វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |២៦|២៧|២៨|២៩|៣០| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

មជ្ឈិមនិកាយ ឧបរិបណ្ណាសក នវមភាគ

ភាគ ២៨

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

វិភង្គវគ្គ

ភទ្ទេករត្តសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅ​ពួកភិក្ខុក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត នឹង​សំដែង​នូវឧទ្ទេស គឺមាតិកា ជាគ្រឿង​សំដែង​ឡើង និង​វិភង្គ គឺបទ ជាគ្រឿង​​ចែកដោយ​ពិស្តារ របស់​បុគ្គលអ្នក​មានរាត្រី​មួយដ៏​ចម្រើន ដល់​អ្នក​ទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់​នូវសូត្រនោះ ចូរធ្វើ​ទុកក្នុងចិត្ត​ឲ្យប្រពៃចុះ ​តថាគត​នឹងសំដែង​ប្រាប់។ ពួកភិក្ខុទាំងនោះ ទទួល​ស្តាប់​ព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលមិនគប្បីអាឡោះ​អាឡ័យ​បញ្ចក្ខន្ធ ដែល​កន្លងទៅ​ហើយ មិនគប្បី​ប្រាថ្នា​បញ្ចក្ខន្ធ ដែលមិន​ទាន់មក​ដល់ទេ ព្រោះ​​បញ្ចក្ខន្ធ​​ណា ជាអតីត បញ្ចក្ខន្ធ​នោះ កន្លងហួស​ទៅហើយ បញ្ចក្ខន្ធ​ណា ជាអនាគត បញ្ចក្ខន្ធ​​នោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញច្បាស់ នូវធម៌​ជា​បច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែលមិន​រសេមរសាម [ប្រែថា មិនងីកងាក​ក៏បាន។] និងមិនបានកម្រើក (ដោយ​ពួកកិលេស) គប្បីចម្រើន​ឲ្យរឿយៗ នូវ​ផលសមាបត្តិ ដែលជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឯការព្យាយាម ជាគ្រឿងដុត​កិលេស បុគ្គលគួរ​តែធ្វើក្នុង​ថ្ងៃនេះឯង អ្នកណា​នឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុង​​ថ្ងៃស្អែកបាន ព្រោះថា ការតទល់​របស់យើង ចំពោះមច្ចុ ដែលមាន​សេនាដ៏ច្រើននោះ មិនមាន​សោះឡើយ អ្នកប្រាជ្ញ​ដែលស្ងប់​ទុក្ខហើយ តែងហៅបុគ្គល​ដែល​មាន​​វិហារធម៌​​យ៉ាងនេះ ជាអ្នក​មានព្យាយាម ដុតកិលេស ជាអ្នក​មិនខ្ជិលច្រអូស អស់យប់ និងថ្ងៃ​​នោះឯង ថាជាអ្នក​មានរាត្រីមួយ​ដ៏ចម្រើន។

[៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលអាឡោះអាល័យ​បញ្ចក្ខន្ធ ដែលកន្លង​​ទៅហើយ តើដូចម្តេច។ បុគ្គល​រមែង​ប្រព្រឹត្ត​ទៅតាម​សេចក្តីត្រេកអរ ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាល​ដែលកន្លង​ទៅហើយ ប្រព្រឹត្តទៅ​តាមតណ្ហា ក្នុងវេទនា​​នោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាល​ជាអតីត ប្រព្រឹត្តទៅ​តាម​សេចក្តី​​ត្រេកអរ​ ក្នុងសញ្ញានោះថា អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាម​​សេចក្តីត្រេកអរ ក្នុងសង្ខារ​ទាំងឡាយ​នោះថា អាត្មាអញ មានសង្ខារ​យ៉ាងនេះ ក្នុង​កាល​ជាអតីត ប្រព្រឹត្តទៅ​តាមសេចក្តី​​ត្រេកអរ ក្នុងវិញ្ញាណ​នោះថា អាត្មាអញ មានវិញ្ញាណ​​យ៉ាងនេះ ក្នុងកាល​ជាអតីត។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​​អាឡោះ​អាល័យ​បញ្ចក្ខន្ធ ដែល​កន្លង​ទៅហើយ យ៉ាងនេះឯង។

[៤] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនអាឡោះអាល័យ​បញ្ចក្ខន្ធ ជាអតីត តើដូចម្តេច។ បុគ្គលមិនប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងវេទនា​នោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាម​សេចក្តី​ត្រេកអរ​ ក្នុង​សញ្ញានោះថា អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាម​សេចក្តីត្រេកអរ ក្នុងសង្ខារទាំងឡាយនោះថា អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុង​កាល​ជាអតីត មិនប្រព្រឹត្តទៅតាមសេចក្តី​ត្រេកអរ ក្នុងវិញ្ញាណនោះថា អាត្មាអញ មាន​វិញ្ញាណ​​យ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិន​អាឡោះអាល័យ​បញ្ចក្ខន្ធ ដែល​កន្លងទៅហើយ យ៉ាងនេះឯង។

[៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ក្នុងកាលជាអនាគត តើដូចម្តេច។ បុគ្គលប្រព្រឹត្តទៅតាមសេចក្តីត្រេកអរ ក្នុងរូបនោះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអនាគត មានវេទនា​យ៉ាងនេះ។បេ។ មានសញ្ញាយ៉ាងនេះ។បេ។ មាន​សង្ខារយ៉ាងនេះ។បេ។ រមែង​ប្រព្រឹត្តទៅតាមសេចក្តី​ត្រេកអរ ក្នុងវិញ្ញាណនោះថា សូមឲ្យអាត្មាអញ មានវិញ្ញាណ​យ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រាថ្នានូវ​បញ្ចក្ខន្ធ ក្នុងកាលជាអនាគត យ៉ាងនេះឯង។

[៦] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ក្នុងកាល​ជាអនាគតនោះ តើដូចម្តេច។ បុគ្គល​មិនប្រព្រឹត្ត​ទៅតាម​សេចក្តី​ត្រេកអរ ក្នុងរូបនោះ​ថា សូមឲ្យ​អាត្មាអញ មានរូប​យ៉ាងនេះ ក្នុងកាល​ជាអនាគត មានវេទនា​យ៉ាងនេះ។បេ។ មានសញ្ញា​យ៉ាង​នេះ។បេ។ មានសង្ខារ​យ៉ាងនេះ។បេ។ មិនប្រព្រឹត្ត​ទៅតាម​សេចក្តី​ត្រេកអរ ក្នុងវិញ្ញាណ​​នោះថា សូមឲ្យអាត្មាអញ មានវិញ្ញាណ​​យ៉ាងនេះ ក្នុងកាល​ជាអនាគត។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​មិនប្រាថ្នា​នូវបញ្ចក្ខន្ធ ក្នុងកាល​ជាអនាគត យ៉ាងនេះឯង។

[៧] ម្នាលភិក្ខុទាំងឡាយ បុគ្គលរសេមរសាម (ដោយតណ្ហា និងទិដ្ឋិ) ក្នុងពួក​ធម៌ ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបាន​ស្តាប់ មិនបានជួបប្រទះ​នឹងពួកព្រះអរិយៈ ជាអ្នកមិនឈ្លាស ក្នុងធម៌​របស់ព្រះអរិយៈ មិនបាន​​ហាត់ក្នុង​ធម៌របស់​ព្រះអរិយៈ មិនបាន​ជួបប្រទះ នូវសប្បុរស​ទាំងឡាយ មិនឈ្លាស​​ក្នុង​ធម៌​របស់សប្បុរស មិនបានហាត់​ក្នុងធម៌​របស់សប្បុរស រមែង​ពិចារណា​ឃើញនូវ​​រូប​ថាជាខ្លួន ពិចារណា​ឃើញ នូវ​ខ្លួនថា​មានរូប នូវរូប​ថា​មានក្នុងខ្លួន ឬនូវខ្លួន​​ថាមានក្នុង​រូប ពិចារណា​ឃើញ នូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារ​ទាំងឡាយ។បេ។ នូវ​វិញ្ញាណ​​ថាជាខ្លួន នូវខ្លួនថា​មានវិញ្ញាណ នូវវិញ្ញាណ​ថាមាន​ក្នុងខ្លួន ឬនូវខ្លួន​ថា​មានក្នុង​វិញ្ញាណ។ ម្នាលភិក្ខុ​ទាំងឡាយ បុគ្គល​រសេមរសាម ក្នុងពួកធម៌​ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនរសេមរសាម ក្នុង​ធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកបាន​ស្តាប់ ជាអ្នកបាន​ជួប​ប្រទះ​នឹងពួកព្រះអរិយៈ ជាអ្នកឈ្លាសវៃ ក្នុងធម៌របស់ព្រះអរិយៈ បាន​ហាត់ល្អ ក្នុង​ធម៌​របស់​ព្រះអរិយៈ បានជួបប្រទះ នឹងពួកសប្បុរស ឈ្លាសវៃ​ក្នុង​ធម៌របស់សប្បុរស បានហាត់ក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញ​រូប​ថាជាខ្លួន មិនពិចារណាឃើញ​ខ្លួនថាមានរូប មិនពិចារណាឃើញរូប ​ថាមានក្នុងខ្លួន មិនពិចារណាឃើញខ្លួន ​ថា​មានក្នុង​រូប មិនពិចារណាឃើញវេទនា។បេ។ មិនពិចារណាឃើញសញ្ញា។បេ។ មិនពិចារណាឃើញសង្ខារទាំងឡាយ។បេ។ មិនពិចារណាឃើញ​វិញ្ញាណ ​ថាជាខ្លួន មិនពិចារណាឃើញខ្លួន ថាមានវិញ្ញាណ មិនពិចារណាឃើញវិញ្ញាណ ថាមានក្នុងខ្លួន មិនពិចារណាឃើញខ្លួន ​ថាមានក្នុង​វិញ្ញាណឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិន​រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[៩] បុគ្គលមិនគប្បីអាឡោះអាល័យ នូវបញ្ចក្ខន្ធជាអតីត មិនគប្បីប្រាថ្នា នូវ​បញ្ចក្ខន្ធ​ជាអនាគតឡើយ ព្រោះបញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់​នូវ​ព្រះនិព្វាន ដែលមិនរសេមរសាម និងមិនកម្រើកហើយ គប្បីចម្រើន​ផលសមាបត្តិ ដែល​ជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឲ្យរឿយៗ ឯការព្យាយាម ជាគ្រឿងដុតកិលេស បុគ្គល​គួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណាអាចដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះ​ថាការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាដ៏ច្រើននោះ មិនមានសោះឡើយ អ្នកប្រាជ្ញ ដែលស្ងប់ទុក្ខហើយ តែងហៅបុគ្គល ដែល​មានវិហារធម៌យ៉ាងនេះ មាន​ព្យាយាម​ដុតកំដៅកិលេស ជាអ្នកមិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នក​មានរាត្រី​មួយដ៏ចំរើន។

ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវឧទ្ទេស គឺមាតិកា និងវិភង្គ គឺ​ភាជនីយ របស់បុគ្គល​អ្នកមានរាត្រីមួយដ៏ចម្រើន ដល់អ្នកទាំងឡាយ។ ពាក្យណា ដែលតថាគត​ពោលហើយ ដោយប្រការដូច្នេះ ពាក្យនោះ តថាគត ពោលសំដៅហេតុនេះឯង។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្ត​ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ភទ្ទេករត្តសូត្រ ទី១។

អានន្ទភទ្ទេករត្តសូត្រ ទី២

[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ព្រះអានន្ទ​មានអាយុ បានពន្យល់ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មី​កថា ក្នុងឧបដ្ឋានសាលា ហើយសំដែងនូវឧទ្ទេស គឺមាតិកា និងវិភង្គ គឺភាជនីយ របស់​បុគ្គលដែលមានរាត្រីមួយដ៏ចំរើន។

[១១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចេញចាកផលសមាបត្តិ ក្នុងសាយណ្ហ​សម័យ ចូលទៅឯឧបដ្ឋានសាលា លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែល​គេ​ក្រាលថ្វាយ។ លុះព្រះមានព្រះភាគ គង់ស្រេចហើយ ទើបត្រាស់ហៅភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ អ្នកណាហ្ន៎ ពន្យល់ ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថា ក្នុងឧបដ្ឋានសាលា ហើយសំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គល​ដែលមានរាត្រីមួយដ៏ចម្រើន។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះអានន្ទមានអាយុ លោក​ពន្យល់ ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថា ក្នុងឧបដ្ឋានសាលា ហើយសំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គល​អ្នកមានរាត្រីមួយដ៏ចម្រើន។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចុះអ្នកពន្យល់ ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថា ហើយសំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គល​អ្នកមានរាត្រីមួយដ៏ចម្រើន ដូចម្តេចខ្លះ។

[១២] ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ពន្យល់ ណែនាំពួកភិក្ខុ ឲ្យកាន់យក ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថា ហើយសំដែងនូវ​ឧទ្ទេស និងវិភង្គ របស់បុគ្គល​អ្នកមានរាត្រីមួយដ៏ចម្រើន យ៉ាងនេះថា

បុគ្គលមិនត្រូវអាឡោះអាល័យ​នូវបញ្ចក្ខន្ធ ដែលកន្លង​ទៅហើយទេ មិន​គប្បីប្រាថ្នា​នូវបញ្ចក្ខន្ធ ដែលជាអនាគតឡើយ ព្រោះបញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លង​​ហួស​ទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ បុគ្គលណា ​ពិចារណាឃើញច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់​នូវ​ព្រះនិព្វាន ដែលមិនរសេមរសាម មិនបានកម្រើកនោះហើយ គប្បីចម្រើន​នូវផលសមាបត្តិ ដែល​ជាអារម្មណ៍ របស់ព្រះនិព្វាននោះ ឲ្យរឿយៗ ឯការព្យាយាម ជាគ្រឿងដុតកិលេស បុគ្គល ​គួរតែធ្វើក្នុងថ្ងៃនេះឯង អ្នកណាអាចដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះ​ថា ការតទល់​របស់យើង ចំពោះមច្ចុ ដែលមានសេនាដ៏ច្រើននោះ មិនមានសោះឡើយ អ្នកប្រាជ្ញស្ងប់ទុក្ខ តែងហៅ​បុគ្គល ដែល​មានវិហារធម៌យ៉ាងនេះ មាន​ព្យាយាម​ដុតកំដៅកិលេស មិនខ្ជិលច្រអូស អស់ថ្ងៃ និងយប់នោះឯង ថាជាអ្នក​មានរាត្រី​មួយដ៏ចំរើន។

[១៣] ម្នាលអាវុសោ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធជាអតីត តើដូចម្តេច។ បុគ្គល​ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវេទនានោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុង​កាល​ជាអតីត ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងសញ្ញានោះថា អាត្មាអញ មានសញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងសង្ខារទាំងឡាយនោះថា អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុងកាលជាអតីត ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវិញ្ញាណនោះថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលអាវុសោ បុគ្គល​អាឡោះ​អាល័យ​បញ្ចក្ខន្ធ ជាអតីត យ៉ាងនេះឯង។

[១៤] ម្នាលអាវុសោ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធ ដែលជាអតីត តើ​ដូចម្តេច។ បុគ្គលមិន​ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងរូបនោះថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុង​កាល​ជាអតីត មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវេទនានោះថា អាត្មាអញ មានវេទនាយ៉ាងនេះ ក្នុង​កាល​ជាអតីត មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងសញ្ញានោះថា អាត្មាអញ មាន​សញ្ញាយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងសង្ខារ​ទាំងឡាយ​នោះថា អាត្មាអញ មានសង្ខារយ៉ាងនេះ ក្នុងកាលជាអតីត មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវិញ្ញាណនោះថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលអាវុសោ បុគ្គល​មិនអាឡោះ​អាល័យ​បញ្ចក្ខន្ធ ជាអតីត យ៉ាងនេះឯង។

[១៥] ម្នាលអាវុសោ បុគ្គល​ប្រាថ្នានូវបញ្ចក្ខន្ធជាអនាគត តើដូចម្តេច។ បុគ្គល​ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងរូបនោះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាល​ជាអនាគត មានវេទនាយ៉ាងនេះ។បេ។ មានសញ្ញាយ៉ាងនេះ។បេ។ មានសង្ខារយ៉ាង​នេះ។បេ។ ប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវិញ្ញាណនោះថា សូមឲ្យ​អាត្មាអញ មានវិញ្ញាណ​យ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលអាវុសោ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ដែលជាអនាគត យ៉ាងនេះឯង។

[១៦] ម្នាលអាវុសោ បុគ្គល​មិនប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គល​មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងរូបនោះថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុងកាល​ជាអនាគត មានវេទនាយ៉ាងនេះ។បេ។ មានសញ្ញាយ៉ាងនេះ។បេ។ មានសង្ខារយ៉ាងនេះ។បេ។ មិនប្រព្រឹត្តទៅតាមនូវតណ្ហា ក្នុងវិញ្ញាណនោះថា សូមឲ្យ​អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលអាវុសោ បុគ្គលមិនប្រាថ្នា​នូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។

[១៧] ម្នាលអាវុសោ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលអាវុសោ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានជួបប្រទះនឹងពួក​អរិយៈ ជាអ្នកមិនយល់ធម៌ របស់ព្រះអរិយៈ មិនបានហាត់ក្នុងធម៌ របស់ព្រះអរិយៈ មិនបាន​ជួបប្រទះ នឹងពួកសប្បុរស មិនយល់ធម៌របស់សប្បុរស មិនបានហាត់ក្នុងធម៌​របស់​សប្បុរស រមែងពិចារណាឃើញ នូវរូប​ថាជាខ្លួន នូវខ្លួនថាមានរូប នូវរូប​ថាមាន​ក្នុងខ្លួន នូវ​ខ្លួនថាមានក្នុងរូប នូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារទាំងឡាយ។បេ។ រមែងពិចារណាឃើញនូវវិញ្ញាណ​ថាជាខ្លួន នូវខ្លួនថាមានវិញ្ញាណ នូវវិញ្ញាណ​ថាមាន​ក្នុងខ្លួន នូវ​ខ្លួនថាមានក្នុងវិញ្ញាណ។ ម្នាលអាវុសោ បុគ្គលរសេមរសាម ក្នុងពួកធម៌​ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[១៨] ម្នាលអាវុសោ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលអាវុសោ អរិយសាវ័កក្នុងលោកនេះ ជាអ្នកបានស្តាប់ បានជួបប្រទះនឹងពួក​ព្រះ​អរិយៈ យល់ធម៌របស់ព្រះអរិយៈ បានហាត់ល្អ ក្នុងធម៌របស់ព្រះអរិយៈ ជាអ្នកបាន​ឃើញពួកសប្បុរស យល់ធម៌របស់សប្បុរស បានហាត់ល្អ ក្នុងធម៌​របស់​សប្បុរស មិនពិចារណាឃើញ នូវរូប​ថាខ្លួន មិនពិចារណាឃើញ នូវខ្លួនថាមានរូប មិនពិចារណាឃើញ នូវរូប​ថាមាន​ក្នុងខ្លួន មិនពិចារណាឃើញនូវ​ខ្លួន ថាមានក្នុងរូប មិនពិចារណាឃើញ នូវវេទនា។បេ។ មិនពិចារណាឃើញនូវសញ្ញា។បេ។ មិនពិចារណាឃើញនូវសង្ខារទាំងឡាយ។បេ។ មិនពិចារណាឃើញ នូវវិញ្ញាណ ​ថាជាខ្លួន មិនពិចារណាឃើញនូវខ្លួន ថាមានវិញ្ញាណ មិនពិចារណាឃើញនូវវិញ្ញាណ​ថាមាន​ក្នុងខ្លួន មិនពិចារណាឃើញនូវ​ខ្លួន ថាមានក្នុងវិញ្ញាណឡើយ។ ម្នាលអាវុសោ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌​ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[១៩] បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធជាអតីត មិនគប្បីប្រាថ្នា នូវ​បញ្ចក្ខន្ធ​ជាអនាគតទេ ព្រោះថា បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញ​ច្បាស់នូវធម៌ ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់​នូវព្រះនិព្វាន ដែល​មិន​រសេមរសាម មិនកម្រើកហើយ គប្បីចម្រើនឲ្យរឿយៗ នូវ​ផលសមាបត្តិ ដែលជា​អារម្មណ៍​ នៃព្រះនិព្វាននោះ ឯការព្យាយាម ជាគ្រឿងដុត​កិលេស បុគ្គល​គួរតែធ្វើក្នុងថ្ងៃនេះ​ឯង អ្នកណានឹងដឹងថា សេចក្តីស្លាប់ នឹងមាន​ក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនា​ច្រើននោះ មិនមានសោះឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅ​បុគ្គល ដែលមាន​វិហារធម៌​យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស ជាអ្នកមិនខ្ជិល​ច្រអូស អស់ថ្ងៃ និងយប់​នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានពន្យល់ពួកភិក្ខុឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយសំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែល​មានរាត្រី​មួយដ៏ចម្រើន យ៉ាងនេះឯង។

[២០] ម្នាលអានន្ទ ប្រពៃហើយ ប្រពៃហើយ ម្នាលអានន្ទ អ្នកបាន​ពន្យល់ ណែនាំ​ពួកភិក្ខុឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយសំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែល​មានរាត្រី​មួយដ៏ចម្រើនថា

បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ដែលជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ រមែង​ហៅ​បុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន ដូច្នេះនោះ ត្រឹមត្រូវ​ហើយ។

[២១] ម្នាលអានន្ទ បុគ្គលអាឡោះអាឡ័យបញ្ចក្ខន្ធជាអតីត តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលមិនអាឡោះអាឡ័យបញ្ចក្ខន្ធជាអតីត តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលប្រាថ្នានូវ​បញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធជាអនាគត តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធជាអនាគត យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គល​រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។ ម្នាលអានន្ទ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។បេ។ ម្នាលអានន្ទ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[២២] បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់​ទុក្ខ តែង​ហៅបុគ្គលនោះឯងថា ជាអ្នកមានរាត្រីមួយដ៏ចម្រើន។

លុះព្រះមានព្រះភាគ ត្រាស់ភាសិតនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏​មានចិត្ត​ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ អានន្ទភទ្ទេករត្តសូត្រ ទី២។

មហាកច្ចានភទ្ទេករត្តសូត្រ ទី៣

[២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេច​ព្រះឥរិយាបថ ក្នុងតបោទារាម ជិតក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះសមិទ្ធិមានអាយុ ក្រោក​ឡើងក្នុងបច្ចូសសម័យនៃរាត្រី ហើយចូលទៅរកស្ទឹង​ឈ្មោះតបោទា ដើម្បីនឹង​ស្រលាបខ្លួន។ លុះចុះទៅស្រលាបខ្លួន ក្នុងស្ទឹងឈ្មោះតបោទាស្រេចហើយ លោកក៏​ឡើងមកវិញ មានតែចីវរមួយ ឈរហាលខ្លួនឲ្យស្ងួត។ គ្រានោះឯង កាលរាត្រីបឋម​យាមកន្លងទៅហើយ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងស្ទឹងឈ្មោះ​តបោទា​ទាំង​​មូល ឲ្យភ្លឺស្វាង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ ទើបឈរ​ក្នុងទីសមគួរ។

[២៤] លុះទេវតានោះ ឈរក្នុងទីសមគួរហើយ បាននិយាយនឹងព្រះសមិទ្ធិមានអាយុ​ យ៉ាងនេះថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គលដែលមានរាត្រីមួយ​ដ៏ចម្រើនឬទេ។ ម្នាលអាវុសោ អាត្មាមិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ដែល​មាន​រាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ដែល​មាន​រាត្រីមួយដ៏ចម្រើនឬទេ។ បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ដែល​មាន​រាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចុះលោកចាំ​គាថា មានរាត្រីមួយដ៏ចម្រើន​ឬទេ។ ម្នាលអាវុសោ អាត្មាមិនចាំគាថាមាន​រាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នក​ចាំគាថា​មាន​រាត្រីមួយដ៏ចម្រើនឬទេ។ បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនចាំគាថា​​មាន​រាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចូរលោករៀន នូវឧទ្ទេស និងវិភង្គ របស់បុគ្គល​​មាន​រាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកទន្ទេញ នូវឧទ្ទេស និងវិភង្គ របស់បុគ្គល ​មាន​រាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកចាំទុក នូវឧទ្ទេស និងវិភង្គ របស់បុគ្គល ​មាន​រាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ព្រោះឧទ្ទេស និងវិភង្គ របស់បុគ្គល​មាន​រាត្រីមួយដ៏​ចម្រើន ជាធម៌ប្រកបដោយប្រយោជន៍ ហើយជាខាងដើម នៃមគ្គព្រហ្មចារ្យ។ ទេវតានោះ បាន​ពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏បាត់ក្នុងទីនោះទៅ។

[២៥] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ លុះកន្លងរាត្រីនោះហើយ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានក្រោក​ឡើង ក្នុងបច្ចូសសម័យនៃរាត្រី ក្នុងទីនេះ បានចូលទៅឯស្ទឹងតបោទា ដើម្បីនឹង​ស្រលាបខ្លួន។ លុះបានស្រលាបខ្លួន ក្នុងស្ទឹងតបោទាស្រេចហើយ ខ្ញុំព្រះអង្គ ក៏​ឡើង​មក​វិញ មានតែចីវរមួយ ឈរហាលខ្លួនឲ្យស្ងួត។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងគ្រារាត្រីបឋម​យាមកន្លងហើយ មានទេវតាមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងស្ទឹង​តបោទា ឲ្យភ្លឺស្វាង ហើយចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ក៏ឈរ​ក្នុងទីសមគួរ លុះទេវតានោះ ឈរក្នុងទីសមគួរហើយ បាននិយាយនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គលមានរាត្រីមួយ​ដ៏ចម្រើន​ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន កាលទេវតាពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បានពោល​នឹងទេវតានោះ ដូច្នេះថា ម្នាលអាវុសោ អាត្មាមិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ​មាន​រាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ​មាន​រាត្រីមួយដ៏ចម្រើនឬទេ។ ទេវតានោះ តបថា បពិត្រភិក្ខុ ខ្ញុំករុណា ក៏មិនចាំនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ​មាន​រាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចុះលោកចាំ​នូវគាថា មានរាត្រីមួយដ៏ចម្រើន​ឬទេ។ ខ្ញុំព្រះអង្គតបថា ម្នាលអាវុសោ អាត្មាមិនចាំនូវគាថាមាន​រាត្រីមួយដ៏ចម្រើនទេ ម្នាលអាវុសោ ចុះអ្នក​ចាំនូវគាថា​មាន​រាត្រីមួយដ៏ចម្រើនឬទេ។ ទេវតាតបថា បពិត្រភិក្ខុ ខ្ញុំករុណា ក៏មិនចាំនូវគាថា​មាន​រាត្រីមួយដ៏ចម្រើនដែរ បពិត្រភិក្ខុ ចូរលោករៀនយក នូវឧទ្ទេស និងវិភង្គ របស់បុគ្គល​មាន​រាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកទន្ទេញ នូវឧទ្ទេស និងវិភង្គ របស់បុគ្គល ​មាន​រាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ចូរលោកចាំទុក នូវឧទ្ទេស និងវិភង្គ របស់បុគ្គល ​មាន​រាត្រីមួយដ៏ចម្រើន បពិត្រភិក្ខុ ព្រោះថាឧទ្ទេស និងវិភង្គ របស់បុគ្គល​មាន​រាត្រីមួយដ៏​ចម្រើន ជាធម៌​ប្រកប​ដោយ​ប្រយោជន៍ ជាខាងដើមនៃព្រហ្មចារ្យ។ បពិត្រព្រះអង្គដ៏ចំរើន ទេវតានោះ បាន​ពោលពាក្យនេះ លុះពោលពាក្យនេះហើយ ក៏បាត់ក្នុងទីនោះទៅ។ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះអង្គ ទ្រង់សំដែងនូវឧទ្ទេស និងវិភង្គ របស់បុគ្គល ​មាន​រាត្រីមួយដ៏ចម្រើន ដល់ខ្ញុំព្រះអង្គ។ ព្រះអង្គក៏ទ្រង់ត្រាស់ថា ម្នាកភិក្ខុ បើដូច្នោះ អ្នក​ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែងប្រាប់។ ព្រះសមិទ្ធិមានអាយុ បានទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៦] ព្រះមានព្រះភាគ ទ្រង់បានត្រាស់គាថានេះថា បុគ្គលមិនគប្បី​អាឡោះ​អាល័យ​បញ្ចក្ខន្ធជាអតីត មិនគប្បីប្រាថ្នា​បញ្ចក្ខន្ធ​ជាអនាគត ព្រោះបញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់​មកដល់ មួយទៀត បុគ្គលណា ឃើញ​ច្បាស់នូវធម៌ ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែល​មិន​រសេមរសាម មិនកម្រើកហើយ គប្បី​ចម្រើន​ឲ្យ​រឿយៗ នូវ​ផលសមាបត្តិ ដែលជា​អារម្មណ៍ ​របស់ព្រះនិព្វាននោះ ឯការព្យាយាម ជា​គ្រឿងដុតនូវកិលេស បុគ្គល​គួរតែធ្វើក្នុងថ្ងៃនេះ​ឯង អ្នកណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមាន​សេនា​ច្រើននោះ មិនមានសោះឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅ​បុគ្គល ដែលមាន​វិហារធម៌​យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស មិនខ្ជិល​ច្រអូស អស់ថ្ងៃ និងយប់​នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

ព្រះមានព្រះភាគ បានត្រាស់ភាសិតនេះ លុះព្រះសុគត ត្រាស់ភាសិតនេះ​ចប់​ហើយ ទ្រង់ក្រោកអំពីអាសនៈ ហើយចូលទៅកាន់វិហារ។

[២៧] គ្រានោះឯង កាលព្រះមានព្រះភាគ ចៀសចេញទៅមិនយូរប៉ុន្មាន ពួក​ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ព្រះមាន​ព្រះភាគ បានសំដែង​ឧទ្ទេសនេះឯង ដោយសេចក្តីបំប្រួញ មិនទាន់ចែក​សេចក្តី​ដោយ​ពិស្តារ ដល់យើងទាំងឡាយនៅឡើយ ទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)

បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត មិនគប្បីប្រាថ្នា​បញ្ចក្ខន្ធ​ជាអនាគត ព្រោះថា បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់មកដល់ មួយទៀត បុគ្គលណា ពិចារណាឃើញ​ច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះ​ដឹង​ច្បាស់​ នូវព្រះនិព្វាន ដែល​មិន​រសេមរសាម មិនកម្រើកហើយ ត្រូវចម្រើនឲ្យរឿយៗ នូវ​ផលសមាបត្តិ ដែលជា​អារម្មណ៍ របស់ព្រះនិព្វាននោះ ឯការព្យាយាម ជាគ្រឿង​ដុតនូវកិលេស បុគ្គល​គួរធ្វើក្នុងថ្ងៃនេះ​ឯង អ្នកណានឹងដឹងថា សេចក្តីស្លាប់ នឹងមាន​ក្នុង​ថ្ងៃ​ស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនា​ច្រើន​នោះ មិនមានសោះឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅ​បុគ្គល ដែលមាន​វិហារធម៌​យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស ជាអ្នកមិនខ្ជិល​ច្រអូស អស់ថ្ងៃ និងយប់​នោះឯង ថាជាអ្នកមានរាត្រីមួយចម្រើន។

កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវឧទ្ទេសនេះ ដោយ​សេចក្តីបំប្រួញ មិនចែក​សេចក្តី​ដោយ​ពិស្តារហើយ អ្នកណា គប្បីចែកសេចក្តី ដោយពិស្តារបាន។ គ្រានោះ​ឯង ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមហាកច្ចានៈមានអាយុនេះ ព្រះ​សាស្តា ទ្រង់សរសើរផង ពួកសព្រហ្មចារី ជាអ្នកចេះដឹង បានលើកតំកើងផង ព្រះ​មហាកច្ចានៈមានអាយុ អាចចែករំលែក នូវសេចក្តី​នៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែករំលែក​សេចក្តី​ដោយ​ពិស្តារនេះ ឲ្យពិស្តារ​បាន​ផង បើដូច្នោះ គួរពួកយើងនាំគ្នាចូលទៅរក​ព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ យើង​ត្រូវសួរសេចក្តីនុ៎ះ នឹងព្រះកច្ចានៈមានអាយុ។

[២៨] គ្រានោះឯង ភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ក៏រាក់ទាក់សំណេះសំណាល ជាមួយនឹង​ព្រះមហាកច្ចានៈ​មាន​អាយុ លុះបញ្ចប់ពាក្យរាក់ទាក់ សំណេះសំណាល និងពាក្យគួរឲ្យរលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បាននិយាយ​នឹង​ព្រះមហាកច្ចានៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ទ្រង់​សំដែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិនចែករំលែកសេចក្តីដោយពិស្តារ ដល់យើងទាំងឡាយនៅឡើយ ហើយទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ (ឧទ្ទេសនោះគឺ)

បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន

ម្នាលអាវុសោកច្ចានៈ កាលព្រះមានបុណ្យ ស្តេចចេញទៅមិនយូរប៉ុន្មាន ពួកយើងខ្ញុំ​ទាំងនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែង​នូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិនបានចែក​សេចក្តី​ដោយ​ពិស្តារ ដល់យើងទាំងឡាយនៅឡើយ ហើយទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ (ឧទ្ទេសនោះគឺ)

បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅ​បុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

ឧទ្ទេសនេះ បើព្រះមានបុណ្យ ទ្រង់សំដែងដោយ​សេចក្តីសង្ខេប មិនបានចែក​សេចក្តី​​ដោយ​ពិស្តារ អ្នកណាហ្ន៎ គប្បីចែកសេចក្តីដោយពិស្តារបាន ម្នាលអាវុសោកច្ចានៈ ពួកយើងខ្ញុំទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ព្រះមហាកច្ចានៈមានអាយុនេះឯង ព្រះ​សាស្តាតែងសរសើរផង ពួកសព្រហ្មចារី ជាអ្នកចេះដឹង បានលើកតំកើងផង ព្រះ​មហាកច្ចានៈមានអាយុ អាចចែករំលែកសេចក្តី​នៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ ឲ្យពិស្តារ​បាន​ផង បើដូច្នោះ គួរតែយើងនាំគ្នាចូលទៅរក​ព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ​ត្រូវសួរសេចក្តីនេះ នឹងព្រះមហាកច្ចានៈមានអាយុ សូមឲ្យព្រះមហាកច្ចានៈមានអាយុ ចែកសេចក្តីឲ្យទាន។

[២៩] ព្រះមហាកច្ចានៈពោលថា ម្នាលអាវុសោ បុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ស្វែងរកខ្លឹមឈើ កាលឈើមានខ្លឹមដុះ (នៅមុខ) ក៏រំលងគល់ រំលងដើម ហើយសំគាល់រកខ្លឹមឯមែក និងសន្លឹកវិញ មានឧបមាយ៉ាងណាមិញ សេចក្តី​នេះ ក៏មានឧបមេយ្យយ៉ាងនោះដែរ ព្រះសាស្តានៅក្នុងទីចំពោះមុខ របស់លោកមាន​អាយុទាំងឡាយ ពួកលោករម្លងព្រះមានព្រះភាគនោះ ហើយសំគាល់​សេចក្តីដែល​ត្រូវ​សួរនោះ ចំពោះខ្ញុំវិញ ម្នាលអាវុសោ ព្រោះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ជ្រាប​នូវធម៌ ដែលគួរជ្រាបបាន ឃើញនូវធម៌ ដែលគួរឃើញបាន ទ្រង់មានបញ្ញាចក្ខុ មានញាណ ទ្រង់មានធម៌ មានគុណដ៏ប្រសើរ ទ្រង់កាន់ធម៌ ប្រព្រឹត្តធម៌ ពន្យល់​សេចក្តី​ ទ្រង់ប្រទាននូវអមតៈ (និព្វាន) ជាម្ចាស់ធម៌ ជាព្រះតថាគត ឯកាលដ៏សមគួរដល់ប្រស្នា​នុ៎ះ គឺកាលវេលាដែលអ្នកទាំងឡាយ គួរតែសួរសេចក្តីនុ៎ះ នឹងព្រះមានព្រះភាគ បើ​ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់អ្នកទាំងឡាយ យ៉ាងណា ចូរអ្នកទាំងឡាយ ចាំ​ទុកសេចក្តីនោះ យ៉ាងនោះចុះ។ ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ព្រះអង្គជ្រាប​ នូវធម៌ ដែលគួរជ្រាប ឃើញនូវធម៌ ដែលគួរឃើញ មានបញ្ញាចក្ខុ មានញាណ មានធម៌ មានគុណដ៏ប្រសើរ ទ្រង់កាន់ធម៌ ប្រព្រឹត្តធម៌ ពន្យល់​សេចក្តី​ ប្រទានអមតៈ (និព្វាន) ជាម្ចាស់ធម៌ ជាព្រះតថាគត ឯកាលដ៏សមគួរ ដល់ប្រស្នា​នុ៎ះ គឺកាលវេលា ដែលយើងទាំងឡាយ គួរតែសួរសេចក្តីនុ៎ះ នឹងព្រះមានព្រះភាគ បើ​ព្រះមានព្រះភាគ ទ្រង់ដោះស្រាយ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំ​ទុកសេចក្តីនោះ យ៉ាងនោះ ក៏ពិតមែនហើយ តែថា ព្រះមហាកច្ចានៈមានអាយុ ព្រះសាស្តាតែង​សរសើរ​ផង ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង តែងលើកតម្កើងផង មួយទៀត ព្រះមហាកច្ចានៈមានអាយុ លោកអាចចែកសេចក្តីនៃឧទ្ទេស ដែលព្រះមាន​ព្រះភាគ សំដែងហើយដោយសង្ខេប មិនទាន់ចែករំលែកសេចក្តីដោយពិស្តារនេះ ឲ្យពិស្តារ​បានផង សូមព្រះមហាកច្ចានៈមានអាយុ កុំធ្វើឲ្យយឺតយូរឡើយ សូមចែក​ឲ្យទាន។ ព្រះមហាកច្ចានៈតបថា ម្នាលអាវុសោ បើដូច្នោះ លោកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត ឲ្យប្រពៃចុះ ខ្ញុំនឹងសំដែងប្រាប់។ ពួកភិក្ខុទាំងនោះ ក៏ទទួលពាក្យរបស់​ព្រះមហាកច្ចានៈមានអាយុថា ករុណា អាវុសោ។

[៣០] ព្រះមហាកច្ចានៈមានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែង​នូវឧទ្ទេសណា ដល់អ្នកទាំងឡាយ ដោយសេចក្តី​សង្ខេប មិនទាន់ចែកសេចក្តី​ដោយពិស្តារនៅឡើយ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅ​កាន់​វិហារ (ឧទ្ទេសនោះគឺ)

បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅបុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

ម្នាលអាវុសោ កាលព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសនេះ ដោយសង្ខេប មិនបានចែកសេចក្តីឲ្យពិស្តារ ខ្ញុំយល់សេចក្តីពិស្តារដូចតទៅនេះ។

[៣១] ម្នាលអាវុសោ បុគ្គលអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូច​ម្តេច។ វិញ្ញាណ រមែងជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបនោះថា អាត្មាអញ មានចក្ខុ ក្នុង​កាលជាអតីតដូច្នេះ មានរូបដូច្នេះ បុគ្គលតែងត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះ​វិញ្ញាណជាប់ចំពាក់ដោយឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា អាឡោះអាល័យចក្ខុ និងរូបជាអតីត។ អាត្មាអញ មានសោតៈ ក្នុងកាលជាអតីត ដូច្នេះ មានសំឡេង ដូច្នេះ… អាត្មាអញ មានឃានៈ ក្នុងកាលជាអតីត ដូច្នេះ មានក្លិនដូច្នេះ… អាត្មាអញ មានជិវ្ហា ក្នុងកាលជាអតីត ដូច្នេះ មានរសដូច្នេះ… អាត្មាអញ មានកាយក្នុងកាលជាអតីត ដូច្នេះ មានផោដ្ឋព្វៈដូច្នេះ… អាត្មាអញ មានចិត្ត ក្នុងកាលជាអតីត ដូច្នេះ មានធម្មារម្មណ៍ ដូច្នេះ វិញ្ញាណ រមែងជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍នោះ ដូច្នេះ បុគ្គលរមែងត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ព្រោះ​វិញ្ញាណជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍​នោះ ឈ្មោះថា នៅអាឡោះអាល័យចិត្ត និងធម្មារម្មណ៍ជាអតីត។ ម្នាលអាវុសោ បុគ្គល​នៅអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។

[៣២] ម្នាលអាវុសោ បុគ្គលមិន​អាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូច​ម្តេច។ វិញ្ញាណ រមែងមិនជាប់ចំពាក់នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបនោះថា អាត្មាអញ មានចក្ខុ ក្នុង​កាលជាអតីតដូច្នេះ មានរូបដូច្នេះ បុគ្គលរមែងមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះ​វិញ្ញាណមិនបានជាប់ចំពាក់ នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា មិនបានអាឡោះអាល័យចក្ខុ និងរូបជាអតីត។ អាត្មាអញ មានសោតៈ ក្នុងកាល​ជាអតីត ដូច្នេះ មានសំឡេង ដូច្នេះ… អាត្មាអញ មានឃានៈ ក្នុងកាលជាអតីត ដូច្នេះ មានក្លិនដូច្នេះ… អាត្មាអញមានជិវ្ហា ក្នុងកាលជាអតីត ដូច្នេះ មានរសដូច្នេះ… អាត្មាអញ មានកាយ ក្នុងកាលជាអតីត ដូច្នេះ មានផោដ្ឋព្វៈដូច្នេះ… វិញ្ញាណ រមែងមិន​ជាប់​ចំពាក់​ដោយឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍នោះថា អាត្មាអញ មានចិត្ត ក្នុងកាលជាអតីត ដូច្នេះ មានធម្មារម្មណ៍ដូច្នេះ បុគ្គលមិនត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ព្រោះ​វិញ្ញាណមិនជាប់ចំពាក់ដោយឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍​នោះ ឈ្មោះថា មិនអាឡោះអាល័យចិត្ត និងធម្មារម្មណ៍ជាអតីត។ ម្នាលអាវុសោ បុគ្គល​មិនអាឡោះអាល័យបញ្ចក្ខន្ធជាអតីត យ៉ាងនេះឯង។

[៣៣] ម្នាលអាវុសោ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គល​តម្កល់ចិត្ត ដើម្បីការបាននូវរបស់ដែលមិនទាន់បានថា ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានចក្ខុដូច្នេះ មានរូបដូច្នេះ ព្រោះការតម្កល់ចិត្តជាបច្ច័យ នាំឲ្យបុគ្គល​ត្រេកអរ ចំពោះចក្ខុ និងរូបនោះ កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា ប្រាថ្នានូវចក្ខុ និងរូបជាអនាគត។ ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានសោតៈដូច្នេះ មានសំឡេងដូច្នេះ… ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានឃានៈដូច្នេះ មានក្លិនដូច្នេះ… ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានជិវ្ហាដូច្នេះ មានរសដូច្នេះ… ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានកាយដូច្នេះ មានផោដ្ឋព្វៈដូច្នេះ… បុគ្គលតម្កល់ចិត្ត ដើម្បការបាននូវចិត្ត និងធម្មារម្មណ៍ ដែល​មិនទាន់បានថា ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានចិត្តដូច្នេះ មានធម្មារម្មណ៍ដូច្នេះ ព្រោះការតម្កល់ចិត្តជាបច្ច័យ នាំឲ្យបុគ្គល​នោះ ត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ កាលបុគ្គលត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា ប្រាថ្នានូវចិត្ត និងធម្មារម្មណ៍ជាអនាគត។ ម្នាលអាវុសោ បុគ្គលប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។

[៣៤] ម្នាលអាវុសោ បុគ្គលមិនប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គល​មិនបានតម្កល់ចិត្ត ដើម្បីការបាននូវរបស់ដែលខ្លួនមិនទាន់បានថា ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានចក្ខុដូច្នេះ មានរូបដូច្នេះ ព្រោះការមិនបានតម្កល់ចិត្តជាបច្ច័យ នាំឲ្យបុគ្គល​លែងត្រេកអរ ចំពោះចក្ខុ និងរូបនោះ កាលបុគ្គលលែងត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា មិនប្រាថ្នានូវចក្ខុ និងរូបជាអនាគត។ ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានសោតៈដូច្នេះ មានសំឡេងដូច្នេះ… ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានឃានៈដូច្នេះ មានក្លិនដូច្នេះ… ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានជិវ្ហាដូច្នេះ មានរសដូច្នេះ… ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានកាយដូច្នេះ មានផោដ្ឋព្វៈដូច្នេះ… បុគ្គលមិនបានតម្កល់ចិត្តទុក ដើម្បការបាននូវចិត្ត និងធម្មារម្មណ៍ ដែល​មិនទាន់បានថា ក្នុងកាលជាអនាគត សូម​ឲ្យអាត្មាអញ មានចិត្តដូច្នេះ មាន​ធម្មារម្មណ៍ដូច្នេះ ព្រោះការមិនបានតម្កល់ចិត្តទុកជាបច្ច័យ នាំឲ្យបុគ្គលលែងត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ កាលបុគ្គលលែងត្រេកអរ ចំពោះចិត្ត និង​ធម្មារម្មណ៍​នោះ ឈ្មោះថា មិនប្រាថ្នានូវចិត្ត និងធម្មារម្មណ៍ជាអនាគត។ ម្នាលអាវុសោ បុគ្គល​មិនប្រាថ្នានូវបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។

[៣៥] ម្នាលអាវុសោ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលអាវុសោ ចក្ខុនិងរូបទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបជាបច្ចុប្បន្ននោះឯង បុគ្គល​ត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណ​ជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ ត្រចៀកនិងសំឡេង… ម្នាលអាវុសោ ច្រមុះ និងក្លិន… ម្នាលអាវុសោ អណ្តាត និងរស… ម្នាលអាវុសោ កាយ និងផោដ្ឋព្វៈ… ម្នាលអាវុសោ ចិត្ត និងធម្មារម្មណ៍ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍ ជាបច្ចុប្បន្ននោះឯង បុគ្គលរមែង​ត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍នោះ ព្រោះវិញ្ញាណ​ជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលត្រេកអរ ចំពោះ​ចិត្ត និងធម្មារម្មណ៍នោះជាបច្ចុប្បន្ននោះ ឈ្មោះថា រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ បុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[៣៦] ម្នាលអាវុសោ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលអាវុសោ ចក្ខុនិងរូប ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណមិនជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចក្ខុ និងរូបជាបច្ចុប្បន្ននោះឯង បុគ្គលមិន​ត្រេកអរ ចំពោះចក្ខុ និងរូបនោះ ព្រោះវិញ្ញាណមិន​ជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះចក្ខុ និងរូបនោះ ឈ្មោះថា មិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ ត្រចៀក និងសំឡេង… ម្នាលអាវុសោ ច្រមុះ និងក្លិន… ម្នាលអាវុសោ អណ្តាត និងរស… ម្នាលអាវុសោ កាយ និងផោដ្ឋព្វៈ… ម្នាលអាវុសោ ចិត្ត និងធម្មារម្មណ៍ទាំង២នេះ ជាបច្ចុប្បន្ន វិញ្ញាណរមែងមិនជាប់ចំពាក់ នឹងឆន្ទរាគ ក្នុងចិត្ត និងធម្មារម្មណ៍ ជាបច្ចុប្បន្ននោះឯង បុគ្គលមិន​ត្រេកអរ ចំពោះចិត្ត និងធម្មារម្មណ៍ជាបច្ចុប្បន្ននោះ ព្រោះវិញ្ញាណ​មិនជាប់ចំពាក់នឹងឆន្ទរាគ កាលបុគ្គលមិនត្រេកអរ ចំពោះ​ចិត្ត និងធម្មារម្មណ៍នោះ ឈ្មោះថា មិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន។ ម្នាលអាវុសោ បុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[៣៧] ម្នាលអាវុសោ ត្រង់ដែលព្រះមានព្រះភាគ ត្រាស់សំដែងនូវឧទ្ទេស ដោយ​សេចក្តីសង្ខេប មិនបានចែករំលែកសេចក្តីដោយពិស្តារ ដល់អ្នកទាំងឡាយ ហើយ​ទ្រង់​ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)

បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅ​បុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

ម្នាលអាវុសោ ឧទ្ទេសដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិន​បានចែកសេចក្តីដោយពិស្តារនេះឯង ខ្ញុំយល់សេចក្តីដោយពិស្តារយ៉ាងនេះ តែប្រសិន​បើលោកមានអាយុប្រាថ្នា ត្រូវចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរបញ្ជាក់​សេចក្តី​នុ៎ះ ហើយត្រូវចាំទុកសេចក្តីនោះ តាមទំនងដែលព្រះមានព្រះភាគ ទ្រង់ដោះស្រាយ យ៉ាងនោះចុះ។

[៣៨] គ្រានោះឯង ពួកភិក្ខុទាំងនោះ ក៏ត្រេកអរ អនុមោទនា នឹងភាសិតរបស់​ព្រះមហាកច្ចានៈមានអាយុ ហើយក្រោកអំពី​អាសនៈ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ  ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។

លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវ​ឧទ្ទេស​ណា ដោយសេចក្តីសង្ខេប មិនទាន់បានចែករំលែក​សេចក្តី​ដោយពិស្តារនៅឡើយ ហើយ​ទ្រង់​ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារទៅ (ឧទ្ទេសនោះគឺ)

បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅ​បុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន

បពិត្រព្រះអង្គដ៏ចំរើន កាលព្រះមានព្រះភាគ ស្តេចចេញទៅ មិនយូរប៉ុន្មាន យើងខ្ញុំទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងនូវឧទ្ទេសនេះឯង ដោយសេចក្តីសង្ខេប មិន​ទាន់ចែក​សេចក្តី​ដោយ​ពិស្តារនៅឡើយ ហើយទ្រង់ក្រោក​អំពីអាសនៈ ចូលទៅកាន់វិហារ (ឧទ្ទេសនោះគឺ)

បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីតទេ មិនគប្បីប្រាថ្នា​បញ្ចក្ខន្ធ​ជាអនាគតទេ ព្រោះថា បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ មិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញ​ច្បាស់ នូវធម៌ជាបច្ចុប្បន្ន ក្នុងទីនោះៗ បុគ្គលនោះ លុះ​ដឹង​ច្បាស់​ នូវ​ព្រះនិព្វាន ដែល​មិន​រសេមរសាម មិនកម្រើកហើយ ត្រូវចម្រើនឲ្យរឿយៗ នូវ​ផលសមាបត្តិ ដែលជា​អារម្មណ៍ របស់ព្រះនិព្វាននោះ ឯការព្យាយាមដុត​កំដៅកិលេស បុគ្គល​គួរតែធ្វើ ក្នុងថ្ងៃនេះ​ឯង នរណានឹងដឹងថា សេចក្តីស្លាប់ នឹងមាន​ក្នុង​ថ្ងៃ​ស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមាន​សេនាច្រើននោះ មិនមានឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅ​បុគ្គល ដែលមាន​វិហារធម៌​យ៉ាងនេះ មានព្យាយាមដុតកំដៅកិលេស ជាអ្នកមិនខ្ជិល​ច្រអូស អស់ថ្ងៃ និងយប់​នោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

នរណាហ្ន៎ គប្បីចែករំលែកសេចក្តីនៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់​ត្រាស់​សំដែងដោយសង្ខេប ទ្រង់មិនទាន់ចែកសេចក្តីដោយពិស្តារនេះ ឲ្យពិស្តារបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាង​នេះថា ព្រះ​មហាកច្ចានៈមានអាយុនេះឯង ព្រះសាស្តាតែងសរសើរផង ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង តែងលើកតំកើងផង ព្រះ​មហាកច្ចានៈមានអាយុ អាចចែកសេចក្តី​នៃឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែង ដោយសង្ខេប មិនទាន់​ចែកសេចក្តី​ដោយពិស្តារនេះ ឲ្យពិស្តារ​បាន​ផង បើដូច្នោះ គួរពួកយើង ចូលទៅរក​ព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ ​ពួកយើងគប្បីសួរបញ្ជាក់​សេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈមានអាយុចុះ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ ពួកខ្ញុំ​ព្រះអង្គ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះទៅដល់ហើយ បាន​សួរ​បញ្ជាក់​សេចក្តីនុ៎ះ នឹងព្រះមហាកច្ចានៈមានអាយុ បពិត្រព្រះអង្គដ៏ចំរើន ព្រះមហាកច្ចានៈមានអាយុ ក៏បានចែកសេចក្តី ដោយអាការៈទាំងឡាយនេះ ដោយបទ​ទាំងឡាយនេះ ដោយព្យញ្ជនៈ​ទាំងឡាយនេះ ដល់ពួកខ្ញុំព្រះអង្គទាំងនោះ។

[៣៩] ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ មានប្រាជ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ សួរ​បញ្ជាក់​សេចក្តីនុ៎ះ នឹងតថាគត តថាគត ក៏នឹងដោះស្រាយសេចក្តីនោះ តាមទំនង ដែល​មហាកច្ចានៈដោះស្រាយ យ៉ាងនោះដែរ សេចក្តីនៃភាសិតនោះ ដូច្នោះមែនហើយ ចូរ​អ្នកទាំងឡាយ ចាំទុកយ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនោះ​ចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ កច្ចានភទ្ទេករត្តសូត្រ ទី៣។

លោមសកង្គិយសូត្រ ទី៤

[៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅក្នុង​វត្តជេតពន ជាអារាមរបស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះ​លោមសកង្គិយៈមានអាយុ នៅក្នុងនិគ្រោធារាម ទៀបក្រុង​កបិលព័ស្តុ ក្នុងដែនសក្កៈ។

គ្រានោះឯង ទេវបុត្តឈ្មោះ ចន្ទនៈ នាកាលរាត្រីបឋមយាមកន្លងហើយ មានរស្មីដ៏​រុងរឿង ញុំាងនិគ្រោធារាមទាំងមូល ឲ្យរុងរឿង បានចូលទៅរក​ព្រះ​លោមសកង្គិយៈមានអាយុ លុះចូលទៅដល់ហើយ បានឋិតនៅក្នុងទីសមគួរ។

[៤១] លុះចន្ទនទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ បានពោលពាក្យនេះ នឹង​ព្រះ​លោមសកង្គិយៈមានអាយុថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និងវភង្គនៃភទ្ទេករត្តៈ​ដែរឬទេ។ ព្រះ​លោមសកង្គិយៈតបថា ម្នាលអាវុសោ យើងមិនបានចាំនូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តៈទេ ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈឬ។ បពិត្រភិក្ខុ ខ្ញុំក៏មិនចាំនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈដែរ បពិត្រភិក្ខុ ចុះលោកចាំ​នូវភទ្ទេករត្តិ​គាថាទាំង​ឡាយឬ។ ម្នាលអាវុសោ យើងមិនចាំនូវភទ្ទេករត្តិគាថាទាំងឡាយទេ​ ម្នាលអាវុសោ ចុះអ្នក​ចាំនូវភទ្ទេករត្តិគាថាទាំងឡាយឬ។ បពិត្រភិក្ខុ ខ្ញុំចាំភទ្ទេករត្តិគាថា​ទាំងឡាយ។ ម្នាលអាវុសោ ចុះអ្នកចាំភទ្ទេករត្តិគាថាទាំងឡាយ ដោយប្រការដូចម្តេច។

[៤២]​ បពិត្រភិក្ខុ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើបណ្ឌុកម្ពលសិលា ទៀបដើមបារិច្ឆត្តកព្រឹក្ស ក្នុងឋានតាវត្តិង្ស ទេវលោក។ គ្រានោះ ព្រះមានព្រះភាគ បានទ្រង់​ភាសិតនូវ​ឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈ ដល់ពួកទេវតា នាឋានតាវត្តិង្សថា

បុគ្គលមិនគប្បី​អាឡោះ​អាល័យ​បញ្ចក្ខន្ធជាអតីត មិនគប្បីប្រាថ្នា​បញ្ចក្ខន្ធ​ ជាអនាគត ព្រោះថា​ បញ្ចក្ខន្ធណា ជាអតីត បញ្ចក្ខន្ធនោះ កន្លងហួសទៅហើយ បញ្ចក្ខន្ធណា ជាអនាគត បញ្ចក្ខន្ធនោះ ក៏មិនទាន់​មកដល់ មួយទៀត បុគ្គលណា ឃើញ​ច្បាស់​នូវធម៌កើតឡើងចំពោះមុខ ក្នុងទីនោះៗ បុគ្គលនោះ លុះដឹងច្បាស់ នូវព្រះនិព្វាន ដែល​មិន​រសេមរសាម មិនកម្រើកហើយ ត្រូវ​ចម្រើន​ឲ្យ​រឿយៗ នូវ​ផលសមាបត្តិ ដែលជា​អារម្មណ៍ ​របស់ព្រះនិព្វាននោះ ឯសេចក្តីព្យាយាម បុគ្គលគួរធ្វើក្នុងថ្ងៃនេះ​នរណានឹងដឹងថា សេចក្តីស្លាប់ នឹងមានក្នុងថ្ងៃស្អែកបាន ព្រោះថា ការតទល់​របស់​យើង ចំពោះមច្ចុ ដែលមាន​សេនា​ច្រើន មិនមានឡើយ មុនីជាអ្នកស្ងប់ទុក្ខ តែង​ហៅ​បុគ្គល អ្នកមានព្យាយាម មិនខ្ជិល​ច្រអូស ទាំងថ្ងៃ ទាំងយប់ នៅដោយ​សេចក្តី​មិន​ប្រមាទ យ៉ាងនេះ ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

[៤៣] បពិត្រភិក្ខុ ខ្ញុំចាំនូវឧទ្ទេករត្តិគាថាទាំងឡាយ ដោយប្រការយ៉ាងនេះឯង បពិត្រ​ភិក្ខុ ចូរលោករៀននូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តិគាថាចុះ បពិត្រភិក្ខុ ចូរ​លោក​ទន្ទេញនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តិគាថាចុះ បពិត្រភិក្ខុ ចូរលោកចាំទុកនូវឧទ្ទេស និង​វិភង្គនៃភទ្ទេករត្តិគាថាចុះ បពិត្រភិក្ខុ ព្រោះថា ឧទ្ទេស និងវិភង្គនៃភទ្ទេករត្តិគាថា ដែល​ប្រកបដោយប្រយោជន៍ ចាត់ទុកថា ជាអាទិព្រហ្មចរិយៈ (ព្រហ្មចរិយៈ​ខាងដើម)។ ចន្ទន​ទេវបុត្រ បានពោលពាក្យនេះ លុះពោលពាក្យនេះចប់ហើយ ក៏បាត់ក្នុងទីនោះទៅ។

[៤៤] គ្រានោះឯង ព្រះលោមសកង្គិយៈមានអាយុ កាលកន្លងរាត្រីនោះហើយ រៀប​ចំសេនាសនៈ កាន់បាត្រ និងចីវរ ហើយចៀសទៅកាន់ចារិក ក្នុងក្រុងសាវត្ថី។ កាលលោក​ត្រាច់ទៅកាន់ចារិក ដោយលំដាប់ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងវត្ត​ជេតពន របស់​អនាថបិណ្ឌិក ទៀបក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះលោមសកង្គិយៈមានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សម័យមួយ ខ្ញុំព្រះអង្គនៅក្នុងនិគ្រោធារាម ទៀបក្រុង​កបិលព័ស្តុ ក្នុងដែនសក្កៈ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង នាកាលរាត្រីបឋមយាមកន្លងហើយ មានទេវបុត្រមួយអង្គ មានរស្មីដ៏​រុងរឿង ញុំាងនិគ្រោធារាមទាំងមូល ឲ្យភ្លឺច្បាស់ ហើយចូលទៅរកខ្ញុំព្រះអង្គ លុះចូលទៅដល់ហើយ ទើបឋិតនៅក្នុងទីសមគួរ បពិត្រព្រះអង្គ លុះទេវបុត្រនោះ ឋិតនៅក្នុងទីសមគួរហើយ ទើបបាន​ពោលពាក្យនេះ នឹង​ខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រភិក្ខុ លោកចាំនូវឧទ្ទេស និងវភង្គនៃភទ្ទេករត្តៈ​ឬទេ កាលទេវបុត្រនោះ សួរយ៉ាងនេះហើយ បពិត្រ​ព្រះអង្គ ខ្ញុំ​ព្រះអង្គបានពោលនឹងទេវបុត្រនោះ យ៉ាងនេះថា ម្នាលអាវុសោ យើងមិនចាំ​នូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តៈទេ ម្នាលអាវុសោ ចុះអ្នកចាំនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈឬ បពិត្រភិក្ខុ ខ្ញុំមិនចាំនូវឧទ្ទេស និងវិភង្គនៃភទ្ទេករត្តៈទេ បពិត្រភិក្ខុ ចុះលោកចាំ​នូវភទ្ទេករត្តិ​គាថាទាំង​ឡាយឬ ម្នាលអាវុសោ យើងមិនចាំ​នូវភទ្ទេករត្តិគាថាទាំងឡាយទេ​ ម្នាលអាវុសោ ចុះអ្នក​ចាំនូវភទ្ទេករត្តិគាថាទាំងឡាយឬ បពិត្រភិក្ខុ ខ្ញុំចាំនូវភទ្ទេករត្តិគាថា​ទាំងឡាយ ម្នាលអាវុសោ ចុះអ្នកចាំនូវភទ្ទេករត្តិគាថាទាំងឡាយ ដោយប្រការដូចម្តេច បពិត្រភិក្ខុ សម័យមួយ ព្រះមានព្រះភាគ ស្តេចគង់នៅលើបណ្ឌុកម្ពលសិលា ទៀបដើមបារិច្ឆត្តកព្រឹក្ស ក្នុង​ឋានតាវត្តិង្សទេវលោក គ្រានោះ ព្រះមានព្រះភាគ បាន​ភាសិតនូវ​ឧទ្ទេស និងវិភង្គ​នៃភទ្ទេករត្តៈ ដល់ពួកទេវតា ឋានតាវត្តិង្សថា

បុគ្គល មិនគប្បី​អាឡោះ​អាល័យ​បញ្ចក្ខន្ធ ជាអតីត។បេ។ មុនីដែលជាអ្នកស្ងប់រម្ងាប់ តែង​ហៅ​បុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

បពិត្រភិក្ខុ ខ្ញុំចាំនូវឧទ្ទេករត្តិគាថាទាំងឡាយ ដោយប្រការយ៉ាងនេះ បពិត្រ​ភិក្ខុ ចូរលោករៀន នូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា បពិត្រភិក្ខុ ចូរ​លោក​ទន្ទេញ​នូវ​ឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា បពិត្រភិក្ខុ ចូរលោកចាំទុកនូវឧទ្ទេស និង​វិភង្គ នៃភទ្ទេករត្តិគាថា បពិត្រភិក្ខុ ព្រោះថា ឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា ​ប្រកប​ដោយ​ប្រយោជន៍ ចាត់ថាជា អាទិព្រហ្មចរិយៈ ។ បពិត្រព្រះអង្គដ៏ចំរើន ​ទេវបុត្រនោះ បានពោលពាក្យនេះ លុះពោលពាក្យនេះចប់ហើយ ក៏បាត់ក្នុងទីនោះទៅ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់សំដែង​នូវឧទ្ទេស និងវិភង្គ នៃភទ្ទេករត្តិគាថា ដល់ខ្ញុំព្រះអង្គឲ្យទាន។

[៤៥] ព្រះអង្គទ្រង់សួរថា ម្នាលភិក្ខុ ចុះលោកស្គាល់ទេវបុត្រនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនបានស្គាល់ទេវបុត្រនោះទេ។ ម្នាលភិក្ខុ ទេវបុត្រ​នោះ ឈ្មោះចន្ទនៈ ម្នាលភិក្ខុ ចន្ទនទេវបុត្រ បានធ្វើឲ្យជាក់ច្បាស់ យកចិត្តទុកដាក់ ប្រមូល​មក​នូវធម៌ទាំងអស់ ដោយចិត្ត ហើយផ្ទៀងសោតប្រសាទប្រុងស្តាប់ធម៌ ម្នាលភិក្ខុ បើដូច្នោះ ចូរអ្នកយកចិត្តទុកដាក់ស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគត នឹងសំដែង។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៤៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា

បុគ្គល មិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត មិនគប្បីប្រាថ្នា​បញ្ចក្ខន្ធ​ជាអនាគត ព្រោះថា បញ្ចក្ខន្ធណា ដែលជាអតីត បញ្ចក្ខន្ធនោះ កន្លង​ហួស​ទៅ​ហើយ បញ្ចក្ខន្ធណា ដែលជាអនាគត បញ្ចក្ខន្ធនោះ ក៏នៅមិនទាន់មកដល់ មួយទៀត បុគ្គលណា ឃើញ​ច្បាស់ នូវធម៌កើតឡើងចំពោះមុខ ក្នុងទីនោះៗ បុគ្គលនោះ លុះ​ដឹង​ច្បាស់​ នូវព្រះនិព្វាន ដែល​មិន​រសេមរសាម មិនកម្រើកហើយ ចម្រើនឲ្យរឿយៗ នូវ​ផលសមាបត្តិ ដែលជា​អារម្មណ៍ របស់ព្រះនិព្វាននោះ ឯសេចក្តីព្យាយាម ​គួរធ្វើក្នុងថ្ងៃនេះ នរណានឹងដឹងថា សេចក្តីស្លាប់ នឹងមាន​ក្នុង​ថ្ងៃ​ស្អែកបាន ព្រោះថា ការតទល់របស់យើង ចំពោះមច្ចុ ដែលមានសេនាច្រើន មិនមានឡើយ មុនីដែលជាអ្នកស្ងប់រម្ងាប់ តែង​ហៅ​បុគ្គល អ្នកមាន​ព្យាយាម មិនខ្ជិល​ច្រអូស ទាំងថ្ងៃ ទាំងយប់ នៅដោយសេចក្តីមិនប្រមាទ យ៉ាងនេះ ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

[៤៧] ម្នាលភិក្ខុ ចុះបុគ្គលអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូច​ម្តេច។ បុគ្គល​អាឡោះអាល័យនូវតម្រេក ក្នុងទីនោះៗថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុង​កាលជា​អតីត អាត្មាអញ មានវេទនាយ៉ាងនេះ។បេ។ អាត្មាអញ មានសញ្ញាយ៉ាងនេះ។បេ។ អាត្មាអញ មានសង្ខារ​យ៉ាងនេះ។បេ។ បុគ្គលអាឡោះអាល័យ នូវតម្រេកក្នុងទីនោះៗថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុ បុគ្គលអាឡោះអាល័យ​បញ្ចក្ខន្ធ ជាអតីត យ៉ាងនេះឯង។

[៤៨] ម្នាលភិក្ខុ ចុះបុគ្គលមិនអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត តើដូច​ម្តេច។ បុគ្គល​មិន​អាឡោះអាល័យនូវតម្រេក ក្នុងទីនោះៗថា អាត្មាអញ មានរូបយ៉ាងនេះ ក្នុង​កាលជា​អតីត អាត្មាអញ មានវេទនាយ៉ាងនេះ។បេ។ អាត្មាអញ មានសញ្ញាយ៉ាងនេះ។បេ។ អាត្មាអញ មានសង្ខារ​យ៉ាងនេះ។បេ។ បុគ្គល មិនអាឡោះអាល័យ នូវតម្រេក ក្នុងទីនោះៗថា អាត្មាអញ មានវិញ្ញាណយ៉ាងនេះ ក្នុងកាលជាអតីត។ ម្នាលភិក្ខុ បុគ្គលមិនអាឡោះអាល័យ​បញ្ចក្ខន្ធ ជាអតីត យ៉ាងនេះឯង។

[៤៩] ម្នាលភិក្ខុ ចុះបុគ្គលប្រាថ្នាបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គល​អាឡោះអាល័យនូវតម្រេក ក្នុងទីនោះៗថា សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ ក្នុង​កាលជា​អនាគត សូមឲ្យអាត្មាអញ មានវេទនាយ៉ាងនេះ។បេ។ សូមឲ្យអាត្មាអញ មានសញ្ញាយ៉ាងនេះ។បេ។ សូមឲ្យអាត្មាអញ មានសង្ខារ​យ៉ាងនេះ។បេ។ បុគ្គលអាឡោះអាល័យ នូវតម្រេកក្នុងទីនោះៗថា សូមឲ្យអាត្មាអញ មានវិញ្ញាណ​យ៉ាងនេះ ក្នុងកាលជាអនាគត។ ម្នាលភិក្ខុ បុគ្គលប្រាថ្នាបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។

[៥០] ​ម្នាលភិក្ខុ ចុះបុគ្គលមិនប្រាថ្នាបញ្ចក្ខន្ធ ជាអនាគត តើដូចម្តេច។ បុគ្គល​មិន​អាឡោះអាល័យនូវតម្រេក ក្នុងទីនោះៗថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានរូបយ៉ាងនេះ សូមឲ្យអាត្មាអញ មានវេទនាយ៉ាងនេះ។បេ។ សូមឲ្យអាត្មាអញ មានសញ្ញាយ៉ាងនេះ។បេ។ សូមឲ្យអាត្មាអញ មានសង្ខារ​យ៉ាងនេះ។បេ។ បុគ្គលមិនអាឡោះអាល័យ នូវតម្រេកក្នុងទីនោះៗថា ក្នុងកាលជាអនាគត សូមឲ្យអាត្មាអញ មានវិញ្ញាណ​យ៉ាងនេះ។ ម្នាលភិក្ខុ បុគ្គលមិនប្រាថ្នាបញ្ចក្ខន្ធ ជាអនាគត យ៉ាងនេះឯង។

[៥១] ម្នាលភិក្ខុ ចុះបុគ្គលរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញ​ពួកព្រះអរិយៈ មិនឈ្លាសក្នុងធម៌របស់ព្រះអរិយៈ មិនបានទទួលណែនាំ ក្នុងធម៌របស់ព្រះអរិយៈ មិនបានឃើញពួកសប្បុរស មិនឈ្លាសក្នុងធម៌ របស់សប្បុរស មិនបានទទួលណែនាំ ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញរូបថាជាខ្លួន ឃើញខ្លួនថាមានរូប ឃើញ​រូប​ថាមានក្នុងខ្លួន ឬឃើញខ្លួន ថាមានក្នុងរូប នូវវេទនា។បេ។ នូវសញ្ញា។បេ។ នូវសង្ខារ​ទាំងឡាយ។បេ។ ពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួន ឃើញខ្លួន ថាមានវិញ្ញាណ ឃើញវិញ្ញាណ ​ថាមានក្នុងខ្លួន ឬឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ ម្នាលភិក្ខុ បុគ្គល​រសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[៥២] ម្នាលភិក្ខុ ចុះបុគ្គលមិនរសេមរសាម ក្នុងពួកធម៌ជាបច្ចុប្បន្ន តើដូចម្តេច។ ម្នាលភិក្ខុ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកបានស្តាប់ បានឃើញ​ពួកព្រះអរិយៈ ជាអ្នកឈ្លាសក្នុងធម៌របស់ព្រះអរិយៈ ជាអ្នកទទួលណែនាំ ដោយប្រពៃ ក្នុងធម៌របស់ព្រះអរិយៈ ជាអ្នកឃើញពួកសប្បុរស ជាអ្នកឈ្លាសក្នុងធម៌ របស់សប្បុរស ជាអ្នកទទួលណែនាំ ដោយប្រពៃ ក្នុងធម៌របស់សប្បុរស មិនពិចារណាឃើញនូវ​រូប ថាជាខ្លួន មិនឃើញខ្លួន ថាមានរូប មិនឃើញ​រូប​ថាមានក្នុងខ្លួន ឬមិនឃើញខ្លួន ថាមានក្នុងរូប មិនឃើញវេទនា។បេ។ មិនឃើញសញ្ញា។បេ។ មិនឃើញសង្ខារ​ទាំងឡាយ។បេ។ មិនពិចារណាឃើញវិញ្ញាណ ថាជាខ្លួន មិនឃើញខ្លួន ថាមានវិញ្ញាណ មិនឃើញវិញ្ញាណ ​ថាមានក្នុងខ្លួន ឬមិនឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ ម្នាលភិក្ខុ បុគ្គលមិន​រសេមរសាម ក្នុងពួកធម៌ ជាបច្ចុប្បន្ន យ៉ាងនេះឯង។

[៥៣] បុគ្គលមិនគប្បីអាឡោះអាល័យបញ្ចក្ខន្ធ ជាអតីត។បេ។ មុនីជាអ្នកស្ងប់រម្ងាប់ តែង​ហៅ​បុគ្គលនោះឯង ថាជាអ្នកមានរាត្រីមួយដ៏ចម្រើន។

លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះ​ចប់ហើយ ព្រះលោមសកង្គិយៈមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ លោមសកង្គិយភទ្ទេករត្តសូត្រ ទី៤។

ចូឡកម្មវិភង្គសូត្រ ទី៥

[៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង សុភមាណព ជាបុត្រ​របស់តោទេយ្យព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល នឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យសំណេះ​សំណាល និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។

[៥៥] លុះសុភមាណព តោទេយ្យបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចម្រើន អ្វីហ្ន៎ជាហេតុ អ្វីហ្ន៎​ជាបច្ច័យ ដែលនាំឲ្យពួកមនុស្ស កាលកើតមកជាមនុស្ស មានសេចក្តីថោកទាប និងខ្ពង់ខ្ពស់ ប្រាកដ​ឡើង បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា មនុស្សទាំងឡាយ មានអាយុខ្លី មានអាយុវែង មានអាពាធច្រើន មានអាពាធតិច មានសម្បុរអាក្រក់ មានសម្បុរល្អ មានសក្តិតូច ​មានសក្តិធំ មានភោគសម្បត្តិតិច មានភោគសម្បត្តិច្រើន មានត្រកូលទាប មាន​ត្រកូល​ខ្ពស់ មានប្រាជ្ញាតិច មានប្រាជ្ញាច្រើន បពិត្រព្រះគោតមដ៏ចំរើន អ្វីហ្ន៎ជាហេតុ អ្វីហ្ន៎​ជាបច្ច័យ ដែលនាំឲ្យពួកមនុស្ស កាលកើតមកជាមនុស្ស មានសេចក្តីថោកទាប និងខ្ពង់ខ្ពស់ ប្រាកដឡើង។

[៥៦] ម្នាលមាណព សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្ម​ជាកំណើត មានកម្មជាផៅពង្ស មានកម្មជាគ្រឿងរលឹក កម្មតែងចែក​សត្វ​ទាំងឡាយ ដើម្បីឲ្យថោកទាប និងខ្ពង់ខ្ពស់។ ខ្ញុំព្រះអង្គមិនយល់សេចក្តីពិស្តារ របស់​ភាសិតសង្ខេបនេះ ដែល​ព្រះគោតមដ៏ចម្រើន មិនទាន់ចែកសេចក្តី​ដោយពិស្តារ​បាន​ឡើយ សូមព្រះគោតមជាម្ចាស់ ទ្រង់សំដែងធម៌ តាមទំនងដែលខ្ញុំព្រះអង្គនឹងយល់​សេចក្តី​ពិស្តាររបស់ភាសិតសង្ខេបនេះ ដែលបពិត្រព្រះគោតមដ៏ចម្រើន មិនទាន់​ចែក​សេចក្តីដោយពិស្តារឲ្យទាន។ ម្នាលមាណព បើដូច្នោះ ចូរអ្នកយកចិត្តទុកដាក់ស្តាប់ឲ្យ​ប្រពៃចុះ តថាគតនឹងសំដែង។ សុភមាណព តោទេយ្យបុត្រ ទទួល​ព្រះពុទ្ធដីការបស់​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៥៧] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះថា ម្នាលមាណព ស្ត្រី ឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ប្រព្រឹត្តអាក្រក់ មានដៃប្រឡាក់ឈាម តាំងនៅ​ក្នុងការ​បៀតបៀន និងការសម្លាប់ មិនដល់នូវសេចក្តី​អាណិតក្នុងពួកសត្វ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានសមាទានយ៉ាងនេះ បុគ្គលនោះ លុះរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ប្រសិនបើរំលាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មិនទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស ក្នុងទីណាៗ រមែង​ជាអ្នកមានអាយុខ្លី។ ម្នាលមាណព បុគ្គលសម្លាប់សត្វ ជាអ្នកប្រព្រឹត្តអាក្រក់ មានដៃ​ប្រឡាក់​ដោយឈាម តាំងនៅ​ក្នុងការ​បៀតបៀន និងការសម្លាប់ មិនដល់នូវសេចក្តី​អាណិតក្នុងពួកសត្វ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីឲ្យមានអាយុខ្លី។

[៥៨] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ លះបង់​បាណាតិបាត វៀរស្រឡះចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានសស្ត្រា​ដាក់​ចុះហើយ ជាអ្នកមានសេចក្តីអៀនខ្មាស មានសេចក្តីអាណិតអាសូរ អនុគ្រោះដោយ​ប្រយោជន៍ ក្នុងពួកសត្វទាំងអស់។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះរំលាងកាយបន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុងសុគតិសួគ៌​ទេវលោក ប្រសិនបើបុគ្គលនោះ រំលាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុងទីណាៗ រមែងមានអាយុវែង។ ម្នាលមាណព បុគ្គលដែលលះបង់​បាណាតិបាត វៀរចាកបាណាតិបាត មានដំបងដាក់ចុះហើយ មានសស្ត្រា​ដាក់​ចុះហើយ មាន​សេចក្តី​អៀនខ្មាស មានសេចក្តីអាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះ ដោយ​ប្រយោជន៍ ក្នុងពួកសត្វទាំងអស់ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីឲ្យមាន អាយុវែង ។

[៥៩] ម្នាលមាណព ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នកបៀតបៀនសត្វ​ទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយ​សស្ត្រាខ្លះ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នកមានអាពាធច្រើន។ ម្នាលមាណព បុគ្គលដែលជាអ្នកបៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយសស្ត្រាខ្លះ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី មានអាពាធច្រើន ។

[៦០] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នក​មិន​បៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយ​សស្ត្រាខ្លះ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​សុគតិ​សួគ៌​​ទេវលោក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនបានទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកមានអាពាធតិច។ ម្នាលមាណព បុគ្គលដែលជាអ្នក​មិនបៀតបៀនសត្វទាំងឡាយ ដោយបាតដៃខ្លះ ដោយដុំដីខ្លះ ដោយដំបងខ្លះ ដោយ​សស្ត្រាខ្លះ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានអាពាធតិច។

[៦១] ម្នាលមាណព ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នកមានសេចក្តីក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែគេស្តីថាបន្តិចបន្តួច ក៏ថ្នាំងថ្នាក់ ខឹង ព្យាបាទ តបត សំដែងសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តី​មិនត្រេកអរ ឲ្យ​ប្រាកដ​ឡើង។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នកមាន សម្បុរអាក្រក់ ។ ម្នាលមាណព បុគ្គលដែលមានសេចក្តីក្រោធ ច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត គ្រាន់តែគេស្តីថា​បន្តិចបន្តួច ក៏ថ្នាំងថ្នាក់ ក្រោធ ព្យាបាទ តបត សំដែង​សេចក្តីក្រោធ សេចក្តីប្រទូស្ត និង​សេចក្តីមិនត្រេកអរ ឲ្យប្រាកដឡើង នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​  មានសម្បុរអាក្រក់ ។

[៦២] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នក​មិន​ក្រោធ មិនច្រើនដោយសេចក្តីចង្អៀតចង្អល់ចិត្ត ទុកជាគេស្តីថាច្រើន ក៏មិនថ្នាំងថ្នាក់ មិន​ក្រោធ មិនព្យាបាទ មិនតបត មិនសំដែងសេចក្តីក្រោធ សេចក្តីប្រទូស្ត និង​សេចក្តី​មិនត្រេកអរ​ ឲ្យប្រាកដឡើង។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​សុគតិ​សួគ៌​​ទេវលោក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនបានទៅកើតក្នុងសុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកប្រកបដោយ សម្បុរជ្រះថ្លា ។ ម្នាលមាណព បុគ្គលដែល​មិនមានសេចក្តីក្រោធ មិនច្រើនដោយសេចក្តីចចង្អៀតចង្អល់ចិត្ត ទុកជាគេស្តីថាច្រើន ក៏​មិនថ្នាំងថ្នាក់ មិនក្រោធ មិនព្យាបាទ មិនតបត មិនសំដែង​សេចក្តីក្រោធ សេចក្តីប្រទូស្ត និង​សេចក្តីមិនត្រេកអរ ឲ្យប្រាកដឡើង នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីជាអ្នកមានសម្បុរជ្រះថ្លា។

[៦៣] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកច្រណែន តែង​ច្រណែន ប្រទូស្ត ចងទុកនូវសេចក្តី​ច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការ​រាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នក មានស័ក្តិតូច ។ ម្នាលមាណព បុគ្គលជាអ្នកច្រណែន តែងច្រណែន ប្រទូស្ត ចងទុកនូវសេចក្តី​ច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​ មានសក្តិតូច ។

[៦៤] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នក​មិនច្រណែន រមែងមិនច្រណែន មិនប្រទូស្ត មិនចងទុកនូវសេចក្តីច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់ខ្ជាប់យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​សុគតិ​សួគ៌​​ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនបានទៅកើត​ក្នុង​សុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុងទីណាៗ រមែងជាអ្នកមានស័ក្តិធំ។ ម្នាលមាណព បុគ្គលដែល​មិនច្រណែន តែងមិនច្រណែន មិនប្រទូស្ត មិនចងទុក​នូវសេចក្តីច្រណែន ក្នុងលាភៈ សក្ការៈ សេចក្តីគោរព ការរាប់អាន ការថ្វាយបង្គំ និងការបូជា របស់បុគ្គលដទៃ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី មានស័ក្តិធំ ។

[៦៥] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនបានឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់​សមណៈ ឬព្រាហ្មណ៍។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់​ខ្ជាប់​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក ប្រសិនបើបុគ្គលនោះ ទំលាយរាងកាយ​ស្លាប់​​ទៅ មិនទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នកមានភោគសម្បត្តិតិច។ ម្នាលមាណព បុគ្គលដែលមិនបានឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់សមណៈ ឬព្រាហ្មណ៍ នេះឯងឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​ មានភោគសម្បត្តិតិច ។

[៦៦] ម្នាលមាណព មួយទៀត ស្ត្រីឬបុរស​ពួក​ខ្លះ ក្នុងលោកនេះ ជាអ្នកឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់​សមណៈ ឬព្រាហ្មណ៍។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានសមាទាន​យ៉ាងនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​សុគតិ​សួគ៌​​ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​សុគតិសួគ៌ទេវលោកទេ បើបានត្រឡប់​មកកាន់​ភាព​ជាមនុស្ស កើតក្នុង​ទី​ណាៗ រមែងជាអ្នក មានភោគសម្បត្តិច្រើន ។ ម្នាលមាណព បុគ្គលដែលឲ្យបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីអាស្រ័យ ប្រទីប ដល់​សមណៈ ឬព្រាហ្មណ៍ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បីមានភោគសម្បត្តិច្រើន។

[៦៧] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នករឹងត្អឹង មើល​ងាយ មិនសំពះបុគ្គលដែលគួរសំពះ មិនក្រោកទទួលបុគ្គលដែលគួរក្រោកទទួល មិនឲ្យ​អាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ មិនឲ្យផ្លូវ ដល់បុគ្គលដែលគួរ​ដល់ផ្លូវ មិនធ្វើ​សក្ការៈ ដល់បុគ្គលដែលគួរដល់សក្ការៈ មិនធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើ​សេចក្តីគោរព មិនរាប់អានដល់បុគ្គលដែលគួររាប់អាន មិនបូជាដល់បុគ្គលដែលគួរ​បូជា។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់​ខ្ជាប់​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នក មានត្រកូលថោកទាប ។ ម្នាលមាណព បុគ្គលដែលរឹងត្អឹង មើល​ងាយ មិនសំពះបុគ្គលដែលគួរសំពះ មិនក្រោកទទួលបុគ្គលដែលគួរក្រោកទទួល មិនឲ្យ​អាសនៈ ដល់បុគ្គលដែល​គួរ​ដល់​អាសនៈ មិនឲ្យផ្លូវ ដល់បុគ្គលដែលគួរ​ដល់ផ្លូវ មិនធ្វើ​សក្ការៈ ដល់បុគ្គលដែលគួរធ្វើ​សក្ការៈ មិនធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើ​សេចក្តីគោរព មិនរាប់អាន​បុគ្គល​ដែលគួររាប់អាន មិនបូជាបុគ្គលដែលគួរ​បូជា នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​មានត្រកូលថោកទាប។

[៦៨] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនរឹងត្អឹង មិនមើល​ងាយ សំពះបុគ្គលដែលគួរសំពះ ក្រោកទទួលបុគ្គលដែលគួរក្រោកទទួល ឲ្យ​អាសនៈ ដល់បុគ្គលដែលគួរដល់អាសនៈ ឲ្យផ្លូវ ដល់បុគ្គលដែលគួរ​ដល់ផ្លូវ ធ្វើ​សក្ការៈ ដល់បុគ្គលដែលគួរធ្វើសក្ការៈ ធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរគោរព រាប់អានបុគ្គលដែលគួររាប់អាន បូជាដល់បុគ្គលដែលគួរ​បូជា។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់​ខ្ជាប់​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​សុគតិសួគ៌ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​សុគតិសួគ៌ទេវលោកទេ បើ​បានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នក មានត្រកូលខ្ពង់ខ្ពស់ ។ ម្នាលមាណព បុគ្គលដែលមិនរឹងត្អឹង មិនមើល​ងាយគេ សំពះបុគ្គលដែលគួរសំពះ ក្រោកទទួលបុគ្គល ដែលគួរក្រោកទទួល ឲ្យ​អាសនៈ ដល់បុគ្គលដែល​គួរ​ដល់​អាសនៈ ឲ្យផ្លូវ ដល់បុគ្គលដែលគួរ​ដល់ផ្លូវ ធ្វើ​សក្ការៈ ដល់បុគ្គលដែលគួរ​ធ្វើ​សក្ការៈ ធ្វើសេចក្តីគោរព ដល់បុគ្គលដែលគួរធ្វើ​សេចក្តីគោរព រាប់អាន​បុគ្គល​ដែលគួររាប់អាន បូជាបុគ្គលដែលគួរ​បូជា នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​មានត្រកូលខ្ពង់ខ្ពស់។

[៦៩] ម្នាលមាណព ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយមិនបានសួរថា បពិត្រលោកម្ចាស់ដ៏ចម្រើន អ្វីជាកុសល អ្វីជាអកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅដើម្បី​ទោស ដើម្បីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលដ៏យូរ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានកាន់​ខ្ជាប់​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បើបុគ្គលនោះ ទំលាយ​រាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកទេ បើបានត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នក គ្មានប្រាជ្ញា ។ ម្នាលមាណព បុគ្គលដែលចូលទៅរកសមណៈ ឬព្រាហ្មណ៍ ហើយមិនបានសួរថា បពិត្រលោកដ៏ចម្រើន អ្វីជាកុសល អ្វីជាអកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅដើម្បី​ទោស ដើម្បីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលដ៏យូរ នេះ ឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី​មិនមានប្រាជ្ញា។

[៧០] ម្នាលមាណព មួយទៀត ស្ត្រីឬបុរសពួកខ្លះ ក្នុងលោកនេះ ចូលទៅជិត​សមណៈ ឬព្រាហ្មណ៍ ហើយសួរថា បពិត្រលោកដ៏ចម្រើន អ្វីជាកុសល អ្វីជាអកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅដើម្បី​ទោស ដើម្បីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលដ៏យូរ។ ព្រោះអំពើនោះ ដែលខ្លួន​បានបំពេញយ៉ាងនេះ បានសមាទាន​យ៉ាង​នេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តីស្លាប់ទៅ រមែង​ទៅកើតក្នុង​សុគតិសួគ៌ទេវលោក បើបុគ្គលនោះ ទំលាយរាងកាយ បន្ទាប់​អំពី​សេចក្តី​ស្លាប់​ទៅ មិនទៅកើត​ក្នុង​សុគតិសួគ៌ទេវលោកទេ បើ​ត្រឡប់​មកកាន់ភាពជាមនុស្ស កើតក្នុងទីណាៗ រមែង​ជាអ្នកមានប្រាជ្ញាច្រើន។ ម្នាលមាណព បុគ្គលដែលចូលទៅរក​សមណៈ ឬព្រាហ្មណ៍ ហើយបានសួរថា បពិត្រលោកដ៏ចម្រើន អ្វីជាកុសល អ្វីជា​អកុសល អ្វីមានទោស អ្វីឥតទោស អ្វីគួរសេព អ្វីមិនគួរសេព អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្ត​ទៅ​ដើម្បី​ទោស ដើម្បីសេចក្តីទុក្ខ អស់កាលដ៏យូរ មួយទៀត អ្វីកាលបើខ្ញុំធ្វើ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលដ៏យូរ នេះឈ្មោះថា បដិបទា ប្រព្រឹត្តទៅ ដើម្បី ​មានប្រាជ្ញាច្រើន ។

[៧១] ម្នាលមាណព ព្រោះហេតុថា សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅឲ្យ​មានអាយុខ្លី រមែងនាំឲ្យមានអាយុខ្លី សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានអាយុ​វែង រមែងនាំឲ្យមានអាយុវែង សេចក្តីប្រតិបត្តិ ប្រព្រឹត្តទៅ ដើម្បីឲ្យមានអាពាធច្រើន រមែង​នាំឲ្យមានអាពាធច្រើន សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បី​អាពាធតិច រមែង​នាំ​ឲ្យមានអាពាធតិច សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានសម្បុរ​អាក្រក់ រមែង​នាំឲ្យមានសម្បុរអាក្រក់ សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីជាអ្នកមានសម្បុរជ្រះ​ថ្លា រមែងនាំឲ្យ​ជាអ្នកមានសម្បុរជ្រះថ្លា សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យ​មានស័ក្តិ​តូច រមែងនាំឲ្យមានស័ក្តិតូច សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានស័ក្តិធំ រមែង​នាំឲ្យមានស័ក្តិធំ សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានភោគសម្បត្តិតិច រមែង​នាំឲ្យមានភោគសម្បត្តិតិច សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានភោគសម្បត្តិ​ច្រើន រមែងនាំឲ្យមានភោគសម្បត្តិច្រើន សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យ​មានត្រកូលថោកទាប រមែងនាំឲ្យមានត្រកូលថោកទាប សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានត្រកូលខ្ពង់ខ្ពស់ រមែងនាំឲ្យមានត្រកូលខ្ពង់ខ្ពស់ សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីមិនមានប្រាជ្ញា រមែងនាំឲ្យមិនមានប្រាជ្ញា សេចក្តីប្រតិបត្តិ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យមានប្រាជ្ញាច្រើន រមែងនាំឲ្យមានប្រាជ្ញាច្រើន។ ម្នាលមាណព សត្វទាំងឡាយ មានកម្មជារបស់ខ្លួន មានកម្មជាទាយាទ មានកម្មជាកំណើត មានកម្ម​ជាផៅពង្ស មានកម្មជាគ្រឿង​រលឹក កម្មតែងចែកពួកសត្វដើម្បីឲ្យថោកទាប និងខ្ពង់ខ្ពស់។

[៧២] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សុភមាណព តោទេយ្យបុត្រ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌​ដែល​ព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជា​គេផ្ងាររបស់ដែលផ្កាប់ ឬបើកបង្ហាញរបស់ដែលកំបាំង ឬក៏ប្រាប់ផ្លូវ ដល់មនុស្សវង្វេង​ ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យពួកមនុស្សដែល​មានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន ខ្ញុំព្រះអង្គសូមដល់នូវ​ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូម​ព្រះ​គោតម​ដ៏ចម្រើន ចាំទុកនូវខ្ញុំ​ព្រះអង្គថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើម​តាំងពីថ្ងៃនេះតរៀងទៅ។

ចប់ ចូឡកម្មវិភង្គសូត្រ ទី៥។

មហាកម្មវិភង្គសូត្រ ទី៦

[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះសមិទ្ធិមានអាយុ គង់​នៅក្នុងកុដិ ដែលតាំងនៅក្នុងព្រៃ។ គ្រានោះឯង បរិព្វាជក ឈ្មោះ បោតលិបុត្រ ដើរ​ចង្ក្រមត្រាច់ទៅមក ដើម្បីសម្រួលស្មង ហើយចូលទៅរកព្រះសមិទ្ធិមានអាយុ លុះចូលទៅដល់ហើយ  ក៏ពោលពាក្យរាក់ទាក់ នឹងព្រះសមិទ្ធិមានអាយុ លុះ​បញ្ចប់​ពាក្យ​រាក់ទាក់ និងពាក្យគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៧៤] លុះបោតលិបុត្តបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ទើបពោលពាក្យនេះ នឹង​ព្រះសមិទ្ធិមានអាយុថា ម្នាលអាវុសោសមិទ្ធិ ពាក្យនេះ ខ្ញុំបានស្តាប់មក ក្នុងទី​ចំពោះ​ព្រះភក្ត្រ បានទទួលមកក្នុងទីចំពោះ​ព្រះភក្ត្រ នៃ​ព្រះសមណគោតមថា កាយកម្ម​ជាកម្ម​ឥត​អំពើ វចីកម្មជាកម្មឥតអំពើ មនោកម្មទើបជាកម្មពិត មួយទៀត បុគ្គលចូលកាន់​សមាបត្តិណា ហើយមិនទទួលអារម្មណ៍អ្វីមួយ សមាបត្តិនោះក៏មានដែរ។ ព្រះសមិទ្ធិ​ពោល​តបថា ម្នាលអាវុសោបោតលិបុត្ត អ្នកកុំពោលយ៉ាងនេះឡើយ អ្នក​កុំ​ពោល​បង្កាច់​ព្រះមានព្រះភាគ ព្រោះថា ការពោលបង្កាច់ព្រះមានព្រះភាគ មិនល្អទេ ដ្បិត​ថា ព្រះមានព្រះភាគ មិនបានត្រាស់ថា កាយកម្ម ​ជាកម្ម​ឥត​អំពើ វចីកម្ម ជា​កម្ម​ឥតអំពើ មនោកម្ម ទើបជាកម្មពិត យ៉ាងនេះទេ ម្នាលអាវុសោ តែចំណែក​ខាងបុគ្គល​ ចូលកាន់​សមាបត្តិណា មិនទទួលអារម្មណ៍អ្វីមួយ សមាបត្តិនោះ ក៏មានមែន។ ម្នាលអាវុសោ សមិទ្ធិ លោកបួស​បានយូរប៉ុន្មានវស្សាហើយ។ ម្នាលអាវុសោ មិនយូរប៉ុន្មាន​ទេ ទើបតែនឹង​បាន​៣វស្សា។ ឥឡូវនេះ យើងទាំងឡាយ ចាំនិយាយថ្វី ចំពោះពួក​ភិក្ខុ​ជាថេរៈ ក្នុងរឿងនេះ ព្រោះសូម្បីភិក្ខុថ្មី ក៏គង់សំគាល់នូវសាស្តា ដែលខ្លួនគួរការពារ យ៉ាង​នេះបានដែរ ម្នាលអាវុសោសមិទ្ធិ បុគ្គលធ្វើកម្មប្រកបដោយចេតនា ដោយកាយវាចាចិត្ត​ហើយ តើរងវេទនាដូចម្តេច។ ម្នាលអាវុសោ បោតលិបុត្ត បុគ្គលធ្វើកម្ម ប្រកប​ដោយ​ចេតនា ដោយកាយវាចាចិត្ត​ហើយ រមែងរងទុក្ខវេទនា។ គ្រានោះ បោតលិបុត្តបរិព្វាជក មិន​ត្រេកអរ មិនខាំងឃាត់ភាសិត របស់ព្រះសមិទ្ធិមានអាយុ លុះមិនត្រេកអរ មិនខាំង​ឃាត់ហើយ ក៏ក្រោកអំពីអាសនៈ ចៀសចេញទៅ។

[៧៥] គ្រានោះឯង ព្រះសមិទ្ធិមានអាយុ កាលបោតលិបុត្តបរិព្វាជក ចៀសចេញទៅ មិនយូរប៉ុន្មាន ក៏ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់​ទាក់ នឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យ ដែល​គួររាក់ទាក់ និងពាក្យគួររលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសមិទ្ធិមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ផ្តៀងពាក្យចរចាទាំងអស់ ដែលខ្លួន​និយាយនឹងបោតលិបុត្តបរិព្វាជក ទាំងប៉ុន្មាន ដល់​ព្រះអានន្ទមានអាយុ។ កាលព្រះសមិទ្ធិមានអាយុ ពោលយ៉ាងនេះហើយ ព្រះអានន្ទ​មានអាយុ ក៏ពោលនឹងព្រះសមិទ្ធិមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ សមិទ្ធិ ពាក្យនេះ ជាពាក្យមានមូលហេតុហើយ ម្នាលអាវុសោសមិទ្ធិ គួរយើងនាំគ្នាមក ដើម្បី​គាល់​ព្រះមានព្រះភាគ គួរនាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ គួរ​ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ព្រះមានព្រះភាគ នឹងព្យាករ ដល់យើង​យ៉ាងណា យើងគប្បីចងចាំសេចក្តីនោះ យ៉ាងនោះ។ ព្រះសមិទ្ធិមានអាយុ ទទួល​ពាក្យព្រះអានន្ទមានអាយុថា ករុណា អាវុសោ។ គ្រានោះ ព្រះសមិទ្ធិមានអាយុ និង​ព្រះអានន្ទមានអាយុ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយ​បង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុង​ទីដ៏​សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យចរចាទាំងប៉ុន្មាន របស់ព្រះសមិទ្ធិមានអាយុ ជាមួយនឹងបោតលិបុត្តបរិព្វាជកទាំងអស់ ចំពោះព្រះមានព្រះភាគ។

[៧៦] លុះព្រះអានន្ទក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ព្រះអានន្ទមានអាយុ យ៉ាងនេះថា ម្នាលអានន្ទ តថាគត មិនទាំងធ្លាប់ឃើញ នូវ​បោតលិបុត្តបរិព្វាជកសោះ តើនឹងមានការចរចាជាមួយបែបនេះ មកពីណា ម្នាល​អានន្ទ ប្រស្នាដែលគួរចែក គួរដោះស្រាយ ដល់បោតលិបុត្តបរិព្វាជក លោកសមិទ្ធិ ជាមោឃ​បុរសនេះឯង ដោះស្រាយហើយតែមួយចំណែក។ កាល​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​យ៉ាងនេះហើយ ព្រះឧទាយិមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ក្រែងសមិទ្ធិមានអាយុ ពោលដូច្នោះ ព្រោះអាងហេតុនេះថា វេទនា​ណានីមួយ វេទនានោះ សុទ្ធតែជាទុក្ខដូច្នេះទេដឹង។

[៧៧] កាលព្រះឧទាយិ ក្រាបទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ ចូរអ្នកមើលនូវសេចក្តី​ល្ងង់​របស់ឧទាយិ ជាមោឃបុរសនេះ ម្នាលអានន្ទ តថាគត បានដឹងច្បាស់ហើយថា ឥឡូវនេះ ឧទាយិ​នេះ ជាមោឃបុរស កាលងើបឡើង តែងងើបឡើង ដោយឧបាយមិនមែនជាប្រាជ្ញា ម្នាល​អានន្ទ បោតលិបុត្តបរិព្វាជក បានសួរវេទនា ៣ ខាងដើម ម្នាលអានន្ទ ប្រសិនបើសមិទ្ធិ​ជាមោឃបុរសនេះ ត្រូវបោតលិបុត្តបរិព្វាជកសួរយ៉ាងនេះ គប្បីដោះស្រាយ យ៉ាង​នេះថា ម្នាលអាវុសោ បោតលិបុត្ត បុគ្គលធ្វើអំពើប្រកបដោយចេតនា ដោយកាយវាចាចិត្ត ជាហេតុ​នៃសុខវេទនា បុគ្គលនោះ ក៏រងសុខវេទនា ម្នាលអាវុសោ បោតលិបុត្ត បុគ្គល​ធ្វើ​កម្មប្រកបដោយចេតនា ដោយកាយវាចាចិត្ត ជាហេតុនៃទុក្ខវេទនា បុគ្គលនោះ តែង​រងទុក្ខវេទនា ម្នាលអាវុសោ បោតលិបុត្ត បុគ្គល​ធ្វើអំពើប្រកបដោយចេតនា ដោយកាយ​វាចាចិត្ត ជាហេតុនៃអទុក្ខមសុខវេទនា បុគ្គលនោះ តែងរងអទុក្ខមសុខវេទនា ម្នាល​អានន្ទ សមិទ្ធិជាមោឃបុរស កាលព្យាករយ៉ាងនេះ ឈ្មោះថា គួរព្យាករដោយប្រពៃ ដល់​បោតលិបុត្តបរិព្វាជក ម្នាល​អានន្ទ មួយទៀត ពួកតិរ្ថិយបរិព្វាជកដទៃទាំងនោះ ជា​មនុស្ស​ល្ងង់ មិនឈ្លាសប្រតិពល ម្តេចឡើយនឹងដឹងមហាកម្មវិភង្គ របស់តថាគតបាន ម្នាល​អានន្ទ បើដូច្នោះ កាលបើតថាគត ចែកមហាកម្មវិភង្គ អ្នកទាំងឡាយ គប្បីស្តាប់ចុះ។ បពិត្រ​ព្រះមានព្រះភាគ កាលនេះជាកាលគួរ ព្រះមានព្រះភាគ គួរចែក​នូវមហាកម្មវិភង្គ បពិត្រព្រះសុគត កាលនេះជាកាលគួរ ព្រះមានព្រះភាគ គួរចែកមហាកម្មវិភង្គ ពួកភិក្ខុ​បានស្តាប់ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគ និងបានចងចាំទុក។ ម្នាល​អានន្ទ បើដូច្នោះ ចូរអ្នកយកចិត្តទុកដាក់ ស្តាប់ដោយប្រពៃចុះ តថាគតនឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏​ទទួល​ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៧៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះថា ម្នាល​អានន្ទ បុគ្គលក្នុង​លោកនេះ មាន៤ពួក។ បុគ្គល៤ពួក តើដូចម្តេចខ្លះ។ ម្នាល​អានន្ទ បុគ្គលពួកមួយ ក្នុង​លោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាម​ទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យ​ឥត​ប្រយោជន៍ សំឡឹងរំពៃ ចំពោះ​ទ្រព្យរបស់គេ មានចិត្តព្យាបាទ មានគំនិត​យល់ខុស ក្នុង​លោកនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ ម្នាល​អានន្ទ មួយទៀត បុគ្គល​ពួក​មួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្ត​ខុស ក្នុងកាម​ទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោល​ពាក្យ​​ឥត​ប្រយោជន៍ ជាអ្នកសំឡឹងរំពៃ ចំពោះ​ទ្រព្យរបស់គេ មានចិត្តព្យាបាទ មានគំនិត​យល់ខុស ក្នុង​លោកនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក [ព្រោះកុសលជ្រែកអកុសល ក្នុងវេលាជិតស្លាប់។]។ ម្នាល​អានន្ទ បុគ្គល​ពួក​មួយ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ​ចាក​បាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរ​ស្រឡះចាកកាមេសុមិច្ឆាចារ វៀរ​ស្រឡះ​ចាកមុសាវាទ វៀរស្រឡះ​ចាកបិសុណវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ជាអ្នកមានចិត្តមិនបានសំឡឹងរំពៃ ចំពោះទ្រព្យរបស់គេ មានចិត្តមិនបាន​ព្យាបាទ ជាអ្នកមានគំនិត​យល់ត្រូវ ក្នុង​លោកនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ ម្នាល​អានន្ទ មួយទៀត បុគ្គល​ពួក​មួយ ក្នុងលោកនេះ វៀរស្រឡះ​ចាក​បាណាតិបាត វៀរស្រឡះ​ចាកអទិន្នាទាន វៀរ​ស្រឡះចាកកាមេសុមិច្ឆាចារ វៀរ​ស្រឡះ​ចាកមុសាវាទ វៀរស្រឡះ​ចាកបិសុណវាចា វៀរស្រឡះចាកផរុសវាចា វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ជាអ្នកមានចិត្តមិនបានរំពៃ ចំពោះទ្រព្យរបស់គេ មានចិត្តមិន​ព្យាបាទ ជាអ្នកមានគំនិត​យល់ត្រូវ ក្នុង​លោកនេះ បុគ្គលនោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅកើត​ក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក [ព្រោះអកុសល​ជ្រែកកុសល ក្នុងវេលាជិតស្លាប់។]។

[៧៩] ម្នាល​អានន្ទ សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យសេចក្តីព្យាយាម ជាគ្រឿង​តំកល់ចិត្តទុក អាស្រ័យ​សេចក្តីប្រឹងប្រែង អាស្រ័យសេចក្តីមិនប្រមាទ អាស្រ័យសេចក្តីយកចិត្ត​ទុកដាក់ ដោយប្រពៃ រមែង​បាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើតំកល់ចិត្តនឹង​ហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែង​ឃើញដោយទិព្វចក្ខុដ៏​បរិសុទ្ធ កន្លងបង់​ចក្ខុ​របស់​មនុស្សធម្មតា នូវបុគ្គល​ឯណោះដែលសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ ប្រ​ព្រឹត្តខុស ក្នុងកាមទាំងឡាយ ពោលពាក្យកុហក ពោលពាក្យញុះញង់ ពោលពាក្យ​អាក្រក់ ពោលពាក្យឥតប្រយោជន៍ មានចិត្តសំឡឹងរំពៃ ចំពោះ​ទ្រព្យរបស់គេ មានចិត្តព្យាបាទ មានគំនិតយល់ខុស ក្នុងលោកនេះ រមែងឃើញបុគ្គលនោះ ដែល​ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ អំពើអាក្រក់​ក៏មាន ផលរបស់​ទុច្ចរិត ក៏​មាន អាត្មាអញ បានឃើញបុគ្គលឯណោះ ដែលសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេមិនបានឲ្យ ប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ។បេ។ មានគំនិត​យល់ខុស ក្នុងលោក​នេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពី​សេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ បានឮថា បុគ្គលណា ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណាដឹងផ្សេង (អំពី​នេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស។ សមណព្រាហ្មណ៍នោះ រមែងកួច​កាន់ ព្រោះស្ទាបអង្អែល នូវហេតុដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយ​កម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។

[៨០] ម្នាល​អានន្ទ មួយទៀត សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យ​នូវ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យនូវសេចក្តីព្យាយាម ​តំកល់ចិត្តទុក អាស្រ័យ​នូវសេចក្តីប្រឹងប្រែង អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យ​នូវ​សេចក្តីយកចិត្ត​ទុកដាក់ ដោយប្រពៃ រមែង​បាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើបានតំកល់ចិត្តនឹង​ហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែង​ឃើញដោយទិព្វចក្ខុដ៏​បរិសុទ្ធ កន្លងបង់​នូវចក្ខុ ​របស់​មនុស្សធម្មតា នូវបុគ្គល​ឯណោះ ដែលសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ រមែង​ឃើញ​បុគ្គលនោះ ដែល​ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុង​សុគតិសួគ៌ទេវលោក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ កម្មដ៏លាមកមិនមាន ផលរបស់​ទុច្ចរិតក៏មិន​មាន ខ្ញុំបានឃើញបុគ្គលឯណោះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោក​នេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះទៀតថា អើហ្ន៎ បុគ្គលណា ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ​ ដែល​គេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តី​ស្លាប់​ទៅ រមែងទៅកើត​ក្នុងសុគតិសួគ៌ទេវលោក។ បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះ​ថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពី​នេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស។ សមណព្រាហ្មណ៍នោះ កួច​កាន់ ព្រោះស្ទាបអង្អែលនូវហេតុ ដែលយល់ខ្លួនឯង ឃើញ​ខ្លួន​ឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយ​កម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។

[៨១] ម្នាល​អានន្ទ សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យនូវ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យនូវសេចក្តីព្យាយាម ​តំកល់ចិត្តទុក អាស្រ័យ​នូវ​សេចក្តីប្រឹងប្រែង អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវការយកចិត្ត​ទុកដាក់ ដោយប្រពៃ រមែង​បាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើ​តំកល់ចិត្តមាំ​ហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែង​ឃើញដោយទិព្វចក្ខុ ដ៏​បរិសុទ្ធ កន្លងបង់​នូវចក្ខុ ជា​របស់​មនុស្សធម្មតា នូវបុគ្គល​ឯណោះ ដែលវៀរស្រឡះចាក​បាណាតិបាត វៀរស្រឡះចាកអទិន្នាទាន វៀរស្រឡះ ចាក​កាមេសុមិច្ឆាចារ វៀរ​ស្រឡះ​ចាកមុសាវាទ វៀរស្រឡះ ចាក​បិសុណវាចា វៀរស្រឡះ ចាកផរុសវាចា វៀរស្រឡះ​ចាកសម្ផប្បលាបៈ ជាអ្នកមានចិត្ត​មិនបានសំឡឹងរំពៃ ចំពោះ​ទ្រព្យរបស់គេ មានចិត្ត​មិនព្យាបាទ មានគំនិតយល់ត្រូវ ក្នុងលោកនេះ រមែងឃើញបុគ្គលនោះ ដែល​ទំលាយរាងកាយ បន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ អំពើជាកុសលក៏មាន ផលរបស់​សុចរិតក៏​មាន ខ្ញុំបានឃើញបុគ្គលឯណោះ ដែលជាអ្នកវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោក​នេះ បានឃើញ​បុគ្គល​នោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុងសុគតិសួគ៌​ទេវលោក។​ សមណៈ ឬព្រាហ្មណ៍នោះ ក៏ពោលយ៉ាងនេះថា អើហ្ន៎ បុគ្គលណា វៀរស្រឡះចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​សុគតិសួគ៌ទេវលោក។ បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពី​នេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស។ សមណព្រាហ្មណ៍នោះ រមែងកួច​កាន់ ព្រោះស្ទាបអង្អែល នូវហេតុដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយ​កម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។

[៨២] ម្នាល​អានន្ទ មួយទៀត សមណៈ ឬព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ អាស្រ័យនូវ​សេចក្តី​ព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស អាស្រ័យនូវសេចក្តីព្យាយាម ​តំកល់ចិត្តទុក អាស្រ័យ​នូវសេចក្តីប្រឹងប្រែង អាស្រ័យនូវសេចក្តីមិនប្រមាទ អាស្រ័យនូវ​ការយកចិត្ត​ទុកដាក់ ដោយប្រពៃ រមែង​បាននូវចេតោសមាធិ មានសភាពដូច្នោះ។ កាលបើបានតំកល់ចិត្តនឹង​ហើយ សមណៈ ឬព្រាហ្មណ៍នោះ រមែង​ឃើញដោយទិព្វចក្ខុ ដ៏​បរិសុទ្ធ កន្លងបង់​ចក្ខុ​របស់​មនុស្សធម្មតា នូវបុគ្គល​ឯណោះ ដែលវៀរស្រឡះចាក​បាណាតិបាត វៀរស្រឡះ​ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ រមែង​ឃើញបុគ្គល​នោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោល​យ៉ាង​នេះ​ថា អើហ្ន៎ អំពើជាកុសលក៏មិនមាន ផលរបស់​សុចរិតក៏​មិនមាន ខ្ញុំបានឃើញ​បុគ្គល​ឯណោះ ដែលវៀរស្រឡះចាកបាណាតិបាត វៀរស្រឡះ​ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ បានឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ សមណៈ ឬព្រាហ្មណ៍នោះ ពោលយ៉ាងនេះថា អើហ្ន៎ បុគ្គលណា វៀរស្រឡះ​ចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែងទៅកើត​ក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណាដឹងផ្សេង (អំពី​នេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថាដឹងខុស។ សមណព្រាហ្មណ៍នោះ រមែងស្ទាបអង្អែល ប្រកាន់​នូវហេតុ ដែល​យល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយ​កម្លាំងទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ។

[៨៣] ម្នាល​អានន្ទ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍​ណា ពោលយ៉ាងនេះថា អើហ្ន៎ អំពើដ៏លាមកក៏មាន ផលរបស់​ទុច្ចរិតក៏មាន ដូច្នេះ តថាគត​យល់ស្រប តាមពាក្យរបស់ពួក​សមណព្រាហ្មណ៍នោះដែរ។ ទាំងត្រង់សមណព្រាហ្មណ៍​នោះពោលពាក្យយ៉ាងនេះថា ខ្ញុំបានឃើញបុគ្គលឯណោះ ដែលជាអ្នកសម្លាប់សត្វ ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ បាន​ឃើញ​បុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត ក៏យល់ស្របតាមពាក្យ របស់​សមណ​ព្រាហ្មណ៍​នោះដែរ។ តែត្រង់សមណព្រាហ្មណ៍​នោះ ពោលពាក្យយ៉ាងនេះថា អើហ្ន៎ បុគ្គលណា ជាអ្នកសម្លាប់សត្វ ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិត​យល់ខុស ​បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើតក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត មិនយល់​ស្រប​តាម​ពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ​ពោល​ពាក្យ​យ៉ាង​នេះថា បុគ្គលណាដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណាដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់​ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះដែរ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់​នូវហេតុ​ ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំង​ទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត ក៏មិនយល់​ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វតែងមាន​សេចក្តីយល់ ក្នុងមហាកម្មវិភង្គ ផ្សេងគ្នា។

[៨៤] ម្នាល​អានន្ទ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍​ណា ពោលយ៉ាងនេះថា អើហ្ន៎ កម្មដ៏លាមកមិនមានទេ ទាំងផលរបស់​ទុច្ចរិត ក៏មិនមានដែរ តថាគត មិន​យល់ស្រប តាមពាក្យរបស់​សមណព្រាហ្មណ៍នោះទេ។ តែត្រង់​សមណ​ព្រាហ្មណ៍​​នោះ ពោលយ៉ាងនេះថា យើងបានឃើញបុគ្គលឯណោះ ដែលជាអ្នក​សម្លាប់សត្វ ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោក​នេះ បាន​ឃើញ​បុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុង​សុគតិសួគ៌ទេវលោក តថាគត យល់ស្របតាមពាក្យ​របស់​សមណព្រាហ្មណ៍នោះ [បានជា​ទ្រង់យល់ស្រប ព្រោះទ្រង់ជ្រាបច្បាស់ថា ទោះបីធ្វើអកុសលមកពីដើមក៏ពិត តែដល់​វេលាជិតស្លាប់ ជួនមានកុសលណាមួយ មកឲ្យផល កុសលនោះ ក៏អាច​ជ្រែកអកុសល​បាន ទើបទៅកើតក្នុងសុគតិភព។]។ ឯត្រង់សមណព្រាហ្មណ៍​នោះ ពោលពាក្យ​យ៉ាង​នេះ​ថា អើហ្ន៎ បុគ្គលណា ជាអ្នកសម្លាប់សត្វ ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិត​យល់ខុស ​បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់​ទៅ រមែង​ទៅ​កើតក្នុងសុគតិសួគ៌ទេវលោក តថាគត មិនយល់ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ​ ពោល​ពាក្យ​យ៉ាង​នេះថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់​ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ តែត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់​នូវហេតុ​ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំង​ទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត មិនយល់​ស្រប​តាម​ពាក្យ របស់សមណព្រាហ្មណ៍នោះទេ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វ តែងមាន​សេចក្តីយល់ ក្នុងមហាកម្មវិភង្គ ផ្សេងគ្នា។

[៨៥] ម្នាលអានន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍​ណា ពោលយ៉ាងនេះថា អើហ្ន៎ អំពើជាកុសល ក៏មាន ផលរបស់សុចរិត ក៏មាន តថាគត​យល់ស្រប តាមពាក្យរបស់​សមណព្រាហ្មណ៍នោះ។ ទាំងត្រង់សមណព្រាហ្មណ៍​នោះ​ពោលពាក្យ យ៉ាងនេះថា ខ្ញុំឃើញបុគ្គលឯណោះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ បាន​ឃើញ​បុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើតក្នុង​សុគតិសួគ៌ទេវលោក តថាគត ក៏យល់ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះ។ ទាំងត្រង់សមណព្រាហ្មណ៍​នោះ ពោលពាក្យយ៉ាងនេះថា អើហ្ន៎ បុគ្គលណា វៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះចាកអទិន្នាទាន។បេ។ មានគំនិត​យល់ត្រូវ ​បុគ្គលទាំង​អស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​សុគតិសួគ៌​ទេវលោក តថាគត ក៏យល់​ស្រប​តាម​ពាក្យ របស់​សមណព្រាហ្មណ៍នោះដែរ។ ឯត្រង់សមណព្រាហ្មណ៍នោះ​ ពោល​ពាក្យ​យ៉ាង​នេះថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត មិនយល់​ស្របតាមពាក្យ របស់សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់បុគ្គលនោះ ស្ទាបអង្អែល ប្រកាន់​នូវហេតុ ​ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ ដោយកម្លាំង​ទិដ្ឋិ ហើយពោលថា សេចក្តីយល់នេះឯង ជា​របស់​ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត មិនយល់​ស្របតាមពាក្យ របស់សមណ​ព្រាហ្មណ៍​នោះទេ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វតែងមាន​សេចក្តីយល់ ក្នុងមហាកម្មវិភង្គផ្សេងគ្នា។

[៨៦] ម្នាលអានន្ទ បណ្តាពួកសមណព្រាហ្មណ៍ទាំងនោះ សមណៈ ឬព្រាហ្មណ៍​ណា ពោលពាក្យ យ៉ាងនេះថា អើហ្ន៎ អំពើជាកុសល មិនមាន ផលរបស់សុចរិត ក៏មិនមាន តថាគត មិន​​យល់ស្រប តាមពាក្យរបស់​សមណព្រាហ្មណ៍នោះទេ។ តែត្រង់​សមណ​ព្រាហ្មណ៍​​នោះ ពោលពាក្យយ៉ាងនេះថា ខ្ញុំឃើញបុគ្គលឯណោះ ក្នុងលោកនេះ ជាអ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិត​យល់ត្រូវ រមែងឃើញបុគ្គលនោះ ដែលទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ទៅកើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត យល់ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះ [បានជាទ្រង់យល់តាម ព្រោះទ្រង់ជ្រាបច្បាស់ថា ទោះបីធ្វើ​កុសលមកពីដើមក៏ពិត តែដល់វេលាជិតស្លាប់ ចួន​មានអកុសលណាមួយ មកឲ្យផល អកុសលនោះ អាចជ្រែកកុសលបាន ទើបបានទៅកើតក្នុងទុគ្គតិភព]។ ឯត្រង់សមណព្រាហ្មណ៍​នោះ ពោលពាក្យយ៉ាងនេះថា អើហ្ន៎ បុគ្គលណា ជា​អ្នកវៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិត​យល់ត្រូវ ​បុគ្គលទាំងអស់នោះ លុះទំលាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក តថាគត មិនយល់​ស្រប​តាម​ពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ​ ពោល​ពាក្យ​យ៉ាង​នេះថា បុគ្គលណា ដឹងយ៉ាងនេះ បុគ្គលនោះ ឈ្មោះថា ដឹងត្រូវ បុគ្គលណា ដឹងផ្សេង (អំពីនេះ) ការដឹងរបស់បុគ្គលនោះ ឈ្មោះថា ដឹងខុស តថាគត ក៏មិនយល់​ស្របតាមពាក្យ របស់​សមណព្រាហ្មណ៍នោះទេ។ ទាំងត្រង់សមណព្រាហ្មណ៍នោះ ស្ទាបអង្អែល ប្រកាន់​នូវហេតុ​ ដែលយល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯងនោះ តាមកម្លាំង​ទិដ្ឋិ ហើយ​ពោល​ថា សេចក្តីយល់នេះឯង ជារបស់ពិត សេចក្តីយល់ដទៃ ជាមោឃៈ តថាគត មិន​យល់​​ស្របតាមពាក្យ របស់បុគ្គលនោះទេ ដំណើរនោះ ព្រោះ​ហេតុអ្វី ម្នាលអានន្ទ ព្រោះសត្វតែងមាន​សេចក្តីយល់ ក្នុងមហាកម្មវិភង្គផ្សេងគ្នា។

[៨៧] ម្នាលអានន្ទ បណ្តាពួកបុគ្គលទាំងនោះ បុគ្គលណា ​ក្នុងលោកនេះ ជា​អ្នក​សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស លុះ​ទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បាបកម្មនោះ ដែលបុគ្គលនោះ បានធ្វើ ក្នុងកាលមុន ក៏ជាហេតុនៃ​ទុក្ខវេទនា បាបកម្មនោះ ដែលបុគ្គលនោះ បានធ្វើ ក្នុងខាងក្រោយ ក៏ជាហេតុនៃ​ទុក្ខវេទនា​ដែរ មិច្ឆាទិដ្ឋិ ដែលបុគ្គល​នោះ បានធ្វើឲ្យបរិបូណ៌ បានសមាទានហើយ ក្នុងពេល​ជិតស្លាប់ ដោយអំពើនោះ បុគ្គលនោះ លុះទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ បុគ្គលនោះ សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ ដោយហេតុណា។ បុគ្គលនោះ រមែង​ទទួលវិបាក របស់ហេតុនោះ ក្នុងបច្ចុប្បន្ននេះ ឬក្នុងជាតិជាលំដាប់ ឬក្នុងអត្តភាព ជាខាងក្រោយៗមក។

[៨៨] ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ​ក្នុងលោកនេះ ជា​អ្នក​សម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស លុះ​ទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុងសុគតិសួគ៌ ទេវលោក អំពើ​ជាកុសលនោះ ដែលបុគ្គលនោះ ធ្វើក្នុងកាលមុន ក៏ជាហេតុនៃសុខវេទនា អំពើជាកុសល​នោះ ដែលបុគ្គលនោះ ធ្វើខាងក្រោយ ក៏ជាហេតុនៃ​សុខវេទនា​ដែរ សម្មាទិដ្ឋិ ដែលបុគ្គល​ធ្វើឲ្យបរិបូណ៌ហើយ បានសមាទានហើយ ក្នុងកាល​ជិតស្លាប់ ព្រោះអំពើនោះ បុគ្គលនោះ លុះទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុងសុគតិសួគ៌ទេវលោក។ ព្រោះហេតុតែ បុគ្គលនោះ ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ។បេ។ មានគំនិតយល់ខុស ក្នុងលោកនេះ។ បានជាបុគ្គលនោះ ​ទទួលវិបាក របស់កម្មនោះ ក្នុងបច្ចុប្បន្ន ឬក្នុងជាតិជាលំដាប់ ឬក៏ក្នុងអត្តភាពជាខាងក្រោយៗមក។

[៨៩] ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គលណា​ ក្នុងលោកនេះ ជា​អ្នក​វៀរ​ស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ លុះ​ទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុងសុគតិសួគ៌ទេវលោក អំពើជាកុសលនោះ ដែលបុគ្គលនោះធ្វើ ក្នុងកាលមុន ក៏ជាហេតុនៃ​សុខវេទនា អំពើជាកុសលនោះ ដែលបុគ្គលនោះធ្វើ ក្នុងខាងក្រោយ ក៏ជាហេតុនៃ​សុខវេទនា​ដែរ សម្មាទិដ្ឋិ ដែលបុគ្គល​នោះ បានធ្វើឲ្យបរិបូណ៌ហើយ បានសមាទានហើយ ក្នុងកាល​ជិត​ស្លាប់ ព្រោះអំពើនោះ បុគ្គលនោះ លុះទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុងសុគតិសួគ៌ទេវលោក។ ព្រោះហេតុតែបុគ្គលនោះ វៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ។ បានជាបុគ្គលនោះ ​ទទួលនូវវិបាក របស់កម្មនោះ ក្នុងបច្ចុប្បន្ន ឬក្នុងជាតិជាលំដាប់ ឬក៏ក្នុងអត្តភាពខាងក្រោយៗមក។

[៩០] ម្នាលអានន្ទ បណ្តាបុគ្គលទាំងនោះ បុគ្គលណា ​ក្នុងលោកនេះ ជា​អ្នកវៀរ​ស្រឡះ​ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ លុះ​ទំលាយ​រាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បាបកម្មនោះ ដែលបុគ្គលនោះបានធ្វើ ក្នុងកាលមុន ក៏ជាហេតុនៃ​ទុក្ខវេទនា បាបកម្មនោះ ដែលបុគ្គលនោះធ្វើខាងក្រោយ ក៏ជាហេតុនៃ​ទុក្ខវេទនា​ដែរ មិច្ឆាទិដ្ឋិ ដែលបុគ្គល​នោះ បានធ្វើឲ្យបរិបូណ៌ហើយ បានសមាទានហើយ ក្នុងកាល​ជិតស្លាប់ ព្រោះអំពើនោះ បុគ្គលនោះ លុះទំលាយ​រាងកាយ បន្ទាប់អំពី​សេចក្តី​ស្លាប់​ទៅ រមែង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក។ ព្រោះហេតុតែ​បុគ្គលនោះ វៀរស្រឡះ ចាកបាណាតិបាត វៀរស្រឡះ ចាកអទិន្នាទាន។បេ។ មានគំនិតយល់ត្រូវ ក្នុងលោកនេះ។ បានជាបុគ្គលនោះ ​ទទួលនូវវិបាក របស់កម្មនោះ ក្នុងបច្ចុប្បន្ន ឬក្នុងជាតិជាលំដាប់ ឬក៏ក្នុងអត្តភាពជាខាងក្រោយៗមក។

[៩១] ម្នាលអានន្ទ ព្រោះហេតុនោះ កម្មមិនគួរ ឃាត់កម្មមិនគួរក៏មាន កម្ម​មិនគួរ ឃាត់កម្មគួរក៏មាន កម្មគួរ ឃាត់កម្មគួរក៏មាន កម្មគួរ ឃាត់កម្មមិនគួរក៏មាន។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានចិត្ត​ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ មហាកម្មវិភង្គសូត្រ ទី៦។

សឡាយតនវិភង្គសូត្រ ទី៧

[៩២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ ក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះ​ពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង សឡាយតនវិភង្គ (ចំណែក​អាយតនៈ​ទាំង៦) ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ប្រុងស្តាប់ នូវសឡាយតនវិភង្គនោះ ចូរ​ធ្វើ​ទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៩៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា បុគ្គលគប្បីដឹងអាយតនៈ​ខាងក្នុង ​៦ គប្បីដឹងអាយតនៈ​ខាងក្រៅ ៦ គប្បីដឹងកងនៃវិញ្ញាណ ៦ គប្បីដឹងកងនៃ​ផស្សៈ៦ គប្បី​ដឹង​ មនោបវិចារៈ (សេចក្តីពិចារណានៃចិត្ត) ១៨ គប្បីដឹង សត្តបទ (ចំណែក​នៃសត្វដែល​អាស្រ័យនូវវដ្តៈ និងវិវដ្តៈ) ៣៦ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យនូវធម៌​នេះ ហើយលះបង់ធម៌នេះចេញ ឯសតិប្បដ្ឋាន មាន៣ប្រការ ជាធម៌ដែលសាស្តា​ដ៏​ប្រសើរ តែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរប្រៀនប្រដៅនូវគណៈបាន សាស្តា​នោះ តថាគតពោលថា ជាសារថីអ្នកទូន្មាននូវបុរស ជាអាចារ្យដ៏ប្រសើរ ជាងអាចារ្យ​អ្នក​បង្ហាត់នូវវាហនៈ មានដំរីជាដើម នេះជាឧទ្ទេស របស់សឡាយតនវិភង្គ។

[៩៤] ពាក្យថា បុគ្គលគប្បីដឹងអាយតនៈខាងក្នុង៦ ដូច្នេះនេះ តថាគត បានពោល​ហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ អាយតនៈ (អណ្តូងជាទីកើត​នៃអារម្មណ៍) គឺភ្នែក១ អាយតនៈគឺត្រចៀក១ អាយតនៈ គឺច្រមុះ១ អាយតនៈ គឺអណ្តាត១ អាយតនៈ គឺកាយ១ អាយតនៈ គឺចិត្ត១។ ពាក្យណា ដែលតថាគតពោល​ហើយថា បុគ្គលគប្បីដឹងអាយតនៈខាងក្នុង៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះ​អាស្រ័យនូវហេតុនេះឯង។

[៩៥] ពាក្យថា បុគ្គលគប្បីដឹងអាយតនៈខាងក្រៅ៦ ដូច្នេះនេះ តថាគតបានពោល​ហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ អាយតនៈ គឺរូប១ អាយតនៈ គឺសំឡេង១ អាយតនៈ គឺក្លិន១ អាយតនៈ គឺរស១ អាយតនៈ គឺផោដ្ឋព្វៈ១ អាយតនៈ គឺធម៌១។ ពាក្យណា ដែលតថាគតពោល​ហើយថា បុគ្គលគប្បីដឹង​អាយតនៈខាងក្រៅ៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះ​អាស្រ័យនូវហេតុនេះឯង។

[៩៦] ពាក្យថា បុគ្គលគប្បីដឹងកងនៃវិញ្ញាណ៦ ដូច្នេះនេះ តថាគតបានពោល​ហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ ចក្ខុវិញ្ញាណ (សេចក្តី​ដឹងតាមទ្វារភ្នែក)១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជិវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ ពាក្យណា ដែលតថាគតពោល​ហើយថា បុគ្គលគប្បីដឹងកងនៃវិញ្ញាណ៦ ដូច្នេះ ពាក្យនុ៎ះ តថាគតពោល ព្រោះ​អាស្រ័យនូវហេតុនេះឯង។

[៩៧] ពាក្យថា បុគ្គលគប្បីដឹងកងនៃផស្សៈ៦ ដូច្នេះនេះ តថាគតបានពោល​ហើយ។ ចុះពាក្យនុ៎ះ តថាគត ពោលព្រោះអាស្រ័យអ្វី។ ចក្ខុសម្ផ័ស្ស (អារម្មណ៍​ដែលប៉ះពាល់​ដោយភ្នែក)១ សោតសម្ផ័ស្ស១ ឃានសម្ផ័ស្ស១ ជិវ្ហាសម្ផ័ស្ស១ កាយសម្ផ័ស្ស១ មនោសម្ផ័ស្ស១ ពាក្យណា ដែលតថាគតពោល​ហើយថា បុគ្គលគប្បីដឹង​កងនៃផស្សៈ៦ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះ​អាស្រ័យនូវហេតុនេះឯង។

[៩៨] ពាក្យថា បុគ្គលគប្បីដឹង មនោបវិចារៈ ទាំង១៨ ដូច្នេះនេះ តថាគតបានពោល​ហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ បុគ្គលឃើញរូប​ដោយភ្នែកហើយ ក៏ពិចារណានូវរូបជាទីតាំងនៃសោមនស្ស ពិចារណានូវរូបជាទីតាំងនៃទោមនស្ស ពិចារណានូវរូបជាទីតាំងនៃឧបេក្ខា។ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ប៉ះពាល់ផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ដោយចិត្តហើយ ក៏​ពិចារណានូវធម៌ ជាទីតាំងនៃសោមនស្ស ពិចារណានូវធម៌ជាទីតាំងនៃទោមនស្ស ពិចារណានូវធម៌ជាទីតាំងនៃឧបេក្ខា។ សោមនស្សូបវិចារៈ (សេចក្តីពិចារណា​ដោយ​សោមនស្ស) មាន៦ ទោមនស្សូបវិចារៈ មាន៦ ឧបេក្ខូបវិចារៈ មាន៦ (រួម​គ្នាត្រូវជា​១៨) ដោយ​ប្រការដូច្នេះ។ ពាក្យណា ដែលតថាគតបានពោលហើយថា បុគ្គលគប្បីដឹង​មនោបវិចារៈ ទាំង១៨ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលព្រោះ​អាស្រ័យនូវហេតុនេះឯង។

[៩៩] ពាក្យថា បណ្ឌិតគប្បីដឹង សត្តបទ (ចំណែក​នៃសត្វ) ៣៦ ដូច្នេះនេះ តថាគត​បានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ គេហសិតសោមនស្ស (សោមនស្សអាស្រ័យកាមគុណ) មាន៦ នេក្ខម្មសិតសោមនស្ស (សោមនស្សអាស្រ័យ​នេក្ខម្មៈ គឺវិបស្សនា) មាន៦ គេហសិតទោមនស្ស មាន៦ នេក្ខម្មសិតទោមនស្ស មាន៦ គេហសិតឧបេក្ខា មាន៦ នេក្ខម្មសិតឧបេក្ខា មាន៦ (ត្រូវជា៣៦)។

[១០០] បណ្តាធម៌ទាំងនោះ គេហសិតសោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គល​ កាលឃើញច្បាស់ នូវការបានរូប ដែល​គប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ គឺតណ្ហា ថាជាការបានក្តី កាល​រលឹក​ឃើញ (នូវរូប) ដែលខ្លួន​ធ្លាប់បានហើយក្នុងកាលមុន ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយក៏កើតសេចក្តីសោមនស្សឡើង សោមនស្សណា មានសភាព​ដូច្នេះ សោមនស្សនេះ តថាគតហៅថា គេហសិតសោមនស្ស។ បុគ្គល​ កាលឃើញច្បាស់ នូវការបានសំឡេង ដែល​គប្បីដឹងដោយត្រចៀក… ក្លិន​ដែលគប្បី​ដឹងដោយច្រមុះ… រសដែល​គប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹង​ដោយកាយ… ធម៌ដែលគប្បីដឹង​ដោយចិត្ត ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ ថាជាការបានក្តី កាល​រលឹក​ឃើញនូវធម៌ ដែលខ្លួន​ធ្លាប់​បាន​ហើយ ក្នុងកាលមុន ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយ​ក៏​កើត​សេចក្តីសោមនស្សឡើង សោមនស្សណា មានសភាព​ដូច្នេះ សោមនស្សនេះ តថាគត​ហៅថា គេហសិតសោមនស្ស។ នេះ គេហសិតសោមនស្ស ៦យ៉ាង។

[១០១] បណ្តាធម៌ទាំងនោះ នេក្ខម្មសិតសោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គល​កាលដឹងច្បាស់ថា រូបមានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ហើយឃើញច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះថា រូបក្នុងកាលមុនក្តី ក្នុង​កាល​ឥឡូវនេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា ហើយក៏កើត​សោមនស្សឡើង សោមនស្សណា មានសភាពដូច្នេះ សោមនស្សនេះ តថាគត ហៅថា នេក្ខម្មសិតសោមនស្ស។ បុគ្គល​កាលដឹងច្បាស់ថា សំឡេង… ដឹងច្បាស់​ថា ក្លិន… ដឹងច្បាស់ថា រស… ដឹងច្បាស់ថាផោដ្ឋព្វៈ… ដឹងច្បាស់ថា ធម៌ មានការ​មិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ហើយឃើញច្បាស់តាមពិត ដោយ​ប្រាជ្ញា​ដ៏ប្រពៃ យ៉ាងនេះដូច្នេះថា ធម៌ទាំងឡាយ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវ​នេះក្តី ធម៌​ទាំង​អស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួលជាធម្មតា ហើយក៏កើត​សោមនស្ស​ឡើង សោមនស្សណា មានសភាព​ដូច្នេះ សោមនស្សនេះ តថាគត​ហៅថា នេក្ខម្មសិតសោមនស្ស។ នេះ នេក្ខម្មសិតសោមនស្ស ៦យ៉ាង។

[១០២] បណ្តាធម៌ទាំងនោះ គេហសិតទោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គល​ កាលឃើញច្បាស់ នូវការមិនបានរូប ដែល​គប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេកនៃចិត្ត ប្រកបដោយលោកាមិសៈ ថាជាការមិនបានក្តី កាល​រលឹក​ឃើញ នូវរូប ដែលខ្លួនមិន​ធ្លាប់បានក្នុងកាលមុនក្តី ដែលកន្លងហើយ ដែលរលត់ហើយ ដែល​ប្រែប្រួល​ហើយក្តី ហើយក៏កើតទោមនស្សឡើង ទោមនស្សណា មានសភាព​ដូច្នេះ ទោមនស្សនេះ តថាគតហៅថា គេហសិតទោមនស្ស។ បុគ្គល​កាល កាលឃើញច្បាស់ នូវការមិនបានសំឡេង ដែល​គប្បីដឹងដោយត្រចៀក… ក្លិន​ដែលគប្បី​ដឹងដោយច្រមុះ… រសដែល​គប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹង​ដោយ​កាយ… ធម៌ ដែលគប្បីដឹង​ដោយចិត្ត ជាទីប្រាថ្នា ជាទី​ត្រេកអរ ជាទីគាប់ចិត្ត ជាតម្រេក​នៃចិត្ត ប្រកបដោយលោកាមិសៈ ថាជាការមិនបានក្តី កាល​រលឹក​ឃើញនូវធម៌ ដែលខ្លួន​មិនធ្លាប់​បាន ក្នុងកាលមុន ដែលកន្លងហើយ ដែលរលត់ហើយ ដែលប្រែប្រួលហើយក្តី ហើយ​ក៏​កើត​ទោមនស្សឡើង ទោមនស្សណា មានសភាព​ដូច្នេះ ទោមនស្សនេះ តថាគត​ហៅថា គេហសិតទោមនស្ស។ នេះគេហសិតទោមនស្ស ៦យ៉ាង។

[១០៣] បណ្តាធម៌ទាំងនោះ នេក្ខម្មសិតទោមនស្ស មាន៦យ៉ាង តើដូចម្តេច។ បុគ្គល​ដឹងច្បាស់ថា រូបមានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញ​ច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះ ដូច្នេះថា រូបក្នុងកាលមុនក្តី ក្នុង​កាល​ឥឡូវនេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា ហើយក៏ញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខ គឺព្រះអរហត្តថា កាល​ណាហ្ន៎ អាត្មាអញ នឹងបានដល់នូវអាយតនៈ គឺព្រះអរហត្ត ជាអាយតនៈដែលព្រះអរិយៈ​ទាំងឡាយ តែងបានដល់ក្នុងកាលឥឡូវនេះ កាលញុំាងសេចក្តី​ស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខដូច្នេះ ហើយក៏កើតទោមនស្សឡើង ព្រោះតែ​សេចក្តី​ស្រឡាញ់​ជាបច្ច័យ ទោមនស្សណា មានសភាពដូច្នេះ ទោមនស្សនេះ តថាគត ហៅថា នេក្ខម្មសិតទោមនស្ស។ បុគ្គល​កាលដឹងច្បាស់ថា សំឡេង… ដឹងច្បាស់​ថា ក្លិន… ដឹងច្បាស់​ថា រស… ដឹងច្បាស់ថា ផោដ្ឋព្វៈ… ដឹងច្បាស់ថា ធម៌ មានការ​មិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញច្បាស់តាមពិត ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​ យ៉ាងនេះដូច្នេះថា ធម៌ ក្នុងកាលមុនក្តី ក្នុងកាលឥឡូវ​នេះក្តី ធម៌​ទាំង​អស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួលជាធម្មតា ហើយក៏ញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខថា កាលណាហ្ន៎ អាត្មាអញ នឹងបានដល់នូវអាយតនៈ ជាអាយតនៈ ដែល​ព្រះអរិយៈទាំងឡាយ តែងបានដល់​ ក្នុងកាលឥឡូវនេះ កាលញុំាងសេចក្តីស្រឡាញ់ ឲ្យតាំងឡើង ក្នុងអនុត្តរវិមោក្ខ ដូច្នេះហើយ ក៏កើតទោមនស្សឡើង ព្រោះតែសេចក្តីស្រឡាញ់ជាបច្ច័យ ទោមនស្សណា មានសភាព​ដូច្នេះ ទោមនស្សនេះ តថាគត​ហៅថា នេក្ខម្មសិតទោមនស្ស។ នេះនេក្ខម្មសិតទោមនស្ស ៦យ៉ាង។

[១០៤] បណ្តាធម៌ទាំងនោះ គេហសិតឧបេក្ខា ៦យ៉ាង តើដូចម្តេច។ បុថុជ្ជន ជាបុគ្គល​ល្ងង់ វង្វេង ឬបុថុជ្ជន ដែល​មិនទាន់ផ្ចាញ់កិលេសបាន មិនទាន់ផ្ចាញ់​វិបាក​បាន ជាអ្នកឃើញថា មិនមានទោស ជាអ្នក​មិនចេះដឹងពុទ្ធវចនៈ ឃើញរូបដោយភ្នែក ហើយក៏​កើតឧបេក្ខាឡើង ឧបេក្ខា [សំដៅយកអញ្ញាណូបេក្ខា ការព្រងើយកន្តើយ ប្រាសចាក​សេចក្តីដឹងពិត។ អដ្ឋកថា។] ណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវ​រូប​ឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគត ​ហៅថា គេហសិតឧបេក្ខា។ ឮសំឡេង​ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួល​រសដោយអណ្តាត… ពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ… បុថុជ្ជន ល្ងង់ វង្វេង ឬបុថុជ្ជន ដែល​មិនទាន់ផ្ចាញ់កិលេសបាន មិន​ទាន់ផ្ចាញ់​វិបាក​បាន ជាអ្នកឃើញថា មិនមានទោស ជាអ្នក​មិនចេះដឹងពុទ្ធវចនៈ ដឹងនូវធម៌ដោយចិត្ត ហើយក៏​កើតឧបេក្ខាឡើង ឧបេក្ខាណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវធម៌​ឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគត​ហៅថា គេហសិតឧបេក្ខា។ នេះគេហសិតឧបេក្ខា ៦យ៉ាង។

[១០៥] បណ្តាធម៌ទាំងនោះ នេក្ខម្មសិតឧបេក្ខា ៦យ៉ាង តើដូចម្តេច។ បុគ្គល​កាល​ដឹងច្បាស់ថា រូបមានការមិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញ​ច្បាស់តាមពិត ដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះដូច្នេះថា រូប ក្នុងកាលមុនក្តី ក្នុងកាល​ឥឡូវ​នេះក្តី រូបទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា ហើយ​ក៏​កើតឧបេក្ខាឡើង ឧបេក្ខាណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវ​រូប​ឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគត​ហៅថា នេក្ខម្មសិតឧបេក្ខា។ បុគ្គល​កាលដឹងច្បាស់ថា សំឡេង… ថាក្លិន… ថា​រស… ថា​ផោដ្ឋព្វៈ… ដឹងច្បាស់ថា ធម៌ មានការ​មិនទៀង មានការប្រែប្រួល មានការវិនាស មានការរលត់ ឃើញ​ច្បាស់តាមពិត ដោយ​ប្រាជ្ញា​ដ៏ប្រពៃ យ៉ាងនេះដូច្នេះថា ធម៌ ក្នុងកាលមុនក្តី ក្នុងកាល​ឥឡូវ​នេះក្តី ធម៌ទាំងអស់នោះ សុទ្ធតែមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា ហើយ​ក៏​កើតឧបេក្ខាឡើង ឧបេក្ខាណា មានសភាពដូច្នេះ ឧបេក្ខានោះ មិនប្រព្រឹត្តកន្លងនូវ​ធម៌​ឡើយ ព្រោះហេតុនោះ ឧបេក្ខានោះ តថាគត​ហៅថា នេក្ខម្មសិតឧបេក្ខា។ នេះ​នេក្ខម្មសិតឧបេក្ខា មាន៦យ៉ាង។ ពាក្យណា ដែលតថាគត ពោលហើយថា បណ្ឌិត​គប្បីដឹង ​សត្តបទ ៣៦ ដូច្នេះ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យនូវហេតុនេះឯង។

[១០៦] ពាក្យថា បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរ​អាស្រ័យ​នឹងធម៌នេះ ហើយ​លះបង់ នូវធម៌នេះចេញ [សេចក្តីថា សត្តបទ ទាំង៣៦ ត្រូវអាស្រ័យនូវបទ ទាំង​១៨ ​ហើយលះបង់នូវបទ ទាំង១៨ចោលចេញ។ អដ្ឋកថា។] ដូច្នេះនេះ តថាគត បានពោលហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែក នូវនេក្ខម្មសិតសោមនស្ស ទាំង៦ ហើយលះបង់ កន្លង​ឲ្យផុត នូវគេហសិតសោមនស្ស ទាំង៦ចេញ ការលះបង់ នូវសោមនស្សទាំងនោះ យ៉ាង​នេះ​ឯង ការកន្លង​ឲ្យផុត នូវសោមនស្សទាំងនោះ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំង​នោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែក នូវនេក្ខម្មសិតទោមនស្ស ទាំង៦ ហើយលះបង់ កន្លង​ឲ្យផុត នូវគេហសិតទោមនស្ស ទាំង៦ចេញ ការលះបង់ នូវទោមនស្សទាំងនោះ យ៉ាង​នេះ​ឯង ការកន្លង​ឲ្យផុតនូវទោមនស្សទាំងនោះ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យ​ពឹងផ្អែកនឹងនេក្ខម្មសិតឧបេក្ខា ទាំង៦ ហើយលះបង់ កន្លង​ឲ្យផុត នូវគេហសិតឧបេក្ខា ទាំង៦ចេញ ការលះបង់ឧបេក្ខាទាំងនោះ យ៉ាង​នេះ​ឯង ការកន្លង​ឲ្យផុតនូវឧបេក្ខាទាំងនោះ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យពឹងផ្អែកនឹងនេក្ខម្មសិតសោមនស្ស ទាំង៦ ហើយលះបង់ កន្លង​ឲ្យផុត នូវនេក្ខម្មសិតទោមនស្ស ទាំង៦ចេញ ការលះបង់ នូវទោមនស្សទាំងនោះ យ៉ាង​នេះ​ឯង ការកន្លង​ឲ្យផុត នូវទោមនស្សទាំងនោះ យ៉ាង​នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌​ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យ​ពឹងផ្អែកនឹងនេក្ខម្មសិតឧបេក្ខា ទាំង៦ ហើយលះបង់ កន្លង​ឲ្យផុត នូវនេក្ខម្មសិតសោមនស្ស ទាំង៦ចេញ ការលះបង់ នូវសោមនស្សទាំងនោះ យ៉ាង​នេះ​ឯង ការកន្លង​ឲ្យផុត នូវសោមនស្សទាំងនោះ យ៉ាង​នេះ​ឯង។

[១០៧] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា ក៏មាន ឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នាក៏មាន។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា​ក្នុងរូបក៏មាន ក្នុងសំឡេងក៏មាន ក្នុងក្លិនក៏មាន ក្នុងរសក៏មាន ក្នុងផោដ្ឋព្វៈក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះ ឧបេក្ខាផ្សេងគ្នា អាស្រ័យនូវអារម្មណ៍ផ្សេងគ្នា។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា​អាស្រ័យនូវអាកាសានញ្ចាយតនជ្ឈាន ក៏មាន អាស្រ័យនូវវិញ្ញាណញ្ចាយតនជ្ឈាន ក៏មាន អាស្រ័យនូវអាកិញ្ចញ្ញាយតនជ្ឈាន ក៏មាន អាស្រ័យនូវនេវសញ្ញានាសញ្ញាតយនជ្ឈានក៏មាន។ ម្នាលភិក្ខុទាំងឡាយ នេះ ជាឧបេក្ខាជាមួយគ្នា អាស្រ័យនូវអារម្មណ៍ជាមួយគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តា​ឧបេក្ខា​ទាំងពីរនោះ អ្នកទាំងឡាយ ចូរអាស្រ័យ ពឹងផ្អែកនឹងឧបេក្ខាជាមួយគ្នា មានអារម្មណ៍​ជា​មួយគ្នា ហើយលះបង់ កន្លងឲ្យផុត នូវឧបេក្ខាផ្សេងគ្នា មានអារម្មណ៍ផ្សេងគ្នាចេញ ការ​លះបង់នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរអាស្រ័យនឹងតណ្ហា ពឹងផ្អែកនឹងតណ្ហា ហើយលះបង់ កន្លងឲ្យផុត នូវឧបេក្ខាជាមួយគ្នា មានអារម្មណ៍ជាមួយគ្នាចេញ ការ​លះបង់ឧបេក្ខានុ៎ះ យ៉ាងនេះឯង ការកន្លងឲ្យផុត នូវឧបេក្ខានុ៎ះ យ៉ាងនេះឯង។ ពាក្យណា ដែលតថាគត ពោលហើយថា បណ្តាធម៌ទាំងនោះ អ្នកទាំងឡាយ ចូរអាស្រ័យនឹងធម៌​នេះ ហើយលះបង់នូវធម៌នេះចេញ ដូច្នេះនេះ ពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យ​ហេតុ​នេះឯង។

[១០៨] ពាក្យថា សតិប្បដ្ឋាន មាន៣ប្រការ ដែលសាស្តាដ៏ប្រសើរ តែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរនឹងប្រៀនប្រដៅគណៈបាន ដូច្នេះនេះ តថាគត​បានពោលហើយ។ ចុះពាក្យនុ៎ះ តថាគត ពោល​ព្រោះអាស្រ័យអ្វី។

[១០៩] ម្នាលភិក្ខុទាំងឡាយ សាស្តាជាអ្នកអនុគ្រោះ ជាអ្នកស្វែងរកប្រយោជន៍ តែង​សំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះ ដូច្នេះថា ធម្មជាតនេះ ប្រ​ព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រ​ព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ តែពួកសាវ័ក របស់សាស្តានោះ មិនចង់ស្តាប់ មិនផ្ចង់ត្រចៀក មិន​តាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ក៏ប្រ​ព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តាទៅវិញ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ ព្រះតថាគត មិនមានចិត្តរីករាយ មិនទទួល​នូវ​សេចក្តីរីករាយ មានចិត្តមិនប្រឡាក់ដោយរាគៈ មានតែសតិសម្បជញ្ញៈ ប្រ​ព្រឹត្តទៅ គ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី១ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរ​នឹងប្រៀន​ប្រដៅគណៈបាន។

[១១០] ម្នាលភិក្ខុទាំងឡាយ មួយទៀត សាស្តាជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ តែង​សំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះថា ធម្មជាតនេះ ប្រ​ព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រ​ព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ សាវ័កពួកខ្លះ របស់សាស្តានោះ មិនចង់ស្តាប់ មិនផ្ចង់ត្រចៀក មិន​តាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ក៏ប្រ​ព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តា។ សាវ័ក​ពួក​ខ្លះ ចង់ស្តាប់ ផ្ចង់ត្រចៀក តាំងចិត្តដើម្បីឲ្យដឹងសេចក្តី មិនហ៊ានប្រព្រឹត្តកន្លង នូវពាក្យ​ប្រៀន​ប្រដៅ របស់សាស្តាឡើយ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ ព្រះតថាគត ក៏មិនមានចិត្តរីករាយ មិនទទួល​នូវ​សេចក្តីរីករាយ មិនមានតូចចិត្ត មិនទទួលនូវ​សេចក្តី​តូចចិត្ត វៀរបង់នូវសេចក្តីរីករាយ និងសេចក្តីតូចចិត្តទាំងពីរនោះ ជាអ្នកព្រងើយ ប្រកប​ដោយសតិសម្បជញ្ញៈ ប្រ​ព្រឹត្តទៅគ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី២ ដែលសាស្តាដ៏ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរ​នឹងប្រៀន​ប្រដៅនូវគណៈបាន។

[១១១] ម្នាលភិក្ខុទាំងឡាយ មួយទៀត សាស្តាជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ រមែង​សំដែងធម៌ ដល់ពួកសាវ័ក ព្រោះអាស្រ័យនូវសេចក្តីអនុគ្រោះថា ធម្មជាតនេះ ប្រ​ព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រ​ព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ តែពួកសាវ័ក របស់សាស្តានោះ ចង់ស្តាប់ ផ្ចង់ត្រចៀក ​តាំងចិត្ត ដើម្បីឲ្យដឹងសេចក្តី ទាំងមិនបានប្រ​ព្រឹត្តកន្លងពាក្យប្រៀនប្រដៅ របស់សាស្តា។ ម្នាលភិក្ខុទាំងឡាយ ក្នុងដំណើរនោះ ព្រះតថាគត រមែងមានចិត្តរីករាយ ទទួល​នូវ​សេចក្តីរីករាយ តែថាមានចិត្តមិនប្រឡាក់ដោយរាគៈ ជាអ្នកមានសតិសម្បជញ្ញៈ ប្រ​ព្រឹត្តទៅ គ្រប់ឥរិយាបថ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានទី៣ ដែលសាស្តា​ដ៏​ប្រសើរតែងសេព កាលសាស្តាដ៏ប្រសើរសេពហើយ ទើបគួរ​នឹងប្រៀន​ប្រដៅ​នូវ​គណៈ​បាន។ ពាក្យថា សតិប្បដ្ឋាន មាន៣ប្រការ ដែលសាស្តាដ៏ប្រសើរតែងសេព កាល​សាស្តា​ដ៏ប្រសើរសេពហើយ ទើបគួរប្រៀនប្រដៅនូវគណៈបាន ដូច្នេះ តថាគតពោលហើយ ពាក្យនេះ ដែលតថាគតពោល ព្រោះអាស្រ័យនូវហេតុនេះឯង។

[១១២] ពាក្យថា បុគ្គលនោះ តថាគតហៅថា ជាសារថី ទូន្មាននូវបុរស ជាអាចារ្យ​ប្រសើរ ជាងអាចារ្យអ្នកទូន្មាននូវវាហនៈ មានដំរី ជាដើម ដូច្នេះនេះ តថាគតបានពោល​ហើយ។ ចុះពាក្យនុ៎ះ តថាគតពោល ព្រោះអាស្រ័យអ្វី។ ម្នាលភិក្ខុទាំងឡាយ ដំរី​គួរ​ទូន្មាន​ដែលទម័កដំរី បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាង​ជើង​ក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ សេះគួរទូន្មាន ដែលទម័កសេះ បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាង​ជើង​ក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ គោគួរទូន្មាន ដែលទម័កគោ បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិសតែមួយៗ គឺទិសខាងកើតក្តី ខាងលិចក្តី ខាង​ជើង​ក្តី ខាងត្បូងក្តី។ ម្នាលភិក្ខុទាំងឡាយ ឯបុរសគួរទូន្មាន ដែលព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ បានទូន្មានហើយ រមែងស្ទុះទៅកាន់ទិស ទាំង៨បាន គឺបុគ្គលបាននូវរូបជ្ឈាន តែង​មើលឃើញ នូវរូបទាំងឡាយ នេះជាទិសទី១។ បុគ្គលមិនបានសំគាល់នូវ​រូបខាងក្នុង តែង​ឃើញនូវរូបខាងក្រៅទាំងឡាយ នេះជាទិសទី២។ បុគ្គលបង្អោនចិត្តទៅកាន់អារម្មណ៍ថា (នេះ) ល្អដូច្នេះ នេះជាទិសទី៣។ បុគ្គល ព្រោះកន្លងនូវរូបសញ្ញា ដោយប្រការ​ទាំងពួង ព្រោះអស់បដិឃសញ្ញា ព្រោះលែងធ្វើទុកក្នុងចិត្ត នូវ​នានត្តសញ្ញា ក៏បានដល់នូវ​អាកាសា​នញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ប្រព្រឹត្តនៅ​គ្រប់​ឥរិយាបថ ទាំង៤ នេះជាទិសទី៤។ បុគ្គល ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ ប្រព្រឹត្តនៅ​គ្រប់​ឥរិយាបថ ទាំង៤ នេះជាទិសទី៥។ បុគ្គល ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួចមិនមាន ដូច្នេះ ប្រព្រឹត្តនៅ​គ្រប់​ឥរិយាបថ ទាំង៤ នេះជាទិសទី៦។ បុគ្គល ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ប្រព្រឹត្តនៅ​គ្រប់​ឥរិយាបថ ទាំង៤ នេះជាទិសទី៧។ បុគ្គល ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការ​ទាំងពួង ក៏បានដល់នូវសញ្ញាវេទយិតនិរោធ ប្រព្រឹត្តនៅ​គ្រប់​ឥរិយាបថ ទាំង៤ នេះជាទិសទី៨។ ម្នាលភិក្ខុទាំងឡាយ បុរសគួរទូន្មាន ដែល​ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ទូន្មានហើយ រមែងស្ទុះទៅកាន់ទិស ទាំង៨នេះឯង។ ពាក្យណា ថា បុគ្គលនោះ តថាគតហៅថា ជាសារថីអ្នកទូន្មាននូវបុរស ជាអាចារ្យប្រសើរ ជាងអាចារ្យ​អ្នកទូន្មាននូវវាហនៈ មានដំរី ជាដើម ដូច្នេះ តថាគតបានពោលហើយ ពាក្យនុ៎ះ តថាគត​ពោល ព្រោះអាស្រ័យនូវហេតុនេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​ព្រះសូត្រ​នេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់​ព្រះមានព្រះភាគ។

ចប់ សឡាយតនវិភង្គសូត្រ ទី៧។

ឧទ្ទេសវិភង្គសូត្រ ទី៨

[១១៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំងឡាយ មកក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធ​ដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់​ដូច្នេះ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង ​នូវ ឧទ្ទេសវិភង្គ (ចំណែកឧទ្ទេស គឺ​មាតិកា) ប្រាប់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវឧទ្ទេស និងវិភង្គនោះ ចូរ​ធ្វើទុកក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១១៤] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ដូច្នេះថា កាលបើភិក្ខុនោះ ពិចារណា​ហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះ មាន​វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ ដ៏សេស​សល់ រមែង​មិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី​ពិចារណា ដោយប្រការយ៉ាងនោះៗចុះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ លុះ​ព្រះសុគត​ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះហើយ ក៏ទ្រង់ក្រោកអំពីអាសនៈ ចូល​ទៅកាន់វិហារ។

[១១៥] គ្រាកាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅមិនយូរប៉ុន្មាន ភិក្ខុ​ទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង នូវឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថ ដោយ​ពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា កាលបើ​ភិក្ខុ​នោះ ពិចារណា​ហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​នោះ មាន​វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់​ស្លុត ព្រោះមិនប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែង​មិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី​ពិចារណា ដោយប្រការយ៉ាងនោះៗចុះ តើឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ នរណាហ្ន៎ នឹងអាចចែកអត្ថ​ដោយពិស្តារបាន។ គ្រានោះ ភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈ​មានអាយុនេះ ព្រះ​សាស្តា ទ្រង់សរសើរផង សព្រហ្មចារីទាំងឡាយ ជាអ្នកប្រាជ្ញ លើកតំកើងផង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសង្ខេប មិនបាន​ចែក​អត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈ មានអាយុ ទើបអាចចែក​អត្ថ ដោយពិស្តារ​បាន បើដូច្នោះ គួរតែយើងទាំងឡាយ នាំគ្នាចូលទៅរក​ព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ យើង​ទាំងឡាយ គប្បីសួរនូវសេចក្តីនេះ នឹងព្រះមហាកច្ចានៈ មានអាយុ។

[១១៦] លំដាប់នោះ ភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល នឹង​ព្រះមហាកច្ចានៈ​ មាន​អាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុង​ទី​សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ពោល​នឹង​ព្រះមហាកច្ចានៈ​មាន​អាយុ ដូច្នេះថា បពិត្រព្រះកច្ចានៈ មានអាយុ ព្រះមានព្រះភាគ ទ្រង់​សំដែងឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារ ស្រាប់តែទ្រង់​ក្រោក​អំពីអាសនៈ ចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា កាលបើ​ភិក្ខុ​នោះ ពិចារណា​ហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិន​ឋិត​នៅខាងក្នុង ហើយមិនបានតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាល​ភិក្ខុ​នោះ មាន​វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិន​ឋិត​នៅខាងក្នុង មិនតក់​ស្លុត ព្រោះមិនបានប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែង​មិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី​ពិចារណា ដោយប្រការយ៉ាងនោះៗចុះ បពិត្រព្រះកច្ចានៈ ​មានអាយុ កាលដែលព្រះមានព្រះភាគ ទ្រង់ស្តេចចេញទៅ មិនយូរប៉ូន្មាន យើងទាំងឡាយនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង​ឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារឡើយ ក៏ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា កាលបើ​ភិក្ខុ​នោះ ពិចារណា​ហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិន​ឋិត​នៅខាងក្នុង ហើយមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​នោះ មាន​វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិន​ឋិត​នៅខាងក្នុង មិនតក់​ស្លុត ព្រោះមិនប្រកាន់មាំហើយ សេចក្តីកើតឡើងព្រម មានព្រមនៃជាតិ ជរា មរណៈ និងទុក្ខ រមែង​មិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី​ពិចារណា ដោយប្រការយ៉ាងនោះៗចុះ តើឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់​សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារនេះ នរណាហ្ន៎ នឹងអាចចែកអត្ថ​ដោយពិស្តារបាន បពិត្រព្រះកច្ចានៈមានអាយុ យើងទាំងឡាយនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះមហាកច្ចានៈ​មានអាយុនេះឯង ព្រះ​សាស្តា ទ្រង់សរសើរផង សព្រហ្មចារី​ទាំងឡាយ ជាអ្នកប្រាជ្ញ លើកតម្កើងផង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែង ដោយសង្ខេប មិនបាន​ចែក​អត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈមានអាយុ ទើបអាចចែក​អត្ថ ដោយពិស្តារ​បាន បើដូច្នោះ គួរតែយើងទាំងឡាយ នាំគ្នាចូលទៅរក​ព្រះមហាកច្ចានៈ មានអាយុ លុះចូលទៅដល់ហើយ យើងទាំងឡាយ គប្បី​សួរ​នូវ​សេចក្តី​នេះ នឹងព្រះមហាកច្ចានៈ ​មានអាយុ ដូច្នេះ សូមព្រះ​មហា​កច្ចានៈ មានអាយុ ចែក (​អត្ថ​នោះ ដោយពិស្តារឲ្យទាន)។

[១១៧] ព្រះមហាកច្ចានៈមានអាយុ ពោលថា ម្នាលអាវុសោទាំងឡាយ បុរស​អ្នក​ត្រូវ​ការដោយឈើខ្លឹម ជាអ្នកស្វែងរកឈើខ្លឹម បានដើរទៅស្វែងរកឈើខ្លឹម កាលបើ​ដើមឈើ​ធំ ដុះនៅ (ចំពោះមុខ) ក៏ដើររំលងឫស រំលងដើម សំគាល់នូវមែក និងសន្លឹកថាជាខ្លឹម ដែលខ្លួនត្រូវស្វែងរកវិញ មានឧបមា ដូចម្តេចមិញ សេចក្តី​នេះ ក៏មានឧបមេយ្យដូច កាលដែលព្រះសាស្តា ឋិតនៅចំពោះមុខ នៃលោកមាន​អាយុ​ទាំងឡាយ លោកទាំងឡាយ ក៏រំលងព្រះមានព្រះភាគនោះ ហើយសំគាល់នូវយើង ថាជាបុគ្គលគួរសួរ នូវ​សេចក្តីនេះវិញ ម្នាលអាវុសោទាំងឡាយ ព្រោះថា ព្រះមានព្រះភាគ នោះ ព្រះអង្គ ជ្រាប​នូវហេតុ ដែលគួរជ្រាប ឃើញនូវហេតុ ដែលគួរឃើញបាន ជាអ្នក​មានបញ្ញាចក្ខុកើតហើយ មានញាណកើតហើយ មានធម៌កើតហើយ មានសេចក្តីប្រសើរ​កើតហើយ ជាអ្នកពោលធម៌ ជាអ្នកញុំាងធម៌ ឲ្យប្រព្រឹត្តទៅ ជាអ្នកពន្យល់​សេចក្តី​ ជាអ្នកឲ្យនូវអមតៈ (និព្វាន) ព្រះតថាគត ជាម្ចាស់​នៃធម៌ កាលនោះ ជាកាលគួរ អ្នកទាំងឡាយសួរ​សេចក្តីនេះ នឹងព្រះមានព្រះភាគបាន ​ព្រះមានព្រះភាគ ព្យាករ ដល់​អ្នកទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ គប្បីចាំ​ទុកនូវសេចក្តីនោះ យ៉ាងនោះ។ ភិក្ខុ​ទាំងឡាយពោលថា ម្នាលព្រះកច្ចានៈមានអាយុ ព្រះមានព្រះភាគ ព្រះអង្គជ្រាប​ នូវហេតុ ដែលគួរជ្រាប ឃើញនូវហេតុ ដែលគួរឃើញ ព្រះអង្គមានចក្ខុកើតហើយ មានញាណ​កើតហើយ មានធម៌កើតហើយ មានសេចក្តីប្រសើរកើតហើយ ជាអ្នកពោលធម៌ ជាអ្នកញុំាងធម៌ ឲ្យប្រព្រឹត្តទៅ ជាអ្នកពន្យល់​សេចក្តី​ ជាអ្នកឲ្យនូវអមតៈ (និព្វាន) ព្រះតថាគត ជាម្ចាស់នៃធម៌ កាលនោះ ជាកាលគួរយើងទាំងឡាយ សួរសេចក្តីនេះ នឹងព្រះមានព្រះភាគហើយ បើ​ព្រះមានព្រះភាគព្យាករ ដល់យើងទាំងឡាយ យ៉ាងណា យើងទាំងឡាយ គប្បីចាំ​ទុកនូវសេចក្តីនោះ យ៉ាងនោះ ដោយពិតមែនហើយ តែថា ព្រះមហាកច្ចានៈមានអាយុ ព្រះសាស្តា​សរសើរ​ផង សព្រហ្មចារីទាំងឡាយ ជាអ្នកប្រាជ្ញ លើកតម្កើងផង ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបាន​ចែកអត្ថ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈ ទើបអាចចែកនូវអត្ថ ដោយពិស្តារ​បាន​ សូមព្រះមហាកច្ចានៈ មានអាយុ កុំធ្វើនូវសេចក្តីចង្អៀតចង្អល់ឡើយ សូមចែក (អត្ថនេះ ដោយពិស្តារ)។ ព្រះកច្ចានៈពោលថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត ឲ្យល្អចុះ ខ្ញុំនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលស្តាប់ពាក្យ​ព្រះមហាកច្ចានៈ មានអាយុថា ករុណា អាវុសោ។

[១១៨] ព្រះមហាកច្ចានៈមានអាយុ ពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែង​ឧទ្ទេសណា ដល់យើងទាំងឡាយ ដោយ​សង្ខេប មិនបាន​ចែកអត្ថ​ដោយពិស្តារ ស្រាប់តែទ្រង់ក្រោកអំពីអាសនៈ ចូលទៅ​កាន់​វិហារ គឺទ្រង់ត្រាស់ថា កាលបើ​ភិក្ខុ​នោះ ពិចារណា​ហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយ​ទៅ​ខាង​ក្រៅ ទាំងមិន​ឋិត​នៅខាងក្នុង ហើយមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើ​ភិក្ខុ​នោះ មាន​វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ ទាំងមិន​ឋិត​នៅខាងក្នុង មិនតក់​ស្លុត ព្រោះមិនប្រកាន់មាំហើយ ការកើតឡើងព្រម មានព្រម​នៃ​ជាតិ ជរា មរណៈ និងទុក្ខ រមែង​មិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ពិចារណា ដោយប្រការយ៉ាងនោះៗចុះ ម្នាលអាវុសោទាំងឡាយ ឧទ្ទេសនេះឯង ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារ ខ្ញុំក៏ដឹងច្បាស់ នូវអត្ថដោយពិស្តារ ដូចនឹងពោលតទៅនេះឯង។

[១១៩] ម្នាលអាវុសោទាំងឡាយ ដូចម្តេចហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ដោយចក្ខុហើយ ក៏​មានវិញ្ញាណរលឹកទៅតាមរូបនិមិត្ត ប្រាថ្នាដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត ជាប់ចំពាក់​ដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត ប្រកបព្រមដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត (នេះ) ហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ។ ភិក្ខុឮសំឡេង ដោយត្រចៀក… ធុំ​ក្លិន​ដោយច្រមុះ… ទទួលរស ដោយអណ្តាត… ប៉ះពាល់ផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ ដោយ​ចិត្តហើយ ក៏​មានវិញ្ញាណរលឹកទៅតាមធម្មនិមិត្ត ប្រាថ្នាដោយ​សេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត ជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត ប្រកបព្រម ដោយ​សេចក្តី​ត្រេកអរ ក្នុងធម្មនិមិត្ត (នេះ) ហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅ​ខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ដែលហៅថា វិញ្ញាណរាត់រាយ ខ្ចាត់ខ្ចាយទៅខាងក្រៅ យ៉ាងនេះឯង។

[១២០] ម្នាលអាវុសោទាំងឡាយ ដូចម្តេចហៅថា វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយ​ទៅ​ខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ តែវិញ្ញាណមិនបានរលឹកទៅតាមរូបនិមិត្ត មិនបានប្រាថ្នា ដោយសេចក្តីត្រេកអរ ក្នុងរូប​និមិត្ត មិនជាប់ចំពាក់ ​ដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងរូបនិមិត្ត (នេះ) ហៅថា វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅ​ខាងក្រៅ។ ភិក្ខុឮសំឡេង ដោយត្រចៀក… ធុំ​ក្លិន​ដោយច្រមុះ… ទទួលរសដោយ​អណ្តាត… ប៉ះពាល់នូវផោដ្ឋព្វៈដោយកាយ… ដឹងនូវធម៌ ដោយ​ចិត្តហើយ វិញ្ញាណក៏មិនបាន​រលឹកទៅតាមធម្មនិមិត្ត មិនប្រាថ្នា ដោយ​សេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត មិនជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងធម្មនិមិត្ត (នេះ) ហៅថា វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅ​ខាងក្រៅ។ ម្នាលអាវុសោទាំងឡាយ ដែលហៅថា វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ យ៉ាងនេះឯង។

[១២១] ម្នាលអាវុសោទាំងឡាយ ដូចម្តេចហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោ​ ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានតែ​បីតិ និងសុខ ដែលកើតអំពីវិវេក ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុ​នោះ រមែងមានវិញ្ញាណ រលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីវិវេក ប្រាថ្នាដោយ​សេចក្តី​ត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក ជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខដែលកើតអំពីវិវេក ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើត​អំពីវិវេក (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ រួចហើយបានដល់នូវ​ទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែ​បីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុ​នោះ រមែងមានវិញ្ញាណ រលឹកទៅតាមនូវបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រាថ្នាដោយ​សេចក្តី​ត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ ជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើត​អំពីសមាធិ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ព្រោះនឿយណាយ ចាកបីតិហើយ ប្រកបដោយឧបេក្ខា មានស្មារតី និងមាន​សេចក្តីដឹងខ្លួន ទទួលសេចក្តីសុខ ដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែង​សរសើរបុគ្គល ដែលបានតតិយជ្ឈាន ទោះបីបុគ្គល ដែលបានតតិយជ្ឈាន តែងមានចិត្ត​ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈាន​ណា ក៏បានដល់នូវតតិយជ្ឈាន​នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុ​នោះ រមែងមានវិញ្ញាណ រលឹកទៅតាម នូវឧបេក្ខា ប្រាថ្នាដោយ​សេចក្តី​ត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា ជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងសុខ ប្រកបដោយឧបេក្ខា ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងឧបេក្ខា និងសុខ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុព្រោះលះបង់ ​នូវ​សុខផង លះបង់នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុនផង ក៏បានដល់​នូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធ ដោយ​ឧបេក្ខា ហើយសម្រេច​សម្រាន្ត​នៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុ​នោះ រមែងមានវិញ្ញាណ រលឹកទៅតាម​អទុក្ខមសុខ គឺឧបេក្ខា ប្រាថ្នាដោយ​សេចក្តី​ត្រេកអរ ក្នុងអទុក្ខមសុខ ជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ ប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ (នេះ) ហៅថា ចិត្តឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ដែលហៅថា ចិត្តឋិតនៅខាងក្នុង។

[១២២] ម្នាលអាវុសោទាំងឡាយ ចុះដូចម្តេចហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ បានដល់នូវបឋមជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុ​នោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីវិវេក មិនបាន​ប្រាថ្នាដោយ​សេចក្តី​ត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក មិនបានជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីវិវេក មិនប្រកបព្រម ដោយសេចក្តី​ត្រេកអរ ក្នុងបីតិ និងសុខ ដែលកើត​អំពីវិវេក (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានដល់នូវ​ទុតិយជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុ​នោះ រមែងមាន​វិញ្ញាណ មិនបានរលឹកទៅតាមបីតិ និងសុខ ដែលកើតអំពីសមាធិ មិនបានប្រាថ្នា ដោយ​សេចក្តី​ត្រេកអរ ក្នុងបីតិ និងសុខ ដែលកើតអំពីសមាធិ មិនជាប់ចំពាក់​ ដោយសេចក្តី​ត្រេកអរ ក្នុងបីតិ និងសុខដែលកើតអំពីសមាធិ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងបីតិ និងសុខ ដែលកើត​អំពីសមាធិ (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ ព្រោះ​នឿយណាយ ចាកបីតិ។បេ។ បានដល់នូវតតិយជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុ​នោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមឧបេក្ខា មិនបានប្រាថ្នា ដោយ​សេចក្តី​ត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា មិនជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងឧបេក្ខា និងសុខ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងសុខប្រកបដោយឧបេក្ខា (នេះ) ហៅថា ចិត្តមិនឋិតនៅខាងក្នុង។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ភិក្ខុ ព្រោះលះបង់​ នូវ​សុខផង។បេ។ បានដល់​នូវចតុត្ថជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ភិក្ខុ​នោះ រមែងមានវិញ្ញាណ មិនបានរលឹកទៅតាមអទុក្ខមសុខ មិនប្រាថ្នា ដោយ​សេចក្តី​ត្រេកអរ ក្នុងអទុក្ខមសុខ មិនជាប់ចំពាក់​ ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ មិនប្រកបព្រម ដោយសេចក្តីត្រេកអរ ក្នុងអទុក្ខមសុខ (នេះ) ហៅថា ចិត្តមិន​ឋិតនៅខាង​ក្នុង។ ម្នាលអាវុសោទាំងឡាយ យ៉ាងនេះឯង ហៅថា ចិត្តមិនឋិតនៅខាងក្នុង។

[១២៣] ម្នាលអាវុសោទាំងឡាយ ចុះសេចក្តីតក់ស្លុត ព្រោះមិនប្រកាន់មាំនោះ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុថុជ្ជនក្នុងលោកនេះ មិនចេះដឹងពុទ្ធវចនៈ មិនបាន​ឃើញព្រះអរិយៈ មិនឈ្លាសវៃ ក្នុងអរិយធម៌ មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ មិន​ឃើញសប្បុរស មិនឈ្លាសវៃ ក្នុងសប្បុរិសធម៌ មិនទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែង​ពិចារណាឃើញនូវរូប ថាជាខ្លួន ឬឃើញនូវខ្លួន ថាមានរូប ឃើញនូវ​រូប ​ថាមានក្នុងខ្លួន ឃើញនូវខ្លួន ថាមានក្នុងរូប។ រូបនោះ របស់បុគ្គលនោះ រមែង​ប្រែប្រួលទៅជាដទៃ។ បុគ្គល​នោះ រមែងមានវិញ្ញាណត្រឡប់ទៅតាមសេចក្តីប្រែប្រួលនៃរូប ព្រោះភាវៈនៃ​រូប​ប្រែប្រួលទៅជាដទៃ។ ឯសេចក្តីតក់ស្លុត និងហេតុ ជាទីកើតឡើង នៃ​អកុសលធម៌ ដែល​កើតអំពីការត្រឡប់ទៅតាមសេចក្តីប្រែប្រួលនៃរូប រមែងគ្របសង្កត់ចិត្តរបស់បុគ្គលនោះ។ បុគ្គលនោះ ព្រោះតែសេចក្តីគ្របសង្កត់ចិត្ត ក៏ប្រកបដោយសេចក្តីខ្លាចផង ប្រកបដោយ​សេចក្តីចង្អៀតចង្អល់ផង ប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងតក់ស្លុត ព្រោះ​មិនប្រកាន់មាំ។ បុគ្គលពិចារណាឃើញនូវវេទនា… សញ្ញា… សង្ខារ… បុគ្គល​ពិចារណាឃើញនូវវិញ្ញាណ ថាជាខ្លួន ឬឃើញនូវខ្លួន ថាមានវិញ្ញាណ ឃើញវិញ្ញាណ ​ថាមានក្នុងខ្លួន ឬឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ វិញ្ញានោះ របស់បុគ្គលនោះ ក៏ប្រែប្រួល​ទៅជាដទៃ។ បុគ្គល​នោះ រមែងមានវិញ្ញាណត្រឡប់ទៅ តាមសេចក្តីប្រែប្រួលនៃវិញ្ញាណ ព្រោះភាវៈនៃវិញ្ញាណ​ប្រែប្រួលទៅជាដទៃ។ ឯសេចក្តីតក់ស្លុត និងហេតុជាទីកើតឡើង នៃ​អកុសលធម៌ ដែល​កើតអំពីការត្រឡប់ទៅតាម នូវសេចក្តីប្រែប្រួលនៃវិញ្ញាណ រមែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះ។ បុគ្គលនោះ ព្រោះតែសេចក្តីគ្របសង្កត់ចិត្ត ក៏ប្រកបដោយសេចក្តីខ្លាចផង ប្រកបដោយ​សេចក្តីចង្អៀតចង្អល់ផង ប្រកបដោយ​សេចក្តីអាឡោះអាឡ័យផង រមែងតក់ស្លុត ព្រោះ​មិនប្រកាន់មាំ។ ម្នាលអាវុសោទាំងឡាយ សេចក្តីតក់ស្លុត ព្រោះមិនប្រកាន់មាំ យ៉ាងនេះឯង។

[១២៤] ម្នាលអាវុសោទាំងឡាយ ចុះសេចក្តីមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកចេះដឹង​ពុទ្ធវចនៈ បាន​ឃើញព្រះអរិយៈ ឈ្លាសវៃក្នុងអរិយធម៌ ទូន្មានខ្លួន ក្នុងអរិយធម៌ ​បានឃើញសប្បុរស ឈ្លាសវៃក្នុងសប្បុរិសធម៌ បានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងមិន​ពិចារណាឃើញនូវរូប ថាជាខ្លួន មិនឃើញនូវខ្លួន ថាមានរូប មិនឃើញ​រូប ​ថាមានក្នុងខ្លួន មិនឃើញខ្លួន ថាមានក្នុងរូប។ រូបនោះ របស់បុគ្គលនោះ ក៏ប្រែប្រួល​ទៅ​ជា​ដទៃ។ បុគ្គល​នោះ ក៏រមែងមានវិញ្ញាណ មិនបានត្រឡប់ទៅ តាមសេចក្តីប្រែប្រួលនៃរូប ព្រោះតែភាវៈនៃ​រូប​ប្រែប្រួល ទៅជាដទៃឡើយ។ ឯសេចក្តីតក់ស្លុត និងហេតុជាទី​កើត​ឡើង នៃ​អកុសលធម៌ ដែល​កើតអំពីការត្រឡប់ទៅតាម នូវសេចក្តីប្រែប្រួលនៃរូប រមែងមិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះទេ។ បុគ្គលនោះ ព្រោះតែសេចក្តីមិនគ្របសង្កត់​ចិត្ត ក៏មិនបានប្រកបដោយសេចក្តីខ្លាចផង មិនប្រកបដោយ​សេចក្តីចង្អៀតចង្អល់ផង មិនប្រកបដោយសេចក្តីអាឡោះអាឡ័យផង រមែងមិនតក់ស្លុត ព្រោះ​មិនប្រកាន់មាំ។ បុគ្គល​ មិនបានពិចារណាឃើញនូវវេទនា… សញ្ញា… សង្ខារ… បុគ្គល​ មិនបាន​ពិចារណា​ឃើញនូវវិញ្ញាណ ថាជាខ្លួន មិនឃើញខ្លួន ថាមានវិញ្ញាណ មិនឃើញវិញ្ញាណ ​ថា​មាន​ក្នុងខ្លួន មិនឃើញខ្លួន ថាមានក្នុងវិញ្ញាណ។ វិញ្ញានោះ របស់បុគ្គលនោះ ប្រែប្រួល​ទៅជាដទៃ។ បុគ្គល​នោះ រមែងមានវិញ្ញាណមិនបានត្រឡប់ទៅ តាមសេចក្តីប្រែប្រួលនៃវិញ្ញាណ ព្រោះភាវៈនៃវិញ្ញាណ ​ប្រែប្រួលទៅជាដទៃទេ។ ឯសេចក្តី​តក់ស្លុត និងហេតុជាទីកើតឡើង នៃ​អកុសលធម៌ ដែល​កើតឡើង អំពីការត្រឡប់ទៅតាម នូវសេចក្តីប្រែប្រួលនៃវិញ្ញាណ រមែងមិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះឡើយ។ បុគ្គលនោះ ព្រោះតែសេចក្តីមិនគ្របសង្កត់ចិត្ត ក៏មិនបានប្រកបដោយសេចក្តីខ្លាចផង មិនប្រកបដោយ​សេចក្តីចង្អៀតចង្អល់ផង មិនប្រកបដោយ​សេចក្តីអាឡោះអាឡ័យផង រមែងមិនតក់ស្លុត ព្រោះ​មិនប្រកាន់មាំ។ ម្នាលអាវុសោទាំងឡាយ សេចក្តីមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ យ៉ាងនេះឯង។

[១២៥] ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងនូវឧទ្ទេសណា ដល់យើងទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារ ស្រាប់តែទ្រង់​ក្រោក​អំពីអាសនៈ ស្តេចចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​នោះ ពិចារណា​ហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយ ​ទៅ​ខាង​ក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុ​ទាំង​ឡាយ កាល​ភិក្ខុ​នោះ មាន​វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់​ស្លុត ព្រោះមិនប្រកាន់មាំហើយ ឯការកើតឡើងព្រម មានព្រម​នៃ​ជាតិ ជរា មរណៈ និងទុក្ខ រមែង​មិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុគប្បី​ពិចារណា ដោយប្រការយ៉ាងនោះៗចុះ ម្នាលអាវុសោទាំងឡាយ នេះឯងឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារ ខ្ញុំយល់ច្បាស់ នូវអត្ថដោយពិស្តារ យ៉ាងនេះឯង បើលោកមានអាយុទាំងឡាយ ប្រាថ្នា (ចង់ដឹង) គប្បីចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរសេចក្តីនេះ ថែមទៀតចុះ បើ​ព្រះមានព្រះភាគទ្រង់ព្យាករ ដល់យើងទាំងឡាយ យ៉ាងណា អ្នកទាំងឡាយ គប្បី​ចាំទុក​ នូវសេចក្តីនោះ យ៉ាងនោះចុះ។

[១២៦] លំដាប់នោះ ភិក្ខុទាំងនោះ ត្រេកអរ អនុមោទនា នឹងភាសិតរបស់​ព្រះមហា​កច្ចានៈមានអាយុ ហើយក៏ក្រោកអំពីអាសនៈ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួររួចហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់សំដែង​ឧទ្ទេស​ណា ដល់យើងខ្ញុំ​ព្រះអង្គទាំងឡាយ ដោយសង្ខេប មិនបានចែកអត្ថ​ដោយពិស្តារ ស្រាប់តែ​ទ្រង់​ក្រោក​អំពី​អាសនៈ ស្តេចចូលទៅកាន់វិហារ គឺទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​នោះ ពិចារណា​ហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយ​ទៅ​ខាង​ក្រៅ មិន​ឋិត​នៅខាងក្នុង ហើយមិនតក់ស្លុត ព្រោះមិនប្រកាន់មាំ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើ​ភិក្ខុ​នោះ មាន​វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយទៅខាងក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់​ស្លុត ព្រោះមិនប្រកាន់មាំហើយ ឯការកើតឡើងព្រម មានព្រម​នៃ​ជាតិ ជរា មរណៈ និងទុក្ខ រមែង​មិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ភិក្ខុគប្បី​ពិចារណា ដោយប្រការ​យ៉ាងនោះ​ៗចុះ បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះមានព្រះភាគ ស្តេច​ចេញទៅ​មិនយូរប៉ុន្មាន ខ្ញុំព្រះអង្គទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សំដែងឧទ្ទេសនេះ ដល់យើងទាំងឡាយ ដោយសង្ខេប មិន​បាន​ចែកអត្ថ ​ដោយ​ពិស្តារ ស្រាប់តែទ្រង់ក្រោក​អំពីអាសនៈ ស្តេចចូលទៅកាន់វិហារ គឺទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើ​ភិក្ខុ​នោះ ពិចារណា​ហើយ វិញ្ញាណរបស់ភិក្ខុនោះ មិនរាត់រាយ មិនខ្ចាត់ខ្ចាយ​ទៅ​ខាង​ក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់ស្លុត ព្រោះមិនប្រកាន់​មាំ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើ​ភិក្ខុ​នោះ មាន​វិញ្ញាណមិនរាត់រាយ មិនខ្ចាត់ខ្ចាយ​ទៅខាងក្រៅ មិន​ឋិត​នៅខាងក្នុង មិនតក់​ស្លុត ព្រោះមិនប្រកាន់មាំហើយ ឯការកើត​ព្រម មានព្រម​នៃ​ជាតិ ជរា មរណៈ និងទុក្ខ រមែង​មិនមានតទៅទៀត ដោយប្រការយ៉ាងណាៗ ភិក្ខុគប្បី​ពិចារណា ដោយប្រការយ៉ាងនោះៗចុះ ឧទ្ទេស ដែលព្រះមានព្រះភាគ ទ្រង់សំដែងដោយសង្ខេប មិនចែកអត្ថ ដោយពិស្តារនេះ តើ​នរណា​ហ្ន៎ នឹងចែក​អត្ថ ដោយពិស្តារបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងនោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ព្រះ​មហាកច្ចានៈ មានអាយុនេះឯង ព្រះសាស្តាសរសើរផង សព្រហ្មចារី​ទាំងឡាយ ជាអ្នកប្រាជ្ញ លើកតំកើងផង ឯឧទ្ទេស ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង ដោយសង្ខេប មិន​ចែកអត្ថ​ ដោយពិស្តារនេះ មានតែព្រះមហាកច្ចានៈ​មានអាយុ ទើបអាចចែកអត្ថ ដោយពិស្តារ​បាន បើដូច្នោះ គួរតែយើងទាំងឡាយ នាំគ្នា​ចូលទៅរក​ព្រះមហាកច្ចានៈមានអាយុ លុះចូលទៅដល់ហើយ គប្បីសួរ​សេចក្តីនេះ នឹងព្រះមហាកច្ចានៈមានអាយុ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំ​ព្រះអង្គទាំង​ឡាយ ក៏នាំគ្នាចូលទៅរកព្រះមហាកច្ចានៈមានអាយុ លុះទៅដល់ហើយ ក៏បាន​សួរ​សេចក្តីនេះ នឹងព្រះមហាកច្ចានៈមានអាយុ បពិត្រព្រះអង្គដ៏ចំរើន ឯព្រះមហាកច្ចានៈមានអាយុ ក៏បានចែកអត្ថ ដោយអាការៈទាំងនេះ ដោយបទ​ទាំងនេះ ដោយព្យញ្ជនៈ​ទាំងនេះ ដល់ខ្ញុំព្រះអង្គទាំងឡាយ។

[១២៧] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ មហាកច្ចានៈ មានបញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរ​សេចក្តីនេះ នឹងតថាគតទៀត តថាគត ក៏គប្បីព្យាករ ដូចជាសេចក្តី ដែល​មហាកច្ចានៈ បានព្យាកររួចហើយ យ៉ាងនុ៎ះដែរ នេះហើយ ជាសេចក្តីរបស់​ឧទ្ទេស​នោះ ​អ្នកទាំងឡាយ គប្បីចាំទុកនូវសេចក្តីនោះ យ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាដូច្នេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ឧទ្ទេសវិភង្គសូត្រ ទី៨។

អរណវិភង្គសូត្រ ទី៩

[១២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវ​ អរណវិភង្គ [ការចែកនូវធម៌ ដែលមិនមាន​សឹកសត្រូវ គឺសេចក្តីសៅហ្មង។] ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវ​អរណ​វិភង្គនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួល​ព្រះ​ពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១២៩] ព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះថា បុគ្គលមិនគប្បីប្រកបរឿយៗ នូវ​សេចក្តីសុខក្នុងកាម ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ មួយទៀត មិនគប្បី​ប្រកបរឿយៗ នូវ​សេចក្តីព្យាយាមធ្វើខ្លួនឯង ឲ្យលំបាក ជារបស់នាំមក នូវសេចក្តីទុក្ខ មិនមែន​ជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ឡើយ ឯមជ្ឈិមប្បដិបទា គឺ​សេចក្តីប្រតិបត្តិយ៉ាងកណ្តាល មិនប៉ះពាល់នូវធម៌អមខាង ទាំង២ [ក្នុងអដ្ឋកថាធម្មចក្កថា លាមកកោដ្ឋាសៈ គឺធម៌ជាចំណែកខាងលាមក ឬអាក្រក់។] នោះ ដែលតថាគតបាន​ត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តី​ចេះដឹង តែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹង​ នូវ​អរិយសច្ច ដើម្បីព្រះនិព្វាន។ បុគ្គលគប្បីដឹង នូវការលើកតំកើងផង គប្បីដឹងនូវការ​បន្តុះ​បង្អាប់ផង លុះដឹងនូវការលើកតំកើង ទាំងដឹងនូវការបន្តុះបង្អាប់ហើយ មិនគប្បីលើក​តំកើង មិនគប្បីបន្តុះបង្អាប់ ត្រូវសំដែងធម៌ដោយត្រង់ គប្បីដឹងនូវសេចក្តី​សុខ ដែល​ថោកថយ លុះដឹងនូវសេចក្តីសុខ ដែលថោកថយហើយ គប្បីប្រកបរឿយៗ នូវសេចក្តី​សុខ ក្នុងសន្តាន មិនគប្បីពោលពាក្យ ក្នុងទីកំបាំងមុខ (ពាក្យញុះញង់) មិនគប្បី​ពោល​ពាក្យសៅហ្មង [ពាក្យកោសកៀរបញ្ឈឺចិត្ត ជាដើម។] ក្នុងទីចំពោះមុខ គប្បីពោលកុំឲ្យ​រួស​រាន់ពេក មិនគប្បីពោលរួសរាន់ពេក មិនគប្បីប្រកាន់ភាសាក្នុងជនបទ មិនគប្បីប្រព្រឹត្ត​កន្លងនូវឈ្មោះ [ជាឈ្មោះរបស់ទាំងពួង មានភាជន៍ ជាដើម។] នេះជាឧទ្ទេសនៃ អរណវិភង្គ ។

[១៣០] ឯពាក្យថា បុគ្គលមិនគប្បីប្រកបរឿយៗ នូវ​សេចក្តីសុខក្នុងកាម ដែលជាធម៌​ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយបុគ្គល មិន​ប្រកប​ដោយ​ប្រយោជន៍ មួយទៀត មិនគប្បី​ប្រកបរឿយៗ នូវ​សេចក្តីព្យាយាម ធ្វើខ្លួនឯង ឲ្យលំបាក ជារបស់នាំមក នូវសេចក្តីទុក្ខ មិនមែន​ជារបស់ព្រះអរិយបុគ្គល មិនប្រកប​ដោយ​ប្រយោជន៍ ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគត បានពោល​ហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ធម៌ណា គឺការប្រកបរឿយៗ នូវសេចក្តី​សោមនស្ស របស់បុគ្គល ដែលមានសេចក្តីសុខដោយកាមប្បដិសន្ធិ [ការជាប់ចំពាក់​ក្នុងកាម។] ដែលជាធម៌ថោកទាប ជាធម៌របស់អ្នកស្រុក ជាធម៌របស់បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នេះ ជាធម៌ប្រកបដោយ​សេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកប​ដោយ​សេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស។ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តី​ព្យាយាម ដោយសោមនស្ស របស់បុគ្គល ដែលមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ជាសេចក្តីព្យាយាមថោកទាប ជាធម៌របស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នេះ ជាធម៌មិននាំមកនូវ​សេចក្តី​ទុក្ខ មិនលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ។ ធម៌ណា គឺសេចក្តី​ព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជារបស់នាំមកនូវសេចក្តីទុក្ខ មិនមែន​ជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នេះ រមែងប្រកបដោយ​សេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកប​ដោយ​សេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស។ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តី​ព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជាសេចក្តីព្យាយាម នាំមកនូវទុក្ខ មិនមែន​ជារបស់​ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិននាំមកនូវសេចក្តីទុក្ខ មិនលំបាក មិនចង្អៀតចង្អល់ មិនក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ។ ពាក្យណា ដែលតថាគត​ពោល​ហើយថា បុគ្គល​មិនគប្បីប្រកបរឿយៗ នូវសេចក្តីសុខក្នុងកាម ដែល​ជាធម៌​ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយបុគ្គល មិន​ប្រកបដោយប្រយោជន៍ មួយទៀត មិនគប្បីប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើ​ខ្លួន​ឯងឲ្យលំបាក នាំមកនូវទុក្ខ មិនមែន​ជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។

[១៣១] ឯពាក្យថា មជ្ឈិមប្បដិបទា គឺ សេចក្តីប្រតិបត្តិយ៉ាងកណ្តាល មិនប៉ះពាល់ នូវធម៌អមខាង ទាំង២នុ៎ះ ដែលតថាគត​ត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តី​ចេះដឹង តែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ស្ងប់​រម្ងាប់​កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បីត្រាស់ដឹង​ នូវ​អរិយសច្ច ដើម្បីព្រះនិព្វាន ដូច្នេះ​នុ៎ះ តថាគត បានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យ​សេចក្តី​ដូចម្តេច។ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចា​ត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ការរលឹកត្រូវ១ ការតំ​កល់ចិត្តនឹងត្រូវ១។ ពាក្យណា ដែលតថាគត ពោលហើយថា មជ្ឈិមប្បដិបទា គឺ សេចក្តី​ប្រតិបត្តិជាកណ្តាល មិនបានប៉ះពាល់ នូវធម៌អមខាង ទាំង២នុ៎ះ ដែលតថាគត​ ត្រាស់ដឹង​ហើយ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតសេចក្តី​ចេះដឹង តែង​ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ស្ងប់​រម្ងាប់​កិលេស ដើម្បីស្គាល់អរិយសច្ច ដើម្បីត្រាស់ដឹង​​អរិយសច្ច ដើម្បី​ព្រះនិព្វាន ដូច្នេះ​ ពាក្យនុ៎ះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះ​ឯង។

[១៣២] ឯពាក្យថា បុគ្គលគប្បីដឹង នូវការលើកតំកើងផង គប្បីដឹងនូវការ​បន្តុះ​បង្អាប់ផង លុះដឹងនូវការលើកតំកើង ទាំងដឹងនូវការបន្តុះបង្អាប់ហើយ មិនគប្បីលើក​តំកើង មិនគប្បីបន្តុះបង្អាប់ គប្បីសំដែងធម៌ដោយត្រង់ ដូច្នេះនុ៎ះ តថាគតបានពោល​ហើយ។ ពាក្យនុ៎ះ តថាគត​បានពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ការលើកតម្កើង និងការបន្តុះបង្អាប់ មិនមែនជាការសំដែងធម៌ តើ​ដូចម្តេច។ កាលដែលបុគ្គលអ្នកសំដែងធម៌ពោលថា ជនទាំងឡាយណា មានសេចក្តី​សុខ​ ដោយកាមប្បដិសន្ធិ រមែងប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស ដែល​ជារបស់ថោកទាប ជាធម៌របស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយ​បុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ ឈ្មោះថា ប្រកបដោយ​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា បន្តុះបង្អាប់បុគ្គលពួកខ្លះ ដោយប្រ​ការ​ដូច្នេះ។ កាលដែលបុគ្គលសំដែងធម៌ពោលថា ជនទាំងឡាយណា មានសេចក្តី​សុខ​ ដោយកាមប្បដិសន្ធិ មិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស ដែល​ជារបស់ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយ​បុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ មិនមានសេចក្តីទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា លើកតំកើងបុគ្គលពួកខ្លះ ដោយប្រ​ការ​ដូច្នេះ។ កាលដែល​បុគ្គល​អ្នកសំដែងធម៌ពោលថា ជនទាំងឡាយណា ប្រកបរឿយៗ នូវសេចក្តី​ព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក នាំមកនូវសេចក្តីទុក្ខ មិនមែន​ជារបស់ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ ប្រកបដោយ​សេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកប​ដោយ​សេចក្តីក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា បន្តុះបង្អាប់បុគ្គល​ពួកខ្លះ ដោយប្រការដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ពោលថា ជនទាំងឡាយណា មិនប្រកបរឿយៗ នូវសេចក្តី​ព្យាយាម ធ្វើខ្លួនឯងឲ្យលំបាក ជារបស់នាំមកនូវសេចក្តីទុក្ខ មិនមែន​ជារបស់​ព្រះអរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំងអស់នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា លើកតំកើងបុគ្គលពួកខ្លះ ដោយ​ប្រការ​ដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ ពោលថា ជនទាំងឡាយណាមួយ មិនបានលះបង់ នូវសំយោជនៈក្នុងភព (តណ្ហា) ជនទាំងអស់នោះ ប្រកបដោយ​សេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា បន្តុះបង្អាប់បុគ្គលពួកខ្លះ ដោយប្រ​ការ​ដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ ពោលថា បុគ្គលណាមួយ លះបង់សំយោជនៈ ក្នុងភពបានហើយ ជនទាំងអស់នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមាន​សេចក្តីចង្អៀតចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា លើកតំកើងបុគ្គល​ពួកខ្លះ ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ការលើកតំកើង និងការបន្តុះបង្អាប់ មិនមែនជាការសំដែងធម៌ យ៉ាងនេះឯង។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះការមិនលើកតំកើង ការមិន​បន្តុះ​បង្អាប់ ជាការសំដែងធម៌ដោយត្រង់ តើ​ដូចម្តេច។ បុគ្គលអ្នកសំដែងធម៌មិនបានពោលយ៉ាង​នេះថា ជនទាំងឡាយណា ដែលជាអ្នកមានសេចក្តី​សុខ​ ដោយកាមប្បដិសន្ធិ ប្រកប​រឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស ដែល​ជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយ​បុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំង​អស់នោះ ឈ្មោះថា ប្រកបដោយ​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយ​សេចក្តី​ចង្អៀត​ចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អនុយោគធម៌ [ការប្រកបព្យាយាម ដោយសោមនស្ស។] នុ៎ះ ប្រកបដោយសេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកប​ដោយ​សេចក្តី​ចង្អៀត​ចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជាសេចក្តី​ប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាង​នេះថា ជនទាំងឡាយណា ជាអ្នកមានសេចក្តី​សុខ​ ដោយកាមប្បដិសន្ធិ មិនប្រកប​រឿយៗ នូវសេចក្តីព្យាយាម ដោយសោមនស្ស ដែល​ជាធម៌ថោកទាប ជារបស់អ្នកស្រុក ជា​របស់​បុថុជ្ជន មិនមែន​ជារបស់ព្រះអរិយ​បុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំង​អស់នោះ មិនមាន​ទុក្ខ មិនមានសេចក្តីលំបាក មិនមាន​សេចក្តី​ចង្អៀត​ចង្អល់ មិន​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អននុយោគធម៌ [ការមិនប្រកបព្យាយាម ដោយសោមនស្ស។] នុ៎ះ មិនមានសេចក្តី​ទុក្ខ មិនមាន​សេចក្តី​លំបាក មិនមានការ​ចង្អៀត​ចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាង​នេះថា ជនទាំងឡាយណា ជាអ្នកប្រកប​រឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យ​លំបាក នាំមកនូវសេចក្តីទុក្ខ មិនមែន​ជារបស់ព្រះអរិយ​បុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំង​អស់នោះ ប្រកបដោយសេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយ​សេចក្តី​ចង្អៀត​ចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អនុយោគធម៌ [ការប្រកបព្យាយាម ធ្វើខ្លួន​ឯងឲ្យលំបាក។] នេះ ប្រកបដោយសេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយ​សេចក្តី​ចង្អៀត​ចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាង​នេះថា ជនទាំងឡាយណា ដែលមិនប្រកប​រឿយៗ នូវសេចក្តីព្យាយាម ធ្វើខ្លួនឯងឲ្យ​លំបាក នាំមកនូវទុក្ខ មិនមែន​ជារបស់ព្រះអរិយ​បុគ្គល មិនប្រកបដោយប្រយោជន៍ ជនទាំង​អស់នោះ មិនមាន​ទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តី​ចង្អៀត​ចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ។ កាលដែលបុគ្គលអ្នកសំដែងធម៌ ពោលថា អននុយោគធម៌ [ការមិនប្រកបព្យាយាម ធ្វើខ្លួន​ឯងឲ្យលំបាក។] នុ៎ះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមាន​សេចក្តី​ចង្អៀត​ចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាង​នេះថា ជនទាំងឡាយណាមួយ មិនបានលះបង់​នូវភវសំយោជនៈ [ចំណងសត្វក្នុងភព បានដល់តណ្ហា។] ជនទាំងអស់​នោះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយ​សេចក្តី​ចង្អៀត​ចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិខុស ដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ ពោលថា កាលបើភវសំយោជនៈ មិនទាន់លះបង់នៅឡើយ ភពក៏​មិនបាន​លះបង់ទៅដែរ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ បុគ្គលអ្នកសំដែងធម៌ មិនបានពោលយ៉ាង​នេះថា ជនទាំងឡាយណាមួយ បានលះបង់​នូវភវសំយោជនៈ ជនទាំងអស់​នោះ មិនមានទុក្ខ មិនមានសេចក្តីលំបាក មិនមាន​សេចក្តី​ចង្អៀត​ចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជាអ្នកប្រតិបត្តិត្រូវ ដូច្នេះ។ កាលដែលបុគ្គល អ្នកសំដែងធម៌ ពោលថា កាលបើភវសំយោជនៈ លះបង់ទៅហើយ ភពក៏​លះបង់ទៅដែរ ដូច្នេះ ឈ្មោះថា សំដែងធម៌ដោយត្រង់។ ម្នាលភិក្ខុទាំងឡាយ ការមិនលើកតំកើង ការមិន​បន្តុះបង្អាប់ ជាការសំដែងធម៌ដោយត្រង់ យ៉ាងនេះឯង។ ពាក្យណា ដែលតថាគត ពោល​ហើយថា បុគ្គលគប្បីដឹងនូវការលើកតំកើងផង គប្បីដឹងនូវការបន្តុះបង្អាប់ផង លុះដឹង​នូវ​ការលើកតំកើង និងដឹងនូវការបន្តុះបង្អាប់ហើយ មិនគប្បីលើកតំកើង មិនគប្បីបន្តុះបង្អាប់ គប្បីសំដែងធម៌ដោយត្រង់ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះ​អាស្រ័យសេចក្តីនេះឯង។

[១៣៤] ពាក្យថា បុគ្គលគប្បីដឹងនូវសេចក្តីសុខដែលថោកថយ លុះដឹងនូវសេចក្តី​សុខ ដែល​ថោកថយហើយ គប្បីប្រកបរឿយៗ នូវសេចក្តី​សុខ ក្នុងសន្តាន ដូច្នេះ ពាក្យ​នុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យ​សេចក្តី​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើអ្វីខ្លះ រូបដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពជាទី​ស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ សំឡេង​ដែលគប្បីដឹង​ដោយ​ត្រចៀក… ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាព​ជាទីស្រឡាញ់ ប្រកបដោយកាម ជាទីតាំងនៃសេចក្តីត្រេកអរ ម្នាលភិក្ខុទាំងឡាយ នេះឯង កាមគុណមាន៥ប្រការ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ និងសោមនស្ស​ណា តែងកើតឡើង ព្រោះអាស្រ័យនូវកាមគុណ ទាំង៥នេះ សេចក្តីសុខ និងសោមនស្ស​នេះ តថាគតហៅថា ជាសេចក្តីសុខក្នុងកាម ជាសេចក្តីសុខរបស់បុថុជ្ជន ជាសេចក្តីសុខ​ដ៏​លាមក មិនមែនជាសេចក្តីសុខ របស់ព្រះអរិយបុគ្គលទេ។ តថាគត​ ពោលថា បុគ្គល​មិន​គប្បីសេព មិនគប្បីចម្រើន មិនគប្បីធ្វើឲ្យច្រើន គប្បីខ្លាចសេចក្តីសុខនេះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ ហើយបានដល់នូវ​បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងាត់ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាត​កើតមាន​ ក្នុង​សន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមាន​វិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន… បាន​ដល់នូវតតិយជ្ឈាន… បានដល់នូវចតុត្ថជ្ឈាន ហើយសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ​ទាំង៤នេះ តថាគតហៅថា នេក្ខម្មសុខ [សុខកើតអំពីការចេញចាកកាម។] បវិវេកសុខ [សុខ​កើតអំពីសេចក្តីស្ងាត់ ចាកកាម និងអកុសលធម៌។] ឧបសមសុខ [សុខកើតអំពី​ការ​រម្ងាប់​នីវរណធម៌ ជាដើម។] សម្ពោធិសុខ [សុខប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹងមគ្គ ផល និព្វាន។]។ តថាគតពោលថា បុគ្គលគួរសេព គួរចម្រើន គួរធ្វើឲ្យច្រើន មិនគួរខ្លាចសេចក្តី​សុខនេះ​ឡើយ។ ពាក្យណាដែលតថាគតពោលហើយថា បុគ្គលគប្បីដឹង នូវសេចក្តីសុខ ដែល​ថោកថយ លុះដឹងនូវសេចក្តីសុខ ដែលថោកថយហើយ គប្បីប្រកបរឿយៗ នូវសេចក្តី​សុខ ក្នុងសន្តាន ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។

[១៣៥] ពាក្យថា បុគ្គលមិនគប្បីពោលពាក្យក្នុងទីកំបាំងមុខ មិនគប្បីពោល​ពាក្យ​នាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ដូច្នេះនុ៎ះ តថាគត បានពោលហើយ។ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាពាក្យទាំង​នោះ បុគ្គលដឹងនូវពាក្យស្ងាត់កំបាំងណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយ​ប្រយោជន៍ ដោយពិត មិនគប្បីពោលពាក្យស្ងាត់កំបាំងឡើយ មួយទៀត បុគ្គលដឹងនូវ​ពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ពាក្យទៀង តែមិនប្រកបដោយប្រយោជន៍ បុគ្គល​គប្បី​រៀនដើម្បីមិននិយាយនូវពាក្យនោះ មួយទៀត បុគ្គលដឹងនូវពាក្យស្ងាត់កំបាំងណា ជា​ពាក្យពិត ពាក្យទៀង ហើយប្រកបដោយប្រយោជន៍ បុគ្គលគួរជាអ្នកដឹងនូវ​កាលគួរ​ក្នុង​ពាក្យនោះ ដើម្បីនិយាយនូវពាក្យស្ងាត់កំបាំងនោះ។ ម្នាលភិក្ខុទាំងឡាយ បណ្តាពាក្យ​ទាំងនោះ បុគ្គលដឹងនូវពាក្យណា ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយ​ប្រយោជន៍ ដោយពិត មិនគប្បីពោលពាក្យដែលនាំ​ឲ្យ​សៅហ្មង ក្នុងទីចំពោះមុខ​នោះទេ មួយទៀត បុគ្គលដឹងនូវ​ពាក្យណា ដែលនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ជាពាក្យពិត ពាក្យទៀង តែមិនប្រកបដោយប្រយោជន៍ បុគ្គល​គប្បី​រៀន ដើម្បីមិនពោលនូវពាក្យនោះ មួយទៀត បុគ្គលដឹងនូវពាក្យណា ដែលនាំឲ្យ​សៅហ្មង ក្នុងទីចំពោះមុខ ជា​ពាក្យពិត ពាក្យទៀង ហើយប្រកបដោយប្រយោជន៍ បុគ្គល​ គួរជាអ្នកដឹងនូវ​កាលគួរ ​ក្នុង​ពាក្យនោះ ដើម្បីនិយាយ នូវពាក្យដែល​នាំឲ្យ​សៅហ្មង ក្នុងទីចំពោះមុខ។ ពាក្យណា ដែលតថាគតបានពោលហើយថា បុគ្គល មិនគប្បីពោលពាក្យ ក្នុងទីកំបាំងមុខ មិនគប្បីពោល​ពាក្យ ដែល​នាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ដូច្នេះ ពាក្យនុ៎ះ តថាគត ពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។

[១៣៦] ពាក្យថា បុគ្គលគប្បីពោលកុំឲ្យរួសរាន់ពេក មិនគប្បីពោលរួស​រាន់​ពេក នុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគត​ពោលហើយ ព្រោះអាស្រ័យ​សេចក្តី​ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង​នោះ បុគ្គលដែលពោលរហ័ស កាយក៏រមែងលំបាក ចិត្តក៏រមែងព្រួយ សំឡេងក៏ស្អក កក៏ឈឺចាប់ សំដីរបស់បុគ្គល ដែល​ពោលញាប់ ជាសំដីមិនស្រឡះផង ស្តាប់មិនជាក់ផង។ ម្នាលភិក្ខុទាំងឡាយ បណ្តាបុគ្គលទាំង​នោះ បុគ្គលដែលពោលមិនរហ័សពេក កាយក៏មិនលំបាក ចិត្តក៏មិនព្រួយ សំឡេងក៏មិនស្អក កក៏មិនឈឺចាប់ សំដីរបស់បុគ្គល ដែល​ពោលមិនញាប់ ជាសំដីស្រឡះផង ដឹងសេចក្តីច្បាស់ផង។ ពាក្យណា ដែលតថាគត ពោលហើយថា បុគ្គលគប្បីពោលកុំឲ្យរួសរាន់ពេក មិនគប្បីពោលរួស​រាន់​ពេក ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យ​សេចក្តីនេះឯង។

[១៣៧] ពាក្យថា បុគ្គលមិនគប្បីប្រកាន់ភាសាក្នុងជនបទ មិនគប្បីប្រព្រឹត្តកន្លង នូវ​ឈ្មោះ ដូច្នេះនុ៎ះ តថាគតបានពោលហើយ។ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះ​អាស្រ័យ​សេចក្តីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចុះការប្រកាន់នូវភាសា ក្នុងជនបទ និង​ការ​ប្រព្រឹត្តិកន្លងនូវឈ្មោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងជនបទខ្លះ ក្នុងលោក​នេះ ភាជនៈតែមួយបែបនោះសោះ តែជនទាំងឡាយ រមែងស្គាល់ថាបាតិខ្លះ រមែង​ស្គាល់​ថាបត្តៈខ្លះ រមែង​ស្គាល់​ថាបិដ្ឋៈខ្លះ រមែង​ស្គាល់​ថាសរាវៈខ្លះ រមែង​ស្គាល់​ថាហរោសៈខ្លះ រមែង​ស្គាល់​ថាបោណៈខ្លះ រមែង​ស្គាល់​ថាហនៈខ្លះ រមែង​ស្គាល់​ថាបិបិលៈខ្លះ [ពួកសព្ទ​ទាំងអស់នេះ ជាឈ្មោះរបស់ភាជន៍តែមួយបែប សម្រាប់ប្រើប្រាស់ក្នុងសម័យនោះ ដូច​យ៉ាងឈ្មោះថា អាឡ្ហកៈ ទោណៈ ជាដើម។ ឯប្រយោគនេះ បានសេចក្តីថា ភាជនៈតែ​មួយ  តែស្រុកខ្លះហៅថាបាតិ ខ្លះហៅថា បត្តៈ។]។ ព្រោះហេតុនោះ ពួកជនស្គាល់នូវរបស់នោះ ក្នុងជនបទនោះៗ យ៉ាងណាៗ បុគ្គលខ្លះ ក៏ប្រកាន់មាំមួន យ៉ាងនោះៗ ហើយពោលថា [បុថុជ្ជន ដែលល្ងង់ខ្លៅ កាលបើទៅកាន់ជនបទ ដែលគេហៅភាជនៈនោះថា បត្តៈ ដូច្នេះ បានឮគេនិយាយគ្នាថា អ្នកទាំងឡាយចូរយក​បត្តៈមក ចូរលាងបត្តៈទៅ ហើយនិយាយ​ប្រកាន់ថា ភាជនៈនេះ មិនមែន​ឈ្មោះបត្តៈទេ ឈ្មោះបាតិទេតើ អ្នកឯងចូរហៅ​បាតិ ដូច្នេះវិញ។ អដ្ឋកថា។] ពាក្យនេះជាពាក្យពិត ពាក្យដទៃ ជាមោឃៈ។ ម្នាលភិក្ខុទាំងឡាយ ការប្រកាន់នូវភាសា ក្នុងជនបទ និងការប្រព្រឹត្តិកន្លងនូវឈ្មោះ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចុះការដែលមិនប្រកាន់នូវភាសា ក្នុងជនបទ និងការមិនប្រព្រឹត្ត​កន្លង​នូវឈ្មោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងជនបទខ្លះ ក្នុងលោកនេះ ភាជនៈ​តែមួយបែបនោះសោះ តែជនទាំងឡាយ រមែងស្គាល់ថាបាតិខ្លះ រមែងស្គាល់ថាបត្តៈខ្លះ រមែងស្គាល់ថា បិដ្ឋៈខ្លះ រមែងស្គាល់ថាសរាវៈខ្លះ រមែងស្គាល់ថា ហរោសៈខ្លះ រមែងស្គាល់ថា បោណៈខ្លះ រមែងស្គាល់ថា ហនៈខ្លះ រមែងស្គាល់ថា បិបិលៈខ្លះ។ ព្រោះ​ហេតុនោះ ពួកជន តែងស្គាល់នូវភាជនៈនោះ ក្នុងជនបទនោះៗថា លោកមានអាយុទាំង​នេះ ពោលសំដៅរបស់នេះ ដូច្នេះ យ៉ាងណាៗ បុគ្គលខ្លះ មិនប្រកាន់មាំ តែងពោល​ យ៉ាងនោះៗ ម្នាលភិក្ខុទាំងឡាយ ការមិនប្រកាន់ នូវភាសាក្នុងជនបទ និងការមិន​ប្រព្រឹត្តិ​កន្លង​នូវឈ្មោះ យ៉ាងនេះឯង។ ពាក្យណា ដែលតថាគត​ បានពោលហើយថា បុគ្គល មិនគប្បីប្រកាន់នូវភាសា ក្នុងជនបទ មិនគប្បីប្រព្រឹត្ត​កន្លង ​នូវឈ្មោះ ដូច្នេះ ពាក្យនុ៎ះ តថាគត បានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។

[១៣៨] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺសេចក្តីព្យាយាម ដោយ​សោមនស្ស របស់បុគ្គលដែលមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ជាធម៌​ថោក​ទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកប​ដោយ​ប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយ​សេចក្តីលំបាក ប្រកបដោយ​សេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិខុស ព្រោះហេតុ​នោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការមិនប្រកបរឿយៗ នូវសេចក្តីព្យាយាម ដោយ​សោមនស្ស របស់បុគ្គល ដែលមានសេចក្តីសុខ ដោយកាមប្បដិសន្ធិ ជាធម៌​ថោក​ទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកប​ដោយ​ប្រយោជន៍ ធម៌នុ៎ះ មិនមានទុក្ខ មិនមាន​សេចក្តីលំបាក មិនមាន​សេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តីប្រតិបត្តិត្រូវ ព្រោះហេតុ​នោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៣៩] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺសេចក្តីព្យាយាម ធ្វើ​ខ្លួនឯងឲ្យលំបាក ជាធម៌នាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកប​ដោយ​ប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយ​សេចក្តីលំបាក ប្រកបដោយ​សេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជាសេចក្តី​ប្រតិបត្តិខុស ព្រោះហេតុ​នោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការមិនប្រកបរឿយៗ នូវ​សេចក្តីព្យាយាម ធ្វើ​ខ្លួនឯងឲ្យលំបាក ជាសេចក្តីព្យាយាមនាំមកនូវសេចក្តីទុក្ខ មិនមែនជារបស់ព្រះអរិយបុគ្គល មិនប្រកប​ដោយ​ប្រយោជន៍ ធម៌នុ៎ះ មិននាំមក​នូវទុក្ខ មិនមាន​សេចក្តីលំបាក មិនមាន​សេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជាសេចក្តី​ប្រតិបត្តិត្រូវ ព្រោះហេតុ​នោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៤០] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីប្រតិបត្តិ​យ៉ាង​កណ្តាល​ណា ដែលព្រះតថាគតត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើត​សេចក្តីចេះដឹង ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់កិលេស ដើម្បីស្គាល់នូវអរិយសច្ច ដើម្បី​ត្រាស់ដឹងនូវអរិយសច្ច ដើម្បីព្រះនិព្វាន ធម៌នុ៎ះ ឈ្មោះថាមិននាំមកនូវទុក្ខ មិន​មាន​សេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៤១] ម្នាលភិក្ខុទាំងឡាយ ​បណ្តាធម៌ទាំងនោះ ការលើក​តំកើង និងការ​បន្តុះបង្អាប់ ទាំង​មិនមែន​ជាការសំដែងធម៌ ណា ធម៌នុ៎ះ ឈ្មោះថាប្រកបដោយ​ទុក្ខ ប្រកប​ដោយ​សេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ ​បណ្តាធម៌ទាំងនោះ ការដែលមិនលើក​តំកើង និងការមិន​បន្តុះបង្អាប់ ទាំងការសំដែងធម៌ដោយត្រង់ណា ធម៌នេះ មិននាំមកនូវទុក្ខ មិនមាន​សេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិត្រូវ ព្រោះ​ហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៤២] ម្នាលភិក្ខុទាំងឡាយ ​បណ្តាធម៌ទាំងនោះ សេចក្តីសុខណា ជា​សេចក្តី​សុខក្នុងកាម ជាសេចក្តីសុខរបស់បុថុជ្ជន ជាសេចក្តី​សុខដ៏លាមក មិនមែនជា​សេចក្តី​សុខ របស់ព្រះអរិយបុគ្គល ធម៌នុ៎ះ ប្រកបដោយសេចក្តីទុក្ខ ប្រកបដោយសេចក្តី​លំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយសេចក្តីក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកបដោយសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ សេចក្តីសុខណា ដែលជា​សេចក្តី​សុខក្នុងការ​ចេញចាកកាម ជាសេចក្តីសុខក្នុងការស្ងាត់ ជាសេចក្តី​សុខ ក្នុងការរម្ងាប់កិលេស ជា​សេចក្តី​សុខក្នុងការត្រាស់ដឹងមគ្គផល ធម៌នុ៎ះ មិននាំមកនូវទុក្ខ មិនមានសេចក្តី​លំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមានសេចក្តីក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៤៣] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយ​សេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកប​ដោយ​សេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជា​ពាក្យ​ពិត ទៀង តែមិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយ​សេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកប​ដោយ​សេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យស្ងាត់កំបាំងណា ជាពាក្យពិត ទៀង ប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិន​នាំមកនូវសេចក្តីទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៤៤] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយ​សេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកប​ដោយ​សេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជា​ពាក្យ​ពិត ទៀង តែមិនប្រកប​ដោយ​ប្រយោជន៍ ធម៌នុ៎ះ ប្រកបដោយ​សេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយ​សេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិខុស ព្រោះហេតុ​នោះ ធម៌នុ៎ះ ឈ្មោះថា ប្រកប​ដោយ​សេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ពាក្យនាំឲ្យសៅហ្មង ក្នុងទីចំពោះមុខ ណា ជាពាក្យពិត ទៀង ទាំងប្រកបដោយប្រយោជន៍ ធម៌នុ៎ះ មិន​នាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៤៥] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺពាក្យរបស់​បុគ្គល​អ្នកពោលរហ័សពេក ធម៌នុ៎ះ ប្រកបដោយ​សេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកប​ដោយ​សេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺពាក្យរបស់បុគ្គល អ្នក​ពោល​មិនរហ័សពេក ធម៌នុ៎ះ មិន​នាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀត​ចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៤៦] ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការប្រកាន់​មាំ នូវភាសា ក្នុងជនបទ និងការប្រព្រឹត្តិកន្លងនូវឈ្មោះ ធម៌នុ៎ះ ប្រកបដោយ​សេចក្តី​ទុក្ខ ប្រកបដោយសេចក្តីលំបាក ប្រកបដោយសេចក្តីចង្អៀតចង្អល់ ប្រកបដោយ​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិខុស ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា ប្រកប​ដោយ​សេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម៌ទាំងនោះ ធម៌ណា គឺការមិនប្រកាន់​នូវភាសា ក្នុងជនបទ និងការមិនប្រព្រឹត្តិកន្លងនូវឈ្មោះ ធម៌នុ៎ះ មិន​នាំមកនូវទុក្ខ មិនមានសេចក្តីលំបាក មិនមានសេចក្តីចង្អៀតចង្អល់ មិនមាន​សេចក្តី​ក្តៅក្រហាយ ជា​សេចក្តី​ប្រតិបត្តិត្រូវ ព្រោះហេតុនោះ ធម៌នុ៎ះ ឈ្មោះថា មិនមានសេចក្តីសៅហ្មង។

[១៤៧] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ អ្នកទាំងឡាយ គប្បីសិក្សា ក្នុង​សាសនានេះថា យើងទាំងឡាយ នឹងដឹងនូវធម៌ ដែលប្រកបដោយសេចក្តីសៅហ្មង​ផង និងដឹងនូវធម៌ ដែលមិនមានសេចក្តីសៅហ្មងផង លុះដឹងនូវធម៌ ដែលប្រកប​ដោយ​សេចក្តី​សៅហ្មង​ និងដឹងនូវធម៌ ដែលមិនមានសេចក្តីសៅហ្មងហើយ ក៏នឹងដើរទៅកាន់​ផ្លូវ​ប្រតិបត្តិដែលមិនមានសេចក្តីសៅហ្មង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ត្រូវ​សិក្សា​យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែក​សុភូតិកុលបុត្ត បានដើរទៅកាន់​ផ្លូវ​ប្រតិបត្តិ ដែល​មិនមានសេចក្តីសៅហ្មង។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់​ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ អរណវិភង្គសូត្រ ទី៩។

ធាតុវិភង្គសូត្រ ទី១០

[១៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ស្តេច​ទៅ​កាន់ចារិក ក្នុងដែនរបស់ពួកអ្នកមគធៈ បានដល់ទៅក្រុងរាជគ្រឹះ ចូលទៅរកស្មូនឆ្នាំង ឈ្មោះ ភគ្គវៈ លុះចូលទៅដល់ហើយ ទើបត្រាស់នឹងស្មូនឆ្នាំងឈ្មោះភគ្គវៈ យ៉ាងនេះថា ម្នាលភគ្គវៈ បើអ្នកមិនមានសេចក្តីចង្អៀតចង្អល់ទេ តថាគត សូម​នៅក្នុងផ្ទះ បានមួយ​រាត្រី។ ស្មូនឆ្នាំងក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឥតមានសេចក្តី​ចង្អៀត​ចង្អល់អ្វីទេ ប៉ុន្តែមានអ្នកបួស ចូលទៅនៅក្នុងផ្ទះនេះមុនរួចហើយ បពិត្រព្រះអង្គដ៏ចំរើន បើអ្នកបួសនោះយល់ព្រម សូមព្រះអង្គគង់នៅ តាមសេចក្តីសប្បាយចុះ។

[១៤៩] សម័យនោះឯង កុលបុត្តឈ្មោះ បុក្កុសាតិ ចេញចាកផ្ទះ ហើយចូលទៅកាន់​ផ្នួសព្រោះសទ្ធា ចំពោះព្រះមានព្រះភាគ។ បុក្កុសាតិកុលបុត្តនោះឯង ជាអ្នកចូលមកនៅ​មុន ក្នុងផ្ទះស្មូនឆ្នាំងនោះ។ ព្រះមានព្រះភាគ ទ្រង់ចូលទៅរកបុក្កុសាតិមានអាយុ លុះចូលទៅដល់ហើយ ទើបត្រាស់នឹងបុក្កុសាតិមានអាយុថា ម្នាលភិក្ខុ បើអ្នកមិន​មាន​សេចក្តីចង្អៀតចង្អល់ទេ តថាគត សូមនៅក្នុងផ្ទះបានមួយរាត្រី បុក្កុសាតិតបថា ម្នាលអាវុសោ នេះកុម្ភការនិវេសន៍ ឈ្មោះឩរុន្ទ [ផ្ទះរបស់ស្មូនឆ្នាំង] សូមលោក​មានអាយុ នៅតាមសេចក្តីសប្បាយចុះ។

[១៥០] ទើបព្រះមានព្រះភាគ ទ្រង់ចូលទៅកាន់កុម្ភការនិវេសន៍ ទ្រង់ក្រាលកម្រាល​ស្មៅក្នុងទីសមគួរ ហើយគង់ផ្គត់ព្រះភ្នែន តាំងព្រះកាយត្រង់ ផ្ចង់ព្រះសតិឲ្យមានមុខឆ្ពោះ​ទៅរកកម្មដ្ឋាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ដល់យប់ជ្រៅ។ ឯបុក្កុសាតិ​មានអាយុ ក៏អង្គុយនៅដល់យប់ជ្រៅដែរ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រិះរិះ​យ៉ាងនេះ​ថា កុលបុត្តនេះ ប្រតិបត្តិវត្តគួរជ្រះថ្លាដែរឬហ្ន៎ បើដូច្នោះ គួរតែតថាគតសួរមើល។ ទើប​ព្រះមានព្រះភាគ ទ្រង់សួរបុក្កុសាតិមានអាយុ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកបួសចំពោះលោក​ណា លោកណា ជាគ្រូអ្នក មួយទៀត អ្នកពេញចិត្តនឹងធម៌របស់​លោកណា។

[១៥១] បុក្កុសាតិតបថា ម្នាលអាវុសោ ព្រះសមណគោតម ជាសក្យបុត្រ ចេញចាក​សក្យត្រកូលទៅបួស ក៏កិត្តិសព្ទសរសើរព្រះគោតមដ៏ចម្រើននោះ ពីរោះល្បីឮខ្ចរខ្ចាយទៅ យ៉ាងនេះថា ព្រះមានព្រះភាគ អង្គនោះ ទ្រង់ឆ្ងាយចាកកិលេស ត្រាស់ដឹង​ដោយព្រះអង្គ​ឯង ដោយប្រពៃ ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានព្រះដំណើរល្អ ទ្រង់​ជ្រាបច្បាស់​នូវត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ ជាអ្នកទូន្មាននូវបុរស ដែល​គួរ​ទូន្មាន ព្រះអង្គជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គត្រាស់ដឹងនូវ​ចតុរារិយសច្ច ព្រះអង្គលែងត្រឡប់មកកាន់ភពថ្មីទៀត ដោយហេតុនេះៗ ខ្ញុំបួសចំពោះ​ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គនោះឯង ជាគ្រូរបស់ខ្ញុំ ខ្ញុំពេញចិត្តនឹង​ធម៌​របស់ព្រះមានព្រះភាគអង្គនោះ។ ម្នាលភិក្ខុ ចុះឥឡូវនេះ ព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធអង្គនោះ លោកគង់នៅក្នុងទីណា។ ម្នាលអាវុសោ ឥឡូវនេះ ព្រះមានព្រះភាគ ជា​អរហន្តសម្មាសម្ពុទ្ធ អង្គនោះ ព្រះអង្គគង់នៅក្នុងក្រុងសាវត្ថី ដែលមាននៅក្នុង​ជនបទ ប៉ែកខាងជើង ម្នាលភិក្ខុ ចុះព្រះមានព្រះភាគអង្គនោះ អ្នកដែលបានឃើញឬទេ ប្រសិន​បើឃើញ អាចស្គាល់ឬទេ។ ម្នាលអាវុសោ ព្រះមានព្រះភាគអង្គនោះ ខ្ញុំមិនដែលបានឃើញ​ទេ ទុកជាខ្ញុំឃើញ ក៏គង់មិនស្គាល់ដែរ។

[១៥២] ទើបព្រះមានព្រះភាគ ទ្រង់ត្រិះរិះយ៉ាងនេះថា កុលបុត្តនេះ បួសចំពោះ​តថាគត បើដូច្នោះ គួរតថាគតសំដែងធម៌ ដល់កុលបុត្តនេះ។ ទើបព្រះមានព្រះភាគ ទ្រង់​មានព្រះបន្ទូលនឹងបុក្កុសាតិមានអាយុថា ម្នាលភិក្ខុ យើងនឹងសំដែងធម៌ដល់អ្នក ចូរ​អ្នក​យកចិត្តទុកដាក់ស្តាប់ធម៌នោះ ដោយប្រពៃចុះ យើងនឹងសំដែង។ បុក្កុសាតិមានអាយុ ទទួល​ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា អើ អាវុសោ។

[១៥៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ បុរសនេះ មានធាតុ៦ មានផស្សាយតនៈ៦ [ហេតុនៃផស្សៈ] មានមនោបវិចារៈ [ការពិចារណាដោយចិត្ត។] ១៨ មានអធិដ្ឋាន [ធម្មជាតិជាទីតាំង ជាទីអាស្រ័យ។] ៤ សេចក្តីសំគាល់ និងសេចក្តីវិលវល់ តែង​មិនប្រព្រឹត្តទៅកាន់បុគ្គលដែលឋិតនៅ ក្នុងអធិដ្ឋានទាំងឡាយណា កាលបើ​សេចក្តី​សំគាល់ និងសេចក្តីវិលវល់មិនប្រព្រឹត្តទៅហើយ បុគ្គលនោះ យើងហៅថា អ្នកប្រាជ្ញមាន​ចិត្តស្ងប់រម្ងាប់ បុគ្គលមិនគួរបណ្តែតបណ្តោយបញ្ញា [សមាធិបញ្ញា និងវិបស្សនាបញ្ញា។] គួររក្សារឿយៗ នូវសច្ចៈ [វចីសច្ចៈ។] គួរចម្រើន​រឿយៗ នូវចាគៈ [ការលះបង់កិលេស។] គួរសិក្សានូវសន្តិ [ការរម្ងាប់កិលេស។] នេះជាឧទ្ទេសនៃឆធាតុវិភង្គ។

[១៥៤] ពាក្យថា ម្នាលភិក្ខុ បុរសនេះមានធាតុ៦ ដូច្នេះនុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុ ឯធាតុនេះ មាន​៦ប្រការ គឺបឋវីធាតុ (ធាតុដី)១ អាបោធាតុ (ធាតុទឹក)១ តេជោធាតុ (ធាតុភ្លើង)១ វាយោធាតុ (ធាតុខ្យល់)១ អាកាសធាតុ (ធាតុអាកាស)១ វិញ្ញាណធាតុ (ធាតុវិញ្ញាណ ឬចិត្ត)១ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានធាតុ៦ ដូច្នេះ ពាក្យ​នុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។

[១៥៥] ពាក្យថា ម្នាលភិក្ខុ បុរសនេះ មានផស្សាយតនៈ៦ ដូច្នេះនុ៎ះ យើងបាន​ពោល​ហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ចក្ខុ ជាផស្សាយតនៈ១ សោតៈ ជាផស្សាយតនៈ១ ឃានៈ ជាផស្សាយតនៈ១ ជិវ្ហា ជាផស្សាយតនៈ១ កាយ ជាផស្សាយតនៈ១ មនោ ជាផស្សាយតនៈ១។ ពាក្យណា ដែល​យើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានផស្សាយតនៈ៦ ដូច្នេះ ពាក្យ​នុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។

[១៥៦] ពាក្យថា ម្នាលភិក្ខុ បុរសនេះមានមនោបវិចារៈ១៨ ដូច្នេះនុ៎ះ យើងបាន​ពោល​ហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ បុគ្គល បានឃើញរូបដោយភ្នែក ហើយពិចារណារូប ដែលជាទីតាំង [ជាហេតុឲ្យកើត​សោមនស្សវេទនា។] នៃសោមនស្សវេទនា ពិចារណារូបដែលជាទីតាំង​នៃ​ទោមនស្សវេទនា ពិចារណារូប ដែលជាទីតាំង​ នៃ​ឧបេក្ខាវេទនា ស្តាប់​សំឡេង​ដោយត្រចៀក។បេ។ ហិតក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ… ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយពិចារណាធម៌ ដែលជាទីតាំង​នៃសោមនស្សវេទនា ពិចារណាធម៌ ដែលជាទីតាំង​នៃ​ទោមនស្សវេទនា ពិចារណាធម៌ ដែលជាទីតាំង​នៃឧបេក្ខាវេទនា ត្រូវជាសោមនស្សុបវិចារៈ៦ ទោមនស្សុបវិចារៈ៦ ឧបេក្ខូបវិចារៈ៦ ដោយប្រការដូច្នេះ។ ពាក្យណា ដែលយើងបានពោលហើយថា ម្នាល​ភិក្ខុ បុរសនេះ មានមនោបវិចារៈ ១៨ ដូច្នេះ ពាក្យ​នុ៎ះ យើងបានពោលហើយ ព្រោះអាស្រ័យ​សេចក្តីនេះឯង។

[១៥៧] ពាក្យថា ម្នាលភិក្ខុ បុរសនេះ មានអធិដ្ឋាន [ការតម្កល់ចិត្តទុក] ៤ ដូច្នេះនុ៎ះ យើង​បានពោល​ហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ បុរសមាន​អធិដ្ឋាន​ក្នុងបញ្ញា១ មានអធិដ្ឋាន​ក្នុងសច្ចៈ១ មានអធិដ្ឋានក្នុងចាគៈ១ មានអធិដ្ឋាន​ក្នុង​ឧបសមៈ [ការរម្ងាប់កិលេស ដូចគ្នានឹងសន្តិ ដែលបានពោល​រួច​ហើយ ខាងដើម។] ១។ ពាក្យណា ដែលយើងបានពោលហើយថា ម្នាលភិក្ខុ បុរសនេះ មានអធិដ្ឋាន៤ ដូច្នេះ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។

[១៥៨] ពាក្យថា បុគ្គលនោះ មិនគួរបណ្តែតបណ្តោយបញ្ញា គួររក្សារឿយៗ នូវសច្ចៈ គួរចម្រើនរឿយៗ នូវចាគៈ គួរសិក្សានូវសន្តិ ដូច្នេះនុ៎ះ យើងបានពោល​ហើយ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យសេចក្តីដូចម្តេច។ ម្នាលភិក្ខុ ចុះបុគ្គល​មិន​បណ្តែតបណ្តោយបញ្ញា តើដូចម្តេច។ ម្នាលភិក្ខុ ធាតុនេះ មាន៦ប្រការ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ អាកាសធាតុ១ វិញ្ញាណធាតុ១។

[១៥៩] ម្នាលភិក្ខុ ចុះបឋវីធាតុ តើដូចម្តេច។ ឯបឋវីធាតុ ខាងក្នុងក៏មាន ខាងក្រៅ​ក៏​មាន។ ម្នាលភិក្ខុ ចុះបឋវីធាតុជាខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើត​ក្នុងខ្លួន អាស្រ័យ​នូវខ្លួន ជារបស់កក ជារបស់រឹង មានវិញ្ញាណចូលទៅអាស្រ័យនៅ គឺ​សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ឬរបស់ដទៃណាមួយ ជាធម្មជាត​កើត​ក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់កក ជារបស់រឹង មានវិញ្ញាណចូលទៅអាស្រ័យ​នៅដែរ ម្នាលភិក្ខុ នេះ យើងហៅថាបឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុខាងក្នុងណាក្តី បឋវីធាតុ​ខាងក្រៅណាក្តី ទាំងពីរនេះ ជាបឋវីធាតុដូចគ្នា។ បុគ្គល​គួរឃើញតាម​ពិត​នូវ​បឋវីធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនជារបស់អាត្មាអញ នុ៎ះ​មិន​មែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អាត្មាអញ។ លុះឃើញតាមពិត នូវបឋវីធាតុនោះ ដោយបញ្ញា​ដ៏ប្រពៃ យ៉ាងនេះហើយ រមែង​នឿយណាយក្នុង បឋវីធាតុ រមែង​ញុំាងចិត្តឲ្យគ្រាកចេញអំពីបឋវីធាតុ។

[១៦០] ម្នាលភិក្ខុ ចុះអាបោធាតុ តើដូចម្តេច។ អាបោធាតុខាងក្នុងក៏មាន ខាងក្រៅ​ក៏​មាន។ ម្នាលភិក្ខុ អាបោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យ​នូវខ្លួន ជារបស់ជ្រាយ ជារបស់រលាយ មានវិញ្ញាណចូលទៅអាស្រ័យ​នៅ គឺប្រមាត់ ស្លែស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល មូត្រ ឬរបស់ដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់ជ្រាយ ជា​របស់​រលាយ មានវិញ្ញាណចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះ យើងហៅថា អាបោធាតុ​ខាងក្នុង។ អាបោធាតុខាងក្នុងណាក្តី​ អាបោធាតុខាងក្រៅណាក្តី ទាំងពីរនេះ ជាអាបោធាតុ​ដូចគ្នា។ បុគ្គល​គួរឃើញតាមពិត នូវអាបោធាតុនោះ ដោយបញ្ញា​ដ៏ប្រពៃ​ យ៉ាង​នេះថា នុ៎ះមិនមែន​ជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួន​របស់​អញ។ លុះឃើញតាមពិតនូវអាបោធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះហើយ រមែង​នឿយ​ណាយ ក្នុងអាបោធាតុ រមែងញុំាង​ចិត្តឲ្យគ្រាកចេញ អំពីអាបោធាតុ។

[១៦១] ម្នាលភិក្ខុ ចុះតេជោធាតុ តើដូចម្តេច។ តេជោធាតុ ខាងក្នុងក៏មាន ខាង​ក្រៅ​ក៏មាន។ ម្នាលភិក្ខុ ចុះតេជោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែល​កើតក្នុងខ្លួន អាស្រ័យ​នូវខ្លួន ជារបស់មានចំហាយ ជារបស់មានកំដៅ មានវិញ្ញាណ ចូលទៅ​អាស្រ័យ​នៅ គឺភ្លើងធាតុ ដែលធ្វើកាយឲ្យក្តៅស្រួល១ ភ្លើងធាតុដែលធ្វើការឲ្យទ្រុតទ្រោម ឬគ្រាំគ្រា​ទៅ១ ភ្លើងធាតុដែលធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធាតុ ដែលធ្វើអាហារដែលបុគ្គល​ស៊ី ផឹក ទំពាស៊ី ក្រេប ជញ្ជាប់ ឲ្យដល់នូវការរលាយទៅដោយស្រួល១ ឬធម្មជាតដទៃ​ណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់មានចំហាយ ជារបស់​មាន​កំដៅ មាន​វិញ្ញាណ ចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះ យើងហៅថា តេជោធាតុខាងក្នុង។ មួយ​ទៀត តេជោធាតុខាងក្នុងណាក្តី​ តេជោធាតុខាងក្រៅណាក្តី ទាំងពីរនេះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវតេជោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាង​នេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជា​ខ្លួនរបស់​អញ។ លុះឃើញតាមពិត នូវតេជោធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែង​នឿយណាយ ក្នុងតេជោធាតុ រមែងញុំាងចិត្ត ឲ្យគ្រាកចេញ អំពីតេជោធាតុ។

[១៦២] ម្នាលភិក្ខុ ចុះ វាយោធាតុ តើដូចម្តេច។ វាយោធាតុខាងក្នុងក៏មាន ខាងក្រៅក៏​មាន។ ម្នាលភិក្ខុ ចុះវាយោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់បក់ទៅមក ជារបស់ផ្សព្វផ្សាយទៅមក មានវិញ្ញាណ​ចូល​ទៅអាស្រ័យនៅ គឺខ្យល់ដែលបក់ឡើងលើ ខ្យល់ដែលបក់ចុះក្រោម ខ្យល់ដែល​ខាំង​នៅក្នុងផ្ទៃ ខ្យល់ដែល​ខាំង​នៅក្នុងក្រពះ ខ្យល់ដែល​រត់តាមអវយវៈតូចធំ ខ្យល់ដក​ដង្ហើម​ចេញ ខ្យល់ដកដង្ហើមចូល ឬធម្មជាតដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យ​នូវខ្លួន ជារបស់បក់ទៅមក ជារបស់ផ្សព្វផ្សាយទៅមក មានវិញ្ញាណចូលទៅអាស្រ័យ​នៅ ម្នាល​ភិក្ខុ នេះហៅថា វាយោធាតុខាងក្នុង។ មួយទៀត វាយោធាតុខាងក្នុងណាក្តី វាយោធាតុ​ខាងក្រៅណាក្តី ទាំងពីរនេះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវ​វាយោធាតុនោះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ។ លុះឃើញ​តាមពិត នូវវាយោធាតុនោះ ដោយបញ្ញា​ដ៏ប្រពៃយ៉ាងនេះហើយ រមែងនឿយណាយក្នុងវាយោធាតុ រមែងញុំាង​ចិត្ត​ឲ្យ​គ្រាកចេញអំពីវាយោធាតុ។

[១៦៣] ម្នាលភិក្ខុ ចុះអាកាសធាតុ តើដូចម្តេច។ អាកាសធាតុខាងក្នុងក៏មាន ខាងក្រៅ​ក៏មាន។ ម្នាលភិក្ខុ ចុះអាកាសធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ដែល​កើត​ក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់សូន្យ ជារបស់ទទេ មានវិញ្ញាណចូលទៅ​អាស្រ័យ​នៅ គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ និងប្រទេស​សម្រាប់​លេបអាហារ ដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ និងកន្លែងជាទីឋិតនៃអាហារ ដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ និង​ប្រទេស​ជាទីហូរចេញតាមចំណែក​ខាងក្រោម នៃអាហារដែលស៊ី ផឹក ទំពា ក្រេប ជញ្ជាប់ ឬ​​ធម្មជាត​ដទៃណាមួយ ដែលកើតក្នុងខ្លួន អាស្រ័យនូវខ្លួន ជារបស់សូន្យ ជារបស់ទទេ មានវិញ្ញាណចូលទៅអាស្រ័យនៅ ម្នាលភិក្ខុ នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុខាងក្នុងណាក្តី អាកាសធាតុខាងក្រៅណាក្តី ទាំងពីរនេះ ហៅថា អាកាសធាតុដូចគ្នា។ បុគ្គលគួរឃើញតាមពិត នូវអាកាសធាតុនោះ ដោយបញ្ញា​ដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជា​ខ្លួន​របស់អញ។ លុះឃើញតាមពិត នូវ​អាកាសធាតុនោះ ដោយបញ្ញាដ៏ប្រពៃ យ៉ាងនេះហើយ រមែង​នឿយ​ណាយក្នុងអាកាសធាតុ រមែងញុំាងចិត្តឲ្យគ្រាកចេញអំពីអាកាសធាតុ។ ចំណែក​ខាង​ក្រោយ នៅសល់តែវិញ្ញាណដ៏បរិសុទ្ធ ផូរផង់ បុគ្គលតែងដឹងអ្វីមួយ គឺដឹងថាសុខខ្លះ ដឹងថាទុក្ខខ្លះ ដឹងថាមិនមែនទុក្ខ មិនមែនសុខខ្លះ ដោយវិញ្ញាណនោះឯង។

[១៦៤] ម្នាលភិក្ខុ សុខវេទនាដែលកើតឡើង ព្រោះអាស្រ័យ​ផស្សៈ ជាហេតុនៃសុខ​វេទនា។ បុគ្គលនោះ កាលដែលទទួលនូវសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួល​នូវ​សុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែល​កើតឡើង ព្រោះអាស្រ័យនូវផស្សៈ ដែលជាហេតុ​នៃសុខវេទនា វេទនានោះ ក៏រលត់​ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះ​ការរលត់នៃ​ផស្សៈ ដែល​ជាហេតុ នៃសុខវេទនានោះ​ឯង។ ម្នាលភិក្ខុ ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យ​ផស្សៈជាហេតុ នៃទុក្ខវេទនា។ បុគ្គលនោះ កាលទទួលនូវទុក្ខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួល​ទុក្ខវេទនា រមែង​ដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះ​អាស្រ័យនូវផស្សៈ ដែលជាហេតុ នៃទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់​រម្ងាប់ ព្រោះការរលត់នៃផស្សៈ ដែលជាហេតុនៃទុក្ខវេទនានោះឯង។ ម្នាលភិក្ខុ អទុក្ខមសុខវេទនា តែងកើតឡើង ព្រោះអាស្រ័យផស្សៈ ជាហេតុនៃអទុក្ខមសុខវេទនា។ បុគ្គលនោះ កាលទទួលអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួល​អទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែល​កើតអំពីផស្សៈនោះ គឺអទុក្ខមសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យ​ផស្សៈ ដែលជាហេតុ​នៃអទុក្ខមសុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះការ​រលត់​នៃ​ផស្សៈ ដែលជាហេតុនៃអទុក្ខមសុខវេទនានោះឯង។

[១៦៥] ម្នាលភិក្ខុ ដូចកំដៅតែងកើតមាន ភ្លើងតែងកើតមាន ព្រោះ​កិរិយាខ្ទប់គ្នា ព្រោះ​កិរិយាប្រជុំគ្នា នៃកំណាត់ឈើទាំងពីរ កំដៅណា ដែល​កើតអំពីកិរិយាខ្ទប់​គ្នានោះ កំដៅនោះ ក៏រលត់ទៅ កំដៅនោះ ក៏ស្ងប់រម្ងាប់ ព្រោះកិរិយាញែកគ្នា ព្រោះកិរិយាបែក​គ្នា នៃកំណាត់ឈើទាំងពីរនោះឯង មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ មានឧបមេយ្យ​ដូច​សុខវេទនា តែងកើតឡើង ព្រោះអាស្រ័យ​ផស្សៈ ជាហេតុនៃ​សុខវេទនា បុគ្គលនោះ កាល​ទទួលសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យ​ផស្សៈ ដែលជាហេតុ នៃ​សុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះ​ការរលត់នៃផស្សៈ ជាហេតុនៃ​សុខវេទនានោះឯង។ ម្នាលភិក្ខុ ទុក្ខវេទនា តែងកើតឡើង ព្រោះអាស្រ័យ​ផស្សៈ ជាហេតុនៃ​ទុក្ខវេទនា។ បុគ្គលនោះ កាល​ទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា រមែងដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺទុក្ខវេទនា ដែលកើតឡើង ព្រោះអាស្រ័យ​ផស្សៈ ដែលជាហេតុ នៃ​ទុក្ខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះ​ការរលត់នៃផស្សៈ ដែលជាហេតុ នៃ​ទុក្ខវេទនានោះឯង។ ម្នាលភិក្ខុ អទុក្ខមសុខវេទនា តែងកើតឡើង ព្រោះអាស្រ័យ​ផស្សៈ ជាហេតុនៃអទុក្ខម​សុខវេទនា។ បុគ្គលនោះ កាល​ទទួលអទុក្ខមសុខវេទនា រមែងដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា រមែង​ដឹងច្បាស់ថា វេទនាណា ដែលកើតអំពីផស្សៈនោះ គឺអទុក្ខមសុខវេទនា ដែលកើតឡើង ព្រោះអាស្រ័យ​ផស្សៈ ដែលជាហេតុ នៃ​អទុក្ខមសុខវេទនា វេទនានោះ ក៏រលត់ទៅ វេទនានោះ ក៏ស្ងប់រម្ងាប់ ព្រោះ​ការរលត់នៃផស្សៈ ដែលជាហេតុនៃ​អទុក្ខមសុខវេទនា​នោះឯង ក៏យ៉ាងនោះដែរ។ ចំណែកខាងក្រោយ នៅសល់តែ​ឧបេក្ខា​ដ៏​បរិសុទ្ធ ផូរផង់ ជាធម្មជាតទន់ផង គួរដល់ការងារផង ភ្លឺថ្លាផង។

[១៦៦] ម្នាលភិក្ខុ ដូចជាងមាសក្តី កូនសិស្សរបស់ជាងមាសក្តី ដែល​ប្រសប់ គប្បី​រៀបចំនូវចង្ក្រានស្នប់ លុះរៀបចំនូវចង្ក្រានស្នប់រួចហើយ គប្បីដុតនូវមាត់នៃចង្ក្រាន​ស្នប់ លុះដុតនូវមាត់នៃចង្ក្រានស្នប់រួចហើយ គប្បីយកដង្កាប់ចាប់មាស ដាក់ទៅក្នុងមាត់នៃ​ចង្ក្រាន​ស្នប់។ គប្បីផ្លុំនូវមាត់នៃចង្ក្រានស្នប់នោះសព្វៗកាល យកទឹកប្រស់ព្រំសព្វៗកាល សំឡឹងមើលសព្វៗកាល។ មាសនោះ ប្រាសចាកទោស ប្រាសចាកមន្ទិល ជាមាស​ទន់​ផង គួរ​ដល់ការងារផង ភ្លឺថ្លាផង ទោះបីប្រាថ្នានឹងធ្វើគ្រឿងប្រដាប់ដ៏ប្លែកណាៗ គឺខ្សែខ្លួនក្តី កាវក្តី កងកក្តី ផ្កាមាសក្តី មាសនោះ នឹងសម្រេចប្រយោជន៍ ដល់បុគ្គលនោះបាន មាន​ឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ មានឧបមេយ្យដូចចំណែកខាងក្រោយ នៅសល់តែ​ឧបេក្ខា [ឧបេក្ខានេះ សំដៅយកចតុត្ថជ្ឈានុបេក្ខា គឺឧបេក្ខា ដែលមានក្នុង​រូបាវចរចតុត្ថជ្ឈាន។]​ ដ៏បរិសុទ្ធ ផូរផង់ ជាធម្មជាតទន់ផង គួរដល់​ការងារផង ភ្លឺថ្លាផង យ៉ាងនោះឯង។ បុគ្គលនោះ តែងដឹងច្បាស់ យ៉ាងនេះថា បើអាត្មា​អញ បង្អោននូវ​ឧបេក្ខានេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់​អាកាសា​នញ្ចាយតនជ្ឈាន ហើយចម្រើនចិត្ត [បានខាងរូបាវចរជ្ឈាន។] ជាធម៌ដ៏សមគួរ ដល់​អាកាសានញ្ចាយតនជ្ឈាន​នោះ ឧបេក្ខារបស់អាត្មាអញនេះ អាស្រ័យនូវអាកាសា​នញ្ចាយតនជ្ឈាននោះ អែបនែបនឹងអាកាសានញ្ចាយតនជ្ឈាននោះយ៉ាងនេះ គប្បីឋិត​នៅអស់កាលជាយូរអង្វែង​ [កំណត់ពីរហ្មឺនកប្ប។] ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខា​នេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន ហើយ​ចម្រើន​ចិត្ត ជាធម៌ដ៏សមគួរ ដល់វិញ្ញាណញ្ចាយតនជ្ឈាននោះ ឧបេក្ខា​របស់​អាត្មាអញ​នេះ ដែលអាស្រ័យនូវវិញ្ញាណញ្ចាយតនជ្ឈាននោះ ដែលអែបនែប​នឹងវិញ្ញាណញ្ចាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិត​នៅអស់កាលជាយូរអង្វែង​ ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខា​នេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ហើយ​ចម្រើន​ចិត្ត ជាធម៌ដ៏សមគួរ ដល់អាកិញ្ចញ្ញា​យតនជ្ឈាន​នោះ ឧបេក្ខា​របស់​អាត្មាអញ​នេះ ដែលអាស្រ័យនូវអាកិញ្ចញ្ញា​យតនជ្ឈាន​នោះ ដែលអែបនែប​នឹងអាកិញ្ចញ្ញាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិត​នៅអស់កាល​ជាយូរអង្វែង​ ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខា​នេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរ​ផង់​យ៉ាងនេះ ទៅកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយ​ចម្រើន​ចិត្ត ជាធម៌ដ៏សមគួរ ដល់នេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ឧបេក្ខា​របស់​អាត្មាអញ​នេះ ដែលអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ដែលអែបនែប​នឹងនេវសញ្ញានាសញ្ញាយតនជ្ឈាននោះយ៉ាងនេះ ក៏គប្បីឋិត​នៅអស់កាលជាយូរអង្វែង។​ បុគ្គលនោះ តែងដឹងច្បាស់ យ៉ាងនេះថា ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខា​នេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់អាកាសានញ្ចាយតនជ្ឈាន ហើយ​ចម្រើន​ចិត្ត ជាធម៌ដ៏សមគួរ ដល់អាកាសានញ្ចាយតនជ្ឈាននោះ ឈាននុ៎ះ នៅជាសង្ខតជ្ឈាន [ប្រែថា ឈាននៅមានបច្ច័យតាក់តែង គឺនៅមានជាតិ ជរា ជាប់តាម នៅមានមរណៈ​គ្រប​សង្កត់ តាំងនៅក្នុងសេចក្តីទុក្ខ ជាឈាននៅមិនមែនជាទីពឹងមាំ។]​ ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខា​នេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់វិញ្ញាណញ្ចាយតនជ្ឈាន ហើយ​ចម្រើន​ចិត្ត ជាធម៌ដ៏សមគួរ ដល់វិញ្ញាណញ្ចាយតនជ្ឈាននោះ ឈាននុ៎ះ ក៏នៅជាសង្ខតជ្ឈាន ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខា​នេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ហើយ​ចម្រើន​ចិត្ត ជាធម៌ដ៏សមគួរ ដល់អាកិញ្ចញ្ញាយតនជ្ឈាននោះ ឈាននុ៎ះ ក៏នៅជាសង្ខតជ្ឈាន ប្រសិនបើអាត្មាអញ បង្អោននូវឧបេក្ខា​នេះ ដែលបរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ទៅកាន់នេវសញ្ញានាសញ្ញាយតនជ្ឈាន ហើយ​ចម្រើន​ចិត្ត ជាធម៌ដ៏សមគួរ ដល់នេវសញ្ញានាសញ្ញាយតនជ្ឈាននោះ ឈាននុ៎ះ ក៏នៅជាសង្ខតជ្ឈាន។ បុគ្គលនោះ ក៏លែង​តាក់តែង លែងត្រិះរិះគិត ដើម្បីសេចក្តី​ចម្រើន ឬសេចក្តីវិនាស។ បុគ្គលនោះ កាល​លែងតាក់តែង លែងត្រិះរិះគិត ដើម្បីសេចក្តីចម្រើន ឬសេចក្តីវិនាស ក៏លែងប្រកាន់របស់​នីមួយ ក្នុងលោក កាលបើលែង​ប្រកាន់ហើយ ក៏មិនតក់ស្លុត កាលមិនតក់ស្លុត រមែង​រំលត់​កិលេសដោយពិតប្រាកដ រមែងដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បើបុគ្គលនោះ ទទួលសុខវេទនា ក៏ដឹងច្បាស់ថា សុខវេទនានោះមិនទៀង ដឹងច្បាស់ថា សុខវេទនានោះ​ អាត្មាអញមិនគួរនឹងជ្រប់ជាប់​ឡើយ ដឹងច្បាស់ថា សុខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។ ប្រសិនបើ បុគ្គលនោះ ទទួលទុក្ខវេទនា ក៏ដឹងច្បាស់ថា ទុក្ខវេទនានោះមិនទៀង ដឹងច្បាស់ថា ទុក្ខវេទនានោះ​ អាត្មាអញ មិនគួរនឹងជ្រប់ជាប់​ឡើយ ដឹងច្បាស់ថា ទុក្ខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។ ប្រសិនបើ​ បុគ្គលនោះ ទទួលអទុក្ខមសុខវេទនា ក៏ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះមិនទៀង ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ​ អាត្មាអញ មិនគួរនឹងជ្រប់ជាប់​ឡើយ ដឹងច្បាស់ថា អទុក្ខមសុខវេទនានោះ អាត្មាអញ មិនគួរនឹងត្រេកអរឡើយ។ បើបុគ្គលនោះ ទទួលសុខវេទនា រមែងមានចិត្តនឿយណាយ ហើយទទួលសុខវេទនានោះ។ បើបុគ្គលនោះ ទទួលទុក្ខវេទនា រមែងមានចិត្តនឿយ​ណាយ ហើយទទួលទុក្ខវេទនានោះ។ បើបុគ្គលនោះ ទទួលអទុក្ខមសុខវេទនា រមែងមានចិត្តនឿយណាយ ហើយទទួលអទុក្ខមសុខវេទនានោះ។ កាលបុគ្គលនោះ ទទួល​វេទនា ដែលមានកាយជាទីបំផុត ក៏រមែងដឹងច្បាស់ថា អាត្មាអញ ទទួល​វេទនា មានកាយជាទីបំផុត។ កាលទទួលវេទនា ដែលមានជីវិតជាទីបំផុត ក៏រមែងដឹង​ច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ ដឹងច្បាស់ថា កាលបើមានរាងកាយបែក​ធ្លាយទៅហើយ ខាងនាយអំពីការអស់ជីវិតទៅ វេទនាទាំងពួង ដែលអាត្មាអញមិនគួរ​ត្រេក​អរ ក្នុងលោកនេះ នឹងរលត់អស់ទៅមិនមានសល់។

[១៦៧] ម្នាលភិក្ខុ ដូចជាប្រទីបប្រេង តែងឆេះរុងរឿង ព្រោះអាស្រ័យប្រេងផង ព្រោះ​អាស្រ័យប្រឆេះផង។ អណ្តាតប្រទីបមិនមាន អាហារតែងរលត់ទៅ ព្រោះអស់​ប្រេង និងប្រឆេះមុននោះផង ព្រោះមិនបានបន្ថែមប្រេង និងប្រឆេះដទៃទៀតផង យ៉ាងណា​មិញ ម្នាលភិក្ខុ  កាលបុគ្គលនោះ ទទួល​វេទនា មានកាយជាទីបំផុត ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលវេទនា មានកាយជាទីបំផុត។ កាលទទួលវេទនា មានជីវិតជាទីបំផុត ក៏ដឹង​ច្បាស់ថា អាត្មាអញ ទទួលវេទនា មានជីវិតជាទីបំផុត។ ដឹងច្បាស់ថា កាលបើមាន​រាងកាយបែក​ធ្លាយទៅហើយ ខាងនាយអំពីការអស់ជីវិតទៅ វេទនាទាំងពួង ដែល​អាត្មាអញ​មិនគួរ​ត្រេក​អរ ក្នុងលោកនេះ នឹងរលត់អស់ទៅមិនមានសល់ ក៏​យ៉ាង​នោះឯង។ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែល​ប្រកបដោយគុណធម៌យ៉ាងនេះ ទើប​ឈ្មោះថា ប្រកបដោយបញ្ញាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា សេចក្តីដឹងក្នុងធម៌ [អរហត្តផល។] ជាទីអស់ទៅ នៃទុក្ខទាំងពួងណា សេចក្តីដឹងនុ៎ះ ហៅថា បញ្ញាដ៏ប្រសើរ​ក្រៃលែង។ វិមុត្តិនោះ របស់បុគ្គលនោះ ឋិតនៅក្នុងសច្ចៈ ជាវិមុត្តិ មិនកម្រើក។ ម្នាលភិក្ខុ ព្រោះថា របស់ណា ដែលមានសេចក្តីវិនាសជាធម្មតា របស់នោះ ជារបស់មុសា ព្រះ​និព្វានណា ដែលមានសេចក្តីមិនវិនាសជាធម្មតា ព្រះនិព្វាននោះ ជារបស់សច្ចៈ ម្នាលភិក្ខុ ព្រោះ​ហេតុនោះ បុគ្គល ដែលប្រកបដោយគុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយ​ សច្ចាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាលភិក្ខុ ព្រោះថា ព្រះនិព្វានណា ដែលមានសេចក្តី​មិនវិនាស​ជាធម្មតា ព្រះនិព្វាននុ៎ះ ឈ្មោះថា ជា អរិយសច្ច ដ៏ឧត្តម។ ក៏កាលពីដើម [អំពីកាល​ដែលនៅ​ជាបុថុជ្ជន។] បុគ្គលនោះ មិនទាន់ដឹងច្បាស់ តែងបំពេញ តែងកាន់យក នូវឧបធិ [ឧបធិ៤ គឺ ខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ បញ្ចកាមគុណូបធិ១។] ទាំងឡាយ។ ឧបធិទាំងនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើ​ឲ្យ​នៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតទៀត ជាធម្មតាតទៅ ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែល​ប្រកប​ដោយ​គុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយ​ ចាគាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាល​ភិក្ខុ ព្រោះថា ការលះបង់ នូវឧបធិទាំងពួងណា ការលះបង់នុ៎ះ ហៅថា ចាគៈដ៏ប្រសើរក្រៃលែង។ កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់ អភិជ្ឈា [សេចក្តី​រំពៃ​ចង់បាន។] ឆន្ទៈ [សេចក្តីប្រាថ្នា។] និង សារាគៈ [សេចក្តីត្រេកអរ ក្នុងកាមគុណ។ ទាំង៣បទនេះ ជាឈ្មោះនៃលោភៈ ឬរាគៈ។] ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ចោលហើយ បានគាស់រំលើងឫសគល់អស់ហើយ បានធ្វើ​ឲ្យ​នៅសល់តែទីនៅ ដូចជាទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតតទៅទៀត ជាធម្មតា។ មួយទៀត កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់ អាឃាត [គំនុំ] ព្យាបាទ [ការញុំាងប្រយោជន៍ និងសុខរបស់​អ្នកដទៃ ឲ្យវិនាស។] និង សម្បទោសៈ [ការប្រទូស្ត។ ទាំង៣បទនេះ ជាឈ្មោះនៃទោសៈ។] ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើងឫសគល់ចោលហើយ បានធ្វើ​ឲ្យ​នៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈដល់នូវការមិនមាន មានសភាពមិនកើតតទៅទៀត ជាធម្មតា។ កាលពីដើម បុគ្គលនោះ មិនទាន់ដឹងច្បាស់ អវិជ្ជា [សេចក្តីមិនដឹង] សម្មោហៈ [សេចក្តីវង្វេង] និង សម្បមោហៈ [សេចក្តីភាន់ច្រឡំ។ ទាំង៣បទនេះ ជាឈ្មោះនៃ​មោហៈ។] ក៏មាននៅ កិលេសនោះ បុគ្គលនោះ បានលះបង់ហើយ បានគាស់រំលើង​ឫសគល់ចោលហើយ បានធ្វើ​ឲ្យ​នៅសល់តែទីនៅ ដូចជាទីនៅ នៃដើមត្នោត ជាសភាវៈ​ដល់នូវការមិនមាន មានសភាពមិនកើតតទៅទៀត ជាធម្មតា ម្នាលភិក្ខុ ព្រោះហេតុនោះ បុគ្គលដែល​ប្រកប​ដោយ​គុណធម៌យ៉ាងនេះ ទើបឈ្មោះថា ប្រកបដោយ ឧបសមាធិដ្ឋាន ដ៏ឧត្តមនេះ។ ម្នាល​ភិក្ខុ ព្រោះថា ការរម្ងាប់​នូវរាគៈ ទោសៈ និងមោហៈ​ទាំងឡាយណា ការរម្ងាប់នុ៎ះ ឈ្មោះថា ឧបសមៈ ដ៏​ប្រសើរ​ក្រៃលែង។ ពាក្យណា ដែលយើងពោល​ហើយថា បុគ្គលនោះ មិនគួរ​បណ្តែត​បណ្តោយ​បញ្ញា [បានសេចក្តីថា មិនគួរបណ្តែតបណ្តោយ​បញ្ញា គួរតែយកបញ្ញា​ទៅពិចារណា​ធាតុ ទាំង៦នោះ ឲ្យឃើញថា មិនមែនរបស់ខ្លួន មិនមែនខ្លឹមសារ ហើយនឿយណាយ នឹង​ធាតុទាំង៦នោះ ញុំាងចិត្តឲ្យគ្រាកចេញ អំពីធាតុទាំង៦នោះ។] គួររក្សារឿយៗ នូវសច្ចៈ គួរចម្រើនរឿយៗ នូវចាគៈ គួរសិក្សា​នូវសន្តិ ដូច្នេះ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យ​សេចក្តីនេះឯង។

[១៦៨] ពាក្យថាសេចក្តីសំគាល់ និងសេចក្តីវិលវល់ តែងមិនប្រព្រឹត្ត​ទៅកាន់​បុគ្គល​ដែលឋិតនៅ ក្នុងអធិដ្ឋានទាំងឡាយណា កាលបើសេចក្តីសំគាល់ និងសេចក្តីវិលវល់ មិនប្រព្រឹត្តទៅហើយ បុគ្គលនោះ យើងហៅថា ជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ដូច្នេះ​នុ៎ះ យើងបានពោលហើយ។ ពាក្យនុ៎ះ យើងពោលហើយ ព្រោះអាស្រ័យ​សេចក្តីដូចម្តេច។ ម្នាលភិក្ខុ សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ កើតមានឥឡូវនេះ សេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ មិនកើតមានឥឡូវនេះ សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងកើតមាន សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមិនកើតមាន សេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ នឹងមានរូប សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹង​មិនមាន​រូប សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមានសញ្ញា សេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញ នឹងមិនមានសញ្ញា សេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ មានសញ្ញាក៏​មិនមែន មិនមានសញ្ញា ក៏មិនមែន។ ម្នាលភិក្ខុ សេចក្តីសំគាល់ ឈ្មោះថា ជារោគ សេចក្តីសំគាល់ ឈ្មោះថា ជាបូស សេចក្តីសំគាល់ ឈ្មោះថា ជាសរ។ ម្នាលភិក្ខុ បុគ្គលនោះ យើងហៅថា ជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ព្រោះតែការប្រព្រឹត្តិកន្លង នូវសេចក្តីសំគាល់ទាំងពួងបាន។ ម្នាលភិក្ខុ ​ឯអ្នកប្រាជ្ញ ដែលមានចិត្តស្ងប់រម្ងាប់ រមែង​លែងកើត លែងចាស់ លែងស្លាប់ លែងស្អប់ លែងស្រឡាញ់។ ម្នាលភិក្ខុ សត្វគប្បីកើត ដោយហេតុណា ហេតុនោះ របស់​បុគ្គលនោះ មិនមានឡើយ កាលបុគ្គលនោះមិនកើត នឹងចាស់មកពីណា កាលបើ​មិនចាស់ហើយ នឹងស្លាប់មកពីណា កាលបើមិនស្លាប់ហើយ នឹងស្អប់មកពីណា កាល​បើមិនស្អប់ហើយ នឹងស្រឡាញ់មកពីណា។ ពាក្យណា ដែលយើងពោលហើយថា សេចក្តីសំគាល់ និងសេចក្តីវិលវល់ តែងមិនប្រព្រឹត្តទៅកាន់បុគ្គល ​ដែលឋិតនៅក្នុង​អធិដ្ឋានទាំងឡាយណា កាលបើសេចក្តីសំគាល់ និងសេចក្តីវិលវល់ មិនប្រព្រឹត្ត​ទៅ​ហើយ បុគ្គលនោះ យើងហៅថា ជាអ្នកប្រាជ្ញ មានចិត្តស្ងប់រម្ងាប់ ដូច្នេះ ពាក្យនុ៎ះ យើងពោល​ហើយ ព្រោះអាស្រ័យ​សេចក្តីនេះឯង។ ម្នាលភិក្ខុ ចូរអ្នកចាំទុក នូវចំណែក​នៃធាតុ​ ទាំង​៦ ដោយសេចក្តីសង្ខេប របស់យើងនេះចុះ។

[១៦៩] គ្រានោះឯង បុក្កុសាតិមានអាយុ ក៏ភ្ញាក់ស្មារតីដឹងថា ព្រះសាស្តារបស់អញ ស្តេចមកដល់ហើយតើ ព្រះសុគតរបស់អញ ស្តេចមកដល់ហើយតើ ព្រះសម្មាសម្ពុទ្ធរបស់អញ ស្តេចមកដល់ហើយតើ ដូច្នេះ ក៏ក្រោកអំពីអាសនៈ ធ្វើចីវរ​ឆៀង​ស្មាម្ខាង ក្រាបទៀបបាទា របស់ព្រះមានព្រះភាគ ដោយត្បូងហើយ ទើបសូម​ខមាទោស ចំពោះ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីល្មើសហើយ ដោយហេតុថា ខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្ស​វង្វេង ជាមនុស្សមិនឈ្លាស ព្រោះខ្ញុំព្រះអង្គ បានសំគាល់​ នូវព្រះមានព្រះភាគ ថាជាបុគ្គល​ដែល​គេគប្បីហៅរក ដោយពាក្យថា អាវុសោ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់អត់ទោស តាមទោសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅ​មុខទៀត។

[១៧០] ព្រះអង្គទ្រង់ត្រាស់ថា អើភិក្ខុ អ្នកមានសេចក្តីល្មើសហើយ ដោយហេតុថា អ្នក ជាមនុស្សល្ងង់ខ្លៅ ជាមនុស្ស​វង្វេង ជាមនុស្សមិនឈ្លាស ព្រោះអ្នក បានសំគាល់​នូវតថាគត ថាជាបុគ្គល ​ដែល​គេគប្បីហៅរក ដោយពាក្យថា អាវុសោ ដូច្នេះ ម្នាលភិក្ខុ កាលណាបើអ្នកបានឃើញទោស តាមទោសហើយ សំដែង​ដោយសមគួរ តាមធម៌ហើយ យើងនឹងអត់ទោសនោះ ដល់អ្នក ម្នាលភិក្ខុ បុគ្គលណា ឃើញនូវទោសតាមទោស ហើយសំដែង​ ដោយសមគួរតាមធម៌ហើយ ដល់នូវការសង្រួម​តទៅ នេះ ជាសេចក្តី​ចម្រើន​ របស់បុគ្គលនោះ ក្នុងអរិយវិន័យ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរបាន​នូវ​ឧបសម្បទា ក្នុងសំណាក់ព្រះមានព្រះភាគ។ ម្នាលភិក្ខុ ចុះបាត្រ និងចីវររបស់អ្នក មានគ្រប់គ្រាន់​ហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន បាត្រ និងចីវររបស់ខ្ញុំព្រះអង្គ មិនទាន់មានគ្រប់គ្រាន់​ទេ។ ម្នាលភិក្ខុ ព្រះតថាគតទាំងឡាយ មិនដែលឲ្យ​ឧបសម្បទា ដល់កុលបុត្ត ដែល​មានបាត្រ និងចីវរមិនគ្រប់គ្រាន់ទេ។

[១៧១] គ្រានោះឯង បុក្កុសាតិមានអាយុ ត្រេកអរ រីករាយនឹងភាសិតរបស់​ព្រះមានព្រះភាគ ក្រោកអំពីអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយធ្វើ​ប្រទក្សិណ ចៀសចេញទៅកាន់ទី ស្វែងរកបាត្រនិងចីវរ។ គ្រាកាលដែលបុក្កុសាតិមានអាយុ កំពុង​ត្រាច់ទៅកាន់ទីស្វែងរកបាត្រ និងចីវរ មេគោក៏មកបុះផ្តាច់ជីវិតទៅ។ គ្រានោះឯង ភិក្ខុ​ច្រើនរូប នាំគ្នាចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរ​ហើយ ក៏ក្រាប​បង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កុលបុត្ត​ឈ្មោះ បុក្កុសាតិ ណា ដែលព្រះមានព្រះភាគ ទ្រង់ប្រដៅ ដោយឱវាទសង្ខេប បុក្កុសាតិ​កុលបុត្តនោះ ធ្វើមរណកាលទៅហើយ ចុះគតិ និងបរលោក របស់បុក្កុសាតិកុលបុត្ត​នោះ តើដូចម្តេច។

[១៧២] ម្នាលភិក្ខុទាំងឡាយ បុក្កុសាតិកុលបុត្តជាបណ្ឌិត បានដល់នូវធម៌ ដ៏​សមគួរ​ដល់ធម៌ មិនបាច់ញុំាងតថាគតឲ្យនឿយព្រួយ ព្រោះធម៌ជាហេតុ ម្នាលភិក្ខុទាំងឡាយ បុក្កុសាតិកុលបុត្ត ជាឱបបាតិកៈ ព្រោះអស់ទៅនៃ​ឱរម្ភាគិយសំយោជនៈ ទាំង៥ ហើយ​បរិនិព្វាន ក្នុងលោកនោះតែម្តង មានសភាពមិនបានត្រឡប់ចាកលោកនោះមកវិញ​ឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មាន​ចិត្ត​ត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ធាតុវិភង្គសូត្រ ជាគម្រប់១០។

សច្ចវិភង្គសូត្រ ទី១១

[១៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ឥសិបតនមិគទាយវ័ន ជិតក្រុងពារាណសី។ ក្នុងទីនោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៧៤] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មចក្រដ៏ប្រ​សើរ ដែលតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅ ក្នុងឥសិបតនមិគទាយវ័ន ជិត​ក្រុង​ពារាណសី ជាធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយ​ក្តី ក្នុងលោក មិនអាចធ្វើ​បដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យងាយ នូវអរិយសច្ចទាំង៤ អរិយសច្ចទាំង៤ តើដូចម្តេច គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យ​ងាយ នូវទុក្ខអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យ​ងាយ នូវទុក្ខសមុទយអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យ​ងាយ នូវទុក្ខនិរោធអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការធ្វើឲ្យ​ងាយ នូវទុក្ខនិរោធគាមិនីបដិបទា​អរិយសច្ច១ ម្នាលភិក្ខុទាំងឡាយ ធម្មចក្រដ៏ប្រសើរ ដែលតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅ ក្នុងឥសិបតនមិគទាយវ័ន ជិត​ក្រុង​ពារាណសី ជាធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយ​ក្តី ក្នុងលោក មិនអាចធ្វើ​បដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការ​បើក ការវែកញែក និងការ​ធ្វើ​ឲ្យងាយ នូវអរិយសច្ច ទាំង៤នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរសេព​នូវ​សារីបុត្ត និងមោគ្គល្លានចុះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរគប់​រកសារីបុត្ត និងមោគ្គល្លានចុះ ព្រោះសារីបុត្ត និងមោគ្គល្លាន ជាបណ្ឌិតភិក្ខុ ជាអ្នកអនុគ្រោះ​សព្រហ្ម​ចារីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្តប្រៀបដូចជាម្តាយបង្កើតកូន។ មោគ្គល្លាន ប្រៀបដូចជាអ្នកចិញ្ចឹមកូន ដែលកើតហើយ។ ម្នាលភិក្ខុទាំងឡាយ សារីបុត្ត ទូន្មានបុគ្គល ក្នុងសោតាបត្តិផល មោគ្គល្លាន ទូន្មានបុគ្គល​ក្នុងប្រយោជន៍ដ៏ខ្ពង់ខ្ពស់ ម្នាលភិក្ខុ​ទាំងឡាយ សារីបុត្ត អាចប្រាប់ សំដែង បញ្ជាក់ តែងតាំង បើក វែកញែក ធ្វើ​ឲ្យងាយ នូវអរិយសច្ច ទាំង៤ ដោយពិស្តារបាន។ ព្រះមានព្រះភាគ បានសំដែង​ពាក្យនេះ​រួចហើយ លុះព្រះសុគត ទ្រង់សំដែង​សេចក្តីនេះរួចហើយ ក៏ក្រោកអំពីអាសនៈ ហើយស្តេច​ចូលទៅកាន់វិហារ។

[១៧៥] កាលដែលព្រះមានព្រះភាគ ស្តេចចៀសចេញទៅមិនយូរ​ប៉ុន្មាន ព្រះ​សារីបុត្ត​មានអាយុ ក៏ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា នែអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួល​ពាក្យព្រះសារីបុត្តមានអាយុថា អើអាវុសោ។ ព្រះសារីបុត្តមានអាយុ ពោលដូច្នេះថា នែអាវុសោទាំងឡាយ ធម្មចក្រដ៏ប្រសើរ ដែលព្រះតថាគត ជាអរហន្ត​ សម្មាសម្ពុទ្ធ ទ្រង់បានឲ្យប្រព្រឹត្តទៅ ក្នុងឥសិបតនមិគទាយវ័ន ជិតក្រុង​ពារាណសី ជា​ធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយក្តី ក្នុង​លោក មិនអាចធ្វើបដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវអរិយសច្ច ទាំង៤ អរិយសច្ច ទាំង៤ តើដូចម្តេច គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវទុក្ខអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវទុក្ខសមុទយអរិយសច្ច១ ការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវទុក្ខនិរោធអរិយសច្ច១ ការ​ប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច១។

[១៧៦] ម្នាលអាវុសោទាំងឡាយ ទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិទុក្ខ១ ជរាទុក្ខ១ មរណទុក្ខ១ សោកទុក្ខ១ បរិទេវទុក្ខ១ ទុក្ខទុក្ខ១ ទោមនស្សទុក្ខ១ ឧបាយាសទុក្ខ១ យម្បិច្ឆំ ន លភតិ តម្បិទុក្ខ១ ដោយបំប្រួញ បញ្ចុបាទានក្ខន្ធ ឈ្មោះថាទុក្ខ។ ម្នាលអាវុសោ​ទាំងឡាយ ជាតិ តើដូចម្តេច ការកើត ការកើតព្រម ការចុះកាន់គភ៌ ការប្រព្រឹត្ត​ទៅ​មិនដាច់ ការវិល​ត្រឡប់ ការកើតប្រាកដនៃខន្ធ និងការបានចំពោះ​ នូវអាយតនៈណា របស់ពួកសត្វនោះៗ ក្នុង​សត្តនិកាយនោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា ជាតិ។ ម្នាលអាវុសោទាំងឡាយ ជរា តើដូចម្តេច សេចក្តីចាស់ ភាពគ្រាំគ្រា ធ្មេញបាក់ សក់ស្កូវ ស្បែក​ជ្រួញជ្រីវយុរយារ ការថយអាយុ ការចាស់ជោរ នៃឥន្ទ្រិយណា របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយ​នោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា ជរា។ ម្នាលអាវុសោ​ទាំងឡាយ មរណៈ តើដូចម្តេច ការច្យុតិ ការឃ្លាតចាកសត្តនិកាយនោះៗ ការបែកធ្លាយ ការបាត់បង់ សេចក្តីស្លាប់ មរណៈ កាលកិរិយា ការបែកធ្លាយខន្ធ ការដាក់ចុះ នូវសាក​សព ការផ្តាច់បង់នូវជីវិតិន្ទ្រិយ​ណា របស់ពួកសត្វនោះៗ ម្នាលអាវុសោទាំងឡាយ នេះហៅថា មរណៈ។ ម្នាលអាវុសោទាំងឡាយ សោកៈ តើដូចម្តេច ម្នាលអាវុសោ​ទាំងឡាយ សេចក្តីស្ងួត​ស្ងប់ ការស្រពោនស្រពាប់ ការស្រណោះស្រណោក ការក្រៀមក្រំ​ខាងក្នុង ការសង្រេងសង្រៃ​ខាងក្នុងណា របស់សត្វ ដែលប្រកបដោយ​សេចក្តីវិនាស​ណាមួយ ឬត្រូវសេចក្តីទុក្ខ​ណាមួយ ប៉ះពាល់ហើយ ម្នាលអាវុសោទាំងឡាយ នេះហៅថា សោកៈ។ ម្នាលអាវុសោទាំងឡាយ បរិទេវៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ទំនួញ ការទួញ​រៀបរាប់ ការត្អូញត្អែរ ការយំយែក ការអណ្តឺតអណ្តក ការយំរៀបរាប់ណា របស់សត្វ ដែល​ប្រកបដោយ​សេចក្តីវិនាសណាមួយ ឬត្រូវ​សេចក្តីទុក្ខណាមួយ ប៉ះពាល់ហើយ ម្នាលអាវុសោទាំងឡាយ នេះហៅថា បរិទេវៈ។ ម្នាលអាវុសោទាំងឡាយ ទុក្ខៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តីលំបាកកាយ ការមិនសប្បាយកាយ សេចក្តីទុក្ខ​កើត​អំពី​កាយសម្ផ័ស្ស ការទទួលអារម្មណ៍មិនជាទីសប្បាយណា ម្នាលអាវុសោទាំងឡាយ នេះ​ហៅថា ទុក្ខៈ។ ម្នាលអាវុសោទាំងឡាយ ទោមនស្ស តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តី​លំបាកក្នុងចិត្ត ការមិនសប្បាយចិត្ត សេចក្តីទុក្ខកើតអំពីមនោសម្ផ័ស្ស ការទទួល​អារម្មណ៍មិនជាទីសប្បាយណា ម្នាលអាវុសោទាំងឡាយ នេះហៅថា ទោមនស្ស។ ម្នាលអាវុសោទាំងឡាយ ឧបាយាសៈ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ សេចក្តី​តានតឹង ការចង្អៀតចិត្ត ការខ្ទាំងខ្ទាស់ ការតឹងចិត្តណា របស់សត្វដែលប្រកបដោយ​សេចក្តីវិនាសណាមួយ ឬត្រូវ​សេចក្តីទុក្ខណាមួយប៉ះពាល់ហើយ ម្នាលអាវុសោ​ទាំងឡាយ នេះហៅថា ឧបាយាសៈ។ ម្នាលអាវុសោទាំងឡាយ យម្បិច្ឆំ ន លភតិ តម្បិទុក្ខ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ពួកសត្វដែល​មានជាតិជាធម្មតា រមែង​មាន​សេចក្តី​ប្រាថ្នាយ៉ាងនេះថា ឱហ្ន៎ សូមឲ្យយើងទាំងឡាយ កុំគប្បីជាអ្នក​មានជាតិជាធម្មតាឡើយ ពុំ​នោះសោត ជាតិកុំគប្បីមកដល់យើងទាំងឡាយឡើយ អំពើនុ៎ះឯង ក៏សត្វ​ទាំងឡាយ មិន​គប្បីដល់តាមសេចក្តី​ប្រាថ្នាឡើយ នេះហៅថា យម្បិច្ឆំ ន លភតិ តម្បិទុក្ខដែរ ម្នាលអាវុសោទាំងឡាយ ពួក​សត្វដែលមានជរាជាធម្មតា…. ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមានព្យាធិជាធម្មតា… ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមាន​សេចក្តី​ស្លាប់ជាធម្មតា… ម្នាលអាវុសោទាំងឡាយ ពួកសត្វដែលមាន​សេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ជាធម្មតា រមែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាង​នេះថា ឱហ្ន៎ សូមឲ្យយើងទាំងឡាយ កុំគប្បីជាអ្នកមានសេចក្តីសោក ខ្សឹកខ្សួលទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់ចិត្តជាធម្មតាឡើយ ពុំនោះសោត សេចក្តីសោក ខ្សឹក​ខ្សួល ទុក្ខ ទោមនស្ស និងសេចក្តីចង្អៀតចង្អល់ កុំគប្បីមកដល់​យើងទាំងឡាយឡើយ អំពើនុ៎ះឯង ក៏សត្វទាំងឡាយ មិនគប្បីដល់តាមសេចក្តីប្រាថ្នាឡើយ នេះហៅថា យម្បិច្ឆំ ន លភតិ តម្បិទុក្ខដែរ។ ម្នាលអាវុសោទាំងឡាយ ដោយបំប្រួញ បញ្ចុបាទានក្ខន្ធ ឈ្មោះ​ថាទុក្ខ តើដូចម្តេច រូបជាឧបាទានក្ខន្ធ១ វេទនាជាឧបាទានក្ខន្ធ១ សញ្ញា​ជាឧបាទានក្ខន្ធ១ សង្ខារជាឧបាទានក្ខន្ធ១ វិញ្ញាណជាឧបាទានក្ខន្ធ១ ម្នាលអាវុសោទាំងឡាយ ទាំង​នេះ​ហៅថា បញ្ចុបាទានក្ខន្ធទុក្ខ ដោយបំប្រួញ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខអរិយសច្ច។

[១៧៧] ម្នាលអាវុសោទាំងឡាយ ទុក្ខសមុទយអរិយសច្ច តើដូចម្តេច។ តណ្ហាណា ដែលនាំសត្វទៅកើតទៀត ប្រកបព្រមដោយសេចក្តី​ត្រេកត្រអាល មានសេចក្តីត្រេកអរ ក្នុងភពនោះៗគឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ ម្នាលអាវុសោទាំងឡាយ នេះហៅ​ថា ទុក្ខសមុទយអរិយសច្ច។

[១៧៨] ម្នាលអាវុសោទាំងឡាយ ទុក្ខនិរោធអរិយសច្ច តើដូចម្តេច។ សេចក្តី​វិនាស​ និងការរលត់មិនមានសល់ នៃតណ្ហានោះឯង កិរិយាលះបង់ ការរលាស់ចោល ការជម្រុះ​ចោល នូវ​តណ្ហានោះឯង ការមិនអាល័យ ក្នុងតណ្ហានោះឯង ណា ម្នាលអាវុសោទាំងឡាយ នេះហៅ​ថា ទុក្ខនិរោធអរិយសច្ច។

[១៧៩] ម្នាលអាវុសោទាំងឡាយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ប្រការនេះឯង គឺសេចក្តីយល់ឃើញត្រូវ១ សេចក្តីត្រិះរិះ​ត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ សេចក្តីរលឹកត្រូវ១ ការ​តម្កល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ សេចក្តីយល់ឃើញត្រូវ តើដូចម្តេច ម្នាល​អាវុសោទាំងឡាយ សេចក្តីដឹងក្នុងកងទុក្ខ សេចក្តីដឹងក្នុងហេតុឲ្យកើតទុក្ខ សេចក្តី​ដឹង​ក្នុងធម៌រំលត់ទុក្ខ សេចក្តីដឹងក្នុងសេចក្តីប្រតិបត្តិ ដើម្បីរំលត់ទុក្ខ ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីយល់ឃើញត្រូវ។ ម្នាលអាវុសោទាំងឡាយ សេចក្តីត្រិះរិះត្រូវ តើដូច​ម្តេច សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម១ សេចក្តីត្រិះរិះ ដើម្បីមិនព្យាបាទ១ សេចក្តីត្រិះរិះ ដើម្បីមិនបៀតបៀន១ ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីត្រិះរិះ​ត្រូវ។ ម្នាលអាវុសោទាំងឡាយ វាចាត្រូវ តើដូចម្តេច ការវៀរចាកសំដីកុហក១ ការវៀរចាក​សំដីញុះញង់១ ការវៀរចាកសំដីទ្រគោះ១ ការវៀរចាកពាក្យរោយរាយ​ឥត​ប្រយោជន៍១ ម្នាលអាវុសោទាំងឡាយ នេះហៅថា វាចាត្រូវ។ ម្នាលអាវុសោទាំងឡាយ ការងារត្រូវ តើដូចម្តេច ការវៀរចាកបាណាតិបាត១ ការវៀរចាកអទិន្នាទាន១ ការវៀរ​ចាកកាមេសុមិច្ឆាចារ១ ម្នាលអាវុសោទាំងឡាយ នេះហៅថា ការងារត្រូវ។ ម្នាលអាវុសោ​ទាំងឡាយ ការចិញ្ចឹមជីវិតត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ក្នុង​សាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយសម្រេច​ជីវិតដោយការចិញ្ចឹម​ជីវិតត្រូវ ម្នាលអាវុសោទាំងឡាយ នេះហៅថា ការចិញ្ចឹមជីវិតត្រូវ។ ម្នាលអាវុសោទាំងឡាយ ព្យាយាមត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈ​ឲ្យ​កើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងអកុសល​ធម៌ដ៏​លាមកទាំងឡាយ ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ញុំាំង​ឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីលះបង់នូវអកុសលធម៌ដ៏​លាមក​ទាំងឡាយ ដែលកើតឡើងហើយ ញុំាងឆន្ទៈ​ឲ្យ​កើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងកុសល​ធម៌ទាំងឡាយ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ញុំាំង​ឆន្ទៈឲ្យកើតឡើង ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តំកល់ចិត្ត ដើម្បីញុំាងកុសលធម៌​ទាំងឡាយ ដែលកើតឡើងហើយ ឲ្យបានឋិតថេរនៅ មិនឲ្យ​វិនាស​ទៅវិញ ឲ្យបានចម្រើនធំទូលាយ ឲ្យកើតបរិបូណ៌ ម្នាលអាវុសោទាំងឡាយ នេះហៅថា ព្យាយាមត្រូវ។ ម្នាលអាវុសោទាំងឡាយ សេចក្តីរលឹកត្រូវ តើដូចម្តេច ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម​ដុតកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ។បេ។ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត។បេ។ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម​ដុតកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី បន្ទោបង់នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក ម្នាលអាវុសោទាំងឡាយ នេះហៅថា សេចក្តីរលឹកត្រូវ។ ម្នាលអាវុសោទាំងឡាយ ការ​តំកល់ចិត្តត្រូវ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាក​កាម​ទាំងឡាយ ស្ងាត់ចាក​អកុសលធម៌​ទាំងឡាយ បានដល់នូវ​បឋមជ្ឈាន ប្រកបដោយ​វិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងាត់ ក៏សម្រេចសម្រាន្ត​នៅ គ្រប់ឥរិយាបថ ភិក្ខុបានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តានចិត្ត ប្រកប​ដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមាន​វិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ… (បានដល់) នូវតតិយជ្ឈាន… បានដល់នូវចតុត្ថជ្ឈាន សម្រេចសម្រាន្តនៅ គ្រប់​ឥរិយាបថ ម្នាលអាវុសោទាំងឡាយ នេះហៅថា ការតំកល់ចិត្តត្រូវ។ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។

[១៨០] ម្នាលអាវុសោទាំងឡាយ ធម្មចក្រដ៏ប្រសើរ ដែល​ព្រះតថាគត ជា​អរហន្ត សម្មាសម្ពុទ្ធ ឲ្យប្រព្រឹត្តទៅ ក្នុង​ឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី ជាធម្មចក្រ ដែលសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយក្តី ក្នុងលោក​ មិនអាចធ្វើ​បដិវត្តិបាន គឺការប្រាប់ ការសំដែង ការបញ្ជាក់ ការតែងតាំង ការបើក ការ​វែកញែក និងការធ្វើឲ្យងាយ នូវអរិយសច្ច ទាំង៤នេះឯង។ លុះព្រះសារីបុត្តមានអាយុ សំដែង​ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់​ព្រះសារីបុត្តមានអាយុ។

ចប់ សច្ចវិភង្គសូត្រ ទី១១។

ទក្ខិណាវិភង្គសូត្រ ទី១២

[១៨១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​និគ្រោធារាម ជិតក្រុងកបិលព័ស្តុ ក្នុងដែនសក្កៈ។ គ្រានោះ ព្រះនាង​មហាបជាបតិគោតមី នាំយកសំពត់ថ្មី ១គូ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។ លុះព្រះនាង មហាបជាបតិគោតមី គង់​ក្នុង​ទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន សំពត់ថ្មី ១គូ នេះ ខ្ញុំម្ចាស់រវៃខ្លួនឯង ត្បាញខ្លួនឯង ផ្គងចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គ ដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ​ ចំពោះខ្ញុំ​ម្ចាស់ ទទួលយកនូវសំពត់នោះ។

[១៨២] កាលបើព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ក៏មានព្រះបន្ទូលនឹងព្រះនាងមហាបជាបតិគោតមី ដូច្នេះថា បពិត្រ​ព្រះនាងគោតមី សូមព្រះនាងប្រគេន (សំពត់នេះ) ចំពោះសង្ឃវិញចុះ កាលបើ​ព្រះនាង​ប្រគេនសំពត់នេះ ចំពោះសង្ឃហើយ តថាគតឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំង​សង្ឃ ក៏ឈ្មោះថា ព្រះនាងបានបូជាហើយដែរ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលអង្វរព្រះមានព្រះភាគ អស់វារៈ២ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សំពត់ថ្មី ១គូនេះ ខ្ញុំម្ចាស់រវៃខ្លួនឯង ត្បាញខ្លួនឯង ឧទ្ទិសចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យ​នូវសេចក្តីអនុគ្រោះ ចំពោះ​ខ្ញុំម្ចាស់ ទទួលយកនូវសំពត់នោះ។ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹង​ព្រះនាង​មហាបជាបតិគោតមី អស់វារៈ២ដង ដូច្នេះថា បពិត្រ​ព្រះនាងគោតមី សូម​ព្រះនាង​ប្រគេនសង្ឃវិញចុះ កាលបើ​ព្រះនាង​ប្រគេនសង្ឃហើយ តថាគត ក៏ឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំង​សង្ឃ ក៏ឈ្មោះថា ព្រះនាងបានបូជាហើយដែរ។ ព្រះនាងមហាបជាបតិគោតមី ក្រាបបង្គំទូលព្រះមានព្រះភាគ អស់វារៈ៣ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សំពត់ថ្មី ១គូនេះ ខ្ញុំម្ចាស់រវៃខ្លួនឯង ត្បាញខ្លួនឯង ឧទ្ទិស​ចំពោះ​ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យ​នូវសេចក្តី​អនុគ្រោះ ចំពោះ​ខ្ញុំម្ចាស់ ហើយទទួលយកនូវសំពត់នោះ។ ព្រះមានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល នឹង​ព្រះនាងមហាបជាបតិគោតមី អស់វារៈ៣ដង ដូច្នេះថា បពិត្រ​ព្រះនាងគោតមី សូមព្រះនាងប្រគេនសង្ឃវិញចុះ កាលបើ​ព្រះនាង​ប្រគេនសង្ឃហើយ តថាគត ក៏ឈ្មោះថា ព្រះនាងបានបូជាហើយផង ទាំង​សង្ឃ ក៏ឈ្មោះថា ព្រះនាង​បាន​បូជា​ហើយដែរ។

[១៨៣] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលអង្វរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ទទួលសំពត់ថ្មី ១គូ របស់ព្រះនាង​មហាបជាបតិគោតមី បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតិគោតមី ជាអ្នក​មានឧបការៈច្រើន ជាព្រះមាតុច្ឆា របស់​ព្រះមានព្រះភាគ ជាអ្នកថែរក្សា អ្នកចិញ្ចឹម អ្នក​ថ្វាយទឹកក្សីរ កាលព្រះមាតាបង្កើត​ព្រះមានព្រះភាគ ទ្រង់ទិវង្គតទៅ នាងបានបំបៅ​ទឹកដោះ បពិត្រព្រះអង្គដ៏ចំរើន សូម្បីព្រះមានព្រះភាគ ក៏មានឧបការៈច្រើន ដល់​ព្រះនាង​មហាបជាបតិគោតមីដែរ បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​ព្រះនាង​មហាបជាបតិ​គោតមី អាស្រ័យព្រះមានព្រះភាគ ទើបបានដល់នូវ​ព្រះពុទ្ធ ជាទីពឹង បាន​ដល់នូវ​ព្រះធម៌ ជាទីពឹង បានដល់នូវព្រះសង្ឃ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតិគោតមី អាស្រ័យ​ព្រះមានព្រះភាគ ទើបជាអ្នកបានវៀរចាកការសម្លាប់សត្វ វៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុសក្នុងកាមទាំង​ឡាយ វៀរចាកការនិយាយកុហក វៀរចាកហេតុ​ ជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹក​នូវ​ទឹកស្រវឹង គឺសុរា និងមេរ័យ បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតិគោតមី អាស្រ័យ​នូវព្រះមានព្រះភាគ ទើបប្រកប​ដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះពុទ្ធ​ ប្រកបដោយសេចក្តីជ្រះថ្លាមិនកម្រើក ក្នុងព្រះធម៌ ប្រកបដោយ​សេចក្តីជ្រះថ្លាមិន​កម្រើក ក្នុងព្រះសង្ឃ ប្រកបដោយ​សីលទាំងឡាយ ដែលជាទីត្រេកអរ នៃព្រះអរិយបុគ្គល បពិត្រព្រះអង្គដ៏ចំរើន ព្រះនាង​មហាបជាបតិគោតមី អាស្រ័យ​នូវព្រះមានព្រះភាគ ទើប​ជាអ្នកអស់សង្ស័យក្នុងទុក្ខ អស់សង្ស័យក្នុងហេតុឲ្យកើតទុក្ខ អស់សង្ស័យ ក្នុងធម៌រំលត់​ទុក្ខ អស់សង្ស័យ ក្នុងសេចក្តី​ប្រតិបត្តិទៅកាន់ទីរំលត់ទុក្ខ បពិត្រព្រះអង្គដ៏ចំរើន សូម្បី​ព្រះមានព្រះភាគ ក៏មានឧបការៈច្រើន ដល់ព្រះនាង​មហាបជាបតិគោតមីដែរ។

[១៨៤] ព្រះមានព្រះភាគទ្រង់ត្រាស់ថា អើយ៉ាងហ្នឹងហើយអានន្ទ អើយ៉ាង​ហ្នឹង​ហើយ អានន្ទ ម្នាលអានន្ទ បុគ្គលអាស្រ័យបុគ្គលណា ទើបបានដល់ព្រះពុទ្ធ ជាទីពឹង បានដល់​ព្រះធម៌ ជាទីពឹង បានដល់ព្រះសង្ឃ ជាទីពឹង ម្នាលអានន្ទ តថាគត មិន​សំដែង​នូវ​ការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គលនេះ តបស្នង​ដល់បុគ្គលនេះ បានដោយល្អឡើយ។ ម្នាលអានន្ទ មួយទៀត បុគ្គលអាស្រ័យ​នូវបុគ្គល​ណា ហើយបានវៀរចាកការសម្លាប់សត្វ វៀរចាក​ការកាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ វៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ វៀរចាក​ការនិយាយកុហក វៀរចាក​ហេតុ​ជាទីតាំងនៃសេចក្តីប្រមាទ គឺការផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ម្នាលអានន្ទ តថាគត​មិនសំដែងនូវការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គល​នេះ តបស្នងដល់បុគ្គលនេះ បានដោយល្អឡើយ។ ម្នាលអានន្ទ មួយទៀត បុគ្គល អាស្រ័យ​នូវបុគ្គលណា ហើយបានប្រកបដោយ​សេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះពុទ្ធ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនកម្រើកក្នុងព្រះធម៌ ប្រកបដោយសេចក្តីជ្រះថ្លា មិនកម្រើក​ក្នុងព្រះសង្ឃ ប្រកបដោយ​សីលទាំងឡាយ ជាទីត្រេកអរ នៃព្រះអរិយបុគ្គល ម្នាលអានន្ទ តថាគត មិនសំដែងនូវការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គល​នេះ តបស្នងដល់បុគ្គលនេះ បានដោយល្អឡើយ។ ម្នាលអានន្ទ មួយទៀត បុគ្គល អាស្រ័យ​នូវបុគ្គលណា ហើយជាអ្នកអស់សង្ស័យក្នុងទុក្ខ អស់សង្ស័យ​ក្នុងហេតុឲ្យកើតទុក្ខ អស់សង្ស័យក្នុងធម៌រំលត់ទុក្ខ អស់សង្ស័យក្នុង​សេចក្តីប្រតិបត្តិទៅ​កាន់ធម៌រំលត់ទុក្ខ ម្នាលអានន្ទ តថាគតមិនសំដែង នូវការថ្វាយបង្គំ ការក្រោកទទួល អញ្ជលិកម្ម សាមីចិកម្ម និងការឲ្យនូវ​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ ជាបច្ច័យដល់អ្នកជម្ងឺ ថាជាកម្ម ដែលបុគ្គល​នេះ តបស្នងដល់បុគ្គលនេះ បានដោយល្អឡើយ។

[១៨៥] ម្នាលអានន្ទ បាដិបុគ្គលិកាទក្ខិណា (ទានដែល​ឲ្យចំពោះបុគ្គល) នេះ មាន​១៤យ៉ាង។ បុគ្គលឲ្យទានចំពោះ​ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ នេះជា​បាដិបុគ្គលិកាទក្ខិណា ទី១។ ឲ្យទានចំពោះ​ព្រះបច្ចេកពុទ្ធ នេះជា​បាដិបុគ្គលិកាទក្ខិណា ទី២។ ឲ្យទានចំពោះ​ព្រះអរហន្ត ជាសាវ័ករបស់ព្រះតថាគត នេះ​ជា​បាដិបុគ្គលិកាទក្ខិណា ទី៣។ ឲ្យទានចំពោះ​បុគ្គលអ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល នេះជា​បាដិបុគ្គលិកាទក្ខិណា ទី៤។ ឲ្យទានចំពោះអនាគាមិបុគ្គល​ នេះ​ជា​បាដិបុគ្គលិកាទក្ខិណា ទី៥។ ឲ្យទានចំពោះ​បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​អនាគាមិផល នេះជា​បាដិបុគ្គលិកាទក្ខិណា ទី៦។ ឲ្យទានចំពោះសកទាគាមិបុគ្គល នេះជា​បាដិបុគ្គលិកាទក្ខិណា ទី៧។ ឲ្យទានចំពោះ​បុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​សកទាគាមិផល នេះជា​ បាដិបុគ្គលិកាទក្ខិណា ទី៨។ ឲ្យទានចំពោះ​សោតាបន្នបុគ្គល នេះ​ជា​បាដិបុគ្គលិកាទក្ខិណា ទី៩។ ឲ្យទានចំពោះបុគ្គល​អ្នកប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវ​សោតាបត្តិផល [អដ្ឋកថា ថា សូម្បីឧបាសក ដល់សរណគមន៍៣ក្តី កាន់សីល៥ក្តី សីល១០ក្តី សាមណេរ ឬភិក្ខុដែលទើប​នឹងបួសបាន១ថ្ងៃក្តី ភិក្ខុមានវត្តប្រតិបត្តិ ដែល​បួស​យូរហើយក្តី ភិក្ខុទ្រទ្រង់វិបស្សនាក្តី ទាំងអស់នេះ ឈ្មោះថាប្រតិបត្តិ ដើម្បី​ធ្វើឲ្យជាក់​ច្បាស់ នូវសោតាបត្តិផល។ តែបុគ្គលឲ្យទានចំពោះ​បុគ្គលទាំងអម្បាលនេះ បានផលច្រើនជាងគ្នា​ជាលំដាប់។] នេះជា​បាដិបុគ្គលិកាទក្ខិណា ទី១០។ ឲ្យទានចំពោះ​អ្នកបួស ជាខាងក្រៅ (ពុទ្ធសាសនា) ដែលប្រាសចាកតម្រេកក្នុងកាម [សំដៅពួក​អ្នកជាកម្មវាទី កិរិយាវាទី ដែល​បានអភិញ្ញាជាលោកិយទាំង៥។] ទាំងឡាយ នេះជា​បាដិបុគ្គលិកាទក្ខិណា ទី១១។ ឲ្យទានចំពោះ​បុថុជ្ជន មានសីល នេះជា​បាដិបុគ្គលិកាទក្ខិណា ទី១២។ ឲ្យទានចំពោះ​បុថុជ្ជនទ្រុស្តសីល នេះជា​បាដិបុគ្គលិកាទក្ខិណា ទី១៣។ ឲ្យទានចំពោះ​សត្វតិរច្ឆាន នេះជា​បាដិបុគ្គលិកាទក្ខិណា ទី១៤។

[១៨៦] ម្នាលអានន្ទ បណ្តាបុគ្គលអ្នកទទួល​ទានទាំងនោះ ទក្ខិណាមានគុណ​មួយរយ [អដ្ឋកថា ថា ឲ្យនូវអានិសង្ស១០០ គឺ១០០អត្តភាព ក្នុងអត្តភាពមួយៗ  មានអាយុវែង១ សម្បុរល្អ១ សេចក្តីសុខ១ កម្លាំង១ ប្រាជ្ញា១ រួមជាអានិសង្ស៥០០។ ទានក្រៅពីសត្វតិរច្ឆានទៅ ក៏គុណជាប្រាំៗ តាមឧបាយនេះដែរ។] ដែលបុគ្គលត្រូវ​បាន ព្រោះឲ្យទានចំពោះសត្វតិរច្ឆាន។ ទក្ខិណាមានគុណមួយពាន់ ដែលបុគ្គលត្រូវ​បាន ព្រោះឲ្យទានចំពោះបុថុជ្ជនទ្រុស្តសីល។ ទក្ខិណាមានគុណមួយសែន ដែលបុគ្គល​ត្រូវ​បាន ព្រោះឲ្យទានចំពោះបុថុជ្ជនមានសីល។ ទក្ខិណាមានគុណមួយសែនកោដិ ដែលបុគ្គលត្រូវ​បាន ព្រោះឲ្យទានចំពោះអ្នកបួសខាងក្រៅ ដែលប្រាសចាកតម្រេក ក្នុងកាមទាំងឡាយ។ ទក្ខិណាមានគុណរាប់មិនបាន ប្រមាណមិនកើត ដែលបុគ្គលត្រូវ​បាន ព្រោះឲ្យទានចំពោះបុគ្គល ដែលប្រតិបត្តិ ដើម្បីធ្វើ​ឲ្យជាក់ច្បាស់ នូវសោតាបត្តិផល។ នឹងបាច់និយាយទៅថ្វី (ដល់ទក្ខិណាដែលបុគ្គលឲ្យ) ចំពោះសោតាបន្នបុគ្គល នឹង​និយាយទៅថ្វី ចំពោះបុគ្គលដែល​ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវសកទាគាមិផល នឹង​និយាយទៅថ្វី ចំពោះសកទាគាមិបុគ្គល នឹង​និយាយទៅថ្វី ចំពោះបុគ្គលដែល​ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផល នឹង​និយាយទៅថ្វី ចំពោះអនាគាមិបុគ្គល នឹង​និយាយទៅថ្វី ចំពោះបុគ្គលដែល​ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវអរហត្តផល នឹង​និយាយទៅថ្វី ចំពោះព្រះអរហន្ត ជាសាវ័ករបស់តថាគត នឹង​និយាយទៅថ្វី ចំពោះ​ព្រះបច្ចេកសម្ពុទ្ធ នឹង​និយាយទៅថ្វី ចំពោះព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ។

[១៨៧] ម្នាលអានន្ទ សង្ឃគតាទក្ខិណា (ទានដែល​តំកល់ក្នុងសង្ឃ) នេះ​មាន ៧​យ៉ាង។ បុគ្គលឲ្យទានចំពោះសង្ឃទាំងពីរចំណែក មានព្រះពុទ្ធជាប្រធាន [សង្ឃ​ទាំង​ពីរចំណែក គឺពួកភិក្ខុសង្ឃអង្គុយម្ខាង ពួកភិក្ខុនីសង្ឃអង្គុយម្ខាង ព្រះសាស្តាជាម្ចាស់ គង់​ត្រង់កណ្តាល ដូច្នេះហៅថា សង្ឃទាំងពីរចំណែក មានព្រះពុទ្ធជាប្រធាន។ សង្ឃគតាទក្ខិណា ទី១នេះ គ្មាន​ទក្ខិណាណាវិសេសស្មើឡើយ។ ប៉ុន្តែ​កាលដែលព្រះ​សាស្តាបរិនិព្វានទៅហើយនោះ គេតំកល់ព្រះពុទ្ធបដិមា ឬព្រះធាតុ លើអាសនៈ ក្នុងទី​ចំពោះមុខសង្ឃទាំងពីរចំណែក តំកល់ម្ហូបចំណីលើតុ ឬជើងស្រាប ហើយធ្វើកិច្ច​ទក្ខិណោទកជាដើម ថ្វាយវត្ថុទាំងពួង ដល់ព្រះសាស្តាជាមុន ទើបថ្វាយ​សង្ឃទាំង​ពីរ​ចំណែកជាខាងក្រោយ យ៉ាងនេះ ក៏ឈ្មោះថា ថ្វាយទានដល់​សង្ឃទាំងពីរចំណែក មានព្រះពុទ្ធ​ជាប្រធានដែរ (សម័យឥឡូវនេះ គ្មានភិក្ខុនី មានតែភិក្ខុ ដូច្នេះឈ្មោះថា ភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន)។ ភោជនដែលថ្វាយដល់ព្រះសាស្តា យ៉ាងនេះ ត្រូវ​ប្រគេនដល់ភិក្ខុណា ដែលប្រតិបត្តិព្រះសាស្តា ដែលបរិបូណ៌ដោយវត្តប្រតិបត្តិ ព្រោះ​ជាវត្ថុរបស់ព្រះពុទ្ធជាបិតា ត្រូវបានដល់ភិក្ខុជាកូន ឬនឹងប្រគេនដល់សង្ឃក៏គួរ។ បើវត្ថុ​នោះជាប្រេង ឬសាដក ត្រូវអុជប្រទីប ចងជាទង់ ឬពិតានថ្វាយ។ អដ្ឋកថា។] នេះជាសង្ឃ​គតាទក្ខិណា ទី១។ កាលបើព្រះតថាគតបរិនិព្វានទៅ បុគ្គល​ឲ្យទានចំពោះ​សង្ឃទាំង​ពីរ​ចំណែក នេះជា សង្ឃគតាទក្ខិណា ទីពីរ។ ឲ្យទានចំពោះ​តែភិក្ខុសង្ឃ នេះជា សង្ឃគតាទក្ខិណា ទី៣។ ឲ្យទានចំពោះ​តែភិក្ខុនីសង្ឃ នេះជាសង្ឃគតាទក្ខិណា ទី៤។ បុគ្គល (ទៅនិមន្តអំពីសំណាក់សង្ឃ) ថា សូម​លោកទាំង​ឡាយ ចាត់ពួកភិក្ខុប៉ុណ្ណេះ ពួកភិក្ខុនីប៉ុណ្ណេះ អំពីសង្ឃ ដើម្បីខ្ញុំ​ ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៥។ បុគ្គល (ទៅនិមន្តអំពីសំណាក់សង្ឃ) ថា សូម​លោកទាំង​ឡាយ ចាត់ពួកភិក្ខុប៉ុណ្ណេះ អំពីសង្ឃ ដើម្បីខ្ញុំ​ ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៦។ បុគ្គល (ទៅនិមន្តអំពីសំណាក់សង្ឃ) ថា សូម​លោកទាំង​ឡាយ ចាត់ពួកភិក្ខុនីប៉ុណ្ណេះ អំពីសង្ឃ ដើម្បីខ្ញុំ​ ហើយទើបឲ្យទាន នេះជាសង្ឃគតាទក្ខិណា ទី៧។

[១៨៨] ម្នាលអានន្ទ ក្នុងកាលជាអនាគត នឹងមានគោត្រភូសង្ឃ (សង្ឃ​មានតែឈ្មោះ) មានតែសំពត់កាសាវៈចងក ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ជន​ទាំង​នោះ ឧទ្ទិសចំពោះសង្ឃ ហើយនឹងឲ្យទាន ដល់បុគ្គល​ទ្រុស្តសីលទាំងនោះ ម្នាលអានន្ទ សូម្បីក្នុងកាលនោះ ក៏តថាគតពោលថា សង្ឃគតាទក្ខិណាទាន មានអានិសង្សរាប់​មិនបាន ប្រមាណមិនកើតដែរ ម្នាលអានន្ទ តថាគតមិនដែល​ពោលនូវ​បាដិបុគ្គលិក​ទាន ថាមានផលច្រើនជាង​សង្ឃគតាទក្ខិណាទាន ដោយបរិយាយណាមួយឡើយ។

[១៨៩] ម្នាលអានន្ទ ទក្ខិណាវិសុទ្ធិ (ការបរិសុទ្ធិ និងមិនបរិសុទ្ធិរបស់ទាន) នេះ​មាន​៤យ៉ាង។ ឯ ទក្ខិណាវិសុទ្ធិ ទាំង៤ តើដូចម្តេច។ ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាង​អ្នកឲ្យ មិនបរិសុទ្ធខាងអ្នកទទួល១ ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាងអ្នកទទួល មិន​បរិសុទ្ធខាងអ្នកឲ្យ១ ម្នាលអានន្ទ ទក្ខិណា មិនបរិសុទ្ធខាងអ្នកឲ្យផង មិនបរិសុទ្ធ​ខាងអ្នក​ទទួលផង១ ម្នាលអានន្ទ ទក្ខិណាបរិសុទ្ធខាងអ្នកឲ្យផង បរិសុទ្ធខាងអ្នកទទួលផង១។

[១៩០] ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាង​អ្នកឲ្យ មិនបរិសុទ្ធខាងអ្នកទទួល តើ​ដូចម្តេច។ ម្នាលអានន្ទ អ្នកឲ្យក្នុងលោកនេះ ជាបុគ្គលមានសីល មានធម៌ល្អ ឯពួក​អ្នក​ទទួល ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ម្នាលអានន្ទ យ៉ាងនេះឯង ឈ្មោះថា ទក្ខិណា បរិសុទ្ធខាងអ្នកឲ្យ មិនបរិសុទ្ធ​ខាងអ្នក​ទទួល។

[១៩១] ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាង​អ្នកទទួល តែមិនបរិសុទ្ធខាងអ្នកឲ្យ តើ​ដូចម្តេច។ ម្នាលអានន្ទ អ្នកឲ្យក្នុងលោកនេះ ជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមក ឯពួក​អ្នក​ទទួល ជាបុគ្គលមានសីល មានធម៌ល្អ ម្នាលអានន្ទ យ៉ាងនេះឯង ឈ្មោះថា ទក្ខិណា បរិសុទ្ធខាងអ្នកទទួល មិនបរិសុទ្ធ​ខាងអ្នកឲ្យ។

[១៩២] ម្នាលអានន្ទ ទក្ខិណា មិនបរិសុទ្ធខាង​អ្នកឲ្យផង មិនបរិសុទ្ធខាងអ្នកទទួល​ផង តើ​ដូចម្តេច។ ម្នាលអានន្ទ អ្នកឲ្យក្នុងលោកនេះ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក ទាំងពួក​អ្នក​ទទួល ក៏ជាបុគ្គលទ្រុស្តសីល មានធម៌ដ៏លាមកដូចគ្នា ម្នាលអានន្ទ យ៉ាងនេះឯង ឈ្មោះថា ទក្ខិណា មិនបរិសុទ្ធខាងអ្នកឲ្យផង មិនបរិសុទ្ធ​ខាងអ្នក​ទទួលផង។

[១៩៣] ម្នាលអានន្ទ ទក្ខិណា បរិសុទ្ធខាង​អ្នកឲ្យផង បរិសុទ្ធខាងអ្នកទទួលផង តើ​ដូចម្តេច។ ម្នាលអានន្ទ អ្នកឲ្យក្នុងលោកនេះ ជាបុគ្គលមានសីល មានធម៌ល្អ ទាំងពួក​អ្នក​ទទួល ក៏ជាបុគ្គលមានសីល មានធម៌ល្អដូចគ្នា ម្នាលអានន្ទ យ៉ាងនេះឯង ឈ្មោះថា ទក្ខិណា បរិសុទ្ធខាងអ្នកឲ្យផង បរិសុទ្ធ​ខាងអ្នក​ទទួលផង។ ម្នាលអានន្ទ នេះឯង ជា ទក្ខិណាវិសុទ្ធិ៤យ៉ាង ។

[១៩៤] ព្រះមានព្រះភាគទ្រង់ត្រាស់នូវព្រះសូត្រនេះ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់នូវព្រះសូត្រនេះរួចហើយ ទើបទ្រង់ត្រាស់នូវព្រះគាថា តទៅទៀត ដូច្នេះថា

បុគ្គលណា ជាអ្នកមានសីល មានចិត្តជ្រះថ្លា ដោយប្រពៃ ជឿស៊ប់នូវកម្ម និងផល​របស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមក ដោយធម៌ ចំពោះពួកបុគ្គល​ទ្រុស្តសីល ទក្ខិណានោះ បរិសុទ្ធខាងអ្នកឲ្យ បុគ្គលណា ជាអ្នកទ្រុស្តសីល មានចិត្ត​មិនបានជ្រះថ្លា មិនជឿស៊ប់នូវកម្ម និងផល​របស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបានមក មិនដោយធម៌ ចំពោះពួកបុគ្គលអ្នកមានសីល ទក្ខិណានោះ បរិសុទ្ធខាងអ្នកទទួល បុគ្គលណា ជាអ្នកទ្រុស្តសីល មានចិត្ត​មិនបានជ្រះថ្លា មិនជឿស៊ប់នូវកម្ម និងផល​របស់កម្ម ដ៏​លើសលុប ឲ្យទានដែលខ្លួនបានមកមិនដោយធម៌ ចំពោះពួកបុគ្គល​ទ្រុស្តសីល តថាគត មិនពោលថា ទាននោះ មានផលដ៏បរិបូណ៌ទេ បុគ្គលណា ជាអ្នកមានសីល មានចិត្ត​ជ្រះថ្លាដោយប្រពៃ ជឿស៊ប់នូវកម្ម និងផល​របស់កម្ម ដ៏លើសលុប ឲ្យទានដែលខ្លួនបាន​មក​ដោយធម៌ ចំពោះពួកបុគ្គលមានសីល តថាគត ពោលថា ទាននោះឯង ទើបបាន​ផលដ៏​បរិបូណ៌ បុគ្គលណា ជាអ្នកប្រាសចាករាគៈ មានចិត្តជ្រះថ្លាដោយប្រពៃ ជឿស៊ប់នូវកម្ម និងផល​របស់កម្ម ដ៏លើសលុប ឲ្យទានដែល​ខ្លួនបានមកដោយធម៌ ចំពោះពួកបុគ្គល​ប្រាសចាករាគៈ ទាននោះឯង ប្រសើរជាងពួកអាមិសទាន (ទាំងអស់)។

ចប់ ទក្ខិណាវិភង្គសូត្រ ទី១២។

ចប់ វិភង្គវគ្គ ទី៤។

ឧទ្ទាននៃវិភង្គវគ្គនោះ គឺ

ភទ្ទេករត្តសូត្រ ១ រឿងព្រះអានន្ទសំដែង (ភទ្ទេករត្តសូត្រ) ក្នុងឧបដ្ឋានសាលា ១ រឿង​ព្រះសមិទ្ធិ (ក្នុង​មហាកច្ចានភទ្ទេករត្តសូត្រ) ១ រឿង​ចន្ទនទេវបុត្រ (ក្នុងលោមសកង្គិយសូត្រ) ១ រឿងមាណពអគ្គិវេសនគោត្រ (ក្នុងចូឡកម្មវិភង្គសូត្រ) ១ រឿងបុគ្គលឈ្មោះ​ថាមាន​ញាណដ៏ប្រសើរ (ក្នុង​មហាកម្មវិភង្គសូត្រ) ១ រឿង​ព្រះសម្ពុទ្ធ​​ព្រះនាម​​បុរិសទម្មសារថិ (ក្នុង​សឡាយតនវិភង្គសូត្រ) ១ ឧទ្ទេសវិភង្គសូត្រ ១ អរណវិភង្គសូត្រ ១ រឿង​​បុក្កុសកុលបុត្រ (ក្នុង​ធាតុវិភង្គសូត្រ) ១ រឿង​សច្ចៈ​ដ៏ប្រសើរ (ក្នុង​​សច្ចវិភង្គសូត្រ)១ រឿងទាន (ក្នុងទក្ខិណាវិភង្គសូត្រ)១។

សឡាយតនវគ្គ

អនាថបិណ្ឌិកោវាទសូត្រ ទី១

[១៩៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកគហបតី ជិតក្រុងសាវត្ថី។ សម័យនោះឯង អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់។ គ្រានោះ អនាថបិណ្ឌិកគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកឯងចូរមកអាយ ចូរ​អ្នកទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរអ្នកថ្វាយបង្គំ​ព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ តាមពាក្យរបស់យើង រួចហើយ ចូរក្រាប​បង្គំ​ទូល​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវ​សេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ក្រាបថ្វាយបង្គំ​ព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ រួចហើយ ចូរអ្នកទៅគាល់ព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ហើយ ចូរអ្នក​ថ្វាយបង្គំ​ព្រះបាទាព្រះសារីបុត្តមានអាយុ តាមពាក្យរបស់យើង រួចហើយ ចូរអ្នកទូលយ៉ាង​នេះថា បពិត្រលោកម្ចាស់ដ៏ចម្រើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវ​សេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ថ្វាយបង្គំ​ព្រះបាទាព្រះសារីបុត្តមានអាយុ ដោយសិរ្សៈ ដូច្នេះផង ចូរអ្នកទូលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំព្រះករុណាសូមអង្វរ សូម​ព្រះសារីបុត្តមានអាយុ អាស្រ័យនូវសេចក្តី​អនុគ្រោះ ចូលទៅកាន់លំនៅរបស់​អនាថបិណ្ឌិក​គហបតី ដូច្នេះផង។ បុរសនោះ ទទួលពាក្យ​អនាថបិណ្ឌិកគហបតីថា បាទ លោកដ៏ចម្រើន ហើយក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយក្នុងទីដ៏សមគួរ។

[១៩៦] លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តី​ទុក្ខ មានជម្ងឺធ្ងន់ គាត់ក្រាបថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយសិរ្សៈ ហើយបុរស​នោះ ក៏ចូលទៅរកព្រះសារីបុត្តមានអាយុ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះសារីបុត្ត​មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ក៏ទូល​ព្រះសារីបុត្តមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចំរើន អនាថបិណ្ឌិកគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជម្ងឺធ្ងន់ គាត់ថ្វាយបង្គំ​ព្រះបាទាព្រះសារីបុត្តមានអាយុ ដោយ​សិរ្សៈ ហើយបុរសនោះ ក៏ទូលយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំព្រះករុណា​សូមអង្វរ សូមព្រះសារីបុត្តមានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់ផ្ទះរបស់​អនាថបិណ្ឌិកគហបតី (ឲ្យទាន)។ ព្រះសារីបុត្តមានអាយុ ក៏ទទួល​និមន្តដោយ​តុណ្ហីភាព។ លំដាប់នោះ ព្រះសារីបុត្តមានអាយុ ស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ មាន​ព្រះអានន្ទមានអាយុ ជាបច្ឆាសមណៈ ក៏ចូលទៅកាន់ផ្ទះ របស់អនាថបិណ្ឌិកគហបតី លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈដែលគេក្រាលប្រគេន។

[១៩៧] លុះព្រះសារីបុត្តមានអាយុ គង់រួចហើយ ក៏មានថេរវាចានឹង​អនាថបិណ្ឌិកគហបតី ដូច្នេះថា ម្នាលគហបតី សរីរយន្តអ្នកល្មមអត់ធន់​បានដែរឬ ល្មម​ឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាបានស្រាកស្រាន្ត មិនចម្រើនឡើង​ទេឬ ការធូរថយ​រមែងប្រាកដ ឯការចម្រើនឡើង រមែង​មិនប្រាកដទេឬ។ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំ​អត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ ចេះតែចម្រើនឡើង មិនស្រាកស្រាន្តទេ ការចម្រើន ចេះតែប្រាកដ ការធូរថយ មិនប្រាកដទេ។

[១៩៨] បពិត្រព្រះសារីបុត្តដ៏ចម្រើន បុរសមានកម្លាំង ចាក់អំបែង​ក្បាលដោយ​ដែកស្រួចមុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្យល់ដ៏ខ្លាំង ចាក់ដោត​អំបែង​ក្បាលខ្ញុំ ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅ​មិនបានទេ ព្រោះទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ រមែងចម្រើនឡើង មិនស្រាកស្រាន្តទេ មានតែ​រឹត​ឡើង ឥតធូរថយសោះ។

[១៩៩] បពិត្រព្រះសារីបុត្តដ៏ចម្រើន បុរសមានកម្លាំង យកចង្វាយព្រ័ត្រដ៏មាំ មក​ត្របែងក្បាល យ៉ាងណាមិញ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្យល់ដ៏ខ្លាំង ឆ្កៀលក្បាលខ្ញុំ ក៏យ៉ាងនោះដែរ បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅ​មិនបានទេ ព្រោះទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ តែងចម្រើនឡើង មិនស្រាកស្រាន្តទេ មានតែ​រឹត​ឡើង ឥតធូរថយសោះ។

[២០០] បពិត្រព្រះសារីបុត្តដ៏ចម្រើន អ្នកសម្លាប់គោក្តី កូនសិស្សរបស់​អ្នក​សម្លាប់​គោដ៏ឈ្លាសក្តី វះពោះ ដោយកាំបិតសម្រាប់វះគោដ៏មុត យ៉ាងណាមិញ បពិត្រព្រះសារីបុត្ត​ដ៏ចម្រើន ខ្យល់ដែលខ្លាំង រមែងអារពោះរបស់ខ្ញុំ ក៏យ៉ាងនោះឯង បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅ​មិនបានទេ ព្រោះទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ តែងចម្រើនឡើង មិនស្រាកស្រាន្ត មានតែ​រឹត​ឡើង ឥតធូរថយសោះ។

[២០១] បពិត្រព្រះសារីបុត្តដ៏ចម្រើន បុរស២នាក់ មានកម្លាំង ចាប់បុរស​ម្នាក់ដែល​ខ្សោយជាង ត្រង់ដើមដៃទាំងពីរ រោលកំដៅលើរណ្តៅរងើកភ្លើង យ៉ាងណាមិញ បពិត្រព្រះសារីបុត្តដ៏ចម្រើន ឯសេចក្តីក្តៅក្រហាយដ៏ខ្លាំង ក្នុងកាយរបស់ខ្ញុំ ក៏យ៉ាងនោះឯង បពិត្រព្រះសារីបុត្តដ៏ចម្រើន ខ្ញុំអត់ធន់មិនបានទេ ឲ្យប្រព្រឹត្តទៅ​មិនបានទេ ព្រោះទុក្ខវេទនាដ៏ក្លារបស់ខ្ញុំ តែងចម្រើនឡើង មិនស្រាកស្រាន្តទេ មានតែ​រឹត​ឡើង ឥតធូរថយសោះ។

[២០២] ព្រះសារីបុត្តតបថា ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នក​ត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹងមិនប្រកាន់នូវចក្ខុ ទាំងវិញ្ញាណ ដែលអាស្រ័យ​ចក្ខុ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវត្រចៀក ទាំងវិញ្ញាណ ដែលអាស្រ័យ​ត្រចៀក របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវច្រមុះ ទាំងវិញ្ញាណ ដែលអាស្រ័យ​ច្រមុះ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវអណ្តាត ទាំងវិញ្ញាណ ដែលអាស្រ័យ​អណ្តាត របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវកាយ ទាំងវិញ្ញាណ ដែលអាស្រ័យ​កាយ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវចិត្ត ទាំងវិញ្ញាណ ដែលអាស្រ័យ​ចិត្ត របស់អាត្មាអញ ក៏នឹង​មិនមាន​ឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៣] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវរូប ទាំងវិញ្ញាណ ដែលអាស្រ័យ​រូប របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សាយ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវសំឡេង… នឹងមិនប្រកាន់នូវក្លិន… នឹងមិនប្រកាន់នូវរស… នឹងមិនប្រកាន់​នូវផ្សព្វ… នឹងមិនប្រកាន់នូវធម្មារម្មណ៍ ទាំងវិញ្ញាណ ដែលអាស្រ័យធម្មារម្មណ៍ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សាយ៉ាងនេះចុះ។

[២០៤] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវចក្ខុវិញ្ញាណ ទាំងវិញ្ញាណដែលអាស្រ័យ​ចក្ខុវិញ្ញាណ របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវសោតវិញ្ញាណ… នឹង​មិនប្រកាន់​នូវឃានវិញ្ញាណ… នឹងមិនប្រកាន់នូវជិវ្ហាវិញ្ញាណ… នឹងមិនប្រកាន់នូវកាយវិញ្ញាណ… នឹង​មិនប្រកាន់នូវមនោវិញ្ញាណ ទាំងវិញ្ញាណ ដែលអាស្រ័យមនោវិញ្ញាណ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៥] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវចក្ខុសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យ​ចក្ខុសម្ផ័ស្ស របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវសោតសម្ផ័ស្ស… នឹង​មិនប្រកាន់​នូវឃានសម្ផ័ស្ស… នឹងមិនប្រកាន់នូវជិវ្ហាសម្ផ័ស្ស… នឹងមិនប្រកាន់នូវកាយសម្ផ័ស្ស… នឹង​មិនប្រកាន់នូវមនោសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យមនោសម្ផ័ស្ស របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៦] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវវេទនាដែលកើតអំពីចក្ខុសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យ​វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា ​យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវវេទនា ដែលកើត​អំពី​សោតសម្ផ័ស្ស… នឹង​មិនប្រកាន់​នូវវេទនា ដែលកើតអំពីឃានសម្ផ័ស្ស… នឹងមិនប្រកាន់នូវវេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស… នឹងមិនប្រកាន់នូវវេទនា ដែលកើតអំពីកាយសម្ផ័ស្ស… នឹង​មិនប្រកាន់នូវវេទនា ដែលកើតអំពីមនោសម្ផ័ស្ស ទាំងវិញ្ញាណ ដែលអាស្រ័យវេទនា ដែលកើតអំពីមនោសម្ផ័ស្ស របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៧] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ ​មិនប្រកាន់នូវបឋវីធាតុ ទាំងវិញ្ញាណ ដែលអាស្រ័យ​បឋវីធាតុ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​ យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវអាបោធាតុ… នឹង​មិនប្រកាន់​នូវតេជោធាតុ… នឹងមិនប្រកាន់នូវវាយោធាតុ… នឹងមិនប្រកាន់នូវអាកាសធាតុ… នឹង​មិនប្រកាន់នូវវិញ្ញាណធាតុ ទាំងវិញ្ញាណ​ដែលអាស្រ័យ​វិញ្ញាណធាតុ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៨] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវរូប ទាំងវិញ្ញាណ ដែលអាស្រ័យរូប របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​ យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់នូវវេទនា… នឹង​មិនប្រកាន់​នូវសញ្ញា… នឹងមិនប្រកាន់នូវសង្ខារទាំងឡាយ… នឹងមិនប្រកាន់នូវវិញ្ញាណ ទាំងវិញ្ញាណ ដែលអាស្រ័យវិញ្ញាណ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២០៩] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់ នូវអាកាសានញ្ចាយតនៈ ទាំងវិញ្ញាណ ដែលអាស្រ័យ​អាកាសានញ្ចាយតនៈ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​ យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់ នូវវិញ្ញាណញ្ចាយតនៈ… នឹង​មិនប្រកាន់ នូវអាកិញ្ចញ្ញាយតនៈ… នឹងមិនប្រកាន់ នូវនេវសញ្ញានាសញ្ញាយតនៈ ទាំងវិញ្ញាណ ដែលអាស្រ័យ​នេវសញ្ញានាសញ្ញាយតនៈ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២១០] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់ នូវលោកនេះ [អដ្ឋកថា ថា លោកនេះ សំដៅយក​កន្លែង​សំរាប់នៅ គ្រឿងសំរាប់ស៊ី និងគ្រឿង​ស្លៀកពាក់។] ទាំងវិញ្ញាណ ដែលអាស្រ័យ​លោកនេះ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​យ៉ាងនេះចុះ។ ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា យ៉ាងនេះថា អាត្មាអញ នឹង​មិនប្រកាន់ នូវលោកខាងមុខ [អដ្ឋកថា ថា សង្គ្រោះយកលោកដទៃ លើកលែងតែមនុស្សលោកចេញ។ អធិប្បាយថា ឲ្យលះចិត្ត​គិតថា អាត្មាអញ នឹងកើតក្នុងទេវលោកឯណោះ នៅក្នុងទេវលោកឯណោះ បរិភោគ​ និងស្លៀកដណ្តប់យ៉ាងនេះ។] ទាំងវិញ្ញាណ ដែលអាស្រ័យលោកខាងមុខ របស់អាត្មាអញ នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[២១១] ម្នាល​គហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកត្រូវសិក្សា​យ៉ាងនេះថា ធម្មជាតណា ដែលអាត្មាអញបានឃើញហើយ ឮហើយ ប៉ះពាល់​ហើយ ដឹងច្បាស់ហើយ ស្វែងរកហើយ ស្ទាបស្ទង់ដោយចិត្តហើយ អាត្មាអញ នឹង​មិនប្រកាន់​នូវ​ធម្មជាតនោះ ទាំងវិញ្ញាណ ដែលអាស្រ័យ​ធម្មជាតនោះ របស់អាត្មាអញ ក៏នឹង​មិនមានឡើយ ម្នាលគហបតី អ្នកត្រូវសិក្សា​ យ៉ាងនេះចុះ។

[២១២] កាលដែលព្រះសារីបុត្តមានថេរវាចា យ៉ាងនេះហើយ អនាថបិណ្ឌិក​គហបតី យំសម្រក់ទឹកភ្នែក។ គ្រានោះ ព្រះអានន្ទមានអាយុ មានថេរវាចានឹង​អនាថបិណ្ឌិក​គហបតី ដូច្នេះថា ម្នាលគហបតី អ្នកជាប់នៅក្នុងទ្រព្យសម្បត្តិឬ ម្នាល​គហបតី អ្នកលិចនៅក្នុងទ្រព្យសម្បត្តិឬ។ អនាថបិណ្ឌិក​គហបតីឆ្លើយថា បពិត្រ​ព្រះអានន្ទដ៏ចម្រើន ខ្ញុំមិនជាប់ មិនលិចនៅក្នុងទ្រព្យសម្បត្តិទេ តែថាខ្ញុំព្រះករុណា ដែល​ចូលទៅអង្គុយជិតព្រះសាស្តា អស់កាលយូរហើយផង ចូល​ទៅអង្គុយជិតពួកភិក្ខុ ជា​អ្នក​ចម្រើនចិត្ត អស់កាលយូរហើយផង ក៏ខ្ញុំ​ព្រះករុណា មិនដែលបានស្តាប់ធម្មីកថា មាន​សភាព​ដូច្នេះឡើយ។ ម្នាលគហបតី ធម្មីកថាមានសភាពដូច្នេះ តែង​មិនច្បាស់​ប្រាកដ ដល់​ពួកគ្រហស្ថអ្នកស្លៀកសទេ ម្នាលគហបតី ឯធម្មីកថាមានសភាព​ដូច្នេះ រមែង​ច្បាស់​ប្រាកដដល់ពួកបព្វជិត (តែ​ប៉ុណ្ណោះ)។ បពិត្រព្រះសារីបុត្តដ៏ចម្រើន បើដូច្នោះ ធម្មីកថា​មានសភាពដូច្នេះ សូមឲ្យបាន​ច្បាស់ប្រាកដ ដល់ពួកគ្រហស្ថអ្នកស្លៀកសផង បពិត្រ​លោកដ៏ចម្រើន ព្រោះថា មានពួកកុលបុត្ត ដែលប្រកបដោយ​ជាតិ ជាអ្នក​មានធុលីតិច​ក្នុងភ្នែក ជាអ្នកដឹងច្បាស់នូវធម៌ ព្រោះតែមិនបានស្តាប់ធម៌ មុខជានឹងសាបសូន្យ​ចាក​ធម៌​មិនខាន។ លុះព្រះសារីបុត្តមានអាយុ និងព្រះអានន្ទមានអាយុ ទូន្មានអនាថបិណ្ឌិក​គហបតី ដោយឱវាទនេះរួចហើយ ក៏ក្រោកចាកអាសនៈចៀសចេញទៅ។

[២១៣] កាលបើព្រះសារីបុត្តមានអាយុ និងព្រះអានន្ទមានអាយុ ចៀសចេញ​ទៅ អស់កាលមិនយូរប៉ុន្មាន អនាថបិណ្ឌិក​គហបតី ក៏ធ្វើមរណកាល ទៅកើតក្នុងពួក​ទេវតា​ឋានតុសិត។ លំដាប់នោះ អនាថបិណ្ឌិក​ទេវបុត្ត លុះរាត្រីបឋមយាមកន្លងទៅហើយ មាន​ពន្លឺដ៏រុងរឿង ញុំាងវត្តជេតពនទាំងអស់ ឲ្យភ្លឺស្វាងហើយ ក៏ចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិត​នៅក្នុង​ទីសមគួរ។ លុះអនាថបិណ្ឌិក​ទេវបុត្ត ឋិតនៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដោយគាថាទាំងឡាយថា

វត្តជេតពននេះ សុទ្ធតែពួកអ្នកស្វែងរកគុណដ៏ល្អ នៅអាស្រ័យជានិច្ច ដែល​ព្រះពុទ្ធជាធម្មរាជ គង់អាស្រ័យនៅ ជាទីញុំាងបីតិ ឲ្យកើតព្រមដល់ខ្ញុំព្រះអង្គ កម្ម គឺ​មគ្គចេតនា១ វិជ្ជា គឺ មគ្គបញ្ញា១ ធម៌ទាំងឡាយ ជាបក្ខពួកខាងសមាធិ១ សីល ឈ្មោះ​ថាជីវិតខ្ពស់បំផុត១ សត្វទាំងឡាយរមែងស្អាត ដោយធម៌នេះ មិនមែនដោយគោត្រ ឬ​មិនមែនដោយទ្រព្យឡើយ ព្រោះហេតុនោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់ នូវ​ប្រយោជន៍របស់ខ្លួន ត្រូវពិចារណាធម៌ ដោយឧបាយនៃប្រាជ្ញា ទើបស្អាតក្នុងធម៌នោះ យ៉ាងនេះបាន មានតែព្រះសារីបុត្តមួយ ទើប​ប្រសើរ​ដោយបញ្ញាផង ដោយសីលផង ដោយ​កិរិយារម្ងាប់នូវកិលេសផង ទុកជាភិក្ខុណា ដល់នូវត្រើយ គឺព្រះនិព្វាន (ភិក្ខុនោះ) ក៏មានគុណអស់ត្រឹមប៉ុណ្ណោះឯង។

លុះ​អនាថបិណ្ឌិក​ទេវបុត្ត ពោលនូវ​គាថានេះចប់ ព្រះសាស្តា ក៏មានព្រះហឫទ័យ​ត្រេកអរ។ លំដាប់នោះ អនាថបិណ្ឌិក​ទេវបុត្ត ដឹងថា ព្រះសាស្តារបស់អាត្មាអញ មានព្រះហឫទ័យត្រេកអរហើយ ក៏ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ​ រួច​ក៏បាត់ក្នុងទីនោះទៅ។

[២១៤] លុះកន្លងរាត្រីនោះទៅហើយ ព្រះមានព្រះភាគក៏ត្រាស់ហៅពួក​ភិក្ខុ​មកថា ម្នាលភិក្ខុទាំងឡាយ កាលដែល​រាត្រីបឋមយាមកន្លងទៅហើយ ក្នុងយប់នេះឯង មាន​ទេវបុត្តមួយអង្គ មានរស្មីដ៏រុងរឿង ញុំាងវត្តជេតពនទាំងអស់ឲ្យភ្លឺស្វាង ហើយក៏ចូល​មករក​តថាគត លុះចូលមកដល់ ថ្វាយបង្គំតថាគត ហើយឋិតនៅក្នុងទីសមគួរ។ លុះ​ទេវបុត្តនោះ ឋិតនៅក្នុងទីសមគួរហើយ ពោលគាថាទាំងនេះ ចំពោះតថាគតថា

វត្តជេតពននេះ សុទ្ធតែពួកលោកអ្នកស្វែងរកគុណដ៏ល្អ នៅអាស្រ័យ​ជានិច្ច ដែល​ព្រះពុទ្ធជាធម្មរាជ គង់អាស្រ័យនៅហើយ ជាទីញុំាងបីតិឲ្យកើតព្រម ដល់ខ្ញុំព្រះអង្គ កម្ម១ វិជ្ជា១ ធម៌ទាំងឡាយ១ សីល ឈ្មោះថាជីវិតខ្ពស់បំផុត១ សត្វទាំងឡាយ រមែងស្អាត​ដោយធម៌នេះ មិនមែន​ដោយគោត្រ ឬមិនមែន​ដោយទ្រព្យឡើយ ព្រោះហេតុ​នោះ បុរសជាបណ្ឌិត កាលបើឃើញច្បាស់ នូវប្រយោជន៍របស់ខ្លួនហើយ ត្រូវពិចារណា​នូវធម៌ ដោយឧបាយនៃប្រាជ្ញា ទើប​ស្អាតក្នុងធម៌នោះ យ៉ាងនេះបាន មានតែ​ព្រះសារីបុត្តមួយ ទើប​ប្រសើរ ដោយបញ្ញាផង ដោយសីលផង ដោយកិរិយារម្ងាប់ នូវកិលេសផង ទុកជា​ភិក្ខុណា​ បានដល់នូវត្រើយ គឺព្រះនិព្វាន (ភិក្ខុនោះ) ក៏មានគុណអស់ត្រឹមប៉ុណ្ណេះឯង។

ម្នាលភិក្ខុទាំងឡាយ លុះទេវបុត្តនោះ ពោលនូវគាថានេះចប់ហើយ ដឹងថា​ព្រះសាស្តា របស់អាត្មាអញ មានព្រះហឫទ័យត្រេកអរហើយ ក៏ក្រាបថ្វាយបង្គំ​តថាគត ធ្វើប្រទក្សិណ រួចក៏បាត់ក្នុងទីនោះទៅ។

[២១៥] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទេវបុត្តនោះឯង ប្រាកដជាអនាថបិណ្ឌិកគហបតីនោះ បពិត្រព្រះអង្គដ៏ចំរើន ព្រោះ​អនាថបិណ្ឌិកគហបតី បានជ្រះថ្លាក្រៃពេក ក្នុងព្រះសារីបុត្តមានអាយុ។ ម្នាលអានន្ទ ត្រូវហើយៗ ម្នាលអានន្ទ ហេតុដែលអ្នកបានត្រិះរិះនោះ ត្រូវហើយ ទេវបុត្តនោះ គឺ​អនាថបិណ្ឌិកហ្នឹងឯង មិនមែនអ្នកដទៃទេ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់នូវពាក្យ​នេះចប់ហើយ ព្រះអានន្ទមានអាយុ មានសេចក្តីត្រេកអរ រីករាយ នឹងភាសិត​ព្រះមានព្រះភាគ។

ចប់ អនាថបិណ្ឌិកោវាទសូត្រ ទី១។

ឆន្នោវាទសូត្រ ទី២

[២១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្ត​វេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏ក្នុងសម័យនោះ ព្រះសារីបុត្រ​មានអាយុ ព្រះមហាចុន្ទៈមានអាយុ និងព្រះឆន្នៈមានអាយុ កំពុងគង់នៅនាភ្នំ​គិជ្ឈកូដ។ សម័យនោះឯង ព្រះឆន្នៈមានអាយុ មានអាពាធ ដល់នូវសេចក្តី​ទុក្ខ ឈឺចាប់ជាទម្ងន់។

[២១៧] គ្រានោះ ព្រះសារីបុត្រមានអាយុ ចេញចាក​ផលសមាបត្តិ ក្នុងសាយណ្ហ​សម័យ ហើយចូលទៅរក​ព្រះមហាចុន្ទៈមានអាយុ លុះចូលទៅដល់ហើយ បាននិយាយ​នឹង​ព្រះមហាចុន្ទៈមានអាយុ យ៉ាងនេះថា ម្នាលចុន្ទៈមានអាយុ មក យើងចូលទៅរក​ព្រះឆន្នៈមានអាយុ នឹងបានសួរជម្ងឺ។ ព្រះមហាចុន្ទៈមានអាយុ ទទួល​ពាក្យព្រះសារីបុត្រ​មានអាយុថា ករុណា លោកមានអាយុ។ លំដាប់នោះ ព្រះសារីបុត្រ​មានអាយុ និងព្រះមហាចុន្ទៈមានអាយុ ចូលទៅរកព្រះឆន្នៈមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយរាក់ទាក់ សំណេះសំណាល ជាមួយនឹងព្រះឆន្នៈមានអាយុ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យគួររលឹកហើយ ទើប​អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្រ​មានអាយុ អង្គុយនៅក្នុងទីដ៏សមគួរហើយ បានសួរព្រះឆន្នៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោឆន្នៈ លោកអាចអត់ធន់បានឬទេ លោកអាចញុំាង​អត្តភាព​ឲ្យប្រព្រឹត្តទៅបានឬទេ ទុក្ខវេទនាបានស្រាកស្រាន្ត មិនចម្រើនឡើងទេឬ ការធូរថយ​ប្រាកដ ការចម្រើនមិនប្រាកដទេឬ។ ព្រះឆន្នត្ថេរ និយាយថា ម្នាលអាវុសោ សារីបុត្រ ខ្ញុំ​មិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាង​អត្តភាព ឲ្យ​ប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំ​ខ្លាំងណាស់ ចេះតែចម្រើនឡើង មិនស្រាកស្រាន្តទេ ការចម្រើនឡើង នៃ​ទុក្ខវេទនា ចេះ​តែប្រាកដ ការធូរថយមិនប្រាកដទេ។

[២១៨] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំង គប្បី​ចាក់ក្បាលដោយ​ដែក​ស្រួច​ដ៏មុត យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង ចាក់នូវក្បាលខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំមិនអាចញុំាង​អត្តភាព ឲ្យប្រព្រឹត្ត​ទៅបានទេ ទុក្ខវេទនានៃខ្ញុំខ្លាំងណាស់ ចេះតែចម្រើនឡើង មិនស្រាកស្រាន្តទេ ការ​ចម្រើនឡើង នៃទុក្ខវេទនា ចេះតែប្រាកដ ការធូរថយមិនប្រាកដឡើយ។

[២១៩] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំង រុំត្របែងក្បាលដោយ​កំណាត់​ព្រ័ត្រដ៏មាំ យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង ចាក់ដោតក្បាលខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំ​មិនអាចញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាកស្រាន្តទេ ការចម្រើនឡើងនៃ​ទុក្ខវេទនា ចេះតែប្រាកដ ការធូរថយ​មិនប្រាកដ​ឡើយ។

[២២០] ម្នាលអាវុសោសារីបុត្រ អ្នកសម្លាប់គោ ឬកូនសិស្ស​អ្នក​សម្លាប់​គោ ដែលប៉ិនប្រសប់ គប្បីវះពោះគោ ដោយកាំបិតសម្រាប់អារគោដ៏មុត យ៉ាងណា ម្នាលអាវុសោសារីបុត្រ ខ្យល់ដ៏ក្រៃលែង វះអារពោះខ្ញុំ យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំ​មិនអាចញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនានៃខ្ញុំ ខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាកស្រាន្តទេ ការចម្រើនឡើងនៃ​ទុក្ខវេទនា ចេះតែប្រាកដ ការធូរថយ​មិនប្រាកដ​ឡើយ។

[២២១] ម្នាលអាវុសោសារីបុត្រ បុរសមានកម្លាំងពីរនាក់ ចាប់នូវបុរសមាន​កម្លាំង​ថយ ត្រង់ដើមដៃម្ខាងៗម្នាក់ នាំយកទៅរោលកំដៅ លើរណ្តៅរងើកភ្លើង យ៉ាងណា ម្នាលអាវុសោសារីបុត្រ សេចក្តីក្តៅក្រហាយ ក្នុងរាងកាយរបស់ខ្ញុំ ដ៏ក្រៃលែង យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ខ្ញុំមិនអាចអត់ធន់បានទេ ខ្ញុំ​មិនអាចញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំ ខ្លាំងណាស់ ចេះតែចម្រើនទៅមុខ មិនស្រាក​ស្រាន្ត​ទេ ការចម្រើនឡើង នៃ​ទុក្ខវេទនា ចេះតែប្រាកដ ការធូរថយ​មិនប្រាកដ​ឡើយ ម្នាលអាវុសោសារីបុត្រ ខ្ញុំនឹងនាំយកនូវកាំបិត [គ្រឿងសស្ត្រាសម្រាប់នាំបង់ នូវជីវិត ឬសម្រាប់ប្រហារជីវិត។] ខ្ញុំមិនអាល័យជីវិតទេ។

[២២២] ព្រះសារីបុត្រនិយាយថា ឆន្នៈមានអាយុ កុំកាន់យកកាំបិតឡើយ ឆន្នៈ​មានអាយុ ចូរញុំាងអត្តភាព ឲ្យ​ប្រព្រឹត្តទៅចុះ ពួកយើងចង់ឲ្យ​ឆន្នៈមានអាយុ ញុំាង​អត្តភាព ឲ្យ​ប្រព្រឹត្តទៅ ប្រសិនបើមិនមានភោជនជាទីសប្បាយ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំ នឹងស្វែងរកភោជនជាទីសប្បាយ ឲ្យឆន្នៈ​មានអាយុ ប្រសិនបើមិនមាន​ភេសជ្ជៈ ជាទីសប្បាយ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំ នឹងស្វែងរកភេសជ្ជៈ ជាទីសប្បាយ ឲ្យឆន្នៈ​មានអាយុ ប្រសិនបើមិនមានមនុស្ស ជាឧបដ្ឋាកដ៏សមគួរ សម្រាប់ឆន្នៈមានអាយុទេ ខ្លួនខ្ញុំនឹងបម្រើឆន្នៈ​​មានអាយុ ឆន្នៈមានអាយុ កុំកាន់យក​កាំបិតឡើយ ឆន្នៈ​មានអាយុ ចូរញុំាងអត្តភាព ​ឲ្យប្រព្រឹត្តទៅ យើងប្រាថ្នាឲ្យឆន្នៈ​មានអាយុ ញុំាងអត្តភាព ​ឲ្យប្រព្រឹត្ត​ទៅណាស់។

[២២៣] ឆន្នភិក្ខុឆ្លើយថា ម្នាលអាវុសោសារីបុត្រ ភោជនជាទីសប្បាយ សម្រាប់​ខ្ញុំ​មិនមែនគ្មានទេ ភេសជ្ជៈជាទីសប្បាយសម្រាប់ខ្ញុំ មិនមែនគ្មានទេ មនុស្សជាឧបដ្ឋាកដ៏​សមគួរ សម្រាប់ខ្ញុំមិនមែនគ្មានទេ ម្នាលអាវុសោសារីបុត្រ តែថា ខ្ញុំធ្លាប់បម្រើព្រះសាស្តា យូរអង្វែងមកហើយ ដោយសេចក្តីពេញចិត្តពិតៗ មិនមែនបម្រើ ដោយសេចក្តី​មិនពេញ​ចិត្តទេ ម្នាលអាវុសោសារីបុត្រ ព្រោះថា អំពើដែលសមគួរដល់សាវ័ក គឺត្រង់បម្រើព្រះ​សាស្តា ដោយសេចក្តីពេញចិត្តពិតៗ មិនមែនបម្រើដោយសេចក្តី​មិនពេញចិត្ត​នោះទេ ម្នាលអាវុសោសារីបុត្រ អ្នកចូរចាំទុកសេចក្តីនុ៎ះ យ៉ាងនេះថា ឆន្នភិក្ខុ នឹងកាន់យក​កាំបិត​ឥតទោសពៃរ៍អ្វីទេ។ ព្រះសារីបុត្រសួរថា បើឆន្នៈមានអាយុបើកឱកាស ដើម្បីឆ្លើយ​ប្រស្នា​បាន យើងនឹងសួរនូវហេតុបន្តិចនឹងឆន្នៈ​មានអាយុ។ ឆន្នភិក្ខុឆ្លើយថា ម្នាលអាវុសោ​សារីបុត្រ អ្នកសួរមកចុះ ខ្ញុំស្តាប់ហើយ គង់នឹងដឹង។

[២២៤] ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួក​ធម៌ ដែលគប្បីដឹងដោយចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវសោតៈ នូវសោតវិញ្ញាណ។បេ។ ម្នាលអាវុសោ​ឆន្នៈ អ្នកពិចារណាឃើញនូវឃានៈ នូវឃានវិញ្ញាណ… ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវជីវ្ហា នូវជីវ្ហាវិញ្ញាណ… ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវកាយ នូវកាយវិញ្ញាណ… ម្នាលអាវុសោឆន្នៈ អ្នកពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួក​ធម៌ ដែលគប្បីដឹងដោយមនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួក​ធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនខ្លួនអញទេ ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញ នូវសោតៈ នូវសោតវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវឃានៈ នូវឃានវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវជីវ្ហា នូវជីវ្ហាវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវកាយ នូវកាយវិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួក​ធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។

[២២៥] ព្រះសារីបុត្រសួរថា ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុង​ចក្ខុ ក្នុងចក្ខុវិញ្ញាណ និងក្នុងពួក​ធម៌ដែលគប្បីដឹង ដោយ​ចក្ខុវិញ្ញាណ ទើប​ពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណ​ថា នុ៎ះ​មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែន​ជាខ្លួនអញទេ ម្នាលអាវុសោឆន្នៈ ក្នុងសោតៈ ក្នុងសោតវិញ្ញាណ… ម្នាលអាវុសោឆន្នៈ ក្នុងឃានៈ ក្នុងឃានវិញ្ញាណ… ម្នាលអាវុសោឆន្នៈ ក្នុងជិវ្ហា ក្នុងជិវ្ហាវិញ្ញាណ… ម្នាលអាវុសោឆន្នៈ ក្នុងកាយ ក្នុងកាយវិញ្ញាណ… ម្នាលអាវុសោឆន្នៈ អ្នកឃើញដូចម្តេច ដឹងដូចម្តេច ក្នុង​មនោ ក្នុងមនោវិញ្ញាណ និងក្នុងពួក​ធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណ ទើប​ពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយមនោ​វិញ្ញាណ​​ថា នុ៎ះ​មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែន​ជាខ្លួនរបស់អញទេ។ ម្នាលអាវុសោសារីបុត្រ ខ្ញុំឃើញនូវ​សេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងចក្ខុ ក្នុងចក្ខុ​វិញ្ញាណ និងក្នុង​ពួកធម៌ ដែលគប្បីដឹងដោយ​ចក្ខុវិញ្ញាណ បើ​ពិចារណាឃើញនូវចក្ខុ នូវចក្ខុវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹង ដោយចក្ខុវិញ្ញាណ​ថា នុ៎ះ​មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែន​ជាខ្លួនអញទេ ម្នាលអាវុសោសារីបុត្រ ក្នុងសោតៈ ក្នុងសោត​វិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ក្នុងឃានៈ ក្នុងឃាន​វិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ក្នុងជិវ្ហា ក្នុងជិវ្ហា​វិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ក្នុងកាយ ក្នុងកាយ​វិញ្ញាណ… ម្នាលអាវុសោសារីបុត្រ ខ្ញុំឃើញនូវសេចក្តីរលត់ ដឹងនូវសេចក្តីរលត់ ក្នុងមនោ ក្នុងមនោ​វិញ្ញាណ និងក្នុង​ពួកធម៌ ដែលគប្បីដឹង ដោយមនោវិញ្ញាណ ទើប​ពិចារណាឃើញនូវមនោ នូវមនោវិញ្ញាណ និងពួកធម៌ ដែលគប្បីដឹងដោយមនោ​វិញ្ញាណ​ថា នុ៎ះ​មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែន​ជាខ្លួនរបស់អញទេ។

[២២៦] កាលបើឆន្នភិក្ខុនិយាយយ៉ាងនេះហើយ ព្រះមហាចុន្ទៈមានអាយុ និយាយ​នឹងឆន្នៈមានអាយុ យ៉ាងនេះថា ម្នាលអាវុសោឆន្នៈ ព្រោះហេតុនោះ សាសនានេះ របស់​ព្រះមានព្រះភាគនោះ បុគ្គលគួរធ្វើទុកក្នុងចិត្ត អស់កាលជានិច្ច បុគ្គល ដែលមានតណ្ហា និងទិដ្ឋិអាស្រ័យនៅហើយ តែងមានសេចក្តីញាប់ញ័រ បុគ្គល ដែល​មិនមានតណ្ហា និងទិដ្ឋិ​អាស្រ័យនៅហើយ មិនមានសេចក្តីញាប់ញ័រទេ កាលបើសេចក្តីញាប់ញ័រមិនមានហើយ សេចក្តីស្ងប់រម្ងាប់ នៃកាយ និងចិត្តរមែងមាន កាលបើសេចក្តីស្ងប់រម្ងាប់មានហើយ តណ្ហា​ក៏មិនមាន កាលបើតណ្ហាមិនមានហើយ អាគតិ និងគតិ [ដំណើរមកដោយអំណាច​បដិសន្ធិ ហៅអាគតិ ដំណើរទៅដោយអំណាចចុតិ ហៅគតិ។] ក៏មិនមាន កាលបើ​អាគតិ និងគតិមិនមានហើយ ចុតិ និងបដិសន្ធិ ក៏មិនមាន កាលបើចុតិ និងបដិសន្ធិ មិនមាន​ហើយ លោកនេះក៏មិនមាន លោកខាងមុខ ក៏មិនមាន លោកទាំងពីរ ក៏​មិនមាន នេះហៅថា ទីបំផុត​នៃទុក្ខ។ គ្រានោះឯង ព្រះសារីបុត្រ​មានអាយុ និងព្រះមហាចុន្ទៈមានអាយុ បាននិយាយ​ទូន្មានឆន្នៈ​មានអាយុ ដោយឱវាទនេះហើយ ក៏ក្រោក​អំពីអាសនៈ ចេញទៅ។

[២២៧] គ្រាកាលដែលព្រះសារីបុត្រ​មានអាយុ និងព្រះមហាចុន្ទៈ​មានអាយុ ចេញទៅមិនយូរប៉ុន្មាន ព្រះឆន្នៈ​មានអាយុ ក៏នាំយកនូវកាំបិត។ គ្រានោះ ព្រះសារីបុត្រ​មានអាយុ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ អង្គុយនៅក្នុងទីសមគួរ។ លុះព្រះសារីបុត្រ​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឆន្នៈមានអាយុ នាំ​យកនូវកាំបិតហើយ គតិរបស់លោក ដូចម្តេចទៅ បរលោកដូចម្តេចទៅ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលសារីបុត្រ ការមិនមានទោស (នោះ) ឆន្នភិក្ខុ បាន​ព្យាករ​ចំពោះមុខអ្នកឯងហើយតើ។ បពិត្រព្រះអង្គដ៏ចំរើន មានស្រុកវជ្ជី ឈ្មោះ​បុព្វជីរៈ ត្រកូល​ជាមិត្រ ត្រកូលជាសំឡាញ់ ត្រកូលដែលគួរចូលទៅរក របស់ឆន្នៈមានអាយុ មាននៅ​ក្នុងស្រុកនោះ។

[២២៨] ព្រះមានព្រះភាគត្រាស់ថា ម្នាលសារីបុត្រ ត្រកូលទាំងនោះ គឺត្រកូល​ជាមិត្រ ត្រកូលជាសំឡាញ់ ត្រកូលដែលគួរចូលទៅរក របស់ឆន្នៈភិក្ខុ មានមែនហើយ ម្នាលសារីបុត្រ តែថា​តថាគត មិនហៅ​ថាជាបុគ្គល​គួរតិះដៀល ដោយហេតុ​មាន​ប្រមាណ​ប៉ុណ្ណេះទេ ម្នាលសារីបុត្រ អ្នកណាដាក់ចុះ នូវកាយនេះផង ប្រកាន់​នូវកាយឯទៀតផង តថាគត ហៅអ្នកនោះថា គួរគេតិះដៀល ដំណើរនោះ មិនមានដល់ឆន្នភិក្ខុទេ ឆន្នភិក្ខុ​នាំយក​នូវកាំបិត ឥតមានទោសឡើយ។ លុះព្រះមានព្រះភាគ ពោលពាក្យ​នេះហើយ ព្រះសារីបុត្រ​មានអាយុ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត​របស់ព្រះមានព្រះភាគ។

ចប់ ឆន្នោវាទសូត្រ ទី២។

បុណ្ណោវាទសូត្រ ទី៣

[២២៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី​ ទៀបក្រុង​សាវត្ថី។ គ្រានោះឯង ព្រះបុណ្ណៈមានអាយុ ចេញចាកទីសម្ងំ ក្នុងវេលារសៀល ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​ព្រះបុណ្ណៈ​មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មេត្តាប្រោស ទូន្មានខ្ញុំព្រះអង្គដោយ​ព្រះ​ឱវាទយ៉ាងសង្ខេប លុះខ្ញុំ​ព្រះអង្គស្តាប់នូវធម៌ របស់ព្រះមានព្រះភាគ​ហើយ នឹងចេញ​ទៅ​តែម្នាក់ឯង មិនប្រមាទ មានព្យាយាមជាគ្រឿង​ដុត​បំផ្លាញកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន សម្រេចសម្រាន្តឥរិយាបថ ទាំង៤។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាល​បុណ្ណៈ បើដូច្នោះ អ្នកចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យល្អ តថាគតនឹងសំដែង។ ព្រះបុណ្ណៈ​មានអាយុនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។

[២៣០] ព្រះមានព្រះភាគត្រាស់យ៉ាងនេះថា ម្នាលបុណ្ណៈ រូបដែលគប្បីដឹង​ដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុរីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់ នូវ​រូបនោះ កាលដែលភិក្ខុនោះ រីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់ នូវ​រូបនោះហើយ សេចក្តី​រីករាយ​ក៏កើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ការកើតឡើង នៃសេចក្តីទុក្ខ ព្រោះការ​កើតឡើង​ នៃសេចក្តីរីករាយ។ ម្នាលបុណ្ណៈ សំឡេងដែលគប្បីដឹង ​ដោយត្រចៀក… ក្លិន​ដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ… ធម៌ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុរីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់នូវ​ធម៌នោះ កាលដែលភិក្ខុនោះ រីករាយ ពោលសរសើរ ប្រកាន់ខ្ជាប់ នូវធម៌នោះហើយ សេចក្តី​រីករាយ ​ក៏កើតឡើង ម្នាលបុណ្ណៈ តថាគតពោលថា ការកើតឡើង នៃសេចក្តីទុក្ខ ព្រោះការ​កើតឡើង ​នៃសេចក្តីរីករាយ។

[២៣១] ម្នាលបុណ្ណៈ រូបដែលគប្បីដឹងដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុមិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវ​រូបនោះ កាលដែលភិក្ខុនោះ​មិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់ នូវរូបនោះហើយ សេចក្តី​រីករាយ​ក៏រលត់ទៅ ម្នាលបុណ្ណៈ តថាគតពោលថា ការរលត់សេចក្តីទុក្ខ ព្រោះការរលត់​សេចក្តីរីករាយ។ ម្នាលបុណ្ណៈ សំឡេងដែលគប្បីដឹងដោយត្រចៀក… ក្លិនដែលគប្បីដឹងដោយច្រមុះ… រសដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈ ដែលគប្បីដឹងដោយកាយ… ធម៌ដែលគប្បីដឹងដោយចិត្ត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយ​កាម គួរឲ្យកើតតម្រេកក៏មាន បើភិក្ខុមិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវ​ធម៌នោះ កាលដែលភិក្ខុនោះ​មិនរីករាយ មិនពោលសរសើរ មិនប្រកាន់ខ្ជាប់នូវធម៌នោះហើយ សេចក្តី​រីករាយ​ក៏រលត់ទៅ ម្នាលបុណ្ណៈ តថាគតពោលថា ការរលត់សេចក្តីទុក្ខ ព្រោះការរលត់​សេចក្តីរីករាយ។ ម្នាលបុណ្ណៈ តថាគតទូន្មានអ្នក ដោយឱវាទយ៉ាងសង្ខេបនេះឯង​ហើយ តើអ្នកនឹងនៅក្នុងជនបទណា។ ព្រះបុណ្ណៈក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទូន្មានខ្ញុំព្រះអង្គ ដោយឱវាទ​សង្ខេបនេះហើយ ខ្ញុំព្រះអង្គ នឹងនៅក្នុង​ជនបទឈ្មោះ សុនាបរន្តៈ ។

[២៣២] ព្រះមានព្រះភាគត្រាស់ថា ម្នាលបុណ្ណៈ ពួកមនុស្សអ្នកនៅក្នុង សុនាបរន្ត​ជនបទ សុទ្ធតែកាចៗ ម្នាលបុណ្ណៈ ពួកមនុស្សអ្នកនៅក្នុងសុនាបរន្ត​ជនបទ សុទ្ធតែរឹងរូស ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ ជេរ គម្រាមអ្នក ម្នាលបុណ្ណៈ អ្នកនឹងប្រព្រឹត្តក្នុងហេតុនោះ ដូចម្តេចទៅ។ ព្រះបុណ្ណៈ​ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹងជេរ គម្រាមខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយបាតដៃ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៣] ព្រះមានព្រះភាគសួរថា ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុង​សុនាបរន្ត​ជនបទ នឹងប្រហារអ្នក ដោយបាតដៃ ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះដូចម្តេច។ ព្រះបុណ្ណៈ​ក្រាបបង្គំទូល​ថា បពិត្រព្រះអង្គដ៏ចម្រើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹងប្រហារខ្ញុំព្រះអង្គ ដោយបាតដៃ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយដុំដី បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្ត​ក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៤] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារអ្នក ដោយដុំដី ម្នាលបុណ្ណៈ អ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារ​ខ្ញុំព្រះអង្គ ដោយដុំដី ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយដំបង បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៥] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារអ្នក ដោយដំបង ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារ​ខ្ញុំព្រះអង្គ ដោយដំបង ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនប្រហារអាត្មាអញ ដោយកាំបិត បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៦] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារអ្នក ដោយកាំបិត ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ប្រហារ​ខ្ញុំព្រះអង្គ ដោយកាំបិត ខ្ញុំព្រះអង្គនឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទនេះ ជាមនុស្សល្អ ពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ​នេះ ល្អណាស់ហ្ន៎ ដោយហេតុមនុស្សទាំងនេះ មិនផ្តាច់ជីវិតខ្ញុំព្រះអង្គ ដោយកាំបិត​ដ៏មុតឡើយ បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៧] ម្នាលបុណ្ណៈ ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹងផ្តាច់​ជីវិតអ្នក ដោយកាំបិតដ៏មុត ម្នាលបុណ្ណៈ តើអ្នកនឹងប្រព្រឹត្ត ក្នុងហេតុនោះ ដូចម្តេចទៀត។ បពិត្រព្រះអង្គដ៏ចំរើន ប្រសិនបើពួកមនុស្ស អ្នកនៅក្នុងសុនាបរន្ត​ជនបទ នឹង​ផ្តាច់ជីវិត​ខ្ញុំព្រះអង្គ ដោយកាំបិតដ៏មុតមែន ខ្ញុំព្រះអង្គនឹងប្រព្រឹត្តក្នុងហេតុនោះ យ៉ាងនេះថា ពួកសាវ័ករបស់ព្រះមានព្រះភាគ ជាទុក្ខ ធុញទ្រាន់ ខ្ពើមកាយ និងជីវិត តែងស្វែងរក នូវគ្រឿង​សស្ត្រា ជាគ្រឿង​នាំបង់នូវជីវិត អាត្មាអញ មិនបាច់ស្វែងរក​ នូវ​គ្រឿង​សស្ត្រា ជាគ្រឿង​នាំបង់នូវជីវិតនោះទេ ស្រាប់តែបានមក បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ បពិត្រព្រះសុគត ខ្ញុំ​ព្រះអង្គ នឹងប្រព្រឹត្តក្នុងហេតុនុ៎ះ យ៉ាងនេះ។

[២៣៨] ម្នាលបុណ្ណៈ ប្រពៃណាស់ហើយ ម្នាលបុណ្ណៈ អ្នកឯងប្រកបដោយការ​ទូន្មានចិត្ត និងការរម្ងាប់ចិត្តនេះហើយ ទើបគួរនឹងនៅក្នុងសុនាបរន្តជនបទបាន ម្នាល​បុណ្ណៈ ចូរអ្នកសំគាល់​នូវកាលគួរនឹងទៅ ឥឡូវនេះចុះ។ គ្រានោះឯង ព្រះបុណ្ណៈ​មានអាយុ ត្រេកអរ អនុមោទនា ចំពោះភាសិត នៃ​ព្រះមានព្រះភាគ ហើយក្រោក​ចាកអាសនៈ ថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយរៀបចំសេនាសនៈ រួចចាប់យកបាត្រ និងចីវរ និមន្តទៅកាន់ចារិក ក្នុងសុនាបរន្តជនបទ។ លុះនិមន្តទៅ​កាន់ចារិក តាមលំដាប់ ក៏បានដល់សុនាបរន្តជនបទនោះ។

[២៣៩] ឮថា ព្រះបុណ្ណៈមានអាយុ គង់នៅក្នុងសុនាបរន្តជនបទនោះ។ គ្រានោះ​ឯង ព្រះបុណ្ណៈមានអាយុ បានទូន្មាន​ពួកឧបាសក ប្រមាណ​៥០០ ខាងក្នុងវស្សានោះ បានទូន្មានពួកឧបាសិកា ប្រមាណ​៥០០ ខាងក្នុងវស្សានោះ ហើយលោកបានធ្វើ​ឲ្យជាក់​ច្បាស់ នូវវិជ្ជា៣ ខាងក្នុងវស្សានោះដែរ។ លំដាប់នោះ ព្រះបុណ្ណៈមានអាយុ ក៏បរិនិព្វាន​ទៅ ក្នុងសម័យខាងក្រោយ។ គ្រានោះឯង ភិក្ខុជាច្រើនរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កុលបុត្រឈ្មោះបុណ្ណៈ ដែលព្រះមានព្រះភាគទូន្មាន ដោយ​ឱវាទ​សង្ខេប លោកធ្វើមរណកាលទៅហើយ គតិរបស់លោក​ដូចម្តេច បរលោកដូចម្តេចទៅ។

[២៤០] ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កុលបុត្រឈ្មោះបុណ្ណៈ ជាបណ្ឌិត បានប្រព្រឹត្តធម៌ ដ៏សមគួរដល់​នវលោកុត្តរធម៌ ទាំងមិនបានញុំាងតថាគត ឲ្យលំបាកព្រោះធម៌ជាហេតុ ម្នាលភិក្ខុទាំងឡាយ កុលបុត្រឈ្មោះបុណ្ណៈ បរិនិព្វាន​ហើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ត្រេកអរ រីករាយ ចំពោះភាសិតរបស់ព្រះមានព្រះភាគ។

ចប់ បុណ្ណោវាទសូត្រ ទី៣។

នន្ទកោវាទសូត្រ ទី៤

[២៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ លំដាប់នោះ ព្រះនាង​មហាបជាបតិ​គោតមី ព្រមទាំងភិក្ខុនី ប្រមាណប្រាំរយរូប នាំគ្នាចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅ​ក្នុង​ទីដ៏សមគួរ។ លុះព្រះនាង​មហាបជាបតិ​គោតមី ឋិតនៅក្នុងទីដ៏សមគួរហើយ បាន​ក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់ទូន្មាន​ពួកភិក្ខុនី បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ប្រៀន​ប្រដៅ​ពួក​ភិក្ខុនី បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ធ្វើនូវ​ធម្មីកថាដល់ពួកភិក្ខុនី។

[២៤២] ក្នុងសម័យនោះឯង ពួកភិក្ខុជាថេរៈ តែងទូន្មាន​ពួកភិក្ខុនីតាមវេនៗ។ ចំណែក​នន្ទកៈមានអាយុ មិនចង់ទូន្មានពួកភិក្ខុនីតាមវេនឡើយ។ ទើប​ព្រះមានព្រះភាគ ត្រាស់ហៅព្រះអានន្ទមានអាយុមកថា ម្នាលអានន្ទ ថ្ងៃនេះ ជាវេនភិក្ខុណាហ្ន៎ ដែលត្រូវ​ឲ្យ​ឱវាទពួកភិក្ខុនីតាមវេន។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុទាំងអស់ បានធ្វើវេន ដើម្បីទូន្មានពួកភិក្ខុនី តាមវេនៗហើយ បពិត្រព្រះអង្គដ៏ចំរើន នន្ទកៈមានអាយុនេះ មិនចង់ទូន្មានពួកភិក្ខុនីតាមវេនទេ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅនន្ទកៈមានអាយុមកថា ម្នាលនន្ទកៈ អ្នកចូរទូន្មានពួកភិក្ខុនី ម្នាលនន្ទកៈ អ្នកចូរ​ប្រៀនប្រដៅពួកភិក្ខុនី ម្នាលព្រាហ្មណ៍ អ្នកចូរធ្វើនូវធម្មីកថា ដល់ពួកភិក្ខុនី។ នន្ទកៈ​មានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ​ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បី​បិណ្ឌបាត។ លុះត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត មានខ្លួនជាគំរប់ពីរ គឺមានគ្នាពីរនាក់ ចូលទៅកាន់​រាជការាម។ ពួកភិក្ខុនីទាំងនោះ បានឃើញ​នន្ទកៈមានអាយុ មកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាលអាសនៈ តំកល់ទឹកសម្រាប់លាងព្រះបាទ។ នន្ទកៈមានអាយុ អង្គុយលើ​អាសនៈ ដែលគេក្រាលទុកហើយ លុះអង្គុយស៊ប់ ទើបលាងជើង។ ភិក្ខុនីទាំងនោះ ថ្វាយ​បង្គំ​នន្ទកៈ​មានអាយុ ហើយអង្គុយក្នុងទីសមគួរ។

[២៤៣] លុះភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ នន្ទកៈ​មានអាយុ បាន​និយាយយ៉ាងនេះថា ម្នាលនាងទាំងឡាយ តទៅមុខ បើមានពាក្យគេសាកសួរ បើពួក​ភិក្ខុនីដឹងច្បាស់ ក្នុងប្រស្នានោះ គប្បីឆ្លើយថា ពួកយើងដឹង បើមិនដឹងទេ គប្បីឆ្លើយ​ថា ពួកយើង​មិនដឹងទេ មួយទៀត ភិក្ខុនីណា មានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ ភិក្ខុនី​នោះ គប្បីសួរយើង ក្នុងប្រស្នានោះចុះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះដូចម្តេច សេចក្តី​អធិប្បាយ របស់ពាក្យនេះ ដូចម្តេច។ ពួកភិក្ខុនីតបថា បពិត្រលោកដ៏ចម្រើន លោកម្ចាស់​នន្ទកៈ បវារណាយើង ដោយពាក្យណា ពួកយើងមានចិត្តត្រេកអរ រីករាយ ចំពោះ​លោកម្ចាស់​នន្ទកៈ ដោយពាក្យមានប្រមាណប៉ុណ្ណេះ។

[២៤៤] នន្ទកៈភិក្ខុសួរថា ម្នាលនាងទាំងឡាយ ពួកនាងសំគាល់នូវសេចក្តី​នោះ​ដូចម្តេច ចក្ខុទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណាដែលមិនទៀង ជាទុក្ខ មាន​សេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ​ យ៉ាងនោះទេ លោកម្ចាស់។ ម្នាលនាង​ទាំងឡាយ ពួកនាងសំគាល់សេចក្តី​នោះ​ ដូចម្តេច ត្រចៀកទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ច្រមុះទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ អណ្តាតទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ចិត្តទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មាន​សេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ ​យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញា​ដ៏​ប្រពៃថា អាយតនៈខាងក្នុង ទាំងប្រាំមួយនេះ មិនទៀងទេ។ ម្នាល​នាងទាំងឡាយ ប្រពៃ​ណាស់ហើយ ម្នាលនាង​ទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​ដោយប្រាជ្ញាដ៏​ប្រពៃ តាមពិតយ៉ាងនោះដែរ។

[២៤៥] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច រូប​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា មិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួន​អញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ​ យ៉ាងនោះទេ លោកម្ចាស់។ ម្នាល​នាងទាំងឡាយ ពួកនាង​សំគាល់សេចក្តីនោះ​ ដូចម្តេច សំឡេង​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ក្លិនទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ រស​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ផោដ្ឋព្វៈ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ធម្មារម្មណ៍ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មាន​សេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ ​យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោក​ដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញា​ដ៏​ប្រពៃ អាយតនៈ​ខាងក្រៅ ទាំង៦នេះ មិនទៀងទេ។ ម្នាល​នាងទាំងឡាយ ប្រពៃ​ណាស់ហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​ដោយប្រាជ្ញាដ៏​ប្រពៃ តាមពិតយ៉ាងនោះដែរ។

[២៤៦] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច ចក្ខុវិញ្ញាណ​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា មិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួន​អញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ ​យ៉ាងនោះទេ លោកម្ចាស់។ ម្នាល​នាងទាំងឡាយ ពួកនាង​សំគាល់សេចក្តីនោះ​ ដូចម្តេច សោតវិញ្ញាណ​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ឃានវិញ្ញាណទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ជិវ្ហាវិញ្ញាណ​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ មនោវិញ្ញាណ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ របស់នោះជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មាន​សេចក្តីប្រែប្រួល​ជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ​ យ៉ាងនុ៎ះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោក​ដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើង​បានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញា​ ដ៏​ប្រពៃថា វិញ្ញាណកាយ​ ទាំង៦នេះ មិនទៀងទេ។ ម្នាល​នាងទាំងឡាយ ប្រពៃ​ណាស់ហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​ដោយប្រាជ្ញាដ៏​ប្រពៃតាមពិត យ៉ាងនោះដែរ។

[២៤៧] ម្នាលនាងទាំងឡាយ សេចក្តីប្រៀបថា ប្រទីបពេញដោយ​ប្រេងកំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា អណ្តាតភ្លើងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ពន្លឺក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា និយាយយ៉ាងនេះថា ប្រទីប​ពេញដោយប្រេងឯណោះ កំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា អណ្តាតភ្លើង ក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ពន្លឺណា របស់ប្រទីបនោះ ពន្លឺនោះ ទើបទៀងទាត់ ឋិតថេរ​ មិនមានសេចក្តីប្រែប្រួល​ជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវ​ដែរឬ។ ការនិយាយនុ៎ះ មិនត្រូវទេ លោកម្ចាស់។ ពាក្យនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ប្រទីបពេញដោយប្រេងឯណោះ កំពុងតែឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា អណ្តាតភ្លើងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់ទៅ​ពន្លឺរបស់ប្រទីបនោះ ដែលជារបស់​មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា។

[២៤៨] ម្នាលនាងទាំងឡាយ សេចក្តីនេះ ក៏ដូច្នេះដែរ ជនណានិយាយ យ៉ាងនេះថា អាយតនៈខាងក្នុងប្រាំមួយនេះ មិនទៀង អាត្មាអញ ទទួលដឹងអារម្មណ៍​ណាជាសុខ ឬជា​ទុក្ខ ឬមិនទុក្ខមិនសុខ ព្រោះអាស្រ័យ​អាយតនៈខាងក្នុង អារម្មណ៍នោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួល​ជាធម្មតា ម្នាលនាងទាំងឡាយ ជននោះ​ឈ្មោះថា និយាយ​ត្រឹមត្រូវដែរឬ។ ការនិយាយនុ៎ះ មិនត្រឹមត្រូវទេ លោកម្ចាស់។ ពាក្យនោះ មិនត្រឹមត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា វេទនា ដែលកើត អំពីអាយតនៈ​ខាងក្នុងនោះៗ តែងកើត​ឡើង ព្រោះអាស្រ័យបច្ច័យ ដែលកើតអំពី​អាយតនៈ​ខាងក្នុងនោះៗ វេទនា ដែលកើត អំពីអាយតនៈ​ខាងក្នុងនោះៗ តែងរលត់ទៅ ព្រោះរលត់នៃបច្ច័យ ដែលកើតអំពី​អាយតនៈខាងក្នុងនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃ​ណាស់ហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​តាមពិត ដោយ​ប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។

[២៤៩] ម្នាលនាងទាំងឡាយ ប្រៀបដូច​ជាឈើធំ មានខ្លឹមកំពុង​ឈរនៅ ឫស​ក៏​មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ស្រមោល ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា ​និយាយយ៉ាងនេះថា ឈើ​ធំឯណោះ មានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើម​ក៏​មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹក​ក៏មិនទៀង មានសេចក្តី​ប្រែប្រួល​ជាធម្មតា ស្រមោលណា របស់ឈើនោះ ស្រមោលនោះ ទៀងទាត់ ឋិតថេរ មិនមាន​សេចក្តីប្រែប្រួលជាធម្មតា អ្នកនោះ ឈ្មោះថា និយាយត្រឹមត្រូវ​ដែរឬ។ ការ​និយាយនុ៎ះ មិនត្រូវទេ លោកម្ចាស់។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រ​លោកម្ចាស់​ដ៏ចម្រើន ព្រោះថា ឈើធំឯណោះ មានខ្លឹម កំពុងឈរនៅ ឫស​ក៏មិនទៀង មានសេចក្តី​ប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក​និង​សន្លឹក​ ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយ​ទៅថ្វី ដល់ស្រមោល​របស់ឈើនោះ ដែលជារបស់​មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។

[២៥០] ម្នាលនាងទាំងឡាយ សេចក្តីនេះ ក៏យ៉ាងនោះដែរ ជនណានិយាយ​យ៉ាងនេះថា អាតយនៈខាងក្រៅប្រាំមួយនេះ មិនទៀង អាត្មាអញ អាស្រ័យ​អាយតនៈ​ខាងក្រៅហើយ ទទួលដឹង​អារម្មណ៍ណា ជាសុខ ឬជាទុក្ខ ឬមិនមែនទុក្ខមិនមែនសុខ អារម្មណ៍​នោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកម្ចាស់ដ៏ចម្រើន ការនិយាយនុ៎ះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា វេទនាដែលកើត អំពីអាយតនៈ​ខាងក្រៅនោះៗ តែងកើត​ឡើង ព្រោះអាស្រ័យបច្ច័យ ដែលកើតអំពី​អាយតនៈខាងក្រៅនោះៗ វេទនា ដែលកើត អំពីអាយតនៈ​ខាងក្រៅនោះៗ រលត់ទៅវិញ ព្រោះរលត់បច្ច័យ ដែលកើតអំពី​អាយតនៈខាងក្រៅនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃ​ណាស់ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​តាមពិត ដោយ​ប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។

[២៥១] ម្នាលនាងទាំងឡាយ ប្រៀបដូចជាបុរសអ្នកសម្លាប់គោ ឬកូនសិស្ស​អ្នក​សម្លាប់គោ ដែលប្រសប់ សម្លាប់នូវមេគោ ហើយពន្លះនូវមេគោ ដោយកាំបិត​សម្រាប់​អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺសាច់វាវ ខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណង​ខាងក្នុងក្តី ក៏អារពន្លះ​កាត់យក​វត្ថុនោះៗ ដោយកាំបិតសម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែក​ខាងក្រៅ មកគ្របមេគោ ដោយស្បែកនោះវិញដដែល ហើយនិយាយយ៉ាងនេះថា មេគោ​នេះ នៅមានស្បែកដូចមុនដដែល ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយ​ត្រឹមត្រូវដែរឬ។ បពិត្រលោកម្ចាស់ ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកម្ចាស់ដ៏ចម្រើន ព្រោះថា បុរសអ្នកសម្លាប់គោ ឬកូនសិស្ស​អ្នក​សម្លាប់គោឯណោះ ដែលប្រសប់ បានសម្លាប់នូវមេគោ ហើយអារ​នូវមេគោ ដោយកាំបិត​សម្រាប់​អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺសាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណង​ខាងក្នុងក្តី ក៏អារពន្លះ ​កាត់យក​វត្ថុនោះៗ ដោយកាំបិត​សម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែក​ខាងក្រៅ មកគ្របមេគោនោះ ដោយស្បែកនោះវិញដដែល ជននោះ និយាយយ៉ាងនេះថា មេគោ​នេះ នៅមានស្បែកដូចមុនដដែល ដូច្នេះក៏ពិតមែនហើយ ប៉ុន្តែមេគោនោះ ប្រាសចាក​ស្បែកនោះហើយ ដោយប្រាកដ។

[២៥២] ម្នាលនាងទាំងឡាយ ពាក្យឧបមាដែលយើងធ្វើហើយនេះ ដើម្បី​ឲ្យ​ពួក​នាង​ដឹងច្បាស់ នូវសេចក្តីអធិប្បាយ។ ឯសេចក្តីអធិប្បាយ ក្នុងអាយតនៈនុ៎ះ ដូចតទៅ​នេះ។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ខាងក្នុងនុ៎ះ ជាឈ្មោះ នៃអាយតនៈខាងក្នុង​ប្រាំមួយ។ ម្នាលនាងទាំងឡាយ ពាក្យថា ស្បែកខាងក្រៅនុ៎ះ ជាឈ្មោះ នៃអាយតនៈខាងក្រៅ​ប្រាំមួយ។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ វាវ ខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណង​ខាងក្នុងក្តី នុ៎ះជាឈ្មោះ នៃនន្ទិរាគ។ ម្នាលនាងទាំងឡាយ ពាក្យថា កាំបិតសម្រាប់អារគោដ៏មុតនុ៎ះ ជាឈ្មោះ នៃប្រាជ្ញាដ៏ប្រសើរ។ ប្រាជ្ញាដ៏ប្រសើរនេះ តែង​អារពន្លះ កាត់​កិលេសខាងក្នុង សំយោជនៈខាងក្នុង ចំណង​ខាងក្នុង។

[២៥៣] ម្នាលនាងទាំងឡាយ ពោជ្ឈង្គទាំងប្រាំពីរនេះ ភិក្ខុណាចម្រើនហើយ ធ្វើ​ឲ្យរឿយៗហើយ ភិក្ខុនោះ រមែងអស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យ​ជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ សម្រេច​សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤។ ពោជ្ឈង្គ ទាំង៧ ដូចម្តេចខ្លះ។ ម្នាលនាងទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ​សេចក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ឈមមុខ​ទៅកាន់សេចក្តី​លះបង់ ចម្រើននូវធម្មវិចយសម្ពោជ្ឈង្គ… ចម្រើននូវវីវិយសម្ពោជ្ឈង្គ… ចម្រើននូវបីតិសម្ពោជ្ឈង្គ… ចម្រើននូវបស្សទ្ធិសម្ពោជ្ឈង្គ… ចម្រើននូវសមាធិ​សម្ពោជ្ឈង្គ… ចម្រើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យ​សេចក្តីប្រាស​ចាក​តម្រេក អាស្រ័យសេចក្តីរលត់ ឈមមុខ​ទៅកាន់សេចក្តី​លះបង់។ ម្នាលនាងទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលភិក្ខុណា បានចម្រើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ រមែង​អស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ ទាំង៤។

[២៥៤] លំដាប់នោះឯង ព្រះនន្ទកៈមានអាយុ ទូន្មានពួកភិក្ខុនីនោះ ដោយ​ឱវាទ​នេះហើយ ទើបបញ្ជូនទៅថា ម្នាលនាងទាំងឡាយ ចូរពួកនាងទៅចុះ ព្រោះ​កាលគួរ​ហើយ។ ទើបភិក្ខុនីទាំងនោះ ត្រេកអរ អនុមោទនា នូវភាសិត របស់​ព្រះនន្ទកៈ​មានអាយុ ហើយក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំ​ព្រះនន្ទកៈមានអាយុ ធ្វើប្រទក្សិណហើយ ចូល​ទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅ​ក្នុង​ទីដ៏សមគួរ។ លុះភិក្ខុនីទាំងនោះ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុនីទាំងឡាយ ចូរពួកនាងទៅចុះ ព្រោះកាលគួរហើយ។ ទើបភិក្ខុនីទាំងនោះ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចេញទៅ។

[២៥៥] កាលដែលភិក្ខុនីទាំងនោះ ចេញទៅ​មិនយូរប៉ុន្មាន ទើប​ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃឧបោសថ ទី១៤ ជនជាច្រើន រមែងមិនមានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ថា ព្រះចន្ទខ្វះ ឬព្រះចន្ទពេញ ដូច្នេះឡើយ រមែង​ចូលចិត្តថា ព្រះចន្ទខ្វះដោយពិត សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក៏ពួកភិក្ខុនីនោះ គ្រាន់តែ​មានសេចក្តីត្រេកអរ នឹងធម្មទេសនា របស់​នន្ទកភិក្ខុមែន ប៉ុន្តែមានបំណងមិនបានពេញលេញឡើយ មានឧបមេយ្យ យ៉ាងនោះឯង។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់ហៅព្រះនន្ទកៈមានអាយុថា ម្នាលនន្ទកៈ បើដូច្នោះ ក្នុងថ្ងៃស្អែក អ្នកគប្បីទូន្មានពួកភិក្ខុនីនោះ ដោយឱវាទនោះទៀត។ ព្រះនន្ទកៈ​មានអាយុ ទទួល​ព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៥៦] លំដាប់នោះឯង ព្រះនន្ទកៈមានអាយុ កាលរាត្រីនោះកន្លងទៅ ក៏ស្លៀក​ស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះ​ត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត មានខ្លួនជាគំរប់ពីរ ចូលទៅកាន់​រាជការាម។ ភិក្ខុនីទាំងនោះ បានឃើញព្រះនន្ទកៈមានអាយុ និមន្តមកអំពីចម្ងាយ។ លុះ​ឃើញហើយ ក៏នាំគ្នាក្រាលអាសនៈផង តំកល់ទឹក​សម្រាប់លាងជើងផង។ ព្រះនន្ទកៈ​មានអាយុ គង់លើអាសនៈ ដែលពួកភិក្ខុនីក្រាលហើយ។ លុះគង់រួចហើយ ទើប​លាង​នូវជើងទាំងឡាយ។ ឯពួកភិក្ខុនីនោះ ថ្វាយបង្គំ​ព្រះនន្ទកៈមានអាយុ ហើយ​អង្គុយនៅ​ក្នុងទីសមគួរ។

[២៥៧] លុះពួកភិក្ខុនីនោះ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះនន្ទកៈមានអាយុ បានសួរយ៉ាងនេះថា ម្នាលនាងទាំងឡាយ បើមានពាក្យសាកសួរ ពួកភិក្ខុនីអាចដឹង​ក្នុង​ប្រស្នានោះ គប្បីឆ្លើយថា ពួកយើងដឹង (បើ) មិនដឹងទេ គប្បីឆ្លើយថា ពួកយើង​មិនដឹង​ទេ បើសេចក្តីសង្ស័យ ឬងឿងឆ្ងល់ មានដល់ភិក្ខុនីណា ភិក្ខុនីនោះ គប្បីសួរយើង ក្នុងប្រស្នា​នោះថា បពិត្រលោកដ៏ចម្រើន ពាក្យនេះដូចម្តេច សេចក្តីអធិប្បាយរបស់ពាក្យនេះ ដូចម្តេច។ បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់នន្ទកៈ បវារណាយើងដោយពាក្យ​ណា យើងមានសេចក្តីត្រេកអរ រីករាយ ចំពោះ​លោកម្ចាស់នន្ទកៈ ដោយពាក្យមានប្រមាណ​ប៉ុណ្ណេះ។

[២៥៨] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់​សេចក្តីនោះ ដូចម្តេច ចក្ខុទៀង ឬ​មិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មាន​សេចក្តីប្រែប្រួល​ជាធម្មតា គួរយល់ឃើញរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ ​យ៉ាងនោះទេ លោកម្ចាស់។ ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តី​នោះ ​ដូចម្តេច ត្រចៀកទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ច្រមុះទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ អណ្តាតទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ចិត្តទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ របស់ណា ដែល​មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មាន​សេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ ​យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោក​ម្ចាស់ដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញា​ដ៏​ប្រពៃថា អាយតនៈ​ខាងក្នុង៦នេះ មិនទៀងទេ។ ម្នាល​នាងទាំងឡាយ ប្រពៃ​ណាស់ហើយ ម្នាលនាងទាំងឡាយ រឿងនុ៎ះ អរិយសាវ័ក ក៏ឃើញ​ពិតប្រាកដ ដោយប្រាជ្ញាដ៏​ប្រពៃ យ៉ាងនោះដែរ។

[២៥៩] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់សេចក្តីនោះ ដូចម្តេច រូប​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួល​ជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួន​អញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ​ យ៉ាងនោះទេ លោកម្ចាស់។ ម្នាល​នាងទាំងឡាយ ពួកនាង​សំគាល់សេចក្តីនោះ​ ដូចម្តេច សំឡេង​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ក្លិនទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ រស​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ផោដ្ឋព្វៈ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ធម្មារម្មណ៍ ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មាន​សេចក្តីប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនអញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ​យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោក​ដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើងបានឃើញតាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញា​ដ៏​ប្រពៃថា អាយតនៈ​ខាងក្រៅទាំង៦នេះ មិនទៀងទេ។ ម្នាល​នាងទាំងឡាយ ប្រពៃពេកហើយ​ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​ពិតប្រាកដ ដោយប្រាជ្ញាដ៏​ប្រពៃ យ៉ាងនោះដែរ។

[២៦០] ម្នាលនាងទាំងឡាយ ពួកនាងសំគាល់នូវសេចក្តីនោះ ដូចម្តេច ចក្ខុ​វិញ្ញាណ​​ទៀង ឬមិនទៀង។ មិនទៀងទេ លោកម្ចាស់។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ មាន​សេចក្តី​ប្រែប្រួលជាធម្មតា គួរយល់ឃើញ នូវរបស់​នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួន​អញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ​យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោក​ដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើង​បានឃើញ​តាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញា​ដ៏​ប្រពៃថា វិញ្ញាណកាយ​ ទាំង៦នេះ មិនទៀង។ ម្នាល​នាងទាំងឡាយ ប្រពៃ​ពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​ពិតប្រាកដ ដោយប្រាជ្ញាដ៏​ប្រពៃ យ៉ាងនោះដែរ។ សោតវិញ្ញាណទៀង ឬមិន​ទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ឃានវិញ្ញាណទៀង ឬមិន​ទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ជិវ្ហាវិញ្ញាណ ទៀង ឬមិន​ទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ កាយ​វិញ្ញាណ ទៀង ឬមិន​ទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ មនោវិញ្ញាណ ទៀង ឬមិន​ទៀង។ មិនទៀងទេ លោកម្ចាស់។បេ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ ជាទុក្ខ លោកម្ចាស់។ របស់ណា ដែលមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា គួរ​យល់ឃើញ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួន​អញ ដូច្នេះដែរឬ។ មិនគួរយល់ឃើញ ​យ៉ាងនោះទេ លោកម្ចាស់។ សេចក្តីនោះ ព្រោះហេតុអ្វី។ បពិត្រលោក​ដ៏ចម្រើន ព្រោះថា ក្នុងកាលមុន ពួកយើង​បានឃើញ​តាមពិត នូវសេចក្តីនុ៎ះ ដោយប្រាជ្ញា​ដ៏​ប្រពៃថា វិញ្ញាណកាយ​ ទាំង៦នេះ មិនទៀងទេ។ ម្នាល​នាងទាំងឡាយ ប្រពៃ​ពេកហើយ ម្នាលនាងទាំងឡាយ រឿងនុ៎ះ អរិយសាវ័ក ក៏ឃើញ​ពិតប្រាកដ ដោយប្រាជ្ញាដ៏​ប្រពៃ យ៉ាងនោះដែរ។

[២៦១] ម្នាលនាងទាំងឡាយ ប្រៀបដូចជាប្រទីប ពេញដោយ​ប្រេងកំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា អណ្តាតភ្លើង ក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ពន្លឺ ក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា និយាយយ៉ាងនេះថា ប្រទីប​ពេញដោយប្រេងឯណោះ កំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា អណ្តាតភ្លើង ក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា តែពន្លឺណា របស់ប្រទីបនោះ ពន្លឺនោះទៀងទាត់ ឋិតថេរ​ មិនមានសេចក្តីប្រែប្រួល​ជាធម្មតា ម្នាលនាងទាំងឡាយ ជននោះឈ្មោះថា និយាយ​ត្រឹមត្រូវ​ដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនោះ មិនត្រូវទេ។ ការនិយាយ​នោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា ប្រទីបពេញដោយប្រេងឯណោះ កំពុងឆេះ ប្រេងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ប្រឆេះក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា អណ្តាតភ្លើងក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា ចាំបាច់និយាយទៅថ្វី ដល់​ពន្លឺរបស់ប្រទីបនោះ ដែលជារបស់​មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា។

[២៦២] ម្នាលនាងទាំងឡាយ ដំណើរនេះក៏ដូច្នោះដែរ ជនណា និយាយ​យ៉ាង​នេះ​ថា អាយតនៈខាងក្នុង ទាំង៦នេះ មិនទៀង អាត្មាអញ អាស្រ័យ​អាយតនៈខាងក្នុង ទាំង៦​ហើយ ទទួលដឹងវេទនាណាជាសុខ ឬជា​ទុក្ខ ឬក៏មិនមែនទុក្ខមិនមែនសុខ វេទនានោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួល​ជាធម្មតា ម្នាលនាងទាំងឡាយ ជននោះ​ឈ្មោះថា និយាយ​ត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា វេទនា​ដែលកើត អំពីអាយតនៈ​ខាងក្នុងនោះៗ តែងកើត​ឡើង ព្រោះអាស្រ័យបច្ច័យ ដែល​កើតអំពី​អាយតនៈខាងក្នុងនោះៗ វេទនា ដែលកើត អំពីអាយតនៈ​ខាងក្នុងនោះៗ រលត់​ទៅ ព្រោះរលត់នៃបច្ច័យ ដែលកើតអំពី​អាយតនៈខាងក្នុងនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃ​ពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​ពិតប្រាកដ ដោយ​ប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។

[២៦៣] ម្នាលនាងទាំងឡាយ ប្រៀបដូច​ជាឈើធំ មានខ្លឹមកំពុង​ឈរនៅ ឫស​ក៏​មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែកនិងសន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ស្រមោល ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។ ម្នាលនាងទាំងឡាយ ជនណា ​និយាយយ៉ាងនេះថា ឈើ​ធំឯណោះ មានខ្លឹម កំពុងឈរនៅ ឫសក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើម​ក៏​មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក និងសន្លឹក​ ក៏មិនទៀង មានសេចក្តីប្រែប្រួល​ជាធម្មតា តែស្រមោលណា របស់ឈើនោះ ស្រមោលនោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតាឡើយ ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយត្រឹមត្រូវ​ដែរឬ។ បពិត្រលោកដ៏ចម្រើន ការ​និយាយនុ៎ះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រ​លោកដ៏ចម្រើន ព្រោះថា ឈើធំឯណោះ​មានខ្លឹម កំពុងឈរនៅ ឫស​ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ដើមក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា មែក​ និង​សន្លឹក ក៏មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា ចាំបាច់និយាយ​ទៅថ្វី ដល់ទៅស្រមោល ​របស់ឈើនោះ ដែលជារបស់​មិនទៀង មានសេចក្តីប្រែប្រួលជាធម្មតា។

[២៦៤] ម្នាលនាងទាំងឡាយ សេចក្តីនេះ ក៏ដូច្នោះដែរ ជនណានិយាយ​យ៉ាងនេះថា អាតយនៈខាងក្រៅ ទាំង៦នេះ មិនទៀង អាត្មាអញ អាស្រ័យ​អាយតនៈ​ខាងក្រៅហើយ ទទួលដឹង​វេទនាណា ជាសុខ ឬជាទុក្ខ ឬក៏មិនមែនទុក្ខ មិនមែនសុខ អារម្មណ៍​នោះ ទៀងទាត់ ឋិតថេរ មិនមានសេចក្តីប្រែប្រួលជាធម្មតាឡើយ ម្នាល​នាង​ទាំងឡាយ ជននោះឈ្មោះថា និយាយត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនុ៎ះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោក​ដ៏ចម្រើន ព្រោះថា វេទនាដែលកើត អំពីអាយតនៈ​ខាងក្រៅនោះៗ តែងកើត​ឡើង ព្រោះអាស្រ័យបច្ច័យ ដែលកើតអំពី​អាយតនៈខាងក្រៅនោះៗ វេទនា ដែលកើត អំពីអាយតនៈ​ខាងក្រៅនោះៗ រលត់ទៅ ព្រោះរលត់នៃបច្ច័យ ដែលកើតអំពី​អាយតនៈ​ខាងក្រៅនោះៗ។ ម្នាលនាងទាំងឡាយ ប្រពៃ​ពេកហើយ ម្នាលនាងទាំងឡាយ សេចក្តីនុ៎ះ អរិយសាវ័ក ក៏ឃើញ​ពិតប្រាកដ ដោយ​ប្រាជ្ញាដ៏ប្រពៃ យ៉ាងនោះដែរ។

[២៦៥] ម្នាលនាងទាំងឡាយ ប្រៀបដូចជាបុរសអ្នកសម្លាប់គោ ឬកូនសិស្ស​អ្នក​សម្លាប់គោ ដែលប្រសប់ សម្លាប់មេគោ ហើយពន្លះនូវមេគោ ដោយកាំបិត​សម្រាប់​អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺ សាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណង​ខាងក្នុង ក៏អារពន្លះ​កាត់​វត្ថុនោះៗ ដោយកាំបិតសម្រាប់អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែក​ខាងក្រៅ មកគ្របមេគោនោះ ដោយស្បែកនោះវិញដដែល ហើយនិយាយ យ៉ាងនេះថា មេគោ​នេះ នៅមានស្បែកដូចមុនដដែល ម្នាលនាងទាំងឡាយ ជននោះ ឈ្មោះថា និយាយ​ត្រឹមត្រូវដែរឬ។ បពិត្រលោកដ៏ចម្រើន ការនិយាយនោះ មិនត្រូវទេ។ ការនិយាយនោះ មិនត្រូវ ព្រោះហេតុអ្វី។ បពិត្រលោកដ៏ចម្រើន ព្រោះថា បុរសអ្នក​សម្លាប់គោ ឬកូនសិស្ស​អ្នក​សម្លាប់គោឯណោះ ដែលប្រសប់ បានសម្លាប់មេគោ ហើយពន្លះនូវមេគោ ដោយកាំបិត​សម្រាប់​អារគោដ៏មុត មិនឲ្យខូចសាច់ខាងក្នុង មិនឲ្យខូចស្បែកខាងក្រៅ បណ្តាវត្ថុទាំងនោះ វត្ថុណាៗ គឺ សាច់វាវខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណង​ខាងក្នុងក្តី ក៏អារពន្លះ​កាត់​វត្ថុនោះៗ ដោយកាំបិត​សម្រាប់​អារគោដ៏មុត លុះអារពន្លះកាត់រួចហើយ ក៏បកយកស្បែក​ខាងក្រៅ មកគ្របមេគោនោះ ដោយស្បែកនោះដដែល អ្នកនោះនិយាយយ៉ាងនេះថា មេគោ​នេះ នៅមានស្បែក​ដូច​មុនដដែល ក៏ពិតមែនហើយ ប៉ុន្តែមេគោនោះ ប្រាសចាក​ស្បែកនោះទៅហើយ។

[២៦៦] ម្នាលនាងទាំងឡាយ ពាក្យឧបមាដែលយើងធ្វើហើយនេះ ដើម្បី​ឲ្យ​ពួក​នាង​ដឹងច្បាស់ នូវសេចក្តីអធិប្បាយ។ ឯសេចក្តីអធិប្បាយ ក្នុងអាយតនៈនុ៎ះ ដូចតទៅ​នេះ។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ខាងក្នុងដូច្នេះនុ៎ះ ជាឈ្មោះនៃអាយតនៈ​ខាងក្នុង៦។ ម្នាលនាងទាំងឡាយ ពាក្យថា ស្បែកខាងក្រៅដូច្នេះនុ៎ះ ជាឈ្មោះនៃអាយតនៈ​ខាងក្រៅ៦។ ម្នាលនាងទាំងឡាយ ពាក្យថា សាច់ វាវ ខាងក្នុងក្តី សរសៃខាងក្នុងក្តី ចំណង​ខាងក្នុងក្តី ដូច្នេះនុ៎ះ ជាឈ្មោះនៃនន្ទិរាគៈ។ ម្នាលនាងទាំង​ឡាយ ពាក្យថា កាំបិតសម្រាប់អារគោដ៏មុត ដូច្នេះនុ៎ះ ជាឈ្មោះនៃប្រាជ្ញាដ៏ប្រសើរ។ ប្រាជ្ញាដ៏ប្រសើរនេះ តែង​អារពន្លះ កាត់​នូវកិលេសខាងក្នុង សំយោជនៈខាងក្នុង និងចំណង​ខាងក្នុង។

[២៦៧] ម្នាលនាងទាំងឡាយ ពោជ្ឈង្គទាំងប្រាំពីរនេះ ភិក្ខុណាចម្រើនហើយ ធ្វើ​ឲ្យរឿយៗហើយ ភិក្ខុនោះ រមែងអស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យ​ជាក់ច្បាស់ បានដោយខ្លួនឯង ក្នុងបច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ សម្រេច​សម្រាន្តនៅ ដោយឥរិយាបថ​ ទាំង៤។ ពោជ្ឈង្គទាំង៧ ដូចម្តេចខ្លះ។ ម្នាលនាងទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចម្រើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ​ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ ​នូវ​សេចក្តីប្រាសចាកតម្រេក អាស្រ័យនូវសេចក្តីរលត់ ឈមមុខ​ទៅកាន់សេចក្តី​លះបង់ ចម្រើននូវធម្មវិចយសម្ពោជ្ឈង្គ… ចម្រើននូវវីវិយសម្ពោជ្ឈង្គ… ចម្រើននូវ​បីតិសម្ពោជ្ឈង្គ… ចម្រើននូវបស្សទ្ធិសម្ពោជ្ឈង្គ… ចម្រើននូវសមាធិ​សម្ពោជ្ឈង្គ… ចម្រើននូវ​ឧបេក្ខា​សម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវ​សេចក្តីប្រាស​ចាក​តម្រេក អាស្រ័យនូវសេចក្តីរលត់ ឈមមុខ​ទៅកាន់សេចក្តី​លះបង់។ ម្នាលនាងទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលភិក្ខុណា បានចម្រើន បានធ្វើឲ្យរឿយៗហើយ ភិក្ខុនោះ រមែង​អស់អាសវៈទាំងឡាយ ហើយត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ បានដល់ដោយខ្លួនឯង ក្នុង​បច្ចុប្បន្ន នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ ទាំង៤។

[២៦៨] លំដាប់នោះឯង លុះព្រះនន្ទកៈមានអាយុ បានទូន្មាន​ភិក្ខុនីទាំងនោះ ដោយ​​ឱវាទនេះហើយ ទើបបញ្ជូនទៅថា ម្នាលនាងទាំងឡាយ ពេលល្មមហើយ ចូរ​នាំគ្នា​ទៅចុះ។ គ្រានោះឯង ពួកភិក្ខុនីនោះ ត្រេកអរ អនុមោទនា នូវភាសិតរបស់​ព្រះនន្ទកៈមានអាយុហើយ ក៏ក្រោកអំពីអាសនៈ ថ្វាយបង្គំ​ព្រះនន្ទកៈមានអាយុ ធ្វើ​ប្រទក្សិណហើយ ទើបចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុនីនោះ ឋិតនៅក្នុងទី​ដ៏សមគួរហើយ ទើបព្រះមានព្រះភាគ ត្រាស់យ៉ាងនេះថា ម្នាលនាងទាំងឡាយ ពេល​ល្មម​ហើយ ចូរទៅចុះ។ លំដាប់នោះ ពួកភិក្ខុនីនោះ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយទើបចេញទៅ។

[២៦៩] កាលដែលពួកភិក្ខុនីនោះ ចេញទៅមិនយូរប៉ុន្មាន ទើប​ព្រះមានព្រះភាគ ត្រាស់​ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងថ្ងៃឧបោសថ ទី១៥ ជនជាច្រើន តែង​មិនមានសេចក្តីសង្ស័យ ឬងឿងឆ្ងល់ថា ព្រះចន្ទខ្វះ ឬព្រះចន្ទពេញ ដូច្នេះឡើយ គឺ​ចូលចិត្តថា ព្រះចន្ទពេញដោយពិត សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ពួកភិក្ខុនីនោះ មានសេចក្តីត្រេកអរ ក្នុងធម្មទេសនា របស់​នន្ទកភិក្ខុផង មានបំណងពេញលេញផង ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុនីទាំងឡាយ​ប្រាំរយនោះ ភិក្ខុនីណា ដែលក្រោយគេបំផុត ភិក្ខុនីនោះ ជា​សោតាបន្នា មានសភាព​មិនធ្លាក់ទៅក្នុងអបាយភូមិ ជាអ្នកទៀង តទៅភពខាងមុខ នឹង​បាន​ត្រាស់ដឹង (នូវសច្ចធម៌)។ លុះព្រះមានព្រះភាគ ត្រាស់ពាក្យនេះចប់ហើយ ភិក្ខុ​ទាំងនោះ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ នន្ទកោវាទសូត្រ ទី៤។

ចូឡរាហុលោវាទសូត្រ ទី៥

[២៧០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់​គង់នៅក្នុងទីស្ងាត់ ពួនសម្ងំ (ក្នុងផលសមាបត្តិ) ក៏មានព្រះតម្រិះ ក្នុងព្រះហឫទ័យ កើតឡើងយ៉ាងនេះថា ធម៌ទាំងឡាយ សម្រាប់​ធ្វើវិមុត្តិឲ្យចាស់ក្លា របស់រាហុល ចាស់ក្លា​ហើយ បើដូច្នោះ គួរតែតថាគតទូន្មានរាហុល ក្នុងការអស់ទៅនៃ​អាសវៈទាំងឡាយ តទៅទៀត។

[២៧១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុង​វេលា​ព្រឹកព្រហាម ស្តេចចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ លុះព្រះអង្គស្តេច​ទៅ​បិណ្ឌបាត ក្នុងក្រុងសាវត្ថីហើយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាល​ជាខាងក្រោយ​នៃ​ភត្តវិញ ទ្រង់ត្រាស់ហៅព្រះរាហុលមានអាយុថា ម្នាលរាហុល ចូរអ្នកកាន់យក​សំពត់​និសីទនៈ យើងនឹងចូលទៅឯអន្ធវ័ន (ព្រៃជាទីនៅនៃចោរខ្វាក់) ដើម្បី​សម្រាកក្នុង​វេលាថ្ងៃ។ ព្រះរាហុលមានអាយុ ទទួលតប​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះ​ករុណា ព្រះអង្គ ហើយក៏កាន់យកសំពត់​និសីទនៈ ដើរតាមក្រោយៗ​ព្រះមានព្រះភាគ​ទៅ។ សម័យនោះឯង ទេវតាច្រើនពាន់ ទៅតាមព្រះមានព្រះភាគ ដោយគិតថា ថ្ងៃ​នេះ​ព្រះមានព្រះភាគ នឹងទូន្មានព្រះរាហុលមានអាយុ ក្នុងការអស់ទៅនៃអាសវៈ​ទាំងឡាយ តទៅទៀត។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្តេចចូលទៅដល់អន្ធវ័ន ហើយ​គង់​នៅ​លើអាសនៈ ដែលគេក្រាលថ្វាយ ទៀបគល់ឈើមួយដើម។ ចំណែក​ព្រះរាហុលមានអាយុ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់ក្នុងទីសមគួរ។

[២៧២] លុះ​ព្រះរាហុលមានអាយុ គង់នៅក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ត្រាស់សួរដូច្នេះថា ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុ​ទៀង ឬមិនទៀង។ ​ព្រះរាហុលមានអាយុ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិន​ទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរ​នឹងយល់​ឃើញ​ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ យ៉ាងនោះទេ។

[២៧៣] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិន​ទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ជាធម្មតា តើគួរ​នឹងយល់​ឃើញ ​នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួន​របស់អញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ យ៉ាងនោះទេ។

[២៧៤] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុវិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិន​ទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ​ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរ​នឹងយល់​ឃើញ ​នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ​យ៉ាងនោះទេ។

[២៧៥] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចក្ខុសម្ផ័ស្សទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិន​ទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ​ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរ​នឹងយល់​ឃើញ ​នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ​យ៉ាងនោះទេ។

[២៧៦] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ធម្មជាតណា គឺ​វេទនា សញ្ញា សង្ខារ វិញ្ញាណ កើតឡើង ព្រោះចក្ខុសម្ផ័ស្សជាបច្ច័យ ធម្មជាតនោះ តើទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិន​ទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ​ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរ​នឹងយល់​ឃើញ ​នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ​យ៉ាងនោះទេ។

[២៧៧] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ត្រចៀកទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិន​ទៀងទេ។បេ។ ច្រមុះទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។បេ។ អណ្តាត​ទៀង ឬមិនទៀង។ បពិត្រព្រះអង្គ​ដ៏ចំរើន មិនទៀងទេ។បេ។ កាយ​ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀង​ទេ។បេ។

[២៧៨] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ចិត្តទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិន​ទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តី​ប្រែប្រួល​ជាធម្មតា តើគួរ​នឹងយល់​ឃើញ​របស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ ​យ៉ាងនោះទេ។

[២៧៩] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ធម្មារម្មណ៍ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរ​នឹងយល់​ឃើញ​ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ​យ៉ាងនោះទេ។

[២៨០] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច មនោវិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរ​នឹងយល់​ឃើញ​ នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ​យ៉ាងនោះទេ។

[២៨១] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច មនោសម្ផ័ស្ស ទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណា មិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណា មិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរ​នឹងយល់​ឃើញ ​នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ​យ៉ាងនោះទេ។

[២៨២] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ធម្មជាតណា គឺ​វេទនា សញ្ញា សង្ខារ វិញ្ញាណ តែងកើតឡើង ព្រោះមនោសម្ផ័ស្ស ជាបច្ច័យ ធម្មជាតនោះ តើទៀង ឬមិនទៀង។ បពិត្រព្រះអង្គដ៏ចំរើន មិនទៀងទេ។ ចុះរបស់ណាមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះអង្គដ៏ចំរើន ជាទុក្ខ។ ចុះរបស់ណាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា តើគួរ​នឹងយល់​ឃើញ ​នូវរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ ដូច្នេះដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន មិនគួរនឹង​យល់ឃើញ ​យ៉ាងនោះទេ។

[២៨៣] ម្នាលរាហុល អរិយសាវ័ក ដែលមាន​សេចក្តីចេះដឹង យល់ឃើញ​យ៉ាងនេះ ក៏នឿយណាយ ក្នុងចក្ខុផង នឿយណាយ ក្នុងរូបផង នឿយណាយ ក្នុងចក្ខុវិញ្ញាណផង នឿយណាយ ក្នុងចក្ខុសម្ផ័ស្សផង នឿយណាយ ក្នុងវេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកើត​ឡើង​ព្រោះចក្ខុសម្ផ័ស្ស ជាបច្ច័យផង។ នឿយណាយ ក្នុងត្រចៀកផង នឿយណាយ ក្នុងសំឡេងផង… នឿយណាយ ក្នុងច្រមុះផង នឿយណាយ ក្នុងក្លិន​ផង… នឿយណាយ ក្នុងអណ្តាតផង នឿយណាយ ក្នុងរសផង… នឿយណាយ ក្នុងកាយ​ផង… នឿយណាយ ក្នុងផោដ្ឋព្វៈផង… នឿយណាយ ក្នុងចិត្តផង នឿយណាយ ក្នុង​ធម្មារម្មណ៍ផង នឿយណាយ ក្នុងមនោវិញ្ញាណផង នឿយណាយ ក្នុង​មនោសម្ផ័ស្ស​ផង នឿយណាយ ក្នុងវេទនា សញ្ញា សង្ខារ វិញ្ញាណ ដែលកើតឡើង ព្រោះមនោសម្ផ័ស្ស ជា​បច្ច័យផង។ កាលអរិយសាវ័ក នឿយណាយ (យ៉ាងនេះ)ហើយ ក៏ប្រាសចាកតម្រេក ចិត្ត​ក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះប្រាសចាកតម្រេក កាលបើចិត្តផុតស្រឡះ​ហើយ ប្រាជ្ញា​ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយសាវ័កនោះ ក៏ដឹងច្បាស់ ដូច្នេះថា ជាតិ (របស់​អាត្មាអញ) អស់ហើយ ព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិនមានឡើយ។

[២៨៤] លុះព្រះមានព្រះភាគ ទ្រង់សំដែង​នូវព្រះសូត្រនេះចប់ហើយ ព្រះរាហុល​មានអាយុ ក៏មានសេចក្តី​ត្រេកអរ នឹងភាសិតនៃព្រះមានព្រះភាគ។ កាលដែល​ព្រះមានព្រះភាគ ទ្រង់សំដែង​នូវវេយ្យាករណ៍នេះចប់ហើយ ចិត្តរបស់រាហុលមានអាយុ ក៏​បានរួច​ស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ (ថាអញ ថាយើង) ទៀត​ឡើយ។ ធម្មចក្ខុ [ក្នុងព្រះសូត្រនេះ សំដៅយកមគ្គ៤ និងផល៤ ហៅថាធម្មចក្ខុ ព្រោះថា បណ្តាទេវតាទាំងនោះ ទេវតាពួកខ្លះ ដែលស្តាប់ព្រះសូត្រនេះ បានជាសោតាបន្នបុគ្គល ខ្លះបានជាសកទាគាមិបុគ្គល ខ្លះបានជាអនាគាមិបុគ្គល ខ្លះបានជាព្រះខីណាស្រព។] (ភ្នែកឃើញធម៌) ដ៏ប្រាសចាកធូលី គឺ រាគាទិក្កិលេស ប្រាសចាកមន្ទិល គឺ អកុសល បាន​កើតឡើងហើយ ដល់ពួកទេវតាច្រើនពាន់ទាំងនោះថា ធម្មជាតណាមួយ មានកិរិយា​កើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ មានកិរិយារលត់ទៅវិញជាធម្មតា។

ចប់ ចូឡរាហុលោវាទសូត្រ ទី៥។

ឆឆក្កសូត្រ ទី៦

[២៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅ​ក្នុង​វត្តនោះ បានត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះ​ពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងធម៌ មានលំអបទដើម មានលំអបទ​កណ្តាល មានលំអបទចុង ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ ទាំងព្យញ្ជនៈ ដ៏​បរិសុទ្ធ បរិបូណ៌ទាំងអស់ ចំពោះអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌ ដែលមាន​ចំនួន​ប្រាំមួយឆក្កៈ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគតនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២៨៦] ព្រះមានព្រះភាគបានត្រាស់ដូច្នេះថា អាយតនៈខាងក្នុង ៦ ក៏គួរដឹង អាយតនៈខាងក្រៅ ៦ ក៏គួរដឹង វិញ្ញាណកាយ (ពួកវិញ្ញាណ) ៦ ក៏គួរដឹង ផស្សកាយ (ពួក​ផស្សៈ) ៦ ក៏គួរដឹង វេទនាកាយ (ពួកវេទនា) ៦ ក៏គួរដឹង តណ្ហាកាយ (ពួកតណ្ហា) ៦ [មាតិកានេះហើយ ដែលពាក្យខាងដើមថា ៦ឆក្កៈ គឺធម៌មានពួក៦ មានចំនួន​៦ដង។] ក៏គួរដឹង។

[២៨៧] ឯពាក្យថា អាយតនៈខាងក្នុង ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគត​បាន​ពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តី​ដូចម្តេច។ ចក្ខ្វាយតនៈ ១ សោតាយតនៈ ១ ឃានាយតនៈ ១ ជិវ្ហាយតនៈ ១ កាយាយតនៈ ១ មនា​យតនៈ ១។ ពាក្យណា ដែលតថាគត ពោលហើយថា អាយតនៈខាងក្នុង ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី១ ។

[២៨៨] ពាក្យថា អាយតនៈខាងក្រៅ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគត​បាន​ពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តី​ដូចម្តេច។ រូបាយតនៈ ១ សទ្ទាយតនៈ ១ គន្ធាយតនៈ ១ រសាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ ធម្មាយតនៈ ១។ ពាក្យណា ដែលតថាគត ពោលហើយថា អាយតនៈខាងក្រៅ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី២។

[២៨៩] ពាក្យថា វិញ្ញាណកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគត​បាន​ពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តី​ដូចម្តេច។ ចក្ខុវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប១ សោតវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យ​ត្រចៀក និងសំឡេង១ ឃានវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន១ ជិវ្ហា​វិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស១ កាយ​វិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ១ មនោវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍១។ ពាក្យណា ដែលតថាគតពោលហើយថា វិញ្ញាណកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៣។

[២៩០] ពាក្យថា ផស្សកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគត​បាន​ពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តី​ដូចម្តេច។ ចក្ខុវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ សោតវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ ឃានវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន ការជួបជុំ នៃ​របស់ទាំង៣ ហៅថា ផស្សៈ១។ ជិវ្ហាវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ កាយវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យ​កាយ និងផោដ្ឋព្វៈ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ មនោវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ១។ ពាក្យណា ដែលតថាគត ពោលហើយថា ផស្សកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៤។

[២៩១] ពាក្យថា វេទនាកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគត​បាន​ពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តី​ដូចម្តេច។ ចក្ខុវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះ​ផស្សៈជាបច្ច័យ ទើប​មានវេទនា១។ សោតវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង… ឃានវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន… ជិវ្ហាវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស… កាយវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យ​កាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះផស្សៈជាបច្ច័យ ទើបមានវេទនា១។ ពាក្យណា ដែលតថាគត ពោលហើយថា វេទនាកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៥។

[២៩២] ពាក្យថា តណ្ហាកាយ ៦ ក៏គួរដឹង ដូច្នេះនុ៎ះ តថាគត​បាន​ពោលហើយ។ ចុះពាក្យដែលតថាគត ពោលហើយនុ៎ះ តើព្រោះអាស្រ័យសេចក្តី​ដូចម្តេច។ ចក្ខុវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យភ្នែក និងរូប ការជួបជុំនៃ របស់ទាំង៣ ហៅថា ផស្សៈ ព្រោះ​ផស្សៈ​ជាបច្ច័យ ទើប​មានវេទនា ព្រោះវេទនាជាបច្ច័យ ទើប​មានតណ្ហា១។ សោតវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យត្រចៀក និងសំឡេង… ឃានវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន… ជិវ្ហាវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យអណ្តាត និងរស… កាយវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យ​កាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណ​ កើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថា ផស្សៈ ព្រោះ​ផស្សៈ​ជាបច្ច័យ ទើប​មានវេទនា ព្រោះវេទនាជាបច្ច័យ ទើប​មានតណ្ហា១។ ពាក្យណា ដែលតថាគត ពោលហើយថា តណ្ហាកាយ ៦ ក៏គួរដឹង ដូច្នេះ ពាក្យនុ៎ះ តថាគត​ពោល​ហើយ ព្រោះអាស្រ័យសេចក្តីនេះឯង។ នេះ ឆក្កៈទី៦។

[២៩៣] បុគ្គលណានិយាយយ៉ាងនេះថា ភ្នែកជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ (ព្រោះថា) ភ្នែក គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះ បានជាថា បុគ្គលណា និយាយថា ភ្នែកជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែក មិនមែនជាខ្លួនឡើយ។ បុគ្គលណា និ​យាយ​ថា រូបជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) រូប គេ​តែងដឹងច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា រូបជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និ​យាយ​ថា ចក្ខុវិញ្ញាណ​ជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចក្ខុវិញ្ញាណ គេតែងដឹង​ច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចក្ខុវិញ្ញាណជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណ ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និ​យាយ​ថា ចក្ខុសម្ផ័ស្ស​ជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចក្ខុសម្ផ័ស្ស គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចក្ខុសម្ផ័ស្សជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណ​មិនមែនជាខ្លួន ចក្ខុសម្ផ័ស្ស ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និ​យាយ​ថា វេទនា​​ជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) វេទនា គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា វេទនាជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណ​មិនមែនជាខ្លួន ចក្ខុសម្ផ័ស្ស មិនមែនជាខ្លួន វេទនា ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និ​យាយ​ថា តណ្ហា​​ជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) តណ្ហា គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ភ្នែកមិនមែនជាខ្លួន រូបមិនមែនជាខ្លួន ចក្ខុវិញ្ញាណ​មិនមែនជាខ្លួន ចក្ខុសម្ផ័ស្ស មិនមែនជាខ្លួន វេទនា មិនមែនជាខ្លួន តណ្ហា ក៏មិនមែនជាខ្លួនឡើយ។

[២៩៤] បុគ្គលណានិយាយថា ត្រចៀកជាខ្លួន… បុគ្គលណានិយាយថា ច្រមុះ​ជា​ខ្លួន… បុគ្គលណា និយាយថា អណ្តាតជាខ្លួន… បុគ្គលណា និយាយថា កាយជាខ្លួន… បុគ្គលណា និយាយថា ចិត្តជាខ្លួន ពាក្យរបស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ចិត្ត គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់ នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ចិត្តជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា ធម្មារម្មណ៍ជាខ្លួន ពាក្យ​របស់បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) ធម្មារម្មណ៍ គេតែងដឹងច្បាស់​ថា មានការកើតឡើងផង ការវិនាសទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់ នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា ធម្មារម្មណ៍ជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា មនោ​វិញ្ញាណជាខ្លួន ពាក្យរបស់​បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) មនោវិញ្ញាណ គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា មនោវិញ្ញណជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណ​ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណានិយាយថា មនោសម្ផ័ស្សជាខ្លួន ពាក្យរបស់​បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) មនោសម្ផ័ស្ស គេតែងដឹងច្បាស់ថា មានការកើតឡើងផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាសទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា មនោសម្ផ័ស្សជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណ​ មិនមែនជាខ្លួន មនោសម្ផ័ស្ស ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា វេទនាជាខ្លួន ពាក្យរបស់​បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) វេទនា គេតែងដឹងច្បាស់ថា មានការកើត​ឡើង​ផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាស​ទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា វេទនាជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណ​ មិនមែនជាខ្លួន មនោសម្ផ័ស្ស មិនមែនជាខ្លួន វេទនា ក៏មិនមែនជាខ្លួនឡើយ។ បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់​បុគ្គលនោះ មិនកើតការទេ។ (ព្រោះថា) តណ្ហា គេតែងដឹងច្បាស់ថា មានការកើត​ឡើង​ផង ការ​វិនាស​ទៅវិញផង។ លុះតែបុគ្គលណា ដឹងច្បាស់នូវ​ការកើតឡើង និងការវិនាស​ទៅវិញថា ខ្លួនរបស់អញ កើតឡើងផង វិនាសទៅវិញផង បុគ្គលនោះឯង ទើបឈ្មោះថា យល់​ឃើញ​ត្រូវ ហេតុនោះបានជាថា បុគ្គលណា និយាយថា តណ្ហាជាខ្លួន ពាក្យរបស់បុគ្គល​នោះ មិនកើតការទេ។ ព្រោះហេតុនោះ ចិត្តមិនមែនជាខ្លួន ធម្មារម្មណ៍ មិនមែនជាខ្លួន មនោវិញ្ញាណ​ មិនមែនជាខ្លួន មនោសម្ផ័ស្ស មិនមែនជាខ្លួន វេទនា មិនមែនជាខ្លួន តណ្ហា ក៏មិនមែនជាខ្លួនឡើយ។

[២៩៥] ម្នាលភិក្ខុទាំងឡាយ នេះបដិបទា ជាដំណើរកើតនៃសក្កាយ។ បុគ្គល​ពិចារណាឃើញចក្ខុថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញ​រូបថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញ​ចក្ខុវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញ​ចក្ខុសម្ផ័ស្សថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញវេទនាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញ​ត្រចៀកថា នុ៎ះរបស់អញ… ពិចារណាឃើញច្រមុះថា នុ៎ះរបស់អញ… ពិចារណាឃើញ​អណ្តាតថា នុ៎ះរបស់អញ… ពិចារណាឃើញកាយថា នុ៎ះរបស់អញ… ពិចារណាឃើញ​ចិត្តថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញ​ធម្មារម្មណ៍ថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញ​មនោវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនអញ។

[២៩៦] ម្នាលភិក្ខុទាំងឡាយ នេះបដិបទា ជាដំណើររលត់ទៅនៃសក្កាយ។ បុគ្គល ពិចារណាឃើញចក្ខុថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជា​ខ្លួនអញ។ ពិចារណាឃើញ​រូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញ​ចក្ខុវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញ​ចក្ខុសម្ផ័ស្សថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញវេទនាថា នុ៎ះមិនមែនជារបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញ​ត្រចៀកថា នុ៎ះមិនមែនរបស់អញ… ពិចារណាឃើញច្រមុះថា នុ៎ះមិនមែនរបស់អញ… ពិចារណាឃើញ​អណ្តាតថា នុ៎ះមិនមែនរបស់អញ… ពិចារណាឃើញកាយថា នុ៎ះមិនមែនរបស់អញ… ពិចារណាឃើញ​ចិត្តថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញ​ធម្មារម្មណ៍ថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញ​មនោវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញមនោសម្ផ័ស្សថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញ​វេទនាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។ ពិចារណាឃើញតណ្ហាថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនអញ។

[២៩៧] ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យ​ភ្នែក​ និងរូប ការជួបជុំនៃរបស់ទាំង៣ ហៅថា ផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែន​សុខក្តី កើតឡើងព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលបើសុខវេទនាពាល់ត្រូវ​ រមែង​រីករាយ ក្អាកក្អាយ តាំងនៅក្នុងសេចក្តី​ពេញចិត្ត រាគានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំ​នៅ។ កាលបើទុក្ខវេទនាពាល់ត្រូវ រមែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោ​យំ ដល់នូវសេចក្តីវង្វេង បដិឃានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ កាលបើ​អទុក្ខមសុខវេទនាពាល់ត្រូវ​ រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវ​សេចក្តី​វិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់​ចេញ នូវ​វេទនា​នោះ អវិជ្ជានុស័យ នៃបុគ្គល​នោះ ក៏ដេកសម្ងំនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​នោះឯង បើទុកជាមិនបាច់លះបង់ នូវរាគានុស័យ ក្នុងសុខវេទនា មិនបាច់បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា មិនបាច់គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខ​វេទនា មិនបាច់លះបង់ នូវអវិជ្ជា មិនបាច់ញុំាង​វិជ្ជា ឲ្យកើតឡើងក៏ដោយ ក៏គង់ជាអ្នកធ្វើនូវទីបំផុត នៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ មិនសមហេតុ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ សោតវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​ត្រចៀក និងសំឡេង… ឃានវិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន… ជិវ្ហា​វិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស… កាយវិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថាផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី រមែងកើតឡើង ព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលបើសុខ​វេទនា​ពាល់ត្រូវ រមែង​រីករាយ ក្អាកក្អាយ តាំងនៅក្នុងសេចក្តី​ពេញចិត្ត រាគានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំ​នៅ។ កាលទុក្ខវេទនាពាល់ត្រូវ រមែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោ​យំ ដល់នូវសេចក្តីវង្វេង បដិឃានុស័យ នៃបុគ្គលនោះ ក៏ដេកសម្ងំនៅ។ កាល​អទុក្ខមសុខវេទនាពាល់ត្រូវ​ រមែងមិនដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវ​សេចក្តី​វិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់​ចេញ នូវ​វេទនា​នោះ អវិជ្ជានុស័យ នៃបុគ្គល​នោះ ក៏ដេកសម្ងំនៅ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​នោះឯង បើទុកជាមិនបាច់លះបង់ នូវរាគានុស័យ ក្នុងសុខវេទនា មិនបាច់បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា មិនបាច់គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា មិនបាច់លះបង់នូវអវិជ្ជា មិនបាច់ញុំាង​វិជ្ជាឲ្យកើតឡើងក៏ដោយ ក៏គង់ជាអ្នកធ្វើទីបំផុត នៃទុក្ខ ក្នុងបច្ចុប្បន្ន​នេះបាន ពាក្យដូច្នេះនុ៎ះ មិនសមហេតុឡើយ។

[២៩៨] ម្នាលភិក្ខុទាំងឡាយ ចក្ខុវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​ភ្នែក និងរូប ការជួបជុំ នៃរបស់ទាំង៣ ហៅថាផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី រមែងកើតឡើង ព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលបើសុខ​វេទនា​ពាល់ត្រូវ រមែង​មិនរីករាយ មិនក្អាកក្អាយ មិនតាំងនៅក្នុងសេចក្តី​ពេញចិត្តទេ រាគានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំ​នៅឡើយ។ កាលទុក្ខវេទនាពាល់ត្រូវ រមែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោ​យំ មិនដល់នូវសេចក្តីវង្វេងទេ បដិឃានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ កាល​អទុក្ខមសុខវេទនាពាល់ត្រូវ​ រមែងដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវ​សេចក្តី​វិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់​ចេញ នូវ​វេទនា​នោះ អវិជ្ជានុស័យ នៃបុគ្គល​នោះ ក៏មិនដេកសម្ងំនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​នោះឯង លះបង់នូវរាគានុស័យ ក្នុងសុខវេទនា បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា លះបង់នូវអវិជ្ជា ញុំាង​វិជ្ជាឲ្យកើតឡើងហើយ និងជាអ្នកធ្វើទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។ ម្នាលភិក្ខុទាំងឡាយ សោតវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​ត្រចៀក និងសំឡេង… ម្នាលភិក្ខុទាំងឡាយ ឃានវិញ្ញាណកើតឡើង ព្រោះអាស្រ័យច្រមុះ និងក្លិន… ម្នាលភិក្ខុទាំងឡាយ ជិវ្ហា​វិញ្ញាណកើតឡើង ព្រោះអាស្រ័យអណ្តាត និងរស… ម្នាលភិក្ខុទាំងឡាយ កាយវិញ្ញាណកើតឡើង ព្រោះអាស្រ័យកាយ និងផោដ្ឋព្វៈ… ម្នាលភិក្ខុទាំងឡាយ មនោវិញ្ញាណកើតឡើង ព្រោះអាស្រ័យចិត្ត និងធម្មារម្មណ៍ ការជួបជុំ នៃរបស់ទាំង៣ ហៅថាផស្សៈ វេទនា ជាសុខក្តី ជាទុក្ខក្តី មិនមែន​ទុក្ខ មិនមែនសុខក្តី រមែងកើតឡើង ព្រោះផស្សៈជាបច្ច័យ។ បុគ្គលនោះ កាលសុខ​វេទនា​ពាល់ត្រូវ រមែង​មិនរីករាយ មិនក្អាកក្អាយ មិនតាំងនៅក្នុងសេចក្តី​ពេញចិត្តទេ រាគានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំ​នៅឡើយ។ កាលទុក្ខវេទនាពាល់ត្រូវ រមែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោ​យំ មិនដល់នូវសេចក្តីវង្វេងទេ បដិឃានុស័យ នៃបុគ្គលនោះ ក៏មិនដេកសម្ងំនៅឡើយ។ កាល​អទុក្ខមសុខវេទនាពាល់ត្រូវ​ តែងដឹងច្បាស់តាមពិត នូវការកើតឡើងផង នូវ​សេចក្តី​វិនាសទៅផង នូវអានិសង្សផង នូវទោសផង នៃវេទនានោះ និងការរលាស់​ចេញ នូវ​វេទនា​នោះ អវិជ្ជានុស័យ នៃបុគ្គល​នោះ ក៏មិនដេកសម្ងំនៅឡើយ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល​នោះឯង លះបង់នូវរាគានុស័យ ក្នុងសុខវេទនា បន្ទោបង់ នូវបដិឃានុស័យ ក្នុងទុក្ខវេទនា គាស់រំលើង នូវអវិជ្ជានុស័យ ក្នុងអទុក្ខមសុខវេទនា លះបង់នូវអវិជ្ជា ញុំាង​វិជ្ជាឲ្យកើតឡើងហើយ និងជាអ្នកធ្វើទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្ននេះបាន ពាក្យដូច្នេះនុ៎ះ ទើបសមហេតុ។

[២៩៩] ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលមានសេចក្តីចេះដឹង កាល​យល់ឃើញ យ៉ាងនេះ ក៏នឿយណាយ ក្នុងភ្នែកផង នឿយណាក្នុងរូបផង នឿយ​ណាយ​ក្នុងចក្ខុវិញ្ញាណផង នឿយណាយ​ ក្នុងចក្ខុសម្ផ័ស្សផង នឿយណាយក្នុងវេទនាផង នឿយ​ណាយ​ក្នុងតណ្ហាផង នឿយណាយ ក្នុងត្រចៀកផង នឿយណាយក្នុងសំឡេងផង… នឿយ​ណាយ​ក្នុងច្រមុះផង នឿយណាយ ក្នុងក្លិនផង… នឿយណាយក្នុងអណ្តាតផង នឿយ​ណាយ​ក្នុងរសផង… នឿយណាយ ក្នុងកាយផង នឿយណាយក្នុងផោដ្ឋព្វៈផង… នឿយ​ណាយ​ក្នុងចិត្តផង នឿយណាយ ក្នុងធម្មារម្មណ៍ផង នឿយណាយក្នុង​មនោវិញ្ញាណ​ផង នឿយ​ណាយ​ ក្នុងមនោសម្ផ័ស្សផង នឿយណាយក្នុងវេទនាផង នឿយណាយ ក្នុងតណ្ហាផង។ កាលបើនឿយណាយហើយ ក៏ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ (ចាកអាសវៈ) ព្រោះការប្រាសចាកតម្រេក កាលចិត្តផុតស្រឡះហើយ ញាណ ក៏កើតឡើងថា ចិត្តផុតស្រឡះហើយ អរិយសាវ័កនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​រួចហើយ កិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ សំដែង​ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏​មានសេចក្តីត្រេកអរ រីករាយ នឹងភាសិតនៃ​ព្រះមានព្រះភាគ។ ក៏កាលដែល​ព្រះមានព្រះភាគ សំដែងវេយ្យាករណ៍នេះចប់ហើយ ចិត្តរបស់ភិក្ខុទាំងឡាយ ប្រមាណ​៦០រូប ក៏រួចស្រឡះ ​ចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំទៀតឡើយ។

ចប់ ឆឆក្កសូត្រ ទី៦។

សឡាយតនវិភង្គសូត្រ ទី៧

[៣០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ បានត្រាស់​ហៅ​ភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវ​ធម្មបរិយាយ ជាគ្រឿង​បំភ្លឺនូវអាយតនៈ​ធំៗ​ប្រាំមួយ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយស្តាប់ពាក្យនោះ ចូរធ្វើទុកក្នុងចិត្តឲ្យ​ប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកាព្រះមានព្រះភាគ​ថា ព្រះករុណា ព្រះអង្គ។

[៣០១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គល​ កាល​មិនដឹង មិនឃើញនូវចក្ខុតាមពិត មិនដឹង មិនឃើញនូវរូប​តាមពិត មិនដឹង មិនឃើញនូវចក្ខុវិញ្ញាណ​តាមពិត មិនដឹង មិនឃើញនូវចក្ខុសម្ផ័ស្ស​តាមពិតទេ វេទនា​ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស​ជាបច្ច័យ ក៏មិនដឹង មិនឃើញតាមពិត នូវវេទនានោះផង រមែង​ត្រេកអរ​ក្នុង​ចក្ខុ ត្រេកអរក្នុងរូប ត្រេកអរក្នុងចក្ខុវិញ្ញាណ ត្រេកអរក្នុងចក្ខុសម្ផ័ស្ស វេទនា​ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនជាសុខក្តី តែងកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស​ជាបច្ច័យ ក៏ត្រេកអរ ក្នុងវេទនា​នោះផង។ កាលបុគ្គលនោះ មានចិត្ត​ត្រេកអរ​ជ្រុលជ្រប់ វង្វេងងុលងប់ ជាអ្នកពិចារណាឃើញ នូវ​សេចក្តីត្រេកអរ [អានិសង្ស។] ហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តី​ចម្រើនតទៅ។ ឯតណ្ហា ដែលតាក់តែងនូវភពថ្មី ប្រកបដោយតម្រេក ដោយអំណាចនៃសេចក្តី​ត្រេកត្រអាល មាន​កិរិយារីករាយ ក្នុង​អារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ របស់បុគ្គល​នោះ រមែង​ចម្រើន​ឡើង។ បុគ្គលនោះ រមែង​មានសេចក្តី​ក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តី​ក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើន​ឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ចម្រើន​ឡើងផង មានសេចក្តី​អន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏ចម្រើន​ឡើងផង។ បុគ្គលនោះ រមែង​រង​ទុក្ខ ប្រព្រឹត្តទៅក្នុងកាយផង រងទុក្ខប្រព្រឹត្តទៅក្នុងចិត្តផង។

[៣០២] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវត្រចៀកតាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិនដឹង មិនឃើញនូវច្រមុះតាមពិត… ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលកាលមិនដឹង មិនឃើញនូវអណ្តាត​តាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គល​កាលមិនដឹង មិនឃើញនូវកាយតាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលមិនដឹង មិនឃើញ​នូវចិត្តតាមពិត មិនដឹង មិនឃើញនូវធម្មារម្មណ៍​តាមពិត មិនដឹង មិនឃើញនូវមនោវិញ្ញាណ​តាមពិត មិនដឹង មិនឃើញនូវមនោសម្ផ័ស្ស​តាមពិត វេទនា​ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះ​មនោសម្ផ័ស្ស​ជាបច្ច័យ ក៏មិនដឹង មិនឃើញតាមពិត នូវវេទនានោះផង តែង​ត្រេកអរ​ក្នុង​ចិត្ត ត្រេកអរក្នុងធម្មារម្មណ៍ ត្រេកអរក្នុងមនោ​វិញ្ញាណ ត្រេកអរក្នុងមនោសម្ផ័ស្ស វេទនា​ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនជាទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះ​មនោសម្ផ័ស្ស​ជាបច្ច័យ ក៏ត្រេកអរ ក្នុងវេទនា​នោះផង។ កាលបុគ្គលនោះ មានចិត្ត​ត្រេកអរ​ជ្រុលជ្រប់ វង្វេងងុលងប់ ជាអ្នកពិចារណាឃើញ នូវ​សេចក្តីត្រេកអរហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តី​ចម្រើនតទៅ។ ឯតណ្ហា ដែលតាក់តែងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច​ នៃ​សេចក្តី​ត្រេកត្រអាល មាន​ការរីករាយ ក្នុង​អារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ របស់បុគ្គល​នោះ រមែង​ចម្រើន​ឡើង។ បុគ្គលនោះ រមែង​មានសេចក្តី​ក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ចម្រើនឡើងផង មានសេចក្តីក្រវល់​ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើនឡើងផង មានសេចក្តី​ក្តៅក្រហាយ ប្រព្រឹត្តទៅ​ក្នុង​កាយ ចម្រើនឡើងផង មានសេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើន​ឡើងផង មានសេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ចម្រើន​ឡើងផង មានសេចក្តី​អន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ចម្រើន​ឡើងផង។ បុគ្គលនោះ រមែង​រង​ទុក្ខ ប្រព្រឹត្តទៅក្នុងកាយផង រងទុក្ខប្រព្រឹត្តទៅក្នុងចិត្តផង។

[៣០៣] ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលដឹង ឃើញនូវចក្ខុតាមពិត កាលដឹង ឃើញនូវរូបតាមពិត កាលដឹង ឃើញនូវចក្ខុវិញ្ញាណ​តាមពិត កាលដឹង ឃើញនូវ​ចក្ខុសម្ផ័ស្ស​តាមពិត វេទនា​ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស​ជាបច្ច័យ ក៏ដឹង ឃើញនូវវេទនានោះតាមពិតផង តែមិនត្រេកអរ​ក្នុង​ចក្ខុ មិនត្រេកអរក្នុងរូប មិនត្រេកអរក្នុងចក្ខុវិញ្ញាណ មិនត្រេកអរក្នុងចក្ខុសម្ផ័ស្សទេ វេទនា​ណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះ​ចក្ខុសម្ផ័ស្ស​ជាបច្ច័យ ក៏មិនត្រេកអរ ក្នុងវេទនា​នោះផង។ កាលបុគ្គលនោះ មិនមានចិត្ត​ត្រេកអរ មិន​ជ្រុលជ្រប់ មិនវង្វេងងុលងប់ ជាអ្នកពិចារណា​ឃើញនូវទោសហើយ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីមិន​ចម្រើនតទៅ។ ឯតណ្ហា ដែលតាក់តែងភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃសេចក្តី​ត្រេកត្រអាល មាន​សេចក្តីរីករាយ ក្នុង​អារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ បុគ្គល​នោះ​ឯង លះបង់ចេញបាន។ សេចក្តី​ក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ បុគ្គលនោះ រមែងលះបង់បានផង សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែង​លះបង់បានផង សេចក្តី​ក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ក៏រមែងលះបង់បានផង សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែង​លះបង់បានផង សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ក៏រមែង​លះបង់បានផង សេចក្តី​អន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏រមែងលះបង់​បានផង។ បុគ្គលនោះឯង ​តែងរងនូវ​សេចក្តីសុខ ប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត។ សេចក្តីយល់ឃើញណា របស់បុគ្គល​មានសភាព​ដូច្នោះ [បានដល់​បុគ្គល ​ដែលព្រមព្រៀង ដោយសេចក្តីសុខក្នុងចិត្ត ប្រកបដោយកុសល។ អដ្ឋកថា។] សេចក្តីយល់ឃើញនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីយល់ឃើញត្រូវ សេចក្តី​ត្រិះរិះណា របស់បុគ្គល​មានសភាពដូច្នោះ សេចក្តី​ត្រិះរិះនោះ របស់បុគ្គលនោះ ឈ្មោះ​ថា សេចក្តី​ត្រិះរិះត្រូវ សេចក្តី​ព្យាយាមណា របស់បុគ្គល​មានសភាពដូច្នោះ សេចក្តី​ព្យាយាម​នោះ របស់បុគ្គលនោះ ឈ្មោះ​ថា សេចក្តីព្យាយាមត្រូវ ការរលឹកណា របស់បុគ្គល​មានសភាពដូច្នោះ ការរលឹកនោះ របស់បុគ្គលនោះ ឈ្មោះ​ថា ការរលឹកត្រូវ ការ​តាំង​ចិត្តនឹងណា របស់បុគ្គល​មានសភាពដូច្នោះ ការតាំងចិត្តនឹងនោះ របស់បុគ្គលនោះ ឈ្មោះ​ថា ការតាំងចិត្តនឹងត្រូវ។ បុគ្គលនោះឯង ឈ្មោះថា មានកាយកម្ម វចីកម្ម និង​អាជីវៈដ៏បរិសុទ្ធល្អ ក្នុងកាលមុនពិត។ អដ្ឋង្គិកមគ្គ ដ៏ប្រសើរនេះ របស់បុគ្គលនោះ រមែង​ដល់នូវការពេញបរិបូណ៌ ដោយភាវនាយ៉ាងនេះឯង។

[៣០៤] កាលបុគ្គលនោះ ចម្រើននូវ​អដ្ឋង្គិកមគ្គដ៏ប្រសើរនេះ យ៉ាងនេះហើយ សតិប្បដ្ឋាន៤ក្តី តែងដល់​នូវការបរិបូណ៌ដោយភាវនា សម្មប្បធាន៤ក្តី​ តែងដល់​នូវការបរិបូណ៌ដោយភាវនា ឥទ្ធិបាទ៤ក្តី ក៏ដល់​នូវការបរិបូណ៌ដោយភាវនា ឥន្ទ្រិយ​៥ក្តី ក៏ដល់​នូវការបរិបូណ៌ដោយភាវនា ពលៈ៥ក្តី ក៏ដល់​នូវការបរិបូណ៌ដោយភាវនា ពោជ្ឈង្គ៧ ក៏ដល់​នូវការបរិបូណ៌ដោយភាវនា។ ធម៌២យ៉ាងនេះ គឺសមថៈ១ វិបស្សនា១ ជាធម៌ទាក់ទងគូនឹងគ្នា តែងប្រព្រឹត្តទៅដល់បុគ្គលនោះ។ ធម៌ទាំងឡាយណា ដែលគប្បី​កំណត់ដឹងដោយប្រាជ្ញាដ៏ឧត្តម បុគ្គលនោះ ក៏កំណត់​ដឹង នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏​ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម ក៏លះបង់ នូវ​ធម៌ទាំង​នោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីចម្រើន ដោយប្រាជ្ញាដ៏​ឧត្តម ក៏​ចម្រើននូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីធ្វើឲ្យជាក់​ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ក៏ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម តើ​ដូចម្តេច ត្រូវឆ្លើយថា បានដល់ឧបាទានក្ខន្ធ (គំនរ ជាគ្រឿង​ប្រកាន់មាំ) ទាំង៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ នេះឯង ដែលជាធម៌គប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើ​ដូចម្តេច អវិជ្ជា និងភវតណ្ហានេះឯង ជាធម៌ត្រូវលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច សមថៈ និងវិបស្សនា​នេះឯង ជាធម៌ត្រូវចម្រើន ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំង​ឡាយ ចុះធម៌ទាំងឡាយ ដែល​គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច វិជ្ជា និងវិមុត្តិនេះឯង ជាធម៌​ត្រូវធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

[៣០៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវត្រចៀក តាមពិត…  ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវច្រមុះ តាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវអណ្តាត តាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវកាយ តាមពិត… ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលដឹង ឃើញនូវចិត្ត តាមពិត​ កាលដឹង ឃើញនូវធម្មារម្មណ៍តាមពិត កាលដឹង ឃើញនូវ​មនោវិញ្ញាណតាមពិត កាល​ដឹង ឃើញនូវមនោសម្ផ័ស្ស​តាមពិត វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែន​ជាទុក្ខ មិនមែន​ជាសុខក្តី រមែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏ដឹង ឃើញ​នូវវេទនា​នោះ តាមពិតផង តែមិនត្រេកអរ ក្នុងចិត្ត មិនត្រេកអរ ក្នុងធម្មារម្មណ៍ មិនត្រេកអរ ​ក្នុងមនោវិញ្ញាណ មិនត្រេកអរ ក្នុងមនោសម្ផ័ស្សទេ វេទនាណា ជាសុខក្តី ជាទុក្ខក្តី មិនមែនទុក្ខ មិនមែនសុខក្តី តែងកើតឡើង ព្រោះមនោសម្ផ័ស្សជាបច្ច័យ ក៏មិនត្រេកអរ​ក្នុងវេទនានោះផង។ កាលបុគ្គលនោះមិនត្រេកអរ មិនជ្រុលជ្រប់ មិនវង្វេង​ងុលងប់ ជាអ្នក​ពិចារណាឃើញ​ទោសរឿយៗ ឧបាទានក្ខន្ធ ទាំង៥ ក៏ដល់នូវសេចក្តីមិនចម្រើន​តទៅ។ ឯតណ្ហាដែលតាក់តែង​ភពថ្មី ប្រកបដោយតម្រេក ដោយអំណាច នៃ​សេចក្តី​ត្រេកត្រអាល មានសេចក្តីរីករាយ ក្នុងអារម្មណ៍នោះៗ ជាប្រក្រតី របស់បុគ្គលនោះ តណ្ហានោះ ក៏បុគ្គលនោះឯង លះបង់បាន។ សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងកាយ ក៏​បុគ្គលនោះ លះបង់បាន សេចក្តីក្រវល់ក្រវាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងកាយ ក៏លះបង់បាន សេចក្តីក្តៅក្រហាយ ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងកាយ ក៏លះបង់បាន សេចក្តីអន្ទះអន្ទែង ប្រព្រឹត្តទៅក្នុងចិត្ត ក៏លះបង់បាន។ បុគ្គលនោះ តែងទទួល​នូវ​សេចក្តី​សុខ ប្រព្រឹត្តទៅក្នុងកាយ និងសេចក្តីសុខ ប្រព្រឹត្តទៅក្នុងចិត្ត។ សេចក្តីយល់ឃើញណា របស់​បុគ្គល​មានសភាពដូច្នោះ សេចក្តីយល់ឃើញនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីយល់ឃើញត្រូវ សេចក្តីត្រិះរិះណា របស់បុគ្គល​មានសភាពដូច្នោះ សេចក្តី​ត្រិះរិះ​នោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីត្រិះរិះត្រូវ សេចក្តីព្យាយាម​ណា របស់បុគ្គលមានសភាពដូច្នោះ សេចក្តីព្យាយាមនោះ របស់បុគ្គលនោះ ឈ្មោះថា សេចក្តីព្យាយាមត្រូវ ការរលឹកណា របស់បុគ្គល​មានសភាពដូច្នោះ ការរលឹក​នោះ របស់បុគ្គលនោះ ឈ្មោះថា ការរលឹកត្រូវ ការតាំងចិត្តនឹងណា របស់បុគ្គលមានសភាពដូច្នោះ ការតាំងចិត្តនឹងនោះ របស់បុគ្គលនោះ ឈ្មោះថា ការតាំងចិត្តនឹងត្រូវ។ បុគ្គលនោះឯង ឈ្មោះថា មានកាយកម្ម វចីកម្ម និងអាជីវៈ បរិសុទ្ធ​ល្អ ក្នុងកាលមុនពិត។ អដ្ឋង្គិកមគ្គដ៏ប្រសើរនេះ របស់បុគ្គលនោះ រមែង​ដល់នូវការ​បរិបូណ៌ ដោយភាវនាយ៉ាងនេះ។

[៣០៦] កាលបុគ្គលនោះ ចម្រើនអដ្ឋង្គិកមគ្គ ដ៏ប្រសើរយ៉ាងនេះហើយ សតិប្បដ្ឋាន៤ក្តី តែងដល់នូវ​ការបរិបូណ៌ ដោយភាវនា សម្មប្បធាន៤ក្តី ក៏ដល់នូវ​ការបរិបូណ៌​ដោយភាវនា ឥទ្ធិបាទ៤ក្តី ក៏ដល់នូវ​ការបរិបូណ៌​ដោយភាវនា ឥន្ទ្រិយ​៥ក្តី ក៏​ដល់នូវ​ការបរិបូណ៌​ដោយភាវនា ពលៈ៥ក្តី ក៏ដល់នូវ​ការបរិបូណ៌​ដោយភាវនា ពោជ្ឈង្គ​៧ក្តី ក៏​ដល់នូវ​ការបរិបូណ៌​ដោយភាវនា។ បុគ្គលនោះ តែងមានធម៌ពីរយ៉ាងនេះ គឺ​សមថៈ១ វិបស្សនា១ ប្រព្រឹត្តទាក់ទងគូនឹងគ្នា។ ធម៌ទាំងឡាយណា ដែលគប្បី​កំណត់​ដឹង​ដោយប្រាជ្ញាដ៏ឧត្តម បុគ្គលនោះ ក៏កំណត់ដឹងនូវ​ធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌​ទាំងឡាយណា ដែលគប្បីលះបង់ដោយប្រាជ្ញាដ៏ឧត្តម ក៏លះបង់នូវធម៌​ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីចម្រើន​ដោយប្រាជ្ញាដ៏ឧត្តម ក៏​ចម្រើន​នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម ធម៌ទាំងឡាយណា ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ក៏ធ្វើឲ្យជាក់ច្បាស់នូវធម៌ទាំងនោះ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ ដែលគប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច គប្បីឆ្លើយថា បានដល់ឧបាទានក្ខន្ធ ទាំង៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ នេះឯង ជាធម៌ដែលគប្បីកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលគប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច អវិជ្ជា និងភវតណ្ហានេះឯង ជាធម៌ដែល​គប្បីលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែល​គប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច សមថៈ និងវិបស្សនានេះឯង ជាធម៌ដែល​គប្បីចម្រើន ដោយប្រាជ្ញាដ៏ឧត្តម។ ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែល​គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច វិជ្ជា និងវិមុត្តិនេះឯង ជាធម៌​ដែលគប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះ​សូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ជាអ្នកមានសេចក្តីត្រេកអរ រីករាយ នឹងភាសិត​របស់​ព្រះមានព្រះភាគ។

ចប់ សឡាយតនវិភង្គសូត្រ ទី៧។

នគរវិន្ទេយ្យសូត្រ ទី៨

[៣០៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ត្រាច់​ទៅ​កាន់​ចារិក ក្នុងដែនកោសល ព្រមដោយភិក្ខុសង្ឃច្រើនរូប ក៏បានស្តេចទៅដល់​ព្រាហ្មណ​គ្រាម ឈ្មោះនគរវិន្ទៈ របស់ពួកអ្នកកោសល។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​នគរវិន្ទៈ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅ​ទ្រង់ព្រះផ្នួស ឥឡូវនេះ ទ្រង់ពុទ្ធដំណើរទៅកាន់ចារិក ក្នុងដែនកោសល ព្រម​ដោយភិក្ខុ​សង្ឃច្រើនរូប ក៏បានស្តេច​មកដល់ស្រុកនគរវិន្ទៈហើយ កិត្តិសព្ទដ៏ពីរោះ របស់​ព្រះគោតម​ដ៏ចម្រើននោះ ក៏ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ទ្រង់​ឆ្ងាយ​ចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះ​ព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ ព្រះអង្គមានដំណើរល្អ ព្រះអង្គ​ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គប្រសើរដោយសីលាទិគុណ ព្រះអង្គជាអ្នកទូន្មាន​នូវ​បុរស ដែលគួរទូន្មានបាន ព្រះអង្គជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បានត្រាស់ដឹងនូវចតុរារិយសច្ច ព្រះអង្គលែងមកកាន់​ភពថ្មីទៀត ព្រះអង្គទ្រង់​ធ្វើឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញាដ៏ប្រសើររបស់ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ទ្រង់សំដែងធម៌ មានលំអ​បទ​ដើម មានលំអបទកណ្តាល មានលំអបទចុង ព្រះអង្គប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ក៏ដំណើរ​ដែលបានចួប​នឹងព្រះអរហន្ត​ទាំងឡាយ មានសភាពយ៉ាងនោះ ជាការប្រពៃពេក។ គ្រានោះឯង ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​នគរវិន្ទៈ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ ប្រកាសនាម និងគោត្រ ក្នុងសំណាក់ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយនៅស្ងៀម ក្នុងទីដ៏សមគួរ។

[៣០៨] លុះពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​នគរវិន្ទៈ អង្គុយក្នុងទីដ៏​សមគួរ​ហើយ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់សួរដូច្នេះថា ម្នាលគហបតីទាំងឡាយ បើបរិព្វាជកជាអន្យតិរ្ថិយ (មានលទ្ធិផ្សេង) សួរអ្នកទាំងឡាយយ៉ាងនេះថា ម្នាលគហបតី​ទាំងឡាយ ពួកសមណព្រាហ្មណ៍បែបណា ដែល​គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួរ​រាប់អាន មិនគួរបូជា ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះហើយ គប្បីដោះស្រាយយ៉ាងនេះថា ពួក​សមណព្រាហ្មណ៍ណា មិនទាន់ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់​ប្រាសចាកមោហៈ ក្នុងរូបដែលគប្បីដឹងបានដោយភ្នែក ជាអ្នកមានចិត្តមិនស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្ត ពួកសមណព្រាហ្មណ៍​បែប​នេះឯង គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បីពួកយើង ក៏មិនទាន់ប្រាសចាករាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងរូបដែល​គប្បីដឹង​បានដោយភ្នែក ជាអ្នក​មានចិត្ត​មិនស្ងប់រម្ងាប់ ខាងក្នុងសន្តាន នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្តដែរ នេះឯង​ជាសេចក្តី​ប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែលមិនឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះ​ហេតុនោះ ពួកសមណព្រាហ្មណ៍​ ដ៏ចម្រើនទាំងនោះ គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ។ ពួកសមណព្រាហ្មណ៍ណា មិនទាន់ប្រាសចាករាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងសំឡេង ដែល​គប្បីដឹង​បាន​ដោយត្រចៀក… ក្នុងក្លិនដែលគប្បីដឹងបានដោយច្រមុះ… ក្នុងឱជារស ដែលគប្បីដឹងបាន​ដោយអណ្តាត… ក្នុងផោដ្ឋព្វៈ ដែលគប្បីដឹងបានដោយកាយ… មិនទាន់ប្រាសចាករាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍ ដែល​គប្បីដឹង​បាន​ដោយចិត្ត ជាអ្នក​មានចិត្តមិន​ស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្ត ពួកសមណព្រាហ្មណ៍​បែបនេះឯង គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បី​ពួកយើង ក៏មិនទាន់ប្រាសចាករាគៈ មិនទាន់​ប្រាសចាក​ទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍ ដែល​គប្បីដឹង​បាន​ដោយចិត្ត ជាអ្នក​មានចិត្តមិន​ស្ងប់រម្ងាប់ ខាងក្នុងសន្តាន នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយ វាចា ចិត្តដែរ នេះឯង​ជាសេចក្តី​ប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែលមិនឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះ​ហេតុនោះ សមណព្រាហ្មណ៍​ដ៏ចម្រើនទាំងនោះ គេមិនគួរធ្វើសក្ការៈ មិនគួរគោរព មិនគួររាប់អាន មិនគួរបូជាឡើយ។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរ​យ៉ាងនេះ គប្បីដោះស្រាយយ៉ាងនេះឯង។

[៣០៩] ម្នាលគហបតីទាំងឡាយ មួយទៀត បើបរិព្វាជកជាអន្យតិរ្ថិយ សួរអ្នក​ទាំងឡាយ យ៉ាងនេះថា ម្នាលគហបតីទាំងឡាយ ចុះពួកសមណព្រាហ្មណ៍បែបណា ដែលគេ​គួរធ្វើសក្ការៈ គួរគោរព គួររាប់អាន​ គួរបូជា ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើ​បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ យ៉ាងនេះថា ពួក​សមណព្រាហ្មណ៍ណា ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ក្នុងរូប​ដែលគប្បីដឹងបានដោយភ្នែក ជាអ្នកមានចិត្តស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រឹមត្រូវ ដោយកាយវាចាចិត្ត ពួកសមណព្រាហ្មណ៍បែបនេះឯង ទើប​គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បីពួកយើង មិនទាន់​ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងរូប​ដែលគប្បី​ដឹងបានដោយភ្នែក មានចិត្តមិនទាន់ស្ងប់រម្ងាប់ ខាងក្នុងសន្តានទេ នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយវាចាចិត្ត នេះឯង​ជាសេចក្តីប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែល​ឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះហេតុនោះ ពួកសមណព្រាហ្មណ៍ ដ៏ចម្រើនទាំងនោះ ទើប​គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា។ ពួកសមណព្រាហ្មណ៍ណា ​ប្រាសចាក​រាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ក្នុងសំឡេង​ដែលគប្បី​ដឹងបាន​ដោយត្រចៀក… ក្នុងក្លិនដែលគប្បីដឹងបានដោយច្រមុះ… ក្នុងឱជារស ដែលគប្បីដឹង​បានដោយអណ្តាត… ក្នុងផោដ្ឋព្វៈ ដែលគប្បីដឹងបានដោយកាយ… ប្រាសចាករាគៈ ប្រាសចាកទោសៈ ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍ ​ដែលគប្បី​ដឹងបានដោយចិត្ត ជាអ្នកមានចិត្តស្ងប់រម្ងាប់ ខាងក្នុងសន្តាន ប្រព្រឹត្តត្រឹមត្រូវ ដោយកាយវាចាចិត្ត ពួកសមណព្រាហ្មណ៍បែបនេះ ទើប​គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា សូម្បីពួកយើង មិនទាន់​ប្រាសចាករាគៈ មិនទាន់ប្រាសចាកទោសៈ មិនទាន់ប្រាសចាកមោហៈ ក្នុងធម្មារម្មណ៍​ដែលគប្បី​ដឹងបានដោយចិត្ត ជាអ្នកមានចិត្តមិនទាន់ស្ងប់រម្ងាប់ ខាងក្នុងសន្តាន នៅប្រព្រឹត្តត្រូវខ្លះ ខុសខ្លះ ដោយកាយវាចាចិត្ត នេះឯង​ជាសេចក្តីប្រព្រឹត្តិត្រឹមត្រូវ របស់យើងទាំងនោះ ដែល​ឃើញនូវធម៌ខ្ពង់ខ្ពស់ ព្រោះហេតុនោះ បានជា​ពួកសមណព្រាហ្មណ៍​ដ៏ចម្រើន​ទាំងនោះ ​គេគួរធ្វើសក្ការៈ គួរគោរព គួររាប់អាន គួរបូជា។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ​យ៉ាងនេះឯង។

[៣១០] ម្នាលគហបតីទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាង​នេះថា ម្នាលអ្នកមានអាយុទាំងឡាយ ចុះលោកមានអាយុទាំងឡាយ មានហេតុ​ដូចម្តេច មានប្រាជ្ញាយោបល់ដូចម្តេច ដែលនាំឲ្យអ្នកទាំងឡាយនិយាយ យ៉ាងនេះថា អ្នកមាន​អាយុទាំងនោះ ប្រាសចាករាគៈ ឬកំពុងប្រតិបត្តិដើម្បីបន្ទោបង់នូវរាគៈ ប្រាសចាកទោសៈ ឬកំពុងប្រតិបត្តិដើម្បីបន្ទោបង់នូវទោសៈ ប្រាសចាកមោហៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់​​នូវមោហៈដោយពិត ម្នាលគហបតីទាំងឡាយ អ្នកទាំង​ឡាយ កាលបើបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយយ៉ាង​នេះថា ពិតដូច្នោះមែន ព្រោះលោកមានអាយុទាំងនោះ តែងគប់រកសេនាសនៈ​ដ៏ស្ងាត់ គឺ​ព្រៃតូច និងព្រៃធំ ដ្បិតរូប គប្បីដឹងបានដោយភ្នែក ដែលគេ​ឃើញញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ សំឡេង គប្បីដឹងបានដោយត្រចៀក ដែលគេ​ឮញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ ក្លិន គប្បីដឹងបានដោយ​ច្រមុះ ដែលគេ​ហិតញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ រស គប្បីដឹងបានដោយអណ្តាត ដែលគេ​ទទួលរសញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ ផោដ្ឋព្វៈ គប្បីដឹងបានដោយកាយ ដែលគេ​ប៉ះពាល់​ញយៗហើយ គួរ​ត្រេកអរ​បាន មិនមានក្នុងព្រៃនោះឡើយ ម្នាលអាវុសោទំាងឡាយ យើង​ទាំងឡាយ មានហេតុនេះឯង មានប្រាជ្ញាយោបល់នេះឯងហើយ ដែលនាំឲ្យពួកយើង​និយាយយ៉ាងនេះ ចំពោះអ្នកមានអាយុទាំងឡាយថា លោកមានអាយុទាំងនោះ ប្រាសចាករាគៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់រាគៈ ប្រាសចាកទោសៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់ទោសៈ ប្រាសចាកមោហៈ ឬកំពុងប្រតិបត្តិ ដើម្បីបន្ទោបង់មោហៈ​ដោយពិត។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ កាលបើ​​បរិព្វាជក ជាអន្យតិរ្ថិយ​ទាំងនោះ សួរយ៉ាងនេះ គប្បីដោះស្រាយ​យ៉ាងនេះឯង។

[៣១១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍​ និងគហបតី អ្នកស្រុកនគរវិន្ទៈ បានក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះ​គោតម​ដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ធម៌ដែលព្រះគោតមដ៏ចម្រើន ទ្រង់សំដែងហើយ ដោយ​អនេកបរិយាយ យ៉ាងនេះ ដូចជាគេផ្ងាររបស់ដែលផ្កាប់ ឬដូចគេបើកបង្ហាញរបស់ដែល​កំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក នឹងមើលឃើញរូបបាន ខ្ញុំព្រះអង្គ​ទាំងឡាយ​នេះ សូមដល់នូវព្រះគោតមដ៏ចម្រើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជា​ទីពឹង សូមព្រះគោតមដ៏ចម្រើន ទ្រង់ជ្រាបទុកនូវខ្ញុំព្រះអង្គទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើមពីថ្ងៃនេះតទៅ។

ចប់ នគរវិន្ទេយ្យសូត្រ ទី៨។

បិណ្ឌបាតបារិសុទ្ធិសូត្រ ទី៩

[៣១២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ។ គ្រានោះឯង ព្រះសារីបុត្តមានអាយុ ចេញអំពីផលសមាបត្តិ ក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយគង់នៅក្នុងទីដ៏សមគួរ។ លុះ​ព្រះសារីបុត្តមានអាយុ គង់នៅក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់​សួរ​ដូច្នេះថា ម្នាលសារីបុត្ត ឥន្ទ្រិយរបស់អ្នកជ្រះថ្លា សម្បុរស្បែករបស់អ្នក ស្អាត​ផូរផង់ ម្នាល​សារីបុត្ត ក្នុងកាលឥឡូវនេះ តើលោកច្រើនប្រព្រឹត្តទៅដោយវិហារធម៌ដូចម្តេច។ ព្រះសារីបុត្តក្រាបបង្គំទូលថា បពិត្រព្រះអង្គ ក្នុងកាលឥឡូវនេះ ខ្ញុំព្រះអង្គ ច្រើនប្រព្រឹត្ត​ទៅដោយ ​សុញ្ញតាវិហារធម៌ [បានដល់សុញ្ញតផលសមាបត្តិ]។

[៣១៣] ម្នាលសារីបុត្ត ប្រពៃណាស់ហើយៗ ម្នាលសារីបុត្ត បានឮថា ក្នុងកាលឥឡូវ​នេះ លោកច្រើនប្រព្រឹត្តទៅ ដោយវិហារធម៌របស់មហាបុរស [បានដល់ព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងមហាសាវ័ក។ អដ្ឋកថា។] ម្នាលសារីបុត្ត ឯវិហារធម៌របស់មហាបុរស ក៏គឺ​សុញ្ញតាវិហារធម៌នេះឯង។ ម្នាលសារីបុត្ត ព្រោះហេតុនោះ បើភិក្ខុក្នុងសាសនានេះ ប្រាថ្នាថា អាត្មាអញ គួរតែប្រព្រឹត្ត​ទៅច្រើនដោយសុញ្ញតាវិហារធម៌ ម្នាលសារីបុត្ត ភិក្ខុ​នោះ គប្បីពិចារណា ដូច្នេះថា អាត្មាអញ បានចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតាម​ផ្លូវ​ណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុក​តាមផ្លូវណាក្តី តើក្នុងផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ គឺសេចក្តីពេញចិត្ត ឬ​រាគៈ គឺសេចក្តីត្រេក ទោសៈ គឺសេចក្តីប្រទូស្ត ឬមោហៈ គឺសេចក្តីវង្វេង ឬក៏បដិឃៈ គឺ​សេចក្តីថ្នាំងថ្នាក់នៃចិត្ត ក្នុងរូបដែលគប្បីដឹងបានដោយភ្នែកដែរឬទេ។ ម្នាលសារីបុត្ត កាលបើ​ភិក្ខុពិចារណាដឹង យ៉ាងនេះថា អាត្មាអញ បានចូលទៅកាន់ស្រុក ដើម្បីបិណ្ឌ​បាត​តាម​ផ្លូវ​ណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុកតាមផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងរូបដែល​គប្បីដឹងបាន​ដោយភ្នែកដែរ ម្នាលសារីបុត្ត ​ភិក្ខុនោះ គប្បីព្យាយាម ដើម្បីលះបង់ នូវអកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាល​សារីបុត្ត តែបើភិក្ខុពិចារណាដឹង យ៉ាងនេះវិញថា អាត្មាអញ បានចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាតតាម​ផ្លូវ​ណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេសណាក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុកតាម​ផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មិនមានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងរូបដែលគប្បី​ដឹងបាន​ដោយភ្នែកទេ ម្នាលសារីបុត្ត ​ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ​ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៤] ម្នាលសារីបុត្ត មួយទៀត ភិក្ខុគប្បីពិចារណាដូច្នេះថា អាត្មាអញ បានចូល​ទៅកាន់ស្រុកដើម្បីបិណ្ឌបាត តាមផ្លូវណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេស​ណា​ក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុកតាមផ្លូវណាក្តី តើផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងសំឡេង ដែលគប្បីដឹងបាន​ដោយត្រចៀក… ក្នុងក្លិន ដែលគប្បីដឹងបានដោយច្រមុះ… ក្នុង​ឱជារស ដែលគប្បីដឹង​បានដោយអណ្តាត… ក្នុងផោដ្ឋព្វៈ ដែលគប្បីដឹងបានដោយកាយ… ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្តដែរឬទេ។ ម្នាលសារីបុត្ត បើ​ភិក្ខុពិចារណាដឹង យ៉ាងនេះថា អាត្មាអញ បានចូល​ទៅកាន់ស្រុក ដើម្បីបិណ្ឌបាត តាមផ្លូវណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេស​ណា​ក្តី បានត្រឡប់អំពី​បិណ្ឌបាត ចេញ​អំពីស្រុកតាម​ផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈ​នៃចិត្ត ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងបានដោយចិត្តដែរ ម្នាលសារីបុត្ត ភិក្ខុនោះ​ គប្បីព្យាយាម ដើម្បីលះបង់អកុសលធម៌ ដ៏លាមកទាំងនោះ​ចេញ។ ម្នាលសារីបុត្ត តែបើភិក្ខុពិចារណាដឹង យ៉ាងនេះវិញថា អាត្មាអញ បានចូល​ទៅកាន់ស្រុកដើម្បីបិណ្ឌបាត តាមផ្លូវណាក្តី បានត្រាច់ទៅ ដើម្បីបិណ្ឌបាត ក្នុងប្រទេស​ណា​ក្តី បានត្រឡប់អំពីបិណ្ឌបាត ចេញ​អំពីស្រុកតាមផ្លូវណាក្តី ក្នុងផ្លូវទាំងនោះ អាត្មាអញ មិនមានឆន្ទៈ ឬ​រាគៈ ទោសៈ ឬមោហៈ ឬក៏បដិឃៈនៃចិត្ត ក្នុងធម្មារម្មណ៍​ ដែលគប្បីដឹងបានដោយចិត្តទេ ម្នាលសារីបុត្ត ​ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៥] ម្នាលសារីបុត្ត មួយទៀត ភិក្ខុគប្បីពិចារណា ដូច្នេះថា កាមគុណ៥​ប្រការ អាត្មាអញ បានលះបង់ហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណាដឹងយ៉ាងនេះថា កាមគុណ៥​ប្រការ អាត្មាអញ មិនទាន់បានលះបង់ទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីលះបង់នូវកាមគុណ ទាំង៥ប្រការចេញ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណាដឹង យ៉ាងនេះវិញថា កាមគុណ ទាំង៥​ប្រការ អាត្មាអញ លះបង់ហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៦] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា នីវរណៈ ទាំង៥​ប្រការ អាត្មាអញ បានលះបង់ហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា នីវរណៈ ទាំង៥​ប្រការ អាត្មាអញ មិនទាន់បានលះបង់ទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីលះបង់ នូវនីវរណៈ ទាំង៥ប្រការចេញ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា នីវរណៈ ទាំង៥​ប្រការ អាត្មាអញ បានលះបង់ហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៧] ម្នាលសារីបុត្ត មួយទៀត ភិក្ខុគប្បីពិចារណា ដូច្នេះថា ឧបាទានក្ខន្ធ ទាំង៥​ប្រការ អាត្មាអញ កំណត់ដឹងហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឧបាទានក្ខន្ធ ទាំង៥​ប្រការ អាត្មាអញ មិនទាន់កំណត់ដឹងទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីកំណត់ដឹង នូវឧបាទានក្ខន្ធ​ ទាំង៥ប្រការ​។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ឧបាទានក្ខន្ធ ទាំង៥​ប្រការ អាត្មាអញ បានកំណត់ដឹងហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣១៨] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា សតិប្បដ្ឋានទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា សតិប្បដ្ឋាន ទាំង៤​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវសតិប្បដ្ឋាន ៤ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹង យ៉ាងនេះវិញថា សតិប្បដ្ឋាន ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈ​នោះឯង។

[៣១៩] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា សម្មប្បធាន ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា សម្មប្បធាន ទាំង៤​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវសម្មប្បធាន ទាំង៤ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹង យ៉ាងនេះវិញថា សម្មប្បធាន ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣២០] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ឥទ្ធិបាទ ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឥទ្ធិបាទ ទាំង៤​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវឥទ្ធិបាទ ទាំង៤ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ឥទ្ធិបាទ ទាំង៤​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះ​ឯង។

[៣២១] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ឥន្ទ្រិយ ទាំង៥​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ឥន្ទ្រិយ ទាំង៥​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវឥន្ទ្រិយ ទាំង៥ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ឥន្ទ្រិយទាំង៥​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះ​ឯង។

[៣២២] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ពលៈ ទាំង៥​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ពលៈ ទាំង៥​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវពលៈ ទាំង៥ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ពលៈ ទាំង៥​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣២៣] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា ពោជ្ឈង្គ ទាំង៧​ប្រការ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា ពោជ្ឈង្គ ទាំង៧​ប្រការ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវពោជ្ឈង្គ ទាំង៧ប្រការ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា ពោជ្ឈង្គ ទាំង៧​ប្រការ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះ​ឯង។

[៣២៤] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះ​ថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវអដ្ឋង្គិកមគ្គ ដ៏ប្រសើរ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា អដ្ឋង្គិកមគ្គ ដ៏ប្រសើរ អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះ​ឯង។

[៣២៥] ម្នាលសារីបុត្ត មួយទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា សមថៈ និងវិបស្សនា អាត្មាអញ បានចម្រើនហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា សមថៈ និងវិបស្សនា អាត្មាអញ មិនទាន់បានចម្រើនទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីចម្រើន នូវសមថៈ និងវិបស្សនា។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា សមថៈ និងវិបស្សនា អាត្មាអញ បានចម្រើនហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣២៦] ម្នាលសារីបុត្ត មួយវិញទៀត ភិក្ខុ គប្បីពិចារណា ដូច្នេះថា វិជ្ជា និងវិមុត្តិ អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ហើយឬ។ ម្នាលសារីបុត្ត បើភិក្ខុពិចារណា ដឹងយ៉ាងនេះថា វិជ្ជា និងវិមុត្តិ អាត្មាអញ មិនទាន់បានធ្វើឲ្យជាក់ច្បាស់ទេ ម្នាលសារីបុត្ត ភិក្ខុនោះ គប្បី​ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិ។ ម្នាលសារីបុត្ត តែបើភិក្ខុ​ពិចារណា ដឹងយ៉ាងនេះវិញថា វិជ្ជា និងវិមុត្តិ អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ហើយ ម្នាលសារីបុត្ត ភិក្ខុនោះ ត្រូវសិក្សាក្នុងកុសលធម៌ ទាំងថ្ងៃ ទាំងយប់ នៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[៣២៧] ម្នាលសារីបុត្ត បុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ ក្នុងអតីត​កាល កាលនឹងធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ បុគ្គលទាំងអស់នោះ សុទ្ធតែបានពិចារណារឿយៗ ហើយធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ យ៉ាងនេះឯង។ ម្នាលសារីបុត្ត បុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ ក្នុងអនាគត​កាល កាលនឹងធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ បុគ្គលទាំងអស់នោះ នឹងពិចារណារឿយៗ ហើយធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ យ៉ាងនេះឯង។ ម្នាលសារីបុត្ត បុគ្គលណាមួយ ជាសមណៈ ឬព្រាហ្មណ៍ ក្នុង​កាលឥឡូវនេះ កាលនឹងធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ បុគ្គលទាំងអស់នោះ តែងពិចារណារឿយៗ ហើយធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ យ៉ាងនេះឯង ម្នាលសារីបុត្ត ព្រោះហេតុនោះ អ្នកទាំងឡាយ ត្រូវសិក្សាក្នុង​សាសនា​នេះថា យើងទាំងឡាយ នឹងពិចារណារឿយៗ ហើយធ្វើបិណ្ឌបាត ឲ្យបរិសុទ្ធ ដូច្នេះ ម្នាលសារីបុត្ត អ្នកទាំងឡាយ ត្រូវតែសិក្សា យ៉ាងនេះឯង។ លុះព្រះមានព្រះភាគ ទ្រង់​ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះសារីបុត្តមានអាយុ មានសេចក្តីត្រេកអរ រីករាយ ចំពោះ​ភាសិត របស់ព្រះមានព្រះភាគ។

ចប់ បិណ្ឌបាតបារិសុទ្ធិសូត្រ ទី៩។

ឥន្ទ្រិយភាវនាសូត្រ ទី១០

[៣២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ព្រៃឫស្សី ជិតកជ្ជង្គលនិគម។ គ្រានោះឯង ឧត្តរមាណព ជាកូនសិស្សរបស់​បារាសិរិយព្រាហ្មណ៍ បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែល​គួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៣២៩] លុះឧត្តរមាណព ជាកូនសិស្សរបស់បារាសិរិយព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរ​ដូច្នេះថា ម្នាលឧត្តរៈ បារាសិរិយព្រាហ្មណ៍ តែងសំដែង​វិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយ មែនឬ។ ឧត្តរ​មាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន បារាសិរិយព្រាហ្មណ៍ តែង​សំដែង​វិធី​ចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយមែន។ ព្រះអង្គត្រាស់សួរថា ម្នាលឧត្តរៈ ចុះ​បារាសិរិយព្រាហ្មណ៍ តែងសំដែង​វិធីចម្រើន​ឥន្ទ្រិយ របស់សាវ័កទាំងឡាយ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន បារាសិរិយព្រាហ្មណ៍ សំដែងថា បុគ្គល​ក្នុងលោកនេះ កុំមើល [មិនគប្បីមើល។ អដ្ឋកថា។] រូបដោយភ្នែក កុំស្តាប់ [មិនគប្បីស្តាប់។ អដ្ឋកថា។] សំឡេង​ដោយត្រចៀក បពិត្រព្រះគោតមដ៏ចំរើន ឯបារាសិរិយព្រាហ្មណ៍ តែង​សំដែងនូវវិធី​ចម្រើន​ឥន្ទ្រិយ របស់សាវ័កទាំងឡាយ យ៉ាងនេះឯង។ ឱឧត្តរៈ កាលបើយ៉ាងនេះ បុគ្គលខ្វាក់ នឹងបាននាមថា​ ជាអ្នកចម្រើនឥន្ទ្រិយហើយ បុគ្គលថ្លង់ នឹងបាននាមថា​ ជាអ្នកចម្រើនឥន្ទ្រិយហើយ ទើបសមនឹងពាក្យ របស់បារាសិរិយព្រាហ្មណ៍ ម្នាលឧត្តរៈ ព្រោះថា បុគ្គលខ្វាក់ មិនឃើញរូបដោយភ្នែកទេ បុគ្គលថ្លង់ មិនឮសំឡេង​ ដោយត្រចៀក​ទេ។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ឧត្តរមាណព ជាកូនសិស្ស​បារាសិរិយព្រាហ្មណ៍ ក៏អង្គុយនៅស្ងៀម អៀនអន់ ឱនក ដាក់មុខជ្រប់ មិននិយាយ។

[៣៣០] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ជ្រាបថា ឧត្តរមាណព ជាសិស្សរបស់​បារាសិរិយព្រាហ្មណ៍ អង្គុយនៅស្ងៀម អៀនអន់ ឱនក ដាក់មុខជ្រប់ មិននិយាយ​ហើយ ទើប​ត្រាស់ហៅ​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ បារាសិរិយព្រាហ្មណ៍ តែងសំដែង​ នូវ​វិធីចម្រើនឥន្ទ្រិយ របស់សាវ័កទាំងឡាយ ផ្សេង ចំណែកការចម្រើន​ឥន្ទ្រិយដ៏ប្រសើរ ក្នុង​វិន័យ​របស់ព្រះអរិយៈផ្សេង។ ព្រះអានន្ទត្ថេរ ​ក្រាបបង្គំទូលថា ព្រះមានព្រះភាគ គប្បីសំដែង​នូវវិធីចម្រើនឥន្ទ្រិយ ដ៏ប្រសើរណា ក្នុងវិន័យរបស់​ព្រះអរិយៈ បពិត្រ​ព្រះមានព្រះភាគ កាលនេះ ជាកាលគួរនឹង​សំដែង នូវ​វិធីចម្រើនឥន្ទ្រិយ​នុ៎ះ បពិត្រ​ព្រះសុគត កាលនេះ ជាកាលគួរនឹងសំដែង ​នូវវិធីចម្រើន​ឥន្ទ្រិយនុ៎ះ ភិក្ខុទាំងឡាយ បានស្តាប់​ព្រះពុទ្ធដីកា របស់ព្រះអង្គហើយ នឹងចងចាំបាន។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះបន្ទូល នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[៣៣១] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​ដូច្នេះថា ម្នាលអានន្ទ ចុះការចម្រើន​ឥន្ទ្រិយដ៏ប្រសើរ ក្នុងវិន័យរបស់ព្រះអរិយៈ តើដូចម្តេច។ ទ្រង់ឆ្លើយដោយព្រះអង្គឯង​ថា ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឃើញ​រូបដោយ​ភ្នែក។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះ កើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងឡើយ មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានភ្នែកភ្លឺ បើកហើយបិទវិញ ឬបិទហើយ​បើកវិញ មាន​ឧបមាយ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយ​រលត់ទៅវិញ ឯវិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើននូវឥន្ទ្រិយដ៏ប្រសើរ ក្នុងរូបដែល​គប្បីដឹងបានដោយភ្នែក ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣២] ម្នាលអានន្ទ មួយទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះស្តាប់​សំឡេងដោយត្រចៀក។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យ​តាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានកម្លាំង ទះម្រាមដៃ ដោយ​មិនលំបាក យ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់​ចិត្ត​ខ្លះ កើតឡើង ហើយ​រលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័ស​យ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងសំឡេង ដែល​គប្បីដឹងបាន​ដោយត្រចៀក ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣៣] ម្នាលអានន្ទ មួយទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះធុំក្លិន​ដោយច្រមុះ។ ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្ត ជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ តំណក់ទឹក រមៀល​លើស្លឹកឈូក ដែល​ផ្អៀងបន្តិច រមែងមិនដក់នៅ មានឧបមា យ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយ​រលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងក្លិនដែល​គប្បីដឹងបានដោយច្រមុះ ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣៤] ម្នាលអានន្ទ មួយទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ សេចក្តីមិនគាប់ចិត្តខ្លះ កើតឡើង ព្រោះទទួលរស ដោយអណ្តាត។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តី​គាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោត​គ្រាត​នោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិន​គាប់​ចិត្ត​នោះ​​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់​ទៅ​វិញ ឯវិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានកម្លាំង ប្រមូលដុំទឹកមាត់ មកលើ​ចុងអណ្តាត ហើយស្តោះ ដោយមិនលំបាក មានឧបមា យ៉ាងណាមិញ ម្នាល​អានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយ​រលត់ទៅវិញ ឯវិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មាន​លំបាកយ៉ាងនេះ ក៏មាន​ឧបមេយ្យ​ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយ​ដ៏ប្រសើរ ក្នុងរសដែល​គប្បីដឹងបានដោយអណ្តាត ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣៥] ម្នាលអានន្ទ មួយទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះពាល់ត្រូវ​នូវផោដ្ឋព្វៈ ដោយកាយ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តី​គាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមានកម្លាំង លាដៃ​ដែល​បត់ចូល ឬបត់​ចូលដៃ ដែលលាចេញ មានឧបមា យ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ហើយ​រលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើន​ឥន្ទ្រិយ​ដ៏ប្រសើរ ក្នុងផោដ្ឋព្វៈ ដែល​គប្បីដឹងបានដោយកាយ ក្នុង​វិន័យរបស់​ព្រះអរិយៈ។

[៣៣៦] ម្នាលអានន្ទ មួយវិញទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មាន​សេចក្តី​​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះដឹងធម្មារម្មណ៍ដោយចិត្ត។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា អាត្មាអញ មានសេចក្តី​គាប់ចិត្តនេះកើតឡើងហើយ មានសេចក្តី​មិនគាប់ចិត្តនេះ​កើតឡើងហើយ មានសេចក្តី​គាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនេះ កើតឡើងហើយ ឯវិបស្សនូបេក្ខាដ៏ល្អិត ដ៏ឧត្តម ក៏កើតឡើង ព្រោះអាស្រ័យ​សេចក្តី​គាប់ចិត្តជាដើម ដែលជា​របស់​មានបច្ច័យតាក់តែង ជារបស់​គ្រោតគ្រាតនោះឯង។ លុះ​ភិក្ខុនោះ មានសេចក្តី​គាប់ចិត្តនោះកើតឡើង មានសេចក្តី​មិនគាប់ចិត្តនោះ​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះនោះ កើតឡើង ហើយរលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង។ ម្នាលអានន្ទ បុរសមាន​កម្លាំង សម្រក់នូវតំណក់ទឹក ២តំណក់ ឬ៣តំណក់ ទៅក្នុងខ្ទះដែក ដ៏ក្តៅអស់១ថ្ងៃ ម្នាលអានន្ទ ការសម្រក់នូវតំណក់​ទឹកទាំងឡាយយឺតយូរ​ ឯទឹកនោះ ក៏ដល់នូវការអស់ទៅ ស្ងួតទៅ ​ដោយឆាប់រហ័ស មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ បុគ្គលណាមួយ មានសេចក្តី​គាប់ចិត្តកើតឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់​ចិត្ត​ខ្លះនោះ កើតឡើង ហើយ​រលត់ទៅវិញ វិបស្សនូបេក្ខា ក៏តាំងឡើង ដោយឆាប់យ៉ាងនេះ រហ័សយ៉ាងនេះ មិន​មានសេចក្តី​លំបាកយ៉ាងនេះ ក៏មានឧបមេយ្យ យ៉ាងនោះឯង ម្នាលអានន្ទ នេះឯង តថាគតហៅថា ការចម្រើនឥន្ទ្រិយ ក្នុងធម្មារម្មណ៍ ដែល​គប្បី​ដឹង​បានដោយចិត្ត ក្នុង​វិន័យរបស់​ព្រះអរិយៈ។ ម្នាលអានន្ទ ការចម្រើនឥន្ទ្រិយដ៏ប្រសើរ ក្នុងវិន័យរបស់ព្រះអរិយៈ យ៉ាងនេះឯង។

[៣៣៧] ម្នាលអានន្ទ បុគ្គលដែលឈ្មោះថា សេក្ខៈ ជាអ្នកមានបដិបទា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីគាប់ចិត្ត កើតឡើង មាន​សេចក្តី​​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឃើញរូប​ដោយភ្នែក។ ភិក្ខុនោះ ក៏នឿយណាយ ធុញទ្រាន់ ខ្ពើមរអើម ដោយ​សេចក្តី​គាប់ចិត្ត ដែលកើតឡើង ដោយសេចក្តី​មិនគាប់ចិត្ត ដែលកើតឡើង ដោយ​​សេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ ដែលកើតឡើងនោះ។ ភិក្ខុមានសេចក្តី​គាប់ចិត្តកើត​ឡើង មានសេចក្តី​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឮសំឡេង​ដោយត្រចៀក… ព្រោះធុំក្លិនដោយច្រមុះ… ព្រោះទទួល​រស​ដោយអណ្តាត… ព្រោះពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ… ព្រោះដឹង​ធម្មារម្មណ៍ដោយ​ចិត្ត។ ភិក្ខុនោះ ក៏នឿយណាយ ធុញទ្រាន់ ខ្ពើមរអើម ដោយសេចក្តី​គាប់ចិត្ត ដែល​កើតឡើង ដោយសេចក្តី​មិនគាប់ចិត្ត ដែលកើតឡើង ដោយសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ ដែល​កើតឡើងនោះ។ ម្នាលអានន្ទ បុគ្គលដែលឈ្មោះថាសេក្ខៈ ជាអ្នក​មានបដិបទា យ៉ាងនេះឯង។

[៣៣៨] ម្នាលអានន្ទ បុគ្គលដែលឈ្មោះថាអរិយៈ មានឥន្ទ្រិយចម្រើនហើយ តើ​ដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីគាប់ចិត្ត កើតឡើង មាន​សេចក្តី​​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឃើញរូប​ដោយភ្នែក។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បី​ជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើម ថាជា​របស់មិនគួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់​មិនគួរខ្ពើម ក្នុងរបស់ដែលគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ ជាអ្នកសំគាល់ ក្នុងរបស់មិនគួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថា ជារបស់​គួរខ្ពើម ក្នុងរបស់ដែលមិនគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ ​ជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើមផង មិនគួរខ្ពើមផង ថាជារបស់​មិនគួរ​ខ្ពើម ដូច្នេះ ហើយក៏សំគាល់ថា ជារបស់​មិនគួរខ្ពើម ក្នុងរបស់ដែលគួរ​ខ្ពើម និងមិនគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ គប្បី​ជាអ្នកសំគាល់ ក្នុងរបស់មិនគួរខ្ពើមផង គួរខ្ពើមផង ថាជារបស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថា ជារបស់គួរខ្ពើម ក្នុងរបស់ដែលមិនគួរ​ខ្ពើម និងគួរខ្ពើមនោះ។ បើប្រាថ្នាថា អាត្មាអញ គួរវៀរចេញ នូវរបស់ទាំងពីរ គឺ របស់គួរខ្ពើម និងមិនគួរខ្ពើម ជាអ្នកព្រងើយកន្តើយ មានស្មារតីដឹងសព្វ ដូច្នេះហើយ ក៏ជាអ្នក​ព្រងើយ​កន្តើយ មានស្មារតីដឹងសព្វ ក្នុងរបស់ទាំងពីរនោះ។

[៣៣៩] ម្នាលអានន្ទ មួយវិញទៀត ភិក្ខុ​មានសេចក្តីគាប់ចិត្តកើតឡើង មាន​សេចក្តី​​មិនគាប់ចិត្ត​កើតឡើង មានសេចក្តីគាប់ចិត្តខ្លះ មិនគាប់ចិត្តខ្លះ កើតឡើង ព្រោះឮសំឡេង​ដោយត្រចៀក… ព្រោះធុំក្លិនដោយច្រមុះ… ព្រោះទទួល​រសដោយ​អណ្តាត… ព្រោះពាល់ត្រូវ​ផោដ្ឋព្វៈ ដោយកាយ… ព្រោះដឹង​ធម្មារម្មណ៍​ដោយចិត្ត។ បើភិក្ខុនោះ ប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើម ថាជារបស់មិន​គួរខ្ពើមដូច្នេះ ហើយក៏សំគាល់ថា ជារបស់​មិនគួរខ្ពើម ក្នុងរបស់ដែលមិន​គួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ គប្បីជាអ្នកសំគាល់ ក្នុងរបស់មិនគួរខ្ពើម ថាជា​របស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់​គួរខ្ពើម ក្នុងរបស់ដែលមិនគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ ​គប្បីជាអ្នកសំគាល់ ក្នុងរបស់គួរខ្ពើមផង មិនគួរខ្ពើមផង ថាជារបស់​មិនគួរ​ខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់​មិនគួរខ្ពើម ក្នុងរបស់ដែលគួរ​ខ្ពើម និងមិនគួរ​ខ្ពើម​នោះ។ បើប្រាថ្នាថា អាត្មាអញ គប្បី​ជាអ្នកសំគាល់ ក្នុងរបស់​មិនគួរខ្ពើម​ផង គួរខ្ពើមផង ថាជារបស់គួរខ្ពើម ដូច្នេះ ហើយក៏សំគាល់ថាជារបស់គួរខ្ពើម ក្នុងរបស់ដែលមិនគួរ​ខ្ពើម និងគួរខ្ពើមនោះ។ បើប្រាថ្នាថា អាត្មាអញ គួរ​ជាអ្នកវៀរស្រឡះ នូវរបស់ទាំងពីរ គឺរបស់គួរខ្ពើម និងរបស់មិនគួរខ្ពើម ជាអ្នកព្រងើយកន្តើយ មានស្មារតីដឹងសព្វ ដូច្នេះហើយ ក៏ជាអ្នក​ព្រងើយ​កន្តើយ មានស្មារតីដឹងសព្វ ក្នុងរបស់ទាំងពីរនោះ។ ម្នាលអានន្ទ បុគ្គលដែល​ឈ្មោះថា អរិយៈ មានឥន្ទ្រិយចម្រើនហើយ យ៉ាងនេះឯង។

[៣៤០] ម្នាលអានន្ទ ការចម្រើននូវឥន្ទ្រិយដ៏ប្រសើរ ក្នុងវិន័យរបស់ព្រះអរិយៈ តថាគត បានសំដែងហើយ បុគ្គលដែលឈ្មោះថា សេក្ខៈ ប្រកបដោយបដិបទា តថាគត បាន​សំដែងហើយ បុគ្គលដែលឈ្មោះថា អរិយៈ មានឥន្ទ្រិយចម្រើនហើយ តថាគត ក៏​បានសំដែងហើយ ដោយប្រការដូច្នេះឯង ម្នាលអានន្ទ កិច្ចណា ដែលព្រះសាស្តា ជាអ្នក​ស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ ដល់​សាវ័កទាំងឡាយ គប្បីធ្វើព្រោះអាស្រ័យ​សេចក្តីអនុគ្រោះ កិច្ចនោះ តថាគតបាន​ធ្វើហើយ ដល់អ្នកទាំងឡាយ ម្នាលអានន្ទ នុ៎ះ រុក្ខមូល នុ៎ះ សុញ្ញាគារ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរពិនិត្យមើលចុះ ចូរកុំប្រមាទ កុំ​មាន​សេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ នេះហើយជាពាក្យប្រៀនប្រដៅ របស់​តថាគត ចំពោះអ្នកទាំងឡាយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះ​ចប់ហើយ ព្រះអានន្ទមានអាយុ មានសេចក្តី​ត្រេកអរ រីករាយ ចំពោះភាសិត​ព្រះមានព្រះភាគ។

ចប់ ឥន្ទ្រិយភាវនាសូត្រ ទី១០។

ចប់ សឡាយតនវគ្គ ទី៥។

ឧទ្ទាន​នៃ​សឡាយតនវគ្គ​នោះ គឺ

អនាថបិណ្ឌិកោវាទសូត្រ ១ ឆន្នោវាទសូត្រ ១ បុណ្ណោវាទសូត្រ ១ នន្ទកោវាទសូត្រ ១ ចូឡរាហុលោវាទសូត្រ ១ ឆឆក្កសូត្រ ១ សឡាយតនវិភង្គសូត្រ ១ នគរវិន្ទេយ្យសូត្រ ១ បិណ្ឌបាតបារិសុទ្ធិសូត្រ ១ ឥន្ទ្រិយភាវនាសូត្រ១ (នេះ) ជាវគ្គទី៥ ខាងចុងបំផុត។

ចប់ ឧបរិបណ្ណាសកៈ។

ចប់ ភាគ២៨ ។