វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |២០|២១|២២|២៣|២៤| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

មជ្ឈិមនិកាយ មូលបណ្ណាសក តតិយភាគ

ភាគ ២២

មហាយមកវគ្គ

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

ចូឡគោសិង្គសាលសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ព្រះពន្លាឥដ្ឋ ទៀបនាទិកគ្រាម។ សម័យនោះឯង ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយមាន​អាយុ និងព្រះកិមិលៈមានអាយុ នៅក្នុងព្រៃឈ្មោះ គោសិង្គសាលវ័ន [ពាក្យថា គោសិង្គសាលវ័ននេះ ជាឈ្មោះព្រៃ ដែលអាស្រ័យនឹងឈើធំ១ដើម ដុះប្រគាបចេញ មានសណ្ឋាន​ដូចស្នែងគោ។]។ គ្រានោះ ព្រះមានព្រះភាគ ចេញចាកទីសម្ងំ ក្នុងសាយណ្ហ​សម័យ ហើយចូលទៅក្នុងព្រៃគោសិង្គសាលវ័ននោះ។ អ្នករក្សាព្រៃ បានឃើញព្រះមាន​ព្រះភាគ កំពុងស្តេច​ទៅអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹង​ព្រះមានព្រះភាគ យ៉ាង​នេះថា នែសមណៈ សូមលោកកុំចូលទៅក្នុងព្រៃនុ៎ះឡើយ ព្រោះ​ក្នុងព្រៃនុ៎ះ មាន​កុលបុត្ត​៣រូប ជាអ្នកប្រាថ្នានូវប្រយោជន៍បម្រុងខ្លួន សូមលោកកុំធ្វើនូវ​សេចក្តីអផ្សុក ដល់​កុលបុត្តទាំងនោះឡើយ។ ព្រះអនុរុទ្ធមានអាយុ បានឮពាក្យអ្នករក្សា​ព្រៃ កំពុងជជែក​នឹង​ព្រះមានព្រះភាគ លុះឮហើយ ក៏បាននិយាយនឹងអ្នករក្សាព្រៃ យ៉ាង​នេះថា ម្នាលអ្នក​រក្សា​ព្រៃ​ដ៏មានអាយុ អ្នកកុំឃាត់​ព្រះមានព្រះភាគឡើយ ព្រោះព្រះមានព្រះភាគ ជាសា​ស្តាចារ្យ​របស់យើង ទ្រង់ស្តេចមកដល់ហើយ។ លំដាប់នោះ ព្រះអនុរុទ្ធមានអាយុ ក៏​ចូល​ទៅរកព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈ​មានអាយុ លុះចូលទៅដល់ហើយ ក៏បាន​និយាយ​​នឹងព្រះនន្ទិយៈមានអាយុផង ព្រះកិមិលៈ​មានអាយុផង យ៉ាងនេះថា ម្នាល​លោក​មានអាយុទាំងឡាយ ចូរលោក​មកនេះ ម្នាលលោកមានអាយុទាំងឡាយ ចូរលោក​មកនេះ ព្រះមានព្រះភាគ ជាបរមគ្រូ​នៃយើង ព្រះអង្គស្តេចមកដល់ហើយ។ គ្រានោះ ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈ​មានអាយុ ក្រោកទទួល​ព្រះមាន​ព្រះភាគ​ មួយអង្គ ទទួលបាត្រ និងចីវរ របស់ព្រះមានព្រះភាគ មួយអង្គ ក្រាល​អាសនៈ មួយអង្គទៀត តំកល់​ទឹកទុកសម្រាប់លាងព្រះបាទ។ ព្រះមានព្រះភាគ ក៏គង់​លើ​អាសនៈ ដែលភិក្ខុក្រាលថ្វាយ លុះគង់​រួច ក៏ទ្រង់ឲ្យលាងព្រះបាទ។ ចំណែកព្រះថេរៈ​មាន​អាយុទាំងនោះ នាំគ្នាថ្វាយ​បង្គំ​ព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។

[២] ព្រះមានព្រះភាគ បានត្រាស់នឹងព្រះអនុរុទ្ធមានអាយុ ដែលអង្គុយ​ក្នុងទីដ៏​សមគួរហើយ យ៉ាងនេះថា ម្នាលអនុរុទ្ធទាំងឡាយ [ពាក្យថា អនុរុទ្ធទាំងឡាយ ជាវោហារ ហៅរួមដល់ព្រះនន្ទិយៈ និងព្រះកិមិលៈផង។] អ្នកទាំងឡាយល្មមអត់ធន់បានឬទេ អ្នក​ទាំងឡាយល្មម​ប្រព្រឹត្តទៅបានស្រួលឬទេ អ្នកទាំងឡាយមិនលំបាកដោយអាហារ​បិណ្ឌបាតទេឬ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ ល្មមអត់ធន់បាន បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គទាំងឡាយ ល្មមប្រព្រឹត្ត​ទៅបានស្រួល សូមទ្រង់ព្រះមេត្តាប្រោស មួយទៀត ខ្ញុំព្រះអង្គទាំងឡាយ មិនបាន​លំបាក​ដោយបិណ្ឌបាតទេ។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចជាទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុ​គួរឲ្យ​ស្រឡាញ់ទេឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ ជាអ្នកព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់តែម្យ៉ាង។ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំងឡាយ ព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹកដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយ​ចក្ខុ​គួរ​ឲ្យស្រឡាញ់ ដូចម្តេចខ្លះ។

[៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តីត្រិះរិះ ក្នុងទីនេះ យ៉ាងនេះថា អាត្មាអញ ពេញហៅមានលាភ អាត្មាអញពេញហៅបានស្រួល ត្រង់ដែល​អាត្មាអញ នៅជាមួយនឹងពួកសព្រហ្មចារី មានសភាពយ៉ាងនេះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គនោះ បានតាំងកាយកម្មប្រកបដោយមេត្តា ទៅរកលោកមានអាយុទាំងនេះ ទាំង​ទីចំពោះមុខ ទាំងទីកំបាំងមុខ តាំងវចីកម្ម ប្រកបដោយមេត្តា តាំងមនោកម្ម ប្រកបដោយ​មេត្តា ទាំង​ទីចំពោះមុខ ទាំងទីកំបាំងមុខ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្ត​ទៅតាមអំណាច​នៃចិត្តរបស់លោកមានអាយុ​ទាំងនេះឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្ត​ទៅតាមអំណាច​នៃចិត្តរបស់​លោកមាន​អាយុ​ទាំងនេះឯង បពិត្រព្រះអង្គដ៏ចំរើន តាមពិត កាយរបស់ខ្ញុំព្រះអង្គទាំងឡាយ ទីទៃ​ពីគ្នាមែន ប៉ុន្តែចិត្តមានទំនងជាមួយគ្នា។ ចំណែកនន្ទិយៈមានអាយុ។បេ។ ចំណែក​កិមិលៈ​មានអាយុ បានក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ក៏មានសេចក្តី​ត្រិះរិះ ក្នុងទីនេះ យ៉ាងនេះថា អាត្មាអញ ពេញជាមានលាភ អាត្មាអញ ពេញហៅបានស្រួលហើយ ត្រង់ដែល​អាត្មាអញ នៅជាមួយនឹងពួកសព្រហ្មចារី មាន​សភាព​យ៉ាងនេះ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គនោះ បានតាំង​កាយកម្ម ប្រកបដោយមេត្តា ទៅរកលោកមានអាយុទាំងនេះ ទាំង​ទីចំពោះមុខ ទាំងទីកំបាំងមុខ តាំងវចីកម្ម ប្រកបដោយមេត្តា… តាំងមនោកម្ម ប្រកបដោយ​មេត្តា ទាំង​ទីចំពោះមុខ ទាំងទីកំបាំងមុខ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញ ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្ត​ទៅតាមអំណាច​ចិត្ត របស់​លោក​មាន​អាយុ​ទាំងនេះឯង ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ក៏ដាក់ចិត្តរបស់ខ្លួន ឲ្យប្រព្រឹត្ត​ទៅ តាមអំណាច​នៃចិត្ត របស់​លោកមាន​អាយុ​ទាំងនេះឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន តាមពិត កាយរបស់យើងខ្ញុំព្រះអង្គ ទីទៃ​ពីគ្នាមែន ប៉ុន្តែចិត្តមានទំនងជាមួយគ្នា។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ព្រមព្រៀង ស្រុះស្រួល មិនទាស់ទែងគ្នា ដូចទឹក​ដោះលាយទឹក រមិលមើលគ្នាទៅវិញទៅមក ដោយចក្ខុគួរឲ្យស្រឡាញ់ យ៉ាងនេះឯង។

[៤] ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះអ្នកទាំង​ឡាយមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ខ្លះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សុទ្ធតែជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្ត​បញ្ជូនទៅកាន់ព្រះនិព្វាន តែមួយ​ចំណែក។ ម្នាលអនុរុទ្ធទាំងឡាយ អ្នកទាំងឡាយ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន យ៉ាងណាខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន បណ្តាយើងខ្ញុំព្រះអង្គ ក្នុងទីនេះ លោកណាត្រឡប់ពីបិណ្ឌបាត​ អំពីស្រុកមុនគេ លោកនោះ ក៏រៀបក្រាលអាសនៈ តំកល់ទឹកឆាន់ និងទឹកសម្រាប់ប្រើប្រាស់ តំកល់ទុកនូវភាជន៍ សម្រាប់រំលែក​បិណ្ឌបាត ដែលមានច្រើន លោកណាត្រឡប់​ពីបិណ្ឌបាត អំពីស្រុកក្រោយគេ បើមានភត្តដ៏សេសសល់អំពីភត្ត ដែល​លោកអង្គណាបរិភោគហើយ បើចង់បរិភោគ ក៏បរិភោគទៅ បើមិនចង់បរិភោគទេ ក៏ចាក់​ចោលក្នុងទីដែលប្រាសចាកតិណជាតិ មានពណ៌ខៀវ ឬចាក់ចោលចោលក្នុងទឹក ដែល​ប្រាសចាកសត្វ ភិក្ខុនោះ ទុកដាក់អាសនៈ ទុកដាក់ទឹកសម្រាប់ឆាន់ និងទឹកសម្រាប់​ប្រើ​ប្រាស់ ទុកដាក់ភាជន៍សម្រាប់ផ្ទេរបិណ្ឌបាត និងបោសសំអាតរោងភត្ត លោកណាឃើញ​ក្អមសម្រាប់​ដាក់ទឹកឆាន់ ក្អមដាក់ទឹកប្រើប្រាស់ ឬក្អម​សម្រាប់ដាក់ទឹក​ទុកក្នុងវច្ចកុដិ មានទឹកតិច ឬទទេ ភិក្ខុនោះ តែងដង (ទឹកទុក) បើភិក្ខុនោះ មិនអាចនឹង​លើកភារៈ​នោះ​រួចទេ ក៏ហៅភិក្ខុជាគំរប់ពីរមក ដោយវិការៈនៃដៃ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ទុកដាក់ដោយការជួយគ្នាដោយដៃ មិនបាច់បញ្ចេញវាចា ព្រោះកិច្ច​ការនោះជាបច្ច័យ​ឡើយ បពិត្រព្រះអង្គដ៏ចំរើន មួយវិញទៀត យើងខ្ញុំព្រះអង្គ តែងអង្គុយប្រជុំគ្នា ដោយ​ធម្មីកថា ពេញមួយយប់ រាល់ថ្ងៃទី៥ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ ជាអ្នក​មិន​ប្រមាទ មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់ព្រះនិព្វាន យ៉ាងនេះ។

[៥] ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ចុះផាសុវិហារធម៌ (ធម៌ជាទីនៅសប្បាយ) ដ៏វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈបាន ក្រៃលែងជាងមនុស្សធម៌ ដែល​លោកទាំងឡាយ ជាអ្នកមិនប្រមាទ មានព្យាយាម មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន បានត្រាស់ដឹងយ៉ាងនេះហើយ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌​នោះ ដែលយើងខ្ញុំព្រះអង្គបានត្រាស់ដឹងហើយ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសល​ធម៌​ទាំងឡាយ ជាកំណត់ ក៏បានចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពី​វិវេក បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈបាន ដ៏ក្រៃលែងជាងមនុស្សធម៌ ដែលយើងខ្ញុំព្រះអង្គ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកិលេស មាន​ចិត្ត​បញ្ជូន​​ទៅកាន់​ព្រះនិព្វាន បានត្រាស់ដឹងហើយ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះ ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួន​ឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលអ្នកទាំងឡាយ ត្រាស់ដឹង​ហើយ ដើម្បីកន្លងនូវផាសុវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវផាសុវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌​នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំព្រះអង្គ ប្រាថ្នាឲ្យស្ងប់រម្ងាប់ នូវវិតក្កៈ និងវិចារៈ ជាកំណត់ បានចូលទុតិយជ្ឈាន ជាធម្មជាតិកើតមានក្នុងសន្តានរបស់ខ្លួន ប្រកបដោយសទ្ធា មានសភាព​ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែល​កើតអំពីសមាធិ បពិត្រព្រះអង្គដ៏ចំរើន នេះជាផាសុវិហារធម៌ ជាធម៌វិសេស គឺ​ញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់​នូវ​វិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះ ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួន​ឲ្យជាអរិយៈ ដ៏ក្រៃលែង​ជាង​មនុស្សធម៌​ដទៃទៀត ដែលអ្នកទាំងឡាយ បានត្រាស់ដឹង​ហើយ ដើម្បីកន្លង​នូវ​ផាសុវិហារធម៌នុ៎ះ ដើម្បីរម្ងាប់នូវផាសុវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌​នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំ​ព្រះអង្គ ប្រាថ្នាប្រាកដ យើងខ្ញុំព្រះអង្គ ក៏ប្រាសចាកបីតិ មានតែឧបេក្ខា និងសតិសម្បជញ្ញៈ ទទួលនូវ​សេចក្តី​សុខដោយកាយ បានដល់តតិយជ្ឈាន ដែលព្រះអរិយបុគ្គលទាំងឡាយ សំដែងថា បុគ្គល​ប្រកបដោយតតិយជ្ឈាន ជាអ្នកមានឧបេក្ខា មានសតិនៅជាសុខនោះ បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃ​ទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់​នូវ​វិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះ ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួន​ឲ្យជាអរិយៈ ដ៏ក្រៃលែង​ជាង​មនុស្ស​ធម៌ដទៃទៀត ដែលអ្នកទាំងឡាយ បានត្រាស់ដឹង​ហើយ ដើម្បីកន្លងនូវវិហារធម៌​នុ៎ះ ដើម្បីរម្ងាប់នូវសុវិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌​នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំ​ព្រះអង្គ ប្រាថ្នា​ប្រាកដ យើងខ្ញុំព្រះអង្គ បានលះសុខផង លះទុក្ខផង រំលត់នូវសោមនស្ស និងទោមនស្ស អំពីមុនផង ក៏បានដល់ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃ​ទៀត ដែលយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់​នូវ​វិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួន​ឲ្យជាអរិយៈ ដ៏ក្រៃលែង​ជាង​មនុស្ស​ធម៌ដទៃទៀត ដែលពួកអ្នកបានត្រាស់ដឹង​ហើយ ដើម្បីកន្លងនូវវិហារធម៌​នុ៎ះ ដើម្បី​រម្ងាប់​នូវ​វិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌​នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំ​ព្រះអង្គ ប្រាថ្នាជា​ប្រាកដ យើងខ្ញុំ​ព្រះអង្គ កន្លងនូវពួកសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវពួក​បដិឃសញ្ញា ដោយប្រការទាំ​ពួង ក៏ចូលអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន នេះជាផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើ​ខ្លួនឲ្យជាអរិយៈ ក្រៃលែងជាងមនុស្សធម៌ដទៃ​ទៀត ដែលយើងខ្ញុំព្រះអង្គ បាន​ត្រាស់​ដឹង​ហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់​នូវ​វិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួន​ឲ្យជាអរិយៈ ក្រៃលែង​ជាង​មនុស្ស​ធម៌ដទៃទៀត ដែលពួកអ្នកបានត្រាស់ដឹង​ហើយ ដើម្បីកន្លងនូវវិហារធម៌​នុ៎ះ ដើម្បី​រម្ងាប់​នូវ​វិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ផាសុវិហារធម៌​នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំ​ព្រះអង្គ ប្រាថ្នាជា​ប្រាកដ យើងខ្ញុំព្រះអង្គ ក៏បានកន្លង​នូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង បានចូលវិញ្ញាណញ្ចា​យតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ។បេ។ កន្លងវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានចូលអាកិញ្ចញ្ញាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អ្វីតិចតួចក៏មិនមាន ដូច្នេះ។បេ។ កន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវនេវសញ្ញានាសញ្ញាយតនជ្ឈាន បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ដទៃ​ទៀត ដែលពួកយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បីកន្លងនូវវិហារធម៌នុ៎ះ ដើម្បីរម្ងាប់​នូវ​វិហារធម៌នុ៎ះ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាលអនុរុទ្ធទាំងឡាយ ចុះផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួន​ឲ្យជាអរិយៈ ក្រៃលែង​ជាង​មនុស្ស​ធម៌​ដទៃ​ទៀត ដែលពួកអ្នកបានត្រាស់ដឹង​ហើយ ដើម្បីកន្លងនូវវិហារធម៌​នុ៎ះ ដើម្បី​រម្ងាប់​នូវ​វិហារធម៌នុ៎ះ មានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ផាសុវិហារធម៌​នោះ ថ្វីក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ក្នុងទីនេះ យើងខ្ញុំ​ព្រះអង្គ ប្រាថ្នាជា​ប្រាកដ យើងខ្ញុំព្រះអង្គ បានកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏​បានចូលសញ្ញាវេទយិតនិរោធ អាសវៈទាំងឡាយ របស់ពួកយើងខ្ញុំព្រះអង្គ ក៏អស់​ទៅ​មិនសល់ ព្រោះបានឃើញច្បាស់ ដោយវិបស្សនាបញ្ញា បពិត្រព្រះអង្គដ៏ចំរើន នេះជា ផាសុវិហារធម៌ ជាធម៌វិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏ក្រៃលែង​ជាងមនុស្សធម៌ដទៃ​ទៀត ដែលពួកយើងខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយ ដើម្បី​កន្លង​នូវ​វិហារធម៌នុ៎ះ ដើម្បីរម្ងាប់​នូវ​វិហារធម៌នុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត យើងខ្ញុំ​ព្រះអង្គ មិនឃើញច្បាស់ នូវផាសុវិហារធម៌ដទៃ ឲ្យលើសលុបជាង ឲ្យថ្លៃថ្លាជាង​ផាសុវិហារធម៌នេះទៅទៀតទេ។ ម្នាលអនុរុទ្ធទាំងឡាយ ត្រូវល្អហើយ ម្នាល​អនុរុទ្ធ​ទាំងឡាយ ផាសុវិហារធម៌ដទៃ ដែលលើសលុបជាង ថ្លៃថ្លាជាងផាសុវិហារធម៌នុ៎ះ​ទៅទៀត មិនមានទេ។

[៦] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ពន្យល់​ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈ​មានអាយុ និងព្រះកិមិលៈមានអាយុ ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហាន ឲ្យ​រីករាយ ដោយធម្មីកថាហើយ ទ្រង់ក្រោកអំពីអាសនៈ ស្តេចចេញទៅ។ លំដាប់នោះ​ឯង ព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈ​មានអាយុ និងព្រះកិមិលៈមានអាយុ ក៏តាមហែ​ព្រះមានព្រះភាគទៅ ហើយត្រឡប់​មកអំពីទីនោះវិញ ព្រះនន្ទិយៈ​មានអាយុ និងព្រះកិមិលៈមានអាយុ បាននិយាយនឹងព្រះអនុរុទ្ធ​មានអាយុ យ៉ាងនេះថា យើង​ទាំងឡាយ បានប្រាប់ព្រះអនុរុទ្ធមានអាយុ យ៉ាងនេះថា យើងទាំងឡាយ បាននូវ​វិហារសមាបត្តិ​ទាំងឡាយនេះផង នេះផង ដូច្នេះដែរឬទេ បានជា​ព្រះអនុរុទ្ធ​មានអាយុ ប្រកាស(គុណ) របស់យើងដរាប អំពីការអស់ទៅនៃអាសវៈទាំងឡាយ ក្នុងទីចំពោះ​ព្រះភក្ត្រនៃ​ព្រះមានព្រះភាគ។ ព្រះអនុរុទ្ធតបថា លោកដ៏មានអាយុទាំងឡាយ មិនបាន​ប្រាប់ដល់ខ្ញុំយ៉ាងនេះទេថា យើងទាំងឡាយ ជាអ្នកបាននូវ​វិហារសមាបត្តិ​ទាំងឡាយ​នេះផង នេះផង ដូច្នេះមែន ប៉ុន្តែខ្ញុំកំណត់ដឹង​ចិត្តលោកមានអាយុទាំងឡាយ ដោយចិត្ត​របស់ខ្ញុំថា លោកមានអាយុទាំងឡាយនេះ បាននូវវិហារសមាបត្តិនេះផង នេះផង ដូច្នេះ ទាំងពួកទេវតាសោត ក៏បានប្រាប់សេចក្តីនុ៎ះ ដល់ខ្ញុំថា លោកមានអាយុទាំងឡាយនេះ បាននូវ​វិហារសមាបត្តិនេះផង នេះផង ដូច្នេះ បានជាព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​បញ្ជាក់​នូវបញ្ហា ខ្ញុំក៏បានព្យាករពាក្យនោះរួចហើយ។

[៧] គ្រានោះឯង មានយក្សម្នាក់ ឈ្មោះ ទីឃបរជន ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចឋិតនៅ​ក្នុងទីដ៏សមគួរ។ ទីឃបរជនយក្ស ឋិតនៅក្នុងទីដ៏សមគួរហើយ ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ និងកុលបុត្រ​ទាំង៣​រូប​នេះ គឺព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ គង់នៅ​ក្នុង​ប្រទេសណា បពិត្រព្រះអង្គដ៏ចំរើន ប្រទេសនោះ ជាលាភរបស់ពួកអ្នកដែនវជ្ជី បពិត្រព្រះអង្គដ៏ចំរើន ប្រទេសនោះ ជាលាភដែលប្រជាជន អ្នកដែនវជ្ជីបានល្អហើយ។ ពួកភុម្មទេវតា បានឮសំឡេងរបស់​ទីឃបរជនយក្សហើយ ក៏ធ្វើ​សំឡេង​លាន់ឮ​ឡើងទៅថា អើហ្ន៎ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ និងកុលបុត្រ​ទាំង៣​រូប​នេះ គឺព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ គង់នៅ​ក្នុង​ប្រទេសណា ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភនៃអ្នកដែនវជ្ជី ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភដែលប្រជាជន អ្នកដែន វជ្ជី បាន ល្អ ហើយ។ ពួកចាតុម្មហារាជិកទេវតា បានឮសំឡេងរបស់ពួកភុម្មទេវតាហើយ… ពួកតាវត្តិង្សទេវតា… ពួកយាមទេវតា… ពួកតុសិតទេវតា… ពួកនិម្មានរតីទេវតា… ពួក​បរនិម្មិតវសវត្តីទេវតា… ពួកទេវតា ដែល​រាប់បញ្ចូល​ក្នុងពួកព្រហ្ម ក៏បានធ្វើសំឡេង​ឲ្យ​លាន់ឮឡើងថា អើហ្ន៎ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ និងកុលបុត្រ​ទាំង៣​រូប​នេះ គឺព្រះអនុរុទ្ធមានអាយុ ព្រះនន្ទិយៈមានអាយុ និងព្រះកិមិលៈមានអាយុ គង់នៅ​ក្នុង​ប្រទេសណា ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភរបស់ពួកអ្នកដែនវជ្ជី ម្នាលអ្នកទាំងឡាយដ៏ចំរើន ប្រទេសនោះ ជាលាភដែលប្រជាជន អ្នកដែនវជ្ជី​បាន​ល្អ​ហើយ។

[៨] ក៏ក្នុងខណៈមួយរំពេចនោះ សំឡេងឮកងរំពង រហូតទៅដល់​ព្រហ្មលោក ដោយប្រការដូច្នេះថា ម្នាលទីឃៈ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ ម្នាលទីឃៈ ដំណើរ​នុ៎ះ យ៉ាងហ្នឹងហើយ ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីត្រកូលណា បួសក្នុងសាសនា បើត្រកូលនោះ មានចិត្ត​ជ្រះថ្លា រលឹកចំពោះកុលបុត្រ​ទាំង៣រូបនុ៎ះ ការរលឹកនោះ នឹងនាំមកនូវ​ប្រយោជន៍ និងសេចក្តីសុខ ដល់ត្រកូលនុ៎ះ អស់កាល​យូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីវង្សត្រកូលណា បួសក្នុងសាសនា ប្រសិនបើវង្សត្រកូលនោះ មានចិត្ត​ជ្រះថ្លា រលឹកចំពោះកុលបុត្រ​ទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវ​ប្រយោជន៍ និងសេចក្តីសុខ ដល់វង្សត្រកូល​នោះ អស់កាល​យូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីស្រុកណា បួសក្នុងសាសនា ប្រសិនបើអ្នកស្រុកនោះ មានចិត្ត​ជ្រះថ្លា រលឹកចំពោះកុលបុត្រ​ទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវ​ប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកស្រុកនោះ អស់កាល​យូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីនិគមណា បួសក្នុងសាសនា ប្រសិនបើអ្នកនិគមនោះ មានចិត្ត​ជ្រះថ្លា រលឹកចំពោះកុលបុត្រ​ទាំង​៣​រូប​នុ៎ះ ការរលឹកនោះ តែងនាំមកនូវ​ប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកនិគមនោះ អស់កាល​យូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីនគរណា ប្រសិនបើអ្នកនគរនោះ មានចិត្ត​ជ្រះថ្លា រលឹកចំពោះកុលបុត្រ​ទាំង៣រូបនុ៎ះ ការ​រលឹក​នោះ តែងនាំមកនូវ​ប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកនគរនោះ អស់កាល​យូរអង្វែង ម្នាលទីឃៈ កុលបុត្រទាំង៣រូបនុ៎ះ ចេញចាកផ្ទះ អំពីជនបទណា បួសក្នុងសាសនា ប្រសិនបើអ្នកជនបទនោះ មានចិត្ត​ជ្រះថ្លា រលឹកចំពោះកុលបុត្រ​ទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវ​ប្រយោជន៍ និងសេចក្តីសុខ ដល់អ្នកជនបទនោះ អស់កាល​យូរអង្វែង ម្នាលទីឃៈ ប្រសិនបើពួកក្សត្រទាំងអស់ មានព្រះហឫទ័យជ្រះថ្លា រលឹក​ចំពោះ​កុលបុត្រ​ទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវ​ប្រយោជន៍ និងសេចក្តីសុខ ដល់​ពួកក្សត្រ​ទាំងអស់ អស់កាល​យូរអង្វែង ម្នាលទីឃៈ ប្រសិនបើពួកព្រាហ្មណ៍ទាំងអស់​។បេ។ ម្នាលទីឃៈ ប្រសិនបើពួកវេស្សៈទាំងអស់… ម្នាលទីឃៈ ប្រសិនបើ ពួកសុទ្ទៈ​ទាំងអស់ មានចិត្ត​ជ្រះថ្លា រលឹកចំពោះកុលបុត្រ​ទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមក​នូវ​​ប្រយោជន៍ និងសេចក្តីសុខ ដល់ពួកសុទ្ទៈទាំងអស់ អស់កាល​យូរអង្វែង ម្នាលទីឃៈ ប្រសិនបើលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំង​មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មានចិត្ត​ជ្រះថ្លា រលឹកចំពោះកុលបុត្រ​ទាំង៣រូបនុ៎ះ ការរលឹកនោះ តែងនាំមកនូវ​ប្រយោជន៍ ដល់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់ពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ព្រមទាំង​មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស អស់កាល​យូរអង្វែង ម្នាលទីឃៈ អ្នកចូរមើលកុលបុត្រទាំង៣រូបនុ៎ះ ប្រតិបត្តិដើម្បីប្រយោជន៍ដល់​ជនច្រើន ដើម្បី​សុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់​សត្វលោក ដើម្បីប្រយោជន៍ ដើម្បីគុណ ដើម្បី​សេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ ជាកំណត់។ ព្រះមានព្រះភាគ បានត្រាស់សេចក្តីនេះចប់ហើយ ទីឃបរជនយក្ស ក៏ពេញចិត្ត ត្រេកអរចំពោះ​ភាសិត របស់ព្រះមានព្រះភាគ។

ចប់ ចូឡគោសិង្គសាលសូត្រ ទី១។

មហាគោសិង្គសាលសូត្រ ទី២

[៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​​ព្រៃ​​គោសិង្គសាលវ័ន ជាមួយនឹង​ព្រះថេរៈ​ជាសាវ័ក សុទ្ធតែមាន​នាមល្បីល្បាញ ជាច្រើនអង្គ គឺ​ព្រះសារីបុត្រមានអាយុ១ ព្រះមោគ្គល្លានមានអាយុ១ ព្រះមហាកស្សបមានអាយុ១ ព្រះ​អនុរុទ្ធមានអាយុ១ ព្រះរេវតមានអាយុ១ ព្រះអានន្ទមានអាយុ១ មួយអន្លើនឹងព្រះថេរៈ​ ជាសាវ័ក ដែលសុទ្ធតែមាននាមល្បីល្បាញឯទៀតផង។ គ្រានោះឯង ព្រះមហាមោគ្គល្លាន​មានអាយុ ចេញចាកទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅរកព្រះ​មហាកស្សមាន​អាយុ លុះចូលទៅដល់ហើយ បាននិយាយនឹងព្រះមហាកស្សបមានអាយុ យ៉ាងនេះថា ម្នាល​អាវុសោកស្សប យើងទាំងឡាយ នឹងចូលទៅរកព្រះសារីបុត្ត មានអាយុ ដើម្បីស្តាប់ធម៌។ ព្រះមហាកស្សបមានអាយុ ទទួលស្តាប់ព្រះមហាមោគ្គល្លានមានអាយុ​ថា ករុណា អាវុសោ។ គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ ព្រះមហាកស្សប​មានអាយុ និងព្រះអនុរុទ្ធមានអាយុ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់​ធម៌។ ព្រះអានន្ទមានអាយុ បានឃើញព្រះមហា​មោគ្គល្លានមានអាយុ ព្រះមហាកស្សប​មាន​អាយុ និងព្រះអនុរុទ្ធមានអាយុ កំពុងដើរចូលទៅរកព្រះសារីបុត្រ​មានអាយុ ដើម្បីស្តាប់​ធម៌ លុះឃើញហើយ ក៏ចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ  ក៏និយាយ​នឹង​ព្រះរេវតមានអាយុ យ៉ាងនេះថា ម្នាលអាវុសោរេវត ពួកលោកជាសប្បុរសឯណោះ កំពុងចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់​ធម៌ ម្នាលអាវុសោរេវត មក យើងនឹង​ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បីស្តាប់ធម៌។ ព្រះរេវតមានអាយុ ទទួលស្តាប់​ព្រះអានន្ទ​មានអាយុថា ករុណា អាវុសោ។ គ្រានោះឯង ព្រះរេវតមានអាយុ និងព្រះអានន្ទ​មានអាយុ ក៏ចូលទៅរកព្រះសារីបុត្រមានអាយុ ដើម្បី​ស្តាប់ធម៌។

[១០] ព្រះសារីបុត្រមានអាយុ បានឃើញ​ព្រះរេវតមានអាយុ និងព្រះអានន្ទ​មាន​អាយុ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយ​នឹង​ព្រះ​អានន្ទមានអាយុ យ៉ាង​នេះថា អានន្ទមានអាយុ ចូរចូលមក អានន្ទមានអាយុ ជាឧបដ្ឋាក របស់ព្រះមាន​ព្រះភាគ ជាអ្នកដើរជិតដិតតាម​ព្រះមានព្រះភាគ មកល្អហើយ ម្នាលអាវុសោអានន្ទ គោសិង្គសាលវ័ននេះ គួរឲ្យរីករាយ រាត្រីសោត ក៏ប្រាសចាកទោស [គឺ​មានមេឃស្រឡះ ប្រាសចាកពពក ទឹកសន្សើម អ័ព្ទ ផ្សែង ធុលី ឬរាហុ។ អដ្ឋកថា។] ដើមឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប គួរនាដូចក្លិន​ទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោអានន្ទ ចុះព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុ​រូបណា។ ព្រះអានន្ទ​តបថា ម្នាលអាវុសោ សារីបុត្រ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះចាំ​ច្រើន ទ្រទ្រង់នូវ​ពុទ្ធវចនៈ សន្សំនូវពុទ្ធវចនៈ ធម៌ទាំងឡាយណា មានលំអក្នុងបទដើម មានលំអក្នុង​បទ​កណ្តាល មានលំអក្នុងបទចុង ប្រកបដោយអត្ថ ព្រមទាំងព្យញ្ជនៈ ប្រកាស​នូវ​ព្រហ្មចរិយៈ​ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាព​ដូច្នោះ ភិក្ខុនោះ ក៏ចេះចាំ​ច្រើន ស្ទាត់ជំនាញរត់មាត់ ពិចារណាដោយចិត្ត ដឹងប្រពៃ ដោយទិដ្ឋិ​ គឺតណ្ហា ភិក្ខុនោះ រមែងសំដែងធម៌ ដល់បរិស័ទទាំង៤ ដោយបទ និងព្យញ្ជនៈទាំងឡាយ ជា​បរិមណ្ឌល​ជាប់តគ្នា ដើម្បីគាស់រំលើង នូវអនុស័យ ម្នាលអាវុសោសារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះ។

[១១] កាលបើព្រះអានន្ទមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមាន​អាយុ បាននិយាយនឹងព្រះរេវតមានអាយុ យ៉ាងនេះថា ម្នាលអាវុសោរេវត អានន្ទមាន​អាយុ បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួររេវតមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏​ប្រាស​ចាកទោស ឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជា​ក្លិន​​ទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុ​រូប​ណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ មានការពួនសម្ងំជាទីរីករាយ ត្រេកអរ​ក្នុងការពួនសម្ងំ ប្រកបរឿយៗ ក្នុងការស្ងប់រម្ងាប់ចិត្ត ដ៏ប្រព្រឹត្តទៅក្នុងខាងក្នុង មានឈាន​មិនសាបសូន្យ ឬមិនបានប្រាសចាកឈាន ប្រកបដោយវិបស្សនាបញ្ញា ទាំងចំរើន​នូវ​សុញ្ញាគារធម៌ទាំងឡាយ ម្នាលអាវុសោ សារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។

[១២] កាលបើព្រះរេវតមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមាន​អាយុ បាននិយាយនឹងព្រះអនុរុទ្ធមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអនុរុទ្ធ រេវតមាន​អាយុ បានព្យាករនូវបដិភាន ជារបស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរអនុរុទ្ធមានអាយុ ក្នុង​សេចក្តី​នោះថា ម្នាលអាវុសោអនុរុទ្ធ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏​ប្រាស​ចាកទោស ឈើទាំងឡាយ ក៏មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប ដូចជាក្លិន​ទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោអនុរុទ្ធ ព្រៃគោសិង្គសាលវ័ន រុងរឿងបាន ដោយ​សារ​ភិក្ខុ​រូប​ណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុងសាសនានេះ មើលឃើញលោកធាតុ​ទាំង​មួយពាន់ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស ម្នាលអាវុសោ​សារីបុត្រ ដូចជាបុរសមានចក្ខុ នៅលើប្រាសាទដ៏ប្រសើរ មើលឃើញមណ្ឌល​ខ្នងកង់​មួយ​ពាន់ ម្នាលអាវុសោសារីបុត្រ ភិក្ខុមើលឃើញ​លោកធាតុទាំងមួយពាន់ ដោយចក្ខុ​ដូច​ជា​ទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុ​របស់មនុស្ស ក៏យ៉ាងនោះដែរ ម្នាលអាវុសោ សារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿងបាន​ដោយ​សារ​ភិក្ខុ​រូបនេះឯង។

[១៣] កាលបើព្រះអនុរុទ្ធមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមាន​អាយុ បាននិយាយនឹងព្រះមហាកស្សបមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកស្សប អនុរុទ្ធមាន​អាយុ បានព្យាករនូវបដិភាន របស់ខ្លួនហើយ ឥឡូវនេះ យើងនឹងសួរ​មហាកស្សប​មានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោកស្សប ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏​ប្រាស​ចាកទោស ឈើទាំងឡាយ ក៏មាន​ផ្កា​រីក​ស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចក្លិន​ទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោកស្សប ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុ​រូប​ណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកនៅ​ក្នុង​ព្រៃខ្លួនឯងផង សរសើរគុណ នៃអ្នកនៅព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតខ្លួនឯងផង សរសើរគុណ នៃអ្នកប្រព្រឹត្តបិណ្ឌបាតផង ជាអ្នកទ្រទ្រង់សំពត់​បង្សុកូលខ្លួនឯងផង សរសើរគុណ នៃអ្នកទ្រទ្រង់​សំពត់​បង្សុកូលផង ជាអ្នកទ្រទ្រង់​តែចីវរបីខ្លួនឯងផង សរសើរគុណ នៃអ្នកទ្រទ្រង់តែចីវរបីផង ជាអ្នកឥត​សេចក្តីប្រាថ្នាខ្លួនឯងផង សរសើរគុណ នៃ​អ្នកឥតសេចក្តី​ប្រាថ្នាផង ជាអ្នកសន្តោសខ្លួន​ឯងផង សរសើរគុណ នៃសេចក្តី​សន្តោសផង ជាអ្នកស្ងប់ស្ងាត់ខ្លួនឯងផង សរសើរ​គុណ នៃ​សេចក្តីស្ងប់ស្ងាត់ផង ជាអ្នកមិនច្រឡូកច្រឡំខ្លួនឯងផង សរសើរ​គុណ នៃសេចក្តី​មិនច្រ​ឡូកច្រឡំផង ជាអ្នក​ប្រុង​ប្រៀបព្យាយាម​ខ្លួនឯងផង សរសើរ​សេចក្តីប្រុងប្រៀងព្យាយាម​ផង ជាអ្នកបរិបូណ៌ ដោយសីលខ្លួនឯងផង សរសើរការបរិបូណ៌ដោយសីលផង ជាអ្នក​បរិបូណ៌ ដោយសមាធិ​ខ្លួនឯងផង សរសើរការបរិបូណ៌​ដោយសមាធិផង ជាអ្នកបរិបូណ៌​ ដោយបញ្ញាខ្លួនឯងផង សរសើរការបរិបូណ៌ដោយបញ្ញាផង ជាអ្នកបរិបូណ៌​ដោយវិមុត្តិ​ខ្លួនឯងផង សរសើរការ​បរិបូណ៌ ដោយវិមុត្តិផង ជាអ្នកបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈខ្លួនឯងផង សរសើរ​ការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈ​ផង ម្នាលអាវុសោសារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។

[១៤] កាលបើព្រះមហាកស្សបមានអាយុ និយាយយ៉ាងនេះហើយ ព្រះសារីបុត្រមាន​អាយុ បាននិយាយនឹងព្រះមហាមោគ្គល្លានមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ​មោគ្គល្លាន មហាកស្សបមាន​អាយុ បានព្យាករនូវបដិភាន ជារបស់ខ្លួន​ហើយ ឥឡូវនេះ យើងនឹងសួរមហាមោគ្គល្លានមានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោ​មោគ្គល្លាន ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏​ប្រាស​ចាកទោស ឈើទាំង​ឡាយ ក៏មាន​ផ្កា​រីក​ស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចក្លិន​ទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោមោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុ​រូប​ណា។ ម្នាលអាវុសោសារីបុត្រ ភិក្ខុទាំងឡាយពីររូប ក្នុង​សាសនា​នេះ សំដែងនូវ​អភិធម្ម​កថា ភិក្ខុ​ទាំងនោះ សួរគ្នានឹងគ្នា លុះសួរប្រស្នាហើយ ដោះស្រាយដល់គ្នានឹងគ្នា ក៏មិន​បាន​រុករាន​គ្នាផង កថារបស់ភិក្ខុទាំងនោះ ប្រព្រឹត្តទៅប្រកបដោយធម៌ផង ម្នាលអាវុសោ​សារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។

[១៥] គ្រានោះឯង ព្រះមហាមោគ្គល្លានមានអាយុ បាននិយាយនឹង​ព្រះសារីបុត្រ​មាន​អាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ពួកយើងទាំងអស់គ្នា បានព្យាករនូវ​បដិភាន ជារបស់ខ្លួន​ហើយ ឥឡូវនេះ យើងនឹងសួរនូវព្រះសារីបុត្រ​មានអាយុ ក្នុងសេចក្តី​នោះថា ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏​ប្រាស​ចាកទោស ឈើទាំងឡាយ មាន​ផ្កា​រីក​ស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិន​ទិព្វ ផ្សព្វ​ផ្សាយ​ទៅ ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុ​រូប​ណា។ ម្នាលអាវុសោមោគ្គល្លាន ភិក្ខុក្នុង​សាសនា​នេះ ញុំាងចិត្តឲ្យប្រព្រឹត្តទៅ ក្នុងអំណាច​ខ្លួន​ផង ភិក្ខុមិនបានប្រព្រឹត្តទៅ តាមអំណាច​នៃចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅ អស់បុព្វណ្ហ​សម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះ​បាន បើប្រាថ្នាដើម្បីនៅអស់​មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិ​ក​សម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នាដើម្បីនៅ អស់សាយណ្ហសម័យ ដោយ​វិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន ម្នាលអាវុសោ​មោគ្គល្លាន ដូចជាហិបសំពត់ ដ៏ពេញដោយសំពត់ទាំងឡាយ ជ្រលក់​ហើយដោយ​ពណ៌ផ្សេងៗ របស់ព្រះរាជា ឬរាជមហាមាត្យ ព្រះរាជា និងមហាមាត្យ​នោះ ប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់បុព្វណ្ហសម័យ ក៏ទ្រទ្រង់នូវគូសំពត់នោះៗបាន អស់បុព្វណ្ហសម័យ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់មជ្ឈន្តិកសម័យ ក៏ទ្រទ្រង់​នូវគូសំពត់នោះៗបាន អស់មជ្ឈន្តិកសម័យ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់​សាយណ្ហសម័យ ក៏ទ្រទ្រង់​នូវគូសំពត់នោះៗបាន អស់សាយណ្ហសម័យ ម្នាល​អាវុសោ​មោគ្គល្លាន ភិក្ខុញុំាងចិត្តឲ្យ​ប្រព្រឹត្តទៅ ក្នុងអំណាច​ខ្លួនផង ភិក្ខុមិនបានប្រព្រឹត្ត​ទៅ តាមអំណាច​របស់ចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅអស់​បុព្វណ្ហសម័យ ដោយវិហារ​សមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នា​ដើម្បី​នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយ​វិហារ​សមាបត្តិ​នោះបាន បើប្រាថ្នា​ដើម្បី​នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន ក៏យ៉ាងនោះដែរ ម្នាល​អាវុសោ មោគ្គល្លាន ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។

[១៦] លំដាប់នោះឯង ព្រះសារីបុត្រមានអាយុ បាននិយាយនឹងព្រះថេរៈមានអាយុ​ទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងទាំងអស់គ្នា បានព្យាករ​បដិភាន​ តាម​សមគួរដល់​ខ្លួនហើយ ម្នាលអាវុសោទាំងឡាយ មក យើងនឹងចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ នឹងក្រាបទូលសេចក្តីនុ៎ះ ចំពោះ​ព្រះមានព្រះភាគ បើព្រះមានព្រះភាគ នឹងព្យាករដល់យើង យ៉ាងណា យើងនឹង​ចាំទុក នូវសេចក្តីនោះ យ៉ាងនោះ។ ព្រះថេរៈមានអាយុទាំងនោះ ទទួលស្តាប់ព្រះសារីបុត្រមាន​អាយុ យ៉ាងនេះថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។ គ្រានោះឯង ព្រះថេរៈមានអាយុ​ទាំង​នោះ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបអភិវាទ ចំពោះ​​​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីដ៏សមគួរ។ កាលព្រះសារីបុត្រមានអាយុ អង្គុយ​ក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ក្នុងទីនេះ រេវតមានអាយុ និងអានន្ទមានអាយុ នាំគ្នាចូលមករក​ខ្ញុំ​ព្រះអង្គ ដើម្បីស្តាប់ធម៌ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញ​រេវតមានអាយុ និងអានន្ទ​មានអាយុ កំពុងដើរមកអំពីចម្ងាយ លុះឃើញហើយ បាននិយាយ​នឹង​អានន្ទ​មានអាយុ យ៉ាង​នេះថា អានន្ទមានអាយុ ចូរចូលមក អានន្ទមានអាយុ ជាឧបដ្ឋាក របស់​ព្រះមានព្រះភាគ ជាអ្នកដើរជិតដិត តាម​ព្រះមានព្រះភាគ មកល្អហើយ ម្នាលអាវុសោ​អានន្ទ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រី ក៏ប្រាសចាកទោស ឈើទាំងឡាយ មាន​ផ្ការីក​ស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប ដូចជាក្លិន​ទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោ​អានន្ទ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុ​រូបណា បពិត្រព្រះអង្គដ៏ចំរើន កាលបើ​ខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ អានន្ទមានអាយុបាននិយាយ​នឹង​ខ្ញុំព្រះអង្គ​ យ៉ាងនេះថា ម្នាលអាវុសោ សារីបុត្រ ភិក្ខុក្នុងសាសនានេះ ជាអ្នកចេះចាំ​ច្រើន ទ្រទ្រង់​នូវពុទ្ធវចនៈ។បេ។ ដើម្បីគាស់រំលើងអនុស័យ ម្នាលអាវុសោសារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្រ ត្រូវល្អហើយ អានន្ទព្យាករត្រឹមត្រូវ តាមសេចក្តីពិត ម្នាលសារីបុត្រ ព្រោះថា អានន្ទ ជាអ្នកចេះចាំច្រើន ទ្រទ្រង់នូវពុទ្ធវចនៈ សន្សំនូវពុទ្ធវចនៈ ធម៌ទាំង​ឡាយ​ណា មានលំអក្នុងបទដើម មានលំអក្នុងបទកណ្តាល មានលំអក្នុងបទចុង ប្រកប​ដោយ​អត្ថ និងព្យញ្ជនៈ ប្រកាស​នូវព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មាន​សភាព​ដូច្នោះ អានន្ទ ក៏បានចេះចាំច្រើន ស្ទាត់រត់មាត់ ពិចារណាបានដោយចិត្ត ចាក់ធ្លុះដោយទិដ្ឋិ គឺបញ្ញា អានន្ទនោះ តែងសំដែងធម៌ ដល់បរិស័ទទាំង៤ ដោយបទ និងព្យញ្ជនៈទាំងឡាយ ជាបរិមណ្ឌលជាប់តគ្នាមិនដាច់ ដើម្បីគាស់រំលើង នូវ​អនុសយក្កិលេស។

[១៧] បពិត្រព្រះអង្គដ៏ចំរើន កាលបើអានន្ទមានអាយុ និយាយយ៉ាងនេះហើយ ខ្ញុំ​ព្រះអង្គ បាននិយាយនឹងរេវតមានអាយុ យ៉ាងនេះថា ម្នាលអាវុសោរេវត អានន្ទមាន​អាយុ បានព្យាករនូវបដិភាន ដ៏សមគួរដល់ខ្លួនហើយ ឥឡូវនេះ យើងសូមសួរ ចំពោះ​រេវត​មានអាយុ ក្នុងសេចក្តីនោះថា ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីក៏​ប្រាស​ចាកទោស ឈើទាំងឡាយ មានផ្ការីកស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិន​ទិព្វ ផ្សព្វផ្សាយទៅ ម្នាលអាវុសោរេវត ព្រៃគោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូប​ណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ រេវតមានអាយុ ឆ្លើយតបនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុក្នុង​សាសនា​នេះ មានការពួនសម្ងំជាទីរីករាយ ត្រេកអរ​ក្នុងការពួនសម្ងំ ប្រកបរឿយៗនូវការ​ស្ងប់ស្ងាត់ចិត្ត ប្រព្រឹត្តទៅខាងក្នុង មិនបានប្រាសចាកឈាន ប្រកបដោយវិបស្សនាបញ្ញា ជាអ្នកចំរើន ​នូវ​សុញ្ញាគារធម៌ទាំងឡាយ ម្នាលអាវុសោសារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសារីបុត្រ ត្រូវល្អ​ហើយ រេវតព្យាករត្រឹមត្រូវ​តាមពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា រេវត ជាអ្នកមាន​ការ​ពួនសម្ងំជាទីរីករាយ ត្រេកអរនឹងការពួនសម្ងំ ប្រកបរឿយៗ នូវ​ការស្ងប់​ស្ងាត់ចិត្ត ប្រព្រឹត្តទៅខាងក្នុង មិនបានប្រាសចាកឈាន ប្រកបដោយវិបស្សនាបញ្ញា ជាអ្នក​ចំរើន នូវសុញ្ញាគារធម៌ទាំងឡាយ។

[១៨] បពិត្រព្រះអង្គដ៏ចំរើន កាលបើរេវតមានអាយុ និយាយយ៉ាងនេះហើយ ខ្ញុំព្រះ​អង្គ បាននិយាយ​នឹងអនុរុទ្ធមានអាយុ យ៉ាងនេះថា ម្នាលអាវុសោអនុរុទ្ធ រេវតមាន​អាយុ បានព្យាករ។បេ។ ម្នាលអាវុសោអនុរុទ្ធ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយ​សារ​ភិក្ខុ​រូប​ណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ អនុរុទ្ធ​មានអាយុ បានឆ្លើយតបនឹងខ្ញុំ​ព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុ​ក្នុង​សាសនា​នេះ មើលឃើញលោកធាតុ​ទាំង​មួយពាន់ ដោយចក្ខុ បីដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស ម្នាលអាវុសោ ដូចជាបុរសមានចក្ខុ នៅខាងលើ​ប្រាសាទ​ដ៏​ប្រសើរ ហើយក្រឡេកឃើញមណ្ឌល នៃ​ខ្នងកង់ទាំង​មួយពាន់ យ៉ាងណា ម្នាល​អាវុសោ​សារីបុត្រ ភិក្ខុមើលឃើញ​លោកធាតុទាំងមួយពាន់ ដោយចក្ខុបី​ដូច​ជាទិព្វ ដ៏បរិសុទ្ធ កន្លង​នូវ​ចក្ខុ​ជារបស់មនុស្ស ក៏យ៉ាងនោះដែរ ម្នាលអាវុសោសារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។ ម្នាលសារីបុត្រ ត្រូវល្អហើយ អនុរុទ្ធព្យាករត្រឹមត្រូវ តាមពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា អនុរុទ្ធមើលឃើញលោកធាតុ​ទាំង​មួយពាន់ ដោយចក្ខុ បីដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុ​ជារបស់មនុស្ស។

[១៩] បពិត្រព្រះអង្គដ៏ចំរើន កាលបើអនុរុទ្ធនិយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងមហាកស្សបមានអាយុ យ៉ាងនេះថា ម្នាលអាវុសោកស្សប អនុរុទ្ធមាន​អាយុ បានព្យាករនូវបដិភាន សមគួរដល់ខ្លួនហើយ ឥឡូវនេះ យើងសូមសួរ​នូវ​ មហាកស្សប​មានអាយុ ក្នុងសេចក្តីនោះថា។បេ។ ម្នាលអាវុសោកស្សប ព្រៃគោសិង្គ​សាលវ័ន រុងរឿងដោយសារភិក្ខុ​រូប​ណា បពិត្រព្រះអង្គដ៏ចំរើន កាលបើខ្ញុំ​ព្រះអង្គនិយាយ យ៉ាងនេះហើយ មហាកស្សបមានអាយុ បាននិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា ម្នាល​អាវុសោ​សារីបុត្រ ភិក្ខុក្នុង​សាសនា​នេះ ជាអ្នកនៅក្នុងព្រៃខ្លួនឯងផង សរសើរនូវគុណ នៃអ្នកនៅព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតខ្លួនឯងផង។បេ។ ជាអ្នកទ្រទ្រង់​សំពត់​បង្សុកូល… ជាអ្នកប្រើប្រាស់ ចំពោះតែចីវរបី… ជាអ្នក​ឥតសេចក្តី​ប្រាថ្នា… ជាអ្នក​សន្តោស… ជាអ្នកស្ងប់ស្ងាត់… ជាអ្នកមិននៅច្រឡូកច្រឡំ… ជាអ្នក​មានព្យាយាម​តឹងតែង​ហើយ… ជាអ្នកបរិបូណ៌​ដោយសីល… ជាអ្នកបរិបូណ៌​ដោយសមាធិ… ជាអ្នកបរិបូណ៌ ដោយ​បញ្ញា… ជាអ្នកបរិបូណ៌​ដោយវិមុត្តិ… ជាអ្នកបរិបូណ៌​ដោយវិមុត្តិញ្ញាណ​ទស្សនៈ​ខ្លួនឯងផង សរសើរ​ការបរិបូណ៌​ដោយវិមុត្តិញ្ញាណទស្សនៈផង ម្នាលអាវុសោសារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។ ម្នាលសារីបុត្រ ត្រូវល្អហើយ កស្សបព្យាករត្រឹមត្រូវ​ តាម​ពិត​មែន​ហើយ ម្នាលសារីបុត្រ ព្រោះថា កស្សបជាអ្នកនៅក្នុង​ព្រៃ​ខ្លួនឯងផង សរសើរ​គុណ​ នៃ​អ្នកនៅក្នុងព្រៃផង ជាអ្នកប្រព្រឹត្តបិណ្ឌបាតខ្លួនឯងផង សរសើរគុណនៃអ្នកប្រព្រឹត្ត​បិណ្ឌបាតផង ជាអ្នកទ្រទ្រង់ ​នូវសំពត់​បង្សុកូលខ្លួនឯងផង សរសើរគុណ នៃ​អ្នកទ្រទ្រង់​សំពត់បង្សុកូលផង ជាអ្នកទ្រទ្រង់តែចីវរបីខ្លួនឯងផង សរសើរ​គុណ នៃអ្នកទ្រទ្រង់​ ចំពោះ​តែចីវរបីផង ជាអ្នកឥតសេចក្តី​ប្រាថ្នាខ្លួនឯងផង សរសើរ​​គុណនៃ​អ្នកឥតសេចក្តី​ប្រាថ្នាផង ជាអ្នកសន្តោសខ្លួនឯងផង សរសើរគុណ នៃសេចក្តី​សន្តោសផង ជាអ្នកមានសេចក្តី​ស្ងប់ស្ងាត់ខ្លួនឯងផង សរសើរនូវសេចក្តី​ស្ងប់​ស្ងាត់ផង ជាអ្នក​មិននៅ​ច្រឡូក​ច្រឡំ​ខ្លួនឯងផង សរសើរនូវសេចក្តី​មិននៅច្រឡូកច្រឡំផង ជាអ្នកមានព្យាយាម ប្រារព្ធខ្លួនឯងផង សរសើរនូវសេចក្តីប្រារព្ធព្យាយាមផង ជាអ្នកបរិបូណ៌ ដោយសីល​ខ្លួន​ឯងផង សរសើរ​ការបរិបូណ៌​ដោយសីលផង ជាអ្នកបរិបូណ៌ ដោយសមាធិខ្លួនឯងផង សរសើរការបរិបូណ៌ ដោយសមាធិផង ជាអ្នកបរិបូណ៌ ដោយបញ្ញាខ្លួនឯងផង សរសើរ​ការបរិបូណ៌ ​ដោយបញ្ញាផង ជាអ្នកបរិបូណ៌ដោយវិមុត្តិខ្លួនឯងផង សរសើរ​ការបរិបូណ៌ ដោយវិមុត្តិផង ជាអ្នកបរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ ខ្លួន​ឯងផង សរសើរការបរិបូណ៌ ដោយវិមុត្តិញ្ញាណទស្សនៈផង។

[២០] បពិត្រព្រះអង្គដ៏ចំរើន កាលបើមហាកស្សប និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយនឹងព្រះមហាមោគ្គល្លានមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ​មោគ្គល្លាន មហាកស្សបមាន​អាយុ បានព្យាករនូវបដិភាន សមគួរដល់ខ្លួនហើយ ឥឡូវ​នេះ យើងសូមសួរមហាមោគ្គល្លានមានអាយុ ក្នុងសេចក្តីនោះថា។បេ។ ម្នាលអាវុសោ​មោគ្គល្លាន ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុ​រូប​ណា បពិត្រព្រះអង្គដ៏ចំរើន កាលបើ​ខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ មោគ្គល្លានមានអាយុ បាននិយាយនឹង​ខ្ញុំព្រះអង្គ​ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ ភិក្ខុពីររូប ក្នុង​សាសនា​នេះ សំដែងនូវ​អភិធម្មកថា ភិក្ខុ​ទាំងនោះ សួរប្រស្នាគ្នានឹងគ្នា លុះសួរប្រស្នាហើយ ដោះ​ស្រាយដល់​គ្នានឹងគ្នា ក៏មិនបានរុករាន​គ្នាផង កថារបស់ភិក្ខុទាំងនោះ ប្រព្រឹត្តទៅ ប្រកប​ដោយធម៌​ផង ម្នាលអាវុសោសារីបុត្រ ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។ ម្នាលសារីបុត្រ ត្រូវល្អហើយ មោគ្គល្លានព្យាករ ត្រឹមត្រូវពិតមែនហើយ ម្នាលសារីបុត្រ ព្រោះថា មោគ្គល្លាន ជាធម្មកថិក។

[២១] កាលបើព្រះសារីបុត្រ និយាយយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានមាន​អាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ខ្ញុំព្រះអង្គ បាននិយាយនឹង​ព្រះសារីបុត្រ​មាន​អាយុ យ៉ាងនេះថា ម្នាលអាវុសោសារីបុត្រ យើងទាំងអស់គ្នា សុទ្ធតែបានព្យាករ​បដិភាន តាមសមគួរ ដល់ខ្លួន​ហើយ ឥឡូវនេះ យើងសូមសួរសារីបុត្រ​មានអាយុ ក្នុងសេចក្តី​នោះថា ម្នាលអាវុសោសារីបុត្រ ព្រៃគោសិង្គសាលវ័ន គួររីករាយ រាត្រីសោត ក៏​ប្រាស​ចាកទោស ឈើទាំងឡាយ មាន​ផ្កា​រីក​ស្គុសស្គាយ សព្វកន្លែង មានក្លិនក្រអូប បីដូចជាក្លិន​ទិព្វ ផ្សព្វ​ផ្សាយ​ទៅ ម្នាល​អាវុសោ​សារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុ​រូប​ណា បពិត្រព្រះអង្គដ៏ចំរើន កាល​បើ​ខ្ញុំព្រះអង្គ និយាយយ៉ាងនេះហើយ សារីបុត្រមានអាយុ បាននិយាយ​នឹងខ្ញុំ​ព្រះអង្គ យ៉ាងនេះថា ម្នាលអាវុសោមោគ្គល្លាន ភិក្ខុក្នុង​សាសនា​នេះ ញុំាងចិត្ត​ឲ្យ​ប្រព្រឹត្ត​ទៅ ក្នុងអំណាច​ (ខ្លួន)​ផង ភិក្ខុមិនបានប្រព្រឹត្តទៅតាមអំណាច​របស់ចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅ អស់បុព្វណ្ហ​សម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះ​បាន បើប្រាថ្នាដើម្បីនៅអស់​មជ្ឈន្តិកសម័យ ដោយ​វិហារ​សមាបត្តិ​ណា ក៏នៅអស់មជ្ឈន្តិ​ក​សម័យ ដោយវិហារសមាបត្តិនោះបាន បើប្រាថ្នា​ដើម្បី​នៅ អស់សាយណ្ហសម័យ ដោយ​វិហារសមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះបាន ម្នាលអាវុសោ​មោគ្គល្លាន ដូចជាហិបសំពត់ ដ៏ពេញ​ដោយ​សំពត់ទាំងឡាយ ជ្រលក់ដោយ​ពណ៌ផ្សេងៗ របស់ព្រះរាជា ឬរាជមហាមាត្យ ព្រះរាជា និងរាជមហាមាត្រនោះ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់បុព្វណ្ហសម័យ ក៏ទ្រទ្រង់ នូវគូសំពត់នោះៗ អស់បុព្វណ្ហសម័យ បើប្រាថ្នាដើម្បីទ្រទ្រង់ នូវគូសំពត់ណា អស់​មជ្ឈន្តិកសម័យ ក៏ទ្រទ្រង់ ​នូវគូសំពត់នោះៗ អស់មជ្ឈន្តិកសម័យ បើប្រាថ្នា​ ដើម្បី​ទ្រទ្រង់​ នូវគូសំពត់ណា អស់សាយណ្ហសម័យ ក៏ទ្រទ្រង់​ នូវគូសំពត់នោះៗ អស់​សាយណ្ហ​សម័យ ម្នាល​អាវុសោ​មោគ្គល្លាន ភិក្ខុញុំាងចិត្តឲ្យ​ប្រព្រឹត្តទៅ ក្នុងអំណាច​ខ្លួន​ផង ភិក្ខុមិន បានប្រព្រឹត្ត​ទៅតាមអំណាច​នៃចិត្តផង ភិក្ខុនោះ ប្រាថ្នាដើម្បីនៅអស់​បុព្វណ្ហសម័យ ដោយវិហារ​សមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារសមាបត្តិនោះ បើប្រាថ្នា​ដើម្បី​នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិនោះ បើប្រាថ្នា​ ដើម្បី​នៅអស់សាយណ្ហសម័យ ដោយវិហារ​សមាបត្តិ​ណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះ ក៏យ៉ាងនោះដែរ ម្នាលអាវុសោ មោគ្គល្លាន ព្រៃ​គោសិង្គសាលវ័ន រុងរឿង​ដោយ​សារ​ភិក្ខុ​រូបនេះឯង។ ម្នាលមោគ្គល្លាន ត្រូវល្អហើយ សារីបុត្រ​ព្យាករត្រឹមត្រូវ តាមពិតមែនហើយ ម្នាល​មោគ្គល្លាន ព្រោះថា សារីបុត្រ រមែងញុំាងចិត្ត ឲ្យប្រព្រឹត្តទៅ ក្នុងអំណាចខ្លួនផង សារីបុត្រ មិនបានប្រព្រឹត្ត​ទៅ តាមអំណាច​នៃចិត្តផង សារីបុត្រនោះ ប្រាថ្នាដើម្បីនៅ​អស់​បុព្វណ្ហសម័យ ដោយវិហារ​សមាបត្តិណា ក៏នៅអស់បុព្វណ្ហសម័យ ដោយវិហារ​សមាបត្តិ​នោះ បើប្រាថ្នា​ ដើម្បី​នៅអស់មជ្ឈន្តិកសម័យ ដោយវិហារសមាបត្តិណា ក៏នៅអស់​មជ្ឈន្តិក​សម័យ ដោយវិហារសមាបត្តិនោះ បើប្រាថ្នា​​នៅអស់សាយណ្ហសម័យ ដោយវិហារ​សមាបត្តិណា ក៏នៅអស់សាយណ្ហសម័យ ដោយវិហារសមាបត្តិនោះ។

[២២] កាលបើព្រះមោគ្គល្លាន និយាយយ៉ាងនេះហើយ ព្រះសារីបុត្រ​មានអាយុ បានក្រាបបង្គំ​ទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន លោកណា​និយាយ​ត្រូវ។ ព្រះអង្គត្រាស់ថា ម្នាលសារីបុត្រ បើដោយបរិយាយ អ្នកទាំង​អស់គ្នា​សុទ្ធតែ​និយាយ​ត្រូវហើយ ប៉ុន្តែ​អ្នកទាំងឡាយ ចូរស្តាប់ពាក្យរបស់តថាគត ព្រៃ​គោសិង្គសាលវ័ន រុងរឿងដោយសារភិក្ខុរូបណានោះចុះ ម្នាលសារីបុត្រ ភិក្ខុក្នុងសាសនា​នេះ ត្រឡប់​មកពី​បិណ្ឌបាត​វិញ ខាងក្រោយ​នៃភត្ត ក៏ចូលទៅអង្គុយពែនភ្នែន ដោយកាយ​ឲ្យត្រង់ ផ្ចង់សតិ​ឲ្យ​​ត្រង់ទៅមុខ ដោយគិតថា ចិត្តរបស់​អាត្មាអញ មិនរួច​ចាក​អាសវក្កិលេសទាំងឡាយ ព្រោះមិនមានសេចក្តី​ប្រកាន់​ដរាបណា អាត្មាអញ នឹងមិន​ទំលាយ​ភ្នែននោះដរាបនោះ ដូច្នេះ ម្នាលសារីបុត្រ ព្រៃគោសិង្គសាលវ័ន រុងរឿង​ដោយសារ​ភិក្ខុរូបនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សេចក្តីនេះហើយ ព្រះថេរៈ មានអាយុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។

ចប់ មហាគោសិង្គសាលសូត្រ ទី២។

មហាគោបាលសូត្រ ទី៣

[២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ​ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ហៅ​ភិក្ខុទាំងឡាយ ក្នុងទីនោះថា នែភិក្ខុទាំងឡាយ។ ឯភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធ​ដីកា​ នៃព្រះមានព្រះភាគថា សូមទ្រង់ព្រះមេត្តាប្រោស។

[២៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកប​ដោយអង្គទាំងឡាយ១១ មិនគួរដើម្បីរក្សា នូវហ្វូងគោ មិនគួរ​ដើម្បីញុំាង​ហ្វូង​គោ ឲ្យចំរើនឡើងបានឡើយ អង្គ១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ក្នុង​លោកនេះ ជាអ្នកមិនស្គាល់រូប (របស់គោ)១ មិនឈ្លាសក្នុងលក្ខណៈ គឺភិនភាគស្លាក​ស្នាម១ មិនឆ្កឹះពងរុយ​ត្រង់ដំបៅគោ១ មិនបិទដំបៅ១ មិនបំពក់​ភ្នក់១ មិនស្គាល់​កំពង់​ទឹក១ មិនដឹងថាគោបានផឹកទឹកហើយ ឬនៅឡើយ១ មិនស្គាល់ផ្លូវ១​ មិនឈ្លាស​ក្នុង​កន្លែងឃ្វាលគោ១ រូតទឹកដោះមិនឲ្យ​នៅសល់១ គោឧសភទាំងឡាយណា ជាបិតា (បា) របស់គោ ជាបរិនាយក (មេហ្វូង) របស់គោ មិនបូជានូវគោឧសភទាំងនោះ ដោយ​គ្រឿង​បូជាដ៏ក្រៃលែង [ត្រង់ដែលថាមិនបូជា ដោយគ្រឿង​បូជាដ៏ក្រៃលែងនោះ គឺគង្វាល​គោ ដែល​ឈ្លាស តែងឲ្យនូវចំណីល្អ ប្រស់ព្រំ ដោយប្រេង​ក្រអូប ដោយម្រាមទាំង៥ ប្រដាប់​ដោយកម្រងផ្កា បំពាក់ចង្កំមាស ចង្កំប្រាក់ ត្រង់ស្នែង អុជប្រទីបបំភ្លឺក្នុងរាត្រី ចងពិតាន​អំពី​លើ ត្រង់កន្លែងដែល​គោដេក។ គង្វាលគោ ដែលមិនឈ្លាស មិនធ្វើសក្ការៈ​ណាមួយ​សោះ លុះពួកគោឧសភទាំងនោះ មិនបានគ្រឿងបូជាហើយ ក៏មិនរក្សាហ្វូង​គោ មិន​ការពារ​អន្តរាយ គោនឹងវិនាស គង្វាលគោនោះ មិនបាន​បញ្ចគោរសនោះ​ឡើយ។ អដ្ឋកថា។]១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោប្រកបព្រម ដោយអង្គទាំង១១នេះឯង មិនគួរ​ដើម្បីរក្សានូវហ្វូងគោ មិនគួរដើម្បីញុំាង​ហ្វូងគោ ឲ្យចំរើន​បានឡើយ យ៉ាង​ណា​មិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រម ដោយអង្គទាំងឡាយ១១ ក៏មិនគួរដើម្បី​ដល់នូវ​សេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម៌វិន័យនេះ ក៏ដូច្នោះដែរ អង្គទាំង​១១ តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនស្គាល់រូប១ មិនឈ្លាស​ក្នុងលក្ខណៈ១ មិនឆ្កឹះពងរុយ១ មិនបិទដំបៅ១ មិនបំពក់​ភ្នក់១ មិនស្គាល់​កំពង់​ទឹក១ មិនដឹងថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ១ មិនស្គាល់ផ្លូវ១​ មិនឈ្លាស​ក្នុង​កន្លែង​គោចរ១ រូតយកទេយ្យវត្ថុ មិនឲ្យ​នៅសល់១ ម្នាលភិក្ខុទាំងឡាយណា ជាថេរៈ ជាអ្នកដឹងនូវរាត្រី ជាអ្នកបួសយូរអង្វែង ជាបិតារបស់សង្ឃ ជាសង្ឃ​បរិនាយក មិនបានបូជានូវភិក្ខុជាថេរៈទាំងនោះ ដោយការបូជា​ដ៏ក្រៃលែង១។

[២៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនដឹងច្បាស់តាមពិតថា រូបឯណានីមួយ រូបទាំងអស់ (នោះ) គឺ​មហាភូតរូបទាំង៤ផង ឧបាទាយរូប​ ដែលអាស្រ័យ​នឹងមហាភូតរូបទាំង៤ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​មិនឈ្លាសក្នុងលក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនស្គាល់ច្បាស់តាមពិតថា បុគ្គលពាល មានអំពើជាលក្ខណៈ បណ្ឌិតមានអំពើ​ជា​លក្ខណៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនឈ្លាស ក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​មិនបានឆ្កឹះពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងកាមវិតក្កៈ​ ដែលកើតឡើងហើយ ឲ្យ​អាស្រ័យនៅ (ក្នុងសន្តាន) មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាសទៅ មិនឲ្យសាបសូន្យ​ទៅ ញុំាងព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ ញុំាងវិហិង្សាវិតក្កៈ ដែល​កើតឡើង​ហើយ។បេ។ ញុំាង​អកុសលធម៌ដ៏លាមកទាំងឡាយ ដែលកើតឡើងរឿយៗ ឲ្យ​អាស្រ័យ​នៅ (ក្នុងសន្តាន) មិនលះបង់ មិនបន្ទោបង់ មិនធ្វើឲ្យវិនាសទៅ មិនឲ្យសាបសូន្យទៅ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបានឆ្កឹះពងរុយចេញ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​មិនបិទដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញនូវ​រូប​ដោយភ្នែក ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ដ៏​លាមក​ទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាមនូវភិក្ខុជាអ្នកមិនសង្រួម នូវ​ឥន្ទ្រិយ គឺ​ភ្នែកនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកណាជាហេតុ ក៏មិនបានប្រតិបត្តិ ដើម្បី​សង្រួម នូវឥន្ទ្រិយ គឺភ្នែកនោះ មិនរក្សានូវឥន្ទ្រិយគឺភ្នែក មិនដល់នូវការសង្រួម​ក្នុងឥន្ទ្រិយ​គឺភ្នែក ស្តាប់នូវសំឡេង ដោយត្រចៀក… ហិតក្លិនដោយច្រមុះ… ទទួលរស ដោយអណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វារម្មណ៍ ដោយកាយ… ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយកាន់យកនូវនិមិត្ត កាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ដ៏លាមកទាំងឡាយ  គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាមនូវភិក្ខុជាអ្នកមិនសង្រួម នូវ​ឥន្ទ្រិយ គឺចិត្តនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តណាជាហេតុ ក៏មិនប្រតិបត្តិ ដើម្បី​សង្រួម នូវឥន្ទ្រិយ គឺចិត្តនោះ មិនរក្សានូវឥន្ទ្រិយគឺចិត្ត មិនដល់នូវការសង្រួម​ក្នុងឥន្ទ្រិយ​គឺចិត្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបានបិទដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​មិនបំពក់ភ្នក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនសំដែង​ធម៌ ដែលខ្លួន​បានស្តាប់មកយ៉ាងណា បានរៀនមកយ៉ាងណាដោយពិស្តារ ដល់ជន​ទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនបំពក់ភ្នក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនស្គាល់កំពង់ទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនចូលទៅរកពួកភិក្ខុ ដែល​ជាពហុស្សូត ចេះចាំក្នុងគម្ពីរ​និកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា ហើយសាកសួរ ប្រឹក្សាម្តងម្កាល ដូច្នេះថា បពិត្រលោកម្ចាស់​ដ៏ចំរើន ព្យញ្ជនៈនេះ ត្រូវរៀង​ដូចម្តេច សេចក្តីនៃភាសិត​នេះ ដូចម្តេច ឯលោកដ៏មានអាយុទាំងនេះ ក៏មិនបានបើកចេញ នូវសេចក្តី​កំបាំងផង មិនបាន​ធ្វើ​នូវ​សេចក្តីដែលជ្រៅ ឲ្យរាក់ងាយផង មិនបានបន្ទោបង់ នូវសេចក្តីសង្ស័យ ក្នុងធម៌​ទាំងឡាយ ដែលជាទីតាំង នៃ​សេចក្តីសង្ស័យច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនស្គាល់កំពង់ទឹក យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនដឹងថា ខ្លួន​បានផឹកទឹកហើយឬនៅឡើយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើគេកំពុងសំដែងធម៌វិន័យ ដែលតថាគត​ប្រកាសហើយ ក៏មិនបាននូវសេចក្តី​ត្រេកអរ​ក្នុងអត្ថ មិនបាននូវសេចក្តីត្រេកអរក្នុងធម៌ មិនបាននូវបាមោជ្ជៈ ដែលប្រកប​ដោយធម៌ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនដឹង​ថាខ្លួនបានផឹកទឹកហើយឬនៅឡើយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនស្គាល់​ច្បាស់ នូវផ្លូវ​ប្រកបដោយអង្គ៨ ដ៏ប្រសើរតាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនស្គាល់​ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាស​ក្នុងកន្លែងគោចរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ មិនបានស្គាល់​ច្បាស់ នូវ​សតិប្បដ្ឋាន៤ តាមសេចក្តី​ពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនឈ្លាស​ក្នុងកន្លែង​គោចរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ មិនឲ្យនៅសល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានពួកគហបតី ដែលមានសទ្ធា បាននាំយកចីវរ​ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ មកបវារណា ចំពោះភិក្ខុ​​ក្នុង​សាសនានេះហើយ ភិក្ខុមិនស្គាល់​ប្រមាណ ក្នុងការទទួលបច្ច័យទាំងនោះ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ មិនឲ្យនៅសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនបូជា​ពួកភិក្ខុជាថេរៈ ដឹងនូវរាត្រី បួសយូរអង្វែង ជាបិតារបស់​សង្ឃ ជាសង្ឃ​បរិនាយក ដោយការបូជាដ៏ក្រៃលែង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ មិនបានតំកល់មេត្តាកាយកម្ម ក្នុងទីចំពោះមុខ និងទីកំបាំង​មុខ មិនតំកល់​មេត្តា​វចី​កម្ម មិនតំកល់​មេត្តាមនោកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ ចំពោះភិក្ខុទាំងឡាយ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃ​បរិនាយក ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនបានបូជាពួកភិក្ខុ ដែល​ជាថេរៈ ដឹងនូវ​រាត្រី​ បួសយូរ ជាបិតារបស់​សង្ឃ ជាសង្ឃបរិនាយក ដោយការបូជា​ដ៏ក្រៃលែង យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកបព្រមដោយ​ធម៌ទាំង១១នេះឯង មិនគួរ​ដើម្បីដល់នូវសេចក្តី​ចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះបានឡើយ។

[២៦] ម្នាលភិក្ខុទាំងឡាយ គង្វាលគោ ប្រកបព្រម​ដោយអង្គទាំង១១ ទើបគួរ​ដើម្បីរក្សា នូវហ្វូងគោ គួរ​ដើម្បីញុំាង​ហ្វូង​គោ ឲ្យចំរើនបាន អង្គទាំង១១ តើដូចម្តេចខ្លះ ម្នាល​ភិក្ខុ​ទាំង​ឡាយ គង្វាលគោ ក្នុង​លោកនេះ ជាអ្នកស្គាល់នូវរូបគោ១ ឈ្លាសក្នុង​លក្ខណៈ១ ឆ្កឹះនូវពងរុយ១ បិទដំបៅ១ បំពក់​ភ្នក់១ ស្គាល់​កំពង់​ទឹក១ ដឹងថាគោបាន​ផឹកទឹក​ហើយ ឬនៅឡើយ១ ស្គាល់ផ្លូវ១​ ឈ្លាស​ក្នុង​កន្លែងឃ្វាលគោ១ រូតទឹកដោះឲ្យ​នៅ​សល់១ គោឧសភទាំងឡាយណា ជាបិតារបស់គោ ជាបរិនាយក របស់គោ រមែង​បូជា​គោឧសភ​​ទាំង​នោះ ដោយ​គ្រឿង​បូជាដ៏ក្រៃលែង១ ម្នាលភិក្ខុទាំងឡាយ គង្វាលគោ​ប្រកប​ដោយ​​អង្គទាំង១១នេះ ទើបគួរ​ដើម្បីរក្សានូវហ្វូងគោ គួរដើម្បីញុំាង​ហ្វូងគោឲ្យចំរើន​បាន (យ៉ាងណាមិញ) ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបព្រម ដោយអង្គទាំង១១ ទើបគួរ​ដល់នូវ​សេចក្តីចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះ យ៉ាងដូច្នោះដែរ អង្គទាំង​១១ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្គាល់រូប១ ឈ្លាស​ក្នុង​លក្ខណៈ១ ឆ្កឹះនូវពងរុយ១ បិទនូវដំបៅ១ បំពក់​ភ្នក់១ ស្គាល់​កំពង់​ទឹក១ ដឹងថា ខ្លួន​បាន​ផឹក​ទឹក​ហើយ ឬនៅឡើយ១ ស្គាល់ផ្លូវ១​ ឈ្លាស​ក្នុង​កន្លែង​គោចរ១ រូតយកទេយ្យវត្ថុ ឲ្យ​នៅ​សល់១ បូជាពួកភិក្ខុដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃ​បរិនាយក ដោយការបូជា ​ដ៏ក្រៃលែង១។

[២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកស្គាល់រូប តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា រូបឯណានីមួយ (រូបទាំងអស់នោះ) គឺ​មហាភូតរូបទាំង៤ផង ឧបាទាយរូប​ ដែលអាស្រ័យ​នឹងមហាភូតរូបទាំង៤ផង ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកស្គាល់រូប យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​ឈ្លាស​ក្នុង​លក្ខណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់តាមពិតថា បុគ្គលពាល មានអំពើជាលក្ខណៈ បណ្ឌិត មានអំពើជាលក្ខណៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកឈ្លាស ក្នុងលក្ខណៈ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​ឆ្កឹះនូវពងរុយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងកាមវិតក្កៈ​ ដែល​កើត​ឡើង​ហើយ មិនឲ្យ​អាស្រ័យនៅ (ក្នុងខន្ធសន្តាន) លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យ​សាបសូន្យ​ ញុំាងព្យាបាទវិតក្កៈ ដែលកើតឡើងហើយ… ញុំាងវិហិង្សាវិតក្កៈ ដែល​កើតឡើង​ហើយ… ញុំាង​អកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើងរឿយៗ មិនឲ្យ​អាស្រ័យ​ (នៅក្នុងខន្ធសន្តាន) លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើឲ្យសាបសូន្យ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកឆ្កឹះនូវពងរុយ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​បិទ​នូវដំបៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញ​រូប​ដោយភ្នែកហើយ មិនបានកាន់យកនូវនិមិត្ត មិនបានកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ ដ៏​លាមក​ទាំងឡាយ គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាមនូវភិក្ខុជាអ្នកមិនបានសង្រួម នូវ​ឥន្ទ្រិយ គឺ​ភ្នែកនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺភ្នែកណាជាហេតុ ក៏ប្រតិបត្តិ ដើម្បី​សង្រួម នូវឥន្ទ្រិយ គឺភ្នែកនោះ រក្សានូវឥន្ទ្រិយគឺភ្នែក ដល់នូវការសង្រួម ​ក្នុងឥន្ទ្រិយ​ គឺភ្នែក ឮសំឡេង ដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរស ដោយអណ្តាត… ពាល់ត្រូវ​សម្ផ័ស្ស ដោយកាយ… ដឹងច្បាស់នូវធម៌ដោយចិត្ត ហើយមិនកាន់យកនូវនិមិត្ត មិន​កាន់​យកនូវអនុព្យញ្ជនៈឡើយ ក៏អកុសលធម៌ ដ៏លាមកទាំងឡាយ  គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាម នូវភិក្ខុជាអ្នកមិនបានសង្រួម នូវ​ឥន្ទ្រិយ គឺចិត្តនុ៎ះ ដែលមានការមិនសង្រួម នូវឥន្ទ្រិយ គឺចិត្តណាជាហេតុ ក៏ប្រតិបត្តិ ដើម្បី​សង្រួម នូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវការសង្រួម​ ក្នុងឥន្ទ្រិយ​ គឺចិត្ត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបិទនូវដំបៅ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​បំពក់ភ្នក់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ សំដែង​ធម៌ ដែលខ្លួន​បានស្តាប់មកយ៉ាងណា បានរៀនមកយ៉ាងណាដោយពិស្តារ ដល់ជន​ទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបំពក់ភ្នក់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ទឹក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានចូលទៅរកពួកភិក្ខុ ដែល​ជាថេរៈ ជាពហុស្សូត ចេះចាំក្នុងគម្ពីរ​និកាយ ទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់​មាតិកា​ ហើយសាកសួរ ប្រឹក្សាម្តងម្កាល ដូច្នេះថា បពិត្រលោកម្ចាស់​ដ៏ចំរើន ព្យញ្ជនៈនេះ ត្រូវ​រៀង​ដូចម្តេច សេចក្តីនៃភាសិត​នេះ ដូចម្តេច លោកដ៏មានអាយុទាំងនោះ ក៏បើកនូវ​សេចក្តី​ដែល​កំបាំងផង ​ធ្វើ​នូវ​សេចក្តីដែលជ្រៅ ឲ្យរាក់ងាយផង បន្ទោបង់ នូវ​សេចក្តី​សង្ស័យ ក្នុងធម៌​ទាំងឡាយ ជាទីតាំងនៃ​សេចក្តី​សង្ស័យ​ច្រើនប្រការផង ដល់ភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់កំពង់ទឹក យ៉ាងនេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដឹងថា ខ្លួន​បានផឹកទឹកហើយ ឬនៅឡើយ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលបើគេកំពុងសំដែងធម្មវិន័យ ដែលតថាគត​ប្រកាសហើយ ក៏បាននូវសេចក្តី​ត្រេកអរ​ក្នុងអត្ថ បាននូវសេចក្តីត្រេកអរក្នុងធម៌ បាននូវ​បាមោជ្ជៈ ដែលប្រកប​ដោយធម៌ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុដឹង​ថា ខ្លួនបានផឹកទឹកហើយ ឬនៅឡើយ យ៉ាងនេះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ស្គាល់ផ្លូវ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្គាល់​នូវផ្លូវ​ប្រកបដោយអង្គទាំង៨ ជាផ្លូវដ៏ប្រសើរ តាមសេចក្តីពិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្គាល់​ផ្លូវ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្លាស​ក្នុងកន្លែងគោចរ តើដូចម្តេច។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹង​ច្បាស់នូវ​សតិប្បដ្ឋានទាំង៤ តាមសេចក្តី​ពិត ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នកឈ្លាស ​ក្នុងកន្លែង​គោចរ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ ឲ្យនៅ​សល់ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកគហបតី ដែល​មាន​សទ្ធា បាននាំយកចីវរ​ បិណ្ឌបាត សេនាសនៈ និងគិលានប្បច្ចយភេសជ្ជបរិក្ខារ មកបវារណា ចំពោះភិក្ខុ​​ក្នុង​សាសនានេះហើយ ភិក្ខុស្គាល់​ប្រមាណ ក្នុងការ​ទទួល​បច្ច័យ​ទាំង​នោះ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុអ្នករូតយកទេយ្យវត្ថុ ឲ្យនៅសល់ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបូជា​ ចំពោះភិក្ខុដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតា​របស់​​សង្ឃ ជាសង្ឃ​បរិនាយក ដោយការបូជាដ៏ក្រៃលែង តើដូចម្តេច។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនា​នេះ តំកល់មេត្តាកាយកម្ម ក្នុងទីចំពោះមុខ និងទីកំបាំង​មុខ តំកល់​មេត្តាវចីកម្ម ក្នុងទីចំពោះមុខ និងទីកំបាំងមុខ តំកល់​មេត្តាមនោកម្ម ក្នុងទីចំពោះមុខ និង​ទី​កំបាំងមុខ ចំពោះភិក្ខុទាំងឡាយ ដែលជាថេរៈ ដឹងនូវរាត្រី បួសយូរ ជាបិតារបស់សង្ឃ ជាសង្ឃ​បរិនាយក ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកបូជាពួកភិក្ខុ​ជាថេរៈ ដឹងនូវ​រាត្រី​ បួសយូរ ជាបិតារបស់​សង្ឃ ជាសង្ឃបរិនាយក ដោយការបូជា​ ដ៏ក្រៃលែង យ៉ាងនេះឯង ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុប្រកបដោយ​ធម៌ទាំង១១នេះឯង ទើបគួរ​ដើម្បីដល់នូវសេចក្តី​ចំរើន លូតលាស់ ពេញទូលាយ ក្នុងធម្មវិន័យនេះបាន។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​សំដែង​នូវសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះ​ភាសិតរបស់ព្រះមានព្រះភាគ។

ចប់ មហាគោបាលសូត្រ ទី៣។

ចូឡគោបាលសូត្រ ទី៤

[២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្បែរ​ឆ្នេរទន្លេគង្គា ទៀបក្រុងឧក្កចេលា ក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុ​ទាំងឡាយ ក្នុងទីនោះថា នែភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ក៏ទទួលព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន។

[២៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់​មានមកហើយថា គង្វាលគោ ជាអ្នកនៅក្នុងដែនមគធៈ ជាមនុស្សអប្បឥតប្រាជ្ញា មិនបាន​ពិចារណានូវត្រើយខាងអាយ ទាំងមិនបានពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ ត្រង់ទីដែល​មិនមែន​ជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ពួកគោ ក៏ធ្វើ​នូវការវិលវល់ ក្នុងកណ្តាលខ្សែទឹកទន្លេគង្គា ហើយក៏ដល់នូវ​សេចក្តីវិនាស បាត់បង់ក្នុងទឹកទន្លេនោះឯង សេចក្តីវិនាសបាត់បង់ទៅនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថាគង្វាលគោ ជាអ្នកនៅក្នុងដែនមគធៈនោះ ជាមនុស្ស​អប្បឥតប្រាជ្ញា មិនបាន​ពិចារណា នូវត្រើយខាងអាយ ទាំងមិនបានពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែល​មិនមែន​ជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវ​ភ្លៀង ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី មិនឈ្លាស​ក្នុងលោកនេះ [១.២ មិនឈ្លាសក្នុងខន្ធ ធាតុ និងអាយតនៈ។] មិនឈ្លាសក្នុងលោកខាង​មុខ [២] មិនឈ្លាសក្នុងទីនៅនៃមារ [ធម៌ដែលប្រព្រឹត្តទៅក្នុងភូមិទាំង៣។] មិនឈ្លាស​ក្នុងទី​មិនមែនជាទីនៅនៃមារ [លោកុត្តរធម៌ទាំង៩ប្រការ។] មិនឈ្លាសក្នុងទីនៅនៃមច្ចុ [៥.៦ ធម៌ប្រព្រឹត្តទៅក្នុងភូមិ៣ និងលោកុត្តរធម៌ ដូចគ្នា។ អដ្ឋកថា] មិនឈ្លាស​ក្នុងទីដែល​មិនមែនជាទី​នៅនៃមច្ចុ [៦] ពួកជនណាសំគាល់ នូវពាក្យរបស់សមណព្រាហ្មណ៍​ទាំង​អម្បាលនោះ ថាជាពាក្យគួរស្តាប់ គួរជឿ សេចក្តីសំគាល់របស់ជនទាំងនោះ នឹងប្រព្រឹត្ត​ទៅ ដើម្បីមិនមែន​ជាប្រយោជន៍ ដើម្បីទុក្ខ អស់កាលយូរអង្វែង។

[៣០] ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់​មានមកហើយថា គង្វាលគោ នៅ​ក្នុង​ដែន​មគធៈ ជាមនុស្សមានប្រាជ្ញា បាន​ពិចារណា នូវត្រើយខាងអាយ ទាំងពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោទាំងឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែល​​ជាកំពង់ ក្នុងសារទសម័យ នាខែជាខាងចុងនៃរដូវភ្លៀង។ គង្វាល​គោនោះ ចម្លងគោឧសភ ដែលជាបិតារបស់គោ ជាគោបរិនាយកទៅមុន គោ​ទាំង​នោះ ក៏ហែលកាត់ទទឹង​ខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួលបួល។ បន្ទាប់​ពីនោះ គង្វាលគោ ចម្លង​ពួកគោ ដែលមានកំឡាំង និងគោដែល​គួរបង្ហាត់បាន​ដទៃទៀត ឯគោទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល។ តពីនោះ គង្វាលគោ ចម្លងគោឈ្មោលស្ទាវ និងគោញីជំទង់ដទៃទៀត ឯគោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល។ លំដាប់ពីនោះ គង្វាលគោ ចម្លងកូនគោកំពុងបៅដោះ និងកូនគោស្គម មានកំឡាំង​ថយដទៃទៀត ឯកូនគោទាំងនោះ ក៏ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាង​នាយ ដោយស្រួល​បួល។ ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា កូនគោ​កំពុង​បៅដោះ ជាកូនគោនៅខ្ចី ទើបកើត​ក្នុងថ្ងៃនោះឯង តែងហែលទៅតាមសំឡេង​របស់មេ​គោ ឯកូនគោនោះ ហែលកាត់ទទឹង​ខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយ​ស្រួល​បួល រឿងនោះ ព្រោះហេតុដូចម្តេច ព្រោះថា គង្វាលគោជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ គង្វាលគោ នៅក្នុងដែនមគធៈនោះឯង ជាមនុស្សមានប្រាជ្ញា បាន​ពិចារណា នូវត្រើយខាងអាយ ពិចារណា នូវត្រើយខាងនាយ នៃទន្លេគង្គា ក៏នាំគោ​ទាំង​ឡាយ ឲ្យឆ្លងទៅកាន់ត្រើយខាងជើង នៃដែនវិទេហៈ តាមទីដែល​​ជាកំពង់ ក្នុង​សារទ​សម័យ នាខែជាខាងចុង នៃវស្សានរដូវ (ដូចម្តេចមិញ) ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយ​ណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ជាអ្នកឈ្លាស​ក្នុងលោកនេះ ឈ្លាស​ក្នុងលោកខាង​មុខ ឈ្លាសក្នុងទីនៅរបស់មារ ឈ្លាស​ក្នុងទី​ដែលមិនមែន​ជាទីនៅរបស់មារ ឈ្លាសក្នុងទីនៅរបស់មច្ចុ ឈ្លាស​ក្នុងទីដែល​មិនមែនជាទី​នៅរបស់មច្ចុ  ពួក​ជនណា បានសំគាល់នូវពាក្យ របស់សមណៈ និងព្រាហ្មណ៍​ទាំងនោះ ថាជា​ពាក្យ​គួរស្តាប់ គួរជឿ សេចក្តីសំគាល់របស់ជនទាំងនោះ នឹងប្រព្រឹត្ត​ទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង យ៉ាងដូច្នោះឯង។

[៣១] ម្នាលភិក្ខុទាំងឡាយ គោឧសភទាំងឡាយណា ជាបិតារបស់គោ ជាគោបរិនាយក គោឧសភទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួច​ហើយ មានសោឡសកិច្ចធ្វើ​រួចហើយ មានភារៈដាក់ចុះហើយ បានសម្រេច​ប្រយោជន៍​របស់ខ្លួនហើយ មានសំយោជនៈក្នុងភព គឺតណ្ហាអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះត្រាស់ដឹងនូវធម៌ដោយប្រពៃ ភិក្ខុទាំងនោះ អាចកាត់នូវខ្សែនៃមារដោយទទឹង ហើយទៅដល់ត្រើយ​ខាងនាយ គឺព្រះនិព្វាន ដោយស្រួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គោទាំងឡាយណា ដែលជាគោមានកំឡាំង ជាគោដែល​គួរបង្ហាត់​បាន គោទាំងនោះ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈជាចំណែកខាងក្រោមទាំង៥អស់ហើយ ជាឱបបាតិកៈ [សំដៅយក ព្រះអនាគាមិបុគ្គល] បរិនិព្វាន ក្នុងលោកនោះ មានសភាពមិនបានត្រឡប់​ចាកលោក​នោះ ភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយទៅដល់ត្រើយ​ខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គោឈ្មោលស្ទាវទាំងឡាយ គោញីជំទង់ទាំងឡាយ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ហើយទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈ៣ អស់ហើយ តែនៅមានរាគៈ ទោសៈ និងមោហៈ ដែលស្រាលស្តើង ជាសកទាគាមិបុគ្គល មកកាន់លោកនេះតែម្តងទៀត ហើយនឹង​ធ្វើនូវទីបំផុតទុក្ខ ភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយដល់​ត្រើយ​​ខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុ​ទាំង​ឡាយ កូនគោដែលកំពុងបៅដោះទាំងឡាយ និងកូនគោ​ដែលស្គម​ មានកំឡាំងថយ បាន​ហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ទៅដល់ត្រើយខាងនាយ ដោយស្រួល​បួល មានឧបមា​យ៉ាង​ណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយណា មានសំយោជនៈ៣អស់ហើយ ជាសោតាបន្នបុគ្គល មានសភាព​មិនធ្លាក់ទៅក្នុង​អបាយ ជាបុគ្គលទៀង មានធម៌ជាគ្រឿង​ត្រាស់​ដឹង ប្រព្រឹត្តទៅក្នុងខាងមុខ ភិក្ខុទាំងនោះ បានកាត់នូវខ្សែនៃមារដោយទទឹងហើយ ក៏បានដល់នូវត្រើយ​ខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល មានឧបមេយ្យដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ កូនគោកំពុងបៅដោះ ដែលជាកូនគោនៅខ្ចី ទើបតែនឹងកើតហើយ ក្នុងថ្ងៃនោះឯង ក៏ហែលទៅតាម​សំឡេង​នៃមេគោ បានហែលកាត់ទទឹងខ្សែទឹកទន្លេគង្គា ដល់ទៅត្រើយខាងនាយ ដោយស្រួល​បួល មានឧបមាយ៉ាងណាមិញ ម្នាលភិក្ខុ​ទាំង​ឡាយ ពួកភិក្ខុណា ដែលជា​ធម្មានុសារី​បុគ្គល [បុគ្គលអ្នករលឹកតាមនូវធម៌ គឺបញ្ញា តែង​ចំរើននូវមគ្គ មានបញ្ញាជាប្រធាន បានខាង​បុគ្គល​ ដែលតាំងនៅក្នុងសោតាបត្តិមគ្គ មានបញ្ញិន្ទ្រិយដ៏ក្លៀវក្លា។] និង​សទ្ធានុសារីបុគ្គល [បុគ្គលអ្នករលឹកតាមនូវសទ្ធា តែង​ចំរើននូវមគ្គ មានសទ្ធាជាប្រធាន បានខាង​បុគ្គល​ ដែលតាំងនៅក្នុងសោតាបត្តិមគ្គ មានសទ្ធិន្ទ្រិយដ៏ក្លៀវក្លា។ អដ្ឋកថា។] ពួកភិក្ខុទាំងនោះ នឹងកាត់នូវខ្សែនៃមារដោយទទឹង ហើយដល់នូវត្រើយ​ខាងនាយ គឺព្រះនិព្វាន ដោយស្រួលបួល។ ម្នាលភិក្ខុទាំងឡាយ ចំណែកតថាគត ជាអ្នកឈ្លាសក្នុង​លោកនេះ អ្នកឈ្លាសក្នុងលោកខាងមុខ អ្នកឈ្លាស​ក្នុងទីនៅនៃមារ អ្នកឈ្លាស​ក្នុងទីដែល​មិនមែនជាទីនៅនៃមារ អ្នកឈ្លាសក្នុងទីនៅនៃមច្ចុ អ្នកឈ្លាសក្នុងទីដែល​មិនមែន​ជាទីនៅនៃមច្ចុ។ ម្នាលភិក្ខុទាំងឡាយ ជនទាំងឡាយណា សំគាល់នូវពាក្យរបស់​តថាគត ថាជាពាក្យគួរស្តាប់ គួរជឿ សេចក្តីសំគាល់ របស់ជន​ទាំង​នោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ អស់កាលយូរអង្វែង។ ព្រះទ្រង់​ព្រះភាគ ព្រះអង្គ​ត្រាស់សូត្រនេះចប់ហើយ ព្រះសុគតជាសាស្តា លុះត្រាស់​សូត្រ​នេះរួចហើយ ទើបសំដែង​គាថានេះ តទៅទៀតថា

លោកនេះ និងលោកខាងមុខ ដែលព្រះសម្ពុទ្ធទ្រង់ដឹង បានប្រកាស​ហើយដោយ​ប្រពៃ លោកណាៗ ដែលមច្ចុមារទៅដល់ក្តី ទៅមិនដល់ក្តី ព្រះសម្ពុទ្ធ ទ្រង់ដឹង​ច្បាស់ បានត្រាស់ដឹងនូវលោកទាំងអស់នោះ ហើយបើកទ្វារនៃព្រះនិព្វាន គឺ​អរិយមគ្គ ដើម្បីដល់នូវព្រះនិព្វាន ជាទីក្សេម បានកាត់កំចាត់ខ្សែ​របស់មារ ហើយធ្វើ​ឲ្យប្រាសចាកដើមបបុះ គឺមានះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកច្រើនដោយសេចក្តី​រីករាយ ចូរប្រាថ្នានូវព្រះនិព្វាន ជាទីក្សេមចុះ។

ចប់ ចូឡគោបាលសូត្រ ទី៤។

ចូឡសច្ចកសូត្រ ទី៥

[៣២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងកូដាគារសាលា ក្នុងមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះឯង និគន្ថបុត្រ ឈ្មោះ​សច្ចកៈ នៅក្នុងក្រុងវេសាលី ជាអ្នកពោលនូវតិរច្ឆានថា ពោលថា ខ្លួនជាអ្នកប្រាជ្ញ មហាជន​សន្មតថា ជាអ្នកមានលទ្ធិល្អ។ សច្ចកនិគន្ថបុត្រនោះ តែងពោល​វាចា នា​កណ្តាល​បរិស័ទ ក្នុងក្រុងវេសាលីយ៉ាងនេះថា បុគ្គលណា ដែលអាត្មាអញលើក​ឡើង នូវ​ទោសដោយសំដី ហើយមិនកក្រើក មិនរំភើប មិនញាប់ញ័រ ទាំងញើសក៏មិនហូរចេញ​អំពីក្លៀក របស់បុគ្គលណា អាត្មាអញ មិនឃើញនូវបុគ្គលនោះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ជាអ្នកមានពួក មានគណៈ ជាអាចារ្យនៃគណៈ ឬពុំនោះសោត បាន​ប្តេជ្ញា​ខ្លួន ថាជាអរហន្តសម្មាសម្ពុទ្ធទេ ឯអាត្មាអញ បើលើកឡើង​នូវទោស ដោយពាក្យសំដី ចំពោះទៅលើបង្គោល ដែលជារបស់គ្មានចេតនាសោះ ឯបង្គោលនោះ លុះអាត្មាអញ លើកឡើងនូវទោស ដោយពាក្យសំដីហើយ គប្បីកក្រើក រំភើប ញាប់ញ័រ ចាំបាច់​ពោលទៅ​ថ្វី ដល់មនុស្សជាតផងគ្នា។

[៣៣] លំដាប់នោះឯង ព្រះអស្សជិមានអាយុ ស្លៀកស្បង់ ទ្រង់នូវបាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត។ សច្ចកនិគន្ថបុត្រ កំពុងដើរ​សសៀរៗទៅ ដើម្បីសម្រាកស្មង ក្នុងក្រុងវេសាលី ក៏បានឃើញ​ព្រះអស្សជិមានអាយុ កំពុង​និមន្តទៅអំពីចម្ងាយ លុះឃើញហើយ ក៏ចូលសំដៅទៅរកព្រះអស្សជិមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះអស្សជិមានអាយុ លុះបញ្ចប់​ពាក្យ ដែលគួរឲ្យកើតសេចក្តី​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុង​ទីដ៏​សម​​គួរ។ លុះសច្ចកនិគន្ថបុត្រ ឋិតនៅក្នុងទីដ៏សមគួរហើយ ទើបពោល​ពាក្យនេះ នឹង​ព្រះអស្សជិមានអាយុថា បពិត្រព្រះអស្សជិដ៏ចំរើន ព្រះសមណគោតម តែង​ទូន្មាននូវ​សាវ័កទាំងឡាយ ដូចម្តេចខ្លះ មួយទៀត ពាក្យប្រៀនប្រដៅរបស់​ព្រះសមណ​គោតម តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័កទាំងឡាយ មានចំណែក​ដូចម្តេច។ ព្រះអស្សជិតបថា ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ទ្រង់ទូន្មាន នូវ​ពួក​សាវ័ក យ៉ាងនេះ មួយទៀត ពាក្យប្រៀនប្រដៅ តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មាន​ចំណែក​យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិនមែនជាខ្លួន វេទនាមិនមែនជាខ្លួន សញ្ញាមិនមែនជាខ្លួន សង្ខារទាំងឡាយ​មិនមែនជាខ្លួន វិញ្ញាណ​មិនមែនជាខ្លួន សង្ខារទាំងពួង​មិនមែនជាខ្លួន ធម៌ទាំងពួងមិនមែនជាខ្លួន ម្នាល​អគ្គិវេស្សនៈ ព្រះមានព្រះភាគ ទ្រង់ទូន្មាននូវសាវ័កទាំងឡាយ យ៉ាងនេះឯង មួយទៀត ពាក្យប្រៀនប្រដៅ​របស់ព្រះមានព្រះភាគ តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែក​យ៉ាងនេះ។ បពិត្រព្រះអស្សជិដ៏ចំរើន យើងទាំងឡាយណា បានស្តាប់​ព្រះសមណគោតម មានវាទៈយ៉ាងនេះ យើងទាំងឡាយនោះ ឈ្មោះថា បានស្តាប់​នូវវាទៈ ដែលកម្របានស្តាប់ ធ្វើម្តេចយើងទាំងឡាយ នឹងទៅជួបព្រះសមណគោតម ដ៏ចំរើននោះ បានម្តងហ្ន៎ ធ្វើម្តេចហ្ន៎ នឹងមានការចរចាអ្វីនីមួយទៅអេះ ធ្វើម្តេច យើងទាំង​ឡាយ នឹងដោះនូវ​សមណគោតម ឲ្យផុតអំពីទិដ្ឋិដ៏លាមកនោះចេញបានហ្ន៎។

[៣៤] សម័យនោះឯង ព្រះបាទលិច្ឆវី ចំនួន​៥០០អង្គ កំពុងតែប្រជុំនៅក្នុង​សន្ថាគារដ្ឋាន [សាលាសម្រាប់ប្រៀនប្រដៅរាជត្រកូល។ អដ្ឋកថា។] ដោយមានកិច្ច​ការ​អ្វី​នីមួយ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅរកព្រះបាទលិច្ឆវីទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងព្រះបាទលិច្ឆវីទាំងនោះថា សូមព្រះបាទ​លិច្ឆវីទាំងឡាយដ៏ចំរើន អញ្ជើញទៅ សូមព្រះបាទលិច្ឆវីទាំងឡាយ ដ៏ចំរើន អញ្ជើញទៅ ខ្ញុំនឹងមានការចរចា ជាមួយនឹង​ព្រះសមណគោតម ក្នុងថ្ងៃនេះ ថាបើព្រះសមណគោតម តតាំងនឹងខ្ញុំ ដូចជាភិក្ខុឈ្មោះអស្សជិ ជាសាវ័កដែលមានកេរ្តិ៍ឈ្មោះមួយដែរ បានតតាំង​នឹងខ្ញុំរួចហើយ ខ្ញុំនឹងទាញមក ច្រានទៅ គ្រវាត់គ្រវែង នូវពាក្យសំដី ដោយពាក្យសំដី ចំពោះ​ព្រះសមណគោតម ដូចជាបុរស​មានកំឡាំង ចាប់សត្វ​ចៀម ដែលមានរោមវែង ឰដ៏រោមទាំងឡាយ ទាញមក ច្រានទៅ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះសោត ខ្ញុំនឹងទាញមក ច្រានទៅ គ្រវាត់គ្រវែង នូវពាក្យសំដី ដោយពាក្យសំដី ចំពោះ​ព្រះសមណគោតមនោះ ដូចជាបុរស​មានកំឡាំង ជាអ្នកធ្វើការងារក្នុងផ្ទះលក់សុរា ដាក់ចុះ​នូវកន្ទេល សម្រាប់ដាក់ម្សៅ ក្នុងផ្ទះលក់សុរា ក្នុងអន្លង់ទឹកដែលជ្រៅ ចាប់ត្រង់​ជាយ​ ទាញមក ច្រានទៅ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងផ្កាប់ចុះ ផ្ងារឡើង បោក​បោះ នូវពាក្យសំដី ដោយពាក្យសំដី ចំពោះ​ព្រះសមណគោតម ដូចជាបុរស​មានកំឡាំង ជាអ្នក​លេងសុរា ចាប់ថាសត្រង់កណ្តាប់មាត់ផ្កាប់ចុះ ផ្ងារឡើង បោកបោះ ដូច្នេះឯង ពុំនោះសោត ខ្ញុំនឹងលេងនូវព្រះសមណគោតម ឲ្យមានទំនង​ដូចជាគេលេង​នូវល្បែង​លាងសម្បកធ្មៃ ឲ្យដូចគ្នានឹងដំរីដែលមានអាយុ​៦០ឆ្នាំ ចុះកាន់ស្រះបោក្ខរណីដ៏ជ្រៅ ហើយលេងនូវល្បែង​លាងសម្បកធ្មៃ ដូច្នោះឯង សូមព្រះបាទលិច្ឆវីទាំងឡាយ ដ៏ចំរើន អញ្ជើញទៅ សូមព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន អញ្ជើញទៅ ខ្ញុំនឹង​មានការចរចា ជាមួយនឹង​ព្រះសមណគោតម ក្នុងថ្ងៃនេះ។ បណ្តាព្រះបាទលិច្ឆវីទាំងនោះ ព្រះបាទ​លិច្ឆវីពួកខ្លះ មានព្រះវាចាយ៉ាងនេះថា ព្រះសមណគោតម នឹងលើកឡើង នូវពាក្យ​សំដី របស់សច្ចកនិគន្ថបុត្រ ដូចម្តេចបាន មានតែសច្ចកនិគន្ថបុត្រទេ ទើបនឹងលើកឡើង នូវ​ពាក្យសំដីរបស់ព្រះសមណគោតមវិញបាន។ ព្រះបាទលិច្ឆវីពួកខ្លះ មានព្រះវាចា​យ៉ាងនេះថា សច្ចកនិគន្ថបុត្រនោះ នឹងលើកឡើង នូវពាក្យ​សំដី របស់ព្រះមានព្រះភាគ​ជាម្ចាស់ ដូចម្តេចបាន មានតែព្រះមានព្រះភាគជាម្ចាស់ទេ ទើបលើកឡើង នូវ​ពាក្យសំដី របស់សច្ចកនិគន្ថបុត្របាន។ លំដាប់នោះ សច្ចកនិគន្ថបុត្រ មានព្រះបាទលិច្ឆវីចំនួន​៥០០អង្គ ចោមរោម ក៏ចូលសំដៅទៅត្រង់កូដាគារសាលា នាមហាវ័ន។

[៣៥] សម័យនោះឯង ភិក្ខុច្រើនរូបកំពុងចង្ក្រម​នៅទីវាល។ គ្រានោះ សច្ចកនិគន្ថបុត្រ ចូលទៅរកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងភិក្ខុទាំងនោះថា នែលោកទាំងឡាយដ៏ចំរើន ឥឡូវនេះ ព្រះគោតមដ៏ចំរើននោះ គង់​នៅក្នុងទីណា យើងទាំងឡាយ ចង់ជួបនឹងព្រះគោតមដ៏ចំរើននោះ។ ភិក្ខុទាំងនោះ​តបថា ម្នាលអគ្គិវេស្សនៈ ព្រះមានព្រះភាគ ជាម្ចាស់អង្គនោះ ទ្រង់យាងចូលទៅកាន់ មហាវ័ន គង់​សម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ ក៏ចូល​ទៅកាន់មហាវ័ន ជាមួយនឹង​ព្រះបាទលិច្ឆវី ជាបរិស័ទច្រើនអង្គ ចូលទៅរក​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះ​បញ្ចប់​​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏​អង្គុយ​ក្នុងទីដ៏សមគួរ។ ឯព្រះបាទលិច្ឆវីទាំងនោះ ពួកខ្លះ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទី​ដ៏សម​គួរ។ ពួកខ្លះ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹង​ព្រះមានព្រះភាគ លុះ​បញ្ចប់ពាក្យ​ដែលគួរ​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏គង់ប្រណម្យ​អញ្ជលី ចំពោះព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ។ ពួកខ្លះ ក៏សំដែង​នាម និងគោត្រ (របស់ខ្លួន) ឲ្យឮច្បាស់ក្នុងសំណាក់ នៃព្រះមានព្រះភាគ ហើយគង់ក្នុងទី​ដ៏សមគួរ។ ពួកខ្លះ ក៏គង់នៅស្ងៀម ក្នុងទីដ៏សមគួរ។

[៣៦] សច្ចកនិគន្ថបុត្រ លុះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ពោលពាក្យនេះ នឹង​ព្រះមានព្រះភាគថា បើព្រះគោតមដ៏ចំរើន ធ្វើនូវឱភាស ដើម្បីដោះស្រាយ​ នូវបញ្ហា​របស់ខ្ញុំបាន ខ្ញុំនឹងសួរនូវហេតុនីមួយ នឹងព្រះគោតមដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលអគ្គិវេស្សនៈ បើអ្នកត្រូវការនឹងសួរ ចូរសួរមកចុះ។ ព្រះគោតមដ៏ចំរើន តែង​ទូន្មានពួកសាវ័កដូចម្តេចខ្លះ ពាក្យប្រៀនប្រដៅ របស់​ព្រះគោតមដ៏ចំរើន តែង​ប្រព្រឹត្ត​ទៅច្រើន​ក្នុងពួកសាវ័ក មានចំណែក​ដូចម្តេចខ្លះ។ ម្នាលអគ្គិវេស្សនៈ តថាគត តែងទូន្មាន​ពួកសាវ័កយ៉ាងនេះ ពាក្យប្រៀនប្រដៅ​ របស់តថាគត តែងប្រព្រឹត្តទៅ ច្រើនក្នុងពួក​សាវ័ក មានចំណែក​យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង វេទនាមិនទៀង សញ្ញា​មិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិនទៀង ម្នាលភិក្ខុទាំងឡាយ រូបមិន​មែន​ជាខ្លួន វេទនាមិនមែនជាខ្លួន សញ្ញាមិនមែនជាខ្លួន សង្ខារទាំងឡាយ​មិនមែនជាខ្លួន វិញ្ញាណ​​មិនមែនជាខ្លួន សង្ខារទាំងពួង​មិនមែនជាខ្លួន ធម៌ទាំងពួង ក៏មិនមែនជាខ្លួន​ដែរ ម្នាល​អគ្គិវេស្សនៈ តថាគត តែងទូន្មានពួកសាវ័ក យ៉ាងនេះឯង ពាក្យប្រៀនប្រដៅ​ របស់​តថាគត តែងប្រព្រឹត្តទៅច្រើន ក្នុងពួកសាវ័ក មានចំណែក​យ៉ាងនេះ។ បពិត្រព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ សូមសំដែង​ពាក្យឧបមាបន្តិច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា អើ​អគ្គិវេស្សនៈ អ្នកឯងចូរសំដែង​ពាក្យឧបមាទៅចុះ។ បពិត្រព្រះគោតមដ៏ចំរើន ពីជគាម និងភូត​គាមទាំងឡាយណានីមួយ ដល់នូវការចំរើន លូតលាស់ ធំទូលាយ ពីជគាម និង​ភូត​គាម​ទាំងអស់នោះ អាស្រ័យនូវផែនដី តាំងនៅ​លើផែនដី ពីជគាម និងភូតគាម​ទាំងនុ៎ះ ក៏តែងតែដល់នូវការចំរើន លូតលាស់ ធំទូលាយ យ៉ាងនេះ មានឧបមា​ដូចម្តេច​មិញ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ការងារទាំងឡាយ ដែលគួរធ្វើដោយកំឡាំង​ឯណា​នីមួយ គេតែងធ្វើ​ការងារទាំងអស់នោះ អាស្រ័យ​នូវផែនដី តាំងនៅលើផែនដី ការងារ​ដែល​គួរ​ធ្វើដោយកំឡាំងទាំងនុ៎ះ គេតែងធ្វើ​យ៉ាងនេះ មានឧបមាដូចម្តេចមិញ បពិត្រ​ព្រះគោតមដ៏ចំរើន បុរសបុគ្គលនេះ មានរូបជាខ្លួន តាំងនៅ​ក្នុងរូប ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានវេទនា​ជាខ្លួន តាំងនៅ​ក្នុងវេទនា ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានសញ្ញា​ជាខ្លួន តាំងនៅ​ក្នុងសញ្ញា ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានសង្ខារ​​ជាខ្លួន តាំងនៅ​ក្នុងសង្ខារទាំងឡាយ ទទួលនូវបុណ្យ ឬបាប បុរសបុគ្គលនេះ មានវិញ្ញាណ​ជាខ្លួន តាំងនៅ​ក្នុងវិញ្ញាណ ទទួលនូវបុណ្យ ឬបាប មានឧបមេយ្យ ដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ អ្នកពោលពាក្យយ៉ាងនេះថា រូបជាខ្លួន​របស់អញ វេទនាជាខ្លួន​របស់អញ សញ្ញាជាខ្លួន​របស់អញ សង្ខារទាំងឡាយជាខ្លួន​របស់​អញ វិញ្ញាណជាខ្លួន​របស់អញ ដូច្នេះឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំឯងពោល​យ៉ាងនេះ​ថា រូបជាខ្លួន​របស់អញ វេទនាជាខ្លួន​របស់អញ សញ្ញាជាខ្លួន​របស់អញ សង្ខារ​ទាំងឡាយ​ជាខ្លួន​​របស់អញ វិញ្ញាណជាខ្លួន​របស់អញ ទាំងប្រជុំជនជាច្រើននេះ គេក៏​ថាដូច្នេះដែរ។ នែអគ្គិវេស្សនៈ ឯប្រជុំជនច្រើនរបស់អ្នក នឹងធ្វើជាសំអាងម្តេចបាន ម្នាល​អគ្គិវេស្សនៈ អញ្ជើញអ្នកដោះស្រាយតែពាក្យសំដី​របស់ខ្លួនចុះ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំនៅតែ​ពោលយ៉ាងនេះថា រូបជាខ្លួន​របស់អញ វេទនា​ជាខ្លួន​របស់អញ សញ្ញាជាខ្លួន​របស់អញ សង្ខារទាំងឡាយ ជាខ្លួន​របស់អញ វិញ្ញាណ​ជាខ្លួន​របស់អញ។

[៣៧] ម្នាលអគ្គិវេស្សនៈ បើដូច្នោះ តថាគត នឹងត្រឡប់សួរទៅអ្នក ក្នុងប្រស្នានេះ​វិញ ប្រស្នាគាប់ចិត្តអ្នកយ៉ាងណា អ្នកត្រូវដោះស្រាយ​នូវប្រស្នានោះ យ៉ាងនោះចុះ នែ​អគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុនោះ ដូចម្តេច ព្រះរាជាជាខត្តិយៈ ដែលបានមុទ្ធាភិសេក​ហើយ ដូចយ៉ាងព្រះរាជា​បសេនទិកោសល ពុំនោះសោត ដូចព្រះរាជា​អជាតសត្តុវេទេហិ​បុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានអំណាចក្នុងដែនជារបស់ខ្លួន គប្បីប្រព្រឹត្តដើម្បីសម្លាប់​នូវបុគ្គលដែលគួរសម្លាប់ ដើម្បីរឹបជាន់នូវបុគ្គលដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គល​ដែលគួរនិរទេស បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រះរាជា​ជាខត្តិយៈ ដែលបានមុទ្ធាភិសេក​ហើយ ដូចយ៉ាងព្រះរាជា​បសេនទិកោសល ពុំនោះសោត ដូចជា​ព្រះរាជា​អជាតសត្តុវេទេហិ​បុត្ត ជាឥស្សរៈ ក្នុងដែនមគធៈ មានអំណាច ក្នុង​ដែន​ជា​របស់​ខ្លួន គប្បីប្រព្រឹត្ត ដើម្បីសម្លាប់​ នូវបុគ្គលដែលគួរសម្លាប់ ដើម្បីរឹបជាន់ នូវបុគ្គល​ដែល​គួរ​រឹប​ជាន់ ឬដើម្បីនិរទេស នូវបុគ្គល​ដែលគួរនិរទេសបាន បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា សូម្បីក្សត្រិយ៍ទាំងអម្បាលនេះ ជាពួក ជាគណៈ ដូចពួកក្សត្រិយ៍​ដែលនៅក្នុង​ដែន​វជ្ជី និងពួកក្សត្រិយ៍ ដែលនៅក្នុងដែនមល្លៈ មានអំណាច​ ក្នុងដែនជារបស់ខ្លួន តែងប្រព្រឹត្ត ដើម្បីសម្លាប់​នូវបុគ្គល ដែលគួរសម្លាប់ ដើម្បីរឹបជាន់នូវបុគ្គល ដែលគួររឹបជាន់ ឬដើម្បីនិរទេស នូវបុគ្គល​ដែលគួរនិរទេសបាន នឹងបាច់​ពោលថ្វី ដល់ទៅ​អំណាច​របស់ព្រះរាជា​ជាខត្តិយៈ ដែលបានមុទ្ធាភិសេក​ហើយ ដូចយ៉ាងព្រះរាជា​បសេនទិ​កោសល ពុំនោះសោត ដូចព្រះរាជា​អជាតសត្តុវេទេហិ​បុត្ត ជាឥស្សរៈ ក្នុងដែន​មគធៈ បពិត្រព្រះគោតមដ៏ចំរើន អំណាច គប្បីប្រព្រឹត្តទៅ ទាំងគួរ​នឹងប្រព្រឹត្តទៅ។ នែអគ្គិវេស្សនៈ អ្នកសំគាល់​នូវហេតុនោះដូចម្តេច អ្នកពោលនូវរូបណាយ៉ាងនេះថា រូប​ជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងរូបនោះថា រូបរបស់អញ ចូរ​យ៉ាងនេះ​ទៅ រូបរបស់អញ ចូរកុំមានយ៉ាងនេះឡើយ បានឬទេ។ កាលបើព្រះសាស្តា ទ្រង់ត្រាស់​យ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹង​សច្ចកនិគន្ថបុត្រ ជាគំរប់ពីរដងថា នែអគ្គិវេស្សនៈ អ្នកសំគាល់​នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវរូបណា យ៉ាងនេះថា រូប​ជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅ ក្នុង​រូប​នោះថា រូបរបស់អញ ចូរ​យ៉ាងនេះ​ទៅ រូបរបស់អញ កុំយ៉ាងនេះឡើយ បានឬទេ។ កាលព្រះសាស្តា ទ្រង់ត្រាស់​យ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏នៅស្ងៀម ជាគំរប់​ពីរដង។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹង​សច្ចកនិគន្ថបុត្រថា នែអគ្គិវេស្សនៈ អ្នកចូរដោះស្រាយ នូវបញ្ហា​ក្នុងកាលឥឡូវនេះទៅ កាលឥឡូវនេះ មិនមែន​ជាកាលអ្នកស្ងៀមទេ នែអគ្គិវេស្សនៈ អ្នកណាមួយ ដែលតថាគតសួរ​នូវបញ្ហា ប្រកបដោយធម៌ ជាគំរប់៣ដងហើយ នៅតែមិនដោះស្រាយ ក្បាលរបស់អ្នកនោះ នឹងបែក​ជា៧ភាគ ក្នុងទីនុ៎ះពុំខាន។ សម័យនោះឯង មានយក្សម្នាក់ឈ្មោះ វជិរបាណី [ព្រះឥន្ទ] កាន់ដែកដូចជាកែវវជិរ ដែលឆេះច្រាលរន្ទាល ភ្លឺសន្ធោសន្ធៅ មកសណ្ឋិត​នៅឰដ៏អាកាស ជាខាងលើនៃសច្ចកនិគន្ថបុត្រ ពោលពាក្យដូច្នេះថា បើសច្ចកនិគន្ថបុត្រ​នេះ ដែលព្រះមានព្រះភាគ​ ទ្រង់សួរបញ្ហា ប្រកបដោយធម៌ ជាគំរប់៣ដងហើយ នៅតែ​មិនដោះស្រាយ អញនឹងបំបែកក្បាលរបស់សច្ចកនិគន្ថបុត្រនោះ ជា៧ភាគ ក្នុងទីនេះ​ឯង។ ព្រះមានព្រះភាគ និងសច្ចកនិគន្ថបុត្រ ក៏បានឃើញយក្សឈ្មោះវជិរបាណីនោះ​ប្រាកដ។ គ្រានោះឯង សច្ចកនិគន្ថបុត្រ ភ័យ តក់ស្លុត រន្ធត់ ព្រឺព្រួចរោម ក៏អាង​ព្រះមានព្រះភាគ​ជាទីពឹង អាង​ព្រះមានព្រះភាគ ជាទីពួន អាង​ព្រះមានព្រះភាគ ជាទី​កំចាត់បង់នូវភ័យ ក្រាបទូលសេចក្តី​នេះ ចំពោះ​ព្រះមានព្រះភាគថា សូមព្រះគោតម​ដ៏ចំរើន សួរនូវបញ្ហា​នឹងខ្ញុំព្រះអង្គចុះ ខ្ញុំព្រះអង្គ នឹងដោះស្រាយ​ឥឡូវនេះ។

[៣៨] ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់​នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវរូប​ណា យ៉ាងនេះថា រូប​ជាខ្លួនរបស់អញ អំណាចរបស់អ្នក ប្រព្រឹត្តទៅក្នុងរូបនោះថា រូប​របស់​អញ ចូរ​យ៉ាងនេះ​ចុះ រូបរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្ត​ចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្ត​រួចហើយ ចូរដោះស្រាយ​ខ្លួន​ឯងចុះ ព្រោះពាក្យខាងចុង​របស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យ​ខាង​ដើមរបស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងចុង នែអគ្គិវេស្សនៈ អ្នកសំគាល់​នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវវេទនាណា យ៉ាងនេះថា វេទនា​ជាខ្លួនរបស់អញ អំណាច​របស់​អ្នក ប្រព្រឹត្តទៅក្នុងវេទនានោះថា វេទនារបស់អញ ចូរ​យ៉ាងនេះ​ទៅ វេទនារបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីនេះ មិនបានទេ។ ម្នាល​អគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្ត​ចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្ត​រួចហើយ ចូរដោះស្រាយ​ចុះ ព្រោះពាក្យខាងចុង​របស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យ​ខាង​ដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់​នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវសញ្ញាណា យ៉ាងនេះថា សញ្ញា​ជាខ្លួនរបស់អញ អំណាច​របស់​អ្នក ប្រព្រឹត្តទៅក្នុងសញ្ញានោះថា សញ្ញារបស់អញ ចូរ​យ៉ាងនេះ​ សញ្ញារបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្ត​ចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុក​ក្នុង​ចិត្ត​​រួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុង​របស់អ្នក មិនជាប់តគ្នា នឹងពាក្យ​ខាង​ដើមទេ ឬពាក្យ​ខាង​ដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់​នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវ​សង្ខារណា យ៉ាងនេះថា សង្ខារ​ទាំងឡាយ​ជាខ្លួនរបស់អញ អំណាច​របស់​អ្នក ប្រព្រឹត្តទៅក្នុងសង្ខារទាំងនោះថា សង្ខារ​ទាំងឡាយរបស់អញ ចូរ​យ៉ាងនេះ​ទៅ សង្ខារ​ទាំងឡាយរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើ​ទុក​ក្នុងចិត្ត​ចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្ត​រួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យ​ខាងចុង​របស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យ​ខាង​ដើមរបស់​អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់​នូវហេតុនោះ ថាដូចម្តេច អ្នកពោលនូវវិញ្ញាណណា យ៉ាងនេះថា វិញ្ញាណ​ជាខ្លួនរបស់អញ អំណាច​របស់​អ្នក ប្រព្រឹត្តទៅក្នុងវិញ្ញាណនោះថា វិញ្ញាណរបស់អញ ចូរ​យ៉ាងនេះ​ទៅ វិញ្ញាណរបស់អញ ចូរកុំយ៉ាងនេះឡើយ បានឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនបានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកចូរធ្វើទុកក្នុងចិត្ត​ចុះ នែអគ្គិវេស្សនៈ លុះអ្នកធ្វើទុកក្នុងចិត្ត​រួចហើយ ចូរដោះស្រាយចុះ ព្រោះពាក្យខាងចុង​របស់អ្នក មិនជាប់តគ្នា នឹងពាក្យខាងដើមទេ ឬពាក្យ​ខាង​ដើមរបស់អ្នក ក៏មិនជាប់តគ្នា នឹងពាក្យខាងចុងដែរ នែអគ្គិវេស្សនៈ អ្នកសំគាល់​​នូវហេតុនោះ ថាដូចម្តេច រូបទៀង ឬមិនទៀង។ បពិត្រព្រះគោតមដ៏ចំរើន រូបមិនទៀងទេ។ របស់ណាដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រព្រះគោតមដ៏ចំរើន របស់នោះ ជាទុក្ខ។ ចុះរបស់ណាដែលមិនទៀង ដែលជាទុក្ខ មានសេចក្តីប្រែប្រួលជាធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនរបស់អញ ឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញ​យ៉ាងនុ៎ះទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់​​នូវហេតុនោះ ថាដូចម្តេច វេទនា… សញ្ញា… សង្ខារទាំងឡាយ… វិញ្ញាណទៀង ឬមិនទៀង។ បពិត្រព្រះគោតមដ៏ចំរើន វិញ្ញាណ​មិនទៀងទេ។ ចុះរបស់ណា ដែលមិនទៀង របស់នោះ ជាទុក្ខ ឬជាសុខ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន របស់នោះ ជាទុក្ខ។ ចុះរបស់ណា ដែលមិនទៀង ដែលជាទុក្ខ មានសេចក្តី​ប្រែប្រួលជាធម្មតា គួរឃើញរបស់នោះថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនរបស់អញ ឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនគួរឃើញ​យ៉ាងនុ៎ះទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់​​នូវហេតុនោះ ថាដូចម្តេច បុគ្គលណាស្អិតជាប់​នឹង​សេចក្តីទុក្ខ ប្រកបនឹងសេចក្តីទុក្ខ លិចចុះទៅក្នុងសេចក្តីទុក្ខ ឃើញនូវសេចក្តី​ទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនអញ ដូច្នេះហើយ បុគ្គលនោះ គប្បីកំណត់​ដឹងនូវ​សេចក្តីទុក្ខ ដោយខ្លួនឯងបាន ឬថាគប្បីធ្វើសេចក្តីទុក្ខ ឲ្យអស់ទៅបាន តើមានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន នឹងមានដូចម្តេចបាន បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះ មិនមានទេ។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់​​នូវហេតុនោះ ថាដូចម្តេច កាលបើ​មាន​ហេតុយ៉ាងនេះ ក្រែង​អ្នកជាបុគ្គលជាប់ស្អិត នឹងសេចក្តីទុក្ខ ប្រកបនឹងសេចក្តីទុក្ខ លិច​ចុះទៅក្នុងសេចក្តីទុក្ខហើយ ឃើញសេចក្តីទុក្ខថា នុ៎ះជារបស់អញ នុ៎ះជាអញ នុ៎ះ​ជាខ្លួនរបស់អញ ដូច្នេះ មែនឬ។ បពិត្រព្រះគោតមដ៏ចំរើន ថ្វីក៏មិនមានដូច្នេះ បពិត្រព្រះគោតមដ៏ចំរើន ហេតុនុ៎ះយ៉ាងនេះឯង។

[៣៩] ម្នាលអគ្គិវេស្សនៈ ដូចជាបុរសអ្នកត្រូវការដោយខ្លឹមឈើ ស្វែងរកខ្លឹមឈើ ត្រាច់ទៅស្វែងរកខ្លឹមឈើ ក៏កាន់យកនូវដឹងដ៏មុត ចូលទៅកាន់ព្រៃ បុរសនោះ ឃើញ​ដើម​ចេកធំ ក្នុងព្រៃនោះ មានដើមត្រង់ សាច់ខ្ចី មិនទាន់កើត​មានស្នូល​ស្ទង ហើយកាត់នូវ​ដើម​ចេកនោះត្រង់គល់ លុះកាត់គល់រួចហើយ ក៏កាត់ចុង លុះកាត់ចុងរួចហើយ បកស្រទប​ចេញ កាលដែលបុរសនោះ បកស្រទបចេញ ក៏មិន​គប្បីបាន សូម្បីនូវស្រាយ ក្នុងដើម​ចេកនោះឡើយ នឹងបានខ្លឹមមកពីណា សេចក្តីនេះ ឧបមាយ៉ាងណាមិញ នែអគ្គិវេស្សនៈ អ្នកដែលតថាគត ជជីកសួរដេញដោល ក៏ទៅជាមនុស្សសោះសូន្យទទេ ឥតខ្លឹមសារ ចាល​ចាញ់ក្នុងវាទៈរបស់ខ្លួន មានឧបមេយ្យដូចដើមចេក ដូច្នោះឯង នែអគ្គិវេស្សនៈ មួយ​ទៀត វាចានេះ អ្នកបានពោលហើយ នាកណ្តាលបរិស័ទ ក្រុងវេសាលីថា បុគ្គលណា ដែល​អាត្មាលើកឡើងនូវទោស ដោយពាក្យសំដីហើយ មិនកក្រើក មិនរំភើប មិន​ញាប់ញ័រ ទាំងញើស ក៏មិនហូរចេញអំពីក្លៀក របស់បុគ្គលណា អាត្មាមិនបានឃើញ​នូវ​បុគ្គលនោះ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ដែលមានពួក មានគណៈ ជាអាចារ្យនៃ​គណៈ ឬក៏បានប្តេជ្ញាខ្លួនថា ជាអរហន្តសម្មាសម្ពុទ្ធទេ ឯអាត្មា បើគប្បីលើកឡើងនូវទោស ដោយពាក្យសំដី​ ចំពោះ​ទៅលើបង្គោល ដែលជារបស់គ្មានចេតនាសោះ បង្គោលនោះ លុះអាត្មាលើកឡើងនូវទោស ដោយពាក្យសំដីហើយ ក៏គប្បីកក្រើក រំភើប ញាប់ញ័រ​មិនខាន និយាយទៅថ្វីដល់​មនុស្សជាតផងគ្នា ម្នាលអគ្គិវេស្សនៈ ចំណែកអ្នកមាន​ដំណក់​ញើសខ្លះ ហូរចេញអំពីថ្ងាស ទំលុះសំពត់​បង់ក ហើយធ្លាក់ទៅដក់លើផែនដីហើយ នែ​អគ្គិវេស្សនៈ ឯតថាគត ឥឡូវនេះ ឥតមានញើសក្នុងកាយទេ។ ព្រោះហេតុ​ដូច្នោះ ព្រះមានព្រះភាគ ទ្រង់បើកនូវព្រះកាយ [ព្រះអង្គបើកកាយនោះ មិនមែនបើក​កាយ​ទាំងអស់​ទេ ព្រោះទំនៀមព្រះពុទ្ធ​គ្រប់ព្រះអង្គ តែងពាក់ក្ឌុំ បិទសរីរៈហើយ សំដែង​ធម៌​ក្នុង​ប្រជុំបរិស័ទ។ ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់ចាប់យកចីវរ ត្រង់បំពង់​ព្រះសូរង​ខាងមុខទំលាក់ចុះ ប្រមាណប៉ុន៤ធ្នាប់។] ដែលមានសម្បុរដូចជាពណ៌នៃមាស ក្នុងបរិស័ទ​នោះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សច្ចកនិគន្ថបុត្ត ក៏អង្គុយស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត មិនក្លៀវក្លា។

[៤០] គ្រានោះឯង លិច្ឆវិបុត្រឈ្មោះ ទុម្មុខៈ ដឹងច្បាស់ថា សច្ចកនិគន្ថបុត្ត ស្ងៀម អៀនអន់ ដាក់កសំយុងមុខចុះក្រោម ជ្រប់ស្រងូត មិនក្លៀវក្លា ហើយក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គសូមសំដែង​ពាក្យឧបមា​បន្តិច។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលទុម្មុខៈ អ្នកចូរសំដែងពាក្យឧបមានោះទៅ​មើល។ បពិត្រព្រះអង្គដ៏ចំរើន ដូចជាស្រះបោក្ខរណី នៅជិតស្រុក ឬនិគម មានក្តាមនៅ​ក្នុងស្រះបោក្ខរណីនោះ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ក្មេងប្រុស ឬក្មេងស្រីទាំង​ឡាយ​ជាច្រើន ចេញអំពីស្រុក ឬនិគមនោះ ចូលទៅកាន់ស្រះបោក្ខរណី លុះចូលទៅដល់ហើយ ក៏ចុះទៅកាន់ស្រះបោក្ខរណីនោះ ហើយចាប់ក្តាមនោះស្រង់​អំពី​ទឹក មកដាក់លើគោក បពិត្រព្រះអង្គដ៏ចំរើន ក្តាមនោះហាចេញនូវដង្កៀបណាៗ ក្មេងប្រុស ឬក្មេងស្រី​ទាំងនោះ ក៏កាច់បំបាក់បំបែកនូវដង្កៀបនោះៗ ដោយកំណាត់​ឈើក្តី ដោយអំបែងក្តី បពិត្រព្រះអង្គដ៏ចំរើន កាលបើយ៉ាងនេះហើយ ក្តាមនោះ ដែលមាន​ដង្កៀប​ទាំងអស់ គេកាច់​បំបាក់​បំបែក​អស់ហើយ មិនគួរដើម្បីនឹងចុះទៅកាន់ស្រះ​បោក្ខរណីនោះទៀតបាន ដូចកាលមុនទេ មានឧបមា​ដូចម្តេចមិញ បពិត្រព្រះអង្គដ៏ចំរើន សេចក្តីចំរូងចំរាស់ គឺទិដ្ឋិ ពុតត្បុត គឺទិដ្ឋិ និងសេចក្តីញាប់ញ័រ គឺទិដ្ឋិណានីមួយ របស់​សច្ចកនិគន្ថបុត្រ ក៏សេចក្តីចំរូងចំរាស់ជាដើមនោះ ព្រះមានព្រះភាគ ទ្រង់កាច់បំបាក់ បំបែក​ហើយ បពិត្រព្រះអង្គដ៏ចំរើន កាលឥឡូវនេះ សច្ចកនិគន្ថបុត្រ មិនគួរនឹងមាន​សេចក្តីប្រាថ្នាថា នឹងលើកឡើងនូវវាទៈ ចូលទៅរកព្រះមានព្រះភាគ​ទៀតទេ មាន​ឧបមេយ្យ​ដូច្នោះឯង។ កាលបើទុម្មុខលិច្ឆវិបុត្ត និយាយយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏ពោលពាក្យនេះ ទៅនឹងទុម្មុខលិច្ឆវិបុត្តថា នែ ទុម្មុខៈ អ្នកចូរឈប់សិន នែទុម្មុខៈ អ្នកចូរ​ឈប់សិន នែទុម្មុខៈ អ្នកជាបុគ្គលមានមាត់រឹង យើងមិនមែនប្រឹក្សា​ជាមួយនឹង​អ្នកទេ ក្នុងទីនេះ យើងនឹងប្រឹក្សា ជាមួយ​ព្រះគោតមដ៏ចំរើនថា បពិត្រព្រះគោតមដ៏ចំរើន វាចានេះ ជាវាចារបស់យើងទាំងឡាយផង របស់សមណព្រាហ្មណ៍ដ៏ចំរើន​ដទៃផង ចូរស្លេះ​ទុកចុះ ការបញ្ចេញនូវវាចានេះ ក៏ហាក់​ដូចជាគ្រាន់តែនិយាយទៅទេ។

[៤១] សច្ចកនិគន្ថបុត្រ ក្រាបបង្គំទូលសួរថា សាវ័ក​របស់​ព្រះគោតមដ៏ចំរើន ជាអ្នក​ធ្វើតាមពាក្យប្រៀនប្រដៅ ប្រព្រឹត្តតាមដំបូន្មាន ប្រព្រឹត្តកន្លងសេចក្តីសង្ស័យហើយ ប្រាស​ចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿអ្នកដទៃ ក្នុងសាសនានៃ​ព្រះ​សាស្តា ដោយហេតុមានប៉ុន្មានយ៉ាង។ ម្នាលអគ្គិវេស្សនៈ រូបណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជារូបខាង​ក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត រូបណានៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ បានឈ្មោះថា រូប សាវ័ក​របស់តថាគត ក្នុងសាសនានេះ តែងឃើញនូវរូបនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ។បេ។ សញ្ញាណានីមួយ… សង្ខារទាំងឡាយ​ណានីមួយ… វិញ្ញាណ​ណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជាវិញ្ញាណខាង​ក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាត​ក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត វិញ្ញាណណា ដែលនៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ បានឈ្មោះថា វិញ្ញាណ សាវ័ក​របស់តថាគត តែងឃើញនូវ​វិញ្ញាណ​នុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជាខ្លួនរបស់អញ។ នែអគ្គិវេស្សនៈ សាវ័ក​របស់តថាគត ជាអ្នក​ធ្វើតាមពាក្យប្រៀនប្រដៅ ប្រព្រឹត្តតាមដំបូន្មាន ប្រព្រឹត្តកន្លងសេចក្តីសង្ស័យហើយ ប្រាស​ចាកសេចក្តីងឿងឆ្ងល់ហើយ ដល់នូវសេចក្តីក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនា​នៃ​ព្រះ​សាស្តា ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។

[៤២] សច្ចកនិគន្ថបុត្រ ក្រាបទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ភិក្ខុដែលឈ្មោះ​ថាអរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ច​ធ្វើរួចហើយ មាន​គ្រឿង​ធ្ងន់ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន​សម្រេចហើយ មានសំយោជនៈ ក្នុងភព​អស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ ដោយ​ហេតុ​មានប្រមាណប៉ុន្មាន។ ម្នាលអគ្គិវេស្សនៈ រូប​ណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជារូបខាង​ក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាត​ក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត រូបណា មាននៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី រូបទាំងអស់នោះ បានឈ្មោះថា រូប ភិក្ខុក្នុងសាសនានេះ មានចិត្តផុតស្រឡះហើយ ដោយមិនមានសេចក្តីប្រកាន់មាំ ព្រោះឃើញ​នូវរូបនុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិនមែន​ជា​របស់​អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជាខ្លួនរបស់អញ។ វេទនាណានីមួយ… សញ្ញាណានីមួយ… សង្ខារទាំងឡាយណានីមួយ… វិញ្ញាណណានីមួយ ជាអតីត អនាគត និងបច្ចុប្បន្ន ជាវិញ្ញាណខាង​ក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាត​ក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី មួយទៀត វិញ្ញាណណា មាននៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី វិញ្ញាណទាំងអស់នោះ បានឈ្មោះថា វិញ្ញាណ ភិក្ខុមានចិត្ត​ផុតស្រឡះហើយ ដោយមិនមានសេចក្តីប្រកាន់មាំ ព្រោះឃើញនូវ​វិញ្ញាណ​នុ៎ះ តាមសេចក្តីពិត ដោយបញ្ញាដ៏​ប្រពៃ យ៉ាងនេះថា នុ៎ះមិន​មែន​ជា​របស់អញ នុ៎ះ​មិនមែនជាអញ នុ៎ះ​មិនមែនជាខ្លួនរបស់អញ។ ម្នាលអគ្គិវេស្សនៈ ភិក្ខុ​ដែល​ឈ្មោះថា អរហន្តខីណាស្រព មានព្រហ្មចារ្យនៅរួចហើយ មានសោឡសកិច្ច​ធ្វើរួចហើយ មាន​គ្រឿងទម្ងន់ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន​សម្រេចហើយ មានសំយោជនៈ ក្នុងភព​អស់ហើយ ព្រោះបានត្រាស់ដឹងដោយប្រពៃ ដោយ​ហេតុ​មានប្រមាណប៉ុណ្ណេះឯង។ ម្នាលអគ្គិវេស្សនៈ លុះភិក្ខុនោះ មានចិត្តផុតស្រឡះ​យ៉ាង​នេះហើយ តែងប្រកប​ដោយអនុត្តរិយៈទាំង៣គឺ ទស្សនានុត្តរិយៈ១ [បានដល់បញ្ញា ជាលោកិយៈ និងលោកុត្តរៈ។] បដិបទានុត្តរិយៈ១ [បានដល់បដិបទា ជាលោកិយៈ និងលោកុត្តរៈ។] វិមុត្តានុត្តរិយៈ១ [បានដល់វិមុត្តិ ជាលោកុត្តរៈ។ ម្យ៉ាងទៀត បើសង្គ្រោះ​យកលោកុត្តរៈសុទ្ធ គឺ ទស្សនានុត្តរិយៈ បានដល់អរហត្តមគ្គ សម្មាទិដ្ឋិ។ បដិបទានុត្តរិយៈ បានដល់អង្គមគ្គដ៏សេស មានសម្មាសង្កប្បៈជាដើម។ វិមុត្តានុត្តរិយៈ បានដល់មគ្គ ផល វិមុត្តិ។ អ្នកប្រាជ្ញគប្បីដឹងថា ការឃើញផ្លូវព្រះនិព្វានរបស់ព្រះខីណាស្រព ហៅថា ទស្សនានុត្តរិយៈ។ អង្គមគ្គទាំង៨ ហៅថា បដិបទានុត្តរិយៈ។ មគ្គ ផល ហៅថា វិមុត្តានុត្តរិយៈ។ អដ្ឋកថា។]។ ម្នាលអគ្គិវេស្សនៈ ភិក្ខុមានចិត្តផុតស្រឡះ យ៉ាងនេះហើយ តែងធ្វើសក្ការៈ គោរព រាប់អាន បូជានូវតថាគត ដោយគិតថា ព្រះមានព្រះភាគអង្គនោះ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌​ទាំង៤ហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាងពួកជនដទៃ ឲ្យត្រាស់​ដឹងផង ព្រះមានព្រះភាគអង្គនោះ ព្រះអង្គទូន្មាននូវឥន្ទ្រិយហើយ ទ្រង់សំដែង​ធម៌ ដើម្បី​ញុំាងសត្វឲ្យទូន្មាន​នូវឥន្ទ្រិយ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គបានរម្ងាប់​បង់នូវ​កិលេស​ហើយ ទ្រង់សំដែងធម៌ ដើម្បីញុំាង​សត្វឲ្យ​រម្ងាប់​បង់នូវ​កិលេស ព្រះមានព្រះភាគ​អង្គនោះ ព្រះអង្គឆ្លង (នូវអន្លង់ទាំង៤) ហើយ ទ្រង់សំដែងធម៌ ដើម្បី​ញុំាងសត្វ ឲ្យឆ្លងនូវ​អន្លង់​ទាំង៤ ព្រះមានព្រះភាគអង្គនោះ ព្រះអង្គរំលត់នូវ​កិលេសហើយ ត្រង់សំដែង​ធម៌ ដើម្បី​ញុំាងសត្វឲ្យរំលត់​កិលេស។

[៤៣] កាលដែលព្រះមានព្រះភាគ ទ្រង់សំដែង​យ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នក​កំចាត់បង់នូវគុណ ខ្ញុំព្រះអង្គ ជាអ្នកឃ្នើសឃ្នង់ដោយវាចា ព្រោះហេតុថា ខ្ញុំព្រះអង្គ បានសំគាល់​នូវព្រះគោតមដ៏ចំរើន ថាជាបុគ្គលគួរសង្កត់សង្កិន នូវវាទៈដោយវាទៈបាន បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិន​នូវ​ដីរី​ចុះប្រេង សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះសង្កត់សង្កិននូវ​ព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិន ឬលត់នូវ​គំនរភ្លើង ដែលកំពុងឆេះ សេចក្តីចំរើន មិនគួរមានដល់បុរស ព្រោះបានសង្កត់​សង្កិននូវ​ព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន សេចក្តីចំរើន គួរមានដល់បុរស ព្រោះបានសង្កត់សង្កិន​នូវអាសិរពិស ដែល​មានពិសដ៏ពន្លឹក សេចក្តីចំរើន មិនគួរ​មាន​ដល់បុរស ព្រោះបានសង្កត់សង្កិននូវ​ព្រះគោតមដ៏ចំរើនទេ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកកំចាត់បង់នូវគុណ ខ្ញុំព្រះអង្គ ជាអ្នកឃ្នើសឃ្នង់ដោយវាចា ព្រោះ​ហេតុថា ខ្ញុំ​ព្រះអង្គ បានសំគាល់នូវព្រះគោតមដ៏ចំរើន ថាជាបុគ្គលគួរ​សង្កត់សង្កិន​នូវវាទៈ ដោយវាទៈបាន សូមព្រះគោតមដ៏ចំរើន ទទួលភត្តរបស់ខ្ញុំ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹង​ភិក្ខុសង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ សច្ចកនិគន្ថបុត្រ បានដឹងច្បាស់ នូវកិរិយា​ទទួលនិមន្ត របស់ព្រះមានព្រះភាគហើយ ក៏និយាយ​នឹងព្រះបាទលិច្ឆវីទាំងនោះថា ព្រះបាទលិច្ឆវីទាំងឡាយដ៏ចំរើន ចូរស្តាប់ពាក្យ​របស់អាត្មា ព្រះសមណគោតម អាត្មានិមន្តហើយ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹង​ភិក្ខុ​សង្ឃ បពិត្រទាំងឡាយ គួរយកវត្ថុណាមកឲ្យអាត្មា មួយទៀត វត្ថុណាដែលជារបស់​សមគួរ ដល់​ព្រះសមណគោតមនោះ បពិត្រទាំងឡាយ គួរដឹងវត្ថុនោះៗ។ លុះកន្លង​រាត្រី​នោះទៅហើយ ទើបព្រះបាទលិច្ឆវីទាំងនោះ ក៏នាំនូវភត្តាភិហារ ប្រមាណ ៥០០ សម្រាប់​ដល់​សច្ចកនិគន្ថបុត្រ។ លំដាប់នោះ សច្ចកនិគន្ថបុត្រ បានតាក់តែង​នូវខាទនីយៈ និងភោជនីយៈដ៏ឧត្តម ក្នុងអារាមរបស់ខ្លួនហើយ ចាត់បម្រើឲ្យទៅក្រាបទូលភត្តកាល ដល់​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលគួរហើយ ភត្តក៏សម្រេចហើយ។

[៤៤] លំដាប់នោះ ព្រះមានព្រះភាគទ្រង់ស្បង់ ប្រដាប់ដោយបាត្រ ចីវរក្នុងបុព្វណ្ហ​សម័យ ហើយស្តេចចូលទៅកាន់​អារាមរបស់សច្ចកនិគន្ថបុត្រ លុះចូលទៅដល់ហើយ ទ្រង់​គង់លើអាសនៈ ដែលគេរៀបចំថ្វាយជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះឯង សច្ចកនិគន្ថបុត្រ ក៏អង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន​ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយខាទនីយៈ និងភោជនីយាហារដ៏ឧត្តម ដោយដៃរបស់ខ្លួន ត្រាតែភិក្ខុសង្ឃហាម​ឃាត់។ គ្រានោះ សច្ចកនិគន្ថបុត្រកំណត់ដឹងថា ព្រះមានព្រះភាគ ទ្រង់ឆាន់រួចហើយ ដាក់ព្រះហស្តចុះចាកបាត្រហើយ ក៏កាន់យកនូវអាសនៈទាបមួយ អង្គុយក្នុងទីដ៏សមគួរ។ លុះ​សច្ចកនិគន្ថបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន បុណ្យណាដែលមានក្នុងទាននេះផង បុណ្យដទៃ​អំពី​ទាននេះផង ក៏បុណ្យនោះឯង ចូរប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ដល់ទាយកទាំងឡាយ។ ព្រះសម្ពុទ្ធបរមគ្រូ ទ្រង់មានព្រះពុទ្ធដីកាថា ម្នាលអគ្គិវេស្សនៈ បុណ្យណាមួយ ដែលអាស្រ័យនូវ​ទក្ខិណេយ្យបុគ្គល ប្រាកដដូចអ្នក ដែលជាបុគ្គល​មិនទាន់ប្រាសចាក​រាគៈ ​មិនទាន់ប្រាសចាកទោសៈ ​មិនទាន់ប្រាសចាកមោហៈ បុណ្យនោះ នឹងកើតមាន​ដល់​ទាយកទាំងឡាយ នែអគ្គិវេស្សនៈ មួយទៀត បុណ្យណាមួយ ដែលអាស្រ័យនូវ​ទក្ខិណេយ្យបុគ្គល ប្រាកដដូចតថាគត ជាបុគ្គលប្រាសចាក​រាគៈ ​ប្រាសចាកទោសៈ ​ប្រាសចាកមោហៈហើយ បុណ្យនោះ នឹងកើតមាន​ដល់អ្នក។

ចប់ ចូឡសច្ចកសូត្រ ទី៥។

មហាសច្ចកសូត្រ ទី៦

[៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​កូដាគារសាលា នាមហាវ័ន ទៀបក្រុងវេសាលី។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ដោយល្អ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ស្តេចពុទ្ធដំណើរ​ចូលទៅ​ក្នុងក្រុងវេសាលី ដើម្បីបិណ្ឌបាត។ គ្រានោះ សច្ចកនិគន្ថបុត្រ កំពុងចង្ក្រម កំពុងត្រាច់​ទៅ​ដោយលំដាប់ៗ ដើម្បី​សម្រាកស្មង ហើយចូលទៅកាន់កូដាគារសាលា នាមហាវ័ននោះ។ ព្រះអានន្ទ មានអាយុ បានឃើញសច្ចកនិគន្ថបុត្រ កំពុង​តែដើរមកអំពីចម្ងាយ លុះបាន​ឃើញ​ហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សច្ចកនិគន្ថបុត្រនេះ ជាអ្នកពោលតិរច្ឆានកថា ជាអ្នកពោល​ថា ខ្លួនជាអ្នកប្រាជ្ញ ជន​ច្រើននាក់ សន្មតគាត់ថា ជាអ្នកត្រឹមត្រូវ ឥឡូវនេះ កំពុងដើរមក បពិត្រព្រះអង្គដ៏ចំរើន សច្ចកនិគន្ថបុត្រនេះ ជាអ្នកប្រាថ្នារកទោសព្រះពុទ្ធ ប្រាថ្នារកទោសព្រះធម៌ ប្រាថ្នារក​ទោសព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់គង់មួយរំពេច អាស្រ័យ​សេចក្តីអនុគ្រោះ។ ព្រះមានព្រះភាគ ទ្រង់គង់លើអាសនៈ ដែលគេតាក់​តែង​ហើយ។ គ្រានោះ សច្ចកនិគន្ថបុត្រ ក៏ចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ មួយអន្លើដោយព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និង​ពាក្យដែលគួររលឹក​ហើយ ក៏អង្គុយក្នុងទីសមគួរ។

[៤៦] លុះសច្ចកនិគន្ថបុត្រ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន មានសមណព្រាហ្មណ៍​ពួកមួយ ខ្វល់ខ្វាយក្នុងការប្រកបរឿយៗ នូវកាយភាវនា [ការអប់រំកាយ។] (វិបស្សនា) មិនបានខ្វល់ខ្វាយ ក្នុងការប្រកបរឿយៗ នូវចិត្ត​ភាវនា [ការអប់រំចិត្ត។] (សមថៈ)ឡើយ។ បពិត្រព្រះគោតមដ៏ចំរើន សមណព្រាហ្មណ៍ទាំងនោះ តែងបាននូវទុក្ខវេទនា ដែលកើត​ឡើងក្នុងសរីរៈ។ បពិត្រព្រះគោតមដ៏ចំរើន រឿងរ៉ាវធ្លាប់មានមកថា បុគ្គលដែលមាន​ទុក្ខ​វេទនា កើតឡើងក្នុងសរីរៈ ពាល់ត្រូវហើយ នឹងត្រឡប់ទៅជាមនុស្សរឹងភ្លៅក៏មាន បេះដូង​នឹងបែកធ្លាយក៏មាន ឈាមក្តៅនឹងក្អួតចេញអំពីមាត់ក៏មាន សមណព្រាហ្មណ៍​ទាំងនោះ នឹងដល់នូវកិរិយាឆ្កួត រាយមាយចិត្តក៏មាន។ បពិត្រព្រះគោតមដ៏ចំរើន ចិត្តនុ៎ះ របស់បុគ្គល​នោះឯង រមែងប្រព្រឹត្តទៅតាមកាយ តែងប្រព្រឹត្តទៅដោយអំណាច​នៃកាយ សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថាបុគ្គលនោះ មិនបានអប់រំចិត្ត។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត មានសមណព្រាហ្មណ៍ពួកមួយ បានខ្វល់ខ្វាយ​ក្នុងការ​ប្រកបរឿយៗ នូវចិត្ត​ភាវនា មិនបានខ្វល់ខ្វាយ​ក្នុង​ការប្រកបរឿយៗ នូវកាយ​ភាវនាឡើយ។ បពិត្រព្រះគោតមដ៏ចំរើន ក៏សមណព្រាហ្មណ៍ទាំងនោះ តែងបាន​នូវ​ទុក្ខវេទនា ដែលប្រព្រឹត្តទៅក្នុងចិត្ត។ បពិត្រព្រះគោតមដ៏ចំរើន រឿងរ៉ាវធ្លាប់មានមកថា បុគ្គលដែលមាន​ទុក្ខ​វេទនា ប្រព្រឹត្តទៅ​ក្នុងចិត្ត ពាល់ត្រូវហើយ នឹងត្រឡប់​ទៅជា​មនុស្ស​រឹង​ភ្លៅក៏មាន បេះដូង​នឹងបែកធ្លាយក៏មាន ឈាមក្តៅនឹងក្អួតចេញ អំពីមាត់ក៏មាន សមណព្រាហ្មណ៍​ទាំងនោះ នឹងដល់នូវកិរិយាឆ្កួត រាយមាយចិត្តក៏មាន។ បពិត្រ​ព្រះគោតមដ៏ចំរើន កាយនុ៎ះ របស់បុគ្គល​នោះឯង រមែងប្រព្រឹត្តទៅតាមចិត្ត តែង​ប្រព្រឹត្តទៅ ដោយអំណាច​នៃចិត្ត សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះថាបុគ្គលនោះ មិនបានអប់រំកាយ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ គិតយ៉ាងនេះថា សាវ័ក​ទាំងឡាយ របស់​ព្រះគោតមដ៏ចំរើន តែងខ្វល់ខ្វាយ​ក្នុងការប្រកបរឿយៗ នូវចិត្តភាវនា តែមិនបាន​ខ្វល់ខ្វាយ ក្នុងការប្រកបរឿយៗ នូវកាយភាវនាឡើយ។

[៤៧] ម្នាលអគ្គិវេស្សនៈ ចុះកាយភាវនា អ្នកបានឮមកដូចម្តេច។ សច្ចកនិគន្ថបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន អចេលក៍ទាំងនេះ គឺ នន្ទវច្ឆៈ១ កិសសង្កិច្ឆៈ មក្ខលិគោសាល១ ជាអ្នកប្រព្រឹត្តលះបង់មារយាទល្អ ស៊ីលិទ្ធដៃ គេហៅថា អ្នកដ៏ចំរើន​ចូរមក ក៏មិនព្រមមក គេឃាត់ថា អ្នកដ៏ចំរើនឈប់សិន ក៏មិនព្រមឈប់ មិនត្រេកអរ​នឹង​ចង្ហាន់ ដែលគេនាំមកមុន មិនត្រេកអរ​នឹងចង្ហាន់ដែលគេនាំមកចំពោះខ្លួន មិនត្រេកអរ​នឹងកិច្ចនិមន្ត អចេលក៍ទាំងនុ៎ះ មិនទទួលចង្ហាន់ ដែលគេនាំចេញអំពីមាត់ឆ្នាំងហើយឲ្យ មិនទទួលចង្ហាន់ ដែលគេនាំចេញអំពីមាត់កញ្ជើហើយឲ្យ មិនទទួលចង្ហាន់ ដែល​គេដើរ​កន្លងធរណីហើយនាំមកឲ្យ មិនទទួលចង្ហាន់ ដែលគេ​ដើរកន្លង​កំណាត់ឈើ ហើយនាំមក​ឲ្យ មិនទទួលចង្ហាន់ ដែលគេដើរកន្លង​អង្រែ ហើយនាំមកឲ្យ មិនទទួលចង្ហាន់អំពីដៃ​មនុស្ស​ពីរនាក់កំពុងបរិភោគ មិនទទួលចង្ហាន់អំពីដៃស្រី​មានគភ៌ មិនទទួលចង្ហាន់អំពីដៃ​ស្រីដែល​កំពុងបំបៅកូន មិនទទួលចង្ហាន់អំពីដៃស្រី ដែលកំពុងកាន់បុរសដទៃ មិនទទួលចង្ហាន់ ក្នុងកន្លែង​ដែលរៃវត្ថុបានមក [ពួកសាវ័ក របស់អចេលក៍ តែង​នាំគ្នារៃ​យកវត្ថុ​ មានអង្ករជាដើម អំពីទីនោះៗ មកចំអិនបាយ ដើម្បីប្រគេន​ដល់ពួក​អចេលក៍ ក្នុងសម័យ​មានបាយក្រ អចេលក៍ ដែលប្រព្រឹត្ត​វត្តឧក្រិដ្ឋ មិនទទួលយកចង្ហាន់​នោះឡើយ។ អដ្ឋកថា។] មិនទទួលចង្ហាន់ ក្នុងកន្លែង​ដែលមានឆ្កែនៅចាំ មិនទទួលចង្ហាន់ ត្រង់កន្លែង​ដែលមានរុយរោមទាំងហ្វូង មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកថ្នាំត្រាំ មួយទៀត អចេលក៍ទាំងនោះ ទទួលចង្ហាន់ ចំពោះតែក្នុងផ្ទះមួយ ញុំាង​អត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយតែមួយដុំខ្លះ ទទួលចង្ហាន់ចំពោះតែក្នុងផ្ទះពីរ ញុំាង​អត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយតែពីរដុំខ្លះ។បេ។ ទទួលចង្ហាន់ចំពោះតែក្នុងផ្ទះ៧ ញុំាង​អត្តភាពឲ្យប្រព្រឹត្តទៅ ដោយបាយ៧ដុំខ្លះ ញុំាង​អត្តភាពឲ្យប្រព្រឹត្តទៅ ដោយ​ចង្ហាន់​ ក្នុងភាជន៍​តូចមួយខ្លះ ញុំាង​អត្តភាពឲ្យប្រព្រឹត្តទៅ ដោយ​ចង្ហាន់ ក្នុងភាជន៍​តូចពីរខ្លះ។បេ។ ញុំាង​អត្តភាពឲ្យប្រព្រឹត្តទៅ ដោយ​ចង្ហាន់ ក្នុងភាជន៍តូច៧ខ្លះ ស៊ីអាហារ​ខានមួយថ្ងៃខ្លះ ស៊ីអាហារខានពីរថ្ងៃខ្លះ។បេ។ ស៊ីអាហារខាន៧ថ្ងៃខ្លះ តែងខ្វល់ខ្វាយ​ក្នុងការប្រកបរឿយៗ នូវការបរិភោគបាយ ផ្លាស់ប្តូរថ្ងៃអស់កន្លះខែ មានសភាព​យ៉ាង​នេះ ដូច្នេះខ្លះ។ នែអគ្គិវេស្សនៈ អចេលក៍ទាំងនោះ តែងញុំាង​អត្តភាពឲ្យប្រព្រឹត្តទៅ ដោយ​ហេតុមានប្រមាណតែប៉ុណ្ណោះឬ។ បពិត្រព្រះគោតមដ៏ចំរើន ហេតុនេះមិនមែនមាន​តែ​ប៉ុណ្ណោះទេ បពិត្រព្រះគោតមដ៏ចំរើន អចេលក៍ទាំងនោះ ចួនកាលទំពាស៊ីនូវខាទនីយៈ​ទាំងឡាយ ដ៏ឧត្តមក្រៃលែង បរិភោគនូវភោជនទាំងឡាយ ដ៏ឧត្តមក្រៃលែង ក្រេបជញ្ជាប់ នូវសាយនីយៈទាំងឡាយ ដ៏ឧត្តមក្រៃលែង ផឹកនូវ​ទឹកទាំងឡាយ ដ៏ឧត្តមក្រៃលែង អចេលក៍ទាំងនោះ ឈ្មោះថា ញុំាងកាយនេះ ឲ្យកាន់យកនូវកំឡាំង ឲ្យចំរើន ឲ្យ​ធាត់ធំ។ ម្នាលអគ្គិវេស្សនៈ ត្រង់ដែលអចេលក៍ទាំងនោះ លះបង់នូវអំពើកម្រ ក្នុងកាលមុន ហើយសន្សំនូវវត្ថុ មានខាទនីយៈជាដើម ក្នុងកាលជាខាងក្រោយ កាលបើធ្វើយ៉ាងនេះ ការចំរើន និងការមិនចំរើនរបស់កាយនេះ តែងតែមាន។

[៤៨] ម្នាលអគ្គិវេស្សនៈ ចុះចំណែក​ខាងចិត្តភាវនា អ្នកបានឮមកដូចម្តេច។ សច្ចកនិគន្ថបុត្រ កាលព្រះមានព្រះភាគ ទ្រង់សួរហើយក្នុងចិត្តភាវនា ក៏មិនអាចនឹង​ដោះស្រាយបាន។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះ នឹងសច្ចកនិគន្ថបុត្រ​ថា នែអគ្គិវេស្សនៈ កាយភាវនាណា ដែលអ្នកបានអប់រំហើយ ក្នុងកាលមុន កាយភាវនា​នោះ មិនប្រកបដោយធម៌ ក្នុងអរិយវិន័យទេ ម្នាលអគ្គិវេស្សនៈ អ្នកមិនអាច​ដឹងសូម្បីនូវ​កាយភាវនា តើនឹងអាចដឹងនូវចិត្តភាវនា ដូចម្តេចបាន ម្នាលអគ្គិវេស្សនៈ ក៏ឯបុគ្គល​មិនបាន​អប់រំកាយផង មិនបានអប់រំចិត្តផង បុគ្គលបានអប់រំកាយផង បានអប់រំចិត្តផង ដោយប្រការណា អ្នកចូរស្តាប់​នូវប្រការនោះ ចូរធ្វើ​ទុកក្នុងចិត្តដោយប្រពៃចុះ តថាគត នឹង​សំដែងឥឡូវនេះ។ សច្ចកនិគន្ថបុត្រ ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៤៩] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាថា នែអគ្គិវេស្សនៈ បុគ្គលដែល​មិនបាន​អប់រំកាយផង មិនបានអប់រំចិត្តផង តើដូចម្តេច។ នែអគ្គិវេស្សនៈ សុខវេទនា តែងកើតឡើង ដល់បុគ្គល​ជាបុថុជ្ជន ដែលមិនចេះដឹង ក្នុងលោកនេះ បុគ្គលជាបុថុជ្ជន​នោះ លុះសុខវេទនា​ពាល់ត្រូវហើយ ក៏មានតម្រេកខ្លាំងក្នុងសេចក្តីសុខផង តែងដល់នូវ​តម្រេកខ្លាំងដោយសេចក្តីសុខផង បើសុខវេទនានោះ របស់បុគ្គលជាបុថុជ្ជននោះ រលត់​ទៅ ទុក្ខវេទនាក៏កើតឡើង ព្រោះរលត់ទៅនៃសុខវេទនា បុគ្គលជាបុថុជ្ជននោះ លុះទុក្ខ​វេទនាពាល់ត្រូវហើយ តែងសោកសៅ លំបាក ខ្សឹកខ្សួល គក់ទ្រូង កន្ទក់កន្ទេញ ដល់​នូវ​សេចក្តីវង្វេង នែអគ្គិវេស្សនៈ សុខវេទនានេះ របស់បុគ្គលជាបុថុជ្ជននោះ ដែលកើតឡើង​ហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំកាយផង ទុក្ខវេទនាដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះមិនបានអប់រំចិត្តផង នែអគ្គិវេស្សនៈ សុខវេទនា របស់បុគ្គល​ណានីមួយ ដែលកើតឡើងហើយ ដោយចំណែក​ទាំងពីរយ៉ាងនេះ តែងគ្របសង្កត់​ចិត្ត ព្រោះមិនបានអប់រំកាយផង ទុក្ខវេទនាដែលកើតឡើងហើយ តែងគ្របសង្កត់ចិត្ត ព្រោះ​មិនបានអប់រំចិត្តផង នែអគ្គិវេស្សនៈ បុគ្គលមិនបានអប់រំកាយផង មិនបានអប់រំចិត្តផង យ៉ាងនេះឯង។ នែអគ្គិវេស្សនៈ បុគ្គលដែលបានអប់រំកាយផង បានអប់រំចិត្តផង តើដូចម្តេច។ នែអគ្គិវេស្សនៈ សុខវេទនា តែងកើតឡើង ដល់បុគ្គល​ជាអរិយសាវ័ក ជាអ្នកចេះដឹង ក្នុងលោកនេះ បុគ្គលជាអរិយសាវ័ក​នោះ លុះសុខវេទនា​ពាល់ត្រូវហើយ ក៏មិនមានតម្រេកខ្លាំង ក្នុងសេចក្តីសុខ មិនដល់នូវ​តម្រេកខ្លាំង ដោយសេចក្តីសុខឡើយ សុខវេទនានោះ របស់អរិយសាវ័កនោះ រលត់​ទៅ ទុក្ខវេទនាក៏កើតឡើង ព្រោះរលត់ទៅ នៃ​សុខវេទនា អរិយសាវ័កនោះ លុះទុក្ខ​វេទនាពាល់ត្រូវហើយ ក៏មិនសោកសៅ មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូងកន្ទក់កន្ទេញ មិនដល់​នូវ​សេចក្តីវង្វេងឡើយ នែអគ្គិវេស្សនៈ សុខវេទនានេះ របស់អរិយសាវ័កនោះ ដែលកើតឡើង​ហើយ មិនគ្របសង្កត់ចិត្ត ព្រោះបានអប់រំកាយផង ទុក្ខវេទនា ដែលកើតឡើងហើយ មិនគ្របសង្កត់ចិត្ត ព្រោះបានអប់រំចិត្តផង យ៉ាងនេះឯង នែអគ្គិវេស្សនៈ សុខវេទនា របស់បុគ្គល​ណាមួយ ដែលកើតឡើងហើយ ដោយចំណែក​ទាំងពីរ មិនបានគ្របសង្កត់​ចិត្ត ព្រោះបានអប់រំកាយផង ទុក្ខវេទនា ដែលកើតឡើងហើយ ក៏មិនបានគ្របសង្កត់ចិត្ត ព្រោះ​បានអប់រំចិត្តផង នែអគ្គិវេស្សនៈ បុគ្គលដែលបានអប់រំកាយផង បានអប់រំចិត្តផង យ៉ាងនេះឯង។ សច្ចកនិគន្ថបុត្រ ក្រាបទូលថា ខ្ញុំព្រះអង្គ ជ្រះថ្លាចំពោះព្រះគោតម​ដ៏ចំរើន យ៉ាងនេះ ព្រោះថា ព្រះគោតមដ៏ចំរើន បានអប់រំកាយផង បានអប់រំចិត្តផង។

[៥០] នែអគ្គិវេស្សនៈ វាចាដែលអ្នកពោលហើយនេះ ជាវាចា ត នូវគុណ បង្អោន​ទៅ​រកគុណ ពិតណាស់ហើយ ប៉ុន្តែតថាគតនឹងដោះស្រាយប្រាប់អ្នក នែអគ្គិវេស្សនៈ កាលដែល​តថាគតកោរសក់ និងពុកមាត់ពុកចង្កា ហើយស្លៀកដណ្តប់សំពត់កាសាយៈ​ទាំងឡាយ ចេញចាកផ្ទះ ហើយចូលមកកាន់ផ្នួស សុខវេទនា ដែលកើតឡើងហើយ នឹងគ្រប​សង្កត់ចិត្ត របស់តថាគតនោះក្តី ទុក្ខវេទនា ដែលកើតឡើងហើយ នឹងគ្រប​សង្កត់ចិត្តរបស់តថាគតនោះក្តី ហេតុនេះមិនមានឡើយ។ សច្ចកនិគន្ថបុត្រ ទូលសួរ​ដូច្នេះថា សុខវេទនា មានសភាពយ៉ាងណា ដែលកើតឡើងហើយ គប្បីគ្រប​សង្កត់ចិត្ត ក្រែង​សុខវេទនាមានសភាពដូច្នោះ មិនធ្លាប់កើតឡើង ដល់ព្រះគោតមដ៏ចំរើនទេដឹង ទុក្ខ​វេទនា មានសភាពយ៉ាងណា ដែលកើតឡើងហើយ គប្បីគ្រប​សង្កត់ចិត្ត ក្រែង​ទុក្ខវេទនា មានសភាពដូច្នោះ មិនធ្លាប់កើតឡើង ដល់ព្រះគោតមដ៏ចំរើនទេដឹង។

[៥១] នែអគ្គិវេស្សនៈ ហេតុនោះថ្វីក៏មិនមាន នែអគ្គិវេស្សនៈ ក្នុងកាលមុន អំពីការ​ត្រាស់ដឹង តថាគតនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹងនៅឡើយ នៅក្នុងទីឯណោះ មានសេចក្តីត្រិះរិះដូច្នេះថា ការនៅគ្រប់គ្រងផ្ទះ ជាគ្រឿង​ចង្អៀតចង្អល់ ជាផ្លូវប្រកប​ដោយធូលី ឯបព្វជ្ជា ជាទីឱកាសទំនេរ បុគ្គលអ្នកនៅគ្របគ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធដោយចំណែកមួយ ដូចស័ង្ខ ដែលបុគ្គល​ខាត់ហើយទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា ហើយស្លៀកដណ្តប់​សំពត់​កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ នែអគ្គិវេស្សនៈ សម័យជាខាង​ក្រោយ កាលដែលតថាគតនៅជាកំឡោះ មានសក់ខ្មៅស្រិល ប្រកបដោយវ័យដ៏ចំរើន គឺបឋមវ័យ កាលដែលមាតា និងបិតាទាំងឡាយ មិនត្រូវការឲ្យចេញទៅបួស មានព្រះ​ភក្ត្រទទឹកដោយព្រះអស្សុ ទ្រង់ព្រះកន្សែង ក៏នៅតែ​កោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់​កាសាយៈទាំងឡាយ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស។ លុះតថាគត បួសរួចហើយ ក៏ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវ​ភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយចូលទៅរក អាឡារតាបស កាលាមគោត្រ លុះចូលទៅដល់ហើយ បាននិយាយ​ ដូច្នេះ នឹង​អាឡារតាបស កាលាមគោត្រថា ម្នាលអាវុសោកាលាមៈ ខ្ញុំប្រាថ្នានឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។ ម្នាល​អគ្គិវេស្សនៈ កាលតថាគតបាននិយាយយ៉ាងនេះហើយ ទើបអាឡារតាបស ពោលដូច្នេះ​វិញ នឹងតថាគតថា អ្នកមានអាយុចូរនៅចុះ នេះធម៌ដែលប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែលវិញ្ញូបុរសធ្វើ​ឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលទ្ធិនៃ​អាចារ្យ​ជារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ ដោយកាលមិនយូរប៉ុន្មាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ ក៏រៀនធម៌នោះចាំមួយរំពេច មិនយឺតយូរឡើយ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ ពោលនូវញាណវាទៈ [គឺពាក្យថា អញដឹងច្បាស់។]ផង ដឹងច្បាស់នូវថេរវាទ [ពាក្យមាំមួន។]ផង ដោយហេតុគ្រាន់តែ​បើកបបូរមាត់ ទាំងគ្រាន់​តែចរចា នូវពាក្យទៅមកប៉ុណ្ណោះឯង មួយទៀត តថាគត ប្តេជ្ញាថាឃើញ មិនមែនតែ​តថាគតប៉ុណ្ណោះឡើយ សូម្បីពួកជនដទៃ គង់និយាយ​យ៉ាងនេះដែរ។ នែអគ្គិវេស្សនៈ តថាគត គិតដូច្នេះថា អាឡារកាលាមតាបស មិនបានប្រកាសថា អាត្មាអញ ធ្វើឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយសម្រេចសម្រាន្តនៅ ដូច្នេះឡើយ តាមពិត អាឡារកាលាមតាបស គ្រាន់តែជាអ្នក​យល់ឃើញ នូវធម៌នេះប៉ុណ្ណោះទេឬ។ ម្នាលអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត បានចូល​ទៅរក​អាឡារកាលាមតាបស លុះចូលទៅដល់ហើយ បានពោលពាក្យដូច្នេះ នឹង​អាឡារកាលាមតាបសថា អាវុសោកាលាមៈ លោកបានធ្វើឲ្យជាក់ច្បាស់ បានសម្រេច​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ចំពោះធម៌នេះ ហើយអាចសំដែង​ ដល់ត្រឹមណា។ នែអគ្គិវេស្សនៈ លុះតថាគត​បានពោលយ៉ាងនេះហើយ អាឡារកាលាមតាបស ក៏សំដែង​នូវ​អាកិញ្ចញ្ញាយតនៈ។ នែអគ្គិវេស្សនៈ តថាគត គិតដូច្នេះថា អាឡារកាលាមតាបស មិនមាន​សទ្ធាទេ អាត្មាអញ ទើបមានសទ្ធា អាឡារកាលាមតាបស មិនមានវីរិយៈទេ អាត្មាអញ ទើបមានវីរិយៈ អាឡារកាលាមតាបស មិនមានសតិទេ អាត្មាអញ ទើបមានសតិ អាឡារកាលាមតាបស មិនមានសមាធិទេ អាត្មាអញ ទើបមានសមាធិ អាឡារកាលាមតាបស មិនមានបញ្ញាទេ អាត្មាអញ ទើបមានបញ្ញា បើដូច្នោះ អាឡារកាលាមតាបសប្រកាសថា អាត្មាអញ បានត្រាស់ដឹងដោយបញ្ញាដ៏ឧត្តម ដោយខ្លួន​ឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត គប្បីតំកល់ព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ។ នែអគ្គិវេស្សនៈ តថាគតនោះ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះមួយរំពេច មិនយឺតយូរឡើយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត បានចូលទៅរក​អាឡារកាលាមតាបស លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងអាឡារកាលាមតាបសថា អាវុសោកាលាមៈ លោកបាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បានសម្រេច​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាស ដោយហេតុ​មានប្រមាណប៉ុណ្ណេះទេឬ។ អាឡារកាលាមតាបស តបថា នែអ្នក​មានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេច​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ តថាគតពោលថា ម្នាលអ្នក​មានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួន​ឯង នូវធម៌នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដោយហេតុមាន​ប្រមាណប៉ុណ្ណេះ​ដែរ។ អាឡារកាលាមតាបស តបថា នែអ្នកមានអាយុ យើងពេញ​ហៅថា ជាមនុស្ស​មានលាភ នែអ្នកមានអាយុ អត្តភាពជាមនុស្ស ពេញហៅថា យើង​បានដោយល្អ ព្រោះថា យើងបានឃើញនូវ​ព្រហ្មចារីបុគ្គល មានអាយុ ប្រាកដដូចជាអ្នក  យើង​បានធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយអាចប្រកាសបាន លោកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ លោកបានធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ យើងក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយអាចប្រកាសបាន យើងដឹងនូវ​ធម៌ណា លោកក៏ដឹងនូវធម៌នោះដែរ លោកដឹងនូវធម៌ណា យើងក៏ដឹងនូវធម៌នោះដែរ យើងជា​មនុស្សយ៉ាងណា លោកក៏ជាមនុស្ស​យ៉ាងនោះដែរ លោកជាមនុស្សយ៉ាងណា យើងក៏​ជាមនុស្សយ៉ាងនោះដែរ នែអ្នកមានអាយុ អ្នកចូរមកក្នុងកាលឥឡូវនេះ យើងទាំងពីរ​រូប នៅរក្សាគណៈនេះ។ នែអគ្គិវេស្សនៈ អាឡារកាលាមតាបស ជាអាចារ្យរបស់តថាគត តែ​គាត់តាំងតថាគត ដែលជាសិស្ស ឲ្យត្រឹមស្មើនឹងខ្លួនគាត់ ទាំងបូជា​តថាគត ដោយការបូជា​ដ៏ក្រៃលែង ដោយហេតុយ៉ាងនេះឯង។ នែអគ្គិវេស្សនៈ តថាគត ក៏មានសេចក្តី​ត្រិះរិះដូច្នេះថា ធម៌នេះ​មិនប្រព្រឹត្តទៅ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បី​ប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បី​រំលត់នូវ​រាគាទិកិលេស មិនប្រព្រឹត្តទៅ ដើម្បីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែ​កើតក្នុង​អាកិញ្ចញ្ញា​យតនភព [គ្រាន់តែនាំឲ្យទៅកើតក្នុង អាកិញ្ចញ្ញាយតនព្រហ្ម មានអាយុ​៦០ពាន់កប្បប៉ុណ្ណោះ មិនប្រព្រឹត្តទៅដល់ទី​ខ្ពស់ គឺអរហត្តផលបានឡើយ ហើយនៅមិនទាន់រួចចាក ជរា និងមរណទេ នៅជាប់ក្នុងអន្ទាក់របស់មច្ចុមារនៅឡើយ។ អដ្ឋកថា បាសរាសិសូត្រ។] ប៉ុណ្ណោះឯង។ នែអគ្គិវេស្សនៈ តថាគតនោះ មិនពេញចិត្តនឹងធម៌នោះ ហើយនឿយណាយ ចាកធម៌នោះ ក៏ដើរចៀសចេញទៅ។

[៥២] នែអគ្គិវេស្សនៈ តថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវ​ភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយចូលទៅរកឧទ្ទករាមបុត្រ​តាបស លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ យើងប្រាថ្នាដើម្បីប្រព្រឹត្ត​នូវព្រហ្មចរិយធម៌ ក្នុងធម្មវិន័យនេះ។  នែ​អគ្គិវេស្សនៈ កាលបើ​តថាគត ពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្ត ក៏និយាយពាក្យនេះ នឹងតថាគតថា អ្នកដ៏មានអាយុ ចូរនៅចុះ នេះធម៌ដែលប្រាកដដូចជាអ្នកត្រូវការនោះ ជាធម៌ដែល​វិញ្ញូបុរស ធ្វើ​ឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវលទ្ធិនៃ​អាចារ្យ​ជា​របស់​ខ្លួន ហើយសម្រេចសម្រាន្តនៅ ដោយមិនយូរប៉ុន្មាន។ នែអគ្គិវេស្សនៈ តថាគត ក៏បាន​រៀន​ធម៌នោះចាំមួយរំពេច មិនយឺតយូរឡើយ។ នែអគ្គិវេស្សនៈ តថាគតនោះ ពោល​នូវ​ញាណវាទៈផង ដឹងនូវថេរវាទផង ដោយហេតុគ្រាន់តែ​បើកបបូរមាត់ ទាំងគ្រាន់​តែចរចា នូវពាក្យទៅមកប៉ុណ្ណោះឯង មួយវិញទៀត តថាគត ប្តេជ្ញាថាឃើញ មិនមែនតែ​តថាគត​ប៉ុណ្ណោះឡើយ សូម្បីពួកជនដទៃ គង់និយាយ​យ៉ាងនេះដែរ។ ម្នាលអគ្គិវេស្សនៈ តថាគត មានសេចក្តីត្រិះរិះដូច្នេះថា រាមបុត្ត មិនបានប្រកាសថា អាត្មាអញ ធ្វើឲ្យ​ជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ដោយត្រឹមតែសទ្ធាប៉ុណ្ណោះ ហើយ​សម្រេច​សម្រាន្តនៅ ដូច្នេះឡើយ តាមពិត រាមបុត្ត គ្រាន់តែជាអ្នក​យល់ឃើញ នូវធម៌នេះ​ប៉ុណ្ណោះ​ទេ​ឬ។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត ក៏ចូល​ទៅរកឧទ្ទករាមបុត្ត លុះចូលទៅ​ដល់​ហើយ ក៏ពោលពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ លោកបានធ្វើឲ្យជាក់​ច្បាស់ បានសម្រេច​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាស​បាន ដោយហេតុមានប៉ុន្មានទៅ។ នែអគ្គិវេស្សនៈ លុះតថាគត ពោលយ៉ាងនេះហើយ ឧទ្ទករាមបុត្ត ក៏ប្រការនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន។ នែអគ្គិវេស្សនៈ តថាគត​នោះ មានសេចក្តីត្រិះរិះ ដូច្នេះថា រាមបុត្ត មិនមាន​សទ្ធាទេ ឯអាត្មាអញ ទើបមានសទ្ធា រាមបុត្ត មិនមានវីរិយៈទេ អាត្មាអញ ទើបមានវីរិយៈ រាមបុត្ត មិនមានសតិទេ អាត្មាអញ ទើបមានសតិ រាមបុត្ត មិនមានសមាធិទេ អាត្មាអញ ទើបមានសមាធិ រាមបុត្ត មិនមានបញ្ញាទេ អាត្មាអញ ទើបមានបញ្ញា បើដូច្នោះ រាមបុត្តប្រកាសនូវធម៌ណា អាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួន​ឯង ហើយសម្រេច​សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤ អាត្មាអញ គប្បីតាំងព្យាយាម ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវធម៌នោះ។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះមួយរំពេច មិនយឺតយូរឡើយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ នែអគ្គិវេស្សនៈ លំដាប់នោះឯង តថាគត ក៏ចូលទៅរក​ឧទ្ទក​រាមបុត្ត លុះចូលទៅដល់ហើយ ក៏ពោលពាក្យនេះ នឹងឧទ្ទករាមបុត្តថា អាវុសោរាមៈ លោកបាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ បានសម្រេច​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាស ដោយហេតុ​មានប៉ុន្មានទៅ។ ឧទ្ទករាមបុត្ត តបថា នែអ្នក​មានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ បានសម្រេច​ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នេះ ហើយអាចប្រកាសបាន ដោយហេតុមានប្រមាណប៉ុណ្ណេះឯង។ តថាគតពោលថា នែអ្នក​មានអាយុ យើងបានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួន​ឯង នូវធម៌នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដោយហេតុមានប្រមាណប៉ុណ្ណេះ​ដែរ។ ឧទ្ទករាមបុត្ត និយាយថា ម្នាលអ្នកមានអាយុ យើងពេញហៅថា ជាមនុស្ស​មានលាភ នែអ្នកមានអាយុ អត្តភាពជាមនុស្ស ឈ្មោះថា យើង​បានដោយល្អ ព្រោះថា យើងបានឃើញនូវ​ព្រហ្មចារីបុគ្គល មានអាយុ ប្រាកដដូចជាអ្នក រាមបុត្ត ​បានធ្វើ​ឲ្យជាក់ច្បាស់ បានសម្រេចដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយអាច​ប្រកាស​បាន អ្នកក៏បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ អ្នកបានធ្វើឲ្យជាក់​ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌ណា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤ រាមបុត្តក៏បានធ្វើឲ្យជាក់ច្បាស់ បានសម្រេច ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវធម៌នោះ ហើយអាចប្រកាសបាន រាមបុត្តបានដឹងនូវ​ធម៌ណា អ្នកក៏ដឹងនូវធម៌នោះដែរ អ្នកបានដឹងនូវធម៌ណា រាមបុត្តក៏ដឹងនូវធម៌នោះដែរ រាមបុត្តជា​មនុស្សយ៉ាងណា អ្នកក៏ជាមនុស្ស​យ៉ាងនោះដែរ អ្នកជាមនុស្សយ៉ាងណា រាមបុត្តក៏​ជាមនុស្សយ៉ាងនោះដែរ នែអ្នកមានអាយុ ឥឡូវនេះ អ្នកចូរមក យើងទាំងពីរ​នាក់ នឹងនៅរក្សាគណៈនេះ។ នែអគ្គិវេស្សនៈ ឧទ្ទករាមបុត្ត ជាសព្រហ្មចារីបុគ្គល​ របស់តថាគត តាំងតថាគត ក្នុងនាទីជាអាចារ្យ ទាំងបូជា​តថាគត ដោយគ្រឿងបូជា​ដ៏ក្រៃលែង ដោយប្រការដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តី​ត្រិះរិះដូច្នេះថា ធម៌នេះ​មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ចាករាគាទិក្កិលេស មិនប្រព្រឹត្តទៅ ដើម្បី​ប្រាសចាកតម្រេក មិនប្រព្រឹត្តទៅ ដើម្បី​រំលត់នូវកងទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វានទេ ប្រព្រឹត្តទៅបាន ត្រឹមតែ​កើតក្នុង​នេវសញ្ញានាសញ្ញាយតនភពប៉ុណ្ណោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មិនពេញចិត្តនឹងធម៌នោះ ក៏នឿយណាយ ចាកធម៌នោះ ហើយចៀសចេញទៅ។

[៥៣] នែអគ្គិវេស្សនៈ កាលដែលតថាគត ស្វែងរកកឹកុសល ស្វែងរកសន្តិវរបទ គឺព្រះនិព្វាន ជាគ្រឿងរម្ងាប់បង់ នូវ​ភ្លើងទុក្ខ ភ្លើងកិលេសដ៏ប្រសើរ ហើយក៏ត្រាច់ទៅតាមចារិក តាមលំដាប់ ក្នុងដែន​មគធៈ បានដល់​សេនានិគម ក្នុងឧរុវេលាប្រទេស។ តថាគត បានឃើញនូវភូមិភាគ គួរជាទីសប្បាយ ក្នុង​សេនានិគមនោះផង នូវដងព្រៃ ជាទីជ្រះថ្លាផង នូវស្ទឹង ដែលមានទឹកហូរ​ មានទឹកថ្លា មានកំពង់ដ៏ល្អ ជាទីសប្បាយផង នូវស្រុកជាទីគោចរជិតល្មមផង។ នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា ឱហ្ន៎ ភូមិភាគ គួរជាទីសប្បាយផង ​ដងព្រៃ ជាទីជ្រះថ្លាផង ស្ទឹងមានទឹកថ្លា មានកំពង់ដ៏ល្អ ជាទីសប្បាយ តែងហូរទៅផង ស្រុកជាទី​គោចរ ក៏​ជិតល្មមផង។ កន្លែងនេះ ជាកន្លែង​គួរដើម្បី​ប្រព្រឹត្ត​ព្យាយាម នៃកុលបុត្ត ជាអ្នក​មានព្យាយាម។ នែអគ្គិយវេស្សនៈ តថាគតនោះ ក៏អង្គុយនៅក្នុងទីនោះ ដោយគិតថា ទីនេះ គួរដើម្បី​ការប្រព្រឹត្ត​ព្យាយាម។

[៥៤] នែអគ្គិវេស្សនៈ សេចក្តី​ឧបមាទាំង៣ មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមកក្នុងកាលមុនទេ ស្រាប់តែ​ប្រាកដ ដល់តថាគត។ នែអគ្គិវេស្សនៈ ដូចជា​កំណាត់​ឈើស្រស់ នៅមានជ័រ ដែលត្រាំនៅក្នុងទឹក។ លំដាប់នោះ មានបុរសម្នាក់​ កាន់​យកឈើពំនួតភ្លើងខាងលើ (កូនពំនួត) ដើរមកដោយគិតថា អាត្មាអញ នឹងពួតភ្លើង​ឲ្យ​កើតឡើង អាត្មាអញ នឹងធ្វើ​ភ្លើងឲ្យឆេះឡើង។ ម្នាលអគ្គិវេស្សនៈ អ្នកសំគាល់ហេតុ​នោះ ដូចម្តេច បុរសនោះ កាន់យកឈើពំនួតភ្លើងខាងលើ មកពួតនឹងឈើស្រស់នៅមានជ័រ ដែល​ត្រាំនៅក្នុងទឹកឯណោះ ហើយគប្បីធ្វើ​ភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើង​ឲ្យឆេះឡើង​ បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន អំពើនេះ មិនបានទេ សេចក្តីនោះ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្រស់ឯណោះ នៅមានជ័រ ថែមទាំង​កំណាត់ឈើនោះ ត្រាំនៅក្នុងទឹក​ទៅទៀត បុរសនោះ បានតែត្រឹមចំណែកនៃសេចក្តី​លំបាក សេចក្តីចង្អៀតចង្អល់ ឥតប្រយោជន៍ មានឧបមា​ដូចម្តេចមិញ នែអគ្គិវេស្សនៈ ពួកជនណានីមួយ ទោះបីជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយមិនបានចៀសចេញ ចាកវត្ថុកាមទាំងឡាយ សមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ មិនបានរម្ងាប់ នូវសេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុងផង។ បើទុកជាសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ទទួល​នូវទុក្ខវេទនា ក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់​សមណព្រាហ្មណ៍ទាំងនោះ មិនគួរ ដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង​យ៉ាងប្រសើរ​ឡើយ។ បើទុកជាសមណព្រាហ្មណ៍ទាំងនោះ មិនបានទទួល​ទុក្ខវេទនា ក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់សមណព្រាហ្មណ៍ទាំងនោះ មិនគួរ​ដើម្បី​ដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរ​ដែរ មានឧបមេយ្យ ដូច្នោះឯង។ ម្នាលអគ្គិវេស្សនៈ សេចក្តីឧបមាជាដំបូងនេះឯង មិនជាអស្ចារ្យណាស់ណា តថាគត មិនធ្លាប់បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែប្រាកដ ដល់តថាគត។

[៥៥] នែអគ្គិវេស្សនៈ សេចក្តីឧបមាជាគំរប់ពីរដទៃទៀត មិនជាទី​អស្ចារ្យ​ណាស់​ណា ដែលតថាគត មិនធ្លាប់បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែ​ប្រាកដ ដល់តថាគត។ ម្នាលអគ្គិវេស្សនៈ ​កំណាត់​ឈើស្រស់ នៅមានជ័រ ដែលដាក់នៅលើគោក ឆ្ងាយ​អំពីទឹក។ លំដាប់នោះ មានបុរសម្នាក់​ កាន់​យកឈើពំនួតភ្លើងខាងលើ ដើរមក ដោយគិតថា អាត្មា​អញ នឹងធ្វើភ្លើង​ឲ្យ​កើតឡើង នឹងធ្វើ​ភ្លើងឲ្យឆេះឡើង។ នែអគ្គិវេស្សនៈ អ្នកសំគាល់ហេតុ​នោះ ដូចម្តេច បុរសនោះ កាន់នូវឈើពំនួតភ្លើងខាងលើ មកពួតនឹងកំណាត់​ឈើ​ស្រស់ នៅមានជ័រ ដែលដាក់នៅលើគោ ឆ្ងាយអំពីទឹកឯណោះ ហើយគប្បីធ្វើ​ភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើង​ឲ្យឆេះឡើង​ បានដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន អំពើនេះ មិនបានទេ ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់ឈើស្រស់ឯណោះ ពិតជា​ដាក់នៅលើគោក ឆ្ងាយអំពីទឹកមែន តែថា នៅមានជ័រ ឯបុរសនោះ គ្រាន់តែ​ជាអ្នក​មាន​ចំណែក​នៃសេចក្តី​លំបាក និងសេចក្តីចង្អៀតចង្អល់ប៉ុណ្ណេះឯង មានឧបមា​ដូចម្តេចមិញ នែអគ្គិវេស្សនៈ ជនទាំងឡាយណានីមួយ ទោះជាសមណៈក្តី ព្រាហ្មណ៍ក្តី មានកាយ​​ចៀសចេញ ចាកវត្ថុកាមទាំងឡាយពិតមែនហើយ តែថាសមណព្រាហ្មណ៍ទាំងនោះ មិនបានលះបង់ មិនបានរម្ងាប់ នូវសេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់​ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុង។ បើទុកជា​សមណ​ព្រាហ្មណ៍ ​ដ៏ចំរើន​ទាំង​នោះ សោយ​នូវទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់​សមណព្រាហ្មណ៍ទាំងនោះ មិនគួរដើម្បីដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹង​យ៉ាង​ប្រសើរ​​ឡើយ។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនបានសោយនូវ​ទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាមទេ ក៏គង់​សមណ​ព្រាហ្មណ៍​ទាំងនោះ មិនគួរ​ដើម្បី​ដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរ​ដែរ មានឧបមេយ្យ ដូច្នោះឯង នែអគ្គិវេស្សនៈ សេចក្តីឧបមាទី២នេះឯង មិនជាអស្ចារ្យ​ណាស់​ណា តថាគត មិនធ្លាប់បានឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់តថាគត។

[៥៦] នែអគ្គិវេស្សនៈ សេចក្តីឧបមាទី៣ដទៃទៀត មិនជាទីអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់ឮមក ក្នុងកាលមុន ក៏ស្រាប់តែ​ប្រាកដ ដល់តថាគត។ នែ​អគ្គិវេស្សនៈ ​កំណាត់​ឈើស្ងួត ជាឈើសស់​ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹក។ លំដាប់នោះ មានបុរសម្នាក់​ កាន់នូវឈើពំនួតភ្លើងខាងលើ ដើរមក ដោយគិតថា អាត្មាអញ នឹងធ្វើភ្លើង​ឲ្យ​កើតឡើង អាត្មាអញ នឹងធ្វើ​ភ្លើងឲ្យឆេះឡើង។ នែអគ្គិវេស្សនៈ អ្នកសំគាល់នូវហេតុ​នោះ ដូចម្តេច បុរសនោះ កាន់នូវឈើពំនួតភ្លើងខាងលើ មក​ពួត​នឹង​កំណាត់ឈើស្ងួត ជាឈើសស់ ដែលដាក់នៅលើគោក ឆ្ងាយអំពីទឹកឯណោះ ហើយ​គប្បីធ្វើ​​ភ្លើងឲ្យកើតឡើង គប្បីធ្វើភ្លើង​ឲ្យឆេះឡើង​ បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន គប្បីធ្វើភ្លើងឲ្យឆេះឡើងបាន ព្រោះហេតុអ្វី បពិត្រព្រះគោតមដ៏ចំរើន ព្រោះថា កំណាត់​ឈើ​ស្ងួតឯណោះ ជាឈើសស់ស្រាប់ ហើយថែមទាំង​កំណាត់ឈើនោះ នៅលើគោក ឆ្ងាយ​អំពីទឹកទៅទៀត មានឧបមា​ដូចម្តេចមិញ នែអគ្គិវេស្សនៈ ពួកជនណានីមួយ ទោះបី​ជា​សមណៈក្តី ព្រាហ្មណ៍ក្តី មានកាយចៀសចេញ ចាកវត្ថុកាមទាំងឡាយផង សមណព្រាហ្មណ៍ទាំងនោះ បានលះបង់ បានរម្ងាប់សេចក្តីប្រាថ្នា ក្នុងកិលេសកាម សេចក្តីស្រឡាញ់ ក្នុងកិលេសកាម សេចក្តីជ្រុលជ្រប់ ក្នុងកិលេសកាម សេចក្តីស្រេកឃ្លាន ក្នុងកិលេសកាម សេចក្តីក្តៅក្រហាយ ក្នុងកិលេសកាម ឰដ៏ខាងក្នុងផង។ បើទុកជា​សមណ​ព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទទួល​ទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាម ក៏គង់​សមណព្រាហ្មណ៍ទាំងនោះ គួរដើម្បីដឹង ដើម្បីឃើញ ដើម្បី​ត្រាស់ដឹង​យ៉ាងប្រសើរបាន។ បើទុកជាសមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនទទួល​ទុក្ខវេទនាក្លៀវក្លា រឹងរូស ក្រហល់ក្រហាយ ដែលកើតអំពីព្យាយាមទេ ក៏គង់​សមណ​ព្រាហ្មណ៍​ទាំងនោះ គួរ​ដើម្បី​ដឹង ដើម្បីឃើញ ដើម្បីត្រាស់ដឹងយ៉ាងប្រសើរបានដែរ មានឧបមេយ្យ យ៉ាងនោះឯង នែអគ្គិវេស្សនៈ សេចក្តីឧបមាទី៣នេះឯង មិនជាអស្ចារ្យ​ណាស់​ណា ដែលតថាគត មិនធ្លាប់បានឮមក ក្នុងកាលមុន ក៏ស្រាប់តែប្រាកដ ដល់​តថាគត។ នែអគ្គិវេស្សនៈ សេចក្តីឧបមាទាំង៣នេះឯង មិនជាអស្ចារ្យណាស់ណា ដែលតថាគត មិនធ្លាប់​បានឮមក ក្នុងកាលមុនទេ ក៏ស្រាប់តែប្រាកដ ដល់តថាគត។

[៥៧] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែ​អាត្មាអញ ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន (ក្រអូមមាត់) ដោយ​អណ្តាត សង្កត់គាបផ្ទប់ នូវចិត្ត​ដោយចិត្ត។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយ​អណ្តាត សង្កត់គាបផ្ទប់ នូវចិត្ត​ដោយចិត្ត នែ​អគ្គិវេស្សនៈ កាលដែលតថាគតនោះ ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយ​អណ្តាត សង្កត់គាបផ្ទប់ នូវចិត្ត​ដោយចិត្ត ញើសក៏ហូរចេញអំពីក្លៀកទាំង​សងខាង។ នែអគ្គិវេស្សនៈ ដូចបុរសដែលមានកំឡាំង ចាប់បុរសដែលមានកំឡាំង​ថយជាង​ខ្លួន ត្រង់ក្បាលផង ចាប់ត្រង់កផង គប្បីសង្កត់គាបផ្ទប់ មានឧបមាយ៉ាងណា​មិញ នែអគ្គិវេស្សនៈ កាលដែលតថាគត​ខាំសង្កត់ធ្មេញ ដោយធ្មេញទាំងឡាយ ទល់ពិតាន ដោយ​អណ្តាត សង្កត់គាបផ្ទប់ នូវចិត្ត​ដោយចិត្ត ញើសក៏ហូរចេញ​អំពី​ក្លៀក​ទាំងសងខាង មានឧបមេយ្យយ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់​តថាគត តឹងតែងណាស់ មិនធូរថយ សតិក៏តំកល់ខ្ជាប់ មិនមានវង្វេងភ្លេច តែចំណែក​ខាងកាយរបស់តថាគត ដែលត្រូវព្យាយាម​ចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបាន​ស្ងប់រម្ងាប់ ដោយសារ​សេចក្តីព្យាយាម ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណា​ជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្តរបស់​តថាគតបានឡើយ។

[៥៨] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា បើដូច្នោះ មានតែ​អាត្មាអញពិចារណា នូវ​អប្បាណកជ្ឈាន គឺឈានដែលគ្មានដង្ហើមចេញចូល។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពី​ច្រមុះផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពី​មាត់ផង អំពីច្រមុះផង សំឡេងរបស់ខ្យល់ ដែលចេញមកអំពីរន្ធត្រចៀកទាំងសងខាង ក៏ឮខ្លាំងក្រៃពេក។ សំឡេងស្នប់របស់ជាងមាស ដែលកំពុងសប់ លាន់ឮខ្លាំង យ៉ាង​ណាមិញ  ម្នាលអគ្គិវេស្សនៈ លុះតថាគតបិទខ្យល់​ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង សំឡេង​របស់ខ្យល់ ដែលចេញអំពីរន្ធត្រចៀក ទាំងសងខាង ក៏លាន់ឮខ្លាំង យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែង​ណាស់ មិនបន្ធូរបន្ថយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែក​ខាងកាយ​របស់តថាគត ដែលត្រូវព្យាយាមចាក់ដោតហើយ ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់​រម្ងាប់ ដោយសារសេចក្តី​ព្យាយាម​ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណា​ជាទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្តរបស់​តថាគត​បានឡើយ។

[៥៩] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែ​អាត្មាអញ ពិចារណា នូវ​អប្បាណកជ្ឈាន។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់​ដង្ហើម​ចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពី​ច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពី​មាត់ផង អំពី​ច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោតនូវក្បាល។ នែអគ្គិវេស្សនៈ បុរសមានកំឡាំង ចាក់ឆ្កៀល​នូវក្បាល ដោយចុងដែកស្រួចដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់​ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏ចាក់ដោត​នូវ​ក្បាល យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាមរបស់តថាគត តឹងតែង​ណាស់ មិនធូរថយឡើយ សតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេចឡើយ តែចំណែក​ខាងកាយ​របស់​តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបានស្ងប់​រម្ងាប់ ដោយ​សារសេចក្តី​ព្យាយាម ​ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណា​ជាទុក្ខវេទនា មាន​សភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់នូវចិត្ត របស់​តថាគត​បានឡើយ។

[៦០] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ មានតែ​អាត្មាអញ ពិចារណា នូវ​អប្បាណកជ្ឈានតែម្យ៉ាង។ នែអគ្គិវេស្សនៈ តថាគត ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពី​ច្រមុះផង អំពីត្រចៀកផង។ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពី​មាត់ផង អំពី​ច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនា [ជម្ងឺក្បាលដ៏មានកំឡាំង កើតអំពីកងខ្យល់ ដែលមិនបាន​ចេញមក​អំពីទ្វារណាមួយសោះនោះឯង។ អដ្ឋកថា។] ដ៏ខ្លាំងក្រៃលែង ក៏​កើតប្រាកដក្នុងក្បាល។ នែអគ្គិវេស្សនៈ បុរសមានកំឡាំង រុំក្បាលដោយកំណាត់​ព្រ័ត្រ​ដ៏មាំ យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់​ដង្ហើមចេញ និងខ្យល់ដង្ហើម​ចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សីសវេទនាដ៏ខ្លាំងក្រៃលែង ក៏​កើតប្រាកដក្នុងក្បាល ក៏យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង​ណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបានវង្វេងភ្លេច តែចំណែក​ខាងកាយ​របស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបាន​ស្ងប់​រម្ងាប់ ដោយសារសេចក្តី​ព្យាយាម​ ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណា​ជា​ទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏គ្របសង្កត់ចិត្តរបស់​តថាគតមិន​បាន​ឡើយ។

[៦១] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួរតែ​អាត្មាអញ ពិចារណា នូវ​អប្បាណកជ្ឈាន។ នែអគ្គិវេស្សនៈ តថាគតនោះ ក៏បិទខ្យល់​ដង្ហើម​ចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពី​ច្រមុះផង អំពីត្រចៀកផង។ នែ​អគ្គិវេស្សនៈ លុះតថាគតនោះ បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពី​មាត់ផង អំពី​ច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀត​ឆ្មួលផ្ទៃ។ នែអគ្គិវេស្សនៈ បុរសអ្នកសម្លាប់គោ ឬកូនសិស្ស​នៃបុរសអ្នកសម្លាប់គោ ដ៏ឈ្លាសវៃ គប្បីអារនូវផ្ទៃ​ ដោយកាំបិតសម្រាប់​អារគោដ៏មុត យ៉ាងណាមិញ នែអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់​ដង្ហើមចេញ និងខ្យល់ដង្ហើម​ចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ ខ្យល់ដ៏ខ្លាំងក្រៃលែង ក៏សៀតឆ្មួលនូវផ្ទៃ យ៉ាងនោះឯង។ នែអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង​ណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ មិនបាន​វង្វេង​ភ្លេច តែចំណែក​ខាងកាយ ​របស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយ​ក្រវល់ក្រវាយ មិនបាន​ស្ងប់​រម្ងាប់ ដោយសារសេចក្តី​ព្យាយាម​ ដ៏លំបាកនោះឯង។ នែអគ្គិវេស្សនៈ ទុកណា​ជា​ទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនបានគ្របសង្កត់នូវចិត្ត របស់​តថាគត​បាន​ឡើយ។

[៦២] នែអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា បើដូច្នោះ គួតែ​អាត្មាអញ ពិចារណា នូវ​អប្បាណកជ្ឈាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូល អំពីមាត់ផង អំពី​ច្រមុះផង អំពីត្រចៀកផង។ ម្នាលអគ្គិវេស្សនៈ លុះតថាគតនោះ បិទខ្យល់ដង្ហើមចេញ និងខ្យល់ដង្ហើមចូលអំពី​មាត់ផង អំពី​ច្រមុះផង អំពីត្រចៀកផងហើយ សេចក្តីក្តៅក្រហាយ ដ៏ខ្លាំងក្រៃលែង ក៏​កើតឡើងក្នុងកាយ។ ម្នាលអគ្គិវេស្សនៈ បុរសមានកំឡាំងពីរនាក់ ចាប់នូវបុរស​មាន​កំឡាំង​ថយជាងខ្លួន ត្រង់ដៃទាំងសងខាង ឆ្អើរកំដៅលើរណ្តៅរងើកភ្លើង យ៉ាងណា​មិញ ម្នាលអគ្គិវេស្សនៈ លុះតថាគត បិទខ្យល់​ដង្ហើមចេញ និងខ្យល់ដង្ហើម​ចូល អំពីមាត់ផង អំពីច្រមុះផង អំពីត្រចៀកផងហើយ សេចក្តីក្តៅក្រហាយដ៏ខ្លាំងក្រៃលែង ក៏​កើតឡើង​ក្នុងកាយ យ៉ាងនោះឯង។ ម្នាលអគ្គិវេស្សនៈ សេចក្តីព្យាយាម របស់តថាគត តឹងតែង​ណាស់ មិនធូរថយឡើយ ទាំងសតិក៏តំកល់ខ្ជាប់ខ្ជួន មិនបានវង្វេងភ្លេច តែចំណែក​ខាងកាយ​របស់តថាគត ដែលត្រូវព្យាយាមចាក់ដោត ទៅជាកាយក្រវល់ក្រវាយ មិនបាន​ស្ងប់​រម្ងាប់ ដោយសារសេចក្តី​ព្យាយាម​ ដ៏លំបាកនោះឯង។ ម្នាលអគ្គិវេស្សនៈ ទុកណា​ជា​ទុក្ខវេទនា មានសភាពដូច្នោះ កើតឡើងដល់តថាគត ក៏មិនបានគ្របសង្កត់នូវចិត្ត របស់​តថាគត​ឡើយ។ ម្នាលអគ្គិវេស្សនៈ មានពួកទេវតាបានឃើញតថាគត ដូច្នោះហើយ និយាយយ៉ាង​នេះថា ព្រះសមណគោតមធ្វើមរណកាលហើយ។ ទេវតាពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនទាន់ធ្វើមរណកាលនៅឡើយទេ តែគង់នឹងធ្វើមរណកាល​ពុំខាន។ ទេវតាពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនបានធ្វើមរណកាល​ទៅហើយទេ ទាំងនឹងមិនធ្វើមរណកាលឡើយ ព្រះសមណគោតម ជាអរហន្ត ទ្រង់​គង់​ព្រះជន្មាយុដោយពិត ការគង់ព្រះជន្មាយុ របស់ព្រះអរហន្តនោះ មានសភាពយ៉ាងនេះ។

[៦៣] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ គួរតែ​អាត្មាអញ ប្រតិបត្តិ ដើម្បីផ្តាច់បងនូវអាហារ ដោយប្រការទាំងពួង។ ម្នាលអគ្គិវេស្សនៈ លំ​ដាប់នោះឯង ពួកទេវតា ចូលទៅរកតថាគត ហើយនិយាយដូច្នេះថា បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ ព្រះអង្គកុំប្រតិបត្តិ ដើម្បីផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួង​ឡើយ បពិត្រ​ព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គនឹងប្រតិបត្តិ ដើម្បី​ផ្តាច់បង់នូវអាហារ ដោយប្រការទាំងពួង​តទៅ យើងទាំងឡាយ នឹងញុំាងឱជាទិព្វ ឲ្យជ្រួតជ្រាបទៅតាមរណ្តៅរោមទាំងឡាយ របស់ព្រះអង្គ ៗនឹងរស់នៅដោយឱជាទិព្វនោះបាន។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើអាត្មាអញ នឹងប្តេជ្ញាថាខ្លួនជាអ្នក​គ្មានភោជន ដោយប្រការ​ទាំងពួងផង ទេវតាទាំងឡាយនេះ នឹងញុំាង​ឱជាទិព្វ ឲ្យជ្រួតជ្រាប ចូលទៅ​តាមរណ្តៅ​រោមទាំងឡាយ របស់អាត្មាអញផង អាត្មាអញ នឹងរស់នៅ​ដោយឱជាទិព្វ​នោះផង អំពើនោះ ជាអំពើកុហករបស់អាត្មាអញ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏និយាយឃាត់ទេវតា​ទាំងនោះវិញ តថាគតប្រាប់ថា កុំឡើយ ដូច្នេះ។

[៦៤] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា បើដូច្នោះ មានតែ​អាត្មាអញ បរិភោគនូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែក​បាយក្តី គ្រាប់ពពាយ​ជ្រុងក្តី គ្រាប់សណ្តែក​កង់ក្តី គ្រាប់សណ្តែក​ទ្រើងក្តី ត្រឹមតែមួយទូកដៃៗ។ ម្នាលអគ្គិវេស្សនៈ តថាគត ក៏បានបរិភោគ នូវអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែក​បាយក្តី គ្រាប់ពពាយ​ជ្រុងក្តី គ្រាប់សណ្តែក​កង់ក្តី គ្រាប់សណ្តែក​ទ្រើងក្តី ត្រឹមតែមួយទូកដៃៗ។ ម្នាលអគ្គិវេស្សនៈ កាលដែលតថាគតនោះ បរិភោគអាហារបន្តិចៗ ទោះបីគ្រាប់សណ្តែក​បាយក្តី គ្រាប់ពពាយ​ជ្រុងក្តី គ្រាប់សណ្តែក​កង់ក្តី គ្រាប់សណ្តែក​ទ្រើងក្តី ត្រឹមតែមួយ​ទូកដៃៗ កាយរបស់តថាគត ក៏ដល់នូវអាការស្គាំងស្គម ក្រៃលែង។ អវយវៈតូចធំ របស់តថាគត ដូចជា​ថ្នាំងនៃវល្លិ៍ ឈ្មោះ អសីតិកៈ ឬដូចជាថ្នាំងនៃ​វល្លិ៍ប្រេង ព្រោះមានអាហារ​តិចនោះឯង។ គគូថរបស់តថាគត ដូចជាស្នាមជើង នៃសត្វឱដ្ឋ ព្រោះ​មានអាហារតិចនោះឯង។ ឆ្អឹងខ្នងរបស់​តថាគត រដិបរដុប ដូចជាបំពង់ឈើ ដែលវល្លិ៍​ព័ទ្ធ​វេញ ព្រោះមានអាហារតិចនោះឯង។ របៀបនៃឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីម​រគាម ដូចជាបង្កង់ នៃសាលាចាស់ ដ៏រគីមរគាម ព្រោះមានអាហារតិចនោះឯង។ ប្រស្រីភ្នែក​ក្នុងរណ្តៅភ្នែក របស់តថាគត ក៏ជ្រៅខូងចុះទៅ ដូចក្រពេញទឹក ក្នុងអណ្តូង​ទឹកជ្រៅ ដ៏ជ្រៅខូងចុះទៅ ព្រោះមានអាហារតិចនោះឯង។ ស្បែកក្បាល ឰដ៏ក្បាល​របស់​តថាគត ដែលអាហារតិចនោះ ពាល់ត្រូវហើយ ក៏ស្វិតជ្រីវ ដូចជាផ្លែ​ននោងព្រៃ ដែលគេ​កាត់អំពីខ្ចី លុះខ្យល់ និងកំដៅថ្ងៃ ពាល់ត្រូវហើយ ក៏ស្វិតជ្រីវ ដូច្នោះឯង។ ម្នាល​អគ្គិវេស្សនៈ តថាគតនោះឯង គិតថា អាត្មាអញ នឹងស្ទាបស្បែកពោះ ក៏ចាប់ត្រូវលើ​ឆ្អឹងខ្នងវិញ គិតថា អាត្មាអញ នឹងស្ទាប​ឆ្អឹងខ្នង ក៏ចាប់ត្រូវលើ​ស្បែកពោះទៅវិញ ម្នាលអគ្គិវេស្សនៈ ព្រោះថា ស្បែកពោះ របស់តថាគត ជាប់នឹងឆ្អឹងខ្នង ព្រោះមាន​អាហារ​តិច​នោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង គិតថា អាត្មាអញ នឹង​បន្ទោបង់នូវ​វច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់ក្នុងទីនោះ ព្រោះមានអាហារតិចនោះឯង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ធ្វើកាយនេះឲ្យស្រួលបួល ដុសខ្លួនប្រាណដោយដៃ ម្នាលអគ្គិវេស្សនៈ កាលបើតថាគតនោះ ដុសខ្លួនប្រាណដោយដៃ រោមទាំងឡាយ មានគល់ស្អុយ ក៏ធ្លាក់ចុះ​អំពីកាយ ព្រោះមានអាហារតិចនោះឯង។ ម្នាលអគ្គិវេស្សនៈ មនុស្សទាំងឡាយ បានឃើញ​តថាគត ហើយពោលពាក្យយ៉ាងនេះថា ព្រះសមណគោតម មានសម្បុរ​ខ្មៅ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនខ្មៅទេ ព្រះសមណគោតម សម្បុរ​សណ្តែកបាយ។ មនុស្សពួកខ្លះ និយាយយ៉ាងនេះថា ព្រះសមណគោតម មិនមែន​សម្បុរខ្មៅ មិនមែនសម្បុរសណ្តែកបាយទេ ព្រះសមណគោតម មានសម្បុរស្បែកប្រផែះ។ ម្នាលអគ្គិវេស្សនៈ សម្បុរស្បែក របស់តថាគត បរិសុទ្ធ ផូរផង់ដល់ម្ល៉ោះ ក៏ត្រឡប់​ជា​អាប់​អន់ ព្រោះមានអាហារតិចនោះឯង។

[៦៥] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ជនទាំងឡាយ​ណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងអតីតកាល បានសោយនូវទុក្ខវេទនា ដ៏​ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី​ព្យាយាម មានកំណត់​តែត្រឹម​ប៉ុណ្ណេះ មិន​លើស​លុបជាងនេះទៅទៀតទេ។ ជនទាំងឡាយណានីមួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុង​អនាគតកាល នឹង​រងនូវទុក្ខវេទនា ដ៏​ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី​ព្យាយាម មានកំណត់​តែត្រឹម​ប៉ុណ្ណេះ មិន​លើស​លុបជាងនេះទៅទៀតទេ។ ជនទាំងឡាយ​ណា​នី​មួយ ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ក្នុងកាលឥឡូវនេះ តែងរងទុក្ខវេទនា ដ៏​ក្លៀវក្លា រឹងរូស ផ្សាខ្លោច ដែលកើតអំពី​ព្យាយាម មានកំណត់​តែត្រឹម​ប៉ុណ្ណេះ មិន​មានលើស​លុប​ជាង​នេះ​ ទៅទៀតទេ។ ចំណែកខាងអាត្មាអញ មិនទាន់បានត្រាស់ដឹង នូវគុណវិសេស គឺ​ញាណទស្សនៈ ដ៏ឧត្តម ដែលអាចកំចាត់បង់នូវកិលេស ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយ ទុក្ករកិរិយា ដ៏ផ្សាខ្លោចនេះ នៅឡើយ។ ផ្លូវដទៃ​ប្រព្រឹត្តទៅ ដើម្បី​ត្រាស់ដឹង គប្បី​មានដែរឬហ្ន៎ះ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះដូច្នេះថា កាល​ដែលអាត្មាអញ អង្គុយ​នៅក្រោមម្លប់ នៃដើមព្រីងដ៏ត្រជាក់ ក្នុងកិច្ច​ការ របស់​សក្យរាជ ជាបិតា ក៏ធ្លាប់បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់​នូវបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពី​សេចក្តីស្ងាត់នោះ ហើយសម្រេច​សម្រាន្តនៅ ឱហ្ន៎ នុ៎ះឯង ជាផ្លូវនៃការត្រាស់ដឹងហើយទេ​ដឹង។ ម្នាលអគ្គិវេស្សនៈ វិញ្ញាណ ជាគ្រឿងរលឹកតាមនូវស្មារតី ក៏កើតឡើង ដល់តថាគត​នោះថា ផ្លូវនុ៎ះឯងហើយ ជាផ្លូវនៃការត្រាស់ដឹង។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាក​អកុសលធម៌​ទាំងឡាយ អាត្មាអញ ខ្លាចសេចក្តីសុខនោះ ឬហ្ន៎។ ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា សេចក្តីសុខណា ក្រៅចាកកាមទាំងឡាយ ក្រៅចាក​អកុសលធម៌ទាំងឡាយ អាត្មាអញ មិនខ្លាច​សេចក្តីសុខនោះទេ។

[៦៦] ម្នាលអគ្គិវេស្សនៈ តថាគតនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា បុគ្គលមានកាយ​ ដល់នូវ​អាការស្គាំងស្គង ក្រៃលែងយ៉ាងនេះ មិនងាយបាននូវសេចក្តី​សុខនោះទេ បើដូច្នោះ គួរតែអាត្មាអញ បរិភោគនូវអាហារ ដ៏គ្រោតគ្រាត គឺបាយ​និងនំវិញ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង ក៏បរិភោគ​នូវអាហារដ៏គ្រោតគ្រាត គឺបាយ និងនំ។ ម្នាលអគ្គិវេស្សនៈ សម័យនោះឯង ភិក្ខុទាំង៥រូប តាមមកបំរើតថាគត ដោយគិតថា ព្រះសមណគោតម​របស់​យើង នឹងបានត្រាស់​ដឹងនូវធម៌ណា លោកនឹងប្រាប់ នូវធម៌នោះ ដល់យើងទាំង​ឡាយ។ ម្នាលអគ្គិវេស្សនៈ ព្រោះហេតុតែតថាគត​បរិភោគ នូវអាហារដ៏គ្រោតគ្រាត គឺបាយ និងនំ ក្នុងកាលណា ភិក្ខុទាំង៥រូបនោះ លះបង់ រត់ចោលតថាគត ក្នុងកាល​នោះ ដោយគិតថា ព្រះសមណគោតម ប្រកបដោយល្មោភច្រើន ដោះចោលព្យាយាម ត្រឡប់​ទៅដើម្បី​សេចក្តីល្មោភច្រើន។

[៦៧] ម្នាលអគ្គិវេស្សនៈ លុះ​តថាគតនោះឯង បរិភោគនូវអាហារ ដ៏គ្រោតគ្រាត​ហើយ ក៏មានកំឡាំង បានស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយ ​វិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពីសេចក្តីស្ងាត់នោះ ក៏សម្រេច​សម្រាន្តនៅ ដោយឥរិយាបថ​ទាំង៤។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាពដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់ចិត្ត​របស់តថាគតបានឡើយ។ លុះតថាគត រម្ងាប់វិតក្កៈ និងវិចារៈហើយ ក៏បានដល់នូវ​ទុតិយ​ជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន ប្រកបដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា ជាសភាព ​នៃចិត្តដ៏ខ្ពស់ឯង ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពី​សមាធិ គឺបឋមជ្ឈាន… ក៏បានដល់នូវតតិយជ្ឈាន… បានដល់នូវ​ចតុត្ថជ្ឈាន ក៏សម្រេច​សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាព​ដូច្នេះ កើតឡើងដល់តថាគត ក៏មិនគ្របសង្កត់​ចិត្តរបស់តថាគតបាន​ឡើយ។ កាលដែលចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់​ញ័រ ទៅតាមអារម្មណ៍ (ដោយអំណាច​ឈានទាំង៤) ដោយប្រការដូច្នេះហើយ តថាគត​បង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ។ តថាគតនោះ រលឹកឃើញនូវ​បុព្វេនិវាស​​ច្រើនប្រការ គឺរលឹក​ឃើញ ជាតិ១ខ្លះ ជាតិ២ខ្លះ។បេ។ រលឹកឃើញ នូវបុព្វេនិវាស​ច្រើនប្រការ ព្រមទាំងអាការ គឺរូប និងអាហារជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រ​កូលជាដើម ដោយប្រការដូច្នេះ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី១នេះឯង តថាគត​បានហើយ ក្នុងបឋមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត​ ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់តថាគត ដូចបុគ្គល ដែល​មិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ដែលបាន​នូវវិជ្ជាទី​១នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជាសុខវេទនា មានសភាព​ដូច្នេះ កើតឡើង​ដល់​តថាគត ក៏មិនគ្របសង្កត់​ នូវចិត្តរបស់តថាគតបានឡើយ។

[៦៨] កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកកិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ​ទៅតាមអារម្មណ៍ ដោយប្រការដូច្នេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បី​សត្តចុតូបបាតញ្ញាណ។ តថាគតនោះ មានចក្ខុដូចជាទិព្វ ដ៏ស្អាត កន្លងហួសចក្ខុ របស់​មនុស្ស​ធម្មតា ក៏បានឃើញនូវពួកសត្វ ដែលច្យុត ដែលកើតឡើង ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានរូបល្អខ្លះ រូបអាក្រក់ខ្លះ មានគតិល្អខ្លះ គតិអាក្រក់​ខ្លះ មួយវិញទៀត តថាគត ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម។បេ។ ម្នាល​អគ្គិវេស្សនៈ វិជ្ជាទី២នេះឯង តថាគតបានហើយ ក្នុងមជ្ឈិមយាម នៃរាត្រី អវិជ្ជា​ខ្ចាត់បាត់​ទៅ​ហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត​ ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើតឡើង ដល់​តថាគត ដូច​បុគ្គល​ដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូន​ទៅ​កាន់ព្រះនិព្វាន ដែលបាន​នូវវិជ្ជាទី២ ដូច្នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាព​ដូច្នេះ កើតឡើង​ដល់​តថាគត ក៏មិនគ្របសង្កត់​ នូវចិត្តរបស់​តថាគត​បានឡើយ។

[៦៩] កាលបើចិត្តរបស់តថាគតខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល ពោល​គឺកិលេស ប្រាសចាកកិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​ ទៅតាមអារម្មណ៍ យ៉ាងនេះហើយ តថាគត ក៏បង្អោនចិត្តទៅ ដើម្បី​អាសវក្ខយញ្ញាណ។​ តថាគតនោះ បានដឹងច្បាស់តាមពិតថា នេះជាទុក្ខ បានដឹង​ច្បាស់ តាមពិតថា នេះជាហេតុ​នាំឲ្យកើតទុក្ខ បានដឹងច្បាស់ តាមពិតថា នេះជាទីរលត់ទុក្ខ បានដឹងច្បាស់​ តាមពិតថា នេះសេចក្តីប្រតិបត្តិ ជាដំណើរ​ទៅកាន់ទីរលត់ទុក្ខ បានដឹងច្បាស់ តាមពិត​ថា នេះជាអាសវៈ បានដឹងច្បាស់ តាមពិតថា នេះជាធម៌ នាំឲ្យកើតអាសវៈ បានដឹងច្បាស់​ តាមពិតថា នេះជាទីរលត់អាសវៈ បានដឹងច្បាស់ តាមពិតថា នេះសេចក្តីប្រតិបត្តិ ជាដំណើរ​ទៅកាន់ទីរលត់​អាសវៈ។ កាលបើតថាគត ដឹងយ៉ាងនេះ ឃើញយ៉ាង​នេះហើយ ចិត្តរបស់តថាគត រួចចាក​កាមាសវៈផង ចិត្តរបស់​តថាគត រួចចាកភវាសវៈផង ចិត្តរបស់​តថាគត រួចចាក​អវិជ្ជាសវៈផង។បេ។ តថាគត ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ​ដើម្បីសោឡសកិច្ច នេះទៀត មិនមាន​ឡើយ។ ម្នាលអគ្គិវេស្សនៈ វិជ្ជាទី៣នេះឯង តថាគត បានហើយក្នុងបច្ឆិមយាម នៃរាត្រី អវិជ្ជាខ្ចាត់បាត់ទៅហើយ វិជ្ជាក៏កើតឡើង សេចក្តីងងឹត ​ខ្ចាត់បាត់ទៅហើយ ពន្លឺក៏កើត​ឡើង ដល់តថាគត ដូចបុគ្គលដែលមិនប្រមាទ មានព្យាយាម ញុំាងកិលេសឲ្យក្តៅ មានចិត្តបញ្ជូន​ទៅកាន់ព្រះនិព្វាន ដែលបាន​នូវវិជ្ជាទី​៣ដូច្នោះដែរ។ ម្នាលអគ្គិវេស្សនៈ ទុកណាជា សុខវេទនា មានសភាព​ដូច្នេះ កើតឡើង​ដល់​តថាគត ក៏មិនគ្របសង្កត់​ នូវចិត្ត របស់តថាគតបានឡើយ។

[៧០] ម្នាលអគ្គិវេស្សនៈ តថាគត ធ្លាប់ជាអ្នកសំដែងធម៌ ដល់បរិស័ទច្រើនរយ។ ជនម្នាក់ៗ សំគាល់តថាគត យ៉ាងនេះថា ព្រះសមណគោតម សំដែងធម៌ចំពោះ​អញតែ​ម្នាក់ឯង។ ម្នាលអគ្គិវេស្សនៈ ចំណែកអ្នក កុំគប្បីយល់ឃើញ យ៉ាងនេះថា ព្រះតថាគត​សំដែងធម៌ ដល់ជនទាំងឡាយនោះ ដោយប្រពៃ ដើម្បីប្រយោជន៍ ឲ្យគ្រាន់តែចេះដឹង​ប៉ុណ្ណោះ ដូច្នេះឡើយ។ ម្នាលអគ្គិវេស្សនៈ តថាគតនោះឯង តែងនៅអស់កាលជានិច្ច ដោយ​ផលសមាធិណា កាលបើចប់គាថានោះហើយ តថាគត ក៏តម្រង់ ទប់ទល់ តំកល់​ចិត្តខាងក្នុង ធ្វើឲ្យជាចិត្តមានអារម្មណ៍តែមួយ ក្នុងសមាធិនិមិត្ត ដែលមានហើយ អំពី​មុន​នោះឯង ដោយផលសមាធិនោះ។ សច្ចកនិគន្ថបុត្រពោលថា ពាក្យរបស់ព្រះគោតមដ៏ចំរើន ដែលជាអរហន្តសម្មាសម្ពុទ្ធនេះ ជាពាក្យគួរ​ជឿ​ពិតហើយ ចុះព្រះគោតមដ៏ចំរើន ធ្លាប់ផ្ទំលក់ក្នុងវេលាថ្ងៃឬទេ។ ម្នាលអគ្គិវេស្សនៈ តថាគត ត្រឡប់មកអំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្ត ហើយក្រាលនូវសង្ឃាដិមានជាន់​៤ ហើយធ្លាប់សិង ដោយចំហៀងខាងស្តាំ មានសតិ និងសម្បជញ្ញៈចុះស៊ប់ កាន់កិរិយា​លក់ ក្នុងខែ ជាទីបំផុត នៃគិម្ហៈរដូវ។ បពិត្រព្រះគោតមដ៏ចំរើន សមណព្រាហ្មណ៍ពួកខ្លះ ពោល​នូវកិរិយា​ដេកលក់នេះឯង ថាជាធម៌ ជាគ្រឿងនៅ ប្រកបដោយ​សេចក្តីវង្វេង។ ម្នាលអគ្គិវេស្សនៈ បុគ្គលវង្វេងក្តី មិនវង្វេងក្តី មិនមាន​ដោយហេតុប៉ុណ្ណោះឡើយ ម្នាលអគ្គិវេស្សនៈ មួយយ៉ាងទៀត បុគ្គលវង្វេងក្តី មិនវង្វេងក្តី ដោយហេតុណា អ្នកចូរ​ស្តាប់​ នូវហេតុនោះចុះ ចូរយកចិត្តទុកដាក់ ឲ្យស្រួល​បួលចុះ តថាគតនឹងសំដែង​ឲ្យ​ស្តាប់។ សច្ចកនិគន្ថបុត្រ ក៏ទទួល​ស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគ ដូច្នេះថា ព្រះករុណាព្រះអង្គ។

[៧១] ព្រះមានព្រះភាគ ទ្រង់សំដែងដូច្នេះថា ម្នាលអគ្គិវេស្សនៈ បុគ្គលវង្វេង តើដូចម្តេច ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើត​ទៀត ប្រកបដោយ​សេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរា​មរណៈ​តទៅ បុគ្គលណានីមួយ មិនបានលះចោលចេញហើយ តថាគត ហៅ​បុគ្គល​នោះ ថាជាអ្នក​វង្វេង ម្នាលអគ្គិវេស្សនៈ ព្រោះថា បុគ្គលដែល​ឈ្មោះថា វង្វេង ​ព្រោះ​ហេតុតែមិនបានលះបង់​ចោល នូវអាសវៈទាំងឡាយ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយ​ណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយ​សេចក្តីក្រវល់ក្រវាយ មានវិបាក​ជាទុក្ខ ប្រកបដោយ​ជាតិ និងជរាមរណៈតទៅ បុគ្គលណានីមួយ បានលះបង់​ចេញហើយ តថាគត ហៅបុគ្គលនោះ ថាជាអ្នកមិនវង្វេង ម្នាលអគ្គិវេស្សនៈ ព្រោះថា បុគ្គលដែល​ឈ្មោះថា មិនវង្វេង ព្រោះបានលះបង់នូវ​អាសវៈទាំងឡាយចេញស្រឡះហើយ។ ម្នាលអគ្គិវេស្សនៈ អាសវៈទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វ​ឲ្យកើតទៀត ប្រកប​ដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយជាតិ និងជរាមរណៈតទៅ តថាគត បានលះបង់ស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើ​ឲ្យ​នៅសល់​តែទីនៅ [ទីនៅក្នុងទីនេះសំដៅយកចិត្តសន្តាន គឺព្រះតថាគតធ្វើអាសវៈឲ្យអស់ទៅ នៅសល់​តែចិត្តសន្តាន ប្រៀបដូចជាដើមត្នោតគេគាស់​រំលើងចោលចេញ នៅសល់​តែកន្លែង​នោះ ហៅថា ទីនៅរបស់ដើមត្នោត។ អដ្ឋកថា។] ដូចជាទីនៅរបស់​ដើមត្នោត ធ្វើ​មិន​ឲ្យចំរើនតទៅទៀត មានសភាពមិនកើតឡើងតទៅ។ ម្នាលអគ្គិវេស្សនៈ ដើមត្នោត​កំបុត​ក មិនគួរ​លូតលាស់ ដុះឡើង​វិញបាន យ៉ាងណាមិញ ម្នាលអគ្គិវេស្សនៈ អាសវៈ​ទាំងឡាយណា ជាធម៌ដ៏សៅហ្មង នាំសត្វឲ្យកើតទៀត ប្រកបដោយសេចក្តីក្រវល់ក្រវាយ មានវិបាកជាទុក្ខ ប្រកបដោយ​ជាតិ និងជរាមរណៈតទៅ តថាគត បានលះបង់​ចេញ​ស្រឡះ​ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់​តែទីនៅ ដូចជា​ទីនៅរបស់​ដើមត្នោត បានធ្វើ​មិនឲ្យចំរើនតទៅទៀត មានសភាព​មិនកើតឡើងតទៅ យ៉ាងនេះឯង។

[៧២] កាលដែលព្រះមានព្រះភាគ ទ្រង់ប្រកាសយ៉ាងនេះហើយ សច្ចកនិគន្ថបុត្រ ក៏និយាយដូច្នេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែក​ណាស់ (ព្រោះ) ព្រះគោតមដ៏ចំរើន កាលដែល​ខ្ញុំ​ព្រះអង្គ ពោលសង្កត់សង្កិន និយាយដោយគន្លងពាក្យ ជ្រៀតបៀតផ្សេងៗ យ៉ាង​នេះ ក៏នៅតែ​មានព្រះឆវិវ័ណ្ណផូរផង់ ទាំងសម្បុរព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះថា ព្រះអង្គ សមជាព្រះអរហន្ត សម្មាសម្ពុទ្ធពិត បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ​ធ្លាប់​លើក​ឡើងនូវទោស ដោយពាក្យ ចំពោះ​បូរណកស្សប ឯបូរណកស្សបនោះ លុះខ្ញុំព្រះអង្គលើក​ឡើងនូវទោស ដោយពាក្យហើយ ក៏បិទបាំង​នូវពាក្យដទៃ​ដោយពាក្យដទៃ ហើយច្រាន​ពាក្យចោល ​ទៅខាងក្រៅហើយ ធ្វើនូវសេចក្តីក្រោធផង ទោសៈផង សេចក្តីមិនត្រេកអរ​ផង ឲ្យប្រាកដឡើង ចំណែក​ព្រះគោតមដ៏ចំរើន កាលដែលខ្ញុំព្រះអង្គ ពោលសង្កត់សង្កិន និយាយដោយគន្លងពាក្យ​ ជ្រៀតបៀតផ្សេងៗ យ៉ាងនេះ ក៏នៅតែមានព្រះឆវិវ័ណ្ណផូរផង់ ទាំងសម្បុរ​ព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះថា ព្រះអង្គសមជា ព្រះអរហន្ត សម្មាសម្ពុទ្ធ​ពិត បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គធ្លាប់លើកឡើងនូវទោស ដោយពាក្យ ចំពោះ​មក្ខលិគោសាល… ចំពោះ​អជិតកេសកម្ពល… ចំពោះ​បកុធកច្ចាយតន… ចំពោះសញ្ជយ វេលដ្ឋបុត្ត… លើកឡើង​នូវទោស ដោយពាក្យ ចំពោះ​និគន្ថនាដបុត្ត ឯនិគន្ថនាដបុត្រនោះ លុះខ្ញុំព្រះអង្គ លើកឡើងនូវទោស ដោយពាក្យហើយ ក៏បិទបាំងនូវពាក្យដទៃ ដោយពាក្យ​ដទៃ ហើយ​ច្រានពាក្យចោលខាងក្រៅ ហើយធ្វើនូវសេចក្តីក្រោធផង ទោសៈផង សេចក្តី​មិនត្រេកអរ​ផង ឲ្យប្រាកដឡើង ចំណែកព្រះគោតមដ៏ចំរើន កាលដែលខ្ញុំ​ព្រះអង្គ ពោល​សង្កត់សង្កិន និយាយ​ដោយគន្លង​ពាក្យ ជ្រៀត​បៀតផ្សេងៗ យ៉ាងនេះហើយ ក៏នៅតែ​មាន​ព្រះឆវីវ័ណ្ណផូរផង់ ទាំងសម្បុរព្រះភក្ត្រទៀត ក៏ថ្លាស្រស់បស់ ព្រោះព្រះអង្គសមជា​ព្រះអរហន្ត សម្មាសម្ពុទ្ធពិត ប៉ុណ្ណឹងចុះ ព្រះគោតមដ៏ចំរើន ឥឡូវនេះ ខ្ញុំព្រះអង្គសូម​លាទៅ ព្រោះមានកិច្ចច្រើន មានការងារច្រើន។ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធ​ដីកាថា ម្នាលអគ្គិវេស្សនៈ ឥឡូវនេះ អ្នកសំគាល់នូវ​កាល ដែលគួរ​នឹងត្រឡប់​ទៅវិញចុះ។ លំដាប់នោះ សច្ចកនិគន្ថបុត្រត្រេកអរ រីករាយហើយ ចំពោះ​ភាសិតរបស់​ព្រះមានព្រះភាគ ហើយក្រោកចាកទីអង្គុយ ចៀសចេញទៅ។

ចប់ មហាសច្ចកសូត្រ ទី៦។

ចូឡតណ្ហាសង្ខយសូត្រ ទី៧

[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​ប្រាសាទរបស់មិគារមាតា នាវត្តបុព្វារាម ជិតក្រុងសាវត្ថី។ គ្រានោះឯង សក្កទេវរាជ ជាធំ​ជាងពួកទេវតា ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសក្កទេវរាជ ជាធំជាងពួកទេវតា ឋិត​នៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំ​ទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកមានចិត្តបង្អោនទៅក្នុងព្រះនិព្វាន ជាទីក្ស័យទៅ​នៃតណ្ហា ជាអ្នកមានសេចក្តីចូលចិត្តទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នក​ប្រព្រឹត្តដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្ស​ទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មាន។

[៧៤] ព្រះអង្គត្រាស់ថា បពិត្រទេវានមិន្ទៈ ភិក្ខុក្នុងសាសនានេះ បានស្តាប់​ពាក្យថា បុគ្គលមិនគួរប្រកាន់នូវធម៌ទាំងពួង [ធម៌ទាំងពួងក្នុងទីនេះ បានដល់ខន្ធ៥ អាយតនៈ១២ និងធាតុ១៨។ អដ្ឋកថា។] (ដោយអំណាចតណ្ហា និងទិដ្ឋិ) បពិត្រទេវានមិន្ទៈ លុះភិក្ខុបានស្តាប់​ពាក្យនុ៎ះថា បុគ្គលមិនគួរប្រកាន់​នូវធម៌​ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែង​ដឹងច្បាស់ នូវធម៌ទាំងពួង លុះដឹងច្បាស់នូវធម៌ទាំងពួងហើយ រមែង​កំណត់​ដឹងនូវធម៌ទាំងពួង លុះកំណត់​ដឹងនូវធម៌ទាំងពួងហើយ រមែង​សោយនូវវេទនា​ណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ​ថាមិនទៀង ពិចារណាឃើញ​ថាជាទីប្រាសចាកតម្រេក ពិចារណាឃើញថា ជា​គ្រឿង​រំលត់ ពិចារណា​ឃើញ​ថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះ កាលបើភិក្ខុនោះ ពិចារណា​ឃើញថា មិនទៀង ពិចារណាឃើញថា ជាទី​ប្រាសចាកតម្រេក ពិចារណា​ឃើញ​ថា ជាគ្រឿង​រំលត់ ពិចារណា​ឃើញ​ថា គួរលះបង់ ក្នុងវេទនាទាំងឡាយនោះហើយ ក៏​មិនបាន​ប្រកាន់ នូវធម្មជាតអ្វី​តិចតួច ក្នុងលោកឡើយ កាលបើមិនប្រកាន់ ​រមែងមិនតក់​ស្លុត កាលបើមិនតក់ស្លុត ក៏រំលត់​កិលេស ដោយខ្លួនឯងបាន ទើបដឹងច្បាស់ថា ជាតិរបស់​អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែល​ត្រូវធ្វើ អាត្មាអញ ក៏បានធ្វើហើយ កិច្ចដទៃ ក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រទេវានមិន្ទៈ ភិក្ខុជាអ្នកបង្អោន​ចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នកមានសេចក្តីចូល​ចិត្ត​ទៀង មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរទៀង មានទីបំផុតទៀងទាត់ ជាបុគ្គល​ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង។ លំដាប់នោះ សក្កទេវរាជ ជាធំជាងពួកទេវតា ត្រេកអរ អនុមោទនា នូវភាសិត របស់ព្រះមានព្រះភាគ ហើយក្រាបបង្គំ​លាព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ រួចស្រាប់តែបាត់ ចាកទីនោះមួយរំពេច។

[៧៥] ចួនជាសម័យនោះឯង ព្រះមហាមោគ្គល្លានមានអាយុ គង់នៅក្នុងទី​ជិត​ព្រះមានព្រះភាគ។ ទើបព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ទេវតានោះ បានដឹងនូវភាសិត របស់​ព្រះមានព្រះភាគ ហើយអនុមោទនា ឬមិនបាន​ដឹងទេ ហើយអនុមោទនា ទោះបីទេវតានោះ ដឹងនូវភាសិត របស់ព្រះមានព្រះភាគ ហើយបានអនុមោទនាក្តី មិនបានដឹងហើយ អនុមោទនាក្តី គួរតែអាត្មាអញ ស្គាល់​ទេវតា​នោះ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ក៏បាត់អំពីវត្តបុព្វារាម ជាមិគារមាតុ​ប្រាសាទ មួយរំពេច ហើយក៏ទៅប្រាកដ នៅនាឋានតាវត្តិង្សទេវលោក ដូចបុរស​មាន​កំឡាំង លាដៃ​ដែលបត់ចូល ឬបត់ចូលនូវ​ដៃ​ ដែលលាចេញ ដូច្នោះឯង។ សម័យនោះឯង ព្រះឥន្ទ្រាធិរាជ កំពុងតែក្រសាល សប្បាយ រីករាយ ​ស្កប់ស្កល់ ដោយតូរ្យតន្ត្រីជាទិព្វ ទាំង​ប្រាំរយ ក្នុងឱទ្យានឈ្មោះ ឯកបុណ្ឌរីកៈ។ ព្រះឥន្ទ្រាធិរាជ បានឃើញ​ព្រះមហាមោគ្គល្លាន​មានអាយុ និមន្តមកពីចម្ងាយលិមៗ លុះឃើញហើយ ក៏បញ្ឈប់នូវតូរ្យតន្ត្រីជាទិព្វទាំង​៥០០នោះ ហើយចូលទៅរកព្រះមហាមោគ្គល្លានមានអាយុ លុះចូលទៅដល់ហើយ បាន​ពោលពាក្យនេះ នឹងព្រះមហាមោគ្គល្លានមានអាយុថា បពិត្រ​ព្រះមោគ្គល្លាន ​អ្នកនិទ៌ុក្ខ សូម​និមន្តមក បពិត្រ​ព្រះមោគ្គល្លាន អ្នកនិទ៌ុក្ខ លោកម្ចាស់និមន្ត​មកនេះ ជាការស្រួល​ហើយ បពិត្រ​ព្រះមោគ្គល្លាន​អ្នកនិទ៌ុក្ខ លោកម្ចាស់ខានធ្វើ​បរិយាយ ដើម្បី​និមន្ត​មក ក្នុង​ទីនេះ ជាយូរហើយ បពិត្រ​ព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ សូមលោកម្ចាស់​និមន្តគង់ចុះ អាសនៈ​​នេះហើយ ខ្ញុំព្រះករុណា ក្រាលទុកប្រគេន។ ព្រះមហាមោគ្គល្លាន​មានអាយុ ក៏​គង់​លើអាសនៈ ដែល​ព្រះឥន្ទ្រាធិរាជក្រាលប្រគេន។ ចំណែក​ព្រះឥន្ទ្រាធិរាជ ក៏កាន់​យក​អាសនៈ​ទាបមួយ គង់ក្នុងទីដ៏សមគួរ។

[៧៦] លុះព្រះឥន្ទ្រាធិរាជគង់ក្នុងទីដ៏សមគួរហើយ ព្រះមហាមោគ្គល្លាន​មាន​អាយុ បានសួរ​សេចក្តីនេះថា បពិត្រកោសិយៈ ព្រះមានព្រះភាគ បានត្រាស់សំដែង​នូវ​កិរិយា​បង្អោនចិត្តទៅកាន់ព្រះនិព្វាន ជាទីអស់ទៅ នៃតណ្ហា ដោយសេចក្តីសង្ខេប ចំពោះ​មហារាជ ដូចម្តេចខ្លះ សូមព្រះរាជា​នុញ្ញាតចុះ ដ្បិតអាត្មាភាព ជាអ្នកមានចំណែក​ដើម្បី​ស្តាប់ធម្មកថានេះផង។ សក្កទេវរាជ មានព្រះឱង្ការតបថា បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ធ្វើដូចម្តេច ខ្លួនខ្ញុំព្រះករុណា ជាអ្នកមានកិច្ចច្រើន មានការងារត្រូវធ្វើច្រើន ដោយការងារ​ ដែលត្រូវធ្វើ​ផ្ទាល់ខ្លួនផង ដោយការ​ងារ ដែលត្រូវធ្វើ ចំពោះពួកទេវតា ក្នុងជាន់តាវត្តិង្ស​ផង បពិត្រព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ឯពាក្យដែលខ្ញុំព្រះករុណា បានស្តាប់ត្រាប់ត្រង ធ្វើទុក​​ក្នុងចិត្ត ចាំទុកស្រួលបួលហើយ ពាក្យនោះ ក៏បាត់ទៅមួយរំពេច បពិត្រ​ព្រះមោគ្គល្លាន អ្នក​និទ៌ុក្ខ ពីព្រេងនាយមក មានសង្គ្រាមទេវតា និងអសុរលើកជាក្បួនទ័ព បពិត្រ​ព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប៉ុន្តែក្នុងសង្គ្រាមនោះ ពួកទេវតា មានជ័យជំនះ ឯពួក​អសុរ​ ក៏បរាជ័យ បពិត្រ​ព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លុះខ្ញុំព្រះករុណានោះ បានឈ្នះសង្គ្រាម​ទេវតា និងអសុរហើយ ត្រឡប់មកអំពីទីនោះវិញ ក៏និម្មិត​ប្រាសាទឈ្មោះ ​វេជយន្ត បពិត្រ​ព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ ប្រាសាទវេជយន្ត (នោះ) មានដម្បូល​មួយរយ ក្នុងដម្បូល​មួយៗ មានផ្ទះកំពូលប្រាំពីររយៗ ក្នុងផ្ទះកំពូល​មួយៗ មានស្រីអប្សរប្រាំពីរៗនាក់ ក្នុងស្រីអប្សរ​ម្នាក់ៗ មានស្រីបម្រើ​ប្រាំពីរៗនាក់ បពិត្រ​ព្រះមហាមោគ្គល្លាន អ្នកនិទ៌ុក្ខ លោកម្ចាស់​ចង់​ឃើញកន្លែង ដែលគួរ​រីករាយ របស់ វេជយន្តប្រាសាទ ដែរឬទេ។ ព្រះមហាមោគ្គល្លាន​មានអាយុ ទទួលនិមន្ត ដោយតុណ្ហីភាព។

[៧៧] គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ ឲ្យ​ព្រះមហាមោគ្គល្លាន​មាន​អាយុ​និមន្តមុខ ហើយនាំចូលទៅរក វេជយន្តប្រាសាទ។ ពួកស្រីបំរើ របស់ព្រះឥន្ទ្រា​ធិរាជ បានឃើញ​ព្រះមហាមោគ្គល្លានមានអាយុ កំពុងនិមន្តមកអំពីចម្ងាយ លុះឃើញ​ហើយ ក៏មានសេចក្តី​ខ្លាច​ និងអៀនខ្មាស នាំគ្នាចូលទៅកាន់​បន្ទប់រៀងខ្លួន។ ដូចជា​កូន​ប្រសាស្រី បានឃើញឪពុកក្មេក ហើយមានសេចក្តីខ្លាច និងអៀនខ្មាស យ៉ាងណា ពួកស្រី​បំរើ របស់​ព្រះឥន្ទ្រាធិរាជ បានឃើញព្រះមហាមោគ្គល្លានមានអាយុ ក៏មានសេចក្តី​ខ្លាច​ និងអៀនខ្មាស នាំគ្នាចូល​បន្ទប់រៀងខ្លួន យ៉ាងនោះដែរ។ គ្រានោះ ព្រះឥន្ទ្រាធិរាជ និង​វេស្សវណមហារាជ និមន្តព្រះមហាមោគ្គល្លាន មានអាយុ ត្រាច់ជុំវិញ ចូលទៅក្នុង​វេជយន្តប្រាសាទ ហើយទូលថា បពិត្រ​ព្រះមហាមោគ្គល្លាន អ្នកនិទ៌ុក្ខ សូមលោកម្ចាស់​ទតមើលកន្លែង ដែលគួររីករាយ របស់វេជយន្តប្រាសាទនេះផង បពិត្រព្រះ​មហាមោគ្គល្លាន​អ្នកនិទ៌ុក្ខ សូមលោកម្ចាស់ទតមើលកន្លែងដែលគួររីករាយ របស់វេជយន្តប្រាសាទនេះផង។ ព្រះថេរៈឆ្លើយថា ទីរបស់​កោសិយៈមានអាយុ ដែលបាន​ធ្វើបុណ្យទុក ក្នុងកាលមុននេះល្អមែន សូម្បី​ពួកមនុស្ស បានឃើញ​ទីណាមួយ ដែល​ជាទីគួរ​រីករាយ ក៏តែងនាំគ្នានិយាយថា អើហ្ន៎ ទីនេះល្អ ដូចជាប្រាសាទ របស់ពួ​កទេវតា ក្នុងជាន់តាវត្តិង្សដែរ ឯលំនៅ​របស់កោសិយៈមានអាយុ ដែលមានបុណ្យ ធ្វើទុក​ក្នុងកាល​មុននេះ ល្អដោយពិតហើយ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ទេវតានេះ ជាបុគ្គល​ប្រមាទខ្លាំងមែន បើដូច្នោះ គួរតែ​អាត្មាអញ ធ្វើទេវតា​នេះ ឲ្យសង្វេគ។ ទើប​ព្រះមហាមោគ្គល្លានមានអាយុ សំដែងឥទ្ធិឫទ្ធិ ញុំាង​វេជយន្តប្រាសាទ ឲ្យ​កម្រើក រំភើប ញាប់ញ័រ ដោយចុង​មេជើង តាមសមគួរដល់ឫទ្ធិ។ គ្រានោះ ព្រះឥន្ទ្រាធិរាជ និងវេស្សវណមហារាជ និងពួកទេវតា ក្នុងជាន់តាវត្តិង្ស កើតសេចក្តី​អស្ចារ្យ ក្នុងចិត្តថា អើហ្ន៎ អស្ចារ្យណាស់ អើហ្ន៎ ចំឡែកណាស់ ត្រង់ការណ៍ដែលភាពនៃ​សមណៈមានឫទ្ធិច្រើន មានអានុភាពច្រើន (ប៉ុណ្ណេះ) មិនសមបើញុំាង​ទិព្វវិមាន ឲ្យ​កម្រើក រំភើប ញាប់ញ័រ ដោយចុងមេជើងបាន។

[៧៨] គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុ ដឹងថាព្រះឥន្ទ្រាធិរាជ មានសេចក្តី​តក់ស្លុត កើតសេចក្តីព្រឺរោមហើយ ក៏មានថេរវាចាទៅរក​ព្រះឥន្ទ្រាធិរាជថា បពិត្រកោសិយៈ ព្រះមានព្រះភាគ បានត្រាស់នូវ​កិរិយាបង្អោន​ចិត្ត ទៅក្នុងព្រះនិព្វាន ជាទី​អស់ទៅ នៃតណ្ហា ដោយសេចក្តីបំប្រួញ (ចំពោះ) មហារាជដូចម្តេចខ្លះ សូម​ព្រះរាជា​នុញ្ញាត ដ្បិតអាត្មាភាព ជាអ្នកមានចំណែក​ ដើម្បីស្តាប់​ធម្មកថា នេះផង។ សក្កទេវរាជ ឆ្លើយ​តបថា បពិត្រ​ព្រះមហាមោគ្គល្លានអ្នកនិទ៌ុក្ខ កាលនោះ ខ្ញុំ​ព្រះករុណា បានចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ ចំពោះព្រះមានព្រះភាគ រួច​ឋិត​នៅក្នុង​ទីដ៏សមគួរ បពិត្រ​ព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ លុះខ្ញុំព្រះករុណា ឋិតនៅក្នុង​ទី​ដ៏សមគួរហើយ បានក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអ្នកបង្អោនចិត្ត ទៅកាន់ព្រះនិព្វាន ជាទីក្ស័យ នៃតណ្ហា ជាអ្នក​មានសេចក្តីចូលចិត្ត​ទៀង ជាអ្នក​មានសេចក្តីក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្តធម៌ ដ៏ប្រសើរ​ទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មានយ៉ាង បពិត្រ​ព្រះមោគ្គល្លានអ្នកនិទ៌ុក្ខ កាលបើខ្ញុំព្រះករុណាសួរយ៉ាង​នេះហើយ ព្រះមានព្រះភាគ មានព្រះបន្ទូល​មកនឹងខ្ញុំព្រះករុណា យ៉ាងនេះថា បពិត្រ​ព្រះអង្គ ជាធំ​ជាងពួកទេវតា ភិក្ខុក្នុងសាសនានេះ បានស្តាប់​ពាក្យថា ភិក្ខុមិនគួរ​នឹង​ប្រកាន់​​នូវធម៌ គឺ​បញ្ចក្ខន្ធទាំងអស់ឡើយ បពិត្រព្រះអង្គ ជាធំជាងពួកទេវតា ភិក្ខុបាន​ស្តាប់​​ពាក្យនុ៎ះ​ថា ភិក្ខុមិនគួរនឹងប្រកាន់ នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែង​ដឹង​ច្បាស់​ នូវធម៌ទាំងពួង លុះដឹងច្បាស់ ​នូវ​ធម៌ទាំងពួង​ហើយ រមែងកំណត់​ដឹងធម៌​ទាំងពួង​បាន លុះកំណត់ដឹង ​នូវធម៌ទាំងពួង​ហើយ រមែង​សោយនូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ជាអ្នកពិចារណាឃើញ​ថាមិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថាជាគ្រឿង​រំលត់ ពិចារណាឃើញថា គួរ​លះបង់​ក្នុងវេទនា​ទាំងឡាយនោះ កាលបើភិក្ខុនោះ​ពិចារណាឃើញថា មិនទៀង ពិចារណាឃើញថា ជាទីប្រាសចាកតម្រេក ពិចារណាឃើញថា​ ជា​ទីរំលត់ ពិចារណាឃើញថា គួរលះបង់​ ក្នុងវេទនា​ទាំងឡាយនោះ​ហើយ ក៏មិនប្រកាន់​ធម្មជាតអ្វីតិចតួច ​ក្នុងលោកឡើយ កាលបើមិនប្រកាន់ ក៏មិនតក់ស្លុត កាលបើមិនតក់ស្លុត ទើបរំលត់​កិលេស ដោយខ្លួន​ឯងបាន ទាំងដឹងច្បាស់ថា ជាតិ​របស់​អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់រំហើយ កិច្ចដែលត្រូវធ្វើ អាត្មា​អញ ក៏បានធ្វើ​ហើយ កិច្ចដទៃក្រៅអំពីកិច្ចនេះ មិនមានឡើយ បពិត្រព្រះអង្គ ដ៏ជាធំ​ជាងពួកទេវតា ភិក្ខុជាអ្នកបង្អោន​ចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នក​មាន​សេចក្តី​ចូលចិត្តទៀង ជាអ្នកមានសេចក្តី​ក្សេមក្សាន្ត ចាកយោគៈទៀង ជាអ្នកប្រព្រឹត្ត​ធម៌ ដ៏ប្រសើរទៀង មានទីបំផុត​ទៀងទាត់ ជាបុគ្គលប្រសើរ ជាងពួកទេវតា និងមនុស្ស ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង បពិត្រព្រះមោគ្គល្លាន​អ្នកនិទ៌ុក្ខ ព្រះមាន​ព្រះភាគ បានត្រាស់សំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ដោយ​សេចក្តីសង្ខេប ចំពោះ​ខ្ញុំព្រះករុណា ដូចពណ៌​នាមកនេះ។ គ្រានោះ ព្រះមហាមោគ្គល្លាន​មានអាយុ ត្រេកអរ អនុមោទនា ចំពោះភាសិត របស់​ព្រះឥន្ទ្រាធិរាជ ហើយក៏ស្រាប់តែ​បាត់ ចាកតាវត្តិង្សទេវលោក មកប្រាកដ ក្នុងមិគារមាតុប្រាសាទ នាវត្តបុព្វារាម មួយរំពេច ដូចជាបុរស ដែលមានកំឡាំង​ លាដៃបត់ចូល ឬបត់ដៃ ដែលលាចេញ ដូច្នោះឯង។ កាលដែលព្រះមហាមោគ្គល្លាន​មានអាយុ ចៀសចេញទៅ មិនយូរប៉ុន្មាន ពួកស្រីបំរើ​របស់​ព្រះឥន្ទ្រាធិរាជ បានក្រាបទូលសួរ​ ចំពោះ​ព្រះឥន្ទ្រាធិរាជ ដូច្នេះថា បពិត្រព្រះអង្គ​អ្នក​និទ៌ុក្ខ លោកនុ៎ះហើយឬ ជាព្រះមានព្រះភាគ ជាគ្រូរបស់​ព្រះអង្គនោះ។ សក្កទេវរាជ ឆ្លើយ​តបថា ម្នាលនាងអ្នកនិទ៌ុក្ខទាំងឡាយ លោកនោះ មិនមែនជា​ព្រះមានព្រះភាគ ជាគ្រូ​របស់យើងទេ លោកនោះ គ្រាន់តែ​ជាសព្រហ្មចារី (អ្នកប្រព្រឹត្តធម៌ដូចគ្នា) នឹងយើង លោក​នុ៎ះហើយ ដែលឈ្មោះ​ព្រះមហាមោគ្គល្លាន​មានអាយុ។ ពួកស្រីបំរើក្រាបទូលថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គពេញជា​មាន​លាភហើយ បពិត្រព្រះអង្គ អ្នកនិទ៌ុក្ខ ព្រះអង្គ ​ពេញជាបានល្អហើយ ត្រង់ដែល​ព្រះអង្គ​បានសព្រហ្មចារីបុគ្គល​ មានឫទ្ធិច្រើន យ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះ ឱហ្ន៎ លោកនោះ ទុកដូច​ជាព្រះមានព្រះភាគ ជាគ្រូរបស់​ព្រះអង្គ ដោយពិតណាស់។

[៧៩] គ្រានោះ ព្រះមហាមោគ្គល្លាន​មានអាយុ បានចូលទៅគាល់​ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ ចំពោះព្រះមានព្រះភាគ រួច​គង់​ក្នុង​ទី​សមគួរ។ លុះ​ព្រះមហាមោគ្គល្លាន​មានអាយុ គង់ក្នុងទីដ៏សមគួរហើយ បាន​ក្រាប​បង្គំទូល​សួរ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ​ធ្លាប់បាន​សំដែង នូវកិរិយា​បង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីអស់ទៅនៃតណ្ហា ដោយសង្ខេប ជាគ្រឿង​ដង្វាយដល់ទេវតា ដែល​មានស័ក្តិធំមួយរូបឬទេ។ ព្រះអង្គត្រាស់​ថា ម្នាលមោគ្គល្លាន តថាគតធ្លាប់សំដែង ដ្បិតសក្កទេវរាជ ចូលមករកតថាគត ក្នុងទីនេះ លុះចូល​មក​ដល់ហើយ ក៏ក្រាបថ្វាយបង្គំតថាគត រួចឋិតនៅក្នុងទីដ៏សមគួរ ម្នាលមោគ្គល្លាន លុះសក្កទេវរាជ ឋិតនៅក្នុងទីសមគួរហើយ បានសួរសេចក្តីនេះ នឹង​តថាគតថា បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុជាអ្នកមានចិត្ត​បង្អោនទៅ ក្នុងព្រះនិព្វាន  ជាទីក្ស័យ​ នៃតណ្ហា ជាអ្នក​មានសេចក្តីចូលចិត្ត​ទៀង ​មានសេចក្តីក្សេមក្សាន្ត ចាក​យោគៈ​ទៀង ជាអ្នកប្រព្រឹត្ត​នូវធម៌ ដ៏ប្រសើរ​ទៀង មានទីបំផុតទៀងទាត់ ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប តើមានប៉ុន្មានយ៉ាង ម្នាលមោគ្គល្លាន កាលបើសក្កទេវរាជសួរយ៉ាង​នេះ​ហើយ តថាគតក៏ឆ្លើយតប ទៅនឹងសក្កទេវរាជ ដូច្នេះថា បពិត្រ​ព្រះអង្គ ជាធំ​ជាង​ពួក​ទេវតាទាំងឡាយ ភិក្ខុក្នុងសាសនានេះ បានស្តាប់​ពាក្យថា បុគ្គលមិនគួរ​នឹង​ប្រកាន់​នូវ​ធម៌ទាំងពួង បពិត្រព្រះអង្គ ជាធំជាងពួកទេវតា លុះភិក្ខុ​បាន​ស្តាប់​ពាក្យនុ៎ះ​ថា បុគ្គល មិនគួរប្រកាន់ នូវធម៌ទាំងពួង យ៉ាងនេះហើយ ភិក្ខុនោះ រមែង​ដឹង​ច្បាស់ ​នូវធម៌ទាំងពួង លុះដឹងច្បាស់ ​នូវ​ធម៌ទាំងពួង​ហើយ ក៏កំណត់​ដឹង នូវធម៌ទាំងពួង​ លុះកំណត់ដឹង​  នូវធម៌ទាំងពួង​ហើយ រមែង​សោយ នូវវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ ភិក្ខុនោះ ពិចារណាឃើញ​ថា មិនទៀង ពិចារណាឃើញថា ជាទី​ប្រាស​ចាក​តម្រេក ពិចារណាឃើញថា ជាទីគួរ​រំលត់ ពិចារណាឃើញថា គួរ​លះបង់​ ក្នុងវេទនា​ទាំងឡាយ​នោះ កាលបើភិក្ខុនោះ​ ពិចារណាឃើញថា មិនទៀង ពិចារណាឃើញ​ថា​ជាទីប្រាស​ចាកតម្រេក ពិចារណាឃើញថា គួររំលត់ ពិចារណាឃើញថា គួរលះបង់ ​ក្នុងវេទនា​ទាំងឡាយនោះ​ហើយ ក៏មិនប្រកាន់​ធម្មជាតអ្វីតិចតួច ​ក្នុងលោកឡើយ កាលបើ​មិន​ប្រកាន់ ក៏រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុត ក៏រមែង​រំលត់​កិលេស ​ដោយខ្លួន​ឯងបាន ទើបដឹងច្បាស់ថា ជាតិ​របស់​អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានអប់​រំ​ហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បានធ្វើ​ហើយ កិច្ចដទៃ​ក្រៅអំពី​កិច្ចនេះ មិនមាន​ឡើយ បពិត្រព្រះអង្គ ជាធំ​ជាងពួកទេវតា ភិក្ខុជាអ្នកបង្អោន​ចិត្ត​ទៅ ​ក្នុង​ព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ជាអ្នក​មាន​សេចក្តី​ចូលចិត្តទៀង មានសេចក្តី​ក្សេម​ក្សាន្ត​ចាកយោគៈទៀង ជាអ្នកប្រព្រឹត្ត​ធម៌ ដ៏ប្រសើរទៀង មានទីបំផុត​ទៀងទាត់ ជាបុគ្គល​ប្រសើរជាងទេវតា និងមនុស្សទាំងឡាយ ដោយសង្ខេប មានប្រមាណប៉ុណ្ណេះឯង ម្នាលមោគ្គល្លាន តថាគតធ្លាប់សំដែង នូវកិរិយាបង្អោនចិត្តទៅ ក្នុងព្រះនិព្វាន ជាទីក្ស័យទៅ នៃតណ្ហា ដោយ​សង្ខេប ចំពោះ​សក្កទេវរាជ ដូចបានពណ៌​នាមក នេះឯង។ លុះព្រះមានព្រះភាគ បាន​ត្រាស់​ភាសិតនេះ ចប់ហើយ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តី​ពេញចិត្ត ត្រេកអរហើយ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។

ចប់ ចូឡតណ្ហាសង្ខយសូត្រ ទី៧។

មហាតណ្ហាសង្ខយសូត្រ ទី៨

[៨០] ខ្ញុំ​បានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់សម្រេច​សម្រាន្តព្រះឥរិយាបថ ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុឈ្មោះសាតិ ជាកូននៃព្រានសំណាញ់ មានទិដ្ឋិអាក្រក់ [ទិដ្ឋិអាក្រក់​នេះ ក្នុងអដ្ឋកថា លោកសំដៅសស្សតទិដ្ឋិ ដែលយល់ថាសត្វទៀង លោកទៀង។] កើតឡើងយ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វី​ដទៃឡើយ [ក្នុងអដ្ឋកថា លោកអធិប្បាយថា ភិក្ខុនោះ ត្រិះរិះថា រូប វេទនា សញ្ញា សង្ខារ ទាំង៤នេះ រលត់ទៅក្នុងភពទាំងពួង ឯវិញ្ញាណនេះ ជាធម្មជាតស្ទុះទៅ អន្ទោលទៅអំពី​លោកនេះ ទៅកាន់លោកខាងមុខ មកកាន់លោកនេះវិញដដែល ហេតុនេះ វិញ្ញាណ​ឃើញ​ថានៅតែកើតឡើងតាមធម្មតា គឺមិនរលត់ទៅទេ។] យ៉ាងណា អាត្មាអញ ក៏បាន​ដឹង​ច្បាស់នូវធម៌ ដែលព្រះមានព្រះភាគ ទ្រង់​សំដែងហើយ យ៉ាងនោះដែរ។ ពួកភិក្ខុ​ជាច្រើនរូប បានឮដំណឹងថា សាតិភិក្ខុកេវដ្តបុត្ត មានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វី​ដទៃឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ដែល​ព្រះមានព្រះភាគ សំដែងហើយ យ៉ាងនោះដែរ។ ទើបភិក្ខុទាំងនោះ ចូលទៅរក ​សាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បានសួរ​សាតិភិក្ខុ​កេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោ សាតិ បានឮថា អ្នកមានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វី​ដទៃ​ឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ដែល​ព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែនឬ។ សាតិភិក្ខុកេវដ្តបុត្ត ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វី​ដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែល​ព្រះមានព្រះភាគសំដែងហើយ យ៉ាងនោះដែរ ដូច្នេះមែន។ គ្រានោះ ភិក្ខុទាំងនោះ មានចំណង់នឹងដោះ​សាតិភិក្ខុកេវដ្តបុត្ត ឲ្យរួច​ចាក​ទិដ្ឋិអាក្រក់នុ៎ះ ទើបនិយាយ​ពន្យល់ ដាស់តឿន ក្រើនរំលឹកថា ម្នាលអាវុសោសាតិ អ្នក​កុំនិយាយ​យ៉ាងនេះឡើយ អ្នកកុំនិយាយបង្កាច់​ព្រះមានព្រះភាគ ព្រោះថា ការដែល​ពោល​បង្កាច់​ព្រះមានព្រះភាគ មិនប្រពៃទេ ដ្បិត​ព្រះមានព្រះភាគ ព្រះអង្គ មិនមានបន្ទូល​យ៉ាងនេះឡើយ ម្នាលអាវុសោសាតិ ព្រះមាន​ព្រះភាគ សំដែងហើយ ដោយអនេក​បរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យ​បច្ច័យ បើវៀរចាកបច្ច័យហើយ ការកើត​ឡើង​ នៃវិញ្ញាណ ក៏មិនមាន។ សាតិភិក្ខុកេវដ្តបុត្ត កាលបើពួកភិក្ខុទាំងនោះ និយាយពន្យល់ ដាស់តឿន ក្រើនរំលឹក យ៉ាងនេះហើយ ក៏នៅតែចូលចិត្ត ប្រកាន់ទិដ្ឋិ​អាក្រក់​នោះដដែល ហើយនិយាយប្រកែក តាម​កំឡាំង ដូច្នេះថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិន​ក្លាយ​ទៅជាអ្វី​ដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែល​ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះឯង។

[៨១] កាលដែលភិក្ខុទាំងនោះ មិនអាចនឹងដោះសាតិភិក្ខុកេវដ្តបុត្ត ឲ្យរួចចាក​ទិដ្ឋិអាក្រក់​នុ៎ះបានហើយ ទើបភិក្ខុទាំងអម្បាលនោះ នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ នូវព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ បាន​ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សាតិភិក្ខុកេវដ្តបុត្ត មានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វី​ដទៃ​ឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ ដែល​ព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះ​ដែរ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះ យើងខ្ញុំព្រះអង្គ បាននាំគ្នាចូលទៅរក ​សាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បានសួរ​សាតិភិក្ខុ​កេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោសាតិ បានឮ​ថា អ្នកមានទិដ្ឋិអាក្រក់កើតឡើង យ៉ាងនេះថា វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោល​ទៅ​មិន​ដាច់ មិនក្លាយទៅជាអ្វី​ដទៃ​ឡើយ យ៉ាងណា អាត្មាអញ ក៏បានដឹងច្បាស់ នូវធម៌ ដែល​ព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះ ដូច្នេះ ពិតមែនឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំ​ព្រះអង្គ សួរយ៉ាងនេះហើយ សាតិភិក្ខុកេវដ្តបុត្ត ក៏បាន​និយាយ​តបមក នឹងយើងខ្ញុំ​ព្រះអង្គ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅ​ មិនក្លាយទៅជាអ្វី​ដទៃឡើយ យ៉ាងណា ខ្ញុំក៏បានដឹងច្បាស់ នូវធម៌ដែល​ព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ យើងខ្ញុំព្រះអង្គ មានចំណង់នឹងដោះ​សាតិភិក្ខុកេវដ្តបុត្ត ឲ្យរួច​ចាក​ទិដ្ឋិអាក្រក់នោះ ទើបនាំគ្នានិយាយ​ពន្យល់ ដាស់តឿន ក្រើនរំលឹកថា ម្នាលអាវុសោសាតិ អ្នក​កុំនិយាយ​យ៉ាងនេះឡើយ អ្នកកុំនិយាយ​បង្កាច់​ព្រះមានព្រះភាគ ព្រោះការនិយាយ​បង្កាច់​ព្រះមានព្រះភាគ មិនប្រពៃទេ ដ្បិត​ព្រះមានព្រះភាគ ទ្រង់មិនមានព្រះបន្ទូល​យ៉ាងនេះឡើយ ម្នាលអាវុសោសាតិ ព្រះមាន​ព្រះភាគ ទ្រង់សំដែងហើយ ដោយអនេក​បរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យ​បច្ច័យ បើវៀរចាកបច្ច័យហើយ ការកើត​ឡើង​នៃវិញ្ញាណ ក៏មិនមាន បពិត្រព្រះអង្គដ៏ចំរើន សាតិភិក្ខុកេវដ្តបុត្តនោះ កាលបើយើងខ្ញុំព្រះអង្គ បាននិយាយ​ពន្យល់ ដាស់តឿន ក្រើនរំលឹក យ៉ាងនេះហើយ ក៏នៅតែចូលចិត្ត ប្រកាន់ទិដ្ឋិ​អាក្រក់​នោះដដែល ហើយនិយាយប្រកែក តាមកំឡាំងថា ម្នាលអាវុសោទាំងឡាយ វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិនក្លាយទៅជាអ្វី​ដទៃឡើយ យ៉ាងណា ខ្ញុំបាន​ដឹង​ច្បាស់ នូវធម៌ដែល​ព្រះមានព្រះភាគ សំដែងហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន បពិត្រព្រះអង្គដ៏ចំរើន កាលដែលយើងខ្ញុំព្រះអង្គ មិនអាចនឹងដោះ​សាតិភិក្ខុកេវដ្តបុត្ត ឲ្យរួច​ចាក​ទិដ្ឋិអាក្រក់នេះបានហើយ ទើបយើងខ្ញុំ​ព្រះអង្គ យកសេចក្តីនេះ មកក្រាប​បង្គំ​ទូលព្រះមានព្រះភាគ។

[៨២] គ្រានោះ ព្រះមានព្រះភាគត្រាស់ហៅនូវភិក្ខុ១រូបមកថា ម្នាលភិក្ខុ ចូរអ្នក​មកអាយ ចូរអ្នក​ទៅហៅនូវសាតិភិក្ខុកេវដ្តបុត្ត តាមពាក្យនៃតថាគតថា ម្នាលអាវុសោ​សាតិ ព្រះសាស្តា ទ្រង់ត្រាស់ហៅលោក។ ភិក្ខុនោះ ទទួលព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ករុណាព្រះអង្គ ដូច្នេះហើយ ក៏ចូល​ទៅរក​សាតិភិក្ខុកេវដ្តបុត្ត លុះចូលទៅដល់ហើយ បាននិយាយ​ទៅនឹង​សាតិភិក្ខុកេវដ្តបុត្ត ដូច្នេះថា ម្នាលអាវុសោ​សាតិ ព្រះសាស្តា​ត្រាស់ហៅលោក។ សាតិភិក្ខុកេវដ្តបុត្ត ទទួលពាក្យ​ភិក្ខុនោះថា ករុណា​អាវុសោ ដូច្នេះហើយ ក៏ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏​ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ កាលបើ​សាតិភិក្ខុកេវដ្តបុត្ត អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលសាតិ បានឮថា អ្នក​មានទិដ្ឋិអាក្រក់កើតឡើង​យ៉ាងនេះថា វិញ្ញាណនេះរមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិន​ក្លាយទៅជាអ្វីដទៃឡើយ យ៉ាងណា ខ្ញុំបានដឹងច្បាស់ នូវធម៌ដែល​ព្រះមានព្រះភាគ សំដែង​ហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែនឬ។ សាតិភិក្ខុកេវដ្តបុត្ត ក្រាបទូល​ថា បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណនេះ រមែងស្ទុះទៅ អន្ទោលទៅមិនដាច់ មិន​ក្លាយទៅ​ជា​របស់​ដទៃ​ឡើយ យ៉ាងណា ខ្ញុំព្រះអង្គ បានដឹងច្បាស់ នូវធម៌ដែល​ព្រះមានព្រះភាគ សំដែង​ហើយ ក៏យ៉ាងនោះដែរ ដូច្នេះមែន។ ព្រះអង្គត្រាស់សួរថា ម្នាលសាតិ វិញ្ញាណនោះ តើ​ដូចម្តេច។ សាតិភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សភាវៈណា ដែលនិយាយបាន អាចទទួលអារម្មណ៍បាន បុគ្គលរមែង​សោយវិបាក នៃកម្មទាំង​ឡាយ​ល្អ និងអាក្រក់ ព្រោះសភាវៈ​នោះ សភាវៈនោះ (ហៅថា វិញ្ញាណ)។ ព្រះអង្គត្រាស់ថា ម្នាលមោឃបុរស អ្នកដឹងច្បាស់នូវធម៌ ដែលតថាគត​សំដែងហើយ យ៉ាងណា អំពី​សំណាក់​បុគ្គលណា ម្នាលមោឃបុរស ក្រែងតថាគត បានសំដែងហើយ ដោយអនេក​បរិយាយថា វិញ្ញាណ កើតឡើងព្រោះ​អាស្រ័យបច្ច័យ បើវៀរចាកបច្ច័យហើយ ការកើតឡើង​នៃ​វិញ្ញាណ ក៏មិនមានដូច្នោះទេឬ ម្នាលមោឃបុរស ហេតុដូចម្តេច ក៏បានជាអ្នក ពោលបង្កាច់​តថាគត ដោយគំនិត ដែលខ្លួនប្រកាន់ខុសវិញ អ្នកឈ្មោះថា គាស់រំលើង​ នូវ​ខ្លួនផង ឈ្មោះថា សោយនូវអកុសល​ ដ៏ច្រើនផង ម្នាលមោឃបុរស ព្រោះថា គំនិត​ដែល​ប្រកាន់ខុស របស់អ្នកនោះ នឹងប្រព្រឹត្តទៅ ដើម្បីមិន​ជាប្រយោជន៍ ដើម្បីសេចក្តីទុក្ខ អស់​កាលយូរអង្វែង។

[៨៣] គ្រានោះឯង ព្រះមានព្រះភាគត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះ ថាដូចម្តេច សាតិភិក្ខុកេវដ្តបុត្ត​នេះ ឈ្មោះថា ធ្វើឲ្យកក់ក្តៅ ក្នុងធម្មវិន័យនេះ បានឬទេ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធ្វើដូចម្តេចនឹងបាន បពិត្រព្រះអង្គដ៏ចំរើន ហេតុនោះ មិនមែន​ដូច្នោះទេ។ កាលដែល​ពួកភិក្ខុនិយាយយ៉ាងនេះហើយ សាតិភិក្ខុកេវដ្តបុត្ត ក៏នៅស្ងៀម អៀនខ្មាស ឱនកចុះ សំយុងមុខចុះ អង្គុយ​សញ្ជប់សញ្ជឹង មិនមានប្រាជ្ញា។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបសាតិភិក្ខុកេវដ្តបុត្ត នៅស្ងៀម អៀនខ្មាស ឱនកចុះ សំយុង​មុខចុះ អង្គុយសញ្ជប់សញ្ជឹង មិនមានប្រាជ្ញាហើយ ទើបត្រាស់សួរសាតិភិក្ខុកេវដ្តបុត្ត​ថា ម្នាលមោឃបុរស អ្នកប្រាកដជានៅតែប្រកាន់ខ្ជាប់ ដោយទិដ្ឋិអាក្រក់ របស់ខ្លួន​នេះ តែម្យ៉ាង​ឬ តថាគត នឹងអាល​សាកសួរ​ពួកភិក្ខុ ដែល​នៅក្នុងទីនេះ។ លំដាប់នោះ ព្រះមាន​ព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ សាតិភិក្ខុកេវដ្តបុត្តនេះ ពោល​បង្កាច់​តថាគត ដោយគំនិត ដែល​ខ្លួនប្រកាន់ខុសផង ឈ្មោះថា គាស់រំលើង​នូវខ្លួនផង ឈ្មោះថា ទទួល​នូវ​អកុសល ដ៏​ច្រើនផង យ៉ាងណា ចំណែកអ្នកទាំងឡាយ នឹងយល់ច្បាស់​នូវធម៌ ដែល​តថាគត សំដែងហើយ យ៉ាងនោះដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានយល់ ដូច្នោះទេ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ បានសំដែង​ប្រោសយើងខ្ញុំព្រះអង្គ ដោយអនេកបរិយាយថា វិញ្ញាណ​កើតឡើង ព្រោះអាស្រ័យ​បច្ច័យ បើវៀរបច្ច័យហើយ ការកើតឡើង នៃ​វិញ្ញាណ ក៏​មិនមាន។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យ​អ្នកទាំងឡាយនោះ ត្រូវពិតហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ច្បាស់នូវធម៌ ដែលតថាគតសំដែង​ហើយ យ៉ាង​នេះ ជាការប្រពៃពិត ម្នាលភិក្ខុទាំងឡាយ ព្រោះតថាគត បានសំដែងហើយ ដោយអនេក​បរិយាយថា វិញ្ញាណកើតឡើង ព្រោះអាស្រ័យ​បច្ច័យ បើវៀរចាកបច្ច័យហើយ ការ​កើត​ឡើង​នៃវិញ្ញាណ ក៏មិនមាន បើដូច្នោះ សាតិភិក្ខុកេវដ្តបុត្តនេះ ពិតជាពោលបង្កាច់​តថាគត ដោយគំនិត ដែលខ្លួន​ប្រកាន់ខុសផង ឈ្មោះថា គាស់រំលើង​នូវខ្លួនផង ឈ្មោះថា ទទួលនូវអកុសលដ៏ច្រើនផង ព្រោះថា ការប្រកាន់ខុស របស់មោឃបុរសនោះ នឹងប្រព្រឹត្ត​ទៅ ដើម្បីមិនជាប្រយោជន៍ ដើម្បី​សេចក្តីទុក្ខ អស់កាលយូរអង្វែង។

[៨៤] ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតឡើង ព្រោះអាស្រ័យ​បច្ច័យណាៗ ក៏ដល់​នូវ​កិរិយា ​រាប់តាម​បច្ច័យនោះៗ ដូចវិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​ភ្នែក និងរូប ដល់​នូវ​កិរិយា​រាប់ថា ចក្ខុវិញ្ញាណ (ការដឹង​ដោយសារភ្នែក) វិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​ត្រចៀក និងសំឡេង ដល់​នូវ​កិរិយា​រាប់ថា សោតវិញ្ញាណ (ការដឹង​ដោយសារត្រចៀក) វិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​ច្រមុះ និងក្លិន ដល់​នូវ​កិរិយា​រាប់ថា ឃានវិញ្ញាណ (ការដឹង​ដោយសារច្រមុះ) វិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​អណ្តាត និងរស ដល់​នូវ​កិរិយា​រាប់ថា ជីវ្ហាវិញ្ញាណ (ការដឹង​ដោយសារអណ្តាត) វិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​កាយ និងរបស់ដែលប៉ះនឹងកាយ ដល់​នូវ​កិរិយា​រាប់ថា កាយវិញ្ញាណ (ការដឹង​ដោយសារកាយ) វិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​ចិត្ត និងធម្មារម្មណ៍ ដល់​នូវ​កិរិយា​រាប់ថា មនោវិញ្ញាណ (ការដឹង​ដោយសារចិត្ត)។ ម្នាលភិក្ខុទាំងឡាយ ដូចជាភ្លើងឆេះ អាស្រ័យ​នឹងវត្ថុណាៗ ក៏ដល់​នូវ​កិរិយា​រាប់តាមវត្ថុនោះៗ ដូចជា ភ្លើងឆេះ​ ព្រោះ​អាស្រ័យ​ឧស ដល់​នូវ​កិរិយា​រាប់ថា ភ្លើងឧស ភ្លើងឆេះ​ ព្រោះ​អាស្រ័យ​ប្រឆេះ ឬប៉ុយ ដល់​នូវ​កិរិយា​រាប់ថា ភ្លើងប៉ុយ ភ្លើងឆេះ​ ព្រោះ​អាស្រ័យ​ស្មៅ ដល់​នូវ​កិរិយា​រាប់ថា ភ្លើងស្មៅ ភ្លើងឆេះ​ ព្រោះ​អាស្រ័យ​អាចម៍គោ ដល់​នូវ​កិរិយា​រាប់ថា ភ្លើងអាចម៍គោ ភ្លើងឆេះ​ ព្រោះ​អាស្រ័យ​អង្កាម ដល់​នូវ​កិរិយា​រាប់ថា ភ្លើងអង្កាម ភ្លើងឆេះ​ ព្រោះ​អាស្រ័យ​សម្រាម ដល់​នូវ​កិរិយា​រាប់ថា ភ្លើងសម្រាម យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតឡើង ព្រោះ​អាស្រ័យ​នឹងបច្ច័យណាៗ ក៏ដល់នូវកិរិយារាប់តាមបច្ច័យនោះៗ ដូចជាវិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យ​ភ្នែក និងរូប ដល់​នូវ​កិរិយា​រាប់ថា ចក្ខុវិញ្ញាណ វិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យត្រចៀក និងសំឡេង ដល់​នូវ​កិរិយា​រាប់ថា សោតវិញ្ញាណ វិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យ​ច្រមុះ និងក្លិន ដល់​នូវ​កិរិយា​រាប់ថា ឃានវិញ្ញាណ វិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យ​អណ្តាត និងរស ដល់​នូវ​កិរិយា​រាប់ថា ជិវ្ហាវិញ្ញាណ វិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យ​កាយ និងរបស់ ដែលប៉ះដោយកាយ ដល់​នូវ​កិរិយា​រាប់ថា កាយវិញ្ញាណ វិញ្ញាណ​កើតឡើង ព្រោះ​អាស្រ័យ​ចិត្ត និងធម្មារម្មណ៍ ដល់​នូវ​កិរិយា​រាប់ថា ជាមនោវិញ្ញាណ យ៉ាងនោះដែរ។

[៨៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ឃើញនូវខន្ធ​បញ្ចកៈនេះ ដែលកើត​ឡើង​​ហើយឬទេ។ ពួកភិក្ខុក្រាបទូលថា ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញថា ខន្ធបញ្ចកៈនោះ កើតឡើង​ ព្រោះតែអាហារ​ ដូច្នោះឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយឃើញថា ខន្ធបញ្ចកៈនោះ ដែលកើតឡើងហើយ រមែងរលត់ទៅវិញ ជាធម្មតា ព្រោះរលត់អាហារ​នោះ ដែរឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា តែងកើតឡើង ព្រោះ​សេចក្តីសង្ស័យ​ថា ខន្ធបញ្ចកៈនេះ កើតហើយ ឬមិនកើតទេ ដូច្នេះដែរឬទេ។ ព្រះករុណា​ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាកើតឡើង ព្រោះ​សេចក្តីសង្ស័យ​ថា ខន្ធបញ្ចកៈ តែងកើតឡើយ ព្រោះអាហារ​នោះ ឬមិនមែនទេ ដូច្នេះដែរឬ។ ព្រះករុណា​ព្រះអង្គ។ វិចិកិច្ឆាកើតឡើង ព្រោះ​សេចក្តីសង្ស័យ​ថា ខន្ធបញ្ចកៈ ដែលកើតហើយ រលត់​ទៅវិញ​ជាធម្មតា ព្រោះតែរលត់អាហារនោះ ឬមិនមែន ដូច្នេះឬទេ។ ព្រះករុណា​ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ​នេះ កើតហើយដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់វិចិកិច្ឆាបានឬទេ។ ព្រះករុណា​ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលឃើញច្បាស់ ដោយបញ្ញាដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ កើតឡើង ព្រោះអាហារនោះដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់​វិចិកិច្ឆា​បានឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ កាលបុគ្គល​ឃើញច្បាស់ ដោយ​បញ្ញា​ដ៏ប្រពៃ តាមពិតថា ខន្ធបញ្ចកៈ​ ដែលកើតហើយ រមែង​រលត់​ទៅវិញជាធម្មតា ព្រោះរលត់​អាហារនោះ ដូច្នេះ បុគ្គលនោះ ឈ្មោះថា លះបង់​វិចិកិច្ឆា​បាន​ឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនុ៎ះថា ខន្ធបញ្ចកៈ​នេះ កើតហើយ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនោះថា ខន្ធបញ្ចកៈ​នោះ កើតឡើង ព្រោះអាហារ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មិនមានវិចិកិច្ឆា ក្នុងខន្ធបញ្ចកៈនុ៎ះថា ខន្ធបញ្ចកៈ ដែលកើតឡើង រមែង​រលត់ទៅវិញជាធម្មតា ព្រោះរលត់អាហារនោះ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ត្រូវដោយបញ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា ខន្ធបញ្ចកៈ​នេះ កើតហើយ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ឃើញត្រូវ ដោយបញ្ញាដ៏ល្អ តាមពិតថា ខន្ធបញ្ចកៈ​ កើតឡើង ព្រោះ​អាហារ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ យល់ឃើញត្រូវ ដោយប្រាជ្ញាដ៏ប្រពៃ តាមសេចក្តីពិតថា ខន្ធបញ្ចកៈ​ ដែលកើតហើយ រមែង​រលត់​ទៅវិញជាធម្មតា ព្រោះរលត់​អាហារនោះ ដូច្នេះឬ។ ព្រះករុណាព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ ជាប់ចំពាក់ រីករាយ កួចកាន់ រាប់អានទិដ្ឋិ [ទិដ្ឋិ​ក្នុងទីនេះ សំដៅយកវិបស្សនាសម្មាទិដ្ឋិ។] នេះថា បរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ដោយតណ្ហា និងទិដ្ឋិ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់ច្បាស់ នូវធម៌​ មាន​ឧបមាដូចជាផែ ដែលតថាគតសំដែងហើយ ដើម្បីប្រយោជន៍ នឹងរើខ្លួនចេញ (ចាក​ឱឃៈទាំង៤) មិនមែនដើម្បី​ប្រយោជន៍​នឹងប្រកាន់ (ខន្ធបញ្ចកៈ) ខ្លះឬទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន មិនដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ មិនជាប់​ចំពាក់ មិនរីករាយ មិនកួចកាន់ មិនរាប់អានទិដ្ឋិនេះថា បរិសុទ្ធយ៉ាងនេះ ផូរផង់យ៉ាងនេះ ដោយអំណាច​តណ្ហា និងទិដ្ឋិទេ ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ យល់ច្បាស់ នូវ​ធម៌​ មាន​ឧបមាដូចជាផែ ដែលតថាគត សំដែងហើយ ដើម្បីនឹងរើខ្លួនចេញ (ចាក​ឱឃៈ​ទាំង​៤) មិនមែន​ប្រយោជន៍​ នឹងប្រកាន់ (ខន្ធបញ្ចកៈ) ខ្លះឬទេ។ ព្រះករុណាព្រះអង្គ។

[៨៦] ម្នាលភិក្ខុទាំងឡាយ អាហារដែលប្រព្រឹត្តទៅ ដើម្បីតាំងនៅមាំ របស់​ពួកសត្វ​ដែលកើតហើយផង ប្រព្រឹត្តទៅ ដើម្បីអនុគ្រោះ ​ដល់ពួកសត្វ ដែលកំពុង​កើតផង នេះ​មាន​៤ប្រការ។ អាហារទាំង​៤ប្រការ តើដូចម្តេច។ គឺ កវឡិង្ការាហារ ដែល​គ្រោតគ្រាត ឬល្អិតជាទី១ ផស្សាហារ ជាទី២ មនោសញ្ចេតនាហារ ជាទី៣ វិញ្ញាណាហារ ជាទី៤ [កវឡិង្ការាហារ ទី១ ដែលចាត់ជា២ គឺគ្រោតគ្រាត និងល្អិតនោះ ដោយសេចក្តី​ប្រៀប​ធៀបគ្នា ដូចសត្វក្រពើលេបថ្ម បើប្រៀបនឹងអាហារសត្វក្ងោក ដែលស៊ី​ពស់ និងស្ការនោះ អាហារក្រពើ ជាអាហារ​គ្រោតគ្រាត អាហារសត្វក្ងោក ជាអាហារល្អិត។បេ។ អាហារ​ពួក​ទេវតា ជាន់​បរនិម្មិតវស្សវត្តី ជាអាហារសុខុមល្អិត ជាងអាហាររបស់ពួក​ទេវតាជាន់​និម្មានរតី ៗ ជាអាហារគ្រោតគ្រាត។ អាហារសុខុម មានរសជាតជាង​អាហារ​ជាគ្រោតគ្រាត។ កវឡិង្ការាហារនេះ ប្រមូលមក នូវឱជារស៨ប្រការ គឺបឋវី អាបោ តេជោ វាយោ វណ្ណោ គន្ធោ រសោ ឱជា។ ផស្សាហារ ទី២ បានដល់វេទនាទាំង៣ ដែលកើតអំពី​ការ​ប៉ះពាល់សម្ផស្ស​៦យ៉ាង។ មនោសញ្ចេតនាហារ ទី៣នោះ លោកសំដៅយក​ចេតនា​កម្ម​ទាំង៣ប្រការ ដែលអាច​ប្រមូល​មក នូវ​បដិសន្ធិក្នុងត្រៃភព។ វិញ្ញាណាហារ ទី៤នោះ បានដល់ចិត្តណាមួយ ដែលនាំមក​នូវរូប ក្នុងខណៈបដិសន្ធិក្នុងត្រៃភពនោះ។ អាហារទាំង​៤នេះ បើចង់ដឹងសេចក្តីពិស្តារ ចូរមើល​ក្នុងគម្ពីរ​បបញ្ចសូទនី អដ្ឋកថា មជ្ឈិមនិកាយ មូលបណ្ណាសកៈ ត្រង់សម្មាទិដ្ឋិសុត្តវណ្ណនា។] ម្នាលភិក្ខុទាំងឡាយ ចុះអាហារ​ទាំង៤នេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែន​កើត។ អាហារទាំង៤នេះ មានតណ្ហាជាហេតុ មានតណ្ហា​នាំឲ្យកើត មានតណ្ហាជា​កំណើត មានតណ្ហាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏តណ្ហានេះ មានអ្វីជាហេតុ មានអ្វី​នាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែន​កើត។ តណ្ហា មានវេទនាជាហេតុ មានវេទនា​នាំឲ្យកើត មានវេទនាជា​កំណើត មានវេទនាជាដែនកើត។ ម្នាលភិក្ខុ​ទាំងឡាយ ក៏វេទនានេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែន​កើត។ វេទនា មានផស្សៈជាហេតុ មានផស្សៈ​នាំឲ្យកើត មានផស្សៈជា​កំណើត មាន​ផស្សៈ​ជា​ដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏ផស្សៈនេះ មានអ្វីជាហេតុ មានអ្វី​នាំឲ្យកើត មាន​អ្វីជាកំណើត មានអ្វី​ជាដែន​កើត។ ផស្សៈ មានសឡាយតនៈជាហេតុ មានសឡាយតនៈ​នាំឲ្យកើត មានសឡាយតនៈជា​កំណើត មានសឡាយតនៈជាដែនកើត។ ម្នាលភិក្ខុ​ទាំងឡាយ ក៏សឡាយតនៈនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែន​កើត។ សឡាយតនៈ មាននាមរូបជាហេតុ មាននាមរូប​នាំឲ្យកើត មាននាមរូបជា​កំណើត មាននាមរូបជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏នាមរូបនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែន​កើត។ នាមរូប មានវិញ្ញាណជាហេតុ មានវិញ្ញាណ​នាំឲ្យកើត មានវិញ្ញាណជា​កំណើត មានវិញ្ញាណជាដែនកើត។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ក៏វិញ្ញាណនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែន​កើត។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារ​នាំឲ្យកើត មានសង្ខារជា​កំណើត មានសង្ខារជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ ក៏សង្ខារទាំងឡាយនេះ មានអ្វីជាហេតុ មានអ្វីនាំឲ្យកើត មានអ្វីជាកំណើត មានអ្វី​ជាដែន​កើត។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជា​នាំឲ្យកើត មានអវិជ្ជាជា​កំណើត មានអវិជ្ជាជាដែនកើត។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ កើតមាន ព្រោះអវិជ្ជាជាបច្ច័យ វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យ នាមរូប​កើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ​​កើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈ​កើតមាន ព្រោះសឡាយតនៈជាបច្ច័យ វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទាន​កើតមាន ព្រោះតណ្ហាជាបច្ច័យ ភព​កើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិ​កើតមាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ស្លាប់ (កើតមាន) ​ព្រោះជាតិជាបច្ច័យ ការសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​ការចង្អៀតចង្អល់ទាំងឡាយ ក៏កើតមានព្រម​ ឯ​កិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែង​មានយ៉ាងនេះ ដូច្នេះឯង [មើល​សព្ទ និងនយលក្ខណៈ ក្នុងវិនយបិដក ខ្សែ៦ ត្រង់បឋមពោធិកាលចុះ។]។

[៨៧] ពាក្យថា ជរាមរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ ដូច្នេះនេះ តថាគតសំដែង​ហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះជរាមរណៈកើតមាន ព្រោះជាតិ​ជាបច្ច័យ មិនមាន​ក្នុងខន្ធបញ្ចកៈនោះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ជរាមរណៈកើតមាន ព្រោះ​ជាតិ​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ជរាមរណៈ​កើតមាន ព្រោះជាតិជាបច្ច័យដែរ។ ពាក្យថា ជាតិកើតមាន ព្រោះភព​ជាបច្ច័យ ដូច្នេះនេះ តថាគត បានសំដែង​ហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះជាតិកើតមាន ព្រោះភព​ជាបច្ច័យ មិនមាន​ក្នុងខន្ធបញ្ចកៈនោះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ជាតិកើតមាន ព្រោះភព​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ជាតិ​កើតមាន ព្រោះភពជាបច្ច័យដែរ។ ពាក្យថា ភព​កើតមាន ព្រោះឧបាទាន​ជាបច្ច័យ ដូច្នេះនេះ តថាគតសំដែង​ហើយមែន ម្នាលភិក្ខុទាំង​ឡាយ ចុះភពកើតមាន ព្រោះឧបាទាន​ជាបច្ច័យ មិនមាន​ក្នុងខន្ធបញ្ចកៈនោះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភពកើតមាន ព្រោះ​ឧបាទាន​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ភព​កើតមាន ព្រោះឧបាទានជាបច្ច័យដែរ។ ពាក្យថា ​ឧបាទាន​កើតមាន ព្រោះតណ្ហា​ជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែង​ហើយមែន ម្នាលភិក្ខុទាំង​ឡាយ ចុះឧបាទានកើតមាន ព្រោះតណ្ហា​ជាបច្ច័យ មិនមាន​ក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ឧបាទានកើតមាន ព្រោះ​តណ្ហា​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនោះ យ៉ាងនេះថា ឧបាទាន​កើតមាន ព្រោះ​តណ្ហា​ជាបច្ច័យដែរ។ ពាក្យថា តណ្ហា​កើតមាន ព្រោះវេទនា​ជាបច្ច័យ ដូច្នេះនេះ តថាគត​សំដែង​​ហើយមែន ម្នាលភិក្ខុទាំង​ឡាយ ចុះតណ្ហាកើតមាន ព្រោះវេទនា​ជាបច្ច័យ មិនមាន​​ក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន តណ្ហា​កើតមាន ព្រោះ​វេទនា​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា តណ្ហា​កើតមាន ព្រោះវេទនាជាបច្ច័យដែរ។ ពាក្យថា វេទនា​កើតមាន ព្រោះផស្សៈ​ជាបច្ច័យ ដូច្នេះនេះ តថាគតសំដែង​ហើយមែន ម្នាលភិក្ខុទាំង​ឡាយ ចុះវេទនាកើតមាន ព្រោះផស្សៈ​ជាបច្ច័យ មិនមាន​ក្នុង​ខន្ធបញ្ចកៈ​នុ៎ះ​ទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន វេទនាកើតមាន ព្រោះ​ផស្សៈ​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាង​នេះ​ថា វេទនា​កើតមាន ព្រោះផស្សៈជាបច្ច័យដែរ។ ពាក្យថា ផស្សៈ​កើតមាន ព្រោះសឡាយតនៈ​​ជាបច្ច័យ ដូច្នេះនេះ តថាគតសំដែង​ហើយមែន ម្នាលភិក្ខុទាំង​ឡាយ ចុះផស្សៈកើតមាន ព្រោះសឡាយតនៈ​ជាបច្ច័យ មិនមាន​ក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ផស្សៈកើតមាន ព្រោះ​សឡាយតនៈ​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា ផស្សៈ​កើតមាន ព្រោះសឡាយតនៈជាបច្ច័យដែរ។ ពាក្យថា សឡាយតនៈ​កើតមាន ព្រោះនាមរូប​​ជាបច្ច័យ ដូច្នេះនេះ តថាគតសំដែង​ហើយមែន ម្នាលភិក្ខុទាំង​ឡាយ ចុះសឡាយតនៈកើតមាន ព្រោះនាមរូប​ជាបច្ច័យ មិនមាន​ក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សឡាយតនៈកើតមាន ព្រោះ​នាមរូប​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សឡាយតនៈ​កើតមាន ព្រោះនាមរូបជាបច្ច័យដែរ។ ពាក្យថា នាមរូប​កើតមាន ព្រោះវិញ្ញាណជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែង​ហើយមែន ម្នាលភិក្ខុទាំង​ឡាយ ចុះនាមរូបកើតមាន ព្រោះវិញ្ញាណ​ជាបច្ច័យ មិនមាន​ក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន នាមរូបកើតមាន ព្រោះ​វិញ្ញាណ​ជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា នាមរូប​កើតមាន ព្រោះវិញ្ញាណជាបច្ច័យដែរ។ ពាក្យថា វិញ្ញាណ​កើតមាន ព្រោះសង្ខារ​ជាបច្ច័យ ដូច្នេះនេះ តថាគតបានសំដែង​ហើយមែន ម្នាលភិក្ខុទាំង​ឡាយ ចុះវិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ មិនមាន​ក្នុង​ខន្ធបញ្ចកៈនុ៎ះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន វិញ្ញាណកើតមាន ព្រោះ​សង្ខារជាបច្ច័យមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុង​ខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា វិញ្ញាណ​កើតមាន ព្រោះសង្ខារជាបច្ច័យដែរ។ ពាក្យថា សង្ខារ​កើតមាន ព្រោះអវិជ្ជា​ជាបច្ច័យ ដូច្នេះនេះ តថាគតសំដែង​ហើយមែន ម្នាលភិក្ខុ​ទាំង​ឡាយ ចុះសង្ខារកើតមាន ព្រោះអិវជ្ជា​ជាបច្ច័យ មិនមាន​ក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយ​ប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សង្ខារកើតមាន ព្រោះ​អវិជ្ជា​ជាបច្ច័យ ដូច្នេះមែន ទាំង​យើង​ខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សង្ខារ​កើតមាន ព្រោះអវិជ្ជាជាបច្ច័យដែរ។

[៨៨] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យនុ៎ះត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ ពួកអ្នកក៏និយាយយ៉ាងនេះ តថាគត ក៏និយាយ​យ៉ាងនេះ ដូច្នេះដែរ កាលបើបច្ច័យ មានអវិជ្ជា​ជាដើមនេះកើតឡើងហើយ ផល មានសង្ខារជាដើមនេះ ក៏កើតឡើង ផល មានសង្ខារជាដើមនេះកើតឡើង ព្រោះកើតឡើងនៃបច្ច័យ មានអវិជ្ជាជាដើមនេះ ដ្បិតថា សង្ខារទាំងឡាយ កើតមាន ព្រោះតែអវិជ្ជាជាបច្ច័យ វិញ្ញាណកើតមាន ព្រោះសង្ខារ​ជាបច្ច័យ នាមរូបកើតមាន ព្រោះវិញ្ញាណជាបច្ច័យ សឡាយតនៈ​កើតមាន ព្រោះនាមរូបជាបច្ច័យ ផស្សៈកើតមាន ព្រោះសឡាយតនៈ​ជាបច្ច័យ វេទនាកើតមាន ព្រោះផស្សៈជាបច្ច័យ តណ្ហាកើតមាន ព្រោះវេទនាជាបច្ច័យ ឧបាទានកើតមាន ព្រោះ​តណ្ហាជាបច្ច័យ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើតមាន ព្រោះ​ភពជាបច្ច័យ សេចក្តីចាស់ ស្លាប់ សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តី​ចង្អៀតចង្អល់​ទាំង​ឡាយ ក៏កើតមាន ព្រោះជាតិ​ជាបច្ច័យ កិរិយាកើតឡើង នៃ​កងទុក្ខទាំងអស់នេះ រមែង​មានយ៉ាងនេះ ដូច្នេះឯង។ មួយទៀត សេចក្តីរលត់នៃសង្ខារ ព្រោះតែវិនាស​ និងរលត់​មិន​សល់​នៃអវិជ្ជា សេចក្តីរលត់​នៃវិញ្ញាណ ព្រោះរលត់សង្ខារ សេចក្តីរលត់ នៃនាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់ នៃសឡាយតនៈ ព្រោះរលត់នាមរូប សេចក្តីរលត់នៃផស្សៈ ព្រោះរលត់សឡាយតនៈ សេចក្តីរលត់ នៃវេទនា ព្រោះរលត់ផស្សៈ សេចក្តីរលត់ នៃតណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់នៃឧបាទាន ព្រោះរលត់តណ្ហា សេចក្តីរលត់នៃភព ព្រោះរលត់ឧបាទាន សេចក្តីរលត់នៃជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ​សោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និង​សេចក្តី​ចង្អៀតចង្អល់​ ក៏សឹងតែរលត់ទៅ សេចក្តីរលត់ នៃ​កងទុក្ខទាំងអស់នេះ រមែង​មាន​យ៉ាងនេះ ដូច្នេះឯង [មើលសព្ទ និងនយលក្ខណៈ ក្នុងវិនយបិដក ខ្សែ៦ ត្រង់បឋម​ពោធិកាលចុះ។]។

[៨៩] ពាក្យថា សេចក្តីរលត់នៃជរាមរណៈ ព្រោះរលត់​ជាតិដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តី​រលត់ជរាមរណៈ ព្រោះរលត់ជាតិ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់​នៃ​ជរាមរណៈ ព្រោះរលត់ជាតិមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តីរលត់នៃជរាមរណៈ ព្រោះរលត់ជាតិ។ ពាក្យថា សេចក្តីរលត់នៃជាតិ ព្រោះរលត់ភព ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់នៃជាតិ ព្រោះរលត់ភព មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់​នៃជាតិ ព្រោះរលត់ភពមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់នៃជាតិ ព្រោះរលត់ភពដែរ។ ពាក្យថា សេចក្តីរលត់នៃភព ព្រោះរលត់ឧបាទាន ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់ភព ព្រោះរលត់ឧបាទាន មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់ភព ព្រោះរលត់ឧបាទានមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់ភព ព្រោះរលត់ឧបាទានដែរ។ ពាក្យថា សេចក្តីរលត់ឧបាទាន ព្រោះរលត់តណ្ហា ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់ឧបាទាន ព្រោះរលត់តណ្ហា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សេចក្តី​រលត់ឧបាទាន ព្រោះរលត់តណ្ហាមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មាន​សេចក្តី​យល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់ឧបាទាន ព្រោះរលត់តណ្ហា​ដែរ។ ពាក្យថា សេចក្តីរលត់តណ្ហា ព្រោះរលត់វេទនា ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់តណ្ហា ព្រោះរលត់វេទនា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់តណ្ហា ព្រោះរលត់វេទនា ដូច្នេះមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់តណ្ហា ព្រោះរលត់វេទនាដែរ។ ពាក្យថា សេចក្តីរលត់វេទនា ព្រោះរលត់ផស្សៈ ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់វេទនា ព្រោះរលត់ផស្សៈ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់វេទនា ព្រោះរលត់ផស្សៈ​មែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់វេទនា ព្រោះរលត់ផស្សៈដែរ។ ពាក្យថា សេចក្តីរលត់ផស្សៈ ព្រោះរលត់សឡាយតនៈ ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់ផស្សៈ ព្រោះរលត់សឡាយតនៈ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់ផស្សៈ ព្រោះរលត់សឡាយតនៈមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់ផស្សៈ ព្រោះរលត់សឡាយតនៈដែរ។ ពាក្យថា សេចក្តីរលត់សឡាយតនៈ ព្រោះរលត់នាមរូប ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់សឡាយតនៈ ព្រោះរលត់នាមរូប មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់​សឡាយតនៈ ព្រោះរលត់នាមរូបមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់សឡាយតនៈ ព្រោះរលត់នាមរូប​ដែរ។ ពាក្យថា សេចក្តីរលត់នាមរូប ព្រោះរលត់វិញ្ញាណ ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់នាមរូប ព្រោះរលត់វិញ្ញាណ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់​នាមរូប ព្រោះរលត់វិញ្ញាណមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់នាមរូប ព្រោះរលត់វិញ្ញាណដែរ។ ពាក្យថា សេចក្តីរលត់វិញ្ញាណ ព្រោះរលត់សង្ខារ ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់វិញ្ញាណ ព្រោះរលត់សង្ខារ មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់វិញ្ញាណ ព្រោះរលត់សង្ខារ​មែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់វិញ្ញាណ ព្រោះរលត់សង្ខារដែរ។ ពាក្យថា សេចក្តីរលត់សង្ខារ ព្រោះរលត់​អវិជ្ជា ដូច្នេះនេះ តថាគត សំដែង​ហើយមែន ម្នាលភិក្ខុ​ទាំងឡាយ ចុះសេចក្តី​រលត់សង្ខារ ព្រោះរលត់អវិជ្ចា មិនមានក្នុងខន្ធបញ្ចកៈនុ៎ះទេ ឬដោយប្រការដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន សេចក្តី​រលត់​សង្ខារ ព្រោះរលត់អវិជ្ជាមែន ទាំងយើងខ្ញុំព្រះអង្គ ក៏មានសេចក្តីយល់​ឃើញ ​ក្នុងខន្ធបញ្ចកៈនុ៎ះ យ៉ាងនេះថា សេចក្តី​រលត់សង្ខារ ព្រោះរលត់អវិជ្ជាដែរ។

[៩០] ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ពាក្យដែលអ្នកទាំងឡាយ​និយាយ​នុ៎ះ ត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ក៏និយាយយ៉ាងនេះ តថាគត ក៏និយាយ​យ៉ាងនេះ ដូច្នេះដែរ កាលបើបច្ច័យ មានអវិជ្ជា​ជាដើមនេះ មិនមានហើយ ផល មានសង្ខារជាដើមនេះ ក៏មិនមាន ផល មានសង្ខារជាដើមនេះ តែងរលត់ទៅ មិនសល់ ព្រោះ​រលត់នៃបច្ច័យ មានអវិជ្ជាជាដើមនេះ ដ្បិតថា សេចក្តីរលត់នៃ​សង្ខារ ព្រោះរលត់អវិជ្ជា សេចក្តីរលត់នៃវិញ្ញាណ ព្រោះរលត់សង្ខារ សេចក្តីរលត់នៃ​នាមរូប ព្រោះរលត់វិញ្ញាណ សេចក្តីរលត់នៃសឡាយតនៈ ព្រោះរលត់នាមរូប សេចក្តីរលត់នៃ​ផស្សៈ ព្រោះរលត់សឡាយតនៈ​ សេចក្តីរលត់នៃវេទនា ព្រោះរលត់ផស្សៈ សេចក្តីរលត់នៃ​តណ្ហា ព្រោះរលត់វេទនា សេចក្តីរលត់នៃឧបាទាន ព្រោះ​រលត់តណ្ហា សេចក្តីរលត់ភព ព្រោះរលត់ឧបាទាន សេចក្តីរលត់ជាតិ ព្រោះរលត់​ភព សេចក្តី​ចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការយំ សោក ខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តី​ចង្អៀតចង្អល់​ទាំង​ឡាយ ក៏សឹងតែ​រលត់ទៅ មិនសល់ សេចក្តីរលត់​នៃកងទុក្ខទាំងអស់នេះ រមែង​មានយ៉ាងនេះឯង។

[៩១] ម្នាលភិក្ខុទាំងឡាយ ចុះកាលបើអ្នកទាំងឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាង​នេះ​ហើយ នឹងស្រាវជ្រាវនូវខន្ធ ធាតុ អាយតនៈ ជាចំណែកខាងដើម គឺអតីតកាលថា ក្នុងកាលកន្លងទៅហើយ យើងធ្លាប់បាន​កើតឬហ្ន៎ ឬក្នុងកាលកន្លងទៅ យើង​មិនធ្លាប់​កើតទេ ក្នុងកាល​កន្លងទៅហើយ យើងបានកើតជាជាតិអ្វីហ្ន៎ ក្នុងកាលកន្លង​ទៅហើយ យើងបានកើតជាមនុស្ស មានទ្រង់ទ្រាយ​ដូចម្តេច ក្នុងកាលកន្លងទៅហើយ យើងកើត​ជា​ជាតិអ្វី បានជាអ្វី ដូច្នេះ បានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំ​ព្រះអង្គ ស្រាវជ្រាវរកមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះកាលបើអ្នក​ទាំង​ឡាយ ដឹងយ៉ាងនេះ ឃើញយ៉ាង​នេះ​ហើយ នឹងស្រាវជ្រាវរក ខន្ធ ធាតុ អាយតនៈ ជា​ចំណែក​ខាងមុខ គឺអនាគតកាលថា ក្នុងកាលជាអនាគត យើងនឹង​កើតឬហ្ន៎ ក្នុងកាលជាអនាគត យើង​មិនកើតទៀតទេ ក្នុងកាលជាអនាគត យើងនឹងកើតជាអ្វីហ្ន៎ ក្នុងកាលជាអនាគត យើងនឹងកើតជាមនុស្ស មានទ្រង់ទ្រាយ​ ដូចម្តេចហ្ន៎ ក្នុងកាលជាអនាគត យើងនឹងកើត​ជាជាតិអ្វី បានជាអ្វី ដូច្នេះ បានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនោះ យើងខ្ញុំ​ព្រះអង្គ ស្រាវជ្រាវរកមិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ ចុះបើអ្នកទាំងឡាយ ដឹង​យ៉ាង​នេះ ឃើញយ៉ាង​នេះ​ហើយ គប្បី​សង្ស័យ ចំពោះខន្ធ ធាតុ អាយតនៈ ជាចំណែកខាងក្នុង ប្រារព្ធ នូវកាល​ជាបច្ចុប្បន្ន ក្នុង​កាល​ឥឡូវនេះថា អាត្មាអញ កើតទៀត ឬមិនកើតទេ អាត្មាអញ កើតជាជាតិអ្វីហ្ន៎ អាត្មាអញ កើតជាមនុស្ស មានទ្រង់ទ្រាយ​ដូចម្តេច សត្វនេះ មកអំពីទីណា សត្វ​នោះ នឹងទៅកើត ក្នុងទីណាវិញ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គ​ដ៏ចំរើន ដំណើរនោះ យើងខ្ញុំ​ព្រះអង្គ មិនបានសង្ស័យ ដូច្នោះទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹង​យ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បី​និយាយយ៉ាងនេះថា ព្រះសាស្តាជាគ្រូយើង យើង​ត្រូវនិយាយយ៉ាងនេះ ដោយសេចក្តីគោរព ចំពោះព្រះសាស្តា ដូច្នេះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ យើងខ្ញុំព្រះអង្គ មិនដែល​និយាយទេ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹង​យ៉ាងនេះ ឃើញយ៉ាង​នេះហើយ គប្បី​និយាយ យ៉ាងនេះថា សមណៈ គឺព្រះពុទ្ធ​ និយាយយ៉ាងនេះ ចំណែកយើងទាំងឡាយ ជាសមណៈដែរ មិនត្រូវ​និយាយយ៉ាងនេះ ដូច្នេះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ យើងខ្ញុំព្រះអង្គ មិនដែល​និយាយទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើអ្នកទាំងឡាយ ដឹង​យ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីឧទ្ទិស ចំពោះ​សាស្តា​ឯទៀត ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានឧទ្ទិស​ទេ។ ម្នាលភិក្ខុ​ទាំងឡាយ កាលបើអ្នកទាំងឡាយ ដឹង​យ៉ាងនេះ ឃើញយ៉ាងនេះហើយ គប្បីប្រកាន់​ នូវ​វត្តសមាទាន សេចក្តីភ្ញាក់ផ្អើល​ ដោយទិដ្ឋិ និងទិដ្ឋិមង្គល សុតមង្គល មុតមង្គល ជារបស់​ពួក​តិត្ថិយសមណៈ និងព្រាហ្មណសមណៈ ជាច្រើនដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ មិនបានប្រកាន់ទេ។ ម្នាលភិក្ខុទាំងឡាយ ហេតុណាមួយ ដែលអ្នក​ទាំងឡាយ ស្គាល់ខ្លួនឯង ឃើញខ្លួនឯង ដឹងច្បាស់ខ្លួនឯង អ្នកទាំងឡាយ គប្បីនិយាយ​ហេតុនោះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ និយាយដែរ។ ម្នាលភិក្ខុទាំងឡាយ ពាក្យដែលអ្នកទាំងឡាយនិយាយនោះ ត្រូវល្អណាស់ហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ដែលតថាគត នាំចូលទៅ (កាន់ព្រះនិព្វាន) ដោយធម៌ ​ដែលគួរឃើញច្បាស់ខ្លួនឯង ជាធម៌​មិនរង់ចាំកាល ជាធម៌មានអាការ ដូចជា​ហៅបុគ្គល​ មក​ចង្អុលប្រាប់ ជាធម៌ដែល​ព្រះអរិយបុគ្គល គប្បីបង្អោន​ចូលមកទុកក្នុងខ្លួន ជាធម៌ដែល​វិញ្ញូជនទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្ត​របស់ខ្លួន ម្នាលភិក្ខុទាំងឡាយ ធម៌នេះ ជាធម៌​គួរ​ឃើញច្បាស់ខ្លួនឯង ជាធម៌​មិនរង់ចាំកាល ជាធម៌​មានអាការដូចជាហៅ​បុគ្គល​មកប្រាប់ ជាធម៌ដែលព្រះអរិយបុគ្គល គប្បី​បង្អោនចូលមកទុកក្នុងខ្លួន ជាធម៌ដែល​វិញ្ញូ​ជន​ទាំងឡាយ គប្បីដឹងច្បាស់ ក្នុងចិត្ត​របស់ខ្លួន ហេតុដូច្នោះ បានជាតថាគត ពោល​សំដៅ​ត្រង់ហេតុ ដែលអ្នកទាំងឡាយ​ដឹងច្បាស់ ដោយខ្លួនឯងនោះ។

[៩២] ម្នាលភិក្ខុទាំងឡាយ កិរិយាចុះចាប់បដិសន្ធិរបស់សត្វ ដែលកើត​ក្នុងផ្ទៃ ព្រោះ​ប្រជុំហេតុ៣ប្រការ។ ក្នុងសត្វលោកនេះ មាតាបិតាមកប្រជុំគ្នាហើយ តែមាតា​ជាស្រី​មិនមានរដូវផង សត្វដែលគួរកើត​ក្នុងផ្ទៃនោះ ក៏មិនមានប្រាកដ ក្នុងឱកាស​នោះផង កិរិយា​ចុះចាប់បដិសន្ធិរបស់សត្វ ដែលកើតក្នុងផ្ទៃ​ ក៏មិនទាន់​មាននៅឡើយ។ ក្នុងសត្វ​លោកនេះ មាតាបិតាមកប្រជុំគ្នាហើយផង មាតាជាស្រីមានរដូវផង តែសត្វ​ដែលគួរ​កើត ក៏មិនមាន​ប្រាកដ ក្នុងឱកាសនោះ កិរិយាចុះចាប់បដិសន្ធិ របស់សត្វ ដែលកើតក្នុងផ្ទៃ ក៏​មិនទាន់មាននៅឡើយ។ ម្នាលភិក្ខុទាំងឡាយ លុះតែកាលណា មាតាបិតាមកប្រជុំគ្នាផង មាតាជាស្រីមានរដូវផង សត្វដែលគួរកើត ក៏មានប្រាកដ ​ក្នុងឱកាសនោះផង លុះប្រជុំ​ហេតុទាំង៣ប្រការនេះឯង ទើបសត្វចុះចាប់បដិសន្ធិ ក្នុងផ្ទៃនៃមាតាបាន។ ម្នាលភិក្ខុ​ទាំង​ឡាយ មាតាពគភ៌នោះ ដោយផ្ទៃ អស់ខែ៩ ឬខែ១០ ដោយសេចក្តី​សង្ស័យ (ក្នុងជីវិត [គឺសង្ស័យ (ក្នុងពេលប្រសូតកូន) ថា អាត្មាអញ មានរោគ ឬកូនអាត្មាអញ មានរោគ។ អដ្ឋកថា។]) ជាច្រើន ម្នាលភិក្ខុទាំងឡាយ លុះកន្លងខែ៩ ឬខែ១០ទៅ មាតាក៏ប្រសូតគភ៌នោះ ដូចជាភារៈធ្ងន់ ដោយសេចក្តីសង្ស័យជាច្រើន កាលបើ​គភ៌ ដូច​ជាភារៈធ្ងន់នោះ ប្រសូតរួចហើយ ក៏ចិញ្ចឹមដោយឈាម (គឺទឹកដោះ) របស់ខ្លួន។

[៩៣] ម្នាលភិក្ខុទាំងឡាយ ទឹកដោះ​របស់មាតាណា ដែលតថាគតពោលហើយ ក្នុង​អរិយវិន័យ ទឹកដោះនុ៎ះ គឺឈាមហ្នឹងឯង។ ម្នាលភិក្ខុទាំងឡាយ កុមារនោះឯង អាស្រ័យ​នូវការចំរើនធំឡើង អាស្រ័យនូវកិរិយាចាស់ នៃឥន្ទ្រិយទាំងឡាយ (គឺ​ចាស់ខែឆ្នាំ) ក៏លេង​នូវល្បែងទាំងឡាយ ជាមួយនឹងពួកកុមារ គឺលេងកូននង្គ័ល ហ៊ឹង ដាំដូង កង្ហារ វាល់ដីខ្សាច់ កូនរទេះ កូនធ្នូ។ ម្នាលភិក្ខុទាំងឡាយ កុមារនោះឯង អាស្រ័យនូវសេចក្តី​ចំរើនធំឡើង អាស្រ័យនូវ​កិរិយាចាស់ នៃឥន្ទ្រិយទាំងឡាយ ហើយក៏ឆ្អែតស្កប់ស្កល់ រីករាយ សប្បាយ ត្រេកត្រអាល ដោយកាមគុណទាំង៥ គឺរូប ដែលគប្បីស្គាល់ដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាព​គួរស្រឡាញ់ ប្រកបដោយកាម គួរ​ឲ្យ​កើតតម្រេក និងគួរឲ្យស្រឡាញ់ សំឡេង​ដែលគប្បី​ដឹងដោយត្រចៀក… ក្លិន​ដែលគប្បី​ដឹងដោយច្រមុះ… រសដែលគប្បី​ដឹងដោយអណ្តាត… ផោដ្ឋព្វៈដែលគប្បី​ដឹងដោយ​កាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយ​កាម គួរ​ឲ្យ​កើតតម្រេក និងគួរឲ្យស្រឡាញ់។ កុមារនោះ ឃើញរូបដោយ​ភ្នែក ក៏កើតតម្រេក​ក្នុងរូប ដែល​គួរ​ស្រឡាញ់ កើតបដិបក្ខ ក្នុងរូបដែល​គួរស្អប់ មានសតិក្នុងកាយ មិនបានតាំងមាំ មានចិត្តរំភើប (ចិត្តជាអកុសល)ផង ធម៌ទាំងឡាយ ជាអកុសលដ៏លាមក របស់កុមារ​នោះ រមែងរលត់ទៅមិនសល់ ក្នុងផលសមាបត្តិណា ក៏មិនបានដឹងច្បាស់ នូវផល​សមាបត្តិ គឺ​ចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ កុមារនោះ ដល់ព្រមដោយតម្រេក និង​សេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងសោយ នូវ​វេទនាណាមួយ ជាសុខ ឬទុក្ខ ឬមិនទុក្ខ​មិនសុខ។ កុមារនោះ តែងត្រេកអរ និយាយសរសើរ ប្រកាន់វេទនានោះ (ដោយ​អំណាចតណ្ហា)។ កាលបើកុមារនោះ ត្រេកអរ និយាយសរសើរ ប្រកាន់វេទនានោះហើយ ក៏កើតទៅជាតម្រេក កាលបើតម្រេក ក្នុងវេទនាទាំងឡាយមានហើយ ឧបាទានក៏កើត​ឡើងដល់កុមារនោះ ព្រោះតម្រេកនោះ ភពកើតមាន ព្រោះឧបាទានជាបច្ច័យ ជាតិកើត​មាន ព្រោះភពជាបច្ច័យ សេចក្តីចាស់ស្លាប់កើត​មាន ព្រោះជាតិជាបច្ច័យ ការសោកខ្សឹក​ខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏កើត​មានព្រម កិរិយា​កើតឡើង នៃកងទុក្ខទាំងអស់នេះ រមែងមានដោយហេតុ យ៉ាងនេះឯង។ កុមារនោះ ឮសំឡេង​ដោយ​ត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវ​នូវផោដ្ឋព្វៈ​ដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏កើតតម្រេក​ក្នុងធម្មារម្មណ៍ ដែល​គួរស្រឡាញ់ កើតបដិឃៈ ក្នុងធម្មារម្មណ៍ ដែលគួរ​ស្អប់ផង សតិ​ក្នុងកាយមិនតាំង​ខ្ជាប់ មានចិត្តជាអកុសលផង ធម៌ទាំងឡាយ ជាអកុសលដ៏លាមក របស់កុមារនោះ រមែង​រលត់ទៅមិនសល់ ក្នុងផលសមាបត្តិណា ក៏មិនបានដឹងច្បាស់ នូវ​ផលសមាបត្តិ គឺ​ចេតោវិមុត្តិ បញ្ញាវិមុត្តិនេះ តាមសេចក្តីពិតផង។ កុមារនោះ ដល់ព្រម​ដោយតម្រេក និង​សេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងទទួលនូវ​វេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬ​មិនទុក្ខមិនសុខ។ កុមារនោះ តែងត្រេកអរ និយាយសរសើរ​ប្រកាន់​វេទនា​នោះ។ កាល​កុមារនោះ ត្រេកអរនិយាយសរសើរ ប្រកាន់វេទនានោះហើយ តម្រេកក៏កើតឡើង កាលបើតម្រេក ក្នុងវេទនាទាំងឡាយ មានហើយ ឧបាទានក៏កើត​ឡើង ដល់កុមារ​នោះ ព្រោះតម្រេកនោះ ភពកើតមាន ព្រោះឧបាទាន ជាបច្ច័យ ជាតិកើតមាន ព្រោះភព​ជាបច្ច័យ សេចក្តីចាស់ ស្លាប់ (កើតមាន) ព្រោះជាតិជាបច្ច័យ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់​ចិត្តទាំងឡាយ ក៏កើតព្រម កិរិយាកើតឡើងនៃកងទុក្ខទាំងអស់នេះ រមែង​មានដោយប្រការដូច្នេះឯង។

[៩៤] ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតអរហន្តសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌ដោយ​វិជ្ជា និងចរណៈ មានដំណើរល្អទៅកាន់ព្រះនិព្វាន ជ្រាបច្បាស់នូវត្រៃលោក ជាបុគ្គលប្រសើរ​បំផុត ជាសារថីទូន្មាននូវបុរស ជាគ្រូនៃពួកទេវតា និងមនុស្ស ទ្រង់ត្រាស់ដឹងនូវចតុរារិយ​សច្ចធម៌ លែងត្រឡប់មកកាន់ត្រៃភពហើយ ព្រះអង្គកើតឡើងក្នុងលោកនេះ ទ្រង់ធ្វើឲ្យ​ជាក់ច្បាស់ ដោយប្រាជ្ញាចំពោះ​ព្រះអង្គ នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះអង្គសំដែងធម៌ មានលំអបទដើម មានលំអ​បទ​កណ្តាល និងបទចុង ប្រកាសនូវព្រហ្មចរិយៈ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏បរិសុទ្ធ បរិបូណ៌គ្រប់ទាំងអស់។ គហបតីក្តី កូនរបស់គហបតីក្តី មហាជនដែលកើតខាងក្រោយ ក្នុងត្រកូលណាមួយក្តី រមែងស្តាប់ធម៌នោះ។ លុះគហបតីជាដើមនោះ ស្តាប់ធម៌​នោះហើយ ក៏បាននូវសទ្ធា (សេចក្តីជឿ) ក្នុងតថាគត។ លុះគហបតីជាដើមនោះ ប្រកប​ដោយការបាននូវ​សទ្ធានោះហើយ ក៏ពិចារណាដូច្នេះថា ឃរាវាសចង្អៀតចង្អល់ណាស់ ជាផ្លូវហូរមកនៃធូលី គឺកិលេស ឯបព្វជ្ជាមានពេលឱកាសច្រើន កាលបើអាត្មាអញ នៅ​គ្រប់គ្រងផ្ទះនេះ មិនងាយនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ដោយចំណែកមួយ ឲ្យ​បរិសុទ្ធដោយចំណែកមួយ ឲ្យស្អាតដូចជាស័ង្ខ ដែលគេខាត់បានឡើយ បើដូច្នោះ មានតែ​អាត្មាអញ កោរសក់ពុកមាត់ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស។ លុះចំណែរមកខាងក្រោយ គហបតីជាដើមនោះ លះបង់នូវគំនរភោគសម្ប័ទ​តិចក្តី លះបង់នូវគំនរភោគសម្ប័ទច្រើនក្តី លះបង់នូវញាតិវង្សតិចក្តី លះបង់នូវញាតិ​វង្ស​ច្រើនក្តី ហើយកោរសក់ពុកមាត់ ពុកចង្កា ស្លៀកសំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស។

[៩៥] កាលគហបតីជាដើមនោះ បួសយ៉ាងនេះហើយ ក៏បរិបូណ៌ដោយសិក្ខា​ និងសាជីវៈ សម្រាប់ភិក្ខុទាំងឡាយ លះបង់នូវ​បាណាតិបាត ជាអ្នកវៀរស្រឡះចាក​បាណាតិបាត មានអាជ្ញាដាក់ចុះ មានសស្ត្រាវុធដាក់ចុះ ជាអ្នកមានសេចក្តីខ្មាស មាន​សេចក្តីអាណិតអាសូរ អនុគ្រោះ​ដោយប្រយោជន៍ ចំពោះពួកសត្វ ដែល​មានជីវិតទាំង​អស់។ ជាអ្នកលះបង់នូវអទិន្នាទាន វៀរស្រឡះ​ចាកអទិន្នាទាន កាន់យកតែវត្ថុដែលគេ​ឲ្យ ប្រាថ្នាតែ​របស់ដែលគេឲ្យ មិនជាចោរ ជាអ្នកមានខ្លួនស្អាត។ ជាអ្នកលះបង់នូវ​អព្រហ្ម​ចរិយៈ (ធម៌មិនប្រសើរ) ប្រព្រឹត្តតែធម៌ដ៏ប្រសើរ វៀរឆ្ងាយ វៀរស្រឡះ ចាកមេថុន ដែល​ជាធម៌របស់អ្នកស្រុក។ ជាអ្នកលះបង់នូវមុសាវាទ វៀរស្រឡះចាកមុសាវាទ ជាអ្នកពោល​ពាក្យពិត តនូវពាក្យពិត ពោលតែ​ពាក្យទៀងទាត់ និងពាក្យដែលគួរឲ្យជឿ ជាអ្នកមិន​ពោល​បំភ្លាត់សត្វលោក។ ជាអ្នកលះបង់នូវ​បិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺ​ឮពាក្យអំពីសំណាក់ជននេះ ហើយមិនប្រាប់ជនឯណោះ ដើម្បីបំបែក​ជនទាំងពីរនេះ​ឡើយ ឬឮពាក្យអំពីសំណាក់ជនឯណោះហើយ មិនប្រាប់ដល់ជននេះ ដើម្បីបំបែក​ពួក​ជនឯណោះឡើយ ជាអ្នកសង្រួបសង្រួមពួកជន ដែលបែកគ្នាហើយផង ជាអ្នកបន្ថែម​កំឡាំងឲ្យពួកជន ដែលព្រមព្រៀងគ្នាស្រាប់ហើយផង ជាអ្នកត្រេកអរក្នុងសេចក្តី​ព្រមព្រៀង ពេញចិត្តក្នុងសេចក្តី​ព្រមព្រៀង រីករាយ ក្នុងសេចក្តីព្រមព្រៀង ពោល​តែ​វាចា ដែលធ្វើឲ្យកើតសេចក្តី​ព្រមព្រៀង។ ជាអ្នកលះបង់ នូវផរុសវាចា វៀរស្រឡះ​ចាកផរុសវាចា បើវាចាណាឥតទោស សុខដល់ត្រចៀក គួរឲ្យស្រឡាញ់ គួរឲ្យតំកល់​ទុក​ក្នុងហឫទ័យ ជាវាចាអ្នកក្រុង ជាទីត្រេកអរដល់ជនច្រើន ជាទីពេញចិត្តដល់ជនច្រើន ជាអ្នក​ពោលតែវាចាមានសភាពដូច្នោះ។ ជាអ្នកលះបង់នូវ​សម្ផប្បលាបៈ វៀរស្រឡះ​ចាក​សម្ផប្បលាបៈ ជាអ្នកនិយាយតាមកាលគួរ និយាយពាក្យមែន និយាយពាក្យមាន​ប្រយោជន៍​ និយាយធម៌ និយាយវិន័យ និយាយវាចា ដែលគួរឲ្យអ្នកផង​យកទុកក្នុង​ហឫទ័យ ជាពាក្យប្រកបដោយទីអាងតាមកាល ជាវាចាមានទីបំផុត និងប្រកប​ដោយ​ប្រយោជន៍។ ជាអ្នកវៀរស្រឡះ​ចាកកិរិយា​ផ្តិលផ្តាច់ នូវពីជគាម និងភូតគាម។ ជាអ្នក​បរិភោគភត្តតែ១ពេល ជាអ្នកវៀរចាកការបរិភោគ ក្នុងវេលាយប់ វៀរស្រឡះ​ចាក​កិរិយា​បរិភោគ ក្នុងវេលាវិកាល។ ជាអ្នកវៀរស្រឡះចាកការរាំច្រៀង ប្រគំទាំងមើលនូវ​ល្បែង ដែល​ជាសត្រូវដល់កុសលធម៌។ ជាអ្នកវៀរស្រឡះ ចាកហេតុជាទីតាំងនៃកិរិយាទ្រទ្រង់ ប្រដាប់តាក់តែង ស្អិតស្អាង (រាងកាយ) ដោយ​ផ្កាកម្រង គ្រឿងក្រអូប និងគ្រឿង​លាប​ផ្សេងៗ។ ជាអ្នកវៀរស្រឡះ​ចាកអាសនៈខ្ពស់ និងអាសនៈដ៏ប្រសើរ។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវប្រាក់ និងមាស ជាអ្នកវៀរស្រឡះ​ចាកកិរិយាទទួល​នូវធញ្ញជាតិ​ឆៅ។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវសាច់ឆៅ។ ជាអ្នកវៀរស្រឡះចាកកិរិយាទទួល​នូវស្រី និងក្មេងស្រី។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួល​នូវខ្ញុំស្រី និងខ្ញុំប្រុស។ ជាអ្នក​វៀរ​ស្រឡះចាកកិរិយាទទួល​នូវស្រែ និងចំការ។ ជាអ្នកវៀរស្រឡះចាកកិរិយា​ទទួល​នូវពពែ​ និងចៀម។ ជាអ្នកវៀរស្រឡះ ចាកកិរិយាទទួលនូវ​មាន់ និងជ្រូក។ ជាអ្នកវៀរស្រឡះ ចាក​កិរិយាទទួល​នូវដំរី គោ សេះ និងលា។ ជាអ្នកវៀរស្រឡះចាកកិរិយា​ប្រកប​ក្នុងកិច្ច​ជាទូត​នាំដំណឹងទៅមក។ ជាអ្នកវៀរស្រឡះ​ចាកការលក់ដូរ។ ជាអ្នកវៀរស្រឡះ ចាកការ​បំបាត់​ដោយជញ្ជីង ទាំងបន្លំភាជន៍ ដែល​មិនមែន​មាស ថាជាមាស និងបំបាត់ដោយរង្វាស់ និងរង្វាល់។ ជាអ្នកវៀរស្រឡះចាកកិរិយាបង្កាច់ បោកប្រាស និងប្រកប​ក្នុងការបន្លំ ដោយ​របស់ក្លែង។ ជាអ្នកវៀរស្រឡះចាកកិរិយាកាត់នូវអវយវៈ សម្លាប់ចាប់ចង ធ្វើឲ្យវង្វេងផ្លូវ ប្លន់ធំ កំហែងយកទ្រព្យ។ ភិក្ខុនោះជាអ្នកសន្តោស ដោយចីវរ ជាគ្រឿងរក្សាកាយ ដោយ​បិណ្ឌបាត ជាគ្រឿង​រក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យក (បរិក្ខារទាំងអស់) ដើរចេញ​ទៅ។ ដូចជាសត្វស្លាប ដែលហើរទៅទីណាៗ ក៏ហើរទៅល្មមតែកំឡាំងស្លាប​វា យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរ ជាគ្រឿង​រក្សាកាយ ដោយ​បិណ្ឌបាត ជាគ្រឿង​រក្សាផ្ទៃ បើដើរចេញទៅទីណាៗ ក៏កាន់យក (បរិក្ខារទាំងអស់) ដើរទៅ​ដូច្នោះដែរ។ ភិក្ខុនោះប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយទទួលចំពោះ​នូវសុខ​ ដែល​មិនប្រកបដោយ​ទោសក្នុងសន្តាន។ ភិក្ខុនោះឃើញរូបដោយភ្នែកហើយ ក៏​មិនកួច​កាន់នូវនិមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈឡើយ (មួយទៀត) ធម៌ទាំងឡាយ ជាអកុសល​ដ៏​លាមក គឺអភិជ្ឈា និងទោមនស្ស រមែង​ជាប់តាម​នូវភិក្ខុ ព្រោះ​ហេតុមិនសង្រួមឥន្ទ្រិយ គឺចក្ខុណា ភិក្ខុនោះក៏ប្រតិបត្តិ ដើម្បីសង្រួម​ឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយគឺចក្ខុ ដល់​នូវសេចក្តី​សង្រួមក្នុងឥន្ទ្រិយគឺចក្ខុ។ ភិក្ខុនោះឮសំឡេងដោយត្រចៀក… ធុំក្លិនដោយ​ច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវ​ធម្មារម្មណ៍​ដោយចិត្ត ហើយក៏មិនកួចកាន់នូវនិមិត្ត មិនកួចកាន់ នូវអនុព្យញ្ជនៈឡើយ (មួយទៀត) ធម៌ទាំងឡាយ ជាអកុសលដ៏លាមក គឺអភិជ្ឈា​ និងទោមនស្ស រមែង​ជាប់​តាមនូវភិក្ខុ ព្រោះហេតុមិនសង្រួម​ឥន្ទ្រិយ គឺចិត្តណា ភិក្ខុនោះប្រតិបត្តិ ដើម្បីសង្រួម​នូវ​ឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវសេចក្តីសង្រួម ក្នុង​ឥន្ទ្រិយគឺចិត្ត។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរៈ ដ៏ប្រសើរនេះ ក៏ទទួលចំពោះ​នូវសេចក្តី​សុខ ដែល​មិនច្រឡំដោយកិលេសក្នុងសន្តាន។ ភិក្ខុនោះធ្វើនូវសេចក្តី​ដឹងខ្លួន ក្នុងការឈានទៅមុខ និងការឈានថយក្រោយ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាក្រឡេកមើលទៅមុខ និង​ក្រឡេកមើល​មកខាងក្រោយ ជាអ្នកធ្វើនូវសេចក្តី​ដឹងខ្លួន ក្នុងកិរិយា​បត់អវយវៈ និងលាត​នូវអវយវៈ ជាអ្នកធ្វើ​នូវសេចក្តី​ដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់សង្ឃាដិ បាត្រ ចីវរ ជាអ្នកធ្វើ​សេចក្តី​ដឹងខ្លួន ក្នុងការស៊ី ផឹក ទំពា ទទួលរស ជាអ្នកធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុង​កិរិយា​បន្ទោ​បង់​​ឧច្ចារៈ និងបស្សាវៈ ជាអ្នកធ្វើនូវ​សេចក្តីដឹងខ្លួន ក្នុងកិរិយាដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើងវិញ និយាយ ស្ងៀម។

[៩៦] ភិក្ខុនោះ ប្រកបដោយ​សីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបដោយ​ឥន្ទ្រិយសំវរៈ ដ៏​ប្រសើរនេះផង ប្រកបដោយសតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ហើយចូលចិត្ត​សេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ញក ឬច្រកភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល និង​គំនរចម្បើង។ ភិក្ខុនោះ ត្រឡប់មកអំពីបិណ្ឌបាតវិញ វេលាក្រោយភត្ត ក៏អង្គុយ​ពែនភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឆ្ពោះមុខទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះបង់នូវ​អភិជ្ឈា ក្នុងលោកចេញ មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា។ លះបង់នូវ​ព្យាបាទ និងសេចក្តីប្រទូស្តចេញ មានចិត្ត​មិនព្យាបាទ អនុគ្រោះដោយប្រយោជន៍ ចំពោះ​ពួកសត្វមានជីវិតទាំងអស់ ជម្រះចិត្តចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់​នូវថីនមិទ្ធៈចេញ ជាអ្នកប្រាសចាកថីនមិទ្ធៈ បាននូវអលោកសញ្ញា គឺសេចក្តីភ្លឺស្វាង មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ។ លះបង់នូវ​ឧទ្ធច្ចកុក្កុច្ចៈចេញ ជាអ្នក​មានចិត្តមិនរាយមាយ មានចិត្តស្ងប់រម្ងាប់ក្នុងសន្តាន ជម្រះ​ចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់​នូវវិចិកិច្ឆា ជាអ្នកឆ្លងចាកសេចក្តីសង្ស័យ មិនងឿងឆ្ងល់ក្នុងធម៌ទាំងឡាយជាកុសល ជម្រះ​ចិត្តចាក​វិចិកិច្ឆា។

[៩៧] ភិក្ខុនោះ លុះលះបង់នូវនីវរណធម៌ទាំង៥ប្រការនេះ ដែលជាឧបក្កិលេស​របស់ចិត្ត ដែលជាធម្មជាតធ្វើបញ្ញាឲ្យថយកំឡាំង ហើយស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ហើយក៏ចូលកាន់បឋមជ្ឈាន ដែលមានវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតមកអំពីវិវេក។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុព្រោះ​រម្ងាប់​នូវវិតក្កៈ និងវិចារៈបាន ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តទៅខាង​ក្នុង ញុំាងសមាធិចិត្តឲ្យកើត ឥតមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែល​កើតអំពី​សមាធិ។បេ។ ចូលកាន់​តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន សម្រេចសម្រាន្តឥរិយាបថ។

[៩៨] ភិក្ខុនោះឃើញរូបដោយភ្នែក ហើយមិនត្រេកអរ នឹងរូបដែលគួរស្រឡាញ់ មិនមានបដិឃៈ ចំពោះរូបដែល​មិនគួរស្រឡាញ់ ជាអ្នកមានសតិ ក្នុងកាយតំកល់នៅខ្ជាប់​ផង មានចិត្តប្រកបដោយគុណប្រមាណពុំបានផង ធម៌ទាំងឡាយជាអកុសលដ៏លាមក​នោះ របស់ភិក្ខុនោះ រមែងរលត់ទៅមិនសល់ ក្នុងចេតោវិមុត្តិ បញ្ញាវិមុត្តិណា លោកក៏​បានដឹងច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ ភិក្ខុនោះ លុះលះបង់​នូវតម្រេក និងសេចក្តីក្រេវក្រោធ យ៉ាងនេះហើយ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ។ ភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនា​នោះឡើយ។ កាលបើភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនា​នោះទេ សេចក្តីត្រេកអរ ក្នុងវេទនាទាំងឡាយ ក៏នឹងរលត់ទៅមិនសល់។ ភិក្ខុនោះ​បានរលត់ឧបាទាន ព្រោះរលត់​តម្រេក បានរលត់ភព ព្រោះរលត់​ឧបាទាន បានរលត់​ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់ជាតិ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ ក៏សឹងតែ​រលត់​ទៅមិនសល់ សេចក្តីរលត់កងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។ ភិក្ខុនោះ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់ត្រូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏មិន​ត្រេកអរ​នឹងធម្មារម្មណ៍ ដែលមានសភាពគួរស្រឡាញ់ មិនមានបដិឃៈចំពោះធម្មារម្មណ៍ ដែល​មានសភាពមិនគួរស្រឡាញ់ ជាអ្នកមានសតិក្នុងកាយ តំកល់នៅខ្ជាប់ផង មានចិត្ត​ប្រកប​ដោយ​គុណប្រមាណពុំបានផង ធម៌ទាំងឡាយជាអកុសលដ៏លាមក របស់ភិក្ខុនោះ រមែង​រលត់ទៅមិនសល់ ក្នុងចេតោវិមុត្តិ បញ្ញាវិមុត្តិណា ភិក្ខុនោះ ក៏បានដឹងច្បាស់នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិនោះ តាមសេចក្តីពិតផង។ ភិក្ខុនោះលះបង់នូវតម្រេក និងសេចក្តី​ក្រេវក្រោធយ៉ាងនេះហើយ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខមិនសុខ។ ភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះ​ឡើយ។ កាលបើភិក្ខុនោះ មិនត្រេកអរ មិននិយាយសរសើរ មិនប្រកាន់វេទនានោះ​ហើយ​សេចក្តីត្រេកអរក្នុងវេទនាទាំងឡាយ ក៏នឹងរលត់ទៅមិនសល់។ ភិក្ខុនោះ បានរលត់ឧបាទាន ព្រោះរលត់តម្រេក បានរលត់ភព ព្រោះរលត់ឧបាទាន បាន​រលត់​ជាតិ ព្រោះរលត់ភព សេចក្តីចាស់ ស្លាប់ (រលត់) ព្រោះរលត់​ជាតិ ការសោក ការខ្សឹកខ្សួល ការលំបាកកាយ ការលំបាកចិត្ត និងការចង្អៀតចង្អល់ទាំងឡាយ ក៏រលត់​ទៅ​មិនសល់ សេចក្តីរលត់កងទុក្ខទាំងអស់នេះ រមែងមានដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរចាំទុក នូវឧបាយជាគ្រឿង​បង្អោនចិត្តទៅ ក្នុង​ព្រះនិព្វាន ជាទីក្ស័យនៃតណ្ហានេះ ដោយសង្ខេបរបស់តថាគតនេះចុះ ហើយចូរចាំទុក​នូវ​សាតិភិក្ខុកេវដ្តបុត្តនេះថា ជាអ្នកចំពាក់ក្នុងសំណាញ់ ដ៏ចង្អៀតចង្អល់ គឺតណ្ហាធំនេះ​ ដូច្នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មាន​សេចក្តីពេញចិត្ត ត្រេកអរហើយចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ មហាតណ្ហាសង្ខយសូត្រ ទី៨។

មហាអស្សបុរសូត្រ ទី៩

[៩៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់​គង់នៅ​ក្នុង​និគមរបស់អ្នកដែនអង្គៈ ឈ្មោះអស្សបុរៈ ទៀបដែនអង្គៈ។ ក្នុងកាលនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទូលតបព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់​ច្បាស់​នូវអ្នកទាំងឡាយ ថាជាសមណៈៗដូច្នេះ ឯអ្នកទាំងឡាយ បើមានអ្នកផងសួរថា លោក​ទាំងឡាយជាអ្វី ក៏ចូរប្តេជ្ញាថា យើងទាំងឡាយជាសមណៈ ម្នាលភិក្ខុទាំងឡាយ កាលបើ​អ្នកទាំងឡាយនោះមានឈ្មោះយ៉ាងនេះ ប្តេជ្ញាយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយគួរសិក្សាយ៉ាងនេះថា ធម៌ទាំងឡាយណា ដែលធ្វើឲ្យជា​សមណៈផង ធ្វើ​ឲ្យ​ជាព្រាហ្មណ៍ផង ពួកយើងនឹងសមាទានប្រព្រឹត្តធម៌ទាំងនោះ ឈ្មោះរបស់ពួកយើងនេះ ក៏នឹងពិតយ៉ាងនេះ ទាំងការប្តេជ្ញាក៏ប្រាកដយ៉ាងនេះ មួយវិញទៀត យើងទាំងឡាយ បរិភោគនូវចីវរបិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ជន​ទាំងឡាយ​ណា សក្ការៈទាំងឡាយនោះ ដែលជនទាំងនោះ (បូជា) ដល់យើង​ទាំងឡាយនឹងទៅ​ជា​សក្ការៈមានផលច្រើន មានអានិសង្សច្រើន ឯបព្វជ្ជារបស់ពួកយើង មិនមែន​ជាឥត​អំពើទេ នឹងមានផល មានសេចក្តីចំរើន។

[១០០] ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ដែលធ្វើឲ្យជាសមណៈទាំងធ្វើឲ្យជា​ព្រាហ្មណ៍ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សា យ៉ាងនេះថា ពួកយើងនឹងជាអ្នក​ប្រកបដោយហិរិ និងឱត្តប្បៈ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នក​ទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើងជាអ្នកប្រកបដោយហិរិ និងឱត្តប្បៈ​ហើយ កិច្ចដែលពួកយើងធ្វើហើយ ក៏ល្មមត្រឹមប៉ុណ្ណេះ ប្រយោជន៍របស់សមណៈ [ប្រយោជន៍របស់សមណៈក្នុងទីនេះ សំដៅយកមគ្គ និងផល។ អដ្ឋកថា។] យើងទាំង​ឡាយ ក៏បានដល់ហើយត្រឹមប៉ុណ្ណេះ កិច្ចដែលត្រូវធ្វើ​តទៅទៀតតិចតួច មិនមានទេ លុះ​គិតដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវសេចក្តីត្រេកអរ​ដោយហេតុ​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគតប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត​បំភ្លឺ​អ្នក​ទាំងឡាយ កាលបើអ្នកទាំងឡាយត្រូវការនូវភាពជាសមណៈ កុំលះបង់ប្រយោជន៍​ជារបស់​សមណៈឡើយ ព្រោះកិច្ចដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០១] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសិក្សាយ៉ាងនេះថា កាយសមាចារៈ របស់ពួក​យើង នឹងបរិសុទ្ធខ្ពង់ខ្ពស់ មិនរយីករយាក មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើង​នឹងកុំ​លើក​តំកើងខ្លួនឯង កុំបន្តុះបង្អាប់​អ្នកដទៃ ព្រោះកាយសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ កិច្ចដែល​ពួក​យើងត្រូវធ្វើ ក៏ល្មមត្រឹមប៉ុណ្ណេះហើយ ទាំងប្រយោជន៍របស់សមណៈ យើងទាំងឡាយ ក៏បាន​ដល់ហើយ ដោយហេតុត្រឹមប៉ុណ្ណេះ កិច្ចបន្តិចបន្តួច ដែលត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ លុះគិតដូច្នេះហើយ អ្នកទាំងឡាយគប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ ត្រូវកុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០២] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា វចីសមាចារៈ របស់ពួក​យើង នឹង​បរិសុទ្ធ​ខ្ពង់ខ្ពស់ មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើងកុំ​លើក​តំកើងខ្លួនឯង កុំបន្តុះបង្អាប់​អ្នកដទៃ ព្រោះវចីសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ ទាំងវចីសមាចារៈ ក៏បរិសុទ្ធ កិច្ចដែល​ត្រូវធ្វើ ក៏ល្មមត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បាន​ដល់ហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៣] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា មនោសមាចារៈ របស់ពួក​យើង នឹង​បរិសុទ្ធ​ខ្ពង់ខ្ពស់ មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើង កុំ​លើក​តំកើង​ខ្លួន​ឯង កុំបន្តុះបង្អាប់​អ្នកដទៃ ព្រោះមនោសមាចារៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និងឱត្តប្បៈ កាយសមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ កិច្ចដែល​ត្រូវធ្វើ ក៏ល្មមដោយហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បាន​ដល់ហើយ ដោយហេតុត្រឹម​ប៉ុណ្ណេះ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយហេតុប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៤] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា អាជីវៈ របស់ពួក​យើង នឹង​បរិសុទ្ធ​ស្អាត មិនរាយមាយ មិនធ្លុះធ្លាយ សង្រួមល្អ ប៉ុន្តែពួកយើងកុំ​លើក​តំកើងខ្លួនឯង កុំបន្តុះបង្អាប់​អ្នកដទៃ ព្រោះអាជីវៈបរិសុទ្ធនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើ​អ្នកទាំងឡាយ មានសេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និង​ឱត្តប្បៈ កាយសមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោសមាចារៈបរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ កិច្ចដែល​ត្រូវធ្វើ ក៏ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួកយើងក៏បាន​ដល់ហើយ ដោយ​ហេតុត្រឹមប៉ុណ្ណេះ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយហេតុមាន​ប្រមាណ​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកកុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៥] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងមានទ្វារគ្រប់គ្រង​ហើយ ក្នុងឥន្ទ្រិយទាំងឡាយ គឺបើឃើញរូប ដោយចក្ខុ ក៏មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវ​អនុព្យញ្ជនៈ អកុសលធម៌​ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស គប្បី​ជាប់តាម​នូវបុគ្គល ព្រោះហេតុមិនសង្រួមឥន្ទ្រិយ គឺចក្ខុណា ពួកយើងនឹងប្រតិបត្តិ ដើម្បីសង្រួម​នូវ​ឥន្ទ្រិយ គឺចក្ខុនោះ រក្សានូវឥន្ទ្រិយ គឺចក្ខុ ដល់នូវកិរិយាសង្រួមក្នុងឥន្ទ្រិយគឺចក្ខុ។ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយអណ្តាត… ពាល់​ត្រូវ​នូវផោដ្ឋព្វៈដោយកាយ… ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ក៏មិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អកុសលធម៌ទាំងឡាយ ដ៏លាមក គឺអភិជ្ឈា និងទោមនស្ស រមែងជាប់តាមនូវបុគ្គល ព្រោះហេតុមិនសង្រួម​ឥន្ទ្រិយ គឺ​ចិត្តណា ពួកយើងនឹង​ប្រតិបត្តិ ដើម្បីសង្រួម​នូវឥន្ទ្រិយ គឺចិត្តនោះ រក្សានូវឥន្ទ្រិយគឺចិត្ត ដល់នូវកិរិយា​សង្រួមក្នុងឥន្ទ្រិយគឺចិត្ត។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មាន​សេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និង​ឱត្តប្បៈ កាយ​សមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោ​សមាចារៈ​បរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ យើងមានទ្វារ​គ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ កិច្ចដែល​ត្រូវធ្វើ ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួក​យើង​ក៏បាន​ដល់ ដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយ​ហេតុ​​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៦] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកដឹងប្រមាណ ក្នុងភោជន ពិចារណាដោយឧបាយនៃប្រាជ្ញា ហើយទើប​បរិភោគនូវអាហារ និងបរិភោគ​ដើម្បីលេង (ដូចក្មេងអ្នកស្រុក) ក៏ទេ ដើម្បីនឹងឲ្យកើតបុរិសមានះស្រវឹង (ដូច​អ្នកប្រដាល់) ក៏ទេ ដើម្បីនឹងប្រដាប់​តាក់តែងរាងកាយ (ដូចស្ត្រីក្នុងបូរី)ក៏ទេ ដើម្បីនឹងធ្វើឲ្យផូរផង់​សម្បុរ (ដូចអ្នកលេងរបាំ)ក៏ទេ បរិភោគគ្រាន់តែ​ដើម្បី​តាំងនៅនៃកាយនេះ ដើម្បីញុំាងជីវិតិន្ទ្រិយ​ឲ្យប្រព្រឹត្តទៅ ដើម្បី​នឹងបំបាត់បង់នូវសេចក្តីលំបាក ដើម្បីនឹងអនុគ្រោះដល់ព្រហ្មចរិយៈ ពួកយើងនឹងបំបាត់បង់នូវ​វេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង នឹងញុំាងវេទនា​ថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យកើតឡើង​បានផង កិរិយាប្រព្រឹត្តិទៅ នៃ​ឥរិយាបថទាំង៤ក្តី សេចក្តី​មិនមានទោស គឺមិនច្រអូសកាយ មិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ ដោយឥរិយាបថទាំង៤ក្តី នឹងមានដល់ពួកយើង (ដោយបានបរិភោគ​នូវចង្ហាន់បិណ្ឌបាតនេះ)។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកបដោយហិរិ និង​ឱត្តប្បៈ កាយ​សមាចារៈ របស់​ពួក​​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោ​សមាចារៈ​បរិសុទ្ធហើយ អាជីវៈ​បរិសុទ្ធហើយ ពួកយើងមានទ្វារ​គ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ជាអ្នកដឹង​ប្រមាណ​ក្នុងភោជន កិច្ចដែល​ត្រូវធ្វើ ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍​របស់សមណៈ ពួក​យើង​ក៏បាន​ដល់ ដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិច​បន្តួច​ត្រូវ​ធ្វើ​តទៅ​ទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​​ត្រេកអរ ដោយ​ហេតុ​​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នក​ទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៧] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក និងជម្រះចិត្ត ចាកពួកធម៌ ដែលជាគ្រឿង​រារាំង ដោយការចង្ក្រម ឬអង្គុយ​ក្នុងវេលាថ្ងៃ និងជម្រះចិត្តចាកពួកធម៌ ដែលជាគ្រឿង​រារាំង​ដោយការចង្ក្រម ឬ​អង្គុយ​អស់បឋមយាមនៃរាត្រី នឹងសម្រេចសីហសេយ្យាសដោយបង្អៀងខាងស្តាំ អស់​មជ្ឈិមយាមនៃរាត្រី និងតម្រួតជើងឆ្វេង លើជើងស្តាំ មានសតិ និងសម្បជញ្ញៈ ធ្វើទុក​ក្នុងចិត្ត នូវឧដ្ឋានសញ្ញា (គឺចំណាំពេលក្រោក) រួចក្រោកឡើងក្នុងបច្ឆិមយាមនៃរាត្រី ជម្រះចិត្តចាកពួក​ធម៌ ដែល​ជាគ្រឿងរារាំងដោយការចង្ក្រម ឬអង្គុយ។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ មាន​សេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកប​ដោយហិរិ និង​ឱត្តប្បៈ កាយ​សមាចារៈ របស់​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោ​សមាចារៈ​បរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងជាអ្នកមានទ្វារ​គ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយហើយ ពួកយើងជាអ្នកដឹងប្រមាណក្នុងភោជន ជាអ្នក​ប្រកប​រឿយៗ ក្នុងកិរិយាភ្ញាក់រលឹក កិច្ចដែល​ត្រូវធ្វើ ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ ប្រយោជន៍របស់សមណៈ ពួក​យើង​ក៏បាន​ដល់ ដោយ​ហេតុត្រឹមប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយ​ហេតុ​​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៨] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះថា ពួកយើងនឹងជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកិរិយាឈាន​ទៅមុខ និងឈានថយក្រោយ ធ្វើ​នូវ​សេចក្តីដឹងខ្លួន ក្នុងកិរិយាក្រឡេកមើលទៅមុខ និងក្រឡេក​មើលមកក្រោយ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងការបត់អវយវៈ និងលាតអវយវៈ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកិរិយាទ្រទ្រង់​សង្ឃាដិ បាត្រ ចីវរ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកិរិយាឆាន់ ផឹក ទំពា ទទួលរស ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកិរិយាបន្ទោបង់ នូវ​ឧច្ចារៈ និងបស្សាវៈ ធ្វើនូវ​សេចក្តី​ដឹងខ្លួន ក្នុងកិរិយា​ដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ឡើង និយាយស្តី នៅស្ងៀម។ ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើ​អ្នកទាំងឡាយ មាន​សេចក្តីត្រិះរិះយ៉ាងនេះថា ពួកយើង​ជាអ្នក​ប្រកប​ដោយហិរិ និង​ឱត្តប្បៈ កាយ​សមាចារៈ របស់ពួក​យើង បរិសុទ្ធហើយ វចីសមាចារៈ បរិសុទ្ធហើយ មនោ​សមាចារៈ​បរិសុទ្ធហើយ អាជីវៈបរិសុទ្ធហើយ ពួកយើងជាអ្នកមានទ្វារ​គ្រប់គ្រង ក្នុង​ឥន្ទ្រិយទាំងឡាយហើយ ជាអ្នកដឹងនូវប្រមាណក្នុងភោជន ជាអ្នក​ប្រកប​រឿយៗ ក្នុងការភ្ញាក់រលឹក ប្រកបដោយសតិ និងសម្បជញ្ញៈ កិច្ចដែល​ត្រូវធ្វើ ល្មមដោយ​ហេតុត្រឹមប៉ុណ្ណេះ ទាំងប្រយោជន៍របស់សមណៈ ពួក​យើង​ក៏បាន​ដល់ ដោយ​ហេតុ​ត្រឹម​ប៉ុណ្ណេះហើយ កិច្ចបន្តិចបន្តួចត្រូវធ្វើតទៅទៀត របស់ពួក​យើង មិនមានឡើយ ដូច្នេះ​ហើយ អ្នកទាំងឡាយ គប្បីដល់នូវ​សេចក្តី​ត្រេកអរ ដោយ​ហេតុ​​ប៉ុណ្ណេះពុំខាន ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុ​ទាំងឡាយ តថាគតបំភ្លឺអ្នកទាំងឡាយ កាលបើអ្នកទាំងឡាយ ត្រូវការ​ដោយភាព​ជាសមណៈហើយ អ្នកទាំងឡាយ កុំលះបង់នូវ​ប្រយោជន៍ ជារបស់សមណៈឡើយ ព្រោះកិច្ច​ដែលត្រូវធ្វើតទៅ នៅមានទៀត។

[១០៩] ម្នាលភិក្ខុទាំងឡាយ កិច្ចដែលត្រូវធ្វើតទៅទៀត ដូចម្តេចខ្លះ។ ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុក្នុងសាសនានេះ អាស្រ័យនូវសេនាសនៈស្ងាត់ គឺព្រៃ ទីជិតដើមឈើ ភ្នំ ច្រក ឬញក គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង។ ភិក្ខុនោះ ត្រឡប់មក​ពី​បិណ្ឌបាតវិញ វេលាខាងក្រោយភត្ត ក៏អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ តំកល់​សតិ ឲ្យ​បែរមុខឆ្ពោះ (ទៅរកព្រះកម្មដ្ឋាន)។ ភិក្ខុនោះលះបង់នូវអភិជ្ឈាក្នុងលោក ជាអ្នកមានចិត្ត​ប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា។ លះបង់នូវ​ព្យាបាទ និងសេចក្តីប្រទូស្ត មាន​ចិត្ត​មិនព្យាបាទ ជាអ្នកអនុគ្រោះដោយប្រយោជន៍ ចំពោះពួកសត្វមានជីវិតទាំងពួង ជម្រះ​ចិត្ត​ចាកព្យាបាទ និងសេចក្តីប្រទូស្ត។ លះបង់នូវថីនមិទ្ធៈ គឺមានថីនមិទ្ធៈទៅប្រាស​ហើយ មានអាលោកសញ្ញា (គឺជាអ្នកមានសេចក្តីសំគាល់នូវពន្លឺ) មានសតិ និងសម្បជញ្ញៈ ជម្រះ​ចិត្តចាកថីនមិទ្ធៈ។ លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ គឺមិនមានចិត្តរាយមាយ មានចិត្តស្ងប់រម្ងាប់​ក្នុង​សន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ។ លះបង់នូវវិចិកិច្ឆា គឺមានវិចិកិច្ឆាឆ្លងផុតហើយ មិន​បាន​សង្ស័យក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តចាកវិចិកិច្ឆា។

[១១០] ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសខ្ចីបំណុលគេ យកមកប្រកបការងារ ការងារទាំងនោះរបស់បុរសនោះក៏សម្រេច។ បុរសនោះ ដោះថ្លៃបំណុលចាស់រួចស្រេច​ហើយ ក៏សល់ទ្រព្យចំណេញ​ទុកបម្រុង​ចិញ្ចឹមប្រពន្ធ (កូន) តទៅ។ បុរសនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា កាលមុន អាត្មាអញ ខ្ចីបំណុលគេ យកមកប្រកបការងារ ការងារទាំងនោះ របស់អាត្មាអញនោះក៏បានសម្រេចហើយ អាត្មាអញនោះ ដោះថ្លៃ​បំណុល​ចាស់រួចស្រេច​ហើយ អាត្មាអញ ក៏សល់ទ្រព្យចំណេញ​ទុកបម្រុង​ចិញ្ចឹមប្រពន្ធ (កូន) តទៅ។ បុរសនោះ គប្បីបាននូវសេចក្តីរីករាយ ដល់នូវ​សេចក្តីសោមនស្ស ព្រោះរួច​ចាកបំណុលនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមាន​អាពាធ ដល់នូវទុក្ខឈឺខ្លាំង មិនឃ្លានបាយ មិនមានកំឡាំងក្នុងកាយ។ ក្នុងសម័យ​ខាងក្រោយតមក បុរសនោះ ក៏ស្បើយចាកអាពាធនោះ ឃ្លានបាយ មានកំឡាំង​កាយ​ឡើងវិញ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលមុន អាត្មាអញមាន​អាពាធ ដល់នូវសេចក្តីទុក្ខ ឈឺខ្លាំង មិនឃ្លានបាយ មិនមានកំឡាំងកាយសោះ ឥឡូវនេះ អាត្មាអញនោះ ស្បើយចាកអាពាធនោះ ឃ្លានបាយ មានកំឡាំង​កាយ​ឡើងវិញហើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសោមនស្ស ព្រោះស្បើយចាកអាពាធនោះជា​ហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសជាប់ក្នុងផ្ទះឃុំឃាំង។ ក្នុងសម័យ​ខាងក្រោយតមក បុរសនោះ ក៏រួច​អំពីផ្ទះឃុំឃាំងដោយសួស្តី ឥត​មានភ័យ ទាំង​សេចក្តីវិនាស ដាច់ខាតភោគៈតិចតួច របស់បុរសនោះ ក៏មិនមានឡើយ។ បុរស​នោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលមុន អាត្មាអញ ជាប់ក្នុងផ្ទះឃុំឃាំង ឥឡូវនេះ អាត្មាអញ រួច​ពីផ្ទះឃុំឃាំងដោយសួស្តី ឥត​មានភ័យ ទាំង​សេចក្តីវិនាស ដាច់ខាត​ភោគៈ​តិចតួច របស់អាត្មាអញ មិនមានឡើយ។ បុរស​នោះ បាននូវសេចក្តីរីករាយ ដល់នូវ​សេចក្តី​សោមនស្ស ព្រោះរួច​អំពីផ្ទះឃុំខាំងនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសខ្ញុំគេ មិនមានអំណាច គឺធ្វើអ្វីមិនបានតាមគាប់ចិត្ត​របស់​ខ្លួន អាស្រ័យ​នៅក្នុងអំណាច​របស់ជនដទៃ គឺប្រព្រឹត្តទៅតាមសេចក្តីពេញចិត្ត របស់ជន​ដទៃ ចង់ទៅទីណាមិនបានតាមទំនើងចិត្តឡើយ។ ក្នុងសម័យខាងក្រោយតមក បុរសនោះ រួចចាកភាពជាខ្ញុំគេនោះ មានអំណាចដោយខ្លួនឯង មិនអាស្រ័យ​នៅ​ក្នុងអំណាច​របស់ជនដទៃ ទៅជាអ្នកជា ចង់ទៅទីណា តាមទំនើងចិត្តរបស់ខ្លួនបាន។ បុរសនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា កាលពីមុន អាត្មាអញជាខ្ញុំគេ មិនមានអំណាចដោយខ្លួនឯង អាស្រ័យ​នៅក្នុងអំណាច​របស់ជនដទៃ ចង់ទៅទីណា មិនបានតាមទំនើងចិត្តរបស់ខ្លួនឡើយ ឥឡូវនេះ អាត្មាអញនោះ រួចចាកភាពជាខ្ញុំគេនោះហើយ មានអំណាចដោយខ្លួនឯង មិនអាស្រ័យ​នៅក្នុងអំណាច​របស់ជនដទៃ បានជាអ្នកជា ចង់ទៅទីណា តាមទំនើងចិត្តរបស់ខ្លួនបាន។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវសេចក្តីសោមនស្ស ព្រោះរួចចាក​ភាពជាខ្ញុំគេនោះជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសមានទ្រព្យ មានភោគសម្ប័ទ ដើរទៅ​កាន់ផ្លូវឆ្ងាយដាច់ស្រយាល។ សម័យខាងក្រោយតមក បុរសនោះឆ្លងផុតអំពីផ្លូវឆ្ងាយ ដាច់​ស្រយាលនោះដោយសួស្តី ឥតមានភ័យ ទាំងសេចក្តីវិនាស ដាច់ខាតភោគសម្ប័ទ​តិចតួច របស់បុរសនោះ ក៏មិនមានឡើយ។ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលពីមុន អាត្មាអញ មានទ្រព្យមានភោគសម្ប័ទ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ឥឡូវនេះ អាត្មាអញ ឆ្លងផុតអំពីផ្លូវឆ្ងាយ ដាច់​ស្រយាលនោះដោយសួស្តី ឥតមានភ័យ​ហើយ ទាំងការដាច់ខាតភោគសម្ប័ទ​តិចតួច របស់អាត្មាអញ ក៏មិនមានឡើយ។ បុរសនោះ បាននូវសេចក្តីរីករាយ ដល់នូវ​សោមនស្ស ព្រោះដល់នូវទីក្សេមក្សាន្តនោះ​ជាហេតុ (យ៉ាងណាមិញ)។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវ​នីវរណៈ​ទាំង៥​ប្រការនោះ មាននៅក្នុងខ្លួន ដែលខ្លួនមិនទាន់លះបង់ហើយថា ទុកដូចជាបំណុល ដូច​ជារោគ ដូចជាផ្ទះឃុំខាំង ដូចភាពជាខ្ញុំគេ ដូចជាផ្លូវឆ្ងាយដាច់ស្រយាលយ៉ាងនោះៗដែរ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញនូវ​នីវរណៈទាំង៥ប្រការនេះ មាននៅ​ក្នុងខ្លួន ដែលលះបង់​បានហើយថា ទុកដូចជាភាពនៃបុរស​ដែលរួច​ចាកបំណុល ដូចជា​បុរសមិនមានរោគ ដូចជាបុរស​រួចអំពីផ្ទះឃុំខាំង ដូចជាបុរសរួចជាអ្នកជា ដូចជា​បុរស​ដល់នូវ​ទីក្សេមក្សាន្ត យ៉ាងនោះៗដែរ។

[១១១] ភិក្ខុនោះលះបង់នូវនីវរណៈទាំង៥នេះ ដែលជាឧបក្កិលេសរបស់ចិត្ត ជា​ធម្មជាតធ្វើបញ្ញាឲ្យ​មានកំឡាំងថយ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌​ទាំងឡាយ បានដល់នូវបឋមជ្ឈាន មានវិតក្កៈ វិចារៈ និងបីតិសុខៈ ដែលកើតអំពី​សេចក្តី​ស្ងប់ស្ងាត់ជាអារម្មណ៍។ ភិក្ខុនោះញុំាងករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តី​ស្ងប់ស្ងាត់ ប្រទេស​បន្តិចបន្តួចនៃករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយ​ ដោយបីតិ និងសុខៈ ដែលកើតអំពី​សេចក្តីស្ងប់ស្ងាត់នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជា​នហាបកជន [អ្នកចិញ្ចឹមជីវិតដោយការងូតទឹកឲ្យគេ។] ឬកូនសិស្សរបស់​នហាបកជន ដែលជាអ្នកឈ្លាស រោយរាយនូវលំអិតសម្រាប់ងូតក្នុងផ្តិលសំរិទ្ធិ ហើយស្រោច​ស្រប់ ច្របល់ដោយទឹក ឯដុំលំអិតសម្រាប់​ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំទៅដោយទឹក ទាំងខាងក្នុងខាងក្រៅ មិនបានខ្ចាត់​ខ្ចាយ​ពីគ្នាឡើយ ដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យ​ជោក ឲ្យ​ស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពី​សេចក្តី​ស្ងប់​ស្ងាត់ ប្រទេសបន្តិចបន្តួចនៃករជកាយទាំងអស់ របស់ភិក្ខុនោះ ដែលឈ្មោះថាមិនផ្សព្វ​ផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នោះគ្មាន ដូច្នោះឯង។

[១១២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុបានរម្ងាប់វិតក្កៈ វិចារៈរួចហើយ ក៏​បាន​ដល់ទុតិយជ្ឈាន ជាទីជ្រះថ្លាក្នុងសន្តាន មានសភាព​ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិប៉ុណ្ណោះ។ ភិក្ខុនោះ ញុំាង​ករជកាយ​នេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែល​កើតអំពីសមាធិ ប្រទេសបន្តិចបន្តួចនៃ​ករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ​នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជា​អន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង មុខទឹកក្នុងទិសខាងកើតនោះ មិនមានឡើយ ទាំង​មុខទាំងក្នុងទិសខាងលិច ក៏មិនមាន មុខទឹក​ក្នុងទិសខាង​ជើង ក៏មិនមាន មុខទឹក​ក្នុង​ទិសខាងត្បូង ក៏មិនមាន កាលបើភ្លៀង​បង្អោរធារទឹកស្រួលសព្វៗកាលទៅ ក៏ស្រាប់តែទឹក​ត្រជាក់ជោរឡើងអំពីអន្លង់ទឹកនោះ ហើយញុំាងអន្លង់ទឹកនោះឯងឲ្យជោកជាំ ឲ្យពេញ​ពោរ ឲ្យពេញប្រៀប ឲ្យហូរហៀរដោយទឹកត្រជាក់ (នោះ) ប្រទេសបន្តិចបន្តួច នៃ​អន្លង់​ទឹក​ទាំងអស់នោះ ដែលឈ្មោះថា មិនហូរហៀរដោយទឹកត្រជាក់នោះ គ្មាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាង​ករជកាយ​នេះឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែល​កើតអំពីសមាធិ ប្រទេសបន្តិចបន្តួចនៃ​ករជកាយទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា មិនផ្សព្វផ្សាយដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ​នោះគ្មាន ដូច្នោះដែរ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុព្រោះប្រាសចាកបីតិផង ប្រកប​ដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង សោយនូវសេចក្តីសុខ ដោយនាមកាយ​ផង បានដល់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ តែងប្រាប់នូវភិក្ខុអ្នកបាន​តតិយជ្ឈាននោះ ថាជាអ្នកមានឧបេក្ខា មានសតិ នៅជាសុខ ដូច្នេះ។ ភិក្ខុនោះ ញុំាង​ករជកាយនេះឯង ឲ្យជោក ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសេចក្តី​សុខ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់​របស់ភិក្ខុនោះ ដែលឈ្មោះ​ថា មិនផ្សព្វផ្សាយដោយសុខ ដែលប្រាសចាកបីតិនោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជា​ផ្កាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងគុម្ពព្រលិតក្តី ក្នុងគុម្ព​ឈូកក្រហមក្តី ក្នុងគុម្ពឈូកសក្តី តែងដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់​តាមទឹក លិចនៅក្នុងទឹក ជោកជាំ ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ រហូតដល់ចុង រហូតដល់គល់ ប្រទេសបន្តិចបន្តួច​នៃជលជាតិទាំងអស់ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយទឹកត្រជាក់​នោះគ្មាន ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យជោក ឲ្យឆ្អែតស្កប់​ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខ ដែលមិនមានបីតិ ប្រទេសបន្តិចបន្តួច​នៃកាយ​ទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយសុខ ដែល​មិនមានបីតិ​នោះ​គ្មាន ដូច្នោះឯង។

[១១៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុព្រោះលះបង់នូវសេចក្តីសុខ​ផង លះបង់នូវសេចក្តីទុក្ខផង រំលត់នូវសោមនស្ស និងទោមនស្សទាំងឡាយក្នុងកាលមុន​ផង ហើយក៏ដល់នូវចតុត្ថជ្ឈានមិនទុក្ខមិនសុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា។ ភិក្ខុនោះ រមែង​ញុំាង​ករជកាយនេះឯង ឲ្យផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធផូរផង់ អង្គុយនៅ ប្រទេសបន្តិចបន្តួច នៃករជកាយទាំងអស់​ របស់ភិក្ខុនោះ ដែលឈ្មោះ​ថា មិនផ្សព្វផ្សាយ​ដោយចិត្តដ៏បរិសុទ្ធផូរផង់នោះគ្មាន។ ម្នាលភិក្ខុទាំងឡាយ ដូចជា​បុរសយកសំពត់ស ដណ្តប់កាយ ព្រមទាំងក្បាល អង្គុយនៅ ប្រទេសបន្តិចបន្តួច ​នៃករជកាយទាំងអស់របស់​បុរសនោះ ដែលឈ្មោះថាមិនផ្សព្វផ្សាយដោយសំពត់សនោះគ្មាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុញុំាងករជកាយនេះឯង ឲ្យផ្សព្វផ្សាយ ដោយចិត្ត ដ៏ស្អាត​ផូរផង់ អង្គុយនៅ ប្រទេសបន្តិចបន្តួច ​នៃករជកាយ​ទាំងអស់របស់ភិក្ខុនោះ ដែលឈ្មោះថា​មិន​ផ្សព្វផ្សាយដោយចិត្ត ដ៏បរិសុទ្ធផូរផង់​នោះ​គ្មាន យ៉ាងនោះដែរ។

[១១៥] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​ទៅតាម​អារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ ក៏រលឹកឃើញនូវខន្ធ ដែលធ្លាប់អាស្រ័យនៅមកពីមុនជាច្រើន ដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវខន្ធ ដែលសត្វធ្លាប់អាស្រ័យនៅអំពីមុន​ជាច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសចេញអំពីស្រុករបស់ខ្លួន ទៅកាន់ស្រុកដទៃ ចេញអំពីស្រុកនោះ ទៅកាន់ស្រុក​ដទៃទៀត ត្រឡប់​ពីស្រុកនោះ មកកាន់ស្រុករបស់ខ្លួនវិញ បុរសនោះក៏រលឹកឃើញយ៉ាង​នេះថា អាត្មាអញ ចេញពីស្រុករបស់ខ្លួន បានទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុក​នោះ អាត្មាអញ បានឈរយ៉ាងនេះ អង្គុយយ៉ាងនេះ និយាយយ៉ាងនេះ នៅស្ងៀម​យ៉ាងនេះ លុះអាត្មាអញ ចេញពីស្រុកនោះ បានទៅកាន់ស្រុកឯណោះទៀត ដែលទៅ​ដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ អង្គុយយ៉ាងនេះ និយាយយ៉ាងនេះ នៅស្ងៀម​យ៉ាងនេះ ឥឡូវនេះ អាត្មាអញនោះ ចេញពីស្រុកនោះ ត្រឡប់មកកាន់​ស្រុក​របស់ខ្លួនវិញហើយ ដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុរលឹកបាននូវខន្ធ ដែលធ្លាប់​អាស្រ័យ​នៅមកពីមុនជាច្រើន ដូចម្តេច គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹក​នូវខន្ធ ដែលធ្លាប់អាស្រ័យនៅអំពីមុន​ជាច្រើន ព្រមទាំងអាការៈ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ យ៉ាងនោះឯង។

[១១៦] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​ដោយអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី​សត្តចុតូបបាតញ្ញាណ។ ភិក្ខុនោះ មានចក្ខុជាទិព្វដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សជាធម្មតា រមែងឃើញនូវសត្វ​ទាំងឡាយ កំពុងច្យុត កំពុងកើតឡើង ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរ​អាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាម​កម្មរបស់ខ្លួន។ ម្នាលភិក្ខុទាំងឡាយ ដូចជាផ្ទះពីរខ្នង មានទ្វារទល់មុខគ្នា បុរសដែលមាន​ចក្ខុឈរនៅត្រង់កណ្តាលផ្ទះនោះ រមែងឃើញនូវពួកមនុស្ស កំពុងចូលទៅកាន់ផ្ទះខ្លះ ចេញពីផ្ទះខ្លះ ដើរទៅមកខ្លះ ដើរហែៗគ្នាខ្លះ ដើរប្រទាក់គ្នាខ្លះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវចក្ខុជារបស់មនុស្ស​ធម្មតា រមែងឃើញនូវសត្វទាំងឡាយ កំពុងច្យុត កំពុងកើតឡើង ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ដឹងច្បាស់នូវពួក​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន យ៉ាងនោះដែរ។

[១១៧] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​ដោយ​អារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ គឺប្រាជ្ញា​ដឹងនូវធម៌ ជាគ្រឿងក្ស័យនៃអាសវៈទាំងឡាយ។ ភិក្ខុនោះដឹងច្បាស់តាមពិតថា នេះជា​ទុក្ខ ដឹងច្បាស់តាមពិត នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងច្បាស់តាមពិតថា នេះជាឧបាយ​ដើម្បីរលត់ទុក្ខ ដឹងច្បាស់តាមពិតថា នេះជាផ្លូវសម្រាប់ដើរទៅកាន់ទីរលត់ទុក្ខ ដឹងច្បាស់​តាមពិតថា នេះជាអាសវៈ ដឹងច្បាស់តាមពិតថា នេះជាហេតុនាំឲ្យកើតអាសវៈ ដឹងច្បាស់តាមពិតថា នេះជាឧបាយ ដើម្បីរលត់អាសវៈ ដឹងច្បាស់តាមពិតថា នេះជាផ្លូវ​សម្រាប់ដើរទៅកាន់ឧបាយ ដើម្បីរលត់អាសវៈ។ កាលភិក្ខុនោះដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ​ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរបស់អាត្មាអញ ផុតស្រឡះហើយ ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គព្រហ្ម​ចរិយៈ អាត្មាអញ បានប្រព្រឹត្តហើយ សោឡសកិច្ច អាត្មាអញក៏បានធ្វើស្រេចហើយ កិច្ចដទៃ​ប្រព្រឹត្តទៅដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជា​អន្លង់ទឹកលើកំពូលភ្នំ ដែលថ្លាស្អាត ឥតមានកករល្អក់ បុរសម្នាក់មានចក្ខុ ឈរទៀប​ឆ្នេរ គប្បីមើលឃើញនូវខ្យង និងគ្រំខ្លះ ដុំក្រួស និងដុំថ្មខ្លះ នូវហ្វូងត្រី ដែលកំពុងសំកាំងខ្លះ ហែលទៅមកខ្លះ ក្នុងអន្លង់ទឹកនោះ។ បុរសនោះ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា អន្លង់​ទឹកនេះឯង ថ្លាស្អាត ឥតមានកករល្អក់ ខ្យង និងគ្រំទាំងនេះក្តី ដុំក្រួស និងដុំថ្មទាំងនេះក្តី ហ្វូងត្រីទាំងនេះ កំពុងសំកាំងខ្លះ ហែលទៅមកខ្លះក្តី ក្នុងអន្លង់ទឹកនោះ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដឹងច្បាស់តាមពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់ថា កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៅទៀត មិនមាន ក៏យ៉ាងនោះដែរ។

[១១៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះតថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន ថានហាតកៈក៏បាន ថាវេទគូក៏បាន ថាសោត្តិយៈក៏បាន ថាអរិយៈក៏បាន ថាអរហន្ត​ក៏បាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា សមណៈ តើដូចម្តេច។ អកុសលធម៌ទាំង​ឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រកប​ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅ​ក្នុងខាងមុខ ភិក្ខុនោះបានរម្ងាប់ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា សមណៈ ដោយ​ប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា ព្រាហ្មណ៍ តើដោយប្រការ​ដូចម្តេច។  អកុសលធម៌ទាំង​ឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើត​ក្នុងភពថ្មីទៀត ជាធម៌ប្រកប​ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយ​ជាតិ ជរា មរណៈ ប្រព្រឹត្តទៅ​ក្នុងខាងមុខ ភិក្ខុនោះបានបន្សាត់ចោលហើយ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុឈ្មោះថា ព្រាហ្មណ៍ ដោយ​ប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា នហាតកៈ តើដោយប្រការ​ដូចម្តេច។ អកុសលធម៌ទាំង​ឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅ​ក្នុងខាងមុខ ភិក្ខុនោះបានជម្រះចេញហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា នហាតកៈ ដោយ​ប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា វេទគូ តើដោយប្រការ​ដូចម្តេច។ អកុសលធម៌ទាំង​ឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅ​ក្នុងខាងមុខ ភិក្ខុនោះ បានដឹងច្បាស់ហើយ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា វេទគូ ដោយ​ប្រការ​ដូច្នេះ​ឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា សោតិ្តយៈ តើដោយប្រការ​ដូចម្តេច។ អកុសលធម៌ទាំង​ឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុង​ភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ​ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅ​ក្នុងខាងមុខ ភិក្ខុនោះ មិនបានទទឹក​ហើយ (ដោយចិត្ត) ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា សោត្តិយៈ ដោយ​ប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរិយៈ តើដោយប្រការ​ដូចម្តេច។ អកុសលធម៌ទាំង​ឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុង​ភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយអន្លើ ​ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅ​ក្នុងខាងមុខ ជាកិលេសឆ្ងាយ​អំពីភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឈ្មោះថា អរិយៈ ដោយ​ប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរហន្ត តើដោយប្រការ​ដូចម្តេច។ អកុសលធម៌ទាំង​ឡាយដ៏លាមក ប្រកបដោយសេចក្តីសៅហ្មង ធ្វើសត្វឲ្យកើតក្នុងភពថ្មីទៀត ជាធម៌ប្រព្រឹត្តទៅមួយ​អន្លើ ​ដោយសេចក្តីក្រវល់ក្រវាយ មានទុក្ខជាវិបាក ប្រកបដោយជាតិ ជរា មរណៈ ប្រព្រឹត្តទៅ​ក្នុងខាងមុខ ជាកិលេសឆ្ងាយអំពីភិក្ខុនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលឈ្មោះថា អរហន្ត ដោយ​ប្រការដូច្នេះឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរហើយ ចំពោះភាសិតរបស់​ព្រះមានព្រះភាគ។

ចប់ មហាអស្សបុរសូត្រ ទី៩។

ចូឡអស្សបុរសូត្រ ទី១០

[១១៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងនិគម ឈ្មោះអស្សបុរៈ របស់អ្នកស្រុកអង្គៈទាំងឡាយ ក្នុងដែនអង្គៈ។ ក្នុងសម័យ​នោះ​ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងនោះ ក៏ទទួលស្តាប់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ភាសិត​នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកផងតែងស្គាល់ច្បាស់នូវ​អ្នកទាំងឡាយ​ថា សមណៈៗដូច្នេះ ចំណែកអ្នកទាំងឡាយ បើមានគេសួរថា លោកជា​អ្វី តែងប្តេជ្ញា​ខ្លួន​ថា ពួកយើងជាសមណៈ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយនោះ មានឈ្មោះ​យ៉ាង​នេះ​ហើយ ប្តេជ្ញា​ខ្លួនយ៉ាងនេះហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សា​យ៉ាងនេះថា បដិបទា សមគួរដល់សមណៈណា យើងទាំងឡាយ នឹងប្រតិបត្តិ​នូវ​បដិបទា​នោះ នេះជាឈ្មោះពិតផង ជាសេចក្តី​ប្តេជ្ញាពិតផង របស់យើងទាំងឡាយ យ៉ាង​នេះ មួយទៀត យើងទាំងឡាយ បរិភោគនូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយ​ភេសជ្ជបរិក្ខារ របស់ជនទាំងឡាយណា សក្ការៈទាំងឡាយនោះ ដែលជន​ទាំងនោះ បាន (បូជា) ចំពោះយើងទាំងឡាយ នឹងជាសក្ការៈ​មានផលច្រើន មានអានិសង្ស​ច្រើន ទាំងបព្វជ្ជា​របស់ពួកយើងនេះសោត ក៏នឹងមិនទទេ គង់នឹងមានផល មានសេចក្តី​ចំរើន។

[១២០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទាដ៏សមគួរ (ដល់​សមណៈ) តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មានអភិជ្ឈាច្រើន ជាអ្នក​មិនលះបង់អភិជ្ឈាចេញ មានចិត្តព្យាបាទ ជាអ្នកមិនលះបង់​ព្យាបាទចេញ មានសេចក្តី​ក្រោធ ជាអ្នកមិនលះបង់សេចក្តីក្រោធចេញ មានសេចក្តីគំនុំ ជាអ្នកមិនលះបង់​សេចក្តី​គំនុំ​ចេញ មានសេចក្តីលុបគុណគេ ជាអ្នកមិនលះបង់​សេចក្តី​លុបគុណគេចេញ មានសេចក្តីលើកខ្លួន ជាអ្នកមិនលះបង់​សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ជាអ្នកមិនលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ជាអ្នកមិនលះបង់​សេចក្តី​កំណាញ់​ចេញ មានសេចក្តីអួតអាង ជាអ្នកមិនលះបង់​អំនួត​ចេញ មានសេចក្តីលាក់ពុត ជាអ្នកមិនលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តី​ប្រាថ្នា​លាមក ជាអ្នកមិនលះ​បង់សេចក្តីប្រាថ្នាលាមកចេញ មានសេចក្តីយល់ខុស ជាអ្នកមិន​លះ​បង់សេចក្តីយល់​ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ ការមិនលះបង់ នូវ​មន្ទិលរបស់​សមណៈ នូវទោសរបស់​សមណៈ និងធម៌ជាអម្ចត់របស់សមណៈ ដែលជាហេតុញុំាង​សមណៈ ឲ្យកើតក្នុងអបាយ និងជាបច្ច័យឲ្យរងនូវវិបាកជាទុក្ខ ក្នុងទុគ្គតិភូមិទាំងនេះ ចោលចេញហើយ តថាគត មិនទាន់ហៅថា អ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរ​ដល់​សមណៈទេ។ ម្នាលភិក្ខុទាំងឡាយ ដូចជាអាវុធឈ្មោះមតជៈ [អាវុធកើតអំពី​ធ្វើសត្វ​ឲ្យស្លាប់។ សេចក្តីថា ពួកមនុស្សកោសដែក ហើយយកកំទេចដែកនោះ ទៅលាយ​នឹងសាច់ឲ្យសត្វក្រៀល ៗនោះ បន្ទោបង់ឧច្ចារៈមិនរួច ក៏ស្លាប់ទៅ បើមិនស្លាប់ទេ គេក៏វាយ​ឲ្យស្លាប់ រួចវះពោះយកកំទេចដែកនោះមកលាងទឹក លាយនឹងសាច់ឲ្យក្រៀល​ស៊ីទៀត ធ្វើយ៉ាងនេះអស់៧ដង។ ក្នុងទីបំផុត គេយកកំទេចដែកនោះ មកឲ្យជាងធ្វើ​ជាអាវុធ ៗនោះមុតពេកណាស់ គេហៅថា អាវុធឈ្មោះមតជៈ។ អដ្ឋកថា។] មាន​មុខទាំង​សងខាង ដែលបុគ្គលធ្វើឲ្យ​ជោកនឹងទឹក ហើយសំលៀង (លើថ្ម) (រួចស៊ក) អាវុធនោះ​ ទុកក្នុង​ស្រោម ហើយស្រែះព័ទ្ធព័ន្ធជុំវិញ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលនូវបព្វជ្ជា​របស់ភិក្ខុ នេះថាមានឧបមេយ្យដូចអាវុធឈ្មោះមតជៈនោះដែរ។

[១២១] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវ​ភាព នៃបុគ្គលមានសង្ឃាដិ ថាជា​សមណៈ ដោយគ្រាន់តែទ្រទ្រង់​សង្ឃាដិប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត​មិនពោលនូវ​ភាព នៃបុគ្គលអ្នកឥតសំពត់ ថាជា​សមណៈ ដោយគ្រាន់តែឥត​សំពត់​ប៉ុណ្ណោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវ​ភាព នៃបុគ្គលអ្នកសៅហ្មង ដោយធូលី និងក្អែល ថាជា​សមណៈ ដោយគ្រាន់តែសៅហ្មង ដោយធូលី និងក្អែល​ប៉ុណ្ណោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោលនូវ​ភាព នៃបុគ្គលអ្នកចុះត្រាំទឹក ថាជា​សមណៈ ដោយគ្រាន់តែចុះត្រាំទឹកប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត​មិន​ពោលនូវ​ភាព នៃបុគ្គលអ្នកអាស្រ័យនៅក្បែរ​គល់ឈើ ថាជា​សមណៈ ដោយគ្រាន់តែ​អាស្រ័យ​នៅក្បែរ​គល់ឈើប៉ុណ្ណោះទេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគតមិនពោលនូវ​ភាព នៃបុគ្គលអ្នកអាស្រ័យនៅក្នុងទីវាល ថាជា​សមណៈ ដោយគ្រាន់តែអាស្រ័យ​នៅក្នុងទីវាល​ប៉ុណ្ណោះ​ទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិន​ពោល​នូវ​ភាព នៃបុគ្គលអ្នកប្រកាន់​ការអប់​កាយ (ដោយគិតថា នឹង​រំងាប់នូវកិលេស) ថាជា​សមណៈ ដោយគ្រាន់តែប្រកាន់​ការអប់កាយ (ដោយគិតថា នឹងរំងាប់កិលេស) ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត​មិនពោលនូវ​ភាព នៃបុគ្គលដែលបរិភោគភត្ត​១ដង ១កាល [ដែលថាបរិភោគ​ភត្ត១ដង១កាលនោះ គឺក្នុង១ខែ ឬកន្លះខែ ទើបបរិភោគ​ភត្តម្តង។ នេះជាលទ្ធិរបស់ពួក​សមណៈ​ខាងក្រៅ។ អដ្ឋកថា។] ថាជា​សមណៈ ដោយ​គ្រាន់​តែបរិភោគភត្ត១ដង ១កាលប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិន​ពោលនូវ​ភាព នៃបុគ្គលអ្នករៀន​មន្ត ថាជា​សមណៈ ដោយគ្រាន់តែរៀន​មន្តប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត​មិនពោលនូវ​ភាព នៃបុគ្គលដែលទុកផ្នួងសក់ ថាជា​សមណៈ ដោយគ្រាន់តែទុក​ផ្នួងសក់​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមានសង្ឃាដិ មានអភិជ្ឈាច្រើន ដោយអាងថា ទ្រទ្រង់សង្ឃាដិ ត្រូវលះបង់អភិជ្ឈាចេញ បើមានចិត្តប្រកប​ដោយព្យាបាទ ត្រូវលះបង់​ព្យាបាទ​ចេញ មានសេចក្តីក្រោធ ត្រូវលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ត្រូវ​លះបង់​ការចងគំនុំចេញ មានសេចក្តី​លុបគុណគេ ត្រូវលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ត្រូវលះបង់សេចក្តីលើកខ្លួនចេញ មានសេចក្តីច្រណែន ត្រូវលះបង់​សេចក្តី​ច្រណែន​ចេញ មានសេចក្តីកំណាញ់ ត្រូវលះបង់សេចក្តីកំណាញ់ចេញ មាន​សេចក្តី​អួតអាង ត្រូវលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ត្រូវលះបង់សេចក្តី​លាក់ពុត​ចេញ មានសេចក្តី​ប្រាថ្នាលាមក ត្រូវលះបង់សេចក្តីប្រាថ្នាលាមកចេញ មាន​គំនិត​យល់ខុស ត្រូវលះបង់គំនិតយល់ខុសចេញ មិត្តអាមាត្យញាតិសាលោហិត គប្បីធ្វើ​បុគ្គលអ្នកអាង​មានសង្ឃាដិនោះ ឲ្យជាអ្នកទ្រទ្រង់សង្ឃាដិ ក្នុងថ្ងៃនោះឯង ពន្យល់​នូវភាពនៃ​បុគ្គល​អ្នក​ទ្រទ្រង់សង្ឃាដិថា នែលោកមានមុខស្រស់បស់ លោកចូរមកនេះ លោកចូរ​ជាអ្នក​ទ្រទ្រង់​សង្ឃាដិចុះ កាលបើលោកមានសង្ឃាដិហើយ តែនៅមាន​អភិជ្ឈា​ច្រើន ដោយអាង​ទ្រទ្រង់​សង្ឃាដិ លោកគួរលះបង់​អភិជ្ឈាចេញ មានចិត្ត​ប្រកបដោយព្យាបាទ គួរលះបង់ព្យាបាទ​ចេញ មានសេចក្តីក្រោធ គួរលះបង់សេចក្តី​ក្រោធចេញ មានការចងគំនុំ គួរលះបង់​ការចងគំនុំចេញ មានសេចក្តី​លុបគុណគេ គួរលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន គួរលះបង់សេចក្តី​លើកខ្លួន​ចេញ មានសេចក្តីច្រណែន គួរលះបង់សេចក្តីច្រណែន​ចេញ មានសេចក្តីកំណាញ់ គួរលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង គួរលះបង់អំនួតចេញ មាន​សេចក្តី​លាក់ពុត គួរលះបង់​សេចក្តី​លាក់​ពុត​ចេញ មានសេចក្តី​ប្រាថ្នាលាមក គួរលះបង់សេចក្តី​ប្រាថ្នាលាមកចេញ មានគំនិត​យល់ខុស គួរលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត បានឃើញ​ច្បាស់នូវ​បុគ្គល​ពួកមួយ ក្នុងលោកនេះ សូម្បីជាអ្នកមាន​សង្ឃាដិ​ហើយ តែនៅមានអភិជ្ឈា​ច្រើន មានចិត្តប្រកបដោយព្យាបាទ មានសេចក្តីក្រោធ មានការចងគំនុំ មានសេចក្តីលុបគុណគេ មានសេចក្តី​លើកខ្លួន មានសេចក្តីច្រណែន មានសេចក្តី​កំណាញ់ មានសេចក្តីអួតអាង មានសេចក្តីលាក់ពុត មានសេចក្តី​ប្រាថ្នា​លាមក មានគំនិតយល់ខុសនៅឡើយ ព្រោះហេតុណា ហេតុនោះ បានជាតថាគត មិនទាន់ហៅ​នូវភាពនៃបុគ្គល​មានសង្ឃាដិ ថាជាសមណៈ ដោយគ្រាន់តែ​ទ្រទ្រង់សង្ឃាដិ​ប៉ុណ្ណោះទេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គលមិនមានសំពត់។បេ។ ម្នាលភិក្ខុទាំងឡាយ បើបុគ្គល​សៅហ្មង​ដោយធូលី និងក្អែល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលចុះត្រាំទឹក… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលអាស្រ័យនៅក្បែរគល់ឈើ… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលអាស្រ័យនៅក្នុងទីវាល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលប្រកាន់ការអប់កាយ… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលបរិភោគភត្ត១ដង ១កាល… ម្នាលភិក្ខុទាំងឡាយ បើបុគ្គល​រៀនមន្ត… ម្នាលភិក្ខុទាំងឡាយ បើបុគ្គលទុកផ្នួងសក់មែន តែនៅមានអភិជ្ឈាច្រើន ដោយអាងថា ទុកផ្នួងសក់ប៉ុណ្ណោះ បុគ្គលនោះ ត្រូវលះ​អភិជ្ឈាចេញ មានចិត្ត​ប្រកប​ដោយ​ព្យាបាទ ត្រូវលះព្យាបាទចេញ មានសេចក្តីក្រោធ ត្រូវលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ត្រូវលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ត្រូវលះបង់​សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ត្រូវលះបង់សេចក្តីលើកខ្លួនចេញ មាន​សេចក្តីច្រណែន ត្រូវលះបង់សេចក្តីច្រណែនចេញ មានសេចក្តីកំណាញ់ ត្រូវលះបង់​សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ត្រូវលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ត្រូវលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ត្រូវលះបង់សេចក្តី​ប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ត្រូវលះបង់គំនិតយល់ខុសចេញ មិត្តអាមាត្យ​ញាតិសាលោហិត គប្បីធ្វើបុគ្គលដែលទុកផ្នួងសក់នោះ ឲ្យជាអ្នកទុកផ្នួងសក់ ក្នុងថ្ងៃ​នោះឯង ហើយពន្យល់នូវភាពនៃ​បុគ្គល​អ្នកទ្រទ្រង់ផ្នួងសក់ថា នែលោក​មានមុខស្រស់​បស់ លោកចូរមកនេះ លោកចូរជាអ្នកទុកផ្នួងសក់ចុះ កាលបើលោកទុកផ្នួងសក់ហើយ តែនៅមានអភិជ្ឈាច្រើន ដោយអាងថា ទុកផ្នួងសក់នោះប៉ុណ្ណោះ លោកគួរ​លះបង់​អភិជ្ឈាចេញ មានចិត្តប្រកបដោយព្យាបាទ គួរលះបង់​ព្យាបាទចេញ មានសេចក្តីក្រោធ គួរលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ គួរលះបង់​ការចងគំនុំចេញ មានសេចក្តី​លុបគុណគេ គួរលះបង់សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន គួរលះបង់​សេចក្តី​លើកខ្លួនចេញ មានសេចក្តីច្រណែន គួរលះបង់សេចក្តីច្រណែន​ចេញ មាន​សេចក្តីកំណាញ់ គួរលះបង់សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង គួរលះ​បង់​អំនួតចេញ មានសេចក្តីលាក់ពុត គួរលះបង់​សេចក្តី​លាក់​ពុត​ចេញ មានសេចក្តី​ប្រាថ្នា​លាមក គួរលះបង់សេចក្តីប្រាថ្នាលាមកចេញ មានគំនិត​យល់ខុស គួរលះបង់​គំនិត​យល់​ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ តថាគត ឃើញ​ច្បាស់នូវ​បុគ្គល​ពួកមួយ ក្នុងលោកនេះ សូម្បីទុកផ្នួងសក់ តែនៅមានអភិជ្ឈា​ច្រើន មានចិត្តប្រកបដោយព្យាបាទ មាន​សេចក្តី​ក្រោធ មានការចងគំនុំ មានសេចក្តីលុបគុណគេ មានសេចក្តី​លើកខ្លួន មាន​សេចក្តី​ច្រណែន មានសេចក្តី​កំណាញ់ មានសេចក្តីអួតអាង មានសេចក្តីលាក់ពុត មានសេចក្តី​ប្រាថ្នាលាមក មានគំនិតយល់ខុសនៅឡើយ ព្រោះហេតុណា ហេតុនោះ បានជាតថាគត មិនហៅ​បុគ្គល ដែលទុកផ្នួងសក់ ថាជាសមណៈ ដោយត្រឹមតែ​ទុកផ្នួងសក់ប៉ុណ្ណោះទេ។

[១២២] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរដល់​សមណៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមួយ មានអភិជ្ឈាច្រើន ជាអ្នកលះបង់​អភិជ្ឈា​ចេញ មានចិត្ត​ប្រកប​ដោយ​ព្យាបាទ ជាអ្នកលះបង់ព្យាបាទចេញ មានសេចក្តីក្រោធ ជាអ្នកលះបង់សេចក្តីក្រោធចេញ មានការចងគំនុំ ជាអ្នកលះបង់ការចងគំនុំចេញ មានសេចក្តីលុបគុណគេ ជាអ្នកលះបង់​សេចក្តីលុបគុណគេចេញ មានសេចក្តីលើកខ្លួន ជាអ្នកលះបង់សេចក្តីលើកខ្លួនចេញ មាន​សេចក្តីច្រណែន ជាអ្នកលះបង់​សេចក្តី​ច្រណែន​ចេញ មានសេចក្តីកំណាញ់ ជាអ្នកលះបង់​សេចក្តីកំណាញ់ចេញ មានសេចក្តីអួតអាង ជាអ្នកលះបង់អំនួតចេញ មានសេចក្តីលាក់ពុត ជាអ្នកលះបង់សេចក្តីលាក់ពុតចេញ មានសេចក្តីប្រាថ្នាលាមក ជាអ្នកលះបង់សេចក្តី​ប្រាថ្នាលាមកចេញ មានគំនិតយល់ខុស ជាអ្នកលះបង់គំនិតយល់ខុសចេញ។ ម្នាលភិក្ខុទាំងឡាយ ការលះបង់នូវមន្ទិលរបស់សមណៈ នូវទោសរបស់សមណៈ នូវធម៌​ជាគ្រឿង​អម្ចត់របស់សមណៈ ដែលជាហេតុ​ញុំាងសមណៈ ឲ្យកើតក្នុងអបាយ ទាំងជា​បច្ច័យឲ្យទទួលនូវវិបាកជាទុក្ខ ក្នុងទុគ្គតិភូមិទាំងនេះចេញហើយ ទើបតថាគត ហៅថា ជាអ្នកប្រតិបត្តិនូវ​បដិបទា ដ៏សមគួរ​ដល់សមណៈមែន។ ភិក្ខុនោះ ឃើញច្បាស់នូវខ្លួនថាបរិសុទ្ធ ឃើញច្បាស់នូវខ្លួនថា រួចហើយចាកពួកអកុសលធម៌ ដ៏​លាមកទាំងអស់នេះ។ កាលបើភិក្ខុនោះឃើញច្បាស់នូវខ្លួនថាបរិសុទ្ធ ឃើញច្បាស់​នូវ​ខ្លួន​ថា រួចចាកពួកអកុសលធម៌ ដ៏​លាមកទាំងអស់នេះហើយ បាមោជ្ជៈ គឺសេចក្តី​ត្រេកអរទន់ ក៏កើតឡើង កាលបើភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្តប្រកប​ដោយ​បីតិហើយ កាយក៏ស្ងប់ស្ងាត់ កាលបើភិក្ខុមានកាយស្ងប់ស្ងាត់ហើយ រមែងទទួលនូវ​សុខ ភិក្ខុដែលមានចិត្តទទួល​សុខហើយ ចិត្តក៏នឹងធឹងល្អ។ ភិក្ខុនោះ មានចិត្តប្រកបដោយ​មេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា ទាំងទិសខាង​លើ និងទិសខាងក្រោម ទិសទទឹង គឺទិសជុំវិញ ក៏ដូចគ្នា ទាំងមានចិត្ត​ប្រកបដោយ​មេត្តា​ដ៏ធំទូលាយ គឺយកសត្វជាអនេក មកជាអារម្មណ៍ ជាចិត្តប្រកបដោយ​មហគ្គតភូមិ ឥត​មានប្រមាណ គឺបានចំរើនហើយ ជាចិត្ត​មិនមានពៀរ គឺមិនមានទោស មិនមានព្យាបាទ គឺមិនមានទុក្ខ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះយកខ្លួន​ប្រៀប​នឹងសត្វទាំងអស់​គ្រប់ទិស។ ភិក្ខុមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយ​មុទិតា… មានចិត្តប្រកបដោយឧបេក្ខា… ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូច​គ្នា ទិសទី៤ក៏ដូចគ្នា ទាំងទិសខាង​លើ ទិសខាងក្រោម ទិសទទឹង គឺទិស​ជុំវិញ ក៏ដូចគ្នា ទាំងមានចិត្តប្រកបដោយ​ឧបេក្ខា ​ដ៏ធំទូលាយ ប្រកបក្នុង មហគ្គតភូមិ ឥត​មានប្រមាណ ជាចិត្ត​មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងអស់ ព្រោះយកខ្លួន​ប្រៀបនឹងសត្វទាំងអស់​គ្រប់ទិស។ ម្នាលភិក្ខុទាំងឡាយ ដូចជា​ស្រះបោក្ខរណី ដែល​មានទឹកថ្លាឆ្វង់ មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹកថ្លាស្អាត (មិនមានកករ) មាន​កំពង់​ល្អ គួរ​ជាទីរីករាយ។ ទោះបីបុរសមកអំពីទិសខាងកើត មានខ្លួន​ក្តៅក្រហាយ ជោកជាំ​ ដោយចំហាយកំដៅ មានកាយនឿយព្រួយ តក់ស្លុត ស្រេក។ បុរស​នោះ មកដល់​ស្រះ​បោក្ខរណីនោះហើយ ក៏បន្ទោបង់ នូវសេចក្តី​ស្រេកទឹក ទាំងបន្ទោបង់​នូវសេចក្តី​ក្តៅក្រហាយ ដោយចំហាយកំដៅចេញបាន។ ទោះបីបុរសមក​ពីទិស​ខាង​លិច… ទោះបី​បុរសមកពីទិសខាងជើង… ទោះបីបុរសមកពីទិស​ខាងត្បូង… ទោះបីបុរស​មក​អំពី​ទិស​ណាៗ មានខ្លួនក្តៅក្រហាយ ជោកជាំ​ដោយចំហាយកំដៅ មានកាយនឿយ​ព្រួយ តក់ស្លុត មានសេចក្តីស្រេក។ បុរសនោះ មកដល់​ស្រះ​បោក្ខរណីនោះហើយ ក៏បន្ទោបង់សេចក្តី​ស្រេកទឹក ទាំងបន្ទោបង់​ នូវសេចក្តី​ក្តៅក្រហាយ ដោយចំហាយ​កំដៅ​ចេញបាន យ៉ាង​ណាមិញ ម្នាលភិក្ខុទាំងឡាយ ទោះបីបុគ្គលចេញចាកខត្តិយត្រកូល ចេញចាក​គេហស្ថាន ចូលទៅកាន់ផ្នួស ក៏យ៉ាងនោះដែរ។ ក៏បព្វជិតនោះ អាស្រ័យនូវធម៌​វិន័យ ដែល​តថាគត ត្រាស់សំដែងហើយ បានចំរើននូវមេត្តា ករុណា មុទិតា ឧបេក្ខា យ៉ាងនេះ តថាគត ហៅបព្វជិតនោះ ថាជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរ​ដល់សមណៈ ដ៏ស្ងប់​រម្ងាប់ ប្រព្រឹត្តទៅក្នុងសន្តានមែន។ ទោះបីបុគ្គលចេញចាកព្រាហ្មណត្រកូល ទោះបីបុគ្គលចេញចាកវេស្សត្រកូល… ទោះបីបុគ្គលចេញចាកសុទ្ទត្រកូល… ទោះបីបុគ្គលចេញចាកត្រកូលណាៗ ចេញចាក​គេហស្ថានណាៗ ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ អាស្រ័យនូវធម៌​វិន័យ ដែល​តថាគត សំដែងហើយ បានចំរើននូវមេត្តា ករុណា មុទិតា ឧបេក្ខា យ៉ាងនេះ តថាគត ហៅបព្វជិតនោះ ថាជាអ្នកប្រតិបត្តិនូវបដិបទា ដ៏សមគួរ​ដល់សមណៈ ដ៏ស្ងប់​រម្ងាប់ ប្រព្រឹត្តទៅក្នុងសន្តានមែន។ ទោះបីបុគ្គល​ចេញ​ចាក​ខត្តិយត្រកូល ចេញចាក​គេហស្ថាន ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ ធ្វើឲ្យ​ជាក់ច្បាស់ បានសម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវៈ​ទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ​តថាគត ហៅបព្វជិត​នោះថា ជាសមណៈ ព្រោះអស់​ទៅនៃអាសវៈទាំងឡាយ។ ទោះបីបុគ្គលចេញចាកព្រាហ្មណត្រកូល… ទោះបីបុគ្គលចេញចាកវេស្សត្រកូល… ទោះបីបុគ្គលចេញចាកសុទ្ទត្រកូល… ទោះបីបុគ្គលចេញចាកត្រកូលណាៗ ចេញចាក​គេហស្ថានណាៗ ចូលទៅកាន់ផ្នួស។ ក៏បព្វជិតនោះ ធ្វើឲ្យជាក់ច្បាស់ បានសម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិន​មាន​អាសវៈ ព្រោះអស់ទៅនៃ​អាសវៈ​ទាំងឡាយ ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ​តថាគត ហៅ​បព្វជិត​នោះថា ជាសមណៈ ព្រោះអស់​ទៅនៃអាសវៈទាំងឡាយ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់នូវភាសិត​នេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានសេចក្តី​ពេញចិត្ត ត្រេកអរ​ហើយចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ ចូឡអស្សបុរសូត្រ ទី១០។

ចប់ មហាយមកវគ្គ ទី៤។

ឧទ្ទាននៃមហាយមកវគ្គ

ឧទ្ទាន គឺបញ្ជីរឿងនៃ មហាយមកវគ្គ ទី៤នោះគឺ និយាយពី​ព្រះមានព្រះភាគ គង់ក្នុងរោង ដែលកដោយឥដ្ឋ ក្នុងព្រៃគោសិង្គសាលវ័ន (មានក្នុង​ចូឡគោសិង្គសាល​​សូត្រ និងមហាគោសិង្គសាលសូត្រ)១ និយាយពីធម៌ប្រៀបដោយគោបាល គួររក្សា​គោ​បាន និងមិនបាន (មានក្នុងមហាគោបាលសូត្រ)១ និយាយពី​គោបាល មានប្រាជ្ញា​ម្តងទៀត (មានក្នុងចូឡគោបាលសូត្រ)១ និយាយពីព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងក្រុងវេសាលី (មានក្នុងចូឡសច្ចកសូត្រ)១ និយាយពី​ព្រះមានព្រះភាគ មានព្រះភក្ត្រ​ជ្រះថ្លាជាដើម (មានក្នុងមហាសច្ចកសូត្រ)១។ និយាយពីព្រះឥន្ទ្រាធិរាជ ប្រកបដោយ​តណ្ហា (មានក្នុង​ចូឡតណ្ហាសង្ខយសូត្រ) ១ និយាយពីសាតិភិក្ខុកេវដ្តបុត្រ (មានក្នុង​មហាតណ្ហាសង្ខយសូត្រ)១ និយាយពីពាក្យថាសមណៈ មានក្នុងមហាអស្សបុរសូត្រ១ និយាយពី​សមណៈទុកផ្នួងសក់ មានក្នុងចូឡអស្សបុរសូត្រ១។

ចូឡយមកវគ្គ

សាលេយ្យកសូត្រ ទី១

[១២៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់ស្តេច​ទៅ​កាន់ទីចារិក ក្នុងកោសលជនបទ ជាមួយនឹងព្រះភិក្ខុសង្ឃច្រើនរូប បានស្តេចទៅដល់​ស្រុក​ព្រាហ្មណ៍ ឈ្មោះសាលៈ ជាខែត្ររបស់កោសលជនបទ។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ បានឮ(ដំណឹង) ហើយ ក៏ប្រកាសពាក្យនេះថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់​ព្រះផ្នួស ទ្រង់ស្តេចទៅកាន់ទីចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើនរូប ឥឡូវស្តេចមកដល់សាលគ្រាមហើយ។ កិត្តិសព្ទដ៏ល្អ របស់ព្រះគោតមដ៏​មានព្រះភាគ​នោះ ល្បីឮខ្ចរខ្ចាយយ៉ាងនេះថា ព្រះមានព្រះភាគ ព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មង​គ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង ដោយប្រពៃចំពោះព្រះអង្គឯង បរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺសេចក្តីដឹង និងក្រឹត្យដែលបុគ្គលគប្បីប្រព្រឹត្ត មានដំណើរទៅ​កាន់ព្រះនិព្វាន ទ្រង់ជ្រាបច្បាស់នូវ​ត្រៃលោក ទ្រង់ប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ទ្រង់ទូន្មាននូវបុរសដែល​គួរទូន្មានបាន ព្រះអង្គជាគ្រូនៃទេវតា និងមនុស្ស​ទាំងឡាយ ទ្រង់ត្រាស់ដឹងនូវចតុរារិយសច្ចធម៌ លែងវិលត្រឡប់​មកកាន់​ភពថ្មី​ទៀត ព្រះអង្គទ្រង់ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាចំពោះ​ព្រះអង្គឯង នូវលោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណៈ និងព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយទ្រង់ប្រកាស​ព្រះអង្គ ទ្រង់សំដែងធម៌ មានពីរោះបទដើម មានពីរោះបទកណ្តាល មានពីរោះបទចុង ប្រកាសនូវព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏​ដំណើរដែលបានឃើញនូវព្រះអរហន្តទាំងឡាយ មានសភាពយ៉ាងហ្នឹង ជាការប្រពៃ​ពេក។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលគ្រាម នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ពួកខ្លះ ថ្វាយបង្គំព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ទើប​អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ​អង្គុយក្នុងទីដ៏សមគួរ ប្រណម្យអញ្ជលីឆ្ពោះទៅ​ព្រះមានព្រះភាគ ពួកខ្លះ​ប្រកាស នូវនាម និងគោត្រ ក្នុងទីជិត​ព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សមគួរ។ កាលព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលៈ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលសួរ​ពាក្យនេះ នឹង​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើត​ក្នុង​អបាយ (ទីមិនមានសេចក្តីចំរើន គឺតិរច្ឆានកំណើត) ទុគ្គតិ (ដំណើរដែលផ្អែកនឹងទុក្ខ គឺអសុរកាយ) វិនិបាត (ទីសម្រាប់ទំលាក់នូវបុគ្គលធ្វើអំពើអាក្រក់ គឺប្រេតវិស័យ) និរយៈ (ទីមិនមានសេចក្តីសប្បាយ គឺនរក) បពិត្រព្រះគោតមដ៏ចំរើន ហេតុដូចម្តេច បច្ច័យ​ដូចម្តេច បានជាសត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់​អំពី​មរណៈ ទៅកើត​ក្នុងមនុស្ស សុគតិ សួគ៌ ទេវលោក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលគហបតីទាំងឡាយ សត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត និរក ព្រោះហេតុតែកិរិយាប្រព្រឹត្ត​មិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង ម្នាលគហបតី​ទាំងឡាយ សត្វ​ទាំងឡាយ​ពួកខ្លះ ក្នុងលោកនេះ ទំលាយរាងកាយខាងមុខ បន្ទាប់អំពីមរណៈ ទៅកើត​ក្នុងលោក គឺមនុស្សសុគតិ ឋានសួគ៌ ព្រោះហេតុតែកិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្ត​តាមធម៌​យ៉ាងនេះឯង។ ព្រាហ្មណ៍ និងគហបតី ក្រាបបង្គំទូលថា កាលបើ​ព្រះគោតមដ៏ចំរើននេះ សំដែងដោយសង្ខេប មិនបានចែកអត្ថ ដោយពិស្តារហើយ យើង​ទាំងឡាយ មិនអាចនឹងដឹងសេចក្តី​ដោយពិស្តារទៅបានទេ កាលបើព្រះគោតម​ដ៏ចំរើននេះ សំដែងដោយសង្ខេប មិនបានចែកអត្ថដោយពិស្តារទេ តែថាយើងទាំងឡាយ អាចនឹង​ដឹងសេចក្តីដោយពិស្តារទៅបាន ដោយប្រការយ៉ាងណា សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់​ព្រះមេត្តាប្រោស សំដែងធម៌ដល់​យើងខ្ញុំ​ទាំងឡាយ ដោយប្រការយ៉ាងនោះឲ្យទាន។ ព្រះអង្គត្រាស់ថា ម្នាលគហបតីទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ ចូរ​ធ្វើ​ទុកក្នុងចិត្តឲ្យល្អចុះ តថាគតនឹងសំដែង។ ពួកព្រាហ្មណ៍ និងគហបតីអ្នកស្រុក​សាលៈ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១២៤] ព្រះមានព្រះភាគ ត្រាស់ភាសិតនេះថា ម្នាលគហបតីទាំងឡាយ កិរិយា​ប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ កិរិយា​ប្រព្រឹត្ត​មិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ កិរិយា​ប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ។ ម្នាលគហបតិទាំងឡាយ កិរិយា​ប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ជាមនុស្ស​អាក្រក់ មានបាតដៃប្រឡាក់ដោយឈាម មានចិត្តបោះជាប់ ក្នុងការសម្លាប់​សត្វ ជាអ្នកមិនមានសេចក្តីអៀនខ្មាស មានចិត្តមិនអាសូរ ចំពោះ​ពួកសត្វទាំងអស់។ មួយទៀត ជាអ្នកកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យ ដូចជាគ្រឿងឧបករណ៍ គឺសម្បត្តិ នៃបុគ្គលដទៃ​ណា ដែលគេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ជាអ្នក​កាន់យកគ្រឿងឧបករណ៍​ ដែល​គេ​មិន​បាន​​ឲ្យនោះ ដោយចំណែក​នៃចិត្តលួច។ មួយទៀត ជាអ្នកប្រព្រឹត្តខុស ក្នុងកាម​ទាំង​ឡាយ ដូចជាស្ត្រីទាំងឡាយណា គឺស្ត្រីដែល​មាតារក្សា [ស្ត្រីដែលមានមាតារក្សានោះ បិតាលែងគ្នា ឬស្លាប់បាត់ទៅ នៅសល់តែមាតា ហើយរក្សាទំនុកបម្រុង ដោយអាហារ​ និង​សំពត់ស្លៀកជាដើម។ ឯស្ត្រីដែលមានបិតារក្សា ក៏មានសេចក្តីដូចគ្នា។] ដែលបិតារក្សា ដែល​មាតាបិតារក្សា ដែលបងប្អូនប្រុសរក្សា ដែលបងប្អូនស្រីរក្សា ដែលញាតិរក្សា ដែល​មានស្វាមី [ស្ត្រីដែលមានស្វាមីនោះ កាលស្ត្រីនោះនៅ​ក្នុងផ្ទៃ​នៅឡើយ មានត្រកូលស្មើគ្នា និយាយ​ណាត់គ្នាថា បើខ្ញុំមានកូនប្រុស អ្នកមានកូនស្រី ៗនោះ កុំឲ្យទៅត្រកូល​ដទៃ ត្រូវឲ្យមកកូនខ្ញុំ។] ដែលប្រកបដោយអាជ្ញា [ស្ត្រីដែលប្រកបដោយអាជ្ញានោះ គឺបានដល់​ស្ត្រី ដែលស្តេច​ដាក់អាជ្ញាចំពោះឈ្មោះ ឬចំពោះផ្ទះ ឬចំពោះថ្នល់ថា បុរស​ណាហ៊ាន​ប្រព្រឹត្តនឹងស្រ្តីឈ្មោះនេះ នឹងត្រូវពិន័យប៉ុណ្ណេះ។] ដោយហោចទៅ សូម្បីតែស្ត្រី ដែល​បុរសបំពាក់​កម្រងផ្កាឲ្យ [ស្ត្រីដែលបុរសបំពាក់​កម្រងផ្កាឲ្យនោះ បានដល់ស្ត្រី​ដែលបុរស​នីមួយបោះភួងផ្កាទៅលើស្ត្រីនោះ បើជាប់ក៏កំណត់ថា ស្ត្រីនេះ ជាភរិយារបស់ខ្លួន។ អដ្ឋកថា។] ជាអ្នកដល់នូវការ​ប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ មានសភាពដូច្នោះ។ ម្នាល​គហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយកាយ​មាន៣​ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តិមិនស្មើ ពោលគឺមិនប្រព្រឹត្តិ​តាមធម៌ ដោយវាចាមាន៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកពោលពាក្យកុហក ទោះបីឋិតនៅក្នុងរោងក្តី ឋិត​នៅ​ក្នុងបរិស័ទក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅកណ្តាលសេនីយក្តី ឋិតនៅកណ្តាល​រាជ​ត្រកូលក្តី គេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសដ៏ចំរើន ចូរអ្នកមកនេះ បើអ្នក​ដឹង​ហេតុណា ចូរនិយាយ​ហេតុនោះ។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំដឹង ឬកាលដឹង និយាយថា ខ្ញុំមិនដឹង កាលមិនឃើញ និយាយថា ខ្ញុំឃើញ ឬកាលឃើញ និយាយថា ខ្ញុំ​មិនឃើញ។ ជាអ្នកពោលពាក្យកុហកទាំងដឹងខ្លួន ព្រោះហេតុតែខ្លួនក្តី ព្រោះហេតុអ្នក​ដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី។ មួយទៀត ជាអ្នកពោលនូវពាក្យ​ញុះញង់ គឺ់ឮពាក្យអំពីសំណាក់ជននេះហើយ នាំទៅប្រាប់​ជន​ឯណោះ ដើម្បីនឹង​បំបែក​ជនទាំងនេះ ឮពាក្យ​អំពីជនឯណោះហើយ នាំយកមកប្រាប់​ជននេះ ដើម្បី​បំបែក​ជនឯណោះ ជាអ្នកបំបែកនូវពួកជន ដែលព្រមព្រៀងគ្នាផង ជា​អ្នក​ជម្រុល​ពួកជន ដែលបែកគ្នាហើយផង ជាអ្នកត្រេកអរតែក្នុងពួក មានតម្រេកក្នុងពួក ជា​អ្នករីករាយតែ​ក្នុងពួក ជាអ្នកពោលនូវវាចា ដែលធ្វើ​ឲ្យប្រកាន់ពួក ដូច្នេះឯង។ មួយទៀត ជាអ្នក​ពោល​ពាក្យអាក្រក់ គឺវាចាណាទ្រគោះ ខ្មោះខ្មួររោលរាល ស្ទាក់ដំណើរជនដទៃ ជាវាចាជិត​នឹង​សេចក្តីក្រោធ មិនប្រព្រឹត្តទៅ ដើម្បី​សមាធិបាន ហើយជាអ្នកពោល​ នូវ​វាចា មានសភាព​ដូច្នោះ។ មួយវិញទៀត ជាអ្នកពោល នូវពាក្យមិនមានប្រយោជន៍ ពោលពាក្យខុសកាល ពោលនូវ​ពាក្យមិនពិត ពោលពាក្យមិនមែន​ជាអត្ថ ពោលពាក្យ​មិនមែន​ជាធម៌ ពោលពាក្យ​មិនមែនជាវិន័យ ពោលពាក្យ​ដែលមិនគួរតាំងទុក ក្នុង​ហឫទ័យ ខុសកាល ប្រាសចាក​គ្រឿងអាង ជាពាក្យមិនមានទីបំផុត មិនប្រកបដោយ​ប្រយោជន៍។ ម្នាល​គហបតីទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺមិនប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការដូច្នេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ​មិន​ប្រព្រឹត្តតាមធម៌ ដោយចិត្តមាន៣ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោកនេះ ច្រើនដោយអភិជ្ឈា គយគន់នូវគ្រឿង​ឧបករណ៍ ដែលជាសម្បត្តិ នៃ​បុគ្គលដទៃ ដោយគិតថា ឱហ្ន៎ គ្រឿង​ឧបករណ៍ ដែលជាសម្បត្តិនៃបុគ្គលដទៃណា គ្រឿង​ឧបករណ៍នោះ គប្បីបាន​មក​អាត្មា​អញ។ មួយទៀត ជាអ្នកមានចិត្តព្យាបាទ មាន​តម្រិះក្នុងចិត្ត ដែល​ទោសប្រទូស្តហើយថា សត្វទាំងឡាយ ចូរលំបាកខ្លះ ចូរស្លាប់ខ្លះ ចូរ​វិនាសសាបសូន្យទៅខ្លះ ដែលថាមិនវិនាស កុំឲ្យមានឡើយ។ មួយវិញទៀត ជាអ្នក​មានគំនិតយល់ខុស ឃើញ​នូវសេចក្តី​វិបរិតថា ទានដែល​បុគ្គល​ឲ្យហើយ មិនមានផល ការបូជាធំមិនមានផល ការបូជាតូច ក៏មិន​មាន​ផល ផលវិបាក នៃកុសលាកុសលកម្ម ដែល​សត្វធ្វើល្អ និងអាក្រក់ មិនមាន លោកនេះ​មិនមាន លោកខាងមុខ មិនមាន មាតាមិនមាន​គុណ បិតា​មិនមានគុណ សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍​ក្នុងលោក ជាអ្នកព្រមព្រៀងគ្នា ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ ធ្វើឲ្យជាក់ច្បាស់ ​ដោយខ្លួនឯង នូវ​លោកនេះ និងលោកខាងមុខ ហើយ​សំដែង ក៏មិនមាន។ ម្នាលគហបតិទាំងឡាយ កិរិយា​ប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាម​ធម៌ ដោយចិត្ត មាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ចូលទៅកាន់អបាយ ទុគ្គតិ វិនិបាត នរក យ៉ាងនេះ ព្រោះ​ហេតុ​តែកិរិយាប្រព្រឹត្តមិនស្មើ ពោលគឺ មិនប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង។

[១២៥] ម្នាលគហបតិទាំងឡាយ កិរិយា​ប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយ​កាយ មាន៣ប្រការ។ កិរិយា​ប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយវាចា មាន​៤​ប្រការ។ កិរិយា​ប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយចិត្ត មាន៣ប្រការ។ ម្នាល​គហបតិ​ទាំងឡាយ កិរិយា​ប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយកាយ មាន៣ប្រការ តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ លះបង់​បាណាតិបាត វៀរស្រឡះ​ចាកបាណាតិបាត ជាអ្នកដាក់ចុះនូវ​អាជ្ញា ដាក់ចុះ​នូវ​សស្ត្រាវុធ ប្រកបដោយសេចក្តីខ្មាស ដល់នូវមេត្តាចិត្ត ជាអ្នកអនុគ្រោះ ដោយ​ប្រយោជន៍ ចំពោះ​ពួកសត្វទាំងអស់។ ជាអ្នកលះបង់​ នូវអទិន្នាទាន វៀរស្រឡះ​ចាកអទិន្នាទាន ដូចជា​គ្រឿងឧបករណ៍ គឺសម្បត្តិនៃបុគ្គល​ណា ដែលគេទុកក្នុងស្រុកក្តី ទុកក្នុងព្រៃក្តី ក៏ជាអ្នក​មិនកាន់យកនូវវត្ថុ ដែលគេមិនបានឲ្យនោះ ដោយចំណែក​ នៃចិត្តលួចឡើយ។ ជាអ្នក​លះបង់នូវកាមេសុមិច្ឆាចារ វៀរស្រឡះ​ចាកកាមេសុមិច្ឆាចារ ទោះបីស្ត្រីណា ដែល​មាតារក្សា បិតារក្សា មាតាបិតារក្សា បងប្អូនប្រុសរក្សា បងប្អូនស្រីរក្សា ញាតិរក្សា ​មាន​ស្វាមី ប្រកបដោយអាជ្ញា ដោយហោចទៅ សូម្បីស្ត្រី ដែល​បុរសបំពាក់​កម្រងផ្កាឲ្យ ក៏ជាអ្នកមិនដល់នូវការ​ប្រព្រឹត្តិកន្លង ក្នុងស្ត្រីទាំងឡាយ មានសភាពដូច្នោះឡើយ។ ម្នាល​គហបតិទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺ ប្រព្រឹត្តតាមធម៌ ដោយកាយ​មាន៣​ប្រការ ដូច្នេះឯង។ ម្នាលគហបតិទាំងឡាយ កិរិយាប្រព្រឹត្តិស្មើ ពោលគឺប្រព្រឹត្តិ​តាមធម៌ ដោយ​វាចា​មាន៤ប្រការ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកមួយ ក្នុងលោក​នេះ លះបង់នូវមុសាវាទ វៀរស្រឡះចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិត​នៅ​ក្នុងបរិស័ទក្តី ឋិតនៅក្នុងកណ្តាលញាតិក្តី ឋិតនៅកណ្តាលសេនីយក្តី ឋិតនៅកណ្តាល​រាជ​ត្រកូលក្តី គេនាំទៅធ្វើជាសាក្សី ហើយសួរថា នែបុរសដ៏ចំរើន ចូរអ្នកមកនេះ បើអ្នក​ដឹង​ហេតុណា ចូរនិយាយប្រាប់​ហេតុនោះ ដូច្នេះក្តី។ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹង ឬកាលដឹង ក៏និយាយថា ខ្ញុំដឹង កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញ ឬកាលឃើញ ក៏និយាយថា ខ្ញុំ​ឃើញ។ ជាអ្នកមិនពោលនូវពាក្យកុហកទាំងដឹងខ្លួន ដូច្នេះ ព្រោះហេតុខ្លួនក្តី ព្រោះហេតុអ្នក​ដទៃក្តី ព្រោះហេតុតែសំណូក គឺអាមិសៈបន្តិចបន្តួចក្តី។ មួយវិញទៀត ជាអ្នកលះបង់នូវ​បិសុណវាចា វៀរស្រឡះចាកបិសុណវាចា គឺឮពាក្យ​អំពីជននេះហើយ មិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹង​បំបែក​ជនទាំងនេះផង ឮពាក្យ​អំពីជនឯណោះហើយ មិននាំមកប្រាប់ជនទាំងនោះ ដើម្បីនឹង​បំបែក​ជនឯណោះផង ជាអ្នកផ្សះផ្សារនូវពួកជន ដែលបែកគ្នាផង ជាអ្នកទំនុកបម្រុងនូវ​ពួកជន ដែល​ព្រមព្រៀងគ្នាស្រាប់ហើយផង ជាអ្នកត្រេកអរតែក្នុងសេចក្តីព្រមព្រៀង​គ្នា ជាអ្នក​មានតម្រេកតែក្នុងសេចក្តីព្រមព្រៀងគ្នា ជាអ្នករីករាយ ក្នុងសេចក្តីព្រមព្រៀងគ្នា ពោលនូវវាចា ដែលធ្វើ​ឲ្យកើតសេចក្តីព្រមព្រៀងគ្នា ដោយប្រការដូច្នេះ។ ជាអ្នកលះបង់​នូវផរុសវាចា វៀរស្រឡះចាកផរុសវាចា គឺវាចាណា មិនមានទោស ជាសុខដល់​ត្រចៀក គួរកើតសេចក្តីស្រឡាញ់ ចូលទៅកាន់ហឫទ័យ ជាវាចាអ្នកបូរី ជាទីស្រឡាញ់​ ដល់​ជនច្រើន ជាទីពេញចិត្ត ដល់ជនច្រើន ជាអ្នកពោលនូវវាចា មានសភាព​ដូច្នោះ។ ជាអ្នកលះបង់ នូវ​សម្ផប្បលាបៈ វៀរស្រឡះ ចាក​សម្ផប្បលាបៈ ពោលពាក្យត្រូវតាមកាល ពោល​ពាក្យពិត ពោលពាក្យដែល​ជាអត្ថ ពោលពាក្យដែល​ជាធម៌ ពោលពាក្យ​ជាវិន័យ ពោលពាក្យ​ដែលគួរឲ្យតាំងទុក ក្នុងហឫទ័យ ត្រូវតាមកាល ប្រកបដោយ​គ្រឿងអាង ជាវាចាមានទីបំផុត ប្រកបដោយប្រយោជន៍។ ម្នាល​គហបតីទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ ដោយវាចា មាន៤ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិ​ទាំងឡាយ កិរិយាប្រព្រឹត្តស្មើ ពោលគឺ​​ប្រព្រឹត្តតាមធម៌ ដោយចិត្តមាន៣ប្រការ ដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គល​ពួកមួយ ក្នុងលោកនេះ មិនច្រើនដោយអភិជ្ឈា គ្រឿង​ឧបករណ៍ ដែលជាសម្បត្តិ នៃ​បុគ្គលដទៃណា ក៏មិនគយ​គន់​ នូវ​គ្រឿង​ឧបករណ៍នោះថា ឱហ្ន៎ គ្រឿងឧបករណ៍ ដែលជាសម្បត្តិ​ នៃបុគ្គលដទៃណា គ្រឿង​ឧបករណ៍នោះ គប្បីបានមកអាត្មាអញ ដូច្នេះឡើយ។ មួយទៀត ជាអ្នកមាន​ចិត្ត​មិន​ព្យាបាទ មាន​តម្រិះក្នុងចិត្ត ដែល​ទោសមិនប្រទូស្តហើយថា សត្វទាំងឡាយនេះ ចូរកុំមានពៀរ កុំមានព្យាបាទ កុំមានទុក្ខ រក្សាខ្លួនឲ្យបាន​សេចក្តីសុខចុះ។ មួយវិញទៀត ជាអ្នក​មានគំនិតយល់ត្រូវ ឃើញ​នូវសេចក្តី​មិនវិបរិតថា ទានដែល​បុគ្គល​ឲ្យហើយ មានផល ការបូជាធំមានផល ការបូជាតូច មានផល ផលវិបាក នៃកុសលាកុសលកម្ម ដែល​សត្វធ្វើល្អ និងធ្វើអាក្រក់មាន លោកនេះមាន លោកខាងមុខមាន មាតាមាន​គុណ បិតា​មានគុណ សត្វដែលជា​ឱបបាតិកៈកំណើតមាន ពួកសមណព្រាហ្មណ៍​ក្នុងលោក ជាអ្នកព្រមព្រៀង ប្រតិបត្តិដោយត្រឹមត្រូវ ធ្វើឲ្យជាក់​ច្បាស់​​ ដោយប្រាជ្ញាចំពោះខ្លួនឯង នូវ​លោកនេះ និងលោកខាងមុខ ហើយប្រកាស ក៏មាន។ ម្នាលគហបតិទាំងឡាយ កិរិយា​ប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ដោយចិត្ត មាន៣ប្រការ យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ សត្វទាំងឡាយពួកខ្លះ ក្នុងលោក​នេះ បែកធ្លាយ​រាងកាយ ខាងមុខបន្ទាប់អំពីមរណៈ ចូលទៅកាន់សុគតិ សួគ៌ ទេវលោក យ៉ាងនេះ ព្រោះ​ហេតុ​តែកិរិយាប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ យ៉ាងនេះឯង។

[១២៦] ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើ​ប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយ​រាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យ​បានទៅកើត​ជាមួយនឹង​ពួកខត្តិយមហាសាល ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏​នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះទំលាយរាងកាយ ខាងមុខបន្ទាប់​អំពីមរណៈ ក៏បានទៅកើត​ជាមួយនឹងពួកខត្តិយមហាសាលមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើ​ប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយ​រាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យ​បានទៅកើត​ជាមួយនឹង​ពួកព្រាហ្មណមហាសាល។បេ។ កើតជាមួយនឹងគហបតិមហាសាល ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏​នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះ​ទំលាយ​រាងកាយ ខាងមុខបន្ទាប់​អំពីមរណៈ ក៏បានទៅកើត​ជាមួយនឹងពួក​គហបតិ​មហាសាល​មែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺ​ប្រព្រឹត្តតាមធម៌ បើ​ប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយ​រាងកាយខាងមុខ បន្ទាប់​អំពី​មរណៈ សូមឲ្យ​បានទៅកើត​ជាមួយនឹង​ពួកទេវតា ក្នុងជាន់ចាតុម្មហារាជិកា ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏​នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់​អំពីមរណៈ ក៏បានទៅកើត​ជាមួយ​នឹង​ពួកទេវតា ក្នុងជាន់​ចាតុម្មហារាជិកាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌ បើ​ប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះទំលាយ​រាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យ​បានទៅកើត​ជាមួយនឹង​ពួកទេវតា ក្នុងជាន់​តាវត្តិង្ស។បេ។ ពួកទេវតាជាន់​យាមៈ… ពួកទេវតាជាន់តុសិត… ពួកទេវតាជាន់​និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី… ពួកទេវតា ជាន់ព្រហ្មកាយិកា ការណ៍ដែលបុគ្គល​ប្រាថ្នាបែបនេះ ក៏​នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់​អំពីមរណៈ ក៏បានទៅកើត​ជាមួយនឹងពួកទេវតា ជាន់​ព្រហ្មកាយិកាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺ​ប្រព្រឹត្តតាមធម៌ បើ​ប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះបែកធ្លាយ​រាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យ​បានទៅកើត​ជាមួយនឹង​ពួកទេវតាជាន់អាភា ការណ៍ដែល​បុគ្គលប្រាថ្នាបែបនេះ ក៏​នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់​អំពីមរណៈ ក៏បានទៅកើត​ជាមួយនឹងពួកទេវតាជាន់អាភាមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺ​ប្រព្រឹត្តតាមធម៌ បើ​ប្រាថ្នាថា ឱខ្លួនអាត្មាអញ លុះបែកធ្លាយ​រាងកាយខាងមុខ បន្ទាប់អំពីមរណៈ សូមឲ្យ​បានទៅកើត​ជាមួយនឹង​ពួកទេវតាជាន់បរិត្តាភា។បេ។ នឹងពួក​ទេវតាជាន់អប្បមាណាភា… ពួកទេវតាជាន់​អាភស្សរា… ពួក​ទេវតាជាន់បរិត្តសុភា… ពួកទេវតាជាន់អប្បមាណសុភា… ពួកទេវតាជាន់សុភកិណ្ហកា… ពួកទេវតាជាន់​វេហប្ផលា… ពួកទេវតាជាន់អវិហា… ពួកទេវតាជាន់អតប្បា… ពួកទេវតាជាន់សុទស្សា… ពួកទេវតាជាន់សុទស្សី… ពួកទេវតាជាន់អកនិដ្ឋកា… ពួកទេវតាដែលកើតក្នុង​អាកាសានញ្ចាយតនៈ… ពួកទេវតាដែលកើតក្នុងវិញ្ញាណញ្ចាយតនៈ… ពួកទេវតាដែលកើតក្នុងជាន់អាកិញ្ចញ្ញាយតនៈ… និងពួកទេវតាដែលកើតក្នុង​ជាន់​នេវសញ្ញានាសញ្ញាយតនៈ ការណ៍ដែល​បុគ្គលប្រាថ្នាបែបនេះ ក៏​នឹងបានសម្រេច ព្រោះថា បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខបន្ទាប់​អំពីមរណៈ ក៏បានទៅកើត​ជាមួយនឹងពួកទេវតា ដែលកើតក្នុងជាន់នេវសញ្ញានាសញ្ញាយតនៈមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺ​ប្រព្រឹត្តតាមធម៌។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តស្មើ ពោលគឺ​ប្រព្រឹត្តតាមធម៌ បើ​ប្រាថ្នាថា ឱខ្លួនអាត្មាអញ សូមឲ្យអស់អាសវៈទាំងឡាយ ហើយធ្វើឲ្យជាក់ច្បាស់ សម្រេច​នូវ​ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ដោយប្រាជ្ញាចំពោះ​ខ្លួនឯង ក្នុងបច្ចុប្បន្ន​នេះ ការណ៍ដែលបុគ្គលប្រាថ្នាបែបនេះ ក៏​នឹងបានសម្រេច ព្រោះថា បុគ្គលនោះ នឹងអស់​អាសវៈទាំងឡាយ ហើយធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែលមិនមាន​អាសវៈ ដោយប្រាជ្ញា​ចំពោះខ្លួនឯង ក្នុងបច្ចុប្បន្នមែន សេចក្តីនោះ ព្រោះហេតុដូចម្តេច ព្រោះហេតុថា បុគ្គលនោះ ជាអ្នកប្រព្រឹត្តស្មើ ពោលគឺ​ប្រព្រឹត្តតាមធម៌។

[១២៧] កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតី អ្នកនៅក្នុងស្រុកសាលៈ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​ព្រះគោតមដ៏ចំរើនប្រកាសហើយ ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជាបុគ្គលផ្ងាររបស់ដែលផ្កាប់ ឬដូចជាបុគ្គលបើកបង្ហាញ នូវរបស់​ដែល​កំបាំង ពុំនោះ ដូចជាបុគ្គលប្រាប់ផ្លូវ​ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូច​គេទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានភ្នែក មើលឃើញ​រូបទាំងឡាយ​បាន យើងទាំងឡាយនេះ សូមដល់នូវ​ព្រះគោតមដ៏ចំរើនផង នូវ​ព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក តាំងពីថ្ងៃនេះទៅ សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់ជ្រាបនូវ​យើងខ្ញុំទាំងឡាយ ថាជាឧបាសក អ្នកដល់នូវទីពឹង ស្មើដោយជីវិត។

ចប់ សាលេយ្យកសូត្រ ទី១។

វេរញ្ជកសូត្រ ទី២

[១២៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក៏សម័យនោះឯង ពួកព្រាហ្មណ៍ និងគហបតិអ្នកស្រុកវេរញ្ជា នៅអាស្រ័យក្នុងក្រុងសាវត្ថី ដោយកិច្ចនីមួយ។ ពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាក​សក្យត្រកូលទៅបួស ប្រថាប់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀប​ក្រុងសាវត្ថី។ កិត្តិសព្ទដ៏ល្អ នៃព្រះគោតមដ៏ចំរើននោះ ល្បីឮខ្ចរខ្ចាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវត្រៃលោក ព្រះអង្គ​ប្រសើរបំផុត ព្រះអង្គជាសារថី ទូន្មាន​នូវ​បុរស ព្រះអង្គជាសាស្តាចារ្យ នៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ ទ្រង់ចែកនូវ​ធម៌​ទាំងពួង ព្រះអង្គបានត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវ​លោកនេះ ព្រមទាំង​ទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំង​សមណ​ព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ទ្រង់សំដែង​ធម៌ មានលំអបទដើម បទកណ្តាល បទចុង ព្រះអង្គ​ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏បរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ដំណើរ​ដែលបានជួបប្រទះ នឹងព្រះអរហន្ត​ទាំងឡាយ មានសភាព​យ៉ាងនេះ ជាការប្រពៃពេក។ គ្រានោះឯង ពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ពួកខ្លះ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែ​និយាយ​ពាក្យសំណេះសំណាល ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរ​រីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយប្រណម្យ​អញ្ជលី ចំពោះ​ព្រះមានព្រះភាគ ក្នុងទីដ៏សមគួរ ពួកខ្លះ គ្រាន់តែប្រកាស​នាម និងគោត្រ ក្នុងសំណាក់​ព្រះមានព្រះភាគ អង្គុយក្នុងទីដ៏សមគួរ ពួកខ្លះ អង្គុយនៅស្ងៀម ក្នុងទី​ដ៏​សមគួរ លុះពួកព្រាហ្មណ៍ និងគហបតិ អ្នកស្រុកវេរញ្ជា អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាបបង្គំទូលសួរ​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន អ្វីជាហេតុ អ្វី​ជាបច្ច័យ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពី​សេចក្តីស្លាប់ ទៅកើតក្នុងកំណើត​តិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក បពិត្រ​ព្រះគោតមដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជាបច្ច័យ ដែលនាំដែលនាំ​ឲ្យពួក​សត្វ​ ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពី​សេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ទេវលោក។ ព្រះអង្គទ្រង់ត្រាស់តបថា ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែការ​ប្រព្រឹត្ត​មិនស្មើ គឺប្រព្រឹត្តមិនត្រូវធម៌នុ៎ះឯង បានជាពួកសត្វខ្លះ ក្នុងលោកនេះ ដល់​បែកធ្លាយ​រាង​កាយ ខាងមុខអំពី​សេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរក យ៉ាងនេះ ម្នាលគហបតិទាំងឡាយ ព្រោះហេតុតែសេចក្តី​ប្រព្រឹត្តស្មើ គឺប្រព្រឹត្ត​ត្រូវគន្លងធម៌ ដែលនាំឲ្យពួកសត្វខ្លះ ក្នុងលោកនេះ លុះ​បែកធ្លាយ​រាង​កាយ ខាងមុខអំពី​សេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ។ ធម៌នេះ ព្រះគោតម​ដ៏ចំរើន បានសំដែងដោយសេចក្តីបំប្រួញ មិនទាន់ចែករំលែក​សេចក្តី ដោយ​ពិស្តារទេ យើងខ្ញុំ​មិនទាន់​ដឹងសេចក្តី ​ដោយពិស្តារឡើយ សូមទ្រង់​ព្រះមេត្តាប្រោស ព្រះគោតម​ជាម្ចាស់ សំដែងធម៌ ដែលព្រះគោតម​ជាម្ចាស់ សំដែងដោយសេចក្តីសង្ខេប មិនទាន់ចែករំលែក​សេចក្តីពិស្តារ​នៅឡើយនេះ ឲ្យយើងខ្ញុំបានយល់សេចក្តីច្បាស់លាស់ ដោយពិស្តារ​ឲ្យ​ទាន។ ម្នាលគហបតីទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ ប្រុងចាំ​ស្តាប់​ចុះ ចូរធ្វើទុក​ក្នុងចិត្ត ឲ្យប្រពៃចុះ តថាគត នឹងសំដែង។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុក​វេរញ្ជា ទទួល​តប​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១២៩] ព្រះមានព្រះភាគ បានត្រាស់យ៉ាងនេះ ម្នាលគហបតីទាំងឡាយ បុគ្គល​ប្រព្រឹត្ត​មិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងកាយ៣ចំណែក បុគ្គលប្រព្រឹត្ត​មិនត្រូវ​គន្លង​ធម៌ ប្រព្រឹត្តមិនស្មើខាងវាចា៤ចំណែក បុគ្គល​ប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្ត​មិនស្មើ​ខាងចិត្ត៣ចំណែក។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គល​ប្រព្រឹត្ត​មិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងកាយ៣ចំណែក តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ប្រព្រឹត្តអាក្រក់ មានដៃប្រឡាក់ឈាម ជាអ្នកស្និទ្ធ​ចិត្ត ក្នុងការសម្លាប់​សត្វ ឥតមានសេចក្តីអៀនខ្មាស ឥតមានមេត្តាត្រាប្រណី ចំពោះ​ពួកសត្វដែលមានជីវិតទាំងអស់។ ជាអ្នកកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ជាអ្នក​កាន់យក​ទ្រព្យ ដែលជាគ្រឿងប្រើប្រាស់ របស់បុគ្គល​ដទៃ ដែលគេមិនបានឲ្យ ជាចំណែកនៃថេយ្យចិត្ត។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាម​ទាំង​ឡាយ ពួកស្ត្រីណា ដែល​មាតាគ្រប់គ្រងរក្សា។បេ។ ជាអ្នកដល់នូវ​ការប្រព្រឹត្តល្មើស ចំពោះស្ត្រី ដែលមានសភាព​យ៉ាងនោះ។ ម្នាល​គហបតិទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាងកាយ​៣​ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គល​ប្រព្រឹត្តិមិនត្រូវ​គន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាងវាចា៤ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកនិយាយពាក្យកុហក។បេ។ និយាយ​កុហកទាំង​ដឹងខ្លួន។ ជាអ្នក​មានសំដីញុះញង់ គឺឮដំណឹង អំពីទីនេះ ទៅប្រាប់​ក្នុងទីឯណោះ។បេ។ ជាអ្នកនិយាយពាក្យ ដែលធ្វើឲ្យគេបែកគ្នាជាពួក។ ជាអ្នក​មានសំដីអាក្រក់ វាចាណា ដែលកន្ទួលចិត្ត ទាំង​របឹងរឹងរូស។បេ។ ជាអ្នកនិយាយពាក្យ មានសភាពដូច្នោះ។ ជាអ្នក​មានសំដី​ឥតប្រយោជន៍ និយាយពាក្យ ក្នុងកាលមិនគួរ និយាយ​ពាក្យមិនពិត។បេ។ និយាយ​ពាក្យ​ឥតមានកំណត់ មិនប្រកបដោយប្រយោជន៍។ ម្នាល​គហបតីទាំងឡាយ បុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងវាចា ៤ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើ ខាង​ចិត្ត ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នក​មានចិត្តសំឡឹងរំពៃ។បេ។ ដោយការបង្អោនចិត្តទៅថា វត្ថុនោះ គប្បីបានមកជា​របស់អញ។ បុគ្គលមានចិត្តព្យាបាទ ជាអ្នកមានសេចក្តីត្រិះរិះ ដោយចិត្តដែលទោស​ប្រទូស្តហើយថា សត្វទាំងនេះ ចូរវិនាសទៅឬ។បេ។ ដែលមិនវិនាសកុំបីមានឡើយ។ បុគ្គល​ជាមិច្ឆាទិដ្ឋិ មានសេចក្តីឃើញវិបរិតថា ទានដែល​បុគ្គល​ឲ្យ មិនមានផល បូជាធំ​មិនមានផល បូជាតូច មិនមានផល។បេ។ ប្រកាសឲ្យជាក់ច្បាស់។ ម្នាលគហបតិ​ទាំង​ឡាយ បុគ្គល​ប្រព្រឹត្តមិនត្រូវគន្លងធម៌ ប្រព្រឹត្តមិនស្មើខាងចិត្ត ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិទាំងឡាយ ព្រោះ​ហេតុ​តែការប្រព្រឹត្តមិនស្មើ គឺប្រព្រឹត្តមិនត្រូវ​គន្លងធម៌ បាន​ជាពួកសត្វខ្លះ ក្នុងលោកនេះ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុង​កំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ និងនរក យ៉ាងនេះ។

[១៣០] ម្នាលគហបតិទាំងឡាយ ចំណែកខាងបុគ្គលអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្ត​ស្មើ​ខាង​កាយ ៣ចំណែក បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងវាចា ​៤ចំណែក បុគ្គល​អ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើខាងចិត្ត ៣ចំណែក ដូចគ្នាដែរ។ ម្នាល​គហបតិ​ទាំងឡាយ ចុះ​បុគ្គល​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងកាយ ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិ​ទាំង​ឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះ​ចាកបាណាតិបាត មានអាជ្ញាដាក់ចោលហើយ មានគ្រឿង​សស្ត្រាដាក់ចោលហើយ។បេ។ ជាអ្នកអនុគ្រោះ ដោយ​​ប្រយោជន៍ ចំពោះ​សត្វ ដែលមានជីវិតទាំងអស់។ លះបង់​អទិន្នាទាន វៀរស្រឡះ​ចាកអទិន្នាទាន មិនបានកាន់យក​ទ្រព្យ ដែល​ជាគ្រឿងប្រើប្រាស់ របស់ជនឯទៀត ដែលគេ​មិនបានឲ្យចំណែក នៃថេយ្យចិត្ត។ លះបង់កាមេសុមិច្ឆាចារ។បេ។ ជាអ្នក​មិនដល់នូវ​ការប្រព្រឹត្ត ចំពោះ​ពួកស្ត្រី ដែលមានសភាពយ៉ាងនោះ។ ម្នាល​គហបតិ​ទាំងឡាយ បុគ្គលដែលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងកាយ ៣ចំណែក យ៉ាងនេះ​ឯង។ ម្នាលគហបតិទាំងឡាយ ចុះបុគ្គលប្រព្រឹត្តិធម៌ ប្រព្រឹត្តស្មើ ខាង​វាចា ៤ចំណែក តើ​ដូច​ម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោក​នេះ លះបង់មុសាវាទ វៀរ​ស្រឡះ​ចាកមុសាវាទ ទោះឋិតនៅក្នុងរោងប្រជុំក្តី។បេ។ មិន​និយាយកុហកទាំងដឹង​ខ្លួន។ លះបង់ពាក្យញុះញង់ វៀរស្រឡះ​ចាកពាក្យញុះញង់។បេ។ និយាយតែពាក្យ​ដែល​ធ្វើឲ្យ​គេ​ព្រមព្រៀងគ្នា។ លះបង់ពាក្យអាក្រក់។បេ។ និយាយតែពាក្យ​មានសភាព​ដូច្នោះ។ លះបង់​ពាក្យរោយរាយ ឥតប្រយោជន៍។បេ។ ប្រកបដោយគ្រឿងអាង ពាក្យ​មានកំណត់ ពាក្យប្រកបដោយប្រយោជន៍ ដោយកាលគួរ។ ម្នាល​គហបតីទាំងឡាយ បុគ្គល​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ខាងវាចា ៤ចំណែក យ៉ាងនេះឯង។ ម្នាលគហបតិ​ទាំងឡាយ បុគ្គល​ប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ខាងចិត្ត ៣ចំណែក តើដូចម្តេច។ ម្នាលគហបតិទាំងឡាយ បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ជាអ្នកមិនរំពៃចង់បានទ្រព្យគេ មិនសំឡឹង​ចង់បាន​ទ្រព្យ​របស់ដែល​ជាគ្រឿង​ប្រើប្រាស់របស់គេ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ទ្រព្យរបស់អ្នក​ដទៃ​នោះ គប្បី​បាន​មក ជារបស់អញ ដូច្នេះ។ ជាអ្នកមានចិត្តមិនបានព្យាបាទ មានសេចក្តី​ត្រិះរិះដោយចិត្ត ដែលទោស​មិនប្រទូស្តហើយថា សូមឲ្យសត្វ​ទាំងនេះ កុំមានពៀរ កុំបៀតបៀនគ្នា កុំមានទុក្ខ ចូររក្សាខ្លួន​ប្រាណ ឲ្យបានសេចក្តីសុខចុះ។ ជាអ្នកសម្មាទិដ្ឋិ មានសេចក្តីយល់មិនវិបរិតថា ទានដែល​បុគ្គល​ឲ្យហើយ មានផល បូជាធំ ក៏មានផល​។បេ។ ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ក្រៃលែង ដោយខ្លួនឯង។ ម្នាលគហបតិទាំងឡាយ បុគ្គលប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ខាងចិត្ត ៣ចំណែក យ៉ាងនេះឯង។ ម្នាលគហបតី​ទាំង​ឡាយ ព្រោះសេចក្តីប្រព្រឹត្តស្មើ គឺប្រព្រឹត្តធម៌ ជាហេតុ​យ៉ាងនេះឯង បានជាពួកសត្វខ្លះ ក្នុងលោក​នេះ ដល់បែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក យ៉ាងនេះ។

[១៣១] ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ប្រសិនបើ​ប្រាថ្នា​ថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញ​បានទៅកើត​ជាមួយនឹងពួកខត្តិយមហាសាលដូច្នេះ ហេតុនុ៎ះឯង រមែងមាន បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើត​ជាមួយនឹង​ពួកខត្តិយមហាសាលបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ បើប្រសិនជា​ប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយខាងមុខ អំពីសេចក្តីស្លាប់​ទៅ សូមឲ្យ​អាត្មាអញ បានទៅកើត​ជាមួយនឹង​ពួកព្រាហ្មណមហាសាល។បេ។ ពួក​គហបតីមហាសាល ដូច្នេះ ហេតុនុ៎ះឯង រមែងមាន បុគ្គលនោះ លុះបែកធ្លាយ​រាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើត​ជាមួយនឹងពួក​គហបតិ​មហាសាល​បាន​មែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះឯង ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្ត​​ស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជា​ប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ សូមឲ្យ​អាត្មា​អញ ​បានទៅកើត​ជាមួយនឹង​ទេវតា ជាន់ចាតុម្មហារាជិកា ដូច្នេះ ហេតុនុ៎ះឯង រមែង​មាន ដ្បិត​បុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ មុខជានឹង​បាន​ទៅកើត​ជាមួយ​នឹង​ពួកទេវតា ជាន់​ចាតុម្មហារាជិកា បានមែន ដំណើរនោះ តើព្រោះ​ហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិ​ទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជា​ប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ ​បានទៅកើត​ជាមួយនឹង​ពួកទេវតា ជាន់​តាវត្តិង្ស។បេ។ ពួកទេវតាជាន់​យាមៈ… ពួកទេវតាជាន់តុសិតៈ… ពួកទេវតាជាន់​និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី… ពួកទេវតា ដែលរាប់ចូលក្នុងព្រហ្ម ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តី​ស្លាប់​ទៅ មុខជានឹងបានទៅកើត​ជាមួយនឹងពួកទេវតា ដែលរាប់ចូល​ក្នុងពួក​ព្រហ្មបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិន​ជា​ប្រាថ្នា​ថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយខាងមុខ អំពីសេចក្តីស្លាប់ទៅ សូមឲ្យអាត្មាអញ​បានទៅកើត​ជាមួយនឹង​ពួកទេវតា ជាន់អាភា ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិត​បុគ្គល​នោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់ទៅ មុខជានឹងបានទៅកើត​ជាមួយ​នឹងពួកទេវតា ជាន់អាភាបានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែ​បុគ្គល​នោះ ជាអ្នក​ប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិន​ជាប្រាថ្នាថា ឱហ្ន៎ លុះបែកធ្លាយ​រាងកាយខាងមុខ អំពីសេចក្តីស្លាប់ សូមឲ្យអាត្មាអញ ​បានទៅកើត​ជាមួយនឹង​ពួកទេវតា ជាន់បរិត្តាភៈ។បេ។ ពួក​ទេវតា ជាន់អប្បមាណាភៈ… ពួកទេវតាជាន់​អាភស្សរៈ… ពួក​ទេវតាជាន់បរិត្តសុភៈ… ពួកទេវតាជាន់អប្បមាណសុភៈ… ពួកទេវតាជាន់​សុភកិណ្ហកៈ… ពួកទេវតាជាន់​វេហប្ផលៈ… ពួកទេវតាជាន់អវិហៈ… ពួកទេវតាជាន់អតប្បៈ… ពួកទេវតាជាន់សុទស្សៈ… ពួកទេវតាជាន់សុទស្សី… ពួកទេវតាជាន់អកនិដ្ឋកៈ… ពួកទេវតា ជាអ្នកទៅកើតក្នុង​អាកាសានញ្ចាយតនភព… ពួកទេវតា ជាអ្នកទៅកើតក្នុងវិញ្ញាណញ្ចាយតនភព… ពួកទេវតា ជាអ្នក​ទៅកើតក្នុង​អាកិញ្ចញ្ញាយតនភព… ពួកទេវតាជាអ្នកទៅកើតក្នុង​នេវសញ្ញានាសញ្ញាយតនភព ដូច្នេះ ហេតុនុ៎ះឯង រមែងមាន ដ្បិតបុគ្គលនោះ លុះបែកធ្លាយរាងកាយ ខាងមុខ​អំពីសេចក្តីស្លាប់​ទៅ នឹងបានទៅកើត​ជាមួយនឹង​ពួកទេវតា ជាន់នេវសញ្ញានាសញ្ញាយតនភព បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ​ដោយពិត។ ម្នាលគហបតិទាំងឡាយ បុគ្គលអ្នកប្រព្រឹត្តធម៌ ប្រព្រឹត្តស្មើ បើប្រសិនជា​ប្រាថ្នាថា ឱហ្ន៎ អាត្មាអញ គប្បីធ្វើឲ្យ​ជាក់ច្បាស់ ដោយ​ប្រាជ្ញា​របស់ខ្លួន ចំពោះចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថ​៤ ដូច្នេះ ហេតុនោះឯង រមែងមាន ដ្បិត​បុគ្គលនោះ គប្បីធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួន ចំពោះ​ចេតោវិមុតិ្ត និងបញ្ញាវិមុត្តិ ដែល​មិនមាន​អាសវៈ ព្រោះអស់ទៅ នៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថ៤ បានមែន ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះតែបុគ្គលនោះ ជាអ្នកប្រព្រឹត្ត​ធម៌ ប្រព្រឹត្តស្មើ ដោយពិត។

[១៣២] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ពួកព្រាហ្មណ៍ និងគហបតីទាំងឡាយ អ្នកស្រុកវេរញ្ជា ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតដែលព្រះអង្គសំដែងហើយ ពីរោះណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ភាសិតដែលព្រះអង្គសំដែងហើយ ពីរោះណាស់ បពិត្រព្រះគោតម​ដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាង​នេះ (ភ្លឺច្បាស់ណាស់) ដូចបុគ្គលចាប់ផ្ងារ របស់ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញ របស់​ដែល​កំបាំង ពុំនោះ ដូចបុគ្គលប្រាប់ផ្លូវ​ ដល់មនុស្សវង្វេងទិស ពុំនោះសោត ដូចជាបុគ្គល​ទ្រោលប្រទីប ក្នុងទីងងឹត ដោយគិតថា ពួកមនុស្សមានភ្នែកភ្លឺ ឃើញ​រូប​បានយ៉ាងនោះ​ឯង ពួកខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះគោតមដ៏ចំរើនផង ​ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីរលឹក សូម​ព្រះគោតម ចាំទុកនូវពួកខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពីថ្ងៃនេះ ជាដើមទៅ។

ចប់ វេរញ្ជកសូត្រ ទី២។

មហាវេទល្លសូត្រ ទី៣

[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាកោដ្ឋិកៈ មានអាយុ ចេញអំពីផលសមាបត្តិ ក្នុងសាយណ្ហសម័យ ហើយចូលទៅ​រក​ព្រះសារីបុត្រមានអាយុ លុះចូលទៅដល់ហើយ ទើបនិយាយពាក្យ​រាក់ទាក់ សំណេះ​សំណាល ទៅរកព្រះសារីបុត្រមានអាយុ លុះបញ្ចប់ពាក្យសំណេះ​សំណាល និងពាក្យដែល​គួររលឹកហើយ ក៏គង់ក្នុងទីដ៏សមគួរ។

[១៣៤] លុះព្រះមហាកោដ្ឋិកៈមានអាយុ គង់ក្នុងទីដ៏សមគួរហើយ ទើបសួរ​ព្រះ​សារីបុត្រមានអាយុ យ៉ាងនេះថា ម្នាលអាវុសោ គេតែងនិយាយថា បុគ្គលគ្មានប្រាជ្ញា ៗ ម្នាលអាវុសោ បុគ្គលដែលហៅថា អ្នកគ្មានប្រាជ្ញា តើដោយហេតុដូចម្តេច។ ព្រះសារីបុត្រ​តបថា ម្នាលអាវុសោ បុគ្គលដែល​មិនចេះ មិនដឹងច្បាស់ហ្នឹងឯង ហៅថាអ្នកគ្មានប្រាជ្ញា ចុះបុគ្គលនោះ មិនដឹងច្បាស់នូវអ្វី មិនដឹងច្បាស់ថា នេះទុក្ខ មិនដឹងច្បាស់ថា នេះហេតុ​ឲ្យ​កើតទុក្ខ មិនដឹងច្បាស់ថា នេះជាគ្រឿងរំលត់ទុក្ខ មិនដឹងច្បាស់ថា នេះជាសេចក្តី​ប្រតិបត្តិ ដែល​ជាដំណើរ ទៅកាន់ទីរំលត់ទុក្ខ ម្នាលអាវុសោ ព្រោះតែបុគ្គលនោះ មិនចេះមិនដឹង ដូច្នេះឯង ទើបហៅថា អ្នកគ្មានប្រាជ្ញា។ ព្រះមហាកោដ្ឋិកៈ មានអាយុ ក៏ត្រេកអរ​ អនុមោទនា ចំពោះភាសិត របស់​ព្រះសារីបុត្រ មានអាយុថា ម្នាលអាវុសោ ពីរោះណាស់ លុះអនុមោទនាហើយ ទើបសួរប្រស្នា នឹងព្រះសារីបុត្រ​មានអាយុ តទៅទៀតថា ម្នាល​អាវុសោ គេតែង​និយាយថា អ្នកមានប្រាជ្ញាៗ ម្នាលអាវុសោ ចុះបុគ្គល ដែលហៅថា អ្នក​មានប្រាជ្ញា តើដោយហេតុដូចម្តេចខ្លះ។ ព្រះសារីបុត្រ​តបថា ម្នាលអាវុសោ បុគ្គលដែល​ចេះដឹងច្បាស់ហ្នឹងឯង ដែលហៅថា អ្នកមានប្រាជ្ញា ចុះបុគ្គលនោះ ដឹងច្បាស់នូវអ្វី ដឹងច្បាស់ថា នេះទុក្ខ ដឹងច្បាស់ថា នេះជាហេតុ​ឲ្យ​កើតទុក្ខ ដឹងច្បាស់ថា នេះជា​គ្រឿង​រំលត់ទុក្ខ ដឹងច្បាស់ថា នេះជាសេចក្តី​ប្រតិបត្តិ ដែល​ជាដំណើរ ទៅកាន់ទីរំលត់ទុក្ខ ម្នាលអាវុសោ ព្រោះតែបុគ្គលនោះ ដឹងច្បាស់ដូច្នេះឯង ទើបហៅថា អ្នកមានប្រាជ្ញា។ ម្នាលអាវុសោ គេតែងហៅថា វិញ្ញាណ វិញ្ញាណ ម្នាលអាវុសោ ចុះធម្មជាត ដែលគេហៅ​ថា វិញ្ញាណ តើដូចម្តេច។ ម្នាលអាវុសោ ធម្មជាត ដែលស្គាល់ច្បាស់ ដឹងច្បាស់នុ៎ះឯង ដែល​គេហៅថា វិញ្ញាណ ចុះវិញ្ញាណនោះ ស្គាល់អ្វីខ្លះ ស្គាល់​ថាសុខខ្លះ ស្គាល់ថាទុក្ខខ្លះ ស្គាល់ថាមិនមែនទុក្ខ មិនមែនសុខខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ ស្គាល់​ច្បាស់ ដឹងច្បាស់ ដូច្នេះឯង ទើបហៅថា វិញ្ញាណ។ ម្នាលអាវុសោ ចុះប្រាជ្ញា និងវិញ្ញាណ ធម៌​(ទាំងពីរ) នេះ តើដូចគ្នា [សំដៅសេចក្តីថា កើត រលត់ ទាំងមានវត្ថុមានអារម្មណ៍ជាមួយ​គ្នា។] ឬផ្សេងគ្នា មួយទៀត បុគ្គលចែករំលែកធម៌ (ទាំងពីរ) នេះ បញ្ញត្តឲ្យផ្សេងៗគ្នា បានឬទេ។ ម្នាលអាវុសោ ប្រាជ្ញា និងវិញ្ញាណ ធម៌ (ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែន​ផ្សេងគ្នាទេ ទាំងបុគ្គល នឹងចែករំលែកបញ្ញត្តធម៌ទាំងពីរនេះ ឲ្យផ្សេងគ្នាមិនបានទេ ម្នាល​អាវុសោ ប្រាជ្ញាដឹងច្បាស់ នូវវត្ថុណា វិញ្ញាណ ក៏ដឹងច្បាស់ នូវវត្ថុ​នោះដែរ វិញ្ញាណ​ស្គាល់​ច្បាស់នូវវត្ថុណា ប្រាជ្ញាក៏ដឹងច្បាស់ នូវវត្ថុនោះដែរ ព្រោះហេតុនោះ បានជាធម៌ (ទាំង​ពីរ)​នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ ទាំងបុគ្គល នឹងចែករំលែកបញ្ញត្តធម៌​ទាំងពីរ​នេះ ឲ្យផ្សេងគ្នា មិនបានឡើយ។ ម្នាលអាវុសោ បើប្រាជ្ញា និងវិញ្ញាណ ធម៌(ទាំងពីរ) នេះ ដូចគ្នា មិនមែនផ្សេងគ្នាទេ ចុះសេចក្តីប្លែកគ្នាត្រង់ណា។ ម្នាល​អាវុសោ ប្រាជ្ញា និង​វិញ្ញាណ ធម៌(ទាំងពីរ)នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ តែប្រាជ្ញា បុគ្គល​គួរ​ចំរើន វិញ្ញាណ បុគ្គលគួរ​កំណត់ដឹង នេះជាសេចក្តីប្លែក​គ្នានៃធម៌ (ទាំងពីរ)​នោះ។

[១៣៥] ម្នាល​អាវុសោ គេតែងហៅថា វេទនា វេទនា ម្នាលអាវុសោ គេហៅថា វេទនា ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ធម្មជាតទទួលដឹង នូវអារម្មណ៍ហ្នឹងឯង ដែលគេហៅថា វេទនា វេទនានោះ ដឹងអ្វីខ្លះ ដឹង​សុខខ្លះ ដឹងទុក្ខខ្លះ ដឹងមិនមែនទុក្ខ មិនមែនសុខខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ ទទួល​ដឹងអារម្មណ៍ ដូច្នេះឯង ទើបហៅថា វេទនា។ ម្នាលអាវុសោ គេតែងហៅថា សញ្ញា សញ្ញា ម្នាលអាវុសោ ដែលគេហៅ​ថា សញ្ញា ដោយហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះតែ​ធម្មជាតនោះ កត់សំគាល់ ចំណាំ ទើបហៅថា សញ្ញា សញ្ញានោះ តែងសំគាល់អ្វីខ្លះ សញ្ញានោះ តែងសំគាល់​ពណ៌ខៀវខ្លះ សំគាល់ពណ៌លឿងខ្លះ សំគាល់ពណ៌ក្រហមខ្លះ សំគាល់​ពណ៌សខ្លះ ម្នាលអាវុសោ ព្រោះតែធម្មជាតនោះ កត់សំគាល់ហ្នឹងឯង ទើបហៅថា សញ្ញា។ ម្នាលអាវុសោ វេទនា សញ្ញា និងវិញ្ញាណ ធម៌ទាំងនេះ ជាធម៌ច្រឡំគ្នា ឬមិនច្រឡំ​គ្នាទេ មួយទៀត បុគ្គលនឹងចែករំលែកធម៌ទាំងនេះ ហើយបញ្ញត្ត កុំឲ្យច្រឡំគ្នា បានឬទេ។ ម្នាលអាវុសោ វេទនា សញ្ញា និងវិញ្ញាណ ធម៌ទាំងនេះ ច្រឡំគ្នា មិនមែន​ផ្សេងគ្នាទេ ហើយបុគ្គលចែករំលែកធម៌ទាំងនេះ បញ្ញត្តឲ្យផ្សេងគ្នាមិនបានទេ ម្នាល​អាវុសោ វេទនាទទួលអារម្មណ៍ណា សញ្ញាក៏សំគាល់អារម្មណ៍នោះដែរ សញ្ញាសំគាល់​នូវអារម្មណ៍ណា វិញ្ញាណក៏ដឹងច្បាស់ នូវអារម្មណ៍​នោះដែរ ព្រោះហេតុនោះ ធម៌ទាំង​នេះ ជាធម៌ដូចគ្នា មិនមែនផ្សេងគ្នាទេ បុគ្គល នឹងចែករំលែកធម៌​ទាំង​នេះ ហើយ​បញ្ញត្ត​ឲ្យផ្សេងគ្នា មិនបានទេ។

[១៣៦] ម្នាលអាវុសោ ធម្មជាតអ្វីដែល​គេគប្បីដឹង ដោយមនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាកឥន្ទ្រិយទាំង៥ប្រការ។ ម្នាលអាវុសោ អាកាសានញ្ចាយតនជ្ឈាន ដែលបរិកម្ម​ថា អាកាសមិនមានទីបំផុត ដូច្នេះ គប្បីដឹង ដោយមនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាក​ឥន្ទ្រិយ ទាំង៥ប្រការ វិញ្ញាណញ្ចាយតនជ្ឈាន ដែលបរិកម្មថា វិញ្ញាណ មិនមានទី​បំផុត និងអាកិញ្ចញ្ញាយតនៈ ដែលបរិកម្មថា អ្វីតិចតួច ​មិនមានដូច្នេះ គប្បីដឹងបានដោយ​មនោវិញ្ញាណ ដ៏បរិសុទ្ធ ប្រាសចាកឥន្ទ្រិយ ទាំង៥ប្រការ។ ម្នាលអាវុសោ ធម៌ដែល​គេគប្បី​ដឹង តើគេតែង​ដឹងបានដោយអ្វី។ ម្នាលអាវុសោ ធម៌ដែល​គេគប្បីដឹងនោះឯង គេតែង​ដឹង​ដោយបញ្ញាចក្ខុ។ ម្នាលអាវុសោ ប្រាជ្ញា​មានសេចក្តី​ថាដូចម្តេចខ្លះ។ ម្នាលអាវុសោ ប្រាជ្ញា​មានសេចក្តី​ថា ដឹងប្រាកដ មានសេចក្តីថា ដឹងសព្វ មានសេចក្តី​ថា លះបង់។

[១៣៧] ម្នាលអាវុសោ បច្ច័យដែលឲ្យសម្មាទិដ្ឋិកើតឡើង មានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យដែលឲ្យសម្មាទិដ្ឋិកើតឡើង មាន២គឺ ការលាន់ឮ អំពីសំណាក់​ជនដទៃ១ ការយកចិត្តទុកដាក់ ដោយឧបាយប្រាជ្ញា (ខ្លួនឯង)១ ម្នាលអាវុសោ បច្ច័យ ដែលឲ្យសម្មាទិដ្ឋិកើតឡើង មាន២នេះឯង។ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែល​មាន​ចេតោវិមុត្តិ ជាផលផង មានផល គឺ​ចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផល​ផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គប៉ុន្មាន ទំនុកបម្រុង។ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែល​មាន​ចេតោវិមុត្តិ ជាផលផង មានផល គឺ​ចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិជាផល​ផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គ៥ ជួយទំនុក​បម្រុង ម្នាលអាវុសោ សម្មាទិដ្ឋិ ក្នុងទីនេះ មានសីល ជួយទំនុកបម្រុង១ មានសុតៈ​ ជួយទំនុកបម្រុង១ មានសាកច្ឆា​ ជួយទំនុកបម្រុង១ មានសមថៈ ជួយទំនុកបម្រុង១ មានវិបស្សនា ​ជួយទំនុកបម្រុង១ ម្នាលអាវុសោ សម្មាទិដ្ឋិ ដែល​មាន​ចេតោវិមុត្តិ ជាផលផង មានផល គឺ​ចេតោវិមុត្តិ ជាអានិសង្សផង មានបញ្ញាវិមុត្តិ ជាផល​ផង មានផល គឺបញ្ញាវិមុត្តិ ជាអានិសង្សផង មានអង្គ៥នេះឯង ជួយទំនុកបម្រុង។

[១៣៨] ម្នាលអាវុសោ ភព តើមានប៉ុន្មាន។ ម្នាលអាវុសោ ភពនេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១។ ម្នាលអាវុសោ ការកើតក្នុងភពថ្មីតទៅទៀត ព្រោះ​ហេតុ​ដូចម្តេច។ ម្នាលអាវុសោ ព្រោះសេចក្តីត្រេកអរក្នុងភពនោះៗ របស់ពួកសត្វ ដែលមាន​អវិជ្ជាជានីវរណៈ មានតណ្ហាជាសំយោជនៈ ការកើតក្នុងភពថ្មីតទៅទៀតយ៉ាងនេះឯង។ ម្នាលអាវុសោ ការមិនកើតក្នុងភពថ្មីតទៅទៀត ព្រោះហេតុដូចម្តេច។ ម្នាលអាវុសោ ព្រោះ​ប្រាសចាកអវិជ្ជា ព្រោះវិជ្ជាកើតឡើង ព្រោះការរលត់ នៃតណ្ហា ការមិនកើត ក្នុងភព​ថ្មីតទៅទៀត យ៉ាងនេះឯង។

[១៣៩] ម្នាលអាវុសោ បឋមជ្ឈាន ដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់​បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើត​អំពី​វិវេក ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលអាវុសោ នេះហៅថា បឋមជ្ឈាន។ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គប៉ុន្មាន។ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គ៥ ម្នាលអាវុសោ កាលភិក្ខុក្នុងសាសនានេះ ចូលកាន់បឋមជ្ឈាន មានអង្គ៥ វិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា រមែងប្រព្រឹត្តទៅ ម្នាលអាវុសោ បឋមជ្ឈាន មានអង្គ៥ យ៉ាងនេះឯង។ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គប៉ុន្មាន ប្រកបដោយអង្គប៉ុន្មាន។ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គ៥ ប្រកបដោយអង្គ៥ ម្នាលអាវុសោ ភិក្ខុក្នុងសាសនា​នេះ កាលចូលកាន់បឋមជ្ឈាន ជាអ្នកលះបង់​កាមច្ឆន្ទៈ លះបង់ព្យាបាទ លះបង់ថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ចំណែកខាងវិតក្កៈ វិចារៈ បីតិ សុខៈ និងចិត្តេកគ្គតា ក៏ប្រព្រឹត្តទៅ ម្នាលអាវុសោ បឋមជ្ឈាន លះអង្គ៥ ប្រកបដោយអង្គ៥ យ៉ាងនេះឯង។

[១៤០] ម្នាលអាវុសោ ឥន្ទ្រិយទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍​ផ្សេងៗគ្នា ទទួលវិស័យ ដែលកើតជាអារម្មណ៍​ជំនួស​គ្នា មិនបានទេ ឥន្ទ្រិយទាំង៥ គឺអ្វីខ្លះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ កាលបើ​ឥន្ទ្រិយ ទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍​ផ្សេងៗគ្នា មិនទទួលវិស័យ ដែលកើតជាអារម្មណ៍ ​ជំនួស​គ្នាបានទេ ចុះមានអ្វីជាទីពឹង មួយទៀត សភាពអ្វី ទទួល​វិស័យ ដែលកើតជាអារម្មណ៍ របស់ឥន្ទ្រិយទាំង៥ ប្រការនោះ។ ម្នាលអាវុសោ ឥន្ទ្រិយ ទាំង៥ប្រការនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍​ផ្សេងៗគ្នា មិនទទួល​វិស័យ ដែលកើតជាអារម្មណ៍​ ជំនួស​គ្នាបានទេ ឥន្ទ្រិយទាំង៥ គឺអ្វីខ្លះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ កាលបើ​ឥន្ទ្រិយ ទាំង៥ប្រការនេះឯង មានវិស័យផ្សេងៗគ្នា មានអារម្មណ៍​ផ្សេងៗគ្នា មិនទទួលវិស័យ ដែលកើតជាអារម្មណ៍​ជំនួស​គ្នាបានទេ មានចិត្តជាទីពឹង មានចិត្តទទួលវិស័យ ដែលកើតជាអារម្មណ៍ របស់ឥន្ទ្រិយ ទាំង៥នោះ។

[១៤១] ម្នាលអាវុសោ ​ឥន្ទ្រិយ៥ប្រការនេះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ​១ ជីវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ ​ឥន្ទ្រិយទាំង៥នេះឯង អាស្រ័យ​នឹងអ្វី ទើបតាំង​នៅ​បាន។ ម្នាលអាវុសោ ឥន្ទ្រិយ៥នេះ គឺចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ ឃានិន្ទ្រិយ១ ជិវ្ហិន្ទ្រិយ១ កាយិន្ទ្រិយ១ ម្នាលអាវុសោ ​ឥន្ទ្រិយទាំង៥នេះឯង អាស្រ័យ​នឹងអាយុ ទើបតាំងនៅបាន។ ម្នាលអាវុសោ ចុះអាយុ លុះតែអាស្រ័យនឹងអ្វី ទើបតាំងនៅបាន។ អាយុ លុះតែអាស្រ័យ​ចំហាយធាតុភ្លើង ទើបតាំងនៅបាន។ ម្នាលអាវុសោ ចំហាយ​ធាតុភ្លើង អាស្រ័យនឹងអ្វី ទើបតាំងនៅបាន។ ចំហាយធាតុភ្លើង លុះតែអាស្រ័យនឹង​អាយុ​ ទើបតាំងនៅបាន។ អម្បាញ់មិញនេះឯង ខ្ញុំដឹងច្បាស់ភាសិត របស់ព្រះសារីបុត្រ​មានអាយុ យ៉ាងនេះថា អាយុ លុះតែអាស្រ័យចំហាយធាតុភ្លើង ទើបតាំងនៅបាន ឥឡូវ​នេះ ខ្ញុំដឹងច្បាស់ភាសិត របស់ព្រះសារីបុត្រ​មានអាយុ​ យ៉ាងនេះថា ភ្លើងធាតុ លុះតែអាស្រ័យនឹងអាយុ ទើបតាំងនៅបាន ដូច្នេះវិញ។ ម្នាលអាវុសោ បើដូច្នេះ ខ្ញុំត្រូវ​យល់​សេចក្តីនៃភាសិតនេះ ដូចម្តេច។ ម្នាលអាវុសោ បើដូច្នោះ ខ្ញុំនឹងធ្វើសេចក្តីឧបមា​ប្រគេនលោក ដ្បិត​ជនជាអ្នកចេះដឹងពួកខ្លះ ក្នុងលោកនេះ គង់យល់សេចក្តី នៃភាសិត ដោយ​ពាក្យឧបមា បានដែរ ម្នាលអាវុសោ ដូចប្រទីបប្រេង កាលឆេះ មានពន្លឺប្រាកដ​ឡើង ព្រោះអាស្រ័យ​អណ្តាត អណ្តាតប្រាកដឡើង ព្រោះអាស្រ័យ​ពន្លឺ សេចក្តីនេះ យ៉ាងណា​មិញ អាយុ តាំងនៅបាន ក៏ព្រោះអាស្រ័យ​ចំហាយធាតុភ្លើង ចំហាយធាតុភ្លើង តាំងនៅបាន ព្រោះ​អាស្រ័យ​អាយុ ក៏យ៉ាងនោះដែរ។ ម្នាលអាវុសោ អាយុ សង្ខារ [សំដៅយកអាយុប៉ុណ្ណោះ។] ទាំងនោះ ជា​វេទនីយធម៌ [វេទនា។ អដ្ឋកថា] នោះ ឬថាអាយុ​សង្ខារ​ផ្សេង វេទនីយធម៌ផ្សេង។ ម្នាលអាវុសោ មិនមែនអាយុសង្ខារទាំងនោះ ជាវេទនីយ​ធម៌នោះទេ ម្នាលអាវុសោ ប្រសិនបើ អាយុសង្ខារទាំងនោះ ជាវេទនីយធម៌​នោះហើយ ភិក្ខុ​ដែលចូលកាន់​សញ្ញាវេទយិតនិរោធនេះ ចេញចាកសមាបត្តិមកវិញ មិនកើតទេ គឺ​អាយុសង្ខារផ្សេង វេទនីយធម៌ផ្សេង ហេតុនោះ បានជាភិក្ខុចូលកាន់​សញ្ញាវេទយិតនិរោធ ចេញចាក​សមាបត្តិមកវិញបាន។

[១៤២] ម្នាលអាវុសោ ធម៌ប៉ុន្មាន ដែលលះបង់កាយនេះ ក្នុងកាលណាហើយ កាយនេះ គេចោលរាត់រាយ ដេកស្តូកស្តឹង ដូចជា​កំណាត់ឈើ ដែលគ្មានចេតនា។ ម្នាលអាវុសោ ធម៌៣ប្រការគឺ អាយុ១ ចំហាយធាតុភ្លើង១ វិញ្ញាណ១ លះបង់កាយនេះ ក្នុង​កាលណាហើយ កាយនេះ គេចោលរាត់រាយ ដេកស្តូកស្តឹង ដូចជា​កំណាត់ឈើ ដែលគ្មានចេតនា។ ម្នាលអាវុសោ បុគ្គលដែលធ្វើកាលកិរិយាក្ស័យ១ ភិក្ខុដែលចូលកាន់​សញ្ញាវេទយិតនិរោធ១ បុគ្គលទាំង២ពួកនេះ មានសេចក្តីប្លែកគ្នាដូចម្តេច។ ម្នាលអាវុសោ បុគ្គលដែល​ធ្វើកាលកិរិយាក្ស័យ បុគ្គលនោះ កាយសង្ខារ គឺខ្យល់ដង្ហើមចេញចូល រលត់​សូន្យឈឹង វចីសង្ខារ គឺវិតក្កៈ និងវិចារៈ រលត់សូន្យឈឹង ចិត្តសង្ខារ គឺសញ្ញា និងវេទនា រលត់​សូន្យឈឹង អាយុក៏អស់ ចំហាយធាតុភ្លើង ក៏រលត់សូន្យឈឹង ឥន្ទ្រិយក៏បែកធ្លាយ ឯភិក្ខុដែលចូលកាន់​សញ្ញាវេទយិតនិរោធ ភិក្ខុនោះមានកាយសង្ខារ រលត់សូន្យឈឹង វចី​សង្ខាររលត់សូន្យឈឹង ចិត្តសង្ខាររលត់សូន្យឈឹងដែរ តែអាយុ មិនអស់ ចំហាយ​ធាតុភ្លើង មិនរលត់សូន្យទេ ឥន្ទ្រិយនៅថ្លាល្អ ម្នាលអាវុសោ បុគ្គលដែលធ្វើមរណកាលក្ស័យ និងភិក្ខុដែល​ចូលកាន់សញ្ញាវេទយិតនិរោធ បុគ្គល​ទាំង២ពួកនេះ មានសេចក្តីផ្សេងគ្នា​យ៉ាងនេះឯង។

[១៤៣] ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យប៉ុន្មាន។ ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យ៤ ម្នាលអាវុសោ ភិក្ខុក្នុងសាសនា​នេះ ព្រោះលះបង់​នូវសេចក្តី​សុខ១ ព្រោះលះបង់​នូវសេចក្តីទុក្ខ១ ព្រោះរំលត់នូវ​សោមនស្ស និងទោមនស្សក្នុងកាលមុន១ ចូលកាន់ចតុត្ថជ្ឈាន ដែលឥត​ទុក្ខ ឥតសុខ មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំងបួន១ ម្នាលអាវុសោ អទុក្ខមសុខចេតោវិមុត្តិសមាបត្តិ មានបច្ច័យ៤​នេះឯង។ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យប៉ុន្មាន។ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យ២ គឺការមិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំង​ពួង១ ការយកចិត្តទុកដាក់ ចំពោះនិព្វានធាតុ ដែលប្រាសចាកអារម្មណ៍១ ម្នាលអាវុសោ អនិមិត្តចេតោវិមុត្តិសមាបត្តិ មានបច្ច័យ២នេះឯង។ ម្នាលអាវុសោ បច្ច័យដែលឲ្យ​អនិមិត្តចេតោវិមុត្តិតាំងនៅបានយូរ តើមានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យដែលឲ្យ​អនិមិត្តាចេតោវិមុត្តិ តាំងនៅបានយូរ មាន៣ប្រការ គឺការមិនយកចិត្តទុកដាក់ ចំពោះ​អារម្មណ៍ទាំងពួង១ ការយកចិត្តទុកដាក់ ចំពោះ​និព្វានធាតុ ដែលប្រាសចាកអារម្មណ៍១ ការបានតាក់តែងទុកពីខាងដើម១ ម្នាលអាវុសោ បច្ច័យដែលឲ្យ​អនិមិត្តចេតោវិមុត្តិតាំង​នៅបានយូរ មាន៣ប្រការនេះឯង។ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មានប៉ុន្មាន។ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មាន២ប្រការគឺ ការយកចិត្តទុកដាក់ ចំពោះអារម្មណ៍​ទាំងពួង១ ការមិនយកចិត្តទុកដាក់ ចំពោះ​និព្វានធាតុ ដែលមិនមានអារម្មណ៍១ ម្នាលអាវុសោ បច្ច័យនៃការចេញចាក អនិមិត្តាចេតោវិមុត្តិ មាន២ប្រការនេះឯង។

[១៤៤] ម្នាលអាវុសោ អប្បមាណាចេតោវិមុត្តិ [អប្បមាណាចេតោវិមុត្តិ​នោះ សំដៅ​យកការផ្សាយមេត្តា ចំពោះសត្វទាំងអស់ មិនមានប្រមាណ បើពោល​ដោយលំដាប់ភូមិ ជាមហគ្គតរូបាវចរភូមិ បើពោល​ដោយអារម្មណ៍ មានសត្វជាអារម្មណ៍។] អាកិញ្ចញ្ញាចេតោវិមុត្តិ [អាកិញ្ចញ្ញាចេតោវិមុត្តិ ចេតោវិមុត្តិ ដែលមិនមានកង្វល់ ក្នុងអារម្មណ៍ បើពោលតាមលំដាប់ភូមិ ជាអរូបាវចរភូមិ ចំណែកខាងអារម្មណ៍ មិនមានទេ។] សុញ្ញតាចេតោវិមុត្តិ [សុញ្ញតាចេតោវិមុត្តិ សំដៅយកវិបស្សនា បើពោល​ដោយភូមិ ជាកាមាវចរភូមិ បើពោលដោយអារម្មណ៍ មានសង្ខារជាអារម្មណ៍។] និង អនិមិត្តចេតោវិមុត្តិ [អនិមិត្តាចេតោវិមុត្តិ ចេតោវិមុត្តិ ដែលមិនមានរាគនិមិត្តជាដើម បើពោល​ដោយភូមិ ជាលោកុត្តរភូមិ បើពោលដោយអារម្មណ៍ មាននិព្វានជាអារម្មណ៍។] ធម៌ទាំងនេះ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈផ្សេងគ្នាផង ឬមាន​សេចក្តីដូចគ្នា គ្រាន់​តែព្យញ្ជនៈផ្សេងគ្នាប៉ុណ្ណោះទេ។ ម្នាលអាវុសោ អប្បមាណាចេតោវិមុត្តិណា អាកិញ្ចញ្ញាចេតោវិមុត្តិណា សុញ្ញតាចេតោវិមុត្តិណា និងអនិមិត្តាចេតោវិមុត្តិណា ម្នាលអាវុសោ មានបរិយាយ ដែលធម៌ទាំងនេះអាស្រ័យហើយ មានសេចក្តីផ្សេងគ្នា​ផង មានព្យញ្ជនៈ​ផ្សេងគ្នាផង ម្នាលអាវុសោ មួយទៀត មានបរិយាយ ដែលធម៌ទាំងនេះ​អាស្រ័យហើយ ក៏បែរជាមានសេចក្តីដូចគ្នា តែព្យញ្ជនៈផ្សេងគ្នា។ ម្នាលអាវុសោ ចុះ​បរិយាយ​ដូចម្តេច ដែលធម៌ទាំងនេះអាស្រ័យហើយ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈ​​ផ្សេងគ្នាផង ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្ត​ប្រកប​ដោយមេត្តា ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅ​កាន់លោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសកណ្តាល ព្រោះ​យកខ្លួន​ទៅប្រៀបផ្ទឹម​នឹងសត្វទាំងពួង ក្នុងទីទាំងពួង។ មានចិត្តប្រកបដោយករុណា… ប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា មានចិត្ត​ប្រកប​ដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅ​កាន់លោកទាំងអស់ ក្នុង​ទិស​ខាង​លើ ទិសខាងក្រោម ទិសទទឹង ព្រោះបង្អោនខ្លួន ​ទៅប្រៀបធៀប​នឹងសត្វទាំងពួង ក្នុងទីទាំងពួង ម្នាលអាវុសោ នេះហៅថា អប្បមាណាចោតោវិមុត្តិ ។ ម្នាលអាវុសោ អាកិញ្ចញ្ញាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ កន្លងបង់នូវ​វិញ្ញាណញ្ចាយតនៈ ដោយសព្វអន្លើ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​បរិកម្មថា អ្វីបន្តិចបន្តួច​មិនមានដូច្នេះ ម្នាលអាវុសោ នេះហៅថា អាកិញ្ចញ្ញាចេតោវិមុត្តិ។ ម្នាលអាវុសោ សុញ្ញតាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ នៅក្នុង​ព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែង​ពិចារណាយ៉ាងនេះថា របស់នេះ តែងសាបសូន្យ ចាកអត្តភាព ឬចាកវត្ថុសម្រាប់ទំនុកបម្រុងខ្លួន មានចីវរជាដើម ម្នាលអាវុសោ នេះលោកហៅថា សុញ្ញតាចេតោវិមុត្តិ។ ម្នាលអាវុសោ អនិមិត្តាចេតោវិមុត្តិ តើដូចម្តេច ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ចូលកាន់ចេតោសមាធិ ដែលមិនមាន​និមិត្ត ព្រោះ​មិនយកចិត្តទុកដាក់ ចំពោះអារម្មណ៍ទាំងពួង នេះហៅថា អនិមិត្តាចេតោវិមុត្តិ។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលធម៌ទាំងនេះ​អាស្រ័យ​ហើយ មានសេចក្តីផ្សេងគ្នាផង មានព្យញ្ជនៈ​ផ្សេងគ្នាផង។ ម្នាលអាវុសោ ចុះបរិយាយ​ដូចម្តេច ដែលពួកធម៌ទាំងនេះ អាស្រ័យហើយ បែរជាមានសេចក្តី​ដូចគ្នា តែមាន​ព្យញ្ជនៈ​ផ្សេងគ្នា ម្នាលអាវុសោ រាគៈ ជាកិលេសធ្វើនូវប្រមាណ [កិលេស មានរាគៈជាដើម មិនទាន់កើតឡើងដរាបណា ដរាបនោះ គេមិនអាចស្គាល់បុគ្គលនោះ ថាជាមនុស្សថ្នាក់​ណាទេ ព្រោះបុគ្គលនោះ ប្រហែលនឹង​សោតាបន្នបុគ្គលជាដើម។ លុះតែរាគៈ​ជាដើម កើតឡើង ទើបគេស្គាល់​ប្រមាណបុគ្គលនោះបានថា អ្នកនេះ ជាមនុស្ស​ថ្នាក់នេះ យ៉ាងនេះជាដើម បានជាហៅថា ជាកិលេសធ្វើនូវប្រមាណបាន។ អដ្ឋកថា។] ទោសៈ ជាកិលេស​ធ្វើនូវប្រមាណ មោហៈ ជាកិលេសធ្វើនូវប្រមាណ កិលេសទាំងនោះ ភិក្ខុដែល​ជាខីណាស្រព បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់ហើយ ធ្វើមិនឲ្យកើតតទៅទៀត ដូច​ដើមត្នោត ដែលគេក្របែល មិនឲ្យដុះតទៅទៀត ធ្វើមិនឲ្យមានបែបភាពតទៅទៀត ជាធម៌​មិនកើតតទៅទៀត។ ម្នាលអាវុសោ បណ្តាអប្បមាណាចេតោវិមុត្តិ [អប្បមាណាចេតោវិមុត្តិ១២គឺ ព្រហ្មវិហារ៤ មគ្គ៤ ផល៤។] ទាំងប៉ុន្មាន មាន អកុប្បាចេតោវិមុត្តិ [សំដៅយកអប្បមាណាចេតោវិមុត្តិទី១២ គឺអរហត្តផលចេតោវិមុត្តិ។] ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យ​មោហៈ។ ម្នាលអាវុសោ រាគៈ ជាគ្រឿងកង្វល់ ទោសៈ ជាគ្រឿងកង្វល់ មោហៈ ក៏ជាគ្រឿង​កង្វល់ កិលេសទាំងនោះ ភិក្ខុជាខីណាស្រព បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់​ហើយ បានធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោត ដែលគេកាប់ក្របែល ធ្វើឲ្យលែង​មានបែបភាពតទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើត​តទៅទៀតហើយ។ ម្នាលអាវុសោ អាកិញ្ចញ្ញាចេតោវិមុត្តិ [បានដល់ធម៌៩គឺ អាកិញ្ចញ្ញាយតនជ្ឈាន១ មគ្គ៤ ផល៤។ ឈានដែលឈ្មោះថា អាកិញ្ចញ្ញៈ ព្រោះគ្មានអារម្មណ៍ ជាគ្រឿងកង្វល់ មគ្គ ផល ក៏ឈ្មោះថា អាកិញ្ចញ្ញៈ ព្រោះគ្មានកិលេសជាគ្រឿង​កង្វល់។ ឯព្រះនិព្វាន ក៏ឈ្មោះថា អាកិញ្ចញ្ញៈដែរ តែព្រោះ​គ្មានចេតោវិមុត្តិ បានជាលោកមិនរាប់បញ្ចូល​ក្នុងពួក​អាកិញ្ចញ្ញាចេតោវិមុត្តិនេះ។] ទាំងប៉ុន្មាន មានអកុប្បាចេតោវិមុត្តិ ប្រសើរជាងវិមុត្តិ​ទាំងនោះ ព្រោះអកុប្បាចេតោវុមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ រាគៈ ជាកិលេសធ្វើនិមិត្ត [មានសេចក្តីដូចគ្នា នឹងពាក្យដែលថា កិលេស​ជាគ្រឿង​ធ្វើនូវប្រមាណដែរ តែចំណែក​អនិមិត្តាចេតោវិមុត្តិនេះ សង្គ្រោះយកធម៌​១៣ គឺ​វិបស្សនា១ អារុប្បជ្ឈាន៤ មគ្គ៤ ផល៤។ វិបស្សនា ហៅថា អនិមិត្ត ព្រោះគាស់​រំលើងនូវ​និច្ចនិមិត្ត សុខនិមិត្ត និងអត្តនិមិត្ត។ អារុប្បជ្ឈាន៤ ឈ្មោះថា អនិមិត្ត ព្រោះគ្មានរូបនិមិត្ត។ មគ្គ និងផល ឈ្មោះថា អនិមិត្ត ព្រោះគ្មានកិលេសជាគ្រឿង​ធ្វើនូវនិមិត្ត។ ព្រះនិព្វាន ក៏ឈ្មោះថា អនិមិត្តដែរ តែ​ព្រោះគ្មានចេតោវិមុត្តិ បានជាលោកមិនរាប់បញ្ចូល ក្នុងពួក​អនិមិត្តាចេតោវិមុត្តិនេះ។ អដ្ឋកថា។] ទោសៈជាកិលេសធ្វើនិមិត្ត មោហៈជាកិលេសធ្វើ​និមិត្ត ពួកកិលេសធ្វើនិមិត្តទាំងនោះ ភិក្ខុជាព្រះខីណាស្រព បានលះបង់ហើយ បានផ្តាច់​ផ្តិលឫសគល់​ហើយ ធ្វើវត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចដើមត្នោត ដែលគេក្របែល​ចោលហើយ ធ្វើឲ្យលែងមានបែបភាពតទៅទៀត ជាធម៌លែង​មានកំណើតតទៅទៀតហើយ។ ម្នាលអាវុសោ អនិមិត្តាចេតោវិមុត្តិទាំងប៉ុន្មាន មានអកុប្បាចេតោវិមុត្តិ ប្រសើរជាងវិមុត្តិទាំងនោះ ព្រោះអកុប្បាចេតោវិមុត្តិនោះ សូន្យរាគៈ សូន្យទោសៈ សូន្យមោហៈ។ ម្នាលអាវុសោ នេះឯងជាបរិយាយ ដែលធម៌​ទាំងនេះ អាស្រ័យហើយ មានសេចក្តីដូចគ្នា តែមានព្យញ្ជនៈផ្សេងគ្នា។ លុះ​ព្រះសារីបុត្រមានអាយុ បានពោលពាក្យនេះហើយ ព្រះមហាកោដ្ឋិកត្ថេរមានអាយុ ក៏​មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិត របស់ព្រះសារីបុត្រមានអាយុ។

ចប់ មហាវេទល្លសូត្រ ទី៣។

ចូឡវេទល្លសូត្រ ទី៤

[១៤៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ឧបាសកឈ្មោះ វិសាខ បានចូលទៅរក ធម្មទិន្នាភិក្ខុនី លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយបង្គំធម្មទិន្នាភិក្ខុនី ហើយក៏អង្គុយក្នុងទីដ៏សមគួរ។

[១៤៦] លុះវិសាខឧបាសកអង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរ​ធម្មទិន្នាភិក្ខុនី យ៉ាងនេះថា បពិត្រព្រះនាងជាម្ចាស់ ព្រះមានព្រះភាគ តែងត្រាស់ថា សក្កាយៈ សក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចខ្លះ ដែលព្រះមានព្រះភាគ ត្រាស់ថា សក្កាយៈ។ ធម្មទិន្នាភិក្ខុនីតបថា ម្នាលអាវុសោវិសាខ ឧបាទានក្ខន្ធ៥ ប្រការនេះឯង ដែល​ព្រះមានព្រះភាគត្រាស់ថា សក្កាយៈ ឧបាទានក្ខន្ធ៥ គឺ រូបូបាទានក្ខន្ធ១ វេទនូបាទានក្ខន្ធ១ សញ្ញូបាទានក្ខន្ធ១ សង្ខារូបាទានក្ខន្ធ១ វិញ្ញាណូបាទានក្ខន្ធ១ ម្នាលអាវុសោវិសាខ ឧបាទានក្ខន្ធទាំង៥ប្រការនេះឯង ដែលព្រះមានព្រះភាគ ត្រាស់ថា សក្កាយៈ។ វិសាខឧបាសក ក៏ត្រេកអរនឹងភាសិត របស់ធម្មទិន្នាភិក្ខុនីថា ពីរោះណាស់ ព្រះ​នាងជាម្ចាស់ ហើយក៏បានសួរប្រស្នា នឹងធម្មទិន្នាភិក្ខុនី តទៅទៀតថា បពិត្រព្រះនាង​ជាម្ចាស់ ព្រះមានព្រះភាគ ទ្រង់តែងត្រាស់ថា ហេតុដែលនាំឲ្យកើតសក្កាយៈ ហេតុដែល​នាំឲ្យកើតសក្កាយៈ បពិត្រព្រះនាងជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ​ទ្រង់ត្រាស់ថា ជាហេតុនាំឲ្យកើតសក្កាយៈ។ ធម្មទិន្នាភិក្ខុនីតបថា ម្នាលអាវុសោវិសាខ តណ្ហា​ដែលនាំឲ្យសត្វកើត​ក្នុងភពថ្មីទៀត ប្រកបដោយនន្ទិរាគៈ មានសេចក្តីត្រេកអរ ក្នុងភព​នោះៗ តណ្ហានោះគឺ កាមតណ្ហា១ ភវតណ្ហា១ វិភវតណ្ហា១ ម្នាលអាវុសោវិសាខ​ នេះឯង​ហើយ ដែលព្រះមានព្រះភាគ ត្រាស់ថា ហេតុនាំឲ្យកើតសក្កាយៈ។ បពិត្រ​ព្រះនាង​ជាម្ចាស់ ព្រះមានព្រះភាគ ត្រាស់ថា ការរំលត់សក្កាយៈ ការរំលត់សក្កាយៈ បពិត្រព្រះនាង​ជាម្ចាស់ ធម៌ដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ ត្រាស់ថា ជាគ្រឿង​រំលត់​សក្កាយៈ។ ម្នាលអាវុសោវិសាខ សេចក្តីនឿយណាយ និងការរំលត់ ដោយមិនសល់ ការ​លះបង់ ការជម្រុះចោល ការរួចស្រឡះ ការលែង​អាឡោះអាល័យ ចំពោះតណ្ហានោះឯង ម្នាលអាវុសោវិសាខ នេះឯងហើយ ដែលព្រះមានព្រះភាគ ត្រាស់ថា ការរំលត់​សក្កាយៈ។ បពិត្រព្រះនាង​ជាម្ចាស់ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា បដិបទា ជាដំណើរ​ទៅកាន់​សេចក្តី​​រំលត់សក្កាយៈ បដិបទា ជាដំណើរ​ទៅកាន់សេចក្តីរំលត់សក្កាយៈ បពិត្រព្រះនាង​ជាម្ចាស់ ធម្មជាតដូចម្តេចហ្ន៎ ដែលព្រះមានព្រះភាគ ត្រាស់ថា បដិបទា​ ជាដំណើរ​ទៅកាន់សេចក្តី​រំលត់សក្កាយៈ។ ម្នាលអាវុសោវិសាខ មគ្គប្រកបដោយអង្គ៨ ដ៏​ប្រសើរ​នេះឯង ដែលព្រះមានព្រះភាគ ត្រាស់ថា បដិបទា ជាដំណើរ​ទៅកាន់សេចក្តីរំលត់​សក្កាយៈ មគ្គដែលប្រកបដោយអង្គ៨នោះគឺ សេចក្តីយល់ត្រូវ១ ការត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាមត្រូវ១ ស្មារតីត្រូវ១ ការតំកល់​ចិត្តនឹងត្រូវ១។ បពិត្រព្រះនាង​ជាម្ចាស់ ឧបាទាននោះ គឺឧបាទានក្ខន្ធទាំង​៥ នោះឯង ឬក៏ឧបាទានដោយឡែក អំពី​ឧបាទានក្ខន្ធ ទាំង៥ (នោះ)ទេ។ ម្នាលអាវុសោ​វិសាខ ឧបាទាននោះឯង មិនមែនជាឧបាទានក្ខន្ធ ទាំង៥នោះទេ ឯឧបាទាន (នោះ) សោត ក៏មិនមែនដោយឡែក អំពីឧបាទានក្ខន្ធ ទាំង៥ដែរ ម្នាលអាវុសោវិសាខ ឧបាទាននោះឯង មិនមែនជាឧបាទានក្ខន្ធ ទាំង៥នោះទេ តែឧបាទាន​ នឹងញែកចេញ អំពីឧបាទានក្ខន្ធ ​មិន​បានដែរ ម្នាលអាវុសោវិសាខ សេចក្តីត្រេកត្រអាល ក្នុងឧបាទានក្ខន្ធ ទាំង៥ ឈ្មោះថា ឧបាទាន ក្នុងឧបាទានក្ខន្ធនោះ។

[១៤៧] បពិត្រព្រះនាង​ជាម្ចាស់ ចុះ សក្កាយទិដ្ឋិ ដូចម្តេច។ ម្នាលអាវុសោវិសាខ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនបានជួបប្រទះនឹងពួកព្រះអរិយៈ [បុគ្គល​ដែល​ឆ្ងាយចាកកិលេស ហៅថា អរិយៈ។] មិនឈ្លាសវៃក្នុងធម៌ព្រះអរិយៈ មិនបានហាត់​ខ្លួន ក្នុងធម៌របស់ព្រះអរិយៈ ទាំងមិនបានឃើញពួកសប្បុរស [បុរសដែលល្អ ដោយលោកុត្តរគុណ ហៅថា សប្បុរស ឈ្មោះទាំងពីរនេះ សំដៅយកព្រះពុទ្ធ ព្រះបច្ចេកពុទ្ធ និងព្រះពុទ្ធសាវ័ក។ អដ្ឋកថា។] មិនឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបាន​ហាត់ចិត្ត ក្នុងធម៌របស់សប្បុរស រមែងពិចារណាឃើញ នូវរូបថាខ្លួនខ្លះ ពិចារណា​ឃើញនូវ​ខ្លួន ថាមានរូបខ្លះ ពិចារណាឃើញរូបក្នុងខ្លួនខ្លះ ពិចារណាឃើញ​ខ្លួន ក្នុងរូបខ្លះ ពិចារណាឃើញវេទនា… សញ្ញា… សង្ខារទាំងឡាយ… ពិចារណាឃើញវិញ្ញាណ ថាខ្លួន​ខ្លះ ពិចារណា​ឃើញ​ខ្លួន ថាមានវិញ្ញាណខ្លះ ពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ ពិចារណាឃើញ​ខ្លួន ក្នុងវិញ្ញាណខ្លះ ម្នាលអាវុសោវិសាខ យ៉ាងនេះឯងហើយ ដែល​ហៅ​ថា សក្កាយទិដ្ឋិ ។ បពិត្រព្រះនាង​ជាម្ចាស់ ដែលហៅថា មិនមានសក្កាយទិដ្ឋិ ដូចម្តេច។ ម្នាលអាវុសោវិសាខ អរិយសាវ័ក ក្នុងលោកនេះ ជាអ្នកចេះដឹង បានឃើញពួក​ព្រះអរិយៈ ឈ្លាសវៃក្នុងធម៌ ​របស់ព្រះអរិយៈ បានហាត់ចិត្តល្អ ក្នុងធម៌ព្រះអរិយៈ ទាំងបានជួបប្រទះ​នឹង​ពួកសប្បុរស ឈ្លាសវៃក្នុងធម៌​របស់សប្បុរស បានហាត់ចិត្តដោយល្អ ក្នុងធម៌របស់​សប្បុរស មិនបាន​ពិចារណា​ឃើញនូវរូប ថាខ្លួនខ្លះ មិនបានពិចារណាឃើញនូវ​ខ្លួន ថាមានរូបខ្លះ មិនពិចារណាឃើញរូបក្នុងខ្លួនខ្លះ មិនពិចារណាឃើញ​ខ្លួន ក្នុងរូបខ្លះ មិនបាន​ពិចារណាឃើញវេទនា… សញ្ញា… សង្ខារទាំងឡាយ… មិនបាន​ពិចារណា​ឃើញវិញ្ញាណ ថាខ្លួនខ្លះ មិនបាន​ពិចារណា​ឃើញខ្លួន ថាមានវិញ្ញាណខ្លះ មិនបានពិចារណាឃើញវិញ្ញាណក្នុងខ្លួនខ្លះ និងមិនពិចារណាឃើញ​ខ្លួន ក្នុងវិញ្ញាណខ្លះ ម្នាលអាវុសោវិសាខ យ៉ាងនេះឯងហើយ ដែលហៅថា មិនមានសក្កាយទិដ្ឋិ។

[១៤៨] បពិត្រព្រះនាង​ជាម្ចាស់ មគ្គប្រកបដោយអង្គ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលអាវុសោវិសាខ មគ្គដែល​ប្រកបដោយអង្គ៨ប្រការ ដ៏ប្រសើរនេះឯង គឺសេចក្តីយល់​ត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ ការព្យាយាមត្រូវ​១ ស្មារតីត្រូវ១ ការតំកល់ចិត្តនឹងត្រូវ១ បពិត្រព្រះនាង​ជាម្ចាស់ ចុះ អដ្ឋង្គិកមគ្គ ដ៏ប្រសើរ​នោះ ជា សង្ខតធម៌ [ជាធម៌ដែលព្រះអរិយៈ​នៅធ្វើ នៅតាក់តែង ត្រូវតែប្រតិបត្តិ ហៅថា សង្ខតៈ។] ឬជាអសង្ខតធម៌។ ម្នាលអាវុសោវិសាខ អដ្ឋង្គិកមគ្គ ដ៏ប្រសើរ ជាសង្ខតធម៌។ បពិត្រព្រះនាង​ជាម្ចាស់ ខន្ធទាំង៣ប្រការ លោកសង្គ្រោះចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរ ឬ​អដ្ឋង្គិកមគ្គ ដ៏ប្រសើរ លោកសង្គ្រោះចូល ក្នុងខន្ធ ទាំង៣ប្រការវិញ។ ម្នាលអាវុសោវិសាខ ខន្ធទាំង៣ប្រការ លោកមិនបានសង្គ្រោះ​ចូល ក្នុងអដ្ឋង្គិកមគ្គ ដ៏ប្រសើរទេ ម្នាលអាវុសោ​វិសាខ តែអដ្ឋង្គិកមគ្គ ទាំង៨ប្រការ ដ៏ប្រសើរ លោកសង្គ្រោះ ចូលក្នុងខន្ធ ទាំង៣ប្រការវិញ ម្នាលអាវុសោវិសាខ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ ធម៌ទាំង (៣) នេះ លោកសង្គ្រោះ ចូល​ក្នុងសីលក្ខន្ធ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១ ធម៌​ទាំង​ (៣) នេះ លោកសង្គ្រោះ ចូលក្នុងសមាធិក្ខន្ធ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ ធម៌ទំាង (២) នេះ លោក​សង្គ្រោះ ចូលក្នុងបញ្ញាខន្ធ។ បពិត្រព្រះនាង​ជាម្ចាស់ សមាធិ ដូចម្តេច ពួក​ធម៌ជា​ សមាធិនិមិត្ត ដូចម្តេច ពួកធម៌ជា សមាធិបរិក្ខារ ដូចម្តេច សមាធិភាវនា ដូចម្តេច។ ម្នាលអាវុសោវិសាខ សភាវៈ ដែលធ្វើចិត្តឲ្យនឹង នៅក្នុងអារម្មណ៍តែមួយ ហៅថា សមាធិ សតិប្បដ្ឋានទាំង៤ ហៅថា សមាធិនិមិត្ត សម្មប្បធាន៤ ហៅថា សមាធិបរិក្ខារ ការធ្វើចិត្ត​ឲ្យតំកល់នឹង ការចំរើន និងការធ្វើឲ្យច្រើន ចំពោះ​ធម៌ទាំងនោះឯង ហៅថា សមាធិភាវនា ។

[១៤៩] បពិត្រព្រះនាង​ជាម្ចាស់ ចុះសង្ខារទាំងឡាយ មានប៉ុន្មាន។ ម្នាលអាវុសោ​វិសាខ សង្ខារទាំងឡាយនេះ មាន៣ គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១។ បពិត្រព្រះនាង​ជាម្ចាស់ កាយសង្ខារ តើដូចម្តេច វចីសង្ខារ ដូចម្តេច ចិត្តសង្ខារ ដូចម្តេច។ ម្នាលអាវុសោវិសាខ ខ្យល់ដង្ហើមចេញចូលហ្នឹងឯង ហៅថា កាយសង្ខារ វិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ ។ បពិត្រព្រះនាង​ជាម្ចាស់ ព្រោះ​ហេតុអ្វី បានជាខ្យល់ដង្ហើមចេញចូល ហៅថា កាយសង្ខារ ព្រោះ​ហេតុអ្វីបានជាវិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ ព្រោះ​ហេតុអ្វីបានជាសញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។ ម្នាលអាវុសោវិសាខ ការដកដង្ហើមចេញចូលហ្នឹងឯង ជាធម៌ប្រព្រឹត្តទៅក្នុងកាយ ធម៌ទាំង​នុ៎ះ ជាធម៌ជាប់ទាក់ទងនឹងកាយ ព្រោះហេតុនោះ បានជាខ្យល់​ដកដង្ហើម​ចេញចូល ហៅថា កាយសង្ខារ ម្នាលអាវុសោវិសាខ បុគ្គលត្រិះរិះពិចារណាមុនសិន ទើបបញ្ចេញ​វាចា (ក្រោយ) ព្រោះហេតុនោះ បានជាវិតក្កៈ និងវិចារៈ ហៅថា វចីសង្ខារ ឯសញ្ញា និងវេទនា ជាធម៌ប្រព្រឹត្តទៅក្នុងចិត្ត ធម៌ទាំងនុ៎ះ ជាធម៌​ជាប់ទាក់ទងនឹងចិត្ត ព្រោះ​ហេតុនោះ បានជា​សញ្ញា និងវេទនា ហៅថា ចិត្តសង្ខារ។

[១៥០] បពិត្រព្រះនាង​ជាម្ចាស់ ចុះ សញ្ញាវេទយិតនិរោធសមាបត្តិ ដូចម្តេច។ ម្នាលអាវុសោវិសាខ ភិក្ខុដែលកំពុងចូល សញ្ញាវេទយិតនិរោធ (នោះ) មិនមានគំនិត​យ៉ាងនេះថា អាត្មាអញ នឹងចូលសញ្ញាវេទយិតនិរោធ ឬថា អាត្មាអញ កំពុងចូល​សញ្ញាវេទយិតនិរោធ ឬក៏ថា អាត្មាអញ ចូលសញ្ញាវេទយិតនិរោធហើយ ដូច្នេះឡើយ តែថា មុននឹងដល់ ​និរោធសមាបត្តិនោះ ភិក្ខុនោះ បានចំរើនចិត្តយ៉ាងនោះ បានជា​បង្អោន​ទៅដើម្បី​ជាបុគ្គល​រលត់ចិត្តសង្ខារ [តាមសេចក្តីយល់ថា របៀបចូល​សញ្ញាវេទយិតនិរោធ​នោះ ត្រូវចូលរូបជ្ឈាន និងអរូបជ្ឈានសិន រួចទើបចូលសញ្ញាវេទយិតនិរោធ។ មុននឹង​ដល់​សញ្ញាវេទយិតនិរោធនោះ ភិក្ខុនៅមាន​គំនិតថា នឹងចូល ឬចូលយ៉ាងនេះ តែបន្ទាប់ពី​នេវសញ្ញានាសញ្ញាយតនៈទៅ ភិក្ខុនោះ មិនមានគំនិតថា នឹងចូលនិរោធនោះទេ តែដោយអំណាច ដែលបាន​ហាត់ចិត្តស្ទាត់​មក​ហើយនោះ ក៏ស្រាប់តែរអិល ដល់និរោធនោះតែម្តង។ ក្នុងនិរោធនោះសោត គ្មានចិត្ត​សង្ខារទេ គឺរលត់សញ្ញា និងវេទនាអស់ ដូចជាបុគ្គល​គ្មានចិត្ត។]។ បពិត្រព្រះនាង​ជាម្ចាស់ ចុះភិក្ខុដែលចូល​សញ្ញាវេទយិតនិរោធ ពួកធម៌ណារលត់មុន កាយសង្ខារ ឬវចីសង្ខារ ឬក៏​ចិត្តសង្ខារ (រលត់មុន)។ ម្នាលអាវុសោវិសាខ ភិក្ខុដែលចូលសញ្ញាវេទយិតនិរោធនោះ វចីសង្ខារ រលត់មុន តមក ទើបកាយសង្ខារ (រលត់) តពីនោះមកទៀត ទើបចិត្តសង្ខារ (រលត់)។ បពិត្រព្រះនាង​ជាម្ចាស់ ការចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិមកវិញ ដោយប្រការដូចម្តេច។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញអំពីសញ្ញាវេទយិតនិរោធ​សមាបត្តិ (នោះ) មិនមានគំនិតយ៉ាងនេះថា អាត្មាអញ នឹងចេញអំពី​សញ្ញាវេទយិត​និរោធសមាបត្តិ ឬថា អាត្មាអញ ចេញអំពីសញ្ញាវេទយិតនិរោធសមាបត្តិឥឡូវនេះ ឬក៏ថា អាត្មាអញ ចេញហើយ អំពី​សញ្ញាវេទយិតនិរោធសមាបត្តិ ដូច្នេះឡើយ តែថា មុននឹងចេញអំពី ​និរោធសមាបត្តិនោះ ភិក្ខុនោះ ចំរើនចិត្តយ៉ាងនេះ បានជាបង្អោន​ចិត្តទៅ ដើម្បី​ជាបុគ្គល មានចិត្តសង្ខារឡើង​វិញ។ បពិត្រព្រះនាង​ជាម្ចាស់ ចុះភិក្ខុដែល​ចេញ ​អំពីសញ្ញាវេទយិតនិរោធ ពួកធម៌ណា​កើតមុន កាយសង្ខារ ឬវចីសង្ខារ ឬក៏ចិត្តសង្ខារ (កើតមុន)។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែល​ចេញ អំពីសញ្ញាវេទយិតនិរោធ​សមាបត្តិ (នោះ) ចិត្តសង្ខារកើតមុន តមក ទើប​កាយសង្ខារ (កើត) តអំពីនោះមកទៀត ទើបវចីសង្ខារ (កើត)។ បពិត្រព្រះនាង​ជាម្ចាស់ ភិក្ខុដែលចេញអំពី​សញ្ញាវេទយិតនិរោធ​សមាបត្តិមកវិញ មានផស្សៈ​ប៉ុន្មានពាល់ត្រូវ។ ម្នាលអាវុសោវិសាខៈ ភិក្ខុដែលចេញ អំពី​សញ្ញាវេទយិតនិរោធសមាបត្តិ​មក​វិញ មានផស្សៈ ​៣ប្រការ ពាល់ត្រូវគឺ សុញ្ញតផស្សៈ [ដែលកើតជាមួយនឹងសុញ្ញតផលសមាបត្តិ ឈ្មោះថា សុញ្ញតផស្សៈ។]១ អនិមិត្តផស្សៈ [ផស្សៈ​ដែលកើត​ជាមួយនឹង​​អនិមិត្តផលសមាបត្តិ​នោះ ហៅថា អនិមិត្តផស្សៈ។]១ អប្បណិហិតផស្សៈ [ផស្សៈ ដែល​កើតជាមួយនឹង​អប្បណិហិតផលសមាបត្តិនោះ ហៅថា អប្បណិហិតផស្សៈ។ អដ្ឋកថា។] ១។ បពិត្រព្រះនាង​ជាម្ចាស់ ភិក្ខុដែលចេញ​អំពីសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្ត (លោក) បង្អោនទៅរកអ្វី ទោរទន់ទៅរកអ្វី ឈមទៅរកអ្វី។ ម្នាលអាវុសោវិសាខ ភិក្ខុដែល​ចេញ អំពីសញ្ញាវេទយិតនិរោធសមាបត្តិ ចិត្តលោក បង្អោនទៅរកវិវេក ទោរទន់​ទៅរកវិវេក ឈមទៅរកវិវេក។

[១៥១] បពិត្រព្រះនាង​ជាម្ចាស់ វេទនា តើមានប៉ុន្មាន។ ម្នាលអាវុសោវិសាខ វេទនា​មាន៣ប្រការគឺ សុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១។ បពិត្រព្រះនាង​ជាម្ចាស់ ចុះ សុខវេទនា តើដូចម្តេច ទុក្ខវេទនា ដូចម្តេច អទុក្ខមសុខវេទនា ដូចម្តេច។ ម្នាលអាវុសោវិសាខ ធម្មជាត ដែលទទួលអារម្មណ៍ជាសុខ ដ៏ឆ្ងាញ់ ប្រព្រឹត្តទៅក្នុងកាយ ឬ​ប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា សុខវេទនា ម្នាលអាវុសោវិសាខៈ ធម្មជាត ដែលទទួលអារម្មណ៍ជាទុក្ខ មិនឆ្ងាញ់ ប្រព្រឹត្តទៅក្នុងកាយ ឬ​ប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា ទុក្ខវេទនា ម្នាលអាវុសោវិសាខៈ ធម្មជាត ដែលទទួលអារម្មណ៍ ដែលឆ្ងាញ់ ក៏មិនមែន មិនឆ្ងាញ់ ក៏មិនមែន ប្រព្រឹត្តទៅក្នុងកាយ ឬ​ប្រព្រឹត្តទៅក្នុងចិត្ត នេះហៅថា អទុក្ខមសុខវេទនា។ បពិត្រព្រះនាង​ជាម្ចាស់ ចុះសុខវេទនា មានអ្វីជាសុខ មានអ្វីជាទុក្ខ។ ម្នាលអាវុសោវិសាខ សុខវេទនា មានកិរិយា​ឋិតនៅដដែលជាសុខ មានការប្រែប្រួល​ទៅវិញ ជាទុក្ខ ទុក្ខវេទនា មានកិរិយានៅជាទុក្ខ មានកិរិយាប្រែប្រួលទៅវិញជាសុខ ឯ​អទុក្ខមសុខវេទនា មានការដឹងច្បាស់ជាសុខ មានការមិនដឹងជាទុក្ខ។ បពិត្រព្រះនាង​ជាម្ចាស់ ចុះអនុស័យអ្វី ដេកសម្ងំនៅក្នុងសុខវេទនា អនុស័យអ្វី ដេកសម្ងំនៅក្នុងទុក្ខវេទនា អនុស័យអ្វី ដេកសម្ងំនៅក្នុងអទុក្ខមសុខវេទនា។ ម្នាលអាវុសោ​វិសាខៈ រាគានុស័យ ដេកសម្ងំនៅក្នុងសុខវេទនា បដិឃានុស័យ ដេកសម្ងំនៅក្នុងទុក្ខវេទនា អវិជ្ជានុស័យ ដេកសម្ងំនៅក្នុងអទុក្ខមសុខវេទនា។ បពិត្រព្រះនាង​ជាម្ចាស់ រាគានុស័យ សុទ្ធតែដេកសម្ងំនៅក្នុងសុខវេទនាទាំងអស់ បដិឃានុស័យ សុទ្ធតែដេកសម្ងំ នៅក្នុងទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ សុទ្ធតែដេកសម្ងំ នៅក្នុងអទុក្ខមសុខវេទនាទាំងអស់ ឬដូចម្តេច។ ម្នាលអាវុសោវិសាខ រាគានុស័យ មិនសុទ្ធតែដេកសម្ងំ នៅក្នុងសុខវេទនាទាំងអស់ទេ បដិឃានុស័យ មិន​សុទ្ធតែដេកសម្ងំ នៅខាងក្នុងទុក្ខវេទនាទាំងអស់ អវិជ្ជានុស័យ មិន​សុទ្ធតែដេកសម្ងំ នៅខាងក្នុងអទុក្ខមសុខវេទនា​ទាំងអស់ទេ។ បពិត្រព្រះនាង​ជាម្ចាស់ ចុះអ្វី ដែលបុគ្គលត្រូវលះបង់ ដោយសុខវេទនា អ្វីដែលត្រូវលះបង់ ដោយទុក្ខវេទនា អ្វី​ដែលត្រូវលះបង់ដោយអទុក្ខមសុខវេទនា។ ម្នាលអាវុសោវិសាខ រាគានុស័យ ត្រូវលះបង់ដោយសុខវេទនា បដិឃានុស័យ ត្រូវលះបង់ដោយទុក្ខវេទនា អវិជ្ជានុស័យ ត្រូវលះបង់ដោយអទុក្ខមសុខវេទនា។ បពិត្រព្រះនាង​ជាម្ចាស់ រាគានុស័យ ត្រូវលះបង់ដោយសុខវេទនាទាំងអស់ បដិឃានុស័យ ត្រូវលះបង់ដោយទុក្ខវេទនាទាំង​អស់ អវិជ្ជានុស័យ ត្រូវលះបង់ដោយអទុក្ខមសុខវេទនាទាំងអស់ឬ។ ម្នាលអាវុសោវិសាខ រាគានុស័យ មិនត្រូវលះបង់ ដោយសុខវេទនាទាំងអស់ទេ បដិឃានុស័យ មិនត្រូវលះបង់  ដោយទុក្ខវេទនាទាំង​អស់ទេ អវិជ្ជានុស័យ មិនត្រូវលះបង់  ដោយអទុក្ខមសុខវេទនា​ទាំងអស់ទេ។ ម្នាលអាវុសោវិសាខ ភិក្ខុក្នុងសាសនានេះ ជាអ្នកស្ងប់​ស្ងាត់ ចាកកាម ស្ងប់ស្ងាត់ ចាកអកុសលធម៌ទាំងឡាយ ហើយចូលកាន់​បឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក លោកលះបង់រាគៈ ដោយ​បឋមជ្ឈាននោះ ឯរាគានុស័យ ដេកសម្ងំនៅក្នុងបឋមជ្ឈាន​នោះ មិនបានទេ ម្នាល​អាវុសោវិសាខៈ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ ដូច្នេះថា កាលណាហ្ន៎ អាត្មាអញ នឹងបានចូលកាន់អាយតនៈ គឺអរហត្ត ដែលពួក​ព្រះអរិយៈ តែងចូលក្នុងកាលឥឡូវនេះ កាលបើភិក្ខុតាំងនូវសេចក្តីប្រាថ្នា ចំពោះពួកវិមោក្ខដ៏​ប្រសើរ ដូច្នេះហើយ ទោមនស្សរមែងកើតឡើង ព្រោះសេចក្តី​ប្រាថ្នាជាបច្ច័យ ភិក្ខុនោះ រមែង​លះបង់នូវបដិឃៈ ដោយទោមនស្ស [អដ្ឋកថា ពន្យល់ថា មិនមែនលះបង់បដិឃៈ ដោយទោមនស្សតែម្តងទេ គឺភិក្ខុដែលមានសេចក្តីប្រាថ្នា ចង់បានអរហត្តផល ហើយមិន​បានដូចប្រាថ្នា ទោមនស្សក៏កើតឡើង ម្ល៉ោះហើយ ភិក្ខុនោះ ខំប្រឹងប្រែង ធ្វើសេចក្តីព្យាយាម រហូតដល់បានរលាស់បដិឃៈចោល ដោយអនាគាមិមគ្គបាន។ ម្យ៉ាង​ទៀត ទោមនស្សនេះ ពិតជាអកុសលដោយចំណែកមួយមែនហើយ តែទោមនស្សនេះ គួរសេពគប់។] ឯបដិឃានុស័យ ក៏សម្ងំនៅក្នុងទោមនស្ស​នោះ មិនបានទេ ម្នាលអាវុសោវិសាខៈ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សេចក្តីសុខផង លះបង់​សេចក្តី​ទុក្ខផង រំលត់សោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ក៏ចូលកាន់ចតុត្ថជ្ឈាន ដែល​ឥតសុខ ឥតទុក្ខ មានតែសតិ ដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ ដោយ​ឥរិយាបថទាំង៤ ភិក្ខុនោះ រមែង​លះបង់អវិជ្ជា ដោយចតុត្ថជ្ឈាននោះ អវិជ្ជានុស័យ ដេកសម្ងំនៅក្នុងចតុត្ថជ្ឈាន​នោះ មិនបានឡើយ។

[១៥២] បពិត្រព្រះនាង​ជាម្ចាស់ ចុះសុខវេទនា មានអ្វីជាគ្រឿងប្រៀបធៀបឲ្យ​ប្រហែលគ្នា។ ម្នាលអាវុសោវិសាខ សុខវេទនា មានរាគៈ ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះទុក្ខវេទនា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខ ទុក្ខវេទនា មានបដិឃៈ ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះអទុក្ខមសុខវេទនា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អទុក្ខមសុខវេទនា មានអវិជ្ជា ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះអវិជ្ចា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អវិជ្ចា មានវិជ្ជា ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ វិជ្ជា មានអ្វីជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខ វិជ្ជា មានវិមុត្តិ ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះវិមុត្តិ មានអ្វី ជាគ្រឿង​ប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ វិមុត្តិ មានព្រះនិព្វាន ជាគ្រឿង​ប្រៀបធៀប។ បពិត្រព្រះនាង​ជាម្ចាស់​ ចុះព្រះនិព្វាន មានអ្វី ជាគ្រឿងប្រៀបធៀប។ ម្នាលអាវុសោវិសាខៈ អ្នកសួរជ្រុលហួសពេកហើយ អ្នកណា ក៏​មិនអាចនឹង​កាន់យក​ទីបំផុត របស់ប្រស្នាទាំងឡាយ (នេះ) បានទេ ម្នាលអាវុសោវិសាខៈ ព្រោះព្រហ្មចរិយធម៌ ឈមទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វានជាទី​បំផុត ម្នាលអាវុសោវិសាខៈ បើអ្នកត្រូវការ គប្បីចូលទៅគាល់ព្រះមានព្រះភាគ ក្រាបទូល​សួរសេចក្តីនេះចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករដល់អ្នក យ៉ាងណា ត្រូវអ្នកចាំទុកនូវ​សេចក្តីនោះ យ៉ាងនោះចុះ។

[១៥៣] លំដាប់នោះឯង វិសាខឧបាសក បានត្រេកអរ រីករាយនឹងភាសិតរបស់​ធម្មទិន្នាភិក្ខុនី ហើយក្រោកចាកអាសនៈ ថ្វាយបង្គំធម្មទិន្នាភិក្ខុនី ធ្វើប្រទក្សិណ ហើយក៏​ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានបុញ្ញរាសី ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះវិសាខឧបាសក អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាប​ទូលពាក្យ ដែលខ្លួនបានចរចា នឹងធម្មទិន្នាភិក្ខុនី ទាំងប៉ុន្មាន ចំពោះព្រះមានព្រះភាគ ដោយសព្វគ្រប់។ លុះវិសាខឧបាសក ក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ នឹងវិសាខឧបាសក យ៉ាងនេះថា ម្នាលវិសាខៈ ធម្មទិន្នាភិក្ខុនី ជាបណ្ឌិត ម្នាល​វិសាខៈ ធម្មទិន្នាភិក្ខុនី ជាស្ត្រីមានប្រាជ្ញាច្រើន ម្នាលវិសាខៈ បើទុកជាអ្នកត្រឡប់​សួរ​សេចក្តី​នុ៎ះ នឹងតថាគតវិញ តថាគត ក៏ត្រូវព្យាករសេចក្តីនុ៎ះ ដូចសេចក្តីដែលនាង​ធម្មទិន្នាភិក្ខុនី ព្យាករហើយ យ៉ាងនោះដែរ សេចក្តីនៃប្រស្នានោះ យ៉ាងហ្នឹងហើយ ចូរអ្នក​ចាំទុកប្រស្នានុ៎ះ យ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ ត្រាស់ភាសិតនេះហើយ វិសាខឧបាសក ក៏ត្រេកអរ នឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ ចូឡវេទល្លសូត្រ ទី៤។

ចូឡធម្មសមាទានសូត្រ ទី៥

[១៥៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​ភិក្ខុទាំងឡាយ​ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះ​ពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៥៥] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន​ទាំង​ឡាយនេះ មាន៤យ៉ាង ធម្មសមាទាន៤យ៉ាង តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ១។

[១៥៦] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍​ពួកខ្លះ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាម​ទាំងឡាយមិនមាន បានជាអ្នក​ទាំងនោះ ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍​ទាំងនោះ ក៏ឲ្យនាងបរិព្វាជិកាទាំងឡាយ ដែលមានផ្នួងសក់​បួងហើយ បម្រើខ្លួន អ្នកទាំងនោះ ពោលយ៉ាងនេះថា ចុះហេតុអ្វី បានជាសមណព្រាហ្មណ៍ ដ៏ចំរើន​អម្បាលនោះ ពិចារណា​ឃើញអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះ​បង់ នូវកាមទាំងឡាយ បញ្ញត្ត នូវការកន្លងកាមទាំងឡាយ ដ្បិតថាសម្ផស្សកំភួនដៃ របស់​នាងបរិព្វាជិកាជំទង់ ប្រកបដោយរោមទន់នេះ ជាសុខម្ល៉េះ សមណព្រាហ្មណ៍ទាំងនោះ ក៏​ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍ទាំងនោះ ដល់នូវ​សេចក្តី​​ស្រួលចិត្ត ក្នុងកាមទាំងឡាយ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែង​ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ សមណព្រាហ្មណ៍ទាំងនោះ រងនូវទុក្ខវេទនាដ៏​ក្លាខ្លាំង ខ្លោចផ្សា ក្នុងអបាយនោះ ទើបអ្នកទាំងនោះ ពោលយ៉ាងនេះថា ឱ នេះហើយតើ បានជាសមណព្រាហ្មណ៍ ​ដ៏ចំរើនទាំងនោះ ពិចារណាឃើញ អនាគតភ័យ ក្នុងកាមទាំង​ឡាយ ហើយពោល នូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវ​ការកន្លង​កាមទាំងឡាយ ឥឡូវ យើងទាំងនេះ ក៏រងទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះមានកាម ជាហេតុ មានកាម​ ជាគ្រឿង​ប្រគល់ឲ្យនូវផលមែន។  ម្នាលភិក្ខុទាំងឡាយ ដូចជាផ្លែជ្រៃទុំ បែកក្នុងខែ​ជាទី​បំផុត នៃគិម្ហរដូវទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពូជជ្រៃនោះ ក៏ច្រុះចុះ ទៀបគល់​រាំងភ្នំ​មួយដើម។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទេវតាណា ដែលអាស្រ័យ​នៅលើដើមរាំង​ភ្នំ​នោះ ទេវតានោះ ក៏ភិតភ័យ ភ្ញាក់ផ្អើល ដល់នូវសេចក្តីតក់ស្លុត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង អារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យលើ​ដើមឈើ​ជាថ្នាំ និងស្មៅ និងដើមឈើជាធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិ​សាលោហិត របស់ទេវតា ដែលអាស្រ័យ​នៅលើដើមរាំងភ្នំនោះ មកប្រជុំព្រមគ្នា លួងលោម​យ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេច​ឲ្យតែ​ក្ងោកចឹកលេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃ បោចរោច ឬកណ្តៀរ​ពូន​លុប នូវ​ពូជជ្រៃនោះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជក៏បាន។ ម្នាលភិក្ខុទាំងឡាយ ក្ងោកក៏មិនចឹកលេប ម្រឹគមិនទំពាស៊ី ភ្លើងព្រៃមិនឆេះ អ្នកធ្វើការងារក្នុងព្រៃ មិនបោចរោច កណ្តៀរមិន​ពូន​លុប​ នូវ​ពូជជ្រៃនោះ ពូជក៏នៅតែមាន។ លុះមេឃ​មានភ្លៀងបង្អោរចុះមក ពូជជ្រៃនោះ ក៏ដុះលូតលាស់ឡើង។ ពូជជ្រៃនោះ ខ្ចីទន់ មានព្រុយ​សំយុងចុះ។ ពូជជ្រៃនោះ ក៏រួបរិតដើមរាំងភ្នំនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ទេវតា ដែលអាស្រ័យ​លើដើមរាំងភ្នំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ហេតុអ្វី​បានជាអារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យនៅលើដើម​ឈើ​ជាថ្នាំ និងស្មៅ និងឈើជាធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិសាលោហិត ពិចារណាឃើញនូវ​អនាគតភ័យ ក្នុងពូជជ្រៃទាំងឡាយ ហើយប្រជុំព្រមគ្នា លួងលោម យ៉ាងនេះថា  អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេច​ឲ្យតែ​ក្ងោកចឹក​លេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃបោចរោច កណ្តៀរ​ពូន​លុបនូវ​ពូជជ្រៃនោះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជ ដូច្នេះ (បើ) សម្ផស្សរបស់ពួរជ្រៃនោះ ខ្ចីទន់ មានព្រុយ​សំយុងចុះស្រួលម្ល៉េះ។ (លុះកាលតមក) ពួរជ្រៃនោះ ក៏រួបរិត​ដើម​រាំង​ភ្នំ​នោះ។ លុះពួរជ្រៃនោះ រួបរឹតដើមរាំងភ្នំនោះហើយ ក៏ធ្វើ​ជាប្រគាបស៊ុមទ្រុមខាងលើ សំយុង​ពួរចុះចាប់ផែនដី ទំលាយនូវដើម​រាំងភ្នំធំៗនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ទេវតា ដែលអាស្រ័យ​នៅលើដើមរាំងភ្នំនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា ឱ នេះហើយបានជា អារាមទេវតា វនទេវតា រុក្ខទេវតា និងទេវតា ដែលអាស្រ័យ​លើដើម​ឈើ​ជាថ្នាំ និងស្មៅ និងដើមឈើធំ ក្នុងព្រៃទាំងឡាយ ជាមិត្ត ជាអាមាត្យ ជាញាតិ​សាលោហិត ពិចារណាឃើញ​អនាគតភ័យ ក្នុងពូជជ្រៃ ហើយមកប្រជុំព្រមគ្នា លួងលោម យ៉ាងនេះថា អ្នកដ៏ចំរើន កុំខ្លាចឡើយ អ្នកដ៏ចំរើន កុំខ្លាចឡើយ ធ្វើម្តេច​ឲ្យតែ​ក្ងោកចឹក​លេប ម្រឹគទំពាស៊ី ភ្លើងព្រៃឆេះ អ្នកធ្វើការងារក្នុងព្រៃបោចរោច កណ្តៀរ​ពូន​លុបនូវ​ពូជជ្រៃនុ៎ះ ពុំនោះសោត ធ្វើម្តេចឲ្យតែមិនមានពូជ ឥឡូវ អញក៏បានរងទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះហេតុតែពូជជ្រៃ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ មានឧបមេយ្យ ដូចជាសមណព្រាហ្មណ៍​ពួកខ្លះ មានវាទៈ​យ៉ាងនេះ ​មានទិដ្ឋិយ៉ាងនេះថា ទោសក្នុងកាម​ទាំងឡាយ មិនមាន បានជាអ្នក​ទាំងនោះ ដល់នូវ​សេចក្តីស្រួលចិត្ត ក្នុងកាមទាំងឡាយ។ សមណព្រាហ្មណ៍​ទាំងនោះ ក៏ឲ្យពួកនាង​បរិព្វាជិកា ដែលមានផ្នួងសក់​បួងហើយ បម្រើខ្លួន អ្នកទាំងនោះ ពោលយ៉ាងនេះថា ចុះហេតុអ្វី បានជាសមណព្រាហ្មណ៍ ដ៏ចំរើន​ទាំងនោះ ពិចារណា​ឃើញ នូវអនាគតភ័យ ក្នុងកាមទាំងឡាយ ហើយពោលនូវការលះ​បង់ នូវកាមទាំងឡាយ បញ្ញត្តនូវ​ការ​កន្លង​កាម​ទាំងឡាយ ដ្បិតថាសម្ផស្សកំភួនដៃ របស់​នាងបរិព្វាជិកាជំទង់ ប្រកបដោយ​រោម​ទន់​នេះ ជាសុខម្ល៉េះ សមណព្រាហ្មណ៍ទាំងនោះ ក៏​ដល់នូវសេចក្តីស្រួលចិត្ត ក្នុងកាម​ទាំង​ឡាយ។ លុះសមណព្រាហ្មណ៍ទាំងនោះ ដល់នូវ​សេចក្តី​ស្រួលចិត្ត ក្នុងកាមទាំងឡាយ​ហើយ ទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែង​ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ សមណព្រាហ្មណ៍ទាំងនោះ រងនូវទុក្ខវេទនាដ៏​ក្លាខ្លាំង ខ្លោចផ្សា ក្នុងអបាយនោះ ទើបសមណព្រាហ្មណ៍ទាំងនោះ ពោលយ៉ាងនេះ ក្នុងទីនោះថា ឱ នេះហើយតើ បានជាសមណព្រាហ្មណ៍ ​ដ៏ចំរើនទាំងនោះ ពិចារណាឃើញអនាគតភ័យ ក្នុងកាមទាំង​ឡាយ ហើយពោលនូវការលះបង់ នូវកាមទាំងឡាយ បញ្ញត្តនូវ​ការកន្លង​កាមទាំងឡាយ ឥឡូវ យើងទាំងនេះ ក៏រងនូវទុក្ខវេទនា ដ៏ក្លាខ្លាំង ខ្លោចផ្សា ព្រោះមានកាម ជាហេតុ មានកាម​ ជាគ្រឿង​ប្រគល់ឲ្យនូវផល។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន នេះ តថាគត​ពោលថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។

[១៥៧] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុង​លោកនេះ ជាអចេលក៍ (អ្នកប្រព្រឹត្តអាក្រាត) លះបង់មារយាទល្អ បរិភោគលិទ្ធដៃ គេ​អញ្ជើញថាចូរមក មិនចូល គេឃាត់ថាឈប់ មិនឈប់ មិនត្រេកអរនឹងភត្ត ដែលគេ​នាំមក​ចំពោះ មិនត្រេកអរនឹងភត្ត ដែលគេធ្វើ​ចំពោះខ្លួន មិនត្រេកអរនឹងការនិមន្តន៍។ អចេលក៍​នោះ មិនទទួលភត្តដែលគេដួស​អំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់ចង្អេរកឡោបិ៍ មិនទទួលភត្តដែលគេឲ្យ​ត្រង់ចន្លោះ [ក្នុងវេលាដែលគេកំពុងឈរត្រង់ធរណីទ្វារ។] ធរណីទ្វារ មិនទទួលភត្ត ដែលគេឲ្យត្រង់ចន្លោះ [ក្នុងវេលាដែលគេកំពុងកាន់អង្រែបុក។] អង្រែ មិនទទួលភត្ត ដែលគេឲ្យត្រង់ចន្លោះកំណាត់ឈើ មិនទទួលភត្ត ដែលជនពីរនាក់​កំពុង​បរិភោគ នាំមកឲ្យ មិនទទួលភត្ត របស់ស្រីមានគភ៌ មិនទទួលភត្ត របស់ស្រី​កំពុងបំបៅ​កូន មិនទទួលភត្ត របស់ស្រីនៅក្នុងចន្លោះបុរស មិនទទួលភត្ត ក្នុងកាលដែលពួកគ្នាឯង​ ធ្វើ​អង្គាសបាន មិនទទួលភត្ត ក្នុងទីមានឆ្កែចាំ មិនទទួលភត្ត ក្នុងទីមានរុយរោម មិនស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ។ អចេលក៍នោះ ទទួលភត្ត​ចំពោះ​តែផ្ទះមួយខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយមួយពំនូតខ្លះ ទទួលភត្ត​ចំពោះ​តែផ្ទះពីរខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយដុំបាយពីរពំនូតខ្លះ។បេ។ ទទួលភត្ត​ចំពោះ​តែផ្ទះ៧ខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្ត​ទៅ ដោយដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍មួយខ្លះ ញុំាងអត្តភាព ឲ្យប្រព្រឹត្តទៅ ដោយភត្ត ក្នុងភាជន៍ពីរខ្លះ។បេ។ ញុំាងអត្តភាព ឲ្យប្រព្រឹត្ត​ទៅ ដោយភត្តក្នុងភាជន៍៧ខ្លះ បរិភោគអាហាររំលង១ថ្ងៃខ្លះ បរិភោគអាហាររំលង​៧ថ្ងៃខ្លះ អចេលក៍នោះ ប្រកបនូវ​ភត្ត​ភោជន ដោយការផ្លាស់ប្តូរគ្នា អស់កន្លះខែ មានសភាព​យ៉ាងនេះ ដោយប្រការដូច្នេះឯង។ អចេលក៍នោះ មានបន្លែស្រស់ ជាអាហារខ្លះ មានអង្ករស្រងែ ជាអាហារខ្លះ មានស្កួយ ជា​អាហារខ្លះ មានជំនៀរស្បែក ជាអាហារខ្លះ មានសារាយជាអាហារខ្លះ មានកុណ្ឌក ជាអាហារខ្លះ មានបាយក្តាំង ជាអាហារខ្លះ មានកំញ៉ាន ជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើមផ្លែឈើក្នុងព្រៃ ជាអាហា និងផ្លែឈើ ដែលជ្រុះចុះឯង ជាភោជនខ្លះ។ អចេលក៍នោះ ប្រើប្រាស់សំពត់សម្បកធ្មៃខ្លះ ប្រើប្រាស់សំពត់ ដែលត្បាញលាយគ្នាខ្លះ ប្រើប្រាស់សំពត់ស្នបខ្លះ ប្រើប្រាស់សំពត់​បំសុកូលខ្លះ ប្រើប្រាស់សំពត់សំបកឈើខ្លះ ប្រើប្រាស់ស្បែកខ្លាខ្លះ ប្រើប្រាស់ស្បែក​ខ្លាទាំង​ក្រចកខ្លះ ប្រើប្រាស់សំពត់ដែលក្រងដោយស្បូវភ្លាំងខ្លះ ប្រើប្រាស់សំពត់ ដែលធ្វើដោយបន្ទះឈើខ្លះ ប្រើប្រាស់សំពត់កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ប្រើប្រាស់សំពត់ដែលត្បាញដោយស្លាបមៀមខ្លះ ជាអ្នកដកសក់ និងពុកមាត់ខ្លះ ប្រកប​រឿយៗ នូវការដកសក់ និងពុកមាត់ខ្លះ ជាអ្នកឈរសម្រឹង​ខាងលើខ្លះ ហាមឃាត់អាសនៈ​ខ្លះ អង្គុយច្រហោងខ្លះ ជាអ្នកប្រកបរឿយៗ នូវការព្យាយាម ក្នុងការអង្គុយ​ច្រហោងខ្លះ ដេកលើបន្លាខ្លះ សម្រេចការដេកលើបន្លាខ្លះ ប្រកបរឿយៗ ក្នុងការព្យាយាមចុះត្រាំទឹក​គំរប់៣ដង ទាំងវេលាល្ងាចខ្លះ អចេលក៍នោះ ជាអ្នកប្រកបរឿយៗ នូវសេចក្តីព្យាយាម ធ្វើកាយ​ឲ្យក្តៅក្រហាយច្រើនយ៉ាង មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង។ អចេលក៍នោះ លុះម្លាយកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត​ពោលថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន និងមានសេចក្តីទុក្ខជាវិបាកតទៅ។

[១៥៨] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។  ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកមានជាតិប្រកបដោយរាគៈ ដ៏ក្លៀវក្លាតាមប្រក្រតី បុគ្គលនោះ តែងរង​សេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីរាគៈរឿយៗ។ ជាអ្នកមានជាតិប្រកប​ដោយទោសៈ ដ៏ក្លៀវក្លាតាមប្រក្រតី បុគ្គលនោះ តែងរង​សេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីទោសៈរឿយៗ។ ជាអ្នកមានជាតិ ប្រកប​ដោយមោហៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ តែងរង​សេចក្តីទុក្ខ ទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ បុគ្គលនោះ ទោះបីសេចក្តីទុក្ខ ពាល់ត្រូវក្តី ទោះបីទោមនស្ស ពាល់ត្រូវក្តី ទោះបី មានមុខទទឹក ដោយ​ទឹកភ្នែក ទួញយំក្តី ក៏គង់តែប្រព្រឹត្តព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ បរិសុទ្ធបាន។ បុគ្គលនោះ លុះម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ តែងទៅកើតក្នុង​សុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត​ពោលថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។

[១៥៩] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីសុខ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនជាអ្នកមានជាតិ ប្រកបដោយរាគៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពីរាគៈរឿយៗ។ មិនជាអ្នកមានជាតិ ប្រកប​ដោយទោសៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពី​ទោសៈ​រឿយៗ។ មិនជាអ្នកមានជាតិ ប្រកប​ដោយមោហៈ ដ៏ក្លៀវក្លា តាមប្រក្រតី បុគ្គលនោះ មិនរងទុក្ខ ទោមនស្ស ដែលកើតអំពីមោហៈរឿយៗ។ បុគ្គលនោះ ជាអ្នកស្ងប់​ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសលធម៌​ទាំងឡាយ ក៏ចូលកាន់​បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ កើតអំពី​សេចក្តីស្ងប់ស្ងាត់។ លុះបុគ្គល​នោះ បានរម្ងាប់​វិតក្កៈ វិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលមានក្នុងខ្លួន​ជាទីជ្រះថ្លា មានភាពនៃចិត្តខ្ពស់ឯក គ្មានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ… ចូល​កាន់តតិយជ្ឈាន… ចូលកាន់ចតុត្ថជ្ឈាន។ បុគ្គលនោះ លុះម្លាយរាងកាយ បន្ទាប់អំពី​មរណៈទៅ តែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន​នេះ តថាគត​ហៅថា មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះឯងធម្មសមាទាន មាន៤ប្រការ។ លុះព្រះមានព្រះភាគ សំដែង​ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្តត្រេកអរ រីករាយហើយនឹងភាសិត របស់​ព្រះមានព្រះភាគ។

ចប់ ចូឡធម្មសមាទានសូត្រ ទី៥។

មហាធម្មសមាទានសូត្រ ទី៦

[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធ​ដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៦១] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ច្រើនតែមានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះថា ធ្វើម្តេចហ្ន៎ អារម្មណ៍ទាំងឡាយមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត គប្បី​សាបសូន្យទៅ អារម្មណ៍ទាំងឡាយ ដែល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត គប្បីចំរើនឡើង ម្នាលភិក្ខុទាំងឡាយ កាលសត្វអម្បាលនោះ មានសេចក្តីប្រាថ្នាយ៉ាងនេះ មានអធ្យាស្រ័យយ៉ាងនេះ មានបំណងយ៉ាងនេះ អារម្មណ៍មិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍ ដែល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត រមែងសាបសូន្យទៅ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ពិចារណា​ឃើញនូវដំណើរ​នោះដូចម្តេច ក្នុងអារម្មណ៍ទាំងនោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយរបស់ពួកខ្ញុំព្រះអង្គ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ​ ទ្រង់បំភ្លឺ នូវអត្ថនៃភាសិតនុ៎ះ ភិក្ខុទាំងឡាយ បើបានស្តាប់​ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគហើយ នឹងចងចាំទុក។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើមនសិការៈដោយប្រពៃចុះ តថាគតនឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីការបស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៦២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុង​លោកនេះ ជាអ្នកមិនដែលបានស្តាប់ មិនដែលបានឃើញព្រះអរិយៈ​ទាំងឡាយ មិនឈ្លាស​ក្នុងអរិយធម៌ មិនទូន្មានខ្លួន ក្នុងអរិយធម៌ មិនឃើញសប្បុរសទាំងឡាយ មិនឈ្លាស ក្នុងធម៌របស់សប្បុរស មិនទូន្មានខ្លួន ក្នុងធម៌របស់សប្បុរស មិនស្គាល់​ធម៌ [ធម៌​ក្នុងទីនេះ សំដៅយក​អារម្មណ៍ មានរូបារម្មណ៍ជាដើម។] ដែលគួរសេព មិនស្គាល់ធម៌​ដែល​មិនគួរសេព មិនស្គាល់ធម៌ដែលគួរគប់ មិនស្គាល់ធម៌ដែលមិនគួរគប់។ កាលបុថុជ្ជន​នោះ មិនស្គាល់​ធម៌ ដែលគួរសេព មិនស្គាល់ធម៌ ​ដែល​មិនគួរសេព មិនស្គាល់ធម៌ ​ដែល​គួរគប់ មិនស្គាល់ធម៌ ដែលមិនគួរគប់ តែងសេពនូវធម៌​ ដែល​មិនគួរសេព មិនសេពនូវ​ធម៌​ដែលគួរសេព គប់នូវធម៌ ដែលមិនគួរគប់ មិនគប់នូវ​ធម៌ ដែលគួរគប់។ កាលបើបុថុជ្ជន​នោះ សេពនូវធម៌ ​ដែល​មិនគួរសេព មិនសេពនូវ​ធម៌ ​ដែលគួរសេព គប់នូវធម៌ដែល​មិនគួរគប់ មិនគប់នូវ​ធម៌ ដែលគួរគប់ អារម្មណ៍​ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីពេញចិត្ត តែងចំរើនឡើង អារម្មណ៍​ទាំងឡាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត ក៏សាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ដំណើរនុ៎ះ ព្រោះ​បុថុជ្ជនអន្ធពាល មិនដឹងតាមពិត ក៏រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងអរិយសាវ័ក ដែលបានស្តាប់ បានឃើញព្រះអរិយៈទាំងឡាយ ជាអ្នកឈ្លាស​ក្នុងអរិយធម៌ ទូន្មានខ្លួនល្អ ក្នុងសប្បុរិសធម៌ ស្គាល់​ធម៌ ដែលគួរសេព ស្គាល់ធម៌​ ដែល​មិនគួរសេព ស្គាល់ធម៌ ដែលគួរគប់ ស្គាល់ធម៌ ដែលមិនគួរគប់។ កាលអរិយសាវ័ក​នោះ ស្គាល់​ធម៌ ដែលគួរសេព ស្គាល់ធម៌ ​ដែល​មិនគួរសេព ស្គាល់ធម៌ ​ដែល​គួរគប់ ស្គាល់ធម៌ ដែលមិនគួរគប់ ទើបមិនសេពធម៌​ ដែល​មិនគួរសេព សេពតែ​ធម៌​ដែលគួរសេព មិនគប់ធម៌ដែលមិនគួរគប់ គប់តែ​ធម៌ដែលគួរគប់។ កាលបើ​អរិយសាវ័ក​​នោះ មិនសេពធម៌​ដែល​មិនគួរសេព សេពតែ​ធម៌​ដែលគួរសេព មិនគប់ធម៌ដែល​មិនគួរគប់ គប់តែ​ធម៌ដែលគួរគប់ អារម្មណ៍​ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីពេញចិត្ត រមែងសាបសូន្យទៅ អារម្មណ៍​ទាំងឡាយ ដែល​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត តែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះ​អរិយសាវ័ក ជាអ្នកដឹងតាមពិត ក៏រមែងដូច្នោះឯង។

[១៦៣] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទានទាំងឡាយនេះ មាន៤យ៉ាង ធម្មសមាទាន​ ទាំង៤យ៉ាង តើដូចម្តេចខ្លះ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែល​មានសេចក្តីទុក្ខ ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ​មានសេចក្តីសុខ ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ​មានសេចក្តីទុក្ខ​ ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខ ជាវិបាកតទៅ១ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ​មានសេចក្តីសុខ​ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ១។

[១៦៤] ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាន អម្បាលនោះ ធម្មសមាទានណា មានសេចក្តីទុក្ខ​ ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយ​អវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង ​មានសេចក្តីទុក្ខ ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ។ កាលបើ​ភិក្ខុជាអ្នក​ប្រកបដោយ​អវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវ​ធម្មសមាទាននោះ មិនវៀរចាក នូវ​ធម្មសមាទាននោះឡើយ។ កាលបើ​ភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរ​ធម្មសមាទាននោះហើយ អារម្មណ៍​ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍​ទាំងឡាយ ដែល​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនមិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយ​អវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង ​មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។ កាល​ភិក្ខុជាអ្នក​ប្រកប​ដោយ​អវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេពនូវ​ធម្មសមាទាននោះ មិនវៀរចាក​ធម្មសមាទាននោះឡើយ។ កាលបើ​ភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរ​ចាកធម្មសមាទាននោះហើយ អារម្មណ៍​ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍​ទាំងឡាយ ដែល​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជន មិនដឹងតាមពិត រមែងដូច្នោះ​ឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែលមាន​សេចក្តី​ទុក្ខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុមិនដឹងនូវធម្មសមាទាននោះ ជាអ្នកប្រកបដោយអវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង ​មានសេចក្តីទុក្ខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។ កាល​ភិក្ខុជាអ្នកប្រកបដោយ​អវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់​តាម​សេចក្តី​ពិត ក៏រមែងសេពនូវ​ធម្មសមាទាននោះ មិនវៀរចាក​ធម្មសមាទាននោះឡើយ។ កាលបើ​ភិក្ខុនោះ សេពនូវធម្មសមាទាននោះ មិនវៀរ​ចាកធម្មសមាទាននោះហើយ អារម្មណ៍​ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីពេញចិត្ត រមែងចំរើនឡើង អារម្មណ៍ ដែល​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជន មិនដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាននោះ ធម្មសមាទានណា ដែលមានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ ភិក្ខុជាអ្នកប្រកប​ដោយ​អវិជ្ជា មិនដឹង​នូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិតថា ធម្មសមាទាន​នេះ​ឯង ​មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ កាល​ភិក្ខុជាអ្នក​ប្រកបដោយ​អវិជ្ជា មិនដឹងនូវធម្មសមាទាននោះ មិនស្គាល់តាមសេចក្តីពិត ក៏រមែងសេព​នូវ​ធម្មសមាទាន​នោះ មិនវៀរចាក​ធម្មសមាទាននោះឡើយ។ កាលបើ​ភិក្ខុនោះ សេព​នូវធម្មសមាទាននោះ មិនវៀរចាក​ធម្មសមាទាននោះ អារម្មណ៍​ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីគាប់ចិត្ត រមែងចំរើនឡើង អារម្មណ៍​ទាំងឡាយ ​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត រមែងសាបសូន្យទៅ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះបុថុជ្ជនមិនដឹងតាមពិត រមែងដូច្នោះឯង។

[១៦៥] ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទាននោះ ធម្មសមាទានណា ដែល​មានសេចក្តីទុក្ខ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយ​វិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង ​មានសេចក្តីទុក្ខ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ ​ភិក្ខុជាអ្នកប្រកបដោយ​វិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវ​ធម្មសមាទាននោះ វៀរចាក​ធម្មសមាទាននោះ។ កាលបើ​ភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាក​ធម្មសមាទាននោះហើយ អារម្មណ៍​ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍​ទាំងឡាយ ដែល​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត រមែងចំរើនឡើង ចុះដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែល​មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយ​វិជ្ជា ដឹងធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង ​មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។ កាល​ភិក្ខុជាអ្នកប្រកបដោយ​វិជ្ជា ដឹងនូវធម្មសមាទាន​នោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវ​ធម្មសមាទាននោះ វៀរចាក​ធម្មសមាទាន​នោះហើយ។ កាលបើ​ភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាក​ធម្មសមាទាន​នោះ អារម្មណ៍​ទាំងឡាយ មិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីគាប់ចិត្ត រមែង​សាបសូន្យទៅ អារម្មណ៍​ទាំងឡាយ ​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត រមែង​ចំរើនឡើង ចុះដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តា​ធម្មសមាទាន​ទាំងនោះ ធម្មសមាទានណា ដែល​មានសេចក្តីទុក្ខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយ​វិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង ​មានសេចក្តីទុក្ខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។ ភិក្ខុជាអ្នកប្រកបដោយ​វិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវ​ធម្មសមាទាននោះ វៀរចាក​ធម្មសមាទាននោះ។ កាលបើ​ភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាក​ធម្មសមាទាននោះហើយ អារម្មណ៍​ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍​ទាំងឡាយ ដែល​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត រមែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមសេចក្តីពិត រមែងដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ បណ្តាធម្មសមាទានទាំងនោះ ធម្មសមាទានណា ដែល​មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ ភិក្ខុជាអ្នកប្រកបដោយ​វិជ្ជា ដឹងនូវធម្មសមាទាននោះ ស្គាល់តាមសេចក្តីពិតថា ធម្មសមាទាននេះឯង ​មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ កាល​ភិក្ខុជាអ្នកប្រកបដោយ​វិជ្ជា ដឹងនូវធម្មសមាទាន​នោះ ស្គាល់តាមសេចក្តីពិត រមែងមិនសេពនូវ​ធម្មសមាទាននោះ វៀរចាក​ធម្មសមាទាននោះ។ កាលបើ​ភិក្ខុនោះ មិនសេពនូវធម្មសមាទាននោះ វៀរចាក​ធម្មសមាទាននោះហើយ អារម្មណ៍​ទាំងឡាយ ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេក​អរ មិនជាទីគាប់ចិត្ត រមែងសាបសូន្យទៅ អារម្មណ៍​ទាំងឡាយ ​ជា​ទី​ប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត តែងចំរើនឡើង ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុ​ទាំងឡាយ ដំណើរនុ៎ះ ព្រោះភិក្ខុជាអ្នកដឹងតាមពិត រមែងដូច្នោះឯង។

[១៦៦] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំង​មានសេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះបាណាតិបាតជាបច្ច័យ។ ជាអ្នកកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយការ ឬវាចា) ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះអទិន្នាទានជាបច្ច័យ។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកពោលនូវពាក្យកុហក ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះមុសាវាទ ជាបច្ច័យ។ ជាអ្នក​ពោលពាក្យញុះញង់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវ​សេចក្តី​ទុក្ខ និងទោមនស្ស ព្រោះបិសុណវាចា ជាបច្ច័យ។ ជាអ្នកមានវាចាអាក្រក់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះផរុសវាចា ជាបច្ច័យ។ ជាអ្នកពោលពាក្យរោយរាយ ឥតប្រយោជន៍ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមានអភិជ្ឈាច្រើន ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមានចិត្តព្យាបាទ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវ​សេចក្តី​ទុក្ខ និងទោមនស្ស ព្រោះព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ខុស ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ។ បុគ្គល​នោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីទុក្ខ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខជាវិបាកតទៅ។

[១៦៧] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន តែ​មាន​សេចក្តីទុក្ខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកសម្លាប់សត្វ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះបាណាតិបាតជាបច្ច័យ។ ជាអ្នកកាន់យកវត្ថុដែលគេមិនបានឲ្យ (ដោយការ ឬវាចា) ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះអទិន្នាទានជាបច្ច័យ។ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកពោលពាក្យកុហក ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះមុសាវាទ ជាបច្ច័យ។ ជាអ្នក​ពោលពាក្យញុះញង់ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះបិសុណវាចា ជាបច្ច័យ។ ជាអ្នកមានវាចាអាក្រក់ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះផរុសវាចា ជាបច្ច័យ។ ជាអ្នកពោលពាក្យ ឥតប្រយោជន៍ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមានអភិជ្ឈាច្រើន ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមានចិត្តព្យាបាទ ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ខុស ទាំងសេចក្តីសុខ ទាំងសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ។ បុគ្គល​នោះ លុះទម្លាយរាងកាយ បន្ទាប់ពីមរណៈទៅ រមែងទៅ​កើតក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីទុក្ខជាវិបាកតទៅ។

[១៦៨] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន ដែលមានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន តែ​មានសេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះវៀរចាកបាណាតិបាតជាបច្ច័យ។ ជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះវៀរចាកអទិន្នាទានជាបច្ច័យ។ ជាអ្នកវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះវៀរចាកកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលនូវពាក្យកុហក ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះវៀរចាកមុសាវាទ ជាបច្ច័យ។ ជាអ្នក​វៀរចាកការ​ពោលពាក្យញុះញង់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងនូវ​សេចក្តី​ទុក្ខ និងទោមនស្ស ព្រោះវៀរចាកបិសុណវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យ​អាក្រក់ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះវៀរចាកផរុសវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះវៀរចាកសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមិនមានអភិជ្ឈាច្រើន ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះការមិនមានអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមិនមានព្យាបាទ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រង​សេចក្តី​ទុក្ខ និងទោមនស្ស ព្រោះមិនមានព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ត្រូវ ទាំងសេចក្តីទុក្ខ ទាំងទោមនស្ស ក៏រមែង​រងសេចក្តី​ទុក្ខ និងទោមនស្ស ព្រោះសម្មាទិដ្ឋិ ជាបច្ច័យ។ បុគ្គល​នោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏រមែងទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីទុក្ខ​ក្នុងបច្ចុប្បន្ន តែមានសេចក្តីសុខជាវិបាកតទៅ។

[១៦៩] ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន មានសេចក្តីសុខក្នុងបច្ចុប្បន្ន ទាំង​មាន​សេចក្តីសុខជាវិបាកតទៅ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងលោក​នេះ ជាអ្នកវៀរចាកការសម្លាប់សត្វ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកបាណាតិបាតជាបច្ច័យ។ ជាអ្នកវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែងបានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកអទិន្នាទានជាបច្ច័យ។ ជាអ្នកវៀរចាកការប្រព្រឹត្តិខុស ក្នុងកាមទាំងឡាយ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកកាមេសុមិច្ឆាចារ ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យកុហក ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកមុសាវាទ ជាបច្ច័យ។ ជាអ្នក​វៀរចាកការពោលពាក្យញុះញង់ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកបិសុណវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យអាក្រក់ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង​បាននូវសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកផរុសវាចា ជាបច្ច័យ។ ជាអ្នកវៀរចាកការពោលពាក្យឥតប្រយោជន៍ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះវៀរចាកសម្ផប្បលាបៈ ជាបច្ច័យ។ ជាអ្នកមិនមានអភិជ្ឈាច្រើន ព្រមដោយ​សេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះមិនមានអភិជ្ឈា ជាបច្ច័យ។ ជាអ្នកមិនមានចិត្តព្យាបាទ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះមិនមាន​ចិត្តព្យាបាទ ជាបច្ច័យ។ ជាអ្នកយល់ត្រូវ ព្រមដោយសេចក្តីសុខ ព្រមដោយសោមនស្ស ក៏រមែង​បានសេចក្តីសុខ និងសោមនស្ស ព្រោះសម្មាទិដ្ឋិ ជាបច្ច័យ។ បុគ្គល​នោះ លុះទម្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏រមែងទៅ​កើតក្នុងសុគតិ សួគ៌ ទេវលោក។ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាននេះ តថាគត ហៅថា មានសេចក្តីសុខ​ក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីសុខជាវិបាកតទៅ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជា ធម្មសមាទាន មាន៤​ប្រការ។

[១៧០] ម្នាលភិក្ខុទាំងឡាយ ដូចជាននោងព្រៃ [ប្រែថា ត្រសក់ក្អែក ឬពុលអែក ក៏បាន។] លាយដោយថ្នាំពិស។ គ្រានោះ បុរសមានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បី​ស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ននោងព្រៃនេះ លាយដោយថ្នាំពិស បើអ្នកត្រូវការ ចូរ​ផឹកចុះ កាលបើបុរសផឹកនូវននោងព្រៃនោះ ក៏ននោងព្រៃនោះ មិនគាប់ចិត្តដោយពណ៌​ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវ​សេចក្តី​ទុក្ខស្ទើរតែនឹងស្លាប់។ បើបុរសនោះ មិនបានពិចារណានូវននោងព្រៃនោះ មុខជាផឹក មិនលះបង់ទេ កាលបុរសនោះផឹក នូវននោងព្រៃហើយ មិនគាប់ចិត្តដោយពណ៌​ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវ​សេចក្តី​ទុក្ខស្ទើរតែនឹងស្លាប់ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីទុក្ខក្នុងបច្ចុប្បន្ន ទាំងមានសេចក្តីទុក្ខ ជាវិបាកតទៅ ក៏មានឧបមេយ្យ​ដូច្នោះឯង។

[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចភាជន៍សំរិទ្ធ ពេញដោយទឹកផ្អែម បរិបូណ៌​ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែភាជន៍សំរិទ្ធពេញដោយទឹកផ្អែម​នោះឯង លាយដោយថ្នាំពិស។ គ្រានោះ បុរសមានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បី​ស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើមសេចក្តីទុក្ខ បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ភាជន៍សំរិទ្ធពេញដោយទឹកផ្អែម បរិបូណ៌ដោយពណ៌ បរិបូណ៌ដោយក្លិន បរិបូណ៌ដោយរស តែភាជន៍សំរិទ្ធពេញដោយទឹកផ្អែម​នោះឯង លាយទៅដោយថ្នាំពិស បើអ្នកត្រូវការ ចូរ​ផឹកចុះ កាលបើបុរសនោះ ផឹកទឹកនោះហើយ ក៏គាប់ចិត្តដោយពណ៌​ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់​នូវ​សេចក្តីស្លាប់ ឬដល់នូវ​សេចក្តី​ទុក្ខ ស្ទើរតែនឹងស្លាប់។ បើបុរសនោះ មិនបានពិចារណា​នូវភាជន៍​សំរិទ្ធ​ ដែលពេញដោយទឹកផ្អែមនោះហើយ មុខជាផឹក មិនលះបង់ទេ កាលបុរសនោះ ផឹកនូវទឹកនោះ ក៏គាប់ចិត្តដោយពណ៌​ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ដល់នូវសេចក្តីស្លាប់ ឬដល់នូវ​សេចក្តី​ទុក្ខ ស្ទើរតែនឹងស្លាប់ យ៉ាងណា​មិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីសុខ​ ក្នុង​បច្ចុប្បន្ន តែមានសេចក្តីទុក្ខ ជាវិបាកតទៅ ក៏មានឧបមេយ្យ​ ដូច្នោះឯង។

[១៧២] ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកមូត្រស្អុយ លាយដោយភេសជ្ជៈ​ទាំងឡាយ​ផ្សេងៗ។ គ្រានោះ បុរសមានរោគលឿង បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ទឹកមូត្រស្អុយនេះ លាយដោយភេសជ្ជៈទាំងឡាយ​ផ្សេងៗ បើអ្នកត្រូវការ ចូរ​ផឹកចុះ កាលបើបុរសនោះផឹកទឹកមូត្រស្អុយនោះ ក៏មិនគាប់ចិត្តដោយពណ៌​ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នក​បានសេចក្តីសុខ។ បើបុរសនោះ បានពិចារណា​ទឹកមូត្រស្អុយនោះហើយ ក៏មុខជាផឹក មិនលះបង់ទេ កាលបើបុរសនោះ ផឹកទឹកមូត្រស្អុយនោះ ក៏មិនគាប់ចិត្តដោយពណ៌​ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នក​បានសេចក្តីសុខ យ៉ាងណា​មិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីទុក្ខ ​ក្នុង​បច្ចុប្បន្ន តែមានសេចក្តីសុខ ជាវិបាកតទៅ ក៏មានឧបមេយ្យ ​ដូច្នោះឯង។

[១៧៣] ម្នាលភិក្ខុទាំងឡាយ ដូចជាទឹកដោះជូរក្តី ទឹកឃ្មុំក្តី ទឹកដោះថ្លាក្តី ទឹក​អំពៅក្តី លាយច្រឡំជាមួយគ្នា។ គ្រានោះ បុរសមានរោគចុះឈាម បានមកដល់។ ពួកជននិយាយនឹងបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន ទឹកដោះជូរក្តី ទឹកឃ្មុំក្តី ទឹកដោះថ្លាក្តី ទឹក​អំពៅក្តី ទាំងនេះ លាយច្រឡំជាមួយគ្នា បើអ្នកត្រូវការ ចូរ​ផឹកចុះ កាលបើបុរសនោះផឹកទឹកអម្បាលនោះ ក៏គាប់ចិត្តដោយពណ៌​ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ក៏ជាអ្នកបានសេចក្តីសុខ។ បើបុរសនោះ បានពិចារណា​ទឹកនោះហើយ ក៏មុខជាផឹក មិនលះបង់ទេ កាលបើបុរសនោះផឹកទឹកនោះហើយ ក៏គាប់ចិត្តដោយពណ៌​ផង ដោយក្លិនផង ដោយរសផង លុះផឹកហើយ ជាអ្នកបាន​សេចក្តីសុខ យ៉ាងណា​មិញ ម្នាលភិក្ខុទាំងឡាយ តថាគតហៅ ធម្មសមាទាន នេះថា មានសេចក្តីសុខ​ក្នុង​បច្ចុប្បន្ន ទាំងមានសេចក្តីសុខ ជាវិបាកតទៅ។

[១៧៤] ម្នាលភិក្ខុទាំងឡាយ ដូចជាព្រះអាទិត្យ កាលអាកាសរាំងភ្លៀង ឃ្លាតទៅ​ចាកពពកហើយ ក្នុងសរទសម័យ នាខែ​ជាទីបំផុត នៃវស្សានរដូវទាំងឡាយ ក៏រះឡើង​កាន់​ផ្ទៃមេឃ កំចាប់បង់នូវ​ងងឹត ដែលមានឰដ៏អាកាសទាំងអស់ ភ្លឺផង ក្តៅផង រុងរឿង​ផង យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ធម្មសមាទាន នេះ មានសេចក្តីសុខក្នុងបច្ចុប្បន្ន​ ទាំងមានសេចក្តីសុខជាវិបាកតទៅ ធម្មសមាទាន នោះ អាចគ្របសង្កត់នូវពាក្យ​បរប្បវាទ របស់ពួកសមណព្រាហ្មណ៍ដទៃផង ភ្លឺផង ក្តៅផង រុងរឿងផង ក៏មានឧបមេយ្យដូច្នោះ​ឯង។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ភិក្ខុទាំងនោះ ក៏ពេញចិត្ត រីករាយ នឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ មហាធម្មសមាទានសូត្រ ទី៦។

វីមំសកសូត្រ ទី៧

[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១៧៦] ព្រះមានព្រះភាគបានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​ពិចារណា [ភិក្ខុអ្នកពិចារណាមាន៣គឺ អត្ថវីមំសកៈ អ្នកពិចារណារកអត្ថ១ សង្ខារវីមំសកៈ អ្នកពិចារណាសង្ខារ១ សត្ថុវីមំសកៈ អ្នកពិចារណារកគ្រូ១។ អដ្ឋកថា។] កាលមិនដឹងវារៈចិត្ត របស់បុគ្គលដទៃទេ ត្រូវធ្វើការស្វែងរក ក្នុងព្រះតថាគត ដើម្បីឲ្យ​ដឹងថា ព្រះសម្មាសម្ពុទ្ធ ឬមិនមែន។ ភិក្ខុទាំងនោះក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ មានព្រះមានព្រះភាគជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងចំពោះ របស់យើងទាំងឡាយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ​ ទ្រង់ព្រះមេត្តាប្រោស សំដែងនូវអត្ថ នៃភាសិតនេះ ភិក្ខុទាំងឡាយ បានស្តាប់​ភាសិតព្រះមានព្រះភាគហើយ នឹងបានចាំទុក។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ឲ្យប្រពៃចុះ តថាគតនឹងសំដែងឥឡូវនេះ។ ភិក្ខុទាំងឡាយនោះ បានទទួលស្តាប់​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៧៧] ព្រះមានព្រះភាគ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នក​ពិចារណា កាលមិនដឹងនូវវារៈចិត្ត របស់បុគ្គលដទៃទេ ត្រូវស្វែងរកព្រះតថាគត ក្នុងធម៌ពីរប្រការ គឺធម៌ដែល​គប្បីដឹងបានដោយចក្ខុ១ ដឹងបានដោយសោតៈ [ធម៌ដែល​ត្រូវដឹងបានដោយចក្ខុ សំដៅយក​កាយសមាចារៈ ធម៌ដែលត្រូវដឹងបានដោយសោតៈ សំដៅយក​វចីសមាចារៈ។]១ ថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងបានដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏​គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយដ៏សៅហ្មង ដែលគប្បីដឹងបានដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ តពីនោះទៅ ទើប​ស្វែងរក​ហេតុនោះទៀតថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ [សំដៅយកការប្រព្រឹត្តដោយកាយសមាចារៈ និងវចីសមាចារៈ ជួនកាលប្រព្រឹត្តល្អ ជួន​កាលប្រព្រឹត្តអាក្រក់។] ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលណាភិក្ខុស្វែងរកនូវហេតុនោះហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ តពីនោះ​ទៅ ទើប​ស្វែងរក​ហេតុនោះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ កាលណាភិក្ខុស្វែង​រកនូវហេតុនោះ​ហើយ ក៏គង់ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិត។ កាលណាភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ធម៌ទាំងឡាយ ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិតហើយ តទៅ ទើប​ស្វែងរកនូវ​ហេតុនោះទៀតថា លោកមានអាយុនេះ បានសមាទានកុសលនេះ អស់កាលយូរអង្វែង​ហើយ ឬទើបនឹងសមាទានទេ។ កាលភិក្ខុស្វែង​រកហេតុនោះ​ហើយ ក៏គង់ដឹងយ៉ាងនេះថា លោកមានអាយុនេះ បានសមាទានកុសលធម៌នេះ អស់កាលយូរអង្វែងមក​ហើយ លោកមានអាយុនេះ មិនមែនទើបតែនឹងសមាទានឥឡូវនេះទេ។ កាលភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា លោកមានអាយុនេះ បានសមាទានកុសលនេះ អស់កាលជាយូរអង្វែង​ណាស់មក​ហើយ លោកមានអាយុ មិនមែនទើបតែនឹងសមាទានឥឡូវនេះទេ តទៅ ទើប​ស្វែងរកនូវ​ហេតុនោះទៀតថា ភិក្ខុមានអាយុនេះ បានកិត្តិសព្ទបរិបូណ៌ មានយសស័ក្តិបរិបូណ៌ហើយ តើទោសចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ មានដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ (តាមធម្មតា) ភិក្ខុមិនទាន់មានកិត្តិសព្ទបរិបូណ៌ មិនទាន់មានយសបរិបូណ៌ ដរាបណា ទោសទាំងឡាយចំពូកខ្លះ ភិក្ខុក៏មិនទាន់​មាន ដរាបនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ក្នុង​កាលណាហើយ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ ក៏​មានក្នុងកាល​នោះ។ កាលភិក្ខុស្វែង​រកហេតុនោះ​ហើយ ក៏គង់ដឹងយ៉ាងនេះថា ភិក្ខុមានអាយុនេះ មានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ហើយ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ ក៏មិន​មាន។ កាលភិក្ខុស្វែងរកហេតុនោះហើយ ដឹងយ៉ាងនេះថា ភិក្ខុមានអាយុនេះ មានកិត្តិសព្ទបរិបូណ៌ មានយសបរិបូណ៌ ទោសទាំងឡាយចំពូកខ្លះ ក្នុងលោកនេះ នៃភិក្ខុនោះ មិន​មានឡើយ តទៅ ទើប​ស្វែងរកនូវ​ហេតុនោះទៀតថា លោកមានអាយុនេះ មិនវិនាសដោយភ័យ [អដ្ឋកថា ថា ភ័យ៤យ៉ាង គឺ កិលេសភ័យ១ វដ្តភ័យ១ ទុគ្គតិភ័យ១ ឧបវាទភ័យ១។ បុថុជ្ជន តែងប្រកបដោយ​ភ័យទាំង៤នេះ។ ឯសេក្ខបុគ្គល ប្រកបដោយភ័យ៣ ព្រោះលះទុគ្គតិភ័យ១ចោល ចំណែកខាងព្រះ​ខីណាស្រព ឥតមានភ័យទាំងនេះ គ្របសង្កត់លោកទេ។] ឬលោកមានអាយុ​នេះ ដែល​មិនវិនាស​ដោយភ័យហើយ មិនសេពកាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈ​ហើយ ព្រោះអស់រាគៈហើយ។ ភិក្ខុនោះ កាលភិក្ខុស្វែង​រកហេតុនោះ​ហើយ ដឹងយ៉ាងនេះថា លោកមានអាយុនេះ មិនវិនាសដោយភ័យ លោកមានអាយុនេះ ដែលមិនវិនាសដោយភ័យហើយ មិនសេពនូវ​កាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។ ម្នាលភិក្ខុទាំងឡាយ បើពួកជន​ឯទៀត សួរហេតុនោះ នឹងភិក្ខុយ៉ាងនេះថា ចុះអាការរបស់លោក​មានអាយុ​ដូចម្តេច សេចក្តីត្រាស់ដឹងដូចម្តេច បានជាលោកមានអាយុពោលយ៉ាងនេះថា លោកមាន​អាយុនេះ មិនវិនាស​ដោយភ័យ លោកមានអាយុនេះ ដែលដែលមិនវិនាសដោយភ័យហើយ មិនសេពនូវ​កាមទាំងឡាយទេ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។ ម្នាលភិក្ខុទាំងឡាយ កាលនឹងព្យាករឲ្យត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា លោកមានអាយុនេះ ទុកជានៅ​កណ្តាលជំនុំសង្ឃក្តី នៅតែម្នាក់ឯងក្តី លោកមានអាយុនេះ មិនមើលងាយ នូវពួកជន​ដែល​ប្រតិបត្តិ​ត្រូវក្នុងទីនោះផង នូវពួកជនដែលប្រតិបត្តិខុស ក្នុងទីនោះផង នូវពួកជន ដែលប្រៀនប្រដៅគណៈ ក្នុងទីនោះផង នូវពួកជនខ្លះ ក្នុងលោកនេះ ដែលសំឡឹង​អាមិសៈ​ផង នូវពួកជនខ្លះ ក្នុងលោកនេះ ដែលមិនជាប់ចិត្ត​ដោយអាមិសៈផង ដោយសេចក្តី​ប្រតិបត្តិ (របស់ជនទាំងនោះ) ឡើយ។ ពាក្យនេះ ខ្ញុំបានស្តាប់​មកអំពី​ទី ចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគ ខ្ញុំបានចេះចាំមក អំពីទីចំពោះ​ព្រះភក្ត្រ​ព្រះមានព្រះភាគថា ខ្ញុំជាបុគ្គលមិនវិនាស​ដោយភ័យ លុះខ្ញុំ​មិនវិនាសដោយភ័យ​ហើយ ក៏មិនសេពនូវ​កាមទាំងឡាយ ព្រោះលោកប្រាសចាករាគៈហើយ ព្រោះអស់រាគៈហើយ។

[១៧៨] ម្នាលភិក្ខុទាំងឡាយ បណ្តាភិក្ខុអ្នកពិចារណានូវធម៌ទាំងពីរនោះ គួរឲ្យភិក្ខុ​អ្នកពិចារណាធម៌មួយរូប សាកសួរ​តថាគតតទៅទៀតថា ធម៌ទាំងឡាយដ៏សៅហ្មង ដែល​គប្បី​ដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយ​ដ៏សៅហ្មង ដែលគប្បី​ដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ ធម៌ទាំងឡាយដ៏ច្រឡូកច្រឡំ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត កាលនឹងព្យាករ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយ​ដ៏ច្រឡូក​ច្រឡំ ដែលគប្បី​ដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មិនមានទេ។ ធម៌ទាំងឡាយ​ដ៏ផូរផង់ ដែលគប្បីដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មាន ឬមិនមានទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត កាលនឹងព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ធម៌ទាំងឡាយ​ដ៏ផូរផង់ ដែលគប្បី​ដឹងដោយចក្ខុ និងសោតៈ នៃព្រះតថាគត មានពិត តថាគត មានគន្លងបែបនេះ មានអារម្មណ៍​ជាទីគោចរបែបនេះ មិនប្រកបដោយតណ្ហា ព្រោះសីលដ៏បរិសុទ្ធនោះឡើយ។  ម្នាលភិក្ខុទាំងឡាយ សាវ័កគួរចូល​ទៅរក​សាស្តា ដែល​មានវាទៈយ៉ាងនេះ ដើម្បីនឹងបានស្តាប់នូវ​ធម្មទេសនា សាស្តាសំដែងធម៌​ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើ ដោយធម៌ខ្មៅ​ និងធម៌ស ដល់​សាវ័កនោះ ម្នាលភិក្ខុទាំងឡាយ សាស្តាតែងសំដែង​ធម៌ដ៏ប្រសើរក្រៃលែង ដ៏ឧត្តម​ក្រៃលែង មានចំណែកប្រៀបស្មើ ដោយធម៌ខ្មៅ និងធម៌ស ដល់ភិក្ខុ ដោយប្រការណាៗ ភិក្ខុនោះ បានដឹងច្បាស់ នូវ​បដិវេធធម៌ចំពូកខ្លះ ក្នុងសាសនានេះ ក្នុងធម៌ដែលព្រះមាន​ព្រះភាគសំដែងហើយនោះ ហើយដល់នូវសេចក្តី​ចូលចិត្ត ក្នុងទេសនាធម៌ទាំងឡាយ ជ្រះថ្លាក្នុងព្រះសាស្តាថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ធម៌ព្រះមានព្រះភាគ ទ្រង់សំដែងហើយ ដោយប្រពៃ ព្រះសង្ឃប្រតិបត្តិប្រពៃហើយ ដូច្នេះ ដោយប្រការ​នោះៗ។ ម្នាលភិក្ខុទាំងឡាយ បើពួកជនសួរសេចក្តីនោះ នឹងភិក្ខុយ៉ាងនេះទៀតថា ចុះ​អាការរបស់លោកមានអាយុដូចម្តេច សេចក្តីត្រាស់ដឹងដូចម្តេច បានជាលោក​មាន​អាយុ​ពោលយ៉ាងនេះថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ធម៌​ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ ដោយប្រពៃ ព្រះសង្ឃប្រតិបត្តិប្រពៃហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលនឹងព្យាករឲ្យត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោ ខ្ញុំបានចូលទៅ​គាល់​ព្រះមានព្រះភាគក្នុងទីនេះ ដើម្បីស្តាប់ធម៌ ព្រះមានព្រះភាគ ក៏ទ្រង់សំដែងធម៌ ដ៏​ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើដោយធម៌ខ្មៅ និងធម៌សដល់ខ្ញុំ ម្នាលអាវុសោ ព្រះមានព្រះភាគ ទ្រង់សំដែង​ធម៌ ដ៏ប្រសើរក្រៃលែង ដ៏ឧត្តមក្រៃលែង មានចំណែកប្រៀបស្មើដោយធម៌ខ្មៅ និងធម៌សដល់ខ្ញុំនោះ ដោយប្រការណាៗ ខ្ញុំក៏​ដឹង​ច្បាស់ នូវបដិវេធធម៌ចំពូកខ្លះ ក្នុងសាសនានេះ ក្នុងធម៌​ដែល​ព្រះមានព្រះភាគសំដែង​ហើយនោះ ហើយដល់នូវសេចក្តីចូលចិត្ត ក្នុងទេសនាធម៌ទាំងឡាយ ជ្រះថ្លាក្នុងព្រះ​សាស្តាថា ព្រះមានព្រះភាគ ជាព្រះសម្មាសម្ពុទ្ធ ព្រះធម៌​ព្រះមានព្រះភាគ ទ្រង់សំដែង​ប្រពៃហើយ ព្រះសង្ឃប្រតិបត្តិ​ប្រពៃហើយ ដូច្នេះ ដោយប្រការនោះៗ។

[១៧៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលណាមួយ មានសទ្ធាមិនកម្រើក ចាក់ឫស​ខ្ជាប់ តំកល់ស៊ប់ក្នុងព្រះតថាគត ដោយអាការទាំងឡាយនេះ ដោយបទទាំងឡាយនេះ ដោយ​ព្យញ្ជនៈទាំងឡាយនេះហើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ទើបតថាគតហៅថា អ្នក​មានសទ្ធា ប្រកបដោយហេតុ មានសោតាបត្តិមគ្គជាមូលដ៏មាំមួន ឥតមានសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី អ្នកណាមួយក្នុងលោកក្តី ដឹកនាំទៅបានឡើយ។ ម្នាលភិក្ខុទាំងឡាយ ការស្វែងរកធម៌ក្នុងព្រះតថាគត យ៉ាងនេះ ចំណែក​ខាងព្រះតថាគត (ត្រូវតែ) បុគ្គលស្វះស្វែងរក តាមធម្មតា យ៉ាងនេះដែរ។ លុះព្រះមានព្រះភាគ បានត្រាស់​ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ មានសេចក្តីពេញចិត្ត ត្រេកអរនឹងភាសិត របស់​ព្រះមានព្រះភាគ។

ចប់ វីមំសកសូត្រ ទី៧។

កោសម្ពិយសូត្រ ទី៨

[១៨០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​ឃោសិតារាម ទៀបក្រុងកោសម្ពី។ ក៏សម័យនោះឯង ពួកភិក្ខុក្នុងក្រុងកោសម្ពី បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ពួកភិក្ខុទាំងនោះ មិនញុំាង​គ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រម​ផង មិនប្រាថ្នានូវ​សេចក្តី​យល់ព្រមផង។ គ្រានោះ ភិក្ខុ១រូប ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះអង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុក្នុងនគរកោសម្ពីនេះ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ភិក្ខុទាំងនោះ មិនញុំាង​គ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រម​ផង មិនប្រាថ្នានូវ​សេចក្តី​យល់ព្រមផង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរមកនេះ អ្នកចូរហៅភិក្ខុទាំងឡាយនោះ តាមពាក្យ​តថាគតថា ព្រះសាស្តាត្រាស់ហៅលោក​មានអាយុទាំងឡាយ។ ភិក្ខុនោះ បានទទួល​ស្តាប់​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយចូលទៅរកពួកភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងភិក្ខុទាំងនោះ ដូច្នេះថា ព្រះសាស្តាត្រាស់ហៅលោក​មានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួល​ស្តាប់​ពាក្យភិក្ខុនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីដ៏សមគួរ។

[១៨១] លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបព្រះមានព្រះភាគ បានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា អ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាង​គ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តីសុខចិត្តផង មិនញុំាងគ្នានឹងគ្នាឲ្យយល់ព្រម​ផង មិនប្រាថ្នានូវ​សេចក្តី​យល់ព្រមផង ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះអង្គត្រាស់ថា  ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់​សេចក្តីនោះ ដូចម្តេច សម័យណាដែលអ្នកទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ បានតាំងកាយ​កម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំង​មុខ ឬបានតាំងវចី​កម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងទីចំពោះ​មុខ និងទីកំបាំង​មុខ ឬបានតាំងមនោ​កម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារីបុគ្គល​ទាំងឡាយ ក្នុងទីចំពោះមុខ និងទីកំបាំង​មុខ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនបានតាំង​យ៉ាងនោះទេ។ ម្នាលភិក្ខុទាំងឡាយ បានឮដូច្នេះថា សម័យណា ដែល​អ្នក​ទាំងឡាយ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ សម័យនោះ អ្នកទាំងឡាយ មិនបានតាំងកាយ​កម្ម ប្រកបដោយមេត្តា ចំពោះសព្រហ្មចារី​បុគ្គល​ ក្នុងទីចំពោះមុខ និងទីកំបាំង​មុខផង មិនបានតាំងវចី​កម្ម ប្រកប​ដោយ​មេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះ​មុខ និងទីកំបាំង​មុខផង មិនបានតាំង​មនោ​កម្ម ប្រកបដោយមេត្តា ចំពោះពួកសព្រហ្មចារីបុគ្គល​ ក្នុងទីចំពោះមុខ និងទីកំបាំង​មុខផង ម្នាលមោឃបុរសទាំងឡាយ ឥឡូវនេះ អ្នកទាំងឡាយដឹងដូចម្តេច ឃើញ​ដូចម្តេច បានជាបង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ អ្នកទាំងឡាយនោះ មិនញុំាងគ្នានឹងគ្នាឲ្យសុខចិត្តផង មិនប្រាថ្នានូវសេចក្តី​សុខចិត្ត​ផង មិនញុំាងគ្នានឹងគ្នា ឲ្យយល់ព្រមផង មិនប្រាថ្នានូវសេចក្តី​យល់ព្រមផង ម្នាលមោឃបុរស​ទាំងឡាយ ហេតុនោះ នឹងប្រព្រឹត្តទៅ ដើម្បីសេចក្តី​មិនចំរើន ដើម្បីសេចក្តីទុក្ខ ដល់អ្នក​ទាំងឡាយ អស់កាលជាយូរអង្វែង។

[១៨២] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយ៦ប្រការនេះ ជាទីរលឹក ជាទីធ្វើ​ឲ្យកើត​សេចក្តី​ស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តីសង្គ្រោះ ដើម្បី​មិន​ទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ធម៌ទាំងឡាយ៦ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ គួរតាំង​កាយកម្មប្រកបដោយមេត្តា ចំពោះពួក​សព្រហ្មចារីបុគ្គលក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួររលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។  ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងវចីកម្ម ប្រកបដោយមេត្តា ចំពោះ​ពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។  ម្នាល​ភិក្ខុ​ទាំងឡាយ ប្រការមួយទៀត ភិក្ខុគួរតាំងមនោកម្ម ប្រកបដោយមេត្តា ចំពោះ​ពួកសព្រហ្មចារីបុគ្គល ក្នុងទីចំពោះមុខ និងទីកំបាំងមុខផង នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តីស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បីមិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។  ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត លាភណា ដែលប្រកបដោយ​ធម៌ បានមកដោយ​ធម៌ ដោយហោចទៅ សូម្បីតែវត្ថុដែលរាប់ចូលក្នុងបាត្រ ភិក្ខុជាអ្នកបរិភោគ មិនចែក​រំលែកលាភទាំងឡាយ មានសភាពដូច្នោះទេ គឺជាអ្នកបរិភោគ​សាធារណ៍ ដោយពួក​សព្រហ្មចារីបុគ្គល ដែលមានសីល នេះឯងជា​ធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើតសេចក្តី​ស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។ ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត សីលណាមិនដាច់ មិនធ្លុះធ្លាយ មិនពពាល មិនពព្រុះ ជាសីលល្អ ដែលវិញ្ញូជនតែងសរសើរ មិនប៉ះពាល់ ដោយតណ្ហា និងទិដ្ឋិ ប្រព្រឹត្តទៅដើម្បី​សមាធិ ភិក្ខុជាអ្នកមានសីលស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងសីលទាំងឡាយ មានសភាព​ដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើត​សេចក្តី​ស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព ​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។  ម្នាលភិក្ខុទាំងឡាយ ប្រការមួយវិញទៀត ទិដ្ឋិ [អដ្ឋកថា ថា សម្មាទិដ្ឋិ ប្រកបដោយ​សោតាបត្តិមគ្គ។] ណា ដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វ ដែលធ្វើតាម ឲ្យអស់ទៅនៃ​សេចក្តី​ទុក្ខបាន ដោយប្រពៃ ភិក្ខុប្រកបដោយទិដ្ឋិស្មើគ្នា នឹងពួកសព្រហ្មចារីបុគ្គល ក្នុងទិដ្ឋិ មាន​សភាព​ដូច្នោះ ទាំងក្នុងទីចំពោះមុខ ទាំងក្នុងទីកំបាំងមុខ នេះឯងជាធម៌គួរឲ្យរលឹក ជាទីធ្វើឲ្យកើត​សេចក្តី​ស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព ​រមែងប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា១។  ម្នាលភិក្ខុទាំងឡាយ សារាណីយធម៌ ទាំង៦ប្រការនេះឯង ជាទីធ្វើឲ្យកើត​សេចក្តី​ស្រឡាញ់ ជាទីធ្វើឲ្យកើតសេចក្តីគោរព រមែង​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​សង្គ្រោះ ដើម្បី​មិនទាស់ទែងគ្នា ដើម្បីសេចក្តីព្រមព្រៀងគ្នា ដើម្បីមូលមិត្តគ្នា។ ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង​៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិ​តាម ឲ្យអស់ទៅនៃ​ទុក្ខ ដោយប្រពៃបាន។ ម្នាលភិក្ខុទាំងឡាយ កំពូលនៃផ្ទះមានកំពូល ជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ បណ្តា សារាណីយធម៌ ទាំង៦ប្រការនេះ មានតែទិដ្ឋិដ៏ប្រសើរ ជាទីស្រោចស្រង់នេះឯង ដែលជាច្បង ជាទីរួបរួម ជាទីប្រជុំចុះ (នៃធម៌ទាំង៥នោះ) អាចដឹកនាំសត្វ ដែលប្រតិបត្តិ​តាម ឲ្យអស់​ទុក្ខ ដោយ​ប្រពៃបាន យ៉ាងនោះដែរ។

[១៨៣] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិដ៏ប្រសើរ ដែលជាទីស្រោចស្រង់ ដឹកនាំសត្វ ដែលប្រតិបត្តិតាម ឲ្យអស់សេចក្តី​ទុក្ខបាន ដោយប្រពៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងសុញ្ញាគារស្ថានក្តី រមែង​ពិចារណាដូច្នេះថា អាត្មាអញ មានចិត្តដែល​បរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិន​ដឹងច្បាស់ មិនឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេសនោះ តាំងនៅក្នុង​សន្តាន អាត្មាអញ មិនទាន់លះបង់បាន មានដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានកាមរាគគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋាន​កិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានព្យាបាទគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋាន​កិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានថីនមិទ្ធៈគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋាន​កិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានឧទ្ធច្ចកុក្កច្ចៈ​គ្របសង្កត់​ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋាន​កិលេសគ្របសង្កត់ពិត ម្នាលភិក្ខុ​ទាំងឡាយ ប្រសិនបើភិក្ខុ មានវិចិកិច្ឆាគ្របសង្កត់ហើយ ក៏ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋាន​កិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ ខ្វល់ខ្វាយដោយការគិតនូវលោកនេះហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋាន​កិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ មានសេចក្តី​ខ្វល់ខ្វាយ ដោយ​ការ​គិតនូវលោកខាងមុខហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋាន​កិលេសគ្របសង្កត់ពិត ម្នាលភិក្ខុទាំងឡាយ ប្រសិនបើភិក្ខុ បង្កហេតុ ឈ្លោះ ទាស់ទែងគ្នា ចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ហើយ ឈ្មោះថា ជាអ្នកមានចិត្ត ដែលបរិយុដ្ឋាន​កិលេសគ្របសង្កត់ពិត ភិក្ខុនោះ រមែង​ដឹងយ៉ាងនេះថា អាត្មាអញ មានចិត្តដែល​បរិយុដ្ឋានកិលេសណា គ្របសង្កត់ហើយ មិនបាន​ដឹងច្បាស់ មិនបានឃើញច្បាស់ តាមសភាវៈពិត បរិយុដ្ឋានកិលេស ដែលតាំងនៅក្នុង​សន្តាននោះ ដែលថាអាត្មាអញ មិនទាន់លះបង់បាន មិនមានឡើយ ចិត្តរបស់អាត្មាអញ បានតំកល់ទុកប្រពៃហើយ ដើម្បីត្រាស់ដឹងនូវអរិយសច្ចធម៌ទាំងឡាយ។ នេះជាញាណទី១ ដែលភិក្ខុនោះ បានត្រាស់ដឹង​ហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់​ពួក​បុថុជ្ជនឡើយ។

[១៨៤] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែងពិចារណាដូច្នេះ​ថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិនេះឯង តើបាននូវ​សេចក្តី​ស្ងប់​រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្តរបស់ខ្លួន ឬហ្ន៎។ អរិយសាវ័ក​នោះ រមែងដឹងយ៉ាងនេះថា អាត្មាអញ កាលសេព កាលចំរើន កាលធ្វើរឿយៗ នូវទិដ្ឋិ​នេះ​ឯង តែងបាននូវ​សេចក្តី​ស្ងប់​រម្ងាប់ ក្នុងចិត្តរបស់ខ្លួន បាននូវការរំលត់កិលេស ក្នុងចិត្ត​របស់​ខ្លួន។ នេះជាញាណទី២ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ដល់ពួកបុថុជ្ជនឡើយ។

[១៨៥] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ករមែង​ពិចារណា ដូច្នេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិ​មានសភាព​យ៉ាងនោះដែរ តើមានឬហ្ន៎។ អរិយសាវ័ក​នោះ ក៏ដឹងយ៉ាងនេះថា អាត្មាអញប្រកបដោយទិដ្ឋិ មានសភាពយ៉ាងណា សមណៈ និងព្រាហ្មណ៍ដទៃ ក្រៅអំពីនេះ ដែលប្រកបដោយទិដ្ឋិ​ មានសភាព​យ៉ាងនោះ មិនមានទេ។ នេះជាញាណទី៣ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។

[១៨៦] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែង​ពិចារណា ដូច្នេះ​ថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ​តាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏​ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាព​យ៉ាងនោះដែរឬ។ ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គល​បរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាព​ដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិ គឺការចេញចាក​អាបត្តិ មានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ មានសភាព​យ៉ាង​នោះខ្លះដែរ តែថា ភិក្ខុនោះ រមែងសំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំ​ណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នក​ប្រាជ្ញ ដោយឆាប់រហ័ស លុះសំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវការសង្រួមតទៅ។ ម្នាលភិក្ខុទាំងឡាយ ដូចជា​កុមារ​ក្មេងជាកូនខ្ចីនៅដេកផ្ងារនៅឡើយ ប៉ះពាល់រងើកភ្លើងដោយដៃក្តី ដោយជើងក្តី​ ក៏ដក​មកវិញជាប្រញាប់ យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល​ដែលប្រកប​ដោយទិដ្ឋិ គឺការចេញចាកអាបត្តិមានសភាពយ៉ាងណា ភិក្ខុក៏គង់ត្រូវអាបត្តិ​មានសភាព​យ៉ាងនោះខ្លះដែរ តែថាភិក្ខុនោះ សំដែង បើក ធ្វើឲ្យច្បាស់ឡើង នូវអាបត្តិនោះ ក្នុងសំ​ណាក់សាស្តា ឬក្នុងពួកសព្រហ្មចារីបុគ្គល ជាអ្នក​ប្រាជ្ញ ដោយឆាប់រហ័ស លុះ​សំដែង បើក ធ្វើឲ្យច្បាស់ឡើងហើយ ក៏ដល់នូវកិរិយា​សង្រួមតទៅ យ៉ាងនោះដែរ។ ភិក្ខុនោះ ក៏​ដឹង​យ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាព​យ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី៤ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។

[១៨៧] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែង​ពិចារណា ដូច្នេះ​ថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ​តាមធម្មតា មានសភាពយ៉ាងណា អាត្មាអញ ក៏​ប្រកបដោយទិដ្ឋិតាមធម្មតា មានសភាព​យ៉ាងនោះដែរឬ។ ម្នាលភិក្ខុ​ទាំងឡាយ ចុះបុគ្គល​បរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមធម្មតា មានសភាព​ដូចម្តេច ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ដែលបរិបូណ៌ដោយទិដ្ឋិនេះ គង់មានសេចក្តី​ខ្វល់ខ្វាយធ្វើការងារអ្វីៗខ្ពស់ និងទាបរបស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថាគេមានសេចក្តី​ប្រាថ្នាក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេគោមានកូនខ្ចី ខំប្រឹងស៊ីស្មៅផង ថ្និតថ្នមកូនផង យ៉ាងណា ម្នាលភិក្ខុទាំងឡាយ ធម្មតារបស់បុគ្គល ​ដែលបរិបូណ៌​ដោយទិដ្ឋិនេះ គង់មានសេចក្តី​ខ្វល់​ខ្វាយ ធ្វើការងារ​អ្វីៗខ្ពស់ និងទាប របស់ពួកសព្រហ្មចារីបុគ្គលខ្លះដែរ តែថា គេមានសេចក្តី​ប្រាថ្នាដ៏ក្លៀវក្លា ក្នុងអធិសីលសិក្ខា អធិចិត្តសិក្ខា អធិប្បញ្ញាសិក្ខា ក៏យ៉ាង​នោះដែរ។ ភិក្ខុនោះ រមែងដឹងយ៉ាងនេះថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយ​ទិដ្ឋិ​តាមធម្មតា មានសភាព​យ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិ តាមធម្មតា មាន​សភាព​យ៉ាងនោះដែរ។ នេះជាញាណទី៥ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។

[១៨៨] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែង​ពិចារណា ដូច្នេះ​ថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ​តាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏​ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាព​យ៉ាងនោះដែរឬ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គលដែល​បរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាព​ដូច​ម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនុ៎ះ តែងត្រូវការ​យកចិត្តទុកដាក់ ចំពោះអ្នកសំដែងធម៌វិន័យ ដែលតថាគត បានសំដែងទុក​មក ហើយប្រមូលចិត្តមកឲ្យមូល ផ្ទៀងត្រចៀកប្រុងស្តាប់ធម៌ (នោះ)។ ភិក្ខុនោះ រមែង​ដឹងយ៉ាងនេះថា បុគ្គលដែល​បរិបូណ៌​ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាព​យ៉ាងណា អាត្មាអញ ក៏ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាព​យ៉ាងនោះដែរ។ នេះជា​ញាណទី៦ ដែលភិក្ខុនោះ បានត្រាស់ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិន​សាធារណ៍ ដល់ពួកបុថុជ្ជនឡើយ។

[១៨៩] ម្នាលភិក្ខុទាំងឡាយ ប្រការមួយទៀត អរិយសាវ័ក រមែង​ពិចារណា ដូច្នេះ​ថា បុគ្គលដែលបរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ​តាមកំឡាំង មានសភាពយ៉ាងណា អាត្មាអញ ក៏​ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាព​យ៉ាងនោះដែរឬ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះបុគ្គល​បរិបូណ៌ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិ តាមកំឡាំង មានសភាព​ដូចម្តេច ម្នាលភិក្ខុទាំងឡាយ ភាពនៃបុគ្គលដែលបរិបូណ៌ដោយទិដ្ឋិមានកំឡាំងនោះ រមែង​បាន​អត្ថវេទ បានធម្មវេទ និងបាមោជ្ជ ដែលប្រកបដោយធម៌ ចំពោះអ្នកសំដែងធម្មវិន័យ ដែល​តថាគត បានសំដែងទុកមក។ ភិក្ខុនោះ រមែង​ដឹង​យ៉ាងនេះថា បុគ្គលដែល​បរិបូណ៌​ដោយទិដ្ឋិ ប្រកបដោយទិដ្ឋិតាមកំឡាំង មានសភាព​យ៉ាងណា អាត្មា​អញ ក៏ប្រកប​ដោយ​ទិដ្ឋិ តាមកំឡាំង មានសភាពយ៉ាងនោះដែរ។ នេះជាញាណទី​៧ ដែលភិក្ខុនោះ បាន​ត្រាស់​ដឹងហើយ ជាញាណដ៏ប្រសើរ ជាលោកុត្តរៈ មិនសាធារណ៍ ដល់ពួកបុថុជ្ជន​ឡើយ។

[១៩០] ម្នាលភិក្ខុទាំងឡាយ ធម្មតានៃអរិយសាវ័ក ដែលប្រកបដោយ​អង្គទាំង៧ប្រការយ៉ាងនេះ សម្រេចល្អហើយ ក្នុងការធ្វើ​ឲ្យជាក់ច្បាស់ នូវ​សោតាបត្តិផល។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កដែលប្រកបដោយអង្គ​ទាំង៧​ប្រការ​យ៉ាងនេះ ឈ្មោះថា ជាអ្នកប្រកបដោយសោតាបត្តិផល។ លុះព្រះមានព្រះភាគ បានត្រាស់​ភាសិតនេះចប់ហើយ ពួក​ភិក្ខុទាំងនោះ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ នឹង​ភាសិតរបស់ព្រះមានព្រះភាគ។

ចប់ កោសម្ពិយសូត្រ ទី៨។

ព្រហ្មនិមន្តនិកសូត្រ ទី៩

[១៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ បានទទួលស្តាប់​ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១៩២] ព្រះមានព្រះភាគបានត្រាស់ភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ សម័យ​មួយ តថាគតនៅក្នុងសុភគវ័ននេះ ទៀបគល់សាលរាជព្រឹក្ស នាដែនឧក្កដ្ឋា។ ម្នាលភិក្ខុទាំងឡាយ សម័យនោះឯង ទិដ្ឋិអាក្រក់ មានសភាពយ៉ាងនេះ កើតឡើងដល់​ព្រហ្មឈ្មោះ ពកៈ ថា ឋានព្រហ្មនេះ ជារបស់ទៀង ជារបស់ឋិតថេរ ជារបស់មាននៅគ្រប់​កាល ជារបស់មិនធ្លុះធ្លាយ ជារបស់មិនឃ្លៀងឃ្លាត ព្រោះថា ឋានព្រហ្មនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យ​ក្រៃលែងជាងឋានព្រហ្មនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ តថាគត បានដឹងនូវសេចក្តីត្រិះរិះ ក្នុងចិត្តរបស់ ពកព្រហ្ម ដោយចិត្តរបស់តថាគត ហើយក៏បាត់​អំពី​សុភគវ័ន ទៀបគល់សាលរាជព្រឹក្ស ក្នុងក្រុងឧក្កដ្ឋា ទៅប្រាកដក្នុងព្រហ្មលោកនោះ ដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬបត់ដៃដែលលាចេញ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ ពកព្រហ្ម បានឃើញតថាគតកំពុងមកអំពីចម្ងាយ លុះឃើញហើយ ទើបក្រាបបង្គំទូលតថាគត យ៉ាងនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ សូមព្រះអង្គ ទ្រង់ស្តេច​ចូលមក បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ដំណើរដែលព្រះអង្គស្តេចមកនេះ ប្រពៃហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ព្រះអង្គខានធ្វើ​ដំណើរ​និមន្តមកក្នុងទីនេះ អស់កាលជាយូរ​អង្វែង​ណាស់ហើយ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ធម្មតា ឋានព្រហ្មនេះ ជាទីទៀង ជាទីឋិតថេរ​នៅសព្វកាល មិនធ្លុះធ្លាយ មិនឃ្លៀងឃ្លាត ព្រោះថាឋានព្រហ្មនេះ រមែង​មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើងទៀតទេ ឯឋានដទៃ ជាទីរលាស់ខ្លួន​ចេញចាកទុក្ខ ឲ្យក្រៃលែងជាស្ថានព្រហ្មនេះ មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាល​ពកព្រហ្ម ពោលយ៉ាងនេះហើយ តថាគត បានពោលនឹងពកព្រហ្មយ៉ាងនេះថា អើហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាទេតើ អើហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជាទេតើ បានជា​ពោលនូវរបស់ដែលមិនទៀងទាត់ ថាជារបស់ទៀងទាត់វិញ ពោលរបស់ដែលមិនឋិតថេរ ថាជារបស់ឋិតថេរវិញ ពោលរបស់គ្មាននៅគ្រប់កាល ថាជារបស់មាននៅគ្រប់កាលវិញ ពោលរបស់ដែលមិនធ្លុះធ្លាយ ថាជារបស់ធ្លុះធ្លាយវិញ ពោលរបស់ដែលឃ្លៀងឃ្លាត ថាជារបស់មិនឃ្លៀងឃ្លាតវិញ មួយទៀត ពកព្រហ្ម ពោលចំពោះឋានព្រហ្ម ដែល​នៅ​កើត នៅចាស់ នៅស្លាប់ នៅច្យុត នៅកើតទៀតថា ឋានព្រហ្មនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើងវិញ ឯឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាងឋានព្រហ្មនេះ មិនមានឡើយ។

[១៩៣] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ មារមានចិត្តបាប ចូលជ្រែកព្រហ្មមួយ​រូប ឈ្មោះបារិសជ្ជៈ ហើយពោលពាក្យនេះ នឹងតថាគតថា ម្នាលភិក្ខុ ភិក្ខុកុំបណ្តេញព្រហ្ម​នេះឡើយ ភិក្ខុកុំបណ្តេញព្រហ្មនេះឡើយ ម្នាលភិក្ខុ ព្រោះព្រហ្មនេះ ជាមហាព្រហ្មផង ជាច្បង ឥតមានអ្នកដទៃគ្របសង្កត់បាន ជាអ្នកឃើញហេតុពិត ជាអ្នកធ្វើ​ជនទាំងអស់ ឲ្យ​លុះក្នុងអំណាចខ្លួនបាន ជាឥស្សរៈក្នុងលោក ជាអ្នក​សាងលោក និមិត្តលោក ជាអ្នកប្រសើរ ជាអ្នកចាត់ចែងលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់ពួកសត្វ ដែល​កើតហើយ និងសត្វដែល​នៅក្នុងគភ៌។ ម្នាលភិក្ខុ ក្នុងកាលមុនអំពីខ្លួនលោក មានពួក​សមណព្រាហ្មណ៍ក្នុងលោក ជាអ្នកតិះដៀលផែនដី [អដ្ឋកថា ថា តិះដៀលផែនដីថា អនិច្ចំ ទុក្ខំ អនត្តា។] ខ្ពើមផែនដី តិះដៀលទឹក ខ្ពើមទឹក តិះដៀលភ្លើង ខ្ពើមភ្លើង តិះដៀលខ្យល់ ខ្ពើមខ្យល់ តិះដៀលពួកសត្វ ខ្ពើមពួកសត្វ តិះដៀលទេវតា ខ្ពើមទេវតា តិះដៀលបជាបតិទេវរាជ ខ្ពើមបជាបតិទេវរាជ តិះដៀលព្រហ្ម ខ្ពើមព្រហ្ម ពួក​សមណព្រាហ្មណ៍ទាំងនោះ លុះទំលាយកាយ ផ្តាច់បង់ជីវិតទៅ ក៏កើតក្នុងពួកដ៏​ថោកទាប គឺអបាយភូមិ៤។ ម្នាលភិក្ខុ មួយវិញទៀត ក្នុងកាលមុនអំពីខ្លួនលោក មានពួក​សមណព្រាហ្មណ៍ក្នុងលោក ជាអ្នកសរសើរផែនដី ត្រេកអរនឹងផែនដី សរសើរទឹក ត្រេកអរនឹងទឹក សរសើរភ្លើង ត្រេកអរនឹងភ្លើង សរសើរខ្យល់ ត្រេកអរនឹងខ្យល់ សរសើរពួកសត្វ ត្រេកអរនឹងពួកសត្វ សរសើរទេវតា ត្រេកអរនឹងទេវតា សរសើរបជាបតិទេវរាជ ត្រេកអរនឹងបជាបតិទេវរាជ សរសើរព្រហ្ម ត្រេកអរនឹងព្រហ្ម ពួក​សមណព្រាហ្មណ៍ទាំងនោះ លុះទំលាយកាយ ផ្តាច់បង់ជីវិតទៅ ក៏កើតក្នុងពួក​ដ៏ប្រសើរ គឺព្រហ្មលោក។ ម្នាលភិក្ខុ ព្រោះហេតុនោះ ខ្ញុំសូមនិយាយ​នឹងលោកយ៉ាងនេះ បពិត្រលោក​អ្នកនិទ៌ុក្ខ ខ្ញុំសូម​ដាស់តឿនលោក ចូរលោកធ្វើតាមពាក្យព្រហ្ម ដែលបាន​និយាយហើយដល់លោក លោកកុំកន្លងពាក្យរបស់ព្រហ្មឡើយ ម្នាលភិក្ខុ ប្រសិនបើលោក​កន្លងពាក្យរបស់ព្រហ្មហើយ។ ដូចជាបុរសយកដំបង វាយបណ្តេញនូវ​សិរី ដែលកំពុងមកដល់ យ៉ាងណា ម្នាលភិក្ខុ ពុំនោះសោត ដូចជាបុរស ធ្លាក់ក្នុងអណ្តូងធំ​ជ្រៅ មិនអាចនឹងចាប់ផែនដី ដោយដៃ និងជើងទាំងឡាយបាន យ៉ាងណា ម្នាលភិក្ខុ សេចក្តីឧបមេយ្យនេះ នឹងមានដល់លោក ក៏យ៉ាងនោះដែរ។ បពិត្រលោក​អ្នកនិទ៌ុក្ខ ខ្ញុំសូម​ដាស់តឿនលោក ចូរលោកធ្វើតាមពាក្យព្រហ្ម ដែលបាន​និយាយហើយដល់លោក ចូរ​លោក​កុំកន្លងពាក្យរបស់ព្រហ្មឡើយ ម្នាលភិក្ខុ ក្រែងលោក​ឃើញព្រហ្មបរិស័ទ​ កំពុង​ប្រជុំគ្នាដែរឬទេ។ ម្នាលភិក្ខុទាំងឡាយ មារមានចិត្តបាប បានបង្អោនតថាគត ឲ្យដូច​ជាព្រហ្មបរិស័ទ ដោយប្រការដូច្នេះឯង។ ម្នាលភិក្ខុទាំងឡាយ កាលមារនិយាយ​យ៉ាងនេះ​ហើយ តថាគត បានពោលនឹងមារមានចិត្តបាប យ៉ាងនេះវិញថា ម្នាលមារមានចិត្តបាប តថាគតស្គាល់​អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា ឥតមានអ្នកណាមួយស្គាល់​អញ ដូច្នេះ​ឡើយ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយ ជាមារ ម្នាលមារមានចិត្តបាប ព្រហ្ម​ណាក៏ដោយ ព្រហ្មបរិស័ទណាក៏ដោយ ព្រហ្មបារិសជ្ជណាក៏ដោយ អ្នកទាំងអស់នោះ សុទ្ធតែលុះក្នុងកណ្តាប់ដៃរបស់អ្នក អ្នកទាំងអស់នោះ សុទ្ធតែ​លុះក្នុងអំណាច​របស់​អ្នក ម្នាលមារមានចិត្តបាប ព្រោះហេតុនោះ បានជាអ្នក មានសេចក្តីត្រិះរិះយ៉ាងនេះថា ព្រះសមណគោតម គប្បីលុះក្នុងកណ្តាប់ដៃរបស់អញ ព្រះសមណគោតម គប្បីលុះ​ក្នុង​អំណាចរបស់អញ ម្នាលមារមានចិត្តបាប ឯតថាគត មិនលុះក្នុងកណ្តាប់ដៃរបស់អ្នកទេ មិនលុះក្នុងអំណាច​របស់អ្នកទេ។

[១៩៤] ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពោលយ៉ាងនេះហើយ ពកព្រហ្ម បានពោល​នូវពាក្យនេះថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ខ្ញុំព្រះអង្គពោលរបស់ដែលទៀង ថាជារបស់ទៀងពិត ពោលរបស់ដែលឋិតថេរ ថាជារបស់ឋិតថេរពិត ពោលរបស់ដែល​មាននៅសព្វកាល ថាជារបស់​មាននៅសព្វកាលពិត ពោលរបស់ដែលមិនដាច់ធ្លុះធ្លាយ ថាជារបស់មិនដាច់ធ្លុះធ្លាយពិត ពោលរបស់ដែលមិនឃ្លៀងឃ្លាត ថាជារបស់​មិនឃ្លៀងឃ្លាតពិត។ មួយវិញទៀត ទីណាមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង ខ្ញុំព្រះអង្គ ពោលទីនោះឯង ថាទីនេះ មិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនកើតឡើង មួយវិញទៀត ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែងជាង​ មិនមាន បានជាខ្ញុំព្រះអង្គ ពោលថា ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ ឲ្យក្រៃលែង​ មិនមាន។ ម្នាលភិក្ខុ កាលមុនខ្លួនអ្នកទៅទៀត មានពួក​សមណព្រាហ្មណ៍ក្នុងលោក មានតបកម្ម ប្រហែលនឹងអាយុទាំងអស់របស់អ្នក។ ពួកសមណព្រាហ្មណ៍​នោះ ដឹង​យ៉ាង​នេះថា ឋានដទៃជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មាន ឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មាន ថាឋានដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មិនមាន ឋានដទៃ​ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀត មិនមាន។ ម្នាលភិក្ខុ ព្រោះហេតុនោះ បានជាខ្ញុំនិយាយនឹងលោកយ៉ាងនេះ លោកមិនឃើញ​នូវឋាន​ដទៃ ជាទីរលាស់ខ្លួនចេញចាកទុក្ខ តទៅទៀតទេ លោកជាអ្នក​មានចំណែក​នៃសេចក្តី​លំបាក និងសេចក្តីចង្អៀតចង្អល់តែមួយយ៉ាង។ ម្នាលភិក្ខុ ប្រសិនបើលោកប្រកាន់​ផែនដី ឈ្មោះថាដេកនៅក្បែរខ្ញុំ ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់​ខ្ញុំ ខ្ញុំនឹងធ្វើលោក​តាម​សេចក្តី​ប្រាថ្នារបស់ខ្ញុំ ឲ្យលោកជាមនុស្សថោកទាបក៏បាន។ មួយវិញទៀត ប្រសិនបើលោក​ប្រកាន់ទឹក ភ្លើង ខ្យល់ ពពួកសត្វ ទេវតា បជាបតិទេវរាជ ព្រហ្ម ឈ្មោះថាដេកនៅក្បែរខ្ញុំ ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់​ខ្ញុំ ខ្ញុំនឹងធ្វើលោក​តាម​សេចក្តី​ប្រាថ្នារបស់ខ្ញុំ ឲ្យលោក​ជា​មនុស្សថោកទាបក៏បាន។ ម្នាលព្រហ្ម តថាគត ក៏ដឹងហេតុនេះដែរ។ ប្រសិនបើតថាគត​ប្រកាន់​ផែនដី ឈ្មោះថាដេកនៅក្បែរអ្នក ឈ្មោះថា ដេកត្រាំនៅក្នុងវត្ថុរបស់អ្នក អ្នកគួរ​នឹងធ្វើតថាគត តាមសេចក្តីប្រាថ្នារបស់អ្នក ឲ្យតថាគតជាមនុស្សថោកទាបបានមែន។ មួយវិញទៀត ប្រសិនបើតថាគត ប្រកាន់ទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា បជាបតិ​ទេវរាជ ព្រហ្ម ឈ្មោះថាដេកនៅក្បែរអ្នក ឈ្មោះថា ដេកត្រាំក្នុងវត្ថុរបស់អ្នក អ្នកគួរនឹងធ្វើ​តថាគត តាមសេចក្តីប្រាថ្នារបស់អ្នក ឲ្យតថាគត ជាមនុស្សថោកទាបបានមែន។ ម្នាល​ព្រហ្ម ប៉ុន្តែតថាគត ស្គាល់គតិរបស់អ្នក ស្គាល់អានុភាពរបស់អ្នកហើយថា ពកព្រហ្ម មាន​ឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម​ មានស័ក្តិ​ធំ​យ៉ាងនេះ។ ពកព្រហ្ម​ទូលសួរថា បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ចុះព្រះអង្គស្គាល់​គតិរបស់ខ្ញុំ​ ស្គាល់អានុភាពរបស់ខ្ញុំថា  ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មាន​អានុភាព​ច្រើនយ៉ាងនេះ ពកព្រហ្ម​ មានស័ក្តិធំយ៉ាងនេះ តើដោយប្រការដូចម្តេច។

ព្រះអង្គ​ត្រាស់ថា ព្រះចន្ទ្រ និងព្រះអាទិត្យទាំងឡាយ ដើរបំភ្លឺទិសទាំងឡាយ ឲ្យបានភ្លឺត្រឹមណា លោកគឺចក្កវាឡទាំងមួយពាន់ ក៏កំណត់ត្រឹមនោះ អំណាច​របស់អ្នក ប្រព្រឹត្តទៅបានតែត្រឹមចក្កវាឡមួយពាន់នុ៎ះ មួយទៀត អ្នកស្គាល់​ពួកសត្វថោកទាប និងពួកសត្វខ្ពង់ខ្ពស់ សត្វដែល​ប្រកបដោយរាគៈ និងសត្វដែល​ប្រាសចាករាគៈ ស្គាល់ចក្កវាឡនេះ ចក្រវាឡដទៃ ស្គាល់ដំណើរមក និងដំណើរ​ទៅ របស់សត្វទាំងឡាយ។

ម្នាលព្រហ្ម តថាគត ស្គាល់គតិ ស្គាល់អានុភាព​របស់អ្នក យ៉ាងនេះថា ពកព្រហ្ម មានឫទ្ធិច្រើនយ៉ាងនេះ ពកព្រហ្ម មានអានុភាពច្រើនយ៉ាងនេះ ពកព្រហ្ម​ មានស័ក្តិធំ​យ៉ាង​នេះ។ ម្នាលព្រហ្ម នៅមានព្រហ្ម​៣ពួក​ដទៃទៀត អ្នកមិនដឹង មិនឃើញ​ព្រហ្ម​ទាំង​៣​ពួកនោះទេ តថាគត ទើបដឹង ទើបឃើញ​ព្រហ្មទាំង៣ពួកនោះបាន។ ម្នាលព្រហ្ម មានពួក​ព្រហ្មមួយ ឈ្មោះអាភស្សរៈ។ ខ្លួនអ្នកច្យុតអំពីទីនោះ បានមកកើតក្នុងទីនេះ ស្មារតី​របស់​អ្នកនោះ ក៏ភ្លេចបាត់ទៅ ដោយសារ​នៅក្នុងទីនេះយូរពេក ព្រោះហេតុនោះ បានជាអ្នកមិនដឹង មិនឃើញ​អាភស្សរព្រហ្មនោះ តថាគត ទើបដឹង ទើបឃើញ​ព្រហ្ម​នោះបាន។ ម្នាលព្រហ្ម យ៉ាងនេះឯង តថាគត មិនមែនស្មើនឹងអ្នកទេ តថាគត ដឹង​ច្បាស់​ហើយ នឹងឲ្យថោកទាប​ជាងអ្នកដូចម្តេចបាន តថាគត ត្រូវតែ​ប្រសើរជាង​អ្នកដោយពិត។ ម្នាលព្រហ្ម នៅមានពួកព្រហ្ម ឈ្មោះសុភកិណ្ហៈ និងពួកព្រហ្ម​ឈ្មោះវេហប្ផលៈ អ្នកមិនដឹង មិនឃើញពួកព្រហ្មទាំងនោះទេ តថាគត ទើបដឹង ទើបឃើញ​ពួកព្រហ្ម​នោះបាន។ ម្នាលព្រហ្ម យ៉ាងនេះឯង តថាគត មិនមែនស្មើនឹងអ្នកទេ តថាគត ដឹង​​ហើយ នឹង​ឲ្យថោក​ទាប​​ជាងអ្នក ដូចម្តេចបាន តថាគត ត្រូវតែ​ប្រសើរជាង​អ្នកដោយពិត។ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវផែនដី ថាជាផែនដីពិត ដឹងច្បាស់នូវព្រះនិព្វាន ដែល​សត្វ​​មិនធ្លាប់​ដល់ ដោយសភាព​នៃផែនដីពិត បានជាតថាគត មិនប្រកាន់​នូវផែនដី មិនប្រកាន់​ក្នុងផែនដី មិនប្រកាន់អំពីផែនដី មិនប្រកាន់​ថាផែនដី​របស់តថាគត មិន​ប្រកាសផែនដី។ ម្នាលព្រហ្ម កាលបើយ៉ាងនេះ តថាគត មិនមែនជាបុគ្គល​ស្មើនឹងអ្នកទេ តថាគត ត្រាស់ដឹង​ហើយ នឹងឲ្យថោកទាបជាងអ្នក​ ដូចម្តេចបាន តថាគត ត្រូវតែ​ប្រសើរ​ជាង​​អ្នក​ដោយពិត។ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវទឹក។បេ។ ម្នាលព្រហ្ម តថាគត​ដឹង​ច្បាស់​​នូវភ្លើង… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវខ្យល់… ម្នាលព្រហ្ម តថាគត ដឹងច្បាស់​នូវ​ពួកសត្វ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវពួកទេវតា… ម្នាលព្រហ្ម តថាគត ដឹង​ច្បាស់​នូវបជាបតិទេវរាជ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្ម… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវពួកព្រហ្មឈ្មោះអាភស្សរៈ ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មឈ្មោះ​សុភកិណ្ហៈ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មឈ្មោះ​វេហប្ផលៈ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវព្រហ្មជាច្បងគេ… ម្នាលព្រហ្ម តថាគត ដឹងច្បាស់នូវវត្ថុទាំងពួង ថាជា​វត្ថុ​ទាំងពួងពិត ដឹងច្បាស់នូវព្រះនិព្វាន ដែលសត្វ​មិនធ្លាប់​ដល់ ដោយសភាព​នៃវត្ថុ​ទាំងពួង បានជាតថាគត មិនប្រកាន់​វត្ថុទាំងពួង មិនប្រកាន់​ក្នុងវត្ថុទាំងពួង មិនប្រកាន់​អំពី​វត្ថុទាំងពួង មិនប្រកាន់វត្ថុទាំងពួង ថាជារបស់តថាគត មិនប្រកាសនូវវត្ថុទាំងពួង។ ម្នាល​ព្រហ្ម កាលបើយ៉ាងនេះ តថាគត មិនមែន​ស្មើនឹងអ្នកទេ តថាគត ត្រាស់ដឹង​ហើយ នឹងឲ្យថោកទាបជាងអ្នក ​ដូចម្តេចបាន តថាគត ត្រូវតែប្រសើរ​ជាង​​អ្នក​ដោយពិត។ បពិត្រព្រះអង្គ​អ្នកនិទ៌ុក្ខ បើព្រះអង្គដឹងនូវព្រះនិព្វាន ដែលសត្វ​មិនធ្លាប់​ដល់ ដោយសភាព នៃវត្ថុទាំងពួងហើយ សូមកុំឲ្យពាក្យរបស់ព្រះអង្គ សោះសូន្យ​ទទេឥតអំពើឡើយ។ វិញ្ញាណឈ្មោះអនិទស្សនៈ [១.២ វិញ្ញាណនេះ ជាឈ្មោះនៃព្រះនិព្វាន ជួនកាលហៅថា អនិទស្សនៈ ថាអនន្តៈ។ ដែលឈ្មោះថា អនិទស្សនៈ ព្រោះមិនមានរូបារម្មណ៍ មកកាន់រង្វង់ចក្ខុវិញ្ញាណ ដែលឈ្មោះថា អនន្តៈ ព្រោះប្រាសចាកការកើត និងវិនាសទៅវិញ។ អដ្ឋកថា។] ឈ្មោះអនន្តៈ [២] មានពន្លឺ ភ្លឺជាង​ធម្មជាតទាំងអស់ ដែលសត្វមិនធ្លាប់បានដល់ ដោយសភាពនៃផែនដី មិនធ្លាប់​បាន​ដល់ ដោយសភាពនៃទឹក មិនធ្លាប់បានដល់ ដោយសភាពនៃភ្លើង មិនធ្លាប់បានដល់ ដោយសភាពនៃខ្យល់ មិនធ្លាប់បានដល់ ដោយសភាពជាពួកសត្វ មិនធ្លាប់បានដល់ ដោយសភាពជាទេវតា មិនធ្លាប់បានដល់ ដោយសភាពជាបជាបតិទេវរាជ មិនធ្លាប់បានដល់ ដោយសភាពជាព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាអាភស្សរព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាសុភកិណ្ហព្រហ្ម មិនធ្លាប់បានដល់ ដោយសភាពជាវេហប្ផលព្រហ្ម មិនធ្លាប់បានដល់ ដោយ​សភាព នៃព្រហ្មជាច្បង មិនធ្លាប់បានដល់ ដោយសភាពនៃវត្ថុ​ទាំងពួង។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ ណ្ហើយចុះ ខ្ញុំនឹង​បំបាត់ខ្លួនអំពីព្រះអង្គ ឥឡូវនេះ។ ម្នាលព្រហ្ម អើ បើអ្នកអាច ក៏ចូរ​បំបាត់​ខ្លួន អំពីតថាគត ឥឡូវនេះមើល។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ពកព្រហ្ម គិតថា អាត្មាអញ នឹងបំបាត់ខ្លួន អំពី​ព្រះសមណគោតម អាត្មាអញ នឹងបំបាត់ខ្លួន អំពីព្រះសមណគោតម ហើយក៏មិនអាច​នឹងបំបាត់ខ្លួន អំពីតថាគតបានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើពកព្រហ្ម​ពោលយ៉ាង​នេះហើយ តថាគត ក៏បានពោលនឹងពកព្រហ្មយ៉ាងនេះវិញថា ម្នាលព្រហ្ម បើដូច្នោះ តថាគត នឹងបំបាត់ខ្លួន​អំពីអ្នកវិញ។ បពិត្រព្រះអង្គអ្នកនិទ៌ុក្ខ បើព្រះអង្គអាច ក៏ចូរបំបាត់ខ្លួន អំពីខ្ញុំទៅមើល។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង តថាគត និមិត្តនូវឥទ្ធាភិសង្ខារ មានសភាពដូច្នោះថា ព្រហ្ម និងព្រហ្មបរិស័ទ ព្រមទាំង​ព្រហ្មបារិសជ្ជា ឲ្យឮតែសំឡេងរបស់តថាគតប៉ុណ្ណោះ តែមិនបាន​ឃើញ​តថាគតឡើយ។ កាលតថាគត បំបាត់ខ្លួនទៅហើយ ក៏បានពោលនូវព្រះគាថានេះថា

តថាគត ឃើញភ័យក្នុងភពផង ឃើញនូវ​ពួកសត្វ ដែលកំពុងស្វែងរក​នូវភពផង ហើយមិនបានពោលសរសើរ គឺមិនស្វែងរកភពណាមួយ ទាំងមិនប្រកាន់​នូវសេចក្តី​ត្រេកអរ (ក្នុងភព)ឡើយ។

[១៩៥] ម្នាលភិក្ខុទាំងឡាយ លំដាប់នោះឯង ព្រហ្ម និងព្រហ្មបរិស័ទ ព្រមទាំង​ព្រហ្មបារិសជ្ជា ក៏កើតសេចក្តីអស្ចារ្យ ក្នុងចិត្តថា អើ ហេតុនេះជាអស្ចារ្យណាស់ហ្ន៎ អើហេតុនេះមិនដែល​មានទេហ្ន៎ ព្រះសមណគោតម ពេញជាមានឫទ្ធិច្រើន ពេញ​ជាមានអានុភាពច្រើនមែន មួយទៀត មុនអំពីកាលនេះ យើងទាំងឡាយ មិនដែល​បានឃើញ មិនដែលបានឮថា មានសមណៈ ឬព្រាហ្មណ៍ដទៃ មានឫទ្ធិច្រើន មានអានុភាព​ច្រើន ឲ្យដូចជាព្រះសមណគោតម ដែលចេញចាក​សក្យត្រកូល មកបួស​នេះឡើយ អើហ្ន៎ ព្រះសមណគោតម ចេះផ្តិលផ្តាច់នូវភព ព្រមទាំងឫសគល់របស់ពួក​សត្វ ដែលរីករាយក្នុងភព ត្រេកអរក្នុងភព ពេញចិត្តក្នុងភពបាន។

[១៩៦] ម្នាលភិក្ខុទាំងឡាយ គ្រានោះ មារមានចិត្តបាប បានចូលជ្រែកសរីរៈ​នៃ​ព្រហ្មបារិសជ្ជាមួយរូប ហើយបានពោលនឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គអ្នក​និទ៌ុក្ខ ប្រសិនបើព្រះអង្គជ្រាបច្បាស់យ៉ាងនេះ ប្រសិនបើត្រាស់ដឹង (សច្ចៈ) យ៉ាងនេះ​ហើយ សូមព្រះអង្គកុំពន្យល់ពួកសាវ័ក កុំពន្យល់​ពួកបព្វជិត កុំសំដែង​ធម៌ ដល់ពួក​សាវ័ក កុំសំដែងធម៌ ដល់ពួកបព្វជិតឡើយ កុំធ្វើសេចក្តី​ប្រាថ្នាក្នុងពួកសាវ័ក កុំធ្វើសេចក្តី​ប្រាថ្នា​ក្នុងពួក​បព្វជិតឡើយ។ ម្នាលភិក្ខុ ក្នុងកាលមុនខ្លួនលោក (ទៅទៀត) មាន​ពួក​សមណព្រាហ្មណ៍ ជាអរហន្តសម្មាសម្ពុទ្ធ ជាអ្នកចេះដឹង​ក្នុងលោក ពួក​សមណព្រាហ្មណ៍​ទាំងនោះ បានពន្យល់ពួកសាវ័ក និងពួកបព្វជិត បាន​សំដែង​ធម៌ ដល់ពួក​សាវ័ក និងពួកបព្វជិត បានធ្វើសេចក្តី​ប្រាថ្នាក្នុងពួកសាវ័ក និងពួក​បព្វជិត លុះ​ពន្យល់ពួកសាវ័ក និងពួកបព្វជិត ​សំដែង​ធម៌ ដល់ពួក​សាវ័ក និងពួកបព្វជិត មានចិត្ត​ប្រាថ្នាក្នុងពួកសាវ័ក និងពួក​បព្វជិតហើយ លុះទំលាយកាយ ផ្តាច់ជីវិតបាត់ទៅ​ កើតក្នុងពួក​ដ៏ថោកទាប (គឺអបាយភូមិទាំង៤)។ ម្នាលភិក្ខុ មួយទៀត ក្នុងកាលមុនខ្លួនលោក (ទៅទៀត) មាន​ពួក​សមណព្រាហ្មណ៍ ជាអរហន្តសម្មាសម្ពុទ្ធ ជាអ្នកចេះដឹង​ក្នុងលោក ពួក​សមណព្រាហ្មណ៍​ទាំងនោះ មិនបានពន្យល់ពួកសាវ័ក មិនបានពន្យល់ពួកបព្វជិត មិន​សំដែង​ធម៌ ដល់ពួក​សាវ័ក មិនសំដែងធម៌ដល់ពួកបព្វជិត មិនធ្វើសេចក្តី​ប្រាថ្នាក្នុងពួកសាវ័ក មិនធ្វើ​សេចក្តីប្រាថ្នាក្នុងពួក​បព្វជិត ពួក​សមណព្រាហ្មណ៍ទាំងនោះ លុះ​មិនបានពន្យល់​ពួកសាវ័ក មិនបានពន្យល់ពួកបព្វជិត មិនបាន​សំដែង​ធម៌ ដល់ពួក​សាវ័ក មិនបានសំដែងធម៌ដល់ពួកបព្វជិត មិនមានចិត្ត​ប្រាថ្នាក្នុងពួកសាវ័ក មិនមានចិត្ត​ប្រាថ្នាក្នុងពួក​បព្វជិតហើយ លុះទំលាយកាយ ផ្តាច់បង់ជីវិត​ ក៏បានមកកើតក្នុងទីដ៏​ខ្ពង់ខ្ពស់ (ព្រហ្មលោក)។ ម្នាលភិក្ខុ ព្រោះហេតុនោះ បានជាខ្ញុំ​និយាយនឹង​លោកយ៉ាង​នេះថា ម្នាលអ្នកនិទ៌ុក្ខ ខ្ញុំសូមរំលឹក កុំឲ្យលោកមានសេចក្តីខ្វល់ខ្វាយពេក សូមប្រកប​រឿយៗ នូវធម៌ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្នចុះ ព្រោះថា ការដែលមិនសំដែង (ធម៌) ប្រាប់ជនដទៃ ជាការប្រពៃ ម្នាលអ្នកនិទ៌ុក្ខ សូមលោកកុំទូន្មានអ្នកដទៃឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលបើមារពោលយ៉ាងនេះហើយ ទើបតថាគត បានពោល​ពាក្យនេះ នឹងមារមានចិត្តបាប​វិញថា ម្នាលមារមានចិត្តបាប តថាគតស្គាល់​អ្នកច្បាស់​ហើយ អ្នកកុំមើល​ងាយថា ឥតអ្នកណាមួយស្គាល់​អាត្មាអញ ដូច្នេះឡើយ ម្នាល​មារមាន​ចិត្តបាប អ្នកហ្នឹងហើយជាមារ ម្នាលមារមានចិត្តបាប អ្នកជាអ្នក​មិនអនុគ្រោះ​តថាគត ដោយ​ប្រយោជន៍ទេ បានជានិយាយយ៉ាងនេះ ម្នាលមារមានចិត្តបាប អ្នកអនុគ្រោះតថាគត ដោយអំពើឥតប្រយោជន៍ បានជានិយាយយ៉ាងនេះ។ ម្នាលមារមានចិត្តបាប ព្រោះអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សមណគោតមសំដែង​ធម៌ ដល់​ពួកជនណា ពួកជននោះ នឹងកន្លងផុតវិស័យរបស់អាត្មាអញ។ ម្នាលមារមានចិត្តបាប ឯពួកសមណព្រាហ្មណ៍ទាំងនោះ មិនមែន​ជាសម្មាសម្ពុទ្ធទេ តែ​ប្តេជ្ញា​ថា យើងជាសម្មាសម្ពុទ្ធ ម្នាលមារមានចិត្តបាប តថាគត ជាសម្មាសម្ពុទ្ធពិត ទើបប្តេជ្ញា​ថាសម្មាសម្ពុទ្ធ។ ម្នាលមារមានចិត្តបាប ទោះបីតថាគត សំដែងធម៌ដល់​ពួកសាវ័ក​ក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត មិនសំដែងធម៌ដល់​ពួកសាវ័ក​ក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត ពន្យល់​ពួកសាវ័ក​ក្តី ក៏នៅជាតថាគតដដែល ម្នាលមារមានចិត្តបាប ទោះបីតថាគត មិនពន្យល់​ពួកសាវ័ក​ក្តី ក៏នៅជាតថាគតដដែល ដំណើរនោះព្រោះ​ហេតុអ្វី  ម្នាលមារមានចិត្តបាប ព្រោះតថាគត បានលះបង់ នូវអាសវៈ ដែលជា​សង្កិលេសធម៌ ជាធម៌តាក់តែងភពថ្មី ប្រកបដោយ​សេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈ តទៅខាងមុខ បានទាំងផ្តាច់ផ្តិល​ឫសគល់​អស់ហើយ បានធ្វើ​វត្ថុសម្រាប់កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេគាស់ក្របែល រំលើង​ឲ្យលែង​ដុះទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌លែង​មានកំណើតតទៅខាងមុខទៀតហើយ ម្នាលមារមានចិត្តបាប ដូចជាដើមត្នោត ដែលមានចុងកំបុតហើយ មិនគួរនឹងដុះឡើងវិញបាន យ៉ាងណា ម្នាលមារមានចិត្តបាប តថាគត បានលះបង់​នូវ​​អាសវៈទាំងឡាយ ជា​សង្កិលេស ជាធម៌​តាក់​តែង​ភពថ្មីទៀត ប្រកបដោយ​សេចក្តីក្រវល់ក្រវាយ មានទុក្ខជាផល មានជាតិ ជរា និងមរណៈ តទៅខាងមុខ បានទាំងផ្តាច់ផ្តិល​ឫសគល់​អស់ហើយ បានធ្វើ​វត្ថុ​សម្រាប់​កើត​ទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើង​ឲ្យលែង​ដុះ​ទៅ​ទៀត​ហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌លែង​មានកំណើត​តទៅ​ទៀតហើយ ក៏យ៉ាងនោះដែរ ព្រោះការចរចាមិនកើតការនៃមារផង ព្រោះការ​និមន្តចំពោះ​នៃព្រហ្មផង ហេតុដូច្នោះ បានជាវេយ្យាករណ៍នេះ មាននាមថា ព្រហ្មនិមន្តនិកៈ ដោយប្រការដូច្នេះឯង។

ចប់ ព្រហ្មនិមន្តនិកសូត្រ ទី៩។

មារតជ្ជនីយសូត្រ ទី១០

[១៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ភេសកឡាវ័ន ជាទីឲ្យនូវអភ័យដល់ម្រឹគ ជិតក្រុងឈ្មោះ សុំសុមារគិរៈ ក្នុងភគ្គជនបទ។ គ្រានោះ ព្រះមហាមោគ្គល្លានមានអាយុចង្រ្កមក្នុងទីវាល។ សម័យនោះ មារមានចិត្ត​បាប ចូលទៅនៅក្នុងផ្ទៃ សម្ងំក្នុងពោះវៀន​របស់​ព្រះមហាមោគ្គល្លាន​មានអាយុ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ មានសេចក្តីត្រិះរិះយ៉ាងនេះថា ដូចម្តេចហ្ន៎ បានជាផ្ទៃរបស់​អាត្មាអញធ្ងន់ៗ ហាក់ដូចជាសណ្តែករាជមាសទទឹកដូច្នេះ។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ ចុះមកអំពីចង្ក្រម ចូលទៅកាន់វិហារហើយ ក៏អង្គុយ​លើ​អាសនៈ ដែលគេក្រាលប្រគេន។ លុះព្រះមហាមោគ្គល្លានមានអាយុ អង្គុយហើយ ទើប​ពិចារណាឃើញនូវ​មារមានចិត្តបាប ដោយឧបាយចិត្តជារបស់ខ្លួន។

[១៩៨] ព្រះមហាមោគ្គល្លានមានអាយុ បានឃើញ​មារដែលមានចិត្តបាបនោះ ចូល​ក្នុងផ្ទៃ សម្ងំនៅក្នុងពោះវៀន លុះឃើញហើយ ក៏បាននិយាយនឹងមារមានចិត្តបាប​ដូច្នេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំ​បៀតបៀន​ព្រះតថាគត កុំបៀតបៀន​សាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រ​ព្រឹត្តទៅ ដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ។ គ្រានោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ​យ៉ាងនេះថា សមណៈ​នេះ មិនដឹង មិនស្គាល់អញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំ​បៀតបៀន​ព្រះតថាគត កុំបៀតបៀន​សាវ័កព្រះតថាគតឡើយ ការបៀតបៀនដែលប្រ​ព្រឹត្តទៅដើម្បីសេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខអស់កាលជាអង្វែង កុំមានដល់អ្នក​ឡើយ សូម្បីគ្រូនៃសាវ័កនោះ ក៏មិនគប្បីស្គាល់អាត្មាអញ​បានដោយឆាប់រហ័ស ចំណង់​បើសាវ័កនេះ នឹងស្គាល់អាត្មាអញ ដូចម្តេចបាន។ លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ បាននិយាយនឹងមារមានចិត្តបាប យ៉ាងនេះថា ម្នាលមារមានចិត្តបាប អាត្មាស្គាល់អ្នកច្បាស់ហើយ អ្នកកុំមើលងាយថា ឥតមានអ្នកណា​ស្គាល់អញ យ៉ាងនេះដូច្នេះ ម្នាលមារមានចិត្តបាប អ្នកហ្នឹងហើយជាមារ ម្នាលមារមានចិត្តបាប ឯអ្នកតែងមានសេចក្តីត្រិះរិះ​យ៉ាងនេះថា សមណៈនេះ មិនស្គាល់​អញ មិនឃើញអញទេ បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នកកុំបៀតបៀន​ព្រះតថាគត កុំបៀត​បៀនសាវ័កព្រះតថាគតឡើយ ការបៀតបៀន​ដែលប្រព្រឹត្តទៅដើម្បី​សេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមានដល់អ្នកឡើយ សូម្បីគ្រូនៃ​សាវ័កនោះ ក៏មិនគប្បីស្គាល់អាត្មាអញបានដោយ​ឆាប់រហ័ស ចំណង់បើសាវ័កនេះ នឹងស្គាល់​អាត្មាអញដូចម្តេចបាន។ លំដាប់នោះ មារមានចិត្តបាប មានសេចក្តីត្រិះរិះ​យ៉ាងនេះថា សមណៈនេះស្គាល់ ឃើញអាត្មាអញមែន បានជានិយាយយ៉ាងនេះថា ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ ម្នាលមារមានចិត្តបាប អ្នកចូរចេញទៅ អ្នក​កុំ​បៀត​បៀន​ព្រះតថាគត កុំបៀត​បៀនសាវ័ករបស់ព្រះតថាគតឡើយ ការបៀតបៀន​ដែល​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្តីមិនចំរើន ដើម្បីសេចក្តីទុក្ខ អស់កាលជាអង្វែង កុំមាន​ដល់​អ្នក​ឡើយ។ គ្រានោះ មារមានចិត្តបាប ឡើងមកតាមមាត់ នៃ​ព្រះមហាមោគ្គល្លានមានអាយុ មកឋិតនៅត្រង់សន្ទះទ្វារ។

[១៩៩] ព្រះមហាមោគ្គល្លានមានអាយុ បានឃើញមារមានចិត្តបាបនោះ មកឋិតនៅ​ត្រង់សន្ទះទ្វារ លុះឃើញហើយ ទើបនិយាយនឹងមារមានចិត្តបាប យ៉ាង​នេះថា ម្នាលមារមានចិត្តបាប អាត្មាឃើញអ្នកក្នុងទីនេះដែរ អ្នកកុំមើលងាយថា មិនមាន​អ្នកណាឃើញ​អាត្មាអញ ដូច្នេះឡើយ ម្នាលមារមានចិត្តបាប អ្នកនុ៎ះឋិតនៅត្រង់សន្ទះ​ទ្វារ។ ម្នាលមារមានចិត្តបាប កាលពីដើមមក អាត្មាបាន​កើតជាមារឈ្មោះ ទូសី ប្អូនស្រី​របស់អាត្មានោះឈ្មោះ នាងកាឡី ខ្លួនអ្នកជាកូនប្រុសរបស់ប្អូនស្រីនោះ អ្នកនោះ ត្រូវ​ជាក្មួយ​របស់អាត្មា។ ក៏សម័យនោះ ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ ជាអរហន្ត​សម្មាសម្ពុទ្ធ ត្រាស់ឡើងក្នុងលោក។ ម្នាលមារមានចិត្តបាប ព្រះមានព្រះភាគ ទ្រង់​ព្រះនាម​កកុសន្ធៈ ជាអរហន្តសម្មាសម្ពុទ្ធ ទ្រង់មានគូមហាសាវ័កឈ្មោះ វិធុរៈ ១ ឈ្មោះ សញ្ជីវៈ ១ ជាគូដ៏ប្រសើរ ដ៏ចំរើន។ ម្នាលមារមានចិត្តបាប ពួកសាវ័ករបស់ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ ជាអរហន្តសម្មាសម្ពុទ្ធ ក្នុងសាសនានេះ មិនមានសាវ័កណាមួយ ស្មើនឹងវិធុរៈមានអាយុ ក្នុងការសំដែងធម៌​ឡើយ។ ម្នាលមារមានចិត្តបាប ដោយហេតុនេះ វិធុរៈមានអាយុ មានឈ្មោះថា វិធុរៈ វិធុរៈ ដូច្នេះ កើតប្រាកដឡើង។ ម្នាលមារមានចិត្តបាប ចំណែក​ខាងសញ្ជីវៈមានអាយុ នៅក្នុងព្រៃ​ក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី តែងតែចូល​សញ្ញាវេទយិតនិរោធ ដោយសេចក្តីលំបាកតិច។ ម្នាលមារមានចិត្តបាប កាលពីដើមមក សញ្ជីវៈមានអាយុ អង្គុយ​ចូលសញ្ញាវេទយិតនិរោធ ក្រោមម្លប់ឈើមួយដើម។ ម្នាលមារមានចិត្តបាប ពួកអ្នក​រក្សា​គោ ពួកអ្នករក្សាពពែ ពួកអ្នកភ្ជួររាស់ និងពួកអ្នកដំណើរ បានឃើញសញ្ជីវៈ​មានអាយុ កំពុងអង្គុយ​ចូលសញ្ញាវេទយិតនិរោធ ក្រោមម្លប់​ឈើមួយដើម លុះឃើញហើយ ពួកជនទាំងនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើ នេះអស្ចារ្យណាស់ហ្ន៎ អើមិនដែល​មានទេហ្ន៎ សមណៈនេះ អង្គុយធ្វើមរណកាលទៅហើយ បើដូច្នោះ យើងនឹងនាំគ្នាបូជា​សព​លោក។ ម្នាលមារមានចិត្តបាប គ្រានោះ ពួកអ្នករក្សាគោ ពួកអ្នករក្សាពពែ ពួកអ្នក​ភ្ជួររាស់ និងពួកអ្នកដំណើរនោះ ប្រមូលនូវស្មៅ ឧស និងអាចម៍គោ មករុំកាយព្រះសញ្ជីវៈ​មានអាយុហើយ ក៏ឆួលភ្លើង ហើយចៀសចេញទៅ។ ម្នាលមារមានចិត្តបាប គ្រានោះ ព្រះសញ្ជីវៈមានអាយុ លុះកន្លងរាត្រីនោះទៅ ទើបចេញអំពីសមាបត្តិនោះ ក៏រលាស់ចីវរ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាម។ ម្នាលមារមានចិត្តបាប ពួកអ្នករក្សាគោ ពួកអ្នករក្សាពពែ ពួកអ្នក​ភ្ជួររាស់ និងពួកអ្នកដំណើរទាំងនោះ បានឃើញ​ព្រះសញ្ជីវៈ​មានអាយុ កំពុងត្រាច់ទៅបិណ្ឌបាតហើយ ពួក​ជនទាំងនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា អើ អស្ចារ្យណាស់ហ្ន៎ អើ មិនដែល​មានទេហ្ន៎ សមណៈនេះ អង្គុយធ្វើមរណកាលទៅហើយ ឥឡូវសមណៈនេះ ត្រឡប់​មានសញ្ញា ឋិតនៅវិញ។ ម្នាលមារមានចិត្តបាប ដោយហេតុនេះ ព្រះសញ្ជីវៈមានអាយុ ឈ្មោះថា សញ្ជីវៈ សញ្ជីវៈ កើតឡើង យ៉ាង​នេះឯង។

[២០០] ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អាត្មាអញ មិនបានដឹងដំណើរមក និងដំណើរទៅរបស់ពួកភិក្ខុដែលមានសីល មានកល្យាណធម៌ទាំងនេះសោះឡើយ បើដូច្នោះ គួរតែអាត្មាអញ ចូលជ្រែកសរីរៈ​ពួកព្រាហ្មណ៍ និងគហបតីថា អ្នកទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀន​ពួក​ភិក្ខុដែលមានសីល មានធម៌ជាកុសល គិតដូចម្តេចនឹងធ្វើចិត្ត របស់ពួកភិក្ខុដែល​ពួក​អ្នកជេរ គម្រាម ប្រទូស្ត បៀតបៀនហើយនោះ ឲ្យរាយមាយ ល្មមឲ្យទូសីមារបានឱកាស​នោះ។ ម្នាលមារមានចិត្តបាប គ្រានោះ ទូសីមារ បានចូលជ្រែកសរីរៈពួកព្រាហ្មណ៍ និងគហបតីថា អ្នកទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀន​ពួក​ភិក្ខុដែល​មាន​សីល មានធម៌ជាកុសល គិតដូចម្តេចនឹងធ្វើចិត្ត របស់ពួកភិក្ខុ ដែល​ពួក​អ្នកជេរ គម្រាម ប្រទូស្ត បៀតបៀនហើយនោះ ឲ្យរាយមាយ ល្មមឲ្យទូសីមារបានឱកាស​នោះ។ ម្នាលមារមានចិត្តបាប ពួកព្រាហ្មណ៍ និងគហបតីនោះ ដែលទូសីមារ ចូលជ្រែកសរីរៈហើយ ទើបនាំគ្នាជេរ គម្រាម ប្រទូស្ត បៀតបៀនពួកភិក្ខុ ដែលមានសីល មានធម៌ជាកុសលថា ពួកសមណៈ មានក្បាលរលីងទាំងនេះ ជាគហបតី ជាកណ្ហគោត្រ កើតអំពីបាទាព្រហ្ម មានកឱនចុះ មានមុខសំយុងចុះ មានអាការដូចជាមធុរកជាតិ គឺ​ជាតិ​អ្នកខ្ជិលច្រអូស តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅដោយគិតថា យើងទាំងឡាយ ជាអ្នក​មានឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ។ ដូចជាសត្វមៀម ស្វែងរកកណ្តុរ​លើមែកឈើ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅយ៉ាងណា ពួកសមណៈមានក្បាល​រលីង​ ជាគហបតី ជាកណ្ហគោត្រ ជាអ្នកកើតអំពី​បាទាព្រហ្មនេះ មានកឱនចុះ មានមុខសំយុង​ចុះ មានអាការដូចមធុរកជាតិ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ ដោយគិតថា យើងទាំង​ឡាយ ជាអ្នកមានឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ ក៏យ៉ាងនោះ។ ឬដូចជាសត្វចចក ស្វែងរកត្រីក្បែរឆ្នេរស្ទឹង តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ យ៉ាងណា ពួកសមណៈមានក្បាល​រលីងទាំងនេះ​ ជាគហបតី ជាកណ្ហគោត្រ ជាអ្នកកើតអំពី​បាទាព្រហ្ម មានកឱនចុះ មានមុខសំយុង​ចុះ មានអាការដូចមធុរកជាតិ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ ដោយគិតថា យើងទាំង​ឡាយ ជាអ្នកមានឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ ក៏យ៉ាងនោះ។ ឬដូចជាសត្វឆ្មា ស្វែងរកកណ្តុរ​ទៀបជញ្ជាំងផ្ទះ និងទសម្រាប់​បង្ហូរទឹកសំអុយ និងគំនរសម្រាម តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ យ៉ាងណា ពួកសមណៈមានក្បាល​រលីងទាំងនេះ​ ជាគហបតី ជា​កណ្ហគោត្រ កើតអំពី​បាទាព្រហ្ម មានកសំយុងចុះ មានមុខឱន​ចុះ មានអាការ​ដូច​មធុរកជាតិ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ ដោយគិតថា យើងទាំង​ឡាយ ជាអ្នក​មាន​ឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ ក៏យ៉ាងនោះដែរ។ ពុំនោះ ដូចជាសត្វលា ដែលអស់សន្ទុះ (អស់ជើង) ហើយ តែងសញ្ជប់សញ្ជឹង សំកុក ជ្រប់នៅ ទៀបជញ្ជាំងផ្ទះ និងទីសម្រាប់បង្ហូរទឹកសំអុយ និងគំនរសម្រាម យ៉ាងណា ពួកសមណៈមានក្បាល​រលីងទាំងនេះ​ ជាគហបតី ជាកណ្ហគោត្រ ជាអ្នកកើតអំពី​បាទាព្រហ្ម មានកឱនចុះ មានមុខសំយុង​ចុះ មានអាការដូចមធុរកជាតិ តែងសញ្ជប់​សញ្ជឹង សំកុក ជ្រប់នៅ ដោយគិតថា យើងទាំង​ឡាយ ជាអ្នកមានឈាន យើងទាំងឡាយ ជាអ្នកមានឈាន ដូច្នេះ ក៏យ៉ាងនោះដែរ។ ម្នាលមារមានចិត្តបាប ក៏ឯពួក​មនុស្សណា ដែលធ្វើមរណកាលក្នុងសម័យនោះ ពួកមនុស្សទាំងនោះ លុះទំលាយកាយ បន្ទាប់អំពី​មរណៈ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ និងនរក ដោយច្រើន។

[២០១] ម្នាលមារមានចិត្តបាប គ្រានោះ ព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ បានត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ពួកព្រាហ្មណ៍ និងគហបតី ដែលទូសីមារចូល​ជ្រែកសរីរៈហើយថា អ្នកទាំងឡាយ ចូរមក ចូរជេរ គម្រាម ប្រទូស្ត បៀតបៀន​ភិក្ខុទាំងឡាយដែល​មាន​សីល មានធម៌ជាកុសល គិតដូចម្តេច​នឹង​ធ្វើចិត្ត របស់ពួកភិក្ខុ ដែល​ពួក​អ្នកជេរ គម្រាម ប្រទូស្ត បៀតបៀន​ហើយនោះ ល្មមឲ្យរាយមាយ ឲ្យទូសីមារបានឱកាស​នោះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរមក ចូរមានចិត្តប្រកបដោយមេត្តាផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកបដោយមេត្តាដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯងប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិស​ខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ អ្នកទាំងឡាយ ចូរមានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកប​ដោយ​ឧបេក្ខា… ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូច​គ្នា ទិសទី៤ក៏ដូចគ្នា ចូរមាន​ចិត្តប្រកបដោយ​ឧបេក្ខា ​ដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ ​មានប្រមាណ​មិនបាន ​មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង​ប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ ម្នាលមារមានចិត្តបាប កាលព្រះមានព្រះភាគ ទ្រង់ព្រះនាមកកុសន្ធៈ អរហន្តសម្មាសម្ពុទ្ធ ទ្រង់ទូន្មាន​យ៉ាងនេះ ប្រៀនប្រដៅយ៉ាងនេះហើយ ទើបពួកភិក្ខុទាំងនោះ ទៅនៅក្នុងព្រៃខ្លះ ទៅនៅក្រោមម្លប់​ឈើខ្លះ ទៅនៅក្នុងសុញ្ញាគារដ្ឋានខ្លះ មានចិត្ត ប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូចគ្នា ទិសទី៤ក៏ដូចគ្នា មានចិត្តប្រកប​ដោយ​មេត្តា​ដ៏​ធំ​ទូលាយ ជារូបាវចរ និងអរូបាវចរ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯងប្រៀបនឹងសត្វទាំងអស់ ក្នុង​ទី​ទាំង​ពួង គឺទិស​ខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។ ពួកភិក្ខុទាំងនោះ មានចិត្តប្រកបដោយករុណា… មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកប​ដោយ​ឧបេក្ខា… ផ្សាយទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា ទិសទី៣ ក៏ដូច​គ្នា ទិសទី៤ក៏ដូចគ្នា មាន​ចិត្តប្រកបដោយ​ឧបេក្ខា ​ដ៏ធំទូលាយ ជារូបាវចរ និងអរូបាវចរ ​មិនមានប្រមាណ ​មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមាន​សត្វ​ទាំងអស់ ដោយយកខ្លួនឯង​ប្រៀបនឹងសត្វទាំងអស់ ក្នុងទីទាំងពួង គឺទិសខាងលើ ទិស​ខាង​ក្រោម និងទិសទទឹង គឺទិសជុំវិញ ដោយប្រការដូច្នេះ។

[២០២] ម្នាលមារមានចិត្តបាប គ