វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |២៨|២៩|៣០|៣១|៣២| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

សំយុត្តនិកាយ សគាថវគ្គ ទុតិយភាគ

ភាគ ៣០

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ភិក្ខុនីសំយុត្ត

អាឡវិកាសូត្រ ទី១

[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ ភិក្ខុនីឈ្មោះ​អាឡវិកា ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅ​កាន់​ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់​មក​អំពីបិណ្ឌបាតវិញ ក្នុងបច្ឆាភត្ត ក៏មានសេចក្តីត្រូវការ ដោយទីស្ងាត់ ហើយចូល​ទៅ​កាន់អន្ធវ័ន។

[២] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាង​ភ័យ សេចក្តីតក់ស្លុត និង​សេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាឡវិកាភិក្ខុនី មានប្រាថ្នាឲ្យនាង​ឃ្លាតចាកសេចក្តី​ស្ងប់ស្ងាត់ ហើយក៏ចូលទៅរកអាឡវិកាភិក្ខុនី លុះចូលទៅដល់ហើយ បានពោល​គាថានឹងអាឡវិកាភិក្ខុនីថា ធម្មជាតជាគ្រឿងរលាស់ចេញ [ព្រះនិព្វាន។] ក្នុងលោក មិនមានទេ នាងនឹងធ្វើនូវប្រយោជន៍អ្វី ដោយសេចក្តី​ស្ងប់ស្ងាត់ ចូរនាងបរិភោគ នូវសេចក្តី​ត្រេកអរ​ក្នុងកាម នាងពុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ។

[៣] គ្រានោះ អាឡវិកាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វី​ហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលនូវ​គាថា។ ទើបអាឡវិកាភិក្ខុនី មានសេចក្តី​ចូលចិត្ត​ដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នា​ដើម្បីញុំាង​ភ័យ សេចក្តី​តក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើង ដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាត​ចាកសេចក្តីស្ងប់ស្ងាត់ បានជា​ពោលនូវ​គាថា។ លុះអាឡវិកាភិក្ខុនី ស្គាល់​ច្បាស់ថា នេះជាមារ មានចិត្តបាប ដូច្នេះហើយ ក៏ពោល​គាថាទាំងឡាយ នឹងមារមានចិត្តបាប​ថា

ធម្មជាតជាគ្រឿងរលាស់ចេញ ក្នុងលោក មាន យើងបានពាល់ត្រូវ ដោយ​បញ្ញា [បច្ចវេក្ខណញ្ញាណ។] ម្នាលមារមានចិត្តបាប មានផៅពង្សជាអ្នកប្រមាទ អ្នក​មិនដឹងនូវ​បទនោះ​ទេ កាមទាំងឡាយ ឧបមាដោយលំពែង​ស្រួច ខន្ធទាំងឡាយជាកន្លែង​សម្រាប់មុត នៃ​កាមទាំងឡាយនោះ អ្នកពោលនូវសេចក្តី​ត្រេកអរ ក្នុងកាមណា សេចក្តីត្រេកអរ ក្នុង​កាមនោះ ជាសេចក្តី​មិនត្រេកអរ របស់យើងទេ។

លំដាប់នោះ មារមានចិត្តបាបដឹងថា អាឡវិកាភិក្ខុនី ស្គាល់អញហើយ ក៏​មាន​សេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សោមាសូត្រ ទី២

[៤] សាវត្ថីនិទាន។ គ្រានោះ សោមាភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ដើរសំដៅ​ទៅកាន់​អន្ធវ័ន ដើម្បី​សម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយ​សម្រាក​ក្នុងវេលា​ថ្ងៃ ក្រោមម្លប់​ឈើមួយ។

[៥] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់សោមាភិក្ខុនី ប្រាថ្នាឲ្យនាង​ឃ្លាតចាកសមាធិ ក៏​ចូលទៅរកសោមាភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោល​គាថានឹងសោមាភិក្ខុនីថា

ទី [ព្រះអរហត្ត។] ណា ដែល​មានដោយកម្រ ជាទីដែល​ឥសីទាំងឡាយ គប្បីដល់ ទីនោះស្ត្រីដែលមានបញ្ញាប្រវែងពីរធ្នាប់ មិនអាច​នឹងដល់​បានឡើយ។

[៦] លំដាប់នោះ សោមាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វី​ហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលនូវគាថា។ ទើប​សោមាភិក្ខុនី មានសេចក្តី​ចូល​ចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាង​ភ័យ សេចក្តីតក់​ស្លុត និង​សេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ ប្រាថ្នាឲ្យអាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលនូវគាថា។ លុះសោមាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប​ហើយ ក៏ពោលគាថាទាំងឡាយនឹងមារមានចិត្តបាបថា

កាលបើចិត្ត របស់ស្ត្រីភាពដែលឃើញនូវធម៌ [ចតុសច្ចធម៌ ឬខន្ធបញ្ចកៈ ជា​អារម្មណ៍នៃវិបស្សនា។] ដោយប្រពៃ បានតាំង​មាំ​ហើយ [ចិត្តដែល​តាំងនៅ​ក្នុង​សមាធិ។] កាលបើញាណ [ផលសមាបត្តិញ្ញាណ។] កំពុងប្រព្រឹត្តទៅ ស្ត្រីភាពនឹងធ្វើអ្វី (ក៏​ធ្វើបាន) បើ​បុគ្គល​ណា មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញជាស្ត្រី ឬជាបុរស ឬ​មួយ​មានកង្វល់ថា អាត្មាអញ មាន ដូច្នេះ មារគួរនឹងស្តីថាឲ្យបុគ្គល​នោះបាន។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សោមាភិក្ខុនី ស្គាល់អញហើយ ក៏​មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

គោតមីសូត្រ ទី៣

[៧] សាវត្ថីនិទាន។ គ្រានោះ កិសាគោតមីភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងបច្ឆាភត្ត ក៏ដើរសំដៅ​ទៅកាន់​អន្ធវ័ន ដើម្បី​សម្រាកក្នុងវេលាថ្ងៃ លុះចូលទៅដល់អន្ធវ័នហើយ ក៏អង្គុយ​សម្រាក​ក្នុងវេលា​ថ្ងៃ ក្រោមម្លប់​ឈើមួយ។

[៨] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើងដល់កិសាគោតមីភិក្ខុនី មានប្រាថ្នាឲ្យព្រះនាង​ឃ្លាតចាកសមាធិ ក៏​ចូលទៅរកកិសាគោតមីភិក្ខុនី លុះចូលទៅដល់ហើយ ក៏ពោល​គាថានឹងកិសាគោតមីភិក្ខុនីថា

នាងឯង​មានកូនស្លាប់ហើយ មកអង្គុយតែម្នាក់ឯង មានមាត់ទួញយំ នៅ​កណ្តាលព្រៃតែម្នាក់ឯង នាង​មកស្វែងរកប្រុសឬ។

[៩] លំដាប់នោះ កិសាគោតមីភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វី​ហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា។ ទើបកិសា​គោតមី​ភិក្ខុនី មានសេចក្តី​ចូល​ចិត្ត ដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នា​ដើម្បី​ញុំាង​​ភ័យ សេចក្តីតក់​ស្លុត និង​សេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ ប្រាថ្នា​ឲ្យ​អាត្មាអញ ឃ្លាតចាកសមាធិ បានជាពោលគាថា។ លុះកិសាគោតមីភិក្ខុនី ដឹង​ច្បាស់​ថា នេះពិតជាមារ មានចិត្តបាប​ហើយ ក៏ពោលគាថា​ នឹងមារមានចិត្តបាប ដូច្នេះថា

យើងជាស្ត្រីមានកូនស្លាប់ ជាទីបំផុតត្រឹមនេះ បុរសទាំងឡាយ ក៏មាន​ទីបំផុត​ត្រឹមនេះដែរ ម្នាលអាវុសោ យើងមិនសោកសៅ មិនទួញយំ មិនខ្លាច​អ្នកទេ ព្រោះ​ថា សេចក្តីត្រេកអរ ក្នុងវត្ថុទាំងអស់ យើងកំចាត់ចោលហើយ គំនរនៃងងឹត គឺអវិជ្ជា យើង​ទំលាយបង់បានហើយ យើងឈ្នះនូវសេនា នៃមច្ចុរាជ ជាស្ត្រី​មិនមាន​អាសវៈ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា កិសាគោតមីភិក្ខុនី ស្គាល់អញហើយ ក៏​មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

វិជយាសូត្រ ទី៤

[១០] សាវត្ថីនិទាន។ គ្រានោះ វិជយាភិក្ខុនី ស្លៀកស្បង់ ក្នុង​បុព្វណ្ហសម័យ។បេ។ អង្គុយ​សម្រាក​ក្នុងវេលា​ថ្ងៃ ក្រោមម្លប់​ឈើមួយ។

[១១] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ ឲ្យកើតឡើង ដល់វិជយាភិក្ខុនី។បេ។ ប្រាថ្នាឲ្យ​ឃ្លាតចាកសមាធិ ក៏​ចូលទៅរកវិជយាភិក្ខុនី លុះចូលទៅដល់ហើយ បានពោល​គាថានឹងវិជយាភិក្ខុនីថា

នាងជាស្ត្រីក្រមុំ មានរូបឆោម យើងក៏កំឡោះក្មេង ម្នាលនាងម្ចាស់ នាង​ចូរមក យើងទាំងពីរនាក់ ចូរត្រេកអរជាមួយគ្នា ដោយតន្ត្រី ប្រកបដោយ​អង្គ៥ [អាតតំ ស្គរ​ដែលគេដាសពាសតែម្ខាង១ វិតតំ ស្គរតូច ដែលគេដាសពាស​ទាំងពីរខាង មាន​សំភោរជាដើម១ អាតតវិតតំ ស្គរធំ ដែលគេដាស​ពាសទាំងពីរខាង មានស្គរ​ជ័យ​ជាដើម១ ឃនំ គ្រឿងតូរ្យតន្ត្រីតាន់ គ្មានប្រហោង១ សុសិរំ គ្រឿង​តូរ្យតន្ត្រីមានប្រហោង១។]។

[១២] លំដាប់នោះ វិជយាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វី​ហ្ន៎ ជាមនុស្ស ឬជាអមនុស្ស បានជាពោលគាថា។ ទើបវិជយាភិក្ខុនី មានសេចក្តី​ចូល​ចិត្ត ដូច្នេះថា នេះពិតជាមារមានចិត្តបាប។បេ។ បានជាពោលនូវគាថា។ លុះវិជយាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប​ហើយ បានពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ ជាទីគាប់ចិត្ត យើងប្រគល់​ឲ្យអ្នក​ទាំងអស់ ម្នាលមារ ដ្បិតយើងមិនត្រូវការ ដោយអារម្មណ៍នោះទេ យើងធុញទ្រាន់ នឿយ​ណាយពេកណាស់ ចំពោះកាយស្អុយ ដែលបែកធ្លាយ ពុករលួយនេះ កាមតណ្ហា យើង​បានដកចោលហើយ សត្វទាំងឡាយណា ដែលទៅកើត​ក្នុងរូបភពក្តី សត្វ​ទាំងឡាយណា ដែលមានចំណែក​ក្នុងអរូបភពក្តី សមាបត្តិណាដ៏ល្អិតក្តី សេចក្តី​ងងឹត​ក្នុងភព​ទាំងអស់នោះ យើងកំចាត់បង់បានហើយ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា វិជយាភិក្ខុនី ស្គាល់អញហើយ ក៏​មាន​សេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

ឧប្បលវណ្ណាសូត្រ ទី៥

[១៣] សាវត្ថីនិទាន។ គ្រានោះ ឧប្បលវណ្ណាភិក្ខុនី ស្លៀកស្បង់ ក្នុង​បុព្វណ្ហ​សម័យ។បេ។ ឋិតនៅក្រោមម្លប់ដើមសាលព្រឹក្ស ដែល​មានផ្ការីកស្គុសស្គាយ មួយដើម។

[១៤] គ្រានោះ មារមានចិត្តបាប មានប្រាថ្នាដើម្បីញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តីព្រឺរោម ឲ្យកើតឡើង ដល់ឧប្បលវណ្ណាភិក្ខុនី មានប្រាថ្នាឲ្យនាង​ឃ្លាត​ចាកសមាធិ ហើយ​ចូលទៅរកឧប្បលវណ្ណាភិក្ខុនី លុះចូលទៅដល់ហើយ បានពោល​គាថានឹងឧប្បលវណ្ណាភិក្ខុនីថា

ម្នាលភិក្ខុនី នាងអាស្រ័យនៅដើមសាលព្រឹក្ស មានចុងប្រកបដោយផ្កា​រីក​ស្គុសស្គាយ ឋិតនៅតែម្នាក់ឯង ក្រោមម្លប់​ដើមសាលព្រឹក្ស ធាតុ គឺភេទ [ភិក្ខុនី ជាគ្នា​មិនមានឡើយ។] ជាគម្រប់ពីររបស់នាង មិនមាន គួរតែមានស្ត្រីទាំងឡាយ ប្រាកដ​ដូចជានាង មកក្នុងទីនេះផង នាងខ្លាច​អំពើពាល របស់ពួកអ្នកលេងឬ។

[១៥] លំដាប់នោះ ឧប្បលវណ្ណាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វី​ហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថា ដូច្នេះ។ ទើបឧប្បលវណ្ណាភិក្ខុនី មានសេចក្តី​ចូល​ចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប ញុំាង​ភ័យ។បេ។ ដល់អាត្មាអញ បានជាពោលគាថា។ លុះឧប្បលវណ្ណាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប​ហើយ បានពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

អ្នកលេងមួយរយនាក់ ក៏ដោយ មួយពាន់នាក់ក៏ដោយ ជនទាំងឡាយ ប្រាកដ​ដូចជាអ្នក ដែល​មកក្នុងទីនេះក៏ដោយ យើងក៏មិនព្រឺរោម មិនតក់ស្លុតទេ ម្នាលមារ យើង​សូម្បីតែម្នាក់ឯងមែន ក៏មិនខ្លាចអ្នកឡើយ យើងនេះ​ចង់ឲ្យ​បាត់ទៅក៏បាន ចង់​ចូល​ក្នុងពោះអ្នកក៏បាន អ្នក​មិនឃើញយើង ដែលកំពុងឋិតនៅក្នុងចន្លោះរោមភ្នែក​ឡើយ យើងជាស្ត្រីស្ទាត់ក្នុងចិត្ត ឥទ្ធិបាទទាំងឡាយ យើងបាន​ចម្រើន​ហើយ ដោយ​ប្រពៃ យើងផុតហើយ ចាកចំណងទាំងអស់ នែអាវុសោ យើងមិនខ្លាចអ្នកទេ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧប្បលវណ្ណាភិក្ខុនី ស្គាល់អញហើយ ក៏​មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះឯង។

ចាលាសូត្រ ទី៦

[១៦] សាវត្ថីនិទាន។ គ្រានោះ ចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង​បុព្វណ្ហសម័យ។បេ។ អង្គុយ​សម្រាក​ក្នុងវេលា​ថ្ងៃ ក្រោមម្លប់​ឈើមួយ។

[១៧] គ្រានោះ មារមានចិត្តបាប ចូលទៅរកចាលាភិក្ខុនី។បេ។ លុះចូលទៅដល់ហើយ បានពោល​ពាក្យនេះ នឹងចាលាភិក្ខុនីថា ម្នាល​ភិក្ខុនី នាង​មិនគាប់ចិត្តនឹងអ្វី។ ម្នាលអាវុសោ យើងមិនគាប់ចិត្តនឹងជាតិ។

[១៨] ហេតុអ្វីក៏នាងមិនគាប់ចិត្តនឹងជាតិ បុគ្គលមានជាតិ រមែង​បរិភោគ​នូវ​កាមទាំងឡាយ អ្នកណាបង្គាប់នាងឲ្យប្រកាន់យកនូវអំពើនេះថា ម្នាលភិក្ខុនី ចូរ​នាងកុំគាប់ចិត្ត​នឹងជាតិដូច្នេះ។

[១៩] ចាលាភិក្ខុនីតបថា សត្វកើតហើយ រមែង​មានមរណៈ សត្វកើតហើយ រមែង​ឃើញ នូវទុក្ខទាំងឡាយ គឺការចង ការបៀតបៀន និងសេចក្តី​ឧបទ្រព្យផ្សេង​ៗ ហេតុដូច្នោះ បុគ្គល មិនត្រូវគាប់ចិត្តនឹង​ការកើតឡើយ ព្រះពុទ្ធទ្រង់​សំដែងធម៌ ជាគ្រឿង​ប្រព្រឹត្តកន្លង​នូវការកើត ដើម្បីលះបង់ ​នូវទុក្ខទាំងអស់ ព្រះអង្គញុំាង​យើង​ឲ្យ​នៅក្នុងសច្ចធម៌ សត្វទាំងឡាយណា កើតក្នុងរូបភពក្តី សត្វទាំងឡាយណា មានចំណែក​ក្នុងអរូបភពក្តី សត្វទាំងអស់នោះ កាលបើមិនដឹងនូវនិរោធទេ រមែង​មក​កាន់ភពថ្មីទៀត។

លំដាប់នោះ មារមានចិត្តបាបដឹងថា ចាលាភិក្ខុនី ស្គាល់អញហើយ ក៏​មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

ឧបចាលាសូត្រ ទី៧

[២០] សាវត្ថីនិទាន។ គ្រានោះ ឧបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង​បុព្វណ្ហ​សម័យ។បេ។ អង្គុយ​សម្រាក​ក្នុងវេលា​ថ្ងៃ ក្រោមម្លប់​ឈើមួយ។

[២១] គ្រានោះ មារមានចិត្តបាប។បេ។ បានពោលពាក្យនេះ នឹងឧបចាលាភិក្ខុនីថា ម្នាលភិក្ខុនី ហេតុដូចម្តេច បានជានាង​ចង់កើត។ ម្នាល​អាវុសោ យើងឥតចង់កើត ក្នុងទីណាមួយទេ។

[២២] ពួកទេវតាណា ដែលឋិតនៅក្នុងជាន់តាវត្តិង្សក្តី ជាន់យាមៈ​ក្តី ជាន់​តុសិតក្តី ពួក​ទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែលឋិត​នៅ​ក្នុង​ជាន់​វសវត្តីក្តី នាងចូរតំកល់ចិត្ត ក្នុងពួកទេវតានោះ នឹងបានទទួល​នូវតម្រេកមិនខាន។

[២៣] ឧបចាលាភិក្ខុនីតបថា ពួកទេវតាណា ដែលឋិតនៅ​ក្នុងជាន់​តាវត្តិង្ស​ក្តី ជាន់យាមៈក្តី ជាន់តុសិតក្តី ពួកទេវតា ដែលឋិតនៅក្នុងជាន់និម្មានរតីក្តី ពួកទេវតា ដែល​ឋិតនៅក្នុងជាន់វសវតីក្តី ទេវតាទាំងនោះ ចំពាក់ដោយគ្រឿង​ចង គឺកាម រមែង​មក​កាន់អំណាចនៃមារទៀត លោកទាំងអស់ ត្រូវភ្លើងឆេះ [ភ្លើងកិលេស មានរាគៈជា​ដើម ភ្លើងទុក្ខ មានជាតិទុក្ខ ជាដើម។] ហើយ លោក​ទាំង​អស់ក្តៅក្រហាយ [ក្តៅក្រហាយ ដោយភ្លើងទាំងពីរនោះឯង។] លោកទាំងអស់ ភ្លឺច្រាលរន្ទាល [ភ្នំច្រាល​រន្ទាល ដោយភ្លើងទាំងពីរនោះឯង។] លោកទាំងអស់ ញាប់ញ័រ​ហើយ ទីណា ដែលមិនញាប់ញ័រ មិនកម្រើក មិនមែនជាសំណេពនៃបុថុជ្ជន មិនមែន​ជាដំណើរនៃមារ ចិត្តយើងត្រេកអរ​ហើយក្នុងទីនោះ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា ឧបចាលាភិក្ខុនី ស្គាល់អញហើយ ក៏​មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សីសុបចាលាសូត្រ ទី៨

[២៤] ទៀបក្រុងសាវត្ថី… គ្រានោះ សីសុបចាលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង​បុព្វណ្ហសម័យ។បេ។ អង្គុយ​សម្រាក​ក្នុងវេលា​ថ្ងៃ ក្រោមម្លប់​ឈើមួយ។

[២៥] គ្រានោះ មារមានចិត្តបាប ក៏ចូលទៅរកសីសុបចាលាភិក្ខុនី លុះចូលទៅដល់ហើយ បានពោល​ពាក្យនេះ នឹងសីសុបចាលាភិក្ខុនីថា ម្នាល​ភិក្ខុនី នាងគាប់ចិត្តនឹងលទ្ធិរបស់បុគ្គលណា។ ម្នាលអាវុសោ យើងមិនគាច់ចិត្តនឹងលទ្ធិ របស់បុគ្គលណាមួយទេ។

[២៦] នាងឧទ្ទិសចំពោះបុគ្គលណា បានជាកោរក្បាល ប្រាកដដូចជាសមណី (សមណៈស្រី) បើនាងមិនគាប់ចិត្តនឹងលទ្ធិ (បុគ្គលណា)ទេ ហេតុអ្វីបានជានាង​ប្រព្រឹត្ត​ដូចជាស្រីវង្វេង។

[២៧] សីសុបចាលាភិក្ខុនីតបថា បុគ្គលទាំងនោះ ដែលមានលទ្ធិក្រៅអំពី​សាសនានេះ រមែងលិចចុះក្នុងទិដ្ឋិទាំងឡាយ យើងមិនគាប់ចិត្ត នឹងធម៌​របស់​បុគ្គល​ទាំងនោះទេ ព្រោះថា បុគ្គលទាំងនោះ មិនមែន​ជាអ្នកឈ្លាសក្នុងធម៌ ព្រះពុទ្ធ ទ្រង់​កើតក្នុងសក្យត្រកូល រកបុគ្គល​ប្រៀបគ្មាន ទ្រង់គ្របសង្កត់នូវធម៌ទាំងពួង ទ្រង់កំចាត់​បង់នូវមារ ទ្រង់មិនចាញ់មារទាំងអស់ ទ្រង់ផុតចាកកិលេសទាំងអស់ មិនអាស្រ័យ​នូវតណ្ហា ទ្រង់មានចក្ខុឃើញធម៌ទាំងអស់ ដល់នូវកិរិយាអស់នៃកម្មទាំងអស់ ទ្រង់​មានចិត្តចុះស៊ប់ ក្នុងធម៌​ជាគ្រឿងអស់ទៅនៃឧបធិ ព្រះមានព្រះភាគ​នោះ ជាគ្រូ​របស់​យើង យើងគាប់ចិត្ត​នឹងសាសនារបស់ព្រះអង្គ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សីសុបចាលាភិក្ខុនី ស្គាល់អញហើយ ក៏​មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

សេលាសូត្រ ទី៩

[២៨] ទៀបក្រុងសាវត្ថី… គ្រានោះ សេលាភិក្ខុនី ស្លៀកដណ្តប់ ក្នុង​បុព្វណ្ហសម័យ។បេ។ អង្គុយ​សម្រាក​ក្នុងវេលា​ថ្ងៃ ក្រោមម្លប់​ឈើមួយ។

[២៩] គ្រានោះ មារមានចិត្តបាប ញុំាងភ័យឲ្យកើតឡើង ដល់សេលាភិក្ខុ​នី។បេ។ បានពោល​គាថា នឹងសេលាភិក្ខុនីថា

ពុម្ព គឺអត្តភាពនេះ អ្នកណាតាក់តែងឡើង បុគ្គលតាក់តែងនូវ​ពុម្ពឋិតនៅ​ក្នុងទីណាខ្លះ ពុម្ពកើតឡើងក្នុងទីណាខ្លះ ពុម្ព រលត់ទៅក្នុងទីណាខ្លះ។

[៣០] លំដាប់នោះ សេលាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វី​ហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថាដូច្នេះ។ ទើបសេលាភិក្ខុនី មានសេចក្តី​ចូល​ចិត្តដូច្នេះថា នេះពិតជាមារមានចិត្តបាប មានប្រាថ្នាញុំាង​ភ័យ សេចក្តីតក់​ស្លុត និង​សេចក្តីព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យអាត្មាអញ ឃ្លាត​ចាក​សមាធិ បានជាពោលគាថា។ លុះសេលាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប​ហើយ ក៏ពោលគាថាទាំងឡាយ នឹងមារមានចិត្តបាបថា

ពុម្ពនេះ ឥតមានអ្នកណាតាក់តែងទេ អឃៈ [អឃៈ ជាឈ្មោះនៃអត្តភាពដូចគ្នានឹងពុម្ព។ អឃៈ ប្រែថា ជាទីតាំងនៃសេចក្តីទុក្ខ។] នេះ ឥត​មានអ្នកណាធ្វើទេ កើតឡើងបាន ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះ​បែក​ធ្លាយនៃហេតុ ដូចជាពូជណាមួយ ដែលគេព្រោះក្នុងស្រែ រមែង​ដុះឡើងបាន ព្រោះ​អាស្រ័យនូវ​ធម្មជាត ២យ៉ាង គឺរសនៃផែនដី១ ជ័រ [បានដល់រសជាតិ ឬប្រេងរបស់ពូជ​នោះៗ។]១ យ៉ាងណាមិញ ធម៌ទាំងនេះ គឺ ខន្ធ ធាតុ និងអាយតនៈ ៦ កើតឡើង​បាន​ ព្រោះអាស្រ័យហេតុ រលត់ទៅវិញ ព្រោះបែកធ្លាយនៃហេតុ យ៉ាងនោះឯង។

លំដាប់នោះ មារមានចិត្តបាប ដឹងថា សេលាភិក្ខុនី ស្គាល់នូវអញហើយ ក៏​មានសេចក្តីទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

វជិរាសូត្រ ទី១០

[៣១] ខ្ញុំស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ គ្រានោះ វជិរាភិក្ខុនី ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​ក្រុងសាវត្ថី ដើម្បី​បិណ្ឌ​បាត លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់​មកអំពីបិណ្ឌបាត​វិញ ក្នុង​បច្ឆាភត្ត ក៏ដើរសំដៅទៅកាន់អន្ធវ័ន ដើម្បីសម្រាក​ក្នុងវេលាថ្ងៃ លុះចូលទៅដល់​អន្ធវ័ន​ហើយ ក៏អង្គុយ​សម្រាក​ក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។

[៣២] គ្រានោះ មារមានចិត្តបាប មានប្រាថ្នា​ញុំាងភ័យ​ សេចក្តីតក់ស្លុត និង​សេចក្តី​ព្រឺរោម ឲ្យកើតឡើងដល់វជិរាភិក្ខុនី មានប្រាថ្នា​ឲ្យនាងឃ្លាតចាកសមាធិ ក៏​ចូលទៅរក​វជិរាភិក្ខុនី លុះចូលទៅដល់ហើយ បានពោល​គាថានឹងវជិរាភិក្ខុនីថា

សត្វនេះ បុគ្គលណាតាក់តែងឡើង បុគ្គលអ្នកតាក់តែង​សត្វ ឋិតនៅក្នុង​ទីណា សត្វកើតឡើង ក្នុងទីណា សត្វរលត់ទៅក្នុងទីណា។

[៣៣] លំដាប់នោះ វជិរាភិក្ខុនី មានសេចក្តីត្រិះរិះ យ៉ាងនេះថា អ្នកនេះជាអ្វី​ហ្ន៎ ជាមនុស្ស ឬជាអមនុស្ស (មក) ពោលគាថា ដូច្នេះ។ ទើបវជិរាភិក្ខុនី មាន​សេចក្តី​ចូល​ចិត្តថា នេះពិតជាមារមានចិត្តបាប ប្រាថ្នាញុំាងភ័យ សេចក្តីតក់ស្លុត និងសេចក្តី​ព្រឺរោម ឲ្យកើតឡើងដល់អាត្មាអញ មានប្រាថ្នាឲ្យ​អាត្មាអញឃ្លាតចាកសមាធិ បាន​ជាពោលគាថា។ លំដាប់នោះ វជិរាភិក្ខុនី ដឹងច្បាស់ថា នេះជាមារមានចិត្តបាប ហើយ​បានពោលគាថាទាំងឡាយនឹងមារមានចិត្តបាបថា

ម្នាលមារ ទិដ្ឋិរបស់អ្នកយល់ថា សត្វមែនឬ នេះជាគំនរនៃ​សង្ខារសុទ្ធទេ ក្នុង​គំនរនៃសង្ខារសុទ្ធនេះ អ្នករកសត្វ​មិនឃើញឡើយ [នេះជាពាក្យបរិយាយតាមបរមត្ថ។] ដូចសព្ទដែលបានឈ្មោះថា រថ ដូច្នេះ កើត​ឡើង​បាន ព្រោះបរិបូណ៌ដោយអង្គ [អង្គរបស់រថនោះមានកង់ ទូក ប្រែក ជាដើម។] យ៉ាង​ណាមិញ កាលបើខន្ធមានហើយ ការសន្មតិថា សត្វដូច្នេះក៏មាន យ៉ាងនោះឯង ព្រោះ​ថា សេចក្តីទុក្ខ រមែងកើតឡើង សេចក្តីទុក្ខ រមែងឋិតនៅផង វិនាសទៅផង វៀរ​ចាកសេចក្តីទុក្ខ ឥតមានធម៌​ដទៃកើតឡើង វៀរចាកសេចក្តីទុក្ខ ឥតមានធម៌​ដទៃ​រលត់ទេ។

លំដាប់នោះ មារមានចិត្តបាប ដឹងថា វជិរាភិក្ខុនី ស្គាល់អញហើយ ក៏មាន​សេចក្តី​ទុក្ខ តូចចិត្ត បាត់អំពីទីនោះទៅ។

ចប់ ភិក្ខុនីសំយុត្ត។

ឧទ្ទាននៃភិក្ខុនីសំយុត្តនោះ ដូច្នេះ

សូត្រទាំង១០ នោះ គឺ អាឡវិកាសូត្រ ១ សោមាសូត្រ ១ គោតមីសូត្រ ១ វិជយាសូត្រ ១ ឧប្បលវណ្ណាសូត្រ ១ ចាលាសូត្រ ១ ឧបចាលាសូត្រ ១ សីសុបចាលា​សូត្រ ១ សេលាសូត្រ ១ វជិរាសូត្រ ១។

ព្រហ្មសំយុត្ត

អាយាចនវគ្គ ទី១

អាយាចនសូត្រ ទី១

[៣៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ទើប​នឹងបានត្រាស់ដឹងជាដំបូង ទ្រង់គង់នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរស្ទឹង​នេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅគង់​ក្នុង​ទីស្ងាត់សម្ងំនៅ មានព្រះទ័យត្រិះរិះកើតឡើង យ៉ាងនេះថា ធម៌ [សំដៅយក អរិយសច្ច ទាំង៤។] នេះ អាត្មាអញ បាន​ត្រាស់ដឹងហើយ ជាធម៌ដ៏ជ្រាលជ្រៅ ជាធម៌​ដែលសត្វ​ឃើញបានដោយកម្រ ជាធម៌ដែលសត្វត្រាស់ដឹងបានដោយកម្រ ជាធម៌ស្ងប់រម្ងាប់ ជាធម៌​ថ្លៃថ្លា ជាធម៌ ដែល​សត្វមិនគប្បីស្ទង់មើល ដោយសេចក្តី​ត្រិះរិះបាន ជាធម៌ដ៏ល្អិត ជាធម៌​មានតែអ្នក​ប្រាជ្ញ ទើប​ត្រាស់ដឹងបាន ឯពួក​សត្វនេះ ជាអ្នកត្រេកត្រអាល ដោយសេចក្តី​អាល័យ [បានដល់ តណ្ហាវិចរិត ទាំង១០៨។] ត្រេកអរក្នុងសេចក្តីអាល័យ រីករាយក្នុងសេចក្តី​អាល័យ មួយទៀត បដិច្ចសមុប្បាទធម៌ គឺធម៌ជាបច្ច័យ នៃគ្នានិងគ្នាណា បដិច្ចសមុប្បាទធម៌នេះ ពួកសត្វជាអ្នកត្រេកត្រអាល ដោយសេចក្តី​អាល័យ ត្រេកអរ​ក្នុងសេចក្តីអាល័យ រីករាយក្នុងសេចក្តីអាល័យ ឃើញបានដោយក្រ មួយទៀត ធម៌​ណា សម្រាប់រម្ងាប់សង្ខារទាំងពួង សម្រាប់លះបង់​ឧបធិទាំងពួង ជាទីអស់ទៅនៃ​តណ្ហា ជាទីនឿយណាយចាករាគៈ ជាទីរំលត់សេចក្តីទុក្ខ គឺព្រះនិព្វាន ធម៌នេះ ពួក​សត្វឃើញបានដោយក្រដូចគ្នា ប្រសិនបើអាត្មាអញ សំដែងធម៌ទៅ ក៏សត្វ​ទាំង​ឡាយដទៃ មិនគប្បីត្រាស់ដឹងធម៌ របស់អាត្មាអញបានទេ អាត្មាអញ នឹងមានតែ​សេចក្តី​លំបាកនោះ អាត្មាអញ នឹងមានតែសេចក្តីនឿយព្រួយនោះ (ឥត​អំពើ)។ បានឮថា ព្រះគាថាជាអស្ចារ្យទាំងឡាយនេះ ដែល​មិនធ្លាប់បានស្តាប់មក អំពី​កាល​មុន ក៏ប្រាកដដល់ព្រះមានព្រះភាគថា

ឥឡូវនេះ អាត្មាអញ មិនគួរប្រកាសធម៌ ដែលអាត្មាអញ បានត្រាស់ដឹង​ហើយ ដោយលំបាកទេ ព្រោះថា ធម៌នេះ សត្វទាំងឡាយ ដែលត្រូវរាគៈ ទោសៈ គ្រប​សង្កត់ហើយ មិនងាយត្រាស់ដឹងបានទេ សត្វទាំងឡាយត្រេកអរ ដោយរាគៈ មានគំនរងងឹត គឺអវិជ្ជាបិទបាំង រមែងមិនឃើញ នូវធម៌​ដែល​ប្រព្រឹត្តច្រាសខ្សែទឹក [បានដល់ ចតុសច្ចធម៌។] ជាធម៌ល្អិត ជ្រាលជ្រៅ សត្វឃើញបានដោយកម្រ ជាធម៌ដ៏តូចឆ្មារ។

កាលព្រះមានព្រះភាគ ពិចារណាដូច្នេះហើយ ព្រះទ័យក៏បង្អោនទៅ ដើម្បី​សេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅដើម្បីនឹងសំដែង​ធម៌ឡើយ។

[៣៥] គ្រានោះ សហម្បតិព្រហ្ម ដឹងនូវសេចក្តីត្រិះរិះ ក្នុងព្រះទ័យរបស់​ព្រះមានព្រះភាគ ដោយចិត្តហើយ ទើបរំពឹងគិត ដូច្នេះថា ឱហ្ន៎ សត្វលោកសាប​សូន្យ​មិន​ខាន ឱហ្ន៎ សត្វលោកវិនាសមិនខាន ដ្បិតថាព្រះទ័យ របស់​ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បង្អោនទៅដើម្បី​សេចក្តីខ្វល់ខ្វាយតិច មិនបង្អោនទៅ ដើម្បី​សំដែងធម៌ឡើយ។

គ្រានោះ សហម្បតិព្រហ្ម ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុងទីចំពោះ​ព្រះភក្ត្រព្រះមានព្រះភាគ ដោយឆាប់ភ្លាម ដូចបុរសមានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ធ្វើ​នូវសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង លុតចុះនូវមណ្ឌល នៃជង្គង់ខាងស្តាំលើផែនដី ប្រណម្យអញ្ជលី ចំពោះទៅរកព្រះមានព្រះភាគ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌ សូម​ព្រះ​សុគត ទ្រង់សំដែងធម៌ សត្វទាំងឡាយ ដែលមានធូលី [បានខាងកិលេស មានរាគៈ ជាដើម។] ស្រាលស្តើង ក្នុងភ្នែក [បានខាង​បញ្ញាចក្ខុ] ក៏​មានខ្លះដែរ សត្វទាំងនោះ នឹងសាបសូន្យ ព្រោះមិនបានស្តាប់ធម៌ សត្វទាំងឡាយ ជា​អ្នកត្រាស់ដឹងនូវធម៌  គង់មាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យ​នេះរួចហើយ ទើបពោល​ពាក្យនេះ តទៅទៀតថា

ពីមុនរៀងមក ធម៌ដែល​ជនទាំងឡាយ អ្នកប្រកបដោយមន្ទិល [សំដៅ​យកគ្រូទាំង៦។] តែងគិត ជាធម៌មិនបរិសុទ្ធ កើតប្រាកដ ក្នុងដែនមគធៈ សូមព្រះអង្គ​បើកនូវ​ទ្វារ [បានខាងអរិយមគ្គ។] នៃព្រះនិព្វាន សត្វទាំងឡាយ នឹងស្តាប់នូវធម៌ ដែល​ព្រះពុទ្ធជាអ្នកប្រាសចាកមន្ទិល ទ្រង់ត្រាស់ដឹងហើយ បុរសឈរនៅលើកំពូល​ភ្នំ​សុទ្ធសឹងថ្ម គប្បីឃើញប្រជុំជនដោយជុំវិញ យ៉ាងណាមិញ បពិត្រព្រះអង្គមានបញ្ញា​ល្អ មានចក្ខុជុំវិញ ប្រាសចាកសេចក្តីសោក សូមព្រះអង្គ ឡើងកាន់ប្រាសាទ ដ៏​ហើយ​ដោយធម៌ គឺបញ្ញាដូចជាភ្នំនោះ ហើយពិចារណាមើលនូវប្រជុំជន ដែលត្រូវ​សេចក្តី​សោក​គ្របសង្កត់ ដែលត្រូវ​ជាតិ ជរា គ្របសង្កត់។ បពិត្រព្រះអង្គមានព្យាយាម ទ្រង់​ឈ្នះនូវសង្គ្រាម សូម​ព្រះអង្គក្រោកឡើង បពិត្រព្រះអង្គ ជាអ្នកនាំទៅនូវពពួក​សត្វ ព្រះអង្គមិនមានបំណុល សូមទ្រង់​ស្តេចទៅក្នុងលោក សូមព្រះមានព្រះភាគ ទ្រង់​សំដែងធម៌ សត្វទាំងឡាយ ជាអ្នកត្រាស់ដឹង គង់មាន។

[៣៦] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់នូវសេចក្តី​អារាធនា របស់​ព្រហ្មផង ទ្រង់​អាស្រ័យ​នូវសេចក្តីករុណា ចំពោះសត្វទាំងឡាយផង ទើបទ្រង់​រមិល​មើល​នូវសត្វលោក ដោយពុទ្ធចក្ខុ។ កាលដែល​ព្រះមានព្រះភាគ ទ្រង់រមិលមើល​នូវសត្វលោក ដោយពុទ្ធចក្ខុ ទ្រង់បានឃើញសត្វទាំងឡាយ មានភ្នែក​ប្រកបដោយ​ធូលី​តិចខ្លះ មានភ្នែក​ប្រកបដោយ​ធូលី​ច្រើនខ្លះ មានឥន្ទ្រិយ​ក្លាខ្លះ មានឥន្ទ្រិយ​ទន់​ខ្លះ មានអាការល្អខ្លះ មានអាការអាក្រក់ខ្លះ ជាសត្វ​ដែលឲ្យ​ត្រាស់ដឹងបាន​ដោយ​ងាយខ្លះ ជាសត្វដែលឲ្យត្រាស់ដឹងបានដោយក្រខ្លះ ជាអ្នក​ឃើញនូវ​ទោស និងភ័យ ក្នុងបរលោកខ្លះ។ ប្រៀបដូចជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកស​ក្តី ក្នុងគុម្ពព្រលិតក្តី គុម្ពឈូកក្រហមក្តី គុម្ពឈូកសក្តី ដុះឡើងក្នុងទឹក ចំរើនឡើង​ក្នុង​ទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក មានជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកស​ក្តី ដុះឡើងក្នុងទឹក ចំរើនឡើង​ក្នុង​ទឹក ឋិតនៅត្រឹមស្មើនឹងទឹក មានជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ឈូកក្រហមក្តី ឈូកស​ក្តី ដុះឡើងក្នុងទឹក ចំរើនឡើង​ក្នុង​ទឹក លូតផុតអំពីទឹក មិនទទឹកដោយទឹក មានឧបមាយ៉ាង​ណាមិញ កាលដែល​ព្រះមានព្រះភាគ ទ្រង់រមិលមើលនូវ​សត្វលោក ដោយពុទ្ធ​ចក្ខុ ទ្រង់ឃើញ​សត្វទាំងឡាយ មានភ្នែក​ប្រកបដោយធូលីតិចខ្លះ មានភ្នែក​ប្រកប​ដោយ​ធូលីច្រើន​ខ្លះ មាឥន្ទ្រិយក្លាខ្លះ មានឥន្ទ្រិយ​ទន់ខ្លះ មានអាការល្អខ្លះ មានអាការ​អាក្រក់​ខ្លះ ជាសត្វដែលឲ្យត្រាស់ដឹង​បានដោយ​ងាយខ្លះ ជាសត្វដែលឲ្យត្រាស់ដឹង​បានដោយ​ក្រខ្លះ ជាអ្នកឃើញនូវទោស និងភ័យក្នុងបរលោកខ្លះ លុះទ្រង់​ឃើញ​ហើយ បានពោលគាថា តបនឹងសហម្បតិព្រហ្មថា

ទ្វារនៃព្រះនិព្វាននោះ តថាគតបានបើកហើយ សត្វទាំងឡាយណា មានសោត​ប្រសាទ ចូរបញ្ចេញនូវសទ្ធាចុះ ម្នាលព្រហ្ម តថាគត សំគាល់​នូវសេចក្តី​លំបាក បាន​ជាមិនសំដែង​ធម៌ដែលស្ទាត់ ជាធម៌ដ៏ឧត្តម ដល់ពួកមនុស្ស​ទាំងឡាយ។

[៣៧] គ្រានោះ សហម្បតិព្រហ្មគិតថា អាត្មាអញ ជាបុគ្គលដែល​ព្រះមានព្រះភាគ ទ្រង់ធ្វើឱកាស ដើម្បីនឹងសំដែងធម៌ហើយ (លុះគិតដូច្នេះហើយ) ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយបាត់អំពីទីនោះទៅ។

គារវសូត្រ ទី២

[៣៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទើប​នឹងបាន​ត្រាស់​ដឹងជាដម្បូង ទ្រង់គង់​នៅក្រោមដើមអជបាលនិគ្រោធ ប្របឆ្នេរ​ស្ទឹង​នេរញ្ជរា ក្នុងឧរុវេលាប្រទេស។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅក្នុង​ទីស្ងាត់ ទ្រង់សម្ងំនៅ មានព្រះបរិវិតក្ក ក្នុងព្រះទ័យកើតឡើង យ៉ាងនេះថា បុគ្គល​មិនមាន​សេចក្តីគោរព មិនមានសេចក្តីកោតក្រែង រមែង​នៅជាទុក្ខ អាត្មាអញ គួរធ្វើ​សក្ការៈ ធ្វើ​សេចក្តីគោរព អាស្រ័យនៅនឹង​សមណៈ ឬព្រាហ្មណ៍​ណាហ្ន៎។

[៣៩] ទើបព្រះមានព្រះភាគ មានព្រះតំរិះយ៉ាងនេះថា អាត្មាអញ គួរធ្វើ​សក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បី​បំពេញ​នូវ​សីលក្ខន្ធ ដែល​មិនទាន់​ពេញលេញ តែថាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួក​សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំង​សម្មតិទេព និង​មនុស្ស​ដ៏សេស អាត្មាអញ មិនបាន​ឃើញ​សមណៈ ឬព្រាហ្មណ៍ដទៃ ដែល​បរិបូណ៌ ដោយ​សីលជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅ​ឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅនឹង​សមណៈ ឬ​ព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវ​សមាធិក្ខន្ធ ដែលមិនទាន់ពេញលេញ តែថា អាត្មាអញ មិនឃើញ​សមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌​ដោយសមាធិជាង​ខ្លួន​អញ ក្នុងលោក ព្រមទាំងទេវលោក។បេ។ ដែលអាត្មាអញគួរ​ធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព អាស្រ័យនៅឡើយ អាត្មាអញគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅនឹង​សមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បី​បំពេញ​នូវបញ្ញាខន្ធ ដែលមិនទាន់ពេញលេញ តែថា ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្សដ៏សេស អាត្មាអញ មិនឃើញសមណៈ ឬ​ព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ ដោយបញ្ញាជាងខ្លួនអញ ដែល​អាត្មាអញគួរធ្វើសក្ការៈ ធ្វើ​សេចក្តីគោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យ​នៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញ​នូវវិមុត្តិក្ខន្ធ ដែលមិនទាន់​ពេញលេញ តែថា ក្នុងលោក ព្រមទាំងទេវលោក ។បេ។ អាត្មាអញ មិនឃើញ​សមណៈ ឬព្រាហ្មណ៍ដទៃ ដែលបរិបូណ៌ដោយវិមុត្តិ ជាងខ្លួន​អញ ដែលអាត្មាអញ គួរធ្វើសក្ការៈ ធ្វើសេចក្តី​គោរព អាស្រ័យនៅឡើយ អាត្មាអញ គួរធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព អាស្រ័យ​នៅនឹងសមណៈ ឬព្រាហ្មណ៍ដទៃ ដើម្បីបំពេញនូវវិមុត្តិញ្ញាណទស្ស​នក្ខន្ធ ដែល​មិនទាន់ពេញលេញ តែថាក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​សម្មតិទេព និងមនុស្ស​ដ៏សេស អាត្មាអញ មិនឃើញសមណៈ ឬព្រាហ្មណ៍ដទៃ ដែល​បរិបូណ៌​ដោយវិមុត្តិញ្ញាណទស្សនៈជាងខ្លួនអញ ដែលអាត្មាអញគួរធ្វើសក្ការៈ ធ្វើ​សេចក្តី​គោរព អាស្រ័យ​នៅឡើយ បើដូច្នោះ គួរអាត្មាអញ ធ្វើសក្ការៈ ធ្វើ​សេចក្តីគោរព អាស្រ័យនៅចំពោះ​ធម៌ ដែលអាត្មាអញ បាន​ត្រាស់ដឹងហើយ។

[៤០] លំដាប់នោះ សហម្បតិព្រហ្ម ដឹងនូវ​ព្រះបរិវិតក្កក្នុងព្រះទ័យនៃ​ព្រះមានព្រះភាគ ដោយចិត្តហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដ​ក្នុងទី​ចំពោះ​ព្រះភក្ត្រព្រះមានព្រះភាគ ដោយឆាប់ភ្លាម ដូចជាបុរសមានកំលាំង លាចេញ​នូវ​ដៃ ដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ ទើបសហម្បតិព្រហ្ម ធ្វើនូវ​សំពត់​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះមានព្រះភាគ ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រ​ព្រះសុគត ហេតុនុ៎ះ យ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគ​ទាំងឡាយណា ជាព្រះអរហន្ត សម្មាសម្ពុទ្ធ ក្នុងអតីតកាល ព្រះមានព្រះភាគ​ទាំងនោះ ក៏បានធ្វើសក្ការៈ ធ្វើសេចក្តី​គោរព អាស្រ័យនៅចំពោះ​ធម៌ យ៉ាងនេះដែរ បពិត្រព្រះអង្គដ៏ចំរើន ទុកជាព្រះមានព្រះភាគទាំងឡាយណា ជា​អរហន្ត សម្មាសម្ពុទ្ធ ក្នុងអនាគតកាល ព្រះមានព្រះភាគ​ទាំងនោះ ក៏នឹងធ្វើសក្ការៈ ធ្វើសេចក្តី​គោរព អាស្រ័យនៅចំពោះ​ធម៌ យ៉ាងនេះដែរ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ជា​អរហន្ត សម្មាសម្ពុទ្ធ ក្នុងកាលឥឡូវនេះ ទ្រង់​ធ្វើសក្ការៈ ធ្វើសេចក្តីគោរព អាស្រ័យនៅចំពោះ​ធម៌ យ៉ាងនេះចុះ។

[៤១] សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោល​ពាក្យនេះហើយ ក៏ពោល​ពាក្យនេះ តទៅទៀតថា

ព្រះសម្ពុទ្ធទាំងឡាយណា ជាអតីតក្តី ព្រះសម្ពុទ្ធទាំងឡាយណា ជាអនាគត​ក្តី ព្រះសម្ពុទ្ធណា ក្នុងកាលឥឡូវនេះក្តី ទ្រង់ធ្វើសេចក្តីសោក របស់ជនទាំងឡាយ​ដ៏ច្រើន ​ឲ្យវិនាស ព្រះសម្ពុទ្ធទាំងអស់នោះ ទ្រង់គោរពព្រះសម្ពុទ្ធក្នុងអតីតកាលផង បច្ចុប្បន្ន​កាលផង អនាគតកាលផង នេះជាធម្មតា របស់​ព្រះពុទ្ធទាំងឡាយ ហេតុដូច្នោះ បុគ្គល​អ្នកស្រឡាញ់ខ្លួន ប្រាថ្នានូវភាពនៃខ្លួនជាធំ កាលរលឹក​ឃើញ​សាសនា​របស់​ព្រះពុទ្ធទាំងឡាយ គួរធ្វើសេចក្តី​គោរពព្រះសទ្ធម្ម។

ព្រហ្មទេវសូត្រ ទី៣

[៤២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អារាម ឈ្មោះជេតពន របស់អនាថបិណ្ឌិកគហបតី ទៀប​ក្រុង​សាវត្ថី។ ក៏សម័យនោះឯង កូនប្រុសរបស់នាងព្រាហ្មណីមួយនាក់ ឈ្មោះ ព្រហ្មទេព បានចូល​ទៅ​កាន់ផ្នួស ក្នុងសំណាក់​ព្រះមានព្រះភាគ។ គ្រានោះ ព្រះព្រហ្មទេពមានអាយុ ចៀស​ចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម​ដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់​អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ បាន​ដល់ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចំពោះ​អនុត្តរធម៌នោះ ដែល​ជា​ទីបំផុតនៃព្រហ្មចរិយៈ ដោយមិនយូរប៉ុន្មាន ហើយ​សម្រេចសម្រាន្តនៅ ដោយ​ឥរិយា​បទទាំង៤ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្ត​គ្រប់​គ្រាន់ហើយ សោឡសកិច្ច អាត្មាអញធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះ​ព្រហ្មទេពមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

[៤៣] ទើបព្រះព្រហ្មទេពមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរក្នុង​បុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី កាលកំពុង​ត្រាច់ទៅបិណ្ឌបាត តាម​លំដាប់ច្រក ក្នុងក្រុងសាវត្ថី ក៏ចូលសំដៅទៅកាន់ផ្ទះមាតារបស់ខ្លួន។ ក៏ក្នុង​សម័យ​នោះ នាងព្រាហ្មណី ជាមាតារបស់ខ្លួន។ ក៏ក្នុងសម័យនោះ នាងព្រាហ្មណី ជាមាតារបស់ព្រះព្រហ្មទេពមានអាយុ តែងរៀបចំនូវ​គ្រឿងបូជា [អាហារបិណ្ឌបាត។] ជានិច្ចដល់ព្រហ្ម។ លំដាប់នោះ សហម្បតិព្រហ្ម មានសេចក្តីត្រិះរិះ យ៉ាង​នេះថា នាង​ព្រាហ្មណី ជាមាតារបស់​ព្រះព្រហ្មទេពមានអាយុនេះ តែងរៀបចំនូវគ្រឿងបូជា​ជានិច្ចដល់ព្រហ្ម បើដូច្នោះ មានតែអាត្មាអញ ចូលទៅរកនាងនោះ ហើយធ្វើឲ្យ​កើត​សេចក្តីសង្វេគ។

[៤៤] ទើប​សហម្បតិព្រហ្ម បាត់អំពីព្រហ្មលោក មកប្រាកដ​លើផ្ទះនៃមាតា របស់​ព្រះព្រហ្មទេពមានអាយុ ដោយឆាប់រហ័ស ដូចជាបុរស​មានកំលាំង លាចេញ​នូវដៃដែលបត់ចូល ឬបត់ចូលនូវ​ដៃដែលលាចេញ។ លំដាប់នោះ សហម្បតិព្រហ្ម ឋិត​នៅឰដ៏អាកាស បានពោលគាថាទាំងឡាយ នឹងនាងព្រាហ្មណីជាមាតា របស់​ព្រះព្រហ្មទេពមានអាយុថា

ម្នាលនាងព្រាហ្មណី នាងរៀបចំនូវគ្រឿង​បូជា ជានិច្ច ចំពោះព្រហ្មណា លោក​របស់​ព្រហ្មនោះ នៅឆ្ងាយ [ថ្មប្រមាណប៉ុនផ្ទះកំពូល ធ្លាក់ចុះមកអំពីព្រហ្ម​លោក​មួយថ្ងៃមួយយប់ បានចម្ងាយ៤ម៉ឺន ៨ពាន់យោជន៍ ធ្លាក់ចុះមក៤ខែ ទើបដល់​ផែនដី នេះជាចម្ងាយព្រហ្មលោកជាន់​ទាបបំផុត។] អំពីទីនេះណាស់ ម្នាល​នាងព្រាហ្មណី គ្រឿងបូជា​ប្រាកដដូច្នេះ មិនមែនជាចំណីរបស់ព្រហ្មទេ នាង​មិនដឹង​នូវផ្លូវ [កុសលជ្ឈានទាំង៤ ជាផ្លូវរបស់ព្រហ្ម វិបាកជ្ឈានទាំង៤ ជាផ្លូវ​ជីវិតរបស់ព្រហ្ម។] របស់ព្រហ្ម ហើយចរចាដូចម្តេចបាន ម្នាលនាងព្រាហ្មណី ក៏ឯភិក្ខុ ឈ្មោះ​ព្រហ្មទេព (ជាកូន) របស់នាងនេះ ជាអ្នកមិនមានឧបធិ ជាអ្នកដល់នូវភាព​ជាទេវតា ដ៏ក្រៃលែង មិនមានសេចក្តីកង្វល់ ជាអ្នក​មិនចិញ្ចឹមបុគ្គលដទៃ ភិក្ខុនោះ ចូលមក​កាន់​ផ្ទះនាង​ឥឡូវនេះ ដើម្បីបិណ្ឌបាត ជាបុគ្គលគួរដើម្បីទទួលដុំបាយ ដែល​គេនាំមក​បូជា ជាអ្នកដល់នូវទីបំផុត នៃទុក្ខដោយវេទ [សំដៅយកមគ្គទាំង៤។] មានខ្លួនអប់រំហើយ ជាបុគ្គល​គួរ​ទទួល​ទាន របស់ពួកមនុស្ស និងទេវតា បានបន្សាត់ចោល នូវបាបទាំងឡាយ មិន​ប្រឡាក់​ដោយជ័រ គឺតណ្ហា និងទិដ្ឋិ ជាបុគ្គល​មានសេចក្តីត្រជាក់ តែងប្រព្រឹត្តនូវការស្វែងរកអាហារ ភិក្ខុនោះ មិនមាន​សេចក្តីស្រឡាញ់ខាងក្រោយ [សំដៅយកអតីតក្ខន្ធ។] មិនមានសេចក្តីស្រឡាញ់​ខាងមុខ [សំដៅយកអនាគតក្ខន្ធ។ បានសេចក្តី​ថា ភិក្ខុ​នោះ មិនមានត្រេកអរ ក្នុងខន្ធទាំងអម្បាល​នោះឡើយ។] បានរម្ងាប់​នូវ​រាគាទិក្កិលេសអស់ហើយ ប្រាសចាកផ្សែង គឺសេចក្តីក្រោធ មិនមានសេចក្តីទុក្ខ មិន​មានសេចក្តីប្រាថ្នា ដាក់ចុះនូវដំបងក្នុងពួកសត្វ ដែល​តក់ស្លុត [បានដល់បុថុជ្ជន។] និងពួកសត្វ ដែល​ខ្ជាប់ខ្ជួន [បានដល់ព្រះខីណាស្រព។] ភិក្ខុនោះ ចូរបរិភោគនូវគ្រឿងបូជា គឺដុំបាយ ដ៏ប្រសើររបស់នាង ភិក្ខុ​នោះ ប្រាសចាកសេនា គឺកិលេស មានចិត្តស្ងប់រម្ងាប់ហើយ មិនមាន​សេចក្តីញាប់ញ័រ គឺ​តណ្ហា តែង​ត្រាច់ទៅ ដូចដំរី ដែល​គេទូន្មានបាន មានសីលដ៏ល្អ មានចិត្ត​រួចស្រឡះ​ហើយ ភិក្ខុនោះ ចូរបរិភោគ នូវគ្រឿង​បូជា គឺដុំបាយដ៏ប្រសើរ របស់នាងចុះ នាង​ចូរមាន​សេចក្តី​ជ្រះថ្លា ចំពោះភិក្ខុនោះ កុំមានសេចក្តីញាប់ញ័រ ចូរតម្កល់​នូវទាន ​ក្នុង​ទក្ខិណេយ្យបុគ្គល ម្នាលនាងព្រាហ្មណី ចូរនាងមើល នូវអ្នកប្រាជ្ញកន្លងបង់នូវ​ឱឃៈ ហើយ​ធ្វើបុណ្យ ជាទីនាំមក នូវសេចក្តីសុខចុះ។ នាងព្រាហ្មណី មាន​សេចក្តីជ្រះថ្លា មិនញាប់ញ័រចំពោះ​ភិក្ខុនោះ បានតម្កល់​នូវទាន​ ក្នុងទក្ខិណេយ្យបុគ្គល នាង​ព្រាហ្មណី បានឃើញអ្នកប្រាជ្ញ ដែលកន្លង​បង់នូវ​ឱឃៈហើយ ធ្វើនូវបុណ្យជាទី​នាំមក ​នូវសេចក្តីសុខ។

ពកសូត្រ ទី៤

[៤៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ពកព្រហ្មមានទិដ្ឋិអាក្រក់ មាន​សភាព​យ៉ាងនេះ កើតឡើងថា ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់​កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាព​មិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិន​ចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿង​រលាស់ចេញ ដ៏ក្រៃលែង ជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។

[៤៦] គ្រានោះ ព្រះមានព្រះភាគ ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់​ពកព្រហ្ម ដោយ​ព្រះទ័យ របស់ព្រះអង្គហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដ ក្នុងព្រហ្មលោក​នោះ ដោយឆាប់រហ័ស ដូចបុរស​មានកំលាំង លាចេញនូវដៃ ដែលបត់ចូល ឬ​បត់​ចូលនូវដៃ ដែលលាចេញ។ ពកព្រហ្ម បានឃើញព្រះមាន​ព្រះភាគ កំពុងស្តេច​មកអំពី​ចម្ងាយ លុះឃើញហើយ បានពោលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សូមព្រះអង្គស្តេចមក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គ​ស្តេច​មកល្អហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គខានធ្វើបរិយាយ ដើម្បីស្តេច​មកក្នុង​ទីនេះ ជាយូរអង្វែង​ហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ទីនេះទៀង ទីនេះឋិតថេរ ទីនេះ មាននៅគ្រប់កាល ទីនេះខ្ជាប់ខ្ជួន ទីនេះមានសភាព​មិនច្យុត ព្រោះថា សត្វក្នុងទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ទីដទៃ ដែលជាគ្រឿង​រលាស់​ចេញ ដ៏ក្រៃលែងជាងទីរបស់ព្រហ្មនេះ មិនមានឡើយ។

[៤៧] កាលបើពកព្រហ្ម ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់​ពាក្យនេះ នឹងពកព្រហ្មថា ឱហ្ន៎ ពកព្រហ្មប្រកបដោយអវិជ្ជាហើយ ឱហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាហើយ ព្រោះថា គាត់ពោលនូវរបស់ដែល​មិនទៀង ថាជា​របស់​ទៀងវិញ ពោលនូវរបស់​ដែលមិនឋិតថេរ ថាជារបស់ឋិតថេរវិញ ពោលនូវរបស់ដែល​គ្មាននៅគ្រប់កាល ថាជា​របស់​មាននៅគ្រប់កាលវិញ ពោលនូវ​របស់​ដែល​មិនខ្ជាប់ខ្ជួន ថាជារបស់​ខ្ជាប់ខ្ជួនវិញ ពោលនូវរបស់​ដែលមានសភាព​ច្យុត ថាជារបស់មានសភាព​មិនច្យុតវិញ មួយទៀត សត្វតែងកើតផង ចាស់ផង ស្លាប់ផង ច្យុតផង បដិសន្ធិផង ក្នុងទីណា គាត់ពោលទីនោះថា សត្វក្នុងទីនេះមិនកើត មិនចាស់​ មិនស្លាប់ មិនច្យុត មិនបដិសន្ធិ ដូច្នោះវិញ មួយទៀត គាត់ពោលនូវទី​ដទៃ ជាគ្រឿងរលាស់ចេញ ដ៏ក្រៃលែង ថាទីដទៃជាគ្រឿង​រលាស់ចេញដ៏ក្រៃលែង មិនមានឡើយ។

[៤៨] ពកព្រហ្មពោលថា បពិត្រព្រះគោតម យើងទាំងឡាយ ជាជន៧២នាក់ ជា​អ្នកស្រឡាញ់បុណ្យ ញុំាង​អ្នកដទៃ ឲ្យប្រព្រឹត្តទៅតាមអំណាច (នៃខ្លួន) កន្លង​ហើយ នូវជាតិ និងជរា កំណើតក្នុងព្រហ្មនេះ ជាទីបំផុត ជាធម្មជាត ប្រព្រឹត្តទៅ​ដោយ​វេទ ជនទាំងឡាយ ដ៏ច្រើន រមែងស្រឡាញ់យើងទាំងឡាយ។

[៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលពកព្រហ្ម អ្នកសំគាល់​នូវអាយុ​ណា ថាវែង អាយុនុ៎ះតិច មិនមែន​វែងឡើយ ម្នាលព្រហ្ម មួយទៀត តថាគត ដឹង​ច្បាស់នូវអាយុមានប្រមាណ១សែន នៃនិរព្វុទៈ [ជាឈ្មោះសំខ្យាមួយយ៉ាង ប្រើលេខ១ មានពិន្ទុហុកសិបបី។]។

[៥០] ពកព្រហ្ម ទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គឃើញអារម្មណ៍​រក​ទី​បំផុតគ្មាន ប្រព្រឹត្តកន្លងហើយ​ នូវជាតិជរា និងសេចក្តីសោក អើសីលវត្ត មានមក​អំពី​ដើម របស់ខ្ញុំព្រះអង្គដូចម្តេច ខ្ញុំព្រះអង្គអាចដឹងច្បាស់ នូវសីលវត្តណា សូម​ព្រះអង្គ ប្រាប់នូវ​សីលវត្តនុ៎ះ ដល់ខ្ញុំព្រះអង្គ។

[៥១] ព្រះអង្គត្រាស់ថា អ្នកញុំាងមនុស្សច្រើន ដែលស្រេកទឹក ដែលត្រូវកំដៅ​គ្របសង្កត់ ឲ្យផឹកទឹកក្នុងរដូវប្រាំង [គិម្ហរដូវ។] ដោយហេតុណា ហេតុនោះ ជាសីលវត្ត​មានមកអំពីដើមរបស់អ្នក តថាគតរលឹកបានដូចបុគ្គល​ដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាង​ប្រជុំជន ដែលត្រូវ​ចោរចាប់ក្នុងឆ្នេរ​ស្ទឹង ឈ្មោះឯណិ នាំទៅ​ជា​ឈ្លើយ ឲ្យរួចបាន ដោយអំពើណា អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់​អ្នក តថាគតរលឹកបាន ដូចជាបុគ្គល​ដេកលក់ហើយ ភ្ញាក់ឡើង អ្នកញុំាងទូក ដែលនាគរាជកំណាច កំហែងចាប់ដោយកំលាំង ត្រង់ខ្សែទឹកនៃទន្លេគង្គា ឲ្យ​រួច​បាន ដោយសេចក្តីអនុគ្រោះ ដល់មនុស្ស អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់​អ្នក តថាគតរលឹកបាន ដូចជាបុគ្គល​ដេកលក់ហើយ ភ្ញាក់ឡើង ពីដើម តថាគត ឈ្មោះ​កប្បៈ ជាកូនសិស្សរបស់អ្នក រាប់អានអ្នកជាបុគ្គល​មានប្រាជ្ញាល្អ បរិបូណ៌​ដោយវត្ត អំពើនោះ ជាសីលវត្ត មានមកអំពីដើមរបស់​អ្នក តថាគតរលឹកបាន ដូចជាបុគ្គល​ដេកលក់ហើយ ភ្ញាក់ឡើង អ្នកដឹងច្បាស់នូវអាយុនោះ របស់តថាគត ដោយពិត មួយទៀត ដឹងច្បាស់នូវជនទាំងឡាយដទៃ ហាក់ដូចជាព្រះពុទ្ធ នេះជា​អានុភាព​ដ៏រុងរឿងរបស់អ្នក ជាសភាវៈ ញុំាងព្រហ្មលោកឲ្យភ្លឺស្វាងឋិតនៅ។

អបរាទិដ្ឋិសូត្រ ទី៥

[៥២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតី ទៀបក្រុងសាវត្ថី។ ‌សម័យនោះឯង ព្រហ្ម​មួយអង្គ មានទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងថា បុគ្គលដែល​មក​ក្នុងលោកនេះ គ្មានជាសមណៈ ជាព្រាហ្មណ៍ទេ។

[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្ក ក្នុងចិត្តរបស់ព្រហ្ម​នោះ ដោយព្រះទ័យហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដក្នុងព្រហ្មលោក​នោះ។ ទើបព្រះមានព្រះភាគ ទ្រង់ចូលតេជោធាតុ គង់ផ្គត់ព្រះភ្នែនឰដ៏អាកាស ខាងលើព្រហ្មនោះ។

[៥៤] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តី​ត្រិះរិះ យ៉ាង​នេះថា ឥឡូវនេះ ព្រះមានព្រះភាគ គង់ក្នុងទីណាហ្ន៎។ ព្រះមហាមោគ្គល្លាន​មានអាយុ ក៏បានឃើញ នូវព្រះមានព្រះភាគ ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងបង់​នូវចក្ខុ​ជារបស់មនុស្សធម្មតា ដែល​ព្រះអង្គចូលតេជោធាតុ គង់ផ្គត់ព្រះភ្នែនឰដ៏​អាកាស អំពី​ខាងលើនៃព្រហ្មនោះ លុះឃើញហើយ ក៏បាត់អំពីវត្តជេតពន ទៅប្រាកដ​ក្នុងព្រហ្ម​លោកនោះ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង លាចេញនូវដៃដែល​បត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​មានអាយុ អាស្រ័យ​នូវទិសខាងកើត ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើ​ព្រហ្ម​នោះ ទាបជាង​ព្រះមានព្រះភាគ។

[៥៥] គ្រានោះ ព្រះមហាកស្សបមានអាយុ មានសេចក្តី​ត្រិះរិះ យ៉ាង​នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ព្រះមហាកស្សប​មានអាយុ បានឃើញព្រះមានព្រះភាគ ដោយទិព្វចក្ខុ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ បាត់អំពីវត្តជេតពន ទៅប្រាកដ​ក្នុងព្រហ្មលោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះមហាកស្សប​មានអាយុ អាស្រ័យ​នូវទិសខាងត្បូង ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើ​ព្រហ្ម​នោះ ទាបជាង​ព្រះមានព្រះភាគ។

[៥៦] គ្រានោះ ព្រះមហាកប្បិនមានអាយុ មានសេចក្តី​ត្រិះរិះ យ៉ាង​នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ គ្រានោះ ព្រះមហាកប្បិន​មាន​អាយុ ឃើញព្រះមានព្រះភាគ ដោយទិព្វចក្ខុ។បេ។ លុះឃើញហើយ ក៏ដូច​បុរស​មានកំលាំង។បេ។ បាត់អំពីវត្តជេតពន ទៅប្រាកដ​ក្នុងព្រហ្ម​លោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះមហាកប្បិន​មានអាយុ អាស្រ័យ​នូវទិសខាងលិច ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើ​ព្រហ្ម​នោះ ទាបជាង​ព្រះមានព្រះភាគ។

[៥៧] គ្រានោះ ព្រះអនុរុទ្ធមានអាយុ មានសេចក្តី​ត្រិះរិះ យ៉ាង​នេះថា ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងទីណាហ្ន៎។ ទើបព្រះអនុរុទ្ធ​មានអាយុ បានឃើញ។បេ។ លុះឃើញហើយ ក៏ដូចបុរសមានកំលាំង។បេ។ ទៅប្រាកដ​ក្នុងព្រហ្ម​លោកនោះ ដោយឆាប់រហ័ស។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ អាស្រ័យ​នូវទិសខាងជើង ចូលតេជោធាតុ អង្គុយផ្គត់ភ្នែនឰដ៏អាកាស ខាងលើ​ព្រហ្ម​នោះ ទាបជាង​ព្រះមានព្រះភាគ។

[៥៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ បានពោលគាថានឹងព្រហ្ម​ថា

ម្នាលអាវុសោ ទិដ្ឋិណារបស់អ្នក មានហើយក្នុងកាលមុន​ ទិដ្ឋិរបស់អ្នកនោះ មានក្នុងថ្ងៃនេះទៀត អ្នកឃើញនូវរស្មីរបស់ព្រះពុទ្ធ ដែលប្រព្រឹត្តកន្លង នូវរស្មីឯទៀត ក្នុងព្រហ្មលោកដែរឬ។

[៥៩] ព្រហ្មតបថា បពិត្រ​លោកនិទ៌ុក្ខ ទិដ្ឋិរបស់ខ្ញុំណា មាន​ហើយ​ក្នុងកាល​មុន ទិដ្ឋិរបស់ខ្ញុំនោះ មិនមានទេ ខ្ញុំឃើញនូវព្រះរស្មី ដែលប្រព្រឹត្តកន្លង នូវរស្មីឯទៀត ក្នុងព្រហ្មលោកដែរ ឥឡូវនេះ ខ្ញុំនឹង​ពោល ដោយប្រការដូចម្តេច ព្រោះថា ខ្ញុំជាបុគ្គល​ទៀង ជាបុគ្គល​មាននៅសព្វៗកាល។

[៦០] គ្រានោះ ព្រះមានព្រះភាគ ញុំាងព្រហ្មនោះឲ្យសង្វេគហើយ ក៏​បាត់​អំពីព្រហ្មលោកនោះ មកប្រាកដ​ក្នុងវត្តជេតពន ដោយឆាប់រហ័ស ដូចបុរស​មានកំលាំង លាចេញនូវដៃដែលបត់ចូល ឬបត់ចូលនូវដៃ ដែលលាចេញ។ លំដាប់​នោះ ព្រហ្មក៏ហៅព្រហ្មជាបរិស័ទ មួយអង្គមកថា ម្នាលអ្នកនិទ៌ុក្ខ អ្នកចូរមក អ្នកចូរ​ទៅរក​ព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ ចូរពោល​យ៉ាងនេះ នឹង​ព្រះមហាមោគ្គល្លានមានអាយុថា បពិត្រ​ព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ សាវ័ក​ទាំង​ឡាយដទៃទៀត របស់​ព្រះមានព្រះភាគនោះ ដែល​មានឫទ្ធិច្រើន យ៉ាងនេះ មាន​អានុភាពច្រើនយ៉ាងនេះ ដូចជា​ព្រះមហាមោគ្គល្លាន ព្រះកស្សប ព្រះកប្បិន ព្រះ​អនុរុទ្ធដ៏ចំរើន នៅមានទៀតដែរឬទេ។ ព្រហ្មជាបរិស័ទនោះ ទទួលពាក្យ​ព្រហ្ម​នោះថា អើលោកអ្នកនិទ៌ុក្ខ ដូច្នេះហើយ ក៏បាត់អំពីព្រហ្មលោកនោះ មក​ប្រាកដក្នុងទីចំពោះ​មុខព្រះមហាមោគ្គល្លានមានអាយុ ដោយឆាប់រហ័ស ដូចបុរសមានកំលាំង។បេ។

[៦១] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ ក្រាបថ្វាយបង្គំ​ព្រះមហាមោគ្គល្លាន​មានអាយុ ហើយឋិតនៅក្នុងទីដ៏សមគួរ។ ព្រហ្មជាបរិស័ទនោះ លុះឋិត​នៅក្នុង​ទីសមគួរ​ហើយ បានពោលពាក្យនេះ នឹងព្រះមហាមោគ្គល្លាន​មានអាយុថា បពិត្រ​លោកអ្នកនិទ៌ុក្ខ។បេ។ ព្រះអនុរុទ្ធ។

[៦២] គ្រានោះ ព្រះមហាមោគ្គល្លាន​មានអាយុ បានពោលគាថា នឹង​ព្រហ្មជាបរិស័ទថា

សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមានវិជ្ជា៣ផង សម្រេច​ដោយឫទ្ធិផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។

[៦៣] លំដាប់នោះ ព្រហ្មជាបរិស័ទនោះ​ ត្រេកអរ រីករាយនឹងភាសិត របស់​ព្រះមហាមោគ្គល្លាន​មានអាយុហើយ ក៏ចូលទៅរកព្រហ្មនោះ លុះចូលទៅដល់ហើយ បាន​ពោលពាក្យនេះ នឹងព្រហ្មនោះថា បពិត្រអ្នកនិទ៌ុក្ខ ព្រះមហាមោគ្គល្លាន​មានអាយុ មានថេរវាចាយ៉ាងនេះថា

សាវ័កទាំងឡាយរបស់ព្រះពុទ្ធ នៅមានច្រើនអង្គ ជាអ្នកមានវិជ្ជា៣ផង សម្រេច​ដោយឫទ្ធិផង ឈ្លាសក្នុងវារៈនៃចិត្តផង ជាព្រះអរហន្តខីណាស្រពផង។

[៦៤] ព្រហ្មជាបរិស័ទ បានពោលពាក្យនេះហើយ ចំណែក​ខាងព្រហ្ម​ជាអ្នក​មានសេចក្តីត្រេកអរ ក៏ត្រេកអរនឹងភាសិតរបស់ព្រហ្មជាបរិស័ទនោះ។

បមាទសូត្រ ទី៦

[៦៥] សាវត្ថីនិទាន។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាក ក្នុង​វេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង មានព្រហ្មមួយអង្គ ឈ្មោះ​សុព្រហ្ម និងព្រហ្មមួយអង្គទៀត ឈ្មោះសុទ្ធាវាស បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។ គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម បាននិយាយនឹងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ដូច្នេះថា នែគ្នាយើង កាលនេះ ជាកាលមិនទាន់គួរនឹងចូលទៅ​គាល់​ព្រះមានព្រះភាគនៅឡើយទេ ព្រោះព្រះមានព្រះភាគ ទ្រង់គង់សម្រាក​ក្នុងវេលាថ្ងៃ កំពុងសម្ងំនៅក្នុងឈានសមាបត្តិផង ចំណែកខាងព្រហ្មលោកឯណោះ ស្តុកស្តម្ភ (ដោយឈានសុខ) និងរីក (ដោយផ្កា គឺអភិញ្ញា) ប៉ុន្តែមានព្រហ្មក្នុងព្រហ្មលោកនោះ នៅដោយ​សេចក្តី​ប្រមាទផង នែគ្នាយើង មក យើងនឹងចូល​ទៅឯព្រហ្មលោក​នោះវិញ លុះចូលទៅដល់ហើយ ត្រូវញុំាងព្រហ្មនោះឲ្យសង្វេគ។ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានទទួលស្តាប់​ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា យ៉ាងហ្នឹងហើយ គ្នាយើង។ លំដាប់នោះ ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះ​សុទ្ធាវាស ក៏ដូចជាបុរសមានកំលាំង។បេ។ បាត់អំពីទីចំពោះ​ព្រះភក្ត្រ​នៃ​ព្រះមានព្រះភាគ ទៅប្រាកដ​ក្នុងព្រហ្មលោកនោះ។ ព្រហ្មនោះ បានឃើញ​ព្រហ្ម​ទាំងពីរនោះ កំពុងមកអំពីចម្ងាយ លុះ​ឃើញហើយ ក៏សួរព្រហ្មទាំងនោះ យ៉ាងនេះថា នែគ្នាយើងទាំងឡាយ អ្នកទាំងឡាយមកអំពីទីណាហ្ន៎។ ព្រហ្មទាំង​ពីរ ក៏ប្រាប់ថា ម្នាលគ្នាយើង យើងទើបនឹងមកអំពីសំណាក់ នៃ​ព្រះមានព្រះភាគ ជា​ព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ម្នាលគ្នាយើង ចុះអ្នកនឹងទៅកាន់​ទីបំរើ​ព្រះមានព្រះភាគ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ឬទេ។

[៦៦] កាលបើព្រហ្មទាំងពីរ និយាយយ៉ាងនេះហើយ ព្រហ្មនោះ អត់ទ្រាំ​នឹង​ពាក្យនោះមិនបាន ក៏និមិ្មតខ្លួនចំនួនមួយពាន់ ហើយនិយាយនឹងព្រហ្មមួយអង្គ ឈ្មោះ​សុព្រហ្ម យ៉ាងនេះថា ម្នាលគ្នាយើង អ្នកឃើញឥទ្ធានុភាពរបស់ខ្ញុំ មានសភាព​យ៉ាងនេះឬទេ។ សុព្រហ្មតបថា ម្នាលគ្នាយើង ខ្ញុំឃើញ​ឥទ្ធានុភាពរបស់អ្នក មានសភាព​យ៉ាងនោះហើយ។ ព្រហ្មនោះតបថា ម្នាលគ្នាយើង ខ្ញុំនោះឯង មាន​ឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពធំយ៉ាងនេះ ខ្ញុំនឹង​ទៅកាន់ទីបំរើសមណៈ ឬព្រាហ្មណ៍ដទៃណាទៀត ម្តេចបាន។

[៦៧] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និម្មិតខ្លួនចំនួន​ពីរពាន់ ហើយនិយាយនឹងព្រហ្ម យ៉ាងនេះថា ម្នាលគ្នាយើង អ្នកឃើញឥទ្ធានុភាព​របស់ខ្ញុំ​នោះ មានសភាពយ៉ាងនេះឬទេ។ ព្រហ្មនោះតបថា ម្នាលគ្នាយើង ខ្ញុំឃើញឥទ្ធានុភាព​របស់​អ្នក មានសភាពយ៉ាងនោះហើយ។ សុព្រហ្មតបថា ម្នាលគ្នាយើង ព្រះមានព្រះភាគ អង្គនោះ ព្រះអង្គមាន​ឫទ្ធិច្រើនបំផុត ទាំងមាន​អានុភាពច្រើនជាង​អ្នកផង ជាងខ្ញុំផង ម្នាលគ្នាយើង អ្នកគួរមកកាន់​ទីបំរើ​ព្រះមានព្រះភាគ ជា​ព្រះអរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។

[៦៨] លំដាប់នោះឯង ព្រហ្មនោះ បានពោលនូវគាថា ចំពោះព្រហ្មមួយអង្គ ឈ្មោះសុព្រហ្មថា

រូបគ្រុឌបីរយ រូបហង្សបួនរយ រូបខ្លែងប្រាំរយ (នេះជាសម្បត្តិ ក្នុងវិមាន) របស់​ខ្ញុំ ជាអ្នកមានឈាន នែព្រហ្ម វិមាននោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង។

[៦៩] សុព្រហ្មតបថា វិមានរបស់អ្នកនោះ ភ្លឺស្វាង រុងរឿង ក្នុងទិសខាងជើង ក៏មែនហើយ ប៉ុន្តែ អ្នកប្រាជ្ញ មានប្រាជ្ញាល្អ តែងឃើញទោសក្នុងរូបផង ឃើញរូប​ដែល​ញាប់ញ័រ​សព្វកាលផង ហេតុនោះ បានជាលោកមិនត្រេកអរក្នុងរូប។

[៧០] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ញុំាងព្រហ្មនោះ ឲ្យសង្វេគហើយ ក៏បាត់អំពី​ទីនោះទៅ។ លុះ​ចំណេរតមក ព្រហ្មនោះ ក៏បានទៅកាន់ទីបំរើ​ព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ។

បឋមកោកាលិកសូត្រ ទី៧

[៧១] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់​សម្រាក​ក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះ មានព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែបនឹងសន្លឹកទ្វារម្ខាងម្នាក់។

[៧២] លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម ប្រារព្ធនឹង​កោកាលិក​ភិក្ខុ ហើយពោលនូវគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវ​គុណ​ព្រះខីណាស្រព ដែល​ជាគុណរាប់​មិនអស់បាន [គុណ​ព្រះខីណាស្រព គ្មានអ្នកណារាប់អស់ឡើយ។] ខ្ញុំសំគាល់នូវបុថុជ្ជន ដែល​ថាអាចរាប់នូវគុណ​ព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជា​បុគ្គលល្ងង់ខ្លៅ [បុថុជ្ជនណា អួត​ថារាប់គុណ​ព្រះខីណាស្រពអស់ បុថុជ្ជននោះ ចាត់ថាជាអ្នកល្ងង់ខ្លៅ។ អដ្ឋកថា]។

តិស្សកសូត្រ ទី៨

[៧៣] ទៀបក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់សម្រាក​ក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ លំដាប់នោះឯង ព្រហ្មមួយអង្គ ឈ្មោះសុព្រហ្ម និងព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរអែប​នឹងសន្លឹកទ្វារម្ខាងម្នាក់។

[៧៤] គ្រានោះ ព្រហ្មមួយអង្គ ឈ្មោះសុទ្ធាវាស ប្រារព្ធនឹងភិក្ខុឈ្មោះ​កតមោរកតិស្សកៈ ហើយពោលគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

តើអ្នកប្រាជ្ញណា ក្នុងលោកនេះ កំណត់រាប់នូវ​គុណ​ព្រះខីណាស្រព ដែល​ជាគុណរាប់​មិនអស់បាន ខ្ញុំសំគាល់នូវបុគ្គល​ឥតប្រាជ្ញា ដែលថាអាចរាប់គុណ​ព្រះខីណាស្រព ជាគុណរាប់មិនអស់បាន (នោះ) ថាជាបុគ្គល​ល្ងង់ខ្លៅ។

តុទុព្រហ្មសូត្រ ទី៩

[៧៥] ទៀបក្រុងសាវត្ថី… សម័យនោះឯង កោកាលិកភិក្ខុមានអាពាធ ដល់​នូវ​សេចក្តីទុក្ខ ឈឺធ្ងន់។ លំដាប់នោះឯង កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មមួយអង្គ​ឈ្មោះ តុទុ មានរស្មីភ្លឺ រុងរឿង ញុំាងវត្តជេតពន​ទាំងអស់​ឲ្យភ្លឺស្វាង ចូល​ទៅរកកោកាលិកភិក្ខុ លុះចូលទៅដល់ហើយ ក៏ឋិតនៅឰដ៏អាកាស បាននិយាយ​នឹង​កោកាលិកភិក្ខុ យ៉ាងនេះថា នែកោកាលិក លោកចូរញុំាងចិត្ត​ ឲ្យជ្រះថ្លាក្នុង​ព្រះសារីបុត្ត និងព្រះមោគ្គល្លានចុះ ព្រោះព្រះសារីបុត្ត និងព្រះមោគ្គល្លាន មាន​សីល​ជាទីស្រឡាញ់។ កោកាលិកភិក្ខុសួរថា ម្នាលអាវុសោ អ្នកជាអ្វី។ តុទុព្រហ្មតបថា ខ្លួនខ្ញុំ​ជាព្រហ្មម្នាក់ឈ្មោះតុទុ។ កោកាលិកភិក្ខុ សួរថា ម្នាលអាវុសោ អ្នកឯង ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាអនាគាមិបុគ្គល​ហើយ ហេតុអ្វីក៏ឥឡូវ​នេះ អ្នក​មកក្នុងទីនេះ។ តុទុព្រហ្មតបថា លោកចូរឃើញ​កំហុសរបស់លោកនេះចុះ។

[៧៦] បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន​ដោយវាចាណា វាចានោះ ដូចជាផ្លែដឹង កើតក្នុងមាត់បុរស ដែលកើតហើយ អ្នកណា​សរសើរ​បុគ្គល ដែល​គួរនិន្ទា ឬនិន្ទាបុគ្គល ដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែង​មិនបានសុខ ព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យ​គ្រប់ចំពូក ព្រម​ទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោស​មានប្រមាណតិចទេ បុគ្គលដែលញុំាង​ចិត្តឲ្យប្រទូស្ត ក្នុង​បុគ្គលទាំងឡាយ ដែលមានគតិល្អ ទោស​នេះឯង ទើបជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នកតិះដៀលព្រះអរិយៈ​ទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិប​ប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។

ទុតិយកោកាលិកសូត្រ ទី១០

[៧៧] ទៀបក្រុងសាវត្ថី… លំដាប់នោះឯង កោកាលិកភិក្ខុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះកោកាលិកភិក្ខុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមក ប្រព្រឹត្តទៅតាម​អំណាច​សេចក្តីប្រាថ្នា​លាមក។

[៧៨] កាលបើកោកាលិកភិក្ខុ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់នឹងកោកាលិកភិក្ខុ យ៉ាងនេះថា ម្នាលកោកាលិក អ្នកកុំនិយាយ​យ៉ាង​នេះ​ឡើយ ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកចូរញុំាង​ចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីល​ជាទីស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូល​ព្រះមានព្រះភាគ ជាគំរប់ពីរដង​ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គលដែល​គួរជឿ គួរប្រតិបត្តិតាមរបស់ខ្ញុំ មានស្រាប់ហើយ សារីបុត្ត និងមោគ្គល្លាន ជាអ្នកប្រាថ្នាលាមកពិតៗ ប្រព្រឹត្តទៅតាម​អំណាចនៃ​សេចក្តីប្រាថ្នាដ៏លាមក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​កោកាលិកភិក្ខុ ជាគំរប់​ពីរដង យ៉ាងនេះថា ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកកុំនិយាយយ៉ាងនេះឡើយ ម្នាលកោកាលិក អ្នកចូរញុំាង​ចិត្តឲ្យជ្រះថ្លា ក្នុងសារីបុត្ត និងមោគ្គល្លានទៅចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីល​ជាទី​ស្រឡាញ់។ កោកាលិកភិក្ខុ ក្រាបទូល​ព្រះមានព្រះភាគ ជាគំរប់បីដង​ យ៉ាងនេះថា។បេ។ ប្រព្រឹត្តទៅតាម​អំណាច​សេចក្តីប្រាថ្នា។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​កោកាលិកភិក្ខុ ជាគំរប់បីដង យ៉ាងនេះថា។បេ។ ព្រោះសារីបុត្ត និងមោគ្គល្លាន មានសីល​ជាទីស្រឡាញ់។

[៧៩] លំដាប់នោះឯង កោកាលិកភិក្ខុ ក្រោកអំពីអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។ កោកាលិកភិក្ខុ ចេញទៅ​មិនយូរ​ប៉ុន្មាន កាយទាំងមូល ក៏ចេញជាអុទ [អាចារ្យខ្លះប្រែថា បូស ខ្លះថា បូសរលកកែវ ខ្លះថា កមរលាយ។] ប៉ុនៗគ្រាប់ស្ពៃ អុទដែលប៉ុនគ្រាប់ស្ពៃ ក្លាយ​ឡើងប៉ុនៗគ្រាប់​សណ្តែកបាយ អុទដែលប៉ុនគ្រាប់​សណ្តែកបាយ ក្លាយ​ឡើងប៉ុនៗគ្រាប់​សណ្តែកកង់ អុទដែលប៉ុនគ្រាប់សណ្តែកកង់ ក្លាយ​ឡើងប៉ុនៗគ្រាប់ពុទ្រា អុទដែលប៉ុនគ្រាប់ពុទ្រា ក្លាយ​ឡើងប៉ុនៗផ្លែពុទ្រា អុទដែលប៉ុនផ្លែពុទ្រា ក្លាយ​ឡើងប៉ុនៗផ្លែកន្ទួតព្រៃ អុទដែលប៉ុនផ្លែកន្ទួតព្រៃ ក្លាយ​ឡើងប៉ុនៗក្តិបព្នៅ អុទដែលប៉ុនក្តិបព្នៅ ក្លាយ​ឡើងប៉ុនៗផ្លែព្នៅ អុទដែលប៉ុនផ្លែព្នៅ ក៏បែកធ្លាយ ហូរខ្ទុះនិងឈាម។ គ្រានោះ កោកាលិកភិក្ខុ ក៏ធ្វើមរណកាល ដោយជម្ងឺនោះទៅ។ លុះកោកាលិកភិក្ខុ ធ្វើមរណ​កាលហើយ ទៅកើតក្នុងបទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះ​មោគ្គល្លាន។

[៨០] លំដាប់នោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឈរនៅក្នុងទីដ៏សមគួរ។ លុះសហម្បតិព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុង​បទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន។ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ រួចបាត់អំពីទីនោះ។

[៨១] លុះកន្លងរាត្រីនោះទៅ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលវេលារាត្រីបឋមយាមកន្លងទៅហើយ ក្នុងរាត្រីនេះ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងវត្តជេតពនទាំងមូល ឲ្យភ្លឺស្វាង ចូលមករក​តថាគត លុះចូលមកដល់ ថ្វាយបង្គំ​តថាគត ហើយឈរនៅក្នុងទីដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ លុះសហម្បតិព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ ទើបនិយាយពាក្យនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ ធ្វើមរណកាលហើយ បពិត្រព្រះអង្គដ៏ចំរើន កោកាលិកភិក្ខុ លុះធ្វើមរណកាលហើយ ក៏ទៅកើតក្នុង​បទុមនរក ព្រោះតែចងចិត្តអាឃាត ក្នុងព្រះសារីបុត្ត និងព្រះមោគ្គល្លាន ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏ថ្វាយបង្គំ​តថាគត ធ្វើប្រទក្សិណ រួចក៏បាត់អំពីទីនោះទៅ។

[៨២] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ភិក្ខុមួយរូប បាន​ក្រាប​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ប្រមាណអាយុក្នុង​បទុម​នរក តើយូរប៉ុន្មាន។ ម្នាលភិក្ខុ ប្រមាណអាយុក្នុង បទុមនរក យូរពន់ពេក ប្រមាណអាយុ ក្នុងបទុមនរកនោះ មិនអាចរាប់បានដោយងាយថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណោះរយឆ្នាំ ប៉ុណ្ណោះពាន់ឆ្នាំ ឬប៉ុណ្ណោះសែនឆ្នាំបានទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះអាចធ្វើឧបមាបានឬទេ។

[៨៣] ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុ តថាគត អាច​ធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុ ដូចជារទេះផ្ទុកគ្រាប់ល្ង របស់អ្នកដែន​កោសល ដែលមានចំណុះ ២០ខារិ [អដ្ឋកថា ថា ៤បត្ថៈ (នាលិ) នៃអ្នកដែនមគធៈ ជា១បត្ថៈ​ របស់​អ្នកដែនកោសល, ៤បត្ថៈនោះ ជា១អាឡ្ហកៈ ៤អាឡ្ហកៈ ជា១ទោណៈ, ៤ទោណៈ ជា១មានិកា, ៤មានិកា ទើបត្រូវជា១ខារិ គឺ១អំរែក។] លុះដល់កន្លងទៅមួយរយឆ្នាំៗ បុរសចាប់យកគ្រាប់ល្ងមួយគ្រាប់ៗ អំពីរទេះនោះ ម្នាលភិក្ខុ រទេះល្ងរបស់អ្នកដែន​កោសល ដែលមានចំណុះ​ ២០ខារិនោះ អស់រលីង ឥតសេសសល់ ដោយលំដាប់ នេះឆាប់ជាង នៅមិនទាន់ដល់​នរកឈ្មោះ អព្វុទៈ មួយទេ ម្នាលភិក្ខុ ២០អព្វុទនរក ស្មើ​នឹង និរព្វុទនរក មួយ ម្នាលភិក្ខុ ២០និរព្វុទនរក ស្មើនឹង អពពនរក មួយ ម្នាលភិក្ខុ ២០​អពពនរក ស្មើនឹង អដដនរក មួយ ម្នាលភិក្ខុ ២០អដដនរក ស្មើនឹង អហហនរក មួយ ម្នាលភិក្ខុ ២០អហហនរក ស្មើនឹង កុមុទនរក មួយ ម្នាលភិក្ខុ ២០កុមុទនរក ស្មើនឹង ​សោគន្ធិកនរក មួយ ម្នាលភិក្ខុ ២០សោគន្ធិកនរក ស្មើនឹង ឧប្បលកនរក មួយ ម្នាលភិក្ខុ ២០ឧប្បលកនរក ស្មើនឹង បុណ្ឌរីកនរក មួយ ម្នាលភិក្ខុ ២០បុណ្ឌរីកនរក ទើបស្មើនឹង បទុមនរក មួយ ម្នាលភិក្ខុ ចំណែក​កោកាលិកភិក្ខុ ទៅកើតក្នុង​នរក ឈ្មោះ​ បទុមៈ ព្រោះតែចងចិត្តអាឃាត ក្នុងសារីបុត្ត និងមោគ្គល្លាន។

[៨៤] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគតជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់ពាក្យនេះ តទៅទៀតថា

បុគ្គលពាល ពោលទុព្ភាសិត កាត់បង់ខ្លួន ដោយវាចាណា វាចានោះ ដូចជា​ផ្លែដឹង កើតក្នុងមាត់បុរស ដែល​កើតហើយ អ្នកណាសរសើរបុគ្គល ដែលគួរនិន្ទា ឬនិន្ទា​បុគ្គលដែលគួរសរសើរ អ្នកនោះឈ្មោះថា សន្សំទោសដោយមាត់ រមែង​មិនបានសុខព្រោះទោសនោះ ការចាញ់ធន ព្រមទាំងទ្រព្យគ្រប់ចំពូក ព្រមទាំងខ្លួន ទៅលើល្បែងភ្នាល់ទាំងឡាយ ទោសនេះ ជាទោសមានប្រមាណតិចទេ បុគ្គលដែល​ញុំាងចិត្តឲ្យប្រទូស្ត ក្នុងបុគ្គលទាំងឡាយ ដែលមានគតិល្អ ទោសនេះឯង ទើប​ជាទោសធំជាង។ បុគ្គលតំកល់វាចា និងចិត្តអាក្រក់ ជាអ្នក​តិះដៀល​ព្រះអរិយៈ​ទាំងឡាយ ទៅកើតក្នុងនរកណា នរកនោះ មានអាយុចំនួនមួយសែន និងសាមសិប​ប្រាំមួយនិរព្វុទៈ និងប្រាំអព្វុទៈ។

ចប់ អាយាចនវគ្គ។

ឧទ្ទាននៃអាយាចនវគ្គនោះ គឺ

អាយាចនសូត្រ ១ គារវសូត្រ ១ ព្រហ្មទេវសូត្រ ១ ពកព្រហ្មសូត្រ ១ អបរាទិដ្ឋិសូត្រ ១ បមាទសូត្រ ១ បឋមកោកាលិកសូត្រ ១ តិស្សកសូត្រ ១ តុទុព្រហ្មសូត្រ ១ ទុតិយកោកាលិកសូត្រដទៃទៀត ១។

ព្រហ្មបញ្ចកៈ

សនង្កុមារសូត្រ ទី១

[៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរឆ្នេរស្ទឹង ឈ្មោះសប្បិនី ទៀបក្រុងរាជគ្រឹះ។ លំដាប់នោះឯង កាល​វេលារាត្រីបឋមយាមកន្លងទៅហើយ ព្រហ្មឈ្មោះ សនង្កុមារ មានរស្មីដ៏ល្អ ញុំាង​ឆ្នេរស្ទឹង​សប្បិនីទាំងមូល ឲ្យភ្លឺស្វាង រួចចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឈរក្នុងទីសមគួរ។

[៨៦] លុះសនង្កុមារព្រហ្ម ឈរនៅក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់​ព្រះមានព្រះភាគថា

ពួកជនដែលអាស្រ័យនូវគោត្រ មានតែក្សត្រិយ៍ប្រសើរបំផុតក្នុងប្រជុំជន ចំណែកខីណាសវព្រាហ្មណ៍ អ្នកបរិបូណ៌​ដោយវិជ្ជា និងចរណៈ ប្រសើរបំផុត​ក្នុងពួក​ទេវតា និងមនុស្ស។

[៨៧]  លុះសនង្កុមារព្រហ្ម បានពោលគាថានេះហើយ ព្រះសាស្តា ទ្រង់ពេញ​ព្រះហឫទ័យ។ លំដាប់នោះឯង សនង្កុមារព្រហ្មដឹងថា ព្រះសាស្តា​របស់​អាត្មាអញ ទ្រង់ពេញព្រះហឫទ័យ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយក៏បាត់​អំពីទីនោះទៅ។

ទេវទត្តសូត្រ ទី២

[៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ កាលដែលទេវទត្ត ចៀស​ចេញទៅ​មិនយូរប៉ុន្មាន ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ លំដាប់នោះឯង កាល​វេលារាត្រីបឋមយាមកន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងភ្នំគិជ្ឈកូដទាំងមូល ឲ្យភ្លឺស្វាង ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឈរនៅក្នុងទីសមគួរ។

[៨៩] លុះសហម្បតិព្រហ្ម ឈរក្នុងទីដ៏សមគួរហើយ បានពោលគាថានេះ ក្នុងសំណាក់​ព្រះមានព្រះភាគ ប្រារព្ធនឹងទេវទត្តថា

ផ្លែចេក សម្លាប់ដើមចេក ផ្លែឫស្សី សម្លាប់ដើមឫស្សី ផ្លែបបុស សម្លាប់ដើម​បបុស គ្រឿងសក្ការៈ សម្លាប់បុរសខូច ដូចជាគភ៌ សម្លាប់មេសេះអស្សតរ។

អន្ធកវិន្ទសូត្រ ទី៣

[៩០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងស្រុក អន្ធកវិន្ទៈ ក្នុងដែន​មគធៈ។ សម័យនោះឯង ព្រះមានព្រះភាគ គង់ក្នុងទីវាល ក្នុងវេលារាត្រីងងឹត​អ័ព្ទ។ ភ្លៀងក៏ធ្លាក់ស្រិបៗ។ គ្រានោះ លុះវេលារាត្រីបឋមយាម កន្លងទៅហើយ សហម្បតិព្រហ្ម មានរស្មីដ៏ល្អ ញុំាងស្រុកអន្ធកវិន្ទៈទាំងមូល ឲ្យភ្លឺស្វាង រួច​ចូលទៅគាល់​​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឈរក្នុងទីសមគួរ។

[៩១] លុះសហម្បតិព្រហ្ម ឈរក្នុងទីសមគួរហើយ ក៏បានពោលគាថា​ទាំងឡាយនេះ ក្នុងសំណាក់​ព្រះមានព្រះភាគថា

ភិក្ខុគួរសេពសេនាសនៈស្ងាត់ គួរប្រព្រឹត្តឲ្យរួចស្រឡះ ចាកសំយោជនៈ បើ​មិនបានសេចក្តីត្រេកអរ ក្នុងសេនាសនៈ​នោះទេ ក៏គួរនៅក្នុងពួកចុះ តែថា ត្រូវរក្សាខ្លួន ត្រូវមានស្មារតី ភិក្ខុកាលត្រាច់ទៅបិណ្ឌបាត អំពីត្រកូលមួយ ទៅ​ត្រកូលមួយ ត្រូវរក្សាឥន្ទ្រិយ ត្រូវមានប្រាជ្ញា មានស្មារតី ហើយគួរ​សេពសេនាសនៈ​ស្ងាត់ ក្នុងទីណាមានពួកពស់តូច ពស់ធំ ជាសត្វទីឃជាតិ ដែលគួរខ្លាច ផ្លេកបន្ទោរកំពុង​តែឆ្វៀលឆ្វាត់ មេឃកំពុងតែគ្រហឹម ក្នុងរាត្រីដែលងងឹតអ័ព្ទ ភិក្ខុអ្នក​រួចស្រឡះចាកភ័យ ចុះចិត្តស៊ប់ក្នុងព្រះនិព្វាន ដែលឥតភ័យ ក៏អស់ព្រឺព្រួចរោម​ហើយ អង្គុយក្នុងទីទាំងនោះបាន មួយទៀត ហេតុនេះ ខ្ញុំឃើញច្បាស់ហើយ ខ្ញុំ​មិនមែន​និយាយផ្តេសផ្តាសទេ ក្នុងព្រហ្មចរិយៈ គឺធម្មទេសនាម្តង បានពួក​លោក ដែល​លះបង់ នូវ​មច្ចុបានមួយពាន់ បានពួកលោកជាសេក្ខៈជាងប្រាំរយ ក៏មាន រយ​ដប់ក៏មាន លោកទាំងអស់នោះ បានដល់នូវ​ខ្សែអរិយមគ្គហើយ មិនទៅកើត​ជាសត្វ​តិរច្ឆានទេ មួយទៀត ចិត្តខ្ញុំ​គិតថា ពួកសត្វក្រៅពីសេក្ខៈនេះ សុទ្ធតែ​ជាអ្នកបានចំណែក​បុណ្យ តែខ្ញុំមិនអាចនឹងរាប់បាន ព្រោះខ្លាច​មុសាវាទ។

អរុណវតីសូត្រ ទី៤

[៩២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀបក្រុងសាវត្ថី។បេ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា សូមទ្រង់​ព្រះមេត្តាប្រោស។

[៩៣] ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពី​ព្រេងនាយមក មានព្រះរាជា ឈ្មោះ អរុណវន្ត ។ ម្នាលភិក្ខុទាំងឡាយ ក៏ព្រះរាជា​អរុណវន្ត មានរាជធានីឈ្មោះ អរុណវតី ។ ម្នាលភិក្ខុទាំងឡាយ កាលនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ព្រះនាមសិខី បានគង់អាស្រ័យនូវ​អរុណវតីរាជធានី។ ម្នាលភិក្ខុទាំងឡាយ សាវ័កមួយគូ ឈ្មោះ អភិភូ និង សម្ភវៈ ជាគូ​ដ៏ប្រសើរ ជាគូដ៏ចំរើន របស់ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ។

[៩៤] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុឈ្មោះ អភិភូ ថា ម្នាលព្រាហ្មណ៍ មក យើង​នឹងចូលទៅកាន់ព្រហ្មលោកណាមួយ ទំរាំដល់ពេលភត្ត។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ក៏បាត់អំពីអរុណវតីរាជធានី ទៅប្រាកដក្នុង​ព្រហ្មលោក​​នោះ ដូចជាបុរសមានកម្លាំង លាចេញនូវដៃ ដែលបត់ចូល ឬបត់ចូលនូវ​ដៃ ដែលលាចេញ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលំដាប់នោះ ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់នឹងអភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ អ្នកចូរសំដែងនូវ​ធម្មីកថា ដល់ព្រហ្មផង ដល់បរិស័ទរបស់ព្រហ្មផង ដល់អ្នកបំរើរបស់ព្រហ្មផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះ អភិភូ ទទួល​ព្រះពុទ្ធដីកា​ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយញុំាងព្រហ្មផង ញុំាងបរិស័ទ​របស់​ព្រហ្មផង ញុំាងអ្នកបំរើរបស់ព្រហ្មផង ឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហ៊ាន ឲ្យ​រីករាយ ដោយធម្មីកថា។

[៩៥] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទ​របស់​ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ពោលទោស តិះដៀល និន្ទាថា អស្ចារ្យណាស់ហ្ន៎ ចំឡែក​ណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែង​ធម៌សោះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ត្រាស់នឹង​អភិភូភិក្ខុថា ម្នាលព្រាហ្មណ៍ ព្រហ្ម និងបរិស័ទ​របស់​ព្រហ្ម និងអ្នកបំរើរបស់ព្រហ្មទាំងនោះ ពោលទោសថា អស្ចារ្យណាស់ហ្ន៎ ចំឡែក​ណាស់ហ្ន៎ ព្រះសាស្តា គង់នៅក្នុងទីចំពោះមុខ មិនសមបីបើសាវ័ក ហ៊ានសំដែង​ធម៌សោះ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរញុំាងព្រហ្ម និងបរិស័ទ​របស់​ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម ឲ្យសង្វេគក្រៃលែងជាងប្រមាណចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ​ ទទួលព្រះពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ​ព្រះអង្គ ហើយមានកាយប្រាកដ សំដែងធម៌ខ្លះ មានកាយ​មិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាលខាងក្រោមប្រាកដ តែ​កាយពាក់កណ្តាល​ខាងលើ មិនប្រាកដ សំដែងធម៌ខ្លះ មានកាយពាក់កណ្តាល​ខាងលើ​ប្រាកដ តែ​កាយពាក់កណ្តាល​ខាងក្រោម មិនប្រាកដ សំដែងធម៌ខ្លះ។

[៩៦] ម្នាលភិក្ខុទាំងឡាយ បានឮមក ក្នុងរឿងនោះថា ព្រហ្ម និងបរិស័ទ​របស់​ព្រហ្ម និងអ្នកបំរើរបស់ព្រហ្ម មានសេចក្តី​អស្ចារ្យចំឡែក កើតឡើងក្នុងចិត្តថា អស្ចារ្យណាស់ហ្ន៎ ចំឡែក​ណាស់ហ្ន៎ សមណៈមានឫទ្ធិច្រើន មានអានុភាព​ច្រើន។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អភិភូភិក្ខុ បានក្រាបទូលព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ធ្លាប់ពោលវាចា​ មានសភាពយ៉ាងនេះ ក្នុងកណ្តាល​ភិក្ខុសង្ឃថា ម្នាលអាវុសោទាំងឡាយ ខ្ញុំឋិតនៅ​ក្នុង​ព្រហ្មលោក អាចញុំាងលោកធាតុ ទាំងមួយពាន់ ឲ្យដឹងច្បាស់ ដោយសំឡេង​បាន។ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ កាលនេះគួរហើយ ម្នាលព្រាហ្មណ៍ អ្នកឋិតនៅក្នុងព្រហ្មលោកហើយ គប្បីញុំាងលោកធាតុទាំងមួយ​ពាន់ ឲ្យដឹងច្បាស់ ដោយសំឡេងចុះ។ ម្នាលភិក្ខុទាំងឡាយ អភិភូភិក្ខុ ទទួល​ព្រះ​ពុទ្ធដីកាព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធថា ព្រះករុណា ព្រះអង្គ ហើយឋិតនៅក្នុងព្រហ្មលោក បានពោលគាថា ទាំងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹង​ប្រែង ចូរប្រកប​ព្យាយាម ក្នុងពុទ្ធសាសនា ចូរ​កំចាត់បង់សេនានៃមច្ចុ ដូចជា​កុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុង​ធម្មវិន័យនេះ អ្នកនោះនឹងលះបង់នូវ​ជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន។

[៩៧] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រះសិខីមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ និងអភិភូភិក្ខុ ញុំាងព្រហ្ម និងបរិស័ទរបស់ព្រហ្ម និងអ្នកបំរើ​របស់ព្រហ្ម ឲ្យសង្វេគហើយ បាត់អំពីព្រហ្មលោកនោះ មកប្រាកដក្នុង​អរុណវតីរាជធានីវិញ ដោយឆាប់រហ័ស ប្រៀបដូច​ជា។បេ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រះសិខីមាន​ព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលនូវគាថា​ទាំងឡាយ អ្នកទាំងឡាយ បានឮដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថា​ទាំងឡាយ ពួកយើងខ្ញុំព្រះអង្គបានឮដែរ។ ម្នាលភិក្ខុទាំងឡាយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលនូវគាថា​ទាំងឡាយ អ្នកទាំងឡាយ បានឮពាក្យថាដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថា​ទាំងឡាយ ពួកយើងខ្ញុំ​ព្រះអង្គ បានឮយ៉ាងនេះថា

អ្នកទាំងឡាយ ចូរប្រារព្ធ ចូរប្រឹង​ប្រែង ចូរប្រកប​ព្យាយាម ក្នុងពុទ្ធសាសនា ចូរ​កំចាត់បង់សេនានៃមច្ចុ ដូចជា​កុញ្ជរ ញាំញីផ្ទះបបុស អ្នកណាមិនប្រហែស ក្នុង​ធម្មវិន័យនេះ អ្នកនោះ នឹងលះបង់នូវ​ជាតិសង្សារ ហើយធ្វើនូវទីបំផុតទុក្ខបាន

បពិត្រព្រះអង្គដ៏ចំរើន កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថា​ទាំងឡាយ ពួកយើងខ្ញុំ​ព្រះអង្គ បានឮយ៉ាងនេះឯង។

[៩៨] ម្នាលភិក្ខុទាំងឡាយ ល្អហើយ ល្អហើយ ម្នាលភិក្ខុទាំងឡាយ ពិតជា​ប្រពៃហើយ កាលដែលអភិភូភិក្ខុ ឋិតនៅក្នុងព្រហ្មលោក ពោលគាថា​ទាំងឡាយ អ្នក​ទាំងឡាយបានឮ។ ព្រះមានព្រះភាគ ត្រាស់ព្រះពុទ្ធដីកានេះហើយ ភិក្ខុទាំងនោះ ក៏មាន​សេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

បរិនិព្វានសូត្រ ទី៥

[៩៩] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងចន្លោះដើមសាលព្រឹក្សទាំង​គូ ក្នុងសាលវ័ន របស់ពួកមល្លក្សត្រិយ៍ ដែលជាទីបត់ចូលទៅក្នុងក្រុងកុសិនារា ក្នុង​សម័យជាទីបរិនិព្វាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ ក៏ឥឡូវនេះ តថាគតប្រាប់អ្នកទាំងឡាយថា សង្ខារទាំងឡាយ មានសេចក្តីសាបសូន្យជាធម្មតា អ្នកទាំងឡាយ ចូរញុំាងកិច្ចទាំងពួង ឲ្យសម្រេច ដោយ​សេចក្តីមិនប្រហែសចុះ។ នេះជាបច្ឆិមវាចា របស់ព្រះតថាគត។

[១០០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលនេវសញ្ញានាសញ្ញាយតនជ្ឈាន ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូល​សញ្ញាវេទយិតនិរោធ ចេញអំពីសញ្ញាវេទយិតនិរោធ ត្រឡប់ចូលនេវសញ្ញានាសញ្ញា​យតនជ្ឈានវិញ ចេញអំពីនេវសញ្ញានាសញ្ញាយតនជ្ឈាន ចូលអាកិញ្ចញ្ញាយតនជ្ឈាន ចេញអំពីអាកិញ្ចញ្ញាយតនជ្ឈាន ចូលវិញ្ញាណញ្ចាយតនជ្ឈាន ចេញអំពីវិញ្ញាណញ្ចាយតនជ្ឈាន ចូលអាកាសានញ្ចាយតនជ្ឈាន ចេញអំពីអាកាសានញ្ចាយតនជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលបឋមជ្ឈាន ចេញអំពីបឋមជ្ឈាន ចូលទុតិយជ្ឈាន ចេញអំពីទុតិយជ្ឈាន ចូលតតិយជ្ឈាន ចេញអំពីតតិយជ្ឈាន ចូលចតុត្ថជ្ឈាន ចេញអំពីចតុត្ថជ្ឈាន ព្រះមានព្រះភាគ ទ្រង់បរិនិព្វាន ក្នុងចន្លោះ។

[១០១] កាលព្រះមានព្រះភាគ បរិនិព្វានហើយ សហម្បតិព្រហ្ម ពោលគាថា​នេះ ដំណាលគ្នានឹងការបរិនិព្វានថា

ព្រះតថាគត ជាសាស្តា មានគុណប្រាកដ ដូច្នេះ មិនមានបុគ្គលប្រៀបផ្ទឹម​បានក្នុងលោក ទ្រង់ដល់​នូវកម្លាំង នៃញាណ ត្រាស់ដឹងដោយព្រះអង្គឯង ទ្រង់​បរិនិព្វានហើយក្នុងលោកណា ពួកសត្វទាំងអស់ នឹងដាក់ចុះនូវរាងកាយ ក្នុងលោក (នោះ) មិនខានឡើយ។

[១០២] កាលព្រះមានព្រះភាគ បរិនិព្វានហើយ សក្កៈ ជាធំជាងទេវតាទាំង​ឡាយ ពោលគាថា​នេះ ដំណាលគ្នានឹងការបរិនិព្វានថា

សង្ខារទាំងឡាយ មិនទៀងទេហ្ន៎ មានការកើតឡើង និងការសូន្យទៅវិញ ជា​ធម្មតា លុះកើតឡើងហើយ ក៏រលត់ទៅវិញ ការរម្ងាប់នូវសង្ខារទាំងនោះបាន ទើប​នាំមក​នូវសេចក្តីសុខ។

[១០៣] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអានន្ទមានអាយុ ពោលគាថា​នេះ ដំណាលគ្នានឹងការបរិនិព្វានថា

កាលដែលព្រះសម្ពុទ្ធ ប្រកបដោយ​ហេតុដ៏ប្រសើរគ្រប់យ៉ាង ទ្រង់បរិនិព្វាន​ហើយ សេចក្តីខ្លាចនោះ សេចក្តីព្រឺរោមនោះ ក៏តែងកើតមានប្រាកដ។

[១០៤] កាលព្រះមានព្រះភាគ បរិនិព្វានហើយ ព្រះអនុរុទ្ធមានអាយុ ក៏ពោលគាថាទាំង​នេះ ដំណាលគ្នានឹងការបរិនិព្វានថា

ខ្យល់អស្សាសៈ និងបស្សាសៈ របស់ព្រះសម្ពុទ្ធ ដែលមានព្រះហឫទ័យ​ខ្ជាប់ខ្ជួន នឹងធឹង មិនមានទេ ព្រះសម្ពុទ្ធ ទ្រង់មិនញាប់ញ័រ​ដោយតណ្ហាទេ ទ្រង់​ប្រារព្ធ​សេចក្តីស្ងប់ គឺអនុបាទិសេសនិព្វាន ទ្រង់មានបញ្ញាចក្ខុ បរិនិព្វានហើយ ទ្រង់​អត់សង្កត់​នូវវេទនា ដោយព្រះហឫទ័យមិនបានរួញរា មានព្រះហឫទ័យរួចស្រឡះ ដូចជាប្រទីបរលត់ហើយ។

ចប់ ព្រហ្មបញ្ចកៈ ។

ឧទ្ទាននៃព្រហ្មបញ្ចកៈនោះ គឺ

សនង្កុមារព្រហ្មសូត្រ ១ ទេវទត្តសូត្រ ១ អន្ធកវិន្ទសូត្រ ១ អរុណវតីសូត្រ ១ និង​បរិនិព្វានសូត្រ ១ នេះឈ្មោះថា ព្រហ្មបញ្ចកៈ ដែលព្រះមានព្រះភាគ សំដែងហើយ។

ឧទ្ទាន ក្នុងព្រហ្មសំយុត្តនោះ គឺ

ព្រហ្មាយាចនសូត្រ ១ គាវរសូត្រ ១ ព្រហ្មទេវសូត្រ ១ ពកព្រហ្មសូត្រ ១ ព្រហ្ម​ដទៃទៀត ក្នុងអបរាទិដ្ឋិសូត្រ ១ រឿងព្រហ្មលោកក្នុងបមាទសូត្រ ១ បឋមកោកាលិកសូត្រ ១ អាឡវិកៈ (តិស្សកៈ) សូត្រ ១ តុទុព្រហ្មសូត្រ ១ កោកាលិកភិក្ខុ​សូត្រ ១ សនង្កុមារសូត្រ ១ ទេវទត្តសូត្រ ១ អន្ធកវិន្ទសូត្រ ១ អរុណវតីសូត្រ ១ បរិនិព្វាន​សូត្រ ១ ត្រូវជា​ ១៥ លំដាប់បាលី ដែលមានមក ប្រាកដដូច្នេះឯង។

ចប់ ព្រហ្មសំយុត្ត។

ព្រាហ្មណសំយុត្ត

អរហន្តវគ្គ ទី១

ធនញ្ជានីសូត្រ ទី១

[១០៥] ខ្ញុំបានស្តាប់យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង នាង​ព្រាហ្មណីឈ្មោះ ធនញ្ជានី (ជាភរិយា) នៃព្រាហ្មណ៍ម្នាក់ ជាភារទ្វាជគោត្រ នាងជ្រះ​ថ្លាក្រៃពេក ក្នុងព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ។

[១០៦] លំដាប់នោះឯង នាងធនញ្ជានីព្រាហ្មណី កំពុងចាត់ចែង​ភត្ត ដើម្បី​ព្រាហ្មណ៍ភារទ្វាជគោត្រ ក៏ភ្លាត់បន្លឺនូវឧទានបីដងថា សូមថ្វាយបង្គំ​ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ សូមថ្វាយបង្គំ​ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។ កាលបើនាងព្រាហ្មណី ពោលយ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ និយាយនឹងនាងធនញ្ជានីព្រាហ្មណី យ៉ាងនេះថា មេចង្រៃនេះ ធ្លាប់តែឯចឹងៗ ហ៊ានពោលសរសើរសមណៈត្រងោល ក្នុងទីផ្តេសផ្តាស នែមេចង្រៃ អញនឹងលើក​នូវ​វាទៈ [អញនឹងលើកនូវវាទៈ បានសេចក្តីថា អញនឹងសួរដេញដោល។] ចំពោះគ្រូរបស់ហងឯងនោះ ក្នុងកាលឥឡូវនេះ។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក មនុស្សលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ខ្ញុំមិនដែល​ឃើញ​អ្នកណា អាចលើកនូវវាទៈ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះបានទេ ម្នាលព្រាហ្មណ៍ តែថាអ្នកចូរទៅចុះ លុះទៅហើយ គង់តែនឹងដឹងទេ។

[១០៧] គ្រានោះឯង ព្រាហ្មណ៍ភារទ្វាជគោត្រ ខឹងអន់ចិត្ត ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ធ្វើសេចក្តី​រីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក​ហើយ ក៏​អង្គុយនៅក្នុងទីសមគួរ។ លុះព្រាហ្មណ៍ភារទ្វាជគោត្រ អង្គុយក្នុងទីសមគួរហើយ បាន​ពោល​នឹងព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលកាត់បង់នូវអ្វី ទើបដេកជាសុខ បុគ្គលកាត់បង់នូវអ្វី ទើបមិនសោកសៅ បពិត្រ​ព្រះគោតម ព្រះអង្គពេញព្រះហ្ឫទ័យនឹងសម្លាប់ធម៌ណា ដែល​ជាធម៌ឯក។

[១០៨] ព្រះមានព្រះភាគត្រាស់ថា បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបដេក​ជាសុខ បុគ្គលកាត់បង់នូវសេចក្តីក្រោធ ទើបមិនសោកសៅ ម្នាលព្រាហ្មណ៍ ពួកព្រះអរិយៈ តែងសរសើរនូវការសម្លាប់សេចក្តីក្រោធ ដែលមានឫសជាពិស មានចុង​ដ៏ផ្អែម ព្រោះថា បុគ្គលកាត់បង់នូវសេចក្តីក្រោធនោះបានហើយ ទើបមិនសោក​សៅ។

[១០៩] កាលដែលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍ភារទ្វាជគោត្រ បានទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតម​ដ៏ចំរើន ដូចជាបុគ្គលផ្ងារ នូវរបស់ដែលផ្កាប់ បើកបង្ហាញ នូវរបស់ដែល​កំបាំង ឬចង្អុល​បង្ហាញផ្លូវ ដល់មនុស្សវង្វេង ឬក៏ទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួក​មនុស្សមានចក្ខុ នឹងឃើញរូបទាំងឡាយបាន ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាស​ហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះគោតម​ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាន​នូវ​បព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់​ព្រះគោតមដ៏ចំរើន។ ព្រាហ្មណ៍ភារទ្វាជគោត្រ ក៏បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់​ព្រះមានព្រះភាគ។ លុះភារទ្វាជៈមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ចៀសចេញ​ទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរធម៌ណា (ព្រះភារទ្វាជៈនោះ) ក៏បាន​ធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អក្កោសកសូត្រ ទី២

[១១០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ព្រាហ្មណ៍ឈ្មោះ អក្កោសកភារទ្វាជៈ បាន​ឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់​ព្រះសមណគោតម ក៏ខឹង អន់ចិត្ត ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ជេរគម្រាមព្រះមានព្រះភាគ ដោយវាចា​ជាអសប្បុរស អាក្រក់។

[១១១] កាលបើអក្កោសកភារទ្វាជៈ ពោលយ៉ាងនេះហើយ ព្រះមានព្រះភាគ បានត្រាស់នឹងអក្កោសកភារទ្វាជព្រាហ្មណ៍ យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកសំគាល់​ហេតុនោះ​ដូចម្តេច ពួកមិត្រអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកអ្នកដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ចួនកាលពួកមិត្តអាមាត្យ ញាតិសាលោហិត ជាភ្ញៀវ ធ្លាប់មករកខ្ញុំម្តងៗដែរ។ ម្នាលព្រាហ្មណ៍ អ្នកសំគាល់​សេចក្តីនោះដូចម្តេច អ្នកបានរៀបខាទនីយ ភោជនីយាហារ និង​សាយនីយាហារ ទទួល​ពួកភ្ញៀវទាំងនោះដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ចួនកាលខ្ញុំបានរៀប​ខាទនីយភោជនីយាហារ និងសាយនីយាហារ ទទួលពួកភ្ញៀវ​ទាំងនោះដែរ។ ម្នាលព្រាហ្មណ៍ ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួលយកទេ តើវត្ថុនោះ បានទៅអ្នកណាវិញ។ បពិត្រព្រះគោតមដ៏ចំរើន ប្រសិនបើពួកភ្ញៀវទាំងនោះ មិនទទួល​យកទេ វត្ថុនោះ ត្រូវបានមកខ្ញុំវិញ។ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ក៏យ៉ាង​នោះដែរ អ្នកឯងជេរតថាគត ដែលជាអ្នក​មិនជេរ ខឹងនឹងតថាគត ដែលជាអ្នកមិនខឹង ប្រកួតប្រកាន់នឹងតថាគត ដែលជាអ្នក​មិនប្រកួតប្រកាន់ តថាគត មិនទទួលការប្រទូស្ត របស់អ្នកនោះទេ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ។ ម្នាលព្រាហ្មណ៍ អ្នកណាជេរតបបុគ្គលដែលជេរ ខឹងតបបុគ្គលដែលខឹង ប្រកួតប្រកាន់​តបបុគ្គល ដែលប្រកួតប្រកាន់ ម្នាលព្រាហ្មណ៍ បុគ្គលនេះ តថាគត​ ឲ្យ​ឈ្មោះថា ស៊ីជាមួយគ្នា ធ្វើតបបុគ្គលដែលធ្វើហើយ តថាគតនោះ មិនបរិភោគ​ជាមួយ​នឹងអ្នកទេ មិនធ្វើតប​អ្នកវិញទេ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ ម្នាលព្រាហ្មណ៍ ការជេរនុ៎ះ ត្រូវបានទៅអ្នកវិញ។ ព្រាហ្មណ៍ពោលថា បរិស័ទ ព្រមទាំង​ស្តេច ស្គាល់​ព្រះគោតមដ៏ចំរើន យ៉ាងនេះថា ព្រះសមណគោតម ជាព្រះអរហន្តមែន តែព្រះគោតមដ៏ចំរើន នៅតែខឹង។

[១១២] ព្រះមានព្រះភាគត្រាស់ថា បុគ្គលមិនក្រោធ មានខ្លួនទូន្មានហើយ រស់នៅសមរម្យ មានចិត្តរួចស្រឡះ ព្រោះយល់ត្រូវ អ្នកស្ងប់រម្ងាប់កិលេស មិនញាប់ញ័រ ដោយលោកធម៌ តើមានក្រោធពីណាមក ព្រោះថា អ្នកណាក្រោធតប​បុគ្គលដែលក្រោធហើយ អ្នកនោះឯង នឹងមានសេចក្តីអាក្រក់ ព្រោះសេចក្តីក្រោធ​នោះឯង ឯបុគ្គល​មិនក្រោធតបនឹង​អ្នកដែលក្រោធ រមែងឈ្នះសង្គ្រាម ដែលគេ​ឈ្នះ​បានដោយក្រ អ្នកណាដឹងថា អ្នកដទៃក្រោធនឹងខ្លួន ជាអ្នក​មានស្មារតីរម្ងាប់​សេចក្តី​ក្រោធបាន អ្នកនោះឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរនាក់ គឺខ្លួន និងអ្នក​ដទៃ បណ្តាជនទាំង២នាក់ គឺខ្លួននិងអ្នកដទៃ ដែលជា​អ្នករក្សាសេចក្តីសុខ ជន​ទាំងឡាយណា មិនឈ្លាសក្នុងធម៌ ជនទាំងឡាយនោះ រមែង​សំគាល់អ្នកនោះ ថាជាមនុស្សពាល។

[១១៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អក្កោសកភារទ្វាជៈព្រាហ្មណ៍ បានទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់។បេ។ ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះគោតម​ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាន​នូវ​បព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់​ព្រះគោតមដ៏ចំរើន។ អក្កោសកភារទ្វាជព្រាហ្មណ៍ បានបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់​ព្រះមានព្រះភាគហើយ។ លុះអក្កោសកភារទ្វាជៈ​មានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ចៀសចេញ​ទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាមដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរធម៌ណា លោកក៏បាន​ធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេចដោយប្រាជ្ញា ដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អសុរិន្ទកសូត្រ ទី៣

[១១៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទក​និវាបស្ថាន ជិតក្រុងរាជគ្រឹះ។ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បាន​ឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់​ព្រះសមណគោតមហើយ ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ជេរគម្រាមព្រះមានព្រះភាគ ដោយវាចា​ជាអសប្បុរស ក៏អាក្រក់។ កាលបើអសុរិន្ទកព្រាហ្មណ៍ ជេរយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏នៅ​តែស្ងៀម។ លំដាប់នោះឯង អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះថា នែសមណៈ យើងឈ្នះអ្នកឯងហើយ នែសមណៈ យើងឈ្នះអ្នកឯងហើយ។

[១១៥] ព្រះមានព្រះភាគត្រាស់ថា បុគ្គលពាល ពោលនូវផរុសវាចា តែង​សំគាល់ថា ជ័យជំនះ តែថា សេចក្តីអត់ធន់ ជាជ័យជំនះ របស់អ្នកប្រាជ្ញនោះ អ្នកណា​ក្រោធតបនឹងបុគ្គលអ្នកក្រោធ អ្នកនោះឯង រមែងមានសេចក្តីអាក្រក់ ព្រោះសេចក្តី​ក្រោធនោះ បុគ្គលមិនក្រោធតបនឹងបុគ្គល​អ្នកក្រោធ ឈ្មោះថា ឈ្នះសង្គ្រាម ដែលគេ​ឈ្នះបានដោយកម្រ អ្នកណាដឹងថា អ្នកដទៃក្រោធនឹងខ្លួន ហើយមានស្មារតីរម្ងាប់​សេចក្តីក្រោធបាន អ្នកនោះឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំង២នាក់ គឺខ្លួន និងអ្នក​ដទៃ បណ្តាជនទាំង២នាក់ គឺខ្លួននិងអ្នកដទៃ ដែលជា​អ្នករក្សាសេចក្តីសុខ ជន​ទាំងឡាយ ដែលមិនឈ្លាសក្នុងធម៌ រមែង​សំគាល់អ្នក ដែលអត់ធន់នោះ ថាជាមនុស្សពាល។

[១១៦] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អសុរិន្ទកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់។បេ។ បានដឹងច្បាស់។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

ពិលង្គិកសូត្រ ទី៤

[១១៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទក​និវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បាន​ឮដំណឹងថា ព្រាហ្មណ៍ភារទ្វាជគោត្រ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ក្នុងសំណាក់​ព្រះសមណគោតម ក៏ក្រោធខឹង អន់ចិត្ត ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀម ក្នុងទីសមគួរ។

[១១៨] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវសេចក្តី​ត្រិះរិះ ក្នុងចិត្តនៃពិលង្គិកភារទ្វាជព្រាហ្មណ៍ ដោយព្រះហឫទ័យហើយ ទ្រង់ត្រាស់នឹង​ពិលង្គិកភារទ្វាជព្រាហ្មណ៍ ដោយគាថា ថា

បុគ្គលពាលណា ប្រទូស្តចំពោះជន ដែលមិនបានប្រទូស្ត ជាសត្វដ៏ស្អាត មិនមាន​ទីទួល គឺកិលេស បាបរមែងត្រឡប់មកត្រូវបុគ្គលពាលនោះវិញ ដូចជាធូលី​ដ៏ល្អិត ដែលគេ​បាចច្រាសខ្យល់។

[១១៩] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពិលង្គិកភារទ្វាជព្រាហ្មណ៍ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រព្រះគោតម​ដ៏ចំរើន ច្បាស់ណាស់។បេ។ ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះគោតម​ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរឭក ខ្ញុំព្រះអង្គ សូមបាន​នូវ​បព្វជ្ជា ក្នុងសំណាក់​ព្រះគោតមដ៏ចំរើន។បេ។ បាន​ធ្វើ​ឲ្យជាក់ច្បាស់ សម្រេចដោយប្រាជ្ញា ដ៏ឧត្តម នៃខ្លួនឯង ក្នុងបច្ចុប្បន្ន នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អហឹសកសូត្រ ទី៥

[១២០] សាវត្ថីនិទាន។ លំដាប់នោះឯង អហឹសកភារទ្វាជព្រាហ្មណ៍ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក​ហើយ ក៏​អង្គុយក្នុងទីសមគួរ។ លុះអហឹសកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះ អហឹសកៈ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះអហឹសកៈ។

[១២១] ព្រះអង្គត្រាស់ថា ប្រសិនបើឈ្មោះអ្នកឯង ពិតដូច្នោះមែន អ្នកឯង​គួរ​ជាអ្នកមិនបៀតបៀន ព្រោះថា បុគ្គលណា មិនបៀតបៀន ដោយកាយវាចាចិត្ត បុគ្គល​នោះ ទើបឈ្មោះថា អហឹសកៈ មួយទៀត បើបុគ្គលណា មិនសម្លាប់​សត្វដទៃ បុគ្គលនោះ ឈ្មោះថា អហឹសកៈ។

[១២២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អហឹសកភារទ្វាជព្រាហ្មណ៍ បានពោលនូវ​ពាក្យនេះ នឹងព្រះមានព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បានដឹងច្បាស់។ បណ្តាព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

ជដាសូត្រ ទី៦

[១២៣] សាវត្ថីនិទាន។ គ្រានោះឯង ជដាភារទ្វាជព្រាហ្មណ៍ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក​ហើយ ក៏​អង្គុយក្នុងទីសមគួរ។

[១២៤] លុះជដាភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បាន​ពោល នឹងព្រះមានព្រះភាគ ដោយគាថា ថា

បណ្តាញខាងក្នុងក៏មាន បណ្តាញខាងក្រៅក៏មាន ពួកសត្វតែងចំពាក់ ដោយ​បណ្តាញ បពិត្រព្រះគោតម ព្រោះហេតុនោះ ខ្ញុំព្រះអង្គ សូមសួរនូវ​សេចក្តីនោះ តើ​អ្នកណា អាចកាប់ឆ្កា នូវបណ្តាញនេះបាន។

[១២៥] ព្រះអង្គត្រាស់ថា នរជនឃើញភ័យ ក្នុងសំសារវដ្ត ប្រកបដោយ​បញ្ញា មានព្យាយាម មានបញ្ញា ជាគ្រឿងរក្សាខ្លួន តាំងនៅក្នុងសីល ហើយចំរើននូវចិត្ត និងបញ្ញា នរជននោះ ទើបគួរកាប់ឆ្កា នូវបណ្តាញនេះបាន រាគៈក្តី ទោសៈក្តី អវិជ្ជាក្តី ដែលជន​ទាំងឡាយណា ឲ្យសាបរលាបទៅហើយ ជនទាំងនោះ មានអាសវៈអស់​ហើយ ជាព្រះអរហន្ត ជនទាំងនោះ ឈ្មោះថា បានកាប់ឆ្កា នូវបណ្តាញបាន នាមក្តី រូបក្តី បដិឃសញ្ញា និងរូបសញ្ញាក្តី រលត់មិនសល់ក្នុងទីណា បណ្តាញនុ៎ះ ក៏ដាច់សូន្យ​ក្នុងទីនោះ។

[១២៦] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ជដាភារទ្វាជព្រាហ្មណ៍ បានពោលនូវ​ពាក្យនេះ នឹងព្រះមានព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

សុទ្ធិកសូត្រ ទី៧

[១២៧] សាវត្ថីនិទាន។ គ្រានោះឯង សុទ្ធិកភារទ្វាជព្រាហ្មណ៍ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក​ហើយ ក៏​អង្គុយក្នុងទីសមគួរ។

[១២៨] លុះសុទ្ធិកភារទ្វាជព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បាន​ពោលគាថានេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

បុគ្គលដែលឈ្មោះថា ព្រាហ្មណ៍ ពុំទាន់បរិសុទ្ធនៅឡើយទេ លុះតែបុគ្គល​ណាមួយ ក្នុងលោក ដែលមានសីល ធ្វើនូវតបៈ ប្រកបដោយវិជ្ជា និងចរណៈ បុគ្គល​នោះ ទើបឈ្មោះថា បរិសុទ្ធ ពួកសត្វឯទៀត ក្រៅពីនេះ រមែងមិនបរិសុទ្ធឡើយ។

[១២៩] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវពាក្យច្រើន តែជាអ្នក​ជ្រោក​ជ្រាកសៅហ្មងខាងក្នុង អាស្រ័យដោយការកុហក ក៏មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះ​ជាតិឡើយ ក្សត្រ ព្រាហ្មណ៍ វេស្សៈ សុទ្ទៈ ចណ្ឌាល អ្នកចោលសំរាម ដែលមាន​ព្យាយាមប្រារព្ធហើយ មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វាន មានសេចក្តីប្រឹងប្រែង​មាំមួន​ជានិច្ច រមែងដល់នូវសេចក្តី​បរិសុទ្ធិ ដ៏ក្រៃលែងបាន ម្នាលព្រាហ្មណ៍ អ្នកចូរ​ដឹងយ៉ាងនេះចុះ។

[១៣០] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុទ្ធិកភារទ្វាជព្រាហ្មណ៍ បានពោលនូវ​ពាក្យនេះ នឹងព្រះមានព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ច្បាស់ណាស់។បេ។ បណ្តាព្រះអរហន្ត​ទាំងឡាយ ព្រះភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។

អគ្គិកសូត្រ ទី៨

[១៣១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង អគ្គិកភារទ្វាជព្រាហ្មណ៍ លាយនូវបាយាស ដោយសប្បិ ដោយបំណងថា អាត្មាអញ នឹងបូជាភ្លើង នឹងបំរើ​នូវ​ការបូជាភ្លើង។

[១៣២] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះ កាលត្រាច់បិណ្ឌបាត តាម​លំដាប់ផ្ទះ ក្នុងក្រុងរាជគ្រឹះហើយ ក៏ចូលទៅកាន់ផ្ទះ របស់​អគ្គិកភារទ្វាជព្រាហ្មណ៍ លុះចូលទៅដល់ហើយ ទ្រង់ឈរនៅក្នុងទីសមគួរ។

[១៣៣] អគ្គិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ កំពុងទ្រង់​ឈរ ដើម្បីបិណ្ឌបាត លុះឃើញហើយ បានពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ថា

អ្នកណាបរិបូណ៌ដោយវិជ្ជាបី មានជាតិ (ដ៏បរិសុទ្ធ) ជាអ្នកចេះចាំគម្ពីរច្រើន ជាអ្នកបរិបូណ៌ ដោយវិជ្ជា ចរណៈ អ្នកនោះ ទើបគួរបរិភោគ នូវបាយាសនេះបាន។

[១៣៤] ព្រះអង្គត្រាស់ថា បុគ្គល កាលពោលនូវពាក្យច្រើន តែជាអ្នក​ជ្រោក​ជ្រាកសៅហ្មង ខាងក្នុង ត្រូវសេចក្តីកុហករួបរឹតហើយ មិនឈ្មោះថា ព្រាហ្មណ៍ ព្រោះ​ជាតិឡើយ អ្នកណាដឹងនូវខន្ធសន្តាន ដែលសត្វធ្លាប់អាស្រ័យនៅពីមុន ឃើញនូវសួគ៌ និងអបាយ មួយទៀត ជាអ្នកដល់នូវការអស់ទៅនៃជាតិ ជាអ្នកប្រាជ្ញ ដល់នូវការសម្រេច ព្រោះត្រាស់ដឹង បានឈ្មោះថា តេវិជ្ជបុគ្គល ព្រោះវិជ្ជា​ទាំងបីនុ៎ះ ទាំងបរិបូណ៌ ដោយវិជ្ជាចរណៈ ទើបឈ្មោះថា ព្រាហ្មណ៍ ព្រាហ្មណ៍នោះ គួរ​បរិភោគបាយាសនេះបាន។

ព្រាហ្មណ៍ក្រាបទូលថា សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។

[១៣៥] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពី​ការ​ពោលគាថា ដូចជា​ចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួក​បុគ្គល​អ្នកឃើញធម៌អាថ៌ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯងជាការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ ជាអ្នករម្ងាប់នូវសេចក្តី​រពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់​បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៣៦] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អគ្គិកភារទ្វាជព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បណ្តាព្រះអរហន្ត​ទាំងឡាយ អគ្គិកភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយដែរ។

សុន្ទរិកសូត្រ ទី៩

[១៣៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅទៀប​ឆ្នេរស្ទឹងសុន្ទរិកា ក្នុងដែនកោសល។ សម័យនោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ តែងបូជាភ្លើង បំរើ​នូវ​ការបូជាភ្លើង ទៀបឆ្នេរស្ទឹងសុន្ទរិកា។ លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ បូជាភ្លើង បំរើនូវ​ការបូជាភ្លើងហើយ ក៏ក្រោកអំពីអាសនៈ ងាកមើលជុំទិសទាំងបួន គិតថា អ្នកណាហ្ន៎ គួរបរិភោគនូវ​បាយាស ដែលសល់ពីបូជានេះ។

[១៣៨] សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ ទ្រង់គង់​ទទូរ​ព្រះសិរ ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏កាន់នូវបាយាស ដែលសល់អំពី​ការបូជា ដោយដៃឆ្វេង ហើយកាន់នូវកុណ្ឌីទឹក ដោយដៃស្តាំ ចូលទៅរក​ព្រះមានព្រះភាគ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់បើក​ព្រះសិរ ដោយឮសូរ​ជើង នៃសុន្ទរិកភារទ្វាជព្រាហ្មណ៍។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏ពោលថា លោក​ដ៏ចំរើននេះ ក្បាលត្រងោល លោកដ៏ចំរើននេះ ក្បាលត្រងោល ដូច្នេះហើយ ចង់ត្រឡប់​អំពីទីនោះមកវិញ។ ទើបសុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះ ដូច្នេះ​ថា ព្រាហ្មណ៍ទាំងឡាយពួកមួយ ក្នុងលោកនេះ មានក្បាលត្រងោលដែរ បើដូច្នោះ មានតែអាត្មាអញ ត្រូវចូលទៅរកលោកដ៏ចម្រើននោះ ហើយសួរនូវជាតិវិញ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍​ ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា លោកដ៏ចំរើន ជាជាតិអ្វី។

[១៣៩] ព្រះអង្គត្រាស់ថា ចូរអ្នកកុំសួររកជាតិឡើយ ចូរសួរតែការប្រព្រឹត្តវិញ ភ្លើងតែងកើតអំពីឈើ ឯអ្នកប្រាជ្ញ ទោះបីកើតក្នុងត្រកូលទាប ក៏គង់មានសេចក្តី​ព្យាយាម ជាបុរសអាជានេយ្យ ជាអ្នកហាមឃាត់ នូវបាបដោយហិរិ ទូន្មានដោយបរមត្ថសច្ចៈ ប្រកបដោយការទូន្មាន នូវឥន្ទ្រិយ ដល់នូវទីបំផុតនៃ​ចតុវេទ គឺមគ្គ៤ មានព្រហ្មចរិយៈនៅរួចហើយ បុគ្គលណាតាក់តែងនូវយ័ញ្ញ ជនគប្បីហៅបុគ្គល​នោះ (ថាជាព្រាហ្មណ៍ដ៏ឧត្តម) បុគ្គលនោះ រមែងបូជានូវទក្ខិណេយ្យបុគ្គលទាំងឡាយ តាមកាល។

[១៤០] សុន្ទរិកភារទ្វាជព្រាហ្មណ៍ពោលថា វត្ថុនេះ ខ្ញុំបូជាហើយដោយប្រពៃ វត្ថុនេះ ខ្ញុំគំនាប់ហើយដោយប្រពៃ ដោយពិត ខ្ញុំមិនបានឃើញបុគ្គលណា ដែល​ដល់នូវ​វេទ ដូចជាព្រះអង្គសោះ ព្រោះថាជនឯទៀត លុះតែមិនឃើញពួកបុគ្គល​ដូចជាព្រះអង្គ ទើបបរិភោគបាយាស ដែលសល់អំពីការបូជា។

សូមព្រះគោតមដ៏ចំរើន ជាព្រាហ្មណ៍ដ៏ចំរើន បរិភោគចុះ។

[១៤១] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន ដែលបានអំពី​ការ​ពោលគាថា ដូចជា​ចម្រៀងទេ ម្នាលព្រាហ្មណ៍ ធម៌នេះ មិនមែនជាធម៌ របស់ពួក​បុគ្គល​អ្នកឃើញធម៌អាថ៌ទេ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់ នូវការពោលគាថា ដូចជាចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ជាការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុងព្រះខីណាស្រព ដែលមានគុណបរិបូណ៌ អ្នកស្វែងរកនូវគុណដ៏ធំ អ្នករម្ងាប់នូវសេចក្តី​រពឹស ដោយបាយ និងទឹកដទៃចុះ ព្រោះថា នោះជាខេត្ត របស់​បុគ្គលអ្នកប្រាថ្នានូវបុណ្យ។

[១៤២] បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ ខ្ញុំព្រះអង្គ នឹងឲ្យនូវបាយាស ដែលសល់អំពីការបូជានេះ ដល់អ្នកណា។ ម្នាលព្រាហ្មណ៍ ក្នុងលោក ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រម​ទាំង​មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញ​មានបុគ្គលណា ដែលបរិភោគ​បាយាសសល់អំពីការបូជា ហើយគប្បីដល់ នូវការទ្រុឌទ្រោមទៅ ដោយ​ស្រួល ក្រៅពីតថាគត ឬក្រៅពីសាវ័កតថាគតនោះឡើយ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាក់ចោល នូវបាយាស ដែលសល់អំពីការបូជានោះ ក្នុងទីគ្មាន​ស្មៅស្រស់ ឬបាចទៅក្នុងទឹកដែលគ្មានសត្វចុះ។

[១៤៣] លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បាចបាយយាស ដែល​សល់អំពីការបូជានោះ ទៅក្នុងទឹក​ដែលគ្មានសត្វ។ បាយាស ដែលសល់អំពី​ការបូជា​នោះ លុះព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ក៏ធ្វើសំឡេងឮវិចិដ វិដិចិដ ហុយផ្សែង​ឡើង ហុយផ្សែងថ្គោល។ ដូចជាផាល គេហាលអស់មួយថ្ងៃ ហើយដាក់ទៅ​ក្នុងទឹក ធ្វើនូវសំឡេង​ឮវិចិដ វិដិចិដ ហុយផ្សែងឡើង ហុយផ្សែងថ្គោល យ៉ាងណាមិញ បាយាស ដែលសល់អំពី​ការបូជា​នោះ ព្រាហ្មណ៍បានបាចទៅក្នុងទឹកហើយ ធ្វើនូវសំឡេងឮវិចិដ វិដិចិដ ហុយផ្សែង​ឡើង ហុយផ្សែងថ្គោល យ៉ាងនោះឯង។ លំដាប់នោះ សុន្ទរិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីសង្វេគ កើតសេចក្តីព្រឺរោម ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[១៤៤] លុះសុន្ទរិកភារទ្វាជព្រាហ្មណ៍ ឋិតក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ បានត្រាស់ដោយ​ព្រះគាថាទាំងឡាយថា

ម្នាលព្រាហ្មណ៍ អ្នកកុំដុតឧស សំគាល់ថាបរិសុទ្ធឡើយ ព្រោះថាការដុតនុ៎ះ ជាខាងក្រៅទេ បុគ្គលណា ប្រាថ្នានូវសេចក្តីបរិសុទ្ធិខាងក្រៅ អ្នកប្រាជ្ញទាំងឡាយ មិនហៅ​នូវបុគ្គលនោះ ថាមានសេចក្តីបរិសុទ្ធិ ព្រោះហេតុនោះឡើយ ម្នាលព្រាហ្មណ៍ តថាគត លះបង់នូវការ​ដុតឧសហើយ ដុតតែភ្លើងខាងក្នុងទេ តថាគត​ មានភ្លើងរុងរឿងជានិច្ច មានចិត្តតាំងមាំជានិច្ច ជាអរហន្ត ប្រព្រឹត្តនូវព្រហ្មចរិយៈ ម្នាលព្រាហ្មណ៍ មានះរបស់អ្នក ដូចជាអម្រែកដ៏ធ្ងន់ សេចក្តីក្រោធ ដូចជាផ្សែង ពាក្យ​កុហក ដូចជាផែះ អណ្តាត ដូចជាវែក ហទយវត្ថុ ដូចជាកន្លែងភ្លើង ចិត្តដែលបុគ្គល​ទូន្មានល្អហើយ ដូចជាភ្លើង​របស់បុរស ពួកបុគ្គលដល់នូវវេទ ងូតក្នុងអន្លង់ណា មិន​ទទឹកខ្លួនសោះ តែងឆ្លងដល់ត្រើយ គឺព្រះនិព្វាន ម្នាលព្រាហ្មណ៍ អន្លង់នោះ គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរហើយ ថាជារបស់​សប្បុរសទាំងឡាយ ម្នាលព្រាហ្មណ៍ សច្ចៈក្តី ធម្មៈក្តី [ធម្មៈ បានដល់ សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ។] សំយមៈក្តី [ការសង្រួម បានដល់ សម្មាកម្មន្តៈ សម្មាអាជីវៈ។] ព្រហ្មចរិយៈក្តី ជាធម្មជាត តាំងនៅជាកណ្តាល ជាចំណែក​ដ៏ប្រសើរ ចូរអ្នកធ្វើនូវ​ការនមស្ការ ចំពោះ​ព្រះខីណាស្រព ដែលមានចិត្តស្លូតត្រង់ទាំងឡាយចុះ តថាគត ហៅជននោះ ថាជាអ្នករឭកនូវធម៌ ដូច្នេះឯង។

[១៤៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុន្ទរិកភារទ្វាជព្រាហ្មណ៍ បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ បណ្តាព្រះអរហន្ត​ទាំងឡាយ ភារទ្វាជៈមានអាយុ ក៏ជាព្រះអរហន្តមួយរូបដែរ។

ពហុធិតិសូត្រ ទី១០

[១៤៦] សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏សម័យនោះឯង ព្រាហ្មណ៍ម្នាក់ជាភារទ្វាជគោត្រ មានគោចំនួន​១៤ បាត់រកមិនទាន់ឃើញ។

[១៤៧] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ដើររកគោទាំងនោះ ក៏ចូល​ទៅ​កាន់​ដងព្រៃនោះ លុះចូលទៅដល់ហើយ បានឃើញព្រះមានព្រះភាគ គង់ផ្គត់ព្រះភ្នែន តាំង​ព្រះកាយត្រង់ តម្កល់ព្រះស្មារតី ឆ្ពោះទៅរក​ព្រះកម្មដ្ឋាន ក្នុងដងព្រៃនោះ លុះ​ឃើញហើយ ក៏ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានពោល​នូវ​គាថាទាំងឡាយនេះ ក្នុងសំណាក់ព្រះមានព្រះភាគថា

គោទាំង១៤ ដែលរក​មិនឃើញអស់៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់សមណៈ​នេះ ប្រហែល​មិនមានទេ ព្រោះហេតុនោះ បានជាសមណៈនេះ នៅជាសុខ ល្ងសូម្បី​មានតែស្លឹកមួយ ឬមានស្លឹកពីរដែលខូចក្នុងចម្ការ របស់សមណៈនេះ ប្រហែល​មិនមាន​ទេ ព្រោះហេតុនោះ បានជាសមណៈនេះនៅជាសុខ កណ្តុរទាំងឡាយ រាំរែក​ដោយការលោតលេង ក្នុងជង្រុកទទេ របស់​សមណៈ​នេះ ប្រហែល​មិនមានទេ ព្រោះ​ហេតុនោះ បានជាសមណៈនេះនៅជាសុខ កម្រាលដែលក្រាលចោល​ប្រាំពីរខែ សឹង​ដេរដាសដោយបាណកជាតិទាំងឡាយ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះ​ហេតុនោះ បានជាសមណៈនេះ នៅជាសុខ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មានកូនមួយ ឬមានកូនពីរ របស់សមណៈនេះ ប្រហែលមិនមានទេ ព្រោះ​ហេតុនោះ បានជាសមណៈនេះនៅជាសុខ ស្រមោច ដែលមានខ្លួនសៅហ្មង ដោយ​ប្រជ្រុយ [សត្វបាណកជាតិដែលមានខ្លួនរអុជៗ រទុះៗ។] យកជើងបៀតបៀន នូវសេចក្តីលក់ របស់សមណៈនេះ ប្រហែល​មិនមានទេ ព្រោះ​ហេតុនោះ បានជាសមណៈនេះ នៅជាសុខ ម្ចាស់បំណុល របស់សមណៈនេះ មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ប្រហែល​មិនមានទេ ព្រោះ​ហេតុនោះ បានជាសមណៈនេះនៅជាសុខ។

[១៤៨] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ គោ១៤ ដែលរកមិនឃើញ​អស់​៦ថ្ងៃ នឹងថ្ងៃនេះហើយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុ​នោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ល្ងសូម្បីមានតែស្លឹកមួយ ឬ​មានស្លឹកពីរ ដែលខូចក្នុងចម្ការ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍  ព្រោះហេតុ​នោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កណ្តុរទាំងឡាយ រាំរែកដោយការលោតលេង ក្នុងជង្រុកទទេ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុ​នោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កម្រាលដែលក្រាលចោល៧ខែ សឹងដេរដាសដោយបាណកជាតិទាំងឡាយ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុ​នោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ កូនប្រុស កូនស្រី ដែលពោះម៉ាយ ឬមេម៉ាយ មាន​កូន​មួយ ឬមានកូនពីរ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុ​នោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ស្រមោចដែលមានខ្លួនសៅហ្មង ដោយប្រជ្រុយ យកជើងបៀតបៀននូវ​សេចក្តីលក់ របស់តថាគត មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុ​នោះ បានជាតថាគត នៅជាសុខ ម្នាលព្រាហ្មណ៍ ម្ចាស់​បំណុលរបស់តថាគត មកទារថា អ្នកចូរឲ្យមក ចូរឲ្យមក ដូច្នេះ ក្នុងបច្ចូសសម័យ ក៏មិនមានឡើយ ម្នាលព្រាហ្មណ៍ ព្រោះហេតុ​នោះ បានជាតថាគត នៅជាសុខ។

[១៤៩] កាល​ព្រះមានព្រះភាគ ទ្រង់បានត្រាស់យ៉ាងនេះហើយ ភារទ្វាជ​គោត្ត​ព្រាហ្មណ៍ ក៏បានពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតម​ដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតម​​ដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាស ដោយអនេកបរិយាយ ដូចជាបុគ្គលធ្វើរបស់ដែលផ្កាប់ ឲ្យផ្ងារឡើង ឬ​ដូចជាបើកបង្ហាញរបស់ដែល​បិទបាំង ឬដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះ​សោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សដែលមានភ្នែក នឹង​មើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះគោតម​ដ៏ចំរើនផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹង ខ្ញុំព្រះអង្គ សូមបាន​នូវ​បព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់​ព្រះគោតមដ៏ចំរើន។ ភារទ្វាជគោត្តព្រាហ្មណ៍ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់​ព្រះមានព្រះភាគ។ លុះភារទ្វាជៈ​មានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏គេចចេញ​ទៅតែម្នាក់ឯង មិនមាន​សេចក្តី​ប្រមាទ មានតែព្យាយាម ជាគ្រឿងដុតនូវកិលេស មានខ្លួន​បញ្ជូនទៅ​កាន់​ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស ដោយប្រពៃ ដើម្បីអនុត្តរធម៌ណា ភារទ្វាជៈ មិនយូរប៉ុន្មាន ក៏បាន​ធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេច​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវ​អនុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ហើយដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ កិច្ចដែលគួរធ្វើ អាត្មាអញ ក៏បានធ្វើរួចហើយ កិច្ចឯទៀតក្រៅ​ពីនេះ មិនមានឡើយ បណ្តា​ព្រះអរហន្ត​ទាំងឡាយ ភារទ្វាជៈមានអាយុ ក៏បានជាព្រះអរហន្តមួយដែរ។

ចប់ អរហន្តវគ្គ ទី១។

បញ្ជីរឿងនៃអរហន្តវគ្គនោះគឺ

ធនញ្ជានីសូត្រ ១ អក្កោសសូត្រ ១ អសុរិន្ទសូត្រ ១ ពិលង្គិកសូត្រ ១ អហឹសកសូត្រ ១ ជដាសូត្រ ១ សុទ្ធិកសូត្រ ១ អគ្គិកសូត្រ ១ សុន្ទរិកសូត្រ ១ ពហុធិតិសូត្រ ១ ត្រូវជា ១០ សូត្រ។

ឧបាសកវគ្គ ទី២

កសិសូត្រ ទី១

[១៥០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​ព្រាហ្មណគ្រាម ឈ្មោះឯកនាលា ក្នុងទក្ខិណាគិរិជនបទ នាដែនមគធៈ។ សម័យនោះឯង កសិភារទ្វាជព្រាហ្មណ៍ បានតាក់តែង​នង្គ័លប្រមាណ​៥០០ ក្នុង​វេលា​ដែលព្រោះស្រូវ។

[១៥១] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ ហើយស្តេចចូលទៅកាន់​ការងារ របស់កសិភារទ្វាជព្រាហ្មណ៍។ សម័យនោះឯង ការអង្គាស (លៀងភ្ញៀវ) របស់កសិភារទ្វាជព្រាហ្មណ៍ កំពុង​ប្រព្រឹត្តទៅ។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូលទៅកាន់ការអង្គាស លុះចូលទៅដល់ហើយ ក៏ប្រថាប់នៅក្នុងទីសមគួរ។ កសិភារទ្វាជព្រាហ្មណ៍ បានឃើញ​ព្រះមានព្រះភាគ ដែលទ្រង់ឈរបិណ្ឌបាត លុះឃើញហើយ ក៏បាន​ពោល​នូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះសមណៈ ខ្ញុំព្រះអង្គភ្ជួរផង ព្រោះផង លុះខ្ញុំ​ព្រះអង្គភ្ជួរហើយ ព្រោះហើយ ទើបបរិភោគ បពិត្រព្រះសមណៈ ចំណែក​ព្រះអង្គ​ចូរភ្ជួរផង ព្រោះផង លុះភ្ជួរហើយ ព្រោះហើយ ចូរបរិភោគចុះ។ ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើប​បរិភោគដែរ។ យើងខ្ញុំ មិនឃើញនឹម ឬនង្គ័ល ផាល ឬជន្លួញ ឬគោទាំងឡាយរបស់​ព្រះគោតមដ៏ចំរើនទេ តែថាព្រះគោតមដ៏ចំរើន ពោលយ៉ាងនេះថា ម្នាលព្រាហ្មណ៍ តថាគតភ្ជួរផង ព្រោះផង លុះតថាគតភ្ជួរហើយ ព្រោះហើយ ទើប​បរិភោគដែរ។

[១៥២] លំដាប់នោះ កសិភារទ្វាជព្រាហ្មណ៍ បានពោលនឹងព្រះមានព្រះភាគ ដោយគាថា ថា

ព្រះអង្គប្តេជ្ញាថាជាអ្នកភ្ជួរ តែថា ខ្ញុំព្រះអង្គមិនដែលឃើញនូវ​ការភ្ជួរ​របស់​ព្រះអង្គសោះ ខ្ញុំព្រះអង្គ​សូម​សួរ​ព្រះអង្គជាអ្នកភ្ជួរ សូមប្រាប់មក ធ្វើដូចម្តេច នឹង​ឲ្យ​យើងខ្ញុំដឹង នូវការភ្ជួរនោះបាន។

[១៥៣] ព្រះអង្គត្រាស់ថា សទ្ធាជាពូជ តបៈជាភ្លៀង បញ្ញារបស់តថាគត​ជា​នឹម និងនង្គ័ល ហិរិជាយាមនង្គ័ល ចិត្តជាខ្សែ សតិរបស់តថាគត ជាផាលនិងជន្លួញ តថាគតគ្រប់គ្រងកាយ គ្រប់គ្រងវាចា សង្រួមអាហារ សង្រួមផ្ទៃ តថាគត ធ្វើនូវ​ការជម្រះស្មៅដោយសច្ចៈ សេចក្តីត្រេកអរក្នុងព្រះនិព្វាន ទុកជាការឈប់សម្រាក របស់​តថាគត សេចក្តីព្យាយាម របស់តថាគត ដូចជាគោអូសនឹម ជាធម្មជាតនាំ​មក​នូវ​ព្រះនិព្វាន ជាទីក្សេមចាកយោគៈ បុគ្គល​ទៅក្នុងទីណា មិនសោកសៅ សេចក្តីព្យាយាម រមែង​ទៅកាន់ទីនោះ ដែល​ជាទីមិនត្រឡប់មកវិញ ស្រែនុ៎ះ តថាគត​បានភ្ជួរយ៉ាងនេះ ស្រែនុ៎ះមានព្រះនិព្វានជាផល បុគ្គល​ភ្ជួរស្រែនុ៎ះហើយ រមែង​រួចចាក​ទុក្ខទាំងពួងបាន។

កសិភារទ្វាជព្រាហ្មណ៍ ក្រាបទូលថា ព្រះគោតមដ៏ចំរើន ជាអ្នកភ្ជួរដ៏ល្អ ចូរបរិភោគចុះ ព្រោះថា ព្រះគោតមដ៏ចំរើន ភ្ជួរនូវស្រែ ដែល​មានព្រះនិព្វានជាផល។

[១៥៤] ព្រះអង្គត្រាស់ថា តថាគត មិនគួរបរិភោគភោជន​ ដែលបាន​អំពី​ការ​ពោលគាថា ដូចជាចម្រៀងទេ ម្នាលព្រាហ្មណ៍ នេះជាធម្មតារបស់ពួកបុគ្គល អ្នក​ឃើញ​ធម៌អាថ៌ ព្រះពុទ្ធទាំងឡាយ តែងបន្ទោបង់នូវ​ការពោលគាថា ដូចជា​ចម្រៀង ម្នាលព្រាហ្មណ៍ កាលបើធម៌មានហើយ នេះឯង ការចិញ្ចឹមជីវិត ចូរអ្នកទំនុកបម្រុង​ព្រះខីណាស្រព ដែល​មានគុណបរិបូណ៌ ជាអ្នកស្វែង​រកនូវគុណដ៏ធំ ជា​អ្នករម្ងាប់​នូវ​សេចក្តីរពឹស ដោយបាយ​និងទឹកទៀតចុះ ព្រោះថា នោះជាខេត្តរបស់​បុគ្គលអ្នក​ប្រាថ្នា​នូវបុណ្យ។

[១៥៥] កាល​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កសិភារទ្វាជព្រាហ្មណ៍ បានពោលពាក្យនេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេកណាស់។បេ។ ខ្ញុំព្រះអង្គ សូមដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយជីវិត តាំងពីថ្ងៃនេះជាដើមរៀងទៅ។

ឧទយសូត្រ ទី២

[១៥៦] សាវត្ថីនិទាន។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់​បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់​ឧទយព្រាហ្មណ៍។ លំដាប់​នោះឯង ឧទយព្រាហ្មណ៍ យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ។

[១៥៧] ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់​បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅរបស់​ឧទយព្រាហ្មណ៍ អស់វារៈ​ពីរដង។ ឧទយព្រាហ្មណ៍ ក៏យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ ជាគំរប់ពីរដង។

[១៥៨] ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់​បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់លំនៅ របស់​ឧទយព្រាហ្មណ៍ ជាគំរប់បីដង។ ឧទយព្រាហ្មណ៍ ក៏យកបាយ ដាក់ពេញបាត្រព្រះមានព្រះភាគ ជាគំរប់បីដង ហើយពោលពាក្យ​នេះ នឹង​ព្រះមានព្រះភាគថា ព្រះសមណគោតមនេះ ជាអ្នក​ជាប់ចិត្តក្នុងរស ទើបនិមន្ត​មករឿយៗ។

[១៥៩] ភ្លៀងបង្អុរចុះរឿយៗ ជនទាំងឡាយ ក៏ព្រោះពូជរឿយៗ អ្នកភ្ជួរ​រាស់​ទាំងឡាយ ភ្ជួររាស់ស្រែរឿយៗ តែង​នាំស្រូវទៅកាន់ដែន​ក៏រឿយៗ ស្មូម​ទាំងឡាយ សូម​រឿយៗ ម្ចាស់ទានទាំងឡាយ​ក៏ឲ្យរឿយៗ លុះម្ចាស់ទានទាំងឡាយ ឲ្យរឿយ​ៗហើយ រមែង​ទៅកាន់​ឋានសួគ៌ក៏រឿយៗ អ្នករូតទឹកដោះគោទាំងឡាយ រូតរឿយៗ កូនគោក៏ចូលទៅរកមេគោរឿយៗ អ្នកល្ងង់ខ្លៅលំបាកផង ញាប់ញ័រ​ផងរឿយៗ តែង​ចូលទៅកាន់គភ៌ក៏រឿយៗ ទាំងកើតទាំងស្លាប់ ក៏រឿយៗ គេនាំទៅកាន់ទីស្មសានក៏​រឿយៗ ចំណែក​អ្នកមានបញ្ញា ដូចជាផែនដី លុះបាននូវមគ្គហើយ មិនកើត​ក្នុងភពថ្មី​ទៀតរឿយៗឡើយ។

[១៦០] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ឧទយព្រាហ្មណ៍ បាន​ពោលពាក្យនេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតមដ៏ចំរើន ចាំទុក​នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ស្មើដោយជីវិត តាំង​ពីថ្ងៃនេះជាដើមរៀងទៅ។

ទេវហិតសូត្រ ទី៣

[១៦១] ព្រះសាស្តា ទ្រង់គង់នៅក្នុងវត្តជេតពន ទៀប​ក្រុងសាវត្ថី… សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់មាន​ព្រះអាពាធដោយខ្យល់ ក្នុងព្រះឧទរ។ ព្រះឧបវាណៈមានអាយុ ជាអ្នក​បំរើព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះឧបវាណៈមានអាយុមកថា ម្នាលឧបវាណៈ អ្នកចូរដឹងនូវទឹកក្តៅ ដល់តថាគតចុះ។ ព្រះឧបវាណៈមានអាយុ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូរ​ទៅកាន់​លំនៅរបស់ទេវហិតព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏ឈរស្ងៀមក្នុងទី​សមគួរ។

[១៦២] ទេវហិតព្រាហ្មណ៍ បានឃើញ​ព្រះឧបវាណៈមានអាយុ ឈរ​ស្ងៀម​ក្នុងទីសមគួរ លុះឃើញហើយ បានពោល​នឹងព្រះឧបវាណៈមានអាយុ ដោយគាថា​ថា

អ្នកត្រងោលដ៏ចំរើន ឃ្លុំសង្ឃាដី ឈរនៅស្ងៀម ប្រាថ្នាអ្វី ស្វែងរកអ្វី មកដើម្បី​សូមនូវអ្វីហ្ន៎។

[១៦៣] ព្រះឧបវាណៈតបថា ព្រះសុគតជាអរហន្ត ជាអ្នកប្រាជ្ញក្នុងលោក ទ្រង់​មានអាពាធដោយខ្យល់ ក្នុងព្រះឧទរ ម្នាលព្រាហ្មណ៍ បើអ្នកមានទឹកក្តៅ អ្នកចូរ​ថ្វាយ​ដល់ព្រះពុទ្ធជាអ្នកប្រាជ្ញ (ព្រោះថា) ព្រះមានព្រះភាគ គឺបូជនេយ្យបុគ្គល [បុគ្គល​ដែលគួរដល់ការបូជា មានអសីតិមហាថេរជាដើម។] ទាំងឡាយ បានបូជាហើយ សក្ការេយ្យបុគ្គល [បុគ្គលដែលគួរដល់សក្ការៈ។] ទាំងឡាយ បានធ្វើសក្ការហើយ អបចិនេយ្យបុគ្គល [បុគ្គលដែល​គួរដល់​ការកោតក្រែង។] ទាំងឡាយ បានកោតក្រែងហើយ អាត្មាប្រាថ្នាដើម្បីនាំទឹកទៅ​ថ្វាយ​ព្រះអង្គ។

[១៦៤] លំដាប់នោះ ទេវហិតព្រាហ្មណ៍ ឲ្យបុរសរែកអម្រែកទឹកក្តៅ និងដុំ​ស្ករអំពៅ ទៅប្រគេនព្រះឧបវាណៈមានអាយុ។ លំដាប់នោះឯង ព្រះឧបវាណៈមានអាយុ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​បានស្រង់ព្រះមានព្រះភាគ ដោយទឹកក្តៅ ហើយលាយស្ករអំពៅដោយទឹកក្តៅ ថ្វាយ​ព្រះមានព្រះភាគ។ លំដាប់នោះ អាពាធព្រះមានព្រះភាគនោះ ក៏សះស្បើយទៅ។

[១៦៥] គ្រានោះ ទេវហិតព្រាហ្មណ៍ ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះ​បញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ទេវហិតព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏បានក្រាបទូល​ព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គលគួរឲ្យទេយ្យធម៌ ចំពោះបុគ្គលណា ទានដែល​បុគ្គលឲ្យចំពោះ​បុគ្គល​ណា ទើបមានផលច្រើន កាលបុគ្គលបូជាដូចម្តេច ទក្ខិណាទានសម្រេច [ទក្ខិណាទានសម្រេច បានសេចក្តីថា ទក្ខិណាទាន មានផលច្រើន។ អដ្ឋកថា។] ដូចម្តេច។

[១៦៦] ព្រះអង្គត្រាស់ថា បុគ្គលណា ដឹងនូវបុព្វេនិវាសផង ឃើញនូវ​សួគ៌​ និងអបាយផង មួយទៀត ដល់នូវការអស់ទៅ​នៃជាតិ ជាអ្នកប្រាជ្ញ សម្រេចហើយ ព្រោះត្រាស់ដឹង បុគ្គលគួរឲ្យ​ទេយ្យធម៌ចំពោះ​បុគ្គលនោះ ទានដែល​បុគ្គលឲ្យ​ចំពោះ​បុគ្គលនុ៎ះ ទើប​មានផលច្រើន កាលបុគ្គល​បូជា​យ៉ាងនេះ ទក្ខិណាទាន តែងសម្រេច​ គឺមានផលច្រើន យ៉ាងនេះ។

[១៦៧] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ទេវហិតព្រាហ្មណ៍ ក៏​បាន​ពោលនូវពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតមដ៏​ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយ​ជីវិត តាំង​ពីថ្ងៃនេះជាដើម​រៀងទៅ។

មហាសាលសូត្រ ទី៤

[១៦៨] សាវត្ថីនិទាន។ គ្រានោះ ព្រាហ្មណមហាសាលម្នាក់ មានខ្លួនសៅហ្មង មានសំពត់ដណ្តប់​ក៏សៅហ្មង ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះ​បញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណមហាសាល​នោះ អង្គុយក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលព្រាហ្មណ៍ អ្នកឯង​មានខ្លួនសៅហ្មង មានសំពត់ដណ្តប់​ក៏សៅហ្មង តើព្រោះហេតុអ្វី។ ព្រាហ្មណ៍​ក្រាបបង្គំ​ទូលថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ មានកូនបួននាក់ ក្នុងទីនេះ កូនទាំងនោះ សមគំនិតគ្នានឹងប្រពន្ធទាំងឡាយ ហើយបណ្តេញខ្ញុំព្រះអង្គ​ចេញ​ពីផ្ទះ។

[១៦៩] ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូររៀននូវគាថា​ទាំងឡាយនេះ ហើយសូត្រក្នុងរោងជាទីប្រជុំ នៅវេលាដែល​ពួកមហាជន​ប្រជុំគ្នា​ផង នៅវេលាដែលកូន​ទាំងឡាយរបស់អ្នកអង្គុយ​ហើយផងថា

ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែល​កើតហើយផង ប្រាថ្នានូវសេចក្តី​ចំរើន ដល់កូន​ទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយ​នឹងប្រពន្ធ​ទាំងឡាយ ហើយបណ្តេញ​ខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស​ លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែល​មកដោយរូបជាកូន លះបង់នូវខ្ញុំ ដែល​មានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតាចាស់របស់បុគ្គលពាលទាំងឡាយ តែងសូម​ទានប្របផ្ទះនៃជនដទៃ ដូចជា​សេះ​ចាស់ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំ​ប្រសើរ កូនទាំងឡាយ ដែល​មិនស្តាប់បង្គាប់ មិនប្រសើរដូចឈើច្រត់ឡើយ ព្រោះឈើច្រត់ រមែង​ការពារ​គោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ក្នុងខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់​ក្នុងទឹក​ជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញបាន ដោយអានុភាពនៃឈើច្រត់។

[១៧០] លំដាប់នោះ ព្រាហ្មណមហាសាលនោះ បានរៀននូវគាថា​ទាំងឡាយនេះ ក្នុងសំណាក់​ព្រះមានព្រះភាគ ហើយពោលក្នុងរោង​ជាទីប្រជុំ នៅវេលាដែល​ពួកមហាជនប្រជុំគ្នាផង នៅវេលាដែលកូនទាំងឡាយ អង្គុយ​ហើយផងថា

ខ្ញុំត្រេកអរដោយកូនទាំងឡាយណា ដែល​កើតហើយផង ប្រាថ្នានូវសេចក្តី​ចំរើន ដល់កូន​ទាំងឡាយណាផង កូនទាំងនោះ ក៏សមគំនិតគ្នា ជាមួយ​នឹងប្រពន្ធ​ទាំងឡាយ ហើយបណ្តេញ​ខ្ញុំ ដូចជាឆ្កែដេញជ្រូក ក៏កូនទាំងឡាយ ជាអសប្បុរស​ លាមក គ្រាន់តែហៅខ្ញុំថា បិតា បិតាប៉ុណ្ណោះទេ ប៉ុន្តែកូនទាំងនោះ ដូចអារក្សទឹក ដែល​មកដោយរូបជាកូន លះបង់នូវខ្ញុំ ដែល​មានអាយុ ចូលដល់បច្ឆិមវ័យហើយ បិតាចាស់ របស់បុគ្គលពាលទាំងឡាយ តែងសូម​ទានប្របផ្ទះនៃជនដទៃ ដូចជា​សេះ​ចាស់ប្រើប្រាស់មិនបាន គេនាំចេញចាកចំណី ឈើច្រត់របស់ខ្ញុំ​ប្រសើរ កូនទាំងឡាយ ដែល​មិនស្តាប់បង្គាប់ មិនប្រសើរដូចឈើច្រត់ឡើយ ព្រោះឈើច្រត់ រមែង​ការពារ​គោកាចក៏បាន ការពារឆ្កែកាចក៏បាន ច្រត់ក្នុងខាងមុខ ក្នុងទីងងឹតក៏បាន ស្ទង់​ក្នុងទឹក​ជ្រៅក៏បាន បុគ្គលភ្លាត់រអិល គង់ទប់វិញបាន ដោយអានុភាពនៃឈើច្រត់។

[១៧១] លំដាប់នោះ កូនទាំងឡាយ នាំព្រាហ្មណមហាសាលនោះ ទៅ​កាន់​ផ្ទះ ហើយឲ្យងូតទឹក ឲ្យស្លៀកដណ្តប់ ដោយគូសំពត់មួយគូម្នាក់ៗ។ ទើបព្រាហ្មណមហាសាលនោះ យកសំពត់​មួយគូ ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះ​បញ្ចប់​ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​ព្រាហ្មណមហាសាលនោះ អង្គុយក្នុងទីសមគួរហើយ បានពោល​នូវពាក្យ​នេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន យើងខ្ញុំព្រះអង្គ​ជាព្រាហ្មណ៍ ស្វែង​រកនូវ​ទ្រព្យសម្រាប់អាចារ្យ (មកប្រគេន) ដល់អាចារ្យ សូម​ព្រះគោតមដ៏ចំរើន ជាអាចារ្យ ទទួលយក​នូវ​ចំណែក​អាចារ្យរបស់ខ្ញុំព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់​ទទួល​យក ដោយសេចក្តី​អនុគ្រោះ។

[១៧២] លំដាប់នោះ ព្រាហ្មណមហាសាលនោះ ក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺណាស់។បេ។ សូម​ព្រះគោតមដ៏ចំរើន ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវ​ព្រះរតនត្រ័យជាទីពឹង​ស្មើដោយជីវិត តាំងពីថ្ងៃ​នេះជាដើមរៀងទៅ។

មានត្ថទ្ធសូត្រ ទី៥

[១៧៣] សាវត្ថីនិទាន។ សម័យនោះឯង ព្រាហ្មណ៍ឈ្មោះ មានត្ថទ្ធៈ (អ្នកមានមានះរឹងរូស) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ ព្រាហ្មណ៍នោះ មិនសំពះមាតា មិនសំពះបិតា មិនសំពះ​អាចារ្យ មិនសំពះបងឡើយ។

[១៧៤] សម័យនោះឯង ព្រះមានព្រះភាគ កំពុងមានបរិស័ទច្រើន ចោមរោម ទ្រង់សំដែងធម៌។ គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតមនេះឯង មានបរិស័ទច្រើនចោមរោម ទ្រង់សំដែងធម៌ បើដូច្នោះ មានតែ​អាត្មាអញចូលទៅរក​ព្រះសមណគោតម ប្រសិនបើ​ព្រះសមណគោតម​និយាយ​នឹងអាត្មាអញ អាត្មាអញ ក៏និយាយនឹងលោកវិញ បើព្រះសមណគោតម មិន​និយាយនឹង​អាត្មាអញទេ អាត្មាអញ ក៏​មិននិយាយនឹងលោកវិញដែរ។ លំដាប់​នោះ មានត្ថទ្ធព្រាហ្មណ៍ ចូលទៅ​រកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិត​នៅក្នុងទីសមគួរ។ គ្រានោះ ព្រះមានព្រះភាគ មិនទ្រង់មានព្រះបន្ទូល​រក។ ទើប​មានត្ថទ្ធព្រាហ្មណ៍ ចង់ត្រឡប់​អំពីទីនោះវិញ ដោយ​គិតថា ព្រះសមណគោតម​នេះ មិនដឹងអ្វីសោះ។

[១៧៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបរិវិតក្ក ក្នុងចិត្ត​របស់​មានត្ថទ្ធព្រាហ្មណ៍ ដោយព្រះហឫទ័យរបស់ព្រះអង្គ ហើយបានត្រាស់នឹង​មានត្ថទ្ធព្រាហ្មណ៍ ដោយគាថា ថា

ម្នាលព្រាហ្មណ៍ មានះរបស់បុគ្គលណា ក្នុងលោកនេះ ម្នាលព្រាហ្មណ៍ មានះនោះ មិនប្រពៃទេ បុគ្គលមកហើយ ដោយប្រយោជន៍ណា បុគ្គលត្រូវចំរើន នូវ​ប្រយោជន៍នោះឯង។

[១៧៦] លំដាប់នោះ មានត្ថទ្ធព្រាហ្មណ៍ដឹងថា ព្រះសមណគោតម ស្គាល់​ចិត្ត​របស់អាត្មាអញ ហើយក៏ឱនក្បាលចុះ ទៀបព្រះបាទយុគ្គលនៃ​ព្រះមានព្រះភាគ ក្នុង​ទីនោះឯង ហើយជប់ព្រះបាទទាំងគូរបស់​ព្រះមានព្រះភាគ ដោយមាត់ផង ច្របាច់​ដោយដៃទាំងពីរផង ប្រកាសនាមខ្លួនឯងថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គឈ្មោះ មានត្ថទ្ធៈ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឈ្មោះមានត្ថទ្ធៈ។ គ្រានោះ បរិស័ទនោះ ក៏កើត​សេចក្តីអស្ចារ្យក្នុងចិត្តថា យីអើ អស្ចារ្យណាស់ យីអើ ចំឡែកណាស់ ដ្បិតមានត្ថទ្ធព្រាហ្មណ៍នេះ មិនសំពះមាតា មិនសំពះបិតា មិនសំពះ​អាចារ្យ មិនសំពះបងឡើយ ទើបតែព្រះសមណគោតម ធ្វើនូវ​មនុស្សបែបនេះ ឲ្យ​ធ្វើ​នូវការគោរពដ៏ក្រៃលែងបាន។ គ្រានោះ ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ នឹង​មានត្ថទ្ធព្រាហ្មណ៍ថា ម្នាលព្រាហ្មណ៍ ណ្ហើយ អ្នកចូរក្រោកឡើង ចូរអង្គុយ​លើ​អាសនៈរបស់ខ្លួនចុះ ព្រោះថា ចិត្តរបស់អ្នកជ្រះថ្លាក្នុងតថាគតហើយ។

[១៧៧] គ្រានោះ មានត្ថទ្ធព្រាហ្មណ៍ អង្គុយលើអាសនៈរបស់ខ្លួនហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដោយគាថា ថា

បុគ្គល​មិនគួរធ្វើមានះ ក្នុងពួកបុគ្គលណា បុគ្គល​គួរប្រកបដោយសេចក្តី​គោរព ក្នុងបុគ្គលណា ពួកបុគ្គលណា ដែល​បុគ្គលគប្បីលំអុតលំអោន ពួក​បុគ្គល​ណា ដែលបុគ្គលបូជាល្អហើយ ញុំាងប្រយោជន៍ឲ្យសម្រេច។

[១៧៨] ព្រះអង្គត្រាស់ថា បុគ្គល​មិនគួរធ្វើមានះ ចំពោះ​មាតា បិតា បង និង​អាចារ្យ ជាគំរប់៤ គួរប្រកបដោយសេចក្តីគោរព ចំពោះ​បុគ្គលទាំង៤នោះ បុគ្គល​ទាំង​៤នោះ បុគ្គលគួរលំអុតលំអោន មួយទៀត បុគ្គលទាំង៤នោះ ដែលគេបូជាល្អហើយ ញុំាង​ប្រយោជន៍ឲ្យសម្រេច បុគ្គលគួរកំចាត់មានះ មិនគួរ​រឹងត្អឹងដោយអនុស័យ គឺមានះនោះ ចំពោះ​ព្រះអរហន្ត ដែលមានសេចក្តីត្រជាក់ មានសោឡសកិច្ច​ធ្វើរួចហើយ មិនមានអាសវៈ ជាអ្នកប្រសើរ។

[១៧៩] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មានត្ថទ្ធព្រាហ្មណ៍ បានពោល​នូវពាក្យនេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតមដ៏​ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយ​ជីវិត តាំង​ពីថ្ងៃនេះជាដើម​រៀងទៅ។

បច្ចនិកសូត្រ ទី៦

[១៨០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រាហ្មណ៍ ឈ្មោះ​បច្ចនិកសាតៈ (អ្នកមានសេចក្តីសុខជាសត្រូវ) អាស្រ័យនៅក្នុងក្រុងសាវត្ថី។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ មានតែអាត្មាអញ ចូលទៅរក​ព្រះសមណគោតម បើព្រះសមណគោតម នឹងពោលនូវពាក្យណាៗ អាត្មាអញ គប្បីពោល​ទាស់នឹងពាក្យនោះៗរបស់លោក។

[១៨១] សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ចង្រ្កមក្នុងទីវាល។ គ្រានោះ បច្ចនិកសាតព្រាហ្មណ៍ ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ដើរតាម​ព្រះមានព្រះភាគ ដែល​កំពុងចង្ក្រម ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះសមណៈ សូមព្រះអង្គ​សំដែងធម៌។

[១៨២] ព្រះអង្គត្រាស់ថា បច្ចនិកសាតព្រាហ្មណ៍ មានចិត្តសៅហ្មង ច្រើន​ដោយការប្រណាំងប្រជែង មិនងាយនឹងដឹងសុភាសិតទេ លុះតែបុគ្គលណា នាំចេញ​នូវការប្រណាំងប្រជែងផង នូវសេចក្តីមិនជ្រះថ្លានៃចិត្តផង លះបង់នូវគំនុំផង បុគ្គល​នោះ ទើបដឹងនូវសុភាសិតបាន។

[១៨៣] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បច្ចនិកសាតព្រាហ្មណ៍ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់​ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតមដ៏​ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹងស្មើដោយ​ជីវិត តាំង​ពីថ្ងៃនេះជាដើម​រៀងទៅ។

នវកម្មិកសូត្រ ទី៧

[១៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែន​កោសល។ សម័យនោះឯង នវកម្មិកភារទ្វាជព្រាហ្មណ៍ ឲ្យគេធ្វើការងារ ក្នុងដងព្រៃ​នោះ។ នវកម្មិកភារទ្វាជព្រាហ្មណ៍ បានឃើញព្រះមានព្រះភាគ គង់ក្រោមម្លប់​សាលព្រឹក្សមួយ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅ​រក​ព្រះកម្មដ្ឋាន។ លុះឃើញហើយ ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​ យ៉ាងនេះថា អាត្មាអញ ឲ្យគេធ្វើការងារ ក្នុងដងព្រៃនេះ កំពុងសប្បាយ ចុះព្រះ​សមណៈនេះ ឲ្យ​គេធ្វើការងារអ្វី សប្បាយដែរ។

[១៨៥] ទើបនវកម្មិកភារទ្វាជព្រាហ្មណ៍ ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏បានពោលនឹងព្រះមានព្រះភាគ ដោយគាថាថា

នែភិក្ខុ លោកធ្វើការងារដូចម្តេច បានជាលោកមកនៅក្នុងព្រៃសាលព្រឹក្ស ព្រះគោតមតែមួយអង្គទេ ចុះបានសេចក្តីត្រេកអរណា ក្នុងព្រៃកើត។

[១៨៦] ព្រះអង្គត្រាស់ថា តថាគត មិនមានកិច្ចដែលត្រូវធ្វើក្នុងព្រៃទេ ព្រៃគឺ​កិលេសជាសត្រូវ តថាគត បានដកឫសគល់អស់ហើយ តថាគតនោះ ជាបុគ្គលម្នាក់​ឯង មិនមានព្រៃ គឺកិលេសទេ ទាំងសរ គឺកិលេស វិនាសអស់ហើយ តថាគត លះបង់​នូវសេចក្តីអផ្សុកហើយ ទើបត្រេកអរ ក្នុងព្រៃបាន។

[១៨៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ នវកម្មិកភារទ្វាជ​ព្រាហ្មណ៍ បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹង​ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

កដ្ឋហារសូត្រ ទី៨

[១៨៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងដងព្រៃមួយ ក្នុងដែន​កោសល។ សម័យនោះឯង មានពួកមាណពជាច្រើន ជាអ្នកនាំឧស ជា​អន្តេវាសិក របស់​ព្រាហ្មណ៍ភារទ្វាជគោត្តម្នាក់ នាំគ្នាចូលទៅកាន់​ដងព្រៃនោះ លុះចូលទៅដល់ហើយ ក៏បានឃើញព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅ​រកកម្មដ្ឋាន លុះឃើញ​ហើយ ក៏ចូលទៅរកភារទ្វាជគោត្តព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏បាន​ពោល​នូវពាក្យនេះ នឹងភារទ្វាជគោត្តព្រាហ្មណ៍ថា សូមជំរាបលោក សូម​លោកដ៏ចំរើន គប្បីជ្រាប ដ្បិត​ព្រះសមណគោតម គង់ក្នុងដងព្រៃឯណោះ ផ្គត់​ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់​ព្រះស្មារតី ឆ្ពោះត្រង់ទៅរកកម្មដ្ឋាន។

[១៨៩] គ្រានោះ ភារទ្វាជគោត្តព្រាហ្មណ៍ ចូលទៅ​កាន់ដងព្រៃនោះ ជា​មួយនឹង​មាណពទាំងអម្បាលនោះ លុះចូលទៅដល់ហើយ បានឃើញ​ព្រះមានព្រះភាគ ទ្រង់គង់ក្នុងដងព្រៃនោះ ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ តំកល់ព្រះស្មារតី ឆ្ពោះត្រង់ទៅ​រកកម្មដ្ឋាន លុះឃើញ​ហើយ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បាន​ពោលនឹង​ព្រះមានព្រះភាគ ដោយគាថា ថា

បពិត្រភិក្ខុ អ្នកចូលមករកព្រៃស្ងាត់ ឥតមានមនុស្ស ជាព្រៃដ៏ជ្រៅ​គួរ​ឲ្យខ្លាច​ច្រើន លោកមានកាយដ៏ល្អ ប្រកបដោយប្រយោជន៍ មិនបានញាប់ញ័រ ទើប​ចំរើន​ឈានដ៏ល្អក្រៃពេកបាន ក្នុងព្រៃណាគ្មានចំរៀង ឬក្នុងព្រៃណាគ្មានល្បែងប្រគំ ព្រះមុនីក៏អាស្រ័យនៅ ក្នុងព្រៃនោះតែម្នាក់ឯង ព្រះមុនីមានចិត្តត្រេកអរ នៅក្នុង​ព្រៃ​ម្នាក់ឯង ដោយហេតុណា ហេតុនេះ ជាការអស្ចារ្យប្រាកដដល់ខ្ញុំ ខ្ញុំកំពុងប្រាថ្នានូវ​ត្រី​ទិព្វ គឺព្រហ្មលោកដ៏ប្រសើរ សំគាល់​លោកថាជាអ្នកទៅកើតជាមួយ​នឹង​មហាព្រហ្ម ជា​ធំក្នុងលោកដែរ ព្រោះហេតុអ្វី លោកដ៏ចំរើនអាស្រ័យនៅក្នុងព្រៃដែល​ឥត​មនុស្ស លោកធ្វើនូវតបៈក្នុងទីនេះ ដើម្បីដល់​នូវព្រហ្មលោកឬ។

[១៩០] ព្រះអង្គត្រាស់ថា ធម្មជាតិណាមួយ គឺសេចក្តីប្រាថ្នាក្តី សេចក្តី​ត្រេកអរ​ក្តី មានប្រការផ្សេងៗ អាស្រ័យនៅក្នុងធាតុទាំងឡាយ គឺអារម្មណ៍មានសភាព​ មិនតែ​មួយ សព្វៗកាល មានការមិនដឹងជាមូល ប្រភពជាគ្រឿងញុំាង​ជនឲ្យ​ជាប់ចំពាក់ ធម្មជាតិទាំងអស់នោះ តថាគត បានធ្វើឲ្យវិនាស ព្រមទាំងឫសគល់​អស់ហើយ តថាគត​នោះ មិនប្រាថ្នា មិនអាស្រ័យនូវតណ្ហា មិនចូលទៅរកតណ្ហា (និង​អវិជ្ជា​ឡើយ) មានសេចក្តីឃើញដ៏បរិសុទ្ធ ក្នុងធម៌ទាំងពួង ហើយដល់នូវសម្ពោធិញ្ញាណ ដ៏ប្រសើរក្រៃលែង តថាគត គួរដល់​ព្រហ្មលោក ជាអ្នកក្លៀវក្លា តែងដុតបំផ្លាញ​នូវ​កិលេស (ដោយឈានទាំងពីរ)។

[១៩១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភារទ្វាជគោត្ត​ព្រាហ្មណ៍ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹង​ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

មាតុបោសកសូត្រ ទី៩

[១៩២] សាវត្ថីនិទាន។ គ្រានោះ ព្រាហ្មណ៍ឈ្មោះមាតុបោសកៈ (អ្នក​ចិញ្ចឹម​មាតា) ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជា​មួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះមាតុបោសកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ស្វែងរកនូវភិក្ខារដោយធម៌ លុះស្វែងរកនូវភិក្ខាដោយធម៌ហើយ តែង​ចិញ្ចឹមនូវ​មាតាបិតា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្វើយ៉ាងនេះ ឈ្មោះថាជាអ្នកធ្វើ​នូវកិច្ច (តបគុណ) បានដែរឬ។ ព្រះអង្គត្រាស់ថា អើព្រាហ្មណ៍ អ្នកធ្វើយ៉ាងនេះ ឈ្មោះថា​ជា​អ្នកធ្វើនូវកិច្ច (តបគុណ) បានហើយ ម្នាលព្រាហ្មណ៍ បុគ្គលណាស្វែងរក នូវភិក្ខាដោយ​ធម៌ លុះស្វែងរកនូវភិក្ខាដោយធម៌ហើយ ចិញ្ចឹមមាតាបិតា បុគ្គល​នោះ តែងបានបុណ្យដ៏ច្រើន។

[១៩៣] ព្រះមានព្រះភាគ បានត្រាស់នូវពាក្យនេះ។បេ។

បុគ្គលណា ចិញ្ចឹមមាតាឬបិតាដោយធម៌ បណ្ឌិតទាំងឡាយ រមែង​សរសើរ​បុគ្គលនោះ ក្នុងលោកនេះ ព្រោះការបំរើមាតាបិតាទាំងឡាយនោះ លុះ​បុគ្គល​នោះ ទៅកាន់បរលោកហើយ រមែង​រីករាយ ក្នុងឋានសួគ៌។

[១៩៤] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ មាតុបោសក​ព្រាហ្មណ៍ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតម​​ដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹង​ស្មើដោយជីវិត តាំងពីថ្ងៃនេះ ជាដើមរៀងទៅ។

ភិក្ខកសូត្រ ទី១០

[១៩៥] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខកព្រាហ្មណ៍ (ព្រាហ្មណ៍អ្នកសូម) បាន​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើ​សេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល​គួរ​រឭក​ហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខកព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏​ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកសូមគេ ឯព្រះអង្គ ក៏ជាអ្នកសូមគេដែរ យើងទាំងពីរនាក់ ផ្សេងគ្នាដូចម្តេច ក្នុងពាក្យថា អ្នកសូមនេះ។

[១៩៦] ព្រះអង្គត្រាស់ថា បុគ្គលណា សូមពួកជនដទៃ ដោយហេតុណា បុគ្គលនោះ មិនឈ្មោះថាភិក្ខុ (អ្នកសូម) ដោយហេតុនោះឡើយ បុគ្គលណា កាន់​ធម៌​មានពិស គឺអកុសលធម៌ បុគ្គលនោះ ក៏មិនឈ្មោះថាភិក្ខុដែរ ក្នុងលោកនេះ លុះតែ​បុគ្គលណា បានបណ្តែត​បង់នូវបុណ្យ និងបាបចេញ ហើយប្រព្រឹត្តមគ្គ ព្រហ្មចរិយៈ ក្នុងខន្ធាទិលោក ដោយបញ្ញា បុគ្គលនោះ ទើបតថាគតហៅថា ភិក្ខុពិត។

[១៩៧] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខកព្រាហ្មណ៍ បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹង​ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។

សង្គរវសូត្រ ទី១១

[១៩៨] សាវត្ថីនិទាន។ សម័យនោះឯង សង្គរវព្រាហ្មណ៍ អាស្រ័យនៅ​ក្នុង​ក្រុងសាវត្ថី មានសេចក្តីសំគាល់ថា ទឹកជារបស់​បរិសុទ្ធ រមែង​ប្រាថ្នាការបរិសុទ្ធិដោយ​ទឹក ប្រកបការព្យាយាម​ចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀកស្បង់ប្រដាប់បាត្រចីវរ ក្នុងវេលាព្រឹក ហើយចូល​ទៅ​បិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីរួចហើយ ត្រឡប់មក​ពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ទើបចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។

[១៩៩] លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សង្គរវព្រាហ្មណ៍ អាស្រ័យនៅ​ក្នុង​ក្រុងសាវត្ថីនេះ មានសេចក្តីសំគាល់ថា ទឹកជារបស់​បរិសុទ្ធ តែង​ប្រាថ្នាការបរិសុទ្ធិ​ដោយ​​ទឹក ប្រកបសេចក្តីព្យាយាម​ចុះទឹករឿយៗ ក្នុងវេលាល្ងាចព្រឹក​ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យ​សេចក្តីអនុគ្រោះ ស្តេចចូល​ទៅកាន់​លំនៅរបស់សង្គរវព្រាហ្មណ៍។ ព្រះមានព្រះភាគ ទ្រង់ទទួល​ដោយភាពស្ងៀម។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរក្នុងវេលាព្រឹក ហើយស្តេចចូលទៅកាន់លំនៅ របស់សង្គរវព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលព្រាហ្មណ៍​ក្រាលថ្វាយ។

[២០០] លំដាប់នោះឯង សង្គរវព្រាហ្មណ៍ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តី​រីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះ​បញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះ​សង្គរវព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះថា ម្នាលព្រាហ្មណ៍ បានឮថា អ្នកមានសេចក្តីសំគាល់ថា ទឹកជារបស់​បរិសុទ្ធិ តែង​ប្រាថ្នាការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹករឿយៗ ក្នុងវេលា​ល្ងាច​ព្រឹក មែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនហើយ។ ម្នាលព្រាហ្មណ៍ ចុះអ្នកឯង​យល់​ឃើញ​អំណាចប្រយោជន៍ដូចម្តេច បានជាសំគាល់ថា ទឹកជារបស់បរិសុទ្ធិ ប្រាថ្នា​ការបរិសុទ្ធិដោយទឹក ប្រកបសេចក្តីព្យាយាមចុះទឹក​រឿយៗ ក្នុងវេលាល្ងាចព្រឹក។ បពិត្រព្រះគោតមដ៏ចំរើន ក្នុងទីនេះ បាបកម្មណា ដែលខ្ញុំ​ព្រះអង្គបានធ្វើហើយ ក្នុងវេលាថ្ងៃ ខ្ញុំព្រះអង្គ បន្សាត់បង់នូវ​បាបកម្មនោះ ដោយការងូត​ទឹក ក្នុងវេលាល្ងាច បាបកម្មណា ដែលខ្ញុំ​ព្រះអង្គបានធ្វើហើយ ក្នុងវេលាយប់ ខ្ញុំព្រះអង្គ ក៏បន្សាត់បង់នូវ​បាបកម្មនោះ ដោយការងូត​ទឹក ក្នុងវេលាព្រឹក បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ឃើញច្បាស់ នូវ​អំណាច​ប្រយោជន៍នេះឯង បានជាសំគាល់ថា ទឹកជារបស់បរិសុទ្ធិ ប្រាថ្នា​ការបរិសុទ្ធិ​ដោយ​ទឹក ប្រកបសេចក្តីព្យាយាមចុះទឹក​រឿយៗ ក្នុងវេលាល្ងាចព្រឹក។

[២០១] ព្រះមានព្រះភាគត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកបុគ្គលអ្នកដល់​នូវវេទ បានងូតទឹកក្នុងអន្លង់ទឹកណា មិនបានទទឹកខ្លួនសោះ ហើយស្រាប់តែឆ្លងដល់​ត្រើយ​ម្ខាង អន្លង់ទឹកនោះ ក៏គឺធម៌ មានសីលជាកំពង់ មិនល្អក់ ដែលសប្បុរសទាំងឡាយ សរសើរថាជារបស់​សប្បុរសទាំងឡាយ។

[២០២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សង្គរវ​ព្រាហ្មណ៍ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់។បេ។ សូម​ព្រះគោតម​ដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវព្រះរតនត្រ័យ ជាទីពឹង​ស្មើដោយជីវិត តាំងពីថ្ងៃនេះតទៅ។

ខោមទុស្សសូត្រ ទី១២

[២០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងនិគមឈ្មោះ ខោមទុស្សៈ របស់ពួកសក្យៈ ក្នុងដែនសក្កៈ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរ ក្នុងវេលាព្រឹក ហើយចូល​ទៅកាន់​ខោមទុស្សនិគម ដើម្បីបិណ្ឌបាត។ សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នក​ខោមទុស្សនិគម បានប្រជុំគ្នាក្នុងរោង ដោយកិច្ចនីមួយ។ ចួនជាភ្លៀង ក៏ស្រក់ចុះ​មក​មួយដំណក់ៗ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់យាងទៅជ្រកក្នុងរោងនោះ។ ពួកព្រាហ្មណ៍ និងគហបតី អ្នក​ខោមទុស្សនិគម បានឃើញ​ព្រះមានព្រះភាគ យាង​មកអំពីចម្ងាយ លុះឃើញហើយ ក៏ទូលសួរយ៉ាងនេះថា ពួកជនត្រងោលបែបណា ឈ្មោះថាអ្នកស្ងប់រម្ងាប់ ពួកជន​បែបណា នឹងដឹងនូវ​សភាធម៌ [ធម៌ដែល​ត្រូវប្រតិបត្តិក្នុងទីប្រជុំ។]។

[២០៤] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ចំពោះ​ពួកព្រាហ្មណ៍ និងគហបតី អ្នក​ខោមទុស្សនិគម ដោយគាថា ថា

ពួកសប្បុរសមិនមានក្នុងទីណា ទីនោះ មិនឈ្មោះថាទីប្រជុំឡើយ ជន​ទាំង​ឡាយណា មិនពោលធម៌ ជនទាំងនោះ មិនឈ្មោះថា សប្បុរស (អ្នកស្ងប់រម្ងាប់) ទេ លុះតែពួកជន លះបង់រាគៈ ទោសៈ មោហៈ ទាំងពោលនូវ​ធម៌ផង ទើបឈ្មោះថា សប្បុរស (ពួកជនបែបនេះ នឹង​ដឹងនូវសភាធម៌)។

[២០៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នក​ខោមទុស្សនិគម បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេកណាស់ បពិត្រព្រះគោតមដ៏ចំរើន ច្បាស់ពេក​ណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងដោយ​អនេកបរិយាយ ដូចជា មនុស្សផ្ងារវត្ថុដែលផ្កាប់ ឬបើកបង្ហាញ​វត្ថុដែលកំបាំង ឬក៏​ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោល​បំភ្លឺ​ក្នុងទីងងឹត ដោយគិតថា ឲ្យពួក​មនុស្សដែល​មានភ្នែកភ្លឺ មើលឃើញ​រូបទាំង​ឡាយបាន យើងខ្ញុំទាំងឡាយនេះ សូមដល់​ព្រះគោតម​ដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង សូម​ព្រះគោតមដ៏ចំរើន ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត តាំងអំពីថ្ងៃនេះតទៅ។

ចប់ ឧបាសកវគ្គ ទី២។

ឧទ្ទាននៃឧបាសកវគ្គនោះគឺ

កសីសូត្រ ១ ឧទយសូត្រ ១ ទេវហិតសូត្រ ១ មហាសាលសូត្រ ១ មានត្ថទ្ធសូត្រ ១ បច្ចនិកសូត្រ ១ នវកម្មិកសូត្រ ១ កដ្ឋហារសូត្រ ១ មាតុបោសកសូត្រ ១ ភិក្ខកសូត្រ ១ សង្គរវសូត្រ ១ ខោមទុស្សសូត្រ ១ ត្រូវជា ១២។

ចប់ ព្រាហ្មណសំយុត្ត។

វង្គីសសំយុត្ត

និក្ខន្តសូត្រ ទី១

[២០៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុង​អគ្គាឡវចេតិយ ទៀបក្រុងអាឡវី ជាមួយនឹង​ឧបជ្ឈាយ៍ឈ្មោះ និគ្រោធកប្បៈ មានអាយុ។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ ជាភិក្ខុថ្មី បួសមិនយូរប៉ុន្មាន នៅ​ជា​ភិក្ខុតូចទាប ជាអ្នករក្សាវិហារ។

[២០៧] គ្រានោះឯង ពួកស្រីច្រើននាក់តាក់តែងខ្លួន ចូលទៅកាន់អារាម មៀង​មើលវិហារ។ គ្រានោះ ព្រះវង្គីសៈមានអាយុ បានឃើញ នូវស្រីទាំងនោះ​ហើយ ក៏កើតសេចក្តីអផ្សុក រាគៈក៏ញុំាងកុសលចិត្តឲ្យវិនាស។ ទើប​ព្រះវង្គីសៈមានអាយុ មាន​សេចក្តីត្រិះរិះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមាន​ដល់​អាត្មាអញឡើយ អើហ្ន៎ អត្តភាព​ជាមនុស្ស អាត្មាអញ បានដោយ​អាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះសេចក្តីអផ្សុក កើតឡើង​ដល់​អាត្មាអញ រាគៈក៏ញុំាង​កុសលចិត្ត​ឲ្យវិនាស ជនទាំងឡាយដទៃ គប្បីបន្ទោបង់​សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើសេចក្តីត្រេកអរ​ឲ្យកើតឡើង ដោយហេតុណា ហេតុនោះ អាត្មាអញ គប្បីបានជនទាំងនោះអំពីទីណា បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់នូវសេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួនឯងចុះ ហើយធ្វើ​សេចក្តី​ត្រេកអរ ឲ្យកើតឡើង។

[២០៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តី​អផ្សុក​របស់​ខ្លួន ដោយខ្លួនឯង ហើយធ្វើ​សេចក្តី​ត្រេកអរ ឲ្យកើតឡើង រួច​ពោលគាថា​ទាំងឡាយ​នេះ ក្នុងពេលនោះថា

វិតក្កៈទាំងឡាយនេះ ជាសភាវៈឃ្នើសឃ្នង តែងស្ទុះមកអំពីមារ គ្រប​សង្កត់​អាត្មាអញ ដែលចេញអំពីផ្ទះ ចូលមកកាន់ផ្នួស ពួកខ្មាន់ធ្នូ ជាបុត្តនៃជនអ្នក​ខ្ពង់ខ្ពស់ បានសិក្សាហើយ មានធ្នូដ៏មាំ គប្បីបាញ់បាចសាចដោយជុំវិញ ចំពោះសត្វ​ទាំងពាន់ កុំឲ្យរត់ទៅរួច ទោះបីពួកស្ត្រីមកច្រើន ជាងសត្វទាំងនុ៎ះ ក៏នឹងមិនអាចធ្វើអាត្មាអញ ដែល​ឋិត​នៅក្នុងធម៌របស់ខ្លួន ឲ្យ​ញាប់ញ័របានឡើយ ព្រោះថា ពាក្យនុ៎ះ អាត្មាអញ បានស្តាប់អំពីទីចំពោះ​ព្រះភក្ត្រ នៃព្រះពុទ្ធ ជាផៅពង្សនៃព្រះអាទិត្យហើយ ចិត្ត​របស់​អាត្មាអញ ត្រេកអរ ក្នុងផ្លូវជាទីទៅកាន់​ព្រះនិព្វាន​នោះហើយ ម្នាលមារ គឺកិលេស បើ​អ្នកចូលមករក​អាត្មាអញ ដែលកំពុងនៅយ៉ាងនេះ ម្នាលមច្ចុ អ្នកឯង​មិនឃើញ​ផ្លូវ​របស់យើង យ៉ាងណា យើងនឹងធ្វើ​យ៉ាងនោះ។

អរតិសូត្រ ទី២

[២០៩] សម័យមួយ ព្រះវង្គីសៈមានអាយុ គង់នៅក្នុងអគ្គាឡវចេតិយ ទៀប​ក្រុង​អាឡវី ជាមួយនឹង​ឧបជ្ឈាយ៍ ឈ្មោះនិគ្រោធកប្បៈមានអាយុ។ សម័យនោះឯង ព្រះ​និគ្រោធកប្បៈមានអាយុ ត្រឡប់មកពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏ចូល​ទៅ​កាន់វិហារ ចេញ (អំពីវិហារទៅវិញ) ក្នុងវេលាល្ងាច ឬក្នុងកាលថ្ងៃស្អែកឡើង។

[២១០] សម័យនោះឯង សេចក្តីអផ្សុក កើតមានដល់​ព្រះវង្គីសៈមានអាយុ ទាំងរាគៈ ក៏ញុំាងកុសលចិត្តឲ្យវិនាស។ ​ព្រះវង្គីសៈមានអាយុ មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមាន​ដល់​អាត្មាអញឡើយ អើហ្ន៎ អត្តភាព​ជាមនុស្ស អាត្មាអញ បានដោយ​អាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះថា សេចក្តីអផ្សុក កើតឡើង​ដល់​អាត្មាអញ រាគៈក៏ញុំាង​កុសលចិត្ត​ឲ្យវិនាស ពួកជនដទៃ គប្បីបន្ទោបង់​សេចក្តីអផ្សុក របស់អាត្មាអញ ហើយធ្វើសេចក្តីត្រេកអរ ​ឲ្យកើតឡើង ដោយហេតុណា ហេតុនោះ អាត្មាអញ គប្បីបានជនទាំងនោះអំពីទីណា ក្នុងរាគៈ​នេះ បើដូច្នោះ មានតែអាត្មាអញ បន្ទោបង់ នូវសេចក្តីអផ្សុករបស់ខ្លួន ដោយខ្លួន​ឯង​ ហើយធ្វើ​សេចក្តី​ត្រេកអរ ឲ្យកើតឡើង។

[២១១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក៏បន្ទោបង់សេចក្តី​អផ្សុក​របស់​ខ្លួន ដោយខ្លួនឯង ហើយធ្វើ​សេចក្តី​ត្រេកអរ ឲ្យកើតឡើង រួច​ពោលគាថា​ទាំងឡាយ​នេះ ក្នុងវេលានោះថា

ភិក្ខុណាលះបង់ នូវសេចក្តី​មិនត្រេកអរផង នូវសេចក្តី​ត្រេកអរផងនូវវិតក្កៈ ដែលអាស្រ័យនូវផ្ទះ គឺកាមគុណផង ដោយប្រការទាំងពួង ហើយមិនធ្វើនូវ​ព្រៃធំ គឺកិលេស ក្នុងអារម្មណ៍ណាមួយឡើយ ភិក្ខុនោះឈ្មោះថា មិនមានព្រៃធំ គឺ​កិលេស ជា​អ្នកប្រាសចាកតណ្ហា របស់អ្វីមួយ ក្នុងលោកនេះ ដែល​មានរូបឋិត​លើផែនដីក្តី ដែលឋិត​លើអាកាសក្តី ដែលឋិត​នៅក្នុងរូងផែនដីក្តី [សំដៅយក​ពិភពនាគ។] របស់​ទាំង​អស់នោះ មិនទៀង រមែងគ្រាំគ្រាទៅ ពួកជន​ដែលស្គាល់ច្បាស់ នូវអត្តភាព​ តែង​មកប្រជុំយ៉ាងនេះ តែងជាប់ចំពាក់ក្នុង​ឧបធិទាំងឡាយ អ្នកឯងជាបុគ្គល មិនមាន​តណ្ហា ជាគ្រឿង​ញាប់ញ័រ ចូរបន្ទោបង់នូវចំណង់ ក្នុងរូបដែលឃើញហើយ ក្នុង​សំឡេង​ដែលឮហើយ ក្នុងក្លិន និងរសដែលប៉ះពាល់ហើយ ក្នុងផោដ្ឋព្វារម្មណ៍ ដែល​ពាល់ត្រូវហើយ អ្នកណា​មិនជាប់នៅ ក្នុងបញ្ចកាមគុណនេះ ពួកជន​ហៅអ្នកនោះ ថាជាអ្នកប្រាជ្ញ មួយទៀត វិតក្កៈទាំងឡាយ ដែល​មិនប្រកបដោយធម៌ អាស្រ័យ​នូវ​អារម្មណ៍៦ តាំងនៅក្នុងពួកបុថុជ្ជន បុគ្គលណា មិនទៅកាន់កិលេសវដ្តៈ ក្នុងទីណា​មួយ ទាំងមិន​ពោលពាក្យអាក្រក់ បុគ្គលនោះ ឈ្មោះថាភិក្ខុ ជាអ្នកប្រាជ្ញ មានចិត្ត​តាំងមាំ អស់កាលជាយូរអង្វែង ជាអ្នកមិនកុហក មានប្រាជ្ញាជាគ្រឿងរក្សាខ្លួន ទាំង​មិនមានសេចក្តីស្រឡាញ់ ឈ្មោះថាជាអ្នកប្រាជ្ញ បានត្រាស់ដឹងនូវព្រះនិព្វាន មួយទៀត បុគ្គលនោះ បរិនិព្វានហើយ ព្រោះអាស្រ័យ​ព្រះនិព្វាន តែង​ទន្ទឹង​នូវ​បរិនិព្វានកាល។

បេសលាតិមញ្ញនាសូត្រ ទី៣

[២១២] សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងអគ្គាឡវចេតិយ ទៀបក្រុង​អាឡវី ជាមួយនឹងឧបជ្ឈាយ៍ ឈ្មោះនិគ្រោធកប្បៈ ដ៏មានអាយុ។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ មើលងាយនូវពួកភិក្ខុដទៃ ដែលមានសីលជាទីស្រឡាញ់ ដោយ​សេចក្តី​ឈ្លាសវៃរបស់ខ្លួន។ លំដាប់នោះ ព្រះវង្គីសៈមានអាយុ មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ ពេញជាមិនមានលាភ អើហ្ន៎ លាភ មិនមាន​ដល់​អាត្មាអញឡើយ អើហ្ន៎ អត្តភាព​ជាមនុស្ស អាត្មាអញ បានដោយ​អាក្រក់ អើហ្ន៎ អត្តភាពជាមនុស្ស អាត្មាអញ មិនបានដោយល្អទេ ព្រោះអាត្មាអញ មើលងាយ​ពួកភិក្ខុដទៃ ដែលមានសីល​ជាទីស្រឡាញ់ ដោយសេចក្តី​ឈ្លាសវៃ​របស់ខ្លួន។

[២១៣] លំដាប់នោះ ព្រះវង្គីសៈមានអាយុ ក៏ធ្វើសេចក្តីក្តៅក្រហាយរបស់​ខ្លួន ឲ្យកើតឡើង​ដោយខ្លួនឯង ហើយពោលនូវ​គាថាទាំងឡាយនេះ ក្នុងវេលានោះថា

ម្នាលអ្នកជាសាវ័ក​ព្រះគោតម អ្នកចូរលះបង់ នូវចិត្តមានះចេញ ចូរលះបង់​នូវគន្លងនៃមានះ ក្នុងកាយនេះចេញ បុគ្គលដែលមាន​សេចក្តីក្តៅក្រហាយ អស់កាល​ជាយូរអង្វែង គួរតែលះបង់ នូវគន្លងនៃមានះ ក្នុងកាយនេះ កុំឲ្យសេសសល់ ពពួកសត្វ​ ដែលប្រឡាក់ដោយសេចក្តីលុបគុណ ដែលត្រូវមានះបៀតបៀនហើយ រមែង​ធ្លាក់ទៅក្នុងនរក ពួកជន ដែលត្រូវមានះបៀតបៀនហើយ តែងទៅកើត​ក្នុងនរក សោកសៅ អស់រាត្រីជាយូរអង្វែង ភិក្ខុដែលឈ្នះកិលេសដោយមគ្គ ប្រតិបត្តិ​ដោយប្រពៃ រមែង​មិនសោកសៅក្នុងកាលណាម្តងឡើយ រមែងបាននូវសេចក្តី​សរសើរ និងសេចក្តីសុខ អ្នកប្រាជ្ញទាំងឡាយហៅភិក្ខុនោះ ដែលមានសភាព​ដូច្នោះ ថា ជាអ្នកឃើញធម៌ ហេតុដូច្នោះ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនរឹងត្អឹង មានព្យាយាម លះបង់នូវនីវរណៈទាំងឡាយ ជាអ្នកបរិសុទ្ធ លះបង់មានះ មិន​ឲ្យសេសសល់ ហើយធ្វើនូវទីបំផុត នៃកិលេសដោយវិជ្ជា ជាអ្នកស្ងប់រម្ងាប់។

អានន្ទសូត្រ ទី៤

[២១៤] សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ព្រះអានន្ទមានអាយុ ស្លៀក​ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី មាន​ព្រះវង្គីសៈមានអាយុ ជាបច្ឆាសមណៈ។ សម័យនោះ សេចក្តីអផ្សុក ក៏កើតឡើង ដល់​ព្រះវង្គីសៈមានអាយុ ទាំងរាគៈ ក៏ធ្វើកុសលចិត្តឲ្យវិនាស។

[២១៥] ទើបព្រះវង្គីសៈមានអាយុ បានពោល​នឹង​ព្រះអានន្ទមានអាយុ​ ដោយគាថាថា

បពិត្រលោក ជាគោតមគោត្រ ខ្ញុំក្តៅដោយកាមរាគៈ ចិត្តរបស់ខ្ញុំ ក្តៅក្រហាយ​ណាស់ សូមលោកមេត្តាសំដែងធម៌ ជាគ្រឿង​រំលត់រាគៈ ដោយសេចក្តីអនុគ្រោះ​ឲ្យទាន។

[២១៦] ព្រះអានន្ទពោលថា ចិត្តរបស់លោកក្តៅក្រហាយ ព្រោះ​សេចក្តី​ប្រែប្រួល​នៃសញ្ញា លោកចូរ​វៀរនូវនិមិត្តល្អ ដែល​ប្រកបដោយ​រាគៈចេញ ហើយ​ពិចារណាសង្ខារទាំងឡាយ ថាជារបស់ដទៃ ថាជាទុក្ខ កុំពិចារណាថា ជា​របស់​ខ្លួន​ឡើយ ចូរធ្វើរាគៈ​ដ៏ធំ ឲ្យរលត់បាត់ទៅ កុំមាន​សេចក្តីក្តៅក្រហាយរឿយៗឡើយ លោក​ចូរ​ចំរើននូវចិត្ត ឲ្យមានអារម្មណ៍​តែមួយ ឲ្យតាំង​នៅដោយប្រពៃ ដោយអសុភារម្មណ៍ កាយគតាសតិ ចូរមានដល់លោក លោកចូរជាអ្នកមាន​សេចក្តី​នឿយណាយច្រើន ចូរ​ចំរើននូវ​អនិមិត្ត គឺវិបស្សនា ដកនូវ​មានានុស័យចេញ ហើយជាអ្នកមានចិត្ត​ស្ងប់រម្ងាប់​ប្រព្រឹត្តទៅ ដោយការយល់ច្បាស់នូវមានះនោះ។

សុភាសិតសូត្រ ទី៥

[២១៧] សាវត្ថីនិទាន។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះបន្ទូល​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយ​អង្គ៤ ឈ្មោះថាសុភាសិត មិនមែនទុព្ភាសិត​ទេ ជាវាចាមិនមានទោសផង ដែល​អ្នកប្រាជ្ញមិនតិះដៀលផង។ វាចាដែល​ប្រកប​ដោយអង្គ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងពោល​ពាក្យសុភាសិត មិនពោលពាក្យទុព្ភាសិត១ ពោលពាក្យជាធម៌ មិនពោលពាក្យមិន​ជាធម៌១ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់១ ពោលពាក្យ​ពិត មិនពោលពាក្យ​កុហក១។ ម្នាលភិក្ខុទាំងឡាយ វាចាប្រកបដោយ​អង្គ៤ នេះឯង ឈ្មោះថា សុភាសិត មិនមែនទុព្ភាសិតទេ ជាវាចាមិនមានទោសផង ដែលអ្នក​ប្រាជ្ញ​មិនតិះដៀលផង។

[២១៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ភាសិតនេះហើយ ក៏ទ្រង់​ត្រាស់គាថានេះតទៅទៀតថា

ពួកសប្បុរស ពោលសុភាសិត ជាពាក្យខ្ពង់ខ្ពស់ (ទី១) ពោលពាក្យ​ជាធម៌ មិនពោលពាក្យ​មិនជាធម៌ នោះជាទី២ ពោលពាក្យជាទីស្រឡាញ់ មិនពោលពាក្យមិនជាទីស្រឡាញ់ នោះជាទី៣ ពោលពាក្យ​ពិត មិនពោលពាក្យ​កុហក នោះជាទី៤។

លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះមានព្រះភាគ ហើយពោលពាក្យ​នេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ អ្នកចូរសំដែងធម៌ចុះ។

[២១៩] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោល​សរសើរ​ព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះ​ព្រះភក្រ្តថា

បុគ្គល​មិនធ្វើខ្លួនឲ្យក្តៅ ដោយវាចាណា គប្បីពោលវាចានោះឯង មួយទៀត បុគ្គល​មិនគប្បីបៀតបៀនពួកជនដទៃ (ដោយវាចាណា) វាចានោះឯង ឈ្មោះថា សុភាសិត វាចាណា ដែលគេត្រេកអរ បុគ្គលគប្បីពោល នូវវាចានោះ ជាវាចា​ជាទី​ស្រឡាញ់ បុគ្គលពោលនូវវាចាណា មិនកាន់យកវាចាដ៏អាក្រក់ ពោលនូវវាចា​ជាទី​ស្រឡាញ់ ដល់ជនទាំងឡាយដទៃ (បុគ្គល​គប្បីពោល​នូវវាចានោះ) ពាក្យពិត ឈ្មោះថា ជាពាក្យមិនស្លាប់ ធម៌នេះជាប្រពៃណី ពួកសប្បុរស តាំងនៅហើយក្នុង​សច្ចៈ ដែលជាអត្ថផង ជាធម៌ផង ព្រះពុទ្ធទ្រង់ពោលវាចាណា ដ៏ក្សេមក្សាន្ត ដើម្បី​ដល់នូវ​ព្រះនិព្វាន និងធ្វើនូវទីបំផុតទុក្ខបាន វាចានោះឯង ជាវាចាដ៏ខ្ពង់ខ្ពស់ ជាងវាចា​ទាំងឡាយ។

សារីបុត្តសូត្រ ទី៦

[២២០] សម័យមួយ ព្រះសារីបុត្តមានអាយុ នៅក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះ ព្រះសារីបុត្តមានអាយុ បាន​ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា ជាវាចាបរិបូណ៌ដោយអក្ខរៈ និងបទច្បាស់លាស់ ជាវាចាឥតទោស អាច​ញុំាង​បុគ្គល ឲ្យដឹងច្បាស់នូវ​សេចក្តីបាន។ ភិក្ខុទាំងនោះ ក៏ធ្វើ​ឲ្យជាប្រយោជន៍ ធ្វើ​ទុក​ក្នុងចិត្ត ប្រមូលនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌។

[២២១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តី​ត្រិះរិះ ដូច្នេះថា ព្រះសារីបុត្តមានអាយុនេះឯង បាន​ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ដោយ​ធម្មីកថា។បេ។ ជាវាចាអាច​ញុំាង​បុគ្គល ឲ្យដឹងច្បាស់នូវ​សេចក្តីបាន ចំណែកភិក្ខុ​ទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍។បេ។ ស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោល​សរសើរ​ព្រះសារីបុត្តមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះមុខ។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះសារីបុត្តមានអាយុ ហើយពោលពាក្យ​នេះ នឹង​ព្រះសារីបុត្តមានអាយុថា បពិត្រព្រះសារីបុត្តមានអាយុ ខ្ញុំសូមសំដែងធម៌ បពិត្រ​ព្រះសារីបុត្តមានអាយុ ខ្ញុំសូមសំដែងធម៌។ ព្រះសារីបុត្តតបថា អើអាវុសោ​វង្គីសៈ ចូរលោកសំដែងធម៌ចុះ។

[២២២] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ពោល​សរសើរ​ព្រះសារីបុត្ត​មានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះ​មុខថា

ព្រះសារីបុត្តជាអ្នកប្រាជ្ញ មានបញ្ញាជ្រាលជ្រៅ ជាអ្នក​ឈ្លាសក្នុង​មគ្គ និង​មិនមែនមគ្គ មានបញ្ញាច្រើន តែងសំដែងធម៌ដល់ភិក្ខុទាំងឡាយ សំដែង​ដោយ​សង្ខេបខ្លះ សំដែងដោយពិស្តារខ្លះ មានសំឡេងគឹកកង ដូចជាសត្វសាលិកា បញ្ចេញ​នូវប្រាជ្ញាដ៏វិសេស ពួកភិក្ខុនាំគ្នាស្តាប់នូវ​វាចាដ៏ពីរោះរបស់លោក ដែលកំពុង​សំដែង​ធម៌នោះ ភិក្ខុទាំងឡាយ មានចិត្តអណ្តែតឡើង មានចិត្តរីករាយដោយសំឡេង ដែល​គួរត្រេកអរ គួរស្តាប់ ជាសំឡេង​ដ៏ពីរោះ ហើយផ្ទៀង​ត្រចៀកស្តាប់។

បវារណាសូត្រ ទី៧

[២២៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងប្រាសាទនៃ​មិគារមាតា ឈ្មោះបុព្វារាម ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺ​ភិក្ខុ​ប្រមាណ​៥០០រូប សុទ្ធតែ​ជា​ព្រះអរហន្ត។ ក៏ក្នុងសម័យ​នោះឯង ព្រះមានព្រះភាគ មាន​ព្រះភិក្ខុសង្ឃ​ គាល់ត្រៀបត្រា គង់​ក្នុងទីវាល ក្នុងថ្ងៃបណ្ណរសីបវារណា ជាថ្ងៃ​ឧបោសថនោះ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀង​ព្រះនេត្រ ទត​ឃើញ​ភិក្ខុសង្ឃដែលនៅស្ងៀមហើយ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ណ្ហើយចុះ ឥឡូវនេះ តថាគតបវារណា ដល់​អ្នកទាំងឡាយ អ្នកទាំងឡាយ មិន​តិះដៀលនូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់​តថាគត​ទេឬ។

[២២៤] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្ត​មានអាយុ ក៏ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះមានព្រះភាគ ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន យើង​ខ្ញុំ​ព្រះអង្គ មិនបានតិះដៀល​នូវកម្មតិចតួច ​ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់​ព្រះមានព្រះភាគទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ ជា​អ្នក​បង្កើតផ្លូវដែលមិនទាន់កើត ឲ្យស្គាល់​ផ្លូវដែល​មិនទាន់ស្គាល់ ប្រាប់ផ្លូវ​ដែល​មិនទាន់​ប្រាប់ ទ្រង់ដឹងនូវផ្លូវ ជ្រាបច្បាស់នូវផ្លូវ ឈ្លាសវៃ​ក្នុងផ្លូវ បពិត្រព្រះអង្គដ៏ចំរើន ពួក​សាវ័ក​ក្នុងកាលឥឡូវនេះ តែងដើរទៅតាមផ្លូវ ដើរតាមក្រោយ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខ្ញុំព្រះអង្គ សូមបវារណាចំពោះ​ព្រះមានព្រះភាគ ព្រះមានព្រះភាគ មិន​ទ្រង់​តិះដៀល នូវកម្មតិចតួច ​ដែលប្រព្រឹត្តទៅ ក្នុងកាយទ្វារ ឬវចីទ្វារ របស់​ខ្ញុំព្រះអង្គ​ទេឬ។ ម្នាលសារីបុត្ត  តថាគត មិនបាន​តិះដៀល នូវកម្មតិចតួច ​ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់អ្នកទេ ម្នាលសារីបុត្ត អ្នកជាបណ្ឌិត ម្នាលសារីបុត្ត អ្នកមានប្រាជ្ញាច្រើន ម្នាលសារីបុត្ត អ្នក​មានប្រាជ្ញាក្រាស់ ម្នាល​សារីបុត្ត អ្នកមានប្រាជ្ញា ជាហេតុឲ្យកើត​សេចក្តី​រីករាយ ម្នាលសារីបុត្ត អ្នកមានប្រាជ្ញារហ័ស ម្នាល​សារីបុត្ត អ្នកមានប្រាជ្ញាមុត ម្នាល​សារីបុត្ត អ្នកមានប្រាជ្ញាជាគ្រឿង​ទំលាយ​បង់​នូវ​កិលេស ម្នាល​សារីបុត្ត ប្រៀបដូចបុត្តច្បង របស់ស្តេច​ចក្រពត្តិ រមែង​ញុំាងចក្រដែល​បិតាឲ្យប្រព្រឹត្តទៅហើយ ឲ្យប្រព្រឹត្តទៅបានដោយល្អ យ៉ាងណា ម្នាល​សារីបុត្ត អ្នកក៏ញុំាងអនុត្តរធម្មចក្រ ដែលតថាគត ឲ្យប្រព្រឹត្ត​ទៅហើយ ឲ្យ​ប្រព្រឹត្តទៅបានដោយល្អ យ៉ាងនោះដែរ។ បពិត្រព្រះអង្គដ៏ចំរើន បើ​ព្រះមានព្រះភាគ មិន​ទ្រង់​តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ខ្ញុំ​ព្រះអង្គទេ បពិត្រព្រះអង្គដ៏ចំរើន ចុះ​ព្រះមានព្រះភាគ មិន​​តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ពួកភិក្ខុ៥០០នេះដែរឬ។ ម្នាលសារីបុត្ត តថាគត មិន​​តិះដៀល នូវកម្មតិចតួច ដែលប្រព្រឹត្តទៅក្នុងកាយទ្វារ ឬវចីទ្វារ របស់ពួក​ភិក្ខុ៥០០នេះទេ ម្នាលសារីបុត្ត ព្រោះថា បណ្តាភិក្ខុទាំង៥០០នេះ ភិក្ខុ​៦០រូប ជាតេវិជ្ជបុគ្គល (បុគ្គល​បានវិជ្ជា៣) ភិក្ខុ៦០រូប ជា  ឆឡភិញ្ញបុគ្គល (បុគ្គល​បានអភិញ្ញា៦) ភិក្ខុ៦០រូប ជាឧភតោភាគវិមុត្តបុគ្គល (បុគ្គលរួចចាកកិលេស ដោយធម៌​ពីរ គឺរូបសមាបត្តិ និងអរូបសមាបត្តិ) ឯភិក្ខុទាំងឡាយក្រៅពីនេះ ជាបញ្ញា​វិមុត្តបុគ្គល (បុគ្គលរួចចាកកិលេស ដោយប្រាជ្ញា)។ ទើបព្រះវង្គីសៈមានអាយុ ក្រោកចាកអាសនៈ ធ្វើឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២២៥] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ពោល​សរសើរ​ព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះ​ព្រះភក្រ្តថា

ថ្ងៃនេះជាថ្ងៃ១៥ ភិក្ខុទាំងឡាយ៥០០រូប ជាអ្នកកាត់បង់នូវ​កិលេស គឺ​សញ្ញោជនៈ និងពន្ធនៈ ជាអ្នកមិនមានទុក្ខ មានភពថ្មីអស់ហើយ ជាអ្នកស្វែងរកនូវ​គុណ មានសីលគុណជាដើម មកប្រជុំគ្នា ដើម្បីធ្វើខ្លួន​ឲ្យបរិសុទ្ធ ប្រៀប​ដូចស្តេច​ចក្រពត្តិ ដែលពួកអាមាត្យចោមរោម ទ្រង់ស្តេច​ត្រួតត្រាជុំវិញផែនដីនេះ ដែល​មានសាគរ​ជាទីបំផុត យ៉ាងណា ពួកសាវ័ក ដែលបាន​ត្រៃវិជ្ជា ញុំាងមច្ចុឲ្យវិនាស ចូល​ទៅអង្គុយ​ជិតព្រះទសពល ទ្រង់ឈ្នះសង្គ្រាម គឺកិលេស ទ្រង់ដឹកនាំពួកសត្វ រក​បុគ្គល​ជាងគ្មាន យ៉ាងនោះដែរ សាវ័កទាំងអស់ ជាបុត្ត របស់​ព្រះមានព្រះភាគ បុគ្គល​ជ្រោកជ្រាក មិនមានក្នុងពួក​សាវ័កនេះឡើយ ខ្ញុំព្រះអង្គ សូមថ្វាយបង្គំ​ព្រះទសពល ជា​ផៅពង្សនៃព្រះអាទិត្យ ជាអ្នកដកនូវ​សរ គឺតណ្ហាបាន។

បរោសហស្សសូត្រ ទី៨

[២២៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ជាមួយនឹងភិក្ខុសង្ឃច្រើន គឺ​ភិក្ខុចំនួន​១២៥០រូប។ ក៏ក្នុងសម័យ​នោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់ពួកភិក្ខុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ដែល​ជាប់​ទាក់ទងដោយព្រះនិព្វាន។ ភិក្ខុទាំងនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូល​មកនូវចិត្តទាំងអស់ ផ្ទៀងត្រចៀកស្តាប់ធម៌។

[២២៧] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តី​ត្រិះរិះ យ៉ាង​នេះថា ព្រះមានព្រះភាគ ទ្រង់ពន្យល់​ពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យ​កាន់យកតាម ឲ្យ​អាចហាន ឲ្យរីករាយដោយធម្មីកថា ដែលជាប់ទាក់ទង​ដោយព្រះនិព្វាន។ ភិក្ខុទាំង​នោះ ក៏ធ្វើ​ឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ប្រមូល​មកនូវចិត្តទាំងអស់ ផ្ទៀង​ត្រចៀក​ស្តាប់ធម៌ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះមានព្រះភាគ ដោយ​គាថា​ទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ។ លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ ក្រោក​ចាកអាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២២៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោល​សរសើរ​ព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះ​ព្រះភក្រ្តថា

ភិក្ខុច្រើនជាងពាន់ ចូលទៅគាល់​ព្រះសុគត កំពុងសំដែងធម៌ ដែល​ជាប់​ទាក់ទងដោយព្រះនិព្វាន ជាធម៌​ប្រាសចាកធូលី គឺកិលេស ឥត​មានភ័យ​អំពី​ទីណា​មួយឡើយ ពួកភិក្ខុទាំងនោះ ស្តាប់ធម៌ដែលប្រាសចាកមន្ទិល ដែល​ព្រះសម្មាសម្ពុទ្ធ ទ្រង់សំដែងហើយ ព្រះសម្ពុទ្ធ ដែលភិក្ខុសង្ឃគាល់​ត្រៀបត្រា ល្អណាស់ហ្ន៎ បណ្តា​ឥសី​ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់​ព្រះនាម​ថានាគ ជាទី៧ នៃពួកឥសី (រាប់​តាំងអំពី​ព្រះពុទ្ធវិបស្សីមក) តែងបង្អុរភ្លៀង ចំពោះសាវ័កទាំងឡាយ បីដូចភ្លៀងធំធ្លាក់ចុះ បពិត្រ​ព្រះអង្គមានព្យាយាមធំ វង្គីសៈ ជាសាវ័ករបស់ព្រះអង្គ ចេញមកអំពីទីសម្រាក ក្នុងវេលាថ្ងៃ ព្រោះចង់​ឃើញព្រះសាស្តា សូមថ្វាយ​បង្គំ​ព្រះបាទារបស់​ព្រះអង្គ។

ព្រះអង្គត្រាស់ថា ម្នាលវង្គីសៈ គាថាទាំងឡាយនេះ អ្នកធ្លាប់បានត្រិះរិះ​ពី​កាលមុនឬ ឬទើបនឹងប្រាកដដល់អ្នក មួយរំពេចនេះទេ។ បពិត្រព្រះអង្គដ៏ចំរើន គាថា​ទាំងនេះ ខ្ញុំព្រះអង្គមិនដែលបានត្រិះរិះ ពីកាលមុនមកទេ ស្រាប់តែប្រាកដ​ដល់​ខ្ញុំព្រះអង្គ មួយរំពេចនេះឯង។ ម្នាលវង្គីសៈ បើដូច្នោះ គាថាទាំងឡាយ ដែល​អ្នក​មិនធ្លាប់​បានត្រិះរិះ ក្នុងកាលមុនមកនោះ ចូរអ្នកសំដែងឲ្យក្រៃលែងតទៅទៀត។

[២២៩] ព្រះវង្គីសៈមានអាយុ ទទួល​ព្រះបន្ទូល​នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយពោលសរសើរ​ព្រះមានព្រះភាគ ដោយគាថាទាំងឡាយ ដែល​មិនធ្លាប់​ត្រិះរិះក្នុងកាលមុន ឲ្យក្រៃលែងតទៅថា

ព្រះមានព្រះភាគ ទ្រង់គ្របសង្កត់នូវផ្លូវខុសជាច្រើន របស់មារ ទ្រង់ត្រាច់​ទៅ​បំបាក់គោល គឺកិលេសបាន លោកទាំងឡាយ ចូរមើលព្រះអង្គកំពុងស្រាយ នូវចំណង​ដែល​មិនអាស្រ័យកិលេស ទ្រង់​ចែកធម៌ជាចំណែកៗ ព្រះអង្គសំដែង​ប្រាប់​ផ្លូវច្រើនបែប ដើម្បីរើខ្លួន​ចាកអន្លង់ (ទាំង៤) កាលបើព្រះអង្គសំដែងប្រាប់ នូវ​ព្រះនិព្វាននោះហើយ ពួកជនដែលជាអ្នកឃើញធម៌ ក៏តាំងនៅឥតមានរសេមរសាម ព្រះអង្គជាអ្នកធ្វើនូវពន្លឺ ត្រាស់ដឹងនូវធម៌ បានឃើញច្បាស់ នូវព្រះនិព្វាន ជាទីកន្លង​បង់នូវហេតុ នៃទិដ្ឋិទាំងអស់ លុះព្រះអង្គត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ហើយ សំដែង​នូវ​ធម៌ដ៏ឧត្តម ដល់ជនទាំងឡាយដែលមានសទ្ធា កាលបើធម៌ ដែល​ព្រះអង្គសំដែង ដោយ​ល្អយ៉ាងនេះហើយ ជនទាំងឡាយអ្នកដឹងច្បាស់ នឹង​មានសេចក្តីប្រមាទ ដូច​ម្តេច​បាន ព្រោះហេតុនោះឯង បុគ្គលក្នុងសាសនា របស់ព្រះមានព្រះភាគនោះ គប្បី​ជាអ្នក​មិនប្រមាទ គប្បីសិក្សារឿយៗ នូវការថ្វាយបង្គំគ្រប់កាលចុះ។

កោណ្ឌញ្ញសូត្រ ទី៩

[២៣០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះ ព្រះអញ្ញាកោណ្ឌញ្ញមានអាយុ យូរណាស់ហើយ ទើបនឹងចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ឱនសិរ្សៈ ទៀបព្រះបាទា នៃព្រះមានព្រះភាគ ជញ្ជក់បាទា​ព្រះមានព្រះភាគ​ដោយ​មាត់ ច្របាច់ដោយបាតដៃ ហើយប្រកាសនាមថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ឈ្មោះ កោណ្ឌញ្ញ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញ។

[២៣១] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះ​ថា ព្រះកោណ្ឌញ្ញមានអាយុនេះ យូរណាស់ហើយ ទើបតែនឹង​ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឱនសិរ្សៈ ទៀបបាទា នៃព្រះមាន​ព្រះភាគ ជញ្ជក់បាទា នៃ​ព្រះមានព្រះភាគ​ដោយ​មាត់ ច្របាច់ដោយបាតដៃ ហើយប្រកាសនាមថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ឈ្មោះ កោណ្ឌញ្ញ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គឈ្មោះកោណ្ឌញ្ញ ដូច្នេះ បើដូច្នោះ មានតែអាត្មាអញ ពោលសរសើរព្រះអញ្ញាកោណ្ឌញ្ញមានអាយុ ដោយ​គាថា​ទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគ។ ទើប​ព្រះវង្គីសៈមានអាយុ ក្រោក​ចាកអាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ហើយ​ប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២៣២] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោល​សរសើរ​ព្រះអញ្ញាកោណ្ឌញ្ញមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះ​ព្រះភក្រ្ត នៃព្រះមានព្រះភាគថា

ព្រះថេរៈឈ្មោះកោណ្ឌញ្ញនោះ ជាពុទ្ធានុពុទ្ធ គឺជាអ្នកត្រាស់ដឹងតាម​ព្រះពុទ្ធ មានព្យាយាមដ៏ក្លៀវក្លា បាននូវសុខវិហារធម៌ និងវិវេកធម៌រឿយៗ កិច្ចណា ដែល​សាវ័កជាអ្នកធ្វើតាមនូវពាក្យប្រដៅរបស់ព្រះសាស្តា លោកក៏​សម្រេច​កិច្ចទាំងអស់​នោះ ព្រះកោណ្ឌញ្ញនោះ ជាអ្នកមិនប្រមាទ សិក្សាក្នុងត្រៃសិក្ខា បានសម្រេចហើយ ព្រះកោណ្ឌញ្ញ (នេះ) មានអានុភាពច្រើន បាននូវវិជ្ជា៣ ឈ្លាសវៃក្នុងការកំណត់​ដឹងចិត្ត របស់សត្វដទៃ ជាពុទ្ធទាយាទ (អ្នកទទួល​មត៌ករបស់ព្រះពុទ្ធ) តែង​ថ្វាយបង្គំ​ព្រះបាទា របស់ព្រះសាស្តា។

មោគ្គល្លានសូត្រ ទី១០

[២៣៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងកាឡសិលា ខាងភ្នំ​ឥសិគិលិ ទៀបនគររាជគ្រឹះ ជាមួយនឹង​ភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ​៥០០រូប សុទ្ធ​តែ​ជាព្រះអរហន្ត។ បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណា​មើលចិត្ត ដែល​រួចស្រឡះ មិនមានឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន។

[២៣៤] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមានព្រះភាគអង្គនេះ ទ្រង់គង់​ក្នុងកាឡសិលា ខាងភ្នំ​ឥសិគិលិ ទៀបក្រុងរាជគ្រឹះ ជាមួយនឹង​ភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ​៥០០រូប សុទ្ធ​តែ​ជាព្រះអរហន្ត បានឮថា ព្រះមហាមោគ្គល្លានមានអាយុ ពិចារណា​មើលចិត្ត ដែលផុតស្រឡះ មិនមានឧបធិក្កិលេស របស់ភិក្ខុទាំងនោះ ដោយចិត្តរបស់ខ្លួន បើដូច្នោះ គួរតែអាត្មាអញ ពោលសរសើរព្រះមហាមោគ្គល្លានមានអាយុ ដោយ​គាថា​ទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ។ ទើប​ព្រះវង្គីសៈ​មានអាយុ ក្រោក​ចាកអាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ​ប្រណម្យអញ្ជលី ឆ្ពោះត្រង់ទៅរក​ព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គ សូមសំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២៣៥] លំដាប់នោះ ព្រះវង្គីសៈមានអាយុ បានពោល​សរសើរ​ព្រះមហាមោគ្គល្លានមានអាយុ ដោយគាថាទាំងឡាយ ដ៏សមគួរ ក្នុងទីចំពោះ​ព្រះភក្រ្ត នៃព្រះមានព្រះភាគថា

ពួកសាវ័កជាអ្នកមានត្រៃវិជ្ជា លះបង់នូវ​មច្ចុ នាំគ្នាចូលទៅ​អង្គុយជិត​ព្រះពុទ្ធ​ជា​អ្នកប្រាជ្ញ ទ្រង់ដល់នូវត្រើយនៃសេចក្តីទុក្ខ ទ្រង់គង់នៅក្បែរខាងភ្នំ ព្រះមោគ្គល្លានជាអ្នកមានឫទ្ធិច្រើន កំពុងពិចារណា​មើលចិត្ត របស់សាវ័ក​ទាំងនោះ ដែល​ជាចិត្តផុតស្រឡះ មិនមានឧបធិកិ្កលេស ក៏កំណត់ដឹងនូវសាវ័កទាំងនោះ ដោយ​ចិត្តរបស់ខ្លួន សាវ័កទាំងឡាយ តែង​ចូលទៅអង្គុយ​ជិតព្រះគោតម​ជាអ្នកប្រាជ្ញ ដែលប្រកប​ដោយគុណទាំងអស់​យ៉ាងនេះ ទ្រង់ដល់នូវត្រើយ នៃ​សេចក្តីទុក្ខ ទាំង​ប្រកប​ដោយគុណ​ច្រើនប្រការ។

គគ្គរាសូត្រ ទី១១

[២៣៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ជិតឆ្នេរ​ស្រះបោក្ខរណី ឈ្មោះ​គគ្គរា ទៀប​នគរចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ​៥០០រូបផង ឧបាសក ៧០០នាក់ផង ទេវតាជាច្រើនពាន់ផង។ បានឮថា ព្រះមានព្រះភាគ រុងរឿង​លើសជន​ទាំងនោះ ដោយសម្បុរព្រះសរីរៈផង ដោយយសបរិវារផង។

[២៣៧] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ មានសេចក្តី​ត្រិះរិះ យ៉ាង​នេះថា ព្រះមានព្រះភាគអង្គនេះ គង់នៅជិតឆ្នេរ​ស្រះបោក្ខរណី ឈ្មោះ​ គគ្គរា ទៀប​នគរចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើន គឺភិក្ខុប្រមាណ ​៥០០រូបផង ឧបាសក ៧០០​នាក់​ផង ទេវតាជាច្រើនពាន់ផង បានឮថា ព្រះមានព្រះភាគ រុងរឿង​លើសជន​ទាំង​នោះ ដោយសម្បុរព្រះសរីរៈផង ដោយយសបរិវារផង​ បើដូច្នោះ គួរតែអាត្មាអញ ពោលសរសើរព្រះមានព្រះភាគ ដោយ​គាថា​ ដ៏សមគួរ ក្នុងទីចំពោះ​ព្រះភក្ត្រ។ ទើប​ព្រះវង្គីសៈ​មានអាយុ ក្រោក​ចាកអាសនៈ ធ្វើ​ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ​ប្រណម្យអញ្ជលី ឆ្ពោះទៅរក​ព្រះមានព្រះភាគ ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ សូមសំដែងធម៌ បពិត្រ​ព្រះសុគត ខ្ញុំព្រះអង្គ សូម​សំដែងធម៌។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវង្គីសៈ ចូរអ្នកសំដែងធម៌ចុះ។

[២៣៨] លំដាប់នោះឯង ព្រះវង្គីសៈមានអាយុ បានពោល​សរសើរ​ព្រះមានព្រះភាគ ដោយគាថាដ៏សមគួរ ក្នុងទីចំពោះ​ព្រះភក្រ្តថា

ព្រះចន្ទ្ររុងរឿងឰដ៏អាកាស ដែលឥត​ភ្លៀង យ៉ាងណា ព្រះអាទិត្យ ដែល​ប្រាសចាកមន្ទិល រមែងរុងរឿងយ៉ាងណា បពិត្រព្រះអង្គជាអង្គីរស (ទ្រង់​មានរស្មី​ផ្សាយ​ចេញពីព្រះអង្គ) ព្រះអង្គជាអ្នកប្រាជ្ញធំ តែងរុងរឿង (ដោយសម្បុរព្រះសរីរៈ) និង​យសបរិវារ គ្របសត្វ​លោកទាំងអស់ យ៉ាងនោះៗដែរ។

វង្គីសសូត្រ ទី១២

[២៣៩] សម័យមួយ ព្រះវង្គីសៈមានអាយុ នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះវង្គីសៈមានអាយុ ទើប​តែ​នឹង​បានសម្រេច​ព្រះអរហត្តថ្មីៗ សោយវិមុត្តិសុខ ហើយពោលគាថាទាំងនេះ ក្នុង​ពេល​នោះថា

ក្នុងកាលមុន យើងជាអ្នកស្រវឹងដោយកាព្យឃ្លោង ចេញពីស្រុកមួយ ត្រាច់​ទៅស្រុកមួយ ចេញពីបុរីមួយ ត្រាច់ទៅ​បុរីមួយ ក៏ស្រាប់តែយើងបានឃើញ​ព្រះសម្ពុទ្ធ សទ្ធារបស់យើង ក៏កើតឡើង ព្រះអង្គទ្រង់សំដែងធម៌ គឺខន្ធ អាយតនៈ និងធាតុ ដល់​យើង យើងបានស្តាប់​ធម៌ របស់ព្រះអង្គហើយ ក៏ចូលមកកាន់ផ្នួស អើហ្ន៎ ព្រះមុនី បាន​ដល់នូវការត្រាស់ដឹង ដើម្បីប្រយោជន៍​ ដល់ភិក្ខុ និងភិក្ខុនីជាច្រើន ដែលដល់​នូវផ្លូវ ទាំងឃើញផ្លូវ គឺអរិយមគ្គ ដំណើរដែលអាត្មាអញ បានមកកាន់សំណាក់​ព្រះពុទ្ធនេះ ជាដំណើរល្អ វិជ្ជា៣ អាត្មាអញ បានដល់ហើយ សាសនារបស់ព្រះ​ពុទ្ធ អាត្មាអញ​ បានធ្វើហើយ អាត្មាអញ ដឹងនូវបុព្វេនិវាស ចក្ខុជាទិព្វ អាត្មាអញ បាន​ជម្រះ​ស្អាតហើយ អាត្មាអញបានវិជ្ជា៣ សម្រេចនូវ​ឥទ្ធិវិធញ្ញាណ ឈ្លាសវៃក្នុង​ការកំណត់ចិត្ត (នៃជនដទៃ ដោយចិត្តរបស់ខ្លួន) បាន។

ចប់ វង្គីសសំយុត្ត។

ឧទ្ទាននៃវង្គីសសំយុត្តនោះគឺ

និក្ខន្តសូត្រ ១ អរតិសូត្រ ១ បេសលាតិមញ្ញនាសូត្រ ១ អានន្ទសូត្រ ១ សុភាសិតសូត្រ ១ សារីបុត្តសូត្រ ១ បវារណាសូត្រ ១ បរោសហស្សសូត្រ ១ កោណ្ឌញ្ញសូត្រ ១ មោគ្គល្លានសូត្រ ១ គគ្គរាសូត្រ ១ វង្គីសសូត្រ ១ ត្រូវជា ១២។

វនសំយុត្ត

វិវេកសូត្រ ទី១

[២៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃ​មួយ ក្នុងដែនកោសល។ ក៏ក្នុងសម័យនោះ ភិក្ខុនោះ ទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយត្រិះរិះនូវ​អកុសលវិតក្កទាំងឡាយ ដ៏លាមក ដែលអាស្រ័យនឹងបញ្ច​កាមគុណ។

[២៤១] ក្នុងកាលនោះ មានទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នក​មាន​សេចក្តីអនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍ ដល់ភិក្ខុនោះ ប្រាថ្នាដើម្បីធ្វើភិក្ខុនោះ​ឲ្យ​សង្វេគ ក៏ចូលទៅរក​ភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយ​គាថាទាំងឡាយថា

លោកប្រាថ្នាសេចក្តីស្ងាត់ បានជាចូលមកកាន់ព្រៃ តែចិត្តរបស់លោក នៅ​តែ​ត្រាច់ទៅក្នុងអារម្មណ៍ខាងក្រៅ លោកចូរជាជននាំចេញ នូវឆន្ទរាគក្នុងជន (ដទៃ) តអំពីនោះ លោកនឹងបានសេចក្តីសុខ ប្រាសចាករាគៈមិនខាន លោកចូរ​លះបង់​សេចក្តី​មិនត្រេកអរចេញ លោក​ចូរជាអ្នកមានស្មារតី ខ្ញុំសូមរំឭកលោក ដែលជា​អ្នក​មានស្មារតី ព្រោះថា ធុលី គឺកិលេស ដែលបណ្ឌិតហៅថា បាតាល [ប្រែថា “ពិភពនាគ” ក៏បាន ថា “សមុទ្រ” ក៏បាន ថា “ភ្លើងក្នុងទន្លេ” ក៏បាន ខ្មែរយើង​ពីដើម​ ធ្លាប់នាំគ្នា​និយាយថា “បាដាល” (បាលីលិបិក្រម)។] (នេះ) លំបាកនឹងឆ្លងណាស់ ធុលី គឺកាម កុំនាំលោកទៅឡើយ ដូចសត្វស្លាប ដែលប្រឡាក់ខ្លួនដោយអាចម៍ដី ប្រឹង​ទទះ​ជម្រុះធុលី ដែល​ប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងណា ភិក្ខុអ្នកមានព្យាយាម មាន​ស្មារតី តែងធ្វើធុលី គឺកិលេស ដែលប្រឡាក់ខ្លួន ឲ្យធ្លាក់ចេញ យ៉ាងនោះឯង។

ក្នុងកាលនោះ ភិក្ខុនោះ ក៏បានដល់នូវសេចក្តី​សង្វេគ ដោយសារទេវតា​នោះធ្វើឲ្យសង្វេគ។

ឧបដ្ឋានសូត្រ ទី២

[២៤២] សម័យមួយ មានភិក្ខុមួយរូប នៅក្នុងដងព្រៃ​មួយ នាដែនកោសល។ ក៏ក្នុងកាលនោះ ភិក្ខុនោះ ចូលទៅកាន់ទីសម្រាក ក្នុងវេលាថ្ងៃ ហើយដេកលក់។

[២៤៣] គ្រានោះ ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ ជាអ្នក​មាន​សេចក្តីអនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍ ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះ​ឲ្យ​សង្វេគ ក៏ចូលទៅរក​ភិក្ខុនោះ លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះ ដោយ​គាថាទាំងឡាយថា

បពិត្រភិក្ខុ លោកចូរក្រោកឡើង លោកសិងធ្វើអ្វី លោកមាន​ប្រយោជន៍អ្វី ដោយការសិង ព្រោះថា ការលក់របស់លោក ដែលមាន​កិលេសក្តៅរោលរាល មុត​ដោយសរ គឺតណ្ហា មានសេចក្តីលំបាក លោកចេញចាកផ្ទះ ហើយចូលមកកាន់​ផ្នួស ក្នុងពុទ្ធសាសនា ដោយសទ្ធាណា លោកចូរ​ចំរើន​នូវសទ្ធានោះចុះ ចូរកុំ​លុះក្នុង​អំណាច​នៃការលក់នេះឡើយ។

[២៤៤] ភិក្ខុនោះតបថា បុគ្គល​មានប្រាជ្ញាទន់ ជ្រប់ចុះក្នុងកាមទាំងឡាយ​ណា កាម​ទាំងឡាយនោះ មិនទៀង មិនឋិតថេរឡើយ (ការដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹង​ដុតកំដៅអ្នកបួស ដែលផុតចាកចំណងទាំងឡាយ មិនអាស្រ័យ​តណ្ហា និងទិដ្ឋិ​បាន (ការ​ដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹង​ដុតកំដៅអ្នកបួស ដែលប្រកបដោយប្រាជ្ញា ដ៏បរិសុទ្ធិ​ក្រៃលែងនោះបាន ព្រោះលោក​នាំបង់ នូវ​ឆន្ទរាគ ទាំងប្រព្រឹត្ត​កន្លងផុត​អវិជ្ជាហើយ (ការ​ដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹង​ដុតកំដៅអ្នកបួស ដែលមិនមានសេចក្តីសោក មិនមាន​សេចក្តី​ចង្អៀតចង្អល់បាន ព្រោះ​លោក​ទំលាយអវិជ្ជា ដោយវិជ្ជាហើយ ទាំង​អាសវៈ ក៏អស់ហើយ (ការ​ដេកលក់ក្នុងវេលាថ្ងៃ) ដូចម្តេច នឹង​ដុតកំដៅអ្នកបួស ដែលប្រារព្ធព្យាយាម មាន​ចិត្ត​បញ្ជូន​ទៅកាន់ព្រះនិព្វាន ទាំង​មាន​សេចក្តីប្រឹងប្រែង ដ៏មាំ អស់កាលជានិច្ច ដែល​ជា​អ្នកប្រាថ្នា​នូវព្រះនិព្វាន។

កស្សបគោត្តសូត្រ ទី៣

[២៤៥] សម័យមួយ ព្រះកស្សបគោត្រមានអាយុ នៅក្នុងដងព្រៃ​មួយ នាដែនកោសល។ ក៏ក្នុងសម័យនោះ ព្រះកស្សបគោត្រ មានអាយុ ចូល​ទៅកាន់ទី​សម្រាក ក្នុងវេលាថ្ងៃ ហើយប្រដៅព្រានម្រឹគម្នាក់។

[២៤៦] លំដាប់នោះឯង មានទេវតាដែលនៅអាស្រ័យ​ក្នុងដងព្រៃ​នោះ ជាអ្នក​មានសេចក្តីអនុគ្រោះ ប្រាថ្នានូវប្រយោជន៍​ ដល់ព្រះកស្សបគោត្រមានអាយុ ចង់​ឲ្យ​ព្រះកស្សបគោត្រមានអាយុនោះសង្វេគ ក៏ចូល​ទៅរក​ព្រះកស្សបគោត្រមានអាយុ លុះចូលទៅដល់ហើយ បានពោល​នឹងព្រះកស្សបគោត្រមានអាយុ ដោយគាថា​ទាំងឡាយថា

បពិត្រភិក្ខុ លោកបំភ្លឺនូវឱវាទ​ចំពោះ​ព្រានម្រឹគ ដែលអាប់ប្រាជ្ញា ឥតចិត្ត ជា​អ្នកត្រាច់​ទៅក្នុងទីភ្នំ ដែលលំបាកដើរ ក្នុងកាលខុស (នេះ) ហាក់ដូចជាជនល្ងង់ បំភ្លឺ​នូវ​ឱវាទចំពោះខ្ញុំដែរ បុគ្គលពាល បើស្តាប់ (ធម៌) ក៏មិនដឹងសេចក្តី បើពិនិត្យមើល ក៏​មិនឃើញ ទាំង​មិនភ្ញាក់ខ្លួននឹងសេចក្តីក្នុងធម៌ ដែល​លោកម្ចាស់សំដែងប្រាប់ បពិត្រ​ព្រះកស្សប ទោះបីលោកនឹងទ្រោល​បំភ្លឺប្រទីប គ្រប់ម្រាមដៃទាំង១០ បុគ្គលពាល ក៏​មិនឃើញ​រូបទាំងឡាយបានទេ ព្រោះថា បញ្ញាចក្ខុរបស់បុគ្គល​ពាលនោះ គ្មានឡើយ។

គ្រានោះឯង ព្រះកស្សបគោត្រមានអាយុ ក៏ដល់នូវ​សេចក្តីសង្វេគ ដោយសារ​ទេវតានោះធ្វើឲ្យសង្វេគ។

សម្ពហុលសូត្រ ទី៤

[២៤៧] សម័យមួយ ពួកភិក្ខុច្រើនរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ កាលដែលភិក្ខុទាំងនោះ នៅចាំវស្សារួចហើយ លុះកន្លងទៅ៣ខែ ក៏នាំគ្នាចៀស​ចេញ​ទៅកាន់ចារិក។

[២៤៨] គ្រានោះឯង ទេវតាដែលអាស្រ័យនៅក្នុងដងព្រៃនោះ កាលបើ​មិនឃើញ​ភិក្ខុទាំងនោះ ក៏យំសោក ពោលគាថា ក្នុងវេលានោះថា

ទីដែលគួរត្រេកអរប្រាកដ ហាក់ដូចជាទីមិនគួរត្រេកអរទៅវិញ ពួក​ភិក្ខុជា​សាវ័ករបស់ព្រះគោតមទាំងនោះ លោកមានសំដីដ៏វិចិត្ត ជាពហូសូត បានឃើញ​អាសនៈស្ងាត់ដ៏ច្រើនហើយ នាំគ្នាចេញទៅទីណាវិញអស់។

[២៤៩] កាលទេវតានោះ ពោលយ៉ាងនេះហើយ មានទេវតាមួយអង្គទៀត បាន​ប្រាប់ទេវតានោះ ដោយគាថា ថា

ភិក្ខុទាំងឡាយខ្លះ ទៅកាន់​ដែនមគធៈ ខ្លះទៅកាន់ដែនកោសល ខ្លះឆ្ពោះ​មុខ​ទៅកាន់​ដែនវជ្ជី ត្រាច់ទៅជាពួក មិនកំណត់ទីលំនៅ បីដូច​ជាពានរ។

អានន្ទសូត្រ ទី៥

[២៥០] សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុងដងព្រៃមួយ ក្នុងដែន​កោសល។ ក៏សម័យនោះឯង ព្រះអានន្ទមានអាយុ ច្រើននិយាយពន្យល់​ពួក​គ្រហស្ថ​ហួសវេលា។

[២៥១] គ្រានោះឯង ទេវតាដែលអាស្រ័យ​នៅក្នុងដងព្រៃ​នោះ មានសេចក្តី​អនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់​ព្រះអានន្ទមានអាយុ ប្រាថ្នានឹងធ្វើ​ព្រះអានន្ទមានអាយុ ឲ្យសង្វេគ ក៏ចូលទៅរក​ព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹងព្រះអានន្ទមានអាយុថា

បពិត្រលោកជាសាវ័ក របស់ព្រះគោតម ចូរលោកចូលទៅកាន់ម្លប់ឈើ​ និងព្រៃស្បាត ដាក់ព្រះនិព្វានក្នុងហឫទ័យ ហើយចំរើនឈានចុះ កុំមានសេចក្តីប្រ​មាទឡើយ ពាក្យប៉ប៉ាច់ប៉ពូរ (ជាមួយនឹង​គ្រហស្ថ) នឹងធ្វើអ្វីដល់លោកបាន។

គ្រានោះឯង ព្រះអានន្ទមានអាយុ ក៏បានដល់​នូវសេចក្តីសង្វេគ ដោយសារ​ទេវតានោះ ធ្វើឲ្យសង្វេគ។

អនុរុទ្ធសូត្រ ទី៦

[២៥២] សម័យមួយ ព្រះអនុរុទ្ធមានអាយុ គង់នៅនាដងព្រៃមួយ ក្នុងដែន​កោសល។

[២៥៣] គ្រានោះឯង ទេវតាមួយអង្គ ឈ្មោះជាលិនី ជាពួក​ទេវតានៅឋានតាវត្តិង្ស ជាប្រពន្ធពីដើម របស់​ព្រះអនុរុទ្ធមានអាយុ បានចូលទៅរក​ព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ទើបពោលគាថា នឹងព្រះអនុរុទ្ធមានអាយុថា

កាលពីដើម លោកប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងទីណា ចូរលោកតាំងចិត្ត ឲ្យ​នឹងក្នុងទីនោះ លោកមានពួកទេវតាចោមរោមជាបរិវារ តែងល្អក្នុងឋានទេវតា ឈ្មោះ​តាវត្តិង្ស ជាទីសម្រេចនៃសេចក្តីប្រាថ្នាគ្រប់យ៉ាង។

[២៥៤] ព្រះអនុរុទ្ធតបថា ទេវកញ្ញាដែលទុគ៌ត តាំងនៅក្នុងសក្កាយទិដ្ឋិ ទោះបីពួកសត្វជាទុគ៌តនោះ ក៏ពួកទេវកញ្ញាប្រាថ្នាដែរ។

[២៥៥] ទេវតាតបថា ពួកជនណាមិនឃើញឱទ្យាន ឈ្មោះនន្ទនៈ ជាអាវាសរបស់​ពួកទេវតា មានប្រមាណ ៣ [មានប្រមាណ ៣ គឺ ជាតិ១ សត្ត១ អវិនាស១។] ដ៏មានយស ពួកជននោះ ឈ្មោះថា មិនស្គាល់សេចក្តីសុខសប្បាយ។

[២៥៦] ព្រះអនុរុទ្ធតបថា ម្នាលទេវតាពាល នាងឯងមិនដឹងពាក្យរបស់​ព្រះអរហន្ត​ទាំងឡាយថា សង្ខារទាំងពួងមិនទៀង មានការកើតឡើង និងការ​វិនាស​ទៅវិញជាធម្មតា លុះកើតឡើងហើយ រលត់ទៅវិញ លុះតែរម្ងាប់នូវ​សង្ខារ​ទាំងនោះ​បាន ទើបនាំមកនូវសេចក្តីសុខ ម្នាលនាង ជាលិនី ការនៅរបស់យើង​ ក្នុងពួក​ទេវតា​ទៀត ក្នុងកាលឥឡូវនេះ មិនមានទេ ជាតិសង្សារអស់ហើយ ឥឡូវ​ភពថ្មីមិនមានទេ។

នាគទត្តសូត្រ ទី៧

[២៥៧] សម័យមួយ ព្រះនាគទត្តមានអាយុ នៅក្នុងដងព្រៃមួយ ក្នុង​ដែន​កោសល។ ក៏​សម័យនោះឯង ព្រះនាគទត្តមានអាយុ ចូលទៅកាន់ស្រុក​ក្នុងវេលាព្រឹក​ពេក ត្រឡប់​មកវិញក្នុងវេលាថ្ងៃពេក។

[២៥៨] គ្រានោះឯង ទេវតាដែលអាស្រ័យ​នៅក្នុងដងព្រៃនោះ ជាអ្នក​អនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់​ព្រះនាគទត្តមានអាយុ ចង់ធ្វើព្រះនាគទត្ត​មានអាយុ ឲ្យសង្វេគ ក៏ចូល​ទៅរក​ព្រះនាគទត្តមានអាយុ លុះ​ចូលទៅដល់​ហើយ ទើប​ពោលគាថា នឹងព្រះនាគទត្តមានអាយុថា

បពិត្រ​ព្រះនាគទត្ត លោកចូលទៅ (កាន់ស្រុក) ក្នុងវេលាព្រឹក ត្រឡប់​មក​វិញ ក្នុងវេលាថ្ងៃ ត្រាច់ទៅហួសវេលា នៅច្រឡូកច្រឡំ ដោយពួកគ្រហស្ថ រួមសុខ​រួម​ទុក្ខ​ជាមួយគ្នា ខ្ញុំខ្លាច​ព្រះនាគទត្ត ប្រែទៅជាអ្នកឃ្នើសឃ្នងក្រៃពេក ជាប់ចំពាក់ក្នុង​ត្រកូល​ទាំងឡាយ លោកកុំលុះអំណាច នៃស្តេចមច្ចុ ដែល​ឈ្មោះថា អន្តកៈ ដ៏​មានកំឡាំងឡើយ។

លំដាប់នោះឯង ព្រះនាគទត្តមានអាយុ លុះទេវតានោះ ធ្វើឲ្យ​សង្វេគហើយ ក៏ដល់នូវសេចក្តីសង្វេគ។

កុលឃរណីសូត្រ ទី៨

[២៥៩] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏​សម័យនោះឯង ភិក្ខុនោះ ចូលទៅក្នុងត្រកូលមួយ ហួសវេលា។

[២៦០] គ្រានោះឯង ទេវតាដែលនៅក្នុងដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នា​នូវ​ប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើឲ្យ​ភិក្ខុនោះសង្វេគ ក៏និម្មិតជាភេទស្រីមេផ្ទះ ក្នុង​ត្រកូលនោះ ហើយចូល​ទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោល​គាថានឹង​ភិក្ខុនោះថា

ជនទាំងឡាយ មកប្រជុំ​និយាយគ្នាទៀបឆ្នេរស្ទឹង​ទាំងឡាយផង ក្នុងរោងសម្រាប់​សម្រាកផង ក្នុងរោងសម្រាប់​ប្រជុំគ្នា និយាយផង នាផ្លូវច្រកផង ហើយ​និយាយ​ចំពោះ​ខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី។

[២៦១] ភិក្ខុតបថា ព្រោះថាជនទាំងឡាយ មានសទ្ធាជាបដិលោម ក្នុង​លោកនេះច្រើនគ្នា អ្នកដែលមានតបៈនោះ គួរតែអត់ទ្រាំ មិនគួរអៀនខ្មាសឡើយ ដ្បិត​សត្វមិនមែនសៅហ្មង ដោយពាក្យដែល​ពួកជនដទៃ​និយាយនោះទេ បុគ្គលណា តក់ស្លុតនឹងសំឡេង ដូចជាសត្វឈ្លូសក្នុងព្រៃ អ្នកប្រាជ្ញហៅបុគ្គលនោះ ថាជា​អ្នក​មានចិត្តស្រាល កិច្ចវត្តមិនសម្រេចដល់បុគ្គល​នោះទេ។

វជ្ជីបុត្តសូត្រ ទី៩

[២៦២] សម័យមួយ វជ្ជីបុត្តកភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ជិតក្រុងវេសាលី។ ក៏សម័យនោះឯង វជ្ជីបុត្តកភិក្ខុ មានការដើរលេង អស់ពេញ​មួយរាត្រី ក្នុងក្រុងវេសាលី។

[២៦៣] គ្រានោះឯង ភិក្ខុនោះបានឮសំឡេង​គឹកកង នៃការវាយ និងការប្រគំ​តន្ត្រី ក៏ខ្សឹកខ្សួល ពោលគាថានេះ ក្នុងវេលានោះថា

យើងមកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់​ឈើដែលគេចោលក្នុងព្រៃ ក្នុង​រាត្រីប្រាកដដូច្នេះ មិនមានអ្នកណាអន់ជាងយើងទៅទៀតទេ។

[២៦៤] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ នាដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើ​ភិក្ខុនោះឲ្យសង្វេគ ក៏ចូល​ទៅរក​ភិក្ខុនោះ លុះចូលទៅដល់ហើយ ទើបពោល​គាថានឹងភិក្ខុនោះថា

លោកនៅក្នុងព្រៃតែម្នាក់ឯង ដូចជាកំណាត់ឈើ ដែល​គេចោលនៅក្នុងព្រៃ​មែន តែមានជនច្រើនគ្នាស្រឡាញ់លោកនោះ ដូចពពួកសត្វក្នុងឋាននរក ស្រឡាញ់​ពួកទេវតា ក្នុងឋានសួគ៌។

លំដាប់នោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវ​សេចក្តី​សង្វេគ។

សជ្ឈាយសូត្រ ទី១០

[២៦៥] សម័យមួយ ភិក្ខុមួយរូបនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏​សម័យនោះ កាលមុន ភិក្ខុនោះជាអ្នកស្វាធ្យាយច្រើនហួស​ពេលវេលា។ ដល់​សម័យ​ក្រោយមក ភិក្ខុនោះ ក៏មានសេចក្តីខ្វល់ខ្វាយតិច ជាអ្នកនៅស្ងៀម ញុំាង​កាលឲ្យ​ប្រព្រឹត្តកន្លងទៅ (ដោយផលសមាបត្តិសុខ)។

[២៦៦] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ នាដងព្រៃនោះ មិនបានស្តាប់​ធម៌របស់​ភិក្ខុនោះ ក៏ចូល​ទៅរកភិក្ខុនោះ លុះចូលទៅដល់ហើយ ទើប​ពោល​គាថា​នឹង​ភិក្ខុនោះថា

បពិត្រភិក្ខុ ព្រោះហេតុអ្វី បានជាលោក​នៅរួបរួម​ជាមួយនឹងពួកភិក្ខុ ហើយលែង​ស្វាធ្យាយនូវធម្មបទ បុគ្គលអ្នកស្តាប់ធម៌ រមែង​បាននូវសេចក្តី​ជ្រះថ្លា ឯ​អ្នកដែលសំដែង​ធម៌ រមែងបាននូវ​សេចក្តីសរសើរ ក្នុងបច្ចុប្បន្ន។

[២៦៧] (ភិក្ខុនោះតបថា) ពីមុនមានសេចក្តីពេញចិត្ត ក្នុងធម្មបទពិតមែន តែ​ឥឡូវនេះ យើងបានដល់វិរាគធម៌ហើយ កាលណាបើយើង​បានដល់​វិរាគធម៌ហើយ សប្បុរសទាំងឡាយ បានដឹងហើយ ក៏សរសើរនូវ​ការលះបង់អារម្មណ៍ណាមួយ គឺរូប​ដែលឃើញហើយ ឬសំឡេងដែលឮហើយ ក្លិន រស ផោដ្ឋព្វៈ ដែល​ពាល់ត្រូវហើយ។

អយោនិសោមនសិការសូត្រ ទី១១

[២៦៨] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏​សម័យនោះឯង ភិក្ខុនោះទៅនៅក្នុងទីសម្រាក ក្នុងវេលាថ្ងៃ ត្រិះរិះវិតក្កៈទាំងឡាយ ជាអកុសលដ៏លាមក គឺកាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ។

[២៦៩] គ្រានោះឯង ទេវតាដែលអាស្រ័យនៅ ក្នុងដងព្រៃនោះ ជាអ្នក​អនុគ្រោះ ប្រាថ្នានូវប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ក៏ចូល​ទៅរក​ភិក្ខុនោះ លុះចូលទៅដល់ហើយ ទើប​ពោល​គាថា​នឹង​ភិក្ខុនោះថា

លោក ដែលវិតក្កៈទាំងឡាយទំពាស៊ីបាន ព្រោះមិនយកចិត្ត​ទុកដាក់ដោយ​ឧបាយប្រាជ្ញា ចូរលោក​លះបង់ឧបាយមិនមែនជាប្រាជ្ញាចេញ ហើយចូរ​ត្រិះរិះ​ដោយ​ឧបាយប្រាជ្ញាវិញ ប្រារព្ធនូវព្រះសាស្តា ព្រះធម៌ និងព្រះសង្ឃ ជាអ្នក​ប្រព្រឹត្ត​សីល រមែង​បាននូវបាមោជ្ជៈ បីតិ សុខៈ ឥត​សង្ស័យ បើលោកមានបាមោជ្ជៈច្រើន​ជាង​នេះទៅទៀត នឹងធ្វើ​នូវទីបំផុតទុក្ខបាន។

គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះធ្វើឲ្យសង្វេគហើយ ក៏ដល់នូវ​សេចក្តី​សង្វេគ។

មជ្ឈន្តិកសូត្រ ទី១២

[២៧០] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។

[២៧១] គ្រានោះឯង ទេវតាដែលអាស្រ័យ ក្នុងដងព្រៃនោះ បានចូល​ទៅរក​ភិក្ខុ​នោះ លុះចូលទៅដល់ហើយ ទើប​ពោល​គានេះ ក្នុងសំណាក់​ភិក្ខុនោះថា

កាលវេលាថ្ងៃត្រង់ ពួកបក្សីទំនៅស្ងប់ស្ងៀម ព្រៃធំក៏ហាក់ដូចជា​បញ្ចេញ​សំឡេងខ្លាំង ភ័យនោះ ក៏ប្រាកដដល់ខ្ញុំ។ (ភិក្ខុនោះតបថា) កាលវេលាថ្ងៃត្រង់ ពួក​បក្សីទំនៅស្ងប់ស្ងៀម ព្រៃធំក៏ហាក់ដូចជាបញ្ចេញសំឡេង សេចក្តី​ត្រេកអរនោះ ប្រាកដដល់​អាត្មា។

បាកតិន្ទ្រិយសូត្រ ទី១៣

[២៧២] សម័យមួយ ភិក្ខុច្រើនរូប មានចិត្តរវើរវាយ មានមានះ ដូចជា​បបុសដុះ​ឡើងហើយ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានវាចារោយរាយ មាន​ស្មារតីភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មានចិត្តតាំងនៅមិននឹង មានចិត្តវិលទៅរក​ខុស តែ​មាន​ឥន្ទ្រិយជាប្រក្រតី អាស្រ័យនៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។

[២៧៣] គ្រានោះឯង ទេវតាដែលឋិតនៅនាដងព្រៃនោះ ជាអ្នកអនុគ្រោះ ប្រាថ្នានូវប្រយោជន៍ ដល់ភិក្ខុទាំងនោះ ចង់ធ្វើពួកភិក្ខុនោះឲ្យសង្វេគ ទើបចូល​ទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏​ពោល​គាថា​ទាំងឡាយ ​នឹង​ពួកភិក្ខុនោះ​ថា

ពួកភិក្ខុជាសាវ័ក របស់ព្រះគោតម កាលពីមុន រស់នៅដោយស្រួល មិនប្រាថ្នា​ក្នុងការស្វែងរក នូវចង្ហាន់បិណ្ឌបាត មិនប្រាថ្នានូវទីដេក ទីអង្គុយឡើយ ភិក្ខុទាំងនោះ លុះដឹងនូវអនិច្ចតាធម៌ ក្នុងលោកហើយ ក៏ធ្វើនូវ​ទីបំផុត​ទុក្ខបាន ឯពួក​ភិក្ខុ (ក្នុងឥឡូវនេះ) ធ្វើខ្លួនឲ្យគេចិញ្ចឹម​បានដោយលំបាក ជ្រុលជ្រប់ក្នុង​ផ្ទះ​នៃ​បុគ្គល​ដទៃ ស៊ីដេក ស៊ីដេក ដូចជាមនុស្សអ្នកធំក្នុងស្រុក ខ្ញុំសូម​ធ្វើអញ្ជលី ចំពោះសង្ឃ ខ្ញុំ​និយាយចំពោះតែភិក្ខុមួយពួក ក្នុងទីនេះ ពួកភិក្ខុណា ជាអ្នកប្រមាទ ពួកភិក្ខុនោះ គេ​បោះបង់ចោល ឥតមានទីពឹងដូចជាពួកប្រេត ខ្ញុំពោល​សំដៅតែពួក​ភិក្ខុនោះ ពួក​ភិក្ខុ​ណា ជាអ្នកមិនប្រមាទ ខ្ញុំសូមនមស្ការ ចំពោះ​ពួកភិក្ខុនោះ។

គ្រានោះឯង ពួកភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់នូវ​សេចក្តី​សង្វេគ។

បទុមបុប្ផសូត្រ ទី១៤

[២៧៤] សម័យមួយ ភិក្ខុមួយរូប នៅក្នុងដងព្រៃមួយ ក្នុងដែនកោសល។ ក៏​សម័យនោះឯង ភិក្ខុនោះត្រឡប់​មកពីបិណ្ឌបាត (ធ្វើភត្តកិច្ចស្រេច) ក្នុងវេលា​ក្រោយ​ភត្ត ក៏ចុះកាន់ស្រះបោក្ខរណី ហើយហិតផ្កាឈូក។

[២៧៥] គ្រានោះឯង ទេវតាដែលនៅអាស្រ័យ ក្នុងដងព្រៃនោះ ជាអ្នក​អនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍ដល់ភិក្ខុនោះ ចង់ធ្វើភិក្ខុនោះឲ្យសង្វេគ ទើបចូលទៅ​រកភិក្ខុនោះ លុះចូលទៅដល់ហើយ ក៏​ពោល​គាថា​នឹង​ភិក្ខុនោះថា

លោកហិតផ្កា ដែលកើត​ក្នុងទឹកនុ៎ះ ដែលគេមិនបានឲ្យ បពិត្រលោកអ្នក​និរទុក្ខ ការហិតនុ៎ះ ជាអង្គមួយនៃ​ការលួច លោកឈ្មោះថាជាអ្នកលួចក្លិន។

[២៧៦] ភិក្ខុនោះ តបថា អាត្មាមិនបាននាំទៅ មិនបានកាច់ទេ គ្រាន់តែ​ហិតផ្កា​ ដែល​កើតក្នុងទឹក អំពីចម្ងាយទេតើ ចុះហេតុដូចម្តេច បានជា​អ្នក​និយាយថា អាត្មា​លួចក្លិន ចុះបុរស​ដែលមាន​អំពើផ្តេសផ្តាស ជីកគាស់​ក្រអៅឈូក កាច់ផ្កាឈូកយ៉ាង​នេះ ហេតុអ្វី ក៏អ្នក​មិនថាឲ្យបុរសនុ៎ះផង [ក្នុងអដ្ឋកថា ថា កាលដែល​ទេវតាកំពុង​ស្តីឲ្យភិក្ខុនោះ មានតាបសម្នាក់ ចុះជីកគាស់ក្រអៅឈូក កាច់ផ្កាឈូក]។

[២៧៧] ទេវតា តបថា បុរសដែលល្មោភផ្តេសផ្តាស ជាអ្នកប្រឡាក់ (ដោយ​រាគាទិក្កិលេស) ហួស​កំណត់ ពាក្យរបស់ខ្ញុំ​មិនមាន ក្នុងបុរសនោះទេ ខ្ញុំគួរ​និយាយ​តែនឹងលោកម្នាក់ហ្នឹង (ព្រោះ) សត្វដែលឥតមានទីទួល ពោលគឺកិលេស ជាអ្នក​ស្វែង​រកសេចក្តីស្អាត អស់កាលជានិច្ច សូម្បី​មានបាបប៉ុនចុងសក់ ក៏ប្រាកដ​ដូច​ជាប៉ុន​មេឃ។

[២៧៨] ភិក្ខុនោះតបថា ម្នាលទេវតា អ្នកស្គាល់អាត្មាមែន អ្នកអនុគ្រោះ​អាត្មា​មែន ម្នាលទេវតា កាលណាបើអ្នកឃើញ​អាត្មាធ្វើដូច្នេះ អ្នកគប្បី​និយាយឲ្យ​អាត្មាទៀតចុះ។

[២៧៩] ទេវតាតបថា ខ្ញុំ​មិនបានចិញ្ចឹមលោកទេ មិនមែនគ្រាន់បើជាង​លោកទេ លោកគប្បី​ទៅកាន់សុគតិ ដោយកម្មណា បពិត្រ​ភិក្ខុ លោកត្រូវដឹង​កម្ម​នោះ​ខ្លួនលោកចុះ។

គ្រានោះឯង ភិក្ខុនោះ លុះទេវតានោះ ធ្វើឲ្យសង្វេគហើយ ក៏ដល់​នូវ​សេចក្តី​សង្វេគ។

ចប់ វនសំយុត្ត ។

ឧទ្ទាននៃវនសំយុត្តនោះ ដូច្នេះគឺ

វិវេកសូត្រ ១ ឧបដ្ឋានសូត្រ ១ កស្សបគោត្តសូត្រ ១ សម្ពហុលសូត្រ ១ អានន្ទសូត្រ ១ អនុរុទ្ធសូត្រ ១ នាគទត្តសូត្រ ១ កុលឃរណីសូត្រ ១ វជ្ជីបុត្តសូត្រ ក្នុង​ក្រុងវេសាលី ១ សជ្ឈាយសូត្រ ១ អយោនិសោមនសិការសូត្រ ១ មជ្ឈន្តិកកាលសូត្រ ១ បាកតិន្ទ្រិយសូត្រ ១ ជា១៤ នឹងបទុមបុប្ផសូត្រ។

យក្ខសំយុត្ត

ឥន្ទកសូត្រ ទី១

[២៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅ របស់យក្សឈ្មោះ​ឥន្ទកៈ នាភ្នំឥន្ទកូដ ជិតក្រុងរាជគ្រឹះ។

[២៨១] លំដាប់នោះឯង ឥន្ទកយក្ស បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលគាថា នឹងព្រះមានព្រះភាគថា

ព្រះពុទ្ធទាំងឡាយ មិនពោលនូវរូប​ថាជីវិតទេ ចុះសត្វនេះ បានសរីរៈ​នេះ ដោយហេតុដូចម្តេច ឆ្អឹង​និងដុំសាច់ ថ្លើម របស់សត្វនោះ បានមកពីណា ចុះសត្វនេះ ឋិតនៅក្នុងគភ៌ដូចម្តេច។

[២៨២] ព្រះអង្គត្រាស់ថា កលលរូប កើតជាដំបូង តពីកលលរូបមក កើតជា​អម្ពុទរូប តពីអម្ពុទរូបមក កើតជា បេសិរូប តពីបេសិរូបមក កើតជា ឃនរូប តពីឃនរូបមក កើតជា សាខារូប តមកទៀត ទើបកើត សក់ រោម ក្រចក ឯមាតារបស់​សត្វនោះ បរិភោគភោជនណា ទោះបាយក្តី ទឹកក្តី សត្វនោះ ដែលឋិតនៅក្នុងផ្ទៃ​នៃ​មាតានោះ ក៏ញុំាងអត្តភាព ​ឲ្យ​ប្រព្រឹត្តទៅ ដោយភោជននោះ។

សក្កសូត្រ ទី២

[២៨៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំ​គិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។

[២៨៤] គ្រានោះឯង យក្សឈ្មោះសក្កៈ បានចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលគាថានឹងព្រះមានព្រះភាគថា

បុគ្គលប្រៀនប្រដៅ​បុគ្គលដទៃ ដោយពាក្យណា ពាក្យនោះមិនប្រពៃ​ ដល់​លោកជាសមណៈ ដែល​ជាអ្នកលះបង់​ នូវគន្ថធម៌គ្រប់យ៉ាង មានចិត្តផុតស្រឡះ​ហើយ (ចាកអាសវៈ) ជាអ្នកស្ងប់រម្ងាប់ទេ។

[២៨៥] ព្រះអង្គត្រាស់ថា ម្នាលសក្កៈ ការនៅជាមួយគ្នាកើត ដោយហេតុណា​មួយ បុគ្គល​អ្នកមានប្រាជ្ញា មិនគួរនឹងអនុគ្រោះនូវហេតុនោះ ត្រឹមតែចិត្តទេ បើ​បុគ្គល​មានចិត្តជ្រះថ្លា ប្រៀនប្រដៅបុគ្គលដទៃ ដោយពាក្យណា ទុកជាបុគ្គលដទៃនោះ មិន​ប្រកប​ខ្លួនតាមពាក្យនោះ ការប្រៀនប្រដៅនោះ ក៏ឈ្មោះថាការអនុគ្រោះ ឈ្មោះថា ការអាណិតដែរ។

សូចិលោមសូត្រ ទី៣

[២៨៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើគ្រែឈ្មោះ ដង្កិត ជា​លំនៅនៃយក្សឈ្មោះ សូចិលោមៈ ជិតស្រុកគយា។ ក៏សម័យនោះឯង យក្សឈ្មោះ ខរៈ និងយក្សឈ្មោះ សូចិលោមៈ ដើរក្នុងទីមិនឆ្ងាយ អំពីព្រះមានព្រះភាគ។ ទើប​ខរយក្សនិយាយនឹងសូចិលោមយក្សយ៉ាងនេះថា នុ៎ះជាសមណៈធំ។ សូចិលោមយក្ស តបវិញថា នុ៎ះ​មិនមែន​ជាសមណៈធំទេ នុ៎ះជាសមណៈតូចទេតើ ខ្ញុំ​ស្គាល់ជាប្រាកដថា នោះជាសមណៈធំ ឬសមណៈតូច។

[២៨៧] គ្រានោះឯង សូចិលោមយក្ស បានចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើប​បង្អោន​កាយទៅរក​ព្រះមានព្រះភាគ។ លំដាប់​នោះ ព្រះមានព្រះភាគ ងាក​ព្រះកាយចេញ។ គ្រានោះឯង សូចិលោមយក្ស បាន​ក្រាប​បង្គំ​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ លោកខ្លាចខ្ញុំឬ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលអាវុសោ តថាគត មិនខ្លាច​អ្នកឯងទេ តែសម្ផ័ស្សរបស់អ្នកឯង អាក្រក់​ណាស់។ បពិត្រសមណៈ ខ្ញុំនឹងសួរប្រស្នា ចំពោះលោក បពិត្រសមណៈ បើលោក​មិន​ដោះស្រាយប្រាប់ខ្ញុំទេ ខ្ញុំនឹងបន្សាត់ចិត្តលោក គឺធ្វើចិត្តឲ្យខូច ឬវះហឫទ័យរបស់​លោក ពុំនោះសោតទេ ខ្ញុំនឹងចាប់ជើងលោក បោះទៅត្រើយម្ខាង​ទន្លេគង្គា។ ព្រះអង្គ​ត្រាស់ថា ម្នាលអាវុសោ បុគ្គលណា បន្សាត់បង់នូវចិត្ត របស់តថាគតបាន ឬវះហឫទ័យ របស់តថាគត ពុំនោះសោត ចាប់ជើងតថាគតគ្រវែងទៅត្រើយ​ទន្លេ​គង្គា​ខាងនាយបាន បុគ្គលនោះ តថាគត មិនដែលឃើញមានទេ ក្នុងលោក ព្រម​ទាំង​ទេវលោក មារលោក ព្រហ្មលោក ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលអាវុសោ មួយទៀត បើ​អ្នកឯង​ចង់សួរ ក៏សួរចុះ។

[២៨៨] សូចិលោមយក្ស ទូលសួរថា រាគៈ និងទោសៈ មានអ្វីជាហេតុ សេចក្តី​អផ្សុក សេចក្តីត្រេកអរ និងសេចក្តី​ព្រឺព្រួចរោម កើតអំពីទីណា មនោវិតក្កៈ តាំង​ឡើង​អំពីទីណា ហើយលែង​ចោលនូវ​ចិត្តទៅវិញ ដូចកូនក្មេងចាប់ក្អែកបោះចោល។

[២៨៩] ព្រះអង្គត្រាស់ថា រាគៈ និងទោសៈ មានអត្តភាពនេះជាហេតុ សេចក្តី​អផ្សុក សេចក្តីត្រេកអរ និងសេចក្តី​ព្រឺព្រួចរោម ក៏កើតអំពីអត្តភាពនេះ មនោវិតក្កៈ ក៏តាំង​ឡើង​អំពីអត្តភាពនេះដែរ ហើយលែង​ចោលនូវ​ចិត្តទៅវិញ ដូចកូនក្មេង​ចាប់ក្អែកបោះចោល វិតក្កៈដ៏លាមក កើត​អំពីសេចក្តីស្រឡាញ់ កើតព្រម​ក្នុងខ្លួន ដូច​ជាពួរជ្រៃ កើតអំពីដើមជ្រៃ បាបវិតក្កៈដ៏ច្រើន រមែងធ្វើ​ពួកសត្វ​ឲ្យជាប់​នៅក្នុង​កាមទាំងឡាយ ដូចវល្លិ៍ដែល​រួបរឹតដើមឈើ​ក្នុងព្រៃ ពួកបុគ្គលណា ដឹងច្បាស់នូវ​អត្តភាពនោះថា មានរបស់ណាជាហេតុ ពួកបុគ្គលនោះ ក៏បន្ទោបង់​នូវ​អត្តភាព​នោះបាន ម្នាលយក្ស អ្នកចូរស្តាប់ចុះ ពួកបុគ្គលនោះ រមែង​ឆ្លងនូវអន្លង់​នេះ ដែល​ឆ្លង​បានដោយកម្រ ដែលគេមិនដែលឆ្លង ដើម្បី​មិនកើតក្នុងភពថ្មីតទៅទៀត។

មណិភទ្ទសូត្រ ទី៤

[២៩០] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងលំនៅរបស់យក្ស​ឈ្មោះ​ មណិភទ្ទ ទៀប​ចេតិយឈ្មោះ មណិមាឡកៈ ក្នុងដែនមគធៈ។

[២៩១] គ្រានោះឯង មណិភទ្ទយក្ស បានចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលគាថានេះ ក្នុងសំណាក់​ព្រះមានព្រះភាគថា

សេចក្តីចំរើន របស់បុគ្គល​អ្នកមានស្មារតី រមែង​មានគ្រប់កាល អ្នក​មានស្មារតី រមែងដល់នូវសេចក្តីសុខ គុណដ៏ប្រសើរ របស់បុគ្គល​អ្នកមានស្មារតី រមែង​មានជានិច្ច អ្នកមានស្មារតី រមែង​រួចចាកពៀរ។

[២៩២] ព្រះអង្គត្រាស់ថា សេចក្តីចំរើន របស់បុគ្គល​អ្នកមានស្មារតី រមែង​មានសព្វកាល អ្នក​មានស្មារតី តែងដល់នូវសេចក្តីសុខ គុណដ៏ប្រសើរ របស់បុគ្គល​អ្នកមានស្មារតី រមែង​មានជានិច្ច តែអ្នកមានស្មារតី មិន​រួចចាកពៀរទេ។ លុះតែ​បុគ្គល​ណា មានចិត្តត្រេកអរ ក្នុងការមិនបៀតបៀន អស់ថ្ងៃនិងយប់ទាំងអស់ មានចំណែក​មេត្តាចិត្ត ចំពោះពួកសត្វទាំងពួង បុគ្គលនោះ ទើបមិនមានពៀរ ដោយហេតុនីមួយ​ឡើយ។

សានុសូត្រ ទី៥

[២៩៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង យក្សបានចាប់​សានុសាមណេរ ជាបុត្តរបស់ឧបាសិកាម្នាក់។

[២៩៤] គ្រានោះឯង ឧបាសិកានោះ ខ្សឹកខ្សួល បានពោលគាថាទាំងនេះ ក្នុងវេលានោះថា

ខ្ញុំបានឮព្រះអរហន្តទាំងឡាយថា បុគ្គលទាំងឡាយណា រក្សាឧបោសថ​ប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង [បារិហារិកបក្ខនេះ សំដៅយកថ្ងៃបដិជាគរឧបោសថ គឺថ្ងៃខាងដើម និងថ្ងៃ​ខាងចុង​ នៃបកតិឧបោសថ (ថ្ងៃអមបកតិឧបោសថ)។] ឈ្មោះថាប្រព្រឹត្តព្រហ្មចរិយៈ ពួកយក្ស មិន​យាយីបុគ្គលនោះឡើយ ឥឡូវថ្ងៃនេះ ខ្ញុំឯងឃើញពួកយក្ស យាយីសានុសាមណេរ។

[២៩៥] យក្សតបថា នាងបានឮពាក្យព្រះអរហន្តទាំងឡាយ ដោយប្រពៃ​ថា បុគ្គល​ទាំងឡាយណា រក្សាឧបោសថ ប្រកបដោយអង្គ៨ ក្នុងថ្ងៃទី១៤ ថ្ងៃទី១៥ និង​ថ្ងៃទី៨នៃបក្ស ទាំងបារិហារិកបក្ខផង ឈ្មោះថា ប្រព្រឹត្ត​ព្រហ្មចរិយៈ ពួកយក្ស មិន​យាយីបុគ្គលទាំងនោះទេ នាងគប្បីនិយាយប្រាប់សានុសាមណេរ ដែលភ្ញាក់ឡើង​ថា នេះជាពាក្យរបស់ពួកយក្ស (ប្រាប់) ថា លោកកុំធ្វើអំពើអាក្រក់ ក្នុងទីចំពោះមុខ ឬ​ទីកំបាំងមុខឡើយ បើលោកនឹងធ្វើ ឬកំពុងធ្វើ នូវអំពើលាមក លោកទុកជាហោះរត់​ទៅ ក៏មិនរួចអំពីសេចក្តីទុក្ខដែរ។

[២៩៦] សានុសាមណេរភ្ញាក់ឡើង និយាយថា ញោម ពួកជនតែងយំរក​បុគ្គល ដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែល​រស់នៅ តែគេ​មិនឃើញ​ញោម ញោម​ឃើញអាត្មានៅរស់នៅឡើយ ញោម ហេតុអ្វីក៏ញោមយំរកអាត្មា។

[២៩៧] ឧបាសិកាតបថា លោកកូន ជនទាំងឡាយតែងយំរកបុគ្គល ដែលស្លាប់បាត់ទៅហើយ ឬបុគ្គលដែល​រស់នៅ តែគេ​មិនឃើញ ម្យ៉ាងទៀត​បុគ្គលណា លះបង់​កាមទាំងឡាយហើយ បែរ​ជាត្រឡប់មករកកាម ក្នុងលោក​នេះវិញ លោកកូន សូម្បីតែបុគ្គលនោះ ក៏ពួកជនយំរកដែរ ព្រោះថា បុគ្គលនោះ​រស់​នៅមែន តែទុកដូចជាមនុស្សស្លាប់ហើយ លោកកូន ខ្ញុំបានស្រង់លោក អំពីផែះ​ក្តៅ គឺឃរាវាសហើយ លោកចង់ធ្លាក់ទៅក្នុងផែះក្តៅវិញ លោកកូន ខ្ញុំបានស្រង់​លោក​អំពី​រណ្តៅហើយ លោកចង់ធ្លាក់ទៅក្នុងរណ្តៅវិញ លោកចូរស្ទុះចេញទៅ សេចក្តីចំរើន ចូរ​មានដល់លោក ខ្ញុំនឹងប្រាប់ដល់អ្នកណាកើត លោក (ចេញអំពីឃរាវាសទៅបួស​ហើយ) ដូចជាគ្រឿងភណ្ឌៈ ដែល​គេនាំចេញអំពីផ្ទះភ្លើងឆេះ ហើយចង់ឆេះ (ក្នុង​ឃរាវាស) វិញ។

បិយង្ករសូត្រ ទី៦

[២៩៨] សម័យមួយ ព្រះអនុរុទ្ធមានអាយុ នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះអនុរុទ្ធមានអាយុ ក្រោកឡើង​ក្នុងបច្ចូសម័យនៃរាត្រី ហើយសំដែងធម្មបទ។

[២៩៩] គ្រានោះឯង យក្ខិនីឈ្មោះ បិយង្ករមាតា លួងកូនតូច យ៉ាងនេះថា

ម្នាលបិយង្ករៈ ឯងកុំមាត់កឡើយ ដ្បិតភិក្ខុកំពុងសំដែងធម្មបទ ប្រសិនបើ​យើង​ដឹងច្បាស់ នូវធម្មបទហើយ ប្រតិបត្តិតាមដើម្បីជាប្រយោជន៍ ប្រយោជន៍នឹង​មាន​ដល់យើង។

[៣០០] កូនតបថា យើងនឹងសង្រួម ក្នុងសត្វទាំងឡាយ យើងកុំពោល នូវ​ពាក្យសម្បជានមុសាវាទ យើងគួរ​សិក្សានូវមារយាទ របស់ខ្លួន​ឲ្យល្អ ទើប​យើងរួច​អំពីកំណើតបិសាចបាន។

បុនព្វសុសូត្រ ទី៧

[៣០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់​ណែនាំពួកភិក្ខុឲ្យឃើញច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយ​ធម្មីកថា ប្រកបដោយ​ព្រះនិព្វាន។ ពួកភិក្ខុនោះ ក៏ធ្វើឲ្យជាប្រយោជន៍ ធ្វើទុក​ក្នុងចិត្ត ប្រមូលមកនូវ​ចិត្តទាំងពួង ផ្ទៀងសោតប្រសាទប្រុងស្តាប់ធម៌។

[៣០២] គ្រានោះឯង យក្ខិនីឈ្មោះ បុនព្វសុមាតា លួងកូនតូច យ៉ាង​នេះថា

ម្នាលនាងឧត្តរា ចូរឯងស្ងៀមទៅ ម្នាល​បុនព្វសុ ចូរឯងស្ងៀមទៅ អញនឹង​ស្តាប់ធម៌ របស់ព្រះសាស្តាជាព្រះពុទ្ធ ដ៏ប្រសើរសិន ព្រះមានព្រះភាគ បាន​សំដែង​នូវព្រះនិព្វាន ថាជាគ្រឿងរួចចាកគន្ថធម៌ទាំងពួង ម្យ៉ាងទៀត សេចក្តីប្រាថ្នាក្នុងធម៌​នោះ របស់អញ​ខ្លាំងហួសប្រមាណ កូនរបស់ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក ប្តី​របស់​ខ្លួន ក៏ជាទីស្រឡាញ់ក្នុងលោក តែសេចក្តីប្រាថ្នាធម៌នោះ របស់អញ ជាទីស្រឡាញ់​ក្រៃលែងជាងនោះទៅទៀត កូនក្តី ប្តីក្តី ដែលជាទីស្រឡាញ់ មិនមែនដោះអញ​ឲ្យរួច​ចាកទុក្ខបានទេ មានតែការស្តាប់ធម៌ ទើបដោះសត្វទាំងឡាយ ឲ្យរួចចាកទុក្ខបាន កាល​បើសត្វលោក ត្រូវសេចក្តីទុក្ខគ្របសង្កត់ ប្រកបដោយ​ជរា និងមរណៈហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដឹងហើយនូវធម៌ណា អញចង់ស្តាប់ធម៌នោះ ដើម្បី​រួចចាក​ជរា និងមរណៈ ម្នាលបុនព្វសុ ចូរឯង​ស្ងៀមទៅ។

[៣០៣] បុនព្វសុកុមារ តបថា បពិត្រអ្នកម្តាយ ខ្ញុំមិននិយាយទេ ទាំងនាង​ឧត្តរានេះ ក៏ស្ងៀមដែរ សូមអ្នកម្តាយស្តាប់ធម៌ចុះ ការស្តាប់ព្រះសទ្ធម្ម នាំមកនូវ​សេចក្តីសុខ បពិត្រអ្នកម្តាយ យើងដើរទាំងទុក្ខ ព្រោះមិនបានដឹងព្រះសទ្ធម្ម ព្រះពុទ្ធ​នុ៎ះ ជាអ្នកធ្វើនូវ​ពន្លឺដល់ទេវតា និងមនុស្សទាំងឡាយដែលវង្វេង មានព្រះសរីរៈ​ជាទី​បំផុត ព្រះអង្គមានបញ្ញាចក្ខុ ទ្រង់កំពុង​សំដែងធម៌។

[៣០៤] (បុនព្វសុមាតាពោលថា) ប្រពៃណាស់ហ្ន៎ កូនកើតហើយ ដេកនៅ​នាទ្រូង ដែលជាបណ្ឌិត កូនរបស់អញ ស្រឡាញ់ធម៌ដ៏បរិសុទ្ធ របស់ព្រះពុទ្ធ​ដ៏ប្រសើរ ម្នាលបុនព្វសុ ចូរឯង​បានសុខស្រួល អញបានខ្ពង់ខ្ពស់ (ក្នុងសាសនា) តាំងពីថ្ងៃនេះ​ហើយ ទាំងនាងឧត្តរា ក៏ចូរស្តាប់អរិយសច្ចទាំងឡាយ ដែលអញ និងឯង ឃើញ​ហើយចុះ។

សុទត្តសូត្រ ទី៨

[៣០៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងសីតវ័ន ទៀបក្រុង​រាជគ្រឹះ។ សម័យនោះឯង អនាថបិណ្ឌិកគហបតី បានទៅដល់ក្រុងរាជគ្រឹះ ដោយកិច្ច​ការនីមួយ [កិច្ចការនីមួយក្នុងទីនេះ សំដៅយក​ការជួញ។ អដ្ឋកថា។]។ អនាថបិណ្ឌិកគហបតី បានឮដំណឹងថា ព្រះពុទ្ធកើតឡើងហើយក្នុងលោក ក៏​មាន​ប្រាថ្នា ដើម្បីចូលទៅជួបនឹង​ព្រះមានព្រះភាគ ក្នុងខណៈនោះឯង។ គ្រានោះឯង អនាថបិណ្ឌិកគហបតី មានសេចក្តីត្រិះរិះ យ៉ាងនេះថា ថ្ងៃនេះជាកាលមិនគួរ ដើម្បី​ចូលទៅជួប​ព្រះមានព្រះភាគទេ ចាំដល់ថ្ងៃស្អែក អាត្មាអញ នឹងចូល​ទៅជួប​ព្រះមានព្រះភាគ ដោយកាលគួរ ពុំខាន។ កាលបើសតិតាំងនៅ​ក្នុងពុទ្ធគុណហើយ គាត់​ដេកក្នុងមួយរាត្រី ក្រោកឡើង៣ដង ដោយស្មានថាភ្លឺហើយ។ គ្រានោះឯង អនាថបិណ្ឌិកគហបតី ក៏ចូលទៅរក​សីវថិកទ្វារ (ទ្វារស្មសាន)។ ពួកអមនុស្ស ក៏​បើក​ទ្វារឲ្យ។

[៣០៦] គ្រានោះ កាលអនាថបិណ្ឌិកគហបតី កំពុង​ចេញទៅអំពីនគរ ពន្លឺ​ក៏បាត់ទៅ ងងឹតក៏កើតប្រាកដឡើង សេចក្តីភ័យ តក់ស្លុត និងការព្រឺរោម ក៏កើតឡើង។ គាត់ចង់ត្រឡប់​មកអំពីទីនោះវិញ។ គ្រានោះឯង យក្សឈ្មោះ ​សិវកៈ បំបាំងខ្លួនមិនឲ្យឃើញ ធ្វើសំឡេង​ឲ្យឮឡើងថា ដំរីមួយសែន សេះមួយសែន រថទឹម​ដោយមេសេះអស្សតរមួយសែន នាងកញ្ញាពាក់កុណ្ឌល ជាវិការៈនៃកែវមណី​មួយ​សែននាក់ ក៏មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យ​ជាចំណែក​ដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរ​អ្នកឈានទៅមុខចុះ ម្នាលគហបតី ចូរអ្នក​ឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នក​ប្រសើរជាង ឯការត្រឡប់​ថយក្រោយ​វិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិក​គហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៧] ពន្លឺបាត់ទៅ ងងឹតក៏កើត​ប្រាកដឡើង ដល់អនាថបិណ្ឌិក​គហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏កើតឡើង អស់វារៈ​ពីរដង​ទៀត។ ឯអនាថបិណ្ឌិក​គហបតី ក៏ចង់ត្រឡប់ពីទីនោះមកវិញទៀត។ សិវកយក្សបំបាំងខ្លួន​មិនឲ្យឃើញ ក៏ធ្វើសំឡេង​ឲ្យឮឡើង អស់វារៈ​ពីរដងទៀតថា

ដំរីមួយសែន សេះមួយសែន។បេ។ ក៏មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យ​ ជាចំណែក​ដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរ​អ្នកឈាន​ទៅ​មុខ​ចុះ ម្នាលគហបតី ចូរអ្នក​ឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នក​ប្រសើរជាង ឯការត្រឡប់​ថយក្រោយ​វិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិក​គហបតី ទាំងភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៨] ពន្លឺបាត់ទៅ ងងឹតក៏​កើតប្រាកដឡើង ដល់អនាថបិណ្ឌិក​គហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏កើតឡើង អស់វារៈបីដង​ទៀត។ ឯ​អនាថបិណ្ឌិក​សេដ្ឋី ក៏ចង់ត្រឡប់អំពីទីនោះមកវិញ។ សិវកយក្ស បំបាំងខ្លួន​មិន​ឲ្យ​ឃើញ ធ្វើសំឡេង​ឲ្យឮឡើង អស់វារៈ​បីដងទៀតថា

ដំរីមួយសែន សេះមួយសែន។បេ។ មិនដល់ថ្លៃមួយចំណិត នៃជំហានមួយ ដែលគេចែកឲ្យ​ ជាចំណែក​ដប់ប្រាំមួយៗដងឡើយ ម្នាលគហបតី ចូរ​អ្នកឈាន​ទៅ​មុខ​ចុះ ម្នាលគហបតី ចូរអ្នក​ឈានទៅមុខចុះ ការឈានទៅមុខ របស់អ្នក​ប្រសើរជាង ឯការត្រឡប់​ថយក្រោយ​វិញ មិនប្រសើរទេ។

គ្រានោះឯង ងងឹតបាត់ទៅ ពន្លឺក៏កើតប្រាកដឡើង ដល់អនាថបិណ្ឌិក​គហបតី ទាំងសេចក្តីភ័យ ការតក់ស្លុត និងការព្រឺរោម ក៏ស្ងប់រម្ងាប់ទៅ។

[៣០៩] គ្រានោះឯង អនាថបិណ្ឌិក​គហបតី ចូលទៅឯសីតវ័ន។ ក៏សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់តើនឡើង ក្នុងបច្ចូសសម័យនៃរាត្រី ទៅ​ចង្ក្រមក្នុងទីវាលស្រឡះ។ ព្រះមានព្រះភាគ បានទតឃើញអនាថបិណ្ឌិក​គហបតី កំពុង​មកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់ចុះ​អំពីទីចង្ក្រម មកគង់លើអាសនៈ ដែល​គេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏ត្រាស់ហៅ​អនាថបិណ្ឌិកគហបតី យ៉ាងនេះថា ម្នាលសុទត្ត ចូរអ្នកមកអាយ។ ទើប​អនាថបិណ្ឌិក​គហបតី ឱនក្បាលទៀបបាទា នៃ​ព្រះមានព្រះភាគ ក្នុងទីនោះ ដោយគិតថា ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅអញចំឈ្មោះ ក៏ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គង់នៅជាសុខទេឬ។

[៣១០] ព្រះអង្គត្រាស់ថា បុគ្គលជាអ្នកបន្សាត់បង់បាប រំលត់កិលេស រមែង​ដេក​ជាសុខសព្វកាល បុគ្គលណាមានសេចក្តីត្រជាក់ត្រជំ ឥតមានឧបធិក្កិលេស កាត់​បង់តណ្ហាទាំងអស់ បន្ទោបង់សេចក្តីក្រវល់ក្រវាយ ក្នុងហ្ឫទ័យ មិនបានប្រឡាក់ ក្នុង​កាមទាំងឡាយ បុគ្គលនោះ រមែង​ដល់នូវសេចក្តី​រម្ងាប់កិលេសដោយចិត្ត មានចិត្តស្ងប់​រម្ងាប់ ដេកនៅជាសុខ។

បឋមសុក្កាសូត្រ ទី៩

[៣១១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជា​កលន្ទក​និវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ភិក្ខុនីឈ្មោះ សុក្កា មានបរិស័ទ​ច្រើន​ចោមរោម កំពុងសំដែងធម៌។

[៣១២] គ្រានោះឯង យក្សមានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះសុក្កាភិក្ខុនី ក៏ចេញ​ពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូល​ទៅកាន់​ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថាទាំងនេះ ក្នុងវេលានោះថា

ពួកមនុស្សក្នុងក្រុងរាជគ្រឹះ ធ្វើអ្វីដល់អញ ពួកជនណា មិនចូលទៅជិត​សុក្កា​ភិក្ខុនី ដែលកំពុងសំដែងនូវ​ឧបាយ ជាគ្រឿង​ដល់ព្រះនិព្វាន ឈ្មោះអមតៈ (ជន​ទាំងនោះ) ដូចជាបុគ្គល​ផឹកទឹកឃ្មុំហើយដេក ពួកបុគ្គលមានប្រាជ្ញា ហាក់ដូចជា​ក្រេប​ផឹកនូវអមតនិព្វាននោះ ដែលជាធម៌មិនគួរបោះបង់ចោល មានឱជារសមិនបាន​លាយឡំ ដូចជាអ្នកដំណើរផឹកទឹក ដែលហូរធ្លាក់​មកពីចន្លោះពពក។

ទុតិយសុក្កាសូត្រ ទី១០

[៣១៣] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទក​និវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានឧបាសិកា​ម្នាក់ ប្រគេនភោជន ដល់សុក្កាភិក្ខុនី។

[៣១៤] គ្រានោះឯង យក្ស​មានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះ​សុក្កាភិក្ខុនី ក៏​ដើរចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅកាន់​ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថានេះ ក្នុង​វេលានោះថា

ឧបាសកណា បានប្រគេនភោជន ដល់សុក្កាភិក្ខុនី ដែលមាន​ចិត្តផុត​ស្រឡះ ចាកគន្ថធម៌ទាំងអស់ ឧបាសកនេះ ឈ្មោះថា អ្នកប្រកប​ដោយប្រាជ្ញាពិត ហើយ​បាន​ប្រទះនូវបុណ្យច្រើន។

ចីរាសូត្រ ទី១១

[៣១៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទក​និវាបស្ថាន ទៀប​ក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានឧបាសិកាម្នាក់ បានប្រគេន​ចីវរ ដល់ភិក្ខុនីឈ្មោះ ចីរា។

[៣១៦] គ្រានោះឯង យក្ស​មានសេចក្តីជ្រះថ្លាក្រៃពេក ចំពោះ​ចីរាភិក្ខុនី ក៏​ដើរចេញពីច្រកមួយ ចូលទៅកាន់ច្រកមួយ ចេញពីផ្លូវត្រឡែងកែងមួយ ចូលទៅ​កាន់​ផ្លូវត្រឡែងកែងមួយ ក្នុងក្រុងរាជគ្រឹះ ហើយពោលគាថានេះ ក្នុង​វេលានោះថា

ឧបាសកណា បានប្រគេនចីវរ ដល់ចីរាភិក្ខុនី ដែលមាន​ចិត្តរួច​ស្រឡះ ចាកគន្ថធម៌ទាំងអស់ ឧបាសកនេះ ឈ្មោះថា អ្នកមានប្រាជ្ញាពិត ហើយ​បាន​ប្រទះនូវបុណ្យច្រើន។

អាឡវកសូត្រ ទី១២

[៣១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងលំនៅ របស់យក្សឈ្មោះ អាឡវកៈ ក្នុងដែន​អាឡវី។ គ្រានោះឯង អាឡវកយក្ស ចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបពោលនឹង​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រសមណៈ ចូរលោកចេញទៅ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេច​ចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេចចូលមកវិញ។ អាឡវកយក្ស បានពោលនឹង​ព្រះមានព្រះភាគ យ៉ាងនេះ អស់​វារៈ​ពីរដងថា ម្នាលសមណៈ ចូរលោកចេញទៅ។ ព្រះមានព្រះភាគ ក៏ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏​ចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ចូលមកវិញ។ អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ យ៉ាងនេះ ជាគំរប់​បីដងថា ម្នាល​សមណៈ ចូរលោកចេញទៅវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ស្តេច​ចេញទៅ។ អាឡវកយក្ស ពោលថា ម្នាលសមណៈ ចូរលោកចូលមកវិញ។ ព្រះមានព្រះភាគ ទទួលថា ម្នាលអាវុសោ ប្រពៃហើយ ដូច្នេះ ក៏ទ្រង់ចូលមកវិញ។

[៣១៨] អាឡវកយក្ស បានពោលនឹងព្រះមានព្រះភាគ អស់វារៈ​៤ដងទៀតថា ម្នាលសមណៈ ចូរលោកចេញ​ទៅវិញ។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលអាវុសោ តថាគតនឹងមិនចេញទៅទេ កិច្ចណា អ្នកឯងត្រូវធ្វើ ចូរអ្នកឯង​ ធ្វើ​កិច្ច​នោះចុះ។ ម្នាលសមណៈ ខ្ញុំនឹងសួរ​ប្រស្នា ចំពោះលោក បើលោក​មិនដោះប្រស្នា​ខ្ញុំទេ ខ្ញុំនឹងបន្សាត់ចិត្តលោក ឬវះហឫទ័យរបស់លោក ពុំនោះសោត ខ្ញុំនឹង​ចាប់ជើង​លោកបោះទៅ ក្នុងត្រើយខាងនាយ នៃទន្លេគង្គា។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលអាវុសោ បុគ្គលណា បន្សាត់​ចិត្តតថាគត ឬវះ​ហឫទ័យ ឬក៏​ចាប់ជើង​គ្រវែង​ទៅ ក្នុងត្រើយ​ខាងនាយ នៃទន្លេគង្គា តថាគត មិនដែលឃើញ​បុគ្គល​នោះសោះ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស ម្នាលអាវុសោ បើដូច្នោះ ចូរអ្នកឯង​សួរប្រស្នា ដែលអ្នក​ឯងប៉ុន​ប៉ងសួរចុះ។

[៣១៩] អាឡវកយក្ស សួរថា អ្វីហ្ន៎ ជាទ្រព្យ​ប្រសើរ របស់​បុរសក្នុងលោក​នេះ អ្វីហ្ន៎ ដែលបុគ្គលសន្សំដោយប្រពៃហើយ នាំ​សេចក្តីសុខ​មកឲ្យ របស់អ្វី ដែល​មានរសឆ្ងាញ់ វិសេសជាងរសទាំងឡាយ ពួកអ្នកប្រាជ្ញពោលថា បុគ្គលដែល​រស់​នៅ ដូចម្តេច ឈ្មោះថា រស់នៅប្រសើរ។

[៣២០] ព្រះអង្គត្រាស់ថា សទ្ធាជាទ្រព្យប្រសើរ របស់បុរសក្នុងលោក​នេះ សុចរិតធម៌ ដែលបុគ្គលសន្សំដោយប្រពៃ តែងនាំ​សេចក្តីសុខ​មកឲ្យ ពាក្យពិត ជារសឆ្ងាញ់ វិសេសជាងរសទាំងឡាយ ពួកអ្នកប្រាជ្ញពោលថា បុគ្គលដែល​រស់​នៅ ដោយប្រាជ្ញា ឈ្មោះថា រស់នៅប្រសើរ។

[៣២១] អា. បុគ្គល​ឆ្លងអន្លង់បាន ដោយអ្វីហ្ន៎ ឆ្លងសមុទ្របាន ដោយអ្វី បុគ្គល​កន្លងសេចក្តីទុក្ខបាន ដោយអ្វី បរិសុទ្ធបាន ដោយអ្វី។

[៣២២] ព. បុគ្គល​ឆ្លងអន្លង់បាន ដោយសទ្ធា ឆ្លងសមុទ្របាន ដោយសេចក្តី​មិនប្រមាទ ​កន្លងសេចក្តីទុក្ខបាន ដោយសេចក្តីព្យាយាម បរិសុទ្ធបាន ដោយប្រាជ្ញា។

[៣២៣] អា. បុគ្គលបានប្រាជ្ញាដោយអ្វី បានទ្រព្យដោយអ្វី ដល់នូវ​សេចក្តី​សរសើរដោយអ្វី ចងពួកមិត្របាន ដោយអ្វី បុគ្គលលះលោកនេះ ទៅកាន់​លោកខាង​មុខ មិនសោកសៅ ក្នុងលោកខាងមុខ ដោយអ្វី។

[៣២៤] ព. បុគ្គលជឿធម៌របស់ព្រះអរហន្ត​ទាំងឡាយ រមែងប្រព្រឹត្តទៅ ដើម្បី​ដល់ព្រះនិព្វាន បុគ្គលមានប្រាជ្ញា មិនប្រមាទ កាលស្តាប់ដោយ​ប្រពៃ រមែងបាននូវប្រាជ្ញា បុគ្គលមានការងារសមតាមកាល មានធុរៈ (មិនទំលាក់​ចោល) ជាអ្នក​តស៊ូ រមែងបាននូវទ្រព្យ បុគ្គល​ដល់នូវសេចក្តី​សរសើរ ដោយសច្ចៈ បុគ្គល​អ្នកឲ្យ រមែង​ចងពួកមិត្របាន បុគ្គលដែល​មានសទ្ធា គ្រប់គ្រងផ្ទះ ត្រូវមាន​ធម៌​៤ប្រការ​នេះ គឺ សច្ចៈ (ពាក្យពិត)១ ទមៈ (ការទូន្មាន)១ ថិតិ (សេចក្តីអត់ធន់)១ ចាគៈ (ការបរិច្ចាគ)១ រមែង​មិនសោកសៅ ក្នុងលោកខាងមុខ ដោយពិត បើដូច្នោះ ចូរអ្នក​សួរពួកសមណព្រាហ្មណ៍ឯទៀត ឲ្យច្រើនគ្នាចុះ ក្រែង​មានធម៌ណាក្នុងលោកនេះ វិសេសជាង​សច្ចៈ ទមៈ ចាគៈ ខន្តិ ទៅទៀត។

[៣២៥] អា. ក្នុងវេលានេះ ខ្ញុំនឹងសួរពួកសមណព្រាហ្មណ៍ច្រើនគ្នា ដូចម្តេច​បាន (ព្រោះ) ខ្ញុំទើបតែនឹង​ដឹងប្រយោជន៍ ក្នុងបរលោកក្នុងថ្ងៃនេះ ដោយសារ​ព្រះពុទ្ធ​ស្តេចមកគង់ ក្នុងដែនអាឡវី ជាប្រយោជន៍ដល់ខ្ញុំ ខ្ញុំទើបតែនឹងដឹងក្នុងថ្ងៃនេះថា ទាន​ដែល​គេឲ្យ ចំពោះបុគ្គលណា មានផលច្រើន ខ្ញុំនឹងចេញពីស្រុកមួយ​ ទៅស្រុកមួយ ចេញពីបុរីមួយ ទៅបុរីមួយ នមស្ការនូវព្រះសម្ពុទ្ធផង ព្រះធម៌ដ៏ប្រសើរផង។

ចប់ យក្ខសំយុត្ត។

ឧទ្ទាននៃ យក្ខសំយុត្ត នោះគឺ

សូត្រមាន ១២ គឺ ឥន្ទកសូត្រ ១ សក្កសូត្រ ១ សូចិលោមសូត្រ ១ មណិភទ្ទសូត្រ ១ សានុសូត្រ ១ បិយង្ករសូត្រ ១ បុនព្វសុសូត្រ ១ សុទត្តសូត្រ ១ សុក្កាសូត្រ ២ ចីរាសូត្រ ១ អាឡវកសូត្រ ១។

សក្កសំយុត្ត

សុវីរសូត្រ ទី១

[៣២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះ​ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ពួក​ភិក្ខុនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[៣២៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាល​ពីព្រេងនាយមក មានពួកអសុរ ច្បាំង​តគ្នានឹងពួក​ទេវតា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ​ឯង សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅទេវបុត្តឈ្មោះ សុវីរៈ មកថា ម្នាល​បាសុវីរៈ ពួកអសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាលបាសុវីរៈ ចូរអ្នក​ទៅតតាំងនឹងពួកអសុរនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួល​ទេវបញ្ជា របស់​សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏​ធ្វើ​ពួកអសុរ ឲ្យដល់​នូវសេចក្តីប្រមាទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅ​សុវីរទេវបុត្តមក អស់វារៈ​២ដងទៀតថា ម្នាល​បាសុវីរៈ ពួក​អសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាល​បាសុវីរៈ ចូរអ្នក​ទៅតតាំង​នឹង​ពួក​អសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួល​ទេវបញ្ជា របស់​សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើ​ពួកអសុរ​ ឲ្យដល់​នូវសេចក្តី​ប្រមាទ អស់វារៈ​២ដង។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាងពួកទេវតា បានហៅ​សុវីរទេវបុត្តមក អស់វារៈ៣ដងទៀតថា ម្នាល​បាសុវីរៈ ពួក​អសុរទាំងនុ៎ះ ច្បាំងតគ្នានឹងពួកទេវតា ម្នាល​បាសុវីរៈ ចូរអ្នក​ទៅតតាំង​នឹង​ពួក​អសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុវីរទេវបុត្ត ទទួល​ទេវបញ្ជា របស់​សក្កទេវរាជ ជាធំជាងពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើ​ពួកអសុរ​ ឲ្យដល់​នូវសេចក្តី​ប្រមាទ អស់វារៈ​៣ដងទៀត។

[៣២៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាងពួកទេវតា បាន​ពោល​គាថា នឹងសុវីរទេវបុត្តថា

បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ តែងបាន​សេចក្តីសុខ ក្នុងទីណា ម្នាល​សុវីរៈ ចូរអ្នក​ទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣២៩] សុវីរទេវបុត្ត ទូលថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ មិនធ្វើ​កិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេច នូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រ​សក្កទេវរាជ សូម​ព្រះអង្គទ្រង់បង្ហាញ នូវកន្លែង​ដ៏ប្រសើរនោះ ដល់​ខ្ញុំព្រះអង្គ។

[៣៣០] សក្កទេវរាជត្រាស់ថា បុគ្គលខ្ជិលច្រអូស ជាអ្នកមិនតស៊ូ ដល់នូវ​សេចក្តីសុខ ដោយចំណែក​មួយក្នុងទីណា ម្នាលសុវីរៈ ចូរអ្នកទៅក្នុងទីនោះចុះ ចូរ​អ្នក​ធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣៣១] សុវីរទេវបុត្ត ទូលថា បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើង​បាន​សេចក្តីសុខណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូមទ្រង់​បង្ហាញ​សេចក្តីសុខដ៏ប្រសើរ ដែលមិនមានសោកសៅ មិនមានសេចក្តីចង្អៀតចង្អល់​ចិត្តនោះ ដល់ខ្ញុំព្រះអង្គផង។

[៣៣២] សក្កទេវរាជ តបថា ប្រសិនបើបុគ្គលណាមួយ មិនរស់នៅក្នុង​កន្លែង​ណាមួយ ដោយឥតមានការងារ ផ្លូវនោះឯងហើយ ជាផ្លូវ​ព្រះនិព្វាន ម្នាលសុវីរៈ ចូរ​អ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣៣៣] ម្នាលភិក្ខុទាំងឡាយ អម្បាលដូចយ៉ាងសក្កទេវរាជ ជាធំជាង​ពួកទេវតា កំពុងសោយផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាង​ពួកទេវតា នៅឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តី​ប្រឹងប្រែង និង​ការព្យាយាម​ដែរ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយធ្វើការណ៍នុ៎ះ ឲ្យល្អក្នុងធម្មវិន័យចុះ ព្រោះថា អ្នក​ទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃ​យ៉ាង​នេះ គួរណាស់តែរវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់​នូវមគ្គផល ដែលខ្លួន​មិនទាន់​ដល់ ដើម្បីបាននូវមគ្គផល ដែល​ខ្លួន​មិនទាន់បាន ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលខ្លួន​មិនទាន់​ធ្វើឲ្យជាក់ច្បាស់ កុំបីអាក់ខានឡើយ។

សុសិមសូត្រ ទី២

[៣៣៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៣៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពីព្រេងនាយ​មក មានពួកអសុរ ច្បាំងតនឹងពួកទេវតា។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវរាជ ជាធំជាង​ពួកទេវតា បានហៅសុសិមទេវបុត្តមកថា ម្នាលបាសុសិមៈ ពួក​អសុរទាំងនុ៎ះ ច្បាំងនឹងពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំង​នឹងពួក​អសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាង​ពួកទេវតាថា ព្រះករុណាថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់​នូវ​សេចក្តី​ប្រមាទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាង​ពួកទេវតា ត្រាស់ហៅ​សុសិមទេវបុត្ត អស់វារៈ​២ដងទៀត។បេ។ ធ្វើពួកអសុរឲ្យដល់នូវសេចក្តី​ប្រមាទ អស់​វារៈ២ដងទៀត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវរាជ ជាធំជាង​ពួកទេវតា ត្រាស់ហៅ​សុសិមទេវបុត្តមក អស់វារៈ​៣ដងថា ម្នាលបាសុសិមៈ ពួក​អសុរទាំងនុ៎ះ ច្បាំងនឹង​ពួកទេវតា ម្នាលបាសុសិមៈ ចូរអ្នកទៅតតាំង​ នឹងពួក​អសុរចុះ។ ម្នាលភិក្ខុទាំងឡាយ សុសិមទេវបុត្ត ទទួលទេវបញ្ជា របស់សក្កទេវរាជ ជាធំជាង​ពួកទេវតាថា ព្រះករុណា​ថ្លៃវិសេស យ៉ាងនេះហើយ ក៏ធ្វើពួកអសុរ ឲ្យដល់​នូវ​សេចក្តី​ប្រមាទ អស់វារៈ​៣ដងទៀត។

[៣៣៦] ម្នាលភិក្ខុទាំងឡាយ ទើបសក្កទេវរាជ ជាធំជាង​ពួកទេវតា បានពោល​គាថា នឹងសុសិមទេវបុត្តថា

បុគ្គល កាលមិនតស៊ូ មិនព្យាយាមទេ បានសេចក្តីសុខក្នុងទីណា ម្នាល​សុសិមៈ ចូរអ្នក​ទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ក្នុងទីនោះផង។

[៣៣៧] សុសិមទេវបុត្តទូលថា បុគ្គលខ្ជិលច្រអូស ជាអ្នក​មិនតស៊ូ មិនធ្វើ​កិច្ចការដែលត្រូវធ្វើ តែជាអ្នកសម្រេចនូវសេចក្តីប្រាថ្នាគ្រប់ចំពូក បពិត្រសក្កៈ សូម​ព្រះអង្គទ្រង់បង្ហាញ នូវកន្លែង​ដ៏ប្រសើរនោះ ដល់ខ្ញុំព្រះអង្គ។

[៣៣៨] សក្កទេវរាជ តបថា បុគ្គលខ្ជិលច្រអូស ជាអ្នក​មិនតស៊ូ ដល់នូវ​សេចក្តីសុខ ដោយចំណែកមួយ ក្នុងទីណា ម្នាលសុសិមៈ ចូរអ្នកទៅក្នុងទីនោះ​ចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។

[៣៣៩] សុសិមទេវបុត្តទូលថា បពិត្រសក្កទេវរាជ ដ៏ប្រសើរជាងទេវតា យើងបានសេចក្តីសុខណា ដោយមិនបាច់ធ្វើការងារ បពិត្រសក្កទេវរាជ សូម​ទ្រង់​បង្ហាញសេចក្តីសុខដ៏ប្រសើរ ដែល​មិនមានសេចក្តីសោកសៅ មិនមានសេចក្តី​តឹង​ចិត្តនោះ ដល់ខ្ញុំព្រះអង្គផង។

[៣៤០] សក្កទេវរាជ តបថា ប្រសិនបើអ្នកណាមួយ មិនរស់នៅក្នុងទីណា​មួយ ដោយមិនធ្វើការងារទេ ផ្លូវនោះឯងហើយ ជាផ្លូវព្រះនិព្វាន ម្នាលសុសិមៈ ចូរ​អ្នកទៅក្នុងទីនោះចុះ ចូរអ្នកធ្វើអញឲ្យដល់ ក្នុងទីនោះផង។

[៣៤១] ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសក្កទេវរាជ ជាធំជាង​ពួកទេវតា​នោះ កំពុងសោយផលបុណ្យរបស់ខ្លួន សោយរាជ្យជាឥស្សរាធិបតី ជាង​ទេវតាទាំង​ឡាយ នៅឋានតាវត្តិង្ស ម្តេចគង់សរសើរសេចក្តី​ប្រឹងប្រែង និង​ការព្យាយាម​ដែរ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ ធ្វើការណ៍នុ៎ះឲ្យល្អ ក្នុងសាសនានេះចុះ ព្រោះថា អ្នក​ទាំងឡាយ បានបួសក្នុងធម៌វិន័យ ដែលតថាគត សំដែងហើយ ដោយប្រពៃ​យ៉ាង​នេះ គួររវៀសរវៃ ប្រឹងប្រែង ព្យាយាម ដើម្បីដល់​នូវមគ្គផល ដែលខ្លួន​មិនទាន់​ដល់ ដើម្បីត្រាស់ដឹងនូវធម៌ ដែល​ខ្លួន​មិនទាន់ត្រាស់ដឹង ដើម្បី​ធ្វើ​ឲ្យ​ជាក់ច្បាស់ នូវព្រះនិព្វាន ដែលខ្លួន​មិនទាន់​ធ្វើឲ្យជាក់ច្បាស់ កុំបីអាក់ខានឡើយ។

ធជគ្គសូត្រ ទី៣

[៣៤២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុង​ទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលព្រះបន្ទូល​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៣៤៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿង​ធ្លាប់មានមកថា សង្គ្រាម​ទេវតា និងអសុរ បានផ្គុំគ្នា (ប្រទល់គ្នា) ហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវរាជ ឈ្មោះសក្កៈ ជាធំជាង​ទេវតាទាំងឡាយ បានហៅ​ពួក​ទេវតា ក្នុងឋានតាវត្តិង្សមកថា ម្នាលគ្នាយើង កាលបើពួកទេវតា ចូលកាន់​សង្គ្រាមហើយ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម កើតឡើង ពួកអ្នក​គប្បីក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ ក្នុងសម័យនោះចុះ។ ព្រោះថា កាលបើអ្នក​ទាំងឡាយ ក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ មុខជានឹង​ស្ងប់រម្ងាប់​ទៅវិញ។ បើពួកអ្នកមិនក្រឡេកមើលចុងទង់ជ័យរបស់ខ្ញុំទេ ក៏ត្រូវតែក្រឡេកមើល​ចុង​ទង់ជ័យ នៃទេវរាជឈ្មោះបជាបតិចុះ។ ព្រោះថា កាលបើពួកអ្នក​ក្រឡេក​មើល​ចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹង​ស្ងប់រម្ងាប់​ទៅវិញ​បាន។ បើអ្នកទាំងឡាយ មិនក្រឡេកមើលចុងទង់ជ័យ នៃទេវរាជឈ្មោះ បជាបតិទេ ក៏ត្រូវក្រឡេកមើល​ចុង​ទង់ជ័យ នៃទេវរាជឈ្មោះ វរុណៈ ។ ព្រោះថា កាលបើពួកអ្នក​ ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះវរុណៈ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាចជាដើមនោះ នឹង​ស្ងប់រម្ងាប់​ទៅវិញ។ បើពួកអ្នកមិនក្រឡេកមើលចុងទង់ជ័យ នៃ​ទេវរាជ ឈ្មោះវរុណៈទេ ត្រូវតែក្រឡេក​មើល​​​ចុង​ទង់ជ័យ នៃទេវរាជឈ្មោះ ឦសានៈ ។ ព្រោះថា កាលបើពួកអ្នក ក្រឡេកមើលចុងទង់ជ័យ នៃទេវរាជ ឈ្មោះ ឦសាន សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាច​ជាដើម​នោះ នឹង​ស្ងប់រម្ងាប់​ទៅវិញ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកទេវតា ក្រឡេកមើលចុងទង់ជ័យនោះ នៃ​ទេវរាជ ឈ្មោះសក្កៈ ជាធំជាង​ទេវតាទាំងឡាយក្តី ក្រឡេកមើលចុងទង់ជ័យ នៃ​ទេវរាជ ឈ្មោះបជាបតិក្តី ក្រឡេកមើលចុងទង់ជ័យ នៃ​ទេវរាជ ឈ្មោះវរុណៈក្តី ក្រឡេកមើលចុងទង់ជ័យ នៃ​ទេវរាជ ឈ្មោះឦសានៈក្តី សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាច​ជាដើមនោះ ក៏នឹងស្ងប់រម្ងាប់ ចួនកាន មិនស្ងប់រម្ងាប់ក៏មានខ្លះ សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា សក្កទេវានមិន្ទ មិនទាន់ប្រាសចាក​រាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ជាអ្នកនៅខ្លាច នៅរន្ធត់ នៅតក់ស្លុត រត់ចេញនៅឡើយ។

[៣៤៤] ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ពោលយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បើពួកអ្នកនៅក្នុងព្រៃ ឬនៅទៀប​គល់ឈើ ឬនៅក្នុងផ្ទះស្ងាត់ សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី ឬសេចក្តីព្រឺរោមក្តី កើតឡើង ពួកអ្នកគប្បី​រឭក​រឿយៗ នូវតថាគត ក្នុងសម័យនោះថា ព្រះមានព្រះភាគអង្គនោះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត​ ទ្រង់ជ្រាបច្បាស់នូវលោក ព្រះអង្គ​ប្រសើរ​បំផុត ជា​សារថីទូន្មាននូវបុរស ជាសាស្តានៃទេវតា និងមនុស្ស ជាព្រះពុទ្ធ ទ្រង់ចែកនូវធម៌។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើពួកអ្នករលឹករឿយៗ នូវតថាគត សេចក្តីខ្លាចក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី ណា នឹងកើតឡើង សេចក្តីខ្លាច​ជាដើមនោះ មុខជាស្ងប់រម្ងាប់ទៅ។ បើពួកអ្នកមិនរឭករឿយៗ នូវតថាគតទេ គប្បី​រឭក​រឿយៗ នូវព្រះធម៌ថា ធម៌ដែល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់សំដែង​ហើយដោយ​ល្អ ជាធម៌ដែលព្រះអរិយបុគ្គល គប្បីឃើញច្បាស់ដោយខ្លួនឯង ជាធម៌​ឲ្យផល មិនរង់ចាំកាល ជាធម៌ដែលព្រះអរិយបុគ្គល គួរហៅបុគ្គលដទៃ ឲ្យចូលមកមើលបាន ជាធម៌ដែល​ព្រះអរិយបុគ្គល គួរបង្អោន​ចូលមកទុកក្នុងចិត្តបាន ជាធម៌ដែលវិញ្ញូ​ជន​ទាំងឡាយ គប្បីដឹងច្បាស់ក្នុងចិត្តនៃខ្លួន។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា កាលបើ​អ្នកទាំងឡាយ រឭករឿយៗ នូវធម៌ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាច​ជាដើមនោះ មុខជានឹងស្ងប់រម្ងាប់ទៅបាន។ បើអ្នកទាំងឡាយ មិនរឭកនូវធម៌ទេ គប្បី​រឭកនូវសង្ឃថា ព្រះសង្ឃសាវ័កនៃ​ព្រះមានព្រះភាគ លោកប្រតិបត្តិហើយដោយប្រពៃ ព្រះសង្ឃសាវ័កនៃ​ព្រះមានព្រះភាគ លោកប្រតិបត្តិហើយដោយត្រង់ ព្រះសង្ឃសាវ័កនៃ​ព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដើម្បីព្រះនិព្វាន ព្រះសង្ឃសាវ័កនៃ​ព្រះមានព្រះភាគ លោកប្រតិបត្តិហើយ ដោយត្រឹមត្រូវ ព្រះសង្ឃសាវ័កនៃ​ព្រះមានព្រះភាគ រាប់ជាគូនៃបុរស មាន៤គូ រាប់រៀងជាបុរសបុគ្គល មាន៨ ព្រះសង្ឃសាវ័កនៃ​ព្រះមានព្រះភាគនុ៎ះ លោកគួរទទួលនូវគ្រឿង​បូជា គួរទទួល​នូវ​អាគន្តុកទាន គួរទទួលទក្ខិណាទាន គួរដល់អញ្ជលិកម្ម ជាបុញ្ញក្ខេត្តប្រសើរបំផុត របស់សត្វលោក។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា បើអ្នកទាំងឡាយ រឭកនូវសង្ឃ សេចក្តីខ្លាច សេចក្តីរន្ធត់ ឬសេចក្តីព្រឺរោម ណា នឹងកើតឡើង សេចក្តីខ្លាច ជាដើម​នោះ មុខជានឹងស្ងប់រម្ងាប់ទៅបាន សេចក្តីនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា តថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ មិនខ្លាច មិនរន្ធត់ មិនតក់ស្លុត មិនរត់ចេញទេ។

[៣៤៥] ព្រះមានព្រះភាគ បានត្រាស់ព្រះពុទ្ធដីកានេះ លុះព្រះសុគត ត្រាស់​នូវព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទ្រង់ត្រាស់​ព្រះពុទ្ធដីកានេះ តទៅទៀតថា

ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា នៅក្នុងព្រៃ ឬទៀប​គល់ឈើ ឬក្នុងផ្ទះស្ងាត់ គប្បី​រឭក​រឿយៗ នូវព្រះសម្ពុទ្ធ ភ័យនឹងមិនមានដល់ពួកអ្នកទេ បើអ្នកទាំងឡាយ មិនបានរលឹកនូវព្រះពុទ្ធ ដែលជាធំបំផុតក្នុងលោក ជានរៈ​អង់អាចទេ គប្បី​រឭកធម៌ ជាធម៌ស្រោចស្រង់សត្វ ដែលតថាគតសំដែង​ល្អហើយ បើ​អ្នកទាំងឡាយ មិនបានរឭកធម៌ ជាធម៌ស្រោចស្រង់​សត្វ ដែលតថាគត សំដែង​ល្អហើយទេ គប្បី​រឭកសង្ឃ ជាបុញ្ញក្ខេត្តប្រសើរបំផុត (របស់សត្វលោកចុះ)។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នករាល់គ្នា រឭកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃយ៉ាងនេះ ភ័យក្តី សេចក្តីរន្ធត់ក្តី សេចក្តីព្រឺរោមក្តី នឹងមិនមានឡើយ។

វេបចិត្តិសូត្រ ទី៤

[៣៤៦] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។បេ។

[៣៤៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿង​ធ្លាប់មានមកថា សង្គ្រាមទេវតា និង អសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង អសុរិន្ទ ឈ្មោះ វេបចិត្តិ បានហៅពួក​អសុរមកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើសង្គ្រាម​ពួកទេវតា និងអសុរចួបប្រទះគ្នាហើយ ពួកអសុរ​ឈ្នះ ពួកទេវតាចាញ់ ពួកអ្នកត្រូវចងសក្កទេវានមិន្ទនោះ ដោយចំណងទាំងឡាយ មាន​ចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់អសុរបូរី ក្នុងសំណាក់​របស់ខ្ញុំ។ ម្នាលភិក្ខុទាំងឡាយ ឯសក្កទេវានមិន្ទ ក៏បានហៅពួក​ទេវតា ក្នុងឋានតាវត្តិង្ស មកថា ម្នាលពួកអ្នកនិទ៌ុក្ខ កាលបើ សង្គ្រាម​ទេវតា និងអសុរ ចួបប្រទះគ្នាហើយ បើពួកទេវតា​ឈ្នះ ពួកអសុរចាញ់ ពួកអ្នកត្រូវចង វេបចិត្តិអសុរិន្ទ នោះ ដោយចំណងទាំងឡាយ មាន​ចំណងក ជាគំរប់ប្រាំ ហើយនាំមកកាន់សុធម្មសភា ក្នុងសំណាក់​របស់យើង។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះ ពួកទេវតាឈ្នះ ពួកអសុរចាញ់។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកទេវតាក្នុងឋានតាវត្តិង្ស ចងវេបចិត្តិអសុរិន្ទ ដោយ​ចំណងទាំងឡាយ មានចំណង​ក ជាគំរប់ប្រាំ ហើយនាំមកកាន់​សុធម្មសភា ក្នុង​សំណាក់​សក្កទេវានមិន្ទ។

[៣៤៨] ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ បានឮថា វេបចិត្តិអសុរិន្ទ ដែលត្រូវ​ពួកទេវតាចង ដោយចំណង មានចំណងក ជាគំរប់ប្រាំ ក៏ស្រែកជេរ​ផ្តាសា​សក្កទេវានមិន្ទ ដែលស្តេចចូលមកកាន់​សុធម្មសភា ទាំងស្តេចចេញមកវិញ ដោយ​វាចា ជាអសប្បុរស ដ៏អាក្រក់។

[៣៤៩] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង មាតលិសង្គាហកទេវបុត្ត បាន​និយាយនឹងសក្កទេវានមិន្ទ ដោយគាថាថា

បពិត្រមឃវសក្កទេវរាជ ព្រះអង្គឮវាចាអាក្រក់ របស់វេបចិត្តិអសុរិន្ទ ក្នុងទី​ចំពោះព្រះភក្ត្រហើយ ទ្រង់អត់ធ្មត់បាន តើព្រោះទ្រង់ខ្លាច ឬព្រោះទ្រង់មានកំឡាំង​ខ្សោយ។

[៣៥០] សក្កទេវរាជត្រាស់ថា ខ្ញុំឮវាចារបស់វេបចិត្តិអសុរិន្ទហើយ អត់ធ្មត់បាន មិនមែនព្រោះខ្លាច មិនមែនព្រោះមានកំឡាំង​ខ្សោយទេ តាមពិត អ្នក​យល់ការណ៍ច្បាស់ ប្រហែលយ៉ាងខ្ញុំ ដូចម្តេចនឹង​តបត ជាមួយ​បុគ្គលពាល។

[៣៥១] មា. បើព្រះអង្គមិនឃាត់ហាមបុគ្គលពាលទេ ពួកពាល នឹង​រឹង​រឹត​តែឈ្លានពានឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវហាម​ប្រាមបុគ្គល​ពាល ដោយអាជ្ញាដ៏​ខ្លាំង។

[៣៥២] ស. អ្នកណាប្រកបដោយសតិ ដឹងថាអ្នកដទៃកំពុងក្រោធ ហើយទ្រាំ​អត់បាន ខ្ញុំសំគាល់​នូវអ្នកនុ៎ះឯងថា ជាអ្នកឃាត់ហាមបុគ្គលពាល។

[៣៥៣] មា. បពិត្រវាសវៈ ខ្ញុំយល់ឃើញថា ការអត់ធន់នេះឯង ជាទោសវិញ​ទេ (ព្រោះថា) បុគ្គលពាល រមែង​សំគាល់អ្នកអត់ធន់នោះថា អ្នកនេះអត់ធន់ ព្រោះ​ខ្លាច​អញ ហេតុនោះ បានជាអ្នកឥតប្រាជ្ញា រមែងសង្កត់សង្កិនគេ ដូចជាគោ ព្រួត​សង្កត់​សង្កិនគោចាញ់ ដែលបោលទៅ។

[៣៥៤] ស. បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តី ថា អ្នកនេះអត់ធន់​បាន ព្រោះខ្លាចអញ ក៏តាមការណ៍ចុះ តែថា ប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួន​ជាសំខាន់ ប្រយោជន៍អ្វី ឲ្យក្រៃលែងជាខន្តី មិនមានទេ អ្នកណាមានកំឡាំង ជាអ្នក​ស្ងប់ ហើយអត់ឱន ចំពោះបុគ្គលមានកំឡាំងខ្សោយ បណ្ឌិតទាំងឡាយ សរសើរ​បុគ្គល​នោះថា មានសេចក្តីអត់ទ្រាំ ដ៏ក្រៃលែង ព្រោះថា បុគ្គល​មានកំឡាំង​ថយ តែង​អត់ឱនជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំង​ពាល បណ្ឌិតទាំងឡាយ ហៅកំឡាំង​ជននោះថា មិនមែនជាកំឡាំងទេ បុគ្គលជាអ្នក​តិះដៀលជនមានកំឡាំង ជាអ្នក​គ្រប់គ្រង់ធម៌ មិនមានទេ អ្នកណាខឹងតបនឹងបុគ្គលអ្នកខឹង សេចក្តីអាក្រក់ រមែង​មានដល់អ្នកនោះឯង ព្រោះសេចក្តីខឹងតបនោះ បុគ្គលអ្នកមិនខឹងតបនឹងបុគ្គល​អ្នកខឹង ឈ្មោះថា ឈ្នះនូវសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គលណាមានស្មារតី ដឹងថាបុគ្គលដទៃខឹង ហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថា ប្រព្រឹត្តនូវ​ប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាលជនទាំងពីរខាង គឺ​ខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់ថា គេល្ងង់ (ពួក​ជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។

[៣៥៥] ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងសក្កទេវានមិន្ទនោះ ទ្រង់​សោយផល​បុណ្យរបស់ខ្លួន សោយរាជ្យ ជាឥស្សរាធិបតី លើទេវតាទាំងឡាយ ក្នុង​ឋាន​តាវត្តិង្ស ម្តេចគង់សរសើរគុណ សេចក្តីអត់ទ្រាំ និងសេចក្តីស្លូត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវញុំាងហេតុនោះ ឲ្យល្អក្នុងសាសនានេះចុះ ព្រោះថា អ្នកទាំងឡាយ បួសក្នុងធម្មវិន័យ ដែលតថាគតសំដែងហើយ ដោយប្រពៃ​យ៉ាងនេះ គួរតែ​ជាអ្នកអត់ធន់ផង ស្លូតបូតផង។

សុភាសិតជយសូត្រ ទី៥

[៣៥៦]  សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៥៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿង​ធ្លាប់​មានមកថា សង្គ្រាម​ទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទបាននិយាយនឹងសក្កទេវានមិន្ទយ៉ាងនេះថា នែទេវានមិន្ទ ជ័យ​ជំនះចូរមានដោយសុភាសិតចុះ។ សក្កទេវរាជតបថា ម្នាលវេបចិត្តិ ជ័យជំនះ ចូរ​មានដោយសុភាសិតចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកទេវតា និងពួក​អសុរ បានតាំងពួក​បរិស័ទ (ជាសាក្សី) ថា ពួកបរិស័ទទាំងនេះ នឹងដឹងច្បាស់ នូវសុភាសិត ឬទុព្ភាសិតរបស់យើង។ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលនោះ វេបចិត្តិ​អសុរិន្ទ បាននិយាយ​នឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ ចូរអ្នកពោលគាថា​ចុះ។ ម្នាលភិក្ខុទាំងឡាយ កាលវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បាននិយាយ​នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា នែវេបចិត្តិ ពួកអ្នកជាទេវតា កើតមុនក្នុងឋាននេះ នែវេបចិត្តិ ចូរអ្នកពោលគាថាមុនចុះ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ​យ៉ាង​នេះហើយ វេបចិត្តិអសុរិន្ទ បានពោល​គាថានេះថា

បើបុគ្គល​មិនឃាត់ហាមជនពាលទេ ពួកជនពាល នឹងរឹងរឹតតែឈ្លានពាន​ឡើង ហេតុនោះ អ្នកប្រាជ្ញត្រូវឃាត់ហាមជនពាល ដោយអាជ្ញាដ៏ខ្លាំង។ ម្នាលភិក្ខុទាំងឡាយ ពួកអសុរ សប្បាយ​រីករាយនឹងគាថា ដែលវេបចិត្តិអសុរិន្ទ បាន​ពោលហើយ តែពួក​ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹងសក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកឯង​ចូរ​ពោលគាថាចុះ។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះ​ហើយ សក្កទេវានមិន្ទ បានពោលគាថានេះថា

អ្នកណាមានស្មារតី ដឹងថា អ្នកដទៃក្រោធ ហើយទ្រាំអត់បាន ខ្ញុំសំគាល់​អ្នក​នុ៎ះឯង ថាជាអ្នកឃាត់ហាមបុគ្គលពាល។

ម្នាលភិក្ខុទាំងឡាយ ពួកទេវតា សប្បាយរីករាយនឹងគាថា ដែលសក្កទេវានមិន្ទពោលហើយ តែពួកអសុរនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទបានពោល នឹងវេបចិត្តិអសុរិន្ទ យ៉ាងនេះថា ម្នាលវេបចិត្តិ អ្នកចូរពោលគាថាចុះ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ និយាយ​យ៉ាងនេះហើយ វេបចិត្តិអសុរិន្ទ បានពោលគាថានេះថា

នែវាសវៈ ខ្ញុំយល់ឃើញថា សេចក្តីអត់ធន់នុ៎ះឯង ជាទោសវិញទេ ដ្បិត​បុគ្គល​ពាល តែងសំគាល់អ្នកអត់ធន់នោះថា

អ្នកនេះអត់ធន់ ព្រោះតែខ្លាចអញ ហេតុនោះ បានជាបុគ្គលឥតប្រាជ្ញា រឹងរឹត​តែសង្កត់សង្កិនគេ ដូចជា​គោព្រួតសង្កត់សង្កិនគោដែលចាញ់ ​បោលទៅ។

ម្នាលភិក្ខុទាំងឡាយ ពួកអសុរសប្បាយរីករាយ នឹងគាថា ដែលវេបចិត្តិអសុរិន្ទពោល​ហើយ តែពួក​ទេវតានៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង វេបចិត្តិអសុរិន្ទ​បានពោលនឹង​សក្កទេវានមិន្ទ យ៉ាងនេះថា នែទេវានមិន្ទ អ្នកចូរពោលគាថាចុះ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ កាលបើវេបចិត្តិអសុរិន្ទ និយាយយ៉ាងនេះហើយ សក្កទេវានមិន្ទ បានពោលគាថាទាំងឡាយនេះថា

បុគ្គលពាលចង់សំគាល់ក្តី មិនសំគាល់ក្តីថា អ្នកនេះអត់ធន់ព្រោះតែខ្លាច​អញ ក៏តាមការណ៍ចុះ តែថាប្រយោជន៍ទាំងឡាយ មានប្រយោជន៍ខ្លួនជាសំខាន់ ប្រយោជន៍​អ្វីឲ្យក្រៃលែងជាងខន្តិ មិនមានទេ ជនណាមានកំឡាំង ជាអ្នកស្ងប់ ហើយអត់ឱន ចំពោះ​បុគ្គល​មានកំឡាំង​ខ្សោយ បណ្ឌិតទាំងឡាយ សរសើរជន​នោះ ថាជាអ្នកមានសេចក្តីអត់ទ្រាំដ៏ក្រៃលែង ព្រោះថា បុគ្គលមានកំឡាំងថយ តែង​អត់សង្កត់​ជានិច្ច កំឡាំងរបស់ជនណា ជាកំឡាំងពាល បណ្ឌិតទាំងឡាយ ពោល​សំដៅ​កំឡាំង​ជននោះថា មិនមែនជាកំឡាំងទេ ជនអ្នកតិះដៀល ចំពោះបុគ្គល​អ្នក​មានកំឡាំង ជាអ្នកមានធម៌គ្រប់គ្រង មិនមានទេ អ្នកណាខឹងតបនឹងបុគ្គល​អ្នកខឹង សេចក្តីអាក្រក់ រមែង​មានដល់អ្នកនោះឯង ព្រោះសេចក្តី​ខឹងតបនោះ ឯបុគ្គល​អ្នក​មិនខឹងតបនឹងបុគ្គលអ្នកខឹង ឈ្មោះថា ឈ្នះសង្គ្រាម ដែលឈ្នះបានដោយកម្រ បុគ្គល​ណាមានស្មារតី ដឹងថា បុគ្គលដទៃ​ខឹង ហើយទ្រាំអត់បាន (បុគ្គលនោះ) ឈ្មោះថា ប្រព្រឹត្តនូវប្រយោជន៍ ដល់ជនទាំងពីរខាង គឺខ្លួនឯង១ អ្នកដទៃ១ កាល​ជន​ទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ កំពុងសះជានឹងគ្នា ពួកជនណាសំគាល់​ថាគេល្ងង់ (ពួកជននោះ) ឈ្មោះថា មិនយល់ធម៌ច្បាស់ទេ។

ម្នាលភិក្ខុទាំងឡាយ កាលបើសក្កទេវានមិន្ទ ពោលគាថាទាំងឡាយហើយ ពួក​ទេវតាក៏អនុមោទនា តែពួកអសុរនៅស្ងៀម។

[៣៦២] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកបរិស័ទរបស់ទេវតា និង​អសុរ បាននិយាយគ្នា យ៉ាងនេះថា គាថាទាំងឡាយ ដែលវេបចិត្តិអសុរិន្ទ​ពោល​ហើយ គាថាទាំងនោះ សុទ្ធតែប្រកបដោយការធ្លាក់ចុះក្នុងអាជ្ញា ប្រកបដោយ​ការធ្លាក់ចុះក្នុងសស្ត្រា ឯសេចក្តី​ប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ សេចក្តីទាស់ទែង ក៏ព្រោះហេតុនេះ ការឈ្លោះ ក៏ព្រោះហេតុនេះ ចំណែក​គាថាទាំងឡាយ ដែល​សក្កទេវានមិន្ទ ពោល​ហើយនោះឯង ជាគាថា​មិនធ្លាក់​ក្នុងអាជ្ញា មិនធ្លាក់​ចុះក្នុង​សស្ត្រា ឯការមិនប្រកួតប្រកាន់ ក៏ព្រោះហេតុនេះ ការមិនទាស់ទែង ក៏ព្រោះហេតុ​នេះ ការមិនឈ្លោះ ក៏ព្រោះហេតុនេះ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសុភាសិត។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ មានជ័យជំនះ ដោយសារសុភាសិត ដូច្នេះឯង។

កុលាវកសូត្រ ទី៦

[៣៦៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿង​ធ្លាប់មានមកថា សង្គ្រាមនៃ​ទេវតា និងអសុរ បានប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសង្គ្រាមនោះឯង ពួក​អសុរ​មានជ័យជំនះ ពួកទេវតាបរាជ័យ។ ម្នាលភិក្ខុទាំងឡាយ ពួកទេវតា​ចាញ់​ហើយរត់ ឈមមុខទៅទិស​ខាងជើង ពួកអសុរក៏ដេញតាមពួកទេវតា​នោះៗ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ គ្រានោះ សក្កទេវានមិន្ទ បាននិយាយនឹង​មាតលិ​សង្គាហកទេវបុត្ត ដោយគាថា ថា

ម្នាលមាតលិ សម្បុក (នៃពួកគ្រុឌ) នៅលើ​ដើមរកា អ្នកចូរបំបែរ​មុខ​ចន្ទោល​រថចេញ ពួកយើង​ស៊ូលះជីវិត ចំពោះពួកអសុរដោយពិតចុះ កុំឲ្យ​តែពួកគ្រុឌ​ទាំងនេះ ខ្ចាត់ខ្ចាយពីសម្បុកឡើយ។

ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត បានទទួលព្រះបន្ទូល​សក្កទេវានមិន្ទថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាងនេះហើយ ក៏ញាក់ត្រឡប់​រថ​អាជានេយ្យ ដែលទឹមដោយសេះមួយពាន់។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកអសុរ ត្រិះរិះ​យ៉ាងនេះថា ឥឡូវនេះ សក្កទេវានមិន្ទ បត់រថអាជានេយ្យ ដែលទឹមដោយសេះមួយពាន់​មកវិញ​ហើយ ពួកទេវតានឹងតតាំង​ដោយពួកអសុរ ក្នុងលើកទី២ទៀត។ ពួកអសុរ​ក៏ភិតភ័យ រត់ទៅកាន់អសុរបូរីវិញ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានជ័យជំនះ​នេះ​ដោយធម៌ ដូច្នេះឯង។

នទុព្ភិយសូត្រ ទី៧

[៣៦៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿង​ធ្លាប់មានមកហើយថា សក្កទេវានមិន្ទ ទៅរកទីស្ងាត់ ពួនសម្ងំ ហើយកើតសេចក្តី​ត្រិះរិះ ក្នុងចិត្ត​យ៉ាង​នេះថា បុគ្គលណាជាសត្រូវ​នឹងអាត្មាអញ អាត្មាអញ មិនត្រូវប្រទូស្ត​ដល់សត្រូវ​នោះទេ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ ដឹងនូវ​ការត្រិះរិះ ក្នុងចិត្ត​របស់​ សក្កទេវានមិន្ទ ដោយចិត្តហើយ ក៏ចូលទៅរកសក្កទេវានមិន្ទ។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទបានឃើញ​វេបចិត្តិអសុរិន្ទ កំពុង​តែដើរមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏និយាយនឹងវេបចិត្តិអសុរិន្ទ យ៉ាង​នេះថា ម្នាលវេបចិត្តិ អ្នកចូរឈប់ អ្នកឯងត្រូវ​យើងចាប់។ វេបចិត្តិអសុរិន្ទពោលថា បពិត្រ​លោក​អ្នកនិទ៌ុក្ខ ចិត្តណារបស់លោក មានក្នុងកាលមុន បពិត្រលោកអ្នកនិទ៌ុក្ខ លោក​លះបង់ នូវចិត្តនោះហើយឬ។ សក្កទេវរាជត្រាស់ថា ម្នាលវេបចិត្តិ អ្នកឯង​ចូរស្បថ ដើម្បី​កុំឲ្យប្រទូស្តដល់យើងទៀតឡើយ។

[៣៦៨] បាបណា របស់អ្នកពោលនូវពាក្យមុសាវាទ បាបណា របស់​អ្នក​តិះដៀលព្រះអរិយៈ បាបណា របស់អ្នកទ្រុស្តមិត្ត បាបណា របស់បុគ្គល​អកតញ្ញូ បពិត្រ​ សុជម្បតិ អ្នកណា ប្រទូស្តដល់លោក បាបនោះៗ ចូរបានទៅអ្នកនោះវិញ​ចុះ។

វិរោចនអសុរិន្ទសូត្រ ទី៨

[៣៦៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់​គង់​សម្រាក​ក្នុងវេលាថ្ងៃ ទ្រង់សម្ងំ (ក្នុងសមាបត្តិ)។ គ្រានោះឯង សក្កទេវានមិន្ទ និង​វិរោចនអសុរិន្ទ បានចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ឈរ​ផ្អែក​នឹងសន្លឹកទ្វារម្ខាងម្នាក់។

[៣៧០] លំដាប់នោះឯង វិរោចនអសុរិន្ទ បានពោលគាថានេះ ក្នុង​សំណាក់​ព្រះមានព្រះភាគថា

បុគ្គលជាបុរស (កូនប្រុស) ត្រូវតែខំប្រឹងឲ្យទាល់តែសម្រេចប្រយោជន៍ ព្រោះថា បុគ្គលជាបុរសឈ្មោះថាជាប្រយោជន៍សម្រេចល្អហើយ នេះជា​ពាក្យ​របស់​វិរោចនអសុរិន្ទ។

[៣៧១] ព្រះមានព្រះភាគត្រាស់ថា បុគ្គលជាបុរស ត្រូវតែខំប្រឹង​ឲ្យទាល់​តែ​សម្រេចប្រយោជន៍ ប្រយោជន៍ទាំងឡាយ (របស់​បុរស) ឈ្មោះថា សម្រេចល្អហើយ ប៉ុន្តែ ប្រយោជន៍អ្វី ឲ្យក្រៃលែងជាជាងខន្តិ មិនមានទេ។

[៣៧២] វិរោចនអសុរិន្ទ តបថា ពួកសត្វទាំងអស់ មានប្រយោជន៍​សម្រេច​ហើយ តាមសមគួរដល់ការងារនោះៗ គ្រឿង​បរិភោគ របស់ពួកសត្វ​ទាំងអស់ មាន​ការផ្សំ ត្រូវទុកជាសំខាន់បំផុត ប្រយោជន៍ទាំងឡាយ (របស់បុរស) ឈ្មោះថា​ សម្រេច​ល្អហើយ នេះជាពាក្យ​របស់វិរោចនអសុរិន្ទ។

[៣៧៣] ព្រះមានព្រះភាគត្រាស់ថា ពួកសត្វទាំងអស់ មានប្រយោជន៍​សម្រេច​ហើយ តាមសមគួរ​ដល់ការងារនោះៗ គ្រឿងបរិភោគ​របស់សព្វសត្វ មាន​ការផ្សំ ត្រូវទុកជាសំខាន់បំផុត ប្រយោជន៍ទាំងឡាយ (របស់​បុរស) ឈ្មោះថា សម្រេច​ល្អហើយ ប៉ុន្តែប្រយោជន៍អ្វី ឲ្យក្រៃលែងជាងខន្តិ មិនមានទេ។

អារញ្ញកសូត្រ ទី៩

[៣៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកថា ពួក​ឥសី​ច្រើនរូប ជាអ្នកមានសីល មានគុណធម៌ល្អ នៅអាស្រ័យក្នុងកុដិ ដែលប្រក់ដោយ​ស្លឹកឈើ ក្នុងដងព្រៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ និង​វេបចិត្តិ​អសុរិន្ទ ចូលទៅរកពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិ​អសុរិន្ទ ពាក់ស្បែក​ឃើង​ដ៏ក្រាស់ [ស្បែកជើងដ៏ក្រាស់តាំងពី៤ជាន់ឡើងទៅ។] សៀតនូវព្រះខ័ន បាំងឆត្រដើរចូលទៅកាន់អាស្រមតាមទ្វារដ៏ប្រសើរ ដើរ​ក្បែរពួកឥសីអ្នកមានសីល មានគុណធម៌ដ៏ល្អទាំងនោះ ចម្ងាយប្រមាណ​មួយព្យាម។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងសក្កទេវានមិន្ទ ដោះស្បែកជើងដ៏ក្រាស់ ប្រទានព្រះខ័ន ដល់ពួកទេវតាឯទៀត តែមិនដំឡោះឆត្រ ស្តេចចូលទៅកាន់​អាស្រម​តាមទ្វារខាង បានឈរធ្វើអញ្ជលិ នមស្ការពួកឥសី អ្នកមានសីល មានគុណធម៌ដ៏​ល្អ​ទាំង​នោះ ពីខាងក្រោមខ្យល់។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសីអ្នកមានសីល មានគុណធម៌​ដ៏ល្អទាំងនោះ បានពោលនឹង​សក្កទេវានមិន្ទ ដោយគាថា ថា

ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តនូវវត្តដ៏យូរ រមែងឃ្លាតចេញអំពីកាយ ផ្សាយ​ទៅតាមខ្យល់ បពិត្រ សហស្សនេត្រ សូមព្រះអង្គ ចៀសចេញពីទីនេះទៅ បពិត្រ​ទេវរាជ ព្រោះក្លិនរបស់ពួកឥសី មិនស្អាតទេ។

[៣៧៧] ក្លិនរបស់ពួកឥសី អ្នកប្រព្រឹត្តវត្ត អស់កាលដ៏យូរ រមែងធុំចេញអំពីកាយ ផ្សាយ​ទៅតាមខ្យល់ (ក៏ពិតមែន) បពិត្រលោកដ៏ចំរើន តែថា យើងខ្ញុំប្រាថ្នាតែក្លិននុ៎ះ ដូចជាបុគ្គលត្រូវការកម្រងផ្កា ជាផ្កាដ៏វិចិត្រ ដាក់លើក្បាល ពួកទេវតា មិនសំគាល់​ក្នុងការខ្ពើម​រអើម ក្នុងក្លិននេះទេ។

សមុទ្ទកសូត្រ ទី១០

[៣៧៨] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៧៩] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រឿង​ធ្លាប់មានមកថា ពួកឥសីច្រើនរូប ជាអ្នកមានសីល មានគុណធម៌ដ៏ល្អ នៅអាស្រ័យ​ក្នុង​កុដិប្រក់ស្លឹក ទៀបឆ្នេរសមុទ្រ។ ម្នាលភិក្ខុទាំងឡាយ ក៏សម័យនោះឯង សង្គ្រាម​ទេវតា និងអសុរ ប្រទល់គ្នាហើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកឥសី​អ្នក​មាន​សីល មានគុណធម៌ដ៏ល្អទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួក​ទេវតា ប្រកបដោយធម៌ ពួកអសុរ មិនប្រកបដោយធម៌ទេ ភ័យអំពី​ពួកអសុរនោះ សមជា​នឹង​មានដល់ពួកយើង ជាប្រាកដ បើដូច្នោះ មានតែពួកយើង ត្រូវចូលទៅរក សម្ពរអសុរិន្ទ ហើយសូមនូវអភយទាន។

[៣៨០] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសី​អ្នក​មាន​សីល មានគុណធម៌ដ៏ល្អទាំងនោះ ក៏បាត់​អំពីកុដិប្រក់ដោយស្លឹក ទៀបឆ្នេរនៃសមុទ្រ ទៅ​ប្រាកដក្នុងទីចំពោះមុខ សម្ពរអសុរិន្ទ ដូចជាបុរសមានកំឡាំង លានូវដៃដែលបត់ ឬបត់​នូវដៃ ដែលលា ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ទើបពួកឥសី​អ្នក​មាន​សីល មានគុណធម៌ដ៏ល្អទាំងនោះ បាននិយាយ​នឹងសម្ពរអសុរិន្ទ ដោយគាថា ថា

លោកអាចឲ្យភ័យក៏បាន ឲ្យអភ័យក៏បាន បានជាពួកឥសីមកសូមអភយទាន អំពីសំណាក់​សម្ពរអសុរិន្ទ។

[៣៨១] សម្ពរអសុរិន្ទ តបថា អភ័យ មិនមានដល់ពួកឥសី អ្នកកាចអាក្រក់ ជា​អ្នកសេពគប់នឹងសក្កទេវរាជ កាលបើពួកឥសី សូមអភ័យ ខ្ញុំត្រឡប់​ឲ្យភ័យ​ដល់​ពួក​លោកវិញ។

[៣៨២] ពួកឥសីតបថា កាលបើយើងសូមអភ័យ អ្នកបែរជាឲ្យភ័យដល់​យើងវិញ យើងទទួលយកអភ័យតែម្យ៉ាងអំពីអ្នក ភ័យចូរមានដល់អ្នកចុះ គេបាន​ពូជ​បែបណា គេបានផល​បែបនោះដែរ អ្នកធ្វើល្អ រមែងបានផលល្អ អ្នកធ្វើអាក្រក់ រមែង​បានផលអាក្រក់ ម្នាលអ្នក ពូជដែលអ្នកព្រោះហើយ អ្នកនឹងទទួលផលមិនខាន​ឡើយ។

ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពួកឥសី​អ្នក​មាន​សីល មានគុណធម៌ដ៏ល្អទាំងនោះ បានផ្តាសាសម្ពរអសុរិន្ទហើយ ក៏បាត់​អំពីទីចំពោះ​មុខ​សម្ពរអសុរិន្ទ មកប្រាកដ​ក្នុងកុដិប្រក់ដោយស្លឹក ទៀបឆ្នេរសមុទ្រវិញ ដូចជាបុរស មាន​កំឡាំង លាដៃដែលបត់ ឬបត់ដៃដែលលា ដូច្នោះឯង។

[៣៨៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សម្ពរអសុរិន្ទ ត្រូវពួកឥសី​អ្នក​មាន​សីល មានគុណធម៌ដ៏ល្អទាំងនោះ បានផ្តាសាហើយ ក៏តែងតែភ្ញាក់ក្នុងរាត្រី អស់​វារៈ​៣ដង។

ចប់ សុវីរវគ្គ ទី១។

ឧទ្ទាននៃសុវីរវគ្គនោះគឺ

សុវីរសូត្រ ១ សុសិមសូត្រ ១ ធជគ្គសូត្រ ១ វេបចិត្តិសូត្រ ១ សុភាសិតជយសូត្រ ១ កុលាវកសូត្រ ១ នទុព្ភិយសូត្រ ១ វិរោចនអសុរិន្ទសូត្រ ១ ពួកឥសី​ក្នុងអរញ្ញកសូត្រ ១ ពួកឥសីក្នុងសមុទ្ទកសូត្រ ១។

ទេវវគ្គ

បឋមទេវសូត្រ ទី១

[៣៨៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង។បេ។

[៣៨៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ  សក្កទេវានមិន្ទ កាលកើតជាមនុស្សក្នុងជាតិមុន បានសមាទានរក្សា វត្តបទ ទាំង៧​ប្រការ​បរិបូណ៌ ព្រោះតែបានសមាទាន វត្តបទទាំង៧ប្រការ នោះ បានជាសក្កទេវរាជ បានដល់នូវ​ភាពនៃខ្លួនជាសក្កៈ។ វត្តបទ ទាំង៧ប្រការ តើដូចម្តេចខ្លះ។ គឺសក្កទេវរាជ បានសមាទានថា អាត្មាអញ ត្រូវជាអ្នកចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវគោរព​បុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត១ មិនត្រូវ​មានវាចាញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្ត​ប្រាសចាកសេចក្តី​កំណាញ់​ជាមន្ទិល មានទានបរិច្ចាគហើយ មានដៃលាង (ចាំស្មូម) ហើយ ត្រេកអរ​ក្នុងការ​លះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក នៅគ្រប់គ្រង​ផ្ទះ​អស់មួយជីវិត១ ត្រូវមានសំដីទៀងទាត់ អស់មួយជីវិត១ មិនត្រូវមានសេចក្តីក្រោធ បើ​ទុកជា​សេចក្តីក្រោធកើតឡើង ដល់អាត្មាអញ អាត្មាអញត្រូវតែប្រញាប់​បន្ទោបង់ នូវ​សេចក្តីក្រោធនោះចេញ អស់មួយជីវិត១។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើត​ជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះឯង បរិបូណ៌ ព្រោះតែសមាទានវត្តបទទាំង៧ប្រការនេះ ទើប​សក្កទេវរាជ បានដល់នូវ​ភាពនៃខ្លួនជាសក្កៈ។

[៣៨៦] ព្រះមានព្រះភាគ បានត្រាស់សូត្រនេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់សូត្រនេះរួចហើយ ទើបត្រាស់​គាថាពន្ធនេះ តទៅទៀតថា

ពួកទេវតានៅឋានតាវត្តិង្ស បានហៅជនអ្នកចិញ្ចឹមមាតាបិតា អ្នកកោតក្រែង​បុគ្គលជាច្បង ក្នុងត្រកូល មានវាចាល្អិតទន់ និយាយតែពាក្យផ្អែមល្ហែម លះបង់​ពាក្យ​ញុះញង់ ប្រកបក្នុងការលះបង់​សេចក្តីកំណាញ់ មានសំដីទៀងទាត់ ជាជនគ្របសង្កត់​សេចក្តីក្រោធនោះឯង ថាជា សប្បុរស ។

ទុតិយទេវសូត្រ ទី២

[៣៨៧] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយ។បេ។

[៣៨៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ  សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមាណពឈ្មោះ មឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុង​ជាតិមុន បានឲ្យទានមុនគេ ហេតុនោះ បានជាគេហៅថា បុរិន្ទទៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុង​ជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជាគេហៅថា សក្កៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុង​ជាតិមុន បានឲ្យទីសម្រាប់សំណាក់ ព្រោះហេតុនោះ បានជាគេហៅថា វាសវៈ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ គិតឃើញ​ហេតុ សូម្បីទាំងពាន់ ដោយមួយរំពេចបាន ហេតុនោះ បានជាគេហៅថា សហស្សក្ខៈ ។ ម្នាលភិក្ខុទាំងឡាយ អសុរកញ្ញា ឈ្មោះនាង សុជា ជាមហេសី​របស់​សក្កទេវានមិន្ទ ហេតុនោះ បានជាគេហៅថា សុជម្បតិ ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បានសោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវតាជាន់តាវត្តិង្ស ហេតុនោះ បានជាគេហៅថា ទេវានមិន្ទ។

[៣៨៩] ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុង​ជាតិមុន បានសមាទានវត្តបទទាំង៧ប្រការបរិបូណ៌ ព្រោះហេតុតែបាន​សមាទានវត្តបទ ទាំង៧ប្រការនោះ បានជាសក្កទេវរាជ បានដល់ថាសក្កៈ។ វត្តបទទាំង៧ប្រការ តើដូចម្តេចខ្លះ។ (សក្កទេវរាជ បានសមាទាន) ថា អាត្មាអញ ត្រូវចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវគោរព​បុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានពាក្យ​ល្អិតទន់ អស់មួយជីវិត១ ត្រូវ​មានវាចាមិនញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្ត​ប្រាសចាកសេចក្តី​កំណាញ់​ជាមន្ទិល ជាអ្នកចែករំលែកនូវទាន ជាអ្នកលាងដៃដើម្បី​ឲ្យទាន ជាអ្នកត្រេកអរ​ ក្នុងការ​លះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក ហើយនៅគ្រប់គ្រង​ផ្ទះ​ អស់មួយជីវិត១ ត្រូវមានវាចាទៀងទាត់ អស់មួយជីវិត១ មិនត្រូវមានសេចក្តីក្រោធ បើ​ទុកជា​សេចក្តីក្រោធ កើតឡើង ដល់អាត្មាអញ ត្រូវតែអាត្មាអញបន្ទោបង់​សេចក្តីក្រោធនោះមួយរំពេច អស់មួយជីវិត១។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ កាលកើត​ជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុតែបានសមាទាន វត្តបទ ទាំង៧ប្រការនោះ ទើប​សក្កទេវរាជ បានដល់នូវ​ភាពនៃខ្លួនជាសក្កៈ។

[៣៩០] ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះហើយ។បេ។ ពួកទេវតានៅ​ឋាន​តាវត្តិង្ស បានហៅបុគ្គលអ្នកចិញ្ចឹមមាតាបិតា អ្នកកោតក្រែង​ ចំពោះបុគ្គល​ជាច្បង ក្នុងត្រកូល មានវាចាល្អិតទន់ និយាយពាក្យផ្អែមល្ហែម លះបង់​ពាក្យ​ញុះញង់ ប្រកបតែក្នុងការកំចាត់បង់​សេចក្តីកំណាញ់ មានសំដីទៀង ជាជនគ្របសង្កត់​សេចក្តីក្រោធនោះឯង ថាជា សប្បុរស ។

តតិយទេវសូត្រ ទី៣

[៣៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ លំដាប់នោះឯង ស្តេច​លិច្ឆវី ព្រះនាម​ មហលី បានចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះ​ស្តេច​លិច្ឆវីព្រះនាម មហលី គង់ក្នុងទីសមគួរហើយ ទើបក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទ្រង់បានឃើញសក្កទេវានមិន្ទដែរឬ។ បពិត្រមហលី តថាគត បានឃើញសក្កទេវានមិន្ទដែរ។ បពិត្រព្រះអង្គដ៏ចំរើន ក្រែង​សក្កទេវានមិន្ទ គ្រាន់តែជារូបប្រៀប របស់សក្កៈទេដឹង បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា សក្កទេវានមិន្ទ គេមិនងាយ​នឹងឃើញទេ។

[៣៩២] ព្រះមានព្រះភាគត្រាស់ថា បពិត្រមហលី តថាគត ស្គាល់ច្បាស់នូវ​សក្កទេវរាជ ផង នូវធម៌ធ្វើសត្វ​ឲ្យបានជាសក្កៈផង មួយទៀត សក្កទេវរាជ បានដល់​នូវ​ភាវៈនៃខ្លួនជាសក្កៈ ព្រោះតែសមាទានធម៌ណា តថាគត ក៏ដឹងច្បាស់ធម៌​នោះផង។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន ជា​មាណពឈ្មោះ មឃៈ ហេតុនោះ បានជាគេហៅថា មឃវៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុង​ជាតិមុន បានឲ្យទានមុនគេ ហេតុនោះ បានជាគេហៅថា បុរិន្ទទៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុង​ជាតិមុន បានឲ្យទានដោយគោរព ហេតុនោះ បានជាគេហៅថា សក្កៈ ។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុង​ជាតិមុន បានឲ្យទីសម្រាប់សំណាក់ ហេតុនោះ បានជាគេហៅថា វាសវៈ ។ បពិត្រមហលី សក្កទេវានមិន្ទ គិតឃើញ​ហេតុ សូម្បីទាំងពាន់ ដោយមួយរំពេចបាន ហេតុនោះ បានជាគេហៅថា សហស្សក្ខៈ ។ បពិត្រមហលី អសុរកញ្ញា ឈ្មោះនាង សុជា ជាមហេសី​នៃ​សក្កទេវានមិន្ទ ហេតុនោះ បានជាគេហៅថា សុជម្បតិ ។ បពិត្រមហលី សក្កទេវានមិន្ទ សោយរាជ្យ ជាឥស្សរាធិបតី លើពួកទេវតាជាន់តាវត្តិង្ស ហេតុនោះ បានជាគេហៅថា ទេវានមិន្ទ។

[៣៩៣] បពិត្រមហលី សក្កទេវានមិន្ទ កាលកើតជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧​ប្រការ ដ៏​បរិបូណ៌ ព្រោះហេតុតែសមាទាន វត្តបទ ទាំង៧ប្រការនោះ បានជាសក្កទេវរាជ បានដល់នូវ​ភាវៈនៃខ្លួនជាសក្កៈ។ វត្តបទ ទាំង៧ប្រការនោះ តើដូចម្តេច។ (សក្កទេវរាជ បានសមាទាន) ថា អាត្មាអញ ត្រូវចិញ្ចឹមមាតាបិតា អស់មួយជីវិត១ ត្រូវកោតក្រែង​បុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត១ ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត១ មិនត្រូវ​មានវាចាញុះញង់ អស់មួយជីវិត១ ត្រូវមានចិត្ត​ប្រាសចាកសេចក្តី​កំណាញ់​ជាមន្ទិល ជាអ្នកមានការបរិច្ចាគរួសរាន់ មានដៃលាងហើយ ដើម្បីនឹងឲ្យនូវទាន ត្រេកអរ​ក្នុងការ​លះបង់ ជាអ្នកគួរគេសូមទានបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែកទាន ហើយនៅគ្រប់គ្រង​ផ្ទះ ​អស់មួយជីវិត១ ត្រូវមានវាចាទៀងទាត់ អស់មួយជីវិត១ មិនត្រូវមានសេចក្តីក្រោធ បើ​ទុកជា​សេចក្តីក្រោធកើតឡើង ដល់អាត្មាអញ អាត្មាអញ ត្រូវ​បន្ទោបង់ នូវ​សេចក្តីក្រោធនោះមួយរំពេច អស់មួយជីវិត១។ បពិត្រមហលី សក្កទេវានមិន្ទ កាលកើត​ជាមនុស្ស ក្នុងជាតិមុន បានសមាទានវត្តបទ ទាំង៧ប្រការនេះបរិបូណ៌ ព្រោះហេតុតែសមាទានវត្តបទ ទាំង៧ប្រការនេះ ទើប​សក្កទេវរាជ បានដល់នូវ​ភាពនៃខ្លួនជាសក្កៈ។

[៣៩៤] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា។បេ។ ពួកទេវតា នៅឋាន​តាវត្តិង្ស បានហៅជនអ្នកចិញ្ចឹមមាតាបិតា គោរពកោតក្រែងបុគ្គលជាច្បង ក្នុង​ត្រកូល មានវាចាល្អិតទន់ និយាយ​សំដីផ្អែមល្ហែម លះបង់ពាក្យញុះញង់ ប្រកប​តែ​ក្នុងការកំចាត់បង់សេចក្តីកំណាញ់ មានវាចាទៀងទាត់ ជាជន​គ្របសង្កត់​សេចក្តី​ក្រោធ​នោះឯង ថាជាសប្បុរស។

ទឡិទ្ទសូត្រ ទី៤

[៣៩៥] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទក​និវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅពួក​ភិក្ខុ​ថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ​ថា ព្រះករុណាព្រះអង្គ។

[៣៩៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាល​ពីព្រេងនាយ មានបុរសម្នាក់ នៅក្នុងក្រុងរាជគ្រឹះនេះឯង ជាមនុស្សកំសត់ មនុស្ស​កំព្រា ជាមនុស្ស​ថោកទាប។ បុរសនោះបានសមាទានសទ្ធា សមាទានសីលៈ សមាទាន​សុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែល​ព្រះតថាគត​បាន​សំដែង​ហើយ។ លុះបុរសនោះសមាទានសទ្ធា សមាទានសីលៈ សមាទាន​សុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែល​ព្រះតថាគត​សំដែង​ហើយ បែក​ធ្លាយរាងកាយស្លាប់ទៅ បានទៅកើត​ក្នុងសុគតិ សួគ៌ ទេវលោក ជាមួយនឹងពួក​ទេវតាជាន់តាវត្តិង្ស។ ទេវបុត្រនោះ មានសម្បុរ និងយសរុងរឿង លើសជាង​ពួកទេវតាដទៃ។

[៣៩៧] ម្នាលភិក្ខុទាំងឡាយ បានឮមកក្នុងរឿងនោះថា ពួកទេវតាជាន់​តាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ ព្រោះថា ទេវបុត្តនេះ កាលកើតជាមនុស្ស ក្នុងជាតិមុន ជាមនុស្សកំសត់ ជាមនុស្ស​កំព្រា ជាមនុស្សថោកទាបសោះ បុរសនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ បាន​មក​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ទេវបុត្តនោះ មាន​សម្បុរ និងយសរុងរឿង លើសទេវតាដទៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ បានហៅពួកទេវតាជាន់តាវត្តិង្សមកថា ម្នាលពួកអ្នកនិទ៌ុក្ខ អ្នកទាំង​ឡាយ កុំពោលទោសទេវបុត្តនុ៎ះឡើយ ម្នាលពួកអ្នកនិទ៌ុក្ខ ទេវបុត្តនុ៎ះ កាលកើត​ជា​មនុស្ស បានសមាទានសទ្ធា សមាទានសីលៈ សមាទាន​សុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែល​ព្រះតថាគត​សំដែង​ហើយ លុះទេវបុត្តនោះ បាន​សមាទានសទ្ធា សមាទានសីលៈ សមាទាន​សុតៈ សមាទានចាគៈ សមាទានបញ្ញា ក្នុងធម៌វិន័យ ដែល​ព្រះតថាគត​សំដែង​ហើយ បែក​ធ្លាយរាងកាយស្លាប់ទៅ បានមកកើត​ក្នុងសុគតិ សួគ៌ ទេវលោក ជាមួយនឹងពួក​ទេវតាជាន់តាវត្តិង្ស បានជា​ទេវបុត្តនោះ មានសម្បុរ និងយសរុងរឿង ជាង​ពួកទេវតាឯទៀត។

[៣៩៨] ម្នាលភិក្ខុទាំងឡាយ កាលដែលសក្កទេវានមិន្ទ ពន្យល់ពួក​ទេវតា​ជាន់​តាវត្តិង្សហើយ បានពោលគាថាទាំងឡាយនេះ ក្នុងវេលានោះថា

សទ្ធារបស់បុគ្គលណា មិនកម្រើក បានតំកល់ដោយប្រពៃ ក្នុងព្រះតថាគត ទាំង​សីលរបស់បុគ្គលណាដ៏ល្អ ជាទីត្រេកអរនៃ​ព្រះអរិយៈ ដែលលោក​សរសើរ​ហើយ សេចក្តីជ្រះថ្លារបស់បុគ្គលណាមានក្នុងសង្ឃ ទាំងទស្សនៈ ក៏​ត្រឹមត្រូវ ពួកបណ្ឌិតហៅបុគ្គលនោះថា មិនមែនជាមនុស្សក្រខ្សត់ខ្សោយទេ ជីវិតរបស់អ្នកនោះ មិនមែនជាមោឃៈទេ ព្រោះហេតុនោះ បណ្ឌិតកាលបើ​នឹកនូវពាក្យប្រៀនប្រដៅ របស់​ព្រះពុទ្ធ គួរប្រកបរឿយៗ នូវសទ្ធាផង សីលផង សេចក្តីជ្រះថ្លាផង ការឃើញនូវធម៌ផង។

រាមណេយ្យកសូត្រ ទី៥

[៣៩៩] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​ឋិត​នៅក្នុងទីសមគួរ។ លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបទូល​សួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ទីដែលគួរត្រេកអរ តើ​ដូចម្តេច។

[៤០០] ព្រះមានព្រះភាគត្រាស់ថា អារាមដែលគេគោរព ព្រៃដែលគេគោរព ស្រះបោក្ខរណីដែលគេតាក់តែងល្អហើយ នៅមិនទាន់ដល់មួយចំណិត នៃទីដែល​មនុស្សគួរត្រេកអរ ជាចំណិតគេចែកជាចំណែកដប់ប្រាំមួយៗដង ដែលជាទីពួក​ព្រះអរហន្តគង់នៅ ទោះជាស្រុក ឬជាព្រៃ ជាទីទំនាប ឬជាទីទួល ទីនោះជាភូមិ​គួរ​ត្រេកអរ។

យជមានសូត្រ ទី៦

[៤០១] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុង​រាជគ្រឹះ។ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ ក៏ថ្វាយបង្គំ ហើយ​ឋិត​នៅក្នុងទីសមគួរ។

[៤០២] លុះសក្កទេវានមិន្ទ ឋិតនៅក្នុងទីសមគួរហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដោយគាថា ថា

ទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែល​ឲ្យ​ផល​ក្នុងបច្ចុប្បន្ន តើឲ្យដល់បុគ្គលណា ទើបជាទានមានផលច្រើន។

[៤០៣] ព្រះមានព្រះភាគត្រាស់ថា បុគ្គល៤ពួក ប្រតិបត្តិ (ដើម្បីផល) បុគ្គល​៤ពួក ឋិតនៅក្នុងផល បុគ្គលនុ៎ះ គឺសង្ឃជាអ្នកត្រឹមត្រង់ ប្រកបដោយ​បញ្ញា និងសីល ឯទាន គឺពួកមនុស្សអ្នកបូជា ជាសត្វប្រាថ្នាបុណ្យ កាលនឹងធ្វើបុណ្យ ដែល​ឲ្យ​ផល ក្នុងបច្ចុប្បន្ន បានឲ្យដល់សង្ឃនោះ ទើបជាទានមានផលច្រើន។

វន្ទនសូត្រ ទី៧

[៤០៤] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់គង់​សម្រាក​ក្នុងវេលាថ្ងៃ សម្ងំនៅក្នុងឈានសមាបត្តិ។ គ្រានោះឯង ​សក្កទេវានមិន្ទ និង​សហម្បតិព្រហ្ម បានចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឋិត​អែបនឹងសន្ទះទ្វារម្ខាងម្នាក់។

[៤០៥] គ្រានោះឯង សក្កទេវានមិន្ទ បានពោលគាថានេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគថា

បពិត្រព្រះអង្គជាវីរបុរស ជាអ្នកឈ្នះសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រ​ព្រះអង្គអ្នកដាក់ភារៈចុះហើយ មិនចំពាក់បំណុល​ គឺកិលេស សូមព្រះអង្គស្តេច​ទៅ​ក្នុង​លោក ព្រោះហ្ឫទ័យរបស់ព្រះអង្គ រួចស្រឡះហើយ ដូចជាព្រះចន្ទ្រក្នុងរាត្រីទី​១៥កើត។

[៤០៦] ព្រះអង្គត្រាស់ថា នែទេវានមិន្ទ ព្រះតថាគតទាំងឡាយ គេ​មិនគួរថ្វាយ​បង្គំ យ៉ាងនេះទេ។ នែទេវានមិន្ទ ព្រះតថាគតទាំងឡាយ គេគួរថ្វាយបង្គំ យ៉ាងនេះថា

បពិត្រព្រះអង្គជាវីរបុរស ជាអ្នកឈ្នះសង្គ្រាម សូមព្រះអង្គក្រោកឡើង បពិត្រ​ព្រះអង្គអ្នកដឹកនាំពួកសត្វ ទ្រង់គ្មានបំណុល គឺកិលេស សូមព្រះអង្គស្តេចទៅក្នុង​លោក សូមព្រះមានព្រះភាគ សំដែងធម៌ ពួកបុគ្គលអ្នកត្រាស់ដឹង គង់នឹងមាន។

បឋមសក្កនមស្សនសូត្រ ទី៨

[៤០៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅមាតលិសង្គាហកៈមកប្រាប់ថា ម្នាលមាតលិសំឡាញ់ អ្នកចូរទឹមរថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវភូមិ​ដ៏សប្បាយ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់ពាក្យ​សក្កទេវានមិន្ទថា សូមទ្រង់ព្រះមេត្តាប្រោស ហើយទឹមរថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ ក្រាបទូលដល់​សក្កទេវានមិន្ទថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ រថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហើយ សូម​ទ្រង់​សំគាល់នូវកាលគួរនឹង​ស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់​នោះឯង សក្កទេវានមិន្ទ ស្តេចចុះ​ចាកវេជយន្តប្រាសាទ ធ្វើអញ្ជលីនមស្ការគ្រប់ទិស។

[៤០៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានក្រាប​ទូលសួរសក្កទេវានមិន្ទ ដោយគាថាថា

ពួកអ្នកមានវិជ្ជា៣ផង ពួកក្សត្រិយ៍ទាំងអស់ ដែលគង់នៅលើ​ផែនដីផង ពួក​មហារាជទាំងបួនផង ពួកទេវតាមានយសក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំ​ព្រះអង្គ បពិត្រសក្កទេវរាជ កាលបើយ៉ាងនេះ ព្រះអង្គនឹង​ថ្វាយបង្គំអ្នកណា អ្នកនោះជា​បុគ្គល​គួរគេបូជា តើជាអ្នកណា។

[៤០៩] សក្កទេវរាជ ត្រាស់ថា ពួកអ្នកមានវិជ្ជា៣ផង ពួកក្សត្រិយ៍ទាំងអស់ ដែលគង់នៅលើ​ផែនដីផង ពួក​មហារាជទាំងបួនផង ពួកទេវតាមានយស ក្នុងឋានតាវត្តិង្សផង តែងថ្វាយបង្គំ​ខ្ញុំពិតមែន ឯខ្ញុំ​ថ្វាយបង្គំដោយប្រពៃ ចំពោះ​ពួកបព្វជិត ដែលបរិបូណ៌ដោយសីល មានចិត្តតំកល់មាំ អស់រាត្រីដ៏យូរអង្វែង មាន​ព្រហ្មចារ្យជាទីប្រព្រឹត្តទៅក្នុងខាងមុខ ពួកគ្រហស្ថណា ជាអ្នកធ្វើបុណ្យ ជាឧបាសក​មាន​សីល ចិញ្ចឹមកូនប្រពន្ធដោយធម៌ ម្នាលមាតលិ ខ្ញុំក៏ថ្វាយបង្គំ​ចំពោះ​ពួកគ្រហស្ថ​នោះដែរ។

[៤១០] មាតលិទូលថា បពិត្រសក្កទេវរាជ ព្រះអង្គ​ថ្វាយបង្គំពួក​បុគ្គលណា ពួក​បុគ្គលនោះប្រសើរបំផុត ក្នុងលោកដោយពិត បពិត្រវាសវៈ ព្រះអង្គថ្វាយ​បង្គំពួក​បុគ្គលណា ខ្ញុំព្រះអង្គក៏ថ្វាយបង្គំ​ពួកបុគ្គលនោះដែរ។

[៤១១] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា បានពោល​ពាក្យនេះហើយ ក៏ថ្វាយបង្គំគ្រប់ទិស រួចឡើងគង់លើរថទៅ។

ទុតិយសក្កនមស្សនសូត្រ ទី៩

[៤១២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ បានហៅមាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសំឡាញ់ ចូរអ្នកទឹមរថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលទី​ដ៏​សប្បាយ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់​សក្កទេវានមិន្ទ​ថា ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចំរើន ហើយទឹមរថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ ហើយក្រាបទូលដល់​សក្កទេវានមិន្ទថា បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ រថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គបានទឹមបម្រុងព្រះអង្គហើយ សូម​ព្រះអង្គ ​សំគាល់នូវកាលគួរនឹង​ស្តេចទៅ ឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់​នោះឯង សក្កទេវានមិន្ទ កាលយាងចុះ​ចាកវេជយន្តប្រាសាទ ក៏ធ្វើអញ្ជលី នមស្ការព្រះមានព្រះភាគ។

[៤១៣] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បាន​ពោល​នឹងសក្កទេវានមិន្ទ ដោយគាថាថា

បពិត្រវាសវៈ សេចក្តីពិតថា ពួកទេវតានិងមនុស្ស តែងនមស្ការចំពោះ​ព្រះអង្គ បពិត្រសក្កទេវរាជ កាលបើយ៉ាងនេះ ទ្រង់នឹងនមស្ការចំពោះអ្នកណា អ្នកនោះជា​បុគ្គល​​គួរគេបូជា តើជាអ្នកណា។

[៤១៤] សក្កទេវរាជ ត្រាស់ថា ម្នាលមាតលិ ក្នុងលោកនេះ ព្រះសាស្តាអង្គ​ណា ជាសម្មាសម្ពុទ្ធ ខ្ញុំនមស្ការចំពោះ​ព្រះសាស្តាអង្គនោះ ដែលមានព្រះនាម​មិនថោក​ទាប ក្នុងលោកនេះ ព្រមទាំងទេវលោក ពួកបុគ្គលណាកំចាត់បង់រាគៈ ទោសៈ និងអវិជ្ជា អស់អាសវៈហើយ ជាព្រះអរហន្ត ម្នាលមាតលិ ខ្ញុំនមស្ការចំពោះ​ពួកបុគ្គល​នោះ ពួក​បុគ្គលណា បន្ទោបង់រាគៈ និងទោសៈ កន្លងបង់នូវអវិជ្ជា ជាសេក្ខបុគ្គល ជាអ្នក​ត្រេកអរ ក្នុងកិរិយាកំចាត់បង់នូវវដ្តៈ ជាអ្នកមិនប្រមាទ សិក្សារឿយៗ (ក្នុងអរិយវិន័យ) ម្នាលមាតលិ ខ្ញុំនមស្ការ ចំពោះ​ពួកបុគ្គល​នោះ។

[៤១៥] មាតលិតបថា បពិត្រសក្កទេវរាជ​ សេចក្តីពិតថា ទ្រង់នមស្ការ​ចំពោះ​ពួក​បុគ្គលណា ពួក​បុគ្គលនោះ ប្រសើរបំផុត ក្នុងលោក បពិត្រវាសវៈ ទ្រង់នមស្ការ ចំពោះ​បុគ្គលណា ខ្ញុំព្រះអង្គក៏នមស្ការ ចំពោះបុគ្គលនោះដែរ។

[៤១៦] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ទេវតា ពោល​គាថានេះហើយ ក៏នមស្ការ​ចំពោះ​ព្រះមានព្រះភាគ ហើយទ្រង់ឡើងគង់លើរថទៅ។

តតិយសក្កនមស្សនសូត្រ ទី១០

[៤១៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ត្រាស់ហៅមាតលិសង្គាហកទេវបុត្ត មកប្រាប់ថា ម្នាលមាតលិសំឡាញ់ ចូរអ្នកទឹមរថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ យើងនឹងទៅកាន់ឧយ្យានភូមិ ដើម្បីមើលនូវទី​ដ៏សប្បាយ។ ម្នាលភិក្ខុទាំងឡាយ មាតលិសង្គាហកទេវបុត្ត ទទួលស្តាប់​សក្កទេវានមិន្ទ​ថា ព្រះករុណាថ្លៃវិសេស សូមព្រះអង្គមានសេចក្តីចំរើន ហើយទឹមរថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ រួចក្រាបទូល​សក្កទេវានមិន្ទថា បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ រថ​អាជានេយ្យ ដែលទឹមសេះមួយពាន់ ខ្ញុំព្រះអង្គទឹមបម្រុងចាំ​ព្រះអង្គ​រួចហើយ សូម​ទ្រង់​សំគាល់នូវកាលគួរនឹង​ស្តេចទៅ ក្នុងកាលឥឡូវនេះចុះ។ ម្នាលភិក្ខុទាំងឡាយ លំដាប់​នោះឯង សក្កទេវានមិន្ទ ស្តេចចុះអំពីវេជយន្តប្រាសាទ ធ្វើអញ្ជលី នមស្ការ ចំពោះព្រះភិក្ខុសង្ឃ។

[៤១៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មាតលិសង្គាហកទេវបុត្ត បានពោលនឹងសក្កទេវានមិន្ទ ដោយគាថាថា

សេចក្តីពិតថា ពួកជនទាំងនោះ ដេកនៅក្នុងរាងកាយមាតាដ៏ស្អុយ គួរតែថ្វាយ​បង្គំចំពោះព្រះអង្គវិញ ព្រោះពួកជនទាំងនុ៎ះ មុជចុះក្នុងសាកសពគឺផ្ទៃមាតា ពេញ​ដោយការឃ្លាន និងការស្រេក បពិត្រវាសវៈ ព្រះអង្គស្រឡាញ់សេចក្តីប្រព្រឹត្តិ របស់​ពួក​អ្នកបួសនោះ ដូចម្តេច សូមទ្រង់​ប្រាប់សេចក្តីប្រព្រឹត្តិរបស់​ពួកអ្នកបួស យើងខ្ញុំនឹង​ស្តាប់ពាក្យនោះរបស់ព្រះអង្គ។

[៤១៩] សក្កទេវរាជ មានព្រះបន្ទូលថា ម្នាលមាតលិ ខ្ញុំស្រឡាញ់​ត្រង់​សេចក្តី​ប្រព្រឹត្តិ របស់​ពួក​អ្នកបួសនោះ ព្រោះពួកអ្នកបួសនោះ វៀរចាកកាមណា មិនអាល័យ​កាមនោះសោះ អ្នកបួសទាំងនោះ មិនទុកស្រូវក្នុងជង្រុក មិនទុកស្រូវក្នុងក្អម មិនទុក​ស្រូវក្នុងកញ្ច្រែង ស្វែងរកតែអាហារដែលអ្នកដទៃ​សម្រេចហើយ ញុំាងអត្តភាពឲ្យ​ប្រព្រឹត្តទៅ ដោយអាហារនោះ ជាអ្នកមានវត្តល្អ និយាយតែពាក្យជាសុភាសិត ជាអ្នក​ស្ងប់ស្ងៀម ប្រព្រឹត្តធម៌ស្មើ ម្នាលមាតលិ អម្បាល​ដូចជាពួកទេវតា នៅឈ្លោះគ្នានឹង​ពួក​អសុរ ពួកសត្វជាច្រើន ក៏នៅឈ្លោះគ្នាដែរ កាលបើពួកសត្វកំពុងឈ្លោះគ្នា ពួក​អ្នកបួសនោះ មិនឈ្លោះគ្នាសោះ ជាអ្នករំលត់ក្នុងពួកសត្វ ដែល​មានអាជ្ញាដល់ខ្លួន កាលពួកសត្វប្រកបដោយសេចក្តីប្រកាន់ លោកមិនមាន​សេចក្តីប្រកាន់ទេ ម្នាល​មាតលិ ខ្ញុំថ្វាយបង្គំចំពោះ​ពួកអ្នកបួសនោះ។

[៤២០] បពិត្រសក្កទេវរាជ ទ្រង់​ថ្វាយបង្គំ ចំពោះពួក​បុគ្គលណា ពួក​បុគ្គលនោះ ប្រសើរបំផុត ក្នុងលោកពិតហើយ បពិត្រវាសវៈ ទ្រង់ថ្វាយ​បង្គំ ចំពោះពួក​បុគ្គលណា ខ្ញុំព្រះអង្គ ក៏ថ្វាយបង្គំ ចំពោះ​ពួកបុគ្គលនោះដែរ។

[៤២១] លុះមឃវទេវរាជ ព្រះនាមសុជម្បតិ ជាប្រធានរបស់ពួកទេវតា ពោល​ពាក្យ​នេះហើយ ក៏នមស្ការ ចំពោះ​ព្រះភិក្ខុសង្ឃ ហើយឡើងគង់លើរថទៅ។

ចប់ ទេវវគ្គ ទី២។

ឧទ្ទាននៃទេវវគ្គនោះ គឺ

ទេវសូត្រ ៣ ព្រះមានព្រះភាគ សំដែងដោយវត្តបទ ទឡិទ្ទសូត្រ ១ រាមណេយ្យកសូត្រ ១ យជមានសូត្រ ១ វន្ទនសូត្រ ១ សក្កនមស្សនសូត្រ ៣។

សក្កបញ្ចកៈ

ឃត្វាសូត្រ ទី១

[៤២២] សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់​អនាថបិណ្ឌកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ​សក្កទេវានមិន្ទ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​ឋិតក្នុងទីសម​គួរ។

[៤២៣] លុះសក្កទេវានមិន្ទ ឋិតក្នុងទីដ៏សមគួរហើយ ទើបក្រាបទូល​ព្រះមានព្រះភាគ ដោយគាថាថា

បុគ្គលសម្លាប់អ្វី ទើបដេកជាសុខ សម្លាប់អ្វី ទើបមិនសោកសៅ បពិត្រព្រះគោតម ព្រះអង្គ​គាប់ព្រះហឫទ័យ ចំពោះការសម្លាប់ធម៌អ្វី ដែលជា​ធម៌ឯក។

[៤២៤] ព្រះមានព្រះភាគត្រាស់ថា បុគ្គលសម្លាប់សេចក្តីក្រោធបាន ទើបដេក​ជា​សុខ សម្លាប់សេចក្តីក្រោធបាន ទើបមិនសោកសៅ ម្នាលវាសវៈ ពួកព្រះអរិយៈ តែង​សរសើរការសម្លាប់​សេចក្តីក្រោធ ដែលមានគល់ជាពិស មានចុងដ៏ផ្អែម ព្រោះថា បុគ្គលសម្លាប់សេចក្តីក្រោធនោះបាន ទើបមិនសោកសៅឡើយ។

ទុព្វណ្ណិយសូត្រ ទី២

[៤២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ មានយក្ស១ សម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោង បានអង្គុយលើអាសនៈរបស់សក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីដំណាលក្នុងរឿងនោះថា ពួកទេវតាក្នុងឋាន​តាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ យក្សមានសម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោងនេះ ហ៊ានអង្គុយលើអាសនៈ របស់សក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ ទោះបីពួកទេវតាក្នុងឋាន​តាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ ដោយហេតុណាៗ យក្សនោះ ក៏រឹតតែមាន​រូបល្អផង គួរជាទីពិតពិលរមិលមើលក្រៃពេកផង រឹតតែឲ្យជ្រះថ្លាផង ដោយហេតុនោះ​ៗ។

[៤២៦] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ពួកទេវតាក្នុងឋាន​តាវត្តិង្ស ចូលទៅគាល់សក្កទេវានមិន្ទ លុះចូលទៅដល់ហើយ បានក្រាបទូល​សក្កទេវានមិន្ទ​ យ៉ាង​នេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ឥឡូវនេះ មានយក្ស១ សម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោង អង្គុយលើអាសនៈរបស់ព្រះអង្គ។ បពិត្រព្រះអង្គអ្នក​និទ៌ុក្ខ ក្នុងរឿងនោះ ឮថា ពួកទេវតាក្នុងឋាន​តាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ថា អស្ចារ្យណាស់ហ្ន៎ ចំឡែកណាស់ហ្ន៎ យក្សមានសម្បុរអាក្រក់ ខ្លួនតឿ ពោះកំប៉ោងនេះ ហ៊ានអង្គុយលើអាសនៈរបស់សក្កទេវានមិន្ទ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ ទោះបី​ពួកទេវតាឋាន​តាវត្តិង្ស ពោលទោស តិះដៀល បន្តុះបង្អាប់ យ៉ាងណាៗ ក៏យក្សនោះ រឹតតែមាន​រូបល្អឡើងផង គួរជាទីពិតពិលរមិលមើលក្រៃពេកផង រឹតតែគួរឲ្យជ្រះថ្លាផង បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ យក្សនោះ ពិតជាឈ្មោះ កោធភក្ស (មានសេចក្តីក្រោធជាអាហារ) ហើយ។

[៤២៧] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅរកកោធភក្ខយក្ស លុះចូលទៅដល់ហើយ ធ្វើសំពត់ឆៀងស្មាម្ខាង លុតព្រះ​ជានុមណ្ឌលខាងស្តាំលើប្រឹថពី ប្រណម្យអញ្ជលី ចំពោះ​កោធភក្ខយក្សនោះ ហើយ​បញ្ចេញព្រះនាមឲ្យឮបីដងថា នែអ្នកនិទ៌ុក្ខ ខ្ញុំជាសក្កទេវានមិន្ទ… នែអ្នកនិទ៌ុក្ខ ខ្ញុំជា​សក្កទេវានមិន្ទ។ ម្នាលភិក្ខុទាំងឡាយ សក្កទេវានមិន្ទ បញ្ចេញព្រះនាម ដោយហេតុ​ណាៗ យក្សនោះ ក៏ត្រឡប់ជាមានសម្បុររឹតតែអាក្រក់ផង រឹតតែមានខ្លួនតឿ ពោះ​កំប៉ោងផង ដោយហេតុនោះៗ លុះមានសម្បុររឹតតែអាក្រក់ និងមានខ្លួនរឹតតែតឿ ពោះ​កំប៉ោងហើយ ក៏បាត់ក្នុងទីនោះទៅ។

[៤២៨] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ គង់លើអាសនៈ​របស់​ខ្លួន ពន្យល់ពួកទេវតាឋានតាវត្តិង្ស ហើយបានពោលគាថាទាំងឡាយនេះ ក្នុង​វេលា​នោះថា

ខ្ញុំមិនឲ្យទោសបៀតបៀនបានទេ ទាំងមិនឲ្យធម៌ជាគ្រឿងនាំត្រឡប់ចិត្ត គឺ​សេចក្តីក្រោធចូលមកបាន ដោយងាយទេ ខ្ញុំមិនក្រោធមកយូរហើយ សេចក្តី​ក្រោធ មិនដក់នៅក្នុងខ្លួនខ្ញុំទេ បើខ្ញុំខឹង ខ្ញុំមិននិយាយពាក្យអាក្រក់ផង មិន​សំដែងធម៌ទាំងឡាយផង ខ្ញុំសំឡឹងឃើញប្រយោជន៍ខ្លួន បានជាខ្ញុំ​សង្កត់​សង្កិន​ខ្លួនខ្ញុំ។

មាយាសូត្រ ទី៣

[៤២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ វេបចិត្តិអសុរិន្ទ មានអាពាធជាទម្ងន់ ដល់នូវទុក្ខវេទនា។  ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សក្កទេវានមិន្ទ ចូលទៅសួរជម្ងឺវេបចិត្តិអសុរិន្ទ។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទ បាន​ឃើញ​សក្កទេវានមិន្ទ កំពុងមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹង​សក្កទេវានមិន្ទ យ៉ាងនេះ បពិត្រទេវានមិន្ទ សូមទ្រង់រក្សាខ្ញុំផង។ សក្កទេវានមិន្ទ តបថា ម្នាលវេបចិត្តិ អ្នកចូរប្រាប់កលល្បិចដល់ខ្ញុំ។ វេបចិត្តិអសុរិន្ទតបថា បពិត្រអ្នក​និទ៌ុក្ខ ខ្ញុំមិនទាន់ប្រាប់ទេ ចាំខ្ញុំសាកសួរពួកអសុរសិន។ ម្នាលភិក្ខុទាំងឡាយ វេបចិត្តិអសុរិន្ទ សាកសួរ​ពួកអសុរថា ម្នាលពួកអ្នកនិទ៌ុក្ខ ខ្លួនខ្ញុំនឹងប្រាប់កលល្បិច ដល់​សក្កទេវានមិន្ទទៅឬ។ ពួកអសុរតបថា បពិត្រអ្នកនិទ៌ុក្ខ ព្រះអង្គកុំប្រាប់កលល្បិច ដល់សក្កទេវានមិន្ទឡើយ។

[៤៣០] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង វេបចិត្តិអសុរិន្ទ បានពោលនឹង​សក្កទេវានមិន្ទ ដោយគាថា ថា

បពិត្រមឃវសក្កទេវរាជ ព្រះនាមសុជម្បតិ បុគ្គលមានកលល្បិច តែងទៅកើត​ក្នុងនរកដ៏ពន្លឹក ដូចជា​សម្ពរអសុរិន្ទ ប្រកបដោយកលល្បិច ក៏ឆេះក្នុងនរកអស់​មួយរយ​ឆ្នាំគត់។

អច្ចយសូត្រ ទី៤

[៤៣១] សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្តជេតពន របស់អនាថ​បិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុពីររូបទាស់ទែងគ្នា។ បណ្តាភិក្ខុពីររូប​នោះ ភិក្ខុមួយរូបនិយាយរំលោភហួស។ គ្រានោះឯង ភិក្ខុនោះសំដែង​ទោស តាមសមគួរដល់​ទោស ក្នុងសំណាក់​ភិក្ខុនោះ។ តែភិក្ខុនោះក៏មិនទទួល។

[៤៣២] គ្រានោះឯង ពួកភិក្ខុជាច្រើនរូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះពួក​ភិក្ខុ​ទាំងនោះ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពីររូបក្នុងសាសនានេះ កើតទាស់ទែងគ្នា បណ្តាភិក្ខុទាំងពីរ​រូប​​នោះ ភិក្ខុមួយរូបនិយាយរំលោភហួស បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ភិក្ខុនោះសំដែង​ទោស តាមសមគួរដល់​ទោស ក្នុងសំណាក់​ភិក្ខុនោះ តែភិក្ខុនោះមិនទទួល។

[៤៣៣] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនេះ មានពីរពួក។ គឺបុគ្គលដែល​មិនឃើញទោសតាមទោស១ បុគ្គលដែលគេកាលសំដែង​ទោស មិនទទួលតាមធម៌១។ ម្នាលភិក្ខុទាំងឡាយ នេះឯង បុគ្គលពាលពីរពួក។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាបណ្ឌិតនេះ ក៏មានពីរពួក។ គឺបុគ្គលដែលឃើញ​ទោស តាមទោស១ បុគ្គលដែលកាលគេសំដែង​ទោស ទទួលតាមធម៌១។ ម្នាលភិក្ខុ​ទាំងឡាយ នេះឯង បណ្ឌិតមានពីរពួក។

[៤៣៤] ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ពន្យល់ពួក​ទេវតានៅឋានតាវត្តិង្ស ក្នុងរោងប្រជុំឈ្មោះសុធម្មា បានពោលគាថានេះ ក្នុងវេលា​នោះថា

សេចក្តីក្រោធចូរមក ក្នុងអំណាចរបស់អ្នកទាំងឡាយ សេចក្តីប្រែប្រួល របស់​អ្នក​ទាំងឡាយ កុំកើតក្នុងមិត្តធម៌ ពួកអ្នកកុំតិះដៀលបុគ្គល ដែល​មិនគួរតិះដៀល ទាំង​កុំនិយាយ​ពាក្យស៊កសៀតឡើយ ព្រោះសេចក្តីក្រោធ ដូចជាភ្នំសង្កត់សង្កិន​ជន​អាក្រក់។

អក្កោធសូត្រ ទី៥

[៤៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ។បេ។

[៤៣៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ កាលពីព្រេងនាយ សក្កទេវានមិន្ទ ពន្យល់​ពួកទេវតាឋានតាវត្តិង្ស ក្នុងរោងប្រជុំ​ឈ្មោះ​សុធម្មា បានពោលគាថានេះ ក្នុងវេលានោះថា

សេចក្តីក្រោធកុំគ្របសង្កត់អ្នកឡើយ មួយទៀត អ្នកកុំខឹងនឹងពួកបុគ្គលដែល​កំពុងខឹងឡើយ សេចក្តីមិនខឹងក្តី សេចក្តីមិនបៀតបៀនក្តី រមែង​មាននៅក្នុងពួក​ព្រះអរិយៈសព្វកាល ប៉ុន្តែសេចក្តី​ក្រោធដូចជាភ្នំ តែងញាំញីនូវ​ជនអាក្រក់។

ចប់ សក្កបញ្ចកៈ។

ឧទ្ទានក្នុងសក្កបញ្ចកៈនោះ គឺ

សក្កបញ្ចកៈនេះ ដែល​ព្រះពុទ្ធជាបុគ្គល​ប្រសើរសំដែងហើយ ដោយ​ឃត្វាសូត្រ ១ ទុព្វណ្ណិយសូត្រ ១ មាយាសូត្រ ១ អច្ចយសូត្រ ១ អកោធសូត្រ ១។

ចប់ សក្កយំយុត្ត។

ក្នុងសគាថវគ្គមានសំយុត្ត១១គឺ

ទេវតាសំយុត្ត ១ ទេវបុត្តសំយុត្ត ១ រាជៈ គឺកោសលសំយុត្ត ១ មារសំយុត្ត ១ ភិក្ខុនីសំយុត្ត ១​ ព្រហ្មសំយុត្ត ១ ព្រាហ្មណសំយុត្ត ១ វង្គីសសំយុត្ត ១ វនសំយុត្ត ១ យក្ខសំយុត្ត ១ វាសវៈ គឺសក្កសំយុត្ត ១។

ចប់ សគាថវគ្គ។

ចប់ ភាគ៣០។