វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |៣២|៣៣|៣៤|៣៥|៣៦| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

សំយុត្តនិកាយ ខន្ធវារវគ្គ ឆដ្ឋភាគ

ភាគ ៣៤

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ខន្ធសំយុត្ត

អន្តវគ្គ

[១] ក្រុងសាវត្ថី។បេ។ ក្នុងទីនោះឯង។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ អន្តៈ (ចំណែក) នេះ មាន៤យ៉ាង។ អន្តៈ៤យ៉ាង តើដូចម្តេច។ អន្តៈ គឺសក្កាយ១ អន្តៈ គឺហេតុឲ្យកើតឡើង នៃសក្កាយ១ អន្តៈ គឺសេចក្តីរលត់ នៃសក្កាយ១ អន្តៈ គឺបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ១។

[២] ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺសក្កាយ តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទានក្ខន្ធ​ ទាំង៥។ ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អន្តៈ គឺសក្កាយ។

[៣] ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺហេតុឲ្យកើតឡើង នៃសក្កាយ តើដូចម្តេច។ តណ្ហា​ណា ដែលតាក់តែង នូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកអរ មាន​សេចក្តី​រីករាយ ក្នុងអារម្មណ៍នោះៗ។ តណ្ហា តើដូចម្តេច។ គឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា អន្តៈ គឺហេតុឲ្យកើតឡើង នៃសក្កាយ។

[៤] ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺសេចក្តីរលត់នៃសក្កាយ តើដូចម្តេច។ សេចក្តីវិនាស និង​សេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ ករិយារលាស់ចោល នូវតណ្ហានោះ កិរិយា​រួចចាកតណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា អន្តៈ គឺសេចក្តីរលត់នៃសក្កាយ។

[៥] ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺបដិបទាជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ តើ​ដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ តើដូចម្តេចខ្លះ។ គឺសេចក្តីយល់ត្រូវ១ សេចក្តី​ត្រិះរិះ​ត្រូវ១ ការនិយាយត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាមត្រូវ១ សេចក្តី​រឭក​ត្រូវ១ ការតម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អន្តៈ គឺ​បដិបទា ជាដំណើរ​ទៅកាន់​សេចក្តីរលត់ នៃសក្កាយ។ ម្នាលភិក្ខុទាំងឡាយ នេះឯង ជាអន្តៈ (ចំណែក) ទាំង៤យ៉ាង។

[៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវទុក្ខផង នូវហេតុឲ្យកើត​ឡើង ​នៃទុក្ខផង នូវសេចក្តីរលត់ នៃទុក្ខផង នូវបដិបទា ជាដំណើរទៅកាន់​សេចក្តីរលត់ នៃទុក្ខផង ដល់​អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវសេចក្តីនោះចុះ។

[៧] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខ តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទានក្ខន្ធទាំង៥។  ចុះ​ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា ទុក្ខ។

[៨] ម្នាលភិក្ខុទាំងឡាយ ចុះហេតុឲ្យកើតឡើងនៃទុក្ខ តើដូចម្តេច។ តណ្ហាណា ដែល​តាក់​តែងនូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកអរ មានសេចក្តីរីករាយ ក្នុង​អារម្មណ៍​នោះៗ។ តណ្ហា តើដូចម្តេច។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ហេតុឲ្យកើតឡើងនៃទុក្ខ។

[៩] ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់នៃទុក្ខ តើដូចម្តេច។ សេចក្តីវិនាស និងសេចក្តី​រលត់​មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ ករិយារលាស់ចោល នូវតណ្ហានោះ កិរិយា​រួច​ចាក​តណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តី​រលត់នៃទុក្ខ។

[១០] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទាជាដំណើរទៅកាន់សេចក្តីរលត់នៃទុក្ខ តើដូច​ម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ តើដូចម្តេចខ្លះ។ គឺសេចក្តី​យល់​ត្រូវ១។បេ។ ការតម្កល់​ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់​សេចក្តីរលត់​នៃទុក្ខ។

[១១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវសក្កាយផង នូវហេតុ​ឲ្យកើត​ឡើង នៃសក្កាយផង នូវសេចក្តីរលត់ នៃសក្កាយផង នូវ​បដិបទា ជាដំណើរទៅ​កាន់​សេចក្តី​រលត់ នៃសក្កាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[១២] ម្នាលភិក្ខុទាំងឡាយ ចុះសក្កាយ តើដូចម្តេច។ គប្បីឆ្លើយថា ឧបាទានក្ខន្ធទាំង៥។  ឧបាទានក្ខន្ធ ទាំង៥ តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា សក្កាយ។

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះហេតុឲ្យកើតឡើងនៃសក្កាយ តើដូចម្តេច។ តណ្ហាណា ដែលតាក់តែង នូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកអរ មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ។ តើដូចម្តេចខ្លះ។ គឺកាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ហេតុឲ្យកើតឡើង នៃសក្កាយ។

[១៤] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសក្កាយ តើដូចម្តេច។ សេចក្តីវិនាស និង​សេចក្តី​រលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ កិរិយារលាស់ចោល នូវតណ្ហានោះ កិរិយា​រួចចាកតណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា។ ម្នាលភិក្ខុទាំងឡាយ នេះ​ហៅថា សេចក្តីរលត់ នៃសក្កាយ។

[១៥] ម្នាលភិក្ខុទាំងឡាយ ចុះបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ នៃសក្កាយ តើ​ដូច​ម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ ប្រការនេះឯង។ តើដូចម្តេចខ្លះ។ គឺសេចក្តី​យល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១។បេ។ ការ​តម្កល់ចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅ​កាន់សេចក្តីរលត់​ នៃសក្កាយ។

[១៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវធម៌ ដែលបុគ្គល​គប្បី​កំណត់​ដឹងផង នូវការកំណត់ដឹងផង នូវបុគ្គលអ្នកកំណត់ដឹងផង អ្នកទាំងឡាយ ចូរស្តាប់ នូវ​សេចក្តីនោះចុះ។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលបុគ្គលគប្បីកំណត់ដឹង តើដូចម្តេច។ ម្នាល​ភិក្ខុ​ទាំង​ឡាយ រូបជាធម៌ ដែលបុគ្គលគប្បីកំណត់ដឹង។ វេទនា។ សញ្ញា។ សង្ខារ​ទាំង​ឡាយ។ វិញ្ញាណ ជាធម៌ដែលបុគ្គលគប្បីកំណត់ដឹង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌​ដែល​បុគ្គលគប្បីកំណត់ដឹង។

[១៨] ម្នាលភិក្ខុទាំងឡាយ ចុះការកំណត់ដឹង តើដូចម្តេច។ ការអស់ទៅនៃរាគៈ ការ​អស់ទៅ នៃទោសៈ ការអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ការកំណត់ដឹង។

[១៩] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកកំណត់ដឹង តើដូចម្តេច។ គប្បីឆ្លើយថា ព្រះ​អរហន្ត។ គឺលោកមានអាយុណា មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះហៅថា បុគ្គលអ្នកកំណត់ដឹង។

[២០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង ។ ៥យ៉ាង តើ​ដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ​ព្រាហ្មណ៍​ណានីមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញ ឧបាទានក្ខន្ធ ទាំង៥នេះផង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ទាំងនុ៎ះ តថាគត មិនបានសន្មតថាជាសមណៈ ក្នុងពួកសមណៈផង មិនសន្មតថា​ជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង អ្នកទាំងនោះ រមែងមិនធ្វើឲ្យជាក់ច្បាស់ មិនសម្រេច ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍ នៃសមណភាព ឬប្រយោជន៍ នៃព្រាហ្មណ​ភាពទេ។

[២១] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវ​អានិសង្សផង នូវទោសផង នៃឧបាទានក្ខន្ធទាំង៥នេះ នូវការរលាស់ចេញ​ឧបាទានក្ខន្ធ ទាំង​៥នេះផង។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះឯង តថាគត សន្មត​ថា​ជា​សមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង អ្នកទាំងនោះ រមែង​ធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវ​ប្រយោជន៍ នៃសមណភាព ឬប្រយោជន៍ នៃព្រាហ្មណភាព។

[២២] ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ៥យ៉ាង តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ណានីមួយ មិនដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើងផង នូវសេចក្តីអស់ទៅផង នូវអានិសង្ស​ផង នូវទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញឧបាទានក្ខន្ធ ទាំង៥នេះ​ផង។បេ។ ដឹងច្បាស់។បេ។ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយ​ប្រាជ្ញាដ៏ឧត្តម ​ដោយខ្លួនឯង។

[២៣] ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ៥យ៉ាង តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក ដឹង​ច្បាស់តាមពិត នូវសេចក្តីកើតឡើងផង សេចក្តីអស់ទៅផង អានិសង្សផង ទោសផង នៃ​ឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញឧបាទានក្ខន្ធ ទាំង៥នេះផង។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ជាទីប្រព្រឹត្តទៅក្នុងខាងមុខ។

[២៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ៥យ៉ាង តើដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ កាលណា​បើភិក្ខុដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើងផង សេចក្តីអស់ទៅផង អានិសង្សផង ទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញឧបាទានក្ខន្ធ ទាំង៥នេះផង ហើយរួចស្រឡះ ដោយ​មិនបានប្រកាន់មាំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា អរហន្តខីណាស្រព មាន​មគ្គ​ព្រហ្មចរិយៈ ប្រព្រឹត្តគ្រប់គ្រាន់ហើយ មានសោឡសកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានសញ្ញោជនៈក្នុងភព គឺតណ្ហាអស់ហើយ ជាអ្នករួចស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ។

[២៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់​រំលើង​ឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មាន​សភាព​មិនកើត​ឡើងតទៅបាន ជាពុំខាន សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តី​រីករាយ​ណា សេចក្តីប្រាថ្នាណា ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ។ ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរ​លះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខ​ជាអ្នក​ទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើ​ឲ្យលែងមានបែបភាព មានសភាពមិនកើតឡើងតទៅបាន ជាពុំខាន។

[២៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ [ជាឈ្មោះ នៃតណ្ហា និងទិដ្ឋិ។] និងឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេកនៅ នៃចិត្តណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តី​ពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យ​លែង​មាន​បែបភាព មានសភាពមិនកើតទៀត តទៅបាន ជាពុំខាន។ ក្នុងវេទនា។ ក្នុងសញ្ញា។ សេចក្តី​ពេញចិត្ត​ណា ក្នុងសង្ខារ។បេ។ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជា​អ្នកទាំងឡាយ នឹង​លះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែង​មានបែប​ភាព មានសភាពមិនកើតទៀត តទៅបាន ជាពុំខាន។ សេចក្តីពេញចិត្តណា សេចក្តី​ត្រេក​អរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ ជា​ទី​អង្គុយ ជាទីដេកនៅ នៃចិត្តណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើម​នោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់​រំលើង​ឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាព​មិនកើតទៀត តទៅបាន ជាពុំខាន។

ចប់ អន្តវគ្គ ទី១ ។

ឧទ្ទាននៃអន្តវគ្គនោះ គឺ

និយាយអំពីអន្តៈ គឺចំណែក ១ ទុក្ខ ១ សក្កាយ ១ ធម៌ដែលបុគ្គលគប្បីកំណត់ដឹង ១ ពួក​សមណព្រាហ្មណ៍ មាន២លើក សោតាបន្នបុគ្គល ១ ព្រះអរហន្ត ១ បុគ្គលលះបង់​នូវសេចក្តី​ពេញចិត្ត ២លើក។

ធម្មកថិកវគ្គ

[២៧] ក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះ​ភិក្ខុ​នោះ អង្គុយហើយ បានក្រាបទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា បពិត្រព្រះអង្គដ៏ចម្រើន អវិជ្ជា តើដូចម្តេច បុគ្គល​ប្រកប​ដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់នូវរូប មិនដឹងច្បាស់ នូវហេតុនាំឲ្យកើតរូប មិនដឹងច្បាស់ នូវសេចក្តីរំលត់រូប មិន​ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់រូប។ មិនដឹងច្បាស់ នូវវេទនា។ មិនដឹងច្បាស់ នូវសញ្ញា។ មិនដឹងច្បាស់ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់ នូវវិញ្ញាណ។បេ។ មិនដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់វិញ្ញាណ។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា បុគ្គល​ប្រកប​ដោយអវិជ្ជា ដោយហេតុយ៉ាងនេះ។

[២៨] ក្រុងសាវត្ថី។ លុះភិក្ខុនោះអង្គុយក្នុង​ទីដ៏សមគួរហើយ បាន​ក្រាបទូល​សួរ​ព្រះមាន​ព្រះ​ភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វិជ្ជា វិជ្ជា បពិត្រព្រះអង្គ​ដ៏ចម្រើន វិជ្ជា តើ​ដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ អរិយ​សាវ័ក ក្នុងលោកនេះ ជាអ្នក​ចេះដឹង រមែងដឹងច្បាស់នូវរូប នូវហេតុ​នាំឲ្យកើតរូប។បេ។ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់​សេចក្តី​រំលត់​រូប។ នូវវេទនា។ នូវសញ្ញា។ ដឹងច្បាស់ នូវសង្ខារទាំងឡាយ។បេ។ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់សេចក្តីរំលត់វិញ្ញាណ។ ម្នាលភិក្ខុ នេះហៅថា វិជ្ជា បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះ។

[២៩] ក្រុងសាវត្ថី។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាបទូល​សួរ​ព្រះមាន​ព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ធម្មកថិក ធម្មកថិក បពិត្រព្រះអង្គដ៏ចម្រើន ធម្មកថិក តើដោយហេតុយ៉ាងណា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាម​ធម៌ ដោយហេតុយ៉ាង ភិក្ខុ​អ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដោយហេតុយ៉ាងណា។ ម្នាល​ភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តី​រំលត់​រូប ទើបគួរហៅថា ភិក្ខុ​ជាធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី​សេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរ​តាមធម៌។ ម្នាលភិក្ខុ បើភិក្ខុ​រួច​ផុត​ស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរលត់ ព្រោះមិនបានប្រកាន់នូវ​រូប ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ បើវេទនា។បេ។ ម្នាល​ភិក្ខុ បើសញ្ញា។ ម្នាលភិក្ខុ បើសង្ខារទាំងឡាយ។ ម្នាលភិក្ខុ បើភិក្ខុសំដែងធម៌ ដើម្បី​សេចក្តី​នឿយ​ណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តី​រំលត់រូប ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាល​ភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់​វិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរ​តាមធម៌។ ម្នាលភិក្ខុ បើភិក្ខុរួចផុតស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរំលត់ ព្រោះមិនបានប្រកាន់ នូវវិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។

[៣០] ក្រុងសាវត្ថី។ លុះភិក្ខុនោះអង្គុយ​ក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមាន​ព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ធម្មកថិក ធម្មកថិក បពិត្រ​ព្រះអង្គ​ដ៏ចម្រើន ធម្មកថិក តើដោយហេតុយ៉ាងណា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរតាមធម៌ ដោយហេតុយ៉ាង ភិក្ខុ​អ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ បើភិក្ខុសម្តែងធម៌ ដើម្បី​សេចក្តី​នឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុ​ជា​ធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បី​សេចក្តីរំលត់រូប ទើបគួរហៅថា ភិក្ខុអ្នកប្រតិបត្តិធម៌ សមគួរ​តាមធម៌។ ម្នាលភិក្ខុ បើភិក្ខុរួច​ស្រឡះ ព្រោះនឿយណាយ ព្រោះប្រាសចាកតម្រេក ព្រោះសេចក្តីរំលត់ ព្រោះមិនបានប្រកាន់នូវ​រូប ទើបគួរហៅថា ភិក្ខុអ្នកដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុ បើវេទនា។បេ។ ម្នាលភិក្ខុ បើសញ្ញា។ ម្នាលភិក្ខុ បើសង្ខារទាំងឡាយ។ ម្នាលភិក្ខុ បើភិក្ខុសំដែងធម៌ ដើម្បី​សេចក្តីនឿយ​ណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តី​រំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុជាធម្មកថិក។ ម្នាលភិក្ខុ បើភិក្ខុប្រតិបត្តិ ដើម្បីសេចក្តី​នឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីសេចក្តី​រំលត់វិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នក​ប្រតិបត្តិធម៌ សមគួរតាមធម៌។ ម្នាលភិក្ខុ បើភិក្ខុរួចស្រឡះ ព្រោះនឿយណាយ ព្រោះប្រាស​ចាកតម្រេក ព្រោះសេចក្តីរំលត់ ព្រោះមិនបានប្រកាន់ នូវវិញ្ញាណ ទើបគួរហៅថា ភិក្ខុអ្នក​ដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន។

[៣១]  ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិន​បាន​ឃើញ​ពួកព្រះអរិយៈ។បេ។ មិនបានសិក្សាក្នុងធម៌របស់សប្បុរស រមែង​ពិចារណា​ឃើញ​នូវរូប ថា​ជា​ខ្លួន​ខ្លះ នូវខ្លួន ថាមានរូបខ្លះ នូវរូប ថាមានក្នុងខ្លួនខ្លះ នូវខ្លួន ថាមានក្នុងរូបខ្លះ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺរូប ជាប់​ដោយ​ចំណង​ទាំង​ខាងក្នុង ទាំងខាងក្រៅ ជាអ្នកមិនឃើញនូវឆ្នេរ គឺវដ្តៈ មិនឃើញនូវត្រើយ គឺព្រះ​និព្វាន រមែង​ចាស់​ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោក​ខាងមុខ ទាំងជាប់ចំណង។ ពិចារណាឃើញ នូវវេទនា ថាជាខ្លួនខ្លះ។បេ។ នូវខ្លួន ថាមានក្នុង​វេទនាខ្លះ។  ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់ដោយចំណង គឺ​វេទនា ជាប់​ដោយ​ចំណងទាំងខាងក្នុង ទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិនឃើញ​នូវត្រើយ រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាក​លោកនេះ ទៅកាន់លោក​ខាងមុខ ទាំងជាប់ចំណង។ ពិចារណាឃើញនូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណ ថាជា​ខ្លួន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជន អ្នកមិនចេះដឹង ជាប់​ដោយចំណង គឺវិញ្ញាណ ជាប់ដោយចំណងទាំងខាងក្នុង ទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិន​ឃើញ​នូវ​ត្រើយ រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញ​ចាកលោកនេះ ទៅកាន់លោក​ខាងមុខ ទាំងជាប់ចំណង។

[៣២] ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័ក ជាអ្នកចេះដឹង បានឃើពួក​ព្រះ​អរិយៈ។បេ។ បានសិក្សាក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញ នូវរូប ថាជាខ្លួនខ្លះ  នូវខ្លួន​ ថាមានរូបខ្លះ នូវរូប ថាមានក្នុងខ្លួនខ្លះ នូវខ្លួន ថាមានក្នុងរូបខ្លះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក អ្នកចេះដឹង មិនជាប់ដោយចំណង គឺរូប មិនជាប់​ដោយចំណង​ទាំងខាងក្នុង ទាំងខាងក្រៅ ឃើញនូវឆ្នេរ ឃើញនូវត្រើយ តថាគតពោលថា អរិយសាវ័កនោះ ផុត​ស្រឡះចាកទុក្ខ។បេ។ មិនពិចារណាឃើញនូវសញ្ញា។ មិន​ពិចារណាឃើញ នូវសង្ខារ​ទាំង​ឡាយ។ មិនពិចារណាឃើញ នូវវិញ្ញាណ ថាជាខ្លួន។បេ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក អ្នកចេះដឹង មិនជាប់ដោយចំណង គឺវិញ្ញាណ មិនជាប់ដោយចំណងទាំងខាងក្នុង ទាំង​ខាងក្រៅ ឃើញនូវឆ្នេរ ឃើញនូវត្រើយ តថាគតពោលថា អរិយសាវ័កនោះ ផុតស្រឡះ​ចាកទុក្ខ។

[៣៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ពិចារណាឃើញ នូវរូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញ​តាមពិត នូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិន​មែនជា​អញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ អ្នកទាំងឡាយ ពិចារណាឃើញ នូវវេទនា។ នូវ​សញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជា​ខ្លួន​របស់អញ​ដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាមពិត នូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែន​របស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។បេ។ កាលបើ​ឃើញយ៉ាង​នេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមាន​ឡើយ។

[៣៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច អ្នកទាំងឡាយ ពិចារណាឃើញ នូវរូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិន​មែនជា​អញ នុ៎ះមិនមែនជាខ្លួនរបស់អញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវ​ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាមពិត នូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះ​ថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ។ អ្នកទាំងឡាយ ពិចារណាឃើញ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ នូវវិញ្ញាណថា នុ៎ះមិន​មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរឃើញតាម​ពិត នូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែន​ជាខ្លួនរបស់អញទេ។បេ។ កាលបើឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនា​កិច្ច​ដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៣៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងនូវពួកធម៌ ជាបច្ច័យ​របស់​សញ្ញោជនៈផង នូវតួសញ្ញោជនៈផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះពួកធម៌ ជាបច្ច័យរបស់សញ្ញោជនៈ ដូចម្តេច តួសញ្ញោជនៈ ដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ  រូប ជាធម៌ដែលជាបច្ច័យ របស់សញ្ញោជនៈ សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តី​ត្រេកត្រអាលនោះ ក្នុងរូបនោះ ឈ្មោះថា តួសញ្ញោជនៈ។ វេទនា។បេ។ សញ្ញា។ សង្ខារ​ទាំងឡាយ។ វិញ្ញាណ ជាធម៌ដែលជាបច្ច័យ របស់សញ្ញោជនៈ សេចក្តី​ត្រេកត្រអាលណា ក្នុង​វិញ្ញាណ​នោះ សេចក្តីត្រេកត្រអាលនោះ ក្នុងវិញ្ញាណនោះ ឈ្មោះថា តួសញ្ញោជនៈ។ ម្នាលភិក្ខុ​ទាំងឡាយ នេះហៅថា ពួកធម៌ជាបច្ច័យរបស់សញ្ញោជនៈ នេះ ជា តួសញ្ញោជនៈ ។

[៣៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹង​សម្តែងនូវពួកធម៌ ជាបច្ច័យ​របស់​ឧបាទានផង នូវតួឧបាទានផង អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ ​ជាបច្ច័យរបស់ឧបាទាន ដូចម្តេច តួឧបាទាន ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ  រូប ជាធម៌ដែលជាបច្ច័យរបស់ឧបាទាន សេចក្តីត្រេកត្រអាលណា ក្នុងរូបនោះ សេចក្តីត្រេក​ត្រអាលនោះ ក្នុងរូបនោះ ឈ្មោះថា តួឧបាទាន។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ជាធម៌ដែលជាបច្ច័យរបស់ឧបាទាន សេចក្តីត្រេកត្រអាលណា ក្នុងវិញ្ញាណនោះ សេចក្តី​ត្រេកត្រអាលនោះ ក្នុងវិញ្ញាណនោះ ឈ្មោះថា តួឧបាទាន ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ពួកធម៌ជាបច្ច័យ របស់ឧបាទាន នេះជាតួឧបាទាន។

[៣៧] សម័យមួយព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅ​ក្នុង​ឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ ព្រះមហាកោដ្ឋិតៈមានអាយុ ចេញចាក​ទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្តមានអាយុ។បេ។ បាន​ពោលពាក្យ​នេះ​ថា ម្នាលអាវុសោសារីបុត្ត ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះ​ធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះ​ឧបាទានក្ខន្ធ ទាំង៥ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជា​របស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ឧបាទានក្ខន្ធ ទាំង៥ ដូចម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។  ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុអ្នកមានសីល គួរធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​ប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជា​ជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាល​អាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុមានសីល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលបាន។

[៣៨] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសោតាបន្ន គួរធ្វើទុកក្នុងចិត្ត ដោយ​ឧបាយ​ប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសោតាបន្ន ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាសោតាបន្ន កាលធ្វើទុកក្នុងចិត្ត ដោយ​ឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផលបាន។

[៣៩] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសកទាគាមី គួរធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសកទាគាមី ក៏គួរធ្វើទុក​ក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាសកទាគាមី កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលបាន។

[៤០] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាអនាគាមី គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះ​ធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាអនាគាមី ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុជាអនាគាមី កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផលបាន។

[៤១] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាព្រះអរហន្ត គួរធ្វើទុកក្នុងចិត្ត ដោយឧបាយ​ប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាព្រះអរហន្ត ក៏គួរធ្វើទុក​ក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែន​ខ្លួន។ ម្នាលអាវុសោ សេចក្តី​សន្សំរបស់ភិក្ខុជាព្រះអរហន្ត ដែលធ្វើករណីកិច្ចតទៅទៀត ឥតមានទេ ប៉ុន្តែធម៌​ទាំង​នេះ ដែលព្រះអរហន្ត បានចម្រើន បានធ្វើរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង។

[៤២] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុង​ឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះកោដ្ឋិតៈមានអាយុ ចេញចាក​ទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះសារីបុត្រមានអាយុ លុះចូល​ទៅដល់​ហើយ។បេ។ បានពោលពាក្យនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុមានសេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេច។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុ​មាន​សេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិន​ទៀង។បេ។ ជារបស់មិនមែនខ្លួន។ ឧបាទានក្ខន្ធ ទាំង៥ ដូចម្តេច។ គឺរូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលអាវុសោ កោដ្ឋិតៈ ភិក្ខុមានសេចក្តីចេះដឹង គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ  ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុមានសេចក្តីចេះដឹង កាលធ្វើ​ទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលបាន។

[៤៣] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាសោតាបន្ន គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូច​ម្តេចទៀត។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាសោតាបន្ន ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន។ ម្នាលអាវុសោ ហេតុនេះ តែងមានប្រាកដ គឺត្រង់ដែលភិក្ខុ ជាសោតាបន្ន កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង។បេ។ ជារបស់មិនមែនខ្លួន នឹងធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផលបាន។បេ។ នូវអនាគាមិផលបាន។បេ។ នូវអរហត្ត​ផលបាន។

[៤៤] ម្នាលអាវុសោសារីបុត្ត ចុះភិក្ខុជាព្រះអរហន្ត គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដូចម្តេចទៀត។ ម្នាលអាវុសោ កោដ្ឋិតៈ ទោះបីភិក្ខុជាព្រះអរហន្ត ក៏គួរធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះឧបាទានក្ខន្ធ ទាំង៥នេះ ថាមិនទៀង ជាទុក្ខ ជារោគ ជាបូស ជាសរ ជាជម្ងឺ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សូន្យ ជារបស់មិនមែនខ្លួន។ ម្នាល​អាវុសោ សេចក្តីសន្សំ របស់ភិក្ខុជាព្រះអរហន្ត ដែលធ្វើនូវករណីកិច្ចតទៅទៀត ឥតមានទេ ប៉ុន្តែធម៌ទាំង​នេះ ដែលព្រះអរហន្ត បានចម្រើនហើយ បានធ្វើរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្នផង ដើម្បីសតិសម្បជញ្ញៈផង។

[៤៥] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះកប្បៈមានអាយុ ចូលទៅគាល់​ព្រះមាន​ព្រះ​ភាគ។បេ។ លុះព្រះកប្បៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំ​ទូលព្រះមាន​ព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដឹងដូចម្តេច ឃើញដូចម្តេច បានជា​មិនមាន អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយប្រកបដោយវិញ្ញាណនេះផង ក្នុងនិមិត្ត​ទាំងអស់ ជាខាងក្រៅផង។ ម្នាលកប្បៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណា ដែលមានក្នុងទីឆ្ងាយក្តី ជិតក្តី បុគ្គលឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។ បេ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយ​ណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬវិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ទីជិតក្តី បុគ្គលឃើញវិញ្ញាណទាំងអស់នុ៎ះ ដោយ​ប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិន​មែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែន​ជាខ្លួនរបស់អញ។ ម្នាលកប្បៈ កាលបើ​បុគ្គល ដឹង​យ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិនមាន អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយ​ប្រកប​ដោយ​វិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង។

[៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះព្រះកប្បៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាប​បង្គំ​ទូលព្រះមានព្រះ​ភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបមានចិត្ត​ប្រាសចាក​អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយ​ប្រកប​ដោយ​វិញ្ញាណ​នេះផង ក្នុង​និមិត្ត​ទាំងអស់ ជាខាងក្រៅផង ជាចិត្តកន្លង​ដោយប្រពៃ ចាកចំណែក​នៃ​មានះ រម្ងាប់​នូវកិលេស ផុតស្រឡះចាកកិលេស។ ម្នាលកប្បៈ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន។បេ។ បុគ្គល​ឃើញរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ឈ្មោះថា ជាអ្នករួចស្រឡះ ព្រោះ​មិនមានសេចក្តីប្រកាន់។ វេទនាណានីមួយ។សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬវិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលឃើញ​វិញ្ញាណ​ទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ដូច្នេះហើយ ទើប​ឈ្មោះថា ជាអ្នករួចស្រឡះ ព្រោះមិនមាន​សេចក្តីប្រកាន់។ ម្នាលកប្បៈ បុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមានចិត្តប្រាសចាក អហង្ការមមង្ការ និងមានានុស័យ ក្នុងកាយ​ប្រកប​ដោយ​វិញ្ញាណនេះផង ក្នុងនិមិត្តទាំងអស់ ជាខាងក្រៅផង ជាចិត្តកន្លងដោយប្រពៃ ចាក​ចំណែក​នៃមានះ រម្ងាប់នូវកិលេស ផុត​ស្រឡះ​ចាក​កិលេស។

ចប់ ធម្មកថិកវគ្គ ទី២

ឧទានក្នុងធម្មកថិកវគ្គនោះ គឺ

ពោលអំពីអវិជ្ជា ១ វិជ្ជា ១ ធម្មកថិក ២លើក ចំណង ១ បុគ្គលរួចចាកទុក្ខ ២លើក សញ្ញោជនៈ ១ ឧបាទាន ១ សីល ១ ភិក្ខុមានការចេះដឹង ១ ភិក្ខុឈ្មោះកប្បៈ ២លើក។

អវិជ្ជាវគ្គ

[៤៧] ក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំ​ទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន អវិជ្ជា តើដូចម្តេច។ បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាកភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់តាមពិត នូវរូបដែលកើត​ឡើង​ជាធម្មតាថា រូបកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជាធម្មតាថា រូបសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូបដែលកើតឡើង ហើយសូន្យទៅជាធម្មតាថា រូបកើតឡើងហើយសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើង​ជាធម្មតា​ថា វេទនាកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនា ដែលសូន្យ​ទៅជាធម្មតាថា វេទនា​​សូន្យទៅជាធម្មតា។បេ។ នូវសញ្ញាដែលកើតឡើងជាធម្មតា។បេ។ មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងជាធម្មតា មិន​ដឹង​ច្បាស់​តាមពិត នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតាថា សង្ខារ​ទាំងឡាយ សូន្យទៅជា​ធម្មតា មិនដឹងច្បាស់តាមពិត នូវសង្ខារទាំងឡាយ ដែលកើត​ឡើង ហើយសូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងហើយ សូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើង​ជាធម្មតាថា វិញ្ញាណកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលសូន្យទៅ​ជាធម្មតាថា វិញ្ញាណសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើង ហើយសូន្យទៅជាធម្មតាថា វិញ្ញាណកើតឡើងហើយសូន្យទៅជាធម្មតា។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា ឯបុគ្គលអ្នក​ប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៤៨] កាលព្រះមានព្រះភាគត្រាស់យ៉ាងនេះហើយ ភិក្ខុនោះ ក៏បានក្រាប​បង្គំទូល​ព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វិជ្ជា វិជ្ជា បពិត្រ​ព្រះអង្គ​ដ៏ចម្រើន វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលភិក្ខុ អរិយ​សាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង ដឹងច្បាស់តាមពិត នូវរូបដែលកើតឡើង ជាធម្មតាថា រូបកើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវរូបដែលសូន្យទៅជាធម្មតាថា រូបសូន្យទៅ​ជា​ធម្មតា ដឹងច្បាស់តាមពិត នូវរូបដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា រូប កើតឡើង​ហើយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនាដែលកើតឡើង ជាធម្មតាថា វេទនា​កើតឡើង​ជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនា ដែលសូន្យទៅជាធម្មតាថា វេទនាសូន្យទៅ​ជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វេទនា កើតឡើងហើយ សូន្យទៅជាធម្មតា នូវសញ្ញា ដែលកើតឡើងជាធម្មតា។បេ។ ដឹងច្បាស់​តាមពិត នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងជាធម្មតា ដឹង​ច្បាស់​តាមពិត នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ សូន្យទៅ​ជាធម្មតា ដឹងច្បាស់​តាម​ពិត នូវសង្ខារទាំងឡាយ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងហើយ សូន្យទៅ​ជាធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើង​ជាធម្មតាថា វិញ្ញាណ​កើតឡើង​ជា​ធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតាថា វិញ្ញាណសូន្យទៅជាធម្មតា ដឹងច្បាស់​តាមពិត នូវវិញ្ញាណ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វិញ្ញាណ កើតឡើង​ហើយ សូន្យទៅជាធម្មតា។ ម្នាលភិក្ខុ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយ​ហេតុ​យ៉ាង​នេះឯង។

[៤៩] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅ​ក្នុង​ឥសិបតនមិគទាវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះមហាកោដ្ឋិតៈមានអាយុ ចេញ​ចាក​ទីសម្ងំ ក្នុងសាយណ្ហសម័យ។បេ។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយ​ក្នុងទីដ៏សមគួរ​ហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយ​ហេតុ​យ៉ាង​ណា។ ម្នាល​អាវុសោ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់តាមពិត នូវរូប ដែលកើត​ឡើង​ជាធម្មតាថា រូបកើតឡើងជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូប ដែលសូន្យទៅ ជាធម្មតា​ថា រូបសូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវរូប ដែលកើតឡើងហើយ សូន្យទៅជាធម្មតា​ថា រូប កើតឡើងហើយ សូន្យទៅជាធម្មតា មិនដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើង ជាធម្មតា។បេ។ នូវវេទនា ដែលសូន្យទៅជាធម្មតា។បេ។ នូវវេទនា ដែលកើតឡើងហើយ សូន្យ​ទៅ​ជាធម្មតា។បេ។ នូវសញ្ញា ដែលកើតឡើងជាធម្មតា។បេ។ នូវសង្ខារទាំងឡាយ ដែលកើត​ឡើង​ជាធម្មតា។បេ។ នូវសង្ខារទាំងឡាយ ដែលសូន្យទៅជាធម្មតា។ នូវសង្ខារទាំងឡាយ ដែលកើត​ឡើងហើយ សូន្យទៅជាធម្មតាថា សង្ខារទាំងឡាយ កើតឡើងហើយ សូន្យទៅ​ជាធម្មតា មិនដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើងជាធម្មតា។បេ។ នូវវិញ្ញាណ ដែល​សូន្យ​ទៅជាធម្មតា។ នូវវិញ្ញាណ ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា វិញ្ញាណ កើតឡើង​ហើយ សូន្យទៅជាធម្មតា។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលអ្នក​ប្រកបដោយ​អវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៥០] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុង​ឥសិបតនមិគទាវ័ន ទៀបក្រុងពារាណសី។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយ​ក្នុងទីដ៏សម​គួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យ​ដែល​ហៅ​ថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុ​យ៉ាង​ណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវរូប ដែលកើតឡើង ជាធម្មតាថា រូបកើតឡើងជាធម្មតា ដឹងច្បាស់តាមពិត នូវរូប ដែលសូន្យទៅ ជាធម្មតា។បេ។ នូវរូប ដែលកើតឡើងហើយ សូន្យទៅជាធម្មតាថា រូប កើតឡើងហើយ សូន្យទៅ​ជាធម្មតា ដឹងច្បាស់តាមពិត នូវវេទនា ដែលកើតឡើង ជាធម្មតា។បេ។ នូវសញ្ញា ដែលកើតឡើងជាធម្មតា។បេ។ នូវសង្ខារទាំងឡាយ ដែលកើតឡើងជាធម្មតា។ នូវសង្ខារ​ទាំងឡាយ ដែលសូន្យទៅជាធម្មតា។ នូវសង្ខារទាំងឡាយ ដែលកើតឡើងហើយ សូន្យទៅ​ជា​ធម្មតាថា សង្ខារទាំងឡាយ កើតឡើងហើយ សូន្យទៅជាធម្មតា ដឹងច្បាស់តាមពិត នូវវិញ្ញាណ ដែលកើតឡើងជាធម្មតា។ នូវវិញ្ញាណ ដែលសូន្យទៅជាធម្មតា។ នូវវិញ្ញាណ ដែលកើតឡើង​ហើយ សូន្យទៅជាធម្មតាថា វិញ្ញាណ កើតឡើងហើយ សូន្យទៅជាធម្មតា។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៥១] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោល នឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុ​យ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់​តាមពិត នូវ​អានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង វេទនា។បេ។ សញ្ញា។ សង្ខារ​ទាំងឡាយ។ មិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់​ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៥២] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារ​ទាំងឡាយ។ ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណ​ផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុ​យ៉ាងនេះឯង។

[៥៣] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវការកើត​ឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវ​វេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់ នូវការកើតឡើង និងការ​រលត់​ នូវ​អានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះ​ហៅថា អវិជ្ជា បុគ្គលអ្នកប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៥៤] និទាននោះដដែល។ លុះព្រះមហាកោដ្ឋិតៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ពាក្យដែលហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាល​អាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់តាមពិត នូវការកើតឡើង និង​ការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវ​សញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត នូវការកើតឡើង និងការរលត់ នូវ​អានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះ​ហៅថា វិជ្ជា បុគ្គលអ្នកប្រកបដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៥៥] សម័យមួយ ព្រះសារីបុត្តមានអាយុ និងព្រះមហាកោដ្ឋិតៈមានអាយុ នៅក្នុង​ឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ។បេ។ លុះ​ព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោល​នឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជាតើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នក​មិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់​ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៥៦] កាលព្រះមហាកោដ្ឋិតៈមានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្តមានអាយុ ក៏បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែល​ហៅថា​វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាល​អាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែង ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារ​ទាំងឡាយ។ ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលប្រកបដោយវិជ្ជា ដោយហេតុ​យ៉ាងនេះ​ឯង។

[៥៧] និទាននោះដដែល។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជាតើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់តាមពិត នូវការកើត​​ឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់ចេញ នូវរូបផង នូវ​វេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការ​រលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណផង។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាង​នេះឯង។

[៥៨] កាលដែលព្រះមហាកោដ្ឋិតៈមានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្ត​មានអាយុ ក៏បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែល​ហៅថា វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយ​ហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់​តាមពិត នូវការកើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់រូបផង នូវការរលាស់​ចេញ នូវរូបផង នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់តាមពិត នូវការ​កើតឡើង និងការរលត់ នូវអានិសង្ស និងទោសរបស់វិញ្ញាណផង នូវការរលាស់ចេញ នូវវិញ្ញាណ​ផង។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលប្រកបដោយវិជ្ជា ដោយហេតុ​យ៉ាង​នេះឯង។

[៥៩] និទាននោះដដែល។ លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោកោដ្ឋិតៈ ពាក្យដែលហៅថា អវិជ្ជា អវិជ្ជា ម្នាលអាវុសោ អវិជ្ជាតើដូចម្តេច បុគ្គលប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនចេះដឹង រមែងមិនដឹងច្បាស់នូវរូប មិនដឹងច្បាស់ នូវហេតុ​នាំឲ្យកើតរូប មិនដឹងច្បាស់ នូវការរលត់រូប មិនដឹងច្បាស់ នូវបដិបទា ជាដំណើរ​ទៅកាន់​ការ​រលត់រូប មិនដឹងច្បាស់ នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ មិនដឹងច្បាស់ នូវ​វិញ្ញាណ មិនដឹងច្បាស់ នូវហេតុនាំឲ្យកើតវិញ្ញាណ មិនដឹងច្បាស់ នូវ​ការរលត់​វិញ្ញាណ មិនដឹង​ច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ការរលត់វិញ្ញាណ។ ម្នាលអាវុសោ នេះហៅថា អវិជ្ជា បុគ្គល​ប្រកបដោយអវិជ្ជា ដោយហេតុយ៉ាងនេះឯង។

[៦០] កាលព្រះមហាកោដ្ឋិតៈមានអាយុ ពោលយ៉ាងនេះហើយ ទើបព្រះសារីបុត្ត​មាន​អាយុ បានពោលនឹងព្រះមហាកោដ្ឋិតៈមានអាយុ ដូច្នេះថា ម្នាលអាវុសោ កោដ្ឋិតៈ ពាក្យដែល​ហៅថា​វិជ្ជា វិជ្ជា ម្នាលអាវុសោ វិជ្ជា តើដូចម្តេច បុគ្គលប្រកបដោយវិជ្ជា ដោយហេតុយ៉ាងណា។ ម្នាលអាវុសោ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង រមែងដឹងច្បាស់នូវរូប ដឹងច្បាស់ នូវហេតុ​នាំឲ្យកើតរូប ដឹងច្បាស់នូវការរលត់រូប ដឹងច្បាស់នូវបដិបទា ជាដំណើរ​ទៅកាន់ការ​រលត់រូប ដឹងច្បាស់ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ ដឹងច្បាស់នូវវិញ្ញាណ ដឹងច្បាស់ នូវហេតុនាំឲ្យកើតវិញ្ញាណ ដឹងច្បាស់ នូវការរលត់វិញ្ញាណ ដឹងច្បាស់ នូវបដិបទា ជាដំណើរទៅកាន់ការរលត់វិញ្ញាណ។ ម្នាលអាវុសោ នេះហៅថា វិជ្ជា បុគ្គលប្រកប​ដោយវិជ្ជា ដោយហេតុយ៉ាងនេះឯង។

ចប់ អវិជ្ជាវគ្គ ទី៣ ។

ឧទ្ទានក្នុងអវិជ្ជាវគ្គនោះគឺ

ពោលអំពីការកើតឡើងជាធម្មតា ៣លើក អំពីអានិសង្សដទៃទៀត ២លើក អំពី​ការកើត​ឡើង ២លើក អំពីព្រះកោដ្ឋិតៈដទៃទៀត ៣លើក។

កុក្កុឡវគ្គ

[៦១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ រូបក្តៅ វេទនាក៏ក្តៅ សញ្ញាក៏ក្តៅ សង្ខារទាំង​ឡាយ ក៏ក្តៅ វិញ្ញាណក៏ក្តៅ។ ម្នាលភិក្ខុទាំងឡាយ កាលបើអរិយសាវ័ក អ្នកចេះដឹង បានឃើញ​ច្បាស់ យ៉ាងនេះ ក៏នឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយ​នឹង​សញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង កាលបើ​នឿយណាយ រមែងប្រាសចាកតម្រេក ព្រោះប្រាសចាកតម្រេក ទើបរួចស្រឡះ។ កាលបើ​ចិត្តផុត​ស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។

[៦២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវ​លះបង់​ឆន្ទៈ គឺសេចក្តីពេញចិត្ត ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរូបនោះចេញ។ វេទនាមិន​ទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងវិញ្ញាណ​នោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់​ឆន្ទៈ ក្នុងរបស់នោះចេញ។

[៦៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់​រាគៈ គឺតម្រេក ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែលមិនទៀង ម្នាលភិក្ខុ​ទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងរូបនោះចេញ។ វេទនាមិន​ទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុង​វិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុង​របស់នោះចេញ។

[៦៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់​ឆន្ទ​រាគៈ គឺសេចក្តីត្រេកត្រអាល ក្នុងរបស់នោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះរបស់អ្វី ដែល​មិន​ទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងរូប​នោះ​ចេញ។ វេទនាមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងរបស់នោះចេញ។

[៦៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ របស់ណា ជាទុក្ខ អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរបស់នោះចេញ។បេ។ ត្រូវលះបង់រាគៈចេញ។ ត្រូវលះបង់ឆន្ទរាគៈចេញ។

[៦៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងសភាវៈនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈ​ដូចម្តេច ដែលមិនមែនខ្លួន ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងរូប​នោះចេញ។ វេទនាមិនមែនខ្លួន។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទៈ ក្នុងសភាវៈនោះចេញ។

[៦៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់​រាគៈ ក្នុងសភាវៈនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេច ដែលមិន​មែនខ្លួន ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងរូប​នោះ​ចេញ។ វេទនាមិនមែនខ្លួន។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់រាគៈ ក្នុងសភាវៈនោះចេញ។

[៦៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់​​ឆន្ទរាគៈ ក្នុងសភាវៈនោះចេញ។ ម្នាលភិក្ខុទាំងឡាយ ចុះសភាវៈដូចម្តេច ដែល​មិន​មែន​ខ្លួន ម្នាលភិក្ខុទាំងឡាយ រូបមិនមែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងរូបនោះ​ចេញ។ វេទនាមិនមែនខ្លួន។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណមិនមែនខ្លួន អ្នកទាំង​ឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងវិញ្ញាណនោះចេញ។ ម្នាលភិក្ខុទាំងឡាយ សភាវៈណា មិន​មែនខ្លួន អ្នកទាំងឡាយ ត្រូវលះបង់ឆន្ទរាគៈ ក្នុងសភាវៈនោះចេញ។

[៦៩] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែងមាន អនុធម៌ [អនុធម៌ ប្រែថា ធម៌ស្របតាម, ធម៌សមតាម គឺស្រប, សមតាមភេទ តាមនាទី តាមមុខការរបស់ខ្លួន ដូចអ្នកបួសដោយសទ្ធា តែងនឿយណាយនឹងរូប វេទនា ជាដើម។ អនុធម៌ ជាគូនឹងធម៌ (ធម្មានុធម៌ = ធម៌ និងអនុធម៌), ឯធម៌ មនុស្សគ្រប់ប្រភេទ អាចប្រតិបត្តិ​បាន ដូច ការមិនសម្លាប់សត្វ ជាដើម។] នេះ គឺតែងនៅច្រើន ដោយសេចក្តីនឿយណាយ នឹងរូប។ នឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារទាំងឡាយ។ តែងនៅច្រើន ដោយសេចក្តី​នឿយណាយ នឹងវិញ្ញាណ។ កុលបុត្តណា កាលនៅច្រើន ដោយសេចក្តីនឿយណាយ នឹងរូប។ នឹងវេទនា។ នឹងសញ្ញា។ នឹងសង្ខារទាំងឡាយ។ កាលនៅច្រើន ដោយសេចក្តីនឿយណាយ នឹងវិញ្ញាណ តែងកំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ តែងកំណត់ដឹង នូវវិញ្ញាណ កាលកុលបុត្តនោះ កំណត់ដឹងនូវរូប នូវវេទនា។បេ។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ កាលបើកំណត់ដឹង នូវវិញ្ញាណ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារទាំងឡាយ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស សេចក្តីចង្អៀតចង្អល់ចិត្ត រួចស្រឡះចាកទុក្ខ។

[៧០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែង​មាន​អនុធម៌នេះ គឺតែងឃើញ នូវសេចក្តីមិនទៀង ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ​ទាំងឡាយ។ តែងពិចារណាឃើញ នូវសេចក្តីមិនទៀង ក្នុងវិញ្ញាណ។បេ។ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាកទុក្ខ។

[៧១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែងមានអនុធម៌​នេះ គឺតែងពិចារណាឃើញ នូវសេចក្តីទុក្ខ ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ​ទាំងឡាយ។ តែងពិចារណាឃើញ នូវសេចក្តីទុក្ខ ក្នុងវិញ្ញាណ។បេ។ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាកទុក្ខ។

[៧២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តដែលបួសដោយសទ្ធា តែងមានអនុធម៌​នេះ គឺតែងពិចារណាឃើញថា មិនមែនខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារ​ទាំងឡាយ។ តែងពិចារណាឃើញថា មិនមែនខ្លួន ក្នុងវិញ្ញាណ។ កុលបុត្តណា កាលពិចារណាឃើញថា មិនមែនខ្លួន ក្នុងរូប។ ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ កាលពិចារណាឃើញថា មិនមែនខ្លួន ក្នុងវិញ្ញាណ តែងកំណត់ដឹងនូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ តែងកំណត់ដឹង នូវវិញ្ញាណ កាលកុលបុត្តនោះ កំណត់ដឹង​នូវរូប។ នូវវេទនា។ នូវសញ្ញា។ នូវសង្ខារទាំងឡាយ។ កាលកំណត់ដឹង នូវវិញ្ញាណ តថាគតពោលថា កុលបុត្តនោះ រួចស្រឡះចាករូប រួចស្រឡះចាកវេទនា រួចស្រឡះចាកសញ្ញា រួចស្រឡះចាកសង្ខារទាំងឡាយ រួចស្រឡះចាកវិញ្ញាណ រួចស្រឡះចាកជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ចិត្ត រួចស្រឡះចាកទុក្ខ។

ចប់ កុក្កុឡវគ្គ ទី៤។

ឧទ្ទាននៃកុក្កុឡវគ្គនោះគឺ

ពោលអំពីបញ្ចក្ខន្ធក្តៅ ១ អំពីបញ្ចក្ខន្ធមិនទៀង ៣លើក បញ្ចក្ខន្ធ​ប្រកបដោយ​ទុក្ខ​ដទៃទៀត ៣លើក បញ្ចក្ខន្ធប្រកបដោយអនត្តា ៣លើក កុលបុត្តរួចចាកទុក្ខ ២លើក។

ទិដ្ឋិវគ្គ

[៧៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ទើបសុខ និងទុក្ខ​ក្នុងសន្តានកើតឡើងបាន ព្រោះអាស្រ័យអ្វី។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់​យើងទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ទើបសុខ និងទុក្ខក្នុងសន្តានកើតឡើងបាន ព្រោះអាស្រ័យរូប កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ទើបសុខ និងទុក្ខក្នុងសន្តាន​កើតឡើង​បាន ព្រោះអាស្រ័យវិញ្ញាណ។

[៧៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិន​ទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើសុខ និងទុក្ខក្នុង​សន្តាននឹងកើតឡើង ព្រោះមិនបានអាស្រ័យរបស់នោះបានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់​ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើសុខ និងទុក្ខក្នុងសន្តាន នឹងកើតឡើង ព្រោះមិនបាន​អាស្រ័យ​របស់នោះបានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើឃើញយ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនា​កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៧៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន បុគ្គលអាស្រ័យអ្វី ប្រកាន់​អ្វី ទើបពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ បពិត្រព្រះអង្គ​ដ៏​ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគជាមូល ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប រមែងពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវ​វិញ្ញាណ រមែងពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ។

[៧៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិន​ទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា តើបុគ្គល មិនបាន​ប្រកាន់​នូវរូប​នោះ ហើយគួរពិចារណាឃើញថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិន​ទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ តើបុគ្គល មិនបានប្រកាន់នូវវិញ្ញាណនោះ ហើយគួរពិចារណា​ឃើញ​​​ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាល​ឃើញ​យ៉ាងនេះ។បេ។ រមែងដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។

[៧៧] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន បុគ្គល​អាស្រ័យ​របស់អ្វី ប្រកាន់របស់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាព​មិន​បាន​ប្រែប្រួល។ បពិត្រ​ព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមាន​ព្រះភាគ​ជាមូល ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនបានប្រែប្រួល។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើ​សង្ខារ​ទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិ​កើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នក​ទៀង​ទាត់ ឋិតឋេរ មានសភាពមិនបានប្រែប្រួល។

[៧៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ហេតុនោះដូចម្តេច រូបទៀង ឬមិន​ទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះ​អង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គល​មិនបានអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិគួរកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនប្រែប្រួលដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនអាស្រ័យ នូវ​វិញ្ញាណ​នោះទេ តើទិដ្ឋិគួរកើតឡើង យ៉ាងនេះថា នោះជាខ្លួន នោះជាលោក អាត្មាអញនោះ នឹងទៅកើតក្នុងលោកខាងមុខ ជាអ្នកទៀងទាត់ ឋិតឋេរ មានសភាពមិនប្រែប្រួលដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៧៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន បុគ្គលអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់​អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើត ក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំង​ឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគ ជាមូល ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន បុគ្គលអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន បុគ្គលអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។

[៨០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា បុគ្គលមិនអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិគួរកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់​អាត្មាអញ ក៏នឹងមិនមានដែរ (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើត ក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិ​ក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា ។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យ នូវរបស់នោះទេ តើទិដ្ឋិ គួរកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនមានទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើអរិយសាវ័ក​ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។

[៨១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបមិច្ឆាទិដ្ឋិកើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើង​ទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះ​អាស្រ័យ​នូវរូប ប្រកាន់នូវរូប ទើបមិច្ឆាទិដ្ឋិកើតឡើង។ កាលបើវេទនាមាន។ កាលបើ​សញ្ញា​មាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបមិច្ឆាទិដ្ឋិកើតឡើង។

[៨២] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិន​ទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង។បេ។ ព្រោះមិនអាស្រ័យ នូវរបស់​នោះទេ តើមិច្ឆាទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិន​អាស្រ័យរបស់នោះទេ តើមិច្ឆាទិដ្ឋិគួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើ​អរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡស​កិច្ចនេះទៀត មិនមានឡើយ។

[៨៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់​របស់អ្វី ទើបសក្កាយទិដ្ឋិកើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើង​ទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះ​អាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសក្កាយទិដ្ឋិកើតឡើង។ កាលបើវេទនាមាន។ កាលបើ​សញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់​នូវវិញ្ញាណ ទើបសក្កាយទិដ្ឋិកើតឡើង។

[៨៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ហេតុនោះដូចម្តេច រូបទៀង ឬមិន​ទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើសក្កាយទិដ្ឋិ គួរកើត​ឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា ។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង។បេ។ ព្រោះមិនអាស្រ័យ​របស់នោះទេ តើសក្កាយទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើ​អរិយសាវ័ក​ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះទៀត មិនមានឡើយ។

[៨៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់​របស់អ្វី ទើបអត្តានុទិដ្ឋិកើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់​យើង​ទាំងឡាយ មានព្រះមានព្រះភាគជាមូល ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យ​នូវរូប ប្រកាន់នូវរូប ទើបអត្តានុទិដ្ឋិកើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យ​នូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបអត្តានុទិដ្ឋិកើតឡើង។

[៨៦] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង ។បេ។ ព្រោះមិនអាស្រ័យ​នូវរបស់នោះទេ តើអត្តានុទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា ។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់​ណា មិនទៀង។បេ។ ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើអត្តានុទិដ្ឋិ គួរកើតឡើងដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៨៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ [ការប្រកាន់មាំ ក្នុងរូបារម្មណ៍ ជាដើម។] វិនិពន្ធៈ [ធម៌ជាចំណងនៃចិត្ត មាន៥ គឺ សេចក្តីស្រឡាញ់ពេញចិត្តក្នុងកាម១ កាយ១ រូប១ បរិភោគអាហារឆ្អែតហើយ ប្រកបតែសេចក្តីសុខ ដោយការដេក ការផ្អែក ការលក់១ ប្រព្រឹត្តព្រហ្មចរិយៈ ប្រាថ្នាទៅកើតជាទេវតាណានីមួយ១។] កើតឡើង។ បពិត្រព្រះអង្គ​ដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមានព្រះភាគ ជាមូល ។បេ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ  វិនិពន្ធៈ កើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារ​ទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសញ្ញោជនៈ អភិនិវេសៈ  វិនិពន្ធៈ កើតឡើង។

[៨៨] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង ។បេ។ សញ្ញោជនៈ អភិនិវេសៈ  វិនិពន្ធៈ គប្បីកើតឡើង ព្រោះមិនបានអាស្រ័យរូបនោះទេ ឬអ្វី។ មិនដូច្នោះទេ ព្រះអង្គ។ វេទនា ។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា ព្រោះមិនអាស្រ័យនូវរបស់នោះទេ តើសញ្ញោជនៈ អភិនិវេសៈ  វិនិពន្ធៈ គួរកើតឡើងបានដែរឬ។ មិនដូច្នោះ ទេព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៨៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើរបស់អ្វីមាន ព្រោះអាស្រ័យរបស់អ្វី ប្រកាន់របស់អ្វី ទើបសញ្ញោជនៈ អភិនិវេសៈ វិនិពន្ធៈ អជ្ឈោសនៈ [សេចក្តីប្រកាន់មាំ គឺតណ្ហា] កើតឡើង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងទាំងឡាយ មានព្រះមាន​ព្រះភាគ​ជាមូល ។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបសញ្ញោជនៈ អភិនិវេសៈ  វិនិពន្ធៈ អជ្ឈោសនៈ កើតឡើង។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះ​អាស្រ័យ​នូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបសញ្ញោជនៈ អភិនិវេសៈ  វិនិពន្ធៈ អជ្ឈោសនៈ កើតឡើង។

[៩០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះដូចម្តេច រូបទៀង ឬមិន​ទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណាមិនទៀង ។បេ។ ព្រោះមិនអាស្រ័យ​នូវរបស់​នោះទេ តើសញ្ញោជនៈ អភិនិវេសៈ  វិនិពន្ធៈ អជ្ឈោសនៈ គួរកើតឡើងបានដែរឬ។ មិនដូច្នោះ ទេ ព្រះអង្គ។ កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៩១] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។បេ។ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់សម្តែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ លុះខ្ញុំព្រះអង្គ បានស្តាប់ធម៌ព្រះមានព្រះភាគហើយ ក៏នឹងចៀសចេញទៅតែម្នាក់ឯង មិនមានសេចក្តីប្រមាទ មានតែសេចក្តីព្យាយាម មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ម្នាលអានន្ទ អ្នកសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះ​របស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះ ទេព្រះអង្គ។ វេទនា ។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរយល់ឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ។ មិនដូច្នោះទេ ព្រះអង្គ។

[៩២] ម្នាលអានន្ទ ហេតុដូច្នោះ រូបណានីមួយ ក្នុងលោកនេះ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា មានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលគួរឃើញ នូវរូបទាំងអស់នោះ ដោយប្រាជ្ញាដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយ​ណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី បុគ្គលគួរឃើញ នូវវិញ្ញាណទាំងអស់នោះ ដោយប្រាជ្ញា​ដ៏ប្រពៃ តាមពិតយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែន​ជាខ្លួន​របស់អញ។ ម្នាលអានន្ទ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយ​ណាយ​នឹងរូប នឿយណាយនឹងវេទនា នឿយណាយនឹងសញ្ញា នឿយណាយនឹងសង្ខារ​ទាំងឡាយ នឿយណាយនឹងវិញ្ញាណ កាលបើនឿយណាយ រមែងប្រាសចាកតម្រេក ព្រោះ​ប្រាសចាក​តម្រេក ចិត្តក៏​ផុតស្រឡះ។ កាលបើចិត្តផុតស្រឡះ ញាណ ក៏កើតឡើងថា ចិត្តរបស់អាត្មាអញ ផុតស្រឡះ​ហើយ។ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡស​កិច្ចនេះទៀត មិនមានឡើយ។

ចប់ ទិដ្ឋិវគ្គ ទី៥។

ឧទ្ទាននៃទិដ្ឋិវគ្គនោះគឺ

ពោលអំពីសុខ និងទុក្ខ ប្រព្រឹត្តទៅខាងក្នុង ១ អំពីសេចក្តីប្រកាន់ថា នុ៎ះរបស់អញ ១ នុ៎ះជា​ខ្លួនអញ ១ អំពីសេចក្តីប្រកាន់ថា (បរិក្ខារ) មិនគប្បីមានដល់អញ ១ អំពីមិច្ឆាទិដ្ឋិ ១ សក្កាយទិដ្ឋិ ១ អត្តានុទិដ្ឋិ ១ អំពីសេចក្តីប្រកាន់ មាន២លើក វគ្គ (នេះ) បង្គ្រប់​ដោយរឿង​ព្រះអានន្ទ ១។

ចប់ ចុល្លបណ្ណាសកៈ ។

ឧទ្ទាននៃវគ្គនៃបណ្ណាសកៈនោះ គឺ

អន្តវគ្គ ធម្មកថិកវគ្គ អវិជ្ជាវគ្គ កុក្កុឡវគ្គ ​ទិដ្ឋិវគ្គ ជាគម្រប់៥ បញ្ញាសកៈទី៣ ព្រះមាន​ព្រះភាគ​ត្រាស់ហើយ ព្រោះហេតុនោះ ទើបហៅថា និបាត។

ចប់ តិបញ្ញាសកៈ ក្នុងនិបាតនៃខន្ធវគ្គ។

ចប់ ខន្ធសំយុត្ត ។

រាធសំយុត្ត

មារវគ្គ

[៩៣] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារ មារ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថា មារ តើដោយហេតុយ៉ាងណា។ ម្នាលរាធៈ កាលបើរូបមាន សេចក្តីស្លាប់ក្តី សត្វដែលត្រូវគេសម្លាប់ក្តី ក៏មានដែរ ឬ សត្វណាតែងស្លាប់ (សត្វនោះក៏មានដែរ) ម្នាលរាធៈ ហេតុដូច្នេះ អ្នកចូរឃើញ នូវរូប ថាជាមារ ឃើញថាជាសត្វ ដែលត្រូវគេសម្លាប់ ឃើញថា រមែងស្លាប់ ឃើញថាជារោគ ឃើញថាជាបូស ឃើញថាជាសរ ឃើញថាជាទុក្ខ ឃើញថាជារបស់មានទុក្ខ ពួកជនណា ឃើញនូវរូបនោះយ៉ាងនេះ ពួកជននោះ ឈ្មោះថា ឃើញប្រពៃ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន សេចក្តីស្លាប់ក្តី សត្វដែលត្រូវគេសម្លាប់ក្តី ក៏មានដែរ ឬ សត្វណា តែងស្លាប់ (សត្វនោះ ក៏មានដែរ) ម្នាលរាធៈ ហេតុដូច្នេះ អ្នកចូរឃើញ នូវវិញ្ញាណ ថាជាមារ ឃើញថាជាសត្វ ដែលត្រូវគេសម្លាប់ ឃើញថា រមែងស្លាប់ ឃើញថាជារោគ ឃើញថាជាបូស ឃើញថាជាសរ ឃើញថាជាទុក្ខ ឃើញថាជារបស់មានទុក្ខ ពួកជនណា ឃើញនូវវិញ្ញាណនោះ យ៉ាងនេះ ពួកជននោះ ឈ្មោះថា ឃើញប្រពៃ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការឃើញប្រពៃ តើមានប្រយោជន៍អ្វី។ ម្នាលរាធៈ ការឃើញប្រពៃ មានប្រយោជន៍​ឲ្យកើត​សេចក្តី​នឿយណាយ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះសេចក្តីនឿយណាយ មានប្រយោជន៍អ្វី។ ម្នាលរាធៈ សេចក្តីនឿយណាយ មានប្រយោជន៍ឲ្យកើតការប្រាសចាកតម្រេក។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការប្រាសចាកតម្រេក មានប្រយោជន៍អ្វី។ ម្នាលរាធៈ ការប្រាសចាកតម្រេក មានប្រយោជន៍ឲ្យកើតការផុតស្រឡះ។ បពិត្រព្រះអង្គដ៏ចម្រើន ចុះការផុតស្រឡះ មានប្រយោជន៍អ្វី។ ម្នាលរាធៈ ការផុតស្រឡះ មានប្រយោជន៍​ឲ្យបាន​ព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះនិព្វាន មានអ្វីជាប្រយោជន៍។ ម្នាលរាធៈ អ្នកប្រព្រឹត្តកន្លង គឺសួរហួសបញ្ហា មិនអាចកាន់យកនូវទីបំផុត នៃបញ្ហាបានឡើយ។ ម្នាលរាធៈ ព្រោះថា ការប្រព្រឹត្តព្រហ្មចរិយៈ មានព្រះនិព្វាន ជាទីពឹង មានព្រះនិព្វាន ជាទីបំផុត។

[៩៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈ​មាន​អាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សត្វ សត្វ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ដែលហៅថាសត្វ តើដោយ​ហេតុ​ដូចម្តេច។ ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ លោកហៅថា សត្វ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា។ ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ។ ក្នុងវិញ្ញាណ បុគ្គលដែលជាប់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ ចំពាក់នៅក្នុងសេចក្តីពេញចិត្ត ជាដើមនោះ លោកហៅថា សត្វ។ ម្នាលរាធៈ ដូចពួកកុមារក្តី ពួកកុមារីក្តី នាំគ្នាលេងកូនផ្ទះ ធ្វើពីអាចម៍ដី មិនទាន់ប្រាសចាកសេចក្តីត្រេកអរ មិនទាន់​ប្រាសចាក​សេចក្តីពេញចិត្ត មិនទាន់ប្រាសចាកសេចក្តីស្រឡាញ់ មិនទាន់ប្រាសចាក​សេចក្តីស្រេកឃ្លាន មិនទាន់ប្រាសចាកសេចក្តីឆ្លេឆ្លា មិនទាន់ប្រាសចាកសេចក្តីប្រាថ្នា ក្នុងកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះ កំណត់ត្រឹមណា តែងអាល័យ តែងប្រកាន់លេង តែងប្រកាន់ ថាជាទ្រព្យ ប្រកាន់ថាជារបស់ខ្លួន ចំពោះកូនផ្ទះធ្វើពីអាចម៍ដី កំណត់ត្រឹមនោះ ម្នាលរាធៈ កាលណាបើពួកកុមារក្តី ពួកកុមារីក្តី លែងត្រេកអរ លែងពេញចិត្ត លែងស្រឡាញ់ លែងស្រេកឃ្លាន លែងឆ្លេឆ្លា លែងប្រាថ្នា ក្នុងកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះហើយ យកដៃ និងជើងទៅកំចាយចោល ឈូសចោល កំចាត់ចោល នូវកូនផ្ទះធ្វើពីអាចម៍ដីទាំងនោះ ធ្វើឲ្យជារបស់លេងមិនកើតក្នុងកាលនោះ យ៉ាងណាមិញ។ ម្នាលរាធៈ អ្នកទាំងឡាយ ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវរូប ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវវេទនា ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា។ ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវសញ្ញា។ នូវសង្ខារទាំងឡាយ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា ចូរកំចាយចោល ឈូសចោល កំចាត់ចោល នូវវិញ្ញាណ ចូរធ្វើឲ្យជារបស់លេងមិនកើត ចូរប្រតិបត្តិ ដើម្បីអស់ទៅ នៃតណ្ហា យ៉ាងនោះឯង។ ម្នាលរាធៈ ព្រោះថា ការអស់ទៅ នៃតណ្ហា ឈ្មោះថា ព្រះនិព្វាន។

[៩៥] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ភវនេត្តិ ភវនេត្តិ [ធម្មជាតិ ជាខ្សែសម្រាប់ចងដឹកសត្វនៅក្នុងភពតូច-ធំ បានដល់តណ្ហា។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន ភវនេត្តិ តើដូចម្តេច សេចក្តីរលត់នៃភវនេត្តិ តើដូចម្តេច។ ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ [ប្រែថា ចូលទៅកាន់តេភូមិកធម៌ បានដល់តណ្ហា និងទិដ្ឋិ។] និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងរូប។ នេះហៅថា ភវនេត្តិ ហៅថា សេចក្តីរលត់នៃភវនេត្តិ ព្រោះការរលត់ នៃសេចក្តីពេញចិត្ត ជាដើមនោះ។ សេចក្តីពេញចិត្តណា ក្នុងវេទនា ។បេ។ ក្នុងសញ្ញា។ សេចក្តីពេញចិត្តណា ក្នុងសង្ខារទាំងឡាយ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវិញ្ញាណ។ នេះហៅថា ភវនេត្តិ ហៅថា សេចក្តីរលត់ នៃភវនេត្តិ ព្រោះការរលត់ នៃសេចក្តីពេញចិត្ត ជាដើមនោះ។

[៩៦] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ទើបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះរាធៈ​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ តថាគត នឹងសម្តែងនូវធម៌ទាំងឡាយ ដែលបុគ្គល គួរកំណត់ដឹងផង នូវប្រាជ្ញា ជាគ្រឿង​កំណត់ដឹងផង នូវបុគ្គលជាអ្នកកំណត់ដឹងផង អ្នកចូរស្តាប់នូវធម៌នោះ ចូរធ្វើទុកក្នុងចិត្ត​ឲ្យល្អចុះ តថាគតនឹងសម្តែង។ ព្រះរាធៈមានអាយុ ក៏ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ចុះធម៌ដែល​បុគ្គល គួរ​កំណត់ដឹង តើដូចម្តេច។ ម្នាលរាធៈ រូប ជាធម៌ដែលបុគ្គល គួរកំណត់ដឹង វេទនា ជាធម៌ដែលបុគ្គលគួរកំណត់ដឹង សញ្ញា ជាធម៌ដែលបុគ្គល គួរកំណត់ដឹង សង្ខារទាំងឡាយ ជាធម៌ ដែលបុគ្គលគួរកំណត់ដឹង វិញ្ញាណ ជាធម៌ដែលបុគ្គលគួរកំណត់ដឹង។ ម្នាលរាធៈ បញ្ចក្ខន្ធទាំងនេះ ហៅថា ធម៌ដែលបុគ្គលគួរកំណត់ដឹង។ ម្នាលរាធៈ ចុះប្រាជ្ញា ជាគ្រឿង​កំណត់ដឹង តើដូចម្តេច។ ការអស់នៃរាគៈ ការអស់នៃទោសៈ ការអស់នៃមោហៈណា។ ម្នាលរាធៈ នេះហៅថា ប្រាជ្ញា ជាគ្រឿងកំណត់ដឹង។ ម្នាលរាធៈ ចុះបុគ្គលអ្នកកំណត់ដឹង តើ​ដូចម្តេច។ គប្បីឆ្លើយថា ព្រះអរហន្ត លោកមានអាយុនោះឯង មាននាមយ៉ាងនេះ មានគោត្រ​យ៉ាងនេះ។ ម្នាលរាធៈ នេះហៅថា បុគ្គលអ្នកកំណត់ដឹង។

[៩៧] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីសមគួរ​ហើយ​ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃឧបាទានក្ខន្ធ ទាំង៥នេះ នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគត មិនបានសន្មតថា ជាសមណៈ ក្នុងពួកសមណៈ ឬមិនបានសន្មត ថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេចដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍ នៃសមណភាព ឬប្រយោជន៍ នៃព្រាហ្មណភាពឡើយ។

[៩៨] ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវអានិសង្ស និងទោស នៃ​ឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ម្នាលរាធៈ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគត បានសន្មតថា ជាសមណៈ ក្នុងពួកសមណៈផង សន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង អ្នកទាំងនោះ បានធ្វើឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវប្រយោជន៍ នៃសមណភាពផង ឬប្រយោជន៍ នៃព្រាហ្មណភាពឡើយ។

[៩៩] លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធ ទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ វេទនូពាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ។បេ។ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។

[១០០] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះ​ភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ ។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ កាលណា​បើអរិយសាវ័ក ដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ។ ម្នាលរាធៈ  អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១០១] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ ឧបាទានក្ខន្ធទាំងឡាយនេះ មាន៥ប្រការ។ ៥ប្រការ តើដូម្តេច។ គឺរូបូបាទានក្ខន្ធ១ ។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលរាធៈ កាលណាបើភិក្ខុ ដឹងច្បាស់តាមពិត នូវការកើតឡើង និងការអស់ទៅ នូវអានិសង្ស និងទោស នៃឧបាទានក្ខន្ធ ទាំង៥នេះផង នូវការរលាស់ចេញ នូវឧបាទានក្ខន្ធ ទាំង៥នេះផង ហើយមានចិត្តផុតស្រឡះ ដោយ​មិនបានប្រកាន់មាំ។ ម្នាលរាធៈ​ ភិក្ខុនេះ ហៅថា អរហន្តខីណាស្រព មានព្រហ្មចរិយធម៌នៅរួចហើយ មានសោឡសកិច្ច​ធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួនសម្រេចហើយ មានសញ្ញោជនៈ​ក្នុងភព គឺតណ្ហា អស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះដឹងដោយប្រពៃ។

[១០២] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះ​មាន​ព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើង​ឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើត តទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីក​រាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វេទនានោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់​រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយ​ណា សេចក្តីប្រាថ្នាណា ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជាអ្នក​ទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅ​នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទី​នៅ​នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។

[១០៣] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងរូប អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូច​ជា​ទីនៅ​នៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តី​ពេញ​ចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវេទនា អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វេទនានោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើង​ឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីក​រាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងសញ្ញា។ ក្នុងសង្ខារទាំងឡាយ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែង​មានបែបភាព មានសភាពមិនកើតតទៅ ពុំខាន។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និងឧបាទាន ដែលជាទីឈរ អង្គុយ ដេក នៃចិត្តណា ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់ នូវសេចក្តីពេញចិត្ត ជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយ នឹងលះបង់ គាស់រំលើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិន​កើតតទៅ ពុំខាន។

ចប់ មារវគ្គ ទី១។

ឧទ្ទានក្នុងមារវគ្គនោះគឺ

និយាយអំពីសេចក្តីស្លាប់ ១ សត្វ ១ ភវនេត្តិ ១ ធម៌ដែលបុគ្គលគួរកំណត់ដឹង ១ ពួកសមណៈ ២លើក សោតាបន្នបុគ្គល ១ ព្រះអរហន្ត ១ សេចក្តីពេញចិត្ត និងសេចក្តីត្រេកអរ ២លើក។

មារធម្មវគ្គ

[១០៤] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារ មារ [សំដៅយកសេចក្តីស្លាប់។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ជាមារ។ ម្នាលរាធ រូបជាមារ វេទនាជាមារ សញ្ញាជាមារ សង្ខារទាំងឡាយជាមារ វិញ្ញាណជាមារ។ ម្នាលរាធៈ អរិយសាវ័ក ជាអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយ​នឹង​វិញ្ញាណផង កាលបើនឿយណាយ ក៏តែងធុញទ្រាន់ ចិត្តតែងរួចស្រឡះ ព្រោះសេចក្តីធុញ​ទ្រាន់។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹងថា អាត្មាអញ រួចស្រឡះហើយ។ អរិយសាវ័កនោះ តែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាន​នៅ​រួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១០៥] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា មារធម៌ មារធម៌ [ធម៌ គឺសេចក្តីស្លាប់។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាមារធម៌។ ម្នាលរាធៈ រូប ជាមារធម៌ វេទនាជាមារធម៌ សញ្ញាជាមារធម៌ សង្ខារទាំងឡាយ ជាមារធម៌ វិញ្ញាណជាមារធម៌។ កាលអរិយសាវ័កនោះ ឃើញយ៉ាងនេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១០៦] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនិច្ចៈ អនិច្ចៈ [សេចក្តីមិនទៀង។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនិច្ចៈ។ ម្នាលរាធៈ រូបជាអនិច្ចៈ វេទនាជាអនិច្ចា សញ្ញា។បេ។ វិញ្ញាណ ជាអនិច្ចៈ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១០៧] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនិច្ចធម៌ អនិច្ចធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនិច្ចធម៌។ ម្នាលរាធៈ រូបជាអនិច្ចធម៌ វេទនាជាអនិច្ចធម៌ សញ្ញាជាអនិច្ចធម៌ សង្ខារទាំងឡាយ ជាអនិច្ចធម៌ វិញ្ញាណជាអនិច្ចធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១០៨] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខ ទុក្ខ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខ ។ ម្នាលរាធៈ រូបជាទុក្ខ វេទនាជាទុក្ខា សញ្ញាជាទុក្ខា សង្ខារទាំងឡាយ ជាទុក្ខ វិញ្ញាណជាទុក្ខ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១០៩] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ទុក្ខធម៌ ទុក្ខធម៌ [ធម៌នាំមកនូវសេចក្តីទុក្ខ។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាទុក្ខធម៌។ ម្នាលរាធៈ រូបជាទុក្ខធម៌ វេទនាជាទុក្ខធម៌ សញ្ញាជាទុក្ខធម៌ សង្ខារទាំងឡាយជាទុក្ខធម៌ វិញ្ញាណជាទុក្ខធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១១០] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តា អនត្តា [មិនមែនខ្លួនប្រាណ មិនមែនជារបស់ខ្លួន ឥតខ្លឹមសារ។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនត្តា។ ម្នាលរាធៈ រូបជាអនត្តា វេទនាជាអនត្តា សញ្ញាជាអនត្តា សង្ខារទាំងឡាយ ជាអនត្តា វិញ្ញាណជាអនត្តា។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១១១] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា អនត្តធម៌ អនត្តធម៌ ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាអនត្តធម៌ ។ ម្នាលរាធៈ រូបជាអនត្តធម៌ វេទនាជាអនត្តធម៌ សញ្ញាជាអនត្តធម៌ សង្ខារទាំងឡាយ ជាអនត្តធម៌ វិញ្ញាណជាអនត្តធម៌ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១១២] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា ខយធម៌ ខយធម៌ [ធម៌ដែលអស់ទៅ។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាខយធម៌ ។ ម្នាលរាធៈ រូបជាខយធម៌ វេទនាជាខយធម៌ សញ្ញាជាខយធម៌ សង្ខារទាំងឡាយ ជាខយធម៌ វិញ្ញាណជាខយធម៌ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១១៣] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា វយធម៌ វយធម៌ [ធម៌ដែលវិនាសទៅ សូន្យទៅ។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាវយធម៌ ។ ម្នាលរាធៈ រូបជាវយធម៌  វេទនាជាវយធម៌ សញ្ញាជាវយធម៌ សង្ខារទាំងឡាយ ជាវយធម៌ វិញ្ញាណជាវយធម៌ ។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១១៤] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា សមុទយធម៌ សមុទយធម៌ [ធម៌ដែលនាំឲ្យកើតឡើង។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជាសមុទយធម៌ ។ ម្នាលរាធៈ រូបជាសមុទយធម៌  វេទនាជាសមុទយធម៌ សញ្ញាជាសមុទយធម៌ សង្ខារទាំងឡាយ ជាសមុទយធម៌ វិញ្ញាណជាសមុទយធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១១៥] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ បានចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុង​ទីដ៏សមគួរ។លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលហៅថា និរោធធម៌ និរោធធម៌ [ធម៌ដែលរលត់ទៅ។] ដូច្នេះ បពិត្រព្រះអង្គដ៏ចម្រើន អ្វីហ្ន៎ ជានិរោធធម៌ ។ ម្នាលរាធៈ រូបជានិរោធធម៌  វេទនា។ សញ្ញា។ សង្ខារទាំងឡាយ ជានិរោធធម៌ វិញ្ញាណ ជានិរោធធម៌។ កាលអរិយសាវ័ក ឃើញយ៉ាងនេះ ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ មារធម្មវគ្គ ទី២ ។

ឧទ្ទាននៃមារវគ្គនោះគឺ

សំដែងអំពីមារ ១ មារធម៌ ១ អនិច្ចៈ ២លើក ទុក្ខៈ ២លើក អនត្តា ២លើក ខយធម៌ ១ វយធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១ ត្រូវជា១២។

អាយាចនវគ្គ

[១១៦] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នឹងចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ព្រោះបានស្តាប់ធម៌ណា របស់ព្រះមានព្រះភាគ សូមព្រះមានព្រះភាគ សម្តែងធម៌នោះ ដល់ខ្ញុំព្រះអង្គដោយសង្ខេប។ ម្នាលរាធៈ មារណាដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វីជាមារ។ ម្នាលរាធៈ រូបជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នក​គួរ​លះបង់​ចេញ វេទនាជាមារ សេចក្តីពេញចិត្តក្នុងមារនោះ អ្នកគួរលះបង់ចេញ។ សញ្ញា។ សង្ខារទាំងឡាយ ជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ វិញ្ញាណជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

[១១៧] ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់​ចេញ។

[១១៨] ម្នាលរាធៈ អនិច្ចៈណា ដែលកើតមាន។

[១១៩] ម្នាលរាធៈ អនិច្ចធម៌ណា។

[១២០] ម្នាលរាធៈ ទុក្ខណា។

[១២១] ម្នាលរាធៈ ទុក្ខធម៌ណា។

[១២២] ម្នាលរាធៈ អនត្តាណា។

[១២៣] ម្នាលរាធៈ អនត្តធម៌ណា។

[១២៤] ម្នាលរាធៈ ខយធម៌ណា។

[១២៥] ម្នាលរាធៈ វយធម)ណា។

[១២៦] ម្នាលរាធៈ សមុទយធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងសមុទយធម៌​នោះ អ្នកគួរលះបង់ចេញ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរ​លះបង់ចេញ។

[១២៧] ក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាធៈមានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ។បេ។ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ នឹងចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនមានសេចក្តីប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ព្រោះបានស្តាប់ធម៌ណា របស់ព្រះមាន​ព្រះភាគ សូមព្រះមានព្រះភាគ សម្តែងធម៌នោះ ដល់ខ្ញុំព្រះអង្គ ដោយសង្ខេប។ ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វី ជានិរោធធម៌។ ម្នាលរាធៈ រូប ជានិរោធធម៌ សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ វេទនា ។ សញ្ញា។ សង្ខារទាំងឡាយ ។ វិញ្ញាណជានិរោធធម៌ សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះ​បង់​ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់​ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

ចប់ អាយាចនវគ្គ ទី៣។

ឧទ្ទានក្នុងអាយាចនវគ្គនោះគឺ

សំដែងអំពីមារ ១ មារធម៌ ១ អនិច្ចៈ ២លើក ទុក្ខ ២លើក អនត្តា ២លើក ខយធម៌ ១ វយធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១ ត្រូវជា១២។

ឧបនិសិន្នវគ្គ

[១២៨] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វី ជាមារ។ ម្នាលរាធៈ រូបជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។បេ។ វិញ្ញាណជាមារ សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ មារណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារនោះ អ្នកគួរលះបង់ចេញ។

[១២៩] ក្រុងសាវត្ថី។ ម្នាលរាធៈ មារណាដែលកើតមាន សេចក្តីត្រេកអរ ក្នុងមារនោះ អ្នកគួរលះបង់ចេញ។បេ។

[១៣០] ម្នាលរាធៈ មារណាដែលកើតមាន សេចក្តីត្រេកត្រអាល ក្នុងមារនោះ អ្នកគួរលះបង់ចេញ។

[១៣១] ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ។

[១៣២] ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីត្រេកអរ ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ។

[១៣៣] ម្នាលរាធៈ មារធម៌ណា ដែលកើតមាន សេចក្តីត្រេកត្រអាល ក្នុងមារធម៌នោះ អ្នកគួរលះបង់ចេញ។

[១៣៤] ម្នាលរាធៈ អនិច្ចៈណា ដែលកើតមាន។

[១៣៥] ម្នាលរាធៈ អនិច្ចធម៌ណា។

[១៣៦] ម្នាលរាធៈ ទុក្ខណា។

[១៣៧] ម្នាលរាធៈ ទុក្ខធម៌ណា។

[១៣៨] ម្នាលរាធៈ អនត្តាណា។

[១៣៩] ម្នាលរាធៈ អនត្តធម៌ណា។

[១៤០] ម្នាលរាធៈ ខយធម៌ណា។

[១៤១] ម្នាលរាធៈ វយធម៌ណា។

[១៤២] ម្នាលរាធៈ សមុទយធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងសមុទយធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

[១៤៣] ក្រុងសាវត្ថី។ លុះព្រះរាធៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះ​បង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ ចុះអ្វីជានិរោធធម៌។ ម្នាលរាធៈ រូបជានិរោធធម៌ សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ វេទនា ។ សញ្ញា។ សង្ខារទាំងឡាយ ។ វិញ្ញាណជានិរោធធម៌ សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។ ម្នាលរាធៈ និរោធធម៌ណា ដែលកើតមាន សេចក្តីពេញចិត្ត ក្នុងនិរោធធម៌នោះ អ្នកគួរលះបង់ចេញ។ សេចក្តីត្រេកអរ អ្នកគួរលះបង់​ចេញ។ សេចក្តីត្រេកត្រអាល អ្នកគួរលះបង់ចេញ។

ចប់ ឧបនិសិន្នវគ្គ ទី៤។

ឧទ្ទានក្នុងឧបនិសិន្នវគ្គនោះគឺ

សម្តែងអំពីមារ ១ មារធម៌ ១ អនិច្ចៈ ២លើក ទុក្ខ ២លើក អនត្តា ២លើក ខយធម៌ ១ វយធម៌ ១ សមុទយធម៌ ១ និរោធធម៌ ១ ត្រូវជា១២។

ចប់ រាធសំយុត្ត ។

ទិដ្ឋិសំយុត្ត

សោតាបត្តិវគ្គ

[១៤៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន ទៀបក្រុង​សាវត្ថី។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ [សេចក្តីយល់ឃើញឆ្វេងថា ខ្យល់ដែលបក់បំបាក់រំលើងរុក្ខជាតិ ជាដើម មិនមែនជាខ្យល់មែនទែនទេ ហៅថា វាតលេស គឺគ្រាន់តែជាសំអាងរបស់ខ្យល់ ឯខ្យល់មែនទែននោះ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល ឬកំពូលភ្នំ។ ស្ទឹង ស្រីមានគភ៌ និងព្រះចន្ទព្រះអាទិត្យ ក៏មានន័យដូចគ្នាដែរ។] ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមាន​ព្រះភាគ​ជាអ្នកណែនាំ មានព្រះមានព្រះភាគជាទីពឹង បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ សម្តែងសេចក្តី នៃភាសិតនេះ ពួកភិក្ខុបានស្តាប់ធម៌ របស់ព្រះមានព្រះភាគហើយ នឹងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសម្តែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។  ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យ​នូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌​មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណ​មាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើ​មិនអាស្រ័យ​នូវ​របស់​នោះទេ តើគួរ​មានទិដ្ឋិ​កើតឡើង យ៉ាង​នេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរ​ខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនាទៀង ឬមិនទៀង។បេ។ សញ្ញា។ សង្ខារទាំងឡាយទៀង ឬមិនទៀង។បេ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀងជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ចុះរបស់ណា ដែលបុគ្គល បានឃើញ បានឮ បានពាល់ត្រូវ [ពាក្យថា ពាល់ត្រូវ គឺធុំក្លិនដោយច្រមុះ ក្រេបជញ្ជក់ដោយអណ្តាត ប៉ះពាល់ដោយកាយ។] បានដឹងច្បាស់ [ពាក្យថា ដឹងច្បាស់ គឺយល់ប្រាកដដោយចិត្ត។] បានដល់ បានស្វែងរក បានពិចារណារឿយៗដោយចិត្ត របស់នោះទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាល ព្រះចន្ទ ព្រះអាទិត្យ មិនរះ ឬមិនលិច តាំងនៅនឹងដដែល ដូចជាសសរខឿនដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងហេតុនាំឲ្យកើតទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៤៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណ​មាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ។

[១៤៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់​អាត្មាអញដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗដោយចិត្ត របស់នោះទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា នុ៎ះរបស់អញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួនរបស់អាត្មាអញ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅ​ក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៤៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន អាត្មាអញនោះ ជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតឋេរ មិនប្រែប្រួលទៅជាធម្មតា។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះ ជាខ្លួន។បេ។ មិនប្រែប្រួលទៅជាធម្មតា កាលបើវេទនាមាន។ បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន អាត្មាអញនោះជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតឋេរ មិនប្រែប្រួលទៅជាធម្មតា។

[១៤៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន។បេ។ មានសភាពមិនប្រែប្រួលទៅដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះបើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា អាត្មាអញនោះជាខ្លួន។បេ។ មានសភាពមិនប្រែប្រួលទៅដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គល​បានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណា​រឿយៗដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង។បេ។ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាង​នេះថា អាត្មាអញនោះ ជាខ្លួន អាត្មាអញនោះ ជាលោក អាត្មាអញនោះ លុះទៅកាន់បរលោកហើយ នឹងទៀងទាត់ ឋិតឋេរ មិនប្រែប្រួលទៅជាធម្មតាដែរឬ។ មិនមែន​ដូច្នោះទេ ព្រះអង្គ។

ម្នាលភិក្ខុ​ទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យ ក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅ​ក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៥០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើត ក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ ក៏នឹងមិនមានដែរ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរ។

[១៥១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិ​ក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។

ចុះរបស់ណា មិនទៀង។បេ។ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បើអាត្មាអញ នឹងមិនកើតទេ (បរិក្ខារ) របស់អាត្មាអញ ក៏នឹងមិនមាន (បើកម្មសង្ខារ ជាទីញ៉ាំងខន្ធ ឲ្យកើតក្នុងអនាគត) នឹងមិនមានទេ (បដិសន្ធិក្នុងអនាគត) របស់អាត្មាអញ នឹងមិនមានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តី​សង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់​បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាព​មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៥២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ទាន ដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល ការបូជាតូច មិនមានផល ផល និងវិបាក នៃកម្មល្អ និងអាក្រក់ មិនមាន លោកមនេះ មិនមាន លោកខាងមុខ មិនមាន មាតា មិនមាន [សេចក្តីប្រត្តបត្តិល្អ ឬអាក្រក់​ចំពោះមាតា មិនមានផលបុណ្យ ឬបាប។] បិតា មិនមាន [ចំណែកបិតាក៏ដូចគ្នា។] សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន សមណៈ និងព្រាហ្មណ៍ណា ដែលបានធ្វើ​ឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ចំពោះលោកនេះ និងលោកខាងមុខ ហើយអាចនឹងប្រកាសបាន សមណព្រាហ្មណ៍នោះ ជាអ្នកប្រព្រឹត្តល្អ ប្រតិបត្តិល្អ មិនមានក្នុងលោកឡើយ បុរសនេះ មានកាយប្រកបដោយមហាភូតរូប ទាំង៤ កាលណាបើធ្វើមរណកាលទៅ បឋវីធាតុខាងក្នុង ក៏ប្រែក្លាយទៅជាបឋវីធាតុខាងក្រៅ អបោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាអបោធាតុខាងក្រៅ តេជោធាតុខាងក្នុង ក៏ប្រែក្លាយទៅ​ជាតេជោធាតុខាក្រៅ វាយោធាតុខាងក្នុង ក៏ប្រែក្លាយទៅជាវាយោធាតុខាងក្រៅ ឥន្ទ្រិយ ក៏អណ្តែតទៅព្ធដ៏អាកាស បុរស (៤នាក់) មានគ្រែជាគម្រប់៥ សែងយកបុរសដែលស្លាប់ ហើយ ទៅត្រាតែដល់ទីប៉ាឆា ចំណែកគុណ និងទោស ក៏ប្រាកដឡើង ឯឆ្អឹងមានសម្បុរ​ដូចជាកូនព្រាប គ្រឿងបូជា មានផេះជាទីបំផុត ទាននេះ មនុស្សខ្លៅ បានបញ្ញត្តទុកមកហើយ ជនទាំងឡាយណានីមួយ ទាំងពាល ទាំងបណ្ឌិត តែងពោលពាក្យថា ទានមានផល ពាក្យរបស់ជនទាំងនោះ ជាពាក្យកុហកទទេ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ  ក៏សូន្យទទេ មិនកើតទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ  ក៏សូន្យទទេ មិនកើតទៀត។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ  ក៏សូន្យទទេ មិនកើតទៀត។

[១៥៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ  ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ  ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ទានដែលបុគ្គលឲ្យហើយ មិនមានផល ការបូជាធំ មិនមានផល។បេ។ ជនទាំងឡាយណានីមួយ ទាំងពាល ទាំងបណ្ឌិត តែងពោលពាក្យថា ទានមានផល  ជនទាំងនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ  ក៏សូន្យទទេ មិនកើតទៀតដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើ​អរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៥៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ កាត់ (នូវអវៈយវៈ មានដៃ ជាដើម) របស់អ្នកដទៃ ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបៀតបៀន សោយសោកដោយខ្លួនឯង ឬញ៉ាំងអ្នកដទៃ ឲ្យសោយសោក លំបាកដោយខ្លួនឯង ឬញ៉ាំងអ្នកដទៃឲ្យលំបាក ញាប់ញ័រដោយខ្លួនឯង ឬធ្វើគេឲ្យញាប់ញ័រ សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ កាត់នូវទីត ប្លន់អ្នកស្រុក ប្លន់យកទ្រព្យតែផ្ទះមួយ ចាំស្ទាក់ផ្លូវ លួចប្រពន្ធអ្នកដទៃ ពោលពាក្យកុហក បាបរបស់បុគ្គលអ្នកធ្វើនោះ មិនមានឡើយ មួយវិញទៀត បើបុគ្គលណា ធ្វើនូវសត្វទាំងឡាយលើផែនដីនេះ ឲ្យមានលាននៃសាច់តែ១ ឲ្យមានគំនរនៃសាច់តែ១ ដោយគ្រឿងចក្រ មានខ្នងកង់ដ៏មុត ដូចជាមុខកំបិតកោរ បាបរបស់បុគ្គលនោះ មិនមាន ព្រោះអំពើនោះជាហេតុ បាបមិនមានមកឡើយ ទោះបីបុគ្គលនោះ ឆ្លងទៅកាន់​ត្រើយខាងស្តាំ នៃទន្លេគង្គា ហើយសម្លាប់សត្វដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យសម្លាប់ កាត់ (នូវ​អវៈយវៈ មានដៃ ជាដើម) ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបៀតបៀន បាបរបស់បុគ្គលនោះ មិនមាន ព្រោះអំពើនោះជាហេតុ បាប​មិន​មាន​មកឡើយ ទោះបីបុគ្គលនោះ ឆ្លងទៅកាន់ត្រើយខាងឆ្វេង​ នៃទន្លេគង្គា ឲ្យទាន​ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យឲ្យ បូជាដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យបូជា បុណ្យរបស់បុគ្គលនោះ មិនមាន ព្រោះអំពើនោះជាហេតុ បុណ្យមិនមានមកឡើយ បុណ្យមិនមានដោយទាន ដោយទូន្មាននូវឥន្ទ្រិយ ដោយសង្រួមកាយ វាចា ដោយពោល​ពាក្យសច្ចៈ បុណ្យមិនមានមកឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ​ទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើងយ៉ាងនេះថា បុគ្គល កាលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គល ធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ ចុះបើមិនអាស្រ័យ នូវ​របស់​នោះ​ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នក​ដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាប ដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមានមកឡើយ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បុគ្គលធ្វើបាបដោយខ្លួនឯង ឬប្រើអ្នកដទៃឲ្យធ្វើ។បេ។ បុណ្យមិនមាន បុណ្យមិនមានមកឡើយ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ​ទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះបានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៥៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុបច្ច័យ ដែលនាំឲ្យសៅហ្មង នៃសត្វទាំងឡាយ មិនមានឡើយ សត្វទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ ដែលនាំឲ្យបរិសុទ្ធ នៃសត្វទាំងឡាយ មិនមានឡើយ សត្វទាំងឡាយ រមែងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កម្លាំងក៏មិនមាន ព្យាយាមក៏មិនមាន កម្លាំងរបស់បុរស ក៏មិនមាន សេចក្តីសង្វាតរបស់បុរស ក៏មិនមាន សត្វទាំងអស់ (មានឱដ្ឋ គោ លា ជាដើម) បាណៈទាំងអស់ [សត្វដែលមានឥន្ទ្រិយ១ គឺ រូបជីវិតិន្ទ្រិយ បានដល់អសញ្ញិសត្វ សត្វដែលមានឥន្ទ្រិយ២ គឺ ចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ បានដល់រូបព្រហ្ម ១៤ជាន់ វៀរលែងអសញ្ញីព្រហ្មចេញ។] ភូតទាំងអស់ (មានសត្វកើតក្នុងស្រោមស៊ុតជាដើម) ជីវៈទាំងអស់ គឺធញ្ញជាតិ ឥតមានអំណាច ឥតមានកម្លាំង ឥតមានសេចក្តីព្យយាម (ក្នុងការធ្វើឲ្យសៅហ្មង ឬបរិសុទ្ធ) មានសេចក្តីប្រែប្រួល ដោយនិយតិ និងសង្គតិ និងសភាវៈ [សេចក្តីជិតស្និទ្ធមិនបែកធ្លាយ ដូចដុំកែវមណី ដែលមិន​ប្រេះឆា ឈ្មោះថានិយតិ។ ការត្រាច់រង្គាត់ទៅ ក្នុងអភិជាតិទាំង៦ ឈ្មោះថាសង្គតិ។ ធម្មតា ដែលបាន​កើតឡើងដូចៗគ្នា ឈ្មោះថាសភាវៈ ដូចបន្លា ដែលស្រួចឯង ផ្លែខ្វិត មានសណ្ឋាន​មូល ដោយខ្លួនឯង សត្វម្រឹគបក្សីទាំងពួង មានរូបរាងវិចិត្រផ្សេងៗ ដោយធម្មតាឯង យ៉ាងណាមិញ លោកទាំងអស់ មានសេចក្តីប្រែប្រួលទៅជាដូច្នោះៗ មិនបាច់​អាស្រ័យ​ហេតុ​បច្ច័យ​ឡើយ ដូចបន្លា ជាដើម យ៉ាងនោះឯង ឈ្មោះថា សភាវៈ។] តាំងនៅក្នុងអភិជាតិ ទាំង៦ ហើយរងនូវសេចក្តីសុខ និងទុក្ខយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យ មិនមានឡើយ។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខ។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យមិនមានឡើយ។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ ចុះបើមិនអាស្រ័យ​នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យមិនមាន។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យ​នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យមិនមាន។បេ។ តែងរងនូវ​សេចក្តីសុខ និងទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ហេតុ បច្ច័យ មិនមាន។បេ។ តែងរងនូវសេចក្តីសុខ និងទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយ​សាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តី​រលត់​ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៥៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំងនេះ មាន៧ប្រការ គ្មានអ្នកធ្វើបាន គ្មានអ្នកបង្គាប់ឲ្យធ្វើបាន គ្មានអ្នកតាក់តែងបាន [តាក់តែងដោយឫទ្ធិមិនបាន។] មិនគប្បីតាក់តែងបាន ជាសភាវៈអារ [គ្មានផលជាពូជតទៅ ដូចសត្វចិញ្ចឹម ដែលគ្មានកូន និងដើមត្នោតឈ្មោល ជាដើម។] តាំងនៅដូចជាកំពូលភ្នំ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នាទៅវិញទៅមក មិនអាចឲ្យ​សេចក្តីសុខ ឬទុក្ខ ដល់គ្នាទៅវិញទៅមកទេ។ កាយទាំង៧ តើដូចម្តេច។ កាយ គឺដី១ កាយ គឺទឹក១ កាយ គឺភ្លើង១ កាយ គឺខ្យល់១ សុខ១ ទុក្ខ១ ជីវិត១។ កាយទាំង៧នេះឯង គ្មានអ្នកធ្វើបាន គ្មានអ្នកបង្គាប់ឲ្យធ្វើបាន គ្មានអ្នកតាក់តែងបាន មិនគប្បីតាក់តែងបាន ជាសភាវៈអារ តាំងនៅដូចជាកំពូលភ្នំ ឋិតនៅនឹងថ្កល់ ដូចជាសសរគោល កាយទាំងនោះ មិនញាប់ញ័រ មិនប្រែប្រួល មិនបៀតបៀនគ្នាទៅវិញទៅមក មិនអាចឲ្យសុខ ឬទុក្ខ ដល់គ្នាទៅវិញទៅមកបានឡើយ។ ទុកជាអ្នកណា កាត់នូវក្បាល ដោយគ្រឿងសស្ត្រាដ៏មុត ក៏គ្មានបុគ្គលណាមួយ សម្លាប់បុគ្គលនោះវិញបានឡើយ។ គ្រឿងសស្ត្រា រមែងចូលទៅកាន់​ចន្លោះ ក្នុងចន្លោះនៃកាយ ទាំង៧។ ឯកំណើតជាប្រធាន [មានកំណើតមនុស្ស ក្សត្រិយ៍ និងព្រាហ្មណ៍ជាដើម។] ទាំងនេះ មានចំនួន ១លាន ៤ សែន ៦ពាន់ ៦រយ កម្ម មានចំនួន ៥០០ កម្ម មានចំនួន៥ កម្មមានចំនួន៣ និងកម្ម គឺកាយកម្ម វចីកម្ម កម្មពាក់កណ្តាល គឺមនោកម្ម សេចក្តីប្រតិបត្តិ មានចំនួន៦២ អន្តរកប្ប [ក្នុងមហាកប្បមួយ មានអន្តរកប្ប៦៤ តែបុគ្គល ជាមិច្ឆាទិដ្ឋិ មិនដឹងដូច្នោះទេ បានជាយល់ថា៦២វិញ។] មានចំនួន៦២ អភិជាតិ [ឯអភិជាតិ ទាំង៦នោះ គឺ កណ្ហាភិជាតិ (ជាតិខ្មៅ) បានដល់ព្រានម្រឹគ ព្រានបក្សី ជាដើម១ និលាភិជាតិ (ជាតិខៀវ) បានដល់ភិក្ខុ ដែលបួសក្នុងព្រះពុទ្ធសាសនា១ លោហិតាភិជាតិ (ជាតិក្រហម) បានដល់ពួកនិគ្រណ្ឌ១ ) ហលិទ្ធាភិជាតិ (ជាតិលឿងដូចរមៀត) បានដល់ពួកអចេលសាវ័ក១ សុក្កាភិជាតិ (ជាតិស) បានដល់ពួកអាជីវក១ បរមសុក្កាភិជាតិ (ជាតិសណាស់) បានដល់ពួកជន ជានន្ទគោត្រ និងវច្ឆគោត្រ ជាដើម១។] មានចំនួន ៦ បុរិសភូមិ [ឯបុរិសភូមិ ទាំង៨នោះ គឺមន្ទភូមិ (កាលដែលនៅល្ងង់ខ្លៅ បានដល់ទារក ដែលទើបប្រសូតមក បាន​៧ថ្ងៃ នៅល្ងង់ វង្វេង១ ខិឌ្ឌាភូមិ (កាលដែលមានល្បែង) បានដល់ទារក ដែលមកអំពីទុក្ខគតិ យំស្រែកច្រើន ឬទារក ដែលមកអំពីសុគតិ រឭកឃើញសុគតិ ហើយសើចរីករាយសប្បាយ​ច្រើន១ បទវិមំសភូមិ (កាលដែលទើបរៀនដើរ) បានដល់ទារក ដែលទើបចេះកាន់ដៃ​មាតាបិតា រៀនដើរ១ ឧជុគតភូមិ (កាលដែលដើរត្រង់បាន) បានដល់ទារក ដែលចេះដើរ រឹងប៉ឹងហើយ១ សេក្ខភូមិ (កាលដែលសិក្សាសិល្ប)១ សមណភូមិ (កាលដែលចេញបួស)១ ជិនភូមិ (កាលដែលរៀនសិល្ប អំពីសំណាក់អាចារ្យចេះដឹងស្រេចហើយ)១ បន្នភូមិ (កាលបួសហើយត្រាច់ទៅបិណ្ឌបាត ឬប្រតិបត្តិធម៌ ឬចាស់គ្រាំគ្រា)១។] មានចំនួន៨ ពួកអាជីវក មានចំនួន៤ពាន់ ៩រយ ពួកបរិព្វាជក មានចំនួន ៤ពាន់ ៩រយ លំនៅនាគ មាន​ចំនួន ៤ពាន់ ៩រយ ឥន្ទ្រិយ មានចំនួន២ពាន់ នរក មានចំនួន៣ពាន់ ធាតុដែលប្រកប​ដោយធូលី (មានខ្នងដៃ ខ្នងជើងជាដើម) មានចំនួន ៣៦ ពួកគ័ភ៌នៃសត្វ ដែលមានសញ្ញា [សត្វដែលមានសញ្ញា ៧ នោះគឺ ឱដ្ឋ១ គោ១ លា១ ពពែ១ សត្វចិញ្ចឹម១ ម្រឹគ១ ក្របី១ (អដ្ឋកថា)។] មានចំនួន ៧ ពួកគ័ភ៌ នៃវត្ថុដែលឥតសញ្ញា [ធញ្ញជាតិ៧ គឺ ស្រូវសាលី១ ស្រូវខ្សាយ១ ស្រូវដំណើប១ ស្រង៉ែ១ កន្ទុយដំរី១ ស្ទួយ១ គែលលក១។] មាន៧ ពួកគ័ភ៌ នៃជាតិ ដែលដុះអំពីថ្នាំង (មានអំពៅជាដើម) មានចំនួន ៧ ពួកទេវតា មានចំនួន៧ ពួកមនុស្ស មានចំនួន៧ ពួកបីសាច មានចំនួន៧ ស្រះ មានចំនួន៧ រអាងភ្នំធំ មានចំនួន៧ រអាងភ្នំតូច មានចំនួន៧០០ ជ្រោះធំមានចំនួន៧ ជ្រោះតូច មានចំនួន៧០០ សុបិនធំ មានចំនួន៧ សុបិនតូច មានចំនួន៧០០ ជនពាលក្តី ជនជាបណ្ឌិតក្តី អន្ទោលទៅ ត្រាច់រង្គាត់ទៅ (ក្នុងវដ្តសង្សារ) អស់កាលចំនួន ៨លាន ៤សែន មហាកប្បហើយ នឹងធ្វើនូវទីបំផុត នៃទុក្ខបាន បុគ្គលកំណត់ទុកថា អាត្មាអញ នឹងធ្វើកម្ម ដែលមិនទាន់ចាស់ ឲ្យចាស់ផង អាត្មាអញ បានពាល់ត្រូវរឿយៗ នូវកម្មចាស់ស្រាប់ហើយ ៗ ធ្វើឲ្យអស់ទៅ ដោយសីលនេះក្តី ដោយវត្តនេះក្តី ដោយតបៈនេះក្តី ដោយព្រហ្មចរិយៈនេះក្តី ដូច្នេះ មិនមានក្នុងមហាកប្ប​ទាំងនោះឡើយ សេចក្តីសុខទុក្ខ ដែលធ្វើឲ្យមានទីបំផុត ដូចគេវាល់របស់ ដោយទោណៈ មិនមានក្នុងសង្សារវដ្ត យ៉ាងនេះឡើយ សង្សារ មិនមានសេចក្តីសាបសូន្យ សេចក្តីចម្រើន មិនមានខ្ពស់ទាប។ ដូចរមូរ នៃអំបោះ ដែលគេបោះចោលទៅ រមូរអំបោះនោះ ក៏រលាអស់ (ត្រឹមតែកំណាត់អំបោះប៉ុណ្ណោះ) យ៉ាងណាមិញ។ ជនពាលក្តី ជនជាបណ្ឌិតក្តី មានសង្សារលាទៅ ក៏អណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខបាន យ៉ាងដូច្នេះឯង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែតហើរទៅកាន់សេចក្តីសុខទុក្ខ។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែតហើរទៅកាន់សេចក្តីសុខទុក្ខ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ រមែងអណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់​ឲ្យធ្វើទេ។បេ។ រមែងអណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា កាយទាំង៧នេះ គ្មានអ្នកធ្វើទេ គ្មានអ្នកបង្គាប់ឲ្យធ្វើទេ។បេ។ ជនពាលក្តី ជនជាបណ្ឌិតក្តី មានសង្សាររលាចេញ អណ្តែត ហើរទៅកាន់សេចក្តីសុខទុក្ខ ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង។ កាលបើវេទនាមាន។បេ។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន ព្រោះអាស្រ័យនូវវិញ្ញាណ ប្រកាន់នូវវិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង។

[១៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ​នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តី​សង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់​បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់សេចក្តីរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាព មិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមិនទៀង។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូប​មាន។បេ។ កាលបើវេទនាមាន។ កាលបើសញ្ញាមាន។ កាលបើសង្ខារទាំងឡាយមាន។ កាលបើវិញ្ញាណមាន វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិន​អាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមិនទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះបើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិ​កើតឡើង យ៉ាងនេះថា លោកមិនទៀង ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។បេ។ សេចក្តីសង្ស័យ ក្នុងបដិបទា ជាដំណើរទៅកាន់ការរលត់ទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន។ ម្នាលភិក្ខុ​ទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមានទីបំផុត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា លោកមិនមានទីបំផុត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ជីវិតនោះ គឺសរីរៈនោះ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំង​ឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ជីវិតដទៃ សរីរៈដទៃ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងកើតទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦៨] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះ​អាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងមិនកើតទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៦៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មាន មិនកើតទៀតក៏មាន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៧០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះអាស្រ័យនូវរូប ប្រកាន់នូវរូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។បេ។

[១៧១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ របស់ណា ដែលបុគ្គលបានឃើញ បានឮ បានពាល់ត្រូវ បានដឹងច្បាស់ បានដល់ បានស្វែងរក បានពិចារណារឿយៗ ដោយចិត្ត របស់នោះ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ របស់ណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួលទៅ បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក លះបង់សេចក្តីសង្ស័យ ក្នុងឋានទាំង៦នេះ បានហើយ សេចក្តីសង្ស័យក្នុងទុក្ខ អរិយសាវ័កនោះ ក៏លះបង់បាន សេចក្តីសង្ស័យ​ក្នុង​ហេតុ ជាទីកើតឡើង​នៃទុក្ខ អរិយសាវ័ក​នោះ ក៏លះបង់បាន។បេ។ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

ចប់ សោតាបត្តិវគ្គ ទី១ ។

ចប់ វេយ្យាករណ៍ ១៨ ។

ទិដ្ឋិសំយុត្ត បេយ្យាលៈ ទី២

[១៧២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌​មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមាន​ព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យនូវរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

[១៧៣] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តី​ប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬមិនលិចទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ (ឯវេយ្យាករណ៍ ដ៏ពិស្តារ ទាំង១៨ មានដំណើរដូចមុន)។

[១៧៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពី​សេចក្តី​ស្លាប់​ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។

[១៧៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យ នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វ បន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា សត្វបន្ទាប់អំពីសេចក្តីស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។

[១៧៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំទាំងឡាយ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើរូបមាន ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យ​នូវ​របស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួននឹងមានរូប ទាំង​មិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តី​ប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូប ទាំងមិនមានរោគ។

[១៧៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនមានរូប ទាំងមិនមានរោគ (បេយ្យាល)។

[១៧៩] ក្រុងសាវត្ថី។ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូបខ្លះ មិនមានរូបខ្លះ ទាំងមិនមានរោគ។

[១៨០] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានរូបក៏មិនមែន មិនមានរូបក៏មិនមែន ទាំង​មិនមានរោគ។

[១៨១] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានសុទ្ធតែសុខ ទាំងមិនមានរោគ។

[១៨២] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានសុទ្ធតែទុក្ខ តែមិនមានរោគ។

[១៨៣] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមានទាំងសុខ ទាំងទុក្ខ ទាំងមិនមានរោគ។

[១៨៤] បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាង​នេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពី​សេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំង​មិនមានរោគ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិន​ទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានទុក្ខ ព្រោះតែអាស្រ័យទុក្ខ ប្រកាន់ទុក្ខ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ (បេយ្យាលទី២)។

[១៨៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ព្រះមានព្រះភាគ ត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគ័ភ៌មិនសម្រាលកូន ព្រះចន្ទ និងព្រះអាទិត្យ មិនរះឡើង ឬ​មិន​លិច​ទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មានព្រះមានព្រះភាគជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែ​អាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជា​សសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមានសង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

[១៨៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យ​នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោលដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់នោះជាទុក្ខ កាលបើរបស់នោះមាន ព្រោះតែអាស្រ័យរបស់នោះ ដូច្នោះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ស្ទឹងមិនហូរ ស្រីមានគភ៌មិនសម្រាលកូន ព្រះចន្ទ ព្រះអាទិត្យមិនរះឡើង ឬ​មិនអស្តង្គតទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោលដែរឬ។  មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណាមិនទៀង របស់នោះជាទុក្ខ  កាលបើរបស់នោះមាន ព្រោះតែអាស្រ័យរបស់នោះ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

(សូត្រទាំង២៦ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។

[១៨៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មាន​ព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើ​មាន​សង្ខារ​ទាំងឡាយ ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំង​មិនមានរោគ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិនអាស្រ័យ​នូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគបានដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុ​ទាំងឡាយ របស់ណា មិនទៀង របស់នោះជាទុក្ខ កាលបើមានរបស់នោះ ព្រោះតែ​អាស្រ័យរបស់នោះ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ មានសេចក្តីប្រែប្រួលជាធម្មតា បើមិន​អាស្រ័យនូវរបស់នោះទេ តើគួរមានទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគដែរឬ។ មិនមែនដូច្នោះទេ ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ របស់ណា មិនទៀង របស់នោះជាទុក្ខ កាលបើមានរបស់នោះ ព្រោះតែអាស្រ័យរបស់នោះ ដូច្នេះឯង ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ (បេយ្យាលទី៣)។

[១៩០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់ ទឹកស្ទឹងមិនហូរ ស្រីមានគភ៌​មិន​សម្រាលកូន ព្រះចន្ទ ព្រះអាទិត្យ មិនរះឡើង ឬមិនអស្តង្គតទៅ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំ មាន​ព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមាន​សង្ខារទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា ខ្យល់មិនបក់។បេ។ តាំងនៅនឹងថ្កល់ ដូចជាសសរគោល។

[១៩១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរនឹងយល់ឃើញ​នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរយល់ដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។បេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះ​ដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។

[១៩២] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិតដោយប្រាជ្ញាដ៏ល្អ នូវរូបទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែន​ជាខ្លួនរបស់អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវ​យល់តាមពិត ដោយប្រាជ្ញាដ៏ល្អ នូវវិញ្ញាណទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ កាលបើអរិយសាវ័ក ឃើញ​យ៉ាង​នេះ។បេ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[១៩៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កាលបើមានអ្វីហ្ន៎ ព្រោះតែអាស្រ័យអ្វី ប្រកាន់អ្វី ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះមានព្រះភាគ ជាមូល។បេ។ ម្នាលភិក្ខុទាំងឡាយ កាលបើមានរូប ព្រោះតែអាស្រ័យរូប ប្រកាន់រូប ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។ កាលបើមានវេទនា។បេ។ កាលបើមានសញ្ញា។ កាលបើមាន​សង្ខារ​ទាំងឡាយ។ កាលបើមានវិញ្ញាណ ព្រោះតែអាស្រ័យវិញ្ញាណ ប្រកាន់វិញ្ញាណ ទើបទិដ្ឋិកើតឡើង យ៉ាងនេះថា បន្ទាប់អំពីសេចក្តីស្លាប់ទៅ ខ្លួន នឹងមិនទុក្ខ មិនសុខ ទាំងមិនមានរោគ។

[១៩៤] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់សេចក្តីនោះ ដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹង​យល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹង​យល់​ដូច្នោះទេ ព្រះអង្គ។ វេទនា។បេ។ សញ្ញា។ សង្ខារទាំងឡាយ។ វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរនឹងយល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញ ដូច្នេះដែរឬ។ មិនគួរនឹងយល់ដូច្នោះទេ ព្រះអង្គ។

[១៩៥] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងលោកនេះ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិត ដោយប្រាជ្ញាដ៏ល្អ នូវរូបទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជា​ខ្លួនរបស់អញឡើយ។ វេទនាណានីមួយ។ សញ្ញាណានីមួយ។ សង្ខារទាំងឡាយណានីមួយ។ វិញ្ញាណណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោគគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី អ្នកទាំងឡាយ ត្រូវយល់តាមពិត ដោយប្រាជ្ញាដ៏ល្អ នូវវិញ្ញាណទាំងអស់នុ៎ះ យ៉ាងនេះថា នុ៎ះមិនមែន​របស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក អ្នកចេះដឹង កាលបើឃើញយ៉ាងនេះ រមែងនឿយណាយ នឹងរូបផង នឿយណាយនឹងវេទនាផង នឿយណាយនឹងសញ្ញាផង នឿយណាយនឹងសង្ខារទាំងឡាយផង នឿយណាយនឹងវិញ្ញាណផង កាលបើនឿយណាយ ក៏ប្រាសចាក​តម្រេក ព្រោះការប្រាសចាកតម្រេក ទើបចិត្តរួចស្រឡះ កាលបើចិត្ត​ផុត​ស្រឡះ​ហើយ ញាណក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ អរិយសាវ័កនោះ ដឹងច្បាស់ថា ជាតិ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិន​មាន​ឡើយ។ (វេយ្យាករណ៍ ទាំង១៨ មានដំណើរដូចមុន សូត្រ២៦ បណ្ឌិតត្រូវសំដែង​ឲ្យពិស្តារ ដូចដំណើរទីពីរផងចុះ សូត្រ២៦ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចដំណើរទីបី សូត្រ២៦ បណ្ឌិតត្រូវសំដែងឲ្យពិស្តារ ដូចដំណើរទីបួន)។

ចប់ ទិដ្ឋិសំយុត្ត ។

ឱក្កន្តសំយុត្ត

[១៩៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ភ្នែកមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែក​ទៅ​​ជាប្រក្រតី ត្រចៀកមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ច្រមុះមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី អណ្តាតមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែក​ទៅជាប្រក្រតី កាយមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ចិត្តមិនទៀង មាន​សេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់ នូវ​ធម៌​ទាំងនេះយ៉ាងនេះ។ បុគ្គលនេះហៅថា សទ្ធានុសារី (អ្នករឭកឃើញរឿយៗ ដោយសទ្ធា) ចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែង​ធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជា​បុគ្គល​ទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល​នៅ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មួយបានត្រាស់ដឹងធម៌ទាំងនេះ ដោយប្រមាណ នៃប្រាជ្ញាយ៉ាងនេះ។ បុគ្គលនេះ ហៅថា ធម្មានុសារី (អ្នករឭកឃើញដោយធម៌ គឺប្រាជ្ញា) ចុះស៊ប់កាន់សម្មត្តនិយាម ចុះស៊ប់កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នក​លែង​ធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែល​មិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល​នៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នូវធម៌ទាំងនេះ។ បុគ្គលនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៩៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែក​ទៅជាប្រក្រតី សំឡេងមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ក្លិនមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី រសមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែក​ទៅជាប្រក្រតី ផោដ្ឋព្វៈមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី ធម្មារម្មណ៍​មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី  បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មួយបានត្រាស់ដឹងធម៌ទាំងនេះ ដោយប្រមាណ នៃប្រាជ្ញា​យ៉ាងនេះ។ បុគ្គលនេះ ហៅថា ធម្មានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់​សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែល​មិនទាន់ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ នូវធម៌ទាំងនេះ។ បុគ្គលនេះ ហៅថា សោតាបន្នបុគ្គល មាន​សភាពមិនធ្លាក់ទៅក្នុងអបាយ ជាបុគ្គលទៀង មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៩៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណមិនទៀង មានសេចក្តី​ប្រែប្រួល​ទៅ ប្លែកទៅជាប្រក្រតី។ សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ។ ជិវ្ហាវិញ្ញាណ។ កាយវិញ្ញាណ។ មនោវិញ្ញាណ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា។បេ។ ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា។បេ។ ធ្វើឲ្យជាក់ច្បាស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា។បេ។  មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[១៩៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សោតសម្ផ័ស្ស។ ឃានសម្ផ័ស្ស។ ជិវ្ហាសម្ផ័ស្ស។ កាយសម្ផ័ស្ស។ មនោសម្ផ័ស្ស មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ មានការត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ។

[២០០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្ស ជាវេទនា មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សោតសម្ផ័ស្ស ជាវេទនា។ ឃានសម្ផ័ស្ស ជាវេទនា។ ជិវ្ហាសម្ផ័ស្ស ជាវេទនា។ កាយសម្ផ័ស្ស ជាវេទនា។ មនោសម្ផ័ស្ស ជាវេទនា មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ជឿចុះចិត្តស៊ប់ នូវ​ធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅ​ខាង​មុខ។

[២០១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសម្គាល់ក្នុងរូប មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីសម្គាល់ក្នុងសំឡេង។ សេចក្តីសម្គាល់ក្នុងក្លិន។ សេចក្តីសម្គាល់ក្នុងរស។ សេចក្តីសម្គាល់ក្នុងផោដ្ឋព្វៈ។ សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី ។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

[២០២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប៉ុនប៉ងក្នុងរូប មិនទៀង មានសេចក្តី​ប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីប៉ុនប៉ងក្នុងសំឡេង។ សេចក្តីប៉ុនប៉ងក្នុងក្លិន។ សេចក្តីប៉ុនប៉ងក្នុងរស។ សេចក្តីប៉ុនប៉ងក្នុងផោដ្ឋព្វៈ។ សេចក្តីប៉ុនប៉ងក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

[២០៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ សេចក្តីប្រាថ្នាក្នុងរូប មិនទៀង មានសេចក្តី​ប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សេចក្តីប្រាថ្នាក្នុងសំឡេង។ សេចក្តីប្រាថ្នាក្នុងក្លិន។ សេចក្តីប្រាថ្នាក្នុងរស។ សេចក្តីប្រាថ្នាក្នុងផោដ្ឋព្វារម្មណ៍។ សេចក្តីប្រាថ្នាក្នុងធម្មារម្មណ៍ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបានត្រាស់ដឹងទៅខាងមុខ។

[២០៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ធាតុដី មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ធាតុទឹក។ ធាតុភ្លើង។ ធាតុខ្យល់។ ធាតុអាកាស។ វិញ្ញាណធាតុ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី។បេ។ នឹងបាន​ត្រាស់ដឹង​ទៅ​ខាង​មុខ។

[២០៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី វេទនាមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ សញ្ញា។ សង្ខារទាំងឡាយ មិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ វិញ្ញាណមិនទៀង មានសេចក្តីប្រែប្រួលទៅ ប្លែកទៅជាប្រក្រតី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាជឿ ចុះចិត្តស៊ប់ នូវធម៌ទាំងនេះ យ៉ាងនេះ។ បុគ្គលនេះ ហៅថា សទ្ធានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅ​កើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បានធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ ត្រាស់ដឹងធម៌ទាំងនេះ ដោយប្រមាណ នៃប្រាជ្ញាយ៉ាងនេះ។ បុគ្គលនេះ ហៅថា ធម្មានុសារី បានចុះស៊ប់ កាន់សម្មត្តនិយាម ចុះស៊ប់ កាន់សប្បុរិសភូមិ កន្លងបង់ នូវបុថុជ្ជនភូមិ ជាអ្នកលែងធ្វើអំពើ ដែលធ្វើហើយនាំឲ្យទៅកើតក្នុងនរក ឬកំណើតសត្វតិរច្ឆាន ឬក៏បិត្តិវិស័យ ជាបុគ្គលទៀង នឹងមិនធ្វើមរណកាល ក្នុងពេលដែលមិនទាន់បាន​ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ស្គាល់ច្បាស់យ៉ាងនេះ ឃើញច្បាស់​យ៉ាង​នេះ នូវធម៌ទាំងនេះ។ បុគ្គលនេះ ហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់​ទៅកាន់​អបាយភូមិ ជាបុគ្គលទៀង នឹងបានត្រាស់ដឹងទៅខាងមុខ។

ចប់ ឱក្កន្តសំយុត្ត ។

ឧទ្ទាននៃឱក្កន្តសំយុត្តនោះគឺ

និយាយអំពីចក្ខុ ១ រូប ១ វិញ្ញាណ ១ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ តណ្ហា ១ ធាតុ ១ ខន្ធ ១ ត្រូវជា១០។

ឧប្បាទសំយុត្ត

[២០៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃចក្ខុ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការ​មាន​ប្រាកដ​នៃជរា និងមរណៈ ការកើតឡើង ការតាំងនៅណា នៃសោតៈ។បេ។ ការកើតឡើង ការតាំងនៅណា នៃឃានៈ។ ការកើតឡើង ការតាំងនៅណា នៃជិវ្ហា។ ការកើតឡើង ការតាំងនៅណា នៃកាយ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃចិត្ត នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២០៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃចក្ខុ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។ ការរលត់ណា នៃសោតៈ។បេ។  ការរលត់ណា នៃឃានៈ។ ការរលត់ណា នៃជិវ្ហា។ ការរលត់ណា នៃកាយ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃចិត្ត នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

[២០៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃរូប នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។ នៃសំឡេង។ នៃក្លិន។ នៃរស។ នៃផោដ្ឋព្វៈ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មារម្មណ៍ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២០៩] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃរូប នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។ នៃសំឡេង។ នៃក្លិន។ នៃរស។ នៃផោដ្ឋព្វៈ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មារម្មណ៍ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

[២១០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃចក្ខុវិញ្ញាណ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំង​នៅណា នៃមនោវិញ្ញាណ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។

[២១១] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃចក្ខុវិញ្ញាណ។បេ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃមនោវិញ្ញាណ។បេ។ ជាការអស់នៃជរា និងមរណៈ។

[២១២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃចក្ខុសម្ផ័ស្ស ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅណា នៃមនោសម្ផ័ស្ស។បេ។ ជាការមានប្រាកដ នៃជរា និងមរណៈ។

[២១៣] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃចក្ខុសម្ផ័ស្ស។បេ។ ជាការអស់​នៃជរា និងមរណៈ។បេ។ ការរលត់ណា នៃមនោសម្ផ័ស្ស។បេ។ ជាការអស់នៃជរា និងមរណៈ។

[២១៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃចក្ខុសម្ផ័ស្ស ជាវេទនា ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃមនោសម្ផ័ស្ស ជាវេទនា នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២១៥] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់រម្ងាប់ណា នៃ ចក្ខុសម្ផ័ស្ស ជាវេទនា ។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។  ការរលត់ ការស្ងប់រម្ងាប់ ការ​អស់ណា នៃ មនោសម្ផ័ស្ស ជាវេទនា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

[២១៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃរូប​សញ្ញា។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មសញ្ញា នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅ​នៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២១៧] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបសញ្ញា។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។  ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មសញ្ញា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

[២១៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃរូបសញ្ចេតនា។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅណា នៃធម្មសញ្ចេតនា។បេ។ ជាការមានប្រាកដ នៃជរា និងមរណៈ។

[២១៩] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបសញ្ចេតនា ។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។  ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មសញ្ចេតនា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

[២២០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅណា នៃរូបតណ្ហា។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ។បេ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃធម្មតណ្ហា នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២២១] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃរូបតណ្ហា ។បេ។ ជាការអស់នៃជរា និងមរណៈ។បេ។  ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃធម្មតណ្ហា នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

[២២២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃបឋវីធាតុ។បេ។ ជាការមានប្រាកដនៃជរា និងមរណៈ នៃអបោធាតុ។បេ។ នៃតេជោធាតុ។ នៃវាយោធាតុ។ នៃអាកាសធាតុ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃវិញ្ញាណធាតុ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២២៣] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ណា នៃបឋវីធាតុ។បេ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃអបោធាតុ។បេ។ ជាការអស់នៃជរា និងមរណៈ ការរលត់ណា នៃតេជោធាតុ។ ការរលត់ណា នៃវាយោធាតុ។ ការរលត់ណា នៃអាកាសធាតុ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃវិញ្ញាណធាតុ នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

[២២៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃរូប នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដ នៃជរា និងមរណៈ នៃវេទនា។បេ។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ការកើតឡើង ការតាំងនៅ ការវិលត្រឡប់ ការមានប្រាកដណា នៃវិញ្ញាណ នុ៎ះជាការកើតឡើងនៃទុក្ខ ជាការតាំងនៅនៃរោគ ជាការមានប្រាកដនៃជរា និងមរណៈ។

[២២៥] ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃរូប នុ៎ះជាការរលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ នៃវេទនា។បេ។ នៃសញ្ញា។ នៃសង្ខារទាំងឡាយ។ ការរលត់ ការស្ងប់រម្ងាប់ ការអស់ណា នៃវិញ្ញាណ នុ៎ះ​ជាការ​រលត់នៃទុក្ខ ជាការស្ងប់រម្ងាប់នៃរោគ ជាការអស់នៃជរា និងមរណៈ។

ចប់ ឱប្បាទសំយុត្ត ។

ឧទ្ទាននៃឱប្បាទសំយុត្តនោះគឺ

និយាយអំពីចក្ខុ ១ រូប ១ វិញ្ញាណ ១ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ តណ្ហា ១ ធាតុ ១ ខន្ធ ១ ត្រូវជា១០។

កិលេសសំយុត្ត

[២២៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគ (តម្រេកប្រកបដោយ​សេចក្តី​ពេញចិត្ត) ណា ក្នុងចក្ខុ នុ៎ះជាឧបក្កិលេស (នាំឲ្យសៅហ្មង) របស់ចិត្ត ឆន្ទរាគណា ក្នុងសោតៈ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងឃានៈ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងជិវ្ហា នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងកាយ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ឆន្ទរាគណា ក្នុងមនោ នុ៎ះជាឧបក្កិលេសរបស់ចិត្ត ។ ម្នាលភិក្ខុទាំងឡាយ កាលណា​បើ​ភិក្ខុ​លះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

[២២៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូប នុ៎ះជាឧបក្កិលេស​របស់ចិត្ត។ ក្នុងសំឡេង។ ក្នុងក្លិន។ ក្នុងរស។ ក្នុងផោដ្ឋព្វៈ។ ឆន្ទរាគណា ក្នុងធម្មារម្មណ៍ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែង​បង្អោនទៅរក​នេក្ខម្មៈផង ជាចិត្តអប់រំ ដោយនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

[២២៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុវិញ្ញាណ នុ៎ះជា​ឧបក្កិលេសរបស់ចិត្ត។ ក្នុងសោតៈវិញ្ញាណ។ ក្នុងឃានវិញ្ញាណ។ ក្នុងជិវ្ហាវិញ្ញាណ។ ក្នុងកាយវិញ្ញាណ។ ឆន្ទរាគណា ក្នុងមនោវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុ​ទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ តែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំដោយនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

[២២៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុសម្ផ័ស្ស នុ៎ះជា​ឧបក្កិលេសរបស់ចិត្ត។ ក្នុងសោតៈសម្ផ័ស្ស។ ក្នុងឃានសម្ផ័ស្ស។ ក្នុងជិវ្ហាសម្ផ័ស្ស។ ក្នុងកាយសម្ផ័ស្ស។ ឆន្ទរាគណា ក្នុងមនោសម្ផ័ស្ស នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៣០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងចក្ខុសម្ផ័ស្ស ជាវេទនា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសោតៈសម្ផ័ស្ស ជាវេទនា។ ក្នុងឃានសម្ផ័ស្ស ជាវេទនា។ ក្នុងជិវ្ហាសម្ផ័ស្ស ជាវេទនា។ ក្នុងកាយសម្ផ័ស្ស ជាវេទនា។ ឆន្ទរាគណា ក្នុងមនោសម្ផ័ស្ស ជាវេទនា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុង​ធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៣១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូបសញ្ញា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសទ្ទសញ្ញា។ ក្នុងគន្ធសញ្ញា។ ក្នុងរសសញ្ញា។ ក្នុងផោដ្ឋព្វសញ្ញា។ ឆន្ទរាគណា ក្នុងធម្មសញ្ញា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៣២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូបសញ្ចេតនា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសទ្ទសញ្ចេតនា។ ក្នុងគន្ធសញ្ចេតនា។ ក្នុងរសសញ្ចេតនា។ ក្នុងផោដ្ឋព្វសញ្ចេតនា។ ឆន្ទរាគណា ក្នុងធម្មសញ្ចេតនា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៣៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូបតណ្ហា នុ៎ះ​ជាឧបក្កិលេសរបស់ចិត្ត។ ក្នុងសទ្ទតណ្ហា។ ក្នុងគន្ធតណ្ហា។ ក្នុងរសតណ្ហា។ ក្នុងផោដ្ឋព្វតណ្ហា។ ឆន្ទរាគណា ក្នុងធម្មតណ្ហា នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុ ។បេ។ ក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៣៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងបឋវីធាតុ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ក្នុងអបោធាតុ។ ក្នុងតេជោធាតុ។ ក្នុងវាយោធាតុ។ ក្នុងអាកាសធាតុ។ ឆន្ទរាគណា ក្នុងវិញ្ញាណធាតុ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

[២៣៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ ឆន្ទរាគណា ក្នុងរូប នុ៎ះជាឧបក្កិលេសរបស់ចិត្ត។បេ។ ឆន្ទរាគណា ក្នុងវិញ្ញាណ នុ៎ះជាឧបក្កិលេសរបស់ចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុលះបង់ នូវឧបក្កិលេសរបស់ចិត្ត ក្នុងហេតុទាំង៦នេះបានហើយ ចិត្តរបស់ភិក្ខុនោះ រមែងបង្អោនទៅរកនេក្ខម្មៈផង ជាចិត្តអប់រំក្នុងនេក្ខម្មៈផង ជាចិត្តគួរដល់ភាវនាកម្ម ប្រាកដក្នុងធម៌ទាំងឡាយ ដែលខ្លួនគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តមផង។

ចប់ កិលេសសំយុត្ត ។

ឧទ្ទាននៃកិលេសសំយុត្តនោះគឺ

និយាយអំពីចក្ខុ ១ រូប ១ វិញ្ញាណ ១ ផស្សៈ ១ វេទនា ១ សញ្ញា ១ ចេតនា ១ តណ្ហា ១ ធាតុ ១ ខន្ធ ១ ទាំងអស់នោះ​ត្រូវជា ១០។

សារីបុត្តសំយុត្ត

[២៣៦] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រង់សាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាតហើយ ត្រឡប់អំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្តហើយ សំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាកក្នុងវេលាថ្ងៃ លុះចូលស៊ប់ក្នុងអន្ធវ័នហើយ គង់សម្រាក ក្នុងវេលាថ្ងៃ ទៀបគល់ឈើមួយ។ គ្រានោះ ព្រះសារីបុត្តមានអាយុ ចេញអំពីទីពួនសម្ងំ ក្នុងសាយណ្ហសម័យហើយ ចូលទៅកាន់វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី។ ព្រះអានន្ទមានអាយុ បានឃើញព្រះសារីបុត្តមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោលនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ នៅដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានចូលបឋមជ្ឈាន ដែលប្រកបដោយវិត្តកៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលបឋមជ្ឈាន ឬថា អាត្មាអញ បាន​ចូល​បឋមជ្ឈាន​ហើយ ឬក៏ថា អាត្មាអញ បានចេញអំពីបឋមជ្ឈានហើយ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ព្រោះព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្ត​មានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលបឋមជ្ឈាន ឬថា អាត្មាអញ បានចូលបឋមជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីបឋមជ្ឈានហើយ ដូច្នេះឡើយ។

[២៣៧] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ក៏បានពោល​នឹង​ព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខ​ក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ គង់សម្រាន្ត​នៅ ដោយធម៌ជាគ្រឿងនៅ​ដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ព្រោះរម្ងាប់វិត្តកៈ វិចារៈ ខ្ញុំក៏បានចូលដល់​ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាព​ជាចិត្តខ្ពស់ឯក មិនមានវិត្តកៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ ហើយ​សម្រេច​សម្រាន្ត​នៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលទុតិយជ្ឈាន ឬថា អាត្មាអញ បានចូលទុតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីទុតិយជ្ឈាន ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែនហើយ ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលទុតិយជ្ឈាន ឬថា អាត្មាអញ បាន​ចូលទុតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីទុតិយជ្ឈាន ដូច្នេះឡើយ។

[២៣៨] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ម្នាលអាវុសោ​សារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខរបស់លោក ក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ គង់សម្រាន្តនៅ ដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកព្រងើយផង មានសតិ និងសេចក្តីដឹងខ្លួនផង សោយសុខដោយនាមកាយផង អរិយបុគ្គលទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ជាអ្នកមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតីនៅជាសុខ ខ្ញុំក៏បានចូលតតិយជ្ឈាន ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលតតិយជ្ឈាន ឬថា អាត្មាអញ បានចូលតតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីតតិយជ្ឈាន ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែនហើយ ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលតតិយជ្ឈាន ឬថា អាត្មាអញ បានចូលតតិយជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីតតិយជ្ឈាន ដូច្នេះឡើយ។

[២៣៩] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ម្នាលអាវុសោ​សារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូរផង់ ថ្ងៃនេះ តើព្រះសារីបុត្តមានអាយុ គង់សម្រាន្តនៅ ដោយធម៌ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំលះបង់​សេចក្តីសុខផង លះបង់ទុក្ខផង ព្រោះរំលត់សោមនស្ស និងទោមនស្ស អំពីមុនផង បានចូលចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលចតុត្ថជ្ឈាន ឬថា អាត្មាអញ បានចូលចតុត្ថជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីចតុត្ថជ្ឈានហើយ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ដ្បិតព្រះសារីបុត្ត​មានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់ថាអញ ថារបស់អញ អស់កាលយូរមកហើយ ព្រោះហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលចតុត្ថជ្ឈាន ឬថា អាត្មាអញ បានចូលចតុត្ថជ្ឈានហើយ ឬក៏ថា អាត្មាអញ បានចេញអំពីចតុត្ថជ្ឈាន ដូច្នេះឡើយ។

[២៤០] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវរូបសញ្ញា រំលត់នូវបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ដោយប្រការទាំងពួង ហើយចូលអាកាសានញ្ចាយតនជ្ឈាន ដោយពិចារណាថា អាកាសមិនមានទីបំផុត ដូច្នេះ ហើយសម្រេច​សម្រាន្ត​នៅ។បេ។ចេញហើយ ដូច្នេះឡើយ។

[២៤១] ក្រុងសាវត្ថី។ ព្រះអានន្ទមានអាយុ បានឃើញហើយ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយពិចារណាថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ ហើយសម្រេចសម្រាន្តនៅ។បេ។ ចេញហើយ ដូច្នេះឡើយ។

[២៤២] ក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ហើយចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយពិចារណាថា អ្វីបន្តិចបន្តួចមិនមាន ដូច្នេះ ហើយសម្រេចសម្រាន្តនៅ។បេ។ ចេញហើយ ដូច្នេះឡើយ។

[២៤៣] ក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ។បេ។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំកន្លងបង់ នូវអាកិញ្ចញ្ញាយតនជ្ឈាន បានចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយសម្រេចសម្រាន្តនៅ។បេ។ ចេញហើយ ដូច្នេះឡើយ។

[២៤៤] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណ្ឌិក​សេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះចូលទៅកាន់​ក្រុងសាវត្ថី ដើម្បីបិណ្ឌបាតហើយ បានត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយសំដៅទៅ​កាន់​អន្ធវ័ន ដើម្បីនៅសម្រាកក្នុងវេលាថ្ងៃ លុះចូលស៊ប់ ក្នុងអន្ធវ័នហើយ ក៏គង់សម្រាកក្នុងវេលាថ្ងៃ ទៀបគល់ឈើមួយ។ គ្រានោះ ព្រះសារីបុត្តមានអាយុ បានចេញអំពីទីពួនសម្ងំ ក្នុងវេលា​សាយណ្ហសម័យ បានចូលទៅកាន់វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី។ ព្រះអានន្ទមានអាយុ បានឃើញព្រះសារីបុត្តមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញហើយ បានពោល​នឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា ម្នាលអាវុសោសារីបុត្ត ឥន្ទ្រិយរបស់លោកជ្រះថ្លា សម្បុរមុខក៏ស្អាតផូផង់ ព្រះសារីបុត្តមានអាយុ ក្នុងថ្ងៃនេះ តើគង់នៅដោយធម៌​ជាគ្រឿងនៅដូចម្តេច។ ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានកន្លងបង់ នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង បានចូលសញ្ញាវេទយិតនិរោធ ហើយសម្រេចសម្រាន្តនៅ។ ម្នាលអាវុសោ ខ្ញុំនោះ មិនមានសេចក្តីបរិវិត្តក យ៉ាងនេះថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ បានចូល​សញ្ញាវេទយិតនិរោធ​ហើយ ឬក៏ថា អាត្មាអញ បានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ។ ព្រះអានន្ទតបថា ពិតដូច្នោះមែន ដ្បិតព្រះសារីបុត្តមានអាយុ បានគាស់រំលើង នូវអនុស័យ គឺសេចក្តីប្រកាន់​ថាអញ ថារបស់អញ អស់កាលយូរមកហើយ ព្រោះហេតុនោះ បានជាព្រះសារីបុត្តមានអាយុ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ កំពុងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ បានចូលសញ្ញាវេទយិតនិរោធហើយ ឬក៏ថា អាត្មាអញ បានចេញអំពីសញ្ញាវេទយិតនិរោធ ដូច្នេះឡើយ។

[២៤៥] សម័យមួយ ព្រះសារីបុត្តមានអាយុ គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត លុះចូលទៅ​បិណ្ឌបាត តាមលំដាប់ច្រក ក្នុងក្រុងរាជគ្រឹះហើយ បានទៅគង់អាស្រ័យ ក្បែរជើងជញ្ជាំងមួយ ឆាន់ចង្ហាន់បិណ្ឌបាតនោះ។ គ្រានោះ បរិព្វាជិកា ឈ្មោះ សូចិមុខី បានចូលទៅរក​ព្រះសារីបុត្តមាន​អាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី។ នែប្អូនស្រី អាត្មាមិនមែន​ឱនមុខឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬ។ ម្នាលប្អូនស្រី អាត្មាមិនមែនងើយ​មុខឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំ (ទាំងបួន) ឆាន់ឬអ្វី។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ។ បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសតូច (ទាំងបួន) ឆាន់ឬអ្វី។ ម្នាលប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសតូចឆាន់ទេ។ ចុះព្រោះហេតុដូចម្តេច កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ លោកឱនមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែន​ឱនមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងើយមុខឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងើយមុខឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកបែរមុខទៅកាន់ទិសធំឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនបែរមុខទៅកាន់ទិសធំឆាន់ទេ កាលដែលខ្ញុំសួរលោកថា បពិត្រសមណៈ បើដូច្នោះ លោកងាកមុខទៅកាន់ទិសតូចឆាន់ឬអ្វី លោកឆ្លើយថា នែប្អូនស្រី អាត្មាមិនមែនងាកមុខទៅកាន់ទិសតូចឆាន់ទេ បពិត្រសមណៈ ចុះលោកឆាន់ដូចម្តេចវិញ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចំការទីដី ម្នាលប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា អ្នកឱនមុខឆាន់ ។ នែប្អូនស្រី ពួកសមណ​ព្រាហ្មណ៍​ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងនក្ខត្តឫក្ស នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណាពួកនេះ ហៅថា អ្នកងើយមុខឆាន់  នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយៗ នូវទូតកម្ម និងការបញ្ជូនដំណឹង នែប្អូនស្រី សមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសធំឆាន់ ។ នែប្អូនស្រី ពួកសមណព្រាហ្មណ៍ណានីមួយ ចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលខាងអង្គសម្បត្តិ (ទាយលក្ខណៈ)  នែប្អូនស្រី ពួកសមណព្រាហ្មណ៍ពួកនេះ ហៅថា បែរមុខទៅកាន់ទិសតូចឆាន់ ។ នែប្អូនស្រី អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាមើលទាយចំការទេ  អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយនក្ខត្តឫក្សទេ អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះការប្រកបរឿយៗ នូវទូតកម្ម និងការបញ្ជូនដំណឹងទេ អាត្មាមិនមែនចិញ្ចឹមជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា គឺវិជ្ជាទាយអង្គសម្បត្តិទេ អាត្មាតែងស្វែងរកភិក្ខាដោយធម៌ លុះស្វែងរកភិក្ខា​បាន ដោយធម៌ហើយ ទើបឆាន់។ គ្រានោះ សូចិមុខីបរិព្វាជិកា ចេញអំពីច្រក ចូលទៅកាន់ច្រក ចេញពីផ្លូវត្រឡែងកែង ចូលទៅកាន់ផ្លូវត្រឡែងកែង ក្នុងក្រុងរាជគ្រឹះ ប្រាប់គេយ៉ាងនេះថា សមណសក្យបុត្រទាំងឡាយ តែងឆាន់អាហារ ប្រកបដោយធម៌ សមណសក្យបុត្រទាំង​ឡាយ តែងឆាន់អាហារ ដែលមិនមានទោស អ្នកទាំងឡាយ ចូរប្រគេនដុំបាយ ដល់ពួក​សមណសក្យបុត្រ​ផងចុះ។

ចប់ សារីបុត្តសំយុត្ត ។

ឧទ្ទាននៃសារីបុត្តសំយុត្តនោះគឺ

និយាយអំពី បឋមជ្ឈានប្រកបដោយវិវេក ១ ទុតិយជ្ឈានមិនមានវិត្តកៈ ១ តតិយជ្ឈានប្រាសចាកបីតិ ១ ចតុត្ថជ្ឈានប្រកបដោយឧបេក្ខា ១ អាកាសានញ្ចាយតនជ្ឈាន ១ វិញ្ញាណញ្ចាយតនជ្ឈាន ១ អាកិញ្ចញ្ញាយតនជ្ឈាន ១ នេវសញ្ញានាសញ្ញាយតនជ្ឈាន ១ សញ្ញាវេទយិតនិរោធ ជាគម្រប់ប្រាំបួន ១ គម្រប់ ១០ នឹងរឿងសូចិមុខីបរិព្វាជិកា។

នាគសំយុត្ត

[២៤៦] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគនេះ មាន​៤​យ៉ាង។ ចុះកំណើត៤ គឺអ្វីខ្លះ។ កំណើត៤ គឺ ពួកនាគជាអណ្ឌជៈកំណើត១ ពួកនាគជា​ជលាពុជៈកំណើត១ ពួកនាគជាសំសេទជៈកំណើត១ ពួកនាគជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគ មាន៤យ៉ាងនេះឯង។

[២៤៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគនេះ មាន៤យ៉ាង។ ចុះកំណើត៤ គឺអ្វីខ្លះ។ កំណើត៤ គឺ ពួកនាគជាអណ្ឌជៈកំណើត១ ពួកនាគជា​ជលាពុជៈកំណើត១ ពួកនាគជាសំសេទជៈកំណើត១ ពួកនាគជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ បណ្តានាគទាំងនោះ ពួកនាគជាជលាពុជៈកំណើតក្តី ពួកនាគជា​សំសេទជៈកំណើតក្តី ពួកនាគជាឧបបាតិកៈកំណើតក្តី ប្រសើរជាងពួកនាគ​ជាអណ្ឌជៈកំណើត។ ម្នាលភិក្ខុទាំងឡាយ បណ្តានាគទាំងនោះ ពួកនាគជា​សំសេទជៈកំណើតក្តី ពួកនាគជាឧបបាតិកៈកំណើតក្តី ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើត និងពួកនាគជាជលាពុជៈកំណើត។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកនាគទាំងនេះ ពួកនាគជា​ឧបបាតិកៈកំណើត ប្រសើរជាងពួកនាគជាអណ្ឌជៈកំណើតផង ជាងពួកនាគជា​ជលាពុជៈកំណើតផង ជាងពួកនាគជាសំសេទជៈកំណើតផង។ ម្នាលភិក្ខុទាំងឡាយ កំណើតរបស់នាគ មាន៤យ៉ាងនេះឯង។

[២៤៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះ មានភិក្ខុមួយរូប បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ប្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យពួកនាគខ្លះ ជាអណ្ឌជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើនឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ ម្នាលភិក្ខុ ពួកនាគ ជាអណ្ឌជៈខ្លះ ក្នុងលោកនេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីដើម ពួកយើងធ្វើអំពើទាំងពីរ គឺកុសល និងអកុសលដោយកាយ ធ្វើអំពើទាំងពីរ គឺកុសល និងអកុសលដោយវាចា ធ្វើអំពើទាំងពីរ គឺកុសល និងអកុសលដោយចិត្ត ពួកយើងទាំងនោះ (ព្រោះតែ) ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគជាអណ្ឌជៈកំណើត ប្រសិនបើឥឡូវនេះ ពួកយើងប្រព្រឹត្តសុចរិតដោយកាយ  ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតក្នុងសុគតិសួគ៌ទេវលោក ដោយហេតុយ៉ាងនេះពុំខាន បើដូច្នោះ មានតែ ពួកយើងប្រព្រឹត្តសុចរិតដោយកាយ  ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាអណ្ឌជៈកំណើតក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។

[២៤៩] ក្រុងសាវត្ថី។ គ្រានោះ មានភិក្ខុមួយរូប (ចូលទៅគាល់) ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាជលាពុជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ (សេចក្តីទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាជលាពុជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។

[២៥០] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាសំសេទជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ (សេចក្តីទាំងអស់ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាសំសេទជៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។

[២៥១] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះ​មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាឧបបាតិកៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។ ម្នាលភិក្ខុ ពួកនាគខ្លះ ជាឧបបាតិកៈកំណើត ក្នុងលោកនេះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីដើម ពួកយើងធ្វើអំពើ​ទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត ព្រោះពួក​យើងទាំងនោះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត លុះបែកធ្លាយរាងកាយ បន្ទាប់អំពីស្លាប់ទៅ ក៏បានទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត បើក្នុងកាលឥឡូវនេះ ពួកយើងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះពួកយើង បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងទៅកើតក្នុងសុគតិសួគ៌ទេវលោក ដោយហេតុយ៉ាងនេះពុំខាន បើដូច្នោះមានតែ ពួកយើង ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ក្នុងកាលឥឡូវនេះ​កុំខាន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកនាគខ្លះ ជាឧបបាតិកៈកំណើត ក្នុងលោកនេះ រក្សាឧបោសថផង មានកាយដ៏ស្និទ្ធ (ព្រោះមិនអើពើ នឹងសេចក្តីអន្តរាយ អំពីអាលម្ពាយន៍) ផង។

[២៥២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅខាងមុខ ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគជា​អណ្ឌជៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ បុគ្គលនោះ ដល់រំលាងខន្ធ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏បានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ បានទៅកើតជាមួយ​នឹងពួកនាគ ជាអណ្ឌជៈកំណើត។

[២៥៣] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ បានទៅកើតជាមួយនឹង​ពួកនាគ ជាជលាពុជៈកំណើត។បេ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹង​ពួកនាគ ជាជលាពុជៈកំណើត។

[២៥៤] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹង​ពួកនាគ ជាសំសេទជៈកំណើត។បេ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹង​ពួកនាគ ជាសំសេទជៈកំណើត។

[២៥៥] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគ ជាឧបបាតិកៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ ដល់បុគ្គលនោះ បែកធ្លាយរាងកាយ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។

[២៥៦] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគ ជាអណ្ឌជៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។ ទើបបុគ្គលនោះ ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្រាប់សំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាអណ្ឌជៈកំណើត។

[២៥៧] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាជលាពុជៈកំណើត។បេ។ នឹងពួកនាគ ជាសំសេទជៈកំណើត។ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកនាគ ជាឧបបាតិកៈកំណើត មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសម្រាប់សំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយ បន្ទាប់អំពីសចក្តីស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើតមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតជាមួយនឹងពួកនាគ ជាឧបបាតិកៈកំណើត។ (សូត្រ ១០ ព្រមទាំងបេយ្យាលៈនេះ មានសេចក្តីពិស្តារហើយ វេយ្យាករណ៍ ៤០ ក្នុងកំណើតទាំង៤ មានសូត្រ ១០ មានសូត្រ ៥០)។

ចប់ នាគសំយុត្ត ។

ឧទ្ទានក្នុងនាគសំយុត្តនោះ គឺ

និយាយអំពីកំណើតនាគសុទ្ធ ១ កំណើតនាគប្រសើរជាងគ្នា ជាលំដាប់ ១ នាគរក្សាឧបោសថ មាន ៤លើក បុគ្គលនោះ បានឮកំណើត​នាគ មាន៤លើក ឧបការទានមាន ៤លើក ដែលទ្រង់ប្រកាសល្អហើយដោយរឿងនាគ។

សុបណ្ណសំយុត្ត

[២៥៨] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌនេះ មាន៤។ ចុះកំណើតគ្រុឌ ទាំង៤ គឺអ្វីខ្លះ។ គឺពួកគ្រុឌ ជាអណ្ឌជៈកំណើរ១ ពួកគ្រុឌ ជាជលាពុជៈកំណើត១ ពួកគ្រុឌ ជាសំសេទជៈកំណើត១ ពួកគ្រុឌ ជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌ មាន៤ នេះឯង។

[២៥៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌនេះ មាន៤។ ចុះកំណើត​គ្រុឌ ទាំង៤ គឺអ្វីខ្លះ។ ពួកគ្រុឌជាអណ្ឌជៈកំណើរ១ ពួកគ្រុឌជាជលាពុជៈកំណើត១ ពួកគ្រុឌ ជាសំសេទជៈកំណើត១ ពួកគ្រុឌ ជាឧបបាតិកៈកំណើត១។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌ​ទាំងនោះ គ្រុឌជាអណ្ឌជៈកំណើត ឆាបបានតែពួកនាគជាអណ្ឌជៈកំណើត ឆាបពួក​នាគជាជលាពុជៈកំណើតមិនបាន ឆាបពួកនាគជាសំសេទជៈកំណើតមិនបាន ឆាបពួកនាគជាឧបបាតិកៈកំណើតមិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួកគ្រុឌជាជលាពុជៈកំណើត ឆាបនាគជាអណ្ឌជៈកំណើត និងនាគជាជលាពុជៈកំណើតបាន ឆាបពួកនាគជាសំសេទជៈកំណើតមិនបាន ឆាបពួកនាគជា​ឧបបាតិកៈកំណើត​មិនបានឡើយ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួកគ្រុឌជាសំសេទជៈកំណើត ឆាបនាគ​ជាអណ្ឌជៈកំណើត ឆាបនាគជាជលាពុជៈកំណើត និងនាគជា​សំសេទជៈកំណើតបាន ឆាបពួកនាគជាឧបបាតិកៈកំណើតមិនបានទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាគ្រុឌទាំងនោះ ពួកគ្រុឌជាឧបបាតិកៈកំណើត ឆាបពួកនាគជាអណ្ឌជៈកំណើតក៏បាន ឆាបពួកនាគជាជលាពុជៈកំណើតក៏បាន ឆាបពួកនាគជាសំសេទជៈកំណើតក៏បាន ឆាបពួកនាគជាឧបបាតិកៈកំណើតក៏បាន។ ម្នាលភិក្ខុទាំងឡាយ កំណើតគ្រុឌ មាន៤នេះឯង។

[២៦០] ក្រុងសាវត្ថី។ មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយ​នឹងពួកគ្រុឌជាអណ្ឌជៈកំណើតបាន។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាអណ្ឌជៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌជាអណ្ឌជៈបានមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹង​ពួកគ្រុឌ ជាអណ្ឌជៈ។

[២៦១] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាជលាពុជៈ។បេ។ ពួកគ្រុឌជាសំសេទជៈ។ ទៅកើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុង​លោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាឧបបាតិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខ​ច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌជាឧបបាតិកៈ។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ​មែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ។

[២៦២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុង​លោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាអណ្ឌជៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេច​ហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹង​ពួកគ្រុឌ ជាអណ្ឌជៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាអណ្ឌជៈ។

[២៦៣] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរ​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកគ្រុឌ ជាជលាពុជៈ។បេ។ ពួកគ្រុឌជាសំសេទជៈ។ ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ធ្វើអំពើទាំងពីរដោយកាយ ធ្វើអំពើទាំងពីរដោយវាចា ធ្វើអំពើទាំងពីរដោយចិត្ត បុគ្គលនោះ បានឮថា ពួកគ្រុឌជាឧបបាតិកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខ​ច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយ​រាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកគ្រុឌ ជាឧបបាតិកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹង​ពួកគ្រុឌ​ ជា​ឧបបាតិកៈ។ (សូត្រមាន៤៦ ដោយការរួបរួមយ៉ាងនេះ)។

ចប់ សុបណ្ណសំយុត្ត ។

ឧទ្ទានក្នុងសុបណ្ណសំយុត្តនោះគឺ

និយាយអំពីកំណើតគ្រុឌសុទ្ធ ១ គ្រុឌឆាបនាគបាន ១ បុគ្គលធ្វើអំពើទាំងពីរ មាន៤លើក ឧបការទាន មាន៤លើក ដែលទ្រង់ប្រកាសហើយដោយរឿងគ្រុឌ។

គន្ធព្វកាយសំយុត្ត

[២៦៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។បេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវទេវតាទាំងឡាយ ដែលជាពួកគន្ធព្វ [ទេវតា ដែលជាអ្នកប្រើប្រាស់ នូវវត្ថុ​មាន​ក្លិនក្រអូប។] ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់រឿងនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាទាំងឡាយ ជាពួកគន្ធព្វ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានឫសក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើមានខ្លឹមក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យ​នៅលើ​ឈើ មានសាច់ស្រាយ​ក្រអូប​ក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យ​នៅលើឈើ មាន​សំបក​ក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតាអាស្រ័យ​នៅលើ​ឈើ មានក្រមរក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យ​នៅលើ​ឈើ មានស្លឹកក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យ​នៅលើ​ឈើ មាន​ផ្កាក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានផ្លែក្រអូបក៏មាន ម្នាលភិក្ខុ​ទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើ មានរសក្រអូបក៏មាន ម្នាលភិក្ខុទាំងឡាយ ពួកទេវតា អាស្រ័យនៅលើឈើមានក្លិនក្រអូបទាំងអស់ [ឈើដែលមានឫស ខ្លឹម ស្រាយ ​ជាដើម ក្រអូបទាំងអស់។] ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទេវតាទាំងឡាយ ជាពួកគន្ធព្វ។

[២៦៥] ក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ​ក្នុងលោកនេះ​ បែកធ្លាយ​រាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វ។ ម្នាលភិក្ខុ បុគ្គលខ្លះ​ ក្នុងលោក​នេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គល​នោះ បានឮថា ពួកទេវតាជាពួកគន្ធព្វ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គល​នោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយ​រាងកាយស្លាប់​ទៅ នឹងបានទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វ។ លុះបុគ្គលនោះ បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជា​បច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ជាពួកគន្ធព្វ។

[២៦៦] ក្រុងសាវត្ថី។ គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យ​នៅលើឈើមាន​ឫសក្រអូប។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិត​ដោយ​វាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យនៅលើ​ឈើមានឫសក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។ បុគ្គលនោះ ក៏ឲ្យឫសឈើមានក្លិនក្រអូប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយ​នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានឫសក្រអូបមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានឫសក្រអូប។

[២៦៧] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​បុគ្គល​ខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយ​នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានខ្លឹមក្រអូប។បេ។ នឹងពួកទេវតា ដែលអាស្រ័យនៅ​លើឈើមានស្រាយក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានសំបកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្រមរក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យ​នៅលើ​ឈើមានស្លឹកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានផ្កាក្រអូប។ នឹងពួក​ទេវតា ដែលអាស្រ័យនៅលើឈើមានផ្លែក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យ​នៅលើឈើ​មានរសក្រអូប។ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅ​លើឈើ មានក្លិន​ក្រអូប​ទាំងអស់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិត​ដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យ​នៅលើឈើ មានខ្លឹមក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែកធ្លាយរាងកាយ​ស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានខ្លឹមក្រអូប។ នឹង​ពួកទេវតា​ ដែលអាស្រ័យនៅលើឈើមានស្រាយក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅ​លើឈើមាន​សំបកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានក្រមរក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានស្លឹកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យ​នៅលើឈើមានផ្កាក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានផ្លែក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានរសក្រអូប។ នឹងបានទៅកើត ជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅ​លើឈើមានក្លិនក្រអូបទាំងអស់។ បុគ្គលនោះ ក៏ឲ្យខ្លឹមឈើ មានក្លិនក្រអូប។ បុគ្គលនោះ ​ក៏ឲ្យស្រាយឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យសំបកឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យក្រមរឈើ​មានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យស្លឹកឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យផ្កាឈើ មានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យផ្លែឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យរសឈើមានក្លិនក្រអូប។ បុគ្គលនោះ ក៏ឲ្យ ឈើមានក្លិនក្រអូបទាំងអស់។ លុះបុគ្គលនោះ បែកធ្លាយ​រាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើ​ឈើមានក្លិនក្រអូប​ទាំងអស់។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យ​បុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យ​នៅលើឈើមាន​ក្លិនក្រអូបទាំងអស់។

[២៦៨] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ​ក្នុងលោក​នេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យ​នៅលើឈើមាន​ឫសក្រអូប។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យ​នៅលើឈើ មានឫសក្រអូប មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខ​ច្រើន។ បុគ្គល​នោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែក​ធ្លាយ​រាង​កាយ​ស្លាប់ទៅ នឹងបានទៅកើត ជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅ​លើឈើ មានឫសក្រអូប។ ទើបបុគ្គល​នោះ ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿង​លាបផ្សេងៗ ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យ​នៅលើឈើ​ មានឫសក្រអូបមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយ​រាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យ​នៅលើឈើមាន​ឫសក្រអូប។

[២៦៩] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះ​មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ​ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅ​លើឈើមានខ្លឹមក្រអូប។បេ។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានស្រាយក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើមានសំបកក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅ​លើឈើ មានក្រមរក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានស្លឹកក្រអូប។ នឹង​ពួកទេវតា ដែលអាស្រ័យនៅលើឈើ មានផ្កាក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅលើ​ឈើ​មានផ្លែក្រអូប។ នឹងពួកទេវតា ដែលអាស្រ័យនៅ​លើឈើ មានរស​ក្រអូប។ ទៅកើត​ជាមួយ​នឹង​ពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់ មាន​អាយុ​វែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ ដល់អាត្មាអញបែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយ​នឹងពួកទេវតា ដែលអាស្រ័យនៅលើ​ឈើ មានក្លិនក្រអូបទាំងអស់។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅ​កើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់មែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងពួកទេវតា ដែលអាស្រ័យនៅលើឈើ មានក្លិនក្រអូបទាំងអស់។ (សូត្រ ១រយ១ក្តី ១២ក្តី រមែងមានដោយ​ការរួបរួមតែមួយយ៉ាងនេះ)។

ចប់ គន្ធព្វកាយសំយុត្ត ។

ឧទ្ទាននៃគន្ធព្វកាយសំយុត្តនោះ គឺ

និយាយអំពីគន្ធព្វកាយិកទេវតាសុទ្ធ ១ សុចរិត ១ អ្នកឲ្យទាន ១០ ពួកដទៃទៀត និងឧបការទាន ១០ ដែលឲ្យកើតជាគន្ធព្វកាយិកទេវតា ដែលទ្រង់ប្រកាសហើយ ដោយប្រពៃ។

វលាហកសំយុត្ត

[២៧០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវទេវតាទាំងឡាយ ដែល​ជាពួក​វលាហកៈ [ជាអ្នកបណ្តាលនូវការត្រជាក់ ជាដើម។] ដល់អ្នកទាំងឡាយ ចូរអ្នក​ទាំង​ឡាយ ស្តាប់រឿងនោះចុះ។បេ។ ម្នាលភិក្ខុទាំងឡាយ ចុះទេវតាទាំងឡាយ ដែលជា​ពួក​វលាហកៈ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ដែលជាសីតវលាហកៈ (អ្នកបណ្តាល នូវធាតុត្រជាក់) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយ ជាឧណ្ហវលាហកៈ (អ្នកបណ្តាល នូវធាតុក្តៅ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាអព្ភវលាហកៈ (អ្នកបណ្តាលនូវអ័ព្ទ) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាពួកវាតវលាហកៈ (អ្នកបណ្តាលនូវខ្យល់) ក៏មាន ម្នាលភិក្ខុទាំងឡាយ ទេវតាទាំងឡាយជាពួកវស្សាវលាហកៈ (អ្នកបណ្តាលនូវភ្លៀង) ក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទេវតាទាំងឡាយ ជាពួក​វលាហកៈ។

[២៧១] ក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាពួកវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ​ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកទេវតាទាំងឡាយ ជាពួកវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោក បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាពួកវលាហកៈ។

[២៧២] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះ​មាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជា​សីតវលាហកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិត​ដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាសីតវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះ​ថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹង​ទេវតាទាំងឡាយ ជាសីតវលាហកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ ​បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជា​មួយនឹង​ទេវតាទាំងឡាយ ជាសីតវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាសីតវលាហកៈ។

[២៧៣] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោកនេះ បែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាឧណ្ហវលាហកៈ។

[២៧៤] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាអព្ភវលាហកៈ។

[២៧៥] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវាតវលាហកៈ។

[២៧៦] ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ។ ម្នាលភិក្ខុ បុគ្គលខ្លះ ក្នុងលោកនេះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត បុគ្គលនោះ បានឮថា ទេវតាទាំងឡាយ ជាវស្សវលាហកៈ មានអាយុវែង មានសម្បុរល្អ មានសេចក្តីសុខច្រើន។ បុគ្គលនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ អាត្មាអញ ដល់បែកធ្លាយរាងកាយស្លាប់ទៅ នឹងបានទៅកើតជាមួយនឹង​ទេវតាទាំងឡាយ ជាវស្សវលាហកៈ។ បុគ្គលនោះ ក៏ឲ្យបាយ ឲ្យទឹក ឲ្យសំពត់ ឲ្យយានជំនិះ ឲ្យផ្កាកម្រង ឲ្យគ្រឿងក្រអូប ឲ្យគ្រឿងលាប ឲ្យទីដេក ឲ្យទីសំណាក់អាស្រ័យ ឲ្យគ្រឿងប្រទីប។ លុះបុគ្គលនោះ ​បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយពួកទេវតាទាំងឡាយ ជាវស្សវលាហកៈមែន។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យបុគ្គលខ្លះ ក្នុងលោក​នេះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងទេវតាទាំងឡាយ ជាវស្សវលាហកៈ។

[២៧៧] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានត្រជាក់​ម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ សីតវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានត្រជាក់។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានត្រជាក់ម្តងៗ។

[២៧៨] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានក្តៅម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ ឧណ្ហវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នា ក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានក្តៅ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានក្តៅម្តងៗ។

[២៧៩] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានអ័ព្ទម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ អព្ភវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបចុះអ័ព្ទ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានអ័ព្ទម្តងៗ។

[២៨០] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានខ្យល់ម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ វាតវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានខ្យល់។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានខ្យល់ម្តងៗ។

[២៨១] ក្រុងសាវត្ថី។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានភ្លៀងបង្អុរចុះម្តងៗ។ ម្នាលភិក្ខុ មានពួកទេវតាឈ្មោះ វស្សវលាហកៈ ចួនណាពួកទេវតានោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរយើងត្រេកអរ ដោយតម្រេករបស់ខ្លួន ព្រោះអាស្រ័យសេចក្តីប្រាថ្នាក្នុងចិត្តនោះ របស់ទេវតាទាំងនោះ ទើបមានភ្លៀងបង្អុរចុះ។ ម្នាលភិក្ខុ នេះជាហេតុ នេះជាបច្ច័យ ដែលមានភ្លៀងបង្អុរចុះ​ម្តងៗ។

ចប់ វលាហកៈសំយុត្ត ។

ឧទ្ទានក្នុងវលាហកសំយុត្តនោះ គឺ

និយាយអំពីការសំដែងនូវទេវតាជាពួកវលាហកៈ ១ បុគ្គល៥ពួក ប្រព្រឹត្តសុចរិត ១ ឧបការទាន ៥លើក សីតវលាហកៈ ១ ឧណ្ហវលាហកៈ ១ អព្ភវលាហកៈ ១ វាតវលាហកៈ ១ វស្សវលាហកៈ ១។

វច្ឆគោត្តសំយុត្ត

[២៨២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង បរិព្វាជកឈ្មោះ វច្ចគោត្ត បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលមានទិដ្ឋិច្រើនប្រការនេះ កើតឡើង​ក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន ថា លោកមានទីបំផុត​ក៏មាន ថា លោកមិនមានទីបំផុតក៏មាន ថា ជីវិតនោះ គឺសរីរៈនោះក៏មាន ថា ជីវិតដទៃ សរីរៈដទៃក៏មាន ថា សត្វស្លាប់ទៅកើតទៀតក៏មាន ថា សត្វស្លាប់ទៅ​មិនកើតទៀតក៏មាន ថា សត្វស្លាប់ទៅ​ កើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន ថា សត្វស្លាប់ទៅ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែនក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងរូប មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតរូប មិនដឹងក្នុងទីរំលត់រូប មិនដឹងក្នុងសេចក្តីប្រតិបត្តិ ជាដំណើរទៅកាន់ទីរំលត់រូប ទើបទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកយ៉ាងនេះថា លោកទៀងក៏មាន។បេ។ ថា សត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។

[២៨៣]​ ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាល​ឲ្យ​ទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងវេទនា មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតវេទនា មិនដឹងក្នុងទីរំលត់វេទនា មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វេទនា នេះដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើង ក្នុងលោកយ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថា​លោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។

[២៨៤] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យ​ទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន លោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងសញ្ញា មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតសញ្ញា មិនដឹងក្នុង​ទីរំលត់សញ្ញា មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សញ្ញា នេះឯង​ដែលនាំ​ឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។

[២៨៥] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថា លោកទៀងក៏មាន ថា លោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងសង្ខារទាំងឡាយ មិនដឹងក្នុងហេតុ នាំឲ្យកើតសង្ខារ មិនដឹងក្នុងទីរំលត់​សង្ខារ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សង្ខារ នេះហើយ ដែលនាំឲ្យទិដ្ឋិ​ច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។

[២៨៦] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនដឹងក្នុងវិញ្ញាណ មិនដឹងក្នុងហេតុ ដែលនាំឲ្យកើតវិញ្ញាណ មិនដឹងក្នុងទីរំលត់វិញ្ញាណ មិនដឹងក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វិញ្ញាណ នេះឯងហើយ ដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុង​លោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។

[២៨៧] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀង ក៏មាន។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនឃើញក្នុងរូប។បេ។ មិនឃើញក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់រូប។បេ។

[២៨៨] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនឃើញក្នុងវេទនា។

[២៨៩] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនឃើញក្នុងសញ្ញា។

[២៩០] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនឃើញ ក្នុងសង្ខារទាំងឡាយ។

[២៩១] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនឃើញ ក្នុងវិញ្ញាណ។បេ។ ព្រោះការមិន​ឃើញ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វិញ្ញាណ។

[២៩២] ក្រុងសាវត្ថី។ ព្រោះការមិនត្រាស់ដឹងក្នុងរូប។បេ។ ព្រោះការមិនត្រាស់ដឹង ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់រូប។បេ។

[២៩៣] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង ក្នុងវេទនា។បេ។

[២៩៤] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង ក្នុងសញ្ញា។បេ។

[២៩៥] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង ក្នុងសង្ខារទាំងឡាយ។បេ។

[២៩៦] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹង ក្នុងវិញ្ញាណ។បេ។

[២៩៧] ក្រុងសាវត្ថី។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​សួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ។បេ។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹងតាម ក្នុងរូប។បេ។ ព្រោះការមិនត្រាស់ដឹងតាម ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់រូប។បេ។

[២៩៨] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ក្នុងវេទនា។បេ។

[២៩៩] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ក្នុងសញ្ញា ។បេ។

[៣០០] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ក្នុងសង្ខារទាំងឡាយ ។បេ។

[៣០១] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនត្រាស់ដឹងតាម ក្នុងវិញ្ញាណ។បេ។ ព្រោះការមិនត្រាស់ដឹងតាម ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វិញ្ញាណ។បេ។

[៣០២] ក្រុងសាវត្ថី។ បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ។បេ។ ម្នាលវច្ឆៈ ព្រោះការមិនចាក់ធ្លុះ ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនចាក់ធ្លុះ ក្នុងវិញ្ញាណ។បេ។

[៣០៣] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនកំណត់ ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនកំណត់ ក្នុងវិញ្ញាណ។បេ។

[៣០៤] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនចូលទៅកំណត់ ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនចូលទៅកំណត់ ក្នុងវិញ្ញាណ។បេ។

[៣០៥] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនបានសំឡឹងលៃលក ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនបានសំឡឹងលៃលក ក្នុងវិញ្ញាណ។បេ។

[៣០៦] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនពិចារណា ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនពិចារណា ក្នុងវិញ្ញាណ។បេ។

[៣០៧] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនបានចូលទៅកំណត់ ក្នុងរូប។បេ។ ម្នាលវច្ឆៈ ព្រោះការមិនបានចូលទៅកំណត់ ក្នុងវិញ្ញាណ។បេ។

[៣០៨] ក្រុងសាវត្ថី។ គ្រានោះឯង វច្ឆគោត្តបរិព្វាជក ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងដ៏ទីសមគួរ។ លុះវច្ឆគោត្តបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោក ថាលោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងរូប ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងហេតុដែលនាំឲ្យកើតរូប ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងទីរំលត់រូប ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់រូប ។បេ។

[៣០៩] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងវេទនា ។បេ។ ព្រោះ​ការ​មិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វេទនា។បេ។

[៣១០] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងសញ្ញា ។បេ។ ព្រោះ​ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សញ្ញា។បេ។

[៣១១] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងសង្ខារទាំងឡាយ ។បេ។ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់សង្ខារ ។បេ។

[៣១២] ក្រុងសាវត្ថី។ ម្នាលវច្ឆៈ ព្រោះការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងវិញ្ញាណ ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងហេតុដែលនាំឲ្យកើតវិញ្ញាណ ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងទីរំលត់វិញ្ញាណ ការមិនធ្វើឲ្យជាក់ច្បាស់ ក្នុងបដិបទា ជាដំណើរទៅកាន់ទីរំលត់វិញ្ញាណ នេះឯងហើយ ដែលនាំឲ្យទិដ្ឋិច្រើនប្រការ កើតឡើងក្នុងលោក យ៉ាងនេះថា លោកទៀងក៏មាន ។បេ។ ថាសត្វស្លាប់ទៅ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន ថាលោកមិនទៀងក៏មាន ថាលោកមានទីបំផុតក៏មាន ថាលោកមិនមានទីបំផុតក៏មាន ថាជីវិតនោះ គឺសរីរៈនោះក៏មាន ថាជីវិតដទៃ សរីរៈដទៃក៏មាន ថាសត្វស្លាប់ទៅកើតទៀតក៏មាន ថាសត្វស្លាប់ទៅមិនកើតទៀតក៏មាន ថាសត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន ថាសត្វស្លាប់ទៅកើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ក៏មាន។ ម្នាលវច្ឆៈ នេះជាហេតុ នេះជាបច្ច័យ ដែលបណ្តាលឲ្យទិដ្ឋិច្រើនប្រការនេះ កើតឡើងក្នុងលោកថា លោកទៀងក៏មាន លោកមិនទៀងក៏មាន។បេ។ ថាសត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន។ (សូត្រ៥៥ មានដោយការរួបរួមចូលគ្នាតែមួយ)។

ចប់ វច្ឆគោត្តសំយុត្ត ។

នេះជាឧទ្ទាននៃវច្ឆគោត្តសំយុត្តគឺ

និយាយអំពីការមិនដឹង ១ ការមិនឃើញ ១ ការមិនត្រាស់ដឹង ១ ការមិនត្រាស់ដឹងតាម ១ ការមិនចាក់ធ្លុះចំពោះ ១ ការមិនកំណត់ ១ ការមិនចូលទៅកំណត់ ១ ការមិនសំឡឹងលៃលក ១ ការមិនពិចារណា ១ ការមិនចូលទៅពិចារណា ១ ការមិនធ្វើឲ្យជាក់ច្បាស់ ១។

សមាធិសំយុត្ត

[៣១៣] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចូលសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចូលសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចូលសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ កើតអំពីគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដជាប្រសើរជាង មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងការចូលសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង មានឧបមេយ្យ យ៉ាងនោះឯង។

[៣១៤] ក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គល ទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើសមាធិ​ឲ្យឋិតនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុង​សមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការធ្វើសមាធិឲ្យឋិតនៅផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងការធ្វើសមាធិឲ្យឋិតនៅផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់កើតអំពីគោ ទឹកដោះជូរកើតអំពីទឹកដោះស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លា ប្រាកដជាប្រសើរជាង មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងការធ្វើសមាធិឲ្យឋិតនៅផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ក៏មានឧបមេយ្យ យ៉ាងនោះដែរ។

[៣១៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការចេញចាកសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញ​ចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចេញចាកសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការចេញចាកសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់កើតអំពីគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ។បេ។ ថ្លៃថ្លាផង។

[៣១៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើចិត្ត ឲ្យរីករាយស្រួលក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ។បេ។ ថ្លៃថ្លាផង។

[៣១៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងអារម្មណ៍ ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុង អារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។

[៣១៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងគោចរ [សំដៅយកការមិនឈ្លាសវៃ ក្នុងកម្មដ្ឋានគោចរ និងភិក្ខាចារគោចរ (អដ្ឋកថា)។] ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងគោចរក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃក្នុងគោចរក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។

[៣១៩]​​​ ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកសាងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកសាងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការកសាងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការកសាងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ឈ្លាសវៃ ក្នុងការកសាងសមាធិផង។ បណ្តាបុគ្គល អ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។

[៣២០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនធ្វើដោយគោរព ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើដោយគោរព ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនធ្វើដោយគោរពក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ធ្វើដោយគោរពក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ធ្វើដោយគោរពក្នុងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។

[៣២១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនធ្វើរឿយៗ ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើរឿយៗក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមាន​ឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ធ្វើឲ្យរឿយៗក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យរឿយៗក្នុងសមាធិផង។ បណ្តាបុគ្គល​មានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។

[៣២២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលមានឈាន ទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ តែមិនធ្វើឲ្យសប្បាយ [មិនអាចបំពេញឧបការធម៌ទាំងឡាយ ដែលជាទីសប្បាយ ដល់សមាធិ។] ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិ ទាំងមិនធ្វើឲ្យសប្បាយ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនេះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការកំណត់អង្គ (ឈាន) ក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់ កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។

[៣២៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គល ទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការតំកល់សមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូល​សមាធិ​ផង ឈ្លាសវៃ ក្នុងការតំកល់សមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការតំកល់សមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ដូចទឹកដោះស្រស់កើតអំពីគោ ។បេ។ ថ្លៃថ្លាផង។

[៣២៤] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងចូលសមាធិផង ឈ្លាសវៃក្នុងការចេញចាកសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលអ្នកមានឈានណា។បេ។ ថ្លៃថ្លាផង។

[៣២៥] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ ។បេ។ ថ្លៃថ្លាផង។

[៣២៦] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ ។បេ។ ថ្លៃថ្លាផង។

[៣២៧] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងគោចរក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃ ក្នុងគោចរក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ ។បេ។ ថ្លៃថ្លាផង។

[៣២៨] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនឈ្លាសវៃ ក្នុងការកសាងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការកសាងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនឈ្លាសវៃ ក្នុងការកសាងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ឈ្លាសវៃក្នុងការកសាងសមាធិផង។ បណ្តាបុគ្គលទាំងនោះ ។បេ។ ថ្លៃថ្លាផង។

[៣២៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនធ្វើដោយគោរព ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើដោយគោរពក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនធ្វើដោយគោរព ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ជាអ្នកធ្វើដោយគោរព ក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ ។បេ។ ថ្លៃថ្លាផង។

[៣៣០] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យរឿយៗ ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ធ្វើឲ្យរឿយៗ ក្នុងសមាធិផង។ បណ្តាបុគ្គលទាំងនោះ ។បេ។ ថ្លៃថ្លាផង។

[៣៣១] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិ តែមិនធ្វើឲ្យសប្បាយ ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យសប្បាយ ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចូលសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការចូលសមាធិ ទាំងមិនធ្វើឲ្យសប្បាយក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ កើតអំពីមេគោ ទឹកដោះជូរ កើតអំពីទឹកដោះស្រស់ ទឹកដោះខាប់ កើតអំពីទឹកដោះជូរ ទឹកដោះរាវ កើតអំពីទឹកដោះខាប់ ទឹកដោះថ្លា កើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លានេះ ប្រាកដជាប្រសើរជាង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃ ក្នុងការចូលសមាធិផង ធ្វើឲ្យសប្បាយក្នុងសមាធិផង។ បណ្តាបុគ្គលអ្នកមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ក៏យ៉ាងនោះដែរ។

[៣៣២] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការតំកល់សមាធិ តែមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកមិនឈ្លាសវៃ ក្នុងការតំកល់សមាធិ ទាំងមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការតំកល់សមាធិផង ឈ្លាសវៃ ក្នុងការចេញចាកសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

[៣៣៣] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ។ ឈ្លាសវៃក្នុងការធ្វើចិត្ត ឲ្យរីករាយស្រួល ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ។ មិនឈ្លាសវៃ ក្នុងការចេញចាកសមាធិ មិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ។ ជាអ្នកឈ្លាសវៃ ក្នុងការចេញចាកសមាធិផង ឈ្លាសវៃ ក្នុងការធ្វើចិត្ត ឲ្យរីករាយស្រួល ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

[៣៣៤] ក្រុងសាវត្ថី។ ជាអ្នកឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ឈ្លាសវៃក្នុង អារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃ ក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិ។ មិនឈ្លាសវៃ ក្នុងធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ ទាំងមិនឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិ។ ឈ្លាសវៃក្នុងការធ្វើចិត្តឲ្យរីករាយស្រួលក្នុងសមាធិផង ឈ្លាសវៃ ក្នុងអារម្មណ៍ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

[៣៣៥] ក្រុងសាវត្ថី។ ឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ តែមិនឈ្លាសវៃក្នុងគោចរ ក្នុងសមាធិ ។ ឈ្លាសវៃក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ ។ មិនឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិ ទាំងមិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ។ ឈ្លាសវៃក្នុងអារម្មណ៍ក្នុងសមាធិផង ឈ្លាសវៃក្នុងគោចរក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

[៣៣៦]​​​ ក្រុងសាវត្ថី។ ឈ្លាសវៃក្នុងគោចរក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការកសាងសមាធិ ។ ឈ្លាសវៃក្នុងការកសាងសមាធិ តែមិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ ។ មិនឈ្លាសវៃក្នុងគោចរក្នុងសមាធិ ទាំងមិនឈ្លាសវៃក្នុងការកសាងសមាធិ។ ឈ្លាសវៃក្នុងគោចរក្នុងសមាធិផង ឈ្លាសវៃក្នុង ការកសាងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់កើតអំពីមេគោ ទឹកដោះជូរកើតអំពីទឹកដោះស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លាប្រាកដជាប្រសើរជាង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកឈ្លាសវៃក្នុងគោចរក្នុងសមាធិផង ឈ្លាសវៃក្នុងការកសាងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤នេះ បុគ្គលនេះ។បេ។ឧត្តមផង ថ្លៃថ្លាផង ក៏យ៉ាងនោះដែរ។

[៣៣៧] ក្រុងសាវត្ថី។ (បុគ្គលខ្លះ) ឈ្លាសវៃក្នុងការកសាងសមាធិ តែមិនធ្វើដោយគោរពក្នុងសមាធិ ។ ធ្វើដោយគោរពក្នុងសមាធិ តែមិនឈ្លាសវៃក្នុងការកសាងសមាធិ។ មិនឈ្លាសវៃក្នុងការកសាងសមាធិ ទាំងមិនធ្វើដោយគោរពក្នុងសមាធិ។ ឈ្លាសវៃក្នុងការកសាងសមាធិផង ធ្វើដោយគោរពក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

[៣៣៨] ក្រុងសាវត្ថី។( បុគ្គលខ្លះ) ធ្វើដោយគោរពក្នុងសមាធិ តែមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ ។ ធ្វើឲ្យរឿយៗក្នុងសមាធិ តែមិនធ្វើដោយគោរពក្នុងសមាធិ។ មិនធ្វើដោយគោរពក្នុងសមាធិ ទាំងមិនធ្វើឲ្យរឿយៗក្នុងសមាធិ។ ធ្វើដោយគោរពក្នុងសមាធិផង ធ្វើឲ្យរឿយៗក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា។បេ។ ឧត្តមផង ថ្លៃថ្លាផង។

[៣៣៩] ក្រុងសាវត្ថី។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈាននេះ មាន៤ពួក។ បុគ្គលទាំង៤ពួក ដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យរឿយៗក្នុងសមាធិ តែមិនធ្វើឲ្យសប្បាយក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិ តែមិនធ្វើឲ្យរឿយៗ ក្នុងសមាធិ ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ មិនធ្វើឲ្យរឿយៗក្នុងសមាធិ ទាំងមិនធ្វើឲ្យសប្បាយក្នុងសមាធិ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានខ្លះ ក្នុងលោកនេះ ជាអ្នកធ្វើឲ្យរឿយៗ ក្នុងសមាធិផង ធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំងនោះ បុគ្គលមានឈានណា ជាអ្នកធ្វើឲ្យរឿយៗក្នុងសមាធិផង ជាអ្នកធ្វើឲ្យសប្បាយក្នុងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង។ ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ កើតអំពីមេគោ ទឹកដោះជូរកើតអំពីទឹកដោះស្រស់ ទឹកដោះខាប់កើតអំពីទឹកដោះជូរ ទឹកដោះរាវកើតអំពីទឹកដោះខាប់ ទឹកដោះថ្លាកើតអំពីទឹកដោះរាវ បណ្តាទឹកដោះទាំងនោះ ទឹកដោះថ្លាប្រាកដជាប្រសើរ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ បុគ្គលមានឈានណា ជាអ្នកធ្វើឲ្យរឿយៗ ក្នុងសមាធិផង ធ្វើឲ្យសប្បាយ ក្នុងសមាធិផង។ បណ្តាបុគ្គលមានឈាន ទាំង៤ពួកនេះ បុគ្គលនេះ ខ្ពង់ខ្ពស់ផង ប្រសើរផង ជាប្រធានផង ឧត្តមផង ថ្លៃថ្លាផង ក៏យ៉ាងនោះដែរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ។ ពួកភិក្ខុទាំងនោះ ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។ (វេយ្យាករណ៍ ៥០ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ)។

ចប់ សមាធិសំយុត្ត ។

ឧទ្ទានក្នុងសមាធិសំយុត្តនោះគឺ

និយាយអំពីសមាធិ ១ ការចូលសមាធិ ១ ការតំកល់នូវសមាធិ ១ ការចេញចាកសមាធិ ១ ការធ្វើចិត្តឲ្យរីករាយស្រួល ក្នុងសមាធិ ១ អារម្មណ៍ក្នុងសមាធិ ១ គោចរក្នុងសមាធិ ១ ការកសាងសមាធិ ១ ធ្វើដោយគោរពក្នុងសមាធិ ១ ធ្វើឲ្យរឿយៗក្នុងសមាធិ ១ ទាំងធ្វើឲ្យសប្បាយក្នុងសមាធិ ១។

ចប់ សំយុត្តក្នុងខន្ធវារវគ្គ ។

ឧទ្ទាននៃវគ្គក្នុងសំយុត្តទាំងនោះគឺ

និយាយអំពីនកុលបិតាវគ្គ ១ អនិច្ចវគ្គ ១ ភារវគ្គ ១ នតុម្ហាកវគ្គ ១ អត្តទីបវគ្គ ១ លោកចាត់ជា​បឋមបណ្ណាសកៈ (មូលបណ្ណាសកៈ)។ ឧបាយវគ្គ ១ អរហន្តវគ្គ ១ ខជ្ជនីយវគ្គ ១ ថេរវគ្គ ១ ជាគម្រប់ ៥ នឹងបុប្ផវគ្គ ដែលលោកសំដែងហើយថា ជាមជ្ឈិមបណ្ណាសកៈ។ អន្តវគ្គ ១ ធម្មកថិកវគ្គ ១ អវិជ្ជាវគ្គ ១ កុក្កុលវគ្គ ១ ជាគម្រប់៥ នឹងទិដ្ឋិវគ្គ លោកចាត់ជា​តតិយបណ្ណាសកៈ (ចូឡបណ្ណាសកៈ​ក៏បាន) ហៅថា និបាត​ក៏បាន។ ខន្ធសំយុត្ត ១ រាធសំយុត្ត ១ ទិដ្ឋិសំយុត្ត ១ ឱក្កន្តិសំយុត្ត ១ ឧប្បាទសំយុត្ត ១ កិលេសសំយុត្ត ១ សារីបុត្តសំយុត្ត ១ នាគសំយុត្ត ១ សុបណ្ណសំយុត្ត ១ គន្ធព្វកាយិកសំយុត្ត ១ ពលាហសំយុត្ត ១ វច្ឆគោត្តសំយុត្ត ១ សមាធិសំយុត្ត ១ ត្រូវជា១៣សំយុត្ត។

ចប់ ភាគ៣៤។