វិន័យបិដក / សុត្តន្តបិដក / អភិធម្មបិដក

មុន |១៤| … |១៨|១៩|២០|២១|២២| … |៧៧| ភាគបន្ទាប់

ទីឃនិកាយ|មជ្ឈិមនិកាយ|សំយុត្តនិកាយ|អង្គុត្តរនិកាយ|ខុទ្ទកនិកាយ

មជ្ឈិមនិកាយ មូលបណ្ណាសក

ភាគ ២០

មូលបរិយាយវគ្គ

សូមនមស្ការព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះ។

មូលបរិយាយសូត្រ ទី១

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្រោមម្លប់សាលរាជព្រឹក្ស [ដើមរាំងភ្នំ ជាធំ ឬស្តេចរាំងភ្នំ។ អដ្ឋកថា។]ក្នុងសុភគវ័ន (ព្រៃជាទីត្រេកអរនៃជនច្រើន) ជិតក្រុងឧក្កដ្ឋា។ ក្នុងសម័យ​នោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត នឹង​សំដែង​បរិយាយ ដែលជាឫសគល់ នៃធម៌ទាំងពួង ប្រាប់អ្នកទាំងឡាយ អ្នកទាំង​ឡាយ ចូរស្តាប់នូវធម៌នោះ ចូរយកចិត្តទុកដាក់ដោយប្រពៃ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន​ក្នុង​លោក​នេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញ នូវព្រះអរិយៈទាំងឡាយ (មាន​ព្រះពុទ្ធ​ជាដើម) មិនឈ្លាស ក្នុងអរិយធម៌ [អរិយធម៌ក្នុងទីនេះ បានដល់សតិប្បដ្ឋាន៤ ជាដើម។] មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ គឺមិនមានអរិយធម៌ [មិនលូតលាស់ក្នុង​អរិយធម៌ ក្នុងទីនេះ បានដល់វិន័យ២យ៉ាង គឺសំវរវិន័យ១ បហានវិន័យ១ សំវរវិន័យ​មាន៥ប្រការគឺ (ក)​ សីលសំវរៈ សង្រួមក្នុងបាតិមោក្ខ (ខ) សតិសំវរៈ សង្រួមក្នុងចក្ខុន្ទ្រិយ (គ) ញាណសំវរៈ សង្រួមក្នុងខ្សែតណ្ហា ដោយបញ្ញា (ឃ) ខន្តិសំវរៈ សង្រួមក្នុងខន្តី គឺអត់ធន់នូវសភាព មានត្រជាក់ និងក្តៅជាដើម (ង) វីរិយសំវរៈ សង្រួមក្នុងវីរិយៈ គឺកំចាត់បង់នូវវិតក្កៈ ៣យ៉ាង មានកាមវិតក្កៈ ជាដើម មួយទៀត សង្រួមក្នុងទុច្ចរិត៣ មានកាយទុច្ចរិតជាដើម ក៏ឈ្មោះថា សំវរវិន័យដែរ។ បហានវិន័យមាន៥ប្រការគឺ (ក) តទង្គប្បហានៈ លះកិលេសដោយអង្គនោះៗ មានកិរិយាកំណត់នូវនាម​ និងរូប ដោយវិបស្សនាញាណជាដើម (ខ) វិក្ខម្ភនប្បហានៈ លះកិលេស មាននីវរណធម៌ជាដើម ដោយសមាធិ (គ) សមុច្ឆេទប្បហានៈ លះកិលេស​ដាច់ស្រេច ​ក្នុងខណៈដែលបាន ​នូវអរិយមគ្គទាំង៤ប្រការ (ឃ) បដិបស្សទ្ធិប្បហានៈ លះកិលេសដាច់ស្រេច​ ក្នុងខណៈដែលបាន នូវ​អរិយផល (ង) និស្សរណប្បហានៈ លះកិលេសជ្រះស្រឡះ គឺបានដល់ នូវព្រះនិព្វាន។ អដ្ឋកថា។]​ មិនឃើញនូវពួកសប្បុរស មានព្រះពុទ្ធជាដើម មិនឈ្លាស ក្នុងសប្បុរិសធម៌ មិនបាន​ទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងសំគាល់នូវ​ផែនដី ថាជាផែនដីពិត លុះសំគាល់​នូវ​ផែនដី ថាជាផែនដីពិតហើយ ក៏រាប់អាននូវផែនដី រាប់អានក្នុងផែនដី រាប់អានថា ផែនដីពិត រាប់អានថា ផែនដីជារបស់អញ ត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរនៃផែនដីនោះ​មិន​បាន។ បុថុជ្ជន តែងសំគាល់នូវទឹក ថាជាទឹកពិត លុះសំគាល់​នូវទឹក ថាជាទឹកពិត​ហើយ ក៏រាប់អាននូវទឹក រាប់អានក្នុងទឹក រាប់អានថា ទឹកពិត រាប់អានថា ទឹកជារបស់​អញ ត្រេកអរនឹងទឹក។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជន​នោះ កំណត់នូវដំណើរទឹកនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវភ្លើង ថាជាភ្លើងពិត លុះសំគាល់​នូវភ្លើង ថាជាភ្លើងពិតហើយ ក៏រាប់អាននូវភ្លើង រាប់អានក្នុងភ្លើង រាប់​អាន​ថា ភ្លើងពិត រាប់អានថា ភ្លើងជារបស់អញ ត្រេកអរនឹងភ្លើង។ ដំណើរនោះ ព្រោះ​​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរភ្លើងនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវខ្យល់ ថាជាខ្យល់ពិត លុះសំគាល់​នូវខ្យល់ ថាជា​ខ្យល់​ពិត​ហើយ ក៏រាប់អាននូវខ្យល់ រាប់អានក្នុងខ្យល់ រាប់អានថា ខ្យល់ពិត រាប់អានថា ខ្យល់​ជា​របស់អញ ត្រេកអរនឹងខ្យល់។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះ​បុថុជ្ជននោះ កំណត់នូវដំណើរខ្យល់នោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវពួកសត្វ ថាជាសត្វពិត លុះសំគាល់​នូវពួកសត្វ ថាជាសត្វពិតហើយ ក៏រាប់អាននូវពួកសត្វ រាប់​អាន​ក្នុងពួកសត្វ រាប់អានថា សត្វពិត រាប់អានថា ពួកសត្វជារបស់អញ ត្រេកអរនឹង​ពួកសត្វ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសត្វនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវពួកទេវតា ថាជាទេវតាពិត លុះសំគាល់​នូវពួកទេវតា ថាជាទេវតា​ពិត​ហើយ ក៏រាប់អាននូវពួកទេវតា រាប់អាន​ក្នុង​ពួកទេវតា រាប់អានថា ទេវតាពិត រាប់អានថា ពួកទេវតាជារបស់អញ ត្រេកអរ​នឹងពួកទេវតា។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរទេវតានោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវមារ ថាជាមារពិត លុះសំគាល់​​នូវមារ ថាជាមារពិតហើយ ក៏រាប់អាននូវមារ រាប់អានក្នុងមារ រាប់អានថា មារពិត រាប់អានថា មារជារបស់អញ ត្រេកអរនឹងមារ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរមារនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវព្រហ្ម ថាជាព្រហ្មពិត លុះសំគាល់​នូវព្រហ្ម ថាជាព្រហ្មពិតហើយ ក៏រាប់​អាន​នូវព្រហ្ម រាប់អានក្នុងព្រហ្ម រាប់អានថា ព្រហ្មពិត រាប់អានថា ព្រហ្មជារបស់អញ ត្រេកអរនឹងព្រហ្ម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរព្រហ្មនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវពួកអាភស្សរព្រហ្ម ថាជា​អាភស្សរព្រហ្មពិត លុះសំគាល់​នូវពួកអាភស្សរព្រហ្ម ថាជាអាភស្សរព្រហ្ម​ពិត​ហើយ ក៏រាប់អាននូវពួកអាភស្សរព្រហ្ម រាប់អានក្នុងពួកអាភស្សរព្រហ្ម រាប់អានថា ពួក​អាភស្សរព្រហ្មពិត រាប់អានថា ពួកអាភស្សរព្រហ្មជារបស់អញ ត្រេកអរនឹងពួក​អាភស្សរព្រហ្ម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរពួកអាភស្សរព្រហ្មនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវពួកសុភកិណ្ហ​ព្រហ្ម ថាជាសុភកិណ្ហព្រហ្មពិត លុះសំគាល់​នូវពួកសុភកិណ្ហព្រហ្ម ថាជា​សុភកិណ្ហព្រហ្មពិតហើយ ក៏រាប់អាននូវពួកសុភកិណ្ហព្រហ្ម រាប់អានក្នុងពួក​សុភកិណ្ហព្រហ្ម រាប់អានថា ពួកសុភកិណ្ហព្រហ្មពិត រាប់អានថា ពួកសុភកិណ្ហព្រហ្ម​ជា​របស់អញ ត្រេកអរនឹងពួកសុភកិណ្ហព្រហ្ម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរសុភកិណ្ហព្រហ្មនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវពួកវេហប្ផលព្រហ្ម ថាជាវេហប្ផលព្រហ្មពិត លុះសំគាល់​នូវ​ពួក​វេហប្ផលព្រហ្ម ថាជាវេហប្ផលព្រហ្មពិតហើយ ក៏រាប់អាននូវពួកវេហប្ផលព្រហ្ម រាប់អានក្នុងពួកវេហប្ផលព្រហ្ម រាប់អានថា វេហប្ផលព្រហ្មពិត រាប់អានថា វេហប្ផល​ព្រហ្ម​ ជារបស់អញ ត្រេកអរនឹងពួកវេហប្ផលព្រហ្ម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរ វេហប្ផលព្រហ្ម នោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវអសញ្ញិសត្វ ថាជាអសញ្ញិសត្វពិត លុះសំគាល់​នូវ​អសញ្ញិ​សត្វ ថាជាអសញ្ញិសត្វពិតហើយ ក៏រាប់អាននូវអសញ្ញិសត្វ រាប់អានក្នុងអសញ្ញិសត្វ រាប់អានថា ជាអសញ្ញិសត្វពិត រាប់អានថា អសញ្ញិសត្វជារបស់អញ ត្រេកអរ​នឹងអសញ្ញិសត្វ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអសញ្ញិសត្វ​មិន​បាន។ បុថុជ្ជន សំគាល់នូវអាកាសានញ្ចាយតន​ព្រហ្ម ថាជាអាកាសានញ្ចាយតនព្រហ្មពិត លុះសំគាល់​នូវអាកាសានញ្ចាយតនព្រហ្ម ថាជាអាកាសានញ្ចាយតនព្រហ្មពិតហើយ ក៏រាប់អាននូវអាកាសានញ្ចាយតនព្រហ្ម រាប់អានក្នុងអាកាសានញ្ចាយតនព្រហ្ម រាប់អានថា អាកាសានញ្ចាយតនព្រហ្មពិត រាប់អានថា អាកាសានញ្ចាយតនព្រហ្មជារបស់អញ ត្រេកអរនឹងអាកាសានញ្ចា​យតន​ព្រហ្ម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរអាកាសានញ្ចាយតនព្រហ្មនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវ​វិញ្ញាណញ្ចា​យតនព្រហ្ម ថាជាវិញ្ញាណញ្ចាយតនព្រហ្មពិត លុះសំគាល់​នូវវិញ្ញាណញ្ចា​យតនព្រហ្ម ថាជាវិញ្ញាណញ្ចាយតនព្រហ្មពិតហើយ ក៏រាប់អាននូវ​វិញ្ញាណញ្ចាយតនព្រហ្ម រាប់អានក្នុងវិញ្ញាណញ្ចាយតនព្រហ្ម រាប់អានថា វិញ្ញាណញ្ចា​យតនព្រហ្មពិត រាប់អានថា វិញ្ញាណញ្ចាយតនព្រហ្ម ជារបស់អញ ត្រេកអរនឹង​វិញ្ញាណញ្ចាយតនព្រហ្ម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរវិញ្ញាណញ្ចាយតនព្រហ្មនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវអាកិញ្ចញ្ញាយតនព្រហ្ម ថាជាអាកិញ្ចញ្ញាយតនព្រហ្មពិត លុះសំគាល់​នូវអាកិញ្ចញ្ញាយតនព្រហ្ម ថាជាអាកិញ្ចញ្ញាយតនព្រហ្មពិតហើយ ក៏រាប់​អាន​នូវ​អាកិញ្ចញ្ញាយតនព្រហ្ម រាប់អានក្នុងអាកិញ្ចញ្ញាយតនព្រហ្ម រាប់អានថា អាកិញ្ចញ្ញា​យតន​ព្រហ្មពិត រាប់អានថា អាកិញ្ចញ្ញាយតនព្រហ្មជារបស់អញ ត្រេកអរនឹង​អាកិញ្ចញ្ញា​យតនព្រហ្ម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះ​បុថុជ្ជន​នោះ កំណត់នូវដំណើរអាកិញ្ចញ្ញាយតនព្រហ្មនោះ​មិន​បាន។ បុថុជ្ជន សំគាល់​នូវនេវសញ្ញានាសញ្ញាយតនព្រហ្ម ថាជានេវសញ្ញានាសញ្ញាយតនព្រហ្មពិត លុះ​សំគាល់​នូវនេវសញ្ញានាសញ្ញាយតនព្រហ្មពិតហើយ ក៏រាប់អាននូវ​នេវសញ្ញានា​សញ្ញាយ​តនព្រហ្ម រាប់អានក្នុង​នេវសញ្ញា​នាសញ្ញា​យតន​ព្រហ្ម រាប់អានថា នេវសញ្ញានាសញ្ញាយតន​ព្រហ្មពិត រាប់អានថា នេវសញ្ញា​នាសញ្ញា​យតន​ព្រហ្ម​ ជា​របស់អញ ត្រេកអរ​នឹងនេវសញ្ញានាសញ្ញាយតន​ព្រហ្ម។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់​នូវ​ដំណើរ​នេវសញ្ញានា​សញ្ញាយតន​ព្រហ្ម​នោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវរូបាយតនៈ ថាជា​រូបាយតនៈពិត លុះសំគាល់​​នូវរូបាយតនៈ ថាជារូបាយតនៈពិតហើយ ក៏រាប់​អាននូវរូបាយតនៈ រាប់អានក្នុងរូបាយតនៈ រាប់អានថា រូបាយតនៈពិត រាប់អានថា រូបាយតនៈ​ ជា​របស់​អញ ត្រេកអរនឹងរូបាយតនៈ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររូបាយតនៈនោះ​មិន​បាន។ បុថុជ្ជន សំគាល់​នូវ​សទ្ទាយតនៈ ថាជាសទ្ទាយតនៈពិត លុះសំគាល់​នូវសទ្ទាយតនៈ ថាជាសទ្ទាយតនៈ​ពិត​ហើយ ក៏រាប់អាននូវសទ្ទាយតនៈ រាប់អានក្នុងសទ្ទាយតនៈ រាប់អានថា សទ្ទាយតនៈ​ពិត រាប់អានថា សទ្ទាយតនៈ ជារបស់អញ ត្រេកអរនឹងសទ្ទាយតនៈ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរ​សទ្ទាយតនៈនោះ​មិន​បាន។ បុថុជ្ជន សំគាល់នូវមុតៈ [មុតសព្ទក្នុងទីនេះ ជាឈ្មោះអាយតនៈទាំង​៣ គឺគន្ធៈ រស ផោដ្ឋព្វៈ។] ថាជាមុតៈពិត លុះសំគាល់​នូវមុតៈ ថាជាមុតៈពិតហើយ ក៏រាប់អាននូវមុតៈ រាប់អានក្នុងមុតៈ រាប់អានថា មុតៈ ពិត រាប់អានថា មុតៈ ជារបស់អញ ត្រេកអរនឹងមុតៈ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើរមុតៈនោះ​មិន​បាន។ បុថុជ្ជនសំគាល់​នូវវិញ្ញាតៈ [វិញ្ញាតសព្ទក្នុងទីនេះ ជាឈ្មោះ​អាយតនៈទាំង៧ គឺចក្ខុ សោត ឃាន ជីវ្ហា កាយ មន និងធម្មាយតនៈ។] ថាជាវិញ្ញាតៈពិត លុះសំគាល់នូវវិញ្ញាតៈ ថាជាវិញ្ញាតៈពិតហើយ ក៏រាប់អាននូវវិញ្ញាតៈ រាប់អាន​ក្នុងវិញ្ញាតៈ រាប់អានថា វិញ្ញាតៈពិត រាប់អានថា វិញ្ញាតៈជារបស់អញ ត្រេកអរនឹងវិញ្ញាតៈ។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគត​ពោលថា ព្រោះបុថុជ្ជន​នោះ កំណត់នូវដំណើរវិញ្ញាតៈនោះ​មិន​បាន។ បុថុជ្ជន​សំគាល់​​នូវរបស់ដូចគ្នា [របស់ដូចគ្នា បានដល់ខន្ធទាំង​៤ គឺវេទនា សញ្ញា សង្ខារ​វិញ្ញាណ។ អដ្ឋកថា។] ថាជារបស់ដូចគ្នាពិត លុះសំគាល់នូវរបស់ដូចគ្នា ថាជារបស់ដូចគ្នាពិតហើយ ក៏រាប់អាន នូវរបស់ដូចគ្នា រាប់អាន​ក្នុងរបស់ដូចគ្នា រាប់អានថា របស់ដូចគ្នាពិត រាប់អានថា របស់ដូចគ្នា ជារបស់អញ ត្រេកអរនឹងរបស់ដូចគ្នា។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជន​នោះ កំណត់នូវដំណើររបស់ដូចគ្នា​មិន​បាន។ បុថុជ្ជនសំគាល់​នូវរបស់ផ្សេងគ្នា [របស់ផ្សេងគ្នា បានដល់ខន្ធ​ទាំង៥ មានរូបក្ខន្ធជាដើម មានវិញ្ញាណក្ខន្ធ ជាទីបំផុត។] ថាជារបស់ផ្សេងគ្នាពិត លុះ​សំគាល់​នូវរបស់​ផ្សេងគ្នា ថាជារបស់ផ្សេងគ្នាពិតហើយ ក៏រាប់អាននូវរបស់ផ្សេងគ្នា រាប់អាន​ក្នុងរបស់ផ្សេង​គ្នា រាប់អានថា របស់ផ្សេងគ្នាពិត រាប់អានថា របស់ផ្សេងគ្នា ជារបស់អញ ត្រេកអរនឹងរបស់​ផ្សេងគ្នា។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោល​ថា ព្រោះបុថុជ្ជននោះ កំណត់នូវដំណើររបស់ផ្សេងគ្នានោះ​មិន​បាន។ បុថុជ្ជនសំគាល់​នូវវត្ថុទាំងពួង [វត្ថុទាំងពួងក្នុងទីនេះ បានដល់ប្រជុំរបស់ទាំង២ គឺរបស់​ដូចគ្នា១ (ខន្ធទាំង៤) របស់ផ្សេងគ្នា១ (ខន្ធទាំង៥) លោកហៅថា របស់ទាំងពួង ឬវត្ថុទាំងពួង​ ដូច្នេះ។ ឯសេចក្តីសំគាល់នេះ មាន៣យ៉ាង គឺត្រេកអរ​រីករាយនឹងរបស់ទាំងអស់​នោះ ហៅថា សំគាល់​ដោយតណ្ហា។ សំគាល់ថារបស់ទាំង​អស់​គឺ អាត្មាអញនិម្មិត​ដោយខ្លួន​ឯង ហៅថា សំគាល់​ដោយមានៈ។ សំគាល់ថារបស់ទាំង​អស់ មានកម្មដែលខ្លួនធ្វើ​អំពីមុន​មកជាហេតុ របស់ទាំងអស់មិនមានហេតុ មិនមានបច្ច័យឡើយ របស់ទាំង​អស់ មានខ្លះ មិនមានខ្លះ ហៅថា សំគាល់​ដោយទិដ្ឋិ។ អដ្ឋកថា។] ថាជាវត្ថុ​ទាំងពួង​ពិត គឺសំដែងនូវទិដ្ឋិ ដែលមានសភាព​ប្រហែលគ្នា លុះសំគាល់នូវវត្ថុទាំងពួង ថាជា​វត្ថុទាំងពួងពិតហើយ ក៏រាប់អាននូវវត្ថុទាំងពួង រាប់អានក្នុងវត្ថុទាំងពួង រាប់អានថា វត្ថុទាំងពួងពិត រាប់អានថា វត្ថុទាំងពួងជារបស់អញ ត្រេកអរនឹងវត្ថុទាំងពួង។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវ​ដំណើរវត្ថុទាំងពួងនោះ​មិន​បាន។ បុថុជ្ជនសំគាល់​នូវនិព្វាន [និព្វានសព្ទក្នុងទី​នេះ ជាឈ្មោះសេចក្តី​សុខ របស់​អត្តា (ខ្លួន) ដែលបរិបូណ៌ គ្រប់គ្រាន់ដោយ​កាមគុណ៥ គឺ រូប សំឡេង ក្លិន រស ផោដ្ឋព្វ ហៅថា បរមទិដ្ឋធម្មនិព្វាន។ អដ្ឋកថា។] ថាជានិព្វានពិត លុះសំគាល់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏រាប់អាននូវនិព្វាន រាប់អាន​ក្នុងនិព្វាន រាប់អានថា និព្វានពិត រាប់អានថា និព្វានជារបស់អញ ត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះបុថុជ្ជននោះ កំណត់នូវ​ដំណើរ​និព្វាននោះ​មិន​បាន។

ចប់ នយភូមិបរិច្ឆេទ ទី១ ដោយអំណាចបុថុជ្ជន។

[៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាសេខបុគ្គល មិនទាន់បានសម្រេច​អរហត្ត កំពុងប្រាថ្នានូវធម៌ដ៏ក្សេមចាកយោគៈ (អរហត្តដ៏ប្រសើរ)។ ភិក្ខុនោះឯង ដឹងច្បាស់នូវ​ផែនដី ថាជាផែនដីពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់​អាន​នូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាជាផែនដីពិត មិនរាប់អានថា ផែនដី​ជា​របស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខនោះ គប្បីកំណត់នូវដំណើរនៃផែនដីនោះ​បាន។បេ។ ភិក្ខុជាសេក្ខបុគ្គល ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួក​អាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចា​យតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញា​យតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុ​ទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិន​រាប់អាន​ថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាសេក្ខបុគ្គលនោះ គប្បីកំណត់នូវដំណើរនៃទឹក​ជាដើម​នោះ​បាន។

ចប់ នយភូមិបរិច្ឆេទ ទី២ ដោយអំណាច​សេខបុគ្គល។

[៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្ម​ចរិយ​ធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច បានធ្វើសម្រេចហើយ មានភារៈ [ភារៈ មាន៣យ៉ាងគឺ ខន្ធភារៈ (ខន្ធទាំង៥ជាភារៈ)១ កិលេសភារៈ (កិលេស​ទាំង​១៥០០ មានលោភៈជាដើម ជាភារៈ១ អភិសង្ខារភារៈ (កុសលាកុសលកម្ម ជាភារៈ)១។ អដ្ឋកថា។] ដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេច​ តាម​លំដាប់ហើយ មានភវសំយោជនៈ អស់រលីងហើយ មានចិត្តរួច​ស្រឡះ ព្រោះដឹង​ដោយ​ប្រពៃហើយ ភិក្ខុជាអរហន្តខីណាស្រពនោះ ដឹងច្បាស់នូវ​ផែនដី ថាជា​ផែនដី​ពិត លុះបានដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់​អាន​នូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់អានថា ផែនដី​ជា​របស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុ​ជាអរហន្តខីណាស្រពនោះ កំណត់នូវដំណើរនៃផែនដីនោះ​បាន។បេ។ ភិក្ខុ​ជា​អរហន្ត​ខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួក​អាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចា​យតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញា​យតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុ​ទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិន​រាប់អាន​​ថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះភិក្ខុជាអរហន្តខីណាស្រពនោះ កំណត់នូវដំណើរនៃទឹក​ជា​ដើម​​នោះ​បាន។

ចប់ នយភូមិបរិច្ឆេទ ទី៣ ដោយអំណាចនៃព្រះខីណាស្រព។

[៥] ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្ម​ចរិយ​ធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់​ចុះ​ហើយ មានប្រយោជន៍របស់ខ្លួន សម្រេចតាម​លំដាប់ហើយ មានភវ​សំយោជនៈ អស់​រលីងហើយ មានចិត្តរួច​ស្រឡះ ព្រោះដឹង​ដោយ​ប្រពៃហើយ ភិក្ខុនោះឯង ដឹងច្បាស់​នូវ​ផែនដី ថាជា​ផែនដី​ពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់​អាន​នូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់​អាន​ថា ផែនដី​ជា​របស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ភិក្ខុនោះជា វីតរាគបុគ្គល ដ្បិតអស់រាគៈហើយ។បេ។ ភិក្ខុ​ជា​អរហន្ត​ខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួក​អាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចា​យតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញា​យតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុ​ទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏​មិន​រាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិន​រាប់អាន​​ថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ភិក្ខុនោះជា វីតរាគបុគ្គល ដ្បិតអស់រាគៈហើយ។

ចប់ នយភូមិបរិច្ឆេទ ទី៤ ដោយអំណាច​នៃព្រះខីណាស្រព។

[៦] ម្នាលអាវុសោទាំងឡាយ ភិក្ខុណាជាអរហន្តខីណាស្រព មានព្រហ្ម​ចរិយ​ធម៌ប្រព្រឹត្តគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់​ចុះ​ហើយ មានប្រយោជន៍របស់ខ្លួន សម្រេចតាម​លំដាប់ហើយ មានភវ​សំយោជនៈ អស់​រលីងហើយ មានចិត្តរួច​ស្រឡះ ព្រោះដឹង​ដោយ​ប្រពៃហើយ ភិក្ខុនោះ ដឹងច្បាស់​នូវ​ផែនដី ថាជា​ផែនដី​ពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់​អាន​នូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់​អាន​ថា ផែនដី​ជា​របស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ភិក្ខុនោះជា វីតទោសបុគ្គល ដ្បិតអស់ទោសៈហើយ។បេ។ ភិក្ខុ​ជា​អរហន្ត​ខីណាស្រព ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួក​អាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចា​យតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញា​យតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុ​ទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏​មិន​រាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិន​រាប់អាន​​ថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ភិក្ខុនោះជា វីតទោសបុគ្គល ដ្បិតអស់ទោសៈហើយ។

ចប់ នយភូមិបរិច្ឆេទ ទី៥ ដោយអំណាច​នៃព្រះខីណាស្រព។

[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអរហន្តខីណាស្រព មានព្រហ្ម​ចរិយ​ធម៌ប្រព្រឹត្តទៅគ្រប់គ្រាន់ហើយ មាន សោឡសកិច្ច ធ្វើសម្រេចហើយ មានភារៈ ដាក់​ចុះ​ហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចតាម​លំដាប់ហើយ មានភវ​សំយោជនៈ អស់​រលីងហើយ មានចិត្តរួច​ស្រឡះ ព្រោះដឹង​ដោយ​ប្រពៃហើយ ភិក្ខុ​ជាអរហន្តខីណាស្រព​នោះឯង ដឹង​នូវ​ផែនដី ថាជា​ផែនដី​ពិត លុះដឹងច្បាស់នូវផែនដី ថាជាផែនដីពិតហើយ ក៏មិនរាប់​អាន​នូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អាន​ថា​ផែន​ដីពិត មិនរាប់​អាន​ថា ផែនដី​ជា​របស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ភិក្ខុនោះជា វីតមោហបុគ្គល ដ្បិតអស់មោហៈហើយ។បេ។ ភិក្ខុ​ជា​អរហន្ត​ខីណាស្រពនោះឯង ដឹងច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួក​អាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចា​យតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញា​យតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុ​ទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះដឹងច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏​មិន​រាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិន​រាប់អាន​​ថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ភិក្ខុនោះជា វីតមោហៈបុគ្គល ដ្បិតអស់មោហៈហើយ។

ចប់ នយភូមិបរិច្ឆេទ ទី៦ ដោយអំណាច​នៃព្រះខីណាស្រព។

[៨] ម្នាលភិក្ខុទាំងឡាយ ចំណែក​ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ រមែង​ជ្រាបច្បាស់​នូវ​ផែនដី ថាជា​ផែនដី​ពិត លុះជ្រាបច្បាស់នូវផែនដី ថាជា​ផែនដី​ពិត​ហើយ ក៏មិនរាប់​អាន​នូវផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថាផែនដីពិត មិនរាប់​អាន​ថា ផែនដី​ជា​របស់អញ មិនត្រេកអរនឹងផែនដី។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះព្រះតថាគត ទ្រង់កំណត់នូវដំណើរ​នៃផែនដី​នោះបាន។បេ។ ព្រះតថាគត អរហន្ត​ សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួក​អាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចា​យតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញា​យតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុ​ទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះទ្រង់ជ្រាបច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏​មិន​រាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា ជានិព្វានពិត មិន​រាប់អាន​​ថា និព្វាន ជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ តថាគតពោលថា ព្រោះ​ព្រះតថាគត ទ្រង់កំណត់នូវដំណើរ នៃ​ទឹកជាដើមនោះបាន។

ចប់ នយភូមិបរិច្ឆេទ ទី៧ ដោយអំណាច​នៃព្រះសាស្តា។

[៩] ម្នាលភិក្ខុទាំងឡាយ​ ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ទ្រង់​ជ្រាប​នូវ​ផែនដី ថាជា​ផែនដី​ពិត លុះទ្រង់ជ្រាបនូវផែនដី ថាជា​ផែនដី​ពិត​ហើយ ក៏មិនរាប់​អាន​នូវ​ផែនដី មិនរាប់អានក្នុងផែនដី មិនរាប់អានថា ជាផែនដីពិត មិនរាប់​អាន​ថា ផែនដី​ជា​របស់អញ មិនត្រេកអរនឹងផែនដី ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ព្រះតថាគត ទ្រង់​ជ្រាបច្បាស់ថា សេចក្តីប្រាថ្នា ដែលមានហើយ (អំពីមុន) ជាឫសគល់​នៃ​សេចក្តី​ទុក្ខ ទាំង​ជ្រាបច្បាស់ថា ជាតិ ជរា មរណៈ របស់សត្វ​ដែលកើតអំពី​កម្មភព គឺ​កុសលាកុសលចេតនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគតពោលថា ព្រះតថាគត បានត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ព្រោះអស់តណ្ហា ព្រោះប្រាសចាកតណ្ហា ព្រោះរលត់តណ្ហា ព្រោះលះចោល​នូវ​តណ្ហា ព្រោះរលាស់ចោលនូវតណ្ហា ដោយប្រការទាំងពួង។បេ។ ព្រះតថាគត អរហន្ត សម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់នូវទឹក ភ្លើង ខ្យល់ ពួកសត្វ ពួកទេវតា មារ ព្រហ្ម ពួក​អាភស្សរព្រហ្ម ពួកសុភកិណ្ហព្រហ្ម ពួកវេហប្ផលព្រហ្ម អសញ្ញិសត្វ អាកាសានញ្ចា​យតនព្រហ្ម វិញ្ញាណញ្ចាយតនព្រហ្ម អាកិញ្ចញ្ញាយតនព្រហ្ម នេវសញ្ញានាសញ្ញា​យតនព្រហ្ម រូបាយតនៈ សទ្ទាយតនៈ មុតៈ វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុ​ទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះទ្រង់ជ្រាបច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏​មិន​រាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិន​រាប់អាន​​ថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ព្រោះ​ព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់​ថា សេចក្តី​ប្រាថ្នា​ ដែលមានហើយ (អំពីមុន) ជាឫសគល់​នៃ​សេចក្តីទុក្ខ ទាំង​ជ្រាបច្បាស់ថា ជាតិ ជរា មរណៈ របស់សត្វ​ដែលកើតអំពី​កម្មភព គឺ​កុសលាកុសលចេតនា។ ម្នាលភិក្ខុ​ទាំង​ឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគតពោលថា ព្រះតថាគត បានត្រាស់​ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ព្រោះអស់តណ្ហា ព្រោះប្រាសចាកតណ្ហា ព្រោះ​រលត់តណ្ហា ព្រោះលះចោល​នូវតណ្ហា ព្រោះរលាស់ចោលនូវតណ្ហា ដោយ​ប្រការ​ទាំងពួង។

ចប់ នយភូមិបរិច្ឆេទ ទី៨ ដោយអំណាច​នៃព្រះសាស្តា។

លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏គ្មានចិត្ត​ត្រេកអរ រីករាយ ចំពោះភាសិត​នៃព្រះមានព្រះភាគឡើយ។

សព្វាសវសំវរសូត្រ ទី២

[១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំង​នោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគតនឹង​សំដែង​នូវហេតុ​ នៃសេចក្តី​សង្រួមក្នុងអាសវៈទាំងពួង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់នូវហេតុនោះ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃ តថាគត នឹងសំដែង។ ពួកភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។

[១១] ព្រះមានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ តថាគត ពោល​នូវការអស់ទៅនៃអាសវធម៌ [អាសវធម៌ ប្រែថា សភាវៈដែលត្រាំ ឬហូរទៅអំពី​ភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ និងចិត្ត ហៅថា អាសវៈ ។ ក្នុងអដ្ឋកថា ថា អាសវៈ មាន៣ក៏មាន មាន៤ក៏មាន ដែលមាន៣គឺ កាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ ដែលមាន៤គឺ ថែម​ទិដ្ឋាសវៈ ចូលមកផង។] ទាំងឡាយ របស់បុគ្គល​អ្នកដឹង អ្នកឃើញ មិនមែនពោលនូវការអស់ទៅ នៃអាសវៈទាំងឡាយ របស់បុគ្គល​អ្នក​មិនដឹង មិនឃើញទេ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលដឹងអ្វី ឃើញអ្វី ទើបអស់​ទៅនៃ​អាសវធម៌ទាំងឡាយ។ បុគ្គលឃើញនូវ​យោនិសោមនសិការ [ដែលថា យោនិសោមនសិការ​នោះ គឺតាំងចិត្ត ចងចិត្ត ប្រមូលអារម្មណ៍មកពិចារណា តាមសច្ចានុលោមិកញ្ញាណ ដោយន័យថា សេចក្តីមិនទៀង ក្នុងរបស់​ដែលមិនទៀង។] និងអយោនិសោ​មនសិការ [ដែលថា អយោនិសោមនសិការៈនោះ គឺ​យល់វិប្បល្លាស សំគាល់ថាទៀង ក្នុងរបស់ដែល​មិនទៀង ថាសុខក្នុងរបស់​ដែលជាទុក្ខ សំគាល់ថា មានខ្លឹម ក្នុងរបស់ដែលមិនមានខ្លឹម សំគាល់​ថាស្អាត ក្នុងរបស់​ដែលមិនស្អាត។ អដ្ឋកថា។] (ទើបអស់ទៅ នៃអាសវធម៌ទាំងឡាយ)។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលធ្វើទុកក្នុងចិត្តដោយខុសទំនង អាសវៈទាំងឡាយ ដែល​មិនទាន់​កើតឡើង រមែង​កើតឡើងបានផង អាសវៈទាំងឡាយ ដែលកើតឡើង​ហើយ រឹងរឹតតែចំរើនឡើងផង។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គល​ធ្វើទុក​ក្នុងចិត្ត ដោយ​ត្រូវទំនង អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង រមែងកើតឡើង​មិនបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង។ ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រូវលះបង់អាសវៈ ដោយការឃើញ គឺសោតាបត្តិមគ្គក៏មាន ត្រូវលះបង់អាសវៈ ដោយសេចក្តីសង្រួមឥន្ទ្រិយក៏មាន ត្រូវលះបង់អាសវៈ ដោយការសេពក៏មាន ត្រូវលះបង់អាសវៈ ដោយការអត់ធន់ក៏មាន ត្រូវលះបង់អាសវៈ ដោយការវៀរក៏មាន ត្រូវលះបង់អាសវៈ ដោយការបន្ទោបង់ក៏មាន ត្រូវលះបង់អាសវៈ ដោយការចំរើនក៏មាន។

[១២] ម្នាលភិក្ខុទាំងឡាយ អាសវៈ ដែលភិក្ខុត្រូវលះបង់ ដោយការឃើញ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងសាសនានេះ ជាអ្នកមិនបានចេះដឹង មិនបាន​ឃើញ នូវព្រះអរិយៈទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាសក្នុង​អរិយធម៌ មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ មិនបានឃើញនូវសប្បុរសទាំងឡាយ (មាន​ព្រះពុទ្ធជាដើម) មិនឈ្លាសក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងមិនដឹងច្បាស់ ក្នុងធម៌ដែលគួរធ្វើទុកក្នុងចិត្ត មិនដឹងច្បាស់ ក្នុងធម៌ដែល​មិនគួរ​ធ្វើទុកក្នុងចិត្ត។ កាលបើបុថុជ្ជននោះ មិនដឹងច្បាស់ នូវធម៌ដែល​គួរធ្វើទុកក្នុងចិត្ត មិនដឹងច្បាស់ ក្នុងធម៌ដែល​មិនគួរ​ធ្វើទុកក្នុងចិត្ត ធម៌ណាដែល​មិនគួរធ្វើទុកក្នុងចិត្ត ក៏ត្រឡប់​ជា​ធ្វើទុកក្នុងចិត្តនូវធម៌ទាំងនោះវិញ ធម៌ណាដែល​គួរធ្វើទុកក្នុងចិត្ត ក៏ត្រឡប់​ជា​មិនធ្វើទុកក្នុង​ចិត្ត នូវធម៌ទាំងនោះវិញ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលមិនគួរ​ធ្វើទុកក្នុងចិត្ត តែបុថុជ្ជន ធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលបើបុថុជ្ជន ធ្វើទុកក្នុងចិត្តនូវធម៌ គឺ អយោនិសោមនសិការៈ​ណាហើយ កាមាសវៈ ដែលមិន​ទាន់​កើតឡើង រមែងកើតឡើងផង កាមាសវៈ ដែល​កើតឡើងហើយ ក៏រឹងរឹតតែចំរើន​ឡើង​ផង ភវាសវៈ ដែលមិន​ទាន់​កើតឡើង រមែង​កើត​ឡើងផង ភវាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង អវិជ្ជាសវៈ ដែលមិន​ទាន់​កើតឡើង រមែងកើតឡើងផង អវិជ្ជាសវៈ ដែលកើតឡើងហើយ ក៏រឹង​រឹត​តែចំរើនឡើងផង ធម៌​ទាំងនេះឯង ដែលមិនគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន តែងធ្វើ​ទុក​ក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលគួរ​ធ្វើទុកក្នុងចិត្ត តែ​បុថុជ្ជន មិនបាន​ធ្វើ​ទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលបុថុជ្ជន ធ្វើទុកក្នុងចិត្ត នូវ​ធម៌ គឺ​យោនិសោមនសិការៈណាហើយ កាមាសវៈ ដែលមិន​ទាន់​កើតឡើង ក៏រមែង​កើត​ឡើងមិនបានផង កាមាសវៈ ដែល​កើតឡើងហើយ រមែងសាបសូន្យ​ទៅវិញផង ភវាសវៈ ដែលមិន​ទាន់​កើតឡើង រមែងកើតឡើងមិនបានផង ភវាសវៈ ដែល​កើត​ឡើង​ហើយ រមែងសាបសូន្យទៅវិញផង អវិជ្ជាសវៈ ដែលមិន​ទាន់​កើត​ឡើង រមែង​កើត​ឡើងមិនបានផង អវិជ្ជាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យ​ទៅវិញផង ធម៌​​ទាំងនេះឯង ដែលគួរធ្វើទុកក្នុងចិត្ត តែបុថុជ្ជន តែងមិនបាន​ធ្វើទុក​ក្នុងចិត្ត។ ព្រោះ​តែបុថុជ្ជននោះ ធ្វើទុកក្នុងចិត្តនូវធម៌ ដែល​មិនគួរធ្វើទុកក្នុងចិត្ត មិន​ធ្វើទុក​ក្នុង​ចិត្ត នូវធម៌ដែល​គួរធ្វើទុកក្នុងចិត្ត (យ៉ាងនេះហើយ) បានជាអាសវៈទាំង​ឡាយ ដែល​មិន​ទាន់កើតឡើង ក៏កើតឡើងផង អាសវៈទាំងឡាយ ដែលកើតឡើង​ហើយ ក៏រឹងរឹត​តែ​ចំរើនឡើង។ បុថុជ្ជននោះ ធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះ​ថា អំពីអតីត​កាល អាត្មាអញ បានកើតដែរឬ ៗអំពីអតីតកាល អាត្មាអញ មិនបាន​កើតទេ (មួយ​យ៉ាង​ទៀត) អំពីអតីតកាល អាត្មាអញ មានជាតិជាអ្វី ឬអំពីអតីតកាល អាត្មាអញ មាន​សណ្ឋានទ្រង់ទ្រាយដូចម្តេច អំពីអតីតកាល អាត្មាអញ កើតជាជាតិ​អ្វី ឬមួយ​អាត្មា​អញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញ នឹងកើត​ទៀតដែរឬ ៗក្នុងអនាគតកាល អាត្មាអញ នឹង​មិនកើតទៀតទេ (មួយយ៉ាង​ទៀត) ក្នុងអនាគតកាល អាត្មាអញនឹង​កើតជាជាតិអ្វី ឬក្នុងអនាគតកាល អាត្មាអញ​នឹងមាន​សណ្ឋាន​ទ្រង់ទ្រាយ​ដូចម្តេច ក្នុងអនាគតកាល អាត្មាអញនឹង​មានជាតិជាអ្វី ឬ​មាន​សណ្ឋានទ្រង់ទ្រាយដូចម្តេច (មួយយ៉ាងទៀត) បុថុជ្ជននោះ ប្រារព្ធនូវបច្ចុប្បន្ន​កាល ក្នុងកាលឥឡូវនេះ ហើយមានសេចក្តីសង្ស័យក្នុងខ្លួនថា ឥឡូវនេះ អាត្មាអញ​មាន ឬ​មិនមានទេ ឬឥឡូវនេះ អាត្មាអញ មានជាតិជាអ្វី មានសណ្ឋាន​ទ្រង់ទ្រាយ​ដូច​ម្តេច តើសត្វ​នេះ មកអំពីណាហ្ន៎ សត្វនោះ នឹងទៅកាន់ទីណាវិញហ្ន៎។ កាលបុថុជ្ជន​នោះ​ធ្វើ​ទុកក្នុងចិត្ត​ ដោយខុសទំនងយ៉ាងនេះហើយ បណ្តាទិដ្ឋិទាំង៦ ទិដ្ឋិណាមួយ គង់​កើតឡើងបាន។ ទិដ្ឋិកើតឡើងដល់​បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិត​ថេរថា ខ្លួនរបស់អាត្មាអញមាន១។ ទិដ្ឋិកើតឡើងដល់​បុថុជ្ជននោះ ព្រោះប្រកាន់​សេចក្តី​ទៀង​ទាត់ ឋិត​ថេរថា ខ្លួនរបស់អាត្មាអញមិនមាន១។ ទិដ្ឋិកើតឡើងដល់​បុថុជ្ជន​នោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិត​ថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួន ដោយសភាវៈថា ជាខ្លួនពិត [សំគាល់ខន្ធទាំង៥ ថាជាខ្លួន លើក​សញ្ញាខន្ធជាធំ។]១។ ទិដ្ឋិកើតឡើងដល់​បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិត​ថេរថា អាត្មាអញ​ដឹង​ច្បាស់ នូវសភាវៈមិនមែនខ្លួន ដោយសភាវៈថាជាខ្លួនពិត [សំគាល់សញ្ញាខន្ធ១ ថាជាខ្លួន ឯខន្ធ៤ មិនមែនជាខ្លួន។]១។ ទិដ្ឋិកើតឡើងដល់​បុថុជ្ជននោះ ព្រោះប្រកាន់​សេចក្តី​ទៀងទាត់ ឋិត​ថេរថា អាត្មាអញ ដឹងច្បាស់នូវ​ខ្លួនឯង ដោយសភាវៈ​ថា មិនមែនខ្លួនពិត [សំគាល់សញ្ញាខន្ធ១ ថាមិនមែនខ្លួន ឯខន្ធទាំង​៤ ថាជាខ្លួន។ អដ្ឋកថា។]១។ ពុំនោះសោត បុថុជ្ជននោះ មានសេចក្តីយល់​ឃើញយ៉ាងនេះថា ខ្លួនរបស់​អាត្មាអញ ដែលត្រូវ​ទទួល រមែងទទួលនូវផលកម្មល្អ និងអាក្រក់ ក្នុងកំណើត​​នោះៗ តែខ្លួនរបស់​អាត្មាអញនោះ ជាសភាវៈទៀងទាត់​ប្រាកដ ឋិត​ថេរ ជាសភាវៈ​មិនប្រែប្រួល តាំងនៅមាំ ដូចជាសស្សតិវត្ថុ (ព្រះអាទិត្យ និងព្រះចន្ទ្រ ជាដើម) ដូច្នោះឯង១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ដំណើរ គឺទិដ្ឋិ ញាតស្បាត គឺទិដ្ឋិ ផ្លូវឆ្ងាយដាច់ស្រយាល គឺទិដ្ឋិ ចំរូង គឺទិដ្ឋិ សេចក្តីញាប់ញ័រ​គឺទិដ្ឋិ ចំណងគឺទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជន ដែលជាប់ដោយចំណងគឺទិដ្ឋិ ជាអ្នក​មិនចេះដឹង តថាគត​ហៅថា ជាអ្នកមិនបានរួចស្រឡះចាក ជាតិទុក្ខ ជរាទុក្ខ មរណទុក្ខ សោកទុក្ខ បរិទេវទុក្ខ ទុក្ខទុក្ខ ទោមនស្សទុក្ខ និងឧបាយាសទុក្ខ ទាំងមិនរួច​ចាកទុក្ខ (ក្នុងវដ្តៈទាំងអស់)។ ម្នាលភិក្ខុទាំងឡាយ ឯអរិយសាវ័ក ដែលជាអ្នក​បានចេះដឹង បានឃើញនូវ​ព្រះអរិយៈទាំងឡាយ មានព្រះពុទ្ធជាដើម ឈ្លាស​ក្នុង​អរិយធម៌ បានទូន្មាន​ខ្លួនល្អ ក្នុងអរិយធម៌ បានឃើញ​នូវសប្បុរសទាំងឡាយ មានព្រះ​ពុទ្ធជាដើម ឈ្លាសក្នុងសប្បុរិសធម៌ បានទូន្មាននូវខ្លួនល្អ ក្នុងសប្បុរិសធម៌ រមែង​ដឹងច្បាស់នូវធម៌ ដែលគួរ​ធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែល​មិនគួរធ្វើទុកក្នុងចិត្ត។ កាលអរិយសាវ័កនោះដឹងច្បាស់ នូវធម៌ដែល​គួរធ្វើទុកក្នុងចិត្ត ដឹងច្បាស់នូវធម៌ ដែល​មិនគួរ​ធ្វើទុកក្នុងចិត្តហើយ ធម៌ទាំងឡាយណា ដែលមិនគួរធ្វើទុកក្នុងចិត្ត ក៏មិន​ធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះឡើយ។ ធម៌ទាំងឡាយណា ដែលគួរធ្វើទុកក្នុងចិត្ត ក៏ធ្វើទុកក្នុងចិត្ត នូវធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែល​មិនគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័ក មិនធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាល​អរិយសាវ័ក ធ្វើទុកក្នុងចិត្ត នូវធម៌ គឺអយោនិសោមនសិការៈហើយ កាមាសវៈ ដែលមិន​ទាន់​កើតឡើង រមែងកើតឡើងផង កាមាសវៈ ដែល​កើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង ភវាសវៈ ដែលមិន​ទាន់​កើតឡើង រមែងកើតឡើង​ផង ភវាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើងផង អវិជ្ជាសវៈ ដែលមិន​ទាន់​កើត​ឡើង រមែងកើតឡើងផង អវិជ្ជាសវៈ ដែលកើតឡើងហើយ ក៏រឹងរឹតតែ​ចំរើន​ឡើងផង ធម៌ទាំងនេះឯង ដែល​មិនគួរ​ធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័ក មិនធ្វើ​ទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយដូចម្តេច ដែលគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័កធ្វើទុកក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ កាលអរិយសាវ័ក ធ្វើទុក​ក្នុងចិត្តនូវធម៌ គឺយោនិសោមនសិការៈហើយ កាមាសវៈ ដែលមិន​ទាន់​កើតឡើង រមែងកើតឡើងមិនបានផង កាមាសវៈ ដែល​កើតឡើងហើយ រមែងសាបសូន្យ​ទៅវិញផង ភវាសវៈ ដែលមិន​ទាន់​កើតឡើង រមែងកើតឡើងមិនបានផង ភវាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យទៅវិញផង អវិជ្ជាសវៈ ដែលមិន​ទាន់​កើត​ឡើង រមែងកើតឡើងមិនបានផង អវិជ្ជាសវៈ ដែលកើតឡើងហើយ រមែងសាបសូន្យ​ទៅវិញផង ធម៌​ទាំងនេះឯង ដែលគួរធ្វើទុកក្នុងចិត្ត ហើយអរិយសាវ័កធ្វើទុក​ក្នុងចិត្ត។ ព្រោះតែអរិយសាវ័កនោះ មិនធ្វើទុកក្នុងចិត្ត នូវធម៌ដែល​មិនគួរ​ធ្វើទុកក្នុងចិត្ត ធ្វើទុកក្នុងចិត្ត នូវធម៌ដែលគួរ​ធ្វើទុកក្នុងចិត្ត (យ៉ាងនេះហើយ) បានជា​អាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើង​មិនបានផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ រមែងសាបសូន្យ​ទៅវិញផង។ អរិយសាវ័ក​នោះ ធ្វើទុកក្នុងចិត្តដោយឧបាយថា នេះកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះតណ្ហា ជាដែនឲ្យកើតកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះនិព្វានធម៌ ជាទី​រំលត់​នូវកងទុក្ខ ធ្វើទុកក្នុងចិត្ត ដោយឧបាយថា នេះសេចក្តី​ប្រតិបត្តិ ដើម្បី​ដល់​នូវ​ព្រះនិព្វាន ជាទីរំលត់នូវកងទុក្ខ។ កាលអរិយសាវ័កនោះ ធ្វើទុកក្នុងចិត្ត ដោយឧបាយយ៉ាងនេះហើយ សំយោជនៈទាំងឡាយ៣ គឺសក្កាយទិដ្ឋិ វិចិកិច្ឆា និង​សីលព្វត្តបរាមាស ក៏សាបសូន្យទៅ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែល​តថាគតពោលថា ត្រូវលះដោយការឃើញ គឺសោតាបត្តិមគ្គ។

[១៣] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែលបុគ្គល ត្រូវលះ​ដោយ​ការសង្រួម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា ដោយ​ឧបាយ​​ហើយ សង្រួមដោយការសង្រួម ​នូវចក្ខុន្ទ្រិយ​គ្រប់ឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមចក្ខុន្ទ្រិយ​សំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿង​ចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែ​កាល​បើភិក្ខុនោះ សង្រួម​ចក្ខុន្ទ្រិយសំវរៈ យ៉ាងនេះវិញ អាសវៈ​ទាំងឡាយ ដែល​ជាគ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែង​មិនមានឡើយ។ ភិក្ខុពិចារណាដោយ​ឧបាយ​ហើយ សង្រួមសោតិន្ទ្រិយសំវរៈ ​គ្រប់ឥរិយាបថ​ទាំង៤។បេ។ ពិចារណាដោយ​ឧបាយ​ហើយ សង្រួមនូវឃានិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយ​ឧបាយ​ហើយ សង្រួមនូវជិវ្ហិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថទាំង៤។បេ។ ពិចារណាដោយ​ឧបាយហើយ សង្រួមនូវកាយិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថ​ទាំង៤។បេ។ ពិចារណាដោយ​ឧបាយហើយ សង្រួមនូវមនិន្ទ្រិយសំវរៈ គ្រប់ឥរិយាបថ​ទាំង៤។បេ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមនូវមនិន្ទ្រិយ​សំវរៈ អាសវៈ​ទាំងឡាយ ដែលជាគ្រឿង​ចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែ​កាល​បើភិក្ខុនោះសង្រួម​នូវមនិន្ទ្រិយសំវរៈយ៉ាងនេះវិញ អាសវៈ​ទាំងឡាយ ដែល​ជាគ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែង​មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនសង្រួមនូវសំវរៈ អាសវៈទាំងឡាយ ដែលជាគ្រឿង​ចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែ​កាល​បើភិក្ខុនោះសង្រួមសំវរៈ យ៉ាងនេះវិញ អាសវៈ​ទាំងឡាយ ដែល​ជាគ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែង​មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះ ដែលតថាគត​ពោលថា ត្រូវលះបង់ ដោយការសង្រួម។

[១៤] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែល​បុគ្គលត្រូវលះបង់​ដោយការសេព។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ​ហើយ អាស្រ័យសេព គឺប្រើប្រាស់នូវសំពត់ចីវរ គ្រាន់តែដើម្បីការពារ​នូវត្រជាក់ ដើម្បីការពារនូវកំដៅ ដើម្បីការពារ​នូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ គ្រាន់តែដើម្បីបិទបាំងនូវ​អវយវៈ ដែលធ្វើ​នូវ​សេចក្តី​ខ្មាស់ឲ្យកម្រើក។ ពិចារណាដោយ​ឧបាយហើយ អាស្រ័យសេព គឺបរិភោគនូវចង្ហាន់​បិណ្ឌបាត ដើម្បីលេងដូចក្មេងអ្នកស្រុកក៏ទេ ដើម្បីឲ្យកើតបុរិសមានៈ ស្រវឹងដូចអ្នក​ប្រដាល់ក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយ ដូចស្រ្តី​ក្នុងបូរីក៏ទេ ដើម្បីធ្វើឲ្យផូរផង់​ពណ៌​សម្បុរ ដូចអ្នករបាំក៏ទេ បរិភោគ គ្រាន់តែដើម្បី​ឲ្យតាំងនៅនៃកាយនេះ ដើម្បី​ញុំាង​ជិវិតិន្ទ្រិយ ឲ្យប្រព្រឹត្តទៅ ដើម្បីបំបាត់បង់នូវសេចក្តី​លំបាក ដើម្បីអនុគ្រោះ​ដល់​ព្រហ្មចរិយធម៌ អាត្មាអញនឹងកំចាត់បង់នូវ​វេទនាចាស់ គឺសេចក្តីស្រេកឃ្លានដែល​មានហើយផង និងញុំាង​វេទនាថ្មី គឺការឆ្អែតហួសប្រមាណ មិនឲ្យកើតឡើងបានផង កិរិយាប្រព្រឹត្តទៅនៃឥរិយាបថទាំង៤ក្តី សេចក្តីមិនមានទោស មានមិនច្រអូសកាយ មិន​ច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយក្នុងឥរិយាបថទាំង៤ក្តី នឹងមានដល់អាត្មា​អញ ដោយបាន​បរិភោគ​នូវចង្ហាន់​បិណ្ឌបាតនេះ។ ពិចារណាដោយ​ឧបាយហើយ អាស្រ័យសេព គឺប្រើប្រាស់នូវទីសេនាសនៈ គ្រាន់តែ​ដើម្បីការពារ​នូវត្រជាក់ ដើម្បីការពារ​នូវកំដៅ ដើម្បីការពារនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ គ្រាន់តែដើម្បីបន្ទោបង់​នូវក្រវល់ក្រវាយ ដែល​កើត​អំពីរដូវ ហើយអភិរម្យ​សម្ងំនៅក្នុងព្រះកម្មដ្ឋាន។ ពិចារណាដោយ​ឧបាយហើយ អាស្រ័យ​សេព គឺបរិភោគនូវ​គ្រឿង​បរិក្ខារ ជាទីរក្សានូវជីវិត គឺថ្នាំ ជាបច្ច័យដល់​អ្នកជម្ងឺ គ្រាន់តែដើម្បីការពារនូវវេទនាទាំងឡាយ ដែលបៀតបៀន​ផ្សេងៗ ដែលកើតឡើង​ហើយ ដើម្បីប្រាសចាកទុក្ខខ្លាំង​ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនអាស្រ័យសេព នូវបច្ច័យណាមួយ​ដោយឧបាយ អាសវៈទាំងឡាយ ដែលជាគ្រឿង​ចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាល​បើភិក្ខុនោះ អាស្រ័យសេព នូវបច្ច័យណាមួយ ដោយឧបាយ យ៉ាងនេះវិញ អាសវៈ​ទាំងឡាយ ដែល​ជាគ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែង​មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគត​ពោលថា ត្រូវលះបង់​ដោយ​ការសេព។

[១៥] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែល​បុគ្គលត្រូវលះបង់​ដោយការអត់ធន់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ដោយ​ឧបាយ​​ហើយ អត់ធន់ចំពោះត្រជាក់ ក្តៅ ឃ្លាន ស្រេក ជាអ្នកអត់ទ្រាំនូវសម្ផស្ស របោម មូស ខ្យល់ កំដៅថ្ងៃ និងពស់តូច ពស់ធំទាំងឡាយ និងគន្លងពាក្យ ដែលគេ​និយាយ​មិនពីរោះ ទ្រគោះ ខ្ជីខ្ជា និងទុក្ខវេទនា ដែលកើតឡើង ប្រព្រឹត្តទៅក្នុងសរីរ​កាយដ៏ក្លា អាក្រក់ ខ្លោចផ្សា មិនជាទីត្រេកអរ មិនជាទី​គាប់ចិត្ត និងនាំ​ឲ្យខូច​ជីវិត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនអត់ទ្រាំនូវហេតុ​ណាមួយហើយ អាសវៈ​ទាំង​ឡាយ ដែលជាគ្រឿង​ចង្អៀតចង្អល់ ក្តៅក្រហាយណា គប្បីកើតឡើងបាន តែកាល​បើភិក្ខុនោះ អត់ធន់ទ្រាំនូវហេតុណាមួយបាន យ៉ាងនេះវិញ អាសវៈ​ទាំងឡាយ ដែល​ជាគ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែង​មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគត​ពោលថា ត្រូវលះបង់​ដោយ​ការអត់ធន់។

[១៦] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែល​បុគ្គលត្រូវលះបង់​ដោយការវៀរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ​ហើយ វៀរនូវដំរីកាច វៀរសេះកាច វៀរគោកាច វៀរឆ្កែកាច វៀរសត្វពស់ ដង្គត់ឈើ ចម្រូងបន្លា អណ្តូង ជ្រោះ រណ្តៅទឹកសំអុយ និងប្រឡាយទឹកសំអុយ។ មួយវិញទៀត ភិក្ខុអង្គុយលើអាសនៈ មិនសមគួរ មានសភាពយ៉ាងណា ត្រាច់ទៅក្នុងទីមិនគួរ មានសភាព​យ៉ាងណា សេពគប់នូវបាបមិត្រ មានសភាពយ៉ាងណា ពួកសព្រហ្មចារីភិក្ខុ ជាអ្នកប្រាជ្ញ គប្បីជឿ (ថាភិក្ខុនោះ ជាអ្នកប្រព្រឹត្តទៅ) ក្នុងទីដ៏​លាមកទាំងឡាយ។ ភិក្ខុនោះពិចារណាដោយ​ឧបាយហើយ វៀរនូវអាសនៈ ដែល​មិនសមគួរនោះផង នូវទីគោចរ ដែលមិនសមគួរនោះផង នូវពួកបាបមិត្រ​នោះផង។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនវៀរនូវហេតុ ដែលគួរវៀរណាមួយ អាសវៈ​ទាំងឡាយ ដែល​ជាគ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយ គប្បី​កើតឡើងបាន តែកាល​បើ​ភិក្ខុនោះ វៀរ​នូវហេតុ​ដែលគួរវៀរ​ណាមួយ យ៉ាងនេះវិញ អាសវៈទាំងឡាយ​ ដែលជាគ្រឿងចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែង​មិនមានឡើយ។ ម្នាលភិក្ខុ​ទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគត​ពោលថា ត្រូវលះបង់​ដោយ​ការវៀរ។

[១៧] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែល​បុគ្គល​ត្រូវលះ​បង់ ​ដោយការបន្ទោបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណា​ដោយឧបាយ​ហើយ អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញ នូវកាមវិតក្កៈ ដែល​កើតឡើងហើយ នូវព្យាបាទវិតក្កៈ ដែលកើតឡើងហើយ។បេ។ នូវ​វិហឹសា​វិតក្កៈ ដែលកើតឡើងហើយ។បេ។ អត់ធន់ លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស បំផ្លាញ នូវពួក​អកុសលធម៌ដ៏លាមក ដែលកើតឡើងហើយ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនបន្ទោបង់ នូវវិតក្កៈណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿង​ចង្អៀត​ចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាល​បើភិក្ខុនោះ បន្ទោបង់នូវវិតក្កៈណា​មួយ យ៉ាងនេះវិញ អាសវៈ​ទាំងឡាយ ដែល​ជាគ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយ​នោះ រមែង​មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងនេះឯង ដែលតថាគត​ពោលថា ត្រូវលះបង់​ដោយ​ការបន្ទោបង់។

[១៨] ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយ ដូចម្តេច ដែល​បុគ្គលត្រូវលះបង់​ដោយការចំរើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាដោយឧបាយ​ហើយ ចំរើននូវសតិសម្ពោជង្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ [ការស្ងប់ស្ងាត់​មាន៥ប្រការ មាន តទង្គវិវេកជាដើម អធិប្បាយ​ដូចបហាន៥ប្រការ ក្នុងមូល​បរិយាយសូត្រនេះដែរ (ទំព័រលេខ១)។] ដែលអាស្រ័យនូវធម៌ ជាគ្រឿងប្រាសចាក​រាគៈ ដែលអាស្រ័យនូវធម៌ ជាទីរលត់ទុក្ខ ដែលជាធម៌​បង្អោនទៅ ដើម្បី​លះកិលេស ពិចារណាដោយ​ឧបាយហើយ ទើបចំរើននូវធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើននូវវិរិយសម្ពោជ្ឈង្គ។បេ។ ចំរើននូវបីតិសម្ពោជ្ឈង្គ។បេ។ ចំរើននូវបស្សទ្ធិសម្ពោជ្ឈង្គ។បេ។ ចំរើននូវសមាធិសម្ពោជ្ឈង្គ។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ ដែលអាស្រ័យនូវធម៌ ជាទីប្រាសចាក​រាគៈ ដែលអាស្រ័យនូវធម៌ ជាទីរលត់ទុក្ខ ដែលជាធម៌​បង្អោនទៅ ដើម្បី​​លះកិលេស។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ មិនចំរើននូវសម្ពោជ្ឈង្គណាមួយហើយ អាសវៈទាំងឡាយ ដែលជាគ្រឿង​ចង្អៀត​ចង្អល់ ក្តៅក្រហាយ គប្បីកើតឡើងបាន តែកាល​បើភិក្ខុនោះ ចំរើន​នូវសម្ពោជ្ឈង្គណាមួយ យ៉ាងនេះវិញ អាសវៈ​ទាំងឡាយ ដែល​ជាគ្រឿង​​ចង្អៀតចង្អល់ ក្តៅក្រហាយនោះ រមែង​មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ អាសវៈទាំងឡាយនេះឯង ដែលតថាគត​ពោលថា ត្រូវលះបង់​ដោយ​ការចំរើន។

[១៩] ម្នាលភិក្ខុទាំងឡាយ វេលាណាដែលភិក្ខុត្រូវលះបង់អាសវៈទាំងឡាយ​ណា ដោយការឃើញ គឺសោតាបត្តិមគ្គ អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់​ដោយ​ការឃើញហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ដោយការ​សង្រួម អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់​ដោយ​ការសង្រួមហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ដោយការ​សេព (នូវបច្ច័យ) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់​ដោយ​ការសេព​ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការ​អត់ធន់ (នូវត្រជាក់ និងក្តៅ​ជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់​ ដោយ​ការអត់ធន់​ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការ​វៀរ (ចាកទីអង្គុយ​មិនសមគួរ​ជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ​ដោយ​ការវៀរហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការបន្ទោបង់ (នូវកាមវិតក្កៈ​ជាដើម) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ​ដោយ​ការបន្ទោបង់ហើយ។ អាសវៈទាំងឡាយណា ដែលភិក្ខុត្រូវលះបង់ ដោយការចំរើន (សម្ពោជ្ឈង្គទាំង៧) អាសវៈទាំងនោះ ក៏ឈ្មោះថា ភិក្ខុបានលះបង់ ​ដោយ​ការចំរើនហើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកសង្រួម ដោយការ​សង្រួម ក្នុង​អាសវៈទាំងអស់ ហើយជាអ្នកផ្តាច់ផ្តិលនូវតណ្ហា ញុំាង​សំយោជនៈ ឲ្យប្រែប្រួល គឺ​ធ្វើ​មិនឲ្យមានមន្ទិល ធ្វើនូវទីបំផុតកងទុក្ខ ដោយហេតុ​ដែល​បានលះបង់ នូវមានៈចោល ដោយប្រពៃ។ លុះព្រះមានព្រះភាគ ទ្រង់បាន​សំដែង​សូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះ​ភាសិត នៃព្រះមានព្រះភាគ។

ចប់ សព្វាសវសំវរសូត្រ ទី២។

ធម្មទាយាទសូត្រ ទី៣

[២០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ ក្នុងសម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[២១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌ [ធម៌ជាមត៌កនេះ បានដល់ធម៌២យ៉ាង គឺ និប្បរិយាយធម៌ ធម៌ជាចំណែកខាងលោកុត្តរធម៌ទាំង៩ មានសោតាបត្តិមគ្គជាដើម១ បរិយាយធម៌ ធម៌​ជាចំណែក​ខាងរបស់បុគ្គល ដែលកំពុងប្រព្រឹត្ត​ធ្វើនូវសីល សមាធិ បញ្ញា ឬឈាន​សមាបត្តិ ដើម្បីដល់នូវព្រះនិព្វាន១។] របស់តថាគតជាមត៌ក កុំយកអាមិស [អាមិស​ជាមត៌ក បានដល់អាមិស២យ៉ាងគឺ និប្បរិយាយាមិស បានដល់បច្ច័យ​ទាំង៤ មានចីវរប្បច្ច័យជាដើម១ បរិយាយាមិស បានដល់​ទានដ៏សេស មានអន្នទានជាដើម១។ អដ្ឋកថា។] ជាមត៌កឡើយ តថាគតមានសេចក្តីអនុគ្រោះ ចំពោះ​អ្នកទាំងឡាយដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ករបស់តថាគត គួរយក​ធម៌ជាមត៌ក កុំយក​អាមិសជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យក​អាមិសជាមត៌ក មិនយកធម៌របស់តថាគតជាមត៌កហើយ គង់មានអ្នកផង តិះដៀល​អ្នកទាំងឡាយ ដោយហេតុនោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយក​អាមិសជាមត៌ក មិនយកធម៌ជាមត៌កទេ។ ទាំងតថាគត ក៏ត្រូវអ្នកផងតិះដៀល​ ដោយហេតុ​នោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកអាមិសជាមត៌ក មិនយក​ធម៌ជាមត៌កឡើយ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ យកធម៌របស់តថាគត ជាមត៌ក មិនយកអាមិសជាមត៌កទេ ក៏ឥតមានអ្នកផងតិះដៀល​អ្នកទាំងឡាយ ដោយហេតុ​នោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយក​ធម៌ជាមត៌ក មិនមែនយកអាមិសជាមត៌កទេ។ ទាំងតថាគត ក៏ឥតមានអ្នកផងតិះដៀល​ ដោយហេតុ​នោះថា ពួកសាវ័ករបស់ព្រះសាស្តា សុទ្ធតែយកធម៌ជាមត៌ក មិនមែនយក​អាមិសជាមត៌កទេ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុ​នោះ ក្នុងកាល​ឥឡូវនេះ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគត ជាមត៌ក កុំយកអាមិស​ជាមត៌កឡើយ តថាគត មានសេចក្តីអនុគ្រោះ ចំពោះ​អ្នកទាំងឡាយថា ធ្វើម្តេចហ្ន៎ ពួក​សាវ័ក​របស់តថាគត គួរយកធម៌ជាមត៌ក កុំយកអាមិសជាមត៌កឡើយ។

[២២] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគតបរិភោគស្រេច ឃាត់លែងទទួល​ទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតរបស់តថាគត នៅសល់ច្រើន ជារបស់គួរ​ចាក់ចោលជាធម្មតា។ គ្រានោះ មានភិក្ខុពីររូបមកដល់ កំពុងមាន​សេចក្តីស្រេកឃ្លានគ្របសង្កត់ជាខ្លាំង តថាគត ក៏ពោល​ទៅនឹងភិក្ខុទាំងពីររូបនោះ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ តថាគត​បរិភោគ​ស្រេច ឃាត់លែងទទួល​ទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាម​ប្រមាណ​ហើយ ឯបិណ្ឌបាតរបស់តថាគតនេះ នៅសល់ច្រើន ជារបស់គួរ​ចាក់​ចោល​ជា​ធម្មតា បើអ្នកទាំងឡាយចង់ឆាន់ ចូរឆាន់ចុះ បើអ្នកទាំងឡាយ មិនឆាន់ទេ តថាគត នឹងចាក់ចោល ក្នុងទីដែល​គ្មានស្មៅស្រស់ ឬនឹងចាក់ចោល ក្នុងទឹកដែលគ្មានសត្វ ឥឡូវនេះ។ បណ្តាភិក្ខុទាំងពីររូបនោះ ភិក្ខុ១រូបគិតថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច ឃាត់លែងទទួល​ទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតនេះរបស់ព្រះមានព្រះភាគ នៅសល់ច្រើន ជារបស់គួរ​ចាក់ចោលជាធម្មតា បើពួកយើងនឹងមិនឆាន់ ព្រះមានព្រះភាគ នឹងចាក់ចោល​ឥឡូវនេះ ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់​ចោល​ក្នុងទឹក ដែលគ្មានសត្វ នេះជាព្រះពុទ្ធដីកា ដែលព្រះមានព្រះភាគ ទ្រង់​ត្រាស់​ហើយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំ​យក​អាមិសជាមត៌កឡើយ ឯបិណ្ឌបាតនេះ ក៏ជាអាមិសមួយដែរ បើដូច្នោះ មានតែ​អាត្មាអញ កុំបរិភោគបិណ្ឌបាតនេះឡើយ នឹងទ្រាំអត់សេចក្តី​ស្រេកឃ្លាននេះ ឲ្យអស់​មួយយប់ មួយថ្ងៃទៅចុះ។ ភិក្ខុនោះ ក៏មិនឆាន់បិណ្ឌបាតនោះឡើយ ហើយ​ទ្រាំអត់សេចក្តី​​ស្រេកឃ្លាននោះ អស់​មួយយប់ មួយថ្ងៃយ៉ាងនេះ។ គ្រានោះ ភិក្ខុ​ទីពីរ គិតយ៉ាងនេះថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច ឃាត់លែងទទួល​ទៀត គ្រប់គ្រាន់បរិបូណ៌ ឆ្អែតស្កប់ស្កល់ គួរតាមប្រមាណហើយ ឯបិណ្ឌបាតនេះ របស់​ព្រះមានព្រះភាគ ក៏នៅសល់ច្រើន ជារបស់គួរ​ចាក់ចោលជាធម្មតា បើពួកយើង​មិន​ឆាន់ទេ ព្រះមានព្រះភាគ នឹងទ្រង់ចាក់ចោល​ឥឡូវនេះ ក្នុងទីដែលគ្មានស្មៅស្រស់ ឬនឹងចាក់​ចោល​ក្នុងទឹក ដែលគ្មានសត្វ បើដូច្នោះ មានតែ​អាត្មាអញ គួរឆាន់​ចង្ហាន់​បិណ្ឌបាតនេះ ឲ្យបាត់សេចក្តី​ស្រេកឃ្លាន នឹងបានប្រព្រឹត្តទៅអស់​មួយយប់ មួយថ្ងៃនេះឯង។ ភិក្ខុនោះ ក៏ឆាន់ចង្ហាន់បិណ្ឌបាតនោះ បានបន្ទោបង់សេចក្តី​​ស្រេកឃ្លាន បាត់អស់កំឡាំង ប្រព្រឹត្តទៅ​អស់​មួយយប់ មួយថ្ងៃនោះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឆាន់​ចង្ហាន់​បិណ្ឌបាតនោះ បានបន្ទោបង់​សេចក្តី​ស្រេក​ឃ្លាន បាត់អស់កំឡាំង ប្រព្រឹត្តទៅ​អស់មួយយប់ មួយថ្ងៃនោះឯង ក៏មិនជាអ្វី។ ឯភិក្ខុ​ទីមួយនោះឯង គួរជាទី​បូជាដោយវិសេសផង ជាទីសរសើរ​របស់តថាគតផង។ ដំណើរ​នោះ ព្រោះហេតុអ្វី។ ព្រោះថា ការមិនឆាន់ចង្ហាន់បិណ្ឌបាតនោះ អាចធ្វើឲ្យ​ភិក្ខុនោះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសេចក្តីសន្តោស ដើម្បី​មានចិត្តផូរផង់ ដើម្បីជាមនុស្ស​ដែលគេចិញ្ចឹមងាយ ដើម្បីប្រារព្ធនូវព្យាយាម អស់កាល​ដ៏យូរអង្វែងទៅបាន។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងធម្មវិន័យ​នេះ អ្នកទាំងឡាយ ចូរយកធម៌របស់តថាគតជាមត៌ក កុំ​យក​អាមិសជាមត៌កឡើយ តថាគត មានសេចក្តីអនុគ្រោះ ចំពោះអ្នកទាំងឡាយ ដូច្នេះថា ធ្វើម្តេចហ្ន៎ ពួកសាវ័ក​របស់តថាគត គួរជាអ្នក​យកធម៌ជាមត៌ក កុំ​យក​អាមិសជាមត៌កឡើយ។ ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកានេះ លុះព្រះសុគត មានព្រះពុទ្ធដីកា​នេះ​ចប់​ហើយ ក៏ទ្រង់ស្តេចក្រោកចាក​អាសនៈ ទ្រង់ពុទ្ធដំណើរទៅកាន់វិហារ។

[២៣] កាលដែលព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅ មិនយូរប៉ុន្មាន ព្រះសារីបុត្តដ៏មានអាយុ ក៏ហៅភិក្ខុទាំងឡាយ មកក្នុងវេលានោះថា ម្នាល​ភិក្ខុទាំងឡាយ​ដ៏មានអាយុ។ ភិក្ខុទាំងនោះ ទទួលថេរវាចាព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ។ ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ចុះព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័ក​មិន​ហាត់ធ្វើនូវវិវេក [វិវេកមាន៣យ៉ាងគឺ កាយវិវេក ស្ងាត់កាយ បានដល់បុគ្គល ដែល​មានកាយស្ងប់ស្ងាត់ ត្រេកអរក្នុងនេក្ខម្មៈ លះបង់ចោល​ពួកគណៈ ហើយប្រព្រឹត្ត​នៅ​ម្នាក់ឯង១ ចិត្តវិវេក ស្ងាត់ចិត្ត បានដល់បុគ្គល ដែលមានចិត្តបរិសុទ្ធផូរផង់ លះបង់​ចោលនូវ​កិលេស ដោយអំណាច​សមាបត្តិប្រាំបី១ ឧបធិវិវេក១ បានដល់បុគ្គល ដែល​មិនមានកិលេស មិនមានសង្ខារ លះបង់ចោល​នូវពួក​សង្ខារ​ជ្រះស្រឡះ១។ កាយវិវេក ជាបច្ច័យ​នៃចិត្តវិវេក ចិត្តវិវេក ជាបច្ច័យនេះឧបធិវិវេក គឺព្រះនិព្វាន (អដ្ឋកថា ទីឃនិកាយ សីលក្ខន្ធវគ្គ និងអដ្ឋកថាធម្មបទ)។] គឺសេចក្តីស្ងប់ស្ងាត់ ដោយហេតុ​ប៉ុន្មានយ៉ាង មួយទៀត ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់ហើយ ពួកសាវ័កហាត់ធ្វើនូវ​វិវេក ដោយហេតុប៉ុន្មានយ៉ាង។ ពួកភិក្ខុតបថា ម្នាលអាវុសោ យើងខ្ញុំទាំងឡាយ មកពីចម្ងាយ មានប្រាថ្នាដើម្បីដឹង នូវអត្ថនៃ​ភាសិតនុ៎ះ ក្នុងសំណាក់​ព្រះសារីបុត្រដ៏មានអាយុ ក៏ឯអត្ថនៃភាសិតនុ៎ះ ប្រាកដច្បាស់ ចំពោះ​ព្រះសារីបុត្រដ៏មានអាយុហើយ ពួកភិក្ខុអ្នកស្តាប់ (នូវ​ភាសិត) របស់ព្រះសារីបុត្រ​ដ៏មានអាយុ​រួចហើយ នឹងចងចាំទុក។ ព្រះសារីបុត្រដ៏មានអាយុឆ្លើយថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យ​មែនទែន ខ្ញុំនឹងសំដែងឲ្យស្តាប់។ ភិក្ខុទាំងនោះ ក៏ទទួលថេរវាចារបស់​ព្រះសារីបុត្ត​ដ៏​មានអាយុថា ព្រះករុណាអាវុសោ។

[២៤] ព្រះសារីបុត្រដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ ពួកសាវ័ក​មិនហាត់​ធ្វើនូវវិវេក ដោយ​ហេតុប៉ុន្មានយ៉ាង ម្នាលអាវុសោទាំងឡាយ ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់​ហើយ ពួកសាវ័កក្នុងសាសនានេះ ​មិនហាត់​ធ្វើនូវវិវេក មិនលះបង់​នូវពួកធម៌​ ដែល​ព្រះសាស្តាទ្រង់ត្រាស់​ឲ្យលះបង់ បែរទៅជាអ្នកប្រព្រឹត្ត​ល្មោភច្រើន ជាអ្នកកាន់​សាសនាធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្តទន់ទាប ជាអ្នកដាក់ធុរៈក្នុងវិវេក គឺមិនបំពេញ​កិច្ច​ក្នុងព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ពួកភិក្ខុជាថេរៈ នឹង​មានគេតិះដៀលដោយហេតុ៣យ៉ាង។ គឺភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ តែមាន​ពួក​សាវ័ក​​មិនហាត់​ធ្វើនូវវិវេក។ ភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយ​ហេតុ​ទី២ នេះថា ​ពួក​សាវ័ក​​មិនលះបង់នូវពួកធម៌ ដែលព្រះសាស្តា​ទ្រង់សំដែង​ប្រាប់ឲ្យ​លះបង់។ ភិក្ខុជាថេរៈទាំងឡាយ នឹងមានគេតិះដៀល ដោយហេតុទី៣ នេះថា ​ពួក​សាវ័ក​ ជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នកកាន់ (សាសនា) ធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្ត​ទន់ទាប ជាអ្នក​ដាក់ធុរៈក្នុងវិវេក។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុ​ជា​ថេរៈ រមែង​មានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុ​ទាំងនោះ ពួកមជ្ឈិមភិក្ខុ។បេ។ ពួកនវកភិក្ខុ រមែងមានគេតិះដៀល ដោយហេតុទាំង៣យ៉ាងនេះឯង។ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ តែមាន​ពួក​សាវ័ក​​មិនហាត់​ធ្វើនូវ​វិវេក។ ពួកនវកភិក្ខុ នឹងមានគេតិះដៀល ដោយ​ហេតុ​ទី២ នេះថា ​ពួក​សាវ័ក​​មិន​លះបង់​នូវពួកធម៌ ដែលព្រះសាស្តា​ទ្រង់សំដែង​ប្រាប់ឲ្យ​លះបង់។ ពួកនវកភិក្ខុ នឹង​មាន​គេតិះដៀល ដោយហេតុទី៣ នេះថា ​ពួកភិក្ខុជាអ្នកប្រព្រឹត្តល្មោភច្រើន ជាអ្នក​កាន់ (សាសនា) ធូរៗ នាំអាទិ៍ឲ្យប្រព្រឹត្ត​ទន់ទាប ជាអ្នក​ដាក់ធុរៈក្នុងវិវេក។ ម្នាល​អាវុសោ​ទាំងឡាយ ពួកនវកភិក្ខុ រមែង​មានគេតិះដៀល ដោយហេតុ​ទាំង​៣​យ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់​ហើយ តែពួក​សាវ័ក មិនហាត់ធ្វើនូវវិវេក ដោយហេតុទាំង៣យ៉ាងប៉ុណ្ណេះឯង។

[២៥] ម្នាលអាវុសោទាំងឡាយ ចុះព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់​ហើយ ទាំងពួកសាវ័ក ក៏សិក្សាតាមនូវវិវេក ដោយហេតុមានប៉ុន្មានយ៉ាង ម្នាលអាវុសោ​ទាំង​ឡាយ ព្រះសាស្តាទ្រង់មានសេចក្តីស្ងប់ស្ងាត់​ហើយ ពួកសាវ័ក ក៏សិក្សាតាមនូវវិវេកផង លះបង់នូវពួកធម៌ ដែលព្រះជាគ្រូ ទ្រង់សំដែងប្រាប់ឲ្យលះបង់​ផង មិនជាអ្នកប្រព្រឹត្តល្មោភច្រើនផង មិនកាន់ (សាសនា)​ធូរៗផង មិនដាក់ធុរៈក្នុងការប្រព្រឹត្តទន់ទាបផង ជាប្រធានក្នុងវិវេកធម៌ គឺព្រះនិព្វាន​ផង។ ម្នាលអាវុសោ បណ្តាភិក្ខុទាំងនោះ ថេរភិក្ខុទាំងឡាយ រមែង​មានអ្នក​ផងសរសើរដោយហេតុ៣យ៉ាង។ គឺពួកភិក្ខុជាថេរៈ រមែងមានអ្នកផង​សរសើរ ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ ទាំង​ពួក​សាវ័ក ក៏សិក្សាតាមនូវវិវេក។ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយ​ហេតុ​ទី២ នេះថា ​ពួក​សាវ័ក​ជាអ្នកលះបង់នូវពួកធម៌ ដែលព្រះសាស្តា​ទ្រង់សំដែង​ប្រាប់ឲ្យ​លះបង់។ ពួកភិក្ខុជាថេរៈ រមែងមានអ្នកផងសរសើរ ដោយហេតុទី៣ នេះថា ​ពួក​សាវ័ក​ មិនប្រព្រឹត្តល្មោភច្រើនផង មិនអ្នកកាន់ (សាសនា) ធូរៗ មិនដាក់ធុរៈក្នុងការប្រព្រឹត្តិទន់ទាបផង ជាប្រធាន​ក្នុងវិវេក​ធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោទាំងឡាយ ពួកភិក្ខុ​ជា​ថេរៈ រមែង​មានអ្នកផងសរសើរ ដោយ​ហេតុ​ទាំង​៣​នេះឯង។ ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុ​ទាំងនោះ ពួកមជ្ឈិមភិក្ខុ (ភិក្ខុកណ្តាល)។បេ។ ពួកនវកភិក្ខុ (ភិក្ខុថ្មី) រមែងមានអ្នកផង​សរសើរ ដោយហេតុទី១ នេះថា ព្រះសាស្តាទ្រង់មានសេចក្តី​ស្ងប់ស្ងាត់ហើយ មាន​ពួក​សាវ័ក សិក្សា​តាម​នូវ​វិវេក។ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយ​ហេតុ​ទី២ នេះថា ​ពួក​សាវ័ក​ជាអ្នកលះបង់នូវពួកធម៌ ដែលព្រះសាស្តា​ទ្រង់សំដែង​ប្រាប់ឲ្យ​លះបង់។ ពួកនវកភិក្ខុ រមែងមានអ្នកផងសរសើរ ដោយហេតុទី៣ នេះថា ​ពួក​សាវ័ក​ មិនប្រព្រឹត្ត​ល្មោភ​ច្រើន​ផង មិនកាន់ (សាសនា) ធូរៗ មិនដាក់ធុរៈក្នុងការប្រព្រឹត្តិទន់ទាបផង ជាប្រធាន​ក្នុងវិវេក​ធម៌ គឺព្រះនិព្វានផង។ ម្នាលអាវុសោទាំងឡាយ ពួកនវកភិក្ខុ រមែង​មានអ្នក​ផង​សរសើរ ដោយ​ហេតុ​ទាំង​៣យ៉ាង​នេះឯង។ ម្នាលអាវុសោទាំងឡាយ ព្រះសាស្តា ទ្រង់មានសេចក្តីស្ងប់ស្ងាត់​ហើយ រមែងមានពួក​សាវ័ក ជាអ្នកសិក្សាតាម នូវវិវេក ដោយហេតុទាំង៣យ៉ាងប៉ុណ្ណេះឯង។

[២៦] ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំងនោះ លោភៈជាបាបធម៌១ ទោសៈជាបាបធម៌១ មជ្ឈិមាបដិបទា គឺសេចក្តី​ប្រតិបត្តិយ៉ាងកណ្តាល ប្រព្រឹត្តទៅ​ដើម្បី​លះបង់នូវ​លោភៈផង ដើម្បីលះបង់នូវទោសៈផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យ​កើតបញ្ញាចក្ខុ គឺឃើញនូវសច្ចៈទាំង៤ផង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ គឺដឹងនូវ​សច្ចទាំង៤ផង ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ ក៏មជ្ឈិមាបដិបទា​នោះ ជាសេចក្តីប្រតិបត្ត ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន តើដូចម្តេច។ (មជ្ឈិមាបដិបទានោះ) គឺអរិយមគ្គប្រកបដោយអង្គ​៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយអង្គ៨ប្រការគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាម​ត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ មជ្ឈិមាបដិបទានេះឯង ជា​សេចក្តីប្រតិបត្ត ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ បណ្តាធម៌ទាំង​នោះ សេចក្តីក្រោធជាបាបធម៌១ ការចងនូវសេចក្តីក្រោធទុក ជាបាបធម៌១…។ លុប​គុណគេ ជាបាបធម៌១ វាយឫក្សស្មើ ជាបាបធម៌១…។ សេចក្តីឈ្នានីស ជាបាបធម៌១ សេចក្តីកំណាញ់ ជាបាបធម៌១…។ ការបិទបាំងទោសខ្លួន ជាបាបធម៌១ សេចក្តីអួត​អាង ជាបាបធម៌១…។ សេចក្តីរឹងត្អឹង ជាបាបធម៌១ ប្រឡងវាសនា ជាបាបធម៌១…។ មានៈ ជាបាបធម៌១ អតិមានៈ ជាបាបធម៌១…។ សេចក្តីស្រវឹង ជាបាបធម៌១ សេចក្តី​ធ្វេស​ប្រហែស ជាបាបធម៌១ សេចក្តី​ប្រតិបត្តិ​យ៉ាងកណ្តាល ប្រព្រឹត្តទៅដើម្បីលះបង់ នូវសេចក្តីស្រវឹងផង ដើម្បីលះបង់នូវ​សេចក្តី​ធ្វេសប្រហែសផង ជា​សេចក្តីប្រតិបត្តិ ធ្វើឲ្យ​​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅ​ដើម្បី​រម្ងាប់​កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិ​យ៉ាងកណ្តាលនោះ ជាសេចក្តីប្រតិបត្តិ​ធ្វើឲ្យកើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ​ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់​កិលេស ដើម្បីដឹងច្បាស់នូវអរិយសច្ច ដើម្បីត្រាស់ដឹងនូវមគ្គ ដើម្បីព្រះនិព្វាន តើដូចម្តេច។ (សេចក្តីប្រតិបត្តិយ៉ាងកណ្តាលនោះ) គឺអរិយមគ្គប្រកបដោយអង្គ​៨ប្រការនេះឯង ឯអរិយមគ្គប្រកបដោយអង្គ៨ប្រការនោះគឺ សេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ សំដីត្រូវ១ ការងារត្រូវ១ ការចិញ្ចឹមជីវិតត្រូវ១ សេចក្តីព្យាយាម​ត្រូវ១ ការរលឹកត្រូវ១ ការតំកល់ចិត្តត្រូវ១។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិ​យ៉ាងកណ្តាលនេះឯង ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យ​កើតបញ្ញាចក្ខុ ជាសេចក្តីប្រតិបត្តិ ធ្វើឲ្យកើត​ញាណ ប្រព្រឹត្តទៅដើម្បីរម្ងាប់កិលេស ដើម្បីដឹងច្បាស់​នូវអរិយសច្ច ដើម្បីត្រាស់ដឹង​នូវមគ្គ​ ដើម្បីព្រះនិព្វាន។ ព្រះសារីបុត្រដ៏មានអាយុ បានសំដែងនូវ​សូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ​រីករាយ ចំពោះភាសិត​របស់ព្រះសារីបុត្រដ៏មានអាយុ។

ចប់ ធម្មទាយាទសូត្រទី៣។

ភយភេរវសូត្រ ទី៤

[២៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ជាណុស្សោណិព្រាហ្មណ៍ ចូលសំដៅទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ជាមួយនឹង​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក ល្មម​ឲ្យកើត​សេចក្តីស្និទ្ធស្នាលហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[២៨] លុះ ជាណុស្សោណិ ព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កុលបុត្រ​ទាំងឡាយណា ដែលចេញចាកផ្ទះ ហើយចូលកាន់ផ្នួសដោយសទ្ធា ចំពោះ​ព្រះគោតមដ៏ចំរើន ព្រះគោតមដ៏ចំរើន ទ្រង់ណែនាំកុលបុត្រទាំងនោះ ព្រះគោតមដ៏ចំរើន ទ្រង់មានឧបការៈច្រើន ដល់កុលបុត្រទាំងនោះ ព្រះគោតមដ៏ចំរើន ទ្រង់ឲ្យកុលបុត្រទាំងនោះសិក្សា (នូវ​សិក្ខា មានអធិសីលសិក្ខាជាដើម) ឯប្រជុំជនទាំងនោះ ក៏យកតម្រាប់តាមព្រះគោតម​ដ៏ចំរើនមែនឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តីនេះ​យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះយ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ កុលបុត្រ​ទាំងឡាយណា ដែលចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ដោយសទ្ធា ចំពោះតថាគត តថាគត ជាអ្នកណែនាំកុលបុត្រ​ទាំងនោះ តថាគត ជាអ្នក​មាន​ឧបការៈច្រើន ដល់​កុលបុត្រទាំងនោះ តថាគត ជាអ្នកឲ្យកុលបុត្រ​ទាំងនោះសិក្សា (នូវ​សិក្ខា មានអធិសិក្ខាជាដើម) ឯប្រជុំជននោះ ក៏យកតម្រាប់តាមតថាគតមែន។

[២៩] បពិត្រព្រះគោតមដ៏ចំរើន សេនាសនៈដ៏ស្ងាត់ តាំងនៅក្នុងព្រៃជិត ឬ​ព្រៃឆ្ងាយ ជាទីដែលបុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃទាំងនោះ ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបាន​សមាធិក្នុងទីស្ងាត់ មែនឬទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ សេចក្តីនេះ យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ សេចក្តីនេះ យ៉ាងហ្នឹងហើយ ម្នាលព្រាហ្មណ៍ ព្រោះថា សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬ​ព្រៃឆ្ងាយ ជាទី​ដែល​បុគ្គលធន់ទ្រាំនៅបានដោយកម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរ​បាន​ដោយកម្រ ព្រៃ (ទាំងនោះ) ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបាន​សមាធិក្នុងទីស្ងាត់មែន។

[៣០] ម្នាលព្រាហ្មណ៍ សូម្បីតែតថាគត នៅជាពោធិសត្វនៅឡើយ ក្នុងកាល​មុន ដែលមិនទាន់បាត្រាស់ដឹង នូវសម្ពោធិញ្ញា មានសេចក្តីត្រិះរិះ ដូច្នេះថា សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត ឬ​ព្រៃឆ្ងាយនេះឯង ជាទីដែលបុគ្គលធន់​ទ្រាំ​នៅ​បាន​ដោយ​កម្រ វិវេក បុគ្គលធ្វើបានដោយកម្រ ត្រេកអរបានដោយកម្រ ព្រៃ (ទាំងនោះ) ហាក់ដូចជាដឹកនាំចិត្តនៃភិក្ខុ ដែលមិនបាន​សមាធិក្នុងទីស្ងាត់។

[៣១] ម្នាលព្រាហ្មណ៍ តថាគតនោះឯង មានសេចក្តីត្រិះរិះ ដូច្នេះថា សមណ​ព្រាហ្មណ៍ណាមួយ ដែលមានកាយកម្មមិនបរិសុទ្ធ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត ឬ​ព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោស របស់ខ្លួន ដែលមានកាយកម្ម​មិនបរិសុទ្ធនោះឯង។ ចំណែកតថាគត មិនមែនជាមានកាយ​កម្ម​មិនបរិសុទ្ធ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ​ ដូច្នោះទេ តថាគត ជាអ្នកមានកាយកម្ម​បរិសុទ្ធមែន។ ព្រះអរិយៈទាំងឡាយណា ដែលមានកាយកម្ម​បរិសុទ្ធ រមែងសេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត ឬព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងឡាយនោះ តថាគត ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវ​កាយកម្មដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួន​ហើយ ទើបតថាគត បានដល់នូវ​សួស្តីច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៣២] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍​ណាមួយ ដែលមានវចីកម្មមិនបរិសុទ្ធ។បេ។ ដែល​មានមនោកម្មមិនបរិសុទ្ធ មានអាជីវៈមិនបរិសុទ្ធ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត ឬ​ព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើននោះ តែងហៅ​អកុសល ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអាជីវៈ​មិនបរិសុទ្ធនោះឯង។ ឯតថាគត មិនមែនជាមានអាជីវៈ​មិនបរិសុទ្ធ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះទេ តថាគត ជាអ្នកមានអាជីវៈ​បរិសុទ្ធមែន។ ពួក​ព្រះអរិយៈណា ដែលមានអាជីវៈ​បរិសុទ្ធ រមែងសេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុង​ព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាល​ព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវ​អាជីវៈដ៏បរិសុទ្ធនុ៎ះ ក្នុងខ្លួន​ហើយ ទើបតថាគត បានដល់នូវ​សួស្តីដោយច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៣៣] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ដែលមានអភិជ្ឈាជាប្រក្រតី មានសេចក្តី​ត្រេកត្រអាលដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានអភិជ្ឈាជាប្រក្រតី មានសេចក្តី​ត្រេកត្រអាល​ដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយនោះឯង។ ឯតថាគត នឹងមាន​អភិជ្ឈាជាប្រក្រតី មានសេចក្តី​ត្រេកត្រអាលដ៏ក្លៀវក្លា ក្នុងកាមទាំងឡាយ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត មិនមានអភិជ្ឈាជាប្រក្រតី​មែន។ ពួកព្រះអរិយៈណា ដែលមិនមានអភិជ្ឈាជាប្រក្រតី សេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈ​ទាំង​នោះ តថាគត ក៏ជាព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវធម៌ ដែលមិនមានអភិជ្ឈានុ៎ះ ក្នុងខ្លួន​ហើយ ទើបតថាគត បានដល់នូវ​សួស្តីដោយ​ច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៣៤] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ មានចិត្តព្យាបាទ មានចិត្តគិតប្រទូស្ត សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្ត​ព្យាបាទ និងមានចិត្តគិតប្រទូស្តនោះឯង។ ឯតថាគត នឹងជាអ្នក​មានចិត្តព្យាបាទ មានចិត្តគិតនឹងប្រទូស្ត សេពនូវ​សេនាសនៈស្ងាត់ តាំងនៅក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកមានប្រកបដោយមេត្តា។ ព្រះអរិយៈទាំងឡាយណា ដែលមានចិត្តប្រកបដោយមេត្តា រមែងសេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជាព្រះអរិយៈមួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវ​ចិត្តប្រកបដោយមេត្តានុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តីដោយច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៣៥] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ដែលថីនមិទ្ធៈ (សេចក្តីច្រអូសចិត្ត និងច្រអូសកាយ) គ្របសង្កត់ហើយ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលថីនមិទ្ធៈ គ្របសង្កត់នោះឯង។ ឯតថាគត មិនមែនជាអ្នកដែល​ថីនមិទ្ធៈ គ្របសង្កត់ហើយ សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះទេ តថាគត ជាអ្នកមានថីនមិទ្ធៈទៅប្រាសហើយ។ ព្រះអរិយៈទាំងឡាយណា មានថីនមិទ្ធៈ ទៅប្រាសហើយ សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវ​ថីនមិទ្ធៈ ទៅប្រាសហើយក្នុងខ្លួន ទើបដល់នូវ​សួស្តីដោយច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៣៦] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ដែលមានចិត្តរវើរវាយ មានចិត្ត​មិនស្ងប់រម្ងាប់ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍​ដ៏ចំរើន​ទាំងនោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តរវើរវាយ មានចិត្ត​មិនស្ងប់រម្ងាប់នោះឯង។ ឯតថាគត នឹងមានចិត្តរវើរវាយ មានចិត្ត​មិនស្ងប់រម្ងាប់ សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកមានចិត្ត​ស្ងប់រម្ងាប់។ ព្រះអរិយៈ​ទាំងឡាយណា មានចិត្តស្ងប់រម្ងាប់ សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាល​ព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវចិត្តស្ងប់រម្ងាប់នុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តីដោយច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៣៧] ម្នាលព្រាហ្មណ៍ តថាគតឯង មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ដែលមានសេចក្តីសង្ស័យ មិនដាច់ស្រេច សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍​ដ៏ចំរើន​ទាំងនោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីសង្ស័យ មិនដាច់ស្រេចនោះឯង។ ឯតថាគត នឹងមានមានសេចក្តីសង្ស័យ មិនដាច់ស្រេច សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកកន្លងផុត ចាកសេចក្តីសង្ស័យ មិនដាច់ស្រេចបាន។ ព្រះអរិយៈ​ទាំងឡាយណា ដែលកន្លងផុតសេចក្តី​សង្ស័យ មិនដាច់ស្រេច សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវចិត្តដែលកន្លងផុតសេចក្តីសង្ស័យ​មិនដាច់ស្រេច​នុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តីដោយច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៣៨] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ជាអ្នកលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ សមណព្រាហ្មណ៍​ដ៏ចំរើន​ទាំងនោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលលើកតំកើងខ្លួនឯង និងបន្តុះបង្អាប់អ្នកដទៃនោះឯង។ ឯតថាគត នឹងជាអ្នកលើកតំកើងខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃទេ។ ព្រះអរិយៈ​ទាំងឡាយណា ជាអ្នកមិនលើកតំកើងខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណាឃើញ នូវសេចក្តីមិនលើកតំកើង​ខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃ​នុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តីដោយច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៣៩] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ជាអ្នកតក់ស្លុត ប្រកបដោយជាតិ ជាអ្នកខ្លាច សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ សមណព្រាហ្មណ៍​ដ៏ចំរើន​ទាំង​នោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តីតក់ស្លុត និងការប្រកបដោយជាតិជាអ្នកខ្លាចនោះឯង។ ឯតថាគត នឹងមានសេចក្តីតក់ស្លុត ប្រកបដោយជាតិជាអ្នកខ្លាច សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកប្រាសចាក​សេចក្តី​ព្រឺព្រួច​រោមហើយ។ ព្រះអរិយៈ​ទាំងឡាយណា ប្រាសចាក​សេចក្តីព្រឺព្រួចរោមហើយ សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈ​ទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណា​ឃើញ នូវការប្រាសចាកសេចក្តីព្រឺព្រួចរោមនុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តី​ដោយ​ច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៤០] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ដែលត្រូវការចង់បានលាភសក្ការៈ [ត្រង់ដែលថា លាភៈ និង​សក្ការៈ គឺបានដល់​បច្ច័យទាំង៤ មានចីវរប្បច្ច័យជាដើម ឬបានដល់របស់​ផ្សេងៗ មានសំពត់អាវជាដើម។ សក្ការៈ បានដល់បច្ច័យ និងរបស់​ទាំងអស់នោះ ដែល​គេតាក់តែងធ្វើឲ្យល្អវិសេស គួរ​ជារបស់មានដំឡៃ។] និងសេចក្តី​សរសើរ [ត្រង់ដែល​ថាសរសើរ គឺនិយាយ​សរសើរគុណ។ អដ្ឋកថា។] សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ សមណព្រាហ្មណ៍​ដ៏ចំរើន​ទាំង​នោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលត្រូវការចង់បាន​លាភសក្ការៈ និងសេចក្តីសរសើរនោះឯង។ ឯតថាគត នឹងត្រូវការចង់បាន​លាភសក្ការៈ និងសេចក្តីសរសើរ សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកមានសេចក្តីប្រាថ្នាតិច។ ព្រះអរិយៈ​ទាំងឡាយណា ដែលមានសេចក្តីប្រាថ្នាតិច សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈ​ទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណា​ឃើញសេចក្តីប្រាថ្នាតិចនុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តី​ដោយ​ច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៤១] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ជាអ្នកខ្ជិល [ត្រង់ដែលថា ខ្ជិល បានដល់បុគ្គល ដែលមិន​ប្រកប​ព្យាយាមក្នុងផ្លូវកាយ។] ច្រអូស មិនមានព្យាយាម [ត្រង់ដែលថា មិនព្យាយាម បានដល់​បុគ្គល ដែលមិនប្រកបព្យាយាម​ក្នុងផ្លូវចិត្ត។] សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ សមណព្រាហ្មណ៍​ដ៏ចំរើន​ទាំង​នោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានសេចក្តី​ខ្ជិលច្រអូស និងគ្មានព្យាយាមនោះឯង។ ឯតថាគត នឹងជាអ្នកខ្ជិលច្រអូស មិនមានព្យាយាម សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកមានព្យាយាមប្រារព្ធហើយ។ ព្រះអរិយៈ​ទាំងឡាយណា ដែលមានព្យាយាមប្រារព្ធហើយ សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈ​ទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណា​ឃើញ នូវ​សេចក្តីព្យាយាម ដែលប្រារព្ធ​ហើយនុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តី​ដោយ​ច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៤២] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ជាអ្នកភ្លេចស្មារតី មិនដឹងខ្លួន (ប្រាសចាកបញ្ញា) សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍​ដ៏ចំរើន​ទាំង​នោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលភ្លេចស្មារតី មិនដឹងខ្លួននោះឯង។ ឯតថាគត នឹងជាអ្នកភ្លេចស្មារតី មិនដឹងខ្លួន សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកមានស្មារតីតំកល់មាំ។ ព្រះអរិយៈ​ទាំងឡាយណា ជាអ្នកមានស្មារតីតំកល់មាំ សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈ​ទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណា​ឃើញ នូវការតំកល់ស្មារតីមាំនុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តី​ដោយ​ច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៤៣] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ មានចិត្តមិនតំកល់មាំ (ប្រាសចាកឧបចារសមាធិ និងអប្បនាសមាធិ) មានចិត្តវិលវល់ សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍​ដ៏ចំរើន​ទាំង​នោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលមានចិត្តមិនតំកល់មាំ និងចិត្ត​វិលវល់​នោះឯង។ ឯតថាគត នឹងមានចិត្តមិនតំកល់មាំ មានចិត្តវិលវល់ សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នក​មានសមាធិបរិបូណ៌។ ព្រះអរិយៈ​ទាំងឡាយណា ដែលមានសមាធិបរិបូណ៌ សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តាព្រះអរិយៈ​ទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណា​ឃើញ​សមាធិសម្បទានុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តី​ដោយ​ច្រើន គួរនឹង​នៅក្នុងព្រៃបាន។

[៤៤] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា ពួកសមណ​ព្រាហ្មណ៍ណាមួយ ជាអ្នកអប្បឥតប្រាជ្ញា ល្ងង់លេលា សេពនូវ​សេនាសនៈស្ងាត់ តាំងនៅ​ក្នុងព្រៃជិត និង​ព្រៃឆ្ងាយ ពួកសមណព្រាហ្មណ៍​ដ៏ចំរើន​ទាំង​នោះ តែងហៅ​អកុសលធម៌ ដែលគួរ​ភ័យ គួរខ្លាច ព្រោះហេតុនៃទោសរបស់ខ្លួន ដែលអប្បឥតប្រាជ្ញា ល្ងង់លេលានោះឯង។ ឯតថាគត នឹងជាអ្នក​អប្បឥតប្រាជ្ញា ល្ងង់លេលា សេពនូវ​សេនាសនៈស្ងាត់ តាំង​នៅ​ក្នុង​ព្រៃជិត និងព្រៃឆ្ងាយ​ ដូច្នោះក៏ទេ តថាគត ជាអ្នកបរិបូណ៌ដោយប្រាជ្ញា។ ព្រះអរិយៈ​ទាំងឡាយណា ដែលបរិបូណ៌​ដោយប្រាជ្ញា សេពនូវ​សេនាសនៈ​ស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ បណ្តា​ព្រះអរិយៈ​ទាំងនោះ តថាគត ក៏ជា​ព្រះអរិយៈ​មួយដែរ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណា​ឃើញ បញ្ញាសម្បទានុ៎ះ ក្នុងខ្លួន​ហើយ ទើបដល់នូវ​សួស្តី​ដោយ​ច្រើន គួរនឹង​នៅក្នុងព្រៃបាន។

ចប់ បរិយាយ១៦។

[៤៥] ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា រាត្រីទាំងឡាយ ដែលគេដឹងច្បាស់ ដែលគេកំណត់ដឹង​ថាជា តិថីទី១៤ ទី១៥ ទី៨នៃបក្ខ បើដូច្នោះ អាត្មាអញ គួរនៅក្នុងអារាម​ចេតិយ វនចេតិយ រុក្ខចេតិយទាំងឡាយ ដែលគួរភ័យ គួរ​ភ្លឹក គួរឲ្យព្រឺព្រួចរោម ក្នុងរាត្រីទាំងឡាយ មានសភាពដូច្នោះ។ ធ្វើម្តេច​ តថាគត គប្បី​ឃើញភ័យ និងសេចក្តី​ស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ លុះសម័យ​មកខាង​ក្រោយ រាត្រីទាំងឡាយណា ដែលគេដឹងច្បាស់ ដែលគេកំណត់ដឹង​ថាជា តិថីទី១៤ ទី១៥ ទី៨នៃបក្ខ តថាគត ក៏នៅក្នុងអារាម​ចេតិយ វនចេតិយ រុក្ខចេតិយទាំងឡាយ ដែលគួរស្បើម គួរខ្លាច គួរឲ្យព្រឺព្រួចរោម ក្នុងរាត្រីទាំងឡាយ មានសភាពដូច្នោះ ម្នាលព្រាហ្មណ៍ កាលតថាគត នៅក្នុងទីនោះ ម្រឹគក៏មកខ្លះ ក្ងោកក៏ជាន់មែកឈើ​ស្ងួត​ឲ្យធ្លាក់ចុះខ្លះ ខ្យល់ក៏បក់ផាត់ស្លឹកឈើ និងសម្រាមមកខ្លះ។ ម្នាលព្រាហ្មណ៍ តថាគត​ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា ភ័យ និងសេចក្តីភ្លឹកនោះមកដល់ (តថាគត) មែន​ហើយតើ។ ម្នាលព្រាហ្មណ៍ តថាគត មានសេចក្តីត្រិះរិះ ដូច្នេះថា អាត្មាអញ ជាអ្នក​ប្រាថ្នានូវភ័យ ដោយចំណែកមួយឬអ្វីហ្ន៎ ភ័យ និងសេចក្តីស្ញើបនោះ មកដល់អាត្មាអញ ដែលសម្រេច​ឥរិយាបថណាៗ អាត្មាអញ នឹងមិនផ្លាស់ឥរិយាបថ​នោះៗ ដោយពិត ត្រូវតែបន្ទោបង់នូវភ័យ និងសេចក្តីស្ញើបនោះចេញ។ ម្នាលព្រាហ្មណ៍ តថាគត កំពុងចង្ក្រម ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើប​នោះ​មកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនឈរ មិនអង្គុយ មិនដេកសោះ ខំចង្ក្រម​ដរាប​ទាល់តែបន្ទោបង់​ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាល​តថាគត កំពុងឈរ ក៏ស្រាប់តែមានភ័យ និងសេចក្តីស្ញើប​នោះ​មកដល់។ ម្នាល​ព្រាហ្មណ៍ តថាគត ក៏មិនចង្ក្រម មិនអង្គុយ មិនដេក ប្រឹងឈរ ​ដរាប​ទាល់តែបន្ទោបង់​ភ័យ និងសេចក្តីស្ញើបនោះបាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងអង្គុយ ក៏ស្រាប់​តែ​មានភ័យ និងសេចក្តីស្ញើប​នោះ​មកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិន​ដេក មិនឈរ មិនចង្ក្រមសោះ ប្រឹងអង្គុយ ​ដរាប​ទាល់តែបន្ទោបង់​ភ័យ និងសេចក្តី​ស្ញើប​នោះ​បាន។ ម្នាលព្រាហ្មណ៍ កាលតថាគត កំពុងដេក ក៏ស្រាប់តែមានភ័យ និងសេចក្តី​ស្ញើប​​នោះ​មកដល់។ ម្នាលព្រាហ្មណ៍ តថាគត ក៏មិនអង្គុយ មិនឈរ មិនចង្ក្រមសោះ ប្រឹងដេក ​ដរាប​ទាល់តែបន្ទោបង់​ភ័យ និងសេចក្តីស្ញើបនោះបាន។

[៤៦] ម្នាលព្រាហ្មណ៍ មានសមណព្រាហ្មណ៍​១ពួក សំគាល់​យប់ ថាជាថ្ងៃ សំគាល់ថ្ងៃ ថាជាយប់ តថាគតពោលថា ការសំគាល់នេះ របស់ពួកសមណព្រាហ្មណ៍​ទាំងនោះ ជាការនៅវង្វេង ភាន់ស្មារតីនៅឡើយ។ ម្នាលព្រាហ្មណ៍ ចំណែកខាង​តថាគត ដឹងច្បាស់នូវយប់ ថាជាយប់មែន ដឹងច្បាស់នូវថ្ងៃ ថាជាថ្ងៃមែន។ ម្នាលព្រាហ្មណ៍ ដំណើរនោះ មានទំនងគួរឲ្យអ្នកផងនិយាយថា សត្វដែលមាន​សភាព​មិនវង្វេង កើតហើយក្នុងលោក ដើម្បីប្រយោជន៍​ដល់ជនច្រើន ដើម្បី​សេចក្តី​សុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់ទេវតា និងមនុស្សទាំងឡាយ។ ដំណើរនោះ មានទំនងគួរឲ្យអ្នកផងនិយាយឲ្យតថាគតថា សត្វដែលមាន​សភាព​មិនវង្វេង កើតឡើង​ហើយ​ក្នុង​លោក ដើម្បីប្រយោជន៍ ​ដល់ជនច្រើន ដើម្បី​សេចក្តី​សុខ ដល់ជនច្រើន ដើម្បីអនុគ្រោះ​ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បីសេចក្តី​សុខ ដល់ទេវតា និងមនុស្សទាំងឡាយ។

[៤៧] ម្នាលព្រាហ្មណ៍ តថាគត បានផ្តើមសេចក្តីព្យាយាម មិនបន្ធូរបន្ថយ​ឡើយ ទាំងស្មារតី តថាគតក៏ប្រុងប្រយ័ត្ន មិនឲ្យមានភ្លាត់ កាយសោត ក៏ស្ងប់​រម្ងាប់ មិនក្រវល់ក្រវាយ ចិត្តក៏នឹងល្អ ជាចិត្តមានអារម្មណ៍មូលតែមួយ។ ម្នាលព្រាហ្មណ៍ តថាគតឯង លុះប្រាកដ​ជាស្ងាត់​ចាកកាមទាំងឡាយ ប្រាកដជាស្ងាត់ចាកធម៌ទាំង​ឡាយ ជាអកុសលហើយ ក៏ចូល​បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពី​សេចក្តី​ស្ងប់ស្ងាត់ជាអារម្មណ៍ លុះរម្ងាប់វិតក្កៈ វិចារៈហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទី​ផូរផង់ ប្រព្រឹត្តទៅខាងក្នុង ក៏ញុំាង​ចិត្តជាសមាធិ ឲ្យចំរើនឡើង គ្មានវិតក្កៈ វិចារៈទេ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ លុះលះបង់បីតិចេញហើយ តថាគត ជាបុគ្គលព្រងើយ មានសតិ និងសេចក្តី​ដឹង​ច្បាស់ តថាគត សោយសុខ ដោយនាម​កាយ​ផង អរិយបុគ្គលទាំងឡាយ តែងសំដែង​នូវបុគ្គល​ ដែលបានតតិយជ្ឈាននោះ​ណា ថាជាបុគ្គលមានចិត្តព្រងើយ ជាអ្នកមាន​ស្មារតី មានប្រក្រតីនៅជាសុខ តថាគត ក៏​បានដល់​នូវតតិយជ្ឈាននោះហើយ ព្រោះ​លះបង់ នូវសេចក្តីសុខផង ព្រោះលះបង់​ នូវសេចក្តីទុក្ខផង ព្រោះរំលត់ នូវ​សោមនស្ស​ និងទោមនស្ស​អំពីមុនផង តថាគត បាន​ចូលដល់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាត ដោយឧបេក្ខា។

[៤៨] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តី​សៅហ្មង ជាចិត្តទន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាងនេះហើយ តថាគត ក៏បានបង្អោនចិត្ត ទៅក្នុង បុព្វេនិវាសានុស្សតិញ្ញាណ (ប្រាជ្ញាជាគ្រឿង​រលឹកជាតិ ដែលអាស្រ័យ​នៅពីមុន)។ តថាគតនោះ រលឹកជាតិ ដែលបានអាស្រ័យ​នៅ អំពីមុន ជាអនេកជាតិ រលឹកជាតិបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិ ក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើន​វិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្ប ក៏​បាន ដូច្នេះថា តថាគត បានកើតក្នុងភពឯណោះ មាន​ឈ្មោះយ៉ាងនេះ មានគោត្រ​យ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាង​នេះ បានសោយសុខទុក្ខ​យ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត ច្យុតចាក​អត្តភាពនោះ ហើយបានទៅកើត​ក្នុង​ភពឯនោះ ដែលទៅកើត​ក្នុងភពនោះ តថាគត ក៏មានឈ្មោះយ៉ាងនេះ មានគោត្រ​យ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាងនេះ បានសោយសុខទុក្ខ​យ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ តថាគត លុះច្យុត​ចាក​អត្តភាពនោះហើយ មកកើត​ក្នុង​ភពនេះ។ តថាគត រលឹកតាមនូវជាតិ​ ដែល​អាស្រ័យ​នៅពីមុន បានច្រើនជាតិ ព្រមទាំង​អាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ។ ម្នាល​ព្រាហ្មណ៍ បឋមវិជ្ជានេះឯង ដែលតថាគត បានត្រាស់ដឹង ក្នុងយាមជាដម្បូង​នៃរាត្រី លុះដល់​សេចក្តី​ល្ងង់ខ្ចាត់​បាត់ទៅ សេចក្តីចេះដឹងក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺ​ក៏​កើតឡើង ដល់តថាគត ដែលកំពុង​អង្គុយ​ប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹង​ដុត​បំផ្លាញ​កិលេស មានចិត្ត​មូលស្លុង (ឥតមាននឹកនា ដល់កាយ និងជីវិតឡើយ) ដូចជា​បណ្ឌិតទាំងឡាយ ដែល​បាននូវបឋម​វិជ្ជានុ៎ះ ដូច្នោះដែរ។

[៤៩] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានកិលេស ប្រាសចាក​សេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាង​នេះហើយ តថាគត ក៏បង្អោនចិត្តទៅក្នុង ចុតូបបាតញ្ញាណ (ញាណដែល​នាំឲ្យ​បាន​ត្រាស់ដឹងនូវ ចុតិ និង បដិសន្ធិ) នៃសត្វទាំងឡាយ។ តថាគត មើលឃើញនូវសត្វ​ទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋាន​ល្អ និង​អាក្រក់ ទៅកាន់​សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែង​ជាងចក្ខុ​របស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្មថា អើ​ហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកប​ដោយ​មនោទុច្ចរិត ជាអ្នកតិះដៀលនូវព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯអបាយ [កំណើតសត្វតិរច្ឆាន។] ទុគ្គតិ [ប្រេតវិស័យ] វិនិបាត [អសុរកាយ ដែល​មានមហិទ្ធិឫទ្ធិ ដូច ​រាហូអសុរិន្ទ ជាដើម] នរក [លោកដែលគ្មានសេចក្តីចំរើន មានប្រការច្រើន មានអវចីនរកជាដើម។] អើហ្ន៎ ចំណែកខាងសត្វទាំងអម្បាលនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកប​ដោយ​មនោសុចរិត ជាអ្នកមិន​តិះដៀលនូវពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់មាំនូវកម្ម ជាសម្មាទិដ្ឋិ សត្វទាំងអម្បាលនោះ លុះដល់រំលាងខន្ធ បន្ទាប់អំពីមរណៈ ក៏ទៅកើតឯឋានសុគតិ [សង្គ្រោះ​យកគតិរបស់មនុស្សចូលផង] និងសួគ៌ [ចំពោះ​យកគតិនៃទេវតាតែម្យ៉ាង។] ទេវលោក។ តថាគតមើលឃើញ នូវសត្វទាំងឡាយ ដែលច្យុត និងចាប់បដិសន្ធិ ទាប​ថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុ ដូច​ជាទិព្វ ដ៏បរិសុទ្ធ ក្រៃលែងជាងចក្ខុរបស់មនុស្សសាមញ្ញ ក៏ដឹងច្បាស់នូវសត្វ​ទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយប្រការដូច្នេះ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី២ នេះឯងហើយ ដែលតថាគត បានត្រាស់ដឹង​ ក្នុងយាមជាកណ្តាលនៃរាត្រី លុះដល់​សេចក្តីល្ងង់ខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុង​ប្រុងស្មារតី មិនប្រហែសធ្វេស ខំប្រឹងដុតបំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់​កាយ និងជីវិតឡើយ) ដូចជាបណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី២ នុ៎ះ​ដូច្នោះដែរ។

[៥០] កាលដែលចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាក​សេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ សមគួរដល់កម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ យ៉ាង​នេះហើយ តថាគត ក៏បង្អោនចិត្តទៅក្នុង អាសវក្ខយញ្ញាណ (ញាណជាហេតុ​ឲ្យបាន​អស់ទៅនូវអាសវៈ)។ តថាគត ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាម​ពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យដល់ នូវសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា ធម៌នេះ ជាហេតុ​នាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់នៃអាសវៈ ដឹងប្រាកដតាមពិតថា នេះជាឧបាយឲ្យបានដល់នូវ​សេចក្តីរលត់នៃអាសវៈ។ កាលដែល​តថាគត ដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ចិត្តនៃតថាគត ក៏ផុតចាក​គ្រឿង​ត្រាំ គឺកាមផង ចិត្តនៃ​តថាគត ក៏ផុតចាកគ្រឿងត្រាំ គឺភពផង ចិត្តនៃតថាគត ក៏ផុតចាក​គ្រឿង​ត្រាំ គឺអវិជ្ជាផង (កាលបើចិត្ត​តថាគត បានរួច​ផុតស្រឡះហើយ) ប្រាជ្ញាក៏កើតប្រាកដ ដល់តថាគតថា អញរួចស្រឡះ ចាកអាសវធម៌ហើយ ចិត្តរបស់​អញផុតស្រឡះហើយ តថាគត ដឹងច្បាស់ថា កំណើតរបស់​អញអស់ហើយ ព្រហ្មចរិយ​ធម៌ អញបានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អញក៏បានធ្វើស្រេច​ហើយ នឹងមានកិច្ចដទៃ​ ក្រៅពីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលព្រាហ្មណ៍ វិជ្ជាទី៣នេះឯង ដែលតថាគត បានត្រាស់ដឹង​ ក្នុងយាម​ជាទីបំផុតនៃ​រាត្រី លុះដល់​សេចក្តីល្ងង់ខ្លៅខ្ចាត់បាត់ទៅ សេចក្តីចេះដឹង ក៏កើតឡើង ងងឹតខ្ចាត់បាត់ទៅ ពន្លឺក៏កើតឡើង ដល់តថាគត ដែលកំពុងអង្គុយ​ប្រុងស្មារតី មិនប្រហែសធ្វេស ខំ​ប្រឹង​ដុត​បំផ្លាញកិលេស មានចិត្តមូលស្លុង (ឥតមាននឹកនា ដល់​កាយ និងជីវិតឡើយ) ដូចជា​បណ្ឌិតទាំងឡាយ ដែលបាននូវវិជ្ជាទី៣ នុ៎ះ​ដូច្នោះដែរ។

[៥១] ម្នាលព្រាហ្មណ៍ ឯសមណព្រាហ្មណ៍ទាំងនោះ មានសេចក្តីត្រិះរិះ​ដូច្នេះថា ថ្ងៃនេះឯង ព្រះសមណគោតម ប្រហែលជាមិនទាន់​ប្រាសចាករាគៈ មិនទាន់​ប្រាសចាកទោសៈ មិនទាន់ប្រាសចាក​មោហៈទេដឹង ព្រោះហេតុនោះ បានជា​លោកសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ។ ម្នាលព្រាហ្មណ៍ ដំណើរនុ៎ះ អ្នកកុំគប្បីឃើញយ៉ាងនេះឡើយ។ ម្នាលព្រាហ្មណ៍ តថាគត បានពិចារណា​ឃើញនូវអំណាចនៃប្រយោជន៍២ប្រការ គឺពិចារណា​ឃើញនូវ​ការនៅជាសុខ ក្នុងបច្ចុប្បន្ន ចំពោះខ្លួន១ អនុគ្រោះ ដល់ប្រជុំជន មានក្នុងខាងក្រោយ​១ បានជាសេពនូវសេនាសនៈស្ងាត់ តាំងនៅក្នុងព្រៃជិត និងព្រៃឆ្ងាយ។

[៥២] ជាណុស្សោណិព្រាហ្មណ៍ ក្រាបបង្គំទូលថា ឱហ្ន៎ ព្រះគោតមដ៏ចំរើន ព្រះអង្គមានសេចក្តីអនុគ្រោះ ដល់ប្រជុំជនខាងក្រោយមែន ព្រោះព្រះអង្គបាន​ជា​ព្រះអរហន្ត សម្មាសម្ពុទ្ធហើយ។ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះ​គោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែង​ហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេផ្ងាររបស់​ដែល​ផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញរបស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានចក្ខុទាំងឡាយ រមែងឃើញនូវរូបបាន។ ខ្ញុំព្រះអង្គនោះ សូមដល់នូវ​ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ចាប់ដើម​តាំង​ពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់​សរណគមន៍ ស្មើដោយជីវិត។

ចប់ ភយភេរវសូត្រ ទី៤។

អនង្គណសូត្រ ទី៥

[៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះសារីបុត្រដ៏​មានអាយុ ហៅភិក្ខុទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុដ៏មានអាយុទាំងឡាយ។ ភិក្ខុ​ទាំងនោះ ទទួលថេរវាចារបស់ព្រះសារីបុត្រដ៏មានអាយុថា ព្រះថេរៈដ៏មានអាយុ ដូច្នេះ។

[៥៤] ព្រះសារីបុត្រដ៏មានអាយុ បានពោលពាក្យនេះថា ម្នាលអាវុសោ​ទាំងឡាយ បុគ្គល៤ពួកនេះ តែងមាននៅក្នុងលោក។ បុគ្គល៤ពួក តើ​ដូចម្តេច។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ នៅមាន អង្គណៈ [បានដល់​កិលេស​ដ៏ក្លៀវក្លា មានប្រការផ្សេងៗ។ អដ្ឋកថា។] ក៏មិនដឹងច្បាស់តាមពិតថា អាត្មាអញ នៅមាន អង្គណៈ ក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយទៀត ក្នុងលោកនេះ នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ នៅមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ មិនមានអង្គណៈ ក៏មិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បុគ្គលពួកមួយទៀត ក្នុងលោកនេះ មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន១។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែល​មានអង្គណៈ​ទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសថោកទាប។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ នៅមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែល​មានអង្គណៈ​ទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសដ៏ប្រសើរ។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែមិនដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែល​មិនមានអង្គណៈ​ទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសថោកទាប។ ម្នាលអាវុសោទាំងឡាយ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែដឹងច្បាស់តាមពិតថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន បណ្តាបុគ្គល ដែល​មិន​មាន​អង្គណៈ​ទាំងពីរពួកនេះ បុគ្គលនេះ ប្រាកដថាជាបុរសដ៏ប្រសើរ។

[៥៥] កាលបើព្រះសារីបុត្រ មានថេរវាចាយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានពោលពាក្យនេះ នឹងព្រះសារីបុត្រដ៏មាន​អាយុថា ម្នាលអាវុសោសារីបុត្រ ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាមានបុគ្គល ដែល​មានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គលម្នាក់ ប្រាកដថាជាបុរសថោកទាប បុគ្គលម្នាក់ទៀត ប្រាកដថាជាបុរសប្រសើរវិញ ម្នាលអាវុសោសារីបុត្រ ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាមានបុគ្គល ដែលមិន​មានអង្គណៈទាំងពីរពួកនេះ ហើយ​បុគ្គល​ម្នាក់ ប្រាកដថាជាបុរសថោកទាប បុគ្គលម្នាក់ (ទៀត) ប្រាកដថា​ជា​បុរស​ប្រសើរ​វិញ។ ព្រះសារីបុត្រ មានថេរវាចាថា ម្នាលអាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា នៅមានអង្គណៈ តែមិនដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គល​នោះ នឹងមិនញុំាង​ឆន្ទៈឲ្យកើតឡើង មិនសង្វាត មិនប្រារព្ធព្យាយាម ដើម្បី​លះបង់នូវអង្គណៈ​នោះចេញ។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំង​រាគៈ ទោសៈ មោហៈ អង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ ដូចភាជន៍សំរិទ្ធ ដែលគេ​ទើបយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍​ប្រឡាក់ដោយធូលី និងស្នឹម បុគ្គលជាម្ចាស់ទាំងឡាយ មិនបានប្រើប្រាស់នូវភាជន៍នោះផង មិនបានដុស​ខាត់​ផង ថែមទាំងដាក់ភាជន៍នោះ នៅក្នុងផ្លូវធូលី ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ ដល់សម័យជាខាងក្រោយមក រឹតតែសៅហ្មង មានស្នឹមចាប់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ មានថេរវាចាតទៅទៀត​ថា ម្នាលអាវុសោ បុគ្គលណា នៅមានអង្គណៈ មិនដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គល​នោះ នឹងមិនញុំាង​ឆន្ទៈឲ្យកើតឡើង មិនសង្វាត មិនប្រារព្ធព្យាយាម ដើម្បី​លះបង់​នូវ​អង្គណៈ​​នោះចេញ ក៏ដូច្នោះដែរ។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំង​រាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ បណ្តាបុគ្គល​ទាំង៤​ពួក​នោះ បុគ្គលណា នៅមានអង្គណៈ តែដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ តែបុគ្គល​នោះ មុខជានឹងញុំាង​ឆន្ទៈ ឲ្យកើតឡើង មុខជានឹងសង្វាត ប្រារព្ធព្យាយាម ដើម្បី​លះបង់​នូវ​អង្គណៈ​នោះចេញ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមាន​អង្គណៈ មិនមានចិត្តសៅហ្មង ហើយធ្វើមរណកាលទៅ។ ម្នាលអាវុសោ ដូចជាភាជន៍​សំរិទ្ធ ដែលគេ​យកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍​ប្រឡាក់ដោយធូលី និងស្នឹម បុគ្គលជាម្ចាស់ទាំងឡាយ ក៏បានប្រើប្រាស់​ភាជន៍​នោះ​ផង បានដុស​ខាត់​ផង ថែមទាំងមិនទុកដាក់ភាជន៍នោះ ក្នុងផ្លូវធូលី ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះដល់សម័យជាខាងក្រោយ នឹងបរិសុទ្ធ ផូរផង់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ​ មាន​ថេរ​វាចា​តទៅទៀតថា ម្នាលអាវុសោ បុគ្គលណា នៅមានអង្គណៈ ដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏មានប្រាកដ ដល់បុគ្គលនោះ បុគ្គល​នោះ មុខជានឹងញុំាង​ឆន្ទៈឲ្យកើតឡើង មុខជានឹងសង្វាត ប្រារព្ធព្យាយាម ដើម្បី​លះបង់នូវអង្គណៈ​នោះចេញ ក៏ដូច្នោះ។ បុគ្គលនោះ មុខជាមិនមានរាគៈ ទោសៈ មោហៈ មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ហើយធ្វើមរណកាលទៅ។ ម្នាល​អាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ មិនដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់​ទៅជា​មានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គល​នោះ មុខជានឹងធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងតាម​កំចាត់​ចិត្ត​មិនខាន។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំង​រាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តដ៏សៅហ្មង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេនាំយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍​ដ៏បរិសុទ្ធ ផូរផង់ តែបុគ្គលជាម្ចាស់ទាំងឡាយ មិនបានប្រើប្រាស់ភាជន៍នោះផង មិនបានដុស​ខាត់​ផង ថែមទាំងទុកភាជន៍នោះ ក្នុងផ្លូវធូលីទៀត ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍សំរិទ្ធនោះ លុះដល់​សម័យ​ខាង​ក្រោយ ទៅជាសៅហ្មង មានស្នឹមចាប់ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រ​មានថេរវាចាតទៅទៀតថា ម្នាល​អាវុសោ បុគ្គលណា មិនមានអង្គណៈ មិនដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់​ទៅជា​មានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គល​នោះ មុខជា​នឹង​ធ្វើ​ទុកក្នុងចិត្ត នូវសុភនិមិត្ត លុះធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជា​នឹង​តាម​​កំចាត់​ចិត្ត​មិនខាន។ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅទាំង​រាគៈ ទោសៈ មោហៈ ទាំងអង្គណៈ ទាំងចិត្តសៅហ្មង ក៏យ៉ាងនោះឯង។ ម្នាល​អាវុសោ បណ្តាបុគ្គលទាំង៤ពួកនោះ បុគ្គលណា មិនមានអង្គណៈ តែដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មិនមានអង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏ត្រឡប់​ទៅជា​មានប្រាកដ ដល់បុគ្គលនោះវិញ បុគ្គល​នោះ មិនបានធ្វើទុកក្នុងចិត្ត នូវសុភនិមិត្ត លុះមិនធ្វើទុកក្នុងចិត្ត នូវសុភនិមិត្តនោះហើយ រាគៈ មុខជានឹងមិនតាម​កំចាត់​ចិត្ត​បានឡើយ។ បុគ្គលនោះ មុខជាមិនមានរាៈ ទោសៈ មោហៈ មិនមានអង្គណៈ មានចិត្តមិនសៅហ្មង ហើយធ្វើនូវមរណកាលទៅ។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេនាំយកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍​ដ៏បរិសុទ្ធ ផូរផង់ បុគ្គលជាម្ចាស់ទាំងឡាយ បានប្រើប្រាស់នូវភាជន៍នោះផង បានដុស​ខាត់​ផង ថែមទាំងមិនទុកភាជន៍នោះ ក្នុងផ្លូវធូលីផង ម្នាលអាវុសោ ក៏កាលបើដូច្នោះ ភាជន៍​សំរិទ្ធ​នោះ លុះ​សម័យ​ខាង​ក្រោយមក ទៅជាភាជន៍ដ៏បរិសុទ្ធ ផូរផង់ ក្រៃលែង​ដែរឬ។ ព្រះមហាមោគ្គល្លាន ក៏ទទួលថា អើ អាវុសោ។ ព្រះសារីបុត្រមានថេរវាចាតទៅទៀត​ថា ម្នាល​អាវុសោ បុគ្គលណា មិនមានអង្គណៈ ដឹងច្បាស់​តាម​ពិត​ថា អាត្មាអញ មិនមាន​អង្គណៈក្នុងខ្លួន អង្គណៈនេះ ក៏​មានប្រាកដ ដល់បុគ្គលនោះ មុខជា​បុគ្គលនោះ មិនបានធ្វើទុកក្នុងចិត្ត ចំពោះសុភនិមិត្ត លុះមិនធ្វើទុកក្នុងចិត្ត នូវ​សុភនិមិត្តនោះហើយ រាគៈ មុខជានឹងមិនតាម​កំចាត់​ចិត្ត ក៏ដូច្នោះដែរ។ បុគ្គលនោះ មុខជាមិនមាន​រាគៈ ទោសៈ មោហៈ មិនមានអង្គណៈ មិនមានចិត្តសៅហ្មង ធ្វើមរណកាលទៅ។ ម្នាលអាវុសោមោគ្គល្លាន ហេតុបច្ច័យនេះឯង ដែលនាំ​ឲ្យ​មានបុគ្គល មានអង្គណៈទាំងពីរពួកនេះ ហើយបុគ្គល​ពួកមួយ ប្រាកដ​ថាជា​បុរស​ថោកទាប បុគ្គល​ពួកមួយទៀត ប្រាកដថាជាបុរស​ប្រសើរ ម្នាលអាវុសោមោគ្គល្លាន ហេតុបច្ច័យនេះឯង ដែលនាំឲ្យមានបុគ្គល ដែលមិនមានអង្គណៈទាំងពីរពួក​នេះ ហើយបុគ្គល​ពួកមួយ ប្រាកដថាជាបុរស​ថោកទាប បុគ្គល​ពួកមួយទៀត ប្រាកដ​ថាជាបុរសប្រសើរ។

[៥៦] ព្រះមហាមោគ្គល្លានដ៏មានអាយុ សួរថា ម្នាលអាវុសោ ពាក្យដែល​លោកហៅថា អង្គណៈ អង្គណៈ ដូច្នេះ ម្នាលអាវុសោ ចុះពាក្យថា អង្គណៈ នេះ ជាឈ្មោះនៃវត្ថុអ្វី។ ព្រះសារីបុត្រ​ឆ្លើយថា ម្នាលអាវុសោ ពាក្យថា អង្គណៈ នេះ ជាឈ្មោះនៃ​អកុសលដ៏លាមក ដែលគ្របសង្កត់​ចិត្ត ដោយអំណាច​នៃសេចក្តី​ប្រាថ្នា។

[៥៧] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ ត្រូវ​អាបត្តិ​មែនហើយ តែពួកភិក្ខុ មិនដឹងថា អាត្មាអញត្រូវអាបត្តិទេ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា ពួកភិក្ខុ ដឹងភិក្ខុនោះថា ជាអ្នកត្រូវអាបត្តិហើយ។ ភិក្ខុនោះ ក៏ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុ ដឹងថា អាត្មាអញ ជាអ្នក​ត្រូវអាបត្តិហើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៥៨] ម្នាលអាវុសោ ហេតុនេះតែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ ត្រូវ​អាបត្តិ​មែនហើយ ពួកភិក្ខុចោទអាត្មាអញ ក្នុងទីស្ងាត់ចុះ សូមកុំចោទក្នុងកណ្តាលជំនុំ​សង្ឃឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ពាក្យថា ពួកភិក្ខុ​ចោទ​ភិក្ខុនោះ ក្នុងកណ្តាលជំនុំសង្ឃ មិនចោទក្នុងទីស្ងាត់។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយ​ហេតុដូច្នេះថា ពួកភិក្ខុចោទអាត្មាអញ ក្នុងកណ្តាលជំនុំសង្ឃ មិនចោទ​ក្នុងទី​ស្ងាត់។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៥៩] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា អាត្មាអញ ត្រូវ​អាបត្តិ​មែនហើយ បុគ្គលស្មើគ្នា គួរចោទអាត្មាអញ បុគ្គល​មិនស្មើគ្នា មិនគួរចោទ​អាត្មាអញទេ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា បុគ្គល​មិនស្មើគ្នា ចោទភិក្ខុនោះ បុគ្គលស្មើគ្នា មិនចោទភិក្ខុនោះឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា បុគ្គលមិនស្មើគ្នា ចោទអាត្មាអញ បុគ្គលស្មើគ្នា មិនចោទ​អាត្មា​អញឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦០] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ព្រះសាស្តា គប្បីសួរ​អាត្មាអញរឿយៗ ហើយទើបសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តាកុំគប្បីសួរភិក្ខុ​ឯទៀត​រឿយៗ ហើយសំដែងធម៌ដល់ពួកភិក្ខុឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជាប្រាកដ ត្រង់ថា ព្រះសាស្តា សួរភិក្ខុឯទៀតរឿយៗ ហើយសំដែង​ធម៌ ដល់​ពួកភិក្ខុ ព្រះសាស្តា មិនសួរភិក្ខុនោះរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ព្រះសាស្តា សួរតែភិក្ខុឯទៀតរឿយៗ ហើយសំដែងធម៌ ដល់ពួកភិក្ខុ ព្រះសាស្តា មិនសួរអាត្មាអញរឿយៗ ហើយសំដែង​ធម៌ ដល់ពួកភិក្ខុ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦១] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ពួកភិក្ខុគប្បី​ចោមរោម​អាត្មាអញ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ កុំគប្បីចោមរោមភិក្ខុ​ឯទៀត ចូលទៅកាន់ស្រុក ដើម្បីភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ពួកភិក្ខុ គប្បី​ចោមរោមភិក្ខុឯទៀតរឿយៗ ចូលទៅកាន់ស្រុក ដើម្បី​ភត្ត ពួកភិក្ខុ មិនគប្បីចោមរោមភិក្ខុនោះរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ពួកភិក្ខុ ​ចោមរោម​ភិក្ខុឯទៀត​រឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុគប្បី​ចោមរោម​អាត្មាអញ ចូលទៅកាន់ស្រុក ដើម្បីភត្ត ពួកភិក្ខុ មិនចោមរោមអាត្មាអញរឿយៗ ចូលទៅកាន់ស្រុក ដើម្បីភត្ត។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦២] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត ភិក្ខុឯទៀត កុំគប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត ភិក្ខុនោះ មិនគប្បីបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀត បាន​សេនាសនៈ​ដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត អាត្មាអញ មិនបានសេនាសនៈដ៏ប្រសើរ ទឹកដ៏ប្រសើរ ចង្ហាន់បិណ្ឌបាតដ៏ប្រសើរ ក្នុងរោងភត្ត​ឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៣] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញឆាន់ ហើយបានអនុមោទនា ក្នុងរោងភត្ត ភិក្ខុឯទៀតឆាន់ហើយ មិនគប្បីបាន​អនុមោទនា ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត​ឆាន់ហើយ គប្បី​អនុមោទនា ក្នុងរោងភត្ត ភិក្ខុនោះ​ឆាន់ហើយ មិនគប្បីបាន​អនុមោទនា ក្នុងរោងភត្តឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀត​ឆាន់ហើយ បាន​អនុមោទនា ក្នុងរោងភត្ត អាត្មាអញ​ឆាន់ហើយ មិនបាន​អនុមោទនា ក្នុងរោងភត្តឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៤] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញគប្បី​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម ភិក្ខុឯទៀត មិនគប្បី​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាមឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម ភិក្ខុនោះ មិនគប្បី​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាមឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតបាន​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម អាត្មាអញ មិនបាន​សំដែងធម៌ ដល់ពួកភិក្ខុ ដែលឋិតនៅក្នុងអារាម។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៥] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញគប្បី​សំដែងធម៌ ដល់ពួកភិក្ខុនី ដែលឋិតនៅក្នុងអារាម។បេ។ គប្បីសំដែងធម៌ ដល់ពួក​ឧបាសក។បេ។ គប្បីសំដែងធម៌ ដល់ពួកឧបាសិកា ភិក្ខុឯទៀត មិនគប្បី​សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម ភិក្ខុនោះ មិនគប្បី​សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុដូច្នេះថា ភិក្ខុឯទៀតបាន​សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម អាត្មាអញ មិនបាន​សំដែងធម៌ ដល់ពួកឧបាសិកា ដែលមកកាន់អារាម។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៦] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ពួកភិក្ខុគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ពួកភិក្ខុមិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុ​ឯទៀតឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ពួកភិក្ខុគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកភិក្ខុ មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុ​ដូច្នេះ​ថា ពួកភិក្ខុធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកភិក្ខុមិនធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៧] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ ពួកភិក្ខុនេះ។បេ។ ពួកឧបាសក។បេ។ ពួកឧបាសិកា គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញ ពួកឧបាសិកា មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុ​ឯទៀតឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ពួកឧបាសិកា គប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកឧបាសិកា មិនគប្បីធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុ​ដូច្នេះ​ថា ពួកឧបាសិកា ធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុឯទៀត ពួកឧបាសិកា មិនធ្វើសក្ការៈ គោរព រាប់អាន បូជាអាត្មាអញឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៨] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បី​បានចីវរដ៏ប្រសើរ ភិក្ខុ​ឯទៀតកុំគប្បី​បានចីវរដ៏ប្រសើរឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបានចីវរដ៏ប្រសើរ ភិក្ខុនោះ មិនគប្បី​បានចីវរដ៏ប្រសើរ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុ​ដូច្នេះ​ថា ភិក្ខុឯទៀត បានចីវរដ៏ប្រសើរ អាត្មាអញ មិនបានចីវរដ៏ប្រសើរ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។

[៦៩] ម្នាលអាវុសោ ហេតុនេះ តែង​មានជាប្រាកដ ត្រង់ថា សេចក្តីប្រាថ្នា កើតឡើងដល់ភិក្ខុពួកខ្លះ ក្នុងសាសនានេះ យ៉ាងនេះថា ឱហ្ន៎ អាត្មាអញ គប្បី​បានចង្ហាន់បិណ្ឌបាតដ៏ប្រសើរ។បេ។ សេនាសនៈដ៏ប្រសើរ។បេ។ គិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរ ភិក្ខុ​ឯទៀតកុំគប្បី​បាន​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ដ៏ប្រសើរ​ឡើយ។ ម្នាលអាវុសោ ហេតុនេះ តែងមានជា​ប្រាកដ ត្រង់ថា ភិក្ខុឯទៀត គប្បីបាន​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ដ៏ប្រសើរ ភិក្ខុនោះ មិនគប្បី​បាន​គិលានប្បច្ចយភេសជ្ជបរិក្ខារ​ដ៏ប្រសើរឡើយ។ ភិក្ខុនោះ ខឹង មិនត្រេកអរ ដោយហេតុ​ដូច្នេះ​ថា ភិក្ខុឯទៀត បាននូវ​គិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរ អាត្មាអញ មិនបាននូវ​គិលានប្បច្ចយភេសជ្ជបរិក្ខារដ៏ប្រសើរឡើយ។ ម្នាលអាវុសោ សេចក្តីខឹងណាក្តី សេចក្តីមិនត្រេកអរ​ណាក្តី ទាំង​ពីរនេះឯង ឈ្មោះថា អង្គណៈដែរ។ ម្នាលអាវុសោ ពាក្យថា អង្គណៈ នេះ ជាឈ្មោះអកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយ​អំណាច​សេចក្តីប្រាថ្នានេះឯង។

[៧០] ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាច​សេចក្តីប្រាថ្នាទាំងនេះ ភិក្ខុណានីមួយ មិនលះបង់ចោលហើយ អ្នកផងឃើញ​ច្បាស់​ផង ឮច្បាស់ផង។ បើទុកជាភិក្ខុនោះ ប្រព្រឹត្ត​អារញ្ញកធុតង្គ មានសេនាសនៈស្ងាត់ ប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គ សបទានចារិកធុតង្គ បំសុកូលិកធុតង្គ ទ្រទ្រង់ចីវរសៅហ្មង ក៏គង់តែពួកសព្រហ្មចារី មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាភិក្ខុនោះ​ឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់​ចិត្ត ដោយអំណាចសេចក្តីប្រាថ្នា​ទាំងនោះ លោកមានអាយុនោះ មិនលះបង់ចោល អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេ​យកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍បរិសុទ្ធ ផូរផង់។ បុគ្គលជា​ម្ចាស់ទាំងឡាយ យកសាកសពពស់ ឬសាកសពឆ្កែ ឬសាកសពមនុស្ស ដាក់ពេញ​ក្នុងភាជន៍នោះ ហើយគ្របដោយភាជន៍សំរិទ្ធដទៃ ហើយដើរទៅក្នុងចន្លោះ​ផ្សារ។ អ្នកផងឃើញភាជន៍នោះហើយ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ភាជន៍នេះ ហាក់ដូចជាទីពេញចិត្តក្រៃលែង អ្នកឯងនាំទៅធ្វើអ្វីអេះ។ លុះអ្នកផងក្រោកឡើង ហើយបើកភាជន៍នោះមើល សេចក្តីមិនគាប់ចិត្តក្តី សេចក្តីខ្ពើមរអើមក្តី សេចក្តី​ធុញ​ទ្រាន់ក្តី ក៏តាំងឡើងប្រាកដដល់គេ ក្នុងខណៈដែលបានឃើញ សូម្បីបុគ្គល​ដែល​ស្រេកឃ្លានហើយ ក៏មិនគួរប្រាថ្នានឹងបរិភោគឡើយ នឹងបាច់និយាយថ្វី ដល់​ពួកជន ដែលបរិភោគឆ្អែតហើយ ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាច​សេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ មិនទាន់​លះចោលហើយ អ្នកផងឃើញ​ច្បាស់​ផង ឮច្បាស់ផង ក៏យ៉ាងនោះឯង។ បើទុកជាភិក្ខុនោះ ប្រព្រឹត្ត​អារញ្ញកធុតង្គ មានសេនាសនៈស្ងាត់ ប្រព្រឹត្ត​បិណ្ឌបាតិកធុតង្គ សបទានចារិកធុតង្គ បំសុកូលិកធុតង្គ ទ្រទ្រង់ចីវរសៅហ្មង ក៏គង់តែពួកសព្រហ្មចារី មិនធ្វើសក្ការៈ មិនគោរព មិនរាប់អាន មិនបូជាភិក្ខុនោះ​ឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្របសង្កត់​ចិត្ត ដោយអំណាចសេចក្តីប្រាថ្នា​នោះ លោកដ៏មានអាយុនោះ មិនទាន់លះចោល អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។

[៧១] ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាច​នៃ​សេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ លះចោលហើយ អ្នកផងឃើញ​ច្បាស់​ផង ឮច្បាស់ផង។ បើទុកជាភិក្ខុនោះ ជាអ្នកនៅក្នុងស្រុក ត្រេកអរនឹងការនិមន្តន៍ ទ្រទ្រង់នូវគហបតិចីវរ ក៏គង់តែពួកសព្រហ្មចារី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែល​គ្រប​សង្កត់​ចិត្ត ដោយអំណាចសេចក្តីប្រាថ្នា​ទាំងនោះ លោកមានអាយុនោះ លះចោល​ហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។ ម្នាលអាវុសោ ដូចជាភាជន៍សំរិទ្ធ ដែលគេ​យកមកអំពីផ្សារ ឬអំពីត្រកូលជាងលោហៈ ជាភាជន៍បរិសុទ្ធ ផូរផង់។ បុគ្គលជា​ម្ចាស់ទាំងឡាយ យកបាយស្រូវសាលី ដែលប្រាសចាក​ពណ៌ខ្មៅ មានសម្ល និងម្ហូបក្រៀមច្រើនមុខ ដាក់ពេញ​ក្នុងភាជន៍នោះ ហើយគ្របដោយភាជន៍សំរិទ្ធដទៃ ហើយដើរទៅក្នុងចន្លោះ​ផ្សារ។ ជនឃើញភាជន៍នោះហើយ និយាយយ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ភាជន៍នេះ ហាក់ដូចជាទីពេញចិត្តក្រៃលែង អ្នកឯងនាំទៅ​ធ្វើអ្វី​អេះ។ លុះជននោះស្ទុះទៅបើកភាជន៍នោះមើល សេចក្តីគាប់ចិត្តក្តី សេចក្តីមិនខ្ពើមរអើមក្តី សេចក្តីមិន​ធុញ​ទ្រាន់ក្តី ក៏តាំងឡើងប្រាកដដល់ជន​នោះ ក្នុងខណៈដែលបានឃើញ សូម្បីតែពួកជន ​ដែលបរិភោគឆ្អែតហើយ ក៏គួរចង់​បរិភោគទៀត នឹងបាច់និយាយថ្វី ដល់​ពួកជន ដែលស្រែកឃ្លាននោះ ម្នាលអាវុសោ អកុសលដ៏លាមក ដែលគ្របសង្កត់ចិត្ត ដោយអំណាច​នៃសេចក្តីប្រាថ្នាទាំងនេះ ដែលភិក្ខុណានីមួយ លះចោលហើយ អ្នកផងឃើញ​ច្បាស់​ផង ឮច្បាស់ផង ក៏​យ៉ាង​នោះឯង។ បើទុកជាភិក្ខុនោះ ជាអ្នកនៅក្នុងសុ្រក ត្រេកអរនឹងការនិមន្តន៍ ទ្រទ្រង់​នូវគហបតិចីវរ ក៏គង់តែពួកសព្រហ្មចារី តែងធ្វើសក្ការៈ គោរព រាប់អាន បូជាភិក្ខុនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះថា អកុសលដ៏លាមក ដែលគ្រប​សង្កត់​​ចិត្ត ដោយអំណាចសេចក្តីប្រាថ្នា​ទាំងនោះ លោកមានអាយុនោះ លះចោល​ហើយ អ្នកផងឃើញច្បាស់ផង ឮច្បាស់ផង។

[៧២] កាលបើព្រះសារីបុត្រ មានថេរវាចាយ៉ាងនេះហើយ ព្រះមហាមោគ្គល្លាន​មានអាយុ ក៏បាននិយាយពាក្យនេះ ទៅនឹង​ព្រះសារីបុត្រ​មានអាយុ​ថា ម្នាលអាវុសោសារីបុត្រ ខ្ញុំសូម​ទាញយកពាក្យឧបមា មកសំដែង​ឥឡូវ​នេះ។ ព្រះសារីបុត្រតបថា ម្នាល​អាវុសោ​មោគ្គល្លាន ចូរលោកទាញយក​ពាក្យឧបមា មកសំដែងចុះ។ ព្រះមហាមោគ្គល្លានមានអាយុ មានថេរវាចាតទៅថា ម្នាលអាវុសោ សម័យមួយ ខ្ញុំនៅក្នុងក្រុងរាជគ្រឹះ ដែល​មានភ្នំព័ទ្ធជុំវិញដូចក្រោល។ ម្នាលអាវុសោ កាលនោះ ខ្ញុំស្លៀកស្បង់ ប្រដាប់​ដោយបាត្រ និងចីវរ ចូលទៅក្រុងរាជគ្រឹះ ដើម្បី​បិណ្ឌបាត ក្នុងបុព្វណ្ហសម័យ។ សម័យនោះឯង សមីតិមាណព ជាកូនជាងរថ កំពុង​ចាំងខ្នងកង់រថ។ ទើបអាជីវក (ម្នាក់) ឈ្មោះ បណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ ចូល​មក​ឈរជិត​សមីតិមាណពនោះដែរ។ ម្នាលអាវុសោ លំដាប់នោះ​ អាជីវកឈ្មោះ​បណ្ឌុ​បុត្រ ជាកូនជាងរថជាន់ចាស់ មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង យ៉ាងនេះថា ឱហ្ន៎ សមីតិមាណព ជាកូនជាងរថនេះ ចាំង​ឈើកោងនេះផង ឈើវៀចនេះផង ឈើ​ប្រកប​ដោយទោស [ឈើដែលជាប់ស្រាយ និងមានពក រដិបរដុប មិនស្មើ​ជាដើម។] នេះផង ដើម្បីធ្វើខ្នងកង់នេះ ខ្នងកង់នេះឯង ត្រឡប់ទៅជាខ្នងកង់មិនកោង មិនវៀច មិនប្រកបដោយទោស ជាខ្នងកង់ដ៏បរិសុទ្ធ នៅសុទ្ធតែខ្លឹម។ ម្នាលអាវុសោ អាជីវកឈ្មោះ​បណ្ឌុ​បុត្រ ជាកូនជាងរថជាន់ចាស់ មានសេចក្តីត្រិះរិះ​ក្នុងចិត្ត​យ៉ាងណាៗ ក៏សមីតិមាណព ជាកូនជាងរថ ចាំងឈើកោងនោះផង ឈើវៀច​នោះផង ឈើប្រកបដោយទោសនោះផង ដើម្បីធ្វើ​ខ្នងកង់រថនោះយ៉ាងនោះៗដែរ។ ម្នាលអាវុសោ លំដាប់នោះ អាជីវកឈ្មោះ​បណ្ឌុ​បុត្រ ជាកូនជាងរថជាន់ចាស់ មានចិត្ត​រីករាយ ហើយបញ្ចេញ​វាចាគួរជាទី​រីករាយថា សមីតិមាណពនេះ ហាក់ដូច​ជាដឹងចិត្ត ដោយចិត្ត ហើយទើបចាំង (នូវឈើ)។ ម្នាលអាវុសោ ពួកបុគ្គល​ណា ដែល​មិនមានសទ្ធា ត្រូវការតែនឹងចិញ្ចឹមជីវិត ចេញចាកផ្ទះ ហើយចូលទៅកាន់​ផ្នួស ដោយ​មិនមានសទ្ធា ជាអ្នកអួតអាង ជាអ្នកមានមាយា ជាអ្នកបោកប្រាស ជាអ្នកមានចិត្តរាយ​មាយ លើកកំពស់ មានចិត្តឃ្លេងឃ្លោង មានមាត់រឹង មានសំដី​ផ្តេសផ្តាស មិនគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ មិនដឹងប្រមាណក្នុងភោជន មិន​ប្រកបក្នុងការភ្ញាក់រលឹក មិនបានក្រឡេកមើល ក្នុងធម៌របស់សមណៈ (ផ្នួស) មិនមាន​សេចក្តីគោរពដ៏ក្លៀវក្លាក្នុងសិក្ខា ជាអ្នកល្មោភ មានសេចក្តីព្យាយាម​ធូរថយ ជាប្រធាន ខាងការប្រព្រឹត្ត​ជ្រោកជ្រាក ដាក់ចោលនូវធុរៈក្នុងវិវេក ខ្ជិលច្រអូស មាន​ព្យាយាមថោកថយ មានសតិភ្លេចភ្លាំង មិនមានសម្បជញ្ញៈ មិនបានតាំងចិត្តមាំ មាន​ចិត្ត​វិល​ទៅរកខុស ជាមនុស្ស​អប្បឥតប្រាជ្ញា ជាមនុស្សខ្លៅ ព្រះសារីបុត្រដ៏មានអាយុ ហាក់ដូចជាដឹងចិត្ត របស់ជនទាំងឡាយនោះ ដោយចិត្ត ហើយទើបទូន្មានតាម​ធម្មបរិយាយនេះឯង។ ចំណែកខាងពួកកុលបុត្រណា មានសទ្ធា ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស មិនមែនជាអ្នកអួតអាង មិនមានមាយា មិនមែនជាអ្នកបោកប្រាស មិនមានចិត្តរាយ​មាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដី​ផ្តេសផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ​ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងសមណៈធម៌ មាន​សេចក្តី​គោរពក្លៀវក្លា ក្នុងសិក្ខា មិនល្មោភ មិនប្រព្រឹត្ត​ធូរ ដាក់ធុរៈចោល ក្នុងការប្រព្រឹត្ត​ជ្រោកជ្រាក ជាប្រធានក្នុងវិវេកធម៌ មាន​ព្យាយាមតឹង មានចិត្តបញ្ជូនទៅកាន់ (ព្រះនិព្វាន) មានសតិខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានសមាធិ មាន​ចិត្តនឹង នៅក្នុង​អារម្មណ៍តែមួយ មានប្រាជ្ញា មិនមែនជាមនុស្សខ្លៅ លុះកុលបុត្រ​ទាំងនោះ បានស្តាប់​ធម្មបរិយាយ​នេះ របស់ព្រះសារីបុត្រដ៏មានអាយុហើយ ក៏ហាក់ដូចជាបាន​ក្រេបផឹក បានលេបដោយពាក្យសំដី និងចិត្តដូច្នេះថា ឱហ្ន៎ ព្រះសារីបុត្រ ជាសព្រហ្មចារី​បុគ្គល រមែង (ញុំាង​ពួកយើង) ឲ្យឃ្លាតចាកអកុសល ហើយឲ្យតាំងនៅក្នុងកុសល ដោយប្រពៃ​បាន។ ម្នាលអាវុសោ ដូចជាស្រី ឬប្រុសជំទង់ ឬកំឡោះ កំពុងចូលចិត្ត​នឹង​ការប្រដាប់កាយ កក់សីសៈរួចហើយ បាននូវកម្រងផ្កាឧប្បល ឬកម្រងផ្កាម្លិះ និងកម្រង​ផ្ការំដួល ក៏ទទួល​យកដោយដៃ​ទាំងពីរ ហើយតម្កល់លើ​សិរសា​ ជាអវយវៈ​ដ៏ខ្ពង់ខ្ពស់ ម្នាលអាវុសោ ពួកកុលបុត្រណា មានសទ្ធា ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស មិនមែនជាអ្នកអួតអាង មិនមានមាយា មិនមែនជាអ្នកបោកប្រាស មិនមានចិត្តរាយ​មាយ មិនលើកកំពស់ មិនមានចិត្តឃ្លេងឃ្លោង មិនមានមាត់រឹង មិនមានសំដី​ផ្តេស​ផ្តាស គ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ដឹងប្រមាណក្នុងភោជន ​ប្រកបរឿយៗ ក្នុងការភ្ញាក់រលឹក មានការក្រឡេកមើល ក្នុងសមណៈធម៌ មាន​សេចក្តី​គោរពក្លៀវក្លា ក្នុងសិក្ខា ជាអ្នកមិនល្មោភ មិនប្រព្រឹត្ត​ធូរ ជាអ្នកដាក់ធុរៈចោល ក្នុងការប្រព្រឹត្ត​ជ្រោក​ជ្រាក ជាប្រធានក្នុងវិវេកធម៌ មាន​ព្យាយាមតឹង មានចិត្តបញ្ជូនទៅកាន់ (ព្រះនិព្វាន) មានសតិខ្ជាប់ខ្ជួន មានសម្បជញ្ញៈ មានសមាធិ មាន​ចិត្តនឹង នៅក្នុង​អារម្មណ៍តែមួយ ជាអ្នកមានប្រាជ្ញា មិនមែនជាមនុស្សខ្លៅ កុលបុត្រ​ទាំងនោះ បានស្តាប់​ធម្មបរិយាយ​នេះ របស់ព្រះសារីបុត្រដ៏មានអាយុហើយ ក៏ហាក់ដូចជាបាន​ក្រេបផឹក បានលេប ដោយ​ពាក្យសំដី នឹងចិត្តដូច្នេះថា ឱហ្ន៎ ព្រះសារីបុត្រ ជាសព្រហ្មចារី​បុគ្គល រមែង (ញុំាង​ពួកយើង) ឲ្យឃ្លាតចាកអកុសល ហើយឲ្យតម្កល់នៅក្នុងកុសល ដោយប្រពៃ ដូចសេចក្តី​ឧបមានេះឯង។ ព្រះមហានាគ [អដ្ឋកថា ថា អគ្គសាវ័កទាំងពីរអង្គ គឺ​ ព្រះសារីបុត្រ១ ព្រះមហាមោគ្គល្លាន១ ទាំងពីរអង្គនេះ លោកហៅថា មហានាគ។ (មួយទៀត) ព្រះថេរទាំងពីរអង្គនោះ រមែង​មិនលំអៀងទៅតាម​អគតិ មានឆន្ទាគតិ ជាដើម ហៅថា នាគ។ (ម្យ៉ាងទៀត) បុគ្គលដែលលែងមកកាន់កិលេស ដែលលោក​លះបង់កិលេសបានហើយ ក៏ហៅថា នាគ។ (មួយវិញទៀត) លោកលែងធ្វើ​កម្ម ដ៏លាមក មានប្រការផ្សេងៗ ក៏ហៅថា នាគដែរ។] ទាំងពីរអង្គនោះ រីករាយ ចំពោះ​សុភាសិតរបស់គ្នាទៅវិញទៅមក ដោយប្រការយ៉ាងនេះឯង។

ចប់ អនង្គណសូត្រ ជាគំរប់៥។

អាកង្ខេយ្យសូត្រ ទី៦

[៧៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងជេតវនារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់​​ហៅភិក្ខុទាំងឡាយមក ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏​ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ មាន​ព្រះពុទ្ធដីកាដូច្នេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកមាន​សីល​បរិបូណ៌ មានបាតិមោក្ខបរិបូណ៌ សង្រួមក្នុងបាតិមោក្ខសំវរៈ ចូរជាអ្នកមានអាចារៈ និងគោចរដ៏បរិបូណ៌ ឃើញភ័យក្នុងទោសត្រឹមតែបន្តិចបន្តួច សមាទានសិក្សា ក្នុង​សិក្ខាបទទាំងឡាយ។

[៧៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីជាទីស្រឡាញ់​ផង ជាទីពេញចិត្តផង ជាទីគោរពផង ជាទីសរសើរផង របស់ពួកសព្រហ្មចារី ដូច្នេះ គួរ​ធ្វើសីល​ឲ្យបរិបូណ៌ ប្រកបក្នុងការរម្ងាប់នូវចិត្តព្ធដ៏​ខាងក្នុង មានឈានមិនសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើននូវសុញ្ញាគារស្ថាន [ភិក្ខុរៀន​កម្មដ្ឋាន ហើយចូលទៅ​កាន់ផ្ទះស្ងាត់ អង្គុយនៅទាំង​យប់ទាំងថ្ងៃ។]។

[៧៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីបានចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការ​រម្ងាប់​នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ហើយចំរើន​នូវសុញ្ញាគារស្ថាន។

[៧៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ ប្រើប្រាស់នូវចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ របស់ពួក​ទេវតា និងមនុស្ស​ណា ការបូជាទាំងនោះ របស់ពួកទេវតា និងមនុស្សនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការ​រម្ងាប់​នូវចិត្ត​ព្ធដ៏​ខាង​ក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើន​នូវសុញ្ញាគារស្ថាន។

[៧៧] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា ពួកញាតិ និងសាលោហិត របស់អាត្មាអញណា ដែលធ្វើមរណកាលទៅកាន់លោក​ខាងមុខហើយ មានចិត្ត​ជ្រះថ្លា រលឹកឃើញ (អាត្មាអញ) ការនឹករលឹករបស់ញាតិ និងសាលោហិតទាំងនោះ សូមឲ្យមានផលច្រើន មានអានិសង្សច្រើន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបក្នុងការ​រម្ងាប់​នូវចិត្តព្ធដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយ​វិបស្សនា ហើយចំរើន​នូវសុញ្ញាគារស្ថាន។

[៧៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីគ្របសង្កត់នូវ​សេចក្តីអផ្សុក [សេចក្តីអផ្សុក ក្នុងអធិកុសលធម៌ ឬក្នុងសេនាសនៈដ៏ស្ងាត់។] និងសេចក្តីត្រេកអរ [បានដល់តម្រេក ក្នុងបញ្ចកាមគុណ។] សេចក្តីអផ្សុក កុំគប្បី​គ្របសង្កត់អាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់រឿយៗ នូវសេចក្តី​អផ្សុក ដែលកើត​ឡើងដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើន​នូវសុញ្ញាគារស្ថាន។

[៧៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីគ្របសង្កត់នូវ​សេចក្តីខ្លាច ចំពោះអារម្មណ៍ដែលគួរ​ស្ញើប ឯសេចក្តីខ្លាច ចំពោះអារម្មណ៍ ដែលគួរ​ស្ញើប កុំគប្បីគ្របសង្កត់អាត្មាអញឡើយ អាត្មាអញ គប្បីគ្របសង្កត់រឿយៗ នូវ​សេចក្តីខ្លាច ចំពោះអារម្មណ៍ ដែលគួរស្ញើប ដែលកើតឡើងដូច្នេះ គួរធ្វើសីល​ឲ្យ​បរិបូណ៌។បេ។ ហើយចំរើន​នូវសុញ្ញាគារស្ថាន។

[៨០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា អាត្មាអញ គប្បីបានតាមប្រាថ្នា បានដោយមិនលំបាក បានដោយមិនខុសវេលាកំណត់ នូវឈានទាំង៤ ដែល​កើតក្នុងចិត្តដ៏ថ្លៃថ្លា ជាគ្រឿងនៅជាសុខក្នុងបច្ចុប្បន្ន ដូច្នេះ គួរធ្វើសីលឲ្យ​បរិបូណ៌។បេ។ ចំរើន​នូវសុញ្ញាគារស្ថាន។

[៨១] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា វិមោក្ខធម៌ដ៏ស្ងប់រម្ងាប់​ទាំងឡាយណា ជាអរូបជ្ឈាន កន្លងហួសនូវរូបាវចរជ្ឈាន សូមឲ្យអាត្មាអញ បាននូវ​វិមោក្ខធម៌ទាំងនោះ ដោយនាមកាយ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើន​នូវសុញ្ញាគារស្ថាន។

[៨២] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ ជាសោតាបន្ន​បុគ្គល ព្រោះអស់ទៅនៃសំយោជនធម៌៣ប្រការ មានកិរិយាមិនធ្លាក់ចុះ​ជាធម្មតា ជាបុគ្គលទៀងទាត់ មានកិរិយាត្រាស់ដឹង ប្រព្រឹត្តទៅខាងមុខ ដូច្នេះ គួរធ្វើសីល​ឲ្យ​បរិបូណ៌។បេ។ ចំរើន​នូវសុញ្ញាគារស្ថាន។

[៨៣] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានជាសកទា​គាមិបុគ្គល ព្រោះអស់ទៅនៃសំយោជនធម៌ទាំងឡាយ ៣ប្រការ ព្រោះរាគៈ ទោសៈ មោហៈស្រាលស្តើង មកកាន់លោកនេះម្តងទៀត ហើយធ្វើនូវទីបំផុតនៃទុក្ខ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ នូវការ​រម្ងាប់ចិត្តព្ធដ៏ខាងក្នុង មានឈាន​មិនបាន​សាប​សូន្យ ប្រកបដោយវិបស្សនា ចំរើន​នូវសុញ្ញាគារស្ថាន។

[៨៤] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានជា​ឱបបាតិកបុគ្គល (អនាគាមី) ព្រោះអស់ទៅនៃសំយោជនធម៌ទាំងឡាយ ៥ប្រការ ជាចំណែកខាងក្រោម បរិនិព្វាន ក្នុងព្រហ្មលោកនោះ មានកិរិយាមិនត្រឡប់​ចាក​លោកនោះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើន​នូវសុញ្ញាគារស្ថាន។

[៨៥] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បាននូវ​ឥទ្ធិវិធញ្ញាណច្រើនប្រការ គឺ អាត្មាអញម្នាក់ឯង និម្មិតខ្លួនឲ្យបាន​ទៅជាមនុស្ស​ច្រើន​នាក់ក៏បាន ច្រើននាក់និម្មិតខ្លួនឲ្យបានទៅជាមនុស្ស​ម្នាក់ក៏បាន ដើរទៅក្នុងទីណា ក៏ចេះតែបាន ឥតមានទើសទាល់ គឺនៅ​ក្នុងទីកំបាំង ដើរទៅក្នុងទីវាលក៏បាន នៅខាង​ក្នុង ចេញទៅខាងក្រៅក៏បាន នៅខាងក្នុងជញ្ជាំង ចេញទៅ​ខាងក្រៅជញ្ជាំងក៏បាន នៅខាងក្នុងកំពែង ចេញទៅខាងក្រៅកំពែងក៏បាន នៅខាងក្នុងភ្នំ ចេញទៅ​ខាងក្រៅ​ភ្នំក៏បាន ឥតទើសទាល់ឡើយ ដូចជាគេដើរព្ធដ៏​ទីវាល អាត្មាអញ ងើប មុជៗក្នុងផែនដី ដូចជាគេងើបមុជ​ក្នុងទឹកក៏បាន អាត្មាអញ ដើរលើទឹក មិនបែក​ធ្លាយ ដូចជាគេដើរលើផែនដីក៏បាន អាត្មាអញ គប្បីទៅទាំងភ្នែន ឰដ៏អាកាស ដូចជា​សត្វបក្សីសកុណៈក៏បាន អាត្មាអញ យកដៃទៅស្ទាបអង្អែល ចាប់ពាល់ (មណ្ឌល) ព្រះចន្ទ្រ និងព្រះអាទិត្យទាំងពីរនេះ ដែល​មានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើន យ៉ាងនេះក៏បាន ធ្វើអំណាចកាយ ឲ្យប្រព្រឹត្តទៅ រហូត​ដល់​ព្រហ្មលោកនាយក៏បាន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើន​នូវ​សុញ្ញាគារស្ថាន។

[៨៦] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លងហួសនូវ​សោតធាតុ របស់មនុស្ស​ធម្មតា ឮនូវសំឡេង​ពីរប្រការ គឺសំឡេងទិព្វ១ សំឡេងរបស់​មនុស្ស១ ដែលជាសំឡេង​ឆ្ងាយក៏បាន ជិតក៏បាន ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើន​នូវ​សុញ្ញាគារស្ថាន។

[៨៧] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ កំណត់​ដឹង​ចិត្ត​របស់សត្វដទៃ បុគ្គលដទៃ ដោយចិត្តរបស់ខ្លួន គឺចិត្តប្រកបដោយរាគៈក្តី អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តប្រាសចាករាគៈក្តី ក៏អាត្មាអញ គប្បីដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តប្រកបដោយទោសៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រកបដោយទោសៈ ចិត្តប្រាសចាកទោសៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រាសចាកទោសៈ ចិត្តប្រកបដោយមោហៈក្តី គប្បីដឹងច្បាស់ថា ចិត្ត​ប្រកប​ដោយមោហៈ ចិត្តប្រាសចាកមោហៈក្តី គប្បីដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ ចិត្តរួញរាក្តី គប្បីដឹងច្បាស់ថា ចិត្តរួញរា ចិត្តរាយមាយក្តី គប្បីដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តជាមហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី គប្បីដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តមិនមែនជាមហគ្គតៈក្តី គប្បីដឹងច្បាស់ថា ចិត្តមិនមែនជា​មហគ្គតៈ ចិត្តជាសឧត្តរៈ គឺ​លោកិយចិត្តក្តី គប្បីដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តជា​អនុត្តរៈ គឺ​លោកុត្តរចិត្តក្តី គប្បីដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តតាំងមាំក្តី គប្បីដឹងច្បាស់ថា ចិត្ត​តាំងមាំ ចិត្ត​មិនតាំងមាំក្តី គប្បីដឹងច្បាស់ថា ចិត្តមិនតាំងមាំ ចិត្តរួចចាក​កិលេសក្តី គប្បីដឹងច្បាស់ថា ចិត្តរួចចាកកិលេស ចិត្តមិនទាន់រួចចាកកិលេសក្តី គប្បីដឹងច្បាស់ថា ចិត្តមិនទាន់រួចចាក​កិលេស ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌។បេ។ ចំរើន​នូវ​សុញ្ញាគារស្ថាន។

[៨៨] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ រលឹកឃើញនូវ​បុព្វេនិវាស (ជាតិដែលធ្លាប់អាស្រ័យនៅ ក្នុងកាលមុន) គឺរលឹកបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១ពាន់ជាតិខ្លះ ១សែនជាតិខ្លះ សំវដ្តកប្បដ៏ច្រើន​ខ្លះ ​វិវដ្តកប្បដ៏ច្រើនខ្លះ សំវដ្តវិវដ្តកប្បដ៏ច្រើនខ្លះ ថា អាត្មាអញ​ កើតក្នុងភពនោះ មានឈ្មោះយ៉ាងនេះ មានគោត្រ​យ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខ​យ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មា​អញ ច្យុតចាកអត្តភាពនោះហើយ ទៅកើត​ក្នុងទីនោះ លុះអាត្មាអញ ទៅកើត​ក្នុងទីនោះហើយ មានឈ្មោះយ៉ាងនេះ មានគោត្រ​យ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារយ៉ាងនេះ ទទួលសុខទុក្ខ​យ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញ ច្យុតចាកអត្តភាពនោះហើយ ទើបបានមកកើត​ក្នុងទីនេះ អាត្មាអញ សូមឲ្យរលឹកតាមនូវជាតិ​ ដែលអាស្រ័យនៅក្នុងកាលពីមុន បានច្រើនប្រការ ព្រមទាំង​​អាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ដូច្នេះ គួរធ្វើសីល​ឲ្យបរិបូណ៌។បេ។ ចំរើន​នូវសុញ្ញាគារស្ថាន។

[៨៩] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យ​អាត្មាអញ មានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្ស​ធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរ​អាក្រក់ មានគតិល្អ មានគតិអាក្រក់ សូមឲ្យ​ដឹងច្បាស់ នូវពួកសត្វ​ដែលប្រព្រឹត្ត​ទៅ តាមកម្ម​របស់ខ្លួនថា អើហ្ន៎ សត្វទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាសត្វតិះដៀល​នូវពួកព្រះអរិយៈ ជាមិច្ឆា​ទិដ្ឋិ ប្រកាន់នូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយ​រាងកាយ បន្ទាប់អំពីសេចក្តី​ស្លាប់ទៅ​ ក៏ទៅកាន់កំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកខាង​សត្វ​ទាំងនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយមនោសុចរិត ជាសត្វមិនតិះដៀលពួកព្រះអរិយៈ ជាសម្មា​ទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ សត្វ​ទាំង​នោះ លុះបែកធ្លាយ​រាងកាយ បន្ទាប់អំពីសេចក្តី​ស្លាប់ទៅ​ ក៏ទៅកាន់មនុស្សសុគតិ និងឋានសួគ៌ទេវលោក អាត្មាអញ សូមឲ្យមានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់​មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ (មួយទៀត) អាត្មាអញ សូមឲ្យ​ដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការ​យ៉ាងនេះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ ក្នុងការ​រម្ងាប់នូវចិត្តឰដ៏​ខាងក្នុង មានឈាន​មិនបាន​សាប​សូន្យ ប្រកបដោយវិបស្សនា ចំរើន​នូវ​សុញ្ញាគារស្ថាន។

[៩០] ម្នាលភិក្ខុទាំងឡាយ បើភិក្ខុប្រាថ្នាថា សូមឲ្យអាត្មាអញ បានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ [សមាធិប្រកបដោយអរហត្តផល ហៅថា ចេតោវិមុត្តិ, បញ្ញាប្រកបដោយ​អរហត្តផល ហៅថា បញ្ញាវិមុត្តិ។ ម្យ៉ាងទៀត សមាធិ បានជាហៅថា ចេតោវិមុត្តិ ព្រោះរួចចាករាគៈ បញ្ញា​ បានជាហៅថា បញ្ញាវិមុត្តិ ព្រោះរួចចាកអវិជ្ជា។ មួយវិញទៀត ផលនៃសមថៈ ហៅថា ចេតោវិមុត្តិ ផល​នៃវិបស្សនា ហៅថា បញ្ញាវិមុត្តិ។] មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវធម៌​ទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ចូលទៅសម្រេច​សម្រាន្តនៅ ដោយឥរិយាបថទាំង៤ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ ក្នុងការ​រម្ងាប់នូវចិត្តឰដ៏​ខាងក្នុង មានឈាន​មិនបាន​សាប​សូន្យ ប្រកបដោយវិបស្សនា ចំរើន​នូវ​សុញ្ញាគារស្ថាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរជាអ្នកមាន​សីលបរិបូណ៌ មានបាតិមោក្ខបរិបូណ៌ ចូរសង្រួម​ក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយ​អាចារ និងគោចរ ជាអ្នកឃើញភ័យក្នុងទោសទាំងឡាយ ត្រឹមតែបន្តិចបន្តួច ចូរ​សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។ ពាក្យណាដែល​តថាគត បានពោលហើយ (ក្នុងកាលមុន) ពាក្យដែល​តថាគតពោលនេះ ព្រោះអាស្រ័យយកពាក្យនុ៎ះឯង ដោយប្រការដូច្នេះ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​សូត្រនេះចប់ហើយ ពួកភិក្ខុទាំង​នោះ ក៏មានចិត្តត្រេកអរ រីករាយនឹងភាសិតរបស់ព្រះមានព្រះភាគ ដោយក្រៃលែង។

ចប់ អាកង្ខេយ្យសូត្រ ទី៦។

វត្ថូបមសូត្រ ទី៧

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុងជេតវនារាម ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ពួក​ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។

[៩២] ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកា ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ដូច​ជាសំពត់ដែលសៅហ្មង មានមន្ទិលកាន់ ជាងជ្រលក់យកសំពត់នោះដាក់ក្នុង​គ្រឿង​ជ្រលក់ណាៗ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់​នោះ ក៏នៅតែមានពណ៌មិនល្អ មានពណ៌មិនស្អាត។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាល​ភិក្ខុ​ទាំងឡាយ ព្រោះថាសំពត់នោះ មិនស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្ត​សៅហ្មងហើយ ទុគ្គតិ​នឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ។ ម្នាលភិក្ខុ​ទាំង​ឡាយ ដូចជាសំពត់ស្អាតផូរផង់ ជាងជ្រលក់យកសំពត់នោះ ដាក់​ក្នុងគ្រឿង​ជ្រលក់​ណាៗ ដែលមានពណ៌ខៀវក្តី លឿងក្តី ក្រហមក្តី ហង្សបាទក្តី សំពត់នោះ ក៏នៅ​ជា​មាន​ពណ៌ល្អ មានពណ៌ស្អាត។ ដំណើរនោះ ព្រោះ​ហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ថាសំពត់នោះស្អាត ម្នាលភិក្ខុទាំងឡាយ កាលបើចិត្ត​មិនសៅហ្មងហើយ សុគតិ​នឹងមានប្រាកដ ដូចសេចក្តីឧបមានោះដែរ។

[៩៣] ម្នាលភិក្ខុទាំងឡាយ ពួកឧបក្កិលេស គឺសេចក្តីសៅហ្មងនៃចិត្ត តើដូច​ម្តេច។ គឺអភិជ្ឈាវិសមលោភៈ [សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួន ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យ​របស់អ្នកដទៃ ហៅថា វិសមលោភៈ មួយទៀត​ថា សេចក្តីត្រេកត្រអាលក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលគួរ ហៅថា អភិជ្ឈា សេចក្តីត្រេកអរក្នុងទ្រព្យរបស់ខ្លួនក្តី របស់អ្នកដទៃក្តី ក្នុងទីដែលមិនគួរ ហៅថា វិសមលោភៈ។] ជាឧបក្កិលេសនៃចិត្ត១ ព្យាបាទ ជាឧបក្កិលេសនៃចិត្ត១ កោធៈ ជាឧបក្កិលេសនៃចិត្ត១ ឧបនាហៈ (ការចងកំហឹងទុក) ជាឧបក្កិលេសនៃចិត្ត១ មក្ខៈ (ការលុបគុណរបស់លោកអ្នកមានគុណ) ជាឧបក្កិលេសនៃចិត្ត១ បឡាសៈ (ការ​កាន់យកឫកប្រៀបផ្ទឹម ឬប្រណាំងវាសនា) ជាឧបក្កិលេសនៃចិត្ត១ ឥស្សា (សេចក្តី​ច្រណែន) ជាឧបក្កិលេសនៃចិត្ត១ មច្ឆរិយៈ (សេចក្តីកំណាញ់) ជាឧបក្កិលេស​នៃ​ចិត្ត​១ មាយា (ការប្រព្រឹត្តិលាក់ពុត បិទបាំងទោស) ជាឧបក្កិលេសនៃចិត្ត១ សាឋេយ្យៈ [សាឋេយ្យៈ ប្រែថាការអួតអាង ឬអែបអប នេះជាអំពើពុតត្បុត របស់បុគ្គលជាអ្នក​ឡែបឡប អួតគុណវិជ្ជាដែលមិនមាន​ក្នុងខ្លួន ធ្វើអាការ​មិនឲ្យខុសនឹងអ្នកណា មាន​អាការ​ដូចត្រីអានន្ទមច្ឆៈ ឃើញពួកត្រីមក ក៏បង្ហាញ​កន្ទុយ ថាយើងជាត្រីដូចគ្នា ឃើញ​ពួកពស់មក ក៏បង្ហាញក្បាល ថាយើង​ជាពស់​ដូចគ្នា តែក្នុងអដ្ឋកថា ព្រះអភិធម្ម​ថា បុគ្គលដែលប្រកបដោយសាឋេយ្យៈ មានភាពដូច​សត្វម្យ៉ាង មើល​អំពី​ខាងឆ្វេង ដូចជាសត្វជ្រូក មើលអំពីខាងស្តាំ ដូចសត្វ​ពពែ ស្តាប់សំឡេង ដូច​សំឡេង​ចៀម មើលទៅស្នែង ដូចគោចាស់។] ជាឧបក្កិលេសនៃចិត្ត១ ថម្ភៈ [ក្នុងអដ្ឋកថាព្រះអភិធម្មថា សេចក្តីរឹងត្អឹងរបស់ចិត្ត ប្រៀបដូច​សំពត់សាដក ដែលរឹង​ដោយ​បាយម៉ាន បុគ្គលដែលប្រកបដោយថម្ភៈ​នោះ រមែងជាអ្នកគ្មានសភាពរាបទាប ជាអ្នកព្រហើនប៉ោងឡើង ប្រៀបដូចពស់ថ្លាន់ ដែល​លេបផ្នៀង​នង្គ័ល ឬប្រៀបដូច​ផ្លោក​ស្បែក​ ដែលពេញដោយខ្យល់ កាលបើឃើញចេតិយ ឬបុគ្គលចាស់ជាងខ្លួន ក៏​មិន​ធ្វើ​សេចក្តីឱនលំទោន។] (សេចក្តីរឹងត្អឹង) ជាឧបក្កិលេសនៃចិត្ត១ សារម្ភៈ [សារម្ភៈ មានលក្ខណៈធ្វើអំពើ​ឲ្យ​លើសលុបជាងគេ ចែកជាពីរផ្នែក ជាអកុសលក៏មាន ជា​កុសល​ក៏មាន ចំណែកខាង​គ្រហស្ថ កាលបើឃើញគេធ្វើ​គ្រឿងប្រដាប់​កាយជាដើម ក៏ប្រឹងឲ្យច្រើន​ជាងគេ​ជាទ្វេគុណ ចំណែកអ្នកបួស កាលបើឃើញគេរៀនធម៌​បាន​ប៉ុន្មានៗ ក៏ខំប្រឹង​រៀន​ឲ្យបាន​ច្រើនជាងគេជាទ្វេគុណ ម្យ៉ាងទៀត ចំណែកគ្រហស្ថ កាលបើឃើញគេធ្វើ​សលាកភត្ត១ ខ្លួនក៏ចង់ធ្វើឲ្យបានពីរ ឬបី ចំណែក​អ្នកបួស កាល​បើ​ឃើញ​គេរៀន​បានគម្ពីរ​និកាយ១ ខ្លួនក៏ចង់រៀន​ឲ្យបាន​និកាយពីរ តែក្នុងទីនេះ សំដៅ​យកតែ​អកុសល។] (ការប្រណាំង​ប្រជែង) ជាឧបក្កិលេសនៃចិត្ត១ មានះ (សេចក្តី​ប្រកាន់​ខ្លួន) ជាឧបក្កិលេសនៃចិត្ត១ អតិមានះ (សេចក្តីប្រកាន់ខ្លួនខ្លាំងពេក) ជាឧបក្កិលេស​នៃ​ចិត្ត​១ មទៈ (សេចក្តីស្រវឹង) ជាឧបក្កិលេសនៃចិត្ត១ បមាទៈ (ការប្រហែស​ធ្វេស ឬបណ្តែត​បណ្តោយចិត្ត ទៅក្នុងកាមគុណ) ជាឧបក្កិលេសនៃចិត្ត១។

[៩៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង​ លុះដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះ អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេស​នៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះ ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា កោធៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះកោធៈ ជាឧបក្កិលេសនៃចិត្តចេញ​បាន។ លុះដឹងច្បាស់ថា ឧបនាហៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះឧបនាហៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មក្ខៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមក្ខៈ ជាឧបក្កិលេសនៃចិត្តចេញ​បាន។ លុះដឹងច្បាស់ថា បឡាសៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវបឡាសៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ឥស្សា ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះឥស្សា ជា​ឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មាយា ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះមាយា ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា សាថេយ្យៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះសាថេយ្យៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា ថម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះថម្ភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា សារម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះសារម្ភៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មានះ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវមានះ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា អតិមានះ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវអតិមានះ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា មទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវ មទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។ លុះដឹងច្បាស់ថា បមាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះហើយ ក៏រមែងលះនូវបមាទៈ ជាឧបក្កិលេសនៃចិត្តចេញបាន។

[៩៥] ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់ថា អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ អភិជ្ឈាវិសមលោភៈ ជាឧបក្កិលេស​នៃចិត្ត។ ដឹងច្បាស់ថា ព្យាបាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ ព្យាបាទៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា កោធៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះកោធៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ឧបនាហៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះឧបនាហៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មក្ខៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមក្ខៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា បឡាសៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះបឡាសៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ឥស្សា ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះឥស្សា ជា​ឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មច្ឆរិយៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមច្ឆរិយៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មាយា ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមាយា ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា សាថេយ្យៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះសាថេយ្យៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា ថម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះថម្ភៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា សារម្ភៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះសារម្ភៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មានះ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះមានះ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា អតិមានះ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះអតិមានះ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា មទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះ មទៈ ជាឧបក្កិលេសនៃចិត្ត។ ដឹងច្បាស់ថា បមាទៈ ជាឧបក្កិលេសនៃចិត្តដូច្នេះ ហើយបានលះបមាទៈ ជាឧបក្កិលេសនៃចិត្ត។ភិក្ខុនោះ រមែង​ជាអ្នកប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះពុទ្ធដូច្នេះថា ព្រះមានព្រះភាគនោះ ព្រះអង្គ​ឆ្ងាយ​​ចាកសេចក្តីសៅហ្មងគ្រប់យ៉ាង ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង​ដោយ​ប្រពៃចំពោះព្រះអង្គ ព្រះអង្គបរិបូណ៌ដោយវិជ្ជា និងចរណៈ គឺសេចក្តី​ចេះដឹង និង​ក្រិត្យ​​ដែលបុគ្គល​គប្បីប្រព្រឹត្ត ព្រះអង្គមានដំណើរល្អ ព្រះអង្គជ្រាបច្បាស់​នូវត្រៃ​លោក ព្រះអង្គ​ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ព្រះអង្គ​ជា​សារថី អ្នកទូន្មាននូវបុរស ដែលគួរទូន្មានបាន ព្រះអង្គជាគ្រូនៃ​ទេវតា និងមនុស្ស​ទាំងឡាយ ព្រះអង្គបានត្រាស់ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គលែងវិលត្រឡប់មកកាន់​ភព​ថ្មីទៀត។ រមែង​ជាអ្នកប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុង​ព្រះធម៌ថា ព្រះ​បរិយត្តិធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់សំដែងហើយដោយល្អ ព្រះលោកុត្តរ​ធម៌ ជាធម៌ដែល​ព្រះអរិយបុគ្គលទាំងពួង ដឹងពិត ឃើញពិត ដោយ​បច្ចវេក្ខណញ្ញាណ ជាធម៌ឲ្យនូវផល មិនរង់ចាំកាល ជាធម៌គួរ​ដល់ឯហិបស្សវិធី ជា​ធម៌ ​ដែលព្រះអរិយបុគ្គល គប្បីបង្អោនចូលមកទុកក្នុងខ្លួន ដោយអំណាច​នៃភាវនា ជាធម៌ ដែល​អ្នកប្រាជ្ញទាំងឡាយ មានឧគ្ឃដិតញ្ញូបុគ្គល​ជាដើម គប្បីឃើញច្បាស់ ក្នុងចិត្តនៃខ្លួន។ រមែងជាអ្នកប្រកបដោយសេចក្តី​ជ្រះថ្លា មិនញាប់ញ័រ​ ក្នុងព្រះសង្ឃ​ថា ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តប្រពៃ ពួក​សាវ័កនៃព្រះមានព្រះភាគ ប្រតិបត្តត្រង់ ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិដើម្បី​ព្រះនិព្វាន ពួកសាវ័ក នៃព្រះមានព្រះភាគ ប្រតិបត្តិ​សមគួរ គឺប្រតិបត្តិ​គួរដល់សីល សមាធិ បញ្ញា បុរសបុគ្គលណា បើរាប់ជាគូ បាន៤គូ បើរាប់រៀង​ទៅបាន​៨ ពួកសាវ័ក របស់​ព្រះមានព្រះភាគ​នេះ គួរទទួល​នូវចតុប្បច្ច័យ ដែលបុគ្គល​នាំមក​អំពី​ចម្ងាយបូជា គួរទទួលនូវអាគន្តុកទាន គួរទទួលនូវ​ទក្ខិណាទាន គួរដល់​អញ្ជលិកម្ម ជាបុញ្ញក្ខេត្ត​ នៃសត្វលោក រកខេត្តដទៃ ក្រៃលែងជាងគ្មាន។ កាលណា បើភិក្ខុនោះ លះចោល​ហើយ ខ្ជាក់ចោលហើយ ជំរុះចោលហើយ លះលែង​ចោល​ហើយ រលាស់ចោល​ហើយ (នូវឧបក្កិលេសទាំងនោះ) ដោយឱធិ [ឱធិ ប្រែថា ចំណែក​ ឬជួៗ] គឺមគ្គខាង​ក្រោម​ទាំង៣។ ភិក្ខុនោះ រមែងបាននូវសេចក្តីត្រេកអរ ក្នុងអត្ថ បាននូវសេចក្តី​ត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយ​គិតថា អាត្មាអញ ជាអ្នកប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធ​ដូច្នេះ កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុ មានចិត្ត​ប្រកប​ដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយ​ស្ងប់រម្ងាប់ហើយ រមែងទទួល​នូវសេចក្តីសុខ កាល​បើភិក្ខុ មានសេចក្តីសុខហើយ ចិត្តក៏តម្កល់នៅល្អ។ ក្នុងព្រះធម៌។បេ។ រមែង​បាននូវ​សេចក្តីត្រេកអរ ក្នុងអត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីក​រាយ ប្រកបដោយធម៌ ដោយ​គិតថា អាត្មាអញ ជាអ្នក​ប្រកប​ដោយសេចក្តីជ្រះថ្លា មិន​ញាប់ញ័រ ក្នុងព្រះសង្ឃ​ដូច្នេះ កាលបើភិក្ខុនោះ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុ មានចិត្ត​ប្រកប​ដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយ​ស្ងប់​រម្ងាប់ហើយ រមែងទទួល​នូវសេចក្តីសុខ កាលបើភិក្ខុមានសេចក្តីសុខហើយ ចិត្តក៏បានតម្កល់​នៅល្អ។ រមែង​បាននូវសេចក្តី​ត្រេកអរ​ក្នុង​អត្ថ បាននូវសេចក្តីត្រេកអរ ក្នុងធម៌ បាននូវសេចក្តីរីករាយ ប្រកបដោយធម៌ ដោយ​គិតថា អាត្មាអញ បាន​លះចោលហើយ ខ្ជាក់ចោលហើយ ជំរុះចោលហើយ លះលែងចោលហើយ រលាស់ចោលហើយ នូវឧបក្កិលេសទាំងនោះ ដោយឱធិ គឺមគ្គខាងក្រោមទាំង៣ ដូច្នេះ កាលបើភិក្ខុ មានចិត្តរីករាយហើយ បីតិ ក៏កើត កាលបើភិក្ខុមានចិត្ត​ប្រកប​ដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ លុះភិក្ខុមានកាយ​ស្ងប់រម្ងាប់ហើយ រមែងទទួល​នូវសេចក្តីសុខ កាលបើភិក្ខុមានសេចក្តីសុខហើយ ចិត្តក៏រមែងតម្កល់នៅល្អ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង មានសីលយ៉ាងនេះ មានធម៌យ៉ាងនេះ មានប្រាជ្ញាយ៉ាងនេះ រមែង​បរិភោគនូវបាយនៃស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសំឡ​ច្រើនមុខ មានម្ហូប​ក្រៀមច្រើនមុខ ការបរិភោគនោះ មិនមានអន្តរាយ ដល់​ភិក្ខុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសំពត់ដែលសៅហ្មង មានមន្ទិល​កាន់ ហើយទៅជាសំពត់ស្អាតផូរផង់ ព្រោះតែអាស្រ័យ​ទឹកថ្លា ម្យ៉ាងទៀត មាសដែល​បរិសុទ្ធ​​ស្អាត ផូរផង់ ព្រោះអាស្រ័យ​មាត់បាវ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មានសីលយ៉ាងនេះ មានធម៌យ៉ាងនេះ មានប្រាជ្ញាយ៉ាងនេះ បរិភោគនូវបិណ្ឌបាត​នៃ​ស្រូវសាលី ដែលប្រាសចាកពណ៌ខ្មៅ មានសំឡច្រើនមុខ មានម្ហូបក្រៀមច្រើនមុខ ការ​បរិភោគនោះ មិនមានអន្តរាយដល់ភិក្ខុនោះ យ៉ាងនោះដែរ។

[៩៧] ភិក្ខុនោះ រមែងមានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិស១ ផ្សាយ​ទៅកាន់ទិសទី២ ទី៣ ទី៤ក៏ដូចគ្នា។ រមែង​មានចិត្តប្រកបដោយមេត្តា ជាចិត្តធំ​ទូលាយ ដល់នូវភាវៈជាធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង [ទិស​អាគ្នេយ៍១ ទិសនិរតី១ ទិសពាយ័ព្យ១ ទិសឦសាណ១។] ផ្សាយទៅកាន់ទិសទាំងពួង ដោយប្រការទាំងពួង ក្នុង​ទីទាំងពួង។ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្ត​ប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយ​ឧបេក្ខា ផ្សាយទៅកាន់ទិស១ ផ្សាយទៅកាន់ទិសទី២ ទី៣ ទី៤ក៏ដូចគ្នា។ ​មានចិត្តប្រកបដោយឧបេក្ខា ជាចិត្ត​ធំ​ទូលាយ ដល់នូវភាវៈជាធំ រក​ប្រមាណ​មិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់ទិសខាងលើ ខាងក្រោម និងទិសទទឹង ផ្សាយទៅកាន់លោកទាំងពួង ដោយប្រការទាំងពួង ក្នុងទី​ទាំងពួង។ ភិក្ខុនោះ រមែងដឹងច្បាស់ថា ទុក្ខសច្ចនេះនៅ​មាន សមុទយសច្ច ដែលគួរ​លះបង់ នៅមាន មគ្គសច្ច ដ៏ប្រសើរក៏នៅមាន និរោធសច្ច ជាគ្រឿង​រលាស់ចេញនូវ​សញ្ញានេះតទៅ ក៏នៅមាន។ កាលភិក្ខុនោះដឹងយ៉ាងនេះ​ហើយ ឃើញយ៉ាងនេះ​ហើយ ចិត្ត​រមែង​រួចចាក​កាមាសវៈផង ចិត្តរមែង​រួចចាក​ភវាសវៈផង ចិត្តរមែង​រួចចាក​អវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះហើយ ប្រាជ្ញាក៏​កើតឡើង​ថា ចិត្តរួចស្រឡះ​ហើយ ដូច្នេះ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិ (របស់អាត្មាអញ) អស់ហើយ មគ្គ​ព្រហ្មចារ្យ (របស់​អាត្មាអញ) បាននៅរួចហើយ សោឡសកិច្ច ដែលអាត្មាអញ​ត្រូវធ្វើ ក៏បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្ត​ទៅដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា ជាអ្នកលាងជំរះ ដោយគ្រឿង​សម្រាប់លាងជំរះ (នូវកិលេស) ខាងក្នុង។

[៩៨] សម័យនោះឯង មានព្រាហ្មណ៍ម្នាក់ឈ្មោះ សុន្ទរិកភារទ្វាជៈ អង្គុយ​នៅជិតព្រះមានព្រះភាគ។ លំដាប់នោះឯង សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក្រាបបង្គំទូល​សួរ​ព្រះមានព្រះភាគ ដូច្នេះថា ចុះព្រះគោតមដ៏ចំរើន ធ្លាប់ស្តេចទៅកាន់ស្ទឹង​ពាហុកា ដើម្បី​លាងជំរះដែរឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ប្រយោជន៍​អ្វី​ ដោយស្ទឹងពាហុកា ស្ទឹង​ពាហុកានោះ នឹងធ្វើអ្វីឲ្យ។ ព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រ​​ព្រះគោតមដ៏ចំរើន ព្រោះថា ស្ទឹងពាហុកា មានជនច្រើន​គ្នាសន្មតហើយ ថាជា​ស្ទឹងបរិសុទ្ធ បពិត្រ​ព្រះគោតមដ៏ចំរើន ព្រោះថាស្ទឹងពាហុកា មានជនច្រើន​គ្នា​សន្មត​ហើយ ថាជាបុណ្យ ម្យ៉ាងទៀត ជនច្រើន​គ្នា តែង​បណ្តែត​បាបកម្ម ដែលគេធ្វើហើយ ចោលទៅក្នុងស្ទឹង​ពាហុកា (នេះដែរ)។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង​ដោយបទ​គាថាទាំងឡាយ ចំពោះ​សុន្ទរិកភារទ្វាជព្រាហ្មណ៍ថា

ជនពាល មានកម្មអាក្រក់ (ក្នុងសន្តាន) បើទុកជាចូលទៅកាន់ស្ទឹងពាហុកាក្តី កាន់កំពង់ឈ្មោះ អធិកក្កៈក្តី កាន់កំពង់ឈ្មោះ​គយាក្តី [កំពង់មានសណ្ឋាន​ដូច​បឹង​មូល។] កាន់ស្ទឹងឈ្មោះ សុន្ទរិកាក្តី កាន់ស្ទឹងឈ្មោះ​សរស្សតីក្តី កាន់​កំពង់​ឈ្មោះ​បយាគៈ​ក្តី ឬក៏កាន់ស្ទឹងឈ្មោះពាហុមតីក្តី អស់កាលជានិច្ច ក៏នៅតែ​មិន​ស្អាតឡើយ ព្រោះថា ស្ទឹងឈ្មោះសុន្ទរិកា នឹងធ្វើអ្វីឲ្យ កំពង់ឈ្មោះ​បយាគៈ នឹងធ្វើអ្វីឲ្យ ស្ទឹងឈ្មោះ​ពាហុកា នឹងធ្វើអ្វីឲ្យ។ ព្រោះថា ស្ទឹងឈ្មោះ​សុន្ទរិកា​ជាដើម មិនដែលលាង​ជំរះសត្វមានពៀរ មានបាបកម្មដ៏ក្លៀវក្លា ដែលខ្លួនធ្វើ​ហើយ មានកម្មដ៏លាមកនោះ ឲ្យស្អាតបានឡើយ ផគ្គុណឬក្ស តែង​មាន​សព្វ​ៗ​កាល ដល់បុគ្គលដែលបរិសុទ្ធ ឧបោសថ តែងមានសព្វៗកាល ដល់បុគ្គល ដែល​បរិសុទ្ធ ការកាន់យកនូវវត្ត តែង​សម្រេច​សព្វៗកាល ដល់បុគ្គល​ដែល​បរិសុទ្ធ មានកម្មដ៏ស្អាត។ ម្នាលព្រាហ្មណ៍ អ្នកចូរ​លាងជំរះខ្លួន ក្នុងសាសនា​តថាគតនេះវិញ អ្នកចូរធ្វើសេចក្តីក្សេមក្សាន្ត ចំពោះ​ពួកសត្វ​ទាំងពួងចុះ បើ​អ្នក​មិននិយាយកុហក បើអ្នកមិនបៀតបៀនសត្វ បើអ្នក​មិនកាន់យកនូវ​ទ្រព្យ ដែលគេមិនបានឲ្យ មានចិត្តជឿហើយ មិនមាន​សេចក្តី​កំណាញ់ អ្នកចាំបាច់​ទៅ​កាន់​កំពង់​ទឹកធ្វើអ្វីទៀត អ្នកផឹកទឹក (ឬងូត) តែក្នុងកំពង់ទឹក របស់អ្នកឯង (បានហើយ)។

[៩៩] កាលបើព្រះមានព្រះភាគ មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ទើប​សុន្ទរិកភារទ្វាជ​ព្រាហ្មណ៍ ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះគោតមដ៏ចំរើន ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ ហាក់ដូចជាគេផ្ងារ របស់​ដែលផ្កាប់ ឬក៏ដូចជាគេបើកបង្ហាញ របស់ដែលកំបាំង ពុំនោះ ដូចជាគេប្រាប់ផ្លូវ​ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សមានភ្នែក តែងមើលឃើញ​រូប​ទាំង​ឡាយ​បាន ខ្ញុំ​ព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទី​ពឹង ទីរលឹក ខ្ញុំព្រះអង្គ សូមបានបព្វជ្ជា សូមបាន​នូវឧបសម្បទា ក្នុងសំណាក់នៃ​ព្រះគោតម​​ដ៏ចំរើន។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុង​សំណាក់​​នៃព្រះមានព្រះភាគ។ ភារទ្វាជភិក្ខុដ៏មានអាយុ ដែលបានឧបសម្បទា មិន​ទាន់​​អស់កាលយូរប៉ុន្មាន ជាភិក្ខុម្នាក់ឯង ចៀសចេញ (ចាកពួក) ជាអ្នក​មិនប្រមាទ មានព្យាយាមដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ (ព្រះនិព្វាន) ពួកកុលបុត្រ ដែល​ចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​អនុត្តរ​ធម៌​​ណា (ភារទ្វាជភិក្ខុ) ក៏បានធ្វើ​ឲ្យជាក់ច្បាស់ នូវ​អនុត្តរធម៌នោះ ជាទីបំផុត​នៃមគ្គ​ព្រហ្មចារ្យ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេច​សម្រាន្ត​នៅ ដោយឥរិយាបថទាំង៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិកំណើត​របស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អញក៏បាន​នៅរួចហើយ កិច្ចដែល​ត្រូវធ្វើ អញក៏បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជភិក្ខុ ដ៏មានអាយុ ក៏ជាព្រះអរហន្ត​មួយអង្គដែរ។

ចប់ វត្ថូបមសូត្រ ជាគំរប់៧។

សល្លេខសូត្រ ទី៨

[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានជោគ គង់ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមហាចុន្ទ​មានអាយុ ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះមាន​ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទី​ដ៏​សម​គួរ។ លុះព្រះមហាចុន្ទមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាប​ទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ទិដ្ឋិ [បានដល់មិច្ឆាទិដ្ឋិ] ទាំង​ឡាយ​ច្រើនប្រការ ដែលជាទិដ្ឋិប្រកប​ដោយអត្តវាទខ្លះ [ប្រកបដោយសក្កាយ​ទិដ្ឋិ​២០ មាន​ឃើញរូប ថាជារបស់ខ្លួនជាដើម។] ប្រកបដោយ​លោក​វាទខ្លះ [ប្រកប​ដោយ​មិច្ឆាទិដ្ឋិ៨ មានឃើញថា ខ្លួនក្តី លោកក្តី ជារបស់ទៀងជាដើម អដ្ឋកថា។] កើត​ឡើង​ក្នុង​​លោក បពិត្រព្រះអង្គដ៏ចំរើន កាលបើ​ភិក្ខុ​ធ្វើទុកក្នុងចិត្តជាដំបូង តើលះទិដ្ឋិទាំងនុ៎ះ ដោយ​ឧបាយយ៉ាងនេះ ចោលទិដ្ឋិ​ទាំង​នុ៎ះ ដោយឧបាយ​យ៉ាងនេះ បានឬទេ។

[១០១] ព្រះអង្គត្រាស់ថា ម្នាលចុន្ទ ទិដ្ឋិទាំងឡាយមានច្រើនប្រការណា ដែល​ជាទិដ្ឋិប្រកបដោយអត្តវាទខ្លះ ប្រកបដោយ​លោកវាទខ្លះ កើតឡើង​ក្នុងលោក ក៏ទិដ្ឋិ​ទាំងឡាយនោះ កើតក្នុងបញ្ចក្ខន្ធណា ដេកសម្ងំនៅក្នុងបញ្ចក្ខន្ធណា ផុសផុលឡើង ក្នុងបញ្ចក្ខន្ធណា កាលបើភិក្ខុឃើញច្បាស់ នូវបញ្ចក្ខន្ធនុ៎ះ តាមសេចក្តីពិត ដោយ​ប្រាជ្ញា​ដ៏ប្រពៃយ៉ាងនេះថា នេះមិនមែនរបស់អញ នេះមិនមែនអញ នេះ​មិនមែន​ខ្លួន​របស់​អញដូច្នេះ ការលះបង់នូវទិដ្ឋិទាំងឡាយនេះ គង់មានដោយឧបាយ​យ៉ាងនេះ​បាន ការរលាស់ចោល នូវទិដ្ឋិ​ទាំងឡាយនោះ គង់មានដោយឧបាយយ៉ាង​នេះ​បាន។

[១០២] ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ភិក្ខុនោះ មានសេចក្តី​ត្រិះរិះ យ៉ាងនេះថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថា​តថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងវិន័យរបស់​ព្រះអរិយៈ​ទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ​ក្នុងបច្ចុប្បន្ន ក្នុងវិន័យ​របស់​ព្រះអរិយៈ (ប៉ុណ្ណោះ)។ ម្នាលចុន្ទ ហេតុនេះ តែងមាន​ជាប្រាកដ គឺភិក្ខុ​ពួក​ខ្លះ ក្នុង​សាសនា​នេះ ចូលទុតិយជ្ឈាន ដែលកើតក្នុងសន្តាន​នៃខ្លួន ប្រកបដោយសេចក្តី​ជ្រះថ្លា គឺសទ្ធា មានសភាព​ជាចិត្ត​ខ្ពស់ឯក មិនមានវិតក្កៈ មិនមាន​វិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ ព្រោះស្ងប់រម្ងាប់វិតក្កៈ និងវិចារៈ ភិក្ខុនោះ មានសេចក្តី​សំគាល់​ថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែ​ថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យ​ឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ ​ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យ​ ប៉ុណ្ណោះ។ ម្នាល​ចុន្ទ ហេតុនេះ តែងមាន​ជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ មានចិត្ត​ព្រងើយ​កន្តើយ ព្រោះនឿយណាយ ចាកបីតិ តែមានស្មារតី និងដឹងខ្លួន ទទួល​សេចក្តីសុខដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គល​ប្រកប​ដោយ​តតិយជ្ឈាននោះថា បុគ្គលប្រកបដោយតតិយជ្ឈាន មានចិត្តព្រងើយកន្តើយ មាន​ស្មារតី​​នៅជាសុខ ដូច្នេះ ដោយតតិយជ្ឈានណា (ភិក្ខុនោះ) ក៏បានចូល​តតិយជ្ឈាន​នោះ ភិក្ខុនោះ មានសេចក្តីសំគាល់ថា អាត្មាអញ នៅដោយ​សេចក្តី​ផូរផង់ដូច្នេះ ម្នាល​ចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តី​ផូរផង់ ក្នុងអរិយ​វិន័យ​ទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ ​ក្នុង​បច្ចុប្បន្ន ក្នុងអរិយ​វិន័យ​ប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមាន​ជាប្រាកដ គឺភិក្ខុ​ពួកខ្លះ ក្នុងសាសនា​នេះ ចូលចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា មិនទុក្ខ មិនសុខ ព្រោះលះបង់​នូវ​សុខផង លះបង់នូវទុក្ខផង វិនាសទៅនៃ​សោមនស្ស និងទោមនស្ស​ទាំងឡាយ ក្នុងកាលមុនផង ភិក្ខុនោះ មានសេចក្តីសំគាល់​យ៉ាងនេះថា អាត្មាអញ នៅដោយ​សេចក្តី​ផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះ​ធម៌​ទាំងនុ៎ះ ថាជា​សេចក្តី​ផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថា​ជា​ការនៅសប្បាយ​ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។

[១០៣] ម្នាលចុន្ទ ហេតុនេះ តែងមាន​ជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនា​នេះ ចូលអាកាសានញ្ចាយតនៈ ដោយគិតថា អាកាសមិនមានទីបំផុត ព្រោះកន្លង​នូវពួករូបសញ្ញា វិនាសទៅនៃ​ពួកបដិឃសញ្ញា មិនកំណត់ក្នុងចិត្ត នូវពួក​នានត្តសញ្ញា ដោយសព្វគ្រប់ ភិក្ខុនោះ មានសេចក្តី​សំគាល់​ យ៉ាងនេះថា អាត្មាអញ នៅដោយ​សេចក្តី​​ផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជា​សេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿង​នៅ ដ៏​ស្ងប់​រម្ងាប់ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមាន​ជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនា​នេះ កន្លងហួស​អាកាសានញ្ចាយតនៈ ដោយសព្វគ្រប់ ហើយ​ចូល​វិញ្ញាណញ្ចាយតនៈ ដោយគិតថា វិញ្ញាណ​មិនមាន​ទីបំផុត ភិក្ខុនោះ ក៏មានសេចក្តី​សំគាល់​យ៉ាងនេះថា អាត្មាអញ នៅដោយ​សេចក្តី​ផូរផង់ ដូច្នេះ ម្នាល​ចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជា​សេចក្តីផូរផង់ ក្នុង​អរិយ​វិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាគ្រឿង​នៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យ​ប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមាន​ជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនា​នេះ កន្លងហួសនូវវិញ្ញាណញ្ចាយតនៈ ដោយសព្វគ្រប់ ហើយចូលអាកិញ្ចញ្ញាយតនៈ ដោយគិតថា វត្ថុតិចតួចមិនមាន ភិក្ខុនោះ ក៏មាន​សេចក្តី​​សំគាល់ ​យ៉ាងនេះថា អាត្មាអញ នៅដោយ​សេចក្តី​ផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះ​ធម៌​ទាំងនុ៎ះ ថាជា​សេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថា​ជា​គ្រឿង​នៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមាន​ជា​ប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនា​នេះ កន្លងហួស​នូវអាកិញ្ចញ្ញាយតនៈ ដោយ​សព្វ​គ្រប់ ហើយចូលនេវសញ្ញានាសញ្ញាយតនៈ ភិក្ខុនោះ ក៏មានសេចក្តី​សំគាល់​ យ៉ាង​នេះ​ថា អាត្មាអញ នៅដោយ​សេចក្តី​ផូរផង់ ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យ​ឈ្មោះ​ធម៌ទាំងនុ៎ះ ថាជា​សេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌​ទាំង​នុ៎ះ ថាជាគ្រឿង​នៅ ដ៏ស្ងប់រម្ងាប់ ក្នុងអរិយវិន័យប៉ុណ្ណោះ។

[១០៤] ម្នាលចុន្ទ អ្នកត្រូវធ្វើសេចក្តីផូរផង់ ក្នុងវត្ថុ មានការមិនបៀតបៀន​ជាដើមនេះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជា​អ្នកបៀតបៀន​ក្នុងវត្ថុណា ពួកយើង​នឹងជាអ្នក​មិនបៀតបៀន​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវ​ធ្វើ​នូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជា​អ្នកបំបាត់​ជីវិតសត្វ ក្នុង​វត្ថុ​ណា ពួកយើង​នឹងជាអ្នកវៀរចាក​កិរិយា​បំបាត់​ជីវិត​ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើ​សេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងកាន់យក​នូវរបស់​ដែល​គេមិនបាន​ឲ្យ ​ក្នុងវត្ថុណា ពួកយើង​នឹងវៀរចាក​ការ​កាន់យក​នូវរបស់ ដែលគេមិនបានឲ្យ ​ក្នុង​វត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំង​ឡាយ​ដទៃ នឹងប្រព្រឹត្ត​នូវធម៌​មិនប្រសើរ ក្នុងវត្ថុណា ពួកយើង​នឹងប្រព្រឹត្តនូវ​ធម៌ដ៏ប្រសើរ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំង​ឡាយ​ដទៃ នឹងនិយាយ​ពាក្យ​កុហក ក្នុងវត្ថុណា ពួកយើង​នឹងវៀរចាក​ការ​និយាយពាក្យកុហក ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវ​សេចក្តីផូរផង់​យ៉ាងនេះថា ជនទាំង​ឡាយ​ដទៃ នឹងមានសំដីញុះ​ញង់ ​ក្នុងវត្ថុណា ពួកយើង​នឹងវៀរ​ចាក​សំដីញុះញង់ ​ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវ​ធ្វើនូវ​សេចក្តីផូរផង់​ យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមាន​សំដី​​ទ្រគោះ ​ក្នុងវត្ថុណា ពួកយើង​នឹងវៀរចាក​សំដីទ្រគោះ ក្នុងវត្ថុនោះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងពោល​ពាក្យឥត​ប្រយោជន៍ ​ក្នុងវត្ថុណា ពួកយើង​នឹងវៀរចាក​ការពោលពាក្យ​ឥតប្រយោជន៍ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់ ​យ៉ាងនេះថា ជនទាំងឡាយដទៃ មាន​សេចក្តី​គយគន់ (ចង់បានទ្រព្យ​អ្នកដទៃ) ក្នុងវត្ថុណា ពួកយើង​នឹងមិនមានសេចក្តី​គយគន់ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំង​ឡាយ​ដទៃ នឹងមាន​ចិត្ត​គុំកួន ​ក្នុងវត្ថុណា ពួកយើង​នឹង​មិនមានចិត្តគុំកួន ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវ​សេចក្តី​ផូរ​ផង់​​​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាមិច្ឆាទិដ្ឋិ ក្នុងវត្ថុណា ពួកយើង​​នឹងជា​សម្មាទិដ្ឋិ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវ​សេចក្តីផូរផង់​​យ៉ាងនេះថា ជនទាំងឡាយ​ដទៃ នឹងមានតម្រិះខុស ​ក្នុងវត្ថុណា ពួកយើង​នឹងមាន​តម្រិះត្រូវ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នក​ត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹង​មានសំដីខុស ​ក្នុងវត្ថុណា ពួកយើង​នឹងមានសំដីត្រូវ ​ក្នុង​វត្ថុនុ៎ះ។ ពួកអ្នកត្រូវ​ធ្វើនូវ​សេចក្តី​ផូរផង់​យ៉ាង​នេះថា ជនទាំងឡាយដទៃ នឹងមានការងារខុស ក្នុងវត្ថុណា ពួកយើង​នឹងមានការងារត្រូវ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នក​ត្រូវធ្វើ​នូវ​សេចក្តី​ផូរផង់​​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងចិញ្ចឹមជីវិតខុស ​ក្នុងវត្ថុណា ពួកយើង​នឹងចិញ្ចឹមជីវិតត្រូវ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំង​ឡាយដទៃ នឹង​មានព្យាយាមខុស ​ក្នុងវត្ថុណា ពួកយើង​នឹងមានព្យាយាមត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមាន​សេចក្តី​រលឹកខុស ​ក្នុងវត្ថុណា ពួកយើង​នឹងមានសេចក្តីរលឹកត្រូវ ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមាន​សមាធិ​​ខុស ​ក្នុងវត្ថុណា ពួកយើង​នឹងមានសមាធិត្រូវ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានញាណខុស ​ក្នុងវត្ថុណា ពួកយើង​​នឹងមានញាណត្រូវ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានវិមុត្តិខុស ​ក្នុងវត្ថុណា ពួកយើង​នឹងមាន​វិមុត្តិត្រូវ ក្នុង​វត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមាន​ថីនមិទ្ធៈគ្របសង្កត់ ​ក្នុងវត្ថុណា ពួកយើង​នឹងមានថីនមិទ្ធៈទៅប្រាសហើយ ​ក្នុង​វត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹង​ប្រកបដោយសេចក្តីរាយមាយ ​ក្នុងវត្ថុណា ពួកយើង​នឹងមិនមានសេចក្តីរាយមាយ ​ក្នុង​វត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមាន​សេចក្តីសង្ស័យ ​ក្នុងវត្ថុណា ពួកយើង​នឹងមានសេចក្តីសង្ស័យកន្លងផុតហើយ ​ក្នុង​វត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តី​ក្រេវក្រោធ ក្នុងវត្ថុណា ពួកយើង​នឹងមិនមានសេចក្តីក្រេវក្រោធ ​ក្នុង​វត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងចង​សេចក្តីក្រោធទុក ក្នុងវត្ថុណា ពួកយើង​នឹងមិនចងសេចក្តីក្រោធទុក ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នក​ត្រូវធ្វើនូវសេចក្តី​ផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងលុបលាងគុណ​គេ ក្នុងវត្ថុណា ពួកយើង​នឹងមិនលុបលាងគុណគេ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវ​​សេចក្តី​ផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងតម្កើងឫកស្មើ ក្នុងវត្ថុណា ពួក​យើង​ ​នឹងមិនតម្កើងឫកស្មើ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តី​ផូរផង់​​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងច្រណែន ក្នុងវត្ថុណា ពួកយើង​នឹងមិនច្រណែន ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំង​ឡាយ​ដទៃ នឹងមាន​សេចក្តី​កំណាញ់ ​ក្នុងវត្ថុណា ពួកយើង​នឹងមិនមានសេចក្តីកំណាញ់ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងអួត​អាង ​ក្នុងវត្ថុណា ពួកយើង​នឹងមិនអួតអាង ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានមាយា ​ក្នុងវត្ថុណា ពួកយើង​នឹងមិន​មានមាយា ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងរឹងត្អឹង ​ក្នុងវត្ថុណា ពួកយើង​នឹងមិនរឹងត្អឹង ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវ​ធ្វើនូវសេចក្តីផូរផង់​​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តី​មើលងាយគេ ​ក្នុងវត្ថុណា ពួកយើង​នឹងមិនមាន​សេចក្តី​មើលងាយគេ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវ​សេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងជាអ្នកដែល​គេប្រដៅក្រ ក្នុងវត្ថុណា ពួកយើង​នឹងជាអ្នកដែលគេ​ប្រដៅងាយ ​ក្នុង​វត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវ​សេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានមិត្ត​អាក្រក់ ​ក្នុងវត្ថុណា ពួកយើង​នឹងមានមិត្តល្អ ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តី​ផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រហែសធ្វេស ​ក្នុងវត្ថុណា ពួកយើង​នឹងមិនប្រហែសធ្វេស ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនមានសទ្ធា ក្នុងវត្ថុណា ពួកយើង​នឹងមានសទ្ធា ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនខ្មាស​បាប ​ក្នុងវត្ថុល្អណា ពួកយើង​នឹងមានចិត្តខ្មាសបាប ​ក្នុងវត្ថុល្អនុ៎ះ។ ពួកអ្នកត្រូវធ្វើ​នូវ​សេចក្តី​ផូរផង់ ​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនខ្លាចបាប ​ក្នុងវត្ថុណា ពួកយើង​នឹងខ្លាចបាប ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមិនរៀនសូត្រ ក្នុងវត្ថុណា ពួកយើង​នឹងរៀនសូត្រ​ច្រើន ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងខ្ជិលច្រអូស ​ក្នុងវត្ថុណា ពួកយើង​នឹងមានព្យាយាម​ប្រឹងប្រែង ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងមានសេចក្តីភ្លេចភ្លាំង ​ក្នុងវត្ថុណា ពួកយើង​នឹងប្រុងស្មារតី ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងអាប់​ឥត​ប្រាជ្ញា ក្នុងវត្ថុណា ពួកយើង​នឹងមានប្រាជ្ញា ​ក្នុងវត្ថុនុ៎ះ។ ពួកអ្នកត្រូវធ្វើនូវសេចក្តីផូរផង់​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកាន់តាមសេចក្តី​យល់ឃើញ​របស់ខ្លួន ជាអ្នកប្រកាន់​មាំ ជាអ្នកដែលគេឲ្យ​លះបង់ (លទ្ធិ) បានដោយក្រ ​ក្នុងវត្ថុណា ពួកយើង​នឹងមិនប្រកាន់​តាមសេចក្តី​យល់ឃើញ​របស់ខ្លួន ជាអ្នកមិនប្រកាន់​មាំ និងជាអ្នកដែលគេ​ឲ្យលះបង់ (លទ្ធិ) បានដោយងាយ។

[១០៥] ម្នាលចុន្ទ តថាគតពោលចំពោះ​ការកើតឡើង នៃចិត្ត​ក្នុងកុសលធម៌​ទាំងឡាយថា មានឧបការៈច្រើន នឹងពោលទៅថ្វី​ក្នុងការតាក់តែងដោយ​កាយ ឬ​ដោយវាចា។ ម្នាលចុន្ទ ព្រោះហេតុនោះ អ្នកត្រូវញុំាងចិត្តឲ្យកើត​ឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹងបៀតបៀន​ក្នុងវត្ថុណា ពួកយើងនឹងមិនបៀតបៀន ក្នុងវត្ថុនុ៎ះ។ អ្នកត្រូវញុំាងចិត្តឲ្យកើត​ឡើងយ៉ាងនេះថា ជនទាំងឡាយដទៃ នឹង​ បំបាត់ជីវិតសត្វ ក្នុងវត្ថុណា ពួកយើង​នឹងវៀរចាកការ​បំបាត់​ជីវិតសត្វ​ ​ក្នុងវត្ថុនុ៎ះ។បេ។ អ្នកត្រូវញុំាងចិត្ត ឲ្យកើតឡើង​យ៉ាងនេះថា ជនទាំងឡាយដទៃ នឹងប្រកាន់តាម​សេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ ជាអ្នកដែលគេឲ្យ​លះបង់ (លទ្ធិ) បានដោយ​ក្រ ក្នុងវត្ថុណា ពួកយើងនឹងមិនប្រកាន់​តាមសេចក្តីយល់ឃើញរបស់​ខ្លួន ជាអ្នកមិនប្រកាន់មាំ ជាអ្នកដែលគេឲ្យ​លះបង់ (លទ្ធិ) បានដោយងាយ ក្នុងវត្ថុនុ៎ះ។

[១០៦] ម្នាលចុន្ទ ដូចជាផ្លូវមិនស្មើ [ផ្លូវដែលមានដង្គត់ បន្លា និងថ្មជាដើម។] មានផ្លូវស្មើដទៃ សម្រាប់ចៀសវាងផ្លូវ​មិនស្មើនោះ ម្នាលចុន្ទ ពុំនោះសោត ដូចកំពង់​មិនស្មើ [កំពង់ចំឡង ប្រកបដោយគល់ឈើ ដុំថ្ម មានក្រពើ និងមករ ជាដើម។ អដ្ឋកថា។] មានកំពង់​ស្មើឯទៀត សម្រាប់ចៀសវាងកំពង់​មិនស្មើនោះ មានឧបមា​យ៉ាងណា ម្នាលចុន្ទ បុរសបុគ្គល​ជាអ្នកបៀតបៀន រមែងមានការមិនបៀតបៀន​សម្រាប់​ចៀសវាងចេញ មានឧបមេយ្យយ៉ាងនោះ។ បុរសបុគ្គល​អ្នកសម្លាប់សត្វ មានចេតនាវៀរចាកការសម្លាប់សត្វ សម្រាប់ចៀសវាង។ បុរសបុគ្គល​អ្នកកាន់​យក​ទ្រព្យ ដែលគេមិនបានឲ្យ មានចេតនាវៀរចាកការកាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ សម្រាប់ចៀសវាង។ បុរសបុគ្គល ​អ្នកប្រព្រឹត្ត​ធម៌មិនប្រសើរ មានការប្រព្រឹត្ត​ធម៌ដ៏ប្រសើរសម្រាប់ចៀសវាង។ បុរសបុគ្គល​អ្នកនិយាយពាក្យកុហក មានចេតនា​វៀរ​ចាកពាក្យកុហក សម្រាប់ចៀសវាង។ បុរសបុគ្គល​អ្នកមានសំដីញុះញង់ មានចេតនាវៀរចាកសំដីញុះញង់ សម្រាប់ចៀសវាង។ បុរសបុគ្គល ​អ្នកមានសំដី​ទ្រគោះ មានចេតនាវៀរចាកសំដីទ្រគោះ សម្រាប់ចៀសវាង។ បុរសបុគ្គល​អ្នកពោល​ពាក្យឥតប្រយោជន៍ មានចេតនាវៀរចាកការពោលពាក្យឥត​ប្រយោជន៍ សម្រាប់ចៀសវាង។ បុរសបុគ្គល ​អ្នកមានចិត្តរំពៃ​ចង់បាន​ទ្រព្យរបស់គេ មានការ​មិនរំពៃ​ចង់បានទ្រព្យ​របស់គេ សម្រាប់ចៀសវាង។ បុរសបុគ្គល​អ្នកមានចិត្ត ចង់ឲ្យ​គេវិនាស មានការមិនចង់ឲ្យគេវិនាស សម្រាប់ចៀសវាង។ បុរសបុគ្គល​អ្នកមានសេចក្តី​យល់ឃើញខុស មានការយល់ឃើញត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល ​អ្នកមានតម្រិះខុស មានតម្រិះត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​អ្នកមានសំដីខុស មានសំដីត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​អ្នកមាន​ការងារខុស មានការងារត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​ មានការចិញ្ចឹមជីវិតខុស មានការ​ចិញ្ចឹមជីវិតត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានសេចក្តី​ព្យាយាមខុស មានសេចក្តីព្យាយាមត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានសេចក្តីរលឹកខុស មាន​សេចក្តីរលឹកត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានសមាធិខុស មានសមាធិត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានញាណខុស មានញាណត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានវិមុត្តិខុស មានវិមុត្តិត្រូវ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានថីនមិទ្ធៈគ្របសង្កត់ មានការ​ប្រាសចាកថីនមិទ្ធៈ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានចិត្តរាយមាយ មានចិត្តមិនរាយមាយ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានសេចក្តីសង្ស័យ មានការកន្លង​សេចក្តីសង្ស័យ​ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានសេចក្តី​ក្រេវក្រោធ មានសេចក្តី​មិនក្រេវក្រោធ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកចងសេចក្តី​ក្រោធទុក មានការមិនចងសេចក្តីក្រោធទុក សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកលុបគុណគេ មានការមិនលុបគុណគេ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកប្រណាំង​វាសនា មាន​ការមិនប្រណាំង​វាសនា សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកច្រណែន មានការមិន​ច្រណែន សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកកំណាញ់ មានសេចក្តីកំណាញ់​ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកអួតអាង មានការមិនអួតអាង សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកលាកពុត មានការមិនលាក់ពុត សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នករឹងត្អឹង មានសេចក្តី​មិនរឹងត្អឹង សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមើលងាយ​គេ មានសេចក្តី​មិនមើល​ងាយគេ សម្រាប់ចៀសវាង។ បុរសបុគ្គល​ ដែល​គេប្រដៅ​បានដោយក្រ មានការប្រដៅ​បានងាយ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានមិត្តអាក្រក់ មានភាវៈ​ជាអ្នកមាន​មិត្តល្អ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកធ្វេសប្រហែស មានសេចក្តីមិនធ្វេស​ប្រហែស សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមិនជឿ មានការជឿ សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមិនខ្មាសបាប មានសេចក្តីខ្មាសបាប សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមិនខ្លាចបាប មានសេចក្តី​ខ្លាចបាប សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នករៀនសូត្រតិច មានការរៀនសូត្រ​ច្រើន សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកខ្ជិលច្រអូស មានការប្រារព្ធព្យាយាម សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកមានស្មារតីភ្លេចភ្លាំង មានភាវៈ ជាអ្នក​មានស្មារតី​តម្កល់ខ្ជាប់​សម្រាប់ចៀសវាង។ បុរសបុគ្គល​ អ្នកអាប់ឥតប្រាជ្ញា មានការបរិបូណ៌​ដោយប្រាជ្ញា សម្រាប់ចៀសវាង។ បុរសបុគ្គល​ ជាអ្នកមានសេចក្តី​ប្រកាន់​តាមសេចក្តី​យល់ឃើញរបស់ខ្លួន ប្រកាន់មាំ និងជាអ្នកដែលគេឲ្យ​លះបង់ទិដ្ឋិបានដោយក្រ មានភាវៈ​ជាអ្នកមិនបានប្រកាន់​តាមសេចក្តី​យល់ឃើញ​របស់ខ្លួន មិនបានប្រកាន់​មាំ និងជាអ្នក​ដែលគេឲ្យលះបង់ទិដ្ឋិ បានដោយងាយសម្រាប់ចៀសវាង។

[១០៧] ម្នាលចុន្ទ ធម៌ទាំងឡាយណានីមួយ ជាអកុសល ធម៌ទាំងអស់​នោះ តែង​ញុំាង​សត្វឲ្យធ្លាក់​ទៅទាប ធម៌ទាំងឡាយណានីមួយ ជាកុសល ធម៌ទាំងអស់នោះ តែងញុំាងសត្វ​ឲ្យឡើង​ទៅទីខ្ពស់ មានឧបមាយ៉ាងណា ម្នាលចុន្ទ បុរស​បុគ្គល​អ្នកបៀតបៀន មានការមិនបៀតបៀន សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់ ក៏​មានឧបមេយ្យយ៉ាងនោះ។ បុរស​បុគ្គល​អ្នកសម្លាប់សត្វ មានកិច្ចវៀរចាក​ការសម្លាប់សត្វ សម្រាប់ញុំាងខ្លួនឲ្យបានខ្ពស់។ បុរស​បុគ្គល​អ្នកកាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ។បេ។ បុរស​បុគ្គល​អ្នកប្រកាន់តាមសេចក្តី​យល់ឃើញ​របស់ខ្លួន ប្រកាន់មាំ និងជាអ្នកដែលគេឲ្យលះបង់ទិដ្ឋិបានដោយក្រ មានការមិនប្រកាន់​តាមសេចក្តី​យល់ឃើញរបស់ខ្លួន មិនបានប្រកាន់មាំ និងជាអ្នកដែលគេឲ្យ​លះបង់​ទិដ្ឋិ​បានដោយងាយ សម្រាប់​ញុំាងខ្លួនឲ្យបានខ្ពស់។

[១០៨] ម្នាលចុន្ទ បុគ្គលណាមុជចុះក្នុងភក់ គឺកាមគុណ ដោយខ្លួនឯងហើយ បុគ្គលនោះឯង នឹងជួយស្រង់​បុគ្គលដទៃ ដែលមុជចុះក្នុងភក់ គឺកាមគុណដូចគ្នា ហេតុដូច្នេះនេះ មិនដែល​មានទេ។ ម្នាលចុន្ទ លុះតែបុគ្គលណា មិនមុជចុះក្នុង​ភក់ គឺកាមគុណដោយខ្លួនឯងទេ បុគ្គលនោះឯង ទើបជួយស្រង់បុគ្គលដទៃ ដែលមុជ​ចុះក្នុងភក់ គឺកាមគុណ ហេតុដូច្នេះនេះ ទើបមាន។ ម្នាលចុន្ទ បុគ្គលណា មិនទាន់បាន​ប្រដៅចិត្ត មិនទាន់បានទូន្មានចិត្ត មិនទាន់រំលត់កិលេស ដោយខ្លួន​ឯង បុគ្គលនោះឯង នឹងប្រដៅ នឹងទូន្មាន នឹងញុំាង​បុគ្គលដទៃ ឲ្យរំលត់កិលេស ហេតុ​ដូច្នេះ​នេះ មិនដែល​មានទេ។ ម្នាលចុន្ទ បុគ្គលណាបានប្រដៅ បានទូន្មាន បានរំលត់​កិលេសដោយ​ខ្លួនឯង បុគ្គលនោះឯង នឹងប្រដៅ នឹងទូន្មាន នឹងញុំាងបុគ្គលដទៃ ឲ្យ​រំលត់កិលេស ហេតុដូច្នេះនេះ ទើបមាន។ ម្នាលចុន្ទ ដូចយ៉ាង​បុរសបុគ្គល អ្នកបៀតបៀន មានការមិនបៀតបៀន សម្រាប់រំលត់។ បុរសបុគ្គល​អ្នកសម្លាប់សត្វ មានចេតនាវៀរចាកការសម្លាប់សត្វ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកកាន់យកទ្រព្យ ដែលគេ​មិនបានឲ្យ មានចេតនាវៀរចាក​ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកប្រព្រឹត្តធម៌មិនប្រសើរ មានការប្រព្រឹត្តធម៌ដ៏​ប្រសើរ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកនិយាយកុហក មានចេតនាវៀរចាក​ពាក្យកុហក សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានសំដីញុះញង់ មានចេតនាវៀរចាក​សំដី​ញុះញង់​ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានសំដីទ្រគោះ មានចេតនាវៀរចាកសំដីទ្រគោះ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកនិយាយ​ពាក្យឥតប្រយោជន៍ មានចេតនាវៀរចាក​ការ​និយាយពាក្យឥតប្រយោជន៍ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានចិត្តរំពៃចង់បាន​ទ្រព្យរបស់គេ មានចិត្តមិនរំពៃចង់បានទ្រព្យរបស់គេ សម្រាប់រំលត់។ បុរសបុគ្គល​អ្នក​មានចិត្តចង់ឲ្យគេវិនាស មានការមិនចង់ឲ្យ​គេវិនាស សម្រាប់រំលត់។ បុរសបុគ្គល​អ្នកយល់ខុស មានសេចក្តីយល់ត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានតម្រិះខុស មានតម្រិះត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានសំដីខុស មានសំដីត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានការងារខុស មានការងារ​ត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកចិញ្ចឹមជីវិតខុស មានការចិញ្ចឹមជីវិតត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានសេចក្តី​ព្យាយាមខុស មានសេចក្តីព្យាយាមត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានសេចក្តីរលឹកខុស មានសេចក្តីរលឹកត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមាន​សមាធិខុស មានសមាធិត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានញាណខុស មាន​ញាណត្រូវ​ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានវិមុត្តិខុស មានវិមុត្តិត្រូវ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានថីនមិទ្ធៈ គ្របសង្កត់ មានការប្រាសចាកថីនមិទ្ធៈ សម្រាប់រំលត់។ បុរសបុគ្គល​អ្នកមានចិត្ត​រាយមាយ មានការមិនមានចិត្តរាយ សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកមានសេចក្តីសង្ស័យ មានការកន្លង​សេចក្តី​សង្ស័យ សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកមានសេចក្តីក្រេវក្រោធ មានសេចក្តី​មិនក្រេវក្រោធ សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកចងសេចក្តីក្រោធទុក មានការមិនចងសេចក្តី​ក្រោធ​ទុក សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកលុបគុណគេ មានការមិនលុបគុណគេ សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកប្រណាំង​វាសនា មានការមិនប្រណាំង​វាសនា សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកច្រណែន មានការមិនច្រណែន សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកកំណាញ់ មានសេចក្តីមិនកំណាញ់ សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកអួតអាង មានការមិនអួតអាង សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកលាក់ពុត មានការ​មិនលាក់ពុត សម្រាប់រំលត់។ បុរសបុគ្គល​ អ្នករឹងត្អឹង មានសេចក្តី​មិនរឹងត្អឹង សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកមើលងាយគេ មានសេចក្តី​មិនមើលងាយគេ សម្រាប់រំលត់។ បុរសបុគ្គល​ ដែលគេប្រដៅបានដោយក្រ មានការប្រដៅបានដោយ​ងាយ សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកមានមិត្រអាក្រក់ មានមិត្រល្អ សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកធ្វេសប្រហែស មានសេចក្តី​មិនធ្វេសប្រហែស សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកមិនជឿ មានការជឿសម្រាប់រំលត់។ បុរសបុគ្គល​ អ្នកមិនខ្មាសបាប មានសេចក្តីខ្មាសបាប សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកមិនខ្លាចបាប មានសេចក្តី​ខ្លាចបាប សម្រាប់រំលត់។ បុរសបុគ្គល​ អ្នករៀនសូត្រតិច មានការរៀនសូត្រច្រើន សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកខ្ជិលច្រអូស មានការប្រារព្ធព្យាយាម សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកមានស្មារតីភ្លេចភ្លាំង មានស្មារតីតម្កល់ខ្ជាប់ សម្រាប់រំលត់។ បុរសបុគ្គល​ អាប់​ឥតប្រាជ្ញា មានការបរិបូណ៌ដោយប្រាជ្ញា សម្រាប់រំលត់។ បុរសបុគ្គល​ អ្នកប្រកាន់តាមសេចក្តីយល់ឃើញ​របស់ខ្លួន ប្រកាន់មាំ និង​មាន​លទ្ធិ​ ដែលគេឲ្យលះបង់បានដោយក្រ មានសេចក្តីមិនប្រកាន់តាមសេចក្តី​យល់ឃើញ​របស់ខ្លួន មិនបានប្រកាន់មាំ និងមានលទ្ធិ ដែលគេ​ឲ្យលះបង់បានដោយ​ងាយ សម្រាប់រំលត់។

[១០៩] ម្នាលចុន្ទ តថាគតបានសំដែងនូវហេតុនៃសេចក្តីផូរផង់ហើយ បានសំដែងនូវហេតុនៃ​ការកើតឡើង​នៃចិត្តហើយ បានសំដែងនូវហេតុនៃការចៀស​វាង (នូវបាបធម៌ មានការបៀតបៀន​ជាដើម) ហើយ បានសំដែងនូវហេតុនៃការកើត​ក្នុង​ជាន់ខ្ពស់ហើយ បានសំដែងនូវហេតុ ជាគ្រឿង​រំលត់ហើយ ដោយប្រការ​ដូច្នេះឯង។ ម្នាលចុន្ទ កិច្ចណាដែលសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នក​អនុគ្រោះ គប្បីធ្វើដល់សាវ័កទាំងឡាយ កិច្ចនោះ តថាគត អាស្រ័យ​សេចក្តី​អនុគ្រោះ បានធ្វើហើយដល់អ្នកទាំងឡាយ។ ម្នាលចុន្ទ ពួកអ្នកចូរពិចារណា នូវរុក្ខមូលសេនាសនៈ និងផ្ទះស្ងាត់នុ៎ះចុះ ម្នាលចុន្ទ ពួកអ្នក​កុំប្រមាទឡើយ កុំជា​បុគ្គល​មានសេចក្តីក្តៅក្រហាយ ស្តាយក្រោយឡើយ។ នេះជាពាក្យប្រៀនប្រដៅ របស់យើង ដល់អ្នកទាំងឡាយ។ លុះព្រះមានជោគ បានទ្រង់សំដែង​ព្រះសូត្រនេះ​ចប់ហើយ ព្រះមហាចុន្ទដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ។

បទ [បានដល់ពួកធម៌ មានអាការ​៤៤ គឺ​មានការមិនបៀតបៀនជាដើម មានភាពជា​អ្នកលះបង់ទិដ្ឋិ បានដោយងាយ ជាទីបំផុត។] ៤៤ ព្រះមានព្រះភាគ បានត្រាស់សំដែងហើយ សន្ធិ [បានដល់ហេតុ​ជាតំណនៃធម៌៥យ៉ាង គឺសេចក្តី​ផូរផង់១ ការកើតឡើងនៃចិត្ត១ ការចៀសវាង១ ការកើតក្នុងជាន់ខ្ពស់១ ការរំលត់​កិលេស១។]៥ ព្រះមានព្រះភាគ ក៏បានសំដែងហើយ សូត្រ (នេះ) ឈ្មោះ​សល្លេខៈ ព្រោះមានសេចក្តី​ជ្រាលជ្រៅ ឧបមាដូចសាគរ។

ចប់ សល្លេខសូត្រ ទី៨។

សម្មាទិដ្ឋិសូត្រ ទី៩

[១១០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្រ​ដ៏​មានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោ [១-២ ក្នុងពុទ្ធសម័យ ភិក្ខុចាស់​វស្សា និងខ្ចីវស្សា ហៅគ្នាទៅមកថា អាវុសោ តែក្នុងសម័យដែលព្រះអង្គ​ជិតបរិនិព្វាន ទ្រង់មានបន្ទូលនឹងព្រះអានន្ទថា អំណឹះឥត​អំពី​ព្រះអង្គទៅ ត្រូវភិក្ខុចាស់វស្សាហៅភិក្ខុ​ខ្ចីវស្សាថា អាវុសោ ចំណែក​ភិក្ខុខ្ចីវស្សា ត្រូវហៅ​ភិក្ខុចាស់​វស្សាថា ភន្តេ ឬអាយស្មា (មហាបរិនិព្វានសូត្រ)។] ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយនោះ ទទួលតបពាក្យព្រះសារីបុត្រដ៏មានអាយុ ដោយពាក្យថា ម្នាល​អាវុសោ [២] ដូច្នេះ។ ព្រះសារីបុត្រដ៏មានអាយុ បានសួរពាក្យនេះថា ម្នាលអាវុសោ​ទាំងឡាយ ព្រះមានព្រះភាគ តែងត្រាស់ថា សម្មាទិដ្ឋិៗ [សម្មាទិដ្ឋិ មាន២យ៉ាង គឺ លោកិយសម្មាទិដ្ឋិ បានដល់សេចក្តីដឹងថា សត្វមានកម្មជារបស់ខ្លួន និងសេចក្តី​ដឹង ដែល​អនុលោមតាមសច្ចៈ ឬប្រាជ្ញាដែល​ប្រកបដោយអាសវៈទាំងអស់១ លោកុត្តរសម្មាទិដ្ឋិ បានដល់​ប្រាជ្ញា ដែលប្រកបដោយអរិយមគ្គ អរិយផល១។] ដូច្នេះ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័កជាសម្មាទិដ្ឋិ [បុគ្គលជាសម្មាទិដ្ឋិ មាន៣ពួក គឺ បុថុជ្ជន១ សេក្ខបុគ្គល១ អសេក្ខបុគ្គល១។ អដ្ឋកថា។] ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តី​ជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយបានមកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុន្មានយ៉ាងហ្ន៎។ ភិក្ខុទាំងឡាយនោះ ឆ្លើយតបថា ម្នាលអាវុសោ យើង​ទាំងឡាយ​មកអំពីចម្ងាយ ដើម្បីដឹងសេចក្តី​នៃភាសិតនេះ ក្នុងសំណាក់នៃ​ព្រះសារីបុត្រដ៏មានអាយុ យើងសូមអង្វរ សូមព្រះសារីបុត្រដ៏មានអាយុ សំដែង​សេចក្តីនៃ​ភាសិតនុ៎ះឲ្យទាន ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់​ព្រះសារីបុត្រដ៏​មានអាយុហើយ នឹងចាំទុក។ ព្រះសារីបុត្រ មានថេរវាចាថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរលោកទាំងឡាយ ប្រុងស្តាប់ចុះ ចូរធ្វើ​ទុកក្នុងចិត្ត ឲ្យប្រពៃ​ចុះ ខ្ញុំនឹង​សំដែង​ឥឡូវនេះ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់​ពាក្យព្រះសារីបុត្រដ៏មានអាយុ ដោយ​ពាក្យថា ករុណាអាវុសោ។

[១១១] ព្រះសារីបុត្រដ៏មានអាយុ ក៏បានសំដែង​សេចក្តីនេះថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់​នូវអកុសលផង ដឹងច្បាស់​នូវអកុសលមូលផង ដឹងច្បាស់​នូវកុសលផង ដឹងច្បាស់​នូវកុសលមូលផង ម្នាលអាវុសោទាំងឡាយ ព្រះអរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកប​ដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ ហើយបានមកកាន់​ព្រះសទ្ធម្មនេះ ក្នុងកាលនោះ ដោយហេតុប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ អកុសល តើដូច​ម្តេច។ ម្នាលអាវុសោទាំងឡាយ បាណាតិបាត ជាអកុសល១ អទិន្នាទាន ជាអកុសល១ កាមេសុ មិច្ឆាចារ ជាអកុសល១ មុសាវាទ ជាអកុសល១ បិសុណាវាចា ជាអកុសល១ ផរុសវាចា ជាអកុសល១ សម្ផប្បលាបៈ ជាអកុសល១ អភិជ្ឈា ជាអកុសល១ ព្យាបាទ ជាអកុសល១ មិច្ឆាទិដ្ឋិ ជាអកុសល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា អកុសល។ ម្នាលអាវុសោទាំងឡាយ អកុសលមូល តើដូចម្តេច។ លោភៈ ជាអកុសលមូល១ ទោសៈ ជាអកុសលមូល១ មោហៈ ជាអកុសលមូល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា អកុសលមូល។ ម្នាលអាវុសោទាំងឡាយ កុសល តើដូចម្តេច។ ចេតនាវៀរចាកបាណាតិបាត ជាកុសល១ ចេតនាវៀរចាកអទិន្នាទាន ជាកុសល១ ចេតនាវៀរចាកកាមេសុមិច្ឆាចារ ជាកុសល១ ចេតនាវៀរចាកមុសាវាទ ជាកុសល១ ចេតនាវៀរចាកបិសុណាវាចា ជាកុសល១ ចេតនាវៀរចាកផរុសវាចា ជាកុសល១ ចេតនាវៀរចាកសម្ផប្បលាបៈ ជាកុសល១ ការមិនមានអភិជ្ឈា ជាកុសល១ ការមិនមានព្យាបាទ ជាកុសល១ សម្មាទិដ្ឋិ ជាកុសល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា កុសល។ ម្នាល​អាវុសោ​ទាំងឡាយ កុសលមូល តើដូចម្តេច។ អលោភៈ ជាកុសលមូល១ អទោសៈ ជា​កុសល​មូល១ អមោហៈ ជាកុសលមូល១ ម្នាលអាវុសោទាំងឡាយ នេះហៅថា កុសលមូល។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់​នូវអកុសលយ៉ាងនេះ ដឹង​ច្បាស់នូវអកុសលមូលយ៉ាងនេះ ដឹងច្បាស់នូវកុសលយ៉ាងនេះ ដឹងច្បាស់នូវ​កុសលមូល​​យ៉ាងនេះ អរិយសាវ័កនោះ លះបង់​រាគានុស័យ បន្ទោបង់នូវ​បដិឃានុស័យ ដកចេញនូវមានានុស័យ ប្រហែល​នឹងទិដ្ឋិថា អាត្មាអញមានដូច្នេះ ហើយលះបង់​នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើត ធ្វើនូវ​ទីបំផុត ​នៃទុក្ខក្នុងបច្ចុប្បន្ន ដោយសព្វ​គ្រប់​បាន ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបាន​មក​កាន់​​ព្រះសទ្ធម្មនេះ ដោយហេតុ​ប៉ុណ្ណេះឯង។

[១១២] ភិក្ខុទាំងឡាយនោះ ត្រេកអរ អនុមោទនា ចំពោះ​ភាសិត របស់ព្រះ​សារីបុត្រដ៏មានអាយុ ដោយពាក្យថា ម្នាលអាវុសោ ប្រពៃហើយ ទើបសួរប្រស្នា​តទៅ​ទៀត នឹងព្រះសារីបុត្រ ដ៏មានអាយុថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជា​អ្នក​​មានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ ហើយបានមក​កាន់​ព្រះសទ្ធម្មនេះ ដោយបរិយាយ​ដទៃទៀត មានដែរឬ។

[១១៣] ព្រះសារីបុត្រដ៏មានអាយុ បានឆ្លើយថា ម្នាលអាវុសោទាំងឡាយ មានដែរ ហើយបាននិយាយ (តទៅថា) ម្នាលអាវុសោទាំងឡាយ កាលណាអរិយ​សាវ័ក ស្គាល់ច្បាស់នូវអាហារ គឺបច្ច័យផង ស្គាល់ច្បាស់នូវសេចក្តី​កើតឡើង​នៃ​អាហារ​​ផង ស្គាល់ច្បាស់នូវសេចក្តីរំលត់​អាហារផង ស្គាល់ច្បាស់នូវសេចក្តី​ប្រតិបត្តិ ជាដំណើរដើម្បីរំលត់​អាហារផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានចិត្តត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយ​បាន​មក​កាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោ​ទាំង​ឡាយ អាហារតើដូចម្តេច សេចក្តីកើតឡើងនៃអាហារ តើដូចម្តេច សេចក្តីរំលត់នៃ​អាហារ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់​អាហារ តើដូចម្តេច។ ម្នាល​អាវុសោទាំងឡាយ អាហារ៤យ៉ាងនេះ តែងប្រព្រឹត្តទៅ ដើម្បី​ឋិតនៅ ដល់ពួកសត្វ ដែលជាភូត [១-២ សត្វដែល​កើតស្រេចហើយ ហៅថា ភូត។ សត្វដែល​កំពុងកើត ហៅថា សម្ភវេសី។ ឧទាហរណ៍ ដូចជាសត្វកើតពីពង (មានមាន់ជាដើម) ដែលមិនទាន់ញាស់ ពួកសត្វកើតពីទឹក (មានមនុស្សជាដើម) ដែលមិនទាន់ទំលាយស្រោមសម្រាល ពួកសត្វ​កើតពីញើសក្អែល និងពួកសត្វ​ដែល​កើតឯង កំពុងនៅក្នុងខណៈចិត្តជាដំបូង ទាំងអស់នេះ ជាសម្ភវេសី ព្រោះកើតមិនទាន់​ស្រេច។ ដែលញាស់ផុតហើយ សម្រាលចេញហើយ នឹងពួក​សត្វកើតពីញើសក្តី កើតឯងក្តី រាប់តាំង​ពីខណៈចិត្តទី២ ទៅឈ្មោះថាភូត ឬពួកសត្វ​ដែលកើត​ដោយឥរិយាបថណា ហើយមិនទាន់ផ្លាស់​ឥរិយាបថនោះទេ ក៏នៅជាសម្ភវេសី ផ្លាស់ទៅរក​ឥរិយាបថដទៃ ហើយទុកជាភូត។ មួយទៀតថា ពួកសត្វ​ដែលអស់​ជាតិហើយ គឺលែងកើតទៅទៀតហើយ ដូចពួកព្រះខីណាស្រព ហៅថា ភូត។ ពួកសេក្ខ និងបុថុជ្ជន ហៅថា សម្ភវេសី ព្រោះនៅ​ស្វែងរកភពទៀត។] ផង ដើម្បីអនុគ្រោះ​ដល់ពួកសត្វ ដែលជាសម្ភវេសី [២] ផង។ អាហារទាំង៤យ៉ាង តើដូចម្តេច។ គឺអាហារធ្វើជាពំនូត គ្រោតគ្រាត ឬល្អិត (ជាទី១) ការពាល់ត្រូវ (មាន​ចក្ខុសម្ផ័ស្សជាដើម) ជាអាហារទី២ ការត្រិះរិះ​ក្នុងចិត្ត [ការត្រិះរិះក្នុងចិត្ត រមែង​នាំមក​នូវភពទាំង៣។ អដ្ឋកថា។] ជាអាហារទី៣ វិញ្ញាណ (នាំមកនូវ​បដិសន្ធិនៃ​នាមរូប) ជាអាហារទី៤។ សេចក្តីកើតឡើងនៃអាហារ ព្រោះ​សេចក្តី​កើតឡើងនៃតណ្ហា សេចក្តី​រំលត់អាហារ ព្រោះសេចក្តី​រំលត់នៃតណ្ហា បានដល់​មគ្គ ប្រកបដោយ​អង្គ៨ ដ៏ប្រសើរ​នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរទៅ ដើម្បីរំលត់អាហារ គឺសម្មាទិដ្ឋិ១ សម្មា​សង្កប្បៈ១ សម្មាវាចា១ សម្មាកម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាមៈ១ សម្មាសតិ១ សម្មាសមាធិ១។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ស្គាល់ច្បាស់នូវអាហារ​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តី​កើតឡើង នៃអាហារយ៉ាងនេះ ស្គាល់ច្បាស់នូវ​សេចក្តីរំលត់អាហារយ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់​អាហារយ៉ាងនេះ កាលណា អរិយសាវ័កនោះ លះបង់​នូវរាគានុស័យ បន្ទោបង់នូវ​បដិឃានុស័យ ដកចេញនូវមានានុស័យ ប្រហែល​នឹងទិដ្ឋិថា អាត្មាអញមាន ដូច្នេះ លះបង់អវិជ្ជាហើយ ញុំាង​វិជ្ជាឲ្យកើតឡើង ធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នដោយ​សព្វគ្រប់ ក្នុងកាលនោះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។

[១១៤] ពួកភិក្ខុទាំងនោះ ត្រេកអរអនុមោទនាភាសិត របស់​ព្រះសារីបុត្រដ៏​មានអាយុថា អាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រដ៏​មានអាយុថា ម្នាលអាវុសោ បរិយាយដទៃ នៅមានទៀតដែរឬ។បេ។

[១១៥] ព្រះសារីបុត្រដ៏មានអាយុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ មានដែរ ហើយបាននិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវទុក្ខផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃទុក្ខផង ដឹងច្បាស់នូវសេចក្តី​រំលត់ទុក្ខផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ទុក្ខផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុ​ប៉ុណ្ណេះឯង។ ម្នាលអាវុសោទាំងឡាយ សេចក្តីទុក្ខ តើដូចម្តេច គឺជាតិ ក៏ជាទុក្ខ ជរា ក៏ជាទុក្ខ មរណៈ ក៏ជាទុក្ខ សេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ ទោមនស្ស ចង្អៀត​ចង្អល់ចិត្ត ក៏ជាទុក្ខ ការប្រកបដោយរបស់មិនជាទីស្រឡាញ់ទាំងឡាយ ក៏ជាទុក្ខ ការ​ព្រាត់ប្រាសចាក​របស់ជាទីស្រឡាញ់ទាំងឡាយ ក៏ជាទុក្ខ ប្រាថ្នានូវរបស់ណា មិនបាន​របស់នោះ ក៏ជាទុក្ខ ដោយសង្ខេប ឧបាទានក្ខន្ធទាំង៥ ក៏ជាទុក្ខ ម្នាលអាវុសោ​ទាំង​ឡាយ នេះហៅថា ទុក្ខ។ ម្នាលអាវុសោទាំងឡាយ សេចក្តីកើតឡើង នៃទុក្ខ តើដូចម្តេច តណ្ហាដែលជាធម្មជាតិ នាំសត្វ​ឲ្យកើតទៀត ប្រកបដោយសេចក្តីរីករាយ និងសេចក្តីត្រេកត្រអាល ជាធម្មជាតិ ត្រេកអរចំពោះ​ក្នុង​អារម្មណ៍នោះៗ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ម្នាលអាវុសោទាំងឡាយ នេះ ហៅថា សេចក្តីកើតឡើងនៃទុក្ខ។ ម្នាលអាវុសោទាំងឡាយ សេចក្តីរំលត់ទុក្ខ តើដូចម្តេច សេចក្តីអស់ទៅ និងសេចក្តី​រំលត់ដោយមិនសល់ណា នៃតណ្ហានោះឯង គឺការលះបង់ រលាស់ចោល ជម្រុះចោល ឥតមានអាល័យ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខនិរោធ។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិ​ជាដំណើរ​ ដើម្បី​រំលត់ទុក្ខ តើដូចម្តេច អរិយមគ្គ ប្រកបដោយអង្គ៨ នេះឯង គឺសម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវទុក្ខ​យ៉ាងនេះ ដឹងច្បាស់នូវទុក្ខសមុទ័យយ៉ាងនេះ ដឹងច្បាស់នូវ​ទុក្ខនិរោធយ៉ាងនេះ ដឹងច្បាស់​នូវទុក្ខ​និរោធគាមិនី​បដិបទាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ បន្ទោបង់អនុស័យ គឺ​បដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែល​នឹងទិដ្ឋិថា អាត្មាអញមាន ដូច្នេះ លះបង់នូវអវិជ្ជា ញុំាង​វិជ្ជាឲ្យកើតឡើងដោយសព្វគ្រប់ ហើយ​ធ្វើ​នូវទីបំផុតនៃទុក្ខបាន ក្នុងបច្ចុប្បន្ននេះ ក្នុងកាលនោះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយបាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។

[១១៦] ភិក្ខុទាំងឡាយនោះ ត្រេកអរអនុមោទនា ចំពោះភាសិត​របស់ព្រះសារីបុត្រដ៏មានអាយុថា អាវុសោ ប្រពៃហើយ ទើបសួរប្រស្នាតទៅទៀត នឹងព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ មានទិដ្ឋិ​ត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ ហើយបានមកកាន់​ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃទៀត មានដែរឬ។

[១១៧] ព្រះសារីបុត្រដ៏មានអាយុឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយដទៃ នៅមានទៀត ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាល​ណា​អរិយសាវ័ក ស្គាល់ច្បាស់នូវជរា និងមរណៈផង ស្គាល់ច្បាស់ នូវ​សេចក្តី​កើត​ឡើង​នៃជរា និងមរណៈផង ស្គាល់ច្បាស់នូវសេចក្តី​រំលត់ជរា និងមរណៈផង ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជរា និងមរណៈផង ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តី​ជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ជរា និងមរណៈ តើដូចម្តេច សេចក្តីកើត​ឡើងនៃ​ជរា និងមរណៈ តើដូចម្តេច សេចក្តីរំលត់ទៅ នៃជរា និងមរណៈ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជរា និងមរណៈ តើដូចម្តេច។ សេចក្តីគ្រាំគ្រាណា គឺសេចក្តីទ្រុឌទ្រោម ធ្មេញបាក់ សក់ស្កូវ ស្បែកយូរយា ថយ​អាយុ ចាស់ទុំឥន្ទ្រិយរបស់ពួក​សត្វនោះៗ ក្នុងសត្តនិកាយនោះៗ នេះហៅថា ជរា។ សេចក្តីឃ្លាត​ចាកសត្តនិកាយនោះៗ គឺច្យុត បែកធ្លាយ អន្តរធាន មច្ចុ រមណៈ កាលកិរិយា ការបែកធ្លាយនៃខន្ធទាំងឡាយ ការដាក់ចោលនូវ​សាកសព ការផ្តាច់​បង់នូវ​ជីវិតិន្ទ្រិយ នៃពួកសត្វនោះៗ នេះហៅថា មរណៈ។ ម្នាលអាវុសោទាំងឡាយ ជរានេះផង មរណៈនេះផង ហៅថា ជរា មរណៈ ដោយប្រការដូច្នេះឯង។ សេចក្តីកើតឡើង នៃជរា និងមរណៈ ព្រោះសេចក្តីកើតឡើងនៃជាតិ សេចក្តីរំលត់​ជរា និងមរណៈ ព្រោះសេចក្តី​រំលត់ជាតិ អរិយមគ្គប្រកបដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បី​រំលត់ជរា និងមរណៈ អរិយមគ្គនោះ គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវជរា និងមរណៈ ​យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើង នៃជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ជរា និងមរណៈ យ៉ាងនេះ ដឹងច្បាស់​នូវសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជរា និងមរណៈ យ៉ាងនេះ អរិយសាវ័កនោះ លះចោលនូវ​អនុស័យ គឺរាគៈ ដោយសព្វគ្រប់ ក្នុងកាលនោះ។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ​មានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។

[១១៨] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។​ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ មានដែរ ដូច្នេះហើយ និយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់ច្បាស់នូវជាតិផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃជាតិផង ស្គាល់ច្បាស់នូវ​សេចក្តីរំលត់ជាតិផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បី​រំលត់​ជាតិផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ជាតិ តើដូចម្តេច សេចក្តីកើត​ឡើងនៃជាតិ តើដូចម្តេច សេចក្តីរំលត់​ជាតិ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជាតិ តើដូចម្តេច។ កំណើតណា គឺសេចក្តីកើតគ្រប់គ្រាន់ ចាប់បដិសន្ធិ កកើត ទ្រើសឡើង កើតបានជាគ្រោងខន្ធឡើង ការបានចំពោះ​នូវអាយតនៈទាំង​ឡាយ របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលអាវុសោទាំងឡាយ នេះ ហៅថា ជាតិ។ សេចក្តីកើតឡើងនៃជាតិ ព្រោះសេចក្តី​កើតឡើងនៃភព សេចក្តីរំលត់​ជាតិ ព្រោះសេចក្តីរំលត់ភព អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ឈ្មោះថា ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជាតិ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវ​ជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើង​នៃជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់​ជាតិយ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ជាតិយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់ ក្នុងកាលនោះ។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះ​ឯង។

[១១៩] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់​នូវភពផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃភពផង ដឹងច្បាស់នូវ​សេចក្តី​រំលត់ភពផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បី​រំលត់ភពផង ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ភព តើដូចម្តេច សេចក្តីប្រជុំ​កើត​ឡើងនៃភព តើដូចម្តេច សេចក្តីរំលត់ភព តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ភព តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភពទាំងឡាយនេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១។ សេចក្តីកើតឡើងនៃភព ព្រោះ​សេចក្តី​កើតនៃ​ឧបាទាន សេចក្តីរំលត់ភព ព្រោះសេចក្តីរំលត់ឧបាទាន អរិយមគ្គ ប្រកបដោយអង្គ​៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ភព អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាល​អាវុសោ​ទាំង​ឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់​នូវ​ភពយ៉ាងនេះ ដឹងច្បាស់​នូវ​សេចក្តី​កើតឡើង​​នៃភពយ៉ាងនេះ ដឹងច្បាស់​នូវសេចក្តីរំលត់​ភពយ៉ាង​នេះ ដឹងច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់​ភព​យ៉ាងនេះ អរិយសាវ័ក​នោះ លះ​ចោល​អនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជា​សម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២០] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវ​ឧបាទានផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃឧបាទានផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​ឧបាទានផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បី​រំលត់ឧបាទានផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ឧបាទាន ដូចម្តេច សេចក្តីកើត​ឡើងនៃឧបាទាន តើដូចម្តេច សេចក្តីរំលត់ឧបាទាន តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ឧបាទាន តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ឧបាទាននេះ មាន៤គឺ កាមុបាទាន១ ទិដ្ឋុបាទាន១ សីលព្វតុបាទាន១ អត្តវាទុបាទាន១។ សេចក្តីកើតឡើងនៃឧបាទាន ព្រោះសេចក្តី​កើតឡើងនៃតណ្ហា សេចក្តីរំលត់ឧបាទាន ព្រោះសេចក្តីរំលត់តណ្ហា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ឧបាទាន អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវ​ឧបាទានយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃឧបាទានយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់​ឧបាទាន​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ឧបាទានយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលនូវអនុស័យ គឺរាគៈ ដោយប្រការ​ទាំងពួង។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២១] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវ​តណ្ហាផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃតណ្ហាផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​តណ្ហាផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បី​រំលត់តណ្ហាផង ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តី​ជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ តណ្ហា តើដូចម្តេច សេចក្តីកើត​ឡើង​នៃ​តណ្ហា តើដូចម្តេច សេចក្តីរំលត់តណ្ហា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បី​រំលត់តណ្ហា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកតណ្ហានេះ មាន៦គឺ សេចក្តី​ប្រាថ្នាក្នុងរូប១ ប្រាថ្នាក្នុងសំឡេង១ ប្រាថ្នាក្នុងក្លិន១ ប្រាថ្នាក្នុងរស១ ប្រាថ្នាក្នុងការ​ពាល់ត្រូវ១ ប្រាថ្នាក្នុងធម្មារម្មណ៍ គឺអារម្មណ៍ ដែលខ្លួន​ធ្លាប់​សន្សំទុកមក​ក្នុងចិត្ត១។ សេចក្តីកើតឡើងនៃវេទនា ព្រោះសេចក្តី​កើតឡើងនៃវេទនា សេចក្តីរំលត់តណ្ហា ព្រោះសេចក្តីរំលត់វេទនា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ ដើម្បីរំលត់តណ្ហា អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាល​អាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវ​តណ្ហាយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃតណ្ហាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់​តណ្ហា​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ ដើម្បីរំលត់តណ្ហាយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២២] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវ​វេទនាផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃវេទនាផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​វេទនាផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់វេទនាផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ វេទនា តើដូចម្តេច សេចក្តីកើត​ឡើងនៃវេទនា តើដូចម្តេច សេចក្តីរំលត់វេទនា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វេទនា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកវេទនានេះ មាន៦គឺ វេទនាកើតអំពី​ការពាល់ត្រូវដោយភ្នែក១ វេទនាកើតអំពី​ការពាល់ត្រូវដោយ​ត្រចៀក១ វេទនាកើតអំពី​ការពាល់ត្រូវដោយច្រមុះ១ វេទនាកើតអំពី​ការពាល់ត្រូវដោយអណ្តាត១ វេទនាកើតអំពី​ការពាល់ត្រូវដោយកាយ១ វេទនាកើតអំពី​ការពាល់ត្រូវដោយចិត្ត១។ សេចក្តីកើតឡើងនៃវេទនា ព្រោះសេចក្តី​កើតឡើងនៃផស្សៈ សេចក្តីរំលត់វេទនា ព្រោះសេចក្តីរំលត់ផស្សៈ អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វេទនា អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវវេទនាយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃវេទនាយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់វេទនា​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វេទនាយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៣] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវ​ផស្សៈផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃផស្សៈផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​ផស្សៈផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់ផស្សៈផង ក្នុងកាល​ណាហើយ ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ផស្សៈ តើដូចម្តេច សេចក្តីកើត​ឡើងនៃផស្សៈ តើដូចម្តេច សេចក្តីរំលត់ផស្សៈ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ផស្សៈ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកផស្សៈ​នេះ មាន៦គឺ ចក្ខុសម្ផស្ស១ សោតសម្ផស្ស១ ឃានសម្ផស្ស១ ជីវ្ហាសម្ផស្ស១ កាយសម្ផស្ស១ មនោសម្ផស្ស១។ សេចក្តីកើតឡើងនៃផស្សៈ ព្រោះសេចក្តី​កើតឡើងនៃអាយតនៈ៦ សេចក្តីរំលត់ផស្សៈ ព្រោះសេចក្តីរំលត់អាយតនៈ៦ អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ផស្សៈ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ដឹងច្បាស់នូវផស្សៈយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃផស្សៈ​យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ផស្សៈ​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់ផស្សៈយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៤] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ដូច្នេះ ហើយនិយាយ (តទៅទៀត) ថា ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ដឹង​ច្បាស់​នូវអាយតនៈ៦ផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃអាយតនៈ​៦​ផង ដឹងច្បាស់នូវ​សេចក្តី​រំលត់អាយតនៈ៦ផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជា​ដំណើរ ដើម្បី​រំលត់អាយតនៈ៦ផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាល​អាវុសោ​ទាំងឡាយ អាយតនៈ៦ តើដូចម្តេច សេចក្តីកើត​ឡើងនៃអាយតនៈ៦ តើដូចម្តេច សេចក្តីរំលត់អាយតនៈ៦ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាយតនៈ​៦ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ អាយតនៈ ​នេះ មាន៦គឺ ចក្ខ្វាយតនៈ១ សោតាយតនៈ១ ឃានាយតនៈ១ ជីវ្ហាយតនៈ១ កាយាយតនៈ១ មនាយតនៈ១។ សេចក្តីកើតឡើងនៃអាយតនៈ៦ បាន ព្រោះសេចក្តី​កើតឡើងនៃនាមរូប សេចក្តីរំលត់អាយតនៈ៦បាន ព្រោះសេចក្តីរំលត់នាមរូប អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាយតនៈ៦ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ដឹងច្បាស់នូវអាយតនៈ៦យ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃអាយតនៈ៦​យ៉ាងនេះ ដឹងច្បាស់នូវ​សេចក្តី​រំលត់​អាយតនៈ៦​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាយតនៈ៦យ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិ​ត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្ម​នេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៥] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹង​ច្បាស់​នូវនាមរូបផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃនាមរូបផង ដឹងច្បាស់នូវ​សេចក្តី​រំលត់​នាមរូបផង ដឹងច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់នាមរូបផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយ​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ នាមរូប តើដូចម្តេច សេចក្តីកើត​ឡើងនៃនាមរូប តើដូចម្តេច សេចក្តីរំលត់នាមរូប តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់នាមរូប តើដូចម្តេច។ វេទនា១ សញ្ញា១ ចេតនា១ ផស្សៈ១ មនសិការៈ១ នេះហៅថា នាម។ មហាភូតរូបទាំង៤ និងរូបដែល​អាស្រ័យ​មហាភូតរូបទាំង៤នេះ ហៅថា រូប។ ម្នាលអាវុសោ នាមនេះ និងរូបនេះ ហៅថា នាមរូប ដោយប្រការដូច្នេះ។ សេចក្តីកើតឡើងនៃនាមរូប ព្រោះសេចក្តី​កើតឡើង​នៃ​វិញ្ញាណ សេចក្តីរំលត់នាមរូប ព្រោះសេចក្តីរំលត់វិញ្ញាណ អរិយមគ្គ ប្រកប​ដោយអង្គ​៨​នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់នាមរូប អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ដឹងច្បាស់នូវនាមរូបយ៉ាងនេះ ដឹង​ច្បាស់​នូវសេចក្តីកើតឡើង​នៃនាមរូប​យ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់នាមរូប​យ៉ាង​នេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់នាមរូបយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៦] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានតទៅទៀត​ដែរ​ឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមាន​ដែរ​ ដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់​ច្បាស់​នូវ​វិញ្ញាណផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃវិញ្ញាណផង ស្គាល់ច្បាស់នូវ​សេចក្តី​រំលត់វិញ្ញាណផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់វិញ្ញាណផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ បាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ វិញ្ញាណ តើដូចម្តេច សេចក្តី​កើត​ឡើងនៃវិញ្ញាណ តើដូចម្តេច សេចក្តីរំលត់វិញ្ញាណ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វិញ្ញាណ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកវិញ្ញាណ​នេះ មាន៦គឺ ចក្ខុវិញ្ញាណ១ សោតវិញ្ញាណ១ ឃានវិញ្ញាណ១ ជីវ្ហាវិញ្ញាណ១ កាយវិញ្ញាណ១ មនោវិញ្ញាណ១។ សេចក្តីកើតឡើងនៃវិញ្ញាណ ព្រោះសេចក្តី​កើតឡើងនៃសង្ខារ សេចក្តីរំលត់វិញ្ញាណ ព្រោះសេចក្តីរំលត់សង្ខារ អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វិញ្ញាណ អរិយមគ្គ​នោះ​គឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ស្គាល់ច្បាស់នូវវិញ្ញាណយ៉ាងនេះ ស្គាល់​ច្បាស់​នូវសេចក្តីកើតឡើង​នៃវិញ្ញាណ​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់វិញ្ញាណ​យ៉ាង​នេះ ស្គាល់ច្បាស់​នូវ​សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់វិញ្ញាណយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់។បេ។ ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៧] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយ​ឯទៀត នៅ​មាន​​ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់​ច្បាស់​នូវសង្ខារផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃសង្ខារផង ស្គាល់ច្បាស់នូវ​សេចក្តី​រំលត់សង្ខារផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់សង្ខារផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ ហើយបាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ សង្ខារទាំងឡាយ តើ​ដូចម្តេច សេចក្តីកើត​ឡើងនៃសង្ខារ តើដូចម្តេច សេចក្តីរំលត់សង្ខារ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់សង្ខារ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ សង្ខារ​នេះ មាន៣ គឺ កាយសង្ខារ១ វចីសង្ខារ១ ចិត្តសង្ខារ១ សេចក្តីកើត​ឡើង​នៃ​សង្ខារ ព្រោះសេចក្តី​កើតឡើងនៃអវិជ្ជា សេចក្តីរំលត់សង្ខារ ព្រោះសេចក្តី​រំលត់អវិជ្ជា អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់សង្ខារគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ស្គាល់ច្បាស់នូវសង្ខារយ៉ាងនេះ ស្គាល់​ច្បាស់​នូវ​សេចក្តីកើតឡើង​នៃសង្ខារ​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់សង្ខារ​យ៉ាង​នេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់សង្ខារយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់ បន្ទោបង់​អនុស័យ គឺបដិឃៈ ដកចេញ​នូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មាន ដូច្នេះ ហើយលះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើ​នូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៨] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមាន​ដែរ​ឬ។បេ។ ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅ​មាន​​ដែរ ហើយ​និយាយ​ថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់​ច្បាស់​នូវអវិជ្ជាផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអវិជ្ជាផង ស្គាល់ច្បាស់នូវ​សេចក្តី​រំលត់អវិជ្ជាផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់អវិជ្ជាផង ម្នាល​អាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ បាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អវិជ្ជាទាំងឡាយ តើ​ដូចម្តេច សេចក្តីកើត​ឡើងនៃអវិជ្ជា តើដូចម្តេច សេចក្តីរំលត់អវិជ្ជា តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អវិជ្ជា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ សេចក្តីមិនដឹងទុក្ខ១ សេចក្តី​មិនដឹងហេតុឲ្យ​កើតទុក្ខ១ សេចក្តីមិនដឹង​ព្រះនិព្វាន ជាគ្រឿង​រំលត់ទុក្ខ១ សេចក្តី​មិន​ដឹងបដិបទា ជាដំណើរដើម្បី​រំលត់ទុក្ខ១ ម្នាលអាវុសោ នេះឯងហៅថា អវិជ្ជា។ សេចក្តី​កើតឡើងនៃអវិជ្ជា ព្រោះសេចក្តី​កើតឡើងនៃអាសវៈ សេចក្តីរំលត់អវិជ្ជា ព្រោះសេចក្តី​រំលត់អាសវៈ អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អវិជ្ជាគឺ សម្មាទិដ្ឋិ។បេ។ សម្មា​សមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណា​អរិយសាវ័ក ស្គាល់ច្បាស់នូវអវិជ្ជាយ៉ាងនេះ ស្គាល់​ច្បាស់​នូវ​សេចក្តី​កើតឡើង​​នៃអវិជ្ជា​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អវិជ្ជា​យ៉ាង​នេះ ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អវិជ្ជាយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ បន្ទោបង់​អនុស័យ គឺបដិឃៈ ដកចេញ​នូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មានដូច្នេះ លះបង់នូវអវិជ្ជា ញុំាងវិជ្ជា​ឲ្យកើត​ឡើង ហើយធ្វើ​នូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិន​ញាប់ញ័រក្នុងព្រះធម៌ មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។

[១២៩] ភិក្ខុទាំងអម្បាលនោះ ត្រេកអរអនុមោទនា ចំពោះភាសិតរបស់​ព្រះសារីបុត្រដ៏មានអាយុថា ម្នាលអាវុសោ ប្រពៃហើយ បានសួរប្រស្នានឹងព្រះ​សារីបុត្រដ៏មានអាយុតទៅទៀតថា ម្នាលអាវុសោ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មានទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រ​ក្នុងព្រះធម៌ បានមកកាន់​ព្រះសទ្ធម្មនេះ ដោយបរិយាយដទៃ នៅមានដែរឬ។

[១៣០] ព្រះសារីបុត្រ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ បរិយាយ​ឯទៀត នៅមាន ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ស្គាល់​ច្បាស់​នូវអាសវៈផង ស្គាល់ច្បាស់នូវសេចក្តីកើតឡើងនៃអាសវៈផង ស្គាល់ច្បាស់នូវ​សេចក្តី​រំលត់អាសវៈផង ស្គាល់ច្បាស់​នូវសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បី​រំលត់អាសវៈផង ម្នាល​អាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នក​មាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់​ញ័រ​ក្នុងព្រះធម៌ បាន​មកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ អាសវៈ តើ​ដូចម្តេច សេចក្តីកើត​ឡើងនៃអាសវៈ តើដូចម្តេច សេចក្តីរំលត់អាសវៈ តើដូចម្តេច សេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាសវៈ តើដូចម្តេច ម្នាលអាវុសោ​ទាំងឡាយ អាសវៈ​នេះ មាន៣ គឺ កាមាសវៈ១ ភវាសវៈ១ អវិជ្ជាសវៈ១។ សេចក្តីកើត​ឡើង​នៃអាសវៈ ព្រោះសេចក្តី​កើតឡើងនៃអវិជ្ជា សេចក្តីរំលត់អាសវៈ ព្រោះសេចក្តី​រំលត់អវិជ្ជា អរិយមគ្គ ប្រកប​ដោយអង្គ៨នេះឯង ជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាសវៈ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ១ សម្មាសង្កប្បៈ១ សម្មាវាចា១ សម្មា​កម្មន្តៈ១ សម្មាអាជីវៈ១ សម្មាវាយាម១ សម្មាសតិ១ សម្មា​សមាធិ១។ ម្នាល​អាវុសោ​ទាំងឡាយ កាលណា​អរិយសាវ័ក ស្គាល់ច្បាស់នូវអាសវៈយ៉ាងនេះ ស្គាល់​ច្បាស់​នូវ​សេចក្តីកើតឡើង​នៃអាសវៈ​យ៉ាងនេះ ស្គាល់ច្បាស់នូវសេចក្តីរំលត់អាសវៈ​យ៉ាង​នេះ ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរ​ដើម្បីរំលត់អាសវៈយ៉ាងនេះ អរិយសាវ័ក​នោះ លះចោលអនុស័យ គឺរាគៈ ដោយ​សព្វគ្រប់ បន្ទោបង់​អនុស័យ គឺបដិឃៈ ដកចេញ​នូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញ មាន ដូច្នេះ លះបង់​នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើង ហើយធ្វើ​នូវទីបំផុត នៃទុក្ខក្នុងបច្ចុប្បន្ននេះបាន ម្នាលអាវុសោ​ទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមាន​ទិដ្ឋិត្រង់ ប្រកបដោយ​សេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ បានមកកាន់​ព្រះសទ្ធម្មនេះ ដោយ​ហេតុ​ប៉ុណ្ណេះ​ឯង ក្នុងកាលនោះ។ លុះព្រះសារីបុត្រដ៏មានអាយុ ពោលពាក្យនេះហើយ ភិក្ខុទាំងអម្បាលនោះ មានចិត្ត​ត្រេកអរ រីករាយចំពោះភាសិត​ របស់ព្រះសារីបុត្រដ៏​មានអាយុ។

ចប់ សម្មាទិដ្ឋិសូត្រ ទី៩។

ធម្មជាតណា ក្នុងពាក្យដែលលោកពោលថា កតមំ បនាវុសោ (ម្នាល​អាវុសោ តើដូចម្តេច) មាន៦បទគឺ ទុក្ខ ជរា មរណ ឧបាទាន សឡាយតន នាមរូប វិញ្ញាណ។ ធម្មជាតិណា ក្នុងពាក្យដែលលោកពោលថា កតមា បនាវុសោ (ម្នាល​អាវុសោ តើ​ដូចម្តេច) មាន៤គឺ ជាតិ តណ្ហា វេទនា ជាគម្រប់៤នឹងអវិជ្ជា។ សភាវៈណា ក្នុងពាក្យ​ដែលលោក​ពោលថា កតមំ បនាវុសោ (ម្នាលអាវុសោ តើដូចម្តេច) មាន៥បទគឺ អាហារ ភព ផស្សៈ សង្ខារ ជាគម្រប់៥ នឹងអាសវៈ។ ធម្មជាតនោះ លោកពោល​ថា មាន កតមំ (តើដូចម្តេច) ៦លើក មាន កតមានិ ច (តើដូចម្តេច) ៤លើក លោកពោល​ថា មាន កតមោ (តើដូចម្តេច) ៥លើក រួមបទនៃសង្ខារធម៌ទាំងអស់ត្រូវជា១៥។

សតិបដ្ឋានសូត្រ ទី១០

[១៣១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ​ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​កម្មាសធម្មនិគម [ហៅថា កម្មសទមនិគមខ្លះ។] របស់អ្នកកុរុ ក្នុងដែនកុរុ។ ក្នុង​សម័យ​នោះ​ឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ដូច្នេះ។

[១៣២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ផ្លូវគឺ​សតិប្បដ្ឋាន​ទាំង៤ ជាផ្លូវមូលតែមួយ [ដែលថា ផ្លូវមូលតែមួយ មានសេចក្តី​ពន្យល់​ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ១។] (ប្រព្រឹត្តទៅ) ដើម្បីសេចក្តី​បរិសុទ្ធ​នៃសត្វទាំងឡាយ ដើម្បីលះបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បី​រំលត់​នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើ​ឲ្យ​ជាក់​ច្បាស់នូវព្រះនិព្វាន។ នេះហៅថា សតិបដ្ឋាន ៤។ សតិបដ្ឋាន៤ គឺអ្វីខ្លះ។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ​នូវកាយ ក្នុងកាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹង​ខ្លួន ជាអ្នកមានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក [លោក ក្នុងទីនេះ មានសេចក្តី​ពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ២រួចហើយ។]ចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនា​ទាំងឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នក​ដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក​ចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី (ជាគ្រឿងកំណត់) កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។

[១៣៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ​ក្នុង​កាយ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា​នេះ ទៅនៅក្នុងព្រៃក្តី នៅក្រោមម្លប់ឈើក្តី នៅក្នុងផ្ទះស្ងាត់ក្តី អង្គុយពែនភ្នែន តាំង​កាយ​ឲ្យត្រង់ ដំកល់សតិឲ្យមានមុខឆ្ពោះទៅរក (កម្មដ្ឋាន)។ ភិក្ខុនោះ មាន​សតិ​ដក​ដង្ហើម​ចេញ មានសតិដកដង្ហើមចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ​ដក​ដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ​ដក​ដង្ហើម​ចេញ​ខ្លី។ កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងនូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់ទាំងពួង សិមដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវ​កាយ​សង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ​នឹង រម្ងាប់កាយសង្ខារ សិមដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ ជាងក្រឡឹង ឬកូនជាងរបស់ជាងក្រឡឹង ដែលប៉ិនប្រសប់ កាលទាញខ្សែក្រឡឹងវែង ក៏ដឹង​ច្បាស់​ថា អាត្មាអញទាញខ្សែក្រឡឹងវែង។ កាលទាញខ្សែក្រឡឹងខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ​ទាញខ្សែក្រឡឹងខ្លី មានឧបមាដូចម្តេចមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង។ កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញខ្លី។ កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចូលខ្លី មានឧបមេយ្យ ដូច្នោះឯង។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹងច្បាស់នូវកាយ គឺខ្យល់​ទាំងពួង សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងកំណត់ដឹង នូវកាយ គឺខ្យល់​ទាំងពួង សិមដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ សិមដកដង្ហើមចេញ។ ភិក្ខុសិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ សិមដកដង្ហើមចូល។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង គឺកាយរបស់ខ្លួន ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះផង ពិចារណាឃើញ​រឿយ​ៗ នូវកាយក្នុងកាយជាខាងក្រៅ គឺកាយរបស់បុគ្គលដទៃ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ទាំងខាងក្នុង ខាងក្រៅ គឺកាយរបស់ខ្លួន និងកាយរបស់បុគ្គលដទៃ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលប្រជុំកើតឡើង [១-២ ខ្យល់អស្សាសបស្សាសៈ អាស្រ័យនូវ​ករជកាយផង ក្តោងច្រមុះផង ចិត្តផង ទើប​ចេញចូលទៅមកបាន ព្រោះហេតុនោះ ធម៌ទាំងនេះ ឈ្មោះថាធម៌ប្រជុំ​កើតឡើង ដល់ធម៌ទាំងនេះរលត់ទៅវិញ ឈ្មោះថា ធម៌សូន្យទៅ។] ក្នុងកាយ គ្រប់​ឥរិយាបថ​ទាំង​៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលសូន្យ [២] ទៅក្នុងកាយ [ក្នុងទីនេះ មានសេចក្តីពន្យល់ដូចក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ត្រង់ទំព័រ៦។] គ្រប់​ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលប្រជុំកើតឡើង និងធម៌​ដែល​សូន្យទៅ ក្នុងកាយ គ្រប់ឥរិយាបថទាំង៤ក្តី មួយទៀត ស្មារតីជាគ្រឿង​កំណត់នូវកាយ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមាន (ប៉ុន្តែ​មិន​មែន​សត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) ល្មមតែកំណត់ ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហា​និស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់ឥរិយាបថទាំង៤ មិនប្រកៀកប្រកាន់​អ្វីតិចតួច​ក្នុង​លោក​ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤យ៉ាងនេះឯង។

ចប់ អានាបានបព្វៈ។

[១៣៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុទោះដើរក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញ​ដើរ ទោះឈរក្តី ក៏ដឹងច្បាស់ថា អាត្មាអញឈរ ទោះអង្គុយក្តី ក៏​ដឹង​ច្បាស់​ថា អាត្មាអញអង្គុយ ទោះដេកក្តី ក៏ដឹងច្បាស់ថា អាត្មាអញដេក។ ម្យ៉ាងទៀត កាយរបស់​ភិក្ខុនោះ ដំកល់នៅ ដោយអាការៈយ៉ាងណាៗ ក៏ដឹងច្បាស់នូវកាយ ដោយ​អាការៈ​យ៉ាងនោះ ៗ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុង​កាយ​ខាង​ក្នុង (ដោយ​ការកំណត់​នូវឥរិយាបថទាំង៤របស់ខ្លួន) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤យ៉ាងនេះឯង។

ឥរិយាបថបព្វៈ។

[១៣៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុធ្វើនូវសម្បជញ្ញៈ [សម្បជញ្ញៈ ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ​៩។] គឺសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការដើរទៅមុខ និងថយក្រោយ ធ្វើ​សេចក្តី​ដឹង​ខ្លួន ជាប្រក្រតី ក្នុងការក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេងៗ ធ្វើ​សេចក្តី​​ដឹងខ្លួន ជាប្រក្រតី ក្នុងការបត់ដៃជើង និងលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការ​ទ្រទ្រង់​នូវសង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការបរិភោគភោជន និងផឹកទឹក ទំពាស៊ីខាទនីយវត្ថុ ទទួលរស ធ្វើនូវ​សេចក្តី​ដឹង​ខ្លួន ជាប្រក្រតី ក្នុងការបន្ទោបង់ នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ជាប្រក្រតី ក្នុងការដើរ ឈរ អង្គុយ ដេក ភ្ញាក់ឡើង និយាយ និងភាពស្ងៀម ជាប្រក្រតី។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ​ក្នុងកាយខាង​ក្នុង (ដោយ​ការកំណត់​នូវសម្បជញ្ញៈទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤​ យ៉ាង​នេះ​ឯង។

សម្បជញ្ញបព្វៈ។

[១៣៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ (ក្នុងសាសនានេះ) ពិចារណាឃើញ នូវកាយនេះឯង ខាងលើ តាំងពីបាតជើងឡើងទៅ ខាងក្រោម តាំងពី​ចុង​សក់​ចុះ​មក ដែលបិទបាំងដោយស្បែក ពេញដោយវត្ថុមិនស្អាត មាន​ប្រការ​​ផ្សេងៗ ​ដូច្នេះ​ថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ទឹកប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹក​រំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ (ធម្មតា) ទៃដែលមានមាត់ទាំងពីរខាង ពេញដោយធញ្ញជាតិ មានប្រការផ្សេងៗ ធញ្ញជាតិទាំងនោះ គឺ ស្រូវខ្សាយ ស ស្រូវខ្សាយក្រហម សណ្តែក​បាយ សណ្តែករាជមាស ល្ង អង្ករ។ បុរសមានចក្ខុ គប្បីស្រាយនូវមាត់ទៃនោះ ហើយ​ពិចារណាឃើញច្បាស់ ​ដូច្នេះ​ថា នេះស្រូវខ្សាយស នេះស្រូវខ្សាយក្រហម នេះ​សណ្តែក​បាយ នេះ​សណ្តែក​រាជ​មាស នេះល្ង នេះអង្ករ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ នូវកាយនេះឯង ខាងលើ តាំងពីបាត​ជើង​ឡើងទៅ ខាងក្រោម តាំងពីចុង​សក់​ចុះ​មក ដែលបិទបាំងទៅដោយ​ស្បែក ពេញ​ទៅ​ដោយ​វត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះ​ថា ក្នុងកាយនេះ មានសក់ រោម។បេ។ ទឹក​រំអិល ទឹកមូត្រ មានឧមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយ​ក្នុងកាយជាខាងក្នុង (ដោយ​ការកំណត់ នូវ​អាការមានសក់ជាដើម) ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវ​កាយ​ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

បដិក្កូលបព្វៈ។

[១៣៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណា​ឃើញ​ នូវកាយ​នេះ​ឯង ដែលស្ថិតនៅហើយយ៉ាងណា ដែលដំកល់នៅហើយយ៉ាងណា ដោយកំណត់ថា ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធម្មតា បុរសអ្នកសម្លាប់គោក្តី អន្តេវាសិក [ពួកអ្នកជំនួយការ។] នៃ​បុរសអ្នកសម្លាប់គោក្តី ដែលប៉ិនប្រសប់ សម្លាប់គោហើយ រំលែកជាចំណែក អង្គុយ​នៅ​ទៀបធ្លាធំ មានមុម៤ មាន​ឧបមាដូចម្តេច​មិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ​ នូវកាយនេះឯង ដែលស្ថិតនៅ​ហើយយ៉ាង​ណា ដែលតំកល់នៅហើយ​យ៉ាង​ណា ដោយកំណត់ថា ជាធាតុ ដូច្នេះថា ក្នុងកាយនេះ ​មានបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញរឿយៗ នូវ​កាយ​ក្នុងកាយជាខាងក្នុង ដោយ(ការកំណត់នូវធាតុទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថ​​ទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ធាតុបព្វៈ។

[១៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញសរីរៈស្លាប់ ដែល​គេ​ចោល ក្នុងព្រៃស្មសាន ទោះស្លាប់ហើយអស់១ថ្ងៃក្តី ស្លាប់ហើយអស់២ថ្ងៃក្តី ស្លាប់​ហើយ​អស់៣​ថ្ងៃ​ក្តី ដែលកំពុងហើម មានពណ៌ខៀវ (ដោយច្រើន) មានខ្ទុះហូរ​ចេញ (តាមទ្វារទាំង៩) ដូច​ម្តេច​មិញ។ ភិក្ខុនោះ ក៏បង្អោនសរីរៈស្លាប់នោះ មកប្រៀបផ្ទឹម​នឹងកាយ​នេះឯងថា សូម្បី​កាយនេះ​សោត ក៏គង់នឹងមានសភាពជារបស់​គួរខ្ពើម​ យ៉ាងនេះ គង់នឹងក្លាយទៅជាឧទ្ធុមាតកអសុភជាដើម យ៉ាងនេះ នឹងកន្លងចាក​ឧទ្ធុមាតកអសុភជាដើមនោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវ​កាយ​ក្នុង​កាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញ​រឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ នូវ​សរីរៈ​ស្លាប់ ដែលគេចោល ក្នុង​ព្រៃស្មសាន ដែលក្អែកកំពុងចឹកស៊ីក្តី ដែលពួកត្មាត កំពង់ជញ្ជែងស៊ីក្តី ដែលពួក​ត្រដក់ កំពុងចឹកស៊ីក្តី ដែលពួកស្វាន កំពុង​កកេរស៊ីក្តី ដែលពួកចចក កំពុងខាំស៊ីក្តី ដែលពួកបាណកជាតិផ្សេងៗ កំពុងស៊ីក្តី។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់​នោះ) មក​ប្រៀបធៀប​នឹងកាយនេះឯងថា សូម្បីកាយនេះឯងសោត ក៏គង់នឹង​មាន​សភាព ជារបស់គួរខ្ពើមយ៉ាងនោះ គង់នឹងក្លាយទៅជាយ៉ាងនោះ នឹងកន្លង​នូវភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានអសុភ ដែល​​កំពុងហើមជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​រឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ​សរីរៈ​ស្លាប់ ដែលគេចោល ក្នុង​ព្រៃ​ស្មសាន មានតែរាងឆ្អឹង ព្រមទាំងសាច់ និងឈាម មានសរសៃ ជាគ្រឿងចង យ៉ាងណាមិញ។បេ។ នៅតែរាងឆ្អឹង ឥតមានសាច់ តែនៅប្រឡាក់ដោយឈាម មានសរសៃ​ ជា​គ្រឿងចង។បេ។ នៅមានតែរាងឆ្អឹង ឥតមានសាច់ និងឈាម មាន​តែ​សរសៃ ​ជា​គ្រឿងចង។បេ។ នៅតែរាងឆ្អឹងទទេ មិនមានសរសៃចងរួបរឹត ខ្ចាត់ខ្ចាយ​រាត់រាយ​ទៅ ​ក្នុងទិសតូច និងទិសធំ គឺឆ្អឹងដៃ ទៅដោយឡែក ឆ្អឹងជើងទៅដោយឡែក ឆ្អឹងស្មង​ទៅ​ដោយ​ឡែក ឆ្អឹងភ្លៅទៅដោយឡែក ឆ្អឹងចង្កេះទៅដោយឡែក ឆ្អឹងខ្នងទៅ​ដោយ​ឡែក ឆ្អឹង​ជំនីរ ទៅដោយឡែក ឆ្អឹងទ្រូង ទៅដោយឡែក ឆ្អឹងដើមដៃទៅដោយឡែក ឆ្អឹងស្មាទៅដោយឡែក ឆ្អឹងក ទៅដោយឡែក ឆ្អឹង​ចង្កាទៅដោយឡែក ឆ្អឹងធ្មេញទៅដោយឡែក ឆ្អឹងក្បាលទៅដោយឡែក។ ភិក្ខុនោះ (ក៏បង្អោន​សរីរៈ​ស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹង​មាន​សភាព ជារបស់គួរខ្ពើម យ៉ាងនេះ គង់នឹងមានប្រភេទ (ក្លាយទៅ) ជាយ៉ាងនោះ នឹងកន្លងចាកសភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវកាយ ក្នុងកាយជាខាងក្នុង (ដោយការកំណត់​នូវអសុភ មានឧទ្ធុមាតកាសុភជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះក្តី។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវ​កាយ​ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ សរីរៈ​ស្លាប់ ដែលគេចោលក្នុងព្រៃស្មសាន នៅសល់តែរាងឆ្អឹងទទេ មានពណ៌ស ដូចជាពណ៌នៃ​ស័ង្ខ យ៉ាងណាមិញ…។ សល់តែរាងឆ្អឹង រោយរាយជាពំនូកៗ កន្លង​ទៅ​​មួយឆ្នាំ​ហើយ…។ នៅសល់តែរាងឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាលំអិត​តូច លំអិតធំ។ ភិក្ខុនោះ (បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយ​នេះ​សោត ក៏គង់នឹងមានសភាព ជារបស់គួរខ្ពើមយ៉ាងនោះ គង់នឹងមានប្រភេទ ក្លាយទៅជាយ៉ាងនោះ នឹងកន្លងចាកសភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុ​ពិចារណា​ឃើញរឿយៗ នូវកាយក្នុង​កាយ ជាខាងក្នុង (ដោយការកំណត់​នូវអសុភ ដែលសត្វ​កំពុងចឹកស៊ីជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះក្តី ពិចារណាឃើញរឿយ​ៗ នូវ​កាយ​ក្នុង​កាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ នូវ​កាយ​ក្នុង​កាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង​៤ក្តី ពិចារណាឃើញ​រឿយៗ នូវសមុទយធម៌ ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤ក្តី ពិចារណាឃើញនូវវយធម៌ ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗនូវសមុទយធម៌ និងវយធម៌ ក្នុងកាយជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែន​ប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បី​ឲ្យកើតប្រាជ្ញា ដើម្បី​ឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ)ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​រឿយៗ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

នវសីវថិកាបព្វៈ។

ចប់ កាយានុបស្សនាសតិប្បដ្ឋាន ។

[១៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​សុខវេទនា កាល​ទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា កាលទទួលអទុក្ខមសុខវេទនា​ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដូច្នេះ។ កាលទទួល​សុខវេទនា ប្រកបដោយអាមិសៈ [១-២ អាមិសក្នុងទីនេះ មានសេចក្តីពន្យល់ ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ​២៤ ២៥។] គឺបញ្ចកាមគុណក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​សុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈ [២] ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា មិនប្រកបដោយអាមិសៈ។ កាលទទួល​ទុក្ខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយអាមិសៈ កាលទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​ទុក្ខវេទនា មិនប្រកបដោយអាមិសៈ។ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួល​អទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួល​អទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹង​ច្បាស់​ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ ដូច្នេះ។ ភិក្ខុពិចារណាឃើញរឿយៗ នូវ​វេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មាន​សុខ​វេទនា​ជាដើម) គ្រប់ឥរិយាបថទាំង៤ ដូច្នេះក្តី ពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនា​ទាំង​ឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវវេទនា ក្នុង​វេទនា​ទាំងឡាយ ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ក្តី ពិចារណា​ឃើញរឿយៗនូវធម៌ ដែលជាទីប្រជុំកើតឡើង [ធម៌ដែល​ជាទីប្រជុំ​កើតឡើង ក្នុងវេទនាទាំងឡាយ និងមានសេចក្តី​ពន្យល់ក្នុងខន្ធបព្វៈខាងចុង។] ក្នុងវេទនាទាំងឡាយ គ្រប់​ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលសូន្យទៅ [ធម៌ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ មានសេចក្តីពន្យល់​ក្នុងខន្ធ​បព្វៈខាងចុង។] ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ នូវធម៌ដែលប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថ​ទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវវេទនា) របស់​ភិក្ខុ​នោះ ក៏ផ្ចង់ឡើងចំពោះថា វេទនាមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទី​កំណត់​ ដើម្បី​ឲ្យ​ចម្រើន​ប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (ដោយ​តណ្ហា​និស្ស័យ និងទិដ្ឋិនិស្ស័យ) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង មិន​ប្រកៀកប្រកាន់​អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា​ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

វេទនានុបស្សនាសតិបដ្ឋាន។

[១៤០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្ត ក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ទោះចិត្តប្រកបដោយរាគៈ (គឺលោភមូល៨ប្រការ) ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ទោះចិត្តប្រាសចាករាគៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ។ ទោះចិត្តប្រកបដោយទោសៈ (គឺ​ទោសមូល២ប្រការ) ក៏ដឹងច្បាស់ថា ចិត្ត​ប្រកប​ដោយទោសៈ ទោះចិត្តប្រាស​ចាក​ទោសៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាក​ទោសៈ។ ទោះចិត្តប្រកបដោយមោហៈ (គឺមោហមូល២ប្រការ) ក៏ដឹងច្បាស់ថា ចិត្ត​ប្រកបដោយមោហៈ ទោះចិត្តប្រាសចាកមោហៈ (គឺលោកិយកុសលចិត្ត និងអព្យាកតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ទោះចិត្តរួញរា (គឺចិត្ត​ដែលថីនមិទ្ធៈគ្របសង្កត់) ក៏ដឹង​ច្បាស់​ថា ចិត្តរួញរា ទោះចិត្តរាយមាយ (គឺ​ឧទ្ធច្ច​សហគតចិត្ត) ក៏ដឹងច្បាស់ថា ចិត្តរាយមាយ។ ទោះចិត្តដល់នូវភាវៈប្រសើរ (គឺ​ជារូបាវចរចិត្ត និងអរូបាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តដល់នូវភាវៈប្រសើរ ទោះចិត្តមិនដល់នូវភាវៈប្រសើរ (គឺជាកាមាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តមិនដល់​នូវ​ភាវៈប្រសើរ។ ទោះចិត្តនៅមានចិត្តដទៃប្រសើរជាង (គឺកាមាវចរចិត្ត) ក៏ដឹងច្បាស់ថា ចិត្តនៅមាន​ចិត្ត​ដទៃ​ប្រសើរជាង ទោះចិត្តមិនមានចិត្តដទៃប្រសើរជាង (គឺរូបាវចរចិត្ត និងអរូបាវចរចិត្ត) ក៏​ដឹង​ច្បាស់​ថា ចិត្តមិនមានចិត្តដទៃប្រសើរជាង។ ទោះចិត្ត​ដំកល់​នៅ​មាំ (គឺអប្បនាសមាធិ និង​ឧបចារសមាធិ) ក៏ដឹងច្បាស់ថា ចិត្តដំកល់នៅមាំ ទោះចិត្ត​មិនដំកល់នៅមាំ (គឺប្រាសចាក​សមាធិ​ទាំង២) ក៏ដឹងច្បាស់ថា ចិត្តមិនដំកល់នៅមាំ។ ទោះចិត្តរួចស្រឡះ [ចិត្តរួចស្រឡះក្នុងទីនេះ មានសេចក្តី​ពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ​២៨។] ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះ ទោះចិត្តមិនទាន់រួចស្រឡះ ក៏ដឹងច្បាស់ថា ចិត្តមិនទាន់រួចស្រឡះ។ ភិក្ខុពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្នុង (ដោយការកំណត់នូវ​ចិត្ត ប្រកបដោយរាគៈជាដើម) ​ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលជាទីប្រជុំ​កើត​ឡើង​ [១-២ ធម៌ដែលជាទីប្រជុំកើតឡើង និងធម៌ដែលសូន្យទៅ មានសេចក្តីពន្យល់ក្នុងធម្មានុបស្សនា ត្រង់ខន្ធបព្វៈខាងចុង។] ក្នុង​ចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលសូន្យទៅក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលជាទី​ប្រជុំកើតឡើង[២] ទាំងធម៌ដែលសូន្យទៅក្នុងចិត្ត ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវចិត្ត ដែលប្រកបដោយរាគៈជាដើម) របស់​ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ចិត្តមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យ​ចម្រើន​ស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់​ឥរិយាបថ​ទាំង​៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោក​ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ពិចារណា​ឃើញរឿយៗនូវចិត្ត ក្នុងចិត្តជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ចិត្តានុបស្សនាសតិបដ្ឋាន ។

[១៤១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណធម៌ទាំង៥​យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណធម៌ទាំង៥ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះ​កាមច្ឆន្ទៈ​ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាន​នៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុង​សន្តានចិត្ត​ របស់​អាត្មាអញ។ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយ​កើតឡើងបាន ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែលកាមច្ឆន្ទកើត គឺធ្វើទុកក្នុងចិត្ត​ក្នុងសុភនិមិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា។]ផង ការលះបង់ នូវកាមច្ឆន្ទៈ ដែលកើត​ឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់នូវកាមច្ឆន្ទ ដោយធ្វើទុកក្នុងចិត្ត ក្នុងអសុភនិមិត្ត ដោយឧបាយនៃប្រាជ្ញា។ ម្យ៉ាងទៀតថា លះបង់​ដោយដោយធម៌៦យ៉ាង គឺអសុភនិមិត្តឧគ្គហៈ រៀននូវអសុភនិមិត្ត១ អសុភភាវនានុយោគ ប្រកបព្យាយាមរឿយៗ ក្នុងអសុភភាវនា១ ឥន្ទ្រិយេសុ គុត្តទ្វារតា ភាពជាអ្នកមាន​ទ្វារគ្រប់គ្រង​ល្អ ​ក្នុង​ឥន្ទ្រិយ​ទាំងឡាយ១ ភោជនេ មត្តញ្ញុតា ភាពជាអ្នកដឹងប្រមាណ ក្នុងភោជន១ កល្យាណមិត្តតា ភាព​ជាអ្នកសេពគប់តែ​កល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។] ផង កាមច្ឆន្ទៈ ដែលលះបង់​បាន​ហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹង​ច្បាស់ ​នូវ​ហេតុ​នោះ [កាមច្ឆន្ទៈកើតតទៅទៀតមិនបាន ដោយអរហត្តមគ្គ។] ផង។ ទោះ​ព្យាបាទ​មាន​នៅក្នុង​​សន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តាន​ចិត្ត របស់​អាត្មា​អញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ​មិនមាន​នៅ​​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ។ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែល​ព្យាបាទកើត គឺធ្វើទុកក្នុងចិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា ក្នុងបដិឃនិមិត្ត។ អដ្ឋកថា។] ផង ការលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ [លះបង់នូវព្យាបាទ ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុង​មេត្តាចេតោវិមុត្តិ។ ម្យ៉ាងទៀតថា លះបង់​ដោយ​ធម៌​៦យ៉ាងគឺ មេត្តានិមិត្តឧគ្គហៈ រៀននូវមេត្តានិមិត្ត១ មេត្តាភាវនានុយោគ ប្រកបព្យាយាមរឿយៗ ក្នុងមេត្តាភាវនា១ កម្មស្សកតាបច្ចវេក្ខណៈ ពិចារណានូវភាព ដែលសត្វមានកម្ម ជារបស់ខ្លួន១ បដិសង្ខានពហុលតា ភាពជាអ្នកច្រើន​ដោយ​ការ​ពិចារណា​១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។] ផង ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ [ព្យាបាទកើតតទៅទៀតមិនបាន ដោយអនាគាមិមគ្គ។] ផង។ ថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅ​ក្នុង​សន្តាន​ចិត្តរបស់​អាត្មាអញ ថីនមិទ្ធៈ មិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈ មិន​មាន​នៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ហើយកើត​ឡើង​ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែល​កើតថីនមិទ្ធៈ មាន ៥យ៉ាង គឺ អរតិ សេចក្តីមិនត្រេកអរ១ តន្ទិ ចំអៀក ឬទម្រន់១ វិជម្ភិតា មិទ្ធពត់ ឬអែនអន១ ភត្តសម្មទៈ ស្រវឹងក្នុងភត្ត១ ចេតោលីនត្តៈ ច្រអូសចិត្ត។ អដ្ឋកថា។] ផង កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ​ [លះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ អារព្ភធាតុ ព្យាយាមដែល​ប្រារព្ធ​ឡើង​ជាដំបូង១ និក្កមធាតុ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ១ បរក្កមធាតុ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចកោសជ្ជៈ១។ ម្យ៉ាងទៀត​ថា លះបង់​ដោយ​ធម៌៦យ៉ាងគឺ អតិភោជនេនិមិត្តគ្គាហ កាន់យកនូវនិមិត្ត ក្នុង​កិរិយាបរិភោគនូវភោជនកន្លងប្រមាណ១ ឥរិយាបថសម្បរិវត្តនតា ភាពនៃកិរិយា​ផ្លាស់​ប្តូរ​ឥរិយាបថ១ អាលោកសញ្ញាមនសិការ ធ្វើទុកក្នុងចិត្ត នូវភាពអលោកសញ្ញា១ អព្ភោកាសវាស នៅក្នុងឱកាសដែលស្រឡះ១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។] ផង ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ថីនមិទ្ធៈមិនកើតតទៅទៀតបាន ដោយអរហត្តមគ្គ។]។ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែល​មាន​នៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ ទោះ​ឧទ្ធច្ចកុក្កុច្ចៈ ​មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈ ​មិនមាននៅ​ក្នុង​សន្តាន​ចិត្តរបស់អាត្មាអញ។ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែល​មិន​ទាន់​កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ហេតុដែលឧទ្ធច្ចកុក្កុចៈកើត គឺធ្វើទុកក្នុងចិត្ត ដោយគ្មាន​ឧបាយនៃ​ប្រាជ្ញា ក្នុងធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត។ អដ្ឋកថា។] ផង ការលះបង់នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់​នូវឧទ្ធច្ចកុក្កុច្ចៈ ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុងធម៌​ដែល​ជា​គ្រឿង​រម្ងាប់ចិត្ត។ ម្យ៉ាងទៀត លះបង់ដោយធម៌៦​យ៉ាងគឺ ពហុស្សុតតា ភាពជាអ្នកស្តាប់ច្រើន១ បរិបុច្ឆកតា ភាពជាអ្នកសាកសួរច្រើន១ វិនយេបកតញ្ញុតា ភាព​ជា​អ្នកដឹង​ ក្នុងវិន័យ១ វុឌ្ឍសេវិតា ភាពជាអ្នកសេពបុគ្គលដែលចម្រើន១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណ​មិត្ត១ សប្បាយកថា ពោល ឬស្តាប់ពាក្យ​ជាទីសប្បាយ១។] ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ [ឧទ្ធច្ចៈកើតតទៅទៀតមិនបាន ដោយអរហត្តមគ្គ ឯកុក្កុច្ចៈ​កើតត​ទៅ​ទៀតមិនបាន ដោយអនាគាមិមគ្គ។]ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹង​ច្បាស់​ថា វិចិកិច្ឆា មាននៅក្នុងសន្តាន​ចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆា មិនមាននៅ​ក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆា មិនមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ។ ទោះវិចិកិច្ឆា មិនទាន់​កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ [ហេតុដែលវិចិកិច្ឆាកើត គឺធ្វើទុកក្នុងចិត្ត មិនដោយឧបាយនៃប្រាជ្ញា ក្នុងធម៌ ដែលជាទីតាំង នៃ​សេចក្តី​សង្ស័យ។ អដ្ឋកថា។] ផង កិរិយាលះបង់ នូវវិចិកិច្ឆា ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់​នូវវិចិកិច្ឆា ដោយធ្វើទុកក្នុងចិត្ត ដោយ​ឧបាយនៃ​ប្រាជ្ញា ក្នុងកុសលធម៌ជាដើម។ ម្យ៉ាងទៀត លះបង់​ដោយ​ធម៌៦ប្រការ គឺពហុស្សុតតា ភាពជាអ្នកស្តាប់ច្រើន១ បរិបុច្ឆកតា ភាពជាអ្នកសាកសួរច្រើន១ វិនយេបកតញ្ញុតា ភាព​ជា​អ្នកដឹង​ ក្នុងវិន័យ១ អធិមោក្ខពហុលតា ភាពជាអ្នកច្រើនដោយចិត្ត ដែលជឿស៊ប់១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណ​មិត្ត១ សប្បាយកថា ពោល ឬស្តាប់ពាក្យ​ជាទីសប្បាយ១។] ផង វិចិកិច្ឆា​ដែល​លះ​បង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់​នូវហេតុ​នោះ [វិចិកិច្ឆា កើតតទៅទៀតមិនបាន ដោយសោតាបត្តិមគ្គ។ អដ្ឋកថា] ផង។ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌​ក្នុងធម៌ទាំងឡាយ ជាខាងក្នុង (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាង​ក្រៅ​ ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌​ទាំងឡាយ ជាខាង​ក្នុង និង​ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែល​ជា​ទីប្រជុំ​កើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែល​សូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ នូវ​ធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវ​នីវរណធម៌៥យ៉ាង) របស់ភិក្ខុនោះ ក៏ផ្ចង់​ឡើង​ចំពោះ​ថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បី​ឲ្យចំរើនស្មារតីប៉ុណ្ណោះ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់​ឥរិយាបថ​ទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណធម៌ទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

នីវរណៈបព្វៈ ។

[១៤២] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ​ពិចារណា​ឃើញរឿយៗ​ ​នូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធ​ទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ (ពិចារណាឃើញរឿយៗដូច្នេះថា) រូប មានប្រមាណ [រួបមាន២៨ គឺមហាភូតរូប៤ ឧបាទាយរូប២៤។ វិសុទ្ធិមគ្គ ខន្ធនិទ្ទេស។] ប៉ុណ្ណេះ ធម៌ដែល​ជាដែន​កើត​ឡើងនៃរូប មានប្រមាណ [ធម៌ជាដែនកើតរូប មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ អាហារ១ និព្វត្តិលក្ខណៈ១។] ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃរូប មានប្រមាណ [ធម៌ដែលជាដែនរលត់នៃរូប មាន៥យ៉ាងគឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ អាហារ១ បរិណាមលក្ខណៈ១។ មគ្គាមគ្គញ្ញាណទស្សវិសុទ្ធិនិទ្ទេស ត្រង់និយាយ​ពីឧទយព្វយញ្ញាណ ក្នុងគម្ពីរវិសុទ្ធិមគ្គ បញ្ញានិទ្ទេស។] ប៉ុណ្ណេះ វេទនា មាន​ប្រមាណ [វេទនាមាន៨៩ ឬ១២១។] ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃវេទនា មាន​ប្រមាណ [ធម៌ជាដែនកើតវេទនា មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ១។] ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃវេទនា មាន​ប្រមាណ [ធម៌ជាដែនរលត់វេទនា មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។] ប៉ុណ្ណេះ សញ្ញា មានប្រមាណ [សញ្ញាមាន៨៩ ឬ១២១។] ប៉ុណ្ណេះ ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណ [ធម៌ជាដែនកើត​សញ្ញា មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ១។] ប៉ុណ្ណេះ ធម៌ដែលជាដែនរលត់ទៅនៃសញ្ញា មានប្រមាណ [ធម៌ជាដែនរលត់សញ្ញា មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។] ប៉ុណ្ណេះ សង្ខារទាំងឡាយ មានប្រមាណ [សង្ខារ មាន៥០ សង្គ្រោះក្នុងចេតសិក​៥២ លើកតែវេទនាចេតសិក និងសញ្ញាចេតសិកចេញ។] ប៉ុណ្ណេះ ធម៌ដែល​ជាដែន​កើត​ឡើង​នៃសង្ខារទាំងឡាយ មានប្រមាណ [ធម៌ដែលជាដែនកើតឡើងនៃសង្ខារ មាន៥គឺ អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ និព្វត្តិលក្ខណៈ‌។] ប៉ុណ្ណេះ ធម៌​ដែលជាដែនរលត់ទៅនៃសង្ខារ មានប្រមាណ [ធម៌ជាដែនរលត់សង្ខារ មាន៥គឺ រលត់អវិជ្ជា១ តណ្ហា១ កម្ម១ ផស្សៈ១ បរិណាមលក្ខណៈ១។] ប៉ុណ្ណេះ វិញ្ញាណមានប្រមាណ [វិញ្ញាណ មាន៨៩ ឬ១២១។] ប៉ុណ្ណេះ ធម៌ដែលជាដែន​កើត​ឡើង​នៃ​វិញ្ញាណ មានប្រមាណ [ធម៌ដែលជាដែនកើតឡើង នៃវិញ្ញា មាន៥យ៉ាងគឺ អវិជ្ជា១ តណ្ហា១ កម្ម១ នាមរូប១ និព្វត្តិលក្ខណៈ១។ គម្ពីរវិសុទ្ធិមគ្គ បញ្ញានិទ្ទេស ត្រង់និយាយពីមគ្គាមគ្គញ្ញាណទស្សនវិសុទ្ធិនិទ្ទេស ឧទយព្វយញ្ញាណ។] ប៉ុណ្ណេះ ធម៌ដែលជាដែន​រលត់ទៅ​នៃ​វិញ្ញាណ មានប្រមាណប៉ុណ្ណេះ [ធម៌ជាដែន​រលត់នៃវិញ្ញាណ មាន៥យ៉ាង គឺអវិជ្ជា១ តណ្ហា១ កម្ម១ នាមរូប១ បរិណាមលក្ខណៈ១។ វិសុទ្ធិមគ្គបញ្ញានិទ្ទេស ឧទយព្វយញ្ញាណនិទ្ទេស។]។ ភិក្ខុ​ពិចារណាឃើញរឿយៗ នូវធម៌ក្នុង​ធម៌​ទាំង​ឡាយ ជាខាងក្នុង (ដោយការ​កំណត់នូវឧបាទានក្ខន្ធទាំង៥) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ ​នូវធម៌​ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ ​នូវ​ធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះ​សោត ស្មារតី (ជាគ្រឿងកំណត់នូវឧបាទានក្ខន្ធ) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ ភិក្ខុ មានចិត្ត​មិន​អាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​រឿយៗ នូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ យ៉ាងនេះឯង។

ខន្ធបព្វៈ។

[១៤៣] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញរឿយៗ នូវ​ធម៌​ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់​ឥរិយាបថ​ទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើ​ដូច​ម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវចក្ខុប្រសាទផង ដឹង​ច្បាស់​នូវ​រូបារម្មណ៍​ទាំងឡាយផង មួយវិញទៀត សញ្ញោជនធម៌ណា ដែលអាស្រ័យ​នូវភ្នែក និងរូប​ទាំង​ពីរ​នោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនធម៌ [មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ ៣៩-៤០។] នោះផង។ សំយោជនធម៌ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះផង ការលះបង់បាននូវសញ្ញោជនធម៌ ដែលកើតឡើង ដោយហេតុណា ក៏​ដឹង​ច្បាស់​នូវហេតុនោះផង សញ្ញោជនធម៌ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវសោតប្រសាទផង ដឹង​ច្បាស់​នូវសទ្ទារម្មណ៍​ទាំងឡាយផង…។ ដឹងច្បាស់នូវឃានប្រសាទផង ដឹងច្បាស់នូវគន្ធារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវជិវ្ហាប្រសាទផង ដឹងច្បាស់នូវរសារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវកាយប្រសាទផង ដឹងច្បាស់នូវផោដ្ឋព្វារម្មណ៍ទាំងឡាយផង…។ ដឹងច្បាស់នូវចិត្ត [ចិត្ត ៨៩ ឬ១២១។] ផង ដឹងច្បាស់​នូវ​ធម្មារម្មណ៍ [ធម៌៦យ៉ាង គឺ បសាទរូប១ សុខុមរូប១ ចិត្ត១ ចេតសិក១ និព្វាន១ បញ្ញត្តិ១។ វិសុទ្ធិមគ្គ អាយតននិទ្ទេស។]​ទាំង​ឡាយ​ផង មួយទៀត សំយោជនធម៌ណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ ហើយកើតឡើង ក៏​ដឹងច្បាស់នូវសំយោជនធម៌នោះផង។ សំយោជនធម៌ ដែលមិនទាន់កើតឡើង ក៏កើត​ឡើងបាន ​ដោយ​ហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ​ផង ការលះបង់នូវសំយោជនធម៌ ដែល​កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវ​ហេតុនោះផង សញ្ញោជនធម៌ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុពិចារណាឃើញរឿយៗ ​នូវធម៌ ក្នុងធម៌​ទាំងឡាយ ជា​ចំណែកខាងក្នុង (ដោយការកំណត់​នូវអាយតនៈខាងក្នុង) ​ជា​ប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្រៅក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជា​ចំណែកខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញ​រឿយៗ​ នូវសមុទយធម៌ [១-២សមុទយវយធម៌ ដែលជាទីប្រជុំកើតឡើង និងសូន្យទៅនៃអាយតនៈទាំង៥ មានចក្ខ្វាយតនៈជាដើម ដូចគ្នានឹងទីកើត ទីរលត់នៃ​រូប ឯមនាយតនៈ ដូចគ្នានឹងវិញ្ញាណ។ មានសេចក្តីពន្យល់រួចហើយ ក្នុងធម្មានុបស្សនា ខន្ធបព្វៈ។ អដ្ឋកថា។] ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ ​នូវវយធម៌ [២] ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ក្តី ពិចារណា​ឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿង​កំណត់នូវអាយតនៈ) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទី​កំណត់​ ដើម្បីឲ្យ​ចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (​តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់​អ្វីតិច​តួច​ ក្នុង​លោក​ផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ​រឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

អាយតនបព្វៈ។

[១៤៤] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណា​ឃើញ​រឿយៗនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គៈ (អង្គធម៌ ជាគ្រឿង​ត្រាស់ដឹង)៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង​សាសនា​នេះ ទោះសតិសម្ពោជ្ឈង្គ​ដែលមាននៅក្នុង​សន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តាន​ចិត្តរបស់​អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនមាន​នៅ​ក្នុង​សន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាន​ក្នុងសន្តាន​ចិត្ត​ របស់​អាត្មា​អញ។ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង កើតឡើងបាន ដោយ​ហេតុ​ណា ក៏ដឹងច្បាស់ នូវហេតុនោះ [១-២ ហេតុនោះ ក្នុងទីនេះ មានសេចក្តីពន្យល់ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ។] ផង ការចម្រើនឡើង បរិបូណ៌ នៃ​សតិសម្ពោជ្ឈង្គ ដែល​កើត​ឡើង​ហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [២]ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តាន​ចិត្ត​នៃខ្លួន…។ ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះ​បីតិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះបស្សទ្ធិសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន…។ ទោះសមាធិសម្ពោជ្ឈង្គ​ ដែលមាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន…។ ទោះ​ឧបេក្ខាសម្ពោជ្ឈង្គ ដែលមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុង​សន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនមាននៅក្នុងសន្តាន​ចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់​អាត្មាអញ។ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់​នូវ​ហេតុ​នោះ​ផង ការចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយ​ហេតុ​ណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុពិចារណា​ឃើញរឿយៗ នូវធម៌​ក្នុង​ធម៌​ទាំង​ឡាយ​ ជាចំណែកខាងក្នុង ជាប្រក្រតី (ដោយការ​កំណត់​នូវសម្ពោជ្ឈង្គទាំង៧) គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុង​ធម៌ទាំងឡាយ ជាចំណែកខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវសមុទយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង​៤ក្តី ពិចារណាឃើញរឿយៗ នូវវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់​ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុង​ធម៌​ទាំងឡាយ​ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់ នូវសម្ពោជ្ឈង្គទាំង៧) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌​​មានមែន (តែមិនមែនសត្វ មិនមែន​បុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បី​ឲ្យចម្រើន​ស្មារតី​ប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថ​ទាំង​៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ ​នូវ​ធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

ពោជ្ឈង្គបព្វៈ។

[១៤៥] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញ​រឿយៗ នូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថ​ទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹង​ច្បាស់តាមពិតថា នេះ​ជាទុក្ខ ដឹងច្បាស់តាមពិតថា នេះជាទុក្ខសមុទយ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធ ដឹងច្បាស់តាមពិតថា នេះជាទុក្ខនិរោធ​គាមិនីបដិបទាន។ ភិក្ខុពិចារណា​ឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង (ដោយការកំណត់ នូវអរិយសច្ចទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាចំណែកខាងក្នុង ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង​៤ក្តី ពិចារណា​ឃើញរឿយៗ នូវសមុទយធម៌ [១-២ សមុទយធម៌ និងវយធម៌ ដែល​ជាដែនឲ្យកើតឡើង និងសូន្យទៅនៃសត្វទាំង៤នោះ បានដល់​សម្ពោជ្ឈង្គទាំង៧​ប្រការ មានសតិសម្ពោជ្ឈង្គ ជាដើម។ អដ្ឋកថា។] ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវវយធម៌ [២] ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណា​ឃើញរឿយៗ នូវសមុទយធម៌ និងវយធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវ​អរិយសច្ចទាំង៤) របស់ភិក្ខុនោះ ក៏ផ្ចង់​ឡើងចំពោះថា ធម៌មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាគ្រឿង​កំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ ភិក្ខុមានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា​ឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។

សច្ចបព្វៈ។

ចប់ ភាណវារៈ ជាបឋម។

[១៤៦] ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ ក៏ជាទុក្ខ ជរា ក៏ជាទុក្ខ មរណៈ ក៏ជាទុក្ខ សោកៈ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តី​លំបាក​កាយ ទោមនស្សៈ គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏​សុទ្ធ​តែ​ជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារ​ទាំងឡាយ ដែល​មិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តី​ព្រាត់ប្រាស ចាក​សត្វ និង​សង្ខារ​ទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គល​​ចង់​បាន​នូវរបស់ណា ហើយមិនបាន នូវរបស់នោះ ក៏ជាទុក្ខ បើពោលដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធទាំង៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយា​កើត​ព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត កិរិយាកើតប្រាកដនៃខន្ធទាំងឡាយ ការបាន​នូវ​អាយតនៈទាំងឡាយ​ណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា ជរា។ ជរា គឺសេចក្តីគ្រាំគ្រា ឬ​ការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញ​ជ្រីវ យុរយារ កិរិយាថយទៅនៃអាយុ កិរិយា​ទ្រុឌ​ទ្រោមទៅ នៃ​ឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅ​ថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា​មរណៈ។ ភាវៈនៃចិត្ត ដែល​ឃ្លាត​ចេញ អាការៈនៃចិត្តដែលឃ្លាតទៅ កិរិយាបែកធ្លាយទៅ កិរិយាបាត់បង់ទៅ សេចក្តីវិនាសនៃជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តី​បែកធ្លាយ នៃ​ខន្ធ​ទាំងឡាយ កិរិយាដាក់ចុះនូវសាកសព កិរិយាផ្តាច់ផ្តិល នូវជីវិតិន្ទ្រិយណា របស់​សត្វទាំងឡាយ​នោះ​ៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺ​សេចក្តី​ស្តាយ​ស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោយសោក សេចក្តី​រីង​ស្ងួត​ក្នុងចិត្ត សេចក្តី​ក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបដោយ​សេចក្តី​វិនាស​ណាមួយ ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅ​ថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយា​យំអណ្តឺត​អណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃកិរិយាយំអណ្តឺតអណ្តក ភាវៈនៃកិរិយា​យំបម្រះ​ននៀល​ណា របស់សត្វ ដែលប្រកបដោយ​សេចក្តី​វិនាស​ណា​មួយ ដែលសេចក្តី​ទុក្ខ​ណាមួយ ពាល់ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាល​ភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​លំបាកកាយ សេចក្តី​មិនសប្បាយកាយ សេចក្តីលំបាក ដែលកើតអំពីកាយសម្ផ័ស្ស ការ​ទទួលរង​សេចក្តី​មិន​ស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះ​ដូច​ម្តេចហៅថា ទោមនស្សៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តី​លំបាកក្នុងចិត្ត សេចក្តី​មិន​សប្បាយ​ក្នុងចិត្ត សេចក្តីលំបាក ដែលកើត​អំពី​មនោសម្ផ័ស្ស ការសោយ​អារម្មណ៍​មិន​ស្រួល​ណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្សៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តី​ចង្អៀត​ចង្អល់ចិត្ត ភាវៈនៃ​សេចក្តី​តានតឹង​ក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបដោយ​សេចក្តីវិនាសណាមួយ ដែលសេចក្តី​ទុក្ខ​ណា​មួយ​ពាល់​ត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាស ។ ម្នាលភិក្ខុ​ទាំង​ឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ទាំងឡាយណា ដែលមិនជាទីប្រាថ្នា មិនជាទី​ត្រេកអរ មិន​ជា​ទីគាប់ចិត្ត ក្នុងលោកនេះ មានដល់ជននោះ ពុំនោះសោត ពួកជន​ណា ដែល​ប្រាថ្នា​នូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នា​នូវ​សេចក្តី​មិន​សប្បាយ ប្រាថ្នានូវសេចក្តីមិនក្សេមក្សាន្ត ចាកយោគៈ ដល់សត្វនោះ ការបានជួបគ្នា ការជួបជុំគ្នា ការប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នាណា ដោយអារម្មណ៍ នឹងជន​ទាំងឡាយ​នោះ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិ សម្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិ វិប្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍​ទាំងឡាយណា ដែល​ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ក្នុងលោកនេះ មានដល់ជននោះ ពុំនោះ​សោត ពួកជនណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្តក្តី អាមាត្យ​ក្តី ញាតិសាលោហិតក្តី ដែលជាអ្នក​ប្រាថ្នាសេចក្តីចំរើន ប្រាថ្នាប្រយោជន៍ ប្រាថ្នាសេចក្តីសប្បាយ ប្រាថ្នាសេចក្តីក្សេមក្សាន្ត ចាកយោគៈ មានដល់ជននោះ ការ​មិន​បានជួបគ្នា ការមិនជួបជុំគ្នា ការមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ ដោយ​អារម្មណ៍ នឹងជនទាំងឡាយនោះ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិ វិប្បយោគទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច​ហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមាន​ជាតិ​ជា​ធម្មតា តែងមានសេចក្តី​ប្រាថ្នា​កើត​ឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ធ្វើម្តេចហ្ន៎ ជាតិ កុំគប្បីមក​ដល់​យើង​ឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​​ឡើយ នេះឯង តថាគតហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា…។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែល​មាន​សេចក្តី​ឈឺថ្កាត់​ជា​ធម្មតា…។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានសេចក្តីស្លាប់ជាធម្មតា…។ ម្នាល​ភិក្ខុទាំងឡាយ ពួកសត្វដែលមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តី​លំបាក​កាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមាន​សេចក្តីប្រាថ្នា​កើត​ឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសោក សេចក្តី​ខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្តឡើយ មួយទៀត ធ្វើម្តេចហ្ន៎ សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តី​ខ្លោចផ្សា​ចិត្ត កុំគប្បីមកដល់យើងឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបាន​សម្រេច​តាម​ប្រាថ្នា​ នេះឯង តថាគតហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេចឧបាទានក្ខន្ធទាំង៥ ដោយបំប្រួញ ដែល​ថា​ជាទុក្ខ ឧបាទានក្ខន្ធ​ទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគត​ហៅថា ឧបាទានក្ខន្ធ​ទាំង​ឡាយ​៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត​ហៅថា ទុក្ខអរិយសច្ច។

[១៤៧] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហា​ណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ តើគឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តី​ប្រាថ្នាក្នុងកាមគុណ [១-២-៣ មើលនយលក្ខណៈ ក្នុងមហាសតិបដ្ឋានសូត្រ។])១ ភវតណ្ហា (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព [២])​១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ [៣]) ១។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើង​ក្នុង​ទី​ណា កាលដែលជាប់នៅ តើជាប់នៅ​ក្នុង​ទី​ណា។ អារម្មណ៍ណា ដែល​មាន​សភាវៈ​គួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​អារម្មណ៍នុ៎ះ កាលដែល​ជាប់​នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក។ ភ្នែក មាន​សភាវៈ​គួរស្រឡាញ់ មានសភាវៈ​គួរ​ត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​ភ្នែកនុ៎ះ កាលដែល​ជាប់នៅ ក៏ជាប់នៅក្នុងភ្នែកនុ៎ះ។ ត្រចៀក ច្រមុះ អណ្តាត កាយ​ ចិត្ត មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែល​កើតឡើង ក៏កើតឡើងក្នុងត្រចៀកជាដើមនុ៎ះ កាល​ដែល​ជាប់នៅ ក៏ជាប់នៅ​ក្នុង​ត្រចៀកជាដើមនុ៎ះ។ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលមានសភាវៈ​គួរ​ស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងរូបជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មាន​សភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែល​កើត​ឡើង ក៏កើតឡើង​ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅ​ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាវៈ​គួរ​ស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុង​លោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​ក្នុង​ចក្ខុសម្ផ័ស្ស​ជាដើមនុ៎ះ កាលដែល​ជាប់នៅ ក៏ជាប់នៅក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ វេទនា​ ដែលកើត​អំពី​ចក្ខុសម្ផ័ស្ស វេទនា ដែលកើតអំពីសោតសម្ផ័ស្ស វេទនា ដែលកើតអំពីឃានសម្ផ័ស្ស វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនា ដែលកើតអំពីកាយសម្ផ័ស្ស វេទនា ដែលកើតអំពីមនោសម្ផ័ស្ស មាន​សភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុង​លោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែល​កើត​អំពី​ចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងវេទនា ដែល​កើត​អំពីចក្ខុ​សម្ផ័ស្ស​ជាដើមនុ៎ះ។ រូបសញ្ញា (សេចក្តីសម្គាល់ក្នុងរូប) សទ្ទសញ្ញា (សេចក្តីសម្គាល់​ក្នុងសំឡេង) គន្ធសញ្ញា (សេចក្តីសម្គាល់ក្នុងក្លិន) រសសញ្ញា (សេចក្តីសម្គាល់​ក្នុងរស) ផោដ្ឋព្វសញ្ញា (សេចក្តីសម្គាល់ក្នុងផោដ្ឋព្វៈ) ធម្មសញ្ញា (សេចក្តីសម្គាល់ក្នុង​ធម្មារម្មណ៍) មានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរ​ត្រេកអរ​ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើង​តែក្នុង​រូបសញ្ញាជាដើមនុ៎ះ កាល​ដែលជាប់នៅ ក៏ជាប់នៅក្នុងរូបសញ្ញាជាដើមនុ៎ះ។ រូបសញ្ចេតនា (ការគិតសន្សំនូវរូបារម្មណ៍) សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា ធម្មសញ្ចេតនា មាន​សភាវៈគួរ​ស្រឡាញ់ មានសភាវៈគួរត្រេកអរ​ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើត​ឡើង​ក្នុង​ការគិតសន្សំ​នូវ​រូបារម្មណ៍ជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបារម្មណ៍ជាដើមនុ៎ះ។ រូបតណ្ហា (សេចក្តីស្រេកឃ្លាន ក្នុងរូបារម្មណ៍) សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងរូបបារម្មណ៍ជាដើមនុ៎ះ កាលដែល​ជាប់​នៅ ក៏ជាប់នៅក្នុង​រូបជាដើមនុ៎ះ។ រូបវិតក្កតៈ (សេចក្តីត្រិះរិះក្នុងរូបារម្មណ៍) សទ្ទវិតក្កតៈ គន្ធវិតក្កតៈ រសវិតក្កតៈ ផោដ្ឋព្វវិតក្កតៈ ធម្មវិតក្កតៈ មានសភាវៈ​គួរ​ស្រឡាញ់ មានសភាវៈ​គួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​សេចក្តីត្រិះរិះ ក្នុងរូបជាដើម​នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅ​ក្នុង​សេចក្តីត្រិះរិះក្នុងរូបជាដើមនុ៎ះ។ រូបវិចារៈ (សភាពពិចារណា​នូវរូបារម្មណ៍) សទ្ធវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាវៈ​គួរស្រឡាញ់ មានសភាវៈគួរត្រេកអរ​ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុង​សេចក្តីពិចារណា​នូវរូប​ជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។

[១៤៨] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច ។ កិរិយាប្រាសចាកតម្រេក រំលត់មិនមានសេសសល់ ដោយអរិយមគ្គ កិរិយាលះបង់ កិរិយារលាស់ចេញ ការរួចស្រឡះ ការមិនអាល័យ នូវតណ្ហានោះ (ឈ្មោះថា ទុក្ខនិរោធ​អរិយសច្ច )។ ម្នាលភិក្ខុទាំងឡាយ តណ្ហានោះឯង ដែលបុគ្គលលះបង់ តើលះបង់​ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែល​​បុគ្គល​លះបង់ ក៏លះបង់ក្នុងអារម្មណ៍នុ៎ះ កាលរលត់ ក៏រលត់​ក្នុង​អារម្មណ៍នុ៎ះ។ អារម្មណ៍ដូចម្តេច ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរត្រេកអរក្នុងលោក។ ភ្នែក មានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរ​ត្រេកអរក្នុង​លោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងភ្នែកនោះ កាលរលត់ទៅ ក៏រលត់ទៅក្នុងភ្នែកនុ៎ះ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ តណ្ហា​នុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងត្រចៀក​ជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់​ទៅក្នុងត្រចៀកជាដើមនុ៎ះ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ធម្មារម្មណ៍ មាន​សភាវៈ​គួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបារម្មណ៍ជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបារម្មណ៍ជាដើម​នុ៎ះ។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គល​លះបង់ ក៏លះបង់ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅ​ក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុសម្ផ័ស្សជា​ដើម​នុ៎ះ។ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស វេទនា ដែលកើតអំពីសោតសម្ផ័ស្ស វេទនា ដែលកើតអំពីឃានសម្ផ័ស្ស វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនា ដែលកើតអំពីកាយសម្ផ័ស្ស វេទនា ដែលកើតអំពីមនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរ​ត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស​ជាដើមនុ៎ះ កាល​រលត់ទៅ ក៏រលត់ទៅក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ រូបសញ្ញា សទ្ធសញ្ញា គន្ធសញ្ញា រសសញ្ញា ផោដ្ឋព្វសញ្ញា ធម្មសញ្ញា មានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបសញ្ញាជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបសញ្ញា​ជាដើមនុ៎ះ។ រូបសញ្ចេតនា សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វ​សញ្ចេតនា ធម្មសញ្ចេតនា មាន​សភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុង​លោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបសញ្ចេតនាជាដើម​នុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបសញ្ចេតនាជាដើមនុ៎ះ។ រូបតណ្ហា សទ្ទតណ្ហា គន្ធតណ្ហា រសតណ្ហា ផោដ្ឋព្វតណ្ហា ធម្មតណ្ហា មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរ​ត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបតណ្ហាជាដើម​នុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបតណ្ហាជា​ដើមនុ៎ះ។ រូបវិតក្កៈ សទ្ទវិតក្កៈ គន្ធវិតក្កៈ រសវិតក្កៈ ផោដ្ឋព្វវិតក្កៈ ធម្មវិតក្កៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែល​បុគ្គល​លះបង់ ក៏លះបង់ក្នុងរូបវិតក្កៈជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់​ទៅ​ក្នុងរូបវិតក្កៈជាដើមនុ៎ះ។ រូបវិចារៈ សទ្ទវិចារៈ គន្ធវិចារៈ រសវិចារៈ ផោដ្ឋព្វវិចារៈ ធម្មវិចារៈ មានសភាវៈគួរស្រឡាញ់ មានសភាវៈ​គួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងរូបវិចារៈជាដើមនុ៎ះ កាលរលត់ទៅ ក៏រលត់ទៅក្នុងរូបវិចារៈជាដើមនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។

[១៤៩] ម្នាលភិក្ខុ​ទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធគាមិនីបដិបទា​អរិយ​សច្ច។ អរិយមគ្គ ប្រកបដោយអង្គ៨ប្រការនេះ គឺសម្មាទិដ្ឋិ (ប្រាជ្ញា​យល់​ត្រូវ)១ សម្មាសង្កប្បៈ (ប្រាជ្ញាត្រិះរិះត្រូវ)១ សម្មាវាចា (សំដីត្រូវ)​១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (ការ​ព្យាយាមត្រូវ)១ សម្មាសតិ (ការដំកល់ស្មារតីត្រូវ)១ សម្មាសមាធិ (ការតាំងចិត្ត​ត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញា​ ជាគ្រឿងដឹង ក្នុងកងទុក្ខ​ណា ប្រាជ្ញាជាគ្រឿងដឹងក្នុងតណ្ហា ជាដែនឲ្យកើតកងទុក្ខណា ប្រាជ្ញាជាគ្រឿង​ដឹង​ ក្នុងធម៌ជាទីរលត់នៃកងទុក្ខណា ប្រាជ្ញាជាគ្រឿងដឹង ក្នុងដំណើរ​ជាទីទៅកាន់ទីរលត់​​ទុក្ខ​ណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូច​ម្តេចហៅថា សម្មាសង្កប្បៈ ។ សេចក្តីត្រិះរិះ ក្នុងកិរិយាចេញចាកកាម១ សេចក្តីត្រិះរិះ ក្នុងកិរិយា​មិន​ព្យាបាទ១ សេចក្តីត្រិះរិះ ក្នុងការ​មិនបៀតបៀន១ ម្នាលភិក្ខុទាំង​ឡាយ នេះ តថាគត​ហៅថា សម្មាសង្កប្បៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាវាចា ។ ចេតនា​វៀរចាក​មុសាវាទ១ ចេតនាវៀរចាកបិសុណា​វាចា១ ចេតនាវៀរចាកផរុសវាចា១ ចេតនាវៀរចាកសម្ផប្បលាបៈ១ ម្នាលភិក្ខុ​ទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាកម្មន្តៈ ។ ចេតនាវៀរចាកបាណាតិបាត១ ចេតនាវៀរចាកអទិន្នាទាន១ ចេតនា​វៀរចាកកាមេសុមិច្ឆាចារ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាកម្មន្តៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ ។ ម្នាលភិក្ខុ​ទាំងឡាយ អរិយ​សាវ័ក ក្នុងសាសនានេះ លះបង់នូវមិច្ឆាអាជីវៈ គឺការចិញ្ចឹមជីវិតខុស ហើយប្រព្រឹត្ត​ចិញ្ចឹម​ជីវិត ដោយសម្មាអាជីវៈ គឺការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាអាជីវៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាវាយាមៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ក្នុង​សាសនានេះ ញុំាងឆន្ទៈឲ្យកើត ធ្វើនូវ​ព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ធ្វើឆន្ទៈឲ្យកើត ធ្វើព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីលះបង់នូវអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើង​ហើយ (ឲ្យសាបសូន្យទៅ) ញុំាងឆន្ទៈឲ្យកើត ខំព្យាយាម ប្រារព្ធ​ព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បីធ្វើកុសលធម៌ទាំងឡាយ ដែលមិនទាន់កើត​ឡើង​ ឲ្យកើតឡើងបាន ធ្វើឆន្ទៈឲ្យកើត ខំព្យាយាម ប្រារព្ធព្យាយាម ផ្គងចិត្ត តាំងចិត្ត ដើម្បី​ធ្វើកុសលធម៌ទាំងឡាយ ដែលកើតឡើងហើយ ឲ្យឋិតនៅយូរអង្វែង មិនឲ្យសាបសូន្យ ឲ្យចំរើនឡើង ឲ្យធំទូលាយ ឲ្យចំរើនពេញបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ភិក្ខុពិចារណាឃើញរឿយៗ ​នូវវេទនាក្នុងវេទនា​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ពិចារណាឃើញរឿយៗ ​នូវចិត្តក្នុងចិត្ត ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជាគ្រឿង​ដុតកម្តៅនូវកិលេស មានសេចក្តី​ដឹងខ្លួន និងមានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ។ ពិចារណាឃើញរឿយៗ ​នូវធម៌ក្នុងធម៌​ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានព្យាយាម ជា​គ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានសតិ បន្ទោបង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយហើយ ក៏ចូលបឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ជាអារម្មណ៍ លុះ​ភិក្ខុនោះ ចូល​ទៅ​ជិត​រម្ងាប់នូវវិតក្កៈ វិចារៈរួចហើយ ក៏បានចូលដល់ទុតិយជ្ឈាន ជាទីជ្រះថ្លា ប្រព្រឹត្តទៅខាងក្នុង ដ៏ញុំាងចិត្តជាសមាធិ ឲ្យចំរើនឡើង មិនមានវិតក្កៈ និងវិចារៈទេ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិប៉ុណ្ណោះ លុះលះបង់បីតិចេញហើយ ភិក្ខុនោះ ជាបុគ្គល​មានចិត្តព្រងើយ មានសតិ និងសម្បជញ្ញៈ សោយសេចក្តីសុខ ដោយនាមកាយផង ព្រះអរិយបុគ្គលទាំងឡាយ តែងហៅនូវភិក្ខុ​ ដែលបាន​តតិយជ្ឈាននោះថា ជាអ្នកមានចិត្តព្រងើយកន្តើយ ជាអ្នកមានសតិ ជាអ្នកនៅជា​សុខ ភិក្ខុនោះ ក៏បានដល់តតិយជ្ឈាន លុះលះបង់នូវសេចក្តីសុខ និងសេចក្តីទុក្ខ​រួចហើយ ក៏រំលត់នូវសោមនស្ស និងទោមនស្ស​អំពីមុន ចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិដ៏ស្អាត ចំពោះត្រង់ឧបេក្ខា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទា​អរិយសច្ច ។

[១៥០] ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ​ ជាខាង​ក្នុង (ដោយការកំណត់នូវអរិយសច្ចទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌​ទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ ជាខាងក្នុង ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសភាវៈ ដែល​កើតឡើងនៃសច្ចៈទាំង៤ គួរតាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថ​ទាំង៤ក្តី ពិចារណាឃើញរឿយៗ​ នូវសភាវៈសូន្យទៅ នៃសច្ចៈទាំង៤ គួរតាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសភាវៈ ដែលកើតឡើង និងសូន្យទៅ នៃសច្ចៈទាំង៤ គួរ​តាមពិត ក្នុងសច្ចធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី (ជាគ្រឿងកំណត់នូវសច្ចៈទាំង៤) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌​មានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុស ជាដើម) គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើន​ស្មារតីប៉ុណ្ណោះ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហា និងទិដ្ឋិ)ផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌​ទាំងឡាយ គឺអរិយសច្ចទាំង៤ យ៉ាងនេះឯង។

[១៥១] ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តា​ផល​ទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តី​ប្រាថ្នា​ដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់​នឹង​បាន​​សម្រេច​នូវ​ភាវៈ ជា​អនាគាមិ​បុគ្គល ពុំខានឡើយ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំ តាមលំដាប់វិធី ដែលតថាគត បានពោលហើយយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ខែ តាមលំដាប់វិធីចម្រើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹង​បាន​សម្រេច ដល់បុគ្គលនោះ តាម​សេចក្តី​ប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្ន​ទាន់​ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធ​សេសសល់​នៅ ក៏គង់នឹង​បាន​សម្រេច​នូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ ម្នាលភិក្ខុ​ទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤ នេះអស់៦ខែ ៥ខែ ៤ខែ ៣ខែ ២ខែ ១ខែ កន្លះ​ខែ តាមលំដាប់វិធីចំរើន ដែលតថាគត បានពោលហើយយ៉ាងនេះ… ម្នាលភិក្ខុ​ទាំង​ឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៧ថ្ងៃ តាមលំដាប់វិធីចម្រើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបាន​សម្រេច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជា​អរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។

[១៥២] ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះឯង ជាផ្លូវ​មូល​តែ​មួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​បរិសុទ្ធ​ដោយ​វិសេស​ នៃសត្វទាំងឡាយ ដើម្បីកន្លង​បង់ នូវសេចក្តីសោក និងសេចក្តី​ខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និង​ទោមនស្ស​ ដើម្បី​បាននូវអរិយមគ្គ ប្រកបដោយអង្គ៨ប្រការ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែល​តថាគត​បានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋាន​ទាំង​៤នេះឯង។ លុះព្រះមានព្រះភាគ បានសម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ ភិក្ខុ​ទាំង​ឡាយ​នោះ ក៏មានសេចក្តី​ពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ សតិប្បដ្ឋានសូត្រ ទី១០។

ចប់ មូលបរិយាយវគ្គ ទី១។

បញ្ជីរឿងក្នុងមូលបរិយាយវគ្គនោះគឺ

អ្នកទាំងឡាយចូរស្តាប់ (នូវពាក្យដែលសំដែងអំពីព្រះនិព្វាន) ជាធម្មជាត​មិន​ចាស់ មិនស្លាប់ ជាទីលុះដល់អមតៈ ជាគ្រឿងសំដែងនូវមគ្គផល បន្ទោបង់​នូវសេចក្តី​ទុក្ខ ធ្វើនូវទីកំបាំងធំ ដែលមានប្រយោជន៍ និងសេចក្តីចំរើន នាំមកនូវបីតិជាច្រើន មានប្រការផ្សេងៗ ជាទីញុំាងភ្លើង និងជ័រទាំងបី [ភ្លើង ឬជ័រទាំង៣ប្រការនេះ សំដៅយក រាគៈ ទោសៈ មោហៈ។ អត្តនោមតិ។] ប្រការឲ្យរីងស្ងួត ដូចជាស្រះ​មានទឹក​ពេញប្រៀប (ដែលព្រះអាទិត្យឲ្យរីងស្ងួត) ក្នុងរដូវក្តៅ។ សូត្រដ៏ប្រសើរ ក្នុងមជ្ឈិមនិកាយទាំងឡាយ ជាគ្រឿងបន្ទោបង់ និងរម្ងាប់នូវព្យាធិ មានអត្ថ​រសដ៏​ឆ្ងាញ់ ទន់ភ្លន់ និងញុំាងសេចក្តីរីករាយសប្បាយ ឲ្យកើតឡើងដល់ពួកទេវតា ជាសូត្រ​ដែលព្រះគន្ថរចនាចារ្យ ដំកល់ទុកហើយផង ជាសូត្រដែលពួក​សក្យបុត្រ ដំកល់​ទុក​ ដើម្បីញុំាងពួកមនុស្ស ឲ្យត្រេកអរចំពោះសូត្រ និងព្យាករណ៍នោះផង អ្នកទាំងឡាយ ចូរមានចិត្តតែមួយ គឺ មានចិត្តនឹងនួន តាំងសោតប្រសាទ ស្តាប់នូវសូត្រដ៏ប្រសើរ​នោះ ដែល​មានវគ្គដ៏ប្រសើរ ៥៣ និង១៥០ ទាំងវេយ្យាករណ៍២ប្រការ និងពាក្យ​តិចតួច​ដទៃៗទៀត ក្នុងបឋមវគ្គទាំងអស់ ដែលមិនស្មើគ្នាតាមលំដាប់ដូច្នេះ គឺ​មូលបរិយាយសូត្រ១ សព្វាសវសំវរសូត្រ១ ធម្មទាយាទសូត្រ១ ភយភេរវសូត្រ១ អនង្គណសូត្រ១ អាកង្ខេយ្យសូត្រ១ វត្ថូបមសូត្រ១ សល្លេខសូត្រ១ សម្មាទិដ្ឋិសូត្រ១ សតិប្បដ្ឋានសូត្រ១ បាឋវគ្គដ៏ប្រសើរទាំងនោះ ចប់តែប៉ុណ្ណេះហើយ។

សីហនាទវគ្គ

ចូឡសីហនាទសូត្រ ទី១

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅ​ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុង​សាវត្ថី។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ដូច្នេះ។ ភិក្ខុទាំងឡាយនោះ បានទទួល​ភាសិតរបស់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន។

[១៥៤] ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ សមណៈ (ទី១) (គឺសោតាបន្ន) មានតែក្នុងសាសនានេះ សមណៈទី២ (គឺសកិទាគាមី) ក៏មានតែក្នុងសាសនានេះ សមណៈទី៣ (គឺអនាគាមី) ក៏មានតែក្នុងសាសនានេះ សមណៈទី៤ (គឺអរហន្ត) ក៏មានតែក្នុងសាសនានេះ វាទៈ (គឺ ទិដ្ឋិ៦២) របស់សាសនា​ដទៃ សូន្យចាកសមណៈទាំងឡាយ (ដែលស្ថិតនៅក្នុងផលទាំង៤ពួក) និងសមណៈ​ទាំងឡាយដទៃ (ដែលស្ថិតនៅក្នុងមគ្គទាំង៤ពួកជាដើម) ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយចូរបន្លឺ នូវសីហនាទដោយប្រពៃ យ៉ាងនេះឯងចុះ។ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះរមែងមាន គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ [តិរ្ថ ប្រែថាកំពង់ សំដៅយកទិដ្ឋិ៦២ ព្រោះពួកសត្វ តែងឆ្លង តែងជាប់ជំពាក់ ក្នុងលទ្ធិទាំងនេះ។ ពួកអ្នកបួសដែលប្រកាន់​លទ្ធិទាំងនេះ ហៅថា តិរ្ថិយ។ តិរ្ថិយដទៃ គឺផ្សេងពីពុទ្ធសាសនា ហៅថា អន្យតិរ្ថិយ។] ក្នុងលោកនេះ សមជានិយាយយ៉ាងនេះថា លោកមានអាយុទាំងឡាយ បានអ្វីជាគ្រឿង​អាង បានអ្វីជាកំឡាំង ដែលជាហេតុឲ្យលោកមានអាយុទាំងឡាយ ពិចារណាឃើញច្បាស់ ក្នុងខ្លួន ហើយពោលយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ មានតែក្នុងសាសនានេះ សមណៈទី៣ មានតែក្នុងសាសនានេះ សមណៈទី៤ មានតែក្នុងសាសនានេះ វាទៈ របស់សាសនា​ដទៃ សូន្យចាកសមណៈទាំងឡាយ និងសមណៈ​ទាំងឡាយដទៃ ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរ្ថិយនិយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយ​យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ មានធម៌៤យ៉ាង ដែល​ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់បាន​សំដែងហើយ ដល់យើងទាំងឡាយ ជាធម៌នាំឲ្យយើងទាំងឡាយ​ពិចារណាឃើញ​ច្បាស់​ក្នុងខ្លួន ហើយនិយាយយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ វាទៈ របស់សាសនា​ដទៃ សូន្យចាក​សមណៈ​ទាំងឡាយ និងសមណៈ​ទាំងឡាយដទៃ ធម៌ទាំង៤ប្រការ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ គឺយើងទាំងឡាយ មានសេចក្តីជ្រះថ្លាក្នុងព្រះសាស្តា១ មានសេចក្តីជ្រះថ្លាក្នុងព្រះធម៌១ មានភាវៈជាអ្នកធ្វើ​ឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ១ ពួក​សហធម្មិក [មាន៧ពួកគឺ ភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ឧបាសក១ ឧបាសិកា១។ អដ្ឋកថា។] ដែលជាគ្រហស្ថក្តី ជាបព្វជិតក្តី ក៏ជាទីស្រឡាញ់ ជាទីពេញចិត្ត១ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង៤ប្រការនេះឯង ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់​បានសំដែងហើយ ដល់យើងទាំងឡាយ ជាធម៌នាំឲ្យយើងទាំងឡាយ​ពិចារណា​ឃើញ​​ច្បាស់​ក្នុងខ្លួន ហើយនិយាយយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុង​សាសនា​នេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនា​នេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ វាទៈ របស់សាសនា​ដទៃ សូន្យចាក​សមណៈ​ទាំងឡាយ និងសមណៈ​ទាំងឡាយដទៃ។ ម្នាលភិក្ខុទាំងឡាយ គង់មានហេតុជាទំនងយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីនិយាយ​យ៉ាងនេះថា យើងទាំងឡាយ មានសេចក្តីជ្រះថ្លា ក្នុងព្រះសាស្តា ដែលជា​សាស្តា​របស់​ពួកយើងដែរ យើងទាំងឡាយ មានសេចក្តីជ្រះថ្លាក្នុងព្រះធម៌ ដែលជា​ធម៌របស់​ពួកយើងដែរ យើងទាំងឡាយ បានធ្វើ​ឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ ដែលជាសីល​របស់ពួកយើងដែរ ពួក​សហធម្មិក គឺគ្រហស្ថ និងបព្វជិត ក៏ជាទីស្រឡាញ់ ជាទីពេញ​ចិត្ត របស់យើងទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើយ៉ាងនេះ ពួកលោក និងពួកយើង មានសេចក្តីប្លែកគ្នាត្រង់ណា មានអធិប្បាយ​ដូចម្តេច មានការ​ធ្វើ​ឲ្យផ្សេងគ្នាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ គង់និយាយ​យ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយ​យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លា [បានដល់ព្រះអរហត្តផល។ អដ្ឋកថា។] មានតែ១ ឬមានច្រើន។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឯទី​បំផុត នៃសេចក្តីជ្រះថ្លា មានតែមួយ មិនមានច្រើនទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយ​រាគៈ ឬជារបស់បុគ្គលប្រាសចាករាគៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឯទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​ប្រាសចាករាគៈ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែលប្រកបដោយរាគៈទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយទោសៈ ឬជារបស់បុគ្គលប្រាសចាកទោសៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​ប្រាសចាកទោសៈ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែលប្រកបដោយទោសៈទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយ​មោហៈ ឬជារបស់បុគ្គលប្រាសចាកមោហៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​ប្រាសចាកមោហៈ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែលប្រកបដោយមោហៈទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយតណ្ហា ឬជារបស់បុគ្គលប្រាសចាកតណ្ហា។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បី​ព្យាករ​យ៉ាងនេះថា ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​ប្រាសចាកតណ្ហា ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែលប្រកបដោយតណ្ហាទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយឧបាទាន ឬជារបស់បុគ្គលមិនមានឧបាទាន។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​មិនមានឧបាទាន ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គលប្រកបដោយឧបាទានទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បណ្ឌិត ឬជារបស់បុគ្គលមិនមែន​ជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បី​ព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជា​របស់បណ្ឌិត ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គល ដែល​មិនមែនជាបណ្ឌិតទេ។ អ្នកទាំងឡាយ​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលដែលនៅមានត្រេកអរ នៅមានក្រោធ ឬជារបស់​បុគ្គល ដែលមិនមានត្រេកអរ និងមិនមានក្រោធ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលដែលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ទី​បំផុត នៃសេចក្តី​ជ្រះថ្លានោះ ជារបស់បុគ្គល​មិនមានត្រេកអរ មិនមានក្រោធ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គលនៅមានត្រេកអរ នៅមានក្រោធទេ។ អ្នកទាំងឡាយ​​ត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃ​សេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​មាន បបញ្ចធម៌ [បបញ្ចធម៌ សំដៅយក​កិលេស ដែលធ្វើដំណើរ​របស់សត្វឲ្យយឺតយូរក្នុងភព បានដល់តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។] ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុង បបញ្ចធម៌ ឬជារបស់បុគ្គលមិនមាន បបញ្ចធម៌ ជាទីត្រេកអរ មិនមាន​សេចក្តីត្រេកអរ ក្នុង បបញ្ចធម៌ ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជា​អន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ទី​បំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គល​មិនមានបបញ្ចធម៌ ជាទីត្រេកអរ មិនមានសេចក្តី​ត្រេកអរ ក្នុងបបញ្ចធម៌ ទីបំផុតនៃសេចក្តី​ជ្រះថ្លានោះ មិនមែនជារបស់​បុគ្គលមាន បបញ្ចធម៌ ជាទីត្រេកអរ មានសេចក្តី​ត្រេកអរ ក្នុងបបញ្ចធម៌ទេ។

[១៥៥] ម្នាលភិក្ខុទាំងឡាយ ទិដ្ឋិនេះ មាន២ប្រការ គឺ ភវទិដ្ឋិ [បានដល់សស្សតទិដ្ឋិ។]១ វិភវទិដ្ឋិ [បានដល់ឧច្ឆេទទិដ្ឋិ។ អដ្ឋកថា។]១។ ម្នាលភិក្ខុទាំងឡាយ ក៏ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកតោងជាប់នឹង​ភវទិដ្ឋិ ចូលទៅកាន់ភវទិដ្ឋិ ចុះស៊ប់កាន់ភវទិដ្ឋិ ពួកសមណៈ ឬព្រាហ្មណ៍នោះ ក៏ស្អប់ខ្ពើម​វិភវទិដ្ឋិ [អដ្ឋកថា ថា ពួកមនុស្សនេះ ឈ្លោះប្រកែកនឹងអ្នកប្រកាន់វិភវទិដ្ឋិ ថា ពួកអ្នក​ជាមនុស្សល្ងង់ខ្លៅ មិនស្គាល់​ច្បាស់ថា លោកនេះទៀងទាត់ លោកនេះមិនដាច់សូន្យ ដូច្នេះឡើយ]។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ជាអ្នកតោង​ជាប់​នឹង​វិភវទិដ្ឋិ ចូលទៅកាន់វិភវទិដ្ឋិ ចុះស៊ប់កាន់វិភវទិដ្ឋិ ពួកសមណៈ ឬព្រាហ្មណ៍​នោះ ក៏ស្អប់ខ្ពើម​ភវទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ មិនដឹងច្បាស់ នូវសេចក្តី​កើតឡើងផង នូវសេចក្តីវិនាសផង នូវអានិសង្សផង នូវទោស​ផង នៃទិដ្ឋិទាំង២នេះ នូវសេចក្តី​រលាស់ចេញ នូវទិដ្ឋិទាំង២នោះផង តាម​សេចក្តីពិតទេ តថាគតពោលថា ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ ជាអ្នកប្រកប​ដោយរាគៈ ជាអ្នកប្រកបដោយទោសៈ ជាអ្នកប្រកបដោយមោហៈ ជាអ្នកប្រកបដោយ​តណ្ហា ជាអ្នកប្រកបដោយ​ឧបាទាន ជាអ្នកល្ងង់ខ្លៅ អ្នកនៅមានត្រេកអរ នៅមាន​ក្រេវក្រោធ ជាអ្នកមានបបញ្ចធម៌ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ ពួកសមណៈ ឬព្រាហ្មណ៍​ទាំងនោះ មិនរួចស្រឡះ​ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់​ចិត្ត រមែងមិនរួចស្រឡះចាក​វដ្តទុក្ខឡើយ។ ម្នាលភិក្ខុទាំងឡាយ ក៏ពួក​សមណៈ ឬព្រាហ្មណ៍ណាមួយ ដឹងច្បាស់ នូវសេចក្តី​កើតឡើងផង នូវសេចក្តីវិនាស​ផង នូវអានិសង្សផង នូវទោសផង នៃទិដ្ឋិទាំង២នេះ នូវសេចក្តីរលាស់ចេញ (នូវ​ទិដ្ឋិ​ទាំង២នោះ)ផង តាមសេចក្តីពិតផង តថាគតពោលថា ពួក​សមណៈ ឬព្រាហ្មណ៍​ទាំងនោះ ជាអ្នកប្រាសចាករាគៈ ជាអ្នកប្រាសចាកទោសៈ ជាអ្នកប្រាសចាកមោហៈ ជាអ្នកប្រាសចាកតណ្ហា ជាអ្នកមិនមានឧបាទាន ជាអ្នកចេះដឹង ជាអ្នកមិនមាន​សេចក្តីត្រេកអរ និងសេចក្តីក្រោធ ជាអ្នកមិនមានបបញ្ចធម៌ជាទីត្រេកអរ មិនមាន​សេចក្តី​ត្រេកអរក្នុងបបញ្ចធម៌ ពួកសមណៈ ឬព្រាហ្មណ៍ទាំងនោះ រមែង​រួចស្រឡះ ចាកជាតិ ជរា មរណៈ សោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស និងសេចក្តី​ចង្អៀតចង្អល់​ចិត្ត រមែងរួចស្រឡះចាកវដ្តទុក្ខ។

[១៥៦] ម្នាលភិក្ខុទាំងឡាយ ឧបាទាន (សេចក្តីប្រកាន់មាំ) នេះ មាន៤ប្រការ ឧបាទាន៤ តើដូចម្តេច គឺកាមុបាទាន (សេចក្តីប្រកាន់មាំ ក្នុងកាម)១ ទិដ្ឋុបាទាន (សេចក្តី​ប្រកាន់មាំក្នុងទិដ្ឋិ)១ សីលព្វតុបាទាន (សេចក្តីប្រកាន់មាំក្នុងសីល និងវត)១ អត្តវាទុបាទាន (សេចក្តីប្រកាន់មាំក្នុងពាក្យពោលថា ខ្លួនប្រាណ)១។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការ​កំណត់ដឹង នូវឧបាទានទាំងអស់ តែសមណព្រាហ្មណ៍ទាំងនោះ មិនបញ្ញត្តនូវការ​កំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវ​កាមុបាទាន (ប៉ុណ្ណោះ) មិនបញ្ញត្តនូវការកំណត់ដឹងនូវទិដ្ឋុបាទាន មិនបញ្ញត្ត​នូវ​ការកំណត់ដឹងនូវ​សីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនបានដឹង​ច្បាស់នូវហេតុទាំង៣ប្រការនេះ តាមសេចក្តីពិតឡើយ ព្រោះហេតុនោះ បានជាពួក​សមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវ​ការកំណត់ដឹងនូវ​ឧបាទាន​ទាំងអស់ តែពួកគេទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែ​​ការកំណត់ដឹងនូវកាមុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវទិដ្ឋុបាទាន មិនបញ្ញត្ត​នូវ​ការកំណត់ដឹងនូវ​សីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការ​កំណត់ដឹង នូវឧបាទានទាំងអស់ តែសមណព្រាហ្មណ៍ទាំងនោះ មិនបញ្ញត្តនូវការ​កំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវ​កាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទានប៉ុណ្ណោះ មិនបញ្ញត្ត​នូវ​ការ​កំណត់​ដឹង​នូវ​សីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ពួកសមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនដឹង​ច្បាស់​នូវ​ហេតុ​ទាំង២ប្រការនេះ តាមពិតទេ ព្រោះហេតុនោះ បានជាពួក​សមណ​ព្រាហ្មណ៍​ដ៏​ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវ​ការកំណត់ដឹងនូវ​ឧបាទាន​ទាំងអស់ តែពួក​គេ​នោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែ​​ការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការកំណត់ដឹងនូវទិដ្ឋុបាទានប៉ុណ្ណោះ មិនបញ្ញត្ត​នូវ​ការកំណត់ដឹងនូវ​សីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការ​កំណត់ដឹង នូវឧបាទាន​ទាំងអស់ តែពួកគេទាំងនោះ មិនបញ្ញត្តនូវការ​កំណត់ដឹងនូវឧបាទានទាំងអស់ ដោយ​ប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវ​កាមុបាទាន បញ្ញត្តតែ​ការ​កំណត់​ដឹង​នូវ​ទិដ្ឋុបាទាន បញ្ញត្តតែ​ការកំណត់ដឹងនូវ​សីលព្វតុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវ​ការ​កំណត់​ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ តើព្រោះហេតុអ្វី ព្រោះថា ពួក​សមណ​ព្រាហ្មណ៍​ដ៏ចំរើននោះ មិនបានដឹង​ច្បាស់នូវហេតុ១ប្រការនេះ តាមពិតទេ ព្រោះ​ហេតុ​នោះ បានជាពួក​សមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវ​ការកំណត់ដឹងនូវ​ឧបាទាន​ទាំងអស់ តែពួកគេនោះ មិនបញ្ញត្តនូវ​ការកំណត់​ដឹងនូវ​ឧបាទាន​ទាំងអស់ទេ បញ្ញត្តតែ​​ការកំណត់ដឹងនូវកាមុបាទាន បញ្ញត្តតែការ​កំណត់​ដឹង​នូវទិដ្ឋុបាទាន បញ្ញត្តតែ​ការកំណត់ដឹងនូវ​សីលព្វតុបាទាន​ប៉ុណ្ណោះ មិនបញ្ញត្ត​នូវ​ការ​កំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាណា ក្នុង​សាស្តា ក្នុងធម្មវិន័យបែបនេះឯង សេចក្តីជ្រះថ្លានោះ មិនហៅថា ប្រព្រឹត្តទៅដោយ​ប្រពៃទេ សេចក្តីជ្រះថ្លាក្នុងធម៌ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ ការធ្វើ​ឲ្យ​បរិបូណ៌ក្នុងសីលទាំងឡាយ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ សេចក្តី​ស្រឡាញ់ និងសេចក្តី​គាប់ចិត្ត ក្នុងសហធម្មិកទាំងឡាយ ក៏មិនហៅថា ប្រព្រឹត្តទៅដោយប្រពៃទេ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ បានជា​យ៉ាងនុ៎ះ ព្រោះហេតុតែ​ធម្មវិន័យ ដែលគេពោលហើយមិនត្រឹមត្រូវ ប្រកាសទុក​មិនល្អ មិនមែនជាធម៌ស្រោចស្រង់សត្វ មិនប្រព្រឹត្តទៅដើម្បីសេចក្តីស្ងប់ទុក្ខ ជាធម៌​ដែលគ្រូ មិនមែនជាសម្មាសម្ពុទ្ធសំដែងទុកដោយពិត។

[១៥៧] ម្នាលភិក្ខុទាំងឡាយ ចំណែកព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ ប្តេជ្ញាថា ជាអ្នកពោលនូវការ​កំណត់ដឹង នូវឧបាទាន​ទាំងអស់ តែងបញ្ញត្តនូវការ​កំណត់ដឹងនូវឧបាទានទាំងអស់ ដោយ​ប្រពៃ គឺបញ្ញត្តនូវការកំណត់ដឹង​កាមុបាទាន បញ្ញត្តនូវ​ការ​កំណត់​ដឹង​ទិដ្ឋុបាទាន បញ្ញត្តនូវ​ការកំណត់ដឹង​សីលព្វតុបាទាន បញ្ញត្តនូវ​ការ​កំណត់​ដឹងអត្តវាទុបាទាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីជ្រះថ្លាណា ក្នុង​សាស្តា ក្នុងធម្មវិន័យបែបនេះឯង សេចក្តីជ្រះថ្លានោះ ហៅថា ប្រព្រឹត្តទៅដោយ​ប្រពៃ សេចក្តីជ្រះថ្លាក្នុងធម៌ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ ការធ្វើ​ឲ្យ​បរិបូណ៌ ក្នុងសីល​ទាំងឡាយ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ សេចក្តី​ស្រឡាញ់ ពេញចិត្ត ក្នុង​សហធម្មិក​ទាំងឡាយ ក៏ហៅថា ប្រព្រឹត្តទៅដោយប្រពៃ ដំណើរនោះ តើព្រោះ​ហេតុ​អ្វី ម្នាលភិក្ខុទាំងឡាយ បានជា​យ៉ាងនេះ ព្រោះហេតុតែ​ធម្មវិន័យ ដែលព្រះតថាគត​សំដែងល្អហើយ ប្រកាសទុកល្អហើយ ជាធម៌ស្រោច​ស្រង់​សត្វ ប្រព្រឹត្តទៅដើម្បី​សេចក្តី​ស្ងប់ទុក្ខ ជាធម៌​ដែលព្រះសម្មាសម្ពុទ្ធ​សំដែង​ទុកហើយ ដោយពិត។

[១៥៨] ម្នាលភិក្ខុទាំងឡាយ ឧបាទានទាំង៤ នេះឯង មានអ្វីជាហេតុ មានអ្វី​នាំឲ្យកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ ឧបាទានទាំង៤នេះ មានតណ្ហា​ជាហេតុ មានតណ្ហាជាទីកើត មានតណ្ហាជាកំណើត មានតណ្ហាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ចំណែកតណ្ហានេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វី​ជា​កំណើត មានអ្វីជាដែនកើតមុន។ តណ្ហា មានវេទនា​ជាហេតុ មានវេទនាជាទីកើត មានវេទនាជាកំណើត មានវេទនាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ ឯវេទនានេះ មានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វី​ជា​កំណើត មានអ្វីជាដែនកើតមុន។ វេទនា មានផស្សៈ​ជាហេតុ មានផស្សៈជាទីកើត មានផស្សៈជាកំណើត មានផស្សៈជា​ដែន​កើត​មុន។ ម្នាលភិក្ខុទាំងឡាយ ចុះផស្សៈនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មាន​អ្វី​​ជា​កំណើត មានអ្វីជាដែនកើតមុន។ ផស្សៈ មានសឡាយតនៈ​ជាហេតុ មាន​សឡាយតនៈ​ជាទីកើត មានសឡាយតនៈជាកំណើត មានសឡាយតនៈ​ជា​ដែន​កើត​មុន។ ម្នាលភិក្ខុទាំងឡាយ សឡាយតនៈនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មាន​អ្វី​​ជា​កំណើត មានអ្វីជាដែនកើតមុន។ សឡាយតនៈ មាននាមរូប​ជាហេតុ មាន​នាមរូប​ជាទីកើត មាននាមរូបជាកំណើត មាននាមរូបជាដែនកើតមុន។ ម្នាលភិក្ខុ​ទាំង​ឡាយ នាមរូបនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វី​ជា​កំណើត មានអ្វីជា​ដែន​កើតមុន។ នាមរូប មានវិញ្ញាណ​ជាហេតុ មានវិញ្ញាណជាទីកើត មានវិញ្ញាណ​ជា​កំណើត មានវិញ្ញាណ​ជាដែន​កើត​មុន។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណនេះ តើមានអ្វី​ជា​ហេតុ មានអ្វីជាទីកើត មានអ្វី​ជា​កំណើត មានអ្វីជាដែនកើតមុន។ វិញ្ញាណ មាន​សង្ខារ​​ជាហេតុ មានសង្ខារជាទីកើត មានសង្ខារជាកំណើត មានសង្ខារជាដែន​កើត​មុន។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វី​​ជា​កំណើត មានអ្វីជាដែនកើតមុន។ សង្ខារទាំងឡាយ មានអវិជ្ជា​ជាហេតុ មាន​អវិជ្ជាជាទីកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើតមុន។ ម្នាលភិក្ខុទាំង​ឡាយ កាលណា​ភិក្ខុ​លះបង់អវិជ្ជាបានហើយ វិជ្ជាក៏កើតឡើង ភិក្ខុនោះ លែងប្រកាន់​មាំ នូវ​កាមុបាទាន លែង​ប្រកាន់មាំ នូវទិដ្ឋុបាទាន លែងប្រកាន់មាំ នូវ សីលព្វតុបាទាន លែងប្រកាន់មាំ នូវ​ អត្តវាទុបាទាន កាលបើលែង​ប្រកាន់មាំហើយ ក៏នឹងមិនបានតក់ស្លុត (ដោយតណ្ហា) កាលបើ​មិនតក់ស្លុតហើយ ក៏នឹងរំលត់ (កិលេស) ចំពោះខ្លួនឯង ព្រោះអស់ទៅនៃអ​វិជ្ជា ព្រោះវិជ្ជាកើតឡើង ហើយដឹង​ច្បាស់ ដូច្នេះថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ នៅចប់ស្រេចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ កិច្ច​ក្រៅ​អំពីនេះទៅទៀត មិនមានឡើយ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះ​ចប់​ហើយ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត របស់​ព្រះមានព្រះភាគ។

ចប់ ចូឡសីហនាទសូត្រ ទី១។

មហាសីហនាទសូត្រ ទី២

[១៥៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងដងព្រៃក្រៅនគរ ជាខាងលិចក្រុងវេសាលី។ សម័យនោះឯង សុនក្ខត្តលិច្ឆវិ​បុត្ត ទើបនឹងសឹកចេញចាកធម្មវិន័យនេះទៅ មិនយូរប៉ុន្មាន។ តែងពោលវាចា ក្នុង​កណ្តាលបរិស័ទ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ [បានដល់​លោកុត្តរមគ្គ។] ជាគុណអាច​ដើម្បីធ្វើខ្លួនឲ្យជាព្រះអរិយៈដ៏ក្រៃលែង​ជាង​មនុស្សធម៌ [បានដល់កុសលកម្មបថ១០។] នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួន​ស្រាវជ្រាវដោយសេចក្តីត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង តែធម៌ដែលព្រះអង្គ​សំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីអស់ទៅនៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គល​អ្នកធ្វើតាមធម៌នោះ។

[១៦០] លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងវេសាលី ដើម្បីបិណ្ឌបាត។ ព្រះសារីបុត្ត​មានអាយុ បានឮសុនក្ខត្តលិច្ឆវិបុត្ត កំពុងពោលវាចា ក្នុង​កណ្តាលបរិសទ្យ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាច​ដើម្បីធ្វើខ្លួន ឲ្យជាអរិយៈ​ដ៏ក្រៃលែង​ជាង​មនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួន​ស្រាវជ្រាវ ដោយសេចក្តីត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃខ្លួនឯង តែធម៌ដែលព្រះអង្គ​សំដែង​ហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីឲ្យអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គល​អ្នកធ្វើតាមធម៌នោះ។ លុះ​ព្រះសារីបុត្តមានអាយុ ត្រាច់ទៅក្រុងវេសាលី ដើម្បីបិណ្ឌបាត ត្រឡប់អំពីបិណ្ឌបាត​ហើយ ក្នុងវេលាខាងក្រោយភត្ត ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ​ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្ត​មានអាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សុនក្ខត្តលិច្ឆវិបុត្ត ទើបនឹងសឹកចេញចាកធម្មវិន័យនេះ មិនយូរប៉ុន្មាន តែង​ពោល​វាចា ក្នុង​កណ្តាលបរិសទ្យ ក្នុងក្រុងវេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាច​ធ្វើខ្លួនឲ្យជាព្រះអរិយៈដ៏ក្រៃលែង​ជាង​មនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួន​ស្រាវជ្រាវដោយសេចក្តីត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង តែធម៌ដែលព្រះអង្គ​សំដែងហើយ ដើម្បី​ប្រយោជន៍​ដល់​គុណវិសេសណា គុណវិសេសនោះ រមែង​ប្រព្រឹត្ត​ទៅ ដើម្បីសេចក្តី​អស់​ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គល​អ្នកធ្វើតាមធម៌នោះ។

[១៦១] ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត សុនក្ខត្ត ជាមនុស្សកាច ជាមោឃបុរស ព្រោះវាចានោះ គាត់ពោលដោយសេចក្តីក្រេវក្រោធ ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃ​បុរសនោះគិតថា អាត្មាអញ នឹងតិះដៀល ហើយត្រឡប់ជាសរសើរតថាគតវិញ ម្នាល​សារីបុត្ត ព្រោះការនិយាយយ៉ាងនេះថា ធម៌ដែលព្រះសមណគោតម​សំដែង​ហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ នេះឯង​ជាគុណរបស់តថាគត។

[១៦២] ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរស មិនបានយល់ធម៌ ក្នុងតថាគត​នេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវលោក ជាសារថី ទូន្មាននូវបុរស មិនមាន​អ្នកណាប្រសើរជាង ជាសាស្តានៃទេវតា និងមនុស្ស ជាបុគ្គល​ភ្ញាក់រលឹក ទ្រង់មាន​ជោគ។

[១៦៣] ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរស នឹងមិនបានត្រាស់ដឹង​នូវធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ តែងសំដែងនូវឫទ្ធិបានច្រើនប្រការ គឺ​សូម្បីតែម្នាក់ ធ្វើឲ្យទៅជាច្រើននាក់ក៏បាន សូម្បីច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់​ក៏បាន ទៅកាន់ទីវាល ជាទីខាងក្រៅ ខាងក្រៅជញ្ជាំង ខាងក្រៅកំពែង ខាងក្រៅភ្នំវិញ ឥតមានទើស ដូចជាគេដើរលើអាកាស។ ងើប មុជ ក្នុងផែនដី ដូចជាគេងើបមុជ​ក្នុងទឹកក៏បាន។ ដើរលើទឹកក៏បាន ឥតមានបែកធ្លាយ ដូចជាគេដើរលើ​ផែនដី។ អង្គុយពែនភ្នែន ទៅទាំងភ្នែនក្នុងអាកាសក៏បាន ដូចជាសត្វសកុណជាតិ ដែលមាន​ស្លាប។ យកដៃស្ទាបអង្អែល​ព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើន​យ៉ាង​នេះ មានអានុភាពច្រើនយ៉ាងនេះ ក៏បាន ឬញុំាងអំណាចកាយ ឲ្យអណ្តែត​រហូតដល់ព្រហ្មលោកក៏បាន។

[១៦៤] ម្នាលសារីបុត្ត សុនក្ខត្តជាមោឃបុរស នឹងមិនបានត្រាស់ដឹងធម៌ ក្នុង​តថាគតនេះថា ព្រះមានព្រះភាគអង្គនោះ មានសោតធាតុ ជាទិព្វដ៏បរិសុទ្ធ កន្លង​ហួស​ត្រចៀក​មនុស្សធម្មតា រមែងឮសំឡេង​ពីរប្រការ គឺសំឡេង​ទិព្វ និងសំឡេង​មនុស្ស ក្នុងទីឆ្ងាយក៏បាន ទីជិតក៏បាន។

[១៦៥] ម្នាលសារីបុត្ត សុនក្ខត្តជាមោឃបុរស នឹងមិនបានត្រាស់ដឹងធម៌ ក្នុង​តថាគតនេះថា ព្រះមានព្រះភាគអង្គនោះ អាចកំណត់នូវចិត្តរបស់សត្វដទៃ បុគ្គល​ដទៃហើយ ជ្រាបច្បាស់ដោយព្រះទ័យបាន។ ចិត្តដែលប្រកបដោយរាគៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែលប្រាសចាករាគៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាករាគៈ។ ចិត្តដែលប្រកបដោយទោសៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកប​ដោយ​ទោសៈ ចិត្តដែលប្រាសចាកទោសៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាកទោសៈ។ ចិត្តដែល​ប្រកបដោយមោហៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែល​ប្រាសចាក​មោហៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តប្រាសចាកមោហៈ។ ចិត្តរួញរាក្តី ក៏ជ្រាប​ច្បាស់​ថា ចិត្តរួញរា ចិត្តរាយមាយក្តី ក៏ជ្រាបច្បាស់ថា ចិត្តរាយមាយ។ ចិត្តដែល​ជា​មហគ្គតៈ គឺរូបាវចរ និងអរូបាវចរក្តី… ចិត្តដែលមិនមែនជាមហគ្គតៈក្តី…។ ចិត្តដែល​ជាសឧត្តរៈ គឺលោកិយចិត្តក្តី… ចិត្តដែល​ជាអនុត្តរៈ គឺលោកុត្តរចិត្តក្តី…។ ចិត្តដែលតាំងមាំក្តី… ចិត្តដែល​មិនបានតាំងមាំក្តី…។ ចិត្តដែល​ផុតស្រឡះចាកអាសវៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តផុតស្រឡះចាកអាសវៈ ចិត្តដែល​មិនទាន់ផុតចាកអាសវៈក្តី ក៏ជ្រាបច្បាស់ថា ចិត្តមិនទាន់ផុតចាកអាសវៈ។

[១៦៦] ម្នាល​សារីបុត្ត តថាគតពលញ្ញាណ [អដ្ឋកថា ថា ព្រះតថាគត មាន​កំឡាំងកាយ១០ មានកំឡាំងញាណ១០។ កំឡាំងកាយ១០នោះ គណនាតាមកំឡាំង​ដំរី១០ត្រកូល គឺកំឡាំងដំរីត្រកូលកាឡាវក ដំរីប្រក្រតី១០ ស្មើនឹងកំឡាំងដំរីត្រកូល​គង្គេយ្យ១ កំឡាំងគង្គេយ្យ១០ ស្មើនឹងកំឡាំងដំរីត្រកូលបណ្ឌរ១ កំឡាំងបណ្ឌរ១០ ស្មើនឹងកំឡាំងដំរីត្រកូលតម្ព១ កំឡាំងតម្ព១០ ស្មើនឹងបិង្គល១ កំឡាំងបិង្គល១០ ស្មើនឹងកំឡាំងគន្ធ១ កំឡាំង​គន្ធ១០ ស្មើនឹងមង្គល១ មង្គល១០ ស្មើនឹងហេមវត១ ហេមវត១០ ស្មើនឹងឧបោសថ១ ឧបោសថ១០ ស្មើនឹងកំឡាំងដំរីឆទ្ទន្ត១ កំឡាំង​ដំរី​ឆទ្ទន្ត១០ ទើបស្មើនឹងកំឡាំងកាយព្រះតថាគត១។ ដោយទំនងនេះ កំឡាំងកាយ​ព្រះតថាគត១ ស្មើនឹងកំឡាំងដំរីប្រក្រតី១ពាន់កោដិ ឬស្មើនឹងកំឡាំងបុរស​១០ពាន់​កោដិ មានកំឡាំង​ព្រះកាយ​យ៉ាងនេះ១០ភាគ។ ចំណែក​កំឡាំង​ព្រះញាណទាំង​១០នោះ ដូចមានក្នុងសូត្រនេះស្រាប់។] របស់​តថាគត​នេះ​មាន១០ប្រការ គឺ​ជា​ពលញ្ញាណ ដែល​តថាគត​បាន​ប្រកប​ហើយ​ ទើប​ដឹង​ច្បាស់ ​នូវ​ហេតុ​ដ៏​ប្រសើរ បន្លឺ​សីហនាទ ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ (ចក្រ​ដ៏ប្រសើរ) ឲ្យ​ប្រព្រឹត្ត​ទៅ។ ឯ តថាគតពលញ្ញាណ ១០ តើ​ដូច​ម្តេច។ ម្នាល​សារីបុត្ត ព្រះ​តថាគត​ក្នុង​លោក​នេះ​ រមែង​ដឹង​ច្បាស់ ​នូវ​ហេតុ​តាម​ហេតុ​ផង ដឹង​ច្បាស់ ​នូវ​អំពើ​មិន​មែន​ជា​ហេតុ​តាម​អំពើ​មិន​មែន​ជា​ហេតុ​ផង តាម​សេចក្តី​ពិត។ ម្នាល​សារីបុត្ត​ ត្រង់​ដែល​ព្រះ​តថាគត​ដឹង​ច្បាស់ ​នូវ​ហេតុ​តាម​ហេតុ​ផង ដឹង​ច្បាស់​នូវ​អំពើ​មិន​មែន​ជា​ហេតុ​ តាម​អំពើ​មិន​មែន​ជា​ហេតុ​ផង តាម​សេចក្តី​ពិត ម្នាល​​សារីបុត្ត នេះ​ឯងជា ​តថាគតពលញ្ញាណ ​របស់​តថាគត​ទី១ ជា​ ពលញ្ញាណ​ ដែល​ព្រះ​តថា​គត ​តែង​អាស្រ័យ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ បន្លឺ​សីហនាទ​ ក្នុង​ពួក​បរិស័ទ ញ៉ាំង​ព្រហ្មចក្រ (ចក្រ​ដ៏​ប្រសើរ) ឲ្យ​ប្រព្រឹត្ត​ទៅ។ ម្នាល​សារីបុត្ត មួយ​ទៀត ព្រះ​តថាគត រមែង​ដឹង​ច្បាស់​នូវ​វិបាក ​នៃ​កុសលកម្ម​​ និង អកុសលកម្ម ដែល​សត្វ​បាន​ធ្វើ​ហើយ ទាំង​អតីត អនាគត និងបច្ចុប្បន្ន តាម​បច្ច័យ តាម​ហេតុ ដោយ​សេចក្តី​ពិត​មែន។ ម្នាល​សារីបុត្ត ត្រង់​ដែល​តថាគត ដឹង​ច្បាស់​នូវ​វិបាក ​​នៃ​កុសល និងអកុសល ដែល​សត្វ​បាន​ធ្វើ​ហើយ ទាំង​អតីត អនាគត និង​បច្ចុប្បន្ន តាម​បច្ច័យ តាម​ហេតុ ដោយ​សេចក្តី​ពិត​ ម្នាល​សារីបុត្ត នេះ​ឯង​ជា​ តថាគត​ពលញ្ញាណ ​របស់​តថាគត (ទី២) ជា ​ពលញ្ញាណ ​ដែល​តថាគត ​តែង​អាស្រ័យ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ បន្លឺ​ឡើង នូវ​សីហនាទ ​ក្នុង​បរិស័ទ​ទាំងឡាយ ញ៉ាំង​ចក្រ​ដ៏​ប្រសើ​ឲ្យ​ប្រព្រឹត្ត​ទៅ។ ម្នាល​សារីបុត្ត មួយ​ទៀត តថាគត ដឹង​ច្បាស់​នូវ ​បដិបទា ​​ជា​ដំណើរ​ ទៅ​កាន់​សុគតិ និងទុគ្គតិ ​ក្នុង​ទី​ទាំង​ពួង តាម​សេចក្តី​ពិត។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​ ដឹង​ច្បាស់​នូវ​ បដិបទា​ ដំណើរ​ទៅ​កាន់​សុគតិ​ និងទុគ្គតិ​ ក្នុង​ទី​ទាំង​ពួង ម្នាល​សារីបុត្ត នេះ​ឯង​ជា ​តថាគត​ពលញ្ញាណ ​របស់​ព្រះ​តថាគត (ទី៣) ជា​ពលញ្ញាណ​ ដែល​ព្រះ​តថាគត ​​តែង​អាស្រ័យ​ហើយ ទើប​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ដ៏​ប្រសើ​ ឲ្យ​ប្រព្រឹត្ត​ទៅ។ ម្នាល​សារីបុត្ត​ មួយ​ទៀត តថាគត ​ដឹង​ច្បាស់​នូវ​លោក [អដ្ឋកថា ថា បានដល់ខន្ធ អាយតនៈ ធាតុ។] ​ដែល​មាន​ធាតុ [បានដល់ចក្ខុធាតុ ជាដើម ឬកាមធាតុជាដើម។] ​ច្រើន​យ៉ាង​ មាន​ធាតុ [បានដល់លក្ខណៈផ្សេងៗ របស់ធាតុទាំងនោះ។]​ផ្សេង​ៗ​គ្នា តាម​សេចក្តី​ពិត។ ម្នាល​សារីបុត្ត ត្រង់​ដែល​​តថាគត ដឹង​ច្បាស់​នូវ​លោក ​ដែល​មាន​ធាតុ​ច្រើន​យ៉ាង មាន​ធាតុ​ផ្សេង​ៗ​គ្នា តាម​សេចក្តី​ពិត ម្នាល​សារីបុត្ត នេះ​ឯង​ជា ​តថាគត​ពលញ្ញាណ (ទី៤) ជា ​ពលញ្ញាណ ដែល​ព្រះ​តថាគត ​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ ទើប​បន្លឺ​សីហនាទ ​ក្នុង​ពួក​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ ឲ្យ​ប្រព្រឹត្ត​ទៅ។ ម្នាល​សារីបុត្ត​ មួយ​ទៀត ព្រះ​តថាគត ​ដឹង​ច្បាស់​ នូវ​អធ្យាស្រ័យ​ផ្សេង​ៗ​គ្នា របស់​សត្វ​ទាំងឡាយ តាម​សេចក្តី​ពិត ។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត ​ដឹង​ច្បាស់​នូវ​អធ្យាស្រ័យ​ផ្សេង​ៗ​គ្នា របស់​​សត្វ​ទាំងឡាយ ​តាម​សេចក្តី​ពិត ម្នាល​សារីបុត្ត​ នេះ​ឯង​ជា ​តថាគតពលញ្ញាណ​ របស់​ព្រះ​តថាគត (ទី៥) ជា ​ពលញ្ញាណ​ ដែល​ព្រះ​តថាគត​ តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ ​ក្នុង​បរិស័ទ​ទាំងឡាយ ញ៉ាំង​ព្រហ្មចក្រ​ ឲ្យ​ប្រព្រឹត​ទៅ។ ម្នាល​សារីបុត្ត មួយ​ទៀត តថាគត​ដឹង​ច្បាស់ ​នូវ​ឥន្ទ្រិយ​ក្លៀវក្លា​ និងទន់ របស់​ពួក​សត្វ​ដទៃ [សំដៅពួកសត្វជាមេ ជាប្រធាន។] របស់​ពួកបុគ្គល​ដទៃ [សំដៅពួកសត្វថោកទាប។] តាម​សេចក្តី​ពិត។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត​ ដឹង​ច្បាស់ នូវ​ឥន្ទ្រិយ​ក្លៀវក្លា​ និងទន់ របស់​ពួក​សត្វ​ដទៃ​ ពួក​បុគ្គល​ដទៃ តាម​សេចក្តី​ពិត ម្នាល​សារីបុត្ត នេះ​ឯង​ជា ​តថាគត​ពលញ្ញាណ​ របស់​ព្រះ​តថាគត​(ទី៦) ជា ​ពលញ្ញាណ​ ដែល​ព្រះ​តថាគត ​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ ​ឲ្យ​ប្រព្រឹត្ត​ទៅ។ ម្នាល​សារីបុត្ត មួយ​ទៀត ព្រះតថាគត ដឹង​ច្បាស់​នូវ​ សេចក្តី​សៅហ្មង សេចក្តី​ផូរផង់ និងការ​ចេញ​នៃ​ ឈាន វិមោក្ខ សមាធិ និងសមាបត្តិ​ទាំងឡាយ តាម​សេចក្តី​ពិត។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត ​ដឹងច្បាស់ នូវ​សេចក្តី​​សៅហ្មង សេចក្តី​ផូរផង់ និងការ​ចេញ​នៃ​ឈាន វិមោក្ខ សមាធិ និងសមាបត្តិ​ទាំងឡាយ តាម​សេចក្តី​ពិត ម្នាល​សារីបុត្ត នេះ​ឯង​ជា ​តថាគតពលញ្ញាណ​ របស់​ព្រះ​តថាគត​(ទី៧) ជា​ ពលញ្ញាណ​ ដែល​ព្រះ​តថាគត ​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ​ ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ ឲ្យ​ប្រព្រឹត្ត​ទៅ។ ម្នាល​សារីបុត្ត មួយ​ទៀត តថាគត ​រលឹក​ជាតិ​ ដែលបាន​នៅ​អាស្រ័យ​ ក្នុង​កាល​មុន ​ជា​អនេកជាតិ គឺ​រលឹក​បាន​ ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់​ជាតិ​ ១សែន​ជាតិ​ក៏​បាន រលឹក​បាន​​ច្រើន​សំវដ្តកប្ប ច្រើន​វិវដ្តកប្ប ច្រើន​សំវដ្ដវិវដ្តកប្ប​ក៏​បាន ថា​ក្នុង​ភព​ឯណោះ អាត្មា​អញ ​មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​​យ៉ាង​នេះ បាន​ទទួល​សុខ​ទុក្ខ​យ៉ាង​នេះ​ មាន​កំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ អាត្មាអញ​​នោះ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ ដែល​ទៅ​កើត​ក្នុង​ភព​ឯ​ណោះ​ទៀត អាត្មាអញ ក៏​មាន​ឈ្មោះ​យ៉ាង​នេះ មាន​គោត្រ​យ៉ាង​នេះ មាន​សម្បុរ​យ៉ាង​នេះ មាន​អាហារ​យ៉ាង​នេះ ទទួល​សុខ​ទុក្ខ​យ៉ាង​នេះ មាន​កំណត់​អាយុ​​ត្រឹម​​ប៉ុណ្ណេះ លុះ​អាត្មាអញ​នោះ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ទើបមក​កើត​ក្នុង​ភព​នេះ​ឯង។ ព្រះ​តថាគត ​រលឹក​ជាតិ ​ដែល​បាន​នៅ​អាស្រ័យ ​ក្នុង​កាល​មុន ​ជា​អនេក​ជាតិ ព្រម​ទាំង​អាការ ព្រម​ទាំង​ឧទ្ទេស ​យ៉ាង​នេះ​ឯង។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត ​រលឹក​ជាតិ ដែល​បាន​នៅ​អាស្រ័យ ​ក្នុង​​កាល​មុន ​ជា​អនេក​ជាតិ គឺ​រលឹក​បាន​ ១ជាតិ ២ជាតិ។បេ។ រលឹក​ជាតិ ​ដែល​បាន​នៅ​អាស្រ័យ ​ក្នុង​កាល​មុន ​ជា​អនេក​ជាតិ ព្រម​ទាំង​អាការ ​ព្រម​ទាំង​ឧទ្ទេស ​យ៉ាង​នេះ ម្នាល​សារីបុត្ត នេះ​ឯង​ជា ​តថាគត​ពលញ្ញាណ​ របស់​ព្រះ​តថាគត​(ទី៨) ជា ​ពលញ្ញាណ ​ដែល​ព្រះ​តថាគត ​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ ​ឲ្យ​ប្រព្រឹត្ត​ទៅ។ ម្នាល​សារីបុត្ត មួយ​ទៀត ព្រះតថាគត ​​មាន​ចក្ខុ​ដូច​ជា​ទិព្វ ​ដ៏​បរិសុទ្ធ កន្លង​ហួស​ចក្ខុ ​របស់​មនុស្ស​ធម្មតា តែង​ឃើញ​នូវ​សត្វ​ទាំងឡាយ កំពុង​ច្យុត ​កំពុង​កើត ជា​សត្វ​ទាបថោក​ខ្លះ ខ្ពង់​ខ្ពស់​ខ្លះ មាន​សម្បុរ​ល្អ​ខ្លះ មាន​សម្បុរ​អាក្រក់​ខ្លះ មាន​គតិ​ល្អ​ខ្លះ មាន​គតិ​អាក្រក់​ខ្លះ ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ​ដែល​អន្ទោល​​ទៅ​តាម​កម្ម​ (របស់​ខ្លួន) ថា អើ​ហ្ន៎ សត្វ​ទាំង​អម្បាល​នេះ។បេ។ រមែង​ដឹង​ច្បាស់​ (យ៉ាង​នេះ​ឯង)។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត ​មាន​ចក្ខុ​ ដូច​ជា​ទិព្វ​ ដ៏​បរិសុទ្ធ កន្លង​ហួស​ចក្ខុ ​របស់​មនុស្ស​ធម្មតា តែង​ឃើញ​នូវ​សត្វ​ទាំងឡាយ ដែល​ច្យុត ដែល​​កើត ជា​សត្វ​ទាបថោក​ខ្លះ ខ្ពង់​ខ្ពស់​ខ្លះ មាន​សម្បុរ​ល្អ​ខ្លះ មាន​សម្បុរ​អាក្រក់​ខ្លះ មាន​គតិ​ល្អ​ខ្លះ មាន​គតិ​អាក្រក់​ខ្លះ ដឹង​ច្បាស់​នូវ​សត្វ​ទាំង​ឡាយ ​ដែល​អន្ទោល​ទៅ​តាម​កម្ម​ (របស់​ខ្លួន) ថា អើ​ហ្ន៎ សត្វ​ទាំង​អម្បាល​នេះ។បេ។ រមែង​ដឹង​ច្បាស់​ (យ៉ាង​នេះ​ឯង) ម្នាល​​សារីបុត្ត នេះ​ឯង​ជា ​តថាគតពលញ្ញាណ​ របស់​ព្រះ​តថាគត​(ទី៩) ជា ​ពលញ្ញាណ​ ដែល​ព្រះ​តថាគត ​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ ឲ្យ​ប្រព្រឹត្ត​ទៅ។ ម្នាល​សារីបុត្ត មួយ​ទៀត ព្រះតថាគត ​​​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​ ចេតោវិមុត្តិ នូវ​បញ្ញាវិមុត្តិ​ មិនមាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសៈ​ទាំង​ឡាយ ដោយ​ប្រាជ្ញា​របស់​ខ្លួន ​ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ ​ដោយ​ឥរិយាបថ៤។ ម្នាល​សារីបុត្ត ត្រង់​ដែល​ព្រះ​តថាគត ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់ ​នូវ​ចេតោវិមុត្តិ នូវ​បញ្ញាវិមុត្តិ​ មិនមាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសៈ​ទាំង​ឡាយ ដោយ​ប្រាជ្ញា​របស់​ខ្លួន ​ក្នុង​បច្ចុប្បន្ន ហើយ​សម្រេច​សម្រាន្ត​នៅ ​ដោយ​ឥរិយាបថ៤ ម្នាល​សារីបុត្ត នេះ​ឯង​ជា ​តថាគតពលញ្ញាណ​ របស់​ព្រះ​តថាគត​(ទី១០) ជា​ ពលញ្ញាណ​ ដែល​ព្រះ​តថាគត ​តែង​អាស្រ័យ​ហើយ ទើប​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ បន្លឺ​សីហនាទ ​ក្នុង​បរិស័ទ​ទាំង​ឡាយ ញ៉ាំង​ព្រហ្មចក្រ​ ឲ្យ​ប្រព្រឹត្ត​ទៅ​។ ម្នាលសារីបុត្ត តថាគតពលញ្ញាណ ទាំង១០ប្រការ របស់ព្រះតថាគតនេះឯង ជា ពលញ្ញាណ ដែលតថាគត បានប្រកបហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត បុគ្គលណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែលឃើញ​យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណ​អាចធ្វើខ្លួន​ឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯងដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះឯង បើមិនលះបង់​វាចានោះទេ មិនលះបង់​ចិត្តនោះទេ មិនលះបង់ទិដ្ឋិ​នោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌​ដោយបញ្ញាហើយ រមែងសម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវហេតុ (នៃការមិនលះបង់ នូវវាចាជាដើម របស់បុគ្គល​នោះ) ថាមានឧបមេយ្យប្រហែលគ្នា យ៉ាងនោះដែរ។ បុគ្គលនោះ បើមិន​លះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់​ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទម្លាក់ យ៉ាងនោះឯង។

[១៦៧] ម្នាលសារីបុត្ត ព្រះតថាគតប្រកបហើយដោយ​ វេសារជ្ជញ្ញាណ ទាំងឡាយណា ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ វេសារជ្ជញ្ញាណ របស់ព្រះតថាគតនេះ មាន៤យ៉ាង។ វេសារជ្ជញ្ញាណ ទាំង៤ ដូចម្តេច។ ម្នាលសារីបុត្ត ព្រះតថាគត ពិចារណាមិនឃើញ នូវ​និមិត្ត [សំដៅយកបុគ្គលខ្លះ ធម៌ខ្លះ។ អធិប្បាយថា ព្រះអង្គមិនឃើញបុគ្គល​ណាមួយ ដែលហ៊ាន​ចោទព្រះអង្គ ឬមិនឃើញមានធម៌ណាមួយ ដែល​គេលើក​ឡើងចោទថា ធម៌នេះ ព្រះអង្គមិនបានត្រាស់ដឹងទេ។ អដ្ឋកថា កែពាក្យថា និមិត្តនេះ ប្រែថា កំណត់ស្លាកស្នាម ស្រមោល មូលហេតុគ្រឿងសំគាល់ក៏បាន។]នេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយក្នុងលោកនេះ នឹងចោទ​តថាគតប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ព្រះអង្គគ្រាន់តែប្តេជ្ញាខ្លួន​ ថាជាអ្នកត្រាស់ដឹងដោយប្រពៃ តែធម៌ទាំងនេះ ព្រះអង្គ​ឥតបានត្រាស់ដឹងឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្ត​នុ៎ះហើយ ក៏ដល់នូវ​សេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្ត​នេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទ​តថាគត​ប្រកបដោយហេតុ ក្នុងធម៌ទាំងឡាយនោះថា ព្រះអង្គគ្រាន់តែប្តេជ្ញាខ្លួន​ ថាជាអ្នកអស់អាសវៈ តែព្រះអង្គមិនទាន់អស់​អាសវៈទាំងនេះទេ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្ត​នុ៎ះហើយ ក៏បានដល់នូវ​សេចក្តី​ក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្ត​នេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុងលោកនេះ នឹងចោទ​តថាគត ប្រកបដោយហេតុ ក្នុងធម៌​ទាំងឡាយ​នោះថា ធម៌ទាំងឡាយណា ដែលព្រះអង្គពោលថា ជាធម៌ធ្វើ​នូវសេចក្តី​អន្តរាយ [សំដៅយកមេថុនធម្ម ព្រោះថា កាលបើបុគ្គល សេពមេថុនធម្ម នឹងដល់​នូវ​សេចក្តីអន្តរាយមគ្គផល។ អដ្ឋកថា។] ឯធម៌ទាំងឡាយនោះ មិនគួរដល់នូវសេចក្តី​អន្តរាយ ចំពោះបុគ្គលណាមួយ ដែលសេពឡើយ ម្នាលសារីបុត្ត តថាគត កាល​ពិចារណា​មិនឃើញ នូវនិមិត្ត​នុ៎ះ ក៏បានដល់នូវ​សេចក្តីក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវនិមិត្ត​នេះឡើយថា សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬនរណាមួយ ក្នុង​លោក​នេះ នឹងចោទ​តថាគត ប្រកបដោយហេតុ ក្នុងនិយ្យានិកធម៌នោះថា ធម៌ដែល​ព្រះអង្គ​សំដែងហើយ ដើម្បីប្រយោជន៍ ដល់គុណវិសេសណា គុណវិសេសនោះ មិនប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខ​ដោយប្រពៃ ដល់បុគ្គល​អ្នកធ្វើតាមធម៌នោះទេ ម្នាលសារីបុត្ត តថាគត កាលពិចារណាមិនឃើញ នូវនិមិត្ត​នុ៎ះ ក៏បានដល់នូវ​សេចក្តី​ក្សេមក្សាន្ត មិនដល់នូវភ័យ ដល់នូវភាវៈ ជាអ្នកក្លៀវក្លា១។ ម្នាលសារីបុត្ត តថាគត ប្រកបដោយ​វេសារជ្ជញ្ញាណទាំងឡាយណាហើយ បានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិសទ្យទាំងឡាយ ញុំាងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ វេសារជ្ជញ្ញាណ របស់ព្រះតថាគត មាន៤នេះឯង។ ម្នាលសារីបុត្ត បុគ្គលណា ពោលយ៉ាងនេះ ចំពោះ​តថាគត ដែលដឹងយ៉ាងនេះ ដែលឃើញ​យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណ​អាចធ្វើខ្លួន​ឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមាន ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តី​ត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ ដោយការពិចារណា ជាសេចក្តីឈ្លាសវៃ ដោយ​ខ្លួន​ឯង​ដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះឯង បើមិនលះបង់​នូវវាចានោះទេ មិនលះបង់នូវ​ចិត្តនោះទេ មិនលះបង់នូវទិដ្ឋិ​នោះទេ នឹងធ្លាក់ទៅរងទុក្ខក្នុងនរក ដូចជាគេ​នាំយក​ទៅ​ទម្លាក់ យ៉ាងនោះដែរ។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌​ដោយបញ្ញាហើយ រមែងសម្រេច​នូវ​អរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោល​នូវ​ហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិន​លះបង់​នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះទេ នឹងធ្លាក់​ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះដែរ។

[១៦៨] ម្នាលសារីបុត្ត បរិសទ្យនេះ មាន៨ពួក បរិសទ្យទាំង៨ពួក តើដូចម្តេច គឺខត្តិយបរិសទ្យ១ ព្រាហ្មណបរិសទ្យ១ គហបតិបរិសទ្យ១ សមណបរិសទ្យ១ ចាតុម្មហារាជិកបរិសទ្យ១ តាវត្តឹសបរិសទ្យ១ មារបរិសទ្យ១ ព្រហ្មបរិសទ្យ១ ម្នាលសារីបុត្ត បរិសទ្យ មាន៨ពួកនេះឯង។ ម្នាលសារីបុត្ត ព្រះតថាគត ប្រកបព្រម​ដោយ​ វេសារជ្ជញ្ញាណ៤យ៉ាងនេះឯង តែងចូលទៅរក តែងចូលទៅជិត នូវពួក​បរិសទ្យទាំង៨នេះ។ ម្នាលសារីបុត្ត តថាគតធ្លាប់ចូលទៅរក​ខត្តិយបរិសទ្យ​ជាច្រើន​រយនាក់ តថាគត ធ្លាប់អង្គុយប្រជុំផង ធ្លាប់ចរចាផង ធ្លាប់ជួបប្រទះសាកច្ឆា​ផង ក្នុងពួកខត្តិយបរិសទ្យទាំងនោះ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញនូវ​និមិត្តនេះថា ភ័យ ឬសេចក្តីតក់ស្លុត នឹងគ្របសង្កត់តថាគត ក្នុងពួកខត្តិយបរិសទ្យនោះ ដូច្នេះឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណា​មិនឃើញនូវនិមិត្តនុ៎ះ។បេ។ ម្នាលសារីបុត្ត តថាគតធ្លាប់ចូលទៅរកព្រាហ្មណបរិសទ្យ គហបតិបរិសទ្យ សមណបរិសទ្យ ចាតុម្មហារាជិកបរិសទ្យ តាវត្តឹសបរិសទ្យ មារបរិសទ្យ និងព្រហ្មបរិសទ្យ ​ជាច្រើន​រយនាក់ តថាគត ធ្លាប់អង្គុយប្រជុំផង ធ្លាប់ចរចាផង ធ្លាប់ជួបប្រទះសាកច្ឆា​ផង ក្នុងពួកបរិសទ្យទាំងនោះ ម្នាលសារីបុត្ត តថាគត ពិចារណាមិនឃើញ នូវ​និមិត្តនុ៎ះថា ភ័យ ឬសេចក្តីតក់ស្លុត នឹងគ្រប​សង្កត់​តថាគត ក្នុងពួកបរិសទ្យនោះ ដូច្នេះឡើយ ម្នាលសារីបុត្ត តថាគត កាលពិចារណា​មិនឃើញនូវនិមិត្តនុ៎ះ ក៏បានដល់នូវសេចក្តីក្សេមក្សាន្ត។បេ។ ម្នាលសារីបុត្ត បុគ្គល​ណា ពោលយ៉ាងនេះ ចំពោះ​តថាគត ដែលដឹងយ៉ាងនេះ ដែលឃើញ​យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែល​អាចធ្វើខ្លួន​ឲ្យជាអរិយៈ ដ៏ក្រៃលែង ជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តី​ត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ ដោយ​ការ​ពិចារណា ជាការឈ្លាសវៃ ដោយ​ខ្លួន​ឯង​ដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះ បើមិន​លះបង់​វាចានោះទេ មិនលះបង់​ចិត្តនោះទេ មិនលះបង់ទិដ្ឋិ​នោះទេ នឹងធ្លាក់ទៅ​រង​ទុក្ខ​ក្នុងនរក ដូចជាគេ​នាំយក​ទៅ​ទម្លាក់ យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុ​បរិបូណ៌​ដោយ​សីលហើយ បរិបូណ៌ដោយសមាធិហើយ បរិបូណ៌​ដោយបញ្ញាហើយ រមែង​សម្រេច​​នូវ​អរហត្តផល ក្នុងបច្ចុប្បន្ននេះបាន យ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោល​នូវ​ហេតុនេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គលនោះ បើមិន​លះបង់​នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវទិដ្ឋិនោះ​ចេញទេ នឹងធ្លាក់​ទៅរងទុក្ខក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះឯង។

[១៦៩] ម្នាលសារីបុត្ត កំណើត (របស់សត្វ) នេះមាន៤ កំណើតទាំង៤ តើដូចម្តេច គឺកំណើតដែលកើតអំពីស៊ុត១ កំណើតដែលកើតអំពីទឹក១ កំណើត​ដែល​កើត​អំពីញើស១ កំណើត​ហាក់ដូចជាអណ្តែតទៅកើត១។ ម្នាលសារីបុត្ត ចុះកំណើត​ដែលកើតអំពីស៊ុតនោះ ដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែល​ទំលាយនូវសំបកស៊ុត ហើយកើតចេញមក ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើត​ដែលកើតអំពីស៊ុត។ ម្នាលសារីបុត្ត ចុះកំណើត​ដែលកើតអំពីទឹក តើដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែល​ទំលាយនូវស្រោមទឹកភ្លោះ ហើយកើត ម្នាល​សារីបុត្ត នេះតថាគតហៅថា កំណើត​ដែលកើតអំពីទឹក។ ម្នាលសារីបុត្ត កំណើត​ដែល​កើតអំពីញើស តើដូចម្តេច ម្នាលសារីបុត្ត សត្វទាំងឡាយ ដែលកើត​ក្នុង​ត្រីស្អុយ​ក្តី​ ក្នុងសាកសពស្អុយក្តី ក្នុងនំប្អូមក្តី​ក្នុងរណ្តៅជ្រាំក្តី ក្នុងប្រលាយទឹក​សំអុយក្តី ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើត​ដែលកើតអំពីញើសក្អែល។ ម្នាលសារីបុត្ត ចុះកំណើត​ហាក់ដូចជាអណ្តែតទៅកើត តើដូចម្តេច ពួកទេវតា ពួកសត្វនរក មនុស្សពួកខ្លះ និងវិនិបាតពួកខ្លះ ម្នាលសារីបុត្ត នេះតថាគតហៅថា កំណើត​ហាក់ដូចជាអណ្តែតទៅកើត។ ម្នាលសារីបុត្ត កំណើត (របស់សត្វ) មាន៤នេះឯង។​ម្នាលសារីបុត្ត បុគ្គលណាពោលយ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែល​ឃើញ​យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ដែលអាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏​ក្រៃលែងជាងមនុស្ស​ធម៌នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែង​ធម៌ដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ ដោយ​ការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង ដូច្នេះ ម្នាលសារីបុត្ត បុគ្គលនោះ បើមិនលះបង់នូវ​វាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់​នូវទិដ្ឋិនោះចេញ​ទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរកដូចជាគេនាំយកទៅទំលាក់យ៉ាងនោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌​ដោយសមាធិហើយ បរិបូណ៌​ដោយ​បញ្ញាហើយ រមែង​សម្រេចនូវអរហត្តផល ក្នុងបច្ចុប្បន្ននេះឯង យ៉ាងណាមិញ តថាគត ពោលនូវ​ហេតុនេះ ជាគ្រឿងផ្តល់ពាក្យឧបមេយ្យ ក៏យ៉ាងនោះដែរ។ បុគ្គល​នោះ បើមិនលះបង់នូវវាចានោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវ​ទិដ្ឋិ​នោះចេញទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ យ៉ាងនោះ​ឯង។

[១៧០] ម្នាលសារីបុត្ត គតិនេះមាន៥ប្រការ គតិ៥ប្រការ តើដូចម្តេច គឺ​នរក១ កំណើតតិរច្ឆាន១ បិត្តិវិស័យ១ ពួកមនុស្ស១ ពួកទេវតា១។ ម្នាលសារីបុត្ត តថាគត ស្គាល់នរកផង ស្គាល់ផ្លូវជាទីទៅកាន់នរកផង ស្គាល់សេចក្តីប្រតិបត្តិ ជាទីទៅកាន់​នរកផង ឯបុគ្គល​ប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយរាងកាយខាងមុខ អំពី​សេចក្តី​ស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក តថាគតស្គាល់​ច្បាស់​នូវប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគត ស្គាល់ច្បាស់នូវកំណើតតិរច្ឆានផង ស្គាល់​ច្បាស់នូវផ្លូវ​ជាទីទៅកាន់កំណើតតិរច្ឆានផង ស្គាល់ច្បាស់នូវសេចក្តី​ប្រតិបត្តិ​ ជាទីទៅកាន់កំណើតតិរច្ឆានផង ឯបុគ្គល​ប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីមរណៈទៅកើតក្នុងកំណើតតិរច្ឆាន តថាគត​ស្គាល់ច្បាស់នូវ​សេចក្តីប្រតិបត្តិនោះផង។ ម្នាលសារីបុត្ត តថាគត​ស្គាល់ច្បាស់នូវបិត្តិវិស័យផង ស្គាល់ច្បាស់នូវផ្លូវជាទីទៅកាន់បិត្តិវិស័យផង ស្គាល់ច្បាស់នូវសេចក្តី​ប្រតិបត្តិ​ ជាទី​ទៅកាន់បិត្តិវិស័យផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយ​រាងកាយ ខាង​មុខអំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ តថាគត ក៏ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ​នោះ​ផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវមនុស្សទាំងឡាយផង ស្គាល់ច្បាស់នូវ​ផ្លូវ​ជាទីទៅកាន់មនុស្សលោកផង ស្គាល់ច្បាស់នូវសេចក្តី​ប្រតិបត្តិ​ ជាទី​ទៅកាន់​មនុស្ស​លោក​ផង ឯបុគ្គលប្រតិបត្តិយ៉ាងណាហើយ លុះបែកធ្លាយ​រាងកាយ ខាង​មុខ​អំពី​មរណៈ ទៅកើតក្នុងមនុស្សលោក តថាគត ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ​នោះ។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវទេវតាទាំងឡាយផង ស្គាល់ច្បាស់នូវ​ផ្លូវ​ជា​ទី​ទៅ​កាន់ទេវលោកផង ស្គាល់ច្បាស់នូវសេចក្តី​ប្រតិបត្តិ​ ជាទី​ទៅកាន់ទេវលោកផង ឯបុគ្គលប្រតិបត្តិយ៉ាងណា លុះបែកធ្លាយ​រាងកាយ ខាង​មុខអំពីមរណៈ ទៅកើត​ក្នុងសុគតិ សួគ៌ ទេវលោក តថាគត ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ​នោះ​ផង។ ម្នាលសារីបុត្ត តថាគតស្គាល់ច្បាស់នូវព្រះនិព្វានផង ស្គាល់ច្បាស់​នូវផ្លូវ​ជាទី​ទៅកាន់​ព្រះនិព្វានផង ស្គាល់ច្បាស់នូវសេចក្តី​ប្រតិបត្តិ​ ជាទី​ទៅកាន់ព្រះនិព្វានផង ឯ​បុគ្គល​ប្រតិបត្តិយ៉ាងណាហើយ ធ្វើឲ្យជាក់ច្បាស់​នូវចេតោវិមុត្តិ នូវ​បញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ឧត្តម របស់ខ្លួន​ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ តថាគត ក៏ស្គាល់ច្បាស់នូវសេចក្តីប្រតិបត្តិ​នោះ​ផង។

[១៧១] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើង​កាន់ផ្លូវ [អដ្ឋកថា ថា អំពើ ឬសេចក្តី​ប្រព្រឹត្តិ ដែលជាដំណើរ​នាំសត្វ ឲ្យទៅ​កើតក្នុងភព​ថ្មីទៀត ហៅថា ផ្លូវ ក្នុងទីនេះ។] នោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក​ មិនខាន លុះ​សម័យខាងក្រោយមក តថាគតឃើញបុគ្គល​នោះឯង បែកធ្លាយរាងកាយ ខាងមុខ​អំពី​មរណៈ ក៏ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក​ រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា​ឥតស្រាក ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្ស​ធម្មតា។ ម្នាលសារីបុត្ត រណ្តៅរងើកភ្លើង មានជម្រៅជាងមួយជួរបុរស [ជាង​៥ហត្ថ នៃបុរស (ជាង​១ទទូងបុរស)។] ពេញដោយរងើកភ្លើង ដែលឥត​មានអណ្តាត ឥតមានផ្សែង គ្រានោះ មានបុរស​ម្នាក់ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ មានកំដៅថ្ងៃគ្របសង្កត់ មានខ្លួនលំបាក ដង្ហាក់ស្រេកទឹក ដើរមកតាមផ្លូវដែលទៅបានតែម្នាក់ សំដៅ​ទៅត្រង់​រងើកភ្លើង​នោះឯង បុរស អ្នកមានភ្នែក បានឃើញបុរសនោះហើយ ក៏និយាយយ៉ាង​នេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្ត​ដូច្នោះផង ឡើងកាន់​ផ្លូវ​នោះផង មុខជានឹងមកកាន់រណ្តៅរងើកភ្លើងនេះពុំខាន លុះសម័យ​ខាងក្រោយមក (បុរស​មានភ្នែកនោះ) ក៏ឃើញនូវបុរសនោះឯង ធ្លាក់ទៅក្នុងរណ្តៅ​រងើកភ្លើងនោះ រងទុក្ខ​វេទនាដ៏ក្លៀវក្លា ខ្លោចផ្សា​ឥតស្រាក សេចក្តីនេះមានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត ដែលកំណត់​នូវចិត្ត​ដោយចិត្ត ដឹងនូវ​បុគ្គល​ពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គល​នេះ ប្រតិបត្តិ​ដូច្នោះផង ប្រព្រឹត្តដូច្នោះ​ផង ឡើងកាន់ផ្លូវ​នោះផង លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីមរណៈ មុខជានឹង​ទៅកើត​ក្នុងអបាយ ទុគ្គតិ វិនិបាត នរក មិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញ​បុគ្គលនោះ ដែលបែកធ្លាយរាងកាយ ខាងមុខ​អំពីមរណៈ ទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា​ឥតស្រាក ដោយចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្ស​ធម្មតា ដូច្នោះឯង។

[១៧២] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើង​កាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅ​កើត​ក្នុង​កំណើត​តិរិច្ឆានមិនខាន លុះ​សម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គល​នោះឯង ដែលបែកធ្លាយរាងកាយ ខាងមុខ​អំពី​មរណៈ ទៅកើតក្នុងកំណើត​តិរិច្ឆាន រងទុក្ខ​វេទនា​ដ៏ក្លៀវក្លា ខ្លោចផ្សា​ ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្ស​ធម្មតា។ ម្នាលសារីបុត្ត រណ្តៅលាមក មានជម្រៅជាងមួយជួរបុរស ពេញដោយ​លាមក គ្រានោះ មានបុរស​ម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃ​គ្របសង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលទៅបានតែម្នាក់ សំដៅ​ទៅត្រង់​រណ្តៅលាមក​នោះឯង បុរសមានចក្ខុបានឃើញបុរសនោះហើយ និយាយយ៉ាង​នេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្ត​ដូច្នោះផង ឡើងកាន់​​ផ្លូវ​នោះផង មុខជានឹងមកកាន់រណ្តៅលាមកនេះពុំខាន លុះសម័យ​ខាង​ក្រោយមក (បុរស​មានចក្ខុនោះ) ក៏ឃើញបុរសនោះ ធ្លាក់ទៅក្នុងរណ្តៅ​លាមក​នោះ រងទុក្ខ​វេទនាដ៏ក្លៀវក្លា ខ្លោចផ្សា​ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូចតថាគត កំណត់​នូវចិត្ត​ដោយចិត្ត ដឹងនូវ​បុគ្គល​ពួក​មួយ​ក្នុងលោកនេះ យ៉ាងនេះថា បុគ្គល​នេះ ប្រតិបត្តិ​ដូច្នោះផង ប្រព្រឹត្តដូច្នោះ​ផង ឡើងកាន់ផ្លូវ​នោះផង លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីមរណៈ មុខជានឹង​ទៅកើត​ក្នុងកំណើត​តិរិច្ឆាន មិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញ​បុគ្គល​នោះ ដែលបែកធ្លាយរាងកាយ ខាងមុខ​អំពីមរណៈ ទៅកើតក្នុងកំណើត​នៃ​តិរិច្ឆាន រងទុក្ខវេទនាដ៏ក្លៀវក្លា ខ្លោចផ្សា​ ដោយចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ កន្លងហួស​ចក្ខុ​របស់​មនុស្ស​​ធម្មតា ដូច្នោះឯង។

[១៧៣] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គល​ពួក​មួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើង​កាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅ​កើត​ក្នុងបិត្តិវិស័យ លុះ​សម័យខាងក្រោយមក តថាគត ក៏ឃើញបុគ្គល​នោះ ដែល​បែកធ្លាយរាងកាយ ខាងមុខ​អំពី​មរណៈ ទៅកើតក្នុងបិត្តិវិស័យ រងទុក្ខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្ស​ធម្មតា។ ម្នាលសារីបុត្ត ដើមឈើដែលដុះលើផែនដីមិនរាបស្មើ មានស្រទាប់​ស្លឹកដ៏ស្តើង មានម្លប់​ប៉ើងរ៉ើង គ្រានោះ មានបុរស​ម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែលកំដៅថ្ងៃ​គ្រប​សង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវ ដែលត្រាច់ទៅបានតែម្នាក់ សំដៅ​ទៅរកដើមឈើនោះឯង បុរស អ្នកមានភ្នែក បានឃើញបុរសនោះហើយ និយាយ​យ៉ាង​​នេះថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្ត​ដូច្នោះផង ឡើងកាន់​ផ្លូវ​នោះផង មុខជានឹងទៅកាន់ដើមឈើនេះពុំខាន លុះសម័យ​ខាងក្រោយមក (បុរស​មានចក្ខុនោះ) ក៏ឃើញបុរសនោះ អង្គុយ ឬដេក ទទួលទុក្ខ​វេទនាជាច្រើន ក្រោមម្លប់​ដើមឈើនោះ សេចក្តីនេះ មានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត មានឧបមេយ្យ​ដូច​តថាគត ដែលកំណត់​ដឹងនូវចិត្ត​ដោយចិត្ត ដឹងនូវ​បុគ្គល​ពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គល​នេះ ប្រតិបត្តិ​ដូច្នោះផង ប្រព្រឹត្តដូច្នោះ​ផង ឡើងកាន់ផ្លូវ​នោះផង លុះបែកធ្លាយ​រាងកាយ ខាងមុខអំពីមរណៈ មុខជានឹង​ទៅកើត​ក្នុងបិត្តិវិស័យមិនខាន លុះសម័យខាងក្រោយមក តថាគត ក៏ឃើញ​បុគ្គលនោះ បែកធ្លាយរាងកាយ ខាងមុខ​អំពីមរណៈ ទៅកើតក្នុងបិត្តិវិស័យ រងទុក្ខវេទនាជាច្រើន ដោយចក្ខុ​ដូចជា​ទិព្វ​ដ៏​បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្ស​ធម្មតា ដូច្នោះឯង។

[១៧៤] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើង​កាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅ​កើត​ក្នុង​ពួកមនុស្ស លុះ​សម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គល​នោះ ដែលបែកធ្លាយ​រាងកាយ ខាងមុខ​អំពី​មរណៈ ទៅកើតក្នុងពួកមនុស្ស សោយសុខវេទនាជាច្រើន ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្ស​ធម្មតា។ ម្នាលសារីបុត្ត ដើមឈើដែលដុះលើផែនដីរាបស្មើល្អ មានស្រទាប់​ស្លឹកដ៏ក្រាស់ មានម្លប់​ត្រឈៃ គ្រានោះ មានបុរស​ម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែល​កំដៅថ្ងៃ​គ្រប​សង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅ​ទៅរកដើមឈើ​នោះឯង បុរស អ្នកមានចក្ខុ បានឃើញបុរសនោះ និយាយយ៉ាង​នេះ​ថា បុរសនេះ ដើរទៅដូច្នោះផង ប្រព្រឹត្ត​ដូច្នោះផង ឡើងកាន់​ផ្លូវ​នោះផង មុខជា​នឹងមកកាន់ដើមឈើ​នេះពុំខាន លុះសម័យ​ខាងក្រោយមក (បុរស​មានចក្ខុនោះ) ក៏ឃើញបុរសនោះឯង អង្គុយ ឬដេក សោយសុខវេទនាជាច្រើន ក្រោមម្លប់​នៃដើមឈើនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យ​ដូចតថាគត ដែលកំណត់​នូវចិត្ត​ដោយចិត្ត ដឹងនូវ​ចិត្តនៃបុគ្គល​ពួកមួយក្នុងលោកនេះ យ៉ាងនេះថា បុគ្គល​ប្រតិបត្តិ​ដូច្នោះផង ប្រព្រឹត្តដូច្នោះ​ផង ឡើងកាន់ផ្លូវ​នោះផង។បេ។ ទៅកើតក្នុងពួកមនុស្ស សោយសុខវេទនាជាច្រើន ដូច្នោះឯង។

[១៧៥] ម្នាលសារីបុត្ត តថាគត កំណត់នូវចិត្តដោយចិត្ត ដឹងនូវបុគ្គលពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្តដូច្នោះផង ឡើង​កាន់ផ្លូវនោះផង លុះបែកធ្លាយរាងកាយ ខាងមុខ អំពីមរណៈ មុខជានឹងទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោកមិនខាន លុះ​សម័យខាងក្រោយមក តថាគតក៏ឃើញបុគ្គល​នោះ ដែលបែកធ្លាយ​រាងកាយ ខាងមុខ​អំពី​មរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក សោយសេចក្តីសុខជានិច្ច ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​ធម្មតា។ ម្នាលសារីបុត្ត ប្រាសាទ មានកូដាគារ (ផ្ទះមានកំពូល) ដែល​លាប​ទាំងខាងក្នុង ទាំងខាងក្រៅ ជិតខ្យល់ មានទ្វារជិត មានបង្អួច​បើក​បិទបាន ក្នុង​កូដាគារនោះ មានបល្ល័ង្ក ដែលក្រាលដោយព្រំ មានរោមវែងៗជាង៤ធ្នាប់ ក្រាលដោយ​កម្រាល​មានពណ៌ស ធ្វើដោយ​រោមសត្វ ជាផ្កាចង្កោម មាន​កម្រាល​ដ៏ឧត្តម ដែលគេធ្វើ​ដោយស្បែក​សត្វឈ្លុស មានខ្នើយពណ៌ក្រហមទាំងពីរខាង គឺ​ខ្នើយក្បាល និងខ្នើយជើង ព្រមទាំងពិតាន ដែល​មានពណ៌ក្រហម គ្រានោះ មាន​បុរស​ម្នាក់ ក្តៅក្រហល់ក្រហាយ ដោយកំដៅថ្ងៃ ដែល​កំដៅថ្ងៃ​គ្រប​សង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាមផ្លូវដែលត្រាច់ទៅបានតែម្នាក់ សំដៅ​ទៅត្រង់​ប្រាសាទ​នោះឯង បុរស អ្នកមានចក្ខុ បានឃើញបុរសនោះហើយ និយាយយ៉ាង​នេះ​ថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្ត​ដូច្នោះផង ឡើងកាន់​ផ្លូវ​នោះផង មុខជា​នឹងមកកាន់ប្រាសាទនេះដោយពិត លុះសម័យ​ខាងក្រោយមក (បុរស​មានចក្ខុនោះ) ក៏ឃើញនូវបុរសនោះ កំពុងអង្គុយ ឬដេក សោយសុខវេទនាជានិច្ច លើបល្ល័ង្ក ក្នុងកូដាគារប្រាសាទនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យ​ដូចតថាគត ដែលកំណត់​ដឹងនូវចិត្ត​ដោយចិត្ត ដឹងនូវ​បុគ្គល​ពួក​មួយ​ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ​ប្រតិបត្តិ​ដូច្នោះផង ប្រព្រឹត្តដូច្នោះ​ផង ឡើងកាន់ផ្លូវ​នោះផង លុះបែកធ្លាយរាងកាយ ខាងមុខអំពីមរណៈ មុខជានឹងទៅ​កើត​ក្នុងសុគតិ សួគ៌ ទេវលោក លុះសម័យ​ខាងក្រោយមក តថាគត ក៏ឃើញ​បុគ្គល​នោះ ដែលបែកធ្លាយរាងកាយ ខាងមុខអំពី​មរណៈ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក សោយ​សុខវេទនាជានិច្ច ដោយចក្ខុដូចជាទិព្វដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់​មនុស្ស​ធម្មតា ដូច្នោះឯង។

[១៧៦] ម្នាលសារីបុត្ត តថាគត កំណត់ដឹងនូវចិត្តដោយចិត្ត ដឹងនូវ​បុគ្គល​ពួកមួយ ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ប្រតិបត្តិដូច្នោះផង ប្រព្រឹត្ត​ដូច្នោះ​ផង ឡើង​កាន់ផ្លូវនោះផង មុខជានឹងធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយ​ខ្លួន​ឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្ត​ដោយឥរិយាបថទាំង៤ លុះ​សម័យ​ខាង​ក្រោយ​មក តថាគតក៏ឃើញបុគ្គល​នោះ ដែលបានធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញា​វិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ដោយ​ខ្លួនឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ សោយសុខ​វេទនា​ជានិច្ច។ ម្នាលសារីបុត្ត ស្រះបោក្ខរណី មានទឹកថ្លា មានទឹកឆ្ងាញ់ មានទឹកត្រជាក់ មានទឹក​រងថ្លា មានកំពង់​រាបទាបល្អ គួរជាទីរីករាយ មានដងព្រៃស្រោងស្រាង មិន​ឆ្ងាយ​អំពី​ស្រះបោក្ខរណីនោះ គ្រានោះ មាន​បុរស​ម្នាក់ ក្តៅក្រហល់ក្រហាយ ដោយ​កំដៅ​ថ្ងៃ ដែល​កំដៅថ្ងៃ​គ្រប​សង្កត់ លំបាក ដង្ហាក់ ស្រេកទឹក ដើរមកតាម​ផ្លូវដែល​ត្រាច់​ទៅបានតែម្នាក់ សំដៅ​ទៅរកស្រះបោក្ខរណីនោះ បុរស អ្នកមានចក្ខុ បានឃើញ​បុរសនោះហើយ ក៏និយាយយ៉ាង​នេះ​ថា បុរសដ៏ចំរើននេះ ដើរទៅដូច្នោះផង ប្រព្រឹត្ត​ដូច្នោះផង ឡើងកាន់​ផ្លូវ​នោះផង មុខជា​នឹងមកកាន់ស្រះបោក្ខរណីនេះ ដោយពិត លុះសម័យ​ខាងក្រោយមក (បុរស​មានចក្ខុនោះ) ក៏ឃើញនូវបុរសនោះ ចុះទៅក្នុងស្រះបោក្ខរណីនោះ ងូតផង ផឹកផង បំបាត់​បង់នូវសេចក្តីក្រវល់ក្រវាយ នឿយហត់ នឹងសេចក្តីក្រហល់ក្រហាយគ្រប់យ៉ាង ហើយឡើងមកអង្គុយ​ ឬដេក សោយសុទ្ធតែសុខវេទនា ក្នុងដងព្រៃនោះ សេចក្តីនេះ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យ​ដូចតថាគត ដែលកំណត់​នូវចិត្ត​ដោយចិត្ត ដឹងនូវ​បុគ្គល​ពួក​មួយ​ក្នុងលោកនេះ យ៉ាងនេះថា បុគ្គលនេះ ​ប្រតិបត្តិ​ដូច្នោះផង ប្រព្រឹត្តដូច្នោះ​ផង ឡើងទៅកាន់ផ្លូវ​នោះផង មុខជានឹងធ្វើ​ឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះអស់ទៅនៃអាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួន​ឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ លុះសម័យ​ខាងក្រោយមក តថាគត ក៏ឃើញ​បុគ្គល​នោះ ដែលបានធ្វើ​ឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ បញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះអស់ទៅនៃអាសវៈ​ទាំងឡាយ ដោយប្រាជ្ញាដ៏ក្រៃលែង ខ្លួន​ឯង ក្នុងបច្ចុប្បន្ន សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ សោយសុទ្ធតែ​សុខវេទនា ដូច្នោះឯង។ ម្នាលសារីបុត្ត គតិនេះឯង មាន៥យ៉ាង។ ម្នាលសារីបុត្ត អ្នកណា​ពោល​យ៉ាងនេះ ចំពោះតថាគត ដែលដឹងយ៉ាងនេះ ដែល​ឃើញ​យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ អាចធ្វើខ្លួនឲ្យជាអរិយៈ ដ៏​ក្រៃលែង ជាងមនុស្ស​ធម៌ របស់ព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែង​ធម៌ដែលខ្លួន​ស្រាវជ្រាវ​បានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួន​ស្ទាបស្ទង់ ដោយ​ការពិចារណា ជាធម៌កើតមានដោយប្រាជ្ញារបស់ខ្លួន ដូច្នេះ បុគ្គលនោះ បើមិនលះបង់នូវ​វាចា​នោះ​ទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់​នូវទិដ្ឋិនោះ​ទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក​ ដូចជាគេនាំយកទៅទំលាក់ដូច្នោះឯង។ ម្នាលសារីបុត្ត ភិក្ខុបរិបូណ៌ដោយសីលហើយ បរិបូណ៌​ដោយសមាធិហើយ បរិបូណ៌​ដោយ​បញ្ញាហើយ ​សម្រេចអរហត្តផល ក្នុង​បច្ចុប្បន្ននេះឯង មានឧបមាយ៉ាងណាមិញ ម្នាលសារីបុត្ត តថាគត ពោលនូវ​ហេតុ​នេះ ជាគ្រឿងផ្តល់នូវពាក្យឧបមេយ្យ យ៉ាងនោះដែរ។ បុគ្គល​នោះ បើមិនលះបង់​នូវ​វាចា​នោះទេ មិនលះបង់នូវចិត្តនោះទេ មិនលះបង់នូវ​ទិដ្ឋិ​នោះទេ នឹងធ្លាក់ទៅរងទុក្ខ ក្នុងនរក ដូចជាគេនាំយកទៅទំលាក់ ដូច្នោះ​ឯង។

[១៧៧] ម្នាលសារីបុត្ត មួយទៀត តថាគតធ្លាប់ប្រព្រឹត្តព្រហ្មចរិយៈ [ពាក្យថា ព្រហ្មចរិយៈ បានដល់ទាន វេយ្យាវច្ចៈ សិក្ខាបទ ព្រហ្មវិហារ ធម្មទេសនា មេថុនវិរតិ សទារសន្តោស វីរិយៈ ឧបោសថ អរិយមគ្គ សាសនាទាំងអស់ និងអធ្យាស្រ័យ​ក៏បាន តែក្នុងសូត្រនេះ សំដៅយក វីរិយៈ (សេចក្តី​ព្យាយាម)។] ដែលប្រកបដោយ​អង្គ៤ [សេចក្តីព្យាយាមនោះ ដែលបុគ្គល​ធ្វើឲ្យតឹង៤យ៉ាង ក្នុងអត្តភាពមួយ ឈ្មោះថា ប្រកបដោយអង្គ៤ ដូចមានក្នុងសូត្រនេះស្រាប់។ អដ្ឋកថា។]។ គឺបើនិយាយ​ពីអ្នកមាន​តបៈ តថាគត ជាអ្នកមានតបៈដ៏ក្រៃលែង បើនិយាយ​ពីអ្នកសៅហ្មង តថាគត ជាអ្នក​សៅហ្មងដ៏ក្រៃលែង បើនិយាយពីអ្នកមានសេចក្តីខ្ពើមបាប តថាគត ជាអ្នកមាន​សេចក្តីខ្ពើមបាបដ៏ក្រៃលែង បើនិយាយ​ពីអ្នកស្ងប់ស្ងាត់ តថាគត ជាអ្នកស្ងប់ស្ងាត់ដ៏​ក្រៃលែង។

[១៧៨] ម្នាលសារីបុត្ត ការមានតបៈរបស់តថាគត ក្នុងព្រហ្មចរិយៈ ប្រកបដោយ​អង្គ៤នោះដូច្នេះ គឺតថាគតជាអ្នកអាក្រាត លះបង់មារយាទល្អ [ឈរបន្ទោបង់ឧច្ចារៈ បស្សាវៈ និងឈរបរិភោគ។] ប្រព្រឹត្តហត្ថាវលេខនបតិបត្តិ [បរិភោគ​ភោជនលិទ្ធដៃ និងយកម្រាមដៃកិតលាមក ព្រោះសំគាល់​កំណាត់​ឈើ ថាជាសត្វ។] ជាអ្នកកាន់វត្តមិនចូលមក (ទទួលភត្ត) ដែលគេនិមន្តថា លោកដ៏ចំរើន ចូរចូលមក មិនរង់ចាំតាមគេនិមន្តថា លោកដ៏ចំរើន សូមរង់ចាំសិន មិនត្រេកអរនឹង​ចង្ហាន់ ដែលកាន់យកមកមុន មិនត្រេកអរនឹងចង្ហាន់ ដែលគេប្រាប់ថាធ្វើ ចំពោះ​ខ្លួន​ មិនត្រេកអរនឹងចង្ហាន់ ដែលគេនិមន្ត [និមន្តថាសូមចូលទៅកាន់ត្រកូល ឬផ្លូវ ឬស្រុក​ឯណោះ។]។ តថាគតនោះ មិនទទួលចង្ហាន់ ដែលគេកំពុងដោះដួសអំពីឆ្នាំង មិនទទួល​ចង្ហាន់ អំពីមាត់កញ្ជើ មិនទទួលចង្ហាន់ ដែលគេ​ឲ្យត្រង់ចន្លោះធរណី មិនទទួលចង្ហាន់ ដែលគេឲ្យត្រង់ចន្លោះត្បាល់ មិនទទួល​ចង្ហាន់ដែលគេ​ឲ្យត្រង់​ចន្លោះ​អង្រែ មិនទទួលចង្ហាន់របស់មនុស្ស​ ដែលកំពុង​បរិភោគពីរនាក់ មិនទទួលចង្ហាន់របស់ស្រ្តីមានគភ៌ មិនទទួលចង្ហាន់របស់ស្រ្តី ដែល​កំពុង​បំបៅកូន មិនទទួលចង្ហាន់របស់ស្រ្តី ដែលកំពុង​នៅរួមនឹងបុរស មិនទទួលចង្ហាន់ ដែលគេ​អង្គាសគ្នាធ្វើ មិនទទួលចង្ហាន់ក្នុងទីដែល​មានឆ្កែនៅចាំ មិនទទួលចង្ហាន់ ដែល​មានរុយ​ចោមរោម មិនបរិភោគត្រី មិនបរិភោគសាច់ មិនផឹកសុរា មិនផឹក​មេរ័យ មិន​ផឹកទឹកថ្នាំត្រាំដោយស្រូវទាំងពួង។ តថាគតនោះ ទទួលចង្ហាន់តែក្នុងផ្ទះមួយ ឬបរិភោគភោជនតែមួយពំនូត ទទួលចង្ហាន់ក្នុងផ្ទះពីរ ឬបរិភោគភោជនតែ​ពីរ​ពំនូត។បេ។ ទទួលចង្ហាន់ក្នុងផ្ទះ៧ ឬបរិភោគតែ៧ពំនូត។ តថាគតចិញ្ចឹម​អត្តភាព ដោយចង្ហាន់១ ភាជន៍តូចខ្លះ ចិញ្ចឹម​អត្តភាពដោយចង្ហាន់​២ភាជន៍តូចខ្លះ។បេ។ ចិញ្ចឹម​អត្តភាពដោយចង្ហាន់៧ភាជន៍តូចខ្លះ​ ឆាន់អាហាររម្លង១ថ្ងៃខ្លះ ឆាន់អាហារ​រម្លង​២ថ្ងៃខ្លះ។បេ។ ឆាន់អាហាររំលង៧ថ្ងៃខ្លះ តថាគត ប្រកបរឿយៗ នូវការ​បរិភោគ​ភត្តតាមលំដាប់ថ្ងៃយ៉ាងនេះ រហូតដល់រំលង​កន្លះខែខ្លះ ដូចសំដែង​មកនេះឯង។ តថាគត មានបន្លែជាអាហារខ្លះ មានស្រងែជាអាហារខ្លះ មានស្មៅគែលលក ជាអាហារខ្លះ មានចំនៀរស្បែក ដែលគេចៀរចោល ជាអាហារខ្លះ មានជ័រជាអាហារខ្លះ [ថែមពាក្យ មានជ័រជាអាហារខ្លះ តាមបិដកលេខ២៥ ទំព័រ៩៣ ត្រង់លេខយោង] មានសារាយ ជាអាហារខ្លះ មានកុណ្ឌកជាអាហារខ្លះ មានបាយក្តាំង​ជាអាហារខ្លះ មានម្សៅ​ជាអាហារខ្លះ មានស្មៅជាអាហារខ្លះ មានអាចម៍គោ ជាអាហារខ្លះ មានមើម​ និងផ្លែឈើ​ជាអាហារចិញ្ចឹមជីវិតខ្លះ តែងបរិភោគផ្លែឈើ ដែលជ្រុះឯងចិញ្ចឹម​ជីវិតខ្លះ។ តថាគត ប្រើប្រាស់សំពត់ដែលត្បាញដោយសំបកធ្មៃខ្លះ ប្រើប្រាស់​សំពត់​ដែលត្បាញលាយចម្រុះគ្នាខ្លះ ប្រើប្រាស់សំពត់ដែលគេរុំសាកសពខ្លះ ប្រើប្រាស់​សំពត់​បំសុកូល [កំណាត់សំពត់ដែល​គេចោលលើផែនដី។] ខ្លះ ប្រើប្រាស់សំពត់​សំបកឈើខ្លះ ប្រើប្រាស់ស្បែកខ្លាខ្លះ ប្រើប្រាស់ស្បែកខ្លាទាំងក្រចកខ្លះ ប្រើប្រាស់​សំពត់​ដែលក្រងដោយស្បូវខ្លះ ប្រើប្រាស់សំពត់​ដែលក្រងដោយ​សំបកក្រចៅខ្លះ ប្រើប្រាស់សំពត់ ដែលក្រងដោយ​ចំរៀកក្តារខ្លះ [ត្រូវកែពី សំបកផ្លែឈើ ថា ចំរៀកក្តារ តាមបិដកលេខ២៥ ទំព័រ ៩៤ ត្រង់លេខយោង។] ប្រើប្រាស់សំពត់​កម្ពល ដែល​ត្បាញដោយសក់មនុស្សខ្លះ ប្រើប្រាស់សំពត់ ដែលត្បាញដោយរោមកន្ទុយសត្វខ្លះ ប្រើប្រាស់សំពត់​ដែលត្បាញដោយស្លាបមៀមខ្លះ ជាអ្នកទុកសក់ និងពុកមាត់ ពុកចង្កា ប្រកបរឿយៗ នូវសេចក្តីព្យាយាម ទុកសក់ និងពុកមាត់ ពុកចង្កាខ្លះ ជាអ្នក​ប្រព្រឹត្តតែឈរ មិនអង្គុយខ្លះ ជាអ្នកអង្គុយច្រហោង ប្រកបរឿយៗ នូវ​សេចក្តីព្យាយាម អង្គុយច្រហោងខ្លះ ជាអ្នកដេកលើបន្លា សម្រេច​ការដេកលើ​បន្លាខ្លះ ប្រកបរឿយៗ នូវ​សេចក្តីព្យាយាមចុះត្រាំក្នុងទឹក (ដើម្បី​បន្សាត់បាប) ក្នុង១ថ្ងៃ៣ដង [គឺពេលព្រឹកព្រហាមម្តង ថ្ងៃត្រង់ម្តង ល្ងាចម្តង។ អដ្ឋកថា។] ប្រកបរឿយៗ នូវ​សេចក្តី​ព្យាយាម ដុតកំដៅរោល អាលនូវកាយច្រើនប្រការ មានសភាព​យ៉ាងនេះ ដូច្នេះឯង។ ម្នាលសារីបុត្ត នេះឯង​ជាភាពនៃអ្នកមានតបៈរបស់​តថាគត។

[១៧៩] ម្នាលសារីបុត្ត សេចក្តីសៅហ្មងរបស់តថាគ ក្នុងព្រហ្មចរិយធម៌ ប្រកប​ដោយ​អង្គ៤នេះដូច្នេះ។ មន្ទិល គឺធូលី រាប់ដោយឆ្នាំដ៏ច្រើន ដែលជាប់នៅនឹងកាយ ក៏​ក្លាយ​ទៅជាក្រមរស្រទាប់។ ម្នាលសារីបុត្ត​ ដង្គត់ដើមដង្កោ ដែលតាំង​នៅរាប់ដោយ​ឆ្នាំ​ដ៏ច្រើន ក៏កើត​ជាក្រមរ មានឧបមាដូចម្តេចមិញ ម្នាលសារីបុត្ត មានឧបមេយ្យដូច​មន្ទិល គឺធូលី រាប់ដោយឆ្នាំដ៏ច្រើន ដែលជាប់នៅនឹងកាយតថាគត ក៏ក្លាយទៅជា​ក្រមរ​ ដូច្នោះឯង។ ម្នាលសារីបុត្ត តថាគតនោះ មិនមានសេចក្តីត្រិះរិះ​ យ៉ាងនេះថា ឱហ្ន៎​ អាត្មាអញ គប្បី​យកបាតដៃដុសមន្ទិល គឺធូលីនេះចេញ ដូច្នេះឡើយ។ ម្នាលសារីបុត្ត សូម្បីតែគំនិតយ៉ាងនេះថា ជនទាំងឡាយដទៃ គប្បីយកបាតដៃ ដុស​ក្អែល​របស់តថាគតនេះ ដូច្នេះ ក៏មិនមានដល់​តថាគតឡើយ។ ម្នាលសារីបុត្ត នេះ​ជាវត្តខាងសេចក្តី​សៅហ្មងរបស់តថាគត។

[១៨០] ម្នាលសារីបុត្ត វត្តខាងសេចក្តីខ្ពើមបាប របស់តថាគត ក្នុងព្រហ្មចរិយ​ធម៌ ប្រកបដោយអង្គ៤នោះ ដូច្នេះ។ ម្នាលសារីបុត្ត តថាគតនោះឯង ឈានទៅមុខ ក៏​មានស្មារតី ថយក្រោយ ក៏មានស្មារតី។ តថាគត ដំកល់នូវសេចក្តីអាណិត ចំពោះ​ដំណក់ទឹក [អដ្ឋកថា ថា ដំណក់ទឹក ក្រួស ថ្ម កំណាត់ឈើ និងដីខ្សាច់ជាដើម ពួក​និគ្រន្ថ បញ្ញត្ត​ថាជាសត្វតូចៗ។] ដរាបមកថា តថាគត មិនបានញុំាងពួកសត្វតូចៗ គឺ​ដំណក់ទឹក ដែលដក់ជាប់នៅក្នុងទីផ្សេងៗ ឲ្យដល់នូវសេចក្តីវិនាសឡើយ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាង​ការខ្ពើមបាប របស់តថាគត។

[១៨១] ម្នាលសារីបុត្ត វត្តខាងការស្ងប់ស្ងាត់ របស់តថាគត ក្នុងព្រហ្មចរិយ​ធម៌ ប្រកបដោយអង្គ៤នោះ ដូច្នេះ។ ម្នាលសារីបុត្ត តថាគតនោះឯង តែងចូលសំដៅ ទៅនៅអាស្រ័យ ក្នុងព្រៃរំលោងណាមួយ។ កាលណាបើតថាគត ឃើញអ្នក​គង្វាល​គោក្តី អ្នកគង្វាលសត្វចិញ្ចឹមក្តី អ្នករកស្មៅក្តី អ្នករកឧសក្តី អ្នករករបរក្នុងព្រៃក្តី តថាគត ក៏ចេញអំពីព្រៃ ទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ទៅកាន់ព្រៃស្បាត ចេញ​អំពី​ទីទាប ទៅកាន់ទីទាប ចេញអំពីទីទួល ទៅកាន់ទីទួល ដំណើរនោះ តើព្រោះ​ហេតុអ្វី ព្រោះតថាគត បានអធិដ្ឋានថា សូមកុំឲ្យជនទាំងឡាយនោះ បានឃើញ​តថាគត ទាំងតថាគតសោត ក៏កុំបានឃើញ​ជនទាំងឡាយនោះឡើយ។ ម្នាល​សារីបុត្ត ម្រឹគព្រៃ ឃើញមនុស្សទាំងឡាយ តែងរត់ចេញអំពីព្រៃ ចូលទៅកាន់​ព្រៃ ចេញអំពីព្រៃស្បាត ចូលទៅកាន់ព្រៃស្បាត ចេញ​អំពី​ទីទាប ចូលទៅកាន់ទីទាប ចេញអំពីទីទួល ចូលទៅកាន់ទីទួល យ៉ាងណាមិញ ម្នាលសារីបុត្ត កាលណាបើ​តថាគតបានឃើញអ្នកគង្វាលគោក្តី អ្នកគង្វាលសត្វចិញ្ចឹមក្តី អ្នករកស្មៅក្តី អ្នករក​ឧសក្តី អ្នករករបរក្នុងព្រៃក្តី តថាគត ក៏ចេញអំពីព្រៃ ទៅកាន់ព្រៃ ចេញអំពីព្រៃស្បាត ទៅកាន់ព្រៃស្បាត ចេញ​អំពី​ទីទាប ទៅកាន់ទីទាប ចេញអំពីទីទួល ទៅកាន់ទីទួល ក៏យ៉ាងនោះដែរ ដំណើរនោះ តើព្រោះ​ហេតុអ្វី ព្រោះតថាគត បានអធិដ្ឋានថា សូមកុំឲ្យជនទាំងឡាយនោះ បានឃើញ​តថាគត ទាំងតថាគតសោត ក៏កុំបានឃើញ​ជនទាំងឡាយនោះឡើយ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាងសេចក្តីស្ងប់ស្ងាត់ របស់​តថាគត។

[១៨២] ម្នាលសារីបុត្ត តថាគត ជាអ្នកវារដោយជង្គង់៤ ចូលទៅរកក្រោល​គោ ដែលមានគោចេញហើយ មានអ្នកគង្វាលគោចៀសចេញទៅហើយ ហើយស៊ី​អាចម៍​របស់​កូនគោជំទង់ ដែលនៅបៅមេ។ ម្នាលសារីបុត្ត មូត្រ និងករីសខ្លួនឯង របស់​តថាគត មិនទាន់អស់ដរាបណា តថាគត ក៏ស៊ីនូវមូត្រ និងករីស របស់ខ្លួនឯងដរាប​នោះ។ ម្នាលសារីបុត្ត នេះឯងជាវត្តខាង​ភោជន យ៉ាងចំឡែកធំ របស់តថាគត។

[១៨៣] ម្នាលសារីបុត្ត តថាគត ចូលទៅអាស្រ័យនៅក្នុងដងព្រៃ១ ដែលគួរ​ស្បើម។ ម្នាលសារីបុត្ត សេចក្តីតក់ស្លុតនឹងដងព្រៃ ដែលគួរស្បើមនោះ តែងមាន។ បុគ្គលណានីមួយ មិនទាន់ប្រាសចាករាគៈទេ ចូលទៅកាន់ដងព្រៃនោះ ច្រើនតែ​ព្រឺព្រួចរោម។ ម្នាលសារីបុត្ត រាត្រីទាំង៨ ជាចន្លោះខែមាឃ និងខែផគ្គុណ [អដ្ឋកថា ថា រាត្រី៨នោះ ក្នុងចន្លោះនៃខែទាំងពីរ គឺខាងចុងខែមាឃ៤រាត្រី ខាងដើមខែផគ្គុណ​៤រាត្រី រួមជា​៨រាត្រី។] ក្នុងហេមន្តរដូវ ជាសម័យ​ធ្លាក់ទឹកសន្សើមដ៏ត្រជាក់ ក្នុងរាត្រី​ទាំងឡាយមានសភាពដូច្នោះ តថាគតនៅទីវាល ក្នុងវេលាយប់ នៅក្នុងដងព្រៃ​វេលា​ថ្ងៃ ខែជាខាងចុងគិម្ហរដូវ តថាគតនៅទីវាល ក្នុងវេលាថ្ងៃ នៅក្នុងដងព្រៃវេលាយប់។ ម្នាលសារីបុត្ត អើក៏គាថា ដែលគួរអស្ចារ្យនេះ ដែលតថាគត មិនធ្លាប់​បានស្តាប់ ក្នុង​កាលពីមុនមកទេ ស្រាប់តែភ្លឺច្បាស់ប្រាកដ ដល់តថាគត​ថា

អ្នកប្រាជ្ញដែលខ្វល់ខ្វាយ ក្នុងកិរិយាស្វែងរក (នូវ​សេចក្តីបរិសុទ្ធិ) អ្នកប្រាជ្ញ​នោះ ត្រូវតែក្តៅ អ្នកប្រាជ្ញនោះ ត្រូវតែ​ត្រជាក់ម្នាក់ឯង ជាអ្នកត្រូវតែនៅក្នុងព្រៃ គួរ​ស្បើមតែម្នាក់ឯង អាក្រាត មិនចូល​ទៅរកភ្លើងឡើយ។

[១៨៤] ម្នាលសារីបុត្ត តថាគតនោះ សម្រេច​នូវឥរិយាបថ​ដេក ក្នុងព្រៃស្មសាន កើយលើឆ្អឹងសាកសពទាំងឡាយ។ ម្នាលសារីបុត្ត ចំណែកពួកក្មេងឃ្វាលគោ នាំ​គ្នាចូល​ទៅជិតតថាគត ហើយស្តោះដាក់ខ្លះ នោមដាក់ខ្លះ យកដីរោយដាក់ខ្លះ យក​រំកាច់ឈើមករុកក្នុងរន្ធត្រចៀកខ្លះ [អដ្ឋកថា ដំណាលសេចក្តីថា ពួកក្មេងទាំងនោះ កាល​ចូលទៅកាន់សំណាក់​ព្រះពោធិសត្វ ហើយនិយាយបង្ខំ​ឲ្យព្រះពោធិសត្វ​និយាយ តែព្រះពោធិសត្វមិននិយាយថាដូចម្តេចឡើយ បានជា​ពួក​ទាំងនោះ ធ្វើអំពើ​អាក្រក់​ មានស្តោះដាក់ជាដើម។]។ ម្នាលសារីបុត្ត តថាគត មិនដែល​ឲ្យចិត្តអាក្រក់​កើត​ឡើងចំពោះ​ពួកក្មេង​ឃ្វាលគោទាំងនោះឡើយ។ ម្នាលសារីបុត្ត នេះឯង​ ឈ្មោះ​ថា ជាវត្តខាងការនៅប្រកបដោយឧបេក្ខា របស់តថាគត។

[១៨៥] ម្នាលសារីបុត្ត មានសមណព្រាហហ្មណ៍ពួកមួយ​ តែងនិយាយ​យ៉ាងនេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធ កើតមានព្រោះអាហារ។ ពួក​សមណ​ព្រាហ្មណ៍​ទាំងនោះ ពោលយ៉ាងនេះថា យើងទាំងឡាយ នឹងចិញ្ចឹម​អត្តភាព ដោយផ្លែពទ្រាទាំងឡាយ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ក៏ស៊ីផ្លែពទ្រាខ្លះ ស៊ី​លំអិត​នៃផ្លែពទ្រាខ្លះ ផឹកទឹកដែល​ច្របាច់លាយដោយផ្លែពទ្រាខ្លះ បរិភោគ​នំដែល​ធ្វើ​ដោយ​ផ្លែពទ្រាច្រើនយ៉ាងខ្លះ។ ម្នាលសារីបុត្ត តថាគត ធ្លាប់យកផ្លែពទ្រាតែ១​ប៉ុណ្ណោះ មកធ្វើជាអាហារ។ ម្នាលសារីបុត្ត សមជាអ្នកមានសេចក្តីយល់យ៉ាងនេះថា ផ្លែពទ្រាក្នុងសម័យនោះ ជាផ្លែធំៗណាស់។ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរ​យល់​យ៉ាងនោះឡើយ។ ព្រោះថា ផ្លែពទ្រាក្នុងកាលឥឡូវនេះ មានទំហំប៉ុនណា ក្នុងកាល​ពីដើម ក៏មានទំហំប៉ុណ្ណោះដែរ។ ម្នាលសារីបុត្ត កាលដែលតថាគតនោះ យកផ្លែពទ្រាតែ១ ប៉ុណ្ណោះ មកធ្វើជាអាហារ កាយក៏ដល់នូវភាវៈស្គាំងស្គម ហួស​ប្រមាណ។ ព្រោះតែអាហារតិចនោះឯង អវយវៈតូចធំ របស់តថាគត ក៏ដូចជាថ្នាំង​វល្លិ៍ ឈ្មោះអសីតិ (ដកគន់ ឬលែនពែន) ឬដូច​ជាថ្នាំងវល្លិ៍កាលា (វល្លិ៍អណ្តាតត្រកួត)។ ព្រោះតែអាហារតិចនោះឯង ទ្រគាករបស់តថាគត ក៏ដូចជាជើងសត្វ​ឱដ្ឋ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងខ្នងរបស់តថាគត រគីម​រគាម ដូចជាខ្សែ​ដែលគេវេញ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងជំនីរទាំងឡាយ របស់តថាគត ក៏រគីមរគាម ដូចបង្កង់សាលាចាស់ ដែលរខេករខាក។ ព្រោះតែអាហារតិចនោះឯង ប្រស្រីភ្នែក ឬកែវភ្នែករបស់តថាគត ក៏ខូងជ្រៅទៅ​ក្នុង​រណ្តៅភ្នែក ដូចជាក្រពេញទឹក ដែលជ្រៅខូង​ទៅក្នុងអណ្តូងទឹកដ៏ជ្រៅ។ ព្រោះតែអាហារតិចនោះឯង ស្បែកក្បាលរបស់តថាគត ក៏រួបរិតស្វិតស្រពោន ដូចជាផ្លែ​ននោងព្រៃ ដែលគេកាត់ទាំងខ្ចី តែងរួបរិតស្វិតស្រពោន ដោយខ្យល់ និងកំដៅ​ថ្ងៃ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹងស្ទាបស្បែកពោះ ហើយចាប់​ទៅត្រូវ​ទ្រនុងឆ្អឹងខ្នងវិញ តថាគត គិតថា នឹងស្ទាប​ទ្រនុងឆ្អឹងខ្នង ហើយចាប់ទៅត្រូវ​ស្បែកពោះវិញ ម្នាលសារីបុត្ត ស្បែកពោះរបស់តថាគត ក៏ជាប់គ្នានឹង​ទ្រនុងឆ្អឹងខ្នង​ដោយពិត ព្រោះតែអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹង​បន្ទោបង់​វច្ចៈ ឬទឹកមូត្រ ក៏ដួលផ្កាប់មុខទៅលើផែនដី ព្រោះតែអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគតនោះ កាលធ្វើកាយនោះឯង ឲ្យបានស្រួល ក៏យកដៃស្ទាបខ្លួន។ ម្នាលសារីបុត្ត កាលតថាគតនោះ យកដៃស្ទាបខ្លួន រោមទាំងឡាយ ដែលមានគល់ស្អុយ ក៏ជ្រុះចេញចាកកាយ ព្រោះតែអាហារតិចនោះឯង។

[១៨៦] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍​ពួកមួយ តែងនិយាយយ៉ាង​នេះ តែងយល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះអាហារ(តិច)។ ពួក​សមណ​ព្រាហ្មណ៍​ទាំងនោះ បាននិយាយយ៉ាងនេះថា យើងទាំងឡាយ នឹងចិញ្ចឹម​អត្តភាព ដោយសណ្តែកបាយទាំងឡាយ។បេ។ ចិញ្ចឹម​អត្តភាពដោយល្ងទាំងឡាយ។បេ។ ចិញ្ចឹម​អត្តភាព ដោយអង្ករទាំងឡាយ។ ពួកសមណព្រាហ្មណ៍ទាំងនោះ ទំពាស៊ីអង្ករខ្លះ ទំពាស៊ីចុងអង្ករខ្លះ ផឹកទឹកអង្ករខ្លះ បរិភោគនំ ដែលធ្វើ​ពីអង្ករ​ច្រើន​យ៉ាងខ្លះ។ ម្នាលសារីបុត្ត ចំណែកតថាគត ធ្លាប់អាស្រ័យអាហារ ចំពោះ​អង្ករ​តែ​មួយ​គ្រាប់ ប៉ុណ្ណោះ។ ម្នាលសារីបុត្ត អ្នកប្រហែលជាមានសេចក្តីយល់ឃើញយ៉ាងនេះថា អង្ករក្នុងសម័យនោះ ជាអង្ករធំៗទេដឹង។ ម្នាលសារីបុត្ត ដំណើរនុ៎ះ អ្នកមិនគួរ​យល់​ឃើញ​យ៉ាងនេះឡើយ។ ព្រោះថា អង្ករក្នុងកាលឥឡូវនេះ មានទំហំប៉ុនណា ក្នុង​កាល​​នោះ ក៏មានទំហំប៉ុណ្ណោះដែរ។ ម្នាលសារីបុត្ត កាលដែលតថាគតនោះ អាស្រ័យអាហារចំពោះតែអង្ករ១គ្រាប់ កាយក៏ដល់នូវភាវៈស្គាំងស្គម ហួស​ប្រមាណ។ ព្រោះតែអាហារតិចនោះឯង អវយវៈតូចធំ របស់តថាគត ក៏ដូចជាថ្នាំង​វល្លិ៍ ឈ្មោះអសីតិកៈ ឬថ្នាំងវល្លិ៍កាលា ។ ព្រោះតែអាហារតិចនោះឯង ទ្រគាករបស់​តថាគត។បេ។ ដូចជាជើងសត្វ​ឱដ្ឋ។ ព្រោះតែអាហារតិចនោះឯង ឆ្អឹងខ្នង​របស់តថាគត។បេ។ ដូចជាខ្សែ​ដែលគេវេញ។ ដូចជាបង្កង់នៃសាលាចាស់។បេ។ ដូចជាកំពេញទឹក ដែលជ្រៅខូងចុះទៅ។បេ។ ដូចជាផ្លែរនោងព្រៃ។បេ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា និងស្ទាបស្បែកពោះ។បេ។ ម្នាលសារីបុត្ត តថាគតនោះ គិតថា នឹង​បន្ទោបង់នូវ​វច្ចៈក្តី។បេ។ ម្នាលសារីបុត្ត តថាគតនោះ កាលធ្វើកាយនោះឯង ឲ្យបានស្រួល។បេ។ ឯរោមទាំងឡាយ មានគល់ស្អុយ ក៏ជ្រុះចេញចាកកាយ ព្រោះហេតុតថាគតមានអាហារតិចនោះឯង។ ម្នាលសារីបុត្ត តថាគត មិនបានត្រាស់ដឹង​គុណវិសេស គឺញាណទស្សនៈ ជាគុណធ្វើខ្លួនឲ្យជា​អរិយៈ ដ៏ក្រៃលែងជាងមនុស្សធម៌ ដោយសេចក្តីប្រតិបត្តិដ៏ប្រសើរ ជាអំពើដែលគេ​ធ្វើ​តាមបានដោយកម្រនោះទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះហេតុ (តថាគត) មិនទាន់​បាន​ត្រាស់ដឹង​នូវបញ្ញាដ៏ប្រសើរនេះឯង អរហត្តមគ្គបញ្ញាណា ដែលតថាគត​បានត្រាស់ដឹងហើយ អរហត្តមគ្គបញ្ញានោះ ជាបញ្ញាដ៏ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងដឹកនាំសត្វអ្នកធ្វើតាមនោះ ឲ្យអស់ទៅនៃវដ្តទុក្ខ ដោយប្រពៃបាន។

[១៨៧] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ​ តែង​យល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះសង្សារ គឺការអន្ទោលទៅ (​ច្រើនជាតិ)។ ម្នាលសារីបុត្ត សង្សារណា ដែលតថាគតមិនធ្លាប់អន្ទោលទៅ ដោយកាល​វែងនេះ វៀរលែងតែទេវលោកឈ្មោះសុទ្ធាវាសទាំងឡាយចេញ សង្សារ​នុ៎ះឯង បុគ្គលមិនងាយរកបានឡើយ ម្នាលសារីបុត្ត ព្រោះថា បើតថាគតអន្ទោលទៅ​កាន់​ទេវលោកឈ្មោះសុទ្ធាវាស តថាគត មិនបានមកកាន់​កាមលោកនេះទៀតទេ។

[១៨៨] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ​ តែង​យល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះការកើតឡើង (ច្រើនជាតិ)។ ម្នាលសារីបុត្ត ការកើតឡើងណា ដែលតថាគតមិនធ្លាប់កើត ដោយកាល​វែងនេះ វៀរលែងតែទេវលោកឈ្មោះ សុទ្ធាវាស​ ទាំងឡាយចេញ ការកើតឡើង​នុ៎ះឯង បុគ្គល​មិនងាយរកបានទេ ម្នាលសារីបុត្ត ព្រោះថា បើតថាគតទៅកើតក្នុង​ទេវលោក ឈ្មោះ​សុទ្ធាវាស តថាគត មិនបានមកកាន់​កាមលោកនេះទៀតទេ។

[១៨៩] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ​ តែង​យល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះអាវាស គឺការនៅ (ច្រើន​កន្លែង)។ ម្នាលសារីបុត្ត អាវាសណា ដែលតថាគតមិនធ្លាប់នៅហើយ ដោយកាល​វែងនេះ វៀរលែងតែ សុទ្ធាវាសទេវលោក ទាំងឡាយចេញ អាវាស​នុ៎ះឯង បុគ្គល​មិន​ងាយ​រកបានទេ ម្នាលសារីបុត្ត ព្រោះថា បើតថាគតនៅក្នុងសុទ្ធាវាសទេវលោក តថាគត មិនបានមកកាន់​កាមលោកនេះទៀតទេ។

[១៩០] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ​ តែង​យល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះការបូជាយ័ញ្ញ (ច្រើនយ៉ាង)។ ម្នាលសារីបុត្ត យ័ញ្ញណា ដែលតថាគតកើតជាស្តេច បានមុទ្ធាភិសេក ជាក្សត្រក្តី កើតជាព្រាហ្មណ៍មហាសាលក្តី ដោយកាលដ៏​វែងនេះ ហើយមិនដែលបានបូជាយ័ញ្ញ​នុ៎ះឯង បុគ្គលមិនងាយរកបានទេ។

[១៩១] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ​ តែង​យល់យ៉ាងនេះថា សេចក្តីបរិសុទ្ធកើតមាន ព្រោះបម្រើភ្លើង។ ម្នាលសារីបុត្ត ភ្លើងណា ដែលតថាគតកើតជាស្តេច បានមុទ្ធាភិសេកជាក្សត្រក្តី កើតជាព្រាហ្មណ៍​មហាសាលក្តី ដោយកាល​ដ៏វែងនេះ ហើយមិនដែលបានបូជា ភ្លើងនុ៎ះឯង បុគ្គល​មិន​ងាយ​រកបានទេ។

[១៩២] ម្នាលសារីបុត្ត មានសមណព្រាហ្មណ៍ពួកមួយ តែងនិយាយយ៉ាងនេះ​ តែង​យល់យ៉ាងនេះថា បុរសដ៏ចំរើននេះ នៅក្មេងកំឡោះ មានសក់ខ្មៅល្អ មានវ័យ​ដ៏​ចំរើនដោយបឋមវ័យ ដរាបណា បុរសនេះ ជាអ្នក​ប្រកបដោយបញ្ញា ដ៏ឈ្លាសវៃយ៉ាង​សំខាន់ ដរាបនោះ តែថា កាលណាបុរសដ៏ចំរើននេះ គ្រាំគ្រា ចំរើន​វ័យ ចាស់ ដល់ហើយនូវសេចក្តីថមថយដោយលំដាប់ មានអាយុ​៨០ ឬ៩០ឆ្នាំ ឬ១០០ឆ្នាំ រាប់អំពីកំណើតមក ក្នុងកាលនោះ បុរសនេះ ក៏សាបសូន្យចាកបញ្ញាដ៏​ឈ្លាស​វៃ។ ម្នាលសារីបុត្ត សេចក្តីនុ៎ះ អ្នកមិនត្រូវយល់យ៉ាង​នេះឡើយ។ ម្នាលសារីបុត្ត ឥឡូវនេះ តថាគតគ្រាំគ្រា ចំរើនវ័យ ចាស់ ដល់ហើយនូវ​សេចក្តីថមថយ​ដោយលំដាប់ មានអាយុ៨០ឆ្នាំហើយ វ័យរបស់តថាគត ក៏នៅតែប្រព្រឹត្តទៅបាន។ ម្នាលសារីបុត្ត ក្នុងទីនេះ សាវ័ករបស់តថាគតទាំង៤រូប សុទ្ធតែមានអាយុ១០០ឆ្នាំ រស់​នៅ​អស់១០០ឆ្នាំ ជាអ្នកប្រកបដោយសតិ និងគតិ និងសេចក្តីព្យាយាមដ៏ក្រៃលែងផង ដោយបញ្ញាដ៏ឈ្លាសវៃក្រៃលែងផង ម្នាលសារីបុត្ត អ្នកកាន់ធ្នូដ៏មាំ បានសិក្សាសិប្បៈ​រួច​ហើយ មានថ្វីដៃស្ទាត់ក្នុងការបាញ់ បានយកព្រួញដ៏ស្រាល (បាញ់) ឲ្យឆ្លងរំលង​ស្រមោលដើមត្នោតទទឹង ដោយមិនលំបាកឡើយ យ៉ាងណាមិញ សាវ័កទាំង៤ មាន​ស្មារតីដ៏ក្រៃលែង ក៏យ៉ាងនោះ មានគតិដ៏ក្រៃលែង ក៏យ៉ាងនោះ មានព្យាយាម​ដ៏ក្រៃ​លែង ក៏យ៉ាងនោះ ប្រកបដោយបញ្ញាដ៏ឈ្លាសវៃក្រៃលែង ក៏យ៉ាងនោះ ពួកសាវ័ក​ទាំង​៤នោះ តែងសួរប្រស្នា ប្រៀបធៀបដោយ​សតិប្បដ្ឋានទាំង៤នឹងតថាគត ចំណែក​តថាគត ដែលសាវ័កទាំងនោះសួរហើយ ៗក៏ដោះស្រាយនូវប្រស្នានោះ ដល់ពួកសាវ័កទាំងនោះ ឯពួកសាវ័កទាំងនោះ ក៏ចាំទុកនូវប្រស្នា ដែលតថាគតដោះស្រាយ​ហើយ ថាជាប្រស្នាដែលតថាគត ដោះស្រាយហើយ មិនបាច់​សួរតថាគត ឲ្យជាគំរប់ពីរដងតទៅទៀតឡើយ វៀរលែងតែការស៊ីផឹក ទំពាស៊ី និងជញ្ជាប់ជញ្ជក់ភោជន វៀរលែងតែការបន្ទោបង់​នូវឧច្ចារៈ និងបស្សាវៈ វៀរ​លែងតែការដេកលក់ និងការសម្រាកសេចក្តីលំបាក ម្នាលសារីបុត្ត ធម៌ទេសនារបស់​តថាគត មិនចេះអស់ បទ និងព្យញ្ជនៈនៃធម៌របស់តថាគត មិនចេះអស់ បញ្ហា​ព្យាករណ៍របស់តថាគត ក៏មិនចេះអស់ឡើយ។ ចំណែកខាងពួកសាវ័កទាំង៤ របស់​តថាគតនោះ មានអាយុ១០០ឆ្នាំ រស់នៅ​បាន១០០ឆ្នាំ នឹងធ្វើមរណកាល ដោយកាល​កន្លងនៃឆ្នាំ១០០។ ម្នាលសារីបុត្ត បើទុកណាជាអ្នកទាំងឡាយ នាំយកតថាគត ដោយ​គ្រែតូច ប្រាជ្ញា និងសេចក្តីឈ្លាសវៃរបស់តថាគត ក៏មិនក្លាយទៅជាដទៃឡើយ។ ម្នាលសារីបុត្ត អ្នកផង កាលពោលដោយប្រពៃ តែងពោលចំពោះបុគ្គលណាថា សត្វ​មានធម៌មិនវង្វេងទេ រមែងកើតក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បី​សេចក្តីសុខដល់ជនច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខដល់ទេវតា និងមនុស្ស។ អ្នកផង កាលពោលដោយ​ប្រពៃ ចំពោះបុគ្គលនោះ គួរពោលចំពោះ​តថាគតហ្នឹងឯងថា សត្វមានធម៌មិនវង្វេង​ទេ កើតឡើងក្នុងលោក ដើម្បីប្រយោជន៍ដល់ជនច្រើន ដើម្បី​សេចក្តីសុខ​ដល់​ជន​ច្រើន ដើម្បីអនុគ្រោះ ដល់សត្វលោក ដើម្បីសេចក្តីចំរើន ដើម្បី​ប្រយោជន៍ ដើម្បី​សេចក្តីសុខដល់ទេវតា និងមនុស្សទាំងឡាយ។

[១៩៣] សម័យនោះឯង ព្រះនាគសមាលៈ ដ៏មានអាយុ កំពុងព័ត (បក់) ថ្វាយ​ព្រះមានព្រះភាគ អំពីខាងក្រោយព្រះមានព្រះភាគ។ លំដាប់នោះ ព្រះនាគសមាលៈ ដ៏មានអាយុ បានក្រាបបង្គំទូលចំពោះព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យពេកណាស់ បពិត្រព្រះអង្គដ៏ចំរើន ហេតុ​នេះ មិនដែល​មានសោះ បពិត្រព្រះអង្គដ៏ចំរើន មិនតែប៉ុណ្ណោះ ខ្ញុំព្រះអង្គស្តាប់ធម្មបរិយាយ​នេះហើយ ក៏ព្រឺព្រួចរោម បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ ឈ្មោះ​ដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលនាគសមាលៈ បើដូច្នោះ អ្នកចូរចាំទុកនូវ​ធម្មបរិយាយនេះ​ចុះ ឈ្មោះថា លោមហំសនបរិយាយ។ លុះព្រះមានព្រះភាគ ត្រាស់ព្រះសូត្រនេះចប់​ហើយ នាគសមាលៈ ដ៏មានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតរបស់​ព្រះមានព្រះភាគ។

ចប់ មហាសីហនាទសូត្រ ទី២។

មហាទុក្ខក្ខន្ធសូត្រ ទី៣

[១៩៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុងវត្តជេតវ័ន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ភិក្ខុទាំងឡាយច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ហើយចូលទៅកាន់ក្រុង​សាវត្ថី ដើម្បីបិណ្ឌបាតក្នុងពេលព្រឹកព្រហាម។ លំដាប់នោះ ភិក្ខុទាំងនោះ បានគិត​គ្នា យ៉ាងនេះថា ការត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី (នេះ) ក៏នៅព្រឹកពេកណាស់ បើដូច្នោះ គួរតែពួកយើង​ ឈៀងចូលទៅឯអារាមរបស់ពួក​បរិព្វាជកអន្យតិរ្ថិយសិន។ គ្រានោះឯង ភិក្ខុទាំងនោះ ក៏ចូលទៅឯអារាម​របស់បរិព្វាជកអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកពួក​បរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ​ដែល​គួរ​រលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ លុះ​ភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពួក​បរិព្វាជកអន្យតិរ្ថិយ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ ព្រះសមណ​គោតម បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោ​ទាំងឡាយ ព្រះសមណ​គោតម បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវរូបារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោ​ទាំងឡាយ ព្រះសមណ​គោតម តែងបញ្ញត្តការកំណត់ដឹង នូវវេទនា​ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការ​កំណត់ដឹង នូវវេទនាទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងការបញ្ញត្តនេះ (បើ​ប្រៀបធៀប) នូវធម៌ទេសនា ដោយ​ធម៌ទេសនា ឬ (ប្រៀបធៀប) នូវពាក្យ​ប្រៀនប្រដៅ ដោយពាក្យប្រៀនប្រដៅ របស់ព្រះសមណគោតមក្តី របស់ពួកយើង តើណាមានសេចក្តីវិសេសជាងណា មាន​អធិប្បាយដូចម្តេច មានហេតុផ្សេងៗគ្នា​ដូចម្តេច។ លំដាប់នោះ ភិក្ខុទាំងនោះ មិនបាន​ត្រេកអរ មិនបាន​ហាមឃាត់ នូវ​ភាសិត​របស់ពួក​បរិព្វាជកអន្យតិរ្ថិយនោះឡើយ លុះ​មិន​បានត្រេកអរ មិនបាន​ហាមឃាត់ហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ចៀសចេញ​ទៅ ដោយគិតគ្នាថា ពួកយើង​គង់ដឹងច្បាស់ នូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ​មិនខាន។

[១៩៥] គ្រានោះឯង ភិក្ខុទាំងនោះ ក៏ត្រាច់ទៅដើម្បីបិណ្ឌបាតក្នុងក្រុងសាវត្ថី លុះត្រឡប់ពីបិណ្ឌបាតមកវិញ ក្នុងវេលាក្រោយភត្ត ក៏ចូលទៅគាល់ព្រះមាន​ព្រះ​ភាគ ត្រង់ទីដែល​ព្រះអង្គគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមាន​ព្រះ​ភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះអង្គុយក្នុងទីដ៏សម​គួរ​ហើយ ក៏ក្រាប​បង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំង​ឡាយ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ហើយចូលទៅកាន់ក្រុង​សាវត្ថី ដើម្បី​បិណ្ឌបាត ក្នុងវេលាព្រឹកព្រហាមនេះ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ បានគិត​គ្នា យ៉ាងនេះថា ការត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងសាវត្ថី (នេះ) ក៏នៅព្រឹកពេក​ណាស់ បើដូច្នោះ ពួកយើងគួរ​ ឆៀងចូលទៅឯអារាមរបស់ពួក​បរិព្វាជកអន្យតិរ្ថិយ​សិន​​ចុះ។ បពិត្រព្រះអង្គដ៏ចំរើន គ្រានោះឯង ខ្ញុំព្រះអង្គទាំងឡាយ ក៏ចូលទៅឯអារាម​របស់​ពួកបរិព្វាជក​អន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល ទៅរក​បរិព្វាជកអន្យតិរ្ថិយនោះ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យ​ ដែល​គួរ​រលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួក​ខ្ញុំព្រះ​អង្គ អង្គុយក្នុងទីដ៏សមគួរហើយ ពួក​បរិព្វាជកអន្យតិរ្ថិយនោះ បាន​ពោលសេចក្តីនេះ​ថា ម្នាលអាវុសោទាំងឡាយ ព្រះសមណ​គោតម បញ្ញត្ត​ការ​កំណត់​ដឹង នូវចំណែក​កាមារម្មណ៍​ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការកំណត់ដឹង នូវកាមារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណ​គោតម បញ្ញត្ត​ការ​​កំណត់​ដឹង នូវរូបារម្មណ៍ទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការកំណត់​ដឹង នូវរូបារម្មណ៍ទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ព្រះសមណ​គោតម បញ្ញត្ត​ការកំណត់ដឹង នូវវេទនាទាំងឡាយ ចំណែកខាង​ពួកយើង ក៏បញ្ញត្តការ​កំណត់​ដឹង នូវវេទនាទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ ចុះការបញ្ញត្តិនេះ (បើ​ប្រៀបធៀប) ធម៌ទេសនា ដោយធម៌ទេសនា (ប្រៀបធៀប) ពាក្យ​ប្រៀនប្រដៅ ដោយ​ពាក្យ​ប្រៀនប្រដៅ របស់ព្រះសមណគោតមក្តី របស់ពួកយើងក្តី តើណាមាន​សេចក្តី​វិសេស​ជាងណា មានសេចក្តីអធិប្បាយដូចម្តេច មានហេតុផ្សេងគ្នា​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ខ្ញុំព្រះអង្គទាំងឡាយ មិនបានត្រេកអរ មិនបាន​ហាមឃាត់​ភាសិត ​របស់ពួក​បរិព្វាជកអន្យតិរ្ថិយនោះឡើយ លុះមិនបានត្រេកអរ មិនបាន​ហាមឃាត់ហើយ ក៏នាំគ្នាក្រោកចាកអាសនៈ ចៀសចេញមក ដោយ​គិត​គ្នា​ថា ពួកយើង​គង់នឹងដឹងច្បាស់ នូវសេចក្តីនៃភាសិតនេះ ក្នុងសំណាក់នៃ​ព្រះមាន​ព្រះភាគ​​មិនខាន។

[១៩៦] ព្រះមានជោគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើពួក​បរិព្វាជកអន្យតិរ្ថិយសួរយ៉ាងនេះ ពួកអ្នក ត្រូវសួរ​យ៉ាងនេះវិញថា ម្នាលអាវុសោ​ទាំងឡាយ ចុះអ្វីជាតំរេករបស់កាមទាំងឡាយ អ្វីជាទោស របស់​កាម​ទាំងឡាយ អ្វីជា​គ្រឿង​​រលាស់ចេញ នូវកាមទាំងឡាយ អ្វីជាតំរេក​របស់រូបទាំងឡាយ អ្វីជាទោស របស់​រូប​ទាំងឡាយ អ្វីជាគ្រឿង​រលាស់ចេញ នូវរូបទាំងឡាយ អ្វីជាតំរេក​របស់​វេទនា​ទាំងឡាយ អ្វីជាទោស របស់វេទនា​ទាំងឡាយ អ្វីជាគ្រឿង​រលាស់ចេញ នូវវេទនា​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជកអន្យតិរ្ថិយ កាលបើអ្នក​ទាំង​ឡាយ សួរយ៉ាងនេះហើយ មុខជាមិនអាចនឹង​ដោះស្រាយរួចផង នឹងដល់នូវ​សេចក្តី​ចង្អៀតចង្អល់ចិត្តជាយ៉ាងក្រៃពេកផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុថា (ប្រស្នានោះ) មិនមែនជាវិស័យ (របស់ខ្លួន)។ ម្នាលភិក្ខុទាំងឡាយ បុគ្គលណា នឹងញុំាងចិត្តឲ្យត្រេកអរ ដោយវេយ្យាករណ៍ នៃ​បញ្ហា​នេះបាន តថាគត ពិចារណារកបុគ្គលនោះ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស​ជាសម្មតិទេព និងមនុស្សដ៏សេស មិនឃើញមានឡើយ វៀរលែងតែតថាគត ឬ​សាវ័ក​របស់តថាគត ឬក៏បុគ្គល​ដែលបានស្តាប់​អំពីសាសនានេះ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតំរេក​របស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាមគុណ (ចំណង់កាម)នេះ មាន៥ប្រការ កាមគុណ៥​ប្រការ តើ​អ្វីខ្លះ គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលគប្បីដឹងបានដោយច្រមុះ…១ រស​ទាំងឡាយ ដែលគប្បីដឹងបានដោយអណ្តាត…១ ផ្សព្វទាំងឡាយ ដែល​គប្បីដឹង​បាន​ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​ពេញចិត្ត ជាទីស្រឡាញ់ ត្រូវតាម​ចំណង់ ជាទីត្រេកត្រអាល១ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា កាមគុណ៥ ប្រការ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីសុខ សោមនស្ស កើតឡើងព្រោះអាស្រ័យ​កាមគុណទាំង៥ប្រការនេះ នេះឯងជាតំរេក​ របស់កាមទាំងឡាយ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តី​ប្រឹងប្រែង ដោយ​សិល្បសាស្ត្រណាមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្តី ដោយការរាប់​លេខ​នព្វន្តក្តី ដោយការរាប់ប្រមូលក្តី [អដ្ឋកថា ពន្យល់ថា ដូចគេ​រមិលមើលស្រែ ហើយរាប់ថា ក្នុងស្រែនេះ ប្រហែលជាបានស្រូវ​ប៉ុណ្ណោះ ឬរមិល​មើលដើមឈើ ហើយរាប់ស្មានថា ដើមឈើនេះ ប្រហែល​ជាមានផ្លែ​ប៉ុណ្ណោះ។] ដោយកសិកម្មក្តី ដោយ​ពាណិជ្ជកម្មក្តី ដោយគោរក្ខកម្មក្តី ដោយភាវៈនៃខ្លួនជាអ្នកកាន់អាវុធក្តី ដោយ​ភាវៈនៃខ្លួនជារាជបុរសក្តី ដោយសិល្បសាស្ត្រណាមួយក្តី កុលបុត្តដែលអាស្រ័យ​នូវ​ការចិញ្ចឹមជីវិត ដោយការរាប់ម្រាមដៃទទេជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្តៅបៀតបៀន ប៉ះពាល់ដោយសម្ផស្សនៃរបោមមូស ខ្យល់ កំដៅថ្ងៃ និងពស់តូច​ ពស់ធំ ស្លាប់ខ្លួនព្រោះសេចក្តីស្រេកឃ្លាន ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស​ របស់​កាមទាំងឡាយ ដែលបុគ្គល​គប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាម​ជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើកុលបុត្តនោះ ប្រឹងប្រែង​ខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈទាំងឡាយនោះ ក៏មិនបានសម្រេច កុលបុត្ត​នោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តី​វង្វេង​ថា ឱ សេចក្តីប្រឹងប្រែង​របស់អញ ឥតអំពើសោះ ឱ សេចក្តីព្យាយាមរបស់អញ ឥត​ផល​សោះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុ​ទាំង​ឡាយ កាលបើកុលបុត្តនោះ ប្រឹងប្រែង​ខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈ​ទាំង​ឡាយ​នោះ ក៏សម្រេច កុលបុត្ត​នោះ តែងទទួល​នូវសេចក្តី​ទុក្ខទោមនស្ស ព្រោះហេតុ​នៃការរក្សានូវ​ភោគៈ​ទាំងឡាយនោះថា ធ្វើដូចម្តេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ នាំយក​ភោគៈ​ទាំងឡាយ​នោះទៅបាន កុំឲ្យចោរទាំងឡាយលួចយកបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យទឹក​បន្សាត់ទៅបាន កុំឲ្យអ្នកទទួល​មត៌កទាំងឡាយ ដែលមិនជាទី​ស្រឡាញ់ នាំយក​ទៅបាន។ កាលកុលបុត្តនោះ ខំរក្សា​គ្រប់គ្រងយ៉ាងនេះ ក៏ស្រាប់តែ​ព្រះរាជា​ទាំងឡាយ រឹបយកនូវភោគៈទាំងឡាយនោះទៅក្តី ចោរទាំងឡាយ លួចយក​ទៅក្តី ភ្លើងឆេះទៅក្តី ទឹកបន្សាត់ទៅក្តី អ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់ នាំយកទៅក្តី កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តី​វង្វេង​ថា ទ្រព្យណាបានកើតមានហើយ ដល់អាត្មាអញ ឥឡូវ​នេះ ទ្រព្យនោះឯង ត្រឡប់ជាមិនមានដល់អាត្មាអញវិញឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរនៃ​ទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួច​ផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត បានជាព្រះរាជា​ទាំងឡាយ ទាស់ទែង​គ្នា នឹង​ព្រះរាជាទាំងឡាយខ្លះ ក្សត្រទាំងឡាយទាស់ទែងគ្នា នឹងក្សត្រទាំង​ឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយ ទាស់ទែងគ្នា នឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតី​ទាំងឡាយ ទាស់ទែងគ្នា នឹងគហបតីទាំងឡាយខ្លះ មាតាទាស់ទែងនឹងបុត្តខ្លះ បុត្ត​ទាស់​​ទែងនឹងមាតាខ្លះ បិតាទាស់ទែងនឹងបុត្តខ្លះ បុត្តទាស់ទែងនឹងបិតាខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុសទាស់ទែងនឹង​បងប្អូនស្រី​ខ្លះ បងប្អូនស្រីទាស់ទែងនឹង​បងប្អូនប្រុសខ្លះ សំឡាញ់​ទាស់ទែងនឹងសំឡាញ់ខ្លះ ពួក​មនុស្ស​ទាំងនោះ ក៏ដល់​នូវសេចក្តី​ឈ្លោះ​ប្រកែក ប្រកាន់ខុស ទាស់ទែងគ្នា ក្នុងទីនោះហើយ ប្រហារគ្នាទៅវិញទៅមកដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នាដោយដំបងខ្លះ ប្រហារគ្នាដោយគ្រឿងសស្ត្រាខ្លះ ជនទាំងនោះ ក៏ដល់​នូវ​សេចក្តីស្លាប់​ក្នុងទីនោះខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ម្នាលភិក្ខុទាំងឡាយ នេះឯង​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរ​នៃ​ទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួច​ផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះ​តែ​មាន​កាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយ បានជាមនុស្សទាំងឡាយ កាន់នូវដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់សង្គ្រាម ដែលកើតជាក្បួនទ័ព មកទាំងសងខាង កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែល​គេងាដាវ​ឡើងក្តី មនុស្សទាំងឡាយនោះ បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងសង្គ្រាមនោះ មនុស្សទាំងឡាយនោះ ក៏ដល់​នូវ​សេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ក្នុងសង្គ្រាមនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរ​នៃ​ទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ ម្នាលភិក្ខុ​ទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត បានជាមនុស្ស​ទាំងឡាយនោះ កាន់ដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់បន្ទាយ ដែល​លាបបូកដោយបាយអ កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយ​លំពែង​មកក្តី កាលដែល​គេងាដាវ​ឡើងក្តី មនុស្សទាំងឡាយនោះ ក៏បាញ់គ្នាដោយ​ព្រួញ​ខ្លះ ចាក់គ្នាដោយលំពែងខ្លះ បាចសាចដាក់គ្នាដោយអាចម៍គោជ្រាយខ្លះ ញាំញីគ្នាដោយ​រនាស់ដែកខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងបន្ទាយនោះ មនុស្សទាំងឡាយនោះ ដល់​នូវ​សេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើនឹងស្លាប់ខ្លះ ក្នុងបន្ទាយនោះ ម្នាលភិក្ខុទាំងឡាយ នេះឯង​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញចំពោះខ្លួនឯង ជាគំនរ​នៃ​ទុក្ខ មានកាមជាហេតុ មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែន​ពិត។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់​ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត មនុស្សទាំងឡាយ ក៏កាត់នូវជញ្ជាំង​ផ្ទះខ្លះ ប្លន់ខ្លះ កំហែងយកទ្រព្យក្នុងផ្ទះ​មួយៗខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយា​របស់អ្នកដទៃខ្លះ។ ព្រះរាជាទាំងឡាយ ចាប់​មនុស្សទាំងនោះបានហើយ ត្រាស់បង្គាប់ឲ្យធ្វើ​កម្មករណ៍ទាំងឡាយ មានប្រការ​ផ្សេងៗ គឺវាយដោយរំពាត់ខ្លះ វាយដោយផ្តៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃ ទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់​ទាំង​ស្លឹកត្រចៀក ទាំងច្រមុះខ្លះ ធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំង​ដាក់​ទឹក​ជ្រក់ [អដ្ឋកថា ថា បានដល់អំពើដែលគេបកស្បែកក្បាល ហើយយកដង្កាប់ ចាប់ដុំដែក​ដែលក្តៅ ដាក់លើរលាក្បាលនោះ ខួរក្នុងក្បាលក៏ពុះឡើង។] ខ្លះ ធ្វើនូវ​សង្ខមុណ្ឌកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីង ដូចជាសម្បកស័ង្ខ [អំពើដែល​គេ​ចៀរស្បែក តាំងអំពី​បបូរមាត់ខាងលើ រហូតដល់​គំត្រចៀកទាំងពីរ រៀងមកដល់កញ្ចឹងក ហើយយកសក់រុំនឹងកំណាត់ឈើ រួចទាញកន្ត្រាក់ឲ្យរបើកស្បែក​ក្បាលចេញ ហើយយកដុំថ្មដុសខាត់រលាក្បាលឲ្យរលីង​ រួចលាងទឹក​ឲ្យស្អាត ឲ្យសល់​នៅតែឆ្អឹងរលា​ដែលសដូចជាសំបកស័ង្ខ។] ខ្លះ ធ្វើនូវ​រាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហូ [អដ្ឋកថា ថា អំពើដែលគេយកកង្វារដែក ថ្ពក់មាត់ឲ្យហា ហើយដុតប្រទីបក្នុងមាត់ ហើយយកពន្លាកដាប់មាត់ឲ្យរយះដល់គំត្រចៀក​ទាំងពីរ ឲ្យដូចជាមាត់រាហូ។]ខ្លះ ធ្វើ​នូវជោតិមាលិកកម្ម គឺអំពើដែលធ្វើខ្លួន​មនុស្ស​ឲ្យដូចជាផ្កាភ្លើង [អំពើដែលគេ​យក​កំណាត់សំពត់ ជ្រលក់ប្រេង រុំសរីរៈទាំងអស់ ហើយឈួលភ្លើង។]ខ្លះ ធ្វើនូវ​ហត្ថប្បជ្ជោតិកកម្ម គឺអំពើដែល​គេដុតដៃ [អំពើដែលគេយកកំណាត់សំពត់ជ្រលក់​ប្រេង រុំដៃទាំងពីរ ហើយឈួលភ្លើង។]ខ្លះ ធ្វើនូវឯរកវត្តិកកម្ម គឺអំពើដែលធ្វើដូចជា​ពន្លាត់ស្បែកពពែខ្លះ [អដ្ឋកថា ថាអំពើដែលគេឆូតស្បែក​ពីត្រឹម​ ក រហូតដល់កជើង ហើយយកខ្សែចងស្បែកនោះទាញពន្លាត់ចេញ រួចឲ្យ​អ្នកទោសនោះ ជាន់​ផ្ទាំង​ស្បែកឲ្យទាល់តែដួលខ្លួនចុះទៅ។] ធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀក​សំពត់សម្បកឈើខ្លះ [អំពើដែលគេឆូតស្បែក​តាំង​ពីត្រឹមក ទុកត្រឹមចង្កេះ ឆូតពីចង្កេះ មកទុកត្រឹម​កជើង ឲ្យស្បែក​ខាងលើមកគ្រប​សរីរៈ​ខាងក្រោម ដូចជាស្លៀក​សំពត់សម្បកឈើ។] ធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើង​សត្វទ្រាយខ្លះ [អំពើដែលគេដាក់កងដែកត្រង់ដុំដៃ​ទាំងពីរ និងជង្គង់ទាំងពីរ ហើយលើកដាក់លើដែកអណ្តោត​ទាំង៤ មានសណ្ឋានដូច​ជាជើងទ្រាយ អ្នកទោសនោះ ក៏ឋិតនៅលើដែកទាំង៤ ដែលគេបោះ​ជាប់នឹង​ផែនដី។ ] ធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយ​កាង ឬសន្ទូច​ខ្លះ [អំពើដែលគេយក​កាងបោះទៅឲ្យជាប់​សាច់ស្បែក​ និងសរសៃ ហើយទាញកន្ទ្រាក់​ឲ្យដាច់។] ធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណ​ប៉ុន​កហាបណៈមួយៗខ្លះ​ [អំពើដែលគេយកចុងកាំបិតដ៏មុត ទៅខ្វៀលយកសាច់​ ឲ្យមាន​រណ្តៅ​ប្រមាណប៉ុនកហាបណៈមួយៗ។] ធ្វើនូវខារាបដិច្ឆកកម្ម គឺអំពើដែលគេយក​ទឹកផ្សា ស្រោចខ្លះ [អំពើដែលគេយកអាវុធ ទៅចិញ្ច្រាំ​សរីរៈ ហើយយកទឹកផ្សា ស្រោច​ឲ្យសាច់ស្បែក​សរសៃរលួយជ្រុះចេញអស់ទៅ នៅសល់តែរាងឆ្អឹងទទេ។] ធ្វើនូវ​បលិឃបរិវត្តិកកម្ម គឺអំពើដែលគេ​ធ្វើដូច​ជាបង្វិល​ជើងគុល ឬសសរគោលខ្លះ [អំពើដែលគេឲ្យមនុស្សដេកផ្អៀងម្ខាង ហើយយកដែកស្រួចទៅបោះប្រហោង​ត្រចៀកខាងលើឲ្យធ្លុះ រហូតដល់ប្រហោងត្រចៀកខាងក្រោម ជាប់នឹងផែនដី ហើយនាំគ្នាចាប់ជើងទាញបង្វិលជុំវិញ។]​ ​ធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើ​ឲ្យដូចជាកណ្តាប់ចំបើងខ្លះ [អំពើដែលគេកាត់ស្បែក ហើយយកថ្មសំលៀងកាំបិត ទៅដុំបំបាក់ឆ្អឹងឲ្យខ្ទេចខ្ទី ហើយចាប់ផ្នួងសក់លើកឡើង គ្រវាត់គ្រវែងឲ្យឆ្អឹងជ្រុះចេញ ឲ្យនៅសល់ដុំសាច់តែម្យ៉ាង។] ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារ​លើ​ឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ មនុស្សទាំងនោះ ក៏ដល់នូវ​សេចក្តី​ស្លាប់ខ្លះ ដល់នូវសេចក្តី​ទុក្ខស្ទើរតែនឹងស្លាប់ខ្លះ ក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បី​ឃើញ​ទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់ឲ្យនូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់ឲ្យ​នូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ បានជាជនទាំងឡាយ ប្រព្រឹត្ត​ទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្ត លុះជនទាំងឡាយនោះ ប្រព្រឹត្ត​ទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្តហើយ ដល់បែកធ្លាយរាងកាយ បន្ទាប់​អំពីមរណៈទៅ ក៏ទៅកើត​ឯអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ នេះឯង ជាទោសរបស់កាម​ទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងបរលោក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់ឲ្យនូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។

[១៩៩] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាគ្រឿងរលាស់ចេញនូវកាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយជាទីកំចាត់បង់នូវឆន្ទរាគៈ ការលះបង់នូវឆន្ទរាគៈ ក្នុងកាម​ទាំងឡាយណា នេះឯងឈ្មោះថា ជាគ្រឿង​រលាស់ចេញនូវកាមទាំងឡាយ។

[២០០] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយពួកខ្លះ មិនដឹង​នូវតម្រេករបស់កាមទាំងឡាយ ថាជាគ្រឿង​ត្រេកអរផង មិនដឹងនូវទោសរបស់​កាមទាំងឡាយ ថាជាទោសផង មិនដឹងនូវគ្រឿងរលាស់ចេញនូវកាមទាំងឡាយ ថាជាគ្រឿង​រលាស់ចេញផង យ៉ាងនេះដោយពិត សមណៈ ឬព្រាហ្មណ៍​ទាំងនោះឯង នឹងកំណត់ដឹងនូវកាមទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹង​កំណត់ដឹងនូវ​កាមទាំងឡាយបាន និងបបួលបុគ្គលដទៃ ដើម្បីសេចក្តី​ប្រតិបត្តិយ៉ាងនោះ នេះមិនមែនជាឋានៈទេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយណាមួយ ដឹងនូវតម្រេក របស់កាមទាំងឡាយថា ជាគ្រឿង​ត្រេកអរ​ផង ដឹងនូវទោសរបស់​កាមទាំងឡាយ ថាជាទោសផង ដឹងនូវគ្រឿងរលាស់​ចេញ​នូវកាមទាំងឡាយ ថាជាគ្រឿង​រលាស់ចេញផង ដោយពិត សមណៈ ឬព្រាហ្មណ៍​​ទាំងនោះ នឹងកំណត់ដឹងនូវកាមទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គលប្រតិបត្តិយ៉ាងណា ទើបនឹង​កំណត់ដឹង នូវ​កាមទាំងឡាយបាន ទាំងបបួល​បុគ្គល​ដទៃ ដើម្បីសេចក្តី​ប្រតិបត្តិយ៉ាងនោះ នេះទើបជាឋានៈ។

[២០១] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតម្រេករបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងខត្តិយកញ្ញា ឬព្រាហ្មណកញ្ញា គហបតិកញ្ញា ដែល​មានវ័យ១៥ឆ្នាំ ឬ១៦ឆ្នាំ ជាស្រ្តីមិនខ្ពស់ពេក មិនទាបពេក មិនស្គមពេក មិនធាត់ពេក មិនខ្មៅពេក មិនសពេក ម្នាលភិក្ខុទាំងឡាយ ចុះស្ត្រីនោះ មានសម្បុរ​ល្អស្អាតសមរម្យ ក្នុងសម័យនោះឬទេ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមាន​ព្រះភាគ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ត្រង់សេចក្តីសុខ សោមនស្សកើត​ឡើង ព្រោះ​អាស្រ័យ​សម្បុរល្អស្អាតនេះឯង ជាតម្រេករបស់រូបទាំងឡាយ។

[២០២] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោស របស់រូបទាំងឡាយ។ ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុក្នុងសាសនានេះ គប្បីមើលនូវបងប្អូនស្រីនោះឯង ក្នុងសម័យ​ខាងក្រោយ​មក ដែលមានអាយុ​៨០ឆ្នាំ ឬមានអាយុ​៩០ឆ្នាំ មានអាយុ​១០០ឆ្នាំ ជាស្ត្រីចាស់ជរា​ហើយ​ដោយជាតិ មានឆ្អឹង​ជំនីរ​កោង ដូចបង្កង់ផ្ទះ មានកាយ​កោង កាន់ឈើច្រត់ កាលដើរទៅ ញ័ររន្ធត់ រសាប់រសល់ដោយជរា មានវ័យកន្លង​ហើយ មានធ្មេញបាក់ សក់ស្កូវ ក្បាលឆក ក្បាលទំពែក ស្បែកជ្រួញជ្រីវ ខ្លួនរទុះដោយ​អាចម៍រុយ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសំគាល់សេចក្តីនុ៎ះ​ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងសម័យពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់​ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា ព្រះករុណា​ព្រះអង្គ។ ព្រះមានបុណ្យត្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែល​ហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូន​ស្រីនោះឯង ដែលមានអាពាធ ដល់នូវសេចក្តី​ទុក្ខ ឈឺចាប់ជាទម្ងន់ ដួលដេកត្រាំ ក្នុងមូត្រ និងលាមករបស់ខ្លួន លុះតែមានជនឯទៀតគ្រាឡើង ទើប​បានក្រោករួច លុះតែ​មានជនឯទៀត​នាំឲ្យចូលទៅ ទើបចូលទៅបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាល​ពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏កើតប្រាកដឡើងមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ហ្នឹងហើយដែលហៅថា ទោសរបស់រូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយក​សរីរៈ​ទៅចោលក្នុងព្រៃស្មសាន ទោះស្លាប់​អស់១ថ្ងៃក្តី ទោះស្លាប់​អស់២ថ្ងៃក្តី ទោះស្លាប់​អស់៣ថ្ងៃក្តី ដែលកំពុងហើមប៉ោងឡើង មានសម្បុរខៀវ មានខ្ទុះហូរចេញ (តាម​ទ្វារផ្សេងៗ)។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏​កើតប្រាកដឡើង​មែនឬ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ ទើប​ព្រះមានព្រះភាគត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ហ្នឹងហើយដែលហៅថា ទោសរបស់​រូប​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយក​សរីរៈ​ទៅចោលក្នុងព្រៃស្មសាន ក្អែកទាំងឡាយ កំពុងតែចឹក​ស៊ីក្តី ពួកត្មាត កំពុងចឹកស៊ីក្តី ត្រដក់ទាំងឡាយ កំពុង​ចឹកស៊ីក្តី ស្វានទាំងឡាយ កំពុង​កកេរ​ស៊ីក្តី ចចកទាំងឡាយកំពុង​កកេរស៊ីក្តី បាណកជាតិទាំងឡាយផ្សេងៗ កំពុង​រូងជញ្ជក់​ស៊ីក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អ​សមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏​កើតប្រាកដ​ឡើង​មែនឬ។ ភិក្ខុទាំងឡាយក្រាបទូលថា ព្រះករុណាព្រះអង្គ។ ​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់​រូប​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយក​សរីរៈ​ទៅចោលក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹង ប្រកបដោយសាច់ឈាម មាន​សរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹង ឥតមានសាច់ តែនៅប្រឡាក់​ដោយ​ឈាម មានសរសៃជាគ្រឿងចង។បេ។ សល់នៅ​តែរាងឆ្អឹង មិនមាន​សាច់ និងឈាម មាន​សរសៃជាគ្រឿងចង។បេ។ សល់នៅតែរាងឆ្អឹងទទេ មិនមាន​សរសៃជាគ្រឿង​ចង​រួប​រឹត ខ្ចាត់ខ្ចាយ រាត់រាយទៅក្នុងទិសតូច និងទិសធំ គឺឆ្អឹង​ដៃទៅដោយឡែក ឆ្អឹងជើង​ទៅ​ដោយ​ឡែក ឆ្អឹងស្មងទៅដោយឡែក ឆ្អឹងភ្លៅ​ទៅដោយឡែក ឆ្អឹងចង្កេះ​ទៅដោយ​ឡែក ឆ្អឹងខ្នងទៅដោយឡែក ឆ្អឹងជំនីរទៅដោយឡែក ឆ្អឹងទ្រូងទៅដោយឡែក ឆ្អឹងដើម​ដៃ​ទៅដោយឡែក ឆ្អឹងស្មា​ទៅដោយឡែក ឆ្អឹងកទៅដោយឡែក ឆ្អឹងចង្កាទៅ​ដោយឡែក ឆ្អឹងធ្មេញទៅដោយឡែក រលាក្បាលទៅដោយឡែក។ ម្នាលភិក្ខុទាំង​ឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អសមរម្យណា ក្នុង​កាល​ពីមុន សម្បុរល្អសមរម្យនោះ ក៏អន្តរធានបាត់ទៅ ទោសក៏​កើតឡើងប្រាកដ​មែន​ឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះសយម្ភូញាណ ទ្រង់​មាន​ព្រះពុទ្ធតម្រាស់ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់​រូប​ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុគប្បីមើលបងប្អូនស្រីនោះឯង ដែលគេយក​សរីរៈ​ទៅចោលក្នុងព្រៃស្មសាន សល់នៅតែរាងឆ្អឹងទទេ មានសម្បុរ​ស ប្រៀបដូចពណ៌នៃស័ង្ខ។បេ។ សល់នៅតែឆ្អឹងទទេ រោយរាយនៅជាពំនូកៗ កន្លង​ទៅ​យូរឆ្នាំហើយ។បេ។ សល់នៅតែឆ្អឹងទទេ ពុកផុយ ខ្ទេចខ្ទី ជាកំទេចតូច កំទេចធំ​ផ្សេង​ៗ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច សម្បុរល្អ​សមរម្យណា ក្នុងកាលពីមុន សម្បុរល្អនោះ ក៏អន្តរធានបាត់ទៅ ទោសក៏​កើតប្រាកដ​ឡើង​មែនឬ។ ភិក្ខុទាំងឡាយ ក្រាបទូលថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ នេះហើយដែលហៅថា ទោសរបស់​រូប​ទាំងឡាយ។

[២០៣] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាគ្រឿងរលាស់ចេញនូវរូបទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយដែលជាគ្រឿង​កំចាត់បង់នូវ​ឆន្ទរាគ ការលះបង់​ឆន្ទរាគ ក្នុងរូបទាំងឡាយណា នេះឯងជាគ្រឿង​រលាស់ចេញនូវ​រូបទាំងឡាយ។

[២០៤] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយឯណានីមួយ មិនដឹងនូវតម្រេករបស់រូបទាំងឡាយ ថាជាគ្រឿង​ត្រេកផង​ មិនបានដឹងនូវទោស​របស់រូបទាំងឡាយ ថាជាទោសផង មិនបានដឹងនូវគ្រឿងរលាស់ចេញ នូវ​រូបទាំង​ឡាយ ថាជាគ្រឿងរលាស់ចេញផង តាមពិតយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ទាំង​នោះ​ នឹងកំណត់ដឹងនូវរូបទាំងឡាយដោយខ្លួនឯងឬ ឬក៏បុគ្គល​ប្រតិបត្តិយ៉ាងណា ទើប​នឹង​កំណត់ដឹងនូវរូបទាំងឡាយបាន និងបបួល​បុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិ​យ៉ាងនោះ ហេតុនេះ មិនជាឋានៈឡើយ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ណាមួយ ដឹងនូវតម្រេក របស់រូបទាំងឡាយ ថាជាគ្រឿង​ត្រេកផង​ ដឹងនូវទោស​របស់​រូបទាំងឡាយ ថាជាទោសផង ដឹងនូវគ្រឿងរលាស់ចេញ នូវ​រូបទាំង​ឡាយ ថាជា​គ្រឿង​រលាស់ចេញផង សមណៈ ឬព្រាហ្មណ៍ទាំងឡាយ​នោះ​ នឹងកំណត់​ដឹង​នូវ​រូប​ទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គល​ប្រតិបត្តិយ៉ាងណា ទើប​នឹង​កំណត់​ដឹង​នូវ​រូប​ទាំងឡាយបាន និងបបួលនូវ​បុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិ​យ៉ាងនោះ នេះទើប​ជា​ឋានៈ។

[២០៥] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតម្រេក របស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពី​សេចក្តីស្ងប់ស្ងាត់​ជាអារម្មណ៍។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកអកុសលធម៌​ទាំងឡាយហើយ ក៏ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ ក្នុងសម័យនោះ (ភិក្ខុនោះឯង) មិនបាន​គិតដើម្បីបៀតបៀនខ្លួនឯងផង មិនបានគិតដើម្បី​បៀតបៀន​បុគ្គលដទៃផង មិនបាន​គិត​ដើម្បីបៀតបៀន​បុគ្គលទាំង​២ពួក គឺខ្លួន និងបុគ្គលដទៃផង ក្នុងសម័យនោះ (ភិក្ខុនោះ) ឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ (ឥតទុក្ខ) តែ​មួយ​យ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា តម្រេករបស់វេទនាទាំងឡាយ បំផុតត្រឹម​សេចក្តី​មិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ ក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ មិនមានវិចារៈទេ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ ព្រោះរម្ងាប់​នូវវិតក្កៈ និងវិចារៈ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណាដែលភិក្ខុ។បេ។ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ក្នុងសម័យនោះ (ភិក្ខុនោះឯង) មិនបាន​គិត ដើម្បីបៀតបៀនខ្លួនឯង។បេ។ ទើប​ឈ្មោះ​ថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ តែ​មួយ​យ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹម​សេចក្តី​មិន​ព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុជាអ្នកមានចិត្តព្រងើយផង មានស្មារតី​តាំងមាំផង មានប្រាជ្ញាដឹងសព្វផង ទទួលនូវសេចក្តីសុខ ដោយនាម​កាយផង ព្រោះអស់ទៅនៃបីតិ ក៏បានចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈ​ទាំងឡាយ តែងសំដែងថា បុគ្គលដែល​បានចូលកាន់តតិយជ្ឈាន រមែងជាអ្នក​មានចិត្តព្រងើយ មានស្មារតីនៅជាសុខ។ ម្នាលភិក្ខុទាំងឡាយ ក្នុង​សម័យណា ភិក្ខុ។បេ។ ព្រោះអស់ទៅនៃបីតិ ក្នុងសម័យនោះ ភិក្ខុនោះឯង មិនគិត។បេ។ ទើបឈ្មោះថា ទទួលនូវវេទនា មិនមានសេចក្តីព្យាបាទ តែ​មួយ​យ៉ាង ម្នាលភិក្ខុ​ទាំងឡាយ តថាគតពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹម​សេចក្តី​មិនព្យាបាទ។ ម្នាលភិក្ខុទាំងឡាយ មួយយ៉ាងទៀត ភិក្ខុចូលកាន់ចតុត្ថជ្ឈាន ដែលឥតទុក្ខ ឥតសុខ មានតែសតិដ៏បរិសុទ្ធ ព្រោះឧបេក្ខា ព្រោះលះបង់​នូវសុខ​ផង លះបង់នូវទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យណា ភិក្ខុ។បេ។ ព្រោះលះបង់​នូវសុខផង ក្នុងសម័យនោះ ភិក្ខុនោះឯង មិនបាន​គិតដើម្បីបៀតបៀនខ្លួនផង មិនបានគិតដើម្បី​បៀតបៀន​បុគ្គលដទៃផង មិនបាន​គិត​ដើម្បីបៀតបៀន​បុគ្គលទាំង​២ពួក គឺខ្លួន និងបុគ្គលដទៃផង ក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា ទទួលនូវវេទនា ដែល​មិន​មាន​សេចក្តីព្យាបាទ តែ​មួយ​យ៉ាង ម្នាលភិក្ខុទាំងឡាយ តថាគតតែងពោលថា សេចក្តីត្រេកអរ របស់វេទនាទាំងឡាយ បំផុតត្រឹម​សេចក្តី​មិនព្យាបាទ។

[២០៦] ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោស របស់វេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ត្រង់ដែលវេទនាមិនទៀង ជាទុក្ខ មានសេចក្តីប្រែប្រួល​ទៅ​ជាធម្មតា នេះឯង ជាទោស​របស់វេទនាទាំងឡាយ។

[២០៧] ម្នាលភិក្ខុទាំងឡាយ ចុះអ្វី ជាគ្រឿងរលាស់​ចេញនូវវេទនាទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ឧបាយជាគ្រឿងកំចាត់បង់ នូវឆន្ទរាគ ការលះបង់​នូវឆន្ទរាគ ក្នុង​វេទនាទាំងឡាយណា នេះឯង ជាគ្រឿងរលាស់ចេញ នូវវេទនាទាំងឡាយ។

[២០៨] ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងឡាយពួកខ្លះ មិនបានដឹងនូវតម្រេករបស់វេទនាទាំងឡាយ ថាជាគ្រឿង​ត្រេកផង​ មិនបានដឹង​នូវទោស​របស់វេទនាទាំងឡាយ ថាជាទោសផង មិនបានដឹងនូវគ្រឿងរលាស់ចេញ នូវវេទនាទាំង​ឡាយ ថាជាគ្រឿងរលាស់ចេញផង យ៉ាងនេះតាមពិត សមណ​ព្រាហ្មណ៍​ទាំង​នោះ​ នឹងកំណត់ដឹងនូវវេទនាទាំងឡាយ ដោយខ្លួនឯងឬ ឬក៏បុគ្គល​ប្រតិបត្តិយ៉ាងណា ទើប​នឹង​កំណត់ដឹង នូវវេទនាទាំងឡាយបាន ទាំងបបួល​បុគ្គល​ដទៃ ដើម្បីសេចក្តីប្រតិបត្តិ​យ៉ាងនោះ នេះ មិនមែនជាឋានៈទេ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍​ទាំងឡាយណាមួយ ដឹងនូវតម្រេក របស់វេទនាទាំងឡាយ ថាជា​គ្រឿង​ត្រេកផង​ ដឹងនូវទោស​របស់​វេទនាទាំងឡាយ ថាជាទោសផង ដឹងនូវ​គ្រឿងរលាស់ចេញ នូវ​វេទនាទាំង​ឡាយ ថាជា​គ្រឿង​រលាស់ចេញផង យ៉ាងនេះតាម​ពិត ទើបសមណៈ ឬព្រាហ្មណ៍ទាំង​នោះ​ នឹងកំណត់​ដឹង​នូវវេទនា​ទាំងឡាយ ដោយ​ខ្លួន​ឯងឬ ឬក៏បុគ្គល​ប្រតិបត្តិយ៉ាងណា ទើប​នឹង​កំណត់​ដឹង​នូវ​វេទនា​ទាំងឡាយបាន ទាំងបបួលនូវ​បុគ្គលដទៃ ដើម្បីសេចក្តីប្រតិបត្តិ​យ៉ាងនោះ នេះទើប​ជា​ឋានៈ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រនេះចប់ហើយ ភិក្ខុទាំងនោះ ក៏មានចិត្ត​ត្រេក​អរ រីករាយ ចំពោះភាសិត នៃព្រះមានព្រះភាគ។

ចប់ មហាទុក្ខក្ខន្ធសូត្រ ទី៣។

ចូឡទុក្ខក្ខន្ធសូត្រ ទី៤

[២០៩] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅក្នុងនិគ្រោធារាម ទៀបក្រុង​កបិលព័ស្តុ ក្នុងសក្កជនបទ។ លំដាប់នោះឯង សក្យរាជ ទ្រង់ព្រះនាមមហានាម ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយគង់ក្នុងទីដ៏សមគួរ។ លុះមហានាម​សក្យរាជ គង់ក្នុងទីដ៏សមគួរហើយ ទើបក្រាបទូល​ព្រះមានព្រះភាគ​ យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានដឹងច្បាស់នូវធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់​សំដែង​អស់កាលជាយូរហើយ យ៉ាងនេះថា លោភៈ ជាគ្រឿង​សៅហ្មងរបស់ចិត្ត ទោសៈ ជាគ្រឿង​សៅហ្មងរបស់ចិត្ត មោហៈ ជាគ្រឿង​សៅហ្មងរបស់ចិត្ត ប៉ុន្តែ​ចួន​កាល ធម៌គឺលោភៈ គ្របសង្កត់​ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ ចួនកាល ធម៌គឺទោសៈ គ្របសង្កត់​ចិត្ត របស់ខ្ញុំព្រះអង្គខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់​ចិត្ត របស់ខ្ញុំ​ព្រះអង្គខ្លះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ទើប​មាន​សេចក្តី​ត្រិះរិះយ៉ាងនេះថា ចុះធម៌អ្វីហ្ន៎ នៅខាងក្នុងសន្តាន ដែល​អាត្មាអញ មិនទាន់​លះបង់​អស់ បានជាចួន​កាល ធម៌គឺលោភៈ គ្របសង្កត់​ចិត្តរបស់អាត្មាអញខ្លះ ចួនកាល ធម៌គឺទោសៈ គ្រប​សង្កត់​​ចិត្តរបស់អាត្មាអញខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់​ចិត្តរបស់​អាត្មាអញ​ខ្លះ។

[២១០] ព្រះមានព្រះភាគត្រាស់ថា ថ្វាយព្រះពរមហានាម ធម៌គឺលោភៈ ទោសៈ មោហៈ ក្នុងសន្តាននោះឯង ដែលមហាបពិត្រ មិនទាន់​លះបង់អស់ បានជាចួនកាល ធម៌គឺលោភៈ គ្របសង្កត់​ចិត្តរបស់មហាបពិត្រខ្លះ ចួនកាល ធម៌​គឺទោសៈ គ្របសង្កត់​ចិត្តរបស់មហាបពិត្រខ្លះ ចួនកាល ធម៌គឺមោហៈ គ្របសង្កត់​ចិត្តរបស់មហាបពិត្រខ្លះ។ បពិត្រមហានាម បើធម៌ក្នុងសន្តាននោះ មហាបពិត្រ បាន​លះបង់​អស់ហើយ។ មហាបពិត្រ នឹងគប្បី​លែងនៅគ្រប់គ្រងផ្ទះ នឹងគប្បី​លែង​បរិភោគកាមទាំងឡាយ។ បពិត្រមហានាម ធម៌ខាងក្នុងសន្តាននោះឯង មហាបពិត្រ លះបង់​មិនទាន់បាន ព្រោះហេតុនោះ បានជាមហាបពិត្រនៅគ្រប់គ្រងផ្ទះ បរិភោគ​នូវ​កាមទាំងឡាយ។

[២១១] ថ្វាយព្រះពរមហានាម បើអរិយសាវ័ក បានឃើញច្បាស់ តាមសេចក្តីពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខ​តិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់​ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនពេក។ អរិយសាវ័កនោះឯង បានវៀរចាកកាមទាំងឡាយ វៀរចាកអកុសល​ធម៌ទាំងឡាយហើយ តែមិនទាន់បាននូវបីតិ និងសុខ [អដ្ឋកថា ថា បានដល់ឈានពីរ ដែលប្រកបដោយបីតិ គឺបឋមជ្ឈាន និងទុតិយជ្ឈាន។] ឬគុណជាត​ដទៃដែលល្អិត [បានដល់តតិយជ្ឈាន ចតុត្ថជ្ឈាន សោតាបត្តិមគ្គ និងសកទាគាមិមគ្គ។] លើសជាង​បីតិ និងសុខនោះទេ កាលបើដូច្នេះ អរិយសាវ័កនោះ នឹងឈ្មោះថា មិនវិលត្រឡប់​មករកកាមទាំងឡាយវិញនោះ មិនមែនឡើយ។ បពិត្រមហានាម កាលណា​បើ​អរិយសាវ័ក បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខ​តិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់​ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ អរិយសាវ័កនោះឯង បានវៀរ​ចាក​កាម​ទាំងឡាយ វៀរចាកអកុសល​ធម៌ទាំងឡាយ ហើយបាននូវបីតិ និងសុខ ឬគុណជាត​ដទៃដែលល្អិត លើសជាង​បីតិ និងសុខនោះ កាលបើដូច្នេះ អរិយ​សាវ័កនោះ ទើបឈ្មោះថា មិនវិលត្រឡប់​មករកកាមទាំងឡាយទៀតឡើយ។ បពិត្រមហានាម ប៉ុនអម្បាល​តថាគត កាលនៅជាពោធិសត្វ មិនទាន់បានត្រាស់ដឹង ក្នុងកាលមុន អំពីកាលត្រាស់ដឹងនៅឡើយ បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខ​តិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់​ច្រើន ទោសក្នុងកាមទាំងឡាយនុ៎ះ មានច្រើនក្រៃពេក។ តថាគតនោះ វៀរ​ចាក​កាម​ទាំងឡាយ វៀរចាកអកុសល​ធម៌ទាំងឡាយហើយ តែ​មិនទាន់បាននូវបីតិ និងសុខ ឬគុណជាត​ដទៃដែលល្អិត លើសជាង​បីតិ និងសុខនោះ កាលបើដូច្នេះ តថាគតនោះ ក៏ដឹងប្រាកដថា អាត្មាអញ ត្រឡប់​មករកកាម​ទាំងឡាយវិញ ដោយពិត។ បពិត្រមហានាម លុះកាលណាតថាគត បានឃើញច្បាស់ តាមសេចក្តីពិត ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា កាមទាំងឡាយ មានសេចក្តីសុខ​តិច មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់​ច្រើន ទោសក្នុងកាម​ទាំង​ឡាយនុ៎ះ មានច្រើនក្រៃពេក។ តថាគតនោះឯង បានវៀរ​ចាក​កាម​ទាំងឡាយ វៀរចាកអកុសល​ធម៌ទាំងឡាយ ហើយបាននូវបីតិ និងសុខផង ឬគុណជាត​ដទៃ​ដែល​ល្អិត លើសជាង​បីតិ និងសុខនោះផង កាលបើដូច្នេះ តថាគត ដឹងច្បាស់ថា មិន​វិល​ត្រឡប់​​មករកកាមទាំងឡាយវិញឡើយ។

[២១២] ថ្វាយព្រះពរមហានាម ចុះអ្វីជាតម្រេករបស់កាមទាំងឡាយ។ បពិត្រ​មហានាម កាមគុណទាំងនេះ មាន៥ប្រការ ចុះកាមគុណ៥​ប្រការ តើ​អ្វីខ្លះ គឺរូប​ទាំងឡាយ ដែលគប្បីដឹងច្បាស់បានដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់​ចិត្ត ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល១ សំឡេងទាំងឡាយ ដែល​គប្បី​ដឹងច្បាស់បានដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលគប្បី​ដឹងច្បាស់បាន​ដោយច្រមុះ…១ រស​ទាំងឡាយ ដែលគប្បីដឹងច្បាស់​បាន​ដោយ​អណ្តាត​…១ ផ្សព្វទាំងឡាយ ដែល​គប្បីដឹងច្បាស់​បាន​ដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទី​គាប់ចិត្ត ជាទីស្រឡាញ់ ត្រូវតាម​ចំណង់ ជាទីត្រេកត្រអាល១ បពិត្រមហានាម នេះឯង​ឈ្មោះថា កាមគុណ៥ ប្រការ។ បពិត្រមហានាម ត្រង់ដែលសេចក្តីសុខ សោមនស្ស កើតឡើងព្រោះអាស្រ័យ​កាមគុណទាំង៥នេះឯង ជាតំរេក​ របស់​កាម​ទាំងឡាយ។

[២១៣] ថ្វាយព្រះពរមហានាម ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ បពិត្រមហានាម កុលបុត្រក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្តី​ប្រឹងប្រែង ដោយ​សិល្បសាស្ត្រណានីមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្តី ដោយការរាប់​លេខ​នព្វន្តក្តី ដោយការរាប់ប្រមូលក្តី ដោយកសិកម្មក្តី ដោយវាណិជ្ជកម្មក្តី ដោយ​គោរក្ខកម្ម​ក្តី ដោយភាវៈនៃខ្លួនជាខ្មាន់ធ្នូក្តី ដោយ​ភាវៈនៃខ្លួនជារាជបុរសក្តី ដោយ​សិល្បសាស្ត្រឯណានីមួយក្តី កុលបុត្រដែលអាស្រ័យ​នូវ​ការចិញ្ចឹមជីវិត ដោយការ​រាប់​ម្រាម​ដៃទទេ ជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្តៅបៀតបៀន ប៉ះពាល់​ដោយ​សម្ផស្សនៃរបោមមូស ខ្យល់ កំដៅថ្ងៃ និងពស់តូច​ ពស់ធំ ស្លាប់ខ្លួនដោយ​សេចក្តី​ស្រេកឃ្លាន បពិត្រមហានាម នេះឯងជាទោស​ របស់​កាមទាំងឡាយ ដែលបុគ្គល​​គប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាម​ជាហេតុ មានកាម​ជា​គ្រឿង​ប្រគល់​ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ បពិត្រមហានាម កាលបើកុលបុត្រនោះ ប្រឹងប្រែង​ ខ្នះខ្នែង ខ្មីឃ្មាត យ៉ាងនេះហើយ ភោគៈទាំងនោះ ក៏មិនបានសម្រេច កុលបុត្ត​នោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តី​វង្វេង​ថា ឱ សេចក្តីប្រឹងប្រែង​របស់អញ អសារឥតការសោះ ឱ សេចក្តីព្យាយាមរបស់អញ ឥត​ផលប្រយោជន៍​សោះ។ បពិត្រ​មហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។ បពិត្រមហានាម កាលបើកុលបុត្តនោះ ខំប្រឹងប្រែង ​ខ្នះខ្នែង ព្យាយាមយ៉ាងនេះហើយ ភោគៈ​ទាំង​​នោះ ក៏បានសម្រេច កុលបុត្ត​នោះ តែងរង​ទុក្ខទោមនស្ស ព្រោះហេតុ​នៃការរក្សានូវ​ភោគៈ​ទាំងឡាយនោះថា ធ្វើម្តេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយ នាំយក​ភោគៈ​ទាំងឡាយរបស់​អាត្មាអញទៅបាន កុំឲ្យចោរទាំងឡាយលួចយកទៅបាន កុំឲ្យភ្លើង​ឆេះបាន កុំឲ្យទឹក​នាំយកទៅបាន កុំឲ្យអ្នកទទួល​មត៌កទាំងឡាយ ដែលមិនជាទី​ស្រឡាញ់ នាំយក​ទៅ​បាន។ កាលកុលបុត្តនោះ ខំរក្សា​គ្រប់គ្រងយ៉ាងនេះហើយ ក៏គង់តែ​ព្រះរាជា​ទាំង​ឡាយ រឹបយកនូវភោគៈទាំងនោះទៅក្តី ចោរទាំងឡាយ លួចយក​ទៅក្តី ភ្លើងឆេះអស់​ក្តី ទឹកបន្សាត់ទៅក្តី អ្នកទទួលមត៌កទាំងឡាយ មិនជាទីស្រឡាញ់ ទាមយកចំណែក​ទៅក្តី កុលបុត្តនោះ តែងក្រៀមក្រំចិត្ត លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្តី​វង្វេង​ថា ទ្រព្យណាបានកើតមានហើយ ដល់អាត្មាអញ ឥឡូវ​នេះ ទ្រព្យនោះឯង ត្រឡប់ជាមិនមានដល់អាត្មាអញវិញឡើយ។ បពិត្រមហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរនៃ​ទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួច​ផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត។

[២១៤] ថ្វាយព្រះពរ​មហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាម​ជា​គ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំង​ឡាយ​មែនពិត បានជាព្រះរាជា​ទាំងឡាយ ទាស់ទែង​គ្នា នឹង​ព្រះរាជាទាំងឡាយខ្លះ ក្សត្រ​ទាំង​ឡាយទាស់ទែងគ្នា នឹងក្សត្រទាំង​ឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយ ទាស់ទែងគ្នា នឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតី​ទាំងឡាយ ទាស់ទែងគ្នា នឹងគហបតី​ទាំង​ឡាយ​ខ្លះ មាតាទាស់ទែងគ្នានឹងបុត្តខ្លះ បុត្រ​ទាស់​​ទែងគ្នានឹងមាតាខ្លះ បិតាទាស់ទែងគ្នានឹងបុត្តខ្លះ បុត្តទាស់ទែងគ្នានឹងបិតាខ្លះ បងប្អូនប្រុសគ្នាទាស់ទែងគ្នា នឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុស​ទាស់ទែងគ្នា នឹង​បងប្អូនស្រី​ខ្លះ បងប្អូនស្រីទាស់ទែងគ្នា នឹង​បងប្អូនប្រុសខ្លះ សំឡាញ់​ទាស់ទែងគ្នា នឹងសំឡាញ់ខ្លះ។ ពួក​មនុស្ស​ទាំងនោះ ក៏ដល់​នូវសេចក្តី​ឈ្លោះ​ប្រកែក ប្រកាន់ខុស ទាស់ទែងគ្នា ក្នុងទី​នោះ ហើយប្រហារគ្នានឹងគ្នា ដោយដៃខ្លះ ប្រហារគ្នា​ដោយ​ដុំដីខ្លះ ប្រហារគ្នា ដោយ​ដំបងខ្លះ ប្រហារគ្នា ដោយគ្រឿងសស្ត្រាវុធខ្លះ ពួកមនុស្សទាំងនោះ ក៏ដល់​នូវ​សេចក្តី​ស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងទីនោះ។ បពិត្រមហានាម នេះឯង​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរ​នៃ​ទុក្ខ មាន​កាម​ជាហេតុ មានកាមជាគ្រឿង​ប្រគល់​ឲ្យនូវ​ផល មានកាមជា​គ្រឿង​ផ្តួច​ផ្តើម ជា​បច្ច័យ​​នៃ​កាមទាំងឡាយមែនពិត។

[២១៥] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះ​តែ​មាន​កាមជាហេតុ មាន​កាម​ជា​គ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយ​មែនពិត បានជាមនុស្សទាំងឡាយ កាន់យកនូវដាវ និងខែល កាន់យកនូវធ្នូ សៀត​បំពង់​ព្រួញ ចូលទៅកាន់សង្គ្រាម ដែលលើកជាក្បួនទ័ព មកទាំងសងខាង កាល​ដែល​គេបាញ់ព្រួញមកក្តី កាលដែលគេពួយលំពែងមកក្តី កាលដែល​គេងាដាវ​ឡើង​ក្តី ពួកមនុស្សទាំងនោះ ក៏បាញ់គ្នា ដោយព្រួញខ្លះ ចាក់គ្នា ដោយលំពែងខ្លះ កាប់​ក្បាល​គ្នា ដោយដាវខ្លះ ក្នុងសង្គ្រាមនោះ ពួកមនុស្សទាំងនោះ ដល់​នូវ​សេចក្តី​ស្លាប់​ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងសង្គ្រាមនោះ។ បពិត្រមហានាម នេះ​ឯង​​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាម​ទាំង​ឡាយ​មែនពិត។

[២១៦] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែនពិត បានជាពួកមនុស្ស​ទាំងនោះ កាន់យកនូវដាវ និងខែល កាន់ធ្នូ សៀតបំពង់ព្រួញ ចូលទៅកាន់បន្ទាយ ដែល​លាបបូកដោយបាយអរ កាលដែលគេបាញ់ព្រួញមកក្តី កាលដែលគេពួយ​លំពែង​មកក្តី កាលដែល​គេងាដាវ​ឡើងក្តី ពួកមនុស្សទាំងនោះ ក៏បាញ់គ្នាដោយ​ព្រួញ​ខ្លះ ចាក់គ្នាដោយលំពែងខ្លះ បាចសាចដាក់គ្នាដោយអាចម៍គោជ្រាយខ្លះ ញាំញីគ្នាដោយ​រនាស់ដែកខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងបន្ទាយនោះ ពួកមនុស្សទាំងនោះ ដល់​នូវ​សេចក្តីស្លាប់ខ្លះ ដល់នូវសេចក្តីទុក្ខ ស្ទើតែនឹងស្លាប់ខ្លះ ក្នុងបន្ទាយនោះ។ បពិត្រមហានាម នេះឯង​ជាទោស របស់កាមទាំងឡាយ ដែលបុគ្គល​គប្បី​ឃើញទាន់ភ្នែក ជាគំនរ​នៃ​ទុក្ខ មានកាមជាហេតុ មាន​កាម​ជា​គ្រឿង​ប្រគល់ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាមទាំងឡាយមែន​ពិត។

[២១៧] ថ្វាយព្រះពរមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មាន​កាម​ជាគ្រឿង​ប្រគល់​ឲ្យនូវផល មានកាមជា​គ្រឿង​ផ្តួចផ្តើម ជាបច្ច័យ​នៃ​កាម​ទាំង​ឡាយ​មែនពិត មនុស្សទាំងឡាយ ក៏កាត់នូវជញ្ជាំង​ផ្ទះខ្លះ ប្លន់ខ្លះ កំហែង​យកទ្រព្យ​ក្នុង​ផ្ទះ​មួយៗខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកនូវភរិយា ​របស់អ្នកដទៃខ្លះ ព្រះរាជា​ទាំង​ឡាយ ចាប់​មនុស្សទាំងនោះបានហើយ ត្រាស់បង្គាប់ឲ្យធ្វើ​កម្មករណ៍ទាំងឡាយ មានប្រការ​ផ្សេងៗ គឺឲ្យវាយដោយរំពាត់ខ្លះ ឲ្យវាយដោយផ្តៅខ្លះ ឲ្យវាយដោយ​ដំបង​ខ្លី​ខ្លះ។បេ។ ធ្វើ​នូវជោតិមាលិកកម្ម [អំពើដែលគេ​យក​កំណាត់សំពត់ ជ្រលក់ប្រេង រុំសរីរៈទាំងអស់ ហើយឈួលភ្លើង។] គឺអំពើដែលធ្វើខ្លួន​មនុស្ស​ឲ្យដូចជាផ្កាភ្លើងខ្លះ ធ្វើនូវ​ហត្ថប្បជ្ជោតិកកម្ម [អំពើដែលគេយកកំណាត់សំពត់ជ្រលក់​ប្រេង រុំដៃទាំងពីរ ហើយឈួលភ្លើង។] គឺអំពើដែល​គេដុតដៃខ្លះ ធ្វើនូវឯរកវត្តិកកម្ម [អដ្ឋកថា ថាអំពើដែលគេឆូតស្បែក​ពីត្រឹម​ ក រហូតដល់កជើង ហើយយកខ្សែចងស្បែកនោះទាញពន្លាត់ចេញ រួចឲ្យ​អ្នកទោសនោះ ជាន់​ផ្ទាំង​ស្បែកឲ្យទាល់តែដួលខ្លួនចុះទៅ។] គឺអំពើដែលធ្វើដូចជា​ពន្លាត់ស្បែកពពែខ្លះ ធ្វើនូវចីរកវាសិកកម្ម [អំពើដែលគេឆូតស្បែក​តាំង​ពីត្រឹមក ទុកត្រឹមចង្កេះ ឆូតពីចង្កេះ មកទុកត្រឹម​កជើង ឲ្យស្បែក​ខាងលើមកគ្រប​សរីរៈ​ខាងក្រោម ដូចជាស្លៀក​សំពត់សម្បកឈើ។] គឺអំពើដែលគេធ្វើ ឲ្យដូចជាស្លៀក​សំពត់សម្បកឈើខ្លះ ធ្វើនូវ​ឯណេយ្យកកម្ម [អំពើដែលគេដាក់កងដែកត្រង់ដុំដៃ​ទាំងពីរ និងជង្គង់ទាំងពីរ ហើយលើកដាក់លើដែកអណ្តោត​ទាំង៤ មានសណ្ឋានដូច​ជាជើងទ្រាយ អ្នកទោសនោះ ក៏ឋិតនៅលើដែកទាំង៤ ដែលគេបោះ​ជាប់នឹង​ផែនដី។ ] គឺអំពើដែលធ្វើ ឲ្យដូចជាជើង​សត្វទ្រាយខ្លះ ធ្វើនូវពលិសមំសិកកម្ម [អំពើដែលគេយក​កាងបោះទៅឲ្យជាប់​សាច់ស្បែក​ និងសរសៃ ហើយទាញកន្ទ្រាក់​ឲ្យដាច់។] គឺអំពើដែលគេថ្ពក់មាត់ដោយ​កាង ឬសន្ទូច​ខ្លះ ធ្វើនូវកហាបណកកម្ម [អំពើដែលគេយកចុងកាំបិតដ៏មុត ទៅខ្វៀលយកសាច់​ ឲ្យមាន​រណ្តៅ​ប្រមាណប៉ុនកហាបណៈមួយៗ។] គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណ​ប៉ុន​កហាបណៈខ្លះ​ ធ្វើនូវខារាបដិច្ឆកកម្ម [អំពើដែលគេយកអាវុធ ទៅចិញ្ច្រាំ​សរីរៈ ហើយយកទឹកផ្សា ស្រោច​ឲ្យសាច់ស្បែក​សរសៃរលួយជ្រុះចេញអស់ទៅ នៅសល់តែរាងឆ្អឹងទទេ។] គឺអំពើដែលគេយក​ទឹកផ្សា ស្រោចខ្លះ ធ្វើនូវ​បលិឃបរិវត្តិកកម្ម [អំពើដែលគេឲ្យមនុស្សដេកផ្អៀងម្ខាង ហើយយកដែកស្រួចទៅបោះប្រហោង​ត្រចៀកខាងលើឲ្យធ្លុះ រហូតដល់ប្រហោងត្រចៀកខាងក្រោម ជាប់នឹងផែនដី ហើយនាំគ្នាចាប់ជើងទាញបង្វិលជុំវិញ។]​ គឺអំពើដែលគេ​ធ្វើ ឲ្យដូច​ជាបង្វិល​ជើងគុល ឬសសរគោលខ្លះ ​ធ្វើនូវបលាលបីឋកកម្ម [អំពើដែលគេកាត់ស្បែក ហើយយកថ្មសំលៀងកាំបិត ទៅដុំបំបាក់ឆ្អឹងឲ្យខ្ទេចខ្ទី ហើយចាប់ផ្នួងសក់លើកឡើង គ្រវាត់គ្រវែងឲ្យឆ្អឹងជ្រុះចេញ ឲ្យនៅសល់ដុំសាច់តែម្យ៉ាង។] គឺអំពើដែលគេធ្វើ​ឲ្យដូចជាកណ្តាប់ចំបើងខ្លះ ស្រោចដោយប្រេងដែលក្តៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារ​លើ​ឈើអណ្តោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ មនុស្សទាំងនោះ ក៏ដល់នូវ​សេចក្តី​ស្លាប់ខ្លះ ដល់នូវសេចក្តី​ទុក្ខស្ទើរតែនឹងស្លាប់ខ្លះ ក្នុងទីនោះ។ បពិត្រ​មហានាម នេះឯងជាទោស របស់កាមទាំងឡាយ ដែលបុគ្គលគប្បី​ឃើញ​ទាន់ភ្នែក ជាគំនរ​នៃ​ទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់ឲ្យនូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។

[២១៨] បពិត្រមហានាម មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជា​គ្រឿង​​ប្រគល់ឲ្យ​នូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ​មែនពិត បានជាជនទាំងឡាយ ប្រព្រឹត្ត​ទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្ត ជនទាំងឡាយនោះ ប្រព្រឹត្ត​ទុច្ចរិតដោយកាយ ប្រព្រឹត្ត​ទុច្ចរិតដោយវាចា ប្រព្រឹត្ត​ទុច្ចរិតដោយចិត្តហើយ លុះដល់បែកធ្លាយរាងកាយ បន្ទាប់​អំពីមរណៈទៅ ក៏ទៅកើត​ឯអបាយ ទុគ្គតិ វិនិបាត នរក។ បពិត្រមហានាម នេះឯង ជាទោសរបស់កាម​ទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងសម្បរាយិកភព ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿង​ប្រគល់ឲ្យនូវផល មានកាម​ជាគ្រឿង​ផ្តួចផ្តើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។

[២១៩] មហាបពិត្រ មានកាលសម័យថ្ងៃមួយ តថាគត នៅឰដ៍ភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ សម័យនោះឯង ពួកនិគ្រន្ថជាច្រើន ជាអ្នកឈរងើយលើ​ផ្ទៃ​កាឡសិលា ទៀបភ្នំឥសិគិលិ ជាអ្នកឃាត់អាសនៈ តែងទទួលនូវវេទនា ជាទុក្ខដ៏​ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាម។ បពិត្រមហានាម គ្រានោះ​ឯង តថាគតក្រោកអំពីទីសម្ងំ ក្នុងវេលាល្ងាច ហើយចូលទៅឯកាឡសិលា ខាងភ្នំឥសិគិលិ សំដៅទៅត្រង់ទីដែល​ពួកនិគ្រន្ថនៅ លុះចូលទៅដល់ហើយ បានសួរ​ពួកនិគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះព្រោះហេតុអ្វី បានជា​អ្នកទាំងឡាយ នាំគ្នាឈរងើយ ឃាត់អាសនៈ ទទួលនូវ​វេទនាជាទុក្ខដ៏ខ្លាំងក្លា ក្រហល់ក្រហាយ ដែលកើតអំពីសេចក្តីព្យាយាមដូច្នេះ។ បពិត្រមហានាម កាលតថាគត​សួរ​យ៉ាងនេះហើយ និគ្រន្ថទាំងនោះ បាននិយាយតបពាក្យ​នេះ នឹង​តថាគត​ថា ម្នាលអាវុសោ និគ្រន្ថនាដបុត្រ (ជាគ្រូយើង) ជាអ្នកដឹងសព្វ ឃើញសព្វ ប្តេជ្ញានូវញាណទស្សនៈ គឺការដឹង​ និងការឃើញ មិនមានសេសសល់ថា អាត្មាអញ កាលដើរក្តី ឈរក្តី ដេកលក់ក្តី ភ្ញាក់ឡើងក្តី ក៏មានញាណទស្សនៈតាំង​ស៊ប់ជានិច្ច មិនដែលដាច់ និគ្រន្ថនាដបុត្រនោះ ពោលយ៉ាងនេះថា ម្នាលនិគ្រន្ថទាំងឡាយដ៏​ចំរើន បាបកម្មដែលអ្នកទាំងឡាយ បានធ្វើហើយក្នុងកាលមុន ក៏មានដែរ អ្នកទាំង​ឡាយចូរញុំាងបាបកម្មនោះ ឲ្យសាបសូន្យទៅ ដោយអំពើកម្រដ៏ជាទុក្ខនេះ ក៏ការ​ដែល​អ្នកទាំងឡាយ សង្រួមដោយកាយ សង្រួមដោយវាចា សង្រួមដោយចិត្ត ក្នុង​អំពើ​ដ៏កម្រនុ៎ះ ក្នុងកាលឥឡូវនេះ នោះឈ្មោះថា មិនធ្វើនូវបាបកម្មតទៅ ព្រោះ​ហេតុនោះ កម្មចាស់ទាំងឡាយ ដែលវិនាសទៅ ដោយសារសេចក្តីព្យាយាម ទាំង​កម្មថ្មី​ទាំងឡាយដែល​មិនបានធ្វើ ឈ្មោះថា នឹងមិនមានការជាប់តាមតទៅ ព្រោះ​មិនមានការជាប់តាមតទៅ ឈ្មោះថា នឹង​អស់ទៅនៃកម្ម ព្រោះអស់ទៅនៃកម្ម ឈ្មោះថា នឹងអស់ទៅនៃទុក្ខ ព្រោះអស់ទៅនៃទុក្ខ ឈ្មោះថា នឹងអស់ទៅនៃ​វេទនា ព្រោះអស់ទៅនៃវេទនា ឈ្មោះថា ទុក្ខទាំងពួងនឹងសាបសូន្យទៅ ក៏ពាក្យនោះឯង តែង​គាប់ចិត្ត​ផង គួរផង ដល់យើងទាំងឡាយ យើងទាំងឡាយ ជាអ្នកមានចិត្តរីក​រាយ ដោយពាក្យនោះ។

[២២០] បពិត្រមហានាម កាលនិគ្រន្ថទាំងឡាយ ពោលយ៉ាងនេះហើយ តថាគត​ក៏បានសួរ​និគ្រន្ថទាំងនោះ ដូច្នេះថា ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នក​ទាំងឡាយដឹងថា យើងទាំងឡាយធ្លាប់កើត ក្នុងកាលមុន ឬមិនដឹងថា មិនធ្លាប់​កើត ក្នុងកាលមុនទេ។ និគ្រន្ថទាំងឡាយឆ្លើយតបថា ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំ​មិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើង​ទាំងឡាយ បានធ្វើនូវ​បាបកម្ម ក្នុងកាលមុន ឬមិនដឹងថា មិនបានធ្វើនូវបាបកម្ម​ក្នុង​កាលមុនទេ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំ​មិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា យើង​ទាំងឡាយ បានធ្វើនូវ​បាបកម្ម មានសភាពយ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរ​នេះ យើងខ្ញុំ​មិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ទុក្ខមានប្រមាណប៉ុណ្ណេះ សាបសូន្យហើយឬ ទុក្ខមានប្រមាណប៉ុណ្ណេះ គប្បី​សាបសូន្យទៅឬ កាលបើទុក្ខមានប្រមាណប៉ុណ្ណេះសាបសូន្យហើយ ទុក្ខទាំង​អស់ នឹងសាបសូន្យទៅ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើងខ្ញុំ​មិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ ចុះអ្នកទាំងឡាយ ដឹងថា ក្នុងសាសនារបស់ពួក​អ្នក មានការលះបង់នូវធម៌ទាំងឡាយជាអកុសល ញុំាងធម៌ទាំងឡាយ ជាកុសល ឲ្យកើត​ឡើង​ក្នុងបច្ចុប្បន្ននេះ ដូច្នេះដែរឬ។ ម្នាលអាវុសោ ដំណើរនេះ យើង​មិនបានដឹងទេ។ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ បានឮថា អ្នកទាំងឡាយ មិនដឹងថា យើង​ទាំងឡាយ ធ្លាប់កើតក្នុងកាលមុន មិនមែនថា មិនធ្លាប់កើតដូច្នេះទេ មិនដឹងថា យើងទាំងឡាយ បានធ្វើនូវ​បាបកម្ម ក្នុងកាលមុន មិនមែនថាមិនបានធ្វើដូច្នេះទេ មិនដឹងថា យើងទាំងឡាយបានធ្វើបាបកម្ម មានសភាព​យ៉ាងនេះខ្លះ យ៉ាងនោះខ្លះ ដូច្នេះទេ មិនបានដឹងថា ទុក្ខមានប្រមាណប៉ុណ្ណេះសាបសូន្យហើយ ឬទុក្ខមានប្រមាណ​ប៉ុណ្ណេះ គប្បីសាបសូន្យទៅ ឬក៏កាលបើទុក្ខ មានប្រមាណប៉ុណ្ណេះសាបសូន្យ​ទៅ​ហើយ ទុក្ខទាំងអស់ក៏នឹងសាបសូន្យទៅដូច្នេះទេ មិនបានដឹងថា ក្នុងសាសនា​របស់ពួកអ្នក មានការលះបង់នូវធម៌ទាំងឡាយ ជាអកុសល ញុំាងធម៌ទាំងឡាយ​ជាកុសល​ឲ្យកើតឡើង ក្នុងបច្ចុប្បន្ននេះ ដូច្នេះទេ ម្នាលអាវុសោនិគ្រន្ថទាំងឡាយ កាលបើ​យ៉ាងនេះ មានតែជនទាំងឡាយណាក្នុងលោក ដែលជាអ្នកមាន​មារយាទ​អាក្រក់ មានដៃប្រឡាក់ដោយឈាម មានការងារអាក្រក់ ជនទាំងនោះ លុះបាន​កើតមកជាមនុស្ស​ក្នុងកាលជាខាងក្រោយ ក៏បួសក្នុងពួកនិគ្រន្ថទៀតឬអ្វី។ ពួក​និគ្រន្ថ​ឆ្លើយតបថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តី​សុខ​តែម្យ៉ាងក៏ទេ អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តី​ទុក្ខ​ក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តី​សុខក៏​មាន ដូចព្រះបាទ​មាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏​មានអាយុ។ តថាគតតបថា ពួកនិគ្រន្ថដ៏មានអាយុ មិនបានពិចារណា ហើយស្រាប់​តែ​ពោលវាចាដោយរហ័សថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តី​សុខ​តែម្យ៉ាងក៏ទេ បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារ​សេចក្តី​​ទុក្ខ​ក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារ​សេចក្តី​សុខក៏​មាន ដូចព្រះបាទ​មាគធសេនិយពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏​មានអាយុ ដូច្នេះ ចំណែកខាងតថាគតឯង គង់មានគេសាកសួរ ក្នុងដំណើរនុ៎ះថា បណ្តាអ្នកដ៏មានអាយុទាំងឡាយ ចុះព្រះបាទ​មាគធសេនិយពិម្ពិសាររាជ និង ព្រះគោតមដ៏​មានអាយុ នរណានៅជាសុខជាង។ ពួកនិគ្រន្ថឆ្លើយតបថា អាវុសោ​គោតម ពួកយើងខ្ញុំ ពិតជាមិនបានពិចារណា ហើយស្រាប់តែពោលវាចា​ដោយរហ័ស​ថា អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តី​សុខ​តែម្យ៉ាង​ក៏ទេ បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តី​ទុក្ខ​ក៏មាន អាវុសោគោតម បុគ្គលនឹងត្រូវបាននូវសេចក្តីសុខ ដោយសារសេចក្តី​សុខក៏​មាន ដូចព្រះបាទ​មាគធ​សេនិយ​ពិម្ពិសាររាជ ទ្រង់សោយនូវសេចក្តីសុខ ព្រះបាទ​មាគធសេនិយពិម្ពិសាររាជ ទ្រង់គង់នៅជាសុខ លើសលុបជាងព្រះគោតមដ៏​មានអាយុ ដូច្នេះមែនហើយ តែថា ដំណើរនុ៎ះ ចូរលើកទុកសិនចុះ ឥឡូវនេះ ពួកខ្ញុំនឹងសូមសួរ​ព្រះគោតម​ដ៏មានអាយុ​ថា បណ្តាអ្នកដ៏មានអាយុទាំងឡាយ ចុះព្រះបាទមាគធសេនិយពិម្ពិសារាជ និង​ព្រះ​គោតមដ៏មានអាយុ នរណានៅជាសុខជាង។ តថាគតឆ្លើយថា ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ បើដូច្នោះ តថាគត នឹងត្រឡប់សួរអ្នកទាំងឡាយ​ក្នុងរឿងនោះវិញ អ្នក​ទាំងឡាយ ចូលចិត្តយ៉ាងណា គប្បីព្យាកររឿងនោះ យ៉ាងនោះចុះ ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ ចុះអ្នកទាំងឡាយសំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់អាចមិនកំរើកព្រះកាយ មិនពោលព្រះវាចា ប្រថាប់នៅ សោយសេចក្តីសុខ​តែម្យ៉ាង អស់៧យប់ ៧ថ្ងៃបានឬទេ។ ពួកនិគ្រន្ថតប​ថា ម្នាលអាវុសោ មិនបានទេ។ តថាគតសួរថា ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះបាទមាគធសេនិយពិម្ពិសាររាជ ទ្រង់មិនអាចកំរើកព្រះកាយ មិនពោលព្រះវាចា ប្រថាប់នៅ សោយចំពោះ​នូវ​សេចក្តី​សុខ​​តែម្យ៉ាង អស់៦យប់ ៦ថ្ងៃ… អស់៥យប់ ៥ថ្ងៃ… អស់៤យប់ ៤ថ្ងៃ.. អស់​៣យប់ ៣ថ្ងៃ… អស់២យប់ ២ថ្ងៃ.. អស់១យប់ ១ថ្ងៃ បានឬទេ។ ពួកនិគ្រន្ថឆ្លើយតប​ថា ម្នាលអាវុសោ មិនបានទេ។ តថាគតពោលថា ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ តថាគតហ្នឹងឯង ទើបអាចមិនកំរើកកាយ មិនពោលវាចា សោយចំពោះ​នូវសេចក្តី​សុខ​ អស់១យប់ ១ថ្ងៃបាន។ ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ តថាគតហ្នឹងឯង ទើបអាចមិនកំរើកកាយ មិនពោលវាចា សោយចំពោះនូវសេចក្តីសុខ អស់២យប់ ២ថ្ងៃ.. អស់៣យប់ ៣ថ្ងៃ… អស់៤យប់ ៤ថ្ងៃ… អស់៥យប់ ៥ថ្ងៃ… អស់៦យប់ ៦ថ្ងៃ.. អស់​៧យប់ ៧ថ្ងៃបាន។ ម្នាលអាវុសោនិគ្រន្ថ​ទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច កាលបើហេតុ​យ៉ាងនេះ​មានហើយ ព្រះបាទមាគធសេនិយពិម្ពិសាររាជ និងតថាគត នរណា​នៅជាសុខជាង។ ពួកនិគ្រន្ថទាំងឡាយឆ្លើយតប​ថា កាលបើហេតុ​យ៉ាងនេះមានហើយ ព្រះគោតម​ដ៏មាន​អាយុ ព្រះអង្គតែងគង់នៅជាសុខ លើសលុបជា​ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ​រាជ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​នូវព្រះសូត្រនេះចប់ហើយ មហានាម​សក្យរាជ ក៏មានព្រះហឫទ័យទទួលអំណរ ត្រេកអរចំពោះ​ភាសិតនៃព្រះមានព្រះភាគ។

ចប់ ចូឡទុក្ខក្ខន្ធសូត្រ ទី៤ តែប៉ុណ្ណេះ។

អនុមានសូត្រ ទី៥

[២២១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមហាមោគ្គល្លានដ៏មាន​អាយុ នៅក្នុងភេសកឡាវ័ន ជាទីឲ្យ​នូវអភ័យ ដល់ពួកសត្វម្រឹគ ជិតក្រុង​សុំសុមារគិរៈ ក្នុងភគ្គជនបទ។ លំដាប់នោះឯង ព្រះមហាមោគ្គល្លានដ៏មាន​អាយុ ហៅភិក្ខុទាំងឡាយ ដែលនៅក្នុងទីនោះឯងថា ម្នាលភិក្ខុទាំងឡាយដ៏មានអាយុ។ ភិក្ខុ​ទាំងនោះ បានទទួល​តបពាក្យព្រះមហាមោគ្គល្លានដ៏មាន​អាយុថា ព្រះករុណា។

[២២២] ព្រះមហាមោគ្គល្លានដ៏មាន​អាយុ បានពោលពាក្យនេះថា ម្នាលអាវុសោទាំងឡាយ បើភិក្ខុបវារណាថា សូមលោកដ៏មានអាយុទាំងឡាយ ប្រៀន​ប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលដែលលោកដ៏មានអាយុទាំងឡាយ គួរស្តីថាបានដូច្នេះ តែភិក្ខុ​នោះ ទៅជាអ្នកដែលគេប្រដៅបានដោយក្រ ប្រកបដោយធម៌ដែល​ធ្វើឲ្យ​ជាអ្នក​ប្រដៅក្រ ជាអ្នកមិនចេះអត់ធន់ ជាអ្នកមិនកាន់យកនូវពាក្យ​ប្រដៅ ដោយចំណែក​ខាងស្តាំ កាលបើដូច្នោះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសំគាល់នូវភិក្ខុនោះថា ជាអ្នក​មិនគួរស្តីថាផង សំគាល់ថា មិនគួរប្រៀនប្រដៅផង សំគាល់ថា មិនគួរ​ដល់នូវ​សេចក្តីស្និទ្ធស្នាលក្នុងបុគ្គលនោះផង។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យ​ជាអ្នកប្រដៅ​ក្រ តើដូចម្តេចខ្លះ។ ម្នាលអាវុសោទាំងឡាយ (ធម៌ដែលធ្វើឲ្យជាអ្នក​ ប្រដៅ​ក្រ នោះ មាន១៦យ៉ាងគឺ) ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច​នៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក នេះឯង​ជាធម៌ដែលធ្វើឲ្យជា​អ្នក​ប្រដៅ​ក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់​អ្នក​ដទៃ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ នេះឯង​ជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធ គ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ត្រង់​ដែល​ភិក្ខុ ជាអ្នកក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់ នេះឯង​ជាធម៌ដែល​ធ្វើ​ឲ្យ​ជា​អ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នក​ចង​គំនុំ ព្រោះសេចក្តី​ក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នក​ក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ នេះឯង​ជាធម៌ដែលធ្វើឲ្យជា​អ្នក​ប្រដៅ​ក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជា​អ្នក​ក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជា​អ្នក​ជេរប្រទេច ព្រោះ​សេចក្តីក្រោធ​ជាហេតុ នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នក​ប្រដៅ​ក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកក្រោធ ជាអ្នក​បញ្ចេញវាចាជិត​សេចក្តី​ក្រោធ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកក្រោធ ជាអ្នកបញ្ចេញ​វាចា​ជិតសេចក្តីក្រោធ នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត ភិក្ខុដែល​ត្រូវ​ភិក្ខុអ្នកចោទ ចោទហើយ ក៏ខឹងតបត នឹង​ភិក្ខុ​អ្នក​ចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ដែល​ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ខឹង​តបត នឹងភិក្ខុអ្នកចោទវិញ នេះឯង​ជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏បណ្តេញ​ភិក្ខុ​អ្នក​ចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏បណ្តេញ​ភិក្ខុអ្នកចោទវិញ នេះឯង​ជាធម៌ដែលធ្វើ​ឲ្យជា​អ្នក​ប្រដៅ​ក្រ១។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទហើយ និយាយ​គ្រប​សង្កត់​​ភិក្ខុ​អ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ត្រូវភិក្ខុ​អ្នកចោទ ចោទ​ហើយ ក៏និយាយគ្របសង្កត់ភិក្ខុអ្នកចោទវិញ នេះឯង​ជាធម៌ ដែលធ្វើ​ឲ្យ​ជាអ្នក​ប្រដៅ​ក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទ​ហើយ ក៏និយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយ​ហេតុដទៃ ឬពាក្យ​ផ្សេងៗ និយាយ​គេច​កែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តី​ប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យ​ប្រាកដឡើង ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ​ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏និយាយ​បន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយ​គេចកែ​ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តី​អាក់អន់ចិត្ត ឲ្យ​ប្រាកដ​ឡើង នេះឯង​ជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត ភិក្ខុដែល​ត្រូវភិក្ខុអ្នកចោទ ចោទហើយ មិនឆ្លើយ ក្នុងដំណើរ​របស់ខ្លួន ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏មិនឆ្លើយ ​ក្នុងដំណើររបស់ខ្លួន នេះឯង​ជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា នេះឯង​ជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុ​ជាអ្នកច្រណែន ជាអ្នកកំណាញ់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ​ជាអ្នក​ច្រណែន ជាអ្នកកំណាញ់ នេះឯង​ជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នកអួតអាង ជាអ្នកមានពុត​មាយា ម្នាល​អាវុសោ​ទាំងឡាយ ត្រង់ដែលភិក្ខុ​ជាអ្នកអួតអាង ជាអ្នកមានពុតមាយា នេះឯង​ជាធម៌ ដែលធ្វើឲ្យជា​អ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជា​អ្នក​រឹង​រូស ជាអ្នកមើលងាយគេ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ​ជាអ្នករឹងរូស ជា​អ្នក​មើលងាយគេ នេះឯង​ជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នកប្រកាន់តាមតែសេចក្តីយល់​ឃើញ​របស់ខ្លួន ជាអ្នក​ប្រកាន់មាំ លះបង់ទិដ្ឋិ​បានដោយក្រ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ជាអ្នក​ប្រកាន់តាមតែសេចក្តីយល់ឃើញរបស់ខ្លួន ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិ​បាន​ដោយ​ក្រ នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ១។ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង (១៦) នេះ ព្រះមានព្រះភាគ ត្រាស់ហៅថា ទោវចស្សករណធម៌ គឺធម៌ដែលធ្វើ​ឲ្យជាអ្នកប្រដៅក្រ។

[២២៣] ម្នាលអាវុសោទាំងឡាយ បើភិក្ខុមិនបានបវារណាថា សូមលោក​ដ៏មាន​អាយុ​ទាំង​ឡាយ ប្រៀន​ប្រដៅខ្ញុំចុះ ខ្ញុំជាបុគ្គលគួរលោកដ៏មានអាយុទាំងឡាយ ស្តីថាបាន ដូច្នេះទេ តែភិក្ខុ​នោះឯង ជាអ្នកប្រដៅងាយ ជាអ្នកប្រកបដោយធម៌ ដែល​ធ្វើឲ្យ​ជាអ្នក​ប្រដៅងាយ ជាអ្នកចេះអត់ធន់ កាន់យកនូវពាក្យប្រៀន​ប្រដៅ ដោយចំណែក​ខាងស្តាំ កាលបើដូច្នេះ សព្រហ្មចារីបុគ្គលទាំងឡាយ តែងសំគាល់​ភិក្ខុនោះថា ជាអ្នក​គួរស្តីថាផង សំគាល់ថា គួរប្រៀនប្រដៅផង សំគាល់ថា គួរ​ដល់នូវ​សេចក្តី​ស្និទ្ធស្នាល ​ក្នុង​បុគ្គលនោះផង។ ម្នាលអាវុសោទាំងឡាយ ចុះធម៌ដែលធ្វើឲ្យ​ជាអ្នក​ប្រដៅ​ងាយ តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ (ធម៌ដែលធ្វើឲ្យជាអ្នក ប្រដៅ​ងាយ មាន១៦) គឺ ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច ​នៃសេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនមានសេចក្តីប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក នេះឯង​ជាធម៌ ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោទាំងឡាយ ត្រង់​ដែល​​ភិក្ខុ ជាអ្នកមិនលើកខ្លួនឯង មិនបន្តុះបង្អាប់អ្នកដទៃ នេះឯង​ជាធម៌ដែល​ធ្វើ​ឲ្យ​ជា​អ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាមិនអ្នកក្រោធ មិន​មាន​សេចក្តីក្រោធ គ្របសង្កត់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិន​ក្រោធ មិនមានសេចក្តីក្រោធគ្របសង្កត់ នេះឯង​ជាធម៌ដែលធ្វើ​ឲ្យជាអ្នក​ប្រដៅ​ងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាមិនអ្នកក្រោធ មិនចងគំនុំទុក ព្រោះសេចក្តី​ក្រោធជាហេតុ ម្នាលអាវុសោ​ទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនចងគំនុំទុក ព្រោះសេចក្តីក្រោធ​ជា​ហេតុ នេះឯង​ជាធម៌ដែលធ្វើឲ្យ​ជាអ្នក​ប្រដៅ​ងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកមិន​ក្រោធ មិនជេរប្រទេច ព្រោះ​សេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិនជេរប្រទេច ព្រោះ​សេចក្តីក្រោធ​ជាហេតុ នេះឯង​ជាធម៌ដែលធ្វើឲ្យ​ជាអ្នក​ប្រដៅ​ងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនក្រោធ មិនបញ្ចេញវាចា​ជិត​សេចក្តីក្រោធ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ជាអ្នកមិនក្រោធ មិន​បញ្ចេញ​វាចាជិតសេចក្តីក្រោធ នេះឯង​ជាធម៌ដែលធ្វើឲ្យជា​អ្នក​ប្រដៅងាយ១។ ម្នាល​អាវុសោទាំងឡាយ មួយទៀត ភិក្ខុដែល​ត្រូវ​ភិក្ខុអ្នកចោទ ចោទហើយ ក៏មិនខឹងតបត​ នឹងភិក្ខុអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ដែល​ត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិនខឹង​តបត នឹងភិក្ខុអ្នកចោទវិញ នេះឯង​ជាធម៌ដែលធ្វើឲ្យជា​អ្នក​ប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទ​ហើយ ក៏មិនបណ្តេញ​ភិក្ខុអ្នកចោទ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ត្រូវភិក្ខុ​អ្នក​ចោទ ចោទហើយ តែមិនបណ្តេញ​ភិក្ខុអ្នកចោទ នេះឯង​ជាធម៌ដែលធ្វើ​ឲ្យជា​អ្នក​ប្រដៅ​ងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែលត្រូវភិក្ខុអ្នកចោទ ចោទ​ហើយ ក៏មិននិយាយគ្របសង្កត់​ភិក្ខុ​អ្នកចោទ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ត្រូវ​ភិក្ខុ​អ្នកចោទ ចោទហើយ តែមិននិយាយគ្របសង្កត់ភិក្ខុអ្នកចោទ នេះឯង​ជាធម៌​ដែល​ធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែល​ត្រូវ​ភិក្ខុ​អ្នកចោទ ចោទហើយ ក៏មិននិយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយ​ហេតុដទៃ ឬហេតុ​ផ្សេងៗ មិននិយាយគេចកែ ដោយសំដីខាងក្រៅ មិនធ្វើសេចក្តីក្រោធ សេចក្តី​ប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ម្នាលអាវុសោទាំងឡាយ ត្រង់ដែល​ភិក្ខុ​​ត្រូវភិក្ខុអ្នកចោទ ចោទហើយ តែមិននិយាយបន្លែបន្លប់ នូវភិក្ខុអ្នកចោទ ដោយ​ហេតុ​ដទៃ ឬពាក្យផ្សេងៗ មិននិយាយគេចកែដោយសំដីខាងក្រៅ មិនធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្តឲ្យប្រាកដឡើង នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅ​ងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុដែល​ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ឆ្លើយមិនទាល់ ក្នុងដំណើររបស់ខ្លួន ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ត្រូវភិក្ខុអ្នកចោទ ចោទហើយ ក៏ឆ្លើយ​មិន​ទាល់ ​ក្នុងដំណើររបស់ខ្លួន នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនលុបគុណគេ មិនប្រឡងវាសនា ម្នាល​អាវុសោ​ទាំងឡាយ ត្រង់ដែលភិក្ខុ​ជាអ្នកមិនលុបគុណគេ មិនប្រឡងវាសនា នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅ​ងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជា​អ្នកមិនច្រណែន មិនកំណាញ់ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ​ជាអ្នក​មិន​ច្រណែន មិនកំណាញ់ នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនអួតអាង មិនមានពុត​មាយា ម្នាល​អាវុសោ​ទាំងឡាយ ត្រង់ដែលភិក្ខុ​ជាអ្នកមិនអួតអាង មិនមានពុតមាយា នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅ​ងាយ១។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុជា​អ្នក​មិនរឹងរូស មិនមើលងាយគេ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ​ជាអ្នក​មិន​រឹង​រូស មិនមើលងាយគេ នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុជាអ្នកមិនប្រកាន់យកតាមតែសេចក្តីយល់​ឃើញ​របស់ខ្លួន មិនប្រកាន់មាំ លះបង់ទិដ្ឋិ​បានដោយងាយ ម្នាលអាវុសោទាំងឡាយ ត្រង់ដែលភិក្ខុ ​ជាអ្នកមិនប្រកាន់យកតាមតែសេចក្តីយល់ឃើញរបស់ខ្លួន មិនប្រកាន់មាំ លះបង់​ទិដ្ឋិ​បាន​ដោយងាយ នេះឯង​ជាធម៌ដែលធ្វើឲ្យជាអ្នកប្រដៅងាយ១។ ម្នាលអាវុសោ​ទាំង​ឡាយ ធម៌ទាំង (១៦) ប្រការនេះ ព្រះមានព្រះភាគ ត្រាស់ហៅថា សោវចស្សករណធម៌ គឺធម៌ជាទីធ្វើ​ឲ្យជាអ្នកប្រដៅងាយ។

[២២៤] ម្នាលអាវុសោទាំងឡាយ ភិក្ខុគួរពិចារណាខ្លួនដោយខ្លួនឯង ក្នុងធម៌​ទាំងឡាយ១៦នោះ យ៉ាងនេះថា បុគ្គលណា ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុង​​អំណាច នៃសេចក្តីប្រាថ្នាលាមក បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទី​គាប់​ចិត្ត របស់​អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុង​​អំណាច នៃ​សេចក្តីប្រាថ្នាលាមកវិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ គប្បីញុំាងចិត្ត ឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវ​ជាអ្នកមាន​សេចក្តី​​ប្រាថ្នាលាមក មិនត្រូវ​លុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមកឡើយ។ បុគ្គល​ណា ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់​អ្នក​ដទៃវិញ អាត្មាអញនឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អ្នក​ដទៃ​​ដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុដឹងយ៉ាង​នេះហើយ គប្បីញុំាងចិត្ត ឲ្យកើត​ឡើងថា អាត្មាអញ នឹងមិនត្រូវ​ជាអ្នកលើកខ្លួនឯង មិនត្រូវ​បន្តុះបង្អាប់​អ្នក​ដទៃ​ឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នក​មានសេចក្តី​ក្រោធ​គ្របសង្កត់ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជាអាត្មាអញ ជាអ្នក​ក្រោធ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់វិញ អាត្មាអញ​នឹងឯង ក៏មុខជា​មិន​ជា​ទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹងយ៉ាង​នេះហើយ គប្បីញុំាងចិត្ត​ឲ្យកើត​ឡើង​ថា អាត្មាអញ នឹងមិនត្រូវ​ជាអ្នកក្រោធ មិនត្រូវជាអ្នកមានសេចក្តីក្រោធគ្របសង្កត់​បានឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ បុគ្គលនោះ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជា​អាត្មាអញ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុវិញ អាត្មាអញ​ហ្នឹងឯង ក៏មុខជាមិនជា​ទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ គប្បីញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវ​ជាអ្នក​ក្រោធ មិនត្រូវចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ​ឡើយ។ បុគ្គលណា ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជា​ទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជា​អាត្មាអញ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុវិញ អាត្មាអញ​​ហ្នឹងឯង ក៏មុខជាមិនជាទីស្រឡាញ់ មិន​ជា​ទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុដឹងយ៉ាង​នេះហើយ គប្បីញុំាងចិត្ត​ឲ្យកើតឡើង​ថា អាត្មាអញ នឹងមិនត្រូវ​ជាអ្នកក្រោធ មិនត្រូវ​ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធ​ជា​ហេតុ​ឡើយ។ បុគ្គលណា ជាអ្នកក្រោធ បញ្ចេញ​វាចាជិតសេចក្តីក្រោធ បុគ្គលនេះ មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជា​អាត្មាអញ ជាអ្នកក្រោធ បញ្ចេញវាចា​ជិតសេចក្តី​ក្រោធ​វិញ អាត្មាអញ​ហ្នឹងឯង ក៏មុខជា​មិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ គប្បីញុំាងចិត្តឲ្យ​កើត​ឡើង​ថា អាត្មាអញ នឹងមិនត្រូវ​ជាអ្នក​ក្រោធ មិនត្រូវជាអ្នក​បញ្ចេញ​វាចា ជិត​សេចក្តី​ក្រោធ​ឡើយ។ បុគ្គលណា ដែល​ត្រូវអ្នកចោទ ចោទហើយ ក៏ខឹងតបត ទៅនឹងអ្នក​ចោទ​វិញ បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិន​ជា​អាត្មាអញ ត្រូវអ្នកចោទ ចោទហើយ ក៏ខឹងតបតទៅនឹង​អ្នកចោទវិញ អាត្មាអញ​ហ្នឹងឯង ក៏មុខជាមិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្តឲ្យ​កើត​ឡើង​ថា អាត្មាអញ បើត្រូវអ្នកចោទ ចោទ​ហើយ នឹងមិនខឹងតបត ទៅនឹងអ្នក​ចោទ​វិញ​ឡើយ។ បុគ្គលណា​ ដែល​ត្រូវអ្នកចោទ ចោទហើយ ក៏បណ្តេញអ្នកចោទ បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជា​អាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹង​បណ្តេញ​​អ្នកចោទវិញ អាត្មាអញ​ហ្នឹងឯង ក៏មុខ​ជា​មិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវ​អ្នក​ចោទ ចោទ​ហើយ នឹងមិនបណ្តេញ​អ្នកចោទវិញឡើយ។ បុគ្គលណា ដែល​ត្រូវអ្នក​ចោទ ចោទហើយ ក៏និយាយគ្របសង្កត់ដល់អ្នកចោទវិញ បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជា​អាត្មាអញ ដែលត្រូវ​អ្នក​ចោទ ចោទហើយ នឹងនិយាយគ្របសង្កត់ ដល់​អ្នកចោទវិញ អាត្មាអញ​ហ្នឹងឯង ក៏មុខ​ជាមិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំង​ឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើ​ត្រូវ​អ្នកចោទ ចោទ​ហើយ នឹងមិននិយាយគ្របសង្កត់ ដល់អ្នកចោទវិញឡើយ។ បុគ្គល​ណា ដែល​ត្រូវអ្នកចោទ ចោទហើយ ក៏និយាយបន្លែបន្លប់នូវអ្នកចោទ ដោយ​ហេតុ​​ដទៃ ឬ​ពាក្យផ្សេងៗ និយាយគេចកែដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តី​ប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យកើតប្រាកដឡើង បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជា​អាត្មាអញ ដែលត្រូវ​អ្នកចោទ ចោទហើយ នឹងនិយាយ​បន្លែបន្លប់នូវ​អ្នកចោទ ដោយហេតុដទៃ ឬពាក្យ​ផ្សេងៗ និងនិយាយគេចកែ ដោយសំដីខាងក្រៅ និងធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និង​សេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង អាត្មាអញ​ហ្នឹងឯង ក៏មុខជាមិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទ​ហើយ នឹងមិននិយាយបន្លែបន្លប់នូវអ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និង​មិន​​និយាយគេចកែ ដោយសំដីខាងក្រៅ និងមិនធ្វើ​សេចក្តីក្រោធ សេចក្តីប្រទូស្ត និង​សេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងឡើយ។ បុគ្គលណា ដែល​ត្រូវអ្នកចោទ ចោទ​ហើយ ក៏មិនឆ្លើយ ក្នុងដំណើររបស់ខ្លួន បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទី​គាប់​ចិត្ត របស់​អាត្មាអញទេ បើប្រសិនជា​អាត្មាអញ ដែលត្រូវអ្នកចោទ ចោទហើយ នឹង​មិនឆ្លើយ ​ក្នុងដំណើររបស់ខ្លួន អាត្មាអញ​ហ្នឹងឯង ក៏មុខជាមិន​ជាទី​ស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ បើត្រូវអ្នកចោទ ចោទ​ហើយ នឹងត្រូវ​តែឆ្លើយ​ក្នុងដំណើរ​របស់ខ្លួន។ បុគ្គលណា ជាអ្នកលុបគុណគេ ជាអ្នក​ប្រឡង​វាសនា បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិន​ជា​​អាត្មាអញ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា អាត្មាអញ​ហ្នឹងឯង ក៏មុខជា​មិន​​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាល​បើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិន​ត្រូវ​ជា​អ្នកលុបគុណគេ មិនត្រូវជាអ្នកប្រឡងវាសនាឡើយ។ បុគ្គលណា ជាអ្នកច្រណែន មានសេចក្តីកំណាញ់ បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មា​អញ​ទេ បើប្រសិនជា​អាត្មាអញ ជាអ្នកច្រណែន មានសេចក្តីកំណាញ់ អាត្មាអញ​ហ្នឹងឯង ក៏មុខជាមិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំង​ឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្ត​ឲ្យកើតឡើង​ថា អាត្មាអញ នឹង​មិន​ត្រូវជាអ្នកច្រណែន មិនត្រូវមានសេចក្តីកំណាញ់ឡើយ។ បុគ្គលណា ជាអ្នកអួត​អាង ជាអ្នកមានពុតមាយា បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មា​អញទេ បើប្រសិនជា​អាត្មាអញ ជាអ្នកអួតអាង ជាអ្នកមានពុតមាយា អាត្មា​អញ​​ហ្នឹងឯង មុខជាមិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជាអ្នកអួតអាង មិនត្រូវ​ជាអ្នក​មានពុតមាយាឡើយ។ បុគ្គលណា ជាអ្នករឹងរូស ជាអ្នកមើលងាយគេ បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជា​ទីគាប់ចិត្ត របស់​អាត្មាអញទេ បើប្រសិនជា​អាត្មាអញ ជាអ្នករឹងរូស ជាអ្នក​មើល​ងាយ​គេ អាត្មាអញ​ហ្នឹងឯង ក៏មុខជាមិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាងចិត្តឲ្យ​កើត​ឡើង​ថា អាត្មាអញ នឹងមិនត្រូវជាអ្នករឹងរូស មិនត្រូវជាអ្នកមើលងាយគេឡើយ។ បុគ្គល​ណា ជាអ្នកប្រកាន់តាម​តែសេចក្តី​យល់ឃើញ​របស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយក្រ បុគ្គលនេះ មិនជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់​អាត្មា​អញទេ បើប្រសិនជា​អាត្មាអញ ជាអ្នកប្រកាន់តាមតែសេចក្តីយល់ឃើញ​របស់​ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់​ទិដ្ឋិ​បានដោយក្រវិញ អាត្មាអញ​ហ្នឹងឯង ក៏មុខជាមិន​ជាទី​ស្រឡាញ់ មិនជាទីគាប់ចិត្ត របស់អ្នកដទៃ​ដែរ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ​ដឹង​យ៉ាង​នេះហើយ ត្រូវញុំាង​ចិត្តឲ្យកើតឡើងថា អាត្មាអញ នឹងមិនត្រូវជា​អ្នក​ប្រកាន់​តាមតែ​សេចក្តី​យល់​ឃើញរបស់ខ្លួនឯងឡើយ មិនត្រូវជាអ្នកប្រកាន់មាំ ត្រូវជា​អ្នកលះបង់​ទិដ្ឋិ​បានដោយងាយវិញ។

[២២៥] ម្នាលអាវុសោទាំងឡាយ ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង ក្នុងធម៌​ទាំង១៦នោះ យ៉ាងនេះថា អាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុង​អំណាច នៃសេចក្តីប្រាថ្នាលាមកឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ​ពិចារណា​ហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកមានសេចក្តីប្រាថ្នាលាមក លុះក្នុង​​អំណាច នៃ​សេចក្តីប្រាថ្នាលាមក ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវ​ព្យាយាម​​លះបង់ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ មិន​ជាអ្នកមានសេចក្តី​ប្រាថ្នាលាមក មិនលុះក្នុងអំណាច នៃសេចក្តីប្រាថ្នាលាមក​ទេ ម្នាលអាវុសោ​ទាំង​ឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​ និងថ្ងៃ ហើយនៅ​ដោយ​បីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកលើកខ្លួនឯង បន្តុះបង្អាប់អ្នកដទៃ ម្នាលអាវុសោ​ទាំង​ឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់ ​នូវ​អកុសលធម៌ ដ៏លាមកទាំងនោះចេញ។ ម្នាល​អាវុសោទាំងឡាយ តែបើភិក្ខុពិចារណា​ហើយ ដឹងយ៉ាងនេះថា អាត្មាអញ មិន​ជាអ្នកលើកខ្លួនឯង មិនបន្តុះបង្អាប់​អ្នកដទៃទេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈ​នោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវ​ពិចារណា​ខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នក​មានសេចក្តី​ក្រោធ​​គ្របសង្កត់ឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុពិចារណាហើយ ដឹង​យ៉ាង​នេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នក​មានសេចក្តីក្រោធគ្របសង្កត់ ម្នាល​អាវុសោ​ទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះ​ចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាង​នេះ​វិញថា អាត្មាអញ មិន​ជាអ្នកក្រោធ ជាអ្នក​មិនមានសេចក្តីក្រោធ​គ្របសង្កត់ទេ។ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈ​នោះតែ​ម្យ៉ាង។ ម្នាលអាវុសោទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះសេចក្តីក្រោធជាហេតុ​ឬទេ។ ម្នាលអាវុសោទាំងឡាយ កាល​បើ​ភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកចងគំនុំ ព្រោះ​សេចក្តី​ក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់​នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណា​ហើយ ដឹងយ៉ាងនេះវិញ​ថា អាត្មាអញ មិន​ជាអ្នកក្រោធ ជាអ្នកមិនចងគំនុំ ព្រោះ​សេចក្តីក្រោធជាហេតុទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌​ទាំងឡាយ អស់យប់ ​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាល​អាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ​ឬទេ។ ម្នាល​អាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នក​ក្រោធ ជាអ្នកជេរប្រទេច ព្រោះសេចក្តីក្រោធជាហេតុ ម្នាលអាវុសោទាំងឡាយ ភិក្ខុ​នោះ ត្រូវព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោ​ទាំង​ឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះ​វិញថា អាត្មាអញ ​ជាអ្នកមិន​ក្រោធ ជាអ្នកមិនជេរប្រទេច ព្រោះ​សេចក្តីក្រោធជាហេតុទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ ​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវ​ពិចារណា​​ខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកបញ្ចេញ​វាចាជិតសេចក្តីក្រោធឬទេ។ ម្នាលអាវុសោទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយ ដឹងយ៉ាងនេះថា អាត្មាអញ ជាអ្នកក្រោធ ជាអ្នកបញ្ចេញវាចាជិតសេចក្តី​ក្រោធ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះ​ថា អាត្មាអញ ​ជាអ្នកមិនក្រោធ ជាអ្នកមិនបញ្ចេញវាចាជិតសេចក្តីក្រោធទេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវ​អ្នកចោទ គេចោទហើយ តែងខឹងតបនឹងអ្នកចោទវិញឬទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវ​អ្នកចោទ គេចោទហើយ តែងខឹង​តបត នឹងអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាល​អាវុសោ​ទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះ​ថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិនខឹងតបត នឹងអ្នកចោទវិញទេ ម្នាល​អាវុសោ​​ទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​ និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវ​អ្នក​ចោទ គេចោទហើយ តែងបណ្តេញអ្នកចោទវិញឬទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវ​អ្នកចោទ គេចោទហើយ តែងបណ្តេញអ្នកចោទវិញ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ ត្រូវព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោ​ទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះ​ថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិនបណ្តេញអ្នកចោទវិញទេ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ ត្រូវសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ ​និងថ្ងៃ ហើយនៅ​ដោយ​បីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវ​ពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញដែលត្រូវ​អ្នកចោទ គេចោទហើយ តែងនិយាយគ្របសង្កត់អ្នកចោទវិញឬទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវ​អ្នកចោទ គេចោទ​ហើយ តែងនិយាយគ្របសង្កត់អ្នកចោទវិញ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គប្បី​ព្យាយាម​លះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះ​ចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះ​វិញថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ មិននិយាយគ្របសង្កត់អ្នកចោទវិញទេ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គប្បីសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ ​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវ​ពិចារណា​ខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែលត្រូវ​អ្នកចោទ គេចោទ​ហើយ តែងនិយាយបន្លែបន្លប់​អ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយ​គេច​កែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើងដែរឬទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវ​អ្នកចោទ គេចោទហើយ តែងនិយាយបន្លែបន្លប់​ ដោយហេតុដទៃ ឬពាក្យផ្សេងៗ និយាយគេចកែ ដោយសំដីខាងក្រៅ ធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង ដូច្នេះ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គប្បីព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោ​ទាំងឡាយ បើកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញ​ថា អាត្មាអញ ដែលត្រូវអ្នកចោទ គេចោទហើយ តែងមិននិយាយ​បន្លែបន្លប់​​អ្នកចោទ ដោយហេតុដទៃ ឬពាក្យផ្សេងៗ មិននិយាយគេចកែ ដោយសំដី​ខាង​ក្រៅ មិនធ្វើសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង​ទេ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គប្បីសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំង​ឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ដែល​ត្រូវ​​អ្នកចោទ ចោទហើយ តែងមិនឆ្លើយ ក្នុងដំណើរ​របស់ខ្លួនឬទេ។ ម្នាលអាវុសោ​​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ដែលត្រូវ​អ្នក​ចោទ គេចោទហើយ តែងមិនឆ្លើយ ក្នុងដំណើរ​របស់ខ្លួនទេ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គប្បីព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាល​អាវុសោ​ទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះ​វិញថា អាត្មាអញ ដែល​ត្រូវអ្នកចោទ គេចោទហើយ តែងឆ្លើយក្នុងដំណើរ​របស់ខ្លួន ម្នាលអាវុសោ​ទាំង​ឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​និងថ្ងៃ ហើយនៅ​ដោយ​បីតិ និងបាមោជ្ជៈនោះ​តែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវ​ពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញជាអ្នកលុបគុណគេ ជាអ្នក​ប្រឡង​វាសនាឬទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកលុបគុណគេ ជាអ្នកប្រឡងវាសនា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គួរព្យាយាម​លះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោ​ទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះវិញ​ថា អាត្មា​អញ មិនជាអ្នកលុបគុណគេ ជាអ្នកមិនប្រឡងវាសនាទេ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវ​ពិចារណា​ខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកច្រណែន ជាអ្នក​មាន​សេចក្តី​​កំណាញ់ឬទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយ​ដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកច្រណែន ជាអ្នក​មានសេចក្តីកំណាញ់ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាងនេះ​វិញថា អាត្មាអញ មិនជាអ្នកច្រណែន មិនជាអ្នក​មានសេចក្តី​កំណាញ់​ទេ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នកអួតអាង ជាអ្នកមានពុតមាយាឬទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នកអួតអាង ជាអ្នកមានពុត​មាយា ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុពិចារណាហើយ ដឹងយ៉ាង​នេះ​​វិញថា អាត្មាអញ មិនជាអ្នកអួតអាង មិនជាអ្នកមានពុតមាយាទេ ម្នាលអាវុសោ​​ទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​ និងថ្ងៃ ហើយនៅ​ដោយ​បីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវ​ពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នករឹងរូស ជាអ្នក​មើល​ងាយគេឬទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នករឹងរូស ជាអ្នកមើលងាយគេ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​ទាំងនោះចេញ។ ម្នាល​អាវុសោ​ទាំងឡាយ តែកាលបើភិក្ខុ ពិចារណាហើយ ដឹងយ៉ាង​នេះវិញ​ថា អាត្មាអញ មិនជាអ្នករឹងរូស មិនជាអ្នកមើលងាយគេទេ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​និងថ្ងៃ ហើយនៅដោយបីតិ និង​បាមោជ្ជៈនោះ​តែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ មួយទៀត ភិក្ខុត្រូវពិចារណាខ្លួន ដោយខ្លួនឯង យ៉ាងនេះថា អាត្មាអញ ជាអ្នក​ប្រកាន់​តាម​សេចក្តីយល់ឃើញ​របស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិបានដោយ​ក្រឬ​ទេ។ ម្នាលអាវុសោ​ទាំងឡាយ កាលបើភិក្ខុ ពិចារណាហើយដឹង យ៉ាងនេះថា អាត្មាអញ ជាអ្នក​ប្រកាន់​តាមសេចក្តីយល់ឃើញ​របស់ខ្លួនឯង ជាអ្នកប្រកាន់មាំ លះបង់ទិដ្ឋិ​បាន​ដោយ​​ក្រ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏​លាមក​​ទាំងនោះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាលបើភិក្ខុ​ពិចារណាហើយ ដឹងយ៉ាងនេះ​ថា អាត្មាអញ មិនជាអ្នក​ប្រកាន់​តាមសេចក្តីយល់​ឃើញ ​របស់ខ្លួនឯង មិនជាអ្នកប្រកាន់មាំ ជាអ្នកលះបង់ទិដ្ឋិបានដោយងាយ ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ បើភិក្ខុពិចារណា​ហើយ ឃើញច្បាស់ ​នូវអកុសលធម៌ ដ៏លាមក​ទាំងអស់នេះក្នុងខ្លួន ដែលខ្លួនមិនទាន់លះបង់​បាន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាមលះបង់​ នូវ​អកុសលធម៌ ដ៏លាមក​​ទាំងអស់នេះចេញ។ ម្នាល​អាវុសោទាំងឡាយ បើភិក្ខុពិចារណាហើយ ឃើញច្បាស់ នូវអកុសលធម៌ ​ដ៏លាមកទាំងអស់នេះក្នុងខ្លួន ដែលខ្លួនលះបង់បាន​ហើយ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុងកុសលធម៌ទាំងឡាយ អស់យប់ ​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះតែមួយយ៉ាង។ ម្នាលអាវុសោ​ទាំងឡាយ ដូចជាស្រី ឬប្រុស ដែលនៅ​ក្មេងជំទង់ ប្រកបដោយជាតិ ជាអ្នកស្អិតស្អាង កាលឆ្លុះមើលស្រមោល​មុខ ​របស់ខ្លួន ក្នុងកញ្ចក់ដ៏ស្អាត​ផូរផង់ ឬក្នុងភាជន៍ទឹកដ៏ថ្លា បើឃើញ​ធូលី ឬមុន ត្រង់មុខ​នោះ តែងព្យាយាម​ជម្រះ​ធូលី ឬមុន នោះចេញ បើមិន​ឃើញធូលី ឬមុន នោះទេ រមែង​ជាអ្នកមានចិត្តត្រេកអរ ដោយហេតុនោះថា អើហ្ន៎ អញមានលាភហើយតើ អើហ្ន៎ អញស្អាតណាស់តើ ម្នាលអាវុសោទាំងឡាយ កាល​បើ​ភិក្ខុពិចារណា ហើយឃើញច្បាស់ នូវអកុសលធម៌ ​ដ៏លាមកទាំងអស់នេះ ក្នុងខ្លួន ដែលខ្លួន​មិនទាន់លះបង់បាន ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរព្យាយាម លះ​បង់​​នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះចេញ។ ម្នាលអាវុសោទាំងឡាយ តែកាល​បើភិក្ខុ ​ពិចារណាហើយ ឃើញច្បាស់​ នូវអកុសលធម៌ ដ៏លាមកទាំងអស់នេះ ​ក្នុងខ្លួន ដែលខ្លួន​បានលះបង់អស់ហើយ ម្នាលអាវុសោទាំងឡាយ ភិក្ខុនោះ គួរសិក្សា ក្នុង​កុសលធម៌ទាំងឡាយ អស់យប់ ​និងថ្ងៃ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះ តែ​មួយ​យ៉ាង។ លុះព្រះមហាមោគ្គល្លានដ៏មានអាយុ បានសំដែង ​នូវព្រះសូត្រ​នេះចប់​ហើយ ភិក្ខុទាំងឡាយនោះ ក៏មានអំណរ ត្រេកអរ ចំពោះ​ភាសិត នៃ​ព្រះមហាមោគ្គល្លាន ដ៏មានអាយុ។

ចប់ អនុមានសូត្រ ទី៥។

ចេតោខីលសូត្រ ទី៦

[២២៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុ​ទាំងនោះ ក៏ទទួលស្តាប់ពុទ្ធដីកា នៃព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំ