វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |២៥|២៦|២៧|២៨|២៩| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

មជ្ឈិមនិកាយ ឧបរិបណ្ណាសកៈ អដ្ឋមភាគ

ភាគ២៧

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

សុញ្ញតវគ្គ

ចូឡសុញ្ញតសូត្រទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងប្រាសាទរបស់មិគារមាតា ក្នុងបុព្វារាម ទៀបក្រុងសាវត្ថី។ គ្រានោះ ព្រះអានន្ទមានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុង​ទី​សមគួរ។ លុះព្រះអានន្ទមានអាយុ គង់ក្នុងទីសមគួរហើយ ក៏ទូលសួរ នឹងព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងនគរតូច ជានិគមរបស់ពួកសក្យៈ ក្នុង​សក្កជនបទ បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភក្ត្រ បានរៀន ក្នុងទីចំពោះ​ព្រះភក្ត្រ នៃព្រះមានព្រះភាគ ក្នុងទីនោះថា ម្នាលអានន្ទ ឥឡូវនេះ តថាគតនៅច្រើនដោយការ​នៅ​ស្ងប់ស្ងាត់ បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនុ៎ះ ឈ្មោះថា ខ្ញុំព្រះអង្គ បានស្តាប់ដោយប្រពៃ បានរៀន​ដោយ​ប្រពៃ បានធ្វើទុកក្នុងចិត្ត ដោយប្រពៃ បានចងចាំ ដោយប្រពៃហើយឬ។

[២] ព្រះមានព្រះភាគត្រាស់ថា អើអានន្ទ ពាក្យនុ៎ះ ឈ្មោះថា អ្នកបានស្តាប់ដោយប្រពៃ រៀន​ដោយប្រពៃ ធ្វើទុកក្នុងចិត្ត ដោយប្រពៃ ចងចាំដោយប្រពៃហើយ។ ម្នាលអានន្ទ កាលពីដើមក្តី ឥឡូវ​នេះក្តី តថាគតធ្លាប់នៅច្រើន ដោយការនៅស្ងប់ស្ងាត់។ ម្នាលអានន្ទ ប្រាសាទរបស់មិគារមាតានេះ សូន្យចាកដំរី គោ សេះ លា សូន្យចាកមាស និងប្រាក់ សូន្យចាកការជួបជុំស្រី និងប្រុសអស់ហើយ។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យភិក្ខុសង្ឃ មានឧបមា ដូចម្តេច​មិញ ម្នាលអានន្ទ មានឧបមេយ្យដូចជា ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវគាមសញ្ញា (សេចក្តីសំគាល់ថាស្រុក) មិនធ្វើទុកក្នុងចិត្ត នូវមនុស្សសញ្ញា (សេចក្តីសំគាល់ថាមនុស្ស) ទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យ​អរញ្ញសញ្ញា (សេចក្តីសំគាល់ថាព្រៃ) ក៏ដូច្នោះដែរ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអរញ្ញសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់ យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយ​ទាំងឡាយ​ណា នៅមាន ព្រោះអាស្រ័យគាមសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តី​ក្រវល់ក្រវាយ​ទាំងឡាយណា នៅមាន ព្រោះអាស្រ័យមនុស្សសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះ​អាស្រ័យ​អរញ្ញសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកគាមសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកមនុស្សសញ្ញា។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអរញ្ញសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយ​ណា​ មិនដែលមាន ត្រង់កន្លែងនោះ ភិក្ខុក៏ពិចារណាឃើញ នូវសេចក្តីក្រវល់ក្រវាយនោះ ថាជារបស់សូន្យ ត្រង់កន្លែងនោះ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអានន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៣] ម្នាលអានន្ទ មួយទៀត ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវមនុស្សសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា (សេចក្តីសគាល់ថាដី)។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ក្នុងបឋវីសញ្ញា។ ម្នាលអានន្ទ ស្បែកគោ ដែល​គេកោស គេរូស ដោយខ្នោស មានឧបមាដូចម្តេចមិញ ម្នាលអានន្ទ មានឧបមេយ្យ ដូចជាទីណា ខ្ពស់ ទាប ឆ្លងទឹក ឆ្លងភក់ មានដង្គត់ និងបន្លាច្រូងច្រាង មានភ្នំរដិបរដុប ដែលមាននៅលើផែនដីនេះ ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវទីទាំងអស់នោះទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័បឋវីសញ្ញា ក៏ដូច្នោះដែរ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងបឋវីសញ្ញា។ ភិក្ខុនោះ  ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យមនុស្សសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណានៅមាន ព្រោះអាស្រ័យអរញ្ញសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកមនុស្សសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវ​សេចក្តី​សំគាល់ថាសូន្យ ចាកអរញ្ញសញ្ញា។ តែទីនេះ មិនមែនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យបឋវីសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះ ភិក្ខុពិចារណាឃើញ នូវសេចក្តីក្រវល់ក្រវាយនោះ ថាជារបស់សូន្យ ត្រង់កន្លែងនោះ បើសេចក្តី​ក្រវល់​ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៤] ម្នាលអានន្ទ មួយទៀត  ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអរញ្ញសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវបឋវីសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអាកាសានញ្ចាយតនសញ្ញា ។ ភិក្ខុនោះ  ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអរញ្ញសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យបឋវីសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តី​ក្រវល់ក្រវាយនេះ បែរជានៅមាន គឺ នៅមានសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអរញ្ញសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកបឋវីសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះទេ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់កន្លែងនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់កន្លែងនោះ ភិក្ខុ ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៥] ម្នាលអានន្ទ មួយទៀត  ភិក្ខុមិនធ្វើទុកក្នុងចិត្តនូវបឋវីសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវអាកាសានញ្ចាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្តនូវសភាវៈមួយ ព្រោះអាស្រ័យ​វិញ្ញាណញ្ចាយតនសញ្ញា។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងវិញ្ញាណញ្ចាយតនសញ្ញា ។ ភិក្ខុនោះ  ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យបឋវីសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអាកាសានញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា។ ភិក្ខុនោះ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកបឋវីសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកាសានញ្ចាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានត្រង់កន្លែងនោះទេ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់កន្លែងនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅ ត្រង់កន្លែងនោះ ភិក្ខុក៏ ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៦] ម្នាលអានន្ទ មួយទៀត  ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអាកាសានញ្ចាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវវិញ្ញាណញ្ចាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអាកិញ្ចញ្ចាយតនសញ្ញា។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអាកិញ្ចញ្ចាយតនសញ្ញា ។ ភិក្ខុនោះ  ដឹង​ច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យ​អាកាសានញ្ចា​យតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យ​អាកិញ្ចញ្ចា​យតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកាសានញ្ចា​យតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកវិញ្ញាណញ្ចាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់កន្លែងនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សេសសល់នៅត្រង់ទីនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៧] ម្នាលអានន្ទ មួយទៀត  ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវវិញ្ញាណញ្ចាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវអាកិញ្ចញ្ចាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យ​នេវសញ្ញានាសញ្ញា​យតនសញ្ញា។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងនេវសញ្ញានាសញ្ញាយតនសញ្ញា ។ ភិក្ខុនោះ  ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយ​ទាំងឡាយណា នៅមាន ព្រោះអាស្រ័យវិញ្ញាណញ្ចាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យ​អាកិញ្ចញ្ចា​យតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនសញ្ញា។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកវិញ្ញាណញ្ចាយតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកិញ្ចញ្ញាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមានសភាវៈមួយ ព្រោះអាស្រ័យនេវសញ្ញានាសញ្ញាយតនសញ្ញា។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា នៅមានសល់ត្រង់ទីនោះ ភិក្ខុក៏ដឹងច្បាស់ថា សេចក្តីក្រវល់ក្រវាយ ដែលនៅមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៨] ម្នាលអានន្ទ មួយទៀត  ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូវអាកិញ្ចញ្ញាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនេវសញ្ញានាសញ្ញាយតនសញ្ញា តែធ្វើទុកក្នុងចិត្ត នូវសភាវៈមួយ ព្រោះអាស្រ័យអនិមិត្តចេតោសមាធិ [អនិមិត្តចេតោសមាធិនោះ បានដល់សមាធិចិត្តដែលប្រកបដោយវិបស្សនា។ ព្រោះសមាធិនោះ ប្រាសចាកនិមិត្ត មានសេចក្តីមិនទៀងជាដើម បានជាលោកហៅថាអនិមិត្ត]។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអនិមិត្តចេតោសមាធិ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តី​ក្រវល់​ក្រវាយ​ទាំងឡាយណា នៅមាន ព្រោះអាស្រ័យអាកិញ្ចញ្ញាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យ​នេវសញ្ញា​នាសញ្ញាយតនសញ្ញា សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺមាន ព្រោះអាស្រ័យនូវកាយ ដែលប្រកបដោយសឡាយតនៈនេះ ដោយមានជីវិតជាបច្ច័យ។ ភិក្ខុនោះ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអាកិញ្ចញ្ញាយតនសញ្ញា ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកនេវសញ្ញា​នាសញ្ញាយតនសញ្ញា។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមាន ព្រោះអាស្រ័យកាយ ដែល​ប្រកប​ដោយ​សឡាយតនៈនេះ ដោយមានជីវិតជាបច្ច័យ។ ព្រោះហេតុនោះ បើសេចក្តីក្រវល់ក្រវាយណា មិនមាន​ក្នុងទីនោះ ភិក្ខុក៏ពិចារណា ឃើញសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនោះ ថាជារបស់សូន្យ បើសេចក្តីក្រវល់ក្រវាយណា សល់នៅក្នុងទីនោះ ភិក្ខុក៏ដឹងច្បាស់ នូវសេចក្តីក្រវល់ក្រវាយ ដែលមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអាននន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធស្អាត យ៉ាងនេះខ្លះ។

[៩] ម្នាលអានន្ទ មួយទៀត  ភិក្ខុមិនធ្វើទុកក្នុងចិត្ត នូអាកិញ្ចញ្ញាយតនសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនេវសញ្ញានាសញ្ញាយតនសញ្ញាទេ តែធ្វើទុកក្នុងចិត្តនូវសភាវៈមួយ ព្រោះអាស្រ័យ​អនិមិត្តចេតោសមាធិ។ ភិក្ខុនោះ មានចិត្តស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ជឿស៊ប់ ក្នុងអនិមិត្តចេតោសមាធិ។ ភិក្ខុនោះ  ដឹងច្បាស់យ៉ាងនេះថា អនិមិត្តចេតោសមាធិ នេះ អាត្មាអញ បានតាក់តែងហើយ បានរិះគិតសន្សំហើយ។ ភិក្ខុនោះដឹងទៀតថា បើធម្មជាតិណាមួយ ដែលអាត្មាអញ តាក់តែងហើយ រិះគិតសន្សំហើយ ធម្មជាតិនោះ មិនទៀង មានការរលត់ជាធម្មតា។ កាលបើភិក្ខុដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តក៏រួចចាកកាមាសវៈផង ចិត្តក៏រួចចាកភវាវៈផង ចិត្តក៏រួចចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ញាណក៏កើតឡើងថា អាត្មាអញ មានចិត្តរួចស្រឡះហើយ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ អាត្មាអញ បានប្រព្រឹត្តិស្រេចហើយ កិច្ចដែលអញត្រូវធ្វើ ក៏ធ្វើស្រេចហើយ មិនមានកិច្ចដទៃក្រៅពីនេះទៀតទេ។ ភិក្ខុនោះ ដឹងច្បាស់យ៉ាងនេះថា សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យកាមាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យភវាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ សេចក្តីក្រវល់ក្រវាយទាំងឡាយណា នៅមាន ព្រោះអាស្រ័យអវិជ្ជាសវៈ សេចក្តីក្រវល់ក្រវាយទាំងនោះ មិនមានក្នុងទីនេះទេ  តែសេចក្តីក្រវល់ក្រវាយនេះ បែរជានៅមាន គឺនៅមាន ព្រោះអាស្រ័យកាយ ដែលប្រកបដោយ​សឡាយតនៈនេះឯង ដោយមានជីវិតជាបច្ច័យ។ ភិក្ខុនោះដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តី​សំគាល់ថាសូន្យ ចាកកាមាសវៈ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកភវាសវៈ ដឹងច្បាស់ថា ទីនេះ ដល់នូវសេចក្តីសំគាល់ថាសូន្យ ចាកអវិជ្ជាសវៈ។ តែទីនេះ មិនឈ្មោះថាសូន្យទេ គឺនៅមាន ព្រោះអាស្រ័យកាយ ដែលប្រកបដោយសឡាយតនៈនេះឯង ដោយមានជីវិតជាបច្ច័យ។ សេចក្តីក្រវល់ក្រវាយណា មិនមានក្នុងទីនោះ ភិក្ខុពិចារណា ឃើញនូវសេចក្តីក្រវល់ក្រវាយនោះ ត្រង់ទីនេះ ថាជារបស់សូន្យ ពុំនោះ បើសេចក្តីក្រវល់ក្រវាយណា សល់នៅក្នុងទីនោះ ភិក្ខុក៏ដឹងច្បាស់ នូវ​សេចក្តី​ក្រវល់ក្រវាយ ដែលមាននោះថា សេចក្តីក្រវល់ក្រវាយនេះ នៅមាន។ ម្នាលអានន្ទ ភិក្ខុនោះឯង ឈ្មោះថា មានការកើតឡើង នៃសេចក្តីសូន្យនុ៎ះ ដែលជារបស់ពិត មិនប្រែប្រួល បរិសុទ្ធ ប្រសើរក្រៃលែង យ៉ាងនេះឯង។

[១០] ម្នាលអានន្ទ សមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអតីតកាល បានចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរ ក្រៃលែង ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តែងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង​នេះឯង។ ម្នាលអានន្ទ បើពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងអនាគតកាល នឹងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ នឹងចូល​កាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែងនេះឯង។ ម្នាលអានន្ទ បើពួកសមណៈ ឬព្រាហ្មណ៍​ណាមួយ ក្នុងបច្ចុប្បន្នកាល ចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង ពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តែងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែងនេះឯង។ ម្នាលអានន្ទ ហេតុនោះ ក្នុងសាសនានេះ ភិក្ខុត្រូវគិតថា យើងរាល់គ្នា នឹងចូលកាន់សុញ្ញតៈ ដ៏បរិសុទ្ធ ប្រសើរក្រៃលែង ម្នាលអានន្ទ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះឯង។

ចប់ ចូឡសុញ្ញតសូត្រ ទី១។

មហាសុញ្ញតសូត្រ ទី២

[១១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់ក្នុងនិគ្រោធារាម ទៀបក្រុងកបិលព័ស្តុ នាដែនរបស់ពួកសក្កៈ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរ ក្នុងបុព្វណ្ហសម័យ ហើយស្តេចចូទៅបិណ្ឌបាត ក្នុងក្រុងកបិលព័ស្តុ។ លុះព្រះអង្គចូលទៅបិណ្ឌបាត ក្នុង​ក្រុង​កបិលព័ស្តុហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅកាន់វិហារ របស់សក្កៈ ឈ្មោះ កាឡខេមកៈ ដើម្បីសម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ។ សម័យនោះឯង ក្នុងវិហាររបស់​កាឡខេមកសក្កៈ មានគេក្រាលសេនាសនៈទុកច្រើន។ លំដាប់នោះ ព្រះមានបុណ្យ ទ្រង់ទតឃើញ​សេនាសនៈ​ច្រើន គេរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ។ លុះព្រះអង្គទតឃើញហើយ ក៏មានព្រះហឫទ័យត្រិះរិះ ដូច្នេះថា សេនាសនៈច្រើន គេរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ ទំនងជាមានពួកភិក្ខុច្រើន នៅក្នុងទីនេះទេដឹង។

[១២] សម័យនោះឯង ព្រះអានន្ទមានអាយុ កំពុងចាត់ចែង ដេរចីពរ ក្នុងវិហាររបស់ ឃដាយសក្កៈ ជាមួយ​នឹងពួកភិក្ខុច្រើនរូប។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយស្តេចចូលទៅកាន់វិហាររបស់​ឃដាយសក្កៈ លុះចូលទៅដល់ហើយ ក៏គង់លើ​អាសនៈ ដែល​គេ​រៀប​ចំទុក។ លុះព្រះអង្គគង់ស៊ប់ហើយ ក៏ត្រាស់សួរព្រះអានន្ទមានអាយុថា ម្នាលអានន្ទ សេនាសនៈច្រើន ដែលគេបានរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ ហើយមានទាំងពួកភិក្ខុនៅក្នុងទីនុ៎ះ អ្វីច្រើនម្ល៉េះ។ ព្រះអានន្ទក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន សេនាសនៈច្រើន ដែលគេរៀបចំទុក ក្នុងវិហាររបស់កាឡខេមកសក្កៈ ហើយមានពួកភិក្ខុច្រើននៅក្នុងទីនុ៎ះ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ពេលនេះ ជាពេលធ្វើចីវរ ប្រព្រឹត្តមកដល់យើងខ្ញុំទាំងឡាយ។

[១៣] ម្នាលអានន្ទ ភិក្ខុដែលត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរ​នឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នា មិនល្អទេ ម្នាលអានន្ទ ភិក្ខុដែលត្រេកអរ​នឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងមានគ្នីគ្នា រីករាយនឹងគ្នីគ្នានោះ ហើយបាន មិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអានន្ទ បើភិក្ខុណា ចេញចាកពួក ហើយទៅនៅតែម្នាក់ឯង ភិក្ខុនោះ នឹងបាន មិនបាច់ប្រាថ្នា បានមិនលំបាក បានដោយស្រួល នូវនេក្ខម្មសុខ វិវេកសុខ ឧបសមសុខ សម្ពោធិសុខ ជាប្រាកដ ពាក្យដូច្នេះនេះ ទើបសមហេតុ។ ម្នាលអានន្ទ ភិក្ខុនោះ ត្រេកអរនឹងពួក ចូលចិត្តនឹងពួក ប្រកបរឿយៗ ក្នុងសេចក្តីត្រេកអរនឹងពួក ត្រេកអរនឹងគ្នីគ្នា ចូលចិត្តនឹងគ្នីគ្នា រីករាយនឹងគ្នីគ្នា អាចនឹងចូលកាន់ចេតោវិមុត្តិ ដែលផុតស្រឡះចាកកិលេស ជាទីរីករាយ ឬនឹងចូលកាន់ចេតោវិមុត្តិ ដែលមិនទាន់ផុតស្រឡះចាកពួកកិលេស ជាវិមុត្តិមិនកំរើក ដោយកិលេស​បាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអានន្ទ លុះតែភិក្ខុណា ចេញចាកពួក ហើយទៅសម្ងំនៅ​តែម្នាក់ឯង ភិក្ខុនោះ នឹងចូលកាន់ចេតោវិមុត្តិ ដែលផុតចាកពួកកិលេស ជាទីរីករាយ ឬនឹងចូលកាន់ចេតោវិមុត្តិ ដែលមិនទាន់ផុតចាកពួកកិលេស ជាវិមុត្តិមិនកំរើកដោយកិលេស ជាប្រាកដ ពាក្យដូច្នេះនេះ ទើបសមហេតុ។ ម្នាលអានន្ទ តថាគត ពិចារណារកមើលមិនឃើញនូវរូប សូម្បីតែមួយ ដែបុគ្គលត្រេកអរ ត្រេកត្រអាលយ៉ាងមំាំ ហើយមិនកើតសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីតានតឹង ព្រោះមិនមានការប្រែប្រួលទៅជាប្រការដទៃ នោះសោះឡើយ។

[១៤] ម្នាលអានន្ទ វិហារធម៌ (ការនៅ) ក្នុងទីស្ងាត់ តថាគត បានត្រាស់ដឹងហើយ គឺបានសម្រេច នូវសុញ្ញតផលសមាបត្តិក្នុងសន្តាន ព្រោះមិនធ្វើទុកក្នុងចិត្ត នូវសង្ខតនិមិត្តទាំងអស់ (មានរូបជាដើម)។ ម្នាលអានន្ទ បើពួកភិក្ខុក្តី ពួកភិក្ខុនីក្តី ពួកឧបាសកក្តី ពួកឧបាសិកាក្តី ពួកព្រះរាជាក្តី ពួករាជមហាមាត្យក្តី ពួកតិរ្ថិយក្តី ពួកសាវ័កនៃតិរ្ថិយក្តី ជាអ្នកចូលមករកតថាគត ជាភគវន្ត ដែលកំពុងនៅដោយវិហារធម៌នេះ ម្នាលអានន្ទ តថាគតឋិតនៅ ក្នុងកណ្តាលបរិស័ទនោះ ក៏មានចិត្តឈមទៅរកវិវេក បែរទៅរកវិវេក ទោរទន់ទៅរកវិវេក ស្ងាត់ចាកពួកគណៈ ត្រេកអរនឹងនេក្ខម្មៈ ប្រាសចាកធម៌ ដែលជាទីតាំងនៃអាសវៈ ជាអ្នកធ្វើនូវពាក្យ ដែលប្រកបដោយការដាស់តឿន ឲ្យវៀរចាកធម៌ជាទីតាំងនៃអាសវៈ សព្វគ្រប់ ដោយពិត។ ម្នាលអានន្ទ ហេតុនោះ ភិក្ខុក្នុងសាសនានេះ បើមានសេចក្តីប្រាថ្នាថា អាត្មាអញ គប្បីសម្រេច នូវសុញ្ញតផលសមាបត្តិ ខាងក្នុង គឺ បញ្ចក្ខន្ធរបស់ខ្លួន ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្ត ត្រូវញ៉ាំង​ចិត្ត​ឲ្យ​រីក​រាយ ត្រូវធ្វើចិត្តឲ្យស្ងប់ស្ងាត់ ត្រូវធ្វើចិត្តឲ្យជ្រះថ្លា ខាងក្នុង តែមួយយ៉ាង។

[១៥] ម្នាលអានន្ទ ចុះភិក្ខុតាំងចិត្ត ធ្វើចិត្តឲ្យរីករាយ ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យជ្រះថ្លា ខាងក្នុង គឺ បញ្ចក្ខន្ធរបស់ខ្លួន តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក… ចូលកាន់ទុតិយជ្ឈាន… ចូលកាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលអានន្ទ ភិក្ខុតាំងចិត្ត ធ្វើចិត្តឲ្យជ្រះថ្លា ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យរីករាយ ខាងក្នុង យ៉ាងនេះឯង។ ភិក្ខុនោះ ឈ្មោះថា ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង។ តែកាលបើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិខាងក្នុងទេ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹង​ច្បាស់​យ៉ាងនេះថា កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិ ខាងក្នុងទេ។ ភិក្ខុនោះ ជាអ្នក​ដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្រៅ គឺ បញ្ចក្ខន្ធអ្នកដទៃ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង និងខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្តនូវសេចក្តីមិនញាប់ញ័រ គឺ អរូបសមាបត្តិ។ កាលភិក្ខុនោះ ធ្វើទុក​ក្នុងចិត្ត នូវ​សេចក្តី​មិន​ញាប់​ញ័រ ចិត្តមិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងច្បាស់ យ៉ាងនេះថា កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏មិនស្ទុះទៅ មិនជ្រះថ្លា មិនតាំងនៅស៊ប់ មិនចុះចិត្តស៊ប់ ក្នុង​សេចក្តី​មិន​ញាប់ញ័រ ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវ​តាំង​ចិត្ត ធ្វើចិត្តឲ្យជ្រះថ្លា ធ្វើចិត្តឲ្យស្ងប់ស្ងាត់ ធ្វើចិត្តឲ្យរីករាយ ខាងក្នុង ក្នុងសមាធិនិមិត្ត ពីមុននោះវិញ។ ភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង។ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិខាងក្នុង។ ម្នាលអានន្ទ កាលបើចិត្តនុ៎ះ ស្ងប់ស្ងាត់យ៉ាងនេះ ភិក្ខុក៏ដឹងច្បាស់ យ៉ាងនេះថា  កាលអាត្មាអញ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុងហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសុញ្ញតផលសមាបត្តិ ខាងក្នុង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសុញ្ញតផលសមាបត្តិ ខាងក្នុង និងខាងក្រៅ។ បើភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រ។ កាលភិក្ខុនោះ ធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់ដឹងច្បាស់យ៉ាងនេះថា កាលអាត្មាអញធ្វើទុកក្នុងចិត្ត នូវសេចក្តីមិនញាប់ញ័រហើយ ចិត្តក៏ស្ទុះទៅ ជ្រះថ្លា តាំងនៅស៊ប់ ចុះចិត្តស៊ប់ ក្នុងសេចក្តីមិនញាប់ញ័រ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។

[១៦] ម្នាលអានន្ទ កាលបើភិក្ខុនោះ នៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅ ដើម្បីចង្ក្រម។ ភិក្ខុនោះចង្ក្រម ដោយគិតដូច្នេះថា អកុសលធម៌ទាំងឡាយ ដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងចង្ក្រម យ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅដើម្បីកិរិយាឈរ។ ភិក្ខុនោះ ឈរដោយគិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងឈរយ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅដើម្បីអង្គុយ។ ភិក្ខុនោះ ក៏អង្គុយ ដោយគិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងអង្គុយនៅ យ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ នៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅដើម្បីដេក។ ភិក្ខុនោះ ក៏ដេក ដោយគិតថា អកុសលធម៌ទាំងឡាយដ៏លាមក គឺ អភិជ្ឈា និងទោសមនស្ស នឹងមិនជាប់តាមអាត្មាអញ ដែលកំពុងដេក យ៉ាងនេះ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់នូវហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅ ដើម្បីនិយាយ។ ភិក្ខុនោះ គិតថា កថាណាថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ មិនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ មិនប្រព្រឹត្តទៅ ដើម្បីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន គឺរាជកថា (និយាយពីព្រះរាជា) ចោរកថា (និយាយពីចោរ) មហាមត្តកថា (និយាយពីអាមាត្រធំ) សេនាកថា (និយាយពីសេនា) ភយកថា (និយាយពីភ័យ) យុទ្ធកថា (និយាយពី​ចម្បាំង) អន្នកថា (និយាយពីបាយ) បានកថា (និយាយពីទឹក) វត្ថកថា (និយាយពីសំពត់) សយនកថា (និយាយពីដំណេក) មាលាកថា (និយាយពីកម្រងផ្កា) គន្ធកថា (និយាយពីគ្រឿងក្រអូប) ញាតិកថា (និយាយពីញាតិ) យានកថា (និយាពីយានជំនិះ) គាមកថា (និយាយពីស្រុក) និគមកថា (និយាយពីនិគម) នគរកថា (និយាយពីក្រុង) ជនបទកថា (និយាយពីជនបទ) ឥត្ថីកថា (និយាយពីស្ត្រី) សូរកថា (និយាយពីមនុស្សក្លៀវក្លា) វិសិខាកថា (និយាយពីកំប៉ោយ) កុម្ភដ្ឋានកថា (និយាយពីកន្លែងដាក់ក្អមទឹក ឬកន្លែងកំណប់) បុព្វប្បេតកថា (និយាយពីមនុស្ស ដែលស្លាប់ហើយ) នានត្តកថា (និយាយពី​មនុស្សផ្សេងៗគ្នា) លោកក្ខាយិកា (និយាយពីព្រហ្មកសាងលោក) សមុទ្ទក្ខាយិកា (និយាយពីព្រហ្មកសាងសមុទ្រ) និយាយអំពីភពតូច និងភពធំ ថា ដូច្នោះខ្លះ ដូច្នេះខ្លះ អាត្មាអញ មិននិយាយ​នូវកថា មានសភាពយ៉ាងនោះឡើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កថាណាផូរផង់ ជាទីសប្បាយ ដល់ការពិចារណា តាមដំណើរចិត្តប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន គឺអប្បិច្ឆកថា (និយាយពី​សេចក្តីប្រាថ្នាតិច) សន្តុដ្ឋិកថា (និយាយពីសេចក្តីសន្តោស) បវិវេកកថា (និយាយពីសេចក្តីស្ងប់ស្ងាត់) អសំសគ្គកថា (និយាយពីការមិនជាប់ជំពាក់) វីរិយារម្ភកថា (និយាយពីការប្រារព្ធព្យាយាម) សីលកថា (និយាពីសីល) សមាធិកថា (និយាយពីសមាធិ) បញ្ញាកថា (និយាយពីប្រាជ្ញា) វិមុត្តិកថា (និយាយពីការរួចចាកកិលេស) វិមុត្តិញ្ញាណទស្សនកថា (និយាយពីការឃើញដោយបញ្ញា ចំពោះកិរិយារួចចាកកិលេស) អាត្មាអញ នឹងនិយាយតែកថា មានសភាពយ៉ាងនោះឯង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ កាលបើភិក្ខុនោះ កំពុងនៅ ដោយវិហារធម៌ គឺសមថវិបស្សនានេះ ចិត្តក៏បង្អោនទៅ ដើម្បីវិតក្កៈ (សេចក្តីត្រិះរិះ)។ ភិក្ខុនោះគិតថា វិតក្កៈទាំងឡាយណា ដែលថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនប្រសើរ មិនប្រកបដោយប្រយោជន៍ មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅដើម្បីប្រាសចាករាគៈ មិនប្រព្តឹត្តទៅ ដើម្បីសេចក្តីរំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹង មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន គឺកាមវិតក្កៈ ព្យាបាទវិតក្កៈ វិហឹសាវិតក្កៈ អាត្មាអញ នឹងមិនត្រិះរិះ ដោយវិតក្កៈ មានសភាពយ៉ាងនោះឡើយ។ ភិក្ខុនោះ ជាអ្នកដឹង ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ វិតក្កៈទាំងឡាយណា ដ៏ប្រសើរ ជានិយ្យានិកៈ ដឹកនាំសត្វ តែងដឹងនាំបុគ្គលជាអ្នកធ្វើតាមពុទ្ធវចនៈនោះ ឲ្យអស់ទៅនៃទុក្ខដោយប្រពៃបាន គឺនេក្ខម្មវិតក្កៈ អព្យាបាទវិតក្កៈ អវិហឹសាវិតក្កៈ ភិក្ខុគិតថា អាត្មាអញ នឹងត្រិះរិះនូវវិតក្កៈទាំងឡាយ មានសភាពយ៉ាងនោះឯង។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។

[១៧] ម្នាលអានន្ទ កាមគុណនេះ មាន៥ប្រការ កាមគុណ ៥ប្រការ គឺអ្វីខ្លះ រូបទាំងឡាយ ដែលបុគ្គល​ដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកប​ដោយកាម គួរឲ្យកើតតម្រេក១ សំឡេងទាំងឡាយ ដែលបុគ្គលដឹងដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលបុគ្គលដឹងដោយច្រមុះ…១ រសទាំងឡាយ ដែលបុគ្គលដឹងដោយអណ្តាត…១ ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ​កាម គួរឲ្យកើតតម្រេក១ ម្នាលអានន្ទ កាមគុណ៥ប្រការនេះឯង។ ភិក្ខុត្រូវពិចារណា​ចិត្ត​របស់​ខ្លួន ឲ្យ​រឿយៗថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់ចិត្ត នៃអាត្មាអញ កើតឡើង ក្នុង​ហេតុ​ជា​ទី​កើត​នៃកិលេស ចំពោះកាមគុណណាមួយ មានដែរឬទេ។ ម្នាលអានន្ទ បើភិក្ខុពិចារណាទៅ ដឹងយ៉ាងនេះថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់នៃចិត្តរបស់អាត្មាអញ កើតឡើង ក្នុងហេតុ​ជាទីកើត​នៃកិលេស ចំពោះកាមគុណណាមួយ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុគង់​ដឹងយ៉ាងនេះថា តម្រេកណា ដែលកើតក្នុងកាមគុណ ទាំង៥នេះ តម្រេកនោះ អាត្មាអញ មិនទាន់លះបង់បានទេ។ ម្នាលអានន្ទ មួយទៀត បើភិក្ខុពិចារណាទៅ ដឹងយ៉ាងនេះថា បណ្តាកាមគុណ ទាំង៥នេះ សេចក្តីជ្រួលច្រាល់នៃចិត្តរបស់អាត្មាអញ មិនកើតឡើង ក្នុងហេតុជាទីកើតនៃកិលេស ចំពោះកាមគុណណាមួយទេ។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុក៏ដឹងយ៉ាងនេះថា សេចក្តីប្រាថ្នាណា ក្នុងកាមគុណ ទាំង៥នេះ សេចក្តីប្រាថ្នានោះ អាត្មាអញ បានលះបង់ហើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។

[១៨] ម្នាលអានន្ទ ឧបាទានក្ខន្ធនេះ មាន៥យ៉ាង។ ភិក្ខុត្រូវប្រព្រឹត្ត ដោយកិរិយាពិចារណាឃើញ នូវសេចក្តីកើត និងសេចក្តីរលត់ ដូច្នេះថា រូបដូច្នេះ ការកើតឡើងនៃរូប ដូច្នេះ ការវិនាសទៅនៃរូប ដូច្នេះ វេទនាដូច្នេះ… សញ្ញាដូច្នេះ… សង្ខារទាំងឡាយដូច្នេះ… វិញ្ញាណដូច្នេះ ការកើតឡើងនៃវិញ្ញាណដូច្នេះ ការវិនាសទៅ នៃវិញ្ញាណ ដូច្នេះ។ កាលបើភិក្ខុនោះ ពិចារណាឃើញច្បាស់ នូវការកើត និងការរលត់ ក្នុងឧបាទានក្ខន្ធ ទាំង៥នេះ ភិក្ខុនោះ រមែងលះបង់អស្មិមានះ ក្នុងឧបាទានក្ខន្ធ ទាំង៥ ចេញបាន។ ម្នាលអានន្ទ កាលបើមានហេតុយ៉ាងនេះ ភិក្ខុដឹងយ៉ាងនេះថា អាត្មាអញ បានលះបង់អស្មិមានះ ក្នុងឧបាទានក្ខន្ធ ទាំង៥ បានហើយ។ ភិក្ខុនោះ ជាអ្នកដឹងច្បាស់ ក្នុងហេតុនោះ ដោយប្រការដូច្នេះ។ ម្នាលអានន្ទ ធម៌ទាំងឡាយនេះឯង ជាប់មកតាមកុសល ដោយចំណែកមួយ ដ៏បរិសុទ្ធ ប្រសើរក្នុងលោក ដែលមារមានចិត្តបាប មិនអាចគ្របសង្កត់បាន។ ម្នាលអានន្ទ អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច សាវ័កពិចារណាឃើញ នូវអំណាចនៃប្រយោជន៍ដូចម្តេច បានជាមិនហៅរក តែគួរដើរតាមសាស្តា។ ព្រះអានន្ទ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះមានព្រះភាគជាមូល មាន​ព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ សំដែងសេចក្តី នៃភាសិតនុ៎ះ ដោយប្រពៃ ដល់យើងខ្ញុំ ពួកភិក្ខុស្តាប់ភាសិត របស់ព្រះអង្គហើយ នឹងចងចាំទុក។

[១៩] ម្នាលអានន្ទ សាវ័កមិនគួរដើរតាមតែព្រះសាស្តាទេ គឺថា គួរតែស្តាប់នូវសុត្តៈ គេយ្យៈ វេយ្យាករណៈ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលអានន្ទ ព្រោះថា ធម៌ទាំងឡាយ អ្នកទាំងឡាយ ក៏បានស្តាប់ បានទ្រទ្រង់ ចាំរត់មាត់ ស្ទាត់ក្នុងចិត្ត ចាក់ធ្លុះដោយទិដ្ឋិ ជាយូរយារហើយ។ ម្នាលអានន្ទ មួយទៀត កថាណា ផូរផង់ក្រៃលែង ជាទីសប្បាយ ដល់កិរិយាពិចារណាដោយចិត្ត ប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដោយចំណែកមួយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ទុក្ខ ដើម្បីស្ងប់រម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន កថានោះ គឺ អប្បិច្ឆកថា សន្តុដ្ឋិកថា បវិវេកកថា អសំសគ្គកថា វីរិយារម្ភកថា សីលកថា សមាធិកថា បញ្ញាកថា វិមុត្តិកថា វិមុត្តិញ្ញាណទស្សនកថា ម្នាលអានន្ទ សាវ័កគួរតែស្តាប់នូវកថា មាន​សភាព​យ៉ាងនោះ ទើបឈ្មោះថា មិនហៅរក តែគួរដើរតាមសាស្តា។ ម្នាលអានន្ទ កាលបើមាន​ហេតុ​យ៉ាងនេះ ឧបទ្រពអាចារ្យ ក៏មាន កាលបើមានហេតុយ៉ាងនេះ ឧបទ្រពកូនសិស្ស ក៏មាន កាលបើមាន​ហេតុយ៉ាងនេះ ឧបទ្រពព្រហ្មចារ្យ ក៏មាន។

[២០] ម្នាលអានន្ទ ឧបទ្រពអាចារ្យ តើដូចម្តេច។ ម្នាលអានន្ទ សាស្តាខ្លះ ក្នុងលោកនេះ នៅអាស្រ័យ នឹងសេនាសនៈ​ដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ កាលដែលសាស្តានោះ ចៀសចេញចាកពួកគណៈដូច្នោះ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាម (បែបផែននោះ)។ កាលបើព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ប្រព្រឹត្តតាមដូច្នោះហើយ សាស្តានោះ ប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភវិញ។ ម្នាលអានន្ទ នេះតថាគតហៅថា ឧបទ្រពអាចារ្យ ព្រោះ​ឧបទ្រព គឺកិលេស កើតក្នុងអាចារ្យ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំ​ឲ្យកើត​ក្នុង​ភព​ថ្មី​ទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ​ ជរា និងមរណៈ តទៅមុខ ក៏សម្លាប់​នូវសាស្តានោះ។ ម្នាលអានន្ទ យ៉ាងនេះឯង ជាឧបទ្រពអាចារ្យ។

[២១] ម្នាលអានន្ទ ចុះ ឧបទ្រពសិស្ស តើដូចម្តេច។ ម្នាលអានន្ទ សាវ័ករបស់សាស្តានោះឯង កាលចំរើនវិវេក យកតម្រាប់សាស្តានោះ ក៏អាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមសាវ័ក ដែលចេញចាកពួកដូច្នោះ។ សាវ័កនោះ ប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួកព្រាហ្មណ៍ និងគហបតី អ្នកនិគម អ្នកជនបទ ដែលប្រព្រឹត្តតាម (ទាំងអម្បាលនោះ) វិញ។ ម្នាលអានន្ទ នេះ តថាគត ហៅថា ឧបទ្រពសិស្ស ព្រោះឧបទ្រព គឺកិលេស កើតក្នុងសិស្ស។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំឲ្យកើត ក្នុងភពថ្មីទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ ជរា និងមរណៈតទៅ ក៏សម្លាប់នូវសាវ័កនោះ។ ម្នាលអានន្ទ យ៉ាងនេះឯង ជាឧបទ្រពសិស្ស។

[២២] ម្នាលអានន្ទ ចុះឧបទ្រពព្រហ្មចារ្យ តើដូចម្តេច។ ម្នាលអានន្ទ ព្រះតថាគត ឆ្ងាយចាកសឹកសត្រូវ គឺកិលេស ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាអ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាសាស្តាចារ្យនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវចតុរារិយសច្ច មិនត្រឡប់មកកាន់ត្រៃភព ព្រះអង្គកើតឡើងក្នុងលោកនេះ។ ព្រះតថាគតនោះ អាស្រ័យនៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមព្រះតថាគត ដែលចេញចាកពួកដូច្នោះ។ ព្រះតថាគតនោះ មិនប្រាថ្នានូវ​តណ្ហា ជាធម្មជាតិជ្រុលជ្រប់ មិនដល់នូវសេចក្តីត្រេកអរ មិនត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ដែលប្រព្រឹត្តតាម (នោះ) ទេ។ ម្នាលអានន្ទ តែថាសាវ័ករបស់សាស្តានោះឯង ចំរើនវិវេក យកតម្រាប់សាស្តានោះ ក៏នៅនឹងសេនាសនៈដ៏ស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ដងព្រៃ ទីវាល គំនរចំបើង។ ពួកព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ក៏ប្រព្រឹត្តតាមសាវ័ក ដែលចេញចាកពួកដូច្នោះ។ សាវ័កនោះ បែរជា​ប្រាថ្នានូវតណ្ហា ជាធម្មជាតិជ្រុលជ្រប់ ដល់នូវសេចក្តីត្រេកអរ ក៏ត្រឡប់មកកាន់សេចក្តីល្មោភ ក្នុងពួក ព្រាហ្មណ៍ និងគហបតីក្តី អ្នកនិគមក្តី អ្នកជនបទក្តី ដែលប្រព្រឹត្តតាមនោះវិញ។ ម្នាលអានន្ទ នេះឯង តថាគតហៅថា ឧបទ្រពព្រហ្មចារ្យ ព្រោះឧបទ្រព គឺកិលេស ក្នុងព្រហ្មចារ្យ។ អកុសលធម៌ទាំងឡាយ ដ៏លាមក ជាគ្រឿងសៅហ្មង ជាធម៌នាំឲ្យកើត ក្នុងភពថ្មីទៀត ប្រព្រឹត្តទៅ ដោយសេចក្តីក្រវល់​ក្រវាយ ឲ្យផលជាទុក្ខ ប្រកបដោយជាតិ ជរា និងមរណៈតទៅ ក៏សម្លាប់នូវសាវ័កនោះ។ ម្នាលអានន្ទ យ៉ាងនេះឯង ជាឧបទ្រពព្រហ្មចារ្យ។ ម្នាលអានន្ទ បណ្តា ឧបទ្រពទាំងនោះ ឧបទ្រព្យអាចារ្យក្តី ឧបទ្រពសិស្សក្តី ឲ្យផលជាទុក្ខ ល្មមទេ ចំណែកឧបទ្រពព្រហ្មចារ្យនេះ ទើបឲ្យផលជាទុក្ខ យ៉ាងក្រៃលែង ឲ្យផលផ្សាក្តៅយ៉ាងក្រៃលែង ជាងឧបទ្រពអាចារ្យ និងឧបទ្រពសិស្សទាំងនោះទៅទៀត មិនតែប៉ុណ្ណោះ ប្រព្រឹត្តទៅ ដើម្បីធ្លាក់ចុះទៅកាន់អបាយ។ ម្នាលអានន្ទ ហេតុនោះ អ្នកទាំងឡាយចូររាប់អានតថាគត ដោយសេចក្តីប្រតិបត្តិថាជាមិត្ត កុំរាប់អានតថាគត ដោយសេចក្តីប្រតិបត្តិថា ជាអ្នកមានពៀរឡើយ សេចក្តីប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ អស់កាលជាអង្វែងទៅ។

[២៣] ម្នាលអានន្ទ ចុះពួកសាវ័ក រាប់អានសាស្តា ដោយសេចក្តីប្រតិបត្តិ ជាអ្នកមានពៀរ មិនរាប់អានសាស្តា ដោយសេចក្តីប្រតិបត្តិជាមិត្ត តើដូចម្តេច។ ម្នាលអានន្ទ សាស្តាក្នុងលោកនេះ ជាអ្នកអនុគ្រោះ ស្វែងរកប្រយោជន៍ ប្រកបដោយសេចក្តីអនុគ្រោះ ទើបសំដែងធម៌ ដល់ពួកសាវ័កថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ ឯពួកសាវ័ក របស់សាស្តានោះ មិនស្តាប់ដោយគោរព មិនផ្ទៀងត្រចៀកស្តាប់ មិនញ៉ាំងចិត្ត ដែលត្រាច់ទៅ ក្នុងទីដទៃ ឲ្យតាំងនៅនឹង លះបង់លែងប្រព្រឹត្តតាមសាសនា របស់សាស្តា។ ម្នាលអានន្ទ ពួកសាវ័ករាប់អានសាស្តា ដោយប្រតិបត្តិ ជាអ្នកមានពៀរ មិនរាប់អានដោយសេចក្តីប្រតិបត្តិ ដើម្បីជាមិត្ត យ៉ាងនេះឯង។

[២៤] ម្នាលអានន្ទ ចុះពួកសាវ័ករាប់អានសាស្តា ដោយសេចក្តីប្រតិបត្តិជាមិត្ត មិនរាប់អាន​ដោយ​សេចក្តី​ប្រតិបត្តិជាអ្នកមានពៀរ តើដូចម្តេច។ ម្នាលអានន្ទ សាស្តាក្នុងលោកនេះ ជាអ្នកអនុគ្រោះ ស្វែង​រកប្រយោជន៍ ប្រកបដោយសេចក្តីអនុគ្រោះ ទើបសំដែងធម៌ ដល់ពួកសាវ័កថា ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ ធម្មជាតនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ ពួកសាវ័ក របស់សាស្តានោះ ខំប្រឹងស្តាប់ ផ្ទៀងត្រចៀកស្តាប់ ញ៉ាំងចិត្ត ដែលត្រេចទៅ ក្នុងទីដទៃ ឲ្យតាំងនៅនឹង ទាំងមិនលះបង់ លែងប្រព្រឹត្តតាមសាសនា របស់សាស្តាឡើយ។ ម្នាលអានន្ទ ពួកសាវ័ក រាប់អានសាស្តា ដោយសេចក្តីប្រតិបត្តិជាមិត្ត មិនរាប់អានដោយសេចក្តីប្រតិបត្តិ ជាអ្នកមានពៀរយ៉ាងនេះឯង។ ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកទាំងឡាយ គួររាប់អានតថាគត ដោយសេចក្តីប្រតិបត្តិជាមិត្តចុះ កុំរាប់អានតថាគតដោយសេចក្តីប្រតិបត្តិ ជាអ្នកមានពៀរឡើយ ការប្រតិបត្តិជាមិត្តនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់អ្នកទាំងឡាយ អស់កាលជាអង្វែងទៅ។ ម្នាលអានន្ទ ស្មូនឆ្នាំង កាន់ភាជន៍ទទឹកមិនទាន់ស្ងួត (ថ្នមមិនឲ្យបែក) យ៉ាងណា តថាគត មិនបៀតបៀនអ្នកទាំងឡាយយ៉ាងនោះដែរ។ ម្នាលអានន្ទ តថាគតសង្កត់សង្កិនហើយ ប្រៀនប្រដៅរឿយៗ ម្នាលអានន្ទ តថាគតបន្សាត់បង់ បំផ្លាញបង់នូវទោសចេញហើយ ប្រៀនប្រដៅថែមទៀត ដោយគិតថានឹងឲ្យអ្នកទាំងឡាយ មានសារៈ គឺមគ្គផលតាំងនៅក្នុងសន្តាន។ លុះព្រះមានបុណ្យ បានត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ មហាសុញ្ញតសូត្រ ទី២។

អច្ឆរិយព្ភូតធម្មសូត្រ ទី៣

[២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលពួកភិក្ខុមានចំនួនច្រើន ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត អង្គុយប្រជុំគ្នា ក្នុងបដ្ឋានសាលា ក្នុងកាលនោះឯង អន្តរាកថានេះ ក៏កើតឡើងថា អស្ចារ្យណាស់ អាវុសោ ចំឡែកណាស់ អាវុសោ ត្រង់ដែលព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រះតថាគត ទ្រង់ជ្រាប នូវព្រះអតីតពុទ្ធទាំងឡាយ ដែលបរិនិព្វានហើយ ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញ៉ាំងសត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់ នូវកម្មជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់ នូវទុក្ខទាំងពួងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានព្រះនាមយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានព្រះគោត្រយ៉ាងនេះខ្លះ ព្រះមានព្រះភាគ ទាំងនោះ មានសីលយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានបញ្ញាយ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិហារធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ។ លុះភិក្ខុទាំងឡាយ និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ​ បានពោលនឹងភិក្ខុទាំងនោះ ដូច្នេះថា ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជា​បុគ្គល​អស្ចារ្យ ទាំងប្រកបដោយ​ធម៌អស្ចារ្យមែន ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលចំឡែក ទាំងប្រកបដោយធម៌ ដ៏ចំឡែកមែន។ នេះជាអន្តរាកថា របស់ភិក្ខុទាំងនោះ អន្តរាកថានេះ ក៏ដាច់ពាក់កណ្តាលទៅ។

[២៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចេញអំពីការសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលសំដៅទៅឧបដ្ឋានសាលា លុះទ្រង់ចូលទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះមានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះបន្ទូលនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ អ្នកទាំងឡាយ អង្គុយប្រជុំគ្នា និយាយដូចម្តេច ចុះពាក្យដូចម្តេច ដែលអ្នកទាំងឡាយ បញ្ឈប់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន អម្បាញ់មិញនេះ ខ្ញុំព្រះអង្គទាំងឡាយ ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏អង្គុយប្រជុំគ្នា ក្នុងឧបដ្ឋានសាលា អន្តរាកថានេះ កើតឡើងដូច្នេះថា អស្ចារ្យណាស់ អាវុសោ ចំឡែកណាស់ អាវុសោ ត្រង់ដែលព្រះតថាគត ព្រះអង្គមានឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះថា ព្រះតថាគត ទ្រង់ជ្រាប នូវព្រះអតីតពុទ្ធទាំងឡាយ ដែលបរិនិព្វានហើយ ទ្រង់ផ្តាច់ផ្តិលនូវកិលេស ជាគ្រឿងញ៉ាំង​សត្វ ឲ្យមានដំណើរយឺតយូរ ទ្រង់ផ្តាច់ផ្តិលនូវកម្ម ជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់គ្របសង្កត់ នូវកម្មជាគ្រឿងញ៉ាំងសត្វឲ្យវិលវល់ ទ្រង់កន្លងបង់ នូវទុក្ខទាំងពួងថា ព្រះមានព្រះភាគទាំងនោះ មានព្រះជាតិយ៉ាងនេះខ្លះ… មានព្រះនាមយ៉ាងនេះខ្លះ… មានព្រះគោត្រយ៉ាងនេះខ្លះ… មានសីលយ៉ាងនេះខ្លះ… មានធម៌យ៉ាងនេះខ្លះ… មានប្រាជ្ញាយ៉ាងនេះខ្លះ មានវិហារធម៌យ៉ាងនេះខ្លះ ព្រះមានព្រះភាគទាំងនោះ មានវិមុត្តិយ៉ាងនេះខ្លះ បពិត្រព្រះអង្គដ៏ចម្រើន លុះខ្ញុំព្រះអង្គទាំងឡាយ និយាយយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏និយាយនឹងខ្ញុំព្រះអង្គទាំងឡាយ ដូច្នេះថា ម្នាលអាវុសោ   ព្រះតថាគតទាំងឡាយ មានសេចក្តីអស្ចារ្យ ទាំងប្រកបដោយធម៌ ដ៏អស្ចារ្យមែន ម្នាលអាវុសោ ព្រះតថាគតទាំងឡាយ ជាបុគ្គលចំឡែក ជាបុគ្គលប្រកបដោយធម៌ ដ៏ចំឡែកមែន បពិត្រព្រះអង្គដ៏ចម្រើន នេះជាអន្តរាកថា ដែលខ្ញុំព្រះអង្គទាំងឡាយ បញ្ឈប់ក្នុងវេលាដែលព្រះមានព្រះភាគ ទ្រង់ស្តេចមកដល់។

[២៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូលនឹងព្រះអានន្ទថា ម្នាលអានន្ទ បើដូច្នោះ ធម៌ណា ដែលអស្ចារ្យ ដែលចំឡែក អ្នកចូរបំភ្លឺនូវធម៌នោះ ចំពោះតថាគត ឲ្យលើសលន់ពន់ប្រមាណ ក្នុងទីនេះចុះ។

[២៨] ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនុ៎ះ ខ្ញុំព្រះអង្គ បានស្តាប់​ក្នុង​ទីចំពោះព្រះភ័ក្ត្រ ពាក្យនេះ ខ្ញុំព្រះអង្គ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វកើតក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វកើតក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គ​ដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ (ធម៌អស្ចារ្យ ចំឡែក) របស់ព្រះមានព្រះភាគ។

[២៩] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ឋិតនៅក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វឋិតនៅក្នុងពួកទេវតាជាន់តុសិត តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣០] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ឋិតនៅក្នុងពួកទេវតាជាន់តុសិត ដរាបដល់អស់អាយុ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វឋិតនៅក្នុងពួកទេវតាជាន់តុសិត ដរាបដល់​អស់​ព្រះជន្មាយុ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣១] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត ចុះមកកាន់ផ្ទៃនៃមាតា តែងមានសតិសម្បជញ្ញៈ។ បពិត្រព្រះអង្គដ៏ចម្រើន ពោធិសត្វច្យុតចាក​ពួក​ទេវតាជាន់តុសិត ទ្រង់ចុះមកកាន់ផ្ទៃព្រះមាតា តែងមានសតិសម្បជញ្ញៈ ដោយហេតុណា បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ។បេ។

[៣២] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ច្យុតចាកពួកទេវតាជាន់តុសិត ចុះមកកាន់ផ្ទៃនៃមាតា កាលនោះ ពន្លឺដ៏លើសលុបហួសប្រមាណ កើតប្រាកដក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ទាំងសមណព្រាហ្មណ៍ និងពួកសត្វ គឺទេវតា និងមនុស្សដ៏សេស ជាពន្លឺ កន្លងនូវទេវានុភាព របស់ទេវតាទាំងឡាយ ទាំងចន្លោះនៃលោកណា ដែលបើកជានិច្ច មិនមានទីតម្កល់នៅខាងក្រោម មានតែងងឹត ប្រកបដោយងងឹត និងអព្ទ ព្រះចន្ទ្រ និងព្រះអាទិត្យនេះ មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ មិនបានចាំងទៅក្នុងទីណា ពន្លឺដ៏លើសលុប ហួសប្រមាណ កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ ក៏កើតប្រាកដ ក្នុងទីនោះ មួយទៀត ពួកសត្វណា ដែលកើតក្នុងទីនោះ ពួកសត្វនោះ ក៏ស្គាល់គ្នាច្បាស់ទៅវិញទៅមក ដោយពន្លឺនោះថា យីអើ ពួកសត្វដទៃមានមកកើតក្នុងទីនេះដែរតើ មួយទៀត លោកធាតុទាំងមួយម៉ឺននេះ ក៏រំភើប ញាប់ញ័រ រន្ធត់ ឯពន្លឺដ៏លើសលុប ហួសប្រមាណ កន្លងបង់នូវទេវានុភាព របស់ទេវតា ក៏កើតប្រាកដក្នុងលោក បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៣] បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃព្រះមាតា មានទេវបុត្រ៤អង្គ ចូលមករក្សាពោធិសត្វនោះ ក្នុងទិសទាំង៤ ដោយគិតថា កុំឲ្យមនុស្ស ឬអមនុស្ស ឬអ្នកណាមួយ បៀតបៀនពោធិសត្វ និងមាតាពោធិសត្វបានឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៤] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ ជាអ្នកមានសីលដោយប្រក្រតី គឺជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋាន។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ មិនកើតចំណង់ ដែលប្រកបដោយកាមគុណ ក្នុងបុរស​ទាំងឡាយឡើយ ទាំងបុរសណាមួយ ដែលមានចិត្តត្រេក ក៏មិនគប្បីប្រព្រឹត្តកន្លងមាតាពោធិសត្វបានទេ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៦] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ ជាស្ត្រីបាននូវកាមគុណ ទាំង៥ប្រការ ឆ្អែតស្កប់ស្កល់ មូលមិត្ត ដោយកាមគុណ ទាំង៥ប្រការ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៧] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ ឥតមានអាពាធណាមួយកើតឡើងទេ មាតាពោធិសត្វជាស្ត្រីមានសេចក្តីសុខ ឥតមានលំបាកកាយ មាតាពោធិសត្វ រមែងឃើញពោធិសត្វសព្វអវយវៈតូចធំ មានឥន្ទ្រិយមិនសៅហ្មង ហាក់ដូចជាឋិតនៅខាងក្រៅផ្ទៃ។ ម្នាលអានន្ទ ដូចកែវមណី និងកែវពៃទូរ្យដ៏ល្អ មានពន្លឺ មានជ្រុង៨ ដែលគេច្នៃហើយដោយល្អ។ បុគ្គលយកសូត្រ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី សូត្រដែលមានពណ៌លឿងទុំក្តី ទៅដោតក្នុងកែវនោះ។ បុរសដែលមានចក្ខុ យកមកដាក់ក្នុងដៃហើយ ពិចារណាស្គាល់ច្បាស់ នូវកែវនោះថា នេះជាកែវមណី ជាកែវពៃទូរ្យដ៏ល្អ មានពន្លឺ មានជ្រុង៨ ដែលគេច្នៃដោយប្រពៃ។ បុគ្គលយកសូត្រ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី សក្តី សូត្រដែលមានពណ៌លឿងទុំក្តី ទៅដោតក្នុងកែវនោះ យ៉ាងណា​ ម្នាលអានន្ទ កាលណាពោធិសត្វ ចុះកាន់ផ្ទៃមាតា មាតានៃពោធិសត្វ មិនដែលមានអាពាធណាមួយកើតឡើងទេ មាតា​ពោធិសត្វ​ ជា​ស្ត្រី​មានសេចក្តីសុខ ឥតមានលំបាកកាយ មាតាពោធិសត្វ រមែងឃើញពោធិសត្វសព្វអវយវៈតូចធំ មានឥន្ទ្រិយមិនសៅហ្មង ហាក់ដូចជាឋិតនៅខាងក្រៅផ្ទៃ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៨] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលពោធិសត្វប្រសូតហើយ បាន៧ថ្ងៃ មាតាពោធិសត្វ រមែងធ្វើមរណកាល ទៅកើតក្នុងពួកទេវតាជាន់តុសិត។ បពិត្រព្រះអង្គ​ដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៣៩] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពួកស្ត្រីឯទៀត ពគភ៌ដោយផ្ទៃ អស់៩ខែខ្លះ ១០ខែខ្លះ ទើបប្រសូតកូន ដូចម្តេចមិញ ឯមាតាពោធិសត្វ មិនប្រសូតពោធិសត្វ ដូច្នោះទេ មាតាពោធិសត្វ លុះតែពពោធិសត្វដោយផ្ទៃ អស់១០ខែគត់ ទើបប្រសូត។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤០] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពួកស្ត្រីឯទៀត អង្គុយប្រសូតក៏មាន ដេកប្រសូតក៏មាន ឯមាតាពោធិសត្វ មិនប្រសូតពោធិសត្វបែបនេះទេ មាតាពោធិសត្វ តែងឈរប្រសូតពោធិសត្វតែមួយយ៉ាង បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤១] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា ពួកទេវតាទទួលមុន ទើបពួកមនុស្សទទួលក្រោយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤២] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា ពោធិសត្វមិនទាន់ដល់ផែនដីនៅឡើយ ទេវបុត្រ៤អង្គ ទទួលពោធិសត្វនោះ មកតម្កល់ទុក នៅទីចំពោះព្រះភក្ត្រមាតា ហើយពោលថា សូមព្រះនាងទេវី មានព្រះទ័យរីករាយចុះ ព្រះរាជបុត្រ មានស័ក្តិធំរបស់ព្រះនាង កើតហើយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៣] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួល ក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃព្រះមាតា ក៏ចេញមកស្អាតបាត មិនប្រឡាក់ដោយទឹករំអិល មិនប្រឡាក់ដោយស្លេស្ម មិនប្រឡាក់ដោយឈាម មិនប្រឡាក់ដោយខ្ទុះ មិនប្រឡាក់ដោយវត្ថុមិនស្អាត ណាមួយឡើយ ជាឱរសបរិសុទ្ធ ស្អាតវិសេស។ ម្នាលអានន្ទ ដូចកែវមណី ដែលគេដាក់លើកាសិកពស្ត្រ កែវមណីមិនបានប្រឡាក់កាសិកពស្ត្រ ទាំងកាសិកពស្ត្រ ក៏មិនប្រឡាក់កែវមណីឡើយ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះហេតុវត្ថុទាំងពីរនោះ ជារបស់ស្អាតដូចគ្នា សេចក្តីនេះ យ៉ាងណា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា ក៏ចេញមកស្អាតវិសេស មិនប្រឡាក់ដោយទឹករំអិល មិនប្រឡាក់ដោយស្លេស្ម។បេ។ មិនប្រឡាក់ដោយវត្ថុមិនស្អាត ណាមួយឡើយ ជាឱរសបរិសុទ្ធ ស្អាតវិសេស ក៏យ៉ាងនោះឯង។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៤] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គ បានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា មានធារទឹក២ ហូរមកអំពីអាកាស គឺធារទឹកត្រជាក់១ ធារទឹកក្តៅ១ អ្នកផងក៏ធ្វើឧទកកិច្ច ជម្រះពោធិសត្វ និងព្រះមាតា ដោយធារដែលហូរមកនោះ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៥] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ ពោធិសត្វប្រសូតមកភ្លាម ទ្រង់ប្រតិស្ថានលើផែនដី ដោយព្រះបាទដ៏ស្មើ បែរព្រះភក្ត្រទៅទិសខាងជើង ទ្រង់ស្តេចដោយ​ព្រះបាទបាន ៧ជំហាន កាលគេកំពុងបាំងស្វេតឆត្រថ្វាយ ទ្រង់ក្រឡេកមើលគ្រប់ទិសទាំងអស់ ទើបបញ្ចេញអាសភិវាចាថា អាត្មាអញ ជាកំពូលរបស់លោក អាត្មាអញ ជាបុគ្គលចម្បងជាងលោក អាត្មាអញ ជាបុគ្គលប្រសើរជាងសត្វលោក ជាតិនេះ ជាជាតិទីបំផុត ឥឡូវនេះ មិនមានភពថ្មីទៀតឡើយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៦] បពិត្រព្រះអង្គដ៏ចម្រើន ពាក្យនេះ ខ្ញុំព្រះអង្គបានស្តាប់ក្នុងទីចំពោះព្រះភ័ក្ត្រ បានទទួលក្នុងទីចំពោះព្រះភ័ក្ត្រ របស់ព្រះមានព្រះភាគថា ម្នាលអានន្ទ កាលដែលពោធិសត្វ ចេញចាកផ្ទៃមាតា មានពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កើតប្រាកដ ក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជាសម្មតិទេព ព្រមទាំងមនុស្សដ៏សេស ជាពន្លឺកន្លងបង់ នូវទេវានុភាព របស់ទេវតាទាំងឡាយ ឱកាសណា ដែលចំហទទេ មានក្នុងចន្លោះលោក ឥតមានអ្វីបាំងរាំង មានតែអ័ព្ទងងឹត មួយទៀត ព្រះច័ន្ទ្រ ព្រះអាទិត្យទាំងនេះ សឹងមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ ផ្សាយពន្លឺទៅមិនដល់ ក្នុងទីឱកាសណា ពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ ក៏កើតប្រាកដឡើង ក្នុងទីឱកាសទាំងនោះ ពួកសត្វដែលកើតក្នុងទីនោះ ក៏ស្គាល់គ្នាទៅវិញទៅមក ដោយសារពន្លឺនោះថា អើហ្ន៎ មានពួកសត្វដទៃ មកកើតក្នុងទីនេះដែរតើ។ លោកធាតុទាំង ១ម៉ឺននេះ ក៏កក្រើក រំពើក ញាប់ញ័រ ឯពន្លឺភ្លឺស្វាងច្បាស់ រកប្រមាណមិនបាន ក៏កើតប្រាកដឡើងក្នុងលោក ជាពន្លឺ កន្លងបង់នូវទេវានុភាព របស់ទេវតាទាំងឡាយ។ បពិត្រព្រះអង្គដ៏ចម្រើន ដោយហេតុណា។បេ។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។

[៤៧] ព្រះមានព្រះភាគ 【ទ្រង់ត្រាស់ថា ម្នាលអានន្ទ ព្រោះហេតុនោះ អ្នកចូរចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះតថាគត ក្នុងសាសនានេះចុះ។ ម្នាលអានន្ទ តថាគត មានវេទនាកើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ សញ្ញា… វិតក្កៈ កើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ក្នុងលោកនេះ។ ម្នាលអានន្ទ ចូរអ្នកចំណាំទុកនូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះតថាគតចុះ។ បពិត្រព្រះអង្គដ៏ចម្រើន ព្រះមានព្រះភាគ មានវេទនាកើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ដោយហេតុណា។ សញ្ញា… វិតក្កៈ កើតប្រាកដ តាំងនៅប្រាកដ ដល់នូវកិរិយាអស់ទៅប្រាកដ ដោយហេតុណា។ បពិត្រព្រះអង្គដ៏ចម្រើន ហេតុនេះឯង ដែលខ្ញុំព្រះអង្គចំណាំទុក ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះមានព្រះភាគ។ ព្រះអានន្ទមានអាយុ បានពោលពាក្យនេះ។ ព្រះសាស្តា ទ្រង់ពេញព្រះហ្ឫទ័យ។ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ នឹងភាសិតរបស់ព្រះអានន្ទមានអាយុ។

ចប់ អច្ឆរិយព្ភូតធម្មសូត្រ ទី៣។

ពក្កុលត្ថេរច្ឆរិយព្ភូតសូត្រ ទី៤

[៤៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះពក្កុលៈមានអាយុ នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង អចេល ឈ្មោះកស្សប ជាសំឡាញ់ របស់ព្រះពក្កុលៈមានអាយុ ក្នុងកាលនៅជាគ្រហស្តពីដើម បានចូលទៅរកព្រះពក្កុលៈមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះពក្កុលៈមានអាយុ លុះបញ្ចប់ពាក្យសំណេះសំណាល និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះអចេលកស្សប អង្គុយក្នុងទីសមគួរហើយ ក៏សួរព្រះពក្កុលៈមានអាយុ ដូច្នេះថា បពិត្រព្រះពក្កុលៈមានអាយុ លោកម្ចាស់ បួសយូរប៉ុន្មានឆ្នាំហើយ។ ព្រះពក្កុលៈឆ្លើយថា អាត្មាបួស ៨០វស្សាហើយ។ អចេលកស្សប សួរទៀតថា បពិត្រព្រះពក្កុលៈមានអាយុ ចុះ៨០វស្សានេះ លោកសេពមេថុនប៉ុន្មានដង។

[៤៩] ម្នាលអាវុសោកស្សប អ្នកកុំសួរអាត្មាថា បពិត្រព្រះពក្កុលៈមានអាយុ ចុះ៨០វស្សានេះ លោកសេពមេថុនប៉ុន្មានដង យ៉ាងនេះឡើយ ម្នាលអាវុសោ កស្សប អ្នកត្រូវសួរអាត្មាថា បពិត្រព្រះពក្កុលៈមានអាយុ ចុះ៨០វស្សានេះ កាមសញ្ញា របស់លោកធ្លាប់កើតប៉ុន្មានដង យ៉ាងនេះវិញ។ ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលមានកាមសញ្ញាកើតឡើងទេ។ ព្រះពក្កុលៈមានអាយុ មិនដែលមានកាមសញ្ញាកើតឡើង អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។ ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលមានព្យាបាទសញ្ញា… មិនដែលមានវិហឹសាសញ្ញា កើតឡើងទេ។ ព្រះពក្កុលៈមានអាយុ មិនដែលមានវិហឹសាសញ្ញា កើតឡើង អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។

[៥០] ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលមានកាមវិតក្កៈ កើតឡើងទេ។ ព្រះពក្កុលៈមានអាយុ មិនដែលមានកាមវិតក្កៈ កើតឡើង អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។ ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលមានព្យាបាទវិតក្កៈ… មិនដែលមានវិហឹសាវិតក្កៈ កើតឡើងទេ។ ព្រះពក្កុលៈមានអាយុ មិនដែលមានវិហឹសាវិតក្កៈ កើតឡើង អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។

[៥១] ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនធ្លាប់ត្រេកអរ នឹងគហបតីចីវរទេ។ ព្រះពក្កុលៈមានអាយុ មិនធ្លាប់ត្រេកអរនឹងគហបតីចីវរ អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំណាំទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។ ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនធ្លាប់កាត់ចីវរ ដោយកាំបិតទេ… អាត្មាមិនធ្លាប់ដេរចីវរ ដោយម្ជុលទេ… មិនធ្លាប់ជ្រលក់ចីវរ ដោយគ្រឿងជ្រលក់ទេ.. មិនធ្លាប់ដេរចីវរ លើឈើស្នឹងទេ.. មិនធ្លាប់ចាត់ចែងចីវរកម្ម របស់សព្រហ្មចារីបុគ្គលទាំងឡាយទេ…មិនធ្លាប់ត្រេកអរ នឹងការនិមន្តន៍ទេ… មិនធ្លាប់មាន​គំនិត​កើត​ឡើង​ថា ធ្វើដូចម្តេចហ្ន៎ បុគ្គលណាមួយ គប្បីមកនិមន្តអញទេ។បេ។ អាត្មា មិនដែលអង្គុយ ក្នុងចន្លោះផ្ទះទេ… មិនដែលឆាន់ ក្នុងចន្លោះផ្ទះទេ… មិនដែលកាន់យកនិមិត្ត របស់មាតុគ្រាម ដោយអនុព្យញ្ជនៈទេ… មិនដែលសំដែងធម៌ ដល់មាតុគ្រាម ដោយហោចទៅ សូម្បីត្រឹមតែគាថា ៤បទ ទេ… មិនដែល​ចូលទៅកាន់សំណាក់ភិក្ខុនីទេ… មិនដែលសំដែងធម៌​ ដល់​ភិក្ខុនី​ទេ… មិនដែលសំដែងធម៌ ដល់​សិក្ខមានា​ទេ… មិនដែលសំដែងធម៌ ដល់សាមណេរីទេ… មិនដែលបំបួសទេ… មិនដែលឲ្យឧបសម្បទាទេ… មិនដែលឲ្យនិស្ស័យទេ… មិនដែលឲ្យសាមណេរបម្រើទេ… មិនដែលស្រប់កាយ ក្នុងផ្ទះសម្រាប់កម្តៅកាយទេ… មិនដែលស្រប់កាយ ដោយ​គ្រឿង​លំអិត​ទេ… មិនដែល​ត្រេកអរ នូវ​ការ​គក់​ច្របាច់​ខ្លួន របស់សព្រហ្មចារីបុគ្គលទេ… មិនដែលមានអាពាធកើតឡើង ដោយហោចទៅ សូម្បីតែដំណួច​ពិស​ទេ… មិនដែលថែររក្សាថ្នាំទុក ដោយហោចទៅ សូម្បីតែចំណិតផ្លែស្រម៉ទេ… មិនដែលផ្អែកបង្អែកទេ… មិនដែលដេកទេ។ ព្រះពក្កុលៈមានអាយុ មិនដែលដេក អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំាទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។

[៥២] ម្នាលអាវុសោ អាត្មាបួស ៨០វស្សាហើយ អាត្មាមិនដែលចូលវស្សា ក្នុងទីសេនាសនៈ ក្នុង​ស្រុកទេ។ ព្រះពក្កុលៈមានអាយុ មិនដែលចូលវស្សា ក្នុងទីសេនាសនៈ ក្នុងស្រុក អស់៨០វស្សាហើយ ដោយហេតុណា យើងខ្ញុំចំាទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។ ម្នាលអាវុសោ អាត្មា ប្រកបដោយកិលេស ឆាន់បិណ្ឌបាត របស់អ្នកដែន តែ៧ថ្ងៃ លុះដល់ថ្ងៃទី៨ អរហត្តផល ក៏កើតឡើង។ ព្រះពក្កុលៈមានអាយុ ប្រកបដោយកិលេស ឆាន់បិណ្ឌបាត របស់អ្នកដែន តែ៧ថ្ងៃ លុះដក់ថ្ងៃទី៨ អរហត្តផល ក៏កើតឡើង ដោយហេតុណា យើងខ្ញុំចំាទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។

[៥៣] បពិត្រព្រះពក្កុលៈមានអាយុ ខ្ញុំគប្បីបាននូវបព្វជ្ជា គប្បីបាននូវឧបសម្បទា ក្នុងធម្ម​វិន័យនេះ។ អចេលកស្សប ក៏បាននូវបព្វជ្ជា បាននូវឧបសម្បទា ក្នុងធម្មវិន័យនេះ។ លុះព្រះកស្សប​មាន​អាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ចៀសចេញទៅតែម្នាក់ឯង ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ទៅបួសក្នុងផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរ​ធម៌​នោះ ដែល​ជា​ទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ឧត្តម ចំពោះខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ រមែងដឹងថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបមានអាយុ ក៏ជាព្រះអរហន្ត ១រូប ដែរ។

[៥៤] លុះសម័យជាខាងក្រោយមក ព្រះពក្កុលៈមានអាយុ កាន់យកកូនសោ ចេញអំពីវិហារ ចូលទៅកាន់វិហារ ហើយពោលពាក្យ យ៉ាងនេះថា សូមលោកមានអាយុទាំងឡាយ ថយចេញទៅសិន សូមលោកមានអាយុទាំងឡាយ ថយចេញទៅសិន ខ្ញុំនឹងបរិនិព្វានក្នុងថ្ងៃនេះ។ ព្រះកស្សបពោលថា ព្រះពក្កុលៈមានអាយុ បានកាន់យកកូនសោ ចេញអំពីវិហារ ចូលទៅកាន់វិហារ ហើយពោលយ៉ាងនេះថា សូមលោកមានអាយុទាំងឡាយ ថយចេញទៅសិន សូមលោកមានអាយុទាំងឡាយ ថយចេញទៅសិន ខ្ញុំនឹងបរិនិព្វានក្នុងថ្ងៃនេះ ដោយហេតុណា ខ្ញុំចំាទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។

[៥៥] ឯព្រះពក្កុលៈមានអាយុ អង្គុយបរិនិព្វាន ក្នុងទីកណ្តាលភិក្ខុសង្ឃ។ ព្រះពក្កុលៈមានអាយុ អង្គុយបរិនិព្វាន ក្នុងទីកណ្តាលភិក្ខុសង្ឃ ដោយហេតុណា ខ្ញុំក៏ចំាទុក នូវហេតុនេះ ថាជាអច្ឆរិយព្ភូតធម៌ របស់ព្រះពក្កុលៈមានអាយុ។

ចប់ ពក្កុលត្ថេរច្ឆរិយព្ភូតសូត្រ ទី៤។

ទន្តភូមិសូត្រ ទី៥

[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះ សមណុទ្ទេស ឈ្មោះអចិរវតៈ នៅក្នុងកុដិជិតព្រៃ។ គ្រានោះឯង រាជកុមារព្រះនាមជយសេន [ជាព្រះរាជឱរស របស់ព្រះបាទពិម្ពិសារ។អដ្ឋកថា។] ស្តេចយាងទៅមកៗ ដើម្បីសម្រួលព្រះជង្ឃា បានចូលទៅរកអចិរវតសមណុទ្ទេស លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកអចិរវតសមណុទ្ទេស លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។

[៥៧] លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ បានពោលនឹងអចិរវតសមណុទ្ទេស ដូច្នេះថា បពិត្រអគ្គិវេស្សនៈដ៏ចម្រើន ខ្ញុំបានឮមកថា ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រហែសធ្វេស មានព្យាយាម ដុត​កំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតា (ចិត្តដែលមាន​អារម្មណ៍​តែមួយ) មែនឬ។ អចិរវតសមណុទ្ទេស តបថា ថ្វាយព្រះពរព្រះរាជកុមារ ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ថ្វាយព្រះពរព្រះរាជកុមារ ការណ៍នុ៎ះ យ៉ាងហ្នឹងហើយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រហែសធ្វេស មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតាមែន។ ជយសេនរាជកុមារ តបថា ខ្ញុំសូមអង្វរ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌ តាមទំនង ដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំផង។

[៥៨] អចិរវតសមណុទ្ទេសពោលថា ថ្វាយព្រះពរព្រះរាជកុមារ អាត្មាភាព មិនអាចនឹងសំដែងធម៌ តាមទំនង ដែលបានស្តាប់ បានរៀនមក ថ្វាយទ្រង់បានទេ ទោះបីអាត្មាភាព សំដែងធម៌ តាមទំនង ដែល​បានស្តាប់ បានរៀនមក ថ្វាយទ្រង់ ក៏ទ្រង់យល់នូវសេចក្តីនៃភាសិត របស់អាត្មាភាពពុំបាន អាត្មាភាព មុខជានឹងមានសេចក្តីលំបាកនោះ អាត្មាភាព មុខជានឹងមានសេចក្តីនឿយហត់នោះ (ឥតអំពើ)។ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌តាមទំនង ដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំ ហើយធ្វើដូចម្តេច ឲ្យខាងតែខ្ញុំបានយល់សេចក្តីនៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើនផង។ បពិត្រព្រះរាជកុមារ អាត្មាភាព សូមសំដែងធម៌ តាមទំនងដែលបានស្តាប់ បានរៀនមក ថ្វាយទ្រង់ ប្រសិនបើទ្រង់យល់សេចក្តីនៃភាសិត របស់អាត្មាភាព ការយល់នុ៎ះ ជាការប្រពៃ តែបើទ្រង់មិនយល់​សេចក្តីនៃភាសិត របស់អាត្មាភាពទេ សូមទ្រង់ឋិតនៅ ក្នុងការមិនយល់ របស់ទ្រង់ដដែលចុះ ទ្រង់មិនគប្បីត្រឡប់សួរអាត្មាភាព ក្នុងសេចក្តីនោះ តទៅទៀតឡើយ។ ។ សូមអគ្គិវេស្សនៈដ៏ចម្រើន សំដែងធម៌ តាមទំនងដែលលោកបានស្តាប់ បានរៀនមក ប្រាប់ខ្ញុំចុះ បើខ្ញុំយល់សេចក្តីនៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើន ការដែលយល់នុ៎ះ ជាការប្រពៃ តែបើខ្ញុំមិនយល់សេចក្តី នៃភាសិត របស់អគ្គិវេស្សនៈដ៏ចម្រើនទេ ខ្ញុំនឹងឋិតនៅ ក្នុងការមិនយល់របស់ខ្លួនដដែល ខ្ញុំមិនត្រឡប់សួរ​អគ្គិវេស្សនៈដ៏ចម្រើន ក្នុងសេចក្តីនោះ តទៅទៀតទេ។

[៥៩] លំដាប់នោះ អចិរវតសមណុទ្ទេស ក៏សំដែងធម៌ តាមទំនងដែលបានស្តាប់ បានរៀនមក ថ្វាយជយសេនរាជកុមារ។ កាលបើអចិរវតសមណុទ្ទេស សំដែងដូច្នោះហើយ ជយសេនរាជកុមារ ក៏ពោលនឹងអចិរវតសមណុទ្ទេស ដូច្នេះថា បពិត្រអគ្គិវេស្សនៈដ៏ចម្រើន ត្រង់ដែលថា ភិក្ខុជាអ្នក​មិន​ប្រហែសធ្វេស មានព្យាយាមដុតកំដៅកិលេស មានចិត្តបញ្ជូនទៅរកព្រះនិព្វាន គប្បីបាននូវចិត្តជាឯកគ្គតា នុ៎ះមិនទំនង មិនមែនជាឱកាសទេ។ លុះជយសេនរាជកុមារ ប្រកាសនូវហេតុ ដែលមិនមែនជាទំនង មិនមែនជាឱកាស របស់អចិរវតសមណុទ្ទេសហើយ ក៏ក្រោកអំពីអាសនៈស្តេចចេញទៅ។ កាលដែល​ជយសេនរាជកុមារ ស្តេចចេញទៅមិនយូរប៉ុន្មាន អចិរវតសមណុទ្ទេស ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ អង្គុយក្នុងទីសមគួរ។ លុះ​អចិរវតសមណុទ្ទេស អង្គុយ​ក្នុងទីសមគួរហើយ ក៏ក្រាបទូលពាក្យចរចា ដែលខ្លួននិយាយនឹងជយសេនរាជកុមារនោះ ចំពោះព្រះមានព្រះភាគ ដោយសព្វគ្រប់។

[៦០] កាលអចិរវតសមណុទ្ទេស ក្រាបបង្គំទូល យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹងអចិរវតសមណុទ្ទេស ដូច្នេះថា ម្នាលអគ្គិវេស្សនៈ គុណជាតណា ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីឃើញ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ តើ​ជយសេនរាជកុមារ នឹងបាននូវគុណជាតនោះអំពីទីណា ក្នុងអត្តភាពនេះ ព្រោះថា ជយសេនរាជកុមារ កំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម នឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាតនោះ ដូចម្តេចកើត ពាក្យដូច្នេះនេះ មិនសមហេតុទេ។

[៦១] ម្នាលអគ្គិវេស្សនៈ ដូចសត្វពាហនៈ ២ពួក គឺ ដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ១ ដែលគេទូន្មានបានល្អហើយ១។ សត្វពាហនៈ ២ពួក គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេមិនទាន់ទូន្មាននៅឡើយ១ ដែលគេទូន្មានមិនទាន់បាន១។ ម្នាលអគ្គិវេស្សនៈ អ្នកយល់សេចក្តីនោះ ដូចម្តេច សត្វពាហនៈ ២ពួកណា គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ១ ទូន្មានបានល្អហើយ១ ចុះពួកសត្វ ដែល​គេ​កំពុង​ទូន្មាន​នោះ តើនឹងលុះតាមដម្បូន្មានដែរឬ កាលបើទូន្មានហើយ តើនឹងដល់ថ្នាក់ ដែលគេធ្លាប់ទូន្មានដែរឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស យ៉ាងហ្នឹងហើយ។ សត្វពាហនៈ ២ពួកណា គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេមិនទាន់បានទូន្មាននៅឡើយ១ ទូន្មានមិនទាន់បាន១ ចុះសត្វពាហនៈ ដែល​គេ​មិនទាន់បានទូន្មាននៅឡើយនោះ តើនឹងលុះតាមដម្បូន្មានដែរឬ កាលបើមិនបានទូន្មានហើយ តើនឹងដល់ថ្នាក់ ដែលគេធ្លាប់ទូន្មាន ដូចសត្វសត្វពាហនៈ ២ពួក គឺដំរីគួរទូន្មាន សេះគួរទូន្មាន ឬគោគួរទូន្មាន ដែលគេកំពុងទូន្មានជិតបានល្អ និងដែលគេទូន្មានបានល្អហើយនោះ ដែរឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនដូច្នោះទេ។ ម្នាលអគ្គិវេស្សនៈ សេចក្តីនេះ មានឧបមេយ្យដូចជា ជយសេនរាជកុមារ ដែលកំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម នឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាត ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីយល់ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ ដូចម្តេចបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។

[៦២] ម្នាលអគ្គិវេស្សនៈ ដូចភ្នំធំដែលនៅជិតស្រុក ឬនិគម។ មានបុរស ២នាក់ ជាសំឡាញ់នឹងគ្នា ចេញអំពីស្រុក ឬនិគមនោះ ដឹកដៃគ្នា ចូលទៅរកភ្នំនោះ លុះចូលទៅដល់ហើយ បុរសជាសំឡាញ់ម្នាក់ ឈរនៅទៀបជើងភ្នំខាងក្រោម បុរសជាសំឡាញ់ម្នាក់ ឡើងទៅខាងលើភ្នំ។ បុរសជាសំឡាញ់ ដែលឈរក្បែរជើងភ្នំខាងក្រោម សួរសំឡាញ់ ដែលឈរលើភ្នំនោះ យ៉ាងនេះថា នែសំឡាញ់ ដែលសំឡាញ់ឯង ឈរលើកំពូលភ្នំ តើបានឃើញអ្វីដែរ។ បុរសដែលឈរខាងលើភ្នំនោះ ប្រាប់យ៉ាងនេះថា ម្នាលសំឡាញ់ ដែលខ្ញុំឈរលើកំពូលភ្នំ បានឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ។ បុរសជាសំឡាញ់ ដែល​ឈរ​ទៀប​ជើងភ្នំនោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ដែលសំឡាញ់ឯងឈរលើកំពូលភ្នំ ហើយឃើញ​សួន​ច្បារ​ជា​ទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ នុ៎ះមិនមែនសមហេតុ មិនមែនជាឱកាសទេ។ បុរសជាសំឡាញ់ ដែលឈរលើភ្នំ ក៏ចុះមកនាជើងភ្នំខាងក្រោមនោះ ហើយកៀក​បុរសជាសំឡាញ់នោះ ដោយដើមដៃ នាំឡើងទៅលើភ្នំ លួងលោមមួយស្របក់ ក៏សួរយ៉ាងនេះថា នែសំឡាញ់ ដែលសំឡាញ់ឯងឈរលើភ្នំ បានឃើញអ្វីដែរ។ បុរសដែលឈរទៀបជើងភ្នំនោះ និយាយតប យ៉ាងនេះថា ម្នាលសំឡាញ់ ខ្ញុំឈរលើភ្នំ ឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ។ បុរសដែលឈរលើភ្នំនោះ ពោលយ៉ាងនេះថា ម្នាលសំឡាញ់ ឥឡូវនេះ យើងដឹងច្បាស់ នូវសំដីរបស់សំឡាញ់ឯងហើយ (ដែលពោល) យ៉ាងនេះថា ម្នាលសំឡាញ់ ដែលសំឡាញ់ឯងឈរលើភ្នំ ហើយឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណីជាទីត្រេកអរ នុ៎ះមិនមែនសមហេតុ មិនមែនជាឱកាសទេ។ មួយទៀត ឥឡូវនេះ យើងដឹងច្បាស់ នូវសំដីរបស់សំឡាញ់ឯងហើយ (ដែលពោល) យ៉ាងនេះថា ម្នាលសំឡាញ់ ដែលខ្ញុំឈរលើភ្នំ ឃើញសួនច្បារជាទីត្រេកអរ ព្រៃជាទីត្រេកអរ ភូមិជាទីត្រេកអរ ស្រះបោក្ខរណី​ជាទីត្រេកអរ។ សំឡាញ់ដែលឈរទៀបជើងភ្នំនោះ និយាយយ៉ាងនេះថា ម្នាលសំឡាញ់ ពិតដូច្នោះមែនហើយ ខ្ញុំជាបុគ្គលត្រូវភ្នំធំនេះបិទបាំង បានជាមិនឃើញ នូវរបស់ដែលគួរឃើញ។ ម្នាលអគ្គិវេស្សនៈ រឿងនេះមានឧបមា ដូចម្តេចមិញ មានឧបមេយ្យដូចជា ជយសេនរាជកុមារ ត្រូវគំនរអវិជ្ជា ដ៏ធំវិសេស ក្រៃលែងជាងភ្នំនោះទៅទៀត គ្របសង្កត់ ដោតក្រង ចាក់ស្រែះ រួបរឹតហើយ។ ជយសេនរាជកុមារ ដែលកំពុងនៅក្នុងកណ្តាលកាម កំពុងបរិភោគកាម កំពុងទំពាស៊ីកាមវិតក្កៈ កំពុងរោលរាល ដោយសេចក្តីក្រហល់ក្រហាយ ព្រោះកាម ជាអ្នកខ្វល់ខ្វាយ ដើម្បីស្វែងរកកាម តើនឹងដឹង នឹងយល់ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណជាត ដែលបុគ្គលគប្បីដឹង ដោយនេក្ខម្មៈ គប្បីឃើញ ដោយនេក្ខម្មៈ គប្បីដល់ ដោយនេក្ខម្មៈ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយនេក្ខម្មៈ ដូចម្តេចបាន ពាក្យដូច្នេះនេះ មិនសមហេតុឡើយ។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើអ្នកបំភ្លឺសេចក្តីឧបមា ទាំង២នេះ ដល់ជយសេនរាជកុមារនោះ ក៏ជាការអស្ចារ្យគ្រាន់បើរបស់អ្នកដែរ ជយសេនរាជកុមារ មុខជាជ្រះថ្លា លុះជ្រះថ្លាហើយ មុខជាធ្វើ នូវអាការនៃសេចក្តីជ្រះថ្លា ចំពោះអ្នកមិនខាន។ បពិត្រព្រះអង្គដ៏ចម្រើន ឧបមាទាំងពីរ ជាទីអស្ចារ្យនេះ ខ្ញុំព្រះអង្គមិនធ្លាប់បានស្តាប់ពីមុនមកសោះ នឹងបំភ្លឺដល់ជយសេនរាជកុមារ ឲ្យដូចជាព្រះមានព្រះភាគ ដូចម្តេចបាន។

[៦៣] ម្នាលអគ្គិវេស្សនៈ ដូចក្សត្រិយ៍ជាព្រះរាជា បានមុទ្ធាភិសេកហើយ ត្រាស់នឹងហ្មដំរីថា ម្នាលហ្មដំរីមានចិត្តស្មោះស្មើ ចូរអ្នកមកអាយ ចូរអ្នកឡើងជិះដំរីព្រះរាជទ្រព្យ ចូលទៅឯព្រៃដំរី លុះឃើញដំរីព្រៃច្បាស់លាស់ហើយ ចូរទាម ក ដំរីព្រះរាជទ្រព្យឲ្យមាំ។ ម្នាលអគ្គិវេស្សនៈ ហ្មដំរី ក៏ទទួលព្រះរាជឱង្ការ នៃក្សត្រិយ៍ ជាព្រះរាជាបានមុទ្ធាភិសេកហើយថា ព្រះករុណាថ្លៃវិសេស ហើយក៏ឡើងជិះដំរីព្រះរាជទ្រព្យ ចូលទៅឯព្រៃដំរី ឃើញដំរីច្បាស់លាស់ហើយ ក៏ទាម កដំរីព្រះរាជទ្រព្យយ៉ាងមាំ។ ឯដំរីព្រះរាជទ្រព្យ ក៏កៀងដំរីព្រៃនោះ ទៅរកទីវាល។ ម្នាលអគ្គិវេស្សនៈ ដោយហេតុប៉ុណ្ណេះឯង ដំរីព្រៃ ក៏ទៅនៅក្នុងទីវាល។ ម្នាលអគ្គិវេស្សនៈ ទោះបីដូច្នោះ ដំរីព្រៃ ក៏នៅតែមានចិត្តជាប់ជំពាក់ ក្នុងព្រៃដំរីដដែល។ ហ្មដំរី ក៏បានក្រាបបង្គំទូលដំណើរនោះ ចំពោះក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយថា បពិត្រព្រះសម្មតិទេព ដំរីព្រៃចេញទៅនៅក្នុងទីវាលហើយ។ ក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយ ក៏ទ្រង់ត្រាស់នឹងហ្មដំរីនោះថា ម្នាលហ្មដំរីមាន​ចិត្ត​ស្មោះស្មើ ចូរអ្នកមកអាយ ចូរអ្នកទូន្មានដំរីព្រៃ ចូរអ្នកទៅញាំញី នូវសណ្តាប់ធ្នាប់ របស់ពួកដំរីព្រៃផង ញាំញីនូវតម្រិះ ក្នុងការស្ទុះទៅ របស់ពួកដំរីព្រៃផង ញាំញីនូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ធ្វើឲ្យកាន់យក​សណ្តាប់ធ្នាប់ ដែលជាទីត្រេកអរ របស់មនុស្សផង។ ម្នាលអគ្គិវេស្សនៈ ហ្មដំរី ក៏ទទួលព្រះបន្ទូល របស់ក្សត្រិយ៍ ជាព្រះរាជា ដែលបានមុទ្ធាភិសេកហើយថា ព្រះករុណាថ្លៃវិសេស ហើយជីកដាំសសរយ៉ាងធំ ក្នុងផែនដី ចងក្រៀកកដំរីព្រៃ ដើម្បីនឹងញាំញី នូវទម្លាប់របស់ពួកដំរីព្រៃផង ដើម្បីញាំញីនូវតម្រិះ ក្នុងការស្ទុះទៅ របស់ពួកដំរីព្រៃផង ដើម្បីញាំញី នូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ដើម្បីញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ដើម្បីឲ្យកាន់យកសណ្តាប់ធ្នាប់ ដែលជាទីត្រេកអរ របស់មនុស្សផង។ ទ្រម័កដំរី រមែងចរចា ដោយវាចា ដែលឥតទោស នាំឲ្យសុខដល់ត្រចៀក ជាទីស្រឡាញ់ គួរទុកក្នុងហឫទ័យ ជាវាចាអ្នកបុរី ជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីគាប់ចិត្ត នៃជនច្រើនគ្នាតែប៉ុណ្ណោះ។ ម្នាលអគ្គិវេស្សនៈ កាលណាទ្រម័កដំរីចរចា តែវាចាដែលឥតទោស នាំឲ្យសុខដល់ត្រចៀក ជាទីស្រឡាញ់ គួរទុកក្នុងហឫទ័យ ជាវាចាអ្នកបុរី ជាទីត្រេកអរ នៃជនច្រើនគ្នា ជាទីគាប់ចិត្ត នៃជនច្រើនគ្នាដូច្នោះ ដំរីព្រៃក៏ស្តាប់ដោយស្រួល ផ្អៀងត្រចៀក តាំងចិត្តចាកអារម្មណ៍ដទៃ។ ទ្រម័កដំរីបំប៉នស្មៅ ដែលដំរីគួរស៊ីបាន និងទឹកឲ្យដំរីនោះតទៅ។ ម្នាល​អគ្គិវេស្សនៈ បើដំរីព្រៃទទួលស្មៅ ដែលដំរីគួរស៊ីបាន និងទឹករបស់ទ្រម័កដំរីកាលណា។ កាលនោះទ្រម័កដំរី ក៏មានសេចក្តីត្រិះរិះថា ឥឡូវនេះ ដំរីព្រៃមុខជានឹងរស់មិនខាន។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងកាន់ នែដំរីដ៏ចម្រើន ចូរឯងដាក់។ ម្នាលអគ្គិវេស្សនៈ បើដំរីព្រះរាជទ្រព្យ ធ្វើតាម​ពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការកាន់យក និងការដាក់ហើយ។ ទ្រម័កដំរី ក៏បង្ហាត់តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងឈានទៅមុខ នែដំរីដ៏ចម្រើន ចូរឯងថយក្រោយ។ ម្នាលអគ្គិវេស្សនៈ កាលណាបើ ដំរីព្រះរាជទ្រព្យ ធ្វើតាមពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការឈានទៅមុខ និងការថយក្រោយ​ហើយ។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ តទៅទៀតថា នែដំរីដ៏ចម្រើន ចូរឯងក្រោកឡើង នែដំរីដ៏ចម្រើន ចូរឯងទ្រោមចុះ។ ម្នាលអគ្គិវេស្សនៈ កាលណាបើដំរីព្រះរាជទ្រព្យធ្វើតាមពាក្យ ធ្វើតាមឱវាទ របស់ទ្រម័កដំរី ក្នុងការក្រោកឡើង និងការទ្រោមចុះហើយ។ ទ្រម័កដំរី ក៏បង្ហាត់ដំរីនោះ ឲ្យជាសត្វ​មិនញាប់ញ័រ តទៅទៀត ក៏យកក្តារយ៉ាងធំ ទៅចងក្រៀកនឹងប្រមោយដំរីនោះផង បុរសមានដៃកាន់លំពែងស្នែងក្របី ក៏អង្គុយលើ ក-ដំរីនោះផង បុរសមានដៃកាន់លំពែងស្នែងក្របី នាំគ្នាឈរព័ទ្ធដំរីនោះផង ទ្រម័កដំរី កាន់ដងលំពែងស្នែងក្របីដ៏វែង ឈរចំពីខាងមុខដំរីនោះផង។ ដំរីនោះ កាលដែលទ្រម័ក បង្ហាត់ឲ្យជាដំរីមិនញាប់ញ័រហើយ ក៏មិនកម្រើកជើងមុខ មិនកម្រើកជើងក្រោយ មិនកម្រើកកាយខាងមុខ មិនកម្រើកកាយខាងក្រោយ មិនកម្រើកក្បាល មិនកម្រើកត្រចៀក មិនកម្រើកភ្លុក មិនកម្រើកកន្ទុយ មិនកម្រើកប្រមោយ។ ដំរីព្រះរាជទ្រព្យនោះ ជាសត្វចេះអត់ទ្រាំ ចំពោះការប្រហារដោយលំពែង ការប្រហារដោយដាវ ការប្រហារដោយសរ និងការប្រហារ របស់សត្រូវឯទៀត និងសំឡេងរំពងនៃស្គរធំ ស្គរជ័យ ស័ង្គ និងស្គរទ័ព ជាសត្វកំចាត់បង់ នូវ​ទោស​វៀច​គ្រប់​យ៉ាង ជាសត្វអស់ពុតកំណាចហើយ គួរដល់ព្រះរាជា គួរជាទីប្រើប្រាស់ របស់ព្រះរាជា ដល់នូវការរាប់បញ្ចូលថា ជាអង្គរបស់ព្រះរាជាបាន សេចក្តីនេះ មានឧបមា ដូចម្តេចមិញ។

[៦៤] ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យដូចជា ព្រះតថាគត បានកើតឡើង ក្នុងលោកនេះ ជាព្រះអរហន្ត ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានព្រះដំណើរល្អ ជ្រាបច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រកបុគ្គលណាមួយស្មើគ្មាន ជាសារថីទូន្មាន នូវបុរសដែលគួរទូន្មាន ជាសាស្តានៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹង នូវ​ចតុរារិយសច្ច លែងវិលមកកាន់ភពថ្មីទៀត ព្រះតថាគត អង្គនោះ ទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយ​បញ្ញា​ដ៏ឧត្តម ដោយព្រះអង្គឯង នូវលោកនោះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ នូវមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយអាចប្រកាសបាន ព្រះអង្គសំដែងធម៌ មានលំអបទដើម មានលំអបទកណ្តាល មានលំអបទចុង​ ទ្រង់ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈដ៏បរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតី ឬគហបតីបុត្រ ដែលកើតជាខាងក្រោយ ក្នុងត្រកូលណាមួយ បានស្តាប់ធម៌នោះ លុះគហបតី ឬគហបតីបុត្រនោះ បានស្តាប់ធម៌នោះហើយ ក៏បានចំពោះនូវសទ្ធា ក្នុងព្រះតថាគត។ កាលបើគហបតីនោះ ប្រកបដោយ​កិរិយា​បានចំពោះនូវសទ្ធា ដូច្នេះហើយ រមែងពិចារណាឃើញច្បាស់ថា ឃរាវាសចង្អៀតពេកណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស បព្វជ្ជា ទើបមានពេលទំនេរ បុគ្គលដែលនៅគ្រប់គ្រងផ្ទះ និងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌តែមួយយ៉ាង ឲ្យបរិសុទ្ធតែមួយយ៉ាង ឲ្យស្អាតដូចជាស័ង្ខ ដែលគេខាត់ហើយ មិនងាយបានទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះគ្រាក្រោយមក បុគ្គលនោះ ក៏លះបង់នូវគំនរទ្រព្យតិចផង លះបង់នូវគំនរទ្រព្យច្រើនផង លះបង់នូវញាតិវង្សតិចផង លះបង់នូវញាតិវង្សច្រើនផង ហើយកោរសក់ និងពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលអគ្គិវេស្សនៈ អរិយសាវ័ក ដែលទៅនៅក្នុងទីទំនេរបាន ក៏ដោយសារហេតុ មានប្រមាណប៉ុណ្ណេះ។ ម្នាលអគ្គិវេស្សនៈ ពួកទេវតា និងមនុស្ស រមែងមានសេចក្តីត្រេកអរ ក្នុងកាមគុណ ទាំង៥ប្រការនេះឯង។ ព្រះតថាគត ទ្រង់ប្រដៅបុគ្គលនោះ តទៅទៀតថា ម្នាលភិក្ខុ ចូរអ្នកមក ចូរជាអ្នកមានសីល ចូរជាអ្នក​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ចូរជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតិចតួច ចូរសមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ម្នាលអគ្គិវេស្សនៈ កាលបើអរិយសាវ័ក ជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតិចតួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយហើយ។ ព្រះតថាគត ក៏ប្រដៅតទៅទៀតថា ម្នាលភិក្ខុ ចូរអ្នកមក ចូរជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ បើឃើញរូបដោយចក្ខុ ក៏មិនបានកាន់យកនិមិត្ត។បេ។ ភិក្ខុនោះ លះបង់នីវរណៈ ទាំង៥ប្រការ ដែលជាគ្រឿងសៅហ្មងចិត្ត ធ្វើប្រាជ្ញាឲ្យទុព្វល ពិចារណាឃើញច្បាស់ នូវកាយក្នុងកាយ ជាអ្នកព្យាយាមដុតកំដៅកិលេស មានសតិសម្បជញ្ញៈ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញច្បាស់ នូវវេទនាក្នុងវេទនាទាំងឡាយ … ពិចារណាឃើញច្បាស់ នូវចិត្តក្នុងចិត្ត… ពិចារណាឃើញច្បាស់ នូវធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ ព្យាយាមដុតកំដៅកិលេស មានសតិសម្បជញ្ញៈ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[៦៥] ម្នាលអគ្គិវេស្សនៈ ដូចទ្រម័កដំរី ដែលដាំសសរធំទៅក្នុងផែនដី ហើយចងក្រៀកដំរីព្រៃត្រង់ក​ ដើម្បីញាំញី នូវទម្លាប់របស់ពួកដំរីព្រៃផង ដើម្បីញាំញីនូវតម្រិះ ជាគ្រឿងស្ទុះទៅ របស់ពួកដំរីព្រៃផង ញាំញីនូវសេចក្តីក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ របស់ពួកដំរីព្រៃផង ដើម្បីញ៉ាំងដំរីព្រៃ ឲ្យត្រេកអរ ចំពោះស្រុកផង ដើម្បីកាន់យកសណ្តាប់ធ្នាប់ ដែលជាទីស្រឡាញ់ របស់មនុស្សផង សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យដូចជា អរិយសាវ័ក ដែលចងក្រៀកចិត្ត ភ្ជាប់នឹងសតិប្បដ្ឋាន ទាំង៤នេះ ដើម្បីញាំញីនូវទម្លាប់ ដែលអាស្រ័យ​នឹង​បញ្ច​កាម​គុណ​ផង​ ដើម្បីញាំញីតម្រិះ ជាគ្រឿងស្ទុះទៅ ដែលអាស្រ័យនឹងបញ្ចកាមគុណផង ដើម្បីញាំញី នូវសេចក្តី​ក្រវល់ក្រវាយ សេចក្តីនឿយហត់ សេចក្តីក្តៅក្រហាយ ដែលអាស្រ័យនឹងបញ្ចកាមគុណផង ដើម្បីត្រាស់ដឹង នូវអដ្ឋង្គិកមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

[៦៦] ព្រះតថាគត ទ្រង់ប្រដៅភិក្ខុនោះ តទៅទៀតថា ម្នាលភិក្ខុ អ្នកចូរមក អ្នកចូរពិចារណា នូវកាយក្នុងកាយ តែកុំត្រិះរិះ នូវតម្រិះ ដែលប្រកបដោយកាមឡើយ។ អ្នកចូរពិចារណា នូវវេទនា ក្នុងវេទនាទាំងឡាយ… អ្នកចូរពិចារណា នូវចិត្តក្នុងចិត្ត… អ្នកចូរពិចារណា នូវធម្មារម្មណ៍ ក្នុងធម្មារម្មណ៍ តែកុំត្រិះរិះនូវតម្រិះ ដែលប្រកបដោយធម្មារម្មណ៍ឡើយ។ ភិក្ខុនោះ ព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ ហើយចូលកាន់ទុតិយជ្ឈាន ដែលមានសេចក្តីជ្រះថ្លា ប្រព្រឹត្តទៅខាងក្នុង ជាចិត្តខ្ពស់ឯក ឥតមានវិតក្កៈ ឥតមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ… ចូលកាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។

[៦៧] ភិក្ខុនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនញាប់ញ័រ យ៉ាងនេះហើយ បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ (ញាណដែលរឭកឃើញ នូវខន្ធ ដែលធ្លាប់កើតក្នុងភពមុនៗ)។ ភិក្ខុនោះ រមែងរឭកឃើញនូវបុព្វេនិវាស មានច្រើនប្រការ គឺរឭកឃើញជាតិ១ ជាតិ២។បេ។ រឭកឃើញនូវបុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។

[៦៨] ភិក្ខុនោះ កាលបើចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវការមិនញាប់ញ័រ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីចុតូបបាតញ្ញាណ (ញាណដែលឆ្លុះឃើញ នូវចុតិបដិសន្ធិ) របស់​សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា រមែងឃើញពួកសត្វ ដែលកំពុងច្យុត កំពុងកើត ដ៏ថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ មានរូបអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ។បេ។ រមែងដឹងច្បាស់ នូវពួកសត្វ ដែលប្រព្រឹត្តទៅ តាមកម្មរបស់ខ្លួន។

[៦៩] ភិក្ខុនោះ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ (ញាណដែលឆ្លុះឃើញ នូវកិរិយាក្ស័យ នៃអាសវៈ)។ ភិក្ខុនោះ រមែងដឹងច្បាស់ដោយពិតថា នេះជាទុក្ខ ដឹងច្បាស់ដោយពិតថា នេះជាតណ្ហា ជាហេតុឲ្យកើតទុក្ខ ដឹងច្បាស់ដោយពិតថា នេះជាព្រះនិព្វាន ទីរំលត់ទុក្ខ ដឹងច្បាស់ដោយពិតថា នេះជាបដិបទា ដំណើរទៅកាន់ព្រះនិព្វាន ទីរលត់ទុក្ខ។ ភិក្ខុនោះ រមែងដឹងច្បាស់ ដោយពិតថា នេះជាពួកអាសវៈ ដឹងច្បាស់ដោយពិតថា នេះជាធម៌ នាំឲ្យកើតអាសវៈ ដឹងច្បាស់ដោយពិតថា នេះជាព្រះនិព្វានទីរំលត់អាសវៈ ដឹងច្បាស់ដោយពិតថា នេះជាបដិបទា ដំណើរទៅកាន់ព្រះនិព្វាន ទីរំលត់អាសវៈ។ កាលបើភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះ ចាកកាមាសវៈផង ចាកភវាសវៈផង ចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ក៏មានសេចក្តីដឹងថា ចិត្តរួចស្រឡះហើយដូច្នេះ ភិក្ខុនោះ ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៧០] ភិក្ខុនោះ ជាអ្នកអត់ទ្រាំនឹងត្រជាក់ នឹងក្តៅ នឹងសេចក្តីស្រេក នឹងសេចក្តីឃ្លាន នឹងសម្ផ័ស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ នឹងពស់តូច ពស់ធំទាំងឡាយ ប្រកបដោយជាតិ ជា​អ្នក​អត់ធ្មត់ ចំពោះ​គន្លងពាក្យ ដែលគេស្តីអាក្រក់ ដែលមានដំណើរមកអាក្រក់ និងវេទនា ដែលអាស្រ័យ​ក្នុង​សរីរៈ​កើត​ឡើង​ហើយ ជាទុក្ខ ដ៏ក្លា ក្តៅផ្សា មិនជាទីត្រេកអរ មិនជាទីគាប់ចត្តិ នាំបង់នូវជីវិត។ ភិក្ខុនោះ ជាអ្នក​មាន​ទឹក​ចត់ គឺរាគៈ ទោសៈ មោហៈ ទាំងពួងកំចាត់បង់ហើយ ជាអ្នកគួរទទួលនូវចតុប្បច្ច័យ ដែលគេនាំមក អំពីចម្ងាយ គួរទទួលនូវទាន ដែលគេតាក់តែងដើម្បីភ្ញៀវ គួរទទួលនូវទាន របស់បុគ្គលជាអ្នកជឿកម្មផល គួរដល់អញ្ជលីកម្ម ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។

[៧១] ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វចាស់ គេមិនបានទូន្មាន មិនបានប្រៀនប្រដៅ ហើយធ្វើមរណកាលទៅ គឺស្លាប់ទៅទាំងគេមិនទាន់បានទូន្មាន ដំរីព្រះរាជទ្រព្យ ជាសត្វចាស់ ដែលស្លាប់ហើយនោះ ដល់នូវកិរិយា រាប់ថាជាដំរីស្លាប់ហើយ។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វកណ្តាល… ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង គេមិនទាន់ទូន្មាន មិនទាន់ប្រៀនប្រដៅទេ ហើយធ្វើមរណកាលទៅ គឺស្លាប់ទៅទាំងគេមិនទាន់ទូន្មាន ដំរីព្រះរាជទ្រព្យ ដែលជាសត្វនៅក្មេងស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ជាដំរីស្លាប់ហើយដែរ។ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យ ដូចភិក្ខុជាថេរៈ ប្រសិនបើ មិនមែនជាព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅ​ ទាំងមិនទាន់បានទូន្មានខ្លួនទេ ភិក្ខុជាថេរៈ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ធ្វើមរណកាល។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុជាកណ្តាល… ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុបួសថ្មី មិនមែនជា​ព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅ ទាំងមិនទាន់បានទូន្មានខ្លួនទេ ភិក្ខុបួសថ្មី ដែលស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ធ្វើមរណកាលដែរ។

[៧២] ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វចាស់ គេបានទូន្មានប្រៀនប្រដៅ បានបែបបទហើយ ធ្វើមរណកាលទៅ គឺស្លាប់ទៅ ដោយគេបានទូន្មានហើយ ដំរីព្រះរាជទ្រព្យ ជាសត្វចាស់ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ជាសត្វស្លាប់ ។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅកណ្តាល…ម្នាលអគ្គិវេស្សនៈ ប្រសិនបើដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង គេបានទូន្មានប្រៀនប្រដៅ បានបែបបទហើយ ធ្វើមរណកាលទៅ គឺស្លាប់ទៅ ដោយគេបានទូន្មានហើយ ដំរីព្រះរាជទ្រព្យ ជាសត្វនៅក្មេង ដែលស្លាប់ហើយនោះ ក៏ដល់នូវកិរិយារាប់ថា ជាសត្វស្លាប់ដែរ ។ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលអគ្គិវេស្សនៈ មានឧបមេយ្យ ដូចភិក្ខុជាថេរៈ បើជាព្រះខីណាស្រព ធ្វើមរណកាលទៅ គឺស្លាប់ទៅដោយបានទូន្មានខ្លួនហើយ ភិក្ខុជាថេរៈ ដែលស្លាប់ហើយនោះ ដល់នូវកិរិយារាប់ថា ធ្វើមរណកាល។ ម្នាលអគ្គិវេស្សនៈ ប្រសិនបើភិក្ខុ​ជា​កណ្តាល… ប្រសិនបើភិក្ខុបួសថ្មី ជាព្រះខីណាស្រព ធ្វើមរណកាល គឺស្លាប់ទៅ ទាំងបានទូន្មានខ្លួនហើយ ភិក្ខុបួសថ្មី ដែលធ្វើមរណកាលហើយនោះ ក៏ដល់នូវកិរិយារាប់ថា ធ្វើមរណកាលដែរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះចប់ហើយ អចិរវតសមណុទ្ទេស ក៏រីករាយនឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ ទន្តភូមិសូត្រ ទី៥។

ភូមិជសូត្រ ទី៦

[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ គ្រានោះ ព្រះភូមិជៈមានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ដំណាក់ នៃព្រះរាជកុមារ ព្រះនាមជយសេន លុះចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ ជយសេនរាជកុមារ ចូលទៅរកព្រះភូមិជៈមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះភូមិជៈមានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។

[៧៤] លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ ក៏ពោលនឹងព្រះភូមិជៈមានអាយុ ដូច្នេះថា បពិត្រព្រះភូមិជៈដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង (ដើម្បីត្រាស់ដឹងនូវផល) ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ក៏មិនគួរដើម្បី​ត្រាស់ដឹង​នូវផលទេ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ក៏មិនគួរ ដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ ចុះក្នុងសាសនានេះ ព្រះជាគ្រូ របស់ភូមិជៈដ៏ចម្រើន តើមានវាទៈដូចម្តេច មានទិដ្ឋិដូចម្តេច បានពោលដូចម្តេច។

[៧៥] ថ្វាយព្រះពរព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព ពុំដែលបានស្តាប់មក ក្នុងទី​ចំពោះ​ព្រះ​ភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដ​ជា​ព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយ យ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្ត ព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ទើបគួរដើម្បីត្រាស់ដឹងនូវផលបាន មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បពិត្រព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព ពុំដែលបានស្តាប់មក ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការ​នុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយ យ៉ាងនេះឯង។ បើព្រះជាគ្រូ របស់ព្រះភូមិជៈដ៏​ចម្រើន មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ បានពោលយ៉ាងនេះមែន ព្រះជាគ្រូ របស់ព្រះ​ភូមិជៈ​ដ៏ចម្រើន ហាក់ដូចជាសំពងអំបែងក្បាល នៃពួកសមណព្រាហ្មណ៍ជាច្រើនទាំងអស់ដោយពិត។ គ្រានោះ ជយសេនរាជកុមារ ក៏អង្គាសព្រះភូមិជៈមានអាយុ ដោយសម្រាប់របស់ខ្លួន។

[៧៦] លំដាប់នោះ ព្រះភូមិជៈមានអាយុ កាលត្រឡប់ពីបិណ្ឌបាតមក ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះភូមិជៈមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ដំណាក់ របស់ជយសេនរាជកុមារ ក្នុងទីឯណោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើ​អាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់នោះ ជយសេនរាជកុមារ ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងខ្ញុំព្រះអង្គ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏គង់ក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចម្រើន លុះជយសេនរាជកុមារ គង់ក្នុងទីសមគួរហើយ ក៏ចោទសួរ ចំពោះខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះភូមិជៈដ៏ចម្រើន មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលទេ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ ចុះក្នុងសាសនានេះ ព្រះជាគ្រូ របស់ព្រះភូមិជៈដ៏ចម្រើន តើមានវាទៈដូចម្តេច មានទិដ្ឋិដូចម្តេច បានពោលដូចម្តេច។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើ​ជយសេន​រាជកុមារ ទ្រង់សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏ពោលតបទៅនឹងជយសេនរាជកុមារ ដូច្នេះថា ថ្វាយព្រះពរ ព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព មិនដែលបានស្តាប់ ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយយ៉ាងនេះថា បើបុគ្គលធ្វើនូវបំណង ហើយ​ប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយមិនត្រូវទំនង ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយទៀត បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ទើបគួរដើម្បីត្រាស់ដឹងនូវផលបាន បើមិនធ្វើនូវបំណង…  បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ដោយត្រូវទំនង ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បពិត្រព្រះរាជកុមារ ឯដំណើរនុ៎ះ អាត្មាភាព មិនដែលបានស្តាប់ ក្នុងទីចំពោះព្រះភក្ត្រ ឬបានទទួលមក អំពីទីចំពោះព្រះភក្ត្រ នៃព្រះមានព្រះភាគទេ ប៉ុន្តែបើហេតុការនុ៎ះមាន ប្រាកដជាព្រះមានព្រះភាគ នឹងទ្រង់ដោះស្រាយ យ៉ាងនេះឯង។ ជយសេនរាជកុមារ ទ្រង់ត្រាស់ថា បើព្រះជាគ្រូ របស់ព្រះភូមិជៈ​ដ៏​ចម្រើន មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះ បានពោលយ៉ាងនេះមែន ព្រះជាគ្រូ របស់ព្រះ​ភូមិជៈ​ដ៏ចម្រើន ហាក់ដូចជាសំពងអំបែងក្បាល នៃពួកសមណព្រាហ្មណ៍ជាច្រើនទាំងអស់ដោយពិត។ បពិត្រព្រះអង្គដ៏ចម្រើន កាលបើរាជកុមារ ទ្រង់សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏បានដោះស្រាយយ៉ាងនេះ តើឈ្មោះថា ខ្ញុំព្រះអង្គ ពោលត្រូវតាមព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគផង ឈ្មោះថា មិនពោលបង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង ឈ្មោះថា សំដែងនូវធម៌ ដ៏សមគួរដល់ធម៌ផង ឬទេ មួយទៀត វាទានុវាទបន្តិចបន្តួច ដែលប្រកបដោយធម៌ មិនមកកាន់ទី ដែលបណ្ឌិតគួរតិះដៀលទេឬ។

[៧៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើភូមិជៈ កាលដែលព្រះរាជកុមារ ទ្រង់ចោទសួរយ៉ាងនុ៎ះ ហើយអ្នកដោះស្រាយយ៉ាងនុ៎ះ ឈ្មោះថា អ្នកពោលត្រូវតាមពាក្យ របស់តថាគតផង ឈ្មោះថា មិនពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ឈ្មោះថា សំដែងនូវធម៌ដ៏សមគួរដល់ធម៌ផង មួយទៀត វាទានុវាទបន្តិចបន្តួច ដែលប្រកបដោយធម៌ មិនបានមកកាន់ទី ដែលបណ្ឌិតគួរតិះដៀលទេ។ ម្នាលភូមិជៈ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានព្យាយាមខុស មានសតិខុស មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បី​ត្រាស់ដឹង​នូវផលឡើយ មួយទៀត បើមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹង​នូវផលដែរ មួយទៀត បើធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ មួយវិញទៀត បើមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផល។

[៧៨] ម្នាលភូមិជៈ ដូចបុរសដែលត្រូវការដោយប្រេង ស្វែងរកប្រេង ត្រាច់ទៅកាន់ទីស្វែងរកប្រេង ក៏យកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ បើទុកជាធ្វើនូវបំណង ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹក មកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរ​ដើម្បីបាន​នូវ​ប្រេងឡើយ បើទុកជាមិនធ្វើនូវបំណង ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយយកដីខ្សាច់ មកចាក់ក្នុងស្នូក ហើយយកទឹក មកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវ​ប្រេងដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកដីខ្សាច់មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ ក៏មិនគួរដើម្បីបាននូវប្រេងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលគួរឲ្យបានប្រេងឡើយ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស មានសេចក្តីត្រិះរិះខុស មានវាចាខុស មានការងារខុស មានការចិញ្ចឹមជីវិតខុស មានព្យាយាមខុស មានសតិខុស មានសមាធិខុស សមណៈ ឬព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ  បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បី​ត្រាស់ដឹង​នូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលឡើយ។

[៧៩] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះស្រស់ ស្វែងរកទឹកដោះស្រស់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះស្រស់ ក៏ចាប់មួលស្នែងមេគោដែលមានកូនខ្ចី បើទុកជាធ្វើនូវបំណង ហើយចាប់មួលស្នែងមេគោ ដែលមានកូនខ្ចី ក៏មិនគួរដើម្បីបាន នូវទឹកដោះស្រស់ឡើយ បើទុកជាមិនធ្វើនូវបំណង។បេ។ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើ​នូវបំណង ហើយចាប់មួលស្នែងមេគោ ដែលមានកូនខ្ចី ក៏មិនគួរដើម្បីបាននូវទឹកដោះស្រស់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យបាននូវទឹកដោះស្រស់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស។បេ។ មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះថាគ្មានទំនង ដើម្បីឲ្យត្រាស់ដឹងនូវផលឡើយ។

[៨០] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះខាប់ ស្វែងរកទឹកដោះខាប់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះខាប់ ហើយយកទឹក មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត បើទុកជាធ្វើនូវបំណង ហើយយកទឹកមកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត ក៏មិនគួរដើម្បី​បាន​នូវទឹកដោះខាប់ឡើយ បើទុកជាមិនធ្វើនូវបំណង…បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកទឹក មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត ក៏មិនគួរដើម្បីបាន នូវទឹកដោះខាប់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលគួរឲ្យបានទឹកដោះខាប់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស។បេ។ មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈដ៏ចម្រើន ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលឡើយ។

[៨១] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយភ្លើង ស្វែងរកភ្លើង ត្រាច់ទៅកាន់ទីស្វែងរកភ្លើង ក៏កាន់យកនូវឈើពំនួតខាងលើ ទៅពួតនឹងឈើស្រស់ ដែលនៅមានជ័រ បើទុកជាធ្វើនូវបំណង ហើយកាន់យកនូវឈើពំនួតខាងលើ ទៅពួតនឹងឈើស្រស់ ដែលនៅមានជ័រ ក៏មិនគួរដើម្បីបាននូវភ្លើងឡើយ បើទុកជាមិនធ្វើនូវបំណង…បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយកាន់យកនូវឈើពំនួតខាងលើ ទៅពួតនឹងឈើស្រស់ ដែលនៅមានជ័រ ក៏មិនគួរដើម្បីបាននូវភ្លើងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យបាននូវភ្លើង សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិខុស។បេ។ មានសមាធិខុស សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលឡើយ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏មិនគួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះគ្មានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលឡើយ។

[៨២] ម្នាលភូមិជៈ លុះតែពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ មានសេចក្តី​ត្រិះរិះត្រូវ មានវាចាត្រូវ មានការងារត្រូវ មានព្យាយាមត្រូវ មានសតិត្រូវ មានសមាធិត្រូវ សមណព្រាហ្មណ៍​ទាំងនោះ បើធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលបាន។

[៨៣] ម្នាលភូមិជៈ ដូចបុរសដែលត្រូវការដោយប្រេង ស្វែងរកប្រេង ត្រាច់ទៅកាន់ទីស្វែងរកប្រេង ក៏យកម្សៅល្ងមកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ បើទុកជាធ្វើនូវបំណង ហើយ​យក​ម្សៅល្ង មកចាក់ក្នុងស្នូក ហើយយកទឹកមកប្រស់ព្រំ ច្របាច់រឿយៗ ក៏គួរដើម្បីបាននូវប្រេង បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកម្សៅល្ង មកចាក់ក្នុងស្នូក ហើយយកទឹក មកប្រស់ព្រំ ច្របាច់​រឿយ​ៗ ក៏គួរដើម្បីបាននូវប្រេងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវប្រេង សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ។បេ។ មានសមាធិត្រូវ ពួកសមណ​ព្រាហ្មណ៍​នោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង … បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផល ។

[៨៤] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះស្រស់ ស្វែងរកទឹកដោះស្រស់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះស្រស់ ក៏ចាប់មួលដោះមេគោដែលមានកូនខ្ចី បើធ្វើនូវបំណង ហើយចាប់មួលដោះមេគោ ដែលមានកូនខ្ចី ក៏គួរដើម្បីបាននូវទឹកដោះស្រស់ បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយចាប់មួលដោះមេគោ ដែលមានកូនខ្ចី ក៏គួរដើម្បី​បាន នូវទឹកដោះ​ស្រស់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវទឹកដោះស្រស់ សេចក្តីនេះ មានឧបមា យ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យ ដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវបេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង គួរឲ្យត្រាស់ដឹងនូវផលបាន។

[៨៥] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយទឹកដោះខាប់ ស្វែងរកទឹកដោះខាប់ ត្រាច់ទៅកាន់ទីស្វែងរកទឹកដោះខាប់ ហើយយកទឹកដោះជូរ មកស្រោចលើភក់ហើយវិត ដោយឈើសម្រាប់វិត បើទុកជាធ្វើនូវបំណង ហើយយកទឹកដោះជូរ មកស្រោចលើភក់ រួចវិត ដោយឈើសម្រាប់វិត ក៏គួរដើម្បីបាន នូវទឹកដោះខាប់ បើទុកជាមិនធ្វើនូវ​បំណង… បើទុកជា​ធ្វើនូវ​បំណង​ខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកទឹកដោះជូរ មកស្រោចលើភក់ ហើយវិត ដោយឈើសម្រាប់វិត ក៏គួរដើម្បីបាន នូវទឹកដោះខាប់ដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវទឹកដោះខាប់ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ។បេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង… បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលបាន។

[៨៦] ម្នាលភូមិជៈ ពុំនោះសោត ដូចបុរសដែលត្រូវការដោយភ្លើង ស្វែងរកភ្លើង ត្រាច់ទៅកាន់ទីស្វែងរកភ្លើង ហើយកាន់យកឈើពំនួតខាងលើ ទៅពួតនឹងឈើស្ងួតខ្សោះ ក៏គួរដើម្បីបាននូវភ្លើង បើទុកជាធ្វើនូវបំណង… បើទុកជាមិនធ្វើនូវបំណង…បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ… បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយយកឈើពំនួតខាងលើ ទៅពួតនឹងឈើស្ងួតខ្សោះ ក៏គួរដើម្បីបាននូវភ្លើងដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យបាននូវភ្លើង សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលភូមិជៈ មានឧបមេយ្យដូចយ៉ាងពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ដែលមានទិដ្ឋិត្រូវ មានសេចក្តីត្រិះរិះត្រូវ។បេ។ មានសមាធិត្រូវ សមណព្រាហ្មណ៍ទាំងនោះ បើទុកជាធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផល បើទុកជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាធ្វើនូវបំណងខ្លះ មិនធ្វើនូវបំណងខ្លះ ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ បើទុកជាមិនធ្វើនូវបំណង មិនមែនជាមិនធ្វើនូវបំណង ហើយប្រព្រឹត្តព្រហ្មចរិយៈ ក៏គួរដើម្បីត្រាស់ដឹងនូវផលដែរ សេចក្តីនោះ ព្រោះហេតុដូចម្តេច ម្នាលភូមិជៈ ព្រោះមានទំនង ដែលនាំឲ្យត្រាស់ដឹងនូវផលបាន។

[៨៧]​ ម្នាលភូមិជៈ បើអ្នកអាចសំដែងនូវឧបមា ទាំង៤នេះ ដល់ជយសេនរាជកុមារបាន សេចក្តីអស្ចារ្យរបស់អ្នក ក៏នឹងកើតមាន ឯជយសេនរាជកុមារ ក៏មុខជាជ្រះថ្លានឹងអ្នក លុះជ្រះថ្លាហើយ នឹងធ្វើនូវអាការជ្រះថ្លាដល់អ្នកទៀត។ បពិត្រព្រះអង្គដ៏ចម្រើន ចុះខ្ញុំព្រះអង្គ អាចនឹងសំដែង ដល់ជយសេនរាជកុមារ នូវសេចក្តីឧបមា ទាំង៤នេះ ដែលជាទីអស្ចារ្យ ខ្ញុំព្រះអង្គ មិនធ្លាប់ស្តាប់​មក ក្នុងកាលមុនសោះ ដូចជាព្រះមានព្រះភាគអំពីណាបាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ ព្រះភូមិជៈមានអាយុ ក៏មានសេចក្តីត្រកអរ រីករាយនឹងភាសិត នៃព្រះមានព្រះភាគ។

ចប់ភូមិជសូត្រ ទី៦។

អនុរុទ្ធសូត្រ ទី៧

[៨៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេចឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង បញ្ចកង្គថបតិ [ជាងឈើប្រកប​ដោយ​អង្គ៥ គឺកាំបិតព្រា១ ពូថៅ១ ពន្លាក១ អន្លូង១ ស្នូកបន្ទាត់១។ អដ្ឋកថា។] បានហៅបុរសម្នាក់មកថា នែបុរសដ៏ចម្រើន អ្នកចូរមក ចូរអ្នកទៅឯព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​បាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង តាមពាក្យរបស់យើងថា បពិត្រលោកដ៏ចម្រើន បញ្ចកង្គថបតិ សូមថ្វាយបង្គំបាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង រួចហើយអ្នកចូរពោលយ៉ាងនេះទៀតថា បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ មានខ្លួនជាគម្រប់៤ ទទួលភត្ត របស់បញ្ចកង្គថបតិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ ប្រញាប់និមន្តមកអំពីព្រឹកឲ្យទាន បពិត្រលោកដ៏ចម្រើន ព្រោះថាបញ្ចកង្គថបតិ គាត់មានកិច្ចច្រើន មានការងារច្រើន ដោយព្រះរាជកិច្ច។ បុរសនោះ ក៏ទទួលពាក្យបញ្ចកង្គថបតិថា បាទលោកនាយ ហើយក៏ចូលទៅរកព្រះអនុរុទ្ធមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអនុរុទ្ធមានអាយុ ហើយអង្គុយ ក្នុងទីសមគួរ។ លុះបុរសនោះ អង្គុយ ក្នុងទីសមគួរហើយ ក៏ទូលព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន បញ្ចកង្គថបតិ សូមថ្វាយបង្គំបាទា នៃព្រះអនុរុទ្ធមានអាយុ ដោយត្បូង រួចពោលយ៉ាងនេះទៀតថា បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ មានខ្លួនជាគម្រប់៤ ទទួលភត្ត របស់បញ្ចកង្គថបតិ ដើម្បីឆាន់ក្នុងថ្ងៃស្អែក បពិត្រលោកដ៏ចម្រើន សូមព្រះអនុរុទ្ធមានអាយុ ប្រញាប់និមន្តទៅអំពីព្រឹកឲ្យទាន បពិត្រលោកដ៏ចម្រើន ព្រោះថា បញ្ចកង្គថបតិ គាត់មានកិច្ចច្រើន មានការងារច្រើន ដោយព្រះរាជកិច្ច។ ឯព្រះអនុរុទ្ធមានអាយុ ក៏ទទួលនិមន្ត ដោយតុណ្ហីភាព។

[៨៩] គ្រានោះ ព្រះអនុរុទ្ធមានអាយុ លុះកន្លងរាត្រីនោះទៅហើយ ក៏ស្លៀកស្បង់ ប្រដាប់ដោយ​បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅឯផ្ទះបញ្ចកង្គថបតិ លុះចូលទៅដល់ហើយ ក៏គង់​លើ​អាសនៈ ដែលគេក្រាលទុក។ លំដាប់នោះ បញ្ចកង្គថបតិ ញ៉ាំងព្រះអនុរុទ្ធមានអាយុ ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ឧត្តម ដោយដៃនៃខ្លួន ត្រាតែព្រះអនុរុទ្ធហាមឃាត់។ ឯបញ្ចកង្គថបតិ កំណត់ដឹងថា ព្រះអនុរុទ្ធមានអាយុ ឆាន់រួចហើយ លែងលូកព្រះហស្តទៅក្នុងបាត្រទៀតហើយ ក៏កាន់យកនូវអាសនៈមួយដ៏ទាប ហើយអង្គុយក្នុងទីសមគួរ។ លុះបញ្ចកង្គថបតិ អង្គុយក្នុងទីសមគួរហើយ ក៏ទូលព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រលោកដ៏ចម្រើន ពួកភិក្ខុជាថេរៈ ក្នុងសាសនានេះ ចូលមករកខ្ញុំ ហើយពោលយ៉ាងនេះថា ម្នាលគហបតី អ្នកចូរចម្រើន នូវអប្បមាណចេតោវិមុត្តិទៅ ព្រះថេរៈពួកខ្លះ ពោលយ៉ាងនេះថា ម្នាលគហបតី អ្នកចូរចម្រើននូវមហគ្គតចេតោវិមុត្តិទៅ បពិត្រលោកដ៏ចម្រើន ចុះអប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផងឬ ឬក៏មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈទេ។ ម្នាលគហបតី បើដូច្នោះ អ្នកចូរបំភ្លឺ នូវសេចក្តីនោះ ក្នុងប្រស្នានុ៎ះមកមើល បើអ្នក (សំដែង) នឹងមិនមានសេចក្តីខុសភ្លាត់ ក្នុងប្រស្នានេះឡើយ។ បពិត្រលោកដ៏ចម្រើន ខ្ញុំមានសេចក្តីចូលចិត្ត យ៉ាងនេះថា អប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថដូចគ្នា ផ្សេងគ្នាតែព្យញ្ជនៈ។

[៩០] ម្នាលគហបតី អប្បមាណចេតោវិមុត្តិណាក្តី មហគ្គតចេតោវិមុត្តិណាក្តី ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ម្នាលគហបតី សេចក្តីនោះ អ្នកគប្បីដឹង ដោយបរិយាយនេះចុះ ថា តាមពិត ធម៌ទាំងពីរនេះ មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។ ម្នាលគហបតី អប្បមាណចេតោវិមុត្តិ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកប​ដោយ​មេត្តា ផ្សាយទៅកាន់ទិសទី១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ ដូចគ្នា សូម្បីក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ជាអ្នកមានចិត្តប្រកបដោយមេត្តា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួនឯង ទៅប្រៀបផ្ទឹម​នឹង​សត្វ​ទាំងពួង ក្នុងទីទាំងពួង។ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកប​ដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ ដូចគ្នា សូម្បីក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ក៏ជាអ្នកមានចិត្តប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយការយកខ្លួន​ឯង ទៅប្រៀបផ្ទឹម​នឹងសត្វទាំងពួង ក្នុងទីទាំងពួង ម្នាលគហបតី  នេះហៅថា អប្បមាណចេតោវិមុត្តិ ។

[៩១] ម្នាលគហបតី ចុះមហគ្គតចេតោវិមុត្តិ តើដូចម្តេច។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល១ [ក្នុងវេលាថ្ងៃត្រង់ ម្លប់ដើមឈើ មានកំណត់ជុំវិញត្រឹមណា ទីត្រឹមនោះ ហៅថារុក្ខមូល១ យោគីកំណត់រុក្ខមូល១នោះ ដោយកសិណនិមិត្តហើយ ពិចារណាត្រាតែកើត​មហគ្គតជ្ឈានឡើង ក្នុងកសិណនិមិត្តនោះ។ ឯមហគ្គតជ្ឈាន គឺរូបាវចរជ្ឈាន និងអរូបាវចរជ្ឈាន] ជាកំណត់ ថាជាទីមហគ្គតៈ គឺទីដែលត្រូវយកចិត្តទុកដាក់ ម្នាលគហបតី នេះលោកហៅថា មហគ្គតចេតោវិមុត្តិ ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះលោកហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ ម្នាល​គហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី មួយទៀត ភិក្ខុក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ផែនដី មានសមុទ្រជាទីបំផុត ជាកំណត់ ថាជាទីមហគ្គតៈ ម្នាលគហបតី នេះហៅថា មហគ្គតចេតោវិមុត្តិដែរ។ ម្នាលគហបតី សេចក្តីនេះឯង ដែលអ្នកគប្បីដឹង ដោយបរិយាយនេះថា ធម៌ទាំងពីរនេះឯង មានអត្ថផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង។

[៩២] ម្នាលគហបតី កិរិយាកើតក្នុងភពនេះ មាន៤យ៉ាង។ ៤យ៉ាង តើដូចម្តេច។ ម្នាលគហបតី បុគ្គលខ្លះក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់បរិត្តាភជ្ឈាន [ឈានដែលជាហេតុ នាំឲ្យកើត​ក្នុង​បរិត្តាភព្រហ្មលោក បានដល់ទុតិយជ្ឈានយ៉ាងទាប។ ឯក្នុងប្រយោគនេះ បានសេចក្តីថា ចំរើន​បរិត្តាភជ្ឈាន ប៉ុណ្ណោះឯង]។ បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកបរិត្តាភទេវតា [ទេវតាមានពន្លឺតិច ឬទេវតាឋិតនៅក្នុងបរិត្តាភព្រហ្មលោក]។ ម្នាលគហបតី មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់​អប្បាមាណាភជ្ឈាន [ឈានដែលជាហេតុ នាំឲ្យកើតក្នុង​​អប្បមាណាភ​ព្រហ្មលោក បានដល់​​ទុតិយជ្ឈាន​យ៉ាង​កណ្តាល]។ បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខ​បន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយ​នឹង​ពួក​អប្បមាណាភទេវតា [ទេវតាមានពន្លឺប្រមាណ​មិនបាន ឬទេវតា​ឋិត​នៅ​ក្នុង​អប្បមាណាភ​ព្រហ្មលោក]។ ម្នាលគហបតី បុគ្គលខ្លះ ក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់សង្កិលិដ្ឋាភជ្ឈាន។ បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកសង្កិលិដ្ឋាភទេវតា [ទេវតាមានពន្លឺស្រអាប់]។ ម្នាលគហបតី មួយទៀត បុគ្គលខ្លះ ក្នុងលោកនេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់បរិសុទ្ធាភជ្ឈាន។ បុគ្គលនោះ លុះមានរាងកាយបែកធ្លាយទៅ ខាងមុខបន្ទាប់អំពីមរណៈ ក៏ទៅកើតជាមួយនឹងពួកបរិសុទ្ធាភទេវតា [ទេវតាមានពន្លឺថ្លា។ ពួកបរិត្តាភទេវតា (ទេវតាមានពន្លឺតិច) មានពន្លឺស្រអាប់ខ្លះ មានពន្លឺថ្លាខ្លះ យោគីណា ធ្វើបរិកម្ម ក្នុងកសិណ​ប្រមាណ​ប៉ុនចង្អេរក្តី ប៉ុនផ្តិលក្តី ហើយញ៉ាំងសមាបត្តិ ឲ្យកើតបានស្ទាត់ជំនាញ ដោយអាការ ទាំង៥ តែមិនបរិសុទ្ធ​ចាកបច្ចនិកធម៌ (ធម៌ជាសត្រូវ) យោគីនោះ ប្រើប្រាស់សមាបត្តិ ដែលថយកម្លាំង ឋិតនៅក្នុងឈាន ដែលមិន​ស្ទាត់ស្ទាញ លុះធ្វើមរណៈកាលទៅ ក៏ទៅកើតជាបរិត្តាភទេវតា ពន្លឺរបស់ទេវតានោះ តិចផង ស្រអាប់ផង។ យោគីណា ស្ទាត់ស្ទាញ ដោយអាការ ទាំង៥ ហើយបរិសុទ្ធចាក​បច្ចនិកធម៌ ប្រើប្រាស់សមាបត្តិដ៏​បរិសុទ្ធ ឋិតនៅក្នុង​ឈាន ដែល​ស្ទាត់ស្ទាញ លុះធ្វើមរណកាលទៅ ក៏ទៅកើតជាបរិត្តាភទេវតា ពន្លឺរបស់​ទេវតានោះ តិច តែថ្លា។ អប្បមាណាភទេវតា (ទេវតាមាន​ពន្លឺប្រមាណមិនបាន) មានពន្លឺស្រអាប់១ពួក មានពន្លឺថ្លា១ពួក សេចក្តីដូចគ្នានឹងខាងដើម ប្លែកគ្នា​តែត្រង់​ធ្វើបរិកម្ម ក្នុងកសិណ ដែល​ធំទូលាយ​ប្រមាណ​មិនបាន​ប៉ុណ្ណោះ]។ ម្នាលគហបតី កិរិយាកើតក្នុងភព មាន៤យ៉ាងនេះឯង។

[៩៣] ម្នាលគហបតី មានសម័យដែលពួកទេវតាប្រជុំគ្នា ក្នុងទីមួយ ឯពួកទេវតា ដែលប្រជុំគ្នា ក្នុងទីមួយនោះ ប្រាកដ​ជាមាន​សម្បុរផ្សេងគ្នា តែមិនមែន​មានពន្លឺផ្សេងគ្នាទេ។ ម្នាលគហបតី ដូចបុរស ដែលញ៉ាំង​ប្រទីបប្រេងជាច្រើន ឲ្យចូលទៅ​កាន់ផ្ទះមួយ ឯប្រទីបប្រេងទាំងនោះ ដែលចូល​ទៅកាន់ផ្ទះមួយ ប្រាកដជា​មានអណ្តាត​ភ្លើងផ្សេងគ្នា តែមិនមែនមាន​ពន្លឺផ្សេងគ្នាទេ មានឧបមា យ៉ាងណាមិញ ម្នាលគហបតី មានឧបមេយ្យ ដូចយ៉ាងសម័យ ដែលពួកទេវតា​ប្រជុំគ្នា ក្នុងទីមួយ ឯពួកទេវតា​ដែលប្រជុំគ្នា ក្នុងទីមួយនោះ ប្រាកដជា​មានសម្បុរ​ផ្សេងគ្នា តែមិនមែន​មានពន្លឺផ្សេងគ្នាទេ។

[៩៤] ម្នាលគហបតី សម័យ ដែលពួកទេវតា ចេញទៅអំពីទីប្រជុំនោះ ឯពួកទេវតានោះ កាលដែល​ចេញទៅ អំពីទី​ប្រជុំនោះ ប្រាកដជា​មានសម្បុរ​ក៏ផ្សេងគ្នា មានពន្លឺ​ក៏ផ្សេងគ្នា។ ម្នាលគហបតី ដូចបុរស​នាំយកនូវ​ប្រទីបប្រេង ដ៏ច្រើនទាំងនោះ ចេញអំពីផ្ទះនោះ ឯប្រទីប​ប្រេងទាំងនោះ កាលដែល​គេនាំចេញ​អំពីផ្ទះនោះ ប្រាកដជា​មានអណ្តាត​ភ្លើងផ្សេងគ្នា មានពន្លឺក៏ផ្សេងគ្នា មានឧបមា​យ៉ាងណាមិញ ម្នាលគហបតី មានឧបមេយ្យ​ដូចយ៉ាងសម័យ ដែលពួកទេវតា​ចេញទៅអំពី​ទីប្រជុំនោះ ឯពួកទេវតា​នោះ កាលដែល​ចេញទៅ អំពីទីប្រជុំនោះ ប្រាកដជា​មានសម្បុរ​ផ្សេងគ្នា មានពន្លឺក៏ផ្សេងគ្នា។

[៩៥] ម្នាលគហបតី ឯទេវតាទាំងនោះ មិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយទៀត ពួកទេវតាណា នៅអាស្រ័យក្នុងទីណាៗ ទេវតាទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗឯង។ ម្នាលគហបតី ដូចហ្វូងរុយ ដែលគេនាំទៅ ដោយអម្រែកក្តី ដោយកញ្ជើរក្តី តែងមិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយវិញទៀត រុយទាំងនោះ ទៅអាស្រ័យក្នុងទីណាៗ រុយទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗឯង មានឧបមា យ៉ាងណាមិញ ម្នាលគហបតី មានឧបមេយ្យដូចយ៉ាង ទេវតាទាំងនោះ តែងមិនមានសេចក្តីត្រិះរិះ យ៉ាងនេះថា ទីរបស់យើងនេះ ទៀងទាត់ ឋិតឋេរ មាំមួន ដូច្នេះឡើយ។ មួយវិញទៀត ពួកទេវតាណា នៅអាស្រ័យក្នុងទីណាៗ ទេវតាទាំងនោះ រមែងត្រេកអរ ក្នុងទីនោះៗ។

[៩៦] កាលបើព្រះអនុរុទ្ធ ពោលយ៉ាងនេះហើយ ព្រះអភិយកច្ចានៈមានអាយុ ក៏ពោលនឹង​ព្រះអនុរុទ្ធ​មានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពាក្យរបស់លោកម្ចាស់ ប្រពៃហើយ តែខ្ញុំត្រូវការសួរ ក្នុងប្រស្នានុ៎ះ តទៅទៀត  បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពួកទេវតាណា ដែលមានពន្លឺ ទេវតាទាំងនោះ មានពន្លឺតិចទាំងអស់ឬ ឬក៏មានពួកទេវតា ដែលមានពន្លឺប្រមាណមិនបាន ក្នុងទីនុ៎ះ​ខ្លះដែរ។ ព្រះអនុរុទ្ធឆ្លើយថា ម្នាលអាវុសោកច្ចានៈ ដោយហេតុនោះៗ ទេវតាដែលមានពន្លឺតិច ក៏មានក្នុងទីនុ៎ះខ្លះ ទេវតា ដែលមានពន្លឺប្រមាណមិនបាន ក៏មានក្នុងទីនុ៎ះខ្លះដែរ។ បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យទេវតាទាំងនោះ ចូលទៅកើត ក្នុងពួកនៃទេវតាដូចគ្នា តែទេវតាពួកខ្លះក្នុងទីនុ៎ះ មានពន្លឺតិចក៏មាន ទេវតាពួកខ្លះក្នុងទីនុ៎ះ មានពន្លឺប្រមាណមិនបានក៏មាន។

[៩៧] ម្នាលអាវុសោកច្ចានៈ បើដូច្នោះ ខ្ញុំនឹងត្រឡប់សួរលោក ក្នុងប្រស្នានុ៎ះវិញ បើប្រស្នានោះ គាប់ចិត្តលោក យ៉ាងណា លោកគប្បីដោះស្រាយ នូវប្រស្នានោះ យ៉ាងនោះចុះ។ ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល១ ជាកំណត់ ថាជាទីមហគ្គតៈ (ទីជាធំ គឺទីត្រូវយកចិត្តទុកដាក់) និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ថា ជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[៩៨] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់រុក្ខមូល២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈ​ខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[៩៩] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត១ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[១០០] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់គាមក្ខេត្ត២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[១០១] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ១ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។

[១០២] ម្នាលអាវុសោ កច្ចានៈ លោកសំគាល់នូវសេចក្តីនោះ ថាដូចម្តេច គឺត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ដែនធំ២ ឬ៣ ជាកំណត់ ថាជាទីមហគ្គតៈ និងត្រង់ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ផែនដី មានសមុទ្រជាទីបំផុត ជាកំណត់ ថាជាទីមហគ្គតៈ បណ្តាចិត្តភាវនា ទាំង២នេះ តើចិត្តភាវនាណា ដែលចាត់ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ បពិត្រលោកដ៏ចម្រើន បណ្តាចិត្តភាវនា ទាំង២នេះ ចិត្តភាវនា ដែលភិក្ខុ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់ផែនដី មានសមុទ្រជាទីបំផុត ជាកំណត់ ថាជាទីមហគ្គតៈ នេះឯង ជាមហគ្គតៈខ្ពង់ខ្ពស់ជាង។ ម្នាលអាវុសោ កច្ចានៈ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យទេវតាទាំងនោះ ចូលទៅកើតក្នុងពួកទេវតាតែមួយពួក ប៉ុន្តែទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺតិច ក៏មាន ទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺប្រមាណមិនបាន ក៏មាន។

[១០៣] បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពាក្យរបស់លោកម្ចាស់ ប្រពៃហើយ តែខ្ញុំនៅតែត្រូវការសួរ ក្នុងប្រស្នានុ៎ះ តទៅទៀត បពិត្រលោកដ៏ចម្រើន ទេវតាទាំងអម្បាលមាណ ដែលមានពន្លឺ តើទេវតា​ទាំងនោះ មានពន្លឺស្រអាប់ទាំងអស់ឬ ឬក៏មានទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺថ្លាដែរ។ ម្នាលអាវុសោ កច្ចានៈ ដោយហេតុដូចពោលមកហើយនោះឯង ទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺស្រអាប់ក៏មាន ទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺថ្លា ក៏មាន។ បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យ​ទេវតា​ទាំងនោះ ចូលទៅកើតក្នុងពួក នៃទេវតាតែមួយពួកសោះទេ ប៉ុន្តែទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺស្រអាប់ ក៏មាន ទេវតាពួកខ្លះ ក្នុងទីនុ៎ះ មានពន្លឺថ្លា ក៏មាន។

[១០៤] ម្នាលអាវុសោ កច្ចានៈ បើដូច្នោះ ខ្ញុំនឹងធ្វើនូវសេចក្តីឧបមាដល់លោក ព្រោះថាវិញ្ញូបុរសពួកខ្លះ ក្នុងលោកនេះ តែងដឹងច្បាស់ នូវសេចក្តីនៃភាសិត ដោយសារពាក្យឧបមា។ ម្នាលអាវុសោ កច្ចានៈ ដូចប្រទីបប្រេង ដែលកំពុងឆេះ មានប្រេងមិនបរិសុទ្ធខ្លះ មានប្រឆេះមិនស្អាតខ្លះ។ ប្រទីបប្រេងនោះឯង ព្រោះតែប្រេងមិនបរិសុទ្ធ ក៏មាន ព្រោះតែប្រឆេះមិនស្អាត ក៏មាន ក៏ឆេះហាក់ដូចជា​ងងឹត​ស្រអាប់ មានឧបមា យ៉ាងណាមិញ ម្នាលអាវុសោ កច្ចានៈ មានឧបមេយ្យដូចយ៉ាង ភិក្ខុខ្លះ ក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់សង្កិលិដ្ឋាភជ្ឈាន (ឈានមានពន្លឺស្រអាប់)។ គឺភិក្ខុនោះ មានសេចក្តីឆ្គាំឆ្គងកាយ មិនបានស្ងប់រម្ងាប់ខ្លះ មានថីនមិទ្ធៈ មិនបានដកចោលខ្លះ មានឧទ្ធច្ចកុក្កុច្ចៈ មិនបានកំចាត់ចោលខ្លះ។ ភិក្ខុនោះ ព្រោះតែសេចក្តីឆ្គាំឆ្គងកាយ មិនបានស្ងប់រម្ងាប់ក៏មាន ព្រោះតែមានថីនមិទ្ធៈ មិនបានដកចោលក៏មាន ព្រោះតែមានឧទ្ធច្ចកុក្កុច្ចៈ មិនបានកំចាត់ចោលក៏មាន ក៏ចម្រើនឈាន ហាក់ដូចជាងងឹតស្រអាប់។ ភិក្ខុនោះ លុះបែកធ្លាយរាងកាយ​ស្លាប់ទៅ ខាងមុខ​បន្ទាប់អំពីមរណៈ តែងទៅកើតជាមួយនឹងពួកទេវតា ដែលមានពន្លឺស្រអាប់។ ម្នាលអាវុសោ កច្ចានៈ មួយទៀត ដូចប្រទីបប្រេង ដែលកំពុងឆេះ មានប្រេងបរិសុទ្ធផង មានប្រឆេះស្អាតផង។ ប្រទីបប្រេងនោះ ព្រោះតែប្រេងបរិសុទ្ធផង ព្រោះតែប្រឆេះស្អាតផង ក៏ឆេះហាក់ដូចជាមិនងងឹតស្រអាប់ មាន​ឧបមា​យ៉ាង​ណា​មិញ ម្នាលអាវុសោ កច្ចានៈ មានឧបមេយ្យដូចយ៉ាង ភិក្ខុពួកខ្លះ ក្នុងសាសនានេះ ផ្សាយចិត្ត បង្អោនចិត្ត ទៅកាន់បរិសុទ្ធាភជ្ឈាន (ឈានមានពន្លឺថ្លា)។ គឺភិក្ខុនោះ មានសេចក្តីឆ្គាំឆ្គងកាយ ស្ងប់រម្ងាប់ផង មានថីនមិទ្ធៈ ដកចោលហើយផង មានឧទ្ធច្ចកុក្កុច្ចៈ កំចាត់ចោលហើយផង ។ ភិក្ខុនោះ ព្រោះតែមានសេចក្តីឆ្គាំឆ្គងកាយ ស្ងប់រម្ងាប់ហើយផង ព្រោះតែមានថីនមិទ្ធៈ ដកចោលហើយផង ព្រោះតែមានឧទ្ធច្ចកុក្កុច្ចៈ កំចាត់ចោលហើយផង រមែងចម្រើនឈាន ហាក់ដូចជាមិនងងឹតស្រអាប់។ ភិក្ខុនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ខាងមុខបន្ទាប់អំពីមរណៈ តែងទៅកើតជាមួយ​នឹង​ពួកទេវតា ដែលមានពន្លឺថ្លា។ ម្នាលអាវុសោ កច្ចានៈ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលនាំឲ្យទេវតាទាំងនោះ ទៅកើតក្នុងពួកទេវតាតែមួយពួកទេ ប៉ុន្តែទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺស្រអាប់ ក៏មាន ទេវតាខ្លះ ក្នុងទីនុ៎ះ មានពន្លឺថ្លា ក៏មាន ។

[១០៥] កាលបើព្រះអនុរុទ្ធមានអាយុ ពោលយ៉ាងនេះហើយ អភិយកច្ចានៈមានអាយុ ក៏ពោល​ទៅ​នឹង​ព្រះអនុរុទ្ធមានអាយុ ដូច្នេះថា បពិត្រព្រះអនុរុទ្ធដ៏ចម្រើន ពាក្យរបស់លោក ប្រពៃហើយ បពិត្រលោកដ៏ចម្រើន ព្រះអនុរុទ្ធមានអាយុ មិនបានពោលយ៉ាងនេះថា ខ្ញុំបានស្តាប់មកយ៉ាងនេះ ឬថាសេចក្តីយ៉ាងនេះ គួរនឹងមានទេ បពិត្រលោកដ៏ចម្រើន តែថា ព្រះអនុរុទ្ធមានអាយុ សំដែងអំពី​ទេវតានោះ យ៉ាងនេះខ្លះ សំដែងអំពីទេវតានោះ ដូច្នេះខ្លះ បពិត្រលោកដ៏ចម្រើន ខ្ញុំមានសេចក្តី​ចូលចិត្ត យ៉ាងនេះថា ព្រះអនុរុទ្ធមានអាយុ ធ្លាប់នៅផង ធ្លាប់និយាយផង ធ្លាប់សាកច្ឆាផង ធ្លាប់រួមគំនិតផង ជាមួយនឹងទេវតាទាំងនោះឯង។ ម្នាលអាវុសោ កច្ចានៈ វាចាស្មាននេះ លោកបានពោលហើយ ដោយត្រឹមត្រូវពិត បើដូច្នោះ ខ្ញុំនឹងប្រាប់លោក ម្នាលអាវុសោ កច្ចានៈ ខ្ញុំធ្លាប់នៅផង ធ្លាប់និយាយផង ធ្លាប់សាកច្ឆាផង ធ្លាប់រួមគំនិតផង ជាមួយនឹងទេវតាទាំងនោះឯង អស់កាលជាយូរអង្វែងពិតមែន។

[១០៦] កាលបើព្រះអនុរុទ្ធមានអាយុ ពោលយ៉ាងនេះហើយ អភិយកច្ចានៈ មានអាយុ ក៏ពោលទៅនឹង បញ្ចកង្គថបតិ ដូច្នេះថា ម្នាលគហបតី អ្នកពេញជាមានលាភ ម្នាលគហបតី អត្តភាពជាមនុស្ស អ្នកពេញជាបានដោយល្អហើយ ព្រោះថា អ្នកបានលះបង់នូវធម៌កង្ខា (សេចក្តីសង្ស័យ) នោះ ព្រោះថា យើងទាំងឡាយ បានស្តាប់នូវធម្មបរិយាយនេះ។

ចប់អនុរុទ្ធសូត្រ ទី៧។

ឧបក្កិលេសសូត្រ ទី៨

[១០៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ពួកភិក្ខុ ក្នុងក្រុងកោសម្ពី កើតមានការបង្កហេតុ កើតមានជម្លោះ ដល់នូវការទាស់ទែងគ្នា ចាក់ដោតគ្នា និងគ្នា ដោយលំពែង គឺមាត់។

[១០៨] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើតឋិតនៅក្នុងទីសមគួរ។ ឯភិក្ខុនោះ លុះឋិតនៅក្នុងទីសមគួរហើយ ក៏  ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ពួកភិក្ខុ ក្នុងក្រុងកោសម្ពីនេះ កើតមានការបង្កហេតុ កើតមានជម្លោះ ដល់នូវការទាស់ទែងគ្នា ចាក់ដោតគ្នា និងគ្នា ដោយលំពែង គឺមាត់ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ស្តេចចូលទៅកាន់ សំណាក់ភិក្ខុទាំងនោះ ដោយសេចក្តី​អនុគ្រោះ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួល ដោយតុណ្ហីភាព។ លំដាប់នោះ ព្រះមានព្រះភាគ ស្តេចចូល​ទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ត្រាស់ឃាត់ភិក្ខុទាំងនោះ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវជម្លោះ កុំធ្វើនូវសេចក្តីប្រកាន់ខុសគ្នា កុំធ្វើនូវ​ការទាស់ទែងគ្នាឡើយ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់ឃាត់ យ៉ាងនេះហើយ ភិក្ខុមួយរូប ក៏ក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មាន​សេចក្តី​ខ្វល់ខ្វាយតិច ទ្រង់ប្រកបនូវកិរិយានៅ​ជាសុខ ក្នុងបច្ចុប្បន្នចុះ យើងខ្ញុំទាំងឡាយ នឹងប្រាកដ​ដោយ​ការ​បង្កហេតុ ដោយជម្លោះ ដោយសេចក្តីប្រកាន់ខុសគ្នា ដោយការទាស់ទែងគ្នានុ៎ះ មិនលែងទេ។

[១០៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ឃាត់ នូវភិក្ខុទាំងនោះ ជាគម្រប់ពីរដង ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវជម្លោះ កុំធ្វើនូវសេចក្តី​ប្រកាន់ខុសគ្នា កុំធ្វើនូវការទាស់ទែងគ្នាឡើយ។ ភិក្ខុនោះ ក៏ក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ជាគម្រប់ពីរដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបនូវកិរិយា​នៅ​ជាសុខ ក្នុងបច្ចុប្បន្នចុះ យើងខ្ញុំទាំងឡាយ នឹងប្រាកដដោយការបង្កហេតុ ដោយជម្លោះ ដោយសេចក្តីប្រកាន់ខុសគ្នា ដោយការទាស់ទែងគ្នានុ៎ះ មិនលែងឡើយ។

[១១០] ព្រះមានព្រះភាគ ទ្រង់ត្រាស់ឃាត់ នូវភិក្ខុទាំងនោះ ជាគម្រប់៣ដង ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ កុំឡើយ អ្នកទាំងឡាយ កុំធ្វើនូវការបង្កហេតុ កុំធ្វើនូវជម្លោះ កុំធ្វើនូវសេចក្តីប្រកាន់​ខុសគ្នា កុំធ្វើនូវការទាស់ទែងគ្នាឡើយ។ ភិក្ខុនោះ ក៏ក្រាបបង្គំទូលឃាត់ព្រះមានព្រះភាគ ជាគម្រប់៣ដង ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ជាធម្មស្សាមី ទ្រង់ឈប់សិនចុះ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ទ្រង់មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកប​នូវ​កិរិយានៅជាសុខ ក្នុងបច្ចុប្បន្នចុះ យើងខ្ញុំទាំងឡាយ នឹងប្រាកដដោយការបង្កហេតុ ដោយជម្លោះ ដោយសេចក្តីប្រកាន់ខុសគ្នា ដោយការទាស់ទែងគ្នានុ៎ះ មិនលែងទេ។

[១១១] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចចូលទៅកាន់ក្រុងកោសម្ពី ដើម្បីបិណ្ឌបាត្រ។ លុះព្រះមានព្រះភាគ ទ្រង់ស្តេចទៅក្នុងក្រុងកោសម្ពី ដើម្បីបិណ្ឌបាត្រ ត្រឡប់អំពីបិណ្ឌបាត្រ ក្នុងបច្ឆាភត្តហើយ ទ្រង់ឲ្យរៀបចំសេនាសនៈ ហើយកាន់យកបាត្រ និងចីវរ ទ្រង់ព្រះស្ថិត (ឈរ) សំដែងនូវព្រះគាថាទាំងនេះថា

ជនមានសំឡេងខ្លាំង (ទៅរកគ្នា) ផង ជនធ្វើនូវសេចក្តីបង្កហេតុប្រហែលគ្នាផង សូម្បីជនណាមួយ ដឹងខ្លួនថា អាត្មាអញ ជាបុគ្គលពាល ក៏គ្មានឡើយ កាលបើសង្ឃកំពុងតែបែកគ្នា ក៏មិនបានដឹងហេតុដទៃ ឲ្យក្រៃលែងដែរ [មិនដឹងថាសង្ឃបែកគ្នា ព្រោះតែអាត្មាអញ] ពួកជនដែលភ្លេចស្មារតី ហើយធ្វើឫកពាខ្លួន ដូចជាអ្នកប្រាជ្ញ មានសំដីជាអារម្មណ៍ ពោលនូវពាក្យជាប្រក្រតី ចង់ហាមាត់និយាយប៉ុន្មាន ក៏និយាយប៉ុណ្ណោះទៅ កាលបើជម្លោះណា នាំទៅហើយ ក៏មិនដឹងច្បាស់ នូវជម្លោះនោះឡើយ [បានសេចក្តីថា ជនពាលទាំងនោះ កាលបើខ្លួនជ្រុលជ្រប់ លង់គំនិតក្នុងជម្លោះណា ក៏មិនស្គាល់សេចក្តីឈ្លោះនោះថា ប្រកបដោយទោសឡើយ។] ពួកជនណា ចង នូវសេចក្តីក្រោធនោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយអាត្មាអញ ជនឯណោះ បានផ្ចាញ់អាត្មាអញ ជនឯណោះ បានលួចទ្រព្យ របស់អាត្មាអញ ពៀររបស់ជនទាំងនោះ មិនរម្ងាប់ទេ លុះតែពួក​ជន​ណា មិនចងសេចក្តីក្រោធ​នោះទុក ដោយគិតថា ជនឯណោះ បានជេរអាត្មាអញ ជនឯណោះ បានវាយអាត្មាអញ ជនឯណោះ បានផ្ចាញ់អាត្មាអញ ជនឯណោះ បានលួចទ្រព្យ របស់អាត្មាអញ ដូច្នេះទេ ពៀររបស់ជនទាំងនោះ ទើបរម្ងាប់ទៅបាន ធម្មតា ពៀរក្នុងលោកនេះ មិនដែលរម្ងាប់ ដោយការចងពៀរម្តងណាឡើយ ការរម្ងាប់ពៀរទៅបាន តែដោយការមិនចងពៀរ ធម៌នុ៎ះ ជាប្រវេណីពួកជនដទៃ [ពួកភិក្ខុដែលឈ្លោះគ្នា] តែងមិនដឹងច្បាស់ថា យើងនឹងវិនាស ក្នុងកណ្តាលជំនុំសង្ឃនេះឡើយ បណ្ឌិតទាំងឡាយណា ដឹងច្បាស់ក្នុងជំនុំសង្ឃនោះ ជម្លោះ តែងរម្ងាប់អំពីសំណាក់បណ្ឌិតទាំងនោះ អម្បាលឆ្អឹងមាតាបិតា របស់ទីឃាវុកុមារ គេកាត់ចោល ទាំងជីវិត គេក៏សម្លាប់ចោល ទាំងគោសេះ និងធនធាន គេក៏នាំយកទៅ ទាំងដែន គេក៏រឹបជាន់​ដណ្តើម​យកអស់ ស្តេចទាំងនោះ ម្តេចគង់មានសេចក្តីព្រមព្រៀងគ្នាបាន ចុះអ្នកទាំងឡាយ ហេតុអ្វី ក៏គ្មានសេចក្តីព្រមព្រៀងគ្នាសោះ បើបុគ្គលបាននូវសំឡាញ់ មានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន [អដ្ឋកថាមេត្តសូត្រថា បុគ្គលមានប្រាជ្ញា ចេះរក្សាសីល ឲ្យបរិសុទ្ធ ពិចារណាបច្ច័យ មានចីវរជាដើម កំណត់ដឹង នូវសេចក្តីសប្បាយ ៧យ៉ាង មានសប្បាយដោយអាវាសជាដើម ឈ្មោះថា អ្នកមានប្រាជ្ញាជាគ្រឿងរក្សាខ្លួន] ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នា បុគ្គលនោះ អាចគ្របសង្កត់ នូវសេចក្តីអន្តរាយទាំងពួងបាន គប្បីជាអ្នកមានសេចក្តីត្រេកអរ មានស្មារតី ត្រាច់ទៅជាមួយនឹងសំឡាញ់នោះចុះ បើបុគ្គល មិនបាននូវសំឡាញ់ ដែលមានប្រាជ្ញា ជាគ្រឿងរក្សាខ្លួន ជាអ្នកប្រាជ្ញ មានធម៌ជាគ្រឿងនៅសប្បាយ ត្រាច់ទៅជាមួយគ្នាទេ បុគ្គលនោះ គួរត្រាច់ទៅតែម្នាក់ឯង ប្រៀបដូចជាព្រះរាជា លះបង់ដែន ដែលខ្លួនឈ្នះហើយ (ត្រាច់ទៅម្នាក់ឯង) ពុំនោះសោត ប្រៀបដូចដំរី ដ៏ប្រសើរ (ត្រាច់ទៅម្នាក់ឯង) ក្នុងព្រៃ ការត្រាច់ទៅ នៃបុគ្គលម្នាក់ឯង ហៅពេញជាប្រសើរ ព្រោះបុគ្គលពាល គ្មានសាហាយតាគុណ [អដ្ឋកថាធម្មបទថា ចុល្លសីល មជ្ឈិមសីល មហាសីល កថាវត្ថុ១០ ធុតង្គគុណ ១៣ វិបស្សនាញាណ មគ្គ៤ ផល៤ វិជ្ជា៣ អភិញ្ញា៦ និងអមតមហានិព្វាន ឈ្មោះថា សហាយតាគុណ] ទេ មួយទៀត បុគ្គល គួរត្រាច់ទៅ​តែ​ម្នាក់​ឯង តែថា មិនគួរធ្វើអំពើលាមកឡើយ ដូចដំរីដ៏ប្រសើរ មានសេចក្តីខ្វល់ខ្វាយតិច (ត្រាច់​ទៅ​តែម្នាក់ឯង) ក្នុងព្រៃ។

[១១២] លុះព្រះមានព្រះភាគ ទ្រង់ព្រះស្ថិត (ឈរ) ពោលគាថា ទាំងនេះរួចហើយ ក៏ទ្រង់ស្តេចទៅ ឯពាលកលោណការគ្រាម។ សម័យនោះឯង ក៏ជួនជាព្រះភគុមានអាយុ គង់ក្នុង​ពាលកលោណការគ្រាម​នោះ​ដែរ។ ឯព្រះភគុមានអាយុ បានឃើញព្រះមានព្រះភាគ ទ្រង់ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏រៀបក្រាលអាសនៈ រួចតម្កល់ទឹក សម្រាប់លាងព្រះបាទ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលព្រះភគុមានអាយុ ក្រាលថ្វាយ លុះគង់ហើយ ទើបទ្រង់លាងព្រះបាទា។ ចំណែកព្រះភគុមានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចហើយអង្គុយនៅក្នុងទីសមគួរ។ លុះព្រះភគុមានអាយុ អង្គុយ​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរ ដូច្នេះថា ម្នាលភិក្ខុ អ្នកល្មមអត់ធន់បានទេឬ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅ បានទេឬ អ្នកមិនលំបាក ដោយបិណ្ឌបាតទេឬ។ បពិត្រព្រះមាន​ព្រះភាគ ខ្ញុំព្រះអង្គ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត ខ្ញុំព្រះអង្គមិនលំបាក ដោយបិណ្ឌបាតទេ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ពន្យល់ព្រះភគុមានអាយុ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ទ្រង់ក្រោកចាកអាសនៈ ស្តេចទៅឯប្រទេសព្រៃឈ្មោះ បាចីនវំសៈ។

[១១៣] សម័យនោះឯង ចួនជាព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ គង់នៅក្នុងប្រទេសព្រៃឈ្មោះ បាចីនវំសៈ នោះ។ ឯនាយទាយបាល (បុរសជាអ្នករក្សាព្រៃ) បានឃើញព្រះមានព្រះភាគ ទ្រង់ស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ក្រាបបង្គំទូល ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះសមណៈ ព្រះអង្គកុំស្តេចចូលទៅ​កាន់ព្រៃ​នេះឡើយ ដ្បិតមានពួកកុលបុត្រ ៣រូប មានសភាពជាអ្នកស្រឡាញ់ខ្លួន នៅក្នុងព្រៃនេះ ព្រះអង្គ កុំធ្វើឲ្យកុលបុត្រទាំងនោះ មានសេចក្តីមិនសប្បាយឡើយ។ ឯព្រះអនុរុទ្ធមានអាយុ បានឮពាក្យ​នាយ​ទាយ​បាល កំពុងនិយាយជាមួយនឹងព្រះមានព្រះភាគ លុះឮហើយ ក៏និយាយទៅនឹងនាយទាយបាល ដូច្នេះថា ម្នាលនាយទាយបាល មានអាយុ អ្នកកុំឃាត់ព្រះមានព្រះភាគឡើយ ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គ ទ្រង់ស្តេចមកដល់ហើយ។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ចូលទៅរក​ព្រះនន្ទិយៈ មានអាយុ និងព្រះកិម្ពិលៈមានអាយុ លុះចូលទៅដល់ហើយ ក៏និយាយនឹង​ព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ ដូច្នេះថា នែលោកមានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្តទៅទទួល នែលោកមានអាយុទាំងឡាយ ចូរលោកទាំងឡាយ និមន្តទៅទទួល ដ្បិតព្រះមានព្រះភាគ ជាគ្រូរបស់យើង ព្រះអង្គ ទ្រង់ស្តេចមកដល់ហើយ។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ ក៏ក្រោកទៅទទួលព្រះមានព្រះភាគ មួយអង្គទទួលបាត្រ និងចីវរ នៃព្រះមានព្រះភាគ មួយអង្គរៀបក្រាលទីអាសនៈ មួយអង្គទៀត តម្កល់ទឹកសម្រាប់លាងព្រះបាទា។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលព្រះថេរៈនោះក្រាលថ្វាយ លុះគង់ហើយ ទ្រង់លាងព្រះបាទា។ ចំណែកលោកមានអាយុទាំងនោះ ក៏នាំគ្នា​ក្រាបថ្វាយបង្គំ​ព្រះមាន​ព្រះភាគ រួចហើយអង្គុយក្នុងទីសមគួរ។

[១១៤] លុះព្រះអនុរុទ្ធមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរ ដូច្នេះ​ថា ម្នាលអនុរុទ្ធទាំងឡាយ [ទ្រង់ត្រាស់ហៅដូច្នេះ ដោយសំដៅយកព្រះនាម នៃព្រះថេរៈ ទាំង៣​ព្រះអង្គ មានអនុរុទ្ធជាដើម] អ្នកល្មមអត់ធន់បានទេឬ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួលទេឬ អ្នកទាំងឡាយ មិនលំបាកដោយបិណ្ឌបាត្រទេឬ។ ឯព្រះថេរៈ ទាំង៣អង្គ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ យើងខ្ញុំព្រះអង្គ ល្មមអត់ធន់បាន បពិត្រព្រះមានព្រះភាគ យើងខ្ញុំព្រះអង្គ ល្មមញ៉ាំងអត្តភាព ឲ្យប្រព្រឹត្តទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនលំបាកដោយបិណ្ឌបាត្រទេ។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ដែរឬ។ ព្រះករុណា ព្រះអង្គ យើងខ្ញុំព្រះអង្គ ព្រមព្រៀងស្មោះសរនឹងគ្នា មិនវិវាទគ្នាទេ ដូចជាទឹកដោះ លាយនឹងទឹក សំឡឹងមើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់​បាន។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ បានព្រមព្រៀង ស្មោះសរនឹងគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក មើលគ្នាទៅវិញទៅមក ដោយភ្នែកជាទីស្រឡាញ់ តើដោយហេតុដូចម្តេចខ្លះ។

[១១៥] សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ហៅពេញជាមានលាភ អត្តភាពជាមនុស្ស ហៅពេញជាអាត្មាអញបានដោយល្អ ព្រោះថាអាត្មាអញ បាននៅជាមួយនឹងសព្រហ្មចារីបុគ្គល មានសភាពយ៉ាងនេះ សូមទ្រង់មេត្តាប្រោស ខ្ញុំព្រះអង្គ បានតម្កល់​កាយកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ បានតម្កល់វចីកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ បានតម្កល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះលោកមានអាយុអម្បាលនេះ  សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្ត នៃលោកមានអាយុ ទាំងនេះវិញ  សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ក៏បានដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្តតាម​អំណាចចិត្ត នៃលោកមានអាយុទាំងនេះទៅ សូមទ្រង់ព្រះមេត្តាប្រោស ទោះបីរាងកាយ របស់យើងខ្ញុំព្រះអង្គទាំងឡាយ ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែចិត្ត ហាក់ដូចតែមួយ។

[១១៦] ឯព្រះនន្ទិយៈមានអាយុ និងព្រះកិម្ពិលៈមានអាយុ ក៏បានក្រាប​បង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អាត្មាអញ ហៅពេញជាមានលាភ អត្តភាពជាមនុស្ស ហៅពេញជាអាត្មាអញបានដោយល្អ ព្រោះថាអាត្មាអញ បាននៅជាមួយនឹងសព្រហ្មចារីបុគ្គល មានសភាពយ៉ាងនេះ សូមទ្រង់មេត្តាប្រោស ខ្ញុំព្រះអង្គ បានតម្កល់កាយកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ បានតម្កល់វចីកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ បានតម្កល់មនោកម្ម ប្រកបដោយមេត្តា ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះលោកមានអាយុអម្បាលនេះ  សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ដាក់ចិត្តរបស់ខ្លួនចេញ ហើយប្រព្រឹត្ត​តាមអំណាចចិត្ត នៃលោកមានអាយុ ទាំងនេះវិញចុះ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ក៏បានដាក់ចិត្ត របស់ខ្លួនចេញ ហើយប្រព្រឹត្តតាមអំណាចចិត្ត នៃលោកមានអាយុទាំងនេះវិញទៅ សូមទ្រង់​ព្រះមេត្តា​ប្រោស ទោះបីរាងកាយ របស់យើងខ្ញុំរាល់គ្នា ផ្សេងគ្នា ក៏ពិតមែន ប៉ុន្តែចិត្តហាក់ដូចតែមួយ។ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ ព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា ដូចជាទឹកដោះ លាយនឹងទឹក មើលគ្នាទៅវិញទៅមក ដោយចក្ខុជាទីស្រឡាញ់បាន ដោយហេតុយ៉ាងនេះឯង។

[១១៧] ម្នាលអនុរុទ្ធទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ មិនបានប្រហែលធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ខ្លះដែរឬ។ ព្រះករុណា ព្រះអង្គ យើងខ្ញុំព្រះអង្គ មិនបានប្រហែលធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ ដែលមិនបានប្រហែលធ្វេស មាន​ព្យាយាម​ដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន តើដោយហេតុដូចម្តេច។

[១១៨] សូមទ្រង់ព្រះមេត្តាប្រោស បណ្តាយើងខ្ញុំព្រះអង្គ ដែលនៅក្នុងទីនេះ បើលោកអង្គណា ត្រឡប់មកអំពីបិណ្ឌបាត ក្នុងស្រុកមុនគេ លោកអង្គនោះ រៀបចំក្រាលអាសនៈ តម្កល់ទឹកឆាន់ និងទឹក​ប្រើប្រាស់ តម្កល់ភាជន៍សម្រាប់ផ្ទេរ លោកអង្គណា ត្រឡប់មកអំពីបិណ្ឌបាតក្នុងស្រុក ក្រោយគេ បើមាន​របស់​ ដែលសល់ពីឆាន់ បើលោកនោះចង់ឆាន់ ក៏ឆាន់ទៅ បើមិនចង់ឆាន់ទេ ចាក់ចោលទៅ​ក្នុង​ទីគ្មាន​ស្មៅស្រស់ ក៏បាន បាចសាចទៅក្នុងទឹក ដែលគ្មានសត្វតូច ក៏បាន រួចលោកនោះ រៀបចំទុកដាក់អាសនៈ រៀបចំទុកដាក់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់ប្រើប្រាស់ រៀបចំទុកដាក់ភាជន៍សម្រាប់ផ្ទេរ ហើយបោសសំអាតរោងភត្ត បើលោកណា ឃើញក្អមសម្រាប់ដាក់ទឹកឆាន់ក្តី ក្អមសម្រាប់ដាក់​ទឹក​លាងវច្ចៈក្តី នៅរលីងទទេ លោកនោះ ក៏តម្កល់ទុកឲ្យមានឡើង បើលោកនោះ មិនអាចនឹងលើក​ដោយដៃបានទេ យើងខ្ញុំ ក៏ហៅគ្នីគ្នា មកជួយលើកដោយដៃ ហើយតម្កល់ទុកក្អម សម្រាប់ដាក់ទឹកឆាន់ ឬក្អមសម្រាប់ដាក់ទឹកប្រើប្រាស់ សូមទ្រង់ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនដែលបញ្ចេញវាចា ព្រោះហេតុប៉ុណ្ណោះឡើយ សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត តែគ្រប់ប្រាំថ្ងៃហើយ [បានសេចក្តីថា ៥ថ្ងៃ ប្រជុំគ្នាម្តង] យើងខ្ញុំតែងអង្គុយប្រជុំគ្នា ដោយធម្មីកថា អស់រាត្រីទាំងមូល គឺអស់មួយយប់ សូមទ្រង់​ព្រះមេត្តាប្រោស យើងខ្ញុំព្រះអង្គ មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្ត​បញ្ជូន​ទៅ​កាន់ព្រះនិព្វាន ហើយប្រព្រឹត្តនៅគ្រប់​ឥរិយាបថ ទាំង៤ យ៉ាងនេះឯង។

[១១៩] ម្នាលអនុរុទ្ធទាំងឡាយ ប្រពៃហើយ ប្រពៃហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះកាលដែល​អ្នកទាំងឡាយ មិនបានប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ទាំង៤ យ៉ាងនេះ តើអ្នកទាំងឡាយ ត្រាស់ដឹងនូវផាសុវិហារធម៌ ដ៏វិសេស គឺញាណទស្សនៈ ដ៏ប្រសើរ ដែលអាចកំចាត់បង់ នូវកិលេស ដ៏ក្រៃលែង ជាងមនុស្សធម៌ មានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីនេះ យើងខ្ញុំព្រះអង្គ មិនបានប្រហែសធ្វេស មានព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ក៏ស្គាល់ច្បាស់ នូវពន្លឺផង នូវការឃើញ​រូបទាំងឡាយផង ប៉ុន្តែឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់យើងខ្ញុំព្រះអង្គ មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ ឯយើងខ្ញុំព្រះអង្គ ក៏មិនបានត្រាស់ដឹង នូវនិមិត្តនោះទេ។

[១២០] ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ គប្បីត្រាស់ដឹងនូវនិមិត្តនោះ ជាប្រាកដ ម្នាលអនុរុទ្ធទាំងឡាយ ក្នុងកាលមុន អំពីការត្រាស់ដឹង តថាគត មិនទាន់បានត្រាស់ដឹង នៅជាពោធិសត្វនៅឡើយ ក៏ស្គាល់ច្បាស់ នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង។ ប៉ុន្តែឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់តថាគត មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យពន្លឺ និងការឃើញរូបទាំងឡាយ របស់អាត្មាអញ បាត់បង់ទៅ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា វិចិកិច្ឆា (សេចក្តីសង្ស័យ) កើតឡើងដល់អាត្មាអញ ឯសមាធិរបស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានវិចិកិច្ឆាជាហេតុ (ជាទោស) កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា នឹងកើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។

[១២១] ម្នាលអនុរុទ្ធទាំងឡាយ តថាគត មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅ កាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបទ ក៏ស្គាល់ច្បាស់នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង។ ឯពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់តថាគត មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុអ្វី បច្ច័យអ្វី ដែលនាំឲ្យពន្លឺ និងការឃើញរូបទាំងឡាយ របស់អាត្មាអញ បាត់បង់ទៅ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា អមនសិការៈ (ការមិនធ្វើទុកក្នុងចិត្ត) កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានអមនសិការៈ ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា និងអមនសិការៈ កើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។

[១២២] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ថីនមិទ្ធៈ (សេចក្តីងងុយ និងងោកងក់) កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែថីនមិទ្ធៈជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើគរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ និងថីនមិទ្ធៈ កើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។

[១២៣] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគតមានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីរន្ធត់កាយ កើតឡើងហើយដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីរន្ធត់កាយជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ ម្នាលអនុរុទ្ធទាំងឡាយ ដូចបុរសដើរផ្លូវឆ្ងាយ ហើយមានពេជ្ឈឃាត នៅចាំផ្លូវ​ទាំងពីរខាង នៃបុរសនោះ ឯសេចក្តីរន្ធត់កាយ ក៏កើតឡើងដល់បុរសនោះ ព្រោះតែ​ពេជ្ឈឃាតនោះ ជាហេតតុ យ៉ាងណាមិញ ម្នាលអនុរុទ្ធទាំងឡាយ សេចក្តីរន្ធត់កាយ កើតឡើងហើយ ដល់តថាគត ឯសមាធិ របស់តថាគត ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីរន្ធត់កាយជាហេតុ កាលបើសមាធិ ឃ្លាតទៅ​ហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ ក៏យ៉ាងនោះឯង។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ និងសេចក្តីរន្ធត់កាយ កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគត នឹងធ្វើយ៉ាងនោះ។

[១២៤] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីឆ្មើងឆ្មៃ កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីឆ្មើងឆ្មៃ ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ ម្នាលអនុរុទ្ធទាំងឡាយ ដូចបុរសស្វែងរកកំណប់ទ្រព្យមួយ ស្រាប់តែបានកំណប់ទ្រព្យ ៥តែម្តង សេចក្តីឆ្មើងឆ្មៃ គប្បីកើតឡើង ដល់បុរសនោះ ព្រោះតែបានកំណប់ទ្រព្យនោះ ជាហេតុ យ៉ាងណាមិញ ម្នាលអនុរុទ្ធទាំងឡាយ សេចក្តីឆ្មើងឆ្មៃ កើតឡើងហើយ ដល់តថាគត ឯសមាធិ របស់តថាគត ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីឆ្មើងឆ្មៃ ជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ ក៏យ៉ាងនោះឯង។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ និងសេចក្តីឆ្មើងឆ្មៃ កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគត នឹងធ្វើយ៉ាងនោះ។

[១២៥] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីក្រវល់ក្រវាយកាយ កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែសេចក្តីក្រវល់ក្រវាយកាយ ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញ​រូប​ទាំង​ឡាយ ក៏បាត់បង់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ និងសេចក្តីក្រវល់ក្រវាយកាយ កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគត នឹងធ្វើយ៉ាងនោះ។

[១២៦] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីព្យាយាម​តឹងហួសពេក របស់អាត្មាអញ​កើតឡើងហើយ ឯសមាធិរបស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែ​មានសេចក្តី​ព្យាយាម​តឹងហួស​ពេកជាហេតុ កាលបើ​សមាធិឃ្លាត​ទៅហើយ ពន្លឺ និងការឃើញរូប​ទាំងឡាយ ក៏បាត់បង់ទៅដែរ។ ម្នាល​អនុរុទ្ធទាំងឡាយ ដូចបុរស​ចាប់សត្វ​ចាបខ្លាំងពេក ដោយដៃទាំងពីរ សត្វចាបនោះ គប្បីស្លាប់​ក្នុងដៃនោះ​មិនខាន យ៉ាងណាមិញ ម្នាល​អនុរុទ្ធទាំងឡាយ សេចក្តីព្យាយាម​តឹងហួសពេក របស់តថាគត​កើតឡើងហើយ ឯសមាធិ​របស់តថាគត ក៏ឃ្លាតទៅ ព្រោះតែ​មានសេចក្តី​ព្យាយាម​តឹងហួស​ពេកជាហេតុ កាលបើសមាធិ​ឃ្លាតទៅហើយ ពន្លឺ និងការឃើញ​រូបទាំងឡាយ​បាត់បង់ទៅដែរ ក៏យ៉ាងនោះឯង។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់​ក្រវាយកាយ និងសេចក្តី​ព្យាយាម​តឹងហួសពេក កើតឡើងមិនបាន ដល់​តថាគតទៀត យ៉ាងណា តថាគត​នឹងធ្វើយ៉ាងនោះ។

[១២៧] ម្នាលអនុរុទ្ធទាំងឡាយ តថាគត។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគតមានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីព្យាយាមធូរពេក របស់អាត្មាអញកើតឡើងហើយ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីព្យាយាមធូរពេក ជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់បង់ទៅដែរ។ ម្នាលអនុរុទ្ធទាំងឡាយ ដូចបុរសចាប់សត្វចាបស្រាលពេក សត្វចាបនោះ គប្បីហើរទៅអំពីដៃ នៃបុរសនោះបាន យ៉ាងណាមិញ ម្នាលអនុរុទ្ធទាំងឡាយ សេចក្តីព្យាយាមធូរពេក របស់តថាគតកើតឡើងហើយ ឯសមាធិរបស់តថាគតក៏ឃ្លាតទៅ ព្រោះតែ​មានសេចក្តី​ព្យាយាមធូរ​ពេក​ជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយក៏បាត់ទៅដែរ យ៉ាងនោះឯង។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក និងសេចក្តីព្យាយាមធូរពេក កើតឡើងមិនបាន ដល់តថាគតទៀត យ៉ាងណា តថាគតនឹងធ្វើ យ៉ាងនោះ។

[១២៨] ម្នាលអនុរុទ្ធទាំងឡាយ តថាគត ។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីប្រាថ្នាហួសពេក (តណ្ហា) របស់អាត្មាអញ កើតឡើងហើយ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានសេចក្តីប្រាថ្នាហួសពេកជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក សេចក្តីព្យាយាមធូរពេក និងសេចក្តីប្រាថ្នាហួសពេក កើតឡើងមិនបាន ដល់អាត្មាអញទៀត យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។

[១២៩] ម្នាលអនុរុទ្ធទាំងឡាយ តថាគត ។បេ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា នានត្តសញ្ញា (សេចក្តីសំគាល់ផ្សេងគ្នា) កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមាននានត្តសញ្ញាជាហេតុ កាលបើសមាធិ ឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក សេចក្តីព្យាយាមធូរពេក សេចក្តីប្រាថ្នាហួសពេក និងនានត្តសញ្ញា កើតឡើងមិនបានទៀត ដល់អាត្មាអញ យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។

[១៣០] ម្នាលអនុរុទ្ធទាំងឡាយ តថាគត មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ក៏ស្គាល់ច្បាស់នូវពន្លឺផង នូវការឃើញរូបទាំងឡាយផង។ ប៉ុន្តែ ពន្លឺ និងការឃើញរូបទាំងឡាយនោះ របស់តថាគត មិននៅយូរប៉ុន្មាន ក៏បាត់ទៅវិញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យពន្លឺ និងការឃើញរូបទាំងឡាយ របស់អាត្មាអញ បាត់ទៅ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ការសំឡឹងមើលនូវរូបក្រៃពេក កើតឡើងហើយ ដល់អាត្មាអញ ឯសមាធិ របស់អាត្មាអញ ក៏ឃ្លាតទៅ ព្រោះតែមានការសំឡឹងមើល នូវរូបក្រៃពេក​ជាហេតុ កាលបើសមាធិឃ្លាតទៅហើយ ពន្លឺ និងការឃើញរូបទាំងឡាយ ក៏បាត់ទៅដែរ។ វិចិកិច្ឆា អមនសិការៈ ថីនមិទ្ធៈ សេចក្តីរន្ធត់កាយ សេចក្តីឆ្មើងឆ្មៃ សេចក្តីក្រវល់ក្រវាយកាយ សេចក្តីព្យាយាមតឹងពេក សេចក្តីព្យាយាមធូរពេក សេចក្តីប្រាថ្នាហួសពេក នានត្តសញ្ញា និងការសំឡឹងមើលនូវរូបក្រៃពេក កើតឡើងមិនបាន ដល់អាត្មាអញ យ៉ាងណា អាត្មាអញ នឹងធ្វើយ៉ាងនោះ។

[១៣១] ម្នាលអនុរុទ្ធទាំងឡាយ តថាគតដឹងច្បាស់ថា វិចិកិច្ឆា ជាឧបក្កិលេស (គ្រឿងសៅហ្មង) របស់ចិត្ត ហើយក៏បានលះបង់ នូវវិចិកិច្ឆា ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា អមនសិការៈ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវអមនសិការៈ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា ថីនមិទ្ធៈ ជាឧបក្កិលេស របស់ចិត្ត ហើយក៏បានលះបង់ ថីនមិទ្ធៈ ជាឧបក្កិលេស របស់​ចិត្ត​ចេញ។ ដឹងច្បាស់ថា សេចក្តីរន្ធត់កាយ ជាឧបក្កិលេស របស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីរន្ធត់កាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីក្រវល់ក្រវាយកាយ ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីព្យាយាមតឹងពេក ជាឧបក្កិលេស របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីព្យាយាមធូរពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីព្យាមធូរពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវសេចក្តីប្រាថ្នាហួសពេក ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា នានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវនានត្តសញ្ញា ជាឧបក្កិលេសរបស់ចិត្តចេញ។ ដឹងច្បាស់ថា ការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេសរបស់ចិត្ត ហើយក៏បានលះបង់ នូវការសំឡឹងមើលនូវរូបក្រៃពេក ជាឧបក្កិលេសរបស់ចិត្តចេញ។

[១៣២] ម្នាលអនុរុទ្ធទាំងឡាយ តថាគតមិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយទេ បានឃើញរូបទាំងឡាយ តែមិនបានស្គាល់ច្បាស់នូវពន្លឺទេ រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ចុះមានហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យអាត្មាអញ ស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយ បានឃើញនូវរូបទាំងឡាយ តែមិនស្គាល់ច្បាស់នូវពន្លឺ រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា សម័យណា អាត្មាអញ មិនបានធ្វើទុក​ក្នុងចិត្ត នូវរូបនិមិត្ត តែបានធ្វើទុកក្នុងចិត្តនូវឱភាសនិមិត្ត (ពន្លឺ) ប៉ុណ្ណោះ សម័យនោះ អាត្មាអញស្គាល់ច្បាស់នូវពន្លឺ តែមិនបានឃើញរូបទាំងឡាយ មួយទៀត សម័យណា អាត្មាអញ មិនបានធ្វើទុកក្នុងចិត្ត នូវឱភាសនិមិត្ត តែបានធ្វើទុកក្នុងចិត្តនូវរូបនិមិត្ត (ប៉ុណ្ណោះ) សម័យនោះ អាត្មាអញ បានឃើញរូបទាំងឡាយ តែមិនបានស្គាល់ច្បាស់នូវពន្លឺឡើយ រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។

[១៣៣] ម្នាលអនុរទ្ធទាំងឡាយ តថាគត មិនបានប្រហែសធ្វេស ខំព្យាយាមដុតកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ប្រព្រឹត្តនៅគ្រប់ឥរិយាបថ ក៏ស្គាល់ច្បាស់នូវពន្លឺ មានប្រមាណតិចផង ឃើញរូបទាំងឡាយ មានប្រមាណតិចផង ស្គាល់ច្បាស់ពន្លឺ ប្រមាណមិនបានផង ឃើញរូបទាំងឡាយ ប្រមាណមិនបានផង រហូតអស់មួយយប់ក៏មាន រហូតអស់មួយថ្ងៃក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះដូច្នេះថា ចុះមានហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យអាត្មាអញស្គាល់ពន្លឺ មានប្រមាណតិចផង ឃើញរូបទាំងឡាយមានប្រមាណតិចផង ស្គាល់ច្បាស់នូវពន្លឺ ប្រមាណមិនបានផង ឃើញរូបទាំងឡាយ ប្រមាណមិនបានផង រហូតអស់មួយយប់ក៏មាន រហូតអស់មួយថ្ងៃក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត មានសេចក្តីត្រិះរិះដូច្នេះថា សម័យណា សមាធិរបស់អាត្មាអញ មានប្រមាណតិច [សមាធិដែលថោកថយ] សម័យនោះ ចក្ខុរបស់អាត្មាអញ ក៏មានប្រមាណតិច [ចក្ខុដែលអាប់អន់] ដែរ ព្រោះតែចក្ខុមានប្រមាណតិច បានជាអាត្មាអញស្គាល់ច្បាស់ពន្លឺ មានប្រមាណតិចផង ឃើញរូបទាំងឡាយ មានប្រមាណតិចផង មួយទៀត សម័យណា សមាធិរបស់អាត្មាអញ ប្រមាណមិនបាន សម័យនោះ ចក្ខុរបស់អាត្មាអញ ប្រមាណមិនបានដែរ ព្រោះតែចក្ខុប្រមាណមិនបាន បានជាអាត្មាអញ ស្គាល់ច្បាស់ពន្លឺ ប្រមាណមិនបានផង ឃើញរូបទាំងឡាយ ប្រមាណមិនបានផង រហូតអស់មួយយប់ ក៏មាន រហូតអស់មួយថ្ងៃ ក៏មាន រហូតអស់មួយយប់ មួយថ្ងៃ ក៏មាន។ ម្នាលអនុរុទ្ធទាំងឡាយ កាលបើតថាគតដឹងច្បាស់ថា វិចិកិច្ឆា ជា​ឧបក្កិលេស​របស់ចិត្ត​ហើយ ក៏បាន​លះបង់វិចិកិច្ឆា ជា​ឧបក្កិលេស​របស់ចិត្ត​ចេញ។ ដឹងច្បាស់​ថា អមនសិការៈ ជា​ឧបក្កិលេស​របស់​ចិត្តហើយ ក៏បាន​លះបង់​អមនសិការៈ ជាឧបក្កិលេស​របស់ចិត្តចេញ។ ដឹងច្បាស់ថា ថីនមិទ្ធៈ ជា​ឧបក្កិលេស​របស់ចិត្ត​ហើយ ក៏បាន​លះបង់ថីនមិទ្ធៈ ជា​ឧបក្កិលេស របស់​ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីរន្ធត់កាយ ជា​ឧបក្កិលេស​របស់ចិត្ត​ហើយ ក៏បានលះបង់​សេចក្តីរន្ធត់កាយ ជាឧបក្កិលេស​របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តីឆ្មើងឆ្មៃ ជាឧបក្កិលេស​របស់ចិត្តហើយ ក៏បាន​លះបង់​សេចក្តីឆ្មើងឆ្មៃ ជា​ឧបក្កិលេស​របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តី​ក្រវល់​ក្រវាយកាយ ជា​ឧបក្កិលេស​របស់ចិត្ត​ហើយ ក៏បានលះបង់​សេចក្តី​ក្រវល់​ក្រវាយកាយ ជាឧបក្កិលេស​របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តី​ព្យាយាម​តឹងពេក ជាឧបក្កិលេស​របស់ចិត្តហើយ ក៏បានលះបង់​​សេចក្តី​​ព្យាយាម​តឹងពេក ជាឧបក្កិលេស​របស់ចិត្ត​ចេញ។ ដឹងច្បាស់ថា សេចក្តី​ព្យាយាម​ធូរពេក ជា​ឧបក្កិលេស របស់ចិត្តហើយ ក៏បាន​លះបង់​សេចក្តីព្យាយាម​ធូរពេក ជាឧបក្កិលេស​របស់ចិត្តចេញ។ ដឹងច្បាស់ថា សេចក្តី​ប្រាថ្នា​ហួសពេក ជាឧបក្កិលេស​របស់ចិត្ត​ហើយ ក៏បានលះបង់​សេចក្តីប្រាថ្នា​ហួសពេក ជា​ឧបក្កិលេស​របស់ចិត្ត​ចេញ។ ដឹងច្បាស់ថា នានត្តសញ្ញា ជាឧបក្កិលេស​របស់ចិត្ត​ហើយ ក៏បានលះបង់​នានត្តសញ្ញា ជាឧបក្កិលេស​របស់ចិត្តចេញ។ ដឹងច្បាស់ថា ការសំឡឹង​មើលនូវ​រូបក្រៃពេក ជា​ឧបក្កិលេស​របស់ចិត្ត​ហើយ ក៏បាន​លះបង់​ការសំឡឹង​មើលនូវរូប​ក្រៃពេក ជាឧបក្កិលេស របស់ចិត្តចេញ។ ម្នាលអនុរុទ្ធទាំងឡាយ តថាគត​មានសេចក្តី​ត្រិះរិះដូច្នេះថា ឧបក្កិលេសណា របស់ចិត្ត​នៃអាត្មាអញ ឧបក្កិលេស​ទាំងនោះ អាត្មាអញ បានលះបង់​អស់ហើយ បើដូច្នោះ មានតែអាត្មាអញ ចម្រើន​នូវសមាធិ ៣ប្រការ ក្នុងកាល​ឥឡូវនេះ។

[១៣៤]​ ម្នាលអនុរុទ្ធទាំងឡាយ តថាគតក៏បានចម្រើននូវសមាធិ ប្រកបដោយវិត្តកៈ ប្រកបដោយវិចារៈផង។ បានចម្រើននូវសមាធិមិនមានវិត្តកៈ មានតែវិចារៈផង។ បានចម្រើននូវសមាធិ មិនមានវិត្តកៈ ទាំងមិនមានវិចារៈផង។ បានចម្រើននូវសមាធិ ប្រកបដោយបីតិផង។ បានចម្រើននូវសមាធិ មិនមានបីតិផង។ បានចម្រើននូវសមាធិ ប្រកបដោយសេចក្តីសប្បាយផង។ បានចម្រើននូវសមាធិ ប្រកបដោយឧបេក្ខាផង។ ម្នាលអនុរុទ្ធទាំងឡាយ កាលបើតថាគត បានចម្រើនសមាធិ ប្រកបដោយវិត្តកៈ ប្រកបដោយវិចារៈរួចហើយ។ បានចម្រើនសមាធិ មិនមានវិត្តកៈ មានតែវិចារៈរួចហើយ។ បានចម្រើនសមាធិ មិនមានវិត្តកៈ ទាំងមិនមានវិចារៈរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយបីតិរួចហើយ។ បានចម្រើនសមាធិមិនមានបីតិរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយសេចក្តីសប្បាយរួចហើយ។ បានចម្រើនសមាធិ ប្រកបដោយឧបេក្ខារួចហើយ។ សេចក្តីដឹង និងសេចក្តីឃើញ ក៏កើតឡើងដល់តថាគតថា វិមុត្តិរបស់អាត្មាអញ ជាធម្មជាតិមិនកក្រើក ជាតិរបស់អាត្មាអញនេះ មានក្នុងទីបំផុត ឥឡូវនេះ សេចក្តីកើតទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ព្រះអនុរុទ្ធមានអាយុ ក៏មានសេចក្តីត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ឧបក្កិលេសសូត្រទី៨។

ពាលបណ្ឌិតសូត្រ ទី៩

[១៣៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អាថបណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅ​ពួកភិក្ខុ​ថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៣៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល មានហេតុជា​គ្រឿងចំណាំថា ពាល មានហេតុជាគ្រឿងសំគាល់ថា ពាល មានចរិកជាពាល ៣យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល ក្នុងលោកនេះ ជាអ្នកគិតគំនិតអាក្រក់១ និយាយសំដីអាក្រក់១ ធ្វើអំពើអាក្រក់១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នកមិនគិតគំនិតអាក្រក់ផង មិននិយាយ​សំដីអាក្រក់ផង មិនធ្វើអំពើអាក្រក់ផងទេ។ តើពួកបណ្ឌិតណា នឹងស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងជាអ្នក​គិតគំនិត​អាក្រក់ផង និយាយសំដីអាក្រក់ផង ធ្វើអំពើអាក្រក់ផង ព្រោះហេតុណា ហេតុនោះ បានជា បណ្ឌិតទាំងឡាយ ស្គាល់គេថា អ្នកដ៏ចម្រើននេះ ជាមនុស្សពាល ជាអសប្បុរសបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង តែងទទួលទុក្ខ ទោសមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ។

[១៣៧] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលពាល អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយ​ក្នុងផ្លូវ​បែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ សមគួរដល់អំពើនោះ [ប្រឹក្សាអំពីទោសរបស់បញ្ចវេរា ដែលប្រព្រឹត្តទៅ ក្នុងបច្ចុប្បន្ន និងបរលោក។ អដ្ឋកថា]។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបុគ្គលពាល ជាអ្នកសម្លាប់សត្វ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ប្រព្រឹត្តខុសក្នុងកាមទាំងឡាយ និយាយកុហក ជាអ្នកតាំងនៅក្នុង​សេចក្តីប្រមាទ គឺផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងគិតក្នុងពាក្យ ដែលអ្នកផងនិយាយនោះ យ៉ាងនេះថា អ្នកផង តែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ សមគួរ​ដល់​អំពើនោះ ធម៌ទាំងឡាយនោះ ក៏មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។

[១៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពាល ឃើញព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយ​ដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម [១-១៣មើលនយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីមជ្ឈិមនិកាយមូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១] គឺអំពើដែលគេធ្វើក្បាល ឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម [២] គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ ឲ្យធ្វើរាហុមុខកម្ម [៣] គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ ឲ្យធ្វើនូវជោតិមាលិកកម្ម [៤] គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ ឲ្យធ្វើនូវហត្ថប្បជោតិកកម្ម [៥] គឺអំពើដែលគេដុតដៃខ្លះ ឲ្យធ្វើនូវឯរកវត្តិកកម្ម [៦] គឺអំពើដែលគេធ្វើដូចជាគេពន្លាត់ស្បែកពពែខ្លះ ឲ្យធ្វើនូវចីរកវាសិកកម្ម [៧] គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សំបកឈើខ្លះ ឲ្យធ្វើនូវឯណេយ្យកកម្ម [៨] គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ឲ្យធ្វើនូវពលិសមំសិកកម្ម [៩] គឺអំពើ​ដែល​គេថ្ពក់មាត់​ដោយកាង ឬសន្ទូចខ្លះ ឲ្យធ្វើនូវ​កហាបណកកម្ម [១០] គឺអំពើ​ដែល​គេធ្វើ​ឲ្យ​ខូចសរីរៈ​​ប្រមាណប៉ុន​​កហាបណ​​មួយៗខ្លះ ឲ្យធ្វើនូវ​​ខារាបតច្ឆិកកម្ម [១១] គឺអំពើ​ដែលគេយក​ទឹកផ្សា​ស្រោចខ្លះ ឲ្យធ្វើនូវ​ពលីឃបរិវត្តិកកម្ម [១២] គឺអំពើដែល​គេធ្វើឲ្យ​ដូចជា​បង្វិលជើងគុល ឬសសរ​គោលខ្លះ ឲ្យធ្វើនូវ​បលាលបីឋកកម្ម [១៣] គឺអំពើដែល​គេធ្វើឲ្យដូច​ជាកណ្តាប់​ចំបើងខ្លះ ឲ្យស្រោច​ដោយប្រេង​ដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងា​លើឈើអណ្តោត​ទាំងរស់ខ្លះ ឲ្យកាត់ក្បាល​ដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងត្រិះរិះ​ក្នុងអំពើ​ទាំងនោះ យ៉ាងនេះថា ព្រះរាជា​ទាំងឡាយ ចាប់ចោរ​ដែលប្រព្រឹត្ត​អាក្រក់បានហើយ ត្រាស់បង្គាប់​ឲ្យធ្វើកម្មករណ៍​ផ្សេងៗ គឺឲ្យវាយ​ដោយរំពាត់ខ្លះ។បេ។ ឲ្យកាត់​ក្បាល ដោយដាវខ្លះ ព្រោះតែ​បាបកម្ម មានសភាព​យ៉ាងណាៗ។ ធម៌ទាំង​ឡាយនោះ ក៏មាននៅ​ក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដ​ក្នុងធម៌​ទាំងនោះផង។ បើព្រះរាជា​ទាំងឡាយ ជ្រាបនូវ​អញហើយ មុខជាព្រះរាជា នឹងចាប់អញ ហើយត្រាស់​បង្គាប់ឲ្យធ្វើ​កម្មករណ៍​ផ្សេងៗមិនខាន គឺឲ្យវាយ​ដោយរំពាត់ខ្លះ។បេ។ ឲ្យដេកផ្ងាលើ​ឈើអណ្តោត​ទាំងរស់ខ្លះ ឲ្យកាត់ក្បាល​ដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន។

[១៣៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត បុគ្គលពាល កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើអាក្រក់ទាំងឡាយ គឺការប្រព្រឹត្តអាក្រក់ដោយកាយ ប្រព្រឹត្តិអាក្រក់ដោយវាចា ប្រព្រឹត្តិអាក្រក់ដោយចិត្តណា ដែលគេធ្វើទុកក្នុងកាលមុន អំពើអាក្រក់ទាំងនោះឯង តែងគ្របដណ្តប់ សង្កត់សង្កិន រួបរឹតគេ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាល​រាល​ដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មាន​ឧបមេយ្យ ដូចបុគ្គលពាល កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើអាក្រក់ទាំងឡាយ គឺការប្រព្រឹត្តិអាក្រក់ដោយកាយ ប្រព្រឹត្តិអាក្រក់ដោយវាចា ប្រព្រឹត្តិអាក្រក់ដោយចិត្តណា ដែលធ្វើទុកក្នុងកាលមុន អំពើអាក្រក់ទាំងនោះឯង តែងគ្របដណ្តប់ សង្កត់សង្កិន រួបរឹតគេ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងគិតក្នុងអារម្មណ៍ ដែលប្រាកដ ក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើបុណ្យ សម្រាប់ការពារភ័យទុកសោះ អាត្មាអញ ធ្វើតែបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើក្តៅក្រហាយទុក ពួកជនដែលមិនបានធ្វើអំពើល្អ មិនបានធ្វើកុសល មិនបានធ្វើបុណ្យ សម្រាប់ការពារភ័យទុក ជាអ្នកបានធ្វើតែអំពើបាប ធ្វើតែអំពើអាក្រក់ ធ្វើតែអំពើក្តៅក្រហាយទុក រមែងមានគតិណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ បុគ្គលពាលនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាល តែងទទួលទុក្ខ ទោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន។

[១៤០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិតដោយកាយ ប្រព្រឹត្តទុច្ចរិតដោយវាចា ប្រព្រឹត្តទុច្ចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណាថា ជាទីមិនគួរប្រាថ្នាតែមួយយ៉ាង មិនគួរត្រេកអរតែមួយយ៉ាង មិនគួរពេញចិត្តតែមួយយ៉ាង ដូច្នេះ ទីនោះ គឺនរកនុ៎ះឯង ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីមិនគួរប្រាថ្នាតែមួយយ៉ាង មិនគួរត្រេកអរតែមួយយ៉ាង មិនគួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើឧបមា ឲ្យដល់កម្រិតនរក ដែលមានទុក្ខបានឡើយ។

[១៤១] កាលបើព្រះអង្គទ្រង់ត្រាស់ យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើសេចក្តីឧបមាបានឬទេ។ ព្រះមានព្រះភាគត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន រួចទ្រង់សំដែងថា ម្នាលភិក្ខុទាំងឡាយ ដូចពួករាជបុរស ចាប់ចោរប្រព្រឹត្តអាក្រក់បានហើយ នាំមកថ្វាយព្រះរាជា ទូលថា បពិត្រព្រះសម្មតិទេព អ្នកនេះជាចោរ ប្រព្រឹត្តអាក្រក់នឹងព្រះអង្គ បើទ្រង់សព្វព្រះហ្ឬទ័យនឹងដាក់អាជ្ញាណា ដល់ចោរនេះ សូមទ្រង់ដាក់អាជ្ញានោះចុះ។ ព្រះរាជា មានព្រះឱង្ការ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា​ ទៅយក​លំពែងមួយរយ ចាក់បុរសនេះ ក្នុងវេលាព្រឹកព្រហាមចុះ។ ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាព្រឹកព្រហាម។ លុះវេលាថ្ងៃត្រង់ ព្រះរាជា មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា ត្រាស់បង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់ចុះ។ ពួករាជបុរស យកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃត្រង់។ លុះវេលាថ្ងៃរសៀល ព្រះរាជា ក៏មានព្រះឱង្ការសួរ យ៉ាងនេះថា នែប្រស្តែង ចុះបុរសនោះ តើដូចម្តេចទៅ។ ពួករាជបុរស ក្រាបទូលថា បពិត្រព្រះសម្មតិទេព បុរសនោះ រស់នៅឡើយទេ។ ព្រះរាជា មានព្រះឱង្ការ​បង្គាប់ យ៉ាងនេះថា នែប្រស្តែង ចូរអ្នករាល់គ្នា ទៅយកលំពែងមួយរយ ចាក់បុរសនោះ ក្នុងវេលាថ្ងៃ​រសៀល​ចុះ។  លុះវេលាថ្ងៃរសៀល ពួករាជបុរស ក៏យកលំពែងមួយរយ ចាក់បុរសនោះទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសនោះ កាលបើគេចាក់ដោយលំពែងបីរយ តើនឹងទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះជាហេតុដែរឬទេ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន បុរសនោះ សូម្បីគេចាក់ដោយលំពែងតែមួយ ក៏ទទួលទុក្ខ ទោមនស្ស ព្រោះលំពែងនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅចាក់ដោយលំពែងបីរយ។

[១៤២] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចាប់ថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរ​ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មប្រមាណប៉ុនបាតដៃ ដែលតថាគតកំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកំពុងកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេច​ភ្នំហិមពាន្តនោះ មិនដល់នូវការរាប់ផង ​មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មានឧបមេយ្យ ដូចជាបុរស ដែលគេចាក់ដោយលំពែងបីរយ រមែងរងទុក្ខ ទោមនស្សណា ព្រោះលំពែងនោះជាហេតុ។ ទុក្ខនោះឯង ប្រៀបផ្ទឹមនឹងទុក្ខរបស់នរក ក៏មិនដល់នូវការរាប់ផង​ មិនដល់មួយចំណិតផង មិនដល់នូវ​ការ​ប្រៀបធៀបផង។

[១៤៣] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើកម្មករណ៍ឈ្មោះ បញ្ចពិធពន្ធន៍ (ចំណង៥ប្រការ) ចំពោះសត្វនរកនោះ។ គឺផ្តេក (សត្វនរកនោះ) ហើយបោះដែកគោលដ៏ក្តៅ ត្រង់ដៃ (ខាងស្តាំ) ១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ) ១ បោះដែកគោលដ៏ក្តៅ ត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ចំកណ្តាលទ្រូង១។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើ​មរណកាល​ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល លុះផ្តេកសត្វនរកនោះរួចហើយ ទើបយកដឹងចាំង។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ក្នុងទីនោះ។បេ។  ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់សត្វនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ក្នុងទីនោះ។បេ។  ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមសត្វនោះនឹងរថ ហើយបរទៅ បរមក លើប្រថពី ដែលភ្លើងកំពុងឆេះសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង។បេ។  ម្នាលភិក្ខុ​ទាំងឡាយ ពួកនិរយបាល ប្រើសត្វនោះ ឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងឆេះក្តៅសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មនោះ មិនទាន់​អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។  ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់សត្វនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ទំលាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺសន្ធោសន្ធៅ ច្រាលឆ្អៅ។ សត្វនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលសត្វនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ ចួនកាលអណ្តែតឡើងលើម្តង ចួនកាលអណ្តែតចុះក្រោមម្តង ចួនកាលអណ្តែតទទឹងម្តង។ សត្វនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ដរាបណា ក៏មិនធ្វើមរណកាលដរាបនោះ។  ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏ចាប់បោះសត្វនោះ ទៅក្នុងមហានរក។ ម្នាលភិក្ខុទាំងឡាយ មហានរកនោះសោត មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធជុំវិញ គ្រប​ដោយ​គម្រប​ដែក។ ផ្ទៃក្រោមនៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះ ភ្លឺច្រាលរន្ទាល ផ្សាយទៅ បាន​មួយ​រយយោជន៍ជុំវិញ តាំងនៅសព្វៗកាល។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសម្តែងរៀបរាប់ អំពីនរក ដោយអនេកបរិយាយទៅ ក៏បាន។ ម្នាលភិក្ខុទាំងឡាយ តែដំណើរដែលតថាគតពោលទៅ មិនងាយនឹងដល់កម្រិតនរក ដែលមាន​ទុក្ខ​បានឡើយ។

[១៤៤] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន (ខ្លះ) មានស្មៅជាអាហារ។ ពួកសត្វ​តិរច្ឆានទាំងនោះ រមែងស៊ីស្មៅស្រស់ ច្រឹបផ្តាច់ដោយធ្មេញ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន ដែលមានស្មៅជាអាហារ តើអ្វីខ្លះ គឺ សេះ គោ លា ពពែ ម្រឹគ ឬក៏សត្វតិរច្ឆានណាមួយដទៃទៀត ដែល​មានស្មៅជាអាហារដូចគ្នា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរស់​អាហារ ក្នុងកាលពីមុន ក្នុងលោកនេះ ហើយធ្វើកម្មដ៏លាមក ក្នុងលោកនេះ លុះបែងធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលមានស្មៅជាអាហារនោះ។

[១៤៥] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន (ខ្លះ) មានលាមកជាអាហារ។ ពួកសត្វ​តិរច្ឆាន​ទាំងនោះ គ្រាន់តែធំក្លិនលាមកអំពីចម្ងាយ ក៏ស្ទុះទៅ ដោយគិតថា យើងនឹងស៊ីក្នុងទីនុ៎ះ យើង​នឹង​ស៊ី​ក្នុង​ទីនុ៎ះ។ ពួកព្រាហ្មណ៍ តែង​ស្ទុះ​ទៅតាមក្លិន​នៃគ្រឿងបូជា ដោយគិតថា យើងនឹង​បរិភោគ ក្នុងទីនុ៎ះ យើងនឹង​បរិភោគ ក្នុងទីនុ៎ះ សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន ដែលមានលាមកជាអាហារ ពួកសត្វតិរច្ឆាននោះ គ្រាន់តែធំក្លិនលាមកអំពីចម្ងាយ ក៏ស្ទុះទៅ ដោយគិតថា យើងនឹងស៊ីក្នុងទីនុ៎ះ យើងនឹងស៊ីក្នុងទីនុ៎ះ ក៏មានឧបមេយ្យ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន ដែលមានលាមកជាអាហារ តើអ្វីខ្លះ គឺ មាន់ ជ្រូក ឆ្កែ ចចក ឬក៏សត្វ​តិរច្ឆាន​ណាមួយ ក្រៅ​ពីនេះទៀត ដែល​មានលាមក​ជាអាហារ​ដូចគ្នា។ ម្នាលភិក្ខុ​​ទាំងឡាយ បុគ្គលពាល​នោះឯង ជាអ្នកជាប់​នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើ​នូវកម្មដ៏លាមក​ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ជាមួយនឹង​ពួកសត្វ ដែលមាន​លាមក​ជាអាហារ​នោះ។

[១៤៦] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹត។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹត តើអ្វីខ្លះ គឺ កន្លាត ទាក ជន្លេន ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹតដែរ។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមក ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វ ដែលកើតក្នុងទីងងឹត ចាស់ក្នុងទីងងឹត ស្លាប់ក៏ក្នុងទីងងឹតនោះ។

[១៤៧] ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹក។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹក តើអ្វីខ្លះ គឺ ត្រី អណ្តើក ក្រពើ ឬក៏សត្វតិរច្ឆានណាមួយ ក្រៅពីនេះទៀត ដែលកើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹកដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្មដ៏លាមក ក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួក​សត្វ ដែលកើតក្នុងទឹក ចាស់ក្នុងទឹក ស្លាប់ក៏ក្នុងទឹកនោះ។

[១៤៨]  ម្នាលភិក្ខុទាំងឡាយ មានពួកសត្វតិរច្ឆាន កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាត។ ម្នាលភិក្ខុទាំងឡាយ ចុះពួកសត្វតិរច្ឆាន កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាត តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលកើតក្នុងត្រីស្អុយក៏មាន ចាស់ក្នុងត្រីស្អុយក៏មាន ស្លាប់ក្នុងត្រីស្អុយក៏មាន ក្នុងសាកសពស្អុយក៏មាន… ក្នុងនំស្អុយក៏មាន … ក្នុងរណ្តៅជ្រាំក៏មាន … កើតក្នុងប្រឡាយបង្ហូរជ្រាំក៏មាន។បេ។ ឬក៏ពួកសត្វតិរច្ឆានណាមួយ ក្រៅពីនេះ​ទៀត ដែលកើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាតដែរ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ជាអ្នកជាប់នឹងរសអាហារ ក្នុងកាលមុន ក្នុងលោកនេះ ហើយធ្វើនូវកម្ម​ដ៏លាមកក្នុងលោកនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតជាមួយនឹងពួកសត្វដែល កើតក្នុងទីមិនស្អាត ចាស់ក្នុងទីមិនស្អាត ស្លាប់ក៏ក្នុងទីមិនស្អាតនោះ។ ម្នាលភិក្ខុទាំងឡាយ  តថាគតនឹងសំដែង រៀបរាប់នូវកំណើត នៃសត្វតិរច្ឆាន ដោយអនេកបរិយាយទៅក៏បាន។ ម្នាលភិក្ខុទាំងឡាយ តែដំណើរដែលតថាគតពោលទៅ ក៏មិនងាយនឹងដល់កម្រិតកំណើតសត្វតិរច្ឆាន ដែលមានទុក្ខបានឡើយ។

[១៤៩] ម្នាលភិក្ខុទាំងឡាយ ដូចបុរសដាក់នឹម ដែលមានច្បោះតែមួយ ទៅក្នុងមហាសមុទ្រ។ ខ្យល់ពីខាងកើត បក់បន្សាត់នឹមនោះទៅខាងលិច ខ្យល់ពីខាងលិច  បក់បន្សាត់ទៅខាងកើត ខ្យល់ពី​ខាង​ជើង បក់បន្សាត់ទៅខាងត្បូង ខ្យល់ពីខាងត្បូង បក់បន្សាត់ទៅខាងជើង។ ក្នុងមហាសមុទ្រនោះ មានអណ្តើកខ្វាក់មួយ អណ្តើកនោះ អំណើះទៅមួយរយឆ្នាំ ទើបងើបឡើងម្តង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច អណ្តើកខ្វាក់នោះ តើអាចនឹងច្រកកឲ្យចូលទៅក្នុងនឹម ដែលមានច្បោះតែមួយនោះបានឬទេ។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន មិនបានទេ បពិត្រព្រះអង្គដ៏ចម្រើន បើក្រែងតែកន្លងកាលទៅម្តងៗ យូរអង្វែងណាស់ (ទើបអណ្តើកនោះ ច្រកកចូលទៅក្នុងច្បោះនឹមនោះបាន)។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អណ្តើកខ្វាក់នោះ ច្រកកឲ្យចូលទៅក្នុងនឹម ដែលមានច្បោះតែមួយនោះ ទុកថាជាឆាប់ណាស់ផង។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពោលថា បុគ្គលពាល ទៅកើតជាវិនិបាតម្តងហើយ កម្រនឹងបានអត្តភាពមកជាមនុស្សវិញ ជាងអណ្តើកខ្វាក់នោះទៅទៀត ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ក្នុងវិនិបាតនោះ មិនមានការប្រព្រឹត្តិធម៌ដ៏ស្មើ មិនមានការធ្វើកុសល មិនមានការធ្វើបុណ្យទេ ម្នាលភិក្ខុទាំងឡាយ មានតែការខាំស៊ីនូវគ្នា និងគ្នា សម្លាប់គ្នាដែលមានកម្លាំងថយ តែងមាននៅក្នុងវិនិបាតនោះ។

[១៥០] ម្នាលភិក្ខុទាំងឡាយ បុគ្គលពាលនោះឯង ប្រសិនបើអំណើះកាល យូរអង្វែងទៅ ម្តងៗ ទើបបានមកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលថោកទាប គឺ ត្រកូលចណ្ឌាល ត្រកូលអ្នកនេសាទ ត្រកូលអ្នកត្បាញផែង ត្រកូលអ្នកធ្វើរថ ត្រកូលអ្នកកើបសម្រាម ជាត្រកូលកំសត់ ឥតមានបាយ ទឹក ភោជន ប្រព្រឹត្តរស់នៅដោយលំបាក ជាត្រកូលរកបាយស៊ី និងសំពត់ស្លៀកបានដោយត្រដាបត្រដួស។ បុគ្គលនោះឯង ជាមនុស្សមានសម្បុរអាក្រក់ មិនគួរ​អ្នក​ផង​មៀង​មើល ជាមនុស្សតឿ មានជម្ងឺច្រើន ជាមនុស្សខ្វាក់ ក្ងែង ខ្ចក ខ្វិន ជាអ្នកមិនបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាបផ្សេងៗ ទីដេក ទីនៅអាស្រ័យ គ្រឿងប្រទីបឡើយ។ បុគ្គលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្ត។ បុគ្គលនោះ លុះប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ ដល់បែកធ្លាយរៀងកាយស្លាប់ទៅ តែងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។

[១៥១] ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងអ្នកលេងល្បែងភ្នាល់ តែងធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយការចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀត។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ ធ្វើកូនឲ្យហិនហោចទៅផង ធ្វើប្រពន្ធឲ្យហិនហោចទៅផង ធ្វើសម្បត្តិទាំងពួង ឲ្យហិនហោចទៅផង ដោយ​ការ​ចាញ់ជាដំបូង តទៅមុខ ក៏ដល់នូវការជាប់វ័ណ្ឌខ្លួនឯងទៀតនោះ ឈ្មោះថា ចាញ់បន្តិចបន្តួចទេ។ ចំណែកខាងបុគ្គលពាលនោះ ប្រព្រឹត្តទុច្ចរិត ដោយកាយ ប្រព្រឹត្តទុច្ចរិត ដោយវាចា ប្រព្រឹត្តទុច្ចរិត ដោយចិត្តហើយ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ នរកនេះឯង ទើបឈ្មោះថា ការចាញ់យ៉ាងធំ ជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឯង ឈ្មោះថា ពាលភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់។

[១៥២] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត មានហេតុជាគ្រឿងចំណាំថា ជាបណ្ឌិត មានហេតុ​ជាគ្រឿង​សំគាល់​ថាជាបណ្ឌិត មានចរិត​ជាបណ្ឌិត ៣ យ៉ាងនេះ។ ហេតុ៣យ៉ាង តើអ្វីខ្លះ។ ម្នាលភិក្ខុ​ទាំងឡាយ ជនជាបណ្ឌិតក្នុងលោកនេះ ជាអ្នកគិតគំនិតល្អ១ និយាយសំដីល្អ១ ធ្វើអំពើល្អ១។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិតនោះ ជាអ្នកមិនគិតគំនិតល្អផង មិននិយាយសំដីល្អផង មិនធ្វើអំពើល្អផងទេ។ តើពួកអ្នកប្រាជ្ញណា នឹងស្គាល់ជនជាបណ្ឌិតនោះថា អ្នកដ៏ចម្រើននេះ ជាបណ្ឌិត ជាសប្បុរស ដូច្នេះបាន។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត ជាអ្នកគិតគំនិតល្អផង និយាយសំដីល្អផង ធ្វើអំពើល្អផង ព្រោះហេតុណា ហេតុនោះ បានជាពួកអ្នកប្រាជ្ញ ស្គាល់ជនជាបណ្ឌិតនោះថា អ្នកនេះជាបណ្ឌិត ជាសប្បុរស។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត តែងទទួលនូវសេចក្តីសុខ សោមនស្ស ៣យ៉ាង ក្នុងបច្ចុប្បន្ននេះ។

[១៥៣] ម្នាលភិក្ខុទាំងឡាយ ប្រសិនបើជនជាបណ្ឌិត អង្គុយក្នុងសាលាក្តី អង្គុយក្នុងច្រកក្តី អង្គុយក្នុងផ្លូវបែកជា៤ក្តី ចំណែកអ្នកផង ដែលអង្គុយក្នុងបរិស័ទនោះ តែងប្រឹក្សាពាក្យ (ថ្លែងអំពីទោស) ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ។ ម្នាលភិក្ខុទាំងឡាយ បើជនជាបណ្ឌិត ជាអ្នកវៀរចាក​បាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកហេតុជាទីតាំង នៃសេចក្តីប្រមាទ គឺផឹកនូវសុរា និងមេរ័យ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ តែងគិតក្នុងពាក្យ ដែលអ្នកផងនិយានោះថា អ្នកផងតែងប្រឹក្សាពាក្យណា ដែលកើតអំពីអំពើនោះ ដ៏សមគួរដល់អំពើនោះ ធម៌ទាំងឡាយនោះ មាននៅក្នុងអញផង ខ្លួនអញសោត ក៏ប្រាកដក្នុងធម៌ទាំងនោះផង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលនូវសេចក្តីសុខ សោមនស្ស ទី១នេះ ក្នុងបច្ចុប្បន្ន។

[១៥៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិតឃើញនូវព្រះរាជាទាំងឡាយ កាលចាប់នូវ​ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១។ល។ ១៣ មើលនយលក្ខណៈ ក្នុង​មហាទុក្ខក្ខន្ធសូត្រ ក្នុងគម្ពីរ​មជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ត្រង់ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្ស ឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀក​សំពត់សំបកឈើខ្លះ [៧] ឲ្យធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើង​សត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ ដោយកាង ឬសន្ទូច [៩] ខ្លះ  ឲ្យធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើ ឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈ មួយៗខ្លះ [១០] ឲ្យធ្វើនូវខារាបតច្ឆិកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវបលីឃបរិវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោចដោយប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងាលើឈើអណ្តោតទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ។ ម្នាលភិក្ខុទាំងឡាយ បណ្ឌិតតែងត្រិះរិះ ក្នុងអំពើទាំងនោះ យ៉ាងនេះថា ព្រះរាជាទាំងឡាយ ចាប់ចោរដែល​ប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ  ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីងដូចជាសំបកស័ង្ខខ្លះ  ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើ​ដែលគេ​ធ្វើមាត់​ឲ្យដូចជា​មាត់រាហុខ្លះ  ឲ្យធ្វើនូវ​ជោតិមាលិកកម្ម គឺអំពើ​ដែលគេធ្វើ​ខ្លួនមនុស្ស​ឲ្យដូចជា​ផ្កាភ្លើងខ្លះ  ឲ្យធ្វើនូវ​ហត្ថប្បជ្ជោតិកកម្ម គឺអំពើ​ដែលគេ​ដុតដៃខ្លះ  ឲ្យធ្វើនូវ​ឯរកវត្តិកកម្ម គឺអំពើ​ដែលគេ​ធ្វើ​ឲ្យដូចជា​ពន្លាត់ស្បែកពពែ​ខ្លះ ឲ្យធ្វើនូវ​ចីរកវាសិកកម្ម គឺអំពើ​ដែលគេធ្វើ ឲ្យដូច​ជាស្លៀក​សំពត់​សំបកឈើខ្លះ  ឲ្យធ្វើនូវ​ឯណេយ្យកកម្ម គឺអំពើ​ដែលគេធ្វើ ឲ្យដូចជាជើង​សត្វទ្រាយខ្លះ  ឲ្យធ្វើនូវ​ពលិសមំសិកកម្ម គឺអំពើ​ដែលគេថ្ពក់​មាត់ ដោយកាង ឬសន្ទូច​ខ្លះ ឲ្យធ្វើ​នូវ​កហាបណកកម្ម គឺអំពើ​ដែលគេធ្វើ ឲ្យខូចសរីរៈ​ប្រមាណ​ប៉ុនកហាបណៈ​មួយៗខ្លះ  ឲ្យធ្វើនូវ​ខារាបតច្ឆិកកម្ម គឺអំពើដែល​គេយកទឹកផ្សា ស្រោចខ្លះ ឲ្យធ្វើនូវ​បលីឃបរិវត្តិកកម្ម គឺអំពើ​ដែលគេធ្វើ ឲ្យដូចជា​បង្វិលជើងគុល ឬសសរ​គោលខ្លះ  ឲ្យធ្វើនូវ​បលាលបីឋកកម្ម គឺអំពើដែល​គេធ្វើឲ្យដូច​ជាកណ្តាប់​ចំបើងខ្លះ  ឲ្យស្រោច​ដោយ​ប្រេងដ៏ក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងា​លើឈើអណ្តោត​ទាំងរស់ខ្លះ ឲ្យកាត់ក្បាល​ដោយដាវខ្លះ ព្រោះហេតុ​បាបកម្ម មានសភាព​យ៉ាងណាៗ។ ធម៌ទាំង​ឡាយនោះ មិនមាន​ក្នុងអាត្មាអញ ទាំងអាត្មាអញ​សោត ក៏មិនប្រាកដ​ក្នុងធម៌​ទាំងឡាយ​នោះឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ ជនជាបណ្ឌិត រមែងទទួល​សេចក្តី​​សុខ សោមនស្ស ទី២ នេះឯង ក្នុងបច្ចុប្បន្ន។

[១៥៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ។ ម្នាលភិក្ខុទាំងឡាយ ស្រមោលនៃកំពូលភ្នំដ៏ធំ តែងក្រាល រាលដាល គ្របលើផែនដី ក្នុងវេលាថ្ងៃរសៀល មានឧបមា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជនជាបណ្ឌិត កាលឡើងកាន់តាំងក្តី ឡើងកាន់គ្រែក្តី ដេកលើផែនដីក្តី អំពើល្អទាំងឡាយ គឺការប្រព្រឹត្តិល្អដោយកាយ ការប្រព្រឹត្តិល្អដោយវាចា ការប្រព្រឹត្តិល្អដោយចិត្តណា ដែលជនជាបណ្ឌិតនោះ ធ្វើទុកក្នុងកាលមុន អំពើល្អទាំងនោះឯង តែងគ្របដណ្តប់ ស្រោចស្រង់ ទំនុកបម្រុងនូវជនជាបណ្ឌិតនោះ ក្នុងសម័យនោះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងគិតក្នុងអារម្មណ៍ ដែលប្រាកដក្នុងចក្ខុទ្វារនោះ យ៉ាងនេះថា អើហ្ន៎ អាត្មាអញ មិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុកទេ អាត្មាអញ ធ្វើតែអំពើល្អ ធ្វើតែអំពើកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ ពួកជនដែលមិនបានធ្វើបាប មិនបានធ្វើអំពើអាក្រក់ មិនបានធ្វើអំពើក្តៅក្រហាយទុក ជាអ្នកធ្វើតែអំពើល្អ ធ្វើតែកុសល ធ្វើតែបុណ្យសម្រាប់ការពារភ័យ រមែងមានគតិយ៉ាងណា អាត្មាអញ នឹងទៅកាន់គតិនោះ ក្នុងបរលោក។ ជនជាបណ្ឌិតនោះ តែងមិនក្រៀមក្រំចិត្ត មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងទ្រហោយំ មិនដល់នូវសេចក្តីវង្វេង។ ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិត តែងទទួលសេចក្តីសុខ សោមនស្ស ទី៣ នេះឯង ក្នុងបច្ចុប្បន្ន។

[១៥៦] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះសោត បានប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ អ្នកផងដែលនិយាយតាមហេតុ តែងនិយាយចំពោះទីណា ថាជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាងដូច្នេះ ទីនោះ គឺឋានសួគ៌នោះឯង  ដែលអ្នកផងនិយាយតាមហេតុ តែងនិយាយថា ជាទីគួរប្រាថ្នាតែមួយយ៉ាង គួរត្រេកអរតែមួយយ៉ាង គួរពេញចិត្តតែមួយយ៉ាង។ ម្នាលភិក្ខុទាំងឡាយ សេចក្តីនេះ មិនងាយនឹងធ្វើ​ឧបមា ឲ្យដល់កម្រិតឋានសួគ៌ ដែលមានសេចក្តីសុខបានឡើយ។

[១៥៧] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ មានភិក្ខុមួយរូប ក្រាបបង្គំទូលសួរសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន ចុះព្រះអង្គ អាចនឹងធ្វើឧបមាបានឬទេ។ ព្រះមានព្រះភាគ ត្រាស់តបថា ម្នាលភិក្ខុ តថាគត អាចនឹងធ្វើបាន ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ដូចស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ ៧ប្រការ និង ដោយឫទ្ធិ ៤យ៉ាង ហើយទ្រង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និង ឫទ្ធិនោះ ជាហេតុ។ រតនៈ ទាំង៧ប្រការ នោះ តើដូចម្តេចខ្លះ។

[១៥៨] ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ និងដុំ បរិបូណ៌ដោយអាការសព្វគ្រប់ ក៏កើតប្រាកដឡើង។ ក្សត្រិយ៍ ជាព្រះរាជាបានមុទ្ធាភិសេក ទ្រង់ទតឃើញហើយ ទើបទ្រង់ព្រះតម្រិះ ដូច្នេះ​ថា អើអាត្មាអញ ក៏ធ្លាប់បានឮរឿងនេះមកហើយថា ក្សត្រិយ៍អង្គណា ជាព្រះរាជា បាន​មុទ្ធាភិសេក​ហើយ ទ្រង់កក់ព្រះសីរ្ស ក្នុងថ្ងៃ ១៥ ជាថ្ងៃឧបោសថ ហើយរក្សាឧបោសថ គង់នៅលើប្រាសាទដ៏ប្រសើរ ចក្ករតន៍ជាទិព្វ មានកាំមួយពាន់ ព្រមទាំងខ្នងកង់ ទាំងដុំ បរិបូណ៌ដោយអាការទាំងពួង ក៏កើតប្រាកដឡើង ព្រះរាជាអង្គនោះ នឹងបានជាស្តេចចក្រពត្តិ ឱហ្ន៎ អាត្មាអញ បានជាស្តេច​ចក្រពត្តិ​ហើយតើ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ក្សត្រិយ៍ ជាព្រះរាជា បានមុទ្ធាភិសេកហើយ ទ្រង់ក្រោកចាកអាសនៈហើយ ទើបយកព្រះហស្តខាងឆ្វេង ចាប់កុណ្ឌី យកព្រះហស្តខាងស្តាំ ប្រស់ព្រំចក្ករតន៍ ហើយត្រាស់ថា ចក្ករតន៍ដ៏ចម្រើន ចូរអណ្តែតទៅ ចក្ករតន៍ដ៏ចម្រើន ចូរមានជ័យជំនះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ចក្ករតន៍នោះឯង ក៏អណ្តែតត្រសែត ទៅកាន់ទិសខាងកើត ទើបព្រះបាទចក្រពត្តិ ទ្រង់ស្តេចទៅតាមក្រោយ ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន ក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ព្រមទាំងចតុរង្គសេនា ក៏ចូលទៅតាំងព្រះរាជនិវេសន៍ ក្នុងប្រទេសនោះ។ ម្នាលភិក្ខុទាំងឡាយ ចំណែកពួកស្តេចណា ដែលជាសត្រូវ គង់នៅក្នុងទិសខាងកើត ព្រះរាជាទាំងនោះ ក៏ស្តេចចូលទៅគាល់ព្រះបាទចក្រពត្តិហើយ ក្រាបបង្គំទូលយ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្តេចមកចុះ បពិត្រមហារាជ  ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជារបស់ព្រះអង្គហើយ បពិត្រមហារាជ   សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ក៏មានព្រះបន្ទូល យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុសក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែល​គួរ​បរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ដែលជាសត្រូវ នៅក្នុងទិសខាងកើត ស្តេច​ទាំង​នោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ចក្ករតន៍នោះ ក៏ចុះកាន់សមុទ្រទិសខាងកើត ហើយឆ្លងឡើង វិលទៅកាន់ទិសខាងត្បូង។បេ។ ចុះកាន់សមុទ្រទិសខាងត្បូង ហើយឆ្លងឡើង វិលទៅកាន់ទិសខាងលិច។បេ។ ចុះកាន់សមុទ្រទិសខាងលិច ហើយឆ្លងឡើង វិលទៅកាន់ទិសខាងជើង ព្រះបាទចក្រពត្តិ ក៏ស្តេចទៅតាមខាងក្រោយ ព្រមដោយ​ចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ បើចក្ករតន៍ប្រតិស្ឋាន នៅក្នុងប្រទេសណា ព្រះបាទចក្រពត្តិ ស្តេចក៏ទ្រង់ប្រថាប់នៅក្នុងប្រទេសនោះ  ព្រមដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ពួកស្តេចណា ជាសឹកសត្រូវ នៅក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏នាំគ្នាចូលទៅគាល់ព្រះបាទចក្រពត្តិ ហើយក្រាបបង្គំទូល យ៉ាងនេះថា បពិត្រមហារាជ សូមព្រះអង្គស្តេចមកចុះ បពិត្រមហារាជ ទ្រង់ស្តេចមកល្អហើយ បពិត្រមហារាជ រាជសម្បត្តិរបស់ខ្ញុំព្រះអង្គ ជាព្រះរាជទ្រព្យរបស់ព្រះអង្គហើយ បពិត្រមហារាជ សូមព្រះអង្គ ទ្រង់ប្រៀនប្រដៅចុះ។ ព្រះបាទចក្រពត្តិ ទ្រង់ក៏មានព្រះរាជឱង្ការ យ៉ាងនេះថា អ្នកទាំងឡាយ មិនត្រូវសម្លាប់សត្វ មិនត្រូវកាន់យកទ្រព្យ ដែលគេមិនបានឲ្យ មិនត្រូវប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ មិនត្រូវពោលពាក្យមុសាវាទ មិនត្រូវផឹកទឹកស្រវឹងឡើយ អ្នកទាំងឡាយ ចូរបរិភោគតែរបស់ ដែលគួរបរិភោគចុះ។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ពួក​ស្តេច​ណា ជាសឹកសត្រូវ ក្នុងទិសខាងជើង ស្តេចទាំងនោះ ក៏ត្រឡប់ជាចុះចូលព្រះបាទចក្រពត្តិវិញ។ ម្នាលភិក្ខុទាំងឡាយ តពីនោះមក ចក្ករតន៍នោះ បានបង្ក្រាបផែនដី ដែលមានសមុទ្រជាព្រំប្រទល់ រួចត្រឡប់មកកាន់រាជធានីនោះវិញ ហើយឋិតនៅ (ក្នុងរបៀងនៃសាលាវិនិច្ឆ័យ) ទៀបទ្វារ នៃ​ព្រះបរម​រាជ​វាំង របស់ព្រះបាទចក្រពត្តិ (នៅនឹងថ្កល់) ហាក់ដូចជាបាក់ភ្លៅ ហើយបំភ្លឺទ្វារ ក្នុងព្រះបរមរាជវាំង នៃព្រះបាទចក្រពត្តិ (ឲ្យភ្លឺព្រោងព្រាត)។ ម្នាលភិក្ខុទាំងឡាយ ចក្ករតន៍បែបនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហត្ថិរតន៍ (ដំរីកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (ដំរីកែវនោះ) ជាស្តេចដំរី ឈ្មោះ ឧបោសថ មានសម្បុរសសុទ្ធ មានអវយវៈតូចធំ សមរម្យទាំងអស់។ ជាដំរីមានឫទ្ធិ អាចហោះទៅលើអាកាសបាន។ លុះព្រះបាទចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មាន​ព្រះហឫទ័យជ្រះថ្លាថា អើ យានដំរីល្អណាស់តើហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ ឯហត្ថិរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាដំរីអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អយូរអង្វែងហើយ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បង​មើល​ហត្ថិរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើហត្ថិរតន៍នោះ) ក្នុងវេលាព្រឹកព្រហាម ហើយ​ស្តេចទៅត្រួតត្រានូវផែនដី មានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះក្រយារហារ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់។ ម្នាលភិក្ខុទាំងឡាយ ហត្ថិរតន៍ មានសភាពយ៉ាងនេះ តែងកើតឡើងប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦០] ម្នាលភិក្ខុទាំងឡាយ មួយទៀត អស្សរតន៍ (សេះកែវ) ក៏កើតឡើងប្រាកដ ដល់ស្តេច​ចក្រពត្តិ។ (អស្សរតន៍នោះ) ជាស្តេចសេះឈ្មោះ វលាហកៈ មានសម្បុរសសុទ្ធ មានសម្បុរត្រង់ក្បាលខ្មៅ (រលើប) ដូចជាសម្បុរនៃកក្អែក មានសក់ (សក្បុស) ដូចជាបណ្តូលស្មៅយ៉ាប្លង ជាសេះមានឫទ្ធិ អាចហោះទៅ​លើអាកាសបាន។ លុះស្តេចចក្រពត្តិ ទ្រង់ទតឃើញហើយ ក៏មានព្រះហឫទ័យជ្រះថ្លាថា អើយានសេះ ល្អណាស់ហ្ន៎ ប្រសិនបើចូលទៅបង្ហាត់បាន (ជាការប្រពៃ)។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ អស្សរតន៍នោះ ក៏ដល់នូវការបង្ហាត់បាន ដូចជាសេះអាជានេយ្យដ៏ល្អ ដែលគេបង្ហាត់បានរបៀបល្អ​យូអង្វែងហើយ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលអស្សរតន៍នោះឯង មុនដំបូង ទ្រង់ឡើងគង់ (លើអស្សរតន៍) ក្នុងវេលាព្រឹកព្រហាម ហើយស្តេចទៅត្រួតត្រា ផែនដីដែលមានសមុទ្រជាព្រំប្រទល់ រួចហើយស្តេចត្រឡប់មកសោយព្រះស្ងោយ ក្នុងវេលាព្រឹក ឯរាជធានីរបស់ព្រះអង្គនោះវិញទាន់។ ម្នាលភិក្ខុទាំងឡាយ អស្សរតន៍មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦១] ម្នាលភិក្ខុទាំងឡាយ មួយទៀត មណិរតន៍ ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ មណិរតន៍នោះ ជាកែវពិទូរ្យ មានជាតិដ៏ល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ។  ម្នាលភិក្ខុទាំងឡាយ មណិរតន៍នោះឯង មានពន្លឺផ្សាយទៅ បានមួយយោជន៍ជុំវិញ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើល នូវមណិរតន៍នោះឯង មុនដំបូង ទ្រង់ប្រជុំអស់ចតុរង្គសេនាមក ហើយទ្រង់ស្ទួយ​កែវមណីឡើង ទៅកាន់ចុងដងទង់ ហើយទ្រង់គ្រវី ទៅក្នុងទីងងឹតអព្ទក្នុងរាត្រី។ ម្នាលភិក្ខុទាំងឡាយ ចំណែកអ្នកស្រុកទាំងឡាយណា ដែលនៅជិតខាង អ្នកស្រុកទាំងនោះ សំគាល់ថាជាវេលាថ្ងៃ ក៏នាំគ្នាប្រកបការងារ ដោយសារពន្លឺ (កែវ) នោះឯង។ ម្នាលភិក្ខុទាំងឡាយ មណិរតន៍ មានសភាព​យ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦២] ម្នាលភិក្ខុទាំងឡាយ តទៅទៀត ឥត្ថីរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ ត្រង់​នយលក្ខណៈ លេខ១។] (ស្រីកែវ) ក៏កើតប្រាកដ ដល់ស្តេច​ចក្រពត្តិ។ ស្រីកែវ​នោះ មានរូបឆោម​ដ៏ល្អ គួរ​ឲ្យអ្នកផង​ពិតពិល រមិលមើល គួរជ្រះថ្លា ប្រកបដោយ​សម្បុរ​ល្អក្រៃលែង មិនខ្ពស់​ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក លើសលែងកន្លងហួស​សម្បុរ​ស្ត្រី​មនុស្ស តែមិនដល់សម្បុរ​ទិព្វទេ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង មានកាយសម្ផ័ស្ស (ទន់ល្អូក) ដូចជា​សំឡីគរ ឬសំឡីកប្បាស។ ម្នាលភិក្ខុទាំងឡាយ ឯឥត្ថីរតន៍នោះឯង ក្នុងរដូវត្រជាក់ មានខ្លួន​ក្តៅ ក្នុងរដូវក្តៅ មានខ្លួនត្រជាក់។ ម្នាលភិក្ខុទាំងឡាយ មិនតែប៉ុណ្ណោះសោត ឥត្ថីរតន៍នោះឯង មានក្លិន​ខ្លឹម​ចន្ទន៍ ផ្សាយចេញអំពីកាយ មានក្លិនផ្កាឧប្បល ផ្សាយចេញអំពីមាត់។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង ជាស្ត្រីតែងក្រោកឡើងមុន តែងអង្គុយក្រោយ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១២ ​នយលក្ខណៈ លេខ២។] យកចិត្តទុកដាក់ធ្វើការអ្វីៗ ប្រព្រឹត្តតម្រូវព្រះហឫទ័យ ពោលតែពាក្យជាទីពេញព្រះហឫទ័យ របស់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ឥត្ថីរតន៍នោះឯង សូម្បីតែចិត្ត ក៏មិនប្រព្រឹត្តកន្លងស្តេចចក្រពត្តិទៅហើយ ម្តេចឡើយនឹងប្រព្រឹត្តកន្លងដោយកាយបាន។ ម្នាលភិក្ខុទាំងឡាយ ឥត្ថិរតន៍ មានសភាពយ៉ាងនេះឯង តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦៣] ម្នាលភិក្ខុទាំងឡាយ តទៅទៀត គហបតិរតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៣ ត្រង់​នយលក្ខណៈ លេខ១។] (គហបតីកែវ) ក៏កើតប្រាកដ ដល់​ស្តេចចក្រពត្តិ។ ឯគហបតិរតន៍នោះ មានទិព្វចក្ខុ កើតអំពីផលនៃកុសលកម្ម អាចមើលឃើញកំណប់ទ្រព្យ ដែល​មានម្ចាស់ និង​មិនមានម្ចាស់​បាន។ គហបតិរតន៍នោះ ចូល​ទៅគាល់​​ស្តេចចក្រពត្តិ ក៏ក្រាបបង្គំ​ទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងចាត់ចែងការ ដែលគួរធ្វើដោយទ្រព្យថ្វាយ ដោយព្រះរាជទ្រព្យព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលទ្រង់នឹងល្បងមើលគហបតិរតន៍នោះឯង មុនដំបូង ទ្រង់ប្រថាប់លើព្រះទីនាំងនាវា សំដៅទៅកាន់​ខ្សែទឹក ក្នុងកណ្តាលទន្លេគង្គា ទើបទ្រង់ត្រាស់នឹងគហបតិរតន៍នោះ យ៉ាងនេះថា ម្នាលគហបតី យើងមានសេចក្តីត្រូវការ ដោយប្រាក់ និងមាស។ គហបតិរតន៍នោះ ក្រាបបង្គំទូលតបថា បពិត្រមហារាជ បើដូច្នោះ សូមទ្រង់អែបនាវាទៅខាងត្រើយច្រាំងម្ខាង។ ទ្រង់មានព្រះរាជឱង្ការថា ឱ គហបតី យើងមានសេចក្តីត្រូវការតែប្រាក់ និងមាសត្រង់ទីនេះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង គហបតិរតន៍នោះ លូកដៃទាំងពីរចុះទៅក្នុងទឹក ចាប់លើកយកឆ្នាំង ដែលពេញដោយប្រាក់ និងមាស ហើយក្រាបទូលស្តេចចក្រពត្តិថា បពិត្រមហារាជ ល្មមហើយដោយប្រាក់ និងមាសប៉ុណ្ណេះ បពិត្រមហារាជ ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើ​ព្រះរាជកិច្ចបានហើយ បពិត្រមហារាជ ប្រាក់ និង​មាស​ប៉ុណ្ណេះ ខ្ញុំព្រះអង្គថ្វាយហើយ។ ស្តេចចក្រពត្តិ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមហើយ ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ ល្មមធ្វើកិច្ចបានហើយ  ម្នាលគហបតី ប្រាក់ និងមាសប៉ុណ្ណេះ អ្នកឯងថ្វាយយើងហើយ។ ម្នាលភិក្ខុទាំងឡាយ គហបតិរតន៍ មានសភាពយ៉ាង​នេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។

[១៦៤] ម្នាលភិក្ខុទាំងឡាយ តទៅទៀត បរិនាយករតន៍ [មើលមហាសុទស្សនសូត្រ ទីឃនិកាយ មហាវគ្គ ភាគ ១៧ ទំព័រ ១៤ ត្រង់​នយលក្ខណៈ លេខ១។] (បរិនាយកកែវ) ក៏កើតប្រាកដ ដល់ស្តេចចក្រពត្តិ។ (បរិនាយកកែវនោះ) ជាបណ្ឌិតវាងវៃ មានប្រាជ្ញា អង់អាច ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចូលទៅ ឲ្យចូលទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ដែលខ្លួនគួរឲ្យស្តេចចេញទៅ ឲ្យចេញទៅបាន ដើម្បីញ៉ាំងស្តេចចក្រពត្តិ ឲ្យតាំងងារបុគ្គល ដែលគួរតាំងបាន។ បរិនាយករតន៍នោះ ចូលទៅគាល់ស្តេចចក្រពត្តិហើយ ទើបក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំមានសេចក្តីខ្វល់ខ្វាយឡើយ ខ្ញុំព្រះអង្គ នឹងប្រៀនប្រដៅថ្វាយ។ ម្នាលភិក្ខុទាំងឡាយ បរិនាយករតន៍ មានសភាពយ៉ាងនេះ តែងកើតប្រាកដ ដល់ស្តេចចក្រពត្តិ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយរតនៈ (៧ប្រការ) នេះឯង។ ស្តេចចក្រពត្តិ ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង តើដូចម្តេចខ្លះ។

[១៦៥] ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ មានព្រះរូបល្អ គួរឲ្យអ្នកផងពិតពិលរមិលមើល គួរឲ្យជ្រះថ្លា ទ្រង់ប្រកបដោយព្រះឆវីវណ្ណ ដ៏ល្អក្រៃលែង ជាងមនុស្សឯទៀត ក្នុងលោកនេះ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី១។

[១៦៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិមានព្រះជន្មាយុវែង ទ្រង់ឋិតនៅអស់កាលយូរអង្វែង ក្រៃលែងជាងមនុស្សទាំងឡាយឯទៀត។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី២។

[១៦៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់មិនមានអាពាធ មិនមានទុក្ខ ប្រកបដោយ​ភ្លើងធាតុ ដែលកើតអំពីកម្ម មានវិបាកស្មើគ្នា គឺមិនត្រជាក់ពេក មិនក្តៅពេក លើសជាងមនុស្សដទៃ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិ នេះជាឫទ្ធិទី៣។

[១៦៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ បិតាជាទីស្រឡាញ់ពេញចិត្ត នៃកូនទាំងឡាយ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ទ្រង់ជាទីស្រឡាញ់ ជាទីពេញចិត្តនៃព្រាហ្មណ៍ និងគហបតីទាំងឡាយ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិដែរ។ ម្នាលភិក្ខុទាំងឡាយ កូនទាំងឡាយ ជាទីស្រឡាញ់ពេញចិត្ត នៃបិតា យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ក៏ជាទីស្រឡាញ់ ពេញព្រះហឫទ័យ នៃស្តេចចក្រពត្តិ យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ កាលមុនដម្បូង ទ្រង់ស្តេចទៅកាន់ទីឧទ្យាន ដោយចតុរង្គសេនា។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ ព្រាហ្មណ៍ និងគហបតីទាំងឡាយ ចូលទៅគាល់ស្តេចចក្រពត្តិ ក្រាបបង្គំទូល យ៉ាងនេះថា បពិត្រព្រះសម្មតិទេព សូមព្រះអង្គ កុំស្តេចទៅ ដោយរួសរាន់ឡើយ សូមឲ្យយើងខ្ញុំព្រះអង្គ ឃើញព្រះអង្គ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ឯស្តេចចក្រពត្តិ ទ្រង់ត្រាស់​នឹងសារថី​ថា ម្នាលសារថី អ្នកកុំបររថទៅ ដោយរួសរាន់ឡើយ។ សុំឲ្យខ្ញុំឃើញព្រាហ្មណ៍ និង​គហបតី​ទាំង​ឡាយ អស់កាលយូរ។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិនេះ ជាឫទ្ធិទី៤។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ  ទ្រង់ប្រកបដោយឫទ្ធិ ៤យ៉ាង នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ថាដូចម្តេច ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ នេះផង ដោយឫទ្ធិ ៤យ៉ាង នេះផង តើទ្រង់សោយនូវសេចក្តីសុខ សោមនស្ស ព្រោះរតនៈ និងឫទ្ធិនោះ ជាហេតុ​ដែរឬអ្វី។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ស្តេចចក្រពត្តិ សូម្បីប្រកបដោយ​រតនៈ​តែមួយ​ៗ ក៏គង់សោយសេចក្តីសុខ សោមនស្ស ព្រោះរតនៈនោះ ជាហេតុទៅហើយ ចាំបាច់និយាយថ្វី ដល់ទៅប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ៤យ៉ាង (នោះ)។

[១៦៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ចាប់នូវដុំថ្មតូច ប្រមាណប៉ុនបាតដៃ ហើយត្រាស់សួរភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលតថាគត កំពុងកាន់នេះ និងស្តេចភ្នំហិមពាន្ត តើណាធំជាង។ ភិក្ខុទាំងឡាយ ក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ដុំថ្មតូចប្រមាណប៉ុនបាតដៃ ដែលព្រះអង្គកាន់នេះ តូចពេកណាស់ ប្រៀបផ្ទឹមនឹងស្តេចភ្នំហិមពាន្ត មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀបធៀបផង។ ម្នាលភិក្ខុទាំងឡាយ ស្តេចចក្រពត្តិ ប្រកបដោយរតនៈ ទាំង៧ប្រការ និង ឫទ្ធិ៤យ៉ាង ទ្រង់សោយសេចក្តីសុខ សោមនស្សណា ព្រោះរតនៈ និងឫទ្ធិ៍នោះ ជាហេតុ។ សេចក្តីសុខនោះ ប្រៀបផ្ទឹមនឹងសេចក្តីសុខទិព្វ មិនដល់នូវការរាប់ផង មិនដល់មួយចំណិតផង មិនដល់នូវការប្រៀប​ធៀបផង ក៏ដូច្នោះដែរ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ជនជាបណ្ឌិតនោះ បើអំណើះកាលយូរអង្វែងទៅម្តងៗ ក៏មកកាន់អត្តភាពជាមនុស្ស ក្នុងកាលជាខាងក្រោយ តែងកើតក្នុងត្រកូលខ្ពស់ គឺត្រកូល​ខត្តិយ​មហាសាលខ្លះ ត្រកូលព្រាហ្មណមហាសាលខ្លះ ត្រកូលគហបតីមហាសាលខ្លះ ជាត្រកូលស្តុកស្តម្ភ មាំមួន មានទ្រព្យច្រើន មានគ្រឿងប្រើប្រាស់ច្រើន មានប្រាក់មាសច្រើន មានគ្រឿងឧបករណ៍ច្រើន មានធញ្ញជាតជាទ្រព្យច្រើន។ មួយទៀត ជនជាបណ្ឌិតនោះ មានរូបល្អ គួរពិតពិលរមិលមើល គួរជ្រះថ្លា ប្រកបដោយសម្បុរល្អ ដ៏ក្រៃលែង ជាអ្នកបានបាយ ទឹក សំពត់ យាន ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប​ផ្សេង​ៗ ទីដេក ទីនៅអាស្រ័យ និងគ្រឿងប្រទីប។ ជនជាបណ្ឌិតនោះ តែងប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត។ លុះជនជាបណ្ឌិតនោះ ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត ហើយដល់​បែកធ្លាយ​រាងកាយ​ស្លាប់ទៅ ក៏ទៅកើត​ក្នុង​សុគតិ សួគ៌ ទេវលោក។

[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកលេងល្បែងភ្នាល់ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ហេតុដែលអ្នកលេងល្បែងភ្នាល់នោះ បាននូវគំនរទ្រព្យសម្បត្តិច្រើន ដោយការឈ្នះជាដំបូងប៉ុណ្ណោះនោះ ឈ្មោះថា ជាការឈ្នះតែបន្តិចបន្តួចទេ។ ចំណែកជនជាបណ្ឌិតនោះ  ប្រព្រឹត្តសុចរិតដោយកាយ ប្រព្រឹត្តសុចរិតដោយវាចា ប្រព្រឹត្តសុចរិតដោយចិត្ត លុះបែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក នេះឯង ទើបឈ្មោះថា ការឈ្នះធំជាងនោះទៅទៀត។ ម្នាលភិក្ខុទាំងឡាយ នេះឈ្មោះថា បណ្ឌិតភូមិ ដ៏បរិបូណ៌គ្រប់គ្រាន់។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ពាលបណ្ឌិតសូត្រ ទី៩។

ទេវទូតសូត្រ ទី១០

[១៧២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ កាលព្រះមានព្រះភាគ គង់នៅក្នុងវត្តនោះ បានត្រាស់ហៅភិក្ខុ​ទាំង​ឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៧៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ  មានផ្ទះពីរ ប្រកបដោយទ្វារ ក្នុងផ្ទះនោះ មានបុរសភ្នែកភ្លឺម្នាក់ ឈរចំកណ្តាល គប្បីមើលឃើញពួកមនុស្ស ដែលកំពុងចូលទៅ​កាន់​ផ្ទះក្តី ចេញអំពីផ្ទះក្តី កំពុងសញ្ចរទៅមកក្តី កំពុងត្រាច់ទៅមកក្តី សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យដូចតថាគត មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងលើសចក្ខុ​ជារបស់​នៃ​មនុស្សធម្មតា រមែងឃើញពួកសត្វលោក ដែលច្យុត ដែលកើត ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវពួកសត្វ ដែលអន្ទោលទៅតាមកម្ម របស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល ព្រះអរិយបុគ្គលឡើយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាអ្នកមិនតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវអំពើជាសម្មាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងមនុស្សលោក អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតប្រេតវិស័យ ចំណែកសត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀល ព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ចំណែកពួកសត្វនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គលទាំងឡាយ ជាមិច្ឆាទិដ្ឋ ប្រកាន់នូវអំពើជាមិច្ឆាទិដ្ឋិ លុះសត្វទាំងនោះ បែកធ្លាយរាងកាយស្លាប់ទៅ ក៏ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ ត្រង់ដើមដៃផ្សេងៗ នាំយកទៅថ្វាយ​ព្រះយមរាជ [ស្តេនោះ គឺជាស្តេចវេមានិកប្រេត ព្រោះវេមានិកប្រេតនេះ ចួនកាលសោយទិព្វសម្បត្តិ គឺមានដើមកប្បព្រឹក្សជាទិព្វ ឧទ្យាជាទិព្វ ស្រីរបាំជាទិព្វ ក្នុងទិព្វវិមាន ចួនកាលក្លាយទៅជាព្រះយមរាជ សោយកម្មវិបាក។ អដ្ឋកថា។] រួចក្រាបទូលថា បពិត្រព្រះឧបបត្តិទេព បុរសនេះ ជាអ្នកមិនគោរព​មាតាបិតា មិនគោរពសមណៈ មិនគោរពព្រាហ្មណ៍ មិនកោតក្រែងក្នុងត្រកូលរៀមច្បងទេ សូមទ្រង់ដាក់​អាជ្ញា ដល់បុរសនេះចុះ។

[១៧៥] ម្នាលភិក្ខុទាំងឡាយ ទើប ព្រះយមរាជ សាកសួរដេញដោល សួរឈ្លេចឈ្លី នូវ ទេវទូត ទី១ នឹងបុរសនោះថា នែបុរស​ អ្នកឯងមិនបានឃើញទេវទូតទី១ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា ម្នាលបុរស អ្នកឯងមិនបានឃើញកូនខ្ចី​ កំពុងដេកផ្ងារ ដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន ក្នុងមនុស្សលោក ទេឬ។ បុរសនោះ ក្រាបទូល​យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជាតិជាធម្មតា មិនកន្លងនូវជាតិទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើ​អំពើល្អ​ដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញដូច្នោះ) បានឡើយ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ មានព្រះឱង្ការពន្យល់បុរសនោះ យ៉ាងនេះថា ម្នាលបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។

[១៧៦] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី១ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី២ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូល​យ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯង មិនបានឃើញស្ត្រី ឬបុរស ដែលមានអាយុ៨០ឆ្នាំ ៩០ឆ្នាំ ឬ១០០ឆ្នាំ ដែលចាស់គ្រាំគ្រាអំពីកំណើត មានឆ្អឹងជំនីកោងដូចជាបង្កង់ផ្ទះ មានកាយកោង កាន់ឈើច្រត់ដើរទៅញ័ររន្ធត់ ក្តៅអន្ទះសា មានវ័យជ្រុលហួសហើយ មានធ្មេញបាក់ មានសក់ស្កូវ មានក្បាលឆក មានក្បាលទំពែក មានស្បែកជ្រួញជ្រីវ មានខ្លួនសៅហ្មងដោយប្រជ្រុយ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ បានឃើញ។ ម្នាលភិក្ខុទាំងឡាយ ទើបព្រះយមរាជសួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានសេចក្តីគ្រាំគ្រាជាធម្មតា មិនកន្លងនូវសេចក្តីគ្រាំគ្រាទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ក៏ត្រាស់ពន្យល់បុរស យ៉ាងនេះថា ម្នាលបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ ឯបាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។

[១៧៧] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី២ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ទៀតថា ម្នាលបុរស អ្នកឯងមិនបានឃើញទេវទូតទី៣ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ មិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញនូវស្ត្រី ឬបុរស ដែលមានជម្ងឺ ដល់នូវសេចក្តីលំបាក ឈឺធ្ងន់ កំពុងដេកត្រាំក្នុងទឹកមូត្រ និងលាមករបស់ខ្លួន លុះតែមានពួកជនដទៃគ្រាហ៍ ទើបក្រោករួច មានពួកជនដទៃគ្រាហ៍ ទើបចូលមកបាន ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានជម្ងឺជាធម្មតា មិនកន្លងនូវជម្ងឺទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនបានធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯង នឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៣ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ទៀតថា នែបុរស អ្នកឯងមិនបាន​ឃើញទេវទូតទី៤ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនបានឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ទើប​ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស ចុះអ្នកឯងបានឃើញ នូវព្រះរាជាទាំងឡាយ កាលចាប់ចោរ ដែលប្រព្រឹត្តអាក្រក់បានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ផ្សេងៗ គឺឲ្យវាយដោយ​រំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយដំបងខ្លីខ្លះ ឲ្យកាត់ដៃខ្លះ ឲ្យកាត់ជើងខ្លះ ឲ្យកាត់ទាំងដៃ ទាំងជើងខ្លះ ឲ្យកាត់ស្លឹកត្រចៀកខ្លះ ឲ្យកាត់ច្រមុះខ្លះ ឲ្យកាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះខ្លះ ឲ្យធ្វើពិលង្គថាលិកកម្ម គឺអំពើ ដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ [១ ។ល។ ១៣ មើល​នយលក្ខណៈ ក្នុងមហាទុក្ខក្ខន្ធសូត្រ គម្ពីរមជ្ឈិមនិកាយ មូលបណ្ណាសកៈ បឋមភាគ ទំព័រ ៣២០-៣២១។] ឲ្យធ្វើនូវសង្ខមុណ្ឌិកកម្ម គឺអំពើដែលគរធ្វើក្បាល ឲ្យរលីងដូចជាសំបកស័ង្ខខ្លះ [២] ឲ្យធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ ឲ្យដូចជាមាត់រាហុខ្លះ [៣] ឲ្យធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលគេធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ [៤] ឲ្យធ្វើនូវហត្ថប្បជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ [៥] ឲ្យធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាពន្លាត់ស្បែកពពែខ្លះ [៦] ឲ្យធ្វើនូវចីរកវាសិកកម្ម គឺអំពើ​ដែលគេធ្វើឲ្យ​ដូចជាស្លៀក​សំពត់សម្បក​ឈើខ្លះ [៧]  ឲ្យធ្វើនូវ​ឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យ​ដូចជាជើងសត្វទ្រាយខ្លះ [៨] ឲ្យធ្វើនូវពលិសមំសិកកម្ម គឺអំពើដែល​គេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ [៩] ឲ្យធ្វើនូវ​កហាបណកកម្ម គឺអំពើដែល​​គេធ្វើឲ្យខូចសរីរៈ ប្រមាណប៉ុន​​កហាបណៈមួយៗខ្លះ [១០] ឲ្យធ្វើនូវ​ខារាបតច្ឆិកកម្ម គឺអំពើដែល​គេយកទឹក​ផ្សាស្រោចខ្លះ [១១] ឲ្យធ្វើនូវ​បលីឃបវត្តិកកម្ម គឺអំពើដែលធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ [១២] ឲ្យធ្វើនូវ​បលាលបីឋកកម្ម គឺអំពើដែលគេធ្វើ​ឲ្យដូចជា​កណ្តាប់ចំបើងខ្លះ [១៣] ឲ្យស្រោច​ប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងា​លើឈើអណ្តោត​ទាំងរស់ខ្លះ ឲ្យកាត់ក្បាលដោយដាវខ្លះ ដូច្នេះដែរឬទេ។ បុរសនោះ​ក្រាបទូល​យ៉ាងនេះថា សូមទ្រង់​ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​បានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ​សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង​រហូតដល់ចាស់ តើមាន​គំនិតថា បានឮថា អ្នកណាធ្វើនូវ​បាបកម្មទាំងឡាយ អ្នកនោះ គេនឹងធ្វើកម្មករណ៍​ផ្សេងៗយ៉ាងនេះវិញ ក្នុងបច្ចុប្បន្ន​នេះឯង នឹងបាច់​និយាយថ្វី ក្នុងបរលោក បើដូច្នោះ គួរតែ​អាត្មាអញ ធ្វើអំពើល្អ​ដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះ​ដែរឬទេ។ បុរសនោះ ក្រាបទូល​យ៉ាងនេះថា សូមទ្រង់​ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​មិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់​ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ ជាមនុស្សប្រមាទ។ ម្នាលភិក្ខុ​ទាំងឡាយ ព្រះយមរាជ ក៏ត្រាស់​ពន្យល់បុរស​នោះ យ៉ាងនេះថា នែបុរស ព្រោះតែ​សេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តី​ប្រមាទ​យ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែន​បងប្អូនប្រុស​ធ្វើឲ្យទេ មិនមែនបងប្អូន​ស្រីធ្វើឲ្យទេ មិនមែនពួក​មិត្តអាមាត្យធ្វើឲ្យទេ មិនមែន​ពួកញាតិ​សាលោហិត​ធ្វើឲ្យទេ មិនមែនពួក​សមណព្រាហ្មណ៍​ធ្វើឲ្យទេ មិនមែន​ទេវតាទាំងឡាយ​ធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹង​ត្រូវទទួល​វិបាក នៃបាបកម្មនោះវិញ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៤ នឹងបុរសនោះរួចហើយ ទើបសាកសួរដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ទៀតថា នែបុរស អ្នកឯង មិនបានឃើញនូវទេវទូតទី៥ ដែលកើតប្រាកដ ក្នុងមនុស្សលោកទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រឡប់សួរបុរសនោះ យ៉ាងនេះវិញថា នែបុរស អ្នកឯងមិនបានឃើញស្ត្រី ឬបុរស ដែលស្លាប់អស់មួយថ្ងៃ ឬស្លាប់អស់ពីរថ្ងៃ ឬក៏ស្លាប់អស់បីថ្ងៃ កំពុងហើមប៉ោង មានសម្បុរខៀវ ដោយច្រើន មានខ្ទុះហូរចេញតាមទ្វារផ្សេងៗទេឬ។ បុរសនោះ ក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គបានឃើញ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ សួរបុរសនោះ យ៉ាងនេះទៀតថា នែបុរស កាលអ្នកឯងនោះ ដឹងក្តីឡើង រហូតដល់ចាស់ តើមានគំនិតថា អាត្មាអញឯង មានសេចក្តីស្លាប់ជាធម្មតា មិនកន្លងសេចក្តីស្លាប់ទៅបានឡើយ បើដូច្នោះ គួរតែអាត្មាអញ ធ្វើអំពើល្អដោយកាយ ដោយវាចា ដោយចិត្ត ដូច្នេះដែរឬទេ។ បុរសនោះក្រាបទូលយ៉ាងនេះថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គមិនអាច (នឹងគិតឃើញ) ទេ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គជាមនុស្សប្រមាទ។ ម្នាលភិក្ខុទាំងឡាយ ព្រះយមរាជ ត្រាស់ពន្យល់បុរសនោះ យ៉ាងនេះថា នែបុរស ព្រោះតែសេចក្តីប្រមាទ បានជាអ្នកឯង មិនធ្វើអំពើល្អ ដោយកាយ ដោយវាចា ដោយចិត្ត អើបុរស បើអ្នកឯង មានសេចក្តីប្រមាទយ៉ាងណា ពួកនិរយបាល នឹងធ្វើ (អ្នកឯង) យ៉ាងនោះវិញ ដ្បិតបាបកម្មរបស់អ្នកឯងនោះ មិនមែនមាតាធ្វើឲ្យទេ មិនមែនបិតាធ្វើឲ្យទេ មិនមែនបងប្អូនប្រុសធ្វើឲ្យទេ មិនមែនបងប្អូនស្រីធ្វើឲ្យទេ មិនមែនពួកមិត្តអាមាត្យធ្វើឲ្យទេ មិនមែនពួកញាតិសាលោហិតធ្វើឲ្យទេ មិនមែនពួកសមណព្រាហ្មណ៍ធ្វើឲ្យទេ មិនមែនទេវតាទាំងឡាយធ្វើឲ្យទេ បាបកម្មនុ៎ះ គឺអ្នកឯងធ្វើខ្លួនឯង អ្នកឯងនឹងត្រូវទទួលវិបាក នៃបាបកម្មនោះវិញ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះយមរាជបានសាកសួរ ដេញដោល សួរឈ្លេចឈ្លី នូវទេវទូតទី៥ នឹងបុរសនោះរួចហើយ ក៏ទ្រង់នៅស្ងៀម [សត្វណា ដែលព្រះយមរាជ គួរសួរដេញដោល អំពីទេវទូត ទាំង៥នោះ សត្វណា ដែលមិនគួរសួរដេញដោល។ សត្វដែលធ្វើបាបកម្មច្រើន ត្រូវទៅកើតក្នុងនរកតែម្តង ព្រះយមរាជមិនបាច់សួរទេ ចំណែកសត្វ ដែលធ្វើបាបកម្មតិច ត្រូវយមរាជសួរដេញដោល អំពីទេវទូត រឿងនេះដូចគ្នានឹង​រាជបុរស ដែលចាប់​ចោរបាន ព្រមទាំងទ្រព្យជាភស្តុតាង ហើយយកមកដាក់ទោសតែម្តង មិនបាច់ជំនុំជំរះ ចំណែកចោរណា ដែលចាប់បាន ល្មមនឹងសាកសួរ ក៏យកទៅសាលាវិនិច្ឆ័យ ឲ្យសាកសួរមើលសិន។ ពិតមែន សត្វដែលធ្វើបាបកម្មតិច ចួនកាលនឹកឃើញតាមធម្មតាខ្លួនឯង ចួនកាលទាល់តែមានគេរំលឹក ទើបនឹកឃើញ ចំណែកសត្វដែលនឹកមិនឃើញដោយខ្លួនឯង ព្រះយមរាជតែងសួរនូវទេវទូតទាំង៥។ ក្នុងទេវទូតទាំង៥នោះ សត្វខ្លះនឹកឃើញត្រង់ទេវទូតទី១ ខ្លះនឹកឃើញត្រង់ទេវទូតទី២ ឬទី៣ជាដើម ឯសត្វដែលនឹកមិនឃើញ ត្រង់ទេវទូតគ្រប់ទាំង៥នោះ ព្រះយមរាជតែងជួយនឹករកដោយព្រះអង្គឯង បើនឹកទៅឃើញថា មានធ្វើអំពើកុសលខ្លះ ទ្រង់ក៏បំភ្លឺសត្វនោះឲ្យយល់ឡើង បើទ្រង់នឹករកមើលមិនឃើញទេក៏នៅស្ងៀម នឹកក្នុងព្រះហឫទ័យថា ឱសត្វនេះ​មុខជា​នឹងបាន​ទុក្ខធំ។ អដ្ឋកថា។]។

[១៨០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ធ្វើនូវកម្មករណ៍ ឈ្មោះ បញ្ចពិធព័ន្ធន៍ (ចំណង៥ប្រការ) ចំពោះបុរសនោះ គឺផ្តេក (បុរសនោះ) ហើយបោះដែកគោលដ៏ក្តៅត្រង់ដៃ (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅ ត្រង់ដៃខាងឆ្វេង១ បោះដែកគោលដ៏ក្តៅ ត្រង់ជើង (ខាងស្តាំ)១ បោះដែកគោលដ៏ក្តៅត្រង់ជើងខាងឆ្វេង១ បោះដែកគោលដ៏ក្តៅចំកណ្តាលទ្រូង១។ បុរសនោះ ក៏រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងទីនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨១] ម្នាលភិក្ខុទាំងឡាយ លុះពួកនិរយបាល ចាប់ផ្តេកបុរសនោះរួចហើយ ទើបចាំងដោយដឹង។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយច្រាសដោយកាំបិតព្រា។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ទឹមបុរសនោះនឹងរថ ហើយបរទៅ បរមក លើប្រឹថពី ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ប្រើបុរសនោះឲ្យឡើងភ្នំ ឲ្យចុះអំពីភ្នំរងើកភ្លើងដ៏ធំ ដែលកំពុងក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ចាប់បុរសនោះ យកជើងឡើងលើ យកក្បាលចុះក្រោម ហើយទម្លាក់ទៅក្នុងខ្ទះទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ។ បុរសនោះ ក៏ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ។ កាលបុរសនោះ ឆេះនឹងកំសួលពពុះ ក្នុងខ្ទះទង់ដែងនោះ  ចួនកាលអណ្តែតឡើងលើម្តង ចួនកាលលិចចុះក្រោមម្តង ចួនកាលអណ្តែតទៅទទឹងម្តង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងខ្ទះទង់ដែងនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨២] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏បោះបុរសនោះ ទៅក្នុងមហានរក [ប្រែថា នរកធំឈ្មោះ អវចី ៗសព្ទនេះ ប្រែថា ទីគ្មានចន្លោះ គឺនរកនោះ គ្មានចន្លោះអណ្តាតភ្លើង គ្មានចន្លោះសត្វ គ្មានចន្លោះសេចក្តីទុក្ខ គឺពាសពេញដោយភ្លើង ពេញដោយសត្វនរក ៗរងទុក្ខឥតមានល្ហែ។ ទំហំអវចីមហានរកនោះ ខាងបណ្តោយ និងទទឹង ៩០០យោជន៍ ដូចគ្នា កំពស់ជញ្ជាំងមួយៗ ៩យោជន៍ ឯផ្ទៃផែនដី ខាងក្រោម ក្រាលដោយលោហៈ ដំបូលក៏ប្រក់ដោយលោហៈ។ អដ្ឋកថា។]។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះសោត មានជ្រុងបួន មានទ្វារបួន បែងចែកដោយចំណែកៗ មានរបងដែកព័ទ្ធព័ន្ធជុំវិញ គ្របដោយ​គម្រប​ដែក។ ផ្ទៃផែនដីខាងក្រោម នៃមហានរកនោះ សុទ្ធតែដែក មានភ្លើងឆេះច្រាលរន្ទាល ផ្សាយទៅ បានមួយរយយោជន៍ជុំវិញ តាំងនៅសព្វៗកាល។ ម្នាលភិក្ខុទាំងឡាយ មហានរក នោះឯង មានអណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងកើត ឆាបដល់ជញ្ជាំងខាងលិច។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងលិច ឆាបដល់ជញ្ជាំងខាងកើត។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងជើង ឆាបដល់ជញ្ជាំងខាងត្បូង។ អណ្តាតភ្លើងឆេះឡើង អំពីជញ្ជាំងខាងត្បូង ឆាបដល់ជញ្ជាំងខាងជើង។ អណ្តាតភ្លើងឆេះឡើង អំពីខាងក្រោម ឆាបដល់ខាងលើ  អណ្តាតភ្លើងឆេះឡើង អំពីខាងលើ ឆាបដល់ខាងក្រោម។ បុរសនោះ ក៏រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៣] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងកើត នៃមហានរកនោះ។ បុរសនោះ ក៏ស្ទុះដ៏រហ័សទៅត្រង់ទ្វារនោះ។ កាលដែលបុរសនោះស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះ ក៏និរយបាលបិទទៅវិញ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៤] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារខាងលិច នៃអវចីមហានរកនោះ។បេ។ បើកទ្វារខាងជើង។បេ។ បើកទ្វារខាងត្បូង។ បុរសនោះ ក៏ស្ទុះដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះ ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កាលបុរសនោះតាំងនោះ (ក្នុងទីនោះ) ជាច្រើនឆ្នាំ ទ្វារនោះក៏និរយបាលបិទទៅវិញ។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងមហានរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ លុះកន្លងកាលវែងឆ្ងាយទៅម្តងៗ មានសម័យដែលពួកនិរយបាល បើកទ្វារ​ខាងកើត​នៃមហា​នរកនោះ។ បុរសនោះក៏ស្ទុះទៅ ដោយសន្ទុះដ៏រហ័ស ទៅត្រង់ទ្វារនោះ។ កាលបុរសនោះស្ទុះ ដោយសន្ទុះដ៏រហ័ស ភ្លើងក៏ឆេះស្បែកក្រៅផង ឆេះស្បែកក្នុងផង ឆេះសាច់ផង ឆេះសរសៃផង ឆេះឆ្អឹងផង ហុយផ្សែងទ្រលោមឡើង កាលលើកជើងឡើងរត់ទៅ ភ្លើងក៏នៅតែឆេះប្រាកដ ដូច្នោះឯង។ បុរសនោះ ក៏ស្ទុះចេញទៅតាមទ្វារនោះ។ ម្នាលភិក្ខុទាំងឡាយ មាន គូថនរក [ប្រែថា នរកពេញហៀរដោយលាមក] ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងមហានរកនោះឯង។ បុរសនោះ ធ្លាក់ទៅក្នុងគូថនរក។ ម្នាលភិក្ខុទាំងឡាយ ក្នុងគូថនរកនោះសោត មានសត្វទាំងឡាយ មាត់ស្រួចដូចម្ជុល កកេរស្បែកក្រៅ លុះកកេរស្បែកក្រៅហើយ កកេរស្បែកក្នុង លុះកកេរស្បែកក្នុងហើយ កកេរសាច់ លុះកកេរសាច់ហើយ កកេរសរសៃ លុះកកេរសរសៃហើយ កកេរឆ្អឹង លុះកកេរឆ្អឹងហើយ ទើបខាំស៊ីខួរក្នុងឆ្អឹង។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងគូថនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ មាន កុក្កុលនរក [ប្រែថា នរកពេញហៀរដោយផេះក្តៅ] ដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងគូថនរកនោះឯង។ បុរសនោះធ្លាក់ទៅក្នុងកុក្កុលនរកនោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងកុក្កុលនរកនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៧] ម្នាលភិក្ខុទាំងឡាយ មានព្រៃរកាដ៏ធំ ខ្ពស់ត្រដួចឡើងមួយយោជន៍ មានបន្លា១៦ធ្នាប់ ភ្លើងឆេះក្តៅសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ តាំងនៅបន្ទាប់គ្នា នឹងកុក្កុលនរកនោះឯង។ ពួកនិរយបាល ក៏ប្រើបុរសនោះឲ្យឡើង ឲ្យចុះអំពីព្រៃរកានោះ។ បុរសនោះ រងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាលើដើមរកានោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៨] ម្នាលភិក្ខុទាំងឡាយ មានព្រៃស្មៅសសិតធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃរកានោះឯង។ បុរសនោះចូលទៅក្នុងព្រៃស្មៅសសិតនោះ។ ខ្យល់បក់ស្លឹកសសិតនោះ មកកាត់ដៃ កាត់ជើង កាត់ទាំងដៃទាំងជើង កាត់ស្លឹកត្រចៀក កាត់ច្រមុះ កាត់ទាំងស្លឹកត្រចៀក ទាំងច្រមុះ (របស់បុរសនោះ)។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សា ក្នុងព្រៃសសិតនោះ បើបាបកម្មមិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ មានស្ទឹងទឹកផ្សាដ៏ធំ តាំងនៅបន្ទាប់គ្នា នឹងព្រៃស្មៅសសិតនោះឯង។ បុរសនោះ ក៏ធ្លាក់ទៅក្នុងស្ទឹងនោះ។ បុរសនោះ ចួនកាលអណ្តែតបណ្តោយខ្សែទឹក ចួនកាលអណ្តែតច្រាសខ្សែទឹក ចួនកាល​អណ្តែត​ទាំងបណ្តោយ​ខ្សែទឹក ទាំងច្រាស​ខ្សែទឹក ក្នុងស្ទឹងនោះ។ បុរសនោះ​រងទុក្ខវេទនា​ក្លាខ្លាំង ខ្លោចផ្សា​ក្នុងស្ទឹងនោះ បើបាប​កម្មនោះ មិនទាន់​អស់ត្រឹមណា ក៏មិនទាន់​ស្លាប់ត្រឹមនោះ។

[១៩០] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកសន្ទូច ស្ទូចបុរសនោះវាត់ឡើង ដាក់មកលើគោក ហើយសួរយ៉ាងនេះថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំឃ្លានបាយ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល ក៏យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយញាត់នូវដុំទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ដុំទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះ រងទុក្ខវេទនា ក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។

[១៩១] ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល សួរបុរសនោះយ៉ាងនេះទៀតថា នែបុរស អ្នកឯងប្រាថ្នាអ្វី។ បុរសនោះ ឆ្លើយយ៉ាងនេះថា បពិត្រលោកដ៏ចម្រើន ខ្ញុំស្រេកទឹក។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល យកកង្វេរដែកដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ មកបើកមាត់បុរសនោះ ហើយបង្អកទឹកទង់ដែងដ៏ក្តៅ ដែលភ្លើងកំពុងឆេះសព្វ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ទៅក្នុងមាត់។ ទឹកទង់ដែងនោះ ក៏ឆេះបបូរមាត់ ឆេះមាត់ ឆេះបំពង់ក ឆេះពោះ នាំយកទាំងពោះវៀនធំ ទាំងពោះវៀនតូច របស់បុរសនោះ ចេញមកខាងក្រោម។ បុរសនោះរងទុក្ខវេទនាក្លាខ្លាំង ខ្លោចផ្សាក្នុងនរកនោះ បើបាបកម្មនោះ មិនទាន់អស់ត្រឹមណា ក៏មិនទាន់ស្លាប់ត្រឹមនោះ។ ម្នាលភិក្ខុទាំងឡាយ ពួកនិរយបាល បោះទម្លាក់បុរសនោះ ទៅក្នុង​មហានរក​វិញ។

[១៩២] ម្នាលភិក្ខុទាំងឡាយ រឿងរាវធ្លាប់មានមកហើយថា ព្រះយមរាជ មានសេចក្តីត្រិះរិះដូច្នេះថា បានឮថា សត្វទាំងឡាយណា ធ្វើបាបកម្មក្នុងលោក សត្វនោះឯង រមែងត្រូវគេធ្វើកម្មករណ៍ផ្សេងៗ មានសភាពយ៉ាងនេះ ឱហ្ន៎ អាត្មាអញ សូមឲ្យបានអត្តភាពជាមនុស្ស ឲ្យទាន់ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ត្រាស់ឡើងក្នុងលោក សូមឲ្យអាត្មាអញ ចូលទៅអង្គុយជិតព្រះមានព្រះភាគអង្គនោះ បើព្រះមានព្រះភាគ អង្គនោះ ទ្រង់សំដែងធម៌ប្រោសអាត្មាអញ សូមឲ្យអាត្មាអញ យល់ច្បាស់ នូវធម៌របស់ព្រះមានព្រះភាគ អង្គនោះ។ ម្នាលភិក្ខុទាំងឡាយ ឯតថាគត មិនមែនបានស្តាប់រឿងនោះឯង អំពីសមណៈ ឬព្រាហ្មណ៍ដទៃណាមួយ ហើយ (នាំមក) សំដែងទេ តាមដែលពិតនោះ តថាគត សំដែងរឿងដែលតថាគតដឹងខ្លួនឯង ឃើញខ្លួនឯង យល់ខ្លួនឯង តែមួយយ៉ាង។

[១៩៣] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ លុះព្រះសុគត ទ្រង់ត្រាស់​​ព្រះសូត្រ​នេះចប់ហើយ ទើប​ព្រះសាស្តា ទ្រង់ត្រាស់​និពន្ធគាថា​នេះតទៅថា

មាណពទាំងឡាយណា ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ ក៏នៅតែប្រមាទ មាណពទាំងនោះឯង ជាអ្នកបាននូវកាយ ដ៏ថោកទាប រមែងសោកសៅ អស់កាលយូរអង្វែង ចំណែកមាណពណា ក្នុងលោកនេះ ជាសប្បុរស មានសន្តានស្ងប់រម្ងាប់ ដែលយមរាជ ដាស់តឿនដោយទេវទូតទាំងឡាយហើយ តែងមិនប្រមាទ ក្នុងអរិយធម៌ ក្នុងកាលណាឡើយ រមែងឃើញនូវភ័យ ក្នុងឧបាទាន ជាហេតុកើតឡើងនៃជាតិ និងមរណៈ តែងចុះចិត្តស៊ប់ ក្នុងព្រះនិព្វាន ជាធម្មជាតអស់ទៅនៃជាតិ និងមរណៈ ព្រោះមិនប្រកាន់មាំ មាណពនោះឯង ជាអ្នកដល់នូវទីដ៏ក្សេម មានសេចក្តីសុខ រលត់កិលេសក្នុងបច្ចុប្បន្ន ជាអ្នកកន្លងផុតនូវពៀរ និងភ័យទាំងពួង បានឆ្លងផុតនូវទុក្ខទាំងពួង។

ចប់ទេវទូតសូត្រ ទី១០។

ចប់សុញ្ញតវគ្គ ទី៣។

បញ្ជីឈ្មោះសូត្រនៃសុញ្ញតវគ្គនោះគឺ

ចូឡសុញ្ញតសូត្រ មហាសុញ្ញតសូត្រ អច្ឆរិយព្ភូតធម្មសូត្រ​ដ៏ប្រសើរ ពក្កុលត្ថេរច្ឆរិយព្ភូតធម្មសូត្រ ទន្តភូមិសូត្រ ភូមិជសូត្រ អនុរុទ្ធសូត្រ ឧបក្កិលេសសូត្រ ពាលបណ្ឌិតសូត្រ ទេវទូតសូត្រ។

ចប់ ភាគ២៧។