ព្រះត្រៃបិដក

វិន័យបិដក|សុត្តន្តបិដក|អភិធម្មបិដក

មុន |១៤| … |៣០|៣១|៣២|៣៣|៣៤| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

សំយុត្តនិកាយ និទានវគ្គ ចតុត្ថភាគ

ភាគ ៣២

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ធាតុសំយុត្ត

នានត្តវគ្គ ទី១

ធាតុនានត្តសូត្រ ទី១

[១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធាតុមានសភាពផ្សេងគ្នា ដល់អ្នក​ទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់​នូវធាតុមានសភាពផ្សេងគ្នានោះ ចូរធ្វើ​ទុកក្នុងចិត្តឲ្យល្អ តថាគត​នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា ដូចម្តេច។ ចក្ខុធាតុ រូបធាតុ ចក្ខុវិញ្ញាណធាតុ សោតធាតុ សទ្ទធាតុ សោតវិញ្ញាណធាតុ ឃានធាតុ គន្ធធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាធាតុ រសធាតុ ជិវ្ហា​វិញ្ញាណធាតុ កាយធាតុ ផោដ្ឋព្វធាតុ កាយវិញ្ញាណធាតុ មនោធាតុ ធម្មធាតុ មនោ​វិញ្ញាណធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។ ចប់សូត្រទី១។

ផស្សនានត្តសូត្រ ទី២

[៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ សោតធាតុ ឃានធាតុ ជិវ្ហាធាតុ កាយធាតុ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៤] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យ​ចក្ខុធាតុ ព្រោះអាស្រ័យ​សោតធាតុ… ព្រោះអាស្រ័យ​ឃានធាតុ… ព្រោះអាស្រ័យ​ជិវ្ហាធាតុ… ព្រោះអាស្រ័យ​កាយធាតុ… មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី២។​

នោផស្សនានត្តសូត្រ ទី៣

[៥] ព្រះមានព្រះភាគ ​ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៦] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យផស្សៈ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យ​ចក្ខុធាតុ មិនមែនចក្ខុធាតុកើតឡើង ព្រោះអាស្រ័យ​ចក្ខុសម្ផ័ស្សទេ។បេ។ មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ មិនមែនមនោធាតុ កើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្សទេ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា មិនមែនធាតុមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៣។

វេទនានានត្តសូត្រ ទី៤

[៧] ​ព្រះមានព្រះភាគ ​ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[៨] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាពផ្សេងគ្នា វេទនា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យផស្សៈ មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យ​ចក្ខុធាតុ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យ​ចក្ខុសម្ផ័ស្ស។បេ។ មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ វេទនាដែលកើតអំពី​មនោសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្ស។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៤។

ទុតិយវេទនានានត្តសូត្រ ទី៥

[៩] ព្រះមានព្រះភាគ ​ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នា មិនមែនផស្សៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាព​ផ្សេងគ្នា មិនមែន​ធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាព​ផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ​មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ចក្ខុធាតុ។បេ។ មនោធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុមានសភាពផ្សេងគ្នា។

[១០] ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុមានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នា មិនមែនផស្សៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាព​ផ្សេងគ្នា មិនមែន​ធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យ​ចក្ខុធាតុ វេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យ​ចក្ខុសម្ផ័ស្ស មិនមែនចក្ខុសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើត​អំពីចក្ខុសម្ផ័ស្ស មិនមែនចក្ខុ​ធាតុកើតឡើង ព្រោះអាស្រ័យចក្ខុសម្ផ័ស្សទេ។បេ។ មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យមនោធាតុ វេទនាដែល​កើតអំពីមនោសម្ផ័ស្ស ក៏កើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្ស មិនមែន​មនោសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើតអំពីមនោសម្ផ័ស្ស មិនមែនមនោធាតុកើតឡើង ព្រោះអាស្រ័យមនោសម្ផ័ស្សទេ។ ម្នាលភិក្ខុទាំងឡាយ ផស្សៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុ មានសភាពផ្សេងគ្នា វេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នា មិនមែនផស្សៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាព​ផ្សេងគ្នា មិនមែន​ធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈ មានសភាព​ផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៥។

ពាហិរធាតុនានត្តសូត្រ ទី៦

[១១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង​នូវធាតុ​ មានសភាពផ្សេងគ្នា ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធាតុមានសភាព​ផ្សេងគ្នានោះ… ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាពផ្សេងគ្នា តើដូចម្តេច។ រូបធាតុ សទ្ទធាតុ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ​មានសភាព​ផ្សេងគ្នា។ ចប់សូត្រទី៦។

សញ្ញានានត្តសូត្រ ទី៧

[១២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា សង្កប្បៈ (សេចក្តីត្រិះរិះ) មាន​សភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈ (សេចក្តី​ពេញចិត្ត) មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ មានសភាពផ្សេងគ្នា បរិឡាហៈ (សេចក្តីក្រហល់ក្រហាយ) មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនា (ការស្វែងរក) មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាពផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមាន​សភាព​ផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ​មានសភាព​ផ្សេងគ្នា។

[១៣] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញាមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈមានសភាពផ្សេងគ្នា បរិឡាហៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈ មានសភាពផ្សេងគ្នា បរិយេសនា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញា​កើតឡើង ព្រោះអាស្រ័យរូបធាតុ រូបសង្កប្បៈ (សេចក្តីត្រិះរិះក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូបសញ្ញា រូបឆន្ទៈ (សេចក្តីពេញចិត្តក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូប​សង្កប្បៈ រូបបរិឡាហៈ (សេចក្តីក្រហល់ក្រហាយក្នុងរូប) កើតឡើង ព្រោះអាស្រ័យរូបឆន្ទៈ រូបបរិយេសនា (ការស្វែងរករូប) កើតឡើង ព្រោះអាស្រ័យរូបបរិឡាហៈ។បេ។ ធម្មសញ្ញា​កើតឡើង ព្រោះអាស្រ័យធម្មធាតុ ធម្មសង្កប្បៈ (សេចក្តីត្រិះរិះក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា ធម្មច្ឆន្ទៈ (សេចក្តីពេញចិត្តក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ ធម្មបរិឡាហៈ (សេចក្តីក្រហល់ក្រហាយក្នុងធម៌) កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ ធម្មបរិយេសនា (ការស្វែងរកធម៌) កើតឡើង ព្រោះអាស្រ័យ​ធម្មបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ឆន្ទៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា បរិឡាហៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា បរិយេសនា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៧។

នោបរិយេសនានានត្តសូត្រ ទី៨

[១៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យ​សញ្ញា​មានសភាព​ផ្សេងគ្នា។បេ។ បរិយេសនា មានសភាព​ផ្សេងគ្នា… មិនមែន​បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា មិនមែន​ឆន្ទៈ មាន​សភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈ មានសភាពផ្សេងគ្នា មិនមែនសញ្ញា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ​មាន​សភាពផ្សេងគ្នា មិនមែន​ធាតុ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញា មានសភាពផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុមានសភាព​ផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាពផ្សេងគ្នា។

[១៥] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យ​សញ្ញា​មានសភាព​ផ្សេងគ្នា។បេ។ បរិយេសនា មានសភាព​ផ្សេងគ្នា… មិនមែន​បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា មិនមែន​ឆន្ទៈ មាន​សភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈ មានសភាពផ្សេងគ្នា មិនមែនសញ្ញា មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ​មាន​សភាពផ្សេងគ្នា មិនមែន​ធាតុ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញា មានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះអាស្រ័យរូបធាតុ។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ… កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា។បេ។ ធម្មបរិយេសនា… មិនមែន​ធម្មបរិឡាហៈ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែនធម្មច្ឆន្ទៈ​ កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ មិនមែនធម្មសង្កប្បៈ កើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ មិនមែនធម្មសញ្ញា កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ មិនមែនធម្មធាតុ កើតឡើង ព្រោះអាស្រ័យ​ធម្មសញ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា… កើតឡើង ព្រោះអាស្រ័យ​សញ្ញា​មានសភាព​ផ្សេងគ្នា។បេ។ បរិយេសនា មានសភាព​ផ្សេងគ្នា… មិនមែនកើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា។បេ។ សញ្ញា មាន​សភាព​ផ្សេងគ្នា… មិនមែនធាតុ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៨។

ពាហិរផស្សនានត្តសូត្រ ទី៩

[១៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញាមានសភាព​ផ្សេងគ្នា ផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈមានសភាព​ផ្សេងគ្នា វេទនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ មានសភាព​ផ្សេងគ្នា ឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​វេទនា មានសភាព​ផ្សេងគ្នា បរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ឆន្ទៈ មានសភាព​ផ្សេងគ្នា បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិឡាហៈ មានសភាព​ផ្សេងគ្នា លាភ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​បរិយេសនា មានសភាព​ផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ មានសភាព​ផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាព​ផ្សេងគ្នា។

[១៧] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា។បេ។ កើតឡើង ព្រោះអាស្រ័យ​បរិយេសនា ​មានសភាព​ផ្សេងគ្នា។បេ។ លាភ មានសភាព​ផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញាកើតឡើង ព្រោះអាស្រ័យរូបធាតុ រូបសង្កប្បៈកើតឡើង ព្រោះអាស្រ័យរូបសញ្ញា រូបសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យរូបសង្កប្បៈ វេទនាដែលកើតអំពីរូបសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យរូបសម្ផ័ស្ស រូបឆន្ទៈកើតឡើង ព្រោះអាស្រ័យវេទនា ដែលកើត​អំពីរូបសម្ផ័ស្ស រូបបរិឡាហៈកើតឡើង ព្រោះអាស្រ័យរូបច្ឆន្ទៈ រូបបរិយេសនាកើតឡើង ព្រោះអាស្រ័យរូបបរិឡាហៈ រូបលាភកើតឡើង ព្រោះអាស្រ័យរូបបរិយេសនា។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ ធម្មសង្កប្បៈកើតឡើង ព្រោះអាស្រ័យ​ធម្មសញ្ញា ធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ វេទនាដែលកើតអំពី​ធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យធម្មសម្ផ័ស្ស ធម្មច្ឆន្ទៈកើតឡើង ព្រោះអាស្រ័យ​វេទនា កើតអំពីធម្មសម្ផ័ស្ស ធម្មបរិឡាហៈកើតឡើង ព្រោះអាស្រ័យធម្មច្ឆន្ទៈ ធម្មបរិយេសនាកើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ ធម្មលាភកើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា​មាន​សភាពផ្សេងគ្នា។បេ។ លាភមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី៩។

ទុតិយពាហិរផស្សនានត្តសូត្រ ទី១០

[១៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា សង្កប្បៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញាមានសភាព​ផ្សេងគ្នា លាភមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​ផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា មានសភាព​ផ្សេងគ្នា មិនមែនបរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យលាភ មានសភាព​ផ្សេងគ្នា មិនមែនបរិឡាហៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យបរិយេសនា មានសភាព​ផ្សេងគ្នា មិនមែនឆន្ទៈ មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​បរិឡាហៈ មានសភាព​ផ្សេងគ្នា វេទនា… ផស្សៈ… សង្កប្បៈ… សញ្ញាមានសភាពផ្សេងគ្នា… មិនមែនធាតុ មានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សញ្ញា មានសភាព​ផ្សេងគ្នាទេ។ ម្នាលភិក្ខុទាំងឡាយ ចុះធាតុ មានសភាព​ផ្សេងគ្នា តើដូចម្តេច។ រូបធាតុ។បេ។ ធម្មធាតុ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធាតុ មានសភាព​ផ្សេងគ្នា។

[១៩] ម្នាលភិក្ខុទាំងឡាយ ចុះសញ្ញា​ មានសភាពផ្សេងគ្នា កើតឡើង ព្រោះ​អាស្រ័យ​ធាតុមានសភាព​ផ្សេងគ្នា សង្កប្បៈមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា មានសភាពផ្សេងគ្នា ផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា… លាភ មានសភាពផ្សេងគ្នា មិនមែនបរិយេសនា មានសភាព​ផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យលាភមានសភាពផ្សេងគ្នា បរិឡាហៈ… ឆន្ទៈ… វេទនា… ផស្សៈ… មានសភាពផ្សេងគ្នា មិនមែនសញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសង្កប្បៈមានសភាពផ្សេងគ្នា មិនមែនធាតុមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ រូបសញ្ញា កើតឡើង ព្រោះអាស្រ័យរូបធាតុ។បេ។ ធម្មសញ្ញាកើតឡើង ព្រោះអាស្រ័យធម្មធាតុ… កើតឡើង ព្រោះអាស្រ័យធម្មសញ្ញា។បេ។ ធម្មបរិយេសនា… ធម្មលាភ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែន​ធម្មបរិយេសនា កើតឡើង ព្រោះអាស្រ័យ​ធម្មលាភ មិនមែនធម្មបរិឡាហៈ កើតឡើង ព្រោះអាស្រ័យធម្មបរិយេសនា មិនមែន​ធម្មច្ឆន្ទៈ កើតឡើង ព្រោះអាស្រ័យធម្មបរិឡាហៈ មិនមែនវេទនា ដែល​កើតអំពី​ធម្មសម្ផ័ស្ស កើតឡើង ព្រោះអាស្រ័យ​ធម្មច្ឆន្ទៈ មិនមែន​ធម្មសម្ផ័ស្សកើតឡើង ព្រោះអាស្រ័យវេទនា កើតអំពីធម្មសម្ផ័ស្ស មិនមែនធម្មសង្កប្បៈ កើតឡើង ព្រោះអាស្រ័យធម្មសម្ផ័ស្ស មិនមែនធម្មសញ្ញា កើតឡើង ព្រោះអាស្រ័យធម្មសង្កប្បៈ មិនមែនធម្មធាតុកើតឡើង ព្រោះអាស្រ័យធម្មសញ្ញាទេ។ ម្នាលភិក្ខុទាំងឡាយ សញ្ញាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យធាតុមានសភាពផ្សេងគ្នា សង្កប្បៈ មាន​សភាពផ្សេងគ្នាកើតឡើង ព្រោះអាស្រ័យសញ្ញាមានសភាពផ្សេងគ្នា ផស្សៈ… វេទនា… ឆន្ទៈ… បរិឡាហៈ… បរិយេសនា… លាភ មានសភាពផ្សេងគ្នា… មិនមែន​បរិយេសនា មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​លាភមានសភាពផ្សេងគ្នា មិនមែន​បរិឡាហៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​បរិយេសនាមានសភាពផ្សេងគ្នា មិនមែនឆន្ទៈមានសភាពផ្សេងគ្នាកើតឡើង ព្រោះ​អាស្រ័យ​បរិឡាហៈមានសភាពផ្សេងគ្នា មិនមែនវេទនាមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យឆន្ទៈមានសភាពផ្សេងគ្នា មិនមែនផស្សៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យវេទនាមានសភាពផ្សេងគ្នា មិនមែនសង្កប្បៈមានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យផស្សៈមានសភាពផ្សេងគ្នា មិនមែន​សញ្ញា​មានសភាពផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យ​សង្កប្បៈ មានសភាពផ្សេងគ្នា មិនមែន​ធាតុមានសភាព​ផ្សេងគ្នា កើតឡើង ព្រោះអាស្រ័យសញ្ញា​មានសភាពផ្សេងគ្នា យ៉ាងនេះឯង។ ចប់សូត្រទី១០។

ចប់ នានត្តវគ្គ ទី១។

ឧទ្ទាននៃនានត្តវគ្គនោះគឺ

សំដែងអំពីធាតុ ១ អំពីសម្ផ័ស្ស ១ អំពីធាតុមានសភាពផ្សេងគ្នា មិនអាស្រ័យ​​នូវ​ផស្សៈ​មានសភាពផ្សេងគ្នា ជាដើម ១ អំពីវេទនា​មានសភាព​ផ្សេងគ្នា អាស្រ័យ​នូវ​ផស្សៈ​​មានសភាព​ផ្សេងគ្នា មានពីរលើក នេះហៅថា បញ្ចកៈខាងក្នុង អំពីធាតុ ១ អំពីសញ្ញា ១ អំពី​បរិឡាហៈ​មានសភាព​ផ្សេងគ្នា មិនអាស្រ័យ​នូវ​បរិយេសនា​មានសភាព​ផ្សេងគ្នា ជាដើម ១ អំពីផស្សៈ​មានពីរលើក នេះហៅថា បញ្ចកៈខាងក្រៅ។

សត្តធាតុវគ្គ ទី២

សត្តធាតុសូត្រ ទី១

[២០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយនេះ មាន៧ប្រការ។ ធាតុទាំង៧ប្រការ តើដូចម្តេចខ្លះ។ អាភាធាតុ១ សុភាធាតុ១ អាកាសានញ្ចាយតនធាតុ១ វិញ្ញាណញ្ចាយតនធាតុ១ អាកិញ្ចញ្ញាយតនធាតុ១ នេវសញ្ញានាសញ្ញាយតនធាតុ១ សញ្ញាវេទយិតនិរោធធាតុ១។ ម្នាលភិក្ខុទាំងឡាយ នេះឯង ធាតុ៧ប្រការ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធាតុដែល​ហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី នេវសញ្ញានាសញ្ញាយតនធាតុក្តី សញ្ញាវេទយិតនិរោធធាតុក្តី បពិត្រព្រះអង្គដ៏ចំរើន តើធាតុទាំងនេះ ប្រាកដឡើង ព្រោះអាស្រ័យអ្វី។

[២១] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ធាតុដែលហៅថា អាភាធាតុ (រស្មី ឬពន្លឺ)នេះ ប្រាកដឡើង ព្រោះអាស្រ័យងងឹត។ ម្នាលភិក្ខុ ធាតុដែលហៅថា សុភាធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអសុភ។ ម្នាលភិក្ខុ ធាតុដែលហៅថា អាកាសានញ្ចាយតន​ធាតុ​នេះ ប្រាកដឡើង ព្រោះអាស្រ័យរូប។ ម្នាលភិក្ខុ ធាតុដែលហៅថា វិញ្ញាណញ្ចាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអាកាសានញ្ចាយតនៈ។ ម្នាលភិក្ខុ ធាតុដែលហៅថា អាកិញ្ចញ្ញាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនៈ។ ម្នាលភិក្ខុ ធាតុដែលហៅថា នេវសញ្ញានាសញ្ញាយតនធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនៈ។ ម្នាលភិក្ខុ ធាតុដែលហៅថា សញ្ញាវេទយិតនិរោធធាតុនេះ ប្រាកដឡើង ព្រោះអាស្រ័យនិរោធ។ ភិក្ខុនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញាយតនធាតុក្តី នេវសញ្ញានាសញ្ញាយតនធាតុក្តី សញ្ញាវេទយិតនិរោធធាតុក្តី បពិត្រព្រះអង្គដ៏ចំរើន ធាតុទាំងនេះ ឈ្មោះថា ជាសមាបត្តិអ្វី ដែល​បុគ្គល​គប្បីដល់។

[២២] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុ ធាតុដែលហៅថា អាភាធាតុក្តី សុភាធាតុក្តី អាកាសានញ្ចាយតនធាតុក្តី វិញ្ញាណញ្ចាយតនធាតុក្តី អាកិញ្ចញ្ញា​យតនធាតុក្តី ធាតុទាំងនេះ ឈ្មោះថា សញ្ញាសមាបត្តិ ដែល​បុគ្គល​គប្បីដល់។ ម្នាលភិក្ខុ ធាតុដែលហៅថា នេវសញ្ញានាសញ្ញាយតនធាតុនេះ ឈ្មោះថា សង្ខារាវសេសសមាបត្តិ ដែល​បុគ្គល​គប្បីដល់។ ម្នាលភិក្ខុ ធាតុដែលហៅថា សញ្ញាវេទយិតនិរោធធាតុនេះ ឈ្មោះថា និរោធសមាបត្តិ ដែល​បុគ្គល​គប្បីដល់។ ចប់សូត្រទី១។

សនិទានសូត្រ ទី២

[២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាមវិតក្កៈ (សេចក្តី​ត្រិះរិះ​ក្នុងកាម) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែន​ជាមិនមានហេតុទេ ព្យាបាទ​វិតក្កៈ (សេចក្តីត្រិះរិះក្នុងការព្យាបាទ) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែន​ជា​មិនមានហេតុទេ វិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការបៀតបៀន) ប្រកបដោយហេតុ ទើបកើតឡើងបាន មិនមែន​ជា​មិនមានហេតុទេ។

[២៤] ម្នាលភិក្ខុទាំងឡាយ ចុះកាមវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុ ព្យាបាទ​វិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែន​ជា​មិនមានហេតុ វិហឹសាវិតក្កៈ ប្រកបដោយហេតុ ទើបកើតឡើង មិនមែន​ជា​មិនមានហេតុទេ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមសញ្ញា (សេចក្តីសំគាល់​ក្នុងកាម) កើតឡើង ព្រោះអាស្រ័យកាមធាតុ កាមសង្កប្បៈ (សេចក្តី​ត្រិះរិះ​ក្នុងកាម) កើតឡើង ព្រោះ​អាស្រ័យកាមសញ្ញា កាមច្ឆន្ទៈ (សេចក្តីប្រាថ្នា​ក្នុងកាម) កើតឡើង ព្រោះ​អាស្រ័យកាមសង្កប្បៈ កាមបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ​ក្នុងកាម) កើតឡើង ព្រោះ​អាស្រ័យកាមច្ឆន្ទៈ កាមបរិយេសនា (ការស្វែងរកកាម) កើតឡើង ព្រោះ​អាស្រ័យកាមបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នក​មិនចេះដឹង កាលស្វែងរក​នូវ​កាមបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទសញ្ញា (សេចក្តីសំគាល់ក្នុងព្យាបាទ) កើតឡើង ព្រោះ​អាស្រ័យព្យាបាទធាតុ ព្យាបាទសង្កប្បៈ (សេចក្តី​ត្រិះរិះ​ក្នុងការព្យាបាទ)… ព្យាបាទច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការព្យាបាទ)… ព្យាបាទបរិឡាហៈ (សេចក្តីក្រហល់ក្រហាយព្រោះការ​ព្យាបាទ)… ព្យាបាទបរិយេសនា (ការស្វែងរកព្យាបាទ)។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នក​មិនចេះដឹង កាលស្វែងរក​នូវ​ព្យាបាទបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ វិហឹសាសញ្ញា (សេចក្តីសំគាល់ក្នុងការបៀតបៀន) កើតឡើង ព្រោះ​អាស្រ័យវិហឹសាធាតុ វិហឹសាសង្កប្បៈ (សេចក្តី​ត្រិះរិះ​ក្នុងការបៀតបៀន)… វិហឹសាឆន្ទៈ (សេចក្តីប្រាថ្នា​ក្នុងការបៀតបៀន)… វិហឹសាបរិឡាហៈ (សេចក្តីក្រហល់ក្រហាយព្រោះការបៀតបៀន)… វិហឹសាបរិយេសនា (ការស្វែងរកនូវការបៀតបៀន)។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន អ្នក​មិនចេះដឹង កាលស្វែងរក​នូវវិហឹសាបរិយេសនា រមែងប្រតិបត្តិខុស ដោយឋានទាំង៣គឺ កាយ វាចា ចិត្ត។

[២៥] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ទៅក្នុង​ព្រៃស្មៅដ៏ស្ងួត បើបុរសនោះ មិនលត់ភ្លើងនោះ ឲ្យរលត់​ដោយដៃទាំងឡាយផង ដោយ​ជើងទាំងឡាយផង ឲ្យឆាប់ទេ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលអាស្រ័យ​នៅដោយ​ស្មៅ និងឈើ មុខជាដល់នូវសេចក្តីមិនចំរើន និងការវិនាស ដោយប្រការដូច្នេះឯង មាន​ឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណាមួយ មិនលះបង់ មិន​បន្ទោបង់ មិនធ្វើឲ្យវិនាស មិនឲ្យដល់នូវការ​មិនមាននូវអកុសលសញ្ញា ដែល​កើតឡើង​ មិនរាបសា យ៉ាងឆាប់ទេ សមណព្រាហ្មណ៍នោះ នៅជាទុក្ខ ប្រកបដោយសេចក្តី​ចង្អៀត​ចង្អល់ ប្រកបដោយសេចក្តីតានតឹង ប្រកបដោយសេចក្តីក្តៅក្រហាយក្នុងបច្ចុប្បន្ន លុះ​បែកធ្លាយរាងកាយ ខាងនាយអំពីមរណៈទៅ ទុគ្គតិរមែង​ប្រាកដ ក៏មានឧបមេយ្យ​ដូច្នោះឯង។

[២៦] ម្នាលភិក្ខុទាំងឡាយ នេក្ខម្មវិតក្កៈ (សេចក្តីត្រិះរិះក្នុងការចេញចាកកាម) ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ អព្យាបាទវិតក្កៈ (សេចក្តី​ត្រិះរិះក្នុងការមិនព្យាបាទ) ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ អវិហឹសាវិតក្កៈ (សេចក្តីត្រិះរិះក្នុងការមិនបៀតបៀន) ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ។

[២៧] ម្នាលភិក្ខុទាំងឡាយ ចុះនេក្ខម្មវិតក្កៈ ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ អព្យាបាទវិតក្កៈ ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ អវិហឹសាវិតក្កៈ ប្រកប​ដោយហេតុ ទើបកើតឡើង មិនមែន​ជាមិនមានហេតុទេ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ នេក្ខម្មសញ្ញា (សេចក្តីសំគាល់ក្នុងការចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មធាតុ នេក្ខម្មសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មសញ្ញា នេក្ខម្មច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មសង្កប្បៈ នេក្ខម្មបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ ក្នុងការចេញ​ចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មច្ឆន្ទៈ នេក្ខម្មបរិយេសនា (ការស្វែងរកនូវការ​ចេញចាកកាម) កើតឡើង ព្រោះអាស្រ័យនេក្ខម្មបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័ក អ្នកចេះដឹង កាលស្វែងរក​នេក្ខម្មបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣​យ៉ាង គឺកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អព្យាបាទសញ្ញា កើតឡើង ព្រោះអាស្រ័យអព្យាបាទធាតុ។បេ។ អព្យាបាទសង្កប្បៈ (សេចក្តីត្រិះរិះក្នុងការ​មិនព្យាបាទ)… អព្យាបាទច្ឆន្ទៈ (សេចក្តីប្រាថ្នាក្នុងការមិនព្យាបាទ)… អព្យាបាទបរិឡាហៈ (សេចក្តីក្រហល់ក្រហាយ ក្នុងការមិនព្យាបាទ)… អព្យាបាទបរិយេសនា (ការស្វែងរកក្នុងការមិនព្យាបាទ)។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័ក អ្នកចេះដឹង កាលស្វែងរក​អព្យាបាទបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣​យ៉ាង គឺកាយ វាចា ចិត្ត។ ម្នាលភិក្ខុទាំងឡាយ អវិហឹសាសញ្ញា កើតឡើង ព្រោះអាស្រ័យអវិហឹសាធាតុ អវិហឹសាសង្កប្បៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាសញ្ញា អវិហឹសាឆន្ទៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាសង្កប្បៈ អវិហឹសាបរិឡាហៈ កើតឡើង ព្រោះអាស្រ័យអវិហឹសាឆន្ទៈ អវិហឹសាបរិយេសនា កើតឡើង ព្រោះអាស្រ័យអវិហឹសាបរិឡាហៈ។ ម្នាលភិក្ខុទាំងឡាយ អរិយ​សាវ័ក អ្នកចេះដឹង កាលស្វែងរក​អវិហឹសាបរិយេសនា តែងប្រតិបត្តិត្រូវ ដោយឋានទាំង៣​ គឺកាយ វាចា ចិត្ត។

[២៨] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសដាក់គប់ស្មៅ ដែលភ្លើងកំពុងឆេះ ក្នុង​ព្រៃស្មៅដ៏ស្ងួត គប្បីលត់​គប់ស្មៅនោះ ដោយដៃទាំងឡាយផង ដោយ​ជើងទាំងឡាយផង ជាឆាប់ ម្នាលភិក្ខុទាំងឡាយ ឯពួកសត្វ ដែលអាស្រ័យ​នៅដោយ​ស្មៅ និងឈើ ក៏មិនដល់នូវសេចក្តីមិនចំរើន និងការវិនាស ដោយប្រការដូច្នេះឯង មាន​ឧបមា​ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ណាមួយ លះបង់ ​បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យដល់នូវការ​មិនមាន នូវអកុសលសញ្ញា ដែល​កើតឡើង​ មិនរាបសា យ៉ាងឆាប់ សមណព្រាហ្មណ៍នោះ រមែងនៅជាសុខ មិនមានសេចក្តី​ចង្អៀត​ចង្អល់ មិនមានសេចក្តីតានតឹង មិនមានសេចក្តីក្តៅក្រហាយ ក្នុងបច្ចុប្បន្ន លុះ​បែកធ្លាយ​រាង​កាយ ខាងនាយអំពីមរណៈទៅ សុគតិរមែង​ប្រាកដ ក៏មានឧបមេយ្យ​ ដូច្នោះឯង។ ចប់សូត្រទី២។

គិញ្ជកាវសថសូត្រ ទី៣

[២៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាប្រាសាទដែលធ្វើ​ដោយ​ឥដ្ឋ ក្នុងស្រុករបស់ព្រះញាតិ (ទាំងពីរពួក)។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់​នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សញ្ញា ទិដ្ឋិ វិតក្កៈ កើតឡើង ព្រោះអាស្រ័យធាតុ។

[៣០] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះកច្ចានៈមានអាយុ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទិដ្ឋិ គឺសេចក្តី​យល់​ឃើញណា ក្នុងបុគ្គលមិនមែនជាសម្មាសម្ពុទ្ធ ថាជាសម្មាសម្ពុទ្ធ បពិត្រព្រះអង្គដ៏ចំរើន ចុះ​ទិដ្ឋិនេះ ប្រាកដឡើង ព្រោះអាស្រ័យអ្វី។

[៣១] ម្នាលកច្ចានៈ ធាតុដែលធំនុ៎ះ គឺអវិជ្ជាធាតុ។ ម្នាលកច្ចានៈ សញ្ញាដ៏​ថោកទាប ទិដ្ឋិដ៏ថោកទាប វិតក្កៈថោកទាប ចេតនាដ៏ថោកទាប សេចក្តីប្រាថ្នាដ៏ថោកទាប សេចក្តី​តាំង​ចិត្តដ៏ថោកទាប បុគ្គលដ៏ថោកទាប វាចាដ៏ថោកទាប កើតឡើង ព្រោះអាស្រ័យ​ធាតុដ៏​ថោកទាប តថាគតពោលថា បុគ្គលនោះ តែងប្រាប់ សំដែង ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើដ៏ថោកទាប កំណើតរបស់បុគ្គលនោះ ក៏ថោកទាបដែរ។ ម្នាល​កច្ចានៈ សញ្ញាជាកណ្តាល ទិដ្ឋិជាកណ្តាល វិតក្កៈជាកណ្តាល ចេតនាជាកណ្តាល សេចក្តីប្រាថ្នាជាកណ្តាល សេចក្តី​តាំង​ចិត្តជាកណ្តាល បុគ្គលជាកណ្តាល វាចាជាកណ្តាល កើតឡើង ព្រោះអាស្រ័យ​ធាតុជាកណ្តាល តថាគតពោលថា បុគ្គលនោះ រមែងប្រាប់ សំដែង ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើជាកណ្តាល កំណើតរបស់បុគ្គលនោះ ក៏ជាកណ្តាលដែរ។ ម្នាល​កច្ចានៈ សញ្ញាដ៏ឧត្តម ទិដ្ឋិដ៏ឧត្តម វិតក្កៈដ៏ឧត្តម ចេតនាដ៏ឧត្តម សេចក្តីប្រាថ្នាដ៏ឧត្តម សេចក្តី​តាំង​ចិត្តដ៏ឧត្តម បុគ្គលដ៏ឧត្តម វាចាដ៏ឧត្តម កើតឡើង ព្រោះអាស្រ័យ​ធាតុដ៏ឧត្តម តថាគតពោលថា បុគ្គលនោះ តែងប្រាប់ ត្រដាង តំកល់ទុក បើក វែកញែក ធ្វើឲ្យរាក់ នូវអំពើដ៏ឧត្តម កំណើតរបស់បុគ្គលនោះ ក៏ឧត្តមដែរ។ ចប់សូត្រទី៣។

ហីនាធិមុត្តិកសូត្រ ទី៤

[៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា។] ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ​ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយ​ធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយ​ពួកជន​មានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ក៏ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ។ ចប់សូត្រទី៤។

ចង្កមសូត្រ ទី៥

[៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្បែរភ្នំគិជ្ឈកូដ ជិតក្រុងរាជគ្រឹះ។ ក្នុង​សម័យនោះឯង ព្រះសារីបុត្តមានអាយុ កំពុងចង្ក្រមក្នុងទីជិតព្រះមានព្រះភាគ ជា​មួយ​នឹងភិក្ខុទាំងឡាយច្រើនរូប ព្រះមហាមោគ្គល្លានមានអាយុ កំពុងចង្ក្រមក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ព្រះមហាកស្សបមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ព្រះអនុរុទ្ធមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយ​ច្រើនរូប ព្រះបុណ្ណមន្តានីបុត្តមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ព្រះឧបាលិមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ព្រះអានន្ទមានអាយុ កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូប ទេវទត្ត កំពុងចង្ក្រម ក្នុងទីជិត​ព្រះមានព្រះភាគ ជាមួយនឹង​ភិក្ខុទាំងឡាយច្រើនរូបដែរ។

[៣៤] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញសារីបុត្ត កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាអ្នកមានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាមោគ្គល្លាន កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាអ្នកមានឫទ្ធិច្រើន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញមហាកស្សប កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាធុតវាទ (អ្នកពោលពាក្យ​កំចាត់បង់កិលេស) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអនុរុទ្ធ កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាអ្នកបានទិព្វចក្ខុ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញបុណ្ណមន្តានី​បុត្ត កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាធម្មកថិក ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញឧបាលិ កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាវិនយធរ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញអានន្ទ កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាពហុស្សូត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញទេវទត្ត កំពុងចង្ក្រម ជាមួយនឹងពួក​ភិក្ខុ​ច្រើន​រូប​ ដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ទាំងអស់នុ៎ះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក។

[៣៥] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា។] ដោយធាតុ គឺ​ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយ​ធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយ​ធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប ពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ។ ចប់សូត្រទី៥។

សគាថាសូត្រ ទី៦

[៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ …. ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ​ពួកជន​មានអធ្យាស្រ័យថោកទាប ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយ​ធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប។ ម្នាលភិក្ខុ​ទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ តែងត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជន​មានអធ្យាស្រ័យថោកទាប រមែងត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប។

[៣៧] ម្នាលភិក្ខុទាំងឡាយ លាមក ត្រូវគ្នា សមគ្នា ដោយលាមក មូត្រ ត្រូវគ្នា សមគ្នា ដោយមូត្រ ទឹកមាត់ ត្រូវគ្នា សមគ្នា ដោយទឹកមាត់ ខ្ទុះ ត្រូវគ្នា សមគ្នា ដោយខ្ទុះ ឈាម ត្រូវគ្នា សមគ្នា ដោយឈាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺ ពួកជន​មានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប សូម្បីក្នុងអតីតកាល… សូម្បីក្នុងអនាគត​កាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យថោកទាប តែងត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ថោកទាប យ៉ាងនោះឯង។

[៣៨] ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគត​កាល សត្វទាំង​ឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យល្អ នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យល្អ តែងត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ។

[៣៩] ម្នាលភិក្ខុទាំងឡាយ ទឹកដោះស្រស់ ត្រូវគ្នា សមគ្នា ដោយទឹកដោះស្រស់ ប្រេង ត្រូវគ្នា សមគ្នា ដោយប្រេង ទឹកដោះរាវ ត្រូវគ្នា សមគ្នា ដោយទឹកដោះរាវ ទឹកឃ្មុំ ត្រូវគ្នា សមគ្នា ដោយទឹកឃ្មុំ ទឹកអំពៅ ត្រូវគ្នា សមគ្នា ដោយទឹកអំពៅ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មាន​អធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យល្អ សូម្បី​ក្នុងអតីតកាល… សូម្បីក្នុងអនាគតកាល… សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានអធ្យាស្រ័យល្អ ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មានអធ្យាស្រ័យ​ល្អ ក៏យ៉ាងនោះឯង។

[៤០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះហើយ ​លុះព្រះសុគត ជាសាស្តា ទ្រង់​ត្រាស់ពាក្យនេះហើយ ក៏ទ្រង់ត្រាស់គាថានេះ តទៅទៀតថា

ព្រៃគឺកិលេសដុះឡើង ព្រោះការច្រឡូកច្រឡំ ព្រៃគឺកិលេសដាច់ទៅ ព្រោះការ​មិនច្រឡូកច្រឡំ បុគ្គលឡើងឈើទាប មុខជាលិចចុះក្នុងអន្លង់ធំ យ៉ាងណាមិញ បុគ្គលអាស្រ័យនឹងជនខ្ជិលច្រអូស ទោះបីចិញ្ចឹមជីវិតដោយស្រួល ក៏រមែង​លិច​ចុះទៅ យ៉ាងនោះឯង ហេតុដូច្នោះ បុគ្គលគប្បីវៀរស្រឡះចាកបុគ្គលខ្ជិលច្រអូស មានសេចក្តីព្យាយាមថោកទាបនោះចេញ គប្បីនៅជាមួយនឹងជនជាបណ្ឌិត អ្នក​ស្ងប់ស្ងាត់ អ្នកប្រសើរ អ្នកមានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន អ្នកមានឈាន អ្នក​ផ្តើមព្យាយាមជានិច្ច។ ចប់សូត្រទី៦។

អស្សទ្ធសំសន្ទនសូត្រ ទី៧

[៤១] ព្រះមានព្រះភាគ ទ្រង់គង់​នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ (ពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​​មាន​សទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីមាំមួន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីមាំមួន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា)។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​មិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនភ្លេចស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនភ្លេចស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ គឺពួកជនមិនមានសទ្ធា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្មាសបាប នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង… ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា នឹងត្រូវគ្នា នឹងសមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមិន​​មាន​សទ្ធា ពួកជនមិនខ្មាសបាប ជាមួយនឹងពួកជនមិនខ្មាសបាប។បេ។ ពួកជនមិនខ្លាចបាប ជាមួយនឹងពួកជនមិនខ្លាចបាប… ពួកជនមិនចេះដឹង ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ជាមួយនឹងពួកជនខ្ជិលច្រអូស… ពួកជនវង្វេងស្មារតី ជាមួយនឹងពួកជនវង្វេងស្មារតី… ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា។

[៤២] ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​សទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានសេចក្តីខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ។បេ។ ត្រូវគ្នា សមគ្នា។ ចប់សូត្រទី៧។

អស្សទ្ធមូលកសូត្រ ទី៨

[៤៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ ពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​​មាន​សទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអតីតកាល សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងអនាគតកាល សត្វទាំងឡាយ នឹងត្រូវគ្នា នឹងសមគ្នា ដោយធាតុ។បេ។ ម្នាលភិក្ខុទាំងឡាយ សូម្បីក្នុងបច្ចុប្បន្នកាលនេះ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមិន​​មាន​សទ្ធា ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា ពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​​មាន​សទ្ធា ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៤] ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានបញ្ញា។ ពួកជន​មានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​​មាន​សទ្ធា ពួកជនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​មាន​សេចក្តី​ខ្លាច​បាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៥] ពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មិន​មាន​សទ្ធា ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​សទ្ធា ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៦] ពួកជន​មិនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមិន​​មាន​សទ្ធា ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​សទ្ធា ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធ​ព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៧] ពួកជនមិនមានសទ្ធា តែងត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនមានសទ្ធា ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានសទ្ធា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​មាន​សទ្ធា ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជនមានបញ្ញា។ ចប់សូត្រទី៨។

អហិរិកមូលកសូត្រ ទី៩

[៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជន​មានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​ខ្លាច​បាប ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៤៩] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥០] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥១] ពួកជនមិនខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្មាសបាប ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនមានចិត្តខ្មាសបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានចិត្តខ្មាសបាប ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់សូត្រទី៩។

អនោត្តប្បមូលកសូត្រ ទី១០

[៥២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្លាចបាប ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៣] ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្លាចបាប ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៤] ពួកជនមិនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនខ្លាចបាប ពួកជន​វង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹង​ពួកជន​ឥត​បញ្ញា។ ពួកជនខ្លាចបាប ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជន​ខ្លាចបាប ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតី​តម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់សូត្រ​ទី១០។

អប្បស្សុតមូលកសូត្រ ទី១១

[៥៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជន​មិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។

[៥៦] ពួកជនមិនចេះដឹង ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមិនចេះដឹង ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនអ្នកចេះដឹងច្រើន ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនអ្នកចេះដឹងច្រើន ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់សូត្រទី១១។

កុសីតមូលកសូត្រ ទី១២

[៥៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំង​ឡាយ ត្រូវគ្នា សមគ្នា ដោយធាតុ គឺពួកជនខ្ជិលច្រអូស ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនខ្ជិលច្រអូស ពួកជនវង្វេងស្មារតី ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនវង្វេងស្មារតី ពួកជនឥតបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនឥតបញ្ញា។ ពួកជនប្រារព្ធព្យាយាម ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនប្រារព្ធព្យាយាម ពួកជនមានស្មារតីតម្កល់មាំ ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានស្មារតីតម្កល់មាំ ពួកជនមានបញ្ញា ត្រូវគ្នា សមគ្នា ជាមួយនឹងពួកជនមានបញ្ញា។ ចប់សូត្រទី១២។

(អតីត អនាគត បច្ចុប្បន្ន បណ្ឌិតគប្បីធ្វើយ៉ាងនេះគ្រប់អន្លើ)។

ចប់ សត្តធាតុវគ្គ ទី២។

ឧទ្ទាននៃសត្តធាតុវគ្គនោះគឺ

សម្តែងអំពីធាតុ៧យ៉ាង អំពីវិតក្កៈប្រកបដោយហេតុ ទើបកើតឡើង អំពី​ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងមហាប្រាសាទធ្វើដោយឥដ្ឋ អំពីពួកសត្វមាន​អធ្យាស្រ័យ​ថោកទាប អំពីការចង្ក្រម អំពីសូត្រទីប្រាំមួយ ព្រមទាំងគាថា សូត្រទីប្រាំពីរ អំពីជន៥ពួក មានជនមិនមានសទ្ធាជាមូល អំពីជន៤ពួក មានជនមិនមានសេចក្តី​ខ្មាស​បាបជាមូល អំពីជន៣ពួក មានជនមិនមានសេចក្តីខ្លាចបាបជាមូល អំពីជន២ពួក ជា​អ្នក​មិនចេះដឹង អំពីជន១ពួក ជាអ្នកខ្ជិលច្រអូស រួបរួមបីប្រាំដង ត្រូវជា​១៥ពួក មានមកហើយ ក្នុងព្រះសូត្រនេះ។

ទសកម្មបថវគ្គ ទី៣

អសមាហិតសូត្រ ទី១

[៥៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយត្រូវគ្នា សមគ្នា [ស្មើគ្នា ប្រហែលគ្នា ប្រជុំគ្នា ជួបគ្នា ចូលចិត្តនឹងគ្នា ត្រូវជើងគ្នា កាត់រកគ្នា។] ដោយធាតុជាប្រាកដ ពួកសត្វ​មិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសទ្ធា ពួកសត្វ​មិនមានសេចក្តីខ្មាស​បាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសេចក្តីខ្មាសបាប ពួកសត្វ​មិនមានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសេចក្តីខ្លាចបាប ពួកសត្វ​មិនបានតាំងចិត្តនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនបានតាំងចិត្តនឹង ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​គ្មានប្រាជ្ញា។ ពួកសត្វ​មានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសទ្ធា ពួកសត្វ​មានចិត្តខ្មាស​បាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានចិត្តខ្មាសបាប ពួកសត្វ​មានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសេចក្តីខ្លាចបាប ពួកសត្វ​មានចិត្តតាំងនឹង ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានចិត្តតាំងនឹង ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វមានប្រាជ្ញា។ ចប់សូត្រទី១។

ទុស្សីលសូត្រ ទី២

[៥៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​មិនមានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសទ្ធា ពួកសត្វ​មិនមានសេចក្តី​ខ្មាស​បាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសេចក្តីខ្មាសបាប ពួកសត្វ​មិនមាន​សេចក្តី​ខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មិនមានសេចក្តីខ្លាចបាប ពួកសត្វទ្រុស្តសីល​ ត្រូវគ្នា សមគ្នា នឹងពួកសត្វទ្រុស្តសីល ពួកសត្វគ្មានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​គ្មានប្រាជ្ញា។ ពួកសត្វ​មានសទ្ធា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសទ្ធា ពួកសត្វ​មានចិត្តខ្មាស​បាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានចិត្តខ្មាសបាប ពួកសត្វ​មានសេចក្តីខ្លាចបាប ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសេចក្តីខ្លាចបាប ពួកសត្វ​មានសីល ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសីល ពួកសត្វមានប្រាជ្ញា ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានប្រាជ្ញា។ ចប់សូត្រទី២។

បញ្ចសិក្ខាបទសូត្រ ទី៣

[៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំង​នោះ ក៏ទទួលព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៦១] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វអ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នក​សម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​អ្នក​លួច​ទ្រព្យគេ ពួកសត្វ​ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ប្រព្រឹត្តខុស​ក្នុង​កាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វ​និយាយ​ពាក្យ​កុហក ពួកសត្វដែលប្រកបដោយហេតុជាទីតាំង​នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរានិងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលប្រកបដោយហេតុជាទីតាំង​នៃ​សេចក្តី​ប្រមាទ គឺផឹកទឹកស្រវឹង គឺសុរានិងមេរ័យ។

[៦២] ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែល​វៀរចាកការ​សម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាក​ការ​លួច​ទ្រព្យគេ ពួកសត្វវៀរចាកការ​ប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការ​ប្រព្រឹត្តិខុស ​ក្នុង​កាមទាំងឡាយ ពួកសត្វវៀរចាកការ​និយាយកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វដែល​វៀរចាកការ​និយាយ​​កុហក ពួកសត្វវៀរចាកហេតុជាទីតាំង​ នៃសេចក្តីប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកហេតុជាទីតាំង​ នៃ​សេចក្តី​ប្រមាទ គឺផឹកទឹកស្រវឹង គឺសុរា និងមេរ័យ។ ចប់សូត្រទី៣។

សត្តកម្មបថសូត្រ ទី៤

[៦៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​អ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នក​សម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​អ្នក​លួច​ទ្រព្យគេ ពួកសត្វ​ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ប្រព្រឹត្តខុស ​ក្នុង​កាមទាំងឡាយ ពួកសត្វនិយាយពាក្យកុហក ត្រូវគ្នា សមគ្នា នឹងពួកសត្វ​និយាយ​ពាក្យ​កុហក ពួកសត្វនិយាយពាក្យញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យញុះញង់ ពួកសត្វនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វនិយាយពាក្យទ្រគោះ ពួកសត្វនិយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែល​និយាយពាក្យ​រោយរាយឥតប្រយោជន៍។

[៦៤] ពួកសត្វវៀរចាកការសម្លាប់សត្វ… វៀរចាកការលួចទ្រព្យគេ… វៀរចាកការ​ប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ… វៀរចាកការនិយាយពាក្យកុហក… ​វៀរចាកការ​និយាយពាក្យ​ញុះញង់ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការ​និយាយ​ពាក្យ​ញុះញង់ ពួកសត្វវៀរចាកការនិយាយពាក្យទ្រគោះ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ដែលវៀរចាកការនិយាយពាក្យទ្រគោះ ពួកសត្វវៀរចាកការ​និយាយពាក្យ​រោយរាយ​ឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលវៀរចាកការ​និយាយពាក្យ​រោយរាយ​ឥតប្រយោជន៍។ ចប់សូត្រទី៤។

ទសកម្មបថសូត្រ ទី៥

[៦៥] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​អ្នកសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វអ្នក​សម្លាប់សត្វ ពួកសត្វអ្នកលួចទ្រព្យគេ… ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ… និយាយពាក្យកុហក… និយាយពាក្យញុះញង់… និយាយពាក្យទ្រគោះ… និយាយពាក្យរោយរាយឥតប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​និយាយពាក្យ​រោយរាយឥតប្រយោជន៍ ពួកសត្វមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសេចក្តីលោភច្រើន ពួកសត្វមានចិត្តព្យាបាទ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានចិត្តព្យាបាទ ពួកសត្វជាមិច្ឆាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ជាមិច្ឆាទិដ្ឋិ។

[៦៦] ពួកសត្វវៀរចាកការសម្លាប់សត្វ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការ​សម្លាប់សត្វ ពួកសត្វវៀរចាកការលួចទ្រព្យគេ… វៀរចាកការ​ប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ… វៀរចាកការនិយាយពាក្យកុហក… ​វៀរចាកការ​និយាយពាក្យ​ញុះញង់… វៀរចាកការនិយាយពាក្យទ្រគោះ… ពួកសត្វវៀរចាក​ការនិយាយពាក្យ​រោយរាយ​​ឥត​ប្រយោជន៍ ត្រូវគ្នា សមគ្នា នឹងពួកសត្វវៀរចាកការនិយាយពាក្យរោយរាយ​ឥតប្រយោជន៍ ពួកសត្វមិនមានសេចក្តីលោភច្រើន ត្រូវគ្នា សមគ្នា នឹងពួកសត្វមិនមានសេចក្តីលោភច្រើន ពួកសត្វ​មានចិត្តមិនព្យាបាទ ត្រូវគ្នា សមគ្នា នឹង​ពួកសត្វមានចិត្តមិនព្យាបាទ ពួកសត្វជាសម្មាទិដ្ឋិ ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ជា​សម្មាទិដ្ឋិ។ ចប់សូត្រទី៥។

អដ្ឋង្គិកសូត្រ ទី៦

[៦៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​មានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វដែលមានទិដ្ឋិខុស ពួកសត្វមានសេចក្តី​ត្រិះរិះ​ខុស… មានវាចាខុស… មានការងារខុស… មានការចិញ្ចឹមជីវិតខុស… មានព្យាយាមខុស… មានសតិខុស… មានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វ​ដែលមានសមាធិខុស។

[៦៨] ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមានសេចក្តីត្រិះរិះត្រូវ… មានវាចាត្រូវ… មានការងារត្រូវ… មាន​ការចិញ្ចឹមជីវិតត្រូវ… មានព្យាយាមត្រូវ… មានសតិត្រូវ… ពួកសត្វមានសមាធិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានសមាធិត្រូវ។ ចប់សូត្រទី៦។

ទសង្គសូត្រ ទី៧

[៦៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ត្រូវគ្នា សមគ្នា ដោយធាតុជាប្រាកដ ពួកសត្វ​មានទិដ្ឋិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិខុស ពួកសត្វមានសេចក្តី​ត្រិះរិះ​ខុស… មានវាចាខុស… មានការងារខុស… មានការចិញ្ចឹមជីវិតខុស… មានព្យាយាមខុស… មានសតិខុស… ពួកសត្វមានសមាធិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វ​មានសមាធិខុស ពួកសត្វ​មានញាណខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានញាណខុស ពួកសត្វ​មាន​វិមុត្តិខុស ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិខុស។

[៧០] ពួកសត្វមានទិដ្ឋិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានទិដ្ឋិត្រូវ ពួកសត្វមានសេចក្តីត្រិះរិះត្រូវ… មានវាចាត្រូវ… មានការងារត្រូវ… មាន​ការចិញ្ចឹមជីវិតត្រូវ… មានព្យាយាមត្រូវ… មានសតិត្រូវ… មានសមាធិត្រូវ… ពួកសត្វ​មានញាណត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានញាណត្រូវ ពួកសត្វ​មាន​វិមុត្តិត្រូវ ត្រូវគ្នា សមគ្នា នឹងពួកសត្វមានវិមុត្តិត្រូវ។ ចប់សូត្រទី៧។

(អតីត អនាគត និងបច្ចុប្បន្ន បណ្ឌិតគប្បីធ្វើសព្វអន្លើផងចុះ)។

ឧទ្ទាននៃសូត្រទាំង៧គឺ

ការមិនបានតាំងចិត្តឲ្យនឹង ការទ្រុស្តសីល សិក្ខាបទ៥ កម្មបថ៧ លោកបានពោល​ហើយ មួយអន្លើដោយកម្មបថ១០ សូត្រទី៦ និយាយ​ពីមគ្គប្រកប​ដោយ​អង្គ៨ លោកបាន​​ពោលហើយ មួយអន្លើ​ដោយអង្គទាំង ១០ ក្នុងសូត្រទី៧។

ចប់ ទសកម្មបថវគ្គ ទី៣។

ចតុទ្ធាតុវគ្គ ទី៤

ចតុធាតុសូត្រ ទី១

[៧១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះមាន៤។ ធាតុ​៤ តើដូចម្តេច។ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ ធាតុមាន៤ប្រការនេះឯង។ ចប់សូត្រទី១។

បុព្វេសម្ពោធសូត្រ ទី២

[៧២] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលមុន អំពីកាលត្រាស់ដឹង តថាគតនៅជា​ពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ មានសេចក្តីត្រិះរិះយ៉ាងនេះថា បឋវីធាតុ មានអានិសង្ស ដូចម្តេចហ្ន៎ មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច អាបោធាតុ មាន​អានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច តេជោធាតុ មាន​អានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច វាយោធាតុ មាន​អានិសង្សដូចម្តេច មានទោសដូចម្តេច មានការរលាស់ចេញដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ តថាគតមានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យបឋវីធាតុ នេះជា អានិសង្ស នៃបឋវីធាតុ បឋវីធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់បឋវីធាតុ ការ​បន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវ​សេចក្តីត្រេកត្រអាលណា ក្នុងបឋវីធាតុ នេះ​ជាការរលាស់ចោលនូវបឋវីធាតុ។ សុខ និងសោមនស្សណា កើតឡើង ព្រោះអាស្រ័យអាបោធាតុ… ព្រោះអាស្រ័យតេជោធាតុ… ព្រោះអាស្រ័យវាយោធាតុ នេះជា អានិសង្ស នៃវាយោធាតុ វាយោធាតុណា មិនទៀង ជាទុក្ខ មានសភាពប្រែប្រួល នេះជាទោសរបស់វាយោធាតុ ការ​បន្ទោបង់នូវសេចក្តីត្រេកត្រអាល ការលះបង់នូវ​សេចក្តីត្រេកត្រអាលណា ក្នុងវាយោធាតុ នេះ​ជាការរលាស់ចោលនូវវាយោធាតុ។

[៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិតនូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើតថាគត​ ដឹងច្បាស់តាមពិតនូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ក្នុងកាលនោះ។ ញាណទស្សនៈរបស់​តថាគត ក៏កើតឡើងថា វិមុត្តិ គឺអរហត្តផលរបស់អាត្មាអញ មិនបានកក្រើក ជាតិនេះ ជា​ទីបំផុតហើយ ឥឡូវនេះ ភពថ្មីមិនមានឡើយ។ ចប់សូត្រទី២។

អចរឹសូត្រ ទី៣

[៧៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរកនូវ​អានិសង្សនៃបឋវីធាតុ ក៏បាន​ដឹង​នូវ​អានិសង្សនៃបឋវីធាតុ អានិសង្សនៃបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវ​ទោសនៃបឋវីធាតុ ក៏បាន​ដឹង​នូវទោសរបស់បឋវីធាតុ ទោសនៃបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរក នូវការរលាស់ចេញបឋវីធាតុ ក៏បាន​ដឹង​នូវការរលាស់ចេញបឋវីធាតុ ការរលាស់ចេញបឋវីធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវ​អានិសង្សនៃអាបោធាតុ។បេ។ នៃតេជោធាតុ… នៃវាយោធាតុ ក៏បាន​ដឹង​នូវ​អានិសង្សនៃវាយោធាតុ អានិសង្សនៃវាយោធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគតបានប្រព្រឹត្តស្វែងរក នូវ​ទោសរបស់វាយោធាតុ ក៏បាន​ដឹង​នូវទោសរបស់វាយោធាតុ ទោសរបស់វាយោធាតុទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយ​ប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ តថាគត បានប្រព្រឹត្តស្វែងរក នូវការរលាស់​ចេញវាយោ​ធាតុ ក៏បាន​ដឹង​នូវការរលាស់ចេញវាយោធាតុ ការរលាស់ចេញវាយោ​ធាតុ​ទាំងប៉ុន្មាន តថាគតឃើញច្បាស់ហើយ ដោយប្រាជ្ញា។

[៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតមិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជា​​អានិសង្សផង នូវទោស ថាជា​ទោសផង នូវការ​រលាស់​ចេញ ថាជា​ការរលាស់​ចេញផង របស់ធាតុ​ទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ តថាគតមិនទាន់ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុ​ទាំងឡាយ កាលណាបើតថាគត​ បាន​ដឹងច្បាស់តាមពិត នូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការ​រលាស់​ចេញផង របស់ធាតុ​ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ទើបតថាគត ប្តេជ្ញាថា ជាអ្នក​ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិញ្ញាណក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ក្នុងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ក្នុងកាលនោះ។ ញាណទស្សនៈរបស់​តថាគត កើត​ឡើងថា វិមុត្តិ គឺអរហត្តផលរបស់អាត្មាអញ មិនកក្រើក ជាតិនេះ ជា​ទីបំផុត ឥឡូវនេះ ភពថ្មីមិនមានឡើយ។ ចប់សូត្រទី៣។

នោចេទំសូត្រ ទី៤

[៧៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ​ទាំងឡាយ បើអានិសង្ស​របស់​បឋវីធាតុ​នេះមិនមាន​ហើយ សត្វទាំងឡាយ ក៏​មិនគួរត្រេកអរនឹងបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអានិសង្ស​របស់​បឋវីធាតុមាន បានជាពួកសត្វតែងត្រេកអរ ចំពោះ​បឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើទោសរបស់បឋវីធាតុនេះមិនមានហើយ ពួកសត្វ ក៏​មិនគួរនឿយណាយ ចាក​បឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ទោស​​​របស់​​បឋវីធាតុមាន បានជាពួកសត្វនឿយណាយ ចាកបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើការរលាស់ចេញបឋវីធាតុនេះ មិនមានហើយ ពួកសត្វ ក៏​មិនគួរ​រលាស់​ចេញ​បឋវីធាតុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការរលាស់ចេញ​បឋវីធាតុ មាន បានជាពួកសត្វរលាស់ចេញបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើ​អានិសង្ស​​នៃ​អាបោធាតុ​នេះ មិនមានហើយ… ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃតេជោធាតុនេះ មិនមាន​ហើយ… ម្នាលភិក្ខុទាំងឡាយ បើអានិសង្សនៃ​វាយោធាតុ​នេះ មិនមានហើយ ពួកសត្វ ក៏​មិនគួរត្រេកអរ ចំពោះវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះអានិសង្ស​នៃវាយោធាតុ​ មាន បានជាពួកសត្វ ត្រេកអរ ចំពោះវាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ បើទោសនៃវាយោធាតុនេះ មិនមានហើយ សត្វទាំងឡាយ ក៏​មិនគួរនឿយណាយ ចាក​វាយោធាតុនេះឡើយ។ ម្នាល​ភិក្ខុទាំងឡាយ ព្រោះទោស​របស់​វាយោធាតុមាន បានជាសត្វទាំងឡាយ នឿយណាយ ចាកវាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ បើការ​រលាស់​ចេញវាយោធាតុ​នេះ មិនមានហើយ សត្វទាំងឡាយ ក៏​មិនគួររលាស់​ចេញ​នូវវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះការរលាស់ចេញ​នូវវាយោធាតុ មាន បានជា​សត្វទាំងឡាយ រលាស់ចេញនូវវាយោធាតុ។

[៧៧] ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយនេះ មិនបានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ដរាបណា ម្នាលភិក្ខុទាំងឡាយ ពួកសត្វនេះ មិនបានប្រាសចេញ មិនបានបែរចេញ មិនបានងាកចេញ មានចិត្ត​មិនបានរមៀលចេញ ចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ចាកមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ដរាបនោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើសត្វទាំងឡាយនេះ​ បានដឹងច្បាស់តាមពិត នូវអានិសង្ស ថាជា​អានិសង្សផង នូវទោស ថាជាទោសផង នូវការរលាស់ចេញ ថាជាការរលាស់ចេញផង របស់ធាតុ​ទាំង៤នេះ ម្នាលភិក្ខុទាំងឡាយ ពួកសត្វនេះ រមែងប្រាសចេញ បែរចេញ មានចិត្ត​រមៀលចេញចាកលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ចាកពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ចាកមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស ក្នុងកាលនោះ។ ចប់សូត្រទី៤។

ឯកន្តទុក្ខសូត្រ ទី៥

[៧៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវសេចក្តី​ទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ​ទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុងបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវី​ធាតុត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ ត្រេកអរ ក្នុងបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអាបោធាតុនេះ … ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ… ម្នាលភិក្ខុទាំងឡាយ បើវាយោធាតុនេះ មានតែសេចក្តីទុក្ខដោយដាច់ខាត ត្រូវសេចក្តី​ទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានមកលុកលុយ​ទេ ពួកសត្វមិនគប្បីត្រេកអរ ក្នុងវាយោធាតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវាយោ​ធាតុ​ ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ ត្រេកអរ ក្នុងវាយោធាតុ។

[៧៩] ម្នាលភិក្ខុទាំងឡាយ បើបឋវីធាតុនេះ មានតែសេចក្តីសុខដោយដាច់ខាត ត្រូវសេចក្តី​សុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ​ទេ ពួកសត្វក៏មិននឿយណាយ ចាកបឋវីធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះបឋវី​ធាតុជាទុក្ខ ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខ​ចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាសត្វ​ទាំងឡាយ នឿយណាយ ចាកបឋវីធាតុ។ ម្នាលភិក្ខុទាំងឡាយ បើអាបោធាតុនេះ ​…​​ ម្នាលភិក្ខុទាំងឡាយ បើតេជោធាតុនេះ… ម្នាលភិក្ខុទាំងឡាយ បើវាយោធាតុនេះ មានតែសេចក្តីសុខដោយដាច់ខាត ត្រូវសេចក្តីសុខធ្លាក់តាម មានសេចក្តីសុខចូលមកលុកលុយ ឯសេចក្តីទុក្ខ មិនបានចូលមកលុកលុយ​ទេ សត្វទាំងឡាយ ក៏មិននឿយណាយ ចាកវាយោធាតុនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះវាយោ​ធាតុជាទុក្ខ​ ត្រូវសេចក្តីទុក្ខធ្លាក់តាម មានសេចក្តីទុក្ខចូលមកលុកលុយ ឯសេចក្តីសុខ មិនបានចូលមកលុកលុយ មានខ្លះដែរ បានជាពួកសត្វ នឿយណាយ ចាកវាយោធាតុ។ ចប់សូត្រទី៥។

អភិនន្ទសូត្រ ទី៦

[៨០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថា​ឱបអរ​នូវ​សេចក្តីទុក្ខ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ មិនរួចចាក​សេចក្តីទុក្ខឡើយ។ បុគ្គលណា ឱបអរនូវអាបោធាតុ… បុគ្គលណា ឱបអរនូវតេជោធាតុ… បុគ្គលណា ឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថា ​ឱបអរ​នូវ​សេចក្តីទុក្ខ។ បុគ្គលណា ឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ មិនរួចចាក​សេចក្តីទុក្ខឡើយ។

[៨១]  ម្នាលភិក្ខុទាំងឡាយ បុគ្គលណា មិនឱបអរនូវបឋវីធាតុ បុគ្គលនោះ ឈ្មោះថា​មិនឱបអរ​នូវ​សេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ រួចចាក​សេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវអាបោធាតុ… បុគ្គលណា មិនឱបអរនូវតេជោធាតុ… បុគ្គលណា មិនឱបអរនូវវាយោធាតុ បុគ្គលនោះ ឈ្មោះថា​មិនឱបអរ​នូវ​សេចក្តីទុក្ខ។ បុគ្គលណា មិនឱបអរនូវសេចក្តីទុក្ខ តថាគត ពោលថា បុគ្គលនោះ រួចចាក​សេចក្តីទុក្ខ។ ចប់សូត្រ ទី៦។

ឧប្បាទសូត្រ ទី៧

[៨២] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ត្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ការកើតឡើង ការឋិតនៅ ការវិលមក ការមានប្រាកដ នៃ​បឋវី​ធាតុណា នុ៎ះឈ្មោះថា ការកើតឡើងនៃសេចក្តីទុក្ខ ឈ្មោះថា ការឋិតនៅនៃរោគ ឈ្មោះ​ថា ការមានប្រាកដ នៃជរា និងមរណៈ។ ការកើតឡើង ការឋិតនៅ ការវិលមក ការមានប្រាកដ នៃអាបោ​ធាតុ… នៃតេជោធាតុ… នៃវាយោធាតុណា នុ៎ះឈ្មោះថា ការកើតឡើងនៃសេចក្តីទុក្ខ ឈ្មោះថា ការឋិតនៅនៃរោគ ឈ្មោះ​ថា ការមានប្រាកដ នៃជរា និងមរណៈ។

[៨៣] ម្នាលភិក្ខុទាំងឡាយ ការរលត់ ការស្ងប់រម្ងាប់ ការអស់ នៃបឋវីធាតុណា នុ៎ះឈ្មោះថា ការរលត់នៃសេចក្តីទុក្ខ ការស្ងប់រម្ងាប់នៃរោគ ការអស់នៃ​ជរា និងមរណៈ។ សេចក្តីរលត់នៃអាបោធាតុណា… សេចក្តីរលត់នៃតេជោធាតុណា… សេចក្តីរលត់ សេចក្តី​ស្ងប់រម្ងាប់ ការអស់នៃវាយោធាតុណា នុ៎ះឈ្មោះថា ការរលត់នៃ​សេចក្តីទុក្ខ ការស្ងប់រម្ងាប់​នៃ​រោគ ការអស់នៃជរា និងមរណៈ។ ចប់សូត្រ ទី៧។

សមណព្រាហ្មណសូត្រ ទី៨

[៨៤] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ធាតុនេះមាន៤ប្រការ ធាតុ៤ តើអ្វីខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិន​ដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុ​ទាំង​៤​នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ តថាគតមិនសន្មត​ថាជា​សមណៈ ក្នុងពួកសមណៈ មិនសន្មត​ថាជា​ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះ មិនបានធ្វើឲ្យជាក់ច្បាស់ មិនបានសម្រេច ដោយប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួន​ឯងក្នុងបច្ចុប្បន្ន នូវប្រយោជន៍​នៃសមណភាព ឬប្រយោជន៍​នៃព្រាហ្មណភាពទេ។

[៨៥] ម្នាលភិក្ខុទាំងឡាយ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នៃធាតុ​ទាំង​៤​នេះ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ទើបតថាគតសន្មត​ថាជា​សមណៈ ក្នុងពួកសមណៈផង សន្មត​ថាជា​ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មួយទៀត អ្នកទាំងនោះ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយ​ខ្លួន​ឯង​ក្នុង​បច្ចុប្បន្ន នូវប្រយោជន៍​នៃសមណភាពផង នូវប្រយោជន៍​នៃព្រាហ្មណភាពទេ។ ចប់សូត្រ ទី៨។

ទុតិយសមណព្រាហ្មណសូត្រ ទី៩

[៨៦] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ ធាតុទាំងឡាយនេះ មាន៤ប្រការ ធាតុ៤តើអ្វីខ្លះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ណានីមួយ ​ដឹងច្បាស់តាមពិត នូវសេចក្តីកើត នូវ​សេចក្តីអស់ទៅ នូវអានិសង្ស នូវ​ទោស និងការរលាស់ចេញ នៃធាតុ​ទាំង​៤​នេះ (បណ្ឌិតគប្បីឲ្យពិស្តារ) ដឹងច្បាស់… ធ្វើ​ឲ្យ​ជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ចប់សូត្រទី៩។

តតិយសមណព្រាហ្មណសូត្រ ទី១០

[៨៧] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ណានីមួយ មិន​ដឹងច្បាស់នូវបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ មិនដឹងច្បាស់នូវសេចក្តី​រលត់នៃ​បឋវីធាតុ មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់​នូវសេចក្តីរលត់នៃបឋវីធាតុ។ មិនដឹងច្បាស់​នូវ​អាបោធាតុ។បេ។ មិនដឹងច្បាស់​នូវតេជោធាតុ… មិនដឹងច្បាស់នូវ​វាយោធាតុ មិនដឹងច្បាស់​នូវសេចក្តី​កើតឡើងនៃវាយោធាតុ មិនដឹងច្បាស់​នូវសេចក្តីរលត់​នៃ​វាយោ​ធាតុ មិនដឹងច្បាស់​នូវបដិបទា ជាហេតុ​ឲ្យដល់​នូវសេចក្តីរលត់​នៃវាយោធាតុ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ​ព្រាហ្មណ៍ទាំងនុ៎ះ តថាគតមិនសន្មតថាជាសមណៈ ក្នុង​ពួកសមណៈ មិនសន្មតថាជាព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ទេ មួយទៀត អ្នកទាំងនោះ មិនបានធ្វើ​ឲ្យជាក់ច្បាស់ មិនបានសម្រេច​ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវប្រយោជន៍​នៃសមណភាព ឬប្រយោជន៍នៃ​ព្រាហ្មណភាពទេ។

[៨៨] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍​ណានីមួយ ​ដឹងច្បាស់​នូវ​បឋវីធាតុ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃបឋវីធាតុ ដឹងច្បាស់នូវសេចក្តី​រលត់នៃ​បឋវីធាតុ ដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់​នូវសេចក្តីរលត់នៃបឋវីធាតុ។ ដឹងច្បាស់​នូវ​អាបោធាតុ។បេ។ ដឹងច្បាស់​នូវតេជោធាតុ… ដឹងច្បាស់នូវ​វាយោធាតុ ដឹងច្បាស់​នូវ​សេចក្តី​​កើតឡើងនៃវាយោធាតុ ដឹងច្បាស់​នូវសេចក្តីរលត់​នៃ​វាយោ​ធាតុ ដឹងច្បាស់​នូវ​បដិបទា ជាហេតុ​ឲ្យដល់​នូវសេចក្តីរលត់ ​នៃវាយោធាតុ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ​ព្រាហ្មណ៍ទាំងនោះ តថាគតសន្មតថាជាសមណៈ ក្នុង​ពួកសមណៈផង សន្មតថាជា​ព្រាហ្មណ៍ ក្នុងពួកព្រាហ្មណ៍ផង មួយទៀត អ្នកទាំងនោះ បានធ្វើ​ឲ្យជាក់ច្បាស់ បាន​សម្រេច​​ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវប្រយោជន៍​នៃសមណភាព​ផង នូវប្រយោជន៍នៃ​ព្រាហ្មណភាពផង។ ចប់សូត្រទី១០។

ចប់វគ្គទី៤។

ឧទ្ទាននៃ​ចតុទ្ធាតុវគ្គនោះគឺ

និយាយពីធាតុទាំងបួន ១ ក្នុងកាលមុនអំពីកាលដែលព្រះអង្គបានត្រាស់ ១ ព្រះអង្គ​ប្រព្រឹត្តស្វែងរកនូវអានិសង្ស នៃបឋវីធាតុជាដើម ១ ព្រះអង្គត្រាស់ថា បើអានិសង្ស​នៃ​បឋវីធាតុនេះ មិនមានហើយ ១ សេចក្តីទុក្ខនៃបឋវីធាតុជាដើម ១ សេចក្តីឱបអរនូវ​បឋវីធាតុ​ជាដើម ១ សេចក្តី​កើតឡើងនៃ​បឋវីធាតុជាដើម ១ សមណព្រាហ្មណ៍ ​បីលើក។

ចប់ ធាតុសំយុត្ត ទី២។

អនមតគ្គសំយុត្ត

តិណកដ្ឋវគ្គ ទី១

តិណកដ្ឋសូត្រ ទី១

[៨៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។ ទ្រង់​ត្រាស់​យ៉ាង​នេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត​គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជា​ជារនាំង មានតណ្ហាជាចំណង អន្ទោល​ទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ [ទីបំផុតខាងដើមនៃសង្សារ មិនប្រាកដទេ ប៉ុន្តែ​អដ្ឋកថា ប្រាប់ថា សូម្បីទីបំផុតខាងចុង ក៏មិនប្រាកដដែរ។]។

[៩០] ម្នាលភិក្ខុទាំងឡាយ ដូចបុរសកាត់ស្មៅ កំណាត់ឈើ មែកឈើ ស្លឹកឈើ ក្នុង​ជម្ពូទ្វីបនេះ ហើយប្រមូល​ទុកក្នុងទីជាមួយគ្នា លុះប្រមូលទុកក្នុងទីជាមួយគ្នារួចហើយ ក៏​ធ្វើ​ខ្នាច់ប្រវែង​បួនធ្នាប់ៗ ហើយតំកល់ទុកថា នេះទុកជាមាតារបស់អញ នេះទុក​ជាមាតានៃ​មាតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ មាតាទាំងឡាយ របស់មាតានៃបុរស​នោះ មិនអស់ឡើយ ឯស្មៅ កំណាត់ឈើ មែកឈើ និងស្លឹកឈើ ក្នុងជម្ពូទ្វីបនេះ គប្បី​ដល់​នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារ​នេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែល​មាន​អវិជ្ជា​ជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វទាំងនោះបាន​ទទួល​ហើយ អស់កាល​ជាអង្វែង យ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុង​សង្ខារទាំងពួង។ ចប់សូត្រទី១។

បឋវីសូត្រ ទី២

[៩១] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់​សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់​រង្គាត់ទៅ មិនប្រាកដឡើយ។

[៩២] ម្នាលភិក្ខុទាំងឡាយ ដូចបុរសយកមហាប្រឹថពីនេះ មកសូនជាគុលិកាឲ្យប៉ុនៗ​គ្រាប់ក្របៅ ហើយតំកល់ទុកថា នេះជាបិតារបស់អញ នេះជាបិតានៃបិតារបស់អញ។ ម្នាលភិក្ខុទាំងឡាយ បិតាទាំងឡាយ របស់បិតានៃ​បុរសនោះ មិនអស់ឡើយ ឯមហាប្រឹថ​ពីនេះ គប្បីដល់នូវការអស់ទៅ ផុតទៅ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត​គេមិនអាច​ដឹងបាន គឺទីបំផុតខាងដើម របស់​សត្វ​ទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់​រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលសត្វ​ទាំងនោះបានទទួលហើយ អស់កាលជាអង្វែងយ៉ាងនេះឯង ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។ ចប់សូត្រទី២។

អស្សុសូត្រ ទី៣

[៩៣] ទ្រង់គង់​នៅក្នុងក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះថាដូចម្តេច គឺត្រង់ដែល​អ្នក​ទាំងឡាយ អន្ទោលទៅ ត្រាច់​រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់​ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែក​ដែល​ហូរស្រក់ ហើយនិងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹកទាំងពីរនោះ ទឹកណា​ច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវ​ធម៌ តាមដែល​ព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ​ទាំង​ឡាយ អន្ទោលទៅ ត្រាច់​រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ប្រាសចាករបស់​ដែលគាប់ចិត្ត ដោយកាលជាអង្វែងនេះ ទឹកភ្នែក​ហូរស្រក់​ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ យល់ច្បាស់នូវធម៌ តាមដែល​តថាគតសំដែងហើយ យ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ អន្ទោលទៅ ត្រាច់​រង្គាត់ទៅ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ព្រាត់ប្រាសចាករបស់​ដែលគាប់ចិត្ត ដោយកាលអង្វែងនេះ ទឹកភ្នែក​ហូរស្រក់ទៅហើយ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រ​ទាំង៤ មិនច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់មាតា អ្នកទាំងឡាយ​បានទទួលរង អស់កាល​អង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវសេចក្តី​ស្លាប់​របស់​មាតា កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ព្រាត់ប្រាស​ចាក​របស់​ដែលគាប់ចិត្ត ទឹកភ្នែក​ហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្លាប់របស់បិតា អ្នកទាំងឡាយ​បានទទួលរង អស់កាល​អង្វែង… សេចក្តីស្លាប់​របស់បងប្អូន​ប្រុស អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់​របស់បងប្អូនស្រី អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់​របស់កូនប្រុស អ្នកទាំងឡាយបានទទួលរង… សេចក្តីស្លាប់​របស់កូនស្រី អ្នកទាំងឡាយបានទទួលរង… សេចក្តីវិនាសនៃញាតិ អ្នកទាំងឡាយបានទទួលរង… សេចក្តីវិនាសភោគៈ អ្នកទាំងឡាយបានទទួលរង…  ម្នាលភិក្ខុទាំងឡាយ សេចក្តីវិនាស​ព្រោះរោគ អ្នកទាំងឡាយបានទទួល​រង អស់​កាល​ជា​អង្វែង កាលដែលអ្នកទាំងឡាយ ទទួលរងនូវសេចក្តីវិនាសព្រោះរោគ កន្ទក់កន្ទេញ ទួញ យំ ព្រោះជួបប្រទះនឹង​របស់​ដែល​មិនគាប់ចិត្ត ព្រាត់ប្រាស​ចាក​របស់​ដែលគាប់ចិត្ត ទឹកភ្នែក​ហូរស្រក់ទៅ ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ សេចក្តី​នោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារ​នេះ មានទីបំផុតគេមិនអាច​ដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញ​ទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង ដោយពិត។ ចប់សូត្រទី៣។

ខីរសូត្រ ទី៤

[៩៥] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុតគេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែល​អ្នក​ទាំងឡាយ អន្ទោលទៅ ត្រាច់​រង្គាត់ទៅ ដោយ​កាលជាអង្វែង​នេះ បានផឹកនូវទឹកដោះ​នៃ​មាតា និងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹក​ទាំងពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែល​ព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ​ទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះ​មាតា​ច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងឡើយ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ  អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ តាមដែល​តថាគត សំដែងហើយ យ៉ាងនេះ ប្រពៃ​ហើយ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នក​ទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ដោយកាលជាអង្វែងនេះ បានផឹកទឹកដោះ​របស់មាតា​ ច្រើនអនេកពិត ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនច្រើនជាងមែន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត​គេមិនអាចដឹងបាន។បេ។ អ្នកទាំងឡាយ គួរជិនឆ្អន់។ ចប់សូត្រទី៤។

បព្វតសូត្រ ទី៥

[៩៧] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។បេ។ លុះ​ភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរ​ហើយ ក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន កប្ប​មានកាលវែងប៉ុន្មាន។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ កប្បមានកាលវែង​ណាស់ កប្ប​នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ឬថាប៉ុណ្ណេះរយឆ្នាំ ថាប៉ុណ្ណេះពាន់ឆ្នាំ ឬថា​ប៉ុណ្ណេះ​សែនឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើ​ពាក្យឧបមាបានឬទេ។

[៩៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់​ តទៅទៀតថា ម្នាលភិក្ខុ ដូចភ្នំថ្មសុទ្ធដ៏ធំ បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កំពស់​ក៏មួយយោជន៍ មិនធ្លុះ មិនមានប្រហោង ជាភ្នំតាន់ កន្លងមួយរយឆ្នាំៗទៅ មាន​បុរស​យកសំពត់​កាសិក មកបោសភ្នំនោះម្តងៗ ម្នាលភិក្ខុ ភ្នំថ្មសុទ្ធដ៏ធំនោះ គប្បី​ដល់​នូវ​ការអស់ទៅ រេចទៅ ដោយសេចក្តីព្យាយាម​នេះឆាប់ជាង ឯកប្ប​មិនទាន់អស់​ទៅឡើយ ម្នាលភិក្ខុ កប្ប​មានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែល​មានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយ​រយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់​មិនបាន កប្បមួយសែន​ក៏រាប់​មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារ​នេះ មានទីបំផុត​គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុ ហេតុនេះ អ្នកទាំងឡាយ គួរនឿយ​ណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។ ចប់សូត្រ ទី៥។

សាសបសូត្រ ទី៦

[៩៩] ទ្រង់គង់​នៅជិតក្រុងសាវត្ថី… គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់​ព្រះមានព្រះភាគ។បេ។ លុះ​ភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរ​ហើយ បានក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្ប​មានកាលវែងប៉ុន្មាន។ ម្នាលភិក្ខុ កប្បមានកាលវែង​ណាស់ កប្ប​នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ។បេ។ ឬថា​ប៉ុណ្ណេះ​សែនឆ្នាំ បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើ​ពាក្យ​ឧបមាបានឬទេ។

[១០០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ អាចធ្វើបាន ហើយទ្រង់ត្រាស់​ តទៅទៀតថា ម្នាលភិក្ខុ ដូចនគរដែលព័ទ្ធដោយកំពែង បណ្តោយមួយយោជន៍ ទទឹងមួយយោជន៍ កំពស់​មួយយោជន៍ ពេញដោយគ្រាប់ស្ពៃ ជានគរ​គេបិទភ្ជាប់ ដោយដុំដីស្អិត កន្លងមួយរយឆ្នាំៗទៅ មាន​បុរសទៅរើសយកគ្រាប់ស្ពៃ​មួយគ្រាប់ៗ អំពីនគរ​នោះ ម្នាលភិក្ខុ គំនរគ្រាប់ស្ពៃ​ដ៏ធំនោះ គប្បីដល់​នូវការ​អស់ទៅ រលីងទៅ ដោយសេចក្តី​ព្យាយាម​នេះឆាប់ជាង ឯកប្ប​មិនទាន់អស់​ទៅឡើយ ម្នាលភិក្ខុ កប្ប​មានកាលវែង យ៉ាងនេះឯង។ ម្នាលភិក្ខុ បណ្តាកប្បដែល​មានកាលវែង យ៉ាងនេះ សូម្បីកប្បមួយក៏រាប់មិនបាន កប្បមួយ​រយក៏រាប់មិនបាន កប្បមួយពាន់ក៏រាប់​មិនបាន កប្បមួយសែន​ក៏រាប់​មិនបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ ព្រោះសង្សារ​នេះ មានទីបំផុត​គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រ ទី៦។

សាវកសូត្រ ទី៧

[១០១] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ។បេ។ លុះ​ភិក្ខុទាំងនោះអង្គុយ ក្នុងទីសមគួរ​ហើយ បានក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កប្បដែលកន្លង​រំលង​ទៅហើយ មានចំនួនច្រើនប៉ុន្មាន។  ម្នាលភិក្ខុទាំងឡាយ កប្បដែល​កន្លងរំលង​ទៅហើយ មានចំនួនច្រើនណាស់ កប្បទាំង​នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថា​ប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់កប្ប ឬថា ប៉ុណ្ណេះ​សែនកប្ប បានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គអាចធ្វើ​ពាក្យ​ឧបមាបានឬទេ។

[១០២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អាចធ្វើបាន ហើយទ្រង់ត្រាស់​ តទៅទៀតថា ម្នាលភិក្ខុទាំងឡាយ ប្រសិនបើសាវ័ក៤រូប ក្នុង​សាសនានេះ មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ បើសាវ័កទាំងនោះ រឭក​បាន​មួយសែនកប្ប ម្នាក់ៗ រាល់ៗថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ សាវ័កទាំងនោះ ក៏មិនអាច​នឹង​រឭក​កប្ប​ឲ្យអស់បានឡើយ។ គ្រានោះឯង សាវ័កទាំង៤របស់តថាគត មានអាយុមួយរយឆ្នាំ រស់នៅមួយរយឆ្នាំ កន្លងទៅមួយរយឆ្នាំ ម្នាក់ៗ នឹងធ្វើមរណកាលទៅ។ ម្នាលភិក្ខុទាំងឡាយ កប្បដែល​កន្លងរំលងទៅ មានចំនួនច្រើនយ៉ាងនេះឯង កប្បទាំងនោះ មិនងាយ​នឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់​កប្ប ឬថាប៉ុណ្ណេះសែនកប្បបានឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះសង្សារនេះ មានទីបំផុត​គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រ ទី៧។

គង្គាសូត្រ ទី៨

[១០៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រាហ្មណ៍ម្នាក់ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក​ហើយ ទើប​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រាហ្មណ៍​នោះ​អង្គុយក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កប្បដែលកន្លងរំលងទៅ មាន​ចំនួន​ច្រើនប៉ុន្មាន។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលងទៅ មានចំនួនច្រើនណាស់​ កប្បទាំងនោះ មិនងាយ​នឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់​កប្ប ឬថាប៉ុណ្ណេះសែនកប្បបានឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ចុះ​ព្រះអង្គអាច​ធ្វើ​ពាក្យ​ឧបមាបានឬទេ។

[១០៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ អាចធ្វើបាន ហើយ​ទ្រង់ត្រាស់​តទៅទៀតថា ម្នាលព្រាហ្មណ៍ ដូចជាចាប់ដើម​តាំងពីស្ទឹង​គង្គានេះកើត​មានមក តែងហូរទៅកាន់មហាសមុទ្រក្នុងចន្លោះណា គ្រាប់ខ្សាច់ណាដែល​មានក្នុង​ចន្លោះនុ៎ះ គ្រាប់ខ្សាច់នោះ មិនងាយនឹងរាប់ថា ប៉ុណ្ណេះគ្រាប់ខ្សាច់ ឬថាប៉ុណ្ណេះរយគ្រាប់ខ្សាច់ ថាប៉ុណ្ណេះពាន់គ្រាប់ខ្សាច់ ឬថាប៉ុណ្ណេះសែនគ្រាប់ខ្សាច់។ ម្នាលព្រាហ្មណ៍ កប្បដែលកន្លងរំលង​ទៅហើយ ច្រើនជាង​គ្រាប់ខ្សាច់​នោះឯង កប្បនោះ មិន​ងាយនឹងរាប់ថា ប៉ុណ្ណេះកប្ប ឬថាប៉ុណ្ណេះរយកប្ប ថាប៉ុណ្ណេះពាន់​កប្ប ឬថាប៉ុណ្ណេះសែនកប្ប សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលព្រាហ្មណ៍ ព្រោះសង្សារនេះ មានទីបំផុត​គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែល​មាន​អវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ ម្នាលព្រាហ្មណ៍ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស សត្វទាំងនោះ ទទួលរង​ហើយ អស់កាលជាអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចម្រើនឡើង។ ម្នាលព្រាហ្មណ៍ ហេតុនេះ អ្នក​ទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១០៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រាហ្មណ៍នោះ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតមដ៏ចម្រើន ចាំទុក​នូវខ្ញុំ​ព្រះអង្គ ​ថាជាឧបាសក ដល់នូវសរណៈស្មើដោយជីវិត ចាប់ដើម​តាំងពីថ្ងៃ​នេះតទៅ។ ចប់សូត្រ ទី៨។

ទណ្ឌសូត្រ ទី៩

[១០៦] ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាគ្រឿង​ប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។បេ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ដូចជាដំបងដែលគេចោលទៅឰដ៏អាកាស​ខាងលើ ចួន​កាលក៏ធ្លាក់ចុះខាងគល់មកមុន ចួនកាលក៏ធ្លាក់ចុះត្រង់កណ្តាលមកមុន ចួន​កាលក៏ធ្លាក់ចុះខាងចុងមកមុន ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយដែលមានអវិជ្ចាជា​រនាំង មានតណ្ហាជាគ្រឿង​ប្រកបផ្សំ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ចួន​កាលក៏ចេញអំពីលោកនេះ ទៅកាន់លោកខាងមុខ ចួនកាលក៏ចេញអំពីលោកខាងមុខ មកកាន់​លោកនេះវិញ យ៉ាងនោះឯង សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី៩។

បុគ្គលសូត្រ ទី១០

[១០៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងនោះទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១០៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារ​នេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលបុគ្គលម្នាក់ អន្ទោលទៅ ត្រាច់រង្គាត់ទៅ អស់មួយកប្ប រាងឆ្អឹង ពំនូកឆ្អឹង គំនរឆ្អឹងយ៉ាងធំ ប្រហែល​គ្នា នឹង​ភ្នំវេបុល្លៈនេះឯង ប្រសិនបើមានបុគ្គល អ្នកជញ្ជូនយកឆ្អឹងដែលគេគរទុក ក៏មិនគប្បី​អស់ទៅឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

[១១០] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះរួចហើយ លុះព្រះសុគត ជាសាស្តា​ត្រាស់សូត្រនេះហើយ ទើបទ្រង់​ត្រាស់ពាក្យនេះ តទៅទៀតថា

គំនរនៃឆ្អឹងរបស់បុគ្គលម្នាក់ ចំនួនមួយកប្ប គំនរនោះប្រហែលគ្នានឹងភ្នំ ព្រះពុទ្ធ​ជាមហេសី បានត្រាស់ហើយដូច្នេះ ភ្នំវេបុល្លៈនេះ លោកពោលហើយថា ធំលើស​លុប​ជាង​ភ្នំគិជ្ឈកូដ [ភ្នំវេបុល្លៈនេះ ឋិតនៅខាងជើងនៃភ្នំគិជ្ឈកូដ។ អដ្ឋកថា។] ទៀបក្រុង​គិរិព្វជៈ (រាជគ្រឹះ) របស់អ្នកមគធៈទាំងឡាយ មួយទៀត បុគ្គល​ណាឃើញ​នូវអរិយសច្ច ដោយប្រាជ្ញាដ៏ប្រពៃ គឺទុក្ខ១ តណ្ហាដែលញុំាង​ទុក្ខ​ឲ្យ​កើតឡើង១ ព្រះនិព្វាន ជាគ្រឿង​ប្រព្រឹត្តកន្លងនូវទុក្ខ១ អដ្ឋង្គិកមគ្គដ៏ប្រសើរ ជាសភាវៈឲ្យដល់នូវសេចក្តី​ស្ងប់រម្ងាប់​នៃ​ទុក្ខ១ បុគ្គលនោះ អន្ទោលទៅ កំណត់ត្រឹម៧ជាតិ ជាយ៉ាងយូរ រមែងធ្វើនូវទីបំផុតនៃ​សេចក្តី​ទុក្ខ ព្រោះអស់ទៅនៃសំយោជនៈទាំងពួង។ ចប់សូត្រទី១០។​

ចប់ តិណកដ្ឋវគ្គ ទី១។

ឧទ្ទាននៃតិណកដ្ឋវគ្គនោះ គឺ

ទ្រង់សំដែង​ប្រៀបដូចស្មៅ និងកំណាត់ឈើជាដើម ១ ផែនដី ១ ទឹកភ្នែក ១ ទឹកដោះ ១ ភ្នំ ១ គ្រាប់ស្ពៃ ១ សាវ័ក ១ ស្ទឹងគង្គា ១ ដំបង ១ បុគ្គល ១។

ទុគ្គតវគ្គ ទី២

ទុគ្គតសូត្រ ទី១

[១១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុងទីនោះ​ឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមាន​អវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីឃើញបុគ្គលកំសត់ណា មានរូបរាងអាក្រក់ អ្នក​ទាំងឡាយ នឹងដល់នូវ​សេចក្តីចូលចិត្ត ក្នុងបុគ្គលកំសត់នុ៎ះថា រូបបែបនេះ យើងទាំង​ឡាយ ធ្លាប់ភប់ប្រសព្វហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី១។

សុខិតសូត្រ ទី២

[១១២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះ​ឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន… ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីឃើញបុគ្គលណា ដែលដល់​នូវសេចក្តីសុខ ដល់នូវ​សេចក្តីសប្បាយ អ្នកទាំងឡាយ នឹងដល់នូវសេចក្តី​ចូលចិត្តក្នុងបុគ្គល​នុ៎ះថា រូបបែបនេះ យើងទាំងឡាយ ធ្លាប់ភប់ប្រសព្វហើយ អស់កាលជាអង្វែង ដូច្នេះដែរ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម មិនប្រាកដឡើយ។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី២។

តឹសមត្តសូត្រ ទី៣

[១១៣] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះ​ឯង បាវេយ្យកភិក្ខុ [ភិក្ខុនៅក្នុងប្រទេសបាវា។] ប្រមាណ​៣០រូប ជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គទាំងអស់ ជា​អ្នក​ប្រព្រឹត្តបិណ្ឌបាតិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គទាំងអស់ ជាអ្នកប្រព្រឹត្ត​តេចីវរិកធុតង្គទាំងអស់ តែនៅមានសំយោជនធម៌ទាំងអស់គ្នា នាំគ្នាចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។

[១១៤] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ព្រះតំរិះយ៉ាងនេះថា បាវេយ្យកភិក្ខុ​ប្រមាណ​៣០រូបនេះ សុទ្ធតែជាអ្នកប្រព្រឹត្តអារញ្ញិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបិណ្ឌបាតិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តបង្សុកូលិកធុតង្គ សុទ្ធតែជាអ្នកប្រព្រឹត្តតេចីវរិកធុតង្គ តែនៅមានសំយោជនធម៌ទាំងអស់គ្នា បើដូច្នោះ​ គួរ​តែតថាគតសំដែងធម៌ដល់ភិក្ខុទាំងនេះ ដើម្បី​ធ្វើចិត្ត​ភិក្ខុទាំងនោះ ឲ្យរួចចាកអាសវៈ ដោយ​មិនប្រកាន់ លើអាសនៈនេះឯង។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុ​ទាំង​ឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន។

[១១៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមាន​អវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ម្នាលភិក្ខុទាំងឡាយ ត្រង់​ដែល​អ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាល ដោយ​កាលជាអង្វែងនេះ ឈាមដែល​ហូរស្រក់ និងទឹកក្នុងមហាសមុទ្រទាំង៤ តើបណ្តាទឹក​ទាំង​ពីរនោះ ទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ យល់ច្បាស់​នូវ​ធម៌ តាមដែល​ព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ​ទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាល​ដោយ​កាល​ជាអង្វែងនេះ ឈាមដែល​ហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិន​ច្រើនជាងឡើយ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយយល់ច្បាស់នូវធម៌ តាមដែល​តថាគត សំដែងហើយយ៉ាងនេះ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ កាលដែល​អ្នកទាំងឡាយ អន្ទោលទៅ ត្រាច់រង្គាត់ទៅ ត្រូវគេកាត់ក្បាល​ដោយ​កាល​ជាអង្វែងនេះ ឈាមដែល​ហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិន​ច្រើនជាងមែន។ ម្នាលភិក្ខុទាំងឡាយ កាលអ្នកទាំង​ឡាយកើតជាគោ មានសភាពជាគោ ត្រូវគេកាត់ក្បាល​អស់​កាល​ជាអង្វែង ឈាមដែល​ហូរស្រក់ទៅច្រើនអនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិន​ច្រើនជាងឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ កើតជាក្របី មានសភាពជាក្របី ត្រូវគេកាត់ក្បាល​អស់​កាល​ជាអង្វែង ឈាមដែល​ហូរស្រក់ទៅច្រើនអនេក។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ កើតជាចៀម មានសភាពជាចៀម អស់​កាល​ជាអង្វែង។បេ។ កើតជាពពែ មានសភាពជាពពែ។បេ។ កើតជាម្រឹគ មានសភាព​ជាម្រឹគ។បេ។ កើតជាជ្រូក មានសភាព​ជាជ្រូក។បេ។ កើតជាមាន់ មានសភាព​ជាមាន់។បេ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរ បៀតបៀន​អ្នកស្រុក ហើយគេកាត់ក្បាល​ អស់​កាល​ជាអង្វែង ឈាមដែល​ហូរ​ស្រក់​ទៅ​ច្រើន​អនេក។ ម្នាលភិក្ខុទាំងឡាយ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរ ចាំស្ទាក់ក្បែរផ្លូវ អស់កាលជាអង្វែង។បេ។ កាលដែលអ្នកទាំងឡាយ ត្រូវគេប្រចាប់ថាជាចោរលួចប្រពន្ធគេ ហើយគេកាត់ក្បាល​ ឈាមដែលហូរ​ស្រក់ទៅ​ច្រើន​អនេក ឯទឹកក្នុងមហាសមុទ្រទាំង៤ មិនមែន​ច្រើនជាងឡើយ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។

[១១៧] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​សូត្រនេះចប់ហើយ ពួកភិក្ខុនោះ ជាអ្នក​មាន​សេចក្តីត្រេកអរ បានត្រេកអរចំពោះ​ភាសិតរបស់​ព្រះមានព្រះភាគ។ កាលដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់វេយ្យាករណ៍នេះ ចិត្តរបស់បាវេយ្យកភិក្ខុប្រមាណ៣០​រូប ក៏រួចស្រឡះចាកអាសវៈ ដោយការមិនប្រកាន់។ ចប់សូត្រទី៣។

មាតុសូត្រ ទី៤

[១១៨] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណាមិនធ្លាប់កើតជាមាតា សត្វនោះ គេមិនងាយរកបាន ដោយ​កាលជាអង្វែងនេះទេ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន។បេ។ គួរជិនឆ្អន់។ ចប់សូត្រទី៤។

(ពាក្យបំប្រួញសេចក្តីទាំងអស់យ៉ាងនេះ)។

បិតុសូត្រ ទី៥

[១១៩] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ​សង្សារនេះ មានទីបំផុត​គេមិន​អាចដឹង​បាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណា​មិនធ្លាប់កើត​ជាបិតា សត្វនោះ គេមិនងាយរកបាន។បេ។ ចប់សូត្រទី៥។

ភាតុសូត្រ ទី៦

[១២០] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិន​អាចដឹង​បាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជាបងប្អូនប្រុស សត្វនោះ គេមិនងាយរកបាន​ទេ។បេ។ ចប់សូត្រទី៦។

ភគិនិសូត្រ ទី៧

[១២១] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាច​ដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើត​ជាបងប្អូនស្រី សត្វនោះ គេមិនងាយរកបាន​ទេ។បេ។ ចប់សូត្រទី៧។

បុត្តសូត្រ ទី៨

[១២២] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាច​ដឹងបាន។បេ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជាកូនប្រុស សត្វនោះ គេមិនងាយរកបាន​ទេ។បេ។ ចប់សូត្រទី៨។

ធីតុសូត្រ ទី៩

[១២៣] ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោល​ទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ សត្វណា មិនធ្លាប់កើតជាកូនស្រី សត្វនោះ គេមិនងាយរកបាន ដោយ​កាលជាអង្វែងនេះទេ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះ​សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោល​ទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខ សេចក្តីព្រួយ សេចក្តីវិនាស ដែលអ្នកទាំងឡាយ បាន​ទទួលរងហើយ អស់កាលជាអង្វែងយ៉ាងនេះ ព្រៃខ្មោចក៏ចំរើន​ឡើង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។ ចប់សូត្រទី៩។

វេបុល្លបព្វតសូត្រ ទី១០

[១២៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅនាភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១២៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សង្សារនេះ មានទីបំផុត គេមិនអាចដឹងបាន គឺទីបំផុត​ខាងដើម របស់សត្វទាំងឡាយ ដែលមាន​អវិជ្ជាជារនាំង មានតណ្ហាជាចំណង អន្ទោល​ទៅ ត្រាច់រង្គាត់ទៅ មិនប្រាកដឡើយ។ ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថា បាចីនវំសៈ ដូច្នេះ កើតឡើងហើយ ក្នុង​អតីតកាល។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ មានឈ្មោះថា តិវរៈដូច្នេះ កើត​ឡើង​ហើយ ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សតិវរៈ មានអាយុ​ប្រមាណ​បួនហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សតិវរៈ ឡើងភ្នំបាចីនវំសៈ អស់៤ថ្ងៃ ចុះមក​វិញ អស់៤ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មា​សម្ពុទ្ធ បានកើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ មានគូសាវ័ក​ឈ្មោះ​វិធូរៈ និង​សញ្ជីវៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះ​នោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាលទៅ ទាំង​ព្រះមានព្រះភាគអង្គនោះ ក៏បរិនិព្វានទៅហើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀង​យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនស្រួលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុ​នេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១២៦] ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថាវង្កត ដូច្នេះ  កើតឡើង ក្នុង​អតីតកាល។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សមានឈ្មោះថា រោហិតស្សៈ ដូច្នេះ កើត​ឡើង ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សរោហិតស្សៈ មានអាយុ​ប្រមាណ​បីហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សរោហិតស្សៈ ឡើងភ្នំវង្កត អស់៣ថ្ងៃ ចុះមក​វិញ ក៏អស់៣ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ អរហន្តសម្មា​សម្ពុទ្ធ បានកើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកោនាគមនៈ អរហន្តសម្មាសម្ពុទ្ធ មានគូសាវ័ក​ឈ្មោះភិយ្យោសៈ និងឧត្តរៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះ​នោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាលទៅ ទាំង​ព្រះមានព្រះភាគអង្គនោះ ក៏បរិនិព្វានទៅហើយ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀង​យ៉ាងនេះ។បេ។ គួរជិនឆ្អន់។

[១២៧] ម្នាលភិក្ខុទាំងឡាយ ភ្នំវេបុល្លនេះ មានឈ្មោះថា សុបស្សៈ ដូច្នេះ កើតឡើង ក្នុង​អតីតកាល។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្ស មានឈ្មោះថា សុប្បិយៈដូច្នេះ កើត​ឡើង ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សសុប្បិយៈ មានអាយុ​ប្រមាណ​២ហ្មឺនឆ្នាំ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សសុប្បិយៈ ឡើងភ្នំសុបស្សៈ អស់២ថ្ងៃ ចុះមក​វិញ អស់២ថ្ងៃ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មា​សម្ពុទ្ធ កើតឡើងក្នុងលោក ក្នុងសម័យនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះមានព្រះភាគ ព្រះនាមកស្សប អរហន្តសម្មាសម្ពុទ្ធអង្គនោះ មានគូសាវ័ក​ឈ្មោះ​តិស្សៈ និងភារទ្វាជៈ ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មើលចុះ ឈ្មោះ​នោះរបស់ភ្នំនេះ ក៏អន្តរធានបាត់ទៅ មនុស្សទាំងនោះ ក៏ធ្វើមរណកាលទៅ ទាំង​ព្រះមានព្រះភាគ​អង្គនោះ ក៏បរិនិព្វានទៅដែរ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀង​យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ។បេ។ គួរជិនឆ្អន់។

[១២៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ភ្នំវេបុល្លនេះ មានឈ្មោះថា វេបុល្ល ដូច្នេះ កើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សនេះ មានឈ្មោះថា មាគធកៈ ដូច្នេះ កើត​ឡើង​ហើយ ក្នុងកាលឥឡូវនេះឯង។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សឈ្មោះ​មាគធកៈ មានប្រមាណនៃអាយុតិចតួចស្តួចស្តើងឆាប់រហ័ស មនុស្សណា រស់នៅ​យ៉ាង​យូរ មនុស្សនោះ រស់នៅត្រឹម​១០០ឆ្នាំ ឬតិចជាង​ក៏មាន ច្រើនជាងក៏មាន។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សឈ្មោះមាគធកៈ ឡើងភ្នំវេបុល្លមួយរំពេច ចុះ​មកវិញ​ក៏មួយរំពេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ព្រះអរហន្តសម្មា​សម្ពុទ្ធ គឺ​តថាគត​នេះ បានកើតឡើងក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ តថាគត មានគូសាវ័ក​ឈ្មោះ​សារីបុត្ត និងមោគ្គល្លាន ជាគូដ៏ប្រសើរ ជាគូដ៏ថ្លៃថ្លា។ ម្នាលភិក្ខុទាំងឡាយ មុខជានឹងមាន​កាលដែល​ឈ្មោះនេះ របស់ភ្នំនេះ ត្រូវអន្តរធានបាត់ទៅ មនុស្សទាំងនេះ ក៏នឹងធ្វើមរណកាលទៅ ឯតថាគត ក៏គង់នឹងបរិនិព្វានទៅ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀង​យ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនស្រួលយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ ហេតុ​នេះ អ្នកទាំងឡាយ គួរនឿយណាយ គួរធុញទ្រាន់ គួរជិនឆ្អន់ ក្នុងសង្ខារទាំងពួង។

[១២៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់​ត្រាស់សូត្រនេះហើយ ទើបទ្រង់​ត្រាស់ពាក្យនេះតទៅទៀតថា

ភ្នំបាចីនវំសៈរបស់ពួកមនុស្សតិវរៈ ភ្នំវង្កតរបស់ពួកមនុស្សរោហិតស្សៈ ភ្នំសុបស្សៈ របស់​ពួកមនុស្សសុប្បិយៈ ភ្នំវេបុល្ល របស់ពួកមនុស្ស​មាគធៈ សង្ខារទាំងឡាយ មិនទៀង​មែនពិត មានកិរិយា​កើតឡើង និងវិនាស​ទៅជាធម្មតា លុះកើតឡើងហើយរលត់ទៅ​វិញ ការរម្ងាប់​នូវសង្ខារទាំងឡាយនោះ នាំមកនូវសេចក្តីសុខ។ ចប់សូត្រទី១០។

ចប់ ទុគ្គតវគ្គ ទី២។

ឧទ្ទាននៃទុគ្គតវគ្គនោះ គឺ

និយាយពីបុគ្គលកំសត់ ១ បុគ្គល​ដល់នូវសេចក្តី​សុខ ១ ភិក្ខុ៣០រូប ១ បុគ្គលធ្លាប់​កើត​ជាមាតា ១ ជាបិតា ១ ជាបងប្អូនប្រុស ១ ជាបងប្អូនស្រី ១ ជាកូនប្រុស ១ ជាកូនស្រី ១ ភ្នំ​ឈ្មោះវេបុល្ល ១។

ចប់ អនមតគ្គសំយុត្ត ទី៣។

កស្សបសំយុត្ត

សន្តុដ្ឋសូត្រ ទី១

[១៣០] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយ​ចីវរតាមមាន​តាមបានផង ជាអ្នកពោលសរសើរគុណនៃ​ការសន្តោស ដោយ​ចីវរ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុ​ចីវរផង មិន​តក់ស្លុតព្រោះមិនបានចីវរផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានចីវរ​ផង ជាអ្នកឃើញទោស ក្នុងការដល់នូវអនេសនៈ និងការប្រើប្រាស់ ដោយសេចក្តី​ចំពាក់ចិត្ត​ ជាប្រក្រតី ជាអ្នកមានបញ្ញាសម្រាប់​រើខ្លួន ប្រើប្រាស់ (នូវចីវរ)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង ជាអ្នក​ពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយ​បិណ្ឌបាត តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុបិណ្ឌបាតផង មិន​តក់ស្លុត ព្រោះមិនបានបិណ្ឌបាតផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានបិណ្ឌបាត​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន បរិភោគ (នូវបិណ្ឌបាត)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយសេនាសនៈ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយសេនាសនៈ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុ​នៃ​សេនាសនៈផង មិន​តក់ស្លុត ព្រោះមិនបានសេនាសនៈផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានសេនាសនៈ​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន ប្រើប្រាស់ (នូវសេនាសនៈ)។ ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុនេះ ជាអ្នកសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃ​សេចក្តីសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុ​នៃ​គិលានប្បច្ចយភេសជ្ជបរិក្ខារផង មិន​តក់ស្លុត ព្រោះមិនបានគិលានប្បច្ចយភេសជ្ជបរិក្ខារ​ផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានគិលានប្បច្ចយភេសជ្ជបរិក្ខារ​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន បរិភោគ (នូវគិលានប្បច្ចយភេសជ្ជបរិក្ខារ)។

[១៣១] ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ​ ភិក្ខុក្នុងសាសនានេះ គប្បីសិក្សា​យ៉ាងនេះថា ពួកយើងនឹង​ជាអ្នកសន្តោស ដោយចីវរ តាមមានតាមបានផង ជាអ្នកពោលសរសើរគុណ នៃសេចក្តីសន្តោស ដោយ​ចីវរ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុ​នៃចីវរផង មិន​តក់ស្លុត ព្រោះមិនបានចីវរផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានចីវរ​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន និងបរិភោគ (នូវចីវរ)។

(ពាក្យទាំងអស់ បណ្ឌិតត្រូវធ្វើយ៉ាងនេះចុះ)

យើងទាំងឡាយ នឹងជាអ្នកសន្តោស ដោយបិណ្ឌបាត តាមមានតាមបានផង។បេ។ យើងទាំងឡាយ នឹងជាអ្នកសន្តោស ដោយសេនាសនៈ តាមមានតាមបានផង។បេ។ យើង​ទាំងឡាយ នឹងជាអ្នកសន្តោស ដោយគិលានប្បច្ចយភេសជ្ជបរិក្ខារ តាមមានតាម​បាន​ផង ជាអ្នកពោលសរសើរគុណ នៃ​សេចក្តីសន្តោស ដោយ​គិលានប្បច្ចយភេសជ្ជ​បរិក្ខារ តាមមានតាមបានផង មិនដល់នូវអនេសនៈ ដែលជាធម៌​មិនសមគួរ ព្រោះហេតុ​នៃគិលានប្បច្ចយភេសជ្ជ​បរិក្ខារផង ជាអ្នកមិន​តក់ស្លុត ព្រោះមិនបាន​គិលានប្បច្ចយភេសជ្ជ​​បរិក្ខារផង មិនត្រេកអរ មិនវង្វេង មិនជ្រុលជ្រប់ ព្រោះបានគិលានប្បច្ចយភេសជ្ជ​បរិក្ខារ​ផង ជាអ្នកឃើញទោស ជាប្រក្រតី មានបញ្ញាសម្រាប់​រើខ្លួន បរិភោគ (នូវគិលានប្បច្ចយភេសជ្ជ​បរិក្ខារ) ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវសិក្សាយ៉ាង​នេះចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មាននូវអ្នកទាំងឡាយ តាមបែបកស្សបភិក្ខុ ឬថាតាមបែបភិក្ខុណា ដែលប្រហែលនឹងកស្សបភិក្ខុ អ្នកទាំងឡាយ ដែលតថាគតទូន្មាន​ហើយ ក៏ត្រូវប្រតិបត្តិតាមបែបនោះចុះ។ ចប់សូត្រទី១។

អនោត្តប្បីសូត្រ ទី២

[១៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកស្សប​មានអាយុ និង​ព្រះសារីបុត្តមានអាយុ នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះ​ឯង ព្រះសារីបុត្តមានអាយុ ចេញអំពីទីស្ងាត់ក្នុងវេលាថ្ងៃរសៀល ហើយចូលទៅរក​ព្រះមហាកស្សប​មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមហាកស្សប​មានអាយុ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែល​គួរ​រឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[១៣៣] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានពោលពាក្យ​នេះ នឹងព្រះមហាកស្សប​មានអាយុថា ម្នាលកស្សបមានអាយុ ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះថា បុគ្គល ដែលមិនមាន​សេចក្តីព្យាយាមដុតកំដៅកិលេស មិនមាន​សេចក្តី​ខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បី​ព្រះនិព្វាន មិនគួរដើម្បី​បាននូវ​ធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរឡើយ លុះតែបុគ្គល​មានសេចក្តីព្យាយាម មាន​សេចក្តីខ្លាចបាប ទើបគួរដើម្បី​ត្រាស់ដឹង គួរដើម្បី​ព្រះនិព្វាន គួរបាននូវធម៌ដ៏ក្សេមចាក​យោគៈដ៏ប្រសើរ ម្នាលអាវុសោ បុគ្គល ដែលមិនមាន​សេចក្តីព្យាយាមដុតកំដៅកិលេស មិនមាន​សេចក្តី​ខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បី​ព្រះនិព្វាន មិនគួរដើម្បី​បាននូវ​ធម៌ដ៏ក្សេម ចាកយោគៈ ដ៏ប្រសើរទេ តើដូចម្តេចហ្ន៎ ម្នាលអាវុសោ ចំណែក​បុគ្គល ​ជាអ្នកមានសេចក្តីព្យាយាមដុតកំដៅកិលេស ជាអ្នកមាន​សេចក្តីខ្លាចបាប គួរដើម្បី​ត្រាស់​ដឹង គួរដើម្បី​ព្រះនិព្វាន គួរដើម្បីបាន នូវធម៌ដ៏ក្សេម ចាក​យោគៈ ដ៏ប្រសើរ តើដូចម្តេចខ្លះ។

[១៣៤] ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មិនធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើង​ ដល់​អាត្មាអញ កាលបើអាត្មាអញ មិនបានលះបង់ទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើមិនកើត​ឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដូច្នេះឡើយ មិនធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដូច្នេះឡើយ។ ម្នាលអាវុសោ បុគ្គល​ជាអ្នកមិនមានសេចក្តីព្យាយាមដុតកំដៅកិលេស យ៉ាងនេះឯង។

[១៣៥] ម្នាលអាវុសោ ចុះបុគ្គលមិនមានសេចក្តីខ្លាចបាប តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មិនខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក មិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជា​ប្រយោជន៍ មិនខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក កើតឡើង​ ដល់​អាត្មាអញហើយ កាលបើអាត្មាអញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ មិនខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើមិនទាន់កើត​ឡើងទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ មិនខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គល​មិនមានសេចក្តីខ្លាចបាប យ៉ាងនេះឯង។ ម្នាលអាវុសោ បុគ្គល ជាអ្នក​មិនមាន​សេចក្តី​ព្យាយាម ដុតកំដៅកិលេស មិនមានសេចក្តីខ្លាចបាប មិនគួរដើម្បីត្រាស់ដឹង មិនគួរដើម្បី​ព្រះនិព្វាន មិនគួរដើម្បីបាន​នូវធម៌ ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ យ៉ាងនេះឯង។

[១៣៦] ម្នាលអាវុសោ ចុះបុគ្គល ជាអ្នកមានសេចក្តីព្យាយាម ដុតកំដៅកិលេស តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ធ្វើនូវ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក មិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើ​កើត​ឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ធ្វើ​សេចក្តីព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក កើតឡើង​ ដល់​អាត្មាអញហើយ កាលបើអាត្មា​អញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ធ្វើ​សេចក្តី​ព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើមិនទាន់កើត​ឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ធ្វើ​សេចក្តី​ព្យាយាម ដុតកំដៅកិលេស ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គល​ជាអ្នកមានសេចក្តីព្យាយាមដុតកំដៅកិលេស យ៉ាងនេះឯង។

[១៣៧] ម្នាលអាវុសោ ចុះបុគ្គលជាអ្នកមានសេចក្តីខ្លាចបាប តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ រមែងខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើកើតឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជា​ប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកអកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាលបើអាត្មាអញ មិនបានលះបង់ចេញទេ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលមិនទាន់កើតឡើង​ ដល់​អាត្មាអញ កាលបើមិនទាន់កើត​ឡើង គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ រមែងខ្លាចបាប ដោយគិតថា ពួកកុសលធម៌ ដែលកើតឡើង​ ដល់​អាត្មាអញហើយ កាលបើរលត់ទៅវិញ គប្បីប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍។ ម្នាលអាវុសោ បុគ្គល​ជាអ្នក​មានសេចក្តីខ្លាចបាប យ៉ាងនេះឯង។ ម្នាលអាវុសោ បុគ្គល ជាអ្នកមាន​សេចក្តី​ព្យាយាម ដុតកំដៅកិលេស ជាអ្នកមានសេចក្តីខ្លាចបាប ទើបគួរដើម្បីត្រាស់ដឹង គួរដើម្បី​ព្រះនិព្វាន គួរដើម្បីបាន​នូវធម៌ ដ៏ក្សេមចាកយោគៈ ដ៏ប្រសើរ យ៉ាងនេះឯង។ ចប់សូត្រ ទី២។

ចន្ទូបមសូត្រ ទី៣

[១៣៨] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមា​ដូចជា​ព្រះចន្ទ [ភិក្ខុប្រព្រឹត្តខ្លួនដូចជាព្រះចន្ទ ហើយចូលទៅកាន់ត្រកូលនោះ គឺ​មិនរើសមុខថា ក្សត្រិយ៍ ឬព្រាហ្មណ៍ជាដើម ដូចព្រះចន្ទដែលផ្សាយរស្មីមិនរើសមុខសត្វណាមួយ​ឡើយ។] ចូរដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូល​ទាំង​ឡាយ ហើយចូលទៅកាន់ត្រកូលចុះ។ ម្នាលភិក្ខុទាំងឡាយ បុរសក្រឡេកមើល​នូវ​រណ្តៅ​ចាស់ក្តី នូវទីដែល​មិនរាបស្មើក្នុងភ្នំក្តី នូវទីដែលឆ្លងបានដោយលំបាកក្នុងស្ទឹងក្តី តែង​ដក​កាយ ដកចិត្តចេញ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មានឧបមាដូចជា​ព្រះចន្ទ ចូរដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូល​ទាំង​ឡាយ ហើយចូលទៅកាន់ត្រកូលចុះ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ កស្សបមាន​​ឧបមាដូចព្រះចន្ទ តែងដកកាយ ដកចិត្តចេញ ធ្វើដូចជាអាគន្តុកភិក្ខុ មិនឃ្នើសឃ្នង ក្នុងត្រកូល​ទាំង​ឡាយ ហើយចូលទៅកាន់ត្រកូល។

[១៣៩]  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់​ហេតុនោះដូចម្តេច ភិក្ខុមាន​សភាព​ដូចម្តេច ដែលគួរចូលទៅកាន់ត្រកូលទាំងឡាយបាន។ បពិត្រព្រះអង្គដ៏ចំរើន ធម៌​ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ សឹងមាន​ព្រះមានព្រះភាគ​ជាឫស មានព្រះមានព្រះភាគ ជា​អ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស បំភ្លឺសេចក្តីនៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបាន​ស្តាប់​ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់លើក​ព្រះហស្តទៅក្នុងអាកាស ហើយធ្វើឲ្យញ័រ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បាតដៃ​នេះ មិនជាប់ មិនចំពាក់ មិនស្អិត លើអាកាស យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូល​ទៅកាន់ត្រកូលទាំងឡាយហើយ មានចិត្ត​មិនជាប់ មិនចំពាក់ មិនស្អិតក្នុងត្រកូល​ទាំង​ឡាយ ដោយគិតថា ពួកជនដែលប្រាថ្នាលាភ ចូរឲ្យបាន​នូវលាភចុះ ពួកជនប្រាថ្នា​បុណ្យ ចូរធ្វើបុណ្យចុះ យ៉ាងនោះឯង បុគ្គលជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភ​របស់​ខ្លួន យ៉ាងណា បុគ្គល​ជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់​ពួកជនដទៃ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបែបនេះ ទើបគួរចូលទៅកាន់ត្រកូលទាំង​ឡាយបាន។ ម្នាលភិក្ខុទាំងឡាយ កាលកស្សបភិក្ខុ ចូលទៅកាន់ត្រកូលទាំង​ឡាយ មានចិត្ត​មិនជាប់ មិនចំពាក់ មិនស្អិត ក្នុងត្រកូល​ទាំង​ឡាយ ដោយគិតថា ពួកជន​ប្រាថ្នាលាភ ចូរបាន​លាភចុះ ពួកជនប្រាថ្នា​បុណ្យ ចូរធ្វើនូវបុណ្យចុះ ជន​ជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភ​របស់​ខ្លួន យ៉ាងណា បុគ្គល​ជាអ្នកពេញចិត្ត មានចិត្តល្អ ដោយលាភរបស់​ពួកបុគ្គលដទៃ យ៉ាងនោះដែរ។

[១៤០] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់​ហេតុនោះដូចម្តេច ធម្មទេសនា របស់ភិក្ខុបែបណា ដែល​មិនបរិសុទ្ធ ធម្មទេសនា របស់ភិក្ខុបែបណា ដែលបរិសុទ្ធ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌​ទាំងឡាយ របស់ពួកខ្ញុំព្រះអង្គ សឹងមាន​ព្រះមានព្រះភាគ​ជាឫស មានព្រះមានព្រះភាគ ជា​អ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់ព្រះមេត្តាប្រោស សំដែង​សេចក្តី នៃភាសិតនុ៎ះ ឲ្យទាន ពួកភិក្ខុបាន​ស្តាប់​ព្រះមានព្រះភាគហើយ នឹងបានចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យ​ប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ តាំងចិត្តយ៉ាងនេះថា អើហ្ន៎ ពួកជន គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ ជ្រះ​ថ្លាចំពោះធម៌ លុះជ្រះថ្លាពិតហើយ គប្បីធ្វើនូវ​អាការជ្រះថ្លា ចំពោះ​អាត្មាអញទៀត ហើយ​ក៏សំដែងធម៌ ដល់​ពួកជនដទៃ។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់​ភិក្ខុបែបនេះ ឈ្មោះថា មិនបរិសុទ្ធទេ។ ម្នាលភិក្ខុទាំងឡាយ លុះតែភិក្ខុណា តាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែលព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ ដោយប្រពៃ ជាធម៌ ដែល​អ្នកប្រាជ្ញ​ គប្បីឃើញ​ច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការ​ដូចជា​ហៅបុគ្គលដទៃ ឲ្យចូល​មកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែល​អ្នក​ប្រាជ្ញទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់នូវធម៌ហើយ គប្បីប្រតិបត្តិ​តាមបែប​នោះ ហើយ​ក៏សំដែងធម៌ ដល់​ពួកជនដទៃ ភិក្ខុសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​នូវភាព​នៃធម៌​ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យសេចក្តី​អនុគ្រោះ ដូចសំដែង​មកនេះឯង។ ម្នាលភិក្ខុទាំងឡាយ ធម្មទេសនារបស់ភិក្ខុបែបនេះ​ ទើបឈ្មោះថា បរិសុទ្ធ។

[១៤១] ម្នាលភិក្ខុទាំងឡាយ កស្សបភិក្ខុតាំងចិត្តយ៉ាងនេះថា ព្រះធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ ដោយប្រពៃ ជាធម៌ ដែល​អ្នកប្រាជ្ញ​ គប្បីឃើញ​ច្បាស់ ដោយខ្លួនឯង ជាធម៌ឲ្យផល មិនរង់ចាំកាល ជាធម៌មានអាការ​ដូចជា​ហៅបុគ្គល​ដទៃ ឲ្យចូល​មកមើលបាន ជាធម៌គួរបង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែល​អ្នក​ប្រាជ្ញ​ទាំងឡាយ គប្បីដឹងចំពោះខ្លួន អើហ្ន៎ ពួកជនដទៃ គប្បីស្តាប់ធម៌របស់អាត្មាអញ លុះស្តាប់រួចហើយ គប្បីដឹងច្បាស់នូវធម៌ លុះដឹងច្បាស់ហើយ គប្បីប្រតិបត្តិ​តាមបែប​នោះ ហើយ​ក៏សំដែងធម៌ ដល់​ពួកជនដទៃ កស្សបភិក្ខុ រមែងសំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​នូវភាព​នៃធម៌​ជាធម៌ល្អ សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីករុណា សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីអាណិត សំដែងធម៌ ដល់ពួកជនដទៃ ព្រោះអាស្រ័យ​សេចក្តីអនុគ្រោះ ដូចសំដែង​មកនេះឯង។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងទូន្មានអ្នកទាំងឡាយ តាមបែប​កស្សបភិក្ខុ ឬក៏តាម​បែប​ភិក្ខុណា ដែលប្រហែលនឹង​កស្សបភិក្ខុ អ្នកទាំងឡាយ ដែលតថាគត ទូន្មានហើយ គប្បី​ប្រតិបត្តិតាមបែបនោះចុះ។ ចប់សូត្រ ទី៣។

កុលូបកសូត្រ ទី៤

[១៤២] ព្រះមានព្រះភាគ គង់នៅទៀបក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ សំគាល់ហេតុនោះដូចម្តេច ភិក្ខុបែបណា គួរជាអ្នកចូលទៅកាន់ត្រកូលបាន ភិក្ខុ​បែបណា មិនគួរជាអ្នកចូលទៅកាន់​ត្រកូលបាន។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំង​ឡាយ របស់ពួកខ្ញុំព្រះអង្គ សឹងមានព្រះមានព្រះភាគ​ជាឫស។បេ។

[១៤៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ ចូលទៅកាន់​ត្រកូល​ដោយគិតថា ពួកជន​ចូរឲ្យ​តែអាត្មាអញ កុំមិនឲ្យ​ដល់​អាត្មាអញឡើយ ចូរឲ្យ​តែវត្ថុ​ច្រើនដល់អាត្មាអញ កុំឲ្យនូវវត្ថុតិចឡើយ ចូរឲ្យ​តែវត្ថុ​ដ៏ថ្លៃ​ថ្លា ដល់អាត្មាអញ កុំឲ្យនូវវត្ថុសៅហ្មងឡើយ ចូរឲ្យ​ដល់អាត្មាអញ ជាប្រញាប់ កុំឲ្យយឺតយូរ​ឡើយ ចូរឲ្យដល់​អាត្មាអញ ដោយការគោរព កុំឲ្យដោយសេចក្តី​មិនគោរពឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះតាំងចិត្ត​យ៉ាងនេះហើយ ចូលទៅកាន់ត្រកូល ឯពួក​ជនក៏មិនបាន​ឲ្យឡើយ ភិក្ខុក៏ឃ្នើសចិត្ត ព្រោះការមិនឲ្យនោះ ភិក្ខុនោះ ក៏ទទួល​ទុក្ខទោមនស្ស ព្រោះមានការមិនឲ្យនោះជាហេតុ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន។បេ។ ឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា ឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ ភិក្ខុក៏ឃ្នើសចិត្ត ព្រោះ​ការឲ្យតិចជាដើមនោះ ភិក្ខុនោះ ក៏ទទួលទុក្ខទោមនស្ស ព្រោះមានការឲ្យតិចជាដើម​នោះជាហេតុ។ ពួកជនឲ្យដោយសេចក្តីមិនគោរព មិនឲ្យ​ដោយសេចក្តីគោរព ភិក្ខុក៏ឃ្នើស​ចិត្ត ដោយការមិនគោរពនោះ ភិក្ខុនោះ ក៏ទទួល​ទុក្ខទោមនស្ស ព្រោះការមិនឲ្យ​ដោយ​សេចក្តីគោរពនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបែបនេះឯង មិនគួរ​ដើម្បី​ជាអ្នកចូល​ទៅកាន់ត្រកូលទេ។

[១៤៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ចូលទៅកាន់ត្រកូល តាំងចិត្ត​យ៉ាងនេះថា អាត្មាអញ គប្បីបានវត្ថុនោះអំពីណា ក្នុងពួកត្រកូល​នៃបុគ្គលដទៃ ពួកជនដទៃ ចូរ​ឲ្យ​ដល់​អាត្មាអញ កុំខានឲ្យឡើយ ចូរឲ្យ​តែវត្ថុដ៏​ច្រើនមួយយ៉ាងដល់អាត្មាអញ កុំឲ្យវត្ថុតិចឡើយ ចូរឲ្យ​តែវត្ថុ​ដ៏ថ្លៃ​ថ្លា ដល់អាត្មាអញ កុំឲ្យវត្ថុសៅហ្មងឡើយ ចូរឲ្យ​ដល់អាត្មាអញ ជាប្រញាប់ កុំឲ្យយឺតយូរ​ឡើយ ចូរឲ្យដល់​អាត្មាអញ ដោយសេចក្តីគោរព កុំឲ្យដោយសេចក្តី​មិនគោរពឡើយ។ ម្នាលភិក្ខុទាំងឡាយ ថាបើភិក្ខុនោះចូល​ទៅកាន់​ត្រកូល តាំងចិត្ត​យ៉ាងនេះហើយ (បើ) ពួក​ជនគេមិនឲ្យ ភិក្ខុក៏មិនឃ្នើសចិត្ត ព្រោះការមិនឲ្យនោះ ភិក្ខុនោះ ក៏មិនទទួល​ទុក្ខទោមនស្ស ព្រោះគេមិនឲ្យនោះជាហេតុ​ឡើយ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន ភិក្ខុក៏មិនឃ្នើស​ចិត្ត ព្រោះការឲ្យ​តិចនោះឡើយ ភិក្ខុនោះ ក៏មិនទទួល​ទុក្ខទោមនស្ស ព្រោះការឲ្យតិច មិនឲ្យច្រើននោះជាហេតុឡើយ។ ពួក​ជនឲ្យវត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា… ពួកជនឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់ ភិក្ខុ​ក៏មិនឃ្នើសចិត្ត ព្រោះការមិនឲ្យ​ប្រញាប់នោះ ភិក្ខុនោះ ក៏មិនទទួលទុក្ខទោមនស្ស ព្រោះ​ការឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់នោះជាហេតុឡើយ។ ពួកជនឲ្យ​ដោយ​សេចក្តី​មិន​គោរព មិនឲ្យ​ដោយសេចក្តីគោរព ភិក្ខុក៏មិនឃ្នើស​ចិត្ត ព្រោះការ​ឲ្យដោយ​សេចក្តីមិនគោរពនោះ ភិក្ខុនោះ មិនទទួល​ទុក្ខទោមនស្ស ព្រោះគេឲ្យមិនគោរព មិនឲ្យដោយ​សេចក្តីគោរពនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុយ៉ាង​នេះឯង ទើបគួរ​ដើម្បីចូល​ទៅកាន់ត្រកូលបាន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ កស្សបចូលទៅកាន់ត្រកូលតាំងចិត្តយ៉ាងនេះថា អាត្មាអញ គប្បីបាននូវវត្ថុនោះអំពីណា ក្នុងពួកត្រកូល​នៃបុគ្គលដទៃ ពួកជនដទៃ ចូរ​ឲ្យ​ដល់​អាត្មាអញ កុំខានឲ្យឡើយ ចូរឲ្យ​តែវត្ថុ​ច្រើនដល់អាត្មាអញ កុំឲ្យវត្ថុតិចឡើយ។បេ។ បើពួក​ជនមិនឲ្យ កស្សបក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យនោះឡើយ កស្សបនោះ ក៏មិនទទួល​ទុក្ខទោមនស្ស ព្រោះគេមិនឲ្យនោះជាហេតុ​ឡើយ។ ពួកជនឲ្យវត្ថុតិច មិនឲ្យវត្ថុច្រើន កស្សបក៏មិនឃ្នើស​ចិត្ត ព្រោះគេមិនឲ្យវត្ថុច្រើននោះឡើយ កស្សបនោះ ក៏មិនទទួល​ទុក្ខទោមនស្ស ព្រោះគេឲ្យតិច មិនឲ្យច្រើននោះជាហេតុឡើយ។ ពួក​ជន​ឲ្យ​វត្ថុសៅហ្មង មិនឲ្យវត្ថុថ្លៃថ្លា កស្សប ក៏មិនឃ្នើសចិត្ត ព្រោះគេមិនឲ្យវត្ថុថ្លៃថ្លានោះឡើយ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេ​ឲ្យវត្ថុ​សៅហ្មង មិនឲ្យ​វត្ថុថ្លៃថ្លានោះ​ជាហេតុឡើយ។ ពួកជនឲ្យយឺតយូរ មិនឲ្យ​ប្រញាប់ប្រញាល់ កស្សបក៏មិនឃ្នើសចិត្ត ព្រោះ​គេមិនឲ្យ ដោយប្រញាប់ប្រញាល់នោះឡើយ កស្សបនោះ មិនទទួលទុក្ខទោមនស្ស ព្រោះគេឲ្យយឺតយូរ មិនឲ្យប្រញាប់ប្រញាល់នោះជាហេតុឡើយ។ ពួកជនឲ្យ​ដោយ​សេចក្តី​មិន​គោរព មិនឲ្យ​ដោយសេចក្តីគោរព កស្សបក៏មិនឃ្នើស​ចិត្ត ព្រោះគេ​ឲ្យដោយ​សេចក្តីមិនគោរពនោះ កស្សបនោះ មិនទទួល​ទុក្ខទោមនស្ស ព្រោះគេឲ្យមិនគោរព មិនឲ្យដោយ​សេចក្តីគោរពនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹង​ទូន្មានអ្នកទាំងឡាយ តាមបែប​កស្សប ឬក៏តាមបែប​ភិក្ខុណា ដែល​ប្រហែលនឹង​កស្សប អ្នកទាំងឡាយ ដែលតថាគតទូន្មានហើយ គប្បី​ប្រតិបត្តិតាម បែបនោះចុះ។ ចប់សូត្រទី៤។

ជិណ្ណសូត្រ ទី៥

[១៤៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ។បេ។ គ្រានោះឯង ព្រះមហាកស្សប មានអាយុ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីដ៏សមគួរ។

[១៤៧] លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលកស្សប ឥឡូវនេះ អ្នកក៏កាន់តែចាស់​ហើយ ទាំងសំពត់​សំបកធ្មៃនេះរបស់អ្នកក៏ធ្ងន់ ជាសំពត់​បង្សុកូល ដែល​តថាគតឈប់​ស្លៀក​ដណ្តប់ ម្នាលកស្សប ហេតុដូច្នោះ អ្នកចូរស្លៀកដណ្តប់​គហបតិចីវរ ចូរបរិភោគ​និមន្តនភត្ត ចូរនៅជិតតថាគតចុះ។ បពិត្រព្រះអង្គដ៏ចំរើន យូរអង្វែងមកហើយ ខ្ញុំព្រះអង្គ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ជាអ្នកពោលសរសើរគុណ នៃ​ការនៅក្នុងព្រៃផង ជា​អ្នក​ប្រព្រឹត្ត​បិណ្ឌបាតផង ជាអ្នកពោលសរសើរគុណ នៃការ​ប្រព្រឹត្តិបិណ្ឌបាតផង ជាអ្នក​ស្លៀក​ដណ្តប់សំពត់បង្សុកូលផង ជាអ្នកពោលសរសើរគុណ នៃការស្លៀកដណ្តប់​សំពត់​បង្សុកូលផង ជាអ្នក​ទ្រទ្រង់​ចីវរបីផង ជាអ្នកពោលសរសើរគុណ នៃ​ការទ្រទ្រង់​ចីវរបីផង ជា​អ្នកប្រាថ្នាតិចផង ជាអ្នកពោលសរសើរគុណ នៃ​សេចក្តីប្រាថ្នាតិចផង ជាអ្នកសន្តោស​ផង ជាអ្នកពោលសរសើរគុណ នៃ​សេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ជាអ្នកពោល​សរសើរគុណ នៃ​ការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំ (ដោយពួក) ផង ជាអ្នកពោល​សរសើរ​គុណ នៃ​ការមិនច្រឡូកច្រឡំផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ជាអ្នកពោល​សរសើរគុណ នៃ​សេចក្តី​ប្រារព្ធព្យាយាមផង។

[១៤៨] ម្នាលកស្សប ចុះអ្នកឃើញអំណាច​ប្រយោជន៍​ដូចម្តេច បានជាអ្នកប្រព្រឹត្ត​នៅក្នុងព្រៃ ទាំងពោលសរសើរ​គុណ នៃ​ការនៅក្នុងព្រៃ អស់រាត្រីយូរអង្វែងម្ល៉េះ។

(បេយ្យាលៈ យ៉ាងនេះ)

ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង… ជាអ្នក​ទ្រទ្រង់ចីវរ​បីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់ផង… ជា​អ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរ​គុណ នៃ​ការ​ប្រារព្ធសេចក្តីព្យាយាមផង។

[១៤៩] បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ឃើញអំណាចប្រយោជន៍ទាំងពីរ ជាយូរ​អង្វែងមកហើយ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរ​គុណ នៃ​ការនៅក្នុង​ព្រៃផង។បេ។ ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកទ្រទ្រង់សំពត់​បង្សុកូល​ផង… ជាអ្នក​ទ្រទ្រង់ចីវរ​បីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នក​ស្ងប់​ស្ងាត់​ផង… ជា​អ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរ​គុណ នៃ​ការ​ប្រារព្ធ​សេចក្តីព្យាយាមផង គឺឃើញនូវធម៌ ជាគ្រឿងនៅជាសុខស្រួល ក្នុង​បច្ចុប្បន្ន​របស់ខ្លួន១ ជាអ្នកអនុគ្រោះប្រជុំជនខាងក្រោយ១ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ប្រជុំជន​ខាងក្រោយ នឹងយកតម្រាប់​ផងបាន បានឮថា ព្រះពុទ្ធ និងសាវ័កជាអនុពុទ្ធ យូរ​អង្វែង​មកហើយ ជាអ្នកប្រព្រឹត្ត​នៅក្នុងព្រៃផង ជាអ្នកពោលសរសើរគុណ នៃ​ការ​នៅ​ក្នុង​ព្រៃផង ជាធម្មតា។បេ។ ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូល​ផង… ជាអ្នក​ទ្រទ្រង់ចីវរ​បីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់ផង… ជា​អ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរ​គុណ នៃ​ការ​ប្រារព្ធសេចក្តីព្យាយាមផង ជនទាំងនោះ មុខជាប្រតិបត្តិ​ដោយ​ប្រការដូច្នោះ សេចក្តីប្រតិបត្តិនោះ នឹងបានជាប្រយោជន៍ នឹងមាន​សេចក្តី​សុខ ដល់ជនទាំងនោះ អស់កាលយូរអង្វែង បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គឃើញ​អំណាច​ប្រយោជន៍​ទាំងពីរនេះ យូរអង្វែងមកហើយ បានជាអ្នកប្រព្រឹត្ត​នៅក្នុងព្រៃផង ពោលសរសើរ​គុណ នៃការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង… ជាអ្នកស្លៀកដណ្តប់សំពត់បង្សុកូលផង… ជាអ្នក​ទ្រទ្រង់ចីវរ​បីផង… ជាអ្នកប្រាថ្នាតិចផង… ជាអ្នកសន្តោសផង… ជាអ្នកស្ងប់ស្ងាត់ផង… ជា​អ្នកមិន​ច្រឡូក​ច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរ​គុណ នៃ​ការ​ប្រារព្ធសេចក្តី​ព្យាយាមផង។

[១៥០] ម្នាលកស្សប ប្រពៃហើយៗ ម្នាលកស្សប ឮថា អ្នកប្រតិបត្តិ ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បីសុខ​ដល់ជនច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តី​ចម្រើន ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ ដល់ពួកទេវតា និងមនុស្ស ម្នាលកស្សប ហេតុ​ដូច្នោះ អ្នកចូរទ្រទ្រង់​សំពត់​សម្បកធ្មៃ ជាសំពត់បង្សុកូល ដែលតថាគត​ឈប់ស្លៀក​ដណ្តប់ចុះ ចូរប្រព្រឹត្តបិណ្ឌបាតចុះ ចូរនៅក្នុងព្រៃចុះ។ ចប់សូត្រទី៥។

ឱវាទសូត្រ ទី៦

[១៥១] ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះឯង ព្រះមហាកស្សប​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា ម្នាលកស្សប អ្នកចូរ​ទូន្មាន​ភិក្ខុទាំងឡាយ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថា ដល់ភិក្ខុទាំងឡាយចុះ ម្នាលកស្សប តថាគត ឬអ្នក ត្រូវទូន្មានពួកភិក្ខុ តថាគត ឬអ្នក ត្រូវធ្វើធម្មីកថា ដល់ពួកភិក្ខុ។

[១៥២] បពិត្រព្រះមានព្រះភាគ ឥឡូវនេះ ពួកភិក្ខុ សុទ្ធតែជាអ្នកប្រដៅក្រ ប្រកប​ដោយ​ធម៌ ដែល​ធ្វើឲ្យ​ជាអ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់យកពាក្យប្រដៅ ដោយ​ចំណែក​ស្តាំឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ បានឃើញ​ភិក្ខុឈ្មោះភណ្ឌៈ ជាសទ្ធិវិហារិករបស់អានន្ទ១ ភិក្ខុឈ្មោះអាភិជ្ជិកៈ ជាសទ្ធិវិហារិក របស់​អនុរុទ្ធ១ កំពុងតែនិយាយជជែក​គ្នាដោយពុទ្ធវចនៈថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង។

[១៥៣] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុមួយរូបមកថា ម្នាល​ភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភណ្ឌភិក្ខុ ជាសទ្ធិវិហារិករបស់​អានន្ទ១ អាភិជ្ជិកភិក្ខុ ជា​សទ្ធិវិហារិក របស់​អនុរុទ្ធ១ តាមពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅ​លោកមានអាយុ​ទាំងឡាយ។ ភិក្ខុនោះ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយ​ក៏ចូល​ទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅ​លោកមានអាយុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលពាក្យ​ភិក្ខុ​នោះថា អើលោកមានអាយុ ហើយក៏ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។

[១៥៤] លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ និយាយជជែកគ្នា ដោយ​ពុទ្ធវចនៈ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង ពិតមែន​ឬ។ សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដឹង​ធម៌ដែលតថាគត សំដែង​ហើយយ៉ាងនេះឬហ្ន៎ ម្នាលភិក្ខុទាំងឡាយ បានជាអ្នកទាំងឡាយ ហ៊ាននិយាយ​ជជែកគ្នា ដោយ​ពុទ្ធវចនៈយ៉ាងនេះ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង។ សូមទ្រង់ព្រះមេត្តាប្រោស មិនបានដឹង​ ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮថា បើអ្នកទាំងឡាយ មិនដឹងធម៌ដែល​តថាគត​សំដែងយ៉ាងនេះទេ ចុះអ្នកទាំងឡាយជាមោឃបុរសដឹងដូចម្តេច ឃើញដូចម្តេច បានជា​មកបួស​ក្នុងធម្មវិន័យដែលតថាគត សំដែងទុកដោយប្រពៃយ៉ាងនេះ ហើយនិយាយ​ជជែកគ្នា ដោយ​ពុទ្ធវចនៈ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈ​បាន​ច្រើន​ជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង។

[១៥៥] គ្រានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបចុះដោយសិរ្សៈ ទៀបបាទាព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទោសខុសគ្របសង្កត់ ​នូវខ្ញុំ​ព្រះអង្គទាំងឡាយ តាមដោយខ្ញុំ​ព្រះអង្គ​ទាំងឡាយ ជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថា ខ្ញុំព្រះអង្គ​ទាំងឡាយ បានបួសក្នុងធម្មវិន័យ ដែល​ព្រះមានព្រះភាគ សំដែង​ទុកដោយ​ប្រពៃ​យ៉ាង​នេះ ហើយនិយាយជជែកគ្នា ដោយ​ពុទ្ធវចនៈ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោលពុទ្ធវចនៈពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានបុណ្យអត់​ទោស តាមទោស ដល់យើងខ្ញុំ​ព្រះអង្គ ដើម្បីនឹងបានសង្រួមតទៅ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ បើយ៉ាងហ្នឹងហើយ ទោសខុសក៏គ្របសង្កត់នូវអ្នក​ទាំងឡាយ តាមដែលអ្នក​ទាំងឡាយ ជាមនុស្សពាល ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ព្រោះថា អ្នក​ទាំងឡាយ បានបួសក្នុងធម្មវិន័យ ដែល​តថាគត ពោល​​ទុក​ប្រពៃ​យ៉ាង​នេះ ហើយនិយាយជជែកគ្នា ដោយ​ពុទ្ធវចនៈ​ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកណានឹងពោល​ពុទ្ធវចនៈបានច្រើនជាង អ្នកណានឹងពោល​ពុទ្ធវចនៈ​ពីរោះជាង អ្នកណានឹងពោលពុទ្ធវចនៈបានយូរជាង  ម្នាលភិក្ខុទាំងឡាយ កាលណា​បើអ្នកទាំងឡាយ ឃើញទោស តាមទោសហើយ ធ្វើឲ្យសមតាមធម៌ គឺសំដែង​អាបត្តិ​ចេញ ទើបតថាគតអត់ទោសនោះ ដល់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ បុគ្គលណាឃើញ​ទោស តាមទោស (របស់ខ្លួន) ហើយធ្វើឲ្យសមតាមធម៌ គឺសំដែង​អាបត្តិចេញផង ដល់នូវការ​សង្រួម​តទៅផង នេះជាសេចក្តី​ចម្រើនរបស់​បុគ្គលនោះ ក្នុងវិន័យរបស់ព្រះអរិយ​បុគ្គល​បាន។ ចប់សូត្រទី៦។

ទុតិយឱវាទសូត្រ ទី៧

[១៥៧] ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ទៀបក្រុងរាជគ្រឹះ… គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ… លុះព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់យ៉ាងនេះថា ម្នាលកស្សប អ្នកចូរទូន្មាន​ពួកភិក្ខុ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថា ចំពោះ​ពួកភិក្ខុ ម្នាលកស្សប តថាគត ឬអ្នក គប្បីទូន្មានពួកភិក្ខុ តថាគត ឬអ្នក គប្បី​ធ្វើ​ធម្មីកថា ចំពោះពួកភិក្ខុ។

[១៥៨] បពិត្រ​ព្រះមានព្រះភាគដ៏ចម្រើន ឥឡូវនេះ ពួកភិក្ខុសុទ្ធតែជាអ្នកប្រដៅក្រ ជា​អ្នកប្រកបដោយធម៌ ដែលធ្វើ​ឲ្យទៅជា​អ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់​យក​ពាក្យប្រដៅ​ដោយចំណែកស្តាំឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយមិនមាន​សទ្ធា ក្នុងកុសលធម៌ មិនមានហិរិ ក្នុងកុសលធម៌ មិនមានឱត្តប្បៈ ក្នុងកុសលធម៌ មិន​មាន​វីរិយៈ ក្នុងកុសលធម៌ មិនមានបញ្ញាក្នុងកុសលធម៌ វេលាយប់ ឬថ្ងៃរបស់បុគ្គល​នោះមកដល់​ហើយ ក៏មានតែសេចក្តីសាបសូន្យប្រាកដក្នុងកុសលធម៌ ឥតមាន​សេចក្តី​ចម្រើនឡើយ។ បពិត្រព្រះអង្គដ៏ចំរើន យប់ ឬថ្ងៃរបស់ព្រះចន្ទ ក្នុង​កាឡបក្ខតែង​មកដល់ (ព្រះចន្ទក្នុងកាឡបក្ខនោះ) ក៏ចេះតែសាបសូន្យចាកទ្រង់ទ្រាយ សូន្យចាកមណ្ឌល សូន្យ​ចាក​ពន្លឺ សូន្យ​ចាកកំពស់ និងទំហំ យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយ មិន​មានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ… មិនមានឱត្តប្បៈ… មិន​មាន​វីរិយៈ… មិនមាន​បញ្ញា​ក្នុងកុសលធម៌ វេលាយប់ ឬថ្ងៃរបស់បុគ្គល​នោះមកដល់​ហើយ ក៏មានតែ​សេចក្តី​សាបសូន្យ​ប្រាកដក្នុងកុសលធម៌ ឥតមាន​សេចក្តី​ចម្រើនឡើយ យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានសទ្ធា នេះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានហិរិ នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានឱត្តប្បៈ នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលខ្ជិលច្រអូស នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានបញ្ញា នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មានសេចក្តីក្រោធ នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មានការចងគំនុំ នុ៎ះជាសេចក្តី​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា មិនមានពួក​ភិក្ខុជាអ្នក​ទូន្មាន នុ៎ះជាសេចក្តីសាបសូន្យ១។

[១៥៩] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណាមួយមាន​សទ្ធា ក្នុងកុសលធម៌ មានហិរិ ក្នុងកុសលធម៌ មានឱត្តប្បៈ ក្នុងកុសលធម៌ ​មាន​វីរិយៈ ក្នុងកុសលធម៌ មាន​បញ្ញា​ក្នុង​កុសលធម៌ យប់ ឬថ្ងៃរបស់បុគ្គល​នោះមកដល់​ហើយ ក៏មានតែ​សេចក្តី​ចម្រើន​ប្រាកដ​ក្នុងកុសលធម៌ មិនសាបសូន្យឡើយ។ បពិត្រព្រះអង្គដ៏ចំរើន យប់ ឬថ្ងៃរបស់ព្រះចន្ទ ក្នុង​ជុណ្ហបក្ខ គឺខាងខ្នើត​មកដល់ (ព្រះចន្ទនោះ) តែងចំរើន ដោយទ្រង់ទ្រាយ ចម្រើន​ដោយ​មណ្ឌល ចម្រើនដោយ​ពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណា បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គលណាមួយ ​មានសទ្ធា ក្នុងកុសលធម៌ មានហិរិ… មានឱត្តប្បៈ… ​មាន​វីរិយៈ… មាន​បញ្ញា​ក្នុងកុសលធម៌ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់ សេចក្តីចម្រើន ក៏ប្រាកដ​ក្នុងកុសលធម៌ទាំងឡាយ មិនសាបសូន្យឡើយ យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានសទ្ធា នុ៎ះជាសេចក្តីមិន​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានហិរិ នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានឱត្តប្បៈ នុ៎ះជាសេចក្តីមិន​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានវីរិយៈប្រារព្ធហើយ នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមានបញ្ញា នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គលមិន​មានសេចក្តីក្រោធ នុ៎ះជាសេចក្តីមិន​សាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា បុរសបុគ្គល​មិនមានការចងគំនុំ នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ បពិត្រព្រះអង្គដ៏ចំរើន ត្រង់ពាក្យថា មានពួក​ភិក្ខុជាអ្នក​ទូន្មាន នុ៎ះជាសេចក្តីមិនសាបសូន្យ១។

[១៦០] ម្នាលកស្សប ត្រូវណាស់ហើយៗ បុគ្គលណាមួយ មិនមានសទ្ធា ក្នុងកុសលធម៌ មិនមានហិរិ… មិនមានឱត្តប្បៈ… មិន​មាន​វីរិយៈ… មិនមានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់​ សេចក្តីសាបសូន្យ ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមាន​សេចក្តី​ចម្រើនឡើយ។ ម្នាលកស្សប យប់ ឬថ្ងៃនៃ​ព្រះចន្ទ ក្នុងចំណែក​រនោច​មកដល់ (ព្រះចន្ទនោះ) តែងសាបសូន្យចាកទ្រង់ទ្រាយ សាបសូន្យចាកមណ្ឌល សាបសូន្យ​ចាក​ពន្លឺ សាបសូន្យ​ចាកកំពស់ និងទំហំ យ៉ាងណា ម្នាល​កស្សប បុគ្គលណាមួយ មិន​មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មិនមានហិរិ… មិនមានឱត្តប្បៈ… មិន​មាន​វីរិយៈ… មិនមាន​បញ្ញា ​ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់​ ​សេចក្តី​សាបសូន្យ ក៏​ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមាន​សេចក្តី​ចម្រើនឡើយ យ៉ាងនោះឯង។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គល​មិនមានសទ្ធា នុ៎ះជាសេចក្តី​សាបសូន្យ​១។បេ។ ​មិនមានហិរិ។បេ។ ​មិនមានឱត្តប្បៈ។បេ។ ជាអ្នកខ្ជិលច្រអូស។បេ។ ​មិនមានបញ្ញា។បេ។ ​មានសេចក្តីក្រោធ។បេ។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលជាអ្នក​មានការចងគំនុំ នុ៎ះជាសេចក្តី​សាបសូន្យ​១ ម្នាលកស្សប ត្រង់ពាក្យថា មិនមានពួក​ភិក្ខុជាអ្នក​ទូន្មាន នុ៎ះជាសេចក្តីសាបសូន្យ១។

[១៦១] ម្នាលកស្សប បុគ្គលណាមួយ មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មានហិរិ… មានឱត្តប្បៈ… ​មាន​វីរិយៈ… មានបញ្ញា ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់​ សេចក្តីចម្រើន ក៏ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមាន​សេចក្តីសាបសូន្យឡើយ។ ម្នាលកស្សប យប់ ឬថ្ងៃនៃ​ព្រះចន្ទ ក្នុងចំណែក​ខ្នើត​មកដល់ (ព្រះចន្ទនោះ) តែងចម្រើនដោយទ្រង់ទ្រាយ ចម្រើនដោយមណ្ឌល ចម្រើនដោយ​ពន្លឺ ចម្រើនដោយកំពស់ និងទំហំ យ៉ាងណា ម្នាល​កស្សប បុគ្គលណាមួយ ​មានសទ្ធា ក្នុងកុសលធម៌ទាំងឡាយ មានហិរិ… មានឱត្តប្បៈ… ​មាន​វីរិយៈ… មាន​បញ្ញា ​ក្នុងកុសលធម៌ទាំងឡាយ យប់ ឬថ្ងៃនៃបុគ្គល​នោះមកដល់​ ​សេចក្តីចម្រើន ក៏​ប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនមាន​សេចក្តីសាបសូន្យឡើយ យ៉ាងនោះឯង។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលមានសទ្ធា នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ ​មានហិរិ។បេ។ មានឱត្តប្បៈ។បេ។ មានព្យាយាមប្រារព្ធហើយ។បេ។ មានបញ្ញា។បេ។ ​មិនមានសេចក្តីក្រោធ។បេ។ ម្នាលកស្សប ត្រង់ពាក្យថា បុរសបុគ្គលជាអ្នកមិន​មានការចងគំនុំ នុ៎ះជាសេចក្តី​មិនសាបសូន្យ​១ ម្នាលកស្សប ត្រង់ពាក្យថា មានពួក​ភិក្ខុ​ជា​អ្នក​​ទូន្មាន នុ៎ះជាសេចក្តីមិនសាបសូន្យ១។ ចប់សូត្រទី៧។

តតិយឱវាទសូត្រ ទី៨

[១៦២] ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ គ្រានោះ ព្រះមហាកស្សបមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីដ៏សមគួរ។ លុះ​ព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះថា ម្នាលកស្សប អ្នកចូរទូន្មានពួកភិក្ខុ ម្នាលកស្សប អ្នកចូរធ្វើធម្មីកថាចំពោះ​ពួក​ភិក្ខុចុះ ម្នាលកស្សប តថាគត ឬអ្នក គប្បីទូន្មានពួកភិក្ខុ តថាគត ឬអ្នក គប្បីធ្វើធម្មីកថា ដល់​ពួក​ភិក្ខុ។ បពិត្រ​ព្រះមានព្រះភាគដ៏ចម្រើន ឥឡូវនេះ ពួក​ភិក្ខុជាអ្នកប្រដៅក្រ ប្រកប​ដោយ​ធម៌ ដែល​ធ្វើឲ្យ​ជាអ្នកប្រដៅក្រ ជាអ្នកមិនអត់សង្កត់ មិនកាន់យកពាក្យប្រដៅ ដោយ​ចំណែក​ស្តាំឡើយ។

[១៦៣] ម្នាលកស្សប ហេតុដូច្នោះហើយ បានជាក្នុងកាលពីមុន មានពួកភិក្ខុជាថេរៈ ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃការនៅក្នុងព្រៃផង ជាអ្នក​ប្រព្រឹត្ត​បិណ្ឌបាតផង ពោលសរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង ជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូលផង ពោលសរសើរគុណ នៃ​ការស្លៀកដណ្តប់​សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់ចីវរបីផង ពោលសរសើរគុណ នៃ​ការទ្រទ្រង់​ចីវរបីផង ជាអ្នក​ប្រាថ្នា​តិចផង ពោលសរសើរគុណ នៃ​សេចក្តី​ប្រាថ្នាតិចផង ជាអ្នកមានសេចក្តី​សន្តោសផង ពោលសរសើរគុណ នៃ​សេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ពោលសរសើរគុណ នៃ​ការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំផង ពោលសរសើរគុណ នៃ​ការមិនច្រឡូកច្រឡំ​ផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃ​ការប្រារព្ធសេចក្តី​ព្យាយាម​ផង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ជាអ្នកប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃ​ការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតផង ពោលសរសើរគុណ នៃ​ការប្រព្រឹត្តិ​បិណ្ឌបាតផង ជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូលផង ពោលសរសើរគុណនៃ​ការស្លៀកដណ្តប់​សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់ចីវរបីផង ពោលសរសើរគុណ នៃ​ការទ្រទ្រង់​ចីវរបីផង ជាអ្នក​ប្រាថ្នា​តិចផង ពោលសរសើរគុណ នៃ​សេចក្តី​ប្រាថ្នាតិចផង ជាអ្នកមានសេចក្តី​សន្តោសផង ពោលសរសើរគុណ នៃ​សេចក្តីសន្តោសផង ជាអ្នកស្ងប់ស្ងាត់ផង ពោលសរសើរគុណ នៃ​ការស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំផង ពោលសរសើរគុណ នៃ​ការមិនច្រឡូកច្រឡំ​ផង ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃ​ការប្រារព្ធសេចក្តី​ព្យាយាម​ផង ពួកភិក្ខុជាថេរៈ តែង​និមន្តភិក្ខុនោះ ដោយ​អាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ប្រាថ្នានូវសិក្ខា ម្នាលភិក្ខុ អ្នកចូរមក អង្គុយលើអាសនៈ​នេះចុះ។ ម្នាលកស្សប បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុថ្មី មានសេចក្តីត្រិះរិះយ៉ាងនេះថា បានឮថា ភិក្ខុណាជា​អ្នក​ប្រព្រឹត្តនៅក្នុងព្រៃផង ពោលសរសើរគុណ នៃ​ការនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្ត​បិណ្ឌបាត​ផង… ជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូលផង… ជាអ្នកទ្រទ្រង់ចីវរបីផង… ជាអ្នក​ប្រាថ្នា​តិចផង… ជាអ្នកមានសេចក្តី​សន្តោសផង… ជាអ្នកស្ងប់ស្ងាត់… ជាអ្នកមិនច្រឡូកច្រឡំផង… ជាអ្នកប្រារព្ធសេចក្តីព្យាយាមផង ពោលសរសើរគុណ នៃ​ការប្រារព្ធសេចក្តី​ព្យាយាម​ផង ពួកភិក្ខុជាថេរៈ តែង​និមន្តភិក្ខុនោះ ដោយ​អាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ជាអ្នកប្រាថ្នា​សិក្ខា ម្នាលភិក្ខុ អ្នកចូរ​មកអង្គុយលើអាសនៈនេះចុះ ដូច្នេះហើយ ភិក្ខុទាំងនោះ រមែងប្រតិបត្តិ​តាម​បែប​នោះ សេចក្តីប្រតិបត្តិនោះ របស់ភិក្ខុទាំងនោះ រមែង​ប្រព្រឹត្ត​ទៅដើម្បី​ជាប្រយោជន៍ និងសេចក្តីសុខ អស់រាត្រីយូរអង្វែង។

[១៦៤] ម្នាលកស្សប ក៏ក្នុងកាលឥឡូវនេះ ពួកភិក្ខុជាថេរៈ មិនប្រព្រឹត្តនៅក្នុងព្រៃផង មិនពោលសរសើរគុណ នៃការនៅក្នុងព្រៃផង មិនជាអ្នក​ប្រព្រឹត្ត​បិណ្ឌបាតផង មិនពោលសរសើរគុណ នៃការប្រព្រឹត្តិបិណ្ឌបាតផង មិនជាអ្នក​ស្លៀកដណ្តប់​សំពត់​បង្សុកូលផង មិនពោលសរសើរគុណ នៃ​ការស្លៀកដណ្តប់​សំពត់បង្សុកូលផង មិនជា​អ្នកទ្រទ្រង់ចីវរបីផង មិនពោលសរសើរគុណ នៃ​ការទ្រទ្រង់​ចីវរបីផង មិនជាអ្នក​​មានសេចក្តីប្រាថ្នា​តិចផង មិនពោលសរសើរគុណ នៃ​សេចក្តី​ប្រាថ្នាតិចផង មិន​ជាអ្នក​មាន​សេចក្តី​សន្តោសផង មិនពោលសរសើរគុណ នៃ​សេចក្តីសន្តោសផង មិនជាអ្នកស្ងប់ស្ងាត់ផង មិនពោលសរសើរគុណ នៃ​សេចក្តីស្ងប់ស្ងាត់ផង មិនជាអ្នកច្រឡូកច្រឡំផង មិនពោលសរសើរគុណ នៃ​ការមិនច្រឡូកច្រឡំ​ផង ជាអ្នកមិនប្រារព្ធសេចក្តីព្យាយាមផង មិនពោលសរសើរគុណ នៃ​ការប្រារព្ធសេចក្តី​ព្យាយាម​ផង។ បណ្តាភិក្ខុទាំងនោះ ភិក្ខុណា ជាអ្នកល្បីល្បាញ មានយស តែង​បានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទើប​ពួក​ភិក្ខុ​ជាថេរៈ និមន្តភិក្ខុនោះ ដោយ​អាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើនហ្ន៎ ភិក្ខុនេះ ជាអ្នកស្រឡាញ់​សព្រហ្មចារី ម្នាលភិក្ខុ អ្នកចូរ​មក​អង្គុយ​លើអាសនៈនេះចុះ។ ម្នាលកស្សប បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុថ្មី មានសេចក្តីត្រិះរិះយ៉ាងនេះថា ឮថា ភិក្ខុណាជា​អ្នកល្បីល្បាញ មានយស តែង​បាន​នូវ​ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារទាំងឡាយ ទើប​ពួក​ភិក្ខុ​ជា​ថេរៈ និមន្តភិក្ខុនោះដោយ​អាសនៈថា ម្នាលភិក្ខុ អ្នកចូរមក ភិក្ខុនេះ ឈ្មោះអ្វី ភិក្ខុនេះជាអ្នកចម្រើន ភិក្ខុនេះ ជាអ្នកស្រឡាញ់​សព្រហ្មចារី ម្នាលភិក្ខុ អ្នកចូរ​មក​អង្គុយ​លើអាសនៈនេះចុះ ដូច្នេះហើយ ភិក្ខុទាំងនោះ រមែង​ប្រតិបត្តិតាមបែបនោះ ការប្រតិបត្តិនោះ របស់​ភិក្ខុនោះ រមែងប្រព្រឹត្តទៅ ដើម្បី​មិនជាប្រយោជន៍ ដើម្បី​សេចក្តី​ទុក្ខ អស់រាត្រីយូរអង្វែង។ ម្នាលកស្សប រឿង​នោះ មានទំនងគួរឲ្យអ្នកផង និយាយ​បានថា ព្រហ្មចារីបុគ្គល ត្រូវឧបទ្រព របស់ព្រហ្មចារីបុគ្គលបៀតបៀនហើយ ព្រហ្មចារីបុគ្គល ត្រូវសេចក្តីប្រាថ្នាលើសលុប របស់ព្រហ្មចារីបុគ្គលរួបរឹតហើយ។ ម្នាល​កស្សប ឥឡូវនេះ ពាក្យនោះ មានទំនង​គួរឲ្យ​អ្នកផងនិយាយបានថា ព្រហ្មចារីបុគ្គល ត្រូវឧបទ្រព របស់ព្រហ្មចារីបុគ្គលបៀតបៀនហើយ ព្រហ្មចារីបុគ្គល ត្រូវសេចក្តី​ប្រាថ្នា​លើសលុប របស់ព្រហ្មចារីបុគ្គលរួបរឹតហើយ។ ចប់សូត្រទី៨។

ឈានាភិញ្ញសូត្រ ទី៩

[១៦៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ តថាគត​ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌​ទាំងឡាយ ចូលកាន់​បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខៈ ដែល​កើត​អំពី​សេចក្តីស្ងាត់នោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​កស្សបប្រាថ្នាដរាបណា ស្ងប់ស្ងាត់​ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកអកុសលធម៌​ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិនិងសុខៈ ដែល​កើតអំពី​សេចក្តីស្ងាត់នោះ ដរាប​នោះដែរ។

[១៦៦] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដរាបណា ក៏បានរម្ងាប់​នូវ​វិតក្កៈ និង​វិចារៈអស់​ហើយ ក៏ចូលកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកប​ដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្ត​ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ​ទេ មានតែបីតិ និងសុខៈ ដែល​កើតអំពី​សមាធិ គឺបឋមជ្ឈានប៉ុណ្ណោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា ក៏បាន​រម្ងាប់​នូវ​វិតក្កៈ និង​វិចារៈ​អស់ហើយ។បេ។ ចូល​ទុតិយជ្ឈាន ដរាបនោះដែរ។

[១៦៧] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏នឿយណាយ​ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវ​សេចក្តីសុខ ដោយ​នាមកាយផង ព្រះអរិយៈទាំងឡាយ តែង​សរសើរនូវបុគ្គល ​ដែលប្រកបដោយ​តតិយជ្ឈាន​នោះ​ថា ជាអ្នកបានឧបេក្ខា មានសតិ មានធម៌ជាគ្រឿង​នៅជាសុខ ដូច្នេះ ព្រោះ​តតិយជ្ឈានណា ក៏ចូលតតិយជ្ឈាននោះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា ក៏នឿយណាយ ​ចាកបីតិផង ប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវ​សេចក្តីសុខ ដោយ​នាមកាយផង ព្រះអរិយៈ​ទាំងឡាយ តែង​សរសើរបុគ្គល ​ដែលប្រកបដោយ​តតិយជ្ឈាន​នោះថា ជាអ្នកមានឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿង​នៅជាសុខ ដូច្នេះ ព្រោះ​តតិយជ្ឈានណា ក៏ចូល​តតិយជ្ឈាននោះ ដរាបនោះដែរ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏លះបង់​នូវសេចក្តី​សុខផង លះបង់នូវ​សេចក្តីទុក្ខផង មានសោមនស្ស និងទោមនស្សអស់ទៅ​ ក្នុងកាលមុន ក៏ចូល​ចតុត្ថជ្ឈាន ដែល​មិនជាទុក្ខ មិនជាសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា ក៏លះបង់​នូវសេចក្តី​សុខផង។បេ។ ចូល​ចតុត្ថជ្ឈាន ដរាបនោះដែរ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវ​រូបសញ្ញា ដោយប្រការ​ទាំងពួង ដល់នូវ​ការអស់ទៅ ​នៃបដិឃសញ្ញា លែងធ្វើ​ទុកក្នុងចិត្ត នូវ​នានត្តសញ្ញា ហើយចូល​អាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស​មិន​មាន​ទីបំផុត ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវរូប​សញ្ញាដោយប្រការទាំងពួង។បេ។ ហើយចូល​អាកាសានញ្ចាយតនជ្ឈាន ដរាបនោះដែរ។

[១៧០] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវ​អាកាសានញ្ចាយតនៈ ដោយប្រការ​ទាំងពួង ហើយចូលវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ​មិន​មាន​ទីបំផុត ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លង នូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូល​វិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ​មិនមានទីបំផុត ដូច្នេះ ដរាបនោះដែរ។

[១៧១] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវ​វិញ្ញាណញ្ចាយតនៈ ដោយប្រការ​ទាំងពួង ហើយចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីបន្តិចបន្តួច​មិនមាន ដូច្នេះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា។បេ។ ក៏ចូលអាកិញ្ចញ្ញាយតនជ្ឈាន ដរាបនោះដែរ។

[១៧២] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវ​អាកិញ្ចញ្ញាយតនៈ ដោយប្រការ​ទាំងពួង ហើយចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សបប្រាថ្នា ដរាបណា។បេ។ ក៏ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ដរាបនោះដែរ។

[១៧៣] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ប្រព្រឹត្តកន្លងនូវ​នេវសញ្ញានាសញ្ញាយតនៈ ដោយប្រការ​ទាំងពួង ហើយចូលសញ្ញាវេទយិតនិរោធ (សេចក្តី​រលត់នៃ​សញ្ញា និងវេទនា) ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងកស្សប។បេ។ ក៏ចូល​សញ្ញាវេទយិតនិរោធ ដរាបនោះដែរ។

[១៧៤] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏បាននូវ​ឥទ្ធិវិធៈជា​ច្រើនបែប គឺតថាគត មានកាយតែមួយ ធ្វើឲ្យ​ជាកាយមានចំណែក​ច្រើនក៏បាន ឬ​កាយមានចំណែក​ច្រើន ធ្វើឲ្យ​ជាកាយមួយក៏បាន នៅក្នុងទីកំបាំង ដើរចេញ​ទៅ​ទីវាលក៏បាន នៅខាងក្នុង ដើរចេញទៅខាងក្រៅ គឺក្រៅជញ្ជាំង ក្រៅកំពែង ក្រៅភ្នំ ក៏បាន មិនជាប់ជំពាក់ដូចជាដើរទៅក្នុងអាកាស ធ្វើនូវ​ការមុជងើប​ក្នុងផែនដី ដូចជា​មុជងើប​ក្នុងទឹក ដើរទៅលើទឹកមិនធ្លាយធ្លុះ ដូចជា​ដើរទៅ​លើផែនដី ទៅទាំងភ្នែន​ក្នុង​អាកាស ដូច​ជាសត្វស្លាបហើរទៅក្នុងអាកាស ស្ទាបអង្អែល​ព្រះចន្ទព្រះអាទិត្យ ដែល​មានឥទ្ធិឫទ្ធិ​ច្រើន​យ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ដោយដៃក៏បាន ធ្វើអំណាច​ឲ្យប្រព្រឹត្តដោយ​កាយ​រហូត​ដល់ព្រហ្មលោកនាយ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​កស្សប ប្រាថ្នា ដរាបណា ក៏បាននូវ​ឥទ្ធិវិធៈជា​ច្រើនបែប។បេ។ ធ្វើអំណាច​ឲ្យប្រព្រឹត្តដោយ​កាយ​រហូត​ដល់ព្រហ្មលោកនាយ ដរាបនោះដែរ។

[១៧៥] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏ស្តាប់សំឡេង​ឮដោយ​សោតធាតុជាទិព្វ។បេ។ ទោះឆ្ងាយក្តី ជិតក្តី ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សប… ទោះជិតក្តី។

[១៧៦] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏កំណត់ដឹង​នូវចិត្ត​ពួក​សត្វ​ដទៃ ពួកបុគ្គលដទៃ ដោយចិត្តរបស់តថាគត ចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី។បេ។ ចិត្តប្រាសចាកទោសៈក្តី… ចិត្តប្រកបដោយមោហៈក្តី… ចិត្តប្រាសចាកមោហៈក្តី… ចិត្តរួញរាក្តី… ចិត្តអណ្តែតអណ្តូងក្តី… ចិត្តដល់នូវភាវៈ​ជាធំក្តី… ចិត្ត​មិនដល់នូវភាវៈជាធំក្តី… ចិត្តជាសឧត្តរៈក្តី… ចិត្តជាអនុត្តរៈក្តី… ចិត្តតាំងមាំក្តី… ចិត្ត​មិនតាំងមាំក្តី… ចិត្តផុតស្រឡះក្តី… ចិត្ត​មិនទាន់​ផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្ត​មិន​ទាន់​ផុតស្រឡះ ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏កំណត់ដឹងចិត្ត​ពួក​សត្វ​ដទៃ ពួកបុគ្គលដទៃ ដោយចិត្តរបស់ខ្លួន ចិត្តប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រកបដោយរាគៈ។បេ។ ចិត្ត​មិនទាន់​ផុតស្រឡះក្តី ក៏ដឹងច្បាស់ថា ចិត្ត​មិនទាន់ផុតស្រឡះ ដរាបនោះដែរ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏រឭកឃើញនូវ​បុព្វេ​និវាស​ច្រើនប្រការ គឺរឭក​បាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១រយជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែន​ជាតិខ្លះ ច្រើនសំវដ្តកប្បខ្លះ ច្រើនវិវដ្តកប្បខ្លះ ច្រើនសំវដ្តវិវដ្តកប្បខ្លះថា អាត្មាអញ កើត​ក្នុងទីឯណោះ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានអាយុកំណត់ត្រឹមប៉ុណ្ណេះ លុះអាត្មាអញ​នោះ ច្យុតអំពីទីនោះហើយ ទៅកើតក្នុងទីឯណោះទៀត ដែលកើត​ក្នុងទីឯណោះ អាត្មាអញ មាននាមយ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈ​យ៉ាងនេះ មាន​អាហារ​យ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានអាយុ​កំណត់​ត្រឹមប៉ុណ្ណេះ អាត្មាអញ ច្យុត​ចាកទីនោះ បានមកកើត​ក្នុងទីនេះ ដូច្នេះ តថាគត រមែង​រឭក​ឃើញនូវ​បុព្វេនិវាស​ច្រើន​ប្រការ ព្រមទាំង​អាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះឯង ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សបប្រាថ្នា ដរាបណា ក៏រឭក​ឃើញ​នូវបុព្វេនិវាស​ច្រើន​ប្រការ គឺរឭកបាន​១ជាតិខ្លះ។បេ។ រឭកឃើញ​នូវបុព្វេនិវាសច្រើនប្រការ ព្រមទាំង​អាការៈ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះឯង ដរាបនោះដែរ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នា ដរាបណា ក៏មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លង​នូវ​ចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត កើត ថោកទាប ឧត្តម មាន​សម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវពពួកសត្វ​ដែល​អន្ទោល​ទៅតាមកម្មថា អើហ្ន៎ ពួកសត្វទាំងនេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល​ពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ កាន់អំពើ​ជា​មិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែកពួកសត្វទាំងនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល​ពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ កាន់អំពើ​ជាសម្មាទិដ្ឋិ ពួកសត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក តថាគត មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវ​ចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វដែលច្យុត កើត ថោកទាប ឧត្តម មាន​វណ្ណៈល្អ មានវណ្ណៈអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវពួកសត្វ​ដែល​អន្ទោល​ទៅតាមកម្មថា ដោយប្រការដូច្នេះឯង ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាង​កស្សបប្រាថ្នា ដរាបណា ក៏មានទិព្វចក្ខុដ៏បរិសុទ្ធ កន្លងនូវចក្ខុរបស់មនុស្សធម្មតា បាន​ឃើញ​ពួកសត្វដែលច្យុត។បេ។ ដឹងច្បាស់នូវពួកសត្វដែល​អន្ទោល​ទៅតាមកម្ម ដរាបនោះដែរ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ តថាគតបានធ្វើឲ្យជាក់ច្បាស់ សម្រេច នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះ​អស់ទៅនៃអាសវៈ ដោយ​បញ្ញាដ៏​ឧត្តម​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលភិក្ខុទាំងឡាយ ចំណែកកស្សបសោត ក៏ធ្វើឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់អាសវៈ ដោយបញ្ញា​ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្នដែរ។ ចប់សូត្រ ទី៩។

ឧបស្សយសូត្រ ទី១០

[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាកស្សបមានអាយុ គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងពេលព្រឹកព្រហាម ហើយចូល​ទៅរក​ព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹង​ព្រះមហាកស្សបមានអាយុថា បពិត្រព្រះកស្សបដ៏ចម្រើន មកយើងនឹងចូលទៅកាន់​លំនៅ​របស់​ភិក្ខុនីមួយរូប។ ព្រះមហាកស្សបតបថា ម្នាលអាវុសោអានន្ទ ចូរអ្នកទៅចុះ អ្នក​មានកិច្ចច្រើន មានការដែលត្រូវធ្វើច្រើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យ​នេះ នឹង​ព្រះមហាកស្សបមានអាយុ ជាគំរប់​២ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើង​នឹង​ចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប។ ម្នាលអាវុសោអានន្ទ ចូរអ្នកទៅចុះ អ្នកមានកិច្ច​ច្រើន មានការដែលត្រូវធ្វើច្រើន។ ព្រះអានន្ទមានអាយុ បានពោលពាក្យ​នេះ នឹង​ព្រះមហាកស្សបមានអាយុ ជាគំរប់​៣ដងថា បពិត្រព្រះកស្សបដ៏ចម្រើន មក យើង​នឹង​ចូលទៅកាន់លំនៅ របស់ភិក្ខុនីមួយរូប។

[១៨១] គ្រានោះឯង ព្រះមហាកស្សបមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​ពេលព្រឹកព្រហាម មានព្រះអានន្ទមានអាយុ ជាបច្ឆាសមណៈ ក៏ចូលទៅ​កាន់លំនៅ​ភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ វេលានោះ​ឯង ភិក្ខុនីច្រើនរូប នាំគ្នាចូលទៅរក​ព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ទើប​ថ្វាយបង្គំ​ព្រះមហាកស្សបមានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះភិក្ខុនីទាំង​នោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមហាកស្សបមានអាយុ ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លុះព្រះមហាកស្សបមានអាយុ បាន​ញុំាង​ភិក្ខុនីនោះ ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា​ហើយ ក្រោកចាកអាសនៈ ចៀសចេញទៅ។

[១៨២] គ្រានោះឯង ថុល្លតិស្សាភិក្ខុនី មិនពេញចិត្ត ក៏បញ្ចេញនូវវាចា​មិនពេញ​ចិត្ត​ថា ដូចម្តេចក៏​ព្រះមហាកស្សបជាម្ចាស់ សំគាល់នូវធម៌ ដែលខ្លួនគប្បី​ពោល ក្នុងទី​ចំពោះ​មុខ​ព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ្ញអាចសម្រេច​កិច្ចដោយបញ្ញាបាន ឈ្មួញម្ជុល គប្បី​សំគាល់នូវម្ជុលដែលខ្លួនត្រូវលក់ ក្នុងសំណាក់នៃជាងម្ជុលដ៏ល្អិតល្អ យ៉ាងណា ព្រះមហាកស្សបជាម្ចាស់ ក៏សំគាល់នូវធម៌ ដែលខ្លួនគប្បី​ពោល ក្នុងទី​ចំពោះ​មុខ​នៃព្រះអានន្ទជាម្ចាស់ ជាអ្នកប្រាជ្ញអាចសម្រេច​កិច្ចដោយបញ្ញាបាន យ៉ាងនោះដែរ។ ព្រះមហាកស្សបមានអាយុ បានឮវាចារបស់ថុល្លតិស្សាភិក្ខុនី ពោល​យ៉ាងនេះហើយ។ ទើប​ព្រះមហាកស្សបមានអាយុ បានពោលពាក្យនេះ នឹងព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ខ្ញុំទុកដូចជាឈ្មួញម្ជុល លោកទុកដូចជាជាងម្ជុល ឬថាខ្ញុំ​ទុក​ដូច​ជា​ជាងម្ជុល លោកទុកដូចជាឈ្មួញម្ជុលវិញ។ បពិត្រ​ព្រះកស្សបដ៏ចម្រើន សូមលោកអត់​ទោសចុះ (ដ្បិត) មាតុគ្រាមជាអ្នកល្ងង់។

[១៨៣] ម្នាលអាវុសោអានន្ទ លោកចូរបង្អង់សិន កុំឲ្យសង្ឃត្រិះរិះចំពោះ​លោក​តទៅទៀតឡើយ ម្នាលអាវុសោអានន្ទ លោកសំគាល់នូវហេតុនោះដូចម្តេច លោក​ក្រែង​ព្រះមានព្រះភាគ បានសរសើរក្នុងកណ្តាលជំនុំភិក្ខុសង្ឃ ចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ​ និង​សុខៈ ដ៏កើតអំពីសេចក្តីស្ងប់ស្ងាត់នោះ ដរាបនោះ ម្នាលភិក្ខុទាំងឡាយ ចំណែកអានន្ទ​ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដ៏កើតអំពីសេចក្តី​ស្ងាត់​នោះ ដរាបនោះដែរ ដូច្នេះឬ។ បពិត្រលោកដ៏ចម្រើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ ម្នាលអាវុសោ ឯខ្ញុំ ព្រះមានព្រះភាគ ទ្រង់សរសើរក្នុងកណ្តាលជំនុំសង្ឃ ចំពោះ​ព្រះភក្ត្រ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ​ និង​សុខៈ ដ៏កើតអំពីសេចក្តីស្ងាត់នោះ ដរាបនោះ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ​ប្រាថ្នា ដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាក​អកុសលធម៌ទាំងឡាយ។បេ។ ចូលកាន់បឋមជ្ឈាន ដរាបនោះដែរ។

(បេយ្យាលនៃអនុបុព្វវិហារសមាបត្តិ៩ និងអភិញ្ញា៥ យ៉ាងនេះ។)

[១៨៤] ម្នាលអាវុសោអានន្ទ លោកសំគាល់​ហេតុនោះដូចម្តេច លោក ក្រែង​ព្រះមានព្រះភាគ បានសរសើរ ក្នុងកណ្តាល​ជំនុំ​ភិក្ខុសង្ឃចំពោះ​ព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ចំណែកអានន្ទ បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវ​​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ដូច្នេះឬ។ បពិត្រ​លោកដ៏ចម្រើន សេចក្តីនុ៎ះ មិនដូច្នោះទេ។ ម្នាលអាវុសោ ឯខ្លួនខ្ញុំ ព្រះមានព្រះភាគ ទ្រង់សរសើរក្នុង​កណ្តាល​ជំនុំភិក្ខុសង្ឃ ក្នុងទីចំពោះព្រះភក្ត្រថា ម្នាលភិក្ខុទាំងឡាយ តថាគត ធ្វើឲ្យជាក់​ច្បាស់ សម្រេចនូវ​​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅ​នៃ​អាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន ម្នាលភិក្ខុទាំងឡាយ ចំណែកខាងកស្សប ក៏បានធ្វើ​ឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ និង​បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម ​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។

[១៨៥] ម្នាលអាវុសោ អ្នកណាសំគាល់នូវ​ខ្លួនខ្ញុំថា គួរបិទបាំងដោយ​អភិញ្ញាទាំង​៦​បាន អ្នកនោះដូចជាសំគាល់នូវដំរីមានកំពស់​៧ហត្ថ ឬ៧ហត្ថកន្លះ ថាគួរបិទ​បាំង​ដោយ​ស្លឹកត្នោតបាន។ ចំណែក​ថុល្លតិស្សាភិក្ខុនី ក៏ឃ្លាតចាកព្រហ្មចរិយធម៌ហើយ។ ចប់សូត្រ​ទី១០។

ចីវរសូត្រ ទី១១

[១៨៦] សម័យមួយ ព្រះមហាកស្សបមានអាយុ នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាប​ស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ ត្រាច់ទៅកាន់ផ្លូវ​ក្នុង​ទក្ខិណាគិរិជនបទ ជាមួយនឹងភិក្ខុសង្ឃ​ច្រើនរូប។ សម័យនោះ ពួកសទ្ធិវិហារិកភិក្ខុ​៣០រូប របស់ព្រះអានន្ទមានអាយុ ច្រើនតែក្មេងៗ តែងលះបង់​នូវសិក្ខា ត្រឡប់​ទៅកាន់ភេទ​ថោកទាប។

[១៨៧] គ្រានោះឯង ព្រះអានន្ទមានអាយុ ត្រាច់ទៅកាន់ផ្លូវ​ក្នុង​ទក្ខិណាគិរិជនបទ គួរតាម​អធ្យាស្រ័យ ហើយក៏ចូល​ទៅរក​ព្រះមហាកស្សបមានអាយុ ដែលគង់នៅ​ក្នុង​វត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ​ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​​ព្រះមហាកស្សបមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ​ព្រះមហាកស្សបមានអាយុ មានថេរវាចាដូច្នេះថា ម្នាលអាវុសោអានន្ទ ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជន [ភោជន​ដែល​គេ​និមន្ត​ដោយ​ពាក្យ​មិនគួរ ហើយភិក្ខុ៣រូប ទទួលនិមន្តទៅឆាន់​ក្នុងទីនោះ ជាមួយគ្នា មិន​ត្រូវ​អាបត្តិឡើយ។ អដ្ឋកថា។] ក្នុងត្រកូលទាំងឡាយ ព្រោះ​អាស្រ័យ​នូវអំណាច​ប្រយោជន៍ប៉ុន្មានយ៉ាង។

[១៨៨]​ បពិត្រព្រះកស្សបដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តតិកភោជន ក្នុងត្រកូល​ទាំងឡាយ ព្រោះអាស្រ័យ​អំណាចប្រយោជន៍​៣យ៉ាង គឺ ដើម្បីសង្កត់សង្កិន នូវ​បុគ្គល​ទាំងឡាយ ដែលជាអ្នក​ទ្រុស្តសីល១ ដើម្បី​នៅសប្បាយ​នៃ​ភិក្ខុទាំងឡាយ ដែល​មានសីលជាទីស្រឡាញ់១ ដើម្បីអនុគ្រោះដល់ត្រកូល កុំឲ្យបុគ្គល​ដែលប្រាថ្នាលាមក ស្វែង​រកនូវពួក​មកបំបែកសង្ឃ១ បពិត្រ​ព្រះកស្សបដ៏ចម្រើន ព្រះមានព្រះភាគ ទ្រង់​បញ្ញត្តតិកភោជន ក្នុងត្រកូល​ទាំងឡាយ ព្រោះអាស្រ័យអំណាច​ប្រយោជន៍ទាំង៣​នេះឯង។

[១៨៩] ម្នាលអាវុសោអានន្ទ លោកត្រាច់ទៅកាន់ផ្លូវ​ជាមួយពួកភិក្ខុថ្មីទាំងនេះ ជា​អ្នក​មាន​ទ្វារ​មិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណ​ក្នុងភោជន មិន​ប្រកប​រឿយៗ ក្នុងការភ្ញាក់​រឭក ដូចជាត្រាច់ទៅបៀតបៀន​សំទូងគេ ដូចជាត្រាច់ទៅសម្លាប់​ត្រកូល​គេ ម្នាលអាវុសោអានន្ទ បរិស័ទរបស់អ្នក​បាក់បែកអស់ហើយ ម្នាលអាវុសោអានន្ទ បរិស័ទទាំងនោះ ច្រើនតែបួសថ្មី រមែងបាក់បែកទៅ ព្រះអានន្ទនេះ នៅក្មេងមិនដឹង​ប្រមាណឡើយ។ បពិត្រ​ព្រះកស្សបដ៏ចម្រើន អើហ្ន៎ ក្បាលរបស់ខ្ញុំ មានសក់ស្កូវ​អស់​ហើយ តែខ្ញុំ​នៅមិនរួចចាកកុមារកវាទ (ពាក្យតិះដៀល​ថាក្មេង) របស់ព្រះកស្សបមាន​អាយុ ក្នុងថ្ងៃនេះឯង។ ម្នាលអាវុសោអានន្ទ ព្រោះតែ​លោកត្រាច់ទៅកាន់ផ្លូវ​ ជាមួយ​​ពួក​ភិក្ខុថ្មីទាំងនេះ ជា​អ្នកមានទ្វារ​មិនគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុង​ភោជន មិនប្រកបរឿយៗ នូវការភ្ញាក់រឭក ដូចជាត្រាច់ទៅ បៀតបៀនសំទូងគេ ដូចជា​ត្រាច់ទៅសម្លាប់ត្រកូលគេដូច្នោះ ម្នាលអាវុសោអានន្ទ បានជាឥឡូវ​នេះ ពួកបរិស័ទ​របស់​អ្នកបាក់បែកអស់ ម្នាលអាវុសោអានន្ទ បរិស័ទទាំងនោះ ច្រើនតែបួសថ្មី រមែងបាក់​បែក​ទៅ ព្រះអានន្ទនេះ នៅក្មេងមិនដឹងប្រមាណឡើយ។

[១៩០] ថុល្លនន្ទាភិក្ខុនី បានឮដំណឹងថា ព្រះមហាកស្សបជាម្ចាស់ បន្ទោស​ព្រះអានន្ទ​ជាម្ចាស់ ដែលជាអ្នកប្រាជ្ញអាចសម្រេចកិច្ចដោយបញ្ញាបាន ដោយកុមារកវាទ​ហើយ។ ទើបថុល្លនន្ទាភិក្ខុនី មិនពេញចិត្ត ក៏បញ្ចេញនូវវាចាមិនពេញចិត្តថា ព្រះមហាកស្សបជាម្ចាស់ ធ្លាប់ជាអន្យតិរ្ថិយទេដឹង បានជាសំគាល់​នូវ​ព្រះអានន្ទ​ជាម្ចាស់ ដែលជាអ្នកប្រាជ្ញអាច​សម្រេចកិច្ច​ដោយបញ្ញាបានថា គួរបន្ទោសដោយកុមារកវាទ​ដូច្នេះ។ ព្រះមហាកស្សបមានអាយុ បានឮវាចាដែលថុល្លនន្ទាភិក្ខុនីពោលនេះហើយ។

[១៩១] គ្រានោះឯង ព្រះមហាកស្សបមានអាយុ បានពោលពាក្យនេះ នឹង​ព្រះអានន្ទមានអាយុថា ម្នាលអាវុសោអានន្ទ ខ្ញុំសូមរំឭកលោក ថុល្លនន្ទាភិក្ខុនី មិនបាន​ពិចារណា ហើយពោលវាចាដោយរហ័ស ម្នាលអាវុសោ តាំងពីកាលដែលខ្ញុំកោរសក់ និង​ពុកមាត់ ស្លៀកដណ្តប់សំពត់​កាសាយៈ ចេញចាកផ្ទះ​ចូលមកកាន់ផ្នួស មិនដែល​ឧទ្ទិស​ចំពោះគ្រូដទៃ ក្រៅអំពីព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធ អង្គនោះសោះ។ ម្នាលអាវុសោ កាលមុនដែលខ្ញុំនៅជាគ្រហស្ថ ក៏មានសេចក្តី​ត្រិះរិះយ៉ាងនេះថា ឃរាវាស​ ជា​ទីចង្អៀត ជាផ្លូវនៃធូលី គឺកិលេស ឯបព្វជ្ជាទើបជាឱកាសទំនេរ ព្រោះបុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយៈ ឲ្យពេញដោយ​ចំណែក​មួយ ឲ្យបរិសុទ្ធ ដោយ​ចំណែកមួយ ដូចជាស័ង្ខដែលគេខាត់បានឡើយ បើដូច្នោះ មានតែអាត្មាអញកោរ​សក់ ពុកមាត់ ស្លៀកដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស។ ម្នាលអាវុសោ សម័យតមក ខ្លួនខ្ញុំ​ក៏ធ្វើសង្ឃាដិ ដោយសំពត់ចាស់ ហើយកោរ​សក់ និងពុកមាត់ ស្លៀកដណ្តប់​សំពត់កាសាយៈ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស ឧទ្ទិស​ចំពោះ​ព្រះអរហន្ត ក្នុងលោក លុះខ្ញុំបួសយ៉ាងនេះហើយ ក៏ដើរ​ទៅកាន់ផ្លូវ​ដាច់ស្រយាល បាន​ឃើញ​ព្រះមានព្រះភាគ គង់នៅ ក្នុងពហុបុត្តចេតិយ ជាចន្លោះ​នគររាជគ្រឹះ និង​ចន្លោះ​ស្រុកនាឡន្ទា លុះឃើញហើយ ខ្ញុំក៏មានសេចក្តី​ត្រិះរិះយ៉ាងនេះថា អើហ្ន៎ ប្រសិនបើ​អាត្មា​អញចួបនឹងបុគ្គល​ដែលជាគ្រូ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ អើហ្ន៎ ប្រសិនបើ​អាត្មា​អញ​ បានចួបនឹងបុគ្គល ​ដែលមានគតិល្អ ក៏សូមឲ្យចួបតែនឹងព្រះមានព្រះភាគ អើហ្ន៎ ប្រសិនបើ​អាត្មា​អញ បានចួបនឹងបុគ្គល​ដែលត្រាស់ដឹងធម៌ ក៏សូមឲ្យ​ចួបតែនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ខ្លួនខ្ញុំក៏ក្រាបទៀប​បាទាព្រះមានព្រះភាគ ក្នុង​ទីនោះឯង ដោយសិរ្សៈ ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំ ខ្ញុំ​ជាសាវ័ករបស់ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូរបស់ខ្ញុំ ខ្ញុំជាសាវ័ករបស់ព្រះអង្គ។

[១៩២] ម្នាលអាវុសោ កាលបើខ្ញុំក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​នឹងខ្ញុំដូច្នេះថា ម្នាលកស្សប បុគ្គលណាមិនដឹង ហើយពោលថា អាត្មាអញដឹង​ មិនឃើញ ហើយពោលថា អាត្មាអញឃើញ ចំពោះសាវ័កដែលផ្ចង់​ចិត្ត​ទាំងពួង យ៉ាង​នេះហើយ ក្បាលបុគ្គល​នោះឯង នឹងបែកពុំខាន។ ម្នាលកស្សប តថាគតដឹង ទើប​ពោល​ថាដឹង តថាគតឃើញ ទើបពោលថាឃើញ។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនា​នេះ អ្នក​គប្បី​សិក្សាយ៉ាងនេះថា ហិរិ និងឱត្តប្បៈដ៏ក្លៀវក្លា អាត្មាអញបានតំកល់ទុក ក្នុងភិក្ខុ​ចាស់ទាំងឡាយ ក្នុងភិក្ខុថ្មីទាំងឡាយ ក្នុងភិក្ខុកណ្តាលទាំងឡាយ ម្នាលកស្សប អ្នកគួរ​សិក្សាយ៉ាងនេះឯង។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បី​សិក្សាយ៉ាង​នេះថា អាត្មាអញ នឹងស្តាប់ នូវធម៌​ដែល​ប្រកបដោយ​កុសលណានីមួយ ហើយធ្វើនូវ​ធម៌ទាំងអស់​នោះ ឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងពួង ផ្ទៀង​ត្រចៀកចាំ​ស្តាប់​ធម៌ ម្នាលកស្សប អ្នកគប្បីសិក្សាយ៉ាងនេះចុះ។ ម្នាលកស្សប ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគប្បី​សិក្សា យ៉ាង​នេះថា កាយគតាសតិ របស់អាត្មាអញ ​ប្រកបដោយសេចក្តីសុខ មិនទាន់សាបសូន្យនៅឡើយ ម្នាលកស្សប អ្នកគប្បីសិក្សាយ៉ាងនេះឯង។ ម្នាលអាវុសោ គ្រានោះ ព្រះមានព្រះភាគ ទូន្មានខ្ញុំដោយ​ឱវាទ​នេះហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ចៀសចេញទៅ។ ម្នាលអាវុសោ ខ្ញុំនៅ​ប្រកប​ដោយ​បំណុល បរិភោគនូវដុំបាយ របស់អ្នកនៅក្នុងដែនអស់៧ថ្ងៃគត់ លុះដល់ថ្ងៃទី​៨ ក៏បានអរហត្តផល។ ម្នាលអាវុសោ គ្រានោះ ព្រះមានព្រះភាគ ក៏ស្តេច​ចុះចាកផ្លូវ ចូល​ទៅរក​ម្លប់ឈើមួយ។ ម្នាលអាវុសោ គ្រានោះឯង ខ្ញុំក៏ក្រាលនូវ​សង្ឃាដិ៤ជាន់ ដែលធ្វើ​ដោយ​សំពត់ចាស់ ហើយក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ គង់លើ​សង្ឃាដិនេះ ដើម្បីប្រយោជន៍ និង​សេចក្តីសុខ ដល់ខ្ញុំ​ព្រះអង្គ អស់​កាលជាយូរអង្វែង។ ម្នាលអាវុសោ ព្រះមានព្រះភាគ ក៏គង់​លើអាសនៈ​ដែល​ខ្ញុំ​ក្រាលថ្វាយហើយ។ ម្នាលអាវុសោ លុះព្រះមានព្រះភាគ គង់រួចហើយ ក៏មាន​ព្រះពុទ្ធ​ដីកានឹងខ្ញុំ យ៉ាងនេះថា ម្នាលកស្សប សង្ឃាដិដែលធ្វើដោយសំពត់ចាស់របស់អ្នកនេះ មាន​សាច់ទន់ល្អណាស់។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទទួលនូវសង្ឃាដិ ដែលធ្វើដោយសំពត់ចាស់ ដើម្បីអនុគ្រោះ​ដល់ខ្ញុំ​ព្រះអង្គឲ្យទាន។ ម្នាលកស្សប អ្នកនឹង​ស្លៀក​ដណ្តប់​សំពត់​សម្បកធ្មៃ ជារបស់បង្សុកូលរបស់តថាគត ដែលតថាគត​លែង​ប្រើ​ប្រាស់ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រើប្រាស់​សំពត់សម្បកធ្មៃ ជារបស់​បង្សុកូល របស់ព្រះមានព្រះភាគ ដែលទ្រង់លែងប្រើប្រាស់បាន។

[១៩៣] ម្នាលអាវុសោ ខ្ញុំក៏បានថ្វាយសង្ឃាដិដែលធ្វើដោយសំពត់ចាស់ ចំពោះ​ព្រះមានព្រះភាគដែរ ខ្លួនខ្ញុំក៏ប្រើប្រាស់នូវសំពត់សម្បកធ្មៃ ជារបស់បង្សុកូល​របស់​ព្រះមានព្រះភាគ ដែលទ្រង់​លែងប្រើប្រាស់វិញ។ ម្នាលអាវុសោ បុគ្គលគប្បីពោល​ដោយ​ប្រពៃនូវពាក្យណាថា បុត្តរបស់​ព្រះមានព្រះភាគ កើតចេញពីទ្រូង កើតអំពីព្រះឱស្ឋ កើត​អំពីធម៌ ព្រះធម៌បានតាក់តែងមក ជាអ្នកមានធម៌ជាមត៌ក បុត្តនោះបានទទួល​សំពត់​សម្បក​ធ្មៃជារបស់បង្សុកូល ដែល​ព្រះមានព្រះភាគ ទ្រង់លែងប្រើប្រាស់ បុគ្គល​ពោល​ពាក្យនោះថា បុត្តរបស់ព្រះមានព្រះភាគ កើតចេញពីទ្រូង កើតអំពីព្រះឱស្ឋ កើត​អំពីធម៌ ព្រះធម៌បានតាក់តែងមក មានធម៌ជាមត៌ក បុត្តនោះបានទទួល​សំពត់​សម្បក​ធ្មៃ ជារបស់​បង្សុកូល ដែល​ព្រះមានព្រះភាគ ទ្រង់លែងប្រើប្រាស់ ដូច្នេះ គឺពោល​ចំពោះខ្លួនខ្ញុំ។

[១៩៤] ម្នាលអាវុសោ ខ្ញុំប្រាថ្នាដរាបណា ក៏ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ និង​វិចារៈ មានបីតិ និងសុខៈ កើតអំពី​សេចក្តី​ស្ងាត់នោះ ដរាបនោះ។ ម្នាលអាវុសោ ខ្ញុំប្រាថ្នា ដរាបណា។បេ។

(បេយ្យាលៈនៃអនុបុព្វវិហារសមាបត្តិ៩ និងអភិញ្ញា៥យ៉ាងនេះ)។

[១៩៥] ម្នាលអាវុសោ ខ្ញុំបានធ្វើ​ឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយបញ្ញាដ៏ឧត្តម​ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន។ ម្នាលអាវុសោ អ្នកណា សំគាល់នូវខ្លួនខ្ញុំថា គួរបិទបាំង​ដោយ​អភិញ្ញាទាំង៦បាន អ្នកនោះ ដូចជាសំគាល់​នូវដំរី​មានកំពស់​៧ហត្ថ ឬ៧ហត្ថកន្លះ​ថា គួរបិទបាំង​ដោយស្លឹកត្នោតបាន។ ឯថុល្លនន្ទាភិក្ខុនី ឃ្លាតចាកព្រហ្មចរិយៈហើយ។ ចប់សូត្រទី១១។

បរំមរណសូត្រ ទី១២

[១៩៦] សម័យមួយ ព្រះមហាកស្សបមានអាយុ និងព្រះសារីបុត្តមានអាយុ គង់​នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញ​អំពីទីសម្ងំ ក្នុងវេលាថ្ងៃរសៀល ហើយចូលទៅរកព្រះមហាកស្សបមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹង​ព្រះមហាកស្សបមានអាយុ លុះ​បញ្ចប់​ពាក្យ​ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីដ៏សមគួរ។

[១៩៧] លុះព្រះសារីបុត្តមានអាយុ គង់ក្នុងទីដ៏សមគួរហើយ បានពោលពាក្យ​នេះ នឹងព្រះមហាកស្សបមានអាយុថា ម្នាលអាវុសោ កស្សប សត្វស្លាប់ហើយកើតវិញឬទេ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតវិញ នេះ ព្រះមានព្រះភាគ មិនបាន​ព្យាករ​ទេ។ ម្នាលអាវុសោ បើដូច្នោះ មានតែសត្វស្លាប់ហើយមិនកើតទៀតឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយមិនកើតទៀត នេះ ក៏ព្រះមានព្រះភាគ មិនដែលព្យាករ​ដែរ។ ម្នាលអាវុសោ ចុះសត្វស្លាប់​ហើយកើត​ទៀតក៏មាន មិនកើត​ទៀតក៏មានឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន នេះ ព្រះមានព្រះភាគ មិនដែលព្យាករទេ។ ម្នាលអាវុសោ បើដូច្នោះ សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិន​កើតទៀតក៏មិនមែនឬ។ ម្នាលអាវុសោ ពាក្យថា សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន នេះ ព្រះមានព្រះភាគ មិនដែលព្យាករទេ។ ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនេះ។ ម្នាលអាវុសោ ព្រោះ​ពាក្យនេះ មិនប្រកបដោយប្រយោជន៍ មិនជាខាង​ដើមនៃព្រហ្មចរិយៈ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីនឿយណាយ មិនប្រព្រឹត្តទៅដើម្បី​ប្រាសចាកតម្រេក មិនប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីរំលត់ មិនប្រព្រឹត្តទៅ ដើម្បី​ស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅដើម្បី​សេចក្តី​ដឹង​ច្បាស់ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះ ​បានជាព្រះមានព្រះភាគ មិនដែលព្យាករពាក្យនោះ។

[១៩៨] ម្នាលអាវុសោ ចុះព្រះមានព្រះភាគ ទ្រង់ព្យាករដូចម្តេចវិញ។ ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជា​ហេតុ​នាំឲ្យកើតទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាសេចក្តីរំលត់ទុក្ខ ព្រះមានព្រះភាគ ទ្រង់ព្យាករថា នេះជាផ្លូវ​ប្រតិបត្តិជាដំណើរ​ទៅកាន់​សេចក្តីរំលត់ទុក្ខ។ ម្នាលអាវុសោ ចុះ​ហេតុដូចម្តេច បានជាព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនេះ។ ម្នាលអាវុសោ ព្រោះ​ថា ពាក្យនេះ ប្រកបដោយប្រយោជន៍ ជាខាងដើមនៃ​ព្រហ្មចរិយៈ ​ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីនឿយណាយ ដើម្បី​ប្រាសចាកតម្រេក ​ដើម្បី​សេចក្តីរំលត់ ដើម្បី​ស្ងប់រម្ងាប់ ដើម្បី​សេចក្តី​ដឹង​ច្បាស់ ដើម្បី​សេចក្តីត្រាស់ដឹង ដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះ ​បានជា​ព្រះមានព្រះភាគ ទ្រង់ព្យាករពាក្យនោះ។ ចប់សូត្រទី១២។

សទ្ធម្មប្បតិរូបកសូត្រ ទី១៣

[១៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់​អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកស្សបមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីដ៏សមគួរ។ លុះ​ព្រះមហាកស្សបមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏​ក្រាបទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យ​ដូចម្តេច បានជាក្នុងកាលពីដើម មានសិក្ខាបទ​តិច តែមានភិក្ខុបានសម្រេច​ព្រះអរហត្តច្រើន បពិត្រព្រះអង្គដ៏ចំរើន ហេតុដូចម្តេច បច្ច័យ​ដូចម្តេច បានជាឥឡូវនេះ មានសិក្ខាបទច្រើន តែមានភិក្ខុបានសម្រេច​ព្រះអរហត្តតិច។

[២០០] ម្នាលកស្សប ហេតុនុ៎ះ តែងមានយ៉ាងនេះឯង កាលបើពួកសត្វ​សាបសូន្យ​ទៅ ព្រះសទ្ធម្មក៏អន្តរធានទៅដែរ បានជាមានសិក្ខាបទច្រើន មានពួកភិក្ខុបានសម្រេច​ព្រះអរហត្តតិច ម្នាលកស្សប សទ្ធម្មប្បដិរូប គឺធម៌ដែល​ស្រដៀងគ្នានឹង​ព្រះសទ្ធម្ម មិនបាន​កើតឡើង ក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បដិរូប ​កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានកាលនោះ។ ម្នាលកស្សប ជាតរូបប្បដិរូប គឺរបស់​ដែលស្រដៀង​នឹងមាស មិនទាន់​កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃមាស ក៏មិនមាន ដរាបនោះ ម្នាលកស្សប ជាតរូបប្បដិរូប គឺរបស់ដែលស្រដៀង​នឹងមាស ​កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃមាស ក៏មានក្នុងកាលនោះ យ៉ាងណាមិញ។ ម្នាលកស្សប សទ្ធម្មប្បដិរូប មិន​កើតឡើងក្នុងលោក ដរាបណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មិនមាន ដរាបនោះ ម្នាលកស្សប សទ្ធម្មប្បដិរូប ​កើតឡើងក្នុងលោក កាលណា ការអន្តរធាននៃព្រះសទ្ធម្ម ក៏មានក្នុងកាលនោះ យ៉ាងនោះឯង។

[២០១] ម្នាលកស្សប បឋវីធាតុ ធ្វើ​ព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ អាបោធាតុ ធ្វើ​ព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ តេជោធាតុ ធ្វើ​ព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ វាយោ​ធាតុ ធ្វើ​ព្រះសទ្ធម្មឲ្យអន្តរធានទៅក៏ទេ មានតែពួកមោឃបុរស ដែលកើតឡើងក្នុងលោក​នេះ ទើបធ្វើ​ព្រះសទ្ធម្មនេះ ឲ្យអន្តរធានទៅបាន ម្នាលកស្សប ដូចទូក​លិចចុះដោយការផ្ទុករបស់​យ៉ាងណា។ ម្នាលកស្សប ការអន្តរធាននៃព្រះសទ្ធម្ម មិនមែនយ៉ាងនោះទេ។

[២០២] ម្នាលកស្សប ធម៌៥ប្រការនេះថយចុះ តែងប្រព្រឹត្តទៅដើម្បី​វិនាស ដើម្បី​សាបសូន្យ​នៃព្រះសទ្ធម្ម។ ធម៌​៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​ព្រះសាស្តា១ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​ព្រះធម៌១ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​ព្រះសង្ឃ១ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​សិក្ខា១ ជាអ្នក​មិនគោរព មិនកោតក្រែង ចំពោះ​សមាធិ១។ ម្នាលកស្សប ធម៌ទាំង​៥ប្រការនេះឯង ថយ​ចុះ តែងប្រព្រឹត្តទៅដើម្បីវិនាស ដើម្បីសាបសូន្យ នៃព្រះសទ្ធម្ម។

[២០៣] ម្នាលកស្សប ធម៌ទាំង៥ប្រការនេះ តែងប្រព្រឹត្តទៅដើម្បីតាំងនៅ ដើម្បីមិន​វិនាស មិន​សាបសូន្យ​នៃព្រះសទ្ធម្ម។ ធម៌​ទាំង៥ប្រការ តើដូចម្តេចខ្លះ។ ម្នាលកស្សប ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ក្នុងសាសនានេះ ជាអ្នក​គោរព កោតក្រែង ចំពោះ​ព្រះសាស្តា១ ជាអ្នកគោរព កោតក្រែង ចំពោះ​ព្រះធម៌១ ជាអ្នកគោរព កោតក្រែង ចំពោះ​ព្រះសង្ឃ១ ជាអ្នកគោរព កោតក្រែង ចំពោះ​សិក្ខា១ ជាអ្នកគោរព កោតក្រែង ចំពោះ​សមាធិ១។ ម្នាលកស្សប ធម៌ទាំង​៥ប្រការនេះឯង តែងប្រព្រឹត្តទៅ ដើម្បីតាំងនៅ ដើម្បីមិនវិនាស មិនសាបសូន្យ នៃព្រះសទ្ធម្ម។ ចប់សូត្រទី១៣។

ចប់ កស្សបសំយុត្ត ទី៤។

ឧទ្ទាននៃកស្សបសំយុត្តនោះគឺ

ពោល​អំពីបុគ្គលសន្តោស បុគ្គល​មិនខ្លាចបាប បុគ្គល​មានឧបមាដូចជាព្រះចន្ទ បុគ្គល​ចូល​ទៅកាន់ត្រកូល បុគ្គលចាស់ ឱវាទបី ឈាន និងអភិញ្ញា លំនៅភិក្ខុនី ចីវរ សត្វ​ស្លាប់ហើយកើតទៀត ឬមិនកើតទៀត សទ្ធម្មប្បដិរូប។

លាភសក្ការសំយុត្ត

សុទ្ធកវគ្គ ទី១

ទារុណសូត្រ ទី១

[២០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់នឹង​ភិក្ខុ​ទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២០៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តី​សរសើរ ជារបស់អាក្រក់ នាំឲ្យក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តីអន្តរាយ ដល់​ការ​ត្រាស់ដឹងនូវ​ព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែល​រកគុណ​ជាតដទៃក្រៃលែង​ជាង​គ្មាន ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ​គប្បីសិក្សា​ក្នុងសាសនានេះ យ៉ាងនេះថា យើង​ទាំងឡាយ នឹងលះបង់​នូវលាភសក្ការៈ និងសេចក្តី​សរសើរ​ដែល​កើតឡើងហើយ ទាំងលាភសក្ការៈ និង​សេចក្តីសរសើរដែល​កើតឡើងហើយ ក៏កុំ​ឲ្យ​គ្រប​សង្កត់​ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះ​ចុះ។ ចប់សូត្រទី១។

ពឡិសសូត្រ ទី២

[២០៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិត​ក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់ នាំឲ្យ​ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តីអន្តរាយ ដល់ការត្រាស់ដឹងនូវព្រះនិព្វាន ជាទីក្សេមចាក​យោគៈ ដែល​រកគុណជាតដទៃក្រៃលែង​ជាងគ្មាន។

[២០៧] ម្នាលភិក្ខុទាំងឡាយ ដូចព្រានសន្ទូច បោះនូវ​សន្ទូច ដែលបិទដោយនុយ ទៅ​ក្នុងអន្លង់ទឹកដ៏ជ្រៅ ត្រីណាមួយសំឡឹងឃើញនុយ ក៏លេបសន្ទូចនោះ ម្នាលភិក្ខុទាំងឡាយ ត្រីនោះឯង លុះបានលេបសន្ទូច​របស់​​ព្រានសន្ទូច ​យ៉ាងនេះហើយ ក៏​ដល់​នូវសេចក្តីទុក្ខ ដល់នូវ​សេចក្តីវិនាស ត្រូវតាមអំពើដោយបំណង​របស់ព្រាន​សន្ទូច។

[២០៨] ម្នាលភិក្ខុទាំងឡាយ ពាក្យថា ព្រានសន្ទូច នុ៎ះ ជាឈ្មោះនៃ​មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា សន្ទូច នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និង​សេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និង​សេចក្តីសរសើរ ដែលកើត​ឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកលេបសន្ទូចរបស់​មារ រមែងដល់​នូវសេចក្តីទុក្ខ ដល់នូវ​សេចក្តីវិនាស ត្រូវតាម​អំពើ​ដោយ​បំណង​របស់​មារ​ចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ នាំ​ឲ្យ​ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវសេចក្តីអន្តរាយ ​ដល់​ការត្រាស់ដឹងព្រះនិព្វាន ជាទីក្សេមចាក​យោគៈ ដែលរកគុណជាតដទៃក្រៃលែង​ជាងគ្មាន យ៉ាងនោះឯង។

[២០៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សាក្នុង​សាសនានេះ យ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់​នូវលាភសក្ការៈ និង​សេចក្តីសរសើរ ដែល​កើតឡើង​ហើយ ទាំងលាភសក្ការៈ និង​សេចក្តីសរសើរ ដែល​កើត​ឡើងហើយ ក៏កុំឲ្យ​គ្របសង្កត់​ចិត្តយើងបានឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី២។

កុម្មសូត្រ ទី៣

[២១០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់​ការត្រាស់ដឹង។

[២១១] ម្នាលភិក្ខុទាំងឡាយ រឿង​ធ្លាប់មានមកហើយថា មានត្រកូល​នៃសត្វ​អណ្តើក​ធំ អាស្រ័យនៅជាយូរអង្វែង​មកហើយ ក្នុងអន្លង់ទឹកមួយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ អណ្តើកមួយ ចូលទៅរកអណ្តើក​មួយទៀត ហើយក៏ពោល​ទៅនឹង​អណ្តើកមួយ (នោះ) ដូច្នេះថា នែបងអណ្តើក បងឯង​កុំទៅកាន់​ប្រទេសនុ៎ះឡើយ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បាន​ទៅកាន់ប្រទេសនោះ ព្រានក៏ចាប់​អណ្តើកនោះដោយមូល [ជាឈ្មោះ​គ្រឿងប្រហារសត្វមួយយ៉ាង ផ្លែវាធ្វើដោយដែកស្រួច បញ្ចូល​ដងទៅក្នុងមៀន សម្រាប់​កាន់ពួយ មានខ្សែ១វែងចងផ្លែ កាលបើចាក់សត្វទៅហើយ ដងនោះរបូតចេញអំពី​ផ្លែ​ទៅ នៅជាប់តែខ្សែទៅជាមួយនឹងផ្លែ (អដ្ឋកថា)។]។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អណ្តើក​នោះចូលទៅរកអណ្តើក (ដែលឃាត់) នោះ។ ម្នាលភិក្ខុទាំងឡាយ អណ្តើកនោះ បាន​ឃើញ​អណ្តើកនោះមកអំពីចម្ងាយ លុះឃើញហើយ ក៏ពោល​ទៅនឹង​អណ្តើកនោះ ដូច្នេះ​ថា នែបងអណ្តើក បងឯង​មិនបានទៅកាន់​ប្រទេសនោះទេឬ។ អណ្តើកនោះឆ្លើយ​ថា នែបង​អណ្តើក ខ្ញុំបានទៅកាន់ប្រទេស​នោះហើយ។ នែបងអណ្តើក បងឯងមិនត្រូវ​គេ​បៀតបៀន មិនត្រូវ​គេប្រហារទេឬ។ នែបងអណ្តើក ខ្ញុំ​មិនត្រូវគេបៀតបៀន មិនត្រូវ​គេ​ប្រហារទេ គ្រាន់តែ​មានខ្សែនេះ ជាប់តាមអំពីក្រោយខ្នងខ្ញុំប៉ុណ្ណោះ។ នែបងអណ្តើក អើ​នោះហើយ ហៅថា ត្រូវគេបៀតបៀន អើនោះហើយ ហៅថា ត្រូវគេប្រហារ នែបង​អណ្តើក មាតាបិតាក្តី ជីដូនជីតាក្តី របស់​បងឯង ដល់នូវសេចក្តី​ទុក្ខ ដល់នូវ​សេចក្តី​វិនាស ដោយខ្សែនុ៎ះឯង នែបងអណ្តើក ឥឡូវនេះ បងឯង​ចូរទៅចុះ ឥឡូវនេះ បងឯង​មិនមែន​ដូចយើងទេ។

[២១២] ម្នាលភិក្ខុទាំងឡាយ  ពាក្យថា ព្រាន នុ៎ះ ជាឈ្មោះនៃ​មារចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា មូល នុ៎ះ ជាឈ្មោះនៃលាភសក្ការៈ និង​សេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ខ្សែ នុ៎ះ ជាឈ្មោះនៃនន្ទរាគ (តម្រេកដោយសេចក្តី​ត្រេកត្រអាល)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណានីមួយ ត្រេកអរ ត្រូវការនូវលាភសក្ការៈ និង​សេចក្តីសរសើរ ដែលកើត​ឡើងហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នកដល់​នូវ​សេចក្តីទុក្ខ ដល់នូវ​សេចក្តីវិនាស ត្រូវតាម​អំពើ​ដោយ​បំណង​របស់​មារ​ចិត្តបាប។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់​សូត្រទី៣។

ទីឃលោមិកសូត្រ ទី៤

[២១៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២១៤] ម្នាលភិក្ខុទាំងឡាយ ដូចមេចៀមមានរោមវែង ចូលទៅកាន់​ព្រៃស្បាត ដែល​មានបន្លា មេចៀមនោះ ក៏ជាប់​នៅក្នុងទីនោះៗ ទាក់នៅក្នុងទីនោះៗ ចំពាក់​នៅក្នុងទី​នោះៗ ដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និង​សេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ រមែងជាប់​នៅក្នុងទីនោះៗ រមែង​ទាក់នៅក្នុងទីនោះៗ រមែងចំពាក់​នៅក្នុងទី​នោះៗ រមែងដល់នូវសេចក្តីទុក្ខ និងសេចក្តីវិនាសក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៤។

មីឡ្ហកសូត្រ ទី៥

[២១៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២១៦] ម្នាលភិក្ខុទាំងឡាយ ដូចសត្វកំពោង [ឈ្មោះសត្វតូចៗមួយយ៉ាង ស្រដៀង​គ្នានឹងកញ្ចែ មានស្លាបពីរជាន់ ច្រើនត្បុលលញ់លាមក។] ទំពាស៊ីនូវលាមក ខាងក្នុង​ខ្លួន​ពេញដោយលាមក បរិបូណ៌​ដោយលាមក មានគំនរនៃលាមកធំពីខាងមុខ សត្វកំពោង​នោះ ក៏មើលងាយសត្វកំពោងដទៃ ដោយហេតុនោះថា អាត្មាអញ ទំពាស៊ីលាមក ខាងក្នុង​ខ្លួន​ពេញដោយលាមក បរិបូណ៌​ដោយលាមក នេះជាគំនរនៃលាមក​ដ៏ធំពីខាងមុខអាត្មាអញ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវលាភសក្ការៈ និង​សេចក្តីសរសើរ គ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ភិក្ខុនោះ ក៏បរិភោគភត្ត​ក្នុងទីនោះ ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បី​ឆាន់​ក្នុងថ្ងៃស្អែកផង ចង្ហាន់បិណ្ឌបាត ក៏មានពោរពេញ ភិក្ខុនោះទៅកាន់អារាមវិញ ពោល​អួតកណ្តាល​ពពួកនៃ​ភិក្ខុថា ខ្ញុំបានបរិភោគភត្ត​ ដរាបដល់ឆ្អែតផង មានគេនិមន្តដើម្បី​ឆាន់​ក្នុងថ្ងៃស្អែកផង នេះជាចង្ហាន់បិណ្ឌបាត ដ៏ពោរពេញ របស់ខ្ញុំ​ផង ខ្ញុំជាបុគ្គលបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់​អ្នក​ជម្ងឺផង ពួកភិក្ខុដទៃទាំងអម្បាលនេះ មានបុណ្យតិច ស័ក្តិតូច មិនបាននូវចីវរ បិណ្ឌបាត សេនាសនៈ និងគ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់​អ្នក​ជម្ងឺទេ។ ភិក្ខុនោះ ត្រូវលាភសក្ការៈ និង​សេចក្តីសរសើរនោះ គ្របសង្កត់ រួបរឹតចិត្ត តែងមើលងាយនូវពួកភិក្ខុឯទៀត ដែល​មានសីលជាទីស្រឡាញ់ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ អំពើនោះឯង ជាអំពើ​ប្រព្រឹត្ត​ទៅ ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់កាលដ៏វែង ដល់មោឃបុរស​នោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះ​ឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៥។

អសនិសូត្រ ទី៦

[២១៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២១៨] ម្នាលភិក្ខុទាំងឡាយ កាំរន្ទះធ្លាក់ចំលើបុគ្គលណា។ លាភសក្ការៈ និង​សេចក្តីសរសើរ តែងដល់​ដោយលំដាប់ ចំពោះ​សេក្ខបុគ្គល ដែល​មិនទាន់​បានសម្រេច​ព្រះ​អរហត្តផល។  ម្នាលភិក្ខុទាំងឡាយ ពាក្យថា កាំរន្ទះ នុ៎ះ ជាឈ្មោះនៃ​លាភសក្ការៈ និង​សេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៦។

ទិទ្ធសូត្រ ទី៧

[២១៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២០] ម្នាលភិក្ខុទាំងឡាយ បុគ្គលចាក់នូវ​បុគ្គលណាដោយសរ។ លាភសក្ការៈ និង​សេចក្តីសរសើរ រមែងដល់​ដោយលំដាប់ ចំពោះ​សេក្ខបុគ្គល ដែល​មិនទាន់​បានសម្រេច​​អរហត្តផល។  ម្នាលភិក្ខុទាំងឡាយ ពាក្យថា សរ នុ៎ះ ជាឈ្មោះនៃ​លាភសក្ការៈ និង​សេចក្តីសរសើរ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៧។

សិង្គាលសូត្រ ទី៨

[២២១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២២] ម្នាលភិក្ខុទាំងឡាយ កាលសត្វចចកចាស់ នៅក្នុងវេលាបច្ចូសសម័យនៃ​រាត្រី អ្នកទាំងឡាយ បានឃើញដែរឬទេ។ ភិក្ខុទាំងឡាយ ទូលថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ សត្វចចកចាស់នោះ កើតរោគអង្គែរ [រោគនេះច្រើនកើត​ក្នុង​រដូវ​ត្រជាក់ កាលបើកើតឡើងហើយ រមែងជ្រុះរោមអស់ ហើយមានកមពងខ្ទុះដាស​ពាសពេញ​សរីរៈ (អដ្ឋកថា)។] រមែងទៅកាន់ទីគោក ក៏មិនស្រួល ទៅនៅក្រោមម្លប់ឈើ ក៏​មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរ​ទៅក្នុងទីណាៗ ឈរនៅ​ក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែង​ដល់នូវសេចក្តី​ទុក្ខ និង​សេចក្តីវិនាស​ក្នុង​ទីនោះៗ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ត្រូវ​លាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ទៅកាន់ផ្ទះស្ងាត់ ក៏មិនស្រួល ទៅនៅ​ក្រោមម្លប់ឈើ ក៏មិនស្រួល ទៅនៅក្នុងទីវាល ក៏មិនស្រួល ទុកជាដើរ​ទៅ​ក្នុងទី​ណាៗ ឈរនៅក្នុងទីណាៗ អង្គុយនៅក្នុងទីណាៗ ដេកនៅក្នុងទីណាៗ ក៏រមែងដល់​នូវ​សេចក្តីទុក្ខ និងសេចក្តីវិនាស ក្នុងទីនោះៗ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៨។

វេរម្ភសូត្រ ទី៩

[២២៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២៤] ម្នាលភិក្ខុទាំងឡាយ វេរម្ភវាត (ខ្យល់ព្យុះ) បក់ទៅលើអាកាស សត្វស្លាប​ណា ហើរទៅលើអាកាសនោះ វេរម្ភវាត ក៏បក់ផាត់សត្វស្លាបនោះ សត្វស្លាបនោះ លុះត្រូវ​វេរម្ភវាត ផាត់ឡើងហើយ ជើងក៏រសាត់ទៅដោយឡែក ស្លាបក៏រសាត់ទៅដោយឡែក ក្បាល​ក៏រសាត់ទៅដោយឡែក ដងខ្លួនក៏រសាត់ទៅដោយឡែក (យ៉ាងណាមិញ)។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុខ្លះ ក្នុងសាសនានេះ ត្រូវ​លាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ហើយចូល​ទៅកាន់​ស្រុកក្តី និគមក្តី ដើម្បីបិណ្ឌបាត ដោយមិនបានរក្សាកាយ មិនបានរក្សាវាចា មិនបានរក្សាចិត្ត មិនបានប្រុងប្រៀបស្មារតី មិនបានសង្រួម​ឥន្ទ្រិយ ភិក្ខុនោះ ក៏ឃើញ​មាតុគ្រាមក្នុងទីនោះ ស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់​មិនស្រួលក្តី ភិក្ខុនោះ លុះ​បានឃើញមាតុគ្រាម ដែលស្លៀកសំពត់មិនស្រួលក្តី ដណ្តប់សំពត់​មិនស្រួលក្តី រាគៈ ក៏​កំចាត់ចិត្ត ភិក្ខុនោះ លុះត្រូវរាគៈ​គ្របសង្កត់​ចិត្តហើយ ក៏ពោល​លាសិក្ខា ត្រឡប់ទៅ​កាន់​ហីនភេទវិញ ពួកភិក្ខុឯទៀត ក៏យកចីវរ ពួកភិក្ខុឯទៀត យកបាត្រ ពួកភិក្ខុឯទៀតយក​និសីទនៈ ពួកភិក្ខុឯទៀតយកបំពង់ម្ជុល របស់ភិក្ខុនោះ ដូចគ្នានឹងសត្វស្លាប ដែលត្រូវ​វេរម្ភវាតបក់ផាត់ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៩។

សគាថកសូត្រ ទី១០

[២២៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើ​នូវ​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញ​បុគ្គលពួកខ្លះ ត្រូវគ្រឿង​សក្ការៈគ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ក្នុងលោកនេះ តថាគត ឃើញ​បុគ្គលពួកខ្លះ ត្រូវអ​សក្ការៈ [មិនមានគ្រឿង​សក្ការបូជា។] គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគត ឃើញ​បុគ្គលពួកខ្លះ ត្រូវគ្រឿង​សក្ការៈផង អសក្ការៈផង ទាំងពីរនោះ គ្របសង្កត់ រួបរឹតចិត្ត លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ តែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និង​សេចក្តីសរសើរ ជារបស់​អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។

[២២៧] ព្រះមានព្រះភាគ បានត្រាស់សម្តែងសូត្រនេះ លុះព្រះសុគត ជាសាស្តា បានសម្តែង​សូត្រនេះចប់ហើយ ក៏ទ្រង់​ពោលនូវ​គាថាព័ន្ធ ដូច្នេះ តទៅទៀតថា

សមាធិ របស់បុគ្គលណា ដែលមានប្រក្រតីនៅដោយផលសមាធិ ប្រមាណ​មិនបាន រមែងមិនញាប់ញ័រដោយសក្ការៈផង ដោយ​អសក្ការៈផង ដោយសក្ការៈ និងអសក្ការៈ​ទាំង​ពីរផង អ្នកប្រាជ្ញទាំងឡាយ រមែងពោលនូវ​បុគ្គលនោះ ដែលជាអ្នកពិនិត្យ មានព្យាយាម​ជាប់តគ្នា ជាអ្នកឃើញច្បាស់ ដោយទិដ្ឋិដ៏សុខុម ត្រេកអរចំពោះ​ព្រះនិព្វាន ជាទីក្ស័យ​នៃ​ឧបាទាន ថាជាសប្បុរស។ ចប់សូត្រទី១០។

ចប់ សុទ្ធកវគ្គ ទី១។

ឧទ្ទាននៃសុទ្ធកវគ្គនោះគឺ

និយាយអំពីលាភសក្ការៈ និងសេចក្តី​សរសើរ​សុទ្ធ ១ និយាយអំពីលាភ​សក្ការៈ និង​សេចក្តី​សរសើរ​ប្រៀបដោយផ្លែសន្ទូច ១ ប្រៀបដោយមូលចាក់​សត្វអណ្តើក ១ ប្រៀប​ដោយ​មេចៀមមានរោមវែង (ប្រៀបដោយសត្វ​កំពោងបានដុំលាមក ១) ប្រៀប​ដោយកាំ​រន្ទះ ១ ប្រៀប​ដោយសរ ១ ប្រៀប​ដោយសត្វ​ចចកចាស់ ១ ប្រៀប​ដោយ​វេរម្ភវាត ១ និយាយ​អំពីបុគ្គល​មានចិត្តត្រូវសក្ការៈជាដើម គ្របសង្កត់ ១។

បាតិវគ្គ ទី២

សុវណ្ណបាតិសូត្រ ទី១

[២២៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវ​​សេចក្តី​អន្តរាយដល់ការត្រាស់ដឹង។

[២២៩] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះមិនពោលសម្បជានមុសា (និយាយ​កុហកទាំងដឹងខ្លួន) ព្រោះហេតុ​នៃភាជន៍មាស ដ៏ពេញ​ដោយលំអិតនៃប្រាក់ទេ លុះសម័យ​ខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវ​សម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយគប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១។

រូបិយបាតិសូត្រ ទី២

[២៣០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវ​សេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២៣១] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយចិត្តរបស់តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះ​ហេតុ​​នៃភាជន៍ប្រាក់ ដ៏ពេញ​ដោយលំអិតនៃមាសទេ លុះសម័យ​ខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវ​សម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់​អាក្រក់​យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី២។

សុវណ្ណនិក្ខសុត្តាទិអដ្ឋកំ ទី៣-១០

[២៣២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយ​ចិត្ត​របស់​តថាគត យ៉ាងនេះថា អ្នកនេះ មិនពោលសម្បជានមុសា ព្រោះ​ហេតុ​​នៃដុំមាស១… ព្រោះ​ហេតុនៃដុំមាស១០០… ព្រោះហេតុនៃដុំមាស​សិង្គិ១… ព្រោះហេតុ​នៃដុំមាស​សិង្គិ១០០… ព្រោះហេតុនៃផែនដី ដ៏ពេញដោយមាស… ព្រោះហេតុតែអាមិសៈបន្តិចបន្តួច… ព្រោះ​ហេតុ​តែជីវិត… ព្រោះហេតុនៃស្រីមានលំអក្នុងជនបទ លុះសម័យខាងក្រោយមក តថាគត ឃើញបុគ្គលនោះ ត្រូវលាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោលនូវ​សម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់​អាក្រក់ ​យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១០។

ចប់ បាតិវគ្គ ទី២។

ឧទ្ទាននៃបាតិវគ្គនោះគឺ

និយាយអំពីភាជនៈ ពីរលើក និយាយអំពីមាស ​ពីរលើក និយាយអំពីមាសសិង្គិ​ ពីរលើក និយាយអំពីផែនដី ១ និយាយអំពីអាមិសបន្តិចបន្តួច ១ និយាយអំពីជីវិត ១ និយាយអំពីស្រីមានលំអរក្នុងជនបទ ១ ជា១០។

មាតុគ្គាមវគ្គ ទី៣

មាតុគាមសូត្រ ទី១

[២៣៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយដល់ការត្រាស់ដឹង។

[២៣៤] ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ រមែង​គ្របសង្កត់​ចិត្ត នៃ​បុគ្គលណាបាន ឯមាតុគ្រាមម្នាក់ មិនអាចគ្របសង្កត់ចិត្ត នៃបុគ្គលនោះ សូម្បីតែម្នាក់​បានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។ ចប់​សូត្រទី១។

កល្យាណីសូត្រ ទី២

[២៣៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង។

[២៣៦] ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ​គ្របសង្កត់​ចិត្ត នៃ​បុគ្គលណាបាន ឯស្រីមានលំអក្នុងជនបទម្នាក់ មិនអាចគ្របសង្កត់ចិត្ត នៃបុគ្គលនោះ សូម្បីតែម្នាក់​បានទេ។បេ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះចុះ។ ចប់​សូត្រទី២។

ឯកបុត្តកសូត្រ ទី៣

[២៣៧] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយ ដល់ការត្រាស់ដឹង។

[២៣៨] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើឧបាសិកា មានសទ្ធា កាលនិយាយ​អង្វរ​ដោយប្រពៃ ក៏​និយាយអង្វរ ចំពោះកូន​ប្រុសតូចម្នាក់ ដែល​ជាទីស្រឡាញ់ ជាទីពេញចិត្ត យ៉ាងនេះថា នែកូន ចូរបាមានគុណសម្បត្តិ ប្រាកដដូចចិត្តគហបតី និងហត្ថកឧបាសក អ្នក​ស្រុក​អាឡវីចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​ពួកឧបាសក ជាសាវ័ករបស់តថាគត មាន​តែចិត្តគហបតី១ ហត្ថកឧបាសកអ្នកស្រុកអាឡវី១ នុ៎ះជាជញ្ជីង នុ៎ះជាខ្នាត។ (ឧបាសិកា គប្បីនិយាយអង្វរថា) នែកូន បើឯងចេញចាកផ្ទះ ហើយ​ចូលទៅ​កាន់ផ្នួស នែកូន ចូរបាមានគុណសម្បត្តិប្រាកដ ដូចជា​ព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុជាសាវ័ករបស់តថាគត មានតែ​សារីបុត្ត និងមោគ្គល្លាន​នុ៎ះ ជាជញ្ជីង នុ៎ះជាខ្នាត។ (ឧបាសិកា គប្បីនិយាយអង្វរថា) នែកូន លាភសក្ការៈ និង​សេចក្តី​សរសើរ កុំបីដិតដល់កូនឯង ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេច​ព្រះអរហត្តផលនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បើលាភសក្ការៈ និងសេចក្តីសរសើរ មកដិតដល់ភិក្ខុនោះ ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេច​ព្រះអរហត្តផល​ លាភ​សក្ការៈ និងសេចក្តីសរសើរនោះ នាំឲ្យកើតសេចក្តីអន្តរាយ ដល់ភិក្ខុនោះ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។ ចប់​សូត្រទី៣។

ឯកធីតុសូត្រ ទី៤

[២៣៩] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។បេ។ ធ្វើនូវសេចក្តីអន្តរាយ ដល់​ការ​ត្រាស់ដឹង។

[២៤០] ម្នាលភិក្ខុទាំងឡាយ ឧបាសិកា មានសទ្ធា កាលបើនិយាយ​អង្វរ​ដោយប្រពៃ ក៏​និយាយអង្វរ ចំពោះកូន​ស្រីម្នាក់ ដែល​ជាទីស្រឡាញ់ ជាទីពេញចិត្ត យ៉ាងនេះថា នែ​នាង ចូរនាងមានគុណសម្បត្តិ ប្រាកដដូចជាឧបាសិកាឈ្មោះ ខុជ្ជុត្តរា និងឧបាសិកា ឈ្មោះ វេឡុកណ្ឌកិយានន្ទមាតា។ ម្នាលភិក្ខុទាំងឡាយ បណ្តា​ពួកឧបាសិកា ជា​សាវិកា​របស់តថាគត មាន​តែនាងខុជ្ជុត្តរាឧបាសិកា១ នាងវេឡុកណ្ឌកិយានន្ទមាតា១ នុ៎ះជាជញ្ជីង នុ៎ះជាខ្នាត។ (ប្រសិនបើឧបាសិកា និយាយអង្វរថា) នែនាង បើឯង​ចេញ​ចាក​ផ្ទះ ហើយ​ចូលទៅ​កាន់ផ្នួស នែនាង ចូរនាងមានគុណសម្បត្តិ ប្រាកដដូចជា​នាង​ខេមាភិក្ខុនី និងនាងឧប្បលវណ្ណាភិក្ខុនីចុះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនី ជាសាវិការបស់តថាគត មានតែនាងខេមាភិក្ខុនី១ ឧប្បលវណ្ណាភិក្ខុនី១ នុ៎ះ ជាជញ្ជីង នុ៎ះ ជា​ខ្នាត។ (ប្រសិនបើឧបាសិកា និយាយអង្វរថា) នែនាង លាភសក្ការៈ និង​សេចក្តី​សរសើរ កុំបីមកដិតដល់នាងឯង ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេច​ព្រះអរហត្តផល​នៅ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ បើលាភសក្ការៈ និងសេចក្តីសរសើរ មកដិតដល់ភិក្ខុនី​នោះ ដែលនៅជាសេក្ខបុគ្គល មិនទាន់បានសម្រេច​ព្រះអរហត្តផលនៅឡើយ​ លាភ​សក្ការៈ និងសេចក្តីសរសើរនោះ នាំឲ្យកើតសេចក្តីអន្តរាយ ដល់ភិក្ខុនីនោះ។ ម្នាល​ភិក្ខុ​ទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាង​នេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះចុះ។ ចប់​សូត្រទី៤។

សមណព្រាហ្មណសូត្រ ទី៥

[២៤១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវឧបាយជាគ្រឿង​រលាស់ចោល នូវ​លាភ​សក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ) ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ចប់សូត្រទី៥។

 ទុតិយសមណព្រាហ្មណសូត្រ ទី៦

[២៤២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវហេតុជាទីកើតឡើង​ផង នូវ​សេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវ​ឧបាយជាគ្រឿង​រលាស់ចោល នូវ​លាភ​សក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ)។

[២៤៣] ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណានីមួយ ដឹងច្បាស់​តាមពិត នូវ ហេតុជាទីកើតឡើង​ផង នូវ​សេចក្តីវិនាសផង នូវអានិសង្សផង នូវទោសផង នៃលាភសក្ការៈ និងសេចក្តីសរសើរ នូវ​ឧបាយជាគ្រឿង​រលាស់ចោល នូវ​លាភ​សក្ការៈ និងសេចក្តីសរសើរផង (គប្បីធ្វើយ៉ាងនេះចុះ)។ ចប់សូត្រទី៦។

តតិយសមណព្រាហ្មណសូត្រ ទី៧

[២៤៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ ពួក​សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់ នូវលាភសក្ការៈ និងសេចក្តី​សរសើរ មិនដឹងច្បាស់​ នូវហេតុជាទីកើតឡើង​ នៃលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់​នូវ​ការរលត់​នៃលាភសក្ការៈ និងសេចក្តីសរសើរ មិនដឹងច្បាស់នូវបដិបទា ជាដំណើរ​ទៅ​កាន់​ហេតុជាទីរលត់ នៃលាភសក្ការៈ និងសេចក្តីសរសើរ (គប្បីធ្វើយ៉ាងនេះចុះ) ដឹង​ច្បាស់ ធ្វើឲ្យជាក់ច្បាស់ សម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង។ ចប់សូត្រទី៧។

ឆវិសូត្រ ទី៨

[២៤៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។ ម្នាលភិក្ខុទាំងឡាយ លាភ​សក្ការៈ និងសេចក្តីសរសើរ តែងកាត់​នូវស្បែកក្រៅ លុះកាត់ស្បែក​ក្រៅហើយ តែងកាត់​ស្បែក​ក្នុង លុះ​កាត់ស្បែកក្នុងហើយ តែងកាត់សាច់ លុះកាត់សាច់ហើយ តែង​កាត់សរសៃ លុះ​កាត់​សរសៃហើយ តែង​កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរ​ក្នុងឆ្អឹង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៨។

រជ្ជុសូត្រ ទី៩

[២៤៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់។ ម្នាលភិក្ខុទាំងឡាយ លាភ​សក្ការៈ និងសេចក្តីសរសើរ តែងកាត់​ស្បែកក្រៅ លុះកាត់ស្បែក​ក្រៅហើយ តែងកាត់​ស្បែក​ក្នុង លុះ​កាត់ស្បែកក្នុងហើយ តែងកាត់នូវសាច់ លុះកាត់សាច់ហើយ តែង​កាត់នូវសរសៃ លុះ​កាត់​សរសៃហើយ តែង​កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរ​ក្នុងឆ្អឹង។

[២៤៧] ម្នាលភិក្ខុទាំងឡាយ ដូចបុរស​មានកម្លាំង រុំស្មងហើយពួតដោយ​ខ្សែ​រោម​កន្ទុយសត្វដ៏មាំ ខ្សែនោះ គប្បី​កាត់ស្បែកក្រៅ លុះកាត់ស្បែក​ក្រៅហើយ គប្បីកាត់នូវ​ស្បែក​ក្នុង លុះ​កាត់ស្បែកក្នុងហើយ គប្បីកាត់សាច់ លុះកាត់សាច់ហើយ គប្បី​កាត់សរសៃ លុះ​កាត់​សរសៃហើយ គប្បី​កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ គប្បីចាក់ចុច ដល់ខួរ​ក្នុងឆ្អឹង យ៉ាង​ណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ តែងកាត់​ស្បែកក្រៅ លុះកាត់ស្បែក​ក្រៅហើយ តែងកាត់​ស្បែក​ក្នុង លុះ​កាត់ស្បែកក្នុងហើយ តែងកាត់សាច់ លុះកាត់សាច់ហើយ តែង​កាត់សរសៃ លុះ​កាត់​សរសៃហើយ តែង​កាត់ឆ្អឹង លុះកាត់ឆ្អឹងហើយ តែងចាក់ចុច ដល់ខួរ​ក្នុងឆ្អឹង ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៩។

ភិក្ខុសូត្រ ទី១០

[២៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សូម្បី​ភិក្ខុណា ជាអរហន្ត​ខីណាស្រព តថាគត ពោលថា លាភសក្ការៈ និងសេចក្តីសរសើរ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​អន្តរាយដល់ភិក្ខុនោះដែរ។ កាលបើ​ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះហើយ ព្រះ​អានន្ទមានអាយុ ក៏ក្រាបបង្គំ​ទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះលាភ​សក្ការៈ និងសេចក្តីសរសើរ ប្រព្រឹត្តទៅដើម្បី​សេចក្តីអន្តរាយ ដល់​ភិក្ខុជា​ព្រះខីណាស្រព តើដូចម្តេច។

[២៤៩] ព្រះអង្គត្រាស់ថា ម្នាលអានន្ទ ចេតោវិមុត្តិណា មិនបានកម្រើក តថាគត មិន​ពោលថា លាភសក្ការៈ និងសេចក្តី​សរសើរ ប្រព្រឹត្តទៅដើម្បី​សេចក្តីអន្តរាយ ដល់​ចេតោវិមុត្តិនោះទេ។ ម្នាលអានន្ទ ប៉ុន្តែ ភិក្ខុ​ដែលមិនប្រមាទ ជាអ្នកដុត​កម្តៅកិលេស មាន​ចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន បានសម្រេច​ធម៌ជា​គ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន (សុខ​ក្នុង​ផលសមាបត្តិ) ណា តថាគត ពោលថា លាភសក្ការៈ និងសេចក្តី​សរសើររបស់​ភិក្ខុនោះ ប្រព្រឹត្តទៅដើម្បី​សេចក្តីអន្តរាយ ដល់ធម៌ ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្នទាំងនោះ។ ម្នាល​អានន្ទ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ នាំឲ្យ​ក្តៅផ្សា គ្រោតគ្រាត ធ្វើ​នូវសេចក្តី​អន្តរាយ ដល់​ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាត​ដទៃក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង។ ម្នាលអានន្ទ ព្រោះហេតុ​នោះ ក្នុង​សាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវ​លាភ​សក្ការៈ និងសេចក្តី​សរសើរ ដែល​កើតឡើងហើយ ទាំងលាភសក្ការៈ និងសេចក្តី​សរសើរ ដែលកើតឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលអានន្ទ អ្នក​ទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១០។

ចប់ មាតុគ្គាមវគ្គ ទី៣។

ឧទ្ទាននៃមាតុគ្គាមវគ្គនោះ គឺ

និយាយអំពីមាតុគ្រាម ១ និយាយអំពីស្រី មានលំអក្នុងជនបទ ១ និយាយអំពី​កូន​ប្រុស ១ និយាយអំពីកូនស្រីម្នាក់ ១ និយាយអំពីសមណព្រាហ្មណ៍ មាន​៣លើក និយាយអំពី​ស្បែកក្រៅ ១ និយាយអំពីខ្សែ ១ និយាយអំពីភិក្ខុ ១។

ភេទវគ្គ ទី៤

ភិន្ទិសូត្រ ទី១

[២៥០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តី​សរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបបំបែកសង្ឃ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១។

កុសលមូលសូត្រ ទី២

[២៥១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជា​របស់​អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តី​សរសើរ គ្រប​សង្កត់ រួបរឹតចិត្ត ទើបកុសលមូល ដល់នូវ​កិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី២។

កុសលធម្មសូត្រ ទី៣

[២៥២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តី​សរសើរ គ្របសង្កត់ រួបរឹតចិត្ត ទើបកុសលធម៌ ដល់នូវ​កិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៣។

សុក្កធម្មសូត្រ ទី៤

[២៥៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក្នុងទីនោះឯង ព្រះមាន​ព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជា​របស់​អាក្រក់។បេ។ ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវលាភសក្ការៈ និងសេចក្តី​សរសើរ គ្រប​សង្កត់ រួបរឹតចិត្ត ទើបសុក្កធម៌ (ធម៌ស) ដល់នូវ​កិរិយារបើកឡើង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៤។

អចិរបក្កន្តសូត្រ ទី៥

[២៥៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​នាភ្នំគិជ្ឈកូដ ជិតក្រុង​រាជគ្រឹះ។ កាល​ដែលទេវទត្តចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ក៏ប្រារព្ធចំពោះ​ទេវទត្ត ហើយត្រាស់នឹងភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស។

[២៥៥] ម្នាលភិក្ខុទាំងឡាយ ដូចដើមចេក បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញ​ផ្លែមកដើម្បី​សេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើត​ឡើង​ដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏យ៉ាងនោះឯង។

[២៥៦] ម្នាលភិក្ខុទាំងឡាយ ដូចដើមឫស្សី បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញ​ផ្លែមកដើម្បី​សេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើត​ឡើង​ដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏យ៉ាងនោះឯង។

[២៥៧] ម្នាលភិក្ខុទាំងឡាយ ដូចដើមបបុះ បញ្ចេញផ្លែមកដើម្បីសម្លាប់ខ្លួន បញ្ចេញ​ផ្លែមកដើម្បី​សេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើត​ឡើង​​ដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏យ៉ាងនោះឯង។

[២៥៨] ម្នាលភិក្ខុទាំងឡាយ ដូចមេសេះអស្សតរ មានគភ៌ដើម្បីសម្លាប់ខ្លួន មានគភ៌ ដើម្បី​សេចក្តីវិនាស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ កើតឡើងដល់ទេវទត្ត ដើម្បីសម្លាប់ខ្លួន លាភសក្ការៈ និងសេចក្តី​សរសើរ កើត​ឡើង​ដល់ទេវទត្ត ដើម្បីសេចក្តី​វិនាស ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តី​សរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំង​ឡាយ គប្បីសិក្សា យ៉ាងនេះចុះ។

[២៥៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ជា​សាស្តា ទ្រង់ត្រាស់ព្រះសូត្រនេះរួចហើយ ទើបទ្រង់ត្រាស់​នូវគាថាព័ន្ធន៍ ជាលំដាប់​តទៅ​ទៀតថា

ផ្លែចេក តែងសម្លាប់ដើមចេក ផ្លែឫស្សី តែងសម្លាប់ដើមឫស្សី ផ្លែបបុះ តែងសម្លាប់​ដើម​បបុះ ឯសក្ការៈតែងសម្លាប់បុរសអាក្រក់ ដូចជាគភ៌សម្លាប់​មេសេះអស្សតរ។ ចប់​សូត្រ​ទី៥។

បញ្ចរថសតសូត្រ ទី៦

[២៦០] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ សម័យនោះឯង អជាតសត្តុកុមារ តែង​ទៅកាន់ទីបម្រើនៃ​ទេវទត្ត ទាំងល្ងាច ទាំង​ព្រឹក ដោយព្រះរាជរថចំនួន​៥០០ផង ទ្រង់ឲ្យ​នាំចង្ហាន់​ចំនួន​៥០០ថាស ទៅ​ប្រគេន​ផង។ លំដាប់នោះ ពួកភិក្ខុច្រើនរូប នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះ​ភិក្ខុទាំង​នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អជាតសត្តុកុមារ តែង​ទៅកាន់ទីបម្រើនៃ​ទេវទត្ត ទាំងល្ងាច ទាំង​ព្រឹក ដោយព្រះរាជរថចំនួន​៥០០ផង ទ្រង់ឲ្យ​នាំចង្ហាន់​ចំនួន​៥០០ថាស ទៅ​ប្រគេន​ផង។

[២៦១] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយកុំស្រឡាញ់លាភសក្ការៈ និងសេចក្តី​សរសើរ របស់ទេវទត្តឡើយ។ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ នឹង​ទៅកាន់​ទី​បម្រើនៃ​ទេវទត្ត ទាំងល្ងាច ទាំង​ព្រឹក ដោយព្រះរាជរថចំនួន​៥០០ផង ទ្រង់ឲ្យ​នាំចង្ហាន់​ចំនួន​៥០០ថាស ទៅ​ប្រគេន​ផង អស់​កំណត់​កាលត្រឹមណា។  ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវនឹកសង្ឃឹមតែសេចក្តី​សាបសូន្យមួយយ៉ាងប៉ុណ្ណោះ ឯសេចក្តីចម្រើន ក្នុង​កុសលធម៌ទាំងឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ។

[២៦២] ម្នាលភិក្ខុទាំងឡាយ ដូចជនទាំងឡាយ ច្របាច់ប្រមាត់ដាក់ច្រមុះ​នៃឆ្កែ​កាច ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះហើយ ឆ្កែនោះរឹងរឹតតែកាច ដោយក្រៃលែង​ឡើង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ អជាតសត្តុកុមារ នឹង​ទៅកាន់ទីបម្រើនៃ​ទេវទត្ត ទាំង​ល្ងាច ទាំង​ព្រឹក ដោយព្រះរាជរថចំនួន​៥០០ផង ទ្រង់ឲ្យ​នាំចង្ហាន់​ចំនួន​៥០០ថាស ទៅ​ប្រគេន​ផង អស់កាលមានកំណត់​ត្រឹមណា ម្នាលភិក្ខុទាំងឡាយ ទេវទត្ត ត្រូវនឹកសង្ឃឹមតែសេចក្តី​សាបសូន្យមួយយ៉ាងប៉ុណ្ណោះ ឯសេចក្តីចម្រើន ក្នុង​កុសលធម៌​ទាំងឡាយ មិនត្រូវនឹកសង្ឃឹមឡើយ អស់កាលមានកំណត់ត្រឹមនោះ ក៏​យ៉ាងនោះ​ឯង។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ យ៉ាងនេះឯង។បេ។ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៦។

មាតុសូត្រ ទី៧

[២៦៣] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់​អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាត​ដទៃ ក្រៃលែងជាងគ្មាន។

[២៦៤] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយចិត្តរបស់​តថាគត យ៉ាងនេះថា អ្នកនេះ មិនពោល​សម្បជានមុសា ព្រោះ​ហេតុ​តែមាតាទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គល​នោះ ត្រូវ​លាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោល​សម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាត​ដទៃ ក្រៃលែងជាងគ្មាន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុង​សាសនា​នេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវ​លាភសក្ការៈ និង​សេចក្តីសរសើរ ដែលកើតឡើងហើយ ទាំង​លាភសក្ការៈ និងសេចក្តីសរសើរ ដែល​កើត​ឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៧។

បិតុសុត្តាទិឆក្កំ ទី៨-១៣

[២៦៥] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់​អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ដែលរកគុណជាត​ដទៃ ក្រៃលែងជាងគ្មាន។

[២៦៦] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ តថាគតកំណត់ដឹងច្បាស់ នូវចិត្ត​បុគ្គល​ពួកខ្លះ ដោយចិត្តរបស់​តថាគត យ៉ាងនេះថា អ្នកនេះ មិនពោល​សម្បជានមុសា ព្រោះ​ហេតុ​តែបិតាទេ (បណ្ឌិតគប្បីឲ្យពិស្តារផងចុះ) ព្រោះហេតុតែបងប្អូនប្រុសទេ… ​ព្រោះ​ហេតុ​តែបងប្អូនស្រីទេ… ព្រោះហេតុតែកូនប្រុសទេ… ព្រោះហេតុ​តែកូនស្រីទេ… ព្រោះ​ហេតុតែប្រពន្ធទេ លុះសម័យខាងក្រោយមក តថាគតឃើញបុគ្គល​នោះ ត្រូវ​លាភសក្ការៈ និងសេចក្តីសរសើរគ្របសង្កត់ រួបរឹតចិត្ត ក៏ពោល​នូវសម្បជានមុសា។ ម្នាលភិក្ខុទាំងឡាយ លាភសក្ការៈ និងសេចក្តីសរសើរ ជារបស់អាក្រក់ ក្តៅផ្សា គ្រោតគ្រាត ធ្វើនូវ​សេចក្តី​អន្តរាយ ដល់ការត្រាស់ដឹង នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ រកគុណជាត​ដទៃ ក្រៃលែងជាងគ្មាន ក៏យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុង​សាសនា​នេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើងទាំងឡាយ នឹងលះបង់នូវ​លាភសក្ការៈ និង​សេចក្តីសរសើរ ដែលកើតឡើងហើយ ទាំង​លាភសក្ការៈ និងសេចក្តីសរសើរ ដែល​កើត​ឡើងហើយ ក៏កុំឲ្យគ្របសង្កត់ចិត្តយើងបានឡើយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី១៣។

ចប់ ភេទវគ្គ ទី៤។

ឧទ្ទាននៃភេទវគ្គនោះគឺ

និយាយអំពី​ទេវទត្តបំបែកសង្ឃ ១ កុសលមូល ១ ធម៌មាន ២លើក កាល​ទេវទត្ត​​ចៀស​ចេញទៅ ១ អជាតសត្តុកុមារ ទៅកាន់​ទី​បម្រើ​នៃទេវទត្ត ដោយព្រះរាជរថ ​១ មាតា ១ បិតា ១ បងប្អូនប្រុស ១ បងប្អូនស្រី ១ កូនប្រុស ១ កូនស្រី ១ ប្រពន្ធ ១។

ចប់ លាភសក្ការសំយុត្ត ទី៥។

រាហុលសំយុត្ត

អប្បមាទវគ្គ ទី១

ចក្ខុសូត្រ ទី១

[២៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ព្រះរាហុលមានអាយុ ចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីសមគួរ។ លុះ​ព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ដោយសង្ខេប ដល់ខ្ញុំ​ព្រះអង្គ ព្រោះថា បើខ្ញុំ​ព្រះអង្គ បានស្តាប់ធម៌របស់​ព្រះមានព្រះភាគហើយ នឹងចៀសចេញ​ទៅតែ​ម្នាក់ឯង មិនប្រមាទ មានព្យាយាម ជាគ្រឿង​ដុតនូវកិលេស មានចិត្តស្លុង (ទៅ​កាន់​ព្រះ​និព្វាន)។

[២៦៨] ព្រះអង្គត្រាស់សួរថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុ​ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ​ជា​ទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ដែល​មិនទៀង ជាទុក្ខ មានកិរិយា​ប្រែប្រួល​ជា​ធម្មតា គួរនឹងយល់ឃើញនូវរបស់​នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជា​ខ្លួន​របស់អាត្មាអញ ដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

(បេយ្យាលៈយ៉ាងនេះ)

ព្រះអង្គត្រាស់សួរថា ត្រចៀកទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… ច្រមុះ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ… អណ្តាត​ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… កាយទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… ចិត្តទៀង ឬមិនទៀង។ មិនទៀង​ទេ ព្រះ​អង្គ។ ចុះរបស់ណា មិនទៀង របស់នោះ​ជា​ទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ​មិនទៀង ជាទុក្ខ មានកិរិយា​ប្រែប្រួល​ជា​ធម្មតា គួរនឹងយល់ឃើញនូវរបស់​នោះថា នុ៎ះ ជារបស់អាត្មាអញ នុ៎ះ ជាអាត្មាអញ នុ៎ះ ជា​ខ្លួន​របស់អាត្មាអញ ដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

[២៦៩] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​ភ្នែកផង នឿយណាយចំពោះត្រចៀកផង នឿយណាយចំពោះ​ច្រមុះ​ផង នឿយណាយចំពោះអណ្តាត​ផង នឿយណាយចំពោះកាយផង នឿយណាយចំពោះចិត្តផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់ ព្រោះ​ការ​ធុញ​ទ្រាន់ ទើបចិត្តរួចស្រឡះ។ កាលបើចិត្តរួចស្រឡះហើយ សេចក្តីដឹង​ក៏កើតមានថា ចិត្ត​អាត្មាអញរួចស្រឡះហើយ។ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិ​អស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​រួចហើយ សោឡសកិច្ច​ អាត្មាអញ បាន​ធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី​សោឡសកិច្ចនេះទៀត មិនមាន​ឡើយ។ ចប់សូត្រទី១។

(ព្រះសូត្រទាំង១០ បណ្ឌិតគប្បីធ្វើ​តាមបេយ្យាលៈនេះចុះ)

រូបសូត្រ ទី២

[២៧០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះដូចម្តេច រូបទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សំឡេង​។បេ។ ក្លិន… រស… ផ្សព្វ… ធម៌ទាំងឡាយ ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧១] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបផង នឿយណាយចំពោះសំឡេងផង នឿយណាយចំពោះ​ក្លិន​ផង នឿយណាយចំពោះរស​ផង នឿយណាយចំពោះផ្សព្វផង នឿយណាយ​ចំពោះធម៌​ទាំង​ឡាយផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។ ចប់សូត្រទី២។

វិញ្ញាណសូត្រ ទី៣

[២៧២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ចក្ខុវិញ្ញាណ (សេចក្តី​ដឹងតាមផ្លូវភ្នែក) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សោតវិញ្ញាណ។បេ។ ឃានវិញ្ញាណ… ជិវ្ហាវិញ្ញាណ… មនោវិញ្ញាណ ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៣] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​ចក្ខុវិញ្ញាណផង នឿយណាយចំពោះសោតវិញ្ញាណផង នឿយណាយចំពោះ​ឃានវិញ្ញាណផង នឿយណាយចំពោះជិវ្ហាវិញ្ញាណ​ផង នឿយណាយចំពោះកាយវិញ្ញាណផង នឿយណាយចំពោះមនោវិញ្ញាណផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។ ចប់សូត្រទី៣។

សម្ផស្សសូត្រ ទី៤

[២៧៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ចក្ខុសម្ផ័ស្ស (រូបារម្មណ៍ដែលប៉ះពាល់​ដោយ​ចក្ខុ) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សោតសម្ផ័ស្ស​។បេ។ ឃានសម្ផ័ស្ស… ជិវ្ហាសម្ផ័ស្ស… កាយសម្ផ័ស្ស… មនោសម្ផ័ស្ស ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៥] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​ចក្ខុសម្ផ័ស្សផង នឿយណាយចំពោះសោតសម្ផ័ស្សផង នឿយណាយ​ចំពោះ​ឃានសម្ផ័ស្ស​ផង នឿយណាយចំពោះជិវ្ហាសម្ផ័ស្ស​ផង នឿយណាយចំពោះកាយសម្ផ័ស្សផង នឿយណាយចំពោះមនោសម្ផ័ស្សផង កាលបើនឿយណាយហើយ ក៏ធុញទ្រាន់។បេ។ ចប់សូត្រទី៤។

វេទនាសូត្រ ទី៥

[២៧៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ចក្ខុសម្ផស្ស ជាវេទនា (វេទនាកើត​អំពី​ចក្ខុ​សម្ផ័ស្ស) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សោតសម្ផស្ស ជាវេទនា​។បេ។ ឃានសម្ផស្ស ជាវេទនា… ជិវ្ហាសម្ផស្ស ជាវេទនា… កាយសម្ផស្ស ជាវេទនា… មនោសម្ផស្ស ជាវេទនា ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៧] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ​រមែង​នឿយណាយចំពោះ​ចក្ខុសម្ផស្ស ជាវេទនាផង នឿយណាយចំពោះសោតសម្ផស្ស ជាវេទនាផង នឿយណាយ​ចំពោះ​ឃានសម្ផស្ស​ ជាវេទនាផង នឿយណាយចំពោះជិវ្ហាសម្ផស្ស ជាវេទនា​ផង នឿយណាយចំពោះកាយសម្ផស្ស ជា​វេទនាផង នឿយណាយចំពោះមនោសម្ផស្ស ជាវេទនាផង។បេ។ ចប់សូត្រទី៥។

សញ្ញាសូត្រ ទី៦

[២៧៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច រូបសញ្ញា (សេចក្តីសំគាល់​ក្នុងរូប) ទៀង ឬ​មិន​ទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទសញ្ញា… គន្ធសញ្ញា… រសសញ្ញា… ផោដ្ឋព្វសញ្ញា… ធម្មសញ្ញា ​ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៧៩] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបសញ្ញាផង នឿយណាយចំពោះសទ្ទសញ្ញាផង នឿយណាយ​ចំពោះ​គន្ធសញ្ញា​ផង នឿយណាយចំពោះរសសញ្ញា​ផង នឿយណាយ​ចំពោះផោដ្ឋព្វ​សញ្ញា​ផង នឿយណាយចំពោះធម្មសញ្ញាផង។បេ។ ចប់សូត្រទី៦។

សញ្ចេតនាសូត្រ ទី៧

[២៨០] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច រូបសញ្ចេតនា (សេចក្តីគិតក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទសញ្ចេតនា… គន្ធសញ្ចេតនា… រសសញ្ចេតនា… ផោដ្ឋព្វសញ្ចេតនា… ធម្មសញ្ចេតនា ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨១] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបសញ្ចេតនាផង នឿយណាយចំពោះសទ្ទសញ្ចេតនាផង នឿយណាយ​ចំពោះ​គន្ធសញ្ចេតនា​ផង នឿយណាយចំពោះរសសញ្ចេតនា​ផង នឿយណាយ​ចំពោះផោដ្ឋព្វ​សញ្ចេតនា​ផង នឿយណាយចំពោះធម្មសញ្ចេតនាផង។បេ។ ចប់សូត្រទី៧។

តណ្ហាសូត្រ ទី៨

[២៨២] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច រូបតណ្ហា (សេចក្តីប្រាថ្នាក្នុងរូប) ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… សទ្ទតណ្ហា… គន្ធតណ្ហា… រសតណ្ហា… ផោដ្ឋព្វតណ្ហា… ធម្មតណ្ហា ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨៣] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបតណ្ហាផង នឿយណាយចំពោះសទ្ទតណ្ហាផង នឿយណាយ​ចំពោះ​គន្ធតណ្ហា​ផង នឿយណាយចំពោះរសតណ្ហា​ផង នឿយណាយ​ចំពោះផោដ្ឋព្វ​តណ្ហា​ផង នឿយណាយចំពោះធម្មតណ្ហាផង។បេ។ ចប់សូត្រទី៨។

ធាតុសូត្រ ទី៩

[២៨៤] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច បឋវីធាតុ ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… អាបោធាតុ… តេជោធាតុ… វាយោធាតុ… អាកាសធាតុ… វិញ្ញាណធាតុ ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ…។

[២៨៥] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​បឋវីធាតុផង នឿយណាយចំពោះអាបោធាតុផង នឿយណាយ​ចំពោះ​តេជោធាតុ​ផង នឿយណាយចំពោះវាយោធាតុផង នឿយណាយ​ចំពោះអាកាសធាតុ​ផង នឿយណាយចំពោះវិញ្ញាណធាតុផង។បេ។ ចប់សូត្រទី៩។

ខន្ធសូត្រ ទី១០

[២៨៦] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់សួរថា ម្នាល​រាហុល អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច រូប ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ… វេទនា… សញ្ញា… សង្ខារ… វិញ្ញាណ ទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់​ណាមិនទៀង របស់​នោះជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជា​ទុក្ខ មានសេចក្តី​ប្រែប្រួលជាធម្មតា គួរ​នឹងយល់ឃើញនូវរបស់​នោះថា នុ៎ះ​ជារបស់​អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះ​ជាខ្លួនរបស់​អាត្មាអញដែរឬ។ ហេតុនុ៎ះ មិនគួរទេ ព្រះអង្គ។

[២៨៧] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលបើឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយចំពោះ​រូបផង នឿយណាយចំពោះវេទនាផង នឿយណាយ​ចំពោះ​សញ្ញា​ផង នឿយណាយចំពោះសង្ខារទាំងឡាយផង នឿយណាយ​ចំពោះវិញ្ញាណ​ផង កាល​បើ​នឿយណាយហើយ ក៏ធុញទ្រាន់ ព្រោះការធុញទ្រាន់ ទើបចិត្ត​រួចស្រឡះ។ កាលបើ​ចិត្ត​រួច​ស្រឡះហើយ សេចក្តី​ដឹងក៏កើតមានថា ចិត្តអាត្មាអញ រួចស្រឡះហើយ។ អរិយ​សាវ័ក​នោះ រមែង​ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​រួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រទី១០។

ចប់ អប្បមាទវគ្គ ទី១។

ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ

ព្រះមានព្រះភាគ ទ្រង់សម្តែង​អំពីចក្ខុ ១ រូប១ វិញ្ញាណ ១ សម្ផ័ស្ស ១ វេទនា ១ សញ្ញា ១ ចេតនា ១ តណ្ហា ១ ធាតុ ១ ខន្ធ ១ ជា១០។

អនុសយវគ្គ ទី២

ចក្ខុសូត្រ ទី១

[២៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះរាហុល​មាន​អាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។

[២៨៩] លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ មាន​ព្រះពុទ្ធដីកាយ៉ាងនេះថា ម្នាលរាហុល អ្នកសំគាល់​ហេតុនោះ ដូចម្តេច ភ្នែកទៀង ឬ​មិនទៀង។ ព្រះរាហុលក្រាបបង្គំទូលថា មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់​នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួលជាធម្មតា គួរនឹង​យល់ឃើញ​របស់នោះថា នុ៎ះរបស់អញ នុ៎ះ ជាអញ នុ៎ះ ជា​ខ្លួន​របស់អញ ដែរឬទេ។ មិនគួរនឹងយល់ឃើញ​យ៉ាងនុ៎ះទេ ព្រះអង្គ។ ត្រចៀក… ច្រមុះ… អណ្តាត… កាយ… ចិត្ត ទៀង ឬមិនទៀង។ មិនទៀងទេ ព្រះអង្គ។ ចុះរបស់ណា មិនទៀង របស់នោះ​ជា​ទុក្ខ ឬជាសុខ។ ជាទុក្ខ ព្រះអង្គ។ ចុះរបស់ណា ​មិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួល​​ជា​ធម្មតា គួរនឹងយល់ឃើញរបស់​នោះថា នុ៎ះ របស់អញ នុ៎ះ ជាអញ នុ៎ះ ជា​ខ្លួន​របស់អញ ដែរឬទេ។ មិនគួរនឹងយល់ឃើញយ៉ាងនុ៎ះទេ ព្រះអង្គ។

[២៩០] ម្នាលរាហុល អរិយសាវ័កអ្នកចេះដឹង កាលឃើញយ៉ាងនេះ ក៏​រមែង​នឿយណាយក្នុងភ្នែកផង នឿយណាយក្នុងត្រចៀកផង នឿយណាយក្នុងច្រមុះ​ផង នឿយណាយក្នុងអណ្តាតផង នឿយណាយ​ក្នុងកាយ​ផង ​នឿយណាយក្នុងចិត្តផង កាលបើនឿយណាយ ក៏ធុញទ្រាន់ ព្រោះការធុញទ្រាន់ ទើបចិត្ត​រួចស្រឡះ។ កាលបើ​ចិត្ត​រួច​ស្រឡះ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ អរិយ​សាវ័ក​នោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅ​រួច​ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រទី១។

(សូត្រទាំង១០ បណ្ឌិតគប្បីធ្វើតាមបេយ្យាលៈនុ៎ះចុះ)

រូបាទិសុត្តនវកំ ២-១០

[២៩១] ម្នាលរាហុល អ្នកសំគាល់​ហេតុនោះ ដូចម្តេច រូបទៀង ឬ​មិនទៀង។ មិនទៀងទេ ព្រះអង្គ… សំឡេង… ក្លិន… រស… ផ្សព្វ… ធម្មារម្មណ៍…។

[២៩២] ចក្ខុវិញ្ញាណ… សោតវិញ្ញាណ… ឃានវិញ្ញាណ… ជិវ្ហាវិញ្ញាណ… កាយវិញ្ញាណ… មនោវិញ្ញាណ…។

[២៩៣] ចក្ខុសម្ផ័ស្ស… សោតសម្ផ័ស្ស… ឃានសម្ផ័ស្ស… ជិវ្ហាសម្ផ័ស្ស… កាយ​សម្ផ័ស្ស… មនោសម្ផ័ស្ស…។

[២៩៤] វេទនាដែលកើត​អំពីចក្ខុសម្ផ័ស្ស… វេទនាដែល​កើតអំពី​សោត​សម្ផ័ស្ស… វេទនាដែលកើត​អំពី​ឃានសម្ផ័ស្ស… វេទនា ដែល​កើតអំពីជិវ្ហាសម្ផ័ស្ស… វេទនាដែល​កើតអំពីកាយសម្ផ័ស្ស… វេទនាដែល​កើតអំពីមនោសម្ផ័ស្ស…។

[២៩៥] សេចក្តីសំគាល់​ក្នុងរូប… សេចក្តីសំគាល់​ក្នុងសំឡេង… សេចក្តីសំគាល់​ក្នុងក្លិន… សេចក្តីសំគាល់​ក្នុងរស… សេចក្តីសំគាល់​ក្នុងផ្សព្វ… សេចក្តីសំគាល់​ក្នុង​ធម្មារម្មណ៍…។

[២៩៦] សេចក្តីគិតក្នុងរូប… សេចក្តីគិតក្នុងសំឡេង … សេចក្តីគិតក្នុងក្លិន… សេចក្តីគិតក្នុងរស… សេចក្តីគិតក្នុងផ្សព្វ… សេចក្តីគិតក្នុងធម្មារម្មណ៍…។

[២៩៧] រូបតណ្ហា… សទ្ទតណ្ហា… គន្ធតណ្ហា… រសតណ្ហា… ផោដ្ឋព្វតណ្ហា… ធម្ម​តណ្ហា…។

[២៩៨] បឋវីធាតុ… អាបោធាតុ… តេជោធាតុ… វាយោធាតុ… អាកាសធាតុ… វិញ្ញាណធាតុ…។

[២៩៩] រូប… វេទនា… សញ្ញា… សង្ខារ… វិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀង​ទេ ព្រះអង្គ។បេ។ ម្នាលរាហុល កាលបើអរិយសាវ័ក ឃើញយ៉ាងនេះ។បេ។ ក៏​ដឹង​ច្បាស់​ថា កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ចប់សូត្រទី១០។

អនុសយសូត្រ ទី១១

[៣០០] ព្រះសាស្តា ទ្រង់​គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះរាហុល​មាន​អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បាន​ពោល​ពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គល​ដឹងដូច​ម្តេច ឃើញដូចម្តេច បានជាមិនមានអហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយ ប្រកបដោយ​វិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួង​ខាងក្រៅផង។

[៣០១] ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅ​ក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា មានក្នុងទីឆ្ងាយក្តី មានក្នុង​ទីជិតក្តី រូប​ទាំងអស់នោះ ឈ្មោះថា ជារូប បុគ្គលរមែង​ឃើញរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ​តាម​ពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួនរបស់អញ។ វេទនា​ណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណ​ណានីមួយ… ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅ​ក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុង​ទីជិតក្តី វិញ្ញាណ​ទាំង​អស់នោះ ឈ្មោះថា ជាវិញ្ញាណ បុគ្គលរមែង​ឃើញវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ​តាម​ពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់​អញ។ ម្នាលរាហុល កាលអរិយសាវ័កដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ បានជា​មិនមាន​អហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយប្រកប​ដោយវិញ្ញាណនេះផង ក្នុងនិមិត្ត​ទាំងពួង​ខាងក្រៅផង។ ចប់សូត្រទី១១។

អបគតសូត្រ ទី១២

[៣០២] ព្រះសាស្តា ទ្រង់គង់នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះរាហុលមាន​អាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះរាហុល​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ពោលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាលបុគ្គលដឹង​ដូចម្តេច ឃើញ​ដូចម្តេច បានជាមានចិត្ត​ប្រាសចាកអហង្ការ មមង្ការ និងមានះក្នុងកាយ​ប្រកប​ដោយ​វិញ្ញាណនេះផង ក្នុងនិមិត្តទាំងពួងខាងក្រៅផង ជាចិត្ត​ប្រព្រឹត្តកន្លងក្នុង​ចំណែក​នៃមានះ ទាំងស្ងប់រម្ងាប់​រួចផុតចាកកិលេស។

[៣០៣] ម្នាលរាហុល រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅ​ក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី រូបណា ដែលមានក្នុងទីឆ្ងាយក្តី មានក្នុង​​ទីជិតក្តី រូប​ទាំង​អស់នោះ ឈ្មោះថា ជារូប អរិយសាវ័ក ​ឃើញនូវរូបនុ៎ះ ដោយបញ្ញាដ៏ប្រពៃ​តាម​ពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់​អញ ដូច្នេះហើយ ទើបបាន​រួចស្រឡះ ចាកកិលេស ព្រោះ​មិនមាន​សេចក្តីប្រកាន់។

(បណ្ឌិតគប្បីធ្វើខន្ធទាំង៥ ឲ្យដូចគ្នា)

វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារ​ទាំងឡាយណានីមួយ… វិញ្ញាណ​ណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ជាខាងក្នុងក្តី ខាងក្រៅ​ក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី វិញ្ញាណណា ដែលមានក្នុងទីឆ្ងាយក្តី ក្នុង​ទីជិតក្តី វិញ្ញាណ​ទាំង​អស់​នោះ ឈ្មោះថា ជាវិញ្ញាណ អរិយសាវ័ក ​ឃើញនូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃ​តាម​ពិត យ៉ាងនេះថា នុ៎ះ​មិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជា​ខ្លួន​របស់​អញ ដូច្នេះហើយ ទើប​បានរួចស្រឡះ ចាកកិលេស ព្រោះ​មិនមានសេចក្តីប្រកាន់។ ម្នាលរាហុល កាលអរិយសាវ័កដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ បានជា​មានចិត្ត​ប្រាសចាក​អហង្ការ មមង្ការ និងមានានុស័យ ក្នុងកាយដែលប្រកប​ដោយវិញ្ញាណនេះផង ក្នុងនិមិត្ត​ទាំងពួង​ខាងក្រៅផង ជាចិត្តប្រព្រឹត្តកន្លងក្នុងចំណែកនៃមានះ ទាំងស្ងប់រម្ងាប់រួចផុត​ចាក​កិលេស។។ ចប់សូត្រទី១២។

ចប់ អនុសយវគ្គ ទី២។

ឧទ្ទាននៃអនុសយវគ្គនោះ គឺ

ចក្ខុ ១ រូប ១ វិញ្ញាណ ១ សម្ផ័ស្ស ១ វេទនា ១ សញ្ញា ១ ចេតនា ១ តណ្ហា ១ ធាតុ ១ ខន្ធ ១ ត្រូវជា​១០ អនុស័យ ១ ចិត្តដែលប្រាសចាក​អហង្ការ​ជាដើម ១ ជាវគ្គដែល​​ព្រះមានព្រះភាគ​​នោះ ទ្រង់ត្រាស់សំដែង។

ចប់ រាហុលសំយុត្ត ទី៦។

លក្ខណសំយុត្ត

អដ្ឋិសង្ខលិកវគ្គ ទី១

អដ្ឋិសូត្រ ទី១

[៣០៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យ​នោះឯង ព្រះលក្ខណៈ​មានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅនាភ្នំគិជ្ឈកូដ។

[៣០៥] គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ស្លៀកស្បង់ ប្រដាប់​បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ហើយចូលទៅរក​ព្រះលក្ខណៈ​មានអាយុ លុះចូលទៅដល់ហើយ បានពោលពាក្យ​នេះ នឹងព្រះលក្ខណៈ​មានអាយុថា ម្នាលអាវុសោលក្ខណៈ អ្នកចូរ​មក យើងនឹងចូលទៅក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត។ ព្រះលក្ខណៈ​មានអាយុ ទទួលពាក្យ​ព្រះមហាមោគ្គល្លានមានអាយុថា អើអាវុសោ។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ កាលនិមន្ត​ចុះអំពីភ្នំគិជ្ឈកូដ ក៏ធ្វើនូវ​ការញញឹម​ឲ្យប្រាកដ ក្នុងប្រទេសមួយ។ គ្រានោះឯង ព្រះលក្ខណៈ​មានអាយុ បានសួរ​ព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ហេតុដូចម្តេច បច្ច័យ​ដូចម្តេច បានជាលោក​ធ្វើនូវការញញឹម​ឲ្យប្រាកដ។ ម្នាលអាវុសោ​លក្ខណៈ កាលនេះ ជាកាលមិនគួរ ដើម្បីសួរប្រស្នានុ៎ះទេ អ្នកចូរសួរប្រស្នានុ៎ះ នឹងខ្ញុំ ក្នុងសំណាក់​ព្រះមានព្រះភាគចុះ។

[៣០៦] គ្រានោះឯង ព្រះលក្ខណៈ​មានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ ចូលទៅ​បិណ្ឌបាតក្នុងក្រុងរាជគ្រឹះ ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយ​ភត្ត ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះព្រះលក្ខណៈ​មានអាយុ អង្គុយក្នុងទីដ៏សមគួរ​ហើយ បានសួរ​ព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ក្នុងទីឯណោះ មហាមោគ្គល្លានមានអាយុ កាលចុះ​មកអំពីភ្នំគិជ្ឈកូដ បានធ្វើនូវការ​ញញឹម​ ឲ្យ​ប្រាកដ ក្នុងប្រទេសមួយ ម្នាលអាវុសោមោគ្គល្លាន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជា​លោក​ធ្វើ​នូវការញញឹម​ឲ្យប្រាកដ។

[៣០៧] ព្រះមហាមោគ្គល្លានតបថា ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​អដ្ឋិសង្ខលិក គឺរាងឆ្អឹង កំពុងអណ្តែតទៅ​ក្នុងអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវ​រាងឆ្អឹងនោះ រាងឆ្អឹង​នោះ ក៏ចេះតែស្រែកថ្ងូរ ម្នាលអាវុសោ ទើបខ្ញុំ​នោះមានសេចក្តី​បរិវិតក្កៈថា យីអើ អស្ចារ្យណាស់ យីអើ មិនធ្លាប់កើតមានសោះឡើយ យីអើ សត្វបែបនេះ នឹងត្រឡប់​ទៅជា​មាន​ខ្លះដែរ យក្ខបែបនេះ នឹងត្រឡប់​ទៅជាមានខ្លះដែរ កិរិយា​បានអត្តភាព​បែបនេះ នឹងត្រឡប់​ទៅជាមានខ្លះដែរតើ។

[៣០៨] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័កមានចក្ខុកើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មាន​ញាណកើតពិតហើយ ដ្បិតសាវ័កដឹង​ ឬឃើញសត្វបែបនេះ ឬថានឹងធ្វើ​សត្វបែប​នេះ ឲ្យជាសាក្សី (ដល់​តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ តថាគត ធ្លាប់​ឃើញ​មកអំពីមុនដែរ ប៉ុន្តែតថាគត មិនទាន់សំដែង បើតថាគតសំដែងអំពីរឿង​សត្វនុ៎ះទៅ ជន​ទាំង​ឡាយដទៃ មិនជឿពាក្យតថាគតទេ ជនទាំងឡាយណា មិនជឿពាក្យតថាគត សេចក្តី​មិនជឿនោះ របស់ជនទាំងនោះ នឹងនាំឲ្យ​ខានបានប្រយោជន៍ នាំឲ្យ​បានតែ​សេចក្តី​ទុក្ខ អស់កាលជាយូរអង្វែង។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ (ពីដើម) ជាគោឃាតកៈ គឺ​អ្នក​សម្លាប់គោ ក្នុងក្រុងរាជគ្រឹះនេះឯង ដោយវិបាករបស់កម្មនោះ គោឃាតកបុរសនោះ ក៏ទៅឆេះក្នុងនរកអស់ឆ្នាំដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំ​ដ៏​ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបបានត្រឡប់​មកទទួលផល គឺត្រឡប់​បាន​អត្តភាពបែបនេះឯង។ ចប់សូត្រទី១។

(នេះឯងជាបេយ្យាលៈ នៃសូត្រទាំងអស់)

បេសិសូត្រ ទី២

[៣០៩]  ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បាន​ឃើញ​ មំសបេសិ គឺចម្រៀកសាច់ កំពុងអណ្តែតទៅ​លើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវចម្រៀកសាច់នោះ ចម្រៀកសាច់​នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាគោឃាតកៈ គឺអ្នកសម្លាប់គោ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី២។

បិណ្ឌសូត្រ ទី៣

[៣១០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​មំសបិណ្ឌៈ គឺដុំសាច់ កំពុងអណ្តែតទៅ​លើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវ​ដុំសាច់នោះ ដុំសាច់​នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានបក្សី (អំពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៣។

និច្ឆវិសូត្រ ទី៤

[៣១១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​និច្ឆវិបុរស គឺបុរសមិនមានស្បែកក្រៅ កំពុងអណ្តែតទៅ​លើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវនិច្ឆវិបុរសនោះ និច្ឆវិបុរស​នោះ ក៏ចេះតែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាអ្នកសម្លាប់ចៀម (ពីដើម) ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៤។

អសិលោមសូត្រ ទី៥

[៣១២] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​អសិលោមបុរស គឺបុរសមានរោមដូចដាវ កំពុងអណ្តែតទៅ​លើអាកាស ដាវទាំងនោះ របស់​បុរសនោះ អណ្តែត​ធ្លាក់ៗ មកត្រូវកាយរបស់បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកសម្លាប់ជ្រូក (ពីដើម) ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៥។

សត្តិសូត្រ ទី៦

[៣១៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​សត្តិលោមបុរស គឺបុរស​មានរោមដូចលំពែង កំពុងអណ្តែតទៅ​លើអាកាស លំពែង​ទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់​បុរសនោះឯង បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះជាព្រានម្រឹគ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៦។

ឧសុលោមសូត្រ ទី៧

[៣១៤] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ឧសុលោមបុរស គឺបុរស​មានរោមដូចព្រួញ កំពុងអណ្តែតទៅ​លើអាកាស ព្រួញ​ទាំងនោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់​បុរសនោះឯង បុរសនោះ ក៏ចេះ​តែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាពេជ្ឈឃាត (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៧។

សូចិលោមសូត្រ ទី៨

[៣១៥] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​សូចិលោមបុរស គឺបុរស​មានរោមដូចដែកស្រួច កំពុងអណ្តែត​លើអាកាស ដែកស្រួច​ទាំង​នោះ របស់បុរសនោះ អណ្តែតធ្លាក់ៗ មកត្រូវកាយរបស់​បុរសនោះវិញ បុរសនោះ ក៏ចេះ​តែ​ស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកបរគោ (ពីដើម) ក្នុង​ក្រុងរាជគ្រឹះ​នេះ​ឯង។ ចប់សូត្រទី៨។

ទុតិយសូចិលោមសូត្រ ទី៩

[៣១៦] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​សូចិលោមបុរស គឺបុរស​មានរោមដូចដែកស្រួច កំពុងអណ្តែតទៅ​លើអាកាស ដែកស្រួច​ទាំងនោះ របស់បុរសនោះ ក៏ដោត​ចូលទៅក្នុងក្បាល ធ្លាយចេញមកតាមមាត់ ដោតចូល​ទៅក្នុងមាត់ ធ្លាយចេញមកតាមទ្រូង ដោតចូល​ទៅក្នុងទ្រូង ធ្លាយចេញមក​តាម​ពោះ ដោតចូលទៅក្នុងពោះ ធ្លាយចេញមកតាមភ្លៅ ដោត​ចូលទៅ​ក្នុងភ្លៅ ធ្លាយចេញមក​តាមស្មង ដោតចូល​ទៅក្នុងស្មង ធ្លាយចេញមក​តាមបាតជើង បុរសនោះ ក៏ចេះតែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកចាក់ដោត ញុះញង់គេ (ពីដើម) ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៩។

កុម្ភណ្ឌសូត្រ ទី១០

[៣១៧] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​កុម្ភណ្ឌបុរស គឺបុរស​មានអណ្ឌៈប៉ុនក្អម [ពងល្វា] កំពុងអណ្តែត​លើអាកាស កាល​បុរស​នោះដើរទៅ លុះតែលើកអណ្ឌៈទាំងនោះ​ដាក់ត្រង់ក (លី) ទើបដើរទៅបាន កាលអង្គុយ ក៏​អង្គុយ​សង្កត់​លើអណ្ឌៈទាំងនោះឯង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោម​ចឹក​ចោះ ភើចជញ្ជែងនូវបុរសនោះ បុរសនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ជាអ្នកកាន់​អំពើវៀចក្នុងស្រុក [ជាអាមាត្យអ្នកវិនិច្ឆ័យ​ក្តី​ដោយ​ទុច្ចរិត។] (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី១០។

ចប់ អដ្ឋិសង្ខលិកវគ្គ ទី១។

ឧទ្ទាននៃ​អដ្ឋិសង្ខលិកវគ្គ នោះគឺ

អដ្ឋិសង្ខលិកប្រេត មំសបេសិប្រេត (ពីដើម) ជាអ្នកសម្លាប់គោទាំងពីរនាក់ មំសបិណ្ឌប្រេត (ពីដើម) ជាព្រានបក្សី និច្ឆវីប្រេត (ពីដើម) ជាអ្នកសម្លាប់ចៀម អសិលោមប្រេត (ពីដើម) ជាអ្នកសម្លាប់ជ្រូក សត្តិលោមប្រេត (ពីដើម) ជាព្រាន​ម្រឹគ ឧសុលោមប្រេត (ពីដើម) ជាពេជ្ឈឃាត សុចិលោមប្រេត (ពីដើម) ជានាយសារថី អ្នក​ណា​ញុះញង់គេ (ពីដើម) អ្នកនោះជាសូចិលោមប្រេតពិត កុម្ភណ្ឌប្រេត មាន​អណ្ឌៈ​ធ្ងន់ (ពីដើម) ជាអ្នកកាន់អំពើវៀចក្នុងស្រុក។

បារទារិកវគ្គ ទី២

សសីសកសូត្រ ទី១

[៣១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញបុរសម្នាក់ កំពុង​មុជក្បាល​ចុះទៅក្នុង​រណ្តៅ​លាមក។ ម្នាលភិក្ខុទាំងឡាយ សត្វនោះ ជាអ្នកប្រព្រឹត្តបរទារិកកម្ម គឺលួច​ប្រពន្ធ​អ្នកដទៃ (ពីដើម) ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី១។

(បេយ្យាលៈ បណ្ឌិតគប្បីធ្វើយ៉ាងនេះ)

គូថខាទសូត្រ ទី២

[៣១៩] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បាន​ឃើញបុរសម្នាក់ កំពុង​មុជ​ចុះក្នុង​រណ្តៅ​លាមក ចាប់លាមកដោយដៃទាំងសងខាងស៊ី។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ ពីដើម ជាព្រាហ្មណ៍ ក្នុងក្រុងរាជគ្រឹះ​នេះឯង។ ព្រាហ្មណ៍​នោះ កាលក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ បាននិមន្ត​ភិក្ខុសង្ឃ ដោយភត្តាហារ ក៏​ដាក់​លាមកពេញក្នុងស្នូក រួចហើយ ប្រើគេឲ្យ​ប្រាប់ភត្តកាល ហើយពោលដូច្នេះថា សូមលោក​ម្ចាស់​ទាំងឡាយ និមន្តឆាន់ដរាបដល់ឆ្អែតផង សូមនិមន្ត​យកទៅផង។​ ចប់សូត្រទី២។

និច្ឆវិត្ថិសូត្រ ទី៣

[៣២០] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំ ចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ស្រីនិច្ឆវី គឺស្រីមិនមានស្បែកក្រៅ កំពុងអណ្តែតទៅ​លើអាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែងនូវស្រីនោះ ស្រី​នោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីប្រព្រឹត្ត​កន្លងចិត្តប្តី ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៣។

មង្គុលិត្ថិសូត្រ ទី៤

[៣២១] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ស្រីមង្គុឡី [ស្រីមានរូបអាក្រក់ បុរសគប្បីខ្ពើម។] មានក្លិនស្អុយ កំពុងអណ្តែតទៅ​លើ​អាកាស ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវស្រីនោះ ស្រី​នោះ ក៏ចេះតែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាស្រីមេមត់ ក្នុងក្រុង​រាជគ្រឹះ​នេះឯង។ ចប់សូត្រទី៤។

ឱកិលិនីសូត្រ ទី៥

[៣២២] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ស្រីមានកាយឆេះរោលរាលដោយភ្លើង មានកាយសើមជោកជាំ មានកាយដេរដាស​ដោយ​រងើកភ្លើង កំពុងតែអណ្តែតទៅ​លើអាកាស ស្រីនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ស្រីនុ៎ះ (ពីដើម) ជាអគ្គមហេសីនៃស្តេចក្នុងដែនកលិង្គ ស្រីនោះ ជាអ្នក​មាន​សេចក្តីឫស្សាគ្របសង្កត់ បានចាក់រងើកភ្លើងមួយអំបែង លើស្រី [ស្រីរួមប្តី] ជាមហេសីចុង។ ចប់សូត្រទី៥។

អសីសកសូត្រ ទី៦

[៣២៣] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​អសីសកពន្ធប្រេត កំពុងអណ្តែតទៅ​លើអាកាស ប្រេតនោះ មានភ្នែក និងមុខ នៅត្រង់​ទ្រូង ពួកត្មាត ក្អែក រអាត ដេញតាមឆាប ចោមចឹកចោះ ភើចជញ្ជែង នូវប្រេតនោះ ប្រេតនោះ ក៏ចេះតែស្រែកថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ សត្វនុ៎ះ (ពីដើម) ឈ្មោះ ហារិកៈ ជាអ្នកពិឃាតចោរ ក្នុងក្រុងរាជគ្រឹះនេះឯង។ ចប់សូត្រទី៦។

បាបភិក្ខុសូត្រ ទី៧

[៣២៤] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​ភិក្ខុ កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់ភិក្ខុនោះក្តី មានភ្លើងឆេះសន្ធោសន្ធៅ បាត្រ​ក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ រាង​កាយ​ក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ ភិក្ខុនោះ ក៏ចេះ​តែ​ស្រែក​ថ្ងូរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ (ពីដើម) ជាភិក្ខុលាមក ក្នុងសាសនាព្រះកស្សបសម្មាសម្ពុទ្ធ។ ចប់សូត្រទី៧។

បាបភិក្ខុនីសូត្រ ទី៨

[៣២៥] ខ្ញុំបានឃើញភិក្ខុនី កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់​ភិក្ខុនី​នោះ​ក្តី មានភ្លើងឆេះ។បេ។ ជាភិក្ខុនីលាមក។ ចប់សូត្រទី៨។

បាបសិក្ខមានសូត្រ ទី៩

[៣២៦] ខ្ញុំបានឃើញសិក្ខមានា កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់​សិក្ខមានា​​នោះ​ក្តី មានភ្លើងឆេះ។បេ។ ជាសិក្ខមានាលាមក។ ចប់សូត្រទី៩។

បាបសាមណេរសូត្រ ទី១០

[៣២៧] ខ្ញុំបានឃើញសាមណេរ កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់​សាមណេរនោះ​ក្តី មានភ្លើងឆេះ។បេ។ ជាសាមណេរលាមក។ ចប់សូត្រទី១០។

បាបសាមណេរីសូត្រ ទី១១

[៣២៨] ម្នាលអាវុសោ ក្នុងទីឯណោះ កាលដែលខ្ញុំចុះមកអំពីភ្នំគិជ្ឈកូដ បានឃើញ​សាមណេរី កំពុងអណ្តែតទៅ​លើអាកាស សង្ឃាដីរបស់សាមណេរីនោះក្តី មានភ្លើង​ឆេះ​សន្ធោ​សន្ធៅ បាត្រ​ក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ វត្ថពន្ធចង្កេះក្តី ក៏មាន​ភ្លើង​ឆេះ​សន្ធោ​សន្ធៅ រាង​កាយ​ក្តី ក៏មានភ្លើងឆេះសន្ធោសន្ធៅ សាមណេរីនោះ ក៏ចេះ​តែ​ស្រែក​ថ្ងូរ។ ម្នាលអាវុសោ ខ្ញុំមានសេចក្តីត្រិះរិះ ដូច្នេះថា ឱអស្ចារ្យ​ណាស់ហ្ន៎ ឱប្លែកណាស់ហ្ន៎ យីអើ សត្វបែបនេះ នឹងមានខ្លះដែរ យក្សបែបនេះ នឹងមានខ្លះដែរ ការត្រឡប់បានអត្តភាព​បែប​នេះ នឹងមានខ្លះដែរតើ។

[៣២៩] គ្រានោះ ព្រះមានព្រះភាគ ត្រាស់នឹង​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានចក្ខុ​កើតពិតហើយ ម្នាលភិក្ខុទាំងឡាយ ពួកសាវ័ក មានញាណកើត​ពិត​ហើយ ដ្បិត​ថាសាវ័ក នឹងដឹង ឬនឹងឃើញ​នូវសាមណេរីបែបនេះ នឹងធ្វើ​ជាសាក្សី (ដល់​តថាគតបាន)។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ តថាគត ធ្លាប់បាន​ឃើញមកពីមុន​ដែរ។ តែថា តថាគត មិនទាន់បានព្យាករ បើតថាគតព្យាករហេតុនោះទៅ ជនទាំងឡាយ​ដទៃមិនជឿតថាគត ពួកជនណាមិនជឿតថាគត ហេតុដែលមិនជឿនោះ នឹងប្រព្រឹត្ត​ទៅ​ ដើម្បី​មិនជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ​ ដល់ជនទាំងនោះ អស់កាលដ៏យូរ។ ម្នាលភិក្ខុទាំងឡាយ សាមណេរីនោះ (ពីដើម) ជាសាមណេរីលាមក ក្នុងសាសនា​ព្រះកស្សប​សម្មាសម្ពុទ្ធ ដោយវិបាកនៃកម្មនោះ សាមណេរីនោះ ក៏ឆេះ​នៅក្នុងនរក អស់ឆ្នាំ​ទាំងឡាយដ៏ច្រើន អស់រយឆ្នាំដ៏ច្រើន អស់ពាន់ឆ្នាំដ៏ច្រើន អស់សែនឆ្នាំ​​ដ៏​ច្រើន ដោយសេសសល់វិបាកនៃកម្មនោះឯង ទើបត្រឡប់​បាននូវអត្តភាព​បែបនេះ។ ចប់សូត្រទី១១។

ចប់ បារទារិកវគ្គ ទី២។

ឧទ្ទាននៃ បារទារិកវគ្គ នោះគឺ

ប្រេតដែលមុជ​ក្នុងរណ្តៅ ប្រេតនោះ (ពីដើម) ជាអ្នកប្រព្រឹត្ត​បរទារិកកម្ម ប្រេត​ដែល​ទំពាស៊ីលាមក ប្រេតនោះ (ពីដើម) ធ្លាប់ជាព្រាហ្មណ៍អាក្រក់ ស្រីជានិច្ឆវីប្រេត (ពីដើម) ជាអ្នកប្រព្រឹត្តកន្លងចិត្តប្តី ស្រីជា​មង្គុឡីប្រេត (ពីដើម) ជាស្រីមេមត់ ស្រីជាឱកិលិនីប្រេត (ពីដើម) ធ្វើ (ប្រទូស្ត) នឹងស្រីរួមប្តី សីសច្ឆិន្នប្រេត (ពីដើម) ជាអ្នកសម្លាប់ចោរ ភិក្ខុ ភិក្ខុនី សិក្ខមានា សាមណេរ សាមណេរី (ពីដើម) បួសក្នុង​សាសនាព្រះកស្សបសម្មាសម្ពុទ្ធ បានធ្វើនូវកម្មដ៏លាមក។

ចប់លក្ខណសំយុត្ត ទី៧។

ឱបម្មសំយុត្ត

កូដសូត្រ ទី១

[៣៣០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះ​ភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បង្កង់ណានីមួយ នៃផ្ទះមានកំពូល បង្កង់ទាំង​អស់​នោះ ងាកទៅរកកំពូល ប្រជុំ​ទៅរកកំពូល ប្រឈមទៅរកកំពូល បង្កង់ទាំង​អស់​នោះ ដល់នូវការប្រឈមទៅ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ អកុសលធម៌ទាំងឡាយណា​នីមួយ អកុសលធម៌ទាំងអស់នោះ មានអវិជ្ជា​ជាមូល មានអវិជ្ជា​ជាទីប្រជុំ ប្រឈមទៅរក​អវិជ្ជា អកុសលធម៌ទាំងអស់នោះ ដល់នូវការប្រឈម​ទៅ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើង​ទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី១។

នខសិខសូត្រ ទី២

[៣៣១] ព្រះមានព្រះភាគ ទ្រង់គង់​នៅជិតក្រុងសាវត្ថី… គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់​ចូក​នូវអាចម៍ដីបន្តិច ដោយចុងព្រះនខា ហើយត្រាស់ហៅ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច អាចម៍​ដី​បន្តិច ដែលតថាគតចូកឡើង ដោយចុងក្រចក និងមហាប្រឹថពី តើបណ្តាវត្ថុទាំងពីរនោះ វត្ថុណាច្រើនជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន មហាប្រឹថពីនេះ ច្រើន​ក្រៃលែង អាចម៍ដីបន្តិច ដែលព្រះអង្គចូកឡើង ដោយចុងព្រះនខានេះ មានប្រមាណតិច​ពេកណាស់ អាចម៍ដីបន្តិច ដែលព្រះមានព្រះភាគចូកឡើង ដោយចុងព្រះនខា នឹងយក​ទៅប្រៀបធៀប​នឹងមហាប្រឹថពី ក៏មិនដល់នូវកិរិយា​រាប់ផង មិនដល់នូវការប្រៀបធៀប​ផង មិនដល់នូវ​ភាគនៃចំណិតផង។

[៣៣២] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ​មានឧបមេយ្យដូចពួកសត្វ ដែល​ត្រឡប់​បានមកកើតក្នុងពួកមនុស្ស មានប្រមាណតិច ដ្បិតថាពួកសត្វក្រៅអំពីពួកសត្វ​ ដែល​ត្រឡប់​បានមកកើតជាមនុស្សនុ៎ះ មានចំនួនច្រើនណាស់។ ម្នាលភិក្ខុទាំងឡាយ ហេតុ​ដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ ជាអ្នក​មិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី២។

កុលសូត្រ ទី៣

[៣៣៣] ព្រះមានព្រះភាគ ទ្រង់គង់​នៅទៀបក្រុងសាវត្ថី… គ្រានោះឯង ព្រះមានព្រះភាគ… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែល​មានស្រីច្រើន មានប្រុសតិច ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង [ពួកចោរ​ដែល​អុជប្រទីបក្នុងឆ្នាំង ហើយចូលទៅក្នុងផ្ទះ ប្រាថ្នាដើម្បីនឹង​បំភ្លឺមើល​ទ្រព្យរបស់ (អដ្ឋកថា)។] រមែងបៀតបៀនបានដោយងាយ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយមិនបានចម្រើន មិនបានធ្វើឲ្យច្រើនហើយ ពួក​អមនុស្ស តែងបៀតបៀនភិក្ខុនោះបានដោយងាយ យ៉ាងនោះឯង។

[៣៣៤] ម្នាលភិក្ខុទាំងឡាយ ត្រកូលទាំងឡាយណាមួយ ដែល​មានស្រីតិច មានប្រុសច្រើន ត្រកូលទាំងនោះ ពួកចោរអ្នកលួចទ្រព្យដោយឆ្នាំង រមែងបៀតបៀនបានដោយកម្រ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ មេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយ បានចម្រើន បានធ្វើឲ្យច្រើនហើយ ពួក​អមនុស្ស បៀតបៀន​ភិក្ខុនោះ​បានដោយកម្រ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុង​សាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើងទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យ​ជាទីនៅ តម្កល់ទុករឿយៗ សន្សំទុក ប្រារព្ធដោយ​ប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។ ចប់សូត្រទី៣។

ឱក្ខាសូត្រ ទី៤

[៣៣៥] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គលណា ឲ្យទានអស់១០០ខ្ទះ ក្នុងសាយណ្ហសម័យក្តី មួយទៀត បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បី​អស់​កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងបុព្វណ្ហសម័យក្តី បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បី​អស់​កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងមជ្ឈន្តិកសម័យក្តី បុគ្គលណា ចម្រើនមេត្តចិត្ត ដោយហោចទៅ សូម្បី​អស់​កាលត្រឹមតែការរឹតទឹកដោះគោប៉ុណ្ណោះ ក្នុងសាយណ្ហសម័យក្តី ការចម្រើន​មេត្តចិត្ត​នេះ ឈ្មោះថា មានផលច្រើនលើសលុបជាងទាននោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើង​ទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យ​ជាទីនៅ តម្កល់ទុក​រឿយៗ សន្សំទុក ប្រារព្ធដោយ​ប្រពៃ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៤។

សត្តិសូត្រ ទី៥

[៣៣៦] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ដូចលំពែងមានផ្លែដ៏មុត ស្រាប់តែមានបុរសមកដល់ គិតថា អាត្មាអញ នឹង​យកបាតដៃ ឬក្តាប់ដៃទះតប់ ធ្វើលំពែងដែល​មានផ្លែដ៏មុតនេះឲ្យខ្មូរ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះដូចម្តេច បុរសនោះ គួរដើម្បី​យក​បាតដៃ ឬក្តាប់ដៃទះតប់លំពែង ដែល​មានផ្លែដ៏មុតឯណោះ ធ្វើឲ្យខ្មូរបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនបានទេ។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា លំពែង​មានផ្លែដ៏មុតឯណោះ បុគ្គល​មិនងាយនឹង​យក​បាតដៃ ឬក្តាប់ដៃទះតប់ ធ្វើឲ្យខ្មូរបានឡើយ ឯបុរសនោះ គប្បីបាន​តែចំណែក​នៃ​សេចក្តីលំបាក និងសេចក្តីចង្អៀតចង្អល់ ប៉ុណ្ណោះឯង។

[៣៣៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យដូចមេត្តាចេតោវិមុត្តិ ដែលភិក្ខុណាមួយ បានចម្រើន បានធ្វើឲ្យច្រើន បានធ្វើឲ្យដូចជាយាន បានធ្វើឲ្យ​ជាទីនៅ បានតម្កល់ទុក​រឿយៗ បានសន្សំទុក បានប្រារព្ធល្អហើយ។ បើអមនុស្ស ស្មានចិត្ត​ភិក្ខុ​នោះ​ថា គួរធ្វើ​ឲ្យអណ្តែតអណ្តូង។ អមនុស្សនោះឯង មុខជាបានតែចំណែក​ នៃសេចក្តីលំបាក និង​សេចក្តីចង្អៀតចង្អល់ពុំខាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា មេត្តាចេតោវិមុត្តិ យើង​ទាំងឡាយ នឹងចម្រើន ធ្វើឲ្យច្រើន ធ្វើឲ្យដូចជាយាន ធ្វើឲ្យ​ជាទីនៅ តម្កល់ទុក​រឿយៗ សន្សំទុក ប្រារព្ធល្អ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៥។

ធនុគ្គហសូត្រ ទី៦

[៣៣៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ដូចជាខ្មាន់ធ្នូ៤នាក់ មានកម្លាំងមាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈ​ស្ទាត់​ក្នុងដៃ បានសម្តែង​សិល្បៈ​រួចហើយ ឈរនៅ​ក្នុងទិសទាំង៤។ គ្រានោះ មាន​បុរស​ម្នាក់ ដើរមកដល់ គិតថា កាលបើខ្មាន់ធ្នូទាំង៤នាក់នេះ ដែលមានកម្លាំងមាំមួន បានសិក្សា​ដោយប្រពៃ មានសិល្បៈ​ស្ទាត់​ក្នុងដៃ បានសម្តែង​សិល្បៈ​រួចហើយ បាន​បាញ់សរទៅក្នុងទិសទាំង៤ មិនទាន់ធ្លាក់​ដល់ផែនដីនៅឡើយ អាត្មាអញ នឹងចាប់​នាំយកសរទាំងនោះមកឲ្យបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ​ដូចម្តេច បុរសដែល​មានសំទុះ (នោះ) គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយសំទុះ​លឿនក្រៃលែងបានឬទេ។ បពិត្រព្រះអង្គដ៏ចម្រើន សូម្បីតែខ្មាន់ធ្នូម្នាក់ ដែល​មានកម្លាំង​មាំមួន បានសិក្សាដោយប្រពៃ មានសិល្បៈ​ស្ទាត់​ក្នុងដៃ បានសំដែង​សិល្បៈ​រួចហើយបាញ់សរ​ទៅ មិនទាន់ធ្លាក់ដល់ផែនដីនៅឡើយ បុរសដែលមានសំទុះនោះ ក៏ចាប់នាំ​យក (សរនោះ) មកបាន គេគួរនឹងនិយាយថា ជាអ្នកប្រកបដោយ​សំទុះលឿន​ដ៏ក្រៃលែង​បានណាស់​ទៅ​ហើយ នឹងចាំបាច់ពោលទៅថ្វី ដល់ខ្មាន់ធ្នូ៤នាក់ ដែលមានកម្លាំងមាំមួន បានសិក្សា​ដោយ​ប្រពៃ មានសិល្បៈ​ស្ទាត់​ក្នុងដៃ បានសំដែង​សិល្បៈ​រួចហើយ។

[៣៣៩] ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃ​ព្រះចន្ទ្រ និង​ព្រះអាទិត្យ ដែលលឿនជាងសំទុះ​បុរសនោះ យ៉ាងណាក្តី។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះយ៉ាងណាក្តី សំទុះនៃ​ព្រះចន្ទ្រ និង​ព្រះអាទិត្យ យ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែល​ស្ទុះទៅពីមុខ​ព្រះចន្ទ្រ និង​ព្រះអាទិត្យនោះ លឿនជាងសំទុះនៃព្រះចន្ទ្រ និង​ព្រះអាទិត្យនោះទៅទៀត យ៉ាងណាក្តី។ ម្នាលភិក្ខុទាំងឡាយ សំទុះនៃបុរសនោះ យ៉ាងណាក្តី សំទុះនៃ​ព្រះចន្ទ្រ និង​ព្រះអាទិត្យ​ទាំងឡាយ យ៉ាងណាក្តី សំទុះនៃទេវតាទាំងឡាយ ដែលស្ទុះទៅអំពីខាងមុខ​​ព្រះចន្ទ្រ និង​ព្រះអាទិត្យ យ៉ាងណាក្តី អាយុសង្ខារទាំងឡាយ រមែងអស់ទៅឆាប់រហ័ស ជាង​សំទុះ​ទាំង​នោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើង​ទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៦។

អាណិសូត្រ ទី៧

[៣៤០] ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី… ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ពីព្រេងនាយមក មានសំភោរមួយ ឈ្មោះ អានកៈ [សំភោរមង្គល សម្រាប់​វាយ​ហៅមហាជន មកប្រជុំក្នុងថ្ងៃ​មានមហោស្រព (អដ្ឋកថា)។] របស់​ពួកក្សត្រ​នាម ​ទសារហៈ ។ កាលបើរាងសំភោរ ឈ្មោះ អានកៈនោះប្រេះឆាហើយ ពួកក្សត្រទសារហៈ ក៏ពាសនូវ​រាងស្រោបដទៃ ភ្ជាប់អបទុក។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវ​តួ​រាងចាស់របស់សំភោរ ឈ្មោះ អានកៈខូចបាត់ទៅ សល់នៅ​តែរាងស្រោប។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះមានឧបមេយ្យ ដូចក្នុងកាលជាអនាគត ព្រះសូត្រ​ទាំង​ឡាយណា ដែលតថាគតសំដែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយសភាពដ៏សូន្យ ព្រះសូត្រទាំងនោះ កាលបើបុគ្គលពោល ពួកមហាជននឹង​មិន​ស្តាប់ មិនដាក់ចុះនូវសោតៈ មិនយកចិត្តទុកដាក់ដើម្បីដឹង ទាំងមិនសំគាល់ធម៌ទាំង​នោះ ថា គួររៀន ឬគួរទន្ទេញឡើយ។ បើព្រះសូត្រទាំងឡាយណា ដែល​អ្នកប្រាជ្ញជាកវី បាន​ធ្វើ​ជាពាក្យកាព្យឃ្លោង មានអក្សរដ៏វិចិត្ត មានព្យញ្ជនៈដ៏វិចិត្តជាខាងក្រៅ ជាសាវកភាសិត ព្រះសូត្រទាំងនោះ កាលបុគ្គលពោល ទើបមហាជននឹង​​ស្តាប់ នឹងដាក់ចុះនូវសោតៈ នឹងយកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់នូវធម៌ទាំង​នោះ ថា គួររៀន គួរទន្ទេញ។

[៣៤១] ម្នាលភិក្ខុទាំងឡាយ ការវិនាសទៅនៃ​ព្រះសូត្រ ដែលតថាគត សំដែងហើយទាំងនោះ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយ​សភាពដ៏សូន្យ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា ព្រះសូត្រទាំងឡាយណា ដែលព្រះតថាគត សម្តែងហើយ ជាព្រះសូត្រដ៏ជ្រៅ មានអត្ថដ៏ជ្រៅ ជាលោកុត្តរៈ ប្រកបដោយ​សភាព​ដ៏​សូន្យ ព្រះសូត្រទាំងនេះ កាលបុគ្គលពោល យើងនឹងប្រុងស្តាប់ ដាក់ចុះនូវសោតៈ យកចិត្តទុកដាក់ដើម្បីដឹង នឹងសំគាល់​នូវធម៌ទាំងនោះថា គួររៀន គួរទន្ទេញ ដូច្នេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៧។

កលិង្គរសូត្រ ទី៨

[៣៤២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ ក្នុងទីនោះ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះ​ករុណា ព្រះអង្គ។

[៣៤៣] ព្រះមានព្រះភាគ បានត្រាស់ពាក្យ​នេះថា ម្នាលភិក្ខុទាំងឡាយ ឥឡូវ ពួក​ស្តេចលិច្ឆវី មានអង្កត់ឧសជាខ្នើយ គឺថា យកអង្កត់ឧស ពកឈើគគីរ ធ្វើជាខ្នើយរង​ព្រះសីរ និងព្រះបាទ ជាអ្នកមិនប្រមាទ មានសេចក្តីព្យាយាម ក្នុងការចូលទៅជិត (អាចារ្យ) ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជា​អនាគតទៅ ពួកស្តេចលិច្ឆវី ជាសុខុមាលជាតិ មានផ្ទៃព្រះហស្ត និងព្រះបាទដ៏ទន់ ក្សត្រ​ទាំងនោះ នឹងសម្រេច​សេយ្យាលើក្រឡាបន្ទំដ៏ទន់ មានខ្នើយដ៏ក្រាស់ ដរាបដល់ថ្ងៃ​រះ ព្រះបាទអជាតសត្តុវេទេហិបុត្ត ជាឥស្សរៈក្នុងដែនមគធៈ ក៏បាននូវចន្លោះ បាននូវ​អារម្មណ៍ នៃស្តេចលិច្ឆវីទាំងនោះ។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ ឥឡូវនេះ ភិក្ខុទាំងឡាយ មានអង្កត់ឧសជាខ្នើយ ជា​អ្នក​មិនប្រមាទ មានកិរិយាញុំាងកិលេសឲ្យក្តៅ ក្នុងការធ្វើសេចក្តីព្យាយាម មារចិត្តបាប ក៏មិនបាននូវចន្លោះ មិនបាននូវអារម្មណ៍ នៃភិក្ខុទាំងនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលជា​អនាគតទៅ ភិក្ខុទាំងឡាយ ជាសុខុមាលជាតិ មានផ្ទៃដៃ និងជើងដ៏ទន់ ភិក្ខុ​ទាំងនោះ សម្រេចនូវការដេកលើដំណេកដ៏ទន់ មានខ្នើយដ៏ក្រាស់ ដរាបដល់ថ្ងៃ​រះ ឯមារចិត្តបាប ក៏បាននូវចន្លោះ បាននូវ​អារម្មណ៍ នៃភិក្ខុទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើងទាំងឡាយ មានអង្កត់ឧសជាខ្នើយ ជាអ្នកមិនប្រមាទ មានកិរិយាញុំាង​កិលេសឲ្យក្តៅ ក្នុងការធ្វើសេចក្តីព្យាយាម ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៨។

នាគសូត្រ ទី៩

[៣៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង មានភិក្ខុ​បួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា។ ភិក្ខុ​ទាំងឡាយ និយាយនឹងភិក្ខុ​នោះ យ៉ាង​នេះថា លោកមានអាយុ កុំចូលទៅរកត្រកូលហួសវេលាឡើយ។ ភិក្ខុនោះ កាលបើពួក​ភិក្ខុ​និយាយប្រាប់ ក៏បែរជាពោលយ៉ាងនេះថា អម្បាលយ៉ាងពួក​ភិក្ខុជាថេរៈទាំងនេះ ម្តេច​គង់​សំគាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់និយាយ​ថ្វីត្រឹម​ខ្ញុំករុណា។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរ​ហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទី​ឯណោះ មានភិក្ខុបួសថ្មីមួយរូប ចូលទៅរកត្រកូលហួសវេលា ពួកភិក្ខុបាននិយាយនឹងភិក្ខុ​នោះ យ៉ាង​នេះថា លោកដ៏មានអាយុ កុំចូលទៅរកត្រកូលហួសវេលាឡើយ ភិក្ខុនោះ កាល​បើពួក​ភិក្ខុ​និយាយប្រាប់ ក៏បែរជានិយាយយ៉ាងនេះថា អម្បាលយ៉ាងពួក​ភិក្ខុ​ជាថេរៈ​ទាំងនេះ ម្តេច​គង់​សំគាល់នូវត្រកូល ថាគួរចូលទៅរកបាន នឹងបាច់ពោលទៅ​ថ្វីត្រឹម​ខ្ញុំករុណា។

[៣៤៦] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានស្រះធំ​មួយ ក្នុងព្រៃរំលោង ដំរីទាំងឡាយ តែងអាស្រ័យនៅនឹងស្រះធំនោះ។ ដំរីទាំង​នោះ ចុះទៅកាន់ស្រះនោះ ដកយកក្រអៅឈូក និងមើមឈូក ដោយប្រមោយ ហើយរលាស់​ឲ្យស្អាតល្អ លាងឲ្យជ្រះភក់ ហើយទើបបរិភោគ ឯសរីរៈនោះ របស់ដំរីទាំងនោះ ក៏​មាន​សម្បុរ​ល្អផង មានកម្លាំងផង ដំរីទាំងនោះ ក៏​មិនដល់នូវ​មរណៈ ឬមិនដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ ព្រោះអាហារនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ មានពួកកូនដំរីក្មេង សិក្សា​តាម​ដំរីធំៗទាំងនោះឯង ក៏នាំគ្នា​ចុះទៅកាន់ស្រះនោះ ដកយកក្រអៅឈូក និងមើមឈូក ដោយប្រមោយ មិនបានរលាស់​ឲ្យស្អាតល្អ មិនបានលាងនូវក្រអៅ និងមើម ដែល​មានភក់ចេញ ក៏បរិភោគទៅ សរីរៈនោះ របស់កូនដំរីក្មេងទាំងនោះ ក៏មិន​មាន​សម្បុរ​ល្អ​ មិនមានកម្លាំង កូនដំរីក្មេងទាំងនោះ ក៏ដល់នូវ​មរណៈ ឬដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ ព្រោះ​អាហារនោះជាហេតុ។

[៣៤៧] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចពួក​ភិក្ខុជាថេរៈ ក្នុង​សាសនានេះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​ស្រុក ឬ​និគម ដើម្បីបិណ្ឌបាត ថេរៈទាំងនោះ​ សម្តែងធម៌ ក្នុងស្រុកនិគមនោះៗ មានពួក​គ្រហស្ថ​គេ​ជ្រះថ្លា ធ្វើនូវ​អាការជ្រះថ្លា ចំពោះថេរៈទាំងនោះ​ ថេរៈទាំងនោះ ក៏មិនបានជាប់​ចំពាក់ មិនបានវង្វេង មិនបានជ្រុលជ្រប់ នឹងលាភនោះឡើយ ជាអ្នកឃើញទោស មានបញ្ញា​សម្រាប់រើខ្លួន ទើបបរិភោគ សរីរៈនោះ របស់ថេរៈទាំងនោះ ក៏មាន​សម្បុរ​ល្អផង មាន​កម្លាំងផង ថេរៈទាំងនោះ ក៏​មិនដល់នូវ​មរណៈ ឬមិនដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ ព្រោះលាភនោះជាហេតុឡើយ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកភិក្ខុ ដែលសិក្សា​តាមពួក​ភិក្ខុជាថេរៈនោះឯង ក៏​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​ស្រុក ឬ​និគម ដើម្បីបិណ្ឌបាត ភិក្ខុទាំងនោះ​ ក៏សម្តែងធម៌ ក្នុងស្រុក ​ឬ​និគមនោះៗ ពួក​គ្រហស្ថ ក៏មានសេចក្តី​ជ្រះថ្លា ធ្វើ​អាការជ្រះថ្លា ចំពោះភិក្ខុទាំងនោះ​ ភិក្ខុទាំងនោះ ក៏ជាប់​ចំពាក់ វង្វេង ជ្រុលជ្រប់ នឹងលាភនោះ ជាអ្នកមិនឃើញទោស មិនមានបញ្ញា​សម្រាប់រើខ្លួន ហើយបរិភោគឡើយ សរីរៈនោះ របស់ភិក្ខុទាំងនោះ ក៏មិន​មាន​សម្បុរ​ល្អផង មិនមាន​កម្លាំងផង ភិក្ខុទាំងនោះ តែងដល់នូវ​មរណៈ ឬដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ ព្រោះលាភនោះជាហេតុ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា យើង​ទាំងឡាយ ជាអ្នកមិនជាប់ចំពាក់ មិន​វង្វេង មិនជ្រុលជ្រប់ (នឹងលាភ) ឡើយ ត្រូវជាអ្នកឃើញទោស ទាំង​មានបញ្ញា​ សម្រាប់​រើខ្លួន​ហើយទើបបរិភោគ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី៩។

ពិឡារសូត្រ ទី១០

[៣៤៨] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ក៏ក្នុង​សម័យនោះឯង មានភិក្ខុមួយរូប ត្រាច់ទៅក្នុងត្រកូលហួសវេលា។ ពួកភិក្ខុ បាននិយាយនឹងភិក្ខុ​នោះ យ៉ាង​នេះថា លោកមានអាយុ កុំត្រាច់ទៅក្នុងត្រកូលហួសវេលាឡើយ។ ភិក្ខុនោះ កាលបើពួក​ភិក្ខុ​និយាយប្រាប់ ក៏មិនត្រេកអរ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរ​ហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទី​ឯណោះ ភិក្ខុមួយរូប ត្រាច់​ទៅក្នុងត្រកូលហួសវេលា ពួក​ភិក្ខុ​បាននិយាយនឹងភិក្ខុ​នោះ យ៉ាង​នេះថា លោកមានអាយុ កុំត្រាច់​ទៅក្នុង​ត្រកូល​ហួស​វេលា​ឡើយ ដូច្នេះ ភិក្ខុនោះ កាល​បើពួក​ភិក្ខុ​និយាយប្រាប់ ក៏មិនត្រេកអរ។

[៣៤៩] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយមក មានឆ្មា​មួយ ឈរនៅក្បែរគំនរសម្រាម មានអាចម៍គោ ត្រង់ទី-តនៃផ្ទះ ឃ្លាំចាំមើលកូនកណ្តុរ ហើយ​គិតថា កូនកណ្តុរនេះ នឹងចេញទៅរកចំណីក្នុងទីណា អាត្មាអញ នឹងចាប់វា ទំពាស៊ី ក្នុង​ទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង កូនកណ្តុរ ក៏ចេញ​ទៅរកចំណី។ ឆ្មា​ក៏​ចាប់​កណ្តុរនោះខាំសាច់លេប (ទាំងរស់) យ៉ាងរហ័ស។ កូនកណ្តុរនោះ ក៏ខាំស៊ីនូវ​ពោះវៀន​ធំ​ផង ខាំស៊ីនូវពោះវៀន​តូចផង របស់ឆ្មានោះ។ ឆ្មានោះ ក៏ដល់នូវមរណៈ ឬដល់​នូវ​ទុក្ខ ស្ទើរ​នឹងមរណៈ ព្រោះអាហារនោះជាហេតុ។

[៣៥០] ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូច​ភិក្ខុពួកខ្លះ ក្នុង​សាសនានេះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​ស្រុក ឬ​និគម ដើម្បីបិណ្ឌបាត មានកាយមិនបានរក្សា មានវាចាមិនបានរក្សា មានចិត្ត​មិនបាន​រក្សា មានសតិ​មិនបាន​តម្កល់មាំ មានឥន្ទ្រិយ​មិនបានសង្រួម បានឃើញ​មាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ស្លៀកសំពត់មិនស្រួល ដណ្តប់សំពត់មិនស្រួល លុះឃើញ​មាតុគ្រាម ស្លៀកសំពត់មិនស្រួល ដណ្តប់សំពត់មិនស្រួលហើយ រាគៈ ក៏​កំចាត់​ចិត្ត​របស់ភិក្ខុនោះ លុះភិក្ខុនោះ មានចិត្តដែល​រាគៈ​កំចាត់ហើយ ក៏ដល់នូវ​មរណៈ ឬដល់នូវ​ទុក្ខស្ទើរ​នឹងមរណៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា ពោលលាសិក្ខា ត្រឡប់ទៅកាន់​ភេទ​ថោកទាប ភិក្ខុនោះ ឈ្មោះថា ដល់នូវ​មរណៈនោះ ក្នុងវិន័យរបស់​ព្រះអរិយៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ត្រូវអាបត្តិ ជាគ្រឿងសៅហ្មងណានីមួយ បានចេញចាកអាបត្តិ តាម​សភាព​ដ៏សមគួរ នេះឈ្មោះថា ដល់នូវ​ទុក្ខស្ទើរនឹងមរណៈ។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា យើង​ទាំងឡាយ ត្រូវ​ជាអ្នក​រក្សាកាយ រក្សាវាចា រក្សាចិត្ត តម្កល់សតិឲ្យមាំ សង្រួមឥន្ទ្រិយ សិមចូល​ទៅកាន់​ស្រុក ឬនិគម ដើម្បីបិណ្ឌបាត ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី១០។

សិង្គាលសូត្រ ទី១១

[៣៥១] ព្រះមានព្រះភាគ ទ្រង់គង់នៅជិតក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ បានឮរឿង​នៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចចកចាស់នោះឯង កើតរោគអង្គែរ។ ចចក​ចាស់នោះ ប្រាថ្នានឹងដើរទៅក្នុងទីណាៗ ក៏ដើរ​ទៅក្នុងទីនោះៗបាន ប្រាថ្នានឹង​ឈរ​ក្នុង​ទីណាៗ ក៏ឈរក្នុងទីនោះៗបាន ប្រាថ្នានឹងអង្គុយ​ក្នុង​ទីណាៗ ក៏អង្គុយក្នុងទីនោះៗបាន ប្រាថ្នានឹងដេកក្នុង​ទីណាៗ ក៏ដេកក្នុងទីនោះៗបាន។ ឯខ្យល់ដ៏ត្រជាក់ ក៏ចេះតែបក់​មក​ត្រូវចចក​ចាស់នោះ។

[៣៥២] ម្នាលភិក្ខុទាំងឡាយ ប្រពៃណាស់ ត្រង់ដែលភិក្ខុពួកខ្លះ ក្នុងសាសនានេះ បាន​ប្តេជ្ញាខ្លួនជាសក្យបុត្រ ហើយត្រឡប់​មកទទួល នូវការបានអត្តភាព​បែបនេះឯង ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះ​ថា យើង​ទាំងឡាយ ជាអ្នកមិនប្រមាទ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី១១។

ទុតិយសិង្គាលសូត្រ ទី១២

[៣៥៣] ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងសាវត្ថី… ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ បានឮរឿង​នៃសត្វចចក កាលដែលនៅក្នុងបច្ចូសសម័យនៃរាត្រីដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ចចកចាស់ ចួនកាល ក៏មាន​កតញ្ញុកតវេទិតាធម៌ខ្លះដែរ ឯបុគ្គលពួកខ្លះ ក្នុងសាសនានេះ ដែល​​ប្តេជ្ញាខ្លួនជាសក្យបុត្រ បែរជាមិនមានកតញ្ញុកតវេទិតាធម៌ខ្លះទៅវិញក៏មាន។ ម្នាលភិក្ខុទាំងឡាយ ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះ​ថា យើង​ទាំងឡាយ ជាអ្នកមានសេចក្តី​កតញ្ញូ កតវេទី ឧបការៈ សូម្បីមាន​ប្រមាណតិច ដែលគេធ្វើចំពោះ​យើង​ទាំងឡាយ នឹងមិនវិនាស​បាត់បង់​ឡើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បី​សិក្សា​យ៉ាងនេះចុះ។ ចប់សូត្រទី១២។

ចប់ ឱបម្មសំយុត្ត ទី៨។

ឧទ្ទាននៃឱបម្មសំយុត្តនោះ គឺ

និយាយអំពី​​កំពូលផ្ទះ ១ ចុង​នៃក្រចក ១ ត្រកូល ១ ខ្ទះ ១ លំពែង ១ ខ្មាន់ធ្នូ ១ រាងសំភោរ​ ១ អង្កត់ឧស ១ ដំរី ១ ឆ្មា ១ សត្វចចក ពីរលើក។

ភិក្ខុសំយុត្ត

កោលិតសូត្រ ទី១

[៣៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមហាមោគ្គល្លាន​មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុមានអាយុទាំងឡាយ។ ភិក្ខុទាំងឡាយ ទទួលពាក្យ​ព្រះមហាមោគ្គល្លាន ​មានអាយុថា ករុណា លោកមានអាយុ។

[៣៥៥] ព្រះមហាមោគ្គល្លាន​មានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំនៅក្នុងទីដ៏ស្ងាត់ សម្ងំនៅតែម្នាក់ឯង ក៏​មានបរិវិតក្កៈក្នុងចិត្តកើតឡើង យ៉ាងនេះថា ពាក្យដែល​គេពោលថា សភាពស្ងៀមដ៏ប្រសើរ សភាពស្ងៀមដ៏ប្រសើរ ដូច្នេះ តើសភាពស្ងៀម​ដ៏ប្រសើរ ដូចម្តេចទៅ។ ម្នាលអាវុសោ ខ្ញុំនោះមានសេចក្តីត្រិះរិះ​ យ៉ាង​នេះថា ភិក្ខុក្នុងសាសនានេះ រម្ងាប់វិតក្កៈ វិចារៈហើយ ដល់នូវ​ទុតិយជ្ឈាន ដែលមានក្នុង​ខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិន​មាន​វិចារៈ មានតែបីតិ និងសុខៈ ដែលកើត​មកអំពីសមាធិ នេះលោកពោលថា សភាពស្ងៀម​ដ៏​ប្រសើរ។ ម្នាលអាវុសោ ខ្ញុំនោះ ក៏រម្ងាប់វិតក្កៈ វិចារៈ ចូលកាន់​ទុតិយជ្ឈាន ដែលមានក្នុង​ខ្លួន ជាទីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិន​មាន​វិចារៈ មានតែបីតិ និងសុខៈ ដែលកើត​មកអំពីសមាធិ។ ម្នាលអាវុសោ កាលខ្ញុំនោះ កំពុងសម្រេចសម្រាន្ត​នៅ ដោយវិហារធម៌នេះ ក៏មានសញ្ញា និងមនសិការៈ ដែលមានវិតក្កៈ​ជាអារម្មណ៍ តាំង​ឡើងទៀត។ ម្នាលអាវុសោ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចចូលទៅរកខ្ញុំ ដោយ​ឫទ្ធិ ហើយបានត្រាស់ដូច្នេះថា ម្នាលមោគ្គល្លាន ម្នាលមោគ្គល្លាន ម្នាលព្រាហ្មណ៍ អ្នកកុំ​ប្រមាទ នូវសភាពស្ងៀម​ដ៏​ប្រសើរឡើយ ចូរតម្កល់ចិត្ត ក្នុងសភាពស្ងៀម​ដ៏ប្រសើរ ចូរធ្វើចិត្តឲ្យជាធម្មជាតខ្ពស់ឯក ក្នុងសភាពស្ងៀម​ដ៏​ប្រសើរ ចូរតម្កល់ចិត្ត​ស្មើ ក្នុង​សភាព​ស្ងៀមដ៏ប្រសើរចុះ។ ម្នាលអាវុសោ សម័យក្រោយមក ខ្ញុំនោះ ក៏រម្ងាប់វិតក្កៈ វិចារៈរួច​ហើយ ចូលកាន់​ទុតិយជ្ឈាន ដែលមានក្នុង​ខ្លួន ជាទីជ្រះថ្លា មានសភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិន​មាន​វិចារៈ មានតែបីតិ និងសុខៈ ដែលកើត​មកអំពីសមាធិ។ ម្នាលអាវុសោ បុគ្គល កាលពោលដោយប្រពៃ គប្បីពោល​នូវបុគ្គល​ណាថា ព្រះសាស្តា ទ្រង់​អនុគ្រោះសាវ័ក ដែលដល់​នូវអភិញ្ញាធំ គឺអភិញ្ញា៦។ បុគ្គល កាលពោលដោយប្រពៃ គប្បីពោល​នូវបុគ្គលនោះថា ព្រះសាស្តា ​អនុគ្រោះសាវ័ក ដែលបានអភិញ្ញាធំ គឺអភិញ្ញា៦ ដូច្នេះ គឺពោល​ចំពោះខ្ញុំ​ហ្នឹងឯង។ ចប់សូត្រទី១។

ឧបតិស្សសូត្រ ទី២

[៣៥៦] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះសារីបុត្តមានអាយុ ហៅភិក្ខុ​ទាំងឡាយ​មក​ថា ម្នាលភិក្ខុមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលពាក្យ​ព្រះសារីបុត្ត​មានអាយុ​ថា ករុណា អាវុសោ។

[៣៥៧] ព្រះសារីបុត្ត​មានអាយុ បានពោលពាក្យដូច្នេះថា ម្នាលអាវុសោ ក្នុងទី​ឯណោះ ខ្ញុំបាននៅក្នុងទីដ៏ស្ងាត់ សម្ងំនៅ ក៏​មានបរិវិតក្កៈ កើតឡើងក្នុងចិត្ត យ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត គប្បីកើត​ឡើង ដល់​អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃសត្វនិងសង្ខារណា សត្វនិង​សង្ខារ​នោះ មានតិចតួចក្នុងលោកខ្លះដែរឬ។ ម្នាលអាវុសោ ខ្ញុំនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិន​គប្បីកើត​ឡើង ដល់​អាត្មាអញ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃសត្វនិងសង្ខារណា សត្វនិង​សង្ខារ​នោះ មិនមានតិចតួចក្នុងលោកសោះឡើយ។

[៣៥៨] កាលព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏​បាន​និយាយនឹង​ព្រះសារីបុត្តមានអាយុ យ៉ាងនេះថា ម្នាលសារីបុត្ត​មានអាយុ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើតដល់លោក ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរនៃព្រះសាស្តាដែរឬ។ ម្នាលអាវុសោ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើត​ឡើងដល់ខ្ញុំ ព្រោះការប្រែប្រួល និងការផ្លាស់ប្តូរ នៃព្រះសាស្តាទេ តែថា ខ្ញុំមាន​សេចក្តីត្រិះរិះ​ យ៉ាងនេះថា អើហ្ន៎ ព្រះសាស្តា មានស័ក្តិធំ មានឫទ្ធិច្រើន មានអានុភាពច្រើន បាត់​បង់​ទៅ​ហើយ ប្រសិនបើជាព្រះមានព្រះភាគ ព្រះអង្គគប្បីគង់នៅអស់​កាលជាអង្វែងទៅ ការ​គង់នៅរបស់​ព្រះអង្គនោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដល់​ជនច្រើន ដើម្បីសេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តី​ចម្រើន ដើម្បីគុណ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ព្រោះថា អហង្ការ (ទិដ្ឋិ) មមង្ការ (តណ្ហា) និង​មានានុស័យ ព្រះសារីបុត្តមានអាយុ បានដកចេញស្រឡះ អស់កាលយូរហើយ ហេតុដូច្នោះ ទើបសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត ការចង្អៀតចង្អល់ចិត្ត មិនកើត​ឡើង ដល់ព្រះសារីបុត្តមានអាយុ ព្រោះការប្រែប្រួល ការផ្លាស់ប្តូរ នៃព្រះសាស្តាឡើយ។ ចប់សូត្រទី២។

ឃដសូត្រ ទី៣

[៣៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏ក្នុងសម័យនោះឯង ព្រះសារីបុត្តមានអាយុ និងព្រះមហាមោគ្គល្លានមានអាយុ គង់នៅក្នុងវិហារជាមួយគ្នា [ក្នុង​ល្វែងជាមួយគ្នា (អដ្ឋកថា)។] ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុង​រាជគ្រឹះ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញ​អំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយ​ចូលទៅរក​ព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹងព្រះមហាមោគ្គល្លានមានអាយុ លុះបញ្ចប់​ពាក្យដែលគួរ​រីករាយ និង​ពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៣៦០] លុះព្រះសារីបុត្តមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានពោល​នឹង​ព្រះមហាមោគ្គល្លានមានអាយុ ដូច្នេះថា ម្នាលអាវុសោមោគ្គល្លាន ឥន្ទ្រិយ​ទាំងឡាយ របស់​លោក ថ្លាម្ល៉េះ សម្បុរមុខ ក៏បរិសុទ្ធ ផូរផង់ ថ្ងៃនេះ មហាមោគ្គល្លានមានអាយុ នៅ​ដោយធម៌ ជាគ្រឿងនៅល្អិតពេកណាស់។ ព្រះមហាមោគ្គល្លាន តបថា ម្នាលអាវុសោ ថ្ងៃនេះ ខ្ញុំនៅដោយធម៌ ជាគ្រឿង​នៅគ្រោតគ្រាតពេកណាស់ តែថា ធម្មីកថា របស់ខ្ញុំមាន។ ចុះធម្មីកថា របស់ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយ​នឹង​បុគ្គលណា។ ម្នាលអាវុសោ ធម្មីកថារបស់ខ្ញុំ មានជាមួយនឹងព្រះមានព្រះភាគ។ ម្នាលអាវុសោ ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិក​សេដ្ឋី ទៀបក្រុងសាវត្ថី ឆ្ងាយពេកណាស់ តើព្រះមហាមោគ្គល្លានមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ ដោយឫទ្ធិឬ ៗក៏ព្រះមានព្រះភាគ ស្តេចចូលមករក​ព្រះមហាមោគ្គល្លានមានអាយុ ដោយឫទ្ធិវិញ។ ម្នាលអាវុសោ ខ្ញុំ​មិនបាន​ចូលទៅគាល់​ព្រះមានព្រះភាគ ដោយឫទ្ធិទេ ចំណែក​ព្រះមានព្រះភាគ ក៏ពុំបានមករកខ្ញុំ​ដោយ​ឫទ្ធិ​ដែរ តែថា ព្រះមានព្រះភាគ ព្រះអង្គមានទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹម​ណា ទិព្វចក្ខុ និងទិព្វសោតធាតុរបស់ខ្ញុំ ក៏បរិសុទ្ធ កំណត់ត្រឹម​ណោះដែរ ខ្ញុំ​មាន​ទិព្វចក្ខុ និងទិព្វសោតធាតុ ដ៏បរិសុទ្ធ កំណត់ត្រឹមណា ទិព្វចក្ខុ និងទិព្វសោតធាតុ របស់​ព្រះមានព្រះភាគ ក៏បរិសុទ្ធ កំណត់ត្រឹមណោះដែរ។ ចុះធម្មីកថា របស់​ព្រះមហាមោគ្គល្លានមានអាយុ មានជាមួយនឹង​ព្រះមានព្រះភាគ ដោយ​ប្រការ​ដូចម្តេច​ទៅ។

[៣៦១] ម្នាលអាវុសោ ក្នុងទីឯណោះ ខ្ញុំបានក្រាប​បង្គំទូល​សួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យដែលពោលថា (ភិក្ខុ) មានព្យាយាម​ប្រារព្ធ​ហើយ មានព្យាយាម​ប្រារព្ធហើយ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុមានព្យាយាម​ប្រារព្ធ​ហើយ តើដោយហេតុដូចម្តេច។ ម្នាលអាវុសោ កាលខ្ញុំ​ក្រាបបង្គំ​ទូលសួរយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹង​ខ្ញុំ ដូច្នេះថា ម្នាលមោគ្គល្លាន ភិក្ខុក្នុងសាសនានេះ មាន​ព្យាយាម​ប្រារព្ធ ដោយតាំងចិត្តថា ស្បែកក្តី សរសៃក្តី ឆ្អឹងក្តី ចូរសល់នៅចុះ ឯសាច់ និង​ឈាមក្នុងសរីរៈ ចង់រីងស្ងួតទៅ ក៏តាមការណ៍ចុះ (បើអាត្មាអញ) មិនទាន់ដល់គុណជាត ដែល​គេគប្បីដល់ ដោយកម្លាំងនៃបុរស ដោយព្យាយាមនៃបុរស ដោយការប្រឹងប្រែង​នៃ​បុរសទេ ក៏មិនបញ្ឈប់សេចក្តីព្យាយាម​ឡើយ ម្នាលមោគ្គល្លាន យ៉ាងនេះឯង ឈ្មោះថា ភិក្ខុមានសេចក្តីព្យាយាមប្រារព្ធហើយ។ ម្នាលអាវុសោ ធម្មីកថា របស់ខ្ញុំ មានជាមួយនឹង​ព្រះមានព្រះភាគ យ៉ាងនេះឯង។

[៣៦២] ម្នាលអាវុសោ ដុំថ្មតូច លើកយកទៅដាក់ផ្ទឹម ក្នុងទីជិត​នៃ​ស្តេច​ភ្នំ​ហិមពាន្ត យ៉ាងណា ខ្លួនយើង​ លើកយកទៅផ្ទឹម​ក្នុងទីជិត នៃព្រះមហាមោគ្គល្លានមានអាយុ ក៏​យ៉ាង​នោះដែរ ព្រោះថា ព្រះមហាមោគ្គល្លាន មានអាយុ មានឫទ្ធិច្រើន មានអានុភាពច្រើន ប្រាថ្នាឋិតនៅអស់មួយអាយុកប្បក៏បាន។

[៣៦៣] ម្នាលអាវុសោ ដុំអំបិលតូច គេបង់ទៅក្នុងឆ្នាំងអំបិលដ៏ធំ យ៉ាងណា ខ្លួនយើង​ លើកយកទៅផ្ទឹម​នឹងព្រះសារីបុត្តមានអាយុ ក៏​យ៉ាង​នោះដែរ ដ្បិតថា ព្រះសារីបុត្តមានអាយុ ព្រះមានព្រះភាគ ទ្រង់ស្ងើច ទ្រង់ពណ៌នាគុណ ទ្រង់​សរសើរ ដោយអនេកបរិយាយថា

ព្រះសារីបុត្ត (ប្រកប) ដោយបញ្ញា ដោយសីល ដោយការរម្ងាប់ ជាភិក្ខុដល់​នូវ​ត្រើយ ជាបុគ្គលប្រសើរមែនពិត។

មហានាគទាំងគូនោះ ស្មោះសរ រីករាយ នឹងសុភាសិត​ដែលលោក​ពោល​ល្អ ដល់​គ្នានិងគ្នា ដោយប្រការដូច្នេះ។ ចប់សូត្រទី៣។

នវសូត្រ ទី៤

[៣៦៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ភិក្ខុថ្មី​មួយ​រូប ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នក​មិនមាន​សេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើនូវការខ្វល់ខ្វាយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងសម័យដែលធ្វើចីវរឡើយ។ គ្រានោះឯង ពួកភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសម​គួរ។

[៣៦៥] លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុថ្មី​មួយ​រូប ត្រឡប់​មក​ពី​បិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នក​មិនមាន​សេចក្តីខ្វល់ខ្វាយ មានសភាពតោះតើយ មិនជួយធ្វើការខ្វល់ខ្វាយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងសម័យ​ដែល​ធ្វើ​ចីវរ​ឡើយ។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយរូបទៀតថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរទៅហៅភិក្ខុនោះ តាមពាក្យ​តថាគតថា ម្នាលអាវុសោ ព្រះសាស្តា​ត្រាស់​ហៅអ្នក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយ​ចូលទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ បាននិយាយ​ប្រាប់ភិក្ខុនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះសាស្តាត្រាស់ហៅអ្នក។ ភិក្ខុនោះ ទទួល​ពាក្យភិក្ខុនោះថា ករុណា អាវុសោ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់​ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលភិក្ខុ ឮថា អ្នកត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅកាន់វិហារ ជាអ្នក​មិនមាន​សេចក្តីខ្វល់ខ្វាយ មាន​សភាពតោះតើយ មិនជួយធ្វើនូវការខ្វល់ខ្វាយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងសម័យ​ដែល​ធ្វើចីវរ ពិតឬ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះខ្ញុំព្រះអង្គ កំពុង​ជាប់ធ្វើ​កិច្ចរបស់​ខ្ញុំព្រះអង្គដែរ។

[៣៦៦] គ្រានោះឯង ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្ត​របស់ភិក្ខុនោះ ដោយ​ព្រះហឫទ័យព្រះអង្គ ហើយត្រាស់ហៅពួកភិក្ខុ​មកថា ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ កុំពោល​ទោសភិក្ខុនុ៎ះឡើយ ម្នាលភិក្ខុទាំងឡាយ ដ្បិត​ភិក្ខុនោះ ជាអ្នក​បាន​ដូច​សេចក្តីប្រាថ្នា បានដោយ​មិនលំបាក បានដោយមិនខុសកាលវេលា នូវឈានទាំង៤ អាស្រ័យ​នឹងចិត្តដ៏ឧត្តម ជាគ្រឿង​នៅជាសុខក្នុងបច្ចុប្បន្ន កុលបុត្តទាំងឡាយ ចេញចាក​ផ្ទះ ចូល​មកកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរធម៌ណា ក៏បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បានសម្រេចដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទី​បំផុតនៃព្រហ្មចរិយៈ។

[៣៦៧] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​ព្រះពុទ្ធដីកានេះរួចហើយ ទើបទ្រង់ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

បុគ្គលប្រារព្ធព្យាយាមដ៏ធូរថយ មិនបានដល់ព្រះនិព្វាននេះ ដែលជាទីញុំាង​សត្វ ឲ្យរួចចាកគន្ថៈ គឺកិលេសទាំងពួងទេ បុគ្គល​មានកម្លាំង​ព្យាយាមតិច ក៏​មិនបានដល់​ព្រះនិព្វាននេះ ដែលជាទីញុំាង​សត្វឲ្យរួច​ចាកគន្ថៈ គឺកិលេសទាំងពួងដែរ ឯភិក្ខុនេះ ជា​ភិក្ខុកម្លោះ ភិក្ខុនេះ ជាបុរសដ៏ឧត្តម ទ្រទ្រង់នូវអត្តភាពជាទីបំផុត បានឈ្នះនូវ​មារ ព្រម​ទាំង​ពាហនៈ។ ចប់សូត្រទី៤។

សុជាតសូត្រ ទី៥

[៣៦៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះសុជាតមាន​អាយុ ចូលទៅគាល់​ព្រះមានព្រះភាគ។

[៣៦៩] ព្រះមានព្រះភាគ បានទតឃើញ នូវ​ព្រះសុជាត​មានអាយុ កំពុង​មក​អំពី​ចម្ងាយ លុះទតឃើញហើយ ទ្រង់​ត្រាស់ហៅភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ ល្អដោយហេតុពីរយ៉ាងគឺ កុលបុត្ត​មានរូបល្អ គួរឲ្យពិតពិល​រមិល​មើល ជា​ទីជ្រះថ្លា ប្រកបដោយ​សម្បុរល្អ​ក្រៃលែង១ ពួកកុលបុត្ត​ចេញចាកផ្ទះ ចូលមកកាន់​ផ្នួស ដោយ​ប្រពៃ ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេច​ដោយ​ប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុត​នៃ​ព្រហ្មចរិយៈ១។

[៣៧០] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តា​ត្រាស់ថា

ភិក្ខុនេះមានចិត្តត្រង់ ប្រាសចាកកិលេសហើយ មិនប្រកប (ដោយ​កិលេស) មាន​ទុក្ខរលត់ហើយ ព្រោះ​មិនបានប្រកាន់​ ទើបឈ្មោះថាល្អពិត ទ្រទ្រង់​នូវអត្តភាព​ជាទីបំផុត បានឈ្នះនូវមារ ព្រមទាំង​ពាហនៈហើយ។ ចប់សូត្រទី៥។

លកុណ្ឌកភទ្ទិយសូត្រ ទី៦

[៣៧១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះលកុណ្តកភទ្ទិយៈ មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ។

[៣៧២] ព្រះមានព្រះភាគ ទ្រង់ទតឃើញ​ ព្រះលកុណ្តកភទ្ទិយៈ មានអាយុ កំពុង​មក​អំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញភិក្ខុដែល​កំពុង​មកនុ៎ះ មានសម្បុរ​អាក្រក់ លំបាកមើល តូចទាប មានរូបគួរឲ្យ​ភិក្ខុទាំងឡាយមើលងាយ ដែរឬ។ ព្រះករុណា ព្រះ​អង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនុ៎ះ​មានឫទ្ធិច្រើន មានអានុភាពច្រើន សមាបត្តិណា ដែល​ភិក្ខុនោះ​មិនធ្លាប់ចូល សមាបត្តិនោះ បុគ្គលដទៃ​មិនបានដោយ​ងាយឡើយ មួយទៀត ពួក​កុលបុត្ត​ចេញចាកផ្ទះ ចូល​មកកាន់ផ្នួសដោយប្រពៃ ដើម្បី​ប្រយោជន៍​ដល់អនុត្តរ​ធម៌​ណា ភិក្ខុនោះក៏បានត្រាស់ដឹង ធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេច​ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវ​អនុត្តរធម៌នោះ ដែល​ជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៧៣] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តា ត្រាស់ថា

ពួកហង្ស ក្រៀល ក្ងោក ដំរី ម្រឹគក្តាន់ សត្វទាំងអស់នោះ រមែង​ខ្លាចរាជសីហ៍ តែ​នឹង​យក​រាងកាយទៅប្រៀបធៀបគ្នា មិនបានឡើយ មានឧបមាយ៉ាងណា មានឧបមេយ្យ​ដូច​យ៉ាងបណ្តាមនុស្សទាំងឡាយ ទោះបីមនុស្ស​កម្លោះ ប៉ុន្តែ​មានប្រាជ្ញា គេរមែង​បានជាធំ ក្នុងពួកមនុស្សនោះ ឯមនុស្ស​ពាល​មានតែសរីរៈ មិនបានជាធំ ក្នុងពួកមនុស្សទេ។ ចប់​សូត្រទី៦។

វិសាខសូត្រ ទី៧

[៣៧៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​កូដាគារសាលា នាមហាវ័ន ទៀបក្រុង​វេសាលី។ ក៏ក្នុងសម័យនោះឯង ព្រះវិសាខៈ​មាន​អាយុ ជាបុត្តនៃ​អ្នកស្រុក​បញ្ចាល បានញុំាងពួកភិក្ខុក្នុង​ឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នក​បុរីដ៏ល្អ ជាសំដី​ឥតមានទោស ជាសំដីញុំាង​ជនដទៃឲ្យ​ដឹងច្បាស់ នូវប្រយោជន៍ រាប់ចូល​ក្នុងសច្ចៈ មិន​អាស្រ័យ​នូវវដ្តៈឡើយ។

[៣៧៥] គ្រានោះឯង ព្រះមានព្រះភាគ ចេញ​អំពីផលសមាបត្តិ ក្នុងសាយណ្ហ​សម័យ ស្តេចចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់​លើអាសនៈដែល​គេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ត្រាស់ហៅភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកណាហ្ន៎ អាចញុំាងពួកភិក្ខុក្នុង​ឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នក​បុរីដ៏ល្អ ជាសំដី​ឥតមានទោស ជាសំដីញុំាង​ជនដទៃឲ្យ​ដឹងច្បាស់ នូវប្រយោជន៍ រាប់ចូល​ក្នុងសច្ចៈ មិន​អាស្រ័យ​នូវវដ្តៈបាន។ បពិត្រព្រះអង្គដ៏ចម្រើន វិសាខបញ្ចាលបុត្តមានអាយុ អាច​ញុំាង​ពួក​ភិក្ខុក្នុង​ឧបដ្ឋានសាលា ឲ្យឃើញច្បាស់ ឲ្យ​កាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដោយសំដីអ្នក​បុរីដ៏ល្អ ជាសំដី​ឥតមានទោស ជាសំដីញុំាង​ជនដទៃឲ្យ​ដឹងច្បាស់ នូវប្រយោជន៍ រាប់ចូល​ក្នុងសច្ចៈ មិន​អាស្រ័យ​នូវវដ្តៈ។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងវិសាខបញ្ចាលបុត្តមានអាយុថា ប្រពៃហើយ ប្រពៃហើយ វិសាខៈ ម្នាលវិសាខៈ អ្នក​អាច​ញុំាងពួកភិក្ខុ ឲ្យឃើញច្បាស់ ដោយធម្មីកថា។បេ។ ជា​សំដីញុំាង​ជនដទៃ ឲ្យ​ដឹងច្បាស់ នូវប្រយោជន៍ រាប់ចូល​ក្នុងសច្ចៈ មិន​អាស្រ័យ​នូវវដ្តៈ ជាការប្រពៃណាស់ហើយ។

[៣៧៦] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកា​នេះ លុះ​ព្រះសុគតជាសាស្តា បាន​ត្រាស់ព្រះពុទ្ធដីកា​នេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកា​នេះ តទៅទៀតថា

បណ្ឌិតនៅជាមួយនឹងពួកពាល កាលបើមិនទាន់​និយាយ ពួកជនក៏​មិនស្គាល់ លុះ​តែបណ្ឌិតនោះ ពោល ឬសម្តែងនូវឧបាយនៃព្រះនិព្វាន ទើបពួកជនស្គាល់បាន បុគ្គល គប្បីពោលបំភ្លឺ លើកតម្កើងនូវធម៌ ជាទង់ជ័យនៃឥសីទាំងឡាយ ពួកឥសី​មានសុភាសិត​ជា​ទង់ជ័យ ដ្បិត​ព្រះធម៌ជាទង់ជ័យនៃពួកឥសី។ ចប់សូត្រទី៧។

នន្ទសូត្រ ទី៨

[៣៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះនន្ទមានអាយុ ជាបុត្រនៃព្រះមាតុច្ឆា (កូន​ម្តាយមីង) នៃ​ព្រះមានព្រះភាគ គ្រង​ចីវរ​ទាំងឡាយ ដែល​ដំទាំងសងខាង បន្តក់ភ្នែកហើយ កាន់យកបាត្រ​ដ៏រលោង ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏​សមគួរ។

[៣៧៨] លុះព្រះនន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ត្រាស់​ព្រះពុទ្ធដីកា​នេះថា ម្នាលនន្ទ ការណ៍ដែលអ្នក​គ្រងចីវរទាំងឡាយ ដែលដំ​ទាំង​សងខាង បន្តក់ភ្នែក រួចប្រើប្រាស់បាត្រ​ដ៏រលោងយ៉ាងនេះ មិនសមគួរដល់ខ្លួនអ្នក ដែល​ជា​កុលបុត្តចេញចាកផ្ទះ មកកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលនន្ទ លុះតែអ្នកប្រព្រឹត្ត​អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ ជាអ្នក​មិនប្រាថ្នាក្នុងកាមទាំងឡាយ យ៉ាង​នេះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្ត ចេញចាកផ្ទះមកកាន់ផ្នួស​ដោយ​សទ្ធា។

[៣៧៩] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ។បេ។ ព្រះសាស្តាត្រាស់ថា

អង្កាល់ទៅ ទើបតថាគតឃើញនន្ទ ថាជា​អ្នកប្រព្រឹត្ត​អារញ្ញិកធុតង្គ បង្សុកូលិកធុតង្គ ញុំាងអត្តភាព​ឲ្យប្រព្រឹត្តទៅ ដោយ​ភោជនដ៏​លាយច្រឡំ ជាអ្នក​មិនប្រាថ្នាក្នុងកាម​ទាំង​ឡាយ។

[៣៨០] សម័យខាងក្រោយមក ទើបព្រះនន្ទមានអាយុ ជាអ្នកប្រព្រឹត្ត​អារញ្ញិកធុតង្គ បិណ្ឌបាតិកធុតង្គ បង្សុកូលិកធុតង្គ មិនប្រាថ្នាក្នុងកាមទាំងឡាយ។ ចប់សូត្រទី៨។

តិស្សសូត្រ ទី៩

[៣៨១] ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ គ្រានោះឯង ព្រះតិស្សៈមានអាយុ ជាបុត្តនៃ​ព្រះបិតុច្ឆា (កូន​ម្តាយមីង​ខាងបិតា) នៃព្រះមានព្រះភាគ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ក៏កើតទុក្ខទោមនស្ស យំសម្រក់​ទឹក​ភ្នែកបណ្តើរ។

[៣៨២] គ្រានោះឯង ព្រះមានព្រះភាគ បានត្រាស់សួរព្រះតិស្សៈ​មានអាយុ ដូច្នេះ​ថា ម្នាលតិស្សៈ ហេតុអ្វីបានជាអ្នក​អង្គុយក្នុងទីដ៏សមគួរ កើតទុក្ខទោមនស្ស យំសម្រក់​ទឹក​ភ្នែកដូច្នេះ។ ព្រះតិស្សៈ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ដ្បិតភិក្ខុទាំងឡាយ ជុំវិញ​ខ្ញុំព្រះអង្គ បានចាក់​ដោតដោយជន្លួញ គឺសំដី។ ម្នាលតិស្សៈ តាមពិត អ្នកឯង ជាអ្នកស្តី​ថា​ឲ្យគេ គួរជាអ្នកចេះអត់ទ្រាំនឹងសំដីគេវិញ ម្នាលតិស្សៈ បើអ្នកឯង​ជាអ្នកស្តីថាឲ្យគេ តែ​មិនចេះ​អត់ទ្រាំនឹង​សំដីគេវិញ ដោយហេតុណា ហេតុនោះ មិនសមគួរដល់​ខ្លួនអ្នក ដែល​ជា​កុលបុត្តចេញចាកផ្ទះ ចូលមកកាន់ផ្នួសដោយសទ្ធាឡើយ ម្នាលតិស្សៈ លុះតែអ្នកឯងជាអ្នកស្តីថាឲ្យគេ តែជាអ្នកចេះអត់ទ្រាំនឹងសំដីគេវិញ ដោយហេតុណា ហេតុនោះ ទើបសមគួរដល់ខ្លួនអ្នក ដែលជាកុលបុត្ត ចេញចាកផ្ទះ មកកាន់ផ្នួស​ដោយ​សទ្ធា។

[៣៨៣] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ម្នាលតិស្សៈ អ្នកក្រោធថ្វី អ្នកកុំក្រោធ សេចក្តី​មិនក្រោធ ជាធម៌ដ៏ប្រសើរ របស់​អ្នក​ហើយ ម្នាលតិស្សៈ ដ្បិតថា បុគ្គល ប្រព្រឹត្ត​ព្រហ្មចរិយៈ ដើម្បីតែកំចាត់បង់​នូវក្រោធ នូវ​សេចក្តី​ប្រកាន់ និងសេចក្តី​រំលុបគុណគេ។ ចប់សូត្រទី៩។

ថេរនាមកសូត្រ ទី១០

[៣៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យ​នោះឯង មានភិក្ខុមួយរូប បាន​នាម​ជាថេរៈ គង់នៅតែម្នាក់ឯងផង ពោល​សរសើរចំពោះ​កិរិយានៅតែម្នាក់​ឯងផង។ ភិក្ខុនោះ ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតែម្នាក់ឯង ត្រឡប់មកវិញតែម្នាក់ឯង អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់ឯង អធិដ្ឋានចង្ក្រមតែម្នាក់ឯង។ គ្រានោះឯង ភិក្ខុច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ក្នុងទីឯណោះ ភិក្ខុមួយរូប បាន​នាម​ជាថេរៈ នៅតែម្នាក់ឯងផង ពោល​សរសើរ ចំពោះ​កិរិយានៅតែម្នាក់​ឯងផង។

[៣៨៥] គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុមួយ​រូបទៀត មកបង្គាប់ថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរ​ទៅហៅភិក្ខុជាថេរៈ តាមពាក្យ​តថាគតថា ម្នាលអាវុសោ ព្រះសាស្តា ត្រាស់ហៅអ្នកជាថេរៈ។ ភិក្ខុនោះ ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា ព្រះ​ករុណា ព្រះអង្គ ហើយចូលទៅរក​ព្រះថេរៈ​មានអាយុ លុះចូលទៅដល់ហើយ បានពោល​ពាក្យនេះ នឹង​ព្រះថេរៈ​មានអាយុថា ម្នាលអាវុសោ ព្រះសាស្តា​ត្រាស់ហៅអ្នកជាថេរៈ។ ព្រះ​ថេរៈ​មានអាយុ ទទួលពាក្យភិក្ខុ​នោះថា អើ អាវុសោ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។

[៣៨៦] លុះព្រះថេរៈ​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់សួរ ដូច្នេះថា ម្នាលថេរៈ ឮថា អ្នកនៅតែម្នាក់ឯងផង ពោលសរសើរ​ចំពោះ​កិរិយានៅតែម្នាក់ឯងផង ពិតឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលថេរៈ ចុះអ្នក​នៅតែម្នាក់​ឯង​ផង ពោលសរសើរ ចំពោះកិរិយា​នៅតែម្នាក់ឯងផង ដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ តែម្នាក់ឯង ចូលទៅកាន់ស្រុក ដើម្បី​បិណ្ឌបាត​ ត្រឡប់មកវិញតែម្នាក់ឯង អង្គុយ​ក្នុង​ទីស្ងាត់​តែម្នាក់ឯង អធិដ្ឋាន​ចង្ក្រម​តែ​ម្នាក់​ឯង បពិត្រព្រះអង្គដ៏ចម្រើន យ៉ាងនេះឯង ខ្ញុំព្រះអង្គ ឈ្មោះថា នៅតែម្នាក់ឯងផង ពោល​សរសើរ​ចំពោះ​កិរិយានៅតែម្នាក់ឯងផង។

[៣៨៧] ម្នាលថេរៈ កិរិយានៅតែម្នាក់ឯងនុ៎ះ មានហើយ តថាគត មិនពោល​ថា មិនមានទេ ម្នាលថេរៈ ប៉ុន្តែ កិរិយានៅតែម្នាក់ឯង របស់អ្នកនោះ ឈ្មោះថា បរិបូណ៌​ដោយ​ពិស្តារក្រៃពេក ដោយប្រការ​ណា អ្នកចូរស្តាប់នូវប្រការនោះ ចូរធ្វើទុកក្នុងចិត្ត​ឲ្យ​ប្រពៃចុះ តថាគត នឹងសម្តែង។ ព្រះករុណា ព្រះអង្គ។បេ។

[៣៨៨] ម្នាលថេរៈ ចុះកិរិយានៅតែម្នាក់ឯង ឈ្មោះថា បរិបូណ៌​ដោយ​ពិស្តារក្រៃ​ពេក ដោយប្រការដូចម្តេច ម្នាលថេរៈ ក្នុងសាសនានេះ របស់ណាជាអតីត របស់នោះ គេ​លះបង់ហើយ របស់ណា ជា​អនាគត របស់នោះ ក៏គេលះចោល​ហើយ ឆន្ទរាគ ក្នុង​ការ​បាន​ចំពោះនូវអត្តភាព ជាបច្ចុប្បន្ន គេកំចាត់បង់ចេញល្អហើយ ម្នាលថេរៈ យ៉ាង​នេះ​ឯង ឈ្មោះថា កិរិយានៅម្នាក់ឯង បរិបូណ៌​ដោយ​ពិស្តារក្រៃពេក។

[៣៨៩] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ជនណា អ្នកគ្របសង្កត់ធម៌ទាំងអស់ ដឹងនូវធម៌​ទាំងអស់ មានប្រាជ្ញាល្អ មិនជាប់​ចំពាក់​ក្នុងពួកធម៌ទាំងអស់ លះបង់​នូវធម៌ទាំងអស់ មានចិត្តចុះស៊ប់​ក្នុង​ព្រះនិព្វាន ជាទី​អស់ទៅនៃតណ្ហា ទើបតថាគត ហៅជននោះថា អ្នកនៅតែម្នាក់ឯង។ ចប់សូត្រទី១០។

មហាកប្បិនសូត្រ ទី១១

[៣៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកប្បិន​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ។

[៣៩១] ព្រះមានព្រះភាគ បានទតឃើញ​ព្រះមហាកប្បិនមានអាយុ កំពុងមក​អំពី​ចម្ងាយ លុះទតឃើញហើយ ក៏ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ ឃើញភិក្ខុនោះ កំពុងដើរមក មានសម្បុរស រាងតូចស្តើង មានច្រមុះ​កោង ឬ​ទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានឫទ្ធិច្រើន មានអានុភាព​ច្រើន សមាបត្តិណា ដែលភិក្ខុនោះ​មិនធ្លាប់​ចូល សមាបត្តិនោះ បុគ្គលដទៃ មិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ចេញចាកផ្ទះ ចូលមកកាន់ផ្នួស​ដោយ​ប្រពៃ ដើម្បីប្រយោជន៍ ​ដល់​អនុត្តរធម៌ណា ភិក្ខុនោះ ក៏បានត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បាន​ដល់​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៩២] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​​ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ពួកជនណា ដែលចាំនូវគោត្របាន បណ្តាពួកជននោះ ក្សត្រប្រសើរវិសេស​ក្នុង​ពពួកសត្វ បុគ្គលណា បរិបូណ៌​ដោយវិជ្ជា និងចរណៈ បុគ្គលនោះ ប្រសើរវិសេស​ក្នុង​ទេវតា និងមនុស្ស ព្រះអាទិត្យ​រុងរឿង​ក្នុងវេលាថ្ងៃ ព្រះចន្ទភ្លឺស្វាង​ក្នុងវេលារាត្រី ក្សត្រ​ទ្រង់​គ្រឿង ទើបរុងរឿង​ ខីណាសវព្រាហ្មណ៍ មានឈាន ទើបរុងរឿង ចំណែកខាង​ព្រះពុទ្ធ រុងរឿង​ដោយតេជះ ទាំងថ្ងៃទាំងយប់។ ចប់សូត្រទី១១។

សហាយកសូត្រ ទី១២

[៣៩៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុពីររូប ជា​សំឡាញ់​នឹងគ្នា ជាសទ្ធិវិហារិក របស់​ព្រះមហាកប្បិនមានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ។

[៣៩៤] ព្រះមានព្រះភាគ​ បានទតឃើញភិក្ខុ​ទាំងនោះ កំពុង​មកអំពីចម្ងាយ លុះ​ទតឃើញហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញ​ភិក្ខុទាំងពីររូបនុ៎ះ ជាសំឡាញ់នឹងគ្នា កំពុង​ដើរមក ជាសទ្ធិវិហារិករបស់​​មហាកប្បិនឬទេ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងនុ៎ះឯង មានឫទ្ធិច្រើន មានអានុភាព​ច្រើន សមាបត្តិណា ដែលភិក្ខុទាំងនោះ​មិនធ្លាប់​ចូល សមាបត្តិនោះ បុគ្គលដទៃ មិនបានដោយងាយឡើយ មួយទៀត ពួកកុលបុត្ត ដែល​ចេញ​ចាក​ផ្ទះ ចូលមកកាន់ផ្នួស​ដោយ​ប្រពៃ ដើម្បីប្រយោជន៍​ ដល់​អនុត្តរធម៌ណា ភិក្ខុទាំង​នោះ ក៏បានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច​​ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវអនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ។

[៣៩៥] ព្រះមានព្រះភាគ បានត្រាស់​ព្រះពុទ្ធដីកានេះ លុះព្រះសុគត ជាសាស្តា ត្រាស់​​ព្រះពុទ្ធដីកានេះហើយ ទើបទ្រង់​ត្រាស់ព្រះពុទ្ធដីកានេះ តទៅទៀតថា

ភិក្ខុទាំងនេះ ជាសំឡាញ់នឹងគ្នា ជាអ្នក​មានលទ្ធិត្រូវគ្នា ជាយូរហើយ ទាំង​ព្រះសទ្ធម្ម របស់​ភិក្ខុទាំងនោះ ក៏ត្រូវគ្នាក្នុងធម៌ ដែល​ព្រះពុទ្ធ​សម្តែងហើយ (ភិក្ខុ​ទាំងនោះ) កប្បិន​ភិក្ខុ បានទូន្មានហើយ ក្នុងធម៌ដែល​ព្រះអរិយៈសម្តែង​ហើយ ភិក្ខុទាំងនោះ ទ្រទ្រង់​នូវអត្តភាព​ជា​ទីបំផុត បានឈ្នះមារ ព្រមទាំង​ពាហនៈ។ ចប់សូត្រទី១២។

ចប់ ភិក្ខុសំយុត្ត ទី៩។

ឧទ្ទាននៃភិក្ខុសំយុត្ត​នោះ គឺ

ពោលអំពី​ព្រះកោលិតៈ (មោគ្គល្លាន) ១ ឧបតិស្សៈ (សារីបុត្ត) ១ សេចក្តីប្រៀបដូច​ជាឆ្នាំង ១ ភិក្ខុបួសថ្មី ១ សុជាតត្ថេរ ១ លកុណ្ឌកភទ្ទិយត្ថេរ ១ វិសាខត្ថេរ ១ នន្ទត្ថេរ ១ តិស្សត្ថេរ ១ ភិក្ខុនាមជាថេរៈ ១ កប្បិនត្ថេរ ១ ភិក្ខុពីររូបជាសំឡាញ់នឹងគ្នា ១ រួមជា​១២។

សំយុត្តនៃ​និទានវគ្គ។

ឧទ្ទាននៃសំយុត្តនោះ គឺ

អភិសមយសំយុត្ត ១ ធាតុសំយុត្ត ១ អនមតគ្គសំយុត្ត ១ កស្សបសំយុត្ត ១ សក្ការ​សំយុត្ត ១ រាហុលសំយុត្ត ១ លក្ខណសំយុត្ត ១ ឱបម្មសំយុត្ត ១ ភិក្ខុសំយុត្ត ១ និទានវគ្គ​ ទី២ លោកសម្តែង​ដោយសំយុត្តនោះ (រួមជា១០)។

ចប់ និទានវគ្គសំយុត្ត។

ចប់ ភាគ៣២។

វិន័យបិដក | | | | | | | | | ១០ | ១១ | ១២ | ១៣
សុត្តន្តបិដក ១៤ | ១៥ | ១៦ | ១៧ | ១៨ | ១៩ | ២០ | ២១ | ២២ | ២៣ | ២៤ | ២៥ | ២៦ | ២៧ | ២៨ | ២៩ | ៣០ | ៣១ | ៣២ | ៣៣ | ៣៤ | ៣៥ | ៣៦ | ៣៧ | ៣៨ | ៣៩ | ៤០ | ៤១ | ៤២ | ៤៣ | ៤៤ | ៤៥ | ៤៦ | ៤៧ | ៤៨ | ៤៩ | ៥០ | ៥១ | ៥២ | ៥៣ | ៥៤ | ៥៥ | ៥៦ | ៥៧ | ៥៨ | ៥៩ | ៦០ | ៦១ | ៦២ | ៦៣ | ៦៤ | ៦៥ | ៦៦ | ៦៧ | ៦៨ | ៦៩ | ៧០ | ៧១ | ៧២ | ៧៣ | ៧៤ | ៧៥ | ៧៦ | ៧៧
អភិធម្មបិដក ៧៨ | ៧៩ | ៨០ | ៨១ | ៨២ | ៨៣ | ៨៤ | ៨៥ | ៨៦ | ៨៧ | ៨៨ | ៨៩ | ៩០ | ៩១ | ៩២ | ៩៣ | ៩៤ | ៩៥ | ៩៦ | ៩៧ | ៩៨ | ៩៩ | ១០០ | ១០១ | ១០២ | ១០៣ | ១០៤ | ១០៥ | ១០៦ | ១០៧ | ១០៨ | ១០៩ | ១១០