​តិះដៀល របស់​វិញ្ញូជន​ទាំងឡាយផង បាន​នូវ​បាបច្រើន​ផង។  ធម៌​៣​យ៉ាង តើដូចម្ដេច។  គឺ កាយទុច្ចរិត​ ១ វចីទុច្ចរិត ១ មនោទុច្ចរិត​ ១។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពាល ជាអ្នកមិនឈ្លាសវៃ ជា​អសប្បុរស​ ប្រកបដោយ​ធម៌​៣ យ៉ាងនេះ​ឯង រមែង​រក្សា​ខ្លួន ដែល​មាន​ទីពឹងជីកគាស់ចោល​ហើយ មានទីពឹង​បំផ្លាញចោល​ហើយ ជាអ្នកប្រកបដោយទោសផង ប្រកបដោយសេចក្ដីតិះដៀល​ របស់វិញ្ញូជន​ទាំង​ឡាយផង បាន​នូវ​បាបច្រើនផង។  ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិត​មានប្រាជ្ញា​ឈ្លាសវៃ ជាសប្បុរស​ ប្រកបដោយ​ធម៌​៣​យ៉ាង រមែង​រក្សាខ្លួន ដែលមាន​ទីពឹង​មិនបាន​ជីកគាស់​ចោល មាន​ទីពឹង​មិនបាន​បំផ្លាញ​ចោល ជាអ្នកមិនមាន​ទោស​ផង មិនមាន​សេចក្ដីតិះដៀល អំពីវិញ្ញូជន​ទាំងឡាយផង បាន​នូវ​​បុណ្យ​​ច្រើនផង។  ធម៌៣​យ៉ាង តើដូចម្ដេច។  គឺ​កាយ​សុចរិត ១ វចីសុចរិត ១ មនោសុចរិត ១។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ឌិតមានប្រាជ្ញាឈ្លាសវៃ ជា​សប្បុរស ​ប្រកប​ដោយ​ធម៌​៣ នេះ​ឯង រមែង​រក្សាខ្លួន ដែល​មាន​ទីពឹង​មិន​បាន​ជីក​គាស់​ចោល មាន​ទីពឹងមិនបាន​បំផ្លាញ​ចោល ជាអ្នកមិនមាន​ទោស​ផង មិនមានសេចក្ដីតិះដៀល អំពី​វិញ្ញូជន​ទាំងឡាយផង បាន​នូវ​បុណ្យ​ច្រើនផង។

មលសូត្រ ទី១០

[១០] ម្នាលភិក្ខុទាំងឡាយ បើ​បុគ្គល​ពាល ប្រកបដោយ​ធម៌​៣យ៉ាង មិន​លះបង់​ នូវ​មន្ទិល​ ៣ ​យ៉ាង​ទេ នឹង​ធ្លាក់​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅ​ទំលាក់។ ​ ធម៌​៣​យ៉ាង តើដូចម្ដេច។ គឺ​ជា​អ្នក​ទ្រុស្តសីល ទាំងមិនលះបង់​មន្ទិល គឺ​ភាវៈទ្រុស្តសីល​ ១ ជាអ្នកច្រណែន ទាំង​មិនលះបង់​មន្ទិល ​គឺ​សេចក្ដីច្រណែន ​១ ជាអ្នក​កំណាញ់ ទាំង​មិនលះបង់​មន្ទិល ​គឺ​សេចក្ដីកំណាញ់​ ១។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ពាល ​ប្រកបដោយធម៌ ៣ យ៉ាងនេះ​ឯង មិនលះបង់​មន្ទិល ៣ យ៉ាង​នេះឯង តែង​ធ្លាក់​ទៅ​ក្នុង​នរក ដូច​ជា​គេ​នាំ​យក​ទៅទំលាក់។ ម្នាលភិក្ខុ​ទាំងឡាយ បណ្ឌិត​ប្រកបដោយធម៌៣​យ៉ាង ​លះបង់​នូវមន្ទិល​៣យ៉ាង​ ដូចជា​គេ​នាំ​យក​ទៅ​ដំកល់​​ទុក ​ក្នុង​ស្ថាន​សួគ៌។  ធម៌៣យ៉ាង តើដូចម្ដេច។  គឺជាអ្នក​មានសីល ទាំង​លះ​បង់​ នូវ​មន្ទិល ​គឺ​ភាវៈទ្រុស្តសីល​ ១ ជាអ្នក​មិនច្រណែន ទាំង​លះបង់ ​នូវមន្ទិល ​គឺ សេចក្ដី​ច្រណែន ១ ជាអ្នក​មិនមាន​កំណាញ់ ទាំង​លះបង់នូវ​មន្ទិល ​គឺ​សេចក្ដី​កំណាញ់​ ១។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិត​ ប្រកបដោយ​ធម៌ ៣ ​យ៉ាង​នេះ លះបង់នូវមន្ទិល ​៣ យ៉ាង​នេះ​ឯង ដូចជា​គេ​នាំ​យក​ទៅ​ដំកល់​ទុក ក្នុង​ស្ថានសួគ៌។

ចប់ ពាលវគ្គ ទី១ ។

ឧទ្ទាននៃ​ពាលវគ្គនោះ​គឺ

សំដែង​អំពីភ័យ​ ១ លក្ខណៈ ១ គំនិត ១ ទោស ១ ខុសទំនង ១ អកុសល ១ ប្រកបដោយទោស ១ ប្រកបដោយ​សេចក្ដីបៀតបៀន​ ១ មាន​ទីពឹងជីកគាស់ ចោល ​១ មន្ទិល ១។

រថការវគ្គ

ញាតសូត្រ ទី១

[១១] ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​មាន​កេរ្ដិ៍ឈ្មោះ​ ប្រកបដោយ​ធម៌​ ៣យ៉ាង​ជាអ្នក​ប្រតិបត្តិ ដើម្បី​មិន​ជា​គុណ​ ដល់​ជន​ច្រើន ដើម្បី​មិន​ជា​សុខ ​ដល់ជន​ច្រើន ដើម្បី​មិន​ជា​ប្រយោជន៍ ដល់​ជនច្រើន ដើម្បី​មិន​ជាគុណ ដើម្បីជាទុក្ខ​ ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ។  ធម៌​៣ យ៉ាង តើ​ដូចម្ដេច។  គឺ​ភិក្ខុបបួល​អ្នក​ផង​ក្នុង​កាយ​កម្ម ដែល​មិនសម​គួរ​ ១ បបួលក្នុងវចីកម្ម ដែលមិនសម​គួរ ១ ​បបួល​ក្នុង​ធម៌​ទាំង​ឡាយ [សំដៅយកមនោកម្ម។ (អដ្ឋកថា)។] ​ដែល​មិន​សម​គួរ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមាន​កេរ្ដិ៍ឈ្មោះ ប្រកប​ដោយធម៌​៣ នេះឯង រមែង​ប្រតិបត្តិ ដើម្បី​មិន​ជា​គុណ ​ដល់ជន​ច្រើន ដើម្បីមិនជា​សុខ ​ដល់​ជនច្រើន ដើម្បីមិន​ជាប្រយោជន៍​ ដល់​ជនច្រើន ដើម្បីមិន​ជា​គុណ ដើម្បី​ជាទុក្ខ ដល់ទេវតា​ និង​មនុស្ស​ទាំង​ឡាយ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មាន​កេរ្តិ៍​ឈ្មោះ ប្រកបដោយ​ធម៌ ​៣​យ៉ាង ជាអ្នក​ប្រតិបត្តិ ដើម្បី​ជា​គុណ ​ដល់ជនច្រើន ដើម្បី​សេចក្ដី​សុខ ​ដល់​ជន​ច្រើន ដើម្បី​ជា​ប្រយោជន៍ ​ដល់​ជនច្រើន ដើម្បីជា​គុណ ដើម្បី​សេចក្ដីសុខ​ ដល់​ទេវតា ​និង​មនុស្ស​ទាំង​ឡាយ។  ធម៌​៣យ៉ាង តើដូចម្ដេច។  គឺ​ភិក្ខុ​បបួល​អ្នក​ផង ​ក្នុង​កាយ​កម្ម ដែលសម​គួរ ១ បបួលក្នុង​វចីកម្ម ដែល​សមគួរ​ ១ បបួល​ក្នុងធម៌​ទាំងឡាយ ដែល​សមគួរ​ ១។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មាន​កេរ្តិ៍ឈ្មោះ ប្រកប​ដោយ​ធម៌ ​៣យ៉ាង​នេះ​ឯង ជាអ្នក​ប្រតិបត្តិ ដើម្បី​ជា​គុណ​ ដល់​ជន​ច្រើន ដើម្បី​សេចក្ដីសុខ ​ដល់​ជន​ច្រើន ដើម្បី​ជា​ប្រយោជន៍​ ដល់​ជន​ច្រើន ដើម្បី​ជា​គុណ ដើម្បី​សេចក្ដី​សុខ ​ដល់ទេវតា ​និង​មនុស្ស​ទាំងឡាយ។

សារណីយសូត្រ ទី២

[១២] ម្នាល​ភិក្ខុទាំងឡាយ ហេតុ​ទាំងឡាយ ​ដែល​ព្រះរាជា ជាក្សត្រិយ៍​បានមុទ្ធា​ភិសេក​ហើយ នៅ​តែ​រលឹក​ចាំ​បាន ​រហូត​ដល់​អស់​ព្រះជន្មនេះ មាន​៣​យ៉ាង។ ហេតុ​៣​យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ព្រះរាជា​ ជាក្សត្រិយ៍ ដែល​បាន​មុទ្ធា​ភិសេក ​ទ្រង់​ព្រះ​សម្ភព ​ក្នុង​ប្រ​ទេស​ណា នេះ​ជា​ហេតុ ​ទី១ ដែល​ព្រះរាជា ជាក្សត្រិយ៍ បាន​មុទ្ធាភិសេក​ហើយ នៅតែ​រលឹក​ចាំ​បាន​ រហូតដល់​អស់​ព្រះជន្ម។ ម្នាល​ភិក្ខុទាំងឡាយ មួយទៀត ព្រះរាជា ជាក្សត្រិយ៍ បាន​មុទ្ធាភិសេក​ ក្នុង​ប្រទេសណា នេះជាហេតុ ​ទី​២ ដែល​ព្រះរាជា ជាក្សត្រិយ៍​ បាន​មុទ្ធាភិសេក​ហើយ នៅ​តែ​រលឹកចាំ​បាន ​រហូត​ដល់​អស់​ព្រះជន្ម។ ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត ព្រះរាជា ជា​ក្សត្រិយ៍ ដែល​បាន​មុទ្ធាភិសេក​ហើយ ទ្រង់​ផ្ចាញ់​សង្រ្គាម បានឈ្នះ​សង្រ្គាម​ហើយ ទ្រង់​គ្រប់គ្រង​ទី​សង្រ្គាម​នោះ​ឯង ក្នុង​ប្រទេស​ណា នេះជា​ហេតុ​ ទី​៣ ដែល​ព្រះ​រាជា ជាក្សត្រិយ៍​ បាន​មុទ្ធាភិសេក​ហើយ នៅ​តែរលឹក​ចាំ​បាន​រហូត​ដល់អស់​ព្រះ​ជន្ម។ ម្នាល​ភិក្ខុទាំងឡាយ ហេតុ​៣​នេះឯង ដែល​ព្រះ​រាជា ជា​ក្សត្រិយ៍ ​បានមុទ្ធាភិសេក​ហើយ នៅតែ​រលឹក​ចាំ​បាន រហូត​ដល់​អស់​ព្រះ​ជន្ម។  ម្នាល​ភិក្ខុទាំងឡាយ ហេតុ​ទាំងឡាយ​ ដែលភិក្ខុ​គួររលឹក ​រហូត​ដល់​អស់​ជីវិត ឲ្យ​ដូច​ជា​ព្រះ​មហាក្សត្រិយ៍​នោះ នេះ មាន​៣​យ៉ាង។  ហេតុ ៣យ៉ាង តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​កោរសក់​ កោរ​ពុកមាត់ ​ពុកចង្កា ស្លៀកដណ្ដប់សំពត់ កាសាយៈ ចេញចាកផ្ទះ​ ចូល​កាន់​ផ្នួស ក្នុងប្រទេសណា ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាហេតុ​ ទី១ ដែល​ភិក្ខុ​គួររលឹក ​រហូត​ដល់​អស់​ជីវិត។  ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត ភិក្ខុ​ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះហេតុ​ឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ធម៌​ ជា​គ្រឿង​រលត់​ទុក្ខ ដឹងច្បាស់​តាម​ពិត​ថា នេះ​បដិបទា ជា​ដំណើរ​ទៅ​កាន់​សេចក្ដីរលត់​ទុក្ខ ក្នុងប្រទេស​ណា ម្នាលភិក្ខុ ទាំង​ឡាយ នេះ​ជា​ហេតុ​ ទី២ ដែល​ភិក្ខុគួររលឹក រហូត​ដល់​អស់​ជីវិត។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​បាន​ធ្វើ​ឲ្យជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ​ព្រោះ​អស់អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​របស់​ខ្លួន​ឯង ​នា​បច្ចុប្បន្ន ក្នុង​ប្រ​ទេសណា ម្នាល​ភិក្ខុទាំងឡាយ នេះ​ជា​ហេតុ ​ទី​៣ ដែល​ភិក្ខុ​គួររ​លឹក​ រហូត​ដល់​អស់ជីវិត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​៣ យ៉ាង​នេះ​ឯង​ ដែល​ភិក្ខុគួរ​តែរលឹក​ចាំ​បាន ​រហូត​ដល់​អស់​ជីវិត។

អាសំសសូត្រ ទី៣

[១៣] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣ ពួកនេះ មាន​ប្រាកដក្នុង​លោក។  បុគ្គល​ ៣ ​ពួក តើដូច​ម្ដេច។  គឺ​បុគ្គល​មិន​មាន​សេច​ក្ដី​ប្រាថ្នា ​១ មាន​សេចក្ដី​ប្រាថ្នា​ ១ ប្រាសចាក​សេចក្ដី​ប្រាថ្នា ​១។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មិនមាន​សេចក្ដី​ប្រាថ្នា តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលខ្លះ​ ក្នុង​លោក​នេះ ជា​​អ្នក​កើត​ក្នុង​ត្រកូល​ទាប គឺ​ត្រកូលចណ្ឌាល ត្រកូលអ្នក​ត្បាញ​ផែង ត្រកូលអ្នក​នេសាទ ត្រកូល​អ្នក​ធ្វើ​រថ ត្រកូល​អ្នកចោលសម្រាម ​ឬត្រកូល​អ្នក​កំសត់ ​ដែលមាន​បាយ ​និង​ទឹក ​និង​ភោជន​​តិច ប្រព្រឹត្ត ចិញ្ចិម​ជីវិត​លំបាក ជា​ត្រកូល ដែល​រក​អាហារ​សម្រាប់​បរិភោគ​និងសំពត់សម្រាប់​ស្លៀក​ដណ្ដប់បាន​ដោយ​លំបាក។  បុគ្គល​នោះ​សោត ​មាន​សម្បុរអាក្រក់ អ្នក​ផង​មិន​ចង់​ពិត​ពិល​រមិល​មើល ជាមនុស្ស​តឿ មាន​ជម្ងឺ​ច្រើន ខ្វាក់ម្ខាង​ ក្ងែង ខ្ចក ឬ​មានអវយវៈ​ម្ខាង​ពិការ ជា​អ្នក​មិន​បានបាយ​ ទឹក ​សំពត់ យាន​ ផ្កា​កម្រង គ្រឿង​ក្រអូប គ្រឿង​លាប ទីដេក លំនៅ ​និង​គ្រឿងប្រទីប។ បុគ្គល​នោះ ឮ​ដំណឹងថា ក្សត្រិយ៍ទ្រង់​ព្រះ​នាម​នេះ ពួក​ក្សត្រិយ៍បាន​អភិសេក​ដោយ​ខត្តិ​យាភិសេក​ហើយ។  បុគ្គល​នោះ រមែង​មិនត្រិះរិះ ​យ៉ាង​នេះថា កាល​ណាហ្ន៎ ពួកក្សត្រិយ៍ នឹង​អភិសេក​អញ ​ដោយខត្តិយាភិសេក​ផង។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គលមិនមាន​សេចក្ដី​ប្រាថ្នា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សេចក្ដី​ប្រាថ្នា តើ​ដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លោក​នេះ ព្រះ​រាជ​បុត្រ​ច្បង របស់​ខត្តិ​យរាជ ដែល​បាន​មុទ្ធាភិសេក​ហើយ ជារាជកុមារ ដែល​គេ​មិន​ទាន់ អភិសេក ដោយ​រាជាភិសេក​នៅ​ឡើយ​ទេ តែ​ព្រះ​រាជ​កុមារ​ មិន​មាន​ញាប់ញ័រ​(ចង់បាន)។  ព្រះ​រាជ​បុត្រ​នោះ ឮ​ដំណឹង​ថា ព្រះ​ខត្តិយ​រាជ​ព្រះនាមនេះ ពួក​ក្សត្រិយ៍ បាន​អភិសេក ដោយ​ខត្តិយាភិសេកហើយ។  ព្រះរាជបុត្រ​នោះ មាន​សេចក្ដី​ត្រិះរិះ​ យ៉ាង​នេះថា កាល​ណាហ្ន៎ ពួក​ក្សត្រិយ៍ នឹង​អភិសេក​​អញ ដោយ​ខត្តិយាភិសេកផង។ ម្នាល​ភិក្ខុទាំងឡាយ នេះហៅ​ថា បុគ្គល​មាន​សេចក្ដី​ប្រាថ្នា។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលប្រាសចាក​សេចក្ដី​ប្រាថ្នា តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ខត្តិយរាជ ក្នុង​លោក​នេះ បាន​មុទ្ធា​ភិសេក​ហើយ។  ព្រះ​រាជាអង្គ​នោះ ឮ​ដំណឹងថា ខត្តិយរាជ​ព្រះនាម​នេះ ពួក​ក្សត្រិយ៍​ បាន​អភិសេក ដោយ​ខត្តិយាភិសេក​ហើយ។ ព្រះ​រាជា​អង្គនោះ មិន​មាន​ព្រះ​រាជតម្រិះ​ យ៉ាង​នេះថា កាលណា​ហ្ន៎ ពួក​ក្សត្រិយ៍​ នឹង​អភិសេក​អញ ដោយ​ខត្តិ​យា​ភិសេក​ផង។ ដំ​ណើរ​នោះ តើ​ព្រោះ​ហេតុ​អ្វី។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​សេចក្ដីប៉ុន​ប៉ង​ ក្នុង​រាជា​ភិសេកណា របស់​ព្រះ​រាជា ដែល​មិន​ទាន់​អភិសេក​ ក្នុង​កាលមុន​នោះ សេចក្ដី​ប៉ុន​ប៉ង ​ក្នុង​រាជា​ភិសេក របស់​ព្រះ​រាជា​អង្គ​នោះៗ បានស្កប់ព្រះរាជហឫទ័យ​ហើយ។  ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​ប្រាសចាក​សេចក្ដី​ប្រាថ្នា។  ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​៣ពួក​នេះ​ឯង មានប្រាកដ​ក្នុង​លោក។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​៣​ពួក​ មាន​ប្រាកដក្នុង​ពួក​ភិក្ខុ ក៏យ៉ាង​នោះ​ដែរ។  បុគ្គល​៣ពួក តើ​ដូចម្ដេច។  គឺ​បុគ្គលមិន​មាន​សេច​ក្ដី​ប្រាថ្នា ១ មាន​សេច​ក្ដី​ប្រាថ្នា ១ ប្រាស​ចាក​សេចក្ដីប្រាថ្នា ​១។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មិន​មាន​សេចក្ដីប្រាថ្នា តើ​ដូចម្ដេច។ ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​ទ្រុស្តសីល មានធម៌អាក្រក់ មាន​អំពើ​មិន​ល្អ មាន​មារយាទ​គួរ​ឲ្យ​អ្នក​ផង​រង្កៀស ជាអ្នក​បិទ​បាំង​​បាប​កម្ម​ទុក មិន​មែន​ជា​សមណៈ តែ​ប្ដេជ្ញា​ខ្លួន​ថា ​ជា​សមណៈ មិន​ប្រព្រឹត្ត​ព្រហ្មចារ្យ តែ​ប្ដេជ្ញា​ខ្លួន​ថា ជាអ្នកប្រព្រឹត្ត​ព្រហ្មចារ្យ ជាអ្នកស្អុយ​ខាង​ក្នុង មាន​ចិត្ត​ទទឹក​ដោយ​រាគៈ មាន​ជាតិ​ដ៏ជ្រោកជ្រាក។ បុគ្គល​នោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ ​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយប្រាជ្ញា​ ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ ក្នុង​បច្ចុប្បន្ន។  បុគ្គល​នោះ មិន​មាន​សេចក្ដី​ត្រិះ​រិះ​​​យ៉ាង​នេះថា កាល​ណាហ្ន៎ អាត្មា​អញ នឹង​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដម​ខ្លួនឯង ​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់អាសវៈ​​ទាំងឡាយ ក្នុង​បច្ចុប្បន្ន​នេះ​ផង។  ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​មិន​មាន​សេច​ក្ដី​ប្រាថ្នា។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលមាន​ប្រាថ្នា តើ​ដូចម្ដេច។  ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ​ជាអ្នក​មាន​សីល មាន​ធម៌ល្អ។  ភិក្ខុ​នោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ ​បានធ្វើ​ឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា​ ដ៏​ឧត្តម​ខ្លួន​ឯង​ នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់អាសវៈ​ទាំងឡាយ ក្នុង​បច្ចុប្បន្ន​។ ភិក្ខុ​នោះ មាន​សេចក្ដី​ត្រិះរិះ​ យ៉ាង​នេះ​ថា កាល​ណា​ហ្ន៎ អាត្មាអញ​ នឹង​ធ្វើឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា​ ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេ​តោវិមុត្តិ បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ​ទាំងឡាយ នេះ​ហៅថា បុគ្គល​មាន​សេចក្ដី​ប្រាថ្នា។  ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលប្រាសចាក​សេចក្ដី​ប្រាថ្នា តើ​ដូច​ម្ដេច។  ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នះ ជា​អរហន្តខីណាស្រព។  ភិក្ខុនោះ ឮដំណឹង​ថា ភិក្ខុ​ឈ្មោះនេះ បាន​ធ្វើ​ឲ្យជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដមខ្លួងឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ​ ព្រោះ​អស់​អាសវៈ​ទាំង​​ឡាយ​ ក្នុង​បច្ចុប្បន្ន។  ភិក្ខុ​នោះ មិន​មានសេចក្ដីត្រិះរិះ ​យ៉ាង​នេះថា កាល​ណាហ្ន៎​ អាត្មា​អញ នឹង​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បាន​ដល់​ដោយ​ប្រាជ្ញា ​ដ៏​ឧត្ដម​ខ្លួន​ឯង នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ​ព្រោះ​អស់​អាសវៈ​ទាំង​ឡាយ​ ក្នុង​បច្ចុប្បន្ន​ផង។  ដំណើរនោះ ​តើព្រោះ​ហេតុ​ដូចម្តេច​។  ម្នាលភិក្ខុ​ទាំងឡាយ ព្រោះសេចក្ដី​ប៉ុនប៉ង​នូវវិមុត្តិណា របស់​ភិក្ខុ ដែលមិន​ទាន់​មាន​វិមុត្តិ​ ក្នុង​កាលមុន ​សេច​ក្ដីប៉ុនប៉ង ​នូវ​វិមុត្តិ​ របស់ភិក្ខុនោះ ៗ​ បាន​ស្កប់ស្កល់​ចិត្ត​ហើយ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​ប្រាសចាក​សេចក្ដី​ប្រាថ្នា។  ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​ទាំង​ ៣ នេះឯង មាន​ប្រាកដ ​ក្នុង​ពួក​ភិក្ខុ។

ចក្កវត្តិសូត្រ ទី៤

[១៤] ម្នាលភិក្ខុ​ទាំងឡាយ​ ស្ដេចចក្រ​ពត្តិអង្គណា ប្រកបដោយធម៌ [ប្រកប​ដោយកុសលកម្មបថ ទាំង១០។] ទ្រង់ធម៌ [ញុំាងមហាជន ឲ្យត្រេកអរ ដោយកុសលកម្មបថ ១០។] ស្ដេច​អង្គនោះ ទ្រង់​ញុំាងចក្រ​ ដែល​មិន​មែន​ជា​របស់ស្ដេច ​ឲ្យប្រព្រឹត្ត​ទៅ។  កាល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ មាន​ភិក្ខុ​ ១រូប ក្រាប​ទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ យ៉ាង​នេះថា សូម​ទ្រង់ព្រះមេត្តាប្រោស ចក្រ​របស់​ស្ដេច​ចក្រ​ពត្តិ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ តើ​ដូចម្ដេច។  ព្រះមាន​ព្រះភាគ​ ទ្រង់​ត្រាស់​តបថា ម្នាល​ភិក្ខុ ចក្រ​នោះ ក៏គឺ​ធម៌ ​[សំដៅយកកុសលកម្មបថ។ អដ្ឋកថា។] ដូច្នេះ រួច​ទ្រង់ត្រាស់ត​ទៅ​ទៀតថា មា្នល​ភិក្ខុ ក្នុង​លោកនេះ ស្ដេច​ចក្រ​ពត្តិ ប្រកបដោយ​ធម៌ ទ្រង់​ធម៌ ទ្រង់​អាស្រ័យ​ធម៌​តែ​មួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យក​ធម៌ជា​ទង់​ជ័យ យក​ធម៌ជា​ទង់​យស យក​ធម៌ជាអធិបតី ចាត់ចែង​នូវ​ការ​រក្សា ​ទប់ទល់គ្រប់​គ្រង ​ប្រកប​ដោយ​ធម៌ ចំពោះ​ជន​ខាង​ក្នុង ម្នាល​ភិក្ខុ មួយ​ទៀត ស្ដេច​ចក្រពត្តិ ប្រកបដោយ​ធម៌​ ទ្រង់ធម៌ ទ្រង់​អាស្រ័យ​ធម៌តែមួយ​យ៉ាង ធ្វើសក្ការៈ​ចំពោះធម៌ គោរពធម៌ កោត​ក្រែងធម៌ យកធម៌​ជាទង់ជ័យ យកធម៌ជាទង់យស យកធម៌​ជាអធិបតី ចាត់ចែង​នូវ​ការ​រក្សា ​ទប់ទល់ គ្រប់គ្រងប្រកបដោយ​ធម៌ ចំពោះ​ពួក​ក្សត្រិយ៍អ្នក​ចុះ​ចូល ពួក​ពល ពួក​ព្រាហ្មណ៍ គហបតី ពួក​អ្នក​និគម អ្នក​ជន​បទ ពួក​សម​ណ​ព្រាហ្មណ៍ និង​ពួក​ម្រឹគ​បក្សី។ ម្នាល​ភិក្ខុ​ លុះ​ស្ដេច​ចក្រ​ពត្តិ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អង្គ​នោះ​ឯង អា​ស្រ័យ​ធម៌តែមួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យកធម៌ជា​ទង់ជ័យ យកធម៌ជា​ទង់​យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា​ទប់​ទល់ គ្រប់​គ្រង​ ប្រកបដោយ​ធម៌ ចំពោះជនខាងក្នុង ចាត់ចែងនូវការរក្សា ទប់ទល់ គ្រប់គ្រង ប្រកបដោយធម៌ ចំពោះពួក​ក្សត្រិយ៍អ្នក​ចុះ​ចូល ពួក​ពល ពួក​ព្រាហ្មណ៍​ គហបតី ពួក​អ្នក​និគម ជនបទ ពួកសមណ​ព្រាហ្មណ៍ និង​ពួកម្រឹគ​បក្សី ទើបញុំាង​ចក្រ​ ឲ្យប្រព្រឹត្ត​តាម​ធម៌កើត។  ចក្រ​នោះ មនុស្ស​ណា​មួយ ជាសត្រូវ ​ធ្វើ​បដិវត្ត​ដោយ​ដៃ​ពុំបាន​ឡើយ។  ម្នាល​ភិក្ខុ សេចក្ដី​នេះ​ មានដូច​ជា​ព្រះ​តថា​គត អរហន្ត​ សម្មាសម្ពុទ្ធ ប្រកបដោយ​ធម៌ [ប្រកបដោយនវលោកុត្តរធម៌។] ​ទ្រង់ធម៌ [ព្រះអង្គញុំាងមហាជន ឲ្យរីករាយ ដោយនវលោកុត្តរធម៌។ អដ្ឋកថា។] អាស្រ័យ​ធម៌​តែ​មួយ​យ៉ាង ​ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរពធម៌ កោតក្រែងធម៌ យក​ធម៌​ជាទង់​ជ័យ យក​ធម៌​ជាទង់​យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវការ​រក្សា ​ទប់​ទល់ គ្រប់​គ្រង​ ប្រកប​ដោយ​ធម៌ ចំពោះកាយ​កម្មថា កាយកម្មបែប​នេះ ​គួរ​សេព កាយ​កម្ម​បែបនេះ ​មិន​គួរ​សេព​ឡើយ។  ម្នាល​ភិក្ខុ មួយទៀត ព្រះ​តថាគត អរហន្ត​ សម្មា​សម្ពុទ្ធ ប្រកបដោយ​ធម៌ ទ្រង់​ធម៌​ អាស្រ័យធម៌​តែ​មួយ​យ៉ាង ​ធ្វើ​សក្ការៈ​ចំពោះ​ធម៌ គោរព​ធម៌​ កោត​​ក្រែង​ធម៌ ​យកធម៌ជាទង់​ជ័យ យក​ធម៌​ជាទង់យស យក​ធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា ទប់ទល់ ​គ្រប់គ្រង​ ប្រកប​ដោយ​ធម៌​ ចំពោះ​វចីកម្ម​ថា​ វចីកម្មបែបនេះ ​គួរ​សេព វចី​កម្ម​បែប​នេះ ​មិន​គួរ​សេពឡើយ។  ម្នាលភិក្ខុ មួយ​ទៀត ព្រះ​តថាគត អរហន្ត​សម្មា​សម្ពុទ្ធ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អាស្រ័យ​ធម៌តែ​មួយ​យ៉ាង ធ្វើ​សក្ការៈ​ចំពោះធម៌ គោរពធម៌ កោត​ក្រែង​​ធម៌ យកធម៌ជា​ទង់ជ័យ យកធម៌​ជាទង់យស យកធម៌​ជា​អធិបតី ចាត់​ចែង​នូវ​ការ​រក្សា​ ទប់ទល់ គ្រប់គ្រង​ប្រកប​ដោយ​ធម៌ ចំពោះ​មនោកម្ម​ថា មនោកម្ម​បែប​នេះ​ គួរ​សេព មនោកម្ម​បែប​នេះ មិនគួរ​សេព​ឡើយ។  ម្នាលភិក្ខុ ព្រះតថាគត​នោះ​ឯង ជាអរហន្ដ ​សម្មាសម្ពុទ្ធ ប្រកប​ដោយ​ធម៌ ទ្រង់​ធម៌ អាស្រ័យ​នូវ​ធម៌​តែ​មួយយ៉ាង ​ធ្វើសក្ការៈចំពោះ​ធម៌ គោរព​ធម៌ កោត​ក្រែង​ធម៌ យកធម៌ជាទង់ជ័យ យកធម៌ជាទង់​យស យក​ធម៌​ជា​អធិបតី ចាត់​ចែង​នូវការរក្សា​ ទប់ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះកាយ​កម្ម ចាត់​ចែង​នូវ​ការ​រក្សា ​ទប់​ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះវចី​កម្ម ចាត់​ចែង​នូវ​ការ​រក្សា​ ទប់​ទល់ គ្រប់គ្រង​ ប្រកបដោយ​ធម៌ ចំពោះមនោកម្ម ញុំាងធម្មចក្រ ដ៏ប្រសើរ ឲ្យប្រព្រឹត្តទៅ តាម​ធម៌នុ៎ះ​ឯង។  ចក្កនោះ សមណៈ ឬព្រាហ្មណ៍ ទេវតា ​មារ ​ព្រហ្ម ឬ​អ្នក​ណា​មួយ​ ក្នុង​លោក ធ្វើ​បដិវត្ត​ពុំបាន​ឡើយ។

សចេតនសូត្រទី៥ ឬ បចេតនសូត្រ ទី៥

[១៥] សម័យ​មួយ ព្រះ​ដ៏មាន​ព្រះ​ភាគ ទ្រង់​ប្រថាប់​នៅ​ក្នុង​ឥសិបត​ន​មិគ​ទាយវន ជិត​ក្រុង​ពារាណសី។ ក្នុង​ទី​នោះ​ឯង​ ព្រះ​ដ៏មាន​ព្រះ​ភាគ បាន​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ។  ពួក​ភិក្ខុ​ទាំងនោះ ​ទទួលតប​​ព្រះ​ពុទ្ធ​ដីកា ​របស់​ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះករុណា ​ព្រះអង្គ​។  ទើបព្រះដ៏​មាន​ព្រះ​ភាគ ​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាល​ពី​ព្រេង​នាយមក មាន​ព្រះ​រាជា​ ១ព្រះអង្គ ព្រះនាម​បចេតនៈ។ ម្នាលភិក្ខុ​ទាំងឡាយ គ្រានោះ​ឯង ព្រះ​បាទបចេតនៈ​ ទ្រង់ត្រាស់​ទៅ​នឹង​ជាង​រថ​ម្នាក់ថា ម្នាល​ជាង​រថ​ជា​សម្លាញ់ អំណឹះ​ទៅ៦ខែ ​អំពី​ខែ​នេះ យើង​នឹង​មានសង្រ្គាម ម្នាល​ជាង​រថ​សម្លាញ់ អ្នកអាច​ធ្វើ​ចក្រ ១ គូ​យ៉ាង​ថ្មី ឲ្យយើងបាន​​ឬទេ។  ម្នាលភិក្ខុ​ទាំងឡាយ ជាង​រថ​ បាន​ក្រាប​បង្គំ​ទូល​តបព្រះ​បាទ​បចេត​នៈ​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ខ្ញុំ​ព្រះ​អង្គ​ អាច​ធ្វើបាន។  ម្នាល​ភិក្ខុ​ទាំងឡាយ គ្រា​នោះ​ឯង​ ជាង​រថ​ ធ្វើ​ចក្រ​ឲ្យ​សម្រេចបាន​តែ​ម្ខាង ក្នុង​វេលា ៦ ខែ ខ្វះ​៦ រាត្រី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លំដាប់នោះ ព្រះ​បាទបចេតនៈ ទ្រង់​ត្រាស់​ប្រាប់​ជាង​ធ្វើ​រថថា ម្នាល​ជាងរថសម្លាញ់ កន្លង​ទៅ ៦ ថ្ងៃ អំពីថ្ងៃនេះ យើង​នឹង​មាន​សង្រ្គាម ចក្រ​១គូយ៉ាង​ថ្មី អ្នក​ធ្វើសម្រេចហើយ​ឬ។  សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ធ្វើអស់ ៦ខែ ខ្វះ ៦ រាត្រីនេះ​ឯង ហើយ​បាន​តែចក្រម្ខាង។  ម្នាល​ជាង​រថ​សម្លាញ់ ចុះអ្នក​អាច​ធ្វើ​ចក្រ ទី២ ឲ្យសម្រេច​ ត្រឹម​តែ​៦ ថ្ងៃ​នេះ ​បានឬ​ទេ។  ម្នាលភិក្ខុទាំង​ឡាយ ជាងរថ​បាន​ទទួល​តប​ព្រះឱង្ការ​ព្រះបាទ​បចេតនៈ​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំ​ព្រះ​អង្គ​ អាចធ្វើ​បាន។  ម្នាលភិក្ខុ​ទាំង​ឡាយ គ្រា​នោះ​ឯង ជាង​រថ​ធ្វើ​ចក្រ​ ទី២ ឲ្យ​សម្រេច​ត្រឹម​តែ​ ៦ ថ្ងៃ រួច​នាំយកចក្រ​ទាំង ១គូយ៉ាង​ថ្មី (នោះ) ចូល​ទៅ​គាល់​ព្រះ​បាទបចេតនៈ លុះចូល​​ទៅ​ដល់​ហើយ ទើប​ក្រាប​បង្គំ​ទូល​ព្រះ​បាទ​បចេតនៈ​ យ៉ាង​នេះថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស នេះ​ហើយ​ចក្រ​ ១​គូយ៉ាង​ថ្មី​ របស់​ព្រះ​ករុណា ខ្ញុំ​ព្រះ​អង្គ​ ធ្វើ​សម្រេច​ហើយ។  ព្រះ​បាទ​បចេតនៈ​ទ្រង់​ត្រាស់​សួរថា អើជាង​រថ​សម្លាញ់ ចក្រ​ណា​ ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​អស់ ៦​ខែ ខ្វះ​៦​រាត្រី​ក្ដី ចក្រ​ណា ​ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​ត្រឹម​តែ​ ៦ ថ្ងៃ​ក្ដី ចក្រ​ទាំង ២​នេះ ​មានដំ​ណើរ​ផ្សេង​គ្នា​ ដូច​ម្ដេច យើងមិន​ទាន់​យល់​ការណ៍​ផ្សេង​គ្នា​ នៃ​ចក្រទាំង​២នុ៎ះ​ ថាដូចម្ដេច​ឡើយ។  បពិត្រ​ព្រះ​សម្មតិទេព ការណ៍​ផ្សេង​គ្នា​ នៃ​ចក្រទាំង២​នុ៎ះ​មាន សូម​ទ្រង់​ចាំ​ទត​ការណ៍​ផ្សេង​គ្នា ​(នោះ) ​ចុះ។  ម្នាល​ភិក្ខុទាំង​ឡាយ លំ​ដាប់​នោះឯង ជាង​រថ​ បង្វិល​ចក្រ ​ដែល​ធ្វើ​ឲ្យសម្រេច ​អស់ត្រឹម​តែ ៦ថ្ងៃ​ ឲ្យ​វិល​ទៅ។  កាល​ចក្រ​នោះ​វិល​ទៅ ​ក៏ទៅ​កាន់​ទី​អស់​កំណត់ត្រឹម​តែ​មួយ​វិល​ប៉ុណ្ណោះ ហើយ​ត្រឡប់​ដួល​លើ​ផែន​ដី។  រួច​ទើប​ជាង​រថបង្វិល​ចក្រ​ ដែល​ធ្វើ​ឲ្យ​សម្រេច​ អស់៦​ខែ ខ្វះ៦​រាត្រី ឲ្យ​វិល​ទៅម្ដង​ទៀត​។ កាល​ចក្រ​នោះ​វិល​ទៅ ក៏​ទៅ​កាន់ទី​អស់​កំណត់​ត្រឹម​តែមួយ​កំឡាំង​បង្វិលប៉ុណ្ណោះ ហើយ​ក៏​នៅ​នឹង​ថ្កល់​ ហាក់​ដូច​ជា​ខ្ទាស់​ត្រង់​ភ្លៅ។  ព្រះ​បាទបចេតនៈ​ ត្រាស់​សួរ​ថា ម្នាល​ជាង​រថ​សម្លាញ់ ចុះ​ហេតុ​ដូច​ម្ដេច បច្ច័យ​ដូចម្ដេច បានជាចក្រ​ណា ដែល​អ្នក​ធ្វើឲ្យ​សម្រេច​ ត្រឹម​តែ​៦​ថ្ងៃ ចក្រ​នោះ​ ដែល​អ្នកបង្វិល​ទៅ ក៏​ទៅ​កាន់​ទី​អស់​កំណត់ ​ត្រឹម​តែមួយ​វិល​ប៉ុណ្ណោះ ហើយ​ត្រឡប់ដួល​ចុះ ​លើ​ផែន​ដី។  ម្នាល​ជាង​រថ​សម្លាញ់ ហេតុ​ដូច​ម្ដេច បច្ច័យ​ដូចម្ដេច បាន​ជា​ចក្រ​ណា ដែល​អ្នក​ធ្វើ​ឲ្យសម្រេច ​អស់​៦​ខែ​ ខ្វះ៦​រាត្រី ចក្រ​នោះ ​ដែលអ្នក​បង្វិលទៅ ក៏​ទៅ​កាន់​ទី​អស់​កំណត់ ត្រឹម​តែ​មួយ​វិល​ប៉ុណ្ណោះ ហើយ​ក៏តាំង​នៅ​នឹង​ថ្កល់ ហាក់​ដូចជាខ្ទាស់​ត្រង់​ភ្លៅ​។  ជាង​រថ​ក្រាប​បង្គំ​ទូល​ថា សូមទ្រង់​ព្រះ​មេត្តា​ប្រោស ចក្រ​ណា ​ដែល​ធ្វើ​ឲ្យ​សម្រេច​ត្រឹម ៦​ថ្ងៃ ​ចក្រ​នោះឯង មាន​ខ្នង​កង់​វៀច ពករដិបរដុប មាន​ជាប់​ស្រាយ​ផង កាំ​ក៏​វៀច ពករដិប​រដុប មាន​ជាប់​ស្រាយ​ផង ដុំ​វៀច មាន​ពក​រដិប​ដុប មាន​ជាប់​ស្រាយផង។  ចក្រ​នោះ ​ដែល​ខ្ញុំ​ព្រះ​អង្គ​បង្វិល ក៏​វិល​ទៅ​កាន់​ទី​អស់​កំណត់ ​ត្រឹម​តែ​មួយ​​កំឡាំង​បង្វិល​​ប៉ុណ្ណោះ ហើយ​ត្រ​ឡប់​ដួល​លើ​ផែន​ដី ព្រោះ​មាន​ខ្នងកង់​វៀច ​ពក​រដិបរដុប មាន​ជាប់​ស្រាយ​ផង ព្រោះ​កាំ​វៀច ពក​រដិបរដុប មាន​ជាប់​ស្រាយ​ផង ព្រោះ​ដុំ​វៀច មាន​ពក​រដិប​រដុប ជាប់​ស្រាយ​ផង។ បពិត្រ​ព្រះ​សម្ម​តិ​ទេព ចំណែក​ចក្រ​ណា ដែល​ធ្វើ​ឲ្យ​សម្រេច​អស់ ៦ខែ ខ្វះ​៦រាត្រី ចក្រ​នោះ​ មាន​ខ្នង​កង់​មិន​វៀច មិន​មាន​ពក​រដិបរដុប មិន​មានស្រាយផង មាន​កាំ​មិន​វៀច មិន​មាន​ពក​រដិបដុប មិន​មាន​ស្រាយ​ផង មាន​ដុំ​មិន​វៀច មិន​មាន​ពក​រដិបរដុប មិន​មានស្រាយ​ផង។  ចក្រ​នោះ ដែល​ខ្ញុំ​ព្រះ​អង្គ​បង្វិល ក៏​វិល​ទៅ​កាន់​ទី​អស់​កំណត់​ ត្រឹម​តែមួយ​កំឡាំង​បង្វិល​ប៉ុណ្ណោះ ហើយ​នៅ​គាំង ហាក់​ដូច​ជាខ្ទាស់​ត្រង់​ភ្លៅ ព្រោះ​មាន​ខ្នងកង់មិន​វៀច មិន​មាន​ពករដិបដុប មិន​មាន​ស្រាយ ព្រោះ​មាន​កាំមិនវៀច មិន​មាន​ពក​រដិបរដុប ​មិន​មាន​ស្រាយ ព្រោះ​មាន​ដុំ​មិន​វៀច មិន​មាន​ពករដិបរដុប ​មិន​មាន​ស្រាយ​ផង​។  ម្នាល​ភិក្ខុ​ទាំង​ឡាយ គំនិត​របស់​អ្នក​ទាំង​ឡាយ ទំនង​ជា​យល់​យ៉ាង​នេះ​ថា ជាង​រថ​នោះ ក្នុងសម័យ​នោះ គឺ​អ្នក​ដទៃ​ផ្សេង ដោយ​ពិត។  ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ មិន​ត្រូវ​យល់​ដំណើរនោះ​ យ៉ាង​នោះឡើយ។   ម្នាល​ភិក្ខុ​ទាំង​ឡាយ ជាង​រថ​នោះ ក្នុង​សម័យនោះ គឺ​តថា​គត​ហ្នឹង​ឯង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​កាល​នោះ តថាគត ជាអ្នក​ចេះ​ស្គាល់​ពួក​ឈើ​វៀច ឈើ​មាន​ពក​រដិប​រដុប ឈើមាន​ស្រាយ​។ ​ម្នាលភិក្ខុ​ទាំង​ឡាយ លុះ​តថាគត ​បានជា​អរហន្ដ​ សម្មា​សម្ពុទ្ធ​ ក្នុង​កាល​ឥឡូវ​នេះ ជា​អ្នក​យល់​ស្គាល់​ ក្នុង​កាយ​វៀច កាយ​មាន​ពក កាយ​មាន​ស្រាយ ជា​អ្នកយល់​ស្គាល់​ ក្នុង​ពាក្យ​វៀច ពាក្យ​មានពក ពាក្យ​មាន​ស្រាយ ជាអ្នក​យល់ស្គាល់ ​ក្នុង​​មនោ​វៀច មនោ​មាន​ពក មនោ​មាន​ស្រាយ។  ម្នាល​ភិក្ខុ​ទាំងឡាយ ​ភិក្ខុ​ ឬ​ភិក្ខុ​នី​ណាមួយ​​មិនបាន​លះ​បង់​កាយ​វៀច កាយ​មាន​ពក​ កាយមាន​ស្រាយ មិន​បាន​លះ​បង់​ពាក្យ​វៀច ពាក្យ​មាន​ពក ពាក្យ​មាន​ស្រាយ មិន​បាន​លះ​បង់​ចិត្ត​វៀច ចិត្ត​មាន​ពក ចិត្ត​មាន​ស្រាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ ឬ​ភិក្ខុនី​ទាំង​នោះ ឈ្មោះ​ថា រលំ​ចាក​ធម៌​វិន័យ​នេះ យ៉ាង​នេះ​ឯង ដូច​ជាចក្រ ​ដែល​ធ្វើ​ឲ្យសម្រេច​ ត្រឹម​៦ថ្ងៃនោះ។  ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​ ឬភិក្ខុនីណាមួយ បាន​លះ​បង់​កាយ​វៀច កាយ​មាន​ពក កាយ​មាន​ស្រាយ បានលះបង់​ពាក្យ​វៀច​ ពាក្យ​មាន​ពក ពាក្យ​មាន​ស្រាយ ​បាន​លះបង់​ចិត្ត​វៀច ​ចិត្តមាន​ពក ចិត្ត​មាន​ស្រាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ ​ឬភិក្ខុនី​ទាំង​នោះ​ ឈ្មោះថា​ តាំង​នៅ​ក្នុង​ធម៌​វិន័យ​នេះ ​យ៉ាង​នេះ​ឯង ដូច​ចក្រ ដែល​ធ្វើ​អស់ ៦ខែ​ ខ្វះ​៦រាត្រី ​ទើប​ស្រេច​នោះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ អ្នក​ទាំងឡាយ គប្បី​សិក្សា ​យ៉ាង​នេះថា យើង​ទាំង​ឡាយ នឹង​លះ​បង់​កាយ​វៀច កាយ​មាន​ពក ​កាយ​មាន​ស្រាយ ​នឹង​លះ​បង់​ពាក្យវៀច ពាក្យ​មាន​ពក ពាក្យមាន​​ស្រាយ នឹង​លះ​បង់​ចិត្ត​វៀច ចិត្ត​មាន​ពក ចិត្តមាន​ស្រាយ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ គប្បី​សិក្សា​ យ៉ាង​នេះ​ឯង។

អបណ្ណកសូត្រ ទី៦

[១៦] ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៣​យ៉ាង ឈ្មោះថា​ អ្នក​ប្រតិបត្តិ​ នូវ​សេចក្ដី​ប្រតិបត្តិ​មិន​ខុស ទាំង​ហេតុ​ ក៏​ឈ្មោះ​ថា លោកបាន​ផ្គង ដើម្បី​ឲ្យអស់​អាសវៈ​ទាំងឡាយ។  ធម៌​៣ យ៉ាង តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​គ្រប់គ្រងទ្វារ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ​ ១ ជា​អ្នកដឹង​ប្រមាណ ​ក្នុង​ភោជន ១ ជាអ្នកប្រកប​រឿយៗ ​នូវ​ការ​ភ្ញាក់​រលឹក​ ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​ភិក្ខុ​ជា​អ្នកគ្រប់​គ្រង​ទ្វារ​ ក្នុង​ឥន្រ្ទិយ​ទាំង​ឡាយ តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បាន​ឃើញ​រូប ​ដោយ​ភ្នែក​ហើយ តែ​ជា​អ្នក​មិនបាន​កួចកាន់​នូវ​និមិត្ត មិន​បាន​កួចកាន់​ នូវ​អនុព្យញ្ជនៈ​ អភិជ្ឈា និង​ទោម​នស្ស ដែល​ជា​​អកុសល​ធម៌​ ដ៏លាមក គប្បី​គ្រប​សង្គត់​ នូវ​បុគ្គល​ ដែល​មិន​សង្រួម នូវ​​ចក្ខុ​ន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិន​បាន​សង្រួម ​នូវ​ចក្ខុន្រ្ទិយណា ក៏​ប្រតិបត្តិ ដើម្បី​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នោះ រក្សា​នូវ​ចក្ខុន្រ្ទិយ ដល់នូវសេចក្ដីសង្រួម ​ក្នុង​ចក្ខុន្រ្ទិយ បាន​ឮសំឡេង ​ដោយ​ត្រចៀក​ហើយ។  បេ។ បានធុំក្លិន ​ដោយ​ច្រមុះ​ហើយ។  បេ។  បាន​ជញ្ជក់​ជញ្ជាបរស ​ដោយអណ្ដាត​ហើយ។ ​បេ។ បាន​ពាល់​ត្រូវ ​នូវផោដ្ធព្វៈ ​ដោយ​កាយ​ហើយ។ ​បេ។ បាន​ដឹងច្បាស់ ​នូវ​ធម្មារម្មណ៍ ​ដោយ​ចិត្ត​ហើយ តែ​ជា​អ្នក​មិន​បាន​កួច​កាន់ នូវ​និមិត្ត មិន​បាន​កួច​កាន់ ​នូវ​អុព្យញ្ជនៈ អភិជ្ឈា​ និង​ទោមនស្ស ដែលជា​អកុសល​ធម៌ ​ដ៏​លាមក គប្បី​គ្រប​សង្កត់​នូវ​បុគ្គល ដែល​មិន​បាន​សង្រួមនូវ​មនិន្រ្ទិយនុ៎ះ ព្រោះ​ហេតុតែ មិន​បាន​សង្រួម ​នូវ​មនិន្រ្ទិយ​ណា ក៏ប្រតិបត្តិ​ដើម្បី​សង្រួម​នូវមនិន្រ្ទិយ​នោះ រក្សា​នូវ​មនិន្រ្ទិយ ដល់​នូវ​សេចក្ដីសង្រួម​ក្នុង​មនិន្រ្ទិយ។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ​ឈ្មោះថា ភិក្ខុ​ជា​អ្នក​គ្រប់​គ្រង​ទ្វារ ​ក្នុង​ឥន្រ្ទិយ​ទាំងឡាយ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជា​អ្នក​ដឹង​ប្រមាណ ​ក្នុង​ភោជន តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ បាន​ពិចារណា​ ដោយ​ឧបាយ​នៃប្រាជ្ញា បរិ​ភោគ​ នូវអាហារ​ដោយ​គិត​ថា មិន​មែន​ដើម្បី​លេង មិនមែន​ដើម្បី​ស្រវឹង មិនមែងដើម្បី​ប្រដាប់ មិនមែន​ដើម្បី​ស្អិតស្អាង​ទេ គ្រាន់​តែ​ដើម្បី​ឲ្យតាំង​នៅ​នៃ​កាយនេះ ដើម្បី​ញុំាង​ជីវិត ​​ឲ្យប្រព្រឹត្ត​ទៅ ដើម្បី​កំចាត់​បង់​ នូវ​សេចក្ដីលំបាក ដើម្បីអនុគ្រោះ​ព្រហ្មចរិយធម៌ អាត្មា​អញ ​នឹង​កំចាត់​បង់ ​នូវ​វេទនា​ចាស់​ផង មិន​ឲ្យ​វេទនា​ថ្មី​កើត​ឡើង​បាន​ផង ការ​ប្រព្រឹត្តិ​ទៅ ​នៃ​ឥរិយាបថ ៤ ក្ដី ការមិន​មាន​ទោស​គឺមិន​ខ្ជិល​ច្រអូស​ក្ដី ការ​នៅ​ជា​សុខ​ក្ដី នឹង​មានដល់​អាត្មា​អញ ​ដោយ​ប្រការ​ដូច្នោះ។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា ភិក្ខុ​ជា​អ្នក​ដឹង​ប្រមាណ ​ក្នុង​ភោជន។  ម្នាល​ភិក្ខុ​ទាំងឡាយ ចុះភិក្ខុ​ជា​អ្នក​ប្រកប​រឿយៗ​នូវ​ការ​ភ្ញាក់​រលឹក តើ​ដូច​ម្ដេច។ ម្នាល​​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ រមែង​ធ្វើ​ចិត្ត​ឲ្យស្អាត ​ចាកអាវរណីយ​ធម៌ (ធម៌ជា​គ្រឿង​រា​រាំង) ដោយការ​ចង្រ្កម ដោយការអង្គុយ អស់​១​ថ្ងៃ រមែង​ធ្វើ​ចិត្ត​ឲ្យ​ស្អាត ​ចាក​អាវរណីយធម៌ ដោយ​ការចង្រ្កម ដោយ​ការ​អង្គុយ អស់​បឋម​យាម​នៃរាត្រី សម្រេច​នូវ​សីហសេយ្យាសន៍ ផ្អៀង​ទៅ​ខាងស្ដាំ អស់​មជ្ឈិមយាម​នៃរាត្រី តម្រួតជើង​លើជើង ប្រកបដោយ​សតិ​សម្បជញ្ញៈ ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​សេចក្ដី​សំគាល់ថា នឹង​ក្រោក ហើយ​ក៏ក្រោក ក្នុង​បច្ឆិម​យាម​នៃរាត្រី ធ្វើ​ចិត្ត​ឲ្យ​ស្អាត ​ចាក​អាវរណីយធម៌ ដោយ​ការចង្រ្កម ដោយ​ការ​អង្គុយ។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ឈ្មោះថា ភិក្ខុ​ជា​អ្នក​ប្រកប​រឿយៗ នូវ​ការ​ភ្ញាក់​រលឹក។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣យ៉ាង​នេះឯង ឈ្មោះ​ថា អ្នក​ប្រតិបត្តិ នូវសេចក្ដី​ប្រតិប័ទមិនខុស ទាំង​ហេតុ ​ក៏ឈ្មោះថា លោក​បាន​ផ្គង​ ដើម្បីឲ្យ​អស់​អាសវៈ​ទាំងឡាយ។

អត្តព្យាពាធសូត្រទី៧

[១៧] ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣យ៉ាង​នេះ ​ប្រព្រឹត្ត​ទៅ ដើម្បីបៀត​បៀន​ខ្លួន​ឯងផង ប្រព្រឹត្ត​ទៅ ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល ​ទាំង​២​ផង​។  ធម៌៣យ៉ាង តើដូចម្ដេច។  គឺកាយ​ទុច្ច​រិត ១ វចី​ទុច្ចរិត​១ មនោទុច្ចរិត​១។  ម្នាល​​ភិក្ខុ​ទាំងឡាយ ធម៌​៣​នេះឯង តែង​ប្រព្រឹត្ត​ទៅ ដើម្បី​បៀតបៀន​ខ្លួន​ឯងផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល ទាំង​២​ផង។  ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌៣​យ៉ាង​នេះ ​មិន​ប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​ខ្លួន​ឯងផង មិន​ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលដទៃ​ផង មិនប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​បុគ្គល​ទាំង​២ផង។  ធម៌​៣ តើដូចម្ដេច។ គឺ កាយសុចរិត​ ១ វចីសុចរិត ១ មនោសុចរិត ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ ៣នេះ​ឯង មិន​ប្រព្រឹត្ត​ទៅ ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ផង មិន​ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​បុគ្គល​ដទៃ​ផង មិន​ប្រព្រឹត្តទៅ ដើម្បី​បៀតបៀនបុគ្គល​ទាំង ២ផង។

ទេវលោកសូត្រទី៨

[១៨] ម្នាល​ភិក្ខុ​ទាំងឡាយ បើពួក​បរិព្វា​ជក ​ជា​អន្យតិរ្ថិយ សួរ​អ្នក​ទាំង​ឡាយ យ៉ាង​នេះថា ម្នាល​អាវុសោទាំងឡាយ ព្រះ​សមណ​គោតម ប្រព្រឹត្ត​​ព្រហ្មចរិយធម៌ ដើម្បី​ទៅ​កើតក្នុង​ទេវលោកឬ។  ម្នាល​ភិក្ខុ​ទាំងឡាយ បើ​បរិព្វាជក​ជា​អន្យតិរ្ថិយ សួរ​យ៉ាង​នេះ អ្នក​ទាំង​ឡាយ ជិន​ឆ្អន់ ធុញ​ទ្រាន់​ ខ្ពើម​រអើម​ ដែរ​ឬ។  ព្រះ​ករុណា​ ព្រះ​អង្គ។  ម្នាល​ភិក្ខុ​ទាំងឡាយ បាន​ឮ​ថា អ្នក​ទាំងឡាយ ជិនឆ្អន់​ ធុញ​ទ្រាន់ ខ្ពើម​រអើម អាយុទិព្វ សម្បុរទិព្វ សេចក្ដីសុខទិព្វ យសទិព្វ ជិនឆ្អន់  ធុញទ្រាន់ ខ្ពើមរអើម ភាព​ជាអធិបតី​ជាទិព្វ ដោយ​ប្រការដូច្នេះហើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ បើម្ល៉ោះ​ទៅ​ហើយ អ្នក​ទាំងឡាយ គប្បី​ជិន​ឆ្អន់ ធុញ​ទ្រាន់ ខ្ពើម​រអើម នឹងកាយ​ទុច្ចរិត​ នឹង​វចីទុច្ចរិត…​ គប្បី​ជិនឆ្អន់ ធុញ​ទ្រាន់ ខ្ពើមរអើម​នឹងមនោទុច្ចរិត។

បឋមបាបណិកសូត្រ ទី៩

[១៩] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារ​ប្រកប​ដោយ​អង្គ ​៣ ជាអ្នកមិន​គួរ​បាន​ភោគៈ ដែល​មិនទាន់​បានផង មិនគួរ​ធ្វើ​ភោគៈ ​ដែល​រកបាន​ហើយ ឲ្យចំរើន​ឡើងផង។  អង្គ​៣ តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារក្នុង​លោក​នេះ មិន​ចាត់ចែង​ការងារ ដោយ​យក​ចិត្ត​ទុកដាក់​ ក្នុងបុព្វណ្ហសម័យ ​១ មិនចាត់​ចែងការងារ ដោយយកចិត្តទុកដាក់ ​ក្នុងមជ្ឈន្ដិកសម័យ ១ មិន​ចាត់ចែងការងារ ដោយ​យកចិត្តទុកដាក់​ ក្នុង​សាយណ្ហសម័យ ​១។  ម្នាលភិក្ខុ​ទាំងឡាយ អ្នកផ្សារប្រកបដោយអង្គ៣នេះឯង រមែងមិនគួរបានភោគៈ ដែលមិនទាន់បានផង មិនគួរធ្វើភោគៈ ដែលរកបានមកហើយ ឲ្យចំរើនឡើងផង។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌​ ទាំង៣​ មិនគួរបាន​កុសលធម៌​ ដែល​មិនទាន់​បានផង មិនគួរធ្វើ​កុសល​ធម៌ ដែលកើតហើយ ឲ្យ​ចំរើនឡើងផង ក៏យ៉ាង​នោះដែរ។  ធម៌​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ មិនអធិដ្ឋានសមាធិនិមិត្ត ដោយ​យក​ចិត្ត​ទុកដាក់ ក្នុងបុព្វណ្ហសម័យ​ ១​ មិនអធិដ្ឋាន​​សមាធិនិមិត្ត ដោយយក​ចិត្តទុកដាក់ ​ក្នុងមជ្ឈន្ដិកសម័យ ១​មិនអធិដ្ឋាន​សមាធិនិមិត្ត​ ដោយយកចិត្តទុកដាក់ ក្នុងសាយណ្ហសម័យ ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌ ទាំង៣​នេះឯង មិនគួរ​បាន​កុសល​ធម៌ ដែល​មិន​ទាន់បាន​ផង មិន​គួរ​ធ្វើ​កុសលធម៌ ដែល​បានហើយ ឲ្យចំរើន​ឡើងផង។  ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារប្រកបដោយអង្គ ៣ ទើប​គួរ​បាននូវ​ភោគៈ ​ដែល​មិន​ទាន់បានមក​ផង គួរ​ធ្វើ​ភោគៈ ដែលបាន​មក​ហើយ ឲ្យចំរើន​ឡើង​ផង។ ​ អង្គ​៣ តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារ​ក្នុង​លោក​នេះ ចាត់ចែង​ការងារ ដោយយកចិត្ត​ទុកដាក់ ក្នុង​បុព្វណ្ហ​សម័យ ​១ ចាត់ចែង​ការងារ​ ដោយ​យកចិត្តទុកដាក់ ​ក្នុងមជ្ឈន្ដិកសម័យ ​១ ចាត់ចែង​ការងារ ដោយ​យកចិត្តទុកដាក់ ក្នុង​សាយណ្ហសម័យ ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ ប្រកប​ដោយអង្គ ទាំង៣ នេះឯង ទើបគួរបាន​នូវ​ភោគៈ​ ដែល​មិនទាន់​បានផង គួរ​ធ្វើភោគៈ ដែល​រកបាន​មក​ហើយ ឲ្យ​ចំរើន​ឡើងផង។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣យ៉ាង​គួរបានកុសល​ធម៌​ ដែល​មិន​ទាន់​បានផង គួរ​ធ្វើកុសល​ធម៌ ​ដែល​បាន​ហើយ ឲ្យចំរើន​ឡើងផង ក៏យ៉ាង​នោះដែរ។  ធម៌ ៣ យ៉ាង តើដូចម្ដេច។ ម្នាល​ភិក្ខុ​​ទាំងឡាយ ភិក្ខុក្នុង​សាសនានេះ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្ត​ទុក​ដាក់​ក្នុងបុព្វណ្ហសម័យយ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ក្នុងមជ្ឈន្ដិកសម័យ ១ អធិដ្ឋានសមាធិនិមិត្ត ដោយយកចិត្តទុកដាក់ ​ក្នុង​សាយណ្ហសម័យ​ ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយធម៌ ទាំង​៣នេះឯង ទើបគួរ​បានកុសល​ធម៌ ដែល​មិនទាន់បានផង គួរធ្វើកុសលធម៌ ដែលបានហើយ ឲ្យចំរើនឡើងផង។

ទុតិយបាបណិកសូត្រ ទី១០

[២០] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ប្រកបដោយ​អង្គ​ ៣ មិនយូរប៉ុន្មាន រមែង​ដល់ ​នូវ​ការចំរើន បរិបូណ៌​ក្នុង​ភោគៈ។  អង្គ ​៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ​ក្នុងលោកនេះ ជាអ្នក​មានបញ្ញាចក្ខុ ១ មានព្យាយាម ​ដ៏ប្រសើរ​១ សម្បូណ៌​ដោយ​ទីពឹង​១។  ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារ ដែល​មានបញ្ញាចក្ខុ តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារក្នុងលោក​នេះ រមែង​ស្គាល់​ទំនិញថា ទំនិញនេះ អញ​ទិញ​មកថ្លៃ​ប៉ុណ្ណេះ កាលបើអញលក់​ទៅវិញ​ថ្លៃប៉ុណ្ណេះ នឹង​បានដំឡៃត្រឹមប៉ុណ្ណេះ ​នឹងបាន​ចំណេញប៉ុណ្ណេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ​ហៅថា ​អ្នកផ្សារមានបញ្ញាចក្ខុ។  ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារមាន​ព្យាយាម ​ដ៏ប្រសើរ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារក្នុង​លោកនេះ រមែង​ឆ្លៀវឆ្លាស ក្នុង​ការទិញទំនិញផង លក់​ទំនិញ​ផង។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា អ្នក​ផ្សារ​មានព្យាយាម ​ដ៏ប្រសើរ។  ម្នាល​ភិក្ខុ​ទាំងឡាយ ចុះអ្នកផ្សារ ​សម្បូណ៌ដោយ​ទីពឹង តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ផ្សារក្នុង​លោកនេះ រមែង​មានពួកគហបតី ឬគហបតិបុត្រ ដែលស្ដុកស្ដម្ភ​មានទ្រព្យ​ច្រើន មាន​គ្រឿង​ប្រើប្រាស់ច្រើន ស្គាល់​អ្នក​ផ្សារ​នោះ យ៉ាង​នេះថា អ្នក​ផ្សារ​ដ៏​ចំរើន​នេះ មាន​បញ្ញាចក្ខុផង មានព្យាយាម​ ដ៏ប្រសើរផង ជាអ្នក​អង់អាច​ដើម្បី​រក្សាកូនប្រពន្ធ​ផង ដើម្បី​ផ្ដល់​នូវទ្រព្យ ដល់​យើង​មួយដង​ ​មួយ​កាលបានផង។  គហបតី ឬ​គហបតីបុត្រ​ទាំង​នោះ អញ្ជើញអ្នក​ផ្សារនោះ​ ដោយ​ភោគៈ​ទាំងឡាយ​ថា ម្នាល​អ្នក​ផ្សារ​សម្លាញ់ ចូរអ្នក​យកភោគៈអំពីនេះ ទៅ​ចិញ្ចឹម​កូន​ប្រពន្ធ​ចុះ ចូរផ្ដល់​នូវ​ទ្រព្យ ​ដល់យើង ​មួយដង​មួយ​កាលផងចុះ។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ​អ្នក​ផ្សារ​សម្បូណ៌​ដោយ​ទីពឹង។  ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកផ្សារប្រកប​ដោយអង្គ​ ទាំង​៣ នេះឯង មិន​យូរ​ប៉ុន្មាន រមែង​ដល់​នូវ​ការចំរើន បរិបូណ៌​ក្នុងភោគៈ។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកបដោយធម៌​៣ មិន​យូរ​ប៉ុន្មាន គង់ដល់នូវ​ការចំរើន បរិបូណ៌ ​ក្នុងកុសលធម៌ ក៏យ៉ាងនោះដែរ។ ធម៌៣ តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកមាន​បញ្ញាចក្ខុ ១ មាន​ព្យាយាម ​ដ៏ប្រសើរ​ ១ សម្បូណ៌​ដោយ​ទីពឹង ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកមានបញ្ញាចក្ខុ តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ រមែង​ដឹង​ច្បាស់​ តាម​ពិត​ថា នេះ​ទុក្ខ…. ដឹង​ច្បាស់​តាមពិតថា នេះ​បដិបទា ជាដំណើរទៅកាន់ទីរំលត់​ទុក្ខ។ ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាងនេះឯង ហៅថា​ភិក្ខុ​មានបញ្ញាចក្ខុ។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមាន​ព្យាយាម ​ដ៏ប្រសើរ តើដូចម្ដេច។  ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នកតាំង​ផ្ដើមសេចក្ដីព្យាយាម ដើម្បី​លះបង់អកុសលធម៌ ធ្វើ​កុសល​ធម៌ ​ឲ្យកើតឡើង ជាអ្នក​មាន​កម្លាំង មាន​សេចក្ដីប្រឹង​ប្រែង ​ដ៏មុតមាំ មិន​បោះ​បង់​ព្យាយាម ក្នុង​កុសល​ធម៌ទាំងឡាយ។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ​ភិក្ខុ​មាន​ព្យាយាមដ៏ប្រសើរ។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុជាអ្នកសម្បូណ៌ដោយទីពឹង តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែង​បានពួក​ភិក្ខុ ដែល​មាន​សេចក្ដី​ចេះដឹង​ច្រើន ចេះ​ចាំស្ទាត់ ក្នុង​និកាយ ជាអ្នក​ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ភិក្ខុ​នោះ​ក៏ចូល​ទៅ​ដណ្ដឹង សាក​សួរ​ពួកភិក្ខុទាំងនោះ មួយ​ដង​មួយ​កាល​ថា បពិត្រ​ព្រះ​ករុណា​ដ៏ចំរើន កិច្ច​នេះ​តើដូចម្ដេច ប្រយោជន៍​នៃ​កិច្ច​នេះ តើដូចម្ដេច។  ចំណែកលោក​ដ៏​មាន​អាយុ​ទាំងនោះ ក៏​បើក​នូវ​សេចក្ដី ដ៏កំបាំង​ផង ធ្វើ​ឲ្យ​រាក់​ នូវ​សេចក្ដី​ដែល​ជ្រៅ​ផង បន្ទោបង់ ​នូវ​សេចក្ដី​សង្ស័យ ក្នុង​ធម៌ ដែល​គួរ​សង្ស័យ ដ៏​ច្រើន​ប្រការ​ផង ដល់​ភិក្ខុ​នោះ។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​នេះឯង ហៅថា ភិក្ខុ​សម្បូណ៌ដោយទីពឹង។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌ ទាំង​៣​នេះឯង​ហើយ មិន​យូរប៉ុន្មាន គង់​ដល់​នូវ​សេចក្ដី​ចំរើន ​បរិបូណ៌ ក្នុង​កុសលធម៌ ទាំង​ឡាយ។

ចប់ រថ​ការវគ្គ ទី២ ។

ឧទ្ទាននៃរថការវគ្គនោះគឺ

សំដែង​អំពី​ភិក្ខុ​មាន​កេរ្ដិ៍ឈ្មោះ​ ១ ហេតុ​ដែល​ស្ដេច​គប្បីរលឹក​ ១ ភិក្ខុ ១ ស្ដេច​ចក្រ​ពត្តិ​ ១ ព្រះបាទ​បចេតនៈ ១ ភិក្ខុប្រតិបត្តិ​អបណ្ណកប្បដិបទា ១ អន្យតិរិ្ថយ​ថា ​ព្រះ​សម្ពុទ្ធប្រព្រឹត្ត ដើម្បី​កើត​ក្នុង​ទេវលោក​ ១ អ្នក​ផ្សារ​ ប្រកប​ដោយ​ធម៌ ៣ មាន​២លើក។

បុគ្គលវគ្គ

សមិទ្ធសូត្រទី១

[២១] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​គង់នៅក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុង​សាវត្ថី។ គ្រានោះ​ឯង ព្រះ​សវិដ្ឋៈដ៏​មានអាយុ និង​ព្រះមហាកោដិ្ឋតៈ ដ៏មានអាយុ ចូល​ទៅរកព្រះសារីបុត្ត​ដ៏មានអាយុ លុះចូល​ទៅ​ដល់ហើយ ក៏​ពោល​ពាក្យ​រាក់ទាក់​ ជាមួយ​នឹង​ព្រះសារីបុត្ត​ដ៏មានអាយុ លុះ​បញ្ចប់ពាក្យ​ ដែល​គួរ​រីករាយ និង​ពាក្យដែល​គួររលឹកហើយ ក៏អង្គុយ​ក្នុង​ទីដ៏សម​គួរ។  លុះ​ព្រះសេវិដ្ឋៈដ៏មាន​អាយុ អង្គុយ​ក្នុង​ទីដ៏សម​គួររួច​ហើយ ​ព្រះ​សារីបុត្ត​ដ៏មានអាយុ បាន​ពោលដូច្នេះថា ម្នាលអាវុសោ សវិដ្ឋៈ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅក្នុងលោក។  បុគ្គល ៣ពួក តើដូចម្ដេច។  គឺកាយសក្ខិ (មានកាយ​ជា​បន្ទាល់)​ ១​ ទិដ្ឋិប្បត្ត (ដល់ដោយ​ទិដ្ឋិ គឺបញ្ញា)​ ១ ​សទ្ធាវិមុត្ត (រួច​ចាកកិលេសដោយ​សទ្ធា) ១។ ម្នាល​អាវុសោ បុគ្គល​៣ ពួកនេះឯង រមែង​មាននៅ​ក្នុង​លោក។ ​ ម្នាលអាវុសោ បណ្ដា​បុគ្គល ​ទាំង​៣ ពួក​នេះ បុគ្គល​ដូចម្ដេច ដែល​ល្អជាង​និងឧត្ដមជាង ដែល​គាប់ចិត្តលោក។  ម្នាលអាវុសោសារីបុត្ត បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅក្នុង​លោក។  បុគ្គល៣ពួក​ តើដូចម្ដេច។ គឺកាយ​សក្ខិ ១​ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាល​អាវុសោ បុគ្គល​៣ពួក​នេះ រមែង​មាន​នៅក្នុង​លោក។ ម្នាល​អាវុសោ បណ្ដាបុគ្គល​៣ពួកនេះ បុគ្គល​ណា ជាសទ្ធា​វិមុត្ត​ បុគ្គល​ទាំង​៣​ពួកនេះ បុគ្គល​នេះ​ ល្អជាង និង​ឧត្ដម​ជាង រមែង​គាប់​ចិត្តខ្ញុំ។ ដំណើរនោះ ព្រោះហេតុ​អ្វី។ ម្នាលអាវុសោ ដ្បិតថា សទ្ធិន្រ្ទិយរបស់បុគ្គល​នេះ មាន​ប្រមាណ​ច្រើន​ក្រៃពេក។ លំដាប់នោះឯង ព្រះ​សារីបុត្ត​ដ៏មានអាយុ បាន​ពោល​នឹង​ព្រះ​មហាកោដ្ឋិតៈដ៏មាន​អាយុ ​ដូច្នេះ​ថា ម្នាល​អាវុសោ កោដ្ឋិតៈ បុគ្គល​៣​ពួក​នេះ រមែង​មាននៅក្នុង​លោក។ បុគ្គល​៣​ពួក​ តើដូចម្ដេច។  គឺកាយ​សក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត​ ១។  ម្នាល​អាវុសោ បុគ្គល​៣ ពួកនេះឯង រមែង​មាន​នៅក្នុង​លោក​។  ម្នាល​អាវុសោ បណ្ដាបុគ្គល​៣ពួក​នេះ បុគ្គល​ដូចម្ដេច ដែល​ល្អ​ជាង​គេ និង​ឧត្ដម​ជាង​គេ ដែល​គាប់​ចិត្ត​លោក។  ម្នាលអាវុសោ សារីបុត្ត បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។ បុគ្គល​៣ពួក តើដូចម្ដេច។  គឺ​កាយ​សក្ខិ ១ ទដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត ១។ ម្នាល​អាវុសោ បុគ្គល ៣​ពួកនេះ រមែង​មាន​នៅ​ក្នុងលោក។ ​ ម្នាលអាវុសោ បណ្ដា​បុគ្គល​៣ ពួកនេះ បុគ្គល​ណា ជាកាយសក្ខិ បុគ្គលទាំង​៣ពួកនេះ បុគ្គល​នេះ ​ល្អ​ជាង និង​ឧត្ដម​ជាង រមែង​គាប់​ចិត្ត​ខ្ញុំ។ ដំ​ណើរ​នោះ ព្រោះ​ហេតុ​អ្វី។  ម្នាល​អាវុសោ ដ្បិត​ថា សមាធិន្រ្ទិយ​របស់បុគ្គល​នេះ មានប្រមាណ​ច្រើនក្រៃពេក​។  លំដាប់នោះ ព្រះ​មហា​កោដ្ឋិតៈដ៏មាន​អាយុ បាន​ពោល​នឹង​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ ​ដូច្នេះ​ថា ម្នាល​អាវុសោ សារីបុត្ត បុគ្គល​៣ពួក​នេះ រមែង​មាន​នៅក្នុង​លោក។  បុគ្គល ៣ពួក តើ​ដូចម្ដេច។  គឺ​កាយ​សក្ខិ ១ ទិដ្ឋិប្បត្ត​ ១ សទ្ធាវិមុត្ត ១។  ម្នាលអាវុសោ បុគ្គល​៣ពួក​នេះ រមែងង​មាន​នៅក្នុង​លោក។  ម្នាលអាវុសោ បណ្ដាបុគ្គលទាំង​ ៣ ពួកនេះ បុគ្គល​ដូចម្ដេច ដែល​ល្អ​ជាង​គេ និង​ឧត្ដមជាងគេ ដែល​គាប់​ចិត្ត​លោក។  ម្នាល​អាវុសោ កោដ្ឋិតៈ បុគ្គល​៣ពួកនេះ រមែង​មាន​នៅក្នុងលោក។  បុគ្គល​៣​ពួក តើដូចម្ដេច។  គឺ​កាយ​សក្ខិ ១ ទិដ្ឋិប្បត្ត ១ សទ្ធាវិមុត្ត​ ១។  ម្នាលអាវុសោ បុគ្គល​៣ ពួកនេះ ​រមែងមាន​នៅក្នុង​លោក។  ម្នាលអាវុសោ បណ្ដាល​បុគ្គល​៣​ពួក​នេះ​ បុគ្គល​ណា ​ជាទិដ្ឋិប្បត្ត បុគ្គល​ទាំង​៣ ពួក​នេះ បុគ្គល​នេះ​ ល្អ​ជាង និង​ឧត្ដម​ជាង រមែងគាប់​ចិត្ត​ខ្ញុំ។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​អាវុសា ដ្បិត​ថា បញ្ញិន្រ្ទិយ​របស់បុគ្គល​នេះ មាន​ប្រមាណ​ច្រើន​ក្រៃ​ពេក។  លំដាប់នោះ ព្រះ​សារីបុត្ត​ដ៏មាន​អាយុ បាន​ពោល​នឹង​ព្រះ​សវិដ្ឋៈដ៏មាន​អាយុផង និង​ព្រះ​មហា​កោដ្ឋិតៈដ៏​មាន​អាយុ​ផង ដូច្នេះថា ម្នាលអាវុសោ បដិភាណ ( ប្រាជ្ញា​វាង​វៃ ) ដែល​យើង​ទាំង​អស់​គ្នា ​ព្យាករ​ទៅ​តាម​អធ្យាស្រ័យ​របស់​ខ្លួន​ ម្នាលអាវុសោ មក ពួកយើង​នឹង​ចូល​ទៅគាល់​ព្រះដ៏មាន​ព្រះភាគ លុះចូល​ទៅដល់ហើយ នឹង​ក្រាប​បង្គំ​ទូល​សួរ​សេចក្ដី​នុ៎ះ ចំពោះ​ព្រះ​មាន​ព្រះភាគ ព្រះមាន​ព្រះ​ភាគ​ នឹងទ្រង់​ព្យាករ ​ដល់យើង​យ៉ាង​ណា យើង​នឹង​ចាំ​សេចក្ដី​នោះ ទុក​យ៉ាង​នោះ។  ព្រះ​សវិដ្ឋៈដ៏មាន​អាយុ និង​ព្រះមហា​កោដ្ឋិតៈ​ដ៏មានអាយុ ទទួល​ស្ដាប់​ពាក្យ​ព្រះ​សារីបុត្ត​ដ៏មាន​អាយុ​ថា ករុណា ​អាវុសោ។ លំដាប់នោះ ព្រះ​សារីបុត្ត​ដ៏មាន​អាយុ ព្រះ​សវិដ្ឋៈដ៏មាន​អាយុ និងព្រះ​មហាកោដ្ឋិតៈ​ដ៏មាន​អាយុ ចូល​ទៅគាល់​ព្រះ​មាន​ព្រះភាគ លុះចូលទៅ​ដល់​ហើយ បាន​ក្រាប​ថ្វាយបង្គំ​ព្រះមាន​ព្រះភាគ ហើយ​អង្គុយក្នុង​ទីដ៏សម​គួរ។  លុះ​ព្រះ​សារីបុត្ត​ដ៏មាន​អាយុ អង្គុយ​ក្នុង​ទីដ៏​សមគួរហើយ បាន​ក្រាប​បង្គំ​ទូល​ពាក្យ​ ដែល​ចរចា ជាមួយ​នឹង​ព្រះ​សវិដ្ឋៈដ៏​មាន​អាយុ និង​ព្រះមហាកោដ្ឋិតៈដ៏មានអាយុ តាំង​ពី​ដើម​ទាំង​អស់នោះ ចំពោះព្រះ​មាន​ព្រះ​ភាគ។  ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់ត្រាស់ថា ម្នាលសារីបុត្ត ក្នុង​ដំណើរនុ៎ះ បុគ្គលមិនងាយ​នឹងព្យាករ ដោយ​ដាច់​ខាតថា បណ្ដា​បុគ្គល​ ទាំង​៣ពួក​នេះ បុគ្គល​នេះ ​ល្អជាង និង​ឧត្ដម​ជាង ដូច្នេះ​ទេ។ ម្នាល​សារីបុត្ត ហេតុ​នុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជាសទ្ធាវិមុត្ត បុគ្គល​នោះ ​ប្រតិបត្តិ ដើម្បី​អរហត្តមគ្គ បុគ្គល​ណា ជាកាយ​សក្ខិ បុគ្គលនោះ​ ជាសក​ទាគាមី ឬ​ជា អនាគាមី មួយទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គល​នោះ ជាសកទា​គាមី ឬជាអនាគាមី ក៏មាន។  ម្នាលសារីបុត្ត ក្នុង​ដំណើរនុ៎ះ បុគ្គល​មិន​ងាយ​ព្យាករ ដោយ​ដាច់​ខាតថា បណ្ដាបុគ្គល ​ទាំង​៣​ពួកនេះ បុគ្គល​នេះ ល្អ​ជាង​ និង​ឧត្តមជាង ដូច្នេះទេ។ ម្នាល​សារីបុត្ត ហេតុនុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជា​កាយ​សក្ខិ បុគ្គល​នោះ ប្រតិបត្តិ​ដើម្បី​អរហត្ត​មគ្គ បុគ្គល​ណា ជាសទ្ធាវិមុត្ត បុគ្គល​នោះ ជាសកទា​គាមី ឬជា​អនាគាមី មួយ​ទៀត បុគ្គលណា ជាទិដ្ឋិប្បត្ត បុគ្គល​នោះ ជាសកទាគាមី ឬជា​អនាគាមី​ ក៏​មាន។  ម្នាលសារីបុត្ត ក្នុង​ដំណើរ​នុ៎ះ បុគ្គល​មិន​ងាយនឹង​ព្យាករ ដោយ​ដាច់ខាតថា បណ្ដា​បុគ្គល​ ទាំង​៣​ពួក​នេះ​ បុគ្គលនេះ ល្អ​ជាង និង​ឧត្ដម​ជាង ដូច្នេះ​ទេ។ ម្នាល​សារីបុត្ត ហេតុនុ៎ះ រមែង​មាន​ដោយ​ពិត​ថា បុគ្គល​ណា ជា​ទិដ្ឋិប្បត្ត បុគ្គល​នោះ ប្រតិបត្តិ​ ដើម្បី​អរហត្ត​មគ្គ បុគ្គល​ណា ជា​សទ្ធា​វិមុត្ត បុគ្គលនោះ ​ជាសកទាគាមី ឬ​អនាគាមី មួយវិញទៀត បុគ្គលណា ជាកាយសក្ខិ បុគ្គល​នោះ ជា​សកទាគាមី ឬអនាគាមី​ ក៏មាន។  ម្នាល​សារីបុត្ត ក្នុងដំណើរនុ៎ះ បុគ្គល​មិន​ងាយ​នឹង​ព្យាករ ដោយ​ដាច់​ខាត​ថា បណ្ដា​បុគ្គល​ ទាំង​៣​ពួកនេះ បុគ្គលនេះ​ ល្អជាង និង​ឧត្ដម​ឯង ដូច្នេះ​ទេ។

គិលានសូត្រ ទី២

[២២] ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ជម្ងឺ​ ៣ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក​។ ​អ្នក​ជម្ងឺ​ ៣​ពួក ​ដូចម្ដេច​។ ​ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ជម្ងឺ​ពួក​ខ្លះ ​ក្នុងលោក​នេះ បានភោជនជាទីសប្បាយក្ដី មិន​បាន​ភោជន​ជាទី​សប្បាយ​ក្ដី បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ក្ដី មិន​បាន​ភេស​ជ្ជៈ​ជាទី​សប្បាយ​ក្ដី បាន​ឧបដ្ឋាក ដ៏​សម​គួរក្ដី មិន​បាន​ឧបដ្ឋាក ​ដ៏​សម​គួរ​ក្ដី ក៏នៅ​តែមិន​សះ​ស្បើយ ​ចាក​ជម្ងឺនោះឡើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ ម្យ៉ា់ង​ទៀត អ្នក​ជម្ងឺពួក​ខ្លះ ​ក្នុង​លោកនេះ បាន​ភោជន​ជាទី​សប្បាយ​ក្ដី មិន​បាន​ភោជន​ជាទី​សប្បាយ​ក្ដី បានភេសជ្ជៈជា​ទី​សប្បាយ​ក្ដី មិន​បាន​ភេសជ្ជៈ​ជាទី​សប្បាយ​ក្ដី បាន​ឧបដ្ឋាកដ៏សម​គួរ​ក្ដី មិន​បាន​ឧបដ្ឋាក​ដ៏សម​គួរក្តី ក៏​រមែង​សះស្បើយ​ ចាកជម្ងឺ​នោះបាន។  ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត អ្នក​ជម្ងឺ​ពួក​ខ្លះ​ក្នុង​លោកនេះ បាន​ភោជន​ជាទីសប្បាយ មិន​មែន​ជាមិន​បាន​ភោជន​ជាទី​សប្បាយ​ទេ បាន​ភេសជ្ជៈ​ជាទី​សប្បាយ មិន​មែន​ជាមិនបាន​ភេសជ្ជៈ​ជាទី​សប្បាយ​ទេ បាន​ឧបដ្ឋាកដ៏​សម​គួរ មិន​មែន​ជាមិន​បាន​ឧបដ្ឋាក​ដ៏​សម​គួរ​ទេ ទើបសះ​ស្បើយ ​ចាក​ជម្ងឺ​នោះបាន។  ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​អ្នក​ជម្ងឺ ទាំង ៣ ពួក​នោះ អ្នក​ជម្ងឺ​ណា បាន​ភោជន​ជាទី​សប្បាយ មិនមែន​ជាមិន​បាន​ភោជន​ជាទីសប្បាយ​ទេ បាន​ភេសជ្ជៈ​ជាទី​សប្បាយ មិនមែន​ជាមិន​បានភេសជ្ជៈ​ជាទី​សប្បាយ​ទេ បានឧបដ្ឋាក ដ៏សមគួរ មិនមែន​ជា​មិន​បាន​ឧបដ្ឋាក​ ដ៏សម​គួរ​ទេ ទើប​សះ​ស្បើយ​ ចាក​ជម្ងឺ​នោះ​បាន ម្នាល​ភិក្ខុ​ទាំងឡាយ តថា​គត​ អនុញ្ញាត​គិលាន​ភត្ត (អាហារ​សម្រាប់​អ្នកជម្ងឺ ) អនុញ្ញាត​គិលាន​ភេសជ្ជៈ (ថ្នាំរក្សាជម្ងឺ) អនុញ្ញាតគិលានុបដ្ឋាក (អ្នក​ថែ​ជម្ងឺ) ព្រោះ​អាស្រ័យ​អ្នក​ជម្ងឺ​នេះ​ឯង ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញ​ទៀត ព្រោះ​អាស្រ័យ​អ្នក​ជម្ងឺ​នេះ សូម្បី​អ្នក​ជម្ងឺ​ទាំង​ឡាយ​ឯទៀត​ៗ ភិក្ខុ​គួរ​ថែ​រក្សា​ដែរ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ជម្ងឺ​៣ ពួក​នេះ រមែង​មាននៅ​ក្នុង​លោក។  ម្នាល​ភិក្ខុ​ទាំងឡាយ យ៉ាង​ហ្នឹង​ដែរ បុគ្គល​៣​ពួក​នេះ ប្រៀប​ដូច​អ្នក​ជម្ងឺ រមែង​មាន​នៅក្នុង​លោក។ ​បុគ្គល ៣ពួក តើ​ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ បាន​ឃើញ​ព្រះ​តថា​គតក្ដី មិន​បាន​ឃើញ​ព្រះ​តថាគត​ក្ដី បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត ​សំដែងហើយ​ក្ដី មិន​បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត​ សំដែង​ហើយ​ក្ដី រមែងចុះ​ស៊ប់ ​កាន់​សេចក្ដី​និយម​ ដ៏​គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំង​ឡាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ បានឃើញ​ព្រះ​តថាគត​​ក្ដី មិន​បាន​ឃើញ​ព្រះ​តថាគត​ក្ដី បាន​ស្ដាប់​ធម៌​វិន័យ ដែល​ព្រះ​តថាគត​សំដែង​ហើយ​ក្ដី មិន​បាន​ស្ដាប់​ធម៌វិន័យ​ ដែល​ព្រះ​តថាគត សំដែង​ហើយ​ក្ដី រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម ដ៏​គាប់​ប្រសើរ ក្នុងកុសល​ធម៌​ទាំងឡាយ។  ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ បាន​ឃើញ​ព្រះ​តថាគត មិន​មែន​ជាមិន​បានឃើញ​ទេ បាន​ស្ដាប់​ធម៌​វិន័យ ​ដែល​ព្រះ​តថាគត​ សំដែង​ហើយ មិនមែន​ជា​មិន​បាន​ស្ដាប់​ទេ រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម​ ដ៏​គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំងឡាយ។  ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដាបុគ្គល ទាំង​៣ពួក​នោះ បុគ្គល​ណា​ បាន​ឃើញ​ព្រះ​តថាគត មិន​មែន​ជាមិន​បាន​​ឃើញទេ បាន​ស្ដាប់​ធម៌​វិន័យ​ ដែល​ព្រះ​តថាគត​ សំដែង​ហើយ មិនមែន​ជាមិន​បាន​ស្ដាប់​ទេ រមែង​ចុះ​ស៊ប់​ កាន់​សេចក្ដី​និយម ដ៏គាប់​ប្រសើរ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ ធម្មទេសនា ​ដែល​ព្រះតថាគត​ អនុញ្ញាត​ហើយ ព្រោះ​អាស្រ័យ​បុគ្គល​នេះ ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​វិញទៀត ​ធម៌​ដែល​ព្រះ​តថាគត​ គប្បី​សំដែង​ ដល់​ភិក្ខុ​ទាំង​ឡាយ ឯទៀតសោត​ ក៏​ព្រោះ​អាស្រ័យ​បុគ្គល​នេះដែរ។  ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលទាំង​៣ ពួក​នេះ មាន​សេចក្ដី​ប្រៀប​ដូច​អ្នក​ជម្ងឺ រមែង​មាន​នៅក្នុង​លោក។

សង្ខារសូត្រ ទី៣

[២៣] ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅក្នុងលោក។  បុគ្គល​៣ពួក តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក នូវ​កាយ​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូលមក ​នូវ​វចី​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូល​មក​ នូវ​មនោសង្ខារ ប្រកបដោយ​ទុក្ខ។  បុគ្គល​នោះ លុះ​ប្រមូល​មក​ នូវ​កាយ​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូលមក​ នូវ​វចី​សង្ខារ​ ប្រកប​ដោយ​ទុក្ខ ប្រមូល​មក ​នូវ​មនោសង្ខារ ប្រកបដោយ​ទុក្ខ​ហើយ រមែង​ចូល​ទៅកាន់លោក​ ប្រកប​ដោយ​ទុក្ខ ផស្សៈ ​ដែលប្រកប​ដោយ​ទុក្ខ​ទាំង​ឡាយ រមែង​ពាល់​ត្រូវនូវ​បុគ្គល ​ដែល​ចូល​ទៅ​កាន់លោក ​ប្រកប​ដោយ​ទុក្ខ​នោះ។  បុគ្គល​នោះ កាល​ដែល​ផស្សៈ​ ប្រកប​ដោយទុក្ខ​ ពាល់​ត្រូវ​ហើយ រមែង​ទទួល​វេទនា ​ប្រកប​ដោយ​ទុក្ខ​ មាន​ទុក្ខ​តែម្យ៉ាង ដូចពួក​សត្វ​ ដែល​កើត​ក្នុង​នរក។  ម្នាល​ភិក្ខុ​ទាំងឡាយ មួយ​ទៀត បុគ្គលពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក​ នូវ​កាយ​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រមូល​មក ​នូវ​វចី​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រ​មូល​មក​ នូវ​មនោសង្ខារ មិន​ប្រកប​ដោយ​ទុក្ខ។  បុគ្គល​នោះ លុះ​ប្រមូល​មក​ នូវ​កាយ​សង្ខារ មិនប្រកប​ដោយ​ទុក្ខ ប្រមូល​មក​ នូវ​វចី​សង្ខារ មិន​ប្រកប​ដោយ​ទុក្ខ ប្រមូល​មក នូវមនោសង្ខារ មិន​ប្រកប​ដោយ​ទុក្ខ​ហើយ រមែង​ចូល​ទៅ​កាន់​លោក​ ដែលមិន​ប្រកប​ដោយ​ទុក្ខ។  ផស្សៈ​ទាំងឡាយ ដែល​មិន​ប្រកប​ដោយ​ទុក្ខ ពាល់​ត្រូវ​នូវ​បុគ្គល​ ដែល​ចូល​ទៅ​កាន់​លោក មិន​ប្រកប​ដោយ​ទុក្ខ​នោះ​។ បុគ្គល​នោះ កាល​ដែល​ផស្សៈ មិន​ប្រកប​ដោយទុក្ខ ពាល់​ត្រូវ​ហើយ រមែង​ទទួល​វេទនា មិន​ប្រកប​ដោយ​ទុក្ខ មាន​សុខ​តែ​ម្យ៉ាង ដូចទេវតា​ជាន់​សុភកិណ្ហៈ។  ម្នាល​ភិក្ខុ​ទាំងឡាយ មួយវិញ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រមូល​មក​ នូវ​កាយ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មានទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​វចី​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ប្រមូល​មក ​នូវ​មនោ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ។ បុគ្គល​នោះ លុះ​ប្រមូល​មក ​នូវ​កាយ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥតមាន​ទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​វចី​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ប្រមូល​មក​ នូវ​មនោ​សង្ខារ ប្រកប​ដោយ​ទុក្ខ​ខ្លះ​ ឥត​មាន​ទុក្ខ​ខ្លះ​ហើយ  រមែងចូល​ទៅ​កាន់​លោក​ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ។ ​ផស្សៈទាំង​ឡាយ ដែល​ប្រកប​ដោយទុក្ខ​ខ្លះ ​ឥតមាន​ទុក្ខ​ខ្លះ​ រមែង​ពាល់​ត្រូវ​នូវ​បុគ្គល ​ដែល​ចូលទៅ​កាន់​លោក ប្រ​កប​ដោយទុក្ខ​ខ្លះ ឥតមាន​ទុក្ខ​ខ្លះ​នោះ។  បុគ្គលនោះ កាល​ដែល​ផស្សៈ ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥត​មាន​ទុក្ខ​ខ្លះ ពាល់ត្រូវ​ហើយ រមែង​ទទួល​វេទនា ប្រកប​ដោយ​ទុក្ខ​ខ្លះ ឥមាន​ទុក្ខ​ខ្លះ មាន​សុខ ​និងទុក្ខ ​ច្រឡូក​ច្រឡំ​គ្នា ដូច​មនុស្ស​និង​ទេវតា​ពួក​ខ្លះ វិនិបាតពួក​ខ្លះ [វេមានិកប្រេត។ (អដ្ឋកថា)។]។ ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

ពហុការសូត្រទី៤

[២៤] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល (ជាអាចារ្យ) មាន​៣​ពួក​នេះ មាន​ឧបការៈ​ច្រើន ​ដល់​បុគ្គល (ជាសិស្ស)។  បុគ្គល​៣ ពួក​ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដល់​នូវ​ព្រះ​ពុទ្ធ ជា​ទីពឹង​ ដល់នូវ​ព្រះ​ធម៌​ ជា​ទីពឹង ដល់​​នូវ​ព្រះ​សង្ឃ ​ជា​ទី​ពឹង ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុទាំង​ឡាយ បុគ្គល​នេះ​ឈ្មោះ​ថា មាន​ឧបការៈច្រើន ​ដល់បុគ្គលនេះ។ ម្នាល​ភិក្ខុទាំងឡាយ មួយ​ទៀត បុគ្គល​ដឹង​ច្បាស់​ តាម​ពិត​ថា នេះជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជាទី​កើត​ឡើង​នៃ​ទុក្ខ ដឹង​ច្បាស់​តាម​ពិតថា នេះជាសេចក្ដី​រលត់​ទៅ​នៃទុក្ខ ដឹង​ច្បាស់តាម​ពិត​ថា នេះបដិបទា ជាដំណើរទៅកាន់ទី​រំលត់ទុក្ខ ព្រោះ​អាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​នេះ​ហៅថា​ មានឧបការៈច្រើន ​ដល់​បុគ្គលនេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ មួយទៀត បុគ្គល​បាន​ធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​ នៃ​អាសវៈទាំង​ឡាយ​ដោយប្រាជ្ញា​ ដ៏ឧត្ដម​ដោយ​ខ្លួន​ឯង ក្នុង​បច្ចុប្បន្ន​នេះ សម្រេច​សម្រាន្តនៅ ព្រោះអាស្រ័យ​បុគ្គល​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​នេះ ​ឈ្មោះ​ថា មានឧបការៈច្រើន ​ដល់បុគ្គលនេះ។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួក​នេះ ឈ្មោះ​ថា​ មាន​ឧបការៈ​ច្រើន​ ដល់​បុគ្គល។  ម្នាល​ភិក្ខុទាំងឡាយ មួយទៀត តថា​គត​​ពោលថា បុគ្គល​ឯ​ទៀត មាន​ឧបការៈ​ច្រើន ​ដល់បុគ្គលនេះ លើស​ជាង​បុគ្គល​ទាំង​៣ ពួក​នេះ​ទៅទៀត មិនមាន​ឡើយ។  ម្នាលភិក្ខុ​ទាំង​ឡាយ មួយ​វិញ​ទៀត តថាគត​ពោលថា បុគ្គល​នេះ មិន​ងាយ​នឹងតប​គុណ​ ដល់​បុគ្គល​ ទាំង​៣ ពួក​នេះ ដោយ​ការ​ថ្វាយ​បង្គំ ការ​ក្រោក​ទទួល ការធ្វើ​អញ្ជលិកម្ម សមីចិកម្ម និង​ការ​ប្រគេន​ចីវរ បិណ្ឌបាត សេនាសនៈ និង​គ្រឿង​បរិក្ខារ​ ជា​បច្ច័យ​ដល់​អ្នក​ជម្ងឺ​បាន​ទេ។

វជិរូបមសូត្រ ទី៥

[២៥] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅក្នុង​លោក។  បុគ្គល ៣ ពួក តើដូចម្ដេច។  គឺ​បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ដំបៅចាស់ ១​ បុគ្គល​មាន​ចិត្តប្រៀប​ដូច​ផ្លេក​បន្ទោរ​ ១ បុគ្គល​មានចិត្ត​ប្រៀប​ដូច​ពេជ្រ​ ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ចុះបុគ្គល ​មាន​ចិត្ត​ប្រៀប​ដូច​ដំ​បៅ​ចាស់ តើ​ដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោកនេះ​ ជាអ្នក​ក្រោធច្រើន​ ដោយ​សេចក្ដី​តាន​តឹង សូម្បី​​គេពោល​តែ​បន្តិច​បន្ដួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ​ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ​ និង​សេចក្ដី​មិន​សប្បាយចិត្ត ​ឲ្យកើត​ប្រាកដ​ឡើង​។  ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជា​ដំបៅ​ចាស់ ដែលត្រូវ​ប៉ះ​ទង្គិច​ ដោយ​កំណាត់​ឈើ ​ឬ​អំបែង រមែង​ក្លាយ​ឡើង​ លើស​ប្រមាណ មាន​ឧបមា​យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តានតឹង សូម្បី​គេ​ពោល​តែ​បន្ដិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និងសេចក្ដី​មិន​សប្បាយ​ចិត្ត ​ឲ្យ​កើត​ប្រាកដ​ឡើង ក៏​មាន​ឧបមេយ្យ​ដូច្នោះដែរ។ ម្នាល​ភិក្ខុទាំងឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ដំ​បៅ​ចាស់។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ផ្លេក​បន្ទោរ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​ ជា​ទី​កើត​ឡើង​ នៃ​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះបដិបទា ជាដំណើរ​ទៅ​កាន់​ទី​រំលត់​ទុក្ខ។  ម្នាល​ភិក្ខុទាំងឡាយ ដូច​ជា​បុរស​មាន​ចក្ខុ គប្បីឃើញ​នូវ​រូប​ទាំង​ឡាយ ​ក្នុង​ខណៈដែល​មានផ្លេកបន្ទោរ​ភ្លែត​ៗ ក្នុង​វេលា​យប់​ងងឹត​សូន្យ​ឈឹង​ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ… ដឹង​ច្បាស់​តាម​ពិត​ថា នេះ​បដិបទា ជា​ដំណើរទៅ​កាន់​ទី​រំលត់​ទុក្ខ ក៏យ៉ាងនោះ​ឯង។  ម្នាល​ភិក្ខុទាំងឡាយ នេះ​ហៅថា បុគ្គល​មាន​ចិត្ត​ប្រៀបដូច​ផ្លេកបន្ទោរ។  ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ពេជ្រ តើ​ដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​ សម្រេច​នូវ​ចេ​តោវិមុត្តិ​ និង​បញ្ញា​វិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់​ទៅ​ នៃ​អាសវៈ​ទាំង​ឡាយ ដោយ​បញ្ញា​ដ៏ឧត្ដម ដោយ​ខ្លួន​ឯង ក្នុងបច្ចុ​ប្បន្ន​ សម្រេច​សម្រាន្ត​នៅ។  ម្នាលភិក្ខុ​ទាំងឡាយ ដូច​ជា​វត្ថុ​អ្វី​មួយ ​គឺកែវមណី ឬថ្ម ជា​វត្ថុ​ដែល​ពេជ្រ​បំ​បែក​ចេញ​មិន​បាន​នោះ មិន​មានឡើយ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ព្រោះអស់អាសវៈ​ទាំង​ឡាយ​ សម្រេច​សម្រាន្ត​នៅ ​ក៏​យ៉ាង​នោះឯង។  ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ចិត្ត​ប្រៀប​ដូច​ពេជ្រ។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

សេវិតព្វសូត្រទី៦

[២៦] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។  បុគ្គល​៣​ពួក តើ​ដូច​ម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលគេ​មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេគួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត ​១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើបសេព​គប់ ចូល​ទៅ​អង្គុយ​ជិត​ ១។  ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល ដែល​គេមិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជា​អ្នក​សាប​សូន្យ ចាកសីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ មាន​សភាព​យ៉ាងនេះ គេ​មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត លើក​លែង​តែមាន​សេចក្ដី​អាណិត ឬ​លើក​លែង​តែ​មាន​សេចក្ដី​អនុ​គ្រោះ​ចេញ។ ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល​ ដែល​គេ​គួរ​សេព​ គួរ​គប់រក គួរ​ចូល​ទៅអង្គុយ​ជិត តើ​ដូច​ម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ​ ជា​អ្នក​ស្មើគ្នា ដោយ​សីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គលមាន​សភាព​យ៉ាង​នេះ ដែល​គេ​គួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ​ព្រោះ​ហេតុ​អ្វី។  ព្រោះ​គេ​គិត​ថា សីល​កថា របស់​ពួក​សប្បុរសអ្នក​មាន​សីល​ស្មើគ្នា នឹង​មាន​ដល់​ពួក​យើង​ផង សីល​កថា​នោះ នឹង​មានសេចក្ដី​ចំរើន​ ដល់​ពួក​យើង​ផង សីល​កថា​នោះ នឹង​នាំ​ឲ្យ​បាន​សុខ​ដល់​ពួកយើង​ផង សមា​ធិកថា របស់​ពួក​សប្បុរស អ្នក​មាន​សមាធិ​ស្មើ​គ្នា នឹង​មានដល់​ពួក​យើង​ផង សមាធិកថា​នោះ នឹង​មាន​សេចក្ដី​ចំរើន​ ដល់​ពួក​យើងផង សមាធិកថា​នោះ ​នឹង​នាំ​ឲ្យ​បាន​សេចក្ដី​សុខ​ ដល់ពួក​យើងផង បញ្ញាកថា របស់​ពួក​សប្បុរស អ្នក​មាន​បញ្ញា​ស្មើគ្នា នឹង​មានដល់​ពួក​យើង​ផង បញ្ញាកថា​នោះ នឹង​មាន​សេចក្ដី​ចំរើន ដល់​ពួក​យើង​ផង បញ្ញាកថា​នោះ នឹង​នាំ​ឲ្យបាន​សេចក្ដី​សុខ​ដល់​ពួក​យើង​ផង។  ហេតុ​នោះ បុគ្គលមានសភាព​យ៉ាង​នេះ ដែល​គេគួរ​សេព គួរ​គប់រក គួរ​ចូល​ទៅអង្គុយ​ជិត។ ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​ដែល​គេ​គួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដីគោរព ហើយ​ទើប​សេពគប់ ចូល​ទៅ​អង្គុយ​ជិត តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នក​លើស​ដោយ​សីល សមាធិ បញ្ញា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មាន​សភាព​យ៉ាង​នេះ ដែល​គួរធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើប​សេព​គប់ ចូល​ទៅ​អង្គុយ​ជិត។ ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។  ព្រោះ​គេ​គិត​ថា អាត្មា​អញ ​នឹង​បំពេញសីល​ក្ខន្ធ ដែលមិនទាន់​បរិបូណ៌ ឲ្យបរិបូណ៌ឡើងផង នឹងអនុគ្រោះសីលក្ខន្ធ ដែលបរិបូណ៌ហើយ ​ក្នុង​ទីនោះៗ ដោយ​បញ្ញាផង នឹង​បំពេញសមាធិក្ខន្ធ ដែល​មិន​ទាន់​បរិបូណ៌ ឲ្យ​បរិបូណ៌ឡើង​ផង នឹង​អនុគ្រោះសមាធិ​ក្ខន្ធ ដែល​​បរិបូណ៌​ហើយ ក្នុង​ទី​នោះៗ ដោយ​បញ្ញា​ផង នឹង​បំពេញ​បញ្ញាខន្ធ ​ដែល​មិន​ទាន់​បរិបូណ៌​ ឲ្យបរិបូណ៌ឡើង​ផង​នឹង​អនុ​គ្រោះ​បញ្ញា​ខន្ធ​ ដែលបរិបូណ៌​ហើយ​ ក្នុង​ទី​នោះ​ៗ ដោយ​បញ្ញាផង។  ហេតុនោះ បុគ្គល​មានសភាព​យ៉ាង​នេះ ​ដែល​គេគួរ​ធ្វើ​សក្ការៈ ធ្វើ​សេចក្ដី​គោរព ហើយ​ទើបសេពគប់ ចូលទៅ​អង្គុយ​ជិត។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​៣ ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។

បុរសអ្នក​សេពគប់បុគ្គល​ថោក​ទាប រមែង​សាប​សូន្យ បើសេព​គប់​បុគ្គល​ស្មើ​គ្នា មិន​គប្បី​សាប​សូន្យ ក្នុង​កាល​ណាឡើយ បើបុរស​ចូល​ទៅ​គប់​រក​បុគ្គល ​ដែល​ប្រសើរ (ជាង​ខ្លួន) រមែង​ចំរើន​ឆាប់ ព្រោះ​ហេតុ​នោះ បុរស ​គួរ​គប់​នឹង​បុគ្គល ដែល​ប្រសើរ​លើស​ខ្លួន (ទើប​ប្រសើរ)។

ជិគុច្ឆិតព្វសូត្រ ទី៧

[២៧] ម្នាល​ភិក្ខុទាំងឡាយ បុគ្គល ៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។  បុគ្គល​៣​ពួក ​តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែលគេ​គួរ​ខ្ពើម មិន​គួរ​សេព​ មិនគួរ​គប់​រក មិន​គួរ​ចូលទៅ​អង្គុយ​ជិត ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​ព្រងើយ​កន្តើយ មិន​គួរ​សេព មិន​គួរគប់រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត​ ១ ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ដែល​គេ​គួរ​សេព គួរគប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត​ ១​។  ម្នាល​ភិក្ខុទាំងឡាយ ចុះ​បុគ្គល​ដែល​គួរ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូច​ម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុងលោកនេះ ជា​អ្នក​ទ្រុស្ត​សីល មាន​ធម៌​ដ៏លាមក មិន​ស្អាត មាន​កិរិ​យា​មារយាទ​ ប្រកប​ដោយ​សេចក្ដី​រង្កៀស មានការងារ​លាក់​លៀម​ទុក មិន​មែន​ជា​សម​ណៈ ប្ដេជ្ញា​ថា​ជា​សមណៈ មិនមែន​ជា​ព្រហ្ម​ចារី ប្ដេជ្ញា​ថា​ជា​ព្រហ្ម​ចារី ស្អុយ​ខាង​ក្នុង មានចិត្ត​ជោគជាំដោយ​រាគៈ មាន​ចិត្ត​ជ្រោកជ្រាក។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មានសភាព​យ៉ាង​នេះ ឈ្មោះ​ថា ​ជា​បុគ្គល​ដែល​គេ​គួរ​ខ្ពើម មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។  ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះ​ថា បុគ្គល​មិន​លុះ​ទៅ​តាម​ដំ​ណើរ​ទិដ្ឋិ របស់បុគ្គល​មានសភាព​យ៉ាង​នេះ ក៏​ពិត​មែន​ហើយ ប៉ុន្តែ​ថា ​បុគ្គល​នោះ គង់មានកិត្តិសព្ទ​ដ៏​លាមក​ ល្បី​ឡើង​ថា បុរស​បុគ្គល​មាន​មិត្ត​អាក្រក់ មាន​សំឡាញ់អាក្រក់ មាន​គូកនអាក្រក់។  ម្នាល​ភិក្ខុ​ទាំងឡាយ ដូច​ជាពស់​លូន​ទៅ​ក្នុងលាមក ទុក​ជាមិន​ចិក​​ ក៏ពិត​មែន ប៉ុន្តែថា លាមក គង់​ប្រឡាក់​ពស់​នោះ​មិនខាន​ យ៉ាង​ណា ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​មិនលុះ​ទៅតាម​ដំណើរទិដ្ឋិ​ របស់បុគ្គលមាន​សភាព​យ៉ាង​នេះ ក៏ពិត​មែន ប៉ុន្តែ​ថា បុគ្គល​នោះ ​មាន​កិត្តិសព្ទ ដ៏លាមក ល្បី​ឡើង​ថា បុរស​បុគ្គល​ មាន​មិត្ត​អាក្រក់ មាន​សំឡាញ់​អាក្រក់ មាន​គូកន​អាក្រក់​ ក៏យ៉ាង​នោះ​ដែរ។  ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាពយ៉ាង​នេះ ​ឈ្មោះ​ថា ជា​បុគ្គល​ដែល​គេគួរ​ខ្ពើម​ មិន​គួរ​សេព មិន​គួរ​គប់​រក មិនគួរចូល​ទៅ​អង្គុយ​ជិត។  ម្នាល​ភិក្ខុទាំងឡាយ ចុះបុគ្គល​ដែល​គេ​គួរ​ព្រងើយ​កន្តើយ មិន​គួរ​សេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តាន​តឹង សូម្បី​គេ​និយាយ​តែ​បន្តិចបន្តួច ក៏​ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេច​ក្ដី​ក្រោធ ​ទោសៈ និង​សេច​ក្ដី​មិនសប្បាយ​ចិត្ត​ ឲ្យ​ប្រាកដ​ឡើង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ដំ​បៅ​ចាស់ ដែល​ត្រូវ​ប៉ះទង្គិច ដោយ​កំណាត់​ឈើ ឬអំបែង រមែង​ក្លាយ​ឡើង លើសប្រមាណ​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុងលោក​នេះ ជា​អ្នកក្រោធ​ ច្រើន​ដោយ​សេចក្ដី​តានតឹង សូម្បី​គេ​និយាយ​តែ​បន្តិច​បន្តួច ក៏ជាប់​ចិត្តក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និងសេចក្ដី​មិន​សប្បាយ​ចិត្ត ឲ្យ​ប្រាកដ​ឡើង​ យ៉ាង​នោះ​ឯង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​អង្កត់​ភ្លើង​ឧសដង្កោ ដែល​គេ​កៀស​ ដោយ​កំណាត់ឈើ ឬអំបែង រមែង​ធ្វើ​សំ​ឡេង ​ឮ​ចិចិដៈ [សំឡេងផ្ទុះប្រែះៗ ព្រួសរងើកចេញ។] ធ្វើសំឡេង ​ឮ​ចិដិចិដៈ ដោយ​ក្រៃលែង លើស​ប្រមាណ​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោកនេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដី​តាន​តឹង សូម្បី​គេ​និយាយ​បន្តិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ​ និងសេចក្ដី មិនសប្បាយ​ចិត្ត ​ឲ្យ​ប្រាកដឡើង ក៏​យ៉ាង​នោះ​ដែរ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​រណ្ដៅ​លាមក​ ដែល​បុគ្គល​ឆ្កឹស ដោយ​កំ​ណាត់​ឈើ​ ឬ​អំបែង រមែង​មានក្លិន​ស្អុយ​ដោយ​ក្រៃលែង​ លើស​ប្រមាណ យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ ជា​អ្នក​ក្រោធ ច្រើន​ដោយ​សេចក្ដីតាន​តឹង សូម្បី​តែ​គេ​និយាយ​បន្តិច​បន្តួច ក៏​ជាប់​ចិត្ត​ក្រោធ ព្យាបាទ ប្រកាន់​រឹង​ត្អឹង ធ្វើ​សេចក្ដី​ក្រោធ ទោសៈ និង​សេចក្ដី​មិន​សប្បាយ​ចិត្ត ឲ្យប្រាកដ​ឡើង ក៏​យ៉ាង​នោះ​ដែរ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលមានសភាព​យ៉ាង​នេះ ឈ្មោះថា ជា​បុគ្គល​ដែលគេគួរ​ព្រ​ងើយ​កន្តើយ​ មិន​គួរសេព មិន​គួរ​គប់​រក មិន​គួរ​ចូល​ទៅ​អង្គុយ​ជិត។  ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។  ព្រោះ​គេ​គិត​ថា ជន (នេះ) គប្បី​ជេរ​អាត្មា​អញ​ខ្លះ ផ្ដាសាអាត្មា​អញ​ខ្លះ ធ្វើអាត្មា​អញ​ ឲ្យ​ខូច​ប្រយោជន៍​ខ្លះ។  ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាព​យ៉ាងនេះ ឈ្មោះ​ថា ជាបុគ្គល​ ដែលគេគួរ​ព្រងើយកន្តើយ​ មិន​គួរ​សេព មិនគួរ​គប់​រក មិន​គួរ​ចូល​ទៅ​​អង្គុយ​ជិត។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គលដែល​គេ​គួរ​សេព គួរ​គប់​រក គួរ​ចូល​ទៅ​អង្គុយ​ជិត តើ​ដូច​ម្តេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ មានសីល មាន​កល្យាណ​ធម៌។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សភាពយ៉ាង​នេះ​ឈ្មោះ​ថា ជាបុគ្គល​គួរ​សេព គួរ​គប់រក គួរ​ចូល​ទៅ​អង្គុយ​ជិត។ ដំណើរនោះ ព្រោះ​ហេតុ​អ្វី។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មិន​លុះទៅតាម​ដំណើរ​ទិដ្ឋិ ​របស់​បុគ្គល​មាន​សភាព​យ៉ាង​នេះ ក៏​ពិត​មែន ប៉ុ​ន្តែបុគ្គលនោះ គង់​មាន​កិត្តិសព្ទ​ ដ៏​ពី​រោះ ​ល្បី​ឡើង​ថា បុរសបុគ្គល ​មានមិត្ត​ល្អ មានសំឡាញ់​ល្អ មាន​គូកន​ល្អ។ ព្រោះ​ហេតុ​នោះ បុគ្គល​មាន​សភាពយ៉ាង​នេះ ឈ្មោះ​ថា​ ជាបុគ្គល​គួរ​សេព គួរគប់​រក គួរ​ចូល​ទៅ​អង្គុយជិត​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល ៣ ពួកនេះ រមែង​មាន​នៅ​ក្នុងលោក។

បុរស​អ្នក​សេពគប់​បុគ្គលថោកទាប ​រមែង​សាប​សូន្យ បើ​សេពគប់​បុគ្គល​ស្មើ​គ្នា មិន​គប្បី​សាប​សូន្យ ក្នុង​កាល​ណា​ឡើយ​ បុរស​ចូល​ទៅ​គប់​រក​បុគ្គល​ប្រ​សើរ (ជាង​ខ្លួន) រមែង​ចំរើនឆាប់ ព្រោះ​ហេតុ​នោះ បុរស​គួរ​គប់រក​នឹង​បុគ្គល​ដ៏​ប្រសើរ​លើស​ខ្លួន (ទើប​ប្រសើរ)។

គូថភាណីសូត្រទី៨

[២៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក​។  បុគ្គល៣​ពួក តើ​ដូច​ម្ដេច។  គឺ​បុគ្គល​មាន​សំដី​ស្អុយ​ ដូច​លាមក​ ១ បុគ្គល​មាន​សំដី​ក្រអូប​ដូច​ផ្កា​ ១ បុគ្គល​មានសំដី​ផ្អែម​ ដូច​ទឹកឃ្មុំ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​មានសំដីស្អុយ​ ដូច​លាមក តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោកនេះ ទៅ​កាន់​សភា ​(ទីប្រជុំ) ក្ដី ទៅ​ក្នុង​បរិ​សទ្យ​ក្ដី ទៅ​ក្នុង​កណ្ដាល​ញាតិក្ដី ទៅ​ក្នុង​កណ្ដាល​ពួក​សេនាក្ដី ទៅ​ក្នុង​កណ្ដាល​រាជ​ត្រកូលក្ដី ដែល​គេ​នាំ​ទៅ​ធ្វើ​ជា​សាក្សី​ ហើយ​សួរ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ចូល​មក​នេះ អ្នក​ដឹង​ហេតុណា ចូរ​និយាយ​ហេតុនោះ។  បុរស​នោះ​ កាល​មិនដឹង​ និយាយ​ថា ខ្ញុំដឹង​ក្ដី កាល​ដឹង​ និយាយ​ថា ខ្ញុំ​មិន​ដឹង​ក្ដី កាល​មិន​ឃើញ និយាយថា ខ្ញុំ​ឃើញ​ក្ដី កាល​ឃើញ​ និយាយថា ខ្ញុំ​មិន​ឃើញ​ក្ដី ជា​អ្នក​ពោលពាក្យ​កុហក ដោយ​ដឹង​ខ្លួន ព្រោះ​ហេតុតែ​ខ្លួន​ក្ដី ព្រោះ​ហេតុ​អ្នក​ដទៃ​ក្ដី ព្រោះ​ហេតុ​សំ​ណូក​​​បន្តិច​បន្តួច​ក្ដី ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​សំដី​ស្អុយ​ ដូច​លាមក។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​សំដី​ក្រអូប​ដូច​ផ្កា តើ​ដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ទៅ​កាន់​សភា ​(ទី​ប្រជុំ) ​ក្ដី​ ទៅ​ក្នុង​បរិសទ្យក្ដី ទៅ​ក្នុង​កណ្ដាល​ញាតិក្ដី ទៅ​ក្នុង​កណ្ដាល​ពួក​សេនា​ក្ដី ទៅ​ក្នុង​កណ្ដាលរាជត្រកូល​ក្ដី ដែល​គេ​នាំ​ទៅ​ធ្វើ​ជាសាក្សី ​ហើយ​សួរ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​នេះ អ្នក​ដឹង​ហេតុ​ណា ចូរ​និយាយ​ហេតុ​នោះ។  បុរសនោះ កាល​មិន​ដឹង​ និយាយ​ថា ខ្ញុំ​មិន​ដឹង​ក្ដី កាល​ដឹង​និយាយ​ថា ខ្ញុំ​ដឹង​ក្ដី កាល​មិន​ឃើញ​ និយាយ​ថា ខ្ញុំ​មិន​ឃើញ​ក្ដី កាល​ឃើញ​និយាយ​ថា ខ្ញុំឃើញ​ក្ដី ជា​អ្នក​មិន​ពោល​ពាក្យ​កុហក ដោយ​ដឹង​ខ្លួន ព្រោះ​តែ​ខ្លួន​ក្ដី ព្រោះ​ហេតុ​អ្នក​ដទៃ​ក្ដី ព្រោះហេតុ​តែ​សំ​ណូកបន្តិច​បន្តួច​ក្ដី ម្នាល​ភិក្ខុ​ទាំង​​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​សំ​ដី​ក្រអូប​ដូច​ផ្កា។  ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​បុគ្គលមាន​សំ​ដី​ផ្អែម​ ដូចទឹក​ឃ្មុំ តើ​ដូច​ម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ លះ​បង់​វា​ចា​អាក្រក់ វៀរចាក​វាចា​អាក្រក់ សំដីណា ជា​សំ​ដី​ឥត​ទោស ជាសុខ​ដល់​ត្រ​ចៀក​ គួរ​ជា​ទី​ស្រឡាញ់ ជ្រាប​ចូល​ទៅក្នុង​ដួងចិត្ត ជា​សំដី​អ្នក​ក្រុង ​ដែល​ជា​ទី​ពេញ​ចិត្ត ​នៃ​ជន​ច្រើន ជាទី​គាប់​ចិត្ត​ នៃ​ជន​ច្រើន ជា​អ្នក​ពោល​នូវ​សំ​ដី មាន​សភាព​ដូច្នោះ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​សំដី​ផ្អែម ​ដូច​ទឹក​ឃ្មុំ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅក្នុង​លោក។

អន្ធសូត្រទី៩

[២៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុងលោក។  បុគ្គល​៣​ពួក ​តើដូច​ម្ដេច។  គឺ​បុគ្គល​ខ្វាក់ ១ បុគ្គល​មាន​ភ្នែកម្ខាង​ ១ បុគ្គល​មាន​ភ្នែក​ទាំង​ពីរខាង​ ១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ខ្វាក់ តើដូចម្តេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ​ គប្បី​បាននូវ​ភោគៈ​ ដែល​ខ្លួន​មិន​ធ្លាប់​បានក្ដី គប្បី​ធ្វើ​នូវ​ភោគៈ​ ដែល​ខ្លួន​បាន​ហើយ ឲ្យចំ​រើន​ឡើង​ក្ដី ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា ចក្ខុ​មាន​សភាព​យ៉ាង​នោះ មិន​មាន​ឡើយ មួយ​ទៀត បុគ្គល​គប្បី​​ដឹង ​នូវ​ពួក​ធម៌ ជា​កុសល ​និងអកុសល ដឹង​ពួក​ធម៌​ ដែល​មាន​ទោស និង​ឥត​ទោស ដឹងពួក​ធម៌​ថោក​ទាប និង​ឧត្ដម ដឹង​ពួក​ធម៌​ ដែលមាន​ចំ​ណែក​ជា​ទំ​នាស់គ្នា​ដោយ​អំណាច​ធម៌​ខ្មៅ និង​ធម៌​ស ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា ​សូម្បី​ចក្ខុ​មាន​សភាពយ៉ាងនោះ ក៏​មិន​មាន ​ដល់​បុគ្គល​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅ​ថា បុគ្គល​ខ្វាក់​។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ភ្នែក​ម្ខាង តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គប្បី​បាន​ភោគៈ ដែល​ខ្លួន​មិន​ធ្លាប់​បាន​ក្ដី​គប្បី​ធ្វើ​ភោគៈ ​ដែល​ខ្លួន​បាន​ហើយ ​ឲ្យ​ចំ​រើនឡើងក្ដី ដោយចក្ខុ​មាន​សភាព​យ៉ាង​ណា ចក្ខុ​មាន​សភាព​យ៉ាង​នោះ ​រមែង​មាន។ ប៉ុន្តែ​បុគ្គល​នោះ គប្បី​ដឹង​ពួក​ធម៌​ ជា​កុសល​ និង​អកុសល ដឹង​ពួក​ធម៌​មានទោស ​និង​ឥត​ទោស ដឹង​ពួក​ធម៌ ​ដែល​ថោក​ទាប និង​ឧ​ត្ដម ដឹង​ពួក​ធម៌ ដែល​មាន​ចំ​ណែក​ជា​ទំនាស់​គ្នា ដោយ​អំ​ណាច​ធម៌​ខ្មៅ​ និង​ធម៌​ស ដោយដោយ​ចក្ខុមាន​សភាព​យ៉ាង​ណា សូម្បី​ចក្ខុ​មាន​សភាព​យ៉ាង​នោះ ក៏​មិន​មាន​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា បុគ្គល​មាន​ភ្នែក​ម្ខាង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​មាន​ភ្នែក​ទាំង​ពីរ​ខាង តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ គប្បី​បាន​នូវ​ភោគៈ ​ដែល​ខ្លួន​មិន​ធ្លាប់​បាន​ក្ដី ធ្វើនូវ​ភោគៈ​ ដែល​ខ្លួន​បាន​ហើយ ​ឲ្យ​ចំរើន​ឡើង​ក្ដី ដោយចក្ខុ​មានសភាព​យ៉ាងណា ចក្ខុ​មាន​សភាពយ៉ាង​នោះ ក៏​មាន មួយ​ទៀត បុគ្គល​នោះ គប្បីដឹង​ពួក​ធម៌ ជាកុសល ​និង​អកុសល ដឹង​ពួក​ធម៌មាន​ទោស​ និង​ឥត​ទោស ដឹង​ពួក​ធម៌​ថោក​ទាប​ និង​ឧត្ដម ដឹង​ពួក​ធម៌ ដែលមាន​ចំណែក​ជា​ទំនាស់​គា្ន ដោយ​អំ​ណាច​ធម៌ខ្មៅ​និង​ធម៌​ស ដោយ​ចក្ខុ​មាន​សភាព​យ៉ាង​ណា សូម្បីចក្ខុ​មាន​សភាព​យ៉ាង​នោះ​ក៏មាន។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​ចក្ខុ​ទាំង​ពីរ​ខាង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅ​ក្នុង​លោក។

ភោគៈ​ទាំងឡាយ មានសភាព​ដូច្នោះ មិន​មាន​ដល់បុគ្គល​ខ្វាក់​ឡើយ បុគ្គល​ខ្វាក់​ មិន​ដែល​ធ្វើបុណ្យ​ទាំងឡាយ​ទេ ការចាប់ខុស ចំពោះ​ប្រយោជន៍​ទាំង​ពីរ រមែង​មាន ​ដល់​បុគ្គល​ខ្វាក់ ​ខូច​ចក្ខុ។  មួយ​ទៀត បុគ្គល​ដែល​ហៅ​ថា មាន​ភ្នែក​ម្ខាង​នេះ ជា​អ្នក​ច្រឡូកច្រឡំ ដោយ​កុសល​ធម៌ និង​អកុសល​ធម៌ ស្វែងរកភោគៈ​ទាំង​ឡាយ ដោយ​ថេយ្យចិត្ត ជាអ្នក​ឈ្លាស ប្រមូល​មក ​នូវ​អំពើទាំង​ពីរ ដោយ​កូដ​កម្ម [អំពើកៀចក្រាញ ឬអំពើកោង។] ផង​ ដោយ​ការ​ពោល​ពាក្យ​កុហក​ផង ជាមនុស្ស​បរិភោគកាម បុគ្គល​ដែល​មាន​ចក្ខុ​តែម្ខាង​នោះ លុះរំលាងខន្ធ អំពី​លោក​នេះ​ហើយ ទៅ​កាន់​នរក ​រង​ទុក្ខខ្លោច​ផ្សា។  ចំណែក​ខាង​បុរស​បុគ្គល ដែលហៅថា មាន​ចក្ខុ​ទាំង​ពីរ​ខាង ជា​អ្នក​ប្រសើរ ដោយ​ភោគៈ​ទាំង​ឡាយ ដែល​ខ្លួន​បាន​មក​ដោយ​ធម៌ ឲ្យ​ទ្រព្យ​ដែល​ខ្លួន​រក​បាន ដោយ​សេចក្ដី​ព្យាយាម មានតម្រិះ​ដ៏ប្រសើរ ជា​ជន​មាន​ចិត្ត​ឥត​សង្ស័យ រមែងចូល​ទៅកាន់​ស្ថាន​ដ៏​ចំរើន ដែល​ខ្លួន​បាន​ទៅ​ ហើយមិន​សោក​សៅ បុគ្គល ​គប្បី​វៀរមនុស្ស​ខ្វាក់​ផង មនុ​ស្ស​មាន​ភ្នែក​ម្ខាង​ផង អំពី​ចម្ងាយ ​ហើយគប្បីសេពគប់​បុរស​បុគ្គល​ ដ៏​ប្រសើរ មាន​ភ្នែក​ទាំង​ពីរ​ខាង​ចុះ។

អវកុជ្ជសូត្រទី១០

[៣០] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួក​នេះ រមែង​មាន​នៅក្នុង​លោក។  បុគ្គល​៣ពួក តើដូចម្ដេច។  គឺ​បុគ្គល​មាន​ប្រាជ្ញា ​ដូចជាក្អម​ផ្កាប់​ ១ បុគ្គល​មាន​ប្រាជ្ញា ​ដូច​ថ្នក់​លេច ​១ បុគ្គល​មាន​ប្រាជ្ញា ​ដ៏ទូលាយ​ ១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល ​មាន​ប្រាជ្ញា​ដូច​ក្អម​ផ្កាប់ តើ​ដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ ​ទៅ​កាន់អារាម ស្ដាប់​ធម៌​ ក្នុង​សំណាក់ ​នៃ​ពួក​ភិក្ខុ​រឿយៗ ពួកភិក្ខុ​សំ​ដែង​ធម៌ មាន​លំ​អបទ​ខាង​ដើម មាន​លំ​អបទ​កណ្ដាល មាន​លំអ​បទ​ខាង​ចុង​ប្រកាស​ព្រហ្ម​ចរិយៈ ​ប្រកប​ដោយ​អត្ថ ​ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំងអស់ ដល់​បុគ្គល​នោះ បុគ្គល​នោះ កាល​អង្គុយ​លើ​អាសនៈនោះ ក៏មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​កណ្ដាល មិន​ធ្វើទុកក្នុងចិត្ត​ ត្រង់​ខាង​ចុង ​នៃកថា​នោះ សូម្បី​ក្រោកពីអាសនៈនោះ​ហើយ ក៏មិនធ្វើទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម ត្រង់​កណ្ដាល ​និង​ខាង​ចុង​ នៃកថា​នោះ​ដែរ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ក្អម​ផ្កាប់ ទឹក​ដែល​គេ​ចាក់​ទៅ​លើ​ក្អម​នោះ ក៏ហូរ​ចេញ​អស់​ទៅ មិន​ដក់នៅ​បាន យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុង​លោកនេះ ទៅ​កាន់​អារាម ស្ដាប់ធម៌​ ក្នុង​សំណាក់ នៃ​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ  ​ភិក្ខុ​ទាំង​ឡាយ ក៏សំដែង​ធម៌ ​មាន​លំអបទ​ខាង​ដើម មាន​លំអ​បទកណ្ដាល មាន​លំ​អបទ​ខាងចុង ​ហើយ​ប្រកាស​ព្រហ្ម​ចរិយៈ ប្រកប​ដោយ​អត្ថ ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏បរិសុទ្ធ បរិបូណ៌ទាំង​អស់ ដល់​បុគ្គលនោះ បុគ្គលនោះ កាល​ដែលអង្គុយ​លើ​អាសនៈ​នោះ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម មិន​ធ្វើទុក​ក្នុង​ចិត្ត ត្រង់កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង នៃកថានោះ ទុក​ជា​ក្រោក​ឡើង​ អំ​ពី​អាសនៈ​នោះ​ហើយ ក៏​នៅ​តែ​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់ខាង​ដើម មិន​ធ្វើទុក​ក្នុង​ចិត្ត ​ត្រង់កណ្ដាល មិន​ធ្វើ​ទុកក្នុង​ចិត្ត ​ត្រង់​ខាង​ចុង នៃ​កថា​នោះ ក៏​យ៉ាង​នោះ​ដែរ ម្នាល​ភិក្ខុ​ទាំង​ឡាយ  នេះ​ហៅ​ថា បុគ្គលមាន​ប្រាជ្ញា​ ដូច​ជា​ក្អម​ផ្កាប់។  ម្នាល​ភិក្ខុ​ទាំង​ឡាយ  ចុះ​បុគ្គល​មាន​ប្រាជ្ញា​ដូចថ្នក់លេច តើដូច​ម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ  បុគ្គល​ពួក​ខ្លះ ក្នុង​លោកនេះ ទៅ​កាន់​អារាម​ ស្ដាប់​ធម៌ ​ក្នុង​សំ​ណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយៗ ភិក្ខុ​ទាំងឡាយ ក៏​សំ​ដែង​ធម៌ មាន​លំ​អបទ​ខាង​ដើម មាន​លំ​អ​បទ​កណ្ដាល មាន​លំ​អបទ​ខាង​ចុង ប្រកាស​ព្រហ្មចរិយៈ ​ប្រកប​ដោយ​អត្ថ ប្រកប​ដោយព្យញ្ជនៈ​ ដ៏​បរិសុទ្ធ ​បរិបូណ៌​ទាំង​អស់​ដល់​បុគ្គល​នោះ ​បុគ្គល​នោះ​ កាល​អង្គុយលើ​អាសនៈ​នោះ ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​កណ្ដាលផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង ​នៃ​កថា​នោះ​ដែរ តែ​លុះ​ក្រោក​ចេញ ​អំ​ពីអាសនៈ​នោះ​ទៅ​ហើយ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាងដើម មិន​ធ្វើ​ទុក​ក្នុងចិត្ត ​ត្រង់​កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត ត្រង់​ខាង​ចុង​ នៃ​កថា​នោះ​ឡើយ​។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​បង្អែម​ផ្សេងៗ ​ដែល​លាយ​ច្រឡំ​គ្នា គឺ​មាន​ល្ង​ អង្ករ​ នំ ម្សៅ​ ផ្លែ​ពុទ្រា​ ក្នុង​ថ្នក់​លេចនៃ​បុរស​ បុរស​នោះ ​កាល​ក្រោក​អំពី​អាសនៈ​នោះ ក៏​ជ្រុះរាត់​រាយ ព្រោះ​ភ្លេច​ស្មារតី យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ ក្នុងលោក​នេះ ទៅ​កាន់​អារាម​ ស្ដាប់​ធម៌​ ក្នុង​សំ​ណាក់​ភិក្ខុ​ទាំងឡាយ​រឿយៗ ភិក្ខុទាំង​ឡាយ ​ក៏​សំ​ដែង​ធម៌​ មាន​លំ​អ​បទ​ខាង​ដើម មាន​លំអបទកណ្ដាល មានលំ​អបទ​ខាង​ចុង ​ប្រកាស​ព្រហ្មចរិយធម៌ ​ប្រកប​ដោយ​អត្ថ ប្រកប​ដោយ​ព្យញ្ជនៈ​ ដ៏​បរិសុទ្ធ បរិបូណ៌​ទាំង​អស់​ ដល់​បុគ្គល​នោះ បុគ្គលនោះ កាល​អង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត​ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង​ផង​ នៃ​កថា​នោះ លុះ​ក្រោក​អំពី​អាសនៈ​នោះ​ទៅ ក៏​មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាងដើម មិនធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​កណ្ដាល មិន​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង នៃ​កថា​នោះ ក៏​យ៉ាងនោះ​ដែរ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មានប្រាជ្ញា ​ដូច​ជា​ថ្នក់​លេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ចុះ​បុគ្គល​មាន​ប្រាជ្ញា ដ៏​ទូលាយ តើ​ដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួកខ្លះ ក្នុងលោក​នេះ ទៅ​កាន់​អារាម ស្ដាប់​ធម៌​ ក្នុង​សំណាក់​ភិក្ខុ​ទាំង​ឡាយ​រឿយ​ៗ ភិក្ខុ​ទាំង​ឡាយ ក៏​សំដែង​ធម៌​ មានលំ​អបទ​ខាងដើម មាន​លំ​អបទ​កណ្ដាល មាន​លំអបទ​ខាង​ចុង ប្រកាស​ព្រហ្ម​ចរិយៈ ប្រកបដោយ​អត្ថ ប្រកប​ដោយព្យ​ញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំងអស់ ​ដល់​បុគ្គល​នោះ បុគ្គលនោះ កាលអង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង នៃ​កថា​នោះ​ ទុក​ជាក្រោកអំពី​អាសនៈ​នោះ​ទៅ​ហើយ​ ក៏​នៅ​តែ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម​ផង​ ធ្វើ​ទុកក្នុង​​ចិត្ត​ ត្រង់​កណ្ដាល​ផង ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង​ នៃ​កថា​នោះ​ទៀត​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ក្អម​ផ្ងារ ទឹក​ដែល​គេ​ចាក់​ក្នុង​ក្អម​នោះ ក៏​ដក់នៅ​ មិន​ហូរ​ចេញ​ទៅបាន យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពួក​ខ្លះ​ ក្នុង​លោក​នេះ​ ទៅកាន់​អារាម ស្ដាប់​ធម៌ ​ក្នុង​សំណាក់​ភិក្ខុទាំង​ឡាយរឿយៗ ភិក្ខុ​ទាំង​ឡាយ​ ក៏​សំដែង​ធម៌​ មាន​លំ​អ​បទ​ខាងដើម មាន​លំអបទកណ្ដាល ​មាន​លំ​អ​បទ​ខាង​ចុង ​ប្រកាស​ព្រហ្ម​ចរិយៈ​ ប្រកប​ដោយ​អត្ថ ​ប្រកប​ដោយ​ព្យញ្ជនៈ ​ដ៏​បរិសុទ្ធ បរិបូណ៌​ទាំង​អស់ ​ដល់​បុគ្គល​នោះ បុគ្គលនោះ កាល​អង្គុយ​លើ​អាសនៈ​នោះ ក៏​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ដើម​ផង ធ្វើ​ទុក​ក្នុងចិត្ត​ ត្រង់​កណ្ដាល​ផង ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាង​ចុង​ផង នៃ​កថា​នោះ​ ទុកជាក្រោក​អំពី​អាសនៈ​នោះ​ហើយ ក៏​នៅ​តែ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ត្រង់​ខាងដើម ធ្វើទុក​ក្នុង​ចិត្ត​ ត្រង់​កណ្ដាល ធ្វើ​ទុក​ក្នុង​ចិត្ត​ ត្រង់​ខាង​ចុង​ នៃ​កថា​នោះ​ទៀត ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា បុគ្គល​មាន​ប្រាជ្ញា​ដ៏ទូលាយ​។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​៣​ពួកនេះ រមែង​មាន​នៅ​ក្នុង​លោក។

បុរស​មាន​ប្រាជ្ញា​ ដូច​ក្អម​ផ្កាប់ គឺ​ជាអ្នក​ឥត​ប្រាជ្ញា ឥតសេចក្ដី​ពិចារណា បុរស​មាន​សភាព​ដូច្នោះ ទុក​ជាចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងឡាយ សូម្បី​រឿយៗ ក៏មិនអាច​ ដើម្បី​រៀនធម៌ ​ត្រង់​ខាងដើម​ ត្រង់​កណ្ដាល​ ត្រង់ខាង​ចុង​ នៃកថា​ (នោះ) ​បាន ព្រោះ​ថា ប្រាជ្ញា ​មិនមានដល់​បុគ្គល​នោះ​ឡើយ​។  បុរស​មាន​ប្រាជ្ញា ដូច​ថ្នក់​លេច តថាគត​ពោលថា ប្រសើរជាង បុរស​មាន​ប្រាជ្ញាដូច​ជាក្អម​ផ្កាប់​នុ៎ះ បុរស​មាន​សភាព​ដូច្នោះ បើទុក​ជាចូល​ទៅ​កាន់​សំណាក់​ នៃភិក្ខុ​ទាំង​ឡាយ សូម្បីរឿយៗ អង្គុយ​លើ​អាសនៈ​នោះ រៀន​ធម៌​ខាងដើម ត្រង់​កណ្ដាល ត្រង់​ខាង​ចុង ​នៃកថា (នោះ) បាន​ដែរ តែ​លុះ​ក្រោក​ចេញ​ទៅ​ ក៏​កំណត់​ចាំ​ព្យញ្ជនៈមិនបាន ព្រោះ​ថា បុរស​នោះ ភ្លេច​ព្យញ្ជនៈ ​ដែល​ខ្លួន​រៀនហើយ។  ចំណែក​ខាង​បុរស​មាន​ប្រាជ្ញា​ ដ៏​ទូលាយ តថាគត​ពោល​ថា ប្រសើរ​ជាង បុរស​មាន​ប្រាជ្ញា​ដូចថ្នក់​លេច​នុ៎ះ បុរស​មាន​សភាព​ដូច្នោះ កាល​បើ​ចូលទៅ​កាន់​សំ​ណាក់ ​នៃ​ភិក្ខុ​ទាំងឡាយ សូម្បី​រឿយៗ អង្គុយ​លើ​អាសនៈនោះ រៀន​ធម៌​ ត្រង់​ខាង​ដើម ត្រង់កណ្ដាល ត្រង់​ខាង​ចុង នៃកថា (នោះ) ចាំទុកនូវ​ព្យញ្ជនៈបាន ជា​ជន​មាន​តម្រិះ​ដ៏​ប្រសើរ មាន​ចិត្តឥត​សង្ស័យ ជាអ្នក​ប្រតិបត្តិ​នូវ​ធម៌ ​ដ៏​សម​គួរ​ដល់​ធម៌ គប្បី​ធ្វើ​នូវ​ទី​បំ​ផុត​នៃ​ទុក្ខ​បាន។

ចប់ បុគ្គលវគ្គ ទី៣។

ឧទ្ទាននៃបុគ្គលវគ្គនោះគឺ

ពោល​អំពី​ព្រះ​សវិដ្ឋត្ថេរ ​១ អំពី​អ្នក​ជម្ងឺ ១ អំពី​សង្ខារ ​១ អំពី​បុគ្គល​មាន​ឧបការៈ​ច្រើន ​១ អំពី​បុគ្គល ប្រៀបដូចពេជ្រ​ ជា​ដើម​ ១ អំពី​បុគ្គល​គួរ​សេព​គប់​ ជាដើម​​ ១ អំ​ពី​បុគ្គល​គួរ​ខ្ពើម​ ជាដើម​ ១ អំពី​បុគ្គលមាន​សំដី​ស្អុយ ដូច​លាមក ​ជា​ដើម​ ១ អំពី​បុគ្គល​ខ្វាក់​ ជាដើម ​១ អំពីបុគ្គល​មាន​ប្រាជ្ញា (ដូច​ក្អម) ផ្កាប់ ​ជាដើម​ ១។

ទេវទូតវគ្គ

សព្រហ្មកសូត្រទី១

[៣១] ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូល​ទាំង​ឡាយ​ណា បាន​បូ​ជា​មាតាបិតា ក្នុង​ផ្ទះរបស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ប្រកបដោយ​ព្រហ្ម ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូលទាំង​ឡាយ​ណា ​បានបូជាមាតាបិតា ក្នុង​ផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ​ប្រកប​ដោយបុព្វាចារ្យ​ (អាចារ្យ​ដើម) ម្នាល​ភិក្ខុ​ទាំង​ឡាយ កូន​របស់​ត្រកូល​ទាំង​ឡាយណា បាន​បូជា​មាតា​បិតា​ ក្នុង​ផ្ទះ​របស់​ខ្លួន ត្រកូល​ទាំង​នោះ​ ឈ្មោះ​ថា ប្រកប​ដោយ​អាហុនេយ្យ (​អ្នក​គួរ​ទទួល​របស់ ​ដែល​កូន​ប្រុស​ស្រី​បូជា​)។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា ព្រហ្ម​នុ៎ះ ជា​ឈ្មោះ​មាតាបិតា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា បុព្វាចារ្យ​នុ៎ះ​ ជា​ឈ្មោះ​មាតាបិតា ម្នាល​ភិក្ខុ​ទាំង​ឡាយ ពាក្យ​ថា អាហុ​នេយ្យ​នុ៎ះ ជា​ឈ្មោះ​មាតាបិតា​។  ដំណើរ​នោះ ​ព្រោះ​ហេតុអ្វី។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​មាតា​បិតា​ ជា​អ្នក​មាន​ឧបការៈ​ច្រើន ជាអ្នក​បីបាច់ រក្សា​ចិញ្ចឹម​កូន ជា​អ្នក​ឲ្យ​កូន​បាន​ឃើញ​លោក​នេះ។

មាតាបិតា​ លោក​ហៅថា ព្រហ្មផង​ ថា បុព្វាចារ្យផង ថា អាហុនេយ្យ​ផង របស់​កូន​ទាំងឡាយ ព្រោះ​ជា​អ្នក​អនុ​គ្រោះ ​នូវ​ពពួក​សត្វ។ ព្រោះ​ហេតុ​នោះ បណ្ឌិត​ត្រូវ​តែ​នមស្ការ​ ធ្វើ​សក្ការៈមាតាបិតា​ទាំង​នោះ ដោយ​បាយ ទឹក សំពត់ ទី​ដេក គ្រឿង​ដុស​ខាត់​ ទឹក​ងូត ​និង​ទឹក​លាង​ជើង បណ្ឌិតរមែង​សរសើរ​កូន​នោះ ព្រោះ​ការ​បម្រើ​មាតា​បិតា​នោះ ក្នុង​លោក​នេះ (កូន​នោះ) លុះ​លះ​លោក​នេះ ​ទៅកាន់បរលោក រមែង​រីករាយ ក្នុង​ស្ថានសួគ៌។

អានន្ទសូត្រ ទី២

[៣២] លំដាប់​នោះ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ចូល​ទៅគាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ​ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏មានព្រះភាគ ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ។  លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ក៏​ក្រាប​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន បើ​អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា​និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និងមានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិន​មាន​ដល់​ភិក្ខុ ​ដែល​ដល់​នូវ​ចេតោវិមុត្តិ​ និងបញ្ញាវិមុត្តិ​ណា ភិក្ខុ​គប្បី​ដល់​ នូវ​ចេតោវិមុត្តិ ​និង​បញ្ញា​វិមុត្តិ​នោះ សម្រេចសម្រាន្ត​នៅ​យ៉ាងណា ការ​បាន​នូវ​សមាធិ មាន​សភាព​យ៉ាង​នោះ គប្បីមាន​ដល់​ភិក្ខុ​ដែរ​ឬ។  ម្នាល​អានន្ទ បើ​អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ដែល​ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានា​នុ​ស័យ មិនមាន​ក្នុងនិមិត្ត​ទាំងអស់ ព្ធ​ដ៏ខាងក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិន​មាន​ដល់​ភិក្ខុ ដែល​ដល់​នូវ​ចេតោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​ណា ភិក្ខុ​គប្បីដល់ នូវ​ចេតោវិមុត្តិ និង​បញ្ញា​វិមុត្តិ​នោះ សម្រេច​សម្រាន្ត​នៅ យ៉ាង​ណា ការ​បាន​នូវ​សមាធិ មាន​សភាព​យ៉ាង​នោះ គប្បីមាន​ដល់​ភិក្ខុដែរ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា ​និង​មានា​នុស័យ មិន​មាន​ក្នុង​កាយ ប្រកប​ដោយ​វិញ្ញាណ​នេះ​ផង អហ​ង្ការ​ទិដ្ឋិ មមង្ការត​ណ្ហា ​និង​មានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា ​និង​មានា​នុស័យ មិន​មាន​ដល់​ភិក្ខុ ​ដែល​បាន​នូវ​ចេតោវិមុត្តិ ​និង​បញ្ញាវិមុត្តិ​នោះ សម្រេច​សម្រាន្ត​នៅ​យ៉ាង​ណា ការ​បាននូវ​សមាធិ មាន​ភាព​យ៉ាង​នោះ គប្បី​មាន​ដល់​ភិក្ខុ តើ​ដូច​ម្ដេច។  ម្នាលអានន្ទ ភិក្ខុ​ក្នុង​សាសនា​នេះ មានសេចក្ដី​ត្រិះ​រិះ​ដូច្នេះថា ធម្មជាត ដែលហៅថា ស្ងប់​ ធម្មជាត​ ដែល​ហៅថា ឧត្ដម​នោះ ​គឺ​ការ​ស្ងប់​រម្ងាប់​សង្ខារ​ទាំង​អស់ ការ​លះបង់​ឧប​ធិទាំងអស់ ការអស់​តណ្ហា​ ការ​ប្រាសចាក​រាគៈ ការរលត់ គឺ​ព្រះ​និព្វាន​ហ្នឹង​ឯង។  ម្នាល​អានន្ទ អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និង​មានានុស័យ មិនមាន​ក្នុង​កាយ ​ប្រកប​ដោយ​វិញ្ញាណ​នេះផង អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា​ មានានុស័យ មិន​មាន​ក្នុង​និមិត្ត​ទាំង​អស់ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការ​តណ្ហា​ និងមានានុស័យ មិនមាន​ដល់​ភិក្ខុ ​ដែល​បាន​នូវចេតោ​វិមុត្តិ និង​បញ្ញា​វិមុត្តិ​ណា ភិក្ខុ​គប្បី​បាន ​នូវ​ចេតោ​វិមុត្តិ និងបញ្ញាវិមុត្តិនោះ សម្រេច​សម្រាន្តនៅ យ៉ាង​ណា ការ​បាន​នូវសមាធិ មាន​សភាព​យ៉ាងនោះ គប្បី​មាន​ដល់​ភិក្ខុ យ៉ាងនេះ​ឯង ម្នាល​អានន្ទ ពាក្យថា

បុគ្គល​ណា​ដឹង​ច្បាស់ ​នូវ​របស់​ខ្លួន ​និង​របស់​ជន​ដទៃ ក្នុងលោក រមែង​មិន​មាន​សេចក្ដី​ញាប់​ញ័រ ក្នុង​អារម្មណ៍​នីមួយ​ទេ តថាគត​ពោលថា ​បុគ្គល​នោះ​ ស្ងប់​រម្ងាប់​ ប្រាសចាក​ផ្សែង​ គឺ ទុច្ច​រិត មិនមាន​សេចក្ដី​ទុក្ខ មិនមាន​តណ្ហា បាន​ឆ្លងជាតិ ​និង​ជរាហើយ ដូច្នេះនេះ

ដែល​តថាគត​ពោល​ហើយ ក្នុង​បុណ្ណកប្បញ្ហា បរាយនវគ្គ សំដៅ​ហេតុ​នុ៎ះ​ឯង។

សារីបុត្តសូត្រ ទី៣

[៣៣] គ្រានោះ ព្រះ​សារីបុត្តមាន​អាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីដ៏​សម​គួរ។  លុះ​ព្រះ​សារី​បុត្ត​មាន​អាយុ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ ព្រះមាន​ព្រះ​ភាគ បាន​ត្រាស់​ដូច្នេះ​ថា ម្នាល​សារី​បុត្ត តថាគតសំដែង​ធម៌ ដោយ​បំប្រួញខ្លះ ម្នាលសារីបុត្ត តថាគត ​គួរ​សំដែង​ធម៌ ដោយ​ពិស្ដារខ្លះ ម្នាល​សារីបុត្ត តថាគត ​គួរ​សំដែង​ធម៌​ ទាំង​បំប្រួញ ​ទាំង​ពិស្ដារ​ខ្លះ ដ្បិត​ថា ពួកបុគ្គល​អ្នក​យល់​ធម៌ ​រក​បាន​ដោយ​កម្រ​។  បពិត្រ​ព្រះ​មាន​ព្រះភាគ ជា​កាលគួរ​នឹង​សំដែង​ធម៌​នុ៎ះ​ហើយ បពិត្រ​ព្រះ​សុគត ជាកាល​គួរ​នឹង​សំដែង​ធម៌នុ៎ះ​ហើយ ប្រសិន​បើព្រះ​មាន​ព្រះភាគ សំដែង​ធម៌ដោយ​សង្ខេបក្ដី សំដែងធម៌​ ដោយ​ពិស្ដារក្ដី សំដែង​ធម៌​ ទាំង​សង្ខេប​ ទាំង​ពិស្ដារ​ក្ដី ពួក​អ្នក​យល់​ធម៌ គង់​នឹង​មាន។ ម្នាល​សារីបុត្ត ហេតុ​នោះ ភិក្ខុក្នុង​សាសនា​នេះ ត្រូវ​សិក្សាយ៉ាង​នេះ​ថា​ អហង្ការ​ទិដ្ឋិ ​មមង្ការ​តណ្ហា​ និង​មានានុស័យ ​នឹង​មិន​មានក្នុង​កាយ ប្រកប​ដោយ​វិញ្ញាណនេះ​ផង អហង្ការ​ទិដ្ឋិ មមង្ការ​តណ្ហា ​និង​មានានុស័យ នឹង​មិនមាន​ ក្នុង​និមិត្ត​ទាំង​អស់​ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការ​ទិដ្ឋិ មមង្ការតណ្ហា និង​មានានុស័យ មិនមាន​ដល់​ភិក្ខុ​ ដែល​បាន​ចេតោវិមុត្តិ​ និង​បញ្ញា​វិមុត្ត​ណា យើង​នឹង​បាន​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ​នោះ ​សម្រេច​សម្រាន្ត​នៅ។  ម្នាលសារីបុត្ត អ្នក​ត្រូវ​សិក្សា​ យ៉ាង​នេះ​ចុះ​។  ម្នាល​សារីបុត្ត កាល​ណា​ភិក្ខុ​មិនមានអហង្ការទិដ្ឋិ  មមង្ការ​តណ្ហា ​និង​មានានុស័យ ក្នុងកាយ​ប្រកប​ដោយ​វិញ្ញាណនេះផង មិនមាន​អហង្ការទិដ្ឋិ ​មមង្ការតណ្ហា​ និង​មានានុស័យ ក្នុង​និមិត្ត​ទាំងអស់​ ព្ធ​ដ៏​ខាង​ក្រៅ​ផង អហង្ការទិដ្ឋិ មមង្ការតណ្ហា និង​មានានុស័យ ​មិនមាន​ដល់​ភិក្ខុ ដែល​បាន​ចេតោ​វិមុត្តិ និង​បញ្ញាវិមុត្តិណា ភិក្ខុ​រមែង​បាន​ នូវចេតោវិមុត្តិ​ និង​បញ្ញាវិមុត្ត​នោះ​ សម្រេច​សម្រាន្ត​នៅ។  ម្នាល​សារីបុត្ត ភិក្ខុនេះ​ តថាគត​ហៅថា​ បាន​ផ្ដាច់ផ្ដិល នូវ​តណ្ហា គាស់​រំលើង​ នូវ​សំយោជនៈ បានធ្វើនូវ​ទីបំផុត​ទុក្ខ ​ព្រោះ​ត្រាស់​ដឹង ​នូវ​កិរិយា​លះ​បង់​មានះ ដោយ​ឧបាយ​ដ៏​ល្អ ម្នាល​សារីបុត្ត​ ពាក្យ​ថា

តថាគត​ សំដែង​នូវ​ការ​លះ​បង់កាម​សញ្ញា ​និង​ទោម​នស្សទាំង​ពីរ​ផង នូវ​ការ​បន្ទោបង់​ថីនៈ​ផង នូវ​ការ​ហាមឃាត់​កុក្កុច្ចៈ​ផង នូវ​ធម៌​ដ៏​ស្អាត ដោយ​ឧបេក្ខា ​និង​សតិផង នូវ​ប្រធាន​នៃ​សេចក្ដី​ត្រិះ​រិះ​ធម៌​ផង នូវ​ការ​រួច​ស្រឡះ ដោយ​អរហត្ត​ផលផង ថា​ជា​ការ​ទំ​លាយ​បង់ ​នូវ​អវិជ្ជា ដូច្នេះ​នេះ

ដែល​តថាគត​ពោល​ហើយ ក្នុង​ឧទយ្យញ្ហា ​បារាយនវគ្គ សំដៅ​ហេតុ​នេះ​ឯង។

និទានសូត្រ ទី៤

[៣៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត ៣​នេះ ​ជា​ហេតុ​ឲ្យកើត​កម្ម។ ធម្មជាត​៣ តើ​ដូចម្ដេច។  គឺ​លោភៈ ជា​ហេតុ​ឲ្យ​កម្ម​ ១ ទោសៈ ជាហេតុ​ឲ្យ​កើត​កម្ម ​១ មោហៈ ជា​ហេតុ​ឲ្យ​កើត​កម្ម ​១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា​ ដែល​បុគ្គល​ធ្វើ​ព្រោះ​លោភៈ កើត​អំពី​លោភៈ មាន​លោភៈ​ជាហេតុ មាន​លោភៈ​ជា​ដែន​កើត អត្តភាព​បុគ្គល​នោះ​ កើត​ក្នុង​ទីណា កម្ម​នោះ ​រមែងឲ្យផល​ក្នុង​ទីនោះ កម្ម​នោះ​ឲ្យផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផល ​នៃកម្ម​នោះ ក្នុង​ទីនោះ គឺ​អត្ត​ភាព​ជា​បច្ចុប្បន្ន ឬ​អត្ត​ភាព ​ដែល​កើត​បន្ទាប់ ឬអត្ត​ភាព​ដទៃ ​ដែល​អន្ទោល​តទៅ​ទៀត។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ដែល​បុគ្គល​ធ្វើ​ហើយ​ ព្រោះ​ទោសៈ កើត​អំពី​ទោសៈ មាន​ទោសៈជា​ហេតុ មាន​ទោសៈ​ជា​បច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ កើត​ក្នុង​ទីណា កម្ម​នោះ រមែង​ឲ្យផល​ក្នុង​ទី​នោះ កម្ម​នោះ ​ឲ្យ​ផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផលរបស់​កម្ម​នោះ ក្នុង​ទី​នោះ គឺ​អត្ត​ភាព​ ជា​បច្ចុប្បន្ន​ក្ដី អត្ត​ភាព ​ដែល​កើតបន្ទាប់​ក្ដី អត្តភាព​ដទៃ ​ដែល​អន្ទោល​តទៅ​ទៀត​ក្ដី។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្មណា ដែល​បុគ្គល​ធ្វើ​ដោយ​មោហៈ កើត​អំពី​មោហៈ មាន​មោហៈជាហេតុ មាន​មោហៈ​ជា​បច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ កើត​ក្នុង​ទីណា កម្ម​នោះ ​រមែង​ឲ្យ​ផល​ក្នុង​ទីនោះ កម្ម​នោះ​ រមែង​ឲ្យ​ផល​ ក្នុងទីណា បុគ្គល​រមែង​ទទួល​ផល របស់​កម្ម​នោះ ក្នុង​ទីនោះ គឺ​អត្តភាព​ ជា​បច្ចុប្បន្នក្ដី អត្ត​ភាព​ដែល​កើត​បន្ទាប់​ក្ដី អត្តភាព​ដទៃ​ដែល​អន្ទោល​តទៅ​ទៀត​ក្ដី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ  ដូច​ពូជ ​ដែល​មិន​បែក មិន​ស្អុយ មិន​ខូច ដោយ​ខ្យល់ ​និង​កំដៅ​ថ្ងៃ ប្រកប​ដោយ​ខ្លឹម​សារ (ជា​គ្រាប់​មាន​សាច់ពេញ​លេញ ) គេ​ទុក​ដាក់​ស្រួលបួល ដែល​បុគ្គល​សាប​ព្រោះ ​លើទី​ដែល​ភ្ជួររាស់​ល្អ ក្នុង​ស្រែ​មាន​ជីរជាតិ ភ្លៀង​សោត​ ក៏​ផ្ដល់​ធារ​ទឹកដោយ​ស្រួល ម្នាល​ភិក្ខុ​ទាំង​ឡាយ  បើ​ពូជ​ទាំង​នោះ​ សម​ប្រកប​យ៉ាងនេះ ដល់​នូវ​ការ​លូតលាស់ ដុះ​ដាល​បែក​គុម្ព យ៉ាង​ណាមិញ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ ព្រោះ​លោភៈ កើត​អំពី​លោភៈ មាន​លោភៈ​ជាហេតុ មាន​លោភៈ​ជាបច្ច័យ អត្ត​ភាព​របស់​បុគ្គល​នោះ​កើតក្នុង​ទីណា កម្ម​នោះ​ រមែង​ឲ្យ​ផល ក្នុង​ទីនោះ កម្ម​នោះ​ ឲ្យ​ផល​ក្នុង​ទីណា បុគ្គល​រមែង​ទទួល​ផល ​របស់​កម្ម​នោះ ​ក្នុង​ទីនោះ គឺ​អត្ត​ភាព​ ក្នុង​បច្ចុប្បន្នក្ដី អត្ត​ភាព​ដែល​កើត​បន្ទាប់ក្ដី អត្ត​ភាព​ដទៃ​ ដែល​អន្ទោល​តទៅក្ដី។  កម្ម​ណា ដែល​បុគ្គល​ធ្វើ​ ព្រោះ​ទោសៈ​។ ​បេ។  កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​មោហៈ​។ ​បេ​។ ក្នុង​អត្តភាព​ដទៃ​ ដែល​អន្ទោល​តទៅ​ក្ដី។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត​៣នេះ​ឯង ជា​ហេតុ​ឲ្យ​កើត​កម្មទាំង​ឡាយ ក៏យ៉ាង​នោះដែរ។

[៣៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត ៣នេះ ជាហេតុ​ឲ្យ​កើតកម្ម​ទាំង​ឡាយ។  ធម្មជាត​៣ តើដូចម្ដេច។  គឺ​អលោភៈ ជាហេតុ​ឲ្យ​កើត​កម្ម​ទាំង​ឡាយ ១ អទោសៈ ជាហេតុ​ឲ្យកើត​កម្ម​ទាំងឡាយ​ ១ អមោហៈ ជាហេតុឲ្យ​កើត​កម្ម​ទាំង​ឡាយ​១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា​ ដែល​បុគ្គល​ធ្វើ ព្រោះ​អលោភៈ កើត​អំពីអលោភៈ មាន​អលោភៈជា​ហេតុ មាន​អលោភៈជា​បច្ច័យ បើ​សេចក្ដីលោភ មិន​មាន​ហើយ កម្ម​នោះ ​ឈ្មោះថា បុគ្គល​បាន​លះ​បង់​យ៉ាង​នេះ ជាកម្ម​មាន​ឫស​គល់ ផ្ដាច់ផ្ដិល​ហើយ ធ្វើមិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជាត្នោតកំបុតក ធ្វើ​មិន​ឲ្យ​មាន​ពូជ ជាកម្ម​មិនកើត តទៅ​ទៀត​ជាធម្មតា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​អទោសៈ កើត​អំពីអទោសៈ ​មាន​អទោសៈ​ជាហេតុ មាន​អទោសៈជា​បច្ច័យ កាល​បើ​ទោសៈ មិនមានហើយ កម្ម​នោះ​ឈ្មោះថា បុគ្គល​បាន​លះ​បង់​យ៉ាង​នេះ ជាកម្មមានឫស​ផ្ដាច់​ផ្ដិល​ហើយ ធ្វើ​មិនឲ្យ​ដុះ​ទៀតបាន ដូច​ជាត្នោត​កំបុតក ធ្វើមិន​ឲ្យមាន​ពូជ ជាកម្ម​មិន​កើត​តទៅ​ទៀត ជាធម្មតា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កម្មណា ​ដែល​បុគ្គល​ធ្វើ​ព្រោះ​អមោហៈ កើត​អំពី​អមោហៈ​ មាន​អមោហៈ ជាហេតុ មាន​អមោហៈ​ ជា​បច្ច័យ កាល​បើអ​មោហៈ​មិន​មាន​ហើយ កម្មនោះ ឈ្មោះ​ថា បុគ្គល​បាន​លះ​បង់​ហើយ​ យ៉ាង​នេះ ជា​កម្ម​មាន​ឫស​គល់​ផ្ដាច់ផ្ដិលហើយ ធ្វើមិនឲ្យ​ដុះ​ទៀត​បាន ដូច​ជា​ត្នោត​កំបុតក ធ្វើ​ឲ្យវិនាស ជាកម្មមិនកើត​តទៅ​ទៀត​ជាធម្មតា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ដូច​ជា​ពូជ​ ដែលមិន​បែក មិន​ស្អុយ មិន​វិនាស​ដោយ​ខ្យល់ ​និង​កំដៅ​ថ្ងៃ ប្រកប​ដោយ​ខ្លឹមសារ គេ​ទុក​ដាក់​ល្អ ​បុរស​គប្បី​ដុត ​នូវ​ពូជ​នោះ​ ដោយ​ភ្លើង ដុត​ដោយ​ភ្លើង​រួចហើយ ធ្វើ​ជា​ធ្យូង​ម៉ត់ ធ្វើ​ជា​ធ្យូង​ម៉ត់រួច​ហើយ ក៏​បាច​ទៅ​ក្នុង​ខ្យល់​ដ៏ខ្លាំង​ក្ដី បណ្ដែត​ក្នុង​ស្ទឹង ​ដែល​មាន​ខ្សែ​ទឹក​ហូរ​ត្របាញ់​ក្ដី ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពូជាទាំង​នោះ ​ត្រូវ​គេ​បំ​ផ្លាញយ៉ាង​នេះ ​មុខ​ជា​នឹងមាន​កំណើត​ផ្ដាច់ផ្ដិល ធ្វើ​មិន​ឲ្យកើត​ទៀត​បាន ​ដូច​ជា​ត្នោត​កំបុតក ធ្វើ​ឲ្យ​វិនាស ​ជា​ពូជមិនកើត​តទៅ​ទៀត ​ជា​ធម្មតា ​យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ យ៉ាង​នោះ​ដែរ​ កម្ម​ណា ​ដែល​បុគ្គល​ធ្វើ ​ព្រោះ​អលោភៈ កើត​អំពី​អលោភៈ មាន​អលោភៈ ជាហេតុ មាន​អលោភៈ​ ជាបច្ច័យ កាល​បើ​លោភៈ​ មិនមាន​ហើយ កម្មនោះ ​ឈ្មោះ​ថា​ បុគ្គល​បានលះ​បង់​ហើយ យ៉ាង​នេះ ជាកម្ម​មាន​ឫស​គល់​ផ្ដាច់ផ្ដិល​ហើយ ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជាត្នោត​កំ​បុត​ក ធ្វើ​ឲ្យ​វិនាស ជាកម្មមិន​កើត​តទៅ​ទៀត​ជាធម្មតា។  កម្ម​ណា​ ដែល​បុគ្គល​ធ្វើ​ ព្រោះ​អទោសៈ។ ​បេ​។  កម្ម​ណា ​ដែល​បុគ្គល​ធ្វើ​ ព្រោះ​អមោហៈ។ ​បេ។  ធ្វើ​ឲ្យ​វិនាស ជា​កម្មមិន​កើត​ត​ទៅ​ទៀត​ ជា​ធម្មតា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត​៣ នេះឯង ជា​ហេតុឲ្យ​កើត​កម្ម​ទាំង​ឡាយ។

បុគ្គល​ពាល​ជា​អ្នក​មិន​ដឹង​ច្បាស់​នូវ​កម្ម ដែល​កើត​អំពី​លោភៈ​ផង កើត​អំពី​ទោសៈ​ផង កើត​អំពី​មោហៈ​ផង កម្ម​ណា ​ដែល​បុគ្គល​នោះ​ធ្វើ​ហើយ ទោះ​តិច​ក្ដី ច្រើន​ក្ដី បុគ្គល​នោះ​ ត្រូវ​រង​កម្ម​នោះ ក្នុង​អត្តភាព​នេះឯង វត្ថុ​ដទៃ មិនមាន​ទេ ហេតុ​នោះ ភិក្ខុ (ណា) ជា​អ្នក​ដឹង​ (រមែងមិន​ធ្វើ​នូវ​កម្ម ​ដែល​កើត​អំពី​) លោភៈផង ទោសៈផង មោហៈ​ផង (ភិក្ខុ​នោះ​) ​ឈ្មោះ​ថា ​ញុំាង​វិជ្ជា​ ឲ្យ​កើត​ឡើង ហើយ​លះ​បង់ ​នូវ​ទុគ្គតិ​ទាំង​អស់​បាន។

ហត្ថកសូត្រ ទី៥

[៣៦] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹក​ឈើ ដែល​ជ្រុះ​ក្នុង​ព្រៃ​ឆ្នង់ ជិត​ផ្លូវ​គោ ក្នុង​ដែន​អាឡវី។  លំ​ដាប់​នោះ​ឯង ​ព្រះរាជ​កុមារ​ ព្រះ​នាម​ហត្ថកអាឡ​វក ត្រាច់​ទៅ​មក ​ដើម្បី​សម្រួល​ព្រះ​ជង្ឃា ក៏បាន​ឃើញ​ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​គង់​លើ​កម្រាល​ស្លឹក​ឈើ ​ក្នុង​ព្រែ​ឆ្នង់ ​ជិតផ្លូវ​គោ ​លុះ​ឃើញ​ហើយ ក៏​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគហើយ ​គង់​ក្នុង​ទី​សម​គួរ។  លុះ​ហត្ថកអាឡវក គង់​ក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​ផ្ទំ​ស្រួល​ទេ​ឬ។  ម្នាលកុមារ យ៉ាង​ហ្នឹង​ហើយ តថាគត​ បា​ន​សិង​ស្រួល​ហើយ ពួក​ជន​ណា ​ដេកស្រួល​ក្នុង​លោក បណ្ដា​ជន​ទាំង​នោះ តថាគត​ ក៏​ជា​អ្នក​សិង​ស្រួលមួយនឹង​គេ​ដែរ។  បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន រាត្រី​ក្នុង​ហេមន្ត​រដូវ​ ត្រជាក់ កាលក្នុង​ ៨​ថ្ងៃ​ ជា​ចន្លោះ (ខែ​មាឃ​ និង​ខែ​ផល្គុន​) ជា​សម័យ​ធ្លាក់​ទឹក​សន្សើម ផែន​ដី​ដែល​ត្រូវ​ក្រចក​ជើង​គោ ជាន់​ខូង​រដិបរដុប ក៏រឹង កម្រាល​ស្លឹកឈើ ក៏​ស្ដើង អស់​ទាំង​ស្លឹក​ឈើ​ ក៏រង្វើល សំពត់​កាសាយៈ ​ក៏​ត្រជាក់ ​ខ្យល់​វល់ ដ៏ត្រជាក់ ​ក៏​បក់​មក កាល​បើ​យ៉ាង​ហ្នឹង ម្ដេចក៏​ព្រះ​មាន​ព្រះ​ភាគ ត្រាស់​យ៉ាងនេះ​ថា ម្នាល​កុមារ យ៉ាង​ហ្នឹង​ហើយ តថាគត ​បាន​សិង​ស្រួល​ហើយ។ ពួក​ជន​ណា ​ដេក​ស្រួល​ក្នុង​លោក បណ្ដាជន​ទាំង​នោះ​ តថាគត​ ក៏​ជាអ្នក​សិងស្រួល​មួយ​នឹង​គេ​ដែរ។ ម្នាល​កុមារ បើដូច្នោះ តថាគត​នឹង​សួរអ្នក​ ក្នុងដំណើរ​នុ៎ះ ថា​បើ​អ្នក​គាប់​ចិត្ត​យ៉ាង​ណា គប្បី​ព្យាករ​ នូវ​ដំណើរ​នោះ​ យ៉ាងនោះ​ចុះ។  ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ​ដូចម្ដេច គហបតី ​ឬគហបតិបុត្រ​ ក្នុង​លោក​នេះ មាន​ផ្ទះ​កំពូល​ បូក​លាប​ខាង​ក្នុង​ ទាំង​បូក​លាប​ខាង​ក្រៅ ខ្យល់​ចូល​មិន​រួច មាន​ទ្វារ​ដ៏​ជិត មាន​បង្អួច​បិទ​ជិត​ ក្នុង​ផ្ទះ​នោះ មាន​បល្ល័ង្កក្រាល​ដោយ​កម្រាល​គោណកៈ ក្រាល​ដោយ​កម្រាល​បដិកៈ ក្រាលដោយកម្រាល​បដលិកៈ​ មាន​កម្រាល​ដ៏​ប្រសើរ ជាវិការ​នៃ​ស្បែក​ឈ្មុស ​[ឈ្មោះ​កម្រាលទាំងអស់នេះ បានប្រែក្នុងសៀវភៅ ទី១៤ ទំព័រ ១៦ រួចហើយ។]​ មានខ្នើយ​ក្រហម​ទាំង​ពីរ​ខាង ព្រមទាំង​ពិតាន​ក្រហម​ ទាំង​ប្រទីប​ប្រេង​ ក៏​ឆេះ​ភ្លឺក្នុង​ផ្ទះ​នោះ មាន​ប្រពន្ធ​៤​នាក់ នៅ​ផ្គត់​ផ្គង់​បម្រើ ដោយ​សេចក្ដី​គាប់ចិត្ត។  ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ​ដូច​ម្ដេច បុគ្គល​នោះ ​គួរ​ដេក​ជាសុខ​ ឬទេ ឬ​អ្នកមាន​សេចក្ដី​យល់ ក្នុង​ដំណើរ​នុ៎ះ​ ដូច​ម្ដេច។  បពិត្រ​ព្រះអង្គ​ដ៏​ចំ​រើន បុគ្គល​នោះ​ គួរ​ដេក​ជាសុខ ពួក​ជនណា ​ដេក​ជា​សុខ ក្នុងលោក បណ្ដា​ជន​ទាំង​នោះ អ្នក​នោះ​ ជាអ្នក​ដេក​ជា​សុខ​មួយ​នឹង​គេដែរ។ ម្នាល​កុមារ អ្នក​សំគាល់​ហេតុ​នោះ ដូចម្ដេច គហបតី ឬ​គហបតិបុត្រ​នោះ កើត​សេច​ក្ដី​រសាប់​រសល់ ​ផ្សាយ​ទៅ​ក្នុង​កាយ ​ក្នុង​ចិត្ត ដែល​បណ្ដាល​អំ​ពីរាគៈ គហបតី​ ឬ​គហបតិបុត្រ​នោះ ត្រូវ​សេច​ក្ដី​រសាប់​រសល់ ​ដែល​បណ្ដាលអំ​ពី​រាគៈ​ណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ​ ឬទេ។  យ៉ាង​នឹង​ហើយ ព្រះ​អង្គ។  ម្នាល​កុមារ គហបតី ​ឬ​គហបតិ​បុត្រ​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំ​ពី​រាគៈណា រោល​រាល​ ត្រូវ​ដេក​ជា​ទុក្ខ រាគៈ​នោះ តថាគត​ បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​ហើយ ធ្វើ​មិន​ឲ្យ​កើតទៀត ដូច​ជា​ត្នោត​កំ​បុត​ក ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យមាន​ទី​កើត​តទៅទៀត ​ជាធម្មតា ហេតុ​នោះ ​ទើប​តថាគត​បាន​សិង​ជា​សុខ ម្នាល​កុមារ អ្នក​សំ​គាល់ហេតុ​នោះ ​ដូច​ម្ដេច គហបតី ​ឬគហបតិបុត្រ​ កើត​សេចក្ដី​រសាប់​រសល់ ដែលបណ្ដាល​អំ​ពី​ទោសៈ។ បេ​។  កើត​សេច​ក្ដី​រសាប់​រសល់​ផ្សាយ​ទៅ​ក្នុង​កាយ ក្នុង​ចិត្ត ដែល​បណ្ដាល​អំពី​មោហៈ បុគ្គល​នោះ ​ត្រូវ​សេចក្ដី​រសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈណា រោល​រាល តើ​ត្រូវ​ដេក​ជា​ទុក្ខ ​ឬ​ទេ។ យ៉ាងហ្នឹង​ហើយ ​ព្រះ​អង្គ។  ម្នាល​កុមារ គហបតី ឬគហបតិបុត្រ​នោះ ត្រូវ​សេចក្ដីរសាប់​រសល់ ដែល​បណ្ដាល​អំពី​មោហៈ​ណា រោលរាល ត្រូវ​ដេក​ជា​ទុក្ខ មោហៈនោះ តថាគត​ លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិលឫស​គល់​ហើយ ធ្វើ​មិនឲ្យកើត​ទៀត ដូច​ជា​ត្នោតកំបុតក ធ្វើ​ឲ្យវិនាស មិនឲ្យ​មាន​ទី​កើត​តទៅទៀត ​ជា​ធម្មតា ហេតុ​នោះ ទើប​តថាគត ​បាន​សិង​ជា​សុខ។

អ្នក​ណា​មាន​បាប​បន្សាត់​ចោល រំលត់​ទុក្ខ​ហើយ រមែងដេក​ជា​សុខ​សព្វ​កាល បុគ្គល​ណា ​មិន​ជាប់​ជំពាក់ ​ក្នុងកាម​ទាំង​ឡាយ មាន​សេចក្ដី​ត្រជាក់ មិន​មាន​ឧបធិក្កិលេស បាន​ផ្ដាច់​បង់ ​នូវ​តណ្ហា​ទាំង​អស់ បន្ទោបង់​ នូវសេចក្ដី​ក្រវល់​ក្រ​វាយ ក្នុង​ហឫទ័យ បុគ្គល​ស្ងប់ រមែង​ដេក​ជា​សុខ​ ដល់​នូវ​ការ​ស្ងប់​ នៃចិត្ត​បាន។

ទេវទូតសូត្រ ទី៦

[៣៧] ម្នាល​ភិក្ខុ​ទាំងឡាយ  ទេវទូត​នេះ​ មាន​៣ ពួក។ ទេវទូត៣ពួក តើ​ដូច​ម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ខ្លះ ​ក្នុង​លោកនេះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្តទុច្ចរិតដោយ​ចិត្ត។  បុគ្គល​នោះ​ ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្តហើយ លុះ​បែក​ធ្លាយ​រាងកាយ​ ស្លាប់ទៅ​ខាង​មុខ តែង​កើត​ក្នុង​ប្រេត អសុរកាយ តិរច្ឆាន នរក។  ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ចាប់​បុគ្គល​នោះ ​ត្រង់​ដើមដៃ​ទាំងពីរ នាំទៅថា្វយ​ដល់​យមរាជ ​ដោយ​ពាក្យ​ថា បពិត្រ​លោក បុរស​នេះ ​ប្រព្រឹត្ត​ខុសក្នុងមាតា ប្រព្រឹត្ត​ខុស​ក្នុង​បិតា ប្រព្រឹត្ត​ខុស ​ក្នុង​សមណៈ ប្រព្រឹត្ត​ខុស ក្នុងខីណាសវ​ព្រាហ្មណ៍ មិន​កោត​ខ្លាច​បុគ្គលជា​ធំ​ក្នុង​ត្រកូល សូម​លោក​ដាក់អាជ្ញា ​ដល់​បុរស​នេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ដេញដោល ​ចោទសាក​សួរ​ទេវទូត ​ទី១ ចំ​ពោះ​បុរស​នោះថា ម្នាល​បុរស​ដ៏​ចំរើន អ្នកបានឃើញ​ទេវទូត ​ទី១ ដែល​កើត​ប្រាកដ ​ក្នុងពួក​មនុស្ស​ឬទេ។  បុរស​នោះ ក៏ក្រាប​ទូល​ យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ​មិន​បាន​ឃើញទេ។  ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ ពោល​ទៅ​នឹងបុរស​នោះ យ៉ាង​នេះថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ស្រី ​ឬ​ប្រុស ​ដែល​អាយុ​៨០​ក្ដី អាយុ​៩០​ក្ដី អាយុ១០០ឆ្នាំ​ក្ដី គ្រាំ​គ្រា​ដោយ​ជាតិ ទោរ​ដូច​ជា​បង្កង់ មាន​ខ្នងកោង មាន​ឈើច្រត់​នាំមុខ ដើរ​រញីរញ័រ រសាប់​រសល់​ព្រោះ​ជរា មាន​វ័យ​កន្លង​ហើយ ធ្មេញ​បាក់ សក់​ស្កូវ​ មាន​ក្បាល​ឆក មាន​ក្បាលទំពែក មាន​ស្បែក​ជ្រីវ មាន​ខ្លួន​ដាស ​ដោយ​ប្រជ្រុយ ក្នុង​ពួក​មនុស្ស​ដែរឬទេ។  បុរស​នោះ​ក្រាប​បង្គំ​ទូល ​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំព្រះ​អង្គ ​បាន​ឃើញ​ហើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ ពោល​នឹងបុរស​នោះ​ យ៉ាង​នេះ​ថា នែ​បុរស​ដ៏​ចំរើន អ្នក​ឯង​ជា​មនុស្ស​ដឹង​ក្ដី មានស្មារតី​ចាស់ហើយ តែ​មិ​ន​មាន​គំនិត​យ៉ាងនេះ​ថា អាត្មា​អញ​ ក៏មាន​សេចក្ដីគ្រាំគ្រាជា​ធម្មតា មិនកន្លង​សេចក្ដី​គ្រាំ​គ្រា​បាន​ឡើយ បើ​ដូច្នោះ​ គួរ​អាត្មាអញ ធ្វើ​សេចក្ដី​ល្អ​ដោយកាយ​ វាចា​ ចិត្ត។  បុរស​នោះ ​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​មិន​អាច (នឹក​ឃើញ​ទៅហើយ) បពិត្រព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ​បាន​ជា​ប្រហែស​ទៅ​ហើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ​ពោល​នឹង​បុរស​នោះ​ យ៉ាង​នេះថា នែ​បុរស​ដ៏​ចំ​រើន អ្នក​មិនបានធ្វើ​ នូវ​អំពើ​ល្អ​ ដោយ​កាយ វាចា ចិត្ត ព្រោះ​តែ​សេចក្ដី​ប្រហែស ម្នាលបុរស​ដ៏ចំរើន ពួក​និរយបាល​ នឹង​ធ្វើ​ទោស​អ្នក តាម​អំពើ​ ដែល​អ្នក​ប្រហែសហើយ​នោះឯង អំ​ពើ​បាប​នោះឯង មិន​មែន​មាតា​ធ្វើ មិន​មែន​បិតា​ធ្វើ មិនមែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត​ និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ​និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ និង​ព្រាហ្មណ៍​ធ្វើ​ទេ អំ​ពើ​អាក្រក់​នោះ​ អ្នក​ឯង​ ធ្វើ​ជា​ប្រាកដ អ្នកឯង​នឹង​ទទួល​ផល ​នៃ​អំ​ពើ​អាក្រក់​នោះ។  ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជដេញ​ដោល ​ចោទ​សាក​សួរ​ទេវទូត​ ទី​១ ចំ​ពោះ​បុរស​នោះ​ហើយ ក៏ដេញដោល​ ចោទ​សាក​សួរ​ទេវទូត ​ទី២ ថា នែ​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញទេវទូត ​ទី២ កើតប្រាកដ ​ក្នុង​ពួក​មនុស្ស​ឬទេ។  បុរស​នោះ​ក្រាប​បង្គំ​ទូល យ៉ាង​នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ ​មិន​បាន​ឃើញ​ទេ។  ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ពោល​នឹង​បុរស​នោះ ​យ៉ាង​នេះថា ម្នាល​បុរសដ៏ចំរើន អ្នក​បាន​ឃើញ​ស្រី​ក្ដី ប្រុស​ក្ដី មាន​អាពាធ​ ដល់​នូវ​សេចក្ដី​ទុក្ខ ឈឺធ្ងន់ ដេក​ច្របល់​ក្នុង​មូត្រ​ និង​ករីស​ខ្លួន ដែល​ពួក​ជន​ដ​ទៃ​ គ្រាហ៍​ឲ្យ​ក្រោក ពួក​ជន​ដ​ទៃ ​ផ្ដេក​ឲ្យ​ដេក​ក្នុង​ពួក​មនុស្ស​ដែរឬ​ទេ។  បុរស​នោះ ​ក្រាប​បង្គំ​ទូលយ៉ាង​នេះថា ​បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ ​បាន​ឃើញ​ហើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ យម​រាជ​ពោលនឹង​បុរស​នោះ​ យ៉ាង​នេះ​ថា ម្នាល​បុរសដ៏​ចំរើន អ្នក​ឯង​ជាមនុស្ស​ដឹង​ក្ដី ​ចាស់​ហើយ ក៏​នៅ​តែ​ឥត​មាន​គំនិត ​ដូច្នេះថា អញ​មាន​ព្យាធិ​ ជាធម្មតា មិន​កន្លង​ព្យាធិបាន​ឡើយ គួរ​តែ​អាត្មា​អញ ធ្វើ​ល្អ​ដោយ​កាយ វាចា ចិត្ត។  បុរស​នោះ ក្រាប​បង្គំ​ទូល យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះអង្គ​ បាន​ជា​មិន​អាច (នឹក​ឃើញ​ទៅ​ហើយ ) បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ​ បាន​ជាប្រហែស​ទៅ​ហើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ យមរាជ​ ពោល​នឹង​បុរស​នោះ ​យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏ចំរើន អ្នក​មិន​បាន​ធ្វើ​កុសល ​ដោយ​កាយ វាចា ចិត្ត ព្រោះ​សេចក្ដី​ធ្វេសប្រ​ហែស នែ​បុរស​ដ៏​ចំរើន​ អើ​ពួក​និរយ​បាល​ នឹង​ធ្វើ​ទោស​អ្នក​ តាម​អំ​ពើដែលអ្នក​ប្រហែស​ហើយ​នោះ អំពើ​អាក្រក់​នោះ​ឯង មិនមែន​មាតាធ្វើ មិន​មែនបិតាធ្វើ មិនមែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ​ និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ និង​ព្រាហ្មណ៍​ធ្វើ​ទេ អំ​ពើ​អាក្រក់​នោះ​ អ្នក​ឯងធ្វើ​ជា​ប្រាកដ អ្នក​នឹង​ទទួល​ផល ​នៃ​អំ​ពើ​អាក្រក់​នោះ។ ម្នាល​ភិក្ខុទាំង​ឡាយ លុះ​យមរាជ ​ដេញ​ដោល ​ចោទសាក​សួរ​ទេវទូត ទី​២ ចំពោះ​បុរស​នោះហើយ ក៏​ដេញ​ដោល​ ចោទ​សាក​សួរ​ទេវទូត​ ទី​៣ ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ទេវទូត ទី​៣ កើត​ប្រាកដ ​ក្នុង​ពួក​មនុស្ស​ខ្លះ​ឬទេ។ បុរស​នោះ ​ក្រាប​បង្គំ​ទូល​យ៉ាង​នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ មិន​ឃើញ​ទេ។  ម្នាល​ភិក្ខុទាំង​ឡាយ យម​រាជ​ពោល​នឹង​បុរសនោះ ​យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​បាន​ឃើញ​ស្រី​ក្ដី ប្រុស​ក្ដី ដែល​ស្លាប់​ ១ថ្ងៃក្ដី ស្លាប់ ២​ថ្ងៃ​ក្ដី ស្លាប់​៣​ថ្ងៃ​ក្ដី ជាអសុភហើមប៉ោង​ មាន​សម្បុរខៀវ មានខ្ទុះ​ហូរចេញ ក្នុង​ពួក​មនុស្ស​ដែរ​ឬ​ទេ។ បុរស​នោះ ​ក្រាប​បង្គំ​ទូល យ៉ាង​នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំ​រើន ខ្ញុំ​ព្រះ​អង្គ​ ​បាន​ឃើញហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ យម​រាជ​ ពោលនឹង​បុរស​នោះ​ យ៉ាង​នេះ​ថា ម្នាល​បុរស​ដ៏​ចំរើន អ្នក​ឯង​ជា​មនុស្ស​ដឹង​ក្ដី ចាស់​ហើយ នៅ​តែ​មិន​មាន​សេច​ក្ដី​ត្រិះ​រិះ​ ដូច្នេះថា អាត្មា​អញ ​មាន​សេច​ក្ដីស្លាប់ ​ជា​ធម្មតា មិនកន្លង​សេចក្ដី​ស្លាប់​ទៅបាន គួរ​តែ​អាត្មា​អញ ​ធ្វើ​ល្អដោយ​កាយ វាចា ចិត្ត។  បុរស​នោះ ​ក្រាប​បង្គំ​ទូល​ យ៉ាង​នេះ​ថា បពិត្រព្រះ​អង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​ បាន​ជា​មិន​អាច (នឹក​ឃើញ​ទៅហើយ) បពិត្រ​ព្រះអង្គ​​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ ​បាន​ជា​ប្រហែស​ធ្វេស​ទៅហើយ។  ម្នាល​ភិក្ខុ​ទាំង​​ឡាយ យម​រាជ​ ពោល​នឹង​បុរស​នោះ​ យ៉ាង​នេះថា ម្នាល​បុរស​ដ៏​ចំ​រើន អ្នក​មិន​បាន​ធ្វើ​កុសល​ ដោយ​កាយ វាចា ចិត្ត ព្រោះ​សេចក្ដី​ប្រហែសធ្វេស អើ​បុរស​ដ៏​ចំរើន មុខ​ជា​ពួក​និរយ​បាល នឹងធ្វើ​ទោស​អ្នក​ តាម​អំពើដែល​អ្នក​ប្រហែស​ហើយ​នោះ អំ​ពើ​អាក្រក់​នោះ​ឯង មិន​មែន​មាតា​ធ្វើ មិន​មែន​បិតា​ធ្វើ មិន​មែន​បង​ប្អូន​ប្រុស​ធ្វើ មិន​មែន​បង​ប្អូន​ស្រី​ធ្វើ មិន​មែន​ពួកមិត្ត និង​អាមាត្យធ្វើ មិនមែន​ពួក​ញាតិ ​និង​សាលោហិត​ធ្វើ មិន​មែន​ពួក​ទេវតា​ធ្វើ មិន​មែនពួក​សមណៈ ព្រាហ្មណ៍​ធ្វើ​ទេ ប្រាកដជាអ្នកឯង ធ្វើអំ​ពើ​អាក្រក់​នោះ​ អ្នកឯង​នឹង​ទទួលយក​ផល​ នៃ​អំ​ពើ​អាក្រក់​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ លុះ​យម​រាជ ដេញ​ដោល ​ចោទ​សាក​សួរ​ទេវទូត​ ទី​៣ ហើយ ​ក៏​ស្ងៀម។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួកនិរយ​បាល ​ធ្វើ​កម្មករណ៍ ដែលហៅ​ថា​ ចំ​ណង​៥​ប្រការ ​ចំ​ពោះ​បុរស​នោះ ​គឺ​បោះ​ដែក​គោល​ដ៏​ក្ដៅ ​ទៅ​ត្រង់​ដៃ បោះ​ដែក​គោល​ដ៏​ក្ដៅ​ ទៅ​ត្រង់​ដៃទី២​បោះដែក​គោល​ដ៏​ក្ដៅ ​ទៅ​ត្រង់​ជើង បោះដែក​គោល​ដ៏​ក្ដៅ ទៅ​ត្រង់ជើង​ទី​ពីរ​បោះដែក​គោល​ដ៏​ក្ដៅ ត្រង់​កណ្ដាល​ទ្រូង។ បុរស​នោះ ​ទទួល​វេទនា​ដ៏​ក្លា ក្ដៅ​ក្រហាយ ក្នុង​នរក​នោះ អំ​ពើ​អាក្រក់នោះ​មិន​ទាន់​អស់ ដរាប​ណា មិន​ទាន់​ធ្វើ​មរណកាល ដរាបនោះ។  ម្នាលភិក្ខុ​ទាំង​ឡាយ ពួក​និរយ​បាល ​ផ្ដេក​បុរស​នោះ ចាំង​ដោយ​ដឹង​ទាំង​ឡាយ។ បុរស​នោះ ក៏​ទទួល​ទុក្ខ​វេទនា ​ដ៏ក្លា​រឹង ផ្សាខ្លោច ក្នុង​នរក​នោះ អំ​ពើអាក្រក់​នោះ​ មិន​ទាន់​អស់ ដរាបណា មិនទាន់​ធ្វើ​មរណ​កាល​ដរាបនោះ​។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​និរយបាល ចាប់​បុរស​នោះ ​បញ្ឈរ ឲ្យមាន​ជើងឡើង​លើ ក្បាល​ចុះ​ក្រោម​ ច្រាស់​នឹង​កាំបិតព្រា​ទាំង​ឡាយ… ម្នាល​ភិក្ខុទាំង​ឡាយ ពួក​និរយ​បាល ​ទឹម​បុរស​នោះ​នឹង​រថ ​បរ​ទៅ​មក​លើ​ផែន​ដី ​ដែលមាន​ភ្លើង​ឆេះ រុង​រឿង​សន្ធោ​សន្ធៅ…​ ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​និរយបាល ​ឲ្យ​បុរស​នោះ ឡើង​ចុះ​ភ្នំ​រងើក​ភ្លើង​ដ៏ធំ ដែល​ភ្លើង​កំពុង​ឆេះ​ច្រាលឆ្អៅ​ សន្ធោសន្ធៅ… ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​និរយបាល ចាប់​បុរស​នោះបញ្ឈរ​ជើង​ឡើង​លើ ក្បាលចុះ​ក្រោម បោះទៅ​ក្នុង​ខ្ទះ​លោហៈ​ដ៏ក្ដៅ ដែល​ឆេះ​ច្រាល​ឆ្អៅ​សន្ធោសន្ធៅ ។   បុរស​នោះ ត្រូវ​បាប​កម្ម​ស្ងោរ​ នៅក្នុង​ខ្ទះ​លោហៈនោះ ផុល​ឡើង​ដូច​ជា​ពពុះទឹក។  កាល​បុរស​នោះ ត្រូវ​បាប​កម្ម​ស្ងោរ​ នៅ​ក្នុង​ខ្ទះ​លោហៈ​នោះ ផុល​ឡើង ដូច​ជា​ពពុះ​ទឹក ជួនណា​ពុះ​ខ្ជោល​ឡើង​លើ​ម្ដង លិច​ចុះ​ក្រោមម្ដង ជួនណា​ទៅទទឹង​ម្ដង។ បុរស​នោះ ក៏​ទទួល​វេទនា​ជា​ទុក្ខ​​ដ៏ក្លា​រឹង ក្ដៅក្រហាយ ក្នុងនរក​នោះ អំពើ​អាក្រក់មិន​ទាន់​អស់ ដរាបណា ក៏​មិន​ទាន់​ធ្វើ​មរណកាល ​ដរាបនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ទើប​ពួក​និរយបាល បោះបុរស​នោះ​ ទៅក្នុង​មហានរក ​(មហាអវីចិ)។  ម្នាលភិក្ខុ​ទាំង​ឡាយ ឯ​មហា​នរក​នោះឯង មាន​ជ្រុង​៤ មាន​ទ្វា​រ៤ ដែល​កម្ម​ចែក​ហើយ ដោយចំណែក វាស់ដោយ​ចំណែក មាន​កំពែង​ដែក​ព័ទ្ធ​ជុំវិញ ប្រក់​ដោយ​ដែក ផែនដី​របស់​នរក​នោះ សុទ្ធ​តែ​ដែកច្រាល​ឆ្អៅ ប្រកបដោយ​ភ្លើង​ ផ្សាយ​ទៅអស់ ១០០យោជន៍​ជុំវិញ តាំង​នៅសព្វ​ៗ​កាល។

ម្នាលភិក្ខុ​ទាំងឡាយ ធ្លាប់​មាន​រឿង​មកថា យមរាជ មានសេចក្ដី​ត្រិះរិះ ដូច្នេះថា ម្នាល​អ្នក​ដ៏​ចំរើន ឮថា ​ពួក​សត្វណា ធ្វើ​អំពើ​អាក្រក់​ក្នុង​លោក ពួក​សត្វ​នោះ ត្រូវពួក​និរយ​បាល​ ធ្វើ​កម្មករណ៍​ផ្សេងៗ មាន​សភាព​យ៉ាងនេះ អើហ្ន៎ សូម​ឲ្យ​អាត្មា​អញ ​បាន​កើត​ជា​មនុស្ស សូម​ឲ្យ​ព្រះ​តថាគត​ អរហន្តសម្មាសម្ពុទ្ធ កើត​ក្នុង​លោក អាត្មា​អញ​សោត គប្បី​បាន​អង្គុយ​ជិត ព្រះដ៏​មាន​ព្រះ​ភាគ​នោះ គប្បី​សំដែង​ធម៌ អាត្មា​អញ គប្បី​យល់​ធម៌ របស់ព្រះ​ដ៏មាន​ព្រះ​ភាគនោះ។ ម្នាលភិក្ខុទាំង​ឡាយ តថាគត​ នឹង​បានឮនូវហេតុ​នោះ អំពី​សំ​ណាក់​ នៃ​សមណៈ ឬ​ព្រាហ្មណ៍​ដទៃ ហើយ​សំដែង យ៉ាង​នេះ​ក៏​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ ប្រាកដ​ជាតថាគត​ បាន​សំដែងហេតុនោះ​ឯង ដែល​តថាគត ​ដឹង​ដោយខ្លួន​ឯង ឃើញ​ដោយ​ខ្លួន​ឯង យល់ជាក់​ច្បាស់ ​ដោយ​ខ្លួន​ឯង។

មាណព​ណា ដែល​ទេវទូត​ដាស់​តឿន​ហើយ នៅតែប្រហែស​ធ្វេស មាណព នោះ ទៅ​កើត​ក្នុង​ពួក​ថោកទាប រមែង​សោក​សង្រេង​ អស់​រាត្រី​វែង។  នរជន​ណា ជាសប្បុរស ស្ងប់​ទុក្ខ​ក្នុងលោក​នេះ ដែល​ទេវទូត​ ដាស់តឿន​ហើយ​ មិនប្រហែស​ធ្វេស​ ក្នុង​អរិយធម៌​ ក្នុង​កាល​ខ្លះ ឃើញ​ភ័យ​ ក្នុង​ឧបាទាន ជាដែន​កើត​នៃ​ជាតិ ​និង​មរណៈ រមែង​រួច​ស្រឡះ ព្រោះ​មិន​ប្រកាន់ ក្នុង​ការ​អស់​ជាតិ និង​មរណៈ នរ​ជន​នោះ ដល់​នូវ​សេចក្ដី​ក្សេម​ និង​សុខ រលត់​កិលេស ក្នុង​បច្ចុប្បន្ន កន្លង​បង់ ​នូវ​ពៀរ​និង​ភ័យទាំង​អស់ កន្លង​នូវ​សេចក្ដី​ទុក្ខ ទាំង​អស់​បាន។

ចតុមហារាជសូត្រ ទី៧

[៣៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​ថ្ងៃ​ទី​៨ ​នៃបក្ខ ពួក​អាមាត្យ ​ជាបរិសទ្យ​ របស់​ស្ដេច​ធំ​ ទាំង​៤ តែង​ដើរ​ត្រួត​លោក​នេះ ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំង​ឡាយ គង់​មាន​ពួក​មនុស្ស​ជា​ច្រើន ជា​អ្នក​គោរព​មាតា គោរពបិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែងបុគ្គល​ជា​ធំ ក្នុង​ត្រកូល រក្សា​បកតិ​ឧបោសថ រក្សា​បដិជាគរឧបោសថ ធ្វើបុណ្យ​ទាំងឡាយ​ខ្លះ​ដែរឬ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​ថ្ងៃ ទី​១៤ នៃ​បក្ខ ពួក​រាជបុត្រ ​របស់​ស្ដេចធំ ​ទាំង​៤ តែង​ដើរ​ត្រួត​លោកនេះ ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំង​ឡាយ គង់​មាន​ពួក​មនុស្ស​ជាច្រើន ជា​អ្នក​គោរព​មាតា គោរព​បិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោតក្រែង​បុគ្គល​ជា​ធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើ​បដិ​ជាគរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ​ ខ្លះ​ដែរ​ឬ។  ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុង​ថ្ងៃ​បណ្ណរសីឧបោសថនោះ ពួក​ស្ដេច​ធំ​ ទាំង​៤ តែង​ដើរ​ត្រួត​មើល​លោក​នេះ​ខ្លួន​ឯង ដោយ​គិត​ថា បណ្ដា​មនុស្ស​ទាំងឡាយ គង់​មាន​ពួក​មនុស្ស​ជាច្រើន ជា​អ្នកគោរព​មាតា គោរពបិតា គោរពសមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែងបុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិ​ឧបោសថ ធ្វើ​បដិ​ជាគរ​ឧបោសថ ធ្វើបុណ្យ​ទាំង​ឡាយ ​ខ្លះ​ដែរឬ។  ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​មនុស្សទាំង​ឡាយ បើ​ពួក​មនុស្ស ជា​អ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សាបកតិឧបោសថ ធ្វើ​បដិជា​គរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ ​មានតិចគ្នា។  ម្នាល​ភិក្ខុ​ទាំងឡាយ ស្ដេច​ធំ​ ទាំង​៤  ប្រាប់​ដំ​ណឹង​នោះ ដល់​ពួកទេវតាស្ថានតាវត្តឹង្ស ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​សាលា​សុធម្មាថា នែ​អ្នក​និទ៌ុក្ខ​ទាំងឡាយ បណ្ដា​មនុស្ស​ទាំងឡាយ  ពួក​មនុស្ស​ ជាអ្នក​គោរព​មាតា គោរព​បិតា គោរព​សមណៈ គោរព​ព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើបដិ​ជាគរឧបោសថ ធ្វើ​កុសល​ទាំង​ឡាយ​ តិច​គ្នា​ណាស់។  ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ពួក​តាវត្តឹង្ស​ទេវតា ​តូច​ចិត្តថា ម្នាលអ្នក​ដ៏ចំរើន ពួក​ទេវតានឹង​សាបសូន្យ ពួក​អសុរនឹង​កុះករ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​មនុស្សទាំងឡាយ បើ​ពួក​មនុស្ស ជាអ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សាបកតិ​ឧបោសថ ធ្វើ​បដិជា​គរឧបោសថ ធ្វើ​បុណ្យ​ទាំង​ឡាយ មាន​ចំនួនច្រើន​គ្នា។  ម្នាល​ភិក្ខុ​ទាំងឡាយ សេ្ដច​ធំ ទាំង​៤ តែង​ប្រាប់ដំ​ណឹង​នោះ ដល់​តាវត្តឹង្ស​ទេវតា ដែល​អង្គុយ​ប្រជុំ​ ក្នុង​សាលា​ឈ្មោះ​សុធម្មាថា ម្នាលអ្នកនិទ៌ុក្ខទាំងឡាយ បណ្ដា​មនុស្ស​ទាំង​ឡាយ ពួក​មនុស្ស​ជាអ្នក​គោរព​មាតា គោរព​បិតា គោរពសមណៈ គោរពព្រាហ្មណ៍ កោត​ក្រែង​បុគ្គល​ជាធំ ក្នុង​ត្រកូល រក្សា​បកតិឧបោសថ ធ្វើ​បដិជា​គរឧ​បោសថ ធ្វើ​បុណ្យ​ទាំងឡាយ​ច្រើន​គ្នា។  ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ហេតុ​នោះ ពួក​តាវត្តឹង្សទេវតា មាន​សេចក្ដីពេញ​ចិត្តថា ម្នាល​អ្នក​ដ៏ចំរើន ពួក​ទេវតានឹង​កុះករ ពួក​អសុរនឹង​សាបសូន្យ។

ទុតិយចតុមហារាជសូត្រទី៨

[៣៩] ម្នាល​ភិក្ខុ​ទាំងឡាយ ធ្លាប់​មាន​រឿងមក កាល​សក្កទេវរាជ ជាធំជាង​ពួក​ទេវតា ដាស់​តឿន​ក្រើន​រំលឹក​ពួក​តាវត្តឹង្ស​ទេវតា បានពោល​គាថានេះ ក្នុង​ពេល​នោះថា

នរៈណា ​ដូច​ជាយើង នរៈនោះ ត្រូវ​រក្សា​ឧបោសថ ប្រកប​ដោយ​អង្គ ៨ ក្នុង​តិថី ទី​១៤ ផង តិថី ទី១៥ ផង ទី​៨ នៃបក្ខផង បាដិហារិយបក្ខផង

ម្នាល​ភិក្ខុ​ទាំងឡាយ គាថា​នោះឯង ដែល​សក្កៈ ជាធំជាង​ទេវតា ច្រៀង​ទាស់​ហើយ មិន​មែន​ច្រៀងត្រូវ​ទេ ពោល​ទាស់ហើយ មិនមែន​ពោល​ត្រូវ​ទេ។  ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។  ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះសក្កៈ ជាធំ​ជាង​ពួក​ទេវតា មិនទាន់​ប្រាស​ចាក​រាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់​ប្រាស​ចាក​មោហៈ។  ម្នាលភិក្ខុ​ទាំងឡាយ លុះ​តែ​ភិក្ខុ​ណា ​ជាអរហន្ត​ខីណា​ស្រព នៅ​ចប់ព្រហ្ម​ចារ្យ​ហើយ មានកិច្ច​ធ្វើ​រួច​ហើយ មាន​ភារៈ​ ដាក់​ចុះ​ហើយ សម្រេច​អរហត្តហើយ អស់​សំយោជនៈ ក្នុង​ភពហើយ ជាអ្នក​ផុតស្រឡះ​ ព្រោះ​ដឹង​នូវ​ហេតុ ភិក្ខុ​នោះឯង​ទើបគួរ​ពោល ​នូវ​គាថា​នោះថា

នរៈណា​ ប្រាកដ​ដូច​ជាយើង នរៈ​នោះ ត្រូវ​រក្សា​ឧបោសថ ប្រកប​ដោយ​អង្គ៨ ក្នុង​តិថី ទី​១៤ផង ទី​១៥ផង ទី៨ នៃ​បក្ខ​ផង បាដិហារយ​បក្ខ​ផង។

ដំណើរនោះ ព្រោះ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ភិក្ខុនោះ ប្រាសចាករាគៈ ប្រាសចាក​ទោសៈ ប្រាសចាកមោហៈ។  ម្នាល​ភិក្ខុទាំងឡាយ ធ្លាប់​មាន​រឿង​មក កាល​សក្ក​ទេវរាជ ជាធំ​ជាង​ពួក​ទេវតា ដាស់​តឿនពួក​តាវត្តឹង្សទេវតា បាន​ពោល​គាថានេះ ក្នុង​ពេល​នោះថា

នរៈណា​ ប្រាកដ​ដូច​ជាយើង នរៈនោះ ត្រូវ​រក្សាឧបោសថ ប្រកបដោយ​អង្គ​៨ ក្នុង​តិថី ​ទី ១៤ ផង ទី ១៥​ផង ទី៨​ នៃ​បក្ខផង បាដិហារិបក្ខផង។

ម្នាល​ភិក្ខុ​ទាំងឡាយ គាថា​នោះ សក្ក​ទេវរាជជាធំ ជាង​ទេវតា ច្រៀងទាស់​ហើយ មិនមែន​ច្រៀង​ត្រូវ​ទេ ពោល​ទាស់​ហើយ មិនមែន​ពោលត្រូវ​ទេ។  ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។  ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះសក្កៈ ជា​ធំជាង​ទេវតា មិនទាន់​ផុត​ចាកជាតិ ជរា មរណៈ សោក ខ្សឹក​ខ្សួល ទុក្ខ ទោម​នស្ស សេចក្ដី​តាន​តឹង តថាគត​ហៅថា មិន​ទាន់​ផុត​ចាកទុក្ខ។ ម្នាល​ភិក្ខុ​ទាំងឡាយ លុះតែភិក្ខុ​ ជាអរហន្ត​ខីណាស្រព នៅ​ចប់​ព្រហ្មចារ្យហើយ មានកិច្ច​ធ្វើ​រួច​ហើយ មាន​ភារៈដាក់​ចុះហើយ បាន​សម្រេចអរហត្ត​ហើយ មាន​សំយោជនៈ ក្នុង​ភព​អស់​ហើយ រួច​ស្រឡះ​ហើយ ព្រោះ​ដឹង​នូវហេតុ ភិក្ខុ​នោះ​ ទើប​គួរ​ពោល ​នូវ​គាថា​នោះថា

នរៈណា ​ប្រាកដ​ដូចជាយើង នរៈនោះ ត្រូវ​រក្សាឧបោសថ ​ប្រកប​ដោយ​អង្គ ៨​ ក្នុងតិថី ​ទី​១៤ផង ទី១៥ផង ទី​៨ នៃ​បក្ខផង បាដិហារិយបក្ខផង។

ដំណើរនោះ ព្រោះហេតុ​អ្វី។  ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះ​ភិក្ខុ​នោះ រួច​ស្រឡះ​​ ចាក​ជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោម​នស្ស សេចក្ដីតានតឹង តថាគត​ហៅថា រួច​ស្រឡះចាក​ទុក្ខ។

សុខុមាលសូត្រទី៩

[៤០] ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត ​ធ្លាប់សុខ​ដ៏​ក្រៃលែង ធ្លាប់​សុខ​ជា​ទីបំផុត។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រះ​បិតា​តថាគត ទ្រង់​ឲ្យជីក​ស្រះ​បោក្ខរណី ក្នុង​ព្រះ​រាជ​និវេសន៍ ទ្រង់​ឲ្យ​ដាំ​ឧ​ប្បល​ខៀវមួយ​កន្លែង ឈូកស មួយ​កន្លែង ឈូក​ក្រហម មួយ​កន្លែង ប្រយោជន៍ដល់​តថាគត​ប៉ុណ្ណោះឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត មិនមែន​ទ្រទ្រង់​ត្រឹម​តែ​លំអិត​ខ្លឹម​ចន្ទន៍ ក្នុង​ដែន​កាសី [សំដៅយករបស់​ដែលល្អិតល្អប្រសើរបំផុត។ អដ្ឋកថា។] ​ប៉ុណ្ណោះទេ ម្នាល​ភិក្ខុ​ទាំងឡាយ ឈ្នួត​របស់​តថាគត ក៏​មក​ពី​ដែន​កាសី អាវ ​និង​សំពត់​ទទូរ ក៏​មក​ពី​ដែន​កាសី សំពត់​ស្លៀក ក៏​មក​ពី​ដែន​កាសី ​សំ​ពត់​បង់​ក ក៏​មក​ពី​ដែន​កាសី។ ម្នាល​ភិក្ខុ​ទាំង​ឡាយ គេ​បាំងស្វេតច្ឆត្រ ​ឲ្យ​តថាគត ទាំង​យប់​ ទាំង​ថ្ងៃ ដោយ​ការពារ ​មិន​ឲ្យ​ត្រជាក់​ក្ដី ក្ដៅក្ដី ធូលីក្ដី ស្មៅក្ដី ទឹក​សន្សើម​ក្ដី ប៉ះ​ត្រូវ​តថាគត​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ​ មានប្រាសាទ​ ៣ គឺ​ប្រាសាទ ​ដែល​សម្រាប់នៅ​ ក្នុង​រដូវ​ត្រជាក់ ១ សម្រាប់​នៅ ​ក្នុង​រដូវ​ក្ដៅ ១  សម្រាប់​នៅ ​ក្នុង​រដូវភ្លៀង ​១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មាន​គេ​បម្រើ​ ដោយ​តូរ្យ​តន្រ្តី មិន​លាយ​ដោយ​ប្រុស ​អស់​៤​ខែ ក្នុង​វស្សាន​រដូវ ក្នុង​ប្រាសាទ​សម្រាប់រដូវភ្លៀង មិន​ដែល​ចុះ​មក​ខាង​ក្រោម​ប្រាសាទ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក្នុង​លំ​នៅ​ទាំង​ឡាយ របស់​ពួក​ជនដទៃ គេ​ឲ្យ​បាយ​ចុង​អង្ករ ​ដែលមាន​ទឹក​ជ្រក់ ​ជាគំរប់​ពីរ ​ដល់​ទាសៈ​ និង​អ្នក​ធ្វើ​ការងារ និង​បុរស​អ្នក​អាស្រ័យចិញ្ចឹម​ជីវិត​យ៉ាង​ណា ម្នាល​ភិក្ខុ​ទាំង​ឡាយ ចំណែក​ក្នុង​និវេសន​ស្ថាន របស់​ព្រះបិតា​តថាគត គេឲ្យ​បាយ​អង្ករ​ស្រូវ​សាលី ​និង​សាច់ ​ដល់​ទាសៈ និង​អ្នក​ធ្វើ​ការ និង​បុរស​អ្នក​អាស្រ័យ​ចិញ្ចឹម​ជី​វិត តែ​យ៉ាង​ហ្នឹង​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ ​ប្រកប ដោយ​ឫទ្ធិ ​មាន​សភាព​យ៉ាងនេះ​ផង ដោយ​សេចក្ដី​សុខ ដ៏​ក្រៃលែង​ យ៉ាង​នេះផង មាន​សេចក្ដីត្រិះ​រិះ ​ដូច្នេះថា បុថុជ្ជន ដែល​មិន​បាន​រៀន​សូត្រ មាន​ជរា ជា​ធម្មតា មិន​កន្លង​នូវ​ជរា​ឡើយ លុះឃើញ​អ្នក​ដទៃ​គ្រាំគ្រា ​រំលង​ខ្លួន​ឯង​ទៅ នឿយណាយ ជិន​ឆ្អន់ ​ខ្ពើម​រអើម (នឹង​អ្នក​ដទៃវិញ ) ចំណែក​អាត្មា​អញ មានជរា ជា​ធម្មតា​ដែរ មិន​កន្លង​ជរា​បាន​ឡើយ បើ​អាត្មា​អញ មាន​ជរា​ជាធម្មតា មិនកន្លង​ជរា​ទៅ​បាន​ឡើយ លុះឃើញ​អ្នក​ដទៃ​ហើយ នឿយ​ណាយ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុ​នោះ មិនសម​គួរ ​ដល់​អាត្មា​អញ​ទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​តថាគត​នោះ​ ពិចារណាឃើញ​ច្បាស់ ​ដូច្នេះហើយ ក៏​លះ​បង់ នូវ​សេចក្ដី​ស្រវឹង ក្នុង​វ័យ​ទាំង​អស់។ បុថុជ្ជន​ មិន​បាន​រៀន​សូត្រ​ខ្លួន​ឯង មាន​ព្យាធិ​ជា​ធម្មតា មិនកន្លង​នូវ​ព្យាធិទៅ​បាន លុះ​ឃើញ​អ្នក​ដទៃមានព្យា​ធិ ​រំលង​ខ្លួន​ឯង​ទៅ នឿយ​ណាយ ​ជិន​ឆ្អន់ ខ្ពើម​រអើម (អ្នក​ដទៃវិញ)។ សូម្បី​អាត្មា​អញ ក៏​មាន​ព្យាធិ ជា​ធម្មតា​ដែរ មិន​កន្លង​ព្យា​ធិបាន បើអាត្មា​អញ មាន​ព្យាធិ ជាធម្មតា មិន​កន្លង​ព្យាធិទៅបាន លុះ​ឃើញអ្នក​ដទៃ​ មាន​ព្យាធិហើយ នឿយណាយ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុនោះ មិនសម​គួរ ​ដល់​អាត្មា​អញទេ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នោះ កាល​ពិចារណា​ឃើញ ​ដូច្នេះ ក៏​លះ​បង់​សេចក្ដី​ស្រវឹង ព្រោះ​មិនមាន​រោគ ដោយ​ប្រការ​ទាំង​ពួង។ បុថុជ្ជន ​ដែល​មិន​បាន​រៀន​សូត្រ​ខ្លួន​ឯង មានមរណៈ ជា​ធម្មតា មិន​កន្លង​មរណៈ​ទៅបាន លុះ​ឃើញ​អ្នក​ដទៃ​ស្លាប់ រំលង​ខ្លួនឯង​ទៅ នឿយ​ណាយ ជិន​ឆ្អន់ ខ្ពើម​រអើម (បុគ្គល​ដទៃ​វិញ)។ អាត្មា​អញ ក៏​មាន​មរណៈ ​ជា​ធម្មតា​ដែរ មិន​កន្លង​មរណៈ​បាន ប្រសិន​បើអាត្មា​អញ មាន​មរណៈ ​ជាធម្មតា​ដែរ មិន​កន្លង​មរណៈបានទេ លុះឃើញអ្នក​ដទៃ ស្លាប់​ហើយ ក៏នឿយ​ណាយ​ ជិន​ឆ្អន់ ខ្ពើម​រអើម ហេតុ​នោះ ក៏មិន​សម​គួរ ​ដល់​អាត្មា​អញ​ទេ ម្នាល​ភិក្ខុ​ទាំងឡាយ កាល​តថា​គត​នោះ ពិចារណា​ឃើញ​ ដូច្នេះ សេចក្ដី​ស្រវឹង ​ព្រោះ​ជីវិត​នោះ ​ក៏បាត់ទៅ ដោយប្រការ​ទាំង​ពួង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សេចក្ដី​ស្រវឹង​នេះ មាន​៣​យ៉ាង។ សេចក្ដី​ស្រវឹង៣យ៉ាង ​តើអ្វីខ្លះ។ គឺ​ស្រវឹង​ព្រោះ​វ័យ ​១ ស្រវឹង​ព្រោះ​មិន​មាន​រោគ ​១ ស្រវឹង​ព្រោះ​ជីវិត ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ ដែល​មិន​បាន​រៀនសូត្រ ស្រវឹង ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​វ័យ តែង​ប្រព្រឹត្ត​ទុច្ចរិត ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។  បុថុជ្ជន​នោះ ប្រព្រឹត្តទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្តហើយ លុះ​បែក​ធ្លាយ​រាង​កាយ​ ស្លាប់ទៅ តែង​ទៅ​កើត​ជាប្រេត តិរច្ឆាន អសុរកាយ​ នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជ ដែល​មិន​បាន​រៀន​សូត្រ ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង ​ព្រោះ​មិន​មាន​រោគ។ ​បេ។  ម្នាល​ភិក្ខុ​ទាំងឡាយ បុថុជ្ជន​ដែលមិន​បាន​រៀនសូត្រ ស្រវឹង​ដោយ​សេចក្ដីស្រវឹង ព្រោះ​ជីវិត តែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្ត។ បុថុជ្ជន​នោះ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ហើយ លុះ​បែក​ធ្លាយ​រាង​កាយ ​ស្លាប់ទៅ តែង​ទៅកើត​ជា​ប្រេត តិរច្ឆាន អសុរកាយ នរក។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង​ដោយ​សេចក្ដី​ស្រវឹង​ ព្រោះ​វ័យ​ក្ដី តែង​លា​សិក្ខា ​ត្រឡប់​មកកាន់​ភេទដ៏​ថោក​ទាប ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង​ ដោយ​សេចក្ដី​ស្រវឹង ព្រោះ​មិន​មាន​រោគ​ក្ដី តែង​លាសិក្ខា វិល​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោក​ទាប ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ស្រវឹង ដោយ​សេចក្ដី​ស្រវឹង​ព្រោះ​ជីវិត​ក្ដី តែង​លាសិក្ខា ហើយ​ត្រឡប់​មកកាន់​ភេទ​ដ៏​ថោកទាប។

ពួក​បុថុជ្ជន មាន​ព្យាធិជាធម្មតា មាន​ជរា​ជាធម្មតា មាន​មរណៈ ​ជាធម្មតា ធម្មតា (ខ្លួន​) យ៉ាង​ណា ក៏ត្រូវ​តែមាន​យ៉ាង​នោះ តែ​ខ្ពើម ​(បុគ្គលដទៃ)។  ប្រសិន​បើតថាគត ខ្ពើម​រអើម ​នូវ​ហេតុ​នោះ ក្នុង​សត្វ​ទាំងឡាយ ដែល​មាន​ធម្មតា យ៉ាង​នេះ សេចក្ដី​ខ្ពើម​រអើម​នោះ មិនសម​គួរ ​ដល់​តថាគត ដែល​នៅ​​យ៉ាង​នោះទេ។ កាល​តថាគត កំពុង​នៅ យ៉ាង​នេះ បាន​ដឹង​នូវ​ធម៌ ដែល​មិន​មាន​ឧបធិ ក៏​បានគ្របសង្កត់សេចក្ដី​ស្រវឹងព្រោះ​មិនមាន​រោគ ព្រោះវ័យ ព្រោះ​ជីវិត​ទាំងពួងបាន ព្រោះ​ឃើញ​នូវ​នេក្ខម្ម ដោយ​សេចក្ដី​ក្សេម។ កាល​តថាគត​នោះ ឃើញច្បាស់​នូវ​ព្រះ​និព្វាន ក៏កើតឧស្សាហ៍ តថាគត ​មិន​គួរ​ដើម្បី​សេព ​នូវ​កាម​ទាំងឡាយ ​ក្នុង​កាល​ឥឡូវ​នេះទេ​ នឹង​មិន​ត្រឡប់​មករក​(កាម) វិញទេ មាន​ព្រហ្មចារ្យប្រព្រឹត្ត​ទៅ​ខាង​មុខ។

អាធិបតេយ្យសូត្រទី១០

[៤១] ម្នាល​ភិក្ខុទាំងឡាយ អាធិបតេយ្យ ​(ភាពជាធំ) នេះ មាន​៣​យ៉ាង។ អាធិបតេយ្យ​ ៣យ៉ាង តើអ្វីខ្លះ។  គឺ​អត្តា​ធិបតេយ្យ​ ១ លោកាធិបតេយ្យ ​១ ធម្មាធិបតេយ្យ ១។  ម្នាល​ភិក្ខុ​ទាំងឡាយ អត្តាធិបតេយ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុងសាសនា​នេះ នៅ​ក្នុង​ព្រៃ​ក្ដី នៅជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណាឃើញ​ច្បាស់​ យ៉ាង​នេះថា អាត្មា​អញ មិនមែន​ចេញ​ចាក​ផ្ទះ ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិនមែនព្រោះ​ហេតុតែបិណ្ឌបាត​ទេ មិនមែន​ព្រោះ​ហេតុ​តែសេនា​សនៈទេ មិន​មែន​ចេញ​ចាកផ្ទះមកបួស​ ព្រោះ​ហេតុ​តែ​ភពតូច ភពធំ​ [សំដៅយករបស់ដែលថ្លៃថ្លាយ៉ាងល្មម និងថ្លៃថ្លាយ៉ាងវិសេស។ អដ្ឋកថា។]​ ទេ ក៏​អាត្មា​អញ ​ជា​បុគ្គល​ដែល​ជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ​ ទោម​នស្ស ចង្អៀត​ចង្អល់ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅខាង​មុខ ធ្វើ​ម្ដេច​ហ្ន៎ គប្បី​ធ្វើ​ទីបំផុត​គំនរ​ទុក្ខទាំង​អស់​នេះ ឲ្យ​ប្រាកដបាន។  អាត្មា​អញសោត​ បានលះបង់​កាម​បែប​ណាហើយ ចេញ​ចាក​ផ្ទះ​មក​បួស គប្បី​ស្វែង​រក​នូវ​កាមបែប​នោះ​ក្ដី នូវ​អំពើ​អាក្រក់​ ខ្លាំង​ជាងកាម​ទាំង​នោះក្ដី ការ​នោះ ​មិន​សម​គួរ ដល់​អាត្មា​អញទេ។  ភិក្ខុ​នោះ តែង​ពិចារ​ណា ​ដូច្នេះ​ថា អាត្មា​អញ​ នឹងប្រារព្ធ​ព្យាយាម ​មិន​ឲ្យធូរ​ថយ នឹង​ប្រុសស្មារតី មិនឲ្យ​វង្វេង​ភ្លាត់ ឲ្យកាយ​ [សំដៅយក​ទាំងនាមកាយ ទាំងករជកាយ។ អដ្ឋកថា។] ស្ងប់​រម្ងាប់ មិន​ឲ្យ​រសាប់​រសល់ ឲ្យចិត្ត​ដំកល់​មាំ​ មាន​អារម្មណ៍តែមួយ។  ភិក្ខុ​នេះ ​ធ្វើ​ខ្លួន​ឯង ​ឲ្យ​ជាអាធិបតេយ្យ​ហើយ រមែង​លះបង់​អកុសល ចំរើន​កុសល លះបង់​អំពើ​ ដែល​ប្រកប​ដោយ​ទោស ចំរើនតែ​អំពើ ​ដែលមិន​មាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។  ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅថា អត្តាធិបតេយ្យ។  ម្នាល​ភិក្ខុ​ទាំងឡាយ លោកា​ធិបតេយ្យ តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅ​ក្នុង​ព្រៃក្ដី នៅ​ជិត​គល់​ឈើក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់​ក្ដី រមែង​ពិចារណា ​ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាកផ្ទះ​មក​បួស ព្រោះ​ហេតុ​តែចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែបិណ្ឌ​បាតទេ មិន​មែន​ព្រោះ​ហេតុ​តែសេនាសនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែភព​តូច​ ភព​ធំទេ ក៏​អាត្មា​អញ ជាបុគ្គល​ដែល​ជាតិ ជរា មរណៈ សោក សេចក្ដី​ខ្សឹក​ខ្សួល ទុក្ខ ទោម​នស្ស សេចក្ដី​ចង្អៀតចង្អល់​ គ្រប​សង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​សេចក្ដី​ទុក្ខ​ប្រព្រឹត្ត​ទៅ​ខាង​មុខ​ ធ្វើ​ម្ដេចហ្ន៎ គប្បី​ធ្វើ​ទី​បំ​ផុត​គំ​នរទុក្ខ​ទាំង​អស់​នេះ ឲ្យ​ប្រាកដ​បាន។ អាត្មា​អញ បួស​យ៉ាង​នេះហើយ ត្រិះ​រិះកាម​វិតក្កៈក្ដី ត្រិះ​រិះ​ព្យាបាទវិតក្កៈក្ដី ត្រិះរិះ​វិហឹសាវិត​ក្កៈក្ដី លោក​សន្និវាស​នេះ​សោត ​ក៏​ធំ ទោះ​ក្នុងលោក​សន្និវាស​ធំ​មែន ក៏គង់​មាន​សម​ណ​ព្រាហ្មណ៍​ ជា​អ្នក​មាន​ឫទ្ធិ មានទិព្វចក្ខុ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​សម​ណ​ព្រាហ្មណ៍​ទាំង​នោះ រមែងឃើញ​អំពី​ចម្ងាយ ទោះ​នៅជិត ​ក៏​មិន​ប្រាកដ រមែង​ដឹង​ច្បាស់​ នូវ​ចិត្តដោយ​ចិត្ត ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ​មក​បួស​ ដោយសទ្ធា​ហើយ នៅតែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។ ម្យ៉ាង​ទៀត ​គង់​មាន​ពួក​ទេវតា​ ដែល​​មាន​ឫទ្ធិ​ មាន​ទិព្វចក្ខុ​ ដឹង​ចិត្តបុគ្គល​ដទៃ ពួក​ទេវតា​ទាំង​នោះ តែង​ឃើញ​អំពី​ចម្ងាយ ទោះ​នៅ​ជិត​ ក៏​មិន​ប្រាកដ រមែង​ដឹង​ចិត្ត​ដោយ​ចិត្ត ពួក​ទេវតា​ទាំង​នោះ គង់​ដឹង​អាត្មា​អញ​ យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​ចំរើន សូម​អ្នក​មើល​កុល​បុត្រ​នេះ ចេញ​ចាក​ផ្ទះ ​មក​បួសដោយ​សទ្ធា​ហើយ នៅ​តែ​ច្របូក​ច្របល់ ដោយ​ធម៌​ ជា​អកុសល​ដ៏​លាមក។  ភិក្ខុ​នោះ ​ពិចារ​ណា ​ដូច្នេះថា អាត្មា​អញ ​នឹង​ប្រារព្ធ​ព្យាយាម​ មិន​ឲ្យ​ធូរ​ថយ នឹង​ប្រុងសតិ មិន​ឲ្យ​វង្វេង​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិនឲ្យ​ធូរ​ថយ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍តែមួយ។  លុះ​ភិក្ខុ​នោះ​ ​ប្រារព្ធលោក​ ឲ្យ​ជាអាធិបតេយ្យ​ហើយ តែង​លះ​បង់​អកុសល ចំរើន​កុសល លះ​បង់​អំពើ​ ដែលប្រកប​ដោយ​ទោស ចំរើន​តែអំពើ​ ដែល​មិនមាន​ទោស រក្សា​ខ្លួន​ឲ្យ​ស្អាត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា លោកាធិបតេយ្យ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មាធិបតេយ្យ តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ នៅក្នុង​ព្រៃ​ក្ដី នៅ​ជិត​គល់​ឈើ​ក្ដី នៅ​ក្នុង​ផ្ទះ​ស្ងាត់ក្ដី តែង​ពិចារណា ដូច្នេះថា អាត្មា​អញ​ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែ​ចីវរទេ មិន​មែន​ព្រោះ​ហេតុ​តែ​បិណ្ឌបាត​ទេ មិនមែន​ព្រោះ​ហេតុ​តែ​សេនា​សនៈទេ មិន​មែន​ចេញ​ចាក​ផ្ទះ​មក​បួស ព្រោះ​ហេតុ​តែ​ភព​តូច​ ភព​ធំ​ទេ ក៏​អាត្មា​អញ ជាបុគ្គល ​ដែល​ជាតិ ជារា មរណៈ សោក​ ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀត​ចង្អល់ គ្របសង្កត់ ត្រូវ​ទុក្ខ​គ្រប​សង្កត់ មាន​ទុក្ខ​ប្រព្រឹត្ត​ទៅខាង​មុខ ធ្វើ​ម្ដេច​ហ្ន៎ គប្បី​ធ្វើ​ទី​បំផុត​គំ​នរ​ទុក្ខ​ទាំង​អស់​នេះ​ ឲ្យ​ប្រាកដ​បាន។  ធម៌​ដែលព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ល្អ​ហើយ ជា​ធម៌​ដែល​អរិយ​បុគ្គល​ ឃើញច្បាស់​ដោយ​ខ្លួន​ឯង ឲ្យ​ផល​មិន​រង់​ចាំកាល គួរ​នឹង​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូលមក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន ជា​ធម៌ ​ដែល​វិញ្ញូជន​ គប្បី​ដឹង​ច្បាស់​ចំពោះ​ខ្លួន។  គង់​មាន​សព្រហ្ម​ចារី​បុគ្គល​ដឹង​ ឬ​ឃើញ​ដែរ។ អាត្មា​អញ​បួស​ក្នុង​ធម៌​វិន័យ ដែល​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​ល្អ​ហើយយ៉ាង​នេះ​ត្រឡាំង​ ទៅ​ជាអ្នក​ខ្ជិល​ ប្រហែល​ធ្វេស ហេតុ​នោះ​ មិន​សម​គួរទេ​។ ភិក្ខុ​នោះ ​តែង​ពិចារណា​ដូច្នេះ​ថា អាត្មា​អញ​ នឹង​ប្រារព្ធ​ព្យាយាម មិន​ឲ្យធូរ​ថយ នឹង​ប្រុង​ស្មារតី មិន​ឲ្យ​វង្វេង​​ភ្លេច ឲ្យ​កាយ​ស្ងប់​រម្ងាប់ មិន​ឲ្យរសាប់​រសល់​ ឲ្យ​ចិត្ត​ដំកល់​មាំ មាន​អារម្មណ៍​តែមួយ។  ភិក្ខុ​នោះ ប្រារព្ធធម៌​ហ្នឹង​ឯង​ ឲ្យ​ជាអាធិ​តេយ្យ ហើយ​លះបង់​អកុសល ចំរើន​តែកុសល លះបង់​អំពើ​ប្រកប​ដោយ​ទោស ចំរើនអំពើ​ ដែលមិន​មាន​ទោស រក្សា​ខ្លួនឲ្យ​​ស្អាត។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ធម្មាធិបតេយ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អាធិបតេយ្យ ​មាន​៣​យ៉ាង​នេះឯង។

ធម្មតា ​បុគ្គល​អ្នក​ធ្វើ​អំពើ​អាក្រក់​ ក្នុង​លោក មិន​ដែលកំបាំង​ទេ ម្នាល​បុរស ខ្លួន​អ្នកឯង រមែង​ដឹង​ថា ពិត ​ឬមិន​ពិត (ខ្លួន​ឯង) ម្នាល​អ្នក​ដ៏​ចំរើន អ្នក​ឯង​ជាសាក្សីចំពោះ​ខ្លួន​យ៉ាង​ល្អ ​អ្នក​ឯងផ្ទ​ញ់​ផ្ទាល់​ខ្លួន​ឯង បើអ្នក​ឯងបិទបាំង​អំពើ​អាក្រក់ ដែល​មាន​ក្នុង​ខ្លួន​នោះ​ឯង​ហើយ ទេវតា​ទាំងឡាយ​ និង​ព្រះតថាគត​ទាំង​ឡាយ រមែងឃើញ​បុគ្គល​ពាល ដែល​ប្រព្រឹត្ត​ខុស​ក្នុង​លោក ហេតុនោះ​ បុគ្គល ត្រូវ​មាន​ខ្លួន​ជាធំ ប្រុង​ស្មារតី​ ប្រព្រឹត្ត​ផង មាន​លោក​ជាធំ ទាំង​មាន​ប្រាជ្ញា​ចាស់ មាន​ឈានផង មាន​ធម៌ជាធំ​ ទាំង​ប្រ​ព្រឹត្តតាម​ធម៌ផង ជាអ្នក​ប្រាជ្ញ មាន​ព្យាយាម​ទៀងទាត់ រមែង​មិនថោក​ថយ បុគ្គលណា មាន​ព្យាយាម​ ញំាញី ​គ្រប​សង្កត់​មារ ​ជា​អ្នក​បំផ្លាញ រមែង​សម្រេច​ នូវ​ព្រះ​និព្វាន ​ជាទី​អស់​ទៅ​នៃជាតិ បុគ្គលបែប​នោះ ជា​អ្នក​ជ្រាប​ច្បាស់​នូវ​លោក មានប្រាជ្ញា​ល្អ ជាអ្នក​ប្រាជ្ញ មិន​មាន​ចំណង់ ក្នុង​ធម៌​ទាំង​អស់។

ចប់ ទេវទូត​វគ្គ ទី៤។

ឧទ្ទាននៃទេវទូតវគ្គនោះគឺ

មាតា​ដូច​ជា​ព្រហ្ម​ ១​សូត្រ រឿង​ព្រះ​អានន្ទ​ ១​សូត្រ រឿង​ព្រះ​សារី​បុត្រ ​១សូត្រ ហេតុ​នៃកម្ម ១សូត្រ ហត្ថក​ ១​សូត្រ ទេវទូត ១សូត្រ ទេវរាជ​ ២​សូត្រ ពោធិ​សត្វ​ធ្លាប់​សុខ​ ១​សូត្រ អាធិបតេយ្យ​ ១​សូត្រ។

ចូឡវគ្គ

សម្មុខីភាវសូត្រទី១

[៤២] ម្នាល​ភិក្ខុ​ទាំង​ឡាយ កុលបុត្រ​មាន​សទ្ធា រមែង​បាន​បុណ្យច្រើន ព្រោះ​មាន​របស់ ៣ ​ក្នុង​ទី​ចំពោះ​មុខ​។  របស់ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំងឡាយ កុល​បុត្រ​មាន​សទ្ធា រមែង​បាន​បុណ្យ​ច្រើន ព្រោះមាន​សទ្ធា​ ក្នុង​ទីចំពោះ​មុខ ​១។  ម្នាល​ភិក្ខុ​ទាំងឡាយ កុលបុត្រ​មាន​សទ្ធា រមែង​បាន​បុណ្យ​ច្រើន ព្រោះ​មាន​ទេយ្យ​ធម៌ ​ក្នុង​ទី​ចំពោះ​មុខ ១។  ម្នាលភិក្ខុ​ទាំង​ឡាយ កុលបុត្រ​មាន​សទ្ធា រមែង​បាន​បុណ្យ​ច្រើន ព្រោះ​មានទក្ខិណេយ្យ​បុគ្គល ​ក្នុង​ទីចំពោះ​មុខ ១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កុល​បុត្រ​មានសទ្ធា តែង​បាន​បុណ្យ​ច្រើន ព្រោះ​មាន​របស់​៣​នេះ​ឯង ​ក្នុង​ទី​​ចំពោះ​មុខ។

តិឋានសូត្រទី២

[៤៣] ម្នាល​ភិក្ខុ​​ទាំង​ឡាយ បុគ្គល​មាន​សទ្ធា​ជ្រះ​ថ្លា បណ្ឌិត​ត្រូវដឹង​ដោយ​ហេតុ​៣​យ៉ាង។  ហេតុ​៣ យ៉ាង ​គឺអ្វីខ្លះ។  គឺបុគ្គល​នោះ ចង់​ឃើញ​បុគ្គល​មានសីល ១ ចង់​ស្ដាប់​ព្រះ​សទ្ធម្ម​ ១ មាន​ចិត្ត​ប្រាសចាកសេចក្ដី​កំណាញ់​ជា​មន្ទិល នៅ​គ្រប់​គ្រង​ផ្ទះ​ មាន​ការ​លះ​រួច​ហើយ មាន​ដៃលាង​ហើយ ត្រេក​អរ​ ក្នុងការលះ​ ជា​អ្នក​គួរ​ដល់​ស្មូម ជាអ្នក​ត្រេក​អរ​ ក្នុងការ​ឲ្យ និង​ការ​ចែក​រំលែក​១។  ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សទ្ធាជ្រះ​ថ្លា បណ្ឌិត​ត្រូវ​ដឹង​ ដោយ​ហេតុ​​៣ យ៉ាងនេះ។

បុគ្គល​ណា ចង់​ឃើញ​ពួក​បុគ្គល​មាន​សីល ចង់ស្ដាប់ព្រះ​សទ្ធម្ម កំចាត់​បង់​នូវ​មន្ទិល ​គឺសេចក្ដី​កំណាញ់ បុគ្គល​នោះឯង​ ហៅថា អ្នកមានសទ្ធា។

អត្ថវសសូត្រទី៣

[៤៤] ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ដែល​ឃើញ​អំណាច​ប្រយោជន៍ ៣ យ៉ាង ទើប​គួរ​សំដែង​ធម៌ ​ដល់​បុគ្គល​ដទៃ។  អំណាច​ប្រយោជន៍ ៣​យ៉ាង តើដូចម្ដេច។  បុគ្គល​អ្នកសំដែង​ធម៌​នោះ ​ជាអ្នក​យល់​អដ្ឋកថា ទាំង​យល់បាលី ១ បុគ្គល​អ្នក​ស្ដាប់​ធម៌នោះ ​ជា​អ្នក​យល់​អដ្ឋកថា ទាំង​យល់​បាលី ១ បុគ្គល​អ្នក​សំដែង​ធម៌​ និង​បុគ្គល​អ្នកស្ដាប់​ធម៌ ទាំង​ពីរ​នាក់​ ជា​អ្នក​យល់​អដ្ឋកថា ទាំងយល់បាលី ១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​យល់​អំណាចប្រយោជន៍ ៣ យ៉ាង​នេះឯង ទើប​គួរ​សំដែង​ធម៌ ​ដល់​បុគ្គល​ដទៃ​បាន។

កថាបវត្តិសូត្រទី៤

[៤៥] ម្នាល​ភិក្ខុ​ទាំងឡាយ សំដី​ដែល​ប្រព្រឹត្ត​ទៅ​ស្រួល ដោយហេតុ​៣​យ៉ាង។  ហេតុ​៣ យ៉ាង តើ​ដូច​ម្ដេច។  គឺបុគ្គល​អ្នក​សំដែង​ធម៌ បានយល់អដ្ឋកថា​ទាំង​យល់​បាលី ១ បុគ្គល​អ្នក​ស្តាប់​ធម៌នោះ បាន​យល់អដ្ឋកថា ទាំង​យល់​បាលី ​១ បុគ្គល​អ្នក​សំដែង​ធម៌ ​និង​បុគ្គល​អ្នក​ស្ដាប់ធម៌ ទាំង​ពីរ​នាក់ ​ជាអ្នក​យល់​អដ្ឋកថា ទាំង​យល់​បាលី ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ សំដី​ដែល​ប្រព្រឹត្ត​ទៅ​ស្រួល ដោយ​ហេតុ​៣​យ៉ាង​​​នេះឯង។

បណ្ឌិតសូត្រទី៥

[៤៦] ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​៣យ៉ាង​នេះ ដែល​បណ្ឌិត​បញ្ញត្តហើយ ដែល​សប្បុរស​បញ្ញត្ត​ហើយ។  ហេតុ​៣​យ៉ាង តើដូច​ម្ដេច។ ម្នាល​ភិក្ខុ​​ទាំងឡាយ ទាន​ជាគុណ​ជាត ដែល​បណ្ឌិត​បញ្ញត្ត​ហើយ ដែល​សប្បុរស​បញ្ញត្ត​ហើយ ​១ ម្នាល​ភិក្ខុ​ទាំងឡាយ បព្វ​ជ្ជា ជាគុណ​ជាតិ ដែល​បណ្ឌិត​បញ្ញត្តហើយ ​១ ដែល​សប្បុរស​បញ្ញត្ត​ហើយ​ ១ មាតា​បិតុបដ្ឋាន (ការបម្រើមាតាបិតា) ជាគុណ​ជាត ដែល​បណ្ឌិត​បញ្ញត្ត​ហើយ ដែលសប្បុរស​បញ្ញត្តហើយ​ ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ហេតុ​៣​យ៉ាង​នេះឯង ជាគុណ​ជាត ​ដែល​បណ្ឌិត​បញ្ញត្ត​ហើយ​ ដែល​សប្បុរស​បញ្ញត្ត​ហើយ។

ទាន​ជាគុណជាត ដែល​ពួក​សប្បុរស​បញ្ញត្ត​ហើយ ការមិន​បៀតបៀន ការ​សម្រួម ការ​ទូន្មានខ្លួន​ ជាគុណជាត ដែល​សប្បុរស​បញ្ញត្ត​ហើយ ការ​បម្រើមាតាបិតា ជាគុណ​ជាត ដែល​សប្បុរស​បញ្ញត្ត​ហើយ បណ្ឌិតជាអ្នក​ប្រសើរ ប្រកប​ដោយ​សេចក្ដីយល់​ឃើញ គួរប្រតិបត្តិ​នូវ​ហេតុ របស់​សប្បុរស ជា​អ្នក​ស្ងប់ ជាអ្នកប្រព្រឹត្តធម៌​ ដ៏​ប្រសើរ បណ្ឌិត​នោះ រមែង​ទៅកាន់ទេវលោក​ ជាទីក្សេម។

សីលវន្តសូត្រទី៦

[៤៧] ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​បព្វជិត ​ជាអ្នក​មាន​សីល ចូល​ទៅនៅ​អាស្រ័យ​ស្រុក​ ឬនិគម​ណា ពួក​មនុស្ស​ក្នុង​ស្រុក​ ឬនិគម​នោះ រមែងបាន​បុណ្យ​ច្រើន ដោយ​ហេតុ​ ៣​ប្រការ។  ហេតុ​៣ប្រការ តើដូចម្ដេច។ គឺកាយ ​១ វាចា ១ ចិត្ត ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​បព្វ​ជិត​ ជាអ្នកមានសីល ចូល​ទៅ​នៅ​អាស្រ័យ​ស្រុក ឬនិគម​ណា ពួក​មនុស្ស​ក្នុង​ស្រុក ឬនិគម​នោះ រមែង​បាន​បុណ្យ​ច្រើន ដោយ​ហេតុ​៣ ប្រការ​នេះ។

សង្ខតលក្ខណសូត្រទី៧

[៤៨] ម្នាល​ភិក្ខុ​ទាំងឡាយ សង្ខតលក្ខណៈ [របស់ដែលបច្ច័យប្រជុំតាក់តែង​ឡើង រមែងមាន៣យ៉ាង។ អដ្ឋកថា។] ​របស់​សង្ខត​ធម៌ [របស់ដែលបច្ច័យប្រជុំតាក់​តែង​​ឡើង រមែងមាន៣យ៉ាង។ អដ្ឋកថា។] ​នេះ មាន​៣​យ៉ាង។  សង្ខត​លក្ខណៈ ៣ យ៉ាង​ តើដូចម្ដេច។  គឺការ​កើត រមែង​ប្រាកដ ​១ ការបែក​ធ្លាយ រមែង​ប្រាកដ​ ១ ការ​ប្រែប្រួល​ នៃ​សភាវៈ ដែល​តាំង​នៅ រមែង​ប្រាកដ ​១។  ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ជាសង្ខតលក្ខណៈ​ របស់សង្ខត​ធម៌ ​ទាំង​៣​ យ៉ាង។

អសង្ខតលក្ខណសូត្រទី៨

[៤៩] ម្នាល​ភិក្ខុ​ទាំងឡាយ អសង្ខតលក្ខណៈ នៃ​អសង្ខតធម៌នេះ មាន​៣​យ៉ាង។  អសង្ខត​លក្ខណៈ​ ៣​យ៉ាង​ តើ​ដូចម្ដេច។  គឺ​ការកើត មិន​ប្រាកដ ​១ ការបែក​ធ្លាយ មិន​ប្រាកដ​ ១ ការ​ប្រែប្រួល​ នៃសភាវៈ ដែល​តាំងនៅ មិន​ប្រាកដ​ ១។  ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ​ជា​អសង្ខតលក្ខណៈ របស់អសង្ខត​ធម៌ ​ទាំង​៣យ៉ាង។

បព្វតរាជសូត្រទី៩

[៥០] ម្នាល​ភិក្ខុ​ទាំងឡាយ ឈើធំ​អាស្រ័យ​ស្ដេច​ភ្នំ​ ឈ្មោះ​ហិមវន្ដ រមែង​ចំរើន​ ដោយ​សេចក្ដី​ចំរើន​ ៣យ៉ាង។  សេចក្ដី​ចំរើន ​៣​យ៉ាង តើដូចម្ដេច។  គឺ​ចំរើន​ដោយ​មែក​ ស្លឹក​ និង​ត្រួយ ១ ចំរើនដោយ​សម្បក​ និង​ក្រមរ ១  ចំរើន​ដោយ​ស្រាយ​និង​ខ្លឹម ១។ ម្នាល​ភិក្ខុ​ទាំងឡាយ ឈើធំអាស្រ័យ​ស្ដេច​ភ្នំ​ ឈ្មោះ​ហិមវន្ត រមែង​ចំរើន ដោយ​សេចក្ដី​ចំរើន ៣យ៉ាង​នេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ ជន​ខាង​ក្នុង អាស្រ័យ ​ម្ចាស់​ត្រកូល ដែល​មាន​សទ្ធា រមែង​ចំរើន​ ដោយ​សេចក្ដី​ចំរើន ៣​យ៉ាង​។  ការ​ចំរើន​៣យ៉ាង តើដូចម្ដេច។  គឺ​ចំរើនដោយ​សទ្ធា​ ១ ចំរើន​ដោយ​សីល​ ១ ចំរើន​ដោយ​បញ្ញា ​១។  ម្នាល​ភិក្ខុ​ទាំងឡាយ ជន​ខាង​ក្នុង អាស្រ័យ​ម្ចាស់​ត្រកូល ដែល​មាន​សទ្ធា រមែង​ចំរើន​ ដោយសេចក្ដី​ចំរើន ៣ យ៉ាង​នេះ​ឯង។

ភ្នំដ៏ហើយ​ដោយថ្ម ពួក​ឈើជាច្បង​ក្នុង​ព្រៃ រមែង​ចំរើន ព្រោះ​អាស្រ័យ​ភ្នំ​នោះ ក្នុង​ព្រៃ​ធំ ​ជាអរញ្ញស្ថាន​ យ៉ាង​ណាមិញ កូន​ប្រពន្ធផង ផៅ​ពង្សផង ពួក​អមាត្យ​ផង ពួក​ញាតិផង ពួក​ជន​ដែល​រស់​នៅ ដោយ​សារ​ជន​នោះផង រមែង​ចំរើន ព្រោះ​អាស្រ័យ​ម្ចាស់​ត្រកូល ដែល​បរិបូណ៌ដោយ​សីល មាន​សទ្ធា ក្នុង​លោក​នេះ​ ក៏​យ៉ាង​នោះដែរ។  ជន​ទាំង​នោះ ឃើញសីល​ផង ចាគៈផង សុចរិត​ផង របស់​ម្ចាស់​ត្រកូល​ ដែល​មានសីល​នោះហើយ រមែង​ប្រព្រឹត្ត​តាម​ពួក​ជន​អ្នក​មាន​ប្រាជ្ញាឈ្លាស​នោះ លុះ​ប្រព្រឹត្ត​ធម៌ ដែល​ជា​ផ្លូវ​ជាទី​ទៅ​កាន់​សុគតិ ក្នុង​លោក​នេះ ហើយ​ជាអ្នក​មាន​សេចក្ដី​ប្រាថ្នា ក្នុង​កាម មាន​សេចក្ដី​ត្រេក​អរ រមែង​រីករាយ ក្នុង​ទេវ​លោក។

អាតប្បករណីយសូត្រទី១០

[៥១] ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​គួរ​ធ្វើ​ព្យាយាម ជា​គ្រឿង​ដុត​កំដៅកិលេស ដោយ​ហេតុ ​៣​យ៉ាង។  ហេតុ ៣​យ៉ាង ​ដូចម្ដេច​ខ្លះ។  គឺ​ភិក្ខុ​គួរធ្វើ ​នូវ​ព្យាយាម ដើម្បី​ញុំាង​អកុសល ​ដ៏​លាមក ដែល​មិន​ទាន់​កើត​ឡើង មិន​ឲ្យកើត​ឡើង​បាន ​១ គួរ​ធ្វើ​ព្យាយាម ដើម្បីញុំាកុសល​ធម៌ ដែលមិនទាន់​កើត​ឡើង​ ឲ្យកើត​ឡើង​បាន​ ១ គួរ​ធ្វើ​ព្យាយាម ដើម្បី​អត់​សង្កត់ នូវវេទនា​មាន​ក្នុង​សរីរៈ​ ដែល​កើត​ឡើង​ហើយ ទ្រាំ​បាន​ដោយ​លំបាក ក្លៀវក្លា ក្រហល់​ក្រហាយ មិន​ឆ្ងាញ់ ​មិន​គាប់​ចិត្ត ជា​វេទនា​ផ្ដិល​ផ្ដាច់​ជីវិត​ ១ ម្នាល​ភិក្ខុទាំង​ឡាយ កាល​ណា​ភិក្ខុ​ធ្វើ​ព្យាយាម ដើម្បី​ញុំាង​អកុសល​ធម៌ ដ៏​លាមក ដែល​មិនទាន់​កើត​ឡើង ​មិន​ឲ្យ​កើត​ឡើង​បាន ធ្វើ​ព្យាយាម​ដើម្បីញុំាង​កុសល​ធម៌​ ដែល​មិន​ទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើង​បាន ធ្វើ​ព្យាយាម​អត់សង្កត់​ នូវ​វេទនា មាន​ក្នុង​សរីរៈ ​ដែល​កើត​ឡើង​ហើយ​ អត់​ទ្រាំ​លំបាក​ ដ៏​ក្លៀវក្លា​ ក្រហល់​ក្រហាយ មិន​ឆ្ងាញ់ មិន​ពេញ​ចិត្ត ជាវេទនា​ផ្ដិល​ផ្ដាច់​នូវ​ជីវិត​។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​នេះ​ឈ្មោះ​ថា មាន​ព្យាយាម ​ដុត​កំដៅ​កិលេស មាន​បញ្ញា មាន​ស្មារតី ដើម្បី​ធ្វើ​នូវ​ទី​បំផុត​​ទុក្ខ ​ដោយ​ប្រពៃ​បាន​។

មហាចោរសូត្រ ទី១១

[៥២] ម្នាល​ភិក្ខុទាំង​ឡាយ មហា​ចោរ​ដែល​ប្រកប​ដោយ​អង្គ ៣ រមែង​កាត់​នូវ​ទីត ​នៃ​ផ្ទះ​ខ្លះ ប្លន់ធំខ្លះ ប្លន់​ផ្ទះ​មួយ​ខ្លះ ចាំ​ស្កាត់​ក្នុង​ផ្លូវ​ខ្លះ។ អង្គ​៣ ​តើ​ដូចម្ដេច។  ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ ក្នុង​លោកនេះ អាស្រ័យ​ទីដែល​មិន​ស្មើ​ ១ អាស្រ័យ​ព្រៃ​ញាត​ស្បាត ១ អាស្រ័យអ្នក​មាន​កំម្លាំង ​១។  ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ អាស្រ័យ​ទី​ដែលមិន​ស្មើ​ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ក្នុង​លោក​នេះ អាស្រ័យ​ទី ​ជាចន្លោះ​កោះ​ នៃ​ទន្លេ​ខ្លះ អាស្រ័យ​នូវ​ភ្នំ​មិន​ស្មើខ្លះ។ ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ ​អាស្រ័យ​នូវ​ទីមិន​ស្មើ ​យ៉ាង​នេះ​ឯង។  ម្នាលភិក្ខុ​ទាំង​ឡាយ មហាចោរ​ ជា​អ្នក​អាស្រ័យ​ព្រៃ​ញាត​ស្បាត តើ​ដូច​ម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ ក្នុង​លោកនេះ​ អាស្រ័យ​នូវ​ព្រៃ​ស្បាត​ស្មៅខ្លះ ព្រៃ​ស្បាត​ឈើខ្លះ ត្រើយ​ច្រាំង​ខ្លះ ដង​ព្រៃ​ធំ​ខ្លះ។ ​ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ជាអ្នក​អាស្រ័យ​ព្រៃ​ញាត​ស្បាត​ យ៉ាង​នេះឯង។  ម្នាល​ភិក្ខុទាំងឡាយ មហាចោរ​អាស្រ័យ​អ្នក​មាន​កម្លាំង តើដូចម្ដេច។  ម្នាល​ភិក្ខុទាំង​ឡាយ មហាចោរ​ក្នុង​លោកនេះ អាស្រ័យ​ស្ដេច​ឬរាជ​មហាមាត្យ មហាចោរ​នោះ ​មាន​សេចក្ដី​សង្ឃឹម​ ដូច្នេះថា បើបុគ្គល​ណា​មួយ​ប្ដឹង​អ្វីៗ​ពី​អញ ពួក​ស្ដេច​ ឬពួក​រាជមហាមាត្យ ​ទាំង​នេះ មុខ​ជានឹង​ពោល​បង្រ្គបឲ្យ​អញមិនខាន។  បើ​បុគ្គល​ណា​ប្ដឹង​អ្វីៗពី​ចោរ​នោះ ពួក​ស្ដេច​ ឬ​ពួក​រាជ​មហាមាត្យ​នោះ រមែង​ពោល​បង្រ្គបបុគ្គល​នោះ។  ម្នាល​ភិក្ខុទាំងឡាយ មហាចោរ​អាស្រ័យ​អ្នក​មាន​កម្លាំង​ យ៉ាង​នេះឯង។  ម្នាល​ភិក្ខុទាំងឡាយ មហាចោរ​ ដែល​ប្រកប​ដោយ​អង្គ​៣ ​យ៉ាង​នេះឯង រមែងកាត់​នូវ​ទីត​ខ្លះ ប្លន់​ធំខ្លះ ប្លន់​ផ្ទះ​តែ​មួយ​ខ្លះ នៅ​ចាំ​ស្កាត់​ក្នុង​ផ្លូវ​ខ្លះ។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​មាន​មារ​យាទ​អាក្រក់​ ដែល​ប្រកប​ដោយ​ធម៌​ ៣​ក៏យ៉ាង​នោះដែរ រមែង​រក្សា​ខ្លួន ​ដែល​គាស់​រំលើង​ បំផ្លាញ​គុណ ជា​អ្នក​ប្រកប​ដោយ​ទោស​ធំផង ប្រកប​ដោយ​ទោស​តូច​ផង ដែល​ពួក​វិញ្ញូជន​ត្រូវ​តិះដៀល​​ផង រមែង​ទទួល​បាប​ច្រើនផង។  ធម៌​៣ យ៉ាង​ តើដូច​ម្ដេច។  ម្នាលភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់ ​ក្នុង​សាសនា​នេះ អាស្រ័យ​អំពើមិន​ស្មើ ១ អាស្រ័យ​សេចក្ដី​យល់​ដ៏​សាំ​ញុំា ១ អាស្រ័យ​អ្នក​មាន​កំឡាំង ​១។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់ ​អាស្រ័យ​អំពើ​មិន​ស្មើ តើ​ដូច​ម្ដេច។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ ក្នុង​សាសនា​នេះ ប្រកប​ដោយ​កាយ​កម្ម​មិនស្មើផង ប្រកប​ដោយ​វចី​កម្ម​មិន​ស្មើ​ផង ប្រកប​ដោយ​មនោកម្ម​មិន​ស្មើផង។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ អាស្រ័យអំពើ​មិន​ស្មើ ​យ៉ាង​នេះឯង។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ អាស្រ័យ​សេចក្ដី​យល់ ​ដ៏​សាំញុំា តើដូច​ម្ដេច។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ ក្នុង​សាសនា​នេះ ជាអ្នក​យល់​ខុស ប្រកប​ដោយ​អន្ត​គ្គា​ហិកាទិដ្ឋិ។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់ ​អាស្រ័យ​សេចក្ដី​យល់​ដ៏​សាំញុំា យ៉ាង​នេះឯង។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ អាស្រ័យ​អ្នក​មាន​កំឡាំង តើដូច​ម្ដេច។ ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ ក្នុងសាសនា​នេះ បាន​អាស្រ័យ​ស្ដេច ឬរាជ​មហាមាត្យ ភិក្ខុ​អាក្រក់​នោះ ​តែង​មាន​សេចក្ដី​ត្រិះ​រិះ ​យ៉ាង​នេះ​ថា បើអ្នក​ណាមួយ ចោទ​ប្រកាន់​អ្វី​អំពី​អញ ព្រះ​រាជា​ទាំង​ឡាយនេះ ឬពួករាជ​មហាមាត្យ​ទាំង​នេះ នឹង​ពោល​សេចក្ដី​បង្រ្គប​ឲ្យ​អញ។  បើ​បុគ្គលណាមួយ ចោទប្រកាន់​តិច​តួច ​អំពី​ភិក្ខុ​នោះ ព្រះរាជា ​ឬរាជមហាមាត្យ​ទាំងនោះ តែង​ពោល​សេចក្ដី​បង្រ្គប​បុគ្គល​នោះ។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​អាក្រក់​ អាស្រ័យ​អ្នក​មាន​កំឡាំង​ យ៉ាង​នេះឯង។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​មាន​មារយាទ​អាក្រក់ ​ដែល​ប្រកប​ដោយ​ធម៌ ​៣​យ៉ាង​ នេះ​ឯង រមែង​រក្សាខ្លួន​ ដែល​គាស់​រំលើង​ បំផ្លាញ​គុណ ជា​អ្នក​ប្រកប​ដោយ​ទោសធំ​ផង ប្រកបដោយ​ទោស​តូច​ផង ដែល​ពួក​វិញ្ញូ​ជន ត្រូវ​តិះ​ដៀល​ផង រមែង​ទទួលបាប​ច្រើន​ផង។

ចប់ ចូឡវគ្គ ទី៥។

ឧទ្ទាន​នៃចូឡវគ្គនោះ​គឺ

អំពី​របស់​៣​ចំ​ពោះមុខ​ ១សូត្រ សទ្ធាត្រូវ​ដឹង​ដោយ​ហេតុ​បី ១សូត្រ អំណាច​ប្រយោជន៍ ១សូត្រ សំដី​ប្រព្រឹត្ត​ទៅ​ស្រួល ១សូត្រ​ បណ្ឌិត​បញ្ញត្ត​ ២​សូត្រ ភិក្ខុមានសីល​ ១​សូត្រ សង្ខត​ធម៌​ ១សូត្រ អសង្ខតធម៌ ១សូត្រ ឈើ​ធំ​អាស្រ័យ​ភ្នំ​ ១សូត្រ ព្យាយាម ​១​សូត្រ មហាចោរ ​១សូត្រ រួម​ជា ១១​សូត្រ។

ចប់ បឋម​បណ្ណាសក។

ទុតិយបណ្ណាសក

ព្រាហ្មណវគ្គ

បឋមទ្វេព្រាហ្មណសូត្រ ទី១

[៥៣] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​គង់​នៅ​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀប​ក្រុង​សាវត្ថី។  គ្រា​នោះឯង មាន​ព្រាហ្មណ៍២ នាក់ ​ជរា មាន​វ័យ​ចំរើន ចាស់ មាន​វ័យកន្លង ចូល​ដល់​បច្ឆិម​វ័យ​ តាំងពី​កើត​មក​បាន ​១២០ ឆ្នាំ​ហើយ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះចូល​ទៅដល់​ហើយ ក៏​ពោល​រាក់​ទាក់​ ជាមួយ​នឹង​ព្រះ​ដ៏មាន​ព្រះ​ភាគ លុះបញ្ចប់ពាក្យ ដែល​គួរ​រាក់​ទាក់ និង​ពាក្យ​គួរ​ឭក​ហើយ ក៏​អង្គុយ​ក្នុង​ទីដ៏សមគួរ។  លុះ​ព្រាហ្មណ៍​ទាំង​នោះ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ហើយ បាន​ទូលព្រះ​ដ៏​មាន​ព្រះ​ភាគ ​យ៉ាង​នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើង​ខ្ញុំ​ជាព្រាហ្មណ៍ ជរា មាន​វ័យ​ចំរើន​ហើយ ចាស់ កន្លង​វ័យ​ចូល​ដល់​បច្ឆិម​វ័យតាំង​ពី​កើត​មក​បាន ១២០ ឆ្នាំហើយ តែ​យើង​ខ្ញុំ​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើ​កុសល មិន​បាន​ធ្វើ​ទីពឹង ដើម្បី​ការពារ​ភ័យ សូមព្រះ​គោតម​ដ៏​ចំរើន ទូន្មាន​យើង​​ខ្ញុំ សូម​ព្រះ​គោតម​ដ៏ចំរើន ប្រៀន​ប្រដៅពួក​យើង​ខ្ញុំ ដើម្បី​ប្រយោជន៍​​ ដើម្បី​សុខ ដល់​យើង​ខ្ញុំ​ អស់​កាល​យូរ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា អើ​អ្នក​ទាំង​ឡាយ ​ជាព្រាហ្មណ៍​ជរា មានវ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក​បាន ១២០ ឆ្នាំ​ហើយ តែថា ​អ្នក​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើកុសល មិន​បាន​ធ្វើ​ទីពឹង ដើម្បី​ការពារ​ភ័យ ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ សត្វ​លោក​នេះ ​ដែល​ជរា ព្យាធិ មរណៈ​ បញ្ជូន [សត្វលោក​ដែលជាតិ​បញ្ជូនទៅ​ឲ្យជរា ៗបញ្ជូនទៅឲ្យព្យាធិ ៗបញ្ជូន​ទៅ​ឲ្យ​មរណៈ ៗបញ្ជូនទៅឲ្យជាតិវិញ។] ​តៗ គ្នា ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ កាលបើសត្វលោក ដែល​ជរា ព្យាធិ មរណៈ ​បញ្ជូន​តៗ គ្នា​ យ៉ាងនេះ សេចក្ដី​សង្រួម​ដោយ​កាយ សេចក្ដី​សង្រួម​ដោយ​វាចា សេចក្ដីសង្រួម​ដោយ​ចិត្ត​ណា ពី​ឥឡូវ​នេះទៅ បុណ្យ​ដែល​កើត​អំពី​សេចក្ដីសង្រួម​នោះ ​ជាទី​ជ្រក​កោន​ផង ជាទី​ពួន​ផង ជា​ទីពឹង​ផង ជាទី​រឭក​ផង ជាទី​សង្ឃឹម​ផង របស់​បុគ្គល​អ្នក​ទៅ​កាន់​បរលោក​នោះ។

ជីវិត​ គឺ​អាយុ​មាន​ប្រមាណ​តិច ដែល​ជរា​ បញ្ជូនតៗ​គ្នា ទី​ពឹង​ទាំងឡាយ មិនមានដល់​បុគ្គល ដែល​ជរា​បញ្ជូន​តៗ​គ្នា​ទៅ កាល​បើ​បុគ្គល​ឃើញភ័យ ​ក្នុង​មរណៈ​នុ៎ះ គួរ​ធ្វើ​នូវ​បុណ្យ​ទាំងឡាយ ដែល​ជា​ហេតុ​នាំមក​នូវ​សេចក្ដី​សុខ។ សេចក្ដី​សង្រួម​ ដោយ​កាយ​ វាចា​ ចិត្ត​ណា តាំងពី​ឥ​ឡូវ​នេះ​ទៅ បុណ្យ​ដែល​កើត​អំពី​ការ​សង្រួម​នោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាសុខ​ ដល់​បុគ្គលដែល​​ទៅ​កាន់​បរលោក​នោះ (ព្រោះ​ហេតុ​នោះ) កាល​បើ​បុគ្គល​រស់​នៅ គួរ​តែ​ធ្វើ​បុណ្យ។

ទុតិយទ្វេព្រាហ្មណសូត្រ ទី២

[៥៤] គ្រា​នោះឯង ព្រាហ្មណ៍ ២​នាក់​ ជរា មាន​វ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក​បាន​ ១២០ ឆ្នាំ​ហើយ ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះមាន​ព្រះ​ភាគ​ ហើយអង្គុយ​ក្នុង​ទី​ដ៏​សម​គួរ។  លុះ​ព្រាហ្មណ៍​ទាំង​នោះ អង្គុយក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ​ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើង​ជា​ព្រាហ្មណ៍​ជរា មានវ័យ​ចំរើន​ហើយ ចាស់​កន្លង​វ័យ​ហើយ ​ចូល​ដល់​បច្ឆិម​វ័យ​ តាំង​ពីកើត​មក​បាន ១២០​ឆ្នាំ​ហើយ តែយើង​ទាំង​នោះ ​មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បាន​ធ្វើ​កុសល មិន​បាន​ធ្វើទី​ពឹង ​ការ​ពារ​ភ័យ​សោះ សូម​ព្រះ​គោតម​ដ៏​ចំរើន ទូន្មាន​យើង​ខ្ញុំ​ព្រះអង្គ សូម​ព្រះ​គោតម​ដ៏​ចំរើន ប្រៀន​ប្រដៅ​យើង​ខ្ញុំ​ព្រះ​អង្គ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ដល់​យើង​ខ្ញុំ​ព្រះ​អង្គ ​អស់កាល​ដ៏​យូរ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា អើ​អ្នក​ទាំង​ឡាយ​ ជា​ព្រាហ្មណ៍​ជរា មាន​វ័យ​ចំរើន​ហើយ ចាស់ កន្លង​វ័យ ចូល​ដល់​បច្ឆិម​វ័យ តាំង​ពី​កើត​មក បាន​ ១២០ ឆ្នាំ​ហើយ តែ​ថា ​អ្នក​ទាំង​នោះ មិន​បាន​ធ្វើ​សេចក្ដី​ល្អ មិន​បានធ្វើ​កុសល មិន​បាន​ធ្វើ​ទី​ពឹង​ ការ​ពារ​ភ័យ​សោះ ម្នាល​ព្រាហ្មណ៍​ទាំងឡាយ សត្វ​លោក​នេះ ក្ដៅ​ក្រហាយ​ព្រោះ​ជរា ព្យាធិ មរណៈ ម្នាលព្រាហ្មណ៍​ទាំង​ឡាយ កាល​បើ​សត្វ​លោកក្ដៅ​ក្រហាយ ព្រោះ​ជរា ​ព្យាធិ មរណៈ​ យ៉ាងនេះហើយ សេចក្ដី​សង្រួម​ដោយ​កាយ សេចក្ដី​សង្រួម​ដោយវាចា សេចក្ដី​សង្រួម​ដោយ​ចិត្ត​ណា តាំង​ពី​ឥឡូវ​នេះទៅ​ បុណ្យ ​(ដែលកើត​អំពី​សេចក្ដី​សង្រួម) នោះ​ ជាទី​ជ្រក​កោន​ផង ជាទី​ពួន​ផង ជាទី​ពឹង​ផង ជាទី​រឭក​ផង ជាទី​សង្ឃឹម​ផង របស់​បុគ្គល​ដែល​ទៅកាន់​បរលោក​នោះ។

កាល​បើផ្ទះ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​ តែង​ជញ្ជូនភាជន៍ណា ចេញ​ផុត ​(អំពី​ផ្ទះ) ឬ​ទ្រព្យ​ណា ក្នុង​ផ្ទះ​នោះ (​ដែល​គេ​ជញ្ជូន​ចេញ​ហើយ​) ភ្លើង​ឆេះ​មិន​បាន ទ្រព្យនោះ រមែង​បាន​ជា​ប្រយោជន៍​របស់​គេ យ៉ាង​ណា សត្វ​លោក ដែល​ត្រូវ​ភ្លើង ​គឺជរា​ និង​មរណៈ​ ឆាប​ឆេះ គួរ​ប្រញាប់​ជញ្ជូន​ចេញ​ឲ្យ​ផុត (អំពី​ផ្ទះ​ គឺរាង​កាយ) ដោយ​ការ​ឲ្យ​ទាន (​ព្រោះថា) ទាន​ដែល​គេ​ឲ្យ​ហើយ ឈ្មោះ​ថា បាន​ជញ្ជូនដោយ​ល្អ​ ក៏​យ៉ាង​នោះ​ដែរ។ ការសង្រួម​ដោយកាយ វាចា ចិត្តណា ពី​ឥ​ឡូវ​នេះទៅ បុណ្យ​ (​ដែល​កើត​មក​អំពី​ការសង្រួម​) នោះ រមែងកើ​តសុខ ​ដល់​បុគ្គល​ដែល​ទៅ​កាន់​បរលោក​ហើយ​នោះ ហេតុ​នោះ កាល​បើ​បុគ្គល​រស់​នៅ គួរ​តែ​ធ្វើ​បុណ្យ។

អញ្ញតរព្រាហ្មណសូត្រ ទី៣

[៥៥] គ្រា​នោះ​ឯង មាន​ព្រាហ្មណ៍​ម្នាក់ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ពោល​ពាក្យ​រាក់​ទាក់​ ជាមួយនឹងព្រះ​ដ៏​មាន​​ព្រះ​ភាគ។ ​បេ​។  លុះ​ព្រាហ្មណ៍​នោះ អង្គុយ​ក្នុង​ទី​សម​គួរហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះថា បពិត្រ​ព្រះ​គោតមដ៏​ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយខ្លួន​ឯង ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង។  បពិត្រព្រះគោតម​ដ៏​ចំរើន ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួនឯង ឲ្យនូវ​ផល​មិន​រង់​ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូលមក​ទុក​ក្នុង​ចិត្ត ​របស់​ខ្លួន​បាន ដែល​ពួក​អ្នក​ប្រាជ្ញ ​គប្បី​ឃើញ ចំពោះ​ខ្លួន តើ​ដោយ​ហេតុ​ដូច​ម្ដេច។  ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ បុគ្គល​ត្រេក​អរ ដែល​រាគៈ​គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់មាំ តែង​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​​បៀតបៀន​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ខ្លះ​ ក៏​រមែង​រង​ទុក្ខ​ ទោមនស្ស ​ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្ត។  កាល​បើ​លះ​បង់​រាគៈ​ហើយ​ បុគ្គល​រមែង​មិន​គិត​ដើម្បីបៀត​បៀន​ខ្លួន​ឯង​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បីបៀ​ត​បៀន​ខ្លួន​ឯង នឹង​អ្នក​ដទៃ​ផង រមែង​មិនរង​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។  ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះ​ឯង​ហើយ ​ឈ្មោះ​ថា​ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ម្នាល​ព្រាហ្មណ៍​ បុគ្គល​ប្រទូស្ត ដែលទោសៈ​គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ តែង​គិត​ ដើម្បី​បៀត​បៀន​ខ្លួនឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។  កាល​បើ​លះទោសៈបាន​ហើយ បុគ្គល​តែង​មិន​គិត ដើម្បី​បៀតបៀន​ខ្លួន​ឯង​ផង មិន​គិតដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ ដើម្បី​បៀត​បៀន​ខ្លួន​ឯង និងអ្នកដទៃ​ផង រមែង​មិន​ទទួលទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុងចិត្ត។ ម្នាល​ព្រាហ្មណ៍​ យ៉ាង​នេះហើយ ​ឈ្មោះថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយខ្លួន​ឯង ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង ​ដែល​មោហៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ តែង​គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។  កាល​បើ​លះមោហៈ​ហើយ បុគ្គល​មិន​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ផង មិនគិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង​ មិន​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ និង​អ្នក​ដ​ទៃ​ផង រមែង​មិនទទួល​ទុក្ខ​ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុងចិត្ត។  ម្នាល​ព្រាហ្មណ៍ យ៉ាងនេះ​ហើយ ឈ្មោះ​ថា​ ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ​ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល មិន​រង់ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូលមក​ទុក​ ក្នុង​ចិត្ត​របស់​ខ្លួន​បាន ដែល​វិញ្ញូជន​ គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង។ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់។  បេ។  សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ ​ថា​ជាឧបាសក អ្នក​ដល់​នូវ​សរណគមន៍ ស្មើដោយ​ជីវិត តាំង​អំពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

បរិព្វាជកសូត្រ ទី៤

[៥៦] គ្រា​នោះ​ឯង មាន​ព្រាហ្មណ៍​បរិព្វា​ជក​ម្នាក់ ចូល​ទៅគាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ។ បេ។  លុះ​ព្រាហ្មណ៍​បរិព្វា​ជកនោះ ​អង្គុយ​ក្នុង​ទីសម​គួរហើយ បាន​ក្រាប​​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា​ ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ធម៌​ ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួនឯង ឲ្យ​នូវ​ផល​មិន​រង់​ចាំ​កាល គួរ​ហៅ​បុគ្គល​​ដទៃ ឲ្យ​ចូល​មក​មើលបាន គួរ​បង្អោន​ចូល​មក​ទុក ក្នុង​ចិត្ត​របស់​ខ្លួន ដែល​ពួក​វិញ្ញូជន គប្បី​ដឹង​ច្បាស់​ ដោយខ្លួន​ឯង តើ​ដោយ​ហេតុ​ដូច​ម្ដេច។  ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេកអរ ​ដែល​រាគៈ​គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិតដើម្បី​បៀត​បៀន​អ្នក​ដទៃខ្លះ គិ​តដើម្បី​បៀតបៀន​ខ្លួន​ឯង និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។  កាល​បើ​លះបង់រាគៈ​បាន​ហើយ បុគ្គល​រមែង​មិនគិត​ ដើម្បីបៀតបៀន​ខ្លួន​ឯងផង​ មិនគិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បី​បៀតបៀន​ខ្លួនឯង ​និង​អ្នក​ដទៃផង រមែង​មិន​ទទួល​ទុក្ខ ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេកអរ​ ដែល​រាគៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​ប្រពឹ្រត្ត​ទុច្ចរិត​ ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិត​ ដោយ​វាចា ប្រព្រឹត្តទុច្ចរិត​ ដោយ​ចិត្ត។  កាល​បើលះ​បង់​រាគៈ​ហើយ​ បុគ្គល​រមែង​មិន​ប្រព្រឹត្តទុច្ចរិត ​ដោយកាយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា មិន​ប្រព្រឹត្ត​ទុច្ច​រិតដោយ​ចិត្ត។  ម្នាល​ព្រាហ្មណ៍ បុគ្គល​ត្រេក​អរ​ ដែល​រាគៈគ្របសង្កត់ មាន​ចិត្ត​​ប្រកាន់​មាំ រមែង​មិន​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​ តាម​ពិត​ខ្លះ មិន​ដឹង​នូវ ប្រយោជន៍ របស់​បុគ្គល​ដទៃ​តាម​ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ខ្លួនឯង ​និង​អ្នក​ដទៃ​តាម​ពិត​ខ្លះ។  កាល​បើ​លះ​បង់​រាគៈ​បាន​ហើយ​ បុគ្គលរមែង​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍ ​របស់​អ្នកដទៃ​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​ខ្លួន​ និង​អ្នក​ដទៃ​តាម​ពិត​ផង។  ម្នាលព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ឈ្មោះថា ធម៌​ដែល​បុគ្គល​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង… ម្នាល​ព្រាហ្មណ៍ បុគ្គល​ប្រទូស្ត។ ​បេ។  ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង ​ដែល​មោហៈ គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត​ដើម្បីបៀតបៀន​ខ្លួនឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ ​ទោមនស្ស​ ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។  កាល​បើលះ​បង់​មោហៈបាន​ហើយ បុគ្គល ​រមែង​មិនគិត​ដើម្បីបៀតបៀន​ខ្លួន​ឯង​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិនគិត​ដើម្បីបៀត​បៀន​ខ្លួន​ឯង​ និង​អ្នក​ដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ​ ទោមស្ស​ ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។  ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែល​មោហៈគ្របសង្កត់ មាន​ចិត្ត​ប្រកាន​មាំ រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្ត​ទុច្ចរិតដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។  កាល​បើលះ​មោហៈ​បាន​ហើយ បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ ដោយកាយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត​ ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែល​មោហៈគ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​មិន​ដឹង​ នូវ​ប្រយោជន៍​របស់​ខ្លួន​តាម​ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ របស់​បុគ្គល​ដទៃ​តាម​ពិត​ខ្លះ មិន​ដឹង​នូវ​ប្រយោជន៍​ខ្លួន​ឯង ​និង​អ្នក​ដទៃ​តាម​ពិត​ខ្លះ។  កាល​បើ​លះ​មោហៈ​បាន​ហើយ បុគ្គល រមែង​ដឹង​នូវ​ប្រយោជន៍ ​របស់​ខ្លួន​តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​អ្នកដទៃ​ តាម​ពិត​ផង ដឹង​នូវ​ប្រយោជន៍​ខ្លួន​ និង​អ្នក​ដទៃ​តាម​ពិត​ផង។  ម្នាលព្រាហ្មណ៍ យ៉ាង​នេះឯង ឈ្មោះថា ធម៌​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល​មិន​រង់​ចាំកាល គួរហៅ​បុគ្គល​ដទៃ​ ឲ្យចូល​មកមើល​បាន គួរ​បង្អោន​ចូល​មក​ទុក ក្នុង​ចិត្ត​របស់​ខ្លួន​បាន ដែល​ពួក​វិញ្ញូជន គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺច្បាស់ណាស់។ បេ។  សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំព្រះ​អង្គ​ថាជាឧបាសក​ អ្នក​ដល់​នូវ​សរណគមន៍ ​ស្មើ​ដោយ​ជីវិត​ តាំង​អំពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

និព្វុតសូត្រ ទី៥

[៥៧] គ្រានោះ​ឯង ព្រាហ្មណ៍​ឈ្មោះ ​ជា​នុស្សោណី ចូល​ទៅគាល់ព្រះ​ដ៏​​មាន​ព្រះ​ភាគ​។ បេ។  លុះ​ជា​នុស្សោណីព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏ចំរើន ព្រះ​អង្គ​តែង​សំដែង​ថា ព្រះនិព្វាន ​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ដោយ​ខ្លួន​ឯង ព្រះនិព្វាន​ជាធម្មជាត​ ដែល​បុគ្គល​គប្បី​ឃើញច្បាស់ ​ដោយខ្លួន​ឯង។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ព្រះនិព្វាន ជាធម្មជាត​ ដែល​បុគ្គលគប្បី​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល​មិន​រង់ចាំកាល គួរ​ហៅបុគ្គលដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុកក្នុង​ចិត្ត​របស់ខ្លួន​បាន ដែល​វិញ្ញូជន​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ​ដោយ​ខ្លួន​ឯង តើ​ដោយ​ហេតុ​ដូចម្ដេច។  ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ បុគ្គលត្រេកអរ​ ដែល​រាគៈ​គ្របសង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង​ខ្លះ គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀនខ្លួន​ឯង​ និង​អ្នក​ដទៃ​ខ្លះ ក៏​រមែង​ទទួល​ទុក្ខ​ ទោមនស្ស​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។ កាល​បើ​លះ​រាគៈ​បាន​ហើយ បុគ្គល​រមែង​មិន​គិត ​ដើម្បី​បៀត​បៀន​ខ្លួន​ផង មិន​គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃ​ផង មិនគិត​ដើម្បី​បៀតបៀន​ខ្លួន​ឯង​ និង​អ្នកដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ​ទោមនស្ស ដែល​ប្រព្រឹត្ត​ទៅក្នុងចិត្ត។ ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯងហើយ ព្រះនិព្វាន​ ឈ្មោះ​ថា ជា​ធម្មជាត ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់ ​ដោយ​ខ្លួន​ឯង… ម្នាល​ព្រាហ្ម​ណ៍ បុគ្គលប្រទូស្ត។ បេ។  ម្នាល​ព្រាហ្មណ៍ បុគ្គល​វង្វេង​ ដែលមោហៈ គ្រប​សង្កត់ មាន​ចិត្ត​ប្រកាន់​មាំ រមែង​គិតដើម្បី​បៀត​បៀន​ខ្លួន​ឯងខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ គិត​ដើម្បី​បៀត​បៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ខ្លះ ក៏រមែង​ទទួល​ទុក្ខ ទោមនស្ស​ ដែលប្រព្រឹត្ត​ទៅក្នុង​ចិត្ត។  កាលបើ​លះបង់មោហៈ​ហើយ បុគ្គល​រមែង​មិន​គិត​ ដើម្បី​បៀត​បៀន​ខ្លួន​ផង មិន​គិត​ដើម្បីបៀតបៀន​អ្នក​ដទៃ​ផង មិន​គិត​ដើម្បីបៀតបៀន​ខ្លួន​ឯង ​និង​អ្នក​ដទៃ​ផង រមែង​មិន​ទទួល​ទុក្ខ ទោមនស្ស ​ដែល​ប្រព្រឹត្ត​ទៅក្នុង​ចិត្ត។  ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ព្រះ​និព្វាន ឈ្មោះ​ថា ជា​ធម្ម​ជាត​ ដែល​បុគ្គល​គប្បី​ឃើញច្បាស់ ​ដោយ​ខ្លួន​ឯង ម្នាល​ព្រាហ្មណ៍​ បុគ្គល​នេះ ទទួល​នូវ​ការ​អស់​រាគៈ ឥត​សេសសល់ ទទួល​នូវ​ការ​អស់​ទោសៈ​ ឥត​សេស​សល់ ទទួល​នូវ​ការអស់​មោហៈ​ ឥត​សេសសល់។  ម្នាល​ព្រាហ្មណ៍ យ៉ាង​នេះឯង​ហើយ ​ព្រះនិព្វាន​ ឈ្មោះ​ថា​ ជាធម្មជាត ​ដែល​បុគ្គល​គប្បី​ឃើញ​ច្បាស់​ ដោយ​ខ្លួន​ឯង ​ឲ្យនូវផល​មិន​រង់​ចាំកាល គួរ​ហៅ​បុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន ​គួរ​បង្អោន​ចូលមក​ទុក ​ក្នុង​ចិត្ត​របស់​ខ្លួន ដែល​ពួក​វិញ្ញូជន ​គប្បី​ដឹង​ច្បាស់ ដោយ​ខ្លួន​ឯង។ បពិត្រ​​ព្រះ​គោតម​ដ៏​ចំរើន​ ភ្លឺច្បាស់​ណាស់។ ​បេ។ សូម​ព្រះ​គោតមដ៏​ចំរើន ចាំទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ ថាជា​ឧ​បាសក អ្នក​ដល់​នូវ​សរណគមន៍​ ស្មើដោយ​ជីវិត​ តាំង​ពី​ថ្ងៃ​នេះ​ជា​ដើម​ទៅ។

បលោកសូត្រទី៦

[៥៨] គ្រា​នោះ​​ឯង មាន​ព្រាហ្មណ៍​មហា​សាល​ម្នាក់ ចូល​ទៅ​គាល់ព្រះ​ដ៏​​មាន​ព្រះ​ភាគ។ បេ។  លុះ​ព្រាហ្ម​ណ៍​មហា​សាល​នោះ​ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះគោតម​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​ បាន​ឮ​ពាក្យ​នេះ ​អំពី​ពួក​ព្រាហ្ម​ណ៍​ជាន់​មុន មាន​វ័យ​ចំរើន ចាស់ ​ជា​អាចារ្យ​ត​ៗ​គ្នា​មក ​និយាយ​ថា កាល​ពី​ដើម លោកនេះ​ ពេញ​ពាស​ដោយ​ពួក​មនុស្ស ហាក់​ដូច​ជា​អវីចិមហានរក ស្រុក ​និគម ជន​បទ រាជ​ធានី (​ជិតៗ​គ្នា) ល្មម​ចម្ងាយ​មាន់​ហើរ​ដល់។  បពិត្រ​ព្រះគោតម​ដ៏​ចំ​រើន ហេតុ​ដូច​ម្ដេច បច្ច័​យ​ដូច​ម្ដេច ដែល​នាំ​ឲ្យពួក​មនុស្ស ក្នុងកាល​ឥ​ឡូវ​នេះ ​អស់ទៅ តិច​ទៅ ស្រុក​ទៅ​ជាមិន​មែន​ស្រុក និគម ទៅជា​មិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ ទៅ​ជា​មិន​មែន​ជន​បទ។ ព្រះ​ដ៏​មាន​ព្រះភាគ​​ ទ្រង់​ត្រាស់ថា ម្នាល​ព្រាហ្មណ៍ ពួក​មនុស្ស​ឥឡូវ​នេះ ត្រេកអរ​ក្នុង​អធម្ម​រាគៈ ត្រូវ​វិ​សម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆាធម៌​រួប​រឹត កាល​បើ​មនុស្ស​ទាំងនោះ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈគ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួប​រឹត​ហើយ ក៏​ចាប់​យក​សស្រ្តា​ដ៏​មុត ផ្ដាច់​ជីវិត​គ្នា​នឹង​គ្នា ហេតុ​នោះ បាន​ជា​ពួក​មនុស្ស​ដ៏​ច្រើន ក៏​ធ្វើ​មរណកាល។  ម្នាល​ព្រាហ្មណ៍ នេះ​ជាហេតុ នេះ​ជា​បច្ច័យ ដែល​នាំពួកមនុស្ស ​ក្នុង​កាល​ឥឡូវ​នេះ ​អស់​ទៅ តិច​ទៅ ស្រុក​ទៅ​ជាមិន​មែន​ស្រុក និគម​ទៅ​ជាមិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែន​ជនបទ។  ម្នាល​ព្រាហ្មណ៍ មួយ​ទៀត ពួក​មនុស្ស​ឥឡូវ​នេះ ត្រេក​អរក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត កាល​បើ​ពួកមនុស្ស​ទាំង​នោះ​ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវមិច្ឆា​ធម៌​រួបរឹត ភ្លៀង​ក៏មិន​បង្អោរ​នូវ​មេ​ទឹក ​ដោយ​ប្រពៃ ហេតុ​នោះ បានជាកើត​ទុរ្ភិក្ស សំទូង​មិន​ល្អ ក្រាស៊ី ស្កក​ស្គឺ ហេតុ​នោះ ​បាន​ជា​ពួក​មនុស្សដ៏​ច្រើន ធ្វើ​មរណកាល។  ម្នាល​ព្រាហ្មណ៍ នេះ​ជា​ហេតុ នេះ​ជា​បច័្ចយ ដែល​នាំឲ្យ​ពួក​មនុស្ស​ឥឡូវ​នេះ ​អស់​ទៅ តិច​ទៅ ​ស្រុក​ទៅ​ជា​មិន​មែន​ស្រុក និគម​ទៅ​ជាមិន​មែន​និគម នគរ​ទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែនជន​បទ។  ម្នាល​ព្រាហ្មណ៍ មួយ​ទៀត ពួក​មនុស្ស​ឥ​ឡូវ​នេះ ត្រេក​អរក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្របសង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត កាលបើ​ពួក​មនុស្ស​ទាំង​នោះ​ ត្រេក​អរ​ក្នុង​អធម្មរាគៈ ត្រូវ​វិសម​លោភៈ​គ្រប​សង្កត់ ត្រូវ​មិច្ឆា​ធម៌​រួបរឹត​ហើយ យក្ខ​ទាំង​ឡាយ ក៏​លែង​ពួក​អមនុស្ស​ ដ៏​កាច (ឲ្យចាប់) ហេតុ​នោះ បាន​ជាមនុស្ស​ដ៏​ច្រើន ធ្វើ​មរណកាល។  ម្នាលព្រាហ្មណ៍ នេះជា​ហេតុ នេះ​ជា​បច្ច័យ ដែល​នាំ​ឲ្យ​ពួក​មនុស្ស​ឥឡូវ​នេះ អស់​ទៅ ​តិច​ទៅ ​ស្រុក​ទៅ​ជា​មិន​មែន​ស្រុក និគម​ទៅ​ជា​មិន​មែន​និគម នគរទៅ​ជា​មិន​មែន​នគរ ជន​បទ​ទៅ​ជា​មិន​មែន​ជន​បទ។  បពិត្រ​ព្រះ​គោតមដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់។ បេ។  សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​នូវ​ខ្ញុំព្រះ​អង្គ ថា​ជា​ឧបាសក អ្នក​ដល់​នូវ​សរណគមន៍ ​ស្មើដោយ​ជីវិត​ តាំង​អំពីថ្ងៃនេះ ជា​ដើម​ទៅ។

វច្ឆគោត្តសូត្រទី៧

[៥៩] គ្រានោះឯង វច្ឆគោ​ត្របរិព្វាជក ចូល​ទៅ​គាល់​ព្រះ​មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្ដីរីករាយ ​ជាមួយ​នឹង​ព្រះដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីក​រាយ ​និង​ពាក្យ​គួរ​រឭក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សម​គួរ។  លុះ​វច្ឆ​គោត្របរិព្វាជក អង្គុយ​ក្នុង​ទីសម​គួរ​ហើយ បាន​ក្រាបបង្គំ​ទូល​ព្រះ​ដ៏មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​ បាន​ឮពាក្យ​នេះថា ព្រះសមណ​គោតម ត្រាស់​យ៉ាង​នេះថា បុគ្គល​គួរ​ឲ្យទាន ដល់​តថាគត មិន​គួរឲ្យទាន​ ដល់​ពួក​ជន​ដទៃឡើយ បុគ្គលគួរ​ឲ្យទាន​ ដល់​ពួក​សាវក​តថាគត​ មិន​គួរ​ឲ្យ​ទាន​ដល់​ពួក​សាវកគ្រូដទៃឡើយ ទាន ​ដែល​បុគ្គល​ឲ្យ​ ដល់​តថាគត​ហើយ មាន​ផល​ច្រើន ទានដែល​បុគ្គល​ឲ្យ​ ដល់​ពួកជន​ដទៃ មិន​មាន​ផល​ច្រើន​ទេ ទាន​ដែល​បុគ្គលឲ្យ​ដល់​ពួក​សាវក នៃតថាគត មាន​ផល​ច្រើន ទាន​ដែល​បុគ្គល​ឲ្យ​ ដល់ពួកសាវក​របស់​គ្រូ​ដទៃ មិន​មាន​ផល​ច្រើន​ទេ។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ពួក​ជន​ណា​និយាយ​យ៉ាង​នេះថា ព្រះ​សមណគោតម ត្រាស់​យ៉ាង​នេះថា បុគ្គល​គួរ​ឲ្យ​ទាន​ដល់​តថាគត​តែមួយយ៉ាង មិនគួរ​ឲ្យ​ទាន ដល់​ពួក​ជនដទៃ​ឡើយ បុគ្គល​គួរ​ឲ្យ​ទាន​ដល់​ពួក​សាវក​ របស់តថា​គត​តែ​មួយ​យ៉ាង មិនគួរ​ឲ្យ​ទាន​ ដល់​ពួក​សាវក ​របស់​ពួក​គ្រូ​ដទៃ​ឡើយ ទាន​ដែល​បុគ្គល​ឲ្យដល់​តថាគត មាន​ផល​ច្រើន ទាន​ដែល​បុគ្គល​ឲ្យ​ដល់​ពួក​ជន​ដទៃ មិនមាន​ផល​ច្រើន​ទេ ទាន​ដែល​បុគ្គលឲ្យ​ ដល់​ពួក​សាវក​តថាគត មាន​ផលច្រើន ទាន​ដែល​បុគ្គលឲ្យ ដល់​ពួក​សាវក​ របស់​ពួក​គ្រូដទៃ មិន​មាន​ផលច្រើន​ឡើយ។  ពួក​ជន​ទាំង​នោះ ​ឈ្មោះ​ថា និយាយ​តាមពាក្យ ដែល​ព្រះ​គោតម​ដ៏​ចំរើន​ពោល​ហើយ មិន​និយាយ​បង្កាច់ ព្រះ​គោតមដ៏​ចំរើន​ ដោយ​ពាក្យ​មិន​ពិត ទាំង​ឈ្មោះ​ថា​ ព្យាករនូវ​ធម៌ ​សម​គួរ​ដល់​ធម៌ លំនាំ​នៃ​ពាក្យ​ប្រកប​ដោយ​ហេតុ​នី​មួយ មិន​មក​កាន់​ឋានៈ ដែល​គប្បីតិះ​ដៀល​ទេ​ឬ ព្រោះ​យើង​មិន​មាន​ប្រាថ្នា​ដើម្បី​និយាយ​បង្កាច់ព្រះគោតមដ៏​ចំរើន​ទេ។  ម្នាល​វច្ឆៈ ពួក​ជន​ណា និយាយ​យ៉ាង​នេះថា ព្រះសមណគោតម ត្រាស់យ៉ាង​នេះថា បុគ្គល​ត្រូវ​ឲ្យទាន​ដល់​តថាគតតែ​មួយ​យ៉ាង។ បេ។  ទាន​ដែល​បុគ្គល​ឲ្យ ​ដល់​ពួក​សាវក ​របស់ពួកគ្រូ​ដទៃ មិន​មាន​ផល​ច្រើន​ទេ ពួក​ជន​ទាំង​នោះ ឈ្មោះ​ថា មិន​និយាយតាម​ពាក្យ​ដែល​តថាគតពោល​ហើយ មួយ​ទៀត ពួក​ជន​ទាំង​នោះ​ ឈ្មោះថា​ និយាយ​បង្កាច់​តថា​គត​ ដោយ​ពាក្យមិន​ទៀង មិន​ពិត ម្នាល​វច្ឆៈ អ្នក​ណា ហាម​ឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន អ្នក​នោះ​ ឈ្មោះថា ធ្វើអន្ត​រាយដល់​ជន​៣ នាក់ ឈ្មោះ​ថា បៀតបៀន​ ដល់​ជន​៣​នាក់។ ដល់​ជន​៣​នាក់​ ដូច​ម្ដេច​។  គឺ​ជា​អ្នក​ធ្វើ​ឲ្យ​អន្តរាយ​បុណ្យ​ របស់​ទាយក​ ១ ធ្វើ​ឲ្យ​អន្តរាយ​លាភ ​របស់​បដិ​គ្គា​ហកៈទាំង​ឡាយ​ ១ គាស់​រំលើង​គុណរបស់​ខ្លួន​ផង កំ​ចាត់​គុណ​របស់​ខ្លួន​ផង​ ដែល​មាន​ក្នុង​កាល​មុន ១។ ម្នាល​វច្ឆៈ អ្នក​ណា​ហាម​ឃាត់​បុគ្គល​ដទៃ​កំពុង​ឲ្យ​ទាន អ្នក​នោះ​ឈ្មោះថា ធ្វើ​អន្តរាយ ​ដល់​ជន​ទាំង ៣​នាក់​នេះ បៀត​បៀន​ដល់​ជន​ទាំង​៣នាក់​នេះ។  ម្នាល​វច្ឆៈ ចំ​ណែក​ខាង​តថាគត ពោល​យ៉ាង​នេះថា សូម្បី​ពួក​សត្វ​មាន​ជីវិត​ណា ដែល​នៅ​ក្នុង​អណ្ដូង​ស្មោក​គ្រោកក្ដី រណ្ដៅស្មោក​គ្រោក​ក្ដី ជន​ណា​ចាក់​នូវ​ទឹក​លាង​ចាន​ក្ដី ទឹក​លាង​ឆ្នាំង​ក្ដី ក្នុងទីស្មោកគ្រោកនោះ ដោយ​គិត​ថា ពួក​សត្វ​ណា មាន​ក្នុង​ទី​ស្មោក​គ្រោកនោះ សត្វ​ទាំង​នោះ ចូរញុំាង​ជីវិត ​ឲ្យ​រស់​នៅ ដោយកាក​អាហារ​នោះចុះ ម្នាល​វច្ឆៈ គ្រាន់​តែ​ប៉ុណ្ណឹង​ទេ តថាគតហៅថា ហេតុ​ជា​ទី​មក​ នៃបុណ្យ ចាំ​បាច់​ពោល​ទៅ​ថ្វី ​ដល់​ពួក​មនុស្ស។  ម្នាល​វច្ឆៈ តថាគត​គ្រាន់តែ​ពោល​ថា ទាន​ដែល​ឲ្យ​ដល់​បុគ្គល​មាន​សីល មាន​ផល​ច្រើន ដល់បុគ្គល​ទ្រុស្ត​សីល មិន​ដូច្នោះ​ទេ។  ព្រោះ​បុគ្គល​មាន​សីល​នោះ លះ​អង្គ​៥ ប្រកប​ដោយ​អង្គ​៥។  លះ​អង្គ​៥ ដូចម្ដេច។  គឺ​ជា​អ្នក​លះ​កាម​ច្ឆន្ទៈ ១ លះ​ព្យាបាទៈ ១ លះ​ថីនមិទ្ធៈ ​១ លះឧទ្ធច្ចកុក្កុច្ចៈ ១ លះ​វិចិកិច្ឆា​ ១។ នេះ​ឈ្មោះ​ថា​ លះ​អង្គ​៥។  បុគ្គល​ប្រកប​ដោយ​អង្គ​៥​ តើ​ដូច​ម្ដេច។ គឺ​ជា​អ្នក​ប្រកប​ដោយ​សីល​ក្ខន្ធ ​ជា​អសេក្ខៈ ១ ប្រកប​ដោយ​សមាធិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​បញ្ញា​ខន្ធ ​ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិក្ខន្ធ ជាអសេក្ខៈ ១ ប្រកប​ដោយ​វិមុត្តិ​ញ្ញាណ​ទស្សនក្ខន្ធ ជា​អសេក្ខៈ ១។ បុគ្គល​ប្រកប​ដោយ​អង្គ​ ទាំង​៥​នេះ។  តថាគត​ពោល​ថា ទាន​ដែល​បុគ្គលឲ្យ​ ចំពោះ​បុគ្គល​អ្នក​លះ​អង្គ​៥ ​ប្រកប​ដោយ​អង្គ​៥ ​​មាន​ផល​ច្រើន ដោយប្រការ​ដូច្នេះ។

គោឈ្មោល កើត​ក្នុង​ពួក​មេគោណាមួយ ទោះ​សម្បុរខ្មៅ​ក្ដី សក្ដី ក្រហម​ក្ដី លឿង​ក្ដី ពព្រុសក្ដី មានរូបរាង​ស្រដៀង​នឹង​កូន​វាក្ដី ប្រផេះក្ដី ដែល​គេ​បង្ហាត់ បាន​​បត់ ជា​គោសម្រាប់​ដឹក​នាំ បរិបូណ៌ ដោយ​កំឡាំង មាន​សន្ទុះ​ល្អ គេ​ទឹម​គោ​នោះ ​ក្នុង​រទេះ គេ​មិន​បាន​គិតគូរ ​ដល់​ពណ៌​សម្បុរ នៃ​គោ​នោះ​ឡើយ យ៉ាង​ណា​មិញ បុគ្គល​ល្អ កើត​ក្នុង​ត្រកូល​ណាមួយ ទោះ​ជាក្សត្រិយ៍​ក្ដី ព្រាហ្មណ៍​ក្ដី វេស្សៈក្ដី សុទ្ទៈក្ដី ចណ្ឌាលក្ដី បុក្កុសៈក្ដី ដែល​បាន​ទូន្មាន​ចិត្ត ឲ្យ​ប្រាស​ចាក​កិលេស ស្ថិត​នៅ​ក្នុង​ធម៌ បរិបូណ៌​ដោយ​សីល និយាយ​ពាក្យសច្ចៈ មាន​ចិត្ត​ប្រកប​ដោយ​ហិរិ លះ​ជាតិ​ និង​មរណៈ បរិបូណ៌​ដោយ​ព្រហ្មចារ្យ មាន​ភារៈដាក់​ចុះ​ហើយ ប្រាស​ចាក​រាគៈ​ មាន​សោឡ​សកិច្ច ​ធ្វើ​ស្រេច​​ហើយ មិនមាន​អាសវៈ ជាអ្នក​ដល់ [សំដៅយកត្រើយ ៦ គឺ ត្រើយគឺអភិញ្ញា១ បហានៈ១ ឈាន១ ភាវនា១ សច្ឆិកិរិយា១ សមាបត្តិ១។] ​ត្រើយ នៃ​ធម៌​ទាំង​អស់ [សំដៅយកខន្ធ៥ អាយតនៈ១២ ធាតុ១៨។ អដ្ឋកថា។] ​មិន​ប្រកាន់​មាំ ប្រាស​ចាក​កំដៅ ​គឺ​កិលេស ទានដែល​បុគ្គល​ឲ្យ​ហើយ​ក្នុង​ខេត្ត ដែល​ប្រាសចាកធូលី មាន​រាគៈ​ ជា​ដើម​នោះ​ឯង ជា​ទាន​មាន​ផលធំទូលាយ ក៏​យ៉ាង​នោះ​ដែរ។  ចំ​ណែក​ខាង​ពួកបុគ្គល​ពាល អប្ប​ប្រាជ្ញា​ មិន​បាន​រៀន​សូត្រ មិន​ស្គាល់ (បុញ្ញក្ខេត្ត) រមែង​ឲ្យ​ទានខាង​ក្រៅ (ពុទ្ធសាសនា) មិន​ដែល​ចូល​ទៅ​ជិត​ពួក​សប្បុរស។  បើ​ពួក​បុគ្គលណា ចូល​ទៅ​ជិត​ពួក​សប្បុរស ជាអ្នក​មាន​ប្រាជ្ញា សន្មត​ថា ​ជា​អ្នក​ប្រាជ្ញ សទ្ធា​ជាឫសគល់​ របស់​ពួកបុគ្គល​នោះ ស្ថិត​នៅ​ក្នុង​ព្រះ​សុគត បុគ្គល​ទាំងនោះ រមែង​ទៅកាន់​ទេវលោក ឬក៏​កើត​ក្នុង​ត្រកូល (មានត្រកូល​ក្សត្រិយ៍ ​ជាដើម) នាលោក​នេះ ជាពួក​បណ្ឌិត សម្រេច​នូវ​ព្រះ​និព្វាន​តាម​លំដាប់។

តិកណ្ណសូត្រទី៨

[៦០] គ្រានោះ​ឯង តិកណ្ណព្រាហ្មណ៍ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ពោល​សេចក្ដី​រីករាយ​ ជាមួយ​នឹង​ព្រះ​ដ៏មាន​ព្រះ​ភាគ លុះបញ្ចប់​ពាក្យ​គួរ​រីករាយ​ និង​ពាក្យ​គួរ​រឭក​ហើយ ក៏​អង្គុយក្នុង​ទី​សម​គួរ​។  លុះ​តិកណ្ណ​ព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​និយាយសរសើរ​ព្រាហ្មណ៍​ទាំង​ឡាយ អ្នក​បាន​វិជ្ជា​៣ ចំពោះ​ព្រះ​ភក្រ្ត​ព្រះ​ដ៏មានព្រះ​ភាគ​ថា ពួក​ព្រាហ្មណ៍​ បាន​វិជ្ជា​៣​យ៉ាង​នេះ ពួក​ព្រាហ្មណ៍​បានវិជ្ជា​៣ ដូច្នេះ។  ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ចុះពួក​ព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍​អ្នក​បាន​វិជ្ជា​៣​ដោយ​ប្រការ​យ៉ាង​ណា។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ព្រាហ្មណ៍​ក្នុង​លោក​នេះ ជាឧភតោសុជាត (មាន​ជាតិ​ល្អ​ទាំង​ពីរខាង​) គឺ​អំពី​មាតា​​ផង អំពី​បិតាផង កើត​អំពី​ផ្ទៃ​ ដ៏បរិសុទ្ធ​ស្អាត ដែល​បុគ្គល​មិន​រង្កៀស មិន​តិះ​ដៀល ​ដោយ​ពោល​អំពី​ជាតិបាន​ ដរាប​អំពី​ជួរ​ជីតា​ គំរប់​ ៧ ជាអ្នក​រាយ​មន្ត ចេះ​ចាំ​មន្ត ជា​អ្នក​ដល់​ត្រើយ នៃ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​និឃណ្ឌុ​ និង​កេដុភៈ ​ព្រម​ទាំង​អក្ខរប្បភេទ គឺ​សិក្ខា និង​និរុត្តិ មាន​គម្ពីរឥតិ​ហាសៈ ​ជាគំរប់​៥ ជា​អ្នក​ចេះ​បទ​ និង​វេយ្យាករណ៍ ជា​អ្នក​មិន​ឱនថយ​ គឺ​ស្ទាត់​ជំនាញ ក្នុ​ង​លោកាយត​សាស្រ្ត​ និង​មហាបុរិសលក្ខណ​សាស្រ្ត។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ពួក​ព្រាហ្មណ៍ បញ្ញត្តព្រាហ្មណ៍​ អ្នក​បាន​វិជ្ជា​៣ ​យ៉ាង​នេះ​ឯង។  ម្នាល​ព្រាហ្មណ៍ ពួកព្រាហ្មណ៍​ បញ្ញត្ត​ព្រាហ្មណ៍​ អ្នក​បាន​វិជ្ជា​៣ ​ដោយ​ឡែក ឯ​វិជ្ជា​៣​ ក្នុងវិន័យ​របស់​អរិយៈ​ ដោយ​ឡែក​។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ចុះវិជ្ជា​៣ ក្នុងវិន័យ​របស់​អរិយៈ តើដូច​ម្ដេច វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ យ៉ាង​ណា សូម​ព្រះ​គោតម​ដ៏​ចំរើន មេត្តា​សំដែង​ធម៌​យ៉ាង​នោះ​ ដល់​ខ្ញុំ​ព្រះ​អង្គ។  ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នក​ចូរ​ប្រុង​ស្ដាប់ ប្រុង​ធ្វើ​ទុក​ក្នុង​ចិត្ត ​ដោយ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង។  តិកណ្ណ​ព្រាហ្មណ៍ ទទួល​ស្ដាប់ព្រះ​ដ៏​មាន​ព្រះភាគ​ថា ព្រះ​ករុណា ព្រះ​អង្គ។  ព្រះដ៏​មាន​ព្រះ​ភាគ​ បាន​ត្រាស់​ដូច្នេះថា ម្នាលព្រាហ្មណ៍ ភិក្ខុ​ក្នុង​សាសនានេះ ស្ងាត់​ចាក​កាម​ទាំង​ឡាយ ស្ងាត់​ចាកអកុសល​ធម៌​ទាំង​ឡាយ ចូល​កាន់​បឋម​ជ្ឈាន ប្រកប​ដោយ​វិត្តកៈ​ និង​វិចារៈ មាន​បី​តិ​ និង​សុខ​ កើត​អំពី​វិវេក សម្រេច​សម្រាន្ត​នៅ ព្រោះ​ស្ងប់​វិតក្កៈ វិចារៈ​ ក៏​ចូល​ដល់​ទុតិយ​ជ្ឈាន​ ជា​ធម្ម​ជាត​កើត​មាន​ក្នុង​សន្តាន​នៃ​ខ្លួន ប្រកបដោយ​សេចក្ដី​ជ្រះ​ថ្លា មាន​សភាព​ជា​ចិត្តខ្ពស់​ឯក មិន​មាន​វិតក្កៈ វិចារៈ មាន​តែ​បី​តិ ​និង​សុខ​ កើត​អំពី​សមា​ធិ សម្រេច​សម្រាន្ត​នៅ ព្រោះ​ប្រាសចាកបី​តិ​ផង ជា​អ្នក​ព្រងើយ​កន្ដើយ មាន​សតិ​សម្បជញ្ញៈផង ទទួល​សុខដោយ​នាម​កាយ​ផង ព្រះ​អរិយៈ​ទាំង​ឡាយ តែង​សរសើរ​បុគ្គល ​ដែលបាន​តតិយជ្ឈាន​នោះ​ថា ​ប្រកប​ដោយ​ឧបេក្ខា​ មាន​ស្មារតី មាន​កិរិយានៅ​ជាសុខ ​ដូច្នេះ ព្រោះ​តតិយ​ជ្ឈានណា ក៏​ចូល​កាន់​តតិយ​ជ្ឈាន​នោះ​ សម្រេចសម្រាន្ត​នៅ ព្រោះ​លះ​បង់​សុខ​ផង លះ​បង់​ទុក្ខ​ផង អស់​សោមនស្ស ទោមនស្ស ក្នុង​កាល​មុន​ផង ក៏​ចូល​កាន់​ចតុត្ថ​ជ្ឈាន មាន​អារម្មណ៍​មិនជាទុក្ខ មិន​ជាសុខ មានសតិ​ ដ៏​បរិសុទ្ធ​ដោយ​ឧបេក្ខា​ សម្រេច​សម្រាន្ត​នៅ។ កាល​បើ​ចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត មិន​មា​ន​កិលេស ​ប្រាស​ចាកឧបក្កិលេស ​ជាចិត្ត​ទន់ គួរ​ដល់​ភាវនាកម្ម ជាចិត្ត​មិន​ញាប់​ញ័រ​យ៉ាង​នេះហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ​ដើម្បី​បុព្វេ​និវា​សានុ​ស្ស​តិញ្ញាណ​ភិក្ខុ​នោះ រឭក​ឃើញ​នូវ​ខន្ធ ​ដែល​សត្វ​អាស្រ័យ​នៅ ​ក្នុង​កាល​មុន ​ជាច្រើន​ប្រការ គឺរឭក​បាន​១​ជាតិ​ខ្លះ ​២​ជាតិ​ខ្លះ ​៣​ជាតិ​ខ្លះ ៤​ជាតិ​ខ្លះ ៥​ជាតិ​ខ្លះ​ ១០​ជាតិខ្លះ ២០​ជាតិ​ខ្លះ ៣០​ជាតិ​ខ្លះ ៤០​ជាតិខ្លះ ៥០​ជាតិ​ខ្លះ ១០០ជាតិខ្លះ ១០០០ជាតិ​ខ្លះ ១០០.០០០ជាតិ​ខ្លះ រឭក​អស់​សំវដ្ដ​កប្ប​ជាច្រើន វិវដ្ដកប្បជាច្រើន សំវដ្ដវិវដ្ដ​កប្បជា​ច្រើនក៏​បាន ​ថា អាត្មាអញ​ បាន​កើតក្នុង​ភពឯណោះ មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាងនេះ មាន​សម្បុរ​យ៉ាងនេះ មាន​អាហារ​យ៉ាង​នេះ បាន​ទទួល​សុខ ​និង​ទុក្ខយ៉ាង​នេះ មាន​កំណត់អាយុ​ត្រឹម​ប៉ុណ្ណេះ លុះ​អាត្មា​អញ​នោះ ច្យុ​ត​ចាកអត្ត​ភាព​នោះ​ហើយ ក៏​បាន​ទៅកើត​ ក្នុង​ភព​ឯណោះ ដែល​កើត​ក្នុង​ភព​នោះ មាន​ឈ្មោះ​យ៉ាងនេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ បាន​ទទួល​សុខ​ និង​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ អាត្មាអញ​នោះ លុះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ហើយ ក៏​បាន​មក​កើត​ក្នុង​ភពនេះ ភិក្ខុ​នោះ ​រឭក​បាន​នូវ​ខន្ធ​ ដែលខ្លួន​នៅ ក្នុង​កាល​មុន​ ជា​ច្រើន​ប្រការ ​ព្រម​ទាំង​អាការៈ គឺ​សម្បុរ​ និង​អាហារ ​ជាដើម ព្រម​ទាំង​ឧទ្ទេស គឺ​ឈ្មោះ និង​គោត្រ​ ដោយ​ប្រការ​ដូច្នេះ។  នេះ​ជា​វិជ្ជា​ទី​១ ដែល​ភិក្ខុ​នោះ​បានសម្រេច​ហើយ អវិជ្ជាក៏​បាត់​ទៅ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺក៏កើត​ឡើង ​(​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​មិន​មាន​សេចក្ដី​ប្រមាទ មាន​សេចក្ដីព្យាយាម ជាគ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។ កាល​បើ​ចិត្តតាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត មិន​មាន​កិលេស ប្រាស​ចាកឧបក្កិលេស ជាចិត្ត​ទន់ គួរ​ដល់​ភាវនាកម្ម ជាចិត្ត​មិន​ញាប់​ញ័រ ​យ៉ាងនេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បីសត្តានំ ចុតូប​បាតញ្ញាណ ភិក្ខុ​នោះ មាន​ចក្ខុ​ដូច​ជាទិព្វ ដ៏​បរិសុទ្ធ កន្លង​ចក្ខុ​ជា​របស់​មនុស្ស​ធម្មតា រមែង​ឃើញ​ពួក​សត្វ ​ដែល​កំពុង​ច្យុត ដែល​កំពុង​កើត ដឹង​ច្បាស់​នូវ​ពួកសត្វ​ថោក​ទាប ឧត្តម មាន​សម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មាន​គតិ​ល្អ មានគតិ​អាក្រក់ ដែល​ប្រព្រឹត្ត​ទៅ ​តាម​កម្ម​របស់​ខ្លួន​ថា ​អើហ្ន៎ ពួក​សត្វ​នេះ ប្រកប​ដោយ​កាយ​ទុច្ច​រិត ​ប្រកប​ដោយ​វចី​ទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជា​អ្នក​តិះ​ដៀល​ព្រះ​អរិយៈ​ទាំង​ឡាយ ជា​មិច្ឆា​ទិដ្ឋិ ប្រកាន់​អំពើ​មិច្ឆាទិដ្ឋិ សត្វ​ទាំងនោះ ​លុះ​បែក​ធ្លាយ​រាង​កាយ ស្លាប់​ទៅ​ ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ឯ​ពួក​សត្វ​ទាំង​អម្បាល​នេះ ​បាន​ប្រកប​ដោយ​កាយ​សុចរិត ប្រកប​ដោយ​វចី​សុចរិត ប្រកប​ដោយ​មនោសុចរិត មិន​តិះ​ដៀលព្រះ​អរិយៈ​ទាំង​ឡាយ ជា​សម្មា​ទិដ្ឋិ​ ប្រកាន់​អំពី​ជា​សម្មា​ទិដ្ឋិ សត្វ​ទាំង​នោះ ​លុះ​​បែក​ធ្លាយ​រាង​កាយ​ ស្លាប់​ទៅ ក៏​ទៅ​កើត​ក្នុង​សុ​គតិ សួគ៌ ទេវលោក ភិក្ខុ​នោះ មាន​ចក្ខុ​ដូចជា​ទិព្វ ដ៏​បរិសុទ្ធ កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា រមែង​ឃើញ​ពួក​សត្វ ដែល​ច្យុត ដែល​កើត ក៏ដឹង​ច្បាស់ ​នូវ​ពួក​សត្វថោក​ទាប ​ឧត្ដម ​មាន​សម្បុរ​ល្អ សម្បុរ​អាក្រក់ មាន​គតិ​ល្អ ​គតិ​អាក្រក់ ​ដែលប្រព្រឹត្ត​ទៅ​ តាម​កម្ម​របស់​ខ្លួន​ ដោយ​ប្រការ​ដូច្នេះ។  នេះ​ជាវិជ្ជា​ទី២ ដែលភិក្ខុ​នោះ ​បាន​សម្រេច​ហើយ អវិជ្ជា​បាត់​ទៅ​ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង (​ជាផល)​ សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​ប្រមាទ មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។  កាល​បើចិត្ត តាំង​ខ្ជាប់​ខ្ជួន​ បរិសុទ្ធ ​ផូរ​ផង់ មិន​មាន​កិលេស ប្រាសចាក​ឧបក្កិលេស មាន​សភាព​ជាចិត្ត​ទន់ គួរ​ដល់ភាវនាកម្ម ជា​ចិត្ត​មិន​ញាប់​ញ័រ​ យ៉ាង​នេះហើយ ភិក្ខុនោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​អាសវក្ខ​យញ្ញាណ ភិក្ខុ​នោះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុ​នាំ​ឲ្យកើត​ទុក្ខ ដឹង​ច្បាស់​តាម​ពិតថា នេះ​ជា​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​ជា​បដិបទា​ នាំ​ឲ្យ​បាន​ដល់​នូវ​សេចក្ដី​រលត់​ទុក្ខ ដឹង​ច្បាស់​តាមពិតថា ​នេះ​ជា​អាសវៈ​ទាំង​ឡាយ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ហេតុនាំឲ្យ​កើត​អាសវៈ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​សេចក្ដី​រលត់​អាសវៈ ដឹងច្បាស់​តាម​ពិត​ថា នេះ​ជាបដិបទា​ នាំ​ឲ្យ​ដល់​នូវ​សេចក្ដី​រលត់​អាសវៈ។ កាល​ភិក្ខុ​នោះ​ ដឹង​​យ៉ាង​នេះ ​ឃើញ​យ៉ាង​នេះ ចិត្ត​ក៏​ផុត​ស្រឡះ ចាក​កាមា​សវៈ​ផង ចិត្ត​ក៏​ផុត​ស្រឡះ​ ចាក​ភវាសវៈផង ចិត្ត​ក៏​ផុត​ស្រឡះ ចាក​អវិជ្ជា​សវៈផង កាល​បើ​ចិត្ត​ផុត​ស្រឡះ​ហើយ ញាណ​ក៏​កើត​ឡើង​ថា ចិត្ត​ផុត​ស្រឡះ​ហើយ ដឹង​ច្បាស់​ថា ជាតិ​អស់​ហើយ ព្រហ្ម​ចរិយៈ​ អាត្មា​អញ បានប្រព្រឹត្តស្រេចហើយ ​សោឡ​សកិច្ច​ អាត្មា​អញ ​បាន​ធ្វើ​ស្រេច​ហើយ មគ្គ​ភាវ​នា​កិច្ចដទៃ ​ប្រព្រឹត្ត​ទៅ ដើម្បី​សោឡ​សកិច្ច​នេះ​ទៀត ​មិន​មាន​ឡើយ។  នេះជាវិជ្ជា​ទី​៣ ដែល​ភិក្ខុ​នោះ បាន​សម្រេច​ហើយ អវិជ្ជាបាត់​ទៅ វិជ្ជាក៏​កើត​ឡើង ងងឹត​បាត់ទៅ ពន្លឺ​ក៏កើត​ឡើង (​ជា​ផល) សម​គួរ​ដល់​ភិក្ខុអ្នក​មិន​ប្រមាទ មា​ន​ព្យាយាម ​ជា​គ្រឿង​ដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូនទៅ​រក​ព្រះ​និព្វាន។

ចិត្ត​របស់​បុគ្គល​ណា មាន​សីល​មិន​ខ្ពស់​ទាប មាន​ប្រាជ្ញាចាស់​ក្លា អ្នក​ដុត​កំដៅ​កិលេស ជា​ចិត្ត​ដ៏​ស្ទាត់ ​មាន​អារម្មណ៍តែ​មួយ​ តាំង​ខ្ជាប់​ខ្ជួន (​ដោយ​អារម្មណ៍) ពួក​អ្នក​ប្រាជ្ញ ហៅ​បុគ្គល​នោះ ថា​ជា​អ្នក​បន្ទោបង់​ នូវ​ងងឹត ជា​អ្នកប្រាជ្ញ​បាន​វិជ្ជា ៣ លះ​បង់​មច្ចុ ជា​ប្រយោជន៍​ដល់ទេវតា និង​មនុស្ស​ លះ​បង់​នូវ​បាប​ធម៌​ទាំង​អស់ បរិបូណ៌ដោយ​​វិជ្ជា ៣ មានកិរិយា នៅ​ដោយ​សេចក្ដី​មិន​ភាន់​ច្រឡំ ចាក់​ធ្លុះ​នូវ​សច្ចៈ ​ទាំង​៤ ទ្រទ្រង់​នូវ​សរី​រៈ ​មាន​ក្នុង​ទី​បំផុត ពួក​ទេវតា​ និង​មនុស្ស​ តែង​នមស្ការ​ព្រះ​គោតមនោះ។ បុគ្គល​ណា​ដឹង​នូវ​បុព្វេ​និវាស ឃើញ​នូវ​សួគ៌​ និង​អបាយ មួយ​ទៀត ជាខី​ណា​សវមុនិ ដល់​នូវ​ការ​អស់​ទៅ​នៃ​ជាតិដឹង​ហើយ បាន​សម្រេច​សម្រាន្ត​នៅ ​ដោយ​ទី​បំ​ផុត ​នៃកិច្ច បាន​វិជ្ជា​៣ ដោយ​វិជ្ជា​៣​នុ៎ះ តថាគត ​ហៅ​បុគ្គល​អ្នក​បានវិជ្ជា​៣​នោះ​ ថា​ជា​ព្រាហ្មណ៍ មិន​មែន​ហៅ​បុគ្គល​ដទៃ តាម​ពាក្យ​ដែល​គេ​ធ្លាប់​ហៅ​ឡើយ។

ម្នាល​ព្រាហ្មណ៍ វិជ្ជា​៣​ ក្នុង​វិន័យ​របស់​អរិយៈ​ យ៉ាង​នេះឯង​។  បពិត្រព្រះ​គោតម​ដ៏​ចំ​រើន វិជ្ជា​៣​ របស់​ព្រាហ្មណ៍​ទាំង​ឡាយ​ ដោយ​ឡែក វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ​ ដោយ​ឡែក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន តែថា វិជ្ជា៣ ​របស់​ព្រាហ្មណ៍​ទាំង​ឡាយ មិន​ដល់​នូវ​ចំ​ណែក​ ទី​១៦ ៗ ដង ​នៃវិជ្ជា ៣ ​ក្នុង​វិន័យ​របស់​អរិយៈនេះ​ទេ។  បពិត្រ​ព្រះគោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​។ ​បេ។  សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​ នូវ​ខ្ញុំ​ព្រះ​អង្គ​ថា ​ជាឧ​បាសក អ្នក​ដល់​សរណគមន៍ ​ស្មើ​ដោយ​ជី​វិត​ តាំង​ពី​ថ្ងៃ​នេះ ​ជា​ដើម​ទៅ។

ជាណុស្សោណិសូត្រទី៩

[៦១] គ្រា​នោះ​ឯង ជានុស្សោ​ណី​ព្រាហ្មណ៍ ចូល​ទៅ​គាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ។ ​បេ។  លុះ​ជានុ​ស្សោណី​ព្រាហ្មណ៍ ​អង្គុយ​ក្នុង​ទី​សម​គួរហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះ​គោតមដ៏​ចំ​រើន គ្រឿង​បូជា​ក្ដី មតកភត្ត ​ដែល​ឲ្យ​ដោយ​សទ្ធា​ក្ដី អាហារ​ជាសំរាប់ ដែល​គប្បី​ឲ្យ ​ដល់​បុគ្គល​ដទៃ​ក្ដី ទេយ្យ​ធម៌ ​គឺ​វត្ថុ​ក្រៅ​ពី​នោះ​ក្ដី របស់​បុគ្គលណា បុគ្គល​នោះ ​គួរ​ឲ្យ​ទាន ចំពោះ​ព្រាហ្មណ៍​ទាំង​ឡាយ អ្នក​បាន​វិជ្ជា​៣ដែរ​ឬទេ។  ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ចុះ​ពួកព្រាហ្មណ៍​ បញ្ញត្តព្រាហ្មណ៍​អ្នក​មាន​វិជ្ជា​៣​ ដោយ​ប្រការ​យ៉ាង​ណា។ ​បពិត្រព្រះ​គោតម​ដ៏ចំរើន ព្រាហ្មណ៍​ក្នុង​លោក​នេះ ​ជា​ឧភតោ​សុជាត (​មាន​ជាតិល្អទាំង​ពីរ​ខាង) គឺ​ខាង​មាតា និង​ខាង​បិតា កើត​អំពី​គភ៌​ ដ៏​បរិសុទ្ធ មិន​មានបុគ្គល​រង្កៀស មិន​មាន​គេ​តិះ​ដៀល ​ដោយ​ពោល​អំពី​ជាតិ​កំណើត​បាន ដរាប​អំពី​ជួរ​ នៃជីតា ​គំរប់​៧ ស្វាធ្យាយ ​ទ្រទ្រង់​នូវ​មន្ត ដល់​ត្រើយ​ នៃ​ត្រៃ​វេទ ព្រម​ទាំង​គម្ពីរ​និឃណ្ខុ និង​កេដុភៈ ព្រម​ទាំង​អក្ខរ​ប្បភេទ គឺ​សិក្ខា ​និង​និរុត្តិ ដែល​មាន​គម្ពីរ​ឈ្មោះ​ ឥតិហាសៈ​ ជា​គំរប់​៥ ជាអ្នក​ចេះ​បទ​ និង​វេយ្យាករណ៍ ជា​អ្នក​ស្ទាត់​ជំនាញ ក្នុង​លោកាយ​តសាស្រ្ត និង​មហា​បុរិស​លក្ខណៈ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំ​រើន ពួក​ព្រាហ្មណ៍ បញ្ញត្ត​ព្រាហ្មណ៍​អ្នក​បាន​វិជ្ជា៣​ យ៉ាង​នេះឯង។  ម្នាល​ព្រាហ្មណ៍ ពួក​ព្រាហ្មណ៍ បញ្ញត្ត​ព្រាហ្មណ៍ ​អ្នកបានវិជ្ជា​៣ ដោយ​ឡែក ឯ​វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ ​ដោយឡែក។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចុះ​វិជ្ជា​៣ ក្នុង​វិន័យ​របស់​អរិយៈ ​តើដូច​ម្ដេច វិជ្ជា​៣ ​ក្នុង​វិន័យ​របស់​អរិយៈ​យ៉ាង​ណា សូម​ព្រះ​គោតម​ដ៏​ចំរើន មេត្តាប្រោស​សំដែង​ធម៌ ​ដល់​ខ្ញុំ​ព្រះ​អង្គ ​យ៉ាង​នោះ។  ម្នាល​ព្រាហ្មណ៍ បើ​ដូច្នោះ អ្នក​ចូរ​ប្រុង​ស្ដាប់ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត ​ដោយ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង។ ជា​នុស្សោ​ណី​ព្រាហ្មណ៍ ទទួល​ស្ដាប់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុ​ណា ​ព្រះ​​អង្គ។  ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​ព្រាហ្មណ៍ ភិក្ខុក្នុង​សាសនានេះ ស្ងាត់​ចាក​កាម​ទាំង​ឡាយ។ ​បេ។  ក៏​ចូល​ចតុ​ត្ថ​ជ្ឈាន។ កាល​បើ​ចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​ស្អាត ឥត​មាន​កិលេស ប្រាសចាកឧបក្កិលេស ជា​ចិត្ត​ទន់ គួរ​ដល់​ភាវនា​កម្ម ជាចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុ​នោះ រឭក​ឃើញ​ នូវ​បុព្វេ​និវាស​ច្រើន​ប្រការ។  បេ។ នេះ​ជា​វិជ្ជា​ទី​១ ដែល​ភិក្ខុ​នោះ ​បាន​សំរេច​ហើយ អវិជ្ជា​បាត់​ទៅ វិជ្ជា​ក៏កើត​ឡើង ងងឹត​បាត់​ទៅ ពន្លឺក៏​កើត​ឡើង (​ជា​ផល​) សម​គួរ​ដល់​ភិក្ខុអ្នក​មិន​ប្រមាទ មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស មាន​ចិត្ត​បញ្ជូនទៅ​រក​ព្រះ​និព្វាន។  កាល​បើចិត្ត​ តាំង​ខ្ជាប់ ​បរិសុទ្ធ​ស្អាត ឥត​មាន​កិលេស ប្រាស​ចាក​ឧបក្កិលេស ជាចិត្ត​ទន់ គួរ​ដល់​ភាវនា​កម្ម ជាចិត្ត​នឹង​ធឹង ​មិនញាប់​ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ​ ដើម្បី សត្តា​នំ ចុតូបបាតញ្ញាណ ភិក្ខុ​នោះ ​មាន​ចក្ខុ​ដូច​ជាទិព្វ ​ដ៏​បរិសុទ្ធ ​កន្លង​បង់​ចក្ខុ​ជារបស់មនុស្ស​ធម្មតា ឃើញ​ពួក​សត្វ​។ ​បេ។  នេះ ជា​វិជ្ជា​ទី​២ ដែល​ភិក្ខុ​នោះ ​បានសម្រេច​ហើយ​ អវិជ្ជា​បាត់​ទៅ​ វិជ្ជា​ក៏​កើត​ឡើង ងងឹត​បាត់​ទៅ​ ពន្លឺ​ក៏​កើត​ឡើង (​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ មាន​ព្យាយាម​ ជាគ្រឿង​ដុត​កំ​ដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។ កាល​បើចិត្ត តាំង​ខ្ជាប់​ខ្ជួន បរិសុទ្ធ​​ស្អាត ឥត​មាន​កិលេស ប្រាស​ចាកឧបក្កិលេស ជា​ចិត្ត​ទន់ គួរ​ដល់​ភាវ​នាកម្ម ជា​ចិត្ត​នឹង​ធឹង មិន​ញាប់ញ័រ​ យ៉ាង​នេះ​ហើយ ភិក្ខុ​នោះ ​ក៏​បង្អោន​ចិត្ត​ទៅ ដើម្បី​អាសវក្ខ​យញ្ញាណ ភិក្ខុ​នោះ ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជា​ទុក្ខ។ ​បេ។  ដឹង​ច្បាស់​តាម​ពិត​ថា នេះជាបដិបទា នាំ​ឲ្យ​ដល់​សេចក្ដី​រលត់​ទុក្ខ។ ​​ដឹង​ច្បាស់​តាម​ពិត​ថា ទាំង​អស់នេះ ​ជា​អាសវៈ។ ​បេ។  ដឹង​ច្បាស់​តាម​ពិត​ថា នេះ​ជាបដិបទា នាំ​ឲ្យ​បាន​ដល់សេចក្ដី​រលត់​អាសវៈ។  កាល​ភិក្ខុ​នោះ ​ដឹង​យ៉ាង​នេះ ឃើញ​យ៉ាង​នេះ ចិត្ត​ក៏​រួចស្រឡះ ចាក​កាមា​សវៈ​ផង ចិត្ត​ក៏​រួច​ស្រឡះ ចាក​ភវាសវៈ​ផង ចិត្តក៏​រួច​ស្រឡះ ចាក​អវិជ្ជា​សវៈ​ផង កាល​ចិត្ត​រួច​ស្រឡះ​ហើយ ញាណ​កើតឡើង​ថា ចិត្ត​រួច​ស្រឡះ​ហើយ ដឹង​ច្បាស់​ថា ជាតិ​អស់​ហើយ ព្រហ្មចរិយធម៌ អាត្មាអញ ​បាន​ប្រព្រឹត្ត​ស្រេច​ហើយ សោឡ​សកិច្ច ​អាត្មា​អញ ​បានធ្វើ​ស្រេច​ហើយ មគ្គភាវ​នាកិច្ច​ដទៃ ​ប្រព្រឹត្តទៅ ដើម្បី​សោឡ​សកិច្ច​នេះទៀត ​មិន​មាន​ឡើយ នេះ​ជា​វិជ្ជា​ទី៣ ដែល​ភិក្ខុ​នោះ​ បាន​សម្រេច​ហើយ អវិជ្ជា​បាត់​ទៅ វិជ្ជា​ក៏​កើត​ឡើង​ ងងឹត​បាត់​ទៅ ពន្លឺ​ក៏​កើត​ឡើង ​(​ជា​ផល) សម​គួរ​ដល់​ភិក្ខុ​អ្នក​មិន​មាន​សេចក្ដី​ប្រមាទ មាន​ព្យាយាម ជា​គ្រឿងដុត​កំដៅ​កិលេស មាន​ចិត្ត​បញ្ជូន​ទៅ​រក​ព្រះ​និព្វាន។

បុគ្គល​ណា បរិបូណ៌​ដោយ​សីល​ និង​វ័ត មាន​ចិត្ត​បញ្ជូន​ទៅរកព្រះនិព្វាន មាន​ចិត្ត​ដំកល់​មាំ ចិត្ត​របស់​បុគ្គល​ណា ស្ទាត់ ប្រសើរ​ឯក ខ្ជាប់​ខ្ជួន​ប្រពៃ បុគ្គលណា ដឹង​នូវ​បុព្វេ​និវាស​ផង ឃើញ​នូវ​សួគ៌​ និង​អបាយ​ផង មួយ​ទៀត ដល់​នូវ​កា​រអស់​ទៅនៃជាតិ បាន​ដឹង​ច្បាស់​ហើយ សម្រេច​សម្រាន្ត​នៅ ដោយទី​បំផុត​នៃកិច្ច ជា​ខីណា​សវមុនិ អ្នក​បាន​វិជា្ជ​៣ ដោយ​វិជ្ជា៣​នុ៎ះ តថាគត ​ហៅ​បុគ្គល អ្នក​បាន​វិជ្ជា​៣​នោះ ថាជាព្រាហ្មណ៍ ​មិន​ហៅ​បុគ្គល​ដទៃ ​តាម​ពាក្យ ដែល​គេ​ធ្លាប់​ពោលឡើយ។

ម្នាល​ព្រាហ្មណ៍ វិ​ជ្ជា​៣​ក្នុង​វិ​ន័យ​របស់​អរិយៈ យ៉ាង​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន វិជ្ជា​៣ ​របស់​ពួក​ព្រាហ្មណ៍ ដោយ​ឡែក​ ឯវិជ្ជា៣ ក្នុង​វិន័យ​​របស់​អរិយៈ​ ដោយ​ឡែក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន វិជ្ជា​៣ របស់​ពួក​ព្រាហ្មណ៍ មិន​ដល់​នូវ​ចំ​ណែក ​ទី​១៦​ៗ​ដង នៃ​វិជ្ជា ៣​ ក្នុង​វិន័យរបស់​អរិយៈ​នេះ​ទេ។  បពិត្រ​ព្រះ​គោតម​​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​។  បេ។ សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុក​នូវ​ខ្ញុំ​ព្រះ​អង្គ​ថា​ជា​ឧបាសក ​ដល់​នូវ​សរណៈ ស្មើ​ដោយ​ជីវិត តាំង​ពី​ថ្ងៃ​នេះ ​ជាដើម​ទៅ។

សង្គារវសូត្រទី១០

[៦២] គ្រា​នោះ​ឯង សង្គារវ​ព្រាហ្មណ៍​ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ធ្វើ​សេចក្ដី​រីករាយ ​ជាមួយ​នឹង​ព្រះ​ដ៏​មាន​ព្រះភាគ លុះ​បញ្ចប់​ពាក្យ​ ដែល​គួរ​រីករាយ និង​ពាក្យ​គួរ​រឭក​ហើយ​ ក៏​អង្គុយ​ក្នុងទី​សម​គួរ។  លុះ​សង្គារ​វព្រាហ្មណ៍ អង្គុយក្នុង​ទី​សម​គួរ​ហើយ បានក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះ​ភាគ​ដូច្នេះ​ថា បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន យើងទាំង​ឡាយ ​ឈ្មោះ​ថា​ជា​ព្រាហ្មណ៍ បូជា​នូវ​យញ្ញ​ខ្លួន​ឯង​ខ្លះ ប្រើ​គេ​ឲ្យ​បូជា​ខ្លះ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ក្នុង​ដំណើរ​នោះ ព្រាហ្មណ៍​ណា បូជាយញ្ញ ដោយ​ខ្លួន​​ឯង​ផង ព្រាហ្មណ៍​ណា ប្រើ​គេ​ឲ្យ​បូជា​ផង ព្រាហ្មណ៍ទាំង​អស់​នោះ ឈ្មោះ​ថា ប្រតិ​បត្តិ ​នូវ​សេចក្ដី​ប្រតិប័ទ​ ជា​ហេតុ​ឲ្យ​កើត​បុណ្យ ដែល​ប្រ​ព្រឹត្ត​ទៅ ក្នុង​សរី​រៈ​ដ៏​ច្រើន ព្រោះ​ហេតុ​តែ​ការ​បូជា​នេះ​ បពិត្រ​ព្រះគោតម​ដ៏​ចំរើន ចំ​ណែក​ខាង​បុគ្គល​ណា ចេញ​ចាក​ត្រកូលណាក្ដី ចេញចាក​ផ្ទះ​ណាក្ដី ហើយ​បួស​ក្នុង​សំ​ណាក់​បុគ្គល​មិន​មាន​ផ្ទះ ក៏​ទូន្មាន​ចំពោះ​ខ្លួន​មួយ​ៗ រម្ងាប់​ចំពោះ​ខ្លួន​មួយ​ៗ រំលត់​ទុក្ខ ​ចំ​ពោះ​ខ្លួន​មួយ​ៗ បុញ្ញប្បដិបទានេះ ប្រពឹត្ត​ទៅ​ក្នុង​សរី​រៈតែ​មួយ រមែង​មាន​ដល់​បុគ្គល​នោះ ​យ៉ាង​នេះ ព្រោះ​ហេតុ​តែ​បព្វ​ជ្ជា​នេះ។  ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ម្នាលព្រាហ្មណ៍ បើ​ដូច្នោះ តថាគត​ នឹង​ត្រឡប់​សួរ​ដំ​ណើរ​នោះ ​ចំ​ពោះ​អ្នក​វិញ អ្នក​គាប់​ចិត្ត​យ៉ាង​ណា គប្បី​ដោះ​ស្រាយ​ប្រស្នា​នោះ​ យ៉ាង​នោះ​ចុះ។ ម្នាល​ព្រាហ្មណ៍ អ្នក​សំ​គាល់​សេចក្ដី​នោះ​ ដូច​ម្ដេច ព្រះ​តថា​គត​ កើតឡើង ក្នុង​លោក​នេះ​​ ជា​អរហន្ត ​សម្មាសម្ពុទ្ធ បរិបូណ៌​ដោយ​វិជ្ជា ​និង​ចរណៈ មាន​ដំ​ណើរ​ល្អ ជ្រាបច្បាស់​នូវ​ត្រៃ​លោក មិន​មាន​បុគ្គល​ដទៃ​ ប្រសើរជាង ជាសារ​ថី ​ទូន្មាននូវ​បុរស ដែល​គួរ​ទូន្មាន​​បាន ជាគ្រូ​នៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ត្រាស់​ដឹង​នូ​វ​អរិយសច្ច​ ទាំង​៤ លែង​វិលមក​កាន់​ភពថ្មី​ទៀត ព្រះ​តថាគត​នោះ ពោល​យ៉ាង​នេះ​ថា នេះ​ជា​ផ្លូវ នេះ​ជា​បដិបទា ក្នុង​ដំណើរនោះ ដូច​តថាគត​ប្រតិ​បត្តិ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវ​ការ​ចុះ​ស៊ប់ ​កាន់​ព្រហ្ម​ចរិយៈ​ដ៏​ប្រសើរ ដោយ​ប្រាជ្ញា​ដ៏​ឧ​ត្តម​ខ្លួនឯង ទើប​ប្រកាស​ប្រាប់ (សត្វ​ដទៃ) ថា អើ អ្នក​ទាំង​ឡាយ​ ចូរ​មក អ្នក​ទាំង​ឡាយ ចូរ​ប្រ​តិបត្តិ​ ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ការ​ចុះ​ស៊ប់​ កាន់​ព្រហ្មចរិយៈដ៏​ប្រសើរ ដោយ​ប្រាជ្ញា​ខ្លួន​ឯង សម្រេច​សម្រាន្ត​នៅ​ យ៉ាង​ណា អ្នកទាំង​ឡាយ ចូរ​ប្រតិ​បត្តិ​យ៉ាង​នោះ​ចុះ។  ព្រះ​សា​ស្ដា​នេះ តែង​សំ​ដែងធម៌ផង ពួក​ជន​ដទៃ ​ប្រតិ​បត្តិ​តាម​បែប​នោះផង ដោយ​ប្រការ​ដូច្នេះ​។ ការ​ប្រមាណ​នៃ​សត្វ​ទាំង​ឡាយ​នោះ មាន​រយ​ដ៏​ច្រើន​ផង មានពាន់ដ៏ច្រើន​ផង មាន​សែន​ដ៏​ច្រើន​ផង ម្នាលព្រាហ្មណ៍ អ្នក​សំ​គាល់​សេចក្ដី​នោះ ​ដូច​ម្ដេច កាល​បើ​ហេតុ​មាន​យ៉ាង​នេះ​ បុញ្ញ​ប្បដិ​បទា​នេះ ​ឈ្មោះ​ថា ប្រព្រឹត្តទៅ ក្នុង​សរី​រៈតែ​មួយ ឬ​ប្រព្រឹត្ត​ទៅ​ ក្នុង​សរី​រៈដ៏​ច្រើន ព្រោះ​ហេតុ​តែ​បព្វ​ជ្ជា​ ដោយ​ប្រការ​ដូច្នេះ។  បពិត្រព្រះ​គោតម​ដ៏​ចំរើន កាល​បើហេតុ​មាន​យ៉ាង​នេះ បុញ្ញប្បដិបទា​នេះ ឈ្មោះ​ថា ប្រ​ពឹត្ត​ទៅ​ ក្នុង​សរី​រៈដ៏ច្រើន ព្រោះ​ហេតុ​តែ​បព្វ​ជ្ជា​នេះ ​ដូច្នេះ​។  កាល​បើព្រាហ្មណ៍​និយាយ យ៉ាង​នេះ​ហើយ ព្រះ​អានន្ទ​ដ៏​​មាន​អាយុ បាន​និយាយ​នឹង​សង្គារវព្រាហ្មណ៍ ​ដូច្នេះថា ​ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទា ទាំង​២​នេះ​ អ្នកគាប់​ចិត្តបដិបទាណា ថា​មាន​សេចក្ដី​ត្រូវ​កា​រតិច​ផង មាន​ការ​រៀប​ចំតិចផង មាន​ផល​ច្រើន​ផង មាន​អានិសង្ស​ច្រើន​ផង។ ​ កាល​បើព្រះអានន្ទ និយាយ​យ៉ាង​នេះ​ហើយ សង្គារវព្រាហ្មណ៍ បាន​និយាយនឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ដូច្នេះ​ថា បុគ្គល​ដូច​ជា​ព្រះ​គោតម​ដ៏​ចំរើន និងព្រះ​អានន្ទ​ដ៏​ចំរើន​ទាំង​នេះ ខ្ញុំ​ត្រូវ​បូជា ខ្ញុំ​ត្រូវ​សរ​សើរ។  ព្រះ​អានន្ទដ៏​មាន​អាយុ បាន​និយាយ​នឹង​សង្គារ​វព្រាហ្មណ៍​ ជាគំរប់​២ដង ​ដូច្នេះថា ម្នាល​ព្រាហ្មណ៍ អាត្មា​មិន​សួរ​អ្នក​ថា ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវបូជា​ ឬ ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវ​សរសើរ​ យ៉ាង​នេះ​ទេ។ ​ម្នាលព្រាហ្មណ៍ អាត្មា​សួរ​អ្នក​ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទាទាំង​ពី​រនេះ អ្នក​គាប់​ចិត្ត​បដិបទា​ណា​ថា មាន​សេចក្ដី​ត្រូវ​ការ​តិច​ផង មានកា​ររៀប​ចំតិចផង មាន​ផល​ច្រើន​ផង មា​នអានិសង្សច្រើន​ផង ដូច្នេះទេ​តើ។  សង្គារ​វព្រាហ្មណ៍ បាន​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ជាគំរប់២​ដង​ ដូច្នេះ​ថា បុគ្គល​ដូច​ជា​ព្រះ​សម​ណ​គោត​ម​ដ៏​ចំរើន និង​ព្រះ​អានន្ទដ៏​ចំរើន​នេះ​ ខ្ញុំ​ត្រូវ​បូជា​ ខ្ញុំ​ត្រូ​វសរសើរ​។  ព្រះ​អានន្ទ​ដ៏​មាន​អាយុ បាន​និយាយនឹង​សង្គារ​វព្រាហ្មណ៍​ ជាគំរប់​៣ ដង ​ដូច្នេះ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ អាត្មាមិន​សួរ​អ្នក​ថា ពួក​បុគ្គល​ដូច​ម្ដេច ដែល​អ្នក​ត្រូវ​បូជា​ ឬ​ពួក​បុគ្គលដូច​ម្ដេច ដែល​អ្នក​ត្រូវ​សរសើរ​ទេ។  ម្នាល​ព្រាហ្មណ៍ អាត្មា​សួរ​អ្នក​ យ៉ាង​នេះ​ថា ម្នាល​ព្រាហ្មណ៍ បណ្ដា​បដិបទា​ ទាំង​ពីរនេះ អ្នក​កាន់​បដិបទាណា ថា មាន​សេចក្ដី​ត្រូវ​ការ​តិ​ចផង មានការរៀប​ចំ​តិ​ច​ផង មានផល​​ច្រើន​ផង ​មាន​អានិសង្ស​ច្រើន​ផង​ ដូច្នេះ​ទេតើ។ សង្គារវព្រាហ្មណ៍ បាន​និយាយ​នឹង​ព្រះអានន្ទ​ដ៏មាន​អាយុ ជា​គំរប់​៣ដង ដូច្នេះ​ថា ​បុគ្គល​ដូច​ជា​ព្រះ​គោតម​ដ៏​ចំរើន និង​ព្រះ​អានន្ទដ៏​ចំ​រើន​នេះ ​ខ្ញុំ​ត្រូវ​បូជា​ ខ្ញុំ​ត្រូវ​សរសើរ។ ​ លំ​ដាប់​នោះ​​ឯង ព្រះ​ដ៏មាន​ព្រះភាគ មាន​សេចក្ដី​ត្រិះរិះ ដូច្នេះ​ថា សង្គារ​វព្រាហ្មណ៍​ ត្រូវ​អានន្ទសួរ​ប្រស្នា​ ប្រកប​ដោយ​ហេតុ ដរាប៣ដង​ហើយ ​បន្លប់​មិន​ដោះ​ស្រាយ​បើដូច្នោះ ​មាន​តែ​តថា​គត​ដោះស្រាយ។ លំដាប់​នោះ​ ព្រះ​ដ៏​មាន​ព្រះភាគ​ ត្រាស់​នឹង​សង្គារវព្រាហ្មណ៍ ​ដូច្នេះថា ម្នាលព្រាហ្មណ៍​ ថ្ងៃ​នេះ​ អន្តរាកថា (ពាក្យ​ពោល​ក្នុង​ចន្លោះ ​ឬរវាង) ដូច​ម្ដេចកើត​ឡើង ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​រាជ​បរិសទ្យ​ ក្នុង​ខាង​ក្នុងរាជ​បុរី​។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ថ្ងៃនេះ ​ខាង​ក្នុង​រាជ​បុរី​ អន្ដរាកថានេះឯង កើត​ឡើង​ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំ​គ្នា ក្នុង​រាជ​បរិសទ្យថា​បាន​ឮថា កាល​ពីដើម ពួក​ភិក្ខុ​មាន​ប្រមាណ​តិច តែ​ភិក្ខុ​អ្នក​មាន​ឧត្ដរិមនុស្ស​ធម៌ សំដែង​ឥទ្ធិប្បាដិហារ្យបាន​ មាន​ច្រើន ឥឡូវ​នេះ ពួក​ភិក្ខុ​មាន​ច្រើន​មែន តែ​ភិក្ខុ​អ្នក​មាន​ឧត្ដរិមនុស្ស​ធម៌ សំដែង​ឥទ្ធិប្បាដិហារ្យ​បាន មាន​ប្រមាណតិចវិញ។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ថ្ងៃ​នេះ ​ខាង​ក្នុង​រាជ​បុរី អន្តរាកថានេះ កើតឡើង ដល់​ពួក​ជន ដែល​អង្គុយ​ប្រជុំគា្ន ក្នុង​រាជបរិសទ្យ។ ម្នាល​ព្រាហ្មណ៍ ​បាដិហារ្យ​នេះ​ មាន​៣។  បាដិហារ្យ​៣ ​ដូច​ម្ដេច។ ​គឺ​ឥទ្ធិប្បាដិហារ្យ១ អា​ទេសនា​បាដិហារ្យ ១ អនុ​សាសនី​បាដិហារ្យ​១។ ម្នាលព្រាហ្មណ៍ ឥទ្ធិ​ប្បាដិហារ្យ តើដូចម្ដេច។  ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​សម្រេច​ឫទ្ធិ​ច្រើន​ប្រការ គឺមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅ​ជាមនុស្ស​ច្រើន​នាក់​ក៏​បាន មនុស្ស​ច្រើន​នាក់ ធ្វើ​ឲ្យ​ទៅ​ជា​មនុស្ស​ម្នាក់​វិញ ក៏​បាន ដើរ​ទៅ​មិន​ជាប់​ចំពាក់​នឹង​ទី​វាល ​ទី​ខាង​ក្រៅ ទី​ខាង​ក្រៅ​ជញ្ជាំង ទី​ខាង​ក្រៅ​កំពែង ទី​ខាង​ក្រៅ​ភ្នំ ​ហាក់​ដូច​ជា​ដើរ​ទៅ ក្នុង​អាកាស ​ក៏បាន​ ធ្វើ​នូវ​ការ​ងើប​ឡើង ឬមុជ​ចុះក្នុង​ផែន​ដី ហាក់​ដូច​ជា​ងើប​ឡើង ឬមុជ​ចុះ ក្នុងទឹក​ក៏​បាន ដើរ​លើទឹក​មិន​បែក​ធ្លាយ ហាក់​ដូច​ជា ដើរ​លើ​ផែន​ដី​ក៏​បាន ទៅ​ឯ​អាកាស​ទាំង​ភ្នែន ហាក់​ដូច​សត្វ​ស្លាប​ ក៏​បាន​ យក​ដៃ​ទៅ​ស្ទាប​អង្អែល ចាប់​ពាល់​ព្រះ​ចន្ទ ​ព្រះ​អាទិត្យ​នេះ ដែល​មាន​ឫទ្ធិ​ច្រើន​យ៉ាង​នេះ មានអានុភាព​ច្រើន​យ៉ាង​នេះ ​ក៏​បាន ធ្វើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​កាយ​ ដរាបដល់​ព្រហ្ម​លោក​ក៏​បាន។  ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា ឥទ្ធិប្បាដិហារ្យ។ ម្នាល​ព្រាហ្មណ៍ អាទេសនា​បា​ដិហារ្យ តើ​ដូច​ម្ដេច។  ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ទាយ (ចិត្ត) តាម​និមិត្ត​ថា មនោរបស់​អ្នក យ៉ាង​នេះ​ខ្លះ មនោរបស់​អ្នក ដោយ​ប្រការ​ដូច្នេះ​ខ្លះ ចិត្ត​អ្នក​ ដូច្នេះ​ខ្លះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ​ក៏​មិន​ភ្លាត់។ ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ​ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត តាម​និមិត្ត​ទេ គ្រាន់​តែ​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស និង​ពួក​ទេវតាហើយ​ ក៏​ទាយ​បាន​ថា មនោ​របស់​អ្នក​ យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក​ ដោយប្រការ​ដូច្នេះ​ខ្លះ ចិត្ត​អ្នក​ដូច្នេះ​ខ្លះ។  បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ក៏​មិន​ភ្លាត់។  ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត​ តាម​និមិត្ត​ទេ មិន​បាច់​ឮសំ​ឡេង​ពួក​មនុស្ស ពួក​អមនុស្ស និង​ពួក​ទេវតា​ ហើយ​ទាយ​ទេ គ្រាន់តែ​ឮ​សូរ​វិតក្ករៈ ​វិចារៈ ​របស់​បុគ្គល ដែល​ត្រិះ​រិះ​ពិចារណា ក៏​ទាយ​បាន​ថា មនោរបស់​អ្នក​យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក ដោយ​ប្រការ​ដូច្នេះ​ខ្លះ គំនិត ​អ្ន​ក​ដូច្នេះ​ខ្លះ។  បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយដូច្នោះ​នោះ​ ក៏​មិន​ភ្លាត់។  ម្នាល​ព្រាហ្មណ៍ មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ មិន​បាច់​ទាយ​ចិត្ត ​តាម​និមិត្តទេ ទាំង​មិន​បាច់​ស្ដាប់​សំឡេងពួក​មនុស្ស ពួកអ​មនុស្ស ពួក​ទេវតា ហើយ​ទាយ​ទេ ទាំង​មិន​បាច់​ស្ដាប់សូរ​វិតក្កៈ វិចារៈ របស់​មនុស្ស​ដែល​ត្រិះ​រិះ ដែល​ពិចារណា​ ហើយ​ទាយ​ទេ ប៉ុន្តែ​ថា ​កំណត់​ដឹង​ចិត្ត ដោយ​ចិត្ត​នៃ​បុគ្គល​ ដែល​ចូល​សមាធិ មិន​មាន​វិតក្កៈ មិន​មាន​វិចារៈថា មនោ​សង្ខារ​ទាំង​ឡាយ របស់​បុគ្គល​ដ៏​ចំរើន​នេះ តាំងទុក​ហើយ​យ៉ាង​ណា បុគ្គល​ដ៏​ចំរើន នឹង​ត្រិះ​រិះ​នូវ​វិតក្កៈ ឈ្មោះ​ឯណោះ អំពី​លំ​ដាប់​នៃ​ចិត្ត​នេះ។ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ​ហេតុ​ដែល​ទាយដូច្នោះ​នោះ ក៏​មិន​ភ្លាត់។  ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា អា​ទេស​នាបាដិហារ្យ។  ម្នាល​ព្រាហ្មណ៍ ចុះ​អនុ​សាសនី​បាដិហារ្យ តើដូច​ម្ដេច។ ម្នាល​ព្រាហ្មណ៍ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ​ប្រៀន​ប្រដៅ​យ៉ាង​នេះ​ថា ​អ្នកទាំង​ឡាយ​ ត្រូវ​ត្រិះរិះ​យ៉ាង​នេះ កុំ​ត្រិះ​រិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​ យ៉ាង​នេះ​ឡើយ ចូរ​លះ​បង់ នូវ​អំពើនេះ​ចេញ ចូរឱបក្រសោប ​នូវ​អំពើ​នេះ​ចុះ​។ ម្នាល​ព្រាហ្មណ៍ នេះ​ហៅ​ថា អនុសាសនីបាដិហារ្យ។  ម្នាល​ព្រាហ្មណ៍ បា​ដិហារ្យ មាន​៣​ប្រការ​នេះ​ឯង។  ម្នាលព្រាហ្មណ៍ បណ្ដា​បា​ដិហារ្យ ​ទាំង​៣​នេះ អ្នក​គាប់​ចិត្ត​បាដិហារ្យ​ណា ថា ល្អផង ឧត្ដម​ផង។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បណ្ដា​បាដិហារ្យ​ទាំង​នោះ ​បាដិហារ្យ​ ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ បាន​សម្រេច​ឫទ្ធិ​ច្រើនប្រការ។ បេ។  ធ្វើ​អំណោច​ ឲ្យ​ប្រព្រឹត្ត​ទៅ​ ដោយ​កាយ ​ដរាប​ដល់​ព្រហ្ម​លោក បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិហារ្យ​នេះ បុគ្គល​ណា ​ធ្វើ​បាដិ​ហារ្យ​នោះ បុគ្គល​នោះឯង រមែង​បាន​បា​ដិហារ្យ​នោះ បុគ្គល​ណា​ ធ្វើ​បាដិ​ហារ្យនោះ​ បាដិហារ្យ​នោះ តែង​មាន​ដល់​បុគ្គល​នោះ​ឯង។  បពិត្រ​ព្រះគោតម​ដ៏​ចំ​រើន បាដិ​ហារ្យ​នេះ​ ប្រាកដ​ដល់​ខ្ញុំ​ព្រះ​អង្គ បី​ដូច​រូប​ភាព ប្រកប​ដោយ​កលមាយា។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិ​ហារ្យណា ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ទាយ​ចិត្ត​តាម​និមិត្ត​បាន ​ថា មនោរបស់​អ្នក​យ៉ាង​នេះ​ខ្លះ មនោ​របស់​អ្នក​ ដោយ​ប្រការ​ដូច្នេះ​ខ្លះ​ ចិត្ត​របស់អ្នក ​ដូច្នេះ​ខ្លះ។ ​ បុគ្គល​នោះ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះនោះ ក៏​មិន​ភ្លាត់។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន មួយ​ទៀត បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ មិន​បាច់​ទាយ​ចិត្ត តាម​និមិត្ត​ទេ គ្រាន់​តែ​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស​ ឬ​ពួក​ទេវតា​ ហើយ​ទាយ​បាន មិន​បាច់​ឮ​សំឡេង​ពួក​មនុស្ស ពួក​អមនុស្ស ឬ​ពួក​ទេវតា ​ហើយ​ទាយ គ្រាន់​តែ​ឮ​សូរ​វិតក្កៈ វិចារៈ របស់បុគ្គល​កំពុង​ត្រិះ​រិះ កំ​ពុង​ពិចារណា​ ហើយ​ទាយ​ត្រូវ មិន​បាច់​ឮ​សូរ​វិតក្កៈ វិចារៈ របស់​បុគ្គល​កំពុង​ត្រិះរិះ កំពុង​ពិចារណា​ ហើយ​ទាយ​ទេ គ្រាន់​តែ​កំណត់​ដឹង​ចិត្ត ​ដោយ​ចិត្ត ​របស់​អ្នក​បាន​សមាធិ ​មិន​មាន​វិតក្កៈ មិន​មាន​វិចា​រៈថា មនោសង្ខារ​ទាំងឡាយ របស់​បុគ្គល​ដ៏​ចំរើន​នេះ តាំង​ទុក​យ៉ាង​ណា បុគ្គល​ដ៏​ចំរើន នឹង​ត្រិះ​រិះ​នូវ​វិតក្កៈ ឈ្មោះ​ឯណោះ តាម​លំ​ដាប់​នៃចិត្តនេះ។  បុគ្គល​នោះ​ ទោះ​បី​ទាយ​ច្រើន ហេតុ​ដែល​ទាយ​ដូច្នោះ​នោះ ក៏មិន​ភ្លាត់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិ​ហារ្យ​នេះ បុគ្គល​ណា បាន​ធ្វើ​បាដិ​ហារ្យ​នោះ បុគ្គល​នោះ​ឯង ​បាន​នូវ​បាដិហារ្យ​នោះ បុគ្គល​ណា ធ្វើ​បាដិ​ហារ្យ​នោះ បាដិ​ហារ្យ​នោះ ​រមែង​មាន​ដល់​បុគ្គល​នោះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ​​បាដិហារ្យ​នេះ ​ប្រាកដ​ដល់​ខ្ញុំ​ព្រះ​អង្គ បី​ដូច​រូបភាព ​ប្រកប​ដោយ​កល​មាយា។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បាដិហារ្យណា ដែល​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ប្រៀន​ប្រដៅ ​យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ចូរ​ត្រិះរិះ​យ៉ាង​នេះ​ កុំ​ត្រិះ​រិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុកក្នុង​​ចិត្ត យ៉ាងនេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្ត​យ៉ាង​នេះ​ឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើ​នេះវិញ។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន បណ្ដា​បាដិហារ្យ ទាំង​៣​នេះ ខ្ញុំ​ព្រះ​អង្គ ​គាប់​ចិត្ត​បាដិហារ្យ​នេះ​ ល្អ​ផង ឧត្ដម​ផង។  បពិត្រ​ព្រះគោតម​ដ៏​ចំរើន​ អស្ចារ្យ​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចំឡែក​ណាស់ ពាក្យ​ដែល​ព្រះ​គោតម​ដ៏​ចំរើន ទ្រង់​សំដែង​ហើយ​នេះ ថា​ជា​សុភាសិត យើង​ខ្ញុំ​ចាំ​ទុក​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ ដែល​ប្រកប​ដោយ​បាដិ​ហារ្យ​ ទាំង​៣នេះ ព្រោះ​ព្រះ​គោតម​ដ៏​ចំរើន បាន​សម្រេចឫទ្ធិ​ច្រើន​ប្រការ។ ​បេ។ ប្រើ​អំណាច ឲ្យ​ប្រពឹ្រត្ត​ទៅ ដោយ​កាយ ដរាប​ដល់​ព្រហ្មលោក ព្រោះព្រះ​គោតម​ដ៏​ចំរើន កំណត់​ដឹង​ នូវ​ចិត្ត​ដោយ​ចិត្ត ​របស់​បុគ្គល​ អ្នក​បាន​សមាធិ ឥត​មាន​វិតក្កៈ ឥត​មាន​វិចារៈថា មនោ​សង្ខារ​ទាំងឡាយ ដែល​បុគ្គល​ដ៏ចំរើន​នេះ ​ដំកល់​ទុក បុគ្គល​ដ៏​ចំរើន​នេះ នឹង​ត្រិះ​រិះ​ នូវ​វិតក្កៈឈ្មោះ​ឯណោះ ក្នុង​លំដាប់​នៃ​ចិត្ត​នេះ ដ្បិត​ព្រះ​គោតម​ដ៏​ចំរើន ប្រៀន​ប្រដៅ​ យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ចូរ​ត្រិះ​រិះ​យ៉ាង​នេះ កុំ​ត្រិះរិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើទុកក្នុង​ចិត្ត យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្តយ៉ាង​នេះ​ឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើនេះ​ចុះ។  ម្នាល​ព្រាហ្មណ៍ វាចា​អែប​នែប ដែល​អ្នក​ពោល​ហើយ ប៉ះ​ត្រូវ​តថាគត​ដោយ​ពិត មាន​តែ​តថាគត ​នឹង​សំដែង​ដល់អ្នក ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត បាន​សម្រេច​ឫទ្ធិច្រើន​ប្រការ។ បេ។  ប្រើ​អំណាច​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយ​កាយ​ ដរាប​ដល់​ព្រហ្ម​លោក ម្នាល​ព្រាហ្មណ៍ ព្រោះ​តថាគត កំណត់​ដឹង ​នូវ​ចិត្ត​ដោយ​ចិត្ត ​របស់​បុគ្គលអ្នក​បាន​សមាធិ ឥត​មាន​វិតក្កៈ ឥត​មាន​វិចារៈថា មនោសង្ខារ​ទាំង​ឡាយ ដែល​បុគ្គល​ដ៏​ចំរើន​នេះ បាន​ដំកល់​ទុក បុគ្គល​ដ៏​ចំរើន​នេះ នឹង​ត្រិះ​រិះ​ នូវវិតក្កៈ​ឈ្មោះ​ឯណោះ ក្នុង​លំដាប់​នៃ​ចិត្ត​នេះ ម្នាល​ព្រាហ្មណ៍ ព្រោះតថាគត ប្រៀន​ប្រដៅ​ យ៉ាង​នេះ​ថា អ្នក​ទាំង​ឡាយ ​ចូរ​ត្រិះរិះ​យ៉ាង​នេះ កុំត្រិះរិះ​យ៉ាង​នេះ​ឡើយ ចូរ​ធ្វើ​ទុក​ក្នុង​ចិត្ត​ យ៉ាង​នេះ កុំ​ធ្វើ​ទុក​ក្នុង​ចិត្តយ៉ាង​នេះឡើយ ចូរ​លះ​បង់​អំពើ​នេះ​ចេញ ចូរ​ប្រកប​អំពើ​នេះ​វិញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចុះភិក្ខុ​អង្គណា​មួយ​ដទៃ​ទៀត ដែល​ប្រកបដោយ​បាដិ​ហារ្យ​ ទាំង​៣ នេះ លើក​លែង​តែ​ព្រះ​គោតម​ដ៏ចំរើន​ចេញ មាន​ដែល​ឬ។  ម្នាល​ព្រាហ្មណ៍ មិន​មាន​ត្រឹម​មួយ​រយ មិន​មាន​ត្រឹម២​រយ មិន​មាន​ត្រឹម​៣​រយ មិន​មាន​ត្រឹម​៤​រយ មិន​មាន​ត្រឹមតែ៥​រយ​ទេ ដែល​ពិត​នោះ ពួក​ភិក្ខុ​ ដែល​ប្រកប​ដោយ​បាដិហារ្យ​ ទាំង​៣​នេះ មានច្រើន​ណាស់។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ចុះ​ឥឡូវ​នេះ ពួក​ភិក្ខុទាំង​នោះ ​នៅ​ក្នុង​ទី​ណា។  ម្នាល​ព្រាហ្មណ៍ នៅ​ក្នុង​ពួក​ភិក្ខុ​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ភ្លឺ​ច្បាស់​ណាស់​ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ដូច​ជា​គេ​ផ្ងា ​របស់​ដែល​ផ្កាប់​ ឬ​បើក​បង្ហាញ​ របស់​បិទបាំង ឬក៏​ប្រាប់​ផ្លូវ​ ដល់​អ្នក​វង្វេង​ផ្លូវ ពុំ​នោះ ដូច​គេ​ទ្រោល​ប្រទីប​ ក្នុង​ទី​ងងឹត ​ឲ្យ​មនុស្ស​​មាន​ចក្ខុ ​មើល​ឃើញរូប​ទាំង​ឡាយបាន​ យ៉ាង​ណា ធម៌​ដែល​ព្រះ​គោតម​ដ៏​ចំរើន ប្រកាស​ហើយ​ ដោយ​អនេកបរិយាយ ក៏​យ៉ាង​នោះ​ដែរ ខ្ញុំ​ព្រះ​អង្គ​នុ៎ះ សូម​ដល់​ព្រះ​គោតម​ដ៏​ចំរើន​ផង ព្រះ​ធម៌​ផង ព្រះ​ភិក្ខុ​សង្ឃផង ជាទី​រឭក សូម​ព្រះ​គោតម​ដ៏​ចំរើន ចាំ​ទុកនូវ​ខ្ញុំ​ព្រះ​អង្គ ថា​ជាឧបាសក ​អ្នក​ដល់​សរណគមន៍ ជា​ទី​ពឹង​ ស្មើ​ដោយ​ជីវិត ​តាំង​ពីថ្ងៃ​នេះ ​ជា​ដើម​ទៅ។

ចប់ ព្រាហ្មណ៍​វគ្គ ទី១។

ឧទ្ទាន​នៃ​ព្រាហ្មណវគ្គ​នោះ​គឺ

ពោល​អំពី​ជន ​២ លើក​ អំពី​ព្រាហ្មណ៍​ ១​ អំពី​បរិព្វាជក ១ អំពី​សេចក្ដី​រលត់​១ អំពី​សត្វ​លោក​ ដែល​ជាប់​ជំពាក់ ដោយ​អធម្ម​រាគៈ​ ជា​ដើម ១ អំពី​សេចក្ដី​ប្រាថ្នា​ដ៏​ក្រៃលែង ១ អំពី​ព្រាហ្មណ៍​ ឈ្មោះ​តិកណ្ណៈ ១ អំពីព្រាហ្មណ៍​ឈ្មោះ ​ជាណុស្សោណី ១ អំពី​ព្រាហ្មណ៍​ឈ្មោះ ​សង្គារវៈ ១។

មហាវគ្គ

តិត្ថាយតនាទិសូត្រទី១

[៦៣] ម្នាល​ភិក្ខុ​ទាំងឡាយ លទ្ធិ​នៃ​តិរ្ថិយ ​មាន​៣ យ៉ាង​ដែល​ពួកបណ្ឌិត​សាក​សួរ​រឿយៗ ដេញ​ដោល​រឿយៗ ប្រដៅរឿយៗ ប្រព្រឹត្តទៅ​តាម​នូវ​បរម្បរាចារ្យ ហើយ​តាំង​នៅ​ក្នុង​អកិរិយ​មតិ។  លទ្ធិនៃ​តិរ្ថិយ ៣​យ៉ាង​ តើដូច​ម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណ​ព្រាហ្មណ៍​មួយ​ពួក មាន​វាទៈ​យ៉ាង​នេះ​ មាន​ទិដ្ឋិ​យ៉ាងនេះថា បុរស​បុគ្គល​នេះ​ ទទួល​នូវ​អារម្មណ៍ណាមួយ ជា​សុខ​ ឬ​ជា​ទុក្ខ ​ឬ​មិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់នោះ (​ដែល​បុគ្គល​បាន​ទទួល​ហើយ ) ព្រោះ​ហេតុ​តែ​អំពើ​ដែល​គេ​បានធ្វើ​ហើយ ​ក្នុង​កាល​មុន។  ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណ​ព្រាហ្មណ៍​​មួយពួក​ មាន​វាទៈ​យ៉ាង​នេះ មាន​ទិដ្ឋិ​ យ៉ាង​នេះ ថា បុរស​បុគ្គល​នេះ ទទួល​នូវអារម្មណ៍​ណា​មួយ​ ជា​សុខ ​ឬ​ជា​ទុក្ខ ឬ​មិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍ទាំង​អស់​នោះ (​ដែល​បុគ្គល​ទទួល​ហើយ ) ព្រោះ​ហេតុ​តែ​ព្រះ​ឥសូរ បាន​តាក់​តែង​មក ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណ​ព្រាហ្មណ៍មួយ​ពួក មាន​វាទៈយ៉ាង​នេះ​ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ ទទួល​នូវ​អារម្មណ៍ណាមួយ ជា​សុខ ​ឬ​ជា​ទុក្ខ ឬ​មិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់នោះ (ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​មិន​មាន​ហេតុ​ មិន​មាន​បច្ច័យ។ ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដា​សមណ​ព្រាហ្មណ៍​ទាំង​នោះ​ សមណ​ព្រាហ្មណ៍ណា មាន​វាទៈ​យ៉ាង​នេះ មាន​ទិដ្ឋិយ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ ​ទទួល​នូវ​អារម្មណ៍​ណា​មួយ ជា​សុខ ​ឬ​ជា​ទុក្ខ​ឬមិន​មែន​ទុក្ខ​ មិន​មែន​សុខ អារម្មណ៍ទាំង​អស់​នោះ (ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​ហេតុ​តែអំពើ​ ដែល​គេបាន​ធ្វើ​ហើយ​ ក្នុង​កាល​មុន តថា​គត​បាន​ចូល​ទៅ​រក​ពួក​សមណព្រាហ្មណ៍ទាំង​នោះ ហើយ​ពោល​យ៉ាង​នេះ​ថា ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំង​ឡាយ ឮថា អ្នក​ទាំង​ឡាយ មាន​វាទៈ​យ៉ាង​នេះ ​មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គលនេះ​ ទទួលនូវ​អារម្មណ៍​ណា​មួយ​ ជា​សុខ ​ឬ ជា​ទុក្ខ​ ឬ មិន​មែន​ទុក្ខ​ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់​នោះ (​ដែល​បុគ្គល​បាន​ទទួល​ហើយ ) ព្រោះ​ហេតុ​តែអំពើ​ ដែល​គេ​បាន​ធ្វើ​ហើយ ​ក្នុង​កាល​មុន​ ពិត​មែន​ឬ។  បើ​សមណ​ព្រាហ្មណ៍​ទាំង​នោះ ​ដែល​តថាគត​សួរ​យ៉ាង​នេះហើយ ក៏​ប្ដេជ្ញា​ថា ព្រះ​ករុ​ណា ​ព្រះ​អង្គ តថាគត ​ក៏​និយាយ​ទៅ​នឹង​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ យ៉ាង​នេះ​វិញថា បើ​ដូច្នោះ​ អ្នក​ដ៏មាន​អាយុ​ទាំង​ឡាយ ​នឹង​ប្រព្រឹត្ត​បាណាតិបាត ព្រោះហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន នឹង​ប្រព្រឹត្ត​អទិន្នា​ទាន ព្រោះ​ហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ នឹង​ប្រព្រឹត្ត​អព្រហ្មចារ្យ ព្រោះ​ហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ នឹងប្រព្រឹត្ត​មុសា​វាទ ព្រោះ​ហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ក្នុង​កាល​មុន នឹង​ប្រព្រឹត្ត​បិសុណាវាចា ព្រោះ​ហេតុ​តែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុងកាល​មុន នឹង​ប្រព្រឹត្ត​ផរុស​វាចា ព្រោះ​ហេតុតែ​អំពើ​ដែល​ខ្លួន​បាន​ធ្វើហើយ​ ក្នុង​កាល​មុន នឹង​ប្រព្រឹត្ត​សម្ជប្បលាបៈ ព្រោះ​ហេតុ​តែ​អំពើ​ដែលខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន នឹង​ជា​អ្នក​ច្រើន​ដោយ​អភិជ្ឈា ព្រោះហេតុ​តែ​អំពើ​ ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ នឹង​មាន​ចិត្ត​ព្យាបាទ ព្រោះ​ហេតុ​តែ​អំពើ​ ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ នឹង​ជា​មិច្ឆា​ទិដ្ឋិ ព្រោះ​ហេតុ​តែ​អំពើ​ ដែល​ខ្លួន​បាន​ធ្វើ​ហើយ​ ក្នុង​កាល​មុន។  ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្ដី​ប្រាថ្នា ​ឬ​សេចក្ដី​ព្យាយាម​ថា កិច្ច​នេះ ​គួរ​ធ្វើ​ក្ដី កិច្ច​​នេះ ​មិន​គួរធ្វើ​ក្ដី​ មិន​សម្រេច​ដល់​ពួក​បុគ្គល​ ដែល​ប្រកាន់​នូវ​អំពើ ​ដែល​ខ្លួន​បាន​ធ្វើ​ហើយ ក្នុង​កាល​មុន​ថា មាន​សារៈ​ទេ។  កាល​បើ​កិច្ច​ ដែល​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ មិន​ប្រាកដ​ដោយ​ពិត ដោយ​មាំមួន​ហើយ សម​ណវាទ ​ដែលប្រកប​ដោយហេតុ ​ចំពោះ​ខ្លួន ក៏​មិន​សម្រេច ​ដល់​ពួក​បុគ្គល​ ដែល​ភាន់​ភាំង​សតិ​ និង​មិនមាន​ការ​រក្សា​ឡើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ឯង​ ជាវាទៈ ​របស់​តថាគត ប្រកប​ដោយ​ហេតុ​ទី​១ ​ជា​ធម៌​សង្កត់​សង្កិន​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ ដែល​មា​នវាទៈ​យ៉ាង​នេះ មា​ន​ទិដ្ឋិ​យ៉ាងនេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ បណ្ដាសមណ​ព្រាហ្មណ៍ទាំង​នោះ ពួក​សមណព្រាហ្មណ៍​ណា​មាន​វាទៈយ៉ាង​នេះ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ រមែង​ទទួល​នូវ​អារម្មណ៍​ណា​មួយ ជា​សុខ ​ឬជា​ទុក្ខ ឬមិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់​នោះ (ដែលបុគ្គល​បាន​ទទួល​ហើយ ) ព្រោះ​ហេតុ​តែ​ព្រះឥសូរ បាន​តាក់​តែង​មក តថាគត ​ចូល​ទៅ​រក​សម​ណព្រាហ្មណ៍​ទាំងនោះ​ហើយ ពោល​យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំងឡាយ ឮ​ថា​អ្នក​ទាំង​ឡាយ មាន​វាទៈយ៉ាងនេះ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ​ ទទួលនូវ​អារម្មណ៍ណា​មួយ ជា​សុខ​ ឬ​ជា​ទុក្ខ ឬ​មិន​មែន​ទុក្ខ មិន​មែន​សុ​ខ​ អារម្មណ៍​ទាំង​អស់នោះ​ (​ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​ហេតុ​តែ​ព្រះ​ឥសូរ បានតាក់​តែង​​មក​ពិតឬ។  បើ​តថាគត សួរ​យ៉ាង​នេះ​ហើយ សមណព្រាហ្មណ៍​ទាំង​នោះ​ ក៏​ប្ដេជ្ញា​ថា ព្រះ​ករុណា​ ព្រះអង្គ តថាគត​ ក៏​ពោល​ទៅនឹង​សមណព្រាហ្មណ៍​ទាំងនោះ ​យ៉ាង​នេះ​វិញ​ថា បើ​ដូច្នោះ អ្នកដ៏​មាន​អាយុ​ទាំង​ឡាយ នឹង​ប្រព្រឹត្ត​បាណាតិបាត ព្រោះ​ហេតុ​តែព្រះ​ឥសូរបាន​តាក់​តែង​មក។ បេ។  នឹងមាន​គំនិត​យល់​ខុស ព្រោះ​ហេតុតែ​ព្រះ​ឥសូរ បាន​តាក់​តែង​មក។  សេចក្ដី​ប្រាថ្នា ​ឬ​សេចក្ដី​ព្យាយាម​ថា កិច្ចនេះ គួរ​ធ្វើ​ក្ដី កិច្ច​នេះ ​មិន​គួរ​ធ្វើក្ដី មិន​សម្រេច​ ដល់​ពួក​បុគ្គល ​ដែល​ប្រកាន់​នូវ​សេចក្ដី​យល់​ថា ព្រះ​ឥសូរ​ អ្នក​តាក់​តែង​មក​ថា មាន​សារៈ​ទេ។ កាល​បើ​កិច្ច​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ​ មិន​ប្រាកដ​ដោយ​ពិត ដោយ​មាំ​មួន​ទេ សមណ​វាទ​ ដែល​ប្រកប​ដោយ​ហេតុ​ចំពោះ​ខ្លួន ក៏​មិន​សម្រេច​ដល់​បុគ្គល ដែល​ភ្លេចសតិ និង​មិន​មាន​ការរក្សា​ឡើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ នេះឯង ​ជា​វាទៈ របស់​តថាគត​ ប្រកប​ដោយ​ហេតុ​ទី​២ ជាធម៌​សង្កត់សង្កិន​ពួកសមណ​ព្រាហ្មណ៍​ទាំង​នោះ ​ដែល​មាន​វាទៈយ៉ាង​នេះ​ មាន​ទិដ្ឋិ​យ៉ាង​នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ដា​ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ ពួកព្រាហ្មណ៍ណា​ មាន​វាទៈយ៉ាង​នេះ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា បុរស​បុគ្គល​នេះ ​ទទួល​នូវអារម្មណ៍​ណា​មួយ ជាសុខ​ឬ​ជា​ទុក្ខ ឬ​មិន​មែន​ទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់​នោះ ​(​ដែល​បុគ្គល​បាន​ទទួល​ហើយ ) ព្រោះមិន​មាន​ហេតុ មិន​មានបច្ច័យ​ តថា​គត ​ក៏​បាន​ចូល​ទៅ​រក​ពួក​សម​ណព្រាហ្មណ៍​ទាំងនោះ ហើយពោលល​យ៉ាង​នេះថា ម្នាល​អ្នក​ដ៏​មាន​អាយុ​ទាំង​ឡាយ ឮថា អ្នក​ទាំង​ឡាយ មាន​វាទៈ​យ៉ាង​នេះ ​មាន​ទិដ្ឋិ​យ៉ាង​នេះថា ​បុរស​បុគ្គល​នេះ​ ទទួល​នូវ​អារម្មណ៍​ណាមួយ​ ជា​សុខ ឬ​ជា​ទុក្ខ ឬ មិន​មែនទុក្ខ មិន​មែន​សុខ អារម្មណ៍​ទាំង​អស់​នោះ (ដែល​បុគ្គល​បាន​ទទួល​ហើយ) ព្រោះ​មិន​មាន​ហេតុ មិនមាន​បច្ច័យ ​ពិតឬ។  បើតថាគត​សួរ​ យ៉ាង​នេះ​ហើយ សមណព្រាហ្មណ៍​ទាំង​នោះ ប្ដេជ្ញា​ព្រម​ថា ព្រះ​ករុ​ណា ​ព្រះ​អង្គ តថា​គត​ពោល​ទៅ​នឹង​សមណ​ព្រាហ្មណ៍​​ទាំង​នោះ យ៉ាង​នេះ​វិញ​ថា បើដូច្នោះ ​អ្នក​ដ៏​មាន​អាយុ​ទាំង​ឡាយ នឹង​ប្រព្រឹត្ត​បាណាតិ​បាត ព្រោះ​មិន​មាន​ហេតុ មិន​មាន​បច្ច័យ។ ​បេ។ ​នឹង​គំនិត​យល់​ខុស ព្រោះ​មិន​មាន​ហេតុ ​មិន​មាន​បច្ច័យ។  ម្នាល​ភិក្ខុ​ទាំងឡាយ សេច​ក្ដី​ប្រាថ្នា ​ឬ​សេចក្ដី​ព្យាយាមថា កិច្ច​នេះ គួរ​ធ្វើ​ក្ដី​ កិច្ច​នេះ​ មិន​គួរ​ធ្វើ​ក្ដី មិន​សម្រេច​ដល់​ពួក​បុគ្គល ដែល​ប្រកាន់​នូវ​អំពើ ដែល​មិន​មាន​ហេតុ​ ថា​ជាសារៈ​ឡើយ។  កាល​បើ​កិច្ច​ដែល​គួរ​ធ្វើ​ និង​មិន​គួរ​ធ្វើ មិន​ប្រាកដ​ដោយ​ពិត ដោយ​មាំ​មួន​ទេ សម​ណវាទ​ដែល​ប្រកប​ដោយ​ហេតុ​ចំពោះ​ខ្លួន ក៏​មិន​សម្រេច ដល់​ពួកបុគ្គល ​ដែល​ភ្លេច​ស្មារតី​និង​មិន​មាន​ការ​រក្សា​ឡើយ។  ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ឯង ជាវាទៈ​របស់​តថាគត​ប្រកប​ដោយ​ហេតុ​ទី ៣ ជាធម៌​សង្កត់សង្កិន​ពួក​សមណព្រាហ្មណ៍​ទាំង​នោះ ដែល​មាន​វាទៈយ៉ាង​នេះ ​មាន​ទិដ្ឋិយ៉ាងនេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ លទ្ធិ​នៃ​តិរ្ថិយ ​ទាំង​៣ យ៉ាងនេះ​ឯងហើយ ដែល​បណ្ឌិត​សាក​សួរ​រឿយ ៗ ដេញដោល​រឿយ​ៗ ប្រដៅ​រឿយ​ៗ ប្រព្រឹត្ត​តាម​បរម្បរាចារ្យ តាំង​នៅ​ដោយ​អកិរិយមតិ។ ម្នាល​ភិក្ខុ​​ទាំងឡាយ ធម៌​ដែល​តថាគត ​បាន​សំដែង​មក​ហើយ​នេះ ពួកសមណ​ព្រហ្មណ៍ ​ជាអ្នក​ប្រាជ្ញ សង្កត់​សង្កិន​មិន​បាន​ ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះ​ដៀល​មិន​បាន​ ស្អប់​ខ្ពើម​មិន​បាន​ឡើយ។ ​ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត បាន​សំដែង​មក​ហើយ ពួក​សមណ​ព្រាហ្មណ៍ ​ជា​អ្នកប្រាជ្ញ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន​ តើ​ដូច​ម្ដេច។  ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត​ បានសំដែង​ហើយថា​ នេះ​ធាតុ​៦ ពួក​សមណ​ព្រាហ្មណ៍ ​ជាអ្នក​ប្រាជ្ញ សង្កត់សង្កិន​មិន​បាន​ ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន​ តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិនបាន​។  ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត​ បាន​សំដែងហើយ​ថា នេះ ផស្សាយតនៈ​៦ ពួក​សមណ​ព្រាហ្មណ៍ ​ជាអ្នក​ប្រាជ្ញ​ សង្កត់​សង្កិន​មិន​បាន​ធ្វើ​ឲ្យ​សៅ​​ហ្មងមិន​បាន តិះ​ដៀល​មិន​បាន​ ស្អប់ខ្ពើមមិន​បាន​។  ម្នាល​ភិក្ខុទាំង ឡាយ ធម៌​ដែលត​ថាគត ​បានសំដែង​ហើយ​ថា នេះ​ មនោ​បវិចារ ១៨ ពួកសមណ ព្រាហ្មណ៍​ ជាអ្នក​ប្រាជ្ញ​ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យសៅ​ហ្មង​មិន​បាន តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន។  ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ​អរិយ​សច្ច ​៤ ពួក​សមណ​ព្រាហ្មណ៍ ​ជាអ្នក​ប្រាជ្ញ​ សង្ក​ត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិនបាន តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន។  ម្នាល​ភិក្ខុ​ទាំង ឡាយ ធម៌ដែល​តថា​គត​ បាន​សំដែង​ហើយ​ថា នេះ​ធាតុ​៦ ពួក​សមណ​ព្រាហ្មណ៍ ជាអ្នក​ប្រាជ្ញ​ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះ​ដៀល​មិន​បាន​ ស្អប់​ខ្ពើម​មិន​បាន​ ពាក្យ​នុ៎ះ តថាគត​បាន​ពោល​ដូច្នេះ​ឯង។  ពាក្យដែល​តថាគត​ បាន​ពោល​ហើយ​នុ៎ះ ព្រោះ​អាស្រ័យ​នូវ​ហេតុ​អ្វី​។  ម្នាលភិក្ខុ​ទាំង​ឡាយ (​ព្រោះ​អាស្រ័យ ) នូវ​ធាតុ​ ៦ នេះ គឺបឋវីធាតុ​១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាស​ធាតុ​១ ​វិញ្ញាណធាតុ ១។  ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ​ធាតុ​៦ ពួក​សមណ​ព្រាហ្មណ៍ ​ជា​អ្នក​ប្រាជ្ញ សង្កត់​សង្កិនមិន​បាន​ ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះដៀល​មិន​បាន​ ស្អប់​ខ្ពើម​មិន​បាន ​ពាក្យ​ណា​ ដែល​តថាគត បាន​ពោល​ដូច្នេះ​ហើយ ពាក្យ​នុ៎ះ តថា​គតបានពោល​ហើយ​ ព្រោះ​អាស្រ័យ​នូវ​ហេតុ​នេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ​ផស្សាយ​តនៈ ៦ ពួក​សមណព្រាហ្មណ៍ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន តិះ​ដៀល​មិនបាន ស្អប់​ខ្ពើម​មិន​បាន ពាក្យនោះ ​តថា​គត​បាន​ពោល​ហើយ​ដូច្នេះឯង។ ពាក្យ​ដែល​តថាគត​ បាន​ពោ​ល​ហើយ​នុ៎ះ ព្រោះអា​ស្រ័យ នូវ​ហេតុ​អ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ (​ព្រោះ​អាស្រ័យ ) នូវ​ផស្សាយ​តនៈ ៦នេះ​ គឺ ផស្សាយ​តនៈ​គឺចក្ខុ​១ ផស្សាយ​តនៈ​គឺសោតៈ ១ ផស្សាយ​តនៈគឺ​ឃានៈ១ ផស្សាយ​តនៈគឺ​ជិវ្ហា​១ ផស្សាយ​តនៈ​គឺកាយៈ​១ ផស្សាយ​តនៈគឺ​មនោ​១។ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ ផស្សាយ​តនៈ ៦ ពួក​សមណ​ព្រាហ្មណ៍ ​សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យសៅហ្មង​មិន​បាន តិះ​ដៀល​មិន​បាន​ ស្អប់​ខ្ពើម​មិន​បាន ពាក្យ​ណា ដែល​តថាគត បាន​ពោល​ហើយ​ដូច្នេះ ពាក្យ​ដែ​ល​តថា​គត​ បាន​ពោលហើយ​នុ៎ះ ព្រោះ​អាស្រ័យ​នូវ​ហេតុ​នេះ។  ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌ដែល​តថាគត​បាន​សំដែង​ហើយ​ថា នេះ​ មនោ​បវិចារ​ ១៨ ពួក​សមណព្រាហ្មណ៍ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅហ្មង​មិន​បាន តិះ​ដៀល​មិនបាន ស្អប់​ខ្ពើម​មិន​បាន ពាក្យ​នុ៎ះ​តថា​គត​ បាន​ពោល​ហើយ​ដូច្នេះឯង។ ពាក្យ​ដែល​តថាគត ​បាន​ពោល​ហើយ​នុ៎ះ ព្រោះ​អាស្រ័យ​នូវ​ហេតុ​អ្វី។ ​ព្រោះឃើញ ​នូវ​រូប​ដោយ​ចក្ខុ ហើយ​ពិចារណា​នូវរូប ដែល​ជាទី​តាំង​ នៃ​សោមនស្ស ពិចារណា​ នូវ​រូប​ដែល​ជាទី​តាំង​ នៃ​ទោម​នស្ស ពិចារណា​នូវ​រូប​ ដែល​ជាទី​តាំង​ នៃ​ឧបេក្ខា ឮ​សំឡេង​ដោយ​ត្រចៀក… ហិតក្លិន​ដោយ​ច្រមុះ… ជញ្ជក់​នូវ​រស​ ដោយ​អណ្ដាត… ពាល់​ត្រូវ​នូវ​ផោដ្ធ​ព្វ ​ដោយ​កាយ… ដឹងច្បាស់​នូវ​ធម្មារម្មណ៍​ដោយ​ចិត្ត ពិចារណា ​នូវ​ធម្មារម្មណ៍ ​ដែល​ជា​ទី​តាំង​ នៃសោមនស្ស ពិចារណា ​នូវ​ធម្មា​រម្មណ៍ ដែល​ជា​ទីតាំង​នៃ​ទោមនស្ស ពិចារណា​ នូវ​ធម្មារ​ម្មណ៍​ដែល​ជា​ទី​តាំង​ នៃ​ឧបេក្ខា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ដែល​តថាគត បាន​សំដែង​ហើយ​ថា នេះ​ មនោបវិចារ ១៨ ពួកសមណព្រហ្មណ៍ ​ជាអ្នក​ប្រាជ្ញ ​សង្កត់​សង្កិន​មិន​បាន​ ធ្វើឲ្យ​សៅហ្មងមិនបាន តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន ពាក្យណា​ដែល​តថាគត បាន​ពោល​ហើយ​ដូច្នេះ ពាក្យ​ដែល​តថាគត​ បាន​ពោល​ហើយ​នុ៎ះ ព្រោះអាស្រ័យ​ នូវ​ហេតុ​នេះ​ឯង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ដែល​តថាគត​ បាន​សំដែង​ហើយ​ថា នេះ​អរិយ​សច្ច ​៤ ពួក​សមណព្រាហ្មណ៍ សង្កត់​សង្កិន​មិនបាន ធ្វើ​ឲ្យ​សៅហ្មង​មិនបាន តិះ​ដៀល​មិន​បាន ស្អប់ខ្ពើម​មិន​បាន ពាក្យ​នុ៎ះ ​តថាគត​បានពោល​ហើយ ​ដូច្នេះ​ឯង។  ពាក្យ​ដែល​តថាគត ​បានពោល​ហើយ​នុ៎ះ​ ព្រោះ​អាស្រ័យ​នូវ​ហេតុ​អ្វី។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​ចុះកាន់​គភ៌ ​ព្រោះ​អាស្រ័យ​នូវ​ធាតុ កាល​បើចុះ​កាន់​គភ៌​មាន នាម​រូប​ក៏​មាន កាល​បើ​នាម​រូប​ជា​បច្ច័យ​មាន សឡាយ​តនៈ​ក៏​មាន កាលបើ​សឡាយ​តនៈជា​បច្ច័យ​មាន ផស្សៈ​ក៏​មាន​ កាល​បើផស្សៈ​ជា​បច្ច័យ​មាន​ វេទនា​ក៏​មាន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បុគ្គល​ដឹង​ នូវ​អារម្មណ៍ (​ទាំង​នោះ )​ ទើបតថាគត​បញ្ញត្ត​ថា នេះ​ជា​ទុក្ខ បញ្ញត្ត​ថា នេះ​ជា​ទុក្ខ​សមុ​ទ័យ បញ្ញត្តថា នេះ​ជា​ទុក្ខ​និរោធ បញ្ញត្ត​ថា នេះ​ជា​ទុក្ខ​និរោធ​គាមិនីបដិបទា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក្ខ​អរិយ​សច្ច តើ​ដូច​ម្ដេច។  គឺ​ជាតិ​ទុក្ខ ជរាទុក្ខ មរណទុក្ខ សោក​ទុក្ខ បរិ​ទេ​វទុក្ខ ទុក្ខ​ទុក្ខ ទោមនស្ស​ទុក្ខ ឧបាយាស​ទុក្ខ អប្បិយេហិសម្ប​យោគ​ទុក្ខ បិយេហិ វិប្បយោគទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ​ទុក្ខ សង្ខិ​ត្តេន បញ្ចុ​បា​ទាន​ក្ខន្ធ​ទុក្ខ ម្នាល​ភិក្ខុ​ទាំង​ឡាយ  នេះ​ហៅ​ថា ទុក្ខ​អរិយសច្ច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក្ខ​សមុទយ​អរិយ​សច្ច តើ​ដូច​ម្ដេច។  គឺ សង្ខារ​កើត​មាន ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ វិញ្ញាណ​កើត​មាន​ ព្រោះ​សង្ខារ​ជាបច្ច័យ នាម​រូប​កើត​មាន​ ព្រោះ​វិញ្ញាណ​ជា​បច្ច័យ សឡាយតនៈកើត​មាន ព្រោះ​នាម​រូប​ជា​បច្ច័យ ផស្សកើត​មាន ព្រោះ​សឡាយ​តនៈ​ជាបច្ច័យ វេទ​នា​កើត​មាន ​ព្រោះ​ផស្សៈ​ជា​បច្ច័យ តណ្ហា​កើត​មាន ព្រោះ​វេទនាជា​បច្ច័យ ឧបាទាន​កើត​មាន ព្រោះ​តណ្ហា​ជា​បច្ច័យ ភពកើតមាន ព្រោះ​ឧទាន​ជា​បច្ច័យ ​ជាតិកើត​មាន ព្រោះ​ភព​ជា​បច្ច័យ ជរា​ និង​មរណៈ​កើត​មាន ព្រោះ​ជាតិ​ជាបច្ច័យ សេចក្ដី​សោក ​ខ្សឹក​ខ្សួល​ ទុក្ខទោមនស្ស តាន​តឹង ​ក៏​កើត​មាន​ព្រម​។  សេចក្ដី​កើត​ឡើង​ នៃ​កង​ទុក្ខ​ទាំងអស់​នេះ រមែង​មាន​យ៉ាង​នេះ​ឯង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ទុក្ខ​សមុទយ​អរិយ​សច្ច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក្ខ​និរោធ​អរិយ​សច្ច តើ​ដូចម្ដេច។  សេចក្ដី​រលត់​សង្ខារ ព្រោះ​វិនាស​ រលត់​ មិន​មាន​សេស​សល់នៃ​អវិជា្ជ សេចក្ដី​រលត់​វិញ្ញាណ ព្រោះ​រលត់​សង្ខារ សេចក្ដី​រលត់​នា​ម​រូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប សេចក្ដី​រលត់​ផស្សៈ ព្រោះ​រលត់​សឡាយ​តនៈ សេចក្ដី​រលត់​វេទនា ព្រោះរលត់​ផស្សៈ សេចក្ដី​រលត់​តណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់​ឧបាទាន ព្រោះរលត់តណ្ហា សេចក្ដី​រលត់​ភព ព្រោះ​រលត់​ឧបាទាន សេចក្ដីរលត់​ជាតិ ព្រោះ​រលត់​ភព សេចក្ដី​ចាស់ ស្លាប់​ រលត់​ ព្រោះ​រលត់​ជាតិ សេចក្ដី​សោក​ ខ្សឹក​ខ្សួល លំ​បាក​កាយ លំ​បាក​ចិត្ត​ និង​ការ​ចង្អៀត​ចង្អល់​ចិត្តទាំង​ឡាយ​ ក៏​រលត់​ទៅ។  សេច​ក្ដី​រលត់​ នៃ​កង​ទុក្ខ​ទាំង​អស់​នេះ តែង​មានយ៉ាង​នេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅ​ថា ទុក្ខ​និរោធ​អរិយសច្ច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ទុក្ខ​និរោធ​គាមិ​នី​បដិបទា​អរិយសច្ច តើ​ដូច​ម្ដេច។ មគ្គ​ប្រកប​ដោយ​អង្គ​ ៨ ដ៏​ប្រសើរ​នេះ​ឯង គឺ​សម្មា​ទិដ្ឋិ​១ សម្មា​សង្កប្បៈ​១ សម្មាវាចា១ ​សម្មាកម្ម​ន្តៈ១ សម្មា​អាជីវៈ១ សម្មា​វាយាម ១ សម្មាសតិ​១ សម្មា​សមាធិ១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ នេះ​ហៅ​ថា ទុក្ខ​និរោធ​គាមិនី​បដិបទាអរិយសច្ច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម៌​ដែល​តថាគត ​បាន​សំដែង​ហើយ​ថា នេះ​អរិយសច្ច ៤ ពួក​សមណ​ព្រាហ្មណ៍​ ជា​អ្នក​ប្រាជ្ញ សង្កត់​សង្កិន​មិន​បាន ធ្វើ​ឲ្យ​សៅ​ហ្មង​មិន​បាន​ តិះ​ដៀល​មិន​បាន ស្អប់​ខ្ពើម​មិន​បាន ពាក្យ​ណា ដែល​តថាគត​ពោល​ហើយ​ ដូច្នេះ ពាក្យ​នេះ​ តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​នូវ​ហេតុ​នុ៎ះ។

ភយសូត្រ ទី២

[៦៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​មិន​ចេះ​ដឹង រមែង​ពោលថា អមាតា​បុត្តិក​ភ័យ (ភ័យ​ដែល​មាតា​​មិន​បាន​ឃើញ​បុត្រ បុត្រ​មិន​បាន​ឃើញមាតា) នេះ​ មាន​៣​យ៉ាង។  ភ័យ​៣​យ៉ាង ​ដូច​ម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សម័យ​ដែល​មាន​កំដៅ​ភ្លើង​ធំ​តាំង​ឡើង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កាលបើ​កំដៅ​ភ្លើង​ធំ ​តាំង​ឡើង​ហើយ អ្នក​ស្រុក​ក៏ក្ដៅ អ្នកនិគម​ក៏ក្ដៅ អ្នក​នគរក៏​ក្ដៅ​ ដោយ​ភ្លើង​នោះ កាល​បើ​អ្នក​ស្រុក​ក្ដៅ អ្នក​និគម​ក្ដៅ អ្នក​នគរ​ក្ដៅ មាតា​ក៏មិន​បាន​ឃើញ​កូន ទាំង​កូន​ ក៏​មិន​បានឃើញ​មាតា ក្នុង​កាល​ដែល​អគ្គិភ័​យ​ កើត​ឡើង​នោះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុចុជ្ជន​អ្នក​មិន​ចេះ​ដឹង ​តែង​ពោល​ថា នេះ​ជា ​អមាតា​បុត្តិ​កភ័យ ទី១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សម័យ​ដែល​មហាមេឃ​តាំង​ឡើង គឺ​បង្អុរ​ភ្លៀង ​ឲ្យ​ធ្លាក់​ចុះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​មហាមេឃ បង្អុរ​ភ្លៀង​ធ្លាក់​ចុះ អន្លង់​ទឹក​ធំ រមែង​កើត​ព្រម កាល​បើ​ជំនន់​ធំ​ កើត​ព្រម​ហើយ អ្នក​ស្រុក​រមែង​រសាត់​ទៅ អ្នក​និគម​ រមែង​រសាត់​ទៅ ​អ្នក​នគរ​ រមែង​រសាត់​ទៅ ​ដោយ​ទឹក​នោះ កាល​បើអ្នក​ស្រុក​រសាត់ទៅ អ្នក​និគម​រសាត់​ទៅ អ្នក​នគរ​រសាត់​ទៅ មាតា​ក៏មិន​បាន​ឃើញ​កូន ទាំង​កូន ​ក៏​មិន​បាន​ឃើញ​មាតា​ ក្នុង​ពេល​ដែល​ឧទកភ័យ កើត​ឡើង​នុ៎ះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​ថា នេះ​ជា ​អមាតា​បុត្តិ​ក​ភ័យ ​ទី​២។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​វិញ​ទៀត សម័យ​ដែល​មាន អដវី​សង្កោបភ័យ (គឺសេចក្ដី​កម្រើក​ចោរ​ក្នុងដង​ព្រៃ) [ពួកចោរ ដែលនៅក្នុងដងព្រៃ លបចាំប្លន់អ្នកស្រុក (អដ្ឋកថា)។] នោះ ​ពួក​អ្នក​ជន​បទ ​ក៏​នាំ​គ្នា​ឡើង​កាន់​ចក្កយាន​បរ​ទៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ អដវីសង្កោប​ភ័យ ​មាន​ហើយ ពួក​អ្នក​ជនបទ​ នាំ​គ្នា​ឡើង​កាន់​ចក្ក​យាន ​បរ​ទៅ មាតា​ក៏​មិន​បាន​ឃើញ​បុត្រ ទាំង​បុត្រ​ ក៏មិន​បាន​ឃើញ​មាតា ក្នុង​កាល​ដែល អដវី​សង្កោប​ភ័យ​ កើត​ឡើង​នោះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង តែង​ពោល​ថា នេះ​ជា អមាតា​បុត្តិក​ភ័យ ទី៣។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​អ្នក​មិនចេះ​ដឹង តែង​ពោល​ថា អមាតា​បុត្តិក​ភ័យ ​មាន​៣ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន ​អ្នក​មិន​ចេះ​ដឹង រមែង​ពោល​ នូវ​សមាតាបុត្តិកភ័យ (​ភ័យ​ដែល​មាតា និង​បុត្រ​នៅ​ឃើញ​គ្នា​បាន ) ថាជា ​អមាតាបុត្តិកភ័យ (​ភ័យ​ដែល​មាតា​ និង​បុត្រ​មិន​បាន​ឃើញ​គ្នា) នេះ ​មាន​៣​យ៉ាង។ ភ័យ ៣ យ៉ាង​ តើដូច​ម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ សម័យ​ដែល​មានកំដៅ​ភ្លើង​ធំ​ តាំង​ឡើង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​កំដៅ​ភ្លើង​ធំ តាំង​ឡើង​ហើយ អ្នក​ស្រុក​ក៏​ក្ដៅ អ្នក​និគម​ក៏ក្ដៅ អ្នក​នគរ​ក៏​ក្ដៅ ​ដោយភ្លើង​នោះ កាល​បើ​អ្នក​ស្រុក​ក្ដៅ អ្នក​និគម​ក្ដៅ អ្នក​នគរ​ក្ដៅ សម័យនោះ ជួន​កាល​មាតា​បាន​ឃើញ​បុត្រ បុត្រ​ក៏​បាន​ឃើញ​មាតា​ខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​នូវ​សមាតា​បុត្តិ​កភ័យ​នេះ​ថា​ជា អមាតាបុត្តិកភ័យ ទី១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀតសម័យ​ដែល​មាន​មហា​មេឃ​បង្អុរភ្លៀង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើមហា​មេឃ​ បង្អុរ​ភ្លៀង​ហើយ ជំនន់​ធំ​ ក៏​កើត​ឡើង កាល​បើ​ជំនន់​ទឹក​ធំ​ កើតហើយ ពួក​អ្នក​ស្រុក​ ក៏​រសាត់​ទៅ អ្នក​និគម​ ក៏​រសាត់​ទៅ អ្នក​នគរ ​ក៏​រសាត់ទៅ ​ដោយ​ទឹក​នោះ កាល​បើ​អ្នក​ស្រុក​រសាត់​ទៅ អ្នក​និគម​រសាត់​ទៅ អ្នកនគរ​ក៏​រសាត់​ទៅ សម័យ​នោះ ​ជួន​កាល​មាតា​ ក៏​បាន​ឃើញ​បុត្រ បុត្រ​ក៏​បានឃើញ​មាតា​ខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុចុជ្ជន​ អ្នក​មិន​ចេះ​ដឹង តែង​ពោល​នូវ​សមាតា​បុត្តិ​ក​ភ័យ នេះ​ថា​ជា អមាតា​បុត្តិក​ភ័យ ​ទី២។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត សម័យ​ដែល​មាន អដវីសង្កោប​ភ័យ ពួក​អ្នកជន​បទ​ ក៏​នាំ​គ្នា​ឡើង​កាន់​ចក្ក​យាន​ បរ​ទៅ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយវិញ​​ទៀត កាល​បើ​អដវី​សង្កោប​ភ័យ​មាន​ហើយ ពួក​អ្នក​ជន​បទ ក៏​នាំគ្នាឡើង​កាន់​ចក្ក​យាន ​បរ​ទៅ សម័យ​នោះ ​ជួនកាល​ មាតា​បាន​ឃើញ​បុត្រ​ បុត្រ​ក៏​បាន​ឃើញ​មាតា​ខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះដឹង តែង​ពោល​នូវ​សមា​តា​បុត្តិកភ័យនេះ ថា​ជា​អមាតា​បុត្តិក​ភ័យ ទី៣។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុថុជ្ជន​ អ្នក​មិន​ចេះ​ដឹង រមែង​ពោល​នូវ​សមាតាបុត្តិកភ័យ ៣ យ៉ាង​នេះ​ឯង​ថា ជា​អមាតា​បុត្តិកភ័យ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ អមាតា​បុត្តិក​ភ័យ​នេះ ​មាន​៣ យ៉ាង។  អមាតា​បុត្តិកភ័យ ៣ យ៉ាង តើ​ដូចម្ដេច។  គឺ​ជរា​ភ័យ ភ័យ​ព្រោះ​ជរា​១ ព្យាធិ​ភ័យ ភ័យ​ព្រោះ​ព្យាធិ​១ មរណ​ភ័យ ភ័យ​ព្រោះ​មរណៈ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាមិនបាន​ឃើញ​បុត្រ ​ដែល​កំពុង​ជរា​ យ៉ាង​នេះ​ថា អាត្មា​អញ​ចាស់ សូម​កុំ​ឲ្យ​បុត្រអាត្មា​អញ​ចាស់​ឡើយ ចំណែក​ខាង​បុត្រ​ ក៏​មិន​បាន​ឃើញ​មាតា ​ដែល​កំពុងចាស់​ យ៉ាង​នេះថា អាត្មា​អញ សូម​កុំ​ឲ្យ​មាតា​របស់​អញ ​ចាស់​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតាមិន​បាន​ឃើញ​បុត្រ​ដែល​កំពុង​មាន​ព្យាធិ​ យ៉ាងនេះ​ថា អាត្មា​អញ ​មាន​ព្យាធិ សូម​កុំ​ឲ្យ​បុត្រ​របស់អាត្មា​អញ​ មាន​ព្យាធិ​ឡើយ ចំណែក​ខាងបុត្រ ​មិនបាន​ឃើញ​មាតា ដែល​កំពុង​មាន​ព្យាធិ​ យ៉ាងនេះ​ថា អាត្មា​អញ ​មាន​ព្យាធិ សូម​កុំ​ឲ្យ​មាតា​របស់អាត្មា​អញ ​មាន​ព្យាធិ​ឡើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ មាតា​មិន​បាន​ឃើញ​បុត្រ ​ដែល​ស្លាប់យ៉ាង​នេះ​ថា អាត្មា​អញ ​រមែង​ស្លាប់ សូម​កុំ​ឲ្យ​បុត្រ​របស់​អញ ​ស្លាប់ឡើយ ចំណែក​ខាង​បុត្រ​ ក៏​មិន​បាន​ឃើញ​មាតា ​ដែល​ស្លាប់​ យ៉ាង​នេះ​ថា អាត្មា​អញ រមែង​តែ​ស្លាប់ សូម​កុំ​ឲ្យ​មាតា​របស់​អាត្មា​អញ ​ស្លាប់​ឡើយ ម្នាល​ភិក្ខុ​ទាំង​ឡាយ អមាតា​បុត្តិក​ភ័យ មាន​៣ យ៉ាង​នេះ​​ឯង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មគ្គ​ និង​បដិ​បទា រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​លះ​បង់ ដើម្បី​កន្លង​បង់ នូវ​សមា​តា​បុត្តិក​ភ័យ ទាំង៣ យ៉ាង​នេះ​ផង​ នូវ​អមាតា​បុត្តិ​ក​ភ័យ ទាំង​៣ យ៉ាងនេះ​ផង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មគ្គ តើ​ដូចម្ដេច បដិបទា តើដូច​ម្ដេច រមែង​ប្រព្រឹត្តទៅ ដើម្បី​លះ​បង់ កន្លង​បង់​ នូវ​សមាតា​បុត្តិកភ័យ ​ទាំង​៣យ៉ាង​នេះ​បាន​ផង នូវ​អមាតា​បុត្តិ​ក​ភ័យ ​ទាំង៣ នេះ​បាន​ផង។  មគ្គ ដែល​ប្រកប​ដោយ​អង្គ​៨ ដ៏​ប្រសើរ​នេះ​ឯង គឺ​សម្មាទិដ្ឋិ១ សម្មា​សង្កប្បៈ១ សម្មា​វាចា​១ សម្មា​កម្មន្តៈ១ សម្មា​អាជីវៈ ១ សម្មា​វាយាមៈ១ សម្មាសតិ​១ សម្មា​សមាធិ ១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ហៅ​ថា មគ្គ នេះ​ហៅ​ថា បដិបទា ប្រព្រឹត្ត​ទៅ ​ដើម្បី​លះបង់ ដើម្បី​កន្លង​បង់ ​នូវ​សមាតាបុត្តិក​ភ័យ​ ទាំង​៣ យ៉ាង​នេះ​ផង​ នូវ​អមាតា​បុត្តិក​ភ័យ ​ទាំង​៣​យ៉ាងនេះ​ផង។

វេនាគបុរសូត្រ ទី៣

[៦៥] សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ ​ទ្រង់​ស្ដេច​ទៅ​កាន់​ចារិក ​ក្នុងកោសល​ជនបទ ​មួយ​អន្លើ​ដោយ​ភិក្ខុ​សង្ឃ​ជា​ច្រើន​អង្គ ​ទ្រង់​បាន​ចូល​ទៅ​ដល់ព្រាហ្មណ​​គ្រាម ឈ្មោះ​វេនាគ​បុរី នៃ​កោសល​ជនបទ។  ពួក​ព្រាហ្មណ៍ និងគហបតី ​អ្នក​នៅ​ក្នុង​វេនាគបុរី បាន​ឮ​ច្បាស់ ​នូវ​ដំណឹង​នោះ​ហើយ ទើប​ប្រកាស​សេចក្ដី​ថា ម្នាល​គ្នា​យើង ឮ​ថា​ព្រះ​សមណ​គោតម​ ជាសក្យ​បុត្ត ចេញចាក​សក្យត្រកូល ទៅ​ទ្រង់​ព្រះ​ផ្នួស​​ ហើយ​ស្ដេច​បាន​មក​ដល់វេនាគបុរី។ កិត្តិ​ស័ព្ទ​សរសើរ​ព្រះគោតម​ដ៏​ចំរើន​នោះ ពី​រោះ ​ឮ​ខ្ចរ​ខ្ចាយ ​សុះសាយ ​យ៉ាងនេះ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ ​ទ្រង់​ព្រះ​នាម​ថា អរ​ហំ​ ថា សម្មាសម្ពុទ្ធោ ថា វិជ្ជា​ចរណសម្បន្នោ ថា សុគតោ​ ថា​ លោកវិទូ​ ថា​អនុត្តរោ​ ថា ​បុរិសទម្មសារថិ ថា សត្ថា​ទេវមនុស្សានំ ថា ពុទ្ធោ ថា ភគវា ព្រះ​អង្គ​បានតា្រស់​ដឹង បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ព្រះ​និព្វាន​ ចំពោះ​ព្រះអង្គ ហើយ​ញុំាង​លោកនេះ ព្រម​ទាំង​ទេវ​លោក​​ មារ​លោក​ ព្រហ្មលោក ញុំា​ពពួក​សត្វ ព្រម​ទាំង​សមណ​ព្រាហ្មណ៍ ទាំង​មនុស្ស ជាសម្មតិទេព និង​មនុស្ស​ដ៏​សេស ឲ្យ​បាន​ត្រាស់​ដឹង​ផង ព្រះ​អង្គ​សំដែង​ធម៌​ ពី​រោះ​បទ​ដើម ពី​រោះ​បទ​កណ្ដាល និង​ពី​រោះ​បទ​ខាង​ចុង ទ្រង់​ប្រកាស​ នូវ​ព្រហ្មចរិយ​ធម៌ ព្រម​ទាំង​អត្ថ និង​ព្យញ្ជនៈ ​ដ៏​បរិបូណ៌ ​បរិសុទ្ធ​ទាំង​អស់ ក៏​ដំណើរ ​ដែល​បាន​ឃើញ ​បាន​ជួបនឹង​ព្រះ​អរហន្ដ​ទាំង​ឡាយ​ មាន​សភាព​​យ៉ាង​ហ្នឹង ជាការ​ប្រពៃ​ពេក។ លំដាប់​នោះ​ឯង ព្រាហ្មណ៍​ និង​គហបតី​ អ្នក​នៅ​ក្នុង​វេនាគបុរី ចូល​ទៅ​គាល់ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ ពួក​ខ្លះ​ក៏​ថ្វាយ​បង្គំព្រះ​ដ៏​មានព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សមគួរ ពួក​ខ្លះ​ក៏​ធ្វើ​សេចក្ដី​រីករាយ ​ជាមួយនឹង​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ដែល​គួរ​រីករាយ​ និង​ពាក្យ​ ដែលគួរ​រលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទីសម​គួរ ពួក​ខ្លះ​អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ​ប្រណម្យអញ្ជលី ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ពួកខ្លះ​ ញុំាង​នាម ​និង​គោត្រ ឲ្យ​ឮ​ឡើង អង្គុយ​ក្នុង​ទី​សមគួរ ពួក​ខ្លះ​អង្គុយ​ស្ងៀម​ ក្នុង​ទី​សមគួរ។  ព្រាហ្មណ៍ ជាវច្ឆគោ​ត្រ អ្នក​នៅ​ក្នុង​វេនាគបុរី​ អង្គុយ​ក្នុង​ទីសម​គួរ​ហើយ បាន​ក្រាប​បង្គំទូល​ព្រះដ៏​មាន​ព្រះ​ភាគ​ ដូច្នេះ​ថា បពិត្រព្រះគោតម​ដ៏​ចំរើន សេចក្ដី​អស្ចារ្យមិន​ធ្លាប់​កើត​ ក៏​កើត​មាន បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ឥន្រ្ទិយ​របស់​ព្រះគោតម​ដ៏​ចំរើន ជ្រះថ្លា ទាំង​សម្បុរ​ស្បែក ក៏​បរិសុទ្ធ​ ផូរ​ផង់ ​ដោយ​ពិត បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ប្រៀប​ដូច​ជាផ្លែ​ពុទ្រា​ទុំ​ ក្នុង​សារ​ទកាល បរិសុទ្ធ ផូរផង់ ​យ៉ាង​ណាមិញ ឥន្រ្ទិយ​របស់​ព្រះ​គោតម​ដ៏​ចំរើន ជ្រះថ្លា ទាំង​សម្បុរស្បែក ក៏​បរិសុទ្ធ ​ផូរ​ផង់ យ៉ាង​នោះ​ដែរ។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន មួយ​ទៀត ប្រៀប​ដូច​ជាផ្លែ​ត្មោត​ទុំ បរិសុទ្ធល្អ​ ជ្រុះ​ចាកទង​ យ៉ាង​ណាមិញ ឥន្រ្ទិយ​របស់​ព្រះ​គោតម​ដ៏ចំរើន ជ្រះ​ថ្លា ទាំង​សម្បុរ​ស្បែក ក៏​បរិសុទ្ធ ​ផូរផង់ យ៉ាង​នោះ​ដែរ។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន មួយ​ទៀត​ ដូច​ដុំ​មាស​ជម្ពោនទៈ ដែល​កម្មារ​បុត្រ​ អ្នក​ឈ្លាស ធ្វើ​បរិកម្ម​ល្អ ទាំង​រំលាយ​ល្អ​ហើយដំកល់​ទុក ​លើ​សំពត់​កម្ពល មាន​ពណ៌​លឿង​ទុំ រមែង​ភ្លឺផង ច្បាស់​ផង រុង​រឿង​​ផង យ៉ាង​ណាមិញ ឥន្រ្ទិយ​របស់​ព្រះ​គោតម​ដ៏​ចំរើន ​ជ្រះ​ថ្លា​ ទាំងសម្បុរ​ស្បែក ក៏​បរិសុទ្ធ​ ផូរ​ផង់ យ៉ាង​នោះ​ដែរ។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ឧច្ចា​សយនៈ​ និង​មហា​សយនៈ​ទាំង​នោះ​ មាន​ដោយ​ពិត ​គឺ​អាសន្ទិ (អាសនៈ ដែល​ខ្ពស់​ហួស​ប្រមាណ) ១ បល្លង្ក ​(គ្រែ​ដែល​មាន​​ជើង​វិចិត្រ​ដោយ​រូប​សត្វសាហាវ)​១ គោណកៈ (ព្រំដែល​មាន​រោម​វែង​ជាង​ ៤ ធ្នាប់)​១ ចិត្តិកា (កម្រាល ​ដែល​គេ​ធ្វើ​ដោយ​រោម​សត្វ​វិចិត្រ​ដោយ​រតនៈ) ១​ បដិកា (​កម្រាលដែល​មាន​ពណ៌​ស ធ្វើ​ដោយ​រោម​សត្វ) ១​បដលិកា (​កម្រាល​ដែល​ធ្វើ​ដោយរោម​សត្វ​ជា​ផ្កា​ចង្កោម)១ តូលិកា (​កម្រាល​ដែល​ញាត់​ដោយ​សំឡី)១ វិកតិកា (កម្រាល​ដែល​ធ្វើ​ដោយ​រោម​សត្វ វិចិត្រ​ដោយ​រូប​សត្វ​មាន​សីហៈ និង​ខ្លា​ធំ ​ជា​ដើម​)​១ ឧទ្ធលោមី (​កម្រាល​ដែល​ធ្វើ​ដោ​យ​រោម​សត្វ​មាន​ជាយ​ទាំង​ពីរ​ខាង) ១ ឯកន្ដ​លោមី (​កម្រាល​ដែល​ធ្វើ​ដោយ​រោម​សត្វ មានជាយ​តែ​ម្ខាង) ១ កដ្ឋិស្សៈ (កម្រាល​ដែល​ធ្វើ​ដោយ​អំបោះ ​លាយសូត្រ​ ដោត​ក្រង​ដោយ​រតនៈ) ១ កោសេយ្យៈ (​កម្រាល​ដែល​ធ្វើ​ដោយសូត្រ​ ដោត​ក្រង​ដោយ​រតនៈ) ១ កុត្តកៈ (កម្រាល​ដែល​ធ្វើ​ដោយរោម​សត្វ​ ល្មមពួក​ស្រី​របាំ​១០ នាក់​ ឈរ​រាំ​បាន​)​១ ហត្ថត្ថរៈ (​កម្រាល​សម្រាប់​ក្រាលលើ​ខ្នង​ដំរី) ១ អស្សត្ថរៈ (កម្រាល​សម្រាប់​ក្រាល​លើ​ខ្នងសេះ ១ រថ​ត្ថរៈ(កម្រាល​សម្រាប់​ក្រាល​លើ​រថ )​១ អជិន​ប្បវេណិ (​កម្រាល​ដែល​គេ​ធ្វើដោយ​ស្បែក​ខ្លា​​ឃ្មុំ ) ១ កាទ​លិមិគប្បវរប្បច្ចត្ថ​រណៈ (កម្រាល​ដ៏​ឧត្តម ដែល​ធ្វើ​ដោយ​ស្បែក​​សត្វ​ឈ្មុស)​១ ​​សឧត្តរច្ចទៈ (ទី​ដេក​ ដែល​មានពិតាន​​ក្រហម)​១ ឧ​ភតោ​លោហិត​កុប​ធានៈ (ខ្នើយ​មាន​ពណ៌ក្រហមទាំង​ពីរ​ខាង )​១  ព្រះ​គោតម​ទ្រង់​បាន​តាម​សេចក្ដីប្រាថ្នា ទ្រង់បាន​ដោយងាយ ទ្រង់​បាន​ដោយ​មិន​លំបាក នូវ​ឧ​ច្ចាសយនៈ និង​មហាសយនៈ មាន​សភាព​យ៉ាង​នេះ​ ដោយ​ពិត។  ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ ឧច្ចាសយនៈ​ និង​មហា​សយនៈ​ទាំង​នោះ​គឺ អាសន្ទិ ១… ឧភតោ​លោហិត​កុបធានៈ ១ ពួក​បព្វ​ជិត​បាន​ដោយ​លំ​បាក ប្រសិន​បើ​បព្វ​ជិត​បាន​ហើយ ក៏​មិន​គួរ​ប្រើ​ប្រាស់​បាន​ទេ។  ម្នាលព្រហ្មណ៍ ឥឡូវ​នេះ ​តថាគត​ជាអ្នក​បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំ​បាក នូវ​ឧច្ចាស​យនៈ និង​មហាស​យនៈ ៣ យ៉ាងនេះ​ឯង។  ឧច្ចាស​យនៈ​ និង​មហាសយនៈ ៣​យ៉ាង តើ​ដូច​ម្ដេច។  គឺឧច្ចាសយនៈ​ និង​មហាសយនៈ​ជា​ទិព្វ ១ ឧច្ចាសយនៈ​​ និង​មហាសយនៈ​ ជា​របស់ព្រហ្ម​១ ឧច្ចាសយនៈ​ និង​មហា​សយនៈ​ ជារបស់​អរិយៈ​១។  ម្នាលព្រាហ្មណ៍ ឥឡូវ​នេះ​ តថាគត​ បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក​ នូវ​ឧច្ចាសយ​នៈ​ និង​មហាសយនៈ ៣ យ៉ាង​នេះ​ឯង។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ឥឡូវ​ព្រះ​គោតម​ដ៏​ចំរើន ​បាន​តាម​សេចក្ដី​ប្រាថ្នា ​បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក ​នូវ​ឧច្ចាសយនៈ ​និង​មហា​សយនៈ​ជាទិព្វនោះ តើ​ដូច​ម្ដេច​។  ម្នាល​ព្រាហ្មណ៍ ក្នុង​ទី​ឯណោះ តថាគត បាន​ចូល​ទៅ​អាស្រ័យ ​នូវ​ស្រុក ​ឬ​និគម ​ក្នុង​បុព្វណ្ហ​សម័យ​ តថាគត​ស្លៀកស្បង់ ​ប្រដាប់​បាត្រ ​និង​ចីវ​រ ចូល​ទៅកាន់​ស្រុក​ និង​និគម​នោះ​ឯង ដើម្បី​បិណ្ឌបាត្រ កាល​តថាគត ​ត្រឡប់​ពី​បិណ្ឌបាត្រ​ក្នុងបច្ឆាភត្ត ក៏​ចូល​ទៅ​កាន់​ព្រៃ តថា​គត​ឯង ក៏​ប្រ​មូល​យក​ស្មៅ ​ឬស្លឹក​ឈើ​ទាំង​នោះ ដែល​មាន​ក្នុង​ព្រៃនោះ​ ឲ្យ​នៅ​តែ​មួយ​កន្លែង ​ហើយអង្គុយ​ពែន​ភ្នែន ​ដំកល់​កាយ​ឲ្យ​ត្រង់​ តាំងសតិ​ ឆ្ពោះ​ទៅ​កាន់​កម្មដ្ឋាន តថាគត​នោះ ​ស្ងាត់​ចាកកាម​ទាំង​ឡាយ ស្ងាត់ចាកអកុសល​ធម៌​ទាំង​ឡាយ ក៏​ចូល​កាន់​បឋមជ្ឈាន ប្រកប​ដោយ​វិតក្កៈ និង​វិចារៈ មាន​បិតិ ​និង​សុខ ​ដែល​កើត​អំពី​សេចក្ដី​ស្ងប់ស្ងាត់ សម្រេច​សម្រាន្ត​នៅ ព្រោះ​រម្ងាប់​នូវ​វិតក្កៈ​ វិចារ ក៏​ចូល​កាន់​ទុតិយជ្ឈាន ជា​ធម្ម​ជាត​កើតមាន​ ក្នុង​សន្ដាន​នៃ​ខ្លួន ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា ​គឺ​សទ្ធា មាន​សភាព​ជាចិត្ត​ខ្ពស់​ឯក មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ មាន​តែ​បី​តិ​ និងសុខ​ ដែល​កើត​អំពី​សមាធិ គឺ​បឋម​ជ្ឈាន​ ក៏​សម្រេច​សម្រាន្ត​នៅ ព្រោះនឿយ​ណាយ​ ចាកបី​តិ​ផង ជាអ្នក​ប្រកប​ដោយ​ឧបេក្ខា​ផង មាន​សតិ និង​សម្បជញ្ញៈផង ទទួល​នូវ​សុខ ​ដោយ​នាម​កាយ​ផង ព្រះ​អរិយៈទាំងឡាយ តែង​សរសើរ​ នូវ​បុគ្គល ​ដែល​បាន​នូវ​តតិយ​ជ្ឈាន​នោះថា ប្រកបដោយ​ឧបេ​ក្ខា មាន​ស្មារតី មាន​ធម៌​ជាគ្រឿង​នៅ​ជា​សុខ ​ដូច្នេះ ព្រោះ​បានដល់​ នូវ​តតិយ​ជ្ឈាន​នោះ​ ទើប​សម្រេច​សម្រាន្ត​នៅ ព្រោះ​លះ​បង់​ នូវ​សុខផង លះ​បង់​នូវ​ទុក្ខ​ផង ព្រោះ​អស់​ទៅ ​នៃ​សោមនស្ស​ និង​ទោម​នស្ស ក្នុង​កាល​មុន​ផង ចូល​កាន់​ចតុ​ត្ថ​ជ្ឈាន ជា​ធម្ម​ជាត ​មាន​អារម្មណ៍​មិន​មែន​ជា​ទុក្ខ ​មិន​មែន​ជាសុខ ​មាន​សតិ​ដ៏​បរិសុទ្ធ​ ដោយ​ឧ​បេក្ខា ក៏​សម្រេច​សម្រាន្ត​នៅ។ ម្នាល​ព្រាហ្មណ៍ បើ​តថាគត​នោះ ​ចង្រ្កម​មាន​សភាព​យ៉ាង​នេះ ទី​ចង្រ្កម​ជាទិព្វ​នោះ រមែង​មាន​ដល់​តថាគត​ ក្នុង​សម័យ​នោះ ម្នាល​ព្រាហ្មណ៍​ បើតថាគត​នោះ ​ឈរ មាន​​សភាព​យ៉ាង​នេះ ​ទី​ឈរជាទិព្វ​នោះ ​រមែង​មាន​ដល់តថាគត​ ក្នុង​សម័យ​នោះ​ ម្នាល​ព្រាហ្មណ៍ បើ​តថាគត​នោះ​ អង្គុយមានសភាព​យ៉ាង​នេះ ទី​អង្គុយ​ជាទិព្វ​នោះ រមែង​មាន​ដល់​តថាគត​ ក្នុង​សម័យនោះ​ ម្នាល​ព្រាហ្មណ៍ បើ​តថាគត​នោះ ​សម្រេច​នូវ​សំ​ណឹង មាន​សភាពយ៉ាងនេះ សំណឹង​ដ៏​ខ្ពស់ ​និង​អង្គុយ ​ដ៏​ប្រសើរ​ជាទិព្វ​នោះ រមែង​មាន​ដល់តថាគត ​ក្នុង​សម័យ​នោះ​។  ម្នាល​ព្រាហ្មណ៍  ឥឡូវ​តថាគត​ ជាអ្នក​បានតាម​សេចក្ដី​ប្រាថ្នា ជាអ្នក​បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក ​នូវ​សំណឹង​ដ៏​ខ្ពស់​ និង​ទីអង្គុយ​ដ៏​ប្រសើរ ជាទិព្វ​នោះ​ឯង។  បពិត្រ​ព្រះគោតម​ដ៏​ចំរើន​ អស្ចារ្យ​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ចំឡែក​ណាស់ មានបុគ្គល​ណា​ដទៃ អាច​នឹង​បាន​​តាម​សេច​ក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក នូវ​ទី​ដេក​ដ៏​ខ្ពស់​និង​ទី​អង្គុយ​ដ៏​ប្រសើរ ជា​ទិព្វ មានសភាពយ៉ាង​នេះ​បាន​ឡើយ លើក​លែង​តែ​ព្រះ​គោតម​ដ៏​ចំរើន​ចេញ។ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ឥឡូវ​ព្រះគោតម​ដ៏​ចំរើន ​ទ្រង់​បាន​តាម​សេចក្ដីប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក​ នូវ​ទី​ដេក​ដ៏​ខ្ពស់​ និង​ទី​អង្គុយដ៏​ប្រសើរ ជា​របស់​ព្រហ្មនោះ តើ​ដូច​ម្ដេច។  ម្នាល​ព្រាហ្មណ៍ ក្នុង​ទី​ឯណោះ តថាគត ​ចូល​ទៅ​អាស្រ័យ​ស្រុក ​ឬ​និគម​ណា តថាគតស្លៀក​ស្បង់​ ប្រដាប់​ដោយ​បាត្រ​ និង​ចីវរ ក្នុង​បុព្វ​ណ្ហ​សម័យ ហើយចូល​ទៅ​កាន់​ស្រុក​ និង​និគម​នោះ​ឯង ដើម្បី​បិណ្ឌ​បាត កាល​តថាគត​នោះ ត្រឡប់​ពី​បិណ្ឌ​បាត ក្នុង​បច្ឆាភត្ត​ហើយ​ចូល​ទៅ​ក្នុង​ដង​ព្រៃ តថាគត​នោះ បានប្រមូល​នូវ​ស្មៅ​ ឬ​ស្លឹក​ឈើ​ទាំង​នោះ ដែល​មាន​ក្នុង​ដង​ព្រៃនោះ ឲ្យដំកល់​នៅ​មួយ​កន្លែង ហើយ​អង្គុយ​ពែន​ភ្នែន ​ដំកល់​កាយ​ឲ្យ​ត្រង់​ ប្រុង​សតិ ឲ្យមាន​មុខ​ឆ្ពោះ​ទៅ​កាន់​កម្មដ្ឋាន តថាគត​នោះ​ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ទៅកាន់​ទិស​ទី១ ទិស​ទី២ ទិស​ទី​៣ និង​ទិស​ទី៤  ក៏​ដូច​គ្នា​ផ្សាយទៅ​កាន់​ទិស​ខាង​លើ ទិស​ខាង​ក្រោម ទិស​ទទឹង ​គឺ​ទិស​តូច​ៗ មានចិត្ត​ប្រកប​ដោយ​មេត្តា ជាចិត្ត​ទូលាយ ​ដល់​នូវ​សភាវៈ​ធំ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំង​អស់ ដោយ​អាការ​ទាំង​ពួង ក្នុង​ទី​ទាំងពួង មាន​ចិត្ត​ប្រកប​ដោយ​ករុណា… មាន​ចិត្ត​ប្រកប​ដោយ​មុទិតា… មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ផ្សាយ​ទៅ​កាន់ទិស​ទី១ ទិស​ទី២ ទិស​ទី​៣ និង​ទិស​ទី៤ ក៏​ដូច​គ្នា ផ្សាយ​ទៅ​កាន់​ទិសខាង​លើ ទិសខាងក្រោម ទិស​ទទឹង ​គឺ​ទិស​តូចៗ មាន​ចិត្ត​ប្រកប​ដោយឧបេក្ខា ជាចិត្ត​ទូលាយ ដល់​នូវ​សភាវៈ​ធំ​ មិន​មាន​ប្រមាណ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំង​អស់​ ដោយ​អាការ​ទាំង​ពួង ក្នុង​ទី​ទាំង​ពួង។  ម្នាល​ព្រាហ្មណ៍ បើ​តថា​គត​នោះ ​ចង្រ្កម​យ៉ាង​នេះ ជាទី​ចង្រ្កម​ដ៏​ប្រសើរ រមែង​មាន​ដល់​តថាគត ក្នុង​សម័យ​នោះ ម្នាលព្រាហ្មណ៍ បើតថាគត​នោះ ​ឈរ​យ៉ាង​នេះ… អង្គុយ… សម្រេច​នូវ​សំណឹង សំណឹង​ដ៏​ខ្ពស់​ និង​ទី​អង្គុយ​ដ៏​ប្រសើរ​ ជា​របស់​ព្រហ្មនោះ រមែង​មានដល់​តថាគត ​ក្នុង​សម័យ​នោះ។  ម្នាល​ព្រាហ្មណ៍ តថាគត​ ជា​អ្នក​បានតាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ ​បាន​ដោយ​មិន​លំ​បាក នូវ​សំណឹងដ៏​ខ្ពស់​ និង​អង្គុយ​ទី​ដ៏​ប្រសើរ ជារបស់​ព្រហ្មនេះ​ឯង។  បពិត្រ​ព្រះ​គោតមដ៏​ចំរើន អស្ចារ្យ​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ចំឡែក​ណាស់ តើ​មាន​បុគ្គល​ដទៃ​ឯណា ​នឹង​បាន​តាម​សេចក្ដី​ប្រាថ្នា ​បាន​ដោយ​ងាយ​ បានដោយ​មិន​លំបាក នូវ​សំណឹងដ៏​ខ្ពស់​ និង​ទីអង្គុយ​ដ៏​ប្រសើរ ជារបស់ព្រហ្ម មាន​សភាព​យ៉ាងនេះ លើកលែង​តែ​ព្រះ​គោតម​ដ៏​ចំរើនចេញ។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ឥឡូវ ព្រះ​គោតម​ដ៏​ចំរើន បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក នូវ​សំណឹងដ៏​ខ្ពស់​ និងទី​អង្គុយ​ដ៏​ប្រសើរ ជា​របស់​អរិយៈ​ដូច​ម្ដេច។ ម្នាល​ព្រាហ្មណ៍ ក្នុង​ទី​ឯណោះ តថាគត​នោះ ចូល​ទៅ​អាស្រ័យ ​នូវ​ស្រុក ​ឬនិគម​ណា តថាគត​នោះ ​ស្លៀក​ស្បង់ ​ប្រដាប់​ដោយ​បាត្រ ​និង​ចីវរ ​ក្នុង​បុព្វណ្ហ​សម័យ ​ចូល​ទៅ​កាន់​ស្រុក ​ឬនិគម​នោះ​ឯង ដើម្បី​បិណ្ឌ​បាត កាល​តថា​គត​នោះ ​ត្រឡប់ពី​បិណ្ឌ​បាត ​ក្នុង​បច្ឆា​ភត្ត ចូល​ទៅ​កាន់​ដង​ព្រៃ តថាគត​នោះ ប្រមូលនូវស្មៅ ​ឬស្លឹក​ឈើ​ទាំង​នោះ ​ក្នុង​ដងព្រៃ​នោះ ​ឲ្យ​តាំង​នៅ​ក្នុង​ទី១ ហើយ​អង្គុយពែន​ភ្នែន ដំកល់កាយ​ឲ្យ​ត្រង់​ ប្រុង​ស្មារតី ​ឆ្ពោះ​ទៅ​កាន់​កម្មដ្ឋាន តថា​គតនោះ ​ដឹង​យ៉ាង​នេះ​ថា រាគៈ​តថាគត បាន​លះបង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫសគល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅ​សល់​តែ​ទី​នៅ ដូច​ជា​ទី​នៅ​ នៃ​ដើម​ត្នោត ជា​សភាវៈ​ ដល់​នូវ​ការ​សាប​សូន្យ មាន​សភាព​មិន​កើត​ឡើង​តទៅ​ឡើយ ទោសៈ​តថាគត បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅ​សល់​តែ​ទី​នៅ ដូច​ជាទី​នៅ​ នៃ​ដើម​ត្នោត ជាសភាវៈ ដល់​នូវការ​សាប​សូន្យ​ មាន​សភាព​មិន​កើត​ឡើង​តទៅ មោហៈ ​តថាគត ​បាន​លះ​បង់​ហើយ បាន​ផ្ដាច់​ផ្ដិល​ឫស​គល់​អស់​ហើយ បាន​ធ្វើ​ឲ្យ​នៅ​សល់​តែ​ទី​នៅ ដូច​ជា​ទី​នៅ​ នៃ​ដើម​ត្នោត ជា​សភាវៈ ដល់​នូវ​ការ​សាប​សូន្យ មាន​សភាពមិន​កើត​ឡើង​តទៅ​ឡើយ។  ម្នាល​ព្រាហ្មណ៍ បើ​តថាគត​នោះ​ ចង្រ្កមមាន​សភាព​យ៉ាង​នេះ ទី​ចង្រ្កម​ជា​របស់អរិយៈនុ៎ះ រមែង​មាន​ដល់​តថាគត ក្នុង​សម័យ​នោះ​ ម្នាល​ព្រាហ្មណ៍ បើតថាគត​នោះ​ឈរ មាន​សភាព​យ៉ាងនេះ… អង្គុយ… សម្រេច​នូវ​សំណឹង សំណឹង​ដ៏​ខ្ពស់ ​និង​ទីអង្គុយ​ដ៏​ប្រសើរ ជារបស់​អរិយៈ​នុ៎ះ រមែង​មានដល់​តថាគត​ក្នុង​​សម័យ​នោះ។ ម្នាល​ព្រាហ្មណ៍ តថាគត ​ជាអ្នក​បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​​ងាយ បាន​ដោយ​មិន​លំបាក នូវ​សំណឹង​ដ៏​ខ្ពស់ និង​ទី​អង្គុយ​ដ៏ប្រសើរ​ជារបស់​អរិយៈ​នេះ​ឯង។  បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ អស្ចារ្យ​ណាស់ បពិត្រ​ព្រះគោតម​​ដ៏​ចំរើន ចំឡែក​ណាស់ តើមាន​បុគ្គល​ដទៃ​ឯណា នឹង​បាន​តាម​សេចក្ដី​ប្រាថ្នា បាន​ដោយ​ងាយ បាន​ដោយ​មិន​លំបាក ​នូវ​សំណឹង​ដ៏​ខ្ពស់ ​និង​ទី​អង្គុយ​ដ៏​ប្រសើរ ជា​របស់​អរិយៈ មាន​សភាព​យ៉ាងនេះ លើក​លែង​តែ​ព្រះ​គោតម​ដ៏​ចំរើន​ចេញ។  បពិត្រ​ព្រះ​គោតម​ដ៏ចំរើន ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ច្បាស់​ពេក​ណាស់ បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន ដូច​ជា​បុគ្គល​ផ្ងារ​របស់​ ដែល​គេ​ផ្កាប់ ឬ​បើករបស់​ ដែល​គេ​បិទ​បាំង ពុំ​នោះ​ ក៏​ដូច​គេ​ប្រាប់​ផ្លូវ ដល់​បុគ្គល​អ្នក​វង្វេងទិស ពុំ​នោះ​សោត ​ដូច​គេ​ទ្រោល​បំភ្លឺ​ប្រទីប​ប្រេង ​ក្នុង​ទីងងឹត​ ឲ្យ​បុគ្គល​អ្នកមាន​ចក្ខុ​ឃើញ​នូវ​រូប​ទាំង​ឡាយ​បាន​ យ៉ាង​ណាមិញ ធម៌​ដែល​ព្រះ​គោតមដ៏​ចំរើន​ សំដែង​ដោយ​អនេក​បរិយាយ​ ក៏​យ៉ាង​នោះ​ដែរ។  យើង​ខ្ញុំ​ព្រះ​អង្គ​នេះ សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​ចំរើន​ផង ព្រះ​ធម៌​ផង ព្រះ​ភិក្ខុសង្ឃផង ជាទី​ពឹង សូម​ព្រះ​គោតម​ដ៏​ចំរើន ទ្រង់​ចាំទុក​នូវ​យើងខ្ញុំ​ព្រះ​អង្គ ​ថាជា​ឧបាសក​ ដល់នូវ​សរណៈ​ ស្មើ​ដោយ​ជីវិត តាំង​អំពី​ថ្ងៃ​នេះ​ ជាដើម​ទៅ។

សរភសូត្រទី៤

[៦៦] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ គង់​លើ​ភ្នំ​គិជ្ឈកូដ ជិតក្រុងរាជ​គ្រឹះ។  សម័យ​នោះឯង សរភបរិព្វា​ជក (​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា) ទើប​តែនឹង (សឹក) ចាក​ធម្ម​វិន័យ​នេះ បរិ​ព្វា​ជក​នោះ ដ៏​ពោល​ពាក្យ​យ៉ាង​នេះ ក្នុង​បរិសទ្យ​ ក្នុង​រាជ​គ្រឹះ​ថា ធម៌​របស់​ពួក​សម​ណ​សក្យ​បុត្តិយ៍​ អញបាន​ដឹង​ច្បាស់​ហើយ លុះ​អាត្មា​អញ បាន​ដឹង​ច្បាស់ ​នូវ​ធម៌​របស់​ពួកសមណ​សក្យ​បុត្តិយ៍​ហើយ ទើបអាត្មា​អញ សឹក​ចាក​ធម្ម​វិន័យ​នោះ ​យ៉ាងនេះ។  លំដាប់​នោះឯង ភិក្ខុ​ច្រើន​រូប ​ស្លៀក​ស្បង់​ប្រដាប់​បាត្រ ​និង​ចីវរ ក្នុង​បុព្វណ្ហ​សម័យ​ ចូល​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ ដើម្បី​បិណ្ឌបាត។  ភិក្ខុ​ទាំងនោះ បាន​ស្ដាប់​នូវ​វាចា ​ដែល​សរ​ភបរិព្វា​ជក ពោល​ក្នុង​បរិសទ្យ​ ក្នុង​ក្រុង​រាជ​គ្រឹះ ​យ៉ាង​នេះ​ថា ធម៌​របស់​ពួក​សមណ​សក្យ​បុត្តិយ៍ ​អញ​បាន​ដឹង​ច្បាស់ហើយ លុះ​អាត្មា​អញ​ ដឹង​ច្បាស់​នូវ​ធម៌ ​របស់​សមណ​សក្យ​បុត្តិយ៍​ហើយ ទើប​អាត្មា​អញ ​សឹក​ចាក​ធម្ម​វិន័យ​នេះ​។  លំ​ដាប់​នោះ​ឯង ភិក្ខុ​ទាំង​នោះ ត្រេច​ទៅ​បិណ្ឌ​បាត ក្នុ​ងក្រុង​រាជ​គ្រឹះ កាល​ត្រឡប់​ពី​បិណ្ឌ​បាត​ ក្នុង​បច្ឆា​ភត្ត ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ លុះ​ចូល​ទៅ​ដល់​ហើយ បាន​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។  លុះ​ភិក្ខុ​ទាំង​នោះ អង្គុយក្នុង​ទី​សម​គួរ​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សរ​ភបរិព្វា​ជក ទើប​នឹង​សឹក​ចាក​ធម្ម​វិន័យនេះ គាត់​ក៏​ពោល​នូវ​ពាក្យ ក្នុង​បរិសទ្យ ក្នុង​ក្រុង​រាជ​គ្រឹះ យ៉ាង​នេះ​ថា ធម៌​របស់​ពួក​សមណសក្យ​បុត្តិយ៍ ​អញ​បាន​ដឹង​ច្បាស់​ហើយ លុះ​អាត្មា​អញ បាន​ដឹង​ច្បាស់​ ធម៌​របស់​ពួក​សមណសក្យ​បុត្តិយ៍​ហើយ ទើប​អាត្មាអញ សឹកចាក​ធម្ម​វិន័យ​នោះ ​យ៉ាង​នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មានព្រះ​ភាគ ​ចូល​ទៅ​ជួប​នឹង​សរភបរិព្វា​ជក ក្នុង​បរិព្វា​ជការាម ក្បែរ​ឆ្នេរស្ទឹង​ឈ្មោះ ​សប្បិនី ដោយ​សេចក្ដី​អនុ​គ្រោះ។  ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ទទួល​ដោយ​តុណ្ហីភាព។  លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់ចេញ​ចាក​ទី​សម្ងំ ក្នុង​សាយណ្ហ​សម័យ ហើយ​ចូល​ទៅ​ជួប​នឹង​សរភបរិព្វា​ជក ក្នុង​បរិព្វា​ជការាម ក្បែរ​ឆ្នេរ​ស្ទឹង​ឈ្មោះ​សប្បិនី លុះ​ចូលទៅ​ដល់​ហើយ ទ្រង់​គង់​លើ​អាសនៈ​ ដែល​គេ​ក្រាល​ថ្វាយ។  លុះ​ព្រះ​ដ៏មាន​ព្រះ​ភាគ​ គង់​ហើយ បាន​ត្រាស់​ទៅ​នឹង​សរភបរិព្វា​ជក ​ដូច្នេះ​ថា ម្នាលសរភៈ ឮថា អ្នក​និយាយ​យ៉ាង​នេះថា ធម៌​របស់​ពួក​សមណសក្យ​បុត្តិយ៍ អាត្មា​អញ ​បាន​ដឹង​ច្បាស់​ហើយ លុះ​អាត្មា​អញ​ បាន​ដឹង​ច្បាស់​ធម៌ របស់​ពួក​សមណ​សក្យ​បុត្តិយ៍​ហើយ ទើប​អាត្មា​អញ ​សឹកចាក​ធម្មវិន័យ​នោះ ​យ៉ាង​នេះ ពិត​មែន​ឬ។  កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​យ៉ាង​នេះ​ហើយ  សរភបរិព្វា​ជក ​ក៏​នៅ​ស្ងៀម។  ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ទៅ​នឹង​សរភបរិព្វា​ជក ​អស់​វារ ២ ដង​ថា ម្នាល​សរភៈ ​អ្នកចូរ​និយាយ​ទៅ​មើល​ថា ​ដូចម្ដេច ​ធម៌​របស់​ពួក​សមណសក្យ​បុត្តិយ៍​ អ្នក​បាន​ដឹង​ហើយ ប្រសិន​បើមិន​ទាន់គ្រប់​គ្រាន់​ដល់​អ្នក​ទេ តថាគត​នឹ​ងបំ​ពេញ​ឲ្យ តែ​បើ​គ្រប់​គ្រាន់​ដល់​អ្នកហើយ​ តថាគត​នឹង​អនុ​មោទនា។  សរភបរិព្វា​ជក​ក៏​ស្ងៀម ​អស់​វារៈ ២ ដង​។ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ទៅ​នឹង​សរភ​បរិព្វា​ជក​អស់​វារៈ​៣ ដងទៀតថា ម្នាល​សរភៈ​ ធម៌​របស់​ពួកសមណសក្យ​បុត្តិយ៍ មា​នតែ​តថា​គត​ ទើប​ឲ្យប្រាកដ​បាន​ថា ម្នាល​សរភៈ អ្នក​ចូរ​និយាយ​ទៅ​មើល​ ថា​ដូច​ម្ដេច ធម៌​របស់ពួក​សមណសក្យ​បុត្តិយ៍ ​ដែល​អ្នក​បាន​ដឹង​ហើយ ប្រសិន​បើ​មិន​ទាន់​គ្រប់គ្រាន់​ដល់​អ្នក​ទេ តថាគត​ នឹង​បំពេញ​ឲ្យ តែ​បើ​គ្រប់​គ្រាន់​ដល់​អ្នក​ហើយ តថាគត​នឹង​អនុ​មោទនា។  សរភបរិព្វា​ជក​ ក៏​ស្ងៀម​អស់​វារៈ​៣​ដង។ លំដាប់​នោះ បរិព្វា​ជក​ទាំង​នោះ បាន​និយាយ​ទៅ​នឹ​ងសរភបរិព្វា​ជក ​ដូច្នេះថា ម្នាល​អាវុសោ​សរភៈ អ្នក​គប្បី​សូម​នូវ​វត្ថុ​ណា​ ចំពោះ​ព្រះ​សមណ​គោតម ឯព្រះ​សមណគោតម​ទ្រង់​បវារ​ណា​វត្ថុ​នោះ​ឯង​ដល់​អ្នក ម្នាល​អាវុសោ​សរភៈ អ្នក​ចូរ​និយាយ​ទៅ​មើល​ថា ដូច​ម្ដេច​ ធម៌​របស់​ពួក​សម​ណសក្យ​បុត្តិយ៍ ​អ្នកបាន​ដឹង​ហើយ​ ប្រសិន​បើ​មិន​ទាន់​គ្រប់​គ្រាន់​ដល់​អ្នក​ទេ ព្រះ​សមណ​គោតម នឹង​បំពេញ​ឲ្យ​ តែ​បើ​គ្រប់​គ្រាន់​ដល់​អ្នក​ហើយ ព្រះ​សមណ​គោតម នឹង​ទទួល​អនុ​មោទនា។  កាល​បរិព្វា​ជក​ទាំងនោះ​និយាយយ៉ាង​នេះ​ហើយ សរភបរិព្វា​ជក​ ក៏​នៅ​ស្ងៀម មាន​មុខ​សំយុង​ចុះ​ មាន​កឱនចុះ មាន​មុខជ្រប់​ចុះ ស្រពោន​មុខ រក​និយាយ​តបត មកវិញ​មិន​រួច​ឡើយ​ ក៏​អង្គុយ​ទៅ។ លំដាប់​នោះ ព្រះ​ដ៏​មាន​ព្រះភាគ​ ទ្រង់​ជ្រាបថា សរភ​បរិព្វា​ជក ​នៅ​ស្ងៀម មាន​មុខ​សំយុង​ចុះ មាន​កឱនចុះ ​មាន​មុខ​ជ្រប់​ចុះ ស្រពោន មិន​និយាយ​តបហើយ ក៏​ទ្រង់​ត្រាស់​ទៅនឹង​បរិព្វា​ជក​ទាំង​នោះ ​ដូច្នេះ​ថា ម្នាល​បរិព្វា​ជកទាំង​ឡាយ បុគ្គល​ណា ពោល​ចំពោះ​តថាគត ​យ៉ាង​នេះ​ថា ធម៌​ទាំង​នេះ ដែល​ព្រះ​អង្គ​ជាសម្មា​សម្ពុទ្ធ គ្រាន់​តែ​ប្ដេជ្ញា មិន​ទាន់​បាន​ត្រាស់​ដឹង​ទេ តថាគត​ គប្បីសាក​សួរ ដេញ​ដោល ឈ្លេចឈ្លី​មែន​ទែន​ ចំពោះ​បុគ្គល​នោះ ក្នុង​ពាក្យ​ដែល​តថាគត បាន​សំដែង​ហើយ​នោះ បុគ្គល​នោះ​ឯង កាលបើ​ត្រូវ​តថាគត សាក​សួរ ដេញ​ដោល ឈ្លេចឈ្លី​មែន​ទែន​ ក៏​ឥត​មានហេតុ ឥត​មាន​ឱកាល​ គួរ​នឹង​ឲ្យ​បុគ្គល​នោះ ​មិន​ដល់​នូវ​ឋានៈ ៣ ឋានៈណាមួយ​ គឺ​​បំបិទ​ពាក្យ​ដទៃ ដោយ​ពាក្យ​ដទៃ ឬ​នាំ​ពាក្យ​ពីខាង​ក្រៅ​ចេញ​១ បញ្ចេញ​នូវ​សេចក្ដី​ក្រោធ​ផង នូវ​ទោសៈផង នូវ​អាការ​មិន​ត្រេក​អរ​ផង ១ មាន​សភាព​ស្ងៀម​​ មាន​មុខ​សំយុង​ចុះ មាន​កឱន​ចុះ​ មាន​មុខ​ជ្រប់​ចុះ ស្រពោន រក​និយាយ​តប​ត ​មក​វិញ​មិន​រួច នឹង​អង្គុយ​នៅ​១ ដូច​ជា​សរភបរិព្វា​ជក។  ម្នាល​បរិព្វា​ជក​ទាំង​ឡាយ បុគ្គលណា ​គប្បី​ពោល​ ចំពោះ​តថាគត យ៉ាង​នេះ​ថា អាសវៈ​ទាំង​នេះ​ ដែល​ព្រះអង្គ​ ជាខី​ណា​សវៈ​ គ្រាន់​តែ​ប្ដេជ្ញា មិន​ទាន់​បាន​អស់​រលីង​ទេ តថាគត ​គប្បីសាកសួរ ដេញ​ដោល​ ឈ្លេច​ឈ្លី​មែន​ទែន ចំពោះ​បុគ្គល​នោះ ​ក្នុង​ពាក្យដែល​តថាគត​ សំដែង​ហើយ​នោះ​ បុគ្គល​នោះឯង កាល​បើ​ត្រូវ​តថាគត​សាកសួរ ដេញ​ដោល ឈ្លេចឈ្លី​មែន​ទែន ​ក៏​ឥត​មាន​ហេតុ ​ឥត​មាន​ឱកាស គួរ​នឹងឲ្យ​បុគ្គល​នោះ ​មិន​ដល់​នូវ​ឋានៈ​ ៣ ​ឋានៈណាមួយ គឺ​បំបិទ​ពាក្យ​ដទៃ​ដោយពាក្យ​ដទៃ ឬ​នាំ​ពាក្យ​ខាង​ក្រៅ​ចេញ ១ បញ្ចេញ​នូវ​សេចក្ដី​ក្រោធ​ផង នូវទោសៈ​ផង នូវ​អាការ​មិន​ត្រេក​អរ​ផង ១ មាន​សភាព​ស្ងៀម ​មាន​មុខ​សំយុងចុះ មាន​កឱន​ចុះ មាន​មុខ​ជ្រប់ចុះ ស្រពោន រក​និយាយ​តប​ត មក​វិញ​មិន​រួច និង​អង្គុយ​នៅ​១ ដូច​ជា​សរភបរិព្វា​ជក​។  ម្នាល​បរិព្វា​ជក​ទាំងឡាយ បុគ្គលណា​ គប្បី​ពោល ​ចំពោះ​តថាគត ​យ៉ាង​នេះ​ថា ធម៌​ គឺ​សច្ចៈ ៤ ដែល​ព្រះ​អង្គសំដែង​ហើយ ដើម្បី​ប្រ​យោជន៍​ដល់​មគ្គ​ និង​ផល​ណា ​ធម៌​នោះ ​មិន​ប្រព្រឹត្តទៅ ដើម្បី​ឲ្យ​អស់​ទៅ​នៃ​ទុក្ខ​ ដោយ​ប្រពៃ ដល់​បុគ្គល​អ្នក​ធ្វើ ដើម្បី​មគ្គ​ផល​នោះ​ទេ តថាគត​ គប្បី​សាក​សួរ ដេញ​ដោល ឈ្លេច​​ឈ្លី​មែន​ទែន​ ចំ​ពោះ​បុគ្គល​នោះ ក្នុង​ធម៌​ដែល​តថាគត​សំដែងហើយ បុគ្គល​នោះ​ឯង កាល​បើ​ត្រូវ​តថាគតសាក​សួរ​ ដេញ​ដោល ឈ្លេច​ឈ្លី​មែន​ទែន ក៏​ឥត​មាន​ហេតុ ឥតមាន​ឱកាស គួរ​នឹង​ឲ្យ​បុគ្គល​នោះ មិន​ដល់​នូវ​ឋានៈ ៣ ឋានៈណា​មួយ គឺ​បំបិទ​ពាក្យដទៃ​ ដោយ​ពាក្យ​ដទៃ​ ឬ​នាំ​ពាក្យ​ខាង​ក្រៅ​ចេញ​១​ បញ្ចេញ​នូវ​សេចក្ដី​ក្រោធផង នូវ​ទោសៈ​ផង នូវ​អាការ​មិន​ត្រេក​អរ​ផង​១​មាន​សភាព​ស្ងៀម មាន​មុខសំយុង​ចុះ មាន​កឱន​ចុះ មាន​មុខ​ជ្រប់​ចុះ ស្រពោន រក​និយាយ​តប​ត មកវិញ​មិន​រួច​ និង​អង្គុយ​នៅ ១ ដូច​ជា​សរភ​បរិព្វា​ជក។  លំដាប់​នោះ​ ព្រះ​មានព្រះ​ភាគ ​បន្លឺ​នូវ​សីហនាទ​ អស់​វារៈ ៣​ដង ក្នុង​បរិព្វាជ​ការាម ជិត​ឆ្នេរ​ស្ទឹងសប្បិ​នី ហើយ​ហោះ​ទៅ​កាន់​វេហាស៍។  កាល​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​និមន្ត​មិន​យូរ​ប៉ុន្មាន បរិព្វា​ជក​ទាំង​នោះ ក៏​និយាយ​ចាក់​ដោត ​ទៅនឹង​សរភបរិព្វា​ជក ​ដោយ​ជន្លួញ គឺ​សំដី​ ដោយ​ជុំ​វិញ​ថា ម្នាល​អាវុសោ សរភៈ ​ប្រៀប​ដូច​ជាចចក​ចាស់​ ក្នុង​ព្រៃ​ធំ គិត​ថា អញ​នឹង​បន្លឺ​ នូវ​សីហនាទ ហើយ​ក៏​បន្លឺ​នូវ​សំឡេង​ ជា​សំឡេង​ចចក​ដដែល បន្លឺ​នូវ​សំឡេង​ ក៏​នៅ​ជាសំឡេង​ស្អាដដែល​ យ៉ាង​ណាមិញ ម្នាល​អាវុសា សរភៈ​ អ្នក​វៀរចាកព្រះ​សមណ​គោតម​ចេញ ​គិតថា អញ​នឹង​បន្លឺ​ នូវ​សី​ហ​នាទ ហើយក៏​បន្លឺដូច​ជា​សំឡេង​របស់​ចចក​ ដែល​បន្លឺ​នូវ​សំឡេង ក៏​នៅ​ជា​សំឡេង​ស្អាដដែល យ៉ាង​នោះ​ដែរ។  ម្នាល​អាវុសោ សរភៈ ប្រៀប​ដូច​ជាមាន់​​ញី ​គិត​ថា អញនឹង​រងាវ ​ឲ្យ​ដូច​ជាមាន់​ឈ្មោល ​ហើយ​ក៏​រងាវ​ជា​សំឡេង​មាន់​ញី​ដដែល​ យ៉ាងណាមិញ ម្នាល​អាវុសោ​សរភៈ អ្នក​វៀរចាក​ព្រះ​សមណ​គោតម​ចេញ គិតថា អញ​នឹង​រងាវ ​ឲ្យ​ដូច​ជាមាន់​ឈ្មោល​ ហើយ​រងាវ​ជាសំឡេង​មាន់ញីដដែល យ៉ាង​នោះ​ដែរ។  ម្នាល​អាវុសោសរ​ភៈ ប្រៀប​ដូច​គោបា សំគាល់នូវ​សំឡេង ​ដែល​ខ្លួន​គប្បីបន្លឺ​ឡើង​ដ៏​ខ្លាំង​ ក្នុង​រោង​គោ ដែល​មិន​មាន​គោបា យ៉ាង​ណាមិញ​ ម្នាល​អាវុសោសរភៈ អ្នក​វៀរ​ចាក​ព្រះ​សមណគោតមចេញ​ហើយ សំគាល់​នូវ​សំឡេង​ ដែល​ខ្លួន​គប្បី​បន្លឺ​ឡើង​ខ្លាំង ក៏​យ៉ាង​នោះដែរ។  លំដាប់​នោះ​បរិព្វា​ជក​ទាំង​នោះ ពោល​ពាក្យ​ចាក់​ដោត ​ចំពោះសរភបរិព្វា​ជក ​ដោយ​ជន្លួញ​ គឺ ពាក្យ​ដោយ​ជុំ​វិញ។ ​​​​​​​​​

កេសមុត្តិសូត្រ ទី៥ / កេសបុត្តិសូត្រ ទី៥

[៦៧] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​ស្ដេច​ទៅ​កាន់​ចារិក ក្នុងកោសល​ជនបទ​ ជាមួយ​នឹង​ភិក្ខុ​សង្ឃច្រើន​ ក៏​បាន​ទៅ​ដល់​និគម​ឈ្មោះ​ កេសបុត្រ​ របស់​ពួក​ក្សត្រិយ៍​ឈ្មោះ ​កាលាមៈ។  ពួក​កាលាមក្សត្រិយ៍ ​នៅ​ក្នុង​កេសបុត្តនិគម បាន​ឮ​ដំណឹង​ហើយ​ ប្រកាស​ប្រាប់​គ្នា​ថា​ ម្នាល​គ្នា​យើង​ដ៏​ចំរើន បានឮ​ថា ព្រះ​សមណគោតម​ជាសក្យបុត្រ ​ចេញពី​សក្យ​ត្រកូល ​បួស​ហើយ បាន​មក​ដល់​កេសបុត្តនិគម កិត្តិស័ព្ទ​សរសើរ​ព្រះ​គោតម​ដ៏​ចំរើន​នោះ​ឯង ពីរោះ​ ល្បី​ខ្ចរ​ខ្ចាយ​យ៉ាង​នេះ​ថា ព្រះ​ដ៏​មាន​ព្រះ​ភាគ ​អង្គ​នោះ​ ជា​ព្រះ​អរហន្ត ទ្រង់​ត្រាស់​ដឹង​នូវ​ធម៌​ទាំង​ពួង​ ដោយ​ព្រះ​អង្គឯង​ ទ្រង់​បរិបូណ៌​ដោយ​វិជ្ជា ​និងចរណៈ ទ្រង់​មាន​ដំណើរ​ល្អ ទ្រង់ជ្រាប​ច្បាស់​នូវ​លោក ទ្រង់​ប្រសើរ​ជាងសត្វ​លោក ទ្រង់​ទូន្មាន​នូវ​បុរស​ ដែល​គួរ​ទូន្មាន ​ជាសាស្ដា​ចារ្យ​ នៃ​ទេវតា និងមនុស្ស​ទាំង​ឡាយ ទ្រង់​ត្រាស់​ដឹង​ នូវ​ចតុរារិយសច្ច ទ្រង់​លែង​វិល​ត្រឡប់មកកាន់​ភពថ្មី​ទៀត ព្រះ​ដ៏​មាន​ព្រះ​ភាគ​ អង្គនោះ ទ្រង់​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ដោយ​បញ្ញា​ដ៏​ឧត្ដម​ ដោយ​ព្រះ​អង្គ​ឯង នូវ​លោក​នេះ​ ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក នូវ​ពពួក​សត្វ​ ព្រម​ទាំង​ពួក​សម​ណព្រាហ្មណ៍ ​និងមនុស្ស​ជាសម្មតិទេព និង​មនុស្ស​ដ៏​សេស​ ហើយ​អាច​ប្រកាស​បាន ព្រះអង្គ ទ្រង់​សំដែង​ធម៌ ពី​រោះ​បទ​ដើម ពី​រោះ​បទ​កណ្ដាល ពីរោះ​បទ​ចុង ព្រះ​អង្គ ប្រកាសនូវ​ព្រហ្មចរិយធម៌​ ព្រម​ទាំង​អត្ថ​ និង​ព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធ​ទាំងអស់ ក៏​ដំណើរ​ដែល​បាន​ឃើញ​ បាន​ជួប​នឹង​ព្រះ​អរហន្ត​ទាំង​ឡាយ មាន​សភាព​ដូច្នោះ ជាការ​ប្រពៃ​ពេក​ណាស់។  លំដាប់​នោះ ពួកកាលា​មក្សត្រិយ៍ ​នៅ​ក្នុង​កេសបុត្តនិគម បាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ ពួក​ខ្លះ ​ក៏​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ ពួក​ខ្លះ​ ក៏​ធ្វើ​សេចក្ដី​រីករាយ ជា​មួយ​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​បញ្ចប់​ពាក្យ ​ដែល​គួរ​រីក​រាយ​ និង​ពាក្យ​ដែល​គួរ​រលឹកហើយ​ ក៏អង្គុយ​ក្នុង​ទី​សមគួរ ពួក​ខ្លះ ​ប្រណម្យ​អញ្ជលី​ ចំពោះ​ព្រះ​មាន​ព្រះ​ភាគ​ អង្គុយក្នុង​ទី​សម​គួរ ពួក​ខ្លះ ​ប្រកាស​នាម ​និង​គោត្ត ​អង្គុយ​ក្នុង​ទី​សម​គួរ ពួក​ខ្លះ ​អង្គុយស្ងៀម ​ក្នុ​ងទី​សម​គួរ។  លុះ​ពួក​កាលាមក្សត្រ​ ក្នុង​កេស​បុត្តនិគម អង្គុយ​ក្នុងទីសមគួរ​ហើយ ក៏​បាន​ក្រាបបង្គំ​ទូលព្រះ​ដ៏​ព្រះ​ភាគ ​ដូច្នេះថា បពិត្រ​ព្រះអង្គដ៏​ចំរើន មាន​សមណព្រាហ្មណ៍​មួយ​ពួក​ មក​កាន់​កេស​បុត្តនិគម សមណព្រាហ្មណ៍​ទាំង​នោះ ​សំដែង​ប្រកាស ​នូវ​វាទៈ​គឺ លទ្ធិ​របស់ខ្លួន​ឯង បៀត​បៀន មើល​ងាយ ​បង្អាប់​បង្អោន​ លើក​ទំលាក់​នូវ​វាទៈ​របស់​បុគ្គល​ដទៃ​ បពិត្រ​ព្រះ​អង្គដ៏​ចំរើន មាន​សមណ​ព្រាហ្មណ៍​ដទៃ ​មួយ​ពួក​ទៀត  មក​កាន់​កេស​បុត្ត​និគម សមណព្រាហ្មណ៍​ទាំង​នោះ ក៏​សំដែង​ប្រកាស ​នូវ​វាទៈ​របស់​ខ្លួន​ឯង បៀតបៀន​ មើល​ងាយ បង្អាប់​បង្អោន លើក​ទំលាក់​ នូវ​វាទៈ​របស់​បុគ្គល​ដទៃ​ដែរ បពិត្រ​ព្រះ​អង្គដ៏​ចំរើន យើង​ខ្ញុំ​ទាំង​នោះ ​មាន​សេចក្ដី​ងឿង​ឆ្ងល់​សង្ស័យពេកណាស់​ ចុះ​បណ្ដា​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំង​នេះ អ្នក​ណា​និយាយ​ពិត អ្នក​ណា​និយាយ​កុហក។  ម្នាល​កាលាមក្យត្រិយ៍ គួរ​អ្នក​ទាំង​ឡាយ ងឿងឆ្ងល់​ដែរ គួរ​សង្ស័យ​ដែរ ព្រោះ​ការ​ងឿង​ឆ្ងល់​ និង​ការ​សង្ស័យ​ កើត​ឡើងដល់​អ្នក​ទាំងឡាយ ​ក្នុងទី​នេះ​ហើយ។  ម្នាល​កាលាមក្សត្រិយ៍​ទាំង​ឡាយ អ្នក​ចូរ​មក​ អ្នក​កុំ​ប្រកាន់ ​ដោយ​គ្រាន់​តែ​ឮ​តាម​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថា​ដូច្នេះ កុំ​ប្រកាន់​ដោយ​អាង​ក្បួន​តម្រា កុំ​ប្រកាន់តាម​ហេតុ​ ដែ​ល​ត្រិះរិះ កុំ​ប្រកាន់​ដោយ​កាត់​ដំ​រួយ​ផ្សែផ្សំ កុំ​ប្រកាន់ដោយគ្រាន់​តែ​ត្រិះរិះ​ នូវ​អាការ កុំ​ប្រកាន់​ដោយសេចក្ដី​ពេញ​ចិត្ត​ តាម​ការ​ពិនិត្យសមនឹង​សេចក្ដី​យល់​ឃើញ កុំ​ប្រកាន់​ដោយយល់​ថា​ មាន​សភាពគួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិតថា សមណៈ (នេះ) ជាគ្រូ​របស់​យើង ម្នាល​កាលាមក្សត្រិយ៍ កាល​ណា​បើអ្នក​ទាំងឡាយ ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​នេះ ជាអកុសល ធម៌​ទាំងនេះ​ ប្រកប​ដោយ​ទោស ធម៌​ទាំង​នេះ ​អ្នក​ប្រាជ្ញ​តិះ​ដៀល ធម៌​ទាំង​នេះ ​បុគ្គល បាន​សមាទាន ​ពេញ​លេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ ម្នាល​កាលា​មក្សត្រិយ៍​ទាំង​ឡាយ ក្នុង​កាល​នោះ អ្នក​ទាំងឡាយ ​ត្រូវ​លះ​បង់​ចោល​ចេញ។  ម្នាល​កាលាម ក្សត្រិយ៍ អ្នក​សំគាល់ ​នូវ​ហេតុ​នោះ​ ដូចម្ដេច លោភៈ​ កាល​កើត​ឡើង ក៏​កើតឡើង​ក្នុង​សន្ដាន ​របស់​បុរស ដើម្បី​ជា​ប្រយោជន៍​ ឬ ដើម្បិ​មិន​ជាប្រយោជន៍ទេ។  បពិត្រព្រះ​អង្គ​ដ៏​ចំរើន ដើម្បី​មិន​ជាប្រយោជន៍​ទេ។  ម្នាលកាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ​ ជា​អ្នក​ល្មោភ ត្រូវ​សេចក្ដីលោភគ្របសង្កត់ មាន​ចិត្ត​ត្រូវ​សេចក្ដី​លោភរួបរឹត រមែង​សម្លាប់​នូវ​សត្វ​មាន​ជីវិត​ខ្លះ កាន់​យក​នូវទ្រព្យ​ ដែល​បុគ្គល​ដទៃ​មិន​បាន​ឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា​អ្នក​ដទៃ​ខ្លះ និយាយ​កុហក​ខ្លះ ដឹក​នាំ​បុគ្គល​ដទៃ​ដើម្បី​ហេតុ​នោះ​ខ្លះ ​ហេតុ​នេះ​ប្រព្រឹត្តទៅ​ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​ទុក្ខ​អស់​កាល​ដ៏​អង្វែង​ ដល់​បុគ្គល​នោះ​ឬទេ។  បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យ៉ាង​ហ្នឹង​ហើយ។  ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់​ហេតុ​នោះ ដូចម្ដេច ទោសៈ​ កាល​កើត​ឡើង ក៏​កើត​ឡើង ​ក្នុង​សន្ដាន​នៃ​បុរស ដើម្បី​ជា​ប្រយោជន៍ ​ឬ ដើម្បី​មិន​ជា​ប្រយោជន៍​ទេ។  បពិត្រព្រះ​អង្គ​ដ៏​ចំរើន ដើម្បី​មិន​ជា​ប្រយោជន៍​ទេ។  ម្នាល​កាលាមក្សត្រិយ៍ ចុះបុរស​​បុគ្គល​នេះ​ ជា​អ្នក​ប្រទូស្ត​ ត្រូវ​ទោសៈ​គ្របសង្កត់ ​មាន​ចិត្ត​ត្រូវ​ទោសៈ​រួបរឹត រមែង​សម្លាប់​នូវ​សត្វ​មានជីវិត​ខ្លះ រមែង​កាន់​យក​ទ្រព្យ ​របស់​បុគ្គល​ដទៃ ដែល​គេមិន​បានឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា​អ្នក​ដទៃ​ខ្លះ​ និយាយ​កុហក​ខ្លះ​ ដឹក​នាំបុគ្គល​ដទៃ​ដើម្បី​ហេតុ​នោះ​ខ្លះ ហេតុ​នេះ​ ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ​អស់​កាល​ជា​អង្វែង ​ដល់​បុគ្គល​នោះ​ឬទេ។  បពិត្រ​ព្រះ​អង្គដ៏​ចំរើន យ៉ាងហ្នឹង​ហើយ។  ម្នាល​កាលា​មក្សត្រិយ៍ អ្នក​សំគាល់​ហេតុ​នោះ ដូច​ម្ដេច មោហៈ កាល​កើត​ឡើង​ ក៏​កើត​ឡើង​ក្នុង​សន្ដាន ​នៃ​បុរស ដើម្បីជាប្រយោជន៍​ ឬ ដើម្បី​មិន​ជា​ប្រយោជន៍​ទេ។  បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ដើម្បីមិន​ជា​ប្រយោជន៍​ទេ។  ម្នាល​កាលាម​ក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ ជាអ្នកវង្វេង​ ត្រូវ​មោហៈ​គ្រប​សង្កត់​ មាន​ចិត្ត​ត្រូវ​មោហៈរួបរឹត រមែង​សម្លាប់​សត្វមាន​ជីវិត​ខ្លះ កាន់​យក​ទ្រព្យ ​របស់​បុគ្គល​ដទៃ​ ដែល​គេមិន​បាន​ឲ្យ​ខ្លះ គប់​រកនូវ​ភរិយា​អ្នក​ដទៃ​ខ្លះ​ និយាយ​កុហក​ខ្លះ បបួល​បុគ្គល​ដទៃ​ ដើម្បី​ហេតុ​នោះ​ខ្លះ ហេតុ​នេះ​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ​ អស់​កាលជា​អង្វែង​ ដល់​បុគ្គល​នោះ​ឬ​ទេ។  បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យ៉ាង​ហ្នឹង​ហើយ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់ហេតុ​នោះ ​ដូចម្ដេច ធម៌​នេះ​ជា​កុសល ឬ​ជា​អកុសល។  ជា​អកុសល​ ព្រះ​អង្គ។  ជា​ធម៌​ប្រកប​ដោយ​ទោស​ ឬ​មិនប្រកប​ដោយ​ទោស​ទេ។  ជា​ធម៌​ប្រកប​ដោយ​ទោស​ ព្រះ​អង្គ។  ជា​ធម៌ដែល​អ្នក​ប្រាជ្ញ​តិះ​ដៀល ឬ​អ្នក​ប្រាជ្ញ​សរសើរ។  ជា​ធម៌ ​ដែល​អ្នក​ប្រាជ្ញ​តិះដៀល ​ព្រះ​អង្គ។  ធម៌ទាំង​នេះ ​ដែល​បុគ្គល​សមាទាន​ពេញ​លេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​ជា​ប្រយោជន៍​ ដើម្បី​សេចក្ដី​ទុក្ខ​ ឬ មិន​ប្រព្រឹត្ត​ទៅទេ ឬក៏​ក្នុង​ដំណើរ​នុ៎ះ​ ដូច​ម្ដេច​ទៅ​វិញ។  បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ធម៌​ទាំងនេះ ​ដែល​បុគ្គល​សមាទាន ​បរិបូណ៌​ហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជាប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ យើង​ខ្ញុំ​ក៏​យល់​ក្នុង​ដំណើរ​នុ៎ះ ​ដូច្នោះ​ដែរ។ ម្នាល​កាលាមក្សត្រិយ៍ តថាគត​បានសំដែង ​នូវ​ហេតុ​នោះ​ ដូ​ច្នេះ​ហើយ​ថា ម្នាល​កាលាមក្សត្រិយ៍ អ្នក​ចូរមក​ អ្នក​កុំ​ប្រកាន់ ​ដោយ​គ្រាន់​តែឮ​តាម​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថា​ដូច្នេះ កុំ​ប្រកាន់ ដោយ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​តាម​ហេតុ ​ដែល​ត្រិះ​រិះ ​កុំ​ប្រកាន់​ដោយ​កាត់ដំរួយ​ផ្សែផ្សំ កុំ​​ប្រកាន់ដោយគ្រាន់​តែ​ត្រិះរិះ ​នូវ​អាការ កុំ​ប្រកាន់​ដោយសេចក្ដី​ពេញ​ចិត្ត​តាម​ការ​ពិនិត្យថាសមនឹង​សេចក្ដី​យល់​ឃើញ កុំ​ប្រកាន់​ដោយយល់​ថា ​មាន​សភាព​គួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិតថា សមណៈ (នេះ) ជាគ្រូ​របស់​យើង ម្នាល​កាលាមក្សត្រិយ៍ ​កាល​ណា​បើ​អ្នក​ដឹង​ ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​នេះ ​ជា​អកុសល ធម៌​ទាំង​នេះ​ ប្រកប​ដោយ​ទោស ធម៌​ទាំង​នេះ ​ដែលអ្នក​ប្រាជ្ញ​តិះ​ដៀល ​​ធម៌​ទាំងនេះ ​ដែល​បុគ្គល​សមាទាន​ ពេញ​លេញ​ហើយ រមែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ ម្នាល​កាលាមក្សត្រិយ៍ទាំងឡាយ ក្នុងកាល​នោះ​ អ្នក​ត្រូវ​លះ​បង់​ចោល​ចេញ ពាក្យ​ណា ដែល​តថាគត​សំដែង​ហើយ​ ពាក្យ​នោះ​ តថាគត​ពោល​ហើយ ព្រោះ​អាស្រ័យ នូវ​ហេតុ​នេះ ​ដោយ​ប្រការ​ដូច្នេះ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​ចូរ​មក អ្នក​កុំ​ប្រកាន់ ​ដោយ​គ្រាន់​តែ​ឮតាម​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំប្រកាន់​ដោយ​បាន​ឮ​ថាដូច្នេះ ​កុំ​ប្រកាន់​ដោយ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​តាមហេតុ​ដែល​ត្រិះ​រិះ កុំ​ប្រកាន់​ដោយ​កាត់​ដំរួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​គ្រាន់​តែ​ត្រិះ​រិះ ​នូវ​អាការ កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញ​ចិត្ត ​តាម​ការ​ពិនិត្យថាសម​នឹង​សេចក្ដី​យល់​ឃើញ​ កុំ​ប្រកាន់​ដោយ​យល់​ថា មាន​សភាពគួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិត​ថា សមណៈ (នេះ) ជាគ្រូរបស់​យើង​ ម្នាល​កាលាមក្សត្រិយ៍ កាល​ណា​បើអ្នក​ដឹង ដោយ​ខ្លួន​ឯងថា ធម៌​ទាំង​នេះ​ ជាកុសល​ ធម៌​ទាំង​នេះ ​មិន​មាន​ទោស ធម៌​ទាំង​នេះ ដែលអ្នក​ប្រាជ្ញ​សរសើរ ធម៌​ទាំង​នេះ ដែល​បុគ្គល​សមាទាន​ពេញ​លេញហើយ ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​ ម្នាល​កាលាម​ក្សត្រិយ៍ ក្នុង​កាល​នោះ ​អ្នក​ទាំងឡាយ ​ចូរ​ដល់​នូវ​ធម៌​ទាំង​នោះ ​ហើយ​នៅ។ ម្នាលកាលា​មក្សត្រិយ៍ អ្នក​សំគាល់​ហេតុនោះ ​ដូចម្ដេច អលោភៈ កាលកើត​ឡើង ក៏​កើត​ក្នុង​សន្ដាន ​របស់​បុរស ដើម្បី​ជាប្រយោជន៍ ឬមិន​ជាប្រយោជន៍​ទេ។ ដើម្បី​ជា​ប្រយោជន៍ ​ព្រះ​អង្គ។ ម្នាល​កាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ ជា​អ្នក​មិន​ល្មោភ មិន​ត្រូវ​សេចក្ដី​លោភគ្រប​សង្កត់ មាន​ចិត្តមិន​ត្រូវ​សេចក្ដី​លោភរួប​រឹត មិន​សម្លាប់​សត្វ មិន​កាន់​យក​នូវទ្រព្យ ដែល​គេមិន​បាន​ឲ្យ​ មិន​គប់​រក​ភរិយា​អ្នក​ដទៃ មិន​និយាយ​កុហក ទាំង​មិន​បាន​ដឹក​នាំ​អ្នក​ដទៃ ​ដើម្បី​ហេតុ​នោះ តើ​ហេតុ​នេះ​ប្រព្រឹត្ត​ទៅ ​ដើម្បីជាប្រយោជន៍​ ដើម្បី​សេចក្ដី​សុខ អស់​កាល​ជា​អង្វែង ​ដល់​បុគ្គល​នោះ​​ដែរ​ឬ។ យ៉ាង​ហ្នឹង​ហើយ ​ព្រះ​អង្គ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់​ហេតុនោះ ​ដូច​ម្ដេច អទោសៈ កាល​កើត​ឡើង ក៏​កើត​ឡើង​ក្នុង​សន្ដាន ​របស់​បុរស​ ដើម្បី​ជាប្រយោជន៍ ឬដើម្បី​មិន​ជា​ប្រយោជន៍​ទេ។  ដើម្បី​ជាប្រយោជន៍ ព្រះ​អង្គ។  ម្នាល​កាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ ​ជា​អ្នក​មិន​ប្រទូស្ត មិន​ត្រូវ​ទោសៈគ្រប​សង្កត់ មាន​ចិត្ត​មិន​ត្រូវ​ទោសៈ​រួបរឹត មិន​សម្លាប់​សត្វ មិន​កាន់​យក​នូវ​ទ្រព្យ ​ដែល​គេ​មិន​បានឲ្យ​ មិន​គប់​រក​ភរិយា​អ្នក​ដទៃ មិន​និយាយ​កុហក ទាំង​មិន​បាន​ដឹក​នាំ​បុគ្គល​ដទៃ ដើម្បី​ហេតុ​នោះ តើ​ហេតុនេះ ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ អស់​កាល​ជាអង្វែង ​ដល់​បុគ្គល​នោះ​ដែរ​ឬ។  យ៉ាង​ហ្នឹង​ហើយ ​ព្រះ​អង្គ។  ម្នាលកាលាមក្សត្រិយ៍ អ្នក​សំគាល់​ហេតុ​នោះ ​ដូចម្ដេច អមោហៈ ​កាល​កើតឡើង​ ក៏​កើត​ឡើង​ក្នុង​សន្ដាន ​របស់​បុរស​ ដើម្បី​ជាប្រយោជន៍ ឬដើម្បីមិន​ជា​ប្រយោជន៍ទេ។  ដើម្បី​ជាប្រយោជន៍​ ព្រះ​អង្គ។  ម្នាល​កាលាមក្សត្រិយ៍ ចុះ​បុរស​បុគ្គល​នេះ​ ជា​អ្នក​មិន​វង្វេង មិន​ត្រូវ​មោហៈ​គ្របសង្កត់ មាន​ចិត្ត​មិន​ត្រូវ​មោហៈ​រួប​រឹត មិន​សម្លាប់​សត្វ មិន​កាន់​យកនូវ​ទ្រព្យ ដែល​គេ​មិន​បាន​ឲ្យ មិន​គប់​រក​ភរិយា​អ្នក​ដទៃ មិន​និយាយ​កុហក ទាំង​មិន​ដឹក​នាំ​បុគ្គល​ដទៃ​ ដើម្បី​ហេតុ​នោះ តើ​ហេតុ​នេះ​ប្រព្រឹត្ត​ទៅ​ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ​អស់​កាល​អង្វែង​ ដល់​បុគ្គល​នោះ​ដែរ​ឬ។ យ៉ាង​ហ្នឹង​ហើយ ​ព្រះ​អង្គ។ ម្នាល​កាលាមក្សត្រិយ៍ អ្នក​សំគាល់​ហេតុនោះ ​ដូច​ម្ដេច ​ធម៌​នេះ​ ជា​កុសល ឬអកុសល។  ជាកុសល​ ព្រះ​អង្គ។ ប្រកប​ដោយ​ទោស ឬមិន​ប្រកប​ដោយ​ទោសទេ​។  មិន​ប្រកប​ដោយទោសទេ ព្រះអង្គ។ ​ជាធម៌ ​ដែល​អ្នក​ប្រាជ្ញ​តិះ​ដៀល ឬ អ្នក​ប្រាជ្ញសរសើរ។ ជាធម៌​ដែល​អ្នក​ប្រាជ្ញ​សរសើរ​ព្រះ​អង្គ។ ធម៌​ដែល​បុគ្គលសមាទាន​ពេញ​លេញ​ហើយ ប្រព្រឹត្ត​ទៅ ​ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដីសុខ ឬមិន​ប្រព្រឹត្ត​ទៅ​ទេ ឬក៏​ក្នុង​ដំណើរនុ៎ះ ដូច​ម្ដេច​ទៅ​វិញ។ បពិត្រព្រះ​អង្គដ៏​ចំរើន ធម៌​ដែល​បុគ្គល​សមាទាន​ពេញ​លេញ​ហើយ ប្រព្រឹត្ត​ទៅ ដើម្បី​ជា​ប្រយោជន៍ ​ដើម្បី​សេចក្ដី​សុខ យើង​ខ្ញុំ​ក៏​យល់ក្នុង​ដំណើរ​នុ៎ះ​ដូច្នោះដែរ។ ម្នាល​កាលាមក្សត្រិយ៍ តថាគត ​បាន​សំដែង​នូវ​ហេតុ​នោះ ដូច្នេះ​ហើយ​ថា ម្នាល​កាលាមក្សត្រិយ៍​ អ្នក​ចូរ​មក អ្នក​កុំ​ប្រកាន់​ ដោយ​គ្រាន់​តែឮតាមគ្នា អ្នក​កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា អ្នក​កុំ​ប្រកាន់ ​ដោយ​បាន​ឮ​ថា​ដូច្នេះ កុំ​ប្រកាន់​ដោយ​អាង​ក្បួង​តម្រា កុំ​ប្រកាន់​តាមហេតុ ​ដែល​ត្រិះ​រិះ​ កុំ​ប្រកាន់ដោយ​​កាត់​ដម្រួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​ត្រិះ​រិះ តាម​អាការ កុំ​ប្រកាន់ដោយ​សេចក្ដី​ពេញ​ចិត្ត​តាម​ការ​ពិនិត្យ​ថា សម​នឹង​សេចក្ដី​យល់​ឃើញ កុំ​ប្រកាន់​ដោយ​យល់​ថា មាន​សភាព​គួរ (ជឿ) កុំ​ប្រកាន់​ដោយ​គិត​ថា សមណៈ (នេះ​) ជាគ្រូ​របស់​យើង​ ម្នាល​កាលាម​ក្សត្រិយ៍ កាល​ណា​បើដឹងដោយ​ខ្លួន​ឯង​ថា​ ធម៌​នេះ​ ជា​កុសល ធម៌​នេះ មិន​ប្រកប​ដោយ​ទោស ធម៌​នេះ ដែល​អ្នក​ប្រាជ្ញ​សរសើរ​ ធម៌​នេះ ​ដែល​បុគ្គល​សមាទាន​ពេញ​លេញហើយ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ ម្នាល​កាលាមក្សត្រិយ៍ ក្នុងកាល​នោះ អ្នក​ទាំង​ឡាយ ចូរ​ដល់​នូវ​ធម៌​ទាំង​នោះ​ ហើយ​នៅ ហេតុ​នោះ ​តថាគត​បាន​ពោល​ហើយ ​ដោយ​ប្រការ​ដូច្នេះ ពាក្យ​នុ៎ះ តថាគតបាន​ពោល​ហើយ ព្រោះ​អាស្រ័យ​នូវ​ហេតុនេះ។ ម្នាល​កាលាមក្សត្រិយ៍ អរិយសាវក​នោះ​ឯង មិន​មាន​អភិជ្ឈា មិន​មាន​ព្យាបាទ ​មិន​វង្វេង មានសម្បជញ្ញៈ មាន​សតិ​យ៉ាង​នេះឯង មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ​ផ្សាយ​ទៅកាន់​ទិស​ទី១ ទិស​ទី២ ទិស​ទី​៣ ទិស​ទី៤ ក៏​ដូច​គ្នា ផ្សាយ​ទៅ​ទិស​ខាង​លើ ទិស​ខាង​ក្រោម ទិស​ទទឹង​ គឺ​ទិស​តូចៗ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ​ជាចិត្តទូលាយ ដល់​នូវ​សភាវៈធំ មិន​មាន​ប្រមាណ មិន​មាន​ពៀរ​ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំង​អស់​ ដោយ​អាការ​ទាំង​ពួង ក្នុង​ទី​ទាំងពួង មាន​ចិត្ត​ប្រកប​ដោយ​ករុណា… មាន​ចិត្ត​ប្រកប​ដោយ​មុទិតា… មាន​ចិត្តប្រកប​ដោយ​ឧបេក្ខា ផ្សាយ​ទៅ​កាន់​ទិស​ទី​១​ ទិស​ទី​២ ទិស​ទី៣ និង​ទិស​ទី​៤ ក៏​ដូច​គ្នា ផ្សាយ​ទៅ​កាន់ទិស​ខាង​លើ ទិស​ខាង​ក្រោម ​ទិស​ទទឹង​ គឺ​ទិស​តូច​ៗ មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា​ ជាចិត្ត​ទូលាយ ​ដល់​នូវ​សភាវៈ​ធំ មិន​មានប្រមាណ​ មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​សត្វ​លោក​ទាំងអស់​ ដោយ​អាការ​ទាំង​ពួង​ ក្នុង​ទី​ទាំង​ពួង។  ម្នាល​កាលាមក្សត្រិយ៍ អរិយសាវក​នោះ​ឯង មិន​មាន​ចិត្ត​ចង​ពៀរ​យ៉ាង​នេះ មិន​មាន​ចិត្ត​ព្យាបាទ​យ៉ាងនេះ មិន​មាន​ចិត្ត​សៅហ្មង​យ៉ាង​នេះ មាន​ចិត្ត​ស្អាត ​យ៉ាង​នេះ​ហើយ ជាអ្នក​បាន​នូវ​អានិសង្ស​ ៤ យ៉ាង​ ក្នុង​បច្ចុប្បន្ន បើបរលោកមាន ផល​ និងវិបាក​ នៃ​អំពើ​ទាំងឡាយ ​ដែល​បុគ្គល​ធ្វើល្អ​ និង​អាក្រក់​ក៏​មាន លុះ​អាត្មា​អញ ទំលាយ​​រាង​កាយ ស្លាប់​ទៅ ​នឹង​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ដោយហេតុណា ហេតុ​នោះ​ ជា​ឋានៈ នេះ​ជាអានិសង្ស​ ទី​១ ដែល​អរិយ​សាវកនោះ​ បាន​ហើយ។  បើបរលោក​មិន​មាន ផល​និង​វិបាក ​នៃ​អំពើ​ដែលបុគ្គល​ធ្វើ​ល្អ និង​ធ្វើ​អាក្រក់ ក៏​មិន​មាន​ អាត្មា​អញ​រក្សា​នូវ​ខ្លួន ​ឲ្យ​ជា​បុគ្គលមិន​មាន​ពៀរ​ មិន​មាន​ព្យាបាទ មិន​មាន​ទុក្ខ មាន​តែ​សេចក្ដី​សុខ ​ក្នុងបច្ចុប្បន្ននេះ​ឯង នេះ​ជា​អានិសង្ស ​ទី ២ ដែល​អរិយ​សាវក​នោះ​បានហើយ។  បើ​អំពើ​អាក្រក់ ​ដែល​បុគ្គល​ធ្វើ​ហើយ ឈ្មោះ​ថា ​បាន​ធ្វើ​ហើយ អញ​មិន​ដែល​គិត​នូវ​អំពើ​អាក្រក់ ​របស់​បុគ្គល​ណា​មួយ សេចក្ដី​ទុក្ខ​ នឹង​ពាល់ត្រូវ​នូវ​អាត្មា​អញ ដែល​មិន​បាន​ធ្វើ ​នូវ​អំពើ​អាក្រក់​អំពីទី​ណាបាន នេះ​ជាអានិសង្ស​ ទី៣ ដែល​អរិយ​សាវក​នោះ បាន​ហើយ​។ បើអំពើ​អាក្រក់ ​ដែលបុគ្គល​ធ្វើ​ហើយ​ ឈ្មោះ​ថា មិន​បាន​ធ្វើ អាត្មា​អញ​ នឹង​ពិចារណា​ឃើញ​ច្បាស់ នូវ​ខ្លួន​ដ៏​បរិសុទ្ធ ដោយ​ហេតុ​ទាំង​ពីរ ក្នុង​លោក​នេះ នេះ​ជា​អានិសង្ស ​ទី៤ ដែល​អរិយ​សាវក​នោះ ​បាន​ហើយ។  ម្នាល​កាលាមក្សត្រិយ៍ អរិយ​សាវកនោះ​​ឯង មិន​មាន​ចិត្ត​ប្រកប​ដោយ​ពៀរ​ យ៉ាង​នេះ មិន​មានចិត្ត​ព្យាបាទ​ យ៉ាង​នេះ​ មិន​មាន​ចិត្ត​សៅហ្មង​ យ៉ាង​នេះ មាន​ចិត្ត​បរិសុទ្ធ យ៉ាង​នេះ នេះ​ជា​អានិសង្ស​​ ៤​យ៉ាង ដែល​អរិយសាវក​នោះ​ បានក្នុង​បច្ចុប្បន្ន ។  បពិត្រ​ព្រះដ៏​មាន​ព្រះភាគ ហេតុ​នុ៎ះ​ យ៉ាង​នេះឯង បពិត្រព្រះ​សុគត ហេតុ​នុ៎ះ យ៉ាង​នេះ​ឯង បពិត្រ​ព្រះអង្គ​ដ៏​ចំរើន អរិយសាវក​នោះ​ឯង មិន​មាន​ចិត្ត​ប្រកប​ដោយ​ពៀរ​យ៉ាង​នេះ មិន​មាន​ចិត្ត​ព្យាបាទយ៉ាង​នេះ​ មិន​មាន​ចិត្ត​សៅហ្មង​យ៉ាង​នេះ  មាន​ចិត្ត​បរិសុទ្ធយ៉ាង​នេះ ទើប​អរិយសាវក​នោះ ​បាន​នូវ​អានិសង្ស​៤​យ៉ាង​ ក្នុង​បច្ចុប្បន្ន បើបរលោក​មាន​ ផល​និង​វិបាក​នៃ​អំពើ ​ដែល​បុគ្គល​ធ្វើ​ល្អ ​និង​ធ្វើ​អាក្រក់​ក៏មាន លុះអាត្មា​អញ​ ទំលាយ​រាង​កាយ ស្លាប់​ទៅ​ នឹង​ទៅ​កើត​ក្នុង​សុគតិ ​សួគ៌ ទេវលោក ដោយ​ហេតុ​ណា ហេតុ​​នោះ ​ជាឋានៈ នេះ​ជា​អានិសង្ស ​ទី​១ ដែល​អរិយ​សាវក​នោះ​ បាន​ហើយ​។  បើ​បរលោក​មិន​មាន ផល​និង​វិបាកនៃ​អំពើ​ដែល​បុគ្គល​ធ្វើ​ល្អ​ និង​អាក្រក់​ក៏​មិន​ អាត្មា​អញ​ នឹង​រក្សា​ខ្លួន​ ឲ្យជាបុគ្គល​មិន​មាន​ពៀរ​ មិន​មាន​ព្យាបាទ​ មិន​មាន​ទុក្ខ មាន​តែ​សេចក្ដី​សុខ ក្នុង​បច្ចុប្បន្ន​នេះ​ឯង នេះ ជា​អានិសង្ស ​ទី២  ដែល​អរិយ​សាវក​នោះ ​បានហើយ។  បើ​អំពើ​អាក្រក់ ​ដែល​បុគ្គល​ធ្វើ​ហើយ ឈ្មោះថា​បាន​ធ្វើ ​អាត្មា​អញ មិន​ដែល​គិត នូវ​អំពើ​អាក្រក់​ របស់​បុគ្គល​ណា​មួយ​ឡើយ​ សេចក្ដី​ទុក្ខ​ នឹងពាល់​ត្រូវ​ នូវ​អាត្មា​អញ​ ដែល​មិន​ធ្វើ​អំពើ​អាក្រក់​អំពី​ទី​ណា​បាន នេះ​ជា​អានិសង្ស ​ទី​៣ ដែល​អរិសាវក​នោះ ​បាន​ហើយ។  បើ​អំពើ​អាក្រក់ ​ដែល​បុគ្គល​ធ្វើហើយ​ ឈ្មោះ​ថា​ មិន​បាន​ធ្វើ អាត្មា​អញ ​នឹង​ពិចារណា​ឃើញ​ច្បាស់ ​នូវ​ខ្លួនដ៏​បរិសុទ្ធ ​ដោយ​ហេតុ​ ទាំង​២ ក្នុង​លោក​នេះ  នេះ​ជាអានិសង្ស​ ទី៤ ដែលអរិយ​សាវក​នោះ ​បាន​ហើយ។  បពិត្រ​ព្រអង្គ​ដ៏​ចំរើន​ អរិយ​សាវក​នោះ​ឯង មិន​មាន​ចិត្ត​ប្រកប​ដោយ​ពៀរ​យ៉ាង​នេះ មិន​មាន​ចិត្ត​ព្យា​បាទ​យ៉ាង​នេះ មិន​មាន​ចិត្ត​សៅហ្មង​យ៉ាង​នេះ មាន​ចិត្ត​បរិសុទ្ធ​យ៉ាង​នេះ នេះ ជា​អានិសង្ស៤​យ៉ាង ​ដែល​អរិយ​សាវក​នោះ ​បាន​ក្នុង​បច្ចុប្បន្ន។  បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ច្បាស់​ពេក​ណាស់​។  បេ។  បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំ​ព្រះ​អង្គទាំង​នេះ សូម​ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង នូវ​ព្រះ​ធម៌​ផង នូវ​ព្រះ​សង្ឃផង ថា​ជាទី​ពឹង បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន សូម​ព្រះ​ដ៏​មាន​ព្រះភាគ ចាំ​ទុកនូវ​យើង​ខ្ញុំ​ព្រះ​អង្គ​ ថាជាឧបាសក ដល់នូវ​សរណៈ ស្មើ​ដោយ​ជីវិត ​តាំងអំពី​ថ្ងៃនេះ​ជាដើម​តទៅ។

សាឡ្ហសូត្រទី៦

[៦៨] សម័យ​មួយ​​ ព្រះ​នន្ទកៈ ដ៏មាន​អាយុ គង់​ក្នុង​ប្រាសាទរបស់​មិគារ​មាតា​ ក្នុង​វត្ត​បុព្វារាម ទៀប​ក្រុង​សាវត្ថី​។  គ្រា​នោះ​ សាឡ្ហៈ ជាចៅ​របស់​មិគារ​សេដ្ឋី​និង​រោហនៈ ជាចៅ​របស់​បេខុណិយ​សេដ្ឋី នាំគ្នាចូលទៅ​រក​ព្រះនន្ទកៈដ៏​មាន​អាយុ លុះ​ចូល​ទៅ​ដល់​ហើយ ថ្វាយ​បង្គំ​ព្រះ​នន្ទកៈដ៏​មាន​អាយុ​ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ។  លុះ​សាឡ្ហៈ ជា​ចៅ​របស់​មិគារសេដ្ឋី អង្គុយ​នៅ​ក្នុង​ទីសម​គួរ ព្រះ​នន្ទកៈដ៏មាន​អាយុ​ បាន​ពោល​ដូច្នេះថា ម្នាល​សាឡ្ហៈ ​និង​រោហនៈ អ្នក​ទាំង​ឡាយ​ ចូល​មក​ អ្នក​ទាំង​ឡាយ កុំ​ប្រកាន់​ដោយ​ការឮត​ៗគ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​ឮ​ថាដូច្នេះ​ កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​តាម​ហេតុ​ដែល​ត្រិះ​រិះ កុំ​ប្រកាន់​ដោយ​កាត់​ដម្រួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​ត្រិះ​រិះ តាម​អាការ កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញ​ចិត្ត ​តាម​ការ​ពិនិត្យ​ថា សម​នឹង​សេចក្ដី​យល់ឃើញ​ កុំ​ប្រកាន់​ដោយ​យល់​ថា​ មាន​សភាព​គួរ​ជឿ កុំ​ប្រកាន់​ដោយ​គិត​ថា សមណៈ (​នេះ) ជាគ្រូ​របស់​យើង​ឡើយ ម្នាល​សាឡ្ហៈ និង​រោហនៈ កាលណា​អ្នក​ទាំង​ឡាយ ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​អម្បាល​នេះ ជាអកុសល ធម៌​ទាំង​អម្បាល​នេះ ប្រកប​ដោយ​ទោស ធម៌​ទាំង​អម្បាល​នេះ ដែល​អ្នកប្រាជ្ញ​តិះ​ដៀល ធម៌​ទាំង​អម្បាល​នេះ ដែល​បុគ្គល​បាន​សមាទាន ​ឲ្យ​ពេញលេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ​ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ ម្នាល​សាឡ្ហៈ និង​រោហនៈ កាល​ណោះ ​អ្នក​ទាំង​ឡាយ ​ត្រូវ​លះ​ចោល​ចេញ។ ម្នាល​សាឡ្ហៈ និង​រោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ​ដូចម្ដេច លោភៈមានដែរ​ឬ។  សាឡ្ហៈ និង​រោហនៈ​ឆ្លើយ​ថា មាន​ដែរ​លោក​ម្ចាស់​។  មា្នលសាឡ្ហៈ និង​រោហនៈ អាត្មា​ពោល​សេចក្ដី​នុ៎ះ​ថា លោភៈ​ ជាអភិជ្ឈា។ ម្នាល​សាឡ្ហៈ​ និង​រោហនៈ បុគ្គល​អ្នក​ល្មោភច្រើន​ ដោយ​អភិជ្ឈានេះ រមែងសម្លាប់​សត្វ​ខ្លះ កាន់​យក​របស់ ​ដែល​គេ​មិន​បាន​ឲ្យ​ខ្លះ​ ប្រព្រឹត្ត​ខុស​ ក្នុង​ភរិយារបស់​អ្នក​ដទៃ​ខ្លះ​ពោល​ពាក្យ​កុហក​ខ្លះ ដឹក​នាំ​អ្នក​ដទៃ​ ដើម្បី​អំពើ​ដូច្នោះខ្លះ ដែលជាហេតុឲ្យ​ប្រព្រឹត្តទៅ ដើម្បីមិនជាប្រយោជន៍ និងសេចក្តីទុក្ខ អស់​កាល​ជា​យូរ​អង្វែង​ ដល់​បុគ្គល​នោះ​មែន​ឬ។  មែន​ លោក​ម្ចាស់។ ម្នាល​សាឡ្ហៈ​ និង​រោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ ​ដូចម្ដេច ទោសៈមានដែរ​ឬ។  មាន​ដែរ​ លោក​ម្ចាស់។  ម្នាល​សាឡ្ហៈ​ និង​រោហនៈ អាត្មា​ពោលសេចក្ដី​នុ៎ះ​ថា ទោសៈ ជា​ព្យា​បាទ។  ម្នាល​សាឡ្ហៈ ​និង​រោហនៈ បុគ្គល​អ្នកប្រទូស្ត មាន​ចិត្ត​ប្រកប​ដោយ​ព្យាបាទនេះ តែង​សម្លាប់​សត្វ​ខ្លះ កាន់​យករបស់​ ដែល​គេមិន​បាន​ឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា​ របស់​អ្នក​ដទៃ​ខ្លះ ពោល​ពាក្យកុហក​ខ្លះ ដឹក​នាំ​អ្នក​ដទៃ ​ដើម្បី​អំពើ​ដូច្នោះ​ខ្លះ ដែល​ជា​ហេតុ​​ឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ​និង​សេចក្ដី​ទុក្ខ ​អស់​កាល​ជា​យូរ​អង្វែង ដល់​បុគ្គល​នេះមែន​ឬ។  មែន ​លោក​ម្ចាស់។  ម្នាល​សាឡ្ហៈ​ និង​រោហនៈ​ អ្នក​សំគាល់​សេចក្ដីនោះ​ ដូច​ម្ដេច មោហៈ មាន​ដែរ​ឬទេ។ ​មាន​ដែរ​ លោក​ម្ចាស់។  ម្នាល​សាឡ្ហៈ និងរោហនៈ អាត្មា​ពោល​សេចក្ដីនុ៎ះ​ថា មោហៈ ជាអវិជ្ជា។  ម្នាល​សាឡ្ហៈ និង​រោហនៈ បុគ្គល​អ្នក​វង្វេង​ ប្រកប​ទៅ​ដោយ​អវិជ្ជា​នេះ រមែង​សម្លាប់​សត្វខ្លះ កាន់​យក​របស់​ ដែ​ល​គេ​មិន​បាន​ឲ្យ​ខ្លះ គប់​រក​នូវ​ភរិយា ​របស់​អ្នក​ដទៃ​ខ្លះ ពោល​ពាក្យ​កុហក​ខ្លះ ដឹក​នាំ​អ្នក​ដទៃ​ ដើម្បី​អំពើ​ដូច្នោះ​ខ្លះ ដែល​ជាហេតុ​ ឲ្យ​ប្រព្រឹត្ត​ទៅ ដើម្បី​អំពើ​មិន​ជាប្រយោជន៍ និង​សេចក្ដី​ទុក្ខ ​អស់​កាលជាយូរ​អង្វែង ​ដល់​បុគ្គល​នោះ​មែន​ឬ។  មែន​ លោក​ម្ចាស់​។ ​​ ម្នាល​សាឡ្ហៈ និង​រោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ​ដូចម្ដេច ធម៌ទាំងអម្បាល​នេះ ជាកុសល ​ឬជា​អកុសល។  ជា​អកុសល ​លោក​ម្ចាស់។  ប្រកប​ដោយ​ទោស ឬមិន​ប្រកប​ដោយ​ទោស។  ប្រកប​ដោយ​ទោស​លោកម្ចាស់។ ​ជាធម៌ ​ដែលអ្នក​ប្រាជ្ញ​តិះ​ដៀល ​ឬជា​ធម៌​ដែល​អ្នក​ប្រាជ្ញសរសើរ។  ជា​ធម៌​ដែលអ្នក​ប្រាជ្ញតិះ​ដៀល​ លោក​ម្ចាស់។  ជា​ធម៌​ ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញហើយ​ តែង​ប្រព្រឹត្ត​ទៅ ​ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ​ ឬ​មិន​មែន​ទេ ឬ មួយ​ក្នុង​ដំណើរ​នុ៎ះ មាន​ប្រការ​ដូច​ម្តេច​ទៅ​វិញ។  បពិត្រ​ព្រះករុណា​ ដ៏​ចំរើន អកុសល​ធម៌​ ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍​ និង​សេចក្ដី​ទុក្ខ​មែន យើង​ខ្ញុំ​យល់យ៉ាង​នេះ​ដែរ ក្នុង​ដំណើរ​នុ៎ះ។  ព្រះ​នន្ទកៈពោល​ថា ម្នាល​សាឡ្ហៈ និងរោហនៈ​ យើង​បាន​ពោល​នូវ​ពាក្យ​ណា​ ដូច្នេះ​យ៉ាង​នេះ​ថា ម្នាល​សាឡ្ហៈ និង​រោហនៈ អ្នក​ទាំង​ឡាយ​ ចូរ​មក​ អ្នក​ទាំង​ឡាយ កុំប្រកាន់​ដោយ​ការឮតៗ​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថាដូច្នេះ កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួន​តម្រា កុំ​ប្រកាន់​តាម​ហេតុ ​ដែល​ត្រិះ​រិះ ​កុំ​ប្រកាន់ដោយ​កាត់​ដម្រួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​ត្រិះ​រិះ​តាម​អាការ កុំ​ប្រកាន់ដោយ​សេចក្ដី​ពេញ​ចិត្ត​ តាម​កា​រពិនិត្យ​ថា សម​នឹង​សេចក្ដី​យល់​ឃើញ កុំប្រកាន់​ដោយ​យល់​ថា មាន​សភាព​គួរ​ជឿ​ កុំ​ប្រកាន់​ដោយ​គិតថា​ សមណៈ (នេះ)​ ជាគ្រូ​របស់​យើង​ ដូច្នេះ​ឡើយ​ ម្នាល​សាឡ្ហៈ​ និង​រោហនៈ កាល​ណាអ្នកទាំង​ឡាយ ​ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំងអម្បាល​នេះ ជា​អកុសល​ធម៌​ទាំងអម្បាល​នេះ​ ប្រកប​ដោយ​ទោស ធម៌​ទាំង​អម្បាល​នេះ  ដែល​អ្នក​ប្រាជ្ញ​តិះដៀល​ ធម៌​ទាំង​អម្បាល​នេះ ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិនជាប្រយោជន៍ ​និង​សេចក្ដី​ទុក្ខ​ ម្នាល​សាឡ្ហៈ ​និង​រោហនៈ កាល​ណោះ ​អ្នក​ទាំង​ឡាយ ​ត្រូវ​លះចោល​ចេញ ពាក្យ​ណា ដែលយើង​ពោល​ហើយ​ ដូច្នេះ ពាក្យ​នុ៎ះ​ យើង​បាន​ពោល​ហើយ​ ព្រោះ​អាស្រ័យហេតុ​នេះ។  ម្នាល​សាឡ្ហៈ​ និង​រោហនៈ អ្នក​ទាំងឡាយ ​ចូរ​មក ​អ្នក​ទាំងឡាយ កុំប្រកាន់ ​ដោយ​ការ​ឮតៗ​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយបាន​ឮ​ថា​ដូច្នេះ​ កុំ​ប្រកាន់​ដោយ​ការ​អាង​ក្បួន​តម្រា ​កុំ​ប្រកាន់​តាម​ហេតុ ​ដែលត្រិះ​រិះ​ កុំ​ប្រកាន់​ដោយ​កាត់​ដម្រួយ​ផ្សែផ្សំ កុំ​ប្រកាន់​ដោយ​ត្រិះ​រិះ​តាម​អាការ កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញ​ចិត្ត​តាម​កា​រពិនិត្យ​ថា សម​នឹង​សេចក្ដី​យល់ឃើញ កុំ​ប្រកាន់​ដោយ​យល់​ថា មាន​សភាព​គួរ​ជឿ​ កុំ​ប្រកាន់​ដោយគិតថា​ សមណៈ ​(នេះ)​ ជា​គ្រូ​របស់​យើង​ឡើយ ម្នាល​សាឡ្ហៈ និង​រោហនៈ កាល​ណាអ្នក​ទាំងឡាយ​ ដឹង​ដោយ​ខ្លួន​ឯងថា ធម៌​ទាំង​អម្បាល​នេះ​ ជាកុសល​ ធម៌​ទាំង​អម្បាល​នេះ មិន​ប្រកប​ដោយ​ទោស ធម៌​ទាំង​អម្បាល​នេះ ដែល​អ្នក​ប្រាជ្ញ​សរសើរ ធម៌​ទាំង​អម្បាល​នេះ ដែល​បុគ្គល​សមាទាន​ឲ្យពេញ​លេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាប្រយោជន៍​ និង​សេចក្ដី​សុខ មា្នល​សាឡ្ហៈ​ និង​រោហនៈ កាល​ណោះ ​អ្នក​ទាំង​ឡាយ គួរ​ចូល​ទៅ​សម្រេចសម្រាន្ត​នៅ​ចុះ។  ម្នាល​សាឡ្ហៈ និង​រោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ ដូចម្ដេច អលោភៈ ​មាន​ដែរ​ឬ។  មាន​ដែរ​ លោក​ម្ចាស់។  ម្នាល​សាឡ្ហៈ ​និងរោហនៈ​ អាត្មា​ពោល​សេចក្ដី​នុ៎ះ​ថា អលោភៈ ជា​អនភិជ្ឈា ​(សេចក្ដី​មិន​លោភ) ម្នាល​សាឡ្ហៈ​ និង​រោហនៈ បុគ្គល​អ្នក​មិន​ល្មោភ​ មិន​មាន​អភិជ្ឈា​នេះ រមែង​មិន​សម្លាប់​សត្វ មិន​កាន់​យក​នូវ​វត្ថុ​ដែល​គេ​មិន​បាន​ឲ្យ​ មិន​គប់​រក​ នូវភរិយា​របស់អ្នក​ដទៃ មិន​ពោល​ពាក្យ​កុហក ដឹក​នាំ​អ្នក​ដទៃ ​ដើម្បី​អំពើ​ដូច្នោះ ដែល​ជាហេតុ​ប្រព្រឹត្ត​ទៅ​ ដើម្បី​ជាប្រយោជន៍​ និង​សេចក្ដី​សុខ អស់​កាល​ជាយូរ​អង្វែង​ ដល់​បុគ្គល​នោះ​មែន​ឬ។  មែន​ហើយ ​លោក​ម្ចាស់។  ម្នាលសាឡ្ហៈ  ​ និង​រោហនៈ​ អ្នក​សំគាល់​សេចក្ដី​នោះ​ ដូច​ម្ដេច​ អទោសៈ មាន​ដែរ​ឬ។ មាន​ដែរ​ លោក​ម្ចាស់​។ ​ ម្នាល​សាឡ្ហៈ​​ និង​រោហនៈ អាត្មា​ពោល​សេចក្ដីនុ៎ះ​ថា អទោសៈ  ជា​អព្យាបាទ (​សេចក្ដី​មិន​ប្រទូស្ត)។  ម្នាលសាឡ្ហៈ​ និង​រោហនៈ បុគ្គល​អ្នក​មិន​ប្រទូស្ដ មាន​ចិត្ត​មិន​ព្យាបាទ​នេះ រមែង​មិន​សម្លាប់​សត្វ មិន​កាន់​យក​នូវ​វត្ថុ​ ដែល​គេ​មិន​បាន​ឲ្យ​ មិន​គប់​រកនូវភរិយា ​របស់​អ្នក​ដទៃ មិន​ពោល​ពាក្យ​កុហក ​ដឹក​នាំ​អ្នក​ដទៃ ​ដើម្បី​អំពើ​ដូច្នោះ ដែល​ជា​ហេតុ​ឲ្យ​ប្រព្រឹត្ត​ទៅ ​ដើម្បី​ជា​ប្រយោជន៍​​ និង​សេចក្ដី​សុខ​ អស់​កាល​ជាយូរ​អង្វែង​ ដល់​បុគ្គល​នោះ​មែន​ឬ។ ​ មែន​ហើយ ​លោក​ម្ចាស់​។  ម្នាល​សាឡ្ហៈ​ និងរោហនៈ អ្នក​សំគាល់​សេចក្ដី​នោះ ​ដូច​ម្ដេច អមោហៈ​ មាន​ដែរ​ឬ។  មានដែរ​ លោក​ម្ចាស់​។  ម្នាល​សាឡ្ហៈ​ និង​រោហនៈ អាត្មា​ពោល​សេចក្ដី​នោះថា អមោហៈ ជាវិជ្ជា។  ម្នាល​សាឡ្ហហៈ​ និងរោហនៈ បុគ្គល​អ្នក​មិន​វង្វេង​ ប្រកបដោយ​វិជ្ជានេះ រមែង​មិន​សម្លាប់​សត្វ មិន​កាន់​យក ​នូវ​វត្ថុ​ដែល​គេ​មិន​បានឲ្យ​ មិន​គប់​រក​ នូវ​ភរិយា​របស់​អ្នក​ដទៃ ​មិន​ពោល​ពាក្យ​កុ​ហក​ដឹក​នាំ​អ្នក​ដទៃ ដើម្បី​អំពើ​ដូច្នោះ​ ដែល​ជាហេតុ​ឲ្យ​ប្រព្រឹត្តទៅ​ ដើម្បី​ជា​ប្រយោជន៍​​ និងសេចក្ដី​សុខ​ អស់​កាល​ជា​យូរ​អង្វែង ដល់​បុគ្គល​នោះ​មែន​ឬ។  មែន​ហើយ លោក​ម្ចាស់​។  ម្នាល​សាឡ្ហៈ ​និងរោហនៈ​ អ្នក​សំគាល់​សេចក្ដី​នោះ ​ដូចម្ដេច ធម៌​ទាំង​អម្បាល​នេះ ជាកុសល​ ឬ​ជា​អកុសល។  ជាកុសល​ លោក​ម្ចាស់។ ប្រកប​ដោយ​ទោស​ ឬ​មិន​ប្រកប​ដោយ​ទោស។  មិន​ប្រកប​ដោយទោស​ទេ លោក​ម្ចាស់។  ជាធម៌ ​ដែល​អ្នក​ប្រាជ្ញ​តិះ​ដៀល ឬ​ជាធម៌​ ដែល​អ្នក​ប្រាជ្ញ​សរសើរ។  ជា​ធម៌​ដែល​អ្នក​ប្រាជ្ញ​សរសើរ លោកម្ចាស់​។  ជា​ធម៌ ​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញ​ហើយ តែងប្រព្រឹត្តទៅ​ ដើម្បី​ជា​ប្រយោជន៍​ និងសេចក្ដី​សុខ ឬមិន​មែន​ទេ ឬមួយ​ក្នុង​ដំណើរ​នុ៎ះ មាន​ប្រការ​ដូចម្ដេច​ទៅ​វិញ។  បពិត្រ​ព្រះ​ករុណា​ដ៏​ចំរើន ធម៌​ដែល​បុគ្គល​សមាទាន​ឲ្យ​ពេញ​លេញ​ហើយ តែង​ប្រព្រឹត្ត​ទៅ ដើម្បីប្រយោជន៍​​ និង​សេចក្ដី​សុខ យើង​ខ្ញុំ​ក៏​យល់​យ៉ាង​នេះដែរ ក្នុង​ដំណើរនុ៎ះ។  ព្រះ​នន្ទកៈ​ពោល​ថា ម្នាល​សាឡ្ហៈ​​ និងរោហនៈ យើង​បាន​ពោល នូវ​ពាក្យ​ណា​ដូច្នេះថា ម្នាល​សាឡ្ហៈ ​ និង​រោហនៈ អ្នក​ទាំង​ឡាយ ​ចូល​មក អ្នក​ទាំង​ឡាយ​ កុំ​ប្រកាន់​ដោយ​ការ​ឮតៗ​គ្នា កុំ​ប្រកាន់​តាម​ពាក្យ​បរម្បរា កុំ​ប្រកាន់​ដោយ​បាន​ឮ​ថាដូច្នេះ​ កុំ​ប្រកាន់​ដោយ​ការ​អាង​​ក្បួន​តម្រា កុំ​ប្រកាន់តាមហេតុ​ដែល​ត្រិះ​រិះ កុំ​ប្រកាន់​ដោយ​កាត់​ដម្រួយផ្សែផ្សំ  កុំ​ប្រកាន់ដោយ​ត្រិះរិះ​តាម​អាការ កុំ​ប្រកាន់​ដោយ​សេចក្ដី​ពេញ​ចិត្ត​ តាម​ការ ពិនិត្យ​ថា សមនឹង​សេចក្ដី​យល់​ឃើញ កុំ​ប្រកាន់​ដោយ​យល់​ថា មា​ន​សភាពគួរ​ជឿ កុំ​ប្រកាន់​ដោយ​គិតថា សមណៈ (នេះ) ជាគ្រូ​របស់​យើង​ ដូច្នេះឡើយ ម្នាល​សាឡ្ហៈ​​ និង​រោហនៈ​ កាល​ណា​អ្នក​ទាំងឡាយ ​ដឹង​ដោយ​ខ្លួន​ឯង​ថា ធម៌​ទាំង​អម្បាល​នេះ ជាកុសល​ ធម៌​ទាំង​អម្បាល​នេះ ប្រកប​ដោយ​ទោស ធម៌​ទាំង​អម្បាល​នេះ ជាធម៌​ដែល​អ្នក​ប្រាជ្ញ​សរសើរ​ ធម៌​ទាំង​អម្បាល​នេះ ដែល​បុគ្គល​សមា​ទាន​ឲ្យ​ពេញ​លេញ​ហើយ តែង​ប្រពឹត្ត​ទៅ ដើម្បីប្រយោជន៍ ​ និង​សេចក្ដី​សុខ ម្នាល​សាឡ្ហៈ​ និង​រោ​ហនៈ​ កាល​ណោះ​ អ្នកទាំងឡាយ គួរ​ចូល​ទៅ​សម្រេច​សម្រាន្ត​នៅ​ចុះ​ ពាក្យ​ណា​ដែល​អាត្មា​បានពោល​ហើយ ​ដូច្នេះ​ ពាក្យ​នុ៎ះ ​​អាត្មា​បាន​ពោល​ទុក​ហើយ ព្រោះ​អាស្រ័យហេតុ​នេះ​ឯង។  ម្នាល​សាឡ្ហៈ​​ និង​រោហនៈ អរិយ​សាវក​នោះ ប្រាសចាក​អភិជ្ឈា ប្រាស​ចាក​ព្យាបាទ ជាអ្នក​មិន​វង្វេង មាន​សម្បជញ្ញៈ មាន​សតិដំកល់​ខ្ជាប់​យ៉ាង​នេះ​ហើយ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា ផ្សាយ​ទៅ​កាន់​ទិសទី​១ ទោះ​ទិស​ទី​២ ទី៣ ទី៤ ក៏​ដូច​គ្នា ផ្សាយ​ទៅ​កាន់​ទិស​ខាង​លើ ខាងក្រោម​​ និង​ទិស​ទទឹង ផ្សាយ​ទៅ​កាន់​លោក​ទាំង​អស់​ ដោយ​ប្រការ​ទាំង​ពួង ក្នុង​ទី​ទាំង​ពួង… មានចិត្ត​ប្រកប​ដោយ​ករុណា​​។បេ។  មាន​ចិត្ត​ប្រកប​ដោយមុទិតា។បេ។  មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ផ្សាយ​ទៅ​កាន់​ទិស​ទី​១ ទោះ​ទិស​ទី​២ ទី​៣ ទី​៤ ក៏​ដូច​គ្នា មាន​ចិត្ត​ប្រកប​ដោយ​ឧបេក្ខា ជាចិត្ត​ធំទូលាយ​​ ដល់​នូវ​សភាពជា​ធំ រក​ប្រមាណ​មិន​បាន មិន​មាន​ពៀរ មិន​មាន​ព្យាបាទ ផ្សាយ​ទៅ​កាន់​ទិស​ខាង​លើ​ ទិស​ខាង​ក្រោម ​ និង​ទិស​ទទឹង ផ្សាយ​ទៅ​កាន់​លោក​ទាំង​អស់​ ដោយ​ប្រការ​ទាំង​ពួង ក្នុង​ទីទាំងពួង។  ព្រះ​អរិយសាវក​នោះ ​ដឹង​ច្បាស់​យ៉ាង​នេះថា ទុក្ខ​សច្ច ក៏មាន​ សមុទ​យសច្ច​ក៏​មាន​ មគ្គសច្ច ក៏​មាន​ និរោធ​សច្ច​ ជាគ្រឿង​រលាស់ចេញ​ ដ៏​ក្រៃលែង នូវ​សញ្ញា​ក៏​មាន​។  កាល​ព្រះ​អរិយសាវក​នោះ ​ដឹង​យ៉ាងនេះ​ ឃើញ​យ៉ាងនេះ ​ចិត្តរមែង​រួចចាក​កាមាសវៈ​ផង ចិត្តរមែង​រួចចាកភវាសវៈផង ចិត្ត​រមែង​រួច​ចាក​អវិជ្ជា​សវៈផង កាល​បើចិត្ត​រួច​ស្រឡះ​ហើយ សេចក្ដី​ដឹងច្បាស់​ ក៏​កើត​ឡើង​ថា ចិត្ត​រួច​ផុត​ស្រឡះ​ហើយ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបាននៅរួចហើយ សោឡសកិច្ច អាត្មា​អញ​ បាន​ធ្វើ​ស្រេច​ហើយ មគ្គ​ភាវ​នាកិច្ច​ដទៃ ​ប្រព្រឹត្ត​ទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត​ មិន​មាន​ឡើយ។  ព្រះ​អរិយ​សាវក​នោះ ​ដឹងច្បាស់​យ៉ាង​នេះ​ថា លោភៈ​ កើត​មាន​ដល់​អាត្មា​អញ​ ក្នុង​កាល​មុន​ ធម្មជាតនោះ​ ​ជាអកុសល ឥឡូវនេះ លោភៈ​នោះ​ មិន​មាន​ឡើយ ធម្មជាត​នោះ ឈ្មោះ​ថា ជាកុសល ទោសៈ កើត​មាន​ដល់​អាត្មា​អញ ក្នុង​កាល​មុន… មោហៈ ​កើត​មាន​ដល់​អាត្មា​អញ ក្នុង​កាល​មុន​ ធម្មជាត​នោះ ជាអកុសល ឥឡូវ​នេះ មោហៈនោះ​ មិន​មាន​ឡើយ ធម្មជាត​នោះ ​ឈ្មោះ​ថា ជាកុសលដូច្នេះ។  ព្រះ​អរិយ​សាវក​នោះ ​អស់​សេចក្ដី​ស្រេក​ឃ្លាន ជាអ្នក​រលត់កិលេស​ មាន​សេចក្ដី​ត្រជាក់​ ជាប្រក្រតី ទទួល​នូវ​សេចក្ដី​សុខ មាន​ខ្លួន​ដ៏ប្រសើរ​ នៅ​ក្នុង​បច្ចុប្បន្ន។

កថាវត្ថុសូត្រទី៧

[៦៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ កថាវត្ថុ​នេះ ​មាន​៣​យ៉ាង។  កថាវត្ថុ ៣យ៉ាង​ដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ​គឺ​បុគ្គល​ពោល​ពាក្យ​ប្រារព្ធហេតុ​ ជាអតីត​កាល​ថា ហេតុ​ជាអតី​តកាល មាន​មក​ហើយ​យ៉ាង​នេះ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពោល​ពាក្យ​ប្រារព្ធ​ហេតុ​ ជាអនា​គត​កាល​ថា ហេតុ​ជាអនាគត​កាល ​នឹង​មាន​យ៉ាង​នេះ ១ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គលពោល​ពាក្យ​ប្រារព្ធហេតុ ​ជាបច្ចុ​ប្បន្ន​កាល ​ក្នុង​កាល​ឥឡូវ​នេះ​ថា ហេតុ​ជាបច្ចុប្បន្នកាល ក្នុង​កាល​ឥ​ឡូវ​នេះ ​យ៉ាង​នេះ​១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​គប្បី​ដឹង ស្គាល់​បុគ្គល ​ដោយ​ការ​ចួប​ប្រទះ ​ដោយ​ពាក្យ​សំដី​ថា នេះជា​បុគ្គល ​ដែល​គួរ​សាកច្ឆា​ ឬមិន​គួរ​សាកច្ឆា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​បុគ្គលនេះ​ កាល​ដែល​ត្រូវ​គេ​សួរ​ប្រស្នា​ហើយ មិន​ព្យាករ​ប្រស្នា ​ដែល​គេសួរ ព្យាករ​តែ​មួយ​ចំណែក (​តែម្ដង) មិន​ព្យាករ​ ដោយ​ការ​ចែក​រលែក នូវប្រស្នា​ដែល​គួរ​ព្យាករ​ ដោយ​ការ​ចែក​រលែក មិន​ព្យាករ​ដោយ​ការ​សួរ​តបទៅ​វិញ​ នូវ​ប្រស្នា​ដែល​គួរ​ព្យាករ ដោយ​ការ​សួរ​តបទៅ​វិញ មិន​បញ្ឈប់ នូវ​ប្រស្នា​ដែល​គួរ​បញ្ឈប់​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាងនេះ បុគ្គល​នេះ​ឈ្មោះ​ថា ​ជាបុគ្គល មិន​គួរ​សាកច្ឆា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើ​បុគ្គល​នេះ កាល​ដែល​ត្រូវ​គេ​សួរ​ប្រ​ស្នា ក៏​ព្យាករ​ប្រស្នា ​ដែលគួរ​ព្យាករ ​ដោយ​ចំណែក​មួយ តែ​មួយ​ចំណែក (​ប៉ុណ្ណោះ) ​ព្យាករ​ដោយការ​ចែក​រលែក​ នូវ​ប្រស្នា​ដែល​គួរ​ព្យាករ ដោយ​ការ​ចែក​រលែក ព្យាករដោយ​ការ​សួរ​តប​ទៅ​វិញ នូវ​ប្រស្នា​ដែល​គួ​រព្យាករដោយ​ការ​សួរ​តបទៅវិញ បញ្ឈប់​នូវ​ប្រស្នា​ ដែល​គួរ​បញ្ឈប់​ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាងនេះ បុគ្គល​នេះ ឈ្មោះ​ថា ​ជាបុគ្គល​គួរ​សាកច្ឆា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​គប្បី​ដឹង ស្គាល់​បុគ្គល ដោយ​ការ​ចួប​ប្រទៈ ដោយ​ពាក្យសំដីថា នេះ​ជា​បុគ្គល ​ដែល​គួរ​សាកច្ឆា ឬ​មិន​គួរ​សាកច្ឆា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បើបុគ្គល​នេះ​ ដែល​ត្រូវ​គេ​សួរ​ប្រស្នា​ហើយ មិន​តាំង​នៅក្នុង​ឋានៈ (​ហេតុ​ដែលកើតមាន) ​ និង​អដ្ឋានៈ (​ហេតុដែល​មិន​កើត​មាន) មិន​តាំង​នៅ ក្នុង​បរិកប្បៈ (​ការ​កំណត់​សួរ​​ និង​ឆ្លើយ) ​​មិន​តាំង​នៅ ​ក្នុង​វាទៈ​ដែល​ខ្លួន​ចេះ មិន​តាំង​នៅ ក្នុង​បដិបទា ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាង​នេះ បុគ្គល​នេះ ឈ្មោះ​ថា ជាបុគ្គល មិន​គួរ​សាកច្ឆា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើ​បុគ្គល​នេះ កាល​ដែល​ត្រូវ​គេ​សួរ​ប្រស្នា​ហើយ​ ក៏​តាំងនៅ​ក្នុងឋានៈ​​ និង​អដ្ឋានៈ តាំង​នៅ​ក្នុង​បរិកប្បៈ តាំង​នៅ​ក្នុង​វាទៈ ដែល​ខ្លួន​ចេះ​ដឹង តាំង​នៅ​ក្នុង​បដិបទា ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាងនេះ បុគ្គល​នេះ ឈ្មោះថា ជាបុគ្គល​ គួរ​សាកច្ឆា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​គប្បី​ដឹង ស្គាល់​បុគ្គល ដោយ​ការ​ចួប​ប្រទះ ដោយ​ពាក្យ​សំដី​ថា នេះ​ជា​បុគ្គល​គួរសាកច្ឆា ឬ មិន​គួរ​សាកច្ឆា​ ដូច្នេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បើបុគ្គល​នេះ កាល​ដែល​ត្រូវ​គេសួរ​ប្រស្នា​ហើយ ក៏​ពោល​ពាក្យ​បន្លែបន្លប់ ផ្ដេស​ផ្ដាស នាំយក​សំដី​ខាង​ក្រៅ ​មក​ដំណាល ​ធ្វើ​សេចក្ដី​ក្រោធ​ខឹង ​​ និង​សេចក្ដី​តូច​ចិត្ត​ឲ្យប្រាកដ​ឡើង ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើយ៉ាង​នេះ បុគ្គល​នេះ​ ឈ្មោះ​ថា ជាបុគ្គល​មិន​គួរ​សាកច្ឆា។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលនេះ កាលដែល​ត្រូវគេសួរ​ប្រស្នា​ហើយ មិន​ពោល​ពាក្យ​បន្លែបន្លប់ ផ្ដេសផ្ដាស​ មិន​នាំយក​សំដី​ខាង​ក្រៅ​ មក​ដំណាល មិន​ធ្វើ​សេចក្ដី​ក្រោធខឹង ​ និងសេចក្ដី​តូចចិត្ត ឲ្យ​ប្រាកដ​ឡើង ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាង​នេះ បុគ្គល​នេះ​ ឈ្មោះ​ថា ជាបុគ្គល​ គួរ​សាកច្ឆា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បណ្ឌិត​គប្បីដឹង ស្គាល់​បុគ្គល ដោយ​ការ​ចួប​ប្រទះ ដោយ​ពាក្យ​សំដី​ថា នេះ​ជាបុគ្គល​ ដែល​គួរ​សាកច្ឆា ឬមិន​គួរ​សាកច្ឆា ដូច្នេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើ​បុគ្គល​នេះ កាល​ដែល​ត្រូវ​គេ​សួរ​ប្រស្នា​ហើយ និយាយប៉ប៉ាច់ប៉ប៉ោច និយាយ​សង្កត់​សង្ដិន និយាយ​សើច​លេង ប្រុង​ចាប់ថ្នាក់ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាងនេះ បុគ្គល​នេះ​ ឈ្មោះ​ថា ​ជាបុគ្គលមិន​គួរ​សាកច្ឆា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រសិន​បើបុគ្គល​នេះ កាល​ដែលត្រូវ​គេសួរ​ប្រស្នា​ហើយ មិន​និយាយ​ប៉ប៉ាច់​ប៉ប៉ោច មិន​និយាយ​សង្កត់សង្កិន មិន​និយាយ​សើច​លេង មិន​ប្រុង​ចាប់​ថ្នាក់ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​បើ​យ៉ាង​នេះ បុគ្គល​នេះ ឈ្មោះ​ថា ជាបុគ្គល​គួរសាកច្ឆា។  ម្នាល​ភិក្ខុទាំង​ឡាយ បណ្ឌិតគប្បី​ដឹង​ ស្គាល់​បុគ្គល​ ដោយ​ការ​ចួប​ប្រទះ ដោយពាក្យ​សំដី​ថា នេះ​ជា​បុគ្គល​មាន​ឧបនិស្ស័យ ឬ​មិន​មាន​ឧបនិស្ស័យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ដែល​មិន​ផ្ទៀង​ត្រចៀក​ស្ដាប់ ជាបុគ្គល​មិន​មានឧបនិស្ស័យ បុគ្គល​ដែលផ្ទៀង​ត្រចៀកស្ដាប់ ជាបុគ្គល​មាន​ឧបនិស្ស័យ។ បុគ្គល​ដែល​មាន​ឧបនិស្ស័យ​នោះ​ រមែង​ដឹង​ច្បាស់ នូវ​ធម៌មួយ រមែង​កំណត់ដឹង​ នូវ​ធម៌​មួយ រមែង​លះ​បង់ ​នូវ​ធម៌​មួយ រមែង​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ធម៌មួយ។  កាល​បុគ្គល​នោះ​ ដឹង​ច្បាស់​នូវ​ធម៌​មួយ កំ​ណត់​ដឹង ​នូវ​ធម៌​មួយ លះ​បង់​នូវ​ធម៌​មួយ ធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​ធម៌​មួយ រមែងពាល់​ត្រូវ​នូវ​វិមុត្តិ ដោយ​ប្រពៃ​បាន។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ការ​និយាយ​ ការ​ប្រឹក្សាគ្នា ឧបនិស្ស័យ​​ និង​ការ​ផ្ទៀងត្រចៀក​ស្ដាប់ សុទ្ធ​តែមាន​ការ​រួច​ផុត​នៃចិត្ត ព្រោះ​មិន​ប្រកាន់​មាំ នុ៎ះ​ជាប្រយោជន៍។

ជន​ទាំង​ឡាយ​ណា​ និយាយ (​ទាំង​កំហឹង ) ជាអ្នកប្រកាន់​ខ្ជាប់ ជាអ្នក​លើក​ដំកើង​ខ្លួន​ ពោល​ទាក់​ទង ដល់អនរិយគុណ ជាអ្នក​ស្វែង​រក​កំហុសគ្នា ទៅ​វិញ​ទៅ​មក តែង​ត្រេក​អរ​ ចំពោះ​ពាក្យ​ទុព្ភាសិត សេចក្ដី​ភ្លាំង​ភ្លាត់ ភាន់​ច្រឡំ​នឹងការ​ផ្ចាញ់​សំដី​នៃ​គ្នា​នឹង​គ្នា ឯ​អរិយ​ជន​ មិនប្រព្រឹត្ត​កា​រនិយាយ​ដូច្នោះ​ឡើយ។ បើអរិយជន មិនបា្រថ្នា​នឹង​និយាយ ក៏​ជាអ្នក​ឈ្លាស ស្គាល់កាល និយាយ​តែ​ពាក្យ​សំដី​ ដែល​ប្រកប​ដោយ​ធម៌ ជាសំដី ដែល​អរិយជន​ ធ្លាប់​ប្រព្រឹត្ត​មក​ហើយ ជាអ្នក​មាន​ប្រាជ្ញា មិន​ក្រោធ មិន​លើក​ខ្លួន មាន​ចិត្ត​ឥត​មាន​មានះគ្របសង្កត់ ជាអ្នក​មិន​លើកកំពស់​ ជាអ្នក​មិន​រួស​រាន់ លោកជា​អ្នក​មិន​មានឫស្យា​​ និង​សេចក្ដី​ប្រកាន់​ខ្លួន ដឹងពិត​ហើយ ​ទើបនិយាយសំដី​ ដែលគេ​និយាយ​ត្រូវ ក៏អនុ​មោទនា កាល​បើ​គេនិយាយ​ខុស ក៏​មិន​ដេញ​ដោល មិន​ប្រុង​ប្រណាំងប្រជែង មិន​អាង​ហេតុ​ចាប់​ខុស​គេ មិន​និយាយ​ប៉ប៉ាច់​ប៉ប៉ោច មិន​និយាយ​សង្កត់​សង្កិនគេ មិន​និយាយ​បាតដៃជាខ្នង​ដៃ។  ការ​ប្រឹក្សា​គ្នា របស់​សប្បុរស​ទាំងឡាយ តែង​ប្រព្រឹត្ត​ទៅ ដើម្បី​ដឹងច្បាស់ ដើម្បី​សេចក្ដី​ជ្រះ​ថ្លា អរិយជនទាំងឡាយ តែង​ប្រឹក្សាគ្នា​ យ៉ាងនេះ នេះ​ជាការ​ប្រឹក្សា​ នៃអរិយជនទាំង​ឡាយ បុគ្គល​អ្នកមាន​បញ្ញា កាល​បើដឹង​សេចក្ដីនុ៎ះ​ច្បាស់​ហើយ មិន​គួរ​និយាយ​ប្រឹក្សា ​លើក​ដំកើងតែខ្លួន​ឯង​ឡើយ។

អញ្ញតិត្ថិយសូត្រទី៨

[៧០] ម្នាល​ភិក្ខុ​ទាំង​ឡាយ បើបរិព្វា​ជក ជាអន្យតិរ្ថិយ គប្បីសួរ (អ្នក​ទាំងឡាយ ) យ៉ាង​នេះ​ថា ម្នាល​អាវុសោទាំង​ឡាយ ធម៌​ទាំងឡាយអម្បាល​នេះ មាន​៣ យ៉ាង។  ធម៌​ទាំង ៣ យ៉ាង​ តើ​ដូចម្ដេច។  គឺរាគៈ១ ទោសៈ​១ មោហៈ១។  ម្នាល​អាវុសោទាំងឡាយ ធម៌ មាន​៣ យ៉ាងនេះឯង។  ម្នាល​អាវុសោទាំងឡាយ ធម៌ទាំង​៣ យ៉ាងនេះ ប្លែកគ្នា ​ដូចម្ដេច មាន​អធិប្បាយ​ដូចម្ដេច មាន​សេចក្ដី​ផ្សេង​គ្នា​ដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ​កាល​ត្រូវ​គេ​សួរ​ យ៉ាង​នេះ​ហើយ គប្បី​ព្យាករ ដូចម្ដេច ដល់​ពួក​បរិព្វា​ជក ​ជាអន្យតិរ្ថិយ​ទាំង​អម្បាល​នោះ។  បពិត្រ​ព្រះអង្គដ៏​ចំរើន ធម៌​ទាំង​ឡាយ របស់​យើង​ខ្ញុំ​ព្រះអង្គ មាន​ព្រះដ៏​មាន​ព្រះភាគ​ ជាទីតាំង មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មាន​ព្រះភាគ ជាទី​ពឹង។  បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន យើង​ខ្ញុំព្រះ​អង្គ​ សូម​ព្រះ​រាជទាន​ឱកាស​ សូម​ព្រះ​ដ៏​មាន​ព្រះភាគ បំភ្លឺ​សេចក្ដី​ នៃ​ភាសិត​នុ៎ះ ​ឲ្យទាន ភិក្ខុទាំងឡាយ បាន​ស្ដាប់​ព្រះដ៏​មាន​ព្រះភាគហើយ ​នឹង​ចង​ចាំទុក។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើដូច្នោះ​ អ្នក​ទាំងឡាយ ចូរ​ប្រុង​ស្ដាប់ ចូរ​ធ្វើទុក​ក្នុង​ចិត្ត ​ឲ្យ​ប្រពៃ​ចុះ តថាគត ​នឹង សំដែង​។  ភិក្ខុ​ទាំង​អម្បាល​នោះ ទទួល​ព្រះ​ពុទ្ធដី​កា របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា​ ព្រះអង្គ។ ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពួក​បរិព្វាជក ​ជាអន្យតិរ្ថិយ គប្បី​សួរ​យ៉ាង​នេះ​ថា ម្នាល​អាវុសោ​ទាំង​ឡាយ ធម៌ទាំង​អម្បាល​នេះ មាន​៣​ យ៉ាង។  ធម៌៣ យ៉ាង​ តើ​ដូច​ម្ដេច។ គឺរាគៈ១ ទោសៈ១ មោហៈ១។  មា្នល​អាវុសោ​ទាំងឡាយ ធម៌​មាន​៣យ៉ាង​នេះ​ឯង។  ម្នាល​អាវុសោ​ទាំងឡាយ ធម៌​ទាំង៣​យ៉ាងនេះ​ ប្លែកគ្នា​ដូច​ម្ដេច មាន​អធិប្បាយ​ដូចម្ដេច មាន​សេចក្ដី​ផ្សេង​គ្នា​ ដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កាល​អ្នក​ទាំងឡាយ ត្រូវ​គេ​សួរ​យ៉ាង​នេះ​ហើយ ​គប្បីដោះស្រាយ​ ដល់​ពួក​បរិព្វា​ជក ជា​អន្យតិរ្ថិយ​អម្បាល​នោះ​ យ៉ាង​នេះថា ម្នាលអាវុសោ​ទាំងឡាយ រាគៈ មាន​ទោស​តិច ប៉ុន្ដែ​ក្រសាបរលាប ទោសៈមាន​ទោស​ច្រើន ប៉ុន្ដែ​ឆាប់​សាបរលាប មោហៈ​ មាន​ទោស​ច្រើន​ផង ក្រសាបរលាបផង។  ម្នាល​អាវុសោទាំងឡាយ ចុះ​អ្វី​ជាហេតុ អ្វី​ជាបច្ច័យ ដែល​នាំ​ឲ្យ​រាគៈ ដែល​មិន​ទាន់​កើត ឲ្យ​កើតឡើង​ក្ដី រាគៈ​ ដែលកើត​ឡើង​ហើយ ឲ្យ​រឹង​រឹត​តែចំរើន​ច្រើន​ឡើង​ក្ដី​។  គួរ​ដោះស្រាយ​ថា សុភនិមិត្ត (​អារម្មណ៍​ដែល​ល្អ)។  កាល​បុគ្គល​នោះ ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវសុភនិមិត្ត ដោយ​មិន​ជា​ឧបាយ​ នៃ​បញ្ញា រាគៈ ដែល​មិន​ទាន់​កើត​ឡើង​ ក៏កើត​ឡើង​ផង រាគៈ​ដែល​កើត​ឡើង​ហើយ ក៏​រឹង​រឹត​តែចំរើន​ច្រើន​ឡើង​ផង។ ម្នាល​អាវុសាទាំងឡាយ នេះ​ជាហេតុ នេះ​ជាបច្ច័យ ដែល​នាំឲ្យ​រាគៈ ដែល​មិន​ទាន់​កើត​ឡើង ឲ្យ​កើត​ឡើង​ផង រាគៈ​ដែល​កើត​ឡើង​ហើយ​ ឲ្យ​រឹងរឹតតែ​ចំរើន​ច្រើន​ឡើង​ផង។  ម្នាល​អាវុសោ​ទាំងឡាយ ចុះ​អ្វី​ជាហេតុ អ្វី​ជា​បច្ច័យ ដែល​នាំ​ឲ្យ​ទោសៈ ដែល​មិន​ទាន់​កើត​ឡើង ឲ្យ​កើត​ឡើង​បានក្ដី ទោសៈ​ដែល​កើត​ឡើង​ហើយ ឲ្យ​រឹង​រឹតតែ​ចំរើន​ច្រើន​ឡើង​ក្ដី។ គួរ​ដោះ​ស្រាយ​ថា បដិឃនិមិត្ត (​អារម្មណ៍​ដែល​ទាស់​ចិត្ត)។  កាលបុគ្គល​នោះ ធ្វើ​ទុក​ក្នុង​ចិត្ត ​នូវ​បដិឃនិមិត្ត ដោយ​មិន​ជាឧបាយ​នៃបញ្ញា ទោសៈ ដែល​មិន​ទាន់​កើត​ឡើង ក៏​កើត​ឡើង​ផង ទោសៈដែលកើត​ឡើង​ហើយ ក៏​រឹង​រឹត​តែចំរើន​ច្រើន​ឡើង​ផង ម្នាល​អាវុសោ​ទាំងឡាយ នេះ​ជា​ហេតុ នេះ​ជាបច្ច័យ ដែល​នាំ​ឲ្យ​ទោសៈ ដែល​មិនទាន់​កើតឡើង​ ឲ្យ​កើត​ឡើង​ផង ទោសៈ ដែល​កើត​ឡើង​ហើយ ឲ្យ​រឹងរឹតតែ​ចំរើនឡើង​ផង។  មា្នល​អាវុសោទាំងឡាយ ចុះអ្វី​ជា​ហេតុ អ្វី​ជាបច្ច័យ ដែល​នាំ​ឲ្យ​មោហៈ ដែល​មិនទាន់​កើត​ឡើង ឲ្យ​កើត​ឡើង​ក្ដី មោហៈ​ដែលកើត​ឡើង​ហើយ ឲ្យ​រឹង​រឹត​តែចំរើន​ច្រើន​ឡើង​ក្ដី។  គួរ​ដោះ​ស្រាយថា អយោនិសោមនសិការៈ (​ការ​មិន​ធ្វើ​ទុកក្នុង​ចិត្ត ​ដោយឧបាយ​នៃប្រាជ្ញា)​។ ​កាល​បុគ្គល​នោះ ​មិន​ធ្វើ​ទុកក្នុង​ចិត្ត​ ដោយ​ជាឧបាយ​នៃបញ្ញា មោហៈ​ ដែល​មិន​ទាន់​កើត​ឡើង ក៏​កើត​ឡើង​ផង មោហៈ​ដែល​កើត​ឡើងហើយ​ ក៏​រឹង​រឹត​តែ​ចំរើន​ច្រើន​ឡើង​ផង។  ម្នាល​អាវុសោ​ទាំង​ឡាយ នេះ​ជាហេតុ នេះ​ជា​បច្ច័យ ​ដែល​នាំ​ឲ្យ​មោហៈ ​ដែល​មិន​ទាន់​កើត​ឡើង​ ឲ្យ​កើត​ឡើងផង​ មោហៈ ​ដែល​កើត​ឡើងហើយ ​ក៏​រឹងរឹត​តែ​ចំរើន​ច្រើន​ឡើង​ផង។  ម្នាលអាវុសោទាំងឡាយ ចុះអ្វី​ជាហេតុ​ អ្វី​ជាបច្ច័យ​ ដែល​នាំឲ្យ​រាគៈ​ ដែល​មិន​ទាន់កើត​ឡើង ​​មិន​ឲ្យ​កើត​ឡើង​បាន​ក្ដី រាគៈ​ដែល​កើត​ឡើង​ហើយ ក៏​លះ​បង់​ចេញបាន​ក្ដី។  គួរ​ដោះ​ស្រាយ​ថា​ អសុភនិមិត្ត​ (អារម្មណ៍​ដែល​មិន​ល្អ)។ កាល​បុគ្គល​នោះ​ ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​អសុភនិមិត្ត​ ដោយ​ឧ​បាយ​នៃ​បញ្ញា រាគៈដែល​មិន​ទាន់​កើត​ឡើង ក៏​មិន​កើត​ឡើង​ផង​ រាគៈ​ដែល​កើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ផង។  ម្នាល​អាវុសោ​ទាំង​ឡាយ នេះ​ជាហេតុ នេះជាបច្ច័យ​ ដែល​នាំ​ឲ្យ​រាគៈ ​ដែល​មិន​ទាន់​កើត​ឡើង មិន​ឲ្យ​កើត​ឡើង​បាន​ផង រាគៈ​ដែល​កើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ផង។  ម្នាល​អាវុសោទាំងឡាយ ចុះ​អ្វី​ជាហេតុ​ អ្វី​ជាបច្ច័យ ដែល​នាំឲ្យ​ទោសៈ ដែល​មិនទាន់​កើត​ឡើង មិន​ឲ្យ​កើត​ឡើង​ក្ដី ទោសៈដែល​កើត​ឡើង​ហើយ ក៏​លះបង់​ចេញ​បានក្ដី។  គួរ​ដោះស្រាយ​ថា មេត្តា​ចេតោវិមុត្តិ (​គ្រឿង​រួចផុត​នៃ​ចិត្ត ដោយ​អំណាច​មេត្តា )។  កាល​បុគ្គល​នោះ​ ធ្វើ​ទុក​ក្នុង​ចិត្ត​ នូវ​មេត្តា​ចេតោវិមុត្តិ ដោយ​ឧ​បាយ​នៃបញ្ញា​ ទោសៈ​ ដែល​មិន​ទាន់​កើតឡើង ក៏​មិន​កើត​ឡើង​ផង ទោសៈ​ដែល​កើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ផង។  ម្នាល​អាវុសោ​ទាំងឡាយ នេះ​ជា​ហេតុ នេះ​ជាបច្ច័យ ដែល​នាំឲ្យ​ទោសៈ ​ដែល​មិន​ទាន់កើត​ឡើង មិន​ឲ្យកើត​ឡើង​ផង ទោសៈដែល​កើតឡើង​ហើយ ក៏​លះបង់ចេញ​បានផង។  ម្នាល​អាវុសោទាំងឡាយ អ្វី​ជាហេតុ អ្វី​ជាបច្ច័យ ដែល​នាំឲ្យ​មោហៈ ​ដែល​មិន​ទាន់​កើត​ឡើង​ មិន​ឲ្យ​កើត​ឡើង​ក្ដី​ មោហៈ​ដែលកើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ក្ដី។  គួរ​ដោះ​ស្រាយ​ថា យោនិសោមនសិការៈ (​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ដោយ​ឧបាយនៃ​ប្រាជ្ញា) កាល​បុគ្គល​នោះ ធ្វើ​ទុក​ក្នុង​ចិត្ត​ ដោយ​ឧបាយ​នៃប្រាជ្ញា មោហៈ​ដែល​មិន​ទាន់​កើត​ឡើង ក៏​មិនកើត​ឡើង​ផង មោហៈ ​ដែលកើត​ឡើង​ហើយ ក៏​លះ​បង់​ចេញ​បាន​ផង។ ម្នាល​អាវុសោ​ទាំង​ឡាយ នេះ​ជាហេតុ នេះជាបច្ច័យ ដែល​នាំ​ឲ្យ​មោហៈ ដែល​មិន​ទាន់​កើត​ឡើង មិន​ឲ្យ​កើត​ឡើង​ផង មោហៈ​ដែល​កើត​ឡើងហើយ​ ក៏​លះ​បង់​ចេញ​បាន​ផង។

អកុសលមូលសូត្រទី៩

[៧១] ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសល​មូល​ (​​ឫស​គល់ ​នៃ​អកុសល) នេះ​ មាន​ ៣ យ៉ាង។  អកុសល​មូល ៣ យ៉ាង​ តើ​ដូច​ម្ដេច។  គឺលោភៈ​ ជាអកុសល​មូល​ ១ ទោសៈ​ ជា​អកុសល​មូល ១ មោហៈ ​ជាអកុសល​មូល​ ១។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ សភាវៈ​ណា ​ជាតួ​លោភៈ សភាវៈនោះ ​ជាអកុសល បុគ្គល​អ្នក​ល្មោភ ​តែង​សន្សំ​នូវ​កម្មណា ដោយ​កាយ វាចា ចិត្ត​ កម្ម​នោះ​ ក៏​ជាអកុសល​ដែរ បុគ្គល​អ្នក​ល្មោភ ​ត្រូវ​លោភៈគ្រប​សង្កត់ មាន​ចិត្ត​ត្រូវ​លោភៈ​រួប​រឹត តែង​រក​រឿង ​បង្ក​ទុក្ខ​ដែល​មិន​មាន​ពិត​ ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ​ដោយ​ការ​ចាប់​ចង​ខ្លះ ដោយការ​បំផ្លាញ​ខ្លះ​ ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរបង់​ខ្លះ​ ដោយ​អាង​កំ​ឡាំង​ថា អាត្មា​អញ​ជាអ្នកមានកំឡាំង​ខ្លះ​ ដោយ​ហេតុ​ណា ហេតុ​នោះ ហៅថា ​ជាអកុសល។ អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក​ជាច្រើន​ កើត​អំពី​លោភៈ មាន​លោភៈ​ជាដើមហេតុ មាន​លោភៈ​ជាប្រភព មាន​លោភៈ​ជា​បច្ច័យ​ ទាំង​អម្បាលនេះ រមែង​ប្រជុំ​កើត​ព្រម​ដោយ​ប្រការ​ដូច្នេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ សភាវៈ​ណា ​ជាតួ​ទោសៈ សភាវៈ​នោះ ​ក៏​ជាអកុសល បុគ្គល​អ្នក​ប្រទូស្ត ​តែងសន្សំ​នូវ​កម្មណា ដោយ​កាយ​ វាចា ​ចិត្ត កម្មនោះ ​ក៏​ជា​អកុសល​ដែរ ​បុគ្គល​អ្នកប្រទូស្ត​ ត្រូវ​ទោសៈ​គ្រប​សង្កត់​ មាន​ចិត្តត្រូវ​ទោសៈ​រួបរឹត តែង​រក​រឿង​ បង្កទុក្ខ​ដែល​មិន​ពិត ​ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់​ចងខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ​ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរបង់​ខ្លះ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ​ ជាអ្នក​មាន​កំឡាំង​ខ្លះ ដោយ​ហេតុ​ណា ហេតុនោះ​ហៅថា ជាអកុសល។  អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក​ជាច្រើន​ដែល​កើត​អំពី​ទោសៈ​ ​មាន​ទោសៈ​ជាដើម​ហេតុ មាន​ទោសៈ​ជា​ប្រភព (​ជាដែន ​កើត​) មាន​ទោសៈ​ជា​បច្ច័យ ទាំង​អម្បាល​នេះ រមែង​ប្រជុំ​កើត​ព្រម ដោយ​ប្រការ​ដូច្នេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ សភាវៈណា​​ ជា​តួ​មោហៈ សភាវៈនោះ ជាអកុសល បុគ្គល​អ្នក​វង្វេង តែង​សន្សំ​នូវ​កម្ម​ណា ដោយ​កាយ​ វាចា ចិត្ត កម្មនោះ ​ហៅ​ថា​ជា​អកុសល បុគ្គល​អ្នក​វង្វេង ត្រូវមោហៈ​គ្របសង្កត់ មានចិត្ត​ត្រូវមោហៈរួបរឹត តែង​រក​រឿង​ បង្ក​ទុក្ខដែល​មិន​មាន​ពិត ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ​ ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរ​បង់ចេញ​ខ្លះ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ​ ជា​អ្នក​មាន​កំឡាំង​ខ្លះ ដោយហេតុណា ហេតុ​នោះ​ហៅថា ជាអកុសល។  អកុសល​ធម៌​ទាំងឡាយ ដ៏​លាមក​ជាច្រើន ដែល​កើត​អំពី​មោហៈ មាន​មោហៈជាដើម​ហេតុ មាន​មោហៈ​ជាប្រភព មាន​មោហៈ​ជាបច្ច័យ ទាំង​អម្បាល​នេះ រមែង​ប្រជុំកើត​ព្រម ​ដោយ​ប្រការ​ដូច្នេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មានសភាព​ដូច្នេះនេះ ​ហៅថា អកាល​វាទី (​និយាយ​ក្នុង​កាល​មិន​គួរ​)​ ខ្លះ អភូត​វាទី (​និយាយ​ពាក្យ​មិន​ពិត) ​ខ្លះ អនត្ថវាទី (​និយាយ​ពាក្យ ដែល​មិនមាន​ប្រយោជន៍) ​ខ្លះ អធម្មវាទី (​និយាយ​មិន​ត្រូវ​តាម​ធម៌ ) ខ្លះ អវិនយ​វាទី (និយាយ​មិន​ត្រូវ​តាម​វិន័យ)​ខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​ដូចម្ដេច បាន​ជាបុគ្គល​មាន​សភាព​យ៉ាងនេះ ហៅថា អកាល​វាទី​ខ្លះ អភូត​វាទីខ្លះ អនត្ថ​វាទី​ខ្លះ អធម្មវាទី​ខ្លះ អវិនយ​វាទី​ខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ពិត​ណាស់ ព្រោះ​ថា​ បុគ្គល​នេះ តែង​បង្ក​ទុក្ខ​ ដល់​អ្នក​ដទៃ ដោយ​ការសម្លាប់​ខ្លះ ដោយ​ការចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ដោយ​ការ​តិះដៀល​ខ្លះ ដោយ​ការ​បំបរ​បង់​ខ្លះ​ ដោយ​អាង​កំឡាំង​ថា​ អាត្មា​អញ​ជាអ្នកមាន​កំឡាំង​ខ្លះ តែកាល​បើអ្នក​ដទៃ ​ហ៊ាន​និយាយ​ដោយ​សេចក្ដី​ពិត ក៏បដិសេធ មិន​ព្រម​ទទួល​ដឹង កាល​បើគេ​និយាយ ​ដោយ​សេចក្ដី​មិន​ពិត ក៏​មិន​ធ្វើ​ព្យាយាម​ ដើម្បី​ដឹង​ នូវ​សេចក្ដី​មិន​ពិត​នោះ​ថា ពាក្យ​នោះ​ មិន​មែនទេ ​ដូច្នេះ​ក្ដី ពាក្យ​នុ៎ះ​ មិន​ពិត​ទេ​ ដូច្នេះ​ក្ដី ព្រោះ​ហេតុ​នោះ បុគ្គល​មានសភាព​យ៉ាង​នេះ ​ហៅថា អកាល​វាទី​ខ្លះ អភូត​វាទី​ខ្លះ ​អនត្ថវាទី​ខ្លះ ​អធម្មវាទីខ្លះ អវិនយ​វាទី​ខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សភាព​យ៉ាង​នេះ ត្រូវ​អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក ​កើត​អំពី​លោភ គ្រប​សង្កត់​ មាន​ចិត្តត្រូវ​អកុសល​ធម៌​រួបរឹត តែង​នៅ​ជាទុក្ខ ប្រកប​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដី​តាន​តឹង ​ និង​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាងកាយ ​ស្លាប់​ទៅ មាន​ទុគ្គតិ​ជាទីប្រាកដ។ កើត​អំពី​ទោសៈ។បេ។ ត្រូវ​អកុសល​ធម៌​ទាំង​ឡាយ ​ដ៏​លាមក​ កើត​អំពី​មោហៈ គ្រប​សង្កត់​មាន​ចិត្តត្រូវ​អកុសល​ធម៌​រួប​រឹត តែង​នៅ​ជា​ទុក្ខ ប្រកប​ដោយ​សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដី​តាន​តឹង ​ និង​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាងកាយ​ស្លាប់​ទៅ មាន​ទុគ្គ​តិ​ជាទីប្រាកដ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ  ដូច​ដើមសាល​ព្រឹក្ស ដើម​ផ្ចឹក ​ឬ​ដើម​ពង្រ ត្រូវ​ពួរ​ជ្រៃ ៣​ដើម រួប​រឹត​ពី​ខាង​លើ​ ព័ទ្ធព័ន្ធ​ដោយ​ជុំ​វិញ រមែង​ដល់​​នូវ​សេចក្ដី​មិន​ចំរើន ដល់​នូវ​សេចក្ដី​វិនាស ដល់នូវ​ខូច​ខាត​ ​ និង​សេចក្ដី​ហិន​ហោច ​យ៉ាង​ណា​មិញ ម្នាល​ភិក្ខុ​ទាំង​ឡាយ ​បុគ្គលមាន​សភាព​យ៉ាង​នេះ ត្រូវ​អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក តែងកើត​អំពីលោភៈ គ្រប​សង្កត់​ មាន​ចិត្ត​ត្រូវ​អកុសល​ធម៌រួបរឹត តែង​នៅ​ជាទុក្ខ ​ប្រកបដោយ​សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដី​តាន​តឹង ​ និង​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ​ ស្លាប់​ទៅ មាន​ទុគ្គតិជាទី​ប្រាកដ។ កើត​អំពីទោ​សៈ។ បេ។  ត្រូវ​អកុសល​ធម៌​ទាំងឡាយ ​ដ៏​លាមក​តែង​កើត​អំពីមោហៈ​ គ្រប​សង្កត់​ មាន​ចិត្ត​ត្រូវ​អកុសល​ធម៌​រួបរឹត តែង​នៅ​ជាទុក្ខ ប្រកបដោយ​សេចក្ដី​ចង្អៀត​ចង្អល់ សេចក្ដី​តានតឹង ​ និង​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន លុះ​បែក​ធ្លាយ​រាង​កាយ ស្លាប់​ទៅ មាន​ទុគ្គតិជាទី​ប្រាកដ​ ក៏​យ៉ាងនោះ​ឯង។  ម្នាល​ភិក្ខុ​ទាំង​ឡាយ  អកុសល​មូល ​មាន​៣ យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំង​ឡាយ កុសល​មូល​ (​ឫស​គល់​នៃ​កុសល)​ នេះ ​មាន​ ៣យ៉ាង​។  កុសល​មូល ​៣ យ៉ាង ​តើ​ដូច​ម្ដេច។  គឺ​អលោភៈ ជាកុសល​មូល​១ អទោសៈ ជាកុសល​មូល​១ អមោហៈ ជា​កុសល​មូល​១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាតណា ​ជា​អលោភៈ ធម្ម​ជាត​នោះ ​ជាកុសល បុគ្គល​អ្នក​មិនល្មោភ​ តែង​​សន្សំ​នូវ​កម្ម​ណា ដោយ​កាយ វាចា​ចិត្ត កម្ម​នោះ​ ក៏​ជាកុសល បុគ្គល​អ្នក​មិន​ល្មោភ ត្រូវ​លោភៈមិន​គ្រប​សង្កត់ មាន​ចិត្ត​ត្រូវ​លោភៈ​មិន​រួបរឹត មិន​រក​រឿង​បង្ក​ទុក្ខ ដែល​មិន​មាន​ពិត ​ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់ខ្លះ ដោយ​ការ​ចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញខ្លះ ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរបងខ្លះ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ ​ជាអ្នក​មាន​កំឡាំងខ្លះ​ដោយ​ហេតុ​ណា ហេតុ​នោះ​ ហៅ​ថា ជាកុសល​។  កុសល​ធម៌​ទាំងឡាយ​ ច្រើន​ប្រការ ដែល​កើត​អំពី អលោភៈ​ មាន​អលោភៈ ជាដើម​ហេតុ មាន​អលោភៈ​ជា​ប្រភព មាន​អលោភៈ​ជាបច្ច័យ ទាំង​អម្បាល​នេះ រមែងកើត​ព្រម ​ដល់​បុគ្គល​នោះ​ដោយ​ប្រការ​ដូច្នេះ​។ ​ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មជាត​ណា ជាអទោសៈ ធម្ម​ជាត​នោះ​ជាកុសល បុគ្គល​អ្នក​មិន​ប្រទូស្ត តែង​សន្សំ​នូវ​កម្ម​ណា ដោយ​កាយ​ វាចា ចិត្ត កម្ម​នោះ​ ក៏​ជាកុសល​ បុគ្គលអ្នក​មិន​ប្រ​ទូស្ត ត្រូវ​ទោ​សៈ មិន​គ្រប​សង្កត់​ មាន​ចិត្តត្រូវ​ទោសៈ​មិន​រួប​រឹត មិន​រក​រឿង​បង្ក​ទុក្ខ ដែល​មិន​មាន​ពិត​ ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ​ដោយ​ការ​តិះ​ដៀល​ខ្លះ​ ដោយ​ការ​បំបរ​បង់​ខ្លះ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ​ ជាអ្នក​មាន​កំឡាំ​ខ្លះ ដោយ​ហេតុ​ណា ហេតុ​នោះ ​ក៏​ជា​អកុសល។  កុសល​ធម៌​ទាំង​ឡាយជាច្រើន ដែល​កើត​អំពី​អទោសៈ មាន​អទោសៈ​ជាដើម​ហេតុ មាន​អទោសៈ ​ជាប្រភព មាន​អទោសៈ​ជា​បច្ច័យ ទាំង​អម្បាល​នេះ រមែង​កើត​ព្រម​ ដល់​បុគ្គល​នោះ ​ដោយ​ប្រការ​ដូច្នេះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ​ធម្ម​ជាត​ណា​ ជាអមោហៈ ធម្មជាត​នោះ ​ជាកុសល បុគ្គល​អ្នក​មិន​វង្វេង​ តែង​សន្សំ​នូវ​កម្ម​ណា ដោយកាយ វាចា ចិត្ត កម្ម​នោះ​ ក៏​ជាកុសល បុគ្គលអ្នក​មិន​វង្វេង​ ត្រូវ​មោហៈមិន​គ្របសង្កត់ មាន​ចិត្ត​ត្រូវ​មោហៈ​មិន​រួប​រឹត មិន​បាន​រក​រឿង​បង្ក​ទុក្ខ ដែល​មិន​មាន​ពិត​ ដល់​អ្នក​ដទៃ ​ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ដោយ​ការ​តិះ​ដៀល​ខ្លះ ដោយ​ការ​បំបរ​បង់​ខ្លះ​ ដោយ​អាង​កំឡាំង​ថា អាត្មា​អញ​ ជាអ្នក​មានកំឡាំង​ខ្លះ ដោយ​ហេតុ​ណា ហេតុនោះ​ ក៏​ជា​កុសល។  កុសល​ធម៌​ទាំង​ឡាយច្រើន ​កើត​អំពី​អមោហៈ មានអមោហៈ ជាដើម​ហេតុ មាន​អមោហៈ​ជា​ប្រភព មា​ន​អមោហៈ​ជាបច្ច័យ ទាំង​អម្បាល​នេះ រមែង​កើត​ព្រម ​ដល់​បុគ្គល​នោះ​ ដោយ​ប្រការ​ដូច្នេះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​មាន​សភាព​យ៉ាង​នេះ ហៅថា កាល​វាទី (​និយាយ​ក្នុង​កាល​ដែល​គួរ​)​ខ្លះ ភូត​វាទី (​និយាយ​ពាក្យ​ពិត)​ខ្លះ អត្ថវាទី (និយាយ​ពាក្យ​ដែល​ជា​ប្រយោជន៍​)​ខ្លះ ធម្មវាទី (និយាយ​ត្រូវ​តាម​ធម៌​)​ខ្លះ វិនយ​វាទី (​និយាយ​ត្រូវ​តាម​វិន័យ​)​ខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ព្រោះហេតុ​ដូច​ម្ដេច បុគ្គល​ដែល​មាន​សភាព​ដូច្នេះ ​ហៅថា កាល​វាទី​ខ្លះ ភូតវាទី​ខ្លះ ​អត្ថវាទីខ្លះ​ ធម្មវាទីខ្លះ​ វិនយ​វាទី​ខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ពិតណាស់ ព្រោះ​ថា បុគ្គល​នេះ មិន​បង្កទុក្ខ ដែល​មិន​មាន​ពិត​ ដល់​អ្នក​ដទៃ ដោយ​ការ​សម្លាប់​ខ្លះ ដោយ​ការ​ចាប់​ចង​ខ្លះ ដោយ​ការ​បំផ្លាញ​ខ្លះ ដោយ​ការ​តិះ​ដៀលខ្លះ ដោយ​ការ​បំបរបង់​ខ្លះ ​ដោយ​អាង​កំឡាំង​ថា អាត្មា​អញ ជាអ្នក​មាន​កំឡាំង​ខ្លះ តែកាល​បើ​អ្នក​ដទៃ និយាយ​ដោ​យសេចក្ដី​ពិត ក៏ទទួល​រ៉ាប់​រង​ មិន​បដិសេធ កាល​បើ​គេ​និយាយ​ ដោយ​សេចក្ដី​មិន​ពិត​ ក៏ធ្វើ​សេចក្ដី​ព្យាយាម ដើម្បី​ដឹង​នូវ​​សេចក្ដី​មិន​ពិត​នោះ​ថា ពាក្យ​នុ៎ះ ​មិន​មែនទេ ដូច្នេះ​ក្ដី ពាក្យ​នោះ ​មិន​ពិត​ទេ​ដូច្នេះ​ក្ដី ព្រោះ​ហេតុ​នោះ បុគ្គល​មានសភាព​យ៉ាង​នេះ ហៅថា កាល​វាទី​ខ្លះ ភូត​វាទីខ្លះ អត្ថវាទី​ខ្លះ ធម្មវាទីខ្លះ វិនយ​វាទីខ្លះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ អកុសលធម៌​ទាំងឡាយ​ ដ៏​លាមក ដែល​កើត​អំពី​លោភៈ ដែល​បុគ្គល​មាន​សភាព​យ៉ាងនេះ ​លះ​បង់​បាន​ហើយ គាស់​រំលើង​ឫសគល់​អស់​ហើយ ធ្វើ​ឲ្យ​ដូច​ជាដើម​ត្នោត​កំបុត​ក ធ្វើ​មិន​ឲ្យមាន​បែប​ភាព មាន​កិរិយា​មិន​កើត​តទៅ​ទៀត​ ជាធម្មតា (​បុគ្គល​មាន​សភាព​យ៉ាងនេះ ) ​តែង​នៅ​ជាសុខ ឥត​មាន​សេចក្ដី​ចង្អៀតចង្អល់ ឥត​មានសេចក្ដី​តានតឹង ឥត​មាន​សេចក្ដី​ក្ដៅក្រហាយ ក្នុង​បច្ចុប្បន្ន រមែង​បរិនិព្វាន ក្នុង​បច្ចុប្បន្ន។  ដែល​កើត​អំពី​ទោសៈ។បេ។  អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក ដែល​កើត​អំពី​មោហៈ បុគ្គល​នោះ​ លះ​បាន​ហើយ គាស់​រំលើងឫស​គល់​អស់​​ហើយ ធ្វើ​ឲ្យ​ដូច​ជា​ដើម​ត្នោត​កំបុត​ក ធ្វើ​មិន​ឲ្យ​មាន​បែបភាព មាន​កិរិយា​មិន​កើត​តទៅ​ទៀត ​ជាធម្មតា បុគ្គល​មាន​សភាព​យ៉ាង​នេះ តែង​នៅ​ជាសុខ ឥត​មាន​សេចក្ដី​ចង្អៀត​ចង្អល់ ឥត​មាន​សេចក្ដីតាន​តឹង ឥ​ត​មាន​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន រមែង​បរិនិព្វាន ក្នុងបច្ចុប្បន្ន។  ម្នាល​ភិក្ខុ​ទាំង​ឡាយ  ដូច​ដើម​សាល​ព្រឹក្ស ដើម​ផ្ចឹក ឬ​ដើម​ពង្រ​ត្រូវ​ពួរ​ជ្រៃ​៣ ដើម រួប​រឹត​ព័ទ្វ​ព័ន្ធ ​ដោយ​ជុំវិញ។  កាល​ណោះ ​មានបុរស​កាន់​ចប ​ និង​កញ្ជើ ដើរ​មក​ បុរស​នោះ ក៏​កាប់​ពួរ​ជ្រៃ ត្រង់​គល់ លុះ​កាប់​គល់រួច​ហើយ ​ជីក​គាស់​ លុះ​ជីក​គាស់​ហើយ ក៏​ភើច​យក​ឫសទាំងឡាយ ដោយ​ហោចទៅ សូម្បី​ប៉ុន​លំពង់​ស្បូវ​ភ្លាំង (ក៏មិន​ឲ្យសល់ ) បុរស​នោះ​ ក៏​កាត់​ពួរ​ជ្រៃ​នោះ ឲ្យ​ជាកំណាត់​តូច​កំណាត់​ធំ លុះ​កាត់​ឲ្យ​ជាកំណាត់​តូច កំណាត់​ធំ​រួច​ហើយ ក៏​ពុះ លុះ​ពុះ​រួច​ហើយ ក៏​ធ្វើ​ឲ្យ​ជាចម្រៀក​ៗ លុះ​ធ្វើ​ឲ្យ​ជាចម្រៀក​ៗរួច​ហើយ ក៏​ហាល​ខ្យល់ ​​ និងកំ​ដៅ​ថ្ងៃឲ្យ​ស្ងួត លុះ​ហាល​ខ្យល់​​ និង​កំដៅ​ថ្ងៃ​រួច​ហើយ ក៏ដុត​ដោយ​ភ្លើង លុះ​ដុត​ដោយ​ភ្លើង​រួច​ហើយ ក៏​ធ្វើ​ឲ្យ​ជាធ្យូង លុះ​ធ្វើ​ឲ្យជាធ្យូង​រួច​ហើយ ក៏​បាច​សាច​ទៅ​តាមខ្យល់​ដ៏​ខ្លាំង​ ឬ​បណ្ដែត​ទៅ​តាម​ខ្សែ​ទឹក​ស្ទឹង ដែលហូរ​ខ្លាំង ម្នាល​ភិក្ខុ​ទាំង​ឡាយ  ពួរ​ជ្រៃ​ទាំង​អម្បាល​នោះ ដែល​បុគ្គលនោះ គាស់​រំលើង​ឫស​គល់​អស់​ហើយ ធ្វើ​ឲ្យ​ដូច​ជាដើម​ត្នោត​កំបុតក ធ្វើ​មិន​ឲ្យ​មាន​បែប​ភាព មាន​កិរិយា​មិន​កើត​តទៅ​ទៀត​ ជាធម្មតា​យ៉ាង​នេះ យ៉ាងណាមិញ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ  អកុសល​ធម៌​ទាំង​ឡាយ ដ៏​លាមក ដែល​កើត​អំពី​លោភៈ ដែល​បុគ្គល​មាន​សភាព​យ៉ាង​នេះ លះ​បាន​ហើយ បាន​គាស់​រំលើង​ឫស​គល់​អស់​ហើយ ធ្វើ​ឲ្យ​ដូច​ជាដើម​ត្នោត​កំបុត​ក ធ្វើមិន​ឲ្យ​មានបែប​ភាព មាន​កិរិយា​មិន​កើត​តទៅទៀត ​ជាធម្មតា បុគ្គលមាន​សភាព​យ៉ាងនេះ តែង​នៅ​ជាសុខ មិន​មាន​សេចក្ដី​ចង្អៀតចង្អល់ មិន​មាន​សេចក្ដី​តាន​តឹង មិន​មាន​សេចក្ដី​ក្ដៅ​ក្រហាយ ក្នុង​បច្ចុប្បន្ន រមែង​បរិនិព្វាន ក្នុង​បច្ចុប្បន្ន។  កើត​អំពី​ទោសៈ។  បេ។  អកុសល​ធម៌ទាំងឡាយ​ ដ៏​លាមក ដែល​កើត​អំពី​មោហៈ បុគ្គល​នោះ លះបានហើយ គាស់​រំលើង​ឫស​គល់​អស់​ហើយ ធ្វើ​ឲ្យ​ដូច​ជា​ដើម​ត្នោត​កំបុតក ធ្វើ​មិន​ឲ្យ​មាន​បែប​ភាព មាន​កិរិយា​មិន​កើត​តទៅ​ទៀត ​ជាធម្មតា បុគ្គលមាន​សភាព​យ៉ាង​នេះ តែង​នៅ​ជាសុខ មិន​មាន​សេចក្ដី​ចង្អៀត​ចង្អល់ មិន​មាន​សេចក្ដី​តានតឹង មិន​មាន​សេចក្ដី​ក្ដៅក្រហាយ ក្នុង​បច្ចុប្បន្ន រមែង​បរិនិព្វាន ក្នុង​បច្ចុប្បន្ន ក៏​យ៉ាង​នេះ​ឯង​។  ម្នាល​ភិក្ខុ​ទាំង​ឡាយ កុសល​មូល ​មាន​៣ យ៉ាង​នេះ​ឯង។

ឧបោសថសូត្រទី១០

[៧២] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុង​ប្រាសាទ របស់​មិគារមាតា ក្នុង​វត្តបុព្វា​រាម ទៀប​ក្រុង​សាវត្ថី។  គ្រា​នោះ​ ថ្ងៃ​នោះ ជាថ្ងៃឧបោសថ​សីល នាង​វិសាខា​មិគារ​មាតា ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ហើយអង្គុយ​ក្នុង​ទី​សម​គួរ​។  លុះ​នាង​វិសាខាមិគារមាតា អង្គុយ​ក្នុង​ទី​សម​គួរហើយ ព្រះ​ដ៏​មាន​ព្រះភាគ​ បាន​ត្រាស់​ដូច្នេះថា ម្នាល​នាង​វិសាខា ចុះនាងមក​ពី​ណា​ ទាំងថ្ងៃម៉្លេះ។  នាង​វិសាខា​ ក្រាប​បង្គំ​ទូល​ថា ថ្ងៃ​នេះ​ខ្ញុំ​ម្ចាស់​រក្សាឧបោសថៈព្រះ​អង្គ។  ព្រះ​ដ៏មាន​ព្រះភាគ ​ត្រាស់​ថា ម្នាល​នាង​វិសាខា ឧបោសថៈ​នេះ​ មាន​៣ យ៉ាង​។  ឧបោសថៈ ​៣​យ៉ាង​ តើ​ដូច​ម្ដេច។  គឺ គោបាល​កុបោសថៈ (ឧបោសថៈ​របស់​គង្វាល​គោ) ១ និគណ្ឋុបោសថៈ (ឧបោសថៈរបស់​និគ្រណ្ឋ) ១ អរិយុបោសថៈ (​ឧបោសថៈ​ របស់​ព្រះអរិយៈ) ១។ ម្នាល​នាង​វិសាខា ចុះ គោបាល​កុបោសថៈ​ តើ​ដូចម្ដេច។  ម្នាល​នាង​វិសាខា ដូច​គង្វាល​គោ ប្រគល់​គោទាំងឡាយ ដល់​អ្នក​ម្ចាស់​គោ ក្នុង​វេលា​ល្ងាច រួចហើយគិត​រំពឹង​ ដូច្នេះថា  ថ្ងៃនេះ គោ​ទាំង​ឡាយ ត្រាច់​រក​ស៊ី​ ក្នុង​ទី​ឯណោះ​ៗ ផឹក​ទឹក​ក្នុង​ទី​ឯណោះ ៗ ស្អែក​នេះ គោ​ទាំង​ឡាយ នឹង​ត្រាច់​ទៅ​រក​ស៊ី​ ក្នុង​ទីឯណោះ ៗ នឹង​ផឹក​ទឹក​ក្នុង​ទី​ឯណោះៗ​ យ៉ាង​ណាមិញ។  ម្នាល​នាងវិសាខា បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ជាអ្នក​រក្សា​ឧបោសថសីល​ហើយ គិតជញ្ជឹង ដូច្នេះ​ថា ក្នុង​ថ្ងៃ​នេះ អាត្មា​អញ​បាន​ទំពាស៊ី​ នូវ​ខាទនីយៈ​នេះផង ៗ អាត្មា​អញ​ បាន​បរិភោគ នូវ​ភោជនីយៈ​នេះ​ផង ៗ ស្អែក​នេះ អាត្មា​អញ នឹង​ទំពា​ស៊ី នូវ​ខាទនីយៈ​នេះ​ផង ៗ នឹង​បរិភោគ​ នូវ​ខាទនីយៈ​នេះផង ៗ បុគ្គល​នោះ មាន​ចិត្ត​ប្រកប​ដោយ​អភិជ្ឈា តែង​ញុំាង​ថ្ងៃ ឲ្យ​ប្រព្រឹត្ត​កន្លង​ទៅ ដោយ​លោភៈនោះ ក៏​យ៉ាង​នោះ​ឯង។  ម្នាល​នាង​វិសាខា យ៉ាង​នេះឯង ឈ្មោះ​ថា គោបាលកុបោសថៈ។  ម្នាល​នាង​វិសាខា ​​គោបាលកុបោសថៈ ដែល​បុគ្គល​រក្សា​យ៉ាងនេះ ជាឧ​បោសថៈ ​​មិន​មាន​ផល​ច្រើន មិន​មាន​អានិសង្ស​ច្រើន មិន​មាន​សេចក្ដី​រុង​រឿង​ច្រើន មិន​ផ្សាយ​ផលច្រើន​ទេ។  ម្នាល​នាង​វិសាខា ចុះ​ និគណ្ឋុបោសថៈ ​តើ​ដូច​ម្ដេច។  ម្នាល​នាងវិសាខា មាន​ពួក​សមណៈ​ ហៅថា​និគណ្ឋៈ​ សមណៈអម្បាល​នោះ ​តែង​ដឹកនាំសាវក ​យ៉ាង​នេះថា នែ​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​អាយ សត្វ​ទាំង​ឡាយណា មាន​នៅ​ក្នុង​ទិស​ខាង​កើត​ ខាង​នាយ ​ពី​១០០​យោជន៍​ទៅ​ អ្នក​ចូរ​ដាក់អាជ្ញា (​សម្លាប់​)​ សត្វ​អម្បាល​នោះ​ចុះ សត្វ​ទាំង​ឡាយ​ណា មាន​នៅក្នុង​ទិស​ខាង​លិច ខាង​នាយ​ពី១០០យោជន៍​ទៅ អ្នក​ចូរ​ដាក់​អាជ្ញា​ ក្នុងសត្វ​អម្បាល​នោះ​ចុះ សត្វ​ទាំងឡាយ​ណា មាន​នៅ​ក្នុង​ទិស​ខាង​ជើង ខាង​នាយ​ពី​១០០ យោជន៍​ទៅ​ អ្នក​ចូរ​ដាក់​អាជ្ញា ​​ក្នុង​សត្វ​អម្បាល​នោះ​ចុះ សត្វ​ទាំងឡាយ​​ណា មាន​នៅ​ក្នុង​ទិស​ខាង​ត្បូង​ ខាង​នាយ​ពី ១០០យោជន៍​ទៅ អ្នក​ចូរ​ដាក់​អាជ្ញា ក្នុង​សត្វ​អម្បាល​​នោះ​ចុះ។  ពួក​និគ្រណ្ឋ តែង​ដឹក​នាំ​សាវក​ ឲ្យ​អាណិត អនុគ្រោះ​ចំពោះ​ពួក​សត្វ​ខ្លះ​ តែង​ដឹក​នាំសាវក មិន​ឲ្យអាណិត មិនឲ្យអនុគ្រោះ ​ចំពោះ​ពួក​សត្វ​ខ្លះ។ ក្នុងថ្ងៃឧបោសថៈ​នោះ គេ​តែង​ដឹក​នាំ​សាវក​ យ៉ាង​នេះថា នែ​បុរស​ដ៏​ចំរើន អ្នក​ចូរ​មក​អាយ អ្នក​ចូរ​ស្រាត​សំពត់ឲ្យអស់ ហើយ​ពោល​យ៉ាង​នេះ​ថា អាត្មាអញ​មិន​ទាក់​ទាម​នឹង​នរណាៗ  ក្នុង​ទី​ណា ៗ នឹង​មាន​កង្វល់​ក្នុង​របស់អ្វី​ៗ ក្នុង​ទីណាៗ ក៏​មិន​មាន​ដល់​អាត្មា​អញ​ឡើយ តែ​មាតា​បិតារបស់​គេ​ ក៏ដឹង​ថា នេះ​បុត្រ​របស់​អញ​ទាំង​ខ្លួន​គេ ​ក៏​ដឹងថា នេះ​មាតាបិតា​របស់​អញ បុត្រ​ភរិយា​របស់​គេ​ ក៏ដឹង​ថា នេះ​ជាស្វាមីរបស់​អញ ទាំង​ខ្លួន​គេ​ ក៏​ដឹងថា នេះជាបុត្រភរិយា ​របស់​អញ ពួក​បុរស​ជាទាសកម្ម​ករ​របស់​គេ​ ក៏​ដឹង​ថា នេះជាម្ចាស់​របស់​អញ ទាំង​ខ្លួន​គេ​ ក៏​ដឹង​ថា នេះ​ជាពួក​បុរស​ ដែល​ជាទាសកម្មករ​របស់​អញ (​សាវក​ទាំង​នោះ) ត្រូវ​គេ​ដឹក​នាំក្នុង​សច្ចៈ​ដូច្នេះ ក្នុងសម័យ​ណា (​អ្នក​ដឹក​នាំ) ឈ្មោះថា ដឹក​នាំក្នុង​មុសាវាទ ក្នុងសម័យ​នោះ។ តថាគត​ពោលថា ពាក្យ​ដឹក​នាំនេះ ​ជាពាក្យ​មុសា​វាទ​របស់​គេ។  លុះ​កន្លងរាត្រី​នោះ​ហើយ គេ​បរិភោគ​ភោគៈទាំង​អម្បាល​នោះ ដែល​ម្ចាស់​គេ​មិនបាន​ឲ្យ​។  តថាគត​ពោល​ថា ការ​បរិភោគ​នេះ​ ជាអទិន្នាទាន​របស់​គេ។ ម្នាល​នាង​វិសាខា យ៉ាង​នេះឯង​ ឈ្មោះ​ថា និគណ្ឋុបោសថៈ។  ម្នាលនាងវិសាខា និគណ្ឋុបោសថៈ ​ដែល​គេ​រក្សា​យ៉ាង​នេះ ជាឧ​បោសថៈមិន​មានផល​ច្រើន មិន​មាន​អានិសង្ស​ច្រើន មិន​មាន​សេចក្ដី​រុង​រឿង​ច្រើន មិនផ្សាយផល​ច្រើន​ទេ។  ម្នាល​នាង​វិសាខា​ ចុះអរិយុបោសថៈ តើដូចម្ដេច។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្តដែល​សៅហ្មង​ ឲ្យ​ផូរផង់បាន ដោយ​សេចក្ដីព្យាយាម។  ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ដែល​សៅហ្មង ​ឲ្យផូរផង់បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច​។  ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុងធម្មវិន័យ​នេះ តែង​រឭករឿយៗ នូវ​ព្រះតថាគត​ថា ព្រះ​ដ៏​មាន​ព្រះភាគ​អង្គនោះ​ ព្រះ​អង្គឆ្ងាយ​ចាក​សេចក្ដី​សៅហ្មងគ្រប់​យ៉ាង ព្រះ​អង្គ​ត្រាស់​ដឹង ​នូវញេយ្យ​ធម៌​ទាំង​ពួង ដោយ​ប្រពៃ​ ចំពោះ​ព្រះអង្គ ព្រះ​អង្គ​បរិបូណ៌​ដោយ​វិជ្ជា​ និងចរណៈ ព្រះ​អង្គ​មាន​ដំណើរ​ល្អ ព្រះអង្គ​ជ្រាប​ច្បាស់​ នូវ​ត្រៃលោក ព្រះ​អង្គ​ប្រសើរ​ដោយ​សិលា​ទិគុណ ​រក​បុគ្គល​ណា​មួយ​ស្មើ​គ្មាន ព្រះអង្គជាសារថី អ្នក​ទូន្មាន​នូវ​បុរស​ ដែល​គួរ​ទូន្មាន​បាន ព្រះអង្គជា​គ្រូ​នៃ​ទេវតា​​ និងមនុស្ស​ទាំងឡាយ ព្រះអង្គ​បាន​ត្រាស់ដឹង​ នូវ​អរិយ​សច្ចធម៌ ព្រះអង្គ​លែងវិល​ត្រឡប់​មក​កាន់​ភពថ្មី​ទៀត។  កាល​អរិយ​សាវក​នោះ កំពុង​រឭក នូវព្រះ​តថាគត​ ចិត្ត​រមែង​ជ្រះថ្លា សេចក្ដី​រីករាយ រមែងកើត​ឡើង ឧបក្កិលេសទាំងឡាយណា ​របស់​ចិត្ត ឧ​បក្កិលេស​ទាំង​នោះ អរិយសាវក​នោះ ក៏​លះបង់​ចេញ​បាន ម្នាល​នាង​វិសាខា ដូច​កា​រជម្រះ​ក្បាល ​ដែល​មិន​ស្អាត​ ឲ្យស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម។  ម្នាល​នាង​វិសាខា ចុះ​ការ​ជម្រះក្បាល ​ដែល​មិន​ស្អាត​ ឲ្យ​ស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម​ តើ​ដូចម្ដេច។ ម្នាល​នាង​វិសាខា ការ​អាស្រ័យ​កាក (កន្ទួត​ព្រៃ) ផង អាស្រ័យ​ដីផង អាស្រ័យ​ទឹក​ផង អាស្រ័យ​សេចក្ដី​ព្យាយាម ​ដ៏​សម​គួរ​ ដល់​កិច្ចនោះ របស់​បុរស​ផង ទើប​ធ្វើ​ក្បាល​ ដែល​មិន​ស្អាត ឲ្យ​ស្អាត​បាន​ ដោយ​សេចក្ដីព្យាយាម​យ៉ាងនេះ យ៉ាងណាមិញ។  ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ ដែលសៅហ្មង ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម ​ក៏​យ៉ាង​នោះ​ដែរ។  ម្នាលនាង​វិសាខា ចុះ​ការ​ធ្វើ​ចិត្ត​ដែល​សៅហ្មង​ ឲ្យ​ផូរ​ផង់​ ដោយ​សេចក្ដី​ព្យាយាម តើ​ដូចម្ដេច។  ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុង​ធម្មវិន័យ​នេះ តែង​រឭករឿយៗ នូវ​ព្រះ​តថាគតថា ព្រះ​ដ៏​មាន​ព្រះ​ភាគ​អង្គនោះ។ បេ។  ព្រះអង្គត្រាស់ដឹង ​នូវ​អរិយសច្ចធម៌ ព្រះអង្គលែងវិល​ត្រឡប់​មក​កាន់​ភព​ថ្មី​ទៀត។ កាល​អរិយ​សាវក​នោះ កំពុង​រឭក​រឿយៗ នូវព្រះតថាគត ចិត្ត​រមែង​ជ្រះថ្លា សេចក្ដី​រីករាយ​ រមែង​កើត​ឡើង ឧបក្កិលេស​ទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយសាវក​នោះ​ ក៏​លះ​បង់​ចេញ​បាន។ ម្នាល​នាង​វិសាខា អរិយ​សាវក​នេះ ហៅថា​រក្សា​ ព្រហ្មុ​បោសថៈ (ឧបោសថៈរបស់​ព្រហ្ម ) នៅរួម​នឹងព្រហ្ម ចិត្ត​របស់​គេ​ប្រារព្ធ​ចំពោះ​ព្រហ្ម រមែង​ជ្រះ​ថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបកិ្ក​លេស​ទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយសាវក​នោះ ក៏​លះបង់​ចេញ​បាន។ ម្នាល​នាងវិសាខា ការ​ធ្វើ​ចិត្ត ​ដែល​សៅ​ហ្មង ឲ្យផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ យ៉ាងនេះ។  ម្នាល​នាង​វិសាខា​ ការ​ធ្វើ​ចិត្ត ដែល​សៅ​ហ្មង​ ឲ្យ​ផូរផង់​បាន ដោយសេចក្ដី​ព្យាយាម។  ម្នាល​នាង​វិសាខា ចុះ​ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង រមែង​ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដី​ព្យាយាម តើដូច​ម្ដេច។ ម្នាលនាង​វិសាខា អរិយសាវក ក្នុង​ធម្មវិន័យនេះ តែង​រឭក​រឿយៗ នូវ​ព្រះធម៌ថា ព្រះ​ធម៌​ ដែល​ព្រះដ៏មាន​ព្រះ​ភាគ​ត្រាស់ ​ប្រពៃ​ហើយ ជាធម៌​ដែលបុគ្គល​ប្រតិបត្តិ​ គប្បី​ឃើញ​ចំពោះ​ខ្លួន ជាធម៌​ឲ្យ​ផល​ មិន​រង់​ចាំកាល ជាធម៌គួរហៅអ្នក​ដទៃ​ ឲ្យ​ចូល​មក​មើល​បាន ជាធម៌​គួរ​បង្អោន​ចូល​មក​ក្នុងខ្លួន ជាធម៌ដែល​វិញ្ញូជន គប្បី​ដឹង​ចំពោះ​ខ្លួន។  កាល​អរិយសាវក​នោះ កំពុង​រឭក​នូវព្រះធម៌​ ចិត្ត​រមែង​ជ្រះថ្លា​ សេចក្ដី​រីករាយ​ រមែង​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយណា របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ ​អរិយ​សាវក​នោះ ក៏លះបង់​ចេញ​បាន។  ម្នាល​នាង​វិសាខា ដូច​ការ​ជម្រះកាយ ​ដែល​មិន​ស្អាត​ រមែងឲ្យ​ស្អាតបាន ដោយ​សេចក្ដី​ព្យាយាម។  ម្នាល​នាង​វិសាខា ចុះការ​ជម្រះកាយ ​ដែល​មិន​ស្អាត ​រមែង​ឲ្យ​ស្អាត​បាន ​ដោយ​សេចក្ដី​ព្យាយាម ​តើដូចម្ដេច។ ម្នាល​នាង​វិសាខា ការ​អាស្រ័យ​ដុំ​លំអិត​ សម្រាប់​ជម្រះកាយ​ផង អាស្រ័យលំអិត​ សម្រាប់​ងូត​ផង អាស្រ័យ​ទឹក​ផង អាស្រ័យ​សេចក្ដីព្យាយាម ដ៏​សម​គួរ ដល់​កិច្ច​នោះ​ របស់​បុរស​ផង ទើប​ធ្វើ​ការ​ជម្រះ​កាយ ដែល​មិនស្អាត​ ឲ្យ​ស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម​ យ៉ាងនេះ យ៉ាងណាមិញ។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ​ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដីព្យាយាម​ យ៉ាង​នោះ​ដែរ។  ម្នាល​នាងវិសាខា ចុះការ​ធ្វើចិត្ត​ ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ តើដូចម្ដេច។  ម្នាល​នាង​វិសាខា អរិយសាវក ក្នុង​ធម្មវិន័យ​នេះ ​តែង​រឭក​រឿយ​ៗ នូវ​ព្រះ​ធម៌​ថា ព្រះ​ធម៌​ ដែលព្រះ​ដ៏​មាន​ព្រះភាគ ​ត្រាស់​ទុក​ប្រពៃ​ហើយ។ បេ។  ជាធម៌​ដែល​វិញ្ញូជនទាំង​ឡាយ​ គប្បី​ដឹង​ចំពោះ​ខ្លួន។  កាល​អរិយសាវក​នោះ​ កំពុង​រឭក​នូវព្រះធម៌ ​ចិត្តរមែង​ជ្រះថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបក្កិលេស​ទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ អរិយសាវក​នោះ ក៏លះ​បង់​ចេញ​បាន។  ម្នាល​នាង​វិសាខា អរិយសាវក​នេះ ហៅថា រក្សាធម្មុបោសថៈ នៅ​រួម​ដោយធម៌ ចិត្ត​របស់​អរិយសាវក​នោះ ប្រារព្ធចំពោះព្រះ​ធម៌ រមែង​ជ្រះថ្លា សេចក្ដី​រីករាយ ក៏រមែង​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយណា ​របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយនោះ អរិយសាវក​នោះ ​ក៏​លះបង់​ចេញ​បាន។  ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ដែលសៅហ្មង រមែង​ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម ​យ៉ាង​នេះ។  ម្នាលនាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅ​ហ្មង​ រមែង​ឲ្យ​ផូរ​ផង់​បាន​ ដោយ​សេចក្ដីព្យាយាម។  ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង រមែង​ឲ្យផូរ​ផង់​បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។  ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុង​ធម្មវិន័យ​នេះ តែង​រឭក​រឿង​ៗ នូវ​ព្រះ​សង្ឃ​ថា ពួក​សាវកនៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ប្រតិបត្តិ​ប្រពៃ​ហើយ ពួក​សាវក ​នៃ​ព្រះ​ដ៏​មានព្រះ​ភាគ ប្រតិបត្តិ​ត្រង់​ហើយ ពួក​សាវក ​នៃ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ប្រតិបត្តិសមគួរ​ហើយ គឺប្រតិបត្តិ​គួរ​ដល់​សីល សមាធិ បញ្ញា ពួក​សាវក​ណា បើរាប់​ជាគូ នៃ​បុរស​បាន​៤​ គូ​ បើ​រាប់រៀង​ជាបុរស​បុគ្គល មាន​៨​ពួក សាវកនៃ​ព្រះដ៏​មាន​ព្រះភាគ​នុ៎ះ គួរ​ទទួល​នូវ​ចតុប្បច្ច័យ ដែលបុគ្គលនាំមក អំពីចម្ងាយ ហើយបូជា គួរទទួលនូវអាគន្ដុកទាន គួរ​ទទួល​នូវ​ទក្ខិណា​ទាន គួរ​ដល់​អញ្ជលី​កម្ម ជាបុញ្ញក្ខេត្ត​ នៃ​សត្វ​លោក រក​ខេត្ត​ដទៃ​ក្រៃលែងជាងគ្មាន។  កាល​អរិយ​សាវក​នោះ​ កំពុងរឭករឿង​ៗ នូវ​ព្រះសង្ឃ ចិត្តរមែង​ជ្រះថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ​ អរិយ សាវក​នោះ​ ក៏​លះបង់​បាន។ ម្នាល​នាង​វិសាខា ដូច​ការ​ធ្វើ​សំពត់​ ដែលមិន​ស្អាត ឲ្យស្អាតបាន ដោយសេចក្ដី​ព្យាយាម។  ម្នាល​នាង​វិសាខា ចុះ​ការ​ធ្វើ​សំពត់ ​ដែល​មិន​ស្អាត ឲ្យស្អាត​បាន​ ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។  ម្នាល​នាង​វិសាខា ព្រោះ​អាស្រ័យ​ចំហាយ​ផង អាស្រ័យ​ទឹក​ក្បុង​ផង អាស្រ័យ​អាចម៍​គោផង អាស្រ័យ​ទឹក​ផង អាស្រ័យ​សេចក្ដី​ព្យាយាម​ ដ៏​សមគួរ ដល់​កិច្ច​នោះ ​របស់បុរស​ផង ទើប​ធ្វើ​សំពត់​ ដែល​មិន​ស្អាត​ ឲ្យស្អាត​បាន​ ដោយ​សេចក្ដី​ព្យាយាម យ៉ាង​នេះ យ៉ាង​ណាមិញ។  ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង​ ឲ្យផូរ​ផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ ក៏​យ៉ាង​នោះ​ឯង។  ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត ដែល​សៅហ្មង រមែង​ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។  ម្នាល​នាង​វិសាខា អរិយសាវក ក្នុង​ធម្មវិន័យ​នេះ រមែងរឭក​រឿយៗ នូវ​ព្រះសង្ឃ​ថា ពួក​សាវក​ នៃ​ព្រះ​ដ៏​មាន​ព្រះភាគ លោកប្រតិបត្តិ​ប្រពៃ​ហើយ…  ជា​បុញ្ញក្ខេត្ត​នៃ​សត្វ​លោក រក​ខេត្ត​ដទៃក្រៃលែង​ជាង​គ្មាន។  កាល​ព្រះ​អរិយសាវក​នោះ​ កំពុង​រឭក​រឿយៗ នូវ​ព្រះសង្ឃ ចិត្ត​ក៏​ជ្រះថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបក្កិលេស​ទាំងឡាយណា​ របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ អរិយ​សាវកនោះ ​ក៏​លះបង់​ចេញ​បាន។  ម្នាល​នាង​វិសាខា អរិយសាវក​នេះ ហៅថា រក្សា​សង្ឃុបោសថៈ​ នៅ​រួម​ជាមួយ​នឹង​ព្រះ​សង្ឃ​ ចិត្ត​របស់​អរិយ​សាវក​នោះ ប្រារព្ធ​ចំពោះ​ព្រះ​សង្ឃ រមែង​ជ្រះ​ថ្លា សេចក្ដី​រីករាយ រមែង​កើតឡើង ឧបក្កិលេសទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេសទាំងឡាយ​នោះ អរិយ​សាវក​នោះ ​ក៏​លះ​បង់​ចេញ​បាន​។ ​​ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត​ ដែលសៅហ្មង រមែង​ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដី​ព្យាយាម​យ៉ាង​នេះឯង។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅ​ហ្មង ឲ្យ​ផូរ​ផង់​បាន​ ដោយ​សេចក្ដីព្យាយាម។  ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដី​ព្យាយាម តើ​ដូចម្ដេច។  ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុង​ធម្មវិន័យ​នេះ​ រឭក​រឿយៗ នូវ​សីល​របស់​ខ្លួន ជាសីល​មិន​ដាច់ មិន​ធ្លុះធ្លាយ មិន​ពព្រុស មិន​ពពាល ជា​សីល​អ្នក​ជា ជាសីល ​ដែល​វិញ្ញូ​ជន​សរសើរ​ហើយ ជាសីល​មិន​ប៉ះ​ពាល់​ដោយ​តណ្ហា​​ និងទិដ្ឋិ ជាសីល​ប្រព្រឹត្តទៅ ដើម្បី​សមាធិ។  កាល​អរិយ​សាវក​នោះ កំពុង​រឭករឿយ​ៗ នូវ​សីល ​ចិត្តក៏​ជ្រះ​ថ្លា សេចក្ដី​រីករាយ រមែង​កើត​ឡើង ឧបក្កិលេស​ទាំងឡាយ​ណា របស់​ចិត្ត ឧបក្កិលេសទាំង​ឡាយ​នោះ អរិយ​សាវក​នោះ ក៏​លះ​បង់​ចេញបាន។  ម្នាល​នាង​វិសាខា ដូច​កា​រដុស​ខាត់​កញ្ចក់ ​ដែល​មិន​ស្អាត ឲ្យ​ស្អាតបាន ដោយ​សេចក្ដី​ព្យាយាម។  ម្នាល​នាង​វិសាខា ចុះ​ការដុស​ខាត់កញ្ចក់ ​ដែល​មិន​ស្អាត​ ឲ្យស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម តើ​ដូចម្ដេច។ ម្នាល​នាង​វិសាខា  ព្រោះ​អាស្រ័យ​ប្រេងផង អាស្រ័យ​ផេះផង អាស្រ័យច្រាស​ផង អាស្រ័យ​សេចក្ដី​ព្យាយាម ​ដ៏​សមគួរ​ ដល់​កិច្ចនោះ ​របស់​បុរស​ផង ទើបដុស​ខាត់​កញ្ចក់​ ដែល​មិន​ស្អាត​ ឲ្យ​ស្អាត​បាន ដោយ​សេចក្ដី​ព្យាយាម យ៉ាងនេះ យ៉ាងណា​មិញ។  ម្នាល​នាង​វិសាខា  ការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ ក៏​យ៉ាង​នោះឯង។  ម្នាល​នាង​វិសាខា ចុះការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម តើ​ដូចម្ដេច។  ម្នាល​នាង​វិសាខា  អរិយសាវក ក្នុង​ធម្មវិន័យ​នេះ រឭក​រឿយៗ នូវ​សីល​របស់​ខ្លួន ដែល​ជាសីល​មិន​ដាច់ មិន​ធ្លុះ​ធ្លាយ… ជា​សីល​ប្រព្រឹត្តទៅ ​ដើម្បី​សមាធិ។ កាល​អរិយសាវក​នោះ កំពុង​រឭក​រឿយ​ៗ​ នូវ​សីល ចិត្ត​ក៏​រមែង​ជ្រះថ្លា សេចក្ដី​រីក​រាយ ក៏​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយ​ណា ​របស់​ចិត្ត ឧបក្កិលេស​ទាំងឡាយ​នោះ អរិយ​សាវក​នោះ ក៏​លះបង់​ចេញ​បាន។  ម្នាល​នាង​វិសាខា  អរិយសាវក​នេះ ហៅថា រក្សាសីលុបោសថៈ នៅ​រួម​ដោយ​សីល មួយ​ទៀត ចិត្ត​របស់​អរិយ​សាវក​នោះ ប្រារព្ធ​ចំពោះ​សីល ក៏​ជ្រះថ្លា សេចក្ដី​រីក​រាយ ក៏​រមែង​កើត​ឡើង ឧបក្កិលេស​ទាំង​ឡាយណា ​របស់​ចិត្ត ឧបក្កិលេស​​ទាំងឡាយ​នោះ អរិយសាវក​នោះ ក៏​លះ​បង់​ចេញ​បាន។  ម្នាល​នាង​វិសាខា  ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង ​ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យាយាម យ៉ាង​នេះឯង។ ម្នាល​នាង​វិសាខា ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង​ ឲ្យ​ផូរ​ផង់​បាន​ ដោយ​សេចក្ដីព្យាយាម។ ​ ម្នាល​នាង​វិសាខា  ចុះ​ការ​ធ្វើ​ចិត្ត ​ដែល​សៅហ្មង ឲ្យ​ផូរផង់បាន​ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។  ម្នាល​នាង​វិសាខា អរិយ​សាវក ក្នុង​ធម្មវិន័យ​នេះ​ រឭក​រឿយ​ៗ ​នូវ​ទេវតា​ទាំង​ឡាយ​ថា ពួក​ទេវតាជាន់​ចាតុម្មហា​រាជិកៈ​ក៏​មាន ពួក​ទេវតា​ជាន់​តាវត្តឹង្សក៏​មាន ពួក​ទេវតា​ជាន់​យាមៈ​ក៏​មាន ពួក​ទេវតា​ជាន់​តុសិត​ក៏​មាន ពួក​ទេវតា​ជាន់​និម្មានរតី​ក៏​មាន ពួក​ទេវតាជាន់បរ​និម្មិតវសវត្តីក៏​មាន ពួក​ទេវតា​ ដែល​រាប់​បញ្ជូល​ក្នុង​ពួក​ព្រហ្មក៏​មាន ពួក​ទេវតា​ជាន់​ខ្ពស់​ឡើង​ទៅ​ទៀត​ក៏​មាន ទេវតា​ទាំង​អម្បាល​នោះ ប្រកបដោយ​សទ្ធា មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្តភាព​នេះហើយ ទើប​បានទៅកើត ក្នុង​ភពនោះ សទ្ធា​មានសភាពដូច្នោះ របស់អាត្មាអញ ក៏មាន ទេវតាទាំងអម្បាលនោះ ប្រកប​ដោយ​សីល មាន​សភាព​យ៉ាង​ណា ច្យុតចាកអត្ត​ភាព​នេះ​ហើយ ទើប​បានទៅកើត ក្នុង​ភព​នោះ សីល​មាន​សភាពដូច្នោះ របស់​អាត្មា​អញ​ ក៏​មាន ទេវតា​ទាំង​អម្បាល​នោះ​ប្រកប​ដោយ​សុតៈ មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្តភាព​នេះ​ហើយ ទើប​បាន​មក​កើតក្នុង​ភពនោះ សុតៈ​មាន​សភាព​ដូច្នោះ របស់​អាត្មា​អញ​ក៏​មាន ទេវតាទាំង​អម្បាល​នោះ ប្រកប​ដោយ​ចាគៈ មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្តភាព​នេះ​ហើយ ទើប​បាន​ទៅកើត ក្នុង​ភព​នោះ ចាគៈ​មាន​សភាព​ដូច្នោះ របស់​អាត្មា​អញ​ក៏​មាន​ ទេវតា​ទាំង​អម្បាល​នោះ ប្រកប​ដោយ​បញ្ញា មាន​សភាព​យ៉ាង​ណា ច្យុត​ចាក​អត្តភាព​នេះ​ហើយ ទើប​បាន​ទៅ​កើតក្នុងភពនោះ បញ្ញាមាន​សភាព​ដូច្នោះ ​របស់​អាត្មា​អញ​ក៏​មាន។  កាល​អរិយសាវក​នោះ ​រឭក​រឿយៗ ​នូវ​សទ្ធា​ សីលៈ​សុតៈ ចាគៈ បញ្ញា​របស់​ខ្លួន​ ​ និង​របស់ទេវតា​ទាំង​អម្បាល​នោះ​ ចិត្ត​ក៏​ជ្រះ​ថ្លា សេចក្ដី​រីករាយ ក៏​កើត​ឡើង ឧបក្កិលេសទាំង​ឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយ​សាវកនោះ ​ក៏​លះ​បង់ចេញ​បាន។  ម្នាល​នាង​វិសាខា ដូច​ការ​ដុស​ខាត់មាស ​ដែលសៅ​ហ្មង ​ឲ្យ​ផូរផង់​បាន​ ដោយ​សេចក្ដី​ព្យាយាម​។  ម្នាល​នាង​វិសាខា  ចុះការដុស​ខាត់​មាស ​ដែល​សៅហ្មង ​ឲ្យ​ផូរផង់​បាន ដោយ​សេចក្ដី​ព្យា​យាម​ តើដូចម្ដេច​។  ម្នាល​នាង​វិសាខា  ព្រោះអាស្រ័យបាវ​មាស​ផង អាស្រ័យ​ដីប្រៃផង អាស្រ័យ​រង្គផង អាស្រ័យ​ស្នប់​ និង​ដង្កាប់​ផង អាស្រ័យ​សេចក្ដី​ព្យាយាម​ដ៏​សមគួរ​ ដល់​កិច្ច​នោះ ​របស់​បុរស​ផង ទើប​ដុស​ខាត់​មាស ដែល​សៅហ្មង ឲ្យ​ផូរ​ផង់​បាន ដោយ​សេចក្ដី​ព្យាយាម​ យ៉ាង​នេះ យ៉ាងណាមិញ។ ម្នាល​នាង​វិសាខា  ការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ​ឲ្យ​ផូរផង់​បាន ដោយសេចក្ដី​ព្យាយាម ក៏​ដូច្នោះ​ យ៉ាង​នោះ​ឯង។  ម្នាល​នាង​វិសាខា  ចុះ​ការ​ធ្វើ​ចិត្ត ដែល​សៅហ្មង ឲ្យ​ផូរ​ផង់​បាន ដោយ​សេចក្ដី​ព្យាយាម តើដូចម្ដេច។ ម្នាល​នាង​វិសាខា  អរិយ​សាវក ក្នុង​ធម្មវិន័យនេះ តែង​រឭក​រឿយ​ៗ នូវទេវតាថា ពួក​ទេវតា​ជាន់​ចាតុម្មហារាជិកៈក៏​មាន ពួក​ទេវតា​ជាន់តាវត្តិង្ស​ក៏​មាន​។បេ។  ពួក​ទេវតា ​ដែល​រាប់​បញ្ចូល​ក្នុង​ពួក​ព្រហ្មក៏មាន ពួក​ទេវតាជាន់​ខ្ពស់​ឡើង​ទៅ​ទៀត​ក៏​មាន ទេវតាទាំងអម្បាល​នោះ ប្រកបដោយ​សទ្ធា មាន​សភាព​យ៉ាងណា ច្យុត​ចាក​អត្តភាពនេះ​ហើយ ទើបបាន​ទៅកើតក្នុង​ភពនោះ​សទ្ធា​មាន​សភាព​ដូច្នោះ របស់​អាត្មា​អញក៏មាន​ ទេវតាទាំង​អម្បាល​នោះ ប្រកប​ដោយ​សុតៈ… ដោយ​ចាគៈ… ដោយ​បញ្ញា… មាន​សភាព​យ៉ាង​ណា  ច្យុត​ចាក​អត្ត​ភាព​នេះហើយ ទើប​បាន​ទៅ​កើត​ក្នុង​ភពនោះ បញ្ញា​មាន​សភាព​ដូច្នោះ របស់​អាត្មាអញក៏មាន​។  កាល​អរិយ​សាវក​នោះ រឭក​រឿយៗ ​នូវ​សទ្ធា សីលៈ សុតៈ ចាគៈ បញ្ញា របស់​ខ្លួន​​ និង​របស់​ទេវតា​ទាំងនោះ ចិត្ត​ក៏ជ្រះ​ថ្លា សេចក្ដីរីករាយ ក៏កើត​ឡើង ឧបក្កិលេសទាំង​ឡាយ​ណា របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយ​សាវក​នោះ ​ក៏​លះ​បង់​ចេញ​បាន។  ម្នាល​នាង​វិសាខា ​អរិយសាវក​នេះ ហៅថា ទេវតូបោសថៈ ​នៅ​រួម​ជាមួយនឹងពួក​ទេវតា មួយ​ទៀត ចិត្ត​របស់​អរិយសាវក​​នោះ ប្រារព្ធ​ទេវតា ក៏​ជ្រះ​ថ្លា សេចក្ដី​រីករាយ ក៏​កើត​ឡើង ឧបក្កិលេសទាំងឡាយ​ណា ​របស់​ចិត្ត ឧបក្កិលេស​ទាំង​ឡាយ​នោះ អរិយ​សាវក​នោះ ​ក៏​លះបង់​ចេញ​បាន។ ម្នាល​នាង​វិសាខា  ការ​ធ្វើ​ចិត្ត​ ដែល​សៅហ្មង ​ឲ្យផូរផង់​បាន ដោយ​សេចក្ដីព្យាយាម​ យ៉ាង​នេះ​ឯង។  ម្នាល​នាង​វិសាខា  អរិយ​សាវក​នោះ តែង​ពិចារណា​ឃើញ ​ដូច្នេះថា ព្រះអរហន្ដ​ទាំងឡាយ លះ​បង់​បាណាតិបាត វៀរចាក​បាណាតិបាត មាន​អាជ្ញា​ដាក់​ចុះ​ហើយ មាន​គ្រឿង​សស្រ្តាដាក់​ចុះហើយ មាន​សេចក្ដី​ខ្មាស​បាប​​ ប្រកប​ដោយ​សេចក្ដី​អាណិត ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍ ចំពោះ​សព្វ​សត្វ​ ដែល​មាន​ជីវិត​ ដរាប​ដល់​អស់ជីវិត ឯ​អាត្មា​អញ ​ក្នុង​ថ្ងៃ​នេះ ក៏​លះបង់​បាណាតិបាត រៀរ​ចាក​បាណាតិបាត មាន​អាជ្ញា​ដាក់​ចុះហើយ មាន​សស្រ្តាដាក់​ចុះ​ហើយ មាន​សេចក្ដីខ្មាស​បាប ប្រកប​ដោយ​សេចក្ដី​អាណិត ជាអ្នក​អនុគ្រោះដោយប្រយោជន៍ ចំពោះសព្វ​សត្វ ​ដែល​មាន​ជីវិត អស់​យប់​នេះ​​ និង​ថ្ងៃ​នេះ​ដែរ អាត្មា​អញ​ ឈ្មោះ​ថា​ ធ្វើ​តាម​ព្រះអរហន្ត​ទាំងឡាយ​ផង ឧបោសថៈ​ឈ្មោះថាអាត្មា​អញ​ បាន​រក្សាផង ដោយ​អង្គ​នេះ​ឯង។  ព្រះ​អរហន្ត​ទាំងឡាយ  លះ​បង់​អទិន្នាទាន វៀរចាក​អទិន្នាទាន កាន់​យក​តែរបស់​ដែល​គេ​ឲ្យ ប្រាថ្នា​យក​តែ​របស់​ដែល​គេឲ្យ មាន​ខ្លួន​មិន​លួច ស្អាតរហូត​អស់​១ជីវិត អាត្មា​អញ ​ក្នុង​ថ្ងៃ​នេះ ក៏​លះ​បង់​អទិន្នាទាន វៀរចាកអទិន្នាទាន កាន់​យក​តែរបស់​ដែល​គេឲ្យ ប្រាថ្នា​យក​តែរបស់​ ដែល​គេឲ្យ មាន​ខ្លួនមិន​លួច​ ស្អាត​នៅអស់​យប់​នេះ​ និង​ថ្ងៃនេះ​ដែរ អាត្មា​អញ​ឈ្មោះ​ថា ​ធ្វើតាម​ព្រះ​អរហន្ដ​ទាំង​ឡាយ​ផង ឧបោសថៈ​ឈ្មោះ​ថា​ អាត្មា​អញ​បាន​រក្សា​ផង ដោយ​អង្គ​នេះឯង។  ព្រះ​អរហន្ត​ទាំងឡាយ ​លះបង់​អព្រហ្មចរិយៈ​ជាព្រហ្មចារីបុគ្គល ជាអ្នក​ប្រព្រឹត្ត​ឆ្ងាយចាក (អព្រហ្ម​ចរិយៈ)​ វៀរចាកមេថុន ដែលជាធម៌ ​របស់អ្នក​ស្រុក​ អាត្មា​អញ​ក្នុង​ថ្ងៃនេះ ក៏​លះបង់​អព្រហ្មចរិយៈ ជា​ព្រហ្មចារីបុគ្គល ជា​អ្នក​ប្រព្រឹត្ត​ឆ្ងាយ​ចាក (អព្រហ្មចរិយៈ) រៀរចាកមេថុន ដែល​ជាធម៌ ​របស់​អ្នក​ស្រុក អស់​យប់​នេះ​ និង​ថ្ងៃ​នេះ​ដែរ អាត្មាអញ​ឈ្មោះ​ថា ធ្វើ​តាម​ព្រះអរហន្ត​ទាំង​ឡាយ​ផង ឧបោសថៈ​ឈ្មោះថា អាត្មាអញ​ បានរក្សាផង ដោយ​អង្គនេះឯង។  ព្រះអរហន្ត​ទាំងឡាយ លះបង់​នូវ​មុសាវាទ រៀរចាកមុសាវាទ និយាយ​តែពាក្យ​ពិត តភ្ជាប់​តែ​ពាក្យ​ពិត មាន​ពាក្យ​ខ្ជាប់ខ្លួន មាន​ពាក្យ​គួរ​ជឿ មិន​ពោល​បង្កាច់សត្វ​លោក ​រហូត​អស់​មួយ​ជីវិត អាត្មា​អញ​ក្នុង​ថ្ងៃ​នេះ ក៏​លះ​បង់​នូវ​មុសាវាទ វៀរ​ចាកមុសាវាទ និយាយតែពាក្យ​ពិត​ តភ្ជាប់តែ​ពាក្យ​ពិត មាន​ពាក្យ​ខ្ជាប់​​ខ្ជួន មានពាក្យគួរ​ជឿ មិន​ពោល​បង្ដាច់សត្វ​លោក អស់​យប់​នេះ​ និង​ថ្ងៃនេះដែរ អាត្មាអញឈ្មោះថា ធ្វើ​តាម​ព្រះអរហន្ត​ទាំង​ឡាយ​ផង ឧបោសថៈឈ្មោះថា អាត្មាអញ រក្សា​ផង ដោយ​អង្គនេះឯង។  ព្រះអរហន្ត​ទាំងឡាយ លះ​បង់​ការក្រេបផឹក ​នូវ​ទឹក​ស្រវឹង ​គឺសុរា​ និង​មេរ័យ ដែល​ជាទីតាំង​នៃសេចក្ដី​ប្រមាទ រហូត​អស់​មួយ​ជីវិត ឯអាត្មា​អញ​ ក្នុងថ្ងៃ​នេះ ក៏​លះ​បង់​ការ​ក្រេបផឹក ​នូវ​ទឹកស្រវឹង គឺ​សុរា​ និង​មេរ័យ ដែល​ជាទីតាំង​ នៃសេចក្ដី​ប្រមាទ វៀរចាកការក្រេបផឹក​ នូវ​ទឹក​ស្រវឹង ​គឺ​សុរា​ និង​មេរ័យ ដែល​ជាទីតាំង​ នៃសេចក្ដី​ប្រមាទ អស់​យប់​នេះ​ និង​ថ្ងៃនេះ​ដែរ អាត្មា​អញឈ្មោះថា ធ្វើ​តាម​ព្រះអរហន្ត​ទាំងឡាយ​ផង ឧបោសថៈ ​ឈ្មោះ​ថាអាត្មាអញ​ បាន​រក្សា​ផង ដោយ​អង្គនេះឯង។  ព្រះអរហន្ត​ទាំងឡាយ បរិភោគ​ភត្ត​តែម្ដង រៀរចាក​ការបរិភោគក្នុង​រាត្រី វៀរចាក​ការបរិភោគខុស​កាល រហូត​អស់​មួយ​ជីវិត អាត្មាអញ​ក្នុង​ថ្ងៃ​នេះ ក៏​បរិភោគ​ភត្ត​តែម្ដង វៀរ​ចាក​ការ​បរិភោគ​ក្នុង​រាត្រី វៀរចាកការ​បរិភោគ​ខុសកាល អស់​យប់​នេះ​​ និង​ថ្ងៃ​នេះដែរ អាត្មា​អញឈ្មោះថា ធ្វើ​តាម​ព្រះ​អរហន្ត​ទាំងឡាយ​ផង ឧបោសថៈ ឈ្មោះថាអាត្មា​អញ​ បាន​រក្សាផង ដោយ​អង្គនេះឯង។  ព្រះអរហន្តទាំងឡាយ វៀរចាកការ​មើល​នូវ​របាំ ​និងការ​ស្ដាប់​នូវ​ចម្រៀង​ និង​ភ្លេង​ប្រគំ ដែល​ជាសត្រូវ ​ដល់​កុសល​ធម៌ ​ និង​ការ​ទ្រទ្រង់​ប្រដាប់ ស្អិតស្អាង​រាងកាយ ដោយផ្កា​កម្រង ​ និង​គ្រឿង​ក្រអូប គ្រឿង​លាប​ផ្សេងៗ អាត្មា​អញ​ក្នុង​ថ្ងៃនេះ ក៏​វៀរ​ចាក​កា​រមើល​របាំ ​ និង​ការ​ស្ដាប់​ចម្រៀង​ និង​ភ្លេង​ប្រគំ ដែល​ជាសត្រូវ ដល់​កុសល​ធម៌ ​ និងការ​ទ្រទ្រង់​ប្រដាប់​ ស្អិតស្អាង​រាង​កាយ ដោយ​ផ្កាកម្រង​​ និង​គ្រឿង​ក្រអូប គ្រឿង​លាប​ផ្សេង ៗ អស់​យប់​នេះ​​ និង​ថ្ងៃ​នេះដែរ អាត្មាអញ​ឈ្មោះ​ថា ធ្វើ​តាម​ព្រះអរហន្តទាំងឡាយ​ផង ឧបោសថៈ ឈ្មោះថា អាត្មាអញ​ បាន​រក្សា​ផង ដោយ​អង្គ​នេះឯង។  ព្រះ​អរហន្ដ​ទាំងឡាយ លះបង់​ទីដេក​ ទីអង្គុយ​ដ៏​ខ្ពស់​ ​ និង​ទីដេក ទីអង្គុយ​ដ៏​ប្រសើរ វៀរស្រឡះ​ចាក​ទីដេក​ ទី​អង្គុយ​ដ៏​ខ្ពស់ ​ និង​ទីដេក​ ទីអង្គុយ​ដ៏​ប្រសើរ សម្រេច​ទីដេក​ដ៏​ទាប លើគ្រែ​ក្ដី លើកម្រាល​ស្មៅក្ដី រហូត​អស់​មួយ​ជីវិ​ត​ អាត្មាអញ ​ក្នុង​ថ្ងៃ​នេះ​ ក៏​លះ​បង់​ទីដេក ​ទីអង្គុយ​ដ៏​ខ្ពស់ ​ និងទីដេក​ ទីអង្គុយ​ដ៏​ប្រសើរ វៀរស្រឡះ ចាក​ទីដេក ​ទី​អង្គុយ​ដ៏​ខ្ពស់ ​ និង​ទី​ដេក ​ទីអង្គុយ​ដ៏​ប្រសើរ សម្រេច​ទីដេក​ដ៏​ទាប លើ​គ្រែក្ដី​ លើកម្រាល​ស្មៅក្ដី អស់​យប់​នេះ​ និង​ថ្ងៃនេះដែរ អាត្មា​អញ​ឈ្មោះថា ធ្វើ​តាម​ព្រះអរហន្ត​ទាំងឡាយ​ផង ឧបោសថៈ ​ឈ្មោះថាអាត្មា​អញ ​បាន​រក្សាផង ​ដោយ​អង្គនេះឯង។ ម្នាល​នាង​វិសាខា យ៉ាងនេះឈ្មោះថា​ អរិយុបោសថៈ ម្នាល​នាង​វិសាខា អរិយុបោសថៈ ​ដែល​បុគ្គល​រក្សាយ៉ាង​នេះ តែងមាន​ផល​ច្រើន​ មាន​អានិសង្សច្រើន មាន​សេចក្ដី​រុង​រឿង​ច្រើន ផ្សាយ​ផល​ទៅ​ច្រើន។  មាន​ផល​ច្រើន​យ៉ាងណា​ មានអានិសង្សច្រើន​យ៉ាងណា មាន​សេចក្ដី​រុង​រឿង​ច្រើន​យ៉ាង​ណា ផ្សាយ​ផល​ទៅច្រើន​យ៉ាងណា។ ម្នាល​នាង​វិសាខា ប្រៀបដូចបុគ្គល​ណាមួយ គប្បី​គ្រង​រាជសម្បត្តិ ជាឥស្សរិយាធិបតី នៃមហាជន​បទ ទាំង​១៦នេះ ដែល​មាន​រតនៈ​៧ ប្រការ​ដ៏ច្រើន មហាជនបទ ​ទាំង​១៦ ​គឺ អង្គៈ​ មគធៈ កាសី​ កោសលៈ រជ្ជី មល្លៈ ចេតី វង្សៈ កុរុ បញ្ចាលៈ មច្ឆៈ សុរសេនៈ អស្សកៈ អវន្តី គន្ធារៈ  កម្ពោជៈ រាជសម្បត្តិ​របស់​បុគ្គល​នុ៎ះ ​មានដំឡៃមិនស្មើចំណិត​ ទី១៦ៗ លើក ​នៃ​ឧបោសថៈ ប្រកប​ដោយ​អង្គ ៨ ឡើយ។  ដំណើរ​នោះ​ ព្រោះ​ហេតុ​អ្វី។  ម្នាល​នាងវិសាខា រាជសម្បត្តិជា​របស់​មនុស្ស ​ប្រៀបធៀប​នឹង​សេចក្ដី​សុខទិព្វ (ឃើញ)​ ស្ដើងស្ដួច​ណាស់។  ម្នាល​នាង​វិសាខា​ ៥០ ឆ្នាំ​របស់​មនុស្ស ​ជាមួយ​យប់ ​មួយ​ថ្ងៃ របស់​ពួក​ទេវតាជាន់​ចាតុម្មហារាជិកៈ​ រាប់​តាម​រាត្រី​នោះ ​៣០រាត្រី​ ជាមួយខែ រាប់​តាម​ខែនោះ​ ១២​ខែ​ ជាមួយ​ឆ្នាំ រាប់​តាម​ឆ្នាំនោះ​ ៥០០​ឆ្នាំទិព្វ ជាប្រមាណ​ នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​ចាតុ​ម្មហារាជិកៈ។  ម្នាល​នាងវិសាខា ហេតុនុ៎ះ រមែង​មាន​ប្រាកដ ​ត្រង់​ពាក្យថា ស្រ្តី ​ឬបុរស​ពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​ឧបោសថៈ ប្រកប​ដោយ​អង្គ ៨ ហើយ លុះ​ដល់​រំលាង​កាយ​ ស្លាប់​ទៅ ទៅ​កើត​រួម​ជាមួយនឹង​ពួក​ទេវតា​ជាន់​ចាតុម្មហា​រាជិកៈ។  ម្នាល​នាង​វិសាខា ដែល​ថារាជសម្បត្តិ​ជារបស់​មនុស្ស​ ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ (ឃើញ) ស្ដើង​ស្ដួចនេះ​ តថាគត​ពោល​សំដៅ​យក​ត្រង់​ហេតុ​នុ៎ះ​ឯង។  ម្នាល​នាងវិសាខា ១០០​ឆ្នាំ​ របស់​មនុស្ស ​ជាមួយ​យប់​មួយ​ថ្ងៃ​ របស់​ទេវតា​ជាន់​តាវត្តិង្ស រាប់​តាម​រាត្រី​នោះ ​៣០​រាត្រី​ ជា១ខែ រាប់​តាមខែ​នោះ​ ១២​ខែ​ជាមួយឆ្នាំ ​រាប់តាមឆ្នាំនោះ​១០០០ឆ្នាំ​ទិព្វ ​ជាប្រមាណ​នៃអាយុ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស។ ម្នាល​នាង​វិសាខា ហេតុ​នុ៎ះ ​រមែង​មាន​ប្រាកដ ត្រង់​ពាក្យថា ស្រ្តី ​ឬបុរស​ពួកខ្លះ​ ក្នុង​លោក​នេះ ​រក្សាឧបោសថៈ ប្រកប​ដោយ​អង្គ ​៨​ហើយ​ លុះ​ដល់​រំលាងកាយ​ ស្លាប់​ទៅ​ ទៅ​កើត​រួម​ជាមួយ​នឹង​ពួក​ទេវតា ​ជាន់​តាវត្តិង្ស។  ម្នាល​នាងវិសាខា ដែលថា​រាជសម្បត្តិ​ ជារបស់​មនុស្ស​ ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ (​ឃើញ) ​ស្ដើង​ស្ដួច​នេះ តថា​គត​ពោល​សំដៅ​យក​ត្រង់​ហេតុ​នុ៎ះឯង​។  ម្នាលនាង​វិសាខា ២០០​ឆ្នាំ​របស់​មនុស្ស​ ជាមួយយប់មួយ​ថ្ងៃ របស់​ពួក​ទេវតាជាន់យាមៈ រាប់​តាម​រាត្រី​នោះ ​៣០​រាត្រី​ ជា១ខែ រាប់​តាម​ខែនោះ ​១២​ខែ​​ជា១ឆ្នាំ រាប់​តាម​ឆ្នាំនោះ ​២០០០ឆ្នាំ​ទិព្វ ជាប្រមាណ​នៃ​អាយុ ​របស់​ពួក​ទេវតា​ជាន់យាមៈ។ ម្នាល​នាង​វិសាខា ហេតុ​នុ៎ះ រមែង​មាន​ប្រាកដ ត្រង់​ពាក្យ​ថា ស្រ្តី ឬបុរស​ពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​នូវ​ឧបោសថៈ ​ប្រកប​ដោយ​អង្គ៨​ហើយ លុះ​ដល់​រំលាង​កាយ ​ស្លាប់​ទៅ ​ទៅ​កើត​រួម​ជាមួយ​នឹង​ពួក​ទេវតាជាន់​យាមៈ។ ម្នាល​នាង​វិសាខា ដែល​ថារាជសម្បត្តិ​ជារបស់​មនុស្ស ប្រៀប​ធៀប​នឹងសេចក្ដី​សុខ​ទិព្វ (ឃើញ)​ស្ដើង​ស្ដួចនេះ ​តថាគត​ពោល​សំដៅយកត្រង់ហេតុ​នុ៎ះ​ឯង។  ម្នាល​នាង​វិសាខា ៤០០ឆ្នាំ ​របស់​មនុស្ស​​ ជាមួយយប់មួយថ្ងៃ​ របស់​ពួក​ទេវតា​ជាន់តុសិត​ រាប់​តាម​រាត្រី​នោះ ​៣០រាត្រី​ ជា១​ខែ រាប់​តាម​ខែ​នោះ ១២ ខែ​ ជា១ឆ្នាំ រាប់​តាម​ឆ្នាំ​នោះ​៤០០០ឆ្នាំ​ទិព្វ​ ជាប្រមាណ​នៃអាយុ​ របស់​ពួក​ទេវតាជាន់​តុសិត។  ម្នាល​នាង​វិសាខា ហេតុនុ៎ះ រមែង​មាន​ប្រាកដ ត្រង់​ពាក្យ​ថា ​ស្រ្តី ​ឬបុរស​ពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​នូវ​ឧបោសថៈ ប្រកប​ដោយ​អង្គ ៨ ហើយ លុះដល់​រំលាង​កាយ ​ស្លាប់ទៅ ទៅកើត​រួម​ជាមួយ​នឹងពួក​ទេវតាជាន់តុសិត។  ម្នាល​នាង​វិសាខា ដែលថា រាជ​សម្បត្តិ​ជារបស់​មនុស្ស ប្រៀបធៀប​នឹង​សេចក្ដី​សុខ​ទិព្វ (ឃើញ)​ ស្ដើង​ស្ដួចនេះ​តថាគត​ពោល​សំដៅ​យក​ត្រង់​ហេតុ​នុ៎ះ​ឯង។ ម្នាល​នាង​វិសាខា ៨០០ឆ្នាំ ​របស់​មនុស្ស​ ជាមួយ​យប់​មួយ​ថ្ងៃ ​របស់​ពួក​ទេវតាជាន់​និម្មានរតី រាប់​តាម​រាត្រី​នោះ ​៣០ រាត្រី ​ជា១ខែ រាប់​តាម​ខែ​នោះ​ ១២​ខែ ជា​១ឆ្នាំ ​រាប់​តាម​ឆ្នាំ​នោះ ​៨០០​ឆ្នាំ​ទិព្វ​ជាប្រមាណ​ នៃ​អាយុរបស់​ពួក​ទេវតាជាន់​និម្មានរតី។ ម្នាល​នាង​វិសាខា ហេតុ​នុ៎ះ​ រមែង​មាន​ប្រាកដ ត្រង់​ពាក្យថា ស្រ្តី​ ឬបុរស​ពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​នូវ​ឧបោសថៈ ប្រកប​ដោយ​អង្គ ៨ហើយ លុះ​ដល់​រំលាង​កាយ ​ស្លាប់​ទៅ ទៅ​កើត​រួម​ជាមួយ​នឹង​ពួក​ទេវតាជាន់​និម្មានរតី។ ម្នាល​នាង​វិសាខា ដែល​ថា រាជ​សម្បត្តិជា​របស់​មនុស្ស ប្រៀប​ធៀប​នឹង​សេចក្ដី​សុខ (​ឃើញ) ​ស្ដើង​ស្ដួចនេះ តថាគត​ពោល​សំដៅយក​ត្រង់​ហេតុ​នុ៎ះ​ឯង។ ម្នាល​នាង​វិសាខា ១.៦០០ ឆ្នាំ ​របស់​មនុស្ស ជាមួយយប់​មួយ​ថ្ងៃ ​របស់​ពួក​ទេវតា​ជាន់​បរនិម្មិត​វសវត្តី រាប់​តាម​រាត្រីនោះ ៣០ រាត្រី ​ជា១​ខែ រាប់​តាម​ខែនោះ ​១២ ខែ ជា​​១​ឆ្នាំ រាប់​តាម​ឆ្នាំ​នោះ ១៦០០ ឆ្នាំ​ទិព្វ​ជាប្រមាណ ​នៃ​អាយុ​របស់​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី។ ម្នាល​នាង​វិសាខា ហេតុ​នុ៎ះ រមែង​មាន​ប្រាកដ ត្រង់ពាក្យថា ស្រ្តី​ ឬបុរសពួក​ខ្លះ ក្នុង​លោក​នេះ រក្សា​នូវ​ឧបោសថៈ​ ប្រកប​ដោយ​អង្គ​៨ ហើយ​ លុះដល់​រំលាង​កាយ ​ស្លាប់​ទៅ ទៅកើត​រួម​ជាមួយ​នឹង​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី។ ម្នាល​នាង​វិសាខា ដែល​ថា រាជ​សម្បត្តិ​ជារបស់​មនុស្ស ប្រៀប​ធៀប​នឹង​សេចក្ដី​សុខ​ទិព្វ (ឃើញ) ស្ដើង​ស្ដួច នេះ​តថាគត​ពោល សំដៅយក​ត្រង់​ហេតុ​នុ៎ះឯង។

បុរស​ ឬស្រ្តី​ មិន​គប្បី​សម្លាប់​សត្វ​១ មិនគប្បី​លួច​យកទ្រព្យ ​ដែល​ម្ចាស់​គេមិន​បាន​ឲ្យ​ ១ មិនគប្បី​និយាយកុហក​១ មិន​គប្បី​ក្រេប​ផឹក ​នូវ​ទឹក​ស្រវឹង ១ គប្បីវៀរចាក​មេថុន ដែល​មិន​មែន​ជាសេចក្ដី​ប្រព្រឹត្តិដ៏​ប្រសើរ​១ មិន​គប្បី​បរិភោគ​ភោជន ក្នុង​វេលារាត្រី ​ និង​ភោជន​ ក្នុងវេលា​ខុស​កាល ១ មិន​គប្បី​ទ្រទ្រង់​កម្រងផ្កា មិន​គប្បីប្រើប្រាស់​គ្រឿង​ក្រអូប ១ គប្បីដេក​លើ​គ្រែ (ដែលត្រូវ​ប្រមាណ) ឬកម្រាល ដែល​ក្រាល​ផ្ទាស់​នឹងផែន​ដី ១ (​បណ្ឌិត​​ទាំង​ឡាយ ​ពោល​សរសើរ ) ឧបោសថៈ​ ប្រកប​ដោយ​អង្គ ៨​នុ៎ះ ដែល​ព្រះ​ពុទ្ធ​ ទ្រង់ដល់​នូវ​ទី​បំផុត​នៃទុក្ខ ទ្រង់​ប្រកាស​ទុក​ហើយ។ ព្រះ​ចន្រ្ទ​ និង​ព្រះ​អាទិត្យ ទាំង​ពីរ​មាន​រស្មី​ដ៏​រុង​រឿង ភ្លឺឆ្លុះ​ផ្សាយ​ចេញ​ទៅ អស់​ទី​មាន​កំណត់​ត្រឹម​ណា មួយទៀត ព្រះចន្រ្ទ​ និង​ព្រះអាទិត្យ​ ​មាន​នាទី​កំចាត់​បង់ ​នូវងងឹត មាន​ដំណើរ​ទៅ​ក្នុង​អាកាស ចាំង​ពន្លឺ​សព្វ​ទិស តែង​បំ​ភ្លឺក្នុង​ផ្ទៃ​មេឃ ទ្រព្យ​ណាមួយ ដែល​មាន​នៅក្នុងចន្លោះ​នុ៎ះ ​គឺកែវ​មុក្តា កែវ​មណី កែវ​ពៃ​ទូរ្យ​ដ៏​ល្អ មួយ​វិញ​ទៀត ដែល​ហៅថា មាស​សិង្គី មាស​កាញ្ចនៈ មាស​ជាតរូប​ និង​មាស​ហដកៈ ទ្រព្យ​ទាំង​អម្បាល​នោះ (មាន​ដំឡៃ) មិន​ដល់​នូវ​ចំណិត ​ទី​១៦ ៗ លើក នៃឧបោសថៈ​ ប្រកប​ដោយ​អង្គ ៨ ឡើយ ដូច​ពួក​ផ្កាយ​ទាំងអស់​(ភ្លឺ) ​មិន​ដល់​ពន្លឺ​ព្រះចន្រ្ទ​ឡើយ  ព្រោះ​ហេតុ​នោះ ស្រ្តី​បុរស ​ដែល​ជាអ្នក​មានសីល​ បានរក្សា​ឧបោសថៈ​ ប្រកបដោយអង្គ ៨ ធ្វើ​បុណ្យ​ទាំង​ឡាយ​ដែល​មានសុខ​ជាកម្រៃ ជាអ្នក​មិន​ត្រូវ​គេ​តិះ​ដៀល តែង​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌។

ចប់ មហាវគ្គ ទី២។

ឧទ្ទាន​នៃមហាវគ្គ​នោះគឺ

និយាយ​អំពី​តិត្ថាយ​តនៈ​១ អំពី​អមាតា​បុត្តិកភ័យ ១ ​អំពីអ្នក​ស្រុក​វេនា​គ​បុរៈ ១ អំពី​សរភបរិព្វា​ជក ១ អំពី​អ្នកនិគម​កេសបុត្ត​ ១ អំពី​សាឡ្ហៈ ​ចៅ​របស់​មិគារ​សេដ្ឋី ១ អំពីកថាវត្ថុ ១ អំពី​តិរ្ថិយ​ទាំងឡាយ ​១ អំពី​អកុសល​មូល​ និង​កុសល​មូល​ ១ អំពី​ឧបោសថៈ ១។

អានន្ទវគ្គ

ឆន្នសូត្រទី១

[៧៣] សម័យ​មួយ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​គង់​នៅក្នុង​វត្ត​ជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិត​ក្រុង​សាវត្ថី។  គ្រា​នោះ ឆន្ន​បរិព្វា​ជក ចូលទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ លុះចូល​ទៅដល់​ហើយ ក៏​ពោលរាក់​ទាក់ ​ជាមួយ​នឹង​ព្រះ អានន្ទដ៏​មាន​អាយុ​ លុះ​បញ្ចប់​ពាក្យ ​ដែល​គួរ​រាក់​ទាក់ និង​ពាក្យ​គួររលឹក​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ​។  លុះ​ឆន្នបរិព្វាជក អង្គុយ​ក្នុង​ទីសម​គួរ​ហើយ ក៏​និយាយ​នឹង​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ដូច្នេះថា នែអាវុសោអានន្ទ លោក​បញ្ញត្ត​ការ​លះ​បង់​រាគៈ  បញ្ញត្តការ​លះបង់​ទោសៈ បញ្ញត្ត​ការ​លះ​បង់​មោហៈ។  ម្នាលអាវុសោ យើង​សោត​ ក៏​បញ្ញត្តការ​លះ​បង់​រាគៈ បញ្ញត្តការ​លះបង់​ទោសៈ បញ្ញត្ត​ការ​លះបង់​មោហៈ​ដែរ។  ម្នាល​អាវុសោ​ តែ​ថាលោក​ឃើញ​ទោស ក្នុង​រាគៈ​ដូចម្ដេច បានជា​បញ្ញត្ត​ការ​លះ​បង់​រាគៈ ឃើញទោស ក្នុងមោហៈ​ដូចម្ដេច បាន​ជាបញ្ញត្ត​ការ​លះបង់​ទោសៈ ឃើញ​ទោស ក្នុង​មោហៈ​ដូចម្ដេច បាន​ជាបញ្ញត្ត​ការ​លះបង់​មោហៈ។  ម្នាល​អាវុសោ បុគ្គល​អ្នក​ត្រេក​ត្រអាល ត្រូវ​រាគៈគ្របសង្កត់​ មានចិត្តត្រូវ​រាគៈ​រួបរឹត រមែង​គិត​ ដើម្បី​បៀត​បៀន​ខ្លួនឯង​ខ្លះ គិត​ដើម្បី​បៀតបៀន​អ្នក​ដទៃ​ខ្លះ  គិត​ដើម្បី​បៀតបៀន​ទាំង​ពីរខាងខ្លះ រមែង​ទទួល​ទុក្ខ ទោមនស្ស ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ខ្លះ កាល​លះបង់រាគៈបាន​ហើយ បុគ្គល​រមែង​មិន​គិត ​ដើម្បី​បៀតបៀន​ខ្លួនឯង មិន​គិត​ដើម្បីបៀត​បៀន​អ្នក​ដទៃ មិនគិត​ដើម្បី​បៀតបៀន​ទាំងពីរ​ខាង មិន​ទទួល​ទុក្ខ ទោមនស្ស ​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។  ម្នាល​អាវុសោ បុគ្គល​អ្នក​ត្រេក​ត្រអាល ត្រូវ​រាគៈ​គ្របសង្កត់ មាន​ចិត្ត​ត្រូវ​រាគៈ​រួបរឹត ​រមែង​ប្រព្រឹត្ត​ទុច្ចរិត​ ដោយកាយ ប្រព្រឹត្ត​ទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយចិត្ត កាល​បើ​លះរាគៈបានហើយ បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយកាយ មិន​ប្រព្រឹតទុច្ចរិត​ដោយវាចា មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត។  ម្នាល​អាវុសោ បុគ្គល​អ្នក​ត្រេក​ត្រអាល ត្រូវ​រាគៈ​គ្រប​សង្កត់ ​មាន​ចិត្ត​ត្រូវ​រាគៈ​រួបរឹត រមែង​មិន​ដឹង​ច្បាស់ ​នូវ​ប្រយោជន៍របស់​ខ្លួន​ តាម​ពិត​ខ្លះ មិន​ដឹង​ច្បាស់​នូវ​ប្រយោជន៍​ របស់​បុគ្គល​ដទៃ​ តាមពិតខ្លះ មិន​ដឹង​ច្បាស់​ នូវ​ប្រយោជន៍​ទាំង​ពីរ​ខាង តាម​ពិត​ខ្លះ កាល​បើ​លះបង់រាគៈ​បានហើយ បុគ្គល​រមែង​ដឹង​ច្បាស់ ​នូវ​ប្រយោជន៍​របស់​ខ្លួន​ តាមពិត​ផង ដឹង​ច្បាស់​នូវ​ប្រយោជន៍បុគ្គល​ដទៃ ​តាមពិត​ផង ដឹងច្បាស់​នូវ​ប្រយោជន៍ទាំង​ពីរ​ខាង​ តាមពិត​ផង។  ម្នាល​អាវុសោ រាគៈ​ជាគ្រឿង​ធ្វើ​ឲ្យ​ងងឹត ធ្វើ​ឲ្យដូច​ជាគ្មាន​ចក្ខុ ធ្វើ​ឲ្យ​គ្មាន​ញាណ ឲ្យ​រលត់​បញ្ញា ជាប៉ែក​ខាង​សេចក្ដី​ចង្អៀត​ចង្អល់ មិន​ប្រព្រឹត្ត​ទៅ ​ដើម្បី​ព្រះនិព្វាន​ទេ។  ម្នាល​អាវុសោ បុគ្គល​អ្នក​ប្រទូស្ត។ បេ។  ម្នាល​អាវុសោ បុគ្គល​អ្នក​វង្វេង ត្រូវ​សេចក្ដីវង្វេង​គ្រប​សង្កត់ មាន​ចិត្ត​ត្រូវ​សេចក្ដី​វង្វេង​រួប​រឹត រមែង​គិត​ដើម្បី​បៀតបៀនខ្លួនខ្លះ គិត​ដើម្បី​បៀត​បៀន​អ្នក​ដទៃខ្លះ គិត​ដើម្បី​បៀត​បៀន​ទាំង​ពីរ​ខាងខ្លះ តែង​ទទួល​ទុក្ខ​ទោមនស្ស​ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត​ខ្លះ កាល​បើលះមោហៈបានហើយ បុគ្គល​រមែង​មិនគិត​ ដើម្បី​បៀតបៀន​ខ្លួន មិន​គិត​ដើម្បី​បៀត​បៀនអ្នកដទៃ មិនគិត​ដើម្បី​បៀត​បៀន​ទាំង​ពីរ​ខាង មិន​ទទួល​ទុក្ខ​ ទោមនស្ស ប្រព្រឹត្ត​ទៅ​ក្នុង​ចិត្ត។  ម្នាល​អាវុសោ ​បុគ្គល​អ្នកវង្វេង ត្រូវ​មោហៈ​គ្របសង្កត់ មាន​ចិត្ត​ត្រូវ​មោហៈ​រួបរឹត រមែង​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ប្រព្រឹត្តទុច្ចរិត​ដោយ​វាចា ប្រព្រឹត្ត​ទុច្ចរិត​ដោយ​ចិត្ត កាល​បើ​លះបង់​មោហៈ​បានហើយ​ បុគ្គល​រមែង​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយវាចា មិន​ប្រព្រឹត្ត​ទុច្ច​រិត​ដោយ​ចិត្ត។  ម្នាល​អាវុសោ បុគ្គល​អ្នកវង្វេង ត្រូវ​មោហៈ​គ្របស​ង្កត់ មាន​ចិត្ត​ត្រូវ​មោហៈ​រួបរឹត រមែង​មិន​ដឹងច្បាស់ ​នូវ​ប្រយោជន៍ខ្លួន ​តាម​ពិត​ខ្លះ មិន​ដឹង​ច្បាស់ ​នូវ​ប្រយោជន៍​អ្នកដទៃ​​ តាមពិត​ខ្លះ មិន​ដឹង​ច្បាស់​ នូវ​ប្រយោជន៍​ទាំង​ពីរ​ខាង​ តាមពិតខ្លះ កាល​បើ​លះ​មោហៈបាន​ហើយ បុគ្គល​រមែង​ដឹង​ច្បាស់​ នូវ​ប្រយោជន៍​ខ្លួន តាមពិត​ផង ដឹង​ច្បាស់​នូវ​ប្រយោជន៍​អ្នក​ដទៃ​ តាម​ពិត​ផង ដឹង​ច្បាស់​នូវប្រយោជន៍​ទាំង​ពីរ​ខាង តាម​ពិត​ផង។  ម្នាល​អាវុសោ មោហៈ​ជាគ្រឿង​ធ្វើ​ឲ្យ​ងងឹត ធ្វើឲ្យ​ដូច​ជាគ្មាន​ចក្ខុ ធ្វើ​ឲ្យ​គ្មាន​ញាណ ឲ្យ​រលត់​បញ្ញា ជា​ប៉ែក​ខាង​សេចក្ដី​ចង្អៀត​ចង្អល់​ មិន​ប្រព្រឹត្ត​ទៅ​ ដើម្បី​ព្រះនិព្វានទេ។ ម្នាល​អាវុសោ យើង​ឃើញ​ទោស ក្នុង​រាគៈ​នេះ​​ឯង​ហើយ ទើប​បញ្ញត្ត​ នូវការ​លះ​បង់​រាគៈ ឃើញ​ទោស ក្នុងទោសៈ​នេះ​ហើយ ទើបបញ្ញត្ត​នូវការលះទោសៈ ឃើញ​ទោស ក្នុង​មោហៈ​នេះ​ហើយ ទើប​បញ្ញត្ត នូវ​ការ​លះមោហៈ។  ម្នាល​អាវុសោ ចុះផ្លូវ​ប្រតិបត្តិ​ ដើម្បី​លះរាគៈ ​ទោសៈ មោហៈ នុ៎ះ​ មាន​ដែរ​ឬទេ។  ម្នាល​អាវុសោ ផ្លូវ​ប្រតិបត្តិ​ ដើម្បី​លះរាគៈ ទោសៈ ​​មោហៈ នុ៎ះ​មាន។  ម្នាល​អាវុសោ ចុះផ្លូវ​​ប្រតិបត្តិ​ ដើម្បី​លះរាគៈ ទោសៈ ​មោហៈ នុ៎ះ​ តើដូចម្ដេច។  ផ្លូវ​ប្រកប​ដោយ​អង្គ ៨ ដ៏​ប្រសើរនេះ​ឯង គឺ សេចក្ដី​ឃើញ​ត្រូវ ១ សេចក្ដី​ត្រិះរិះ​ត្រូវ​ ១ វាចាត្រូវ ១ការងារ​ត្រូវ​ ១ ការចិញ្ចឹម​ជីវិត​ត្រូវ​ ១ ការ​ព្យាយាម​ត្រូវ​ ១ ការ​រលឹកត្រូវ​ ១ ការ​ដំកល់​ចិត្ត​មាំត្រូវ ១។  ម្នាល​អាវុសោ នេះ​ឯង ជា​ផ្លូវ​ប្រតិបត្តិ ដើម្បី​លះរាគៈ ​ទោសៈ​ មោហៈ​ នុ៎ះ។  ម្នាល​អាវុសោ ផ្លូវ​ប្រតិបត្តិ ដើម្បីលះរាគៈ ទោសៈ ​មោហៈ​នុ៎ះ ជាផ្លូវ​ប្រសើរ​ល្អហើយ។  ម្នាល​អាវុសោអានន្ទ ហេតុ​នោះ គួរ​តែ​កុំ​ធ្វេស​ប្រហែស​ឡើយ។

អាជីវកសូត្រទី២

[៧៤] សម័យមួយ ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ គង់​នៅ​ក្នុង​ឃោសិតារាម ជិតក្រុង​កោសម្ពី។  គ្រា​នោះ គហបតី ជាសាវក​របស់​អាជី​វក​ម្នាក់​​ ចូលទៅរក​ព្រះអានន្ទ ដ៏​មាន​អាយុ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​អង្គុយ​ក្នុង​ទី​សមគួរ​។  លុះ​គហបតី ជា​សាវក​អាជី​វក​នោះ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ សួរព្រះ​អានន្ទ​ដ៏​មាន​អាយុ ​ដូច្នេះ​ថា បពិត្រ​អានន្ទដ៏​ចំរើន (​យើង​ទាំង​ពីរ​នាក់) អ្នក​ណាសំដែង​ធម៌ត្រូវ ពួក​អ្នក​ណា​ ឈ្មោះ​ថា​ ប្រតិបត្តិ​ត្រូវ​ ក្នុងលោក ពួកអ្នក​ណា​ ឈ្មោះថា ដើរ​ត្រូវ​ក្នុង​លោក។  ម្នាល​គហបតី​ បើ​ដូច្នោះ អាត្មានឹង​ត្រឡប់​សួរ​ទៅ​អ្នក​ ក្នុង​ហេតុ​នុ៎ះវិញ បើ​ហេតុ​នោះ ​គួរ​ដល់​អ្នក​យ៉ាង​ណា ត្រូវ​អ្នក​ដោះ​ស្រាយ​ហេតុ​នោះ យ៉ាង​នោះ​ចុះ​។  ម្នាល​គហបតី អ្នក​សំគាល់ហេតុ​នោះ ​ដូចម្ដេច ពួក​បុគ្គល​ណា សំដែង​ធម៌ ​ដើម្បី​លះរាគៈ សំដែង​ធម៌ដើម្បី​លះទោសៈ សំដែង​ធម៌​ដើម្បី​លះមោហៈ អ្នក​ទាំង​នោះ​ឈ្មោះថា សំដែង​ធម៌​ត្រូវ​ឬទេ ឬថា​អ្នក​មាន​សេចក្ដី​យល់​ដូចម្ដេច ក្នុង​ដំណើរ​នុ៎ះ​។ បពិត្រ​អានន្ទដ៏ចំរើន ពួក​បុគ្គល​ណា​ សំដែង​ធម៌​ដើម្បី​លះរាគៈ សំដែង​ធម៌ដើម្បី​លះទោសៈ សំដែង​ធម៌​ដើម្បី​លះមោហៈ បុគ្គល​ទាំង​នោះ ឈ្មោះថាសំដែង​ធម៌​ត្រូវ​ហើយ ខ្ញុំ​មាន​សេចក្ដី​យល់ ក្នុង​ដំណើរ​នុ៎ះ ​យ៉ាង​នេះ​ដែរ។ ម្នាល​គហបតី អ្នក​សំគាល់​ហេតុ​នោះ ដូច​ម្ដេច ពួក​បុគ្គល​ណា ប្រតិបត្តិដើម្បី​លះរាគៈ ប្រតិបត្តិ​ដើម្បីលះ​ទោសៈ ប្រតិបត្តិដើម្បី​លះមោហៈ ពួកបុគ្គល​នោះ​ ឈ្មោះថា ប្រតិបត្តិ​ត្រូវ​​ក្នុង​លោក​ឬទេ ឬ​ថាអ្នក​មាន​សេចក្ដី​យល់​ ក្នុង​ដំណើរ​នុ៎ះ​ ដូចម្ដេច។  បពិត្រ​អានន្ទ​ដ៏​ចំរើន ពួក​បុគ្គល​ណា ប្រតិបត្តិ​ដើម្បី​លះរាគៈ ​ប្រតិបត្តិ​ដើម្បី​លះទោសៈ ប្រតិបត្តិ​ដើម្បី​លះមោហៈ ពួក​បុគ្គល​នោះ​ ឈ្មោះ​ថា​ ប្រតិ​បត្តិ​ត្រូវ​ក្នុង​លោក​ ខ្ញុំ​មានសេចក្ដី​យល់​យ៉ាងនេះ ក្នុង​ដំណើរ​នុ៎ះ។  ម្នាល​គហបតី អ្នកសំគាល់​ហេតុ​នោះ ​ដូចម្ដេច ពួក​បុគ្គល​ណា បាន​លះរាគៈហើយ បាន​រំលើងឫសគល់​ចោល​ហើយ ធ្វើ​មិនឲ្យ​ដុះ​ទៀត​បាន ដូច​ជា​ត្នោត​កំបុត​ក ​ធ្វើ​ឲ្យ​វិនាស​​ មិន​ឲ្យ​កើត​ឡើងតទៅ​​ទៀត​ជាធម្មតា ពួក​បុគ្គល​ណា ​លះទោសៈហើយ។  បេ។  ពួក​បុគ្គលណា​ លះ​មោហៈ​ហើយ បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើ​មិន​ឲ្យ​ដុះទៀត​បាន ដូចជា​ត្នោត​កំបុត​ក ​ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យ​កើត​ឡើង​តទៅ​ទៀត ជាធម្មតា ពួក​បុគ្គល​នោះ​ ឈ្មោះ​ថា ដើរ​ត្រូវ​ហើយ​ ក្នុង​លោក​ឬទេ ឬ​ក៏​អ្នកមាន​សេចក្ដី​យល់​ ដូចម្ដេច ក្នុង​ដំណើរ​នុ៎ះ។  បពិត្រ​លោក​ដ៏​ចំរើន ពួកបុគ្គល​ណា ​លះ​រាគៈហើយ បាន​រំលើង​ឫសគល់​ចោល​ហើយ ធ្វើ​មិនឲ្យដុះ​ទៀត​បាន ដូច​ជាត្នោត​កំបុតក ធ្វើ​ឲ្យ​វិនាស​ មិន​ឲ្យ​កើត​ឡើង​តទៅទៀត​ ជាធម្មតា ពួក​បុគ្គល​ណា ​លះទោសៈ ហើយ។  បេ។  ពួក​បុគ្គល​ណា​លះមោហៈហើយ បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើមិនឲ្យ​ដុះទៀត​បាន ដូច​ជា​ត្នោត​កំបុត​ក ធ្វើ​ឲ្យ​វិនាស មិន​ឲ្យ​កើតឡើង​តទៅទៀត​ ជាធម្មតា ពួក​បុគ្គល​នោះ​ឈ្មោះ​ថា ដើរ​ត្រូវ ក្នុងលោក​ហើយ ​ខ្ញុំ​មាន​សេចក្ដី​យល់​យ៉ាង​នេះ ក្នុង​ដំណើរ​នុ៎ះ។  ម្នាល​គហបតី អ្នក​បាន​ដោះ​ស្រាយ​ហើយ ​យ៉ាង​នេះ​ថា បពិត្រ​លោកដ៏​ចំរើន ពួកបុគ្គល​ណា សំដែង​ធម៌​ ដើម្បី​លះរាគៈ សំដែង​ធម៌​ដើម្បី​លះទោសៈ សំដែងធម៌​ដើម្បី​លះមោហៈ បុគ្គល​នោះ​ ឈ្មោះ​ថាសំដែង​ត្រូវ​ហើយ។  អ្នក​បាន​ដោះ​ស្រាយ​ហើយ ​យ៉ាង​នេះថា បពិត្រ​លោក​ដ៏​ចំរើន ពួក​បុគ្គល​ណា បាន​ប្រតិបត្តិ​ដើម្បី​លះរាគៈ ប្រតិបត្តិ​ដើម្បី​លះទោសៈ ប្រតិបត្តិ​ដើម្បីលះមោហៈ​ បុគ្គល​ទាំង​នោះ​ឈ្មោះ​ថា ប្រតិបត្តិ​ត្រូវ​ក្នុង​លោក។  អ្នក​បាន​ដោះស្រាយ​ហើយ យ៉ាង​នេះ​ថា បពិត្រ​លោក​ដ៏​ចំរើន ពួក​បុគ្គល​ណា បាន​លះរាគៈ​ហើយ ​បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជា​ត្នោត​កំបុតក ធ្វើ​ឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើត​តទៅ​ទៀត​ ជាធម្មតា ពួកបុគ្គល​ណា ​បាន​លះ​ទោសៈ​ហើយ។  បេ។  ពួក​បុគ្គល​ណា ​បាន​លះ​មោហៈហើយ​ បាន​រំលើង​ឫសគល់​ចោល​ហើយ ​ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន​ ដូចជាត្នោតកំបុតក ធ្វើ​ឲ្យ​វិនាស ​មិន​ឲ្យ​កើត​តទៅ​ទៀត​ ជា​ធម្មតា ពួក​បុគ្គល​នោះ​ ឈ្មោះថា ដើរ​ត្រូវ​ក្នុង​លោក។  បពិត្រ​លោក​ដ៏​ចំរើន អស្ចារ្យ​ណាស់​ បពិត្រ​លោកដ៏​ចំរើន​ ចំឡែក​ណាស់​ ឈ្មោះ​ថា មិន​មាន​ការលើកដំកើង​តែ​ធម៌​ខ្លួន​ផង មិនមាន​ការ​បន្ដុះ​បង្អាប់​ធម៌​បុគ្គល​ដទៃផង សំដែង​ធម៌​ត្រង់​ តាម​តែ​ហេតុ និយាយចំពោះតែសេចក្ដី​ ទាំង​មិន​ទាញ​មក​រក​តែ​ប៉ែក​ខាង​ខ្លួន​ផង។  បពិត្រ​អានន្ទដ៏​ចំរើន​ លោក​ (ហ្នឹង​ហើយ) សំដែង​ធម៌​ដើម្បី​លះ​រាគៈ សំដែងធម៌​ដើម្បីលះ​ទោសៈ​ សំដែង​ធម៌​ដើម្បី​លះមោហៈ លោក​សំដែង​ធម៌​ត្រូវ​ហើយ បពិត្រអានន្ទ​ដ៏​ចំរើន លោក​ប្រតិបត្តិ​ដើម្បី​លះ​រាគៈ ​ប្រតិបត្តិ​ដើម្បី​លះ​ទោសៈ ប្រតិបត្តិ​ដើម្បី​លះមោហៈ ប្រតិបត្តិ​ត្រូវ​ហើយ​​ ក្នុង​លោក​​ បពិត្រ​អានន្ទដ៏​ចំរើន លោក​បាន​លះ​រាគៈហើយ បាន​រំលើង​ឫស​គល់​ចោល​ហើយ ធ្វើ​មិន​ឲ្យ​ដុះ​ទៀត​បាន ដូច​ជាត្នោត​កំបុត​ក ធ្វើ​ឲ្យ​វិនាស ធ្វើ​មិន​ឲ្យ​កើតតទៅ​ទៀត​ ជាធម្មតា លោក​បាន​លះ​ទោសៈហើយ។បេ។ លោកបានលះមោហៈហើយ បានរំលើងឫសគល់ចោល​ហើយ ធ្វើ​មិន​ឲ្យ​ដុះទៀត​បាន ដូច​ជាត្នោត​កំបុត​ក ធ្វើ​ឲ្យ​វិនាស​ ធ្វើ​មិន​ឲ្យ​កើត​តទៅ​ទៀត ​ជាធម្មតា លោក​ឈ្មោះថា ដើរ​ត្រូវ​ក្នុង​លោក។  បពិត្រ​លោក​ដ៏​ចំរើន ពីរោះណាស់​ បពិត្រ​លោក​ដ៏​ចំរើន​ ពី​រោះណាស់​។ បពិត្រ​លោក​ដ៏​ចំរើន ដូច​គេ​ផ្ងារ របស់​ដែល​ផ្កាប់​ ឬបើក​បង្ហាញ ​របស់​ដែល​កំបាំង ពុំ​នោះ ​ដូច​គេប្រាប់​ផ្លូវ​ ដល់​មនុស្ស​អ្នកវង្វេង​ ពុំនោះ​សោត​ ដូច​គេ​ទ្រោល​ប្រទីប​ប្រេង ​ក្នុង​ទីងងឹត ដោយ​គិត​ថា មនុស្ស​អ្នក​មាន​ភ្នែក រមែង​មើល​ឃើញ​រូប​ទាំង​ឡាយ យ៉ាង​ណា​មិញ ធម៌​ដែល​លោក​ម្ចាស់​អានន្ទ បាន​សំដែង​ហើយ​ ដោយអនេក​បរិយាយ​ យ៉ាង​នេះ ក៏​យ៉ាង​នោះ​ដែរ។  បពិត្រ​អានន្ទ​ដ៏​ចំរើន ខ្ញុំ​នោះ ដល់​នូវ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ផង ព្រះ​ធម៌​ផង ព្រះ​ភិក្ខុ​សង្ឃផង ជាទី​រលឹក សូម​លោក​ម្ចាស់​អានន្ទ ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា ជាឧ​បាសក អ្នក​ដល់​នូវសរណៈ​ ស្មើ​ដោយ​ជីវិត ចាប់​ដើម​ពី​ថ្ងៃ​នេះតទៅ។

មហានាមសក្កសូត្រទី៣

[៧៥] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​គង់​នៅ​ក្នុង​និគ្រោធារាម ជិត​ក្រុង​កបិល​ព័ស្ដុ ក្នុង​ដែន​សក្កៈ។ សម័យ​នោះ​ឯង ព្រះដ៏​មាន​ព្រះភាគ ទ្រង់​ស្បើយ​អំពី​ជម្ងឺ ទើប​តែនឹង​ស្បើយ​អំពី​ជម្ងឺ មិន​ទាន់​យូរ​ប៉ុន្មាន។ គ្រានោះ មហានាម​សក្កៈ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ហើយគង់​ក្នុង​ទី​សម​គួរ។ លុះ​មហានាម​សក្កៈ គង់​ក្នុង​ទី​សមគួរ​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ ទូល​ព្រះ​ដ៏​មានព្រះភាគ ​យ៉ាង​នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ ​ដឹង​ច្បាស់​នូវ​ធម៌ ដែល​ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់​សំដែង​អស់​កាល​ជាយូរ​ហើយ យ៉ាង​នេះ​ថា ញាណមាន​ដល់​បុគ្គល ​ដែល​មាន​ចិត្ត​ដំកល់​ខ្ជាប់​ មិន​មាន​ដល់​បុគ្គល ​ដែលមាន​ចិត្តមិនដំកល់​ខ្ជាប់ទេ។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ សមាធិ កើត​មុន ញាណ​កើត​ក្រោយ ឬក៏​ញាណ​កើត​មុន សមាធិកើត​ក្រោយ។  លំដាប់ នោះ ព្រះ​អានន្ទ​ដ៏មាន​អាយុ មាន​សេចក្ដី​ត្រិះរិះ ​ដូច្នេះថា ព្រះដ៏​មាន​ព្រះភាគ​ ទ្រង់​ស្បើយ​អំពី​ជម្ងឺ ទើប​តែ​នឹង​ស្បើយ​អំពី​ជម្ងឺ មិន​ទាន់​យូរប៉ុន្មាន ​ស្រាប់​តែមហា​នាម​សក្កៈនេះ សួរ​ប្រស្នា ​ដ៏​ជ្រៅក្រៃ​ពេក ចំពោះ​ព្រះដ៏​មាន​ព្រះភាគ បើដូច្នោះ គួរ​តែអាត្មា​អញ នាំ​មហា​នាម​សក្កៈ ទៅក្នុងទីសម​គួរ​ ហើយសំដែង​ធម៌។  លំដាប់​នោះ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ក៏​ចាប់​ព្រះ​ពាហា នៃ​មហា​នាម​សក្កៈ នាំទៅ​ក្នុងទីសម​គួរ ​ហើយនិយាយ​នឹងមហា​នាម​សក្កៈ ​ដូច្នេះ​ថា បពិត្រ​ព្រះ​មហា​នាម​ សេក្ខ​សីល ក៏​ព្រះដ៏​មានព្រះ​ភាគ​ ទ្រង់​សំដែង​ហើយ ​អសេក្ខ​សីល ក៏​ព្រះ​ដ៏​មាន​ព្រះភាគ​ ទ្រង់​សំដែងហើយ សេក្ខ​សមាធិ ក៏​ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​សំដែង​ហើយ អសេក្ខសមាធិ ក៏​ព្រះដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែង​ហើយ សេក្ខ​ប្បញ្ញា ក៏​ព្រះដ៏​មានព្រះ ភាគ​ ទ្រង់​សំដែង​ហើយ អសេក្ខ​ប្បញ្ញា ក៏​ព្រះដ៏​មាន​ព្រះ​ភាគ ​ទ្រង់សំដែង​ហើយ​ដែរ។  បពិត្រ​មហា​នាម ចុះ​សេក្ខ​សីល តើដូច​ម្ដេច។  បពិត្រមហានាម ភិក្ខុ​ក្នុង​សាសនា​នេះ​ ជាអ្នក​មាន​សីល​។ ​បេ។  សមាទាន សិក្សាក្នុង​សិក្ខា​បទ​ទាំង​ឡាយ។  បពិត្រ​មហា​នាម នេះ​ហៅ​ថា ​សេក្ខសីល។ បពិត្រ​មហានាម ចុះ​សេក្ខ​សមាធិ តើដូច​ម្ដេច។ បពិត្រ​មហានាម ភិក្ខុ​ក្នុង​សាសនានេះ​ ស្ងាត់​ចាកកាម​ទាំង​ឡាយ​។ ​បេ។  បានដល់​ចតុត្ថ​ជ្ឈាន សម្រេចសម្រាន្ត​នៅ​។  បពិត្រ​មហានាម នេះ​ហៅថា សេក្ខ​សមាធិ។  បពិត្រមហានាម ចុះ​សេក្ខ​ប្បញ្ញា តើដូចម្ដេច។  បពិត្រ​មហា​នាម ភិក្ខុក្នុង​សាសនា​នេះ ដឹង​ច្បាស់​តាមពិត​ថា នេះ​ជា​ទុក្ខ។  បេ។  ដឹង​ច្បាស់​តាមពិត ថា នេះ​ជា​បដិបទា ​ដំណើរ​ទៅកាន់​ទី​រំលត់​ទុក្ខ។  បពិត្រ​មហានាម នេះ​ហៅថា សេក្ខប្បញ្ញា។ បពិត្រ​មហានាម អរិយ​សាវក​នោះ​ អ្នក​បរិបូណ៌​ដោយ​សីល​យ៉ាងនេះ បរិបូណ៌​ដោយ​សមាធិយ៉ាងនេះ បរិបូណ៌​ដោយ​បញ្ញា​យ៉ាងនេះ រមែងធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ មិន​មាន​អាសវៈ ព្រោះអស់អាសវៈ ទាំងឡាយ ដោយ​ប្រាជ្ញា​ ដ៏​ក្រៃ​លែង ​ដោយខ្លួន​ឯង ​ក្នុង​បច្ចុប្បន្ន។ បពិត្រ​មហានាម សេក្ខសីល ក៏​ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ អសេក្ខសីល ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​សំដែង​ហើយ ​សេក្ខ​សមាធិ ក៏ព្រះដ៏មាន​ព្រះភាគ ​ទ្រង់​សំដែង​ហើយ អសេក្ខ​សមាធិ​ ក៏​ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ សេក្ខ​ប្បញ្ញា ​ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ទ្រង់​សំដែង​ហើយ អសេក្ខប្បញ្ញា ក៏​ព្រះ​ដ៏​មាន​ព្រះ​ភាគ ​ទ្រង់​សំដែហើយ យ៉ាង​នេះឯង។

និគណ្ឋសូត្រទី៤

[៧៦] សម័យ​មួយ ព្រះ​អានន្ទដ៏មាន​អាយុ​ គង់​នៅក្នុង​កូដាគារសាលា នាព្រៃ​មហាវន ជិត​ក្រុង​វេសាលី។ គ្រានោះ ស្ដេច​លិច្ឆវិ នាម​អភ័យ និង​ស្ដេច​លិច្ឆវិ នាម​បណ្ឌិត​កុមារកៈ​ ចូល​ទៅរក​ព្រះ​អានន្ទដ៏មាន​អាយុ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ហើយ​គង់ក្នុង​ទីសម​គួរ។  លុះ​ស្ដេច​លិច្ឆវិ នាម​អភ័យ ​អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ក៏សួរ​ព្រះ​អានន្ទដ៏​មាន​អាយុ ​ដូច្នេះថា បពិត្រ​អានន្ទ​ដ៏​ចំរើន និគណ្ឋនាដបុត្រ ជាសព្វញ្ញូ ឃើញ​សព្វ តែង​ប្ដេជ្ញា​នូវ​ញាណទស្សនៈ (សព្វ​ញ្ញុតញ្ញាណ) មិនមាន​សេសសល់ថា អាត្មា​អញ​ ទោះ​ដើរ​ក្ដី ឈរ​ក្ដី ដេក​លក់​ក្ដី​​ ភ្ញាក់ឡើង​ក្ដី ញាណ​ទស្សនៈ​តាំង​ឡើង ​ឥត​ចន្លោះ​រាល់​ពេល។  និគណ្ឋ​នាដបុត្រ​នោះ តែង​បញ្ញត្តនូវ​កិច្ច ធ្វើ​ឲ្យ​អស់​ទៅ​ នៃ​កម្ម​ចាស់​ទាំងឡាយដោយ​តបធម៌ បញ្ញត្តនូវ​ការ​សំឡាប់​បច្ច័យ ព្រោះ​មិន​ធ្វើ​កម្ម​ថ្មី​ទាំងឡាយ ការ​អស់​ទុក្ខ ព្រោះ​អស់​កម្ម ការ​អស់វេទនា​ ព្រោះ​អស់ទុក្ខ ទុក្ខ​ទាំង​ពួង​ នឹងសាបរលាបទៅ ព្រោះ​អស់​វេទនា ដោយប្រការដូច្នេះឯង ការ​កន្លង​នូវ (វដ្ដទុក្ខ) ដោយ​វិសុទ្ធិ​ ដែល​ត្រូវ​ឃើញ​ចំពោះខ្លួន ជាគ្រឿង​ធ្វើឲ្យ​កិលេស​សាបរលាប​នុ៎ះ ​យ៉ាង​នេះ។  បពិត្រ​អានន្ទ​ដ៏​ចំរើន ចុះ​ព្រះដ៏មាន​ព្រះភាគ​ ទ្រង់​សំដែង​ដូចម្ដេច ក្នុង​សាសនា​នេះ។  ម្នាលអភ័យ និជ្ជរាវិសុទ្ធិ (វិសុទ្ធិ ជាគ្រឿង​ធ្វើ​កិលេស​ឲ្យ​សាបរលាប) ទាំង៣​នេះ ដែល​ព្រះដ៏មាន​ព្រះភាគ ជា​អរហន្ត សម្មាសម្ពុទ្ធ អង្គ​នោះ ទ្រង់​ជ្រាប​ច្បាស់ ឃើញ​ច្បាស់​​ បាន​សំដែង​ហើយ ដោយ​ប្រពៃ​ ដើម្បី​សេចក្ដី​ស្អាត​ នៃសត្វទាំងឡាយ ដើម្បី​កន្លង នូវ​សោក ​និង​ខ្សឹក​ខ្សួល​ទាំងឡាយ ដើម្បីរលត់​ទៅ នៃ​ទុក្ខ ​និង​ទោម​នស្ស​ទាំង​ឡាយ  ដើម្បី​ត្រាស់​ដឹង​ នូវ​មគ្គ​ដែលប្រកប​ដោយ​វិបស្សនា ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ព្រះនិព្វាន។  និជ្ជរាវិសុទ្ធិ ទាំង​៣ ​តើដូចម្ដេច។  ម្នាល​អភ័យ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មានសីល។  បេ។  សមាទាន​ សិក្សាក្នុង​សិក្ខាបទទាំងឡាយ ភិក្ខុ​នោះ មិន​ធ្វើ​កម្ម​ថ្មី​ផង [១.២.អដ្ឋកថា ថា មិនសន្សំ មិនកសាងកម្មថ្មីទេ ឯផល​កម្មចាស់នោះ នៅខ្សោយ តែលោកធ្វើឲ្យអស់ផលកម្មនោះ មិនឲ្យមានសល់​តទៅទៀត។] បាន​ពាល់​ត្រូវ​រឿយៗ នូវ​កម្មចាស់ [២] ​​ហើយ ធ្វើឲ្យ​អស់​ទៅផង ព្រោះ​វិសុទ្ធិ ជាធម្មជាតិ ដែល​បុគ្គលគប្បី​ឃើញ ដោយខ្លួនឯង ជាគ្រឿង​ធ្វើ​កិលេស​ ឲ្យ​សាបរលាប ឲ្យ​នូវ​ផល​មិនរង់​ចាំកាល គួរ​ដើម្បី​បង្ហាញ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួនបាន ជាធម្មជាតិ​ ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ  គប្បី​ដឹង​ច្បាស់ ចំពោះខ្លួន។  ម្នាល​អភ័យ ភិក្ខុនោះ បរិបូណ៌​ដោយ​សីល ​យ៉ាងនេះ​ ក៏​ស្ងាត់ចាកកាម​ទាំងឡាយ។ បេ។  បានដល់​ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ ភិក្ខុ​នោះ ​មិន​ធ្វើ​កម្ម​ថ្មីផង ពាល់​ត្រូវ​រឿយៗ នូវ​កម្ម​ចាស់​ហើយ ធ្វើឲ្យអស់​ទៅផង ព្រោះ​វិសុទ្ធិ ជាធម្ម​ជាតិ ​ដែល​បុគ្គល​គប្បី​ឃើញ​ ដោយខ្លួន​ឯង ជាគ្រឿង​ធ្វើ​កិលេស​ ឲ្យ​សាបរលាប ឲ្យ​នូវ​ផល​មិន​រង់​ចាំកាល​ គួរ​ដើម្បីបង្ហាញ​ ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន​បាន ជា​ធម្មជាតិ ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹងច្បាស់ ​ចំពោះខ្លួន។  ម្នាលអ​ភ័យ​ ភិក្ខុនោះ បរិបូណ៌​ដោយ​សីល​យ៉ាង​នេះ បរិបូណ៌​ដោយ​សមាធិយ៉ាង​នេះ រមែងធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ​ ដែល​មិន​មាន​អាសវៈ ​ព្រោះអស់​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ ដ៏​ក្រៃ​លែង ​ដោយខ្លួន​ឯង​ ក្នុង​បច្ចុប្បន្ន។ ភិក្ខុនោះ ​មិន​ធ្វើ​កម្ម​ថ្មីផង ពាល់​ត្រូវ​រឿយ ៗ នូវ​កម្ម​ចាស់​ហើយ ធ្វើ​ឲ្យ​អស់ទៅផង ព្រោះ​វិសុទ្ធិ ជាធម្មជាតិ​ដែល​បុគ្គលគប្បី​ឃើញ ដោយ​ខ្លួន​ឯង ជាគ្រឿង​ធ្វើ​កិលេស​ ឲ្យ​សាបរលាប ឲ្យ​នូវ​ផល ​មិន​រង់​ចាំកាល ​គួរ​ដើម្បី​បង្ហាញ ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុកក្នុង​ខ្លួន​បាន ជាធម្មជាតិ ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ​ចំពោះ​ខ្លួន។  ម្នាល​អភ័យ​ នេះ​ឯង និជ្ជរាវិសុទ្ធិ ទាំង​៣ ដែល​ព្រះដ៏​មាន​ព្រះ​ភាគ ជាអរហន្ត សម្មា​សម្ពុទ្ធអង្គនោះ ​ទ្រង់​ជ្រាប​ច្បាស់​ ឃើញ​ច្បាស់​ បាន​សំដែង​ហើយ ​ដោយ​ប្រពៃ ដើម្បី​សេចក្ដី​ស្អាត ​របស់​សត្វ​ទាំងឡាយ​ ដើម្បី​កន្លង​នូវ​សោក​ និង​ខ្សឹក​ខ្សួលទាំងឡាយ​ ដើម្បី​រលត់​ទុក្ខ ​និង​ទោមនស្សទាំងឡាយ ​ដើម្បី​ត្រាស់​ដឹង ​នូវ​មគ្គប្រកប​ដោយ​វិបស្សនា ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ព្រះនិព្វាន។  កាល​បើ​ព្រះអានន្ទ​ ដ៏​មាន​អាយុ ​សំដែង​យ៉ាង​នេះ​ហើយ ស្ដេច​លិច្ឆវិ នាម​បណ្ឌិត​កុមារ​កៈ ក៏​និយាយ​នឹង​ស្ដេច​លិច្ឆវិ នាម​អភ័យ ​ដូច្នេះថា នែ​អភ័យ​ ជាសំឡាញ់ ចុះហេតុ​អ្វី  បាន​ជាអ្នក​មិន​អនុមោទ​នា​សុភាសិត របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ ដោយ​សុភាសិត។  នែសំឡាញ់​ ថ្វី​ក៏​ខ្ញុំ​មិន​អនុមោទនាសុភាសិត ​របស់​ព្រះអានន្ទ​ដ៏​មាន​អាយុ​ ដោយ​សុភាសិត។  អ្នក​ណាមិន​អនុមោទនា នូវ​សុភាសិតរបស់​ព្រះអនន្ទ​ដ៏​មាន​អាយុ  ដោយ​សុភាសិត​ទេ ក្បាល​របស់​អ្នក​នោះ មុខ​ជា​ធ្លាក់​ចុះ​មិន​ខាន។

និវេសកសូត្រទី៥

[៧៧] គ្រានោះ​ ព្រះ​អានន្ទ​ដ៏​មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ ព្រះដ៏​មាន​ព្រះភាគ​ ហើយអង្គុយ​ក្នុង​ទីសម​គួរ​។  លុះព្រះ​អានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​សមគួរ​ហើយ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​សួរ​ ដូច្នេះថា ម្នាល​អានន្ទ អ្នកទាំង​ឡាយ គប្បី​អនុ​គ្រោះ​អ្នក​ណា ឬថា ពួក​ជន​ណា ​ដែល​ជាមិត្រ​ក្ដី​ អាមាត្យ​ក្ដី ញាតិក្ដី សាលោ​ហិតក្ដី គប្បី​សំគាល់​នូវ​ពាក្យ ​ដែល​ត្រូវ​ស្ដាប់ ម្នាល​អានន្ទ ជន​ទាំងនោះ អ្នក​ទាំង​ឡាយ គួរ​ណែនាំ គួរ​ឲ្យ​នៅ គួរ​ឲ្យ​តាំង​នៅ ក្នុង​ឋានៈ ៣ យ៉ាង​។  ឋានៈ៣ យ៉ាង​នេះ តើដូចម្ដេច។  គឺគួរ​ណែនាំ គួរ​ឲ្យ​នៅ​ គួរ​ឲ្យ​តាំង​នៅ ក្នុង​សេចក្ដី​ជ្រះ​ថ្លា​មិន​កម្រើក ក្នុង​ព្រះពុទ្ធថា ព្រះ​ដ៏​មាន​ព្រះភាគ​ អង្គនោះ ជា​អរហន្ត សម្មា​សម្ពុទ្ធ បរិបូណ៌​ដោយវិជ្ជា ​និង​ចរណៈ ជាព្រះសុគត ជ្រាប​ច្បាស់​នូវ​ត្រៃលោក ប្រសើរ​ដោយសីលា​ទិគុណ រក​បុគ្គល​ណាមួយ​ស្មើគ្មាន ជាសារ​ថី​ ទូន្មាន​នូវ​បុរស ជាគ្រូនៃ​ទេវតា និង​មនុស្ស​ទាំង​ឡាយ ទ្រង់​ត្រាស់​ដឹង​ នូវ​អរិយសច្ច ​៤ ទ្រង់ខ្ជាក់​ចោល ​នូវ​ត្រៃ​ភព លែង​វិល​ត្រឡប់​មក​កើត​ទៀត​ ១ គួរ​ណែនាំ គួរ​​ឲ្យ​នៅ គួរ​ឲ្យ​តាំងនៅ ក្នុង​សេចក្ដី​ជ្រះថ្លា មិន​កម្រើក ក្នុង​ព្រះ​ធម៌ថា ធម៌​ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​សំដែង​ហើយ ​ដោយ​ប្រពៃ ជាធម៌​ដែលបុគ្គល​គប្បី​ឃើញច្បាស់​ ដោយ​ខ្លួន​ឯង ឲ្យ​នូវ​ផល ​មិន​រង់​ចាំកាល​ គួរនឹង ​ហៅបុគ្គល​ដទៃ ​ឲ្យ​ចូល​មក​មើល​បាន គួរ​បង្អោន​ចូល​មក​ទុក​ក្នុង​ខ្លួន អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បី​ដឹង​ច្បាស់ ​ចំពោះ​ខ្លួន ​១ គួរ​ណែនាំ គួរឲ្យ​នៅ គួរ​ឲ្យ​តាំង​នៅ ​ក្នុង​សេចក្ដី​ជ្រះថ្លា​ មិន​កម្រើក ​ក្នុង​ព្រះ​សង្ឃថា ព្រះសង្ឃជាសាវក ​នៃ​ព្រះដ៏​មាន​ព្រះ ភាគ ប្រតិបត្តិ​ដោយ​ប្រពៃ ព្រះ​សង្ឃ​ជាសាវក ​នៃព្រះដ៏​មាន​ព្រះភាគ​ ប្រតិ​បត្តិ​ដោយ​ត្រង់​ ព្រះសង្ឃ​ជាសាវក​ នៃ​ព្រះដ៏​មានព្រះ​ភាគ ប្រតិ​បត្តិ ​ដើម្បី​ត្រាស់​ដឹង ​នូវ​ព្រះនិព្វាន ព្រះសង្ឃ​ជាសាវក​ នៃព្រះដ៏មាន​ព្រះភាគ ប្រតិបត្តិ​គួរ​ដល់​សាមីចិកម្ម ព្រះសង្ឃ​ជាសាវក ​នៃ​ព្រះ​ដ៏មាន​ព្រះ​ភាគនុ៎ះ រាប់​ជាគូ​នៃ​បុរស ​មាន​៤គូ បើ​រាប់​រៀង​ជាបុរស​បុគ្គល ​មាន​៨ពួក ​លោក​គួរ​ទទួល​ នូវរបស់ដែលគេរៀបទទួលភ្ញៀវ គួរទទួលនូវរបស់ ដែលគេនាំមកបូជា គួរទទួលនូវ​ទក្ខិ​ណា​ទាន គួរ​ដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត ​របស់​សត្វ​លោក ​ដ៏​ប្រសើរ​បំផុត។  ម្នាល​អានន្ទ សេចក្ដី​ប្រែប្រួល មាន​ចំពោះតែ​មហា​ភូត​រូប ​៤ គឺបឋវីធាតុ អាបោធាតុ ​តេជោធាតុ វាយោធាតុ ឯ​សេចក្ដី​ប្រែប្រួល ​របស់​អរិយ​សាវក ដែល​ប្រកប​ដោយ​សេចក្ដី​ជ្រះ​ថ្លា​មិនកម្រើក ​ក្នុង​ព្រះពុទ្ធ មិន​មាន​សោះឡើយ។  នេះ​ជាសេចក្ដី​ប្រែប្រួល​ ក្នុងហេតុ​នោះ​។ ​ម្នាល​អានន្ទ ពាក្យថា អរិយ​សាវក​នោះ ប្រកប​ដោយសេចក្ដី​ជ្រះ​ថ្លា មិន​កម្រើក ក្នុង​ព្រះ​ពុទ្ធ​ហើយ មុខ​ជានឹង​ទៅ​កើត​ក្នុង​នរក​ក្ដី កំណើតតិរច្ឆានក្ដី ប្រេត​វិស័យ​ក្ដី ដូច្នេះ​នុ៎ះ មិន​មែន​ជា​ឋានៈ​ទេ។ ម្នាល​អានន្ទ ​​សេចក្ដី​ប្រែប្រួល​ មាន​ចំពោះ​តែ​មហាភូត​រូប​ ៤ គឺបឋវីធាតុ អា​បោធាតុ តេជោធាតុ​ វាយោធាតុ ឯសេចក្ដី​ប្រែ​ប្រួល។  បេ។ ​ក្នុង​ព្រះធម៌ មិន​គប្បី​មាន​ឡើយ សេចក្ដី​ប្រែប្រួល​ មិន​មាន​ដល់​​អរិយ​សាវក ​ដែល​ប្រកបដោយ​សេចក្ដីជ្រះ​ថ្លា មិន​កម្រើក ​ក្នុង​ព្រះសង្ឃ​សោះទេ។  នេះ​ជា​សេចក្ដីប្រែប្រួល ​ក្នុង​ហេតុ​នោះ។  ម្នាល​អានន្ទ ពាក្យ​ថា អរិយ​សាវក ​ដែល​ប្រកបដោ​យសេចក្ដី​ជ្រះ​ថ្លា​ មិន​កម្រើក ​ក្នុង​ព្រះសង្ឃនោះ មុខ​ជានឹង​ទៅកើតក្នុង​នរកក្ដី កំណើត​តិរច្ឆាន​ក្ដី ប្រេត​វិស័យ​ក្ដី ដូច្នេះ​នុ៎ះ មិនមែន​ជាឋានៈទេ។  ម្នាល​អានន្ទ អ្នក​ទាំង​ឡាយ គប្បី​អនុគ្រោះ​អ្នក​ណា ឬថា អ្នកណាជាមិត្រក្ដី អាមាត្យក្ដី ញាតិក្ដី សាលោ​ហិត​ក្ដី គប្បី​សំគាល់​នូវពាក្យ ​ដែល​ត្រូវ​ស្ដាប់​ ម្នាល​អានន្ទ ជនទាំង​នោះ អ្នក​ទាំង​ឡាយ​ គួរណែនាំ គួរ​ឲ្យ​នៅ គួរ​ឲ្យ​តាំង​នៅ ក្នុង​ឋានៈ ៣​យ៉ាងនេះ។

បឋមភវសូត្រទី៦

[៧៨] គ្រានោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ​ចូល​ទៅ​គាល់​ព្រះដ៏​មាន​ព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ហើយអង្គុយ​​ក្នុង​ទីសម​គួរ។  លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ អង្គុយ​ក្នុង​ទីសមគួរហើយ ក៏​ក្រាប​បង្គំ​​ទូល​ព្រះដ៏​មាន​ព្រះ​ភាគ​ ដូច្នេះថា បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​សំដែង​ថា ភព ភព ដូច្នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន ដែល​ហៅថា​ ភព តើ​ដោយ​ហេតុ​ដូច​ម្ដេច។  ម្នាល​អានន្ទ បើកម្មដែល​ឲ្យផល (​សម្រេច)​ ក្នុង​កាម​ធាតុ​ មិន​មាន​ហើយ កាម​ភព ​គប្បី​មាន​ប្រាកដ​ដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុ​នុ៎ះ ​មិន​មាន​ទេ។  ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម​ជាស្រែ វិញ្ញាណជាពូជ តណ្ហាជា​ទឹក​ វិញ្ញាណរបស់​ពួកសត្វ​ ដែល​មាន​អវិជ្ជា ​ជាទំនប់ មាន​តណ្ហាជាគ្រឿង​ព័ន្ធព័ទ្ធ ដំកល់​នៅ​ស៊ប់ហើយ ​ក្នុង​ធាតុ​ដ៏​ថោក​ទាប​ គឺកាម​ធាតុ ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅទៀត រមែង​មាន​យ៉ាង​នេះ។ ​ម្នាលអានន្ទ បើកម្មដែល​ឲ្យ​ផល​ ក្នុង​រូប​ធាតុ មិន​មាន​ហើយ រូប​ភព​ គប្បី​មាន​ប្រាកដ​ដែរ​ឬ​ទេ។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុ​នុ៎ះ​ មិន​មាន​ទេ។  ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម​ជាស្រែ វិញ្ញាណ​ជាពូជ តណ្ហា​ជាទឹក អភិសង្ខារ​វិញ្ញាណ ​របស់​ពួក​សត្វ​ ដែល​មាន​អវិជ្ជា​ជាទំនប់ ​មាន​តណ្ហា​ជាគ្រឿង​ព័ន្ធព័ទ្ធ រមែង​ដំកល់​នៅ​ស៊ប់ ​ក្នុង​ធាតុ​ជាន់​កណ្ដាល គឺ​រូប​ធាតុ ការ​កើត​ចំពោះក្នុង​ភព​ថ្មី​តទៅ​ទៀត រមែង​មាន​យ៉ាង​នេះ។ ម្នាលអានន្ទ បើកម្ម ដែល​ឲ្យ​ផល​ ក្នុង​អរូបធាតុ​ មិន​មាន​ហើយ​ អរូប​ភព គប្បី​មាន​ប្រាកដ​ដែរ​ឬទេ។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ​​ហេតុ​នុ៎ះ ​មិន​មាន​ទេ។ ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា​ កម្ម​ជាស្រែ វិញ្ញាណ​ ជាពូជ តណ្ហា​ជាទឹក ទើប​អភិសង្ខារ​វិញ្ញាណ របស់​ពួក​សត្វ​ ដែល​មាន​អវិជ្ជា ជាទំនប់ មាន​តណ្ហា ជាគ្រឿង​ព័ន្ធព័ទ្ធ រមែង​ដំកល់​នៅ ក្នុង​ធាតុ​ជាន់​ខ្ពស់ ​គឺ​អរូបធាតុ ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅ​ទៀត​ រមែង​មាន​យ៉ាង​នេះ។ ម្នាល​អានន្ទ ភព​ រមែង​មាន​ យ៉ាង​នេះឯង។

ទុតិយភវសូត្រទី៧

[៧៩] គ្រានោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ចូល​ទៅគាល់​ព្រះមាន​ព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ​ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះ​ភាគ ហើយអង្គុយ​ក្នុង​ទី​សម​គួរ។  លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏​មាន​ព្រះភាគ​ ដូច្នេះ​ថា បពិត្រ​ព្រះ​អង្គដ៏​ចំរើន ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ថា ភព ភព ដូច្នេះ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន​ ដែលហៅថា​ ភព តើ​ដោយ​ហេតុ​ដូច​ម្ដេច។  ម្នាល​អានន្ទ បើកម្មដែល​ឲ្យផល ក្នុង​កាម​ធាតុ​ មិន​មាន​ហើយ កាម​ភព​គប្បី​មាន​ប្រាកដ​ដែរឬទេ។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុ​នុ៎ះ ​មិន​មាន​ទេ។  ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម​ជាស្រែ វិញ្ញាណជាពូជ តណ្ហាជា​ទឹក​ ចេតនា និង​សេចក្ដី​ប្រាថ្នា​ របស់​ពួក​សត្វ​ ដែល​មាន​អវិជ្ជា​ជាទំនប់ មាន​តណ្ហា ជាគ្រឿង​ព័ន្ធព័ទ្ធ រមែងដំកល់​នៅ​ស៊ប់ ក្នុង​ធាតុ​ដ៏​ថោក​ទាប ​គឺកាម​ធាតុ ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅទៀត រមែង​មាន ​យ៉ាង​នេះ។ ​ម្នាលអានន្ទ បើកម្មដែល​ឲ្យ​ផល ក្នុង​រូប​ធាតុ មិន​មាន​ហើយ រូប​ភព​ គប្បី​មាន​ប្រាកដ​ដែរ​ឬ​ទេ។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ហេតុ​នុ៎ះ មិន​មាន​ទេ។  ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម​ជាស្រែ វិញ្ញាណ​ជាពូជ តណ្ហា​ជាទឹក ចេតនា​ និង​សេចក្ដី​ប្រាថ្នា ​របស់​ពួក​សត្វ​ ដែល​មាន​អវិជ្ជា​ជាទំនប់​ មាន​តណ្ហា​ ជាគ្រឿង​ព័ន្ធព័ទ្ធ រមែង​ដំកល់​នៅ​ស៊ប់​ ក្នុង​ធាតុ​ជាន់​កណ្ដាល គឺ​រូប​ធាតុ ការ​កើត​ចំពោះក្នុង​ភព​ថ្មី​តទៅ​ទៀត រមែង​មាន​យ៉ាង​នេះ។ ម្នាល​អានន្ទ បើកម្មដែល​ឲ្យ​ផល​ ក្នុង​អរូប​ធាតុ មិន​មាន​ហើយ អរូប​ភព គប្បី​មាន​ប្រាកដដែរ​ឬទេ។  បពិត្រ​ព្រះអង្គចំរើន ហេតុ​នុ៎ះ មិនមាន​ទេ ម្នាល​អានន្ទ ព្រោះ​ហេតុ​ថា កម្ម ជាស្រែ វិញ្ញាណ​ ជា​ពូជ តណ្ហា ជា​ទឹក​ ចេត​នា​ និង​សេចក្ដី​ប្រាថ្នា ​របស់​ពួក​សត្វ ដែល​មាន​អវិជ្ជា ជាទំនប់ មាន​តណ្ហា ជាគ្រឿង​ព័ន្ធ​ព័ទ្ធ រមែង​ដំកល់​នៅ​ស៊ប់ ក្នុង​ធាតុ​ជាន់ខ្ពស់​ គឺ​អរូធាតុ ការ​កើត​ចំពោះ​ក្នុង​ភព​ថ្មី​តទៅ​ទៀត រមែង​មានយ៉ាង​នេះ ​ម្នាល​អានន្ទ ភព​  រមែង​មាន​ ​យ៉ាង​នេះ​ឯង។

សីលព្វតសូត្រទី៨

[៨០]​ គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ លុះ​ចូល​ទៅដល់​ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ រួចអង្គុយ​ក្នុង​ទីសម​គួរ។  លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​សម​គួរហើយ ព្រះដ៏​មាន​ព្រះភាគ​ទ្រង់​ត្រាស់​សួរ​ ដូច្នេះថា ម្នាល​អានន្ទ សីល​ និង​វ័ត ជីវិត [ព្យាយាមប្រកបដោយ​អំពើដែលគេធ្វើបានដោយកម្រ (អដ្ឋកថា)។] ព្រហ្ម​ចារ្យ និង​ការ​ចំរើន ដោយ​យល់​ថា មានខ្លឹម​ ទាំង​អស់​ សុទ្ធតែមាន​ផល​ឬ។  បពិត្រ​ព្រះអង្គដ៏​ចំរើន ​ក្នុង​សេចក្ដី​នុ៎ះ​មិន​គួរ​ព្យាករ ​ដោយ​ចំណែកតែម្យ៉ាង​ទេ។  ម្នាល​អានន្ទ បើដូច្នោះ ​ចូរ​អ្នក​ចែក​សេចក្ដី​ទៅមើល។ បពិត្រ​ព្រះអង្គដ៏​ចំរើន បុគ្គល​សេព​នូវ​សីល​វ័ត​ ជីវិត ព្រហ្មចារ្យ​ និង​ការចំរើន ដោយ​យល់​ថា មាន​ខ្លឹម​ណា អកុសល​ធម៌​ទាំងឡាយ ចំរើន​ឡើង កុសល​ធម៌​ទាំងឡាយ វិនាស​ទៅ សីល​ វ័ត ​ជីវិត​ ព្រហ្មចារ្យ និង​ការ​បំរើ ដោយ​យល់​ថា មាន​ខ្លឹម​ មាន​សភាពយ៉ាង​នេះ ឈ្មោះថា ឥត​ផល​ទេ បពិត្រ​ព្រះ​អង្គ​ដ៏​ចំរើន បុគ្គល​សេព​នូវ​សីល​វ័ត ជីវិត​ ព្រហ្ម​ចារ្យ និង​ការបំរើ​ ដោយ​យល់​ថា មាន​ខ្លឹម​ណា អកុសល​ធម៌​ទាំងឡាយ ​វិនាស​ទៅ កុសល​ធម៌ទាំងឡាយ ចំរើន​ឡើង សីល​វ័ត​ ជីវិត​ ព្រហ្ម​ចារ្យ​ និងការ​បំរើ ដោយយល់ថា មានខ្លឹម មាន​សភាព​យ៉ាង​នេះ ទើប​ឈ្មោះថា មាន​ផល។ លុះ​ព្រះ​អានន្ទដ៏​មាន​អាយុ ក្រាប​ទូល​ពាក្យ​នេះ​ហើយ ព្រះ​សាស្ដា​ ក៏​ទ្រង់​គាប់​ព្រះទ័យ។  លំដាប់​នោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ដឹង​ថា ព្រះសាស្ដារបស់​អាត្មា​អញ គាប់​ព្រះទ័យ​ហើយ ក៏​ក្រោក​ចាក​អាសនៈ​ ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ធ្វើ​ប្រទក្សិណ ​រួច​ហើយ​ចេញ​ទៅ។  កាល​ដែលព្រះ​អានន្ទ​ដ៏​មាន​អាយុ ចេញ​ទៅ ​មិន​យូរ​ប៉ុន្មាន ព្រះមាន​ព្រះ​ភាគ ​ត្រាស់ហៅភិក្ខុ​ទាំង​ឡាយ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អានន្ទ​ ជាសេក្ខ​បុគ្គល​ ប៉ុន្ដែបុគ្គល​ដែល​ត្រឹម​ស្មើ​ដោយ​បញ្ញា ​របស់​អានន្ទ​នុ៎ះ មិន​ងាយ​នឹង​រក​បានទេ។

គន្ធជាតសូត្រទី៩

[៨១] គ្រានោះ ព្រះអានន្ទ​ដ៏​មាន​អាយុ ចូល​ទៅ​គាល់​ព្រះ​ដ៏​មានព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំព្រះដ៏​មាន​ព្រះភាគ រួចអង្គុយ​ក្នុង​ទី​សម​គួរ។  លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទី​សមគួរហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះដ៏​មាន​ព្រះ​ភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្លិន​នៃ​គន្ធ​ជាត​ ដែល​ផ្សាយ​ទៅ​កាន់​ទី​បណ្ដោយ​ខ្យល់​បាន ទៅច្រាស​ខ្យល់​មិន​បាន នេះ​ មាន​៣ យ៉ាង​។  គន្ធ​ជាត ៣​យ៉ាង​ តើដូចម្ដេច។  គឺ​ក្លិន​ឫស​ ១ ក្លិន​ខ្លឹម ​១ ក្លិន​ផ្កា ​១។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន  ក្លិន​គន្ធ​ជាត ទាំង​៣ នេះឯង ផ្សាយ​ទៅ​បាន​តែ​ទីបណ្ដោយ​ខ្យល់ ​​ទៅ​ច្រាសខ្យល់​មិន​បាន​ទេ។ បពិត្រព្រះ​អង្គដ៏​ចំរើន ក្រែង​មាន​ក្លិន​គន្ធ​ជាតអ្វី ដែល​ផ្សាយ​ទៅ​បណ្ដោយ​ខ្យល់​ក៏​បាន ផ្សាយ​ទៅ​ច្រាស​ខ្យល់​ក៏​បាន ផ្សាយ​ទៅ​ទាំង​បណ្ដោយ​ខ្យល់​ និងច្រាស​ខ្យល់​ក៏​បាន មាន​ដែរ​ឬទេ។  ម្នាល​អានន្ទ ក្លិន​គន្ធ​ជាត ដែល​ផ្សាយទៅ​បណ្ដោយ​ខ្យល់​ក៏បាន​ ទៅ​ច្រាសខ្យល់​ក៏​បាន ទៅបណ្ដោយ​ខ្យល់​ និងច្រាស​​ខ្យល់​ក៏​បាន​ មាន​ដែរ។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះគន្ធ​ជាត ដែលផ្សាយ​ទៅ​បណ្ដោយ​ខ្យល់​ក៏​បាន ច្រាសខ្យល់​ក៏​បាន ទាំងបណ្ដោយ​ខ្យល់ និង​ច្រាស​ខ្យល់​ក៏បាន តើដូចម្ដេច។  ម្នាល​អានន្ទ ក្នុងលោក​នេះ ស្រ្តី​ក្ដី​ បុរស​ក្ដី​ ក្នុង​ស្រុក​ ឬនិគម​ណា បាន​ដល់​ព្រះពុទ្ធ​ ជាទីរលឹក បាន​ដល់ព្រះ​ធម៌ ​ជាទីរលឹក បាន​ដល់​ព្រះសង្ឃ​ ជាទី​រលឹក​ វៀរ​ចាក​ការ​សំឡាប់​សត្វ វៀរ​ចាក​ការ​លួច​លាក់​យកវត្ថុ​ ដែល​គេមិន​បាន​ឲ្យ វៀរ​ចាក​ការ​ប្រព្រឹត្តិខុស​ក្នុង​កាម វៀរ​ចាក​ការ​និយាយ​កុហក វៀរ​ចាក​ហេតុ​ជាទីតាំង​ នៃសេចក្ដីប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង ​គឺ​សុរា និង​មេវ័យ ជា​អ្នក​មានសីល មានធម៌ល្អ មាន​ចិត្ត​ប្រាសចាកសេចក្ដី​កំណាញ់ជា​មន្ទិល នៅ​គ្រប់​គ្រងផ្ទះ ជាអ្នកមានទាន​បរិច្ចាគហើយ មាន​ដៃលាង​ស្អាត​ហើយ ជាអ្នក​ត្រេក​អរ ក្នុងការ​លះ ជាអ្នក​គួរ​គេ​សូម​បាន ត្រេកអរ​ក្នុង​ការ​ឲ្យ​ និងការ​ចែក​រលែក សមណ​ព្រាហ្មណ៍ ក្នុង​ទិស​ទាំង​ឡាយ រមែង​សរសើរ​បុគ្គល​នោះ​ថា ស្រ្ដី​ក្ដី​ បុរសក្ដី​ ក្នុង​ស្រុក​ ឬនិគម​ឈ្មោះ​​ឯណោះ ដល់​ព្រះពុទ្ធ​ ជាទី​រលឹក ដល់​ព្រះ​ធម៌ ជាទីរលឹក ដល់​ព្រះ​សង្ឃ​ ជាទី​រលឹក​ វៀរចាក​ការ​សម្លាប់​សត្វ វៀរ​ចាកការលួច​យក​វត្ថុ ដែ​ល​គេ​មិន​បាន​ឲ្យ វៀរ​ចាក​ការ​ប្រព្រឹត្តិ​ខុស ក្នុងកាម​ទាំងឡាយ វៀរ​ចាក​ការនិយាយ​កុហក វៀរ​ចាក​ហេតុ​ ជាទីតាំង​នៃសេចក្ដី​ប្រមាទ គឺ​ផឹក​នូវ​ទឹក​ស្រវឹង គឺ​សុរា​ និង​មេរ័យ ជាអ្នក​មាន​សីល មាន​ធម៌ល្អ មាន​ចិត្ត​ប្រាស​ចាក​សេចក្ដី​កំណាញ់​ជាមន្ទិល នៅ​គ្រប់​គ្រងផ្ទះ មាន​ទានបរិច្ចាគហើយ មាន​ដៃ​លាង​ស្អាត​ហើយ​ ជាអ្នក​ត្រេក​អរ​ក្នុង​ការលះ គួរ​គេ​សូម​បាន​ ត្រេក​អរ​ក្នុង​ការ​ចែក​រលែក​ទាន។  សូម្បី​ពួកទេវតា ក៏តែង​សរសើរបុគ្គល​នោះថា ស្រ្តីក្ដី បុរស​ក្ដី ក្នុង​ស្រុក​ ឬនិគម​ឈ្មោះ​ឯណោះ ជាអ្នកដល់​ព្រះពុទ្ធ ​ជាទី​រលឹក។  បេ។  គួរ​គេសូមបាន ត្រេក​អរ​ក្នុង​ការចែក​រលែក​ទាន។  ម្នាល​អានន្ទ ក្លិន​នៃគន្ធ​ជាតនេះឯង ទើប​ផ្សាយ​ទៅបណ្ដោយ​ខ្យល់​ក៏​បាន ច្រាស​ខ្យល់​ក៏​បាន ទាំង​បណ្ដោយ​ខ្យល់ ទាំងច្រាស​ខ្យល់ក៏បាន។

ក្លិន​ផ្កា​ផ្សាយ​ទៅ​ច្រាស​ខ្យល់​ មិន​បាន​ទេ ទោះ​ (ក្លិន) ខ្លឹម​ចន្ទន៍ ក្រឹស្នា និងម្លិះលា ក៏​ផ្សាយ​ទៅច្រាស​ខ្យល់មិន​បានដែរ មាន​តែក្លិន​របស់​សប្បុរស​ទាំង​ឡាយ ទើប​ផ្សាយ​ទៅ​ច្រាស​ខ្យល់​បាន សប្បុរស​ រមែង​ផ្សព្វផ្សាយ​ទៅកាន់​ទិស​ទាំង​ពួង។

ចូឡនិកាសូត្រទី១០

[៨២] គ្រានោះ ព្រះ​អានន្ទដ៏​មាន​អាយុ ចូល​ទៅគាល់​ព្រះ​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ហើយ​អង្គុយក្នុង​ទីសម​គួរ។  លុះ​ព្រះអានន្ទ​ដ៏​មាន​អាយុ អង្គុយ​ក្នុង​ទីសម​គួរ​ហើយ ក៏​ក្រាប​បង្គំ​​ទូល​សួរ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​ បានស្ដាប់ចំពោះព្រះ​ភក្រ្ត ​នៃព្រះ​ដ៏​មាន​ព្រះភាគ បាន​ទទួល​ចំពោះ​ព្រះភក្រ្ត នៃ​ព្រះដ៏​មាន​ព្រះ​ភាគ​ យ៉ាង​នេះថា ម្នាល​អានន្ទ​ ភិក្ខុ​ឈ្មោះ​ អភិភូ ជាសាវក​របស់ព្រះ​ពុទ្ធ​សិខី​ ស្ថិត​នៅ​ឯព្រហ្ម​លោក បាន​ញុំាង​លោក​ធាតុ​ ទាំង​១០០០ ឲ្យដឹង​ច្បាស់ ​ដោយ​សំឡេង​បាន។  បពិត្រ​ព្រះអង្គដ៏​ចំរើន ចុះ​ព្រះដ៏​មាន​ព្រះភាគ​ ជាអរហន្ត ​សម្មាសម្ពុទ្ធ អាច​ញុំាង​លោក​ធាតុ មាន​ប្រមាណ​ត្រឹម​ណា ឲ្យ​ដឹង​ច្បាស់​ ដោយ​សំឡេង​បាន ម្នាល​អានន្ទ​អភិភូនោះ ​ជាសាវក ឯព្រះតថាគត​ទាំងឡាយ មាន​អានុភាព​ ប្រមាណ​មិនបាន ទេ។  ព្រះ​អានន្ទដ៏មានអាយុ ក្រាប​បង្គំ​ទូល​សួរ​ព្រះដ៏​មាន​ព្រះភាគ ​ជាគំរប់​២ដង ដូច្នេះថា បពិត្រព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ បានស្ដាប់ចំពោះ​ព្រះភក្រ្ត​ព្រះដ៏មាន​ព្រះភាគ យ៉ាងនេះថា ម្នាល​អានន្ទ ភិក្ខុ​ឈ្មោះ ​អភិភូ​ ជាសាវក​របស់​ព្រះ​ពុទ្ធ​សិខី ស្ថិត​នៅឯព្រហ្ម​លោក ញុំាង​លោក​ធាតុ ​១០០០ ឲ្យ​ដឹង​ច្បាស់​ ដោយសំឡេងបាន បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះព្រះដ៏​មាន​ព្រះភាគ ជា​អរហន្ត​ សម្មាសម្ពុទ្ធ អាចញុំាង​លោក​ធាតុ​ មាន​ប្រមាណ​ត្រឹម​ណា ឲ្យ​ដឹង​ច្បាស់​ ដោយសំឡេង​បាន។ ម្នាល​អានន្ទ អភិភូនោះ ​ជាសាវក ឯព្រះ​តថាគត​ទាំងឡាយ មាន​អានុភាព ប្រមាណ​មិន​បាន​ទេ។  ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ក្រាប​បង្គំ​ទូល​សួរព្រះដ៏មាន​ព្រះ​ភាគ​ ជាគំរប់​៣ដង ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះអង្គ បានស្ដាប់​ចំពោះ​ព្រះភក្រ្ត​ព្រះមាន​ព្រះភាគ បាន​ទទួល​ចំពោះ​ព្រះភក្រ្ត​ព្រះមានព្រះភាគ ​យ៉ាងនេះថា ម្នាល​អានន្ទ ភិក្ខុ​ឈ្មោះ​ អភិភូ ជាសាវក​របស់​ព្រះពុទ្ធសិខី ស្ថិត​នៅ​ឯ​ព្រហ្មលោក​ ញុំាង​លោក​ធាតុ​ ១០០០ ឲ្យ​ដឹង​ច្បាស់​ ដោយសំឡេង​បាន បពិត្រ​ព្រះអង្គដ៏ចំរើន ចុះព្រះដ៏​មាន​ព្រះ​ភាគ​ ជាអរហន្ត សម្មាសម្ពុទ្ធ អាច​ញុំាង​លោក​ធាតុ មាន​ប្រមាណ​ត្រឹម​ណា ឲ្យ​ដឹងច្បាស់ ដោយ​សំឡេង​បាន។  ម្នាល​អានន្ទ លោក​ធាតុ​តូច​១០០០ អ្នក​បាន​ស្ដាប់ហើយ។  បពិត្រ​ព្រះ​ដ៏​មាន​ព្រះភាគ ជាកាល​គួរ​នឹង​សំដែង​រឿង​នុ៎ះ​ហើយ។ បពិត្រ​ព្រះសុគត ជាកាល​គួរ​នឹង​សំដែង​រឿង​នុ៎ះហើយ​ ព្រោះ​ថា​ព្រះដ៏មានព្រះភាគ​ សំដែង​ធម៌​ណា ភិក្ខុ​ទាំងឡាយ បាន​ស្ដាប់​ព្រះដ៏​មាន​ព្រះភាគ​ហើយ នឹង​ចាំទុកនូវ​ធម៌​នោះ។  ម្នាល​អានន្ទ បើដូច្នោះ អ្នក​ចូរ​ស្ដាប់​ ចូរធ្វើ​ទុកក្នុង​ចិត្ត​ ឲ្យ​ប្រពៃ​ចុះ តថាគត​នឹង​សំដែង​ប្រាប់។  ព្រះអានន្ទ​ដ៏មានអាយុ បានទទួល​ស្ដាប់​ព្រះដ៏មាន​ព្រះភាគថា ព្រះករុណា​ ព្រះអង្គ។ ព្រះដ៏មាន​ព្រះភាគ ​ទ្រង់​ត្រាស់​ដូច្នេះថា ម្នាល​អានន្ទ ព្រះចន្រ្ទ និង​ព្រះអាទិត្យ ​ដ៏​រុង​រឿង​ គោចរ​ទៅ​ បំភ្លឺ​ទិស​ទាំង ឡាយ បានត្រឹម​ណា ត្រឹម​ណោះ ជាលោក​មួយ ​(ត្រូវ​កំណត់​យក​លោក​នោះ)​១០០០ ក្នុង​លោក​ដែល​កំណត់ ១០០០​ដង​នោះ ​មាន​ព្រះចន្រ្ទ​ ១០០០​ព្រះអាទិត្យ ១០០០ ​សេ្ដច​ភ្នំ​សិនេរុ ១០០០ ជម្ពូទ្វីប ១០០០ ​អបរគោយាន​ទ្វីប ​១០០០​ឧត្ដរកុរុទ្វីប ១០០០​ បុព្វវិទេហទ្វីប ​១០០០ មហាសមុទ្រ ៤០០០ មហារាជ (លោក​បាល) ៤០០០ ស្ថានចាតុម្មហា​រាជិកៈ ១០០០ ស្ថានតាវត្តិង្ស​ ១០០០​ស្ថានយាមៈ ១០០០ ស្ថានតុសិត ១០០០ ​ស្ថាននិម្មានរតី ១០០០​ ស្ថាន​បរនិម្មិត​វសវត្តី ១០០០ ព្រហ្ម​លោក ​១០០០។  ម្នាល​អានន្ទ នេះ​ហៅថា សហស្សីចូឡនិកាលោកធាតុ [អដ្ឋកថាន័យ សេចក្តីថា ភពផែនដី ដែលកំណត់ដោយព្រះអាទិត្យ១ ព្រះចន្ទ្រ១ អាច​ផ្សាយរស្មីភ្លឺបានត្រឹមណា ទីត្រឹមណោះ ទុកជាលោកធាតុ១ ឬចក្រវាឡ១។]  (លោក​ធាតុ​តូច)។  ម្នាល​អានន្ទ​ សហស្សីចូឡ​និកាលោក​ធាតុកំណត់​ត្រឹម​ណា ត្រឹម​ណោះ ទុក​ជាលោក​មួយ (លោក​នោះកំណត់) ១០០០ដង ម្នាល​អានន្ទ នេះ​ហៅថា ទ្វិសហស្សីមជ្ឈិមិកាលោកធាតុ [កំណត់យកលោកធាតុ ឬចក្រវាឡមួយៗ​នោះ មួយពាន់ដង ហៅថា មួយសហស្សីចូឡនិកាលោកធាតុ។ កំណត់យក​សហស្សីចូឡនិកាលោកធាតុនោះ មួយពាន់ដង ហៅថា មួយ​ទ្វិសហស្សីមជ្ឈិមិកា​លោកធាតុ។ លោកធាតុទី២នេះ ហួសវិស័យសាវកហើយ ជាវិស័យ​របស់​ព្រះពុទ្ធប៉ុណ្ណោះ។ ដែលហៅថា ជាតិក្ខេត្តរបស់ព្រះពុទ្ធនោះ សំដៅយក​លោកធាតុទី២នេះឯង គឺក្នុងថ្ងៃ ដែលព្រះពោធិសត្វ ច្យុតចាកទេវលោក មកចាប់បដិសន្ធិ ក្នុងបច្ឆិមភពក្តី ថ្ងៃប្រសូតិក្តី ថ្ងៃចេញមហាភិនិស្ក្រមន៍ក្តី ថ្ងៃត្រាស់ដឹងក្តី ថ្ងៃសំដែងធម្មចក្កប្បវតនសូត្រក្តី ថ្ងៃដាក់អាយុសង្ខារក្តី ថ្ងៃបរិនិព្វានក្តី លោកធាតុទាំងប៉ុណ្ណោះ កម្រើកញាប់ញ័រ។]។ ម្នាល​អានន្ទ ទ្វិសហស្សីមជ្ឈិមិកា​លោក​ធាតុ​ត្រឹម​ណា ត្រឹម​ណោះ ​ជាលោកមួយ (លោក​នោះកំណត់)​ ១០០០​ដង​ ម្នាល​អានន្ទ នេះហៅថា ​តិសហស្សីមហា​​សហស្សី​លោក​ធាតុ​ [កំណត់យកទ្វិសហស្សីមជ្ឈិមិកាលោកធាតុនោះ មួយពាន់ដង ហៅថា មួយតិសហស្សីមហាសហស្សីលោកធាតុ។ បើព្រះសម្ពុទ្ធ ប្រាថ្នាផ្សាយ​ព្រះ​សរីរោភា កំចាត់បង់ងងឹត ក្នុងទីមានប្រមាណប៉ុណ្ណេះ ព្រះអង្គ ​អាចផ្សាយបាន ឥតមានទើស។ ទីប៉ុណ្ណេះហើយ ដែលហៅថា អាណាខេត្ត គឺអំណាច​អាដានាដិយបរិត្ត ឥសិគិលិបរិត្ត ធជគ្គបរិត្ត ពោជ្ឈង្គបរិត្ត ខន្ធបរិត្ត មោរបរិត្ត មេត្តបរិត្ត និងរតនបរិត្ត ដែលព្រះសម្ពុទ្ធ ទ្រង់សំដែងហើយ អាច​ផ្សាយ​ដល់ទី​ប្រមាណប៉ុណ្ណោះ។]។  ម្នាល​អានន្ទ កាល​បើ​តថាគត​ប្រាថ្នា​ គប្បីញុំាង​​តិសហស្សីមហា​សហស្សី​លោក​ធាតុ ​ឲ្យ​ដឹង​ច្បាស់​ ដោយ​សំឡេង​បាន ឬថា​ គប្បី​ប្រាថ្នា​ដល់​ត្រឹម​ណាក៏បាន [សំដៅយកវិសយក្ខេត្ត ៗរបស់ព្រះពុទ្ធនេះ ប្រមាណមិនបាន ឥតមានទើសទាល់ឡើយ។ ចំនួនចក្រវាឡនោះ ច្រើនហួស​នឹងគណនាបាន ឧបមាដូចជាបុគ្គលវិសេសណាមួយ ចង់ដឹង​ចំនួន​ចក្រវាឡ ហើយយកគ្រាប់ស្ពៃ ដែលពេញពីផែនដី ដល់ព្រហ្មលោក ក្នុង១សែន​កោដិ​ចក្រវាឡ ទៅរកចក្រវាឡ ក្នុងទិសខាងកើត ឃើញចក្រវាឡ១ ហើយដាក់គ្រាប់​ស្ពៃ១គ្រាប់ ឃើញចក្រវាឡប៉ុន្មាន ក៏ដាក់គ្រាប់ស្ពៃប៉ុណ្ណោះ យ៉ាងនេះ គ្រាប់ស្ពៃទាំងឡាយអស់នោះ មិនគ្រាន់អស់មុន ឯចក្រវាឡ នៅតែមាន​ច្រើន​ទៅ​ទៀត។ ចំណែក​ចក្រវាឡ ក្នុងទិសឯទៀត ក៏មានន័យដូចគ្នាដែរ។]​។  បពិត្រ​ព្រះអង្គ​ដ៏ចំរើន ​ចុះព្រះដ៏មាន​ព្រះភាគ ​គប្បី​ញុំាង​តិសហស្សីមហា​សហស្សី​លោក​ធាតុ ឲ្យដឹង​ច្បាស់ ដោយ​សំឡេង​បាន ឬថា ​គប្បី​ប្រាថ្នា​ដល់​ត្រឹម​ណា​ក៏​បាន តើ​ដូចម្ដេច។ ម្នាល​អានន្ទ ក្នុងលោក​នេះ​ តថាគត ​ផ្សាយ​រស្មី​ទៅកាន់​តិសហ​ស្សីមហា​សហស្សីលោក​ធាតុ កាល​ណា ​ពួក​សត្វ​ទាំង​នោះ ស្គាល់​ច្បាស់​នូវ​ពន្លឺនោះ​បាន ក្នុង​កាល​នោះ​ តថាគត​គប្បី​ធ្វើ​នូវ​សំឡេង​ឲ្យ​គឹកកង​ ញុំាង​សំឡេង​ឲ្យ​លាន់​ឮ ម្នាល​អានន្ទ តថាគត គប្បី​ញុំាង​តិសហស្សីមហាសហស្សីលោក​ធាតុ​ឲ្យ​ដឹង​ច្បាស់​ ដោយ​សំឡេង​បាន ឬ​ថា គប្បី​ប្រាថ្នា​ដល់​ណា ក៏​បាន​យ៉ាង​នេះ​ឯង។  កាល​បើ​ព្រះ​ដ៏​មាន​ព្រះភាគ ​ទ្រង់​ត្រាស់​យ៉ាង​នេះហើយ ព្រះ​អានន្ទ​ដ៏មាន​អាយុ បាន​ក្រាប​ទូល​ យ៉ាង​នេះថា ឱ ជា​លាភរបស់​ខ្ញុំ​ព្រះ​អង្គ​ហើយ ខ្ញុំ​ព្រះ​អង្គ ​ឈ្មោះថា បាន​ល្អ​ហើយ ព្រោះ​ថា ព្រះ​សាស្ដារបស់​ខ្ញុំ​ព្រះ​អង្គ ​មាន​ឫទ្ធិ​ច្រើន ​យ៉ាង​នេះ ​មាន​អានុភាព​ច្រើន ​យ៉ាង​នេះ។  កាល​បើ​ព្រះអានន្ទដ៏មាន​​អាយុ និយាយ​យ៉ាង​នេះហើយ ព្រះ​ឧ​ទាយិដ៏​មាន​អាយុ ក៏​និយាយតប​​នឹង​ព្រះអានន្ទ​ដ៏​មាន​អាយុ​ ដូច្នេះ​ថា ម្នាល​អាវុ​សោ​អានន្ទ ប្រសិន​បើ​ព្រះសាស្ដា​របស់​អ្នក មានឫទ្ធិ​ច្រើន​យ៉ាង​នេះ មាន​អានុភាព​ច្រើន​យ៉ាង​នេះ ​តើអ្នក​នឹង​បាន​អ្វី​ ក្នុង​ដំណើរ​នុ៎ះ។  កាល​បើ​ព្រះ​ឧ​ទាយិ​​ដ៏​មានអាយុ​ និយាយយ៉ាង​នេះ​ហើយ ព្រះដ៏​មាន ព្រះភាគ ទ្រង់​ត្រាស់​នឹង​ព្រះ​ឧទាយិ​ដ៏​មានអាយុ ដូច្នេះថា ម្នាល​ឧទាយិ អ្នក​កុំ​និយាយ​​យ៉ាងនេះឡើយ  ម្នាល​ឧទាយិ បើអានន្ទ មិន​ទាន់​ប្រាស​ចាក​រាគៈ ​យ៉ាង​នេះ ហើយ​គប្បី​ធ្វើ​មរណកាល ដោយ​ចិត្ត​ជ្រះថ្លា​នោះ អានន្ទ​គប្បី​សោយទេ​វរជ្ជ​សម្បត្តិ ក្នុង​ទេវលោក ៧ដង សោយ​មហា​រជ្ជ​សម្បត្តិ ក្នុង​ជម្ពូទ្វីប​នេះ ​៧ ដង ម្នាល​ឧទាយិ តែថា អានន្ទ​នឹង​បរិនិព្វាន ក្នុង​អត្ត​ភាពជាបច្ចុប្ប​ន្ននេះ។

ចប់ អានន្ទវគ្គ ទី៣។

ឧទ្ទាននៃអានន្ទវគ្គនោះ គឺ

រឿងឆន្នបរិព្វា​ជក ១សូត្រ អាជីវក​សាវក ​១សូត្រ មហា​នាម​សក្កៈ ១សូត្រ និគ្គ​ណ្ឋ​នាដបុត្រ​ ១សូត្រ​ ការ​ដឹក​នាំ​ឲ្យ​ល្អ​ ១សូត្រ កម្មថ្មី ១​សូត្រ រឿង​ភព​ មាន​ដូចគ្នា​នោះ​ ១សូត្រ សីល​វ័ត ១សូត្រ ​ក្លិន ១សូត្រ ចូឡ​និកាលោក​ធាតុ ​១សូត្រ។

សមណវគ្គ

សមណសូត្រទី១

[៨៣] ម្នាល​ភិក្ខុ​ទាំង​ឡាយ សមណកិច្ច​របស់​សមណៈនេះ​ មាន​៣យ៉ាង​។  កិច្ច ៣​យ៉ាង​ តើដូចម្ដេច។  គឺ​ការ​សមាទាន​ នូវ​អធិសីល​សិក្ខា​ ១ ការ​​សមាទាន​ នូវ​អធិចិត្ត​សិក្ខា​ ១ ការ​សមាទាន ​នូវ​អធិប្បញ្ញា​សិក្ខា ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះឯង​ ជា​សមណកិច្ច​ របស់​សមណៈ ៣ យ៉ាង។ ម្នាល​​ភិក្ខុ​ទាំង​ឡាយ ព្រោះ​ហេតុ​នោះ ​ក្នុង​សាសនា​នេះ អ្នក​ទាំងឡាយ គប្បី​​សិក្សាយ៉ាង​នេះថា យើង​នឹង​មាន​សេចក្ដី​ប៉ុន​ប៉ង​ឲ្យ​ណាស់ ក្នុងការសមា​ទាន ​នូវ​អធិសីល​សិក្ខា យើង​នឹងមាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់ ក្នុងការ​សមាទាន​ នូវ​អធិចិត្តសិក្ខា យើងនឹងមានសេចក្តីប៉ុនប៉ងឲ្យណាស់ ក្នុងការសមាទាន នូវអធិប្បញ្ញា​សិក្ខា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ គប្បី​​សិក្សា​​យ៉ាង​នេះចុះ។

គទ្រភសូត្រទី២

[៨៤] ម្នាល​ភិក្ខុ​ទាំង​ឡាយ ប្រៀប​ដូច​លា ជាប់​តាម​ហ្វូង​គោ អំពី​ក្រោយ​ៗ​ថា អញ​ជា​គោដែរ អញ​ជាគោដែរ។  តែ​សម្បុរលានោះ មិន​មែន​ដូច​ជាសម្បុររបស់​ពួក​គោ​ទេ សម្រែក​បែប​លានោះ ក៏​មិន​ដូច​ពួក​គោ​ទេ ស្នាម​ជើង​បែប​លានោះ ក៏​មិន​ដូច​ពួក​គោទេ។ លា​នោះ ​ជាប់​តាម​ហ្វូង​គោ ​អំពី​ក្រោយ​ៗថា អញ​ជាគោដែរ អញ​ជាគោដែរ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុពួក​ខ្លះ ក្នុង​សាសនា​នេះ ជាប់​តាម​ភិក្ខុ​សង្ឃ ​អំពី​ក្រោយ​ៗថា អាត្មា​អញ ​ជាភិក្ខុ​ដែរ អាត្មាអញ ជាភិក្ខុដែរ។  តែ​សេចក្ដី​ប៉ុនប៉ង​បែប​នោះ​ របស់​ភិក្ខុ​នោះ មិន​មាន​ក្នុង​ការ​សមាទាន នូវអធិសីល​សិក្ខា ដូច​ជាពួក​ភិក្ខុ​ដទៃ​ទេ សេចក្ដី​ប៉ុនប៉ង​បែប​នោះ មិន​មាន​ក្នុង​​ការ​សមាទាន ​នូវ​អធិចិត្ត​សិក្ខា ដូច​ជាពួក​ភិក្ខុ​ដទៃ​ទេ សេចក្ដី​ប៉ុន​ប៉ងបែប​នោះ​ មិនមាន​ក្នុង​ការ​សមា​ទាន​ នូវ​អធិប្ប​ញ្ញា​សិក្ខា ដូច​ជាពួក​ភិក្ខុដទៃ​ទេ។  ភិក្ខុ​នោះ គ្រាន់​តែ​ជាប់​តាម​ភិក្ខុ​សង្ឃ អំពី​ក្រោយ​ៗ ថា អាត្មាអញ ​ជាភិក្ខុ​ដែរ អាត្មា​អញ ​ជាភិក្ខុ​ដែរប៉ុណ្ណោះ​ ក៏​មាន​ឧបមេយ្យយ៉ាងនោះដែរ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នោះ​ ក្នុង​សាសនា​នេះ អ្នក​ទាំងឡាយ ​គប្បីសិក្សា ​យ៉ាង​នេះថា យើង​នឹងមាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់​ ក្នុង​ការ​សមាទាន​ នូវ​អធិសីល​សិក្ខា យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់ ក្នុងការ​​សមាទាន ​នូវអធិចិត្តសិក្ខា យើងនឹងមានសេចក្តីប៉ុនប៉ងឲ្យណាស់ ក្នុង​ការ​សមាទាន នូវ​អធិប្បញ្ញាសិក្ខា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំងឡាយ គប្បី​សិក្សា យ៉ាង​នេះចុះ។

ខេត្តសូត្រទី៣

[៨៥] ម្នាល​ភិក្ខុ​ទាំង​ឡាយ កិច្ច​ដែល​ត្រូវ​ធ្វើ​មុន របស់​គហបតី អ្នក​ភ្ជួរ​នេះ​មាន ៣ យ៉ាង។  កិច្ច ៣ យ៉ាង ​តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ គហបតីអ្នក​ភ្ជួរ ក្នុង​លោក​នេះ មុន​ដម្បូង​ ត្រូវ​ភ្ជួរ​រាស់​ស្រែ​ឲ្យ​ល្អ លុះភ្ជួរ​រាស់​ស្រែ​ ឲ្យ​ល្អ​ដំបូង​ហើយ ក៏​សាប​ព្រោះ​ពូជ​ តាម​កាល​ដ៏គួរ លុះសាប​ព្រោះ​ពូជ ក្នុង​កាល​ដ៏​គួរ​ហើយ ក៏​បញ្ចូល​ទឹក​ខ្លះ បញ្ចេញ​ទឹក​ខ្លះ តាម​សម័យ​ដ៏​គួរ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​ជាកិច្ច​ដែល​ត្រូវ​ធ្វើ​មុន របស់​គហបតី ​អ្នក​ភ្ជួរ​៣​យ៉ាង​។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុព្វ​កិច្ច​របស់​ភិក្ខុនេះ ក៏​មាន​៣​យ៉ាង ​ដូច្នោះដែរ។ ​កិច្ច​៣​យ៉ាង ​តើដូចម្ដេច។  គឺការ​សមាទាននូវ​អធិសីល​សិក្ខា ១ ការ​សមាទាន​ នូវ​អធិចិត្ត​សិក្ខា ១ ការសមាទាននូវ​អធិប្បញ្ញា​សិក្ខា១។   ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះឯង​ជាបុព្វកិច្ច​៣ យ៉ាង​ របស់​ភិក្ខុ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ហេតុ​នោះ ក្នុង​សាសនានេះ​ អ្នក​ទាំង​ឡាយ គប្បី​សិក្សា​យ៉ាង​​នេះថា យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ងឲ្យ​ណាស់​ ក្នុង​ការ​សមាទាន​នូវ​អធិសីល​សិក្ខា យើង​នឹង​មាន​សេចក្ដី​ប៉ុនប៉ង​ឲ្យ​ណាស់ ក្នុង​ការ​សមាទាន នូវ​អធិចិត្ត​សិក្ខា យើង​នឹង​មានសេចក្ដីប៉ុន​ប៉ង​ឲ្យ​ណាស់​ ក្នុង​ការ​សមាទាន ​នូវ​អធិប្ប​ញ្ញា​សិក្ខា ម្នាល​ភិក្ខុ​ទាំង​ឡាយ អ្នក​ទាំង​ឡាយ គប្បី​សិក្សា យ៉ាង​នេះចុះ។

វជ្ជិបុត្តសូត្រទី៤

[៨៦] សម័យ​មួយ ព្រះ​ដ៏​មាន​ព្រះភាគ ទ្រង់​គង់​នៅ​ក្នុងកូដាគារ​សាលា នា​ព្រៃ​មហាវន ជិត​ក្រុង​វេសាលី។  គ្រា​នោះ វជ្ជិបុត្ត​កភិក្ខុ មួយ​រូប ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ហើយ​អង្គុយ​ក្នុង​ទីសម​គួរ។  លុះវជ្ជិបុត្ត​កភិក្ខុនោះ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះ​មាន​ព្រះភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន សិក្ខាបទ ១៥០ ដែល​សម្រេច​ហើយនេះ មក​កាន់​ឧទ្ទេស រាល់​កន្លះ​ខែ បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំ​ព្រះអង្គ​មិន​អាចនឹង​សិក្សា ក្នុង​សិក្ខាបទទាំង​នុ៎ះ​បានទេ។  ម្នាល​ភិក្ខុ ចុះអ្នក​អាច​សិក្សា​ក្នុងសិក្ខា​៣ គឺ អធិសីល​សិក្ខា​ ១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញា​សិក្ខា ​១ បានឬទេ។  បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំ​ព្រះ​អង្គ​អាចនឹង​សិក្សា ក្នុង​សិក្ខា​៣ គឺ​អធិ​សីល​សិក្ខា​ ១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញាសិក្ខា ១។  ម្នាល​ភិក្ខុ បើដូច្នោះ ក្នុង​សាសនានេះ អ្នក​ចូរ​សិក្សា ក្នុង​សិក្ខា​៣ គឺអធិសីល​សិក្ខា ១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញាសិក្ខា​ ១ ​ចុះ ម្នាល​ភិក្ខុ កាល​ណាបើ​អ្នក ​នឹងសិក្សានូវ​អធិសីល​ផង សិក្សា​នូវ​អធិចិត្ត​ផង សិក្សា​នូវ​អធិប្បញ្ញា​ផង កាល​បើ​អ្នក​កំពុង​សិក្សា ​នូវ​អធិសីល​ផង សិក្សា​នូវ​អធិចិត្ត​ផង​ សិក្សា​នូវអធិប្បញ្ញាផង អ្នក​គង់​នឹង​បាន​លះបង់​រាគៈ លះបង់​ទោសៈ លះបង់​មោហៈ (មិន​ខាន) ​ព្រោះ​តែ​ការ​លះបង់​រាគៈ លះ​បង់​ទោសៈ លះបង់​មោហៈ ​អ្នក​នោះ ​នឹង​មិន​ធ្វើ​អំពើ ​ដែល​ជាអកុសល ទាំង​មិន​សេព ​នូវ​អំពើ​ដែល​លាមក។ លុះ​សម័យ​តមក ភិក្ខុនោះ ក៏​សិក្សា​អធិសីល​ផង សិក្សា​អធិចិត្ត​ផង សិក្សា​អធិប្បញ្ញា​ផង។  កាល​ភិក្ខុ​នោះ ​កំពុង​សិក្សា​អធិសីល​ផង សិក្សាអធិចិត្តផង សិក្សា​អធិប្បញ្ញា​ផង ភិក្ខុ​នោះ​ ក៏​បាន​លះ​បង់​រាគៈ លះបង់ទោសៈ លះបង់​មោហៈ ព្រោះ​តែការ​លះបង់​រាគៈ លះបង់​ទោសៈ លះបង់មោហៈ ​ភិក្ខុ​នោះ ​មិន​បាន​ធ្វើ​អំពើ​ដែល​ជាអកុសល ទាំង​មិន​បាន​សេពនូវអំពើ​ដែល​លាមក​ឡើយ។

សេក្ខសូត្រទី៥

[៨៧] គ្រានោះ ភិក្ខុ​មួយ​រូប ​ចូល​ទៅ​គាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូល​​ទៅដល់​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ដ៏​មាន​ព្រះភាគ ហើយអង្គុយ​ក្នុង​ទីសម​គួរ។  លុះ​ភិក្ខុនោះ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំទូល​សួរព្រះដ៏​មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់​សំដែង​ថា ភិក្ខុ​ជា​សេក្ខៈ​សេក្ខៈ ​ដូច្នេះ ​បពិត្រ​ព្រះអង្គដ៏​ចំរើន ភិក្ខុ​ជាសេក្ខៈ តើ​ដោយ​ហេតុ​ដូច​ម្ដេច។  ម្នាល​ភិក្ខុ ព្រោះ​តែភិក្ខុនៅសិក្សា​ ហេតុ​នោះ ​បាន​ជាតថាគត​ហៅថា សេក្ខៈ។  នៅសិក្សា​អ្វី។ ម្នាល​ភិក្ខុ នៅសិក្សា​អធិសីល​ផង នៅសិក្សា​អធិចិត្ត​ផង នៅ​សិក្សា​អធិប្បញ្ញាផង ហេតុ​នោះ​បាន​ជាតថាគត​ហៅថា សេក្ខៈ។

មគ្គញ្ញាណ​ជាបឋម ក្នុង​ការ​អស់​ទៅ​ នៃ​កិលេស រមែងកើត​ឡើង​ ដល់​​សេក្ខ​បុគ្គល​ នៅ​កំពុង​សិក្សា ​ជាអ្នក​ប្រតិបត្តិនូវ​ផ្លូវដ៏​ត្រង់ ​អរហត្តផល តែង​កើត​ឡើង​ជាលំដាប់​ អំពីមគ្គ​ញ្ញាណ​ទី៤​នោះ​ តពី​នោះ​ទៅ បច្ច​វេក្ខ​ណញ្ញាណ ក្នុងការ​អស់​ទៅ ​នៃសំយោជ​នៈក្នុង​ភព រមែង​មាន​ដល់បុគ្គល ​ដែល​មាន​ចិត្តរួច​ស្រឡះ​ហើយ ដោយអរហត្តផល​ វិមុត្តិ ជាតា​ទិបុគ្គល ​(​អ្នក​មិន​ញាប់​ញ័រ ​ដោយ​លោកធម៌​) ថា ការ​រួច​ស្រឡះ ​របស់​អាត្មា​អញ មិន​បានកំរើក​ឡើយ។

បឋមសិក្ខាសូត្រទី៦

[៨៨] ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​បទ ១៥០ ដែល​សម្រេចហើយនេះ ​តែង​មក​កាន់​ឧទ្ទេស​ រាល់​កន្លះ​ខែ ដែល​ជាទីសិក្សា​របស់​ពួក​កុល​បុត្រ អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍។  ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​នេះ​មាន​៣ ដែលជាទីប្រជុំ​ចុះ​ របស់​សិក្ខា​បទ​១៥០ ទាំង​អស់​នុ៎ះ។  សិក្ខា​៣ តើដូចម្ដេច។ គឺ​អធិសីល​សិក្ខា​១ ​អធិចិត្ត​សិក្ខា ​១ អធិប្បញ្ញា​សិក្ខា ១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​សិក្ខា​៣ ដែល​ជា​ទីប្រជុំចុះ​ របស់​សិក្ខា​បទ​ទាំងអស់​នុ៎ះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ធ្វើ​ឲ្យ​បរិបូណ៌​ ក្នុង​សីល​ទាំងឡាយ ធ្វើ​ល្មម​ប្រមាណ​ ក្នុង​សមាធិ ធ្វើ​ល្មម​ប្រមាណ​ក្នុង​បញ្ញា ភិក្ខុ​នោះ​ នៅត្រូវសិក្ខា​បទ​តូច​ និង​តូច​បន្ទាប់ [បានដល់សិក្ខាបទដ៏សេស​ទាំងឡាយ លើកលែងតែបារាជិក៤ចេញ ហៅថា តូច និងតូចបន្ទាប់ គឺសង្ឃាទិសេស ជាសិក្ខាបទតូច ថុល្លច្ច័យ តូចបន្ទាប់ ថុល្លច្ច័យតូច បាចិត្តិយ​តូចបន្ទាប់ បាចិត្តិយតូច បាដិទេសនីយ ទុក្កដ ទុព្ភាសិត ឈ្មោះថា តូចបន្ទាប់ៗ។ (អដ្ឋកថា)។] ទាំង​នោះ​ខ្លះ នៅចេញ​ចាក (អាបត្តិ) ខ្លះ។ ហេតុ​នោះ ​នឹង​ទៅ​ជាអ្វី។  ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នៅ​តែមិន​ឲ្យ​ឈ្មោះថា ជាអភព្វ ​ក្នុងការ​ត្រូវ​អាបត្តិ​ហើយ​ចេញចាក​អាបត្តិនុ៎ះទេ។ ពួក​សិក្ខាបទ​ណា ជាខាង​ដើម ​នៃមគ្គ​ព្រហ្មចារ្យ សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ​ទី៤ ភិក្ខុ​នោះ ​ជា​អ្នក​មាន​សីល​ជាប់​មិន​ដាច់​ផង មាន​សីល​តាំង​នៅផង សមាទានសិក្សា​ ក្នុង​សិក្ខា​បទ​ទាំង​នោះ។  ភិ​ក្ខុ​នោះ នៅ​តែ​បាន​សោតៈ ព្រោះ​ការ​អស់សំយោជនៈ ៣ មាន​សភាព​ជាអ្នក​មិន​បាន​ធ្លាក់​ចុះ ក្នុង​បាយ ជាអ្នក​ទៀង មាន​ការ​ត្រាស់​ដឹង ​ប្រព្រឹត្ត​ទៅ​ក្នុង​ខាង​មុខ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនានេះ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល ធ្វើ​ល្មម​ប្រមាណ​ក្នុង​សមាធិ​ ធ្វើ​ល្មម​ប្រមាណ​ក្នុង​បញ្ញា ភិក្ខុ​នោះ ​នៅតែត្រូវ​សិក្ខាបទតូច និង​តូចដោយ​លំដាប់​ខ្លះ ចេញ​ចាក​ខ្លះ។ ហេតុ​នោះ ​តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នៅតែ​មិន​ឲ្យ​ឈ្មោះថា​ ជាអភព្វ ក្នុងការ​ត្រូវ និង​ការ​ចេញ​នុ៎ះ​ទេ។ ពួក​សិក្ខា​បទ​ណា ជាខាង​ដើម​នៃមគ្គ​ព្រហ្ម​ចារ្យ ​សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ ឲ្យ​តែភិក្ខុ​នោះ មាន​សីល​ខ្ជាប់​ខ្ជួន​ផង មាន​សីល​ស្ថិតស្ថេរផង សមាទានសិក្សា ក្នុង​សិក្ខា​បទទាំង​នោះ។ ​ ភិក្ខុ​នោះ ​នៅ​តែបាន​ជាសកទា​គាមី ព្រោះអស់​សញ្ញោជនៈ៣ ព្រោះ​តែស្រាល​ស្កើង​រាគៈ ទោសៈ មោហៈ មក​កាន់លោក​នេះម្ដង​ទៀត ​ក៏​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើ​ឲ្យ​បរិបូណ៌ក្នុងសីល ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សមាធិ ធ្វើ​ល្មម​ប្រមាណ ​ក្នុង​បញ្ញា ភិក្ខុ​នោះ ​នៅ​តែត្រូវ​សិក្ខា​បទ​តូច​ និង​តូច​បន្ទាប់នោះ​ខ្លះ ចេញ​ចាក​ខ្លះ។  ហេតុ​នោះ តើ​ដូចម្ដេច។ ​ ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​នៅ​តែ​មិន​ឲ្យ​ឈ្មោះ​ថា ជា​ អភព្វ ព្រោះ​ការ​ត្រូវ និងការ​ចេញ​ចាកនុ៎ះទេ។  ពួក​សិក្ខា​បទណា ជាខាង​ដើម​នៃមគ្គ​ព្រហ្ម​ចារ្យ សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ ភិក្ខុ​នោះ ​មាន​សីល​ខ្ជាប់​ខ្ជួនផង មាន​សីល​ស្ថិតស្ថេរ​ផង សមាទាន​សិក្សា ក្នុង​សិក្ខា​បទ​ទាំង​នោះ។  ភិក្ខុ​នោះ​ ជាឱបបាតិកៈ ព្រោះ​អស់​សំយោជនៈ ​ជាចំណែក​ខាង​​ក្រោម ​៥ បរិនិព្វាន ​ក្នុង​ស្ថាន​សុទ្ធាវាសនោះ ទៀង​តែមិន​ត្រឡប់​មក​ពីលោក​នោះ​វិញ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល ធ្វើ​ឲ្យ​បរិបូណ៌ ក្នុង​សមាធិ ធ្វើ​ឲ្យ​បរិបូណ៌ក្នុង​បញ្ញា ភិក្ខុ​នោះ ​នៅ​តែ​ត្រូវ​សិក្ខាបទ​តូច និងតូច​បន្ទាប់​នោះខ្លះ ចេញចាក​ខ្លះ។  ហេតុ​នោះ​ តើដូច​ម្ដេច។  ម្នាល​ភិក្ខុទាំង​ឡាយ តថាគត​នៅ​តែមិន​ទាន់​ឲ្យ​ឈ្មោះ​ថា ​ជា អភព្វ ព្រោះ​ការ​ត្រូវ​ និងការ​ចេញ​ចាក​នុ៎ះ​ទេ។  ពួក​សិក្ខាបទណា ជាខាង​ដើម​នៃ​មគ្គ​ព្រហ្ម​ចារ្យ សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ​ ភិក្ខុ​នោះ​ មាន​សីល​ខ្ជាប់​ខ្ជួន​ផង មាន​សីល​ស្ថិតស្ថេរផង សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំង​នោះ។  ភិក្ខុ​នោះ នៅតែ​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ​ ដោយ​ប្រាជ្ញា​ដ៏​ក្រៃ​លែង​ខ្លួន​ឯង ​ក្នុង​បច្ចុប្បន្ន។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ជាអ្នក​ធ្វើ​បាន​ដោយ​អន្លើ រមែង​សម្រេចមគ្គ​ផល ​ដោយអន្លើ [បានដល់សោតាបន្នបុគ្គល សកទាគាមិបុគ្គល និងអនាគាមិបុគ្គល។] បុគ្គល​ជាអ្នក​ធ្វើ​ឲ្យ​បរិបូណ៌ ​រមែង​សម្រេច​មគ្គផល​បរិបូណ៌ [បានដល់ព្រះអរហន្ត។ អដ្ឋកថា។] ម្នាលភិក្ខុ​ទាំងឡាយ តថាគត​នៅតែ​សំដែង​ថា សិក្ខា​បទ​ទាំង​ឡាយ​ មិនមែនឥត​អំពើឡើយ។

ទុតិយសិក្ខាសូត្រទី៧

[៨៩] ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខាបទ ១៥០ ដែល​សម្រេច​ហើយ​នេះ តែង​មក​កាន់​ឧទ្ទេស រាល់​កន្លះ​ខែ ដែល​ជាទី​សិក្សា​ របស់​ពួក​កុល​បុត្រ ​អ្នក​ប្រាថ្នា​នូវ​ប្រយោជន៍។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​នេះ ​មាន​៣ ដែលជាទីប្រជុំ​ចុះ​ របស់​សិក្ខា​បទទាំង​អស់​នុ៎ះ។  សិក្ខា​៣ ​តើ​អ្វីខ្លះ​។  គឺ​អធិសីល​សិក្ខា ​១ អធិចិត្ត​សិក្ខា ១ អធិប្បញ្ញា​សិក្ខា ​១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ឯង​សិក្ខា​៣ ដែល​ជាទី​ប្រជុំ​ចុះ​ នៃ​សិក្ខា​បទទាំង​អស់​នុ៎ះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សីល ធ្វើ​ល្មម​ប្រមាណ​ក្នុង​សមាធិ ភិក្ខុ​នោះ ​នៅ​តែ​ត្រូវ​សិក្ខា​បទតូច និង​តូច​បន្ទាប់​នោះខ្លះ ចេញ​ចាកខ្លះ។ ហេតុ​នោះ តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ទាន់​ឲ្យ​ឈ្មោះថា ជា អភព្វ​ក្នុង​ហេតុនុ៎ះ​ទេ។  ពួក​សិក្ខា​បទណា ជាខាង​ដើម​នៃមគ្គព្រហ្ម​ចារ្យ សមគួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ ឲ្យ​តែ​ភិក្ខុ​នោះ​ មាន​សីលទៀងទាត់ ស្ថិត​ស្ថេរ សមាទាន​សិក្សា​ ក្នុង​សិក្ខា​ប​ទទាំងនេះ។  ភិក្ខុ​នោះ​គង់​បាន​ជាសត្ត​ក្ខ​ត្តុ​បរមៈ ព្រោះ​ការ​អស់​រលីង ​នៃ​សញ្ញោជនៈ៣ ត្រេចរង្គាត់ ​អន្ទោល​ទៅក្នុង​ទេវលោក​ និង​មនុស្ស​លោក ​យ៉ាង​ច្រើន​ត្រឹម ៧ ជាតិ ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខបាន។  ភិក្ខុ​នោះ ​ជា កោលង្កោលៈ ព្រោះ​អស់​សញ្ញោជនៈ ៣ ត្រេច​រង្គាត់ អន្ទោលទៅកាន់​ត្រកូល​២ ឬ [កំណត់យកតាំងអំពី២ជាតិ ទៅដល់៦ជាតិ។ អដ្ឋកថា។] ៣ ក៏​ធ្វើនូវ​ទី​បំផុត​ទុក្ខបាន។ ភិក្ខុ​នោះ ​ជា​ឯក​ពីជី ព្រោះ​អស់​សញ្ញោជនៈ ៣ កើត​ក្នុង​ភព​ជា​របស់​មនុស្សតែ​ម្ដង​ប៉ុណ្ណោះ​ ក៏​ធ្វើ​នូវ​ទី​បំផុត​ទុក្ខ​បាន។  ភិក្ខុ​នោះ​ ជា​សកទាគាមី ព្រោះអស់​សំយោជនៈ៣ ព្រោះ​ស្រាល​ស្ដើង​រាគៈ ទោសៈ មោហៈ មក​កាន់លោក​នេះ តែម្ដងទៀត ក៏​ធ្វើ​នូវ​ទី​បំផុត​ទុក្ខបាន។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើ​ឲ្យបរិបូណ៌​ក្នុង​សីល ធ្វើ​ឲ្យ​បរិបូណ៌ក្នុង​សមាធិ ធ្វើ​ល្មម​ប្រមាណ ​ក្នុង​សញ្ញា ភិក្ខុ​នោះ នៅ​ត្រូវ​បរិក្ខាបទតូច​ និង​តូច​បន្ទាប់​ខ្លះ ចេញ​ចាក​ខ្លះ។  ហេតុ​នោះ តើដូចម្ដេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ទាន់​ឲ្យ​ឈ្មោះ​ថា ជា អភព្វ ​ក្នុង​ហេតុ​នុ៎ះទេ។ ពួក​សិក្ខាបទណា ជាខាង​ដើម​នៃ​មគ្គ​ព្រហ្មចារ្យ សមគួរដល់​មគ្គ​ព្រហ្ម​ចារ្យ ភិក្ខុ​នោះ ​មាន​សីល​ទៀង​ទាត់ ស្ថិតស្ថេរ សមាទាន សិក្សា​ក្នុង​សិក្ខា​បទទាំង​នោះ។  ភិក្ខុ​នោះ ជាឧទ្ធំ​សោត​អកនិដ្ឋគាមី ព្រោះ​អស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥។ ភិក្ខុនោះ​ ជា​សសង្ខារ​បរិនិព្វាយី ព្រោះ​អស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥។  ភិក្ខុនោះ  ជាអសង្ខារបរិនិព្វាយី ព្រោះ​អស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម ៥។  ភិក្ខុ​នោះ ជាឧបហច្ចបរិនិព្វាយី ព្រោះ​អស់សញ្ញោជនៈ ជា​ចំណែក​ខាងក្រោម​៥។  ភិក្ខុ​នោះ ជាអន្តរាបរិនិព្វាយី ព្រោះ​អស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម​៥។  ម្នាល​ភិក្ខុ​ទាំង​ឡាយ មួយ​ទៀត ភិក្ខុ​ក្នុង​សាសនា​នេះ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុងសីល ធ្វើ​ឲ្យបរិបូណ៌​ក្នុង​សមាធិ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​បញ្ញា ភិក្ខុ​នោះ នៅ​ត្រូវសិក្ខា​បទតូច​ និង​តូច​បន្ទាប់​ទាំង​នោះ​ខ្លះ ចេញ​ចាកខ្លះ។  ហេតុ​នោះ តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ទាន់​ឲ្យ​ឈ្មោះ​ថា ជា អភព្វ ក្នុង​ហេតុ​នុ៎ះ​ទេ។  ពួក​សិក្ខា​បទណា ជាខាង​ដើម​នៃមគ្គ​ព្រហ្ម​ចារ្យ សមគួរ​ដល់​មគ្គ​ព្រហ្មចារ្យ ឲ្យ​តែ​ភិក្ខុ​នោះ​មាន​សីល​ខ្ជាប់ខ្ជួន មាន​សីលស្ថិត​ស្ថេរ សមាទាន​សិក្សា​ក្នុង​សិក្ខាបទ​ទាំងនោះ។  ភិក្ខុ​នោះ​ គង់​បានធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់​អាសវៈទាំងឡាយ ដោយ​ប្រាជ្ញា ដ៏​ក្រៃ​លែង​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​អ្នក​ធ្វើ​បានដោយ​អន្លើ រមែង​ញុំាង​មគ្គផលដោយ​អន្លើ ឲ្យ​សម្រេច បុគ្គល​អ្នក​ធ្វើ​ឲ្យ​បរិបូណ៌ រមែង​ញុំាង​មគ្គផល ឲ្យ​សម្រេច​បាន​បរិបូណ៌ ដោយ​ប្រការ​ដូច្នេះឯង ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​នៅតែសំដែង​ថា សិក្ខាបទ ទាំងឡាយ មិនមែន​ឥត​អំពើ​ទេ។

តតិយសិក្ខាសូត្រទី៨

[៩០] ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​បទ ១៥០ ដែល​សម្រេចហើយនេះ មក​កាន់​ឧទ្ទេស រាល់​កន្លះ​ខែ ដែល​ជាទី​សិក្សា ​របស់​កុល​បុត្រ អ្នក​ប្រាថ្នា​ប្រយោជន៍។  ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​នេះ មាន​៣ ដែល​ជាទីប្រជុំ ​របស់​សិក្ខា​បទទាំង​អស់​នុ៎ះ។  សិក្ខា​៣ តើដូចម្ដេចខ្លះ។  គឺ​អធិសីល​សិក្ខា ​១ អធិចិត្ត​សិក្ខា ​១ អធិប្បញ្ញាសិក្ខា ១។  ម្នាលភិក្ខុ​ទាំងឡាយ នេះឯងសិក្ខា​៣ ដែល​ជាទីប្រជុំ​ នៃសិក្ខា​បទ​ទាំងអស់នុ៎ះ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ធ្វើ​ឲ្យបរិបូណ៌ក្នុង​សីល​ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​សមាធិ ធ្វើ​ឲ្យ​បរិបូណ៌​ក្នុង​បញ្ញា ភិក្ខុ​នោះ នៅតែ​ត្រូវ​សិក្ខា​បទតូច និង​តូច​បន្ទាប់​ទាំង​នោះខ្លះ ចេញ​ចាកខ្លះ។ ហេតុ​នោះ តើដូច​ម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​មិន​ទាន់​ឲ្យ​ឈ្មោះថា ជា​អភព្វ​ ក្នុង​ហេតុ​នុ៎ះ​ទេ។  ពួក​សិក្ខា​បទ​ណា ជាខាង​ដើម ​នៃមគ្គ​ព្រហ្ម​ចារ្យ សម​គួរ​ដល់​មគ្គ​ព្រហ្ម​ចារ្យ ឲ្យ​តែភិក្ខុ​មានសីល​ខ្ជាប់​ខ្ជួន មាន​សីល​ស្ថិតស្ថេរ សមាទាន​ សិក្សាក្នុង​សិក្ខា​បទ​ទាំង​នោះ។  ភិក្ខុ​នោះ គង់​ធ្វើឲ្យ​ជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ ដោយ​ប្រាជ្ញាដ៏​ក្រៃលែង​ខ្លួន​​ឯង ក្នុងបច្ចុប្បន្ន។  ទោះ​បី​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ​ នូវ​អរហត្ត​ផលនោះ​ទេ គង់​បានសម្រេច​ភាព​ជាអន្តរាបរិនិព្វាយី ព្រោះអស់​សញ្ញោជនៈ ជាចំណែក​ខាងក្រោម ​៥។  បើ​ទុក​ជា​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ នូវ​អន្តរាបរិនិព្វា​យីនោះ​ទេ គង់​បាន​សម្រេច​ភាព​ជាឧបហច្ចបរិនិព្វាយី ព្រោះអស់​សញ្ញោជនៈ​ ជាចំណែក​ខាង​ក្រោម​ ៥។  ឬថា ​បើ​ មិនទាន់សម្រេច មិន​ទាន់​ចាក់​ធ្លុះ នូវ​ឧបហច្ចបរិនិព្វាយីនោះទេ គង់​បាន​​សម្រេច​ភាព​​ជាអសង្ខារ​បរិនិព្វា​យី ព្រោះអស់​សញ្ញោជនៈ ជា​ចំណែក​ខាងក្រោម ​៥។  ពុំ​នោះ​សោត បើ​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ នូវ​អសង្ខារបរិនិព្វាយីនោះទេ គង់​បាន​សម្រេច ភាព​ជាសសង្ខារបរិនិព្វាយី ព្រោះអស់​សញ្ញោជនៈ ជាចំណែក​ខាង​ក្រោម​៥។  ទោះបី​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ ​នូវ​សសង្ខារ​បរិនិព្វាយីនោះទេ គង់បានសម្រេច ភាពជាឧទ្ធំសោតអក​និដ្ឋគាមី ព្រោះ​អស់​សញ្ញោជនៈ​ ជាចំណែក​ខាង​ក្រោម​៥។ កាល​បើ​មិន​ទាន់​សម្រេច មិន​ទាន់​ចាក់​ធ្លុះ នូវ​ឧទ្ធំសោត​អកនិដ្ឋ​គាមី​នោះទេ គង់​តែបានសម្រេច​ភាព​ជាសក​ទាគាមី ព្រោះ​អស់​សញ្ញោជនៈ ៣ ព្រោះ​ស្រាល​ស្ដើងរាគៈ ទោសៈ​ មោហៈ មក​កាន់​លោក​នេះ ត្រឹម​តែម្ដង ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​បាន។  កាល​បើ​មិន​ទាន់​សម្រេច មិន​ទាន់ចាក់​ធ្លុះ ​នូវ​សកទាគាមិផល​នោះទេ ដោយ​ហោចទៅ គង់​បាន​សម្រេច​ភាពជាឯក​ពីជី​សោតៈ ព្រោះ​អស់​សញ្ញោជនៈ ៣ កើត​ក្នុង​ភព ​ជារបស់​មនុស្សតែម្ដង​ប៉ុណ្ណោះ ក៏​ធ្វើ​នូវ​ទី​បំផុត​ នៃទុក្ខ​បាន។  ឬក៏មិន​ទាន់​សម្រេច មិន​ទាន់ចាក់​ធ្លុះ ​នូវ​ឯក​ពី​ជីនោះ​ទេ គង់​បាន​សម្រេច​ភាព​ជាកោល​ង្កោលៈ ព្រោះអស់សញ្ញោជនៈ៣ ត្រេចរង្គាត់ អន្ទោល​ទៅកាន់​ត្រកូល​២ ឬ៣ ក៏​ធ្វើ​នូវ​ទីបំផុតទុក្ខបាន។  ពុំ​នោះសោត​ កាល​បើមិន​ទាន់​សម្រេច ​មិន​ទាន់​ចាក់​​ធ្លុះ នូវ​កោលង្កោលៈនោះទេ គង់​បាន​សម្រេច​ភាពជាសត្តក្ខត្តុបរមៈ ព្រោះ​អស់​សញ្ញោជនៈ ៣ ត្រេចរង្គាត់​ អន្ទោល​ទៅ ក្នុង​ទេវលោក​ និង​មនុស្ស​លោក​យ៉ាង​​ច្រើន ត្រឹម​៧ជាតិ ​ក៏​ធ្វើ​នូវ​ទីបំផុត​ទុក្ខបាន។  ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​អ្នក​ធ្វើឲ្យ​បរិបូណ៌ រមែង​សម្រេចមគ្គផល​បរិបូណ៌ បុគ្គល​អ្នកធ្វើបានដោយអន្លើ រមែង​សម្រេច​មគ្គផល​ដោយ​អន្លើ ដោយ​ប្រការ​ដូច្នេះឯង ម្នាលភិក្ខុទាំងឡាយ តថាគត​នៅតែសំដែង​ថា សិក្ខា​បទទាំង​ឡាយ មិន​មែនឥតអំពើទេ។

បឋមសិក្ខត្តយសូត្រទី៩

[៩១] ម្នាល​ភិក្ខុ​ទាំង​ឡាយ សិក្ខា​នេះ មាន​៣។  សិក្ខា​៣​ តើដូចម្ដេច។  គឺ​អធិសីល​សិក្ខា ​១ អធិចិត្ត​សិក្ខា​ ១ អធិប្បញ្ញាសិក្ខា ១។  ម្នាល​ភិក្ខុទាំងឡាយ អធិសីល​សិក្ខា តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មានសីល។  បេ។  សមាទាន​ សិក្សា​ក្នុង​សិក្ខាបទទាំងឡាយ​។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះ​ហៅថា អធិសីល​សិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អធិ​ចិត្ត​សិក្ខា តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់​ចាកកាម។ បេ។  បាន​ដល់​ចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អធិចិត្ត​សិក្ខា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ អធិប្បញ្ញាសិក្ខា តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនានេះ ដឹង​ច្បាស់​តាម​ពិតថា នេះជាទុក្ខ។ បេ។  ដឹងច្បាស់តាមពិតថា នេះបដិបទា ជាដំណើរ​ទៅកាន់​ទី​រលត់​ទុក្ខ។  ម្នាល​ភិក្ខុទាំង​ឡាយ នេះហៅថា អធិប្បញ្ញាសិក្ខា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះឯង​សិក្ខា៣។

ទុតិយសិក្ខត្តយសូត្រទី១០

[៩២] ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សិក្ខា​នេះ មាន​៣។  សិក្ខា៣ តើដូចម្ដេច។  គឺ អធិសីល​សិក្ខា ១ អធិចិត្តសិក្ខា ១ អធិប្បញ្ញាសិក្ខា ១។ ម្នាលភិក្ខុ​ទាំងឡាយ អធិសីល​សិក្ខា តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នក​មាន​សីល។ បេ។ សមាទាន សិក្សា​ក្នុង​សិក្ខាបទទាំងឡាយ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អធិសីល​សិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អធិចិត្ត​សិក្ខា តើដូចម្ដេច។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់​ចាកកាម​ទាំងឡាយ។ បេ។  បានដល់​ចតុត្ថជ្ឈាន សម្រេច​សម្រាន្តនៅ។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អធិចិត្តសិក្ខា។ ម្នាល​ភិក្ខុ​ទាំង​ឡាយ អធិប្បញ្ញាសិក្ខា តើដូចម្ដេច។  ម្នាល​ភិក្ខុទាំង​ឡាយ ភិក្ខុ​ក្នុង​សាសនានេះ បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​អាសវៈទាំងឡាយ ដោយប្រាជ្ញា​ខ្លួន​ឯង​ដ៏ក្រៃ​លែង ក្នុងបច្ចុប្បន្ន។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា អធិប្បញ្ញា​សិក្ខា។  ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះឯង​សិក្ខា ​៣។

បុគ្គល​មាន​ព្យាយាម មាន​កំឡាំង​ មាន​ប្រាជ្ញា ជាគ្រឿងទ្រទ្រង់​ មាន​ឈាន មាន​ស្មារតី មានឥន្រ្ទិយ​គ្រប់​គ្រង គួរ​ប្រព្រឹត្ត​នូវ​អធិសីល​ផង អធិចិត្ត​ផង អធិប្បញ្ញាផង បុគ្គល (សិក្សា​ក្នុងសិក្ខា ៣) ក្នុង​កាល​មុន យ៉ាងណា ក្នុង​កាលក្រោយ ​ក៏​យ៉ាងនោះ ក្រោយ​យ៉ាងណា មុនក៏យ៉ាង​នោះ (ឃើញ) កាយ​ខាងក្រោម (ដោយ​អំណាចនៃ​អសុភ) យ៉ាងណា ឃើញកាយ​ខាង​លើ ក៏​យ៉ាងនោះ កាយ​ខាងលើ យ៉ាងណា ខាងក្រោម​ក៏​យ៉ាង​នោះ (សិក្សា​ក្នុង​សិក្ខា៣) ក្នុង​វេលាថ្ងៃយ៉ាងណា ក្នុងវេលាយប់ ក៏យ៉ាង​នោះ ក្នុងវេលាយប់​យ៉ាងណា ក្នុង​វេលា​ថ្ងៃ ក៏យ៉ាងនោះដែរ គប្បីគ្របសង្កត់ (នូវ​អារម្មណ៍​ទាំងឡាយ) គ្រប់​ទិស​ ដោយអប្បមាណ​សមាធិ គឺសមាធិប្រកប​ដោយ​អរហត្តមគ្គ។ ពួក​ព្រះអរិយៈ​ តែង​សរសើរ​បុគ្គល​ជាសេក្ខៈ​ អ្នក​ប្រតិបត្តិ​ ថាជាអ្នក​មាន​សេចក្ដី​ប្រព្រឹត្តិ​ដ៏បរិសុទ្ធ សរសើរបុគ្គលអ្នក​ត្រាស់​ដឹង​អរិយ​សច្ច ៤ ក្នុង​លោក​នេះ ថាជាអ្នក​មាន​ប្រាជ្ញា ដល់​នូវ​ទីបំផុត​ នៃសេចក្ដី​ប្រតិបត្តិ។ ការរួច​ស្រឡះ​ នៃចិត្ត​របស់​បុគ្គល​ ដែល​មាន​សេចក្ដីរួចស្រឡះ​ព្រោះ​អស់​តណ្ហា ដោយសេចក្ដី​រលត់​វិញ្ញាណ ដូចជា​ការ​រលត់​ទៅ នៃ​ប្រទីប​ជាគ្រឿងបំភ្លឺ។

សង្កវាសូត្រទី១១

[៩៣] សម័យមួយ ព្រះដ៏​មានព្រះភាគ ទ្រង់​ស្ដេច​ទៅកាន់​ចារិក ក្នុង​ដែន​កោសល ជាមួយ​នឹងភិក្ខុ​សង្ឃច្រើន​រូប បាន​ដល់​និគម​ឈ្មោះ បង្កធា របស់​ដែន​កោសល។  បានឮថា សម័យនោះ ព្រះដ៏​មានព្រះភាគ ទ្រង់​គង់​នៅក្នុងបង្ក​ធា​និគម របស់ដែនកោសល។  សម័យនោះ ភិក្ខុ​ឈ្មោះ ​កស្សបគោត្រ ជាចៅ​អាវាស ក្នុង​បង្កធានិគម។ បានឮថា ក្នុងទីនោះ ព្រះដ៏​មានព្រះភាគ ទ្រង់​ពន្យល់​ពួក​ភិក្ខុ ឲ្យឃើញច្បាស់ ឲ្យ​កាន់​តាម ឲ្យ​អាច​ហាន ឲ្យ​រីករាយ ដោយ​ធម្មីកថា ដ៏ប្រកប​ដោយ​សិក្ខា​បទ។  គ្រាកាល​ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ពន្យល់​ពួក​ភិក្ខុ ឲ្យ​ឃើញច្បាស់​ ឲ្យ​កាន់​តាម ឲ្យ​អាច​ហាន ឲ្យ​រីករាយ ដោយ​ធម្មីកថា ដ៏​ប្រកប​ដោយ​សិក្ខា​បទហើយ ភិក្ខុកស្សបគោត្រ មានសេចក្ដី​មិន​អត់ទ្រាំ មិន​ត្រេក​អរថា សមណៈនេះ​ ដូច​ជាដុសខាត់ជ្រុលពេក។  លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅក្នុង​បង្កធានិគម តាម​សមគួរ​ដល់​ពុទ្ធអធ្យាស្រ័យ​ហើយ ក៏​ទ្រង់ត្រេច​ចារិក​ទៅកាន់​ក្រុងរាជគ្រឹះ កាល​ទ្រង់​ត្រេចចារិក ​ដោយលំដាប់ ក៏បាន​ដល់ក្រុង​រាជគ្រឹះ​នោះ។ បាន​ឮថា ក្នុង​ទីនោះ​ ព្រះមាន​ព្រះភាគ ទ្រង់​គង់​នៅ​លើ​ភ្នំ​គិជ្ឈ​កូដ ទៀបក្រុង​រាជ​គ្រឹះ។  កាល​ដែល​ព្រះមាន​ព្រះ​ភាគ ទ្រង់​សេ្ដច​ចេញ​ទៅ មិន​យូរ​ប៉ុន្មាន ភិក្ខុកស្សបគោត្រ មាន​សេចក្ដី​ក្ដៅ​ក្រហាយ ស្ដាយ​ក្រោយ​ថា មិនជាលាភ​របស់​អាត្មា​អញ អាត្មា​អញ​ឈ្មោះ​ថា ឥត​លាភ អាត្មា​អញ​ ឈ្មោះថា​បានទាស់​ហើយ អាត្មា​អញ មិន​មែន​បាន​ស្រួល​ទេ ព្រោះថា កាល​ដែលព្រះដ៏​មាន​ព្រះភាគ ទ្រង់​ពន្យល់​ពួក​ភិក្ខុ ឲ្យ​ឃើញ​ច្បាស់​ ឲ្យ​កាន់​តាម​ ឲ្យអាចហាន ឲ្យ​រីករាយ ដោយ​ធម្មី​កថា ​ដ៏​ប្រកប​ដោយ​សិក្ខាបទ​ហើយ អាត្មាអញ ​មាន​សេចក្ដី​មិន​អត់​ទ្រាំ មិន​ត្រេក​អរ​ថា សមណៈ​នេះ ដូច​ជា​ដុស​ខាត់ជ្រុល​ពេក បើ​ដូច្នោះ​ គួរ​តែ​អាត្មា​អញ​ចូល​ទៅគាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ត្រូវ​សំដែង​ទោស តាម ទោស ក្នុង​សំណាក់​ព្រះដ៏​មានព្រះភាគ។  លំដាប់​នោះ ភិក្ខុ​កស្សប​គោត្រ រៀប​ទុក​ដាក់​សេនាសនៈហើយ ក៏​ប្រដាប់​បាត្រ ​និង​ចីវរ ​រួច​ចេញ​ទៅកាន់​ក្រុង​រាជគ្រឹះ បាន​ចូលទៅគាល់​ព្រះ​ដ៏មាន​ព្រះ​ភាគ​ ឯ​ភ្នំ​គិជ្ឈ​កូដ ទៀបក្រុង​រាជគ្រឹះនោះ ដោយ​លំដាប់​ លុះ​ចូលទៅហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​ព្រះដ៏​មាន​ព្រះភាគ ហើយអង្គុយ​​ក្នុង​ទី​សម​គួរ។  លុះ​ភិក្ខុ​កស្សបគោត្រ អង្គុយ​ក្នុង​ទី​សម​គួរ​ហើយ ក៏​ក្រាប​បង្គំ​ទូល​ព្រះដ៏​មាន​ព្រះភាគ ​ដូច្នេះ​ថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សម័យមួយ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​គង់​ក្នុង​បង្ក​ធានិគម របស់​ដែន​កោសល។ ក្នុង​ទីនោះ ព្រះមាន​ព្រះភាគ ទ្រង់​ពន្យល់​ពួក​ភិក្ខុ ​ឲ្យ​ឃើ​ញ​ច្បាស់​ ឲ្យ​កាន់តាម ឲ្យ​អាច​ហាន ឲ្យ​រីករាយ ដោយ​ធម្មី​កថា ដ៏​ប្រកប​ដោយសិក្ខាបទ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន កាល​ដែល​ព្រះដ៏​មាន​ព្រះ​ភាគ ទ្រង់​ពន្យល់ពួកភិក្ខុ ឲ្យ​ឃើញ​ច្បាស់​ ឲ្យកាន់​តាម ឲ្យអាច​ហាន ឲ្យរីករាយ ដោយ​ធម្មីកថា ដ៏​ប្រកប​ដោយ​សិក្ខាបទ​ ខ្ញុំ​ព្រះអង្គ​អ្នកមាន​សេចក្ដីមិន​អត់​ទ្រាំ មិន​ត្រេក​អរថា សមណៈនេះ ដូច​ជាដុស​ខាត់​ជ្រុល​ពេក គ្រានោះ ព្រះដ៏​មាន​ព្រះភាគ ទ្រង់​គង់​នៅក្នុង​បង្ក​ធានិគម តាម​សមគួរ ដល់ពុទ្ធអាធ្យាស្រ័យ​ហើយ ទ្រង់​ត្រេច​ចារិក ​មក​កាន់​ក្រុង​រាជគ្រឹះ បពិត្រ​ព្រះអង្គដ៏​ចំរើន កាល​ដែល​ព្រះដ៏​មាន​ព្រះភាគ ទ្រង់​សេ្ដច​ចេញមក មិន​យូរប៉ុន្មាន​ ខ្ញុំ​ព្រះ​អង្គ កើត​សេចក្ដី​ក្ដៅក្រហាយ​ ស្ដាយ​ក្រោយ​ថា មិន​ជា​លាភរបស់​អាត្មា​អញហើយ អាត្មា​អញ​ឈ្មោះថា ឥត​លាភ អាត្មា​អញ​ បាន​ទាស់ហើយ អាត្មា​អញ​ មិន​មែន​បាន​ល្អទេ ព្រោះថា ព្រះដ៏​មាន​ព្រះភាគ ទ្រង់ពន្យល់​ពួកភិក្ខុ ឲ្យ​ឃើញ​ច្បាស់​ ឲ្យ​កាន់​តាម ឲ្យ​អាច​ហាន ឲ្យរីករាយ ដោយ​ធម្មីកថា ដ៏​ប្រកប​ដោយ​សិក្ខាបទ​ហើយ អាត្មា​អញ ​មាន​សេចក្ដី​មិនអត់​ទ្រាំ មិន​ត្រេក​អរថា សមណៈនេះ ​ដូច​ជាដុស​ខាត់​ជ្រុល​ពេក បើ​ដូច្នោះ គួរអាត្មា​អញ ចូល​ទៅ​គាល់​ព្រះដ៏​មាន​ព្រះភាគ លុះចូល​ទៅដល់​ហើយ ត្រូវ​សំដែង​ទោស​ តាមទោស​ក្នុង​សំណាក់​ព្រះ​មានព្រះភាគ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ទោស​បាន​ប្រព្រឹត្ត​កន្លង​ហើយ នូវ​ខ្ញុំ​ព្រះអង្គ ជាមនុស្ស​ពាល យ៉ាងណា វង្វេង​យ៉ាងណា មិនឈ្លាស​វៃ​យ៉ាង​ណា ព្រោះថា ព្រះដ៏​មានព្រះភាគ ទ្រង់​ពន្យល់​ពួក​ភិក្ខុ​ ឲ្យ​ឃើញ​ច្បាស់​ ឲ្យ​កាន់​តាម ​ឲ្យ​អាច​ហាន ឲ្យ​រីករាយ ដោយ​ធម្មីកថា ដ៏​ប្រកប​ដោយ​សិក្ខាបទហើយ ខ្ញុំព្រះអង្គ មានសេចក្ដី​មិនអត់​ទ្រាំ មិន​ត្រេក​អរថា សមណៈ​នេះ ដូច​ជាដុស​ខាត់​ជ្រុលពេក បពិត្រ​ព្រះអង្គ​ដ៏​ចំរើន សូម​ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់​ទទួល​អត់​ទោស តាមទោស ដល់​ខ្ញុំ​ព្រះអង្គនោះ ដើម្បី​សេចក្ដី​សង្រួម​តទៅ។  អើ កស្សបៈ ទោស​ប្រព្រឹត្តកន្លងហើយនូវ​អ្នក​ ដែល​ជាមនុស្ស​ពាល​យ៉ាង​ណា វង្វេង​យ៉ាងណា មិនឈ្លាស​វៃយ៉ាង​ណា អ្នក​មិន​មាន​សេចក្ដី​អត់ទ្រាំ មិនមានសេចក្ដី​ត្រេកអរនឹង​តថាគត កាល​ដែល​ពន្យល់​ពួក​ភិក្ខុ ឲ្យ​ឃើញច្បាស់​ ឲ្យកាន់​តាម ឲ្យអាច​ហាន ឲ្យ​រីករាយ ដោយធម្មីកថា ដ៏​ប្រកបដោយសិក្ខាបទថា សមណៈនេះ ដូច​ជាដុសខាត់​ជ្រុលពេក ម្នាលកស្សបៈ កាល​បើ​អ្នក​ឃើញ​ទោស តាមទោស ហើយ​ត្រឡប់​ធ្វើ​សមគួរ​តាមធម៌ តថាគត​ ទទួល​អត់​ទោសនោះ​ដល់​អ្នក ម្នាល​កស្សបៈ បុគ្គល​ណា​ឃើញ​ទោស​តាមទោស ហើយ​ត្រឡប់​ធ្វើ​សមគួរ​តាមធម៌ ដល់នូវ​សេចក្ដីសង្រួម​​តទៅ នេះ​ជា​សេចក្ដី​ចំរើន ក្នុង​វិន័យរបស់​អរិយៈ។  ម្នាលកស្សបៈ បើទុកជា​ថេរៈ​ មិន​ចូល​ចិត្តនឹង​ការ​សិក្សា មិនសរសើរ​គុណ នៃ​កិរិយាសមាទាន ​នូវការ​សិក្សា​មិនបបួល​ពួក​ភិក្ខុ​ដទៃ ដែល​មិន​ចូល​ចិត្ត​នឹងការសិក្សា​នោះ ឲ្យ​សិក្សា មិនសរសើរ​គុណ​ពួក​ភិក្ខុ​ដទៃ ដែល​ចូល​ចិត្តនឹងការ​សិក្សា​នោះ ឲ្យពិតមែន​តាមកាល ​ម្នាល​កស្សបៈ ​តថាគត​ មិន​សរសើរភិក្ខុ​ជាថេរៈ មាន​សភាពដូច្នេះទេ។  ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។ ព្រោះ​ក្រែង​ពួក​ភិក្ខុ​ដទៃ​សេព​គប់​ ភិក្ខុ​ជាថេរ​នោះ ដោយចូល​ចិត្ត​ថា ព្រះជាគ្រូ ​ទ្រង់​សរសើរ​ភិក្ខុ​ជាថេរៈនោះ ពួក​ភិក្ខុ​ជាអ្នក​សេពគប់​នឹង​ភិក្ខុ​ជា​ថេរៈនោះ រមែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ របស់​ភិក្ខុ​ជាថេរៈនោះ អំពើ​នោះ ប្រព្រឹត្ត​ទៅ ដើម្បីមិន​ជាប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ​ អស់​កាល​ដ៏​វែង ដល់ពួកភិក្ខុ ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិនោះ ម្នាល​កស្សបៈ ព្រោះហេតុ​នោះ​ហើយ បានជាតថាគត​មិនសរសើរភិក្ខុ​ជាថេរៈ មាន​សភាព​ដូច្នេះ។ ម្នាល​កស្សបៈ បើទុកជាភិក្ខុ​ជា​កណ្ដាល។ បេ។  ម្នាល​កស្សបៈ បើទុក​ជាភិក្ខុ​ខ្ចី តែ​មិនចូលចិត្ត​នឹង​ការ​សិក្សា មិនសរសើរ​គុណ នៃកិរិយា​សមាទាន​ នូវ​ការសិក្សា មិន​បបួល​ពួក​ភិក្ខុ​ដទៃ ដែល​មិន​ចូលចិត្តនឹង​ការ​សិក្សា​នោះ ឲ្យ​សិក្សា មិនសរសើរ​គុណ ​របស់​ពួក​ភិក្ខុ​ដទៃ ដែល​ចូលចិត្ត​នឹងការ​សិក្សា ​ឲ្យ​ទៀងពិត​ តាម​កាល​គួរ ម្នាល​កស្សបៈ តថាគត​មិន​សរសើរ​ភិក្ខុ​ខ្ចី​បែបនោះទេ។  ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។  ព្រោះ​ថា​ ពួក​ភិក្ខុ​ដទៃ​សេព​គប់​ពួកភិក្ខុ​ខ្ចី​នោះ ​ដោយ​គិតថា ព្រះ​ជាគ្រូ ទ្រង់​សរសើរ​គុណ​ភិក្ខុ​នោះ ពួក​ភិក្ខុ​អ្នក​សេពគប់​ភិក្ខុ​ខ្ចីនោះ ប្រព្រឹត្ត​ទៅតាម​ទិដ្ឋិភិក្ខុ​នោះ អំពើ​នោះ ប្រព្រឹត្ត​ទៅ ដើម្បីមិន​ជា​ប្រយោជន៍ ដើម្បី​សេចក្ដីទុក្ខ អស់​កាល​ដ៏វែង​ ដល់​ពួក​ភិក្ខុ ​ដែល​ប្រព្រឹត្ត​តាមទិដ្ឋិនោះ ម្នាល​កស្សបៈ ព្រោះ​ហេតុ​នោះ ​បាន​ជាតថាគត ​មិន​សរសើរ​គុណ​ របស់​ភិក្ខុ​ខ្ចី​ មានសភាព​ដូច្នេះទេ។  ម្នាល​កស្សបៈ បើភិក្ខុ​ជាថេរៈ​ អ្នក​មាន​ប្រាថ្នា​ នូវ​ការ​សិក្សា សរសើរ​គុណ នៃកិរិយា​សមាទាន​ នូវការ​សិក្សា​ តែង​បបួល​ពួក​ភិក្ខុ​ដទៃ ដែល​មិន​ប្រាថ្នា​នូវការ​សិក្សា​នោះ ឲ្យ​សិក្សា​ សរសើរគុណរបស់​ពួក​ភិក្ខុ​ដទៃ ដែល​ប្រាថ្នា​នូវ​ការ​សិក្សា ពិតមែន​តាមកាល ម្នាល​កស្សបៈ តថាគត​សរសើរ​គុណ​ភិក្ខុ​ជាថេរៈ​មានសភាពដូច្នេះ។ ហេតុ​នោះ តើដូចម្ដេច។  ព្រោះ​ពួក​ភិក្ខុ​ដទៃ សេព​គប់​នូវ​ភិក្ខុ​ជាថេរៈ​នោះ ដោយ​គិតថា ព្រះជា​គ្រូ ទ្រង់​សរសើរ​គុណ​ភិក្ខុ​នោះ ពួក​ភិក្ខុនោះ តែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ របស់​ភិក្ខុ​ជាថេរៈ ដែល​ខ្លួន​សេពគប់​នោះ អំពើរបស់ពួក​ភិក្ខុ​ ដែល​ប្រព្រឹត្ត​តាមទិដ្ឋិ របស់​ភិក្ខុ​ជាថេរៈ​នោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្ដី​សុខ​ អស់​កាល​ដ៏​វែង ម្នាល​កស្សបៈ ព្រោះហេតុ​នោះ តថាគត ​សរសើរ​គុណ របស់​ភិក្ខុ​ជា​ថេរៈ ​មានស​ភាព​ដូច្នេះ។ ម្នាល​កស្សបៈ បើភិក្ខុ​ជាកណ្ដាល។  បេ។  ម្នាល​កស្សបៈ បើភិក្ខុខ្ចី ជាអ្នក​មាន​ប្រាថ្នា​នូវ​ការ​សិក្សា ជាអ្នក​សរសើរ​គុណ នៃ​កិរិយា​សមាទាន នូវការសិក្សា បបួល​ពួក​ភិក្ខុ​ដទៃ ដែល​មិនមានប្រាថ្នា នូវ​ការសិក្សានោះ ឲ្យសិក្សា​ផង សរសើរគុណ​របស់​ភិក្ខុ​ដទៃ ដែល​ប្រាថ្នា​ការសិក្សា​ពិតមែន តាមកាល​ដ៏​គួរ​ផង ម្នាល​កស្សបៈ តថាគត​សរសើរ​គុណ​ របស់​ភិក្ខុខ្ចី មានសភាព​ដូច្នេះ។  ដំណើរ​នោះ ព្រោះ​ហេតុ​អ្វី។  ព្រោះពួកភិក្ខុ​ដទៃ សេពគប់​នឹង​ភិក្ខុ​ខ្ចី​នោះ​ ដោយ​គិតថា ព្រះជាគ្រូ​ ទ្រង់​សរសើរគុណ របស់​ភិក្ខុនោះ ពួក​ភិក្ខុនោះ រមែង​ប្រព្រឹត្ត​តាម​ទិដ្ឋិ របស់​ភិក្ខុ​ដែល​ខ្លួនសេពគប់​នោះ អំពើ​របស់​ពួក​ភិក្ខុ ​ដែល​ប្រព្រឹត្ត​តាម​ទិដ្ឋិ របស់​ពួក​ភិក្ខុ​ខ្ចីនោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​ជាប្រយោជន៍ ដើម្បី​សេចក្ដីសុខ អស់​កាល​ដ៏​វែង ម្នាល​កស្សបៈ ព្រោះ​ហេតុ​នោះ ទើប​តថាគត សរសើរ​គុណ របស់​ភិក្ខុ​ខ្ចី​ មាន​សភាព​ដូច្នេះ។

ចប់ សមណវគ្គ ទី៤។

ឧទ្ទាន​នៃ​សមណវគ្គ​នោះគឺ

សមណកិច្ច ​១សូត្រ សត្វ​លា ១សូត្រ ​ស្រែ ១សូត្រ វជ្ជិបុត្តកៈ ១​សូត្រ សេក្ខបុគ្គល​១សូត្រ ភិក្ខុ​បំពេញសិក្សា ៣សូត្រ សិក្ខា ២សូត្រ រឿងបង្កធានិគម ១ សូត្រ។

លោណផលវគ្គ

អច្ចាយិកសូត្រទី១

[៩៤] ម្នាល​ភិក្ខុទាំងឡាយ ករណីយកិច្ច ប្រព្រឹត្ត​ទៅយ៉ាងរួសរាន់​ របស់​កស្សកគហបតី (គហបតីអ្នកភ្ជួរ​រាស់) នេះ មាន ៣យ៉ាង​។  ករណីយកិច្ច ​៣ យ៉ាង​តើដូច​ម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ កស្សកគហបតី ក្នុង​លោក​នេះ ភ្ជួរ​រាស់​ស្រែ​ឲ្យ​រាប ឲ្យ​ល្អិតល្អ យ៉ាង​ប្រញាប់​ ១ លុះភ្ជួរ​រាស់​ស្រែ រាបល្អិតល្អ យ៉ាង​ប្រញាប់​ហើយ ក៏​ព្រោះ​ពូជ​យ៉ាងប្រញាប់​ ១ លុះ​ព្រោះពូជ យ៉ាង​ប្រញាប់​ហើយ ក៏​បញ្ចូលទឹក​ខ្លះ បញ្ចេញទឹក​ខ្លះ​ យ៉ាង​ប្រញាប់ ១។  ម្នាល​ភិក្ខុទាំងឡាយ ករណីយ​កិច្ច យ៉ាង​​រួសរាន់​ របស់​កស្សកគហបតី មាន៣ យ៉ាងនេះឯង។ ម្នាល​ភិក្ខុទាំងឡាយ កស្សក​គហបតីនោះ ​មិនមាន​ឫទ្ធិ មិនមានអានុភាព (បង្គាប់​បញ្ជា) ស្រូវ​នោះថា សូម​ឲ្យ​ស្រូវ​ទាំងឡាយ របស់​អាត្មា​អញ លូត​លាស់​ក្នុងថ្ងៃនេះ មាន​បង្ហើម​ក្នុង​ថ្ងៃស្អែក ទុំ​ក្នុង​ថ្ងៃ​ខាន​ស្អែក​ ដូច្នេះបាន​ឡើយ ម្នាល​ភិក្ខុទាំងឡាយ លុះតែដល់​វេលា ទើបស្រូវ​ទាំងនោះ របស់កស្សកគហបតីនោះ ​ផ្លាស់​រដូវ​ហើយ ក៏លូត​លាស់​មានបង្ហើម​ទុំបាន។ ម្នាល​ភិក្ខុទាំងឡាយ ករណី​យកិច្ច ប្រព្រឹត្ត​ទៅ​ យ៉ាងរួស​រាន់ របស់​ភិក្ខុនេះ ក៏​មាន ៣ យ៉ាង​ យ៉ាង​នោះដែរ។  ករណីយកិច្ច​ ៣ យ៉ាង តើដូចម្ដេច។  គឺ​សមាទាន ​នូវ​អធិសីល​សិក្ខា ១ សមាទាន​ នូវ​អធិចិត្ត​សិក្ខា​១ សមាទាន​ នូវ​អធិប្បញ្ញាសិក្ខា​១។  ម្នាល​ភិក្ខុទាំងឡាយ ករណីយកិច្ច ប្រព្រឹត្ត​ទៅយ៉ាង​រួសរាន់ របស់​ភិក្ខុ​ មាន​៣​យ៉ាង​នេះឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​នោះ មិន​មាន​ឫទ្ធិ មិន​មាន​អានុភាព (បង្គាប់​បញ្ជា)​ ចិត្ត​នោះថា សូម​ឲ្យ​ចិត្ត​របស់​អាត្មា​អញ ផុត​ស្រឡះ​ចាកអាសវៈ​ទាំងឡាយ ព្រោះមិនប្រកាន់មាំ ក្នុង​ថ្ងៃ​នេះ ​ឬថ្ងៃស្អែក ​ឬក៏​ថ្ងៃ​ខានស្អែក ដូច្នេះបាន​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ លុះតែ​ដល់​វេលាហើយ ទើបចិត្តរបស់​ភិក្ខុនោះ ដែល​សិក្សា នូវអធិសីល​ផង សិក្សា​នូ​វអធិចិត្ត​ផង សិក្សា​នូវ​អធិប្បញ្ញាផង ផុត​ស្រឡះ​ចាកអាសវៈទាំង​ឡាយ ព្រោះ​មិន​ប្រកាន់​មាំបាន។  ម្នាល​ភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ​ ក្នុង​សាសនានេះ អ្នកទាំង​ឡាយ​ ត្រូវ​សិក្សា​យ៉ាង​នេះថា ពួកយើងនឹង​ជាបុគ្គល​មានឆន្ទៈ ​យ៉ាង​ក្លៀវក្លា ​ក្នុង​ការសមាទាន​ នូវ​អធិសីល​សិក្ខា ពួក​យើង​នឹងជាបុគ្គល​មានឆន្ទៈ យ៉ាង​ក្លៀវក្លា ក្នុង​ការសមាទាន ​នូវ​អធិចិត្តសិក្ខា ពួក​យើង​នឹង​ជាបុគ្គល​មានឆន្ទៈ យ៉ាងក្លៀវក្លា ក្នុង​ការ​សមាទាន នូវអធិប្បញ្ញាសិក្ខា ដូច្នេះ ម្នាល​ភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ​ត្រូវ​សិក្សាយ៉ាង​នេះចុះ។

បវិវេកសូត្រទី២

[៩៥] ម្នាល​ភិក្ខុទាំងឡាយ ពួក​បរិព្វា​ជក ជាអន្យតិរ្ថិយ រមែងបញ្ញាត្តនូវ​សេចក្ដី​ស្ងប់​ស្ងាត់ ​៣​យ៉ាងនេះ។  សេចក្ដី​ស្ងប់​ស្ងាត់​ ៣ យ៉ាង ​តើដូចម្ដេច។  គឺ សេចក្ដី​ស្ងប់​ស្ងាត់ ​ចាកកិលេស ដែលកើត​ឡើង​ ព្រោះ​អាស្រ័យចីវរ ១ សេចក្ដី​ស្ងប់ស្ងាត់​ចាកកិលេស ដែល​កើតឡើង ព្រោះអាស្រ័យបិណ្ឌបាត ១ សេចក្ដី​ស្ងប់​ស្ងាត់​ ចាកកិលេស ដែលកើតឡើង ព្រោះអាស្រ័យ​សេនា​សនៈ១។  ម្នាល​ភិក្ខុ​ទាំង​ឡាយ ពួក​បរិព្វា​ជក ជាអន្យតិរ្ថិយ តែង​បញ្ញត្តនូវ​ហេតុ​នេះ ក្នុងសេចក្ដីស្ងប់​ស្ងាត់ ចាកកិលេស ដែល​កើតឡើង ព្រោះ​អាស្រ័យ​ចីវរនោះ គឺ ទ្រទ្រង់​សំពត់​សម្បក​ធ្មៃខ្លះ ទ្រទ្រង់​សំពត់ ​ដែលត្បាញ​លាយ​គ្នា​ខ្លះ ទ្រទ្រង់​សំពត់​ ដែល​បក​ចេញ​អំពីសាកសព​ខ្លះ ទ្រទ្រង់​សំពត់​បំសុកូលខ្លះ ទ្រទ្រង់​សំពត់ ​ដែល​ធ្វើដោយ​សម្បក​ឈើខ្លះ ទ្រទ្រង់ស្បែក​ខ្លាឃ្មុំខ្លះ ទ្រទ្រង់​ស្បែកខ្លាទាំង​ក្រចកខ្លះ ទ្រទ្រង់សំពត់ ​ដែល​ក្រង​ដោយ​ស្បូវ​ខ្លះ ទ្រទ្រង់សំពត់ ដែល​ក្រងដោយ​សម្បក​ក្រចៅ​ខ្លះ ទ្រទ្រង់​សំពត់​ដែល​ក្រង​ដោយចំរៀកក្ដារខ្លះ ទ្រទ្រង់​សំពត់កម្ពល ដែល​ត្បាញ​ដោយ​សក់​មនុស្ស​ខ្លះ ទ្រទ្រង់​សំពត់​កម្ពល ​ដែល​ត្បាញ​ដោយ​រោម​កន្ទុយ​សេះ​ខ្លះ ទ្រទ្រង់​សំពត់ ដែល​ក្រង​ដោយ​ស្លាបមៀម​ខ្លះ។  ម្នាលភិក្ខុទាំង ឡាយ ពួកបរិព្វាជក​ ជាអន្យតិរ្ថិយ​តែង​បញ្ញាត្ត​នូវ​ហេតុ​នេះឯង ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ចាក​កិលេស ​ដែលកើត​ឡើង​ព្រោះ​អាស្រ័យ​ចីវរ។  ម្នាល​ភិក្ខុទាំងឡាយ ពួក​បរិព្វា​ជក ជាអន្យតិរ្ថិយ តែង​បញ្ញត្ត​នូវ​ហេតុ​នេះឯង​ ក្នុង​សេចក្ដី​ស្ងប់​ស្ងាត់ ​ចាកកិលេស ដែល​កើត​ឡើង ​ព្រោះ​អាស្រ័យ​បិណ្ឌបាត​នោះ គឺ​ជាអ្នក​មាន​បន្លែ​ស្រស់​ ជាអាហារ​ខ្លះ​ មាន​អង្ករ​ស្រងែ​ជាអាហារ​ខ្លះ ​មាន​ស្កួយ​ជាអាហារ​ខ្លះ មានកំទេច (ចម្នៀរ) ស្បែក ​ជាអាហារ​ខ្លះ មាន​ស្លែ ឬសារាយ​ជាអាហារ​ខ្លះ មាន​កន្ទក់ ជាអាហារ​ខ្លះ​ មាន​បាយក្ដាំង​ ជាអាហា​រខ្លះ​ មាន​ម្សៅជាអាហារ​ខ្លះ​ មានស្មៅ ជាអាហារ​ខ្លះ មានអាចម៍​គោ ជាអាហារខ្លះ មាន​មើម​ឈើ​ និង​ផ្លែ​ឈើ​ព្រៃ ជាអាហារ​ខ្លះ​ បរិភោគ​តែផ្លែឈើ​ ដែល​ជ្រុះ​ស្រាប់​ចំអែតអាត្មា។ ម្នាល​ភិក្ខុទាំងឡាយ បរិព្វា​ជក ​ជាអន្យតិរិ្ថយ តែង​បញ្ញាត្ត​នូវ​ហេតុ​នេះឯង ​ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ចាកកិលេស​ ដែលកើត​ឡើង ព្រោះ​អាស្រ័យបិណ្ឌ​បាត។  ម្នាល​ភិក្ខុទាំង​ឡាយ ពួកបរិព្វា​ជក ​ជាអន្យតិរិ្ថយ តែង​បញ្ញត្ត​នូវ​ហេតុ​នេះ ក្នុង​សេចក្ដីស្ងប់ស្ងាត់ ចាកកិលេស ដែល​កើត​ឡើង ព្រោះអាស្រ័យ​សេនា​សនៈ​នោះ គឺ​ព្រៃ​ ម្លប់​ឈើ ព្រៃ​ស្មសាន ព្រៃ​ធំ ទីវាល គំនរ​ចម្បើង រោង​ទីលាន។ ម្នាល​ភិក្ខុទាំងឡាយ ពួកបរិព្វា​ជក ជាអន្យតិរ្ថិយ​ តែង​បញ្ញត្តនូវ​ហេតុ​នេះឯង ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ ចាក​កិលេស ដែល​កើត​ឡើង ព្រោះ​អាស្រ័យ​សេនាសនៈ។  ម្នាល​ភិក្ខុទាំងឡាយ ពួក​បរិព្វាជក ជាអន្យតិរ្ថិយ តែងបញ្ញត្តនូវ​សេចក្ដី​ស្ងប់​ស្ងាត់​ មាន​៣ យ៉ាងនេះឯង។  ម្នាល​ភិក្ខុទាំងឡាយ ចំណែក​សេចក្ដី​ស្ងប់​ស្ងាត់ ​របស់​ភិក្ខុ​ ក្នុង​ធម្មវិន័យ​នេះ ក៏​មាន​៣ យ៉ាងនេះដែរ។  សេចក្ដី​ស្ងប់ស្ងាត់ ៣ យ៉ាង​ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ គឺភិក្ខុក្នុងសាសនា​នេះ ជាអ្នក​មាន​សីល លះបង់​ការ​ទ្រុស្តសីល ស្ងប់​ស្ងាត់ ចាក​ការទ្រុស្តសីល ១ ជាអ្នកឃើញត្រូវ លះបង់ការឃើញ​ខុស ស្ងប់​ស្ងាត់​ចាកការ​ឃើញ​ខុសនោះ​ ១ ជាខីណាស្រព លះបង់​អាសវៈ​ ស្ងប់ស្ងាត់​ចាក​អាសវៈ​នោះ ១។  ម្នាល​ភិក្ខុទាំងឡាយ កាល​ណាភិក្ខុ​ជាអ្នក​មានសីល​ លះបង់​ការទ្រុស្តសីល ស្ងប់​ស្ងាត់​ចាកការ​ទ្រុស្តសីល​នោះ ជាអ្នក​ឃើញត្រូវ លះបង់​ការ​ឃើញខុស ស្ងប់​ស្ងាត់​ចាកការឃើញ​ខុសនោះ ជាខីណាស្រព លះបង់​អាសវៈ ស្ងប់ស្ងាត់​ចាក​អាសវៈ​ហើយ ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោលថា ភិក្ខុ​នេះ ​ជាអ្នក​ដល់នូវ​ការ​ប្រសើរបំផុត ដល់នូវ​ខ្លឹមសារ បរិសុទ្ធ តាំង​នៅស៊ប់​ ក្នុង​ធម៌​មានខ្លឹម។ ម្នាល​ភិក្ខុទាំងឡាយ ដូច​ជា​ស្រែស្រូវ​សាលី ដ៏​បរិបូណ៌ ​របស់​កស្សកគហបតី។  កស្សកគហបតី ត្រូវ​ព្រោះ​ស្រូវ​នោះយ៉ាង​ប្រញាប់​ លុះព្រោះរួចយ៉ាង​ប្រញាប់​ហើយ ត្រូវ​ច្រូត​យ៉ាងប្រញាប់ លុះ​ច្រូត​យ៉ាង​ប្រញាប់​ហើយ ត្រូវ​ជញ្ជូន​ដាក់​លាន ​យ៉ាង​ប្រញាប់ លុះជញ្ជូន​ដាក់​លាន ​យ៉ាង​ប្រញាប់ហើយ ត្រូវគរជាគំនរយ៉ាងប្រញាប់ លុះគរជាគំនរយ៉ាងប្រញាប់ហើយ ត្រូវបែន ឬបញ្ជាន់យ៉ាងប្រញាប់ លុះបែន ឬបញ្ជាន់យ៉ាងប្រញាប់ហើយ ត្រូវ​ជជុះ​ចម្បើង​យ៉ាង​ប្រញាប់ លុះជជុះ​ចម្បើង​យ៉ាង​ប្រញាប់ហើយ ត្រូវរាស់​កំទេច​ ឬ កំញ៉ម យ៉ាង​ប្រញាប់ ​លុះ​រាស់​កំទេច ឬ កំញ៉មយ៉ាង​ប្រញាប់​ហើយ ត្រូវ​រោយ​យ៉ាង​ប្រញាប់ លុះ​រោយ​យ៉ាង​ប្រញាប់ហើយ ត្រូវ​ជញ្ជូន​ដាក់​ជង្រុក យ៉ាង​ប្រញាប់ លុះជញ្ជូនដាក់​ជង្រុក យ៉ាង​ប្រញាប់ហើយ ត្រូវ​បុក​យ៉ាង​ប្រញាប់ លុះ​បុក​យ៉ាង​ប្រញាប់ហើយ ត្រូវ​អុំ​យក​អង្កាម​ចេញ​យ៉ាង​ប្រញាប់​ ម្នាល​ភិក្ខុទាំងឡាយ កាល​បើយ៉ាងនេះ ស្រូវ​របស់​កស្សកគហបតីនោះ រមែង​ដល់​នូវ​ការ​ប្រសើរ​បំផុត ដល់​នូវ​ខ្លឹម​សារ ដ៏​បរិសុទ្ធ តាំង​នៅស៊ប់ ក្នុង​ខ្លឹមសារ យ៉ាង​ណាមិញ​។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​មាន​សីល​ លះបង់​នូវ​ការ​ទ្រុស្ដ​សីល ស្ងប់ស្ងាត់​ចាក​ការទ្រុស្ដសីល​នោះ​ផង ជាអ្នក​ឃើញ​ត្រូវ លះបង់​នូវ​ការ​ឃើញខុស ស្ងប់​ស្ងាត់​ចាក​ការឃើញ​ខុស​នោះផង ជាខីណា​ស្រព លះបង់អាសវៈ ស្ងប់​ស្ងាត់​ចាក​អាសវៈ​នោះផង ម្នាល​ភិក្ខុទាំងឡាយ តថាគត ពោល​ថា ភិក្ខុ​នេះ ​ជា​អ្នកដ​ល់​នូវ​ការ​ប្រសើរ​បំផុត ដល់​នូវ​ខ្លឹម​សារ បរិសុទ្ធ តាំង​នៅស៊ប់ ក្នុង​ធម៌​មានខ្លឹម​សារ​ ក៏​យ៉ាង​នោះដែរ។

សរទសូត្រទី៣

[៩៦] ម្នាល​ភិក្ខុទាំងឡាយ ដូច​ជាព្រះអាទិត្យ​ស្វាង​ស្រឡះ​ចាកពពក​ ព្ធ​ដ៏​អាកាស ដែល​មាន​វលាហកៈប្រាសទៅ​ឆ្ងាយ ក្នុង​សរទសម័យ ហើយ​ក៏​កំចាត់​បង់​នូវ​ងងឹត ដែល​នៅ​ឯអាកាស​ទាំងអស់​ រមែង​ភ្លឺ​ត្រចះត្រចែង យ៉ាងណាមិញ ម្នាល​ភិក្ខុទាំងឡាយ  កាល​ណា ធម្មចក្ខុ​ ដែលប្រាសចាកធូលី ប្រាសចាក​មន្ទិល បាន​កើត​ឡើង ​ដល់​អរិយ​សាវកហើយ ម្នាល​ភិក្ខុទាំងឡាយ  ទើប​អរិយសាវក លះបង់​នូ​វសញ្ញោជនៈ ៣ ប្រការ គឺ​សក្កាយទិដ្ឋិ ១ វិចិកិច្ឆា ១ សីល​ព្វ​តបរាមាសៈ ១ ជាមួយ​នឹងការ​កើត​ឡើង នៃទស្សនៈ លុះកាល​ជាខាង​ក្រោយ​មក​ទៀត ក៏​រើចេញ​ចាក​ធម៌ ២ យ៉ាង គឺអភិជ្ឈា ១ ព្យាបាទ ១។  អរិយ​សាវក​នោះ​ ស្ងាត់​ចាក​កាម​ទាំងឡាយ ស្ងាត់​ចាក​អកុសល​ធម៌​ទាំងឡាយ ក៏​ដល់​នូវ​បឋម​ជ្ឈាន ប្រកប​ដោយ​វិតក្កៈ និង​វិចារ មាន​បី​តិ និង​សុខៈ​កើត​អំពីសេចក្ដី​ស្ងាត់ សម្រេច​សម្រាន្តនៅ។ ម្នាល​ភិក្ខុទាំងឡាយ  បើអរិយសាវក ធ្វើ​កាល​កិរិយា ​ក្នុង​សម័យ​នោះ អរិយសាវក​នោះ រមែង​មិន​ប្រកប​ដោយ​សញ្ញោជនៈ ដែល​នាំ​ឲ្យ​មក​កាន់លោក​នេះ​ទៀត​ឡើយ។

បរិសាសូត្រទី៤

[៩៧] ម្នាល​ភិក្ខុទាំងឡាយ  បរិសទ្យ​នេះ មាន ៣ ពួក។  បរិសទ្យ៣ ពួក​ តើដូចម្ដេច។  គឺ​អគ្គវតីបរិសទ្យ (​បរិសទ្យ​ មាន​គុណ​ប្រសើរ​បំផុត)១​ វគ្គ​បរិសទ្យ (​បរិសទ្យ​ជាពួក)​១ សមគ្គបរិសទ្យ (បរិសទ្យ​ មានសេចក្ដីព្រម​ព្រៀង​គា្ន )១។  ម្នាល​ភិក្ខុទាំងឡាយ  អគ្គវតីបរិសទ្យ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ  ក្នុងសាសនា​នេះ មាន​ពួកភិក្ខុ​ជាថេរៈ ក្នុងបរិសទ្យណា មិន​ល្មោភ (ក្នុងបច្ច័យ) មិន​បន្ធូរបន្ថយ (ក្នុង​ត្រៃ​សិក្ខា) ដាក់​ចុះ​នូវ​ធុរៈ ក្នុង​ទីទាប ​គឺនីវរណៈ ទាំង​៥ មានការ​ស្ទុះទៅ ក្នុង​សេចក្ដី​ស្ងប់ស្ងាត់​ជាប្រធាន ប្រារព្ធ​ព្យាយាម ​ដើម្បី​ដល់​នូវ​ធម៌ ដែលមិន​ទាន់​ដល់ ដើម្បី​បាន​នូវ​ធម៌​ ដែលមិន​ទាន់​បាន ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់​ នូវ​ធម៌ដែល​មិនទាន់​ធ្វើឲ្យ​ជាក់​ច្បាស់​ ពួក​ជន​ជាខាង​ក្រោយ រមែង​ដល់នូវ​ទិដ្ឋានុគតិ នៃភិក្ខុជាថេរៈ​ទាំងនោះ ឯពួក​បរិសទ្យ​នោះ ក៏​មិន​បាន​ល្មោភក្នុង​បច្ច័យ មិន​បានបន្ធូរ​បន្ថយ ​ក្នុង​ត្រៃ​សិក្ខា ដាក់​ចុះ​នូវ​ធុរៈ ​ក្នុង​ទីទាប មាន​ការ​ស្ទុះទៅ ក្នុងសេចក្ដី​ស្ងប់​ជាប្រធាន ប្រារព្ធ​ព្យាយាម​ ដើម្បី​ដល់​នូវ​ធម៌​ ដែល​មិន​ទាន់​ដល់ ដើម្បី​បាននូវ​ធម៌​ ដែល​មិន​ទាន់​បាន ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ធម៌​ដែល​មិនទាន់​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ដែរ។ ម្នាល​ភិក្ខុ​ទាំងឡាយ  នេះឯង​ហៅថា អគ្គវតីបរិសទ្យ។  ម្នាល​ភិក្ខុទាំងឡាយ  វគ្គបរិសទ្យ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ​ ក្នុង​សាសនា​នេះ ពួក​ភិក្ខុ​ក្នុង​បរិសទ្យ​ណា ជាអ្នក​បង្កហេតុ បង្ក​ជម្លោះ ទាស់​ទែងគា្ន ចាក់​ដោត​គ្នា ​ទៅវិញទៅ​មក ដោយ​លំពែង​ គឺមាត់។  ម្នាល​ភិក្ខុទាំងឡាយ នេះឯងហៅថា វគ្គបរិសទ្យ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ សមគ្គបរិសទ្យ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ក្នុង​សាសនានេះ ពួក​ភិក្ខុ​ក្នុង​បរិសទ្យ​ណា ព្រមព្រៀងគ្នា រីករាយ​រកគ្នា មិនវិវាទគ្នា មាន​សភាព​ដូច​ជាទឹក​ដោះ លាយ​ដោយទឹក មើល​គ្នាទៅវិញ​ទៅមក ដោយ​ចក្ខុ​ជាទី​ស្រឡាញ់។  ម្នាល​ភិក្ខុទាំងឡាយ នេះឯង​ហៅថា សមគ្គបរិសទ្យ។  ម្នាល​ភិក្ខុទាំងឡាយ ក្នុង​វេលា​ណា ពួកភិក្ខុមាន​សេចក្ដី​ព្រម​ព្រៀងគ្នា រីករាយ​រក​គ្នា មិនវិវាទគ្នា មាន​សភាព​ដូចទឹកដោះ លាយដោយ​ទឹក​ មើល​គ្នាទៅវិញ​ទៅមក ដោយ​ចក្ខុ​ជាទីស្រឡាញ់ ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​រមែង​បាន​បុណ្យ​ដ៏​ច្រើន ក្នុងវេលានោះ ម្នាល​ភិក្ខុ​ទាំងឡាយ ពួក​ភិក្ខុ​រមែង​នៅដោយ​ព្រហ្មវិហារធម៌ ក្នុងវេលានោះ កាល​បើ​ភិក្ខុ មានចិត្តរីករាយ ដោយ​មុទិតាចេតោវិមុត្តិហើយ បីតិក៏​កើតឡើង កាល​បើ​ភិក្ខុ​មាន​ចិត្ត​​ប្រកប​ដោយ​បីតិ កាយ​ក៏​ស្ងប់​រម្ងាប់ លុះភិក្ខុ​មានកាយ​ស្ងប់​រម្ងាប់​ហើយ ក៏​ទទួល​នូវ​សេចក្ដីសុខ កាល​បើ​ភិក្ខុ បានទទួលនូវសុខហើយ ទើបចិត្ត​តាំងមាំ ក្នុងអារម្មណ៍​បាន។ ម្នាលភិក្ខុទាំងឡាយ ដូច​ជាភ្លៀង ​ដែលមាន​គ្រាប់​ដ៏ធំៗ បង្អុរ​ចុះមកលើ​ភ្នំ ទឹក​ភ្លៀងនោះ រមែង​ហូរ​ទៅកាន់​ទំនាប បំពេញ​ជ្រោះ​ភ្នំ ​អូរ​ និង​ប្រឡាយ លុះជ្រោះភ្នំ​ អូរ​ និង​ប្រឡាយ​ពេញហើយ ក៏​បំពេញ​បឹង​តូចៗ លុះបឹង​តូចៗ ពេញហើយ ក៏​បំពេញ​បឹង​ធំៗ លុះបឹងធំៗពេញហើយ ក៏​បំពេញ​ស្ទឹងតូចៗ លុះស្ទឹង​តូច​ៗ​ពេញហើយ ក៏​បំពេញស្ទឹង​ធំៗ លុះស្ទឹង​ធំៗ ពេញហើយ ក៏​បំពេញ​​សមុទ្រ យ៉ាងណាមិញ ម្នាល​ភិក្ខុទាំងឡាយ ក្នុងវេលា​ណា ពួក​ភិក្ខុ​មាន​សេចក្ដី​ព្រមព្រៀង​គ្នា រីករាយ​រកគា្ន មិន​វិវាទគ្នា មានសភាពដូចជាទឹក​ដោះ លាយ​ដោយ​ទឹក មើល​គ្នាទៅវិញ​ទៅមក ដោយ​ចក្ខុ​ជាទីស្រឡាញ់ ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ រមែង​បាន​នូវ​បុណ្យ​ដ៏ច្រើន ក្នុងវេលានោះ ម្នាល​ភិក្ខុទាំងឡាយ ពួក​ភិក្ខុ​រមែង​នៅ​ដោយ​ព្រហ្ម​វិហារធម៌ ក្នុងវេលានោះ កាល​បើ​ភិក្ខុ​មានចិត្ត​រីករាយ ដោយ​មុទិតា​ចេតោវិមុត្តិ​ហើយ បីតិ ក៏​កើត​ឡើង កាល​បើ​ភិក្ខុ​មានចិត្ត​ប្រកប​ដោយ​បីតិ​ហើយ កាយ​ក៏ស្ងប់រម្ងាប់​ លុះភិក្ខុមាន​កាយ​ស្ងប់​រម្ងាប់​ហើយ ក៏​ទទួល​នូវ​សុខ កាល​បើ​ភិក្ខុ​បានទទួល​សុខ​ហើយ ចិត្ត​ក៏តាំងមាំបាន ក៏​យ៉ាង​នោះ​ឯង។  ម្នាល​ភិក្ខុ​ទាំងឡាយ បរិសទ្យ ​មាន៣ ពួក​នេះឯង។

បឋមអាជានីយសូត្រទី៥

[៩៨] ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជានេយ្យដ៏ល្អ របស់​ព្រះរាជា ដែល​ប្រកប​​ដោយ​អង្គ ៣ ជាសេះ​គួរ​ដល់​ព្រះរាជា ជាសេះ​ព្រះរាជ​ទ្រព្យ ដល់នូវ​ការរាប់​ថា ជាអង្គ​របស់​ព្រះរាជា​។  ប្រកប​ដោយ​អង្គ​ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏ល្អ របស់​ព្រះរាជា ​ក្នុងលោក​នេះ ជាសេះ​បរិបូណ៌ ដោយសម្បុរ ១ បរិបូណ៌​ដោយ​កម្លាំង ១ បរិបូណ៌ដោយ​សន្ទុះ ១។  ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ របស់ព្រះរាជា ដែល​ប្រកប​ដោយអង្គ ៣ នេះឯង ជាសេះ​គួរ​ដល់​ព្រះរាជា ជាសេះ​ព្រះរាជទ្រព្យ ដល់​នូវ​ការ​រាប់ថា ជាអង្គ​របស់​ព្រះរាជា។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​ប្រកប​ដោយ​ធម៌ ​៣ យ៉ាង ជាអ្នក​គួរ​ទទួល នូវ​របស់​ដែល​គេនាំមក​បូជា គួរ​ទទួល​នូវ​របស់​ ដែល​គេបម្រុង​ទទួល​ភ្ញៀវ គួរ​ទទួល​នូវ​ទក្ខិណា​ទាន គួរ​ដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏​ប្រសើរ​បំផុត របស់​សត្វ​លោក​ ក៏​យ៉ាង​នោះដែរ។  ប្រកប​ដោយធម៌​ ៣យ៉ាង ​តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​បរិបូណ៌ដោយ​សម្បុរ​១ បរិបូណ៌​ដោយកម្លាំង​១ បរិបូណ៌​ដោយ​សន្ទុះ​១។  ម្នាល​ភិក្ខុទាំងឡាយ ចុះភិក្ខុដែល​បរិបូណ៌​ដោយ​សម្បុរ តើដូច​ម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជា​អ្នកមាន​សីល ​សង្រួម​ក្នុង​បាតិ​មោក្ខ​សំវរៈ បរិបូណ៌ដោយ​អាចារៈ និង​គោចរៈ ជាអ្នក​ឃើញ​នូវ​ភ័យ ក្នុង​ទោស​សូម្បី​យាង​តូច សមាទានសិក្សា ក្នុង​សិក្ខាបទ​ទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នកបរិបូណ៌​ដោយ​សម្បុរ យ៉ាងនេះ​ឯង។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​បរិបូណ៌​​ដោយកម្លាំង តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនានេះ ជាអ្នក​ប្រារព្ធ​ព្យាយាម ដើម្បីលះ​ពួកធម៌​ ជាអកុសល ដើម្បី​ញុំាង​ពួកធម៌​​ ជា​កុសល ​ឲ្យ​បរិបូណ៌ ជាអ្នក​មានកម្លាំង មាន​សេចក្ដី​សង្វាត​យ៉ាង​មាំ មិន​ដាក់​ចុះ នូវ​ធុរៈ​ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​កម្លាំង យ៉ាង​នេះឯង។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុជាអ្នក​បរិបូណ៌​ដោយ​សន្ទុះ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ដឹង​ច្បាស់​តាមពិតថា នេះ​ជា​ទុក្ខ ដឹង​ច្បាស់​តាមពិតថា នេះ​ជា​ហេតុ​នាំ​ឲ្យ​កើត​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះជា​ទីរលត់​ទុក្ខ ដឹង​ច្បាស់​តាមពិត​ថា នេះ​បដិបទា ​ជាដំណើរ​ទៅកាន់​ទីរលត់​ទុក្ខ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយ​សន្ទុះ ​យ៉ាង​នេះឯង។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៣ យ៉ាង​នេះឯង ទើប​ជាអ្នក​គួរ​ទទួលនូវ​របស់ ​ដែល​គេ​នាំមក​បូជា គួរ​ទទួល​នូវរបស់ ​ដែល​គេ​បម្រុង​ទទួល​ភ្ញៀវ គួរ​ទទួល​នូវ​​ទក្ខិណាទាន គួរ​ដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរបំផុត របស់​សត្វ​លោក។

ទុតិយអាជានីយសូត្រទី៦

[៩៩] ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ របស់​ព្រះរាជា ដែល​​ប្រកប​ដោយ​អង្គ ៣ ជាសេះ​គួរ​ដល់​ព្រះរាជា ជាសេះ​ព្រះរាជ​ទ្រព្យ ដល់​នូវ​ការ​រាប់​ថា ជា​អង្គនៃ​ព្រះរាជា។  ប្រកប​ដោយ​អង្គ​ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ​ របស់​ព្រះរាជា​ ក្នុងលោក​នេះ ជាសេះ​បរិបូណ៌ ដោយ​សម្បុរ ១ បរិបូណ៌​ដោយ​កម្លាំង ១ បរិបូណ៌​ដោយ​សន្ទុះ​ ១​។  ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ​ របស់​ព្រះ​រាជា ដែលប្រកប​ដោយ​អង្គ ៣ យ៉ាង​នេះ​ឯង ទើប​ជា​សេះ ​គួរ​ដល់​ព្រះ​រាជា ជាសេះព្រះរាជ​ទ្រព្យ ដល់​នូវ​ការ​រាប់ថា​ ជាអង្គ​នៃព្រះ​រាជា។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​ប្រកប​ដោយ​ធម៌ ​៣ យ៉ាង​ ជាអ្នក​គួ​រទទួល​នូវ​របស់​ដែល​គេនាំមកបូជា។ បេ។  ជាបុញ្ញក្ខេត្ត​ដ៏​ប្រសើរ​បំផុត ​របស់​សត្វ​លោក ក៏​យ៉ាង​នោះដែរ។  ប្រកប​ដោយ​ធម៌ ៣ យ៉ាង ​តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​បរិបូណ៌​ដោយ​សម្បុរ ១ បរិបូណ៌​ដោយកម្លាំង ១ បរិបូណ៌​ដោយ​សន្ទុះ​ ១។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នកបរិបូណ៌ ដោយ​សម្បុរ​ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជា​អ្នក​មាន​សីល​។ បេ។  សមាទាន​សិក្សា ក្នុង​សិក្ខា​បទ​ទាំង​ឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជាអ្នក​បរិបូណ៌​ដោយ​សម្បុរ​ យ៉ាងនេះឯង។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ជា​អ្នក​បរិបូណ៌​ដោយកម្លាំង តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជា​អ្នក​ប្រារព្ធ​ព្យាយាម​។ បេ។  មិន​ដាក់ធុរៈ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ជាអ្នក​បរិបូណ៌ ដោយ​កម្លាំង​ យ៉ាងនេះ​ឯង។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយសន្ទុះ តើ​ដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ បាន​ជាឱ​បបាតិកៈ (ក្នុង​សុទ្ធាវាស) ព្រោះ​អស់​សញ្ញោជនៈ ៥ ជាចំណែក​ខាង​ក្រោម ហើយបរិនិព្វាន​ ក្នុង​សុទ្ធា​វាសនោះ មាន​សភាពមិន​ត្រឡប់​ចាកលោកនោះ​វិញ​ឡើយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​សន្ទុះ ​យ៉ាង​នេះ​ឯង។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ប្រកប​ដោយធម៌ ៣ យ៉ាង​នេះឯង ទើប​ជាអ្នក​គួរទទួល​ នូវ​របស់​ដែល​គេ​នាំមក​បូជា។ បេ។  ជាបុញ្ញក្ខេត្តដ៏​ប្រសើរ​បំផុត របស់​សត្វ​លោក។

តតិយអាជានីយសូត្រទី៧

[១០០] ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជានេយ្យ​ដ៏​ល្អ របស់​ព្រះរាជា ដែល​ ប្រកប​​ដោយ​អង្គ​ ៣ ជាសេះ​គួរ​ដល់​ព្រះរាជា ជាសេះព្រះរាជ​ទ្រព្យ ដល់​នូ​វការ​រាប់​ថា​ ជាអង្គ​របស់​ព្រះរាជា។  ប្រកប​ដោយ​អង្គ​ ៣ តើដូចម្ដេច។ ម្នាល​ភិក្ខុទាំងឡាយ សេះ​អាជា​នេយ្យ​ដ៏​ល្អ របស់​ព្រះរាជា ​ក្នុង​លោក​នេះ ជា​សេះ​បរិបូណ៌​ដោយ​សម្បុរ​១ បរិបូណ៌​ដោយកម្លាំង ​១ បរិបូណ៌​ដោយ​សន្ទុះ ១។  ម្នាល​ភិក្ខុទាំងឡាយ សេះ អាជា​នេយ្យ​ដ៏​ល្អ របស់ព្រះរាជា​ ដែល​ប្រកប​ដោយ​អង្គ ៣ នេះឯង ទើប​ជា​សេះ គួរ​ដល់​ព្រះ​រាជា ជាសេះ​ព្រះរាជ​ទ្រព្យ ដល់​នូវ​ការរាប់​ថា ជាអង្គ​របស់​ព្រះរាជា។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​ប្រកប​ដោយ​ធម៌ ​៣​យ៉ាង​ ជា​អ្នក​គួរ​ទទួល​នូវ​របស់​ ដែល​គេ​នាំ​មក​បូជា។ បេ។  ជាបុញ្ញក្ខេត្ត​ដ៏​ប្រសើរ​បំផុត របស់​សត្វលោក ​ក៏​យ៉ាង​នោះ​ដែរ។ ​ប្រកប​ដោយ​ធម៌​ ៣ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ជាអ្នក​បរិបូណ៌​ដោយ​សម្បុរ​ ១ បរិបូណ៌ដោយ​កម្លាំង​ ១ បរិបូណ៌​ដោយ​សន្ទុះ​ ១។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយ​សម្បុរ​ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ជាអ្នក​មាន​សីល។  បេ។  សមាទាន​សិក្សា ក្នុង​សិក្ខា​បទទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​បរិបូណ៌​ដោយ​សម្បុរ យ៉ាងនេះ​ឯង។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​បរិបូណ៌ដោយ​កម្លាំង​ តើដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសានានេះ ជាអ្នក​ប្រារព្ធ​ព្យាយាម​។ បេ។  មិនដាក់​ធុរៈ ក្នុង​កុសល​ធម៌​ទាំងឡាយ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​បរិបូណ៌​ដោយ​កម្លាំង​ យ៉ាងនេះឯង។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​បរិបូណ៌​ដោយ​សន្ទុះ តើ​ដូចម្ដេច។  ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ បាន​ធ្វើ​ឲ្យជាក់​ច្បាស់​ សម្រេច​នូវ​ចេតោវិមុត្តិ​ និង​បញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់​ទៅនៃ​អាសវៈ​ទាំងឡាយ ដោយ​ប្រាជ្ញា​ដ៏​ឧត្តមខ្លួន​ឯង ក្នុងបច្ចុប្បន្ន សម្រេច​សម្រាន្ត​នៅ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ដែល​បរិបូណ៌ដោយ​សន្ទុះ​ យ៉ាង​នេះឯង។  ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ដែល​ប្រកប​ដោយធម៌ ៣ យ៉ាងនេះ​ឯង ជាអ្នក​គួរ​ទទួល​នូវ​របស់​ដែល​គេនាំមក​បូជា។ បេ។ ជាបុញ្ញក្ខេត្តដ៏​ប្រសើរ​បំផុត​ របស់​សត្វ​លោក។

បោត្ថកសូត្រទី៨

[១០១] ម្នាល​ភិក្ខុទាំងឡាយ សំពត់​ដែល​ត្បាញ​ដោយ​សម្បក​ឈើ ទោះ​បីថ្មី មាន​ពណ៌​អាក្រក់ មាន​សម្ផស្ស​អាក្រក់​ ទាំង​មាន​តម្លៃ​ក៏​តិច ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើ ទោះ​បីជំនំ មានពណ៌អាក្រក់ មានសម្ផស្ស​អាក្រក់ ទាំងមាន​តម្លៃ​​ក៏តិច ម្នាល​ភិក្ខុទាំងឡាយ សំពត់សម្បកឈើ ទោះ​បីចាស់ មានពណ៌អាក្រក់ មាន​សម្ផស្ស​អាក្រក់ ទាំង​មានតម្លៃ​ក៏​តិច។  ម្នាល​ភិក្ខុទាំងឡាយ ពួក​ជន​រមែង​ធ្វើ​នូវសំពត់​សម្បក​ឈើ​ ដ៏​ចាស់​នោះ ឲ្យ​ជាសំពត់​សម្រាប់​ជូត​ឆ្នាំង ឬចោល​លើគំនរ​សម្រាម។  ម្នាល​ភិក្ខុទាំងឡាយ ប្រសិន​បើភិក្ខុ​ខ្ចី​វស្សា ជាអ្នកទ្រុស្តសីល មានធម៌​ដ៏លាមក ក៏​យ៉ាង​នោះដែរ បាន​ជាតថាគត ​ពោលយ៉ាងនេះ ព្រោះភិក្ខុនោះ មាន​សម្បុរ គឺ​គុណអាក្រក់ ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើនោះ មាន​ពណ៌​អាក្រក់​​យ៉ាងណា តថាគត​ ពោលនូវបុគ្គល​នេះ ក៏​យ៉ាង​នោះ​ដែរ។  បើពួក​ជន​ណា សេពគប់​ ចូល​ទៅអង្គុយ​ជិត ក៏​ដល់​នូវ​ទិដ្ឋានុគតិ គឺ យក​បុគ្គល​នោះ ​ជា​បែបយ៉ាង ការ​សេព​គប់ ​ជាដើមនោះ របស់​ជនទាំង​នោះ​ រមែង​ប្រព្រឹត្ត​ទៅ ដើម្បី​មិន​ជា​ប្រយោជន៍ ដើម្បីសេចក្ដី​ទុក្ខ ​អស់​កាល​ជាយូរ​អង្វែង​ បាន​ជាតថាគត​ ពោល​យ៉ាង​នេះ ព្រោះភិក្ខុនោះ​ មាន​សម្ផស្ស​អាក្រក់ ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើ មានសម្ផស្ស​អាក្រក់​ យ៉ាង​ណាមិញ ម្នាល​ភិក្ខុទាំងឡាយ តថាគតពោល នូវ​បុគ្គល​នេះ ក៏យ៉ាង​នោះដែរ។  បើ​បុគ្គល​នោះ ទទួល​ចីវរ បិណ្ឌ​បាត សេនា​សនៈ និង​គិលាន​ប្ប​ច្ចយភេស​ជ្ជបរិក្ខារ របស់​ពួក​ជនណា ការទទួលនោះ មិនមាន​ផល​ច្រើន មិនមាន​អានិសង្សច្រើន ដល់ពួក​ជននោះឡើយ បានជាតថាគត​ ពោល​យ៉ាងនេះ ព្រោះ​បុគ្គល​នោះ មាន​តម្លៃ​តិច ម្នាល​ភិក្ខុទាំងឡាយ សំ​ពត់​សម្បក​ឈើនោះ មាន​តម្លៃ​តិចយ៉ាង​ណា តថាគត​ពោល​នូវ​បុគ្គលនោះ ក៏​យ៉ាង​នោះ​ដែរ។  ម្នាល​ភិក្ខុទាំងឡាយ ប្រសិន​បើ​ភិក្ខុ​ជាកណ្ដាល។ បេ។  ម្នាល​ភិក្ខុទាំងឡាយ ទោះ​បី​ភិក្ខុ​ជាថេរៈ ជាអ្នក​ទ្រុស្ដ​សីល មានធម៌​លាមក​ (​ក៏​យ៉ាង​នោះ​ដែរ) បានជាតថាគត​ពោល​យ៉ាង​នេះ ព្រោះភិក្ខុ​នោះ​ មាន​សម្បុរ គឺគុណអាក្រក់ ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើនោះ មាន​ពណ៌​អាក្រក់​យ៉ាងណា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ពោល​នូវ​បុគ្គល​នេះ ក៏​យ៉ាង​នោះដែរ។ ​បើ​ពួក​ជន​ណា សេពគប់​ ចូល​ទៅអង្គុយ​ជិត ដល់នូវ​ទិដ្ឋា​នុគតិ គឺ​យក​បុគ្គល​នោះ​ ជាបែបយ៉ាង ​ការសេពគប់​ ជាដើម​នោះ​ របស់​បុគ្គល​ទាំង​នោះ រមែង​ប្រពឹត្ត​ទៅ ដើម្បី​មិន​ជាប្រយោជន៍ ដើម្បី​សេចក្ដី​ទុក្ខ​អស់​កាល​ជាយូរ​អង្វែង បាន​ជាតថាគត​ ពោល​យ៉ាងនេះ ព្រោះ​បុគ្គល​នោះ ​មាន​សម្ផស្សអាក្រក់ ​ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើនោះ មាន​សម្ផស្ស​អាក្រក់ យ៉ាងណាមិញ តថាគត​ ពោល​នូវ​បុគ្គល​នេះ ក៏​យ៉ាង​នោះ​ដែរ។  បើ​បុគ្គល​នោះ​ ទទួលចីវរ បិណ្ឌ​បាត សេនា​សនៈ និង​គិលាន​ប្បច្ចយ​ភេស​ជ្ជបរិក្ខារ របស់​ពួកជន​ណា ការ​ទទួល​នោះ មិន​មាន​ផល​ច្រើន មិន​មាន​អានិស្ស​ច្រើន ដល់​ពួក​ជន​នោះ​ឡើយ បានជាតថាគត​ ពោល​យ៉ាង​នេះ ព្រោះ​បុគ្គល​នោះ មាន​តម្លៃ​តិច ម្នាល​ភិក្ខុទាំងឡាយ សំពត់​សម្បក​ឈើនោះ មានតម្លៃតិច យ៉ាងណាមិញ ម្នាល​ភិក្ខុទាំងឡាយ តថាគត ​ពោល​នូវ​បុគ្គល​នេះ ក៏​យ៉ាងនោះ​ដែរ។  ម្នាល​ភិក្ខុ​ទាំងឡាយ បើ​ភិក្ខុ​ជាថេរៈនេះ មានសភាព​យ៉ាងនេះ ពោល​ក្នុង​កណ្ដាល​ជំនុំ​សង្ឃ ពួក​ភិក្ខុ​បាន​និយាយ​ទៅនឹងភិក្ខុ​ជាថេរៈនោះ យ៉ាងនេះថា ប្រយោជន៍អ្វី ដោយ​ពាក្យ​ដែល​លោក​ភិក្ខុ​ល្ងង់ ​មិន​ឈ្លាស និយាយ​ហើយ ទាំង​ខ្លួន​លោក ​ក៏​ចេះ​បាន​ត្រឹម​​តែពាក្យ​ ដែល​ខ្លួន​ត្រូវ​និយាយ (ប៉ុណ្ណោះទេ)។  ភិក្ខុ​ជាថេរៈនោះ ក៏​ក្រោធ​ខឹង អាក់​អន់​ចិត្តសង្ឃ​ បោះបង់​ខ្លួន​ចោល​ដោយ​វាចា​យ៉ាងណា ក៏​បញ្ចេញ​វាចា​យ៉ាង​នោះ ដូច​គេចោលសំពត់​សម្បក​ឈើ​នោះ​ លើ​គំនរ​សម្រាម។  ម្នាល​ភិក្ខុទាំងឡាយ សំពត់កាសិក ទោះ​ថ្មី ​មានពណ៌​ល្អ មាន​សម្ផស្ស​ក៏​ស្រួល ទាំង​មាន​តម្លៃ​ក៏​ច្រើន ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិក ​ទោះជំនំ មានពណ៌​ល្អ​ មានសម្ផស្ស​ក៏ស្រួល​ទាំងមាន​តម្លៃ​ក៏​ច្រើន​ ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិក​ ទោះចាស់ មាន​ពណ៌​ល្អ មាន​សម្ផស្ស​ក៏​ស្រួល ទាំង​មាន​តម្លៃ​ក៏​ច្រើន។  ម្នាល​ភិក្ខុទាំងឡាយ សំពត់​កាសិក បើ​ទុក​ជាចាស់ ក៏​ពួក​ជន ​រមែង​ធ្វើ​នូ​វសំពត់នោះ ឲ្យ​ជាសំពត់​សម្រាប់​រុំ​កែវ ឬ​ដាក់​ចុះ​ក្នុង​ខួច​ សម្រាប់​ដាក់​គ្រឿង​ក្រអូបដែរ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​ខ្ចីវស្សា បើ​ជាអ្នក​មាន​សីល មាន​ធម៌​ដ៏ល្អ ក៏​យ៉ាង​នោះ​ដែរ បានជា​តថាគត​ ពោល​យ៉ាង​នេះ ព្រោះ​ភិក្ខុ​នោះ​ មានសម្បុរ​ គឺគុណ​ដ៏​ល្អ ម្នាល​ភិក្ខុទាំងឡាយ សំពត់កាសិក